ពាក្យ​លំនាំ

កណ្ឌ​គម្ពីរ «នាង​រូថ» រៀប​រាប់​អំពី​រឿង​ដែល​កើត​មាន​នៅ​ជំនាន់​ពួក​វីរ‌បុរស (១.១) ក្នុង​គោល​បំណង​បង្ហាញ​នូវ​របៀប​ដែល​ស្ត្រី​មួយ​រូប​ជា​សាសន៍​ដទៃ បាន​មក​ចូល​រួម​ក្នុង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជាម្ចាស់។

កណ្ឌ​គម្ពីរ​នេះ​សង្កត់​ទៅ​លើ​ភក្តី‌ភាព​របស់​នាង​រូថ ដែល​ជា​ស្ត្រី​សាសន៍​ម៉ូអាប់ ចំពោះ​ក្រុម​គ្រួសារ​ប្ដី​របស់​នាង និង​ភក្តី‌ភាព​របស់​នាង​ចំពោះ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។ ព្រះ‌ជាម្ចាស់​ឆ្លើយ​តប​នឹង​ភក្តី‌ភាព​របស់​នាង ដោយ​ស្រោច​ស្រង់​នាង និង​ម្ដាយ​ក្មេក​របស់​នាង ឲ្យ​រួច​ផុត​ពី​ភាព​កំសត់​ទុរគត ហើយ​ប្រោស​ប្រទាន​ឲ្យ​នាង​បាន​សម្បូណ៌‌សប្បាយ និង​មាន​សុភមង្គល។ កណ្ឌ​គម្ពីរ​នេះ​នាំ​យក​មេរៀន​ដ៏​វិសេស​មក​អប់រំ​យើង អំពី​ភក្តី‌ភាព​រវាង​មនុស្ស និង​មនុស្ស ព្រម​ទាំង​ការ​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់។
កំណើត​កូន​ប្រុស​របស់​នាង​រូថ ជា​ចំណុច​មួយ​ដ៏​សំខាន់​ក្នុង​រឿង​នេះ ព្រោះ​ក្រោយ​មក កូន​ប្រុស​របស់​នាង​ត្រូវ​ជា​ជីតា​របស់​ព្រះ‌បាទ​ដាវីឌ។ ហេតុ​នេះ​ហើយ បាន​ជា​នាង​រូថ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​រាយ​នាម​បុព្វ‌បុរស​របស់​ព្រះ‌យេស៊ូ (ម៉ាថាយ ១.៥)។

ជំពូកទី ១

ទុក្ខ​វេទនា​របស់​គ្រួសារ​លោក​អេលី‌ម៉េឡេក
1 នៅ​ជំនាន់​អស់​លោក​វីរ‌បុរស មាន​កើត​ទុរ្ភិក្ស​ពេញ​ក្នុង​ស្រុក។ ពេល​នោះ មាន​បុរស​ម្នាក់​នៅ​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា បាន​នាំ​ភរិយា និង​កូន​ប្រុស​ទាំង​ពីរ​នាក់ ចេញ​ទៅ​រស់​នៅ​ក្នុង​ស្រុក​ម៉ូអាប់។ 2 បុរស​នោះ​ឈ្មោះ​អេលី‌ម៉េឡេក ភរិយា​របស់​គាត់​ឈ្មោះ​ណា‌អូមី ហើយ​កូន​គាត់​ទាំង​ពីរ​ឈ្មោះ​ម៉ាឡូន និង​គីលី‌យ៉ូន។ គ្រួសារ​នេះ​ជា​អ្នក​នៅ​ក្នុង​អំបូរ​អេប្រា‌តា នៅ​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា។ គេ​បាន​ទៅ​ដល់​ស្រុក​ម៉ូអាប់ ហើយ​ក៏​រស់​នៅ​ទី​នោះ។ 3 ក្រោយ​មក លោក​អេលី‌ម៉េឡេក​បាន​ទទួល​មរណ‌ភាព ទុក​ឲ្យ​នាង​ណា‌អូមី​នៅ​ជា​មួយ​កូន​ប្រុស​ទាំង​ពីរ។ 4 កូន​ទាំង​ពីរ​បាន​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ម៉ូអាប់ ម្នាក់​ឈ្មោះ​អ៊រប៉ា និង​ម្នាក់​ទៀត​ឈ្មោះ​រូថ។ គេ​រស់​នៅ​ក្នុង​ស្រុក​នោះ​អស់‌រយៈ​ពេល​ប្រហែល​ដប់​ឆ្នាំ។ 5 បន្ទាប់​មក ម៉ាឡូន និង​គីលី‌យ៉ូន ក៏​ស្លាប់​ទៅ​ដែរ ទុក​នាង​ណា‌អូមី​ជា​ម្ដាយ​ឲ្យ​នៅ​តែ​ម្នាក់​ឯង បាត់​ទាំង​ប្ដី​បាត់​ទាំង​កូន។

នាង​ណា‌អូមី​វិល​ត្រឡប់​ទៅ​ភូមិ​បេថ្លេហិម​វិញ​ជា​មួយ​នាង​រូថ​ជា​កូន​ប្រសា
6 នៅ​ស្រុក​ម៉ូអាប់ នាង​ណា‌អូមី​បាន​ឮ​គេ​និយាយ​ថា ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ដល់​ប្រជាជន​ព្រះ‌អង្គ ដោយ​ប្រទាន​ឲ្យ​ពួក​គេ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់។ នាង​ក៏​រៀប‌ចំ​ខ្លួន​ចាក​ចេញ​ពី​ស្រុក​ម៉ូអាប់​ជា​មួយ​កូន​ប្រសា​ស្រី​ទាំង​ពីរ​នាក់។ 7 នាង​ណា‌អូមី និង​កូន​ប្រសា​ទាំង​ពីរ នាំ​គ្នា​ចេញ​ដំណើរ​ពី​ស្រុក​ដែល​នាង​ធ្លាប់​រស់​នៅ វិល​ត្រឡប់​មក​ស្រុក​យូដា​វិញ។

8 ពេល​នោះ នាង​ណា‌អូមី​ពោល​ទៅ​កាន់​កូន​ប្រសា​ស្រី​ទាំង​ពីរ​ថា៖ «ចូរ​កូន​ត្រឡប់​ទៅ​នៅ​ជា​មួយ​ម្ដាយ​រៀងៗ​ខ្លួន​វិញ​ទៅ! សូម​ព្រះ‌អម្ចាស់​សម្ដែង​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​នាង ដូច​នាង​ធ្លាប់​មាន​ចិត្ត​សប្បុរស​ចំពោះ​កូន​ខ្ញុំ​ដែល​បាន​ស្លាប់​ទៅ​ហើយ និង​ចំពោះ​រូប​ខ្ញុំ​ដែរ។ 9 សូម​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​នាង​ទាំង​ពីរ​បាន​ប្ដី​ថ្មី និង​មាន​សុភមង្គល​ក្នុង​គ្រួសារ​រៀងៗ​ខ្លួន​ផង»។ បន្ទាប់​មក នាង​ណា‌អូមី​ថើប​លា​កូន​ប្រសា​ទាំង​ពីរ​នាក់ ហើយ​គេ​ទ្រហោ​យំ​ទាំង​អស់​គ្នា។ 10 កូន​ប្រសា​ទាំង​ពីរ​ពោល​ទៅ​ម្ដាយ​ក្មេក​វិញ​ថា៖ «ទេ! យើង​ខ្ញុំ​ទៅ​ជា​មួយ​អ្នក​ម្ដាយ ជា​មួយ​ជន​ជាតិ​របស់​អ្នក​ម្ដាយ​ដែរ»។ 11 ប៉ុន្តែ​នាង​ណា‌អូមី​ប្រកែក​ថា៖ «កូន​ទាំង​ពីរ​ត្រូវ​តែ​ត្រឡប់​ទៅ​វិញ ហេតុ​អ្វី​បាន​ជា​កូន​ចង់​ទៅ​ជា​មួយ​ម្ដាយ?។ ម៉ែ​ហួស​អាយុ​នឹង​មាន​កូន​ប្រុស ដែល​អាច​រៀប‌ការ​ជា​មួយ​នាង​ហើយ។ 12 ចូរ​ត្រឡប់​ទៅ​វិញ​ចុះ! ម៉ែ​ចាស់​ណាស់​ហើយ មិន​អាច​មាន​ប្ដី​ទៀត​ទេ។ បើ​សិន​ជា​ម៉ែ​មាន​សង្ឃឹម​ថា​នឹង​បាន​រួម​រស់​ជា​មួយ​បុរស​ណា​ម្នាក់ នៅ​យប់​នេះ ហើយ​បង្កើត​បាន​កូន​ប្រុសៗ 13 តើ​នាង​អាច​ទ្រាំ​ចាំ​រហូត​ដល់​កូន​នោះ​ពេញ​វ័យ​បាន​ឬ? តើ​សុខ​ចិត្ត​រស់​នៅ​ដោយ​ឥត​មាន​ប្ដី​ដូច្នេះ​ឬ? ទេ​កូន​អើយ ធ្វើ​ដូច្នេះ​មិន​កើត​ទេ!។ ព្រះ‌អម្ចាស់​ងាក​មក​ប្រឆាំង​នឹង​ម៉ែ ធ្វើ​ឲ្យ​វាសនា​របស់​ម៉ែ ល្វីង​ជូរ​ចត់​ជាង​វាសនា​កូន​ទាំង​ពីរ​ទៅ​ទៀត»។

14 ពេល​នោះ កូន​ប្រសា​ទាំង​ពីរ​នាក់​ទ្រហោ​យំ​សា​ជា​ថ្មី។ នាង​អ៊រប៉ា​ក៏​ថើប​លា​ម្ដាយ​ក្មេក​ទៅ រីឯ​នាង​រូថ​វិញ នាង​សម្រេច​ចិត្ត​នៅ​ជា​មួយ​ម្ដាយ​ក្មេក។ 15 នាង​ណា‌អូមី​និយាយ​ទៅ​កាន់​នាង​រូថ​ថា៖ «មើល៍! ប្អូន​ថ្លៃ​កូន​បាន​វិល​ត្រឡប់​ទៅ​រក​ជន​ជាតិ​របស់​នាង និង​ទៅ​បម្រើ​ព្រះ​របស់​នាង​វិញ​ហើយ ចូរ​កូន​ទៅ​តាម​ប្អូន​ថ្លៃ​របស់​កូន​ចុះ!»។ 16 ប៉ុន្តែ​នាង​រូថ​ឆ្លើយ​ថា៖ «សូម​អ្នក​ម្ដាយ​កុំ​បង្ខំ​កូន​ឲ្យ​ចាក​ចេញ​ពី​អ្នក​ម្ដាយ​ធ្វើ​អ្វី! អ្នក​ម្ដាយ​ទៅ​ទី​ណា កូន​ក៏​ទៅ​ទី​នោះ​ដែរ អ្នក​ម្ដាយ​ស្នាក់​នៅ​កន្លែង​ណា កូន​ក៏​ស្នាក់​នៅ​កន្លែង​នោះ​ដែរ។ ជន​ជាតិ​របស់​អ្នក​ម្ដាយ​ជា​ជន​ជាតិ​របស់​កូន ហើយ​ព្រះ​របស់​អ្នក​ម្ដាយ​ក៏​ជា​ព្រះ​របស់​កូន​ដែរ។ 17 អ្នក​ម្ដាយ​ស្លាប់​កន្លែង​ណា កូន​ក៏​ស្លាប់​កន្លែង​នោះ​ដែរ ហើយ​គេ​នឹង​បញ្ចុះ​សព​កូន​នៅ​ទី​នោះ។ មាន​តែ​សេចក្ដី​ស្លាប់​ទេ​ដែល​អាច​បំបែក​កូន​ចេញ​ពី​អ្នក​ម្ដាយ​បាន បើ​មិន​ពិត​ទេ សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​មក​លើ​រូប​កូន​ចុះ!»។ 18 ដោយ​ឃើញ​ថា​កូន​ប្រសា​ប្ដេជ្ញា​ចិត្ត​ទៅ​ជា​មួយ​ដូច្នេះ នាង​ណា‌អូមី​ក៏​នៅ​ស្ងៀម។

19 ម្ដាយ និង​កូន​បាន​ធ្វើ​ដំណើរ​មក​ដល់​ភូមិ​បេថ្លេហិម។ កាល​អ្នក​ទាំង​ពីរ​មក​ដល់​ភូមិ​នោះ អ្នក​ស្រុក​ទាំង​អស់​ក៏​ភ្ញាក់​ផ្អើល ហើយ​ស្ត្រីៗ​និយាយ​គ្នា​ថា៖ «អ្នក​នេះ​ជា​ណា‌អូមី​មែន ឬ​មិន​មែន?»។ 20 នាង​ណា‌អូមី​ឆ្លើយ​ថា៖ «កុំ​ហៅ​ខ្ញុំ​ថា​“ណា‌អូមី” ទៀត ត្រូវ​ហៅ​ខ្ញុំ​ថា​“ម៉ារ៉ា”​វិញ ដ្បិត​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត បាន​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ល្វីង​ជូរ‌ចត់​ក្រៃ‌លែង។ 21 ខ្ញុំ​ចាក​ចេញ​ពី​ទី​នេះ​ទៅ ខ្ញុំ​មាន​អ្វីៗ​គ្រប់​យ៉ាង ប៉ុន្តែ ព្រះ‌អម្ចាស់​បាន​ឲ្យ​ខ្ញុំ​ត្រឡប់​មក​វិញ​ដោយ​ដៃ​ទទេ។ សូម​កុំ​ហៅ​ខ្ញុំ​ថា “ណា‌អូមី”ទៀត ដ្បិត​ព្រះ‌អម្ចាស់​បាន​ប្រឆាំង​នឹង​ខ្ញុំ ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រង​ទុក្ខ​លំបាក!»។

22 បែប​ដូច្នេះ​ហើយ ដែល​នាង​ណា‌អូមី​វិល​ត្រឡប់​មក​ភូមិ​កំណើត​វិញ ទាំង​នាំ​នាង​រូថ សាសន៍​ម៉ូអាប់ ជា​កូន​ប្រសា​មក​ជា​មួយ​ផង។ អ្នក​ទាំង​ពីរ​បាន​មក​ដល់​ភូមិ​បេថ្លេហិម នៅ​ដើម​រដូវ​ចម្រូត។

ជំពូកទី ២

នាង​រូថ​រើស​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​លោក​បូអូស
1 នាង​ណា‌អូមី​មាន​សាច់‌ញាតិ​ខាង​ប្ដី​ម្នាក់​ឈ្មោះ​បូអូស ជា​អ្នក​មាន​កិត្តិយស និង​មាន​សម្បត្តិ​ស្តុក‌ស្តម្ភ។ 2 នាង​រូថ ជា​សាសន៍​ម៉ូអាប់ ពោល​ទៅ​ម្ដាយ​ក្មេក​ថា៖ «សូម​អ្នក​ម្ដាយ​ឲ្យ​កូន​ទៅ​រើស​ស្រូវ​នៅ​តាម​ស្រែ​នានា​ទៅ គង់​តែ​មាន​គេ​អាណិត ទុក​ឲ្យ​កូន​រើស​ស្រូវ​តាម​ក្រោយ​ពុំ‌ខាន»។ នាង​ណា‌អូមី​ឆ្លើយ​ថា៖ «ទៅ​ចុះ​កូន!»។ 3 នាង​រូថ​ក៏​ចេញ​ទៅ​រើស​ស្រូវ​តាម​ក្រោយ​ពួក​អ្នក​ច្រូត​នៅ​ក្នុង​ស្រែ​មួយ គាប់​ជួន​ប៉ះ​ចំ​លើ​ស្រែ​របស់​លោក​បូអូស ដែល​ត្រូវ​ជា​សាច់‌ញាតិ​របស់​លោក​អេលី‌ម៉េឡេក។

4 ពេល​នោះ លោក​បូអូស​បាន​មក​ពី​ភូមិ​បេថ្លេហិម គាត់​ពោល​ទៅ​កាន់​ពួក​អ្នក​ច្រូត​ថា៖ «សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​អ្នក​រាល់​គ្នា!»។ ពួក​គេ​ឆ្លើយ​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​លោក​ដែរ!»។ 5 បន្ទាប់​មក លោក​បូអូស​សួរ​អ្នក​បម្រើ​របស់​លោក ដែល​ទទួល​ខុស​ត្រូវ​លើ​ពួក​អ្នក​ច្រូត​ថា៖ «តើ​នាង​នេះ​ជា​នរណា?»។ 6 បុរស​នោះ​ឆ្លើយ​ថា៖ «នាង​ជា​ស្ត្រី​សាសន៍​ម៉ូអាប់ ដែល​មក​ជា​មួយ​នាង​ណា‌អូមី នៅ​ពេល​គាត់​វិល​ត្រឡប់​មក​ពី​ស្រុក​ម៉ូអាប់​វិញ។ 7 នាង​បាន​សុំ​ដើរ​តាម​ពី​ក្រោយ​ពួក​អ្នក​ច្រូត ដើម្បី​រើស​សន្សំ​ស្រូវ​ដែល​ជ្រុះ​នៅ​លើ​ដី។ នាង​មក​រើស​តាំង​ពី​ព្រលឹម​រហូត​មក​ទល់​ពេល​នេះ ហើយ​នាង​បាន​ទៅ​សម្រាក​នៅ​ផ្ទះ​តែ​មួយ​ស្របក់​ប៉ុណ្ណោះ»។ 8 ពេល​នោះ លោក​បូអូស​និយាយ​ទៅ​កាន់​នាង​រូថ​ថា៖ «នាង​អើយ សូម​ស្ដាប់​ខ្ញុំ! កុំ​ទៅ​រើស​ស្រូវ​ក្នុង​ស្រែ​ណា​ផ្សេង​អី ហើយ​ក៏​កុំ​ទៅ​ណា​ឆ្ងាយ​ពី​ស្រែ​នេះ​ដែរ។ ចូរ​នៅ​ជា​មួយ​ស្រី​បម្រើ​របស់​ខ្ញុំ​ទាំង​នេះ​ចុះ! 9 ចូរ​ឃ្លាំ​មើល បើ​ឃើញ​គេ​ទៅ​កន្លែង​ណា ចូរ​ដើរ​តាម​គេ​ទៅ។ ខ្ញុំ​បាន​ហាម​អ្នក​បម្រើ​ប្រុសៗ​មិន​ឲ្យ​ប៉ះ‌ពាល់​នាង​ឡើយ។ បើ​នាង​ស្រេក ចូរ​ទៅ​ពិសា​ទឹក​ក្នុង​ក្អម ដែល​ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​ដង​ទុក​នោះ​ទៅ!»។ 10 ពេល​នោះ នាង​រូថ​ក៏​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី ហើយ​ពោល​ទៅ​កាន់​លោក​បូអូស​ថា៖ «ហេតុ​អ្វី​ក៏​លោក​ប្រណី​មេត្តា​ដល់​នាង​ខ្ញុំ ដែល​ជា​ជន​បរទេស​ដូច្នេះ?»។ 11 លោក​បូអូស​ឆ្លើយ​ថា៖ «គេ​ប្រាប់​ខ្ញុំ​យ៉ាង​ច្បាស់​អំពី​ការ​ទាំង​ប៉ុន្មាន ដែល​នាង​បាន​ប្រព្រឹត្ត​ចំពោះ​ម្ដាយ​ក្មេក ក្រោយ​ពេល​ប្ដី​នាង​ស្លាប់​ចោល​ទៅ គឺ​នាង​សុខ​ចិត្ត​លះ‌បង់​ឪពុក​ម្ដាយ និង​ស្រុក​កំណើត មក​រស់​នៅ​ជា​មួយ​ជន​ជាតិ​ដែល​នាង​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក។ 12 សូម​ព្រះ‌អម្ចាស់​តប​ស្នង​មក​នាង​វិញ ស្រប​តាម​ការ​ដែល​នាង​បាន​ប្រព្រឹត្ត សូម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ប្រទាន​រង្វាន់​មក​នាង​យ៉ាង​បរិបូណ៌ ព្រោះ​នាង​បាន​មក​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ព្រះ‌អង្គ»។ 13 នាង​រូថ​តប​វិញ​ថា៖ «លោក​ម្ចាស់​មាន​ចិត្ត​សប្បុរស​មក​លើ​នាង​ខ្ញុំ​ជា​ពន់​ពេក ទោះ​បី​នាង​ខ្ញុំ​មាន​ឋានៈ​ទាប​ជាង​ស្រី​បម្រើ​របស់​លោក​ក្តី ក៏​លោក​មាន​ប្រសាសន៍​សម្រាល​ទុក្ខ និង​លើក​ទឹក​ចិត្ត​នាង​ខ្ញុំ​ដែរ»។

14 នៅ​ពេល​បរិភោគ លោក​បូអូស​និយាយ​ទៅ​កាន់​នាង​រូថ​ថា៖ «អញ្ជើញ​មក​ពិសា​នំបុ័ង ហើយ​ជ្រលក់​ដុំ​នំបុ័ង​ក្នុង​ទឹក​ជ្រលក់​នេះ​ទៅ!»។ នាង​រូថ​ក៏​អង្គុយ​ជិត​ពួក​អ្នក​ច្រូត លោក​បូអូស​ហុច​លាជ​ឲ្យ​នាង នាង​បរិភោគ​ឆ្អែត ហើយ​ទុក​លាជ​ដែល​នៅ​សល់​ផង។ 15 បន្ទាប់​មក នាង​ក្រោក​ឡើង​ទៅ​រើស​ស្រូវ​ទៀត។ ពេល​នោះ លោក​បូអូស​បាន​បញ្ជា​ដល់​អ្នក​បម្រើ​របស់​លោក​ថា៖ «ទុក​ឲ្យ​នាង​រើស​ស្រូវ​នៅ​កន្លែង​មាន​កណ្ដាប់​ផង កុំ​រា‌រាំង​នាង​អី!។ 16 ចូរ​ទម្លាក់​កួរ​ស្រូវ​ខ្លះ​ចេញ​ពី​កណ្ដាប់​ឲ្យ​នាង​រើស​ផង កុំ​ស្តី​បន្ទោស​នាង​ឡើយ!»។

17 នាង​រូថ​រើស​កួរ​ស្រូវ​រហូត​ដល់​ល្ងាច រួច​នាង​បោក​បែន​កួរ​ស្រូវ​នោះ​បាន​ជិត​មួយ​ថាំង។ 18 នាង​ក៏​ទូល​ស្រូវ​ត្រឡប់​មក​ភូមិ បង្ហាញ​ឲ្យ​ម្ដាយ​ក្មេក​ឃើញ ព្រម​ទាំង​យក​អាហារ​ដែល​សល់​ពី​ពេល​បាយ​មក​ជូន​គាត់​ផង​ដែរ។ 19 ម្ដាយ​ក្មេក​សួរ​នាង​ថា៖ «ថ្ងៃ​នេះ កូន​រើស​ស្រូវ​នៅ​កន្លែង​ណា ក្នុង​ស្រែ​អ្នក​ណា?។ សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​ដែល​មាន​ចិត្ត​មេត្តា​ចំពោះ​កូន!»។ នាង​រូថ​បាន​រៀប​រាប់​ប្រាប់​ម្ដាយ​ក្មេក​ថា នាង​បាន​ទៅ​រើស​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​បុរស​ម្នាក់​ឈ្មោះ​បូអូស។ 20 នាង​ណា‌អូមី​ពោល​ទៅ​កាន់​កូន​ប្រសា​ថា៖ «សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ជា‌និច្ច ចំពោះ​មនុស្ស​នៅ​រស់ ក៏​ដូច​ជា​មនុស្ស​ស្លាប់​ដែរ!»។ នាង​ណា‌អូមី​និយាយ​បន្ត​ទៀត​ថា៖ «បុរស​នេះ​ជា​សាច់‌ញាតិ​ជិត‌ដិត​របស់​យើង គាត់​ជា​មនុស្ស​ម្នាក់​ដែល​មាន​ភារ‌កិច្ច​ទទួល​បន្ទុក​ថែ‌រក្សា​យើង»។ 21 នាង​រូថ​ជា​សាសន៍​ម៉ូអាប់ ពោល​ថា៖ «គាត់​បាន​ប្រាប់​កូន​ឲ្យ​នៅ​រើស​ស្រូវ​ជា​មួយ​អ្នក​បម្រើ​របស់​គាត់ រហូត​ទាល់​តែ​ផុត​រដូវ​ចម្រូត»។ 22 នាង​ណា‌អូមី​ពោល​ទៅ​កូន​ប្រសា​ទៀត​ថា៖ «កូន​នៅ​រើស​ស្រូវ​ជា​មួយ​ស្រី​បម្រើ​របស់​លោក​បូអូស​ត​ទៅ​ទៀត គឺ​ជា​ការ​ល្អ​ណាស់! បើ​កូន​ទៅ​ស្រែ​អ្នក​ដទៃ ក្រែង​លោ​គេ​ធ្វើ​បាប»។

23 នាង​រូថ​នៅ​រើស​ស្រូវ​ជា​មួយ​ស្រី​បម្រើ​របស់​លោក​បូអូស រហូត​ទាល់​តែ​ផុត​រដូវ​ចម្រូត។ នាង​រូថ រស់​នៅ​ជា​មួយ​ម្ដាយ​ក្មេក​ត​ទៅ​ទៀត។

ជំពូកទី ៣

នាង​រូថ​នៅ​ក្នុង​លាន​បោក​បែន​ស្រូវ
1 ថ្ងៃ​មួយ នាង​ណា‌អូមី​ពោល​ទៅ​កាន់​នាង​រូថ​ថា៖ «ម៉ែ​ត្រូវ​តែ​រក​អនាគត​ឲ្យ​កូន ដើម្បី​កូន​បាន​សេចក្ដី​សុខ។ 2 លោក​បូអូស​ដែល​កូន​ធ្វើ​ការ​ជា​មួយ​ស្រី​បម្រើ​របស់​គាត់​នោះ ជាប់​សាច់‌ញាតិ​នឹង​យើង​ដែរ។ ល្ងាច​នេះ គាត់​នឹង​ទៅ​បោក​បែន​ស្រូវ​នៅ​លាន។ 3 ចូរ​កូន​តុប‌តែង​ខ្លួន​ឲ្យ​ស្អាត លាប​ទឹក​អប់ និង​ស្លៀក​ពាក់​យ៉ាង​ល្អ​ផង រួច​ដើរ​ទៅ​លាន​ដែល​គាត់​បោក​បែន​ស្រូវ តែ​កុំ​បង្ហាញ​ខ្លួន​ឲ្យ​គាត់​ស្គាល់ រហូត​ទាល់​តែ​គាត់​ពិសា​អាហារ និង​ស្រា​រួច។ 4 ពេល​គាត់​ចូល​សម្រាន្ដ កូន​ត្រូវ​មើល​ចំណាំ​កន្លែង​ដែល​គាត់​សម្រាន្ដ​ឲ្យ​បាន​ច្បាស់។ បន្ទាប់​មក កូន​ត្រូវ​ទៅ​បើក​ភួយ​នៅ​ចុង​ជើង​គាត់ ហើយ​ដេក​ត្រង់​កន្លែង​នោះ​ទៅ គាត់​នឹង​ប្រាប់​កូន​នូវ​អ្វីៗ​ដែល​កូន​ត្រូវ​ធ្វើ»។ 5 នាង​រូថ​ឆ្លើយ​ថា៖ «កូន​នឹង​ធ្វើ​តាម​ពាក្យ​របស់​អ្នក​ម្ដាយ​សព្វ​គ្រប់​ទាំង​អស់»។

6 នាង​រូថ​ចេញ​ទៅ​លាន​បោក​បែន​ស្រូវ ហើយ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​ពាក្យ​ដែល​ម្ដាយ​ក្មេក​បាន​បង្គាប់។ 7 លោក​បូអូស​ពិសា​ម្ហូប​អាហារ និង​ស្រា​រួច​ហើយ គាត់​ក៏​សប្បាយ​ចិត្ត ទម្រេត​ខ្លួន​សម្រាន្ដ​លក់​នៅ​ជិត​គំនរ​កណ្ដាប់​ស្រូវ។ នាង​រូថ​ដើរ​លបៗ​ចូល​មក បើក​ភួយ​នៅ​ចុង​ជើង​របស់​គាត់ ហើយ​ដេក​ត្រង់​កន្លែង​នោះ​ទៅ។ 8 នៅ​ពាក់​កណ្ដាល​អធ្រាត្រ ដោយ​លោក​បូអូស​រងា គាត់​ក៏​ប្រែ​ខ្លួន ហើយ​ឃើញ​ស្ត្រី​ម្នាក់​ដេក​នៅ​ចុង​ជើង​គាត់។ 9 លោក​បូអូស​សួរ​ថា៖ «នរណា​ហ្នឹង?»។ នាង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​ឈ្មោះ​រូថ ជា​អ្នក​បម្រើ​របស់​លោក​ម្ចាស់។ សូម​លោក​ម្ចាស់​មេត្តា​ទទួល​នាង​ខ្ញុំ​ធ្វើ​ជា​ភរិយា​ទៅ ដ្បិត​លោក​មាន​ភារ‌កិច្ច​ទទួល​បន្ទុក​ថែ‌រក្សា​នាង​ខ្ញុំ​ស្រាប់​ហើយ»។ 10 លោក​បូអូស​ពោល​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​នាង! នាង​ប្រព្រឹត្ត​ដូច្នេះ គឺ​នាង​បង្ហាញ​ចិត្ត​ស្មោះ‌ត្រង់​ប្រសើរ​ជាង​ពី​មុន​ទៅ​ទៀត គឺ​នាង​មិន​បាន​ដើរ​រក​ប្រុស​ក្មេងៗ ទោះ​ជា​អ្នក​មាន ឬ​អ្នក​ក្រ​ក្តី មក​ធ្វើ​ជា​ប្ដី​ទេ។ 11 ឥឡូវ​នេះ សូម​នាង​កុំ​បារម្ភ​ឡើយ អ្វីៗ​ដែល​នាង​សុំ ខ្ញុំ​នឹង​ធ្វើ​តាម​ទាំង​អស់ ដ្បិត​ប្រជាជន​ទាំង​មូល​ដឹង​ច្បាស់​ថា នាង​ជា​ស្ត្រី​ថ្លៃ‌ថ្នូរ។ 12 ខ្ញុំ​ជា​សាច់‌ញាតិ​ដែល​មាន​ភារ‌កិច្ច​ទទួល​បន្ទុក​ថែ‌រក្សា​នាង​ពិត​មែន ក៏​ប៉ុន្តែ នៅ​មាន​បុរស​ម្នាក់ ជា​សាច់‌ញាតិ​នឹង​នាង ជិត​ជាង​ខ្ញុំ​ទៅ​ទៀត។ 13 យប់​នេះ សូម​នាង​សម្រាក​នៅ​ទី​នេះ​ហើយ! ចាំ​ព្រឹក​ស្អែក ខ្ញុំ​នឹង​ទៅ​សួរ​គេ។ ប្រសិន​បើ​គេ​ចង់​ទទួល​ខុស​ត្រូវ​លើ​នាង ឲ្យ​គេ​ទទួល​ចុះ តែ​បើ​គេ​មិន​ព្រម​ទេ ខ្ញុំ​សូម​សន្យា ដោយ​យក​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ជា​សាក្សី​ថា ខ្ញុំ​មុខ​ជា​ទទួល​ខុស​ត្រូវ​លើ​នាង​ពុំ‌ខាន! សូម​នាង​សម្រាក​នៅ​ទី​នេះ​រហូត​ដល់​ព្រឹក​ចុះ!»។

14 នាង​រូថ​ដេក​នៅ​ចុង​ជើង​លោក​បូអូស​រហូត​ដល់​ព្រឹក ហើយ​នាង​បាន​ក្រោក​ពី​ព្រលឹម​ស្រាងៗ មុន​ពេល​មើល​គ្នា​ស្គាល់។ លោក​បូអូស​ក៏​មិន​ចង់​ឲ្យ​នរណា​ម្នាក់​ដឹង​ថា នាង​បាន​ចូល​មក​ក្នុង​លាន​នេះ​ដែរ។ 15 លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ដោះ​អាវ​ធំ​របស់​នាង កាន់​ឲ្យ​ជាប់»។ នាង​ក៏​ដោះ​អាវ ហើយ​លោក​ចាក់​ស្រូវ​មួយ​តៅ​ឲ្យ​នាង ព្រម​ទាំង​ជួយ​លើក​ដាក់​ឲ្យ​នាង​ទូល​ទៀត​ផង។ នាង​ក៏​ទូល​ស្រូវ​នោះ​ចូល​ទៅ​ក្នុង​ភូមិ​វិញ។

16 ពេល​ទៅ​ដល់​ផ្ទះ ម្ដាយ​ក្មេក​សួរ​ថា៖ «យ៉ាង​ដូច​ម្ដេច​ទៅ​ហើយ​កូន?»។ នាង​រូថ​រៀប​រាប់​ប្រាប់​ម្ដាយ​ក្មេក​នូវ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​លោក​បូអូស​បាន​ប្រព្រឹត្ត​ចំពោះ​នាង។ 17 នាង​បញ្ជាក់​ថា៖ «លោក​បាន​ឲ្យ​ស្រូវ​មួយ​តៅ​មក​កូន ទាំង​ពោល​ថា នាង​មិន​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដៃ​ទទេ​ឡើយ!»។ 18 នាង​ណា‌អូមី​និយាយ​ថា៖ «ចូរ​កូន​នៅ​រង់‌ចាំ​មើល​សិន រហូត​ទាល់​តែ​ដឹង​ថា​ការ​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា ដ្បិត​លោក​បូអូស​នឹង​មិន​នៅ​ស្ងៀម​ទេ គឺ​គាត់​នឹង​គិត‌គូរ​រហូត​ទាល់​តែ​បាន​សម្រេច​នៅ​ថ្ងៃ​នេះ​ជា​ពុំ‌ខាន»។

ជំពូកទី ៤

ពិធី​មង្គលការ​នាង​រូថ និង​លោក​បូអូស
1 លោក​បូអូស​ចេញ​ទៅ​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង។ ពេល​នោះ បុរស​ដែល​ជាប់​សាច់‌ញាតិ​ជិត​បំផុត​របស់​លោក​អេលី‌ម៉េឡេក គឺ​បុរស​ដែល​លោក​បូអូស​ប្រាប់​នាង​រូថ​កាល​ពី​មុន បាន​ដើរ​កាត់​កន្លែង​នោះ។ លោក​បូអូស​ពោល​ទៅ​កាន់​បុរស​នោះ​ថា៖ «សូម​បង​អញ្ជើញ​មក​អង្គុយ​ទី​នេះ​សិន»។ បុរស​នោះ​ក៏​អង្គុយ​ចុះ។ 2 លោក​បូអូស​បាន​អញ្ជើញ​ចាស់​ទុំ​ដប់​នាក់​ពី​ក្នុង​ភូមិ​មក ហើយ​សុំ​ឲ្យ​គេ​អង្គុយ​ជា​មួយ​ដែរ។ 3 លោក​មាន​ប្រសាសន៍​ទៅ​កាន់​សាច់‌ញាតិ​នោះ​ដូច​ត​ទៅ៖ «បង​ជ្រាប​ស្រាប់​ហើយ​ថា បង​ស្រី​ណា‌អូមី​បាន​វិល​ត្រឡប់​មក​ពី​ស្រុក​ម៉ូអាប់​វិញ ហើយ​គាត់​ចង់​លក់​ដី​ស្រែ ដែល​ជា​កម្ម‌សិទ្ធិ​របស់​បង​អេលី‌ម៉េឡេក។ 4 ខ្ញុំ​បាន​គិត​ថា​គួរ​តែ​ជម្រាប​បង ហើយ​សូម​ឲ្យ​បង​ទិញ​ដី​ស្រែ​នោះ ដោយ​មាន​ចាស់​ទុំ និង​បង‌ប្អូន​ឯ​ទៀតៗ ដែល​នៅ​ទី​នេះ​ជួយ​ដឹង​ឮ​ផង។ ប្រសិន​បើ​បង​ចង់​ទិញ សូម​ទិញ​ចុះ! តែ​បើ​បង​មិន​ទិញ​ទេ សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង ដ្បិត​នៅ​ទី​នេះ មាន​តែ​បង​ទេ​ដែល​មាន​សិទ្ធិ​ទិញ ហើយ​បន្ទាប់​ពី​បង គឺ​រូប​ខ្ញុំ»។ បុរស​នោះ​ពោល​ថា៖ «ខ្ញុំ​ចង់​ទិញ!»។ 5 លោក​បូអូស​ក៏​មាន​ប្រសាសន៍​ថា៖ «បើ​បង​ទិញ​ដី​ស្រែ​របស់​បង​ស្រី​ណា‌អូមី បង​ក៏​ត្រូវ​យក​នាង​រូថ ជា​សាសន៍​ម៉ូអាប់ ធ្វើ​ជា​ភរិយា​ដែរ ដើម្បី​ឲ្យ​ដី​នៅ​តែ​ជា​កម្ម‌សិទ្ធិ​របស់​បង‌ប្អូន​យើង​ដែល​ស្លាប់​ទៅ​ហើយ​នោះ​ដដែល»។ 6 បុរស​នោះ​ឆ្លើយ​វិញ​ថា៖ «បើ​ដូច្នេះ ខ្ញុំ​មិន​អាច​ទិញ​បាន​ទេ ព្រោះ​ខ្ញុំ​មិន​ចង់​ខាត​ប្រយោជន៍ និង​បាត់​កេរ‌អាករ​ផ្ទាល់​របស់​ខ្ញុំ​ឡើយ សូម​លោក​ប្អូន​ទិញ​យក​ចុះ! ខ្ញុំ​ពុំ​អាច​ទិញ​បាន​ទេ!»។

7 កាល​ពី​ដើម​នៅ​ស្រុក​អ៊ីស្រា‌អែល ពេល​អ្នក​ស្រុក​ទិញ​ទ្រព្យ‌សម្បត្តិ ឬ​ផ្ទេរ​កម្ម‌សិទ្ធិ​អ្វី​មួយ ពួក​គេ​មាន​ទម្លាប់​ដោះ​ស្បែក​ជើង ហុច​ទៅ​ឲ្យ​ម្នាក់​ទៀត ទុក​ជា​សញ្ញា​បញ្ជាក់​ថា គេ​បាន​ព្រម​ព្រៀង​គ្នា​ហើយ។ 8 ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ពេល​បុរស​នោះ​ពោល​ទៅ​កាន់​លោក​បូអូស​ថា៖ «សូម​លោក​ប្អូន​ទិញ​យក​ចុះ!» គាត់​ក៏​បាន​ដោះ​ស្បែក​ជើង​ជូន​លោក​បូអូស​ដែរ។ 9 លោក​បូអូស​មាន​ប្រសាសន៍​ទៅ​ពួក​ចាស់​ទុំ និង​ប្រជាជន​ទាំង​មូល​ថា៖ «ថ្ងៃ​នេះ សូម​អស់​លោក​ជួយ​ធ្វើ​ជា​សាក្សី​ឲ្យ​ខ្ញុំ​ផង ខ្ញុំ​បាន​ទិញ​អ្វីៗ​ទាំង​អស់​ដែល​ជា​កម្ម‌សិទ្ធិ​របស់​បង​អេលី‌ម៉េឡេក ព្រម​ទាំង​អ្វីៗ​ដែល​ជា​កម្ម‌សិទ្ធិ​របស់​គីលី‌យ៉ូន និង​ម៉ាឡូន ពី​បង​ស្រី​ណា‌អូមី​ហើយ។ 10 ខ្ញុំ​ក៏​សូម​យក​នាង​រូថ ជា​សាសន៍​ម៉ូអាប់ ដែល​ត្រូវ​ជា​ភរិយា​របស់​ម៉ាឡូន មក​ធ្វើ​ជា​ប្រពន្ធ​ខ្ញុំ​ផង​ដែរ ដើម្បី​ឲ្យ​កេរ‌មត៌ក​របស់​គាត់​នៅ​តែ​ជា​កម្ម‌សិទ្ធិ​របស់​គាត់​ដដែល ហើយ​ខ្ញុំ​នឹង​បន្ត​ពូជ‌ពង្ស​ឲ្យ​គាត់ ដើម្បី​រក្សា​ឈ្មោះ​គាត់​ឲ្យ​នៅ​គង់‌វង្ស ក្នុង​ចំណោម​អ្នក​ស្រុក​អ្នក​ភូមិ និង​នៅ​ទ្វារ​ក្រុង​នេះ​ត​ទៅ​ទៀត។ ថ្ងៃ​នេះ អស់​លោក​ជា​សាក្សី​ដឹង​ឮ​ស្រាប់​ហើយ»។

11 ពួក​ចាស់​ទុំ និង​ប្រជាជន​ទាំង​មូល​នៅ​មាត់​ទ្វារ​ក្រុង​បាន​ឆ្លើយ​ថា៖ «យើង​ទាំង​អស់​គ្នា​ជា​សាក្សី​ហើយ! សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ស្ត្រី​ដែល​ចូល​ក្នុង​គ្រួសារ​លោក បាន​ដូច​ជា​លោក​ស្រី​រ៉ាខែល និង​លោក​ស្រី​លេអា ដែល​បាន​បង្កើត​ជន​ជាតិ​អ៊ីស្រា‌អែល​ដែរ! សូម​ឲ្យ​លោក​មាន​សម្បត្តិ​ស្តុក‌ស្តម្ភ​នៅ​ភូមិ​អេប្រា‌តា និង​មាន​កេរ្តិ៍‌ឈ្មោះ​ល្បី​នៅ​ភូមិ​បេថ្លេហិម។ 12 សូម​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​លោក និង​នាង​មាន​កូន​ចៅ​ច្រើន ដើម្បី​ឲ្យ​គ្រួសារ​លោក​បាន​ដូច​គ្រួសារ​របស់​លោក​ផារេស ជា​កូន​របស់​លោក​យូដា និង​នាង​ថាម៉ារ​ដែរ!»។

លោក​បូអូស និង​ពូជ‌ពង្ស​របស់​លោក
13 លោក​បូអូស​ក៏​យក​នាង​រូថ​មក​ធ្វើ​ជា​ភរិយា ហើយ​ក្រោយ​មក ព្រះ‌អម្ចាស់​បាន​ប្រោស​ប្រទាន​ឲ្យ​នាង​មាន​ផ្ទៃ​ពោះ សម្រាល​បាន​កូន​ប្រុស​មួយ។ 14 ពួក​ស្ត្រី​នៅ​ភូមិ​បេថ្លេហិម​ពោល​ទៅ​កាន់​នាង​ណា‌អូមី​ថា៖ «សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​មាន​ចៅ​ប្រុស​មួយ​សម្រាប់​ថែ‌រក្សា​អ្នក!។ សូម​ឲ្យ​ចៅ​របស់​អ្នក​មាន​ឈ្មោះ​ល្បី‌ល្បាញ ក្នុង​ស្រុក​អ៊ីស្រា‌អែល 15 ចៅ​នេះ​នឹង​ធ្វើ​ឲ្យ​ជីវិត​អ្នក​មាន​សុភមង្គល​ឡើង​វិញ ហើយ​ជួយ​ថែ‌រក្សា​អ្នក​នៅ​ពេល​ចាស់​ជរា​ផង ដ្បិត​ក្មេង​នេះ​បាន​កើត​ពី​កូន​ប្រសា​ដែល​ស្រឡាញ់​អ្នក។ នាង​នេះ​ប្រសើរ​ជាង​កូន​ប្រុស​ប្រាំ​ពីរ​នាក់​ទៅ​ទៀត»។

16 នាង​ណា‌អូមី​ក៏​យក​ចៅ​មក​បី ហើយ​ចិញ្ចឹម​បី​បាច់​ត​រៀង​ទៅ។ 17 ពួក​ស្ត្រី​ដែល​នៅ​ជិត​ខាង​នាំ​គ្នា​ពោល​ថា៖ «នាង​ណា‌អូមី​មាន​កូន​ប្រុស​មួយ!»។ ពួក​គេ​ហៅ​កូន​នោះ​ថា «អូបេដ»។ គឺ​លោក​អូបេដ​នេះ​ហើយ​ដែល​ត្រូវ​ជា​ឪពុក​លោក​យេសាយ ហើយ​លោក​យេសាយ​ជា​បិតា​របស់​ព្រះ‌បាទ​ដាវីឌ។

18 នេះ​ជា​ពូជ‌ពង្ស​លោក​ពេរេស: លោក​ពេរេស​បង្កើត​លោក​ហេត‌ស្រូម 19 លោក​ហេត‌ស្រូម​បង្កើត​លោក​អរ៉ាម លោក​អរ៉ាម​បង្កើត​លោក​អមី‌ណា‌ដាប់ 20 លោក​អមី‌ណា‌ដាប់​បង្កើត​លោក​ណា‌សូន លោក​ណា‌សូន​បង្កើត​លោក​សាល‌ម៉ូន 21 លោក​សាល‌ម៉ូន​បង្កើត​លោក​បូអូស លោក​បូអូស​បង្កើត​លោក​អូបេដ 22 លោក​អូបេដ​បង្កើត​លោក​យេសាយ ហើយ​លោក​យេសាយ​បង្កើត​ព្រះ‌បាទ​ដាវីឌ។