ពាក្យលំនាំ
ទោះបីយើងពុំដឹងថា ព្យាការីយ៉ូអែលជានរណា ហើយក៏ពុំដឹងពិតប្រាកដថាលោករស់នៅជំនាន់ណាក្តី ក៏ខ្លឹមសារនៃសេចក្ដីដែលលោកថ្លែង ប្រកបដោយថាមពលវិសេស។ គោលដ៏សំខាន់នៃសេចក្ដីដែលមាននៅក្នុងកណ្ឌគម្ពីរនេះ គឺការប្រកាសអំពីថ្ងៃដែលព្រះអម្ចាស់យាងមកសម្ដែងឫទ្ធានុភាពរបស់ព្រះអង្គ ដោយវិនិច្ឆ័យទោសជាតិសាសន៍នានា និងវិនិច្ឆ័យទោសជនជាតិអ៊ីស្រាអែលតាមគោលជំហរដែលពួកគេប្រកាន់យក នៅចំពោះព្រះភ័ក្ត្រព្រះអង្គ។ មុនពេលព្រះអម្ចាស់យាងមកវិនិច្ឆ័យទោស មានកើតអព្ភូតហេតុអស្ចារ្យផ្សេងៗ និងមហន្តរាយ។ ការរាតត្បាតរបស់សត្វល្អិត ការរាំងស្ងួត អគ្គីភ័យ និងការឈ្លានពានរបស់កងទ័ពបច្ចាមិត្ត ជាសញ្ញាសម្គាល់នៃថ្ងៃរបស់ព្រះអម្ចាស់ (១.២-១២, ១៥-១៨, ២.១-១១)។
ព្យាការីប្រកាសប្រាប់ជនជាតិអ៊ីស្រាអែល ដែលបាត់បង់អ្វីៗទាំងអស់ ឲ្យវិលមករកព្រះអម្ចាស់វិញ (១.១៣-១៤, ១៩-២០, ២.១២-១៧) ដើម្បីទទួលការសង្គ្រោះ។ ប្រសិនបើពួកគេវិលមករកព្រះអង្គនោះ ព្រះអង្គសន្យានឹងប្រទានភាពសម្បូណ៌សប្បាយដល់ពួកគេ (២.១៨-២៧, ៣.១-៥, ៤.១៧-២១) បើមិនដូច្នោះទេ ពួកគេត្រូវខ្វះខាត ហើយរងនូវព្រះពិរោធរបស់ព្រះអង្គទៀតផង។
ប្រជាជាតិនានានឹងត្រូវវិនាសសូន្យ (៤.១-១៦) រីឯប្រជាជាតិអ៊ីស្រាអែលវិញនឹងយល់ថា វត្តមានរបស់ព្រះអម្ចាស់ក្នុងចំណោមពួកគេ នាំមកនូវព្រះពរយ៉ាងណាខ្លះ។ កណ្ឌគម្ពីរយ៉ូអែលប្រកាសទៀតថា ថ្ងៃមួយ ព្រះជាម្ចាស់នឹងគង់ជាមួយមនុស្សគ្រប់ៗរូប ដោយព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណរបស់ព្រះអង្គទៅលើពួកគេ (៣.១-២)។ គ្រីស្ដបរិស័ទនៅបឋមសម័យបានទទួលព្រះបន្ទូលសន្យានេះ នៅបុណ្យថ្ងៃទីហាសិប (កិច្ចការ ២.១-២១)។