ពាក្យ​លំនាំ

លោក​បារូក​ជា​លេខា​ធិការ​របស់​ព្យា​ការី​យេរេមី​ដែល​រស់​នៅ សត​វត្ស​ទី​៦ មុន​គស។ ជា​ច្រើន​សត​វត្ស​ក្រោយ​មក គឺ​នៅ​សត​វត្សទី​២ មុន​គស មាន​អ្នក​ប្រាជ្ញ​បាន​ប្រ​មែ​ប្រមូល​អត្ថ​បទ​ផ្សេងៗ ដែល​ប្រជា​ជន​យូដា​រស់​នៅ​ខ្ចាត់​ខ្ចាយ ពាល​ពេញ​មជ្ឈឹម​បូព៌ា តែងតែ​អាន​ក្នុង​ធម្ម​សាលា​ (សាលា​ប្រ​ជុំ​) មក​ចង​ក្រង​ជា​កណ្ឌ​មួយ ហើយ​ដាក់​ឈ្មោះ «គម្ពីរ​លោក​បារូក» ទុក​លោក​បារូក​ជា​អ្នក​និពន្ធ។ នេះ​ជា​របៀប​ធម្មតា​នាជំ​នាន់​នោះ​ដើម្បី​នាំ​ប្រជា​ជន​ឲ្យ​គោរព​សេចក្តី​ដែល​មាន​ចែង​ក្នុង​កណ្ឌ​នេះ។
កណ្ឌ​នេះ​ចែក​ជា​បួន​ភាគ​ដែល​មិន​សូវ​ស៊ីគា្ន​ប្រ​ហែល​ជា​មាន​អ្នក​និពន្ធ​ផ្សេង​ៗ បាន​ប្រមូល​ឯក​សារ​នៅ​ជំ​នាន់​ផ្សេង​ពីគ្នា​ដែរ ​ព្រោះ៖
អារម្ភ​កថា​បញ្ជាក់​អំពី​ពេល​ដែល​ត្រូវ​អាន​កណ្ឌ​នោះ​គឺ​ក្នុង​ពិធី សូម​ព្រះ​ជា​ម្ចាស់​អត់​ទោស​ឲ្យ​ប្រជា​ជន​នៅ​ក្រុង​យេរូ​សាឡឹម (១, ១–១៤)។
បទ​ទទួល​សារ​ភាព​អំពើ​បាប​(១,១៥-១០) តាម​របៀប​លោក​ដានី​អែល​៩។ បន្ទាប់​មក​មាន​ពាក្យ​អង្វរ​សូម​ព្រះ​ជា​ម្ចាស់​លើក​លែង​ទោស​រំដោះ​បាប​ (២, ១១-៣,៨)។
សេចក្តី​នឹក​សញ្ជឹង​គិត​អំពី​ព្រះ​ប្រាជ្ញា​ញាណ (៣, ៩-៤,៤)។ ធម្ម​វិន័យ​ជា​ព្រះ​ប្រាជ្ញា​ញាណ​របស់​ព្រះ​ជា​ម្ចាស់។
ពាក្យ​ដាស់​តឿន​អ្នក​ក្រុង​យេរូ​សាឡឹម (៤,៥-៥,៩) ប្រ​ហែល​នឹង​សេចក្តី​ដែល​ព្យា​ការី​អេ​សាយ​ទី​២ បាន​ថ្លែង​ដែរ។
ក្នុង​ឯក​សារ​បុរាណ​ខ្លះ «លិខិត​របស់​ព្យាការី​យេរីមី​» ត្រូវ​នឹង​ជំពូក​ទី៦​នៃ​គម្ពីរ​លោក​បារូក។

ជំពូកទី ១

លោកបារូក
​១នេះ​ជា​សេចក្តី ដែល​មាន​ចែង​ក្នុង​សៀវភៅ​របស់​លោក​បារូក ​ជា​កូន​របស់​លោក​ណេរី​យ៉ា​ ដែល​ជា​កូន​របស់​លោក​ម៉ាសេអា ជា​កូន​របស់​លោក​សេដេគីយ៉ា ជា​កូន​លោក​ហាសា​ឌីយ៉ា ជា​កូន​របស់​លោក​ហែល​គីយ៉ា​។ លោក​សរសេរ​សៀវភៅ​នេះ នៅ​ស្រុក​បាប៊ី​ឡូន។ ២នាថ្ងៃ​ទីប្រាំ​ពីខែ​ទីប្រាំ​ក្រោយ​ពេល កង​ទ័ព​បា​ប៊ី​ឡូន​វាយ​ដណ្តើម​យក​ក្រុង​យេរូ​សាឡឹម​ និង​ដុត​បំផ្លាញ​ចោល។

៣លោក​បារូក​អាន​សេចក្តី ដែល​មាន​ចែង​ក្នុង​សៀវភៅ​នេះ​នៅ​ចំពោះ​ព្រះ​ភក្រ្ត​ព្រះ​បាទ​យ៉េកូនីយ៉ា​ ជា​បុត្រ​របស់​ព្រះ​បាទ​យ៉ូយ៉ាគីម ជា​ស្តេច​ស្រុក​យូដា​ និង​នៅ​ចំពោះ​មុខ​ប្រជា​ជន​ទាំង​មូល ដែល​មក​ស្តាប់។ ៤លោក​អាន​នៅ​ចំពោះ​មុខ​នាម៉ឺន​មន្រ្តី​រាជ​វង្សា​នុវង្ស​ព្រឹទ្ធា​ចារ្យ​ និង​ប្រជា​ជន​ទាំង​មូល គឺ​តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ ដែល​រស់​នៅ​ក្នុង​ស្រុក​បាប៊ី​ឡូន តាម​ដង​ទន្លេ​ស៊ូដា។ ៥ពួកគេ​នាំគ្នា​យំ​តម​អាហារ និង​ទូល​អង្វរ នៅ​ចំពោះ​ព្រះ​ភក្រ្ត​ព្រះ​អម្ចាស់។ ៦បន្ទាប់​មក​គេ​នាំ​គ្នា​រៃប្រាក់​តាម​ធន​ធាន​រៀង​ៗខ្លួន។ ៧ផ្ញើ​ជូន​លោក​បូជា​ចារ្យ​យ៉ូអាគីម ជា​កូន​របស់​លោក​ហែលគីយ៉ា ជា​ចៅ​របស់​លោក​សាឡូម ព្រម​ទាំង​ជូន​ក្រុម​បូជា​ចារ្យ និង​ប្រជា​ជន​ទាំង​មូល ដែល​រស់​នៅ​ក្រុង​យេរូ​សាឡឹម​ជា​មួយ​លោក។ ៨កាល​ពី​មុន គឺ​នៅ​ថ្ងៃ​ទីដប់​នៃ​ខែ​ជេស្ឋ​ លោក​បារូក​បាន​ប្រមូល​គ្រឿង​បរិក្ខារ នៃ​ព្រះ​ដំណាក់​របស់​ព្រះ​អម្ចាស់ ដែល​ខ្មាំង​បាន​រឹប​អូស​យក បញ្ជូន​មក​ស្រុក​យូដា​វិញ។ ព្រះ​បាទ​សេ​ដេ​ខ្យាស ជា​បុត្រ​របស់​ព្រះ​បាទ​យ៉ូស្យាស ជា​ស្តេច​ស្រុក​យូ​ដា បាន​បញ្ជា​ឲ្យ​ធ្វើ​គ្រឿង​បរិ​ក្ខារ​ទាំង​នោះ​ពី​ប្រាក់។ ៩ក្រោយ​ពី​ព្រះ​បាទ​នេប៊ូកានេសារ ជា​ស្តេច​ស្រុក​បាប៊ី​ឡូន​ កៀរ​ព្រះ​បាទ​យេខូនីយ៉ា​ពួក​មេ​ដឹកនាំ ពួក​ឈ្លើយ​ នា​ម៉ឺន​មន្ត្រី និង​ប្រជា​ជន​ក្នុង​ស្រុក ចេញ​ពី​ក្រុង​យេរូ​សា​ឡឹម ទៅ​កាន់​ស្រុក​បាប៊ី​ឡូន។

១០ពួកគេ​សរសេរ​លិខិត ផ្ញើ​ជូន​អ្នក​ក្រុង​យេរូ​សា​ឡឹម​ មាន​សេចក្តី​ដូច​ត​ទៅ៖ «យើង​សូម​បញ្ជូន​ប្រាក់​នេះ ដើម្បី​ឲ្យ​បងប្អូន​ទិញ​សត្វ​សំរាប់​ធ្វើ​ជា​តង្វាយ​ដុត​ទាំង​មូល​ និង​សំរាប់​ថ្វាយ​សក្ការ​បូជា​ដើម្បី​រំដោះ​បាប។ សូម​ទិញ​គ្រឿង​ក្រអូប​សូម​ថ្វាយ​តង្វាយ និង​សក្ការ​បូជា​នៅលើ​អាសនៈ​របស់​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​យើង​ផង។

១១ចូរ​ទូល​អង្វរ​ព្រះ​អង្គ សូម​ប្រទាន​ពរ​ដល់​ព្រះ​បាទ​នេប៊ូកានេសារ ជា​ស្តេច​ស្រុក​បាប៊ី​ឡូន និង​សម្តេច​បាល​តាសារ​ជា​រាជ​បុត្រ ឲ្យ​មាន​ព្រះ​ជន្មាយុ​យឺន​យូរ​រហូត​តរៀង​ទៅ។ ១២ដូច្នេះ​ព្រះ​អម្ចាស់​មុខ​ជា​ប្រទាន​កម្លាំង​និង អំណរ​ឲ្យ​ពួក​យើង យើង​នឹង​រស់​នៅ​ក្រោម​ម្លប់​ដ៏​ត្រជាក់​ត្រជុំ នៃ​ព្រះ​បាទ​នេប៊ូកា​នេសារ ជា​ស្តេច ស្រុក​បា​ប៊ី​ឡូន និង​សម្តេច​បាល​តាសារ ជា​រាជ​បុត្រ។ ពួក​យើង​នឹង​បំ​រើ​ក្សត្រ​ទាំង​ពីរ​អង្គ​នេះ​ជា​យូរ​ឆ្នាំ ហើយ​នឹង​បាន​គាប់​ព្រះ​ហប្ញ​ទ័យ​នៃ​ក្សត្រ​ទាំង​នោះ​ផង។ ១៣សូម​ទូល​អង្វរ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​យើង ឲ្យ​យើង​ទាំង​អស់​គ្នា ដ្បិត​ពួក​យើង​បាន​ប្រ​ព្រឹត្ត​អំពើ​បាប ខុស​នឹង​ព្រះ​ហប្ញ​ទ័យ​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​យើង។ ព្រះ​អង្គ​នៅ​តែ​ព្រះ​ពិ​រោធ​ក្រេវ​ក្រោធ ប្រ​ឆាំង​នឹង​ពួក​យើង​ជា​រៀង​រហូត។ ១៤សូម​អាន​សៀវ​ភៅ​ដែល​ពួក​យើង​ផ្ញើ​មក​នេះ​ដើម្បី​ធ្វើ​ពិធី​ទទួល​សារ​ភាព​អំ​ពើ​បាប ក្នុង​ព្រះ​ដំណាក់​របស់​ព្រះ​អម្ចាស់​នៅ​ថ្ងៃ​ដំ​បូង នៃ​បុណ្យ​បារាំ​តាម​ពេល​កំ​ណត់។

ពាក្យ​ទទួល​សារ​ភាព​អំ​ពើ​បាប
១៥សូម​បង​ប្អូន​ពោល​ដូចត​ទៅ៖ «បពិត្រ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​យើង​ខ្ញុំ! ព្រះ​អង្គ​ប្រកប​ដោយ​ព្រះ​ហប្ញទ័យ​សុចរិត រីឯ​យើង​ខ្ញុំ​វិញ យើងខ្ញុំ​ត្រូវ​អាម៉ាស់​ដូច​នៅ​ថ្ងៃ​នេះ គឺ​ទាំង​អ្នក​ស្រុក​យូដា ទាំង​អ្នក​ស្រុក​យេរូ​សា​ឡឹម ១៦ទាំង​ស្តេច​របស់​យើង​ខ្ញុំ​ ទាំង​មេ​ដឹកនាំ ទាំង​បូជា​ចារ្យ ទាំង​ព្យា​ការី ទាំង​ដូនតា ត្រូវ​អាម៉ាស់​មុខ​គ្រប់​គ្នា​។ ១៧ព្រោះយើងខ្ញុំ​បាន​ប្រព្រឹត្ត​អំ​ពើ​បាប ទាស់​នឹង​ព្រះ​ហប្ញ​ទ័យ​ព្រះ​អម្ចាស់។ ១៨យើង​ខ្ញុំ​មិន​ស្មោះ​ត្រង់​នឹង​ព្រះ​អង្គ​ហើយ​មិន​បាន​ស្តាប់​ព្រះ​សូរ​សៀង​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ ដែល​ប្រៀន​ប្រដៅ​យើង​ខ្ញុំ ឲ្យ​ដើរ​តាម​ព្រះ​បញ្ជា ដូច​ព្រះ​អង្គ​បាន​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ស្គាល់​នោះ​ទេ។ ១៩តាំង​ពី​ថ្ងៃ​ដែល​ព្រះ​អម្ចាស់​នាំ​ដូនតា​យើង​ខ្ញុំ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​រហូត​មក​ដល់​សព្វ​ថ្ងៃ យើង​ខ្ញុំ​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​យើងខ្ញុំ​ឡើយ។ យើង​ខ្ញុំបាន​ធ្វេស​ប្រហែស មិន​ព្រម​ស្តាប់​ព្រះ​សូរ​សៀង​របស់​ព្រះ​អង្គ។ ២០ហេតុ​នេះ​ហើយ​បាន​ជា​យើងខ្ញុំ​ជួប​គ្រោះ​អាសន្ន​ជាប់​រហូត ដូច​គេ​ឃើញ​សព្វ​ថ្ងៃ​នេះ។ យើង​ខ្ញុំ​ត្រូវ​បណ្តា​សា​ដូច​លោក​ម៉ូសេ​ជា​អ្នក​បំ​រើ​របស់​ព្រះ​អង្គ បាន​ថ្លែង​ក្នុង​នាម​ព្រះ​អង្គ នៅ​ថ្ងៃ​ដែល​ព្រះ​អង្គ​នាំ​ដូនតា​របស់​យើងខ្ញុំ​ ចេញ​ពី​ស្រុក​អេស៊ីប​មក​ ដើម្បី​ប្រទាន​ស្រុក​ដ៏​សប្បូណ៌​សប្បាយ​ឲ្យ​យើង​ខ្ញុំ។ ២១យើងខ្ញុំ​មិន​ស្តាប់​ព្រះ​សូរ​សៀង​របស់​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ​ ទ្រង់​មាន​ព្រះ​បន្ទូល​តាម​រយៈ​ព្យាការី ដែល​ព្រះ​អង្គ​បាន​ចាត់​មក​រក​យើងខ្ញុំ។ ២២យើង​ខ្ញុំ​ម្នាក់​ៗបាន​បណ្តោយ​តាម​ចិត្ត​គំនិត​អា​ក្រក់​របស់​ខ្លួន បែរ​ទៅ​បំរើ​ព្រះ​ដទៃ និង​ប្រព្រឹត្ត​អំពើ​អា​ក្រក់​ដែល​មិន​គាប់​ព្រះ​ហប្ញ​ទ័យ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​យើង​ខ្ញុំ។

​ជំពូកទី ២

១ដូច្នេះ ព្រះ​អម្ចាស់​បាន​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល​ប្រឆាំង​នឹង​យើងខ្ញុំ ប្រឆាំង​នឹង​វីរ​បុរស​ដែល​គ្រប់​គ្រង​ប្រជា​ជន​អ៊ី​ស្រា​អែល ប្រឆាំង​នឹង​ស្តេច មេដឹកនាំ ព្រម​ទាំង​ប្រជា​ជន​នែ​ស្រុក​អ៊ីស្រា​អែល និង​ស្រុក​យូ​ដា។ ២គ្មាន​គ្រោះ​កាច​ណា​នៅ​លើ​ផែន​ដី ដូច​គ្រោះ​កាច​ដែល​កើត​ឡើង​នៅ​ក្រុង​យេរូ​សា​ឡឹម ស្រប​តាម​សេចក្តី​ដែល​មាន​ចែង​ក្នុង​គម្ពីរ​វិន័យ​របស់​លោក​ម៉ូ​សេ​ទេ។

៣នៅ​គ្រា​នោះ យើង​ម្នាក់​ៗបាន​បរិភោគ​សាច់​របស់​កូន​ខ្លួន គឺម្នាក់​បាន​បរិភោគ​សាច់​របស់​កូន​ប្រុស ម្នាក់​ទៀត​បាន​បរិភោគ​សាច់​របស់​កូន​ស្រី។ ៤ព្រះ​អម្ចាស់​បាន​បញ្ជូន​យើង​ខ្ញុំ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ជាតិ​សាសន៍​ទាំង​ឡាយ ដែល​រស់​នៅ​ជុំ​វិញ​យើង​ខ្ញុំ​ដើម្បី​ឲ្យ​ពួក​គេ​មើល​ងាយ និង​បំភ័យ​យើង​ខ្ញុំ​នៅ​ក្នុង​ចំ​ណោម​ជាតិ​សាសន៍ ដែល​ព្រះ​អង្គ​បាន​កំចាត់​កំចាយ​ឲ្យ​យើង​ខ្ញុំ​ទៅ​រស់​នៅ។ ៥យើង​ខ្ញុំ​មិន​បាន​ទទួល​ជោគ​ជ័យ​​ទេ គឺ​បរាជ័យ​ទៅ​វិញ​ព្រោះ​ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ​ហប្ញទ័យ​នៃ​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ ដោយ​មិន​ព្រម​ស្តាប់​ព្រះ​សូរ​សៀង​ព្រះ​អង្គ។ ៦បពិត្រ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​យើង​ខ្ញុំ! ព្រះ​អង្គ​មាន​ព្រះ​ហឫទ័យ​សុចរិត​ រីឯ​យើង​ខ្ញុំ និង​ដូន​តា​របស់​យើង​ខ្ញុំ​វិញ ត្រូវ​អាម៉ាស់​ដូច​នៅ​ថ្ងៃ​នេះ។ ៧យើង​ខ្ញុំ​ជួប​ប្រទះ​គ្រោះ​កាច​ទាំង​នេះ​ស្រប​តាម​ព្រះ​បន្ទូល​ដែល​ព្រះ​អង្គ​ព្រមាន​យើង​ខ្ញុំ​មែន។ ៨យើង​ខ្ញុំ​ពុំ​បាន​ទូល​អង្វរ​ព្រះ​អម្ចាស់ សូម​បង្វែរ​ចិត្ត​គំនិត​យើង​ខ្ញុំ​ម្នាក់ៗ ឲ្យ​លះ​បង់​គំនិត​អាក្រក់​ចោល​ទេ!។ ៩ហេតុ​នេះ​ហើយ បាន​ជា​ព្រះ​អង្គ​ធ្វើ​ឲ្យ​គ្រោះ​កាច​ទាំង​នេះ ធ្លាក់​មក​លើ​យើង​ខ្ញុំ​ ដ្បិត​សេចក្តី​ដែល​ព្រះ​អម្ចាស់​បញ្ជា​ឲ្យ​យើង​ខ្ញុំ​ប្រ​ព្រឹត្ត​ សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់។ ១០ប៉ុន្តែ​យើង​ខ្ញុំ​មិន​ព្រម​ស្តាប់​ព្រះ​អម្ចាស់ញ្ជា ឲ្យ​យើង​ខ្ញុំ​ដើរ​តាម​វិន័យ​ដែល​ព្រះ​អង្គ​ដាក់​នៅ​មុខ​យើង​ខ្ញុំ​ទេ។

ពាក្យអង្វរ
១១បពិត្រ​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា​អែល! កាល​ពី​ដើម ព្រះ​អង្គ​បាន​នាំ​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​សំ​ដែង​ឫទ្ធិ​បារមី​ដ៏​ខ្លាំង​ក្លា សំ​ដែង​ទី​សំ​គាល់​និងបាដិ​ហារិយ៍​ផ្សេងៗ។ ព្រះ​អង្គ​ប្រើ​ឫទ្ធា​នុភាព​ដ៏​អស្ចារ្យ និង​លាត​ព្រះ​ហស្ត​របស់ ព្រះ​អង្គ​ទៀត​ផង! ព្រះ​អង្គ​បាន​សំ​ដែង​បារមី​ឲ្យ​មនុស្ស​លោក​ស្គាល់ ព្រះ​នាម​ព្រះ​អង្គ ដូច​គេ​ឃើញ​សព្វ​ថ្ងៃ​នេះ​ស្រាប់។

១២បពិត្រ​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ! ឥឡូវ​នេះ​យើង​ខ្ញុំ​ទទួល​សារ​ភាព​ថា យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដូច​មនុស្ស​ទមិឡ។ យើង​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ទាស់​នឹង​បញ្ជា​របស់​ព្រះ​អង្គ​មែន!។ ១៣សូម​ព្រះ​អង្គ​ឈប់ ព្រះ​ពិរោធ​នឹង​យើង​ខ្ញុំ​ទៅ! ដ្បិត​យើង​ខ្ញុំ​នៅ​សល់​ចំនួន​តិច​តួច​ណាស់ ដោយ​សារ​ព្រះ​អង្គ​កំចាត់​កំចាយ​ឲ្យ ទៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ឡាយ។ ១៤ឳ!​ព្រះ​អម្ចាស់​អើយ! សូម​ព្រះ​អង្គ​ទ្រង់​ព្រះ​សណ្តាប់​ពាក្យ​អង្វរ​របស់​យើង​ខ្ញុំ​ផង!។ សូម​ព្រះ​អង្គ​ឈ្វេង​យល់ ដល់​ព្រះ​នាម​របស់​ព្រះ​អង្គ ហើយ​សូម​ប្រណី​សន្តោស​យើង​ខ្ញុំ នៅ​ចំពោះ​មុខ​អស់​អ្នក​ដែល​បាន​កៀរ​យើង​ខ្ញុំ។ ១៥ដើម្បី​ឲ្យ​មនុស្ស​លោក​ទាំង​អស់​នៅ​លើ​ផែន​ដី​ដឹង​ថា ព្រះ​អង្គ​ពិត​ជា​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ ដ្បិត​ព្រះ​អង្គ​បាន​ជ្រើស​រើស​ជន​ជាតិ​អ៊ី​ស្រា​អែល ទុក​ជា​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ​ផ្ទាល់​។ ១៦ឳ! ព្រះ​អម្ចាស់​អើយ! សូម​ព្រះ​អង្គ​ទត​មើល​ពី​ដំ​ណាក់​ដ៏​វិសុទ្ធ របស់​ព្រះ​អង្គ! នឹក​គិត​ដល់​យើង​ខ្ញុំ​ផង!។ ឳ​ព្រះ​អម្ចាស់​អើយ! សូម​ផ្ទៀង​ព្រះ​កាណ៌ ហើយ​ព្រះ​សណ្តាប់​ផង!។

១៧សូម​បើក​ព្រះ​នេត្រ​ហើយ​ទត​មើល! សូម​ព្រះ​អង្គ​ឈ្វេង​យល់​ហើយ​នឹក​ថា មនុស្ស​ស្លាប់​មិន​អាច​លើក​តម្កើង​សិរី​រុង​រឿង និង​សេចក្តី​សុចរិត​របស់​ព្រះ​អង្គ​បាន​ឡើយ!។ ១៨បពិត្រ​ព្រះ​អម្ចាស់! មាន​តែ​អ្នក​កើត​ទុក្ខ​វេទនា​សែន​ខ្លោច​ផ្សារ អ្នក​ទន់​ខ្សោយ​ ដែល​ដើរ​អោន​ត្រុនៗ ព្រម​ទាំង​អ្នក​គ្មាន​ទី​ពឹង​ និង​ អ្នក​ស្រេក​ឃ្លាន ទើប​អាច​លើក​តម្កើង​សិរី​រុងរឿង​ និង​ សេចក្តី​សុចរិត​របស់​ព្រះ​អង្គ​បាន។

១៩ពិត្រ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​មក​ទូល​អង្វរ​ព្រះ​អង្គ ដោយ​មិន​សំអាង​លើ​អំពើ​សុចរិត​របស់​ដូនតា ឬ​របស់​ស្តេច​យើង​ខ្ញុំ​ឡើយ។
២០ដ្បិត​ព្រះ​អង្គ​ទ្រង់​ជះ​ព្រះ​ពិរោធ​ដ៏​ខ្លាំង​ក្លា មក​លើ​យើង​ខ្ញុំ​យ៉ាង​នេះ ស្រប​តាម​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​ថ្លែង​តាម​រយៈ​ព្យាការី​ជា​អ្នក​បំរើ​របស់​ព្រះ​អង្គ​ថា៖ ២១«ព្រះ​អម្ចាស់​មាន​ព្រះ​បន្ទូល​ដូច​តទៅ ចូរ​ដាក់​ខ្លួន​បំរើ​ព្រះ​មហាក្សត្​ស្រុក​បាប៊ី​ឡូន នោះ​អ្នក​រាល់​គ្នា​អាច​រស់​នៅ​លើ​ទឹក​ដី ដែល​យើង​បាន​ប្រ​គល់​ឲ្យ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា។ ២២ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​ព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់​ ដែល​បញ្ជា​ឲ្យ​បំរើ​ព្រះ​មហាក្សត្រ ស្រុក​បាប៊ី​ឡូន​ទេ​ ២៣យើង​នឹង​លែង​ឲ្យ​មាន​ឮ​សូរ​ស័ព្ទ​សំឡេង ដ៏​សប្បាយ បទ​ចំរៀង​សំរាប់​ធិពី​បុណ្យ និង​ការ​សាសង រវាង​គូស្វាមី​ភរិយា ក្នុង​ក្រុង​នានា​នៃ​ស្រុក​យូដា និង​ក្រុង​យេរូ​សាឡឹម ហើយ​ស្រុក​ទាំង​មូល​ នឹង​ត្រូវ​អន្តរាយ​ស្ងាត់​ជ្រងំ គ្មាន​មនុស្ស​រស់​នៅ​ទៀត​ទេ។

២៤ប៉ុន្តែ យើង​ខ្ញុំ​មិន​បាន​ស្តាប់​ព្រះ​សូរ​សៀង​ព្រះ​អង្គ ដែល​បញ្ជា​ឲ្យ​យើង​ខ្ញុំ​បំរើ​ព្រះ​មហា​ក្សត្រ​ស្រុក​បាប៊ី​ឡូន។ ហេតុ​នេះ ព្រះ​អង្គ​ប្រព្រឹត្ត​តាម​សេចក្តី​ដែល​ព្រះ​អង្គ​ថ្លែង​តាម​រយៈ​ព្យាការី ជា​អ្នក​បំរើ​របស់​ព្រះ​អង្គ​ថា គេ​នឹង​យក​ធាតុ​របស់​ស្តេច និង​ធាតុ​ដូនតា​យើង​ខ្ញុំ​ចេញ​ពីផ្នូរ។ ២៥ស្តេច​និង​ដូនតា​យើងខ្ញុំ​ បាត់​បង់​ជីវិត​យ៉ាង សែន​ខ្លោច​ផ្សា រងទុក្ខ​វេទនា​បំផុត ដោយ​ស្រេក​ឃ្លាន ដោយ​ត្រូវ​មុខ​ដាវ និង​ ដោយ​ខ្មាំង​កៀរ​យក​ទៅ។ ឥឡូវ​នេះ ធាតុ​របស់​អស់​លោក ត្រូវ​នៅ​ហាល​ថ្ងៃ និង​ហាល​សន្សើម នៅ​ពេល​យប់​ថែម​ទៀត​ផង។ ២៦ព្រះអង្គ​ធ្វើ​ឲ្យ​ព្រះ​ដំណាក់​ដែល​ព្រះ​អង្គ​បាន​ជ្រើស​រើស ទុក​ជា​ទីលំ​នៅ​របស់​ព្រះ​អង្គ​ត្រូវ​ហិន​ហោច ដូចគេ​ឃើញ​សព្វ​ថ្ងៃ​នេះ​ស្រាប់ ព្រោះ​តែ​អំពើ​អាក្រក់​របស់​ប្រជា​រាស្រ្ត​អ៊ីស្រា​អែល និង​ជន​ជាតិ​យូដា។ ២៧បពិត្រ​ព្រះ​អម្ចាស់! ព្រះ​អង្គ​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ ត្រឹម​ត្រូវ​តាម​យុត្តិ​ធម៌ និង​តាម​ព្រះ​ហឫទ័យ​អាណិត​អាសូរ​ដ៏​លើស​លប់​របស់​ព្រះ​អង្គ ២៨ស្រប​តាម​សេចក្តី​ដែល​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​តាម​រយៈ​លោក​ម៉ូ​សេ ជា​អ្នក​បំរើ​របស់​ព្រះ​អង្គ នៅ​ថ្ងៃ​ដែល​ព្រះ​អង្គ​បញ្ជា​ឲ្យ​លោក​ចារឹក​ធម្ម​វិន័យ​របស់​ព្រះ​អង្គ នៅ​ចំពោះ​មុខ​ប្រជា​ជន​ អ៊ីស្រា​អែល។ ពេល​នោះ​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា៖ ២៩ប្រសិន​បើ អ្នក​រាល់​គ្នា​មិន​ស្តាប់​ពាក្យ​របស់​យើង​ មហា​ជន​ដ៏​ច្រើន​ឥត​គណនា​នេះ នឹង​ក្លាយ​ទៅ​ជា​មនុស្ស​មួយ​ក្រុម​តូច​ ក្នុង​ចំ​ណោម​ប្រជា​ជាតិ​ទាំង​ឡាយ ជា​កន្លែង​ដែល​យើង​កំចាត់​កំចាយ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​រស់​នៅ។ ៣០យើង​ដឹង​ថា ពួក​គេ​មិន​ស្តាប់​យើង​ទេ ព្រោះ​ពួក​គេ​ជា​មនុស្ស​ចចេស។ ប៉ុន្តែ​ពេល​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក ​ដែល​ខ្មាំង​កៀរ​យក​ទៅ​នោះ​ ពួក​គេ​នឹង​ភ្ញាក់​ស្មារតី។ ៣១ពួក​គេ​នឹង​ទទួល​ស្គាល់​ថា​ យើង​ជា​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ។ យើង​នឹង​ឲ្យ​ពួក​គេ​មាន​ចិត្ត និង​មាន​ត្រចៀក អាច​ស្តាប់​បាន។ ៣២នៅ​លើ​ទឹក​ដី​ដែល​ខ្មាំង​កៀរ ពួក​គេ​ទៅ​នោះ ពួក​គេ​នឹង​លើក​តម្កើង​យើង​ ហើយ​នឹក​ដល់​នាម​របស់​យើង។ ៣៣ពួក​គេ​លែង​មាន​ចិត្ត​រឹង​រួស និង​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ដ្បិត​ពួក​គេ​នឹក​ឃើញ​ហេតុ​ការណ៍ ដែល​កើត​មាន​ចំពោះ​ដូន​តា​របស់​ពួក​គេ​ ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​ ទាស់​នឹង​ព្រះ​ហប្ញ​ទ័យ​ព្រះ​អម្ចាស់​។ ៣៤យើង​នឹង​នាំ​ពួក​គេ​ឲ្យ​វិល​ត្រឡប់​មក​ទឹក​ដី​ដែល​យើង​បាន​សន្យា​ថា នឹង​ប្រគល់​ឲ្យ​អប្រា​ហាំ អ៊ីសាក​ និង​យ៉ាកុប ជា​បុព្វ​បុរស​របស់​ពួក​គេ។ ពួក​គេ​នឹង​ត្រួត​ត្រា​ទឹក​ដី​នោះ។ យើង​នឹង​ធ្វើ​ឲ្យ​ ចំនួន​ពួក​គេ​ កើន​ឡើង។ មែន! គឺ​ឲ្យ​មាន​ចំនួន​ច្រើន​ឡើង! មិន​អន់​ថយ​ឡើយ។ ៣៥យើង​នឹង​ចង​សម្ពន្ធ​មេត្រី​អស់​កល្ប​ជានិច្ច​ជាមួយ​ពួក​គេ ដើម្បី​ឲ្យ​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ ហើយ​ពួក​គេ​ធ្វើ​ជា​ប្រជា​រាស្រ្ត​របស់​យើង​។ យើង​មិន​បណ្តោយ​ប្រជា​ជន​អ៊ីស្រា​អែល ឲ្យ​ចេញ​ពី​ស្រុក ដែល​យើង​បាន​ប្រគល់​ឲ្យ​ពួក​គេ​ទៀត​ឡើយ។

​ជំពូកទី ៣

១បពិត្រ​ព្រះ​អម្ចាស់ ដ៏​មាន​ឫទ្ធា​នុភាព​សព្វ​ប្រការ! ព្រះ​អង្គ​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា​អែល! យើង​ខ្ញុំ​តប់​ប្រមល់ និង​រងទុក្ខ​វេទនា​យ៉ាង​ខ្លាំង​យើង​ខ្ញុំ​ស្រែក​អង្វរ​ព្រះ​អង្គ។ ២ឳ​ព្រះ​អម្ចាស់​អើយ! សូម​ព្រះ​សណ្តាប់​ និង​អាណិត​អាសូរ​យើង​ខ្ញុំ​ផង! ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ​ហប្ញ​ទ័យ​របស់​ព្រះ​អង្គ។ ៣ព្រះ​អង្គ​មាន​ព្រះ​ជន្ម​គង់​នៅ​អស់​កល្ប​ជានិច្ច រីឯ​យើងខ្ញុំ​វិញ ត្រូវ​តែ​ស្លាប់​អស់​កល្ប​ជានិច្ច​ដែរ។ ៤ឳ​ព្រះ​អម្ចាស់​ដ៏​មាន​ឫទ្ធា​នុភាព​សព្វ​ប្រការ​! ឳ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា​អែល​អើយ​! សូម​ព្រះ​សណ្តាប់​ពាក្យ​អង្វរ​របស់​យើង​ខ្ញុំ​ ដែល​ប្រៀប​ដូច​ជា​មនុស្ស​ស្លាប់។ យើង​ខ្ញុំ​ជា​កូន​ជា​ចៅ​របស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ​ហឫ​ទ័យ​របស់​ព្រះ​អង្គ។ ពួក​គេ​មិន​ព្រម​ស្តាប់​ព្រះ​សូរ​សៀង​របស់​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ​ទេ។ ហេតុ​នេះ​ហើយ បាន​យើង​ខ្ញុំ​ជួប​ប្រទះ​នឹង​គ្រោះ​កាច​ជានិច្ច។ ៥សូម​ព្រះ​អង្គ​កុំ​នឹក​ចាំ​ពី​អំពើ​ទុច្ច​រិត នៃ​ដូន​តា​របស់​យើង​ខ្ញុំ​ឡើយ! សូម​នឹក​គិត​តែ​ពី​ឫទ្ធិ​បារមី​ និង ពី​ព្រះ​នាម​ព្រះ​អង្គ​ប៉ុណ្ណោះ។ ៦ដ្បិត​ព្រះ​អង្គ​ពិត​ជា​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ!។ ដូច្នេះ យើង​ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ​អង្គ។ ៧ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​កោត​ខ្លាច​ព្រះ​អង្គ ដើម្បី​ឲ្យ​យើង​ខ្ញុំ​អង្វរ​រក​ព្រះ​នាម​ព្រះ​អង្គ។ នៅ​លើ​ទឹក​ដី​ដែល​ខ្មាំង​សត្រូវ​កៀរ​នោះ​យើង​ខ្ញុំ នឹង​សរសើរ​តម្កើង​ព្រះ​អង្គ ព្រោះ​យើង​ខ្ញុំ​បែរ​ចិត្ត​ចេញ​ពី​អំពើ​អាក្រក់ ដែល​ដូន​តា​របស់​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត ទាស់​នឹង​ព្រះ​ហប្ញ​ទ័យ​ព្រះ​អង្គ​ ៨ឥឡូវ​នេះ យើង​ខ្ញុំ​ឃ្លាត​ឆ្ងាយ​ពី​ស្រុក​ទេស​មក​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ឡាយ ដែល​ព្រះ​អង្គ​កំចាត់​យើង​ខ្ញុំ​ឲ្យ​ទៅ។ ពួក​គេ​ជេរ​ប្រមាថ និង​ ប្រទេច​ផ្តាសា ដើម្បី​ឲ្យ​យើង​ខ្ញុំ​កែ​ប្រែ​ចិត្ត​គំនិត។ ព្រះ​អង្គ​បាន​ដាក់​ទោស​យើង​ខ្ញុំ​ដូច្នេះ មក​ពី​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ដូន​តា​របស់​យើង​ខ្ញុំ ដែល​បាន​ឃ្លាត​ចាក​ពី​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ។

ការនឹកសញ្ជឹងអំពីព្រះប្រាជ្ញាញាណ
៩ជន​ជាតិ​អ៊ីស្រា​អែល​អើយ! ចូរ​ស្តាប់​វិន័យ​ដែល​ផ្តល់​ជីវិត! ចូរ​ផ្ទៀង​ត្រចៀក​ត្រង​ត្រាប់​ស្តាប់​ដើម្បី​រិះគិត​ពី​ចារ​ណា។ ១០ជន​ជាតិ​អ៊ីស្រា​អែល​អើយ! តើ​មាន​រឿង​អ្វី? ហេតុ​អ្វី​បាន​ជា អ្នក​រស់​នៅ​ក្នុង​ស្រុក​របស់​ខ្មាំង​សត្រូវ​ដូច្នេះ? ហេតុអ្វី​បាន​ជា​អ្នក កាន់​តែ​ចាស់​ទៅៗ នៅ​លើ​ទឹក​ដី​ជន​បរទេស​ដូច្នេះ? ១១ហេតុអ្វី បាន​ជា​អ្នក​ជាប់​សៅ​ហ្មង​ដោយ​រស់​នៅ​ជាមួយ​មនុស្ស​ស្លាប់​ដូច្នេះ? ហេតុអ្វី​បាន​ជា​ឈ្មោះ​របស់​អ្នក​មាន​នៅ​ក្នុង​បញ្ជី​មច្ចុ​រាជ? ១២អ្នក​ជួប​ហេតុ​ការណ៍​នេះ មក​ពី​អ្នក​បោះ​បង់​ប្រភព​នៃ​ព្រះ​ប្រាជ្ញា​ញាណ​ចោល។ ១៣ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​ព្រះ​ជា​ម្ចាស់ អ្នក​នឹង​រស់​នៅ​ដោយ​សេចក្តី​សុខ​សាន្ត​ជា​រៀង​រហូត។ ១៤ចូរ​ស្វែង​យល់​ឲ្យ​ដឹង​ថា​ តើ​ការ​ត្រិះ​រិះ​ពិចា​រណា កម្លាំង និង​ចំណេះ​ដឹង​បាន​មក​ពី​ណា? អ្នក​មុខ​ជា​ដឹង​ថា ជីវិត និង​អាយុ​វែង ពន្លឺ​ភ្នែក​ភ្លឺ​ថ្លា​ និង សេចក្តី​សុខ​សាន្ត​កើត​ពី​ប្រភព​នោះ​ដែរ។

គ្មាន​នរណា​អាច​យល់​ព្រះ​ប្រាជ្ញា​ញាណ​បាន​
១៥តើ​នរណា​រក​ព្រះ​ដំណាក់ នៃ​ព្រះ​ប្រាជ្ញា​ញាណ​ឃើញ? តើ​នរណា​យល់​តម្លៃ​ដ៏​ថ្លៃ​ថ្លា​របស់​ព្រះ​ប្រាជ្ញា​ញាណ? ១៦តើ​ពួក​មេ​ដឹក​នាំ​ប្រជា​ជាតិ​នានា​នៅ​ឯណា? តើ​អ្នក​បង្រ្កាប​សត្វ​តិរច្ឆាន​នៅ​ឯណា​ដែរ? ១៧តើ​អ្នក​ដែល​ចេះ​ផ្សាំង​បក្សា​បក្សី នៅ​ឯណា​?តើ​អ្នក​ដែល​ប្រមូល​មាស​ប្រាក់​ជា​ច្រើន​អនេក ហើយ​អាង​លើ​ធន​ធាន​របស់​ខ្លួន​នៅ​ឯណា?
១៨តើ​ជាង​ទង​ដែល​ខំ​ញ្ចេញ​ស្នា​ដៃ ហួស​ពី​ការ​ស្មាន​នៅ​ឯណា?។ ១៩ពួក​គេ​ត្រូវ​វិនាស​សាប​សូន្យ​ គេ​បាត់​បង់​ជីវិត​ហើយ មាន​អ្នក​ផ្សេង​មក​ធ្វើ​ការ​ជំនួស​វិញ។ ២០ក្រោយ​ពួក​គេ​មាន​អ្នក​ផ្សេង​ទៀត​កើត​មក ហើយ​រស់​នៅ​លើ​ផែន​ដី​នេះ ប៉ុន្តែ​ពួក​គេ​ក៏​មិន​ស្គាល់​ផ្លូវ ឆ្ពោះ​ទៅ​កាន់​ព្រះ​ប្រាជ្ញា​ញាណ​ដែរ។ ២១ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ស្វែង​រក​ព្រះ​ប្រាជ្ញា​ញាណ​ ហើយ​មិន​រវល់​នឹង​ព្រះ​អង្គ​ទៀត។ រីឯ​កូន​ចៅ​របស់​ពួក​គេ​ក៏​ដើរ​តាម​ផ្លូវ​ផ្សេង​ពី​ឪពុក​ដែរ។ ២២គ្មាន​នរណា​តំណាល​ពី​ព្រះ​ប្រាជ្ញា​ញាណ​នៅ​ស្រុក​កា​ណាន គ្មាន​នរណា​ឃើញ​ព្រះ​ប្រាជ្ញា​ញាណ នៅ​ស្រុក​តេម៉ន​ទៀត​ដែរ។ ២៣សូម្បី​តែ​កូន​ចៅ​របស់​នាង​ហាការ​ ដែល​តែង​តែ​ស្វែង​រក​ចំណេះ​ដឹង​នៅ​លើ​ផែន​ដី ឈ្មួញ​នៅ​ស្រុក​ម៉េរ៉ន និង​ស្រុក​តេម៉ន អ្នក​តែង​និទាន​រឿង​ព្រេង ឬ​ទស្សន​វិទូ​ ក៏​មិន​បាន​ស្គាល់​ផ្លូវ​ទៅ​កាន់​ព្រះ​ប្រាជ្ញា​ញាណ ហើយ​ក៏​មិន​ចាំ​ផ្លូវ​ទៅ​រក​ព្រះ​អង្គ​ដែរ។ ២៤ប្រជា​ជន​អ៊ីស្រា​អែល​អើយ! ពិភព​លោក​ដែល​ជា​ដំណាក់​ផ្ទាល់​របស់​ព្រះ​ជា​ម្ចាស់ ធំ​ទូលាយ​ណាស់​ ទឹក​ដី​របស់​ព្រះ​អង្គ​ ក៏​ធំ​ទូលាយ​ដែរ! ២៥ពិភព​លោក​ធំ​ធេង​ គ្មាន​ពំ្រ​ដែន​ ខ្ពស់​ណាស់​ គ្មាន​នរណា​វាស់​បាន​ទេ។ ២៦មនុស្ស​មាឌ​ធំ​ៗ ហើយ​មាន​ឈ្មោះ​ល្បី​នៅ​គ្រា​ដំបូង បាន​កើត​នៅ​ទី​នោះ ពួក​គេ​មាន​មាឌ​ធំ​សម្បើម និង​ស្ទាត់​ជំ​នាញ​ធ្វើ​សង្រ្គាម ២៧ ប៉ុន្តែ​ព្រះ​ជា​ម្ចាស់​មិន​បាន​ជ្រើស​រើស​ពួក​គេ​ទេ ព្រះ​អង្គ​ក៏​មិន​បាន​បង្ហាញ​មាគ៌ា​នៃ​ព្រះ​ប្រាជ្ញា​ញាណ ឲ្យ​ពួក​គេ​ស្គាល់​ដែរ។ ២៨ពួក​គេ​ត្រូវ​បាត់​បង់​ជីវិត ព្រោះ​គេ​គ្មាន​សុភ​និច្ឆ័យ មិន​ចេះ​រិះ​គិត​ពិចា​រណា។ ២៩តើ​នរណា​បាន​ឡើង​ទៅ​លើ​មេឃ ដើម្បី​ទៅ​ចាប់​យក​ព្រះ​ប្រាជ្ញា​ញាណ​នាំ​ចុះ​ពី​ពពក​មក? ៣០តើ​នរណា​ឆ្លង​ទៅ​ត្រើយ​ម្ខាង​នៃ​សមុទ្រ រក​ឃើញ​ព្រះ​ប្រាជ្ញា​ញាណ​ ហើយ​នាំ​យក​មក ដោយ​ដូរ​នឹង​មាស​យ៉ាង​សន្ធឹក​សន្ធាប់? ៣១គ្មាន​នរណា​ស្គាល់​ផ្លូវ​ទៅ​កាន់​ព្រះ​ប្រាជ្ញា​ញាណ​ ហើយ​ក៏​គ្មាន​នរណា​ប៉ង​ប្រាថ្នា​ដើរ​តាម​មាគ៌ា​របស់​ព្រះ​ប្រាជ្ញា​ញាណ​ដែរ។

ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ព្រះ​ប្រាជ្ញា​ញាណ​ឲ្យ​ជន​ជាតិ​អ៊ីស្រា​អែល​
៣២ប៉ុន្តែ​ព្រះ​ជា​ម្ចាស់ ដែល​ជ្រាប​អ្វីៗសព្វ​គ្រប់​ទាំង​អស់ ព្រះ​អង្គ​ស្គាល់​ច្បាស់​ព្រះ​ប្រាជ្ញា​ញាណ។ ព្រះ​អង្គ​រក​ព្រះ​ប្រាជ្ញា​ញាណ​ឃើញ ដោយ​សារ​ព្រះ​តំរិះ​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​រៀប​ចំ​ផែន​ដី​ឲ្យ​ស្ថិត​នៅ​អស់​កល្ប​ជា​និច្ច រួច​ព្រះ​អង្គ​បង្កើត​សត្វ​ចតុ​ប្បាទ​ឲ្យ​នៅ​ពាស​ពេញ។ ៣៣ព្រះ​អង្គ​ចាត់​ពន្លឺ​ទៅ ពន្លឺ​ក៏​ចេញ​ដំណើរ​ទៅ។ ព្រះ​អង្គ​ហៅ​ពន្លឺ​មក​វិញ​ ពន្លឺ​ក៏​មក​វិញ​ទាំង​ញ័រ​រន្ធត់។ ៣៤ផ្កាយ​បញ្ចេញ​រស្មី​នៅ​កន្លែង​ប្រចាំ​ការ ដោយ​អំណរ​សប្បាយ។

៣៥ព្រះ​អង្គ​ហៅ​ផ្កាយ ហើយ​ផ្កាយ​ក៏​ទូល​ឆ្លើយ​ថា៖ «ក្រាប​ទូល​ព្រះ​ជា​ម្ចាស់!»។ ផ្កាយ​បញ្ចេញ​រស្មី​ដោយ​អំណរ​សប្បាយ ថ្វាយ​ព្រះ​ដែល​បាន​បង្កើត​ពួកវា។ ៣៦ព្រះ​អង្គ​ពិត​ជា​ព្រះ​នៃ​យើង​កុំ​ពឹង​ផ្អែក លើ​ព្រះ​ឯណា​ផ្សេង​ក្រៅ​ពី​ព្រះ​អង្គ​ឡើយ។ ៣៧ព្រះ​អង្គ​រក​ឃើញ​មាគ៌ា​ឆ្ពោះ​ទៅ​កាន់​ព្រះ​ប្រាជ្ញា​ញាណ ព្រះ​អង្គ​បាន​បង្ហាញ​មាគ៌ា​នោះ ឲ្យ​លោក​យ៉ាកុប​ជា​អ្នក​បំរើ​របស់​ព្រះ​អង្គ និង​ជន​ជាតិ​អ៊ីស្រា​អែល ដ៏​ជាទី​ស្រឡាញ់​របស់​ព្រះ​អង្គ​ស្គាល់​ដែរ ៣៨តាំង​ពី​ពេល​នោះ​មក គេ​ឃើញ​ព្រះ​ប្រាជ្ញា​ញាណ​នៅ​លើ​ផែន​ដី​ ហើយ​ព្រះ​អង្គ​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​លោក។

​ជំពូកទី ៤

១ព្រះ​ប្រាជ្ញា​ញាណ ជា​គម្ពីរ​ដែល​មាន​ចែង​ពី​ព្រះ​បញ្ជា​របស់​ព្រះ​ជា​ម្ចាស់ ជា​ធម្ម​វិន័យ​ដែល​ស្ថិត​ស្ថេរ​អស់​កល្ប​ជា​និច្ច។ អស់​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ប្រាជ្ញា​ញាណ ពិត​ជា​ទៅ​កាន់​ជីវិត រីឯ​អស់​អ្នក ដែល​បោះ​បង់​ចោល​ព្រះ​ប្រាជ្ញា​ញាណ មុខ​ជា​បាត់​បង់​ជីវិត​ពុំ​ខាន។

២កូន​ចៅ​លោក​យ៉ាកុប​អើយ! ចូរ​វិល​ត្រឡប់​មក​វិញ! កាន់​ព្រះ​ប្រាជ្ញា​ញាណ​ឲ្យ​ជាប់!។ ចូរ​ដើរ​ឆ្ពោះ​ទៅ​រក​ពន្លឺ​របស់​ព្រះ​អង្គ គឺ​ជួប​រស្មី​នៃ​ព្រះ​ប្រាជ្ញា​ញាណ​ចុះ។ ៣កុំ​ប្រគល់​សិរី​រុងរឿង​របស់​អ្នក ឲ្យ​អ្នក​ផ្សេង កុំ​ប្រគល់​ឯក​សិទ្ធិ​របស់​អ្នក ឲ្យ​ប្រជា​ជាតិ​ដទៃ​ឡើយ។ ៤ជន​ជាតិ​អ៊ីស្រា​អែល​អើយ! យើង​មាន​សុភ​មង្គល​ហើយ ដ្បិត​យើង​អាច​ស្គាល់​អ្វី​ដែល​គាប់​ព្រះ​ហឫ​ទ័យ​ព្រះ​ជា​ម្ចាស់។

ព្រះ​ជា​ម្ចាស់​សំរាល​ទុក្ខ​អ្នក​ក្រុង​យេរូសាឡឹម
៥ប្រជា​ជន​ខ្ញុំ​អើយ! ចូរ​មាន​ចិត្ត​ក្លា​ហាន​ឡើង! អ្នក​ជា​សក្ខី​ភាព ដែល​ធ្វើ​ឲ្យ​គេ​នឹក​ចាំ​ឈ្មោះ​ អ៊ីស្រា​អែល​តរៀង​ទៅ។ ៦គេ​លក់​អ្នក​រាល់​គ្នា​ឲ្យ​ប្រជា​ជាតិ​នានា​ មិន​មែន ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​វិនាស​សាប​សូន្យ​ឡើយ។ ព្រះ​ជា​ម្ចាស់​បញ្ជូន​អ្នក​រាល់គ្នា​ទៅ​ក្នុង​ កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ ព្រោះ​អ្នក​រាល់គ្នា​ធ្វើ​ឲ្យ​ព្រះ​អង្គ​ទ្រង់​ព្រះ​ពិរោធ។ ៧អ្នក​រាល់គ្នា​បាន​ធ្វើ​ឲ្យ​ព្រះ​បង្កើត​អ្នក​រាល់​គ្នា​ក្រេវ​ក្រោធ ដ្បិត​អ្នក​រាល់​គ្នា​បាន​យក​សក្ការ​បូជា​ថ្វាយ​អារក្ស ពុំ​មែន​ថ្វាយ​ព្រះ​ជា​ម្ចាស់​ទេ។ ៨អ្នក​រាល់គ្នា​ភ្លេច​ព្រះ​ជា​ម្ចាស់​ដែល​មាន​ព្រះ​ជន្ម​គង់ នៅ​អស់​កល្ប​ជា​និច្ច គឺ​ព្រះ​អង្គ​ដែល​បាន​ចិញ្ចឹម​អ្នក​រាល់គ្នា។ អ្នក​រាល់គ្នា​ក៏​ធ្វើ​ឲ្យ​ក្រុង​យេរូ​សាឡឹម​ ដែល​បាន​ចិញ្ចឹម​បី​បាច់​អ្នក រាល់គ្នា​កើត​ទុក្ខ​ដែរ។ ៩ក្រុង​យេរូ​សាឡឹម​បាន​ឃើញ​ព្រះ​ជា​ម្ចាស់ ទ្រង់​ព្រះ​ពិរោធ​ប្រឆាំង​នឹង​អ្នក​រាល់គ្នា ហើយ​ពោល​ថា៖ «ម្នាល​ក្រុង​ទាំង​ប៉ុន្មាន ដែល​នៅ​ជិត​ខាង​ក្រុង​ស៊ីយ៉ូន​អើយ! សូម​ស្តាប់​ខ្ញុំ​សិន! ព្រះ​ជាម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចុកចាប់​យ៉ាង​ខ្លាំង។ ១០ខ្ញុំ​ឃើញ​ខ្មាំង​សត្រូវ​កៀរ​កូន​ប្រុស កូន​ស្រី​របស់​ខ្ញុំ​ទៅ​ធ្វើ​ជា​ឈ្លើយ ព្រោះ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម គង់​នៅ​អស់​កល្ប​ជានិច្ច​ដាក់​ទោស​ពួក​គេ! ១១ខ្ញុំ​មាន​អំណរ​សប្បាយ ដោយ​ចិញ្ចឹម​បីបាច់​កូន​រួច​ខ្ញុំ មាន​ទុក្ខ​ព្រួយ​ស្រណោះ​ស្រ​ណោក ដោយ​ឃើញ​ខ្មាំង​កៀរ​យក​ពួកវា​ចេញ​ទៅ។ ១២សូម​កុំ​ឲ្យ​នរណា​មាន​អំណរ​សប្បាយ ដោយ​ឃើញ​ខ្ញុំ​ធ្លាក់​ខ្លួន​ជា​ស្រ្តី​មេម៉ាយ ដែល​គេ​ចាប់​ពង្រាត់​កូន​ទាំង​អស់។ ខ្ញុំ​នៅ​ស្ងាត់​ជ្រងំ ដោយ​សារ​តែ​កូន​ៗរបស់​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប គឺ​ពួកវា​បាន​ឃ្លាត​ចាក​ពី​ធម្ម​វិន័យ​របស់​ព្រះ​ជាម្ចាស់។

៣ពួកគេ​មិន​បាន​គោរព​តាម​បទ​បញ្ជា​របស់​ព្រះ​អង្គ មិន​បាន​ដើរ​តាម​មាគ៌ា​នៃ​វិន័យ​របស់​ព្រះ​អង្គ ពួកគេ​មិន​កាន់​តាម​ការ​អប់រំ ស្រប​តាម​សេចក្តី​សុចរិត​ទេ​។ ១៤អស់​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ជិត​ខាង​ក្រុង​ស៊ីយ៉ូន​អើយ! សូម​អញ្ជើញ​មក​មើល​ ហើយ​ចង​ចាំ​ថា ព្រះ​អម្ចាស់​ដែល​មាន​ព្រះ​ជន្ម​គង់​នៅ​អស់​កល្ប​ជានិច្ច បាន​ដាក់​ទោស​កូន​ប្រុស កូន​ស្រី​របស់​ខ្ញុំ​ ហើយ​បញ្ជូន​ឲ្យ​ទៅ​ជា​ឈ្លើយ។ ១៥ព្រះ​អង្គ​ចាត់​ប្រជា​ជាតិ​មួយ​មក​ពី​ចម្ងាយ​ គឺ​ជាតិ​សាសន៍​ដ៏​ព្រហើន ដែល​និយាយ​ភាសា​បរ​ទេស មិន​ចេះ​គោរព​ចាស់​ទុំ និង​មិន​ចេះ​អាណិត​អាសូរ​កូន​ក្មេង​ឡើយ​។ ១៦ជាតិ​សាសន៍​នោះ​ កៀរ​កូន​ប្រុស កូន​ស្រី​ដ៏​ជាទី​ស្រឡាញ់ របស់​ខ្ញុំ​ដែល​ជា​ស្រ្តី​មេម៉ាយ​ ហើយ​ទុក​ខ្ញុំ​ចោល​ឲ្យ​នៅ​ម្នាក់​ឯង។

១៧កូន​អើយ! តើ​ម្តាយ​អាច​ជួយ​កូន​ដូច​ម្តេច​បាន? ១៨មានតែ​ព្រះ​ជា​ម្ចាស់ ដែល​ធ្វើ​ទណ្ឌ​កម្ម​កូនៗប៉ុណ្ណោះ​ទេ ទើប​អាច​រំដោះ​កូនៗ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ​បាន។ ១៩កូន​អើយ ចូរ​ចេញ​ទៅ​! ចូរ​ចេញ​ទៅ! ម្តាយ​ត្រូវ​គេ​បោះ​បង់​ចោល នៅ​ទីនេះ​ម្នាក់​ឯង។

២០ម្តាយ​ផ្លាស់​សម្លៀក​បំពាក់​ នៅ​ពេល​សប្បាយ​ចេញ ហើយ​ស្លៀក​ពាក់​កាន់​ទុក្ខ​វិញ។ ជា​រៀង​រាល់​ ថ្ងៃ ម្តាយ​នឹង​ទូល​អង្វរ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​គង់​នៅ​អស់​កល្ប​ជានិច្ច​ អស់​មួយ​ជីវិត​។ ២១កូន​អើយ​ចូរ​ក្លា​ហាន​ឡើង! ចូរ​ស្រែ​ដង្ហោយ​ហៅ​ព្រះ​ជា​ម្ចាស់! ព្រះ​អង្គ​មុខ​ជា​រំដោះ​កូន ឲ្យ​រួច​ពី​ដៃ​របស់​ខ្មាំង​សត្រូវ​ដែល​សង្កត់​សង្កិន​កូនៗ។

២២ម្តាយ​សង្ឃឹម​ថា ព្រះ​ដ៏​មាន​ព្រះ​ជន្ម​គង់​នៅ​អស់​កល្ប​ជានិច្ច​នឹង​សង្រ្គោះ​កូន។ ព្រះ​អង្គ​ជា​ព្រះ​ដ៏​វិសុទ្ធ​បាន​ប្រោស​ឲ្យ​ម្តាយ​មាន​អំណរ គឺ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​គង់​នៅ​អស់​កល្ប​ជា​និច្ច និង​ជា​ព្រះ​សង្រ្គោះ​របស់​កូន ព្រះ​អង្គ​នឹង​សំដែង​ព្រះ​ហឫ​ទ័យ​មេត្តា​ករុណា​ចំពោះ​កូន​ នៅ​ពេល​ឆាប់​ៗជា​ពុំ​ខាន។

២៣ម្តាយ​ឃើញ​កូន​ចាក​ចេញ​ទៅ ទាំង​កើត​ទុក្ខ​ព្រួយ និង​សោក​សង្រេង ប៉ុន្តែ​ព្រះ​ជា​ម្ចាស់​នឹង​ប្រគល់​កូន​ឲ្យ​មក​ម្តាយ​វិញ ទាំង​មាន​អំណរ​សប្បាយ​រីក​រាយ​អស់​កល្ប​ជា​និច្ច​ពុំ​ខាន​។ ២៤ឥឡូវ​នេះ ក្រុង​ទាំង​ប៉ុន្មាន ដែល​នៅ​ជិត​ខាង​ក្រុង​ស៊ីយ៉ូន​ឃើញ​កូន​ជាប់​ជា​ឈ្លើយ​យ៉ាង​ណា​ បន្តិច​ទៀត គេ​នឹង​ឃើញ​ព្រះ​ជា​ម្ចាស់​យាង​មក​សង្រ្គោះ​កូនៗ​យ៉ាង​នោះ​ដែរ។ ព្រះ​ដ៏​មាន​ព្រះ​ជន្ម​គង់​នៅ​អស់​កល្ប​ជា​និច្ច នឹង​យាង​មក ប្រកប​ដោយ​សិរី​រុងរឿង​ថ្កុំ​ថ្កើង​ឧត្តុង្គ​ឧត្តម។ ២៥ចូរ​កូន​អត់​ធ្មត់ ស៊ូ​ទ្រាំ​រង​ទារុណ​កម្ម ដែល​មក​ពី​ព្រះ​ពិរោធ​របស់​ព្រះ​ជា​ម្ចាស់។ ពួក​ខ្មាំង​សត្រូវ​ធ្វើ​ទុក្ខ​បុក​ម្នេញ​កូន ប៉ុន្តែ​បន្តិច​ទៀត កូន​នឹង​បង្រ្កាប​ពួក​គេ​ឲ្យ​វិនាស​អន្ត​រាយ។ ២៦កូន​ជាទី​ស្រឡាញ់​របស់​ម៉ែ​ កូន​ធ្វើ​ដំណើរ​តាម​ផ្លូវ​រដិប​រដុប កូន​ប្រៀប​បាន​នឹង​ហ្វូង​សត្វ​ដែល​ខ្មាំង​ឆក់​ប្លន់​រឹប​អូស​យក​ទៅ។ ២៧កូន​ទាំង​ឡាយ​អើយ ចូរ​មាន​ចិត្ត​ក្លា​ហាន​ឡើង! ចូរ​ស្រែក​ដង្ហោយ​ហៅ​ព្រះ​ជា​ម្ចាស់​ទៅ! ព្រះ​អង្គ​ដែល​នាំ​កូន​មក​ទីនេះ​មុខ​ជា មិន​បំភ្លេច​កូន​ទេ។ ២៨កាល​ពីមុន កូន​មាន​បំណង​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​ជាម្ចាស់​ ឥឡូវ​នេះ កូន​ប្រែ​ចិត្ត​គំនិត​ហើយ! ចូរ​ខិតខំ​ស្វែង​រក​ព្រះ​អង្គ​ ឲ្យ​ខ្លាំង​ជាង​មុន​ដប់​ដង។ ២៩ព្រះ​អង្គ​ដែល​ដាក់​ទោស​កូន ឲ្យ​រង​ទុក្ខ​វេទនា​យ៉ាង​នេះ នឹង​យាង​មក​ជួយ​សង្រ្គោះ​កូន ហើយ​ប្រទាន​អំណរ​សប្បាយ​ឲ្យ​កូន​ជា​រៀង​រហូត។ ៣០ក្រុង​យេរូ​សាឡឹម​អើយ!ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! ព្រះ​ជា​ម្ចាស់​ដែល​បាន​ប្រទាន​ឈ្មោះ​ឲ្យ​អ្នក ព្រះ​អង្គ​មុខ​ជា​សំរាល ទុក្ខ​របស់​អ្នក​ពុំ​ខាន។ ៣១រីឯ​អស់​អ្នក​ដែល​សង្កត់​សង្កិន​អ្នក​ ហើយ​អរ​សប្បាយ​ដោយ​ឃើញ​អ្នក​ដួល​ មុខ​ជា​ត្រូវ​វេទនា​ពុំ​ខាន។ ៣២ក្រុង​ទាំង​ប៉ុន្មាន​ដែល​យក​កូន​របស់​អ្នក​ធ្វើ​ជា​ទាសា​ទាសី ជា​ពិសេស​ក្រុង​បាប៊ី​ឡូន ដែល​កៀរ​យក​កូន​អ្នក​ទៅ​ក៏​ត្រូវ​វេទនា​ដែរ។ ៣៣ក្រុង​បាប៊ី​ឡូន​នោះ​បាន​អំណរ​សប្បាយ ដោយ​ឃើញ​អ្នក​ត្រូវ​វិនាស ហើយ​លើក​តម្កើង​ខ្លួន​ដោយ​ឃើញ​អ្នក​ត្រូវ​អន្ត​រាយ ក៏​ត្រូវ​វេទនា​ដែរ។ ក្រុង​នោះ​នឹង​សោក​សង្រេង ព្រោះ​ខ្មាំង​បំផ្លាញ​គេ។ ៣៤យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​នោះ​លែង​មាន​អំណរ ដោយ​មាន​ប្រជា​ជន​ច្រើន។ យើង​ធ្វើ​ឲ្យ​ឫកពារ​ដ៏​ព្រហើន​របស់​គេ ប្រែ​ទៅ​ជា​ក្រៀម​ក្រំ។ ៣៥ព្រះ​ដ៏មាន​ព្រះ​ជន្ម​គង់​នៅ​អស់​កល្ប​ជា​និច្ច នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ធ្លាក់​មក​ឆាប​ឆេះ​ ក្រុង​នោះ​ជា​យូរ​ថ្ងៃ ហើយ​ក្រុង​នោះ​ទៅ​ជាទី​ស្នាក់​របស់​អារក្ខ បិសាច​យ៉ាង​យូរ​តទៅ​ទៀត​ផង។ ៣៦យេរូ​សាឡឹម​អើយ! ចូរ​ក្រឡេក​មើល​ទៅ​ទិស​ខាង​កើត! ចូរ​មើល​អំណរ​ដែល​មក​ពី​ព្រះ​ជាម្ចាស់។ ៣៧ចូរ​ក្រឡេក​មើល​កូន​ប្រុស​ស្រី​របស់​អ្នក ដែល​ខ្មាំង​កៀរ​យក​ទៅ កំពុង​តែ​វិល​មក​ស្រុក​វិញ។ ព្រះ​បន្ទូល​របស់​ព្រះ​ដ៏វិសុទ្ធ​បាន​ប្រមូល​ផ្តុំ​គេ តាំង​ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច។ គេ​ត្រេក​អរ​សប្បាយ​រីករាយ ដោយ​មាន​សិរី​រុងរឿង​របស់​ព្រះ​ជា​ម្ចាស់​គង់​នៅ​ជាមួយ​។

​ជំពូកទី ៥

១ក្រុង​យេរូ​សាឡឹម​អើយ! ចូរ​ផ្លាស់​សម្លៀក​បំពាក់​កាន់​ទុក្ខ​ចេញ​ទៅ ហើយ​យក​សិរី​រុងរឿង​របស់​ព្រះ​ជាម្ចាស់ មក​ពាក់​លំអ​ជា​គ្រឿង​អលង្ការ​រហូត​តរៀង​ទៅ។ ២ចូរ​យក​សេចក្តី​សុចរិត​ដែល​មក​ពី​ព្រះ​ជា​ម្ចាស់ មក​ពាក់​ដូច​ជា​អាវ​ធំ។ ចូរ​យក​សិរី​រុង​រឿង​របស់​ព្រះ​ដ៏មាន​ព្រះ​ជន្ម គង់​នៅ​អស់​កល្ប​ជា​និច្ច មក​ពាក់​លើ​ក្បាល​ធ្វើ​ជា​មកុដ។ ៣ដ្បិត​ព្រះ​ជាម្ចាស់ នឹង​បង្ហាញ​ភាព​ថ្កុំ​ថ្កើង​របស់​អ្នក ឲ្យ​មនុស្ស ទាំង​អស់​នៅ​លើ​ផែន​ដី​ទាំង​មូល​ឃើញ។

៤ព្រះ​ជាម្ចាស់​នឹង​ប្រទាន ឲ្យ​អ្នក​មាន​ឈ្មោះ​ជាប់​រហូត​ថា «សន្តិ​ភាព​មក​ពី​សេចក្តី​សុចរិត» និង «សិរី​រុងរឿង​មកពី​ការ​គោរព​ប្រណិ​ប័តន៍​ព្រះ​ជាម្ចាស់»។ ៥ក្រុង​យេរូ​សាឡឹម​អើយ! ចូរ​ក្រោក​ឡើង ចូរ​ឈរ​នៅ​ទីខ្ពស់​ហើយ​បែរ​មុខ​ទៅ​ខាង​កើត។ ចូរ​មើល​កូន​របស់​អ្នក ដែល​មក​ជួប​ជុំ​គ្នា​ តាំង​ពី​ទិស​ខាង​លិច​ រហូត​ដល់​ទិស​ខាង​កើត ដោយ​សារ​ព្រះ​បន្ទូល​របស់​ព្រះ​ដ៏​វិសុទ្ធ។ ពួក​គេ​ត្រេក​អរ​សប្បាយ​ រីក​រាយ ដ្បិត​ព្រះ​ជា​ម្ចាស់​នឹក​គិត​ដល់​ពួក​គេ។ ៦ខ្មាំង​សត្រូវ​កៀរ​ពួក​កូន​របស់​អ្នក​ចេញ​ទៅ​ដោយ​ដើរ តែ​ព្រះ​ជា​ម្ចាស់​ នាំ​ពួក​គេ ឲ្យ​ត្រឡប់​មក​រក​អ្នក​វិញ ដោយ​មាន​អ្នក​ស្រុក​សែង​គេ​បែប​រុងរឿង​ ដូច​គេ​សែង​ស្តេច។ ៧ព្រះ​ជា​ម្ចាស់​បញ្ជា​ឲ្យ​បង្រាប​ភ្នំ​ធំ ភ្នំ​ខ្សាច់​ទាំង​ប៉ុន្មាន ព្រម​ទាំង​ឲ្យ​បំផ្លាញ​ច្រក​ភ្នំ​ទាំង​ឡាយ ឲ្យ​រាប​ស្មើ ដើម្បី​ឲ្យ​ប្រជា​ជន​អ៊ីស្រា​អែល ដើរ​ទៅ​មុខ​យ៉ាង​ងាយ​ស្រួល​ទាំង​មាន​សិរី​រុង​រឿង​របស់​ព្រះ​ជា​ម្ចាស់ គង់​នៅ​ជា​មួយ។ ៨តាម​ព្រះ​បញ្ជា​របស់​ព្រះ​ជា​ម្ចាស់​ព្រៃ​ព្រឹក្សា និង​ដើម​ឈើ​ទាំង​ប៉ុន្មាន ដែល​មាន​ក្លិន​ក្រអូប ផ្តល់​ម្លប់​ឲ្យ​ប្រជា​ជន​អ៊ីស្រា​អែល។ ៩ព្រះ​ជា​ម្ចាស់​នឹង​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រា​អែល ដោយ​ត្រេក​អរ​សប្បាយ​យ៉ាង​ក្រៃ​លែង ក្រោម​ពន្លឺ​នៃ​សិរី​រុង​រឿង​របស់​ព្រះ​អង្គ ដ្បិត​ព្រះ​អង្គ​មាន​ព្រះ​ហឫ​ទ័យ មេត្តា ករុណា ចំពោះ​ពួក​គេ ហើយ​ព្រះ​អង្គ​ក៏​សង្រ្គោះ​ពួក​គេ​ដែរ។