ពាក្យលំនាំ

អ្នក​និពន្ធ​កណ្ឌ «ព្រះ​ប្រាជ្ញា​ញាណ» នេះ​ប្រហែល​ជា​ជន​ជាតិ​យូដា​ដែល​រស់​នៅ​ក្រុង​អាឡិច​សង់ឌ្រី (ប្រទេស​អេស៊ីប​) ៥០ ឬ ៣០ឆ្នាំ​មុន​គ.ស.។ លោក​និពន្ធ​ជា​ភាសា​ក្រិក​តែម្តង ហើយ​ខិតខំ​ប្រកាស​ជំនឿ​របស់​ជន​ជាតិ​យូដា តាម​គោល​គំនិត​ និង​តាម​អរិយ​ធម៌​ក្រិក។ លោក​មាន​បំណង​ចង់​ណែនាំ​ទាំង​ជន​ជាតិ​យូដា​ដែល​ភ្លេច​ភាសា​របស់​ខ្លួន ទាំង​ជន​ជាតិ​ក្រិក​ឲ្យ​យល់​ថា ជំនឿ​របស់​ជន​ជាតិ​យូដា​ពិត​ជា​កេរ​ដ៏មាន​តម្លៃ​ថ្លៃ​ថ្នូរ។

ក្នុង​ភាគ​ទី១ (ជំពូក​១-៥​) អ្នក​និពន្ធ​រិះគិត​អំពី​អនាគត​របស់​អ្នក​មាន​ជំនឿ និង​មនុស្ស​អាក្រក់។ ក្នុង ២,១០-២០ មាន​រៀប​រាប់​អំពី​ទុក្​លំបាក​របស់​មនុស្ស​សុចរិត។
ក្នុង​ភាគ​ទី២​(ជំពូក ៦-៩,១២) អ្នក​និពន្ធ​សរសើរ​តម្កើង​ព្រះ​ប្រាជ្ញា​ញាណ​ដែល​មនុស្ស​លោក ជា​ពិសេស​ អ្នក​ដឹកនាំ​ប្រទេស​ត្រូវ​ការ​ទាំង​អស់​គ្នា។ អ្នក​និពន្ធ​សរសេរ​ហាក់​ដូចជា​ព្រះ​បាទសា​ឡូម៉ូន​ផ្ទាល់​ដែល​ជា​អ្នក​មាន​ព្រះ​ប្រាជ្ញា​ញា​ណ​ឈ្លាស​វៃ​ជាង​គេ។ ហេតុ​នេះ ជួន​កាល​គេដាក់​ចំណង​ជើង​កណ្ឌ​នេះ​ថា​ព្រះ​ប្រាជ្ញា​ញាណ​របស់​ព្រះ​បាទសា​ឡូម៉ូន។
ក្នុង​ភាគ​ទី៣ (៩,១៣-១៩,២២) លោក​បង្ហាញ​ព្រះ​ប្រាជ្ញា​ញាណ​ដែល​ណែនាំ​ប្រវត្តិ​សាស្រ្ត​ប្រជា​ជន​អ៊ីស្រា​អែល ជា​ពិសេស​ពេល​ជន​ជាតិ​អ៊ីស្រា​អែល​ចេញ​ពី​ស្រុក​អេស៊ីប​។ លោក​ក៏​ស្តី​បន្ទោស​អ្នក​គោរព​ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ។

ដោយ​អ្នក​និពន្ធ​រិះ​គិត​អំពី​ជំនឿ​របស់​ជន​ជាតិ​យូដា​តាម​គោល​គំនិត​ក្រិក​ លោក​បញ្ចេញ​គំនិត​ថ្មី មិន​ដែល​មាន​ក្នុង​កណ្ឌ​ឯទៀត​ៗ ដូចជា​ព្រលឹង និង រូប​កាយ​ដាច់​ពីគ្នា វិញ្ញា​ក្ខន្ត​ដែល​មាន​ជីវិត​អមតៈ​ជា​ដើម។

ព្រះ​ប្រាជ្ញា​ញាណ ​របស់​ព្រះ​បាទសា​ឡូម៉ូន​

ជំពូកទី ១

សេចក្តី​សុចរិត​ជា​ប្រភព​នៃ​ជីវិត
១អស់​អ្នក​គ្រប់​គ្រង​ផែន​ដី​អើយ​!ចូ​ស្រឡាញ់​សេចក្តី​សុចរិត! ចូរ​មាន​គំនិត​ត្រឹម​ត្រូវ​ចំពោះ​ព្រះ​អម្ចាស់! ចូរ​ស្វែង​រក​ព្រះ​អង្គ​ដោយ​ចិត្ត​ស្មោះ​សរ ២ដ្បិត​អស់​អ្នក​ដែល​មិន​ល្បង​ល​ព្រះ​អង្គ​ ព្រះ​អង្គ​ប្រទាន​ឲ្យ​គេ​រក​ព្រះ​អង្គ​ឃើញ​ អស់​អ្នក​ដែល​ជឿ​សង្ឃឹម​លើ​ព្រះ​អង្គ​ ក៏​ព្រះ​អង្គ​សំដែង​ឲ្យ​គេ​ស្គាល់​ដែរ​។ ៣គំនិត​វៀច​វេរ​រមែង​នាំ​ឲ្យ​មនុស្ស​ ឃ្លាត​ឆ្ងាយ​ពី​ព្រះ​ជាម្ចាស់ រីឯ​មនុស្ស​ឆោត​ល្ងង់​ដែល​ចង់​ល្បងល​ ឫទ្ធា​នុភាព​របស់​ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​គេ​បិទ​មាត់។

៤ព្រះ​ប្រាជ្ញា​ញាណ មិន​យាង​ទៅ​សណ្ឋិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ ហើយ​ក៏​មិន​គង់​នៅក្នុង​ខ្លួន​របស់​អ្នក ដែល​ជាប់​បាប​ដែរ។ ៥ព្រះ​ប្រាជ្ញា​ញាណ ជា​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​ដែល​អប់រំ​មនុស្ស។ ព្រះ​អង្គ​មិន​គង់​នៅ​ជា​មួយ​មនុស្ស​ដែល​មាន​ចិត្ត​ពីរ ព្រះ​អង្គ​ឃ្លាត​ឆ្ងាយ​ពី​មនុស្ស​ដែល​មាន​គំនិត​លេលា ហើយ​មិន​សព្វ​ព្រះ​ហឫ​ទ័យ​នឹង​អំពើ​ទុច្ច​រិត​ឡើយ។

៦ព្រះ​ប្រាជ្ញា​ញាណ តែង​តែ​ស្រឡាញ់​រាប់​អាន​មនុស្ស​ ប៉ុន្តែ​ព្រះ​អង្គ​បាន​ដាក់​ទោស​អ្នក​ដែល​និយាយ​ប្រមាថ​ព្រះ​ជា​ម្ចាស់។ ព្រះ​ជា​ម្ចាស់​ឈ្វេង​យល់​ជំរៅ​ចិត្ត​របស់​មនុស្ស ព្រះអង្គ​ជ្រាប​គំនិត​របស់​គេ​យ៉ាង​ច្បាស់ ហើយ​ទ្រង់​ព្រះ​សណ្តាប់​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​គេ​និយាយ។ ៧ព្រះ​វិញ្ញាណ​របស់​ព្រះ​អម្ចាស់​គង់​នៅ​ពាស​ពេញ​លើ​ផែន​ដី​ទាំង​មូល ព្រះ​អង្គ​ធ្វើ​ឲ្យ​អ្វី​ៗទាំង​អស់​ ភ្ជាប់​ជា​មួយគ្នា​យ៉ាង​ស្អិត​ល្មួត ហេតុ​នេះ​ហើយ ​បាន​ជា​ព្រះ​អង្គ​ជ្រាប​ពាក្យ​សំដី​ទាំង​អស់​ដែល​មនុស្ស​និយាយ។ ៨នរណា​និយាយ​ពាក្យ​អាក្រក់​ គេ​មិន​អាច​លាក់​ពី​ព្រះ​អង្គ​បាន​ឡើយ​ គេ​ត្រូវ​តែ​ទទួល​ទោស​តាម​អំពើ​ ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ៩ព្រះ​អម្ចាស់​នឹង​បញ្ជា​ឲ្យ​គេ​ពិនិត្យ​មើល​ចំណង​របស់​ជន​ពាល ហើយ​គេ​នឹង​នាំ​ពាក្យ​សំដី​របស់​ជន​ពាល​នោះ​ទៅ​ទូល​ព្រះអង្គ ព្រះអង្គ​នឹង​ដាក់​ទោស​ជន​ពាល​តាម​អំពើ​អាក្រក់ ដែល​ខ្លួន​ប្រព្រឹត្ត។ ១០ព្រះ​ជាម្ចាស់​ផ្ទៀង​ព្រះ​កាណ៌ ស្តាប់​អ្វី​ៗទាំង​អស់ សូម្បី​តែ​ពាក្យ​ខ្សឹប ក៏​ព្រះអង្គ​ព្រះ​សណ្តាប់​ឮដែរ។ ១១ហេតុ​នេះ​ហើយ ចូរ​កុំរិះ​គន់គ្នា​ដោយ​ឥត​បាន​ការ​ឡើយ​ ចូរ​ទប់​មាត់​កុំ​និយាយ​ដើម​គេ ដ្បិត​ពាក្យ​ដែល​និយាយ​ដោយ​ស្ងាត់ៗ ក៏​បង្ក​ឲ្យ​កើត​ជា​រឿង​បាន​ដែរ។ អ្នក​និយាយ​មួល​បង្កាច់​គេ​រមែង​បណ្តាល​ឲ្យ​ខ្លួន​ឯង​វិនាស។

១២កុំ​រត់​រក​សេចក្តី​ស្លាប់ ដោយ​ប្រព្រឹត្ត​អំពើ​ពាលា​ឡើយ ហើយ​ក៏​កុំ​ប្រព្រឹត្ត​អំពើ​ដែល​បណ្តាល​ឲ្យ​ខ្លួន​អន្ត​រាយ​ដែរ។ ១៣ព្រះ​ជាម្ចាស់​មិន​បាន​បង្កើត​សេចក្តី​ស្លាប់​ទេ ព្រះ​អង្គ​ក៏​មិន​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​សត្វ​លោក​បាត់​បង់​ដែរ។ ១៤ព្រះ​អង្គ​បង្កើត​អ្វី​ៗទាំង​អស់​ឲ្យ​នៅ​ស្ថិត​ស្ថេរ។ អ្វី​ៗដែល​ព្រះ​អង្គ​ធ្វើ​ឲ្យ​មាន​ក្នុង​លោក​នេះ សុទ្ធ​តែ​ផ្តល់​ផល​ប្រយោជន៍​សំរាប់​ជីវិត​ក្នុង​ស្នា​ព្រះហស្ត​របស់​ព្រះអង្គ គ្មាន​ជាតិ​ពុល​អ្វី​ដែល​បណ្តាល​ឲ្យ​វិនាស​ឡើយ ហើយ​មច្ចុ​រាជ​ក៏​គ្មាន​អំណាច​គ្រង​រាជ្យ​លើ​ផែន​ដី​ដែរ។ ១៥ដ្បិត​សេចក្តី​សុចរិត​នៅ​ស្ថិត​ស្ថេរ​អស់​កល្ប​ជា​និច្ច។

ការ​រិះ​គិត​របស់​ជន​ពាល
១៦ជន​ពាល​តែង​ហៅ​រក​មច្ចុរាជ ដោយ​សារ​ពាក្យ​សំដី​ដែល​ខ្លួន​និយាយ និង​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។ពួក​គេ​ស្រឡាញ់​មច្ចុរាជ​ខ្លាំង​ណាស់ ហើយ​ស្មាន​ថា​មច្ចុរាជ​ជា​មិត្ត​សម្លាញ់​របស់​ខ្លួន។ ពួក​គេ​ចង​សម្ព័ន្ធ​មេត្រី​ជា​មួយ​មច្ចុ​រាជ ពិត​មែន​ហើយ ពួកគេ​សម​នឹង​ស្ថិត​នៅ​ក្រោម​អំណាច​របស់​មច្ចុរាជ!

ជំពូកទី ​២

១ពួក​គេ​យល់​ខុស ដោយ​និយាយ​គ្នា​ថា​«ជីវិត​មនុស្ស​យើង​ខ្លី​ណាស់ ហើយ​ពោរ​ពេញ​ដោយ​ទុក្ខ​វេទនា​ផង! កាល​ណា​សេចក្តី​ស្លាប់​មក​ដល់ គ្មាន​មនុស្ស​ណា​ម្នាក់​អាច​ចៀស​ផុត​បាន​ឡើយ យើង​មិន​ដែល​ឃើញ​នរណា​ម្នាក់​វិល​ត្រឡប់​មក​ពី​ស្ថាន​មនុស្ស​ស្លាប់​ទេ។ ២យើង​កើត​មក​ដោយ​ចៃដន្យ លុះ​ដល់​ចែក​ស្ថាន​ទៅ យើង​ក៏​ហាក់​ដូចជា​មិន​ដែល​មាន​ជីវិត​ទាល់​តែ​សោះ។ ខ្យល់​ដង្ហើម​របស់​មនុស្ស​យើង គ្រាន់​តែ​ជា​ចំហាយ​មិន​នៅ​ស្ថិត​ស្ថេរ ហើយ​គំនិត​របស់​យើង ប្រៀប​បាន​នឹង​ផ្កា​ភ្លើង​ ដែល​ខ្ចាយ​ចេញ​ពី​បេះ​ដូង។ ៣កាល​ណា​ជីវិត​រលត់​រូប​កាយ​ក្លាយ​ទៅ​ជា​ផេះ រីឯ​វិញ្ញាណ​រលាយ​ដូច​ខ្យល់​ដែល​ចាប់​ពុំ​បាន។ ៤បន្តិច​ក្រោយ​មក​មនុស្ស​ម្នា​ភ្លេច​ឈ្មោះ​របស់​យើង ហើយ​គ្មាន​នរណា​នឹកនា​ដល់​កិច្ច​ការ ដែល​យើង​បាន​ប្រព្រឹត្ត​ទេ។ អាយុ​ជីវិត​របស់​យើង​ប្រៀប​ដូច​ជា​ដុំ​ពពក​ដែល​រសាត់​បាត់​ទៅ​ ឬ​ ដូច​អ័ព្ទ​រលាយ​ដោយ​ត្រូវ​កំដៅ​ថ្ងៃ​ ឥត​ទុក​ដាន​អ្វី​ឡើយ។ ៥ជីវិត​របស់​យើង​ប្រៀប​ដូច​ជា​ស្រមោល​ដែល​រលត់​បាត់​ទៅ​ហើយ គ្មាន​នរណា​ម្នាក់​អាច​ចៀស​ផុត​ពី​សេចក្តី​ស្លាប់​បាន​ឡើយ ព្រោះ​មាន​កំណត់​ទុក​ជា​ស្រេច គ្មាន​នរណា​ម្នាក់​អាច​វិល​ត្រឡប់​ក្រោយ​បាន​ទេ។ ៦ដូច្នេះ​យើង​ត្រូវ​សប្បាយ​រីក​រាយ​នឹង​ទ្រព្យ​សម្បត្តិ​ដែល​យើង​មាន​នៅ​បច្ចុប្បន្ន ហើយ​ត្រេក​ត្រអាល​នឹង​អ្វីៗនៅ​ក្នុង​លោក​នេះ ឲ្យ​អស់​ពី​ចិត្ត​ទាន់​ខ្លួន​នៅ​ក្មេង។ ៧យើង​នាំគ្នា​ទទួល​ទាន​ស្រា​ដ៏​ឆ្ងាញ់​បំផុត យើង​ប្រើ​ទឹក​អប់​ដ៏​ក្រអូប​បំផុត! យើង​នាំគ្នា​បេះ​ផ្កា​ក្រពុំ​ដ៏​ស្រស់​បំព្រង! ៨ចូរ​យក​ផ្កា​ដ៏​ក្រពុំ​មក​ក្រង​ធ្វើ​ជា​ភួង​ពាក់ មុន​ពេល​វា​ស្រ​ពោន។ ៩កុំ​ឲ្យ​នរណា​ម្នាក់​ក្នុង​ចំណោម​ពួក​យើង អាក់​ខាន​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ដ៏​សប្បាយ​របស់​យើង​ឡើយ ហើយ​នៅ​គ្រប់​ទី​កន្លែង​យើង​នឹង​ទុក​សញ្ញា​សំគាល់​ពី​អំណរ​សប្បាយ​ដ៏​លើស​លប់​របស់​យើង! យើង​មាន​សិទ្ធ​ធ្វើ​ដូច្នេះ ព្រោះ​ថា​ចំណែក​មត៌ក​របស់​យើង!

១០យើង​នាំគ្នា​ជិះ​ជាន់​សង្កិត​សង្កិន​ជន​ក្រីក្រ ជា​មនុស្ស​សុចរិត​ កុំ​ត្រា​ប្រណី​ស្រ្តី​មេម៉ាយ កុំ​គោរព​មនុស្ស​ចាស់​សក់​ស្កូវ​។ ១១ចូរ​ប្រើ​កម្លាំង​បាយ​ធ្វើ​ជា​ច្បាប់​របស់​យើង​ ដ្បិត​ភាព​ទន់​ខ្សោយ​គ្មាន​ប្រយោជន៍​អ្វី​ទេ! ១២ត្រូវ​រក​ឧបាយ​កល​ចាប់​មនុស្ស​សុចរិត ព្រោះ​គេ​ចេះ​តែមក​រំខាន​ពួក​យើង ដោយ​ជំទាស់​នឹង​កិច្ច​ការ​ដែល​យើង​ប្រព្រឹត្ត ហើយ​ស្តី​បន្ទោស​យើង​ថា បំពាន​វិន័យ និង​ក្បត់​ប្រពៃ​ណី​របស់​យើង។ ១៣មនុស្ស​សុចរិត​ទាំង​នោះ​អះអាង​ថា​ខ្លួន​ស្គាល់​ព្រះ​ជាម្ចាស់​ ហើយ​ប្រកាស​ថា​ខ្លួន​ជា​បុត្រ​របស់​ព្រះ​អម្ចាស់ ១៤របៀប​រស់​នៅ​របស់​គេ​ដូចជា​ចោទ​ប្រកាន់​គំនិត​របស់​យើង​ គ្រាន់​តែ​ឃើញ​មុខ​គេ​ ក៏យើង​ទ្រាំ​លែង​បាន​ដែរ។ ១៥ដ្បិត​របៀប​រស់​នៅ​របស់​គេ ខុស​ពី​របៀប​រស់​នៅ​របស់​អ្នក​ឯទៀតៗ ហើយ​កិរិយា​មារយាទ​របស់​គេ​ ខុស​ប្លែក​ពី​អ្នក​ដទៃ។ ១៦គេ​ចាត់​យើង​ទុក​ជា​ជន​អាស្រូវ ហើយ​គេ​ចៀស​ចេញ​ឆ្ងាយ​ពី​យើង ដូច​ចៀស​គំនរ​សំរាម។ គេ​ចេះ​តែ​ប្រកាស​ថា​ មនុស្ស​សុចរិត​ទទួល​សុភ​មង្គល​នៅ​ពេល​ផុត​ជីវិត ហើយ​អួត​អាង​ថា ព្រះ​ជា​ម្ចាស់​ជា​ព្រះ​បិតា​របស់​គេ។ ១៧យើង​នាំគ្នា​ចាំ​មើល​តើ​ពាក្យ​របស់​គេ​ត្រឹម​ត្រូវ​ដែរ​ឬ​យ៉ាង​ណា យើង​នឹង​ពិនិត្យ​មើល​ថា​តើ​ជីវិត​របស់​គេត្រូវ​បញ្ចប់​ដោយ​របៀប​ណា ១៨បើ​មនុស្ស​សុចរិត ពិត​ជា​បុត្រ​របស់​ព្រះ​ជាម្ចាស់​មែន​ព្រះ​អង្គ​មុខ​ជា​យាង​មក​ជួយ​គេ ហើយ​រំដោះ​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​បច្ចា​មិត្ត​ជា​មិន​ខាន។ ១៩យើង​ល្បង​ល​មើល​គេ ដោយ​ត្មះ​តិះ​ដៀល និង​ធ្វើ​ទារុណ​កម្ម​ដើម្បី​ឲ្យ​ឃើញ​ថា គេ​មាន​ចិត្ត​ស្លូត​បូត​ ខន្តី​អត់​ធ្មត់​ដល់​កំរិត​ណា​។ ២០យើង​នាំគ្នា​ដាក់​ទោស​ប្រហារ​ជីវិត​គេ យ៉ាង​ថោក​ទាប​បំផុត​ដ្បិត​គេ​អះ​អាង​ថា​ ព្រះ​ជាម្ចាស់​នឹង​យាង​មក​សង្រ្គោះ​គេ»។

២១ពួក​គេ​រិះ​គិត​ដូច្នេះ ព្រោះ​គេ​វង្វេង​ស្មារតី​ហើយ! គំនិត​អាក្រក់​របស់​ពួក​គេ បាន​ធ្វើ​ឲ្យ​ខ្លួន​មើល​អ្វី​លែង​ឃើញ។ ២២ពួកគេ​មិន​ស្គាល់​គំរោង​ការ​ដ៏​អាថ៌​កំបាំង​របស់​ព្រះ​ជាម្ចាស់ ហើយ​គ្មាន​សង្ឃឹម​ថា​ នឹង​ទទួល​រង្វាន់ ដោយ​ការ​គោរព​ប្រណិ​ប័តន៍​ព្រះ​ជាម្ចាស់​ទេ។ គេ​មិន​យល់​អំពី​កិត្តិ​យស ដែល​ព្រះ​អង្គ​ប្រទាន​ដល់​មនុស្ស​ឥត​សៅ​ហ្មង​ឡើយ។ ២៣ព្រះ​ជាម្ចាស់​បង្កើត​មនុស្ស​លោក​មក ដើម្បី​ឲ្យ​មាន​ជីវិត​មិន​ចេះ​សាប​សូន្យ គឺ​ព្រះ​អង្គ​បង្កើត​មនុស្ស​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ​ផ្ទាល់។ ២៤សេចក្តី​ស្លាប់​ចូល​មក​ក្នុង​ពិភព​លោក ព្រោះ​តែ​ការ​ច្រណែន​ឈ្នានីស​របស់​មារ​ ហើយ​អស់​អ្នក​ដែល​ចូល​រួម​ជាមួយ​មារ មុខ​ជា​ត្រូវ​ស្លាប់​ពុំ​ខាន។

​ជំពូកទី ៣

មនុស្សសុចរិតនឹងទទួលជីវិតអមតៈ
១មនុស្ស​សុចរិត ស្ថិត​នៅ​ក្នុង​ព្រះ​ហស្ត​របស់​ព្រះ​ជា​ម្ចាស់ គេ​នឹង​មិន​ជួប​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ ២អ្នក​ឆោត​ល្ងង់​ស្មាន​ថា​មនុស្ស​សុចរិត​បាត់​បង់​ជីវិត ហើយ​យល់​ថា​ការ​លា​ចាក​លោក​នេះ ជា​មហន្ត​រាយ​របស់​មនុស្ស​សុចរិត​។ ៣គេ​ស្មាន​ទៀត​ថា ពេល​ឃ្លាត​ឆ្ងាយ​ពី​លោក​យើង​នេះ មនុស្ស​សុចរិត​វិនាស​សាប​សូន្យ​។ ប៉ុន្តែ​តាម​ពិត មនុស្ស​សុចរិត​ស្ថិត​នៅ​ក្នុង​សេចក្តី​សុខ​សាន្ត។ ៤តាម​ការ​យល់​ឃើញ​របស់​មនុស្ស​ធម្មតា អ្នក​សុចរិត​ទាំង​នោះ​បាន​រង​ទុក្ខ​ទោស​មែន តែ​ពួកគេ​មាន​សង្ឃឹម​យ៉ាង​មោះ​មុត​ថា នឹង​ទទួលេ​ជីវិត​អមតៈ។ ៥ព្រះ​ជា​ម្ចាស់​វាយ​ប្រដៅ​ពួកគេ​តែ​បន្តិច​ទេ តែ​ពួកគេ​នឹង​ទទួល​សុភ​មង្គល​ដ៏​បរិបូណ៌។ ព្រះ​ជា​ម្ចាស់​ល្បង​ល​ពួក​គេ​ ហើយ​ឈ្វេង​យល់​ថា​ពួកគេ​ពិត​ជា​សម​នៅ​ជាមួយ​ព្រះអង្គ។ ៦ព្រះ​អង្គ​បន្សុទ្ធ​ពួកគេ​ដូច​ជាង​បន្សុទ្ធ​មាស​ក្នុង​ឡ​ព្រះ​អង្គ​ទទួល​ពួកគេ ដូច​ទទួល​តង្វាយ​ដុត​ទាំង​មូល។ ៧លុះ​ដល់​ពេល​កំណត់​ ដែល​ព្រះអង្គ​យាង​មក​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ពួកគេ​នឹង​ភ្លឺ​ដូច​អណ្តាត​ភ្លើង​ឆាប​ឆេះ​ជញ្រ្ជាំង។ ៨ពួកគេ​នឹង​វិនិច្ឆ័យ​ទោស​ប្រជា​ជាតិ​នានា ហើយ​គ្រប់​គ្រង​លើ​ជាតិ​សាសន៍​ជា​ច្រើន។ ព្រះ​អម្ចាស់​នឹង​គ្រង​រាជ្យ​លើ​ពួកគេ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ។ ៩អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះ​អម្ចាស់​នឹង​យល់​ថា គំ​រោង​ការ​របស់​ព្រះ​អង្គ​ពិត​ជា​ត្រឹម​ត្រូវ ហើយ​អស់​អ្នក​ដែល​ជឿ​ព្រះ​អង្គ នឹង​រួម​រស់​ជា​មួយ​ព្រះ​អង្គ​ក្នុង​សេចក្តី​ស្រឡាញ់។ ព្រះ​ជា​ម្ចាស់​មាន​ព្រះ​ហឫ​ទ័យ​ប្រណី​សន្តោស និង​មេត្តា​ករុណា ចំពោះ​អស់​អ្នក​ដែល​ព្រះ​អង្គ​បាន​ជ្រើស​រើស។

១០ផ្ទុយ​ទៅ​វិញ ជន​ពាល​ដែល​ប្រមាថ​ព្រះ​ជា​ម្ចាស់​ នឹង​ទទួល​ទណ្ឌ​កម្ម ស្រប​តាម​គំនិត​របស់​ខ្លួន​ព្រោះ​ពួកគេ​បាន​មើល​ងាយ​មនុស្ស​សុចរិត ហើយ​បែរ​ខ្នង​ដាក់​ព្រះ​អម្ចាស់។ ១១អស់​អ្នក​ដែល​ព្រងើយ​កន្តើយ​នឹង​ព្រះ​ប្រាជ្ញា​ញាណ​ និង​ការ​អប់រំ​របស់​ព្រះ​អង្គ​ពិត​ជា​មនុស្ស​វេទនា សេចក្តី​សង្ឃឹម​របស់​ពួកគេ​គ្រាន់​តែ​ជា​ការ​ស្រមើ​ស្រមៃ​ប៉ុណ្ណោះ​ ហើយ​ការ​ប្រឹង​ប្រែង​របស់​ពួកគេ សុទ្ធ​តែ​ឥត​បាន​ការ ហើយ​អ្វី​ៗដែល​គេ​ធ្វើ​ក៏​ឥត​ប្រយោជន៍​ដែរ។ ១២ភរិយា​របស់​ពួកគេ​ជា​ស្រ្តី​ឥត​គំនិត កូន​របស់​គេ​ជា​មនុស្ស​កំណាច ហើយ​ពូជ​ពង្ស​របស់​គេ​នឹង​ត្រូវ​បណ្តាសា។

ចិត្តស្មោះត្រង់​ប្រសើរជាងមានកូនចៅច្រើន
១៣ស្រ្តី​ឥត​សៅ​ហ្មង ហើយ​មិន​បាន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ ទោះបី​នាង​គ្មាន​កូន​ក្តី​ ក៏​នាង​មាន​សុភ​មង្គល​ដែរ​! នាង​នឹង​ទទួល​រង្វាន់​នៅ​ពេល​ព្រះ​ជា​ម្ចាស់​យាង​មក ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក។ ១៤បុរស​កំរៀវ​ដែល​មិន​ប្រព្រឹត្ត​អំពើ​បាប ហើយ​គ្មាន​គំនិត​អាក្រក់​ប្រឆាំង​នឹង​ព្រះ​អម្ចាស់ ក៏មាន​សុភ​មង្គល​ដែរ ដ្បិត​គេ​នឹង​ទទួល​ព្រះ​អំណោយ​ទាន​ពិសេស​ ព្រោះ​គេ​មាន​ចិត្ត​ស្មោះ​ត្រង់។ គេ​នឹង​ទទួល​កន្លែង​ដ៏​ប្រសើរ ក្នុង​ព្រះ​វិហារ​របស់​ព្រះ​អម្ចាស់។ ១៥អ្នក​ដែល​ខិតខំ​ប្រព្រឹត្ត​អំពើ​ល្អ រមែង​ទទួល​ផល​ដ៏​រុងរឿង ហើយ​អ្នក​ដែល​ប្រព្រឹត្ត​តាម​ព្រះ​ប្រាជ្ញា​ញាណ ប្រៀប​ដូច​ដើម​ឈើ​ដែល​មាន​ឫស​គង់​វង្ស​ជា​និច្ច។ ១៦កូន​កើត​មកពី​អំពើ​ប្រាស​ចាក​សីលធម៌​ មិន​ដែល​ចម្រុង​ចម្រើន​ទេ ហើយ​ពូជ​ពង្ស​របស់​អ្នក​រួម​បវេណី​ខុស​វិន័យ នឹង​ត្រូវ​វិនាស​បាត់​បង់ ជា​ពុំ​ខាន។ ១៧ទោះបី​គេ​រស់​នៅ​យូរ​យ៉ាង​ណា​ក្តី ក៏​គ្មាន​នរណា​រាប់​រក​គេ​ដែរ ហើយ​ត្រូវ​អ្នក​ដទៃ​មើល​ងាយ រហូត​ចាស់​ស្លាប់។ ១៨ប្រសិន​បើ​គេ​ស្លាប់​នៅ​វ័យ​ក្មេង​នោះ​គេ​គ្មាន​សេចក្តី​សង្ឃឹម​ទេ ហើយ​នៅ​ថ្ងៃ​ព្រះ​ជាម្ចាស់​វិនិច្ឆ័យ​ទោស គេ​ក៏​មិន​បាន​ធូរ​ស្រាល​ដែរ។ ១៩ចុង​បញ្ចប់​នៃ​ពូជ​ពង្ស​របស់​មនុស្ស​ទុច្ចរិត​ វេទនា​ណាស់!

ជំពូកទី ​៤

១មាន​កិរិយា​ល្អ​ឥត​ខ្ចោះ ប្រសើរ​ជាង​មាន​កូន។ គេ​នឹក​ដល់​អស់​អ្នក​ដែល​មាន​កិរិយា​ល្អ​អស់​កល្ប​ជានិច្ច ដ្បិត​ព្រះ​ជាម្ចាស់ និង​មនុស្ស​លោក​ទទួល​ស្គាល់​អ្នក ​ដែល​មាន​កិរិយាល្អ​បែប​នេះ។ ២ពេល​អ្នក​ទាំង​នោះ​នៅ​រស់​មនុស្ស​ម្នា​យក​តំរាប់​តាម​ពួកគេ​ ពេល​គេ​លាចាក​លោក​នេះ​ផុត​ទៅ​ មនុស្ស​ម្នា​អាឡោះ​អាល័យ​ពួក​គេ។ អ្នក​មាន​កិរិយាល្អ​នឹង​ពាក់​ភួង​ជ័យ ព្រោះ​ពួកគេ​ទទួល​ជ័យ​ជំនះ​ក្នុង​ការ​ប្រយុទ្ធ​ដ៏​ត្រឹម​ត្រូវ ដណ្តើម​យក​រង្វាន់។ ៣ផ្ទុយ​ទៅ​វិញ ពូជ​ពង្ស​របស់​ជន​ពាល​ដែល​ប្រមាថ​ព្រះ​ជា​ម្ចាស់​ទោះ​បី​គេ​មាន​គ្នា​ច្រើន​យ៉ាង​ណាក្តី ក៏​ឥត​បាន​ការ​ដែរ។ គេ​គ្មាន​គ្រឹះ​រឹងមាំ​ឡើយ​ គឺ​ប្រៀប​បាន​នឹង​គល់​ឈើ​ដែល​ចាក់​ឫស​មិន​ជ្រៅ។ ៤ទោះ​បី​គល់​ឈើ​ទាំង​នោះ​ដុះ​ខ្នែង​បែក​មែក​សាខា​មួយ​គ្រា​ក្តី​ ក៏វា​មិន​នឹងនរ​ដែរ​។ ពេល​មាន​ខ្យល់​ព្យុះ​បក់​បោក​មក វានឹង​រង្គើ ហើយ​រលើង​អស់។ ៥មែក​ខ្ចី​ៗ​របស់​វានឹង​ត្រូវ​បាក់ ហើយ​ក្តិប​របស់​វា​ក៏ឥត​បាន​ការ​ព្រោះ​ខ្ចី​ពេក​បរិភោគ​មិន​កើត​។ ៦នៅ​ថ្ងៃ​ព្រះ​ជាម្ចាស់​យាង​មក​វិនិច្ឆ័យ​ទោស​មនុស្ស​លោក កូន​ដែល​កើត​ពី​អំពើ​ប្រាស​ចាក​សីល​ធម៌ នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ កិរិយា​អាក្រក់​របស់​ឪពុក​ម្តាយ​ខ្លួន។

សេចក្តីស្លាប់របស់មនុស្សសុចរិត​នៅពេលវ័យក្មេង
៧រីឯ​មនុស្ស​សុចរិត​វិញ ទោះបី​គេ​ស្លាប់​នៅ​វ័យ​ក្មេង​ក្តី ក៏​គេ​បាន​សំរាក​ដោយ​សុខ​សាន្ត​ដែរ។ ៨អាយុ​ជីវិត​ដែល​មាន​តម្លៃ មិន​មែន​មក​ពី​មាន​អាយុ​វែង ហើយ​រស់​បាន​យូរ​ឆ្នាំ​នោះ​ទេ។ ៩មនុស្ស​មាន​ប្រាជ្ញា ​ប្រសើរ​ជាង​មាន​សក់​ស្កូវ ជីវិត​ឥត​សៅ​ហ្មង​ ក៏​ប្រសើរ​ជាង​មាន​អាយុ​វែង​ដែរ។

១០មនុស្ស​សុចរិត រមែង​គាប់​ព្រះ​ហឫទ័យ​ព្រះ​ជា​ម្ចាស់ ហើយ​ព្រះ​អង្គ​ក៏​ស្រឡាញ់​គាត់​ដែរ។ គាត់​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​បាប ព្រះ​អង្គ​លើក​គាត់​ទៅ​ ១១ព្រះ​អង្គ​លើក​គាត់​ឡើង​ទៅ​ដូច្នេះ ដើម្បី​កុំ​ឲ្យ​ឥទ្ធិពល​អាក្រក់​បង្ខូច​ប្រាជ្ញា​របស់​គាត់​ និង​កុំ​ឲ្យ​កល​ល្បិច​អូស​ទាញ​គាត់។ ១២សេចក្តី​អាក្រក់់​រមែង​ពង្វក់​មនុស្ស​មិន​ឲ្យ​មើល​អំពើ​ល្អ​ឃើញ​ច្បាស់​ រីឯ​តណ្ហា​ពុះ​កញ្រ្ជោល​ក៏​រមែង​ធ្វើ​ឲ្យ​គំនិត​ត្រឹម​ត្រូវ ក្លាយ​ទៅ​ជា​វង្វេង​ដែរ។ ១៣មនុស្ស​សុចរិត​បាន​ពេញ​លក្ខណៈ​ក្នុង​រយៈ​ពេល​ដ៏ខ្លី ហើយ​គាត់​ដូច​ជា​រស់​នៅ​បាន​យ៉ាង​យូរ​។ ១៤ព្រះ​អម្ចាស់​គាប់​ព្រះ​ហឫទ័យ​នឹង​របៀប​រស់​នៅ​របស់​គាត់​ហេតុ​នេះ​ហើយ បាន​ជា​ព្រះ​អង្គ​ដក​គាត់​ចេញ​ ពី​ចំណោម​មនុស្ស​អាក្រក់​យ៉ាង​ប្រញាប់។ មនុស្ស​ម្នា​ឃើញ​ការ​នេះ តែ​មិន​យល់​ទេ​ គេ​មិន​បាន​រិះគិត​អំពី​ហេតុ​ការណ៍​នេះ​ឡើយ។ ១៥គឺ​ថា​ព្រះ​អម្ចាស់​មាន​ព្រះ​ហឫទ័យ​ប្រណី​សន្តោស​ និង មេត្តា​ករុណា​ចំពោះ​អស់​អ្នក​ដែល​ព្រះ​អង្គ​បាន​ជ្រើស​រើស ហើយ​តាម​ការពារ​ប្រជា​ជន​ដ៏​វិសុទ្ធ​របស់​ព្រះ​អង្គ។

១៦មនុស្ស​សុចរិត ទោះបី​ស្លាប់​ក្តី ក៏​នៅ​តែ​ដាក់​ទោស​ជន​ពាល​ដែល​នៅ​រស់។ យុវជន​ដែល​ឆាប់​ពេញ​លក្ខណៈ ក៏​ដាក់​ទោស​មនុស្ស​ចាស់​ជរា​ដែល​ទុច្ចរិត​ដែរ។ ១៧មនុស្ស​ម្នា​ឃើញ​អ្នក​មាន​ប្រាជ្ញា​ទទួល​មរណ​ភាព​ដូច្នេះ គេមិន​យល់​អំពី​គំរោង​ការ​របស់​ព្រះ​អម្ចាស់​ចំពោះ​គាត់​ឡើយ គេ​ក៏​មិន​យល់ពី​មូល​ហេតុ​ដែល​ព្រះ​អង្គ​ដក​គាត់ ឲ្យ​ទៅ​នៅ​កន្លែង​សុខ​ស្រួល​ដែរ។ ១៨ពួកគេ​ឃើញ​ដូច្នេះ​ហើយ​នាំគ្នា​មើល​ងាយ តែ​ព្រះ​អម្ចាស់​នឹង​ចំអក​ដាក់​ពួកគេ។ ១៩ក្រោយ​មក​ ពេល​ពួកគេ​ស្លាប់​ទៅ គ្មាន​នរណា​គោរព​សាក​សព​របស់​ពួកគេ​ទេ។ ក្នុង​ស្ថាន​មនុស្ស​ស្លាប់ ពួកគេ​ត្រូវ​អាម៉ាស់​អស់​កល្ប​ជា​និច្ច។ ព្រះ​អង្គ​នឹង​ទាញ​ក្បាល​ពួកគេ​ទម្លាក់​ចុះ​ដោយ​គ្មាន​ពាក្យ​តវ៉ា​បាន​ឡើយ។ ព្រះ​អង្គ​នឹង​ធ្វើ​ឲ្យ​ពួកគេ​រលើង​ទាំង​ឫស​រហូត​តទៅ ពួកគេ​នឹង​រង់ទុក្ខ​លំបាក ហើយ​គ្មាន​នរណា​នឹក​ដល់​ពួកគេ​ទៀត​ឡើយ។

ការសោកស្តាយរបស់ជនពាល
២០ពេល​ព្រះ​ជា​ម្ចាស់​វិនិច្ច័យ​ទោស​មនុស្ស តាម​អំពើ​បាប​ដែល​ខ្លួន​ប្រព្រឹត្ត ជន​ពាល​ទាំង​នោះ​នឹង​នាំគ្នា​ចូល​មក ទាំង​ភ័យ​ខ្លាច។ អំពើ​អាក្រក់​របស់​ពួកគេ​នឹង​ធ្វើ​ជា​សាក្សី​ថ្កោល​ទោស​ពួកគេ។

ជំពូកទី ​៥

១ពេល​នោះ មនុស្ស​សុចរិត​នឹង​ឈរ​យ៉ាង​អង់អាច នៅ​ចំពោះ​មុខ​ពួក​អ្នក​ដែល​សង្កត់​សង្កិន និង​មើល​ងាយ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​គាត់។ ២ពួកគេ​ឃើញ​ជ្រួល​ច្របល់​ទាំង​ភ័យ​ញ័រ​ខ្លួន​ និង​ស្រឡាំង​កាំង ដោយ​ឃើញ​ថា​ គាត់​រួច​ជីវិត​ ផ្ទុយ​ពីការ​ស្មាន​របស់​ពួកគេ។ ៣ពួកគេ​តឹង​ទ្រូង ហើយ​ត្អូញ​ត្អែរ និយាយ​គ្នា​ទាំង​សោក​ស្តាយ​ថា៖ ៤«អ្នក​នេះ​ហើយ​ដែល​យើង​ចំអក​ដាក់​កាល​ពីមុន! យើង​បាន​ត្មះ​តិះ​ដៀល​គាត់! យើង​ពិត​ជា​មនុស្ស​ឆោត​ល្ងង់​មែន! យើង​ស្មាន​ថា របៀប​រស់​នៅ​របស់​គាត់​ជា​ការ​លេលា និង​ស្មាន​ថា​ការ​ស្លាប់​របស់​គាត់​ជាការ​អាម៉ាស់។ ៥តែ​ឥឡូវ​នេះ​ ព្រះ​ជា​ម្ចាស់​បញ្ចូល​គាត់​ទៅ​ក្នុង​ចំណោម​បុត្រ​ធីតា​របស់​ព្រះ​អង្គ គាត់​ក៏​រួម​ចំណែក​ជា​មួយ​ប្រជា​ជន​ដ៏​វិសុទ្ធ​ របស់​ព្រះ​អង្គ​ដែរ!។ ៦ដូច្នេះ យើង​វង្វេង​ឆ្ងាយ​ពី​មាគ៌ា​នៃ​សេចក្តី​ពិត ពន្លឺ​នៃ​សេចក្តី​សុចរិត​បាន​បំភ្លឺ​ដំណើរ​ជីវិត​របស់​យើង​ទេ! ព្រះ​អាទិត្យ​ក៏​មិន​បាន​រះ​បំភ្លឺ​យើង​ដែរ! ៧យើង​បាន​ដើរ​តាម​ផ្លូវ​ទុច្ចរិត ដែល​នាំឲ្យ​វិនាស​អន្តរាយ រហូត​ដល់​ឆ្អែត​ចិត្ត ហើយ​បាន​ដើរ​កាត់​វាល​រហោ​ស្ថាន​ដែល​គ្មាន​ផ្លូវ តែ​យើង​មិន​ព្រម​ទទួល​ស្គាល់​មាគ៌ា​របស់​ព្រះ​អម្ចាស់​ទេ។ ៨តើ​ការ​ក្រអឺត​ក្រទម​របស់​យើង បាន​ប្រយោជន៍​អ្វី? តើ​ទ្រព្យ​សម្បត្តិ​ដ៏​បរិបូណ៌ ដែល​ជាទី​អួត​អាង​របស់​យើង​ បាន​ផ្តល់​អ្វី​ដល់​យើង? ៩អ្វី​ៗទាំង​នេះ​រសាត់​បាត់​ទៅ​ដូច​ស្រមោល គឺ​ដូចជា​ដំណឹង​ដែល​ឮ​ហើយ​ភ្លេច​ភ្លាម​។ ១០ជីវិត​របស់​យើង​ប្រៀប​ដូចជា​សំពៅ​ជ្រែក​រលក​សមុទ្រ​ តែ​មិន​ទុកដាន​អ្វី​សោះ​ឡើយ។ ១១ជីវិត​របស់​យើង ប្រៀប​បាន​នឹង​សត្វ​ដែល​ហើរ​នៅលើ​អាកាស​វេហាស៍ គ្មាន​នរណា​មើល​ឃើញ​ផ្លូវ​របស់​វា​ទេ វា​ទទះ​ស្លាប​ហោះ​ជ្រែក​អាកាស​ទៅ​មុខ ដោយ​ឥត​ទុកដាន​ឲ្យគេ​ឃើញ​ថា វា​ហោះ​តាម​ផ្លូវ​ណា​ឡើយ។ ១២ជីវិត​របស់​យើង​ក៏​ប្រៀប​បាន​នឹង​ព្រួយ​ ដែល​គេ​បាញ់​ឆ្ពោះ​ទៅ​ទី​ដៅ វា​ជ្រែក​អាកាស តែ​អាកាស​នៅ​ដដែល​ គឺវា​មិន​ទុក​ដាន​ឲ្យ​គេ​ឃើញ​ថា ព្រួញ​នោះ​ហោះ​តាម​ណា​ទេ។ ១៣រីឯ​យើង​វិញ​ក៏​ដូច្នោះ​ដែរ​យើង​កើត​មក ហើយ​បាត់​បង់​ជីវិត​ទៅ​វិញ​ភ្លាម​ដោយ​មិន​បន្សល់​ទុក​នូវ​កិរិយា​ល្អ​ពី​ក្រោយ​យើង​ឡើយ យើង​បាន​បំផ្លាញ​ជីវិត​របស់​យើង​ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់»។

១៤សេចក្តី​សង្ឃឹម​របស់​ជន​ពាល​ ប្រៀប​ដូច​ជា​អង្កាម​ដែល​ខ្យល់​ផាត់​យក​ទៅ​ ឬដូច​ពពុះ​ទឹក​ដែល​ខ្យល់​ព្យុះ​បក់​យក​ទៅ​ ឬ​ដូច​ផ្សែង​ដែល​រលាយ​តាម​ខ្យល់។ មនុស្ស​ម្នា​នឹង​ភ្លេច​ជន​ពាល​ដូច​ភ្លេច​ភ្ញៀវ ដែល​បាន​មក​ស្នាក់​នៅ​តែ​មួយ​យប់​ប៉ុណ្ណោះ។

អនាគតដ៏រុងរឿង​របស់មនុស្សសុចរិត
១៥រីឯ​មនុស្ស​សុចរិត​វិញ​ ពួកគេ​រស់​នៅ​អស់​កល្ប​ជានិច្ច ហើយ​ទទួល​រង្វាន់​ពី​ព្រះ​អម្ចាស់។ ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ថែ​រក្សា​ពួកគេ។ ១៦ហេតុ​នេះ​ពួកគេ​នឹង​ទទួល​ព្រះ​រាជ​ដ៏​រុងរឿង ព្រម​ទាំង​មកុដ​ដ៏ល្អ​ប្រសើរ​បំផុត​ពី​ព្រះ​អម្ចាស់​ ដ្បិត​ព្រះ​បារមី​ព្រះ​អង្គ​នឹង​គ្រប​បាំង​ពួកគេ ហើយ​ព្រះ​អង្គ​នឹង​ការពារ​ពួកគេ ដោយ​ឫទ្ធា​នុភាព​របស់​ព្រះ​អង្គ​ដែរ។ ១៧ព្រះ​ជា​ម្ចាស់​យក​ព្រះ​ហឫទ័យ​ស្រឡាញ់​ដ៏​ខ្លាំង​របស់​ព្រះ​អង្គ ធ្វើ​ជា​គ្រឿង​សឹក ព្រះ​អង្គ​យក​អ្វី​ៗដែល​ព្រះ​អង្គ​បង្កើត​មក​ ធ្វើ​ជា​អាវុធ។ ១៨ព្រះ​អង្គ​នឹង​ពាក់​សេចក្តី​សុចរិត ធ្វើ​ជា​អាវ​ក្រោះ ហើយ​យក​ការ​វិនិច្ឆ័យ​តាម​យុតិ្តធម៌ ធ្វើ​ជា​មួក​ដែក។ ១៩ព្រះ​អង្គ​យក​ភាព​វិសុទ្ធ​របស់​ព្រះ​អង្គ​ធ្វើ​ជា​ខែល​ដែល​គ្មាន​នរណា​អាច​ឈ្នះ ២០ហើយ​យក​ព្រះ​ពិរោធ​ដ៏​ឥតត្រា​ប្រណី​ធ្វើ​ជា​អាវ​ដ៏មុត។ ពិភព​ទាំង​មូល​នឹង​រួម​ជាមួយ​ព្រះ​អង្គ​ ធ្វើ​សឹក​ប្រឆាំង​នឹង​ពួក​ឆោត​ល្ងង់។ ២១រន្ទះ​នឹង​បាញ់​ចេញពី​ពពក​ដូច​ព្រួញដែល​បាញ់​ពីធ្នូ​ដ៏តឹង​ តំរង់​យ៉ាង​លឿន​ឆ្ពោះ​ទៅ​ទីដៅ។ ២២គ្រាប់​ព្រឹល​ធា្លក់​យ៉ាង​សា​ហាវ​បំផុត​ ដូចថ្ម​ដែល​គេ​បាញ់​ដោយ​ដង្ហក់​។ រលក​ទឹក​សមុទ្រ​នឹង​បក់​បោក​លើ​ខ្មាំង​សត្រូវ​របស់​ព្រះ​អង្គ​ហើយ​ទឹក​ទន្លេ​នឹង​ពន្លិច​ពួកគេ​ដោយ​ឥត​ត្រា​ប្រណី​ដែរ។ ២៣ខ្យល់​ដ៏​ខ្លាំង​ក្លា​នឹង​បក់​បោក​មក​លើ​ពួកគេ​ ហើយ​ផាត់​ពួក​គេ​យក​ទៅ ដូច​ខ្យល់​ព្យុះ។ ផែន​ដី​ទាំង​មូល​នឹង​ក្លាយ​ទៅ​ជា​ទីស្ម​សាន ព្រោះ​តែ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ហើយ​អ្នក​កាន់​អំណាច​នឹង​ត្រូវ​ធ្លាក់​ពី​បល្ល័ង្ក​របស់​ខ្លួន ព្រោះ​អំពើ​អាក្រក់​ដែល​គេ​ប្រព្រឹត្ត។

​ជំពូកទី ៦

អ្នកដឹកនាំត្រូវស្វែងយល់​អំពីព្រះប្រាជ្ញាញាណ
១ស្តេច​ទាំង​ឡាយ សូម​ស្តាប់ និង​យល់! អស់​អ្នក​ដែល​គ្រប់​គ្រង​ផែន​ដី​អើយ សូម​អញ្ជើញ​មក​សិក្សា! ២អស់​អ្នក​ដែល​មាន​អំណាច​លើ​មហា​ជន​ទាំង​ឡាយ ហើយ​អួត​អាង​ថា ខ្លួន​ត្រួត​ត្រា​លើ​ប្រជា​ជាតិ​ដ៏​ច្រើន​ឥត​គណនា​អើយ សូម​ផ្ទៀង​ត្រចៀក​ស្តាប់! ៣សូម​ជ្រាប​ថា អស់​លោក​បាន​ទទួល​អំណាច​គ្រប់​គ្រង​ពី​ព្រះ​អម្ចាស់ ជា​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។ ព្រះ​អង្គ​នឹង​ពិនិត្យ​មើល​កិច្ច​ការ​ដែល​អស់​លោក​ធ្វើ ព្រះ​អង្គ​តាម​សង្កេត​មើល​គោល​បំណង​របស់​អស់​លោក។ ៤អស់​លោក​កាន់​អំណាច​ក្នុង​នាម​ព្រះ​អម្ចាស់ ដែល​ជា​ព្រះ​មហា​ក្សត្រ។ ប្រសិន​បើ​អស់​លោក​មិន​គ្រប់​គ្រង​ដោយ​យុត្តិធម៌ មិន​គោរព​ច្បាប់ ហើយ​មិន​ធ្វើ​តាម​ព្រះ​ហឫ​ទ័យ​របស់​ព្រះ​ជា​ម្ចាស់​ទេ។ ៥នោះ​ព្រះ​អង្គ​នឹង​ដាក់​ទោស​អស់​លោក​យ៉ាង​ទាន់​ហន់​ គួរ​ឲ្យ​ភ័យ​ខ្លាច​ ដ្បិត​ព្រះ​អង្គ​វិនិច្ឆ័យ​ទោស​អ្នក​កាន់​អំណាច​ដោយ​ឥត​ត្រា​ប្រណី។ ៦ព្រះ​អង្គ​តែង​តែ​លើក​លែង​ទោស​ និង​អាណិត​មេត្តា​អ្នក​តូច​តាច​តែ​ព្រះ​អង្គ​វិនិច្ឆ័យ​ទោស​យ៉ាង​តឹង​រ៉ឹង​ ចំពោះ​អ្នក​កាន់​អំណាច។ ៧ព្រះ​ដែល​ជា​ម្ចាស់​នៃ​មនុស្ស​ទាំង​អស់​មិន​យោគ​យល់​នរណា​ឡើយ ហើយ​ព្រះ​អង្គ​ក៏​មិន​គិត​ពី​ឋានៈ​របស់​គេ​ដែរ ព្រោះ​ព្រះ​អង្គ​បង្កើត​មនុស្ស​ទាំង​តូច ទាំង​ធំ ហើយ​ថែ​រក្សា​មនុស្ស​ទាំង​អស់​តាម​របៀប​តែ​មួយ។ ៨ប៉ុន្តែ​ព្រះ​អង្គ​ពិនិត្យ​ពិច័យ​មើល​អ្នក​មាន​អំណាច​យ៉ាង​ហ្មត់​ចត់។ ៩អ្នក​កាន់​អំណាច​ទាំង​ឡាយ​អើយ​! ខ្ញុំ​សូម​ជំរាប​សេចក្តី​ទាំង​នេះ​ជូន ដើម្បី​ឲ្យ​អស់​លោក​រៀន​មាន​ប្រាជ្ញា​ និង​ចៀស​វាង​ការ​វង្វេង។ ១០អស់​អ្នក​ដែល​កាន់​តាម​វិន័យ​ដ៏​វិសុទ្ធ​ឥត​ខ្ចោះ ព្រះ​ជា​ម្ចាស់​នឹង​រាប់​គេ​ទុក​ជា​មនុស្ស​ដ៏​វិសុទ្ធ ហើយ​អស់​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ការ​អប់រំ​ពី​វិន័យ​ទាំង​នោះ នឹង​អាច​ដោះ​សារ​ការ​ពារ​ខ្លួន នៅ​ពេល​ព្រះ​អង្គ​វិនិច្ច័យ​ទោស។ ១១ហេតុ​នេះ​សូម​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ពាក្យ​របស់​ខ្ញុំ! សូម​ស្វះ​ស្វែង​ប្រាថ្នា​ចង់​បាន​ពាក្យ​នេះ ហើយ​ទទួល​ការ​អប់រំ​ផង។

មនុស្សសុចរិត​រមែងរកឃើញព្រះប្រាជ្ញាញាណ
១២ព្រះ​ប្រាជ្ញា​ញាណ​ ភ្លឺ​ចិញ្ចែង​ចិញ្ចាច​ជា​និច្ច​មិន​ចេះ​ស្រអាប់​ឡើយ។ ព្រះ​ប្រាជ្ញា​ញាណ​បង្ហាញ​ព្រះ​អង្គ​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​អង្គ អស់​អ្នក​ដែល​ស្វែង​រក​ព្រះ​ប្រាជ្ញា​ញាណ ក៏​រក​ឃើញេ​ព្រះ​អង្គ​យ៉ាង​ស្រួល​ដែរ។ ១៣អ្នក​ដែល​ប្រាថ្នា​ចង់​បាន​ព្រះ​ប្រាជ្ញា​ញាណ ព្រះ​អង្គ​បង្ហាញ​ឲ្យ​គេ​ស្គាល់ មុន​គេ​រក​ឃើញ​ព្រះ​អង្គ​ទៅ​ទៀត។ ១៤អ្នក​ដែល​ក្រោក​ពី​ព្រលឹម ដើម្បី​ស្វែង​រក​ព្រះ​ប្រាជ្ញា​ញាណ​មិន​នឿយ​ហត់​ឡើយ ដ្បិត​គេ​នឹង​ឃើញ​ព្រះ​ប្រាជ្ញា​ញាណ​គង់​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​ខ្លួន។ ១៥អ្នក​ណា​មាន​ចិត្ត​ឆេះ​ឆួល​ ប្រាថ្នា​ចង់​បាន​ព្រះ​ប្រាជ្ញា​ញាណ​ អ្នក​នោះ​មុខជា​យល់​ដឹង​យ៉ាង​ល្អ​ឥត​ខ្ចោះ។ រីឯ​អ្នក​ដែល​ប្រុង​ស្មារតី​ដោយ​នឹក​ដល់​ព្រះ​ប្រាជ្ញា​ញាណ​ មុខជា​រួចពី​កង្វល់​គ្រប់​បែប​យ៉ាង​ក្នុង​ពេល​ឆាប់ៗ។ ១៦ចំណែក​ព្រះ​ប្រាជ្ញា​ញាណ​វិញ ព្រះ​អង្គ​ស្វែង​រក​អស់​អ្នក​ដែល​សម​នឹង​ទទួល​ព្រះ​អង្គ ព្រះ​អង្គ​ក៏​សំដែង​ឲ្យ​ពួកគេ​ឃើញ​ដោយ​ព្រះ​ហឫទ័យ​សប្បុរស ក្នុង​គ្រប់​កិច្ច​ការ​ដែល​គេ​ធ្វើ ហើយ​យាង​មក​ជួប​ពួកគេ គ្រប់​ពេល​ដែល​គេ​គិត។ ១៧អ្នក​ណា​ប៉ង​ប្រាថ្នា​ដោយ​ចិត្ត​ស្មោះ​សរ​ចង់​ឲ្យ​ព្រះ​ប្រាជ្ញា​ញាណ​អប់រំ​ខ្លួន​ អ្នក​នោះ​ចាប់​ផ្តើម​មាន​ព្រះ​ប្រាជ្ញា​ញាណ​ហើយ! ១៨អ្នក​ណា​ប្រាថ្នា​ចង់​ទទួល​ការ​អប់រំ អ្នក​នោះ​ស្រឡាញ់​ព្រះ​ប្រាជ្ញា​ញាណ​ហើយ។ អ្នក​ដែល​ស្រឡាញ់​ព្រះ​ប្រាជ្ញា​ញាណ រមែង​កាន់​តាម​វិន័យ​របស់​ព្រះ​អង្គ អ្នក​ដែល​ប្រព្រឹត្ត​តាម​វិន័យ មុខ​ជា​មាន​ជីវិត​មិន​ចេះ​សាប​សូន្យ។ ១៩រីឯ​ជីវិត​មិន​ចេះ​សាប​សូន្យ ធ្វើ​ឲ្យ​ខ្លួន​ស្ថិត​នៅ​ក្បែរ​ព្រះ​ជា​ម្ចាស់ ២០ដូច្នេះ​ការ​ប៉ង​ប្រាថ្នា​ចង់​បាន​ព្រះ​ប្រាជ្ញា​ញាណ រមែង​នាំ​មនុស្ស​ទៅ​កាន់​រាជ​សម្បត្តិ។ ២១អ្នក​ដឹកនាំ​ជាតិ​សាសន៍​ទាំង​ឡាយ​ឡើយ! ប្រសិន​បើ​អស់​លោក​ស្រឡាញ់​រាជ​បល្ល័ង្ក​ និង អំណាច​ ចូរ​គោរព​ព្រះ​ប្រាជ្ញា​ញាណ​ទៅ នោះ​អស់​លោក​មុខជា​គ្រង​រាជ​អស់​កល្ប​ជានិច្ច​ពុំ​ខាន។

២២តើ​ព្រះ​ប្រាជ្ញា​ញាណ​ជាអ្វី​ទៅ ហើយ​ព្រះ​ប្រាជ្ញា​ញាណ​មាន​ដើម​កំណើត​យ៉ាង​ដូម្តេច? ខ្ញុំ​សូម​ជំរាប​ជូន​អស់​លោក ខ្ញុំ​មិន​លាក់​លៀម​សេចក្តី​អាថ៌​កំបាំង​ណា​ឡើយ។ ខ្ញុំ​នឹង​រៀប​រាប់​អំពី​កំណើត​នៃ​ព្រះ​ប្រាជ្ញា​ញាណ​តាំង​ពីដើម​ដំបូង​បង្អស់ ខ្ញុំ​នឹង​បរិយាយ​យ៉ាង​ច្បាស់​នូវ​សេចក្តី​ ដែល​ត្រូវ​ស្គាល់​អំពី​ព្រះ​អង្គ​ ដោយ​មិន​ប្រាស​ចាក​ពី​សេចក្តី​ពិត​ឡើយ។ ២៣ខ្ញុំ​គ្មាន​បំណង​លាក់​តំរិះ​ទុក​ក្នុង​ខ្លួន ព្រោះ​គំនិត​បែប​នេះ​មិន​ចុះ​សំរុង​ជា​មួយ​ព្រះ​ប្រាជ្ញា​ញាណ​ទេ។ ២៤ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​មាន​អ្នក​ប្រាជ្ញ​ច្រើន​ពិភព​លោក​មិន​ត្រូវ​វិនាស​ឡើយ​ ហើយ​ស្តេច​ដែល​មាន​តំរិះ តែង​តែ​នាំ​សេចក្តី​សុខ​សាន្ត​មក​ឲ្យ​ប្រជា​រាស្រ្ត។ ២៥ហេតុ​នេះ ចូរ​បណ្តោយ​ឲ្យ​ខ្ញុំ​បង្រៀន​អស់​លោក! អស់​លោក​មុខ​ជា​ទទួល​ប្រយោជន៍​ពុំ​ខាន។

​ជំពូកទី ៧

ព្រះបាទសាឡូម៉ូនជាមនុស្សធម្មតា
១ខ្ញុំ​ជា​មនុស្ស ដែល​រមែង​តែង​តែ​ស្លាប់​ដូច​មនុស្ស​ទាំង​អស់ ខ្ញុំ​ក៏ជា​ពូជ​ពង្ស​របស់​មនុស្ស​ដើម​ដំបូង ដែល​ព្រះ​ជា​ម្ចាស់​បាន​សូន​ពីដី​មក​ដែរ។ ២ខ្ញុំ​បាន​ចាប់​ផ្ទៃ​ដោយ​មេ​ជីវិត​របស់​បុរស​ម្នាក់​ ក្នុង​ពេល​រួម​បេវណី​យ៉ាង​សប្បាយ​ ហើយ​រូប​កាយ​របស់​ខ្ញុំ​ ក៏​កើត​ឡើង​ក្នុង​ផ្ទៃ​ម្តាយ។ អស់​រយៈ​ពេល​ដប់ខែ​ លោហិត​ម្តាយ​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​រូប​កាយ​នេះ​ កាន់​តែរឹង​ប៉ឹង​ឡើយៗ។ ៣តាំង​ពី​ខ្ញុំ​កើត​មក​ ខ្ញុំ​ដក​ដង្ហើម​ពី​ខ្យល់​ដូច​គេ​ឯង ខ្ញុំ​មក​រស់​នៅ​លើ​ផែន​ដី​នេះ​រង​ទុក្ខ​ដូចគេ​ឯង ហើយ​សំឡេង​ដើម​ដំបូង​របស់ខ្ញុំ​ ក៏​មិន​ខុសពី​ទារក​ឯទៀត​ៗទាំង​អស់។ ៤គេ​យក​ក្រណាត់​មករុំ​ខ្ញុំ ហើយ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា។ ៥គ្មាន​ស្តេច​ណា ចាប់​ផ្តើម​ជីវិត​តាម​របៀប​ផ្សេង​ទេ​! ៦មនុស្ស​ទាំង​អស់ ចូរមក​ក្នុង​ពិភព​លោក​តាម​របៀប​ដូចគ្នា​ហើយ​ចាក​ចេញ​ទៅ​វិញ តាម​របៀប​ដូច​គ្នា​ដែរ។

ព្រះបាទសាឡូម៉ូន​ស្រឡាញ់ព្រះប្រាជ្ញាញាណ
៧ហេតុ​នេះ ខ្ញុំ​ទូល​អង្វរ​ព្រះ​ជា​ម្ចាស់ ហើយ​ព្រះ​អង្គ​ប្រោស​ប្រទាន​ឲ្យ​មាន​សុភ​និច្ឆ័យ។ ខ្ញុំ​ទូល​សូម​ព្រះ​អង្គ ព្រះ​អង្គ​ក៏​ប្រទាន​ឲ្យ​ខ្ញុំ​មាន​គំនិត​នៃ​ព្រះ​ប្រាជ្ញា​ញាណ។ ៨ខ្ញុំ​យល់​ឃើញ​ថា មាន​ព្រះ​ប្រាជ្ញា​ញាណ​ ប្រសើរ​ជាង​មាន​រាជ​បល្ល័ង្ក និង​អំណាច​គ្រប់​គ្រង​ទៅ​ទៀត។ បើ​ប្រៀប​នឹង​ព្រះ​ប្រាជ្ញា​ញាណ ខ្ញុំ​ចាត់​ទុក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ថា​គ្មាន​តម្លៃ។ ៩សូម្បី​តែ​ត្បូង​ពេជ្រ​ដ៏មាន​តម្លៃ​ ក៏មិន​អាច​ប្រៀប​ផ្ទឹម​នឹង​ព្រះ​ប្រាជ្ញា​ញាណ​បាន​ដែរ។ បើ​ប្រៀប​ផ្ទឹម​នឹង​ព្រះ​ប្រាជ្ញា​ញាណ មាស​ទាំង​អស់​ក្នុង​ពិភព​លោក​ទាំង​មូល​ ប្រៀប​បី​ដូច​ជា​ខ្សាច់​មួយ​ក្តាប់​តូច ហើយ​ប្រាក់​ក៏​ប្រៀប​ដូច​ជា​ភក់​ដែរ។ ១០ខ្ញុំ​ស្រឡាញ់​ព្រះ​ប្រាជ្ញា​ញាណ​ជាង​ស្រឡាញ់​សុខ​ភាព​ល្អ និង​សម្ផស្ស​ទៅ​ទៀត។ ខ្ញុំ​សំរេច​ចិត្ត​យក​ព្រះ​ប្រាជ្ញា​ញាណ ធ្វើ​ជា​ពន្លឺ​នៃ​ជីវិត​របស់​ខ្ញុំ ព្រោះ​ពន្លឺ​ដែល​ចេញ​ពី​ព្រះ​ប្រាជ្ញា​ញាណ​មិន​ចេះ​ស្រអាប់​ឡើយ។

១១ព្រះ​ប្រាជ្ញា​ញាណ​យាង​មក​រក​ខ្ញុំ ទាំង​នាំ​សម្បត្តិ​គ្រប់​យ៉ាង​ និង​កាន់​ភោគ​ទ្រព្យ​ដ៏មាន​តម្លៃ​មក​ជា​មួយ​ផង។ ១២ខ្ញុំ​សប្បាយ​រីក​រាយ​នឹង​សម្បត្តិ​ទាំង​នេះ ព្រោះ​ព្រះ​ប្រាជ្ញា​ញាណ​នាំ​មក​ឲ្យ​ខ្ញុំ​ ក៏​ប៉ុន្តែ​ កាល​ណោះ​ខ្ញុំ​មិន​ទាន់​ដឹងថា ព្រះ​ប្រាជ្ញា​ញាណ​បង្កើត​សម្បតិ្ត​ទាំង​នេះ​ទេ។ ១៣អ្វីៗ​ដែល​ខ្ញុំ​បាន​រៀន​ពី​ព្រះ​ប្រាជ្ញា​ញាណ​ដោយ​ចិត្ត​ស្មោះ​សរ ខ្ញុំ​ថ្លែង​ប្រាប់​អ្នក​ដទៃ​ឥត​ទុក​សំរាប់​ខ្លួន​ឯង​ឡើយ។ ខ្ញុំ​មិន​លាក់​លៀម​សម្បត្តិ​ដ៏មាន​តម្លៃ នៃ​ព្រះ​ប្រាជ្ញា​ញាណ​ទេ​ ១៤ដ្បិត​ព្រះ​ប្រាជ្ញា​ញាណ​ជា​កំណប់​ដ៏មាន​តម្លៃ មិន​ចេះ​លស់​សំរាប់​មនុស្ស​លោក។ អស់​អ្នក​ដែល​មាន​កំណប់​នេះ នឹង​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​ជា​ម្ចាស់​ ព្រោះ​លទ្ធ​ផល​នៃ​ការ​អប់រំ ធ្វើ​ឲ្យ​គេ​គាប់​ព្រះ​ហឫ​ទ័យ​ព្រះ​អង្គ។

ព្រះជាម្ចាស់ជាប្រភព​នៃការចេះដឹងគ្រប់យ៉ាង
១៥សូម​ព្រះ​ជា​ម្ចាស់​ប្រោស​ប្រទាន ឲ្យ​ខ្ញុំ​ចេះ​និយាយ​ប្រកប​ដោយ​វិចារណ​ញ្ញាណ​ និង​ចេះ​គិត​សម​តាម​ព្រះ​អំណោយ​ទាន​របស់​ព្រះ​អង្គ ដ្បិត​ព្រះ​អង្គ​ជា​មគ្គុ​ទ្ទេស​ក៏​របស់​ព្រះ​ប្រាជ្ញា​ញាណ ហើយ​តំរង់​ផ្លូវ​អ្នក​ប្រាជ្ញ ១៦ព្រះ​អង្គ​ជា​ម្ចាស់​របស់​យើង​ទាំង​អស់​គ្នាហើយ​ជា​ម្ចាស់​លើ​ពាក្យ​សំដី​ចិត្ត​គំនិត​ និង​ចំណេះ​ឯក​ទេស​របស់​យើង។ ១៧ដូច្នេះ​ព្រះ​អង្គ​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ស្គាល់​ច្បាស់​នូវ​អ្វីៗ ដែល​មាន​ក្នុង​លោក​នេះ គឺ​ឲ្យ​ខ្ញុំ​ស្គាល់​រចនា​សម្ពន្ធ​នៃ​ពិភព​លោក និង​ សកម្ម​ភាព​របស់​ធាតុ​ទាំង​ប្រាំ។ ១៨ព្រះ​អង្គ​ក៏​ឲ្យ​ខ្ញុំ​ចេះ​រាប់​ដើម​ដំបូង ពាក់​កណ្តាល និងចុង​បញ្ចប់​នៃ​ពេល​វេលា​ ព្រម​ទាំង​ស្គាល់​រដូវ​កាល ដែល​ចេះ​តែ​មាន​ជា​បន្ត​បន្ទាប់​គ្នា​តាម​ដំណើរ​ព្រះ​អាទិត្យ ១៩វដ្ត​នៃ​ឆ្នាំ​នីមួយៗ និង​ទីតាំង​តារា​ទាំង​ប៉ុន្មាន ២០ប្រភេទ​របស់​សត្វ និង​លក្ខណៈ​របស់​សត្វ​ព្រៃ​ អានុ​ភាព​របស់​វត្ថុ​ស័ក្កិ​សិទ្ធិ​ និង​ចិត្ត​គំនិត​របស់​មនុស្ស រុក្ខ​ជាតិ​ប្លែក​ៗពីគ្នា​ ព្រម​ទាំង​ប្រយោជន៍​នៃ​ឫស​រុក្ខ​ជាតិ​ទាំង​នោះ​ដែល​អាច​ប្រើ​ធ្វើ​ជា​ថ្នាំ​បាន។ ២១ខ្ញុំ​ស្គាល់​អ្វី​ៗទាំង​អស់​ដែល​មនុស្ស​លោក​មើល​ឃើញ ឬ​មើល​ពុំ​ឃើញ​ ដ្បិត​ព្រះ​ប្រាជ្ញា​ញាណ​ដែល​បង្កើត​អ្វីៗ​ទាំង​អស់​បាន​បង្រៀន​ខ្ញុំ។

លក្ខណៈរបស់ព្រះប្រាជ្ញាញាណ
២២ព្រះ​ប្រាជ្ញា​ញាណ មាន​វិញ្ញាណ​ដ៏​ឈ្លាស​វៃ​ និង​វិសុទ្ធ។ មាន​វិញ្ញាណ​តែមួយ​ដែល​ធ្វើ​ការ​អ្វីៗទាំង​អស់ មនុស្ស​ស្ទាប​ឬ​ចាប់​មិន​បាន ខុស​ប្លែក​ពី​អ្វី​ទាំង​អស់ ឥត​សៅ​ហ្មង​ ជ្រះ​ថ្លា មិន​ប្រែ​ប្រួល​ស្រឡាញ់​ការ​ល្អ មោះ​មុត ២៣គ្មាន​នរណា​អាច​បង្ខំ​បាន ជួយ​យក​អាសា​គេ​ ស្រឡាញ់​មនុស្ស នឹងន​រឹងមាំ ឥត​រង្គើ មិន​ខ្វល់​ខ្វាយ អាច​សំរេច​ការ​ទាំង​អស់​បាន​ ពិនិត្យ​មើល​អ្វីៗទាំង​អស់​ស្ទង់​គំនិត​ទាំង​ឡាយ​គឺ​គំនិត​របស់​អ្នក​ចេះ​ដឹង អ្នក​បរិសុទ្ធ និង​អ្នក​ឈ្លាស​វៃ​បំផុត។ ២៤ព្រះ​ប្រាជ្ញា​ញាណ​លឿន​ជាង​អ្វីៗ ដែល​កំរើក​បាន។ ព្រះ​ប្រាជ្ញា​ញាណ​បរិសុទ្ធ​បំផុត​ ហេតុ​នេះ​ ព្រះ​អង្គ​អាច​ឆ្លង​កាត់​ និង​ជ្រាប​ចូល​អ្វី​ៗទាំង​អស់។ ២៥ព្រះ​ប្រាជ្ញា​ញាណ​ ជា​ខ្យល់​ដង្ហើម​របស់​ព្រះ​ជា​ម្ចាស់​ ប្រកប​ដោយ​ឫទ្ធា​នុភាព និង​ជា​រស្មី​ដ៏​វិសុទ្ធ​ចេញ​មក​ពី​សិរី​រុងរឿង ​នៃ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។ ដូច្នេះ​គ្មាន​ភាព​សៅ​ហ្មង​ណា​អាច​ចូល​ក្នុង​ព្រះ​ប្រាជ្ញា​ញាណ​បាន​ឡើយ។ ២៦ព្រះ​ប្រាជ្ញា​ញាណ​ជា​រស្មី​នៃ​ពន្លឺ​ដែល​នៅ​ស្ថិត​ស្ថេរ​អស់​កល្ប​ជានិច្ច ជា​កញ្ចក់​ដ៏​ភ្លឺថ្លា​ ឆ្លុះ​បញ្ចាំង​មហិទ្ធិ​ឫទ្ធិ​របស់​ព្រះ​ជា​ម្ចាស់ និង​ ជា​តំណាង​នៃ​ព្រះ​ហឫទ័យ​សប្បុរស​ របស់​ព្រះ​អង្គ។ ២៧ព្រះ​ប្រាជ្ញា​ញាណ​មាន​តែមួយ​អង្គ​គត់ តែ​ព្រះ​អង្គ​អាច​សំរេច​កិច្ច​ការ​ទាំង​អស់​បាន។ ព្រះ​ប្រាជ្ញា​ញាណ​មិន​ដែល​ប្រែ​ប្រួល​ទេ តែ​ព្រះ​អង្គ​ធ្វើ​ឲ្យ​អ្វីៗទាំង​អស់​ផ្លាស់​ប្រែ​ជា​ថ្មី​បាន។ ពី​ជំនាន់​មួយ ទៅ​ជំនាន់​មួយ ព្រះ​ប្រាជ្ញា​ញាណ​យាង​មក​សណ្ឋិត​ក្នុង​ដូង​ចិត្ត​របស់​មនុស្ស​វិសុទ្ធ​ ដើម្បី​ឲ្យ​គេ​ទៅ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​ជា​ម្ចាស់ និងទៅ​ជា​ព្យាការី។ ២៨ដ្បិត​ព្រះ​ជា​ម្ចាស់​ ស្រឡាញ់​តែ​អស់​អ្នក​ដែល​រួម​រស់​ជាមួយ​ព្រះ​ប្រាជ្ញា​ញាណ​ប៉ុណ្ណោះ។ ២៩ព្រះ​ប្រាជ្ញា​ញាណ ភ្លឺ​ជាង​ពន្លឺ​ព្រះ​អាទិត្យ និង​កញ្ចុំ​ផ្កាយ​ទាំង​ឡាយ​ទៅ​ទៀត បើ​ប្រៀប​ផ្ទឹម​នឹង​បន្លឺ​ថ្ងៃ ព្រះ​អង្គ​ភ្លឺ​ហួស​ប្រមាណ។ ៣០យប់​រមែង​ផ្ទេរ​កន្លែង​ទៅ​ឲ្យ​ថ្ងៃ​ ផ្ទុយ​ទៅ​វិញ ព្រះ​ប្រាជ្ញា​ញាណ​ឈ្នះ​សេចក្តី​អាក្រក់​ជានិច្ច។

​ជំពូកទី ៨

១ព្រះ​ប្រាជ្ញា​ញាណ​លាត​ត្រដាង​ឫទ្ធា​នុភាព​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង​ ហើយ​ត្រួត​ត្រា​អ្វីៗទាំង​អស់ ដោយ​ព្រះ​ហឫ​ទ័យ​សប្បុរស។

ព្រះប្រាជ្ញាញាណ​ជាមហេសីដ៏ប្រសើរបំផុត
២ខ្ញុំ​ស្រឡាញ់ ហើយ​ខំ​ស្វះ​ស្វែង​រក​ព្រះ​ប្រាជ្ញា​ញាណ​តាំង​ពី​យុវ​វ័យ​មក ខ្ញុំ​ក៏​ចាប់​ចិត្ត​នឹង​សម្រស់​របស់​ព្រះ​ប្រាជ្ញា​ញាណ ព្រម​ទាំង​ចង់​យក​មក​ធ្វើ​ជា​មហេសី​របស់​ខ្ញុំ​ថែម​ទៀត​ផង។ ៣ដោយ​រួម​រស់​ជា​មួយ​ព្រះ​ជា​ម្ចាស់ ព្រះ​ប្រាជ្ញា​ញាណ​មាន​សិរី​រុងរឿង​លើស​អភិ​ជន​នានា​ ហើយ​ព្រះ​ដែល​ជា​ម្ចាស់​លើ​អ្វីៗទាំង​អស់​ក៏​ស្រឡាញ់​ព្រះ​ប្រាជ្ញា​ញាណ​ដែរ។ ៤ព្រះ​ប្រាជ្ញា​ញាណ​ឈ្វេង​យល់ ព្រះ​តំរិះ​ដ៏​លាក់​កំបាំង​របស់​ព្រះ​ជា​ម្ចាស់ ហើយ​ផ្តល់​គំនិត​ក្នុង​កិច្ច​ការ​ដែល​ព្រះ​អង្គ​សំរេច​ធ្វើ។ ៥ក្នុង​លោក​នេះ មនុស្ស​ប្រាថ្នា​ចង់​បាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន។ ប៉ុន្តែ គ្មាន​អ្វី​មាន​តម្លៃ​ជាង​ព្រះ​ប្រាជ្ញា​ញាណ​ដៃល​បាន​បង្កើត​អ្វី​ៗទាំង​អស់​នោះ​ឡើយ! ៦បើ​ប្រាជ្ញា​របស់​មនុស្ស​យើង​ ចេះ​ធ្វើ​ការ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ប៉ុណ្ណឹង​ទៅ​ហើយ​ ចុះ​ចំណង់​បើ​ព្រះ​ប្រាជ្ញា​ញាណ ដែល​បាន​ច្នៃ​បង្កើត​អ្វី​ៗទាំង​អស់ តើ​រឹត​តែ​មាន​ប្រសិទ្ធ​ភាព​យ៉ាង​ណា​ទៅ​ទៀត។ ៧តើ​មាន​នរណា​ស្រឡាញ់​សេចក្តី​សុចរិត​ឬ​ទេ? កិរិយា​ល្អ​គ្រប់​យ៉ាង សុទ្ធ​តែ​ជា​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​ប្រាជ្ញា​ញាណ គឺ​ព្រះ​អង្គ​បង្រៀន​ឲ្យ​ចេះ​ស្កប់​ចិត្ត ចេះ​រិះ​គិត​ពិចា​រណា មាន​សេចក្តី​សុចរិត​ និង​ចិត្ត​ក្លាហាន​។ ក្នុង​ជីវិត​មនុស្ស​យើង គ្មាន​អ្វី​មាន​ប្រយោជន៍​ជាង​កិរិយា​ល្អ​ទាំង​នោះ​ទេ។ តើ​មាន​នរណា​ចង់​បាន​បទ​ពិសោធន៍​ដ៏​យូរ​លង់​ឬទេ? ព្រះ​ប្រាជ្ញា​ញាណ​ជ្រាប​អតីត​កាល​ និង​អនា​គត​កាល។ ព្រះ​អង្គ​ចេះ​បក​ស្រាយ​ ពាក្យ​ពេចន៍​ទាំង​ប៉ុន្មាន​ ហើយ​ក៏​ចេះ​កាត់​ប្រស្នា​ព្រះ​អង្គ​ជ្រាប​ជា​មុន នូវ​ទី​សំគាល់​ដ៏​អស្ចារ្យ និង​អភូត​ហេតុ​នានា​ព្រម​ទាំង​ជ្រាប​អំពី​ពេល​វេលា ដែល​មាន​នក្ខត្ត​ឫក្ស​ដែរ។ ៩ហេតុ​នេះ ខ្ញុំ​សំរេច​ចិត្ត​យក​ព្រះ​ប្រាជ្ញា​ញាណ​មក​ធ្វើ​ជា​គូរ​គាប់ រួម​រស់​ជា​មួយ​ខ្ញុំ ព្រោះ​ខ្ញុំ​ដឹងថា ព្រះ​ប្រាជ្ញា​ញាណ ​នឹង​ផ្តល់​យោបល់​យ៉ាង​ល្អ​ប្រពៃ​ដល់​ខ្ញុំ​ ព្រម​ទាំង​លើក​ទឹក​ចិត្ត​នៅ​ពេល​ខ្ញុំ​មាន​កង្វល់ និង​ កើត​ទុក្ខ​ផង។ ១០ខ្ញុំ​យល់​ឃើញ​ថា​ដោយ​សារ​ព្រះ​ប្រាជ្ញា​ញាណ​នេះ មហា​ជន​មុខ​ជា​លើក​តម្កើង​ខ្ញុំ​ ទោះបី​ខ្ញុំ​នៅ​ក្មេង​ក្តី ក៏​ចាស់​ទុំ​គោរព​ខ្ញុំ​ដែរ។ ១១ពេល​ខ្ញុំ​កាត់​ក្តី គេ​មុខ​ជា​ឃើញ​ថា ខ្ញុំ​ឈ្លាស​វៃ ហើយ​អ្នក​កាន់​អំណាច​នានា មុខ​ជា​ស្ងើច​សរសើរ​ខ្ញុំ។ ១២ពេល​ខ្ញុំ​នៅ​ស្ងៀម អស់​លោក​ទាំង​នោះ​នឹង​រង់ចាំ​ស្តាប់​ខ្ញុំ​និយាយ ពេល​ខ្ញុំ​និយាយ គេ​មុខ​ជា​ត្រង​ត្រាប់​ស្តាប់​ ពេល​ខ្ញុំ​និយាយ​យូរ​ គេ​នៅ​ស្ងៀម ហើយ​កោត​សរសើរ​ខ្ញុំ​ក្នុង​ចិត្ត​។ ១៣ដោយ​សារ​ព្រះ​ប្រាជ្ញា​ញាណ​ខ្ញុំ​នឹង​មាន​ជីវិត​អមតៈ ហើយ​អស់​អ្នក​ដែល​រស់​នៅ​ក្រោយ​ខ្ញុំ នឹង​នឹក​ចាំ​ពី​ខ្ញុំ​អស់​កល្ប​ជានិច្ច។ ១៤ខ្ញុំ​នឹង​គ្រប់​គ្រង​លើ​ជាតិ​សាសន៍​នានា ប្រជា​ជាតិ​ទាំង​ឡាយ​នឹង​នៅ​ក្រោម​អំណាច​របស់​ខ្ញុំ។ ១៥ពេល​ឮ​ឈ្មោះ​ខ្ញុំ​ស្តេច​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច នាំគ្នា​តក់​ស្លុត។ ខ្ញុំ​នឹង​សំដែង​ចិត្ត​សប្បុរស ចំពោះ​ប្រជា​ជន​របស់​ខ្ញុំ​ ហើយ​សំដែង​ចិត្ត​ក្លា​ហាន​នៅ​ពេល​ធ្វើ​សឹក​សង្រ្គាម។ ១៦កាល​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំនឹង​សំរាក​នៅ​ក្បែរ​ព្រះ​ប្រាជ្ញា​ញាណ​ ដ្បិត​អ្នក​នៅ​ជាមួយ​ព្រះ​ប្រាជ្ញា​ញាណ​ មិន​ដែល​មាន​ចិត្ត​ជូរ​ចត់​ទេ។ ការ​រួម​រស់​ជា​មួយ​ព្រះ​ប្រាជ្ញា​ញាណ ក៏មិន​បណ្តោយ​ឲ្យ​មាន​ទុក្ខ​ព្រួយ​ដែរ​គឺ​មាន​តែ​សេចក្តី​សុខ​ និង​អំណរ​សប្បាយ​ប៉ុណ្ណោះ។

១៧ខ្ញុំ​បាន​រិះគិត​អំពី​សេចក្តី​ទាំង​នេះ ហើយ​យល់​ឃើញ​ថា ការ​រួម​រស់​ជា​មួយ​ព្រះ​ប្រាជ្ញា​ញាណ ធ្វើ​ឲ្យ​មាន​ជីវិត​អមតៈ។ ១៨ចំណង​មិត្ត​ភាព​ជា​មួយ​ព្រះ​ប្រាជ្ញា​ញាណ ជា​ប្រភព​នៃ​សុភ​មង្គល​ដ៏​ពេញ​លក្ខណៈ សកម្ម​ភាព​របស់​ព្រះ​ប្រាជ្ញា​ញាណ​ផ្តល់​ទ្រព្យ​សម្បត្តិ​ដែល​មិន​ចេះ​រលស់។ ខ្ញុំ​ក៏​យល់​ថា​ ទំនាក់​ទំនង​ជា​ប្រក្រតី ជា​មួយ​ព្រះ​ប្រាជ្ញា​ញាណ​រមែង​ធ្វើ​ឲ្យ​មាន​សុភ​និច្ឆ័យ ហើយ​ការ​សន្ទនា​ជា​មួយ​ព្រះ​ប្រាជ្ញា​ញាណ រមែង​ធ្វើ​ឲ្យ​មាន​កិត្តិ​នាម។ ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​ដើរ​រក​ព្រះ​ប្រាជ្ញា​ញាណ​គ្រប់​ទីកន្លែង​ដើម្បី​យក​មក​ធ្វើ​ជា​មហេសី​របស់​ខ្ញុំ។ ១៩ខ្ញុំ​កើត​ក្នុង​វង្ស​ត្រកូល​ខ្ពស់​មែន ខ្ញុំ​ក៏​ទទួល​ព្រលឹង​ដ៏ល្អ​ប្រសើរ​ដែរ​។ ២០ឬ​បើ​និយាយ​ឲ្យ​ត្រូវ​ជាង​នេះ​ទៅ​ទៀត ដោយ​ខ្ញុំ​មាន​ព្រលឹង​ដ៏ល្អ​ប្រសើរ ខ្ញុំ​ក៏​ចូល​មក​ក្នុង​រូប​កាយ​ដ៏​ឥត​សៅ​ហ្មង​។ ២១ប៉ុន្តែ ខ្ញុំ​ដឹង​ថា បើ​ព្រះ​ជា​ម្ចាស់​មិន​ប្រោស​ប្រទាន​ទេ​នោះ ខ្ញុំ​ពុំ​អាច​ទទួល​ព្រះ​ប្រាជ្ញា​ញាណ​បាន​ឡើយ​! ដោយ​ខ្ញុំ​ទទួល​ស្គាល់​ថា ព្រះអំ​ណោយ​ទាន​នេះ​មកពី​ព្រះ​អង្គ​ ដូច្នេះ​ស​ឲ្យ​ឃើញ​ថា ខ្ញុំ​ចេះ​គិត​ពិចា​រណា​ហើយ។ ហេតុ​នេះ​ខ្ញុំ​ទូល​អង្វរ​ព្រះ​អម្ចាស់​ អស់​ពីដួង​ចិត្ត​ថា៖

​ជំពូកទី ៩

ពាក្យទូលអង្វរ​សូមព្រះប្រាជ្ញាញាណ
១បពិត្រ​ព្រះ​នៃ​បុព្វ​បុរស​របស់​ទូល​បង្គំ​ និង​ជា​ព្រះ​អម្ចាស់ ​ប្រកប​ដោយ​ព្រះ​ហឫ​ទ័យ​មេត្តា​ករុណា ព្រះ​អង្គ​បង្កើត​អ្វី​ៗសព្វ​សារ​ពើ​ ដោយ​សារ​ព្រះ​បន្ទូល។ ២ព្រះ​អង្គ​បាន​សូន​មនុស្ស​ ដោយ​សារ​ព្រះ​ប្រាជ្ញា​ញាណ​ ដើម្បី​ឲ្យ​គ្រប់​គ្រង​លើ​សត្វ​លោក​ទាំង​អស់ ដែល​ព្រះ​អង្គ​បង្កើត​មក​។ ៣ហើយ​ឲ្យ​គេ​ត្រួត​ត្រា​ពិភព​លោក​ដោយ​ភាព​វិសុទ្ធ និង​សុចរិត​តាម​យុត្តិ​ធម៌ ព្រម​ទាំង​វិនិច្ឆ័យ​ដោយ​ចិត្ត​ទៀង​ត្រង់។ ៤សូម​មេត្តា​ប្រោស​ប្រទាន​ព្រះ​ប្រាជ្ញា​ញាណ ដែល​គង់​នៅ​លើ​បល្ល័ង្ក​រួម​ជា​មួយ​ព្រះ​អង្គ​ មក​ទូល​បង្គំ​ផង! សូម​កុំ​ដក​ទូល​បង្គំ​ ចេញ​ពី​ចំណោម​បុត្រ​ធីតា​របស់​ព្រះ​អង្គ​ឡើយ​។ ៥ទូល​បង្គំ​ជា​អ្នក​បំរើ​របស់​ព្រះ​អង្គ​ ដូច​ម្តាយ​របស់​ទូល​បង្គំ​ដែរ។ ទូល​បង្គំ​ជា​មនុស្ស​ទន់​ខ្សោយ ដែល​មាន​អាយុ​ខ្លី មិន​សូវ​យល់​អំពី​វិន័យ​ និង ច្បាប់​របស់​ព្រះ​អង្គ​ឡើយ។ ៦មួយ​វិញ​ទៀត​ទោះបី​ មាន​មនុស្ស​ណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​ក្តី​ប្រសិន​បើ​គេ​គ្មាន​ព្រះ​ប្រាជ្ញា​ញាណ​មកពី​ព្រះ​អង្គ​ទេ គេ​គ្មាន​តម្លៃ​អ្វី​ឡើយ! ៧ ព្រះ​អង្គ​បាន​ជ្រើស​រើស​ទូល​បង្គំ ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ គឺ​ឲ្យ​ទូល​បង្គំ​គ្រប់​គ្រង​លើ​បុត្រ​ធីតា​របស់​ព្រះ​អង្គ​។ ៨ព្រះ​អង្គ​បញ្ជា​ឲ្យ​ទូល​បង្គំ​សង់​ព្រះ​វិហារ ​នៅ​លើភ្នំ​ដ៏​វិសុទ្ធ​របស់​ព្រះ​អង្គ ព្រម​ទាំង​សង់​អាសនៈ​មួយ​ក្នុង​ក្រុង​ដែល​ព្រះ​អង្គ​គង់​នៅ ដោយ​យក​ព្រះ​ពន្លា​ដែល​ព្រះ​អង្គ​បាន​រៀបចំ តាំងពី​ដើម​រៀង​មក​ធ្វើ​ជា​គំរូ។ ៩បពិត្រ​ព្រះ​អម្ចាស់! ព្រះ​ប្រាជ្ញា​ញាណ​គង់​នៅ​ជាមួយ​ព្រះ​អង្គ ហើយ​ជ្រាប​អំពី​ស្នា​ព្រះ​ហស្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ​អង្គ។ ពេល​ព្រះ​អង្គ​បង្កើត​ពិភព​លោក ព្រះ​ប្រាជ្ញា​ញាណ​គង់​នៅ​ជាមួយ​ព្រះ​អង្គ​ ព្រម​ទាំង​ជ្រាប​អំពី​អ្វី​ៗ ដែល​គាប់​ព្រះ​ហឫ​ទ័យ​ព្រះ​អង្គ​ និង​អ្វី​ៗដែល​ត្រឹម​ត្រូវ​តាម​បញ្ជា​របស់​ព្រះ​អង្គ។ ១០សូម​ចាត់​ព្រះ​ប្រាជ្ញា​ញាណ ឲ្យ​យាង​ចុះ​ពី​ស្ថាន​បរម​សុខ​ ដែល​ជា​ព្រះ​ដំណាក់​ដ៏វិសុទ្ធ​របស់​ព្រះ​អង្គ​ សូម​ឲ្យ​ព្រះ​ប្រាជ្ញា​ញាណ​យាង​ពី​បល្ល័ង្ក ប្រកប​ដោយ​សិរី​រុងរឿង​របស់​ព្រះ​អង្គ ដើម្បី​ធ្វើ​ការ​នឿយ​ហត់​រួម​ជា​មួយ​ទូល​បង្គំ​ និង​ឲ្យ​ទូល​បង្គំ​ខ្ញុំ​ស្គាល់​អ្វី​ៗ ដែល​គាប់​ព្រះ​ហឫ​ទ័យ​ព្រះ​អង្គ​ផង។ ១១ព្រះ​ប្រាជ្ញា​ញាណ​ជ្រាប​ និង​យល់​អ្វី​ៗទាំង​អស់ ហើយ​ណែនាំ​ទូល​បង្គំ​ឲ្យ​ប្រព្រឹត្ត​កិច្ចការ​ផ្សេងៗ ដោយ​ចេះ​គិត​ពិចារ​ណា​។ សូម​ព្រះ​ប្រាជ្ញា​ញាណ​ការ​ពារ​ទូល​បង្គំ​ដោយ​សិរីរុង​រឿង​របស់​ព្រះ​អង្គ​ផង! ១២ដូច្នេះ​កិច្ច​ការ​ទាំង​ប៉ុន្មាន​ដែល​ទូល​បង្គំ​ប្រព្រឹត្ត មុខ​ជា​គាប់​ព្រះ​ហឫ​ទ័យ​របស់​ព្រះ​អង្គ ទូល​បង្គំ​នឹង​គ្រង​រាជ្យ​លើ​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ​ដោយ​គតិ​យុត្តិ​ធម៌ ហើយ​ក៏​ស័ក្កិ​សម​អង្គុយ​លើ​បល្ល័ង្ក​របស់​បិតា​ទូល​បង្គំ​ដែរ។

១៣ឳ​ព្រះ​ជា​ម្ចាស់​អើយ! តើ​នរណា​អាច​ស្គាល់​ព្រះ​ហឫ​ទ័យ​របស់​ព្រះ​អង្គ​បាន? តើ​នរណា​អាច​ស្មាន​យល់​អំពី​បំណង​របស់​ព្រះ​អង្គ? ១៤មនុស្ស​តែង​តែ​ស្លាប់ មាន​គំនិត​មិន​ប្រាកដ​ប្រជា​ទេ ហើយ​ការ​រិះ​គិត​របស់​យើង​ខ្ញុំ ក៏​រមែង​ប្រែ​ប្រួល​ជា​និច្ច។ ១៥រូប​កាយ​របស់​យើង​ខ្ញុំ​ដែល​ត្រូវ​រលួយ ជា​បន្ទុក​យ៉ាង​ធ្ងន់​ សង្កត់​លើ​ព្រលឹង​របស់​យើង​ខ្ញុំ។ រូប​កាយ​ជា​សំបក​ធ្វើ​ពីដី ក៏​សង្កត់​លើ​វិញ្ញាណ​ដែល​ប្រទាញ​ប្រទង់​ដោយ​កង្វល់​ផ្សេង​ៗ។ ១៦យើង​ខ្ញុំ​ពិបាក​ស្រមៃ​ឃើញ​ពី​អ្វី​ៗ​នៅ​លើ​ផែន​ដី​ ហើយ​ក៏​មិន​ងាយ​យល់​អំពី​អ្វីៗ ដែល​យើង​អាច​ប៉ះ​ពាល់​បាន​ប៉ុណ្ណឹង​ទៅ​ហើយ ចុះ​ចំណង់​បើអ្វី​ៗដែល​នៅ​ឯស្ថាន​បរម​សុខ​វិញ តើ​នរណា​អាច​ស្វែង​យល់​បាន! ១៧ប្រសិន​បើ ព្រះ​អង្គ​មិន​បាន​ប្រោស​ប្រទាន​ព្រះ​ប្រាជ្ញា​ញាណ ហើយ​មិន​បាន​ចាត់​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​របស់​ព្រះ​អង្គ​ ពី​ស្ថាន​ដ៏​ខ្ពស់​មក​ទេ​នោះ គ្មាន​នរណា​អាច​ស្គាល់​បំណង​របស់​ព្រះ​អង្គ​បាន​ឡើយ​។ ១៨ដូច្នេះ​ព្រះ​អង្គ​បាន​តំរែ​តំរង់​មនុស្ស ឲ្យ​រស់​នៅ​ដោយ​ទៀង​ត្រង់​នៅ​លើ​ផែន​ដី​ ព្រះ​អង្គ​បាន​បង្រៀន​ពួកគេ​ពីអ្វី​ៗដែល​គាប់​ព្រះ​ហឫ​ទ័យ​ព្រះ​អង្គ ហើយ​ព្រះ​ប្រាជ្ញា​ញាណ​ក៏​សង្រ្គោះ​គេ​ដែរ។

ជំពូកទី ១០

នាទីរបស់ព្រះប្រាជ្ញាញាណ ក្នុងប្រវត្តិសាស្រ្ត
១ព្រះ​ប្រាជ្ញា​ញាណ​ថែរក្សា​ ការពារ​បិតា​របស់​មនុស្ស​ជាតិ​ដែល​ព្រះ​ជា​ម្ចាស់​បាន​សូន​មុន​គេ ក្នុង​គ្រា​ដែល​គាត់​នៅ​តែ​ម្នាក់​ឯង។ បន្ទាប់​មក​ព្រះ​ប្រាជ្ញា​ញាណ​បាន​រំដោះ​គាត់​ឲ្យរួចពី​អំពើ​បាប​ដែល​គាត់​ប្រព្រឹត្ត​។ ២ហើយ​ប្រទាន​ឲ្យ​គាត់​មាន​កម្លាំង​គ្រប់​គ្រង​លើអ្វី​ៗទាំង​អស់។

៣ប៉ុន្តែ មនុស្ស​ទុច្ចរិត​ម្នាក់​បាន​ងាក​ចេញ​ពី​ព្រះ​ប្រាជ្ញា​ញាណ ​ដោយ​កំហឹង​បាំង​មុខ ​ហើយ​ត្រូវ​អន្តរាយ​ខ្លួន​ឯង ​ព្រោះ​តែបាន​សម្លាប់​ប្អូន​យ៉ាង​ឃោរ​ឃៅ​។ ៤ដោយ​សារ​កំហុស​របស់​គាត់ ទឹក​បាន​ជន់​លិច​ផែន​ដី តែ​ព្រះ​ប្រាជ្ញា​ញាណ​សង្រ្គោះ​ផែនដី​ហើយ​ណែនាំ​មនុស្ស​សុចរិត​ម្នាក់​ដែល​នៅក្នុង​ទូក​ធ្វើ​ពី​ឈើ​ធម្មតា។

៥ពេល​ប្រជា​ជាតិ​ទាំង​ឡាយ រួមគ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ត្រូវ​ព្រះ​អង្គ​បំភ័ន្ត​ភាសា​របស់​ពួកគេ​ឲ្យ​និយាយ​លែង​ស្តាប់​គ្នា​បាន​ ព្រះ​ប្រាជ្ញា​ញាណ​ក៏​ទទួល​ស្គាល់​មនុស្ស​សុចរិត​ម្នាក់​ និង​រក្សា​គាត់​មិន​ឲ្យ​មាន​សៅ​ហ្មង នៅ​ចំពោះ​ព្រះ​ភ៏ក្រ្ត​ព្រះ​ជា​ម្ចាស់។ ព្រះ​ប្រាជ្ញា​ញាណ​ប្រោស ឲ្យ​គាត់​មាន​កម្លាំង​ធ្វើ​តាម​បញ្ជា​របស់​ព្រះ​ជា​ម្ចាស់ ទោះបី​គាត់​មាន​ចិត្ត​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​កូន​របស់​ខ្លួន​ដ៏ដោយ។

៦នៅ​ពេល​ភ្លើង​ធ្លាក់​លើ​ក្រុង​ទាំង​ប្រាំ​ មនុស្ស​ពាល​ត្រូវ​វិនាស តែ​ព្រះ​ប្រាជ្ញា​ញាណ​សង្រ្គោះ​មនុស្ស​សុចរិត ដោយ​ធ្វើ​ឲ្យ​គាត់​រត់​ផុត​ពីមុខ​ភ្លើង។ ៧រហូត​មក​ដល់​សព្វ​ថ្ងៃ កន្លែង​នោះ​នៅ​តែមាន​ដី​ហួត​ហែង​ចេញ​ផ្សែង រុក្ខ​ជាតិ​មាន​ផ្លែ​មិន​ចេះ​ទុំ និង​មាន​បង្គោល​អំបិល​បញ្ឈរ​ទុក​ជាទី​រំលឹក​ដល់​អ្នក​ដែល​មិន​ព្រម​ជឿ។ ៨អស់​អ្នក​ដែល​បាន​មើល​ងាយ​ព្រះ​ប្រាជ្ញា​ញាណ មិន​គ្រាន់​តែ​គ្មាន​លទ្ធ​ភាព​ស្គាល់ល្អ​ស្គាល់​អាក្រក់​ប៉ុណ្ណោះ​ទេ ពួកគេ​ថែម​ទាំង​បន្សល់​ទុក​នូវ​ស្តូប​មួយ​ដែល​រំលឹក​ពីភាព​លេលា​របស់​ខ្លួន​ ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ដឹង​ទៀត​ផង ធ្វើ​ដូច្នេះ​គ្មាន​នរណា​អាច​បំភ្លេច​កំហុស​របស់​ពួកគេ​បាន​ឡើយ។ ៩រីឯ​អ្នក​បំរើ​របស់​ព្រះ​ប្រាជ្ញា​ញាណ​វិញ ព្រះ​អង្គ​បាន​រំដោះ​ពួកគេ​ឲ្យ​រួចពី​ទុក្ខ​លំបាក។

១០មាន​មនុស្ស​សុចរិត​ម្នាក់ រត់​គេច​ពីបង​របស់​គាត់ ដែល​កំពុង​ខឹង​ព្រះ​ប្រាជ្ញា​ញាណ​ណែនាំ​គាត់​ ឲ្យ​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់ ហើយ​បង្ហាញ​ឲ្យ​ស្គាល់​ព្រះ​រាជ្យ​របស់​ព្រះ​ជា​ម្ចាស់ និង​អ្វីៗ​ដ៏វិសុទ្ធ។ ព្រះ​ប្រាជ្ញា​ញាណ​ក៏​ប្រោស​ប្រទាន ឲ្យ​ការ​នឿយ​ហត់​របស់​គាត់​ទទួល​ផល​បរិបូណ៌​ និង​ឲ្យ​គាត់​ចំរើន​ទ្បើង។ ១១ព្រះ​ប្រាជ្ញា​ញាណ​ជួយ​គាំទ្រ​គាត់ ប្រឆាំង​នឹង​ការ​លោភ​លន់​របស់​អ្នក​ដែល​សង្កត់​សង្កិន​គាត់ ហើយ​ប្រោស​គាត់​ឲ្យ​ទៅ​ជា​អ្នក​មាន។ ១២ព្រះ​ប្រាជ្ញា​ញាណ​ការ​ពារ​គាត់​ឲ្យ​រួចពី​ខ្មាំង​សត្រូវ និង​ធ្វើ​ឲ្យ​គាត់​ចៀស​ផុត​ពីអ្នក​ដែល​ដាក់​អន្ទាក់​គាត់។ ព្រះ​ប្រាជ្ញា​ញាណ​ក៏​ប្រកាស​ថា គាត់​មាន​ជ័យ​ជំនះ​ នៅ​ពេល​បោក​ចំបាប់​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​គាត់​ដឹងថា​ការ​គោរព​ប្រណិ​ប័តន៍​ព្រះ​ជា​ម្ចាស់ មាន​ឫទ្ធា​នុភាព​លើស​អ្វី​ៗទាំង​អស់។

១៣នៅ​ពេល​មនុស្ស​សុចរិត​ត្រូវ​គេ​លក់ ព្រះ​ប្រាជ្ញា​ញាណ​មិន​បោះ​បង់​ចោល​គាត់​ឡើយ ផ្ទុយ​ទៅ​វិញ​ ព្រះ​អង្គ​បាន​រំដោះ​គាត់​ឲ្យ​រួចពី​អំពើ​បាប។ ១៤នៅ​ពេល​គាត់​ជាប់​ឃុំ​ឃាំង ព្រះ​ប្រាជ្ញា​ញាណ​មិន​បោះ​បង់​គាត់​ឡើយ ព្រះ​អង្គ​ចុះ​ទៅ​ក្នុង​រណ្តៅ​ជា​មួយ​គាត់​ រួច​ប្រោស​ប្រទាន ឲ្យ​គាត់​មាន​អំណាច​ដូច​ស្តេច​ ព្រម​ទាំង​ឲ្យ​គាត់​ត្រួត​ត្រា​លើ​អស់​អ្នក ដែល​បាន​ធ្វើ​បាប​គាត់។ ដូច្នេះ​ព្រះ​ប្រាជ្ញា​ញាណ​បញ្ជាក់​ច្បាស់​ថា​ អស់​អ្នក​ចោទ​ប្រកាន់​គាត់​ ពិត​ជា​ជន​ភូតភរ ហើយ​ប្រទាន ឲ្យ​គាត់​ទទួល​សិរី​រុងរឿង​អស់​កល្ប​ជានិច្ច​ទៀត​ផង។
១៥ព្រះ​ប្រាជ្ញា​ញាណ​បាន​រំដោះ ប្រជា​ជន​ដ៏​វិសុទ្ធ​ គឺ​ពូជ​ដ៏ឥត​សៅ​ហ្មង ឲ្យ​រួចពី​ប្រជា​ជាតិ​ដែល​ជិះ​ជាន់​សង្កត់​សង្កិន​ពួកគេ។ ១៦ព្រះ​ប្រាជ្ញា​ញាណ​បាន​យាង​មក​សណ្ឋិត ក្នុង​ចិត្ត​នៃ​អ្នក​បំរើ​មួយរូប​របស់​ព្រះ​អម្ចាស់ ហើយ​ប្រឆាំង​នឹង​ស្តេច​ដ៏គួរ​ស្ញែង​ខ្លាច​ទាំង​ឡាយ ដោយ​សំដែង​ឫទិ្ធ​បាដិ​ហារិយ៍ និង​ទី​សំគាល់​ដ៏​អស្ចារ្យ។ ១៧ព្រះ​ប្រាជ្ញា​ញាណ​ប្រទាន​រង្វាន់​ឲ្យ​ប្រជា​ជន​ដ៏​វិសុទ្ធ ដែល​បាន​ធ្វើ​ការ​នឿយ​ហត់ ព្រម​ទាំង​នាំ​ពួកគេ​ឲ្យ​ដើរ​តាម​ផ្លូវ​ដ៏​អស្ចារ្យ។ ព្រះ​អង្គ​ធ្វើ​ជា​ម្លប់​ដល់​ពួកគេ នៅ​ពេល​ថ្ងៃ ហើយ​ធ្វើ​ជា​ពន្លឺ​ដ៏​ត្រចះ​ត្រចង់​ដូច​ហ្វូង​តារា​នៅ​ពេល​យប់។ ១៨ព្រះ​ប្រាជ្ញា​ញាណ​នាំ​ពួកគេ​ដើរ​កាត់​សមុទ្រ​ក្រហម​ គឺ​ឲ្យ​គេ​ដើរ​នៅ​ចន្លោះ​កណ្តាល​មហា​សាគរ។ ១៩តែ​ព្រះ​អង្គ​ពន្លិច​ខ្មាំង​សត្រូវ​របស់​ពួកគេ​ រួច​ឲ្យ​សមុទ្រ​ដ៏​ជ្រៅ​ខ្ជាក់​សាក​សព​ខ្មាំង​ទាំង​នោះ​មក​វិញ។ ២០ហេតុ​នេះ​ហើយ​បាន​ជា​ជន​សុចរិត​រឹប​អូស យក​សម្បត្តិ​របស់​ជន​ពាល​។ បពិត្រ​ព្រះ​អម្ចាស់​ ពួកគេ​ច្រៀង​សរសើរ​ព្រះ​នាម​ដ៏​វិសុទ្ធ​បំផុត​របស់​ព្រះ​អង្គ ហើយ​រួមគ្នា​លើក​តម្កើង​ព្រះ​បារមី​របស់​ព្រះ​អង្គ​ដែល​បាន​ការ​ពារ​ពួកគេ។ ២១ព្រះ​ប្រាជ្ញា​ញាណ​ប្រោស​មនុស្ស​គ​ឲ្យ​និយាយ​បាន ហើយ​ធ្វើ​ឲ្យ​ទារក​និយាយ​យ៉ាង​ច្បាស់។

ជំពូកទី ១១

១ព្រះ​ប្រាជ្ញា​ញាណ​ប្រោស​ទាន ឲ្យ​កិច្ច​ការ​ទាំង​ប៉ុន្មាន ដែល​ជន​ជាតិ​អ៊ីស្រា​អែល​ធ្វើ បាន​ប្រកប​ដោយ​ជោគ​ជ័យ​ព្រោះ​តែ​ព្យាការី​ដ៏​វិសុទ្ធ​ម្នាក់។ ២ពួកគេ​ដើរ​កាត់​វាល​រហោ​ស្ថាន ជា​កន្លែង​គ្មាន​នរណា​រស់​នៅ​ហើយ​បោះ​ជំរំ​ នៅ​ក្នុង​ស្រុក ដែល​គ្មាន​នរណា​ដើរ​ជាន់ ៣ពួកគេ​អាច​តទល់​នឹង​ខ្មាំង​សត្រូវ ហើយ​រុញ​ច្រាន​បច្ចា​មិត្ត​របស់​ពួកគេ​ថែម​ទៀត​ផង។

ជនជាតិអ៊ីស្រាអែល និងជនជាតិអេស៊ីប
៤បពិត្រ​ព្រះ​អម្ចាស់ ជន​ជាតិ​អ៊ីស្រា​អែល​ស្រេក​ទឹក​យ៉ាង​ខ្លាំង​ គេ​នាំគ្នា​អង្វរ​ព្រះ​អង្គ ហើយ​ព្រះ​អង្គ​ ធ្វើ​ឲ្យ​ទឹក​ផុស​ចេញ​ពី​ចំណោត​ថ្ម។ ថ្ម​មួយ​ដ៏រឹង​បញ្ចេញ​ទឹក​ឲ្យ​ពួកគេ​បរិភោគ បំបាត់​ការ​ស្រេក​ឃ្លាន។ ៥ដូច្នេះ​ទឹក​ដែល​បំផ្លាញ​ខ្មាំង​សត្រូវ​បាន​ត្រឡប់​ទៅ​ជា​អំណោយ​ទាន ជួយ​ពួកគេ​ក្នុគ្រា​ដែល​ពួកគេ​មាន​អាសន្ន។

៦ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​ទន្លេ​នីល ក្លាយ​ទៅ​ជាភក់​ លាយ​ដោយ​ឈាម​ជំនួស​ទឹក​ដែល​តែង​តែ​ហូរ​ជា​ប្រ​ក្រតី ៧ដើម្បី​ធ្វើ​ទោស​អស់​អ្នក​ដែល​ចេញ​បញ្ជា​ឲ្យ​សម្លាប់​ទារក​នៃ​ប្រជា​ជន​របស់​ព្រះ​អង្គ។ ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​ប្រទាន​ទឹក​បរិបូណ៌​ឲ្យ​ជន​ជាតិ​អ៊ីស្រា​អែល​បរិភោគ នៅ​ពេល​ពួកគេ​អស់​សង្ឃឹម។ ៨ក្នុង​ពេល​ពួកគេ​ស្រេក​ទឹក ព្រះ​អង្គ​បង្ហាញ​ឲ្យ​ពួកគេ​ឃើញ​អំពី​របៀប​ដែល​ព្រះ​អង្គ​ដាក់​ទោស​ខ្មាំង​សត្រូវ​របស់​ពួកគេ។ ៩ព្រះ​អង្គ​ល្បង​ល​ពួកគេ ហើយ​វាយ​ប្រដៅ​ពួកគេ​ដោយ​ព្រះ​ហឫ​ទ័យ​មេត្តា​ករុណា ដូច្នេះ​ ពួកគេ​ស្គាល់​ទុក្ខ​លំបាក ដែល​ជន​ពាល​តែង​ទទួល​ នៅ​ពេល​ព្រះ​អង្គ​ទ្រង់​ព្រះ​ពិរោធ។ ១០ព្រះ​អង្គ​ល្បង​ល​ប្រជា​ជន​របស់​ព្រះ​អង្គ ដូច​ឪពុក​ទូន្មាន​កូន។ រីឯ​ជន​ជាតិ​នោះ​វិញ​ ព្រះ​អង្គ​ដាក់​ទោស​ពួកគេ ដូច​ស្តេច​ដាក់​ទោស​ឥត​ត្រា​ប្រណី​ឡើយ។ ១១ទោះបី​ពួកគេ​នៅ​ឆ្ងាយ​ ឬ​នៅ​ជិត​ប្រជា​ជន​ព្រះ​អង្គ​ក្តី​ក៏​ពួកគេ​រង​ទុក្ខ​វេទនា​ដដែល។ ១២ពួកគេ​មាន​ទុក្ខ​កង្វល់ ពីរ​យ៉ាង គឺ​ម្យ៉ាង​ពួកគេ​ថ្ងូរ​ដោយ​នឹក​ដល់​ព្រឹត្ត​ការណ៍​ដែល​កើត​មាន​ចំពោះ​ពួកគេ ១៣ហើយ​ម្យ៉ាង​ទៀត​ពួកគេ​ទទួល​ដំណឹង​ថា ព្រះ​អង្គ​ប្រទាន​ពរ​ដល់​ជន​ជាតិ​អ៊ីស្រា​អែល ដោយ​សារ​ទឹក​ដែល​ព្រះ​អង្គ​បាន​ប្រើ​សំរាប់​ដាក់​ទោស​ពួកគេ។ ពេល​នោះ​ពួកគេ​យល់​ឃើញ​ថា ព្រះ​អម្ចាស់​ពិត​ជា​បាន​ធ្វើ​អន្តរា​គមន៍​មែន​។ ១៤ពួកគេ​ស្រេក​ទឹក​តាម​របៀប​ប្លែក​ពី​មនុស្ស​សុចរិត​។ កាល​ព្រឹត្ត​ការណ៍​ទាំង​នោះ​កន្លង​ផុត​ទៅ​ ពួកគេ​ស្រឡាំង​កាំង ដោយ​ឃើញ​លោក​ម៉ូសេ​ដែល​ពួកគេ​បំបរ​បង់​ចោល និង​បណ្តេញ​ចេញ​ទាំង​ចំអក​ឡក​ឡឺយ​ថែម​ទៀត​ផង។

ព្រះជាម្ចាស់ដាក់ទោស​អ្នកដែលគោរពសត្វទុកជាព្រះរបស់ខ្លួន
១៥បពិត្រ​ព្រះ​អម្ចាស់! ពួកគេ​មាន​គំនិត​លេលា​មក​ពីគេ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដែល​នាំ​ឲ្យ​ពួកគេ​វង្វេង​ រហូត​ដល់​ទៅ​គោរព​បំរើ​ឧរង្គ​សត្វ ដែល​គ្មាន​គំនិត​ និង សត្វ​ដ៏​ថោក​ទាប។ ហេតុ​នេះ​ព្រះ​អង្គ​ចាត់​សត្វ​ជា​ច្រើន​ឥត​គណានា ជា​សត្វ​ដែល​មិន​ដឹង​ខុស​ត្រូវ​ ឲ្យ​ធ្វើ​ទោស​ពួកគេ ១៦ដើម្បី​ឲ្យ​ពួកគេ​ដឹង​ថា មនុស្ស​យើង​រមែង​រង​ទុក្ខ​ទោស តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។ ១៧ដោយ​ព្រះ​បារមី និង​ឫទ្ធា​នុភាព​របស់​ព្រះ​អង្គ​ដែល​អាច​ធ្វើ​អ្វីៗសព្វ​សារពើ ព្រះ​អង្គ​បាន​យក​ធាតុ​ដែល​គ្មាន​រូបរាង​មក​បង្កើត​ពិភព​លោក។ ដូច្នេះ​ព្រះ​អង្គ​ក៏មិន​ពិបាក​ចាត់​ខ្លា​ឃ្មុំ ឬ​សិង្ហ​ដ៏​សាហាវ ច្រើន​ឥត​គណនា ឲ្យ​ទៅ​ធ្វើ​ទោស​ពួកគេ​ឡើយ។

១៨ព្រះ​អង្គ​អាច​បង្កើត​សត្វ​ដ៏​សំបើម និង​សាហាវ​បំផុត ដែល​គ្មាន​នរណា​ធ្លាប់​ស្គាល់ ហើយ​ព្រោះ​ភ្លើង​មក​ឆាប​ឆេះ​ពួកគេ ឬ​ផ្លុំ​ផ្សែង​ដ៏​ខ្មួល​ខ្មាញ់ និង​ បញ្ចេញ​ផ្លេក​បន្ទោរ​គួរ​ឲ្យ​ស្ញែង​ខ្លាច តាម​ភ្នែក។ ១៩សត្វ​ទាំង​នោះ​មិន​បាច់​បំផ្លាញ​ពួកគេ​ទេ គ្រាន់​តែ​ពួកគេ​ឃើញ ក៏​ត្រូវ​បាត់​បង់​ជីវិត​ដោយ​ភ័យ​ខ្លាច​ហួស​ហេតុ។ ២០ទោះបី​ព្រះ​អង្គ​មិន​ប្រើ​សត្វ​សំបើម​ទាំង​នោះ​ក្តី ក៏​ព្រះ​អង្គ​អាច​ផ្តួល​រំលំ​ពួកគេ​ដោយ​ខ្យល់​ដង្ហើម​របស់​ព្រះ​អង្គ​ដែរ។ សេចក្តី​សុចរិត និង​ ឫទ្ធា​នុភាព​របស់​ព្រះ​អង្គ ដេញ​តាម​ប្រហារ​ពួកគេ​ឲ្យ​វិនាស​ខ្ចាត់​ខ្ចាយ​។ ប៉ុន្តែ​ព្រះ​អង្គ​ចាត់​ចែង​អ្វីៗទាំង​អស់ ដោយ​មាន​កំរិត និង​របៀប​រៀប​រយ។

២១ព្រះ​អង្គ​អាច​ប្រើ ព្រះ​ចេស្តា​ដ៏ឧត្តុង្គ​ឧត្តម​របស់​ព្រះ​អង្គ​នៅ​ពេល​ណា​ក៏​ដោយ។ គ្មាន​នរណា​អាច​តទល់​នឹង​ព្រះ​បារមី​ដ៏​ខ្លាំង​ក្លា របស់​ព្រះ​អង្គ​បាន​ទេ។ ២២នៅ​ចំពោះ​ព្រះ​ភ៏ក្រ្ត​ព្រះ​អង្គ ពិភព​លោក​ទាំង​មូល​ប្រៀប​ដូចជា​ធូលី​ដី​ក្នុង​ជញ្ជីង ឬ​ដូច​តំណក់​ទឹក​សន្សើម​ដែល​ធ្លាក់​មក​លើ​ផែន​ដី នៅ​ពេល​ព្រលឹម។ ២៣ព្រះ​អង្គ​អាណិត​អាសូរ​មនុស្ស​ទាំង​អស់​ ព្រោះ​ព្រះ​អង្គ​មាន​ឫទ្ធា​នុភាព​អាច​សំរេច​កិច្ច​ការ​ទាំង​អស់ ព្រះ​អង្គ​មិន​ប្រកាន់​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​បាប​ទេ​ ដើម្បី​ឲ្យ​គេ​ប្រែ​ចិត្ត​គំនិត​។ ២៤ព្រះ​អង្គ​ស្រឡាញ់​សត្វ​លោក​ទាំង​អស់ មិន​ស្អប់​ខ្ពើម​សត្វ​លោក​ណា​មួយ​ ដែល​ព្រះ​អង្គ​បាន​បង្កើត​សោះ​ឡើយ។ ប្រសិន​បើ​ព្រះ​អង្គ​ស្អប់​សត្វ​លោក​ណា​មួយ ព្រះ​អង្គ​មិន​បង្កើត​សត្វ​នោះ​ទេ!
២៥ប្រសិន​បើ​ព្រះ​អង្គ​មិន​សព្វ​ព្រះហឫ​ទ័យ​បង្កើត​ទេ​នោះ​តើ​មាន​សត្វ​លោក​ណា​អាច​រស់​នៅ​បាន? ប្រសិន​បើ​ព្រះ​អង្គ​មិន​ហៅ​ឲ្យ​កើត​មក​ទេ តើ​សត្វ​លោក​នោះ​អាច​នៅ​ស្ថិត​ស្ថេរ​ដូច​ម្តេច​បាន? ២៦បពិត្រ​ព្រះ​អម្ចាស់​ដែល​ស្រឡាញ់​ជីវិត ព្រះ​អង្គ​សំដែង​ព្រះ​ហឫ​ទ័យ​សប្បុរស ចំពោះ​សត្វ​លោក​ទាំង​អស់ ដ្បិត​សត្វ​លោក​សុទ្ធ​តែ​ជា​កម្ម​សិទ្ធ​របស់​ព្រះ​អង្គ។

ជំពូកទី ១២

១រីឯ​ព្រះ​វិញ្ញាណ ដែល​គង់​នៅ​អស់​កល្ប​ជានិច្ច ក៏​ស្ថិត​នៅ​ក្នុង​សត្វ​លោក​ទាំង​នោះ​ដែរ!

ព្រះជាម្ចាស់ដាក់ទោសជនជាតិកាណាន
២បពិត្រ​ព្រះ​អម្ចាស់ ព្រះ​អង្គ​តែង​តែ​ស្តី​បន្ទោស​យ៉ាង​ទន់​ភ្លន់ ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ព្រះ​អង្គ​ទូន្មាន​ពួកគេ ដោយ​រំលឹក​គេពី​អំពើ​បាប​របស់​ខ្លួន​ ដើម្បី​ឲ្យ​គេ​លះ​បង់​អំពើ​អាក្រក់​ហើយ​ងាក​មក​ជឿ​លើ​ព្រះ​អង្គ​វិញ​។ ៣ព្រះ​អង្គ​ធ្លាប់​ប្រព្រឹត្ត​ដូច្នេះ​ ចំពោះ​អ្នក​ដែល​រស់​នៅ​លើ​ទឹកដី​ដ៏​វិសុទ្ធ កាល​ពី​ជំនាន់​ដើម​។ ៤ព្រះ​អង្គ​ស្អប់​ពួកគេ ព្រោះ​តែ​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ពួកគេ​ធ្លាប់​ប្រព្រឹត្ត គឺ​មាន​មន្ត​អាគម​ និង​ពិធី​ដ៏​អាស្រូវ ៥សម្លាប់​ក្មេង​ដោយ​ឥត​ត្រា​ប្រណី យក​សាច់​ និង​ ឈាម​មក​ជប់​លៀង ហើយ​បរិភោគ​រហូត​ដល់​ពោះ​វៀន​ទៀត​ផង! ព្រះ​អង្គ​ចាប់​បក្ស​ពួកគេ​ទាន់​ក្នុង​ពិធី​ជប់​លៀង​ដ៏​អាក្រក់​នេះ។ ៦ព្រះ​អង្គ​សព្វ​ព្រះ​ហឫ​ទ័យ ឲ្យ​ដូនតា​របស់​យើងខ្ញុំ​ប្រហារ​ជីវិត​ឪពុក​ម្តាយ​ទាំង​នោះ ដែល​បាន​សម្លាប់​កូន​របស់​ខ្លួន​ដោយ​គ្មាន​នរណា​ការពារ​។ ៧ដូច្នេះ​ទឹកដី​ដែល​ព្រះ​អង្គ​ស្រឡាញ់​ខ្លាំង​ជាង​ទឹកដី​ឯទៀតៗ សម​នឹង​ទទួល​បុត្រ​ធីតា​របស់​ព្រះ​អង្គ​អាស្រ័យ​នៅ។
៨ទោះបី​យ៉ាង​ណា​ក៏​ដោយ ព្រះ​អង្គ​នៅ​តែ​សំដែង​ព្រះ​ហឫ​ទ័យ​សប្បុរស ចំពោះ​អ្នក​ទាំង​នោះ​ដែរ​ ព្រោះ​ពួកគេ​ជា​មនុស្ស! ព្រះ​អង្គ​ចាត់​ឳម៉ាល់​ឲ្យ​ទៅ​មុន​កង​ទ័ព​របស់​ព្រះ​អង្គ ដើម្បី​ប្រល័យ​ជីវិត​ពួកគេ​បន្តិច​ម្តង​ៗ។ ៩ព្រះ​អង្គ​ប្រយុទ្ធ​នឹង​ជន​ពាល​ទាំង​នោះ​ ហើយ​ប្រគល់​គេ ទៅក្នុង​កណ្តាប់​ដៃ​របស់​មនុស្ស​សុចរិត​ ឬ​ប្រើ​សត្វ​សាហាវ​ និង​ព្រះ​បន្ទូល​ដ៏​ឥត​ត្រា​ប្រណី​របស់​ព្រះ​អង្គ ឲ្យ​បំផ្លាញ​ពួកគេ​ក្នុង​មួយ​រំពេច​ក៏​បាន ១០ក៏​ប៉ុន្តែ​ព្រះ​អង្គ​ទុក​ឳកាស​ឲ្យ​ពួកគេ​កែប្រែ​ចិត្ត​គំនិត ដោយ​សំរេច​តាម​ការ​វិនិច្ឆ័យ​របស់​ព្រះ​អង្គ​ បន្តិច​ម្តង​ៗព្រះ​អង្គ​ជ្រាប​ថា ពួកគេ​ជា​ជាតិ​សាសន៍​ខិល​ខូច​តាំងពី​កំណើត​មក សេចក្តី​អាក្រក់​នៅ​ជាប់​ជាមួយ​ពួកគេ​តាំងពី​ដើម​រៀង​មក​ហើយ​ពួកគេ​មិន​កែ​ប្រែ​ចិត្ត​គំនិត​សោះ​ឡើយ! ១១ដ្បិត​ពួកគេ​ជា​ពូជ​សាសន៍​ដែល​ត្រូវ​បណ្តាសា តាំងពី​ដើម​ដំបូង​បង្អស់។ ព្រះ​អង្គ​មិន​បាន​ដាក់​ទោស​គេ​ភ្លាមៗ មិន​មែន​មកពី​ព្រះ​អង្គ​ខ្លាច​នរណា​ឡើយ។ ១២តើ​នរណា​ហ៊ាន​ទូល​ព្រះ​អង្គ​ថា ហេតុ​អ្វី​បាន​ជា​ព្រះ​អង្គ​ប្រព្រឹត្ត​ដូច្នេះ? តើ​នរណា​ហ៊ាន​ជំទាស់​នឹង​សេចក្តី​ដែល​ព្រះ​អង្គ​បាន​សំរេច? ពេល​ព្រះ​អង្គ​បំផ្លាញ​ជាតិ​សាសន៍​នានា​ដែល​ព្រះ​អង្គ​បាន​បង្កើត តើ​មាន​នរណា​ហ៊ាន​ចោទ​ប្រកាន់​ព្រះ​អង្គ? តើ​នរណា​ហ៊ាន​ប្តឹង​តទល់​នឹង​ព្រះ​អង្គ ដើម្បី​ការពារ​មនុស្ស​ទុច្ចរិត? ១៣ក្រៅពី​ព្រះ​អង្គ គ្មាន​ព្រះ​ណា​ផ្សេង​ដែល​យក​ព្រះ​ហឫ​ទ័យ​ទុកដាក់ នឹង​អ្វីៗ​ទាំង​អស់​នោះ​ឡើយ។ ព្រះ​អង្គ​ក៏មិន​ចាំបាច់​រាយ​ការណ៍​ឲ្យ​នរណា​ដឹងថា ព្រះ​អង្គ​វិនិច្ឆ័យ​ដោយ​យុត្តិ​ធម៌​ដែរ។ ១៤គ្មាន​ស្តេច​ឬ​អ្នក​កាន់​អំណាច​ណា អាច​ជំទាស់​នឹង​ព្រះ​អង្គ ដើម្បី​ការពារ​អ្នក​ដែល​ព្រះ​អង្គ​ធ្វើ​ទោស​ទេ។ ១៥ដោយ​ព្រះ​អង្គ​សុចរិត ព្រះ​អង្គ​គ្រប់​គ្រង​លើ​អ្វី​ៗទាំង​អស់ដោយ​សុចរិត។ ព្រះ​អង្គ​យល់ថា ឫទ្ធា​នុភាព​របស់​ព្រះ​អង្គ​មិន​មែន​ប្រើ​សំរាប់​ដាក់​ទោស​មនុស្ស ដែល​គ្មាន​ទោស​ទេ។ ១៦ព្រះ​ចេស្តា​របស់​ព្រះ​អង្គ ជា​ប្រភព​នៃ​សេចក្តី​សុចរិត​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​តែង​តែ​ប្រព្រឹត្ត​ចំពោះ​សត្វ​លោក ដោយ​ព្រះ​ហឫ​ទ័យ​សប្បុរស ដ្បិត​ព្រះ​អង្គ​ជា​ម្ចាស់​លើ​អ្វី​ៗទាំង​អស់។ ១៧មាន​តែ​អ្នក​កាន់​អំណាច​ផ្តាច់​ការ ដែល​ប្រជា​ជន​មិន​ទុក​ចិត្ត​ប៉ុណ្ណោះ​ទេ ទើប​ប្រើ​កម្លាំង​របស់​ខ្លួន​បង្រ្កាប​អ្នក​ទាំង​នោះ។ ១៨រីឯ​ព្រះ​អង្គ​វិញ ព្រះ​អង្គ​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់​ដោយ​ឫទ្ធា​នុភាព ព្រះ​អង្គ​វិនិច្ឆ័យ​ដោយ​ព្រះ​ហឫ​ទ័យ​សប្បុរស ហើយ​ណែនាំ​យើង​ខ្ញុំ​ដោយ​ព្រះ​ហឫ​ទ័យ​ខន្តី​អត់​ធ្មត់។ ព្រះ​អង្គ​មាន​ឫទ្ធា​នុភាព​អាច​សំរេច​ការ​អ្វី​ទាំង​អស់ តាម​ព្រះ​ហឫ​ទ័យ​របស់​ព្រះ​អង្គ។ ១៩ព្រះ​អង្គ​ប្រព្រឹត្ត​ដូច្នេះ​ដើម្បី​បង្រៀន​ប្រជា​ជន​របស់​ព្រះ​អង្គ ឲ្យ​ដឹងថា​អ្នក​សុចរិត ត្រូវ​តែ​សំដែង​សេចក្តី​ស្រឡាញ់​ចំពោះ​មនុស្ស​លោក។ ព្រះ​អង្គ​ក៏​ប្រទាន​ឲ្យ​បុត្រ​ធីតា​របស់​ព្រះ​អង្គ​មាន​សេចក្តី​សង្ឃឹម គឺទុក​ឳកាស​ឲ្យ​ពួកគេ​កែប្រែ​ចិត្ត​គំនិត ដោយ​លះបង់​អំពើ​បាប។ ២០ព្រះ​អង្គ​ដាក់​ទោស​ខ្មាំង​សត្រូវ​នៃ​បុត្រ​ធីតា​របស់​ព្រះ​អង្គ​ ដោយ​ព្រះ​ហឫ​ទ័យ​ខន្តី​អត់​ធ្មត់​ទោះបី ពួកគេ​សម​នឹង​ទទួល​ទោស​ដល់​ស្លាប់​ក្តី​។ ព្រះ​អង្គ​សព្វ​ព្រះ​ហឫ​ទ័យ​ទុក​ពេល​ និង​ឳកាស​ឲ្យ​ពួកគេ​លះបង់​អំពើ​អាក្រក់​។ ២១រីឯ​បុត្រ​ធីតា​របស់​ព្រះ​អង្គ​វិញ ព្រះ​អង្គ​រឹត​តែ​ប្រោស​ប្រណី​ជាង​នេះ​ទៅ​ទៀត ព្រោះ​ព្រះ​អង្គ​បាន​ចង​សម្ព័ន្ធ​មេត្រី ជាមួយ​បុព្វ​បុរស​របស់​ពួកគេ​ ព្រម​ទាំង​សន្យា​យ៉ាង​ម៉ឺម៉ាត់​ថា នឹង​ប្រទាន​ពរ​គ្រប់​យ៉ាង​ដល់​ពួកគេ។ ២២ព្រះ​អង្គ​ដាក់​ទោស​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ​យ៉ាង​ស្រាល ដើម្បី​អប់រំ​យើង​ខ្ញុំ​ឲ្យ​នឹក​ដល់​ព្រះ​ហឫ​ទ័យ​សប្បុរស​របស់​ព្រះ​អង្គ នៅ​ពេល​ណា​យើងខ្ញុំ​ផ្ញើ​ជីវិត​លើ​ព្រះ​ហឫ​ទ័យ អាណិត មេត្តា​របស់​ព្រះ​អង្គ នៅ​ពេល​ណា​ព្រះ​អង្គ​វិនិច្ឆ័យ​ទោស​យើង​ខ្ញុំ។ ២៣ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​អង្គ​ធ្វើ​ទារុណ​កម្ម​មនុស្ស​ឆោត​ល្ងង់ ដែល​រស់​នៅ​តាម​របៀប​ទុច្ចរិត។ ព្រះ​អង្គ​ធ្វើ​ទុក្ខ​ទោស​ពួកគេ ដោយ​សារ​សត្វ​ដ៏គួរ​ឲ្យ​ស្អប់​ខ្ពើម ដែល​ពួកគេ​គោរព​ថ្វាយ​បង្គំ។ ២៤ពួកគេ​វង្វេង​ជ្រុល ដោយ​នាំគ្នា​ចាត់​ទុក​សត្វ​ដ៏​ថោក​ទាប​ និង​គួរ​ឲ្យ​មើល​ងាយ​ជាង​គេ​ថា​ជា​ព្រះ​របស់​ខ្លួន! គេ​ចាញ់​បញ្ឆោត​ដូច​កូន​ក្មេង​ដែល​គេ​ឆោត​ល្ងង់។ ២៥ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​អង្គ​ចំអក​ឲ្យ​គេ​ ដោយ​ដាក់​ទោស​ពួកគេ​ដូច​ដាក់​ទោស​ក្មេង​ដែល​មិន​ចេះ​គិត​គូរ។ ២៦ប៉ុន្តែ​អ្នក​ដែល​មិន​បាន​ចាប់​អារម្មណ៍​នឹង​ទោស​ដ៏​ស្រាលៗ សំរាប់​កូន​ក្មេង​នេះ​ មុខជា​ទទួល​ទោស សម​នឹង​ការ​វិនិច្ឆ័យ​របស់​ព្រះ​ជា​ម្ចាស់។ ២៧ពួកគេ​ខក​ចិត្ត​នឹង​សត្វ​ដែល​ធ្វើ​ទុក្ខ​ពួកគេ​ ដោយ​ឃើញ​ថា សត្វ​ដែល​ពួកគេ​ចាត់​ទុក​ជា​ព្រះ​នោះ បែរ​ជា​ធ្វើ​ទោស​ពួកគេ​ទៅ​វិញ។ ដោយ​រង​ទុក្ខ​ដូច្នេះ ពួកគេ​ទទួល​ស្គាល់​ព្រះ​ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ​ ដែល​ពួកគេ​មិន​ព្រម​ទទួល​ស្គាល់​កាល​ពីមុន។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​ជា​ម្ចាស់​ដាក់​ទោស​គេ យ៉ាង​ធ្ងន់​បំផុត។

ជំពូកទី ១៣

ពាក្យស្តីបន្ទោសអ្នកគោរពព្រះក្លែងក្លាយ
១អស់​អ្នក​ដែល​ចចេស មិន​ទទួល​ស្គាល់​ព្រះ​ជា​ម្ចាស់ សុទ្ធ​តែ​ជា​មនុស្ស​លេលា​ពី​កំណើត​មែន! ព្រោះ​ពួកគេ​មើល​ឃើញ​អ្វីៗ​ដ៏​ល្អ តែ​ពុំ​អាច​ស្គាល់​ព្រះ​អង្គ​ដែល​មាន​ព្រះ​ជន្ម​គង់​នៅ។ ពួកគេ​ពិនិត្យ​ពិច័យ​មើល​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ តែ​មិន​ទទួល​ស្គាល់​ព្រះ​អង្គ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​នោះ​មក​ឡើយ។ ២ផ្ទុយ​ទៅ​វិញ​ ពួកគេ​បែរ​ជា​យក ភ្លើង ខ្យល់ អាកាស កញ្ចុំ​ផ្កាយ​ដែល​វិល​វល់​នៅ​លើ​មេឃ ទឹក​ដែល​ហូរ​យ៉ាង​ខ្លាំង​ ព្រះ​អាទិត្យ​និង​ព្រះ​ចន្ទ​ធ្វើ​ជា​ព្រះ​របស់​ខ្លួន។ ៣ពួក​គេ​បាន​ឈ្លក់​វង្វេង នឹង​សម្រស់​របស់​ធម្ម​ជាតិ​ទាំង​នោះ​ ហើយ​ចាត់​ទុក​ថា​ជា​ព្រះ។ អ្នក​ទាំង​នោះ​គួរ​តែ​ដឹង​ច្បាស់​ថា ព្រះ​ដែល​ជា​ម្ចាស់​នៃ​ធម្ម​ជាតិ​ទាំង​នេះ​ រឹតតែ​ល្អ​ប្រសើរ! គឺ​ព្រះ​អង្គ​ហើយ​ដែល​ជា​ប្រភព​នៃ​សម្រស់​ព្រះ​អង្គ​បាន​បង្កើត​ធម្ម​ជាតិ​ទាំង​នោះ។ ៤បើ​មនុស្ស​ស្ញប់​ស្ញែង​កម្លាំង​ និង​អំណាច​នៃ​ធម្ម​ជាតិ​ទាំង​នោះ ពួកគេ​គួរ​តែ​រិះគិត​ថា ព្រះ​អង្គ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់ មាន​ឫទ្ធា​នុភាព​រឹតតែ​ខ្លាំង​ទៅ​ទៀត។ ៥ភាព​ថ្កុំ​ថ្កើង និង​សម្រស់​របស់​សត្វ​លោក នាំ​មនុស្ស​ឲ្យ​សញ្ជឹង​គិត ដោយ​ការ​ប្រៀប​ធៀប​អំពី​ព្រះ​អង្គ​ដែល​បាន​បង្កើត​សត្វ​លោក​ទាំង​អស់។
៦ប៉ុន្តែ មិន​ត្រូវ​ស្តី​បន្ទោស​មនុស្ស​ទាំង​នោះ ខ្លាំង​ពេក​ទេ ពួកគេ​វង្វេង​ប្រហែល​មកពី​របៀប​ដែល​គេ​ស្វែង​រក និង​ចង់​ឃើញ​ព្រះ​ជា​ម្ចាស់។ ៧ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​ស្ថិត​នៅ​ជុំ​វិញ​ពួកគេ ពួកគេ​ខំ​ពិនិត្យ​មើល ហើយ​ភាន់​ច្រឡំ ដោយ​ចាប់​អារម្មណ៍​នឹង​ភាព​ខាង​ក្រៅ​ដែល​គេ​មើល​ឃើញ ព្រោះ​អ្វីៗ​ដែល​ពួកគេ​មើល​ឃើញ​នោះ​ល្អ​ណាស់។ ៨ទោះបី​យ៉ាង​នេះក្តី ក៏​ពួកគេ​ពុំអាច​ដោះ​សា​ខ្លួន​បាន​ដែរ។

៩ព្រោះ​ថា ពួកគេ​មាន​ចំណេះ​វិជ្ជា​ខ្ពង់​ខ្ពស់ រហូត​ដល់​អាច​ស្គាល់​អាថ៌​កំបាំង​នៃ​ពិភព​លោក តែ​ហេតុអ្វី​បាន​ជា ពួកគេ​រក​ព្រះ​ជា​ម្ចាស់​នៃ​អ្វីៗ​ទាំង​នោះ​ពុំ​ឃើញ​ជា​មុន​សិន?
១០អស់​អ្នក​ដែល​សង្ឃឹម​ទុក​ចិត្ត លើ​វត្ថុ​គ្មាន​ជីវិត​ពិត​ជា​វេទនា​ពុំខាន! ពួកគេ​តែង​ហៅ​ស្នា​ដៃ​របស់​មនុស្ស​ថា «ព្រះ» គឺ​មាស​ប្រាក់​ដែល​គេ​រចនា ជា​រូប​របស់​សត្វ​ ឬ​ដុំថ្ម​ប្រើ​ការ​បាន ជាថ្ម​ដែល​រចនា​ពី​បុរាណ​កាល។ ១១ឧបមា​ថា​អ្នក​កាប់​ឈើ​ អារ​ឈើ​ជា​កង់​ៗដើម្បី​ស្រួល​ដឹក។ គាត់​បក​សំបក​ចេញ​តាម​បច្ចេក​ទេស​របស់​ខ្លួន រួច​យក​មក​ឆ្នៃ​តាម​ប្រាជ្ញា​ឆ្លាត​វៃ ធ្វើ​ជា​គ្រឿង​សំរាប់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ។ ១២កំទេច​ឈើ​ដែល​នៅ​សល់ គាត់​យក​ទៅ​ចំអិន​ម្ហូប​អាហារ​បរិភោគ។ ១៣រីឯ​កំណាត់​ឈើ​ដែល​នៅ​សល់​ប្រើ​មិន​កើត ព្រោះ​វៀច​មាន​សុទ្ធ​តែ​ភ្នែក គាត់​យក​មក​ឆ្លាក់​ដើម្បី​កែការ​អផ្សុក​ឲ្យ​មាន​រូបរាង​ជា​មនុស្ស។ ១៤ឬ​ឲ្យ​មាន​រូប​ជា​សត្វ​ថោក​ទាប។ គាត់​យក​ថ្នាំ​ក្រហម​មក​លាប​ថ្ពាល់​ ព្រម​ទាំង​បិទ​ស្នាម​ទាំង​អស់។ ១៥គាត់​រៀប​ហ៊ឹង​មួយ​សំរាប់​ដាក់​រូប​នោះ រួច​យក​ដែក​វាយ​ភ្ជាប់​នឹង​ជញ្ជាំង​យ៉ាង​មាំ។ ១៦គាត់​ប្រយ័ត្ន​ប្រយែង​មិន​ឲ្យ​រូប​ព្រះ​នោះ​រលំ​ដួល ព្រោះ​គាត់​ថា ព្រះ​នោះ​ពុំអាច​ជួយ​ខ្លួន​ឯង​បាន​ទេ ព្រោះ​គ្រាន់​តែ​ជា​រូប​មួយ​ ដែល​ត្រូវ​ការ​ឲ្យ​គេ​ជួយ​ប៉ុណ្ណោះ!

១៧ប៉ុន្តែ ពេល​ណា​គាត់​ចង់​ឲ្យ​ទ្រព្យ​សម្បត្តិ​ភរិយា​ និង​កូន​របស់​គាត់​បាន​ចំរើន គាត់​មិន​ខ្មាស​នឹង​ទូល​អង្វរ​វត្ថុ​ដែល​គ្មាន​ជីវិត​នោះ​ទេ។ គាត់​អង្វរ​វត្ថុ​ដែល​គ្មាន​កម្លាំង ឲ្យ​ផ្តល់​សុខ​ភាព​ល្អ​មក​គាត់។ ១៨គាត់​បួង​សួង​វត្ថុ​ដែល​គ្មាន​ជីវិត ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត​ គាត់​យក​ឈើ​ដែល​មិន​អាច​ជួយ​បាន​មក​ធ្វើ​ជា​ទីពឹង​ គាត់​សូម​ឲ្យ​វត្ថុ​ដែល​មិន​ចេះ​ដើរ ឲ្យ​ជួយ​គាត់​នៅ​ពេល​ធ្វើ​ដំណើរ។ ១៩គាត់​សូម​ឲ្យរូប​ដែល​មាន​ដៃ​តែ​គ្មាន​កម្លាំង​ជួយ​គាត់​ក្នុង​ការ​រកស៊ី​ចិញ្ចឹម​ជីវិត​ និង​ឲ្យ​គាត់​ទទួល​ជោគ​ជ័យ​ក្នុង​គ្រប់​កិច្ច​ការ​ដែល​គាត់​ធ្វើ។

ជំពូកទី ១៤

អំពីអ្នកសំពៅដែលពឹងលើព្រះក្លែងក្លាយ
១មាន​បុរស​ម្នាក់​ទៀត រៀបចំ​សំពៅ​ឆ្លង​កាត់ រលក​សមុទ្រ​ដ៏​សាហាវ។ គាត់​បន់​ដុំ​ឈើ ពុក​ជាង​ឈើ​សំពៅ​ដែល​គាត់​ជិះ។ ២ដ្បិត​ជាង​ដែល​សង់​សំពៅ បាន​រិះគិត​នឹង​សង់​សំពៅ តាម​បច្ចេក​ទេស​របស់​ជាង​ដ៏​ចំណាន ដើម្បី​ឲ្យ​បាន​ប្រាក់។ ៣បពិត្រ​ព្រះ​បិតា គឺ​ព្រះ​អង្គ​ហើយ​ដែល​កាន់​ចង្កូត! ព្រះ​អង្គ​រៀបចំ​ទាំង​អស់​ជា​មុន ព្រះ​អង្គ​បាន​ត្រួស​ត្រាយ​ផ្លូវ​នៅ​លើ​សមុទ្រ គឺ​ផ្លូវ​ដ៏​រឹងមាំ​នៅ​លើ​រលក! ៤ដូច្នេះ​ព្រះ​អង្គ​បង្ហាញ​ថា ទោះបី​មនុស្ស​ម្នាក់​ធ្វើ​ដំណើរ​កាត់​សមុទ្រ ដោយ​គ្មាន​ការ​ពិសោធ​ក្តី ក៏​ព្រះ​អាច​សង្រ្គោះ​គេ​ឲ្យ​រួចពី​គ្រោះ​កាច​ទាំង​ឡាយ​បាន​ដែរ។ ៥ព្រះ​អង្គ​សព្វ​ព្រះ​ហឫ​ទ័យ​ឲ្យ​អ្វី​ៗដែល​ព្រះ​អង្គ​បាន​បង្កើត​មក ដោយ​សារ​ព្រះ​ប្រាជ្ញា​ញាណ​ មាន​ប្រយោជន៍។ ហេតុ​នេះ មនុស្ស​ដែល​ផ្ញើ​ជីវិត​លើ​សំពៅ​ធ្វើ​អំពី​ឈើ អាច​ឆ្លង​សមុទ្រ​ដែល​មាន​រលក​ធំ​ៗ និង​រួចពី​គ្រោះ​ថ្នាក់​ទាំង​អស់។ ៦យ៉ាង​ណា​មិញ កាលពី​ដើម​ដំបូង មនុស្ស​ដែល​មាន​មាឌ​ធំ​ហើយ​អួត​បំប៉ោង​ត្រូវ​វិនាស​អន្តរាយ។ រីឯ​សេចក្តី​សង្ឃឹម​របស់​មនុស្ស​លោក​ ដែល​យក​ក្បួន​ធ្វើ​ជា​ជំរក​បាន​រក្សា​ពូជ​មនុស្ស​ទុក​សំរាប់​អនា​គត​ដោយ​សារ​ព្រះ​បារមី​របស់​ព្រះ​អង្គ​ណែនាំ​ក្បួន​នោះ។

៧សូម​ឲ្យ​ឈើ​ដែល​នាំ​សេចក្តី​សុចរិត មក​នោះ​បាន​ទទួល​ពរ! ៨តែ​សូម​ឲ្យ​ទាំង​រូប​ព្រះ​ក្លែង​ក្លាយ និង​ ជាង​ដែល​ឆ្លាក់​វា​ត្រូវ​បណ្តា​សា គឺ​ជាង​ត្រូវ​បណ្តា​សា​មកពី​បាន​ឆ្លាក់​រូប ហើយ​រូប​ត្រូវ​បណ្តា​សា មក​ពីគេ​គោរព​ទុក​ជា​ព្រះ តាម​ពិត វា​គ្រាន់​តែ​ជា​ឈើ ដែល​រមែង​តែង​តែ​ពុក​ប៉ុណ្ណោះ។ ៩ព្រះ​ជា​ម្ចាស់​ស្អប់​មនុស្ស​ពាល និង​អំពើ​ពាល​របស់​គេ។ ១០ដូច្នេះ ស្នាដៃ​ត្រូវ​ទទួល​ទារុណ​កម្ម​ ដូច​ជាង​ដែល​ឆ្លាក់វា​ដែរ។ ១១ពិត​មែន​ហើយ ព្រះ​ជា​ម្ចាស់​នឹង​យាង​មក វិនិច្ឆ័យ​ទោស​រូប​ព្រះ​ក្លែង​ក្លាយ របស់​ប្រជា​ជាតិ​នានា។ ព្រះ​ជា​ម្ចាស់​ស្អប់​ខ្ពើម​រូប​ទាំង​នោះ​ទោះបី​រូប​ទាំង​នោះ នៅ​ក្នុង​ចំណោម​សត្វ​លោក​ដែល​ព្រះ​អង្គ​បង្កើត​មក​ក៏ដោយ ដ្បិត​វា​បាន​ទាក់​ទាញ​ចិត្ត​មនុស្ស​លោក​ឲ្យ​ជំពប់​ដួល និង​ជា​អន្ទាក់​សំរាប់​ចាប់​មនុស្ស​ឆោត​ល្ងង់។

ដើមកំណើតរបស់រូបចម្លាក់
១២ការ​ក្បត់​សម្ព័ន្ធ​មេត្រី​របៀប​នេះ បណ្តាល​មកពី​គំនិត​ចង់​ធ្វើ​រូប​ព្រះ​ក្លែង​ក្លាយ។ ព្រះ​ក្លែង​ក្លាយ​ទាំង​នោះ​បាន​បង្ខូច​ជីវិត​មនុស្ស​លោក។ ១៣កាល​ដើម​ដំបូង​គ្មាន​រូប​ទាំង​នោះ​ទេ ហើយ​វាក៏​មិន​នៅ​ស្ថិត​ស្ថេរ​រហូត​អស់​កល្ប​ជានិច្ច​ដែរ។​១៤ព្រះ​ក្លែង​ក្លាយ​ចូល​មក​ក្នុង​លោក​នេះ ដោយ​ជំនឿ​អកុសល​របស់​មនុស្ស។ ហេតុ​នេះ​ហើយ វា​ត្រូវ​វិនាស​អន្ត​រាយ​ឆាប់ៗ​តាម​ពេល​កំណត់។

១៥ឧបមា​ថា មាន​ឪពុក​ម្នាក់​កើត​ទុក្ខ​ជា​ទម្ងន់​ដោយ​កូន​របស់​គាត់​បាត់​បង់​ជីវិត ក្នុង​ពេល​នៅ​ក្មេង​នៅ​ឡើយ។ គាត់​ឲ្យ​គេ​ធ្វើ​រូប​តំណាង​កូន​ដែល​បាត់​បង់​ជីវិត​ក្នុង​ពេល​នៅ​ក្មេង​នោះ។ ដូច្នេះ​គាត់​ក៏​គោរព​រូប​កូន​ទុក​ជា​ព្រះ ហើយ​ណែនាំ​ក្រុម​គ្រួសារ​ឲ្យ​រៀបចំ​បុណ្យ​និង ពិធី​សែន​ព្រេន​ផ្សេង​ៗតរៀង​ទៅ។ ១៦ក្រោយ​មក គេ​នាំគ្នា​គោរព​ប្រ​ពៃណី​ដ៏​ពាល​នេះ​ ទុក​ជា​ច្បាប់​ទម្លាប់​ដែល​មាន​ឥទ្ធិពល​ដ៏​យូរ​លង់។

មួយ​វិញ​ទៀត គេ​នាំគ្នា​គោរព​រូប​ចម្លាក់​តាម​បញ្ជា​របស់​អ្នក​កាន់​អំណាច​។ ១៧ដោយ​ប្រជា​ជន​ពុំអាច​គោរព​ព្រះ​មហា​ក្សត្រ នៅ​ចំពោះ​ព្រះ​ភ័ក្រ្ត​ផ្ទាល់​ ព្រោះ​ស្តេច​គង់​នៅ​ឆ្ងាយ គេ​នាំគ្នា​ធ្វើ​រូប​តំណាង​ក្នុង​ស្រុក​របស់​ខ្លួន ដើម្បី​យក​ចិត្ត​ទុក​ដាក់​គោរព​ព្រះ​មហា​ក្សត្រ​ដែល​ពុំគង់​ជាមួយ ហាក់​ដូចជា​ស្តេច​គង់​នៅ​ទីនោះ​ដែរ។ ១៨សូម្បី​តែ​អ្នក​មិន​ស្គាល់​ព្រះ​មហា​ក្សត្រ ក៏​យក​ចិត្ត​ទុក​ដាក់​គោរព​រូប​ទាំង​នោះ​តាម​បំណង​របស់​វិចិត្រ​ករ។ ១៩វិចិត្រ​ករ​ចង់​ផ្គាប់​ព្រះ​ហឫ​ទ័យ​ព្រះ​មហា​ក្សត្រ ក៏​ខិតខំ​យក​ចិត្ត​ទុក​ដាក់​ប្រើ​បច្ចេក​ទេស​របស់​ខ្លួន ធ្វើ​រូប​តំណាង​ឲ្យ​បាន​ល្អ​ជាង​ម្ចាស់។ ២០មហា​ជន​ចាញ់​បញ្ឆោត​លំអ​នៃ​ស្នាដៃ​នោះ​ ហើយ​នាំគ្នា​ថ្វាយ​បង្គំ​រូប​របស់​ស្តេច ដែល​ពីមុន​គេ​តែង​គោរព​ទុក​ជា​មនុស្ស​ប៉ុណ្ណោះ។ ២១រូប​នោះ​បាន​ក្លាយ​ទៅ​ជា​អន្ទាក់​សំរាប់​មនុស្ស​ជាតិ គឺ​ពេល​ណា​គេរង​ទុក្ខ​ដោយ​សារ​គ្រោះ​កាច​ ឬ​ដោយ​សារ​អ្នក​កាន់​អំណាច​គេ​បន់​ស្រន់​រូប​ធ្វើ​ពីថ្ម​ និង​រូប​ធ្វើ​ពីឈើ ទុក​ដូច​ព្រះ​ជា​ម្ចាស់​តែមួយ​អង្គ​គត់។

ផលវិបាកនែការគោរពព្រះក្លែងក្លាយ
២២ពួកគេ​មិន​គ្រាន់​តែ​វង្វេង ក្នុង​ការ​ស្គាល់​ព្រះ​ជា​ម្ចាស់​ប៉ុណ្ណោះ​ទេ លើស​ពីនោះ ពូកគេ​រស់​នៅ​ក្នុង​លោក​នេះ ដែល​មាន​ការ​ទាស់​ទែង​គ្នា​យ៉ាង​ខ្លាំង​បណ្តាល​មកពី​ការ​មិន​ដឹង​ខុស​ត្រូវ​ ហើយ​ពួកគេ​ហៅ​អំពើ​យង់​ឃ្នង​ទាំង​នោះ​ថា សេចក្តី​សុខ​សាន្ត។២៣ពួកគេ​យក​កូន​ក្មេង​ធ្វើ​បូជា​យញ្ញ ធ្វើ​ពិធី​លាក់​កំបាំង ដង្ហែ​ក្បួន​គួរ​ឲ្យ​ព្រឺ​ខ្លាច។ ២៤ពួកគេ​មិន​គោរព​ជីវិត​មនុស្ស មិន​គោរព​ភាព​បរិសុទ្ធ​នៃការ​រស់​នៅ​ជា​គូស្វាមី​ភរិយា។ បុរស​ម្នាក់​សម្លាប់​បុរស​ម្នាក់​ដោយ​ចិត្ត​ក្បត់ ឬធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺ​ចិត្ត​ដោត​លួច​រួម​ដំណេក​ជាមួយ​ប្រពន្ធ​របស់​គេ។ ២៥ការ​អាក្រក់​ទាំង​នេះ​ចូល​លាយ​ឡំគ្នា គឺការ​បង្ហូរ​ឈាម ឃាត​កម្ម​ ការ​លួច​ប្លន់ ការ​បោក​ប្រាស់ អំពើ​ពុក​រលួយ ការ​មិន​ទុក​ចិត្ត​គ្នា ការ​ជ្រួល​ច្របល់ ការ​ស្បថ​បំពាន ២៦ធ្វើ​បាប​ជន​សប្បុរស​រមឹល​គុណ អសីល​ធម៌ រួម​វេណី​នឹង​ភេទ​ដូចគ្នា វិបត្តិ​ក្នុង​ការ​រស់​នៅ​ជា​គូស្វាមី​ភរិយា អំពើ​ផិត​ក្បត់​ និង​អំពើ​ប្រាស​ចាក​សីល​ធម៌។
២៧ការ​គោរព​បំរើ​ព្រះ​ក្លែង​ក្លាយ ដែល​យើង​មិន​អាច​លើក​ឈ្មោះ​មក​ថ្លែង​បាន ជា​ដើម​ដំបូង និង​ ជាចុង​បំផុត ហើយ​ជាមួយ​មូល​ហេតុ និង​លទ្ធ​ផល​នៃ​សេចក្តី​អាក្រក់​គ្រប់​យ៉ាង។ ២៨អស់​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ តែង​តែ​វង្វេង​ស្មារតី ហើយ​ពេល​ត្រេក​ត្រអាល​ក្នុង​ការ​ភ្លឹក គេ​ថ្លែង​ទំនាយ​ក្លែង​ក្លាយ។ ពួកគេ​រស់​នៅ​តាម​របៀប​ទុច្ចរិត​ហើយ​ក្រឡាស់​ពាក្យ​សំដី​ភ្លាមៗ។ ២៩ដោយ​យក​ព្រះ​ក្លែង​ក្លាយ​ឥត​វិញ្ញាណ​ធ្វើ​ជា​សាក្សី នៅ​ពេល​ស្បថ ពួក​គេ​មិន​ខ្លាច​ទទួល​ទោស ដោយ​បាន​ស្បថ​បំពាន​បែប​នេះ​ទេ! ៣០ពួកគេ​ត្រូវ​ទទួល​ទោស​ទ្វេ​ឡើង ព្រោះ​ម្យ៉ាង​ពួកគេ​យល់​ច្រឡំ​អំពី​ព្រះ​ជាម្ចាស់ ដោយ​ទៅ​ពឹង​លើ​ព្រះ​ក្លែង​ក្លាយ ហើយ​ម្យ៉ាង​ទៀត​ពួកគេ​បាន​ស្បថ​ក្លែង​ក្លាយ​ដោយ​ប្រើ​កល​ល្បិច​ទាំង​មើល​ងាយ​ភាព​វិសុទ្ធ​របស់​ព្រះ​អង្គ​ផង។

៣១ទោះបី ពួកគេ​មិន​ខ្លាច​ឫទ្ធា​នុភាព​របស់​រូប​ព្រះ​ក្លែង​ក្លាយ ដែល​គេ​យក​មក​ធ្វើ​ជា​សាក្សី​ក្នុង​ការ​ស្បថ​នោះ​ក្តី ក៏​ពួកគេ​ត្រូវ​ទទួល​ទោស​តាម​យុត្តិ​ធម៌​សម​នឹង​អំពើ​ទុច្ចរិត​ដែល​ពួកគេ​បាន​ប្រព្រឹត្ត។

ជំពូកទី ១៥

ព្រះជាម្ចាស់ការពារជនជាតិអ៊ីស្រាអែល​មិនឲ្យគោរពព្រះក្លែងក្លាយ
១បពិត្រ​ព្រះ​នៃ​យើង​ខ្ញុំ! ព្រះ​អង្គ​មាន​ព្រះ​ហឫ​ទ័យ​សប្បុរស និង​ស្មោះ​ត្រង់​ជានិច្ច! ព្រះ​អង្គ​មាន​ព្រះ​ហឫ​ទ័យ​អត់​ធ្មត់​ហើយ​គ្រប់​គ្រង​សត្វ​លោក​ទាំង​អស់ ដោយ​ព្រះ​ហឫ​ទ័យ​មេត្តា​ករុណា។

២ទោះបី​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ក្តី ក៏​យើង​ខ្ញុំ​នៅ​តែ​ជា​អ្នក​បំរើ​ព្រះ​អង្គ​ដដែល ដ្បិត​យើង​ខ្ញុំ​ទទួល​ស្គាល់​ព្រះ​ចេស្តា​របស់​ព្រះ​អង្គ។ ប៉ុន្តែ យើង​ខ្ញុំ​ឈប់​ប្រព្រឹត្ត​អំពើ​បាប​ទៀត​ហើយ ដោយ​ដឹង​ថា ព្រះ​អង្គ​ចាត់​ទុក​យើង​ខ្ញុំ​ជា​ប្រជា​ជន​របស់​ព្រះ​អង្គ។ ៣ការ​ស្គាល់​ព្រះ​អង្គ នាំឲ្យ​ប្រព្រឹត្ត​តាម​សេចក្តី​សុចរិត​ដ៏​ពេញ​លក្ខណៈ។ ការ​ទទួល​ស្គាល់​ព្រះ​ចេស្តា​របស់​ព្រះ​អង្គ ក៏​នាំឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​ដែរ។ ៤យើង​ខ្ញុំ​ពុំ​បាន​វង្វេង តាម​ថ្វីដៃ​ដ៏​ប៉ិន​ប្រសប់​ដែល​មនុស្ស​រចនា​នោះ​ឡើយ ហើយ​យើង​ខ្ញុំ​ក៏​មិន​បាន​វង្វេង​តាម​គំនូរ​ដ៏​ឥត​ខ្លឹម​សារ ដែល​ជាង​ខិតខំ​គូរ​ទាំង​នឿយ​ហត់ ធ្វើ​ឲ្យ​មនុស្ស​ភាន់​ច្រឡំ​។ គេ​ផាត់​គំនូរ​ចំរុះ​ពណ៌​អាក្រក់​មើល​។ ៥ពេល​ឃើញ​គំនូរ​ទាំង​នោះ មនុស្ស​ឆោត​ល្ងង់​នាំគ្នា​ចាប់​ចិត្ត​ជា​ខ្លាំង ហើយ​ស្រើប​ស្រាល​ចំពោះ​រូប​ដែល​មិន​កំរើក គឺ​គំនូរ​ដែល​គ្មាន​ជីវិត​។ ៦ជាង​ដែល​ធ្វើ​រូប​ទាំង​នោះ ព្រម​ទាំង​អ្នក​ដែល​ចង់​បាន និង​អ្នក​ដែល​គោរព​ថ្វាយ​បង្គំ​រូប​ទាំង​នោះ សុទ្ធ​តែ​ជា​អ្នក​ស្រឡាញ់​សេចក្តី​អាក្រក់ ហើយ​ពួកគេ​បាន​ត្រឹម​តែ​ខក​ចិត្ត​ប៉ុណ្ណោះ។

ភាពលេលារបស់ជាងស្មូន​ដែលធ្វើរូបព្រះក្លែងក្លាយ
៧ឧបមា​ថា​ មាន​ជាង​ស្មូន​ខិតខំ​ច្របាច់​ដីឥដ្ឋ​ទាំង​នឿយ​ហត់​ សូន​ធ្វើ​ប្រដាប់​ប្រដា​ដែល​យើង​ប្រើ​ជា​រៀង​រាល់​ថ្ងៃ។ គាត់​យក​ដីឥដ្ឋ​ដដែល​មក​សូន​ធ្វើ​វត្ថុ​ថ្លៃ​ថ្នូរ​ផង និង​វត្ថុ​ធម្មតា​ផង។ គាត់​ធ្វើ​វត្ថុ​ទាំង​អស់​តាម​របៀប​ដូច​គ្នា មាន​តែ​ជាង​ស្មូន​ទេ​ដែល​សំរេច​ថា​ វត្ថុ​នីមួយ​ៗត្រូវ​ប្រើ​ប្រាស់​សំរាប់​ធ្វើ​អ្វី។ ៨បន្ទាប់​មក​ គាត់​យក​ដីឥដ្ឋ​ដដែល​មក ហើយ​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ឥត​ប្រយោជន៍ គឺ​សូន​រូប​ព្រះ​ឥត​បាន​ការ។ ជាង​នេះ​ទើប​តែ​កើត​ចេញ​ពីដី ហើយ​បន្តិច​ទៀត​នៅ​ពេល​ព្រះ​ជា​ម្ចាស់​ទារ​ឲ្យ​គាត់​សង​ព្រលឹង​ដែល​គាត់​ខ្ចី​នោះ​ គាត់​ត្រូវ​តែ​ត្រឡប់​ទៅ​ជាដី ដែល​គាត់​ទើប​ចេញ​មក​វិញ​ដែរ​។ ៩គាត់​គួរ​តែ​យក​ចិត្ត​ទុក​ដាក់ និង​គិត​ថា​អាយុ​ជីវិត​មនុស្ស​ខ្លី​ណាស់ ចៀស​មិន​ផុតពី​សេចក្តី​ស្លាប់​ឡើយ! ផ្ទុយ​ទៅ​វិញ គាត់​បែរ​ជា​ប្រណាំង​ប្រជែង​ជាមួយ​ជាង​មាស ជាង​ប្រាក់ គាត់​យក​តម្រាប់​តាម​ជាង​លង្ហិន ហើយ​ចង់​បាន​កិត្តិ​យស​ដោយ​សូន​ធ្វើ​រូប​ព្រះ​ក្លែង​ក្លាយ! ១០ចិត្ត​របស់​គាត់​ប្រៀប​ដូច​ជា​ផេះ ដូច​ធូលី​ដី ហើយ​ជីវិត​របស់​គាត់​ថោក​ជាង​ដីឥដ្ឋ​ទៅ​ទៀត! ១១ដ្បិត​គាត់​មិន​ទទួល​ស្គាល់​ព្រះ​ជាម្ចាស់​ដែល​សូន​គាត់​មក​ទេ គឺ​ព្រះ​អង្គ​បាន​ផ្លុំ​ខ្យល់​ដង្ហើម ឲ្យ​គាត់​អាច​ធ្វើ​ចលនា​បាន ព្រម​ទាំង​វិញ្ញាណ ដែល​ផ្តល់​ឲ្យ​គាត់​មាន​ជីវិត។ ១២ប៉ុន្តែ​ គាត់​យល់​ឃើញ​ថា ជីវិត​មនុស្ស​ប្រៀប​ដូច​ជា​ល្បែង​លេង​សើច ការ​រស់​នៅ​របស់​មនុស្ស​ប្រៀប​ដូចជា​ផ្សារ​ចោរ​។ ដូច្នេះ​គាត់​គិតថា ត្រូវ​ខិតខំ​ចំណេញ​ពី​គ្រប់​កិច្ច​ការ​ទាំង​អស់​ ទោះបី​ការ​អាក្រក់​ក្តី។ ១៣មនុស្ស​បែប​នេះ​ដឹង​ច្បាស់​ជាង​គេ​ថា ខ្លួន​ប្រព្រឹត្ត​អំពើ​បាប ដោយ​យកដី​មក​សូន​ភាជន៍​ដែល​តែង​តែ​បែក​ផង និង​សូន​រូប​ព្រះ​ក្លែង​ក្លាយ​ផង។

ជនជាតិអេស៊ីបគោរព​ថ្វាយបង្គំព្រះក្លែងក្លាយ
១៤បពិត្រ​ព្រះ​អម្ចាស់ ខ្មាំង​សត្រូវ​ដែល​ជិះ​ជាន់​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ​កាល​ពី​ដើម បាន​បង្ហាញ​ថា​ពួកគេ​លេលា ហើយ​មាន​ស្មារតី​អន់​ជាង​កូន​ក្មេង​ទៅ​ទៀត។ ១៥ពួកគេ​ចាត់​ទុក​រូប​បដិមារ​បស់​ប្រជា​ជាតិ​នានា​ថា​ជា​ព្រះ! ព្រះ​ក្លែង​ក្លាយ​ទាំង​នោះ​មាន​ភ្នែក​ តែ​មិន​ចេះ​មើល មាន​ច្រមុះ តែ​មិន​ចេះ​ដក​ដង្ហើម​ មាន​ត្រចៀក តែ​មិន​ចេះ​ស្តាប់ មាន​ដៃ តែ​មិន​ចេះ​ស្ទាប​ មាន​ជើង តែ​មិន​ចេះ​ដើរ។

១៦ដ្បិត​រូប​ទាំង​នោះ​ជា​ស្នា​ដៃ​របស់​មនុស្ស! អ្នក​ដែល​រចនា​រូប​នេះ គ្រាន់​តែ​បាន​ខ្ចី​ដង្ហើម​ជីវិត​ប៉ុណ្ណោះ។ គ្មាន​នរណា​ម្នាក់​អាច​រចនា​រូប​ព្រះ​ឲ្យ​ដូច​ខ្លួន​ឯង​បាន​ឡើយ។ ១៧គេជា​មនុស្ស​រមែង​តែង​តែ​ស្លាប់ គេ​ប្រើ​ដៃ​ប្រព្រឹត្ត​អំពើ​ល្មើស​វិន័យ ហើយ​ផលិត​រូប​ដែល​គ្មាន​ជីវិត។ ទោះ​ជា​យ៉ាង​ណាក្តី ក៏គេ​ប្រសើរ​ជាង​រូប​ទាំង​ប៉ុន្មាន ដែល​គេ​គោរព​ប្រតិ​បត្តិ​នោះ​ដែរ គឺគេ​បាន​ទទួល​ជីវិត រីឯ​រូប​ទាំង​នោះ​វិញ​ មិន​ដែល​ទទួល​ជីវិត​ទាល់​តែ​សោះ​ឡើយ។ ១៨ពួកគេ​បាន​គោរព​ថ្វាយ​បង្គំ​សត្វ​គួរឲ្យ​ស្អប់​ខ្ពើម​បំផុត គឺ​សត្វ​តិរច្ឆាន​ដ៏​អាក្រក់​ជាង​គេ។ ១៩សត្វ​ទាំង​នោះ​គ្មាន​សម្ផស្ស​គួរឲ្យ​គយ​គន់ គួរឲ្យ​ទាក់​ទាញ​ចិត្ត​ដូច​សត្វ​ឯទៀតៗ​ឡើយ។ ព្រះ​ជា​ម្ចាស់​មិន​ចាប់​អារម្មណ៍​នឹង​សត្វ​ទាំង​នោះ​ទេ​ហើយ​ក៏មិន​ប្រទាន​ពរ​ឲ្យវា​ដែរ។

ជំពូកទី ១៦

១ហេតុ​នេះ​ ព្រះ​ជា​ម្ចាស់​បាន​ប្រើ​សត្វ​ដែល​មាន​រូប ដូចរូប​ព្រះ​ក្លែង​ក្លាយ​ទាំង​នោះ ឲ្យមក​ធ្វើ​ទារុណកម្ម​ពួកគេ​សម​នឹង​អំពើ​ដែល​ពួកគេ​ប្រព្រឹត្ត ពួកគេ​ត្រូវ​រងទុក្ខ​វេទនា​ដោយ​សារ​សត្វ​ល្អិត​ជា​ច្រើន។ ២ផ្តុយ​ទៅ​វិញ ព្រះ​អង្គ​សំដែង​ព្រះ​ហឫ​ទ័យ​សប្បុរស ចំពោះ​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ គឺ​ព្រះ​អង្គ​ប្រទាន​សត្វ​ក្រួច​ជា​អាហារ​យ៉ាង​ឆ្ងាញ់ ដើម្បី​ឲ្យ​ពួកគេ​បរិភោគ​ឆ្អែត នៅ​ពេល​ពួកគេ​ឃ្លាន​យ៉ាង​ខ្លាំង។ ៣ដូច្នេះ ទោះបី​ជន​ជាតិ​អេស៊ីប​ត្រូវ​ការ​អាហារ​ក្តី​ក៏​ពួកគេ​បរិភោគ​មិន​កើត​ដែរ ព្រោះ​ពួកគេ​ខ្ពើម​រអើម​ ដោយ​សារ​សត្វ ដែល​ព្រះ​អង្គ​ចាត់​ឲ្យមក​ធ្វើ​ទុក្ខ​ទោស​ពួកគេ។ ចំពោះ​ជន​ជាតិ​អ៊ីស្រា​អែល​វិញ​ ក្រោយ​ពីបាន​ខ្វះ​ខាត​មួយ​រយៈ​ពេល​ដ៏ខ្លី ពួកគេ​បាន​ទទួល​អាហារ​ដ៏​ឆ្ងាញ់​ពិសា។ ៤ដូច្នេះ​អ្នក​ដែល​ជិះ​ជាន់​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ ត្រូវ​តែ​រងទុក្ខ​ដោយ​អត់​ឃ្លាន​យ៉ាង​ខ្លាំង រីឯ​ប្រជា​ជន​អ៊ីស្រា​អែល​វិញ គេ​គ្រាន់​តែ​ឃើញ​របៀប ដែល​ខ្មាំង​សត្រូវ​រង​ទុក្ខ​ទោស​ប៉ុណ្ណោះ។

ពស់ធ្វើពីទង់ដែង
៥មាន​សត្វ​ដ៏គួរ​ព្រឺ​ខ្លាច ខាំ​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ​យ៉ាង​សាហាវ​បំផុត ហើយ​ក៏មាន​ពស់​អសិ​រពិស​ចឹក​ពួកគេ បណ្តាល​ឲ្យ​ស្លាប់​ជា​ច្រើ​នាក់​ដែរ។ ប៉ុន្តែ​ ព្រះ​អង្គ​មិន​ពិរោធ​ទាស់​នឹង​ពួកគេ រហូត​ដល់​ធ្វើ​ឲ្យ​ពួកគេ​បាត់​បង់​ជីវិត​ទាំង​អស់​គ្នា​ឡើយ។ ៦ព្រះ​អង្គ​គ្រាន់​តែ​គំរាម​ពួកគេ​មួយ​រយៈ ដើម្បី​ប្រៀន​ប្រដៅ​គេ​ប៉ុណ្ណោះ ហើយ​ព្រះ​អង្គ​ក៏​ប្រទាន​ទី​សំគាល់​បង្ហាញ​អំពី​ការ​សង្រ្គោះ ធ្វើ​ឲ្យ​ពួកគេ​នឹក​គិត​ដល់​ច្បាប់​នៃ​គម្ពីរ​វិន័យ។

៧អ្នក​ដែល​ងាក​បែរ​ទៅ​មើល​ទី​សំគាល់​នោះ បាន​រួច​ជីវិត។ ប៉ុន្តែ គេបាន​រួច​ជីវិត មិន​មែន​ដោយ​សារ​វត្ថុ​ដែល​គេ​មើល​ឃើញ​នោះ​ឡើយ គឺ​ដោយ​សារ​តែ​ព្រះ​អង្គ ជា​ព្រះ​សង្រ្គោះ​របស់​មនុស្ស​លោក​ទាំង​អស់​ប៉ុណ្ណោះ! ៨ធ្វើ​ដូច្នេះ ព្រះ​អង្គ​បង្ហាញ​ឲ្យ​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ​ដឹង​ថា មាន​តែ​ព្រះ​អង្គ​ទេ ដែល​រំដោះ​ឲ្យ​រួចពី​សេចក្តី​អាក្រក់​គ្រប់​យ៉ាង។ ៩ខ្មាំង​សត្រូវ​បាត់​បង់​ជីវិត​ដោយ​សារ​កណ្តូប និង​រុយ​ខាំ។ ពួកគេ​រក​ថ្នាំ​សង្កូវ​មក​ព្យាបាល​ខ្លួន​មិន​បាន ព្រោះ​ពួកគេ​ត្រូវ​តែ​ទទួល​ទារុណ​កម្ម​ដោយ​សារ​សត្វ​បែប​នេះ។ ១០រីឯ​បុត្រ​ធីតា​របស់​ព្រះ​អង្គ​វិញ សូម្បី​តែ​ពស់​អសិ​រពិស​ក៏មិន​អាច​ប្រហារ​ពួកគេ​បាន​ដែរ ដ្បិត​ព្រះ​អង្គ​យាង​មក​ជួយ​ពួកគេ និង​ប្រោស​ពួកគេ​ឲ្យ​បាន​ជា ដោយ​ព្រះ​ហឫ​ទ័យ​មេត្តា​ករុណា​របស់​ព្រះ​អង្គ។ ១១ព្រះ​អង្គ​យក​ជន្លួញ​មក​ចាក់​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ ដើម្បី​ឲ្យ​ពួកគេ​នឹក​ដល់​ព្រះ​បន្ទូល​ព្រះ​អង្គ តែ​ព្រះ​អង្គ​សង្រ្គោះ​ពួកគេ​ជា​បន្ទាន់ ក្រែង​គេ​ភ្លេច​ព្រះ​អង្គ​រហូត​ ហើយ​មិន​ចាប់​អារម្មណ៍​នឹង​ព្រះ​ហឫ​ទ័យ​សប្បុរស​របស់​ព្រះ​អង្គ​។ ១២បពិត្រ​ព្រះ​អម្ចាស់​! ពួកគេ​មិន​បាន​យក​សំបក​ឈើ ឬ​ប្រើ​ថ្នាំ​អ្វី​មក​ព្យាបាល​ឲ្យជា​ឡើយ​ តែ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​វិញ​ទេ ដែល​ប្រោស​ពួកគេ​ឲ្យបាន​ជា​គ្រប់​ៗគ្នា។ ១៣ព្រះ​អង្គ​មាន​អំណាច​ធ្វើ​ឲ្យ​មនុស្ស​រស់​ឬ​ស្លាប់​ក៏​បាន ព្រះ​អង្គ​ធ្វើ​ឲ្យ​មនុស្ស​ចុះ​ទៅ​ស្ថាន​មច្ចុរាជ ឬ​ឡើង​មក​វិញ​ក៏​បាន​ដែរ។ ១៤មនុស្ស​អាច​សម្លាប់​មនុស្ស ព្រោះ​តែ​ចិត្ត​អាក្រក់​របស់​ខ្លួន តែ​គេ​មិន​អាច​ធ្វើ​ឲ្យ​វិញ្ញាណ ដែល​ចេញ​ពី​រូប​កាយ​ទៅ​នោះ វិល​ត្រឡប់​មក​វិញ​បាន​ឡើយ។ គេក៏​មិន​អាច​រំដោះ​ព្រលឹង ដែល​ស្ថិត​នៅក្នុង​ស្ថាន​មច្ចុរាជ​បាន​ដែរ។

ព្រឹល និង នំម៉ាណា
១៥គ្មាន​នរណា​អាច​គេច​ផុត ពី​ឫទ្ធិ​បារមី​របស់​ព្រះ​អង្គ​បាន​ឡើយ! ១៦ព្រះ​អង្គ​ប្រើ​ឫទ្ធិ​បារមី​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​អង្គ ប្រហារ​ជន​ពាល​ដែល​មិន​ព្រម​ទទួល​ស្គាល់​ព្រះ​អង្គ គឺ​ភ្ញៀង​ ព្រឹល ខុសពី​ធម្មតា ព្យុះ​សង្ឃរា​ធ្វើ​ទោស​គេ​ឥត​ត្រា​ប្រណី រន្ទះ​ក៏​បាញ់​សម្លាប់​ពួក​គេ​ដែរ។ ១៧គួរ​ឲ្យ​អស្ចារ្យ​មែន! នៅ​ពេល​នោះ​ ភ្លើង​ឆាប់​ឆេះ​កាន់​តែ​សន្ឋោ​សន្ឋៅ ក្នុង​ទឹក​ដែល​រមែង​ពន្លត់​ភ្លើង ដ្បិត​ធម្មជាតិ​ទាំង​មូល​ជួយ​ការ​ពារ​មនុស្ស​សុចរិត​។ ១៨ជួន​កាល​អណ្តាត​ភ្លើង​ចុះ​អន់​ថយ​បន្តិច​ដើម្បី​កុំឲ្យ​ឆេះ​សត្វ ដែល​ព្រះ​អង្គ​ចាត់​ឲ្យ​ទៅ​ប្រឆាំង​និង​ជន​ពាល។ ឃើញ​ដូច្នេះ ពួកគេ​ត្រូវ​តែ​ដឹង​ថា​ ព្រះ​អង្គ​តាម​វិនិច្ឆ័យ​ទោស​ពួកគេ ១៩ជួន​កាល ភ្លើង​នៅ​តែ​ឆេះ​សន្ឋោ​សន្ឋៅ​កណ្តាល​ទឹក លើស​ពី​ធម្មតា​ដើម្បី​បំផ្លាញ​ភោគ​ផល​នែ​ស្រុក​របស់​មនុស្ស​ទុច្ចរិត​នោះ។ ២០ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​ប្រទាន​អាហារ​របស់​ទេវ​ទូត ឲ្យ​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ​បរិភោគ។ ព្រះ​អង្គ​ប្រគល់​អាហារ​ដែល​រៀបចំ​ទុក​ជា​ស្រេច​ឲ្យ​ពួកគេ​ ដោយ​ពួកគេ​មិន​នឿយ​ហត់​ស្វែង​រក។ អាហារ​ទាំង​នោះ សុទ្ធ​តែ​មាន​ឳជា​រស តាម​បំណង​របស់​មនុស្ស​គ្រប់ៗ​រូប។ ២១អាហារ​នោះ​មកពី​ព្រះ​អង្គ ដែល​បង្ហាញ​ពី​ព្រះ​ហឫ​ទ័យ​ទន់​ភ្លន់ ចំពោះ​បុត្រ​ធីតា​របស់​ព្រះ​អង្គ​។អាហារ​នោះ​ក៏​ត្រូវ តាម​បំណង​ប្រាថ្នា​របស់​អ្នក​បរិភោគ​ដែរ គឺ​ប្រែ​ឳជា​រស​តាម​តែ​ម្នាក់ៗ​ចូល​ចិត្ត។ ២២ទោះបី​នំ​ម៉ាណា​ប្រៀប​ដូចជា​ព្រឹល និង​ទឹក​កក​ក្តី​ នៅ​ពេល​ត្រូវ​ភ្លើង ក៏នំ​នោះ​មិន​រលាយ​ដែរ។ ការ​នេះ​សឲ្យ​ឃើញ​ថា ភ្លើង​បំផ្លាញ​ភោគ​ផល​របស់​បច្ចា​មិត្ត​ដោយ​រន្ទះ​បាញ់ ក្នុង​ពេល​ភ្លៀង​ធ្លាក់ និង​ព្រឹល​។ ២៣ប៉ុន្តែ ភ្លើង​ដដែល​នោះ​មិន​បំផ្លាញ​អាហារ​ដែល​មនុស្ស​សុចរិត​ត្រូវ​ការ​បរិភោគ​ឡើយ។

២៤ព្រះ​អង្គ​បាន​បង្កើត​អ្វី​ៗទាំង​អស់​មក ហើយ​ធម្មជាតិ​ដែល​ព្រះ​អង្គ​បាន​បង្កើត ត្រៀម​ខ្លួន​បំរើ​ព្រះ​អង្គ​ជានិច្ច ដើម្បី​ធ្វើ​ទោស​មនុស្ស​ទុច្ចរិត តែ​ផ្តល់​សេចក្តី​សុខ ដល់​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ​អង្គ។ ២៥ហេតុ​នេះ​ហើយ​បាន​ជា​ធម្ម​ជាតិ​អាច​ប្រែ​ប្រួល​គ្រប់​យ៉ាង ដើម្បី​ទទួល​ព្រះ​អំណោយ​ទាន​របស់​ព្រះ​អង្គ​ គឺ​ទៅ​ជា​អាហារ​គ្រប់​យ៉ាង​តាម​បំណង​របស់​អ្នក​ដែល​ប្រាថ្នា​ចង់​បាន​។ ២៦បពិត្រ​ព្រះ​អម្ចាស់! ដូច្នេះ​បុត្រ​ធីតា​ដ៏​ជាទី​ស្រឡាញ់​របស់​ព្រះ​អង្គ​ដឹងថា មនុស្ស​ចិញ្ចឹម​ជីវិត មិន​មែន​ដោយ​ការ​បង្កើត​ភោគ​ផល​ទេ​ គឺ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​វិញ​ឯណោះ ដែល​ទ្រទ្រង់​ជីវិត​អស់​អ្នក​ជឿ​លើ​ព្រះ​អង្គ។ ២៧អាហារ​ដែល​ភ្លើង​មិន​បំផ្លាញ​ត្រូវ​រលាយ​ដោយ​កំដៅ​ព្រះ​អាទិត្យ ក្នុង​ពេល​មួយ​ប៉ប្រិច​ភ្នែក។ ២៨ព្រះ​អង្គ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ពួគគេ​ដឹង​ថា ពួកគេ​ត្រូវ​ក្រោក​ពី​ព្រលឹម អរ​ព្រះ​គុណ​ព្រះ​អង្គ​និង​ជួប​ព្រះ​អង្គ​មុន​ថ្ងៃរះ។ ២៩ប៉ុន្តែ​សេចត្តី​សង្ឃឹម​របស់​ជន​អកតញ្ញូ ត្រូវ​រលាយ​ដូច​ទឹក​កក​ត្រូវ​ថ្ងៃ ហើយ​ហូរ​ទឹក​ដែល​ប្រើ​ការ​មិន​កើត។

ជំពូកទី ១៧

គ្រោះកាចនៃសេចត្តីងងឹត
១ការ​វិនិច្ឆ័យ​របស់​ព្រះ​អង្គ ទូលំ​ទូលាយ​ណាស់ ហើយ​ពិបាក​យល់​ផង។ ហេតុ​នេះ អ្នក​ដែល​មិន​ព្រម​ទទួល​ការ​អប់រំ​ពី​ព្រះ​អង្គ​ពិត​ជា​វង្វេង។ ២ជន​ទុច្ចរិត​ទាំង​នោះ​មាន​បំណង​បង្រ្កាប​ប្រជា​ជន​ដ៏វិសុទ្ធ​របស់​ព្រះ​អង្គ​ តែ​ភាព​ងងឹត​ហ៊ុម​ព័ទ្ធ​ពួកគេ ពួកគេ​ជាប់​ឃុំ​ឃាំង​ក្នុង​ភាព​អន្ធការ នៃ​យប់​ដ៏យូរ​លង់​ ពួកគេ​ដេក​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន ទៅ​ណា​មិន​កើត​ ហើយ​នៅ​ឆ្ងាយ​ពីព្រះ​ហឫ​ទ័យ​សប្បុរស​របស់​ព្រះ​អង្គ អស់​កល្ប​ជា​និច្ច។ ៣ពួកគេ​ស្មាន​ថា​អាច​លាក់​អំពើ​បាប ដែល​ខ្លួន​ប្រព្រឹត្ត ដោយ​លាក់​កំបាំង ពួកគេ​គិត​ថា ព្រះ​អង្គ​មុខ​ជា​ភ្លេច​អំពើ​បាប​ទាំង​នោះ។ ប៉ុន្តែ​ពួកគេ​ត្រូវ​ខ្ចាត់​ខ្ចាយ​បែក​ខ្ញែក​ពីគ្នា ទាំង​ភ័យ​តក់​ស្លុត ហើយ​ត្រូវ​ជ្រួល​ច្របល់ ដោយ​ការ​ស្រមើ​ស្រមៃ​។ ៤សូម្បី​តែ​នៅ​កន្លែង​លាក់​ខ្លួន ក៏​ពួកគេ​មិន​អាច​រួច​ផុតពី​ការ​តក់​ស្លុត​នេះ​បាន​ដែរ ព្រោះ​មាន​ស្នូរ​សន្ធឹក​លាន់ឮ​រំពង​នៅ​ជុំវិញ ហើយ​គេ​ឃើញ​ខ្មោច​លង ដែល​មាន​មុខ​អាក្រក់​អាក្រី គួរឲ្យ​ព្រឺ​ខ្លាច​។ ៥គ្មាន​ភ្លើង​អ្វី​អាច​បញ្ចេញ​ពន្លឺ​មក​បំភ្លឺ​ពួកគេ​បាន​ទេ សូម្បី​តែ​ពន្លឺ​ដ៏​ត្រចះ​ត្រចង់​របស់​ផ្កាយ ក៏ពុំ​អាច​បំភ្លឺ​យប់​ដ៏​សែន​អាណោច​អាធ័ម​នោះ​ដែរ។ ៦ភ្លើង​ដែល​ឆេះ​ឯក​ឯង​បាន ធ្វើ​ឲ្យ​ពួកគេ​ភ័យ​តក់​ស្លុត​ជា​ខ្លាំង។ កាល​ពួកគេ​លែង​ឃើញ​អព្ភូត​ហេតុ​នេះ ពួកគេ​នៅតែ​ស្លុត​ចិត្ត​ដដែល ព្រោះ​គេ​យល់ថា​អ្វីៗដែល​កើត​មាន​ពិត​ប្រាកដ គួរឲ្យ​ព្រឺ​ខ្លាច​ជាង​ការ​ស្រមើ​ស្រមៃ​ទៅ​ទៀត។ ៧ក្បួន​មន្ត​អាគម​បាត់​បង់​ប្រសិទ្ធ​ភាព អ្នក​ដែល​អួត​អាង​ថា ខ្លួន​ចេះ​គ្រប់​សព្វ​ទាំង​អស់​បែរ​ជា​មិន​ដឹងអ្វី​សោះ ហើយ​ត្រូវ​អាម៉ាស់​ទៀត​ផង។ ៨អ្នក​ដែល​អួតថា ខ្លួន​ចេះ​ព្យាបាល​មនុស្ស​វិកល​ចរិត​បែរ​ជា​មាន​ជំងឺ​ភ័យ​ខ្លាច​ផ្តេស​ផ្តាស​ទៅ​វិញ។ ៩ទោះបី​គ្មាន​អ្វី​អស្ចារ្យ​គួរឲ្យ​ភ័យ​ខ្លាច​ក្តី​ នៅ​ពេល​មាន​សត្វ​ដើរ​កាត់ ឬ​ពស់​ហួច​ក៏​ធ្វើឲ្យ​ពួកគេ​ភ័យ​ខ្លាច​ដែរ។ ១០គេ​ខ្លាច​ស្ទើរ​តែ​លោះ​ព្រលឹង ហើយ​មិន​ហ៊ាន​បើក​ភ្នែក​មើល​ភាព​ងងឹត ដែល​ពួកគេ​គេច​មិន​ផុត​នោះ​ឡើយ។

១១ចិត្ត​អាក្រក់​របស់​មនុស្ស​តែង​តែ​ធ្វើ​ជា​សាក្សី​បញ្ជាក់​ពីភាព​កំសាក​របស់​ខ្លួន​ ហើយ​ថ្កោល​ទោស​ខ្លួន​ឯង​ដែរ​។ មន​សិការ​របស់​គេ​ចោទ​ប្រកាន់​ខ្លួន​ធ្វើ​ឲ្យគេ​ចេះ​តែ​ស្រមើ​ស្រមៃ ឃើញ​ការ​អាក្រក់​ផ្សេង​ថែម​ពី​លើ​ការ​លំបាក​របស់​ខ្លួន។ ១២អ្នក​ភ័យ​ខ្លាច​ មិន​ដែល​ប្រើ​ប្រាជ្ញា ដើម្បី​ជួយ​បំបាត់​ការ​ភ័យ​ខ្លាច​ មិន​ដែល​ប្រើ​ប្រាជ្ញា ដើម្បី​ជួយ​បំបាត់​ការ​ភ័យ​ខ្លាច​របស់​ខ្លួន​ទេ​។ ១៣បើគេ​មិន​ពឹង​លើ​ប្រាជ្ញា​ដែល​ជា​ជំនួយ​មកពី​ខាង​ក្នុង​នោះ គេ​រឹតតែ​ព្រួយ​បារម្ភ​ ព្រោះ​គេ​មិន​ស្គាល់​មូល​ហេតុ ដែល​បណ្តាល​ឲ្យ​គេ​កើត​ទុក្ខ​។ ១៤ក្នុង​ពេល​យប់​ដ៏​សែន​ពិបាក គឺ​យប់​ដែល​មាន​ប្រភព​ពី​ស្ថាន​មច្ចុរាជ​ដ៏​ជ្រៅ ហើយ​គ្មាន​អំណាច​នោះ ពួកគេ​ដេក​លក់​ដូច​គ្នា​ទាំង​អស់។ ១៥ប៉ុន្តែ​ពួក​គេ​យល់​សប្តិ​អាក្រក់​គ្រប់ៗ​គ្នា ឃើញ​ខ្មោច​ដ៏​សំបើម​អស្ចារ្យ​ដេញ​តាម​ពួក​គេ។ ពួកគេ​គ្មាន​កម្លាំង​កំរើក​បាន​ឡើយ ហើយ​លោះ​ព្រលឹង​អស់ ព្រោះ​ពួក​គេ​មិន​នឹក​ស្មាន​ដល់​សោះ​ថា ការ​ភ័យ​ខ្លាច​កើត​មាន​ចំពោះ​ពួកគេ​យ៉ាង​ទាន់​ហន់​ដូច្នេះ ១៦អស់​អ្នកដែល​នៅ​ស្រុក​អេស៊ីប ក៏​ដួល​ដល់​ដី​គ្រប់ៗ​គ្នា កំរើក​លែង​រួច ដូច​ជាប់​ក្នុង​គុក​ដែល​គ្មាន​ជញ្ជាំង។ ១៧កសិករ​ក្តី គង្វាល​ក្តី កម្មករ​ដែល​ធ្វើការ​ធ្ងន់​ហាល​ថ្ងៃ​នៅ​វាល​រហោ​ស្ថាន​ក្តី សុទ្ធ​តែ​ទទួល​មហន្ត​រាយ​យ៉ាង​ទាន់​ហន់ រត់​គេច​មិន​រួច។ ១៨ដ្បិត​ពួក​គេ​ជាប់​ចំណង​ជាមួយ​គ្នា ដោយ​សារ​ភាព​ងងឹត​នោះ។ ស្នូរ​ខ្យល់​បក់​មក សំឡេង​បក្សា​បក្សី​យំ​យ៉ាង​ពីរោះ​នៅ​លើ​មែក​ឈើ​ដ៏​ក្រាស់ ស្នូរ​ទឹក​ហូរ​យ៉ាង​ខ្លាំង។ ១៩ស្នូរ​ដុំថ្ម​ដែល​ធ្លាក់​ពី​លើ​មក ស្នូរ​សត្វ​លោត​ដែល​គ្មាន​នរណា​ឃើញ សំរែក​គ្រហឹម​របស់​សត្វ​សាហាវ សំឡេង​ខ្ទរ​លាន់​ឮ​រំពង​នៅ​តាម​ភ្នំ​បណ្តាល​ឲ្យ​ពួក​គេ​ភ័យ​បាត់​ស្មារតី កំរើក​ក៏​មិន​រួច​ដែរ។ ២០នៅ​កន្លែង​ឯទៀតៗ មាន​ពន្លឺ​ដ៏​ត្រចះ​ត្រចង់​បំភ្លឺ​ពិភព​លោក​ទាំង​មូល ហើយ​មនុស្ស​ម្នា​នៅ​តែ​បន្ត​កិច្ចការ​របស់​ខ្លួន ដោយ​គ្មាន​អ្វី​មក​រំខាន​ឡើយ។ ២១មាន​តែ​ពួក​គេ​ទេ​ដែល​ស្ថិត​នៅ​ក្នុង​យប់​ងងឹត​ស្លុង​យ៉ាង​នេះ! ភាព​ងងឹត​នេះ​ជានិមិត្ត​រូប​នៃ​ភាព​ងងឹត​ដែល​បំរុង​នឹង​ទទួល​ពួក​គេ នៅ​ពេល​បាត់​បង់​ជីវិត។ ប៉ុន្តែ​ការ​តប់​ប្រមល់​របស់​ពួក​គេ​ធ្ងន់​ជាង​ភាព​ងងឹត​ទៅ​ទៀត។

ជំពូកទី ១៨

ដុំភ្លើង
១ផ្ទុយ​ទៅ​វិញ មាន​ពន្លឺ​ដ៏​ត្រចះ​ត្រចង់ បំភ្លឺ​ប្រជា​ជន​ដ៏​វិសុទ្ធ​របស់​ព្រះ​អង្គ។ ជន​ជាតិ​អេស៊ីប​គ្រាន់​តែ​ឮ​សូរ​សំឡេង​ប្រជា​ជន​របស់​ព្រះ​អង្គ​ប៉ុណ្ណោះ តែ​មើល​គេ​មិន​ឃើញ​ទេ ហើយ​នាំ​គ្នា​ប្រកាស​ថា ជន​ជាតិ​អ៊ីស្រា​អែល​មាន​សុភ​មង្គល ដោយ​មិន​រង​ទុក្ខ​វេទនា​ដូច​ខ្លួន។ ជន​ជាតិ​អេស៊ីប​ក៏​សូម​អរគុណ​ជន​ជាតិ​អ៊ីស្រា​អែល​ដែល​មិន​សង​សឹក​ពួក​គេ ព្រោះ​តែ​ពួក​គេ​ធ្លាប់​ធ្វើ​បាប​ជន​ជាតិ​អ៊ីស្រា​អែល​ជាច្រើន​ដង។ ពួក​គេ​នាំគ្នា​សូម​អភ័យ​ទោស ដោយ​បាន​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រា​អែល។ ៣ព្រះ​អង្គ​បាន​ប្រោស​ប្រទាន​ដុំភ្លើង​ដែល​ឆេះ​សន្ធោស​ន្ធៅ មក​ណែនាំ​ប្រជា​ជន​របស់​ព្រះ​អង្គ តាម​ផ្លូវ​ដែល​ពួក​គេ​មិន​ស្គាល់។ ដុំភ្លើង​នោះ​ភ្លឺ​ដូច​ព្រះ​អាទិត្យ តែ​មិន​ធ្វើ​ទុក្ខ​ពួក​គេ​នៅ​ពេល​ធ្វើ​ដំណើរ ប្រកប​ដោយ​ភាព​រុង​រឿង​នោះ​ឡើយ។ ៤ចំណែក​ឯជន​ជាតិ​អេស៊ីប​វិញ ពួកគេ​សម​តែ​ខ្វះ​ពន្លឺ ហើយ​ជាប់​ឃុំ​ឃាំង​នៅ​ក្នុង​ភាព​ងងឹត ព្រោះ​ពួក​គេ​បាន​ឃុំ​ឃាំង​បុត្រ​ធីតា​របស់​ព្រះ​អង្គ! ប៉ុន្តែ​ព្រះ​អង្គ​បំរុង​នឹង​ប្រទាន​ពន្លឺ​ដ៏​អមតៈ នៃ​វិន័យ​ឲ្យ​មនុស្ស​លោក​តាម​រយៈ​បុត្រ​ធីតា​ទាំង​នោះ។

កូន​ច្បង​នៃ​ជន​ជាតិ​អេស៊ីប​ត្រូវ​ស្លាប់
៥ជន​ជាតិ​អេស៊ីប​បាន​សំរេច​សម្លាប់​ទារក​ទាំង​ប៉ុន្មាន​របស់​ប្រជា​ជន​ដ៏​វិសុទ្ធ។ មាន​តែ​ទារក​ម្នាក់​ទេ​ដែល​បាន​រួច​ជីវិត ក្រោយ​ពី​គេ​បំបរ​បង់​ចោល។ ព្រះ​អង្គ​បាន​ដក​ជីវិត ពី​កូន​របស់​ជន​ជាតិ​អេស៊ីប​មួយ​ចំនួន​ធំ ដើម្បី​ដាក់​ទោស​ពួក​គេ។ ព្រះ​អង្គ​ក៏​បាន​ធ្វើ​ឲ្យ​គេ​ពួក​គេ​វិនាស​អន្ត​រាយ​ជាមួយ​គ្នា ក្នុង​រលក​សមុទ្រ​ដ៏ធំ​សំបើម​នោះ​ដែរ។ ៦ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​មក​បុព្វ​បុរស​របស់​យើងខ្ញុំ ឲ្យ​ដឹង​ជា​មុន អំពី​យប់​នោះ ដើម្បី​ឲ្យ​ពួក​លោក​ត្រេក​អរ​សប្បាយ ដោយ​មិន​ខ្លាច​អ្វី​ឡើយ ព្រោះ​ដឹង​ថា ព្រះ​បន្ទូល​សន្យា​ដែល​ពួក​លោក​ជឿ​នោះ ពិត​ជា​ត្រឹម​ត្រូវ​មែន។ ៧ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ​ទន្ទឹង​រង់​ចាំ ដោយ​ដឹង​ថា ព្រះ​អង្គ​សង្រ្គោះ​មនុស្ស​សុចរិត​ហើយ​បំផ្លាញ​ខ្មាំង​សត្រូវ​របស់​គេ នៅ​យប់​នោះ។ ៨អ្វីៗ​ដែល​ព្រះ​អង្គ​យក​មក​ប្រើ សំរាប់​ដាក់​ទោស​បច្ចា​មិត្ត​របស់​យើង​ខ្ញុំ ត្រឡប់​ទៅ​ជា​សិរី​រុង​រឿង​របស់​យើង​ខ្ញុំ​ដែល​ព្រះ​អង្គ​ត្រាស់​ហៅ។

៩ពូជ​ពង្ស​ដ៏វិសុទ្ធ​របស់​បុព្វ​បុរស តែង​តែ​ថ្វាយ​សក្ការ​បូជា​យ៉ាង​ស្ងាត់ៗ ហើយ​ព្រម​ព្រៀង​គ្នា​នឹង​ប្រតិ​បត្តិ​តាម​ច្បាប់​ដែល​មក​ពី​ព្រះ​អង្គ គឺ​ទៅ​អនា​គត ប្រជា​ជន​ដ៏​វិសុទ្ធ​នឹង​រួម​សុខ​រួម​ទុក្ខ​ជាមួយ​គ្នា។ នៅ​គ្រា​នោះ ពួក​គេ​នាំគ្នា​ស្មូត​បទ​របស់​បុព្វ​បុរស សំរាប់​លើក​តម្កើង​ព្រះ​អង្គ​រួច​ស្រេច​ទៅ​ហើយ។ ១០ទន្ទឹម​នឹង​នោះ សំរែក​នៃ​ខ្មាំង​សត្រូវ​ដែល​បន្លឺ​ឡើង​មិន​ស្រប​គ្នា​ក៏​លាន់​ឮ​ដែរ គឺ​ទំនួញ​របស់​អស់​អ្នក​ដែល​មាន​កូន​ស្លាប់ បាន​បន្លឺ​យ៉ាង​ខ្ទរ​ខ្ទារ។ ១១ទាំង​ខ្ញុំ​បំរើ ទាំង​ម្ចាស់ ទទួល​ទារុណ​កម្ម​ដូច​គ្នា​ ប្រជា​ជន​សាមញ្ញ​ក៏​កើត​ទុក្ខ​ដូច​ព្រះ​មហា​ក្សត្រ​ដែរ។ ១២ក្នុង​ចំណោម​ពួក​គេ​មាន​មនុស្ស​ច្រើន​ឥត​គណនា​ស្លាប់​ក្នុង​ពេល​ជាមួយ​គ្នា ដោយ​មូល​ហេតុ​តែ​មួយ។ អ្នក​ដែល​នៅ​រស់​មាន​ចំនួន​មិន​គ្រប់​គ្រាន់ សំរាប់​បញ្ចុះ​សព​ទាំង​នោះ​ទេ ព្រោះ​កូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ជន​ជាតិ​អេស៊ីប ត្រូវ​បាត់​បង់​ជីវិត​ក្នុង​មួយ​រំពេច។ ១៣រហូត​មក​ទល់​ពេល​នោះ ពួក​គេ​មិន​អើពើ​នឹង​ការ​ព្រមាន​របស់​ព្រះ​អង្គ​ទាល់​តែ​សោះ​ព្រោះ​ពួក​គេ​អាង​លើ​មន្ត​អាគម​របស់​ខ្លួន។ ប៉ុន្តែ ពេល​កូន​ច្បង​ទាំង​ប៉ុន្មាន​របស់​ពួកគេ​វិនាស ទើប​ពួក​គេ​ទទួល​ស្គាល់​ថា​ប្រជា​ជន​អ៊ីស្រា​អែល​ពិតជា​បុត្រ​របស់​ព្រះ​ជាម្ចាស់​មែន។

១៤ពេល​អ្វីៗ​ទាំង​អស់​នៅ​ស្ងៀម​ស្ងាត់ គឺ​នៅ​ពាក់​កណ្តាល​អធ្រាត្រ ១៥ស្រាប់​តែ​ព្រះ​បន្ទូល​ដ៏​មាន​ឫទ្ធា​នុភាព​សព្វ​ប្រការ បាន​យាង​ចាក​ចេញ​ពី​ព្រះ​រាជ​បល្ល័ង្ក​របស់​ព្រះ​អង្គ នៅ​ស្ថាន​បរម​សុខ​ចុះ​មក​ដូច​អ្នក​ចំបាំង​ដែល​គ្មាន​ចិត្ត​ត្រា​ប្រណី ឆ្ពោះ​ទៅ​កណ្តាល​ស្រុក​ដែល​ត្រូវ​អន្តរាយ ១៦ទាំង​កាន់​ព្រះ​បញ្ជា​ដែល​មិន​ចេះ​ប្រែ​ប្រួល​ធ្វើ​ដូច​ជា​ដាវ​ដ៏​មុត។ ព្រះ​បន្ទូល​ក្រោក​ឡើង ដោយ​មាន​ព្រះ​សិរ​សា​ប៉ះ​មេឃ និង​ព្រះ​បាទា​ជាន់​ផែន​ដី បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​នៅ​គ្រប់ទី​កន្លែង។ ១៧ភ្លាម​នោះ​ពួកគេ​ឃើញ​សុបិន​អាក្រក់​គួរ​ឲ្យ​ព្រឺ​ខ្លាច​បណ្តាល​ឲ្យ​ពួក​គេ​ជ្រួល​ច្របល់ តក់​ស្លុត​ហួស​ពី​ការ​ស្មាន។ ១៨ម្នាក់ៗ​លោះ​ព្រលឹង ដួល​ពាស​ពេញ​ស្រុក ហើយ​ប្រាប់​ពី​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​គេ​ភ័យ​តក់​ស្លុត​ដូច្នេះ។ ១៩សុបិន​អាក្រក់​ដែល​ធ្វើឲ្យ​ពួកគេ​ជ្រួល​ច្របល់​នោះ ពួក​គេ​បាន​ដឹង​ជា​មុន​រួច​ស្រេច​ទៅ​ហើយ។ ដូច្នេះ ពួក​គេ​បាន​ដឹង​អំពី​មូល​ហេតុ ដែល​ធ្វើឲ្យ​ទុក្ខ​ទោស​កើត​មាន​ដល់​ពួក​គេ។

លោកអរ៉ុនធ្វើអន្តរាគមន៍​នៅវាលរហោស្ថាន
២០ជន​សុចរិត​ក៏​ត្រូវ​បាត់​បង់​ដែរ ហើយ​មាន​មួយ​ចំនួន​ធំ​វិនាស​ក្នុង​វាល​រហោ​ស្ថាន។ ប៉ុន្តែ​ព្រះ​ជាម្ចាស់​ទ្រង់​ព្រះ​ពិរោធ​មិន​យូរ​ទេ។ ២១ដ្បិត​មាន​បុរស​ម្នាក់​ដែល​ឥត​សៅ​ហ្មង បាន​ប្រយុទ្ធ​ការពារ​ពួក​គេ​ជា​បន្ទាន់។ លោក​បាន​យក​មុខ​ងារ​ជា​បូជា​ចារ្យ​មក​ធ្វើ​អាវុធ គឺ​លោក​ទូល​អង្វរ និង​ថ្វាយ​គ្រឿង​ក្រអូប ដើម្បី​ឲ្យ​ពួក​គេ​បាន​រួច​ពី​បាប។ លោក​តទល់​នឹង​ព្រះ​ពិរោធ ហើយ​ធ្វើ​ឲ្យ​មហន្ត​រាយ​ស្ងប់​ដើម្បី​បង្ហាញ​ថា លោក​ពិត​ជា​អ្នក​បំរើ​របស់​ព្រះ​អង្គ​មែន។ ២២លោក​ពុំបាន​ប្រើ​កម្លាំង​កាយ ឬ​កម្លាំង​ស័ក្តិ​សិទ្ធិ​នៃ​សាស្រ្តា​វុធ​យក​ជ័យ​ជំនះ​លើ​ព្រះ​ពិរោធ​នោះ​ទេ តែ​លោក​ប្រើ​ពាក្យ​សំដី ដើម្បី​បង្រ្កាប​អ្នក​ដែល​មាន​ភារកិច្ច​បំផ្លាញ​ពួក​គេ។ លោក​ក៏​រំលឹក​អំពី​សម្ព័ន្ធ​មេត្រី និង​ព្រះ​បន្ទូល​សន្យា​យ៉ាង​ឳឡា​រឹក​របស់​ព្រះ​អង្គ​ចំពោះ​បុព្វ​បុរស​ដែរ។ ២៣ពេល​មាន​សាក​សព​ចាប់​ផ្តើម​គ​លើ​គ្នា​លោក​បាន​ធ្វើ​អន្តរា​គមន៍ ហើយ​ទប់​ទល់​នឹង​ការ​វាយ​សំរុក​នៃ​មហន្តរាយ​នោះ ទាំង​ហាម​ឃាត់​វា មិន​ឲ្យ​ទៅ​ប៉ះ​អ្នក​ដែល​នៅ​រស់​ឡើយ ២៤នៅ​លើ​អាវ​វែង​របស់​លោក មាន​រូប​តំណាង​ពិភព​លោក​ទាំង​មូល និង​មាន​ឆ្លាក់​ឈ្មោះ​ដ៏​ប្រសើរ​នៃ​បុព្វ​បុរស នៅ​លើ​ត្បូង​បួន​ជួរ នៅ​លើ​ឈ្នួត​ក្បាល​របស់​លោក មាន​សញ្ញា​សំគាល់​នៃ​ភាព​ថ្កុំថ្កើង​របស់​ព្រះ​អង្គ។ ២៥ពេល​មច្ចុរាជ​ឃើញ​ដូច្នេះ វា​ថយ​ក្រោយ ទាំង​ភ័យ​ខ្លាច​ទៀត​ផង។ តាម​ពិត​ព្រះ​អង្គ​គ្រាន់​តែ​សព្វ​ព្រះ​ហឫ​ទ័យ​សំដែង​ឲ្យ​ប្រជា​ជន ស្គាល់​ព្រះ​ពិរោធ​របស់​ព្រះអង្គ​ប៉ុណ្ណោះ។

ជំពូកទី ១៩

ប្រជាជនអ៊ីស្រាអែលឆ្លងសមុទរក្រហម
១ព្រះ​អង្គ​ប្រហារ​ជន​ពាល ដោយ​ព្រះ​ពិរោធ​ ដ៍ខ្លាំង​ក្លា​ឥត​ត្រា​ប្រណី​ រហូត​ដល់​ស្ងប់​ព្រះ​ហប្ញ​ទ័យ​ ដ្បិត​ព្រះ​អង្គ​ជ្រាប​ជាមុន​នូវ​អំពើ​ដែល​ពួក​គេ​បម្រុង​នឹង​ប្រព្រឹត្ត ២គឺ​បន្ទាប់​ពី​ពួក​គេ​អនុញ្ញាត​ជន​ជាតិ​អ៊ីស្រា​អែល​ចាក​ចេញ​ទៅ ព្រម​ទាំង​ដេញ​ប្រញាប់​ទៀត​នោះ។ ជន​ជាតិ​អេស៊ីប​ដូរ​គំនិត​ ហើយ​បែរ​ជា​ដេញ​តាម​ ឬ​ជា​រាស្ត្រ​របស់​ព្រះ​អង្គ​ទៅ​វិញ។ ៣ក្នុង​ពេល​ដែល​ពួក​គេ​នៅ​កាន់​ទុក្ខ ហើយ​សោក​សង្រេង ក្បែរ​ផ្នូរ​កូន​របស់​ខ្លួន ពួក​គេ​មាន​គំនិត​មួយ​ផ្សេង​ទៀត ជា​គំនិត​លេលា គឺ​នាំគ្នា​ដេញ​តាម​អស់​អ្នក​ដែល​ខ្លួន​បាន​អង្វរ​ករ ឲ្យ​ចាក​ចេញ​កាល​ពី​មុន។ ពួគ​គេ​ដេញ​តាម​អ្្នក​ទាំង​នោះ ដូច​ដេញ​តាម​ជន​ដែល​រត់​ចោល​ស្រុក។ ៤តាម​ពិត​ពួក​គេ​ត្រូវ​តែ​ធ្វើ​បែប​នេះ ហើយ​គេ​ក៍​ត្រូវ​តែ​បំភ្លច​អ្វីៗ ដែល​បាន​កើត​ពីមុន​ដែរ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ទារុណ​កម្ម សព្វ​គ្រប់​ឥត​ខ្វះ​ត្រង់​ណា​ឡើយ។ ៥ប្រជា​ជន​របស់​ព្រះ​អង្គ​បាន​ធ្វើ​ដំណើរ​កាត់​សមុទ្រ យ៉ាង​អស្ចារ្យ រីឯ​ពួក​គេ​វិ​ញ ត្រូវ​ស្លាប់​តាម​របៀប​គួរ​ឲ្យ​ឆ្ងល់។

៦ពេល​នោះ ព្រះ​អង្គ​សូន្យ​សត្វ​លោក​សា​ជាថ្មី​តាម​ប្រភេទ​រៀងៗ​ខ្លួន ហើយ​សត្វ​លោក​ទាំង​នោះ​ធ្វើ​តាម​បញ្ជា​របស់​ព្រះ​អង្គ ដើម្បី​ការពារ​បុត្រ​ធីតា​របស់​ព្រះ​អង្គ​ឲ្យ​ចៀស​ផុត​ពី​គ្រោះ​កាច​នានា។ ៧ពួក​គេ​ឃើញ​ពពក​គ្រប​បាំង​កន្លែង​បោះ​ជំរំ ដី​គោក​លេច​ចេញ​ពី​កន្លែង​មាន​សុទ្ធ​តែ​ទឹក គឺ​បាត​សមុទ្រ​ក្រហម​ ប្រែ​ទៅ​ជា​ផ្លូវ​ដែល​អាច​ដើរ​បាន​ស្រួល ហើយ​រលក​ដ៍ខ្លាំង​ក្លា​ប្រែ​ទៅ​ជា​វាល​ស្មៅ​ដ៍​ខៀវ​ខ្ចី។ ប្រជា​រាស្រ្ត​ទាំង​មូល​ដើរ​កាត់​តាម​នោះ ទាំង​ឃើញ​ប្ញទ្ធិ​បាដិ​ហារិយ៍​ដ៍​អស្ចារ្យ ដោយ​មាន​ព្រះ​បារមី​របស់​ព្រះ​អង្គ​ជួយ​ការពារ។ ៩បពិត្រ​ព្រះ​អម្ចាស់! ប្រជា​រាស្ត្រ​របស់​ព្រះ​អង្គ ប្រៀប​ដូច​ជា​ហ្វូង​សេះ ដែល​កំពុង​ស៊ី​ស្មៅ នឹង​លោត​ដូច​កូន​ចៀម ទាំង​សរសើរ​តម្តើង​ព្រះ​អង្គ ដែល​បាន​រំដោះ​គេ ១០ដ្បិត​ពួក​គេ​នៅ​នឹក​ចាំ​ពី​ព្រឹត្តិ​ការណ៍ ដែល​កើត​ឡើង​ក្នុង​ពេល​ពួកគេ​រស់នៅ​លើ​ទឹក​ដី​បរទេស គឺ​ពេល​នោះ​ដី​បាន​បង្កើត​តែ​មូស គឺ​មិន​បង្កើត​សត្វ​ឯទៀតៗ​ទេ​ ទន្លេ​ខ្ជាក់​តែ​កង្កែប​ដ៍​ច្រើន​ឥត​គណនា​ជំនួស​ត្រី។ ១១ក្រោយ​មក​ទៀត នៅ​ពេល​គេ​ឃ្លាន​ពេក ហើយ​នាំគ្នា​តវា​សុំ​អាហារ​ឆ្ងាញ់​ពិសារ គេ​ឃើញ​បក្សា​បក្សី​មួយ​ប្រភេទ​ថ្មី ១២គឺ​មាន​ក្រួច​ហោះ​ចេញ​ពី​សមុទ្រ ដើម្បី​បំពេញ​បំណង​ប្រាថ្នា​របស់​ពួក​គេ។

ជនជាតិងអេស៊ីបស្អប់ជនជាតិដទៃ
១៣ផ្ទុយ​ទៅ​វិញ អ្នក​បាប​ទទួល​ទារុណ​កម្ម ដោយ​មាន​រន្ទះ​បាញ់​ខ្លាំងៗ ជាទី​សម្គាល់​ផ្តល់​ដំណឹង​ជាមុន។ ពួកគេ​ទទួល​ទោស​ដូច្នេះ ពិត​ជា​យុត្តិធម៌ ស្រប​តាម​អំពើ​អាក្រក់​របស់​ខ្លួន ដ្បិត​ពួកគេ​ស្អប់​ជន​បរទេស​បំផុត។ ១៤កាល​ពី​ដើម​អ្នក​ក្រុង​សូដូម មិន​ព្រម​ទទួល​អ្នក​ដំណើរ ដែល​ខ្លួន​មិន​ស្គាល់ រីឯ​ជន​ជាតិ​អេស៊ីប​នេះ បែរជា​យក​ភ្ញៀវ​ដែល​បាន​នាំ​ផល​ប្រយោជន៍​ដល់​គេ ធ្វើ​ជា​ទាសករ​ទៅ​វិញ។ មិន​តែ​ប៉ុណ្ណោះ​សោត អ្នក​ក្រុង​សូដូម​ទទួល​ទោស ព្រោះ​ពួកគេ​មិន​បាន​ស្វាគមន៍​ភ្ញៀវ ដោយ​រាក់​ទាក់។ ១៦រីឯ​ជន​ជាតិ​អេស៊ីប​វិញ ក្រោយ​ពី​បាន​អបអរ​សាទរ​ទទួល​អ្នក​ដែល​មក​ថ្មីៗ ហើយ​មាន​សិទ្ធិ​ស្មើៗ​គ្នា ពួកគេ​បែរ​ជា​ជិះ​ជាន់​សង្កត់​សង្កិន​ភ្ញៀវ ដោយ​ឲ្យ​ធ្វើការ​ជា​ទម្ងន់។ ពួក​គេ​ត្រូវ​ខ្វាក់​ដូច​អ្នក​ក្រុង​សូដូម ត្រូវ​ខ្វាក់​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​មនុស្ស​សុចរិត ពេល​នោះ​គេ​ងងឹត​មើល​អ្វី​លែង​ឃើញ ម្នាក់ៗ​រក​ផ្លូវ​ទៅ​កាន់​ផ្ទះ​រៀងៗ​ខ្លួន។

ព្រះជាម្ចាស់ប្រោសធាតុទាំងអស់​ឲ្យរស់នៅជាមួយគ្នាយ៉ាងស្រួល
១៨ឧបមា​ថា ពិណ ទោះបី​តន្រ្តីករ​ដូរ​ចង្វាក់ និង​តែង​បទ​ផ្សេង​ក្តី ក៏​សម្លេង​របស់​ខ្សែ​នីមួយៗ នៅ​តែ​ដែល។ យ៉ាង​ណា​មិញ ធាតុ​ទាំង​ប្រាំ​ដែល​ផ្សំ​គ្នា​បង្កើត​បាន​ជា​ពិភព​លោក ទោះបី​មាន​លក្ខណៈ​ប្លែក​គ្នា​ក្តី ក៏នៅ​ផ្សំគ្នា​តាម​របៀប​ថ្មី​បាន​ដែរ។ ប្រសិន​បើ​យើង​ពិនិត្យ​មើល​ព្រឹត្តិ​ការណ៍ ដែល​កើត​មាន​នៅ​គ្រា​នោះ យើង​មុខ​ជា​យល់​សេចក្តី​នេះ​យ៉ាង​ច្បាស់។ ១៩សត្វ​ដែល​ធ្លាប់​រស់នៅ​លើ​គោក​ បែរ​ជា​ទៅ​រស់​នៅ​ក្នុង​ទឹក រីឯ​សត្វ​ដែល​ធ្លាប់​ហែល​ក្នុង​ទឹក​ បែរ​ជា​ដើរ​នៅ​លើ​គោក​វិញ។ ២១អណ្តាត​ភ្លើង​មិន​ឆាប​ឆេះ​សត្វ​ដ៏ទន់​ខ្សោយ ដែល​ដើរ​វិល​វល់​ក្នុង​ភ្លើង​នោះ​ឡើយ។ អណ្តាត​ភ្លើង​ក៏​មិន​ធ្វើ​ឲ្យ​អាហារ​ទិព្វ​រលាយ​ដែរ ទោះបី​អាហារ​ទិព្វ​នេះ​តែង​តែ​រលាយ ដូច​ទឹក​កក​ក៏​ដោយ។

អវសានកថា
២២បពិត្រ​ព្រះ​អម្ចាស់! ព្រះ​អង្គ​លើក​តម្កើង​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ ឲ្យ​មាន​សិរី​រុង​រឿង​ក្នុង​គ្រប់​ប្រការ! ព្រះអង្គ​បាន​ជួយ​ទំនុក​បំរុង​ប្រជា​រាស្រ្ត​របស់​ព្រះអង្គ គ្រប់​ពេល​វេលា គ្រប់​ទី​កន្លែង​ផង។