មរណសាក្សីនៃប្រជាជនអ៊ីស្រាអែល
ភាគទី១
ពាក្យលំនាំ

ចាប់ពីឆ្នាំ ៣៣៣ មុន គ.ស. ព្រះបាទអឡិចសង់ជាស្ដេចស្រុកម៉ាសេដូន នាំទ័ពទៅវាយដណ្ដើមយកដែនដីនៃមជ្ឈិមបូព៌ា​ទាំងមូល គឺចាប់តាំងពីប្រទេសក្រិករហូតដល់ប្រឥណ្ឌា។ អារ្យធម៌ និង សាសនា របស់ជនជាតិក្រិក បានសាយភាយគ្រប់​តំបន់ទាំងនោះ។ ក្រោយពីព្រះបាទអឡិចសង់ចូលទិវង្គត (៣៣៣) ស្រុកយូដាទៅជាអាណាខេត្ដមួយ នៃរាជាណាចក្រស្រុក​អេស៊ីប។ ស្ដេចស្រុកអេ​ស៊ីបក៏អនុញ្ញាតឲ្យប្រជាជនយូដាកាន់តាមប្រពៃណីរបស់បុព្វបុរស និង តាមគម្ពីរវិន័យរបសលោកម៉ូសេ ដែលព្រះរាជាយកមកធ្វើ​ជាច្បាប់រដ្ឋសំរាប់ពួកគេ។

នៅឆ្នាំ ១៩៨ មុន គ.ស. ស្រុកយូដាធ្លាក់ទៅជាអាណាខេត្ដមួយនៃរាជាណាចក្រស៊ីរីវិញ។ នៅឆ្នាំ ១៧៥ មុន គ.ស. ព្រះបាទ​អន់​ចូគូស-អេពីផាន ឡើងគ្រងរាជ្យនៅស្រុកស៊ីរី។ ស្ដេចចង់បង្ខំឲ្យប្រជាជនយូដាកាន់តាមអរិយធម៌ និង តាមសាសនាក្រិក។ នៅឆ្នាំ ១៦៧ មុន គ.ស. ស្ដេចបញ្ជាឲ្យប្រហារជីវិតអស់អ្នកដែល នៅតែគោរពតាមវិន័យរបស់លោកម៉ូសេ។ ពេលនោះ មានជន​ជាតិយូដាជាច្រើន សុខចិត្ដធ្វើតាមពញ្ជារបស់ស្ដេច តែមានអ្នកខ្លះស៊ូប្ដូរជីវិត ដើម្បីកាន់តាមធម្មវិន័យនោះតទៅទៀត។ អ្នក​ខ្លះនាំគ្នាបះបោរប្រឆាំងនឹងស្ដេច ហើយប្រយុទ្ធទាមទារយកឯករាជ្យមកជូនប្រជាជនរបស់ខ្លួនវិញ។

ព្រឹត្ដិការណ៍ទាំអនេះមានរៀបរាប់ក្នុងកណ្ឌ «មរណសាក្សីនៃជនជាតិអ៊ីស្រាអែល» ដែលហៅថា «កណ្ឌម៉ាកាបាយ» តាមឈ្មោះលោកយូដា ជាយុទ្ធជនម្នាក់ដ៏អង់អាចក្លាហាន។
ក្នុងកណ្ឌទីមួយដែលចែងជាភាសាហេប្រឺ ប្រែជាភាសាក្រិក មានរៀបរាប់អំពីព្រះបាទ អន់ទីយ៉ូគូស-អេពីផាន និង ស្ដេចឯទៀត​ៗធ្វើទុក្ខបុកម្នេញប្រជាជនយូដាចាប់តាំងពីឆ្នាំ ១៧៥ មុន គ.ស. រហូតដល់ជនជាតិយូដាដណ្ដើមយកឯករាជ្យ​បាននៅឆ្នាំ ១៣៥ មុន គ.ស.។

លោកយូដាម៉ាកាបាយប្រយុទ្ធនឹងនាយទាហាននៃកងទ័ពនៃជនជាតិស៊ីរីៈ លោកលីស្សា លោកបាឃីដែល និង លោកនិកាន័រ ពីឆ្នាំ ១៦៦ ដល់ឆ្នាំ ១៦០។
កាលលោកយូដាបាត់បង់ជីវិតក្នុងសមរភូមិ លោកយ៉ូណាថានជាបង វាយខ្មាំងសត្រូវតទៅទៀត (ឆ្នាំ ១៦០-១៤០)។ ប៉ុន្ដែ​លោកធ្វើនយោបាយ ជាងការពារសាសនា។ ព្រះបាទអឡិចសង់បាឡាស តែងតាំងលោកឲ្យធ្វើជាមហាបូជាចារ្យ តែលោកទ្រីផូនជាមេទ័ពស៊ីរីលួចសម្លាប់លោក នៅឆ្នាំ ១៤២។

​​លោកស៊ីម៉ូនជាបង បន្ដការប្រយុទ្ធ (១៤២-១៣៥)។ ព្រះបាទដេមេទ្រីយ៉ូតែងតាំងលោកឲ្យធ្វើជាមហាបូជាចារ្យ។ លោក​វាយប្រយុទ្ធទានទារឯករាជ្យជាតិ។ លោកយ៉ូហានអ៊ីរកនជាបុត្រ និង ស្នងរាជ្យ។ ពូជពង្សរបស់លោកស៊ីម៉ូនមានព្រះនាមថា​​ ស្ដេច «អាសមូនេអាំង»។

កណ្ឌ «មរណសាក្សីនៃជនជាតិអ៊ីស្រាអែល» មានសារៈសំខាន់ធ្វើឲ្យស្គាល់ប្រវត្ដិប្រជាជនយូដា នៅសតវត្សទី ២ មុន គ.ស. នោះ។ មានគម្ពីរជាច្រើនដែលជួយពន្យល់ពីគម្ពីរដានីអែល (ដន ៧-១២)។

ម៉ាកាបាយ
មរណសាក្សីនៃប្រជាជនអ៊ីស្រាអែល
ភាគទី១

​ជំពូកទី ១

រាជ្យ​របស់​ព្រះបាទ​អឡិចសង់
១​ព្រះចៅ​អឡិចសង់ ជា​ព្រះ​រាជ​បុត្រ​នៃ​ព្រះ​បាទ​ភីលីព និង​ជា​ជន​ជាតិ​ម៉ាសេ​ដូន។ ព្រះ​រាជា​យាង​ចេញ​ពី​ស្រុក​ក្រិក ដើម្បី​ធ្វើ​សឹក​សង្គ្រាម ហើយ​វាយ​ឈ្នះ​ព្រះ​បាទ​ដារីយូស ជា​ព្រះ​មហា​ក្សត្រ​នៃ​ជន​ជាតិ​ពែរ្ស​និង​ជន​ជាតិ​ម៉ែដ។ ដំបូង​បង្អស់ ទ្រង់​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​ក្រិក ជំនួស​ព្រះ​បាទ​ដារី​យូស។ ២​ព្រះ​រាជា​អង្គ​នេះ ធ្វើ​សង្គ្រាម​ជាច្រើន​លើក វាយ​ដណ្ដើម​យក​បាន​ជា​ច្រើន​ក្រុង ដែល​មាន​កំពែង​រឹង​មាំ ហើយ​ធ្វើ​គុត​ព្រះ​មហា​ក្សត្រ​ទាំង​ប៉ុន្មាន ក្នុង​ភូមិ​ភាគ​នោះ​ទៀត​ផង។ ៣​ស្ដេច​យាង​ទៅ​ធ្វើ​សឹក​រហូត​​ដល់​ទី​ដាច់​ប្រយោល​នៃ​ផែន​ដី ហើយ​រឹប​អូស​យក​ជយ​ភណ្ឌ​ពី​ប្រជា​ជាតិ​ជា​ច្រើន​ទ្រង់ បង្ក្រាប​ផែន​ដី​ទាំង​មូល ឲ្យ​នៅ​ស្ងៀម​ស្ងាត់។ គ្រា​នោះ ព្រះ​រាជា​មាន​ព្រះ​ហឫទ័យ​អួត​បំប៉ោង​ យ៉ាង​ព្រហើន​កោង​កាច ៤​ទ្រង់​ប្រមូល​កង​ទ័ព​ដ៏​មាន​កម្លាំង​ខ្លាំង​ក្លា​បំផុត ហើយ​បង្ក្រាប​អាណា​ខេត្ត ប្រជា​ជាតិ និង​ស្ដេច​ទាំង​អស់ ព្រម​ទាំង​បង្ខំ​ឲ្យ​ស្ដេច​ទាំង​នោះ យក​សួយ​សារ អាករ​មក​ថ្វាយ។ ៥​លុះ​ក្រោយ​មក ព្រះ​រាជា​ប្រឈួន ហើយ​ឈ្វេង​យល់​ថា មិន​យូរ​ប៉ុន្មាន​ទ្រង់​នឹង​ចូល​ទិវង្គត​ជា​មិន​ខាន ៦​ហេតុ​នេះ​ហើយ ព្រះ​រាជា​ក៏​កោះ​ហៅ​មេទ័ព​អភិជន​ទាំង​ឡាយ គឺ​អស់​នាយ​ទាហាន​ដែល ទទួល​ការ​អប់រំ​ជាមួយ​ស្ដេច​តាំង​ពី​កុមារ​ឲ្យ​មក ដើម្បី​បែង​ចែក​រាជា​ណា​ចក្រ ឲ្យ​អស់​លោក​ទាំង​នោះ​កាន់​កាប់ មុន​ពេល​ទ្រង់​ចូល​ទិវង្គត។

៧​ព្រះបាទ​អឡិចសង់​ចូល​ទិវង្គត ក្រោយ​ពី​សោយ​រាជ្យ​បាន​ដប់​ពីរ​ឆ្នាំ។ ៨​មេទ័ព​អភិ​ជន​ទាំង ប៉ុន្មាន​ក៏​ឡើង​កាន់​កាប់​អំណាច ក្នុង​ដែន​ដី​រៀង​ៗ​ខ្លួន។ ៩​បន្ទាប់​ពី​ព្រះ​បាទ​អឡិចសង់​ចូល​ទិវង្គត​ទៅ អស់​លោក​ទាំង​នោះ​ប្រកាស​ខ្លួន​ជា​ស្ដេច ហើយ​គ្រប់​គ្រង​តាម​តំបន់​រៀង​ៗ​ខ្លួន ហើយ​បុត្រ​របស់​អស់​លោក​ទាំង​នោះ​ ក៏​ឡើង​សោយ​រាជ្យ​បន្ត​ទៀត​រយៈ​ពេល​ជា​យូរ​ឆ្នាំ។ ស្ដេច​ទាំង​នោះ បង្ក​នូវ​ភាព​អន្ត​រាយ​ជា​ច្រើន​នៅ​លើ​ផែន​ដី។

ព្រះបាទ​អន់ទីយ៉ូគូស
១០​នៅ​ឆ្នាំ​មួយ​រយ​សាមសិប​ប្រាំ​ពីរ នៃ​សក​រាជ​ក្រិក ព្រះ​បាទ​អន់ទីយ៉ូគូស​អេពីផាន ជា​រាជ​បុត្រ របស់​ព្រះ​បាទ​អន់ទីយ៉ូគូស ឡើង​សោយ​រាជ្យ​ក្រោយ​ពី​បាន​រួច​ពី​ចំណាប់​ខ្មាំង​នៅ​ក្រុង​រ៉ូម។ ព្រះ​រាជា​ជា​ស្ដេច​ពាល​ឥត​សាសនា។ ១១​គ្រា​នោះ​មាន​មនុស្ស​ខិល​ខូច​ជា​ច្រើន លេច​មុខ​នៅ​ស្រុក​អ៊ីស្រា​អែល ហើយ​អូស​ទាញ​ទឹក​ចិត្ត​អ្នក​ស្រុក​ជាច្រើន ដោយ​ពោល​ថា៖ «គ្នា​យើង! ចូរ​នាំ​គ្នា​ចង​សម្ព័ន្ធ​មេត្រី​ជាមួយ​ប្រជា​ជាតិ​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​ជុំវិញ​យើង​ទៅ! ដ្បិត​តាំង​ពី​យើង​មិន​ព្រម​រស់​នៅ​តាម​របៀប​របស់​គេ យើង​រមែង​តែង​ជួប​ក្ដី​អន្ត​រាយ​ជា​ច្រើន»។ ១២​អ្នក​ស្រុក​ពេញ​ចិត្ត​នឹង​ពាក្យ​ទាំង​នោះ ១៣​ហើយ​មាន​មនុស្ស​ជា​ច្រើន ប្រញាប់​ប្រញាល់​ទៅ គាល់​ព្រះ​មហា​ក្សត្រ សុំ​រាជានុញ្ញាត​ឲ្យ​ពួក​គេ​កាន់​តាម​ប្រពៃ​ណី​ប្រជា​ជាតិ​ទាំង​នោះ។ ១៤​ដូច្នេះ​ពួក​គេ​សាង​កីឡាដ្ឋាន នៅ​ក្រុង​យេរូ​សាឡឹម តាម​ទំនៀមទម្លាប់​របស់​ប្រជា​ជាតិ​ដទៃ។ ១៥​គេ​យក​ស្បែក​មក​ដេរ​ភ្ជិត ដើម្បី​កុំ​ឲ្យ​ឃើញ​ស្នាម​កាត់​ស្បែក។ គេ​លះ​បង់​សម្ព័ន្ធ​មេត្រី​ដ៏​វិសុទ្ធ​ចោល ហើយ​បែរ​ទៅ​ចូល​រួម​រស់​ជាមួយ​សាសន៍​ដទៃ​វិញ។ ពួក​គេ​ក៏​លក់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត​ផង។

ព្រះបាទ​អន់ទីយ៉ូគូស​វាយ​ស្រុក​អេស៊ីប និង​បំផ្លាញ​ព្រះវិហារ​យេរូសាឡឹម
១៦​ពេល​ព្រះ​បាទ​អន់ទី​យ៉ូគូស ឈ្វេង​យល់​ថា​ទ្រង់​មាន​អំណាច​រឹង​មាំ​ក្នុង​ស្រុក​ហើយ ទ្រង់​ក៏​ត្រៀម​គម្រោង​ការ ​ទៅ​វាយ​ដណ្ដើម​យក​ស្រុក​អេស៊ីប​ទៀត ដើម្បី​សោយ​រាជ្យ ​លើ​ព្រះ​រាជាណាចក្រ​ទាំង​ពីរ។ ១៧​ព្រះ​រាជា​លើក​ទ័ព​ច្រើន​សន្ធឹក​សន្ធាប់ មាន​ទាំង​រទេះ​ចម្បាំង ទាំង​ដំរី ទាំង​នាវា​ចម្បាំង​ជា​ច្រើន វាយ​សម្រុក​ចូល​ស្រុក​អេស៊ីប។ ១៨​ព្រះបាទ​អន់ទីយ៉ូគូស​បាន​ប្រយុទ្ធ​នឹង​ព្រះ​បាទ​ផ្ទូឡេមេ ជា​ស្ដេច​ស្រុក​អេស៊ីប​ទទួល​បរា​ជ័យ រួច​ដក​ទ័ព​ថយ​រត់​បាត់​ទៅ ដោយ​ទុក​សាក​សព​ជា​ច្រើន។ ១៩​ព្រះ​បាទ​អន់ទីយ៉ូគូស​ដណ្ដើម​យក​ក្រុង​ជា​ច្រើន ដែល​មាន​កំពែង​នៅ​ស្រុក​អេស៊ីប ព្រម​ទាំង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​ស្រុក​នោះ មក​ធ្វើ​ជា​ជយ​ភណ្ឌ​ថែម​ទៀត​ផង។ ២០​នៅ​ឆ្នាំ ១៤៣ ក្រោយ​ពី​បាន​វាយ​ឈ្នះ​ក្រុង​អេស៊ីប ព្រះ​បាទ​អន់ទីយ៉ូគូស យាង​ត្រឡប់​មក​ស្រុក​វិញ រួច​លើក​ទ័ព​យ៉ាង​សន្ធឹក​សន្ធាប់ ទៅ​វាយ​ស្រុក​អ៊ីស្រាអែល និង​ក្រុង​យេរូសាឡឹម​ទៀត។ ២១ ព្រះ​រាជា​យាង​ចូល​ព្រះ​វិហារ​ទាំង​មាន​ឫក​ពារ​ក្រអឺតក្រទម ហើយ​រឹប​អូស​យក​អាសនៈ​មាស ជើង​ចង្កៀង និង​ប្រដាប់​ប្រដា​ទាំង​អស់​ទៀត​ផង ២២​ទ្រង់​ក៏​រឹប​អូស​យក​តុ​សម្រាប់​ថ្វាយ​តង្វាយ ភាជន៍​សម្រាប់​ច្រូច​ស្រា ពែង ប្រអប់​មាស វាំងនន និង​ភួង​ជ័យ​ផង។ រីឯ​គ្រឿង​លំអ​ធ្វើ​ពី​មាស​នៅ​តាម​ជញ្ជាំង​ព្រះ​វិហារ ទ្រង់​បាន​ដក​ហូត​យក​ទាំង​អស់​ដែរ។ ២៣​ព្រះ​រាជា​រឹប​អូស​យក​មាស​ប្រាក់ ព្រម​ទាំង​ប្រដាប់​ប្រដា និង​កំណប់​ដ៏​មាន​តម្លៃ​ដែល​ទ្រង់​រក​ឃើញ។ ២៤​កាល​ព្រះ​រាជា​រឹប​អូស​យក​វត្ថុ​មាន​ទាំង​អស់​នោះ​ហើយ ទ្រង់​ក៏​យាង​ត្រឡប់​ទៅ​ស្រុក​វិញ។ នៅ​ពេល​ដណ្ដើម​យក​ក្រុង​យេរូសាឡឹម ទ្រង់​បាន​សម្លាប់​ប្រជា​ជន​យ៉ាង​រង្គាល ហើយ​មាន​ព្រះ​រាជ​ឱង្ការ​ យ៉ាង​ព្រហើន​កោង​កាច​ជាទី​បំផុត។ ២៥​ប្រជា​ជន​អ៊ីស្រាអែល​ទូទាំង​ស្រុក​នាំ​គ្នា​កាន់​ទុក្ខ​សោក​សង្រេង​ជា​ខ្លាំង។ ២៦​មេ​ដឹក​នាំ​និង​ព្រឹទ្ធាចារ្យ​នាំ​គ្នា​ត្អូញត្អែរ​ យុវជន​យុវនារី​ធ្លាក់​ខ្លួន​ស្គម​រីង​រៃ ហើយ​ស្រី​បាត់​បង់​សម្ផស្ស ២៧​គូ​ស្វាមី​ភរិយា​ថ្មី​ថ្មោង នាំ​គ្នា​កាន់​ទុក្ខ​ស្មូត​បទ​ទំនុក​កម្សត់។ ២៨​ផែនដី​រញ្ជួយ ដោយ​ឃើញ​អ្នក​ស្រុក ហើយ​ពូជ​ពង្ស​របស់​អ្នក​លោក​យ៉ាកុប​ទាំង​មូល​ត្រូវ​អាម៉ាស់ មុខ​ជា​ខ្លាំង។

លោក​អប៉ូឡូនីយូស​សង់​បន្ទាយ​នៅ​ក្រុង​យេរូសាឡឹម
២៩​ពីរ​ឆ្នាំ​ក្រោយ​មក ព្រះ​មហា​ក្សត្រ​បាន​ចាត់​មន្ត្រី​ម្នាក់ ដើម្បី​ទៅ​ទារ​ពន្ធដារ​នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​យូដា។ មន្ត្រី​នោះ​មក​ដល់​ក្រុង​យេរូ​សាឡឹម នាំ​ទាំង​កង​ទ័ព​ដ៏​ច្រើន​មក​ជាមួយ​ផង។ ៣០លោក​និយាយ​បញ្ឆោត​អ្នក​ក្រុង ដោយ​ពោល​អំពី​សន្តិ​ភាព។ អ្នក​ក្រុង​ក៏​នាំ​គ្នា​ជឿ​តាម​ពាក្យ​សំដី​របស់​គាត់​ទាំង​ស្រុង។ តែ​នៅ​ពេល​អ្នក​ក្រុង​ភ្លេច​ខ្លួន​ពុំ​បាន​គិត មន្ត្រី​នោះ​ក៏​វាយ​សម្រុក​យក​ក្រុង​កាប់​សម្លាប់​អ្នក​ស្រុក ហើយ​ធ្វើ​ឲ្យ​ក្រុង​មាន​មហន្ត​រាយ​ជា​ទម្ងន់។ គាត់​ប្រហារ​ជីវិត​ប្រជា​ជន​អ៊ីស្រាអែល អស់​ជា​ច្រើន​នាក់ ៣១​ព្រម​ទាំង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​អ្នក​ក្រុង ដុត​បំផ្លាញ​ទីក្រុង​ចោល​ ផ្ដួល​រំលំ​ផ្ទះ​និង​កំពែង​ថែម​ទៀត​ផង។ ៣២​ពួក​ទាហាន​ចាប់​ស្រីៗ និង​ក្មេង​ៗ​យក​ជា​ឈ្លើយ ហើយ​យក​ហ្វូង​សត្វ​មក​ចែក​គ្នា។ ៣៣​ក្រោយ​មក​ពួក​គេ​សង់​ក្រុង​របស់​ដាវីឌ​ឡើង​វិញ ព្រម​ទាំង​សង់​កំពែង​ខ្ពស់ និង​រឹង​មាំ ដែល​មាន​ប៉ម​ធ្វើ​ជា​បន្ទាយ​របស់​គេ។ ៣៤​ពួក​គេ​តែង​តាំង​ជន​ពាល​មួយ​ក្រុម គឺ​ពួក​ទមិឡ​ឥត​សាសនា ឲ្យ​នៅ​ក្នុង​បន្ទាយ​ដ៏​រឹង​មាំ​នោះ។ ពួក​គេ​ក៏​ប្រមូល​គ្រឿង​សស្ត្រាវុធ ស្បៀង​អាហារ​ជាច្រើន និង​ជយ​ភណ្ឌ​ដែល​រឹប​អូស​យក​ពី​ក្រុង​យេរូសាឡឹម មក​ដាក់​ក្នុង​បន្ទាយ។ ធ្វើ​ដូច្នេះ គេ​ដូច​ជា​ដាក់​អន្ទាក់ ដើម្បី​ចាប់​ប្រជា​ជន។ ៣៦​ពួក​គេ​បង្កប់​ខ្លួន​ចាំ​ស្ទាក់​វាយ​មនុស្ស ដែល​ចេញ​ចូល​ព្រះ​វិហារ និង​ធ្វើ​បាប​ប្រជា​ជន​អ៊ីស្រាអែល​ជា​ទម្ងន់ គ្រប់​ពេល​វេលា​ផង។ ៣៧​ពួក​គេ​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​នៅ​ជុំវិញ​ទី​សក្ការៈ បង្អាប់​បង្អោន​ទី​ដ៏​វិសុទ្ធ បង្ខិត​បង្ខំ​ប្រជា​ជន​ក្រុង​យេរូសាឡឹម ឲ្យ​រត់​ចេញ​ពី​ទី​ក្រុង ហើយ​មាន​សុទ្ធ​តែ​សាសន៍​ដទៃ​មក​ស្នាក់​នៅ​ទៅ​វិញ ដោយ​ប្រជា​ជន​លះ​បង់​ក្រុង​នោះ​ចោល។

៣៩​ពួក​គេ​បំផ្លិច​បំផ្លាញ​ព្រះ​វិហារ​ឲ្យ​ស្ងាត់​ជ្រងំ ដូច​វាល​រហោ​ស្ថាន។ ពិធី​បុណ្យ​ដ៏​សប្បាយ ក្លាយ​ជា​ពិធី​កាន់​ទុក្ខ ថ្ងៃ​សម្ប័ទ ប្រែ​ក្លាយ​ទៅ​ជា​ថ្ងៃ​ដែល​សាសន៍​ដទៃ​ចំអក​ឲ្យ​ជន​ជាតិ​យូដា និង​មើល​ងាយ​ដល់​កិត្តិ​នាម​របស់​ក្រុង​ដែរ។ ៤០​កាល​ពី​មុន ក្រុង​យេរូសាឡឹម​ មាន​សិរី​រុង​រឿង​អស្ចារ្យ​យ៉ាង​ណា ពេល​នេះ​ក្រុង​យេរូសាឡឹម ក៏​ទទួល​ការ​អាម៉ាស់​ដ៏​ជូរ​ចត់​យ៉ាង​នោះ​ដែរ។ កាល​ពី​មុន ទី​ក្រុង​មាន​ភាព​ថ្កុំ​ថ្កើង​យ៉ាង​ណា នៅ​ពេល​នេះ​ទី​ក្រុង​ក៏​កាន់​ទុក្ខ​ដ៏​សែន​ខ្លោច​ផ្សា​យ៉ាង​នោះ​វិញ​ដែរ។

ព្រះបាទ​អន់ទីយូគូស ហាម​មិន​ឲ្យ​គោរព​ធម្មវិន័យ
៤១​ព្រះ​បាទ​ អន់ទីយ៉ូគូស​ ចេញ​រាជ​ក្រឹត្យ​មួយ​បញ្ជា​ឲ្យ​ជន​ជាតិ​ទាំង​អស់ ដែល​រស់​នៅ​ក្នុង​រាជា​ណា​ចក្រ​ទាំង​មូល លះ​បង់​ទំនៀម​ទម្លាប់​រៀង​ៗ​ខ្លួន​ចោល ដើម្បី​ចូល​រួម​គ្នា​ជា​ប្រជា​រាស្ត្រ​តែ​មួយ។ ៤២ ប្រជាជាតិ​ទាំង​ប៉ុន្មាន អនុវត្ត​តាម​រាជ​ក្រឹត្យ​នេះ។ ៤៣​ជនជាតិ​អ៊ីស្រាអែល​ជា​ច្រើន ក៏​សុខ​ចិត្ត​កាន់​តាម សាសនា​របស់​ព្រះ​មហា​ក្សត្រ​ដែរ គឺ​គេ​នាំ​គ្នា​ធ្វើ​យញ្ញ​បូជា​ថ្វាយ​ព្រះ​ក្លែង​ក្លាយ ព្រម​ទាំង​លែង​គោរព​ថ្ងៃ​សប្ប័ទ​ទៀត។ ៤៤​ព្រះ​មហា​ក្សត្រ ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ក្រុង​យេរូសាឡឹម និង​បណ្ដា​ក្រុង​នានា ក្នុង​ស្រុក​យូដា​ទាំង​មូល ទ្រង់​ចេញ​រាជ​បញ្ជា​ឲ្យ​អ្នក​ក្រុង​ទាំង​នោះ​គោរព​ប្រតិបត្តិ តាម​ទំនៀម​ទម្លាប់​នៃ​ជន​ជាតិ​ដទៃ។ ៤៥​ព្រះ​មហា​ក្សត្រ​ហាម​ធ្វើ​តង្វាយ​ដុត​ទាំង​មូល​ថ្វាយ​ព្រះជាម្ចាស់ ហាម​ថ្វាយ​សក្ការៈ​បូជា ហាម​ធ្វើ​ពិធី​ច្រូច​ស្រា ហាម​គោរព​ថ្ងៃ​សប្ប័ទ និង​ថ្ងៃ​បុណ្យ​នានា ៤៦​ព្រមទាំង​បង្គាប់​ឲ្យ​បង្អាប់​បង្អោន​ព្រះ​វិហារ និង​គ្រឿង​សក្ការៈ​ផ្សេងៗ​ផង។ ៤៧​ព្រះ​រាជា​បញ្ជា​ឲ្យ សាង​អាសនៈ ទី​សក្ការៈ និង​ព្រះ​វិហារ​សម្រាប់​គោរព​ព្រះ​ក្លែង​ក្លាយ ៤៨​ព្រមទាំង​យក​សត្វ​ជ្រូក និង​សត្វ​មិន​បរិសុទ្ធ​មក​ធ្វើ​យញ្ញ​បូជា​ដែរ ទ្រង់​ហាម​ធ្វើ​ពិធី​កាត់​ស្បែក ឲ្យ​កូន​ចៅ​របស់​ពួក​គេ។ ដូច្នេះ​ពួក​គេ មាន​ការ​សៅ​ហ្មង​គ្រប់​ពេល​បែប​យ៉ាង ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​គួរ​ឲ្យ​ស្អប់​ខ្ពើម។ ៤៩​ព្រះ​រាជា​មាន​បំណង​ឲ្យ​គេ​បំភ្លេច​ធម្ម​វិន័យ ព្រម​ទាំង​ផ្លាស់​ប្ដូរ​ទំនៀម​ទម្លាប់​ទាំង​អស់​របស់​ខ្លួន​។ ៥០​អ្នក​មិន​គោរព​តាម​ព្រះ​រាជ​ក្រឹត្យ របស់​ព្រះ​មហាក្សត្រ ត្រូវ​ទទួល​ទោស​ដល់​ជីវិត។

៥១​ព្រះ​មហា​ក្សត្រ​សរសេរ​រាជ​ក្រឹត្យ​បែប​នេះ ឲ្យ​ប្រជា​រាស្ត្រ​ទាំង​អស់ ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​ទាំង​មូល ទ្រង់​តែង​តាំង​មន្ត្រី ដើម្បី​ចុះ​ទៅ​ពិនិត្យ​មើល​ប្រជា​រាស្រ្ត​ទាំង​អស់ ហើយ​បញ្ជា​ឲ្យ​អ្នក​ក្រុង​ទាំង​ឡាយ​ក្នុង​ស្រុក​យូដា ធ្វើ​យញ្ញ​បូជា​ថ្វាយ​ព្រះ​ក្លែង​ក្លាយ​ទៀត​ផង។ ៥២​ប្រជាជន​អ៊ីស្រាអែល​ភាគ​ច្រើន គឺ​អ្នក​ដែល​លះ​បង់​ធម្ម​វិន័យ​របស់​ព្រះ​អម្ចាស់ បែរ​ជា​ទៅ​ធ្វើ​តាម​បញ្ជា​របស់​មន្ត្រី​ទាំង​នោះ។ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ក្នុង​ស្រុក។ ៥៣​ពួកគេ​បង្ខិត​បង្ខំ​ប្រជា​ជន​អ៊ីស្រាអែល​ដ៏​ស្មោះ​ត្រង់ ឲ្យ​គេច​ខ្លួន​ទៅ​ជ្រក​គ្រប់​ទី​កន្លែង ដែល​ពួក​គេ​អាច​នៅ​បាន។

៥៤​នៅ​ទី​ដប់​ប្រាំ​ខែ​គីសឡេ ដែល​ត្រូវ​ជា​ខែ​មិគ​សិរ ឆ្នាំ​មួយ​រយ​សែ​សិប​ប្រាំ ព្រះ​បាទ​អន់ទីយ៉ូគូស​ធ្វើ​រូប​បដិមា​ដ៏​គួរ​ស្អប់​ខ្ពើម ដាក់​នៅ​លើ​អាសនៈ​ក្នុង​ព្រះ​វិហារ​ក្រុង​យេរូសាឡឹម ហើយ​អ្នក​រាជ​ការ​ក៏​សង់​អាសនៈ​តាម​ក្រុង​នានា​ដែល​នៅ​ជុំវិញ​ដែរ។ ៥៥​គេ​ដុត​គ្រឿង​ក្រអូប​នៅ​មាត់​ទ្វារ​ផ្ទះ និង​តាម​កន្លែង​សាធារណៈ។ ៥៦​បើ​គេ​រក​ឃើញ​គម្ពីរ​ព្រះ​វិន័យ គេ​ហែក​ដុត​កម្ទេច​ចោល។ ៥៧​ប្រសិន​បើ​គេ​ឃើញ​គម្ពីរ​សម្ព័ន្ធ​មេត្រី​ក្នុង​ផ្ទះ​នរណា​ម្នាក់ ឬ​ប្រសិន​បើ​អ្នក​ណា​ម្នាក់​ប្រតិ​បត្តិ​តាម​ធម្ម​វិន័យ​នោះ គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​អ្នក​នោះ តាម​រាជ​ក្រឹត្យ​របស់​ព្រះ​មហា​ក្សត្រ។ ៥៨រៀង​រាល់​ខែ ជន​ពាល​ធ្វើ​បាប​ប្រជា​ជន​អ៊ីស្រាអែល ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​រាជ​ក្រឹត្យ​នោះ ៥៩​ថ្ងៃ​ទី​ម្ភៃ​ប្រាំ ខែ​នីមួយៗ​ពួក​គេ​ថ្វាយ​យញ្ញ​បូជា​នៅ​លើ​អាសនៈ ដែល​គេ​សង់​នៅ​លើ​អាសនៈ នៃ​ព្រះ​វិហារ​ក្រុង​យេរូសាឡឹម។ ៦០​គេ​ប្រហារ​ជីវិត​ស្រី​ដែល​ធ្វើ​ពិធី​កាត់​ស្បែក ឲ្យ​កូន​របស់​ខ្លួន ខុស​ពី​រាជ​បញ្ជា​របស់​ព្រះ​មហា​ក្សត្រ ៦១​ដែល​កំពុង​អោប​កូន​ជាប់​នឹង​ខ្លួន​ផង។ ញាតិ​សន្តាន​និង​អស់​អ្នក​ដែល​បាន​ជួយ ធ្វើ​ពិធី​កាត់​ស្បែក​នោះ ក៏​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់​ដែរ។ ៦២​ប៉ុន្តែ ទោះបី​ជា​យ៉ាង​ណា​ក្ដី ក៏​ជន​ជាតិ អ៊ីស្រាអែល​ដែល​ជាច្រើន​មាន​ចិត្ត​រឹង​ប៉ឹង​ក្លាហាន​អង់​អាច មិន​ព្រម​បរិភោគ​ម្ហូប​អាហារ​មិន​បរិសុទ្ធ​ឡើយ។ ៦៣​អ្នក​ទាំង​នោះ​ស៊ូ​ស្លាប់ ជា​ជាង​បរិភោគ​អាហារ​ដែល​មិន​បរិសុទ្ធ ហើយ​ទោះ​ជា​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ ក៏​គេ​មិន​ព្រម​បង្អាប់​បង្អោន​សម្ព័ន្ធ​ដ៏​វិសុទ្ធ​ដែរ។ ៦៤​នៅ​គ្រា​នោះ ជន​ជាតិ​អ៊ីស្រាអែល​ជួប​នូវ​គ្រោះ​មហន្ត​រាយ​យ៉ាង​ខ្លាំង។

ជំពូកទី ២

ទំនួញ​របស់​លោក​បូជាចារ្យ ម៉ាថាធីយ៉ាស
១នៅ​គ្រា​នោះ លោក​ម៉ាថា​ធីយ៉ាស​ជា​កូន​របស់​លោក​យ៉ូហាន និង​ជា​ចៅ​របស់​លោក​ស៊ីម៉ូន ជា​បូជាចារ្យ​ក្នុង​ក្រុម​លោក​យ៉ូអារិប​បាន​ចេញ​មុខ​ឡើង។​ លោក​ចាក​ចេញ​ពី​ក្រុង​យេរូ​សាឡឹម ទៅ​រស់​នៅ​ក្រុង​ម៉ូឌីន។ លោក​មាន​កូន​ប្រាំ​នាក់​គឺ៖ យ៉ូហាន​ហៅ​កាឌី ៣ស៊ីម៉ូន​ហៅ​ថា​ស៊ី ៤យ៉ូដាស​ហៅ​ម៉ាកា​បាយ ៥អេឡាសារ​ហៅ​អាវ៉ារន យ៉ូណាថាន​ហៅ​អភូស។ ៦​ក្រោយ​ពី​បាន​ឃើញ​អំពើ​អាក្រក់​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ដែល​ប្រជា​ជន​ប្រព្រឹត្ត​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូសាឡឹម ៧ លោក​មាន​ប្រសាសន៍​ថា៖ «វេទនា​ណាស់! ខ្ញុំ​កើត​មក​ដើម្បី​ឃើញ​ប្រជា​ជន​របស់​ខ្ញុំ វិនាស និង​ការ​អន្ត​រាយ​នៃ​ក្រុង​ដ៏​វិសុទ្ធ​នេះ​ឬ? ខ្ញុំ​អង្គុយ​ស្ងៀម​នៅ​ទី​នេះ ក្នុង​ពេល​ដែល​ទីក្រុង​ត្រូវ​ធ្លាក់ ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង ឯ​ទី​សក្ការៈ​ក៏​ស្ថិត​ក្នុង កណ្ដាប់​ដៃ​របស់​ជន​បរទេស​ដែរ។ ៨​ព្រះវិហារ ប្រៀប​ដូច​ជា​មនុស្ស​បាត់​បង់​កិត្តិ​យស គ្មាន​នរណា​គោរព ៩​ខ្មាំង​រឹប​អូស​យក​គ្រឿង​ឧបករណ៍ ដែល​ជា​សិរី​រុង​រឿង​នៃ​ព្រះ​វិហារ​ធ្វើ​ជា​ជយ​ភណ្ឌ។ ពួកវា​បាន​សម្លាប់​រង្គាល​ក្មេង​តូច​ៗ​នៅ​តាម​ផ្សារ ហើយ​យុវជន​ក៏​ត្រូវ​ស្លាប់​ដោយ​សារ​មុខ​ដាវ។ ១០​ប្រជា​ជាតិ​នានា បាន​ទទួល​មួយ​ផ្នែក​នៃ​រាជាណាចក្រ​នេះ និង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ក្រុង​ធ្វើ​ជា​ជយ​ភណ្ឌ​ទៀត​ផង! ១១​គេ​យក​គ្រឿង​លំអ​របស់​ក្រុង​យេរូសាឡឹម​អស់។ កាល​ពី​មុន​ក្រុង​ធ្លាប់​មាន​សេរី​ភាព ឥឡូវ​នេះ​ប្រែ​ក្លាយ​ជា​ទាសី​ហើយ! ១២​ទី​ដ៏​វិសុទ្ធ​ដែល​ជា​ទី​លំអ និង​សិរី​រុង​រឿង​របស់​យើង​ក្លាយ​ជា​ទី​រហោ​ស្ថាន ត្រូវ​ជន​ជាតិ​ដទៃ បង្អាប់​បង្អោន​ទៀត! ១៣​តើ​រស់​តទៅ​ទៀត​មាន​ប្រយោជន៍​អ្វី?»។ ១៤​លោក​ម៉ាថាធីយ៉ាស និង​កូន​របស់​គាត់​ក៏​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន ហើយ​នាំគ្នា​យក​បាវ​មក​ស្លៀក​ជំនួស​វិញ ដើម្បី​ធ្វើ​ពិធី​កាន់​ទុក្ខ។

យញ្ញ​បូជា​នៅ​ក្រុង​ម៉ូឌីន
១៥​មន្រ្តី​ដែល​ព្រះ​មហា​ក្សត្រ​ចាត់​មក ដើម្បី​បង្ខំ​ឲ្យ​ប្រជា​ជន​លះ​បង់​ជំនឿ​របស់​ខ្លួន មក​ដល់​ក្រុង​ម៉ូឌីន ដើម្បី​ថ្វាយ​យញ្ញ​បូជា។ ១៦​ជន​ជាតិ​អ៊ីស្រា​អែល​ជា​ច្រើន​ចេញ​ទៅ​ជួប​លោក តែ​លោក​ម៉ាថា​ធីយ៉ាស និង​កូន​ទាំង​ប៉ុន្មាន​របស់​គាត់ ជួប​ជុំ​គ្នា​ដោយ​ឡែក​ពី​គេ។ ១៧​មន្ត្រី​របស់​ព្រះ​មហា​ក្សត្រ​ប្រាប់​លោក​ម៉ាថាធីយ៉ាស​ថា៖ «លោក​ជា​អ្នក​ដឹក​នាំ​មាន​ឈ្មោះ​ល្បី និង​មាន​អំណាច​ក្នុង​ភូមិ​នេះ ដោយ​មាន​កូន​និង​បង​ប្អូន​ជា​ច្រើន​ ជួយ​គាំ​ទ្រ​ផង។ ១៨​សូម​លោក​អញ្ជើញ​មក អនុវត្ត​តាម​រាជ​បញ្ជា​របស់​ព្រះ​ករុណា​មុន​គេ ដូច​ប្រជា​ជាតិ​ទាំង​ប៉ុន្មាន និង​អ្នក​ស្រុក​យូដា ព្រម​ទាំង​អ្នក​ដែល​នៅ​សេស​សល់​ក្នុង​ក្រុង​យេរូសាឡឹម បាន​ធ្វើ​រួច​​មក​ហើយ។ បើ​ធ្វើ​ដូច្នេះ​លោក និង​កូន​របស់​លោក​ត្រូវ​រាប់​បញ្ចូល ​ក្នុង​ចំណោម​មិត្ត​សម្លាញ់​របស់​ព្រះ​រាជា។ លោក​និង​កូន​របស់​លោក​ នឹង​ទទួល​មាស​ប្រាក់ ព្រម​ទាំង​អំណោយ​ជាច្រើន​ទៀត​ផង!»។ ១៩​លោក​ម៉ាថាធីយ៉ាស​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ៗ​ តប​ទៅ​គេ​ថា៖ «ទោះបី​ប្រជា​ជាតិ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​រាជាណាចក្រ​ទាំង​មូល យល់​ព្រម​ធ្វើ​តាម​រាជ​បញ្ជា​របស់​ស្ដេច លះ​បង់​សាសនា​ដូនតា​របស់​គេ​រៀង​ៗ​ខ្លួន​ចោល ហើយ​បែរ​ទៅ​គោរព​តាម​រាជ​ឱង្ការ​របស់​ស្ដេច​ក្ដី ២០​ក៏​ខ្ញុំ កូន​ខ្ញុំ និង​បង​ប្អូន​ខ្ញុំ នៅ​តែ​ប្រតិបត្តិ​តាម​សម្ព័ន្ធ​មេត្រី​នៃ​ដូន​តា​របស់​យើង​តទៅ​មុខ​ទៀត​ជា​ដរាប។ ២១​សូម​ព្រះជាម្ចាស់​អាណិត​មេត្តា​ការ​ពារ​យើង កុំ​ឲ្យ​យើង​ខ្ញុំ​បោះ​បង់​ចោល​ធម្ម​វិន័យ​ និង​បញ្ញាត្តិ​របស់​ព្រះ​អង្គ​ឡើយ។ ២២​យើង​មិន​ព្រម​ស្តាប់​តាម​រាជ​បញ្ជា​ទេ​យើង​មិន​ព្រម​ងាក​ចេញ​ពី​សាសនា​របស់​យើង​ឡើយ ឲ្យ​នៅ​ខាង​ស្កាំ ឬ​ខាង​ឆ្វេង គឺ​យើង​មិន​ព្រម​ជា​ដាច់​ខាត!»។

២៣កាល​លោក​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ជន​ជាតិ​យូដា​ម្នាក់​ឡើង​ទៅ​ថ្វាយ​យញ្ញ​បូជា នៅ​ចំពោះ​មុខ​ប្រជា​ជន​ទាំង​មូល លើ​អាសនៈ​នៅ​ក្រុង​ម៉ូឌីន​តាម​រាជ​បញ្ជា។ ២៤​លោក​ម៉ាថាធីយ៉ាស​ឃើញ​ដូច្នេះ ក្តៅ​ក្រហាយ​ញ័រ​ខ្លួន​ចំប្រប់​យ៉ាង​ខ្លាំង កំហឹង​ដ៏​សុចរិត​ពុះ​កញ្ជ្រោល​ក្នុង​ខ្លួន​លោក។ លោក​ស្ទុះ​ទៅ​សម្លាប់​អ្នក​នោះ​នៅ​លើ​អាសនៈ ២៥​និង​សម្លាប់​មន្ត្រី​ដែល​ស្ដេច​ចាត់​ឲ្យ​មក​ បង្ខំ​អ្នក​ស្រុក​ថ្វាយ​យញ្ញ​បូជា រួច​លោក​រំលំ​អាសនៈ​នោះ ចោល​ទៀត​ផង។ ២៦ លោក​មាន​ចិត្ត​ស្រឡាញ់​ធម្ម​វិន័យ​ជា​ខ្លាំង ដូច​កាល​ពីដើម ដែល​ពីណេហាស​បាន​ប្រព្រឹត្ត ចំពោះ​លោក​យីមរី​ជា​កូន​លោក​សាលូ។ ២៧​រួច​លោក​ម៉ាថា​ធីយ៉ាស​ដើរ​ស្រែក​យ៉ាង​ខ្លាំង​ តាម​ផ្លូវ​ម៉ូឌីន​ ថា៖ «អស់​អ្នក​ដែល​មាន​ចិត្ត​ស្រឡាញ់​ធម្ម​វិន័យ និង​ចង់​គោរព​តាម​សម្ព័ន្ធ​មេត្រី សូម​អញ្ជើញ​មក​តាម​ខ្ញុំ​មក!»។ ២៨​លោក និង​កូន​លោក​ភៀស​ខ្លួន​ទៅ​តំបន់​ភ្នំ​ដោយ​ទុក​ទ្រព្យ​សម្បត្តិ​ចោល​នៅ​ក្នុង​ក្រុង។ ២៩​ពេល​នោះ អ្នក​ស្រុក​ជាច្រើន​ដែល​ខិត​ខំធ្វើ​អំពើ​សុចរិត និង​គោរព​តាម​ធម្ម​វិន័យ រត់​ទៅ​នៅ​ក្នុង​វាល​រហោ​ស្ថាន ៣០​ទាំង​ប្រពន្ធ​កូន​ទាំង​ហ្វូង​សត្វ​របស់​គេ ព្រោះ​ខ្មាំង​តែង​ធ្វើ​ទុក​បុក​ម្នេញ​ពួក​គេ​គ្រប់​ពេល។ ៣១​មន្ត្រី​និង​កង​ទ័ព​ដែល​នៅ​ក្រុង​យេរូសាឡឹម ក្នុង​បុរី​ព្រះ​បាទ​ដាវីឌ​ទទួល​ដំណឹង​ថា មាន​អ្នក​ខ្លះ​បដិសេធ​រាជ​ក្រឹត្យ​របស់​ស្ដេច ហើយ​រត់​ទៅ​ពួន​ក្នុង​ល្អាង​ថ្ម​នៃ​វាល​រហោ​ស្ថាន។ ៣២​ពេល​នោះ ពល​ទាហាន​ដ៏​ខ្លាំង​ក្លា​មួយ​កង​ដេញ​តាម​ទាន់ ហើយ​បោះ​ជំរំ​ទល់​មុខ​គេ បម្រុង​និង​វាយ​សម្រុក​នៅ​ថ្ងៃ​សប្ប័ទ។ ៣៣​មេ​ទ័ព​ប្រាប់​ពួក​ដែល​រត់​ថា៖ «ល្មម​ហើយ! ចូរ​ចេញ​មក! ធ្វើ​តាម​រាជ​បញ្ជា​របស់​ស្ដេច​ទៅ! អ្នក​រាល់​គ្នា​នឹង​រួច​ជីវិត!»។ ៣៤​តែ​ពួក​យូដា​ឆ្លើយ​ថា៖ «ទេ! យើង​មិន​ចេញ​ទៅ​ទេ! យើង​ក៏​មិន​ធ្វើ​តាម​រាជ​បញ្ជា​របស់​ស្ដេច​ដែរ ហើយ​យើង​ក៏​មិន​ព្រម រំលោភ​វិន័យ​ថ្ងៃ​សប្ប័ទ​ដែរ!»។ ៣៥​ភ្លាម​នោះ ពល​ទាហាន​ចូល​វាយ​សម្រុក​ពួក​គេ។ ៣៦​ពួក​គេ​មិន​តប​ត​មិន​គប់​ដុំ​ថ្ម មិន​បិទ​ច្រក​ចូល​ទី​ជម្រក​របស់​គេ​ឡើយ ៣៧​ពួក​គេ​ពោល​ឡើង​ថា៖ «យើង​សុខ​ចិត្ត​ស្លាប់​ទាំង​អស់​គ្នា​ដោយ​សុចរិត! មេឃ​ព្រម​ទាំង​ដី​នឹង​ជួយ​ជា​សាក្សី​ឲ្យ​យើង​ថា អ្នក​រាល់​គ្នា​សម្លាប់​យើង​ដោយ​ទុច្ចរិត​បំផុត!»។ ៣៨​ពល​ទាហាន​វាយ​សម្រុក​នៅ​ថ្ងៃ​សប្ប័ទ។ ពួក​គេ​ទាំង​ប្រពន្ធ​ទាំង​កូន ទាំង​ហ្វូង​សត្វ​ក៏​ស្លាប់​ដែរ។ គឺ​មាន​មនុស្ស​ចំនួន​មួយ​ពាន់​នាក់​ស្លាប់​នៅ​ពេលនោះ។

៣៩​ក្រោយ​ពី​លោក​ម៉ាថា​ធីយ៉ាស និង​អ្នក​នៅ​ជាមួយ​បាន​ទទួល​ដំណឹង​នេះ​ហើយ គេ​ក៏​នាំ​គ្នា​យំ​សោក​សង្រេង​យ៉ាង​ក្រៀម​ក្រំ ៤០​​​រួច​ប្រាប់​គ្នីគ្នា​ថា៖ «ប្រសិន​បើ​យើង​ទាំង​អស់​ប្រព្រឹត្ត​ដូច​បង​ប្អូន យើង ដោយ​មិន​វាយ​តប​ត​ ប្រឆាំង​នឹង​ប្រជា​ជាតិ​ទាំង​ឡាយ ដើម្បី​ការពារ​ជីវិត និង​ធម្ម​វិន័យ​របស់​យើង​ទេ​នោះ មិន​យូរ​ប៉ុន្មាន ពួក​ខ្មាំង​សត្រូវ​មុខ​ជា​ប្រហារ​ជីវិត​យើង​ឲ្យ​ផុត​ពូជ​មិន​ខាន»។ នៅ​ថ្ងៃ​នោះ ពួក​គេ​សម្រេច​ចិត្ត​ថា៖ «ប្រសិន​បើ​មាន​គេ​វាយ​សម្រុក​លើ​យើង​នៅ​ថ្ងៃ​សប្ប័ទ យើង​នឹង​ប្រយុទ្ធ​ត​ទល់​នឹង​គេ​វិញ! ដូច្នេះ​យើង​មិន​បាត់​បង់​ជីវិត​ទាំង​អស់​គ្នា ដូច​បង​ប្អូន​យើង​នៅ​ក្នុង​ជម្រក​ឡើយ»។ ពេល​នោះ ៤២​មាន​ក្រុម​អាស៊ីឌីម​សុខ​ចិត្ត​ចូល​មក​រួប​រួម​ជាមួយ​ពួក​គេ។ អ្នក​ទាំង​នោះ​មាន​ឈ្មោះ​ល្បី​នៅ​ស្រុក​អ៊ីស្រាអែល​ថា មាន​សេចក្ដី​ក្លាហាន​អង់​អាច​ស៊ូ​ប្ដូរ​ជីវិត​សម្រាប់​ធម្ម​វិន័យ។ ៤៣​អស់​អ្នក​ដែល​មាន​បំណង​រត់​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ក៏​មក​ចុះ​ចូល​ជាមួយ​ពួក​គេ​ដែរ ធ្វើ​ឲ្យ​ចំនួន​និង​កម្លាំង​របស់ ពួក​គេ​កាន់​តែ​ខ្លាំង​ឡើង​ៗ។ ៤៤​ពួក​គេ​ប្រមូល​គ្នា​ជា​កង​ទ័ព ហើយ​ខឹង​ក្តៅ​ក្រហាយ វាយ​ជាមួយ​ពួក​អ្នក​បាប និង​ពួក​ទមិឡ​ឥត​សាសនា​វិញ។ ជន​ជាតិ​យូដា​ដែល​នៅ​សេស​សល់ រត់​ភៀស​ខ្លួន​ទៅ​នៅ ក្នុង​ស្រុក​របស់​ប្រជា​ជាតិ​ដទៃ។ ៤៥​លោក​ម៉ាថា​ធីយ៉ាស​និង​អ្នក​នៅ​ជាមួយ ចេញ​ទៅ​រំលំ​អាសនៈ​នៅ​គ្រប់​ទី​កន្លែង ៤៦​គេ​ធ្វើ​ពិធី​កាត់​ស្បែក​កូន​ក្មេង​ទាំង​បង្ខំ គឺ​កូន​ក្មេង​ដែល​ពួក​គេ​រក​ឃើញ ក្នុង​ទឹក​ដី​អ៊ីស្រាអែល​ទាំង​មូល។ ៤៧​ពួក​គេ​ដេញ​កម្ចាត់​ខ្មាំង ដែល​ធ្លាប់​មាន​ចិត្ត​ព្រហើន​កោង​កាច ហើយ​ទទួល​បាន​ជោគ​ជ័យ។ ពួក​គេ​ការ​ពារ​ធម្ម​វិន័យ​មិន​ឲ្យ​ប្រជា​ជាតិ និង​ស្ដេច​ប្រជា​ជាតិ​នោះ​យាយី​ពួក​គេ ហើយ​ពួក​គេ​មិន​ទុក​ឲ្យ​ស្ដេច​ទមិឡ​មាន​ជ័យជម្នះ​ឡើយ។

លោក​ម៉ាថាធីយ៉ាស​ទទួល​មរណភាព
៤៩​ពេល​លោក​ម៉ាថាធីយ៉ាស​ជិត​លា​ចាក​លោក​នេះ​ទៅ លោក​មាន​ប្រសាសន៍​ទៅ​កាន់​កូន​ៗ​របស់​គាត់​ថា៖ «ឥឡូវ​នេះ មនុស្ស​ព្រហើន​ និង​អ្នក​កោង​កាច​កំពុង​តែ​សោយ​រាជ្យ។ ជំនាន់​នេះ​គឺ​ជា​ជំនាន់​កើត​ចលាចល​វឹក​វរ និង​ជំនាន់​ផ្ទុះ​កំហឹង។ ៥០​កូន​អើយ! ចូរ​ខំ​ខ្នះ​ខ្នែង​ស្រឡាញ់​ធម្ម​វិន័យ​ ស៊ូ​ប្ដូរ​ជីវិត​ដើម្បី​សម្ព័ន្ធ​មេត្រី​របស់​ដូនតា​យើង។ ៥១​ចូរ​នឹក​គិត​ពី​ការ​អស្ចារ្យ​ដែល​បុព្វ​បុរស​របស់​យើង​បាន​ប្រព្រឹត្ត​ក្នុង​ជំនាន់​របស់​លោក។ កូន​មុខ​ជា​ទទួល​សិរី​រុង​រឿង​ដ៏​ខ្ពង់​ខ្ពស់​បំផុត និង​មាន​ឈ្មោះ​ល្បី​អស់​កល្ប​ជានិច្ច​ជា​ពុំខាន។ ៥២​លោក​អប្រាហាំ​ជឿ​យ៉ាង​ស្មោះ​ត្រង់ នៅ​ពេល​ព្រះជាម្ចាស់​ល្បង​ល​ចិត្ត​របស់​លោក ហេតុ​នេះ​ហើយ បាន​ជា​ព្រះ​អង្គ​ប្រោស​លោក​ឲ្យ​បាន​សុចរិត។ ៥៣​លោក​យូសែប​បាន​ប្រព្រឹត្ត​តាម​ធម្ម​វិន័យ​នៅ​ពេល​លោក​កើត​ទុក្ខ​វេទនា។ ដូច្នេះ លោក​ធ្វើ​ជា​ម្ចាស់​លើ​ស្រុក​អេស៊ីប។ ៥៤​លោក​ពីណេហាស់​ជា​បុព្វ​បុរស​របស់​យើង មាន​ចិត្ត​ស្រឡាញ់​ធម្ម​វិន័យ​យ៉ាង​ខ្លាំង​បំផុត។ ដូច្នេះ ព្រះ​ជា​ម្ចាស់​មាន​បន្ទូល​សន្យា​ថា ​ពូជ​ពង្ស​របស់​លោក​នឹង​ទៅ​ជា​បូជាចារ្យ​រហូត​ត​រៀង​ទៅ។ ៥៥​លោក​យ៉ូស៊ូអា ទៅ​ជា​វីរបុរស​ក្នុង​ស្រុក​អ៊ីស្រាអែល ព្រោះ​លោក​បាន​បំពេញ​ភារកិច្ច​របស់​ខ្លួន។ ៥៦​លោក​កាឡែប​ទទួល​ដី​មួយ​ចំណែក​ទុក​ជា​មត៌ក ព្រោះ​លោក​ផ្ដល់​សក្ខីភាព​យ៉ាង​អង់​អាច​ពិត​ប្រាកដ នៅ​ចំពោះ​មុខ​សហគមន៍​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ៥៧​ព្រះ​ជា​ម្ចាស់​បាន​តែង​តាំង​ព្រះ​បាទ​ដាវីឌ ឲ្យ​សោយ​រាជ្យ​អស់​កល្ប​ជានិច្ច ព្រោះ​ស្ដេច​មាន​ព្រះ​ហឫទ័យ​ស្មោះ​ត្រង់ ចំពោះ​ព្រះ​ជា​ម្ចាស់។ ៥៨​ព្រះជាម្ចាស់​លើក​លោក​អេកី​ឡើង​ទៅ​ស្ថាន​បរម​សុខ ព្រោះ​លោក​មាន​ចិត្ត​ស្រឡាញ់​ធម្មវិន័យ​ យ៉ាង​ខ្លាំង។ ៥៩ ព្រះជាម្ចាស់​បាន​សង្គ្រោះ​យុវជន អណានីយ៉ា អសារីយ៉ា និង​មីសាអែល​ឲ្យ​រួច​ផុត​ពី​ភ្លើង ព្រោះ​ពួក​គេ​ផ្ញើ​ជីវិត​លើ​ព្រះជាម្ចាស់។ ៦០​ព្រះអង្គ​បាន​ប្រោស លោក​ដានីអែល​បាន​រួច​ពី​មាត់​សិង្ហ ព្រោះ​លោក​មាន​ចិត្ត​ទៀង​ត្រង់។ ៦១​ចូរ​រិះ​គិត​ពិចារណា​មើល​ថា អស់​អ្នក​ដែល​ជឿ​សង្ឃឹម​លើ​ព្រះជាម្ចាស់ នៅ​គ្រប់​ជំនាន់​រៀង​មក​មិន​ខក​ចិត្ត​ឡើយ។ ៦២​កុំ​ភ័យ​ខ្លាច​ពី​ការ​គំរាម ​កំហែង​របស់​ស្ដេច​ពាល នោះ​ឲ្យ​សោះ ដ្បិត​សិរី​រុង​រឿង​របស់​ស្ដេច​នឹង​ត្រូវ​រលួយ ហើយ​ត្រូវ​ដង្កូវ​ស៊ី​ផង។ ៦៣​នៅ​ថ្ងៃ​នេះ ព្រះ​រាជា​ខ្ពស់​មុខ​ឡើង តែ​ថ្ងៃ​ស្អែក​នឹង​ត្រូវ​វិនាស​សាប​សូន្យ ដ្បិត​ទ្រង់​ត្រឡប់​ទៅ​កាន់​ធូលី​ដី​របស់​គេ​វិញ ហើយ​គម្រោង​ការ​របស់​ស្ដេច ក៏​ត្រូវ​វិនាស​សាប​សូន្យ​ដែរ។ ៦៤​កូន​អើយ! ចូរ​មាន​ចិត្ត​អង់​អាច​ក្លាហាន​ឡើង! ចូរ​កាន់​ធម្ម​វិន័យ​ឲ្យ​បាន​មាំ​មួន ព្រោះ​មាន​តែ​ធម្ម​វិន័យ​នេះ​ទេ ដែល​នឹង​ផ្ដល់​សិរី​រុង​រឿង​ដល់​កូន​រាល់​គ្នា។ ៦៥ ចូរ​ស្ដាប់​ស៊ីម៉ូន​ជា​បង​របស់​កូន។ ពុក​ដឹង​ថា ស៊ីម៉ូន​តែង​តែ​ផ្ដល់​យោបល់​ល្អ​ៗ ចូរ​ស្ដាប់​បង​ជានិច្ច​ចុះ! គេ​នឹង​ទៅ​ជា​ឪពុក​របស់​កូន​ៗ។ ៦៦​យូដា​ម៉ាកា​បាយ​ដែល​មាន​សេចក្ដី​អង់​អាច​ក្លាហាន​តាំង​ពី​កុមារ​មក នឹង​ទៅ​ជា​មេទ័ព​របស់​កូន​ៗ ហើយ​នាំ​ទ័ព​ទៅ​ធ្វើ​សង្គ្រាម​ជាមួយ​ប្រជា​ជាតិ​នានា។ ៦៧​រីឯ​កូន​ៗ​ចូរ​ប្រមូល​អស់​អ្នក​ដែល​កាន់​តម​ធម្ម​វិន័យ ចូរ​រក​យុត្តិ​ធម៌​ឲ្យ​ប្រជា​ជន​របស់​កូន។ ៦៨​ចូរ​តប​ស្នង​នឹង​អំពើ​អាក្រក់​ចំពោះ​សាសន៍​ដទៃ ស្រប​នឹង​អំពើ​អាក្រក់​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​កូន។ ចូរ​គោរព​ប្រណិប័តន៍​តាម​ធម្មវិន័យ​ជានិច្ច»។ ៦៩​បន្ទាប់​មក លោក​ម៉ាថាធីយ៉ាស​ឲ្យ​ពរ​កូន​ៗ រួច​លោក​បាន​ទៅ​ជួប​ជុំ​ជាមួយ​ដូនតា​របស់​លោក។ ៧០​លោក​ទទួល​មរណ​ភាព​នៅ​ឆ្នាំ​មួយ​រយ​សែសិប​ប្រាំមួយ។ គេ​បញ្ចុះ​សព​គាត់​នៅ​ក្នុង​ផ្នូរ​ដូន​តា​ នៅ​ក្រុង​ម៉ូឌីន ហើយ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ នាំ​គ្នា​ធ្វើ​ពិធី​កាន់​ទុក្ខ​យ៉ាង​ឱឡារិក។

ជំពូកទី ៣

ពាក្យ​សរសើរ​លោក​យូដា​ម៉ាកាបាយ
១​លោក​យូដា​ហៅ​ម៉ាកា​បាយ​ជា​បុត្រ​របស់​លោក​ម៉ាថាធីយ៉ាស ឡើង​កាន់​ទ័ព​ជំនួស​ឪពុក។ ២​​បងប្អូន​ទាំងអស់ និង​អស់​អ្នក​ដែល​ចូល​ខាង​ឪពុក​គាត់ ក៏​នាំ​គ្នា​គាំ​ទ្រ​គាត់​ដែរ​ហើយ​រីក​រាយ​នឹង​ប្រយុទ្ធ ដើម្បី​ជន​ជាតិ​អ៊ីស្រាអែល។ ៣​លោក​យូដា​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​ដ៏​រុង​រឿង​របស់ ជន​ជាតិ​លោក​ល្បី​ល្បាញ​ឡើង។ ពេល​លោក​ពាក់​អាវ​ក្រោះ លោក​ប្រៀប​ដូចជា​វីរ​បុរស​ដ៏​ឆ្នើម។ លោក​កាន់​អាវុធ ហើយ​ចេញ​ទៅ​ធ្វើ​សង្គ្រាម ការពារ​ទី​តាំង​ទ័ព​ដោយ​ដាវ​លោក​ផ្ទាល់។ ៤​ក្នុង​ពេល​បំពេញ​ភារកិច្ច លោក​ប្រៀប​ដូចជា​សត្វ​តោ​មួយ​ដ៏​សាហាវ និង​ដូច​កូន​សិង្ហ​ កំពុង​គ្រហឹម​ចាប់​សត្វ​ស៊ី​ដែរ។ ៥ លោក​ស្វែង​រក​អ្នក​ ដែល​បំពាន​លើ​ធម្ម​វិន័យ ហើយ​ដេញ​ពួក​គេ​ចេញ ព្រម​ទាំង​ដុត​សម្លាប់​ពួក​អ្នក ដែល​បង្ក​ឲ្យ​ប្រជា​ជន​មាន​ចលាចល។ ៦​ជន​ពាល​បាត់​បង់​អំណាច​ដោយ​ភ័យ​ខ្លាច​លោក ហើយ​ពួក​ទមិឡ​រក​ច្រក​ចេញ​មិន​រួច លោក​បាន​រំដោះ​ប្រជា​ជន​ជា​ស្ថាពរ។ ៧​លោក​ធ្វើ​ទុក្ខ​បុក​ម្នេញ ស្ដេច​ជាច្រើន​អង្គ ហើយ​ស្នាដៃ​របស់​លោក​ផ្ដល់​អំណរ​ដល់​ប្រជា​ជន​អ៊ីស្រាអែល យ៉ាង​ខ្លាំង។ គួរ​ឲ្យ​នឹក​ចាំ និង​កោត​សរសើរ​អស់​កល្ប​ជានិច្ច។ ៨​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​នានា​នៅ​ស្រុក​យូដា ហើយ​វាយ​ជន​ពាល​ទាំង​អស់ នៅ​ក្រុង​ទាំង​នោះ​ឲ្យ​វិនាស។ លោក​ធ្វើ​ឲ្យ​ព្រះជាម្ចាស់​លែង​ព្រះ​ពិរោធ​នឹង​ប្រជា​ជន​អ៊ីស្រាអែល។ ៩​កិត្តិនាម​របស់​លោក​ល្បី​រន្ទឺ​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែន​ដី ហើយ​លោក​ក៏​ប្រមូល​ផ្ដុំ​អស់​អ្នក​ដែល​រស់​នៅ​ខ្ចាត់​ខ្ចាយ ឲ្យ​រួម​គ្នា​វិញ។

លោក​យូដា​មាន​ជ័យ​ជម្នះ​ លើ​លោក​អប៉ូឡូនីយូ
១០​លោក​អប៉ូឡូនីយូស​កាន់​សាសន៍​ដទៃ ព្រម​ទាំង​ជន​ជាតិ​សាម៉ារី​ មក​ធ្វើ​ជា​កង​ទ័ព​មួយ​ដ៏​មាន​កម្លាំង​អង់​អាច ដើម្បី​វាយ​ប្រហារ​ជន​ជាតិ​អ៊ីស្រា​អែល។ ១១​លោក​យូដា​ជ្រាប​ហេតុ​ការណ៍​នេះ ហើយ​ក៏​ចេញ​ទៅ​ប្រយុទ្ធ​តទល់​នឹង​ពួក​គេ។ លោក​វាយ​ឈ្នះ​គេ​ហើយ​ប្រហារ​ជីវិត​លោក​អប៉ូឡូនីយូស​ទៀត​ផង។ ពល​ទាហាន​របស់​លោក​អប៉ូឡូនីយូស​ជា​ច្រើន​បាត់​បង់​ជីវិត ហើយ​ពួក​ដែល​រួច​ពី​ស្លាប់​ក៏​បាក់​ទ័ព​រត់​អស់​ទៅ។ ១២​ជនជាតិ​យូដា​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ខ្មាំង។ រីឯ​លោក​យូដា ក៏​រើស​យក​ដាវ​របស់​លោក​អប៉ូឡូនីយូស ហើយ​ប្រើ​ដាវ​នោះ​ជា​រៀង​រាល់ថ្ងៃ​នៅ​ពេល​វាយ​ខ្លាំង។ ១៣​លោក​សេរ៉ុន​ជា​មេទ័ព​ស្រុក​ស៊ីរី​ទទួល​ដំណឹង​ថា លោក​យូដា​បាន​ប្រមូល​ផ្តុំ​កង​ទ័ព និង​ក្រុម​អ្នក​ដែល​មាន​ជំនឿ​ស្មោះត្រង់ ដើម្បី​ធ្វើ​សង្គ្រាម។ ១៤​គាត់​គិត​ថា៖ «ខ្ញុំ​ត្រូវ​តែ​ទៅ​ប្រយុទ្ធ​នឹង យូដា ព្រម​ទាំង​អស់​អ្នក​នៅ​ជាមួយ ដែល​មិន​គោរព​រាជ​បញ្ជា​របស់​ព្រះ​មហា​ក្សត្រ​នោះ! ធ្វើ​ដូច្នេះ ខ្ញុំ​មុខ​ជា​មាន​កេរ្តិ៍​ឈ្មោះ​និង​កិត្តិ​យស​នៅ​ក្នុង​រាជា​ណា​ចក្រ​ទាំង​មូល​មិន​ខាន»។ ១៥​លោក​ក៏​ចេញ​ទៅ​ប្រយុទ្ធ​នឹង​លោក​យូដា ដោយ​នាំ​កង​ទ័ព​មួយ​ចំនួន​ធំ ដែល​សុទ្ធ​តែ​ពួក​ទមិឡ ដើម្បី​វាយ​សង​សឹក​ នឹង​ប្រជា​ជន​អ៊ីស្រាអែល។ ១៦ នៅ​ពេល​លោក​សេរ៉ុន​ធ្វើ​ដំណើរ​តាម​ផ្លូវ ឡើង​ទៅ​ក្រុង​បេតហូរ៉ូន លោក​យូដា​ក៏​ចេញ​ទៅ​ស្ទាក់​ផ្លូវ​លោក​សេរ៉ុន ដោយ​មាន​ពល​ទាហាន​តែ​មួយ​ក្រុម​តូច​ប៉ុណ្ណោះ​ទៅ​ជាមួយ។ ១៧​កាល​ដែល​ពល​ទាហាន​ឃើញ​កង​ទ័ព​ ​ដែល​កំពុង​តែ​ឡើង​មក​វាយ​ពួក​គេ ពួក​គេ​សួរ​លោក​យូដា​ថា៖ «យើង​មាន​គ្នា​តិច​យ៉ាង​នេះ! តើ​យើង​អាច​ប្រយុទ្ធ​នឹង​កង​ទ័ព ដែល​មាន​គ្នា​ច្រើន ហើយ​មាន​កម្លាំង​ខ្លាំង​ក្លា​បែប​នេះ ដូច​ម្ដេច​កើត? ម្យ៉ាង​ទៀត យើង​អស់​កម្លាំង ព្រោះ​យើង​មិន​ទាន់​បរិភោគ​អ្វី​ នៅ​ឡើយ!»។ ១៨ លោក​យូដា​មាន​ប្រសាសន៍​ថា៖ «ក្រុម​ដែល​មាន​គ្នា​តិច អាច​យក​ជ័យជម្នះ​លើ​កង​ទ័ព មួយ​ធំ​យ៉ាង​ស្រួល។ ព្រះជាម្ចាស់​មិន​ត្រូវ​ការ​គ្នា​ច្រើន ឬ​គ្នា​តិច​ដើម្បី​ឈ្នះ​ខ្មាំង​ទេ។ ១៩​នៅ​លើ​សមរ​ភូមិ​ជ័យ​ជម្នះ​មិន​ស្ថិត​នៅ​លើ​កង​ទ័ព​ឡើយ គឺ​ស្ថិត​នៅ​លើ​ឫទ្ធានុភាព ដែល​ព្រះជាម្ចាស់​ប្រទាន​មក​នោះ​វិញ។ ២០ ពួក​សត្រូវ​មក​វាយ​យើង​ទាំង​មាន​ចិត្ត​អួត​បំប៉ោង​និង​ឃោរឃៅ។ ពួក​វា​មាន​គម្រោង​សម្លាប់​យើង និង​ប្រពន្ធ​កូន​យើង ព្រម​ទាំង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​យើង​ទៀត​ផង។ ២១​រីឯ​យើង​វិញ យើង​វាយ​តប​ត​ឲ្យ​រួច​ជីវិត និង​ការពារ​សាសនា​របស់​យើង​ប៉ុណ្ណោះ ២២​ព្រះជាម្ចាស់​នឹង​កម្ទេច​សត្រូវ នៅ​មុខ​យើង​ជា​ពុំខាន! ដូច្នេះ​កុំ​ខ្លាច​ពួក​វា​អី!»។

២៣​កាល លោក​មាន​ប្រសាសន៍​ចប់​សព្វ​គ្រប់​ហើយ លោក​យូដា​វាយ​សម្រុក​ខ្មាំង​សត្រូវ​នៅ​ពេល ដែល​គេ​មិន​ដឹង​ខ្លួន ហើយ​កម្ទេច​កង​ទ័ព​របស់​លោក​សេរ៉ុន​អស់។ ២៤​យុទ្ធ​ជន​ដែល​រស់​នៅ​ជាមួយ​លោក​យូដា ដេញ​ខ្មាំង​សត្រូវ​តាម​ផ្លូវ​ចុះ​ពី​ភូមិ​បេត​ហូរ៉ូន រហូត​ទៅ​ដល់​វាល​ទំនាប ហើយ​បាន​សម្លាប់​ពួក​គេ ប្រហែល​ប្រាំបី​រយ​នាក់។ ពល​ទាហាន​ដែល​រួច​ពី​ស្លាប់​ក៏​រត់​គេច​ខ្លួន​ទៅ​ស្រុក​ភីលីស្ទីន។ ២៥​តាំង​ពី​ពេល​នោះ​មក ជាតិ​សាសន៍​ដទៃ​ដែល​នៅ​ជុំវិញ​ចាប់​ផ្ដើម​ភ័យ​ខ្លាច​ញាប់​ញ័រ ចំពោះ​លោក​យូដា​និង​បង​ប្អូន​របស់​គាត់។ កិត្តិ​នាម​របស់​លោក​យូដា​លេច​ឬ​ដល់​ព្រះ​បាទ​អន់ទីយ៉ូគូស ហើយ​ប្រជា​ជាតិ​នានា​និយាយ​តំណាល​អំពី​ការ​ប្រយុទ្ធ​របស់​លោក។

ព្រះបាទ​អន់ទីយ៉ូគូស​តែងតាំង​លោក​លីស៊ីយ៉ា​ឲ្យ​កម្ទេច​ជនជាតិ​អ៊ីស្រាអែល
២៧​ពេល​ព្រះ​បាទ​អន់ទីយ៉ូគូស ជ្រាប​ពី​ព្រឹត្តិ​ការណ៍​ទាំង​នោះ​ហើយ ទ្រង់​ព្រះ​ពិរោធ​ជា​ខ្លាំង ក៏​ចេញ​រាជ​បញ្ជា ឲ្យ​ប្រមូល​កង​ទ័ព​ទាំង​អស់​ក្នុង​រាជា​ណា​ចក្រ​ទាំង​មូល មក​ធ្វើ​ជា​កង​ទ័ព​មួយ​ដ៏​ខ្លាំង​អស្ចារ្យ ២៨​ហើយ​យក​រាជ​ទ្រព្យ​មក​បើក​ប្រាក់​ខែ​គ្រប់​មួយ​ឆ្នាំ​ដល់​ពល​ទាហាន ដោយ​មាន​រាជ​បញ្ជា​ឲ្យ​ពួក​គេ​ត្រៀម​ខ្លួន​ជានិច្ច។ ២៩​គ្រា​នោះ ព្រះ​រាជា​សង្កេត​ឃើញ​ថា ប្រាក់​ក្នុង​ឃ្លាំង​រាជ​ទ្រព្យ​ត្រូវ​អស់ គឺ​មក​ពី​ការ​ប្រមូល​ប្រាក់​ពន្ធ​អាករ​តាម​អាណា​ខេត្ត​ថយ​ចុះ។ ការ​ខ្វះ​ខាត​នេះ​បណ្ដាល​មក​ពី​ព្រះ​រាជា​បង្ក​ចលាចល​និង​គ្រោះ​មហន្ត​រាយ​ក្នុង​ស្រុក ដោយ​លុប​បំបាត់​សាសនា​ ដែល​មាន​តាំង​ពីដើម​រៀង​មក។ ៣០​ព្រះ​រាជា​តែង​តែ​ចាយ​ប្រាក់​ជាច្រើន និង​ប្រទាន​អំណោយ​យ៉ាង​ទូលំ​ទូលាយ លើស​ពី​ស្ដេច​មុន​ៗ​ទៅ​ទៀត។ ប៉ុន្តែ​ពេល​នេះ ទ្រង់​បារម្ភ​ថា ពុំ​មាន​លទ្ធ​ភាព​នឹង​ចែក​ចាយ​ប្រាក់​ដូច​ពី​មុន​បាន។ ៣១​ដូច្នេះ ព្រះ​មហា​ក្សត្រ​មាន​ព្រះ​ហឫទ័យ​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង ទ្រង់​សម្រេច​យាង​ទៅ​ស្រុក​ពែរ្ស ដើម្បី​ទារ​ពន្ធ​អាករ​ពី​បណ្ដា​ខេត្ត​នានា​នៅ​ក្នុង​ស្រុក​នោះ ហើយ​ប្រមូល​ប្រាក់​បាន​យ៉ាង​ច្រើន​ផង។ ៣២ ព្រះ​រាជា​តែង​តាំង​លោក​លីស៊ីយ៉ា ជា​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​និង​ជាប់​រាជ​វង្ស ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ រាជាណាចក្រ​ទាំង​មូល ចាប់​តាំង​ពី​ទន្លេ​អឺប្រាត រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​អេស៊ីប។ ៣៣​ព្រះរាជា​ក៏​ប្រគល់​ឲ្យ​លោក​លីស៊ីយ៉ា ទទួល​ខុស​ត្រូវ​ លើ​ការ​អប់រំ​ព្រះ​រាជ​បុត្រ​ឈ្មោះ​អន់ទីយ៉ូគូស​ជំនួស​ព្រះ​រាជា រហូត​ដល់​ពេល​ព្រះ​អង្គ​ទ្រង់​ត្រឡប់​មក​វិញ។ ៣៤ ព្រះរាជា​ទុក​កង​ទ័ព​ពាក់​កណ្ដាល ព្រម​ទាំង​ដំរី​ចម្បាំង ឲ្យ​លោក​លីស៊ីយ៉ា ហើយ​ក៏​បញ្ជា​ឲ្យ​លោក​បំពេញ​កិច្ចការ​ដែល​ទ្រង់​បាន​សម្រេច ជា​ពិសេស​ប្រជា​ជន​ស្រុក​យូដា និង​ក្រុង​យេរូសាឡឹម។ ៣៥ លោក​លីស៊ីយ៉ា ត្រូវ​ចាត់​កង​ទ័ព​ទៅ​វាយ​កម្ទេច​កង​កម្លាំង​ប្រជា​ជន​អ៊ីស្រាអែល និង​អ្នក​ដែល​នៅ​សេស​សល់​ក្នុង​ក្រុង​យេរូសាឡឹម​ឲ្យ​ផុត​ពូជ ដើម្បី​លុប​បំបាត់​ឈ្មោះ​ពួក​គេ ឲ្យ​អស់​ពី​លើ​ផែន​ដី។ ៣៦ លោក​ត្រូវ​នាំ​យក​ជន​ជាតិ​ដទៃ មក​តាំង​ទីលំនៅ​ក្នុង​តំបន់​នោះ និង​ចែក​ដី​ឲ្យ​ពួក​គេ​ទៀត​ផង។ ៣៧ នៅ​ឆ្នាំ​១៤៧ ព្រះ​មហា​ក្សត្រ​នាំ​កង​ទ័ព​ពាក់​កណ្ដាល​ទៀត យាង​ទៅ​ក្រុង​អន់ទីយ៉ូក ជា​រាជ​ធានី​នៃ​រាជា​ណា​ចក្រ ទ្រង់​យាង​ឆ្លង​ទន្លេ​អឺប្រាត និង​យាង​កាត់​តំបន់​ភ្នំ។

លោក​គ័រស៊ីយ៉ាស និង លោកកាន័រ
៣៨​ក្នុង​ចំណោម​ ទីប្រឹក្សា​របស់​ព្រះ​មហា​ក្សត្រ លោក​លីស៊ីយ៉ា ជ្រើស​រើស​លោក​ផ្ទូឡេម៉េ ជា​កូន​លោក​ដូរីមែន លោក​នីកាន័រ និង​លោក​គ័រស៊ី​យ៉ាស ជា​អ្នក​មាន​អំណាច​ឲ្យ​ធ្វើ​ជា​មេទ័ព។ ៣៩​លោក​ចាត់​មេទ័ព​ទាំង​បី​នោះ ឲ្យ​នាំ​ទ័ព​ថ្មើរ​ជើង​ចំនួន​មួយ​ម៉ឺន​នាក់ និង​ទ័ព​សេះ​ប្រាំពីរ​ពាន់​នាក់ ទៅ​វាយ​ស្រុក​យូដា និង​បំផ្លាញ​ស្រុក​នោះ​ចោល​តាម​រាជ​បញ្ជា​របស់​ស្ដេច។ ៤០​មេ​ទ័ព​ទាំង​បី​ក៏​ចាក​ចេញ​ទៅ​ជាមួយ​កង​ទ័ព ហើយ​មក​ដល់​ក្បែរ​ភូមិ​អេម៉ាអ៊ូស ពួក​គេ​បោះ​ទ័ព​នៅ​វាល​ទំនាប​នោះ។ ៤១​កាល​ពួក​ឈ្មួញ​ឮ​ដំណឹង​នេះ ពួក​គេ​យក​មាស​ប្រាក់​យ៉ាង​ច្រើន ព្រម​ទាំង​ខ្នោះ​ច្រវាក់ មក​កាន់​ជំរំ​កង​ទ័ព ដើម្បី​ទិញ​ជន​ជាតិ​អ៊ីស្រាអែល ធ្វើ​ជា​ទាសករ មាន​កង​ទ័ព​មក​ពី​ស្រុក អេដុម និង​កង​ទ័ព​មក​ពី​ស្រុក​ភីលីស្ទីន ចូល​មក​រួម​ជាមួយ​ពួក​គេ។ ៤២​លោក​យូដា​និង​បង​ប្អូន​របស់​លោក​យល់​ឃើញ​ថា សភាព​ការណ៍​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ៗ ហើយ​ថែម​ទាំង​មាន​កង​ទ័ព​សាសន៍​ដទៃ មក​បោះ​ទីតាំង​នៅ​ក្នុង​ស្រុក​ផង ហើយ​ពួក​គេ​ក៏​ដឹង​ទៀត​ថា ព្រះ​មហា​ក្សត្រ​មាន​បំណង​ចេញ​រាជ​បញ្ជា ឲ្យ​សម្លាប់​ប្រជា​ជន​ឲ្យ​អស់។ ៤៣ពួក​គេ​និយាយ​តៗ​ថា៖ «យើង​នឹង​នាំ​គ្នា​សង្គ្រោះ​ប្រជា​ជន​របស់​យើង មិន​ឲ្យ​វិនាស​អន្តរាយ​ឡើយ! យើង​នាំ​គ្នា​វាយ​តប​ត​ដើម្បី​ប្រជា​ជន និង​ទី​សក្ការៈ​ដ៏​វិសុទ្ធ​របស់​យើង!»។ ៤៤​គេ​កោះ​ហៅ​សហគមន៍ ឲ្យ​មក​ជួប​ជុំ​គ្នា​ ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម និង​អង្វរ​ព្រះជាម្ចាស់ សូម​ព្រះ​អង្គ​អាណិត​អាសូរ មេត្តា​ករុណា​ដល់​គេ​ផង។ ៤៥​ក្រុង​យេរូសាឡឹម​មាន​សភាព​ស្ងាត់​ជ្រងំ គ្មាន​ឃើញ​ប្រជា​ជន​ណា​ម្នាក់​ ចេញ​ចូល​ទីក្រុង​ឡើយ។ មាន​គេ​ជាន់​ឈ្លី​ទី​សក្ការៈ​ជាតិ​សាសន៍​ដទៃ តាំង​ទី​លំនៅ​ក្នុង​បន្ទាយ​នោះ! ប្រជា​ជន​អ៊ីស្រាអែល​ដែល​សប្បាយ​រីក​រាយ ហើយ​សំឡេង​ខ្លុយ និង​សំឡេង​ពិណ​ក៏​លែង លាន់​ឮ​ទៀត​ដែរ។

ការ​ប្រជុំ​នៅ​ម៉ាស្បា
៤៦​លោក​យូដា​និង​កង​ទ័ព​របស់​លោក ប្រមូល​ផ្តុំ​គ្នា ហើយ​ចេញ​ទៅ​កាន់​ភូមិ​ម៉ាស្បា ដែល​នៅ ទល់​មុខ​ក្រុង​យេរូសាឡឹម ដ្បិត​កាល​ពី​មុន ប្រជា​ជន​អ៊ីស្រាអែល​ តែង​តែ​មក​ទូល​អង្វរ​ព្រះជាម្ចាស់ នៅ​ទី​នោះ។ ៤៧​នៅ​ថ្ងៃ​នោះ ពួកគេ​ធ្វើ​ពិធី​កាន់​ទុក្ខ គឺ​ពួក​គេ​តម​អាហារ យក​បាវ​មក​ស្លៀក យក​ផេះ​មក​រោយ​លើ​ក្បាល ហើយ​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន​ទៀត​ផង។ ៤៨​ពួក​គេ​លាត​គម្ពីរ​ធម្ម​វិន័យ ដើម្បី​ទូល​សួរ​ព្រះជាម្ចាស់ ដោយ​មិន​ធ្វើ​ដូច​សាសន៍​ដទៃ ដែល​តែង​តែ​សួរ​ព្រះ​ក្លែង​ក្លាយ​របស់​គេ​ឡើយ។ ៤៩​ពួក​គេ​នាំ​យក​សម្លៀក​បំពាក់​របស់​បូជាចារ្យ ផល​ដំបូង និង​ចំណែក​មួយ​ភាគ​ដប់​នៃ​ប្រាក់​ចំណូល ហើយ​ប្រមូល​ពួក​ណា​សៀរ​ ដែល​លា​បំណន់​របស់​ខ្លួន ៥០​ពួកគេ​នាំ​គ្នា​ស្រែក​អង្វរ​ព្រះជាម្ចាស់​ថា៖ «ឱ! ព្រះ​អម្ចាស់​អើយ! តើ​ឲ្យ​យើង​ខ្ញុំ​យក​តង្វាយ​នេះ​ទៅ​ធ្វើ​អ្វី? តើ​ឲ្យ​យើង​ខ្ញុំ​នាំ​អ្នក​លា​បំណន់​ទាំង​នេះ នៅ​ទីណា?។ ៥១​បើ​ជាតិ​ដទៃ​ជាន់​ឈ្លី និង​បង្អាប់​បង្អោន​ ទី​ដ៏​វិសុទ្ធ​របស់​ព្រះ​អង្គ​ដូច្នេះ!​បូជាចារ្យ​របស់​ព្រះ​អង្គ​ក៏​កាន់​ទុក្ខ​ និង​អាម៉ាស់។ ៥២ ពេល​នេះ ប្រជា​ជាតិ​ដទៃ​ព្រួត​ដៃ​គ្នា​ប្រឆាំង​នឹង​យើង​ខ្ញុំ បម្រុង​វាយ​កម្ទេច​យើង​ខ្ញុំ ឲ្យ​វិនាស​សាប​សូន្យ​ទៀត​ផង។ ព្រះ​អង្គ​ជ្រាប​គម្រោង​ការណ៍​របស់​ពួក​គេ​ហើយ! ៥៣​ប្រសិន​បើ​ព្រះ​អង្គ​មិន​យាង​មក​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ទេ តើ​យើង​ខ្ញុំ​អាច​ទប់​ទល់​ប្រឆាំង​នឹង​ពួក​គេ​ដូចម្ដេច​បាន?» ៥៤​បន្ទាប់​មក​ពួក​គេ​នឹង​ផ្លុំ​ត្រែ​ហើយ​ស្រែក​យ៉ាង​ខ្លាំង​ផង។

៥៥​ក្រោយមក លោក​យូដា​តែង​តាំង​មេដឹកនាំ​ប្រជា​ជន គឺ​មេ​ក្រុម​មួយ​ពាន់​នាក់ មេ​ក្រុម​មួយ​រយ​នាក់ មេក្រុម​ហា​សិប​នាក់ និង​មេក្រុម​ដប់​នាក់។ ៥៦ លោក​ប្រាប់​អ្នក​ដែល​កំពុង​សង់​ផ្ទះ​ថ្មី អ្នក​ដែល​ទើប​មាន​គូ​ដណ្ដឹង​ថ្មី អ្នក​ដែល​ទើប​ដាំ​ចម្ការ​ទំពាំង​បាយ​ជូរ និង​អ្នក​ដែល​ភ័យ​ខ្លាច ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​ស្រប​តាម​ធម្ម​វិន័យ។ ៥៧​ពេល​នោះ កង​ទ័ព​អ៊ីស្រាអែល​ចេញ​ដំណើរ​ទៅ ហើយ​បាន​បោះ​ទ័ព​នៅ​ខាង​ត្បូង​ភូមិ​អេម៉ាអ៊ូស។ ៥៨​លោក​យូដា​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា៖ «ចូរ​ប្រដាប់​អាវុធ​និង​មាន​ចិត្ត​ក្លាហាន​ឡើង! ចូរ​ត្រៀម​ខ្លួន! ព្រឹក​ស្អែក​យើង​នឹង​ចេញ​ទៅ​វាយ​សាសន៍​ដទៃ​ទាំង​នោះ ដែល​លើក​គ្នា​មក​វាយ​កម្ទេច​យើង និង​បំផ្លាញ​ទី​សក្ការៈ​របស់​យើង ៥៩​យើង​ស៊ូ​ស្លាប់​នៅ​លើ​សមរភូមិ ប្រសើរ​ជាង​ឈរ​អោប​ដៃ​មើល​ទុក្ខ​វេទនា​របស់​ជាតិ​សាសន៍​យើង និង​ការ​បំផ្លាញ​ទី​សក្ការៈ​ដ៏​វិសុទ្ធ​របស់​យើង។ សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ​ហឫទ័យ​ព្រះ​អម្ចាស់​ផង​ចុះ!»។

ជំពូកទី ៤

ជ័យ​ជម្នះ​នៅ​ភូមិ​ម៉ាអ៊ូស
១​លោក​គ័រស៊ីយ៉ាស​នាំ​ទ័ព​ថ្មើរ​ជើង​ចំនួន​ប្រាំ​ពាន់​នាក់ និង​ទ័ព​សេះ​ដ៏​ចំណាន​មួយ​ពាន់​នាក់ ចេញ​ទៅ​ទាំង​យប់ ២​ដើម្បី​វាយ​ប្រហារ​ជំរំ​ជន​ជាតិ​យូដា​នៅ​ពេល​គេ​មិន​ដឹង​ខ្លួន។ មាន​អ្នក​រស់ នៅ​ក្នុង​បន្ទាយ​យេរូសាឡឹម​ជា​អ្នក​នាំ​ផ្លូវ។ ៣​លោក​យូដា​ជ្រាប​គម្រោង​ការ​នេះ​ក៏​នាំ​កង​ទ័ព​ចេញ​ទៅ វាយ​ប្រហារ​កង​ទ័ព​របស់​ព្រះ​មហា​ក្សត្រ​ នៅ​ភូមិ​អេម៉ាអ៊ូស ៤​ពេល​នោះ​កង​ទ័ព​របស់​យូដា​ចេញ​ឆ្ងាយ​ពី​ជំរំ។ ៥​លោក​គ័រស៊ីយ៉ាស​មក​ដល់​ជំរំ​របស់​លោក​យូដា​ទាំង​យប់ មិន​ប្រទះ​ឃើញ​នរណា​ម្នាក់​សោះ។ គាត់​នឹក​ស្មាន​ថា​ ជន​ជាតិ​យូដា​រត់​គេច​ចេញ​ពី​មុខ​គាត់។ ដូច្នេះ​ពួក​គេ​នាំ​គ្នា​រុក​រក​កង​ទ័ព​យូដា​នៅ​តាម​ភ្នំ។ ៦​ព្រឹក​ឡើង លោក​យូដា​មក​ដល់​វាល​ទំនាប​ជាមួយ​ពល​ទាហាន​បី​ពាន់​នាក់ ប៉ុន្តែ​ពួក​គេ​គ្មាន​អាវ​ក្រោះ គ្មាន​ដាវ​គ្រប់​គ្រាន់​តាម​បំណង​របស់​គេ​ទេ។ ៧​គេ​ឃើញ​កង​ទ័ព​សាសន៍​ដទៃ​មាន​កម្លាំង​ខ្លាំង​ក្លា ដោយ​ពាក់​អាវ​ក្រោះ ​និង​មាន​ទ័ព​សេះ​ការ​ពារ​នៅ​ជុំវិញ ហើយ​ទាហាន​ទាំង​នោះ​សុទ្ធ​តែ ស្ទាត់​ជំនាញ​ក្នុង​ការ​ធ្វើ​សង្គ្រាម។ ៨​លោក​យូដា​មាន​ប្រសាសន៍​ទៅ​កាន់​ពល​ទាហាន​របស់​គាត់​ថា៖ «កុំ​ភ័យ​ខ្លាច​កង​ទ័ព​ដ៏​ច្រើន​នេះ​ធ្វើ​អ្វី! កុំ​តក់​ស្លុត​នៅ​ពេល​ពួក​គេ​វាយ​ប្រហារ​យើង​ឡើយ! ៩​ចូរ​នឹក​ចាំ អំពី​របៀប​ដែល​ព្រះជាម្ចាស់​បាន​សង្គ្រោះ​បុព្វ​បុរស​យើង ឲ្យ​រួចពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ផារ៉ោន និង​កង​ទ័ព​អេស៊ីប​ដេញ​តាម​ នៅ​សមុទ្រ​ក្រហម។ ១០​ឥឡូវ​នេះ យើង​នាំ​គ្នា​ស្រែក​ទូល​អង្វរ​ព្រះ​ជា​ម្ចាស់! ប្រសិន​បើ​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង ព្រះ​អង្គ​មុខ​ជា​នឹក​ដល់​សម្ព័ន្ធ​មេត្រី ដែល​ព្រះ​អង្គ​ចង​ជាមួយ​បុព្វ​បុរស​យើង​ពុំខាន! ព្រះ​អង្គ​និង​កម្ទេច​កង​ទ័ព​ទាំង​នេះ​នៅ​មុខ​ពួក​យើង! ១១​ប្រជា​ជាតិ​នានា​នឹង​ទទួល​ស្គាល់​ថា មាន​ព្រះ​មួយ​អង្គ​យាង​មក​រំដោះ​និង​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល»។ ១២​ពេល​នោះ ទាហាន​សាសន៍​ដទៃ​សម្លឹង​មើល​ទៅ​ឃើញ​ជន​ជាតិ​យូដា ដើរ​តម្រង់​ចូល​មក​វាយ​ប្រហារ​ពួក​គេ។ ១៣​ពួក​គេ​ក៏​ចេញ​ពី​ជំរំ​ទៅ​ប្រយុទ្ធ។ ទ័ព​របស់​លោក​យូដា​ផ្លុំ​ត្រែ​ឡើង ១៤​ហើយ​ចូល​ប្រយុទ្ធ។ កង​ទ័ព​សាសន៍​ដទៃ​បាក់​ទ័ព​ខ្ចាត់​ខ្ចាយ​ទៅ​កាន់​វាល​ទំនាប។ ១៥​ប៉ុន្តែ ពល​ទាហាន​ដែល​នៅ​ក្រោយ ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ទាំង​អស់។ កង​ទ័ព​យូដា​ដេញ​តាម​សម្លាប់​ពួក​សត្រូវ រហូត​ទៅ​ដល់​ក្រុង ហ្កាសារ៉ា និង​វាល​ទំនាប​ស្រុក​អ៊ីឌូមែ​ក្រុង​អាសដូត និង​ក្រុង​យ៉ាមនីយ៉ា។ ជន​ជាតិ​យូដា​សម្លាប់ សត្រូវ​ទាំង​អស់​ប្រហែល​បី​ពាន់​នាក់។

១៦​ពេល​លោក​យូដា​នឹង​កង​ទ័ព​ ត្រឡប់​ពី​ដេញ​តាម​សត្រូវ​វិញ លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា​ជន​ថា៖ ១៧«កុំ​មាន​ចិត្ត​លោភ​លន់​ចង់​បាន​ជយ​ភណ្ឌ​ពេក! ដ្បិត​យើង​ត្រូវ​ប្រយុទ្ធ​ទៅ​ទៀត ១៨​ព្រោះ លោក​គ័រស៊ីយ៉ាស​និង​កង​ទ័ព​របស់​គេ នៅ​តំបន់​ជិត​យើង​បង្កើយ​ទេ។ ដូច្នេះ​ចូរ​ប្រយុទ្ធ​នឹង​សត្រូវ​ជា​បន្ត​ទៀត ក្រោយ​មក បង​ប្អូន​អាច​ប្រមូល​យក​ជយ​ភណ្ឌ ដោយ​គ្មាន​បារម្ភ​ពី​អ្វី​ឡើយ»។

១៩​ពេល​លោក​យូដា​កំពុង​តែ ​និយាយ​នៅ​ឡើយ ស្រាប់​តែ​គេ​ឃើញ​ទ័ព​ឈ្លប​យក​ការណ៍​ មួយ​កង​របស់​សត្រូវ​ចុះ​ពី​លើ​ភ្នំ​មក។ ២០​ពួក​ឈ្លប​នេះ​ឃើញ​គ្នា​គេ​បាក់​ទ័ព​រត់ ហើយ​ជំរំ​របស់​គេ​កំពុង​ឆេះ​និង​មាន​ផ្សែង​ហុយ​ឡើង ជា​សញ្ញា​បញ្ជាក់​ពី​ព្រឹត្តិ​ការណ៍​ដែល​កើត​មាន​នោះ។ ២១​ឃើញ​ដូច្នេះ​ ពួក​គេ​ភ័យ​តក់​ស្លុត​ជា​ខ្លាំង។ ពួក​គេ​ក៏​ឃើញ​កង​ទ័ព​របស់​លោក​យូដា​ស្ថិត​នៅ​វាល​ទំនាប ត្រៀម​ខ្លួន​ដើម្បី​ប្រយុទ្ធ​ដែរ។ ២២​ពួក​គេ​ក៏​រត់​គេច​ទៅ​កាន់​ស្រុក​ភីលីស្ទីន​ទាំង​អស់​គ្នា។ ២៣​រីឯ​លោក​យូដា​វិញ លោក​ត្រឡប់​ទៅ​ជំរំ​របស់​ខ្មាំង ដើម្បី​រឹប​អូស​យក​ជយ​ភណ្ឌ។ កង​ទ័ព​យូដា​មាន​ប្រាក់​ជា​ច្រើន កំណាត់​សំពត់​ព្រែ​ពណ៌​ខៀវ​និង​ពណ៌​ស្វាយ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៀត។ ២៤​កង​ទ័ព​អ៊ីស្រា​អែល​វិល​ត្រឡប់​មក​វិញ ទាំង​កោត​សរសើរ​តម្កើង​ព្រះជាម្ចាស់​ថា៖ «ព្រះ​អង្គ​មាន​ព្រះ​ហឫទ័យ​សប្បុរស និង​មេត្តា​ករុណា​អស់​កល្ប​ជានិច្ច»។ ២៥ នៅ​ថ្ងៃ​នោះ ប្រជា​ជន​អ៊ីស្រាអែល​បាន ទទួល​ការ​សង្គ្រោះ​យ៉ាង​អស្ចារ្យ។ ២៦​ពល​ទាហាន​សាសន៍​ដទៃ​ដែល​រត់​គេច​រួច​ទៅ​ជម្រាប​លោក​លីស៊ីយ៉ា អំពី​ហេតុ​ការណ៍​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​នោះ។ ២៧ ពេល​លោក​លីស៊ីយ៉ា​ជ្រាប​ដំណឹង​នោះ លោក​បាក់​ទឹក​ចិត្ត​យ៉ាង បាត់​បង់​សេចក្ដី​ក្លាហាន ដ្បិត​សង្គ្រាម​ប្រឆាំង នឹង​អ៊ីស្រាអែល​មិន​ទទួល​ផល​ដូច​បំណង គឺ​ផ្ទុយ​នឹង​រាជ​បញ្ជា​របស់​ព្រះ​មហា​ក្សត្រ!។

លោក​យូដា​មាន​ជ័យជម្នះ​នៅ​បេតសួរ
២៨​ឆ្នាំ​បន្ទាប់​មក លោក​លីស៊ីយ៉ា​ប្រមូល​កង​ទ័ព​ស្រួច​ចំនួន​ប្រាំ​មួយ​ម៉ឺន​នាក់ និង​ពល​សេះ​ចំនួន​ប្រាំ​ពាន់​នាក់ ដើម្បី​ទៅ​ច្បាំង​នឹង​កង​ទ័ព​យូដា។ ២៩​កង​ទ័ព​នោះ​ចេញ​ទៅ​ស្រុក​អ៊ីឌូមែ បោះ​ទ័ព​នៅ​ក្បែរ​ក្រុង​បេតសួរ។ លោក​យូដា​នាំ​ទ័ព​ចំនួន​មួយ​ម៉ឺន​នាក់ ចេញ​ទៅ​ត​ទល់​នឹង​ពួក​គេ។ ៣០​ពេល​លោក​ឃើញ​កង​ទ័ព​សត្រូវ​មាន​គ្នា​ច្រើន មាន​កម្លាំង​ខ្លាំង​ក្លា លោក​ទូល​អង្វរ​ព្រះជាម្ចាស់​ថា៖ «បពិត្រ​ព្រះ​សង្គ្រោះ​នៃ​ប្រជា​ជន​អ៊ីស្រាអែល! យើង​ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ​អង្គ! ព្រះ​អង្គ​បាន​បំបាក់​កម្លាំង​ដ៏​ខ្លាំង​ក្លា​ដោយ​ដៃ​ព្រះ​បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ​អង្គ ព្រះ​អង្គ​បាន​ប្រគល់​កង​ទ័ព​ភីលីស្ទីន ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សម្ដេច​យូណាថាន ជា​បុត្រ​របស់​ស្ដេច​សាអ៊ូល និង​ក្មេង​កាន់​សស្ត្រាវុធ​របស់​សម្ដេច។ ៣១​ឥឡូវនេះ សូម​ឲ្យ​កង​ទ័ព​សត្រូវ​ទាំង​នេះ ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ប្រជា​ជន​អ៊ីស្រាអែល ជា​ប្រជា​រាស្ត្រ​របស់​ព្រះ​អង្គ! សូម​ឲ្យ​ពួក​គេ​ខ្មាស​ចំពោះ​មុខ​ថ្មើរ​ជើង និង​ទ័ព​សេះ​របស់​ខ្លួន​គេ​ផង!។ ៣២​សូម​ឲ្យ​ពួក​គេ​ភ័យ​ខ្លាច សូម​ឲ្យ​កម្លាំង​ដ៏​ព្រហើន​របស់​គេ​រលាយ​បាត់​ទៅ! ហើយ​សូម​ឲ្យ​ពួក​គេ​បាក់ ស្បាត​ដោយ​បរាជ័យ​ផង​ចុះ!។ ៣៣​សូម​ឲ្យ​ពួក​គេ ដួល​ក្រោម​មុខ​ដាវ​របស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​អង្គ! ដូច្នេះ អស់​អ្នក​ដែល​ស្គាល់​ព្រះ​នាម​របស់​អង្គ អាច​នឹង​ច្រៀង​សរសើរ​តម្កើង​ព្រះ​អង្គ​ជា​រៀង​រហូត»។
៣៤​កង​ទ័ព​ទាំង​ពីរ ចាប់​ផ្ដើម​ប្រយុទ្ធ​ដោយ​ខ្លួន​ទល់​និង​ខ្លួន។ ពល​ទាហាន​យូដា​សម្លាប់​ពល ទាហាន​របស់​លោក​លីស៊ីយ៉ា អស់​ប្រហែល​ប្រាំ​ពាន់​នាក់។ ៣៥​ដោយ​លោក​លីស៊ីយ៉ា​ឃើញ​ថា កង​ទ័ព​របស់​ខ្លួន​បរាជ័យ ហើយ​ពល​ទាហាន​របស់​លោក​យូដា កាន់​តែ​មាន​សេចក្ដី​ក្លាហាន​ឡើង គឺ​គេ​ស៊ូ​ប្ដូរ​ជីវិត​យ៉ាង​ក្លាហាន ដូច្នេះ​លោក​ក៏​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​ក្រុង​អន់ទីយ៉ូក ដើម្បី​កេណ្ឌ​ទាហាន​បរទេស​នៅ​ទីនោះ មក​វាយ​លុក​លុយ​ស្រុក​យូដា​ម្ដង​ទៀត។

លោក​យូដា​ជម្រះ​ព្រះវិហារ​ឲ្យ​វិសុទ្ធ
៣៦នៅ​ពេល​នោះ លោក​យូដា​និង​បង​ប្អូន​លោក​និយាយ​គ្នា​ថា៖ «ខ្មាំង​សត្រូវ​បរា​ជ័យ​ហើយ! យើង​នាំ​គ្នា​ឡើង​ទៅ​យេរូសាឡឹម ដើម្បី​ធ្វើ​វិធី​ជម្រះ​ព្រះ​វិហារ​ឲ្យ​វិសុទ្ធ និង​ធ្វើ​បុណ្យ​ឆ្លង​ជាថ្មី​ទៀត»។ ៣៧ កង​ទ័ព​ទាំង​អស់​ប្រមូល​ផ្ដុំ​គ្នា ហើយ​ឡើង​ទៅ​លើ​ភ្នំ​ស៊ីយ៉ូន។ ៣៨​ពួកគេ​ឃើញ​ទី​សក្ការៈ​ស្ងាត់​ជ្រងំ ខ្មាំង​បាន​បង្អាប់​បង្អោន​អាសនៈ ហើយ​ដុត​ទ្វារ​ចោល។ ស្មៅ​ដុះ​ពាស​ពេញ​ក្នុង​ទីលាន​ដូច​ជា​ព្រៃ​ភ្នំ បន្ទប់​ទាំង​ប៉ុន្មាន​ខូច​ខាត​ទាំង​អស់។ ៣៩​ពួកគេ​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន ​យក​ធូលី​ដី​​មក​រោយ​លើ​ក្បាល ហើយ​ធ្វើ​ពិធី​កាន់​ទុក្ខ​ជា​ខ្លាំង។ ៤០​គេ​ក្រាប​មុខ​ដល់​ដី ហើយ​មាន​ឮ​សំឡេង​ផ្លុំ​ត្រែ ពួក​គេ​ស្រែក​ទូល​អង្វរ​ព្រះជាម្ចាស់។

៤១​លោក​យូដា​បង្គាប់​ពល​ទាហាន​ខ្លះ ឲ្យ​វាយ​ប្រហារ​ទ័ព​ដែល​នៅ​ក្នុង​បន្ទាយ ទម្រាំ​លោក​ជម្រះ​ទី​សក្ការៈ​ឲ្យ​បាន​បរិសុទ្ធ​រួច។ ៤២​លោក​ជ្រើស​រើស​បូជាចារ្យ​ខ្លះ​ដែល​គ្មាន​សៅ​ហ្មង ហើយ​ដែល​ស្រឡាញ់​ធម្ម​វិន័យ​យ៉ាង​ខ្លាំង ៤៣​ដើម្បី​ឲ្យ​បូជាចារ្យ​ទាំង​នោះ ធ្វើ​ពិធី​ជម្រះ​ទី​សក្ការៈ​ឲ្យ​បាន​បរិសុទ្ធ ហើយ​យក​ថ្ម​ដែល​ជាប់​សៅ​ហ្មង ទៅ​ចោល​កន្លែង​មិន​បរិសុទ្ធ។ ៤៤​គេ​សួរ​គ្នា​ថា​ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា ចំពោះ​អាសនៈ​ សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ដែល​សាសន៍​ដទៃ​ បាន​បង្អាប់​បង្អោន​នោះ?។ ៤៥ ពួក​គេ​មាន​យោបល់​មួយ​ល្អ​ថា ត្រូវ​តែ​រុះ​អាសនៈ​នេះ​ចោល ក្រែង​អាសនៈ​នេះ​នាំ​ឲ្យ​គេ​អាម៉ាស់ ព្រោះ​តែ​សាសន៍​ដទៃ​បាន​ធ្វើ​ឲ្យ​សៅ​ហ្មង។ គេ​ត្រូវ​រុះ​អាសនៈ​នេះ​ចោល ៤៦​ហើយ​គេ​យក​ថ្ម​អាសនៈ នេះ​ទៅ​ដាក់​នៅ​កន្លែង​មួយ​សម​រម្យ​នៅ​លើ​ភ្នំ មាន​ព្រះ​វិហារ​ដោយ​រង់​ចាំ​ព្យាការី​ម្នាក់ មក​ថ្លែង​ប្រាប់​ឲ្យ​ដឹង​ថា ត្រូវ​យក​ថ្ម​ទាំង​នេះ​ទៅ​ធ្វើ​អ្វី។ ៤៧​ពួក​គេ​យក​ថ្ម​ដែល​ពុំ​ទាន់​ដាប់ ស្រប​តាម​ធម្ម​វិន័យ ហើយ​នាំ​គ្នា សាង​អាសនៈ​ថ្មី​មួយ​ដូច​អាសនៈ​ចាស់។ ៤៨​ពួក​គេ​ក៏​ជួស​ជុល​ទី​សក្ការៈ និង​បន្ទប់​ខាង​ក្នុង​នៃ​ព្រះ​ដំណាក់ ព្រម​ទាំង​ធ្វើ​ពិធី​ជម្រះ​ទីលាន​ឲ្យ​បាន​វិសុទ្ធ​ផង។ ៤៩​គេ​ធ្វើ​គ្រឿង​ប្រដាប់​សក្ការៈ​ថ្មី ហើយ​យក​ជើង​ចង្កៀង​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប និង​តុ​មក​ដាក់​ក្នុង​ព្រះ​វិហារ។ ៥០​ពួក​គេ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ និង​ដុត​ចង្កៀង​ដែល​នៅ​លើ​ជើង​ទម្រ ឲ្យ​ភ្លឺ​ក្នុង​ព្រះ​វិហារ។ ៥១​គេ​យក​នំបុ័ង​មក​តម្កល់​លើ​តុ​ចង​វាំងនន និង​បង្ហើយ​កិច្ចការ​ទាំង​អស់​ ដែល​ពួក​គេ​បាន​ផ្ដើម​ធ្វើ។ ៥២​ថ្ងៃ​ទី​ម្ភៃ​ប្រាំ ខែ​គីសលើ ដែល​ត្រូវ​នឹង​ខែ​មិគសិរ នៅ​ឆ្នាំ​មួយ​រយ​សែ​សិប​ប្រាំបី ជន​ជាតិ​យូដា​ក្រោក​ពី​ព្រលឹម ៥៣​នាំ​គ្នា​ថ្វាយ​យញ្ញ​បូជា ស្រប​តាម​ធម្ម​វិន័យ នៅ​លើ​អាសនៈ​ដែល​ទើប​នឹង​សង់​ថ្មី​នោះ។ ៥៤​គេ​ធ្វើ​ពិធី​ឆ្លង​អាសនៈ​នេះ​ទាំង​ច្រៀង​បទ​សរសើរ​ព្រះជាម្ចាស់ ដោយ​មាន​ប្រគំ​ដូរ្យតន្ត្រី​កំដរ​ផង គឺ​មាន​ពិណ ចាប៉ី ឃឹម ចំ​លើ​ថ្ងៃ​ខួប​ ដែល​ជន​ជាតិ​ដទៃ​បាន​បង្អាប់​បង្អោន​អាសនៈ​នេះ។ ៥៥​ប្រជាជន​ទាំង​មូល ក្រាប​ចុះ​អោន​មុខ​ដល់​ដី រួច​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះ​ជា​ម្ចាស់ ដែល​បាន​ប្រោស​ប្រទាន​ឲ្យ​ពួក​គេ​មាន​ជ័យ​ជម្នះ។ ៥៦​គេ​ធ្វើ​បុណ្យ​ឆ្លង​អាសនៈ​អស់​រយៈ​ពេល​ប្រាំបី​ថ្ងៃ ព្រម​ទាំង​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល យ៉ាង​សប្បាយ​រីក​រាយ​ក្រៃ​លែង។ គេ​ក៏​ថ្វាយ​យញ្ញ​បូជា​មេត្រី​ភាព និង​អរ​ព្រះ​គុណ​ព្រះ​អង្គ​ដែរ។ ៥៧​គេ​យក​កម្រង​មាស​និង​ខែល​មក​តុប​តែង​ជញ្ជាំង​ខាង​មុខ​ព្រះ​វិហារ ហើយ​ជួស​ជុល​ខ្លោង​ទ្វារ​និង​បន្ទប់ ព្រម​ទាំង​ដាក់​ទ្វារ​ឡើង​វិញ​ផង។ ៥៨​ប្រជាជន​មាន​អំណរ​សប្បាយ​រីករាយ​យ៉ាង​ក្រៃ​លែង​ហើយ​លុប​លាង​ការ​អាម៉ាស់ ដែល​គេ​ទទួល​បាន​ពី​សាសន៍​ដទៃ​ពី​ពេល​មុន។ ៥៩​លោក​យូដា​និង​បង​ប្អូន​លោក​ព្រម​ទាំង​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល ព្រម​គ្នា​សម្រេច​ថា ត្រូវ​ធ្វើ​បុណ្យ​ខួប​ឆ្លង​អាសនៈ​នេះ ជា​រៀង​រាល់​ឆ្នាំ ក្នុង​រយៈ​ពេល​ប្រាំបី​ថ្ងៃ ទាំង​សប្បាយ​រីក​រាយ គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី​ម្ភៃ​ប្រាំ ខែ​គីស​លើ ដែល​ត្រូវ​និង​ថ្ងៃ​មួយ​រោច ខែ​មិគសិរ​ត​ទៅ។

៦០​នៅ​គ្រា​នោះ ពួក​គេ​ក៏​សង់​កំពែង​ខ្ពស់​ៗ និង​សង់​ប៉ម​ដ៏​រឹង​មាំ​ព័ទ្ធ​ជុំវិញ​ភ្នំ​ស៊ីយ៉ូន ដើម្បី​កុំ​ឲ្យ កង​ទ័ព​របស់​ជន​ជាតិ​ដទៃ ចូល​មក​ជាន់​ឈ្លី​ទី​​សក្ការៈ​ទាំង​នេះ​ដូច​កាល​ពី​មុន​ទៀត។ ៦១​លោក​យូដា​ដាក់​កង​ទ័ព​ការពារ​ទី​នោះ ហើយ​សង់​កំពែង​ក្រុង​បេតសួរ​ដែរ ដើម្បី​ឲ្យ​ប្រជា​ជន​អ៊ីស្រាអែល​មាន​បន្ទាយ​រឹង​មាំ​ នៅ​ទល់​មុខ​ស្រុក​អេដុម។

​ជំពូកទី ៥

លោក​យូដា​ច្បាំង​ជាមួយ​ជនជាតិ​អេដុម និង​ជនជាតិ​អាំម៉ូន
១​ប្រជាជន ដែល​រស់​នៅ​ជុំវិញ​ស្រុក​អ៊ីស្រា​អែល​ជ្រាប​ថា ពួក​គេ​សង់​អាសនៈ និង​ជួស​ជុល​ទី​សក្ការៈ ឲ្យ​បាន​ដូច​កាល​ពីមុន​ឡើង​វិញ។ ២ ពេល​នោះ ប្រជា​ជាតិ​ក្រេវ​ក្រោធ​យ៉ាង​ខ្លាំង ហើយ​សម្រេច​ចិត្ត​នឹង​បំផ្លាញ​ពូជ​ពង្ស ​របស់​លោក​យ៉ាកុប ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ​ឲ្យ​ផុត​ពូជ។ ពួក​គេ​ចាប់​ផ្ដើម​កាប់​សម្លាប់​ប្រជា​ជន។ ៣​លោក​យូដា​ចេញ​ទៅ​វាយ​ប្រហារ​កូន​ចៅ​របស់​លោក​អេសាអ៊ូ នៅ​ស្រុក​អេដុម និង​នៅ​ស្រុក​អាក្រា​បាទែន ព្រោះ​ពួក​គេ​បិទ​ផ្លូវ​ មិន​ឲ្យ​ប្រជា​ជន​អ៊ីស្រាអែល​ចេញ​ចូល។ លោក​កម្ទេច​ពួក​គេ​ឲ្យ​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ ព្រម​ទាំង​រឹប​អូស​យក​ជយ​ភណ្ឌ​ពី​ពួក​គេ ទៀត​ផង។

៤​បន្ទាប់​មក លោក​នឹក​ចាំ​ពី​អំពើ​អាក្រក់​របស់​កូន​ចៅ​លោក​បាយ៉ាន។ ពួក​គេ​ចេះ​តែ​ពួន​ចាំ ស្ទាក់​វាយ​ប្រជា​ជន​អ៊ីស្រាអែល ក្នុង​ពេល​ធ្វើ​ដំណើរ​ដូច​ជា​ដាក់​អន្ទាក់ និង​បង្ក​ឧបសគ្គ​ផ្សេងៗ។ ៥​លោក​ឡោម​ព័ទ្ធ​បន្ទាយ​របស់​ពួក​គេ ហើយ​ស្បថ​យ៉ាង​ម៉ឺង​ម៉ាត់​ថា នឹង​បំផ្លាញ​ពួក​គេ​ថ្វាយ​ព្រះជាម្ចាស់ គាត់​ដុត​បន្ទាយ​របស់​ពួក​គេ ព្រម​ទាំង​ដុត​អស់​អ្នក​ដែល​នៅ​ក្នុង​បន្ទាយ​ទាំង​នោះ​ដែរ។ ៦​បន្ទាប់​មក​លោក​ចេញ​ទៅ​វាយ​ជន​ជាតិ​អាំម៉ូន។ នៅ​ស្រុក​នោះ លោក​ជួប​ប្រយុទ្ធ​ជាមួយ​កង​ទ័ព​ដ៏​ខ្លាំង​ក្លា និង​មាន​គ្នា​យ៉ាង​ច្រើន ដែល​នៅ​ក្រោម​បញ្ជា​របស់​លោក​ធីម៉ូថេ។ ៧​លោក​យូដា​ប្រយុទ្ធ​នឹង​ពួក​គេ​ជា​ច្រើន​លើក ទី​បំផុត លោក​ក៏​ទទួល​ជ័យ​ជម្នះ​ដោយ​កម្ទេច​ពួក​គេ​អស់​ដែរ។ លោក​វាយ​ដណ្ដើម​យក​ក្រុង​យ៉ាស៊ែរ និង​ភូមិ​ដែល​នៅ​ជុំវិញ​ក្រុង​នោះ​រួច​លោក​វិល​ត្រឡប់​មក​ស្រុក​វិញ។

ជនជាតិ​យូដា​នៅ​ស្រុក​កាឡាដ និង​ស្រុក​កាលីឡេ រងទុក្ខ​លំបាក
៩ប្រជា​ជាតិ​នានា​ដែល​នៅ​ស្រុក​កាឡាដ ព្រួត​ដៃ​គ្នា​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល ដែល​រស់​នៅ​លើ​ទឹក​ដី​របស់​គេ ដើម្បី​លុប​បំបាត់​ពួក​គេ​ឲ្យ​អស់​ពូជ។ ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ ទៅ​ជ្រក​នៅ​បន្ទាយ​ក្រុង​ដាថេម៉ា។ ១០​ពួក​គេ​សរសេរ​លិខិត​ផ្ញើ​ទៅ​លោក​យូដា និង​បង​ប្អូន​របស់​លោក​ដែល​មាន​សេចក្ដី​ដូច​តទៅ៖ «ប្រជា​ជាតិ​នានា​ព្រួក​ដៃ​គ្នា​ប្រឆាំង​នឹង​យើង បម្រុង​នឹង​បំផ្លាញ​ពួក​យើង​ឲ្យ​អស់ ដោយ​មាន​លោក​ធីម៉ូថេ ជា​មេ​បញ្ជា​ការ​របស់​ពួក​គេ។ ១១​ពួក​យើង​មក​ជ្រក​នៅ​ក្នុង​បន្ទាយ ប៉ុន្តែ​ពួក​គេ​រៀប​ចំ​លើក​ទ័ព​មក​វាយ​បន្ទាយ​ដែល​យើង​កំពុង​តែ​ជ្រក នោះ។ ១២​ឥឡូវនេះ សូម​លោក​មេត្តា​មក​ជួយ​សង្គ្រោះ​យើង​ ឲ្យ​រួចពី​កណ្ដាប់​ដៃ​ពួក​គេ​ផង ដ្បិត​គ្នា​យើង ជាច្រើន​បាន​បាត់​បង់​ជីវិត​ទៅ​ហើយ!។ ១៣​ខ្មាំង​បាន​សម្លាប់​បង​ប្អូន​យើង​ដែល​រស់​នៅ​ ក្នុង​តំបន់​របស់​លោក​តូប៊ីត​អស់ ហើយ​ពួក​គេ​កៀរ ប្រពន្ធ​កូន​ចៅ​របស់​បង​ប្អូន​របស់​យើង​យក​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​រឹប​អូស​មក​ទ្រព្យ​សម្បត្តិ​របស់​បង​ប្អូន​យើង​ផង។ មាន​កង​ទ័ព​របស់​យើង​ប្រហែល​មួយ​ពាន់​នាក់​បាន​បាត់​បង់​ជីវិត​នៅ​ទី​នោះ»។

១៤​នៅ​ពេល លោក​យូដា​កំពុង​អាន​លិខិត​នោះ ស្រាប់​តែ​មាន​អ្នកនាំ​សារ​ម្នាក់​ផ្សេង​ទៀត​មក​ពី​ស្រុក​កាលីឡេ ដោយ​មាន​សម្លៀក​បំពាក់​រហែក នាំ​ដំណឹង​ដដែល​មក​ប្រាប់​ទៀត។ ១៥​ពួក​គេ​និយាយ​ថា៖ «កង​ទ័ព​ក្រុង​ផ្ទោឡេម៉ៃស៍ ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន រួម​ជាមួយ​កង​ទ័ព​ជន​ជាតិ​បរទេស​នៃ​ស្រុក​កាលីឡេ ដើម្បី​បំផ្លាញ​ពួក​យើង​ឲ្យ​ផុត​ពូជ​ហើយ!»។ ១៦​ពេល​លោក​យូដា​និង​ប្រជា​ជន​បាន​ដឹង​ពី​ហេតុ​ការណ៍​ទាំង​នោះ គេ​កោះ​ហៅ​បើក​អង្គ​ប្រជុំ​យ៉ាង​ធំ ដើម្បី​ពិភាក្សា​គ្នា​អំពី​កិច្ច​ការ​ដែល​គេ​ត្រូវ​ធ្វើ ដើម្បី​ជួយ​រំដោះ​បង​ប្អូន ដែល​ត្រូវ​ប្រជា​ជាតិ​ដទៃ​សង្កត់​សង្កិន និង​វាយ​ប្រហារ។ យូដា​មាន​ប្រសាសន៍ ទៅ​កាន់​លោក​ស៊ីម៉ូន​ជា​បង​របស់​លោក​ថា៖ «សូម​បង​ជ្រើស​រើស​ពល​ទាហាន ហើយ​ចេញ​ដំណើរ​ទៅ​រំដោះ​បង​ប្អូន​ ដែល​នៅ​ស្រុក​កាលីឡេ។ ចំណែក​ខ្ញុំ​និង​ប្អូន​យ៉ូណាថាន ចេញ​ដំណើរ​ទៅ​កាន់​ស្រុក​កាឡាដ»។ ១៨​លោក​យូដា​ទុក​លោក​យូសែប ជា​កូន​លោក​សាការី និង​លោក​អសារីយ៉ា ជា​មេ​ដឹក​នាំ​ប្រជា​ជន ព្រម​ទាំង​កង​ទ័ព​ដែល​នៅ​សល់​ឲ្យ​ការពារ​ស្រុក​យូដា។ ១៩​លោក​បញ្ជា​ទៅ​លោក​ទាំង​ពីរ​ថា៖ «ចូរ​គ្រប់​គ្រង​ប្រជា​ជន! កុំ​ចេញ​ច្បាំង​ជាមួយ​សាសន៍​ដទៃ​ឲ្យ​សោះ មុន​ពេល​យើង​វិល​ត្រឡប់​មក​វិញ!។ ២០​លោក​ស៊ីម៉ូន​នាំ​ទ័ព​បី​ពាន់​នាក់ ចេញ​ដំណើរ​ទៅ​ស្រុក​កាលីឡេ ហើយ​លោក​យូដា​នាំ​ទ័ព​ប្រាំបី​ពាន់​នាក់ ដើម្បី​ចេញ​ទៅ​ស្រុក​កាឡាដ។

ចម្បាំង​នៅ​ស្រុក​កាលីឡេ និង ស្រុក​កាឡាដ
២១​លោក​ស៊ីម៉ូន​ទៅ​ដល់​ស្រុក​កាលីឡេ ហើយ​ចេញ​ប្រយុទ្ធ​ជាច្រើន​លើក ជាមួយ​កង​ទ័ព​សាសន៍​ដទៃ។ លោក​ទទួល​បាន​ជ័យ​ជម្នះ ហើយ​កម្ទេច​ពួក​គេ​វិនាស​អស់។ ២២​លោក​ដេញ​តាម សម្លាប់​ពួក​គេ​រហូត​ដល់​ទ្វារ​ទីក្រុង​ផ្ទោឡេ​ម៉ៃស៍។ លោក​ប្រហារ​ជីវិត​សាសន៍​ដទៃ​ប្រហែល​បី​ពាន់​នាក់ នៅ​លើ​សមរ​ភូមិ និង​រឹប​អូស​យក​ជយ​ភណ្ឌ​ពី​គេ​ផង។ ២៣​លោក​នាំ​ជន​ជាតិ​យូដា​ដែល​រស់​នៅ ក្នុង​ស្រុក​កាលីឡេ និង​ស្រុក​អបាតា ជាមួយ​ប្រពន្ធ​កូន​របស់​ពួក​គេ និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​មក​នៅ​ស្រុក​យូដា ទាំង​មាន​សេចក្ដី​ត្រេក​អរ​សប្បាយ​រីក​រាយ​យ៉ាង​ក្រៃ​លែង។

២៤​លោក​យូដា​ម៉ាកាបាយ និង​លោក​យ៉ូណាថាន ជា​ប្អូន​របស់​លោក ឆ្លង​ទន្លេ​យ័រដាន់​ ហើយ​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ក្នុង​វាល​រហោ​ស្ថាន។ ២៥​ពួក​គេ​ជួប​នឹង​ជន​ជាតិ​ណាបាតេ​ដែល​ទទួល​យ៉ាង​រាក់​ទាក់ ហើយ​តំណាល​រៀប​រាប់​អំពី​ហេតុ​ការណ៍​ដែល​កើត​ឡើង ដល់​បង​ប្អូន​របស់​ពួក​គេ​ដែល រស់​នៅ​ក្នុង​ស្រុក​កាឡាដ​នោះ។ ២៦​អ្នក​ទាំង​នោះ​ប្រាប់​ថា ខ្មាំង​ឡោម​ព័ទ្ធ​ក្រុង​បូសូរ៉ា ក្រុង​អាឡេម៉ា ក្រុង​ខាផូ ក្រុង​ម៉ាគេ និង​ក្រុង​ការណៃ​ដែល​សុទ្ធ​តែ​ជា​ក្រុង​ធំ​និង​មាន​កំពែង​ផង។ ២៧​ខ្មាំង​ក៏​ឡោម​ព័ទ្ធ​ក្រុង​ផ្សេងៗ​ទៀត​ នៅ​ស្រុក​កាឡាដ ហើយ​មាន​គម្រោង​វាយ​ដណ្ដើម​ក្រុង​ទាំង​នោះ​ នៅ​ថ្ងៃ​ស្អែក និង​ប្រហារ​ជីវិត​ប្រជា​ជន​ដែល​រស់នៅ​តាម​បន្ទាយ​ទាំង​នោះ ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ ២៨​ដូច្នេះ លោក​យូដា​និង​កង​ទ័ព​របស់​លោក ក៏​ដើរ​កាត់​តាម​វាល​រហោ​ស្ថាន​ភ្លាម ឆ្ពោះ​ទៅ​កាន់​ក្រុង​បូសូរ៉ា។ លោក​វាយ​យក​ក្រុង​នោះ​ហើយ​សម្លាប់​ប្រុសៗ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង ព្រម​ទាំង​រឹប​អូស​យក​ជយ​ភណ្ឌ រួច​ដុត​ទីក្រុង​នោះ​ចោល។

២៩​បន្ទាប់​មក ពួក​គេ​ចេញ​ដំណើរ​ពី​ទី​នោះ​ទាំង​យប់ ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ដាថេម៉ា។ ៣០ ពេល​ថ្ងៃ​រះ ពួក​គេ​ឃើញ​កង​ទ័ព​ជា​ច្រើន​កំពុង​ដាក់​ជណ្ដើរ និង​រុញ​ប្រដាប់​ប្រដា​ចម្បាំង​ដើម្បី​វាយ​យក​ទី​ក្រុង។ ខ្មាំង​ចាប់​ផ្ដើម​វាយ​ក្រុង​នេះ។ ៣១​គ្រា​នេះ លោក​យូដា​សង្កេត​ឃើញ​ថា ការ​ប្រយុទ្ធ​ចាប់​ផ្ដើម ហើយ​លោក​ក៏​ឮ​សំឡេង​អ្នក​ក្រុង​លាន់​ឡើង ព្រម​ទាំង​មាន​ស្នូរ​ត្រែ និង​សម្រែក​ផង។ ៣២​លោក​យូដា មាន​ប្រសាសន៍​ទៅ​កាន់​កង​ទ័ព​របស់​លោក​ថា៖ «ចូរ​ប្រយុទ្ធ​នៅ​ថ្ងៃ​នេះ ដើម្បី​បង​ប្អូន​របស់​យើង!» ៣៣​លោក​បែង​ចែក​ពល​ទាហាន​ជា​បី​កង ទៅ​វាយ​ប្រហារ​សត្រូវ​ពី​ខាង​ក្រោយ។ កង​ទ័ព​ក៏​ផ្លុំ​ត្រែ​ឡើង ហើយ​នាំ​គ្នា​ស្រែក​ទូល​អង្វរ​ព្រះ​ជា​អម្ចាស់។ ៣៤​គ្រានោះ កង​ទ័ព​របស់​លោក​ធីម៉ូថេ​ដឹង​ថា លោក​យូដា​ម៉ាកាបាយ​មក​ដល់ ក៏​បាក់​ទ័ព​រត់​ខ្ចាត់​ខ្ចាយ​បាត់​អស់។ លោក​យូដា​វាយ​ខ្មាំង​ឲ្យ​បរា​ជ័យ យ៉ាង​ធ្ងន់ធ្ងរ និង​សម្លាប់​ពួក​គេ​អស់​ប្រមាណ​ជា​ប្រាំបី​ពាន់​នាក់​នៅ​ថ្ងៃ​នោះ។ ៣៥​បន្ទាប់​មក​លោក​យូដា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​អាលេម៉ា វាយ​ដណ្ដើម​យក​ក្រុង​នោះ ហើយ​សម្លាប់​ប្រុសៗ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង ព្រម​ទាំង​រឹប​អូស​យក​ជយ​ភណ្ឌ រួច​ដុត​ក្រុង​នេះ​ចោល។ ៣៦​លោក​ចាក​ចេញ​ពី​ទី នោះ​ទៅ​វាយ​ដណ្ដើម​យក​ក្រុង​ខាស​ផូ ម៉ាកែដ បូសូរ៉ា និង​ក្រុង​នានា​ក្នុង​ស្រុក​កាឡាដ។

៣៧​ក្រោយ​ពី​ព្រឹត្តិការណ៍​ទាំង​នោះ​មក លោក​ធីម៉ូថេ​ប្រមូល​កង​ទ័ព​ជាថ្មី​ទៀត និង​​បោះ​ទ័ព​នៅ ទល់​មុខ​ក្រុង​រ៉ាភូន ដែល​នៅ​ត្រើយ​ម្ខាង​នៃ​ជ្រោះ។ ៣៨​លោក​យូដា​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ើប​ការណ៍ នៅ​ជំរំ​ខ្មាំង ហើយ​គេ​ត្រឡប់​មក​វិញ​រាយ​ការណ៍​ជូន​លោក​ថា៖ «ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​រស់​នៅ​ជុំវិញ​យើង ចូល​រួម​ជាមួយ​លោក​ធីម៉ូថេ ធ្វើ​ជា​កង​ទ័ព​មួយ​យ៉ាង​ខ្លាំង ៣៩​គេ​ជួល​ពួក​អារ៉ាប់​ឲ្យ​មក​ជួយ​ច្បាំង ហើយ​បោះ​ទ័ព​នៅ​ត្រើយ​ម្ខាង​ជ្រោះ ត្រៀម​ខ្លួន​មក​វាយ​ប្រហារ​លោក»។ ដូច្នេះ​លោក​យូដា​លើក​ទ័ព​ទៅ​វាយ​ពួក​គេ ៤០​ហើយ​ក៏​មក​ដល់​ជិត​ជ្រោះ។ ពេល​នោះ​លោក​ធីម៉ូថេ​ប្រាប់​មេទ័ព​របស់​គាត់​ថា៖ «ប្រសិន​បើ​លោក​យូដា​មក​ដល់​ទីនេះ មុន​យើង​ឆ្លង​ទៅ​រក​គេ ពួក​យើង​មិន​អាច​ត​ទល់​នឹង​គេ​បាន​ឡើយ ដ្បិត​គេ​ងាយ​វាយ​យើង។ ៤១​ផ្ទុយ​ទៅ​វិញ​បើ​លោក​ភ័យ​ខ្លាច ហើយ​បោះ​ទ័ព​នៅ​ត្រើយ​ម្ខាង​នោះ ពួក​យើង​នឹង​ឆ្លង​ទៅ​វាយ​ប្រហារ​ពួក​គេ ហើយ​ពេល​នោះ​ពួក​យើង​នឹង​មាន​ជ័យ ជម្នះ​លើ​ពួក​គេ​ជា​ពុំ​ខាន!»។ ៤២​ពេល​លោក​យូដា​ឆ្លង​មក​ដល់​មាត់​ជ្រោះ លោក​ដាក់​មេទ័ព​តាម បណ្ដោយ​មាត់​ជ្រោះ​ទាំង​បញ្ជា​ថា៖ «កុំ​ឲ្យ​នរណា​ម្នាក់​ស្នាក់​នៅ​ទីនេះ​ឡើយ គឺ​ត្រូវ​ចេញ​ច្បាំង​ទាំង​អស់​គ្នា»។ ៤៣​លោក​ឆ្លង​ជ្រោះ​ ទៅ​ប្រយុទ្ធ​នឹង​សត្រូវ​មុន​គេ​បង្អស់ ហើយ​កង​ទ័ព​ទាំង​មូល​ក៏​ឆ្លង​តាម​ក្រោយ​ដែរ។ លោក​វាយ​កម្ទេច​កង​ទ័ព​សាសន៍​ដទៃ​រហូត​ដល់​បាក់​ទ័ព ទាំង​បោះ​អាវុធ​ចោល រត់​គេច ទៅ​កាន់​ទី​សក្ការៈ​នៅ​ក្រុង​ការណាអ៊ីន។ ៤៤​កង​ទ័ព​របស់​លោក​យូដា​វាយ​ដណ្ដើម​យក​ក្រុង​នោះ រួច​ដុត​កម្ទេច​ទី​សក្ការៈ​និង​អស់​អ្នក​ដែល​រស់​នៅ​ទីនោះ​ដែរ។ លោក​រំលំ​ក្រុង​ការណា​អ៊ីន​ចោល។ តាំង​ពី​ពេល​នោះ​មក គ្មាន​កង​ទ័ព​ណា​អាច​ទប់​ទល់​នឹង​លោក​យូដា​បាន​ឡើយ។

៤៥​លោក​យូដា​ប្រមូល ជន​ជាតិ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​ស្រុក​កាឡាដ ទាំង​អ្នក​តូច​ដល់​អ្នក​ធំ​ដោយ​មាន​ប្រពន្ធ​កូន និង​ទ្រព្យ​សម្បត្តិ​រួម​ជាមួយ​ផង ហើយ​នាំ​គ្នា​ទៅ​ស្រុក​យូដា។ ពួក​គេ​មាន​គ្នា​ច្រើន​ណាស់។ ៤៦​ពួក​គេ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​អេប្រូន ជា​ក្រុង​ដ៏​ធំ មាន​កំពែង​រឹង​មាំ​ទៀត​ផង។ ពួក​គេ​មិន​អាច​ធ្វើ​ដំណើរ​វាង​ទៅ​ខាង​ស្កាំ ឬ​ខាង​ឆ្វេង​ក្រុង​នេះ​បាន​ទេ ដូច្នេះ​ពួក​គេ​ត្រូវ​តែ​ដើរ​តាម​កណ្ដាល​ក្រុង​នេះ។ ៤៧​ប៉ុន្តែ អ្នក​ក្រុង​អេប្រូន​មិន​ព្រម​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​ឆ្លង​កាត់ ក្រុង​របស់​គេ​ឡើយ ហើយ​ថែម​ទាំង​យក​ថ្ម មក​ឃាំង​មាត់​ទ្វារ​ក្រុង​ផង។ ៤៨​លោក​យូដា​ចាត់​គេ​ឲ្យ​ទៅ​សុំ​ចរចា ដោយ​ប្រាប់​ថា៖ «យើង​ខ្ញុំ​សុំ​ផ្លូវ​ធ្វើ​ដំណើរ​កាត់​តាម​តំបន់​របស់​អស់​លោក ដើម្បី​ទៅ​កាន់​ស្រុក​របស់​យើង​ខ្ញុំ។ យើង​ខ្ញុំ​មិន​ធ្វើ​បាប​អ្នក​រាល់​គ្នា​ទេ គឺ​គ្រាន់​តែ​សុំ​ផ្លូវ​ដើរ​កាត់​ប៉ុណ្ណោះ»។ ៤៩​ពេល​នោះ​លោក​យូដា​ចេញ​បញ្ជា​ទៅ​កង​ទ័ព ឲ្យ​ត្រៀម​ខ្លួន​ប្រយុទ្ធ​តាម​កន្លែង​រៀង​ៗ កង​ទ័ព​ក៏​ត្រៀម​ខ្លួន​វាយ​ប្រហារ​ក្រុង​នេះ។ លោក​យូដា​ប្រយុទ្ធ​អស់​មួយ​ថ្ងៃ​មួយ​យប់ ទើប​ដណ្ដើម​យក​ទីក្រុង​បាន​។ ៥១​លោក​យូដា​ប្រហារ​ជីវិត​ប្រុសៗ​ទាំង​ប៉ុន្មាន​ ដែល​រស់​នៅ​ក្រុង​នោះ ដោយ​មុខ​ដាវ​បំផ្លាញ​ក្រុង​ចោល រឹប​អូស​យក​ជយ​ភណ្ឌ រួច​លោក​និង​កង​ទ័ព​ដើរ​កាត់​ក្រុង​នេះ ដោយ​ជាន់​សាក​សព​អ្នក​ក្រុង​នោះ​ ទៀត​ផង។ ៥២ពួក​គេ​ឆ្លង​ទន្លេ​យ័រដាន់ ឆ្ពោះ​ទៅ​កាន់​វាល​ទំនាប ដែល​នៅ​ទល់​មុខ​ក្រុង​បេតសាន។ ៥៣​នៅ​តាម​ផ្លូវ លោក​យូដា​តែង​តែ​ទៅ​មក ព្រម​ទាំង​ប្រមូល​ពួក​អ្នក​ដែល​ធ្វើ​ដំណើរ​យឺត ទាំង​លើក​ទឹក​ចិត្ត​ប្រជា​ជន រហូត​ទៅ​ដល់​ស្រុក​យូដា។ ៥៤​ពួកគេ​បាន​ឡើង​ទៅ​លើ​ភ្នំ​ស៊ីយ៉ូន ទាំង​អរ​សប្បាយ​ជា​ខ្លាំង ហើយ​នាំ​គ្នា ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ដើម្បី​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ ដ្បិត​ពួក​គេ​ត្រឡប់​មក​វិញ ដោយ​សេចក្ដី​សុខ​សាន្ត​គ្មាន​នរណា​ម្នាក់​បាត់​បង់​ជីវិត​ឡើយ។

ការ​តយុទ្ធ​នៅ​ស្រុក​អ៊ីឌូមែ
៥៥​ក្នុង​ពេល​លោក​យូដា​និង​លោក​យ៉ូណាថាន​នៅ​ស្រុក​កាឡាដ លោក​ស៊ីម៉ូន​ជា​ប្អូន​របស់​​​​​​គាត់ កំពុង​ប្រយុទ្ធ​នៅ​ក្រុង​ផ្ទោឡេ​ម៉ៃស៍ ក្នុង​ស្រុក​កាលីឡេ។ ៥៦​លោក​យ៉ូសែប​ជា​កូន​របស់​លោក​សាការី និង​លោក​អសារីយ៉ា ជា​មេទ័ព​បាន​ទទួល​ដំណឹង​អំពី​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ របស់​លោក​យូដា​និង​លោក​យ៉ូណាថាន។ លោក​ទាំង​ពីរ​ក៏​ពិភាក្សា​គ្នា​ថា៖ «យើង​នាំ​គ្នា​ចេញ​ទៅ​ប្រយុទ្ធ​ ជាមួយ​សាសន៍​ដទៃ ដែល​រស់​នៅ​ជុំវិញ​យើង​ទៅ! នោះ​យើង​មុខ​ជា​មាន​ឈ្មោះ​ល្បី​ដូច​គេ​មិន​ខាន!»។ ៥៨​លោក​ទាំង​ពីរ​ក៏​បញ្ជា​ទៅ​កង​ទ័ព ដែល​នៅ​ក្រោម​បង្គាប់​របស់​លោក ឲ្យ​ចេញ​ទៅ​វាយ​លុក​លុយ​ទីក្រុង​យ៉ាមនីយ៉ា។ ៥៩ឯ​លោក​ក័រស៊ីយ៉ាស​និង​កង​ទ័ព​របស់​លោក ក៏​ចេញ​ពី​ក្រុង​នោះ​ទៅ​ច្បាំង​ដែរ។ ៦០ ហើយ​ក៏​វាយ​ឈ្នះ​កង​ទ័ព ​របស់​លោក​យ៉ូសែប និង​លោក​អសារីយ៉ា ថែម​ទាំង​ដេញ​តាម​ប្រហារ​ពួក​គេ រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​យូដា​ទៀត​ផង។ នៅ​ថ្ងៃ​នោះ កង​ទ័ព​អ៊ីស្រាអែល​ប្រមាណ​ពីរ​ពាន់​នាក់ បាន​បាត់​បង់​ជីវិត​នៅ​លើ​សមរភូមិ។ ៦១​កងទ័ព​អ៊ីស្រាអែល​បរា​ជ័យ​ជា​ទម្ងន់ ព្រោះ​មេទ័ព ទាំង​ពីរ​មិន​ស្ដាប់​លោក​យូដា និង​បង​ប្អូន​របស់​លោក ដោយ​នឹក​ស្មាន​ថា​លោក​ទាំង​ពីរ​អាច​ធ្វើការ​អស្ចារ្យ​ដែរ។ ៦២​ប៉ុន្តែ លោក​ទាំង​ពីរ​ពុំ​មែន​ជា​ពូជ​វីរបុរស​ដែល​ព្រះ​ជាម្ចាស់​បាន​ចាត់​ឲ្យ​មក​សង្គ្រោះ​ប្រជា​ជន​អ៊ីស្រាអែល​នោះ​ឡើយ។

៦៣​លោក​យូដា​និង​បង​ប្អូន​របស់​លោក ជា​វីរ​បុរស​ដ៏​អង់​អាច ប្រកប​ដោយ​ភាព​រុង​រឿង​ថ្កើង​ថ្កាន ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល និង​ក្នុង​ចំណោម​ប្រជា​ជាតិ​ទាំង​ប៉ុន្មាន ដែល​ឮ​ឈ្មោះ​របស់​អស់​លោក។ ៦៤​មនុស្ស​ម្នា​ប្រជ្រៀត​គ្នា​មក​សរសើរ​អស់​លោក។ ៦៥​បន្ទាប់​មក លោក​យូដា​និង​បង​ប្អូន ក៏​ចេញ​ទៅ​ធ្វើ​សង្គ្រាម​នឹង​ជន​ជាតិ​អ៊ីឌំមេ ដែល​ស្ថិត​នៅ​តំបន់​ខាង​ត្បូង។ លោក​វាយ​ដណ្ដើម​យក​ក្រុង​អេប្រូន និង​ភូមិ​ដែល​នៅ​ជុំវិញ​រំលំ​កំពែង​ក្រុង​នោះ ហើយ​ដុត​ប៉ម​ដែល​នៅ​លើ​កំពែង​ទៀត​ផង។ បន្ទាប់​មក​លោក​ចេញ​ដំណើរ ឆ្ពោះ​ទៅ​កាន់​ស្រុក​ភីលីស្ទីន ហើយ​ដើរ​កាត់​ក្រុង​ម៉ារីសា។ ៦៧​នៅ​ថ្ងៃ​នោះ​លោក​បូជាចារ្យ​ដែល​ចង់​សម្ដែង ​ពី​សេចក្ដី​ក្លាហាន​របស់​ខ្លួន នាំ​គ្នា​ចេញ​ទៅ​ច្បាំង​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ត្រូវ​ស្លាប់​នៅ​លើ​សមរភូមិ។ ៦៨​ក្រោយ​មក​លោក​យូដា​ងាក​ទៅ​កាន់​ក្រុង​អសូតូ នៅ​ក្នុង​ស្រុក​របស់​ជន​ជាតិ​ភីលីស្ទីន។ លោក​បំផ្លិច​បំផ្លាញ​កន្លែង​ថ្វាយ​យញ្ញ​បូជា​របស់​ពួក​គេ ដុត​រូប​​​​​​​​​​​​​​​​​​​​​​​​​​​បដិមា​នៃ​ព្រះ​របស់​ពួក​គេ ហើយ​រឹប​អូស​យក​ជយ​ភណ្ឌ​ក្នុង​ក្រុង​ទាំង​នោះ វិល​ត្រឡប់​ទៅ​កាន់​ស្រុក​យូដា​វិញ។

​ជំពូកទី ៦

១​ព្រះបាទ​អន់ទីយ៉ូគូស ធ្វើ​ដំណើរ​យាង​ទៅ​មក​កាត់​ស្រុក​ខាង​ជើង ទ្រង់​បាន​ឮ​គេ​និយាយ​ថា នៅ​ស្រុក​ពែរ្ស​មាន​ក្រុង​មួយ​ឈ្មោះ អេលី​ម៉ាអ៊ីស។ អ្នក​ក្រុង​នេះ​ល្បី​ថា សំបូរ​មាស​ប្រាក់​និង​ភោគ​ទ្រព្យ​ជា​ច្រើន ២គឺ​មាន​ខែល​ធ្វើ​ពី​មាស អាវ​ក្រោះ​ព្រម​ទាំង​អាវុធ​ដែល​ព្រះ​បាទ​អឡិច​សង់ បាន​ទុក​ក្នុង​ទី​សក្ការៈ​នៃ​ក្រុង​នោះ​ជា​ដើម។ ព្រះ​បាទ​អឡិច​សង់ ជា​បុត្រ​របស់​ព្រះ​បាទ​ភីលីព ជា​មហា​ក្សត្រ​របស់​ជន​ជាតិ​ម៉ាសេ​ដូន ដែល​គ្រប់​គ្រង​លើ​ជន​ជាតិ​ក្រិក​មុន​គេ។ ៣​ព្រះបាទ អន់ទី​យ៉ូគូស យាង​ទៅ​ក្រុង​នោះ រិះ​រក​មធ្យោបាយ​ដណ្ដើម​យក​ក្រុង​នេះ ដើម្បី​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ប៉ុន្តែ ត្រូវ​បរា​ជ័យ ព្រោះ​អ្នក​ក្រុង​បាន​ដឹង​ពី​គម្រោង​ការ​ជា​មុន។ ៤​ពួក​គេ​លើក​គ្នា​មក​ប្រយុទ្ធ​នឹង​ស្ដេច​វិញ ហើយ​ស្ដេច​ក៏​បាក់​ទ័ព​យាង​ត្រឡប់​ទៅ​ស្រុក​បាប៊ីឡូន​ដោយ​អាម៉ាស់​ជា​ខ្លាំង។

៥​ពេល​ព្រះ​រាជា​នៅ​ស្រុក​ពែរ្ស​នៅ​ឡើយ មាន​គេ​មក​ទូល​ថា កង​ទ័ព​ដែល​ចេញ​ទៅ​វាយ​យក ស្រុក​យូដា​ទទួល​បរា​ជ័យ ៦​គឺ​ជន​ជាតិ​យូដា​វាយ​កម្ទេច​កង​ទ័ព​ដ៏​ខ្លាំង​ពូកែ ដែល​លោក​មេ​បញ្ជា​ការ លី​ស៊ីយ៉ាស បាន​នាំ​ទៅ​វាយ​ស្រុក​នោះ​ថែម​ទៀត។ ជន​ជាតិ​យូដា​ក៏​រឹប​អូស​យក​គ្រឿង​សស្ត្រាវុធ និង​ជយ​ភណ្ឌ​គ្រប់​បែប​យ៉ាង ពី​កង​ទ័ព​ដែល​ចាញ់។ ដូច្នេះ ពួក​គេ​មាន​កម្លាំង​ជាង​ពី​មុន។ ៧​ពួក​គេ​បាន​រំលំ​រូប​បដិមា​គួរ​ស្អប់​ខ្ពើម ដែល​ស្ដេច​បាន​តម្កល់​នៅ​លើ​អាសនៈ ក្នុង​ព្រះ​វិហារ​ក្រុង​យេរូសាឡឹម។ ពួក​គេ​បាន​សង់​កំពែង​យ៉ាង​ខ្ពស់ ជុំវិញ​ព្រះ​វិហារ​ជាថ្មី​ឡើង​វិញ​ដូច​កាល​ពី​ដើម ហើយ​ក៏​សង់​កំពែង​ជុំវិញ​ក្រុង​បេតសួរ ដែល​ជា​ក្រុង​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ស្ដេច​ផ្ទាល់​ដែរ។ ៨​កាល​ព្រះ​រាជា​ជ្រាប​ដំណឹង​ទាំង​នោះ ក៏​ស្រឡាំងកាំង ហើយ​រំជួល​ព្រះ​ហឫ​ទ័យ​យ៉ាង​ខ្លាំង។ ទ្រង់​ដួល​ទៅ​លើ​ក្រឡា​បន្ទំ ហើយ​ប្រឈួន​ដោយ​ព្រួយ​ព្រះ​ហឫទ័យ​ខ្លាំង​ពេក ព្រោះ​ហេតុ​ការណ៍​ទាំង​អស់ មិន​បាន​កើត​ឡើង ស្រប​តាម​ព្រះ​ហឫទ័យ​ឡើយ។ ៩​ស្ដេច​ស្ថិត​ក្នុង​សភាព​បែប​នេះ​ជា​យូរ​ថ្ងៃ ដ្បិត​ទ្រង់​ព្រួយ​បារម្ភ​យ៉ាង ខ្លាំង។ កាល​ព្រះ​រាជា​យល់​ថា ខ្លួន​ជិត​ចូល​ទិវង្គត ១០​ស្ដេច​កោះ​ហៅ​មន្ត្រី​ទាំង​អស់​ ឲ្យ​មក​ជួប​ប្រជុំ ហើយ​មាន​រាជ​ឱង្ការ​ថា៖ «យើង​ផ្ទំ​មិន​លក់​ទេ ហើយ​តប់​ប្រមល់​ក្នុង​ព្រះ​រាជ​ហឫទ័យ​ ខ្លាំង​ណាស់ ១១​ហើយ​សួរ​ខ្លួន​យើង​ផ្ទាល់​ថា ហេតុ​អ្វី​បាន​ជា​យើង​រង​ទុក្ខ​វេទនា​ដូច្នេះ? ក្នុង​ពេល​ដែល​យើង​មាន​អំណាច យើង​មាន​ព្រះ​ហឫទ័យ​សប្បាយ​យ៉ាង​ក្រៃ​លែង ហើយ​មនុស្ស​ម្នា​ក៏​ស្រឡាញ់​យើង​ដែរ។ ១២ ប៉ុន្តែ​ឥឡូវ​នេះ យើង​នឹក​ឃើញ​ពី​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ប្រព្រឹត្ត​នៅ​ក្រុង​យេរូ​សាឡឹម គឺ​យើង​រឹប​អូស​យក​គ្រឿង​មាស​ប្រាក់​ទាំង​ប៉ុន្មាន ពី​ក្រុង​នោះ យើង​បាន​បញ្ជា​ឲ្យ​គេ​សម្លាប់​រង្គាល​ជន​ជាតិ​យូដា ដោយ​គ្មាន​មូល​ហេតុ។ ១៣ យើង​យល់​ថា យើង​កើត​ទុក្ខ​យ៉ាង​នេះ ​បណ្ដាល​មក​ពី​អំពើ​អាក្រក់ ដែល​យើង​បាន​ប្រព្រឹត្ត​នៅ​ពេល​នោះ ហើយ​យើង​ត្រូវ​សោយ​ទិវង្គត​ដោយ​ព្រួយ​ព្រះ​ហឫទ័យ​ នៅ​លើ​ទឹក​ដី​បរទេស​ទៀត​ផង!»។ ១៤ ព្រះ​បាទ​អន់ទីយ៉ូគូស ហៅ​លោក​ភីលីព​ជា​មន្ត្រី​ជំនិត​ម្នាក់ ហើយ​តែង​តាំង​លោក​ឲ្យ​គ្រប់​គ្រង​រាជា​ណា​ចក្រ​ទាំង​មូល។ ១៥​ទ្រង់​ក៏​ប្រទាន​មកុដ ព្រះ​ភូសា និង​ត្រា ឲ្យ​លោក​ទៀត​ផង ព្រម​ទាំង​ផ្ញើ​រាជា​បុត្រ​ព្រះ​នាម​អន់ទីយ៉ូគូស​ឲ្យ​លោក​ចិញ្ចឹម​និង​អប់រំ ដើម្បី​ឲ្យ​រាជ​បុត្រ​នេះ ឡើង​សោយ​រាជ្យ​នៅ​ពេល​ក្រោយ។ ១៦​ព្រះបាទ​អន់ទីយ៉ូគូស​សោយ​ទិវង្គត​នៅ​ទីនោះ​ក្នុង​ឆ្នាំ​១៤៩។ ១៧​កាល​លោក​មេ​បញ្ជា​ការ​លីស៊ីយ៉ាស​ទទួល​ដំណឹង​ថា ព្រះ​បាទ​អន់ទីយ៉ូគូស​សោយ​ទិវង្គត​ហើយ លោក​តែង​តាំង​ព្រះ​បាទ​អន់ទី​យ៉ូគូស ជា​បុត្រ​ដែល​លោក​បាន​អប់រំ​តាំង​ពី​រាជ​កុមារ​មក​នោះ ឲ្យ​ឡើង​ស្នង​រាជ្យ។ លោក​ស៊ីលីយ៉ា​ថ្វាយ​នាម​បុត្រ​នោះ​ថា ព្រះ​បាទ​អឺប៉ាទ័រ។

កង​ទ័ព​យូដា​ឡោមទ័ព្ធ​បន្ទាយ​យេរូសាឡឹម
១៨​នៅ​គ្រា​ដដែល​នោះ​ សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ដែល​ស្នាក់​នៅ​ក្នុង​បន្ទាយ​ក្រុង​យេរូសាឡឹម ឡោម​ព័ទ្ធ​ជន​ជាតិ​អ៊ីស្រាអែល ដែល​រស់​នៅ​ជុំវិញ​ព្រះ​វិហារ ទាំង​ហាម​ពួក​គេ​មិន​ឲ្យ​ចេញ​ចូល។ ពួក​គេ​រក​គ្រប់​ឱកាស​ទាំង​អស់ ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជន​ជាតិ​អ៊ីស្រាអែល និង​ដើម្បី​ពង្រីក​កម្លាំង​របស់​សាសន៍​ដទៃ។ ១៩​ពេល​នោះ លោក​យូដា​សម្រេច​ចិត្ត​កម្ទេច​ពួក​គេ។ លោក​កោះ​ហៅ​ប្រជា​ជន​អ៊ីស្រាអែល​ទាំង​អស់ ដើម្បី​មក​ឡោម​ព័ទ្ធ​បន្ទាយ​នោះ។ ២០​នៅ​ក្នុង​ឆ្នាំ​១៥០ ប្រជា​ជន​អ៊ីស្រាអែល​ប្រមូល​ផ្ដុំ​គ្នា​ឡោម​ព័ទ្ធ​បន្ទាយ។ ពួក​គេ​ធ្វើ​ស្នា​ធំ​ៗ និង​គ្រឿង​ចម្បាំង​ផ្សេងៗ​ទៀត​ផង។ ២១​ប៉ុន្តែ​មាន​សត្រូវ​ខ្លះ​រត់​ចេញ​រួច ហើយ​នាំ​គ្នា​ទៅ​គាល់​ព្រះ​មហា​ក្សត្រ ដោយ​មាន​ជន​ជាតិ​អ៊ីស្រាអែល​ក្បត់​សាសនា​មួយ​ចំនួន​ទៅ​ជាមួយ​ដែរ។ ពួក​គេ​ទូល​ស្ដេច​ថា៖ ២២«តើ​ព្រះ​ករុណា​ចាំ​ដល់​ពេល​ណា​ទៀត ទើប​ព្រះ​អង្គ​រក​យុត្តិ​ធម៌ និង​សង​សឹក​ពួក​គេ​ឲ្យ​បង​ប្អូន​របស់​ទូល​បង្គំ​នោះ?។ ២៣​ទូល​បង្គំ​យើង​ខ្ញុំ​តែង​តែ​បម្រើ ​ព្រះ​បិតា​របស់​ព្រះ​ករុណា ព្រម​ស្ដាប់​តាម​បញ្ជា និង​រាជ​ក្រឹត្យ​របស់​ព្រះ​ករុណា​ទៀត​ផង។ ២៤​ហេតុ​នេះ​ហើយ បាន​ជា​ជន​រួម​ជាតិ​របស់​ទូល​បង្គំ​យើង​ខ្ញុំ​ ឡោម​ព័ទ្ធ​បន្ទាយ​នោះ ហើយ​ចាត់​ទុក​ទូល​បង្គំ​យើង​ខ្ញុំ​ជា​ជន​បរទេស។ មិន​តែ​ប៉ុណ្ណោះ ពួក​គេ​បាន​សម្លាប់​ពួក​ទូល​បង្គំ ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ពួក​ទូល​បង្គំ​ទៀត​ផង។ ២៥​ពួក​គេ​មិន​គ្រាន់​តែ​វាយ​ទូល​បង្គំ​ប៉ុណ្ណោះ​ទេ គឺ​គេ​វាយ​យក​ស្រុក​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ​ករុណា​ដែរ។ ២៦ឥឡូវ​នេះ​ពួក​គេ​ឡោម​ព័ទ្ធ​បន្ទាយ​យេរូសាឡឹម ដើម្បី​កាន់​កាប់​បន្ទាយ​នោះ ព្រម​ទាំង​សង់​កំពែង​ការពារ​ព្រះ​វិហារ និង​ស្រុក​បេតសួរ​ផង។ ២៧​ប្រសិន​បើ​ព្រះ​ករុណា​មិន​ចេញ ទៅ​វាយ​ពួក​គេ​យ៉ាង​ប្រញាប់​ទេ​នោះ ពួក​វា​មុខ​ជា​វាយ​លុក​លុយ​ត​ទៅ​ទៀត ហើយ​ព្រះ​ករុណា​មិន​អាច​ទប់​ទល់​នឹង​ពួក​គេ​បាន​ឡើយ»។

ការ​ប្រយុទ្ធ​នៅ​ភូមិ​បេតសាការីយ៉ា
២៨​កាល​ព្រះ​មហា​ក្សត្រ​ទ្រង់​ព្រះ​សណ្ដាប់​ដំណឹង​នេះ​ហើយ ទ្រង់​ព្រះ​ពិរោធ​យ៉ាង​ខ្លាំង ហើយ​កោះ​ហៅ​អស់​លោក​មន្ត្រី​មេ​ទ័ព​ថ្មើរ​ជើង និង​អស់​លោក​មេទ័ព​មក​ប្រជុំ។ ២៩​ស្ដេច​ជួល​ពល​ទាហាន​ពី​ស្រុក​ផ្សេងៗ និង​ពី​នាយ​សមុទ្រ​មក​ផង។ ៣០​ព្រះ​រាជា​មាន​ទ័ព​ថ្មើរ​ជើង​ចំនួន​មួយ​សែន​នាក់ ទ័ព​សេះ​ពីរ​ម៉ឺន​នាក់ និង​ដំរី​ចំនួន​សាមសិប​ពីរ​ក្បាល ដែល​គេ​បាន​បង្ហាត់​ហ្វឹកហ្វឺន​សម្រាប់​ច្បាំង។ ៣១​កងទ័ព​នោះ​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​អ៊ីឌំមេ ហើយ​ឡោម​ព័ទ្ធ​ក្រុង​បេតសួរ។ ពួក​គេ​វាយ​ក្រុង​នេះ​យ៉ាង​យូរ ទាំង​ប្រើ​គ្រឿង​ចម្បាំង​ជា​ច្រើន​ទៀត។ ប៉ុន្តែ អ្នក​ក្រុង​ដែល​ត្រូវ​គេ​ឡោម​ព័ទ្ធ​នោះ​តែង​តែ​ចេញ​ពី​ក្រុង ទៅ​ដុត​គ្រឿង​ចម្បាំង​ទាំង​នោះ​ចោល ហើយ​ប្រយុទ្ធ​នឹង​សត្រូវ​ដោយ​ក្លាហាន​អង់​អាច។ ៣២​ពេល​នោះ លោក​យូដា​នាំ​ទ័ព​របស់​លោក ចេញ​ពី​បន្ទាយ​យេរូសាឡឹម ហើយ​ទៅ​បោះ​ទីតាំង​នៅ​ភូមិ​បេត​សារីយ៉ា ទល់​មុខ​នឹង​ជំរំ​ទ័ព​ព្រះ​មហា​ក្សត្រ។ ៣៣លុះ​ស្អែក​ឡើង ស្ដេច​តើន​ពី​ព្រលឹម ហើយ បញ្ជា​កង​ទ័ព​ទាំង​អស់​ឲ្យ​ចេញ​ទៅ​វាយ​បេតសា​ការីយ៉ា។ ពល​ទាហាន​ទាំង​អស់​នេះ​រៀប​ចំ​ចេញ​ទៅ ប្រយុទ្ធ​ដោយ​ផ្លុំ​ត្រែ​ផង។ ៣៤​គេ​យក​ទឹក​ទំពាំង​បាយ​ជូរ និង​ទឹក​មន្ត​ឲ្យ​ដំរី​ឃើញ ដើម្បី​ជំរុញ​វា​ឲ្យ​ទៅ​ប្រយុទ្ធ។ ៣៥​គេ​ដាក់​ដំរី​នៅ​តាម​ចន្លោះ​កង​នីមួយៗ គឺ​គេ​ដាក់​ពល​ទាហាន​ចំនួន​មួយ​ពាន់​នាក់​ប្រដាប់​ដោយ​អាវ​ក្រោះ និង​មួក​លង្ហិន ព្រម​ទាំង​ពល​សេះ​ពិសេស​ប្រាំរយ​នាក់ នៅ​សង​ខាង​ដំរី​នីមួយៗ​នោះ។ ៣៦​ទ័ព​សេះ​នោះ​មើល​ដំរី ហើយ​ដើរ​តាម​ជាប់​នឹង​ដំរី​ជានិច្ច មិន​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ឡើយ។ ៣៧​នៅ​លើ​ខ្នង​ដំរី​នីមួយៗ មាន​កែប​យ៉ាង​មាំ​ធ្វើ​ពី​ឈើ ដែល​គេ​ចង​យ៉ាង​ជាប់​ទៅ​នឹង​ពោះ​វា។ កែប​ជា​ជំនិះ​ដែល​មាន​មនុស្ស​បី​នាក់ និង​ហ្ម​ម្នាក់។ ៣៨​ព្រះ​មហា​ក្សត្រ​ដាក់​ទ័ព​សេះ​ដែល​នៅ​សល់​សង​ខាង​ពល​ថ្មើរ​ជើង ដើម្បី​វាយ​លុក និង​ការ​ពារ​ទ័ព​ថ្មើរ​ជើង។ ៣៩​កាល​ព្រះ​អាទិត្យ​រះ​មក ពន្លឺ​ក៏​ជះ​លើ​ខែល​មាស និង​ខែល​លង្ហិន​បំភ្លឺ​ភ្នំ​ទាំង​ប៉ុន្មាន​ឲ្យ​ភ្លឺ​ដូច​ចន្លុះ​កំពុង​តែ​ឆេះ។ ៤០​ពល​ទាហាន​មួយ​ក្រុម​របស់​ស្ដេច​ស្ថិត​នៅ​លើ​កំពូល​ភ្នំ ហើយ​មួយ​ក្រុម​ទៀត​នៅ​ជើង​ភ្នំ។ កង​ទ័ព​នោះ​ចេញ​ទៅ​ប្រយុទ្ធ​ដោយ​មាន របៀប​រៀប​រយ និង​​អង់​អាច​គ្មាន​ខ្លាច​អ្វី​ឡើយ។ ៤១​រីឯ​កងទ័ព​អ៊ីស្រា​អែល​វិញ គេ​ព្រួយ​បារម្ភ​ដោយ ឮ​ស្នូរ​សន្ធឹក​កង​ទ័ព​ដ៏​ច្រើន​យ៉ាង​នេះ និង​ស្នូរ​អាវុធ​ប៉ះ​ទង្គិច​គ្នា​ផង។ កង​ទ័ព​នេះ​ពិត​ជាច្រើន​សន្ធឹក​សន្ធាប់ និង​ខ្លាំង​ក្លា​មែន។ ៤២​លោក​យូដា​និង​កង​ទ័ព​របស់​លោក​ចេញ​ទៅ​ប្រយុទ្ធ បាន​សម្លាប់​ពល​ទាហាន​របស់​ស្ដេច ចំនួន​ប្រាំមួយ​រយ​នាក់​ភ្លាម។ ៤៣​លោក​អេឡាសា​ដែល​ហៅ​ថា​អវ៉ារ៉ន់ ឃើញ​ដំរី​មួយ​ពាន់​កែប និង​គ្រឿង​សឹក​របស់​ព្រះ​រាជា ហើយ​មាន​មាឌ​ខ្ពស់​ជាង​ដំរី​ឯទៀត​ទាំង​អស់។ លោក​នឹក​គិត​ថា ស្ដេច​គង់​លើ​ដំរី​នោះ។ ៤៤​លោក​សុខ​ចិត្ត​បូជា​ជីវិត​ដើម្បី​សង្គ្រោះ​ប្រជា​ជន​របស់​ខ្លួន និង​ដើម្បី​មាន​កិត្តិ​នាម​ល្បី​ល្បាញ​អស់​កល្ប​ជានិច្ច។ ៤៥​លោក​រត់​យ៉ាង​អង់​អាច សំដៅ​ទៅ​ដំរី​ដែល​នៅ​កណ្ដាល​ទ័ព​ថ្មើរ​ជើង​ទាំង​ប្រហារ​ជីវិត​ពល​ទាហាន​នៅ​សង​ខាង ធ្វើ​ឲ្យ​ពួក​សត្រូវ​នាំគ្នា​គេច​ចេញ​ពី​មុខ​លោក។ លោក​ចូល​ពី​ក្រោម​ពោះ​ដំរី​នោះ ហើយ​វាយ​ប្រហារ​ពី​ក្រោម​ដំរី​ក៏​ដួល ហើយ​សង្កត់​លោក​អេឡាសារ​ដែល​នៅ​ពី​ក្រោម​ស្លាប់​នៅ​នឹង​កន្លែង។ ៤៧​ជន​ជាតិ​យូដា​ឃើញ​កម្លាំង​ដ៏​ខ្លាំង​ក្លា​របស់ ស្ដេច​ដូច្នេះ​ក៏​ដក​ទ័ព​ថយ​ក្រោយ។

ខ្មាំង​ឡោម​ព័ទ្ធ​ក្រុង​បេតសួរ
៤៨​កង​ទ័ព​របស់​ស្ដេច​ ឡើង​ទៅ​ក្រុង​យេរូ​សាឡឹម ដើម្បី​វាយ​កង​ទ័ព​យូដា ហើយ​ឡោម​ព័ទ្ធ​ក្រុង នានា​នៅ​ស្រុក​យូដា និង​ភ្នំ​ស៊ីយ៉ូន។ ៤៩​ព្រះ​រាជា​ប្រទាន​សន្តិភាព​ដល់​អ្នក​ក្រុង​បេតសួរ។ ពួក​គេ​ចាក​ចេញ​ពី​ទី​ក្រុង ដ្បិត​ពួក​គេ​គ្មាន​ស្បៀង​អាហារ ពុំ​អាច​ប្រយុទ្ធ​នឹង​កង​ទ័ព​ដែល​ឡោម​ព័ទ្ធ​នោះ​បាន​ឡើយ ដ្បិត​ឆ្នាំ​នេះ​ជា​ឆ្នាំ​សប្ប័ទ។ ៥០​ស្ដេច​ដណ្ដើម​យក​ក្រុង​បេតសួរ​មក​កាន់​កាប់ ហើយ​ដាក់​កង​ទ័ព​នៅ​គ្រប់​គ្រង​ទៀត​ផង។ ៥១​បន្ទាប់​មក ព្រះ​រាជា​ឡោម​ព័ទ្ធ​ព្រះ​វិហារ​ក្រុង​យេរូសាឡឹម​អស់​ពេល​ជា​យូរ​ថ្ងៃ ព្រម​ទាំង​ដំឡើង​គ្រឿង​ចម្បាំង​ផ្សេងៗ មាន​គ្រឿង​បាញ់​ថ្ម បាញ់​ភ្លើង បាញ់​ព្រួញ​ដង្ហក់​ជាដើម។ ៥២​កង​ទ័ព​យូដា​ក៏​ដំឡើង​គ្រឿង​ចម្បាំង ​ផ្សេង​ទៀត ដើម្បី​ទប់​ទល់​នឹង​គ្រឿង​សឹក​របស់​សត្រូវ​ដែរ ហើយ​ច្បាំង​ជាមួយ​ពួក​ខ្មាំង​ជា​យូរ​ថ្ងៃ។ ៥៣​ប៉ុន្តែ គ្មាន​ស្បៀង​អាហារ​ក្នុង​ឃ្លាំង​ទេ ព្រោះ​ឆ្នាំ​នោះ​ជា​ឆ្នាំ​សប្ប័ទ ហើយ​ប្រជា​ជន​អ៊ីស្រាអែល ដែល​រស់​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ ទើប​នឹង​ត្រឡប់​មក​ស្រុក​យូដា​វិញ បាន​បរិភោគ​អាហារ​ដែល​ត្រៀម​ទុក​នោះ​អស់​ទៅ។ ៥៤​ដូច្នេះ​គេ​ទុក​កង​ទ័ព​តែ​មួយ​ចំនួន​តូច នៅ​ក្នុង​ព្រះ​វិហារ ព្រោះ​ប្រជា​ជន​ខ្វះ​ខាត និង​ស្រេក​ឃ្លាន​យ៉ាង​ខ្លាំង ប្រជា​ជន​ដទៃ​ទៀត​ក៏​ត្រឡប់​ទៅ​ផ្ទះ​រៀងៗខ្លួន​ដែរ។

ព្រះបាទ​អន់ទីយ៉ូគូស​ប្រទាន​សេរីភាព​ខាង​សាសនា
៥៥​លោក​លីស៊ីយ៉ា​ជ្រាប​ថា កាល​ព្រះ​បាទ​អន់ទី​យ៉ូគូស​មាន​ព្រះ​ជន្ម​រស់​នៅ​ឡើយ ទ្រង់​បាន​ផ្ញើ បុត្រា​ឲ្យ​លោក​ភីលីព​អប់រំ ដើម្បី​ឡើង​គ្រង​រាជ្យ។ ៥៦​គាត់​ទទួល​ដំណឹង​ថា លោក​ភីលីព​ត្រឡប់​ពី​ស្រុក​ពែរ្ស និង​ស្រុក​ម៉ែដ​ជាមួយ​កង​ទ័ព​របស់​ស្ដេច ហើយ​បម្រុង​ត្រួត​ត្រា​រាជាណាចក្រ​ទៀត​ផង។ ៥៧ កាល​លោក​លីស៊ីយ៉ា​ជ្រាប​ដំណឹង​នេះ គាត់​រៀប​ចំ​ចេញ​ដំណើរ​ជា​ប្រញាប់។ គាត់​ទូល​ស្ដេច ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​មេទ័ព និង​ពល​ទាហាន​ទាំង​អស់​ថា៖ «កម្លាំង​របស់​យើង​កាន់​តែ​ចុះ​ខ្សោយ ជា​រៀង​រាល់​ថ្ងៃ ហើយ​ស្បៀង​អាហារ​របស់​យើង​ ក៏​កាន់​តែ​ខ្វះ​ខាត​យ៉ាង​ខ្លាំង​ដែរ។ រីឯ​កន្លែង​ដែល​យើង​ឡោម​ព័ទ្ធ​នេះ​ក៏​រឹង​មាំ កិច្ចការ​គ្រប់​គ្រង​រាជា​ណា​ចក្រ​ក៏​ធ្លាក់​លើ​យើង​ទាំង​ស្រុង​ដែរ។ ៥៨​ដូច្នេះ​ឥឡូវ​នេះ យើង​នាំ​គ្នា​ស្រុះ​ស្រួល​ជាមួយ​ជន​ជាតិ​ទាំង​នោះ យើង​ចរចា​រក​សន្តិភាព​ជាមួយ​ពួកគេ និង​ជាមួយ​ជន​ជាតិ​យូដា​ទាំង​មូល​ផង។ ៥៩​យើង​គួរ​អនុញ្ញាត​ឲ្យ​គេ​រស់​នៅ​ តាម​ទំនៀម​ទម្លាប់​របស់​គេ​ដូច​កាល​ពី​មុន​ចុះ។ ពួក​គេ​ខឹង​ប្រទូសរ៉ាយ​និង​បះ​បោរ​ដូច្នេះ ព្រោះ​យើង​ហាម​ពួក​គេ​ធ្វើ​តាម ទំនៀម​ទម្លាប់​របស់​ពួក​គេ»។ ៦០​ស្ដេច​គាប់​ព្រះ​ហឫទ័យ​នឹង​សេចក្ដី​នេះ ហើយ​ពួក​មេទ័ព​ក៏​ពេញ​ចិត្ត​ដែរ។ ដូច្នេះ លោក​លីស៊ីយ៉ា​បញ្ជូន​គម្រោង​ចរចា​សុំ​សន្តិភាព​ជាមួយ​ប្រជា​ជន​យូដា ហើយ​ជន​ជាតិ​ យូដា​ក៏​យល់​ព្រម​នឹង​គម្រោង​ការ​នេះ​ដែរ។ ៦១​ព្រះ​រាជា​និង​មេទ័ព​ទាំង​អស់​ស្បថ​ថា នឹង​គោរព​សន្ធិ​សញ្ញា​នេះ យើង​ចាក​ចេញ​ពី​បន្ទាយ​ទៅ។ ៦២​ព្រះ​មហា​ក្សត្រ​យាង​ចូល​ទៅ​ដល់​ភ្នំ​ស៊ីយ៉ូន ហើយ​ទត​ឃើញ​កំពែង​ការពារ​កន្លែង​នោះ។ ទ្រង់​បាន​បំពាន​ព្រះ​បន្ទូល​សម្បថ ហើយ​បញ្ជា​ឲ្យ​កម្ទេច​កំពែង​ដែល​នៅ​ជុំវិញ​ភ្នំ​នោះ​ចោល ៦៣​រួច​យាង​ត្រឡប់​ទៅ​ក្រុង​អន់ទី​យ៉ូក​វិញ​យ៉ាង​ប្រញាប់ ប៉ុន្តែ​​ ក្រុង​អន់ទី​យ៉ូក​ បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​ភីលីព​រួច​ទៅ​ហើយ។ ស្ដេច​វាយ​ដណ្ដើម​យក​ក្រុង​នោះ​មក​វិញ ដោយ​ប្រើ​កម្លាំង​ទ័ព។

​ជំពូកទី ៧

ព្រះបាទ​ដេម៉េទ្រីយ៉ូស​ឡើង​សោយរាជ្យ
១​នៅ​ឆ្នាំ ១៥១ ព្រះ​អង្គ​ម្ចាស់​ដេម៉េទ្រីយ៉ូស ជា​បុត្រ​របស់​ព្រះ​បាទ​សេលើគូស រត់​ចេញ​ពី​ក្រុង រ៉ូម​ទាំង​នាំ​ពល​ទាហាន​មួយ​ក្រុម​តូច​មក​ជាមួយ​ផង។ ព្រះ​អង្គ​ម្ចាស់​យាង​ទៅ​គង់​ក្នុង​ក្រុង​មួយ​ នៅ​តាម​ឆ្នេរ​សមុទ្រ ហើយ​ប្រកាស​ខ្លួន​ជា​ស្ដេច​សោយ​រាជ្យ។ ២​ពេល​ព្រះ​បាទ​ដេម៉េទ្រីយ៉ូស យាង​ចូល​ទៅ​រាជ​វាំង​របស់​អយ្យកោ កង​ទ័ព​បាន​ចាប់​ព្រះ​អន់​ទី​យ៉ូគូស និង​លោក​លីស៊ីយ៉ា​បម្រុង​នឹង​បញ្ជូន​មក​ថ្វាយ​ស្ដេច។ ៣​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​ជ្រាប​ដំណឹង​នេះ​ហើយ ក៏​មាន​រាជ​ឱង្ការ​ថា៖ «យើង​មិន​ចង់​ឃើញ​មុខ​ពួក​គេ​ទេ!»។ ៤​ដូច្នេះ​កង​ទ័ព​ប្រហារ​ជីវិត​លោក​ទាំង​ពីរ ហើយ​ព្រះ​បាទ​ដេទ្រី​យ៉ូស​ក៏​ឡើង​សោយ​រាជ្យ។ ៥​នៅ​គ្រា​នោះ​ជន​ពាល​ក្បត់​សាសនា​ដែល​រស់​នៅ​ស្រុក​អ៊ីស្រាអែល មួយ​ចំនួន​ចូល​មក​គាល់​ស្ដេច ដោយ​មាន​លោក​អាល់​គីម​ជា​អ្នក​នាំ​មុខ​គេ។ លោក​អាលគីម​នោះ​មាន​ចិត្ត​លោភ​លន់ ចង់​បាន​មុខ​ងារ​ជា​មហា​បូជាចារ្យ។ ៦ ពួក​គេ​ក៏​និយាយ​មួល​បង្កាច់​ប្រជា​ជន​ របស់​ខ្លួន ដោយ​ទូល​ស្ដេច​ថា៖​«លោក​យូដា និង​បង​ប្អូន​គាត់​បាន​សម្លាប់​អស់​អ្នក​ដែល​គាំ​ទ្រ​ស្ដេច ហើយ​បណ្ដេញ​ទូល​បង្គំ​យើង​ខ្ញុំ​ ចេញ​ពី​ស្រុក​ទៀត​ផង។ ៧ ហេតុ​នេះ សូម​ព្រះ​ករុណា​ចាត់​មនុស្ស​ម្នាក់​ដែល​គួរ​ទុក​ចិត្ត ឲ្យ​ទៅ​ពិនិត្យ​មើល​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​លោក​យូដា​បាន​បំផ្លាញ​នៅ​លើ​ទឹក​ដី​របស់​ទូល​បង្គំ​យើងខ្ញុំ និង​ក្នុង​ស្រុក​ព្រះ​ករុណា។ សូម​ព្រះ​អង្គ​ដាក់​ទោស​លោក​យូដា បង​ប្អូន​គាត់ និង​បក្ស​ពួក​ដែល​ជួយ​គេ​ផង»។

បេសកកម្ម​របស់​លោក​បាកឃីដែស
៨​ព្រះ​មហា​ក្សត្រ​ជ្រើស​រើស​លោក​បាឃីដែស ជា​មន្ត្រី​ជំនិត ដែល​ត្រួត​លើ​ស្រុក​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត។ លោក​មាន​ឋានៈ​ខ្ពង់​ខ្ពស់​ក្នុង​រាជា​ណា​ចក្រ ហើយ​ស្មោះ​ត្រង់​ចំពោះ​ស្ដេច។ ៩​ព្រះ​រាជា លោក​ឲ្យ​ទៅ​ជាមួយ​ជន​ពាល​អាលគីម។ ទ្រង់​ក៏​តែង​តាំង​លោក​អាលគីម​ឲ្យ​បំពេញ​មុខ​ងារ​ជា​មហា​បូជាចារ្យ ហើយ​បញ្ជា​ឲ្យ​លោក​អាលគីម​ធ្វើ​បាប​ជន​ជាតិ​យូដា ដើម្បី​សង​សឹក។ ១០​លោក​ទាំង​ពីរ​ចេញ ដំណើរ ដោយ​នាំ​កង​ទ័ព​ជាច្រើន​ទៅ​ជាមួយ​ផង។ លុះ​មក​ដល់​ស្រុក​យូដា គេ​ចាត់​អ្នក​នាំ​សារ​ទៅ​ជួប​លោក​យូដា និង​បង​ប្អូន​លោក​ដើម្បី​សុំ​សន្តិ​ភាព ក្នុង​គោល​បំណង​បញ្ឆោត​អស់​លោក។ ១១​ប៉ុន្តែ ជន​ជាតិ​យូដា​ឃើញ​ថា​ លោក​ទាំង​ពីរ​មក​ស្រុក​គេ​ទាំង​នាំ​កង​ទ័ព​ដ៏​ខ្លាំង​ពូកែ​មក​ជាមួយ​ផង​នោះ គេ​ក៏​មិន​ជឿ​ទុក​ចិត្ត​លើ​កិច្ច​ចរចា​ របស់​លោក​ទាំង​ពីរ​ទេ។ ១២ប៉ុន្តែ មាន​គណៈ​កម្មការ​ធម្មាចារ្យ​ទៅ​ជួប​ជុំ នៅ​ផ្ទះ​លោក​អាលគីម និង​លោក​បាឃីដែស ដើម្បី​ចរចា​ស្វែង​រក​សន្តិភាព​ដ៏​ត្រឹម​ត្រូវ។ ១៣​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល មាន​ពួក​ហាស្ស៊ីឌីម​សុខ​ចិត្ត​ចុះ​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​មុន​គេ។ ១៤​ពួក​ហ្ស៊ីឌីម​នោះ​និយាយ​ថា៖​«លោក​អាលគីម​ដែល​មក​ជាមួយ​កង​ទ័ព​របស់​ស្ដេច ជា​បូជាចារ្យ​ម្នាក់​ក្នុង​វង្ស ត្រកូល​លោក​អរ៉ូន! លោក​ពិត​ជា​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ចំពោះ​ពួក​យើង​ទេ!»។ ១៥​លោក​អាលគីម​ចេះ​តែ​ពោល​ជាមួយ​គេ អំពី​សន្តិ​ភាព ហើយ​អះ​អាង​ដោយ​ស្បថ​ថា៖ «យើង​មិន​ធ្វើ​បាប​អ្វី​ចំពោះ​បង​ប្អូន ឬ​ចំពោះ​មិត្តភ័ក្ដិ​របស់​បង​ប្អូន​ឡើយ!»។ ១៦​ពួកគេ​ជឿ​ទុក​ចិត្ត​ពាក្យ​សំដី​ផ្អែម​ល្ហែម​របស់​លោក​អាលគីម។ ប៉ុន្តែ លោក​អាលគីម​ចាប់​ពួក​ហាស្ស៊ីឌីម​ចំនួន​ហុកសិប​នាក់​ យក​ទៅ​ប្រហារ​ជីវិត ក្នុង​ថ្ងៃ​តែ​មួយ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា៖១៧«ពួក​គេ​បាន​បង្ហូរ​ឈាម​អ្នក​បម្រើ​ដ៏​បរិសុទ្ធ​របស់​ព្រះ​អង្គ ព្រម​ទាំង​ទុក​សាក​សព​ចោល ពាស​ពេញ​នៅ​ជុំវិញ​ក្រុង​យេរូសាឡឹម។ គ្មាន​នរណា​ម្នាក់​យក​សាក​សព​របស់​គេ​ទៅ​បញ្ចុះ​ឡើយ»។ ១៨​ពេល​នោះ ប្រជា​ជន​ទាំង​អស់​ជ្រួល​ច្របល់ និង​ភ័យ​ខ្លាច​ហើយ​និយាយ​ថា៖ ​«ពួក​នេះ​ជា​មនុស្ស​កុហក​បោក​ប្រាស​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​​ គេ​មិន​គោរព​កិច្ច​ព្រម​ព្រៀង និង​បំពាន​សម្បថ​របស់​គេ​ហើយ»។ ១៩​រីឯ​លោក​បាន​ឃីដែស​វិញ លោក​ចាក​ចេញ​ពី​ក្រុង​យេរូ​សាឡឹម ទៅ​បោះ​ទ័ព​នៅ​ក្រុង​បេតសែត។ លោក​បញ្ជា​ឲ្យ​គេ​ទៅ​ចាប់​ជន​ជាតិ​យូដា​ជាច្រើន ដែល​ចូល​ខាង លោក និង​ប្រជា​ជន​ខ្លះ​យក​ទៅ​កាត់​ក ហើយ​យក​សាក​សព​របស់​ពួក​គេ ទៅ​បោះ​ចោល​ក្នុង​អណ្តូង​ដ៏​ជ្រៅ​មួយ។ ២០​លោក​ប្រគល់​អាណា​ខេត្ត​នេះ ឲ្យ​លោក​អាលគីម​កាន់​កាប់ ព្រម​ទាំង​ទុក​កង​ទ័ព​សម្រាប់​ជួយ​លោក​ផង រួច​លោក​បាកឃី​ដែស​វិល​ត្រឡប់​ ទៅ​រក​ព្រះ​មហា​ក្សត្រ​វិញ។ ២១ លោក​អាលគីម​ខិត​ខំ​រិះរក​មធ្យោបាយ ដើម្បី​ឲ្យ​ប្រជា​ជន​ទទួល​ស្គាល់​លោក​ ជា​មហា​បូជាចារ្យ។ ២២ ពួក​អ្នក​បង្ក​ចលាចល ក្នុង​ចំណោម​ប្រជា​ជន ក៏​បាន​ចូល​រួម​ជាមួយ​ដែរ។ ពួក​គេ​កាន់​កាប់​ស្រុក​យូដា និង​ធ្វើ​បាប​ជន​ជាតិ​អ៊ីស្រាអែល​យ៉ាង​ខ្លាំង​ផង។ ២៣​លោក​យូដា​យល់​ឃើញ​ថា លោក​អាលគីម និង​បក្ស​ពួក​គេ ធ្វើ​បាប​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល ខ្លាំង​ជាង​សាសន៍​ដទៃ ដែល​បាន​ធ្វើ​បាប​ប្រជា​ជន​អ៊ីស្រាអែល ពីមុន​នោះ​ទៅ​ទៀត។ ២៤ ដូច្នេះ លោក​ធ្វើ​ដំណើរ​ទៅ​គ្រប់​តំបន់​នៃ​ស្រុក​យូដា​ទាំង​មូល។ លោក​ប្រហារ​ជីវិត​ពួក​ក្បត់​សាសនា និង​រារាំង​ផ្លូវ​ពួក​គេ​មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​បាន​ឡើយ។

លោក​នីកាន័រ
២៥​លោក​អាលគីម​យល់​ឃើញ​ថា លោក​យូដា​និង​មិត្ត​ភក្តិ​របស់​លោក មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង​ៗ មិន​អាច​ទប់​ទល់​បាន​ដូច្នេះ គាត់​ក៏​ត្រឡប់​ទៅ​គល់​ព្រះ​មហា​ក្សត្រ​វិញ ហើយ​ចោទ​ប្រកាន់​ថា ពួក​គេ​ប្រព្រឹត្ត​ការ​អាក្រក់​ជា​ច្រើន។

២៦​ព្រះ​រាជា​ចាត់​លោក​នីកាន័រ ជា​មេទ័ព​ម្នាក់​ក្នុង​ចំណោម​មេទ័ព​ ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​ជាង​គេ ជា​អ្នក​ដែល​ស្អប់ ហើយ​ប្រឆាំង​ជន​ជាតិ​អ៊ីស្រាអែល​យ៉ាង​ខ្លាំង។ លោក​ទទួល​រាជ​បញ្ជា​ឲ្យ ប្រល័យ​ពូជ​សាសន៍​អ៊ីស្រាអែល​ ទាំង​អស់។ ២៧ លោក​មក​ដល់​ក្រុង​យេរូសាឡឹម ទាំង​នាំ​កង​ទ័ព​ជា​ច្រើន​មក​ជាមួយ​ផង។ លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យូដា និង​បង​ប្អូន​របស់​លោក​អំពី​សន្តិ​ភាព ដោយ​មាន​បំណង​ចង់​បញ្ឆោត​គេ​ថា៖ ២៨«យើង​មិន​ត្រូវ​វាយ​ប្រយុទ្ធ​គ្នា​ឡើយ។ ខ្ញុំ​មក​ជួប​អស់​លោក​ដើម្បី​ចរចា​រក​សន្តិ​ភាព ខ្ញុំ​នាំ​កង​ការពារ​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​មក​ជាមួយ»។ ២៩​លោក​មក​ដល់​ផ្ទះ​លោក​យូដា ហើយ​លោក​ទាំង​ពីរ​សួរ​សុខ​ទុក្ខ​គ្នា​ដូច​មិត្ត​ធម្មតា ប៉ុន្តែ ពួក​សត្រូវ​ត្រៀម​នឹង​ចាប់​លោក​យូដា។ ៣០​លោក​យូដា​យល់​ឃើញ​ថា លោក​នីកាន័រ​មក​ផ្ទះ​គាត់​នេះ គឺ​មាន​គម្រោង​បោក​បញ្ឆោត គាត់​ភ័យ​ខ្លាច ហើយ​មិន​ព្រម​និយាយ​ចរចា​ទៀត​ឡើយ។ ៣១​ពេល​នោះ លោក​នីកាន័រ​យល់​ឃើញ​ថា គេ​ស្គាល់​កល​ល្បិច​របស់​ខ្លួន ក៏​នាំ​កង​ទ័ព​ទៅ​ប្រយុទ្ធ​នឹង​លោក​យូដា នៅ​ក្បែរ​ក្រុង​ខាផា​សាឡាម៉ា។ ៣២​ពេល​នោះ​មាន​កង​ទ័ព​របស់​លោក​នីកាន័រ ប្រហែល​ប្រាំ​រយ​នាក់ បាត់​បង់​ជីវិត​នៅ​លើ​សមរភូមិ ហើយ​កង​ទ័ព​ដែល​នៅ​សេស​សល់​ពី​ស្លាប់ រត់​គេច​ខ្លួន​ទៅ​កាន់​បុរី​ព្រះ​បាទ​ដាវីឌ។ ៣៣​ក្រោយ​ពី​ហេតុ​ការណ៍​មក លោក​នីកាន័រ​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នំ​ស៊ីយ៉ូន។ ពេល​នោះ​មាន​ក្រុម​បូជាចារ្យ និង​ព្រឹទ្ធាចារ្យ​ខ្លះ​ចេញ​ពី​ព្រះ​វិហារ​ទៅ​ទទួល​លោក​នីកាន័រ​យ៉ាង​រាក់​ទាក់ ព្រម​ទាំង​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ដែល​គេ​ធ្លាប់​ថ្វាយ​ព្រះជាម្ចាស់ ដើម្បី​ឲ្យ​ព្រះ​អង្គ​ប្រទាន​ពរ​ដល់​ព្រះ​មហា​ក្សត្រ។ ៣៤ ប៉ុន្តែ លោក​នីកាន័រ​ចំអក ហើយ​ជេរ​ប្រមាថ​ពួក​គេ ដោយ​ពោល​ពាក្យ​យ៉ាង​ព្រហើន​ផង។ ៣៥​លោក​ខឹង​ជា​ខ្លាំង​ហើយ​ស្បថ​ថា៖ «លើក​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បញ្ជូន​យូដា និង​កង​ទ័ព​របស់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ​ទេ ហើយ​ប្រសិន​បើ​ខ្ញុំ​ទទួល​ជ័យ​ជម្នះ​នោះ ពេល​ខ្ញុំ​វិល​ត្រឡប់​មក​វិញ ខ្ញុំ​មុខ​ជា​ដុត​បំផ្លាញ​ព្រះ​វិហារ​នេះ​ចោល!»។ លោក​ចេញ​ទៅ​ទាំង​ក្រេវ​ក្រោធ​យ៉ាង​ខ្លាំង។ ៣៦​លោក​បូជាចារ្យ នាំគ្នា​ចូល​ខាង​ក្នុង​ព្រះ​វិហារ​វិញ រូច​ឈរ​នៅ​មុខ​អាសនៈ និង​នៅ​មុខ​ព្រះ​វិហារ ហើយ​ទូល​អង្វរ​ដោយ​យំ​ថា៖ ៣៧«បពិត្រ​ព្រះជាម្ចាស់! ព្រះ​អង្គ​បាន​ជ្រើស​រើស​ព្រះ​ដំណាក់​នេះ ជា​ព្រះ​ដំណាក់​របស់​ព្រះ​អង្គ​ផ្ទាល់ ដើម្បី​ឲ្យ​ទៅ​ជា​កន្លែង​អធិដ្ឋាន និង​អង្វរ​ព្រះ​អង្គ​ផង។ ៣៨​សូម​ទ្រង់​ព្រះ​មេត្តា​ដាក់​ទោស​ជន​នេះ និង​កង​ទ័ព​របស់​គេ! សូម​ឲ្យ​ពួក​គេ​ស្លាប់​ដោយ​មុខ​ដាវ! សូម​កុំ​បំភ្លេច​ពាក្យ​ប្រមាថ​របស់​ពួក​គេ! សូម​កុំ​ត្រា​ប្រណី​ពួក​គេ​ឡើយ»។

លោក​នីកាន័រ​បាត់បង់​ជីវិត
៣៩​លោក​នីកាន័រ​ចាក​ចេញ​ ពី​ក្រុង​យេរូសាឡឹម​ទៅ​បោះ​ទ័ព​នៅ​ក្រុង​បេត​ហូរ៉ូន។ មាន​កង​ទ័ព​ពី​ស្រុក​ស៊ីរី ចូល​មក​រួម​ជាមួយ​លោក​នៅ​ទីនោះ។ ៤០ រីឯ​លោក​យូដា និង​ពល​ទ័ព​ចំនួន​បី​ពាន់​នាក់​វិញ បាន​បោះ​ទ័ព​នៅ​ភូមិ​អាដាសា។ លោក​យូដា​ទូល​អង្វរ​ព្រះជាម្ចាស់​ដូច​តទៅ៖ ៤១«បពិត្រ​ព្រះ​ជា​ម្ចាស់! កាល​ពីដើម នៅ​ពេល​មាន​អ្នក​នាំ​សារ​របស់​ស្ដេច​ប្រមាថ​ព្រះអង្គ ទេវទូត​របស់​ព្រះ​អង្គ​យាង​មក ហើយ​ប្រហារ​ជីវិត​សត្រូវ អស់​មួយ​សែន​ប្រាំបី​ម៉ឺន​ប្រាំ​ពាន់​នាក់។ ៤២​នៅ​ថ្ងៃ​នេះ សូម​ព្រះ​អង្គ​កម្ទេច​កង​ទ័ព​នោះ នៅ​មុខ​ពួក​យើង​ខ្ញុំ​ផង! សូម​ឲ្យ​កង​ទ័ព​ឯទៀត​ៗ​ដឹង​ថា លោក​នីកាន័រ​បាន​ជេរ​ប្រមាថ​ទី​សក្ការៈ​របស់​ព្រះ​អង្គ។ សូម​ដាក់​ទោស​គាត់ តាម​អំពើ​អាក្រក់​ដែល​គាត់​បាន​ធ្វើ»។ ៤៣​ថ្ងៃ​ទី​១៣​ខែ​អាដារ ដែល​ត្រូវ​នឹង​ខែ​ផល្គុន កង​ទ័ព​ទាំង​ពីរ​ប្រយុទ្ធ​គ្នា ហើយ​កង​ទ័ព​របស់​លោក​យូដា​កម្ទេច​កង​ទ័ព​របស់​លោក​នីកាន័រ។ លោក​នីកាន័រ​ក៏​បាត់​បង់​ជីវិត​នៅ​លើ​សមរ​ភូមិ​មុន​គេ​បង្អស់។ ៤៤​កាល​ពល​ទាហាន​របស់​លោក​នីកាន័រ​ឃើញ​ថា មេទ័ព​របស់​ខ្លួន​ត្រូវ​គេ​សម្លាប់​ហើយ ពួក​គេ​បោះ​អាវុធ​ចោល ហើយ​រត់​យក​តែ​ប្រាស​អាយុ​គ្រប់​ៗ​គ្នា។ ៤៥ កង​ទ័ព​យូដា​ដេញ​តាម​ពួក​គេ​អស់​មួយ​ថ្ងៃ តាំង​ពី​ក្រុង​អាដាសារ រហូត​ដល់​ទីវាល​ក្បែរ​ក្រុង​ហ្កាសារ៉ា ព្រម​ទាំង​មាន​ស្នូរ​ត្រែ​ លាន់​ឮ​រំពង​ទៀត​ផង។ ៤៦ ប្រជា​ជន​យូដា​ចេញ​ពី​គ្រប់​សមរភូមិ​ មក​ឡោម​ព័ទ្ធ​ពួក​គេ និង​ដេញ​កៀង​ពួក​គេ ទៅ​ឲ្យ​កង​ទ័ព​របស់​លោក​យូដា។ សត្រូវ​ដួល​នៅ​មុខ​ដាវ ហើយ​គ្មាន​នរណា​ម្នាក់​រត់​រួច​ពី​ស្លាប់​ឡើយ។ ៤៧​ជន​ជាតិ​យូដា​ប្រមូល​អាវុធ​របស់​សត្រូវ និង​ជយ​ភណ្ឌ។ គេ​កាត់​ក​និង​ដៃ​ស្តាំ​របស់​លោក​នីកាន័រ គឺ​ដៃ​ដែល​លោក​បាន​លើក​ឡើង​យ៉ាង​ព្រហើន​ប្រឆាំង​នឹង​ព្រះ​វិហារ។ គេ​យក​ទាំង​ក្បាល​និង​ដៃ​របស់​លោក ទៅ​តាំង​នៅ​ក្រុង​យេរូសាឡឹម ឲ្យ​មនុស្ស​ម្នា​ឃើញ​គ្រប់ ៗ​ គ្នា។ ៤៨​ប្រជា​ជន​យូដា​ត្រេក​អរ​យ៉ាង​ក្រៃ​លែង គេ​នាំ​គ្នា​ធ្វើ​បុណ្យ​នៅ​ថ្ងៃ​នោះ​ផង។ ៤៩​គេ​ចេញ​ច្បាប់​កំណត់​យក​ថ្ងៃ​ទី​១៣ ខែ​អាដារ ដែល​ត្រូវ​នឹង​ខែ​ផល្គុន ឲ្យ​ប្រជា​ជន​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ជា​រៀង​រាល់​ឆ្នាំ។ សន្តិ​ភាព​ក៏​កើត​មាន​ក្នុង​ស្រុក​យូដា​តែ​ក្នុង​រយៈ​ពេល​ដ៏ខ្លី​ប៉ុណ្ណោះ។

ជំពូកទី ៨

ពាក្យ​សរសើរ​ជនជាតិ​រ៉ូម៉ាំង
​​១​លោក​យូដា​ឮ​គេ​និយាយ អំពី​ឈ្មោះ​ល្បី​របស់​ជន​ជាតិ​រ៉ូម៉ាំង គឺ​ជន​ជាតិ​នោះ​សុទ្ធ​តែ​ជា​អ្នក ចម្បាំង​ដ៏​អង់​អាច។ ពួក​គេ​មាន​ចិត្ត​សប្បុរស​ចំពោះ​ប្រជា​ជន​ដែល​ចូល​រួម​ជាមួយ​គេ។ ពួក​គេ តែង​តែ​គាំ​ទ្រ​អស់​អ្នក ​ដែល​សូម​ទាក់​ទង​ជាមួយ​ពួក​គេ។ ជន​ជាតិ​នោះ​សុទ្ធ​តែ​ជា​អ្នក​ចម្បាំង​ដ៏​អង់​អាច​មែន។ ២គេ​រៀប​រាប់​ប្រាប់​លោក​យូដា អំពី​ការ​ធ្វើ​សង្គ្រាម​របស់​ពួក​គេ ជា​ពិសេស​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ​របស់​ពួក​គេ​នៅ​ស្រុក​ហ្គោល គឺ​ពួក​គេ​បាន​បង្ក្រាប​អ្នក​ស្រុក ហើយ​បង្ខំ​ឲ្យ​បង់​សួយ​សារ​អាករ​ទៀត​ផង។ ៣​គេ​រៀប​រាប់​អំពី​សឹក​សង្គ្រាម​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​នៅ​ស្រុក​អេស្ប៉ាញ ដើម្បី​ដណ្ដើម​យក​រ៉ែ​មាស និង​ប្រាក់​នៅ​ស្រុក​នោះ។ ៤​ទោះ​ជា​ស្រុក​នេះ​នៅ​ឆ្ងាយ​ពី​ក្រុង​រ៉ូម​ក៏​ដោយ ក៏​ពួក​គេ​វាយ​ដណ្ដើម​យក​ស្រុក​នោះ បាន​ដោយ​ប្រាជ្ញា​វាង​វៃ និង​ចិត្ត​ព្យាយាម​របស់​ពួក​គេ។ ជន​ជាតិ​រ៉ូម៉ាំង​មាន​ជ័យ​ជម្នះ​លើ​ស្ដេច​ទាំង​ប៉ុន្មាន ដែល​យាង​មក​ពី​ស្រុក​ដាច់​ស្រយាល​នៃ​ផែន​ដី ដើម្បី​វាយ​ប្រហារ​ពួក​គេ។ ពួក​គេ​ក៏​បាន​វាយ​កម្ទេច​ស្ដេច​ទាំង​នោះ​ដែរ នាំ​ឲ្យ​ស្ដេច​ទាំង​នោះ​រង​ការ​អន្ត​រាយ​ជា​ទម្ងន់ ហើយ​បង្ខំ​ស្ដេច​ឯទៀត​ៗ​ឲ្យ​បង់​សួយ​អាករ​ប្រចាំ​ឆ្នាំ។ ៥​ទី​បញ្ចប់ ជន​ជាតិ​រ៉ូម៉ាំង​បាន​វាយ​ឈ្នះ​ព្រះ​បាទ​ភីលីព និង​ព្រះបាទ​ពែរសេ ជា​ស្ដេច​ស្រុក​ម៉ាសេដូន ព្រម​ទាំង​បង្ក្រាប​ជន​ជាតិ​ណា​ដែល​លើក​គ្នា ប្រឆាំង​នឹង​ពួក​គេ​ទៀត​ផង។
៦​ព្រះបាទ​អន់ទីយ៉ូគូស​ ជា​ស្ដេច​ស្រុក​អាស៊ី យាង​ចេញ​ទៅ​ប្រយុទ្ធ​នឹង​ជន​ជាតិ​រ៉ូម៉ាំង ដោយ​នាំ​ទ័ព​ដំរី​ចំនួន ១២០ ក្បាល​ កង​ទ័ព​សេះ​រទេះ​ចម្បាំង និង​កង​ទ័ព​ថ្មើរ​ជើង​ជា​ច្រើន​ទៅ​ជាមួយ​ផង។ ប៉ុន្តែ កង​ទ័ព​រ៉ូម៉ាំង​វាយ​កម្ទេច​កង​ទ័ព​ទាំង​នោះ ៧​ចាប់​ស្ដេច​ទាំង​រស់ និង​បង្ខំ​ទាំង​ព្រះ​រាជា ទាំង​ស្ដេច​ដែល​ស្នង​រាជ​ បន្ទាប់​ៗ​មក ឲ្យ​បង់​សួយ​សារ​អាករ​មួយ​ដ៏​ធ្ងន់​តាម​ពេល​កំណត់ ព្រម​ទាំង​ត្រូវ​បញ្ជូន​ជា​ចំណាប់​ខ្មាំង​ទៀត​ផង។ ជន​ជាតិ​រ៉ូម៉ាំង​ក៏​រំដោះ ៨ ស្រុក​ឥណ្ឌា ស្រុក​ម៉ែដ ស្រុក​លីឌី និង​អាណា​ខេត្ត​ខ្លះ​ដ៏​ល្អ​ជាង​គេ ពី​ការ​គ្រប់​គ្រង​របស់​ព្រះ​បាទ​ដេម៉េទ្រី​យ៉ូស​ថ្វាយ​ព្រះ​បាទ​អើ​មែន​ដែរ។ ៩​ជន​ជាតិ​ក្រិក​សម្រេច​ចិត្ត​ ទៅ​វាយ​កម្ទេច​ជន​ជាតិ​រ៉ូម៉ាំង​ ឲ្យ​សាប​សូន្យ។ ១០ជន​ជាតិ​រ៉ូម៉ាំង​ជ្រាប​គម្រោង​ការ​នេះ ហើយ​ចាត់​មេទ័ព​តែ​ម្នាក់​ឲ្យ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​គេ។ ពល​ទាហាន​ក្រិក​ជាច្រើន​ស្លាប់​នៅ​សមរភូមិ ហើយ​ជន​ជាតិ​រ៉ូម៉ាំង​ចាប់​ប្រពន្ធ​កូន​ពួក​គេ​នាំ​ទៅ​ជា​ឈ្លើយ។ ជន​ជាតិ​រ៉ូម៉ាំង រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ ធ្វើ​ជា​ជយ​ភណ្ឌ​គ្រប់​គ្រង​ស្រុក​របស់​ពួក​គេ កម្ទេច​ក្រុង​នានា​របស់​ពួកគេ​ចោល ហើយ​យក​ជន​ជាតិ​ក្រិក​ធ្វើ​ជា​ទាសករ​រហូត​ដល់​សព្វ​ថ្ងៃ។

១១​ជន​ជាតិ​រ៉ូម៉ាំង​បាន​បំផ្លាញ និង​បង្ក្រាប​រាជា​ណាចក្រ​ឯទៀត​ៗ និង​កោះ​ទាំង​ប៉ុន្មាន​ដែល​ប្រឆាំង​នឹង​ពួក​គេ។ ១២​ប៉ុន្តែ ពួក​គេ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​មិត្ត​ភក្តិ​គេ ចំពោះ​អស់​អ្នក​ដែល​ចង​សម្ព័ន្ធ​មេត្រី និង​ពឹង​ពាក់​គេ។ ជន​ជាតិ​រ៉ូម៉ាំង​បាន​បង្ក្រាប​ស្ដេច​ទាំង​ជិត ទាំង​ឆ្ងាយ។ អស់​អ្នក​ដែល​ឮ​កិត្តិ​នាម​របស់​គេ​នាំ​គ្នា​ភ័យ​ខ្លាច​ជា​ខ្លាំង។ ១៣​គេ​តែង​តាំង​អ្នក​ដែល​គេ​ទុក​ចិត្ត​ឲ្យ​ធ្វើ​ជា​ស្ដេច​ គឺ​ជន​ណា​ដែល​ពួក​គេ​យល់​ឃើញ​ថា​គួរ​ឲ្យ​គ្រង​រាជ្យ និង​គួរ​ឲ្យ​ទទួល​ការ​ឧបត្ថម្ភ​ពី​ពួក​គេ។ រីឯ​ស្ដេច​ដទៃ​ទៀត ពួក​គេ​ទម្លាក់​ចុះ​ពី​បល្ល័ង្ក។ ឥឡូវ​នេះ​អំណាច​របស់​គេ​ឡើង​ដល់​កំពូល​ហើយ។ ១៤ប៉ុន្តែ ទោះ​យ៉ាង​នេះ​ក្ដី ក៏​គ្មាន​ជន​ជាតិ​រ៉ូម៉ាំង​ណា​ម្នាក់​ឡើយ ​សោយ​រាជ្យ​ដោយ​ពាក់​មកុដ​ឬ​ពាក់​ព្រះ​ភូសា​ឡើយ!។ ១៥​ពួក​គេ​បង្កើត​ព្រឹទ្ធ​សភា​មួយ ដែល​មាន​សមាជិក​៣២០​នាក់​ប្រជុំ​គ្នា​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​របស់​ប្រជា​ជន និង​រក​សេចក្ដី​សុខ​សាន្ត ឲ្យ​ប្រជា​ជន​ទៀត​ផង។ ១៦​រៀងរាល់​ឆ្នាំ គេ​ផ្ញើ អំណាច​លើ​មនុស្ស​តែ​ម្នាក់​ដែល​ពួក​គេ​តែង​តាំង ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ​ពួក​គេ និង​ត្រួត​ត្រា​លើ ចក្រភព​ទាំង​មូល​របស់​គេ។ ប្រជា​ជន​ទាំង​អស់ ស្ដាប់​បង្គាប់​មនុស្ស​តែ​ម្នាក់​នោះ​ ដោយ​គ្មាន​ចិត្ត​ច្រណែន​ឈ្នានីស​ឡើយ។

ជនជាតិ​យូដា​ចង​សម្ពន្ធមិត្ត​ជាមួយ​ជនជាតិ​រ៉ូម៉ាំង
១៧​លោក​យូដា​ជ្រើស​រើស​លោក​អឺបួលែម ជា​កូន​របស់​លោក​យូហាន ជា​ចៅ​របស់​លោក​អគូស ព្រម​ទាំង​លោក​យ៉ាសូន​ ជា​កូន​របស់​លោក​អេឡាសារ ហើយ​ចាត់​លោក​ទាំង​ពីរ​ឲ្យ​ទៅ​ក្រុង​រ៉ូម ដើម្បី​ចុះ​សន្ធិ​សញ្ញា និង​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​ជន​ជាតិ​រ៉ូម៉ាំង។ ១៨​លោក​យូដា​ធ្វើ​ដូច្នេះ ដើម្បី​រំដោះ​ជន​ជាតិ​របស់​ខ្លួន ឲ្យ​រួច​ពី​នឹម​របស់​ពួក​ស៊ីរី​ដែល​ជិះ​ជាន់ និង​ធ្វើ​ឲ្យ​ប្រជា​ជន​អ៊ីស្រាអែល​ទៅ​ជា​ទាសករ​របស់​គេ។ ១៩​លោក​ទាំង​ពីរ​ចេញ​ដំណើរ​ទៅ​ក្រុង​រ៉ូម។ ក្រោយ​ពី​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​យ៉ាង​យូរ លោក​អឺប៉ូលែម​ និង​លោក​យ៉ាសូន​មក​ដល់​ក្រុង​រ៉ូម ហើយ​ចូល​ទៅ​ជួប​ព្រឹទ្ធ​សភា រួច​មាន​ប្រសាសន៍​ថា៖ ២០«លោក​យូដា​ម៉ាកាបាយ​និង​បង​ប្អូន​របស់​លោក រួម​ទាំង​ប្រជា​ជន​យូដា ចាត់​យើង​ខ្ញុំ​ឲ្យ​មក​សុំ​សន្តិ​ភាព និង​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​អស់​លោក»។ ២១​ព្រឹទ្ធសភា​ពេញ​ចិត្ត ហើយ​យល់​ព្រម​តាម​សំណូម​ពរ​របស់​លោក​ទាំង​ពីរ។

២២​នេះ​ជា​សេចក្ដី​ចម្លង​នៃ​លិខិត ដែល​អស់​លោក​បាន​ចារឹក​លើ​បន្ទះ​លង្ហិន ផ្ញើ​ទៅ​ក្រុង​យេរូ​សាឡឹម ដើម្បី​រំលឹក​ជន​ជាតិ​យូដា អំពី​សន្ធិ​សញ្ញា​សម្ព័ន្ធ​មិត្ត និង​សន្តិ​ភាព៖
២៣«សូម​ឲ្យ​ជន​ជាតិ​រ៉ូម៉ាំង និង​ជន​ជាតិ​យូដា​រីក​ចម្រើន​ឡើង ទាំង​នៅ​លើ​ដែន​សមុទ្រ ទាំង​នៅ​លើ​ផែន​ដី​ជា​ដ៏​រាប​ត​រៀង​ទៅ! សូម​ឲ្យ​ខ្មាំង​សត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ជាតិ​ទាំង​ពីរ!។ ២៤​ប៉ុន្តែ បើ​ខ្មាំង​សត្រូវ​វាយ​ប្រហារ​ក្រុង​រ៉ូម ឬ សម្ព័ន្ធ​មិត្ត​ណា​មួយ​នៃ​ក្រុង​នេះ នៅ​កន្លែង​ណា​ដែល​ជន​ជាតិ​រ៉ូម៉ាំង​គ្រប់​គ្រង ២៥​ប្រជាជាតិ​យូដា​នឹង​ចូល​រួម​ជាមួយ​ក្រុង​ធ្វើ​សង្គ្រាម ដោយ​អស់​ពីចិត្ត​ពី​ថ្លើម តាម​សេចក្ដី​ត្រូវ​ការ​នៅ​ពេល​នោះ។ ២៦​តាម​ការ​សម្រេច របស់​ក្រុង​រ៉ូម ជន​ជាតិ​យូដា​មិន​ត្រូវ​ផ្ដល់​ស្បៀង​អាហារ អាវុធ ប្រាក់ ឬ សំពៅ​ឲ្យ​ពួក​ខ្មាំង​សត្រូវ សូម្បី តែ​ខ្ចី​ក៏​មិន​បាន​ដែរ។ ជន​ជាតិ​យូដា​ត្រូវ​តែ​គោរព​កិច្ច​ព្រម​ព្រៀង​នេះ ដោយ​មិន​ទទួល​អ្វី​ជា​សគុណ​វិញ​ឡើយ។ ២៧​តាម​របៀប​ដដែល ប្រសិន​បើ​ខ្មាំង​សត្រូវ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ជន​ជាតិ​យូដា ជន​ជាតិ រ៉ូម៉ាំង​នឹង​ចូល​រួម​ជាមួយ​ជន​ជាតិ​យូដា​ធ្វើ​សង្គ្រាម ដោយ​អស់​ពីចិត្ត​ថ្លើម តាម​សេចក្ដី​ត្រូវ​ការ​នៅ​ពេល​នោះ​ដែរ។ ២៩​ជន​ជាតិ​រ៉ូម៉ាំង​ក៏​មិន​ត្រូវ​ផ្ដល់​ស្បៀង អាវុធ ប្រាក់ ឬ​សំពៅ​ឲ្យ​ខ្មាំង​តាម​ការ​សម្រេច​របស់​ក្រុង​រ៉ូម​ដូច​គ្នា។ ជន​ជាតិ​រ៉ូម៉ាំង​នឹង​គោរព​កិច្ច​ព្រម​ព្រៀង​នេះ​ដោយ​ស្មោះ។ ជន​ជាតិ​រ៉ូម៉ាំង​ចុះ​សន្ធិ​សញ្ញា​ជាមួយ​ជន​ជាតិ​យូដា តាម​លក្ខន្តិកៈ​នេះ។ ៣០​នៅ​ពេល​អនាគត ប្រសិន​បើ​សម្ព័ន្ធ​មិត្ត​ទាំង​ពីរ​សម្រេច​ចិត្ត​នឹង​បន្ថែម ឬ​បន្ថយ​សេចក្ដី​ណា​មួយ ក្នុង​កិច្ច​ព្រមព្រៀង​នេះ គេ​នឹង​ប្រព្រឹត្ត​បាន​តាម​ការ​សម្រេច​របស់​ពួក​គេ ហើយ​ត្រូវ​អនុវត្ត​តាម​សេចក្ដី​បន្ថែម ឬ​បន្ថយ​នោះ ទុក​ជា​ផ្លូវ​ការ​តាម​ច្បាប់»។ ៣១ ចំពោះ​អំពើ​អាក្រក់​ដែល​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​បាន​ប្រព្រឹត្ត មក​លើ​ប្រជា​ជន​យូដា យើង​បាន​សរសេរ​លិខិត ថ្វាយ​ព្រះ​មហា​ក្សត្រ ដែល​មាន​សេចក្ដី​ដូច​តទៅ៖ «ហេតុអ្វី​បាន​ជា​ព្រះ​ករុណា​ជិះ​ជាន់​សង្កត់​សង្កិន​ប្រជា​ជន​យូដា ដែល​ជា​មិត្ត និង​សម្ព័ន្ធ​មិត្ត​របស់​យើង​ដូច្នេះ? ៣២​ប្រសិន​បើ​ពួក​គេ​នៅ​តែ​ប្ដឹង​យើង​អំពី​ព្រះ ករុណា​ម្ដង​ទៀត យើង​នឹង​គាំទ្រ​ពួក​គេ ហើយ​ចេញ​ទៅ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ព្រះ​ករុណា ទាំង​នៅ​ដែន​សមុទ្រ ទាំង​នៅ​លើ​ដី​ផង»។

ជំពូកទី ៩

លោក​យូដា​ទទួល​មរណភាព
១​ព្រះ​បាទ​ដេម៉េទ្រីយ៉ូស ទទួល​ដំណឹង​ថា លោក​នីកាន័រ​បាត់​បង់​ជីវិត នៅ​លើ​សមរ​ភូមិ ហើយ​កង​ទ័ព​របស់​លោក ត្រូវ​ជន​ជាតិ​យូដា​វាយ​កម្ទេច​ដូច្នេះ
ទ្រង់​ចាត់​លោក​បាកឃី​ដែស​ និង​លោក​អាលគីម ឲ្យ​ទៅ​វាយ​ស្រុក​យូដា​ម្ដង​ទៀត ដោយ​មាន​កង​ទ័ព​ពិសេស​ទៅ​ជាមួយ​ផង។ ២​លោក​ទាំង​ពីរ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ស្រុក​កាលីឡេ ហើយ​ឡោម​ព័ទ្ធ​ក្រុង​ម៉េសាឡូត ដែល​នៅ​ក្នុង​ទឹក​ដី​ពួក​អបែល។ គេ​វាយ​ដណ្ដើម​យក​ក្រុង​នោះ​បាន ហើយ​កាប់​សម្លាប់​ប្រជា​ជន​មួយ​ចំនួន​ធំ។ ៣​នៅ​ខែ​ទី​មួយ​ឆ្នាំ​១៥២ ពួក​គេ​បោះ​ទ័ព​នៅ​ទល់​មុខ​ក្រុង​យេរូសាឡឹម។ ៤​បន្ទាប់​មក ពួក​គេ​ចាក​ចេញ​ពី​ទី​នោះ​ទៅ​កាន់​ភូមិ​បេសែត ដោយ​នាំ​ទាំង​ពល​ទាហាន​ថ្មើរ​ជើង​ពីរ​ម៉ឺន​នាក់ និង​ពល​សេះ​ពីរ​ពាន់​នាក់​ផង។ ៥​រីឯ​លោក​យូដា​បាន​បោះ​ជំរំ​នៅ​ភូមិ​អេឡាសា ដោយ​មាន​ពល​ទាហាន​ពិសេស​ចំនួន​បី​ពាន់​នាក់​នៅ​ជាមួយ។ ៦​ពល​ទាហាន​របស់​លោក​យូដា ឃើញ​កង​ទ័ព​សត្រូវ​មាន​គ្នា​ច្រើន​យ៉ាង​នេះ ពួក​គេ​ខ្លាច​ជា​ខ្លាំង ហើយ​រត់​ចោល​ជួរ​អស់​ជាច្រើន គឺ​នៅ​សល់​តែ​ប្រាំបី​រយ​នាក់​ប៉ុណ្ណោះ។ ៧​លោក​យូដា​ឃើញ​ថា ពេល​ប្រយុទ្ធ​ជិត​ចាប់​ផ្ដើម​កង​ទ័ព​របស់​លោក​រលួស​ដូច្នេះ លោក​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​លោក​គ្មាន​ពេល​នឹង​ប្រមូល​ទ័ព​របស់​លោក​ឡើង​វិញ​បាន។ ៨​លោក​តប់​ប្រមល់​ ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​ពល​ទ័ព ​ដែល​នៅ​សល់​ថា៖ ​«ចូរ​នាំ​គ្នា​ចេញ​ទៅ​ប្រយុទ្ធ​ជាមួយ​ខ្មាំង! យើង​ប្រហែល​អាច​វាយ​ឈ្នះ​ពួក​គេ»។ ៩​រីឯ​ទាហាន​មិន​យល់​ស្រប​តាម​លោក​ទេ ហើយ​និយាយ​ថា៖​«ឥឡូវ​នេះ​យើង​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ​ក្រៅ​ពី​រត់​ឲ្យ​រួច​ជីវិត​សិន​ប៉ុណ្ណោះ! ចាំ​ពេល​ក្រោយ​យើង​និង​ត្រឡប់​មក វិញ​ជាមួយ​បង​ប្អូន​យើង ដើម្បី​ប្រយុទ្ធ​នឹង​ពួក​គេ​ទៀត! ព្រោះ​ពេល​នេះ​យើង​មាន​គ្នា​តិច​ពេក!។ ១០​លោក​យូដា​ឆ្លើយ​តប​ថា៖ «ទេ! ខ្ញុំ​មិន​រត់​ចោល​សមរភូមិ​ជា​ដាច់​ខាត ប្រសិន​បើ​ដល់​ពេល​យើង​ត្រូវ​ស្លាប់​នោះ យើង​ស្លាប់​ដោយ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ប្រជា​ជន​យើង។ យើង​មិន​ត្រូវ​បង្អាប់​បង្អោន​កិត្តិ​នាម​របស់​យើង​ទេ»។

១១​កង​ទ័ព​របស់​ខ្មាំង​ចេញ​ពី​ជំរំ​ មក​រៀប​ជា​មុខ​សញ្ញា​វាយ​ប្រហារ​លើ​ពួក​យូដា។ កង​ទ័ព​សេះ​បាន​បែង​ចែក​គ្នា​ជា​ពីរ កង​ពល​កាន់​ដង្ហក់ និង​ដើរ​នាំ​មុខ​កង​ទ័ព។ ពួក​គេ​សុទ្ធ​តែ​ជា​ទាហាន​ក្លាហាន​បំផុត! ១២​លោក​បាន​ឃីដែស បញ្ជា​ខាង​ស្ដាំ។ កង​ទ័ព​ថ្មើរ​ជើង​ចេញ​ទៅ​ជា​ពីរ​មុខ​ព្រួញ​តាម​សំឡេង​ត្រែ។ កង​ទ័ព​របស់​លោក​យូដា​ក៏​ផ្លុំ​ត្រែ​ដែរ។ ១៣​ផែនដី​កក្រើក​រញ្ជួយ ដោយ​សារ​តែ​ស្នូរ​សន្ធឹក​នៃ​កង​ទ័ព​ទាំង​ពីរ។ គេ​ច្បាំង​គ្នា​ តាំង​ពី​ព្រលឹម​រហូត​ដល់​ល្ងាច។ ១៤ លោក​យូដា​ឃើញ​ថា​លោក​បាកឃី​ដែស និង​កង​ទ័ព​មួយ​ភាគ​ធំ​របស់​គេ​នៅ​ខាង​ស្ដាំ។ ពល​ទាហាន​ដែល​មាន​ចិត្ត​ក្លាហាន មក​រួម​នៅ​ជាមួយ​លោក​យូដា។ ១៥​ពួក​គេ​បាន​វាយ​កម្ទេច​កង​ទ័ព​ខាង​ស្ដាំ​របស់​ខ្មាំង ហើយ​ដេញ​តាម​រហូត​ដល់​ជើង​ភ្នំ​អសារ៉ា។ ១៦​ប៉ុន្តែ កង​ទ័ព​ដែល​នៅ​ខាង​ឆ្វេង​ឃើញ​ថា កង​ទ័ព​ខាង​ស្តាំ​របស់​គេ​ត្រូវ​បាក់​ទ័ព​ដូច្នេះ ពួក​គេ​ក៏​ព័ទ្ធ​ពី​ខាង​ក្រោយ ហើយ​វាយ​ប្រហារ​មក​លើ​លោក​យូដា​វិញ។ ១៧​គេ​ច្បាំង​គ្នា​យ៉ាង​ខ្លាំង​ក្លា​ជា​ទី​បំផុត ហើយ​បាត់​បង់​ពល​ទាហាន​ជាច្រើន​ទាំង​សង​ខាង។ ១៨​លោក​យូដា​ក៏​បាត់​បង់​ជីវិត​នៅ​ពេល​នោះ​ដែរ ហើយ​ពួក​ទាហាន​ដែល​នៅ​សេស​សល់​ទាំង​ប៉ុន្មាន ក៏​បាក់​ទ័ព​អស់។ លោក​យូណាថាន និង​លោក​ស៊ីម៉ូន នាំ​គ្នា​យក​សាក​សព​របស់​លោក​យូដា​ ជា​បង​ប្អូន​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ដូន​តា​លោក នៅ​ស្រុក​ម៉ូឌីន។ ២០​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល យំ​អាណិត​លោក​យូដា ហើយ​កាន់​ទុក​ជា​យូរ​ថ្ងៃ។ ពួក​គេ​និយាយ​ថា៖ ២១​«ម្ដេច​ក៏​វីរ​បុរស​សង្គ្រោះ​អ៊ីស្រា​អែល បាត់​បង់​ជីវិត​ដូច្នេះ?» ២២​កិច្ចការ​ឯទៀត​ៗ​ដែល​លោក​យូដា​បាន​ធ្វើ​សង្គ្រាម និង​ការ​អស្ចារ្យ​ដ៏​ល្បី​ល្បាញ​របស់​លោក​ មាន​ច្រើន​សន្ធឹក​សន្ធាប់ ដែល​ពុំ​អាច​សរសេរ​រៀប​រាប់​អស់​ឡើយ។

លោក​យូណាថាន​ បន្ត​មុខ​តំណែង​ពី​លោក​យូដា
២៣​បន្ទាប់​ពី លោក​យូដា​បាត់​បង់​ជីវិត​ទៅ​ហើយ​នោះ ពួក​ជន​ពាល​ក៏​លេច​មុខ​ទៀត​នៅ​ស្រុក​អ៊ីស្រា​អែល​ទាំង​មូល ហើយ​អស់​ជន​ទុច្ចរិត​ក៏​ងើប​មុខ​ដែរ។ ២៤​ពេល​នោះ​មាន​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង ប្រជា​ជន​នៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន ក៏​សុខ​ចិត្ត​ចុះ​ចូល​ជាមួយ​ពួក​គេ។ ២៥លោក​បាកឃី​ដែស​បាន ជ្រើស​រើស​អ្នក​ខ្លះ​ក្នុង​ចំណោម​ជន​ពាល​ទាំង​នោះ ឲ្យ​គ្រប់​គ្រង​ស្រុក។ ២៦ពួក​គេ​ស្វែង​រក​ចាប់​បក្ស​ពួក​របស់​លោក​យូដា មក​សួរ​ចម្លើយ រួច​នាំ​ទៅ​ជួប​លោក​បាកឃី​ដែស ដើម្បី​ធ្វើ​ទារុណ​កម្ម និង​ចំអក​ដាក់​បក្ស​ពួក​របស់​លោក​យូដា​ទៀត​ផង។ ២៧​នៅ​សម័យ​នោះ គេ​ជិះ​ជាន់​សង្កត់​សង្កិន​ប្រជា​ជន​អ៊ីស្រាអែល​យ៉ាង​ខ្លាំង តាំង​ពី​ពេល​ដែល​លែង​មាន​ព្យាការី​មក គេ​មិន​ដែល​ជួប​ប្រទះ​ទល់​តែ​សោះ។ ២៨​ពេល​នោះ​មិត្ត​ភក្តិ​របស់​លោក​យូដា​ទាំង​ប៉ុន្មាន​ក៏​មក​ជួប​ជុំ​គ្នា ហើយ​និយាយ​ទៅ​កាន់​លោក​យ៉ូណាថាន​ ថា៖ ២៩«តាំង​ពី​ពេល​លោក​យូដា​ជា​បង​បាត់​បង់​ជីវិត​ទៅ គ្មាន​នរណា​ម្នាក់​ដូច​លោក​យូដា អាច​ដឹក​នាំ​ពួក​យើង​ក្នុង​ការ​ប្រឆាំង​នឹង​សត្រូវ​លោក​បាកឃីដែស និង​ជន​ក្បត់​ជាតិ​យើង​ដូច​គាត់​ឡើយ។ ៣០​ដូច្នេះ នៅ​ថ្ងៃ​នេះ យើង​ខ្ញុំ​សូម​ជ្រើស​រើស​លោក​ដើម្បី​បន្ត​ដំណែង​ពី​លោក​យូដា គឺ​ធ្វើ​ជា មេ​ដឹក​នាំ​របស់​យើង​ខ្ញុំ និង​ធ្វើ​ជា​មេ​បញ្ជា​ការ​យើង​ខ្ញុំ​ក្នុង​ការ​ប្រយុទ្ធ»។ ៣១​លោក​យ៉ូណាថាន​ទទួល​មុខងារ​ជា​មេ​ដឹក​នាំ ហើយ​បន្ត​ដំណែង​ពី​លោក​យូដា​ជា​បង​របស់​លោក។

លោក​យ៉ូណាថាប​នៅ​វាល​រហោស្ថាន
៣២​កាល​ លោក​បាកឃី​ដែស​ជ្រាប​ដំណឹង​នេះ លោក​ក៏​រក​មធ្យោបាយ សម្លាប់​លោក​យ៉ូណាថាន។ ៣៣​មាន​គេ​ប្រាប់​លោក​យ៉ូណាថាន និង​លោក​ស៊ីម៉ូន​ជា​បង​របស់​លោក ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជាមួយ​​គម្រោង​ការ​នេះ។ ពួក​គេ​រត់​ភៀស​ខ្លួន​ទៅ​វាល​រហោ​ស្ថាន​តេគូអា ហើយ​បោះ​ទីតាំង​នៅ​ក្បែរ​អាង​ទឹក​នៅ​អស័រ។ ៣៤​លោក​បាកឃី​ដែស​ទទួល​ដំណឹង​នេះ​នៅ​ថ្ងៃ​សប្ប័ទ។ លោក​និង​កង​ទ័ព​ទាំង​អស់​របស់​លោក​ នាំ​គ្នា​ឆ្លង​កាត់​ទន្លេ​យ័រដាន់។ ៣៥ លោក​យ៉ូណាថាន​ចាត់​លោក​យ៉ូហាន ជា​បង​របស់​លោក ជា​អ្នក​ទទួល​ខុស​ត្រូវ ចំពោះ​អស់​អ្នក​ដែល​មិន​មែន​ជា​ទ័ព​ច្បាំង ឲ្យ​ទៅ​សុំ​ការ​អនុញ្ញាត​ពី​ជន​ជាតិ​ណាបាតេ ជា​មិត្ត​ដើម្បី​ផ្ញើ​ឥវ៉ាន់ និង​ស្បៀង​អាហារ​យ៉ាង​ច្រើន​របស់​ពួក​គេ នៅ​ក្នុង​ស្រុក​ណាបាតេ​ផង។ ៣៦​ប៉ុន្តែ កូន​ចៅ​របស់​លោក​យ៉ាមប្រ៊ី នៅ​តំបន់​ម៉ាដាប៉ា វាយ​ស្ទាក់​លោក​យ៉ូហាន​នៅ​តាម​ផ្លូវ ព្រម​ទាំង​ចាប់​រូប​លោក និង​រឹប​អូស​ឥវ៉ាន់​ទាំង​អស់​យក​ទៅ។ ៣៧​ក្រោយ​ពី​ហេតុ​ការណ៍​នោះ​មក លោក​យ៉ូណាថាន និង​លោក​ស៊ីម៉ូន​ជា​បង​របស់​លោក ទទួល​ដំណឹង​ថា កូន​ចៅ​លោក​យ៉ាមប្រ៊ី កំពុង​រៀប​ចំ​មង្គល​ការ​មួយ​យ៉ាង​អធិក​អធម គឺ​ពួក​គេ​ដង្ហែ​កូន​ក្រមុំ​ពី​ក្រុង​ណា​បាតេ​មក។ នាង​ជា​កូន​របស់​អភិ​ជន​មួយ​រូប​នៅ​ស្រុក​កាណាន។ ៣៨​លោក​យ៉ូណាថាន និង​លោក​ស៊ីម៉ូន​នៅ​ចាំ​ច្បាស់​ថា គឺ​ពួក​គេ​ហើយ​ដែល​បាន​សម្លាប់​លោក​យូហាន ជា​បង​របស់​លោក។ ពួក​គេ​ឡើង​ទៅ​ពួន​ក្នុង​គុហា ឃើញ​មាន​មនុស្ស​ជាច្រើន កំពុង​ហែ​មក​យ៉ាង​គគ្រឹក​គគ្រេង និង​មាន​ឥវ៉ាន់​ជាច្រើន​នាំ​មក​ជាមួយ​ផង គឺ​មាន​កូន​កំឡោះ ញាតិ​មិត្ត​អ្នក​កំដរ​កំពុង​ធ្វើ​ដំណើរ​ទៅ​ទទួល​កូន​ក្រមុំ ទាំង​មាន​គេ​វាយ​ស្គរ និង​ប្រគំ​ភ្លេង​យ៉ាង​ពីរោះ ព្រម​ទាំង​ប្រដាប់​អាវុធ​ផង។ ៤០​លោក យ៉ូណាថាន និង​ពួក​លោក​ចេញ​ពី​កន្លែង​លាក់​ខ្លួន ស្ទុះ​ទៅ​វាយ​ប្រហារ​សត្រូវ​ សម្លាប់​ពួក​គេ​អស់​ជា​ច្រើន​នាក់។ រីឯ​អ្នក​ដែល​សេស​សល់​ពី​ស្លាប់ រត់​ទៅ​តំបន់​ភ្នំ។ ពួក​យូដា​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​គេ​ទាំង​អស់។ ៤១​ដូច្នេះ ពិធី​មង្គល​ការ​ត្រឡប់​ទៅ​ជា​ពិធី​កាន់​ទុក្ខ ហើយ​ភ្លេង​ការ​ក៏​ក្លាយ​ជា​បទ​ទំនួញ​ទួញ​សោក​សង្រេង​វិញ​ដែរ។ ៤២​លោក​យ៉ូណាថាន​​និង​លោក​ស៊ីម៉ូន​ធ្វើ​ដូច្នេះ ដើម្បី​សង​សឹក​ពួក​គេ​ដែល​បាន​សម្លាប់​បង​របស់​ខ្លួន ហើយ​ត្រឡប់​មក​កាន់​មាត់​ទន្លេ​យ័រដាន់​វិញ។

ចម្បាំង​នៅ​មាត់​ទន្លេយ័រដាន់
៤៣​ក្រោយ​ពី​ បាន​ទទួល​ដំណឹង​ពី​រឿង​នេះ​ហើយ​លោក​បាកឃី​ដែស ក៏​ចេញ​ដំណើរ​មក​កាន់ មាត់​ទន្លេ​យ័រដាន់​នៅ​ថ្ងៃ​សប្ប័ទ ទាំង​នាំ​កង​ទ័ព​មួយ​ចំនួន​ធំ​មក​ជាមួយ​ផង។ ៤៤លោក​យ៉ូណាថាន មាន​ប្រសាសន៍​ទៅ​កាន់​កង​ទ័ព​របស់​លោក​ថា៖ «ចូរ​ក្រោក​ឡើង! យើង​នាំ​គ្នា​ប្រយុទ្ធ​ដើម្បី​អាយុ​ជីវិត​របស់​យើង។ យើង​មិន​ដែល​ជួប​ប្រទះ​សភាព​ការណ៍​ដ៏​ធ្ងន់​ធ្ងរ​ដូច​ថ្ងៃ​នេះ​ទេ! ៤៥​ខ្មាំង​នៅ​ពី​មុខ​យើង ទឹក​ទន្លេ​នៅ​ពី​ខាង​ក្រោយ មាន​ភក់ និង​គុម្ពោត​យ៉ាង​ក្រាស់​គ្រប់​កន្លែង យើង​គ្មាន​ផ្លូវ​ថយ​ក្រោយ​ឡើយ។ ៤៦ដូច្នេះ ឥឡូវ​នេះ​ចូរ​ស្រែក​អង្វរ​ព្រះ​ជាម្ចាស់ សូម​ព្រះ​អង្គ​ប្រោស​យើង ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ!»។ ៤៧ការ​ប្រយុទ្ធ​ក៏​ចាប់​ផ្ដើម លោក​យ៉ូណាថាន​លើក​ដៃ​ បម្រុង​នឹង​សម្លាប់​លោក​បាកឃី​ដែស តែ​លោក​បាកឃី​ដែស​គេច​ផុត​ទៅ​ខាង​ក្រោយ​កង​ទ័ព​វិញ ហើយ​ក៏​រួច​ខ្លួន​ទៅ។ ៤៨លោក​យ៉ូណា​ថាន និង​កង​ទ័ព​របស់​លោក លោត​ចូល​ក្នុង​ទន្លេ​យ័រ​ដាន់ ហែល​ឆ្លង​ទៅ​ត្រើយ​ម្ខាង។ ប៉ុន្តែ ខ្មាំង​មិន​បាន​ឆ្លង​ទន្លេ​យ័រដាន់​ដេញ​តាម​ពួក​គេ​ទេ។ ៤៩​នៅ​ថ្ងៃ​នោះ ទ័ព​របស់​លោក​បាកឃីដែស បាន​បាត់​បង់​ជីវិត អស់​ប្រហែល​មួយ​ពាន់​នាក់​នៅ​លើ​សមរភូមិ។

លោក​បាកឃីដែស​នៅ​ស្រុក​យូដា
៥០លោក​បាកឃី​ដែស ត្រឡប់​មក​ក្រុង​យេរូ​សាឡឹម​វិញ ហើយ​សង់​កំពែង​ក្រុង​ជាច្រើន​នៅ​ស្រុក​យូដា។ លោក​សង់​កំពែង​ខ្ពស់ ព្រម​ទាំង​ទ្វារ​និង​ធ្នឹម​ទៀត​ផង គឺ​កំពែង​ក្រុង​យេរីខូ អេម៉ាអូស បេតហូរ៉ូន បេតអែស តាម៉ាតា ផារ៉ាតូន តេផូន។ ៥១លោក​បាកឃី​ដែស​ដាក់​ទ័ព​ក្នុង​ក្រុង​ទាំង​នោះ ដើម្បី​វាយ​ប្រហារ​ជន​ជាតិ​អ៊ីស្រា​អែល។ ៥២លោក​សង់​កំពែង​ក្រុង​បេតសួរ ក្រុង​ហ្កាសារ៉ា និង​បន្ទាយ ក្រុង​យេរូ​សាឡឹម។ លោក​ក៏​ដាក់​ទ័ព និង​ឃ្លាំង​ស្បៀង​អាហារ​ក្នុង​ក្រុង​នីមួយៗ។ ៥៣លោក​ចាប់​កូន ប្រុស​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក ធ្វើ​ជា​ចំណាប់​ខ្មាំង ហើយ​ដាក់​គុក​កូន​ទាំង​នោះ​នៅ​ក្នុង​បន្ទាយ ក្រុង​យេរូ​សាឡឹម។

៥៤នៅ​ខែ​ទី​ពីរ​ឆ្នាំ ១៥៣ លោក​អាល​គីម​បាន​បង្គាប់​ឲ្យ​គេ​រំលំ​ជញ្ជាំង​នៃ​ផ្ទៃ​ខាង​ក្នុង​ព្រះ​វិហារ គឺ​លោក​បំផ្លាញ​ស្នាដៃ ដែល​ព្យាការី​បាន​កសាង។ លោក​ឲ្យ​គេ​ចាប់​ផ្ដើម រុះរើ​ជញ្ជាំង​នោះ ចោល។ ៥៥ពេល​នោះ លោក​អាល​គីម​ឡើង​ឈាម ស្ពឹក​ដៃ​ជើង គេ​ក៏​ឈប់​រុះ​ជញ្ជាំង​នោះ​ទៅ។ លោក​មិន​អាច​បើក​មាត់​រួច សូម្បី​តែ​និយាយ​ស្តី​មួយ​មាត់​ក៏​មិន​បាន ហើយ​ផ្តែ​ផ្តាំ​អ្វី​ដល់​គ្រួសារ​មួយ​មាត់​ក៏​មិន​កើត​ដែរ។ ៥៦លោក​អាល​គីម​ទទួល​មរណ​ភាព នៅ​ពេល​នោះ ទាំង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង។ ៥៧កាល​លោក​បាកឃី​ដែស​ដឹង​ដំណឹង​ថា លោក​អាល​គីម​ស្លាប់​ហើយ លោក​ក៏​ត្រឡប់ ទៅ​ប្រាប់​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​វិញ។ ស្រុក​យូដា​ក៏​បាន​សេចក្ដី​សុខ​សាន្ត​ត្រាណ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ។

លោកបាកឃីដែសបរាជ័យ
៥៨គ្រា​នោះ ជន​ជាតិទាំង​ប៉ុន្មាន​មក​ជួប​ជុំ​ពិភាក្សា​គ្នា ហើយ​ពោល​ថា៖ «សូម​គិត​មើល​លោក​យូណា​ថាន និង​បក្ស​ពួក​របស់​គេ​រស់​នៅ​ដោយ​សេចក្ដី​សុខ​សាន្ត ហើយ​គេ​គ្មាន​ប្រយ័ត្ន​ប្រយែង​អ្វី​ឡើយ!។ ឥឡូវ​នេះ យើង​សូម​អញ្ជើញ​លោក​បាកឃី​ដែស​មក។ លោក​មុខ​ជា​ចាប់​ពួក​គេ​ទាំង​អស់ តែ​មួយ​យប់​ប៉ុណ្ណោះ»។ ៥៩ពួក​ជន​ពាល​ក៏​នាំ​គ្នា​ទៅ​ពិភាក្សា​ជាមួយ​លោក​បាកឃី​ដែស។ ៦០លោក​បាកឃី​ដែស​ចេញ​ដំណើរ​ភ្លាម ទាំង​នាំ​កង​ទ័ព​យ៉ាង​ច្រើន​ទៅ​ជាមួយ​ផង។ លោក​សរសេរ​លិខិត​ជា​សម្ងាត់ ទៅ​ឲ្យ​បក្ស​ពួក​របស់​លោក​នៅ​ស្រុក​យូដា សូមឲ្យ​ពួក​គេ​ចាប់​លោក​យូណាថាន និង​អស់​អ្នក​នៅ​ជាមួយ​ផង។ ប៉ុន្តែ ពួក​គេ​មិន​អាច​សម្រេច​គម្រោង​ការ​នេះ​ឡើយ ព្រោះ​ត្រូវ​បែក​ការណ៍។ ៦១ផ្ទុយ​ទៅវិញ លោក​យូណាថាន ចាប់​ពួក​មេ​បង្កើត​គម្រោង​ការ​នេះ​នៅ​ក្នុង​ស្រុក​ចំនួន​ហាសិប​នាក់ យក​ទៅ​សម្លាប់​ចោល។ ៦២បន្ទាប់​មក លោក​យូណាថាន លោក​ស៊ីម៉ូន និង​បក្ស​ពួក​របស់​លោក ក៏​ភៀស​ខ្លួន​ទៅ​វាល​រហោ​ស្ថាន​ត្រង់​ក្រុង​បេតបាស៊ី។ ពួក​គេ​ជួស​ជុល​ក្រុង​ដែល​បាក់​បែក​នោះ ហើយ​សង់​កំពែង​ក្រុង​នោះ​ផង។ ៦៣កាល​លោក​បាកឃី​ដែស​ជ្រាប​ដំណឹង​នេះ ក៏​ប្រមួល​កង​ទ័ព​មក​ជួប​ជុំ​គ្នា និង​ប្រាប់​បក្ស​ពួក​របស់​គាត់​ដែល​នៅ​ស្រុក​យូដា ឲ្យ​ត្រៀម​ខ្លួន។ ៦៤លោក​ក៏​បោះ​ទ័ព​នៅ​ទល់​មុខ ​ក្រុង​បេតបាស៊ី​នេះ អស់​រយៈ​ពេល​ជា​យូរ​ថ្ងៃ ដោយ​ប្រើ​គ្រឿង​សឹក​ទៀត​ផង។ ៦៥លោក​យូណាថាន ទុក​លោក​ស៊ីម៉ូន​ជា​បង​ឲ្យ​នៅ​ក្នុង​ក្រុង​នោះ រួច​លោក​នាំ​ពល​ទាហាន​មួយ​ចំនួន​តូច ចេញ​ពី​ក្រុង​ទៅ​កាន់​ទីវាល។ ៦៦លោក​វាយ​ឈ្នះ​លោក​អូដូម៉េរ៉ា និង​បង​ប្អូន​គេ ព្រម​ទាំង​កូន​ចៅ​របស់​ផាស៊ីរ៉ូន​ដែល​ស្ថិត​នៅ​ក្នុង​ជំរំ។ ពួក​នេះ​សុខ​ចិត្ត​ចូល​រួម​ជាមួយ​លោក​យ៉ូណាថាន ហើយ​នាំ​គ្នា​វាយ​សម្រុក​លើ​កង​ទ័ព​របស់​លោក​បាកឃី​ដែស។ ៦៧ពេល​នោះ​លោក​ស៊ីម៉ូន និង​កង​ទ័ព​របស់​លោក​ចេញ​ពី​ទី​ក្រុង​មក ហើយ​ដុត​បំផ្លាញ​គ្រឿង​សឹក​របស់​ខ្មាំង​ចោល។ ៦៨ពួក​គេ​វាយ​កម្ទេច​កង​ទ័ព​របស់​លោក​បាកឃី​ដែស ហើយ​លោក​បាកឃី​ដែស​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​គម្រោង​ការ​របស់​គាត់​ត្រូវ​បរា​ជ័យ។ ៦៩លោក​ខឹង​នឹង​ជន​ជាតិ​យូដា​ដែល​ហៅ​លោក​ឲ្យ​មក​តំបន់​នោះ។ លោក​សម្លាប់​ពួក​គេ​ជា​ច្រើន រួច​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​ស្រុក​របស់​លោក​វិញ។ ៧០កាល​លោក​យូណាថាន​ជ្រាប​ដំណឹង​នេះ គាត់​ចាត់​អ្នក​នាំ​សារ​ទៅ ជួប​លោក​បាកឃី​ដែស ដើម្បី​ចរចា​រក​សន្តិ​ភាព និង​ចរចា​អំពី​ឈ្លើយ​ឲ្យ​ត្រឡប់​មក​ស្រុក​វិញ។ ៧១លោក​យល់​ព្រម​តាម​សំណូម​ពរ របស់​លោក​យូណាថាន ដោយ​ស្បថ​យ៉ាង​ម៉ឺង​ម៉ាត់​ថា លោក​មិន​រក រឿង​ជាមួយ​លោក​យូណាថាន​អស់​មួយ​ជីវិត។ ៧២លោក​បាកឃី​ដែស​ប្រគល់​អស់​អ្នក ដែល​លោក ចាប់​ជា​ឈ្លើយ​នៅ​ស្រុក​យូដា ឲ្យ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ ហើយ​ឈប់​មក​ឈ្លាន​ពាន​ទឹក​ដី​យូដា​ទៀត។ គ្រា​នោះ ស្រុក​អ៊ីស្រា​អែល​លែង​មាន​សង្គ្រាម​ទៀត​ហើយ។ លោក​យ៉ូណាថាន​បាន​ស្នាក់​នៅ​ក្នុង​ក្រុង​ម៉ាខម៉ា។ លោក​គ្រប់​គ្រង​ប្រជា​ជន ហើយ​លុប​បំបាត់​ជន​ពាល​ចេញ​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រា​អែល។

ជំពូកទី ១០

ព្រះបាទអឡិចសង់បាឡាស​តែងតាំង​លោកយ៉ូណាថាន​ជាមហាបូជាចារ្យ
១នៅ​ឆ្នាំ ១៦០ ព្រះ​បាទ​អឡិច​សង់​អេពី​ផាន ជា​បុត្រ​ព្រះ​បាទ​អន់ទី​យ៉ូគូស ធ្វើ​ដំណើរ​តាម​សំពៅ ហើយ​សំចត​ក្បែរ​ក្រុង​ផ្ទោឡេ​ម៉ៃស៍ រួច​វាយ​ដណ្ដើម​យក​ក្រុងនោះ។ ប្រជា​ជន​អបអរ​សាទរ​ហើយ​តែង​តាំង លោក​ជា​ស្ដេច​របស់​ពួក​គេ​ផង។ ២កាល​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​ជ្រាប​ដំណឹង​នេះ លោក​ប្រមូល​កង​ទ័ព​ដែល​មាន​កម្លាំង​ខ្លាំង​ក្លា ហើយ​យាង​ចេញ​ទៅ​ច្បាំង​នឹង​ព្រះ​បាទ​អឡិចសង់​នោះ។ ៣ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស ផ្ញើ​សារ​មួយ​ច្បាប់ ជូន​លោក​យ៉ូណាថាន​សុំ​សន្តិ​ភាព ដោយ​សន្យា​ជាច្រើន​ជាមួយ​លោក​ផង។ ៤ព្រះ​រាជា​ឈ្វេង​យល់​ថា៖ «យើងត្រូវ​ចុះ​សន្ធិ​សញ្ញា​សន្តិ​ភាព​ជាមួយ​ពួក​យូដា​យ៉ាង​ប្រញាប់ ក្រែង​ពួក​គេ​រួប​រួម​ជាមួយ​ព្រះ​បាទ​អឡិច​សង់ ប្រឆាំង​នឹង​យើង។ ៥នៅ​ពេល​នោះ លោក​​​​​​​​​​​​​យ៉ូណាថាន​មុខ​ជា​នឹក​គិត​ពី​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន​ ដែល​យើង​បាន​ធ្វើ​ដល់​លោក ដល់​បង​ប្អូន​លោក និង​ជន​ជាតិ​លោក​មិន​ខាន»។ ៦ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​អនុញ្ញាត ឲ្យ​លោក​យូណា​ថាន​កេណ្ឌ​ទ័ព និង​គ្រឿង​សស្រ្តា​វុធ ព្រម​ទាំង​ធ្វើ​ទៅ​ជា​សម្ព័ន្ធ​មិត្ត​របស់​ទ្រង់​ផង។ ព្រះ​រាជា​ចេញ​បញ្ជា​ឲ្យ​ដោះ​លែង អស់​អ្នក​ដែល​ព្រះ​អង្គ​ចាប់​យក​ជា​ចំណាប់​ខ្មាំង ហើយ​ឃុំ​ឃាំង​ក្នុង​បន្ទាយ​ក្រុង​យេរូ​សាឡឹម​ប្រគល់ ឲ្យ​លោក​យូណាថាន​វិញ។ ៧ពេល​នោះ លោក​យ៉ូណាថាន​អញ្ជើញ​ទៅ​ដល់​ក្រុង​យេរូ​សាឡឹម ហើយ​អាន​សារ​នៅ​ចំពោះ​មុខ​ប្រជា​ជន​ទាំង​​​​មូល និង​ឲ្យ​ពល​ទាហាន​នៅ​ក្នុង​បន្ទាយ​ស្តាប់។ ៨ពួក​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង​ដោយ​ឮ​ថា ព្រះ​ករុណា​អនុញ្ញាត​ឲ្យ លោក​យ៉ូណាថាន​ប្រមូល​កង​ទ័ព។ ៩ពួក​ទាហាន​នៅ​ក្នុង​បន្ទាយ ប្រគល់​អ្នក​ដែល គេ​ចាប់​ទុក​ជា​ថ្នូរ​ឲ្យ​ទៅ​លោក​យ៉ូណាថាន ហើយ​លោក​ក៏​ប្រគល់​ឲ្យ​ពួក​គេ ឲ្យ​ក្រុម​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន​ដែរ។ ១០លោក​យ៉ូណាថាន​តាំង​ទី​លំនៅ​ក្នុង​ក្រុង​យេរូ​សាឡឹម ហើយ​ចាប់​ផ្ដើម​ជួស​ជុល និង​សង់​ក្រុង​នេះ​ឡើង​វិញ។ ១១លោក​បង្គាប់​ឲ្យ​មេជាង​សង់​កំពែង និង​យក​ថ្ម​ដាប់​ធ្វើ​ជា​កំពែង​ការពារ ជុំវិញ​ភ្នំ​ស៊ីយ៉ូន​ផង។ ពួក​មេ​ជាង​ក៏​ធ្វើ​តាម​បញ្ជា​របស់​លោក​ដែរ។ ១២ពួក​សាសន៍​ដទៃ​ដែល​រស់​នៅ ក្នុង​ក្រុង​នានា ដែល​លោក​បាកឃី​ដែស​បាន​សង់​នោះ រត់​បាត់​អស់​ទៅ ១៣គឺ​ពួក​គេ​បោះ​បង់​កន្លែង​របស់​ខ្លួន ហើយ​វិល​ទៅ​កាន់​ស្រុក​រៀងៗ​ខ្លួន​វិញ។ ១៤ប៉ុន្តែ នៅ​ក្រុង​បេតសួរ គេ​ទុក​ជន​ជាតិ​យូដា​ខ្លះ​ដែល​បោះ​បង់​ចោល​វិន័យ និង​បទ​បញ្ជា​របស់​លោក​ម៉ូសេ​ឲ្យ​នៅ​ក្នុង​ក្រុង ព្រោះ​ក្រុង​នេះ​ជាទី​ជំរក​របស់​លោក​គេ។

១៥ព្រះ​បាទ​អឡិច​សង់​ជ្រាប​អំពី​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស ចំពោះ​លោក​យ៉ូណា​ថាន។ មាន​គេ​ទូល​រៀប​រាប់​អំពី​ការ​ធ្វើ​សង្គ្រាម និង​សេចក្ដី​អង់​អាច​ក្លាហាន​របស់​លោក​យ៉ូណា​ថាន និង​បង​ប្អូន​របស់​លោក ព្រម​ទាំង​ទុក្ខ​វេទនា​របស់​ពួក​គេ​ផង។ ១៦ព្រះ​រាជា​មាន​រាជ​ឱង្ការ​ថា៖ «យើង​មិន​អាច​រក​នរណា​ម្នាក់​ដូច​លោក​យ៉ូណា​ថាន​ទេ! យើង​ត្រូវ​តែ​ចង​មិត្ត​ភាព និង​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​លោក​ចាប់​ពី​ពេល​នោះ​ទៅ»។ ១៧ព្រះ​រាជា​សរសេរ​រាជ​សារ​មួយ​ច្បាប់​ ជូន​លោក​យ៉ូណាថាន មាន​សេចក្ដី​ដូច​តទៅ៖​ ១៨«ព្រះ​បាទ​អឡិច​សង់​ជម្រាប​មក​លោក​យ៉ូណាថាន​ ជា​បង​ប្អូន សូម​ជ្រាប។ ១៩យើង​ឮ​គេ​ពោល​ថា លោក​ជា​វីរ​ជន​មួយ​រូប​ប្រកប​ដោយ​សេចក្ដី​ក្លាហាន គួរ​ធ្វើ​ជា​មិត្ត​របស់​យើង។ ២០ហេតុនេះ​ហើយ តាំង​ពី​ថ្ងៃ​នេះ យើង​តែង​តាំង​លោក​ឲ្យ​ធ្វើ​ជា​មហា​បូជា​ចារ្យ សម្រាប់​ជាតិ​របស់​លោក​រហូត​តទៅ។ យើង​ប្រគល់​ឲ្យ​លោក​មាន​ឋានៈ​ជា​មិត្ត​របស់​ព្រះ​ករុណា​ផង​ដែរ។ លោក​ត្រូវ​គាំទ្រ​យើង និង​នៅ​ជា​មិត្ត​របស់​យើង កាន់​តាម​យើង»។ ព្រះ​រាជា​ប្រទាន​អាវ​ធំ​ព៌ណ​ក្រហម និង​មកុដ​មាស​ឲ្យ​លោក​ផង​ដែរ។
២១លោក​យ៉ូណាថាន​ពាក់​អាវ​ដ៏​សក្ការៈ ជា​មហា​បូជា​ចារ្យ​នៅ​ថ្ងៃ​ទី​​​​​​​​​​៧ ក្នុង​ឆ្នាំ ១៦០ គឺ​ក្នុង​ឱកាស​បុណ្យ​បារាំ។ លោក​ប្រមូល​កង​ទ័ព ហើយ​ផលិត​គ្រឿង​អាវុធ​ជាច្រើន។
ព្រះបាទដេម៉េទ្រីយ៉ូស ប្រទានអភ័យឯកសិទ្ធ​ដល់ជនជាតិយូដា

២២ពេល​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​ជ្រាប​រឿង​នេះ​ទ្រង់​ទាស់​ព្រះ​ហឫ​ទ័យ ហើយ​មាន​រាជ​ឱង្ការ​ថា៖ «តើ​យើង​បាន​ប្រព្រឹត្ត​អ្វី​ខុស ទើប​ព្រះ​បាទ​អឡិច​សង់​ទាក់​ទាញ​ជន​ជាតិ​យូដា​ឲ្យ​ស្រលាញ់ និង​គាំទ្រ​គេ​មុន​យើង​ដូច្នេះ! ២៤យើង​និង​ផ្ញើ​សារ​មួយ​ច្បាប់​លើក​ទឹក​ចិត្ត​ពួក​គេ ដោយ​ប្រទាន​ឋានន្តរ​សក្តិ​ដ៏​ខ្ពង់​ខ្ពស់ និង រាជ​អំណាច​ជា​ច្រើន​ដើម្បី​ឲ្យ​ពួក​គេ​គាំទ្រ​យើង!»។ ២៥ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​សរសេរ​រាជ សារ​មាន​សេចក្ដី​ដូច​តទៅ៖ ​«ព្រះ​បាទ​ដេម៉េ​យ៉ូស​ជម្រាប​មក​ជន​ជាតិ​យូដា សូម​ជ្រាប! ២៦យើង​ទទួល​ដំណឹង​ថា អស់​លោក​នៅ​តែ​គោរព​សន្ធិ​សញ្ញា​ដែល​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​គ្នា។ អស់​លោក​នៅ​តែ​ជា​មិត្ត​របស់​យើង ហើយ​ក៏​មិន​បាន​ចូល​ដៃ​ជាមួយ​សត្រូវ​របស់​យើង​ដែរ។ ដូច្នេះ យើង​មាន​អំណរ​ជា​ខ្លាំង! ២៧ប្រសិន​បើ​អស់​លោក​នៅ​តែ​ស្មោះ​ត្រង់​ចំពោះ​យើង​តទៅ​ទៀត យើង​នឹង​ប្រទាន​រង្វន់​ដល់​អស់​លោក។ ២៨យើង​នឹង​ឈប់​ឲ្យ​អស់​លោក​បង់​ពន្ធ​អាករ​ជា​ច្រើន ហើយ​យើង​ប្រទាន​អំណោយ​ជា​ច្រើន​ថែម​ទៀត​ផង។ ២៩តាំង​ពី​ថ្ងៃ​នេះ​តទៅ ប្រជា​ជាតិ​យូដា​ទាំង​អស់ មិន​ត្រូវ​បង់​ពន្ធ​អាករ​ប្រចាំ​ឆ្នាំ ពន្ធ​អំបិល ព្រម​ទាំង​មកុដ​មាស​ផង! ៣០ម្យ៉ាង​ទៀត តាំង​ពី​ថ្ងៃ​នេះ​តទៅ យើង​លែង​ទាម​ទារ​មួយ ភាគ​បី​នៃ​ភោគ​ផល​នានា និង​ពាក់​កណ្តាល​ជា​ផ្លែ​ឈើ​ដែល​អស់​លោក​ត្រូវ​ប្រគល់​ឲ្យ​យើង។ យើង​លែង​ទាម​ទារ​ពន្ធ​ទាំង​នោះ​ពី​ស្រុក​យូដា និង​តំបន់​ទាំង​បី​នៃ​ស្រុក​សាម៉ារី ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ស្រុក​យូដា ព្រម​ទាំង​ស្រុក​កាលី​ឡេ​ផង។ ៣១ក្រុង​យេរូ​សាឡឹម​នឹង​ទៅ​ជា​ក្រុង​ដ៏​វិសុទ្ធ​ទាំង​អ្នក​ក្រុង ទាំង​អ្នក​ស្រុក​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​ក្រុង​នោះ មិន​ត្រូវ​បង់​ពន្ធ​ដារ និង​តង្វាយ​មួយ​ភាគ​ដប់​នៃ​ភោគ​ផល​ឡើយ។ ៣២យើង​ឈប់​គ្រប់​គ្រង បន្ទាយ​ក្រុង​យេរូ​សាឡឹម ហើយ​ប្រគល់​ក្រុង​នេះ ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​មហា​បូជា​ចារ្យ​វិញ លោក​អាច​ជ្រើស​រើស​កង​ទ័ព​សម្រាប់​ការពារ​ក្រុង​នេះ​ផង។ ៣៣យើង​នឹង​ដោះ​លែង​ជន​ជាតិ​យូដា​ទាំង​ប៉ុន្មាន ដែល​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​យូដា ទោះបី​នៅ​កន្លែង​ណា​ក៏​ដោយ ក្នុង​រាជា​ណាចក្រ​របស់​យើង​ឲ្យ​មាន​សេរី​ភាព​ដោយ​មិន​បាច់​បង់​ថ្លៃ​លោះ​ខ្លួន​វិញ​ទេ គឺ​ពួក​គេ​រួច​ពី​ពន្ធ​អាករ ទាំង​ខ្លួន​គេ ទាំង​សត្វ​របស់​គេ​ផង។ ៣៤មិន​ត្រូវ​ទារ ពន្ធ​ដារ ឬ​បំណុល​ពី​ជន​ជាតិ​យូដា​ទាំង​ប៉ុន្មាន​ដែល​រស់​នៅ​ក្នុង​រាជា​ណាចក្រ​របស់​យើង នៅ​ថ្ងៃ​ធ្វើ ​ពិធី​ទាំង​ឡាយ​នៅ​ថ្ងៃ​សប្ប័ទ ថ្ងៃ​បុណ្យ​ដើម​ខែ ហើយ​នៅ​ថ្ងៃ​បុណ្យ​ដែល​គេ​ប្រារព្ធ​តាម​ពេល​កំណត់ ក្នុង​កំឡុង​ពេល​បី​ថ្ងៃ​មុន និង​បី​ថ្ងៃ​ក្រោយ​ផង។ ៣៥គ្មាន​នរណា​ម្នាក់​មាន​សិទ្ធ​ទាម​ទារ​ឲ្យ​គេ​បង់​ប្រាក់ ឬ​ធ្វើ​ឲ្យ​គេ​បារម្ភ​អំពី​រឿង​អ្វី​មួយ​នៅ​ថ្ងៃ​ទាំង​នោះ​ឡើយ។ ៣៦គេ​អាច​កេណ្ឌ​ប្រជា​ជន​យូដា​រហូត​ដល់​បី​ម៉ឺន​នាក់​ ឲ្យ​ចូល​បំរើ​កង​ទ័ព​របស់​ព្រះ​រាជា ហើយ​ពួក​គេ​នឹង​ទទួល​ប្រាក់​ខែ ​ដូច​ទាហាន​ឯទៀត ក្នុង​រាជា​ណាចក្រ​ដែរ។ ៣៧ត្រូវ​ចាត់​ពួក​គេ​ខ្លះ​នៅ​ក្នុង​បន្ទាយ​ដ៏​សំខាន់ៗ ត្រូវ​តែង​តាំង​ជន​ជាតិ​យូដា​ខ្លះ​ទៀត ឲ្យ​បំពេញ​មុខ​ងារ​គួរ​ឲ្យ​ទុក​ចិត្ត​ក្នុង​រាជា​ណា​ចក្រ។ ត្រូវ​ជ្រើស​រើស​មេ​ដឹក​នាំ និង​មន្ត្រី​របស់​ពួក​គេ ក្នុង​ចំណោម​ជន​ជាតិ​គេ ហើយ​គេ​មាន​សិទ្ធ​គោរព​វិន័យ​របស់​គេ ដូច​ព្រះ​រាជា​បាន​ចេញ​បញ្ជា​សម្រាប់​ស្រុក​យូដា។ ៣៨ចំពោះ​អាណា​ខេត្ត​បី​ដែល​ជន​ជាតិ​យូដា​ដណ្ដើម​យក​ពី​ស្រុក​សាម៉ារី ចូរ​ស្ថិត​នៅ​ចំណុះ​ស្រុក​យូដា និង​ជា​ស្រុក​តែ​មួយ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​មហា​បូជា​ចារ្យ​តែ​ម្នាក់​ប៉ុណ្ណោះ។

៣៩យើង​ប្រគល់​ក្រុង​ផ្ទោឡេ​ម៉ៃស៍ និង​ទឹក​ដី​ដែល​ជាប់​នៅ​ក្រុង​នេះ ថ្វាយ​ព្រះ​វិហារ​ក្រុង​យេរូ​សាឡឹម ដើម្បី​យក​បច្ច័យ សម្រាប់​ចំណាយ​ក្នុង​ពិធី​បុណ្យ។ ៤០រីឯ​យើង​វិញ យើង​សន្យា​ថា​នឹង​ឲ្យ​ប្រាក់​ចំនួន​មួយ​ម៉ឺន​ប្រាំ​ពាន់​ណែន​ជា​រៀង​រាល់​ឆ្នាំ​ ពី​រាជ​ទ្រព្យ តាម​ពន្ធ​ដែល​គេ​ប្រមូល​ទុក​នោះ។ ៤១ម្យ៉ាង​ទៀត តាំង​ពី​ពេល​នេះ​តទៅ រាជ​ការ​នឹង​ផ្តល់​ប្រាក់​ដើម្បី​ជុស​ជុល​ព្រះ​វិហារ ជា​ថ្នូរ​ប្រាក់​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​មុន​បាន​បង់​ពី​ឆ្នាំ​មុនៗ​មក ៤២ហើយ​ផ្តល់​ប្រាក់​ប្រាំ​ពាន់​ណែន​ទៀត​ដែល​រាជ​ការ ធ្លាប់​ទាម​ទារ​ពី​បច្ច័យ​នៃ​ព្រះ​វិហារ​ជា​រៀង​រាល់​ឆ្នាំ​ មក​ក្រុម​បូជា​ចារ្យ​ដែល​បំពេញ​ការ​ងារ​របស់​ខ្លួន។ ៤៣អស់​អ្នក​ដែល​រត់​ទៅ​ជ្រក​នៅ​ក្នុង​ព្រះ​វិហារ​យេរូ​សាឡឹម ឬ​ក្នុង​បរិវេណ​ព្រះ​វិហារ ព្រោះ​មិន​បាន​បង់​ពន្ធ​ដារ ឬ​ព្រោះ​មូល​ហេតុ​ផ្សេងៗ​ទៀត នឹង​បាន​រូច​ខ្លួន​ទោះ​នៅ​កន្លែង​ណា​ក៏​ដោយ ក្នុង​រាជា​ណាចក្រ​របស់​យើង។

៤៤ចំណែក​ឯ ប្រាក់​ចំណាយ​ក្នុង​ការ​សង់ ឬ​ជួស​ជុល​ទី​សក្ការៈ ត្រូវ​យក​ពី​រាជ​ទ្រព្យ។ ៤៥ប្រាក់​ដែល​ត្រូវ​ចំណាយ​ក្នុង​ការ​សង់​ជញ្ជាំង និង​កំពែង​ក្រុង​យេរូ​សាឡឹម ឬ​កំពែង​ក្រុង​ផ្សេងៗ​នៅ​ស្រុក​យូដា ក៏​ត្រូវ​យក​ពី​រាជ​ទ្រព្យ​ដែរ»។

ព្រះបាទដេម៉េទ្រីយ៉ូស​សោយទិវង្គត
៤៦ពេល​លោក​យ៉ូណាថាន​និង​ប្រជាជន បាន​ឮ​សេចក្ដី​ក្នុង​រាជ​សារ​នោះ ពួក​គេ​មិន​ព្រម​ជឿ​និង​ចាប់​អារម្មណ៍​ទេ ព្រោះ​គេ​នៅ​តែ​នឹក​ឃើញ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​បាន​ប្រព្រឹត្ត នៅ​ស្រុក​អ៊ីស្រា​អែល ហើយ​នឹក​ឃើញ​ពី​ការ​ជិះ​ជាន់​សង្កត់​សង្កិន​របស់​ស្ដេច​ទៅ​លើ​ពួក​គេ។ ៤៧ដូច្នេះ ពួក​គេ​សម្រេច​ចិត្ត​គាំទ្រ​ព្រះ​បាទ​អឡិច​សង់ ព្រោះ​គេ​យល់​ថា ព្រះ​បាទ​អឡិច​សង់​មាន​ព្រះ​បន្ទូល​មក គេ​ដោយ​ចង់​សន្តិភាព ហើយ​ពួក​គេ​ធ្វើ​សម្ព័ន្ធ​មិត្ត​របស់​ស្ដេច​រហូត។ ៤៨ព្រះ​បាទ​អឡិច​សង់​ប្រមូល​កង​ទ័ព​ជា​ច្រើន ហើយ​ចេញ​ទៅ​ច្បាំង​នឹង​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស។ ៤៩ប៉ុន្តែ នៅ​ពេល​ដែល​កង​ទ័ព​នៃ ស្ដេច​ទាំង​ពីរ​ប្រយុទ្ធ​គ្នា​កង​ទ័ព​ របស់​ព្រះ​បាទ​អឡិច​សង់​នាំ​គ្នា​រត់។ ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​ដេញ​តាម​ពួកគេ ហើយ​ក៏​មាន​ជ័យ​ជម្នះ លើ​កង​ទ័ព​របស់​សត្រូវ ៥០ទ្រង់​ប្រយុទ្ធ​យ៉ាង​ខ្លាំង ​រហូត​ដល់​ពេល​ថ្ងៃ​លិច ប៉ុន្តែ ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​ក៏​សោយ​ទីវង្គត​នៅ​ថ្ងៃ​នោះ​ទៅ។

ព្រះបាទអឡិចសង់បាឡាសចង​សម្ពន្ធមិត្តជាមួយលោកយ៉ួណាថាន
៥១ព្រះ​បាទ​អឡិច​សង់​ចាត់​រាជ​ទូត ឲ្យ​នាំ​រាជ​សារ​ទៅ​គាល់​ព្រះ​បាទ​ផ្ទូលេមេ​ជា​ព្រះ​មហា​ក្សត្រ ស្រុក​អេស៊ីប​ដែល​មាន​សេចក្ដី​ដូច​តទៅ៖ ៥២យើង​វិល​ត្រឡប់​មក​កាន់​រាជា​ណាចក្រ​របស់​យើង​វិញ គង់​លើ​បល្ល័ង្ក​នៃ​អយ្យ​កោ​របស់​យើង ​ហើយ​កាន់​អំណាច ព្រម​ទាំង​កម្ទេច​កង​ទ័ព​ដេម៉េ​ទ្រីយ៉ូស។ យើង​គ្រប់​គ្រង​ស្រុក​របស់​យើង​ទាំង​មូល។ ៥៣យើង​ច្បាំង​នឹង​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស គឺ​កម្ទេច​ទាំង​ស្ដេច ទាំង​កង​ទ័ព ហើយ​ដណ្ដើម​យក​រាជ​បល្ល័ង្ក​ទៀត​ផង។ ៥៤ឥឡូវ​នេះ យើង​សុំ​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​ព្រះ​ករុណា មេត្តា ប្រោស​ប្រណី​លើក​រាជ​បុត្រី​របស់​ព្រះ​ករុណា ឲ្យ​ធ្វើ​ជា​ព្រះ​មហេសី​របស់​យើង យើង​ក៏​ទៅ​ជា​បុត្រ​សុណិសា​របស់​អង្គ​ដែរ។ យើង​នឹង​រៀប​បណ្តាការ​ថ្វាយ​ព្រះ​ករុណា​និង​ព្រះ​នាង ឲ្យ​សក្តិ​សម​នឹង​ឋានៈ​របស់​ព្រះ​ករុណា»។

៥៥ព្រះ​បាទ​ផ្ទូលេមេ​ឆ្លើយ​តប​ថា៖ «សូម​អបអរ​សាទរ​ថ្ងៃ​ដែល​ព្រះ​រាជ​យាង​ត្រឡប់ ចូល​ក្នុង​ស្រុក​អយ្យកោ​របស់​ព្រះ​រាជា​វិញ! សូម​អបអរ​សាទរ​ព្រះ​រាជា​ឡើង​គង់​លើ​រាជ​បល្ល័ង្ក​ផង!។ ៥៦ឥឡូវ​នេះ យើង​យល់​ព្រម​តាម​សំណូម​ពរ ដែល​ព្រះ​រាជា​បាន​សរសេរ​នោះ សូម​ព្រះ​រាជា​មក​ជួប​យើង​នៅ​ក្នុង​ក្រុង​ផ្ទោឡេ​ម៉ៃស៍ ដើម្បី​ពិភាក្សា​គ្នា។ យើង​នឹង​លើក​រាជ​បុត្រី​របស់​យើង​ថ្វាយ​តាម​សំណូម​ពរ​នោះ»។ ៥៧នៅ​ឆ្នាំ ១៦២ ព្រះ​បាទ​ផ្ទោលេមេ និង នាង​ក្លេអូប៉ាត្រ​ជា​បុត្រី​យាង​ចេញ​ពី​ស្រុក​អេស៊ីប មក​ដល់​ក្រុង​ផ្ទោឡេ​ម៉ៃស៍។ ៥៨ព្រះ​បាទ​អឡិច​សង់​យាង​ចេញ​ទៅ​ទទួល​ព្រះ​បាទ​ផ្ទូលេមេ។ ព្រះ​បាទ​ផ្ទូលេមេ​ក៏​លើក​ព្រះ​នាង​ក្លេអូប៉ាត្រ ជា​បុត្រី​ថ្វាយ​ព្រះ​បាទ​អឡិច​សង់ ហើយ​រៀប​អភិសេក​យ៉ាង​ឱឡារិក នៅ​ក្រុង​ផ្ទោឡេ​ម៉ៃស៍ តាម​ទំនៀម​ទម្លាប់​របស់​ព្រះ​មហា​ក្សត្រ។ ៥៩ព្រះ​បាទ​អឡិច​សង់​សរសេរ​លិខិត​មួយ​ច្បាប់ អញ្ជើញ​លោក​យ៉ូណាថាន​ឲ្យ​មក​គាល់។ ៦០លោក​យ៉ូណា​ថាន​អញ្ជើញ​ទៅ​កាន់​ក្រុង​ផ្ទោឡេ​ម៉ៃស៍ យ៉ាង​អធិក​អធម ហើយ​លោក​ក៏​ចូល​ទៅ​គាល់​ស្ដេច​ទាំង​ពីរ​អង្គ​នៅ​ក្រុង​នោះ។ លោក​នាំ យក​ជំនូន​ជាច្រើន គឺ​មាស​និង​ប្រាក់ ថ្វាយ​ព្រះ​មហា​ក្សត្រ និង​មន្ត្រី​របស់​ស្ដេច​ទាំង​ពីរ ហើយ​បាន គាប់​ព្រះ​ហឫ​ទ័យ​ព្រះ​មហា​ក្សត្រ​ទាំង​ពីរ​អង្គ​នោះ។ ៦១ប៉ុន្តែ នៅ​ពេល​នោះ​មាន​ជន​ពាល​ខ្លះ​ដែល​ជា អ្នក​បង្ក​ភាព​អន្តរាយ​ដល់​ប្រជា​ជន​អ៊ីស្រា​អែល​ព្រួត​ដៃ​គ្នា ​ប្រឆាំង​នឹង​លោក​យ៉ូណា​ថាន ហើយ​នាំ​គ្នា​ចោទ​ប្រកាន់​លោក​ទៅ​ព្រះ​មហា​ក្សត្រ។ ប៉ុន្តែ ព្រះ​បាទ​អឡិច​សង់​មិន​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​សេចក្ដី​ចោទ​ប្រកាន់​នោះ​ទេ។ ៦២ព្រះ​រាជា​បញ្ជា​ឲ្យ​ផ្លាស់​សម្លៀក​បំពាក់​របស់​លោក​យ៉ូណា​ថាន​ចេញ និង​បំពាក់​អាវ​ផាយ​ព៌ណ​ស្វាយ​របស់​ស្ដេច​វិញ។ ៦៣ព្រះ​រាជា​ប្រោស​ប្រទាន​ឲ្យ​លោក​យ៉ូណាថាន​អង្គុយ​នៅ​ក្បែរ​ព្រះអង្គ ហើយ​មាន​រាជ​ឱង្ការ​ប្រាប់​នាម៉ឺន​មន្ត្រី​ថា៖ «សូម​នាំ​លោក​យ៉ូណា​ថាន​ទៅ​កណ្តាល​ទី​ក្រុង ហើយ​ប្រកាស​ថា មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ប្តឹង​លោក ពី​មូល​ហេតុ​ណា​មួយ​ឡើយ! ឬ​សូម​កុំ​ឲ្យ​នរណា​ម្នាក់​រក​រឿង​លោក ដោយ​ប្រការ​ណា​មួយ​ឡើយ»។ ៦៤ពេល​ជន​ពាល​ដែល​ចោទ​ប្រកាន់​លោក​យ៉ូណា​ថាន ឃើញ​ថា លោក​ទទួល​កិត្តិយស​តាម​សេចក្ដី​ប្រកាស​របស់​ព្រះ​មហា​ក្សត្រ បែប​នេះ និង​ឃើញ​ថា​លោក​ពាក់​អាវ​ផាយ​ព៌ណ​ស្វាយ​របស់​ស្ដេច​ដូច្នេះ ពួកគេ​ក៏​រត់​បាត់​អស់​ទៅ។ ៦៥ព្រះ​មហា​ក្សត្រ​ផ្តល់​កិត្តិ​យស​ឲ្យ​លោក​យ៉ូណាថាន​ ដោយ​ចុះ​ឈ្មោះ​លោក​ក្នុង​ចំណោម​មិត្ត​ភក្តិ​ជិត​ដិត​របស់​ស្ដេច ហើយ​តែង​តាំង​លោក​ជា​មេ​ដឹក​នាំ និង​ជា​ទេសា​ភិបាល​ផង។ ៦៦លោក​យ៉ូណាថាន​វិល​ត្រឡប់​ទៅ​កាន់​ក្រុង​យេរូ​សាឡឹម​វិញ​ដោយ​សុខ​សាន្ត និង​អំណរ​សប្បាយ​រីក​រាយ។

លោកយ៉ូណាថានមានជ័យជម្នះ​លើលោកអាប៉ូឡូនីយ៉ូស
៦៧នៅ​ឆ្នាំ ១៦៥ សម្ដេច​ដេម៉េ​ទ្រីយ៉ូស​យាង​ចេញ​ពី​ក្រុង​កោះ​ក្រែត មក​ដល់​ស្រុក​ស៊ីរី​ជា​ទឹក​ដី របស់​ព្រះ​អយ្យកោ​សម្ដេច។ ៦៨ពេល​ព្រះ​បាទ​អឡិច​សង់​ជ្រាប​ដំណឹង​នេះ ទ្រង់​ទាស់​ព្រះ​ហឫ​ទ័យ ហើយ​យាង​ត្រឡប់​ទៅ​កាន់​ក្រុង​អន់ទី​យ៉ូក​វិញ។ ៦៩ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​តែង​តាំង​លោក​អាប៉ូឡូ​នីយ៉ូស ធ្វើ​ជា​ទេសា​ភិបាល ក្នុង​ស្រុក​សេឡើ​ស៊ីរី។ លោក​អាប៉ូឡូ​នីយ៉ូស​ប្រមូល​កង​ទ័ព​ជា​ច្រើន មក​បោះ​ទីតាំង​នៅ​ក្បែរ​ក្រុង​យ៉ាមនីយ៉ា ហើយ​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក​យ៉ូណាថាន ជា​មហា​បូជា​ចារ្យ​ថា៖ ៧០«មាន​តែ​លោក​ម្នាក់​គត់​ដែល​ប្រឆាំង​នឹង​យើង! គេ​ចំអក​ដាក់​យើង ហើយ​យើង​ត្រូវ​អាម៉ាស់​ដោយ​សារ​តែ​លោក! ហេតុ​អ្វី​បាន​ជា​លោក​កាន់​អំណាច​នៅ​លើ​ភ្នំ​នេះ​ប្រឆាំង​នឹង​យើង​ដូច្នេះ? ៧១ប្រសិន​បើ​លោក​ជឿ​ទុក​ចិត្ត​លើ​កង​ទ័ព​របស់​លោក​មែន​នោះ ចូរ​មក​វាយ​ហើយ​ប្រយុទ្ធ​នឹង​យើង ដើម្បី​សាក​ល្បង​កម្លាំង​គ្នា ដ្បិត​យើង​មាន​កម្លាំង​ពី​ក្រុង​ទាំង​ឡាយ​ជា​ជំនួយ។ ៧២ចូរ​ស៊ើប​សួរ​ឲ្យ​ច្បាស់​នោះ​លោក​ពិត​ជា​ដឹង​ថា យើង​ជា​នរណា ហើយ​នរណា​ខ្លះ​ជា​អ្នក​រួម​តយុទ្ធ​ជាមួយ​យើង​ដែរ។ គេ​តែង​ពោល​ថា អ្នក​រាល់​គ្នា​ពុំ​អាច​ទប់​ទល់ នឹង​កម្លាំង​ទ័ព​របស់​យើង​បាន​ទេ ព្រោះ​ដូន​តា​របស់​អ្នក បាន​បរាជ័យ​ពីរ​ដង​រួច​ទៅ​ហើយ​នៅ​ស្រុក​របស់​ខ្លួន។ ៧៣អ្នក​ពុំ​អាច​ទប់​ទល់​នឹង​ទ័ព​សេះ​របស់​យើង​បាន​ទេ ហើយ​នៅ​ទីវាល​នោះ​ជា​កន្លែង​គ្មាន​ភ្នំ​គ្មាន​ផ្ទាំង​ថ្ម​លាក់​ខ្លួន គ្មាន​ទី​រត់​គេច គ្មាន​ជំរក​ភៀស​ខ្លួន អ្នក​ពុំ​អាច​ទប់​ទល់​នឹង​កង​ទ័ព​របស់​យើង​ដែល​មាន​គ្នា​ច្រើន​យ៉ាង​នេះ​បាន​ដែរ!»។ ៧៤ពេល​ លោក​យ៉ូណាថាន​ឮ​ពាក្យ​របស់​លោក​អាប៉ូឡូ​នីយ៉ូស​ដូច្នេះ លោក​ជ្រួល​ច្របល់​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង។ លោក​ជ្រើស​រើស​យក​ទ័ព​មួយ​ម៉ឺន​នាក់​ចេញ​ពី​ក្រុង​យេរូ​សាឡឹម។ លោក​ស៊ីម៉ូន​ជា​បង​ក៏​នាំ​កង​ទ័ព​ទៅ​ជួយ​លោក​ដែរ។ ៧៥លោក​បោះ​ទ័ព​នៅ​ខាង​មុខ​ក្រុង​យ៉ូប៉េ។ ប្រជា​ជន​បិទ​ទ្ធារ​ក្រុង​មិន​ឲ្យ​លោក​ចូល​ទេ ព្រោះ​មាន​កង​ទ័ព​របស់​លោក​អាប៉ូឡូ​នីយ៉ូស​នៅ​ក្នុង​ក្រុង​នោះ។ លោក​យ៉ូណាថាន​ចាប់​ផ្ដើម​វាយ​សម្រុក។ ៧៦ពេល​នោះ ប្រជា​ជន​នាំ​គ្នា​ភ័យ​ខ្លាច​ក៏​បើក​ទ្ធារ​ក្រុង ហើយ​លោក​យ៉ូណាថាន​ក៏​ដណ្ដើម​យក បាន​ក្រុង​យ៉ូប៉េ​មក​គ្រប់​គ្រង។ ៧៧កាល​លោក​អាប៉ូឡូ​នីយ៉ូស​ជ្រាប​ដំណឹង​នេះ គាត់​លើក​ទ័ព​សេះ ចំនួន​បី​ពាន់​នាក់ និង​កង​ទ័ព​ថ្មើរ​ជើង​ជាច្រើន​ធ្វើ​ដំណើរ​តម្រង់​ទៅ​ក្រុង​អាសូតូ ដូច​ជា​មាន​បំណង​កាត់​ស្រុក។ ប៉ុន្តែ ពេល​នោះ​លោក​ចូល​ក្នុង​វាយ​ដោយ​ទុក​ចិត្ត លើ​ទ័ព​សេះ​ដ៏​ច្រើន​របស់​លោក។ ៧៨លោក​យ៉ូណាថាន​ដេញ​តាម​គាត់ នៅ​ក្បែរ​ក្រុង​អាសូតូ​ហើយ​កង​ទ័ព​ទាំង​ពីរ​ប្រយុទ្ធ​គ្នា។ ៧៩លោក​អាប៉ូឡូ​នីយ៉ូស បាន​ទុក​ទ័ព​សេះ​មួយ​ពាន់​នាក់​ខាង​ក្រោយ​កង​ទ័ព​របស់​លោក​យ៉ូណាថាន។ ៨០លោក​យ៉ូណាថាន​ដឹង​ពី​គម្រោង​ការ ដែល​គេ​ពួន​វាយ​ស្ទាក់​លោក​ពី​ក្រោយ។ ទ័ព​សេះ​របស់​លោក​អាប៉ូឡូ​នីយ៉ូស​ ឡោម​ព័ទ្ធ​កង​ទ័ព​របស់​លោក​យ៉ូណាថាន ហើយ​បាញ់​ព្រួញ​លើ​កង​ទ័ព​អ៊ីស្រា​អែល តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច។ ៨១ប៉ុន្តែ​កង​ទ័ព​របស់​លោក​យ៉ូណា​ថាន​ទប់​ទល់​យ៉ាង​អង់​អាច ​តាម​បញ្ជា​របស់​លោក បណ្ដាល​ឲ្យ​សេះ​របស់​សត្រូវ អស់​កម្លាំង​ជា​ខ្លាំង។ ៨២ពេល​នោះ​ស្រាប់​តែ​លោក​ស៊ីម៉ូន​នាំ កង​ទ័ព​របស់​ខ្លួន​វាយ​ប្រហារ​កង​ទ័ព​របស់​សត្រូវ ក្នុង​ពេល​សេះ​កំពុង​តែ​អស់​កម្លាំង ហើយ​លោក​ស៊ីម៉ូន​វាយ​កម្ទេច​កង​ទ័ព​ខ្មាំង​ដែល​បាក់​ទ័ព​រត់​អស់។ ៨៣ទ័ព​សេះ​រត់​ខ្ចាត់​ខ្ចាយ​នៅ​តាម​វាល។ ពល​ទាហាន​បាក់​ទ័ព​រត់​មក​ដល់​ក្រុង​អាសូតូ ហើយ​ចូល​លាក់​ខ្លួន​ក្នុង​ព្រះ​វិហារ​របស់​ព្រះ​ដា​កូន​ ជា​ទី​សក្ការៈ​នៃ​ព្រះ​របស់​គេ ដើម្បី​ឲ្យ​បាន​រួច​ជីវិត។ ៨៤លោក​យ៉ូណាថាន​ដុត​ក្រុង​នោះ និង​ក្រុង​ដែល​នៅ​ជុំវិញ​ចោល។ លោក​រឹប​អូស​យក​ជយ​ភណ្ឌ ហើយ​ដុត​ទី​សក្ការៈ​របស់​ព្រះ​ដា​កូន ព្រម​ទាំង​អស់​អ្នក ដែល​ចូល​លាក់​ខ្លួន​នៅ​ទី​នោះ។ ៨៥មាន​មនុស្ស​ប្រមាណ​ប្រាំបី​ពាន់​នាក់ ស្លាប់​ដោយ​មុខ​ដាវ ឬ​ដោយ​ភ្លើង នៅ​ថ្ងៃ​នោះ។ ៨៦លោក​យ៉ូណាថាន​ចាក​ចេញ​ពី​នោះ ហើយ​បោះ​ទីតាំង​នៅ​ក្បែរ​ក្រុង​អាស្កា​ឡូន។ ប្រជា​ជន​ចេញ​ពី​ក្រុង​ មក​ទទួល​ស្វាគមន៍​លោក​យ៉ូណា​ថាន​យ៉ាង​អធិក​អធម។ ៨៧លោក​យ៉ូណាថាន​និង​កង​ទ័ព​ត្រឡប់​ទៅ​ក្រុង​យេរូ​សាឡឹម​វិញ ទាំង​នាំ​យក​ជយ​ភណ្ឌ​ជា​ច្រើន ទៅ​ជាមួយ​ផង។ ៨៨ពេល​ព្រះ​បាទ​អឡិច​សង់​ជ្រាប​ហេតុ​ការណ៍​ទាំង​នោះ ទ្រង់​ប្រទាន​កិត្តិ​យស​ដ៏​ខ្ពង់​ខ្ពស់​ឲ្យ​លោក យ៉ូណាថាន​ថែម​ទៀត គឺ​ព្រះ​រាជា​ប្រទាន​ក្លាស់​មាស​ឲ្យ​លោក​ ដូច​ព្រះ​រាជា​ធ្លាប់​ប្រទាន​ឲ្យ​ញាតិ​វង្ស​ដែរ។ ស្ដេច​ក៏​ប្រមូល​ក្រុង​អក្ការ៉ូន និង​តំបន់​ជុំ​វិញ​ក្រុង​នេះ​ឲ្យ​លោក​យ៉ូណាថាន​ត្រួត​ត្រា​ដែរ។

ជំពូកទី ១១

ព្រះបាទផ្ទូលេមេវាយឈ្នះ​ព្រះបាទអឡិចសង់
១ព្រះ​បាទ​ផ្ទូលេមេ ជា​ស្ដេច​ស្រុក​អេស៊ីប​ប្រមូល​កង​ទ័ព​ជា​ច្រើន ​ឥត​គណនា​មាន ចំនួន​ដូច​គ្រាប់​ខ្សាច់​តាម​ឆ្នេរ​សមុទ្រ ព្រម​ទាំង​សំពៅ​ចម្បាំង ជា​ច្រើន​គ្រឿង​ទៀត​ផង។ ស្ដេច​ខិត​ខំ​រិះ​រក​គ្រប់​កល​ល្បិច ដណ្ដើម​យក​រាជា​ណាចក្រ​របស់​ព្រះ​បាទ​អឡិច​សង់ ដើម្បី​បញ្ចូល​មក​ក្នុង​រាជា​ណាចក្រ​របស់​ខ្លួន។ ២ព្រះ​រាជា​យាង​ទៅ​ស្រុក​ស៊ីរី​ដោយ​អះ​អាង​ថា ខ្លួន​ចង់​ស្វែង​សន្តិ​ភាព។ ប្រជា​ជន​នៃ​ក្រុង​នានា​បើក​ទ្វារ​ក្រុង ហើយ​ចេញ​ទៅ​ទទួល​ស្វាគមន៍​ព្រះ​រាជា​ដោយ​រាក់​ទាក់ ព្រោះ​នេះ​ជា​បញ្ជា​របស់​ព្រះ​បាទ​អឡិច​សង់។ ៣ប៉ុន្តែ កាល​ព្រះ​បាទ​ផ្ទូលេមេ​យាង​កាត់​ក្រុង​ណា​មួយ ទ្រង់​តែង​ទុក​កង​ទ័ព​នៅ​ទីនោះ។ ៤កាល​ព្រះ​រាជា​យាង​មក​ដល់​ក្បែរ​ក្រុង​អាសូតូ គេ​នាំ​ព្រះ​រាជា​ទៅ​ទត​ទី​សក្ការៈ​របស់​ព្រះ​ដាកូន ដែល​លោក​យ៉ូណាថាន​ដុត​បំផ្លាញ និង​តំបន់​ដែល​នៅ​ជុំវិញ ទត​សាក​សព​ដែល​នៅ​ចោល​រាយ​ប៉ាយ ព្រម​ទាំង​ឆ្អឹង​របស់​អស់​អ្នក​ដែល​លោក​យ៉ូណាថាន​ដុត​នៅ​ក្នុង​ពេល​ប្រយុទ្ធ។ គេ​បាន​ប្រមូល​ឆ្អឹង​ទាំង​នោះ​គរ​ជា​គំនរ​តាម​ផ្លូវ ដែល​ព្រះ​រាជា​ត្រូវ​យាង​ទៅ។ ៥ប្រជា​ជន​ខ្លះ​រៀប​រាប់​នូវ​អ្វីៗដែល​លោក​យ៉ូណាថាន​បាន​ប្រព្រឹត្ត ទូល​ថ្វាយ​ព្រះ​រាជា​ក្នុង​គោល​ចង់​ឲ្យ ព្រះ​រាជា​ដាក់​ទោស​លោក​យ៉ូណាថាន ប៉ុន្តែ​ស្ដេច​នៅ​ស្ងៀម។ ៦លោក​យ៉ូណាថាន​ចូល​មក​គាល់​ព្រះ​រាជា ​នៅ​ក្រុង​យ៉ូប៉េ​យ៉ាង​អធិក​អធម។ ព្រះ​រាជា​បាន​ទទួល​ការ​ស្វាគមន៍ ហើយ​គង់​នៅ​ក្រុង​នោះ​អស់​មួយ​យប់។ ៧លោក​យ៉ូណាថាន​ជូន​ដំណើរ​ព្រះ​រាជា រហូត​ដល់​ទន្លេ​អេលើថែរ រួច​ក៏​ត្រឡប់​មក​ក្រុង​យេរូ​សាឡឹម​វិញ។

៨ព្រះ​បាទ​ផ្ទូលេមេ​ដណ្ដើម​យក​ក្រុង​ ទាំង​ប៉ុន្មាន​នៅ​តាម​ឆ្នេរ​សមុទ្រ​រហូត​ដល់​ក្រុង​សេលើស៊ី មក​កាន់​កាប់។ ព្រះ​រាជា​មាន​គម្រោង​ការ​ប្រឆាំង​នឹង​ព្រះ​បាទ​អឡិច​សង់ ៩ទ្រង់​ចាត់​រាជ​ទូល​ទៅ​គាល់​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស ដើម្បី​ទូល​ថា៖ «សូម​ព្រះ​ករុណា​យាង​មក​ចុះ​សន្ធិ​សញ្ញា​ជាមួយ​គ្នា។ យើង​នឹង​លើក​បុត្រី​របស់​យើង ដែល​ជា​អហេសី​របស់​ព្រះ​បាទ​អឡិច​សង់​សព្វ​ថ្ងៃ​នេះ ឲ្យ​ធ្វើ​ជា​មហេសី​ព្រះ​ករុណា ហើយ​ព្រះ​ករុណា នឹង​គ្រង​រាជ្យ​លើ​រាជា​ណាចក្រ​របស់​បិតា​ព្រះ​ករុណា​វិញ។ ១០យើង​សោក​ស្តាយ​ណាស់ ដោយ​បាន​បុត្រី​របស់​យើង​ថ្វាយ​ព្រះ​បាទ​អឡិច​សង់ ព្រោះ​ទ្រង់​បម្រុង​ធ្វើ​គុត​យើង»។ ១១ព្រះ​បាទ​ផ្ទូលេមេ​ចោទ​ប្រកាន់​ព្រះ​បាទ​អឡិច​សង់ ព្រោះ​ចង់​ដណ្ដើម​យក​រាជា​ណាចក្រ របស់​ព្រះ​បាទ​អឡិច​សង់។ ១២ព្រះ​រាជា​ដណ្ដើម​យក​បុត្រី​ពី​ព្រះ​បាទ​អឡិច​សង់ ហើយ​លើក​ឲ្យ​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស។ ព្រះ​រាជា​ប្តូរ​ហឫ​ទ័យ បែក​ពី​ព្រះ​បាទ​អឡិច​សង់ ហើយ​ស្ដេច​ទាំង​ពីរ​ក៏​ក្លាយ ទៅ​ជា​សត្រូវ​នឹង​គ្នា​វិញ។ ១៣ព្រះ​បាទ​ផ្ទូលេមេ​យាង​ចូល​ក្រុង​អន់​ទីយ៉ូក ហើយ​តាំង​ខ្លួន​ជា​ស្ដេច​ស្រុក​អាស៊ី​ហើយ​គ្រង​រាជ្យ​លើ​ស្រុក​អេស៊ីប​ផង និង​ស្រុក​អាស៊ី​ផង។ ១៤នៅ​ពេល​នោះ ព្រះ​បាទ​អឡិច​សង់​គង់​នៅ​ស្រុក ស៊ីលីស៊ី ដើម្បី​បង្ក្រាប​ប្រជា​ជន​បះបោរ​ក្នុង​តំបន់​នោះ។ ១៥កាល​ព្រះ​បាទ​អឡិច​សង់​ ជ្រាប​ហេតុ​ការណ៍​ទាំង​ប៉ុន្មាន​ដែល​ព្រះ​បាទ​ផ្ទូលេមេ​បាន​ប្រព្រឹត្ត​នោះ ទ្រង់​ក៏​យាង​ទៅ​ប្រយុទ្ធ​នឹង​ព្រះ​បាទ​ផ្ទូលេមេ។ ប៉ុន្តែ ព្រះ​បាទ​ផ្ទូលេមេ នាំ​កង​ទ័ព​ដែល​មាន​កម្លាំង​ខ្លាំង​ក្លា មក​ច្បាំង​ជាមួយ​នឹង​កង​ទ័ព​ព្រះ​បាទ អឡិច​សង់​ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព​អស់។ ១៦ព្រះ​បាទ​អឡិច​សង់​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​អារ៉ាប៊ី ហើយ​ព្រះ​បាទ​ផ្ទូលេមេ​ក៏​ទទួល​ជ័យ​ជម្នះ។ ១៧ជន​ជាតិ​អារ៉ាប់​ម្នាក់​ឈ្មោះ​សាប​ឌីអែល កាត់​ក​ព្រះ​បាទ​អឡិច​សង់ ហើយ​បញ្ជូន​ព្រះ​សិរសារ ទៅ​ថ្វាយ​ព្រះ​បាទ​ផ្ទូលេមេ។ ១៨ពីរ​ថ្ងៃ​ក្រោយ​មក ព្រះ​បាទ​ផ្ទូលេមេ​ក៏​សោយ​ទិវង្គត​លើ​សមរភូមិ​ដែរ​ ហើយ​ប្រជា​ជន​នាំគ្នា​កាប់​សម្លាប់​ពល​ទាហាន​ទាំង​ប៉ុន្មាន ដែល​ដាក់​រាយ​តាម​ក្រុង​នានា។ ១៩ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​ឡើង​សោយ​រាជ្យ​នៅ​ឆ្នាំ​១៦៧។

ព្រះបាទដេម៉េទ្រីយ៉ូសទី ២ ប្រទានអភ័យឯកសិទ្ធសាជាថ្មី
២០នៅ​គ្រា​នោះ​ លោក​យ៉ូណាថាន​ប្រមូល​ជន​ជាតិ​យូដា ដើម្បី​ទៅ​វាយ​ប្រហារ​បន្ទាយ​នៅ​ក្រុង​យេរូ​សាឡឹម។ ពួក​គេ​ធ្វើ​គ្រឿង​សឹក​ជាច្រើន​សម្រាប់​វាយ​សម្រុក​ចូល​បន្ទាយ​នោះ។ ២១ប៉ុន្តែ​ជន​ពាល ខ្លះ​ដែល​ស្អប់​ជាតិ​សាសន៍​របស់​ខ្លួន នាំគ្នា​ទៅ​គាល់​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​ទូល​ថា៖ «លោក​យ៉ូណាថាន​កំពុង​ឡោម​ព័ទ្ធ​បន្ទាយ ក្រុង​យេរូ​សាឡឹម ហើយ»។ ២២ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​បាទ​ដេម៉ូ​ទ្រីយ៉ូស​ពិរោធ ហើយ​យាង​ទៅ​ក្រុង​ផ្ទោ​ឡេ​ម៉ៃស៍​ភ្លាម។ ព្រះ​រាជា​សរសេរ​សារ​មួយ​ច្បាប់​ជូន​លោក​យ៉ូណាថាន ព្រម​ទាំង​បញ្ជា​ឲ្យ​លោក​ដក​ទ័ព​ដែល​កំពុង​ឡោម​ព័ទ្ធ​ក្រុង​យេរូ​សាឡឹម ហើយ​មក​ក្រុង​ផ្ទោឡេ​ម៉ៃស៍ ដើម្បី​ពិភាក្សា​ជា​ប្រញាប់។ ២៣កាល​លោក​យ៉ូណាថាន​ទទួល​ដំណឹង​នេះ លោក​បញ្ជា​ឲ្យ​កង​ទ័ព​ឡោម​ព័ទ្ធ​ក្រុង​នោះ​តទៅ​ទៀត។ លោក​ជ្រើស​រើស​ព្រឹទ្ធា​ចារ្យ​ខ្លះ​នៃ​ប្រជា​ជន​អ៊ីស្រា​អែល និង​បូជា​ចារ្យ​ខ្លះ ហើយ​គាត់​សុខ​ចិត្ត​ប្រថុយ​ជីវិត​ជាមួយ ២៤លោក​ទៅ​គាល់​ស្ដេច​នៅ​ក្រុង​ផ្ទោឡេ​ម៉ៃស៍ ដោយ​នាំ​យក​ប្រាក់ មាស សម្លៀក​បំពាក់ និង​ជំនូន​ជាច្រើន​ទៅ​ជាមួយ​ផង។ លោក​យ៉ូណាថាន បាន​ទទួល​ការ​ប្រណី​សន្តោស​ពី​ព្រះ​បាទ​ដេម៉េទ្រី​យ៉ូស។ ២៥ជន​ពាល​ឥត​សាសនា​ខ្លះ​នៃ​ជាតិ​សាសន៍របស់លោក ខិត​ខំ​ចោទ​ប្រកាន់​លោក​យ៉ូណាថាន ចំពោះ​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស ២៦ប៉ុន្តែ ព្រះ​រាជា​នៅ​តែ​ប្រព្រឹត្ត​ចំពោះ​លោក​ដូច​ស្ដេច​មុនៗ​ដែរ ហើយ​លើក​កិត្តិ​យស​របស់​លោក​យ៉ូណាថាន នៅ​ចំពោះ​មុខ​នាម៉ឺន​មន្ត្រី​ទាំង​អស់។ ២៧ព្រះ​រាជា​បញ្ជាក់​ថា៖ «លោក​យ៉ូណាថាន​នៅ​តែ​ជា​មហា​បូជា​ចារ្យ ហើយ​មុខងារ​និង​កិត្តិ​យស​ទាំង​ប៉ុន្មាន​ដែល​លោក​ធ្លាប់​ទទួល​ពីមុនៗ​មក រក្សា​ទុក​ដដែល»។ ទ្រង់​ក៏​តែង​តាំង​លោក​ជាមិត្ត​ម្នាក់​ក្នុង​ចំណោម​មិត្ត​សំឡាញ់​ទាំង​ប៉ុន្មាន នៃ​ព្រះ​រាជា​ដែរ។ ២៨លោក​យ៉ូណាថាន​ ទូល​សុំ​ព្រះ​រាជា​មេត្រា​ប្រោស​ប្រជា​ជន​នៅ​ស្រុក​យូដា និង​តំបន់​ទាំង​បី​របស់​ស្រុក​សាម៉ារី​មិន​ឲ្យ​បង់​ពន្ធ​អាករ​ ដោយ​សន្យា​ថា​នឹង​ថ្វាយ​ប្រាក់​ប្រាំបី​រយ​តោន។ ២៩ព្រះ​រាជា​យល់​ព្រម ហើយ​សរសេរ​សារ​មួយ​ច្បាប់​ផ្ញើ​ជូន​លោក​យ៉ូណាថាន​មាន​សេចក្ដី​ដូច​តទៅ៖

«៣០យើង​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស ជម្រាប​មក​លោក​យ៉ូណាថាន​ជា​ប្អូន និង​ជន​ជាតិ​យូដា សូម​ជ្រាប។៣១យើង​បាន​ចម្លង​លិខិត​ដែល​យើង​សរសេរ ផ្ញើ​ជូន​សម្ដេច​ឡាសថែន ជា​ញាតិ​វង្ស​របស់​យើង ជូន​លោក​ជ្រាប​ជា​ពត៌មាន។ ៣២ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស សូម​ជម្រាប​មក​សម្ដេច​ឡាសថែន​ជា​បិតា។ ៣៣យើង​សម្រេច​ថា​នឹង​ប្រោស​ប្រណី​ ដល់​ជន​ជាតិ​យូដា​ជា​មិត្ត​របស់​យើង ដែល​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​យើង។ ៣៤យើង​សូម​បញ្ជាក់​ថា គេ​មាន​សិទ្ធ​កាន់​កាប់​ស្រុក​យូដា និង​តំបន់​ទាំង​បី គឺ​តំបន់អផេរម៉ា លីដា និង​រ៉ាម៉ាថាអ៊ីម។ យើង​ដក​តំបន់​ទាំង​បី​នេះ​ពី​ស្រុក​សាម៉ារី ជាមួយ​ទឹក​ដី​ដែល​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន បញ្ចូល​ក្នុង​ស្រុក​យូដា ដើម្បី​ជា​ប្រយោជន៍​ដល់​អស់​អ្នក​ដែល​ថ្វាយ​យញ្ញ​បូជា​នៅ​ក្រុង​យេរូ​សាឡឹម។ ជន​ជាតិ​យូដា​មិន​ត្រូវ​បង់​ពន្ធ​អាករ​ប្រចាំ​ឆ្នាំ លើ​ផល​ស្រែ​ចំការ និង​ដើម​ឈើ​ ថ្វាយ​ព្រះ​រាជា​ទេ។ ៣៥យើង​អនុ​គ្រោះ​លែង​ទាម​ទារ​ប្រាក់​មួយ​ភាគ​ដប់ និង​ពន្ធ​ផ្សេង​ដែល​ត្រូវ​បង់​ឲ្យ​យើង ទាំង​ពន្ធ​ស្រែ​អំបិល និង​ពន្ធ​មកុដ​ដែរ គឺ​តាំង​ពី​ពេល​នេះ​តទៅ យើង​លែង​ទាម​ទារ​អ្វី​ទាំង​អស់។ ៣៦ត្រូវ​អនុវត្តន៍​តាម​សេចក្ដី​សម្រេច​ដែល​មាន​ចែង​នៅ​ក្នុង​រាជា​សារ​នេះ តាំង​ពី​ពេល​នេះ​រហូត​តរៀង​ទៅ​ជា​កំហិត។ សូម​សម្ដេច​យក​ចិត្ត​ទុក​ដាក់​ចម្លង​រាជ​សារ​នេះ ប្រគល់​ជូន​លោក​យ៉ូណាថាន ដើម្បី​បិទ នៅ​លើ​ភ្នំ​ដ៏​វិសុទ្ធ​ឲ្យ​គេ​ឃើញ​គ្រប់ៗ​គ្នាផង»។

លោកយ៉ូណាថានជួយ​ព្រះបាទដេម៉េទ្រីយ៉ូសទី ២​ នៅក្រុងអន់ទីយ៉ូក
៣៨នៅ​សម័យ​នោះ ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​ឈ្វេង​យល់​ថា រាជា​ណាចក្រ​ប្រកប​ដោយ​សេចក្ដី សុខ​សាន្ត​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន ហើយ​គ្មាន​នរណា​ជំទាស់​ប្រឆាំង​នឹង​អំណាច​របស់​ទ្រង់​ឡើយ។ ដូច្នេះ​ស្ដេច​រំសាយ​កង​ទ័ព​ទាំង​មូល គឺ​ឲ្យ​ទាហាន​ត្រឡប់​ទៅ​ស្រុក​រៀងៗ​ខ្លួន លើក​លែង​តែ​កង​ទ័ព​បរទេស​ដែល​ជួល​មក​ពី​បណ្តា​កោះ​ក្រែត​ប៉ុណ្ណោះ។ ហេតុនេះ​ហើយ កង​ទ័ព​ដែល​ធ្លាប់​បំរើ​ស្ដេច​មុនៗ​អាក់​អន់​ចិត្ត​ហើយ​ស្អប់​ស្ដេច។ ៣៩លោក​ទ្រីផូន​ដែល​ធ្លាប់​បំរើ​ព្រះ​បាទ​អឡិច​សង់​យល់​ឃើញ​ថា កង​ទ័ព​ទាំង​មូល​រអ៊ូរទាំ​ប្រឆាំង​នឹង​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស។ លោក​ក៏​ទៅ​ជួប​លោក​យ៉ាំលីកូស ជា​ជន​ជាតិ​អារ៉ាប់​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ ក្នុង​ការ​អប់រំ​ព្រះ​បាទ​អន់ទី​យ៉ូគូស ជា​បុត្រា​ពៅ​របស់​ព្រះ​បាទ​អឡិច​សង់។ ៤០លោក​ទ្រីផូន​ចេះ​តែ​បង្ខំ​លោក​យ៉ាំលីកូស​ឲ្យ​លើក​រាជ​កុមារ​នេះ ឡើង​សោយ​រាជ្យ​ស្នង​ពី​បិតា។ លោក​ក៏​រៀប​រាប់​អំពី​សេចក្ដី​សម្រេច​ទាំង​អស់​របស់​ព្រះ​បាទ ដេម៉េ​ទ្រីយ៉ូស និង​អំពើ​របស់​ទ័ព​ទាំង​អស់​ដែល​ស្អប់​ស្ដេច។ លោក​ស្នាក់​នៅ​ទីនោះ​ជា​យូរ​ថ្ងៃ។

៤១លោក​យ៉ូណាថាន​ទូល សូម​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស ឲ្យ​ដក​កង​ទ័ព​របស់​ទ្រង់​ ចេញ​ពី​បន្ទាយ​ក្រុង​យេរូ​សាឡឹម និង​ពី​បន្ទាយ​នានា ដ្បិត​កង​ទ័ព​ទាំង​នោះ​នៅ​តែ​ច្បាំង នឹង​ជន​ជាតិ​អ៊ីស្រា​អែល។ ៤២ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស ឆ្លើយ​តប​ទៅ​វិញ​ថា៖​«យើង​មិន​គ្រាន់​តែ​ធ្វើ​តាម​សំណូម​ពរ​នេះ ​ដើម្បី​លោក និង ប្រជា​ជន​របស់​លោក​ប៉ុណ្ណោះ​ទេ​ បើ​ឱកាស​ហុច​ឲ្យ​យើង​ នឹង​លើក​កិត្តិ​យស​របស់​លោក និង​ប្រជា​ជាតិ​របស់​លោក​ថែម​ទៀត​ផង។ ៤៣ឥឡូវ​នេះ សូម​លោក​បញ្ជូន​កង​ទ័ព​មក​ដើម្បី​រួម​ប្រយុទ្ធ​នឹង​ខាង​យើង ព្រោះ​កង​ទ័ព​យើង​រត់​បាត់​អស់​ហើយ»។ ៤៤លោក​យ៉ូណាថាន​បញ្ជូន​កង​ទ័ព​ខ្លាំង​ពូកែ ចំនួន​បីពាន់​នាក់ មក​ថ្វាយ​ស្ដេច​នៅ​ក្រុង​អន់ទីយ៉ូក។ នៅ​ពេល​ពួក​គេ​បាន​មក​ដល់ ព្រះ​រាជា​មាន​ព្រះ​ទ័យ​រីក​រាយ​យ៉ាង​ក្រៃ​លែង។ ៤៥មាន​ប្រជា​ជន​ប្រមាណ​ដប់​ម៉ឺន​នាក់​ជួប​ជុំគ្នា​នៅ​កណ្តាល​ទីក្រុង​នោះ បម្រុង​នឹង​ធ្វើ​គុត​ព្រះ​រាជា ៤៦ហើយ​ទ្រង់​ក៏​គេច​ខ្លួន​ទៅ​ក្នុង​រាជ​វាំង​ក្នុង​ពេល​ដែល​អ្នក​ក្រុង​ចេញ​មក​កុះ​ករ​តាម​ផ្លូវ ហើយ​ការ​ប្រយុទ្ធ​ក៏​ចាប់​ផ្ដើម។ ៤៧ព្រះ​រាជា​ហៅ​កង​ទ័ព​យូដា​ឲ្យ​មក​ជួយ។ ពួក​គេ​ប្រមូល​ផ្តុំគ្នា​នៅ​ក្បែរ​ស្ដេច រួច​ចេញ​ចូល​ពាស​ពេញ​ក្នុង​ក្រុង ហើយ​សម្លាប់​ប្រជា​ជន​ប្រហែល​ដប់​ម៉ឺន​នាក់​នៅ​ថ្ងៃ នោះ។ ៤៨ពួក​គេ​ដុត​ទីក្រុង​រឹប​អូស​យក​ជយ​ភណ្ឌ​ជាច្រើន ហើយ​សង្គ្រោះ​ព្រះ​រាជា​នៅ​ថ្ងៃ​នោះ​ដែរ។ ៤៩ប្រជា​ជន​ក្នុង​ក្រុង​ឃើញ​ថា ពួក​យូដា​កាន់​កាប់​ក្រុង​ទាំង​មូល ហើយ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត​របស់​គេ ពួក​គេ​ក៏​ធ្លាក់​ទឹក​ចិត្ត​ហើយ​ស្រែក​ទូល​អង្វរ​ព្រះ​រាជា​ដូច​តទៅ៖ ៥០«សូម​ព្រះ​ករុណា​អត់​ទោស​ឲ្យ​យើងខ្ញុំ និង​ប្រោស​ប្រទាន​សន្តិ​ភាព​ឲ្យ​យើង​ខ្ញុំ​ផង សូម​ឲ្យ​ពួក​យូដា​ឈប់​ប្រយុទ្ធ​នឹង​យើង​ខ្ញុំ ព្រម​ទាំង​ទីក្រុង​ផង!»។ ៥១ពួក​បះ​បោរ​ទម្លាក់​អាវុធ ហើយ​សូម​សន្តិ​ភាព។ ព្រះ​រាជា​និង​ប្រជា​ជន​ដែល​រស់​នៅ ក្នុង​រាជា​ណាចក្រ​ទាំង​មូល​នាំគ្នា​លើក​តម្កើង​កិត្តិ​យស​របស់​ជន​ជាតិ​យូដា។ ក្រោយ​ពី​មាន​ឈ្មោះ​ល្បី ដូច្នេះ​ជន​ជាតិ​យូដា​វិល​ត្រឡប់​មក​ក្រុង​យេរូ​សាឡឹម​វិញ ទាំង​នាំ​យក​ជយ​ភណ្ឌ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ មក​ជាមួយ​ផង។ ៥២ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស ​បាន​ពង្រឹង​អំណាច​របស់​ខ្លួន ហើយ​ស្រុក​ក៏​មាន​សេចក្ដី​សុខ​សាន្ត។ ៥៣ប៉ុន្តែ ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស ពុំ​​បាន​កាន់​តាម​ពាក្យ​សន្យា​ទាំង​ប៉ុន្មាន​របស់​ខ្លួន ហើយ​ដូរ​ព្រះ​ហឫ​ទ័យ​បែរ​ទៅ​ប្រឆាំង​នឹង​លោក​យ៉ូណាថាន​វិញ។ ព្រះ​រាជា​ភ្លេច​ពី​ឧបការ​គុណ​ដែល លោក​យ៉ូណាថាន​បាន​ធ្វើ​ដើម្បី​បំរើ​ស្ដេច ហើយ​ធ្វើ​បាប​លោក​គ្រប់​បែប​យ៉ាង។

លោកយ៉ូណាថាន​គាំទ្រព្រះបាទអន់ទីយ៉ូគូសទី ៦
៥៤ក្រោយមក លោក​ទ្រីផូន​វិល​ត្រឡប់​មក​វិញ​ជាមួយ​រាជ​កុមារ​អន់ទី​យ៉ូគូស ហើយ​លើក​រាជ្យ​កុមារ​ឲ្យ​ឡើង​សោយ​រាជ្យ។ ៥៥កង​ទ័ព​ទាំង​ប៉ុន្មាន​ដែល​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​បាន​រំសាយ​ពីមុន​នោះ មក​ជួប​ជុំគ្នា​ជាមួយ​លោក​ទ្រីផូន ហើយ​វាយ​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស។ ព្រះ​រាជា​បរាជ័យ ហើយ​បាក់​ទ័ព​រត់​អស់។ ៥៦លោក​ទ្រីផូន​ចាប់​ដំរី​ចម្បាំង​ជា​ច្រើន​ក្បាល ហើយ​ដណ្ដើម​យក​ក្រុង​អន់ទី​យ៉ូក​បាន។ ៥៧រាជ​កុមារ​អន់ទី​យ៉ូស​​​​គូស​សរសេរ​រាជ​សារ​មួយ​ច្បាប់​ជូន​លោក​យ៉ូណាថាន មាន​សេចក្ដី​ដូច​តទៅ៖ «យើង​ទទួល​ស្គាល់​លោក ទុក​ជា​មហា​បូជា​ចារ្យ​ដដែល។ យើង​តែង​តាំង​លោក​ ឲ្យ​គ្រប់​គ្រង​តំបន់​ទាំង​បួន ហើយ​ចាត់​ទុក​លោក ជា​មិត្ត​របស់​ស្ដេច​ដែរ»។ ៥៨ព្រះ​រាជា​ប្រទាន​ភាជន៍​មាស និង​គ្រឿង​ប្រើ​ប្រាស់​ក្នុង​ពិធី​ជប់​លៀង​ជូន​លោក​ ព្រម​ទាំង​អនុញ្ញាត​ឲ្យ​លោក​ពិសា​ស្រា​ក្នុង​ពែង​មាស ហើយ​ឲ្យ​ពាក់​អាវ​ព៌ណ​ស្វាយ​របស់​ស្ដេច និង​ក្លាស់​មាស​ផង។ ៥៩ព្រះ​រាជា​តែង​តាំង​លោក​ស៊ីម៉ូន ជា​បង​របស់​លោក​យ៉ូណាថាន ឲ្យ​ធ្ចើ​ជា​ឧបរាជ​ត្រួត​ត្រា​តំបន់​តាម​ឆ្នេរ​សមុទ្រ ចាប់​ពី​ភ្នំ​ក្បែរ​ក្រុង​ទីរ៉ុស រហូត​ទៅ ដល់​ព្រំ​ប្រទល់​ស្រុក​អេស៊ីប។ ៦០លោក​យ៉ូណាថាន​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក នៅ​ខាង​នាយ​ទន្លេ​អឺប្រាត​ដោយ​កាត់​តាម​ទីក្រុង​នានា។ កង​ទ័ព​ស្រុក​ស៊ីរី​ទាំង​អស់​ចូល​រួម​ជាមួយ​លោក។ លោក​ទៅ​ដល់​ក្រុង​អាស្កា​ឡូន ហើយ​ប្រជា​ជន​ក្រុង​នោះ​អបអរ​សាទរ​ទទួល​លោក​យ៉ាង​អធិក​អធម។ ៦១លោក​ចាក​ចេញ​ពី​ទីនោះ​ ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​កាសា ប៉ុន្តែ អ្នក​ក្រុង​នេះ​បិទ​ទ្វារ​មិន​ព្រម​ទទួល​លោក។ ដូច្នេះ​លោក​ក៏​ឡោម​ព័ទ្ធ​ក្រុង​នោះ ដុត​តំបន់​ដែល​នៅ​ជុំវិញ​ចោល ហើយ​រឹប​អូស​យក​ជយ​ភណ្ឌ ពី​តំបន់​នោះ​ផង។ ៦២អ្នក​ក្រុង​កាសា​អង្វរ​លោក​យ៉ូណាថាន។ លោក​ក៏​អត់​ទោស​ឲ្យ​ពួក​គេ ប៉ុន្តែ​លោក​ចាប់​កូន​ប្រុស​របស់​មេ​ដឹក​នាំ​ទាំង​នោះ​ យក​ទៅ​ក្រុង​យេរូ​សាឡឹម​ជា​ថ្នូរ។ បន្ទាប់​មក លោក​បន្ត​ដំណើរ​កាត់​តាម​តំបន់​នោះ​ រហូត​ដល់​ក្រុង​ដាម៉ាស។
៦៣លោក​យ៉ូណាថាន​ទទួល​ដំណឹង​ថា មេទ័ព​របស់​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស មក​ក្រុង​គេដេស​ក្នុង ស្រុក​កាលី​ឡេ ​ដោយ​នាំ​កង​ទ័ព​ជា​ច្រើន​មក​ជាមួយ​ផង ដើម្បី​ទម្លាក់​គាត់​ពី​មុខ​តំណែង។ ៦៤លោក​ទុក​ឲ្យ​លោក​ស៊ីម៉ូន​ជា​បង​របស់​លោក​នៅ​គ្រប់​គ្រង​ត្រួត​ត្រា​ស្រុក​យូដា ហើយ​លោក​ចេញ​ទៅ​ច្បាំង​ជាមួយ​ពួក​គេ។ ៦៥លោក​ស៊ីម៉ូន​បោះ​ទ័ព​នៅ​មុខ​ក្រុង​បេតសួរ​ទាំង​ឡោម​ព័ទ្ធ​ ហើយ​វាយ​ប្រហារ​ក្រុង​នេះ ជា​យូរ​ថ្ងៃ។ ៦៦អ្នក​ក្រុង​នោះ​ចរចា​សុំ​សន្តិ​ភាព ហើយ​លោក​ស៊ីម៉ូន​យល់​ព្រម​តាម​សំណូម​ពរ​របស់​ពួក​គេ។ ប៉ុន្តែ លោក​សូម​ឲ្យ​ពួក​គេ​ចាក​ចេញ​ពី​ក្រុង ដើម្បី​លោក​ចូល​ទៅ​កាន់​កាប់ និង​ដាក់​កង​ទ័ព​នៅ​ក្រុង​នោះ។ ៦៧រីឯ​លោក​យ៉ូណាថាន និង​កង​ទ័ព​របស់​លោក​បោះ​ទ័ព​នៅ​ក្បែរ​បឹង​កេណេ​សារ៉ែត។ លុះ​ព្រឹក​ស្អែក​ឡើង ពួក​គេ​ទៅ​ដល់​វាល​ទំនាប​ហាសូរ។ ៦៨កង​ទ័ព​របស់​ជន​បរទេស​កំពុង​ធ្វើ​ដំណើរ​មក​វាយ​លោក​នៅ​ទី​វាល​នេះ​ដែរ ពួក​គេ​បាន​បង្កប់​ទ័ព​មួយ​ក្រុម​នៅ​តាម​ភ្នំ ចាំ​ពួន​ស្ទាក់​វាយ​ប្រ​ហារ​លោក។ ៦៩លោក​យ៉ូណាថាន និង​កង​ទ័ព​កំពុង​ធ្វើ​ដំណើរ​ទៅ​មុខ ពេល​នោះ​កង​ទ័ព​ដែល​ពួន ស្ទាក់​ក៏​ស្ទុះ​ចេញ​មក​វាយ​ប្រហារ​លោក។ ៧០កង​ទ័ព​របស់​លោក​យ៉ូណាថាន​បាក់​ទ័ព​រត់​គ្មាន​សល់​ម្នាក់​សោះ​ លើក​លែង​តែ​មេទ័ព​ពីរ​នាក់ គឺ​លោក​ម៉ាថា​ធឺយ៉ាស​ជា​កូន​របស់​លោក​អាប់​សាឡុម និង​លោក​យូដា​ជា​កូន​របស់​លោក​ខាលភី។ ៧១លោក​យ៉ូណា​ថាន​ហែក​សម្លៀក​បំពាក់​របស់​លោក រោយ​ដី​នៅ​លើ​ក្បាល ហើយ​ទូល​អង្វរ​ព្រះ​ជាម្ចាស់។ ៧២បន្ទាប់​មក លោក​ប្រយុទ្ធ​នឹង​សត្រូវ ហើយ​ធ្វើ​ឲ្យ​សត្រូវ​បាក់​ទ័ព​រត់​អស់។ ៧៣ឃើញ​ដូច្នេះ កង​ទ័ព​ដែល​បាក់​ទ័ព​រត់​ចោល​លោក​នោះ​ក៏​វិល​ត្រឡប់ មក​រក​លោក​វិញ ដេញ​តាម​ពួក​សត្រូវ​រហូត​ដល់​ជំរំ​របស់​ពួក​គេ​នៅ​កេ​ដែស ហើយ​កង​ទ័ព​របស់​លោក​យ៉ូណាថាន​ក៏​បោះ​ជំរំ​នៅ​ទីនោះ​ដែរ។ ៧៤នៅ​ថ្ងៃ​នោះ ទាហាន​បរទេស​ប្រមាណ​បីពាន់​នាក់​ស្លាប់​លើ​សមរភូមិ។ លោក​យ៉ូណាថាន​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ​សាឡឹម​វិញ។

ជំពូកទី ១២

លោកយ៉ូណាថានចងសម្ពន្ធមិត្ត​ជាមួយជនជាតិរ៉ូម៉ាំងសាជាថ្មី
១លោក​យ៉ូណាថាន​ឃើញ​ថា សភាព​ការណ៍​ដំណើរ​ការ​ល្អ​សម្រាប់​គាត់ គាត់​ក៏​ជ្រើស​រើស​ទូត​ចាត់​ឲ្យ​ទៅ​ក្រុង​រ៉ូម ដើម្បី​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​ជន​ជាតិ​រ៉ូម៉ាំង​ជា​ថ្មី។ ២លោក​សរសេរ​លិខិត​ដែល​មាន​សេចក្ដី​ដូច​គ្នា ផ្ញើ​ជូន​ក្រុង​ស្ប៉ាត និង​ក្រុង​ផ្សេងៗ​ទៀត​ដែរ។ ៣ទូត​ទាំង​នោះ​ចេញ​ដំណើរ​ទៅ​កាន់​ក្រុង​រ៉ូម ហើយ​បាន​ការ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ព្រឹទ្ធ​សភា​ក្រុង​នោះ។ ពួក​គេ​មាន​ប្រសាសន៍​ថា៖​«លោក​មហា​បូជា​ចារ្យ​យ៉ូណាថាន និង​ជន​ជាតិ​យូដា ចាត់​យើង​ខ្ញុំ ឲ្យ​មក​ដើម្បី​រឹត​ចំណង​មិត្ត​ភាព និង​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​ជន​ជាតិ​រ៉ូម៉ាំង​សា​ជាថ្មី កាល​ពី​មុនៗ​មក»។ ៤ព្រឹទ្ធ​សភា​ចេញ​លិខិត​អនុញ្ញាត​មួយ​ច្បាប់​ចំពោះ​ទូត​ទាំង​នោះ ដើម្បី​ឲ្យ​អ្នក​កាន់​អំណាច​ក្នុង​ស្រុក​នីមួយៗជួយ​សំរួល​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​របស់​ពួក​គេ វិល​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ​ដោយ​សុវត្ថិ​ភាព។

៥នេះ​ជា​សេចក្ដី​ក្នុង​លិខិត​ដែល​លោក​យ៉ូណា​ថាន​សរសេរ​ផ្ញើ​អ្នក​ក្រុង​ស្ប៉ាត៖ ៦«យើង​យ៉ូណា​ថាន​ជា​មហា​បូជា​ចារ្យ ព្រឹទ្ធ​សភា​ជាតិ​និង​អស់​លោក​បូជា​ចារ្យ​ព្រម​ទាំង​ប្រជា​ជន​យូដា​ទាំង​មូល ជម្រាប​មក​អ្នក​ស្បាត​ជា​បង​ប្អូន។ ៧កាល​ពី​ដើម ព្រះ​បាទ​អារី​យ៉ូស​ដែល​គ្រង​រាជ្យ​នៅ​ប្រទេស របស់​បង​ប្អូន​បាន​សរសេរ​រាជ​សារ ផ្ញើ​ទៅ​លោក​មហា​បូជា​ចារ្យ​អ៊ូនីយ៉ា បញ្ជាក់​ថា​ប្រជា​ជន​របស់​យើង​ទាំង​ពីរ​បង​ប្អូន ដូច​លិខិត​ភ្ជាប់​មក​ជាមួយ​ជា​ភស្តុតាង​ស្រាប់។ ៨លោក​អូនីយ៉ា​ទទួល​រាជ​ទូត​យ៉ាង​អធិក​អធម ហើយ​ទទួល​រាជ​សារ​ដែល​បញ្ជាក់​ច្បាស់​អំពី​សម្ពន្ធ​មិត្ត និង​ចំណង​មិត្ត​ភាព​រវាង​គ្នា​ទៅ​វិញ​ទៅ​មក។ ចំពោះ​យើង​ខ្ញុំ ទោះ​បី​មិន​ត្រូវ​ការ​សេចក្ដី​ទាំង​ក្ដី ព្រះ​គម្ពីរ​ដែល​យើង​កាន់​តែង​តែ​សំរាល​ទុក្ខ​យើង​ខ្ញុំ។ ១០យើង​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ចាត់​ទូត​ឲ្យ​មក​ជួប​អស់​លោក ដើម្បី​រឹត​ចំណង​សម្ព័ន្ធ​មិត្ត និង​មិត្ត​ភាព​សា​ជាថ្មី​ក្រែង​លោ​យើង​ខ្ញុំ​ត្រឡប់​ជា​ជន​បរទេស​ សម្រាប់​អស់​លោក ព្រោះ​អស់​លោក​បាន​ចាត់​រាជា​ប្រតិភូ ឲ្យ​ទៅ​ជួប​យើង​ខ្ញុំ​ជា​យូរ​ឆ្នាំ​មក​ហើយ។ ១១យើង​ខ្ញុំ​តែង​តែ​នឹក​រលឹក​ដល់​អស់​លោក​ជានិច្ច ក្នុង​គ្រប់​ពិធី​បុណ្យ និង​នៅ​ថ្ងៃ​បុណ្យ​នានា ក្នុង​ពេល​ថ្វាយ​យញ្ញ​បូជា និង​ក្នុង​ពេល​អង្វរ​ព្រះ​ជាម្ចាស់។ នេះ​ជា​ការ​សមរម្យ​ណាស់​ចំពោះ​យើង​ជា​បង​ប្អូន។ ១២យើង​ខ្ញុំ​មាន​អំណរ​ចំពោះ​ភាព​រុង​រឿង​ថ្កុំ​ថ្កើង​របស់​អស់​លោក។ ១៣រីឯ​យើង​ខ្ញុំ ​យើង​ខ្ញុំ​រង​ទុក្ខ​លំបាក​ជា​ច្រើន ហើយ​សត្រូវ​មក​ច្បាំង​នឹង​យើង​ខ្ញុំ​ជា​ច្រើន​លើក ស្ដេច​ស្រុក​ជិត​ខាង​ក៏​បាន​មក​វាយ​ប្រហារ​យើង​ខ្ញុំ​ដែរ។ ១៤ប៉ុន្តែ យើង​ខ្ញុំ​មិន​ចង់​រំខាន​អស់​លោក​សម្ព័ន្ធ​មិត្ត និង​មិត្ត​ឯ​ទៀតៗអំពី​សង្គ្រាម​ទាំង​នោះ​ទេ។ ១៥មាន​តែ​ព្រះ​អម្ចាស់​ទេ​ដែល​សង្គ្រោះ​យើង​ខ្ញុំ ព្រះ​អង្គ​បាន​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ហើយ​ពួក​ខ្មាំង​ត្រូវ​ទទួល​ការ​អាម៉ាស់​វិញ។ ១៦ហេតុ​នេះ យើង​ខ្ញុំ​ជ្រើស​រើស​លោក​នូមេនី​យ៉ូស ជា​កូន​របស់​លោក​អន់ទី​យ៉ូគូស និង​លោក​អន់ទី​ប៉ាទែរ​ជា​កូន​របស់​លោក​យ៉ាសូន រួច​ចាត់​ពួក​គេ​ឲ្យ​មក​ជួប​ជន​ជាតិ​រ៉ូម៉ាំង ដើម្បី​ចង​ចំណង​មិត្ត​ភាព និង​ចង​សម្ព័ន្ធ​មិត្ត​ដូច​ពី​មុន​ដែរ។ ១៧យើង​ខ្ញុំបញ្ជា​ពួក​គេ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ជួប និង​សួរ​សុខ​ទុក្ខ​អស់​លោក ព្រម​ទាំង​យក​លិខិត​ស្តី​ពី​ការ​ចង​សម្ពន្ធ​មិត្ត​ជាមួយ​គ្នា និង​អំពី​ការ រឹត​ចំណង​មិត្ត​ភាព​ជាមួយ​បង​ប្អូន​សា​ជា​ថ្មី​ទៀត ជូន​ចំពោះ​អស់​លោក។ សូម​អស់​លោក​មេត្តា​តប ឆ្លើយ​មក​យើង​ខ្ញុំ​តាន​សេចក្ដី​ស្នើរ​សុំ​នេះ​ផង»។

១៩នេះ​ជា​សេចក្ដី​ក្នុង​លិខិត ផ្ញើ​មក​លោក​អូនីយ៉ា៖ ២០«យើង​អារីយ៉ូស ជា​ស្ដេច​ក្រុង​ស្ប៉ាត​ជម្រាប មក​លោក​អូនីយ៉ា​ជា​មហា​បូជា​ចារ្យ​សូម​ជ្រាប៖ ២១យើង​បាន​រក​ឃើញ​ឯក​សារ​ស្តី​អំពី​ជន​ជាតិ​ស្ប៉ាត និង​ជន​ជាតិ​យូដា​បាន​បញ្ជាក់​ថា យើង​ទាំង​ពីរ​ជា​បង​ប្អូន​នឹង​គ្នា​គឺ​សុទ្ធ​តែ​ជា​ពូជ​ពង្ស​របស់​លោក​អប្រា​ហាំ​ដូច​គ្នា។ ២២ឥឡូវ​នេះ​ដោយ​យើង​ដឹង​សេចក្ដី​ទាំង​នោះ ហើយ​យើង​យល់​ថា ជា​ការ​ប្រសើរ​ណាស់​ចំពោះ​យើង​ខ្ញុំ​សរសេរ​លិខិត មក​សួរ​សុខ​ទុក្ខ​អស់​លោក។ ២៣ចំពោះ​យើង​ខ្ញុំ យើង​ខ្ញុំ​សូម​ជម្រាប​អស់​លោក​ថា ហ្វូង​សត្វ​អស់​លោក ក៏​ដូច​ជា​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ ទ្រព្យ​សម្បត្តិ​របស់​អស់​លោក ក៏​ដូច​ជា​ទ្រព្រ​សម្បត្តិ​យើង​ខ្ញុំ​ដែរ។ ហេតុ​នេះ​ហើយ ទើប​យើង​សូម​ចេញ​បញ្ជា​ឲ្យ​គេ​មក​ជម្រាប​សេចក្ដី​ទាំង​នេះ ​ដល់​អស់​លោក»។

លោកយ៉ូណាថាន​ធ្វើសង្គ្រាមនៅស្រុកស៊ីរី
២៤លោក​យ៉ូណាថាន​ទទួល​ដំណឹង​ថា មេទ័ព​របស់​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស វិល​ត្រឡប់​មក​វិញ ដោយ​នាំ​កង​ទ័ព​ច្រើន​ជាង​មុន​ទៅ​ទៀត មក​វាយ​ប្រហារ​លោក។ ២៥លោក​យ៉ូណាថាន​ក៏​ចាក​ចេញ​ពី​ក្រុង​យេរូ​សាឡឹម ដើម្បី​ទៅ​ប្រយុទ្ធ​នឹង​ពួកគេ​នៅ​តំបន់​ក្រុង​ហាម៉ាត កុំ​ឲ្យ​ពួក​គេ​ចូល​មក​ក្នុង​ស្រុក​យូដា។ ២៦លោក​យ៉ូណាថាន​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ើប​យក​ការណ៍​ពី​ក្នុង​ជំរំ​របស់​សត្រូវ។ ពួក​គេ​មក​រាយ​ការណ៍​ប្រាប់​លោក​ថា កង​កម្លាំង​សត្រូវ​កំពុង​តែ​ត្រៀម​ខ្លួន​វាយ​ប្រហារ​កង​ទ័ព​យូដា​នៅ​ពេល​យប់។ ២៧ពេល​ថ្ងៃ​លិច ​លោក​យ៉ូណាថាន​បញ្ជា​ឲ្យ​កង​ទ័ព​របស់​លោក​យាម​យ៉ាង​ប្រុង​ប្រយ័ត្ន ព្រម​ទាំង​កាន់​អាវុធ​រៀងៗ​ខ្លួន ត្រៀម​ប្រយុទ្ធ​ពេញ​មួយ​យប់​នោះ។ លោក​ក៏​ដាក់​ខ្សែ​ត្រៀម​ជុំ​វិញ​ទី​តាំង កង​ទ័ព​ដែរ។ ២៨ពួក​សត្រូវ​ដឹង​ថា លោក​យ៉ូណា​ថាន និង​កង​ទ័ព​របស់​លោក​បាន​ត្រៀម​ខ្លួន​ចាំ​វាយ​ពួក​គេ គេ​ដុត​ភ្លើង​ចោល​ក្នុង​ជំរំ​ពួក​គេ ហើយ​ភៀស​ខ្លួន​បាត់​អស់​ទៅ។ ២៩លោក​យ៉ូណា​ថាន​និង​កង​ទ័ព​របស់​លោក ឃើញ​ភ្លើង​កំពុង​ឆេះ​នៅ​ក្នុង​ជំរំ​នោះ តែ​មិន​នឹក​ស្មាន​ថា ពួក​ខ្មាំង​រត់​បាត់​អស់​ទេ លុះ​ដល់​ព្រឹក​ស្អែក​ទើប​ពួក​គេ​ដឹង។ ៣០លោក​យ៉ូណា​ថាន​ដេញ​តាម​ពី​ក្រោយ​ពួក​គេ ក៏​ប៉ុន្តែ​លោក​តាម មិន​ទាន់​ព្រោះ​ពួក​គេ​ឆ្លង​ទន្លេ​អេ​លើ​ថែរ​ផុត​ទៅ​ហើយ។ ៣១ពេល​នោះ លោក​យ៉ូណា​ថាន បែរ​ទៅ​វាយ​ប្រហារ​ជន​ជាតិ​អារ៉ាប់​ឈ្មោះ​សាបា​ដេអាន។ លោក​វាយ​ឈ្នះ​ពួក​គេ ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ ទុក​ជា​ជយ​ភណ្ឌ​ទៀត​ផង។ ៣២បន្ទាប់​មក​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ដាម៉ាស់ ហើយ​ដើរ​កាត់​តំបន់​ទាំង​មូល។ ៣៣នៅ​គ្រា​នោះ លោក​ស៊ីម៉ូន​ក៏​ចេញ​ទៅ​ធ្វើ​សង្គ្រាម​រហូត​ដល់​ក្រុង​អាស្កា​ឡូន និង​ក្រុង​ដែល​នៅ​ជុំវិញ​មាន​សុទ្ធ​តែ​កំពែង រួច​ទៅ​កាន់​ក្រុង​យ៉ូប៉េ ហើយ​កាន់​កាប់​តំបន់​នោះ ព្រោះ​លោក​ជ្រាប​ថា អ្នក​ក្រុង​មាន​បំណង​ប្រគល់​ក្រុង​ដែល​មាន​កំពែង​នេះ​ឲ្យ កង​ទ័ព​របស់​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស។

លោកយ៉ូណាថានសង់កំពែង​ក្រុងយេរូសាឡឹម
៣៥ពេល​លោក​យ៉ូណា​ថាន​វិល​ត្រឡប់ មក​ក្រុង​យេរូ​សាឡឹម​វិញ លោក​កោះ​ហៅ​ព្រឹទ្ធា​ចារ្យ​នៃ​ប្រជា​ជន ហើយ​សម្រេច​ជាមួយ​អស់​លោក​ថា នឹង​សង់​ក្រុង​ដែល​មាន​កំពែង​ជាច្រើន​ក្នុង​ស្រុក​យូដា ៣៦សង់​កំពែង​ក្រុង​យេរូ​សាឡឹម​ឲ្យ​បាន​ខ្ពស់ ព្រម​ទាំង​សង់​ជញ្ជាំង​ដែល​ខ័ណ្ឌ​បន្ទាយ​និង​ក្រុង​ឲ្យ​ដាច់​ពីគ្នា។ ធ្វើ​ដូច្នេះ ពល​ទាហាន​របស់​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​មិន​អាច​ចេញ​ចូល លក់ ឬ​ទិញ​ឥវ៉ាន់​បាន​ឡើយ។ ៣៧ប្រជា​ជន​ប្រមូល​គ្នា​សង់​ក្រុង​ឡើង​វិញ ដ្បិត​កំពែង​នៅ​ផ្នែក​ខាង​កើត​ក្រុង​រលំ​អស់​ទៅ​ហើយ។ គេ​ក៏​សង់​សង្កាត់​ដែល​មាន​ឈ្មោះ​ថា​ខាផេណាថា ឡើង​វិញ​ដែរ។ ៣៨លោក​ស៊ីម៉ូន​សង់​ក្រុង​អាឌីដា ដែល​ស្ថិត​នៅ​ជើង​ភ្នំ​ឡើង​វិញ ព្រម​ទាំង​សង់​កំពែង​ការពារ​ក្រុង ដាក់​ទ្ធារ និង រនុក​ទៀត​ផង។

លោកទ្រីផូន ចាប់លោកយ៉ូណាថាន
៣៩លោក​ទ្រីផូន​មាន​បំណង តាំង​ខ្លួន​ជា​ស្ដេច​គ្រប់​គ្រង​លោក​ស្រុក​អាស៊ីរី​ទាំង​មូល ហើយ​ខិត​ខំ ចាប់​ព្រះ​បាទ​អន់ទី​យ៉ូគូស​ធ្វើ​គុត។ ៤០លោក​ខ្លាច​លោក​យ៉ូណាថាន​មិន​បណ្តោយ​ឲ្យ​លោក​សម្រេច តាម​គម្រោង​ការណ៍​នេះ ហើយ​ច្បាំង​នឹង​គាត់​វិញ។ ដូច្នេះ​លោក​ទ្រីផូន​រក​មធ្យោ​បាយ ចាប់​លោក​យ៉ូណាថាន​យក​ទៅ​សម្លាប់។ លោក​ចេញ​ដំណើរ​ទៅ​កាន់​ក្រុង​បេតសាន។ ៤១ប៉ុន្តែ លោក​យ៉ូណាថាន និង​កង​ទ័ព​ដ៏​ចំណាន​បួន​ម៉ឺន​នាក់ ចេញ​មក​ជួយ​លោក​ទ្រីផូន​នៅ​ក្រុង​បេតសាន។ ៤២លោក​ទ្រីផូន​ឃើញ​ថា លោក​យ៉ូណាថាន​មាន​កង​ទ័ព​ច្រើន​យ៉ាង​នេះ លោក​មិន​ហ៊ាន​ចាប់​លោក យ៉ូណា​ថាន​ទេ ៤៣លោក​បែរ​ជា​ទទួល​លោក​យ៉ូណាថាន​យ៉ាង​អធិក​អធម ព្រម​ទាំង​បង្ហាញ​នាម៉ឺន​មន្ត្រី​របស់​លោក​ឲ្យ​លោក​យ៉ូណាថាន​ស្គាល់ ព្រម​ទាំង​ជូន​អំណោយ​ជា​ច្រើន។ លោក​បញ្ជា​មន្ត្រី និង​កង​ទ័ព​ឲ្យ​ធ្វើ​តាម​បង្គាប់​របស់​លោក​យ៉ូណាថាន ដូច​គេ​ធ្លាប់​ធ្វើ​តាម​បង្គាប់​របស់​លោក​ដែរ។ ៤៤លោក​មាន​ប្រសាសន៍ ទៅ​កាន់​លោក​យ៉ូណា​ថាន​ថា៖ «ហេតុអ្វី​បាន​ជា​លោក​ធ្វើ​ឲ្យ​កង​ទ័ព​មាន​ការ​នឿយ​ហត់​ដូច្នេះ? យើង​មិន​មែន​ជា​សត្រូវ​នឹង​គ្នា​ទេ! ៤៥សូម​បញ្ជា​ឲ្យ​ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ!។ សូម​ជ្រើស​រើស​កង​ទ័ព​តែ​មួយ​ចំនួន​តូច ឲ្យ​ការ​ពារ​លោក​បាន​ហើយ រួច​សូម​អញ្ជើញ​មក​ក្រុង​ផ្ទោលេ​មៃស៍ ជាមួយ​ខ្ញុំ។ ខ្ញុំ​នឹង​ប្រគល់​ក្រុង​នោះ និង​បន្ទាយ​ឯទៀតៗ​ដែល​មាន​កំពែង​រឹង​មាំ​ឲ្យ​លោក​កាន់​កាប់ ព្រម​ទាំង​ប្រគល់​កង​ទ័ព​ដែល​នៅ​សេស​សល់ និង​នាម៉ឺន​មន្ត្រី​ផង រួច​ខ្ញុំ​វិញ​ត្រឡប់​ទៅ​ស្រុក​វិញ ព្រោះ​ខ្ញុំ​ចេញ​មក​ ដើម្បី​គោល​បំណង​នេះ​តែ​ប៉ុណ្ណោះ»។ ៤៦លោក​យ៉ូណាថាន​ក៏​ជឿ​ទុក​ចិត្ត​លើ​លោក​ទ្រីផូន ហើយ​ធ្វើ​តាម​ពាក្យ​លោក គឺ​គាត់​បញ្ជា​ឲ្យ​កង​ទ័ព​របស់​គាត់​វិល​ត្រឡប់​ទៅ​ស្រុក​យ៉ូដា​វិញ។ ៤៧លោក​យ៉ូណាថាន​ទុក​កង​ទ័ព​ចំនួន​បី​ពាន់​នាក់​នៅ​ជាមួយ​គាត់ គឺ​ចំនួន​ពីរ​ពាន់​នាក់​ឲ្យ​នៅ​ស្រុក​កាលីឡេ និង​មួយ​ពាន់​នាក់​ឲ្យ​ធ្វើ​ដំណើរ​ជាមួយ​គាត់។ ៤៨ប៉ុន្តែ ពេល​លោក​យ៉ូណាថាន​ចូល​ដល់​ក្នុង​ក្រុង​ផ្ទោ​លេមៃស៍ អ្នក​ក្រុង​បិទ​ទ្វារ​ចាប់​លោក ហើយ​សម្លាប់​កង​ទ័ព​ទាំង​អស់ ដែល​ចូល​មក​ជាមួយ លោក។ ៤៩លោក​ទ្រីផូន​ចាត់​ទ័ព​ថ្មើរ​ជើង ព្រម​ទាំង​ទ័ព​សេះ​ទៅ​ស្រុក​កាលីឡេ និង​ក្នុង​វាល​ទំនាប​អ៊ីស្រា​អែល ដើម្បី​សម្លាប់​បក្ស​ពួក​របស់​លោក​យ៉ូណាថាន​ឲ្យ​អស់។ ៥០អ្នក​ទាំង​នោះ​ដឹង​ថា​គេ​ចាប់​លោក​យ៉ូណាថាន ព្រម​ទាំង​ទ័ព​ដែល​នៅ​ជាមួយ​យក​ទៅ​សម្លាប់។ ដូច្នេះ​ពួក​ដែល​នៅ​សេស​សល់​បាន​ត្រៀម​ខ្លួន​ចេញ​ទៅ​ប្រយុទ្ធ។ ៥១កង​ទ័ព​សត្រូវ​ដែល​ដេញ​តាម​ពួក​គេ​ឃើញ​ថា បក្ស​ពួក​របស់​លោក​យ៉ូណា​ថាន​ប្រយុទ្ធ​ដោយ​ប្តូរ​ជីវិត​ដូច្នេះ​ពួក​គេ​ក៏​ថយ​ក្រោយ​វិញ។ ៥២កង​ទ័ព​យូដា​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ​ដោយ​សុវត្ថិ​ភាព។ ជន​ជាតិ​អ៊ីស្រា​អែល​ទាំង​អស់​នាំ​គ្នា​ធ្វើ​ពិធី​កាន់​ទុក្ខ​លោក​យ៉ូណាថាន និង​អស់​អ្នក​ដែល​នៅ​ជាមួយ​លោក។ ជន​ជាតិ​អ៊ីស្រា​អែល​ទាំង​មូល​នាំគ្នា​កាន់​ទុក្ខ ហើយ​មាន​ការ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ពេល​នោះ ប្រជា​ជន​ដែល​នៅ​ជុំវិញ​ស្រុក​យូដា​បម្រុង​កម្ទេច​ពូជ​សាសន៍​របស់​គេ​ដោយ​ពោល​ថា៖ «ពួក​គេ​គ្មាន​មេ​ដឹក​នាំ គ្មាន​នរណា​គាំទ្រ​ទេ។ យើង​នាំ​គ្នា​វាយ​ប្រហារ​គេ​ឥឡូវ​នេះ! យើង​នឹង​បំបាត់​ឈ្មោះ​គេ​ឲ្យ​ផុត​ពី​ផែន​ដី មិន​ឲ្យ​នរណា​នឹក​នា​ដល់​គេ​ទៀត​ឡើយ»។

ជំពូកទី ១៣

លោកស៊ីម៉ូនបន្តមុខតំណែង​ពីលោកយ៉ូណាថាន
១លោក​ស៊ីម៉ូន​ជ្រាប​ថា លោក​ទ្រីផូន​ប្រមូល​កង​ទ័ព ជាច្រើន​បម្រុង​នឹង​លុក​លុយ​ចូល​ស្រុក​យូដា ហើយ​បំផ្លាញ​ស្រុក​នោះ​ចោល។ ២លោក​ស៊ីម៉ូន​ឃើញ​ប្រជា​ជន​ភ័យ​ខ្លាច​ញាប់​ញ័រ។ លោក​ឡើង​ទៅ​ក្រុង​យេរូ​សាឡឹម​កោះ​ហៅ​ប្រជា​ជន​ឲ្យ​មក​ប្រជុំ ៣ហើយ​លើក ទឹក​ចិត្ត​ពួក​គេ​ដោយ​មាន​ប្រសាសន៍​ថា៖ «បង​ប្អូន​ជ្រាប​ការ​ប៉ុន្មាន​របស់​ខ្ញុំ បង​ប្អូន​ខ្ញុំ និង​ក្រុម​គ្រួសារ​ខ្ញុំ​បាន​ប្រព្រឹត្ត ដើម្បី​ការពារ​វិន័យ និង​ទី​សក្ការៈ។ បង​ប្អូន​ក៏​ជ្រាប​អំពី​ចម្បាំង និង​ទុក្ខ​វេទនា​ដែល​ពួក​យើង​បាន​តស៊ូ​នោះ​ដែរ។ ៤ហេតុ​នេះ​ហើយ បង​ប្អូន​ទាំង​អស់​របស់​ខ្ញុំ​ត្រូវ​ស្លាប់​ព្រោះ​អ៊ីស្រា​អែល! ហើយ​នៅ​សល់​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ។ ខ្ញុំ​មិន​ដែល​គិត​រត់​យក​រួច​ខ្លួន​នោះ​ទេ! ទោះបី​ក្នុង​គ្រា​ដ៏​អាសន្ន​នេះ​ក្ដី។ ជីវិត​របស់​ខ្ញុំ គ្មាន​តម្លៃ​អ្វី​ប្រសើរ​ជាង​ជីវិត​បង​ប្អូន​នោះ​ទេ!។ ៦ប៉ុន្តែ ខ្ញុំ​និង​តស៊ូ​ដើម្បី​ការពារ​ជាតិ​របស់​ខ្ញុំ ការពារ​ទី​សក្ការៈ និង​ប្រពន្ធ​កូន​របស់​បង​ប្អូន ព្រោះ​ប្រជា​ជាតិ​នានា​ស្អប់​ខ្ពើម​យើង ហើយ​ប្រមូល​ផ្តុំគ្នា​ដើម្បី​បំផ្លាញ​យើង​ឲ្យ​វិនាស​សាប​សូន្យ»។ ៧កាល​ឮ​ពាក្យ​សំដី​ទាំង​នេះ ប្រជា​ជន​ក៏​មាន​សេចក្ដី​ក្លាហាន ៨ហើយ​ឆ្លើយ​តប​ដោយ​សំឡេង​ខ្លាំងៗ​ថា៖ «សូម​លោក​ធ្វើ​ជា​មេដឹក​នាំ​របស់​ពួក យើង​ស្នង​ពី​លោក​យូដា និង លោក​យ៉ូណាថាន​ជាប្អូនៗ​របស់​លោក​ផង។ ៩សូម​ដឹក​នាំ​ពួក​យើង​ចេញ​ទៅ​ច្បាំង! ពួក​យើង​នឹង​ធ្វើ​តាម​បញ្ជា​របស់​លោក»។ ១០លោក​ស៊ីម៉ូន​ប្រមូល​កង​ទ័ព​ទាំង​អស់ ហើយ​ប្រញាប់​ប្រញាល់​សង់​កំពែង​ជុំវិញ​ក្រុង​យេរូ​សាឡឹម​ឲ្យ​បាន​រឹង​មាំ។ ១១លោក​ចាត់​លោក​យ៉ូណាថាន ជា​កូន​របស់​លោក​អាប់​សាឡុម​ឲ្យ​ទៅ​ក្រុង​យ៉ូប៉េ ដោយ​មាន​ទ័ព​ជាច្រើន​ទៅ​ជាមួយ​ផង។ លោក​យ៉ូណាថាន​ដេញ​ប្រជា​ជន​ចេញ​ពី​ក្រុង ហើយ​តាំង​ទី​លំនៅ​នៅ​ក្នុង​ក្រុង​នេះ។

លោកស៊ីម៉ូនវាយឈ្នះលោកទ្រីផូន
១២លោក​ទ្រីផូន​លើក​ទ័ព​យ៉ាង​ច្រើន ចេញ​ពី​ក្រុង​ផ្ទោ​ឡេម៉ៃស៍ ដើម្បី​វាយ​លុក​លុយ​ស្រុក​យូដា ទាំង​នាំ​យក​លោក​យ៉ូណា​ថាន​ជា​ឈ្លើយ​ទៅ​ជាមួយ​ផង។ ១៣លោក​ស៊ីម៉ូន​មក​បោះ​ទ័ព​នៅ​ក្បែរ​ក្រុង អាឌីដា និង​នៅ​តាម​ទី​វាល។ ១៤លោក​ទ្រីផូន​ជ្រាប​ថា លោក​ស៊ីម៉ូន​បន្ត​មុខ​តំណែង​ពី​លោក​យ៉ូណាថាន ជា​ប្អូន ហើយ​ត្រៀម​កង​ទ័ព មក​វាយ​ប្រយុទ្ធ​នឹង​លោក។ គាត់​ចាត់​អ្នក​នាំ​សារ ឲ្យ​ទៅ​ជម្រាប​លោក​ស៊ីម៉ូន​ថា៖ ១៥«យើង​ចាប់​លោក​យ៉ូណាថាន​ឃុំ​ឃាំង ព្រោះ​គាត់​មិន​បាន​បង់​ប្រាក់​បញ្ចូល​ឃ្លាំង​រាជ​ទ្រព្យ កាល​គាត់​នៅ​កាន់​មុខ​តំណែង។ ១៦ឥឡូវ​នេះ សូម​លោក​បង់​ប្រាក់​ពីរ​ពាន់​ប្រាំពីរ​រយ​គីឡូ​ក្រាម និង​នាំ​យក​កូន​របស់​លោក​យ៉ូណាថាន​ពីរ​នាក់​ធ្វើ​ជា​ថ្នូរ ក្រែង​លោ​ថ្ងៃ​ក្រោយ​គាត់​បះ​បោរ​ប្រឆាំង​នឹង​យើង។ ប្រសិន​បើ​គាត់​សុខ​ចិត្ត​ធ្វើ​ដូច្នេះ យើង​នឹង​ដោះ​លែង​គាត់»។ ១៧ទោះបី​លោក​ស៊ីម៉ូន​ដឹង​ថា ពាក្យ​ទាំង​នេះ​ជា​ពាក្យ​បោក​បញ្ឆោត​ក្ដី ក៏​លោក​ចាត់​គេ​ឲ្យ​ទៅ​ប្រមូល​ប្រាក់ និង​នាំ​កូន​ប្រុស​ទាំង​ពីរ​របស់​លោក​យ៉ូណាថាន​ មក ព្រោះ​លោក​ខ្លាច​ប្រជា​ជន​ជំទាស់​នឹង​គាត់ ១៨គឺ​ក្រែង​ពួក​គេ​ចោទ ថា៖​«គេ​យក​លោក​យ៉ូណាថាន​ទៅ​សម្លាប់ ព្រោះ​លោក​ស៊ីម៉ូន​មិន​ព្រម​បញ្ជូន​ប្រាក់ និង​កូន​ទាំង​ពីរ នោះ​ទៅ​ឲ្យ​គេ»។ ១៩ដូច្នេះ​លោក​បញ្ជូន​កូន​ទាំង​ពីរ និង​ប្រាក់​ពីរ​ពាន់​ប្រាំពីរ​រយ​គីឡូ​ក្រាម ប៉ុន្តែ លោក​ទ្រីផូន​ក្បត់​ពាក្យ​សន្យា ហើយ​មិន​ដោះ​លែង​លោក​យ៉ូណា​ថាន​ឡើយ។ ២០បន្ទាប់​មក​លោក ទ្រីផូន​ចេញ​ដំណើរ​ដើម្បី​ចូល​ទៅ​ឈ្លាន​ពាន និង​បំផ្លាញ​ស្រុក​យូដា​ចោល។ គាត់​ធ្វើ​ដំណើរ​វាង​តាម​ក្រុង​អាដូរ៉ា។ ប៉ុន្តែ លោក​ស៊ីម៉ូន និង​កង​ទ័ព​របស់​លោក​នៅ​តែ​ដេញ​តាម​ពី​ក្រោយ​គេ​ជានិច្ច។ ២១គ្រា​នោះ កង​ទ័ព​នៅ​ក្នុង​ស្រុក​យេរូ​សាឡឹម​ចាត់​អ្នក​នាំ​សារ​ទៅ​រក​លោក​ទ្រីផូន សុំ​ឲ្យ​លោក​មក​ជួប​ពួកគេ​នៅ​តាម​ផ្លូវ​វាល​រហោស្ថាន​យ៉ាង​ប្រញាប់ និង​បញ្ជូន​ស្​ស្បៀង​អាហារ​ឲ្យ​ពួកគេ​ផង។ ២២លោក​ទ្រីផូន​រៀបចំ​កង​ទ័ព​សេះ​ទាំង​អស់​ដើម្បី​ទៅ​ជួប​ពួក​គេ ប៉ុន្តែ នៅ​យប់​នោះ​ព្រឹល​ធ្លាក់​យ៉ាង​ខ្លាំង ជា​ហេតុ​រារាំង​លោក​មិន​អាច​ចេញ​ដំណើរ ទៅ​កាន់​ទី​នោះ​បាន​ឡើយ។ លោក​បែរ​ជា​ចេញ​ដំណើរ​ទៅ​ស្រុក​កាឡាដ​វិញ។ ២៣កាល​មក​ជិត​ដល់​ក្រុង​បាសកាម៉ា​លោក​ក៏យក​លោក​យ៉ូណាថាន​ទៅ​ប្រហារ ជីវិត​ចោល ហើយ​គេ​បញ្ចុះ​សព​របស់​លោក​នៅ​ទីនោះ។ ២៤បន្ទាប់​មក លោក​ទ្រីផូន​វិល​ត្រឡប់​ទៅ ស្រុក​របស់​ខ្លួន​វិញ។

២៥លោក​ស៊ីម៉ូន​ចាត់​គេ ឲ្យ​ទៅ​យក​ធាតុ​របស់​លោក​យ៉ូណាថាន​ជាប្អូន​របស់​លោក​ទៅ​បញ្ចុះ ក្នុង​ផ្នូរ​នៅ​ក្រុង​ម៉ូឌីន ជា​ក្រុង​របស់​ដូន​តា​លោក។ ២៦ប្រជា​ជន​អ៊ីស្រា​អែល​ទាំង​មូល ធ្វើ​ពិធី​កាន់​ទុក្ខ យ៉ាង​អធិក​អធម និង យំ​រៀប​រាប់​ពី​ប្រវត្តិ​​របស់​លោក​យ៉ូណាថាន​ជា​យូរ​ថ្ងៃ។ ២៧លោក​ស៊ីម៉ូន​សង់​ផ្នូរ​ឪពុក និង​បង​ប្អូន​របស់​លោក​ឲ្យ​បាន​ខ្ពស់​ជាង​មុន ដើម្បី​ឲ្យ​គេ​មើល​ឃើញ​ពី​ចម្ងាយ។ ផ្នូរ​នេះ​ផ្នែក​ខាង​មុខ​ក៏​ដូច​ជា​ផ្នែក​ខាង​ក្រោយ​ដែរ សុទ្ធ​តែ​ក្រាល​ដោយ​ថ្ម​រលោង។ ២៨លោក​លើក​ស្តូប​ចំនួន​ប្រាំពីរ​ក្បែរៗ​គ្នា ដើម្បី​ឧទ្ទិស​ជូន​មាតា​បិតា និង បង​ប្អូន​ទាំង​បួន​នាក់​របស់​លោក។ ២៩នៅ​ជុំវិញ​ស្តូប​ទាំង​នោះ​លោក​ដាក់​សរសរ​ខ្ពស់ៗ ដែល​មាន​ឆ្លាក់​រចនា​ពី​គ្រឿង​សស្ត្រា​វុធ​គ្រប់​ប្រភេទ និង​ក្បាច់​សំពៅ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​សំពៅ នៅ​លើ​សមុទ្រ​មើល​ឃើញ។ ៣០ផ្នូរ​ដែល​លោក​ស៊ីម៉ូន​សង់​នៅ​ក្រុង​ម៉ូឌីន​នោះ​ស្ថិត​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

ព្រះបាទដេម៉េទ្រីយ៉ូសបញ្ជាក់​សន្ធិសញ្ញាជាមួយជនជាតិយូដា
៣១លោក​ទ្រីផូន​ក្បត់​ព្រះ​បាទ​អន់ទី​យ៉ូគូស ដែល​នៅ​ជា​កុមារ​ហើយ​ធ្វើ​គុត។ ៣២លោក​ឡើង​សោយ​រាជ្យ​ជំនួស ហើយ​គ្រប់​គ្រង​ស្រុក​អាស៊ី និង​បង្ក​ឲ្យ​មាន​អន្តរាយ​ដ៏​ធ្ងន់​ធ្ងរ​ដល់​ស្រុក​នេះ​ផង។ ៣៣លោក​ស៊ីម៉ូន​ជួស​ជុល​កំពែង​នានា​ក្នុង​ស្រុក​យូដា ព្រម​ទាំង​សង់​ប៉ម​ខ្ពស់ៗ និង​កំពែង​ដ៏រឹង​មាំ​ដែល​មាន​ទ្វារ​ក្រុង​និង​រនុក។ លោក​ដាក់​ស្បៀង​អាហារ​ទុក​នៅ​ក្រុង​ទាំង​នោះ​ដែរ។ ៣៤លោក​ស៊ីម៉ូន​ចាត់ អ្នក​នាំ​សារ​ឲ្យ​ទៅ​គាល់​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស សូម​ព្រះ​មេត្តា​កុំ​ទារ​ពន្ធ​ដារ​ពី​ប្រជា​ជន​យូដា ព្រោះ​លោក​ទ្រីផូន​បាន​រឹប​អូស​ប្លន់​យក​ពី​ពួក​គេ​អស់​ទៅ​ហើយ។ ៣៥ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​ឆ្លើយ​តប តាម​សំណូម​ពរ​របស់​លោក ហើយ​សរសេរ​រាជ​សារ ដែល​មាន​សេចក្ដី​ដូច​តទៅ៖៣៦«យើង​ដេម៉េ​ទ្រីយ៉ូស​ជម្រាប​មក​លោក​ស៊ីម៉ូន ជា​មហា​បូជា​ចារ្យ ជា​មិត្ត​របស់​ស្ដេច និង​ព្រឹទ្ធា​ចារ្យ ព្រម​ទាំង​ជាតិ​យូដា​ទាំង​មូល សូម​ជ្រាប។ ៣៧យើង​បាន​ទទួល​មកុដ​មាស និង​ធាង​មាស​ដែល​អស់​លោក​បាន​ផ្ញើ​មក​យើង​ហើយ។ យើង​ចាំ​ចុះ​សន្ធិ​សញ្ញា​ស្តី​អំពី​សន្តិភាព​យ៉ាង​ពិត​ប្រាកដ ​ជាមួយ​អស់​លោក ព្រម​ទាំង​បញ្ជា​ឲ្យ​មន្រ្តី​រាជការ​បន្ថយ​ពន្ធដារ​ឲ្យ​អស់​លោក​ផង។ ៣៨អ្វីៗ​ដែល​យើង​បាន​សម្រេច​ព្រម​ព្រៀង​ជាមួយ​អស់​លោក​ពី​មុន យើង​សូម​បញ្ជាក់​សា​ជាថ្មី។ អស់​លោក​មាន​សិទ្ធ​គ្រប់​គ្រង​ក្រុង​ទាំង​អស់​ដែល​អស់​លោក​បាន​សង់។ ៣៩យើង​លើក​លែង​ទោស​ឲ្យ​អស់​លោក​ដែល​ប្រព្រឹត្ត​ខុស ឬ​ល្មើស​ច្បាប់​រហូត​ដល់​សព្វ​ថ្ងៃ ព្រម​ទាំង មិន​ទារ​ពន្ធ​អាករ​ជា​មកុដ​មាស​ដែល​អស់​លោក​ត្រូវ​បង់​ដែរ។ ប្រសិន​បើ​មាន​ការ​ទារពន្ធ​អាករ​ផ្សេង ទៀត​ពី​ប្រជា​ជន​ក្រុង​យេរូ​សាឡឹម​ចាប់​ពី​ពេល​នេះ គេ​មិន​ត្រូវ​ទាម​ទារ​ទៀត​ឡើយ។ ៤០ប្រសិន​បើ មាន​អ្នក​ខ្លះ​មាន​សម្ថភាព​អាច​បំរើ​កង​ទ័ព​របស់​យើង​បាន ចូរ​អញ្ជើញ​មក​ចុះ​ឈ្មោះ​ទៅ»។ សូន​ឲ្យ​សន្តិ​ភាព​កើត​ឡើង​រវាង​គ្នា​នឹង​គ្នា​ផង»។

៤១នៅ​ឆ្នាំ​១៧០ ប្រជា​ជន​អ៊ីស្រា​អែល​បាន​រួច​ផុត​ពី​នឹម​នៃ​សាសន៍​ដទៃ។ ៤២ប្រជា​ជន​ចាប់​ផ្ដើម សរសេរ​កាល​បរិច្ឆេទ​នៅ​លើ​ឯក​សារ និង​កិច្ច​សន្យា​នានា​តាំង​ពី​ឆ្នាំ​ដំបូង​បង្អស់ ដែល​លោក​ស៊ីម៉ូន​ជា​មហា​បូជា​ចារ្យ ជា​មេ​បញ្ជា​ការ និង​ជា​មេ​ដឹក​នាំ​នៃ​ប្រជា​ជន​យូដា។

លោកស៊ីម៉ូនដណ្ដើម​យកក្រុងកាសារ៉ា និង បន្ទាយក្រុងយេរូសាឡឹមបាន
៤៣នៅ​គ្រា​នោះ លោក​ស៊ីម៉ូន​ដាក់​ទ័ព​ឡោម​ព័ទ្ធ​ក្រុង​កាសារ៉ា និង​ដាក់​កង​ទ័ព​នៅ​ជុំវិញ។ លោក​សង់​ប៉ម​ដែល​មាន​កង់​អាច​រើ​បាន ហើយ​រុញ​ទៅ​ទល់​នឹង​កំពែង​ក្រុង។ លោក​វាយ​ប្រហារ​ក្រុង​មួយ​ក្នុង​បណ្តា​ប៉ម​ទាំង​ប៉ុន្មាន ហើយ​ដណ្ដើម​យក​ប៉ម​នោះ​បាន។ ៤៤ពល​ទ័ព​ដែល​នៅ​ក្នុង​ប៉ម លោត​ចុះ​មក​ក្នុង​ក្រុង​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ក្រុង​មាន​ការ​ជ្រុល​ច្របល់។ ៤៥អ្នក​ក្រុង​ទាំង​ប៉ុន្មាន ទាំង​ប្រពន្ធ​កូន​នាំគ្នា​ឡើយ​ទៅ​លើ​កំពែង​ហែក​សម្លៀក​បំពាក់​របស់​ពួក​គេ ហើយ​ស្រេក​អង្វរ​លោក​ស៊ីម៉ូន សន្តោស​ប្រណី​ផ្តល់​សន្តិ​ភាព​ឲ្យ​ពួកគេ​ផង។ ៤៦ពួក​គេ​សុំ​អង្វរ​ថា៖ «សូម​មេត្តា​អាណិត​អាសូរ​ដល់​យើង​ខ្ញុំ​ផង! កុំ​ដាក់​ទោស​យើង​ខ្ញុំ​តាម​អំពើ​អាក្រក់​របស់​យើង​ខ្ញុំ​ឡើយ!»។ ៤៧លោក​ស៊ីម៉ូន​ស្រុះ​ស្រួល​ជាមួយ​ពួក​គេ ហើយ​ឈប់​វាយ​ប្រហារ​ពួក​គេ។ ប៉ុន្តែ លោក​ដេញ​ប្រជា​ជន​ចេញ​ពី​ក្រុង​ហើយ​ធ្វើ​ពិធី​ជំរះ​ផ្ទះ​ដែល​មាន​រូប​ព្រះ​ក្លែង​ក្លាយ រួច​លោក និង​ពល​ទាហាន​នាំ​គ្នា​ចូល​ក្នុង​ក្រុង​វិញ​ដោយ​ច្រៀង ទំនុក​លើក​តម្កើង និង​អរ​ព្រះ​គុណ​ព្រះ​ជាម្ចាស់​ផង។ ៤៨លោក​បោស​សំអាត​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ឲ្យ​ក្រុង​សៅ​ហ្មង តែង​តាំង​មនុស្ស​ដែល​កាន់​តាម​វិន័យ​ រួច​លោក​ជួស​ជុល​កំពែង​ក្រុង ហើយ​សង់​លំនៅ​ដ្ឋាន​របស់​លោក​នៅ​ក្រុង​នោះ។

៤៩ប្រជា​ជន​ដែល​នៅ​ក្នុង​ក្រុង​យេរូ​សាឡឹម មិន​អាច​ចេញ​ទៅ​វិញ ឬ​លក់​ដូរ​ឥវ៉ាន់​បាន​ឡើយ។ ដូច្នេះ ពួក​គេ​ត្រូវ​រង​ទុក្ខ​ដោយ​ការ​អត់​ឃ្លាន​យ៉ាង​ខ្លាំង ហើយ​មាន​មួយ​ចំនួន​ស្លាប់។ ៥០ពួក​គេ​ស្រែក​អង្វរ​លោក​ស៊ីម៉ូន សូម​មេត្តា​ប្រណី​សន្តោស និង​ផ្តល់​សន្តិ​ភាព​ឲ្យ​គេ។ លោក​ក៏​យល់​ព្រម។ លោក​ដេញ​ពួក​គេ​ចេញ​ពី​ទី​នោះ ហើយ​ក៏​ធ្វើ​ពិធី​ជំរះ​បន្ទាយ​ក្រុង​នោះ​ឲ្យ​រួច​ពី​សៅ​ហ្មង​ដែរ។ ៥១នៅ​ថ្ងៃ​ទី​២៣ ខែ​ទី ២ ឆ្នាំ ១៧១ ពួកគេ​ចូល​មក​ក្នុង​ក្រុង​វិញ​ដោយ​ស្រែក​ជ័យ​ឃោស និង​កាន់​ស្លឹក​ត្នោត​អម ដោយ​សំលេង​ពិណ ក្រាប និងឈឹង ព្រម​ទាំង​ចំរៀង​និង​ទំនុក​តម្កើង​ទៀត​ផង ដ្បិត​គេ​បណ្តេញ​ខ្មាំង​សត្រូវ​ដ៏​ធំ​ចេញ​ពី​ទឹក​ដី​អ៊ីស្រា​អែល។ ៥២លោក​ស៊ីម៉ូន​ចេញ​បញ្ជា​ឲ្យ​ប្រារព្ធ​ពិធី​យ៉ាង​សប្បាយ​រីក​រាយ ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ដដែល​នោះ។ លោក​ពង្រឹង​កំពែង​ការពារ​ភ្នំ​នៃ​ព្រះ​វិហារ នៅ​ទល់​មុខ​បន្ទាយ​ឲ្យ​កាន់​តែ​រឹង​មាំ។ លោក​តាំង​ទី​លំនៅ​នៅ​ទី​នោះ​ជាមួយ​កង​ទ័ព​របស់​លោក ធំ​ពេញ​រូប​ពេញ​រាង​ហើយ លោក​ក៏​តែង​តាំង​លោក​យ៉ូហាន ឲ្យ​ធ្វើ​ជា​មេ​បញ្ជា​ការ​កាន់​កាប់​កង​ទ័ព​ទាំង​អស់។ លោក​យ៉ូហាន​ស្នាក់​នៅ​ក្រុង​កាសារ៉ា។

ជំពូកទី ១៤

ការសរសើររបស់លោកស៊ីម៉ូន
១នៅ​ឆ្នាំ​១៧២ ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​ប្រមូល​កង​ទ័ព ហើយ​យាង​ចេញ​ទៅ​ស្រុក​ម៉ែដ ដើម្បី​ស្វែង​រក​ជំនួយ​សម្រាប់​ធ្វើ​សង្រ្គាម​នឹង​លោក​ទ្រីផូន។ ២ប៉ុន្តែ​ព្រះ​បាទ​អរសាស​ជា​ស្ដេច​ស្រុក​ពែរ្ស និង​ស្រុក​ម៉ែដ ទទួល​ដំណឹង​ថា ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​យាង​ចូល​ក្នុង​ដែន​ដី​របស់​ខ្លួន​ដូច្នេះ ក៏​ចាត់​មេ​ទ័ព​ម្នាក់​ដើម្បី​ទៅ​ចាប់​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​យក​មក​ទាំង​រស់។ ៣មេ​ទ័ព​នោះ​ចេញ​ទៅ​វាយ​ឈ្នះ​កង​ទ័ព​របស់​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស ចាប់​ស្ដេច​បាន​ទាំង​រស់ ហើយ​នាំ​ទៅ​ថ្វាយ​ព្រះ​បាទ​អរសាស។ ព្រះ​បាទ​អរសាស​យក​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​ទៅ​ដាក់​ក្នុង​គុក។

៤ស្រុក​យូដា​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត ក្នុង​រជ្ជកាល​របស់​លោក​ស៊ីម៉ូន។ លោក​ស្វះ​ស្វែងរក​ប្រយោជន៍​ដើម្បី​ជាតិ។ ប្រជា​ជន​យូដា​គោរព​អំណាច​លោក ហើយ​ភាព​រុង​រឿង​របស់​លោក​កាន់ តែ​ប្រសើរ​ឡើង​ជា​រៀង​រាល់​ថ្ងៃ។ ៥លោក​បាន​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​លោក​កាន់​តែ​ល្បី​ល្បាញ ដោយ​ដណ្ដើម​យក​បាន​ក្រុង​យ៉ូប៉េ។ លោក​យក​ក្រុង​នេះ​ធ្វើ​ជា​កំពង់​ផែ​សម្រាប់​ស្រុក​យូដា ព្រម​ទាំង​បើក​ផ្លូវ​ទាក់​ទង​នឹង​កោះ​ទាំង​ឡាយ។ ៦លោក​វាត​ព្រំដែន​ស្រុក​របស់​លោក ហើយ​គ្រប់​គ្រង​ស្រុក​យូដា​យ៉ាង​ម៉ឺង​ម៉ាត់។ ៧លោក​ប្រមូល​ជន​ជាតិ​យ៉ូដា​ជាច្រើន​ដែល​ជាប់​ជា​ឈ្លើយ​នាំ​ត្រឡប់​មក​វិញ។ លោក​វាយ​ដណ្ដើម​យក​ក្រុង​កាសារ៉ា ក្រុង​ប៉េត​សួរ និង​បន្ទាយ​ក្រុង​យេរូ​សាឡឹម ហើយ​លុប​បំបាត់​អ្វីៗ​ទាំង​អស់ ដែល​ធ្វើ​ឲ្យ​ក្រុង​ទាំង​បី​នោះ​មាន​ភាព​សៅ​ហ្មង។ គ្មាន​នរណា​ម្នាក់​តទល់​ប្រឆាំង​នឹង​លោក​ឡើយ។ ៨ប្រជា​ជន​ធ្វើ​ស្រែ​ចំការ​របស់​ខ្លួន​ដោយ​សុខ​សាន្ត ដី​ផ្តល់​ភោគ​ផល​ ដំណាំ​ដាំ​ដុះ​ក៏​ផ្តល់​ផ្លែ​ផ្កា​គួរ​ឲ្យ​ពេញ​ចិត្ត។ ៩ចាស់ៗ​អង្គុយ​នៅ​តាម​ទី​សាធារណៈ​ពោល​តែ​អំពី​ភាព​ចំរុង​ចំរើន។ ពួក​យុវជន​ស្លៀក​សម្លៀក​បំពាក់​ល្អ​ប្រណីត និង​ប្រដាប់​គ្រឿង​សស្រ្តា​វុធ​យ៉ាង​អង់​អាច។ ១០លោក​ស៊ីម៉ូន​ផ្គត់​ផ្គង់ ស្បៀង​អាហារ​ដល់​ក្រុង​នានា និង​សង់​កំពែង​សម្រាប់​ការពារ​ក្រុង​ទាំង​នោះ។ ដូច​កិត្តិ​ស័ព្ទ​ដ៏រុង​រឿង​របស់​លោក ល្បី​សុស​សាយ​គ្រប់​ទិស​ទី រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែន​ដី។ ១១លោក​ធ្វើ​ឲ្យ​ស្រុក​មាន​សន្តិ​ភាព ហើយ​ប្រជា​ជន​អ៊ីស្រា​អែល​មាន​អំណរ​សប្បាយ ជា​ខ្លាំង។ ១២ម្នាក់ៗ​អង្គុយ​ក្រោម​ម្លប់ ដើម​ទំពាំង​បាយ​ជូរ ឬ​ក្រោម​ម្លប់​ដើម​ស្វាយ​របស់​ខ្លួន ដោយ​គ្មាន​នរណា​មក​បំភ័យ​ពួក​គេ​ឡើយ។ ១៣ស្ដេច​ទាំង​ឡាយ​ត្រូវ​បរាជ័យ​នៅ​សម័យ​នោះ។ ១៤លោក​ជួយ​អ្នក​តូច​តាច​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក។ លោក​កាន់​តាម​វិន័យ ហើយ​បំបាត់​ជន​ពាល និង​មនុស្ស​អាក្រក់​ទាំង​អស់​ចោល។ ១៥លោក​ធ្វើ​ឲ្យ​ព្រះ​វិហារ​ទទួល​សិរី​រុង​រឿង ហើយ​ថ្វាយ​គ្រឿង​សក្ការៈ​ជាច្រើន​ ចំពោះ​ព្រះ​ដំណាក់​ផង។

អ្នកនាំក្រុងស្ប៉ាត​ផ្ញើលិខិតជូនលោកស៊ីម៉ូន
១៦នៅ​ក្រុង​រ៉ូម​ក៏​ដូចជា​នៅ​ក្រុង​ស្ប៉ាត​ដែរ គេ​ទទួល​ដំណឹង​ថា លោក​យ៉ូណា​ថាន​ទទួល​មរណ​ភាព​ពួកគេ​សោក​ស្តាយ​យ៉ាង​ខ្លាំង។ ១៧ប៉ុន្តែ កាល​ពួកគេ​ដឹង​ថា លោក​ស៊ីម៉ូន​ឡើង​ជា​មហា​បូជា​ចារ្យ ជំនួស​ប្អូន ហើយ​គ្រប់​គ្រង​ស្រុក និង​ក្រុង​ទាំង​ប៉ុន្មាន ១៨គេ​ចារឹក​សា​ជា​ថ្មី​នូវ​សន្ធិ​សញ្ញា​ស្តី​អំពី​មិត្ត​ភាព និង សម្ពន្ធ​មិត្ត​នៅ​លើ​បន្ទះ​សង្ហិន ដូច​គេ​បាន​ចង​ពី​មុន​ជាមួយ​លោក​យូដា​និង​លោក​យ៉ូណាថាន ជា​ប្អូន​របស់​លោក​ដែរ។ ១៩គេ​យក​បន្ទះ​នេះ​មក​អាន​ជូន​អង្គ​ប្រជុំ​នៃ​ប្រជា​ជន​យេរូ​សាឡឹម​ស្តាប់។ ២០លិខិត​ដែល​ប្រជា​ជន​ក្រុង​ស្ប៉ាត​សរសេរ​ផ្ញើ​មក មាន​សេច​ក្ដី​ដូច​តទៅ៖ «អ្នក​មុខ​អ្នក​ការ​​​​​​​​​​​​​​​​​ក្រុង​ស្ប៉ាត សូម​ជម្រាប​មក​លោក​ស៊ីម៉ូន​ជា​មហា​បូជា​ចារ្យ អស់​លោក​ព្រឹទ្ធា​ចារ្យ អស់​លោក​បូជា​ចារ្យ និង​ប្រជា​ជន​យូដា​ទាំង​អស់​សូម​ជ្រាប។ ២១ទូត​ដែល​អស់​លោក​បាន​ចាត់​ឲ្យ​មក​ជួប​ប្រជា​ជន​យើងខ្ញុំ បាន​រៀប​រាប់​ប្រាប់​យើង​ខ្ញុំ​អំពី​ភាព​រុង​រឿង​កិត្តិ​នាម​របស់​អស់​លោក។ យើង​សូម​ស្វាគមន៍​យ៉ាង​រីក​រាយ ចំពោះ​កិច្ចការ​របស់​ទូត​ទាំង​នោះ។ ២២យើង​ខ្ញុំ​បាន​កត់​ត្រា​សេចក្ដី​ប្រកាស​របស់​ទូត​ទាំង​នោះ​ចំពោះ​យើង​ខ្ញុំ ទុក​ជា​ឯក​សារ​ក្នុង​សៀវ​ភៅ​នៃ​សេចក្ដី​សម្រេច​របស់​ប្រជា​ជន​ដូច​តទៅ៖ លោក​នូមេ​នីយ៉ូស​ជា​កូន​លោក​អន់ទី​យ៉ូគូស ហើយ​លោក​អប់ទី​ប៉ាទែរ​ជា​កូន​លោក​យ៉ាសូន ជា​ទូត​របស់​ប្រជា​ជន​យូដា អញ្ជើញ​មក​ស្រុក​យើង​ខ្ញុំ​ដើម្បី​រឹត​ចំណង​មិត្ត​ភាព​ជាមួយ​យើង​ខ្ញុំ​សា​ជាថ្មី។ ២៣ប្រជា​ជន​ពេញ​ចិត្ត ទទួល​ទូត​ទាំង​នោះ​យ៉ាង​ឱឡារិក ហើយ​យក​លិខិត​នៃ​សេចក្ដី​ប្រកាស​ទៅ​តម្កល់​ទុក​ជា​ឯក​សារ​សាធារណៈ ដើម្បី​ឲ្យ​ប្រជា​ជន​ក្រុង​ស្ប៉ាត​ចង​ចាំ»។ លិខិត​ចម្លង​នៃ​ឯកសារ​នេះ​បាន​ផ្ញើ​ជូន​លោក​ស៊ីម៉ូន​ជា​មហា​បូជា​ចារ្យ។ ២៤បន្ទាប់​មក លោក​ស៊ីម៉ូន​ចាត់​លោក​នូមេ​នីយ៉ូស​ទៅ​ក្រុង​រ៉ូម ទាំង​នាំ​យក​ខែល​មាស​ដែល​មាន​តម្លៃ​ស្មើ​ប្រាក់​ប្រាំ​រយ​គីឡូ​ក្រាម ជា​អំណោយ ដើម្បី​រឹត​ចំណង​សម្ព័ន្ធ​មិត្ត​ជាមួយ​ជន​ជាតិ​រ៉ូម​សា​ជាថ្មី។

ក្រឹត្យរបស់រដ្ឋសភា​ស្តីអំពី​លោកស៊ីម៉ូនជាបូជាចារ្យ
២៥ក្រោយ​ពី​ជ្រាប ពី​ព្រឹត្តិ​ការណ៍​ទាំង​នេះ​មក ប្រជា​ជន​សួរ​គ្នា​ថា៖​«តើ​យើង​មាន​អ្វី​នឹង​ថ្លែង អំណរ​គុណ​ចំពោះ​លោក​ស៊ីម៉ូន និង​កូន​របស់​លោក ២៦ដ្បិត​រូប​លោក​ទាំង​ប្អូន​របស់​លោក និង​ក្រុម​គ្រួសារ​លោក សុទ្ធតែ​តស៊ូ​យ៉ាង​អង់​អាច​ក្លាហាន។ លោក​កាន់​អាវុធ​បណ្តេញ​ខ្មាំង​សត្រូវ របស់​ជន​ជាតិ​អ៊ីស្រា​អែល​ចេញ​អស់ ហើយ​នាំ​ប្រជា​ជន​ឲ្យ​មាន​សេរី​ភាព​ដែរ»។ ដូច្នេះ​ពួក​គេ​ចារឹក​សេចក្ដី​លើ​បន្ទះ​លង្ហិន​ ជាប់​នឹង​ស្តូប​នៅ​លើ​ភ្នំ​ស៊ីយ៉ូន។ ២៧សេចក្ដី​ចារឹក​នោះ​មាន​ដូច​តទៅ៖​នៅ​ថ្ងៃ​ទី ១៨ ខែ​ភទ្របទ ត្រូវ​នឹង​ខែ​អេលូស ឆ្នាំ ១៧២ គឺ​នៅ​ឆ្នាំ​ទី​បី នៃ​រជ្ជ​កាល​របស់​លោក​ស៊ីម៉ូន​ជា​មហា​បូ​ជា​ចារ្យ ២៨មាន​បើក​អង្គ​ប្រជុំ​មួយ​យ៉ាង​ធំ គឺ​មាន​អស់​លោក​បូជា​ចារ្យ ប្រជា​ជន អស់​លោក​មេ​ដឹកនាំ និង​អស់​លោក​ព្រឹទ្ធា​ចារ្យ​ក្នុង​ស្រុក​ចូល​រួម​ផង។ នៅ​ពេល​នោះ គេ​ប្រាប់​យើង​ខ្ញុំ​ថា ២៩ពេល​មាន សង្គ្រាម​ជា​ញឹក​ញាប់​ក្នុង​ស្រុក​លោក​ស៊ីម៉ូន ជា​កូន​របស់​លោក​ម៉ាថា​ធីយ៉ា ជា​ពូជ​ពង្ស​របស់​កូន​ចៅ​លោក​យ៉ូអារីប និង​បង​ប្អូន​ស៊ូ​ប្តូរ​ជីវិត​ប្រយុទ្ធ​នឹង​ខ្មាំង​សត្រូវ​របស់​ជាតិ​ខ្លួន ដើម្បី​ការពារ​ព្រះ​វិហារ​និង​ធម្ម​វិន័យ។ អស់​លោក​នាំ​យក​សិរី​ជោគ​ជ័យ​ដ៏រុង​រឿង​ជូន​ជាតិ​របស់​ខ្លួន។ ៣០លោក​យ៉ូណាថាន​បាន​បង្រួប​បង្រួម​ជាតិ របស់​លោក ហើយ​ធ្វើ​ជា​មហា​បូចារ្យ រួច​លា​ចាក​លោក​នេះ​ទៅ។ ៣១សត្រូវ​របស់​ជន​ជាតិ​យូដា​មាន​បំណង​ឈ្លាន​ពាន និង​បំផ្លាញ​ទឹក​ដី​របស់​អស់​លោក ព្រម​ទាំង​ដណ្ដើម​យក​ព្រះ​វិហារ​របស់​អស់​លោក​ផង។ ៣២ពេល​នោះ​លោក​ស៊ីម៉ូន​ងើប​ឡើង ហើយ​វាយ​ប្រយុទ្ធ​ដើម្បី​ជាតិ​របស់​លោក។ លោក​ចំណាយ​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់​លោក​យ៉ាង​ច្រើន សម្រាប់​ទិញ​អាវុធ​និង​ចែក​បៀរវត្ស​ដល់​ពល​ទាហាន​នៃ​កង​ទ័ព​ជាតិ​ទៀត​ផង។ ៣៣លោក​សង់​កំពែង​ការពារ​ក្រុង​នានា​នៅ​ស្រុក​យូដា ជាពិ​សេស​ក្រុង​បេតសួរ​ដែល​ស្ថិត​នៅ​តាម​ព្រំដែន និង​ឃ្លាំង​អាវុធ​របស់​ខ្មាំង​សត្រូវ​កាល​ពីមុន​នោះ។ លោក​ដាក់​កង​ទ័ព​យូដា​ក្នុង​នោះ​ដែរ។ ៣៤លោក​សង់​កំពែង​ក្រុង​យ៉ូប៉េ​ដែល​ស្ថិត​នៅ​តាម​ឆ្នេរ​សមុទ្រ ព្រម​ទាំង​ក្រុង​កាសារ៉ា ដែល​ស្ថិត​នៅ​ក្បែរ​ក្រុង​អាសូត ជាក្រុង​ដែល​ខ្មាំង​សត្រូវ​កាន់​កាប់ កាល​ពីដើម។ លោក​ឲ្យ​ប្រជា​ជន​យូដា​តាំង​ទីលំនៅ​ក្នុង​ក្រុង ហើយ​ទុក​ស្បៀង​គ្រប់​បែប​យ៉ាង ដែល​ប្រជា​ជន​ត្រូវ​ការ។ ៣៥ប្រជា​ជន​ឃើញ​ ភាព​ស្មោះ​ត្រង់​របស់​លោក​ស៊ីម៉ូន និង​ភាព​រុង​រឿង ដែល​លោក​បាន​ផ្តល់​ជូន​ជាតិ​របស់​លោក។ គេ​តែង​តាំង​លោក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ និង​ជា​មហា​បូជា​ចារ្យ ដើម្បី​តប​ស្នង​គុណ ចំពោះ​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​លោក​បាន​ប្រព្រឹត្ត​យ៉ាង​ត្រឹម​ត្រូវ សុចរិត និង​ស្មោះ​ត្រង់​ចំពោះ​ជាតិ និង​ប្រយោជន៍​ប្រជា​ជន​លោក។ ៣៦ពេល​លោក​ស៊ីម៉ូន​គ្រប់​គ្រង​ស្រុក​លោក បណ្តេញ​សាសន៍​ដទៃ​ចេញ​ពី​ទឹក​ដី និងបុរី​របស់​ព្រះ​បាទ​ដាវីឌ​នៅ​ក្រុង​យេរូ​សាឡឹម។ សាសន៍​ដទៃ​ទាំង​នោះ​បាន​យក​បុរី​នោះ​ធ្វើ​ជា​បន្ទាយ ហើយ​ធ្លាប់​ចេញ​ពី​បន្ទាយ​នេះ ដើម្បី​ធ្វើ​ឲ្យ​ទីលាន​ព្រះ​វិហារ មាន​សៅ​ហ្មង និង​បង្អាប់​បង្អោន​ភាព​ដ៏វិសុទ្ធ​នៃ​ទីនោះ​ផង។ ៣៧លោក​តែង​ដាក់​កង​ទ័ព​យូដា​នៅ​ទីនោះ ព្រម​ទាំង​ពង្រឹង​បន្ទាយ​នេះ​ឡើង ដើម្បី​ការ​ពារ​សន្តិ​សុខ​ក្នុង​ស្រុក និង​ក្រុង​ផង។ លោក​សង់​កំពែង​ក្រុង​យេរូសាឡឹម​ឲ្យ​ខ្ពស់​ជាង​ពី​មុន​ទៅ​ទៀត។

៣៨ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​ទត​ឃើញ​ដូច្នេះ ក៏​បញ្ជាក់​ថា លោក​ស៊ីម៉ូន​បំពេញ​មុខ​ងារ​ជា​មហា​បូជា​ចារ្យ ៣៩ហើយ​លោក​តែង​តាំង​លោក​ស៊ីម៉ូន ជា​សម្លាញ់​របស់​ស្ដេច ព្រម​ទាំង​ប្រទាប​កិត្តិយស​ដ៏ខ្ពង់​ខ្ពស់​ឲ្យ​លោក​ផង។ ៤០ព្រះ​រាជា​ធ្វើ​ដូច្នេះ ព្រោះ​ទ្រង់​ជ្រាប​ថា ជន​ជាតិ​រ៉ូម៉ាំង​ធ្លាប់​ចាត់​ទុក​ជន​ជាតិ​យូដា ជា​មិត្ត​សម្លាញ់ ជា​សម្ពន្ធ​មិត្ត និង​ជា​បង​ប្អូន​របស់​ពួក​គេ ហើយ​ពួក​គេ​បាន​ទទួល​ទូត​របស់​លោក ស៊ីម៉ូន​យ៉ាង​ឱឡា​រិក​ក្រៃ​លែង។ ៤១ស្ដេច​ជ្រាប​ថា ជន​ជាតិ​យូដា និង​អស់​លោក​បូជា​ចារ្យ​សម្រេច​ចិត្ត តែង​តាំង​លោក​ស៊ីម៉ូន​ធ្វើ​ជា​មេ​ដឹក​នាំ និង ជា​មហា​បូជា​ចារ្យ​រហូត​រៀង​ទៅ គឺ​រហូត​ដល់​មាន​ព្យាការី​ដ៏​ស្មោះ​ត្រង់​ម្នាក់​ងើប​ឡើង។ ៤២ពួក​គេ​ក៏​តែង​តាំង​លោក​ជា​មេ​បញ្ជា​ការ​នៃ​ទ័ព​ទាំង​មូល និង​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ព្រះ​វិហារ មាន​បន្ទុក​តែង​តាំង​មេ​ការ មន្ត្រី​រាជ​ការ​ក្នុង​ស្រុក ជា​អ្នក​ទទួល​ខុស​ត្រូវ លើ​គ្រឿង​សាស្ត្រា​វុធ និង​បន្ទាយ​ទាំង​ឡាយ។ លោក​ស៊ីម៉ូន​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​គ្រប់​កិច្ច​ការ ក្នុង​ព្រះ​វិហារ។ ៤៣ប្រជា​ជន​ត្រូវ​តែ​ធ្វើ​តាម​បង្គាប់​លោក ឯក​សារ​ជា​ផ្លូវ​ការ​ក្នុង​ស្រុក​ទាំង​អស់ ត្រូវ​សរសេរ​ក្នុង​នាម​របស់​លោក។ លោក​មាន​សិទ្ធ​ពាក់​អាវ​ព៌ណ​ស្វាយ​របស់​ស្ដេច និង​ពាក់​ក្លាស់​មាស​ផង។ ៤៤គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ប្រជា​ជន ឬ​ក្នុង​ចំណោម​បូជា​ចារ្យ​មាន​សិទ្ធ​បដិ​សេធ​សេចក្ដី​សម្រេច​ណា​មួយ ឬ​ប្រឆាំង​នឹង​បញ្ជា​របស់​លោក ឬ​កោះ​ប្រជុំ​គ្នា ឬ​មាន​សិទ្ធ​ពាក់​អាវ​ព៌ណ​ស្វាយ​របស់​ស្ដេច និង​ពាក់​ក្លាស់​មាស​ឡើយ។ ៤៥នរណា​ម្នាក់​បដិសេធ​សេចក្ដី​សម្រេច​ណា​មួយ​ ត្រូវ​ទទួល​ទោស។ ៤៦ប្រជា​ជន​ទាំង​អស់​មូល​មតិ​និង​ផ្តល់​សិទ្ធ​ទាំង​នេះ​ឲ្យ​លោក​ស៊ីម៉ូន។ ៤៧លោក​ស៊ីម៉ូន​ក៏​យល់​ព្រម​ទទួល ហើយ​សុខ​ចិត្ត​បំពេញ​មុខ​ងារ​ជា​មហា​បូជា​ចារ្យ ជា​មេ​បញ្ជា​ការ​ព្រម​ទាំង​ជា​មេ​ដឹក​នាំ​របស់​ជន​ជាតិ​យូដា និង​បូជា​ចារ្យ គឺ​ដឹក​នាំ​មនុស្ស​ទាំង​អស់»។

៤៨ប្រជា​ជន​សម្រេច​ថា ត្រូ​វចារ​សេចក្ដី​នេះ​នៅ​លើ​បន្ទះ​លង្ហិន​ យក​ទៅ​តម្កល់​ទុក​ក្នុង​បរវិណ​ព្រះ​វិហារ ត្រង់​កន្លែង​ដែល​គេ​អាច​ឃើញ​ច្បាស់ ៤៩ហើយ​ចម្លង​សេចក្ដី​នេះ យក​ទៅ​ដាក់​ក្នុង​ឃ្លាំង​នៃ​ព្រះ​វិហារ​ដើម្បី​ឲ្យ​លោក​ស៊ីម៉ូន និង​កូន​ចៅ​របស់​លោក​អាច​មើល​ឃើញ​ផង។

ជំពូកទី ១៥

អន់ទីយ៉ូគូស​ផ្ញើសា​មកជូនលោកស៊ីម៉ូន
១ព្រះ​អន់ទី​យ៉ូគូស ជា​បុត្រ​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស សរសេរ​រាជ​សារ​មួយ​ច្បាប់​ពី​កោះ ផ្ញើ​មក​ជូន​លោក​ស៊ីម៉ូន ជា​មហា​បូជា​ចារ្យ និង​ជា​មេ​ដឹក​នាំ​នៃ​ជន​ជាតិ​យូដា ​និង​ប្រជា​ជាតិ​ទាំង​មូល។ ២រាជ​សារ​មាន​ចែង​ដូច​តទៅ៖ «ព្រះ​បាទ​អន់ទី​យ៉ូគូស​សូម​ជម្រាប​មក​លោក​ស៊ីម៉ូន ជា​មហា​បូជា​ចារ្យ និង​ជា​មេ​ដឹក​នាំ​ជន​ជាតិ​យូដា ព្រម​ទាំង​ប្រជា​ជាតិ​យូដា សូម​ជ្រាប។ ៣ដោយ​មាន​ជន​អន្ធ​ពាល​ដណ្ដើម​រាជា​ណា​ចក្រ​អយ្យ​កោ​យើង យើង​បាន​ទាន​ទារ​រាជ​អំណាច ហើយ​បាន​គ្រប់​គ្រង​រាជា​ណាចក្រ​ដូច​ដើម​វិញ។ យើង​បាន​ជ្រើស​រើស​កង​ទ័ព​ជា​ច្រើន ហើយ​រៀប​ចំ​សំពៅ​ចម្បាំង ៤ក្នុង​គោល បំណង​វាយ​ប្រហារ​យក​ស្រុក​ហើយ​បណ្តេញ​អស់​អ្នក​ដែល​ធ្វើ​ឲ្យ​ស្រុក​របស់​យើង​អន្ត​រាយ និង​បំផ្លាញ​ក្រុង​ជា​ច្រើន ក្នុង​រាជា​ណាចក្រ​យើង។ ៥ឥឡូវ​នេះ​យើង​សូម​បញ្ជាក់​ថា យើង​យល់​ព្រម​ធ្វើ​តាម​សេចក្ដី​សម្រេច​របស់​ស្ដេច​ទាំង​ប៉ុន្មាន​ដែល​គ្រង​រាជ្យ​មុន​យើង គឺ​មិន​ទាម​ទារ​ពន្ធ​អាករ​ពី​អស់​លោក និង​សួយ​សារ​អាករ​ទាំង​ប៉ុន្មាន ដែល​អស់​លោក​ធ្លាប់​នាំ​មក​ថ្វាយ។ ៦យើង​អនុញ្ញាត​ឲ្យ​លោក​មាន​សិទ្ធ ធ្វើ​ប្រាក់​កាក់ សម្រាប់​ប្រើ​ប្រាស់​ក្នុង​ស្រុក​របស់​យើង។ ៧ក្រុង​យេរូ​សាឡឹម​និង​ព្រះ​វិហារ​មាន​សេរី​ភាព មិន​បាច់​បង់​ពន្ធ។ គ្រឿង​សស្រ្តា​វុធ​ទាំង​ប៉ុន្មាន​ដែល​លោក​រក​បាន បន្ទាយ​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​សង់ និង​គ្រប់​គ្រង​ ស្ថិត​នៅ​ជា​កម្ម​សិទ្ធ​របស់​លោក​រហូត​រៀង​ទៅ។ ៨យើង​លុប​បំណុល​ទាំង​ប៉ុន្មាន ដែល​លោក​ជំពាក់​ឃ្លាំង​រាជ​ទ្រព្យ​នៅ​ពេល​នេះ ហើយ​នៅ​ពេល​អនា​គត។ ៩នៅ​ពេល​យើង​កាន់​កាប់​អំណាច​ឡើង​វិញ យើង​នឹង​ផ្តល់​កិត្តិ​យស​ខ្ពង់​ខ្ពស់​ដល់​ជូន​លោក ជូន​ប្រជា​ជាតិ​របស់​លោក​ និង​ជូន​ព្រះ​វិហារ​ក្រុង​យេរូ​សាឡឹម ឲ្យ​មនុស្ស​ក្នុង​ពិភព​លោក​ទាំង​មូល ទទួល​ស្គាល់»។

ព្រះបាទអន់ទីយ៉ូគូស​ឡោមព័ទ្ធលោកទ្រីផូននៅដូរ៉ា
១០នៅ​ឆ្នាំ​១៧៤ ព្រះ​បាទ​អន់ទី​យ៉ូគូស​យាង​ចូល​ដែន​ដី​នៃ​អយ្យ​កោ​របស់​ខ្លួន។ កង​ទ័ព​ទាំង​អស់​ចូល​រួម​ជាមួយ​ស្ដេច ហើយ​មាន​ទ័ព​តែ​មួយ​ភាគ​តិច​ដែល​នៅ​ជាមួយ​លោក​ទ្រីផូន។ ១១ព្រះ​បាទ​អន់ទី​យ៉ូគូស​ដេញ​តាម​លោក​ទ្រីផូន ដែល​ភៀស​ខ្លួន​ទៅ​កាន់​ក្រុង​ដូរ៉ា នៅ​តាម​ឆ្នេរ​សមុទ្រ ១២ដ្បិត​គាត់​ដឹង​ច្បាស់​ថា គាត់​មុខ​ជា​ជួប​ប្រទះ​នឹង​គ្រោះ​កាច មិន​ចេះ​ចប់ ហើយ​កង​ទ័ព​ក៏​រត់​ចោល​គាត់​ដែរ។ ១៣ព្រះ​បាទ អន់ទី​យ៉ូគូស​បាន​នាំ​ទ័ព​ថ្មើរ​ជើង មួយ​សែន​ពីរ​ម៉ឺន​នាក់ និង​ទ័ព​សេះ​ប្រាំបី​ពាន់​នាក់​មក​បោះ​ទីតាំង​មុខ​ក្រុង​ដូរ៉ា។ ស្ដេច​ឡោម​ទ័ព​ទីក្រុង ហើយ​សំពៅ​ចម្បាំង​ជា​ច្រើន​ក៏​ចត​នៅ​មុខ​ក្រុង។ ដោយ​កង​ទ័ព​ឡោម​ព័ទ្ធ​ក្រុង​យ៉ាង​ជិត​គ្រប់​ទិស​ទាំង​អស់ គ្មាន​នរណា​ម្នាក់​អាច​ចេញ​ចូល​បាន​ឡើយ។

ទូតរបស់ជនជាតិយូដា​វិលត្រឡប់មកពីក្រុងរ៉ូម
១៥លោក​នូមេនី​យ៉ូស និង​អ្នក​ដែល​ទៅ​ជាមួយ​ត្រឡប់​មក​ពី​ក្រុង​រ៉ូម ហើយ​នាំ​លិខិត​មក​ថ្វាយ​ស្ដេច​និង បណ្តា​ស្រុក​នានា។ លិខិត​មាន​ចែង​ដូច​តទៅ៖ ១៦«លោក​លូស៊ីយ៉ូស​ជា​ទេសា​ភិបាល​ជន​ជាតិ​រ៉ូម៉ាំង សូម​ទទួល​ថ្វាយ​ព្រះ​បាទ​ផ្ទោ​លេម៉េ សូម​ជ្រាប។ ១៧ទូត​នៃ​ជន​ជាតិ​យូដា ដែល​លោក​មហា​បូជា​ចារ្យ​ស៊ីម៉ូន និង​ប្រជា​ជន​យូដា​ចាត់​ឲ្យ​មក​ជួប​យើង​ខ្ញុំ។ ១៨អស់​លោក​មក​ក្នុង​ឋានៈ​ជា​មិត្ត​សម្លាញ់ និង​សម្ពន្ធ​មិត្ត ដើម្បី​រឹត​ចំណង​មិត្ត​ភាព​និង​សម្ពន្ធ​មិត្ត​ដូច​កាល​ពី​ដើម​ឡើង​វិញ។ អស់​លោក​យក​ខែល​មាស​មាន​ទម្ងង់​ប្រាំរយ​គីឡូ​ក្រាម​ជាមួយ​ផង។ ១៩ហេតុនេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​សម្រេច​ថា នឹង​សរសេរ​លិខិត​នេះ​ទូល​ថ្វាយ​ស្ដេច ព្រម​ទាំង​ស្រុក​នានា​កុំ​ឲ្យ​បង្ក​រឿង​ជាមួយ​គេ កុំ​ច្បាំង​នឹង​ពួក​គេ ប្រឆាំង​នឹង​ក្រុង​នានា ឬ​ទឹក​ដី​របស់​ពួក​គេ​ដែរ កុំ​រួម​ដៃ​ជួយ​គាំទ្រ​អ្នក​ដែល​ប្រហារ​ពួក​គេ​ឡើយ។ ២០យើង​ខ្ញុំ​សុខ​ចិត្ត​ទទួល​យក​ខែល​មាស​របស់​ពួក​គេ។ ២១ដូច្នេះ​ប្រសិន​បើ​មាន​ជន​ក្បត់​ណា​រត់​ភៀស​ខ្លួន​ពី​ស្រុក​យូដា មក​លាក់​ខ្លួន​លើ​ទឹក​ដី​របស់​ស្ដេច សូម​ចាប់​គេ​ប្រគល់​ជូន​លោក មហា​បូជា​ចារ្យ​ស៊ីម៉ូន ដើម្បី​ឲ្យ​លោក​ធ្វើ​ទោស​គេ​តាម​ច្បាប់»។

២២លោក​លូស៊ី​យ៉ូស​សរសេរ​លិខិត ផ្ញើ​ថ្វាយ​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស ព្រះ​បាទ​អាថាល​ព្រះ​បាទ​អារីយ៉ា​រ៉ាត និង​ព្រះ​បាទ​អរសាស ព្រម​ទាំង​ស្រុក​នានា​គឺ ២៣ស្រុក​សាម​សាមេ​ជន​ជាតិ​ស្ប៉ាត កោះ​ដេឡូស ក្រុង​មីន​ដូស ក្រុង​ស៊ី​ស៊ីយ៉ូន ក្រុង​ការី កោះ​សាម៉ូស ស្រុក​ផាមភីលី ស្រុក​លីស៊ី ស្រុក​ហាស៊ី​កាណាស កោះ​រ៉ូដ ក្រុង​ផាសេ​លីស កោះ​កូស ក្រុង​ស៊ីដេ កោះ​អារ៉ាដូស កោះ​គ័រទីន ក្រុង​គ្នីឌ កោះ​គីប្រុស ស្រុក​ស៊ីរ៉េន។ លោក​ចម្លង​លិខិត​នេះ​ផ្ញើ​ជូន​លោក​ស៊ីម៉ូន​ជា​មហា​បូជា​ចារ្យ​ដែរ។

ព្រះបាទអន់ទីយ៉ូគូស​តវ៉ាប្រឆាំងនឹងលោកស៊ីម៉ូន
២៥នៅ​គ្រា​នោះ ព្រះ​បាទ​អន់ទី​យ៉ូគូស​កំពុង​ឡោម​ព័ទ្ធ​ក្រុង​ដូរ៉ា ដោយ​វាយ​ប្រហារ​ក្រុង​នេះ​ឥត​ឈប់​ឈរ ហើយ​ដំឡើង​គ្រឿង​សឹក​ដែរ។ កង​ទ័ព​របស់​ព្រះ​បាទ​អន់ទី​យ៉ូគូស​ឡោម​ព័ទ្ធ​ក្រុង​យ៉ាង​ជិត គ្មាន​នរណា​អាច​ចេញ​ចូល​ឡើយ។ ២៦លោក​ស៊ីម៉ូន​ចាត់​ពល​ទ័ព​ដ៏​ចំណាន​ពីរ​ពាន់​នាក់ ឲ្យ​ទៅ​ជួយ​ប្រ​យុទ្ធ​ជាមួយ​ស្ដេច ព្រម​ទាំង​បញ្ជូន​មាស​ប្រាក់​និង​គ្រឿង​បរិក្ខារ​ជា​ច្រើន។ ២៧ប៉ុន្តែ​ព្រះ​បាទ​អន់ទី​យ៉ូគូស មិន​គ្រាន់​តែ​បដិសេធ​ពុំព្រម​ទទួល​ពល​ទ័ព និង​អំណោយ​ទាំង​នោះ​ទេ គឺ​បដិ​សេធ​កិច្ច​ព្រម​ព្រៀង ដែល​លោក​បាន​ចុះ​ជាមួយ​លោក​ស៊ីម៉ូន​ កាល​ពីមុន​ថែម​ទៀត។ ស្ដេច​ក៏​ដូរ​ព្រះ​ហឫ​ទ័យ​ក្នុង​ការ​ទាក់​ទង​ជាមួយ​លោក​ស៊ីម៉ូន។ ស្ដេច​ចាត់​លោក​អាថេ​ណូប៊ី​យូស​ជា​មន្ត្រី​ម្នាក់​ឲ្យ​ទៅ​ប្រាប់​លោក​ស៊ីម៉ូន​ថា៖​«អស់​លោក​កាន់​កាប់​ក្រុង​យ៉ូប៉េ ក្រុង​កាសារ៉ា និង ក្រុង​យេរូ​សាឡឹម​ ដែល​សុទ្ធ​តែ​ជា​ក្រុង​ក្នុង​រាជា​ណា​ចក្រ​របស់​យើង។ ២៩លោក​បាន​ធ្វើ​ឲ្យ​ទឹក​ដី​ទាំង​នោះ ក្លាយ​ទៅ​ជា​វាល​រហោ​ស្ថាន លោក​ក៏​នាំ​គ្រោះ​កាច​ដល់​ស្រុក​នេះ​ទៀត​ដែរ។ លោក​ត្រួត​ត្រា​ស្រុក​ភូមិ​ជា​ច្រើន​នៃ​រាជា​ណាចក្រ​របស់​យើង។ ៣០ឥឡូវ​នេះ​ត្រូវ​តែ​សង​ក្រុង​ទាំង​ប៉ុន្មាន​ដែល​លោក​ដណ្ដើម​យក​នោះ​មក​យើង​វិញ ហើយ​ត្រូវ​បង់​ពន្ធ​អាករ​សម្រាប់​កន្លែង​ដែល​លោក​យក​មក​កាន់​កាប់ ក្រៅ​ពី​ស្រុក​យូដា។

៣១ប្រសិន​បើ​អស់​លោក​មិន​យល់​ព្រម​ទេ ចូរ​យក​ប្រាក់​មួយ​ម៉ឺន​បី​ពាន់​គីឡូ​ក្រាម មក​បង់​ពន្ធ​ជំនួស ហើយ​ប្រាក់​មួយ​ពាន់​គីឡូ​ក្រាម​ទៀត​ បង់​សម្រាប់​ការ​ខូច​ខាត​ក្រុង​នានា និង​ពន្ធ​អាករ​សម្រាប់​ក្រុង​ទាំង​នោះ។ ប្រសិន​បើ​លោក​មិន​យល់​ព្រម​ទេ យើង​នឹង​ចេញ​ទៅ​ធ្វើ​សង្រ្គាម​ជាមួយ​អស់​លោក»។

៣២ពេល​លោក​មន្រ្តី​អាថេ​ណូប៊ី​យូស​ទៅ​ដល់​ក្រុង​យេរូ​សាឡឹម លោក​ឃើញ​ភាព​រុង​រឿង​យ៉ាង​អស្ចារ្យ​របស់​លោក​ស៊ីម៉ូន ទូ​ដែល​មាន​សុទ្ធ​តែ​ចាន​មាស​និង​ប្រាក់ ព្រម​ទាំង​តុ​ទូ​ដ៏​ល្អ​ប្រណីត។ គាត់​ស្រឡាំង​កាំង​ហើយ​យក​ពាក្យ​របស់​ស្ដេច ទៅ​ប្រាប់​លោក​ស៊ីម៉ូន។ ៣៣លោក​ស៊ីម៉ូន​ឆ្លើយ​តប​ថា៖​យើង​ខ្ញុំ​ពុំ​បាន​ដណ្ដើម​ទឹក​ដី​បរទេស ឬ ទឹក​ដី​ជា​កម្ម​សិទ្ធ​របស់​អ្នក​ដទៃ​ឡើយ! តែ​ពួក​សត្រូវ​របស់​យើង​ខ្ញុំ​បាន​ដណ្ដើម​យក​ទឹក​ដី​ជា​មត៌ក​របស់​ដូន​តា​យើង​ខ្ញុំ ដោយ​អយុត្តិ​ធម៌​ទៅ​កាន់​កាប់​មួយ​រយៈ ហើយ​គ្រាន់​តែ​ដណ្ដើម​យក​ទឹក​ដី​នេះ​មក​វិញ​ប៉ុណ្ណោះ។ ៣៤យើង​ខ្ញុំ​ឆ្លៀត​ឱកាស​ល្អ​ដើម្បី​យក​ទឹក​ដី​ជា​មត៌ក​របស់​ដូនតា​យើង​ខ្ញុំ​មក​វិញ។ ៣៥ចំពោះ​ក្រុង​យ៉ូប៉េ​និង​ក្រុង​កាសារ៉ា​ដែល​លោក​ទាម​ទារ​នោះ ក្រុង​ទាំង​ពីរ​នេះ​បាន​ធ្វើ​បាប​ប្រជា​ជន និង​ស្រុក​យើង​យ៉ាង​ខ្លាំង។ យើង​ខ្ញុំ​នឹង​ជូន​ប្រាក់​ចំនួន​ពីរ​ពាន់​ប្រាំពីរ​រយ​គីឡូ​ក្រាម ថ្វាយ​ស្ដេច»។ លោក​អាថេ​ណូប៊ី​យូស​ពុំ​ឆ្លើយ​តប​អ្វី​ឡើយ។ ៣៦លោក​ខឹង​ក្តៅ​ក្រហាយ​ត្រឡប់​ទៅ​គាល់​ព្រះ​រាជា ទូល​ពាក្យ​ទាំង​ប៉ុន្មាន​របស់​លោក​ស៊ីម៉ូន​ថ្វាយ​ស្ដេច ព្រម​ទាំង​រាយ​ការណ៍​អំពី​ភាព​រុង​រឿង​របស់​លោក​ស៊ីម៉ូន ដូច​លោក​បាន​ឃើញ​នោះ។ ព្រះ​រាជា​ទ្រង់​ព្រះ​ពិរោធ​យ៉ាង​ខ្លាំង។

ទេសាភិបាលកិនដេបេ​ធ្វើទុក្ខបុកម្នេញប្រជាជនយូដា
៣៧លោក​ទ្រីផូន​ចុះ​សំពៅ ហើយ​រត់​ភៀស​ខ្លួន​ទៅ​ក្រុង​អ៊ូរ​ថូស៊ីយ៉ា។ ៣៨ព្រះ​បាទ​អន់ទី​យ៉ូគូស​តែង​តាំង​លោក​កិន​ដេបេ​ធ្វើ​ជា​ទេសា​ភិបាល នៅ​តំបន់​ឆ្នេរ​សមុទ្រ ទាំង​ផ្តល់​ទ័ព​ថ្មើរ​ជើង​និង​ទ័ព​សេះ​ឲ្យ​លោក។ ៣៩ព្រះ​រាជា​បញ្ជា​ឲ្យ​លោក​បោះ​ទ័ព​នៅ​ទល់​មុខ​ស្រុក​យូដា និង​សង់​ក្រុង​កេដ្រូន​ឡើង​វិញ ធ្វើ​ទ្វារ​ឲ្យ​មាំ ព្រម​ទាំង​វាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ប្រជា​ជន​យូដា។ ចំពោះ​ព្រះ​រាជា​វិញ​ទ្រង់​ដេញ​លោក​ទ្រីផូន។ ៤០លោក​កិន​ដេបេ​ទៅ​ដល់​ក្រុង​យ៉ាម​នីយ៉ា ហើយ​ចាប់​ផ្ដើម ធ្វើ​ទុក្ខ​បុក​ម្នេញ​ប្រជា​ជន​យូដា​ជា​ច្រើន ដោយ​ឈ្លាន​ពាន​ចូល​ស្រុក​យូដា ចាប់​ប្រជា​ជន​ធ្វើ​ជា​ឈ្លើយ និង​កាប់​សម្លាប់​ប្រជា​ជន​ទៀត​ផង។​ ៤១លោក​សង់​ក្រុង​កេដ្រូន​ឡើង​វិញ​ ដាក់​ទ័ព​ថ្មើរ​ជើង និង​ចេញ​ទៅ​វាយ​ប្រយុទ្ធ និង​យាម​ល្បាត​មើល​តាម​ផ្លូវ​ទៅ​កាន់​ស្រុក​យូដា តាម​រាជ​បញ្ជា​របស់​ព្រះ​មហា​ក្សត្រ។

ជំពូកទី ១៦

កូនរបស់លោកស៊ីម៉ូន​ដេញលោកកិនដេបេ
១លោក​យ៉ូហាន ចាក​ចេញ​ពី​ក្រុង​កាសារ៉ា ទៅ​ជម្រាប​លោក​ស៊ីម៉ូន ជា​ឪពុក​របស់​លោក ពី​អំពើ​ដែល​លោក​កិនដេបេ​បាន​ប្រព្រឹត្ត។ ២លោក​ស៊ីម៉ូន​កោះ​ហៅ​កូន​ច្បង​ទាំង​ពីរ គឺ​លោក​យ៉ូហាន និង​លោក​យូដា ហើយ​មាន​ប្រសាសន៍៖ «បងៗ​របស់​ឪពុក និង​ពុក ព្រម​ទាំង​ក្រុម​គ្រួសារ​ជីតា​របស់​កូន បាន​តស៊ូ​ប្រយុទ្ធ​នឹង​ខ្មាំង​សត្រូវ​របស់​ជន​ជាតិ​អ៊ីស្រា​អែល​តាំង​ពី​ក្មេង​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ព្រះ​ជាម្ចាស់​បាន​ប្រោស​ប្រទាន​ឲ្យ​យើង សង្រ្គោ​ះប្រជា​ជាតិ​អ៊ីស្រា​អែល​ច្រើន​លើក​ច្រើន​គ្រា​ហើយ។ ៣ឥឡូវ​នេះ​ពុក​ចាស់​ហើយ! រីឯ​កូន​វិញ ក៏​ពេញ​កម្លាំង​ដោយ​ព្រះ​ជាម្ចាស់​ប្រោស​មេត្តា​ដល់​កូន។ ហេតុ​នេះ​ចូរ​ស្នង​មុខ​តំណែង​ពី​ពុក និង​ប្អូន​របស់​ពុក ចូរ​ចេញ​ទៅ​ប្រយុទ្ធ ដើម្បី​ជាតិ​របស់​យើង! សូម​ព្រះ​ជាម្ចាស់​តាម​ថែ​រក្សា​កូន»។ ៤លោក​ជ្រើស​រើស​កង​ទ័ព​ថ្មើរ​ជើង​ក្នុង​ស្រុក​ទាំង​មូល​ចំនួន​ពីរ​ម៉ឺន​នាក់ ព្រម​ទាំង​ពល​សេះ ហើយ​លើក​ទ័ព​ចេញ​ទៅ​វាយ​លោក​កិន​ដេបេ។ ពួក​គេ​សំរាក​មួយ យប់​នៅ​ក្រុង​ម៉ូឌីន ៥ហើយ​ក្រោក​ពី​ព្រលឹម ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីវាល។ នៅ​គ្រា​នោះ​ទ័ព​ថ្មើរ​ជើង និង​ពល​សេះ ដើរ​តម្រង់​មក​វាយ​ប្រហារ​លើ​ពួក​គេ។ មាន​ជ្រោះ​មួយ​ខ័ណ្ឌ​កង​ទ័ព​ទាំង​ពីរ។ ៦លោក​យូហាន​និង​ពល​របស់​គាត់​ត្រៀម​ខ្លួន​ប្រឈម​មុខ​នឹង​កង​ទ័ព​នោះ។ ដោយ​លោក​ឃើញ​កង​ទ័ព​របស់ ខ្លួន​ខ្លាច​មិន​ហ៊ាន​ឆ្លង​ទឹក​ជ្រោះ​ដូច្នេះ លោក​ក៏​ឆ្លង​ទៅ​មុន​គេ ហើយ​ទ័ព​របស់​គាត់​ក៏​ឆ្លង​តាម​ដែរ។ គាត់​រៀប​កង​ទ័ព​ដោយ​ដាក់​ពល​សេះ​នៅ​កណ្តាល ពល​ថ្មើរ​ជើង​នៅ​អម​សង​ខាង ព្រោះ​ពល​សេះ​របស់​សត្រូវ​មាន​ច្រើន​ណាស់!។ ៧លោក​បញ្ជា​ឲ្យ​គេ​ផ្លុំ​ត្រែ ហើយ​លោក​កិន​ដេបេ​និង​កង​ទ័ព​ក៏​បរា​ជ័យ។ សត្រូវ​ដួល​ស្លាប់​រត់​ឆ្ពោះ​ទៅ​កាន់​ក្រុង​កេដ្រូន។ ៨នៅ​ពេល​នោះ លោក​យូដា​ជា​ប្អូន​របស់​លោក​យ៉ូហាន​ត្រូវ​របួស។ លោក​យ៉ូហាន​ដេញ​តាម​គេ រហូត​ដល់​ក្រុង​កេដ្រូន​ជា​ក្រុង​ដែល​លោក​កិន​ដេបេ បាន​សង់​ឡើង​វិញ។ ទាហាន​ខ្លះ បាន​រត់​ទៅ​នោះ​ពួក​នៅ​ប៉ម​ទាំង​ឡាយ​នៅ​តាម​វាល​ ក្បែរ​ក្រុង​អាសូតូ។ លោក​យ៉ូហាន​ដុត​ប៉ម​ទាំង​នោះ ហើយ​ខ្មាំង​ពីរ​ពាន់​នាក់​ត្រូវ​បាត់​បង់​ជីវិត។ ក្រោយ​មក លោក​យ៉ូហាន​វិល​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ​ដោយ​សុខ​សាន្ត។

លោកស៊ីម៉ូទទួលមរណភាព
១១គេ​តែង​តាំង​លោក​ផ្ទូលេមេ ជា​កូន​របស់​លោក​អាប៊ូឡា ជា​មេ​បញ្ជា​ការ​វាល​ទំនាប​ក្បែរ​ក្រុង​យេរីខូ។ លោក​មាន​មាស​ប្រាក់​ជា​ច្រើន​អនេក ១២ដ្បិត​លោក​ជា​កូន​ប្រសា​របស់​លោក​មហា​បូជា​ចារ្យ។ ១៣ដូច្នេះ លោក​អួត​បំប៉ោង ហើយ​មាន​បំណង​ចង់​ធ្វើ​ជាម្ចាស់​ស្រុក។ លោក​មាន​គំនិត​អាក្រក់​ចង់​សម្លាប់​លោក​ស៊ីម៉ូន​និង​កូន​របស់​លោក។ ១៤គ្រា​នោះ​លោក​ស៊ីម៉ូន​ចេះ​តែ​ធ្វើ​ដំណើរ​ ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ។ នៅ​ខែ​ទី​ដប់​មួយ ដែល​ត្រូវ​នឹង​ខែ​មាឃ ឆ្នាំ​១៧៧ លោក​ចុះ​ទៅ​ក្រុង​យេរីខូ ជា​មួយ​លោក​ម៉ាថា​ធីយ៉ាស និង​លោក​យូដា​ជា​កូន​របស់​លោក។ ១៥កូន​ចៅ​របស់​អាប៊ូ​ឡា​ប្រើ​កល​ល្បិច ទទួល​លោក​ទាំង​បី ក្នុង​បន្ទាយ​តូច​មួយ​ឈ្មោះ​ដូរ ដែល​លោក​បាន​សង់។ គាត់​រៀប​ចំ​ពិធី​ជប់​លៀង​មួយ​យ៉ាង​ធំ ប៉ុន្តែ​គាត់​បង្គាប់​ទាហាន​របស់​គាត់​ក្នុង​បន្ទាយ​នោះ។ ១៦កាល​លោក​ស៊ីម៉ូន និង​កូនៗ​របស់​គាត់​ស្រវឹង លោក​ផ្ទូលេ​មេ និង​បក្ស​ពួក​របស់​គាត់​ស្ទុះ​ចេញ​មក​កាន់​អាវុធ ហើយ​រត់​ទៅ ក្នុង​បន្ទាប់​ជប់​លៀង​ប្រហារ​ជីវិត​លោក​ស៊ីម៉ូន និង​កូន​របស់​គាត់​ទាំង​ពីរ ព្រម​ទាំង​អ្នក​បំរើ​មួយ​ចំនួន​ផង។ ១៧គាត់​ប្រព្រឹត្ត​អំពើ​ក្បត់​សង​គុណ​លោក​ស៊ីម៉ូន​ដែល​ធ្លាប់​តែ​ធ្វើ​អំពើ​ល្អ។ ១៨លោក​ផ្ទូលេមេ សរសេរ​សេចក្ដី​រាយ​ការណ៍​ថ្វាយ​ស្ដេច​ពី​ការ​ដែល​លោក​បាន​ប្រព្រឹត្ត ដោយ​សូម​ឲ្យ​បញ្ជូន​កង​ទ័ព​មក​ជួយ ដើម្បី​កសាង​ក្រុង​នានា និង​ស្រុក​ស្រែ​ចំការ​ឡើង​វិញ។ ១៩លោក​ចាត់​អ្នក​នាំ​សារ​ផ្សេងៗ​ទៀត ទៅ​ក្រុង​កាសារ៉​ាដើម្បី​សូម​ឲ្យ​គេ​ប្រហារ​ជីវិត​លោក​យ៉ូហាន​ដែរ។ លោក​សរសេរ​លិខិត​ផ្ញើ​ជូន​មេ​បញ្ជា​ការ​សុំ​ឲ្យ​គេ​មក​ជួប​គាត់ ដើម្បី​ទទួល​មាស​ប្រាក់ និង អំណោយ។ ២០លោក​បញ្ជូន​កង​ទ័ព​ផ្សេង​ទៀត​ឲ្យ​ទៅ​កាន់​កាប់​ក្រុង​យេរូ​សាឡឹម ព្រម​ទាំង​ភ្នំ និង​ព្រះ​វិហារ។ ២១ប៉ុន្តែ​មាន​ម្នាក់​រត់​ទៅ​ដល់​ក្រុង​កាសា​រ៉ាមុន ដើម្បី​ទៅ​ជម្រាប​លោក​យ៉ូហាន​អំពី​មរណ​ភាព​របស់​ឪពុក និង​ប្អុនៗ។ អ្នក​នោះ​ប្រាប់​ទៀត​ថា៖​«គាត់​ចាត់​ម្នាក់​ឲ្យ​មក​ប្រហារ​ជីវិត​លោក​ទៀត!»។ ២២ដំណឹង​នេះ ធ្វើ​ឲ្យ​លោក​យ៉ូហាន​ជ្រួល​ច្របល់​ជា​ខ្លាំង។ លោក​ចាប់​ពួក​អ្នក​ដែល​មក​សម្លាប់​លោក ហើយ​ប្រហារ​ជីវិត​គេ ដ្បិត​លោក​ជ្រាប​ថា ពួក​គេ​មក​រក​សម្លាប់​លោក។

២៣កិច្ចការ​ផ្សេងៗ ដែល​លោក​យ៉ូហាន​បាន​ប្រព្រឹត្ត​ចម្បាំង​របស់​លោក ការ​អស្ចារ្យ​ដែល​លោក​បាន​ធ្វើ​ដោយ​ចិត្ត​អង់​អាច កំពែង​ដែល​លោក​បាន​សង់ និង​កិច្ចការ​ឯ​ទៀតៗ ២៤សុទ្ធ​តែ​មាន​កត់​ត្រា​ទុក​ក្នុង​សៀវ​ភៅ​ប្រវត្តិ​សាស្រ្ត​របស់​មហា​បូជា​ចារ្យ តាំង​​​ពី​ពេល​ដែល​លោក​ធ្វើ​ជា​មហា​បូជា​ចារ្យ ស្នង​ពី​ឪពុក​របស់​លោក​​​​មក។