ជំពូក ៥

សេរី‌ភាព​របស់​គ្រីស្ត‌បរិស័ទ

1 ព្រះ‌គ្រីស្ត*​បាន​រំដោះ​យើង​ឲ្យ​មាន​សេរី‌ភាព​ពិត​ប្រាកដ ហេតុ​នេះ ចូរ​រក្សា​សេរី‌ភាព​នេះ​ឲ្យ​បាន​ខ្ជាប់‌ខ្ជួន កុំ​បណ្ដោយ​ខ្លួន​ធ្លាក់​ទៅ​ជា​ខ្ញុំ​បម្រើ​ទៀត​ឡើយ។
2 រីឯ​ខ្ញុំ ប៉ូល ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន​ថា ប្រសិន​បើ​បង‌ប្អូន​ទទួល​ពិធី​កាត់​ស្បែក*​នោះ ព្រះ‌គ្រីស្ត​លែង​មាន​ប្រយោជន៍​អ្វី​ដល់​បង‌ប្អូន​ទៀត​ហើយ។ 3 ចំពោះ​អស់​អ្នក​ដែល​ចង់​ទទួល​ពិធី​កាត់​ស្បែក ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​ម្ដង​ទៀត​ថា ត្រូវ​តែ​កាន់​តាម​វិន័យ​ទាំង​ស្រុង​ផង​ទៅ។ 4 ប្រសិន​បើ​បង‌ប្អូន​ណា​ចង់​បាន​សុចរិត​ដោយ​កាន់​វិន័យ បង‌ប្អូន​នោះ​បែក​ចេញ​ពី​ព្រះ‌គ្រីស្ត ហើយ​ក៏​ដាច់​ចេញ​ពី​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់​ដែរ។ 5 រីឯ​យើង​វិញ ដោយ​យើង​មាន​ជំនឿ ព្រះ‌វិញ្ញាណ​ជួយ​យើង​ឲ្យ​ទន្ទឹង​រង់‌ចាំ​ព្រះ‌ជាម្ចាស់​ប្រោស​យើង​ឲ្យ​បាន​សុចរិត ស្រប​តាម​សេចក្ដី​សង្ឃឹម​របស់​យើង​ជា​មិន​ខាន។ 6 ចំពោះ​អ្នក​ដែល​រួម​រស់​ជា​មួយ​ព្រះ‌គ្រីស្ត‌យេស៊ូ ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក​នោះ មិន​សំខាន់​អ្វី​ឡើយ គឺ​មាន​តែ​ជំនឿ​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ផ្សេងៗដោយ​ចិត្ត​ស្រឡាញ់​ប៉ុណ្ណោះ ទើប​សំខាន់។
7 បង‌ប្អូន​បាន​ចាប់​ផ្ដើម​ជឿ​ល្អ​ណាស់​ តើ​នរណា​រារាំង​បង‌ប្អូន​មិន​ឲ្យ​ស្ដាប់​បង្គាប់​សេចក្ដី​ពិត​ដូច្នេះ? 8 ការ​បញ្ចុះ‌បញ្ចូល​បែប​នេះមិន​មែន​មាន​ប្រភព​មក​ពី​ព្រះ‌ជាម្ចាស់ ដែល​បាន​ត្រាស់​ហៅ​បង‌ប្អូន​ទេ។ 9 «មេ​ម្សៅ​តែ​បន្ដិច​អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​មូល​ដោរ​ឡើង​បាន»​។ 10 ចំពោះ​ខ្ញុំ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ទុក​ចិត្ត​បង‌ប្អូន​ថា បង‌ប្អូន​មុខ​ជា​មិន​បែក​គំនិតទៅ​រក​អ្វី​ផ្សេង​សោះ​ឡើយ។ រីឯ​អ្នក​ដែល​ធ្វើ​ឲ្យ​បង‌ប្អូន​កើត​វឹក‌វរ​នោះ​វិញ ទោះ​ជា​នរណា​ក៏​ដោយ គេ​ត្រូវ​តែ​ទទួល​ទោស។ 11 បង‌ប្អូន​អើយ ចំពោះ​ខ្ញុំ​វិញ ប្រសិន​បើ​ខ្ញុំ​ប្រកាស​ឲ្យ​ធ្វើ​ពិធី​កាត់​ស្បែក​ទៀត​នោះ ម្ដេច​ក៏​គេ​នៅ​តែ​បៀត‌បៀន​ខ្ញុំ​ទៀត? ប្រសិន​បើ​ខ្ញុំ​ប្រកាស​ដូច្នេះ ដំណឹង‌ល្អ​អំពី​ព្រះ‌គ្រីស្ត​ជាប់​ឆ្កាងនឹង​លែង​ធ្វើ​ឲ្យ​គេ​រវាត​ចិត្ត ឃ្លាត​ចាក​ពី​ជំនឿ​ទៀត​ហើយ។ 12 អ្នក​ដែល​នាំ​ឲ្យ​បង‌ប្អូន​ជ្រួល‌ច្របល់​បែប​នេះ ត្រូវ​តែ​ឲ្យ​គេ​ក្រៀវ​ខ្លួន​ឯង​តែ​ម្ដង​ទៅ។

ជីវិត​ខាង​លោកីយ៍ និង​ជីវិត​ខាង​ព្រះ‌វិញ្ញាណ

13 បង‌ប្អូន​អើយ ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បង‌ប្អូន​ឲ្យ​មាន​សេរី‌ភាព ក៏​ប៉ុន្តែ សូម​កុំ​យក​សេរី‌ភាព​នេះ​មក​ធ្វើ​ជា​លេស ដើម្បី​រស់​តាម​របៀប​លោកីយ៍​សោះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចិត្ត​ស្រឡាញ់ 14 ដ្បិត​វិន័យ​ទាំង​មូល​សរុប​មក​ត្រឹម​តែ​ឃ្លា​មួយ​នេះ​ថា «អ្នក​ត្រូវ​ស្រឡាញ់​បង‌ប្អូន​ឯ​ទៀតៗ ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ»។ 15 បើ​បង‌ប្អូន​ប្រខាំ​គ្នា និង​ហែក‌ហួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ ចូរ​ប្រយ័ត្ន​ក្រែង‌លោ​បង‌ប្អូន​ត្រូវ​វិនាស​អន្តរាយ ដោយ‌សារ​តែ​គ្នា​ឯង។
16 ខ្ញុំ​សូម​ជម្រាប​ថា ចូរ​រស់​នៅ​ឲ្យ​ស្រប​តាម​ព្រះ‌វិញ្ញាណ នោះ​បង‌ប្អូន​នឹង​មិន​បំពេញ​តាម​បំណង​ចិត្ត​លោភ‌លន់​របស់​លោកីយ៍​ទៀត​ឡើយ 17 ដ្បិត​បំណង​លោភ‌លន់​របស់​លោកីយ៍ តែង‌តែ​ទាស់​នឹង​ព្រះ‌វិញ្ញាណ ហើយ​ព្រះ‌វិញ្ញាណ​ក៏​មាន​បំណង​ទាស់​នឹង​លោកីយ៍​ដែរ។ លោកីយ៍ និង​ព្រះ‌វិញ្ញាណ​ផ្ទុយ​គ្នា​ទាំង​ស្រុង ដូច្នេះ បង‌ប្អូន​ពុំ​អាច​ធ្វើ​អ្វី​ដែល​បង‌ប្អូន​ចង់​ធ្វើ​នោះ​ឡើយ។ 18 ប្រសិន​បើ​ព្រះ‌វិញ្ញាណ​ណែ‌នាំ​បង‌ប្អូន បង‌ប្អូន​លែង​នៅ​ក្រោម​អំណាច​របស់​វិន័យ​ទៀត​ហើយ។
19 យើង​ស្គាល់​ច្បាស់​នូវ​អំពើ​ផ្សេងៗ ដែល​កើត​ចេញ​មក​ពី​លោកីយ៍ គឺ​មាន​អំពើ​ប្រាស​ចាក​សីល‌ធម៌ អំពើ​សៅ‌ហ្មង កាម‌គុណ​ថោក​ទាប 20 ការ​ថ្វាយ‌បង្គំ​ព្រះ‌ក្លែង‌ក្លាយ វិជ្ជា​ធ្មប់ ឈ្លោះ​ប្រកែក​គ្នា បាក់​បែក​គ្នា ច្រណែន​គ្នា កំហឹង​ឃោរ‌ឃៅ ប្រកួត​ប្រជែង​គ្នា ប្រឆាំង​គ្នា ប្រកាន់​បក្ស​ពួក 21 ឈ្នានីស​គ្នា ប្រមឹក ស៊ី​ផឹក​ជ្រុល និង​អំពើ​ផ្សេងៗ​ទៀត ដែល​ស្រដៀង​នឹង​អំពើ​ទាំង​នេះ​ដែរ។ ខ្ញុំ​សូម​ជម្រាប​ឲ្យ​បង‌ប្អូន​ដឹង​ជា​មុន ដូច​ខ្ញុំ​បាន​និយាយ​រួច​មក​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​អស់​នេះ ពុំ​អាច​ទទួល​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ទុក​ជា​មត៌ក​បាន​ឡើយ។
22 រីឯ​ផល​ដែល​កើត​មក​ពី​ព្រះ‌វិញ្ញាណ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ‌សាន្ត ចិត្ត​អត់‌ធ្មត់ ចិត្ត​សប្បុរស ចិត្ត​សន្ដោស មេត្តា ជំនឿ 23 ចិត្ត​ស្លូត‌បូត ចេះ​ទប់​ចិត្ត​ខ្លួន​ឯង។ គ្មាន​វិន័យ​ណា​ជំទាស់​នឹង​សេចក្ដី​ទាំង​នេះ​ទេ។
24 អស់​អ្នក​ដែល​រួម​ជា​មួយ​ព្រះ‌គ្រីស្ត‌យេស៊ូ​បាន​ឆ្កាង​តណ្ហា និង​បំណង​លោភ‌លន់​ផ្សេងៗ​របស់​លោកីយ៍​នោះ​ចោល​ហើយ។ 25 ប្រសិន​បើ​យើង​មាន​ជីវិត​ដោយ‌សារ​ព្រះ‌វិញ្ញាណ​មែន យើង​ក៏​ត្រូវ​ប្រតិបត្តិ​តាម​ព្រះ‌វិញ្ញាណ​ដែរ។
26 យើង​មិន​ត្រូវ​អួត​បំប៉ោង រក​រឿង​គ្នា​ទៅ​វិញ​ទៅ​មក និង​ឈ្នានីស​គ្នា​នោះ​ឡើយ។