ជំពូក ១
សេចក្ដីផ្ដើម
1 ខ្ញុំ ប៉ូល ជាគ្រីស្តទូត* ដែលមិនមែនតែងតាំងឡើងដោយមនុស្សលោក ឬដោយជនណាម្នាក់នោះឡើយ គឺតែងតាំងឡើងដោយព្រះយេស៊ូគ្រីស្ត និងព្រះជាម្ចាស់ជាព្រះបិតា ដែលប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ។ 2 ខ្ញុំ និងបងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំ សូមជម្រាបមកព្រះសហគមន៍ទាំងឡាយនៅស្រុកកាឡាទី។ 3 សូមព្រះជាម្ចាស់ ជាព្រះបិតានៃយើង និងព្រះអម្ចាស់យេស៊ូគ្រីស្ត* ប្រណីសន្ដោស ហើយប្រទានសេចក្ដីសុខដល់បងប្អូន។ 4 ព្រះអម្ចាស់យេស៊ូបានបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់ ព្រោះតែបាបរបស់យើង ព្រះអង្គបានរំដោះយើងឲ្យរួចផុតពីលោកីយ៍ដ៏អាក្រក់នេះ ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ជាព្រះបិតារបស់យើង។ 5 សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។
ដំណឹងល្អមានតែមួយគត់
6 ខ្ញុំឆ្ងល់ណាស់ ដោយឃើញបងប្អូនឆាប់ងាកចេញពីព្រះជាម្ចាស់ដែលបានត្រាស់ហៅបងប្អូន តាមព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះគ្រីស្ត ហើយបងប្អូនបែរទៅរកដំណឹងល្អមួយផ្សេងទៀត 7 តាមពិត គ្មានដំណឹងល្អណាមួយផ្សេងទៀតឡើយ គឺមានតែអ្នកខ្លះបានធ្វើឲ្យកើតវឹកវរ និងចង់បំភ្លៃដំណឹងល្អរបស់ព្រះគ្រីស្តប៉ុណ្ណោះ។ 8 ប្រសិនបើមាននរណាម្នាក់ ទោះបីយើងក្តី ឬទេវទូត*ណាមួយពីស្ថានបរមសុខ*ក្តី នាំដំណឹងល្អណាផ្សេងមកប្រាប់បងប្អូន ខុសប្លែកពីដំណឹងល្អដែលយើងបាននាំមកជូនបងប្អូន សូមឲ្យអ្នកនោះត្រូវបណ្ដាសាទៅចុះ! 9 ដូចយើងបានជម្រាបមកស្រាប់ហើយ តែខ្ញុំក៏សូមជម្រាបម្ដងទៀតថា ប្រសិនបើនរណាម្នាក់នាំដំណឹងល្អផ្សេងមកជូនបងប្អូន ខុសប្លែកពីដំណឹងល្អដែលបងប្អូនធ្លាប់ទទួល សូមឲ្យអ្នកនោះត្រូវបណ្ដាសាចុះ!។
10 ឥឡូវនេះ តើខ្ញុំចង់ផ្គាប់ចិត្តមនុស្ស ឬធ្វើឲ្យគាប់ព្រះហឫទ័យព្រះជាម្ចាស់? តើខ្ញុំស្វែងរកឲ្យមនុស្សពេញចិត្តឬ? ប្រសិនបើខ្ញុំនៅតែចង់ឲ្យមនុស្សពេញចិត្តនោះ មានន័យថា ខ្ញុំលែងជាអ្នកបម្រើរបស់ព្រះគ្រីស្តទៀតហើយ!។
អំពីព្រះយេស៊ូនាំលោកប៉ូលឲ្យស្គាល់ព្រះអង្គ
11 បងប្អូនអើយ ខ្ញុំសូមជម្រាបបងប្អូនថា ដំណឹងល្អ*ដែលខ្ញុំបាននាំមកជូនបងប្អូន មិនមែនមានប្រភពចេញមកពីមនុស្សលោកទេ 12 រីឯខ្ញុំផ្ទាល់ ខ្ញុំក៏ពុំបានទទួល ឬរៀនពីមនុស្សណាម្នាក់ដែរ គឺព្រះយេស៊ូគ្រីស្ត*ឯណោះ ដែលបានសម្ដែងឲ្យខ្ញុំស្គាល់។
13 បងប្អូនបានឮគេនិយាយអំពីកិរិយាមារយាទរបស់ខ្ញុំកាលពីដើមស្រាប់ហើយ គឺពេលខ្ញុំកាន់សាសនាយូដានៅឡើយ ខ្ញុំបានបៀតបៀនព្រះសហគមន៍របស់ព្រះជាម្ចាស់យ៉ាងកាចសាហាវបំផុត ហើយខ្ញុំក៏ចង់កម្ទេចព្រះសហគមន៍នេះទៀតផង។ 14 ខ្ញុំបានកាន់សាសនាយូដាយ៉ាងល្អប្រសើរជាងអស់អ្នកដែលមានអាយុស្រករៗខ្ញុំ និងជាជនរួមជាតិរបស់ខ្ញុំទៅទៀត ដ្បិតខ្ញុំមានចិត្តខ្នះខ្នែងកាន់តាមប្រពៃណីបុព្វបុរសរបស់ខ្ញុំហួសប្រមាណ។
15 ប៉ុន្តែ ព្រះជាម្ចាស់បានជ្រើសរើសខ្ញុំទុកដោយឡែក តាំងពីក្នុងផ្ទៃម្ដាយមកម៉្លេះ ហើយព្រះអង្គបានត្រាស់ហៅខ្ញុំ ដោយព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអង្គ។ 16 នៅពេលព្រះអង្គសព្វព្រះហឫទ័យសម្ដែងឲ្យខ្ញុំស្គាល់ព្រះបុត្រារបស់ព្រះអង្គ ដើម្បីឲ្យខ្ញុំនាំដំណឹងល្អអំពីព្រះបុត្រាទៅជូនសាសន៍ដទៃ ខ្ញុំពុំបានទៅសួរយោបល់ពីមនុស្សណាម្នាក់ឡើយ។ 17 ខ្ញុំក៏ពុំបានឡើងទៅក្រុងយេរូសាឡឹម ដើម្បីជួបអស់លោកដែលជាគ្រីស្តទូត*មុនខ្ញុំដែរ គឺខ្ញុំបានធ្វើដំណើរទៅស្រុកអារ៉ាប៊ី រួចក៏ត្រឡប់មកក្រុងដាម៉ាសវិញ។
18 បីឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡឹម ដើម្បីឲ្យបានស្គាល់លោកកេផាស ហើយខ្ញុំស្នាក់នៅជាមួយលោក អស់រយៈពេលដប់ប្រាំថ្ងៃ។ 19 ប៉ុន្តែ ខ្ញុំពុំបានជួបនឹងគ្រីស្តទូត*ណាផ្សេងទៀតឡើយ លើកលែងតែលោកយ៉ាកុប ជាបងប្អូនរបស់ព្រះអម្ចាស់ប៉ុណ្ណោះ។ 20 សេចក្ដីដែលខ្ញុំសរសេរមកជូនបងប្អូននេះឥតកុហកទេ មានព្រះជាម្ចាស់ជាសាក្សីស្រាប់។
21 បន្ទាប់មកទៀត ខ្ញុំបានធ្វើដំណើរទៅតំបន់ផ្សេងៗនៅស្រុកស៊ីរី និងស្រុកស៊ីលីស៊ី 22 តែព្រះសហគមន៍នានាដែលជឿព្រះគ្រីស្តនៅស្រុកយូដា ពុំបានស្គាល់មុខខ្ញុំទេ។ 23 បងប្អូនទាំងនោះគ្រាន់តែបានឮគេនិយាយថា “អ្នកដែលបៀតបៀនយើងកាលពីដើម ឥឡូវនេះ គាត់បែរជាផ្សព្វផ្សាយដំណឹងល្អអំពីជំនឿ ដែលគាត់ចង់កម្ទេចពីមុននោះទៅវិញ!”។ 24 គេក៏នាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះតែខ្ញុំ។