ពាក្យលំនាំ

រឿងលោកតូប៊ីត ជារឿងមួយពីរោះស្ដាប់ ដូចជារឿងប្រលោមលោកដែរ។ ក្នុងកណ្ឌនេះ មាននិទាំនអំពីក្រុមគ្រួសារជនជាតិយូដាពីរគ្រូសារ ដែលស្មោះត្រង់នឹងព្រះជាម្ចាស់ជានិច្ច។ ពួកគេត្រូវជនជាតិអាស្ស៊ីរីកៀរ មុនពេលក្រុងសាម៉ារីត្រូវវិនាសអន្ដរាយ (គឺមុនឆ្នាំ ៧២២ មុន គ.ស.)។ ទោះបីគ្រួសារទាំងពីរនេះជួបប្រទះនឹងគ្រោះកាចផ្សេងៗក៏ដោយ ក៏គេនៅតែកាន់តាមធម្មវិន័យរបស់​ព្រះជាម្ចាស់ជានិច្ច។ មានទេវទូតរ៉ាផាអែល ដែលនិមិត្ដខ្លួនជាមនុស្សធម្មតា តាមជួយពួកគេឲ្យសម្រេចគំរោងការរបស់គេ។
អ្នកនិពន្ធកណ្ឌនេះមានគោលបំណងចង់ដាស់តឿនជនជាតិយូដា​​ ដែលរស់នៅក្នុងចំណោមជនជាតិដទៃឲ្យគោរពប្រតិបត្ដិតាមវិន័យរបស់ព្រះជាម្ចាស់​ដោយចិត្ដស្មោះ ដូចលោកតូប៊ីតដែរ គឺជឿ សង្ឃឹម លើព្រះជាម្ចាស់ជានិច្ច គោរពកោតខ្លាចឪពុកម្ដាយ ចែកទាន និង ធ្វើបុណ្យផ្សេងៗ រៀប អាពាហ៍ពិពាហ៍ស្របតាមព្រះហឫទ័យព្រះជាម្ចាស់ និង អធិដ្ឋានជានិច្ច។ ប្រសិនបើជនជាតិយូដា​ ដែលរស់នៅក្នុងចំណោមសាសន៍ដទៃប្រព្រឹត្ដដូច្នេះ ពួកគេមុខជារក្សាទុកនូវលក្ខណៈរបស់ខ្លួនជាប្រជារាស្រ្ដរបស់ព្រះជាម្ចាស់ ហើយព្រះអង្គមុខជាសង្រ្គោះគេ ដូចព្រះអង្គបានសង្គ្រោះមនុស្សសុចរិត ពីដើមពុំខាន។ មនុស្សសុចរិតតែងតែវេទនាមែន ប៉ុន្ដែ ព្រះ​ជាម្ចាស់មើលថែរក្សាពួកគេ ហើយនឹងប្រទានឲ្យគេបានសុភមង្គល។ ក្នុងកណ្ឌនេះ មាន បង្ហាញអំពីជំនឿលើទេវទូត តាមរបៀបជន​ជាតិយូដាធ្លាប់ចែងនៅជំនាន់នោះ។ គេរៀបរាប់អំពីទេវទូតដូច្នេះ ដើម្បីប្រកាសថា ព្រះជាម្ចាស់តាមថែរក្សា មនុស្សលោកជានិច្ច។ រឿងនេះប្រហែលនិពន្ធនៅឆ្នាំ ២០០មុន គ.ស.។

លោកតូប៊ីត
បុរេកថា

ជំពូកទី ​១

១​នេះ​ជា​សៀវភៅ​រៀប​រាប់​ អំពី​ជីវប្រវត្តិ​របស់​លោក​តូប៊ីត ជា​កូន​របស់​លោក​តូប៊ី​អែល ជា​កូន​របស់​លោក​អាណា​នីអែល ជា​កូន​របស់​លោក​កាបាអែល ជា​កូន​របស់​លោក​អឌូអែល ជា​កូន របស់​លោក​កាបាអែល​ ជា​កូន​របស់​លោក​រ៉ាផាអែល ជា​កូន​របស់​រ៉ាគូអែល ជា​ពូជ​ពង្ស​របស់​លោក​អរីអែល ក្នុង​កុលសម្ព័ន្ធ​ណែបថាលី។ ២លោក​រស់​នៅ​តំបន់​ណែបថាលី​នៃ​ស្រុក​កាលីឡេ​ប៉ែក​ខាង​លើ ក្នុង​ភូមិ​ទីសបេ​ដែល​ស្ថិត​នៅ​ខាង​ត្បូង​ភូមិ​គីដូស នៅ​ខាង​កើក​ភូមិ​ហាត់ស៊រ និង​នៅ​ខាង​ជើង​ភូមិ​ផូគរ។ នៅ​រជ្ជកាល​ព្រះ​ចៅ​សាល​ម៉ាណា​សារ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី​លោក​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ។

លោកតូប៊ីត
៣​ខ្ញុំ​តូប៊ីត បាន​ដើរ​តាម​មាគ៌ា​នៃ​សេចក្ដី​ពិត​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់ និង​ប្រព្រឹត្ត​អំពើ​សុចរិត​គ្រប់​យ៉ាង ជា​រៀង​រាល់ថ្ងៃ​អស់​មួយ​ជីវិត។ ខ្ញុំ​តែង​តែ​ចែក​ទាន​ដល់​បង​ប្អូន និង​ដល់​ជន​រួម​ជាតិ​ដែល​ត្រូវ​ខ្មាំង​កៀរ​មក​ជាមួយ​ខ្ញុំ ទៅ​ក្រុង​នីនីវេ ក្នុង​ស្រុក​អាស្ស៊ីរី។

៤កាល​ពី​ក្មេង ខ្ញុំ​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្ញុំ គឺ​នៅ​ស្រុក​អ៊ីស្រាអែល។ កុលសម្ព័ន្ធ​ណែប​ថាលី បុព្វ​បុរស​របស់​ខ្ញុំ បាន​ឃ្លាត​ចេញ​ពី​រាជ​វង្សានុវង្ស​របស់​ព្រះ​បាទ​ដាវីឌ និង​ពី​ក្រុង​យេរូសាឡឹម។ ព្រះ​ជា​ម្ចាស់​បាន​ជ្រើស​រើស​ក្រុង​នេះ ពី​ចំណោម​កុល​សម្ព័ន្ធ​ទាំង​ប៉ុន្មាន​ របស់​ជន​ជាតិ​អ៊ីស្រាអែល សម្រាប់​ធ្វើ​ជា​កន្លែង​ថ្វាយ​យញ្ញ​បូជា។ នៅ​ក្នុង​នេះ គេ​សង់​ព្រះ​វិហារ ដែល​ជា​ព្រះ​ដំណាក់​របស់​ព្រះជាម្ចាស់ សម្រាប់​មនុស្ស​គ្រប់​ជំនាន់​ត​រៀង​ទៅ។ ញាតិសន្ដាន​របស់​ខ្ញុំ និង​កុលសម្ព័ន្ធ​ណែប​ថាលី​ជា​បុព្វ​បុរស​របស់​ខ្ញុំ ធ្លាប់​ធ្វើ​យញ្ញ​បូជា​នៅ​លើ​ភ្នំ​ក្នុង​ស្រុក​កាលី​ឡេ ថ្វាយ​រូប​កូន​គោ​ដែល​ព្រះ​បាទ​យេរ៉ូ​បោម ជា​ស្ដេច​អ៊ីស្រាអែល​បាន​តម្កល់​នៅ​ក្រុង​ដាន់។ ៦​រីឯ​ខ្ញុំ​វិញ ខ្ញុំ​តែង​តែ​ធ្វើ​ដំណើរ​ម្នាក់​ឯង ទៅ​កាន់​ស្រុក​យេរូសាឡឹម​ តាម​ធម្ម​វិន័យ​របស់​លោក​ម៉ូសេ ដែល​បាន​បញ្ជា​ឲ្យ​ប្រជា​ជន​អ៊ីស្រាអែល​ទាំង​មូល ទុក​ជា​ក្រិត​សម្រាប់​អនុវត្ត​រហូត​ត រៀង​ទៅ។ ខ្ញុំ​តែង​យក​ផល​ដំបូង​នៃ​ភោគ​ផល​របស់​ខ្ញុំ កូន​សត្វ​កើត​មុន​គេ​ សត្វ​មួយ​ភាគ​ដប់​ក្នុង​ហ្វូង​សត្វ ព្រម​ទាំង​រោម​ចៀម​ដែល​កាត់​មុន​គេ​ មក​ថ្វាយ​ព្រះ​អង្គ។

៧ខ្ញុំ​តែង​តែ​ជូន​អស់​លោក​បូជាចារ្យ​ ជា​ពូជ​ពង្ស​លោក​អរ៉ុន សម្រាប់​ថ្វាយ​លើ​អាសនៈ។ ខ្ញុំ​ក៏​យក​ស្រូវ ស្រា ផ្លែ​អូលីវ ផ្លែ​ទទឹម ផ្លែ​ឧទុម្ពរ និង​ផ្លែ​ឈើ​ដទៃ​ទៀត​មួយ​ភាគ​ដប់ ជូន​កូន​ចៅ​លោក​លេវី ដែល​បម្រើ​ក្នុង​ព្រះ​វិហារ​នៅ​ក្នុង​យេរូសាឡឹម​ដែរ។ ជា​រៀង​រាល់​ឆ្នាំ ខ្ញុំ​តែង​តែ​យក​ប្រាក់​មួយ​ភាគ​ដប់​របស់​ខ្ញុំ ទៅ​ចាយ​ក្នុង​ក្រុង​យេរូសាឡឹម ៨​ហើយ​មួយ​ភាគ​ដប់​ទៀត ទៅ​ចែក​ឲ្យ​ក្មេង​កំព្រា ស្ត្រី​មេ​ម៉ាយ និង​ជន​បរទេស ដែល​រស់នៅ​ជាមួយ​ជន​ជាតិ​អ៊ីស្រាអែល។ បី​ឆ្នាំ​ម្ដង ខ្ញុំ​តែង​យក​ប្រាក់​នេះ​ទៅ​វិញ អាហារ​បរិភោគ​ជាមួយ​គ្នា ដូច​មាន​ចែង​ក្នុង​គម្ពីរ​ធម្ម​វិន័យ​របស់​លោក​ម៉ូសេ និង​តាម​ការ​ប្រៀន​ប្រដៅ​របស់​អ្នក​ស្រី​ដេបូរា​ ជា​ម្ដាយ​លោក​អាណា​នីអែល ដែល​ត្រូវ​ជា​ឪពុក​ខ្ញុំ។ លោក​ឪពុក​ខ្ញុំ​បាត់​បង់​ជីវិត​ទៅ ទុក​ឲ្យ​ខ្ញុំ​នៅ​កំព្រា​តាំង​ពី​កុមារ​ម៉្លេះ។ ៩ពេល​ខ្ញុំ​ពេញ​វ័យ​ចំរើន​ឡើង ខ្ញុំ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្ត្រី​ម្នាក់ ក្នុង​កុលសម្ព័ន្ធ​របស់​ដូន​តា​យើង។ នាង​បង្កើត​បាន​កូន​ប្រុស​ម្នាក់ ដែល​ខ្ញុំ​ដាក់​ឈ្មោះ​ថា​តូប៊ីយ៉ា។ ១០​ពេល​ខ្មាំង​កៀរ​ប្រជា​ជន​អ៊ីស្រាអែល យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អាស្ស៊ីរី ខ្ញុំ​ក៏​ត្រូវ​គេ​កៀរ​ទៅ​ជាមួយ​ពួក​គេ ហើយ​មក​រស់​នៅ​ក្នុង​ក្រុង​នីនីវេ​ដែរ។ ញាតិ​សន្តាន​និង​ជន​រួម​ជាតិ​របស់​ខ្ញុំ នាំគ្នា​បរិភោគ​ចំណី​អាហារ​របស់​សាសន៍​ដទៃ។ ១១​រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​ព្រម​បរិភោគ​អាហារ​របស់​ជាតិ​សាសន៍​ដទៃ​ ជា​ដាច់​ខាត។ ១២​ដោយ​ខ្ញុំ​នឹង​ដល់​ព្រះ​របស់​ខ្ញុំ​យ៉ាង​ស្មោះ​អស់​ពី​ដួង​ចិត្ត ១៣​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​គាប់​ព្រះ​ហឫទ័យ​ព្រះ​ចៅ​សាល​ម៉ាណេ​សារ។ ព្រះ​រាជា​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ទិញ​របស់​របរ​ដែល​ទ្រង់​ត្រូវ​ការ។ ១៤ដូច្នេះ ខ្ញុំ​តែង​តែ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ម៉ែដ ដើម្បី​ទិញ​ឥវ៉ាន់​ថ្វាយ​ព្រះ​រាជា រហូត​ដល់​ស្ដេច​សោយ​ទិវង្គត។ នៅ​ថ្ងៃ​មួយ​ខ្ញុំ​យក​ប្រាក់​បី​រយ​គីឡូ​ដាក់​ក្នុង​ថង់ ផ្ញើ​នឹង​លោក​បាកាអែល ដែល​ជា​បង​ប្អូន​របស់​លោក​កាព្រី រស់នៅ​ស្រុក​ម៉ែដ​នោះ។

១៥​ពេល ​ព្រះ​ចៅ​ សាល​ម៉ាណេសារ​ សោយ​ទិវង្គត ព្រះ​បាទ​សេណា​កេរិប​ជា​រាជ​បុត្រ ក៏​ឡើង​ស្នង​រាជ​ជំនួស​បិតា។ ពេល​នេះ ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ម៉ែដ​គ្មាន​សន្តិ​សុខ ហើយ​ខ្ញុំ​ក៏​ពុំ​អាច​ទៅ​ស្រុក​នោះ​ទៀត​បាន​ដែរ។ ១៦​ក្នុង​រាជ​កាល​ព្រះបាទ​សាល​ម៉ាណេ​សារ ខ្ញុំ​តែង​តែ​ធ្វើ​ទាន​ជា​ច្រើន​ចំពោះ​បង​ប្អូន​រួម​ឈាម​របស់​ខ្ញុំ ១៧​ដោយ​ចែក​រំលែក​អាហារ​របស់​ខ្ញុំ​ឲ្យ​អ្នក​ស្រែក​ឃ្លាន និង​ចែក​សំលៀក​បំពាក់​ឲ្យ​អ្នក​ដែល​គ្មាន។ ប្រសិន​បើ​ខ្ញុំ​ឃើញ​សាក​សព​របស់​ជន​រួម​ជាតិ​របស់​ខ្ញុំ ដែល​គេ​ទុក​ចោល​ក្រៅ​កំពែង​ក្រុង​នីនីវេ ខ្ញុំ​តែង​តែ​យក​សព​ទាំង​នោះ​ទៅ​កប់។ ១៨​ខ្ញុំ​ក៏បាន​បញ្ចុះ​សាក​សព​អស់​អ្នក ដែល​ព្រះ​បាទ​សេណេការិប​ប្រហារ​ជីវិត នៅ​ពេល​ទ្រង់​បាក់​ទ័ព ស្ដេច​ត្រឡប់​ពី​ស្រុក​យូដា​វិញ។ ពេល​នោះ ព្រះជាម្ចាស់ ជា​ព្រះ​មហា​ក្សត្រ​នៃ​ស្ថាន​បរម​សុខ បាន​ដាក់​ទោស​ស្ដេច ព្រោះ​ទ្រង់​បាន​ប្រមាថ​ព្រះជាម្ចាស់។ ដូច្នេះ ព្រះ​រាជា​ទ្រង់​ព្រះ​ពិរោធ​យ៉ាង​ខ្លាំង ហើយ​សម្លាប់​ជន​ជាតិ​អ៊ីស្រាអែល​ជាច្រើន​នាក់។ ប៉ុន្តែ ខ្ញុំ​លួច​សាក​សព​របស់​ពួក​គេ​ទៅ​បញ្ចុះ។ ព្រះ​បាទ​សេណាកេរិប ឲ្យ​គេ​រក​សាក​សព​ទាំង​នោះ​តែ​រក​មិន​ឃើញ។

១៩​ពេល​នោះ អ្នក​ក្រុង​នីនីវេ​ម្នាក់​ទៅ​ទូល​ព្រះ​រាជា​ថា ខ្ញុំ​ជា​អ្នក​បញ្ចុះ​សាក​សព​ទាំង​នោះ។ ហេតុ​នេះ​ ខ្ញុំ​ត្រូវ​លាក់​ខ្លួន។ កាល​ខ្ញុំ​ដឹង​ថា ព្រះ​រាជា​ជ្រាប​ពី​រឿង​ខ្ញុំ ហើយ​ឲ្យ​គេ​តាម​រក​ខ្ញុំ ដើម្បី​ប្រហារ​ជីវិត ខ្ញុំ​ភ័យ​ខ្លាច ហើយ​ក៏​រត់​គេច​ខ្លួន​ទៅ។ ២០​រដ្ឋ​អំណាច​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ខ្ញុំ ដាក់​ចូល​ក្នុង​ឃ្លាំង​រាជ​ទ្រព្យ នៅ​សល់​តែ​នាង​ហាណ្ណា​ជា​ភរិយា និង​តូប៊ីយ៉ា​ជា​កូន​ប៉ុណ្ណោះ។ ២១​សែសិប​ថ្ងៃ​ក្រោយ​មក ព្រះ​រាជ​បុត្រ​ពីរ​អង្គ បាន​ធ្វើ​គុត​ព្រះ​ចៅ​សាណា​កេរិប​ជា​បិតា រួច​រត់​គេច​ខ្លួន​ទៅ​កាន់​ភ្នំ​អរ៉ារ៉ាត់។ ព្រះ​បាទ​អសា​រ៉ា​ដូន ជា​ព្រះ​រាជ​បុត្រ​មួយ​អង្គ​ទៀត ក៏​ឡើង​ស្នង​រាជ្យ​ជំនួស​បិតា។ ទ្រង់​តែង​តាំង​លោក​អហ៊ីការ ដែល​ជា​កូន​របស់​លោក​អណ្ណា​អែល ជា​បង​ប្អូន​ខ្ញុំ ឲ្យ​ទទួល​ខុស​ត្រូវ​លើ​ផ្នែក​ហិរញ្ញ​វត្ថុ ក្នុង​រាជា​ណាចក្រ។ ដូច្នេះ ក្មួយ​របស់​ខ្ញុំ​មាន​អំណាច​ត្រួត​ត្រា​រាជការ​ទាំង​មូល។ ២២​ក្នុង​រជ្ជ​កាល ព្រះ​ចៅ​សេណា​កេរិប ស្ដេច​ស្រុក​អាស្ស៊ីរី លោក អហ៊ីការ​ទទួល​មុខងារ​ជា​រាជ​បម្រើ ចាក់​ស្រា​ថ្វាយ​ព្រះ​រាជា ជា​មន្ត្រី​ក្រសួង​យុត្តិធម៌ អ្នក​គ្រប់​គ្រង​រាជការ និង​ជា​មន្ត្រី​ទទួល​ខុស​ត្រូវ​លើ​ផ្នែក​ហិរញ្ញ​វត្ថុ។ ក្រោយ​មក ព្រះ​ចៅ​អសា​រ៉ាដូន តែង​តាំង​ឲ្យ​លោក​បន្ត​មុខ​ងារ​ទាំង​នេះ​តទៅ​ទៀត។ លោក អហ៊ីការ ជា​ញាតិ​សន្តាន​របស់​ខ្ញុំ ជួយ​ធ្វើ​អន្តរាគមន៍​ឲ្យ​ខ្ញុំ អាច​ត្រឡប់​មក​រស់នៅ​ក្រុង​នីនីវេ​វិញ។

ជំពូកទី ២

លោក​តួប៊ីត​កើត​ទុក្ខ
​១​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​អសារ៉ាដូន ខ្ញុំ​ត្រឡប់​មក​ផ្ទះ​របស់​ខ្ញុំ នៅ​ក្រុង​នីនីវេ ខ្ញុំ​ជួប​ជុំ​ជាមួយ​នាង​ហាណ្ណា​ជា​ភរិយា និង តូប៊ីយ៉ា​ជា​កូន​របស់​ខ្ញុំ​វិញ។ ក្នុង​ឱកាស​បុណ្យ «ថ្ងៃ​ទី​ហា​សិប» គឺ​ជា​ថ្ងៃ​បុណ្យ​ដ៏​វិសុទ្ធ​នៃ​សប្ដាហ៍​ទី​ប្រាំពីរ ក្រោយ​បុណ្យ​ចម្លង គេ​រៀបចំ​ពិធី​ជប់​លៀង​មួយ​សម្រាប់​ខ្ញុំ។ ខ្ញុំ​ចូល​អង្គុយ​ដើម្បី​បរិភោគ។ ២​គេ​ក៏​លើក​ម្ហូប​អាហារ​ដ៏​ឆ្ងាញ់​ជា​ច្រើន មក​ដាក់​លើ​តុ​ឲ្យ​ខ្ញុំ​ទទួល​ទាន។ ខ្ញុំ​ប្រាប់​តូប៊ីយ៉ា​កូន​ខ្ញុំ​ថា៖ «ចូរ​កូន​ចេញ​ទៅ​រក​អ្នក​ក្រីក្រ​ម្នាក់ ក្នុង​ចំណោម​បង​ប្អូន​រួម​ជាតិ​យើង ដែល​ខ្មាំង​បាន​កៀរ​មក​ក្រុង​នីនីវេ ជា​អ្នក​នឹក​ដល់​ព្រះ​អម្ចាស់​ដោយ​ចិត្ត​ស្មោះ រួច​នាំ​គេ​មក​បរិភោគ​អាហារ​ជាមួយ​ពុក។ ពុក​រង់​ចាំ​រហូត​ដល់​កូន​ត្រឡប់​មក​វិញ»។ ៣តូប៊ីយ៉ា​ចេញ​ទៅ​រក​អ្នក​ក្រីក្រ​ម្នាក់ ក្នុង​ចំណោម​បង​ប្អូន​របស់​យើង តែ​វា​ត្រឡប់​មក​វិញ ទាំង​ប្រាប់​ថា៖​«លោក​ឪពុក!»។ ខ្ញុំ​ក៏​ឆ្លើយ​ថា៖​«មាន​ការ​អ្វី​កូន?» កូន​ខ្ញុំ​ពោល​ថា៖ ​«មាន​គេ​ច្របាច់​ក​សម្លាប់​ជន​ជាតិ​យើង​ម្នាក់ ហើយ​ទុក​សាក​សព​ចោល​នៅ​ទី​ផ្សារ»។ ៤​ខ្ញុំ​ស្ទុះ​ក្រោក​ឡើង​ចោល​អាហារ ដែល​មិន​ទាន់​បរិភោគ​ផង រត់​ទៅ​យក​សាក​សព​នោះ​ចេញ​មក​ទុក​ក្នុង​រូង​តូច​មួយ ចាំ​ដល់​ថ្ងៃ​លិច ទើប​យក​ទៅ​បញ្ចុះ។ ៥​ក្រោយ​មក ខ្ញុំ​វិល​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ក៏​ងូត​ទឹក​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ រួច​បរិភោគ​អាហារ​ទាំង​ក្ដី​សោក​សៅ ៦ ដោយ​នឹក​ដល់​ពាក្យ​ដែល​ព្យាការី​អម៉ូស បាន​ថ្លែង​ប្រឆាំង​នឹង​អ្នក​ក្រុង​បេតអែល​ថា៖​ «ថ្ងៃ​បុណ្យ​របស់​អ្នក​រាល់គ្នា នឹង​ក្លាយ​ជា​ថ្ងៃ​កាន់​ទុក្ខ ហើយ​បទ​ចម្រៀង​របស់​អ្នក​រាល់គ្នា ក៏​ក្លាយ​ទៅ​ជា​បទ​ទំនួញ​វិញ​ដែរ»។ រួច​ខ្ញុំ​ក៏​យំ។ ៧​លុះ​ដល់​ថ្ងៃ​លិច ខ្ញុំ​ចេញ​ទៅ​ជីក​រណ្ដៅ​បញ្ចុះ​សាក​សព​នោះ។ ៨​អ្នក​ជិត​ខាង​ចំអក​ដាក់​ខ្ញុំ​ថា៖ ​«គាត់​មិន​រាង​ចាល​ទេ! គេ​បាន​តាម​រក​ចាប់​គាត់ ដើម្បី​ប្រហារ​ជីវិត​ម្ដង​ទៅ​ហើយ​ព្រោះ​តែ​រឿង​បញ្ចុះ​សាក​សព គាត់​ក៏​រត់​គេច​ខ្លួន! នៅ​ពេល​នេះ គាត់​បញ្ចុះ​សាក​សព​ទៀត!»។ ៩​នៅ​យប់​នោះ ខ្ញុំ​ជំរះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ រួច​ខ្ញុំ​ចេញ​ទៅ​ទីធ្លា​ខាង​ក្រៅ ហើយ​ដេក​តាម​ជញ្ជាំង​នៃ​ធ្លា​នោះ តែ​ខ្ញុំ​មិន​បាន​គ្រប​មុខ​ទេ ព្រោះ​ក្ដៅ។ ១០​ខ្ញុំ​បាន​ដឹង​ថា នៅ​លើ​ជញ្ជាំង​ចំ​ពី​លើ​ក្បាល​ខ្ញុំ​នោះ មាន​សំបុក​ចាប​ទេ ចាប​វា​ជុះ​អាចម៍​ដាក់​ចំ​ភ្នែក​ខ្ញុំ​ទាំង​សង​ខាង បណ្ដាល​ឲ្យ​គ្រាប់​ភ្នែក​ខ្ញុំ​ឡើង​ពណ៌​ស។ ខ្ញុំ​ទៅ​ឲ្យ​ពេទ្យ​ជាច្រើន​នាក់​ពិនិត្យ​ព្យាបាល ទោះ​ជា​គេ​ដាក់​ថ្នាំ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ភ្នែក​ខ្ញុំ​កាន់​តែ​ឡើង​ស​ខ្លាំង​ជាង​មុន​ទៅ​ទៀត រហូត​ដល់​ងងឹត​ទាំង​ស្រុង។ ខ្ញុំ​មើល​អ្វីៗ មិន​ឃើញ​សោះ​អស់​រយៈ​ពេល​បួន​ឆ្នាំ។ បង​ប្អូន​សាច់​ញាតិ​របស់​ខ្ញុំ ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ខ្ញុំ ហើយ​លោក អហ៊ីការ ផ្គត់​ផ្គង់​ខ្ញុំ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ មុន​ពេល​គាត់​ចាក​ចេញ​ទៅ​ស្រុក​អ៊ីលីមៃ។

១១​ពេល​នោះ នាង​ហាណ្ណា​ជា​ប្រពន្ធ​ខ្ញុំ ខ្ញុំ​ចេញ​ទៅ​ស៊ីឈ្នួល​គេ​ដែរ។ ១២​នាង​ធ្វើការ​ឲ្យ​គេ​ដើម្បី​យក​ប្រាក់​មក​ចិញ្ចឹម​ជីវិត។ នៅ​ថ្ងៃ​ទី​ប្រាំពីរ ខែ​ចេត្រ នាង​ត្បាញ​បាន​ក្រណាត់​មួយ​ដុំ ហើយ​ប្រគល់​ឲ្យ​ម្ចាស់​ក្រណាត់។ ម្ចាស់​នោះ​ប្រគល់​ថ្លៃ​ឈ្នួល​ត្បាញ​ឲ្យ​គ្រប់​ចំនួន ព្រម​ទាំង​ឲ្យ​កូន​ពពែ​មួយ​ក្បាល​បន្ថែម​ទៀត​ផង។ ១៣​ពេល​កូន​ពពែ​នោះ ចូល​មក​ជិត​ខ្ញុំ​វា​ក៏​ស្រែក។ ខ្ញុំ​ហៅ​ប្រពន្ធ​ខ្ញុំ​មក​សួរ​ថា៖​«តើ​កូន​ពពែ​នេះ​មក​ពីណា? លួច​គេ​ទេ​ឬ? ចូរ​យក​វា​ទៅ​ឲ្យ​ម្ចាស់​វា​វិញ! យើង​គ្មាន​សិទ្ធិ​បរិភោគ​អ្វី​ដែល​បាន​មក​ពី​ការ​លួច​គេ​នោះ​ទេ»។ ១៤​នាង​ឆ្លើយ​តប​ថា «កូន​ពពែ​នេះ​ជា​អំណោយ​ដែល​គេ​ឲ្យ​បន្ថែម​ពី​លើ​ប្រាក់​ឈ្នួល​ទេ​តើ!»។ ប៉ុន្តែ ខ្ញុំ​នៅ​តែ​មិន​ព្រម​ជឿ​នាង ហើយ​ទទូច​ឲ្យ​នាង​យក​កូន​ពពែ​នេះ ទៅ​ប្រគល់​ឲ្យ​ម្ចាស់​វា​វិញ។ ខ្ញុំ​ខឹង​នាង​ជា​ខ្លាំង ព្រោះ​តែ​កូន​ពពែ​នេះ។ ពេល​នោះ នាង​តប​មក​ខ្ញុំ​ថា៖​«តើ​ឯណា​ទាន​របស់​លោក? តើ​អំពើ​ល្អ​របស់​លោក​នៅ​ឯណា? មែន​ហើយ អំពើ​ល្អ​របស់​លោក​អត់​បាន​ការ​អ្វី​ឡើយ»។

​ជំពូកទី ៣

ពាក្យ​អង្វរ​របស់​លោក​តូប៊ីត
១ខ្ញុំ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង ខ្ញុំ​ថ្ងូរ ហើយ​សម្រក់​ទឹក​ភ្នែក។ បន្ទាប់​មក ខ្ញុំ​ចាប់​ផ្ដើម​ទូល​អង្វរ​ព្រះជាម្ចាស់ ទាំង​សោក​សៅ​ថា៖«បពិត្រ​ព្រះ​អម្ចាស់! ព្រះ​អង្គ​ពិត​ជា​សុចរិត ស្នា​ព្រះ​ហស្ត​ទាំង​អស់​របស់​ព្រះ​អង្គ​ ពិត​ជា​ត្រឹម​ត្រូវ។ ព្រះ​អង្គ​ប្រព្រឹត្ត​ការ​ទាំង​អស់ ដោយ​ព្រះ​ហឫទ័យ​អាណិត​មេត្តា ដោយ​ស្មោះ​ត្រង់។ គឺ​ព្រះ​អង្គ​ហើយ ដែល​វិនិច្ឆ័យ​ពិភព​ទាំង​មូល។ ៣​ឱ​ព្រះ​អម្ចាស់​អើយ សូម​ព្រះ​អង្គ​កុំ​បំភ្លេច​ទូល​បង្គំ! សូម​ទត​មើល​មក​ទូល​បង្គំ! សូម​កុំ​ដាក់​ទោស​ទូល​បង្គំ! ព្រោះ​តែ​អំពើ​បាប​របស់​ទូល​បង្គំ និង​អំពើ​បាប​ដែល​ដូន​តា​របស់​ទូល​បង្គំ បាន​ប្រព្រឹត្ត​ខុស​នឹង​ព្រះ​ហឫទ័យ​ព្រះ​អង្គ។ ៤ ដូនតា​របស់​ទូល​បង្គំ​ មិន​បាន​គោរព​ប្រណិប័តន៍​តាម​បញ្ជា​របស់​ព្រះ​អង្គ​ទេ ហេតុនេះ ព្រះ​អង្គ​បាន​បណ្ដោយ​ឲ្យ​ខ្មាំង​សត្រូវ​រឹប​អូស​ យក​ទ្រព្យ​សម្បត្តិ ព្រម​ទាំង​កៀរ​យើង​ខ្ញុំ​ទៅ​ជា​ឈ្លើយ និង​ប្រហារ​ជីវិត​យើង​ខ្ញុំ​ផង។ ប្រជា​ជន​នានា​ចំ​អក​ឡកឡឺយ ជេរ​ប្រមាថ​នៅ​ក្នុង​ស្រុក​ ដែល​ព្រះ​អង្គ​កម្ចាត់​កំចាយ​យើង​ខ្ញុំ​ឲ្យ​ទៅ​នៅ។ ៥​ការ​វិនិច្ឆ័យ​របស់​ព្រះ​អង្គ​ពិត​ជា​ត្រឹម​ត្រូវ ព្រះ​អង្គ​ដាក់​ទោស​ទូល​បង្គំ​ព្រោះ​តែ​អំពើ​បាប​របស់​ទូល​បង្គំ និង​អំពើ​បាប​ដូន​តា​របស់​ទូល​បង្គំ។ យើង​ខ្ញុំ​ពុំ​បាន​គោរព​ប្រណិប័តន៍​តាម​ព្រះ​បញ្ជា​របស់​ព្រះ​អង្គ ហើយ​ក៏​មិន​បាន​ដើរ​តាម​សេចក្ដី​សុចរិត​ នៅ​ចំពោះ​ព្រះភ័ក្រ្ត​ព្រះ​អង្គ​ដែរ។ ៦ ឥឡូវនេះ សូម​ប្រព្រឹត្ត​ចំពោះ​ទូល​បង្គំ​តាម​ព្រះ​ហឫ​ទ័យ​ព្រះ​អង្គ​ចុះ! សូម​ដក​យក​ខ្យល់​ដង្ហើម​របស់​ទូល​បង្គំ​ត្រឡប់​ទៅ​វិញ! សូម​ព្រះ​អង្គ​មេត្តា​ផ្ដាច់​ជីវិត​ទូល​បង្គំ ឲ្យ​ទូល​បង្គំ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ​ចុះ។ ទូល​បង្គំ​សុខ​ចិត្ត​ស្លាប់ ប្រសើរ​ជាង​រស់​នៅ​តទៅ​ទៀត ដ្បិត​ទូល​បង្គំ​ឮ​តែ​ពាក្យ​ជេរ​ប្រមាថ ហើយ​ទូល​បង្គំ​មាន​ទុក្ខ​ព្រួយ​ជា​ពន់​ពេក! ឱ​ព្រះ​អម្ចាស់​អើយ! សូម​មេត្តា​ជួយ​រំដោះ​ទូល​បង្គំ​ឲ្យ​រួច​ពី​ទុក្ខ​វេទនា​នេះ​ផង សូម​រំដោះ​ទូល​បង្គំ ឲ្យ​បាន​សម្រាក​អស់​កល្ប​ជានិច្ច! ឱ​ព្រះ​អម្ចាស់​អើយ! សូម​កុំ​បែរ​ព្រះភ័ក្រ្ត​ចេញ​ពី​ទូល​បង្គំ​ឡើយ! ពិត​មែន​ហើយ ទូល​បង្គំ​សុខ​ចិត្ត​ស្លាប់​ប្រសើរ​ជាង​រង​ទុក្ខ​វេទនា​បែប​នេះ​អស់​មួយ​ជីវិត ហើយ​ជៀស​ផុត​ពីការ​ជេរ​ប្រមាថ​ទៀត​ផង!»។

ទុក្ខ​វេទនា​របស់​នាង​សារ៉ា
៧នា​ថ្ងៃ​នោះ​ដែរ នៅ​ក្រុង​អែក​បាថាន​ក្នុង​ស្រុក​ម៉ែដ មាន​ស្ត្រី​ម្នាក់​ឈ្មោះ​នាង​សារ៉ា ជា​កូន​របស់​លោក រ៉ាគូអែល ឮ​ស្រី​បម្រើ​របស់​ឪពុក​ជេរ​ប្រមាថ​នាង។ ៨​នាង​សារ៉ា​ធ្លាប់​រៀប​អាពាហ៍ពិពាហ៍​ចំនួន​ប្រាំបី​ដង​រួច​មក​ហើយ ប៉ុន្តែ​អារក្ខ​កំណាច​ម្នាក់​ឈ្មោះ​អាស្មូដេ បាន​សម្លាប់​ស្វាមី​ទាំង​ប្រាំពីរ​របស់​នាង​ជា​រៀងរាល់​លើក មុន​ពេល​រួម​បវេណី​ជាមួយ​នាង។ ហេតុ​នេះ ស្រី​បម្រើ​នោះ​ចោទ​ប្រកាន់​នាង​សារ៉ា​ថា៖​«គឺ​នាង​ហើយ​ដែល​សម្លាប់​ប្ដី​ទាំង​ប្រាំពីរ​នាក់! គេ​លើក​នាង​ឲ្យ​មាន​ប្ដី​ប្រាំពីរ​លើក ប៉ុន្តែ​នាង​គ្មាន​ឈ្មោះ​ ជា​ប្រពន្ធ​របស់​បុរស​ណា​ម្នាក់​ឡើយ! ៩ ហេតុ​អ្វី​បាន​ជា​នាង​ធ្វើ​បាប​យើង ព្រោះ​តែ​ប្ដី​ទាំង​ប្រាំពីរ​នាក់​ស្លាប់​ដូច្នេះ? ចូរ​នាង​ទៅ​នៅ​ជាមួយ​ប្ដី​នាង​ចុះ! កុំឲ្យ​នាង​មាន​កូន​ប្រុស ឬ​កូន​ស្រី​ឡើយ!»។ ១០​នៅ​ថ្ងៃ​នោះ នាង​សារ៉ា​កើត​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង នាង​យំ ហើយ​ឡើង​ទៅ​បន្ទប់​ខាង​លើ​របស់​ឪពុក​នាង ដោយ​មាន​បំណង​ចង​ក​សម្លាប់​ខ្លួន។ ប៉ុន្តែ ក្រោយ​មក នាង​បាន​រិះ​គិត​ពិចារណា​ថា បើ​ខ្ញុំ​ចង​ក​សម្លាប់​ខ្លួន​មែន​នោះ គេ​មុខ​ជា​ប្រមាថ​ឪពុក​ខ្ញុំ​ថា៖ ​«លោក​មាន​កូន​ស្រី​ជាទី​ស្រលាញ់​តែ​ម្នាក់​គត់ នាង​ចង​ក ព្រោះ​តែ​កើត​ទុក្ខ​ខ្លាំង​ពេក។ ធ្វើ​ដូច្នេះ ឪពុក​របស់​ខ្ញុំ​ដែល​កាន់​តែ​ចាស់​ជរា​ហើយ​នេះ មុខ​ជា​លា​ចាក​លោក​នេះ ទាំង​កើត​ទុក្ខ​ជា​មិន​ខាន។ ហេតុ​នេះ ខ្ញុំ​សម្រេច​ចិត្ត​ថា ខ្ញុំ​មិន​គួរ​ចង​ក​ទេ ប៉ុន្តែ ខ្ញុំ​ត្រូវ​អង្វរ​ព្រះ​អម្ចាស់ សូម​ព្រះ​អង្គ​ដក​ជីវិត​ខ្ញុំ​ចុះ ដើម្បី​កុំ​ឲ្យ​គេ​ជេរ​ប្រមាថ​ខ្ញុំ​អស់​មួយ​ជីវិត​ដូច្នេះ»។

ពាក្យ​ទូល​អង្វរ​របស់​នាង​សារ៉ា
១១​ពេល​នោះ នាង​សារ៉ា លើក​ដៃ​បែរ​ទៅ​រក​បង្អួច ហើយ​ទូល​អង្វរ​ព្រះជាម្ចាស់​ថា៖​«បពិត្រ​ព្រះ​អម្ចាស់ ប្រកប​ដោយ​ព្រះ​ហឫទ័យ​មេត្តា​ករុណា! នាង​ខ្ញុំ​សូម​លើក​តម្កើង​ព្រះ​អង្គ! សូម​លើក​តម្កើង​ព្រះ​នាម​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀងទៅ! សូម​ឲ្យ​ស្នា​ព្រះ​ហស្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ​អង្គ លើក​តម្កើង​រហូត​តរៀងទៅ​ផង។ ឥឡូវ​នេះ នាង​ខ្ញុំ​សូម​បែរ​មុខ​ទៅ​រក​ព្រះ​អង្គ នាង​ខ្ញុំ​សូម​បែរ​ភ្នែក​ទៅ​រក​ព្រះ​អង្គ! ១៣​សូម​ព្រះ​អង្គ​មេត្តា​ប្រោស​ឲ្យ​នាង​ខ្ញុំ​លា​ចាក​លោក​នេះ កុំ​ឲ្យ​នាង​ខ្ញុំ​ឮ​ពាក្យ​ គេ​ជេរ​ប្រមាថ​ទៀត​ឡើយ!។ ១៤​បពិត្រ​ព្រះ​អម្ចាស់! ព្រះ​អង្គ​ជ្រាប​ហើយ​ថា ខ្ញុំ​ម្ចាស់​នៅ​ព្រហ្មចារី​នៅ​ឡើយ ដោយ​មិន​បាន​ខូច​នឹង​បុរស​ណា​ម្នាក់​ទេ ១៥​ខ្ញុំ​ម្ចាស់​ពុំ​ដែល​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​ខ្ញុំ​ម្ចាស់ ឬ​ឈ្មោះ​របស់​ឪពុក​ខ្ញុំ​ម្ចាស់​មាន​សៅ​ហ្មង នៅ​ក្នុង​ស្រុក​ដែល​ខ្មាំង​សត្រូវ​កៀរ​យើង​ខ្ញុំ​ឲ្យ​មក​រស់​នៅ​នោះ​ទេ ឪពុក​ខ្ញុំ​ម្ចាស់​មាន​កូន​ស្រី​តែ​ម្នាក់​គត់ គាត់​គ្មាន​កូន​ណា​ទៀត​ដែល​អាច​ទទួល​មត៌ក​ស្នង​ពី​គាត់​ឡើយ ហើយ​គាត់​ក៏​គ្មាន​ញាតិ​សន្តាន​ឯណា​ទៀត​ដែល​អាច​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ខ្ញុំ​ម្ចាស់​ដែរ។ ប្ដី​ខ្ញុំ​ម្ចាស់​ទាំង​ប្រាំពីរ​នាក់ បាត់​បង់​ជីវិត​អស់​ហើយ ដូច្នេះ តើ​ខ្ញុំ​ម្ចាស់​រស់​នៅ​តទៅ​ទៀត​ដើម្បី​អ្វី? បពិត្រ​ព្រះ​អម្ចាស់! ប្រសិន​បើ​ព្រះ​អង្គ​មិន​សព្វ​ព្រះ​ហឫទ័យ​ដក​ជីវិត​ខ្ញុំ​ម្ចាស់​ទេ សូម​ទ្រង់​មេត្តា​សណ្ដាប់​ពាក្យ​ដែល​គេ​ជេរ​មក​រក​ខ្ញុំ​ម្ចាស់​ផង!»។

ព្រះជាម្ចាស់​ព្រះ​សណ្ដាប់ពាក្យ​អង្វរ​អ្នក​ទាំងពីរ
១៦​ពេល​ដដែល​នោះ ព្រះ​អម្ចាស់​ប្រកប​ដោយ​សិរី​រុង​រឿង ទ្រង់​ព្រះ​សណ្ដាប់​ពាក្យ​អង្វរ​របស់​អ្នក​ទាំង​ពីរ ១៧​ហើយ​ចាត់​ទេវ​ទូត​រ៉ាផាអែល ទៅ​ព្យាបាល​អ្នក​ទាំង​ពីរ​ឲ្យ​បាន​ជា​សះ​ស្បើយ គឺ​ដក​ស្បែក​ស​ចេញ​ពី​ភ្នែក​របស់​លោក​តូប៊ីត ដើម្បី​ឲ្យ​គាត់​មើល​ឃើញ​ពន្លឺ​របស់​ព្រះជាម្ចាស់ ហើយ​ដេញ​អាស្មូដេ ជា​អារក្ខ​កំណាច​ចេញ​ពី​នាង​សារ៉ា ជា​កូន​របស់​លោក​រ៉ាគូអែល ដើម្បី​លើក​នាង​ឲ្យ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក​តូប៊ីយ៉ា ជា​កូន​ប្រុស​លោក​តូប៊ីត។ ក្នុង​ចំណោម​សាច់​ញាតិ​ទាំង​អស់ មាន​តែ​លោក​តូប៊ីយ៉ា​នេះ​ទេ ដែល​មាន​សិទ្ធិ​ដណ្ដឹង​នាង​មុន​គេ។

ពេល​នោះ លោក​តូប៊ីត​ដើរ​ពី​ទីធ្លា ចូល​មក​ក្នុង​ផ្ទះ​គាត់ រីឯ​នាង​សារ៉ា​ជា​កូន​ស្រី​របស់​លោក​រ៉ាគូអែល ក៏​ចុះ​ពី​បន្ទប់​ខាង​លើ​មក​ដែរ។

​ជំពូកទី ៤

ពាក្យ​បណ្ដាំ​របស់​លោក​តូប៊ីត
១​នៅ​ថ្ងៃ​នោះ លោក​តូប៊ីត​នឹក​ឃើញ​ដល់​ប្រាក់​ដែល​គាត់​បាន​ផ្ញើ​ទុក ​នឹង​​លោក​កាបា​អែល ក្នុង​ក្រុង​រ៉ាកែស នៅ​ស្រុក​ម៉ែដ។ ២​គាត់​គិត​ថា «ខ្ញុំ​សូម​ព្រះជាម្ចាស់​ដក​ជីវិត​ខ្ញុំ​រួច​ហើយ មុន​ពេល​ខ្ញុំ​បាត់​បង់​ជីវិត ខ្ញុំ​គួរ​ហៅ​កូន​ខ្ញុំ​មក​ប្រាប់​ឲ្យ​ដឹង​ពី​ប្រាក់​នោះ»។ ៣​គាត់​ហៅ​តូប៊ីយ៉ា ជា​កូន​មក​ហើយ​ប្រាប់​ថា៖​​«កូន​ប្រុស​អើយ! នៅ​ពេល​ពុក​ចែក​ស្ថាន​ទៅ ចូរ​កូន​យក​សព​ពុក​ទៅ​បញ្ចុះ ឲ្យ​បាន​សម​រម្យ​ផង! ចូរ​គោរព​ម្ដាយ​កូន! ចូរ​ថែ​រក្សា​ម្ដាយ​អស់​មួយ​ជីវិត​របស់​គាត់ កុំ​បោះ​បង់​ចោល​គាត់​ឡើយ! ចូរ​ខិត​ខំ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​គាត់​សប្បាយ​ចិត្ត! កុំ​ធ្វើ​អ្វី​ដែល​បណ្ដាល​ឲ្យ​ម្ដាយ​ព្រួយ​ចិត្ត កូន​អើយ! សូម​នឹក​ថា​ម្ដាយ​ទ្រាំ​នូវ​ទុក្ខ​លំបាក ពេល​ដែល​កូន​នៅ​ក្នុង​ផ្ទៃ​របស់​គាត់។ ពេល​ម្ដាយ​បាត់​បង់​ជីវិត ចូរ​យក​សព​របស់​គាត់ ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ជាមួយ​ពុក។ ៥​កូន​អើយ! ចូរ​កូន​នឹក​ដល់​ព្រះ​អម្ចាស់​អស់​មួយ​ជីវិត​របស់​កូន កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ឬ​បំពាន​វិន័យ​របស់​ព្រះ​អង្គ​ឡើយ! ចូរ​ប្រព្រឹត្ត​អំពើ​សុចរិត​ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត​របស់​កូន។ កុំ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ឡើយ ៦​ដ្បិត​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​សុចរិត តែង​បាន​ចម្រុងចម្រើន​ឡើង ក្នុង​គ្រប់​កិច្ច​ការ​របស់​ខ្លួន ៧​ចូរ​យក​សម្បត្តិ​របស់​ខ្លួន ​ដាក់​ទាន​ដល់​អ្នក​ដែល​ប្រព្រឹត្ត​ តាម​សេចក្ដី​សុចរិត។ ពេល​កូន​ដាក់​ទាន ចូរ​កុំ​នឹក​ស្ដាយ​ឲ្យ​សោះ! ចូរ​កូន​កុំ​ងាក​ចេញ​ពី​ជន​ក្រីក្រ នោះ​ព្រះជាម្ចាស់​ក៏​មិន​បែរ​ព្រះភ័ក្រ្ត​ចេញ​ពី​កូន​ដែរ។ ៨​ចូរ​ដាក់​ទាន​តាម​លទ្ធ​ភាព និង​តាម​ទ្រព្យ​សម្បត្តិ​របស់​កូន។ ប្រសិន​បើ​កូន​មាន​សម្បត្តិ​តិច ចូរ​កុំ​ខ្លាច​យក​អ្វីៗ​ដ៏​តិច​តួច​នោះ​ទៅ​ចែក​ទាន​ដល់​គេ​ឡើយ។ ៩ ធ្វើ​ដូច្នេះ​កូន​នឹង​សន្សំ​សម្បត្តិ​ដ៏​ប្រសើរ​ថ្លៃ​ថ្លា សម្រាប់​ថ្ងៃ​ដែល​កូន​មាន​ទុក្ខ​វេទនា ១០​ព្រោះ​ទាន​តែង​តែ​រំដោះ​មិន​ឲ្យ​ស្លាប់ ហើយ​មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ទី​ងងឹត ១១​អស់​អ្នក​ដែល​ធ្វើ​ទាន​ដល់​អ្នក​ក្រីក្រ ហាក់​ដូច​ជា​បាន​ថ្វាយ​តង្វាយ​ដ៏​ប្រសើរ ចំពោះ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។

១២កូន​អើយ‌‌! ចូរ​កុំ​រៀប​អាពាហ៍ពិពាហ៍​ខុស​ធម្ម​វិន័យ! ជា​បឋម ចូរ​កូន​ដណ្ដឹង​កូន​ស្រី ក្នុង​ពង្ស​របស់​យើង។ កុះ​យក​ប្រពន្ធ​ជា​សាសន៍​ដទៃ​ឡើយ គឺ​ប្រពន្ធ​ដែល​មិន​ជាប់​នឹង​កុលសម្ព័ន្ធ​របស់​យើង ព្រោះ​យើង​ជា​កូន​ចៅ​អស់​លោក​ព្យាការី។ ចូរ​កូន​នឹក​ដល់​លោក​ណូអេ លោក​អប្រាហាំ លោក​អ៊ីសាក លោក​យ៉ាកុប​ជា​បុព្វ​បុរស​របស់​យើង។ តាំង​ពី​បូរាណ​កាល​មក បុព្វ​បុរស​បាន​យក​ភរិយា​ក្នុង​ចំណោម​សាច់​ញាតិ​របស់​គាត់។ ដូច្នេះ​ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ឲ្យ​អស់​លោក​មាន​កូន​ចៅ​និង​កាន់​កាប់​ទឹកដី​ទុក​ដូច​ជា​មត៌ក​ផង។ ១៣​កូន​អើយ! ចូរ​ស្រឡាញ់​បង​ប្អូន​សាច់​ញាតិ​ឲ្យ​ខ្លាំង​ជាង​គេ! កុំ​វាយ​ឫក​ដាក់​បង​ប្អូន កូន​ប្រុស កូន​ស្រី ដែល​ជា​ជន​រួម​ឈាម​របស់​កូន រហូត​ដល់​មិន​យក​ភរិយា ក្នុង​ចំណោម​ជន​ជាតិ​របស់​ខ្លួន។ អ្នក​វាយ​ឫក​ខ្ពស់​មុខ​ជា​ត្រូវ​អន្តរាយ ហើយ​ត្រូវ​ខក​ចិត្ត រីឯ​អ្នក​ខ្ជិល​រមែង​ក្រ​តោក​យ៉ាក​បំផុត ដ្បិត​ការ​ខ្ជិល​ជា​ប្រភព​នៃ​ការ​អត់​ឃ្លាន។ ១៤​កុំ​ទុក​ប្រាក់​ឈ្នួល​របស់​កម្មករ​រហូត​ដល់​ថ្ងៃ​ស្អែក​ឡើយ គឺ​ត្រូវ​បើក​ឈ្នួល​ឲ្យ​គេ​ភ្លាម។ ប្រសិន​បើ​កូន​បម្រើ​ព្រះជាម្ចាស់ ព្រះ​អង្គ​មុខ​ជា​សង​ឲ្យ​កូន​វិញ​ពុំខាន។ ចូរ​ប្រយ័ត្ន​ក្នុង​គ្រប់​កិច្ចការ​ដែល​កូន​ប្រព្រឹត្ត ហើយ​កាន់​កិរិយា​មារយាទ ជា​អ្នក​ទទួល​ការ​អប់រំ​ល្អ។ ១៥​អ្វីៗ​ដែល​កូន​មិន​ចូល​ចិត្ត ចូរ​កូន​កុំ​ធ្វើ​ការ​នោះ​លើ​អ្នក​ដទៃ​ឲ្យ​សោះ!។ ១៦ ចូរ​ចែក​អាហារ​របស់​កូន​ដល់​អ្នក​ដែល​ឃ្លាន និង​ចែក​សម្លៀក​បំពាក់​ដល់​អ្នក​ដែល​គ្មាន​ផង។ ចូរ​យក​អ្វីៗ​ដែល​លើស​ពី​សេចក្ដី​ត្រូវការ​របស់​កូន​ ទៅ​ចែក​ទាន​ឲ្យ​អ្នក​ក្រីក្រ។ ពេល​ណា​កូន​ធ្វើ​ទាន ចូរ​កុំ​នឹក​ស្ដាយ​ក្រោយ​ឲ្យ​សោះ! ១៧​ចូរ​យក​អាហារ​ទៅ​ឲ្យ​អ្នក​កំពុង​យំ​កាន់​ទុក្ខ​មនុស្ស​សុចរិត​ស្លាប់ ប៉ុន្តែ កុំ​យក​អាហារ ទៅ​ឲ្យ​មនុស្ស​ទុច្ចរិត​ ស្លាប់​ឡើយ! ១៨​ចូរ​សួរ​យោបល់​ពី​អ្នក​ប្រាជ្ញ ហើយ​កុំ​មើល​ងាយ​អ្នក​ដែល​ផ្ទល់​យោបល់​ល្អ។ ១៩​ចូរ​លើក​តម្កើង​ព្រះជាម្ចាស់​ជា​ព្រះ​របស់​អ្នក​គ្រប់​កាលៈទេសៈ ចូរ​ទូល​អង្វរ​ព្រះ​អង្គ​ឲ្យ​តម្រង់​ផ្លូវ​កូន និង​ប្រោស​ឲ្យ​កូន​បាន​សម្រេច​គ្រប់​កិច្ចការ គ្រប់​គម្រោង​ការណ៍​របស់​កូន។ គ្មាន​ប្រជា​ជន​ណា​មាន​ប្រាជ្ញា​ដឹង​ខុស​ត្រូវ​ឡើយ គឺ​មាន​តែ​ព្រះជាម្ចាស់​មួយ​អង្គ​ប៉ុណ្ណោះ ដែល​ប្រោស​ប្រទាន​អ្វីៗ​ដ៏​ល្អ ព្រះអង្គ​មាន​បំណង​ចង់​បន្ទាប​នរណា ក៏​ព្រះ​អង្គ​បន្ទាប​គេ​រហូត​ដល់​ស្លាប់​ដែរ។

ឥឡូវ​នេះ ចូរ​កូន​ចង​ចាំ​ពាក្យ​បណ្ដាំ​ទាំង​នេះ​នៅ​ក្នុង​ចិត្ត​កុំ​ភ្លេច​ឲ្យ​សោះ។ ២០​ពុក​សូម​ប្រាប់​កូន​ថា ពូក​ផ្ញើ​ប្រាក់​ចំនួន​បី​រយ​គីឡូ​ នឹង​លោក​កាបាអែល ជា​កូន​លោក​កាព្រី នៅ​ក្រុង​រ៉ាកែស ក្នុង​ស្រុក​ម៉ែដ។ ២១​កូន​អើយ ចូរ​កុំ​ខ្លាច! ប្រសិន​បើ​យើង​ធ្លាក់​ខ្លួន​ក្រ។ ប្រសិន​បើ​កូន​ជៀស​អំពើ​បាប​គ្រប់​យ៉ាង និង​ប្រព្រឹត្ត​ការ​ដែល​គាប់​ព្រះ​ហឫទ័យ​ព្រះ​អម្ចាស់​ ជា​ព្រះ​របស់​កូន!។ កូន​នឹង​មាន​សម្បត្តិ​ដ៏​ស្ដុកស្ដម្ភ បើ​កូន​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់‍»។

​ជំពូកទី ៥

លោក​តូប៊ីយ៉ា​រៀបចំ​ធ្វើ​ដំណើរ
១​ពេល​នោះ​តូប៊ីយ៉ា​ឆ្លើយ​តប​នឹង​លោក​តូប៊ីត​ជា​ឪពុក​ថា៖ «បាទ​លោក​ឪពុក! កូន​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​តាម​បណ្ដាំ​របស់​លោក​ឪពុក! ២​ប៉ុន្តែ តើ​កូន​នឹង​យក​ប្រាក់​ទាំង​នេះ​ពី​គេ​ដូច​ម្ដេច បើ​កូន​មិន​ស្គាល់​គេ​ផង។ ហើយ​គេ​ក៏​មិន​ស្គាល់​កូន​ដែរ!។ តើ​កូន​មាន​អ្វី​អាច​ឲ្យ​គេ​ស្គាល់​និង​ទុក​ចិត្ត​កូន ដើម្បី​ឲ្យ​គេ​ប្រគល់​ប្រាក់​នេះ មក​ឲ្យ​កូន? ម្យ៉ាង​ទៀត​កូន​មិន​ស្គាល់​ផ្លូវ​ឆ្ពោះ​ទៅ​ស្រុក​ម៉ែដ​ទេ! »។ ៣​លោក​តូប៊ីត​ឆ្លើយ​ទៅ​តូប៊ីយ៉ា​ជា​កូន​ថា៖​ «លោក​កាបាអែល​បាន​ចុះ​ហត្ថលេខា​ លើ​សំបុត្រ​ព្រមព្រៀង​មួយ ហើយ​ពុក​ក៏​បាន​ចុះ​ហត្ថលេខា​ដែរ។ ពុក​បាន​ហែក​សំបុត្រ​នោះ​ជា​ពីរ ទុក​ម្នាក់​ពាក់​កណ្ដាល ហើយ​ពុក​បាន​ទុក​ពាក់​កណ្ដាល​ទៀត និង​ប្រាក់​នោះ​នៅ​នឹង​គាត់។ ពុក​បាន​ផ្ញើ​ប្រាក់​នោះ​ម្ភៃ​ឆ្នាំ​ហើយ! ឥឡូវ ចូរ​កូន​រក​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត​ម្នាក់ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ជាមួយ​កូន។ យើង​នឹង​ជូន​ប្រាក់​ឈ្នួល​ឲ្យ​គេ នៅ​ពេល​កូន​វិល​ត្រឡប់​មក​វិញ។ ចូរ​កូន​ទៅ​យក​ប្រាក់​នេះ​ពី​ផ្ទះ​លោក​កាបាអែល​មក!  »។ ៤​លោក​តូប៊ីយ៉ា​ចេញ​ទៅ​រក​មនុស្ស​ម្នាក់​ ​ដែល​ស្គាល់​ផ្លូវ​ច្បាស់ អាច​រួម​ដំណើរ​ជាមួយ​គាត់​ទៅ​ស្រុក​ម៉ែដ។ ពេល​ចេញ​មក​ក្រៅ​ផ្ទះ គាត់​ជួប​ទេវទូត​រ៉ាផាអែល ដែល​ឈរ​នៅ​ពី​មុខ​គាត់ តែ​គាត់​មិន​ដឹង​ថា លោក​ជា​ទេវទូត​របស់​ព្រះជាម្ចាស់​ទេ!។ គាត់​សួរ​ទេវ​ទូត​ថា៖ ​ «តើ​អ្នក​មក​ពី​ណា? » ទេវ​ទូត​ឆ្លើយ​ថា៖ ​ «ខ្ញុំ​ជា​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់ ជា​បង​ប្អូន​របស់​ប្អូន​ខ្ញុំ​មក​រក​ការងារ​ធ្វើ​នៅ​ទីនេះ ​»។ លោក​តូប៊ីយ៉ា​សួរ​ថា៖​ «តើ​បង​ស្គាល់​ផ្លូវ​ទៅ​កាន់​ស្រុក​ម៉ែដ​ឬ​ទេ ? » ៦​ទេវទូត​ឆ្លើយ​ថា៖ ​ «បាទ! បង​ធ្លាប់​ទៅ​ទីនោះ​ជា​ញឹក​ញយ បង​ស្គាល់​ផ្លូវ​ច្បាស់​ណាស់! បង​ធ្លាប់​ទៅ​ស្រុក​ម៉ែដ​ជាច្រើន​ដង ហើយ​ខ្ញុំ​ធ្លាប់​ស្នាក់​នៅ​ផ្ទះ​លោក​កាបា​អែល ជា​សាច់​ញាតិ​របស់​យើង​ដែល​រស់​នៅ​ក្រុង​រ៉ាកែស ក្នុង​ស្រុក​នោះ​ដែរ។ ពី​ក្រុង​អែកបាតាន​ទៅ​ក្រុង​រ៉ាកែស ដើរ​ធម្មតា​ពីរ​ថ្ងៃ​ទើប​ដល់ ដ្បិត​ក្រុង​ទាំងពីរ​នោះ​នៅ​តាម​តំបន់​ភ្នំ។ ៧​លោក​តូប៊ីយ៉ា​ប្រាប់​គាត់​ថា៖ ​ «សូម​បង​ចាំ​ខ្ញុំ​នៅ​ទី​នេះ ខ្ញុំ​ទៅ​ជម្រាប​ឪពុក​ខ្ញុំ​សិន ដ្បិត​ខ្ញុំ​ត្រូវ​ការ​បង​ធ្វើ​ដំណើរ​ជាមួយ ហើយ​ខ្ញុំ​នឹង​ជូន​ប្រាក់​ឈ្នួល​ដល់​បង » ៨​ទេវទូត​តប​ថា៖​​ «បាទ! បង​ចាំ​ខ្ញុំ​នៅ​ទី​នេះ ប៉ុន្តែសូម​កុំ​យូរ​ពេក »

៩​លោក​តូប៊ីយ៉ា​ចូល​ទៅ​ជម្រាប​លោក​តូប៊ីត ជា​ឪពុក​ថា៖ «កូន​រក​បាន​មនុស្ស​ម្នាក់​ហើយ គឺ​គាត់​ជា​ជន​ជាតិ​អ៊ីស្រាអែល ជា​បង​ប្អូន​របស់​យើង »។ លោក​តូប៊ីត​ពោល​ថា៖ «ចូរ​ហៅ​គេ​មក​ដើម្បី​ឲ្យ​ពុក​ស្គាល់​ថា តើ​គាត់​នៅ​ក្នុង​អំបូរ​ណា កុលសម្ព័ន្ធ​ណា តើ​ពុក​អាច​ទុក​ចិត្ត ​ឲ្យ​រួម​ដំណើរ​ជាមួយ​កូន​បាន​ឬទេ? លោក​តូប៊ីយ៉ា​ចេញ​ទៅ​ហៅ​ទេវទូត​ថា៖ «បង​សម្លាញ់​អើយ! ឪពុក​ខ្ញុំ​មាន​ប្រសាសន៍ ! »។ ១០ទេវ​ទូត​ចូល​ក្នុង​ផ្ទះ ហើយ​លោក​តូប៊ីត​ក៏​លើក​ដៃ​ជម្រាប​សួរ​គាត់​មុន។ ទេវ​ទូត​មាន​ប្រសាសន៍​ថា៖​ «​ សូម​លោក​បាន​ប្រកប​ដោយ​​ សេចក្ដី​សុខ​សាន្ត យ៉ាង​បរិបូណ៌! »។ លោក​តូប៊ីត​ឆ្លើយ​ថា៖ «តើ​ខ្ញុំ​បាន​សេចក្ដី​សុខ​យ៉ាង​ដូចម្ដេច បើ​ភ្នែក​ខ្ញុំ​ខ្វាក់​ដូច្នេះ មើល​ពន្លឺ​ថ្ងៃ​ក៏​មិន​ឃើញ ខ្ញុំ​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត​ដូច​មនុស្ស​ស្លាប់​ដែល​មិន​ឃើញ​អ្វី! ទោះ​បី​ខ្ញុំ​មាន​ជីវិត​ក្ដី ក៏​ខ្ញុំ​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ស្លាប់​ទៅ​ហើយ​ដែរ។ ខ្ញុំ​ឮ​សំឡេង​គេ តែ​មើល​គេ​មិន​ឃើញ​សោះ! »។ ទេវ​ទូត​តប​ថា៖ «ចូរ​ក្លាហាន​ឡើង! បន្តិច​ទៀត​ព្រះជាម្ចាស់​នឹង​ប្រោស​លោក​ឲ្យ​បាន​ជា​មិន​ខាន! ចូរ​ក្លាហាន​ឡើង! »។ លោក​តូប៊ីត​ពោល​ថា៖«តូប៊ីយ៉ា​កូន​ខ្ញុំ​ចង់​ធ្វើ​ដំណើរ​ទៅ​ស្រុក​ម៉ែដ។ តើ​លោក​អាច​រួម​ដំណើរ​ជាមួយ​ព្រម​ទាំង​ណែនាំ​ផ្លូវ​កូន​ខ្ញុំ​បាន​ទេ? ខ្ញុំ​នឹង​ជូន​ប្រាក់​ឈ្នួល​ដល់​លោក »។ ទេវ​ទូត​តប​ថា៖ «ខ្ញុំ​អាច​រួម​ដំណើរ​ទៅ​ជាមួយ​បាន ខ្ញុំ​ស្គាល់​ផ្លូវ​ទាំង​អស់ ខ្ញុំ​ធ្លាប់​ដំណើរ​ទៅ​ស្រុក​ម៉ែដ​ជា​ញឹក​ញាប់ ខ្ញុំ​ធ្លាប់​ដើរ​កាត់​វាល​និង​ភ្នំ​ទាំង​ប៉ុន្មាន ខ្ញុំ​ស្គាល់​ផ្លូវ​ទាំង​អស់! »។ ១១ លោក​តូប៊ីត​សួរ​ថា៖ «តើ​លោក​ជា​កូន​ចៅ​អ្នក​ណា? ក្នុង​កុលសម្ព័ន្ធ​ណា? សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង »។ ១២ ទេវទូត​តប​ថា៖ «តើ​លោក​ចង់​ដឹង​កុលសម្ព័ន្ធ​របស់​ខ្ញុំ​ធ្វើ​អ្វី? »។ លោក​តូប៊ីត​ពោល​ថា៖ «ខ្ញុំ​ចង់​ដឹង​ការ​ពិត លោក​ជា​កូន​ចៅ​អ្នក​ណា? ហើយ​មាន​ឈ្មោះ​អ្វី ? ១៣​ទេវ​ទូត​ឆ្លើយ​តប​ថា៖ ខ្ញុំ​ឈ្មោះ​អសារីយ៉ា ជា​កូន​របស់​លោក​អណារីយ៉ា​ដ៏​ប្រសើរ​ឧត្ដម ដែល​សាច់​ញាតិ​របស់​លោក »។ ១៤​លោក​តូប៊ីត​ពោល​ថា៖ «ល្អ​ណាស់​ប្អូន សូម​កុំ​ខឹង ព្រោះ​ខ្ញុំ​ចង់​ដឹង​ការ​ពិត​ពី​ញាតិ​សន្តាន​របស់​លោក។ លោក​ច្បាស់​ជា​ជាប់​សាច់​ញាតិ​យើង ហើយ​កើត​ក្នុង​វង្ស​ត្រកូល​ដ៏​ប្រសើរ! ខ្ញុំ​ធ្លាប់​ស្គាល់​លោក​អាណា​នីយ៉ា​ និង​លោក​ណាថាន ជា​កូន​ទាំង​ពីរ​របស់​លោក​សេមីលីយ៉ា​ដ៏​ប្រសើរ​ឧត្ដម។ លោក​ទាំង​ពីរ​ធ្លាប់​ធ្វើ​ដំណើរ​ ទៅ​ថ្វាយ​បង្គំ​ព្រះជាម្ចាស់ នៅ​ក្រុង​យេរូសាឡឹម​ជាមួយ​ខ្ញុំ។ លោក​ទាំង​ពីរ​មិន​វង្វេង​ជំនឿ​ដូច​គេ​ទេ! ញាតិ​សន្តាន​របស់​លោក​ជា​មនុស្ស​ត្រឹម​ត្រូវ លោក​ជា​មនុស្ស​មាន​ពូជ​ពង្ស​ល្អ។ សូម​ឲ្យ​លោក​មាន​សេចក្ដី​សុខ​សាន្ត ! »។ ១៥​លោក​ពោល​តទៅ​ទៀត​ថា៖ «ខ្ញុំ​ជូន​ប្រាក់​ឈ្នួល​ដ៏​សម​រម្យ​ដល់​លោក គឺ​មួយ​ថ្ងៃ​មួយ​ដួង។ ខ្ញុំ​នឹង​ផ្ដល់​ស្បៀង​អាហារ​ជូន​លោក ដូច​ខ្ញុំ​ឲ្យ​កូន​របស់​ខ្ញុំ​ដែរ។ ១៦​ចូរ​នាំ​ផ្លូវ​កូន​ខ្ញុំ ឲ្យ​បាន​ល្អ​ផង ខ្ញុំ​នឹង​ជូន​រង្វាន់​បន្ថែម​ទៀត​បី​លើ​ប្រាក់​ឈ្នួល! »។ ១៧​ទេវទូត​ពោល​ថា៖ «បាទ! ខ្ញុំ​នឹង​រួម​ដំណើរ​ជាមួយ​កូន​របស់​លោក! សូម​កុំ​ខ្លាច​អ្វី​ឡើយ! យើង​នឹង​ត្រឡប់​មក​ជួប​លោក​វិញ​ដោយ​សេចក្ដី​សុខ​សាន្ត ដូច​យើង​ចេញ​ដំណើរ​ទៅ​ដែរ ដ្បិត​តាម​ផ្លូវ​មាន​សន្តិ​សុខ​ល្អ​ទេ »។ លោក​តូប៊ីត​មាន​ប្រសាសន៍​ថា៖ «សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​លោក! » រួច​លោក​ហៅ​កូន​មក​ប្រាប់​ថា៖ «ចូរ​រៀប​ចំ​អ្វី​ដែល​កូន​ត្រូវ​ការ​សម្រាប់​ធ្វើ​ដំណើរ រួច​ចេញ​ទៅ​ជាមួយ​បង​ប្រុស​ឯង​ចុះ! សូម​ព្រះជាម្ចាស់​ដែល​គង់​នៅ​ស្ថាន​បរម​សុខ តាម​ថែ​រក្សា​អ្នក​ទាំង​ពីរ​នៅ​ស្រុក​នោះ ព្រម​ទាំង​នាំ​អ្នក​ទាំង​ពីរ​មក​រក​ខ្ញុំ​វិញ​ ដោយ​សុវត្ថិភាព! សូម​ឲ្យ​ទេវទូត​របស់​​​​ព្រះ​អង្គ​ រួម​ដំណើរ​ជាមួយ​និង​តាម​ថែ​រក្សា​អ្នក​ទាំង​ពីរ​ផង »។ លោក​តូប៊ីយ៉ា​រៀបចំ​ខ្លួន​ចេញ​ដំណើរ រួច​ឧិប​ថើប​ឪពុក​ម្ដាយ។ លោក​តូប៊ីត​ប្រាប់​កូន​ថា៖ ចូរ​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុវត្ថិភាព ! ១៨​ម្ដាយ​របស់​តូប៊ីយ៉ា​យំ ហើយ​ពោល​ទៅ​លោក​តូប៊ីត​ថា៖ «ហេតុ​អ្វី​ក៏​លោក​ឲ្យ​កូន​ខ្ញុំ​ចេញ​ទៅ​ដូច្នេះ ! មាន​តែ​វា​ទែឌេឡ​ជួយ​ផ្គត់​ផ្គង់​និង​គាំ​ទ្រ​យើង ! ១៩​លោក​គិត​តែ​ពី​ប្រាក់ សូម​ចោល​ប្រាក់​នេះ​ទៅ! ទុក​ជីវិត​កូន​យើង​ប្រសើរ​ជាង! ២០​យើង​ស្កប់​ចិត្ត​នឹង​ជីវភាព ដែល​ព្រះ​បាន​ប្រទាន​មក​យើង​ហើយ »។ ២១​តែ​លោក​តូប៊ីត​ប្រាប់​ភរិយា​គាត់​ថា៖ «កុំ​ព្រួយ​បារម្ភ​អ្វី​ឡើយ! កូន​យើង​នឹង​ត្រឡប់​មក​ជួប​យើង​វិញ ដោយ​សេចក្ដី​សុខ​សាន្ត​ដូច​ពេល​នេះ​ដែរ! ម៉ែ​វា​នឹង​ឃើញ​កូន​ដោយ​ផ្ទាល់​ភ្នែក នៅ​ថ្ងៃ​គេ​ត្រឡប់​មក​វិញ​ជា​មិន​ខាន! ២២​កុំ​បារម្ភ​អ្វី​ឡើយ! ចូរ​ឈប់​ខ្លាច​កើត​មាន​អ្វី​ ដល់​អ្នក​ទាំង​ពីរ​ទៀត​ទៅ! ទេវ​ទូត​ដ៏​ល្អ​មួយ​អង្គ មុខ​ជា​រួម​ដំណើរ​ជាមួយ​គេ ហើយ​កិច្ចការ​ទាំង​អស់​នឹង​សម្រេច​ដូច​បំណង ហើយ​គេ​នឹង​ត្រឡប់​មក​ជួប​យើង​វិញ​ដោយ​សេចក្ដី​សុខ​សាន្ត »។ ពេល​នោះ​អ្នក​ស្រី​ហាណ្ណា​ក៏​ឈប់​យំ។

​ជំពូកទី ៦

លោក​តូប៊ីយ៉ា​ចាប់​ត្រី​មួយ
១​យុវជន​តូប៊ីយ៉ា​ចេញ​ដំណើរ ដោយ​មាន​ទេវ​ទូត​ទៅ​ជាមួយ ហើយ​ឆ្កែ​គាត់​ក៏​ទៅ​ជាមួយ​ដែរ។ នៅ​យប់​ទី​មួយ​អ្នក​ទាំង​ពីរ​សម្រាក​នៅ​មាត់​ទន្លេ​ទីគ្រ។ ២​ចំណែក​តូប៊ីយ៉ា​ចុះ​ទៅ​លាង​ជើង​ក្នុង​ទន្លេ​ស្រាប់​តែ​មាន​ត្រី​មួយ​យ៉ាង​ធំ​លោត​ចេញ​ពី​ទឹក​មក ដូច​ជា​ចង់​ត្របាក់​លេប​ជើង​គាត់។ យុវជន​ស្រែក។ ៣​ទេវទូត​ប្រាប់​គាត់​ថា៖ «ចូរ​ចាប់​វា​! ចូរ​ចាប់​វា​ឲ្យ​ជាប់! »។ តូប៊ីយ៉ា​ចាប់​ត្រី​នោះ​ជាប់ ហើយ​អូស​វា​ឡើង​មក​លើ​គោក។ ៤​ទេវទូត​ប្រាប់​ថា៖«ចូរ​វះ​ត្រី​យក​ប្រមាត់ បេះដូង និង​ថ្លើម​ទុក​ដោយ​ឡែក រួច​យក​ពោះវៀន​វា​ចោល។ ប្រមាត់ បេះដូង និង​ថ្លើម​វា អាច​យក​ធ្វើ​ជា​ថ្នាំ​ដ៏​ពូកែ​ស័ក្ដិសិទ្ធិ»។ ៥ យុវជន​វះ​ត្រី​យក​ប្រមាត់ បេះ​ដូង និង​ថ្លើម រួច​យក​សាច់​ខ្លះ​មក​អាំង​បរិភោគ ហើយ​ប្រឡាក់​អំបិល​ទុក​ខ្លះ។

៦​អ្នក​ទាំង​ពីរ​បន្ត​ដំណើរ​ជាមួយ​គ្នា​ ទៅ​ទៀត រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​ម៉ែដ។ ៧​ពេល​នោះ​យុវជន​សួរ​ទៅ​ទេវទូត​ថា៖ «បង​អាសារី​យ៉ា! តើ​ក្នុង​បេះ​ដូង ក្នុង​ថ្លើម និង​ក្នុង​ប្រមាត់​ត្រី មាន​ថ្នាំ​អ្វី​ខ្លះ? » ៨​ទេវទូត​ឆ្លើយ​ថា៖ «កាល​ណា​មាន​បុរស​ឬ​ស្រ្តី​ណា​ម្នាក់​ត្រូវ​អារក្ស​ឬ​ខ្មោច​ចូល ត្រូវ​យក​បេះ​ដូង​និង​ថ្លើម​ទៅ​ដុត​នៅ​ចំពោះ​មុខ​អ្នក​នោះ។ ផ្សែង​ដែល​ហុយ​ឡើង​អាច​បណ្ដេញ​អារក្ស​ ឬ​ខ្មោច​ឲ្យ​ចេញ​ពី​រូប​អ្នក​នោះ​រហូត។ ៩​រីឯ​ប្រមាត់ គេ​យក​ទៅ​លាប​ភ្នែក​អ្នក​ខ្វាក់ រួច​គេ​ផ្លុំ ហើយ​បក​ស្បែក​ស ដែល​ជាប់​នឹង​ភ្នែក​ចេញ អ្នក​ខ្វាក់​នឹង​ភ្លឺ​វិញ! »។។

គម្រោងការណ៍​អាពាហ៍ពិពាហ៍
១០​អ្នក​ទាំង​ពីរ​មក​ដល់​ស្រុក​ម៉ែដ ហើយ​មក​ជិត​ដល់​ក្រុង​អែក​បាតាន។ ១១​កាល​នោះ​ទេវទូត​រ៉ាផា​អែល​ពោល​ទៅ​កាន់​យុវជន​តូប៊ីយ៉ា​ថា៖ «ប្អូន​តូប៊ី​យ៉ា​អើយ! » លោក​តូប៊ីយ៉ា​តប​ថា៖ «មាន​ការ​អ្វី​បង? » ទេវទូត​មាន​ប្រសាសន៍​ថា៖ «យប់​នេះ​យើង​ត្រូវ​ស្នាក់​នៅ​ផ្ទះ​លោក​រ៉ាគូអែល។ លោក​ជា​ញាតិ​សន្តាន​របស់​ប្អូន។ គាត់​មាន​កូន​ស្រី​ម្នាក់​ឈ្មោះ​សារ៉ា។ ១២​ក្រៅពី​កូន​ស្រី​នេះ​គាត់​កូន​ឯណា​ទៀត​ទេ។ ប្អូន​ជា​សាច់​ញាតិ​ជិត​ជាង​គេ​ក្នុង​ចំណោម​សាច់​ញាតិ​ទាំង​ប៉ុន្មាន​របស់​នាង ប្អូន​មាន​សិទ្ធិ​ដណ្ដឹង​នាង​ជា​ភរិយា​មុន​គេ។ ប្អូន​ក៏​មាន​សិទ្ធិ​ទទួល​ទ្រព្យ​សម្បត្តិ​របស់​ឪពុក​នាង​ទុក​ជា​មត៌ក​ដែរ។ នាង​នេះ​មាន​ប្រាជ្ញា​វាង​វៃ មាន​ចិត្ត​ក្លាហាន មាន​រូប​ឆោម​ល្អ​ស្អាត ហើយ​ឪពុក​នាង​ក៏​ជា​មនុស្ស​ល្អ​ដែរ។ ១៣ ប្អូន​មាន​សិទ្ធិ​រៀប​អាពាហ៍ពិពាហ៍​ ជាមួយ​នាង។ ចូរ​ស្ដាប់​បង​សិន! ល្ងាច​នេះ​បង​នឹង​ទៅ​ស្ដី​ដណ្ដឹង​នាង ដើម្បី​ប្អូន​បាន​ភ្ជាប់​ពាក្យ​ជាមួយ​នាង។ ពេល​យើង​ត្រឡប់​ពី​ក្រុង​រ៉ាកែស​វិញ ប្អូន​នឹង​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​នាង។ បង​ដឹង​ច្បាស់​ថា លោក​រ៉ាគូ​អែល​ពុំ​អាច​បដិសេធ​ប្អូន ឬ​លើក​នាង​ឲ្យ​អ្នក​ផ្សេង​ទៀត​ឡើយ។ តាម​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ ប្រសិន​បើ គាត់​លើក​នាង​ឲ្យ​អ្នក​ផ្សេង គាត់​ត្រូវ​ទទួល​ទោស​ដល់​ជីវិត ព្រោះ​គាត់​ដឹង​ច្បាស់​ថា​ប្អូន​មាន​សិទ្ធិ​ទទួល​នាង​ធ្វើ​ជា​ភរិយា​ មុន​អ្នក​ដទៃ។ ហេតុនេះ​ចូរ​ស្ដាប់​បង​សិន! ល្ងាច​នេះ លោក​រ៉ាគូអែល​និង​បង​ពិភាក្សា​ជាមួយ​គ្នា​អំពី​នាង ហើយ​បង​ស្តី​ដណ្ដឹង​នាង​ឲ្យ​ប្អូន »។

១៤​លោក​តូប៊ីយ៉ា​តប​ទៅ​ទេវទូត​រ៉ាផាអែល​ថា៖ «បង​អសារីយ៉ា! ប្អូន​ឮ​គេ​និយាយ​ថា៖ គេ​លើក​នាង​ឲ្យ​រៀប​អាពាហ៍ពិពាហ៍​ ចំនួន​ប្រាំពីរ​ដង​រួច​មក​ហើយ! ប៉ុន្តែ ប្ដី​របស់​នាង​ទាំង​ប្រាំពីរ​នាក់ បាន​បាត់​បង់​ជីវិត​ក្នុង​បន្ទប់​រៀប​ការ នៅ​ពេល​ដែល​បុរស​ទាំង​នោះ​ចូល​ទៅ​ជិត​នាង។ ខ្ញុំ​ឮ​គេ​និយាយ​ថា មាន​អារក្ស​មួយ​សម្លាប់​ពួក​គេ។ ១៥​ដូច្នេះ​នៅ​ពេល​នេះ ខ្ញុំ​ខ្លាច​ណាស់! អារក្ខ​មិន​ធ្វើបាប​នាង​ទេ តែ​ពេល​មាន​បុរស​ម្នាក់​ចង់​ទៅ​ជិត​នាង អារក្ខ​នោះ​សម្លាប់​មនុស្ស​នោះ​ភ្លាម។ ឪពុក​ខ្ញុំ​មាន​កូន​តែ​មួយ​គត់ គឺ​រូប​ខ្ញុំ​នេះ។ ប្រសិន​បើ​ខ្ញុំ​ស្លាប់ ហាក់​ដូច​ជា​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​ខ្ញុំ​ស្លាប់​យ៉ាង​វេទនា​ដែរ។ គាត់​គ្មាន​កូន​ណា​ទៀត​នឹង​បញ្ចុះ​សព​គាត់​ឡើយ »។ ១៦​ទេវទូត​ផារ៉ាអែល​ប្រាប់​ថា៖ «កុំ​ភ្លេច​ពាក្យ​បណ្ដាំ​ឪពុក​ប្អូន! គឺ​លោក​បាន​ផ្ដាំ​ ឲ្យ​ប្អូន​យក​ភរិយា​ក្នុង​ញាតិ​សន្តាន​របស់​គាត់! ឥឡូវ​នេះ ចូរ​ស្ដាប់​បង! កុំ​បារម្ភ​នឹង​អារក្ខ​នោះ​ឲ្យ​សោះ ហើយ​រៀបការ​ជាមួយ​នាង​ទៅ! បង​ដឹង​ថា ល្ងាច​នេះ ឪពុក​នាង​នឹង​លើក​នាង​ឲ្យ​ប្អូន។ ១៧​ប៉ុន្តែ ពេល​រៀប​ការ​រួច ពេល​ប្អូន​ចូល​បន្ទប់​នាង ចូរ​យក​ថ្លើម​មួយ​ដុំ និង​បេះដូង​ត្រី​នោះ ទៅ​ដាក់​លើ​រងើក​ភ្លើង​ក្នុង​ចាន​ដុត​គ្រឿង​ក្រអូប។ ក្លិន​នោះ​នឹង​សាយ​ភាយ​ចេញ​ទៅ​នោះ អារក្ខ​នឹង​ធំ​ក្លិន ហើយ​វា​នឹង​រត់​គេច​ទៅ​ជា​រៀង​រហូត។ អារក្ខ​នឹង​មិន​មក​រំខាន​នាង​ទៀត​ឡើយ! ១៨​មុន​ពេល​រួម​បវេណី អ្នក​ទាំង​ពីរ​ត្រូវ​ក្រោក​ឡើង​សិន រួច​អធិដ្ឋាន​អង្វរ​ព្រះ​អម្ចាស់​នៃ​ស្ថាន​បរម​សុខ សូម​ទ្រង់​ព្រះ​មេត្តា​អាណិត​សង្គ្រោះ​អ្នក​ទាំង​ពីរ។ ចូរ​កុំ​ខ្លាច​អ្វី ដ្បិត​ព្រះជាម្ចាស់​តម្រូវ​នាង​ឲ្យ​ធ្វើ​ជា​ភរិយា​របស់​ប្អូន​តាំង​ពី​ដើម​រៀង​មក ហើយ​ប្អូន​នឹង​សង្គ្រោះ​នាង។ នាង​នឹង​តាម​ប្អូន ហើយ​ខ្ញុំ​ហ៊ាន​ធានា​អះ​អាង​ថា ប្អូន​នឹង​មាន​កូន​ជាមួយ​នាង ហើយ​ប្អូន​នឹង​ស្រឡាញ់​កូន​ទាំង​នោះ​យ៉ាង​ខ្លាំង! ចូរ​កុំ​ព្រួយ​បារម្ភ​ឡើយ! »។

១៩​ក្រោយ​ពី​បាន​ឮ ទេវទូត​រ៉ាផាអែល​មាន​ប្រសាសន៍​ដូច្នេះ​ហើយ និង​ដឹង​ថា​នាង​សារ៉ា​ជា​ជន​រួម​ជាតិ និង​ជា​ញាតិ​សន្តាន​របស់​ឪពុក លោក​តូប៊ីយ៉ា​ក៏​ចាប់​ចិត្ត​ស្រឡាញ់​នាង​យ៉ាង​ខ្លាំង។

​ជំពូកទី ៧

លោក​តូប៊ីយ៉ា​រៀប​អាពាហ៍ពិពាហ៍
១​ពេល​លោក​តូប៊ីយ៉ា​ចូល​ក្រុង​អែកបាតាន គាត់​មាន​ប្រសាសន៍​ថា៖ បង​អសារីយ៉ា! សូម​នាំ​ប្អូន​ទៅ​ផ្ទះ​លោក​រ៉ាគូអែល ជា​សាច់​ញាតិ​របស់​យើង​ភ្លាម​ទៅ!»។ ទេវ​ទូត​នាំ​គាត់​ទៅ​ផ្ទះ​លោក​រ៉ាគូអែល ឃើញ​លោក​អង្គុយ​នៅ​មាត់​ទ្វារ​ទីធ្លា ហើយ​ក៏​នាំ​គ្នា​ជម្រាប​សួរ​លោក។ លោក​ជម្រាប​សួរ​អ្នក​ទាំង​ពីរ​វិញ៖ «ជម្រាប​សួរ​ក្មួយ!»។ លោក​ក៏​នាំ​អ្នក​ទាំង​ពីរ​ចូល​ក្នុង​ផ្ទះ។ ២​គាត់​ប្រាប់​អ្នក​ស្រី​អេដណា​ជា​ភរិយា​ថា៖ «យុវជន​នេះ​មុខ​ដូច​តូប៊ីត​បេះ​បិទ! »។ ៣​អ្នក​ស្រី​អេដណា​សួរ​អ្នក​ទាំង​ពីរ​ថា៖តើ​ទាំង​ពីរ​មក​ពីណា? »។ គេ​ឆ្លើយ​ថា៖ «យើង​ជា​កុលសម្ព័ន្ធ​ណែបថាលី ដែល​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ក្រុង​នីនីវេ»។ ៤​នាង​សួរ​ពួក​គេ​ថា «តើ​ប្អូន​ទាំង​ពីរ​មាន​ស្គាល់​លោក​បង​តូប៊ីត​ឬ​ទេ?»។ ពួក​គេ​តប​ថា៖ «បាទ​អ្នក​ស្រី! យើង​ស្គាល់» ៥​នាង​សួរ​ថា៖ «តើ​គាត់​សុខ​សប្បាយ​ឬទេ?»។ ពួក​គេ​ឆ្លើយ​ថា៖ «បាទ​អ្នក​ស្រី! គាត់​សុខ​សប្បាយ​ជា​ទេ! គាត់​នៅ​មាន​ជីវិត​នៅ​ឡើយ!»។ រួច​លោក​តូប៊ីយ៉ា​ពោល​ឡើង​ថា៖ «លោក​ឪពុក​របស់​ខ្ញុំ​ទេ​តើ! ៦​លោក​រ៉ាគូអែល​ក្រោក​ឈរ​ឡើង ស្ទុះ​ទៅ​អោប​តូប៊ីយ៉ា​ហើយ​សម្រក់​ទឹក​ភ្នែក។ បន្ទាប់​មក​លោក​ពោល​ថា៖ «សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​កូន! កូន​មាន​ឪពុក​ដ៏​ល្អ​ប្រសើរ! គួរ​ឲ្យ​ស្ដាយ​ណាស់ មនុស្ស​សុចរិត​ដូច​គាត់ ជា​អ្នក​ដែល​ធ្វើ​បុណ្យ​ទាន​យ៉ាង​ច្រើន បែរ​ជា​ក្លាយ​ខ្លួន​ជា​មនុស្ស​ខ្វាក់​ដូច្នេះ»។ ហើយ​គាត់​អោប​តូប៊ីយ៉ា រួច​យំ។ ៧​នាង​អេដណា​ជា​ភរិយា​ក៏​យំ​អាណិត​លោក​តូប៊ីត រីឯ​នាង​សារ៉ា​ជា​កូន​របស់​លោក​ក៏​យំ​ដែរ។ ៨​ក្រោយ​មក លោក​រ៉ាគូអែល​សម្លាប់​ចៀម​ឈ្មោល​មួយ ដើម្បី​ធ្វើ​ម្ហូប​ទទួល​អ្នក​ទាំង​ពីរ​យ៉ាង​រាក់​ទាក់។ ៩​កាល​អ្នក​ទាំង​ពីរ​ងូត​ទឹក និង​ធ្វើ​ពិធី​ជម្រះ​កាយ​រួច ពួកគេ​អង្គុយ​រួម​តុ​ជាមួយ​គ្នា។ លោក​តូប៊ីយ៉ា​ប្រាប់​ទេវ​ទូត​រ៉ាផាអែល​ថា៖ «បង​អសារីយ៉ា! សូម​ស្ដី​ដណ្ដឹង​នាង​សារ៉ា​ជា​សាច់​ញាតិ​ខ្ញុំ ពី​លោក​រ៉ាគូអែល​មក!»។ ១០​លោក​រ៉ាគូ​អែល​ឮ​ពាក្យ​នេះ​ហើយ ប្រាប់​យុវជន​តូប៊ីយ៉ា​ថា៖ «អញ្ជើញ​ពិសា​សាច់ និង​ស្រា! ចូរ​សប្បាយ​ក្នុង​រាត្រី​នេះ ព្រោះ​មាន​តែ​ក្មួយ​ឯង​ទេ ដែល​អាច​រៀបការ​ជាមួយ​សារ៉ា​កូន​ស្រី​អ៊ំ​បាន! ក្រៅ​ពី​ក្មួយ គ្មាន​នរណា​ មាន​សិទ្ធិ​ដណ្ដឹង​នាង​បាន​ឡើយ! សូម្បី​តែ​អ៊ំ​ ក៏​អ៊ំ​គ្មាន​សិទ្ធិ​លើក​នាង​ឲ្យ​នរណា​ផ្សេង ក្រៅ​ពី​ក្មួយ​ដែរ​ ព្រោះ​ក្មួយ​ជា​សាច់​ញាតិ​ជិត​ជាង​គេ។ ប៉ុន្តែ អ៊ំ​ត្រូវ​តែ​ប្រាប់​ពី​សេចក្ដី​ពិត​សព្វ​គ្រប់​ឲ្យ​ក្មួយ​បាន​ដឹង។ ១១​អ៊ំ​បាន​លើក​កូន​ស្រី​អ៊ំ​ឲ្យ​ទៅ​ជន​ជាតិ​អ៊ីស្រាអែល​ចំនួន​ប្រាំពីរ​នាក់​រួច​ទៅ​ហើយ ប៉ុន្តែ បុរស​ទាំង​នោះ​បាត់​បង់​ជីវិត នៅ​ពេល​យប់​ដែល​គេ​បម្រុង​នឹង​រួម​បវេណី​ជាមួយ​នាង។ ឥឡូវ​នេះ​ចូរ​ក្មួយ​បរិភោគ​សាច់ និង​ស្រា​ទាំង​នេះ​ទៅ! ព្រះ​អម្ចាស់​មុខ​ជា​ជួយ​កូន​ទាំង​ពីរ​មិន​ខាន»។ ១២​លោក​តូប៊ីយ៉ា​តប​ថា៖ «ក្មួយ​មិន​ព្រម​ទទួល​ទាន​សាច់ និង​ស្រា​នៅ​ទីនេះ មុន​ពេល​លោក​អ៊ំ​សម្រេច​រឿង​នេះ​ឡើយ!»។ លោក​រ៉ាគូអែល​មាន​ប្រសាសន៍​ថា៖ «យល់​ព្រម! អ៊ំ​នឹង សម្រេច»។ នាង​ជា​ភរិយា​របស់​ក្មួយ ស្រប​តាម​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ គឺ​ព្រះជាម្ចាស់​បាន​សម្រេច​លើក​នាង​ឲ្យ​ក្មួយ។ ដូច្នេះ​ចូរ​ក្មួយ​ទទួល​នាង​ធ្វើ​ជា​ភរិយា​ចុះ។ តាំង​ពី​ពេល​នេះ​ត​ទៅ ក្មួយ​ជា​ស្វាមី​របស់​នាង ហើយ​នាង​ក៏​ជា​ភរិយា​របស់​ក្មួយ។ ព្រះជាម្ចាស់​ប្រទាន​នាង​ឲ្យ​ក្មួយ​ចាប់​តាំង​ពី​ពេល​នេះ​រហូត​ត​រៀង​ទៅ។ ព្រះជាម្ចាស់​នៃ​ស្ថាន​បរម​សុខ នឹង​ប្រោស​ឲ្យ​កូន​ទាំង​ពីរ​បាន​សុខ​ស្រួល ក្នុង​យប់​នេះ សូម​ព្រះ​អង្គ​អាណិត​មេត្តា និង​ប្រទាន​សេចក្ដី​សុខ​សាន្ត​ ដល់​កូន​ទាំង​ពីរ»។ ១៣ លោក​រ៉ាគូអែល​ហៅ​នាង​សារ៉ា​ ជា​កូន​មក។ កាល​នាង​មក​ដល់ លោក​រ៉ាគូអែល​ចាប់​ដៃ​កូន​ស្រី នាំ​ទៅ​រក​លោក​តូប៊ីយ៉ា ទាំង​ពោល​ថា៖ «ចូរ​ក្មួយ​ទទួល​នាង​ធ្វើ​ជា​ភរិយា ដើម្បី​ឲ្យ​ស្រប​តាម​ធម្មវិន័យ និង​ស្រប​តាម​សេចក្ដី​សម្រេច ដែល​ចែង​ទុក្ខ​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ​ចុះ។ ចូរ​ទទួល​នាង​ហើយ​នាំ​យក​នាង​ទៅ​ផ្ទះ​ឪពុក​របស់​ក្មួយ​ឲ្យ​បាន​សេចក្ដី​សុខ​សាន្ត​ចុះ។ សូម​ព្រះ​នៃ​ស្ថាន​បរម​សុខ ដឹក​នាំ​កូន​ទាំង​ពីរ​ ឲ្យ​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត»។ ១៤ បន្ទាប់​មក លោក​ហៅ​ម្ដាយ​របស់​នាង​សារ៉ា ហើយ​ឲ្យ​យក​ក្រដាស និង ស្លាប​ប៉ាកា​មក​សរសេរ។ គាត់​ធ្វើ​លិខិត​ចុះ​កិច្ច​សន្យា​អាពាហ៍​ពិពាហ៍ ដើម្បី​បញ្ជាក់​ថា គាត់​ពិត​ជា​លើក​កូន​ស្រី​របស់​គាត់ ឈ្មោះ​នាង​សារ៉ា ឲ្យ​ធ្វើ​ជា​ភរិយា​របស់​លោក​តូប៊ីយ៉ា ស្រប​តាម​ក្រឹត្យ​ដែល​មាន​ចែង​ក្នុង​វិន័យ​របស់​លោក​ម៉ូសេ ចាប់​ពី​ពេល​នេះ​តទៅ។ បន្ទាប់​មក ទើប​ពួក​គេ​ចាប់​ផ្ដើម​បរិភោគ​អាហារ និង​ស្រា។

យប់​ផ្សំ​ដំណេក
១៥​លោក​រ៉ាគូអែល​ហៅ​នាង​អេដណា​ជា​ភរិយា​មក​ហើយ​ប្រាប់​ថា៖ «ចូរ​រៀប​ចំ​បន្ទប់​មួយ​ទៀត ហើយ​នាំ​សារ៉ា​កូន​របស់​យើង ​ចូល​ក្នុង​បន្ទប់​នោះ​ទៅ! »។ ១៦​នាង​អេដណា​ទៅ​រៀប​ចំ​គ្រែ​ក្នុង​បន្ទប់ តាម​បង្គាប់​របស់​ប្ដី។ គាត់​នាំ​កូន​ស្រី​ទៅ ហើយ​យំ​អាណិត​នាង រួច​គាត់​ជូត​ទឹក​ភ្នែក ពោល​ទៅ​កូន​ស្រី​ថា៖ «កូន​ស្រី​អើយ! ចូរ​ក្លាហាន​ឡើង​ណា​កូន! សូម​ព្រះ​អម្ចាស់​នៃ​ស្ថាន​បរម​សុខ​ ប្រែ​ទុក្ខ​ព្រួយ របស់​កូន​ទៅ​ជា​អំណរ​សប្បាយ! ចូរ​ក្លាហាន​ឡើង​ណា​កូន​ស្រី​អើយ!»។ បន្ទាប់​មក គាត់​ក៏​ដើរ​ចេញ​ទៅ។

ជំពូកទី ៨​

១​ពេល​បរិភោគ​អាហារ​និង​ស្រា​រួច​ហើយ ​គេ​ក៏​ចង់​ទៅ​សម្រាក។ គេ​នាំ​យុវជន​តូប៊ីយ៉ា​ចូល​ក្នុង​បន្ទប់។ ២​ពេល​នោះ​លោក​តូប៊ីយ៉ា​នឹក​ឃើញ​ដល់​ពាក្យ​របស់​ទេវទូត​រ៉ាផាអែល​គាត់​ក៏​យក​ថ្លើម និង​បេះ​ដូង​ត្រី ចេញ​ពី​ថង់​មក​ដាក់​លើ​រងើក​ភ្លើង ក្នុង​ចាន​សម្រាប់​ដុត​គ្រឿង​ក្រអូប។ ៣​ក្លិន​ត្រី​ឃាត់​អារក្ខ​មិន​ឲ្យ​ចូល ​ហើយ​វា​ក៏​រត់​ចេញ​តាម​អាកាសវេហាស៍ រហូត​ដល់​ស្រុក​អេស៊ីប។ ទេវទូត​រ៉ាផាអែល​ដេញ​តាម​ទៅ​ដល់​ស្រុក​នោះ​ដែរ បង្ក្រាប​វា ហើយ​ចាប់​ចង​វា​ភ្លាម។ ៤​បន្ទាប់​មក គេ​ទុក​លោក​តូប៊ីយ៉ា​នៅ​ក្នុង​បន្ទប់ គេ​ក៏​នាំ​គ្នា​ចេញ ហើយ​បិទ​ទ្វារ។ លោក​តូប៊ីយ៉ា​ចុះ​ពី​គ្រែ ហើយ​ពោល​ទៅ​កាន់​នាង​សារ៉ា​ថា៖ «ចូរ​ក្រោក​ឡើង​អូន​អើយ! យើង​នាំ​គ្នា​អធិដ្ឋាន ទូល​អង្វរ​ព្រះ​អម្ចាស់​នៃ​យើង ព្រះ​អង្គ​អាណិត​មេត្តា និង​សង្គ្រោះ​យើង​ផង!»។ ៥​នាង​ក្រោក​ឡើង​ ហើយ​អ្នក​ទាំង​ពីរ​នាំ​គ្នា​អធិដ្ឋាន​ទូល​អង្វរ​ព្រះជាម្ចាស់ សូម​ព្រះ​អង្គ​សង្គ្រោះ​ពួក​គេ។ លោក​តូប៊ីយ៉ា​ទូល​អង្វរ​ថា៖ «បពិត្រ​ព្រះជាម្ចាស់​នៃ​បុព្វ​បុរស​របស់​យើង​ខ្ញុំ! យើង​ខ្ញុំ​សូម​លើក​តម្កើង​ព្រះ​អង្គ! សូម​ឲ្យ​មនុស្ស​គ្រប់​ជំនាន់ ក្រោយៗ​ទៀត នាំ​គ្នា​លើក​តម្កើង​ព្រះ​នាម​របស់​ព្រះ​អង្គ​ ជា​ដរាប​ត​រៀង​ទៅ។ សូម​ឲ្យ​ផ្ទៃ​មេឃ​និង​អ្វី​ៗ​សព្វ​សារ​ពើ​នៅ​លើ​ផែន​ដី​នេះ នាំ​គ្នា​លើក​តម្កើង​ព្រះ​អង្គ អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ! ៦​ព្រះ​អង្គ​បាន​បង្កើត​លោក​អដាំ ហើយ​ព្រះ​អង្គ​ក៏​បាន​បង្កើត​នាង​អេវ៉ា​ជា​ភរិយា​ឲ្យ​ជួយ និង​បាន​ជា​គ្នា គឺ​អ្នក​ទាំង​ពីរ​នេះ​ហើយ ដែល​ផ្ដល់​កំណើត​ឲ្យ​មនុស្ស​ជាតិ។ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា៖« បើ​មនុស្ស​ប្រុស​នៅ​តែ​ឯង​ដូច្នេះ មិន​ស្រួល​ទេ! យើង​នឹង​បង្កើត​ម្នាក់​ទៀត​ឲ្យ​ជួយ និង​បាន​ជា​គ្នា។ ៧​ បពិត្រ​ព្រះ​អម្ចាស់ ឥឡូវ​នេះ ខ្ញុំ​រៀប​ការ​ជាមួយ​នាង មិន​មែន​មាន​បំណង​បំពេញ​តណ្ហា​ទេ គឺ​ដើម្បី​ឲ្យ​ស្រប​តាម​ធម្មវិន័យ! ហេតុនេះ​សូម​ទ្រង់​ព្រះ​មេត្តា​អាណិត​អាសូរ​ដល់​យើង​ខ្ញុំ​ទាំង​ពីរ​នាក់! សូម​ឲ្យ​យើង​ខ្ញុំ​ទាំង​ពីរ​នាក់ បាន​រស់​នៅ​ជាមួយ​គ្នា​រហូត​ដល់​ចាស់​ជរា​ផង! »។ ៨​បន្ទាប់មក​អ្នក​ទាំង​ពីរ​ឆ្លើយ​ព្រម​គ្នា​ថា៖ «អាម៉ែន! អាម៉ែន! » ៩ ហើយ​ក៏​រួម​ដំណេក​ជាមួយ​គ្នា នៅ​យប់​នោះ​ទៅ។ ១០​រីឯ លោក​រ៉ាគូអែល​ក្រោក​ឡើង ហើយ​ប្រមូល​អ្នក​បម្រើ​របស់​គាត់​ដើម្បី​ទៅ​ជីក​រណ្ដៅ ដ្បិត​លោក​រ៉ាគូអែល​នឹក​ថា៖ «ប្រសិន​បើ​ក្មួយ​របស់​យើង​ស្លាប់ គេ​មុខ​ជា​សើច​ចំអក​និង​ជេរ​ប្រមាថ​យើង​មិន​ខាន! »។ ១១​កាល​ពួក​អ្នក​បម្រើ​ជីក​រណ្ដៅ​រួច លោក​រ៉ាគូអែល​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ហៅ​ភរិយា។ ១២មក​ប្រាប់​ថា៖ «ចូរ​ចាត់​អ្នក​បម្រើ​ស្រី​ម្នាក់​ទៅ​បន្ទប់​នេះ​មើល តើ​តូប៊ីយ៉ា​នៅ​មាន​ជីវិត ឬ​យ៉ាង​ណា? ប្រសិន​បើ​តូប៊ីយ៉ា​ស្លាប់​មែន យើង​អាច​យក​សព​របស់​គេ​ទៅ​កប់​ទាំង​យប់ កុំ​ឲ្យ​នរណា​ម្នាក់​ដឹង​ឡើយ»។ ១៣​លោក​ទាំង​ពីរ​ហៅ​ស្រី​បម្រើ​ម្នាក់​មក​អុជ​ចង្កៀង ហើយ​បើក​ទ្វារ​បន្ទប់។ ស្រី​នោះ​ចូល​ទៅ ឃើញ​អ្នក​ទាំង​ពីរ​កំពុង​តែ​ដេក​លង់​លក់​ជាមួយ​គ្នា។ ១៤​នាង​ចេញ​ទៅ​ជម្រាប​ថា៖ «គាត់​នៅ​មាន​ជីវិត! អ្វីៗ​ទាំង​អស់​ក៏​ស្រួល​បួល​ដែរ!»។ ១៥​ពេល​នោះ គេ​នាំ​គ្នា​លើក​តម្កើង​ព្រះជាម្ចាស់​នៃ​ស្ថាន​បរម​សុខ​ដោយ​ពោល​ថា៖ «បពិត្រ​ព្រះជាម្ចាស់! សូម​ឲ្យ​អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ​ទាំង​អស់ លើក​តម្កើង​ព្រះ​អង្គ អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ! ១៦ សូម​លើក​តម្កើង​ព្រះ​អង្គ ដែល​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​បាន​ពោរ​ពេញ​ដោយ​អំណរ​បរិបូណ៌! ដ្បិត​គ្មាន​រឿង​អ្វី​កើត​ឡើង​ដូច​ខ្ញុំ​នឹក​ស្មាន​នោះ​ឡើយ។ ប៉ុន្តែ​ព្រះ​អង្គ​បាន​ប្រោស​យើង​ខ្ញុំ ស្រប​តាម​ព្រះ​ហឫទ័យ​មេត្តា​ករុណា​ដ៏​លើស​លប់​របស់​ព្រះ​អង្គ។ ១៧​សូម​លើក​តម្កើង​ព្រះ​អង្គ ដែល​អាណិត​មេត្តា​ដល់​កូន​ទោល​ទាំង​ពីរ​នាក់​របស់​យើង​ខ្ញុំ​នេះ។ បពិត្រ​ព្រះជាម្ចាស់! សូម​ព្រះ​អង្គ​សម្ដែង​ព្រះ​ហឫទ័យ​មេត្តា​ករុណា សង្គ្រោះ​កូន​ទាំង​ពីរ​នាក់​នេះ! និង​សូម​ព្រះ​អង្គ​ប្រណី​សន្ដោស​ដល់​គេ ឲ្យ​មាន​អំណរ​សប្បាយ​ផង» ១៨​លោក​រ៉ាគូអែល បង្គាប់​ពួក​អ្នក​បម្រើ​ឲ្យ​លុប​រណ្ដៅ​មុន​ពេល​ថ្ងៃ​រះ។

ពិធីជប់លៀង​ក្នុង​ពេល​រៀប​អាពាហ៍ពិពាហ៍
១៩​លោក​រ៉ាគូអែល​ប្រាប់​ភរិយា ឲ្យ​រៀបចំ​អាហារ​យ៉ាង​បរិបូណ៌ រួច​គាត់​ដើរ​សំដៅ​ទៅ​ហ្វូង​សត្វ ហើយ​ចាប់​គោ​ពីរ​ក្បាល និង​ចៀម​ឈ្មោល​បួន​ក្បាល ឲ្យ​គេ​កាប់​យក​សាច់​ធ្វើ​ម្ហូប។ ពួក​គេ​រៀប​ចំ​ពិធី​មង្គល​ការ។ ២០​លោក​រ៉ាគូអែល​ហៅ​លោក​តូប៊ីយ៉ា​ហើយ​ប្រកាស​ថា៖ «ក្នុង​អំឡុង​ពេល​ដប់​បួន​ថ្ងៃ​កូន​មិន​ត្រូវ​ចេញ​ពី​នេះ​ទេ ! ត្រូវ​បរិភោគ​អាហារ​និង​ស្រា​នៅ​ផ្ទះ​អ៊ំ ហើយ​ធ្វើ​ឲ្យ​កូន​ស្រី​អ៊ំ មាន​អំណរ​សប្បាយ​ឡើង​វិញ ព្រោះ​នាង​មាន​ទុក្ខ​ព្រួយ​នៅ​ឡើយ។ ២១​ចាប់​ពី​ពេល​នេះ​ទៅ​អ៊ំ​ចែក​ទ្រព្យ​សម្បត្តិ​របស់​អ៊ំ ចំនួន​ពាក់​កណ្ដាល​ឲ្យ​កូន ហើយ​កូន​ត្រឡប់​ទៅ​ជួប​ឪពុក​របស់​កូន​វិញ ដោយ​សុខ​សាន្ត​ចុះ ! ពេល​អ៊ំ​និង​អ៊ំ​ស្រី​ចែក​ស្ថាន​ទៅ ទ្រព្យ​សម្បត្តិ​ចំនួន​ពាក់​កណ្ដាល​ទៀត ដែល​នៅ​ក្នុង​ផ្ទះ​នេះ​នឹង​ទៅ​ជា​កម្មសិទ្ធិ​របស់​កូន​ទាំង​ពីរ​ដែរ។ កូន​អើយ ! ចូរ​ក្លាហាន​ឡើង ! អ៊ំ​ជា​ឪពុក​របស់​កូន ហើយ​នាង​អេដណា ក៏​ជា​ម្ដាយ​របស់​កូន​ដែរ។ តាំង​ពី​ពេល​នេះ​ទៅ យើង​ជាប់​ចិត្ត​នឹង​កូន​ទាំង​ពីរ​ជា​រៀង​រហូត ! ចូរ​ក្លាហាន​ឡើង​កូន​អើយ ! »។

​ជំពូកទី ៩

លោក​តូប៊ីយ៉ា​ទទួល​ប្រាក់​ជា​បញ្ញើ
១​ពេល​នោះ លោក​តូប៊ីយ៉ា​ហៅ​ទេវទូត​រ៉ាផា​អែល​មក​ប្រាប់​ថា៖ ២«បង​អសារី​យ៉ា! សូម​យក​អ្នក​បម្រើ​បួន​នាក់ និង​អូដ្ឋ​ពីរ​ក្បាល​ទៅ​ផ្ទះ​លោក​កាបាអែល នៅ​ក្រុង​រ៉ាកែស សូម​បង​យក​សំបុត្រ​ផ្ញើ​ប្រាក់​ជូន​គាត់ ហើយ​ទទួល​យក​ប្រាក់​នោះ​មក​វិញ រួច​ចូរ​នាំ​លោក កាបាអែល​មក​ជាមួយ​បង​ផង ដើម្បី​ចូល​រួម​ពិធី​មង្គល​ការ។ ៣​បង​ដឹង​ស្រាប់​ហើយ​ថា ឪពុក​ខ្ញុំ​មុខ​ជា​ទន្ទឹង​មើល​ផ្លូវ​ខ្ញុំ​ត្រឡប់​ទៅ​វិញ។ ប្រសិន​បើ​ខ្ញុំ​យឺត​តែ​មួយ​ថ្ងៃ​នោះ​ខ្ញុំ​មុខ​ជា​ ធ្វើ​ឲ្យ​គាត់​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​មិន​ខាន។ ៤ ម៉្យាង​ទៀត​បង​ជ្រាប​ហើយ​ថា អ៊ំ​រ៉ាគូអែល​បាន​ស្បថ​ស្បែ មិន​ឲ្យ​ខ្ញុំ​ចាក​ចេញ​ពី​ផ្ទះ​គាត់​ឡើយ។ ហេតុ​នេះ​ខ្ញុំ​មិន​អាច​បំពាន​ពាក្យ​សម្បថ​របស់​គាត់​បាន​ទេ!»។ ៥​ទេវទូត​រ៉ាផាអែល​នាំ​អ្នក​បម្រើ​បួន​នាក់ និង​អូដ្ឋ​ពីរ​ក្បាល​ចេញ​ទៅ​ក្រុង​រ៉ាកែស នៅ​ស្រុក​ម៉ែដ ហើយ​ស្នាក់​នៅ​ផ្ទះ​លោក​កាបាអែល​មួយ​យប់។ គាត់​ប្រគល់​សំបុត្រ​ព្រមព្រៀង​ផ្ញើ​ប្រាក់ និង​ជម្រាប​លោក​អំពី​លោក​តូប៊ីយ៉ា​ ជា​កូន​លោក​តូប៊ីត ដែល​បាន​រៀប​ការ ហើយ​អញ្ជើញ​លោក ទៅ​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​នោះ​ផង។ លោក​កាបាអែល​រាប់​ថង់ ដែល​មាន​បិទ​ត្រា​ហើយ​យក​ថង់​ប្រាក់​ទាំង​នោះ​ដាក់​លើ​ខ្នង​អូដ្ឋ។ ៦​រួច​គេ​នាំគ្នា​ចេញ​ដំណើរ​ទៅ​តាំង​ពី​ព្រលឹម ដើម្បី​ចូល​រួម​ក្នុង​ពិធី​អាពាហ៍​ពិពាហ៍។ ពួកគេ​ចូល​ទៅ​ដល់​ផ្ទះ​លោក​រ៉ាគូអែល ហើយ​ជួប​លោក​តូប៊ីយ៉ា​អង្គុយ​រួម​តុ​ជាមួយ​គ្នា។ គាត់​ស្ទុះ​ក្រោក​ឡើង ហើយ​ជម្រាប​សួរ​លោក​កាបាអែល។ លោក​កាបាអែល​យំ​ហើយ​ជូន​ពរ​លោក​តូប៊ីត​ដូច​តទៅ៖ «កូន​ដ៏​ប្រពៃ​របស់​មនុស្ស​ម្នាក់​ដ៏​ប្រសើរ​ដែល​សុចរិត និង​ចិត្ត​ល្អ! សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ពី​ស្ថាន​បរម​សុខ មក​ក្មួយ​មក​ប្រពន្ធ​របស់​ក្មួយ មក​ឪពុក​ម្ដាយ​របស់​ប្រពន្ធ​ក្មួយ​ផង! សូម​លើក​តម្កើង​ព្រះជាម្ចាស់ ដ្បិត​ខ្ញុំ​បាន​ឃើញ​កូន​គាត់ ក៏​ដូច​ជា​ខ្ញុំ​បាន​ឃើញ​បង​តូប៊ីត​ផ្ទាល់​ដែរ»។

ជំពូកទី ១០

លោក​តូប៊ីត​និង​អ្នក​ស្រី​ហាណ្ណា​រង់ចាំ​កូន​ត្រឡប់​មក​វិញ
១​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ លោក​តូប៊ីត​អង្គុយ​រាប់​ចំនួន​ថ្ងៃ ដែល​កូន​ធ្វើ​ដំណើរ​ទៅ និង​ថ្ងៃ​ដែល​កូន​ត្រូវ​ត្រឡប់​មក​វិញ។ កាល​ចំនួន​ថ្ងៃ​ទាំង​នោះ​ បាន​កន្លង​ផុត​ទៅ​ហើយ នៅ​តែ​មិន​ទាន់​ឃើញ​ កូន​ត្រឡប់​មក​វិញ​ទៀត។ ២ គាត់​នឹក​គិត​ថា «ប្រហែល​ជា​គេ​ឃាត់​វា​នៅ​ទី​នោះ​ទេ​ដឹង? ឬ​ប្រហែល​ជា​លោក​កាបាអែល​ស្លាប់ ហើយ​គ្មាន​នរណា​អាច​ប្រគល់​ប្រាក់​ឲ្យ​វា​ទេ​ មើល​ទៅ?» ៣​គាត់​ចាប់​ផ្ដើម​ព្រួយ​បារម្ភ។ ៤​អ្នក​ស្រី​ហាណ្ណា​ជា​ភរិយា​ពោល​ថា៖ ៥«កូន​ខ្ញុំ​ស្លាប់​ហើយ! វា​មិន​រស់​ទៀត​ទេ!» អ្នក​ស្រី​ចាប់​ផ្ដើម​យំ​និង រៀប​រាប់​អាណិត​កូន ដោយ​ប្រាប់​ថា៖ «កូន​អើយ! ម្ដាយ​ត្រូវ​តែ​កើត​ទុក្ខ​វេទនា! ម្ដាយ​បណ្ដោយ​ឲ្យ​កូន​ដែល​ជា​កែវ​ភ្នែក​របស់​ម្ដាយ​ ចាក​ចេញ​ទៅ!»។ ៦ លោក​តូប៊ីត​និយាយ​តប​ទៅ​គាត់​ថា៖ «នៅ​ឲ្យ​ស្ងៀម​ម៉ែ​វា! កុំ​ព្រួយ​បារម្ភ​អ្វី! កូន​យើង​សុខ​សប្បាយ​ទេ! ពួក​គេ​ទាំង​ពីរ​មុខ​ជា​ជួប​ឧប​សគ្គ​អ្វី​មួយ​នៅ​ទី​នោះ​ហើយ ព្រោះ​អ្នក​ដែល​ធ្វើ​ដំណើរ​ជាមួយ​វា ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត និង​ជា​សាច់​ញាតិ​របស់​យើង​ទៀត។ កុំ​បារម្ភ​ពី​កូន​អី! បន្តិច​ទៀត កូន​យើង​មុខ​ជា​ត្រឡប់​មក​វិញ​មិន​ខាន!»។ ៧​ប៉ុន្តែ អ្នក​ស្រី​ឆ្លើយ​ថា៖ «កុំ​មាន​ប្រសាសន៍​ទៀត! សូម​ឈប់​និយាយ​កុហក​ខ្ញុំ​ទៅ! កូន​ខ្ញុំ​បាត់​បង់​ជីវិត​ទៅ​ហើយ!»។ រៀង​រាល់​ថ្ងៃ អ្នក​ស្រី​ហាណ្ណា​តែង​រូត​រះ​ចេញ​ពី​ផ្ទះ​តាំង​ពី​ព្រលឹម ទៅ​សម្លឹង​មើល​ផ្លូវ​ដែល​កូន​របស់​គាត់​ចាក​ចេញ​ទៅ ដ្បិត​គាត់​មិន​ទុក​ចិត្ត​នរណា​ទាល់​តែ​សោះ។ ពេល​ថ្ងៃ​លិច​ទើប​គាត់​ចូល​ផ្ទះ​វិញ ហើយ​យំ​សោក​សៅ​ពេញ​មួយ​យប់​សម្រាន្ត​មិន​លក់​សោះ។ ៨​លុះ​ពិធី​រៀប​មង្គល​ការ​កូន​ស្រី​របស់​លោក​រ៉ាគូអែល​ក្នុង​រយៈ​ពេល​ដប់​បួន​ថ្ងៃ តាម​ពាក្យ​សម្បថ​របស់​លោក​ បាន​ចប់​សព្វ​គ្រប់​ហើយ លោក​តូប៊ីយ៉ា​ ទៅ​ជម្រាប​លោក​រ៉ាគូអែល​ថា៖ «សូម​លោក​ឪពុក​មេត្តា​អនុញ្ញាត​ ឲ្យ​កូន​ចាក​ចេញ​ទៅ​ផ្ទះ​របស់​ឪពុក​កូន​វិញ ដ្បិត​កូន​ដឹង​ច្បាស់​ថា ឪពុក​ម្ដាយ​របស់​កូន មុខ​ជា​អស់​សង្ឃឹម​ថា​បាន​ជួប​មុខ​កូន​ទៀត​ហើយ!។ ហេតុ​នេះ សូម​លោក​ឪពុក​មេត្តា​អនុញ្ញាត​ឲ្យ​កូន​ត្រឡប់​ ទៅ​ផ្ទះ​របស់​ឪពុក​​កូន​ផង! ដូច​កូន​ធ្លាប់​បាន​រៀប​រាប់ អំពី​សភាព​រស់​នៅ​របស់​ឪពុក​កូន ជូន​លោក​ឪពុក​ជ្រាប​ស្រាប់​ហើយ!»។ ៩ប៉ុន្តែ លោក​រ៉ាគូអែល​ប្រាប់​លោក​តូប៊ីយ៉ា​ថា៖ «កូន​អើយ! ចូរ​នៅ​ទី​នេះ​ជាមួយ​ឪពុក​ហើយ! ពុក​នឹង​ចាត់​អ្នក​នាំ​សារ ឲ្យ​យក​ដំណឹង​នេះ ទៅ​ប្រាប់​ឪពុក​របស់​កូន»។ លោក​តូប៊ីយ៉ា​តប​ថា៖ «ទេ! សូម​លោក​ឪពុក​មេត្តា​អនុញ្ញាត​ឲ្យ​កូន​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​របស់​កូន​វិញ​ផង!»។ ១០​ពេល​នោះ លោក​រ៉ាគូអែល​ប្រគល់​នាង​សារ៉ា​ជា​ភរិយា​ទៅ​ឲ្យ​លោក​តូប៊ីយ៉ា ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ចំនួន​ពាក់​កណ្ដាល​របស់​លោក​ អ្នក​បម្រើ​ប្រុស​ស្រី​ គោ​ចៀម​ លា​ អូដ្ឋ​ សម្លៀក​បំពាក់​ មាស ប្រាក់ និង​របស់​របរ​ផ្សេងៗ​ទៀត​ជាច្រើន។ ១១​លោក​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​ចាក​ចេញ​ទៅ ទាំង​សប្បាយ​រីក​រាយ។ លោក​ជូន​ពរ​លោក​តូប៊ីយ៉ា​ដូច​តទៅ៖ «សូម​ឲ្យ​កូន​មាន​សុខ​ភាព​ល្អ! កូន​អើយ សូម​ធ្វើ​ដំណើរ​ទៅ​ដោយ​សុវត្តិភាព! សូម​ព្រះ​អម្ចាស់​នៃ​ស្ថាន​បរម​សុខ​ដឹក​នាំ​កូន និង​នាង​សារ៉ា​ជា​ភរិយា​របស់​កូន​ផង! សូម​ឲ្យ​ពុក​អាច​ឃើញ​មុខ​ចៅ មុន​ពេល​ពុក​ចែក​ស្ថាន​ទៅ!»។ ១២​លោក​ពោល​ទៅ​កាន់​នាង​សារ៉ា​ជា​កូន​ស្រី​គាត់​ថា៖ «ចូរ​កូន​ទៅ​ផ្ទះ​ឪពុក​ក្មេក​របស់​កូន​ចុះ! តាំង​ពី​នេះ​តទៅ ឪពុក​ម្ដាយ​របស់​ប្ដី​កូន​ក៏​ដូច​ជា​ឪពុក​ម្ដាយ​បង្កើត​របស់​កូន​ដែរ។ ចូរ​ទៅ​ឲ្យ​បាន​សុខ​សាន្ត​ចុះ! កូន​ស្រី​អើយ! សូម​ឲ្យ​ពុក​ឮ​គេ​និយាយ​ល្អ​អំពី​កូន​ស្រី គ្រប់​ពេល​ដែល​ឪពុក​នៅ​មាន​ជីវិត»។ បន្ទាប់​មក គាត់​លើក​ដៃ​ជូន​ពរ​គេ​ហើយ​ឲ្យ​ពួក​គេ​ចាក​ចេញ​ទៅ។ ១៣​អ្នក​ស្រី​អេដណា​ពោល​ទៅ​កាន់​លោក​តូប៊ីយ៉ា​ថា៖ «កូន​ដ៏​ជា​ទី​ស្រឡាញ់! សូម​ព្រះ​អម្ចាស់​នាំ​កូន​ត្រឡប់​មក​វិញ! សូម​ព្រះ​អង្គ​ប្រោស​ប្រទាន​ឲ្យ​ម្ដាយ​មាន​អាយុ​វែង ដើម្បី​បាន​ឃើញ​មុខ​ចៅ មុន​នឹង​ម្ដាយ​ចែក​ស្ថាន​ទៅ។ ដោយ​មាន​ព្រះ​អម្ចាស់​ជា​សាក្សី​ម្ដាយ​សូម​ប្រគល់​កូន​ស្រី ឲ្យ​កូន​ថែ​រក្សា​នាង។ ចូរ​កូន​កុំ​ធ្វើ​ឲ្យ​នាង​ពិបាក​ចិត្ត​អស់​មួយ​ជីវិត​កូន​អើយ! សូម​អញ្ជើញ​ទៅ​ដោយ​សុខ​សាន្ត​ចុះ! ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ ម្ដាយ​គឺ​ជា​ម្ដាយ​របស់​កូន​ហើយ​នាង​សារ៉ា​ជា​ភរិយា​របស់​កូន។ សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​ជួប​តែ​សេចក្ដី​សុខ ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត ដូច​នៅ​ថ្ងៃ​នេះ!» រួច​គាត់​អោប​ថើប​កូន​ទាំង​ពីរ និង​ឲ្យ​គេ​ចេញ​ដំណើរ​ដោយ​សប្បាយ​រីក​រាយ។ ១៤​ដូច្នេះ​លោក​តូប៊ីយ៉ា​ចាក​ចេញ​ពី​ផ្ទះ​លោក​រ៉ាគូអែល​ទាំង​ចិត្ត​អំណរ​សប្បាយ និង​លើក​តម្កើង​ព្រះ​អម្ចាស់​នៃ​ផ្ទៃ​មេឃ និង​ផែន​ដី​គឺ​ជា​ព្រះ​មហា​ក្សត្រ​នៃ​ពិភព​ទាំង​មូល ព្រោះ​ព្រះ​អង្គ​បាន​ប្រោស​ឲ្យ​គាត់​ធ្វើ​ដំណើរ​ប្រកប​ដោយ​ជោគ​ជ័យ។ លោក​រ៉ាគូអែល​ប្រាប់​លោក​តូប៊ីយ៉ា​ថា៖ «សូម​ឲ្យ​កូន​មាន​អំណរ​សប្បាយ ដោយ​គោរព​បម្រើ​ឪពុក​ម្ដាយ​ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត»។

ជំពូកទី ១១

លោក​តូប៊ីត​បាន​ជា​សះស្បើយ
១​ពេល​ពួក​គេ​ធ្វើ​ដំណើរ ​មក​ជិត​ដល់​កាសេរិន​ នៅ​ក្បែរ​ក្រុង​នីនីវេ ទេវ​ទូត​រ៉ាផាអែល​ប្រាប់​លោក​តូប៊ីយ៉ា​ថា៖ ២«ប្អូន​ជ្រាប​ហើយ​ថា យើង​បាន​ទុក​ឪពុក​ឲ្យ​នៅ​ក្នុង​សភាព​ណា! ៣​ដូច្នេះ យើង​គួរ​នាំ​គ្នា​ទៅ​មុន ដើម្បី​រៀប​ចំ​ផ្ទះ​ទទួល​នាង​សារ៉ា​និង​អ្នក​ឯទៀត​ៗ​មក​តាម​ក្រោយ»។ ៤​អ្នក​ទាំង​ពីរ​ក៏​ទៅ។ ទេវទូត​រ៉ាផាអែល​ប្រាប់​លោក​តូប៊ីយ៉ា​ឲ្យ​យក​ប្រមាត់​ត្រី​ទៅ​ជាមួយ​ផង។ ឆ្កែ​ក៏​ដើរ​តាម​ពី​ក្រោយ​ពួក​គេ​ដែរ។ ៥​អ្នក​ស្រី​ហាណ្ណា​កំពុង​អង្គុយ​រង់​ចាំ​មើល​ផ្លូវ​កូន​ដែល​ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ។ ៦​​ពេល​គាត់​ឃើញ​កូន​មក គាត់​ស្រែក​ប្រាប់​លោក​តូប៊ីយ៉ា​ថា៖ «កូន​យើង​មក​ហើយ គឺ​មក​ជាមួយ​បុរស​ដែល​រួម​ដំណើរ​ជាមួយ!»។ ៧​មុន​ពេល​លោក​តូប៊ីយ៉ា​ទៅ​ដល់​ជិត​ឪពុក ទេវ​ទូត​រ៉ាផា​អែល​ប្រាប់​លោក​តូប៊ីយ៉ា​ថា៖ «បង​ដឹង​ច្បាស់​ថា​ភ្នែក​របស់​ឪពុក​ប្អូន​នឹង​ភ្លឺ​ឡើង​វិញ! ៨​ចូរ​យក​ប្រមាត់​ត្រី​ទៅ​ដាក់​លើ​ភ្នែក​របស់​គាត់​ទៅ។ ថ្នាំ​នេះ​នឹង​ធ្វើ​ឲ្យ​ស្បែក​សរ​លុប​បាត់។ ពេល​នោះ ភ្នែក​របស់​ឪពុក​ប្អូន​នឹង​ជា​សះ​ស្បើយ ហើយ​គាត់​នឹង​មើល​ឃើញ​ពន្លឺ​ជា​ថ្មី​ឡើង​វិញ»។ ៩​អ្នក​ស្រី​ហាណ្ណា​រត់​ទៅ​អោប​កូន ហើយ​ពោល​ថា៖ «ម្ដាយ​ឃើញ​កូន​ត្រឡប់​មក​វិញ ម្ដាយ​ត្រេក​អរ​ណាស់! កូន​សម្លាញ់​ម្ដាយ! ឥឡូវ​នេះ​ម្ដាយ​ស្លាប់​បិទ​ភ្នែក​ជិត​ហើយ!» គាត់​ក៏​យំ។ ១០​តូប៊ីត​ក៏​ក្រោក​ឡើង​ដែរ ហើយ​ដើរ​ចេញ​តាម​ទ្វារ​ទីធ្លា​ ទាំង​ពពីម​ពពើម។ ១១ លោក​តូប៊ីយ៉ា​ដើរ​តម្រង់​ទៅ​រក​ឪពុក ទាំង​កាន់​ប្រមាត់​ត្រី​ទៅ​ជាមួយ​ផង គាត់​ផ្លុំ​ដាក់​លើ​ភ្នែក​ឪពុក ហើយ​កាន់​ឪពុក​ជាប់​ទាំង​ពោល​ថា៖ «ពុក​អើយ! សូម​ក្លាហាន​ឡើង!»។ គាត់​ដាក់​ថ្នាំ​លើ​ភ្នែក​ឪពុក ហើយ​ទប់​ថ្នាំ​នោះ​ជាប់។ ១២​បន្ទាប់​មក យក​ដៃ​ទាំង​ពីរចាប់​បក​ស្បែក​ស​ពី​កន្ទុយ​ភ្នែក​នីមួយៗ​ចេញ។ ១៣​ពេល​នោះ លោក​តូប៊ីត​អោប​កូន​ទាំង​យំ ហើយ​មាន​ប្រសាសន៍​ថា៖ «ពុក​មើល​ឃើញ​កូន​ហើយ! កូន​អើយ! គឺ​កូន​ធ្វើ​ឲ្យ​ភ្នែក​របស់​ពុក​ភ្លឺ!» ១៤​គាត់​ពោល​ទៀត​ថា៖ «សូម​លើក​តម្កើង​ព្រះជាម្ចាស់! សូម​លើក​តម្កើង​ព្រះ​នាម​ដ៏​ប្រសើរ​ឧត្តុង្គ​ឧត្ដម​របស់​ព្រះ​អង្គ! សូម​លើក​តម្កើង​ពួក​ទេវទូត​របស់ ​ព្រះ​អង្គ​សូម​ព្រះ​នាម​ដ៏​ឧត្តុង្គ​ឧត្ដម​របស់​ព្រះ​អង្គ តាម​ថែ​រក្សា​ការពារ​យើង! សូម​លើក​តម្កើង​ពួក​ទេវទូត​របស់​ព្រះ​អង្គ អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ព្រះ​អម្ចាស់​បាន​វាយ​ប្រដៅ​ខ្ញុំ តែ​ឥឡូវ​នេះ ខ្ញុំ​មើល​ឃើញ​តូប៊ីយ៉ា​កូន​ខ្ញុំ​វិញ​ហើយ!»។ ១៥​លោក​តូប៊ីយ៉ា​ចូល​ផ្ទះ​ទាំង​មាន​អំណរ ហើយ​លើក​តម្កើង​ព្រះជាម្ចាស់​ដោយ​សំឡេង​យ៉ាង​ខ្លាំង។ គាត់​រៀប​រាប់​ឲ្យ​ឪពុក​ស្ដាប់ ពី​ដំណើរ​របស់​គាត់​ដែល​ប្រកប​ដោយ​ជោគ​ជ័យ គឺ​គាត់​បាន​យក​ប្រាក់​មក​វិញ និង​រៀប​ការ​ជាមួយ​នាង​សារ៉ា ជា​កូន​របស់​លោក​រ៉ាគូ​អែល។ គាត់​ប្រាប់​ថា៖ «នាង​មក​ជិត​ដល់​ហើយ! នាង​នៅ​ក្បែរ​ទ្វារ​ក្រុង​នីនីវេ»។ ១៦​លោក​តូប៊ីត​ត្រេក​អរ ហើយ​លើក​តម្កើង​ព្រះជាម្ចាស់​ផង រួច​ចេញ​ទៅ​ទទួល​កូន​ប្រសា​នៅ​មាត់​ទ្វារ​ក្រុង​នីនីវេ។ អ្នក​ក្រុង​នីនីវេ​ឃើញ​គាត់​ដើរ​ទៅ​មក​ដោយ​ស្រួល គ្មាន​នរណា​ដឹក​ដៃ​ដូច្នេះ គេ​នាំ​គ្នា​ស្ងើច​សរសើរ​គ្រប់​ៗ​គ្នា។ លោក​តូប៊ីត ប្រកាស​នៅ​ចំពោះ​មុខ​ពួក​គេ​ថា ព្រះជាម្ចាស់​អាណិត​មេត្តា​គាត់ ហើយ​ប្រោស​គាត់​ឲ្យ​មើល​ឃើញ។ ១៧គាត់​មក​ជិត​នាង​សារ៉ា ​ជា​ភរិយា​របស់​លោក​តូប៊ីយ៉ា កូន​ប្រុស​របស់​គាត់ ហើយ​ជូន​ពរ​នាង​ដូច​ត​ទៅ៖ «សូម​ឲ្យ​នាង​បាន​ប្រកប​ដោយ​សេចក្ដី​សុខ! សូម​លើក​តម្កើង​ព្រះជាម្ចាស់​របស់​កូន ដែល​នាំ​កូន​ឲ្យ​មក​ផ្ទះ​យើង។ សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​ឪពុក​កូន! សូម​ព្រះ​អង្គ​ប្រទាន​ពរ​ដល់​តូប៊ីយ៉ា​កូន​របស់​ខ្ញុំ! និង​ដល់​កូន​ផង​ដែរ។ សូម​ចូល​ក្នុង​ផ្ទះ​មក​កូន! សូម​ស្វាគមន៍! សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​កូន! សូម​ឲ្យ​កូន​មាន​អំណរ​សប្បាយ! ចូល​មក​កូន​ស្រី!»។ ១៨​នៅ​ថ្ងៃ​នោះ​ជន​ជាតិ​យូដា​ទាំង​អស់​ក្នុង​ក្រុង​នីនីវេ មាន​អំណរ​សប្បាយ​ជា​ខ្លាំង។ ១៩​លោក​អហ៊ីការ និង​លោក​ណាដន ជា​ក្មួយ​របស់​លោក​តូប៊ីត ក៏​អញ្ជើញ​មក​ផ្ទះ​របស់​លោក ទាំង​មាន​អំណរ​សប្បាយ​ដ៏​លើស​លប់​ដែរ។

ជំពូកទី ១២

ទេវទូត​រ៉ាផាអែល​បង្ហាញខ្លួន
១​កាល​ពិធី​មង្គល​ការ​ ចប់​សព្វ​គ្រប់​ហើយ លោក​តូប៊ីត​ហៅ​លោក​តូប៊ីយ៉ា​ជា​កូន​មក ហើយ​មាន​ប្រសាសន៍​ថា៖ «កូន​អើយ ចូរ​កុំ​ភ្លេច​ជូន​ប្រាក់​ឈ្នួល​ឲ្យ​អ្នក​ដែល​រួម​ដំណើរ​ជាមួយ​កូន! ចូរ​ថែម​ប្រាក់​ខ្លះ​ទៀត​បន្ថែម​ឲ្យ​គាត់​ផង»។ ២​លោក​តូប៊ីយ៉ា​តប​ទៅ​ឪពុក​ថា៖ «ពុក! តើ​កូន​ត្រូវ​ជូន​គាត់​ប៉ុន្មាន? ទោះបី​កូន​ចែក​ទ្រព្យ​ ដែល​យើង​នាំ​យក​មក​ជាមួយ​នោះ​ ពាក់​កណ្ដាល ក៏​មិន​សម​ល្មម​ដែរ។ ៣​គាត់​នាំ​កូន​មក​វិញ​ដោយ​សុខ​សាន្ត គាត់​បាន​ព្យាបាល​ប្រពន្ធ​របស់​កូន​ឲ្យ​ជា។ គាត់​បាន​នាំ​យក​ប្រាក់​មក​ជាមួយ​កូន និង​ព្យាបាល​ពុក​ឲ្យ​បាន​ជា​សះ​ស្បើយ តើ​យើង​ត្រូវ​ជូន​គាត់​ប៉ុន្មាន ដើម្បី​តប​ស្នង​គុណ​ទាំង​នេះ?»។ ៤ លោក​តូប៊ីត​មាន​ប្រសាសន៍​ទៅ​កូន​ថា៖ «កូន​អើយ! ពិត​មែន​ហើយ ចូរ​ចែក​ទ្រព្យ​ដែល​គាត់​នាំ​យក​មក​ពាក់​កណ្ដាល ជូន​ទៅ​គាត់»។ ៥​លោក​តូប៊ីយ៉ា ហៅ​ទេវទូត​រ៉ាផាអែល​ហើយ​ជម្រាប​គាត់​ថា៖ «សូម​បង​ទទួល​ទ្រព្យ​ដែល​បង​បាន​នាំ​យក​មក​ជាមួយ​ខ្ញុំ​នេះ​ចំនួន​ពាក់​កណ្ដាល​ទុក​ជា​ប្រាក់​ឈ្នួល​ចុះ ហើយ​សូម​បង​អញ្ជើញ​ត្រឡប់​ទៅ​វិញ​ ដោយ​សុខ​សាន្ត!»។ ៦​ពេល​នោះ ទេវទូត​រ៉ាផា​អែល​នាំ​អ្នក​ទាំង​ពីរ​ចេញ​ដោយ​ឡែក​ពី​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​លើក​តម្កើង​ព្រះជាម្ចាស់! ចូរ​លើក​តម្កើង​ព្រះ​នាម​ព្រះ​អង្គ​ នៅ​ចំពោះ​មុខ​សត្វ​លោក​ទាំង​អស់ ដែល​មាន​ជីវិត​និង ចំពោះ​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ​អង្គ​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ទាំង​ពីរ។ ចូរ​លើក​តម្កើង​និង​ច្រៀង​សរសើរ​ព្រះ​នាម​ព្រះ​អង្គ។ ចូរ​បង្ហាញ​ឲ្យ​មនុស្ស​ទាំង​អស់ ស្គាល់​ស្នា​ព្រះ​ហស្ត​របស់​ព្រះអង្គ ព្រោះ​ការ​ទាំង​នេះ​ពិត​ជា​អស្ចារ្យ​មែន។ ចូរ​លើក​តម្កើង​ព្រះ​អង្គ​ដោយ​ឥត​ឈប់​ឈរ! ៧​គួរ​ឲ្យ​លាក់​រឿង​សំងាត់​របស់​ព្រះ​មហា​ក្សត្រ ផ្ទុយ​ទៅ​វិញ ត្រូវ​លើក​តម្កើង​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​ជា​ម្ចាស់ ត្រូវ​ប្រកាស​ឲ្យ​គេ​បាន​ស្គាល់​គ្រប់​គ្នា​ផង។ ចូរ​លើក​តម្កើង​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ ព្រោះ​ការ​ទាំង​នេះ​ពិត​ជា​អស្ចារ្យ​មែន។ ចូរ​ប្រព្រឹត្ត​អំពើ​ល្អ នោះ​អ្នក​មុខ​ជា​មិន​ជួប​ប្រទះ​នឹង​គ្រោះ​កាច​ឡើយ។ ៨​ការ​អធិដ្ឋាន​ដោយ​ស្មោះ និង​ការ​ចែក​ទាន​ដោយ​ចិត្ត​សុចរិត ប្រសើរ​ជាង​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​បរិបូណ៌ ដោយ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត! ការ​ចែក​ទាន​ឲ្យ​គេ ប្រសើរ​ជាង​ប្រមូល​មាស​ទុក។ ៩​ដ្បិត​ការ​ចែក​ទាន រំដោះ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​ជម្រះ​ឲ្យ​រួច​ពី​អំពើ​បាប​គ្រប់​យ៉ាង។ អ្នក​ធ្វើ​ទាន​រមែង​មាន​អាយុ​វែង។ ១០​រីឯ​អ្នក​ប្រព្រឹត្ត​អំពើ​បាប និង​អំពើ​ទុច្ចរិត​ រមែង​ក្លាយ​ជា​ខ្មាំង​សត្រូវ​របស់​ខ្លួន​ផ្ទាល់។ ១១ ពេល​នេះ​ ខ្ញុំ​សូម​ប្រាប់​សេចក្ដី​ពិត​ទាំង​អស់​ឥត​លាក់​លៀម​អ្វី​ឡើយ។ ខ្ញុំ​ទើប​បង្រៀន​អ្នក​ទាំង​ពីរ​ថា៖ គួរ​ឲ្យ​លាក់​រឿង​សំងាត់​របស់​ព្រះ​មហា​ក្សត្រ ផ្ទុយ​ទៅ​វិញ ត្រូវ​បង្ហាញ​ស្នា​ព្រះ​ហស្ត​របស់​ព្រះជាម្ចាស់​យ៉ាង​ជាក់​ស្តែង ឲ្យ​គេ​ស្គាល់​ផង។ ១២កាល​លោក​និង​នាង​សារ៉ា​ទូល​អង្វរ​ព្រះ​អម្ចាស់ ខ្ញុំ​បាន​នាំ​ពាក្យ​អង្វរ​នេះ ទៅ​ទូល​ថ្វាយ​នៅ​ចំពោះ​ព្រះអង្គ ដែល​ប្រកប​ដោយ​សិរី​រុង​រឿង។ នៅ​ពេល​ដែល​លោក​បញ្ចុះ​សាក​សព ក៏​ខ្ញុំ​ថ្វាយ​ការ​នេះ​ទៅ​ព្រះជាម្ចាស់​ដែរ។ ១៣​នៅ​គ្រា​ដែល​លោក​មិន​រួញ​រា​នឹង​ក្រោក​ឡើង ដោយ​ទុក​អាហារ​ចោល ដើម្បី​ទៅ​បញ្ចុះ​សព​បុគ្គល​ម្នាក់។ ពេល​នោះ​ព្រះជាម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​លោក ដើម្បី​ល្បង​ល​លោក។ ១៤​ប៉ុន្តែ នៅ​ពេល​ជាមួយ​គ្នា​នេះ ព្រះជាម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​មក​ព្យាបាល​លោក និង​នាង​សារ៉ា​ជា​កូន​ប្រសា​លោក ឲ្យ​បាន​ជា​សះ​ស្បើយ។ ១៥​ខ្ញុំ​ឈ្មោះ​រ៉ាផាអែល​ជា​ទេវទូត​មួយ​រូប ក្នុង​ចំណោម​ទេវទូត​ទាំង​ប្រាំពីរ​ដែល​ឈរ​នៅ​ចំពោះ​ព្រះភ័ក្រ្ត​ព្រះ​អម្ចាស់​ ប្រកប​ដោយ​សិរី​រុង​រឿង ​នឹង​ចាំ​បម្រើ​ព្រះ​អង្គ​ជានិច្ច»។ ១៦ អ្នក​ទាំង​ពីរ​ស្រឡាំងកាំង ហើយ​ក្រាប​ចុះ​អោន​មុខ​ដល់​ដី​ទាំង​ភ័យ។ ១៧​ប៉ុន្តែ ទេវទូត​ប្រាប់​គេ​ថា៖ «កុំ​ខ្លាច​អី្វ! សូម​អ្នក​ទាំង​ពីរ​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត! ចូរ​លើក​តម្កើង​ព្រះជាម្ចាស់​អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ១៨​ខ្ញុំ​នៅ​ជាមួយ​អ្នក​ទាំង​ពីរ គឺ​មក​ពី​ព្រះ​ហឫទ័យ​របស់​ព្រះជាម្ចាស់​ពុំ​មែន​ដោយ​ខ្ញុំ​មាន​ចិត្ត​មេត្តា​ទេ គឺ​ព្រះជាម្ចាស់​ហើយ ដែល​អ្នក​ទាំង​ពីរ​ត្រូវ​លើក​តម្កើង​ព្រះ​អង្គ ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត។ អ្នក​ទាំង​ពីរ​ត្រូវ​ច្រៀង​សរសើរ​តែ​ព្រះ​អង្គ​ប៉ុណ្ណោះ។ ១៩​ឥឡូវ​នេះ​អ្នក​ទាំង​ពីរ​ដឹង​ថា កាល​ខ្ញុំ​បរិភោគ​នោះ ខ្ញុំ​មិន​បាន​បរិភោគ​អ្វី​ឡើយ គឺ​ខ្ញុំ​គ្រាន់​តែ​ធ្វើ​ហាក់​ដូច​ជា​បរិភោគ​ប៉ុណ្ណោះ។ ២០​ហេតុ​នេះ​ហើយ ចូរ​លើក​តម្កើង​ព្រះ​អម្ចាស់ ចូរ​កោត​សរសើរ​ព្រះជាម្ចាស់​នៅ​លើ​ផែន​ដី​នេះ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ត្រឡប់​ទៅ​រក​ព្រះ​អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក! ចូរ​កត់​ត្រា​ទុក​ព្រឹត្តិការណ៍​ទាំង​អស់ ដែល​កើត​ឡើង​ចំពោះ​អ្នក​ទាំង​ពីរ»។ លុះ​ពោល​សេចក្ដី​រួច​ហើយ ទេវ​ទូត​ក៏​យាង​ឡើង​បាត់​ទៅ។ ២១​លោក​ទាំង​ពីរ​ក្រោក​ឈរ​ឡើង ប៉ុន្តែ ពុំ​អាច​ឃើញ​ទេវទូត​ទៀត​ទេ។ ២២ លោក​ទាំង​ពីរ​នាំ​គ្នា​លើក​តម្កើង និង​ច្រៀង​កោត​សរសើរ​ព្រះជាម្ចាស់ ហើយ​ពួក​គេ​ប្រកាស​ពី​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះ​អង្គ​បាន​ប្រព្រឹត្ត​នោះ គឺ​មាន​ទេវទូត​របស់​ព្រះជាម្ចាស់​បង្ហាញ​ខ្លួន​ឲ្យ​ពួក​គេ​ឃើញ។

ជំពូកទី ១៣

បទ​ចម្រៀង​របស់​លោក​តូប៊ីត
១​លោក​តូប៊ីត​មាន​ប្រសាសន៍​ដូច​តទៅ៖ ២​សូម​លើក​តម្កើង​ព្រះជាម្ចាស់ ដែល​មាន​ព្រះ​ជន្ម​គង់​នៅ និង​គ្រង​រាជ្យ​អស់​កល្ប​ជានិច្ច ព្រះ​អង្គ​ដាក់​ទោស​ហើយ​អាណិត​អាសូរ​ដែរ។ ព្រះ​អង្គ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ ចុះ​ទៅ​ស្ថាន​មច្ចុរាជ នៅ​ក្នុង​ទី​ជម្រៅ​នៃ​ផែន​ដី​ក្រោយ​មក​ព្រះ​អង្គ​ប្រោស​ឲ្យ​រួច​ផុត​ពី​អន្តរាយ។ គ្មាន​អ្វី​អាច​គេច​ផុត​ពី​បារមី​របស់​ព្រះ​អង្គ​ឡើយ ៣​ជន​ជាតិ​អ៊ីស្រាអែល​អើយ! ចូរ​នាំ​គ្នា​លើក​តម្កើង​ព្រះ​អង្គ នៅ​ចំពោះ​ប្រជា​ជាតិ​ទាំង​ឡាយ គឺ​ក្នុង​ចំណោម​ប្រជា​ជាតិ​ដែល​ព្រះ​អង្គ​កម្ចាត់​កំចាយ ឲ្យ​អ្នក​រាល់គ្នា​ទៅ​រស់​នៅ។ ៤​នៅ​ទី​នោះ ព្រះ​អង្គ​បាន​សម្ដែង​ភាព​ថ្កុំ​ថ្កើង​របស់​ព្រះ​អង្គ ឲ្យ​អ្នក​រាល់​គ្នា​ឃើញ ចូរ​លើក​តម្កើង​ព្រះ​អង្គ​នៅ​ចំពោះ​សត្វ​លោក​ទាំង​អស់ ដ្បិត​ព្រះ​អង្គ​ពិត​ជា​ព្រះ​អម្ចាស់​របស់​យើង ពិត​ជា​ព្រះ​របស់​យើង ពិត​ជា​ព្រះ​បិតា​របស់​យើង!។ ព្រះ​អង្គ​ជា​ព្រះជាម្ចាស់​អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ៥ព្រះ​អង្គ​ដាក់​ទោស ព្រោះ​តែ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ប៉ុន្តែ ព្រះ​អង្គ​មុខ​ជា​អាណិត​អាសូរ​អ្នក​រាល់​គ្នា និង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ប្រជា​ជាតិ​ដែល​ព្រះ​អង្គ​កម្ចាត់​កំចាយ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​រស់​នៅ។ ៦​នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​វិល​មក​រក​ព្រះ​អង្គ​វិញ ដោយ​ស្មោះ​អស់​ពី​ចិត្ត​គំនិត​អស់​ពី​ប្រាជ្ញា ដើម្បី​ប្រព្រឹត្ត​យ៉ាង​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អង្គ នៅ​ថ្ងៃ​នោះ​ព្រះ​អង្គ​នឹង​វិល​មក​រក​អ្នក​រាល់ គ្នា​ជា​ពុំ​ខាន ព្រះ​អង្គ​មិន​គេច​ព្រះភ័ក្រ្ត​ចេញ​ពី​អ្នក​រាល់​គ្នា​ទៀត​ឡើយ។ ៧​ឥឡូវនេះ ចូរ​គិត​ពិចារណា​អំពី​ការ​ដែល​ព្រះ​អង្គ​ប្រព្រឹត្ត​ ចំពោះ​អ្នក​រាល់​គ្នា ហើយ​ចូរ​លើក​តម្កើង​ព្រះ​អង្គ​ យ៉ាង​ពេញ​ទំហឹង។ ចូរ​លើក​តម្កើង​ព្រះជាម្ចាស់​ដោយ​យុត្តិធម៌ ចូរ​កោត​សរសើរ​ព្រះ​មហា​ក្សត្រ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ។ ៨​រីឯ​ខ្ញុំ ខ្ញុំ​សូម​លើក​តម្កើង​ព្រះ​អង្គ​នៅ​លើ​ផែន​ដី​ដែល​ខ្មាំង​កៀរ​ឲ្យ​មក​រស់​នៅ។ ខ្ញុំ​បង្ហាញ​ឫទ្ធា​នុភាព និង​ភាព​ឧត្ដុង្គឧត្ដម​របស់​ព្រះ​អង្គ ឲ្យ​ប្រជា​ជាតិ​អ៊ីស្រាអែល​ដែល​ប្រព្រឹត្ត​អំពើ​បាប បាន​ស្គាល់។ អស់​អ្នក​បាប​អើយ! ចូរ​ត្រឡប់​មក​វិញ! ចូរ​ប្រព្រឹត្ត​អំពើ​សុចរិត ដែល​គាប់​ព្រះ​ហឫទ័យ​ព្រះ​អង្គ។ ប្រហែល​ព្រះ​អង្គ​អាណិត​មេត្តា​ប្រោស​ប្រណី ដល់​អ្នក​រាល់​គ្នា​ទេ​ដឹង? ៩​សូម​លើក​តម្កើង​ព្រះ​របស់​ខ្ញុំ ខ្ញុំ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង ដោយ​សារ​ព្រះ​មហា​ក្សត្រ​នៃ​ស្ថាន​បរមសុខ។ ១០​សូម​អ្នក​ក្រុង​យេរូសាឡឹម​ទាំង​មូល​នាំ​គ្នា​ប្រកាស​អំពី​ភាព​ថ្កុំ​ថ្កើង​របស់​ព្រះ​អង្គ។ សូម​ឲ្យ​គេ​លើក​តម្កើង​ព្រះ​អង្គ​គ្រប់​ៗ​គ្នា។ យេរូសាឡឹម​ជា​ក្រុង​ដ៏​វិសុទ្ធ​អើយ! ព្រះ​អង្គ​ដាក់​ទោស​អ្នក ព្រោះ​តែ​អំពើ​អាក្រក់​របស់​កូន​ចៅ​អ្នក! ប៉ុន្តែ ព្រះ​អង្គ​មុខ​ជា​អាណិត​មេត្តា​កូន​ចៅ​របស់​ជន​សុចរិត​ពុំ​ខាន។ ១១​ចូរ​លើក​តម្កើង​ព្រះ​ជា​ម្ចាស់​យ៉ាង​ឧឡារិក សូម​លើក​តម្កើង​ព្រះ​មហា​ក្សត្រ ដែល​សោយ​រាជ្យ​អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ! ដើម្បី​ឲ្យ​គេ​សង់​ព្រះ​ដំណាក់​ឡើង​វិញ នៅ​ក្នុង​ក្រុង​យេរូសាឡឹម នាំ​ឲ្យ​ប្រជា​ជន​សប្បាយ​រីក​រាយ។ ១២​សូម​ព្រះ​អម្ចាស់​ប្រោស​ប្រទាន​ដល់​អស់​អ្នក​ដែល​ខ្មាំង​កៀរ​យក​ទៅ​នោះ បាន​អំណរ​សប្បាយ​ផង! សូម​ព្រះ​អង្គ​ស្រឡាញ់​ជន​កម្សត់​ទុគ៌ត​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ចំណោម​ប្រជា​ជន​អ្នក នៅ​គ្រប់​តំណ​ត​រៀង​ទៅ។ ១៣​មាន​ពន្លឺ​ចិញ្ចាច​ចិញ្ចែង​និង​ភ្លឺ​រហូត​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែន​ដី។ មាន​ប្រជា​ជាតិ​ជា​ច្រើន​នៅ​ទី​ឆ្ងាយ​ៗ និង​អ្នក​ស្រុក​ពី​ចុង​កាត់​មាត់​ញក​នៃ​ផែន​ដី នាំ​គ្នា​មក​រក​ព្រះ​នាម​ដ៏​វិសុទ្ធ​របស់​ព្រះ​អង្គ។ គេ​មាន​កាន់​តង្វាយ​គ្រប់​ដៃ មក​ថ្វាយ​ព្រះ​មហា​ក្សត្រ​នៃ​ស្ថាន​បរម​សុខ។ មនុស្ស​គ្រប់​តំណ​ក្រោយៗ នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អំណរ​សប្បាយ។ មនុស្ស​ម្នា​នៅ​ជំនាន់​ក្រោយ នឹង​ចាំ​ពី​ឈ្មោះ​ដ៏​ល្បី​នៃ​ក្រុង​ដែល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស។ ១៤​សូម​ឲ្យ​ជន​ទាំង​ឡាយ​ដែល​គំរាម​កំហែង​អ្នក ត្រូវ​បណ្ដា​សា!។ សូម​ឲ្យ​អស់​ជន​ណា​ដែល​បំផ្លាញ​អ្នក រំលំ​កំពែង រំលំ​ប៉ម​របស់​អ្នក និង​ដុត​ផ្ទះ​អ្នក​ចោល ត្រូវ​បណ្ដាសា! ផ្ទុយ​ទៅ​វិញ សូម​ព្រះ​អង្គ​ប្រទាន​ពរ​អស់​កល្ប​ជានិច្ច​ដល់​អស់​ជន​ណា​ដែល​គោរព​កោត​ខ្លាច​អ្នក!។ ១៥​ចូរ​ត្រេក​អរ​សប្បាយ​ឡើង ព្រោះ​តែ​កូន​ចៅ​របស់​ជន​សុចរិត! ដ្បិត​ព្រះ​អង្គ​នឹង​ប្រមូល​ផ្ដុំ​ពួក​គេ! ហើយ​គេ​នឹង​លើក​តម្កើង​ព្រះ​អម្ចាស់ ដែល​មាន​ព្រះ​ជន្ម​គង់​នៅ​អស់​កល្ប​ជានិច្ច ជន​ណា​ស្រឡាញ់​អ្នក ពិត​ជា​មាន​សុភ​មង្គល! ជន​ណា​សប្បាយ​រីក​រាយ ដោយ​ជួយ​អប​អរ​ដល់​សេចក្ដី​សុខ​សាន្ត​របស់​អ្នក​ជន​នោះ​ពិត​ជា​មាន​សុភ​មង្គល! ១៦ជន​ទាំង​ឡាយ​ដែល​ព្រួយ​ចិត្ត ដោយ​ឃើញ​អ្នក​ទទួល​ទណ្ឌ​កម្ម ពិត​ជា​មាន​សុភ​មង្គល! ដ្បិត​ពួក​គេ​នឹង​ត្រេក​អរ​សប្បាយ រួម​ជាមួយ​អ្នក គេ​នឹង​ឃើញ​អំណរ​សប្បាយ​របស់​អ្នក អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ពិត​មែន​ហើយ ខ្ញុំ​សូម​លើក​តម្កើង​ព្រះ​មហា​ក្សត្រ ១៧​ដ្បិត​គេ​នឹង​កសាង​ក្រុង​យេរូសាឡឹម​ឡើង​វិញ ហើយ​នៅ​ទី​ក្រុង​នោះ គេ​នឹង​សង់​ព្រះ​ដំណាក់​របស់​ព្រះ​អង្គ ឲ្យ​នៅ​ស្ថិត​ស្ថេរ អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ប្រសិន​បើ​ប្រជា​ជាតិ​របស់​ខ្ញុំ ដែល​នៅ​សេស​សល់​ពី​ស្លាប់ ឃើញ​សិរី​រុង​រឿង​របស់​ក្រុង​យេរូសាឡឹម និង​លើក​តម្កើង​ព្រះ​មហា​ក្សត្រ​នៃ​ស្ថាន​បរម​សុខ ខ្ញុំ​ពិត​ជា​មាន​សុភ​មង្គល។ គេ​នឹង​យក​ត្បូង​កណ្ដៀង​និង​ថ្ម​កែវ​មត៌ក​មក​សង់​ទ្វារ​ក្រុង​យេរូសាឡឹម។ ១៨​អ្នក​ក្រុង​នឹង​ច្រៀង​ដោយ​អំណរ​នៅ​ទ្វារ​ទី​ក្រុង។ អ្នក​ក្រុង​ច្រៀង​ថា៖ «អាលេលូយ៉ា សូម​លើក​តម្កើង​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល! អស់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស និង​លើក​តម្កើង​ព្រះ​នាំ​ដ៏​វិសុទ្ធ​របស់​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀងទៅ! »។។

ជំពូកទី ១៤

១​លោក​តូប៊ីត បញ្ជាក់ ពាក្យ​អរ​ព្រះ​គុណ​ដូច្នេះ។

លោក​តូប៊ីត​ទទួល​មរណភាព
២​លោក​តូប៊ីត​ទទួល​មរណ​ភាព​ យ៉ាង​សុខ​ស្រួល ក្នុង​ជន្មាយុ មួយ​រយ​ដប់​ពីរ​ឆ្នាំ។ គេ​ធ្វើ​ពិធី​បញ្ចុះ​សព​លោក​យ៉ាង​អធិក​អធម នៅ​ក្រុង​នីនីវេ។ កាល​លោក​ខ្វាក់​ភ្នែក​ លោក​មាន​អាយុ​ហុកសិប​ពីរ​ឆ្នាំ។ ក្រោយ​ពី​ភ្នែក​គាត់​ភ្លឺ​ឡើង​វិញ គាត់​មាន​ទ្រព្យ​សម្បត្តិ​សំបូរ​ហូរ​ហៀរ ហើយ​តែង​តែ​ចែក​ទាន​ដល់​អ្នក​ក្រីក្រ។ លោក​តែង​តែ​លើក​តម្កើង​ព្រះជាម្ចាស់ និង​កោត​សរសើរ​ ភាព​ឧត្តុង្គ​ឧត្ដម​របស់​ព្រះ​អង្គ​ជា​និច្ច។

៣​កាល​លោក​តូប៊ីត ហៀប​នឹង​ទទួល​មរណ​ភាព លោក​ហៅ​លោក​តូប៊ីយ៉ា​ជា​កូន ហើយ​ផ្ដែផ្ដាំ​ដូច​ត​ទៅ៖៉កូន​អើយ! ចូរ​នាំ​ចៅ​ ៤ទៅ​ស្រុក​ម៉ែដ​ជា​ប្រញាប់ ដ្បិត​ពុក​ជឿ​លើ​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់ ដែល​ថ្លែង​តាម​រយៈ​ព្យាការី​ហ៊ូម ប្រឆាំង​នឹង​ក្រុង​នីនីវេ។ អ្វី​ដែល​ថ្លែង​ប្រឆាំង​នឹង​ស្រុក​អាស្សីរី ព្រម​ទាំង​ក្រុង​នីនីវេ នឹង​កើត​ជា​រូប​រាង​មិន​ខាន។ សេចក្ដី​ទាំង​ប៉ុន្មាន ដែល​អស់​លោក​ព្យាការី​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ថ្លែង​ទុក គឺ​ព្យាការី​ដែល​ព្រះ​ជា​ម្ចាស់​បាន​ចាត់​ឲ្យ​មក នឹង​កើត​មាន​មិន​ខាន។សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​អស់​លោក​បាន​ថ្លែង​ទុក នឹង​កើត​ឡើង​តាម​ពេល​កំណត់ គ្មាន​ចន្លោះ​ត្រង់​ណា​ឡើយ។ អ្នក​ស្រុក​នឹង​រស់​នៅ​ដោយ​សុខ​សាន្ត នៅ​ស្រុក​ម៉ែដ ជាង​នៅ​ស្រុក​អាស្ស៊ីរី​និង​នៅ​ក្រុង​បាប៊ីឡូន។ ខ្ញុំ​ជឿ​ថា សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះជាម្ចាស់​មាន​ព្រះ​បន្ទូល នឹង​កើត​មាន​មិន​ខាន។គ្មាន​ព្រះ​បន្ទូល​ណា​មួយ​មិន​សម្រេច​នោះ​ឡើយ។ បង​ប្អូន​យើង​ដែល​រស់​នៅ​លើ​ទឹក​ដី​អ៊ីស្រាអែល​នៅ​ឡើយ សុទ្ធ​តែ​ត្រូវ​ខ្មាំង​សត្រូវ​ជំរឿន ហើយ​កៀរ​ទៅ​ឆ្ងាយ​ពី​ទឹក​ដី​ដ៏​សែន​សប្បាយ​នោះ។ ទឹក​ដី​អ៊ីស្រាអែល​ទាំង​មូល នឹង​ក្លាយ​ទៅ​ជា​ស្មសាន។ ក្រុង​សាម៉ារី​និង​ក្រុង​យេរូសាឡឹម​ ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ ហើយ​ខ្មាំង​ដុត​បំផ្លាញ​ព្រះ​ដំណាក់​របស់​ព្រះជាម្ចាស់ អស់​មួយ​រយៈ។ ៥​ប៉ុន្តែ ព្រះ​ជា​ម្ចាស់​នឹង​អាណិត​មេត្តា​ពួកគេ​ម្ដង​ទៀត ហើយ​នាំ​ពួក​គេ​វិល​ត្រឡប់​មក​ស្រុក​អ៊ីស្រាអែល​វិញ។ ពួក​គេ​នឹង​សង់​ព្រះ​ដំណាក់​របស់​ព្រះ​អង្គ​សា​ជាថ្មី តែ​ព្រះ​ដំណាក់​នោះ​មិន​ល្អ​ដូច​ព្រះ​ដំណាក់​មុន លុះ​ដល់​ពេល​កំណត់​ទើប​បាន​ល្អ​ឡើង​វិញ។ ក្រោយ​មក ពួក​គេ​វិល​ត្រឡប់​មក​ទាំង​អស់​គ្នា គេ​នឹង​សាង​ក្រុង​យេរូសាឡឹម​យ៉ាង​ល្អ​ប្រសើរ​ឡើង​វិញ។ គេ​កសាង​ព្រះ​ដំណាក់​ព្រះ​អង្គ​តាម​សេចក្ដី​ដែល​អស់​លោក​ព្យាការី​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ បាន​ថ្លែង​ទុក។ ៦ មនុស្ស​គ្រប់​ជាតិ​សាសន៍​ទាំង​អស់ នៅ​លើ​ផែន​ដី​ទាំង​មូល នឹង​ប្រែ​ចិត្ត​គំនិត ហើយ​នាំ​គ្នា​កោត​ខ្លាច​ព្រះជាម្ចាស់​ដោយ​ស្មោះ។ ពួក​គេ​ឈប់​គោរព​បម្រើ​ព្រះ​ក្លែង​ក្លាយ ដែល​ចេះ​តែ​បញ្ឆោត​គេ និង​នាំ​ពួក​គេ​ឲ្យ​វង្វេង​ទៀត​ហើយ។ ពួក​គេ​ក៏​នាំ​គ្នា​លើក​តម្កើង​ព្រះជាម្ចាស់ ដែល​មាន​ព្រះ​ជន្ម​គង់​នៅ​អស់​កល្ប​ជានិច្ច ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត។ ៧​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ នឹង​ទទួល​ការ​សង្គ្រោះ​នៅ​ថ្ងៃ​នោះ ព្រោះ​ពួក​គេ​នឹក​គិត​ដល់​ព្រះ​ជា​ម្ចាស់​ដោយ​ចិត្ត​ស្មោះ គេ​ជួប​ជុំ​គ្នា និង​នាំ​គ្នា​មក​ក្រុង​យេរូសាឡឹម​វិញ។ ព្រះ​អង្គ​ប្រោស​ប្រទាន​ឲ្យ​ពួក​គេ​រស់​នៅ​ លើ​ទឹក​ដី​របស់​លោក​អប្រាហាំ​ដោយ​សុខ​សាន្ត អស់​កល្ប​ជា​អង្វែង​តរៀងទៅ។ អស់​អ្នក​ដែល​ស្រឡាញ់​ព្រះជាម្ចាស់​ដោយ​ចិត្ត​ស្មោះ​និង​មាន​អំណរ រីឯ​អ្នក​ប្រព្រឹត្ត​អំពើ​បាប ព្រម​ទាំង​អំពើ​ទុច្ចរិត នឹង​ត្រូវ​អន្តរាយ​បាត់​ពី​ផែន​ដី​នេះ។

៨​ឥឡូវ​នេះ កូន​អើយ! ចូរ​ស្ដាប់​ពាក្យ​បណ្ដាំ​របស់​ពុក! ចូរ​គោរព​បម្រើ​ព្រះជាម្ចាស់​ដោយ​ចិត្ត​ស្មោះ ចូរ​ប្រព្រឹត្ត​អំពើ​ដែល​គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ។ ចូរ​ប្រៀន​ប្រដៅ​កូន​ចៅ​ ឲ្យ​ប្រព្រឹត្ត​តែ​សេចក្ដី​សុចរិត និង​ចែក​ទាន។ ចូរ​នឹក​គិត​ដល់​ព្រះជាម្ចាស់ និង​លើក​តម្កើង​ព្រះ​នាម​របស់​ព្រះ​អង្គ​ គ្រប់​ពេល​វេលា​ដោយ​ចិត្ត​ស្មោះ និង​អស់​ពី​កម្លាំង។ ៩រីឯ​កូន ចូរ​ចាក​ចេញ​ពី​ក្រុង​នីនីវេ​នេះ​ទៅ! កុំ​នៅ​ទី​នេះ​ទៀត​ឡើយ។ ក្រោយ​ពី​បាន​បញ្ចុះ​សព​ម្ដាយ​របស់​កូន​នៅ​ក្បែរ​ពុក​រួច ចូរ​កុំ​នៅ​ក្រុង​នេះ​ត​ទៅ​ទៀត​ឡើយ សូម្បី​តែ​មួយ​យប់​ក៏​មិន​បាន​ដែរ! ដ្បិត​ពុក​ឃើញ​អំពើ​ទុច្ចរិត​បាន​សាប​ព្រោះ​ក្នុង​ក្រុង ហើយ​អ្នក​ក្រុង​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ជា​ច្រើន តែ​គ្មាន​នរណា​អៀន​ខ្មាស​ឡើយ។ ១០​ចូរ​កូន​នឹក​ដល់​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​លោក​ណាដន​បាន​ប្រព្រឹត្ត ចំពោះ​លោក​អហ៊ីការ ជា​ឪពុក​ចិញ្ចឹម​របស់​គាត់ គឺ​គាត់​បាន​យក​លោក​អហ៊ីការ ទៅ​ដាក់​គុក​ងងឹត នៅ​ក្រោម​ដី​ទាំង​រស់។ ប៉ុន្តែ ព្រះជាម្ចាស់​ធ្វើ​ឲ្យ​គាត់​អាម៉ាស់ នៅ​ចំពោះ​មុខ​លោក​អហ៊ីការ! គឺ​លោក​អហ៊ីការ​ចេញ​មក​ឃើញ​ពន្លឺ​វិញ។ រីឯ​លោក​ណាដន ធ្លាក់​ក្នុង​ទី​ងងឹត​អស់​កល្ប​ជានិច្ច ដ្បិត​គាត់​ចង់​សម្លាប់​លោក​អហ៊ីការ។ លោក​អហ៊ី​ការ​ធ្លាប់​ចែក​ទាន លោក​បាន​រួច​ផុត​ពី​អន្ទាក់ ដែល​លោក​ណាដន​ដាក់​ពី​មុខ​លោក តែ​លោក​ណាដន​បាន​ជាប់​អន្ទាក់​របស់​ខ្លួន ហើយ​ត្រូវ​អន្តរាយ​វិញ។ ១១ ដូច្នេះ​កូន​អើយ! ចូរ​សង្កេត​មើល​ផល​នៃ​ទាន និង​ផល​នៃ​អំពើ​ទុច្ចរិត! គឺ​អំពើ​ទុច្ចរិត​បង្កបង្កើត​សេចក្ដី​ស្លាប់ ប៉ុន្តែ ឥឡូវ​នេះ​ជីវិត​របស់​ពុក​ជិត​ផុត​រលត់​ហើយ ! ″។ គេ​ដាក់​លោក​តូប៊ីត​លើ​គ្រែ ហើយ​លោក​ក៏​ទទួល​មរណ​ភាព​ទៅ។ គេ​ធ្វើ​បុណ្យ​បញ្ចុះ​សព យ៉ាង​អធិក​អធម។

ពាក្យ​បញ្ចប់
១២​កាល​ម្ដាយ​របស់​លោក​តូប៊ីយ៉ា​ ទទួល​មរណ​ភាព លោក​បាន​យក​សព​របស់​គាត់​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ជាមួយ​ឪពុក។ បន្ទាប់​មក​លោក​ចេញ​ដំណើរ​ទៅ​ស្រុក​ម៉ែដ ជាមួយ​ភរិយា​របស់​លោក។ គាត់​រស់​នៅ​ស្រុក​អែក​បាតាន ក្បែរ​លោក​រ៉ាគូអែល ជា​ឪពុក​ក្មេក។ ១៣​គាត់​គោរព​ឪពុក​ម្ដាយ​ក្មេក​យ៉ាង​ខ្លាំង​ក្នុង​ពេល​គាត់​ចាស់​ជរា។ គាត់​បញ្ចុះ​សព​អ្នក​ទាំង​ពីរ នៅ​ក្បែរ​ក្រុង​អែក​បាតាន ក្នុង​ស្រុក​ម៉ែដ រួច​គាត់​ទទួល​កេរ​មត៌ក​ពី​លោក​រ៉ាគូអែល និង​ទទួល​កេរ​មត៌ក​ពី​លោក​តូប៊ីត ជា​ឪពុក​គាត់​ដែរ។ ១៤​គេ​តែង​គោរព​រាប់​អាន​គាត់​គ្រប់​ៗ​គ្នា ហើយ​គាត់​ទទួល​កេរ​មត៌ក​ក្នុង​ជន្មាយុ​មួយ​រយ​ដប់​ប្រាំពីរ​ឆ្នាំ។ ១៥​មុន​ពេល​គាត់​ទទួល​មរណភាព គាត់​ទទួល​ដំណឹង​ថា ក្រុង​នីនីវេ​ត្រូវ​អន្តរាយ​ហើយ គាត់​ក៏​ឃើញ​អ្នក​ក្រុង​នីនីវេ​ដែល​ព្រះ​មហា​ក្សត្រ​ស៊ីអាសារ ស្ដេច​ស្រុក​ម៉ែដ​កៀរ​មក​ដែរ។ គាត់​លើក​តម្កើង​ព្រះជាម្ចាស់​ចំពោះ​ការ​ទាំង​អស់ ដែល​ព្រះ​អង្គ​បាន​ប្រព្រឹត្ត​ចំពោះ​ប្រជា​ជន​ក្រុង​នីនីវេ និង​ស្រុក​អាស្ស៊ីរី។ មុន​ពេល​គាត់​ទទួល​មរណ​ភាព គាត់​មាន​អំណរ​សប្បាយ​ដោយ​ក្រុង​នីនីវេ​ត្រូវ​អន្តរាយ ហើយ​គាត់​លើក​តម្កើង​ព្រះជាម្ចាស់ អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ « អាម៉ែន ! »