ពាក្យលំនាំ

​​​​​​អ្នកស្រីយូឌីតជាស្រ្ដីមេម៉ាយម្នាក់ ដែលមានរូបសម្ផស្សល្អស្រស់លើសគេ គួរជាទីចាប់ចិត្ដនៃបុរសទាំងឡាយ។ អ្នកស្រីតែងតែ​គោរពបម្រើព្រះជាម្ចាស់ ដោយចិត្ដស្មោះ។ នៅពេលកងទ័ពខ្មាំងសត្រូវចូលមកលុកលុយស្រុកយូដា ក្នុងគោលបំណងបំផ្លាញស្រុក​ និង សម្លាប់ប្រជាជនឲ្យវិនាសអន្ដរាយ អ្នកស្រីយូឌីតជឿសង្ឃឹមលើព្រះជាម្ចាស់ ហ៊ានចេញទៅជួបមេទ័ពរបស់ខ្មាំងតែម្នាក់ឯង ហើយកាត់កមេទ័ពនោះទៀតផង។ ដូច្នេះ នាងបានសង្គ្រោះប្រជាជនរបស់ព្រះអង្គ។ អ្នកស្រីយូឌីត ក៏ដូចព្យាការីនីដេបូរា (វរ ៤-៥) ឬ ព្រះនាងអេសធែរដែរ។

អ្នកនិពន្ធរឿងនេះ មិនមែននិពន្ធតាបប្រវត្ដិសាស្រ្ដទេ! ឧប.ថា គេហៅព្រះចៅនេប៊ូកានេសារ ជាព្រះមហាក្សត្រស្រុកបាប៊ីឡូនថា​ «ព្រះមហាក្សត្រស្រុកអាស្ស៊ីរី!» ព្រឹត្ដិការណ៍ខ្លះបញ្ជាក់ថាជនជាតិយូដាដែលជាប់ជាឈ្លើយ ធ្វើមាតុភូមិនិវត្ដន៍រួចហើយ (៤,៣,៥, ១១)។ ប៉ុន្ដែ តាមប្រវត្ដិសាស្ដ្រ ព្រះចៅនេប៊ូកានេសារនេះ បានកៀរពួកគេទៅធ្វើជាឈ្លើយ! គ្មាននរណាស្គាល់ក្រុងបេតធូលី និង កន្លែងផ្សេងៗទៀតឡើយ (៤,៧; ៦,១១-១២; ៧,១២។ល។)

​ដូច្នេះ អ្នកវិភាគតែងសន្និដ្ឋានថា ប្រហែលមានព្រឹត្ដិការណ៍បែបនេះ កើតឡើងនៅជំនាន់ជនជាតិពែរ្យគ្រប់គ្រងមជ្ឈិមបូព៌ា កណ្ឌនេះជារឿងនិទានដែលគេប្រឌិតឡើង ប៉ុន្ដែ នៅពេលក្រោយ គេកែច្នៃ និងបន្ថែសេចក្ដីឯទៀតៗ ប្រឌិតឡើងតាមរបៀបជន​ជាតិយូដា ហៅថា «មីត្រាស់» ដើម្បីដាស់តឿងជនជាតិយូដាដែលជួបឧបសគ្គជាច្រើន ឲ្យជឿសង្ឃឹមលើព្រះជាម្ចាស់ជានិច្ច! ព្រះ​អង្គតាមថែរក្សាការពារប្រជារាស្រ្ដរបស់ព្រះអង្គ!

គេនិពន្ធនៅជំនាន់ប្របាទ អន់ទីយ៉ូគូស អេភីផាន (១៧៥-១៦៤) មុន គ.ស. ធ្វើបាបប្រជាជន។ ដូច្នេះ អ្នកនិពន្ធមានគោលបំណង ប្រហាក់ប្រហែលនឹងគោលបំណងរបស់អ្នកនិពន្ធកណ្ឌ ដានីអែល។ ឈ្មោះ «យូឌីត» មានអត្ថន័យថា «ស្រ្ដីជនជាតិយយូដា» គឺជារូបតំណាងប្រជារាស្រ្ដរបស់ព្រះជាម្ចាស់។ ព្រះអង្គ មិនលះបង់ចោលប្រជារាស្រ្ដរបស់ព្រះអង្គឡើយ!។

នាងយូឌីត

ជំពូកទី ១

ព្រះ​បាទ​នេប៊ូកា​នេសារ​ធ្វើ​សង្គ្រាម​ឈ្នះ​ព្រះ​បាទ​អរផាសាដ
១នៅ​ឆ្នាំ​ទី​ដប់​ពីរ នៃ​រជ្ជ​កាល​ព្រះ​បាទ នេប៊ូកា​នេសារ​ជា​ស្ដេច ស្រុក​អាស្ស៊ីរី​នៅ​ក្រុង​នីនីវេ ជា​មហា​នគរ។ ចំណែក​ឯ​ព្រះ​បាទ​អរ​ផាសាដ​វិញ ទ្រង់​គ្រង​រាជ្យ​លើ​ជន​ជាតិ​ម៉ែដ ហើយ​គង់​នៅ​រាជ​ធានី​អែក​បាតាន។ ២ព្រះ​បាទ​អរផា​សាដ៍​បញ្ជា​​ឲ្យ​គេ​យក​ថ្ម ដែល​មាន​បណ្ដោយ​ប្រវែង​ប្រាំ​មួយ​ហត្ថ និង​ទទឹង​បី​ហត្ថ មក​សាង​កំពែង​ជុំវិញ​អែក​បាតាន។ កំពែង​នេះ​មាន​កម្ពស់​ចិត សិប​ហត្ថ ទទឹង​ហា​សិប​ហត្ថ។ ៣នៅ​សង​ខាង​ខ្លោង​ទ្វារ​ក្រុង​ស្ដេច​ឲ្យ​គេ​សង់​ប៉ម ដែល​មាន​កម្ពស់ មួយ​រយ​ហត្ថ ហើយ​ចាក់​គ្រឹះ​មាន ទទឹង​ហុកសិប​ហត្ថ។ ៤​ស្ដេច​ក៏​សង់​ទ្វារ​ក្រុង​ដែរ។ ទ្វារ​ទាំង​នោះ​មាន​កម្ពស់​ចិត​សិប​ហត្ថ និង​ទទឹង​សែ​សិប​ហត្ថ សម្រាប់​ឲ្យ​កង​ទ័ព និង​កង​ពល​ថ្មើរ​ជើង​ចេញ​ទៅ​ច្បាំង។ ៥​នៅ​គ្រា​នោះ ព្រះ​បាទ​នេប៊ូកា​នេសារ ចេញ​ទៅ​ធ្វើ​សង្គ្រាម​នឹង​ព្រះ​បាទ​អរផាសាដ៏ នៅ​វាល​ទំនាប​ដ៏​ធំ​ក្បែរ​ក្រុង​រ៉ាកូ។៦​អ្នក​ស្រុក​ទាំង​អស់ ដែល​រស់​នៅ​តាម​តំបន់​ភ្នំ តាម​ទន្លេ​អឺប្រាត​ទន្លេ​ទីគ្រ ទន្លេ​ហ៊ី​ដាស់ ព្រម​ទាំង​អ្នក​ស្រុង​ដែល​រស់​នៅ​តាម​វាល ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង របស់​ព្រះ​បាទ​អរីយុគ ជា​ស្ដេច​ជន​ជាតិ​អេលី​ម៉ាអ៊ីស ក៏​ចូល​រួម​ជាមួយ​កង​ទ័ព​របស់​ស្ដេច នេប៊ូកា​នេសារ​ដែរ។ កង​ទ័ព​នៃ​ប្រជា​ជាតិ​ជាច្រើន រួម​គ្នា​ជាមួយ​កង​ទ័ព​បាប៊ីឡូន។ ៧​គ្រា​នោះ ព្រះ​បាទ​បេប៊ូកា​នេសារ ជា​ស្ដេច​នៅ​ស្រុក​អាស្ស៊ីរី ចាត់​អ្នក​នាំ​សារ​ទៅ​ទាក់​ទង​គ្រប់​ជាតិ​សាសន៍ គឺ​អស់​អ្នក​ដែល​រស់​នៅ​ស្រុក​ពែរ្ស និង​អ្នក​ដែល​រស់​នៅ​ប៉ែក​ខាង​លិច​នៃ​ស្រុក​ពែរ្ស អ្នក​ដែល​នៅ​ស្រុក​ស៊ីលីស៊ី និង​ក្រុង​ដាម៉ាស់​នៅ​តំបន់​ភ្នំ​លីបង់ ភ្នំ​អង់​ទី​លីបង់ អស់​អ្នក​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ ៨​ព្រម​ទាំង​ប្រជា​ជន​ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​ការ​មែល ស្រុក​កាឡាដ ប៉ែក​ខាង​ជើង​ស្រុក​កាលីឡេ និង​នៅ​តាម​វាល​អេស្រ្តឡូន​ផង។ ៩​ស្ដេច​ក៏​ចាត់​អ្នក​នាំ​សារ ទៅ​ទាក់​ទង​នឹង​អ្នក​ស្រុក​សាម៉ារី​ទាំង​អស់ និង​តំបន់​ប៉ែក​ខាង​លិច​នៃ​ទន្លេ​យ័រដាន់ រហូត​ដល់​ក្រុង​យេរូ​សាឡឹម ក្រុង​បាតាណេ​ កេលូសកាដែស រហូត​ដល់​ជ្រោះ​នៃ​ព្រំ​ប្រទល់​ស្រុក​អេស៊ីប ទៅ​ក្រុង​តាបាណែស រ៉ាមសេស និង​តំបន់​កូសែម​ទាំង​មូល ១០​គឺ​រហូត​ទៅ​ដល់​ក្រុង​តានិ ម៉ឹមភីស ហើយ​និង​អស់​អ្នក ដែល​រស់​នៅ​ក្នុង​ស្រុក​អេត្យូពី​ទៀត។ ១១ ប៉ុន្តែ​អ្នក​ស្រុក​នៅ​តំបន់​ទាំង​នោះ បាន​មើល​ងាយ​រាជ​ឱង្ការ​របស់​ព្រះ​បាទ​នេប៊ូកា​នេសារ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី ហើយ​មិន​ព្រម​ចូល​រួម ដើម្បី​ធ្វើ​សង្គ្រាម​ទៀត​ផង ព្រោះ​គេ​មិន​ខ្លាច​ស្ដេច​ទេ ហើយ​រួម​គ្នា​ជា​ធ្លុង​តែ​មួយ​ប្រឆាំង​ស្ដេច​វិញ។ ពួក​គេ​ក៏​បណ្ដេញ​អ្នក​នាំ​សារ​របស់​ស្ដេច ឲ្យ​ត្រឡប់​ទៅ​ស្រុក​វិញ​ទាំង​អាម៉ាស​មុខ​យ៉ាង​ខ្លាំង ដោយ​គ្មាន​កង​ទ័ព​ណា​ម្នាក់​ទៅ​ជា​មួយ​ឡើយ។ ១២​ហេតុ​ការណ៍​ទាំង​នេះ បាន​ធ្វើ​ឲ្យ​ព្រះ​បាទ​នេប៊ូកា​នេសារ ទ្រង់​ព្រះ​ពិរោធ​យ៉ាង​ខ្លាំង​ហើយ​ស្បថ​ដោយ​យក​រាជ​បល្ល័ង្ក និង​រាជា​ណាចក្រ ធ្វើ​ជា​សាក្សី​ថា នឹង​សង​សឹក​ទៅ​លើ​ប្រជា​ជន​ដែល​រស់​នៅ​តំបន់​នោះ គឺ​ប្រហារ​ជីវិត​អ្នក​ស្រុក​ស៊ីលីស៊ី តំបន់​ក្រុង​ដាម៉ាស់ និង​ស្រុក​ស៊ីរី ស្រុក​ម៉ូអាប់ ស្រុក​អាំម៉ូន អ្នក​ស្រុក​យូដា​ទាំង​មូល និង​អ្នក​ស្រុក​អេស៊ីប រហូត​ដល់ សមុទ្រ​មេឌីទែ​រ៉ាណេ និង​សមុទ្រ​ក្រហម។ ១៣​នៅ​ឆ្នាំទី​ដប់​ប្រាំ​ពីរ​នៃ​រជ្ជ​កាល​ព្រះ​បាទ​នេប៊ូកា​នេសារ ទ្រង់​ចេញ​ទៅ​ច្បាំង​ជាមួយ​ព្រះ​បាទ​អរផាសាដ៍ ហើយ​ទទួល​បាន​ជ័យជម្នះ។ ស្ដេច​វាយ​កម្ទេច​កង​ទ័ព​របស់​ព្រះ​បាទ អរផាសាដ៍​ឲ្យ​បាក់​ទ័ព រត់​ទាំង​កង​ពល​សេះ ទាំង​រទេះ​ចម្បាំង។ ១៤​ព្រះ​បាទ​កាប៊ូកា​នេសារ ឡើង​គ្រប់​គ្រង​លើ​ក្រុង​ទាំង​ប៉ុន្មាន​របស់​ខ្មាំង​សត្រូវ ហើយ​យាង​ឆ្ពោះ​ទៅ​កាន់​ក្រុង​អែក​បាតាន។ ស្ដេច​វាយ​ដណ្ដើម​យក​ប៉ម ទាំង​ប៉ុន្មាន ហើយ​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ដែល​នៅ​តាម​ទី​ផ្សារ ធ្វើ​ជា​ជយ​ភណ្ឌ ព្រម​ទាំង​បំផ្លាញ​លំអ​ដ៏​ល្អ​ថ្កុំថ្កើង​របស់​ទី​ក្រុង ឲ្យ​បាក់​បែក​ខ្ទេច​ខ្ទី​អស់។ ១៥​ព្រះ​បាទ​នេប៊ូកា​បេសារ ចាប់​ព្រះ​បាទ​អរផាសាដ៍ បាន​នៅ​តំបន់​ភ្នំ​រ៉ាកូ រួច​ក៏​យក​លំពែង​ចាក់​ធ្វើ​គុត បំផ្លាញ​រាជ​អំណាច​នោះ​ចោល រហូត​មក​ដល់​សព្វ​ថ្ងៃ។ ១៦​ក្រោយមក ព្រះ​បាទ​នេប៊ូកានេសារ យាង​ត្រឡប់​មក​ទី​ក្រុង​នីនីវេ​វិញ ដោយ​មាន​ទាំង​កង​ទ័ព​ជាច្រើន​មក​ជាមួយ​ផង។ ស្ដេច​គង់​សម្រាក​នៅ​ទីនោះ ហើយ​ជប់​លៀង​យ៉ាង​សប្បាយ​ជាមួយ​កង​ទ័ព​ អស់​រយៈ​ពេល​មួយ​រយ​ម្ភៃ​ថ្ងៃ។

ជំពូកទី ២

សង្គ្រាម​ប្រឆាំង​នឹង​ប្រជាជននៅ​ភូមិភាគ​ប៉ែក​ខាង​លិច
១​នៅ​ថ្ងៃ​ទី​ម្ភៃ​ពីរ​ខែ​ដំបូង ​ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំបី​នៃ​រជ្ជ​កាល​ព្រះ​បាទ​នេប៊ូកា​នេសារ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី ព្រះ​ចៅ​និង​មន្ត្រី​ទាំង​ប៉ុន្មាន​ពិគ្រោះ​គ្នា គិត​ពី​ការ​សង​សឹក​នឹង​ប្រជា​ជន​ទាំង អស់​ដែល​មិន​ព្រម​ចូល​រួម​ច្បាំង​ជាមួយ ស្រប​តាម​រាជ​ឱង្ការ​ស្បថ​កាល​ពី​មុន​នោះ ២​ព្រះ​ចៅ​កោះ​ហៅ​មេទ័ព និង មន្ត្រី​ជាន់​ខ្ពស់​ទាំង​អស់​មក​ជួប​ប្រជុំ​គ្នា​ជា​សំងាត់ ហើយ​សម្រេច​សង​សឹក​ដាក់​ទោស​ដែន​ដី​ទាំង​មូល។

៣​មន្ត្រី​ទាំង​ប៉ុន្មាន​ក៏​យល់​ព្រម​ប្រហារ​ជីវិត​ប្រជា​ជន​ទាំង​អស់ ដែល​ពុំ​ព្រម​ចូល​រួម​ទៅ​ច្បាំង តាម​រាជ​ឱង្ការ​របស់​ស្ដេច។ ៤​លុះ​ការ​ពិភាក្សា​បាន​ចប់​សព្វ​គ្រប់​ហើយ ព្រះ​បាទ​នេប៊ូកា​នេសារ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី ហៅ​លោក​ហូឡូភែរ​(ជា​មេ​បញ្ជា​ការ​កង​ទ័ព​បន្ទាប់​ពី​ស្ដេច)​មក ហើយ​មាន​រាជ​ឱង្ការ​ថា៖ «ព្រះ​មហា​ក្សត្រ​ដែល​ជា​ម្ចាស់​ផែន​ដី​ទាំង​មូល​បញ្ជា​ដូច​តទៅ៖ ចូរ​ទៅ​ប្រមូល​ពល​ទាហាន​ដ៏​ខ្លាំង​ពូកែ​អង់​អាច​ គឺ​កង​ពល​ថ្មើរ​ជើង ចំនួន​យ៉ាង​តិច​ណាស់​មួយ​សែន​ពីរ​ម៉ឺន​នាក់ ព្រម​ទាំង​ពល​សេះ ចំនួន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ និង​សេះ​ជាច្រើន​ផង​។ ៦​លោក​ត្រូវ​ចេញ​ទៅ​ប្រយុទ្ធ ​ជាមួយ​ប្រជា​ជន​ទាំង​អស់​នៅ​ប៉ែក​ខាង​លិច ព្រោះ​ពួក​គេ មិន​គោរព​តាម​រាជ​ឱង្ការ​របស់​យើង​ទេ។ ៧​លោក​ត្រូវ​ទាម​ទារ​ឲ្យ​ពួក​គេ ចុះ​ចូល​ក្រោម​អំណាច​របស់​យើង ដ្បិត​យើង​ខ្ញាល់​ខ្លាំង​ណាស់ ហើយ​បញ្ជា​ឲ្យ​កង​ទ័ព​ចេញ​ទៅ​វាយ​ពួក​គេ។ ទាហាន​របស់​យើង​ និង​ដើរ​ជាន់​កម្ទេច​ទឹក​ដី​ទាំង​មូល​របស់​គេ ហើយ​រឹប​អូស​យក​ ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​គេ​ថែម​ទៀត​ផង។ ៨​អ្នក​របួស​ខាង​ពួក​គេ នឹង​មាន​ពាស​ពេញ​ជ្រលង​ភ្នំ ហើយ​នៅ​តាម​ដង​ស្ទឹង​និង​ដង​ទន្លេ មាន​ពាស​ពេញ​ទៅ​ដោយ​សក​សព។ ៩​យើង​នឹង​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ រហូត​ដល់​ចុង​បំផុត​នៃ​ផែន​ដី។ ១០​រីឯ​លោក ចូរ​ចេញ​ទៅ​វាយ​យក​តំបន់​ទាំង​ប៉ុន្មាន​របស់​ពួក​គេ មក​ឲ្យ​យើង។ កាល​ពួក​គេ​ចុះ​ចូល​និង​លោក​ហើយ លោក​ត្រូវ​ទុក​ពួក​គេ​រហូត​ដល់​ថ្ងៃ​ដែល​យើង ដាក់​ទោស​ពួក​គេ។ ១១​រីឯ​អស់​អ្នក​ដែល​មិន​ព្រម​ចុះ​ចូល​វិញ ចូរ​កុំ​ត្រា​ប្រណី​ពួក​គេ​ឲ្យ​សោះ ចូរ​សម្លាប់ ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ ឲ្យ​អស់​នៅ​លើ​ផែន​ដី​ទាំង​មូល! ១២​យើង​បាន​ស្បថ​ក្នុង​នាម​រាជ​សម្បត្តិ និង​ជីវិត​យើង​ផ្ទាល់​ថា យើង​និង​ប្រព្រឹត្ត​ដូច្នេះ​ដោយ​ខ្លួន​យើង។ ១៣​ចំណែក​ឯ​លោក ចូរ​កុំ​ប្រព្រឹត្ត​បំពាន​នឹង​បញ្ជា របស់​ម្ចាស់​លោក​ឡើយ សូម​បី​តែ​មួយ​ម៉ាត់​ក៏​មិន​ត្រូវ​បំពាន​ដែរ! ចូរ​ធ្វើ​តាម​រាជ​បញ្ជា​ទាំង​នេះ​ជា​កំហិត កុំ​បង្អែ​បង្អង់​ឡើយ!»។ ១៤លោក​មេ​ទ័ព​ហូឡូភែរ ចាក​ចេញ​ពី​ព្រះ​ភ័ក្រ្ត​ស្ដេច​ដែល​ជាម្ចាស់​របស់​លោក រួច​កោះ​ហៅ​ពួក​ស្ដេច​ត្រាញ់ មេ​ទ័ព ​និង​នាយ​ទាហាន​នៅ​ស្រុក​អាស្ស៊ីរី​មក។ ១៥​លោក​បាន​កែន​កង​ទ័ព​ស្រួច​ពិសេស ចំនួន​មួយ​សែន​ពីរ​ម៉ឺន​នាក់ តាម​បញ្ជា​របស់​ព្រះ​ចៅ​អធិរាជ ព្រម​ទាំង​ពល​សេះ​ដែល​ចេះ​បាញ់​ធ្នូ ចំនួន​មួយ​សែន​ពីរ​ម៉ឺន​នាក់​ទៀត។ ១៦​លោក​រៀប​ចំ​ទាហាន​ដ៏​ច្រើន​នោះ ជា​កង​ពល ដើម្បី​ចេញ​ទៅ​ច្បាំង។ ១៧លោក​យក​អូដ្ឋ លា និង​សេះ​សម្រាប់​ដឹក​ជញ្ជូន គ្រឿង​ឧបករណ៍​ប្រើ​ប្រាស់ ព្រម​ទាំង​ចៀម គោ ពពែ​ជាច្រើន​ទៅ​ជាមួយ សម្រាប់​ធ្វើ​ជា​អាហារ។​ ៨​លោក​ក៏​រៀបចំ​ស្បៀង​អាហារ​យ៉ាង​ច្រើន សម្រាប់​ពល​ទាហាន​ម្នាក់ៗ​ព្រម​ទាំង​មាស​នឹង​ប្រាក់ មួយ​ចំនួន​ធំ​ពី​ឃ្លាំង​រាជ​ទ្រព្យ។ ១៩​លោក​ហូឡូភែរ ព្រម​ទាំង​កង​ទ័ព​ទាំង​មូល​ចេញ​ដំណើរ​ទៅ ច្បាំង​និង​តំបន់​ទាំង​ប៉ុន្មាន​នៅ​ប៉ែក​ខាង​លិច ឲ្យ​បាន​មុន​ព្រះ​បាទ​នេប៊ូកា​នេសារ ដោយ​មាន​រទេះ​ច្បាំង ទ័ព​សេះ និង កង​ទ័ព​ស្រួច​យ៉ាង​សន្ធឹក​សន្ធាប់ មាន​ពាស​ពេញ​នៅ​លើ​ផែន​ដី។ ២០​កង​ទ័ព​ដទៃ​ទៀត ក៏​ចេញ​ដំណើរ​ជាមួយ កង​ទ័ព​របស់​លោក​ហូឡូភែរ យ៉ាង​ច្រើន​អនេក ដូច​ហ្វូង​កណ្ដូប ឫ​ដូច​គ្រាប់​ខ្សាច់​នៅ​លើ​ដី ដ្បិត​គ្មាន​នរណា​អាច​រាប់​បាន​ឡើយ។ ២១​កង​ទ័ព​ទាំង​នោះ​ចេញ​ដំណើរ​ពី​ទីក្រុង​នីនីវេ ហើយ​ដើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ឆ្ពោះ​ទៅ​កាន់​វាល​ទំនាប​បេកទីលេត ហើយ​ចេញ​ពី​បេកទីលេក​ទៅ​បោះ​ជំរំ​នៅ​ភ្នំ​ ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​នៃ​ស្រុក​ស៊ីលីស៊ី។ ២២​លោក​ហូឡូភែរ នាំ​កង​ទ័ព​ទាំង​អស់ គឺ​ទាំង​កង​ពល​ថ្មើរ​ជើង ទាំង​កង​ពល​សេះ ទាំង​រទេះ​ចម្បាំង ចេញ​ពី​កន្លែង​នោះ ទៅ​កាន់​តំបន់​ភ្នំ។ ២៣​លោក​វាយ​ដណ្ដើម​យក​ទី​ក្រុង​ភូដ និង​ទីក្រុង​លូដ ព្រម​ទាំង​រឹប​អូស​យក ទ្រព្យ​សម្បត្តិ​របស់​កូន​ចៅ​រ៉ាស៊ីស និង​កូន​ចៅ​អ៊ីស្មាអែល​ដែល​ស្នាក់​អាស្រ័យ​នៅ​តាម​វាល រហោ​ស្ថាន​ខាង​ត្បូង​ខេលេអូន​ទៀត​ផង។ ២៤​លោក​នាំ​កង​ទ័ព​ឆ្លង​ទន្លេ​អឺប្រាត និង​ឆ្លង​កាត់​តំបន់​មេសូប៉ូតាមី ហើយ​វាយ​កម្ទេច​ក្រុង​ទាំង​ឡាយ ដែល​មាន​កំពែង​រឹង​មាំ នៅ​តាម​ជ្រោះ​អប្រូណា រហូត​ទៅ​ដល់​សមុទ្រ។ ២៥ លោក​កាន់​កាប់​តំបន់​ស៊ីលីស៊ី ហើយ​កម្ទេច​អស់​អ្នក​ដែល​ប្រឆាំង​តទល់​នឹង​លោក។ រួច​លោក​ទៅ​ដល់​ព្រំ​ប្រទល់​ស្រុក​យ៉ាផែត ដែល​នៅ​ខាង​ត្បូង ទល់​មុខ​ស្រុក​អារ៉ាប៊ី។ ២៦​លោក​ឡោម​ព័ទ្ធ​ជន​ជាតិ​ម៉ាឌីយ៉ាន​ទាំង​អស់ ដុត​ជំរំ​របស់​ពួក​គេ​ចោល ហើយ​រឹប​អូស យក​ហ្វូង​សត្វ​របស់​ពួក​គេ​ផង។ ២៧ លោក​ហូឡូភែរ​លើក​ទ័ព​ ចុះ​ទៅ​ដល់​វាល​នៃ​ក្រុង​ម៉ាស់ ក្នុង​រដូវ​ចម្រូត ហើយ​ដុត​ស្រែ​ទាំង​អស់​ចោល​កម្ទេច​ហ្វូង​ចៀម ​ហ្វូង​គោ​របស់​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ ដែល​មាន​នៅ​ក្នុង​ទីក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​គេ បំផ្លាញ​វាល​ទំនាប ហើយ​សម្លាប់​រង្គាល​យុវជន​ទាំង​អស់​ចោល ដោយ​មុខ​ដាវ​ទៀត​ផង។ ២៨​នៅ​គ្រា​នោះ​អ្នក​ក្រុង​ស៊ីដូន អ្នក​ក្រុង​ទីរូស អ្នក​ក្រុង​សួរ អ្នក​ក្រុង​អូគីណា នឹង​អ្នក​ក្រុង​យ៉ាមនីយ៉ា​ទាំង​អស់ ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ នាំ​គ្នា​ភ័យ​តក់​ស្លុត​យ៉ាង​ខ្លាំង។ អ្នក​ក្រុង​អាសូត និង​អ្នក​ក្រុង​អាស្កាឡូន ក៏​ភ័យ​ខ្លាច​តក់​ស្លុត ខ្លាំង​ណាស់​ដែរ។

ជំពូកទី ៣

១​ជន​ជាតិ​ទាំង​នោះ ចាត់​អ្នក​នាំ​សារ​ទៅ​ជួប​លោក​ហូឡូភែរ ដើម្បី​ចរចា​សុំ​សន្តិ​ភាព។ ពួក​គេ​និយាយ​ថា៖ ២«យើង​ខ្ញុំប្របាទ​ទាំង​អស់​គ្នា ជា​ខ្ញុំ​បម្រើ​ព្រះ​បាទ​នេប៊ូកា​នេសារ ដែល​ជា​ព្រះ​មហា​ក្សត្រ! សូម​លោក​ប្រើ​យើង​ខ្ញុំប្របាទ​តាម​ចិត្ត​របស់​លោក​ចុះ។ វាល​ស្មៅ​សម្រាប់ ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ព្រះ​បាទ ដីធ្លី ស្រែ​ចម្ការ ហ្វូង​ចៀម ហ្វូង​គោ​របស់​យើង​ខ្ញុំ ទាំង​ប៉ុន្មាន យើង​ខ្ញុំ​សូម​ប្រគល់​ជូន​លោក​ទាំង​អស់ សូម​លោក​ប្រើ​ប្រាស់ តាម​តែ​លោក​យល់​ឃើញ​ទៅ​ចុះ។ ៤​ក្រុង​របស់​យើង​ខ្ញុំ​ជា​កម្ម​សិទ្ធិ​របស់​លោក នឹង​អ្នក​ក្រុង​ទាំង​នោះ​ក៏​សុទ្ធ​តែ​ទាសា​ទាសី​របស់​លោក​ដែរ សូម​លោក​អញ្ជើញ​ចូល​ក្នុង​ក្រុង​ទាំង​នោះ តាម​តែ​ការ​យល់​ឃើញ​ទៅ​ចុះ»។ ៥​អ្នក​នាំ​សារ​ទាំង​នោះ មក​ជួប​លោក​ហូឡូភែរ ហើយ​ក៏​ជម្រាប​លោក​ដូច្នេះ។៦​ពេល​នោះ​ លោក​ហូឡូ​ភែរ​និង​កង​ទ័ព​ទាំង​មូល ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​តំបន់ តាម​ឆ្នេរ​សមុទ្រ ហើយ​តាំង​ទ័ព​នៅ​ក្នុង​ក្រុង​ទាំង​ប៉ុន្មាន ដែល​មាន​កំពែង រួច​លោក​កែន​ទាហាន​ដ៏​ខ្លាំង​ពូកែ​ពី​ក្រុង​ទាំង​នោះ​ឲ្យ​ទៅ​ជួយ​ច្បាំង។ ៧​ប្រជា​ជន​នៅ​តំបន់​ជុំវិញ​ក្រុង​ទាំង​នោះ នាំ​គ្នា​ទទួល​ស្វាគមន៍​លោក​ហូឡូភែរ ហើយ​បំពាក់​កម្រងផ្កា វាយ​ស្គរ និង​ច្រៀង​រាំ​ជួន​លោក​ទៀត​ផង។ ៨​ប៉ុន្តែ លោក​បាន​បំផ្លាញ​ទឹក​ដី​របស់​ពួក​គេ ហើយ​កាប់​ដើម​ឈើ ជា​ទី​សក្ការៈ​របស់​ពួក​គេ​ចោល ព្រោះ​លោក​បាន​ទទួល​ព្រះ​រាជ​បញ្ជា​ឲ្យ​បំផ្លាញ កម្ទេច​ព្រះ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន​ដី ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​អស់​គោរព​ថ្វាយ​បង្គំ តែ​ព្រះ​បាទ​នេប៊ូកា​នេសារ​មួយ​អង្គ​គត់ និង ដើម្បី​ឲ្យ​មនុស្ស​គ្រប់​ជាតិ​សាសន៍ គ្រប់​ភាសា បួង​សួង​អង្វរ​ព្រះរាជា ទុក​ដូច​ជា​ព្រះ​របស់​គេ។ ៩​លោក​ទៅ​ដល់​មុខ​ក្រុង​អេស្រ្តឡូន នៅ​ក្បែរ​ក្រុង​ដូតន ដែល​ស្ថិត​នៅ​ទន្ទឹម និង​ជួរ​ភ្នំ​ដ៏​ខ្ពស់​របស់​ស្រុក​យូដា។ ១០ ពេល​នោះ​ លោក​បាន​បោះ​ជំរំ​ទ័ព​នៅ​ចន្លោះ​ក្រុង​កេបា និង​ក្រុង​ស៊ីថូប៉ូលីស ហើយ​ស្នាក់​នៅ​ទី​នោះ ​អស់​រយៈ​ពេល​មួយ​ខែ ដើម្បី​រៀប​ចំ​ស្បៀង​បម្រុង​សម្រាប់​កង​ទ័ព។

ជំពូកទី ៤

ជនជាតិ​យូដា​មាន​គម្រោង​ការ​ការពារ​ខ្លួន
១​ប្រជាជន​អ៊ីស្រាអែល​ ដែល​រស់​នៅ​ក្នុង​ស្រុក​យូដា បាន​ទទួល​ដំណឹង​អំពី​ហេតុ​ការណ៍ ទាំង​ប៉ុន្មាន​ដែល​លោក​ហូឡូភែរ ជា​មេទ័ព​របស់​ព្រះ​បាទ​នេប៊ូកា​នេសារ ស្ដេច​ស្រុក​អាស្ស៊ីរី ធ្វើ​ចំពោះ​ប្រជា​ជាតិ​ទាំង​អស់ ហើយ​ដឹង​ពី​របៀប​ដែល​លោក​បាន​បំផ្លាញ​ទី​សក្ការៈ និង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​ទី​នោះ។ ពួក​គេ​ភ័យ​ខ្លាច​តក់​ស្លុត​ខ្លាំង​ណាស់ ហើយ​ព្រួយ​បារម្ភ​ពី​វាសនា​ក្រុង​យេរូ​សាឡឹម និង​ព្រះ​វិហារ​របស់​ព្រះជាម្ចាស់ ជា​ព្រះ​របស់​ពួក​គេ ៣​ព្រោះ​ពួក​គេ​ទើប​នឹង​វិល​ត្រឡប់​ពី​ជាប់​ជា​ឈ្លើយ​មក​វិញ​ថ្មីៗ។ ប្រជា​ជន​យូដា បាន​ប្រមូល​គ្រឿង​បរិក្ខារ និង​អាសនៈ​ព្រម​ទាំង​ធ្វើ​ពិធី​ញែក​លើ​គ្រឿង​ប្រើ​ប្រាស់​លើ​អាសនៈ និង​លើ​ព្រះ​ដំណាក់​របស់​ព្រះជាម្ចាស់ ដែល​ពួក​ខ្មាំង​បាន​បង្អាប់​បង្អោន​ឲ្យ​បាន​បរិសុទ្ធ​ឡើង​វិញ។ ៤​ពួក​គេ​ចាត់​អ្នក​នាំ​សារ ទៅ​តំបន់​សាម៉ារី​ទាំង​មូល តំបន់​កូណា តំបន់​បែត​ហូរ៉ូន អរបែល​ម៉ាអ៊ីម យេរីខូ រហូត​ដល់​ទៅ​ខូបា អៃស៊រ និង​រហូត​ទៅ​ដល់​វាល​ទំនាប​សាឡឹម។ ៥​ពួក​គេ​កាន់​កាប់​កំពូល​ភ្នំ​ខ្ពស់​ៗ​ទាំង​ឡាយ ដោយ សង់​កំពែង​ជុំ​វិញ​ភូមិ​នៅ​តាម​តំបន់​ភ្នំ ដើម្បី​ផ្ទុក​ស្បៀង​អាហារ​សម្រាប់​ទប់​ទល់​នៅ​ពេល​មាន​ចម្បាំង ព្រោះ​ពួក​គេ​ទើប​តែ​ច្រូត​ស្រូវ​ហើយ​ថ្មីៗ។ ៦​លោក​យ៉ូអាគីម​ជា​មហា​បូជាចារ្យ នៅ​ក្រុង​យេរូសាឡឹម​ក្នុង​សម័យ​នោះ គាត់​បាន​សរសេរ​លិខិត​មួយ​ច្បាប់ ទៅ​ប្រជា​ជន​នៃ​ក្រុង​បេតធូលី និង​ក្រុង​បេតូមេស​តាអ៊ីម ដែល​នៅ​មុខ​ក្រុង​អេស្ត្រឡូន និង​នៅ​មុខ​វាល​ដូតន។ ៧​ក្នុង​លិខិត​នេះ លោក​បញ្ជា​ឲ្យ​គេ​កាន់​កាប់​ច្រក​ភ្នំ ដ្បិត​ទាហាន ដែល​ចង់​ចូល​ទៅ​ស្រុក​យូដា ត្រូវ​តែ​ឆ្លង​កាត់​ច្រក​នេះ ។ ម្យ៉ាង​ទៀត នៅ​កន្លែង​នោះ​ស្រួល​វាយ​ស្ទាក់​ទាហាន ព្រោះ​ពួក​គេ​ពុំ​អាច​ដើរ​ទន្ទឹម​គ្នា លើស​ពី​ពីរ​នាក់​ឡើយ ដោយ​សារ​ច្រក​ភ្នំ​នេះ​ចង្អៀត​ពេក។ ៨ ជនជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ធ្វើ​តាម​សេចក្ដី​ដែល​លោក​បូជាចារ្យ​យ៉ូអាគីម និង​ប្រឹក្សា​ព្រឹទ្ធាចារ្យ របស់​ប្រជា​ជន​អ៊ីស្រាអែល​ទាំង​មូល​ នៅ​ក្រុង​យេរូ​សាឡឹម បាន​បញ្ជា​គេ។ ៩​ជនជាតិ​អ៊ីស្រាអែល​ទាំង​មូល​ទូល​អង្វរ​ព្រះជាម្ចាស់​យ៉ាង ខ្លាំង ដោយ​ស្មោះ​អស់​ពី​ចិត្ត ១០​ហើយ​នាំ​គ្នា​ធ្វើ​ពិធី​តម​អាហារ​យ៉ាង​តឹង​រ៉ឹង ទាំង​បុរស ទាំង​ស្ត្រី ទាំង​កូន​ចៅ ទាំង​ហ្វូង​សត្វ​របស់​ពួក​គេ។ ពួក​អន្តោ​ប្រវេសន៍ ព្រម​ទាំង​កូន​ឈ្នួល និង​ទាសា​ទាសី​របស់​គេ​ក៏​នាំ​គ្នា ស្លៀក​សម្លៀក​បំពាក់​កាន់​ទុក្ខ​ដែរ។ ១១​អ្នក​ក្រុង​យេរូ​សាឡឹម​ទាំង​អស់ ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ចាស់ ក្រាប​ថ្វាយ​បង្គំ​នៅ​មុខ​ព្រះ​វិហារ ហើយ​លើក​យក​ផេះ មក​រោយ​លើ​ក្បាល​របស់​គេ ព្រម​ទាំង​លាត​សម្លៀក​បំពាក់​កាន់​ទុក្ខ​ធ្វើ​ពី​បាវ ទូល​អង្វរ​ព្រះ​អម្ចាស់​ផង។ ១២​ពួក​គេ​យក​ក្រណាត់​កាន់​ទុក្ខ​មក​ក្រាល​ជុំ​វិញ​អាសនៈ រួច​នាំ​គ្នា​ទូល​អង្វរ​ព្រះ​អម្ចាស់​យ៉ាង​ខ្លាំង សូម​ព្រះ​អង្គ​កុំ​បណ្ដោយ​ឲ្យ​ខ្មាំង​សត្រូវ​ចាប់​យក​ប្រពន្ធ និង​កូន​ចៅ​របស់​ពូក​គេ​បាន សូម​កុំ​បណ្ដោយ​ ឲ្យ​ខ្មាំង​បំផ្លាញ​ក្រុង​ទាំង​ប៉ុន្មាន​របស់​គេ ដែល​ព្រះ​អង្គ​ប្រទាន​ឲ្យ​ទុក​ជា​កេរ​មត៌ក​សូម កុំ​បណ្ដោយ​ឲ្យ​ប្រជា​ជាតិ​ដទៃ មាន​ជ័យជំនះ​បង្អាប់​ព្រះ​វិហារ​របស់​ពួក​គេ​ដែរ។ ១៣​ព្រះ​អម្ចាស់​ទ្រង់​ព្រះ​សណ្ដាប់​សម្រែក​របស់​ពួក​គេ ព្រះ​អង្គ​ក៏​ទត​ឃើញ​ទុក្ខ​វេទនា​របស់​គេ​ដែរ។ ប្រជា​ជន​នៅ​ស្រុក​យូដា​ទាំង​មូល និង​នៅ​ស្រុក​យេរូសាឡឹម បន្ត​ពិធី​តម​អាហារ​នៅ​មុខ​ព្រះ​វិហារ​របស់​ព្រះ អម្ចាស់​ដ៏​មាន​តេជានុភាព​សព្វ​ប្រការ​អស់​ពេល​យ៉ាង​យូរ។ ១៤​លោក​មហា​បូជាចារ្យ​យ៉ូអាគីម អស់​លោក​បូជា​ចារ្យ ព្រម​ទាំង​អ្នក​បម្រើ​ព្រះ​អម្ចាស់ នៅ​ក្នុង​ព្រះ​វិហារ​បាន​ស្លៀក​សំលៀក​បំពាក់​កាន់​ទុក្ខ ហើយ​នាំ​គ្នា​ថ្វាយ​ដង្វាយ​ដុត​ទាំង​មូល​ជា​ប្រចាំ តង្វាយ​លា​បំណន់​និង​តង្វាយ​ស្ម័គ្រ​ចិត្ត​របស់​ប្រជា​ជន។ ១៥​ពួក​គេ​យក​ផេះ​ដាក់​លើ​ឈ្នួត ហើយ​នៅ​តែ​ស្រែក​ទូល​អង្វរ​ព្រះ​អម្ចាស់ ដោយ​ពេញ​ទំហឹង សូម​ព្រះ​អង្គ​យាង​មក​សង្គ្រោះ​ប្រជា​ជន​អ៊ីស្រាអែល​ផង។

ជំពូកទី ៥

លោក​ហូឡូភែរ​ពិភាក្សា​ជាមួយ​មេទ័ព
១នៅ​ពេល​នោះ លោក​ហូឡូ​ភែរ​ជា​មេ​បញ្ជា​ការ​កង​ទ័ព​ជន​ជាតិ​អាស្ស៊ីរី ទទួល​ដំណឹង​ថា ជន​ជាតិ​អ៊ីស្រាអែល​ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម។ ពួក​គេ​បិទ​ច្រក​ភ្នំ​ទាំង​ឡាយ​សង់​កំពែង​នៅ លើ​កំពូល​ភ្នំ​ទាំង​នោះ​សម្រាប់​ការ​ពារ​ខ្លួន ព្រម​ទាំង​ឧប​សគ្គ​ស្ទាក់​ផ្លូវ​តាម​វាល​ទំនាប ២​លោក​ខឹង​ក្ដៅ​ក្រហាយ​ជា​ខ្លាំង ហើយ​កោះ​ហៅ​មេ​ដឹក​នាំ​របស់​ជន​ជាតិ​ម៉ូអាប់​ទាំង​អស់ មេ​ដឹក​នាំ​របស់​ជន​ជាតិ​អាម៉ូន និង ទេសាភិបាល​ដែល​ត្រួត​ត្រា​នៅ​តាម​ឆ្នេរ​សមុទ្រ។ ៣ លោក​មាន​ប្រសាសន៍​ថា៖ «ជន​ជាតិ​កាណាន​អើយ! ចូរ​ប្រាប់​ខ្ញុំ​ឲ្យ​បាន​ដឹង​ផង តើ​ប្រជា​ជន​ណា​ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​នោះ? ពួក​គេ​រស់​នៅ​ក្នុង​ក្រុង​ណា​ខ្លះ? មាន​ទ័ព​ប៉ុន្មាន? ពួកគេ​មាន​អំណាច​និង​កម្លាំង​ដោយ​សារ​អ្វី? ស្ដេច​ណា​ដឹក​នាំ​កង​ទ័ព​របស់​ពួក​គេ? ៤​ហេតុ​អ្វី​បាន​ជា​ក្នុង​ចំណោម​ប្រជា​ជន​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​ប៉ែក​ខាង​លិច មាន​តែ​ពួក​គេ​ប៉ុណ្ណោះ ដែល​បដិសេធ​មិន​មក​ជួយ​យើង?»។

សុន្ទរកថា​លោក​អឃីយ័រ
លោក​ឃីយ័រ ជា​មេ​ដឹក​នាំ​ជន​ជាតិ​អាំម៉ូន​ទាំង​អស់ មាន​ប្រសាសន៍​ទៅ​កាន់​លោក​ហូឡូភែរ​ថា៖ «សូម​លោក​ម្ចាស់​មេត្តា​អនុញ្ញាត​ ឲ្យ​ខ្ញុំប្របាទ​ជម្រាប​ជូន។ ខ្ញុំប្របាទ​នឹង​ជម្រាប សេចក្ដី​ពិត​ពី​ប្រជា​ជន​ដែល​រស់​នៅ​តាម​តំបន់​ភ្នំ ក្បែរ​ជំរំ​របស់​លោក​ម្ចាស់។ ខ្ញុំប្របាទ​មិន​កុហក​លោក​ទេ។ ៦ ប្រជាជន​នេះ ជា​ពូជ​ពង្ស​របស់​ជន​ជាតិ​ខាល់ដេ​មួយ​ក្រុម។ ៧​មុន​ដំបូង​ពួក​គេ​រស់​នៅ​ស្រុក​មេសូ​ប៉ូតាមី តែ​គេ​មិន​ព្រម​គោរព​បម្រើ​តាម​ព្រះ​ទាំង​ប៉ុន្មាន របស់​ដូន​តា​គេ ដែល​រស់​នៅ​ស្រុក​ខាល់ដេ​ទេ។ ៨​ពួក​គេ​ឃ្លាត​ចាក​ពី​មាគ៌ា​របស់​ដូន​​តា​គេ ហើយ​នាំ​គ្នា​ថ្វាយ​បង្គំ​ព្រះជាម្ចាស់​នៃ​ស្ថាន​បរម​សុខ ជា​ព្រះ​ដែល​គេ​ទើប​នឹង​ស្គាល់។ អ្នក​ស្រុក​ដេញ​ពួក​គេ​ឲ្យ​ឆ្ងាយ​ពី​ព្រះ​ទាំង​នោះ រួច​ហើយ​ពួក​គេ​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​មេសូ​ប៉ូតាមី ប៉ែក​ខាង​ជើង​វិញ​ ហើយ​ក៏​រស់​នៅ​យ៉ាង​យូរ ក្នុង​ស្រុក​នោះ។ ៩​ព្រះ​របស់​ពូក​គេ មាន​ព្រះ​បន្ទូល​ឲ្យ​ចាក​ចេញ​ពី​តំបន់​នោះ​ ទៅ​ស្រុក​កាណាន។ ពួក​គេ​តាំង​ទី​លំ​នៅ​នៅ​ទី​នោះ ហើយ​ប្រមូល​មាស​ប្រាក់ ព្រម​ទាំង​មាន​ហ្វូង​សត្វ​ជាច្រើន​ផង។ ១០​ក្រោយ​មក ពួក​គេ​ចុះ​ទៅ​ស្រុក​អេស៊ីប ព្រោះ​មាន​ទុរ្ភិក្ស ពេញ​ស្រុក​កាណាន​ទាំង​មូល។ ពូក​គេ​ស្នាក់​អាស្រ័យ​នៅ​ស្រុក​អេស៊ីប ព្រោះ​ទី​នោះ​មាន​អាហារ​គ្រប់​គ្រាន់ អាច​ឧបត្ថម្ភ​ឲ្យ​ពួក​គេ​រស់​តទៅ​ទៀត​បាន។ ពួក​គេ​បង្កើត​កូន​ចៅ​យ៉ាង​ច្រើន​នៅ​ស្រុក​អេស៊ីប​នោះ ហើយ​បាន​ក្លាយ​ទៅ​ជា​ប្រជា​ជាតិ​មួយ​ដ៏​ធំ មាន​ចំនួន​ច្រើន​ឥត​គណនា។ ១១​ប៉ុន្តែ ស្ដេច​អេស៊ីប​បែរ​មក​ប្រឆាំង​នឹង​ពួក​គេ ហើយ​ប្រើ​នយោបាយ​ដ៏​ឈ្លាស​វៃ គឺ​ប្រើ​ពួក​គេ​ដ៏​ធ្ងន់ធ្ងរ​ឲ្យ​ធ្វើ​ឥដ្ឋ។ ទ្រង់​បាន​ជិះ​ជាន់​ពួក​គេ និង​ចាត់​ទុក​ពួក​គេ​ជា​ទាសករ។ ១២​ពួក​គេ​ស្រែក​អង្វរ​ព្រះ​របស់​ពួក​គេ ហើយ​ព្រះ​អង្គ​ធ្វើ​ឲ្យ​មាន​គ្រោះ​កាច​ជាច្រើន ធ្លាក់​មក​លើ​ស្រុក​អេស៊ីប​ទាំង​មូល។ នៅ​ពេល​នោះ ប្រជា​ជន​អេស៊ីប​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក។ ១៣​ព្រះជាម្ចាស់​បាន​ធ្វើ​ឲ្យ​សមុទ្រ​ក្រហម​រីង​ស្ងួត​នៅ​មុខ​ពូក​គេ ១៤​រួច​នាំ​ពួក គេ​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នំ​ស៊ីណៃ និង​ភូមិ​កាដែស​បារណេ។ ពួក​គេ​បាន​ដេញ​ប្រជា​ជន​ទាំង​អស់ ដែល​រស់​នៅ​តាម​វាល​រហោ​ស្ថាន ១៥​រួច​ពួក​គេ​មក​តាំង​លំនៅ ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​អាម៉ូរី។ ពួក​គេ​មាន​កម្លាំង​ខ្លាំង​ក្លា វាយ​កម្ទេច​ជន​ជាតិ​ហេសបូន​អស់។ បន្ទាប់​មក ពួក​គេ​ឆ្លង​ទន្លេ​យ័រដាន់ ហើយ​ដណ្ដើម​យក​តំបន់​ភ្នំ​ទាំង​មូល​មក​កាន់​កាប់ ទុក​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ។ ១៦​ពួកគេ​បណ្ដេញ​ជន​ជាតិ​កាណាន ជន​ជាតិ​ពេរីស៊ី ជន​ជាតិ​យេប៊ូស ជន​ជាតិ​ស៊ីគែម និង​ជន​ជាតិ​គៀ​កាស៊ី​ទាំង​អស់ ហើយ​រស់​នៅ​លើ​ទឹក​ដី​នេះ​យ៉ាង​យូរ។ ១៧ក្នុង​រយៈ​ពេល​ដែល​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ​ហឫទ័យ​ព្រះ​របស់​ពួក​គេ ពួក​គេ​ជួប​តែ​សេចក្ដី​សុខ​សាន្ត ដ្បិត​ព្រះ​ដែល​រស់នៅ​ជាមួយ​ពួក​គេ ស្អប់​អំពើ​ទុច្ចរិត​ជា​ខ្លាំង។ ១៨​ប៉ុន្តែ នៅ​ពេល​ពួក​គេ​ឃ្លាត​ចាក​ពី​មាគ៌ា ដែល​ព្រះ​របស់​ពួកគេ​ចាត់​ចែង​ឲ្យ​ដើរ​តាម​នោះ ពួក​គេ​ត្រូវ​វិនាស​អន្តរាយ​ដោយ​ទទួល​បរាជ័យ ដ៏​ធ្ងន់​បំផុត ក្នុង​សង្គ្រាម​ជាច្រើន​លើក។ ទី​បំផុត ខ្មាំង​សត្រូវ​កៀរ​ពួក​គេ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​ដទៃ ព្រម​ទាំង​កម្ទេច​ព្រះ​វិហារ​ព្រះ​របស់​ពួក​គេ ហើយ​វាយ​ដណ្ដើម​ យក​ក្រុង​ទាំង​ប៉ុន្មាន​របស់​គេ​ទៀត​ផង។ ១៩​នៅ​ពេល​នេះ ពួក​គេ​វិល​ត្រឡប់​មក​រក​ព្រះ​របស់​ពួក​គេ​វិញ គេ​ត្រឡប់​ពី​ស្រុក​នានា ជា​កន្លែង​ដែល​ព្រះ​អង្គ បាន​កម្ចាត់​កំចាយ​ឲ្យ​ពួក​គេ​ទៅ​នៅ។ ពួក​គេ​កាន់​កាប់​ក្រុង​យេរូសាឡឹម​ជា​ថ្មី គឺ​ជា​កន្លែង​ដែល​មាន​ព្រះ​វិហារ​របស់​គេ ហើយ​តាំង​ទី​លំនៅ​តាម​តំបន់​ភ្នំ ព្រោះ​គ្មាន​ប្រជា​ជន​ណា​រស់​នៅ​ទេ។ ២០​លោក​ម្ចាស់! ឥឡូវ​នេះ ប្រសិន​បើ​​​​​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប ខុស​នឹង​ព្រះ​ហឫទ័យ​ព្រះ​របស់​គេ ហើយ​បើ​យើង​ចាប់​គេ​បាន ចូរ​វាយ​ពួក​គេ​ចុះ​យើង​មុខ​ជា​ឈ្នះ​មិន​ខាន។ ២១​ប៉ុន្តែ បើ​ប្រជា​ជន​ទាំង​នេះ​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស ទាស់​នឹង​ព្រះ​របស់​ពួក​គេ​ទេ សូម​ព្រះ​ម្ចាស់​ចៀស​ចេញ​ពី​ពួក​គេ​ទៅ! ក្រែង​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ​ជួយ​ការ​ពារ​ពួក​គេ។ ពេល​នោះ​មនុស្ស​នៅ​លើ​ផែន​ដី​ទាំង​មូល នឹង​មើល​ងាយ​យើង​ជា​មិន​ខាន»។ ២២​ពេល​លោក​អឃីយ័រ មាន​ប្រសាសន៍​សព្វ​គ្រប់ ហើយ​ប្រជា​ជន​ដែល​រស់​ជិត​ជំរំ​ហូឡូភែរ និង​អស់​អ្នក​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ ព្រម​ទាំង​ប្រជា​ជន​ម៉ូអាប់ មាន​បំណង​ចង់​ប្រហារ​ជីវិត​លោក​អឃីយ័រ។ ២៣ពួក​គេ​ពោល​ឡើង​ថា៖ «យើង​មិន​ត្រូវ​ខ្លាច​ជន​ជាតិ​អ៊ីស្រាអែល​ទេ! ពួក​គេ​គ្មាន​កម្លាំង គ្មាន​ទ័ព​ទប់​ទល់​ក្នុង​ចម្បាំង​ដ៏​ខ្លាំង​ឡើយ។ ២៤​យើង​នាំ​គ្នា​វាយ​ពួក​វា​ទៅ! ពេល​នោះ​កង​ទ័ព​របស់​លោក​ហូឡូភែរ និង​ស៊ី​សាច់​ហុត​ឈាម​វា​ជា​មិន​ខាន»។

ជំពូកទី ៦

១​កាល អស់​អ្នក​ដែល​នៅ​ជុំ​វិញ​ក្រុម​ប្រឹក្សា​ស្ងៀម​ស្ងាត់​ហើយ លោក​ហូឡូភែរ​ដែល​ជា​មេ​ទ័ព​របស់​ជន​ជាតិ​អាស្ស៊ីរី មាន​ប្រសាសន៍​ទៅ​កាន់​លោក​អឃីយ័រ​នៅ​ចំពោះ​មុខ​ជន​ជាតិ​ដទៃ និង​ជន​ជាតិ​ម៉ូអាប់​ទាំង​អស់​ថា៖ «២​លោក​អឃីយ័រ​និង​អស់​អ្នក​ដែល​លក់​ខ្លួន​ឲ្យ​អ៊ីស្រាអែល! តើ​អស់​លោក​ស្មាន​ថា​ខ្លួន​ជា​នរណា បាន​ជា​ហ៊ាន​ទាយ​ដូច្នេះ? ហើយ​ហាន​ទូន្មាន​យើង​មិន​ឲ្យ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល ព្រោះ​ព្រះ​របស់​ពួក​គេ​មុខ​ជា​ការ​ពារ​ពួក​គេ​មិន​ខាន។ តើ​មាន​ព្រះ​ឯណា ទៀត​ក្រៅ​ពី​ព្រះ​បាទ​កាប៊ូនេ​កាសារ? ព្រះ​រាជា​នឹង​ចាត់​កង​ទ័ព​មក​វាយ​កម្ទេច​ពួក​គេ ឲ្យ​អស់​ពី​ផែន​ដី។ ព្រះ​របស់​ពួក​គេ​មិន​អាច​រំដោះ​ពួក​គេ​ឡើយ។ ៣​ចំណែក​យើង​ជា​អ្នក​បម្រើ​របស់​ស្ដេច​វិញ យើង​នឹង​រួប​រួម​គ្នា​ជា​ធ្លុង​តែ​មួយ​វាយ​ពួក​គេ ហើយ​ពួក​គេ​មិន​អាច​ទប់​ទល់​ នឹង​ទ័ព​សេះ​របស់​យើង​ឡើយ។ ៤​យើង​នឹង​ដុត​គេ​ទាំង​រស់។ ភ្នំ​ដែល​ពួក​គេ​រស់​នៅ មុខ​ជា​ជោគ​ជាំ ដោយ​ឈាម​របស់​ពួក​គេ ហើយ​នឹង​មាន​សាក​សព​របស់​ពួក​គេ នៅ​ពាស​ពេញ​តាម​វាល​ទំនាប​ដែរ។ ពួក​គេ​មិន​អាច​ទប់​ទល់​យើង ហើយ​ត្រូវ​វិនាស​អន្តរាយ​គ្មាន​សេស​សល់​អ្វី​ឡើយ។ នេះ​ជា​រាជ​ឱង្ការ​របស់​ព្រះ​បាទ​នេប៊ូកា​នេសារ ជា​ម្ចាស់​នៃ​ផែន​ដី​ទាំង​មូល។ ព្រះ​រាជា​មាន​ព្រះ​រាជ​ឱង្ការ ហើយ ត្រូវ​តែ​សម្រេច​ជា​មិន​ពុំខាន។ ៥​រីឯ​អឃីយ័រ​ឯង ដែល​ជា​ជន​ជាតិ​អាំម៉ូន ស៊ី​ឈ្នួល​ច្បាំង​វិញ ឯង​ក្បត់​ដោយ​ហ៊ាន​និយាយ​សេចក្ដី​ទាំង​នេះ។ ឯង​នឹង​លែង​ឃើញ​មុខ​ខ្ញុំ ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ ទាល់​តែ​ខ្ញុំ​សង​សឹក​ពូជ​សាសន៍ ដែល​រត់​ពី​ស្រុក​អេស៊ីប​នេះ។ ៦​ពេល​ខ្ញុំ​ត្រឡប់​មក​វិញ កង​ទ័ព​ខ្ញុំ ព្រម​ទាំង​នាយ​ទាហាន​របស់​ខ្ញុំ នឹង​យក​លំពែង​មក​ចាក់​ទម្លុះ​ដើម​ទ្រូង​ ប្រហារ​ជីវិត​ឯង! គេ​នឹង​ចោល​ឯង នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​អ៊ីស្រា​អែល​ដែរ។ ៧​ឥឡូវនេះ ទាហាន​របស់​ខ្ញុំ​នឹង​នាំ​យក ឯង​ទៅ​តំបន់​ភ្នំ​នោះ ហើយ​ទុក​ឯង​ចោល ក្នុង​ក្រុង​មួយ​តាម​ជម្រាល​ភ្នំ។ ទី​កន្លែង​នោះ​ហើយ ដែល​ឯង​រង់ចាំ​គេ​ប្រហារ​ជីវិត​រួម​ជាមួយ​ពួក​អ៊ីស្រាអែល។ ៩​ប្រសិន​បើ​ឯង​ជឿ​ជាក់​ក្នុង​ចិត្ត​ថា ពួក​គេ​មិន​បរាជ័យ​ទេ ចូរ​កុំ​ព្រួយ​បារម្ភ​អ្វី​ឡើយ! ខ្ញុំ​និយាយ​យ៉ាង​ណា ពាក្យ​របស់​ខ្ញុំ​ក៏​នឹង​សម្រេច​យ៉ាង​នោះ​ដែរ»។ ១០​ខណៈ​នោះ​លោក​ហូឡូ​ភែរ​បញ្ជា​ឲ្យ​ទាហាន ដែល​នៅ​ក្នុង​ជំរំ​របស់​គាត់ ចាប់​លោក​អឃីយ័រ នាំ​យក​ទៅ​ក្រុង​បេតធូលី ដើម្បី​បញ្ជូន​គាត់​ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ១១ ទាហាន​ទាំង​នេះ​ក៏​ចាប់​គាត់​នាំ​ចេញ​​ពី​ជំរំ តម្រង់​ទៅ​វាល​ទំនាប ឆ្ពោះ​ទៅ​តំបន់​ភ្នំ។ គេ​ទៅ​ដល់​ប្រភព​ទឹក​ នៅ​ខាង​ក្រោម​ក្រុង​បេតធូលី។ ១២​ពេល​អ្នក​យាម​ការ​ពារ​ទីក្រុង​ ឃើញ​ពួក​ទាហាន​អាស្ស៊ីរី ពួក​គេ​ក៏​ទៅ​យក​អាវុធ​រៀង​ៗ​ខ្លួន ហើយ​នាំ​គ្នា​ចេញ​ពី​ក្រុង​បេតធូលី​ ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ។ យុទ្ធ​ជន​កាន់​ដង្ហក់​គ្រប់​ៗ​ដៃ បាញ់​គ្រាប់​ថ្ម​រារាំង​ទាហាន​អាស្ស៊ីរី មិន​ឲ្យ​ឡើង​បាន​ឡើយ។ ១៣​ពួក​ទាហាន​អាស្ស៊ីរី​ថយ​ចុះ​ទៅ​ជើង​ភ្នំ ហើយ​ទុក​លោក​អឃីយ័រ​ចោល​នៅ​ទី​នោះ ទាំង​ជាប់​ចំណង រួច​វិល​ត្រឡប់​ទៅ​រក​ម្ចាស់​គេ​វិញ​។ ១៤​រីឯ​ជន​ជាតិ​អ៊ីស្រាអែល​ក៏​ចុះ​ពី​ក្រុង​បេតធូលី មក​រក​លោក​អឃីយ័រ ហើយ​ស្រាយ​ចំណង​ព្រម​ទាំង​នាំ​លោក​ចូល​ក្រុង​បេតធីលី ដើម្បី​ទៅ​បង្ហាញ​ នៅ​ចំពោះ​មុខ​ពួក​អ្នក​ដឹក​នាំ​ក្រុង​របស់​គេ។ ១៥​ក្នុង​សម័យ​នោះ ពួក​អ្នក​ដឹក​នាំ​ក្រុង​មាន​លោក​អូស្យាស​ជា​កូន​របស់​លោក​មីខា នៃ​កុល​សម្ព័ន្ធ​ស៊ីម៉ូន លោក​កាព្រីស ជា​កូន​របស់​លោក អូថនី​អែល ព្រម​ទាំង​លោក​កាមី ជា​កូន​របស់​លោក​​មែល​ឃីអែល។ ១៦​អ្នក​ដឹក​នាំ​ទាំង​បី​នាក់​នេះ កោះ​ហៅ​ព្រឹទ្ធាចារ្យ​ទាំង​អស់​មក​ប្រជុំ។ យុវជន​និង​ស្ត្រី​ទាំង​អស់ ក៏​រត់​មក​រួម​ប្រជុំ​ដែរ។ ពួក​គេ​នាំ​លោក​អឃីយ័រ មក​ឈរ​នៅ​កណ្ដាល​ចំណោម​ប្រជា​ជន​ទាំង​មូល រួច​លោក​អូស្យាស​សាក​សួរ​គាត់ ពី​ហេតុ​ការណ៍​ដែល​កើត​មាន​នោះ។ ១៧​លោក​អឃីយ័រ​រៀប​រាប់​ប្រាប់​ពួក​គេ​ពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ពួក​មេ​ទ័ព​បាន​ពិគ្រោះ​ជាមួយ​លោក​ហូឡូ​ភែរ។ គាត់​ក៏​រៀប​រាប់​ពាក្យ​ទាំង​ប៉ុន្មាន ដែល​លោក​ហូឡូភែរ​បាន​លើក​ក្នុង​អង្គ​ប្រជុំ ពួក​មេ​ដឹក​នាំ​របស់​ជន​ជាតិ​អាស្ស៊ីរី ព្រម​ទាំង​ពាក្យ​ក្រអឺតក្រទម ដែល​លោក​ហូឡូភែរ​បាន​ប្រកាស ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រា​អែល​ដែរ។ ១៨​ពេល​នោះ ប្រជា​ជន​នាំគ្នា ក្រាប​ថ្វាយ​បង្គំ​ព្រះជាម្ចាស់ ហើយ​ស្រែក​អង្វរ​ថា៖ «១៩​ឱ​ព្រះ​អម្ចាស់​ជា​ព្រះ​នៃ​ស្ថាន​បរម​សុខ​អើយ! សូម​ទត​មើល​សត្រូវ​ដ៏​ព្រហើន​របស់​យើង​ខ្ញុំ! សូម​អាណិត​អាសូរ យើងខ្ញុំ​ដែល​ត្រូវ​អាម៉ាស់​នៅ​ពេល​នេះ​។ យើងខ្ញុំ​ជា​ប្រជា​រាស្ត្រ​របស់​ព្រះ​អង្គ​ផ្ទាល់ សូម​មេត្តា អាណិត​អាសូរ​យើង​ខ្ញុំ​ផង»។ ២០​បន្ទាប់​មក ពួក​គេ​លើក​ទឹក​ចិត្ត​លោក​អឃីយ័រ ហើយ​សរសើរ​គាត់​យ៉ាង​ខ្លាំង។ ២១​លោក​អូស្យាស​នាំ គាត់​ចេញ​ពី​អង្គ​ប្រជុំ ចូល​ទៅ​ក្នុង​ផ្ទះ​ហើយ​អញ្ជើញ​ក្រុម​ព្រឹទ្ធាចារ្យ​នៅ​ទី​នោះ ចូល​រួម​ក្នុង​ពិធី​ជប់​លៀង​ជាមួយ។ ពួកគេ​អង្វរ​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល សូម​ព្រះ​អង្គ​យាង​មក​រំដោះ​ពួក​គេ​ពេញ​មួយ​យប់។

ជំពូកទី ៧

កងទ័ព​របស់​លោក​ហូឡូភែរ​ឡោម​ព័ទ្ធ​ក្រុង​បេតធូលី
១​ស្អែក​ឡើង លោក​ហូឡូ​ភែរ​បញ្ជា​កង​ទ័ព​ទាំង​មូល និង​ប្រជា​ជន​ទាំង​អស់​ដែល​មក​ចូល រួម​ជួយ​ច្បាំង ឲ្យ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាយ​ក្រុង​បេត​ធូលី ហើយ​កាន់​កាប់​ផ្លូវ​ទៅ​កាន់​តំបន់​ភ្នំ ព្រម​ទាំង​ប្រយុទ្ធ​ ជាមួយ​ជន​ជាតិ​អ៊ីស្រាអែល​ផង។ ២​នៅ​ថ្ងៃ​នោះ ប្រុសៗ​ដែល​មាន​កម្លាំង​មាំមួន អាច​ច្បាំង​បាន ក៏​ចេញ​ដំណើរ​ទៅ​ដែរ​។ កង​ទ័ព​នោះ​មាន​ពល​ថ្មើរ​ជើង​ ចំនួន​មួយ​សែន​ប្រាំ​ពីរ​ម៉ឺន​នាក់ ពល​សេះ​ចំនួន មួយ​សែន​ពីរ​ម៉ឺន​នាក់ ដោយ​មិន​រាប់​បញ្ចូល​ទាំង​អ្នក​ដែល​ដឹក​សម្ភារៈ​ទេ គឺ​មាន​ចំនួន​ច្រើន​សន្ធឹក​សន្ធាប់។ ៣​កង​ទ័ព​បាន​បោះ​ជំរំ​នៅ​តាម​វាល​ទំនាប​ក្បែរ​ប្រភព​ទឹក ជិត​ក្រុង​បេតធូលី រួច​ពួក​គេ​កាន់​កាប់​តំបន់​ទាំង​មូល ដែល​លាត​សន្ធឹង​ចាប់​ពី​ដូតាអ៊ីម រហូត​ដល់​បែលបាអ៊ីម និង​ចាប់​ពី​ក្រុង​បេតធូលី រហូត​ដល់​ក្រុង​គីយ៉ាម៉ូន ដែល​ស្ថិត​នៅ​ទល់​មុខ​ នឹង​ស្រុក​អេសស្រ្តឡូន។ ៤​កាល​ជន​ជាតិ​អ៊ីស្រាអែល​ឃើញ​កង​ទ័ព ដែល​មាន​ចំនួន​សន្ធឹក​សន្ធាប់​បែប​នេះ គេ​ច្រួល​ច្របល់​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ថា៖ «ទាហាន​ទាំង​នេះ​ចូល​មក​បំផ្លាញ​ស្រុក​ទេស​យើង​ទាំង​មូល ទាំង​ភ្នំ​ធំ​ភ្នំ​តូច ទាំង​ជ្រលង​ភ្នំ​ក៏​មិន​អាច​ទប់​ទល់​បាន​ដែរ»។ ៥​ពួកគេ​ប្រដាប់ អាវុធ​គ្រប់​ដៃ​ដុត​ភ្នក់​ភ្លើង​នៅ​លើ​កំពូល​ប៉ម ហើយ​នាំ​គ្នា​យាម​ពេញ​មួយ​យប់។ ៦​ថ្ងៃ​បន្ទាប់​មក លោក​ហូឡូភែរ​បញ្ជា​ ឲ្យ​កង​ទ័ព​សេះ​ទាំង​មូល ចេញ​ទៅ​ប្រឈម​មុខ​នឹង​ជន​ជាតិ​អ៊ីស្រាអែល នៅ​ក្រុង​បេតធូលី។ ៧​លោក​ហូឡូភែរ​ត្រួត​ពិនិត្យ​ផ្លូវ​នានា​ឡើង​ទៅ​ទី​ក្រុង និង​ប្រភព​ទឹក​ទាំងប៉ុន្មាន។ លោក​ចាត់​គេ ឲ្យ​កាន់​កាប់​និង​យាម​ប្រភព​ទឹក​ទាំង​នោះ រួច​លោក​ត្រឡប់​ចូល​ជំរំ​វិញ។ ៨​ពួក​នាយ​ទាហាន​របស់​ជន​ជាតិ​ម៉ូដុម និង​ពួក​នាយ​ទាហាន​ជន​ជាតិ​ម៉ូអាប់ ព្រម​ទាំង​ពួក​អ្នក​ដឹក​នាំ​ប្រជា​ជន ដែល​រស់​នៅ​ក្នុង​តំបន់​តាម​ឆ្នេរ​សមុទ្រ ចូល​មក​ជម្រាប​លោក​ហូឡូភែរ​ថា៖ ៩«សូម​លោក​ម្ចាស់​មេត្តា​ស្ដាប់​យើង​ខ្ញុំ​ផង! សូម​កុំឲ្យ​កង​ទ័ព​លោក​ណា​ម្នាក់​ត្រូវ​បាត់​បង់​ជីវិត​ឡើយ។ ១០​ប្រជា​ជន​អ៊ីស្រាអែល​នេះ មិន​ពឹង​ផ្អែក​លើ​គ្រឿង​សស្ត្រាវុធ​របស់​គេ​ទេ គឺ​គេ​ពឹង​ផ្អែក​ទីតាំង​នៅ​លើ​កំពូល​ភ្នំ​ដ៏​ខ្ពស់ ជា​កន្លែង​ដែល​ពួក​គេ​រស់​នៅ ព្រោះ​កំពូល​ភ្នំ​នោះ​មិន​ងាយ​ឡើង​ទេ។ ១១​ឥឡូវនេះ សូម​លោក​ម្ចាស់​កុំ​ប្រយុទ្ធ​នឹង​ពួក​គេ ដូច​យើង​ធ្លាប់​ប្រយុទ្ធ​នឹង​កង​ទ័ព​ឯទៀត​ៗ​ឡើយ ធ្វើ​ដូច្នេះ ទើប​លោក​ម្ចាស់​មិន​បាត់​បង់​កង​ទ័ព សូម្បី​តែ​ទាហាន​ម្នាក់​ក៏ដោយ។ ១២​សូម​លោក​ម្ចាស់ ទុក​កង​ទ័ព​ទាំង​មូល​នៅ​ក្នុង​ជំរំ​នេះ​សិន​ចុះ។ យើង​ខ្ញុំ​នឹង​យាម​ប្រភព​ទឹក​ដែល​ហូរ​ចេញ​ពី​ជើង​ភ្នំ​មក ១៣​ព្រោះ​អ្នក​ក្រុង​បេតធូលី​ធ្លាប់​មក​ដង​ទឹក ​នៅ​កន្លែង​នេះ។ ពេល​ពួក​គេ​ស្រេក​ទឹក​ខ្លាំង ពួក​គេ​មុខ​ជា​សុំ​ចុះ​ចាញ់​យើង​មិន​ខាន។ រីឯ​យើង​ខ្ញុំ និង​ប្រជា​ជន​របស់​យើង​ខ្ញុំ នឹង​ឡើង​ទៅ​បោះ​ទ័ព​នៅ​លើ​កំពូល​ភ្នំ​ដែល​នៅ​ជិត​ខាង ហើយ​ហាម​ឃាត់​ មិន​ឲ្យ​នរណា​ចេញ​ពី​ក្រុង​បាន​ទេ។ ១៤ ចំណែក​ឯ​ពួក​គេ​ព្រម​ទាំង​ប្រពន្ធ​និង​កូន មុខ​ជា​ស្លាប់​ដោយ​អត់​អាហារ​ជា​មិន​ខាន។ សាក​សព​របស់​ពូក​គេ​ មុខ​ជា​មាន​ពាស​ពេញ​តាម​ផ្លូវ​ទី​ក្រុង មុន​ពេល​ យើង​ចូល​កាប់​សម្លាប់​គេ​ទៅ​ទៀត។ ១៥ ពេល​នោះ លោក​ម្ចាស់​នឹង​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់​បំផុត ព្រោះ​ពួក​គេ បាន​ប្រឆាំង​នឹង​លោក ហើយ​មិន​ព្រម​មក​ចរចា​សុំ​សន្តិភាព»។ ១៦​លោក​ហូឡូភែរ​និង​មេទ័ព​ទាំង​ប៉ុន្មាន ពេញ​ចិត្ត​នឹង​ពាក្យ​ទាំង​នេះ ហើយ​បញ្ជា​ឲ្យ​ពួក​គេ​ធ្វើ​តាម។ ១៧​កង​ទ័ព​របស់​ជន​ជាតិ​អាំម៉ូន និង​ទាហាន​ជន​ជាតិ​អាស្ស៊ីរី ចំនួន​ប្រាំ​ពាន់​នាក់ បាន​បោះ​ជំរំ​តាម​វាល​ទំនាប ហើយ​កាន់​កាប់​ប្រភព​ទឹក​ របស់​ជន​ជាតិ​អ៊ីស្រា​អែល។ ១៨​ជន​ជាតិ​អេដុម និង​ជន​ជាតិ​អាំម៉ូន ឡើង​ទៅ​បោះ​ជំរំ​តាម​តំបន់​ភ្នំ​ទល់​មុខ​នឹង​ក្រុង​ដូតន។ គេ​ចាត់​ទាហាន​ខ្លះ​ឲ្យ​ទៅ​ប៉ែក​ខាង​ត្បូង និង​ប៉ែក​ខាង​កើត នៅ​ទល់​មុខ​ភូមិ​អេគី​បែល ដែល​នៅ​ជិត​ភូមិ​ឃូស ស្ថិត​នៅ​តាម​មាត់​ស្ទឹង​ម៉ុកមួរ។ រីឯ​ពួក​ទាហាន​អាស្ស៊ីរី​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន បោះ​ជំរំ​តាម​ទីវាល។ ជំរំ​និង​ឃ្លាំង​ផ្ទុក​សម្ភារៈ​របស់​ពួក​គេ នៅ​ពាស​ពេញ​តាម​ទីវាល​​ មាន​ច្រើន​សន្ធឹក​សន្ធាប់។ ១៩​គ្រា​នោះ​ជន​ជាតិ​អ៊ីស្រាអែល​នាំគ្នា​ស្រែក​អង្វរ​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​គេ ព្រោះ​គេ​បាក់​ទឹក​ចិត្ត​ដោយ​ឃើញ​ខ្មាំង​សត្រូវ​ឡោម​ព័ទ្ធ​ជុំ​ជិត គ្មាន​ច្រក​អាច​រត់ គេច​បាន​ឡើយ។ ២០​កង​ទ័ព​អាស្ស៊ីរី​ទាំង​មូល ទាំង​ពល​ថ្មើរ​ជើង ទាំង​ពល​សេះ ទាំង​រទេះ​ចម្បាំង បាន​ឡោម​ព័ទ្ធ​ជន​ជាតិ​អ៊ីស្រា​អែល អស់​រយៈ​ពេល​សាមសិប​ថ្ងៃ។

ក្រោយ​មក អ្នក​ក្រុង​បេតធូលី​អស់​ទឹក​ប្រើ​ ២១ អាង​ក៏​រីង​ស្ងួត ពួក​គេ​គ្មាន​ទឹក​បរិភោគ​គ្រប់​គ្រាន់ ព្រោះ​គេ​ចែក​ទឹក​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។ ២២​ទារក​កាន់​តែ​ស្គម​ទៅ​ៗ ស្ត្រី​និង​យុវជន​ស្រេច​ទឹក​យ៉ាង​ខ្លាំង ដួល​តាម​ផ្លូវ​ក្បែរ​ទ្វារ​ទីក្រុង ព្រោះ​ពួក​គេ​អស់​កម្លាំង។ ២៣​ប្រជា​ជន​ទាំង​មូល យុវជន​យុវនារី​និង​ក្មេង​ចាស់​ប្រុស​ស្រី បាន​ប្រមូល​ផ្ដុំ​គ្នា​ជុំ​វិញ​លោក​អូស្យាស និង​អស់​មេ​ដឹក​នាំ​ក្រុង។ ពួក​គេ​ស្រែក​តវ៉ា​នៅ​ចំពោះ​មុខ​ព្រឹទ្ធាចារ្យ​ទាំង​ឡាយ​ ថា៖ ២៤«សូម​ព្រះ​ម្ចាស់​រក​ខុស​ត្រូវ​រវាង​អស់​លោក និង​ពួក​យើង​ខ្ញុំ​ផង!។ អស់​លោក​បាន​ធ្វើ​បាប​ពួក​យើង​យ៉ាង​ខ្លាំង ដោយ​មិន​ព្រម​ទៅ​ចរចា​សុំ​សន្តិ​ភាព​ពី​ជន​ជាតិ​អាស្ស៊ីរី។ ២៥​គ្មាន​នរណា​ម្នាក់​អាច​ជួយ​ពួក​យើង​បាន​ទេ! ព្រះជាម្ចាស់​បាន​ប្រគល់​ពួក​យើង ឲ្យ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ ហើយ​យើង​នឹង​ដាច់​ទឹក​ស្លាប់​យ៉ាង​វេទនា មិន​ខាន​ឡើយ! ២៦​ឥឡូវ​នេះ ចូរ​ហៅ​ពួក​គេ​មក! ប្រគល់​ក្រុង​ទាំង​មូល​ឲ្យ​កង​ទ័ព​របស់​លោក​ហូឡូភែរ ហើយ​ឲ្យ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ចុះ។ ២៧​ប្រសិន​បើ​យើង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ នោះ​ប្រសើរ​ជាង​ស្លាប់​ដោយ​អត់​ទឹក! ពួក​យើង​នឹង​ក្លាយ​ជា ទាសករ​របស់​ពួក​គេ តែ​ពួក​យើង​នៅ​មាន​ជីវិត​រស់​តទៅ​ទៀត ដោយ​មិន​ឃើញ​កូន​ចៅ​និង​ប្រពន្ធ​របស់​ពួក​យើង​ត្រូវ​វិនាស​ដែរ។ ២៨ ដោយ​មាន​មេឃ​និង​ដី​ជា​សាក្សី ព្រម​ទាំង​ក្នុង​ព្រះ​នាម​ព្រះ​របស់​យើង​ ជា​ព្រះ​អម្ចាស់​នៃ​បុព្វបុរស ដែល​តែង​តែ​ដាក់​ទោស​ពួក​យើង ស្រប​តាម​អំពើ​បាប​របស់​យើង នឹង​ដូន​តា​សូម​មេត្តា​ប្រព្រឹត្ត​ តាម​សំណូម​ពរ​របស់​យើង​នៅ​ថ្ងៃ​នេះ។

២៩​អង្គ​ប្រជុំ​ទាំង​មូល​នាំ​គ្នា​ត្អូញត្អែរ ហើយ​ស្រែក​អង្វរ​ព្រះ​អម្ចាស់​យ៉ាង​ខ្លាំង។ ៣០​ពេល​នោះ លោក​អូស្យាស​មាន​ប្រសាសន៍​ប្រាប់​គេ​ថា៖ «បង​ប្អូន​អើយ! ចូរ​ក្លាហាន​ឡើង យើង​ត្រូវ​ទ្រាំ​ប្រាំ​ថ្ងៃ​ទៀត ព្រះជាម្ចាស់​ជា​ព្រះ​របស់​យើង​មុខ​ជា​អាណិត​មេត្តា​ដល់​យើង​មិន​ខាន ដ្បិត​ព្រះ​អង្គ​មិន​បោះ​បង់​ចោល​យើង​រហូត​ទេ។ ៣១​លុះ​ផុត​ប្រាំ​ថ្ងៃ​ហើយ ប្រសិន​ព្រះ​អង្គ​មិន​សង្គ្រោះ​យើង​ទេ ខ្ញុំ​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​បង​ប្អូន!»។ ៣២​លោក​អូស្យាស សូម​ឲ្យ​ប្រជា​ជន​វិល​ទៅ​កាន់​កន្លែង​រៀង​ៗ​ខ្លួន គឺ​បុរស​ៗ​ ទៅ​យាម​នៅ​លើ​កំពែង​និង​លើ​ប៉ម​ក្រុង ហើយ​ស្រីៗ និង​ក្មេងៗ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ អ្នក​ក្រុង​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។

ជំពូកទី ៨

នាង​យូឌីត
១​នៅ​គ្រា​នោះ នាង​យូឌីត​ឮ​ដំណឹង​ពី​ព្រឹត្តិការណ៍​នេះ។ នាង​ជា​កូន​របស់​លោក​មេរ៉ារី ដែល​ជា​កូន​របស់​លោក​អូស ជា​កូន​របស់​លោក​យ៉ូសែប ជា​កូន​របស់​លោក​អូស៊ីអែល ជា​កូន​របស់​លោក​អែល​គីយ៉ា ជា​កូន​របស់​លោក​អាណនី ជា​កូន​របស់​លោក​កេដេអូន ជា​កូន​របស់​លោក​រ៉ាផាអ៊ីន ជា​កូន​របស់​លោក​អាគីតូប ជា​កូន​របស់​លោក​អេលី ជា​កូន​របស់​លោក​ខេល​គីយ៉ា ជា​កូន​របស់​លោក​អេលីយ៉ាប ជា​កូន​របស់​លោក​សាឡា​មីអែល ជា​កូន​របស់​លោក​សារ៉ា​សាដៃ ជា​កូន​របស់​លោក​អ៊ីស្រាអែល។ ២​ស្វាមី​របស់​នាង​យូឌីត​ឈ្មោះ​ម៉ាណាសេ ដែល​ស្ថិត​នៅ​ក្នុង​កុលសម្ព័ន្ធ​តែ​មួយ ហើយ​ត្រូវ​ជា​សាច់​ញាតិ​នឹង​នាង​ផង។ លោក​ម៉ាណា​សេ​បាន​ទទួល​មរណ​ភាព​នៅ​រដូវ​ចម្រូត។ ៣ ពេល​លោក​ដើរ​ពិនិត្យ​មើល​ពួក​អ្នក​ចង​កណ្ដាប់​ស្រូវ ដោយ​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង គាត់​ក៏​ឈឺ​ទៅ​សម្រាក​នៅ​ឯ​ផ្ទះ។ លោក​ទទួល​មរណ​ភាព​នៅ​ក្រុង​បេតធូលី ជា​ក្រុង​ដែល​គាត់​រស់​នៅ។ គេ​បញ្ចុះ​សព លោក​រួម​ជាមួយ​ដូន​តា​របស់​លោក​ ក្នុង​ចម្ការ​ដែល​ស្ថិត​នៅ​ចន្លោះ​ក្រុង​ដូតន និង​បាឡា​ម៉ូន។ ៤​នាង​យូឌីត​រស់នៅ​ជា​ស្ត្រី​មេម៉ាយ អស់​រយៈ​ពេល​បី​ឆ្នាំ បួន​ខែ​កន្លង​មក​ហើយ។ ៥​នាង​តែង​តែ​ស្លៀក​បាវ ​ពី​ក្រោម​សម្លៀក​បំពាក់​របស់​ស្ត្រី​មេម៉ាយ។ នាង​តែង​តែ​នៅ​ក្នុង​បន្ទប់​មួយ​ដែល​នាង​សង់​នៅ​លើ​ផ្ទះ​របស់​នាង។ ៦​តាំង​ពី​ប្ដី​របស់​នាង​ទទួល​មរណ​ភាព​មក នាង​តែង​តែ​តម​អាហារ ជា​រៀង​រាល់​ថ្ងៃ លើក​លែង​តែ​ថ្ងៃ​សប្ប័ទ ថ្ងៃ​មុន​ថ្ងៃ​សប្ប័ទ ថ្ងៃ​ចូល​ខែ​ថ្មី ថ្ងៃ​ដាច់​ខែ ថ្ងៃ​បុណ្យ និង​ថ្ងៃ ដែល​ជន​ជាតិ​អ៊ីស្រាអែល​នាំគ្នា​សប្បាយ​រីករាយ។ ៧​នាង​មាន​រូប​ឆោម​ស្រស់​ល្អ គួរ​ឲ្យ​ចាប់​ចិត្ត។ លោក​ម៉ាណា​សេ​ជា​ស្វាមី បាន​បន្សល់​ទុក​នូវ​មាស​ប្រាក់ អ្នក​បម្រើ​ស្រី​ប្រុស ហ្វូង​សត្វ ស្រែ​ចម្ការ សម្រាប់​នាង​ប្រើ​ប្រាស់​ជា ច្រើន។ នាង​បាន​ថែ​រក្សា​ទ្រព្យ​សម្បត្តិ​ទាំង​នោះ ដោយ​ប្រយ័ត្ន​ប្រយែង​ជា​ទី​បំផុត។ ៨​គ្មាន​នរណា​និយាយ​អាក្រក់​ពី​នាង​ទេ ព្រោះ​នាង​គោរព​កោត​ខ្លាច​ព្រះ​ជា​ម្ចាស់ យ៉ាង​ខ្លាំង។ ៩​នាង​បាន​ឮ​ដំណឹង​ថា ប្រជា​ជន​ក្រុង​បេតធូលី​ពោល​ពាក្យ​រិះ​គន់​លោក​អូស្យាស ដែល​ជា​អ្នក​ដឹក​នាំ ព្រោះ​ពួក​គេ​បាក់​ទឹក​ចិត្ត​ដោយ​គ្មាន​ទឹក។ នាង​យូឌីត​ក៏​ដឹង​ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​អូស្យាស​បាន​ឆ្លើយ​តប​ ទៅ​ពួក​គេ​ដោយ​សន្យា​ថា​ប្រាំ​ថ្ងៃ​ទៀត លោក​សុខ​ចិត្ត​ប្រគល់​ក្រុង​ទៅ​ឲ្យ​ជន​ជាតិ​អាស្ស៊ីរី។ ១០​នាង​ចាត់​អ្នក​បម្រើ ដែល​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​ ឲ្យ​ទៅ​អញ្ជើញ​លោក​អូស្យាស លោក​ខាព្រីស និង​លោក​ខារមី ជា​ព្រឹទ្ធាចារ្យ​នៅ​ទីក្រុង​នោះ​មក​ផ្ទះ​នាង។

១១​ពេល​មេ​ដឹក​នាំ​ទាំង​បី​នាក់​មក​ដល់ នាង​និយាយ​ទៅ​កាន់​លោក​ទាំង​បី​ថា៖​«អស់​លោក មេ​ដឹក​នាំ​ក្រុង​បេតធូលី​អើយ សូម​ស្ដាប់​ខ្ញុំ​ផង! ពាក្យ​ដែល​អស់​លោក​និយាយ​ទៅ​កាន់​ប្រជា​ជន នៅ​ថ្ងៃ​នេះ មិន​ស្មោះ​ត្រង់​ទេ អស់​លោក​បាន​ស្បថ​ក្នុង​នាម​ព្រះ​ជា​អម្ចាស់ ប្រសិន​បើ​ព្រះ​អម្ចាស់ មិន​សង្គ្រោះ​យើង​ក្នុង​រយៈ​ពេល​ប្រាំ​ថ្ងៃ​ទេ អស់​លោក​នឹង​ប្រគល់​ក្រុង​នេះ​ទៅ​ឲ្យ​ខ្មាំង​សត្រូវ។ ១២​តើ​អស់​លោក​ជា​នរណា បាន​​ជា​ហ៊ាន​ល្បង​ល​ព្រះ​ជា ម្ចាស់​នៅ​ថ្ងៃ​នេះ​ដូច្នេះ? អស់​លោក​ចង់​ធ្វើ​កិច្ចការ​ជំនួស​ព្រះ​អង្គ​ឫ. ១៣​ឥឡូវនេះ​អស់​លោក​ល្បង​នឹង​ព្រះ​អម្ចាស់​ដ៏​មាន​តេជានុភាព​សព្វ​ប្រការ តែ​អស់​លោក​មិន​ស្គាល់​គម្រោង​ការ ​របស់​ព្រះ​អង្គ​ទេ។ ១៤​អស់​លោក​មិន​ស្គាល់​ជម្រៅ​ចិត្ត​របស់​មនុស្ស និង​មិន​យល់​ពី​ការ​ត្រិះ​រិះ​ពិចារណា របស់​មនុស្ស​ផង! តើ​អស់​លោក​អាច​យល់​ពី​ព្រះជាម្ចាស់​ដែល​បង្កើត​អ្វីៗ​សព្វ​សារពើ​បាន​ឫ? តើ​អស់​លោក​អាច​យល់​ពី​ព្រះ​តម្រិះ និង​គម្រោង​ការ​របស់​ព្រះ​អង្គ​ដូចម្ដេច​កើត​? ទេ! បង​ប្អូន​អើយ! កុំ​ធ្វើ​ឲ្យ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​យើង​ទ្រង់​ព្រះ​ពិរោធ​ឡើយ! ១៥​ប្រសិន​បើ​ព្រះ​អង្គ​មិន​សព្វ​ព្រះ​ហឫទ័យ មក​សង្គ្រោះ​យើង​ក្នុង​រយៈ​ពេល​ប្រាំ​ថ្ងៃ នេះ​ទេ​ព្រះ​អង្គ​មុខ​ជា​មាន​អំណាច ការពារ​យើង នៅ​ពេល​ណា​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ ឬ​មួយ​ព្រះ​អង្គ​ធ្វើ​ឲ្យ​យើង​វិនាស​អន្ត​រាយ​នៅ​មុខ​ខ្មាំង​សត្រូវ។

១៦​ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​អាច​កំណត់​ពេល​បង្ខំ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​យើង ឲ្យ​សង្គ្រោះ​យើង​បាន​ទេ ដ្បិត​ព្រះជាម្ចាស់​មិន​ដូច​មនុស្ស​ទេ គ្មាន​នរណា​អាច​គំរាម​ ឬ​ បង្ខំ​ព្រះ​អង្គ​ឲ្យ​ចរចា​បាន​ឡើយ។ ១៧ ហេតុនេះ​ហើយ នៅ​ពេល​ដែល​យើង​រង់​ចាំ​ការ​សង្គ្រោះ​របស់​ព្រះជាម្ចាស់ យើង​នាំ​គ្នា​អង្វរ​ព្រះ អង្គ​អង្គ​មុខ​ជា​ស្ដាប់​សូរ​សំឡេង​របស់​យើង ប្រសិន​បើ​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ។ ១៨​កាល​ពី​ជំនាន់​មុន​ៗ រហូត​លើ​សព្វ​ថ្ងៃ​គ្មាន​កុលសម្ព័ន្ធ​ណា ក្រុម​គ្រួសារ​ណា​ឬ​អ្នក​ភូមិ​អ្នក​ក្រុង​ណា​ម្នាក់​ ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ ដែល​មនុស្ស​បាន​ធ្វើ​នោះ​ទេ។ កាល​ពី​ដើម​ដូន​តា​របស់​យើង​បាន​ប្រព្រឹត្ត​បែន​នោះ! ១៩​ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​ប្រគល់​ដូន​តា​របស់​យើង ឲ្យ​ខ្មាំង​សត្រូវ​សម្លាប់​ដោយ​មុខ​ដាវ ព្រម​ទាំង​រឹប​អូស យក​ទ្រព្យ​សម្បត្តិ​ទៀត​ផង។ ដូន​តា​របស់ យើង​ត្រូវ​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​មុខ​ខ្មាំង​សត្រូវ​។

២០ចំពោះ​យើង យើង​មិន​ដែល​គោរព​បម្រើ​ព្រះ​ណា​ក្រៅ​ពី​ព្រះ​អង្គ​ម្ចាស់​ឡើយ។ ដូច្នេះ​យើង សង្ឃឹម​ថា​​ព្រះ​អង្គ​មិន​បោះ​បង់​ចោល​យើង​ទេ​ ព្រះ​អង្គ​មុខ​ជា​អាណិត​អាសូរ សង្គ្រោះ​ដល់​ជាតិ​សាសន៍​យើង​ជា​មិន​ខាន។ ២១ ប្រសិន​បើ​ខ្មាំង​សត្រូវ​ដណ្ដើម​ក្រុង​របស់​យើង ពួក​វា​មុខ​ជា​ដណ្ដើម យក​ស្រុក​យូដា​ទាំង​មូល​ដែរ។ ពួក​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ ពី​ទី​សក្ការៈ​របស់​យើង ហើយ​ព្រះ​អង្គ​នឹង​ដាក់់​ទោស​យើង ព្រោះ​ពួក​គេ​បង្អាប់​បង្អោន​ទី​សក្ការៈ​នោះ។ ២២​ប្រសិន​បើ​ខ្លាំង​សត្រូវ​កាប់​សម្លាប់​ជន​ជាតិ​យើង​ កៀរ​ប្រជា​ជន​ទៅ​ជា​ឈ្លើយ និង​បំផ្លាញ​ទឹកដី​របស់​យើង ព្រះ​អង្គ​នឹង​ដាក់​ទោស​យើង។ យើង​នឹង​ទៅ​ជា​ទាសករ​របស់​ជន​ជាតិ​ដទៃ ហើយ​អ្នក​ដែល​ត្រួត​ត្រា​លើ​យើង​មុខ​ជា​ជេរ​ប្រមាថ​មើល​ងាយ​យើង។ ២៣​គ្មាន​អ្នក​ណា​ម្នាក់​អាណិត​អាសូរ​យើង ដែល​ជា​ទាសករ​របស់​គេ រីឯ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​យើង​ក៏​នឹង​ធ្វើ​ឲ្យ​យើង​អាម៉ាស់​មុខ​ដែរ។

២៤​បង​ប្អូន​អើយ! ឥឡូវ​នេះ យើង​ត្រូវ​បង្ហាញ​ឲ្យ​បង​ប្អូន​ដឹង​ថា ជីវិត​របស់​ពួក​គេ​ស្ថិត​នៅ លើ​យើង! ទី​សក្ការៈ ព្រះ​ដំណាក់​របស់​ព្រះ​អម្ចាស់ និង​អាសនៈ​ក៏​អាស្រ័យ​នៅ​លើ​យើង​ដែរ​។ ២៥​ម្យ៉ាង​ទៀត យើង​ត្រូវ​តែ​នាំ​គ្នា​អរ​ព្រះ​គុណ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​យើង ដែល​ព្រះ​អង្គ​ល្បង​ល យើង​ដូច​ព្រះ​អង្គ​បាន​ល្បង​ល​បុព្វ​បុរស​របស់​យើង​ដែរ។ ២៦​ចូរ​នឹក​គិត​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះ​អង្គ​បាន​ប្រព្រឹត្ត​ដើម្បី​ល្បង​ល​លោក​អាប្រាហាំ លោក​អ៊ីសាក! ចូរ​នឹក​គិត​ដល់​អ្វីៗ​ដែល​កើត​ឡើង ចំពោះ​លោក​យ៉ាកុប នៅ​ស្រុក​មេសូ​ប៉ូតាមី កាល​លោក​ឃ្វាល​ចៀម​លោក​ឡាបាន់ ជា​ឪពុក​មា​របស់​លោក។ ២៧ ព្រះ​អង្គ​ប្រើ​ភ្លើង​ដើម្បី​ល្បង​ល​ចិត្ត​អស់​លោក ប៉ុន្តែ​ព្រះ​អង្គ​មិន​បាន​ប្រព្រឹត្ត ចំពោះ​យើង​ដូច​អស់​លោក​ទេ ព្រះ​អង្គ​មិន​ដាក់​ទោស​យើង​ឡើយ គឺ​ព្រះ​អង្គ​គ្រាន់​តែ​ដាស់​តឿន​ថា ព្រះ​អង្គ​តែង​តែ​ធ្វើ​ទោស​អស់​អ្នក ដែល​មក​នៅ​ជិត​ព្រះ​អង្គ»។

២៨​លោក​អូស្យាស​ឆ្លើយ​តប​មក​នាង​យូឌីត​ថា៖ «សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​នាង​និយាយ​នេះ សុទ្ធ​តែ​មាន​អត្ថន័យ​ល្អ​ណាស់! គ្មាន​នរណា​ម្នាក់​អាច​ជំទាស់​ឡើយ។ ២៩​ថ្ងៃ​នេះ មិន​មែន​ជា​លើក​ដំបូង ដែល​នាង​បាន​បង្ហាញ​ប្រាជ្ញា​ដ៏​ឈ្លាស​វៃ​ទេ​គឺ ប្រជា​ជន​ទាំង​អស់​បាន​ស្គាល់​ប្រាជ្ញា និង​ឆន្ទៈ​ល្អ​របស់ នាង​តាំង​ពី​នាង​នៅ​ក្មេង​ម្ល៉េះ។

៣០​ប៉ុន្តែ ប្រជា​ជន​ស្រេច​ទឹក​ខ្លាំង​ពេក ពួក​គេ​បង្ខំ​យើង​ឲ្យ​ប្រព្រឹត្ត និង​ពោល​ពាក្យ​ដូច​យើង​បាន​ប្រាប់​គេ ព្រម​ទាំង​ស្បថ​ជា​ឱឡារិក​ផង។ យើង​មិន​អាច​បំពាន​ពាក្យ​សម្បថ​នោះ បាន​ឡើយ។ ៣១​ដូច្នេះ សូម​នាង​អង្វរ​ព្រះ​អម្ចាស់​ឲ្យ​យើង​ផង ព្រោះ​នាង​ជា​ស្ត្រី ដែល​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់។ សូម​ព្រះ​អម្ចាស់​ប្រោស​ប្រទាន​ ឲ្យ​ភ្លៀង​ធ្លាក់​មក​បំពេញ​អាង​របស់​យើង នោះ​យើង​មាន​កម្លាំង​វិញ​ហើយ!»។ ៣២​នាង​យូឌីត​ឆ្លើយ​ថា៖ «សូម​ស្ដាប់​ខ្ញុំ​សិន! ខ្ញុំ​នឹង​ធ្វើ​កិច្ចការ​មួយ​ដែល​ប្រជា​ជន​ជំនាន់​ក្រោយ​មិន​អាច​បំភ្លេច​បាន។ ៣៣​នៅ​យប់​នេះ​សូម​អ្នក​រាល់​គ្នា​ចេញ​ទៅ​មុខ​ទ្វារ​ក្រុង ហើយ​អនុញ្ញាត​ឲ្យ​នាង​ខ្ញុំ ព្រម​ទាំង​អ្នក​បម្រើ​​ចេញ​ទៅ។ ព្រះអង្គ​ម្ចាស់​នឹង​សង្គ្រោះ​ប្រជា​ជន​អ៊ីស្រាអែល តាម​រយៈ​ខ្ញុំ មិន​ពេល​កំណត់​ដែល​លោក​ទាំង​បី​ប្រគល់​ក្រុង​នេះ​ឲ្យ​ខ្មាំង​សត្រូវ។ ៣៤​ប៉ុន្តែ សូម​កុំ​ចង់​ដឹង​ពី​កិច្ចការ​ដែល​ខ្ញុំ​បម្រុង​នឹង​ធ្វើ នោះ​ខ្ញុំ​មិន​ជម្រាប​អស់​លោក​ទេ មុន​ពេល​ខ្ញុំ​ធ្វើ​កិច្ច​នេះ​បាន​សម្រេច»។ ៣៥​លោក​អូស្យាស និង​មេ​ដឹក​នាំ​ពីរ​នាក់​ទៀត​ពោល​ទៅ​កាន់​នាង​ថា៖ «សូម​អញ្ជើញ​ទៅ​ដោយ​សុខ​សាន្ត​ចុះ! សូម​ព្រះ​ជា​អម្ចាស់​នាំ​ផ្លូវ​នាង​ហើយ​ដាក់​ទោស​បច្ចា​មិត្ត​របស់​យើង​ផង»។ ៣៦​រួច​លោក​ទាំង​បី​នាក់​ចាក​ចេញ ពី​ផ្ទះ​នាង​យូឌីត ហើយ​ត្រឡប់​ទៅ​កាន់​កន្លែង​រៀង​ខ្លួន​វិញ។

ជំពូកទី ៩

ពាក្យ​អង្វរ​របស់​នាង​យូឌីត
១​នៅ​ពេល​គេ​នាំ​គ្នា​ថ្វាយ​គ្រឿង​ក្រអូប​ពេល​ល្ងាច​ក្នុង​ព្រះ​វិហារ នៅ​ក្រុង​យេរូសាឡឹម នាង​យូឌីត​ក្រាប​មុខ​ដល់​ដី រោយ​ផេះ​នៅ​លើ​ក្បាល​ហើយ​លេច​ចេញ​អាវ​ធ្វើ​ពី​បាវ ដែល នាង​តែង​តែ​ពាក់​ជាប់​ក្នុង​សម្លៀក​បំពាក់​របស់​នាង។ ២​នាង​បន្លឺ​សំឡេង​ខ្លាំង​ៗ ទូល​អង្វរ​ព្រះ​អង្គ​ម្ចាស់​ថា៖ «ឱ​ព្រះ​អង្គ​ម្ចាស់​អើយ! ព្រះ​អង្គ​ជា​ព្រះ​របស់​លោក​ស៊ីម៉ូន​ជា​បុព្វ​បុរស​របស់​នាងខ្ញុំ។ ព្រះ​អង្គ​បាន​ប្រទាន​ដាវ​មក​ក្នុង​ដៃ​លោក ដើម្បី​ដាក់​ទោស​ជន​ជាតិ​ដទៃ ដែល​រំលោភ​លើ​រូប​កាយ ប្អូន​ស្រី​របស់​លោក។ ពួក​វា​បាន​ហែក​សម្លៀក​បំពាក់​របស់​នាង ហើយ​ធ្វើ​ឲ្យ​នាង​អាម៉ាស់ ពួកវា​រំលោភ​នាង​យ៉ាង​ព្រៃ​ផ្សៃ គឺ​ប្រព្រឹត្ត​អំពើ​ដែល​ព្រះ អង្គ​មិន​ឲ្យ​ប្រព្រឹត្ត។ ៣​ហេតុ​នេះ​ហើយ​ បាន​ជា​ព្រះ​អង្គ​ប្រគល់​មេ​ដឹក​នាំ​របស់​គេ ឲ្យ​លោក​ស៊ីម៉ូន​បញ្ឆោត​ យក​ទៅ​ប្រហារ​ជីវិត​ចោល​អស់។ រីឯ​គ្រែ​ដែល​ជា​កន្លែង​ដែល​ពួកវា​បាន​បញ្ឆោត​នាង​នោះ ត្រូវ​ជោគ​ជាំ​ដោយ​ឈាម​របស់​គេ​ដែរ។ ព្រះ​អង្គ​បាន​ប្រហារ​ជីវិត​ទាំង​ខ្ញុំ​បម្រើ​ទាំង​ចៅហ្វាយ​របស់​ពូក​គេ ព្រះ​អង្គ​ក៏​បាន​ប្រហារ​ជីវិត​មេ​ដឹក​នាំ នៅ​លើ​រាជ​បល្ល័ង្ក​ដែរ។ ៤​ព្រះ​អង្គ​បាន​ប្រគល់​ប្រពន្ធ និង​កូន​ស្រី​របស់​ពួក​គេ​ឲ្យ​ជន​ជាតិ អ៊ីស្រាអែល​កៀរ​យក​ទៅ​ជា​ឈ្លើយ និង​ជា​ទាសី។ ព្រះ​ក៏​បាន​ប្រគល់​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជា​រាស្ត្រ​ដ៏​ជា​ទី​ស្រលាញ់​របស់​ព្រះ​អង្គ ដែល​ខិត​ខំ​គោរព​បម្រើ​ព្រះ​អង្គ រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​មក​ចែក​គ្នា​ ដ្បិត​គេ​ស្អប់​ហើយ​នាំ​គ្នា​អង្វរ​ព្រះ​អង្គរ។ ឱ​ព្រះជាម្ចាស់​ជា​ព្រះ​របស់​នាង​ខ្ញុំ​អើយ! សូម​ព្រះ​អង្គ​មេត្តា​ស្ដាប់​ពាក្យ​អង្វរ​របស់​នាង​ខ្ញុំ ជា​ស្ត្រី​មេ​ម៉ាយ​ផង! មាន​តែ​ព្រះ​អង្គ​ទេ​ដែល​ធ្វើ​ឲ្យ​ព្រឹត្តិ​ការណ៍​ជំនាន់​ដើម ព្រឹត្តិ​ការណ៍​សព្វ​ថ្ងៃ​នេះ និង​ព្រឹត្តិ​ការណ៍​អនាគត​កើត​ឡើង​បាន។ ព្រឹត្តិ​ការណ៍​ទាំង​អស់​កើត​ឡើង តាម​គម្រោង​ការ​របស់​ព្រះអង្គ។ ៦ ព្រឹត្តិការណ៍​ទាំង​អស់​ដែល​ព្រះ​អង្គ​គ្រោង​ទុក​បាន​មក​ដល់ ហើយ​ទូល​ព្រះ​អង្គ​ថា៖ «យើង​មក​ដល់​ហើយ»។ រាល់​កិច្ច​ការ​របស់​ព្រះ​អង្គ​សុទ្ធ​តែ​បាន​គ្រោង​ទុក​ជា​មុន។ ហើយ​ព្រះ​អង្គ​តែង​ជ្រាប​អ្វីៗ​ទាំង​អស់​ជាមុន។ ៧​ឥឡូវ​នេះ សូម​ព្រះ​អង្គ​ទត​មើល​ជន​ជាតិ​អាស្ស៊ីរី​លើក​ទ័ព​ទាំង​អស់ មក​ទីនេះ។ ពួកគេ​អួត​អាង ​ដោយ​មាន​កង​ទ័ព​សេះ​ជា​ច្រើន។ គេ​វាយ​ឫក​ដោយ​អាង​កម្លាំង​ថ្មើរ​ជើង គេ​ពឹង​ផ្អែក​លើ គ្រឿង​សស្ត្រាវុធ​គ្រប់​ធុន​របស់​គេ។ ប៉ុន្តែ​ពួក​គេ​មិន​ស្គាល់​ព្រះ​អង្គ​ពិត​ជា ព្រះ​អម្ចាស់​ដែល​អាច​ពន្លត់​ភ្លើង​សង្គ្រាម​បាន​ឡើយ។ ៨​ព្រះ​អង្គ​មាន​ព្រះ​នាម​ថា​ព្រះ​អម្ចាស់។ សូម​ព្រះ​អង្គ​សម្ដែង​ឫទ្ធា​នុភាព មក​បំបាត់​ភាព​ឃោរឃៅ​របស់​ពួក​គេ​ផង សូម​ព្រះ​អង្គ​ទ្រង់​ព្រះ​ពិរោធ បង្ក្រាប​កម្លាំង​របស់​ពួក​គេ​ដោយ​ព្រះ​ចេស្ដា​របស់​ព្រះ​អង្គ។ ពួក​គេ​មាន​គម្រោង​បន្ទាប បន្ថោក​ព្រះ​វិហារ​ដ៏​វិសុទ្ធ​របស់​ព្រះ​អង្គ ហើយ​ធ្វើ​ឲ្យ​ព្រះ​ពន្លា​ជា​កន្លែង​តាំង​ព្រះ​នាម​ដ៏​រុង​រឿង​របស់​ព្រះ​អង្គ​គង់​នៅ ត្រូវ​សៅ​ហ្មង ព្រម​ទាំង​រំលំ​អាសនៈ​របស់​ព្រះ​អង្គ​ចោល​ទៀត​ផង។ ៩​សូម​ព្រះ​អង្គ​ទត​មើល​ចុះ ពួក​គេ​អួត​អាង​ខ្លាំង​ណាស់! សូម​ព្រះ​អង្គ​ពិរោធ​បង្ក្រាប​ពួក​គេ​ផង! សូម​ប្រោស​ប្រទាន​ឲ្យ​នាង​ខ្ញុំ​ជា​ស្រ្តី​មេ​ម៉ាយ មាន​កម្លាំង​អនុវត្ត​គម្រោង​ការ​ដែល​នាង​ខ្ញុំ​បាន​រៀប​ចំ ១០​សូម​ប្រហារ​ទាំង​ទាសា​ទាសី ទាំង​ចៅហ្វាយ ទាំង​មេទ័ព និង​ទាំង​ពល​ទាហាន​របស់​គេ​ ដោយ​សារ​តែ​ពាក្យ​បញ្ឆោត​របស់​នាង​ខ្ញុំ​ផង។ សូម​ឲ្យ​ការ​អូត​បំប៉ោង​របស់​ពួក​គេ ត្រូវ​កម្ទេច​ដោយ​សារ​តែ​ដៃ​ស្ត្រី​ម្នាក់។ ១១​ឫទ្ធានុភាព​របស់​ព្រះ​អង្គ​ មិន​មែន​ស្ថិត​លើ​ពល​ទាហាន​ដ៏​ច្រើន​នោះ​ទេ​ឫទ្ធិ​បារមី​របស់​ព្រះ​អង្គ​ក៏​មិន​អាស្រ័យ​លើ​អ្នក​កាន់​អំណាច​ដែរ គឺ​ព្រះ​ពិត​ជា​ព្រះ​របស់​មនុស្ស​ទន់​ទាប ព្រះ​អង្គ​តែង​សង្គ្រោះ​អ្នក​តូច​តាច​ការពារ​ជន​ទន់​ខ្សោយ គាំទ្រ​ជន​ដែល​គ្មាន​ទីពឹង​ហើយ​សង្គ្រោះ ជន​ដែល​អស់​សង្ឃឹម។ ១២​ឱ​ព្រះ​របស់​ដូន​តា​ឪពុក​នាង​ខ្ញុំ​អើយ! ព្រះ​អង្គ​ជា​ព្រះ​របស់​ប្រជា​ជន​អ៊ីស្រាអែល ដែល​ជា​ប្រជា​រាស្ត្រ​ផ្ទាល់​របស់​ព្រះ​អង្គ! ព្រះ​អង្គ​ជា​ព្រះ​ផ្ទៃ​មេឃ និង​ផែន​ដី​ព្រះ​អង្គ​បាន​បង្កើត​ទឹក ហើយ​ជា​ព្រះ​មហា​ក្សត្រ​នៃ​សត្វ​លោក​ទាំង​ឡាយ! សូម​ទ្រង់​ព្រះ​សណ្ដាប់ ពាក្យ​អង្វរ​របស់​នាង​ខ្ញុំ​ផង។ ១៣​សូម​ឲ្យ​អស់​អ្នក​ដែល​មាន​គម្រោង​ការ​ដ៏​អាក្រក់ ចង់​ប្រឆាំង​នឹង​សម្ព័ន្ធ​មេត្រី​របស់​ព្រះ​អង្គ ចង់​បំផ្លាញ​ព្រះ​វិហារ​ដ៏​វិសុទ្ធ​របស់​ព្រះ​អង្គ ចង់​បំផ្លាញ​កំពូល​ភ្នំ​ស៊ីយ៉ូន និង​ទឹក​ដី​របស់​ប្រជា​ជន​ព្រះ​អង្គ ត្រូវ​របួស​នឹង​ស្លាប់​ដោយ​សារ​ពាក្យ​សំដី​របស់​នាង​ខ្ញុំ​បញ្ឆោត​គេ។ ១៤ សូម​ព្រះ​អង្គ​ប្រោស​ប្រទាន​ឲ្យ​ប្រជា​ជាតិ និង​កុល​សម្ព័ន្ធ​ទាំង​ឡាយ​ទទួល​ស្គាល់​ថា ព្រះ​ពិត​ជា​ព្រះ​ជា​ម្ចាស់​ប្រកប​ដោយ​ឫទ្ធានុភាព និង​ព្រះ​ចេស្ដា​គ្រប់​បែប​យ៉ាង​គ្មាន​ព្រះ​ឯណា​ក្រៅ​ពី​ព្រះ​អង្គ ដែល​តាម​ថែ​រក្សា ការ​ពារ​ជន​ជាតិ​អ៊ីស្រាអែល​ឡើយ»។

ជំពូកទី ១០

នាង​យូឌីត​ចូល​ដល់​ជំរំ​របស់​លោក​ហូឡួភែរ
១ កាល​នាង​យូឌីត​ស្រែក​អង្វរ​ព្រះ​នៃ​ប្រជា​ជន​អ៊ីស្រាអែល ចប់​រួច​រាល់​ហើយ ២នាង​ក្រោក​ឡើង​ហៅ​អ្នក​បម្រើ។ នាង​ក៏​ចុះ​ដើរ​មក​ចូល​ក្នុង​ផ្ទះ​ត្រង់​កន្លែង ដែល​នាង​ធ្លាប់​មក​នៅ​ថ្ងៃ​សប្ប័ទ និង​ថ្ងៃ​បុណ្យ។ ៣​នាង​ដោះ​អាវ​ធ្វើ​ពី​បាវ និង​សំលៀក​បំពាក់​មេម៉ាយ​ចេញ រួច​ងូត​ទឹក​សំអាត​ខ្លួន ហើយ​យក​ទឹក​អប់​យ៉ាង​ក្រអូប​មក​លាប​ខ្ញួន​នាង។ នាង​សិត​សក់​ហើយ​យក​ឈ្នួត​យ៉ាង​ល្អ​បំផុត​មក​ពាក់ ព្រមទាំង​ស្លៀក​ពាក់​សំលៀក​បំពាក់​យ៉ាង​ល្អ​ប្រណិត ដែល​នាង​ធ្លាប់​ស្លៀក​ពាក់​កាល​ដែល​លោក ម៉ាណាសេ​ជា​ប្ដី​របស់​នាង​នៅ​រស់​នៅ​ឡើយ។ ៤​នាង​ក៏​យក​ស្បែក​ជើង​មក​ពាក់ ព្រម​ទាំង​ខ្សែ​ក ខ្សែ​ដៃ ចិញ្ចៀន ក្រវិល និង​គ្រឿង​អលង្ការ​ទាំង​ប៉ុន្មាន មក​តុប​តែង​ខ្លួន​យ៉ាង​ស្អាត​បំផុត ដើម្បី​ទាក់​ទាញ​អារម្មណ៍​ប្រុសៗ​ដែល​ឃើញ​រូប​នាង។ ៥ នាង​យក​ថូ​ប្រេង​និង​ថង់​ស្បែក​ស្រា​ឲ្យ​ស្រី​បម្រើ​ទូល។ នាង​ក៏​យក​ម្សៅ​នំ ដំណាប់ នំបុ័ង​ដាក់​ពេញ​ថង់​មួយ។ នាង​ខ្ចប់​ស្បៀង​អាហារ​ទាំង​នេះ ដោយ​ប្រយ័ត្ន​ប្រយែង ហើយ​ប្រគល់​ឲ្យ​អ្នក​បម្រើ​យួរ​ដែរ។ ៦បន្ទាប់​មក​អ្នក​ទាំង​ពីរ​ចាក​ចេញ​ពី​ផ្ទះ តំរង់​ទៅ​កាន់​ទ្វារ​ក្រុង​បេតធូលី។ នៅ​ទីនោះ​នាង​បាន​ជួប​នឹង​លោក​អូស្យាស លោក​ខា​ព្រីស និង​លោក​ខារមីស ជា​ព្រឹទ្ធា​ចារ្យ​នៅ​ទី​នោះ។ ៧​ពេល​លោក ទាំង​បី​តុប​តែង​ខ្លួន និង​ផ្លាស់​ប្ដូរ​សំលៀក​បំពាក់​ដូច្នេះ គេ​នាំ​គ្នា​សរសើរ​សម្ផស្ស​របស់​នាង​យ៉ាង​ខ្លាំង។ លោក​ទាំង​បី​មាន​ប្រសាសន៍​ទៅ​កាន់​នាង​ថា៖ ៨«សូន​ព្រះ​នៃ​បុព្វ​បុរស​របស់​យើង​ប្រោស​ប្រទាន​ឲ្យ​នាង​បាន​ជា​ទី​គាប់​ចិត្ត​របស់​គេ ព្រម​ទាំង​សំរេច​តាម​គម្រោង​ការ​របស់​នាង ដើម្បី​ជា​កិត្តិ​យស​របស់​ជន​ជាតិ​អ៊ីស្រា​អែល និង​លើក​តម្កើង​ក្រុង​យេរូ​សាឡឹម​ផង»។ នាង​យូឌីត​ក្រាប​ថ្វាយ​បង្គំ​ព្រះជាម្ចាស់ ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​លោក ទាំង​បី​ថា៖​«សូម​បញ្ជា​គេ​ឲ្យ​បើក​ទ្វារ​ក្រុង​ឲ្យ​នាង​ខ្ញុំ​ផង ដើម្បី​ឲ្យ​នាង​អាច​ទៅ​ធ្វើ​កិច្ចការ​ដែល​យើង បាន​និយាយ​ជាមួយ​គ្នា​នោះ»​។ អស់​លោក​ក៏​បញ្ជា​ឲ្យ​ឆ្មាំ​បើក​ទ្វារ​ជូន​តាម​សំដី​របស់​នាង។ ១០​នាង​យូឌីត និង​អ្នក​បម្រើ​ចេញ​ទៅ​ជាមួយ​គ្នា។ អ្នក​ក្រុង​មើល​នាង​រហូត​ទាល់​តែ​នាង​ចុះ​ទៅ​ដល់​ជើង​ភ្នំ ហើយ​ឆ្លង​ជ្រលង​ភ្នំ​ផុត​ដាច់​កន្ទុយ​ភ្នែក មើល​នាង​លែង​ឃើញ។ ១១​នាង​ទាំង​ពីរ​នាក់​កំពុង​ដើរ​កាត់​ជ្រលង​ភ្នំ​ត្រង់​ទៅ​មុខ ស្រាប់​តែ​ក្រុម​ទាហាន​អាស្ស៊ីរី ដែល​នៅ​ការពារ​តាម​ខ្សែ​ត្រៀម ចេញ​មក​ស្ទាក់​ដំណើរ​នាង​ទាំង​ពីរ។ ១២​ពួក​គេ​ចាប់​នាង​យូឌីត ហើយ​សួរ​ថា៖ «តើ​នាង​ជា​ជន​ជាតិ​អ្វី? ទៅ​ណា?»។ នាង​យូឌីត​ឆ្លើយ​តប​ថា៖ «ខ្ញុំ​ជា​ជន​ជាតិ​ហេប្រឺ ខ្ញុំ​រត់​ចោល​ពូក​គេ​មក ព្រោះ​បន្តិច​ទៀត​ពួក​គេ​នឹង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ជា​ពុំខាន។ ១៣​នាង​ខ្ញុំ​មក​ជួប​លោក​ហូឡូភែរ ជា​មេ​បញ្ជា​ការ​កង​ទ័ព​របស់​អ្នក​រាល់​គ្នា ដើម្បី​នាំ​ព័ត៌មាន​ច្បាស់​លាស់​មក​ជម្រាប​លោក។ នាង​ខ្ញុំ​នឹង​បង្ហាញ​ផ្លូវ​ដែល​លោក​ត្រូវ​ដើរ​ដើម្បី​ទៅ​កាន់​កាប់​តំបន់​ភ្នំ ទាំង​មូល​នេះ​ដោយ​មិន​បាច់​ចំណាយ​ជីវិត ​ទាហាន​ណា​ម្នាក់​ឡើយ»។ ១៤​ពួក​គេ​ស្ដាប់​ពាក្យ​របស់​នាង ​ទាំង​សម្លឹង​មើល​នាង​មិន​ដាក់​ភ្នែក ពី​ព្រោះ​នាង​មាន​រូប​ឆោម​ស្អាត​ណាស់។ ពួក​គេ​តប​ទៅ​វិញ​ថា៖ ១៥«នាង​ប្រញាប់​មក​ជួប​លោក​ម្ចាស់​យើង​ដូច្នេះ​ពិត​ជា បាន​រួច​ជីវិត​ហើយ។ ឥឡូវ​នេះ​អញ្ជើញ​ទៅ​ជួប​លោក​ចុះ! យើង​នឹង​ចាត់​គ្នា​យើង​ខ្លះ ដើម្បី​ជូន​ដំណើរ​នាង​ទៅ​ជួប​លោក​ម្ចាស់​យើង​ផ្ទាល់។ ១៦​ពេល​នាង​នៅ​ចំពោះ​មុខ​ម្ចាស់​យើង​ផ្ទាល់ ចូរ​នាង​កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! នាង​ត្រូវ​តែ​ជម្រាប លោក​ ដូច​ដែល​សេចក្ដី​ដែល​នាង​បាន​ប្រាប់​យើង​នេះ លោក​មុខ​ជា​ទទួល​នាង​យ៉ាង​រាក់​ទាក់​មិន​ខាន!»។ ១៧​ពួក​គេ​ចាត់​ចែង​ឲ្យ​ពល​ទាហាន​ចំនួន​មួយ​រយ​នាក់ ជូន​ដំណើរ​នាង​យូឌីត និង​ស្រ្តី​បម្រើ​របស់​នាង​ទៅ​ជំរំ​របស់​លោក​ហូឡូភែរ។ ១៨ពេល​នោះ ទាហាន​រត់​មក​ពី​គ្រប់​ទី​កន្លែង​ក្នុង​ជំរំ ដ្បិត​ពួក​គេ​បាន​ឮ​ពី​មាត់​មួយ​ទៅ​មាត់​មួយ ពី​ការ​មក​ដល់​របស់​នាង។ ទាហាន​ទាំង​នោះ មក​ចោម​រោម​មើល​នាង ដែល​កំពុង​ឈរ​នៅ​ខាង​ក្រៅ​ជំរំ​របស់​លោក ហូឡូភែរ​ រង់​ចាំ​គេ​ទៅ​ជម្រាប​លោក។ ១៩​ពួក​គេ​នាំ​គ្នា​ស្ងើច​សរសើរ​ពី​សម្ផស្ស​របស់​នាង​ យ៉ាង​ខ្លាំង ហើយ​ស្ងើច​សរសើរ​ជន​ជាតិ​អ៊ីស្រាអែល​ដោយ​សារ​នាង គឺ​គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖​ តើ​នរណា​ហ៊ាន​មើល​ងាយ ប្រជា​ជន​ដែល​មាន​ស្ត្រី​រូប​ស្អាត​យ៉ាង​នេះ? មិន​គួរ​ឲ្យ​បុរស​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់ ​មាន​ជីវិត​ឡើយ ព្រោះ​អ្នក​ដែល​សេស​សល់​ពី​ស្លាប់​ មុខ​ជា​អាច​បញ្ឆោត​ពិភព​លោក​ទាំង​មូល​បាន»។ ២០​ពល​ទាហាន​របស់​លោក​ហូឡូភែរ និង​នាយ​ទាហាន​ទាំង​ប៉ុន្មាន​ក៏​ចេញ​មក​ ហើយ​នាំ​នាង​ចូល​ទៅ​ក្នុង​ជំរំ។ ២១​លោក​ហូឡូភែរ កំពុង​សម្រាន្ត​នៅ​លើ​គ្រែ​ក្នុង​មុង​ធ្វើ​ពី​អំបោះ​លាយ​ខ្សែ​មាស មាន​ដាំ​ត្បូង​មរកត និង​ពេជ្រ​ឯ​ទៀតៗ​ជាប់​តាម​សាច់​ក្រណាត់​ផង។ ២២​កាល​គេ​ជម្រាប​លោក​ថា នាង​យូឌីត​មក​ហើយ លោក​ក៏​ចេញ​ទៅ​មាត់​ទ្វារ​ជំរំ ដោយ​មាន​អ្នក​បម្រើ​កាន់​ចន្លុះ​មាន ជើង​ធ្វើ​អំពី​ប្រាក់​ដើរ​បំភ្លឺ​ផ្លូវ​ពី​មុខ។ ២៣​ពេល​នាង​យូឌីត​មក​ដល់​មុខ​លោក និង​នាយ​ទាហាន​ពួក​គេ​នាំ​គ្នា ស្ងើច​សរសើរ​សម្ផស្ស​របស់​នាង។ នាង​ក៏​អោន​មុខ​ក្រាប​ដល់​ដី​នៅ​ចំពោះ​មុខ​លោក​ហូឡូភែរ ប៉ុន្តែ​អ្នក​បម្រើ​របស់​លោក​បាន​មក​លើក​នាង​ឲ្យ​ក្រោក​ឈរ​ឡើង។

ជំពូកទី ១១

នាងយូឌីតនៅចំពោះមុខ​លោកហូឡូភែរ
១លោក​ហូឡួភែរ​និយាយ​​ ទៅ​កាន់​នាង​យូឌីត​ថា៖ «ចូរ​នាង​ទុក​ចិត្ត​ចុះ​ កុំ​ភ័យ ខ្ញុំ​មិន​ធ្វើបាប​ជន​ណា​ម្នាក់​ដែល​សុខ​ចិត្ត​បម្រើ​ព្រះ​បាទ​នេប៊ូកា​នេសារ ជា​ព្រះ​មហា​ក្សត្រ​នៃ​ផែន​ដី​ទាំង​មូល​ទេ។ ២​តាម​ពិត ប្រសិន​បើ​ប្រជា​ជន​របស់​នាង ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​នេះ​មិន​បាន​មើល​ងាយ​ខ្ញុំ​ទេ ខ្ញុំ​ក៏​មិន​កាន់​អាវុធ​មក​ច្បាំង​នឹង​គេ​ដែរ ពួក​អ៊ីស្រា​អែល​ខ្លួន​ឯង​ទេ​តើ​ដែល​ធ្វើ​បាប​ខ្លួន​នោះ! ៣ឥឡូវ​នេះ សូម​ប្រាប់​ខ្ញុំ​មក​ហេតុ​អ្វី​បាន​ជា​នាង​រត់​ចោល​ពូក​គេ ហើយ​មក​សុំ​ចុះ​ចូល​ខាង​ខ្ញុំ​ទៅ​វិញ? នាង​រត់​មក​ដូច្នេះ​រួច​ខ្លួន​ហើយ! ចូរ​ទុក​ចិត្ត​ចុះ​ចាប់​ពី​យប់​នេះ​ត​ទៅ ជីវិត​នាង​នឹង​រស់​រាន​ជា​រៀង​រហូត។ ៤​គ្មាន​នរណា​ធ្វើ​បាប​នាង​ទេ ផ្ទុយ​ទៅ​វិញ គេ​នឹង​ធ្វើ​ល្អ ចំពោះ​នាង​ដូច​គេ​ធ្លាប់​ធ្វើ​ចំពោះ​អ្នក​បម្រើ​របស់​ព្រះ​បាទ​នេប៊ូកា​នេសារ​ ជា​ម្ចាស់​របស់​ខ្ញុំ​ដែរ»។ ៥​នាង​យូឌីត​ពោល​ទៅ​កាន់​លោក​មេ​បញ្ជា​ការ​ថា៖ «សូម​លោក​មេត្តា​ស្ដាប់​ពាក្យ​របស់​ខ្ញុំ​សិន សូម លោក​អនុញ្ញាត​ឲ្យ​នាង​ខ្ញុំ​ជម្រាប​ផង! អ្វីៗ​ដែល​នាង​ខ្ញុំ​ជម្រាប​លោក​ម្ចាស់​នៅ​ពេល​យប់​នេះ គឺ​សុទ្ធ​តែ​ជា​ពាក្យ​ពិត​ទាំង​អស់ គ្មាន​កុហក​ភូតភរ​ឡើយ។ ៦​ប្រសិន​បើ​លោក​ម្ចាស់​សុខ​ចិត្ត​ធ្វើ​តាម​ពាក្យ​ដែល​នាង​ខ្ញុំ​ជម្រាប​នោះ ព្រះជាម្ចាស់​មុខ​ជា​ជួយ​លោក​ម្ចាស់​ ឲ្យ​សម្រេច​ការ​អស្ចារ្យ​ពុំខាន ហើយ​លោក​ម្ចាស់​ត្រូវ​តែ​ទទួល​ជោគ​ជ័យ​ ជានិច្ច​ដែរ។ ៧​នាង​ខ្ញុំ​សូម​ស្បថ ក្នុង​នាម​ព្រះ​ចៅ​នេប៊ូកា​នេសារ ជា​ព្រះ​មហា​ក្សត្រ​នៃ​ផែន​ដី​ទាំង​មូល​ដែល​ទ្រង់​មាន​ព្រះ​ជន្ម​គង់​នៅ និង​មាន​អំណាច​ដ៏​ខ្លាំង​ថា ព្រះ​រាជា​បាន​ចាត់​លោក​ម្ចាស់​ឲ្យ​មក​តំរែតម្រង់​សត្វ​លោក​ទាំង​អស់ ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ ហើយ​ដោយ​សារ​លោក​ម្ចាស់​ មនុស្ស​ទាំង​អស់​នឹង​បម្រើ​ព្រះ​រាជា។ មិន​តែ​ប៉ុណ្ណោះ​សោត សត្វ​ព្រៃ​ សត្វ​ស្រុក​ បក្សា​បក្សី​ នឹង​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ​បាទ​នេប៊ូកា​នេសារ និង​រស់​ក្រោម​អំណាច​លោក​ដែរ។ ៨​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ឮ​គេ​និយាយ​គ្រប់​ម៉ាត់​ ពី​ប្រាជ្ញា​ឈ្លាសវៃ​របស់​លោក​ម្ចាស់​នៅ​លើ​ផែន​ដី​ទាំង​មូល គេ​រៀប​រាប់​ថា​ក្នុង​រាជា​ណា​ចក្រ​ទាំង​មូល មាន​តែ​លោក​ម្ចាស់​ទេ​ដែល​មាន​ចិត្ត​សប្បុរស ចេះ​ដឹង​ស្ទាត់​ជំនាញ ព្រម​ទាំង​ចំណាន​ក្នុង​ការ​ធ្ធើ​សង្គ្រាម​ទៀត​ផង។ ៩​ចំពោះ​ពាក្យ​សំដី​ដែល​លោក​អឃីយ័រ​បាន​ពោល​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា យើង​ខ្ញុំ​ក៏​បាន​ឮ​ដែរ ដ្បិត​អ្នក​ស្រុក​បេតធូលី​បាន​សង្គ្រោះ​ជន​នោះ​ ហើយ​គាត់​បាន​ប្រាប់​យើង​ខ្ញុំ​នូវ​អ្វី​ៗ​ដែល​គាត់​បាន​និយាយ​នៅ​ចំពោះ​មុខ​លោក​ម្ចាស់។ ១០​បពិត្រ​លោក​ម្ចាស់​ដ៏​ជា​ទី​គោរព! សូម​លោក​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​សំដី​របស់​លោក​អឃីយ័រ​បាន​ជម្រាប។ សូម​ចង​ចាំ​ពាក្យ​របស់​គាត់ ព្រោះ​សេចក្ដី​ទាំង​នោះ​ជា​ការ​ពិត។ ប្រសិន​បើ​ជាតិ​សាសន៍​យើង​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ​ហឫទ័យ​ព្រះជាម្ចាស់​ទេ គ្មាន​នរណា​អាច​ធ្ធើ​ទោស​ជាតិ​សាសន៍​យើង​ខ្ញុំ ឫ​គ្មាន​នរណា​អាច​កាប់​សម្លាប់​យើង​ខ្ញុំ​ដោយ​ដាវ​បាន​ឡើយ។ ១១​តែ​ឥឡូវ​នេះ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប បណ្ដាល​ឲ្យ​ព្រះ​របស់​គេ ទ្រង់​ពិរោធ​ដូច​ពេល​ពួក​គេ​ប្រព្រឹត្ត​បទ​ល្មើស​ ជា​រៀង​រាល់​លើក​ដែរ។ ដូច្នេះ ពូក​គេ​មុខ​ជា​ត្រូវ​ស្លាប់​មិន​ខាន ហើយ​លោក​នឹង​មាន​ជ័យជំនះ​អាច​ត្រឡប់​ទៅ​ស្រុក​វិញ​ទៀត​ផង។ ១២​ពួក​គេ​ខ្វះ​ស្បៀង​អាហារ​យ៉ាង​ខ្លាំង ហើយ​ទឹក​ក៏​កាន់​តែ​ជិត​អស់ ពួក​គេ​បាន​សំរេច​ចិត្ត សម្លាប់​សត្វ​របស់​គេ​ដើម្បី​បរិភោគ ដែល​នាំ​ឲ្យ​ប្រាស​ចាក​វិន័យ​របស់​ព្រះ​ជាម្ចាស់ ហាម​ឃាត់​មិន​ឲ្យ​សម្លាប់​សត្វ​ធ្វើ​ជា​អាហារ។ ១៣សូម្បី​តែ​ផល​ស្រូវ​ដំបូង​និង​ចំណែក​មួយ​ភាគ​ដប់​នៃ​ស្រា និង​ប្រេង​ចំនួន​មួយ​ភាគ​ដប់ ដែល​ពួក​គេ​ទុក​សម្រាប់​បូជាចារ្យ ជា​អ្នក​បម្រើ​នៅ​ចំពោះ​ព្រះភ័ក្រ្ត​របស់​ព្រះ​នៃ​យើង នៅ​ក្រុង​យេរូ​សាឡឹម ក៏​ពួក​គេ​សម្រេច​យក​ទៅ​បរិភោគ​ដែរ។ តាម​វិន័យ​គ្មាន​នរណា​ម្នាក់ ក្នុង​ចំណោម​ប្រជា​ជន​ទាំង​អស់​មាន​សិទ្ធ​ប៉ះ​ពាល់​អាហារ​ទាំង​នោះ ជា​ដាច់​ខាត។ ១៤​ប៉ុន្តែ អ្នក​ក្រុង​យេរូសាឡឹម​បាន​ធ្វើ​ដូច្នេះ​ហើយ​ទើប​អ្នក​ក្រុង​បេតធូលី​ចាត់​គា្ន ឲ្យ​ទៅ​ជួប​ក្រុម​ប្រឹក្សា​ព្រឹទ្ធាចារ្យ នៃ​ក្រុង​យេរូសាឡឹម ដើម្បី​សុំ​ច្បាប់​អនុញ្ញាត​ធ្វើ​បែប​នេះ។ ១៥​នៅ​ថ្ងៃ​ណា​ពួក​គេ​បាន​ច្បាប់​អនុញ្ញាត​ហើយ ពួក​គេ​នឹង​បរិភោគ​អាហារ​ទាំង​នេះ។ នៅ​ថ្ងៃ​នោះ​ព្រះជាម្ចាស់​និង​ប្រគល់​ពួក​គេ មក​ក្នុង​កណ្ដាប់​ដៃ​លោក​ម្ចាស់​ហើយ​លោក​ម្ចាស់​នឹង​បំផ្លាញ​ពួក​គេ ឲ្យ​វិនាស​អន្តរាយ។ ១៦នាង​ខ្ញុំ​ដឹង​សេចក្ដី​ទាំង​នេះ​ហើយ​ទើប​នាង​ខ្ញុំ​រត់​ចោល​ពួក​គេ។​ខ្លាច​ឡើយ! ព្រះជាម្ចាស់​បាន​ចាត់​ឲ្យ​នាង​ខ្ញុំ​មក​ទី​នេះ​រួម​ជា​មួយ​លោក​ម្ចាស់ ដើម្បី​សម្រេច​កិច្ចការ​មួយ ដែល​មនុស្ស​នៅ​លើ​ផែន​ដី​គ្រប់​ៗ​រូប​នឹង​ស្រឡាំងកាំង​ ពេល​ឮ​ដំណឹង​នេះ។ ១៧ នាង​ខ្ញុំ​តែង​តែ​ស្មោះ​ស្ម័គ្រ​គោរព​ប្រណិប័តន៍ និង​បម្រើ ព្រះជាម្ចាស់​នៅ​ស្ថាន​បរម​សុខ​ទាំង​ថ្ងៃ​ទាំង​យប់។ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ នាង​ខ្ញុំ​នឹង​ស្នាក់​នៅ​ក្នុង​ជំរំ​របស់​លោក​ម្ចាស់។ ប៉ុន្តែ​រៀង​រាល់​យប់​នាង​ខ្ញុំ​នឹង​ចេញ​ទៅ​ជ្រលង​ភ្នំ ដើម្បី​សុំ​អង្វរ​ព្រះជាម្ចាស់។ ពេល​ណា​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប ព្រះ​ពិត​ជា​មាន​បន្ទូល​ប្រាប់​នាង​ខ្ញុំ​មិន​ខាន។ ១៨​ពេល​នោះ ខ្ញុំ​និង​នាំ​ដំណឹង​នោះ​មក​ជម្រាប​លោក​ម្ចាស់ ហើយ​លោក​ម្ចាស់​នឹង​នាំ​ទ័ព​ទាំង​អស់​ទៅ​វាយ​សម្រុក​ពូក​គេ​ ក្នុង​ចំណោម​ពួក​គេ​គ្មាន​នរណា​ម្នាក់​ អាច​ទប់​ទល់​នឹង​លោក​ម្ចាស់​បាន​ឡើយ។ ១៩​នាង​ខ្ញុំ​និង​នាំ​ផ្លូវ​លោក​ម្ចាស់​ឲ្យ​ដើរ​កាត់​ស្រុក​យូដា រហូត​ដល់​ស្រុក​យេរូ​សាឡឹម។ នាង​ខ្ញុំ​នឹង​តាំង​បល្ល័ង្ក​របស់​លោក​ម្ចាស់​នៅ​កណ្ដាល​ក្រុង​នោះ។ លោក​ម្ចាស់​នឹង​ដឹក​នាំ​ពួក​គេ​ដូច​សត្វ​ចៀម​ដែល​គ្មាន​គង្វាល ហើយ​ក៏​គ្មាន​ឆ្កែ​ណា​មួយ​ហ៊ាន​ព្រូស​ប្រឆាំង​នឹង​លោក​ម្ចាស់​ដែរ។ ព្រះជាម្ចាស់​មាន​ព្រះ​បន្ទូល មក​កាន់​នាង​ខ្ញុំ ព្រះ​អង្គ​ប្រោស​ប្រទាន​ឲ្យ​នាង​ខ្ញុំ​ នឹង​សេចក្ដី​ទាំង​នេះ​ជា​មុន​ហើយ​ព្រះ​អង្គ​ក៏​ចាត់ នាង​ខ្ញុំ​ឲ្យ​មក​ជម្រាប​លោក​ម្ចាស់​ដែរ»។

២០​លោក​ហូឡូភែរ​ និង​ នាយ​ទាហាន​របស់​លោក​ពេញ​ចិត្ត​នឹង​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​នាង​យូឌីត​ពោល​នោះ ហើយ​នាំ​គ្នា​សរសើរ​ប្រាជ្ញា​ដ៏​ឈ្លាស​វៃ​របស់​នាង។ អស់​លោក​និយាយ​គ្នា​ថា៖ ២១«ក្នុង​ពិភព​លោក​ទាំង​មូល​ មិន​អាច​រក​ស្ត្រី​ណា ដែល​ស្អាត​ហើយ​មាន​ប្រាជ្ញា​ដូច​នាង​នេះ​ទេ»។

២២លោក​ហូឡូភែរ​មាន​ប្រសាសន៍​ទៅ​កាន់​នាង​យូឌីត​ថា៖​«ព្រះជាម្ចាស់​ចាត់​ឲ្យ​នាង​មក​ទី នេះ​ឃ្លាត​ឆ្ងាយ​ពី​ប្រជា​ជន​របស់​នាង ព្រះ​អង្គ​នឹង​ប្រទាន​ជ័យជំនះ​មក​យើង ព្រះ​អង្គ​នឹង​បំផ្លាញ​អ្នក មើល​ងាយ​ព្រះ​ចៅ​នេប៊ូកា​នេសារ​ជា​ព្រះ​របស់​ខ្ញុំ ព្រះ​អង្គ​ប្រព្រឹត្ត​ដូច្នេះ​ប្រសើរ​ណាស់។ ២៣​ចំណែក​នាង​វិញ នាង​មិន​ត្រឹម​តែ​ស្អាត​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​អាច​និយាយ​បាន​ល្អ​ទៀត​ផង។ ប្រសិន​បើ​នាង​ធ្វើ​ដូច​ពាក្យ​ដែល​នាង​ប្រាប់​មែន ព្រះ​របស់​នាង​ក៏​ដូច​ជា​ព្រះ​របស់​ខ្ញុំ​ដែរ។ នាង​និង​ទៅ​រស់​នៅ​ក្នុង​រាជ​វាំង​របស់​ព្រះ​បាទ​នេប៊ូកា​នេសារ ហើយ​នាង​នឹង​មាន​ឈ្មោះ​ល្បី ក្នុង​ពិភព​លោក​ទាំង​មូល​ដែរ»។

ជំពូកទី ១២

នាង​យូឌីត​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ជំរំ​ខ្មាំង​សត្រូវ
១​លោក​ហូឡូភែរ​នាំ​នាង​ទៅ​កាន់​តុ​របស់​លោក ដែល​មាន​សុទ្ធ​តែ​ចាន​និង​កែវ ដែល​ធ្វើ​ពី​ប្រាក់។ លោក​បញ្ជា​ឲ្យ​គេ​យក​ម្ហូប​អាហារ និង​ស្រា​របស់​លោក​ផ្ទាល់ មក​ជូន​នាង​ពិសា។ ២​ប៉ុន្តែ​នាង​យូឌីត​ពោល​ថា៖ «នាង​ខ្ញុំ​មិន​អាច​បរិភោគ​អាហារ​របស់​លោក បាន​ទេ ក្រែង​នាំ​ឲ្យ​នាង​ខ្ញុំ​ប្រព្រឹត្ត​ល្មើស​នឹង​វិន័យ។ នាង​ខ្ញុំ​នឹង​បរិភោគ​អាហារ ​ដែល​នាង​ខ្ញុំ​បាន​យក​មក​ជាមួយ»។ ៣​លោក​ហូឡូភែរសួរ​ថា៖ «នៅ​ពេល​ស្បៀង​អាហារ​ទាំង​នេះ​អស់ តើ​ឲ្យ​យើង​ទៅ​រក​អាហារ​ដូច​នេះ​សម្រាប់​នាង​ឯណា! បើ​គ្មាន​ជន​ជាតិ​អ៊ីស្រា​អែល​ណា​ម្នាក់​នៅ​ក្នុង​ជំរំ​នេះ​ផង?»។ ៤ នាង​យូឌីត​តប​វិញ​ថា៖ «ក្នុង​នាម​លោក​ម្ចាស់​ដែល​មាន​ជីវិត ព្រះ​អម្ចាស់​នឹង​សម្រេច​គម្រោង​ការ​របស់​ព្រះ​អង្គ​ដោយ​សារ​នាង​ខ្ញុំ មុន​ពេក​ដែល​ត្រូវ​អស់​ស្បៀង​អាហារ​នេះ​ទៅ​ទៀត»។ ៥​នាយ​ទាហាន​របស់​លោក​ហូឡូភែរ​នាំ​នាង​ចូល​ទៅ​ក្នុង​ជំរំ រហូត​ដល់​កណ្ដាល​អធ្រាត្រ។ លុះ​ថ្ងៃ​ជិត​រះ នាង​ក្រោក​ពី​ដំណេក ៦​ហើយ​ឲ្យ​គេ​ទៅ​ជម្រាប​លោក​ហូឡូភែរ​ថា៖​«សូម​លោក​ម្ចាស់ អនុញ្ញាត​ឲ្យ​នាង​ខ្ញុំ​ចេញ​ទៅ​ក្រៅ ដើម្បី​អធិដ្ឋាន»។ ៧​លោក​ហូឡូភែរ​បញ្ជា​ដល់​អង្គ​រក្ស​របស់​លោក អនុញ្ញាត​ឲ្យ​នាង​ចេញ​ទៅ។ នាង​យូឌីត​ស្នាក់​ក្នុង​ជំរំ​អស់​រយៈ​ពេល​បី​ថ្ងៃ។ នៅ​ពេល​យប់ នាង​តែង​តែ​ចេញ​ពី​ជំរំ​ទៅ​ជ្រលង​ភ្នំ​ក្បែរ​ក្រុង​បេតធូលី នាង​តែង​តែ​ចុះ​ងូត​ទឹក​នៅ​ត្រង់​ប្រភព​ទឹក​នោះ។ ៨​ពេល​នាង​ឡើង​មក​វិញ​នាង​អង្វរ​ព្រះជាម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា​អែល ឲ្យ​មាន​សេរី​ភាព។ ៩​បន្ទាប់​ពី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​ហើយ នាង​ក៏​ត្រឡប់​ជំរំ​វិញ ហើយ​ស្នាក់​នៅ​ទី​នោះ រហូត​ដល់ ពេល​គេ​យក​អាហារ​សម្រាប់​ពេល​ល្ងាច​មក​ជូន​នាង​បរិភោគ។

ពិធីជប់លៀង​របស់​លោក​ហូឡូភែរ
១០​ដល់​ថ្ងៃ​ទី​បួន​លោក​ហូឡូ​ភែរ​អញ្ជើញ​តែ​នាយ​ទាហាន​ដែល​ជា​សហការី​ជិត​ដិត​នឹង លោក​តែ​ប៉ុណ្ណោះ។ លោក​មិន​បាន​អញ្ជើញ​នាយ​ទាហាន​ឯទៀត​ៗ​ទេ។ ១១​លោក​មាន​ប្រសាសន៍ ទៅ​កាន់​លោក​បាកូអាស ដែល​ជា​មហា​តលិក​ទទួល​ខុស​ត្រូវ​លើ​កិច្ចការ​ទាំង​អស់​របស់​លោក​ថា៖​«សូម​ទៅ​និយាយ​លួង​លោម បញ្ចុះ​បញ្ចូល​ស្ត្រី​ជន​ជាតិ​ហេប្រឺ ដែល​លោក​មើល​ថែ​រក្សា ឲ្យ​មក​ពិសា​អាហារ និង​ស្រា​ជាមួយ​ពួក​យើង។ ១២​ប្រសិន​បើ បណ្ដោយ​ឲ្យ​ស្ត្រី​ដ៏​ល្អ​ស្អាត​បែប​នេះ រួច​ខ្លួន​ ដោយ​មិន​បាន​ឆក់​ឱកាស​សប្បាយ​ជាមួយ​នាង​ទេ​នោះ​គួរ​ឲ្យ​អាម៉ាស់​ខ្លាំង​ណាស់។ បើ​យើង​មិន​បាន​ឆ្លៀត​ឱកាស​ទេ នាង​ប្រាកដ​ជា​សើច​ចំអក​ដាក់​យើង​មិន​ខាន»។ ១៣ ពេល​នោះ លោក​បាកូអាស ក៏​ចាក​ចេញ​ពី​លោក​ហូឡូភែរ ទៅ​ជួប​នាង​យូឌីត​ហើយ​ប្រាប់​នាង​ថា៖​«ស្រស់​ស្រី​អើយ! ម្ចាស់​ខ្ញុំ​អញ្ជើញ​នាង​ទៅ​ជំរំ​របស់​លោក កុំ​រុញ​រា​ឡើយ! សូម​នាង​អញ្ជើញ​ចូល​រួម​ពិសា​ស្រា​ជាមួយ​ពួក​យើង នាង​នឹង​ទទួល​កិត្តិ​យស ហើយ​បាន​សប្បាយ​ដូច​ពួក​ស្រីៗ​របស់​ជន​ជាតិ អាស្ស៊ីរី​នៅ​ក្នុង​រាជ​វាំង​របស់​ព្រះ​បាទ​នេប៊ូកា​នេសារ​ដែរ»។ ១៤​នាង​យូឌីត​ឆ្លើយ​តប​វិញ​ថា៖ «តើ​នាង​ជា​នរណា​ទើប​ហ៊ាន​បដិសេធ ការ​អញ្ជើញ​របស់​ម្ចាស់​នាង​ខ្ញុំ​កើត!។ នាង​ខ្ញុំ​មិន​រា​រែក​ធ្វើ​អ្វីៗ​ទាំង​អស់ ដែល​គាប់​ចិត្ត​លោក​ម្ចាស់ ដោយ​សប្បាយ​រីក​រាយ​អស់​មួយ​ជីវិត!»។ ១៥​នាង​ក្រោក​ឡើង​យក​សំលៀក​បំពាក់​ដ៏​ល្អ​ប្រណីត និង​គ្រឿង​អលង្ការ​មក​ពាក់។ ស្រី​បម្រើ​របស់​នាង​ចូល​ទៅ​ក្នុង​ជំរំ​លោក ហូឡូភែរ​ហើយ​យក​ស្បែក​ចៀម​ដែល​បាកូអាស​បាន​ប្រគល់ ឲ្យ​នាង​ប្រើ​ប្រាស់​ជា​រៀង​រាល់​ថ្ងៃ ពេល​បរិភោគ។ ១៦​នាង​យូឌីត​ចូល​ទៅ​ក្នុង​ជំរំ​ ហើយ​ទម្រេត​ខ្លួន​លើ​ស្បែក​ចៀម​នោះ។ ពេល​នោះ លោក​ហូឡួភែរ​រំភើប​ចិត្ត​ហើយ​ស្រើប​ស្រាល​ជា​ខ្លាំង ដោយ​ចង់​រួម​រស់​ជា​មួយ​នាង។ តាំង​ពី​លោក​ឃើញ​នាង​ជា​លើក​ដំបូង​ម្ល៉េះ លោក​តែង​រង់​ចាំ​ឱកាស​ល្អ ដើម្បី​លួង​លោម​បញ្ចុះ​បញ្ចូល​នាង។ ១៧​លោក​ហូឡូភែរ​មាន​ប្រសាសន៍​ទៅ​កាន់​នាង​ថា៖ «សូម​នាង​ពិសា​ស្រា​សប្បាយ​ជាមួយ​យើង»។ ១៨ នាង​យូឌីត​តប​វិញ​ថា៖​«លោក​ម្ចាស់​ថ្ងៃ​នោះ​នាង​ខ្ញុំ​យល់​ព្រម​ផឹក​ស្រា ព្រោះ​តាំង​ពី​កើត​មក​រហូត​ដល់​សព្វ​ថ្ងៃ នាង​ខ្ញុំ​ពុំ​ដែល​មាន​កិត្តិ​យស​ដូច​ថ្ងៃ​នេះ​ទេ!»។ ១៩​នាង​យូឌីត​បរិភោគ​ម្ហូប​អាហារ​ដែល​អ្នក​បម្រើ​បាន​រៀប​ចំ​ពី​ផ្ទះ​នៅ​ទល់​មុខ​លោក​ហូឡូភែរ។ ២០​លោក​ហូឡូភែរ​សប្បាយ ចិត្ត​យ៉ាង​ខ្លាំង​ព្រោះ​តែ​នាង​យូឌីត។ លោក​ផឹក​ស្រា​យ៉ាង​ច្រើន​លើស​ពី​ពេល​ណាៗ​ទាំង​អស់។

ជំពូកទី ១៣

នាង​យូឌីត​កាត់​ក្បាល​លោក​ហូឡូភែរ
១​លុះ​ដល់​យប់​ជ្រៅ ពួក​អ្នក​បម្រើ​របស់​លោក ​នាំ​គ្នា​ប្រញាប់​ប្រញាល់​ចេញ​ទៅ​រៀង​ៗ​ខ្លួន។ លោក​បាកូអាស​បិទ​ជំរំ​លោក​ហូឡូភែរ​ពី​ខាង​ក្រៅ ហើយ​​ប្រាប់ អ្នក​យាម​នៅ​ទី​នោះ​ឲ្យ​ថយ​ចេញ។ ពូក​គេ​ក៏​ចូល​ទៅ​សម្រាក​រៀង​ៗ​ខ្លួន ព្រោះ​គេ​អស់​កម្លាំង​ដោយ​ផឹក​ស្រា​ច្រើន​ពេក។ ២​គេ​ទុក​នាង​យូឌីត​នៅ​តែ​ម្នាក់​ឯង​ក្នុង​ជំរំ​ក្បែរ​លោក​ហូឡូភែរ​ ដែល​ដេក​មិន​ដឹង​ខ្លួន ព្រោះ​គាត់​បាន​ផឹក​ស្រា​ច្រើន​ពេក។ ៣​នាង​យូឌីត​ប្រាប់​ស្រី​បម្រើ​នាង​ឲ្យ​ចេញ​ទៅ​ខាង​ក្រៅ រង់​ចាំ​នាង ព្រោះ​នាង​ចង់​ទៅ​អធិដ្ឋាន​ ដូច​នាង​ធ្លាប់​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ។ នាង​ក៏​ប្រាប់​លោក​បាកូអាស​ដូច្នេះ​ដែរ។ ៤​ពួក​គេ​ចេញ​ទៅ​អស់​ តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ គ្មាន​នរណា​ម្នាក់ ​នៅ​ក្នុង​បន្ទប់​លោក​ហូឡូភែរ​សម្រាន្ត​នោះ​ឡើយ។ ពេល​នោះ​នាង​យូឌីត​ឈរ​ក្បែរ​គ្រែ របស់​លោក​ហូឡូភែរ ហើយ​អង្វរ​ក្នុង​ចិត្ត​ថា៖ «ឱ​ព្រះ​អម្ចាស់​ជា​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​សព្វ​ប្រការ​អើយ! នៅ​ពេល​នេះ​សូម​មេត្តា​ជួយ​ឲ្យ​កិច្ចការ ដែល​នាង​ខ្ញុំ​បម្រុង​នឹង​ធ្វើ ដើម្បី​លើក​កិត្តិ​យស ដល់​ក្រុង​យេរូសាឡឹម​បាន​សម្រេច​ផង។ ៥ ដល់​ពេល​ដែល​ព្រះ​អង្គ​ត្រូវ​សង្គ្រោះ​ប្រជា​ជន​ផ្ទាល់​របស់​ព្រះ​អង្គ​ហើយ! សូម​ព្រះ​អង្គ​មេត្តា​ជួយ​ឲ្យ​គម្រោង​ការ​កម្ទេច​ខ្មាំង​សត្រូវ ដែល​លើក​គ្នា​ប្រឆាំង​នឹង​យើង បាន​សម្រេច​ដោយ​ជោគ​ជ័យ»។ ៦​បន្ទាប់​មក​នាង​ដើរ​តម្រង់​ទៅ​ក្បាល​ដំណេក​លោក​ហូឡូភែរ នាង​ក៏​ហូត​ដាវ​របស់​លោក​ដែល​ទុក​នៅ​ក្បែរ​នោះ។ ៧​នាង​ដើរ​តម្រង់​មក​ជិត​គ្រែ​ចាប់​ក្របួច​សក់​លោក​ឡើង​ ហើយ​និយាយ​ថា៖ «ឱ​ព្រះ​អម្ចាស់​ជា​ព្រះ​នៃ​ប្រជា​ជន​អ៊ីស្រាអែល​អើយ! សូម​ព្រះ​អង្គ​ប្រោស​ប្រទាន​ឲ្យ​នាង​ខ្ញុំ​មាន​កម្លាំង និង​ក្លាហាន​នៅ​ពេល​នេះ​ផង»។ ៨​នាង​ក៏​លើក​ដាវ កាប់​ក​របស់​លោក​ហូឡូភែរ​ពីរ​ដាវ​យ៉ាង​អស់​ទំហឹង ក្បាល​របស់​លោក​ក៏​ដាច់​ចេញ​ពី​ខ្លួន។ ៩​នាង​រុញ​សព​របស់​លោក​ហូឡូភែរ ឲ្យ​រមៀល​ចេញ​ពី​គ្រែ ហើយ​បោច​កន្ត្រាក់​មុង​ពី​បង្គោល​ មក​ចង​រំ​ក្បាល​លោក​ហូឡូភែរ រួច​នាង​ចេញ​មក​ក្រៅ ហុច​ក្បាល​លោក​ហូឡូភែរ​ឲ្យ​ស្រី​បម្រើ។ ១០​ស្រី​បម្រើ​បាន​ដាក់​ក្បាល​លោក ក្នុង​ថង់​សម្រាប់​ដាក់​ស្បៀង​អាហារ។ ក្រោយ​មក​ នាង​ទាំង​ពីរ​ក៏​ចាក​ចេញ​ជាមួយ​គ្នា​ដូច​សព្វ​ដង តាម​ទំលាប់​ដែល​ពួក​នាង​ធ្លាប់​ចេញ​ទៅ​អធិដ្ឋាន។ បន្ទាប់​ពី​ដើរ​កាត់​ជំរំ​ពួក​នាង​ដើរ​វាង​ស្ទឹង​រួច​ឡើង​លើ​ភ្នំ​ហើយ​មក​ដល់​ក្លោង​ទ្វារ​ក្រុង​បេតធូលី។

នាង​យូឌីត​ត្រឡប់​មក​ក្រុង​បេតធូលី​វិញ
១១​នាង​យូឌីត​បាន​បន្លឺ​សំឡេង​ពី​ចម្ងាយ​ប្រាប់​អ្នក​យាម​ទ្វារ​ថា៖ «សូម​បើក​ទ្វារ! សូម​បើក​ទ្វារ! ព្រះជាម្ចាស់​ជា​ព្រះ​របស់​យើង​ គង់​នៅ​ជាមួយ​យើង។ ព្រះ​អង្គ​បាន​បង្ហាញ​ឫទ្ធិ​បារមី​នៅ​ស្រុក​អ៊ីស្រាអែល​ហើយ។

នៅ​ថ្ងៃ​នេះ ព្រះ​អង្គ​សំដែង​ព្រះ​ចេស្តា​របស់​ព្រះ​អង្គ​ប្រឆាំង​នឹង​ខ្មាំង​សត្រូវ»។ ១២ពេល​អ្នក​ក្រុង​បេធូលី​បាន​ឮ​សំឡេង​របស់​នាង គេ​ក៏​ប្រញាប់​ប្រញាល់​ចុះ​ទៅ​កាន់​ទ្វារ​ក្រុង​ភ្លាម។ ពួក​គេ អញ្ជើញ​ព្រឹទ្ធាចារ្យ​មក ហើយ​អ្នក​ក្រុង​ក៏​មក​ជួប​ជុំ​ទាំង​អស់​គ្នា ទាំង​ក្មេង​ទាំង​ចាស់ ព្រោះ​គេ​មិន​ជឿ​ថា​នាង​យូឌីត​អាច​ត្រឡប់​មក​វិញ ដូច្នេះ​សោះ។ ពួក​គេ​បើក​ទ្វារ​ហើយ​មក​ទទួល​នាង ទាំង​ដុត​ភ្លើង ដើម្បី​ឲ្យ​មាន​ពន្លឺ ហើយ​នាំ​គ្នា​ចោម​រោម​នាង​ទាំង​ពីរ។ ១៤​នាង​យូឌីត​បាន​បន្លឺ​សំឡេង​ខ្លាំង​ៗ​ឡើង​ថា៖​«សូម​សរសើរ​ព្រះជាម្ចាស់! សូម​សរសើរ​លើក​តម្កើង​ព្រះ​អង្គ! សូម​សរសើរ​តម្កើង​ព្រះ​ជា​ម្ចាស់! ដ្បិត​ព្រះ​អង្គ​តែង​តែ​អាណិត​មេត្តា​ ដល់​ប្រជា​ជន​អ៊ីស្រាអែល​ជានិច្ច។ ព្រះ​អង្គ​បាន​ប្រើ​ដៃ​របស់​ខ្ញុំ ដើម្បី​កម្ទេច​ខ្មាំង​សត្រូវ​របស់​យើង​ នៅ​យប់​នេះ​ហើយ»។

១៥​ពេល​នោះ នាង​យក​ក្បាល​លោក​ហូឡូភែរ​ចេញ​ពី​ថង់​មក​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ និយាយ​ថា៖ «នេះ​គឺ​ជា​ក្បាល​របស់​លោក​ហូឡួភែរ​ជា​មេ​ទ័ព​ជន​ជាតិ​អាស្ស៊ីរី! នេះ​ជា​មុង​របស់​គាត់​កាល​គាត់​ដេក​ស្រវឹង​ស្រា។ ព្រះ​អម្ចាស់​បាន​ប្រហារ​គាត់​ដោយ​ដៃ​ស្រី​ម្នាក់។ ១៦​ព្រះជាម្ចាស់​បាន​ថែ​រក្សា​ការ​ពារ​នាង​ខ្ញុំ ខ្ញុំ​បាន​ប្រើ​សម្ផស្ស​របស់​ខ្ញុំ​ទាក់​ទាញ​ចិត្ត​គាត់ ដើម្បី​ឲ្យ​គាត់​វិនាស​អន្តរាយ។ ប៉ុន្តែ​គាត់​មិន​បាន​ប្រព្រឹត្ត​អំពើ​បាប​ ជាមួយ​ខ្ញុំ​សោះ​ឡើយ ខ្ញុំ​បាន​ចៀស​ផុត​ពី​ភាព​សៅ​ហ្មង និង​ការ​អាម៉ាស់»។ ១៧ ប្រជាជន​ទាំង​អស់​ស្រឡាំងកាំង​ជា​ខ្លាំង ហើយ​នាំ​គ្នា​អោន​កាយ​ក្រាប​ថ្វាយ​បង្គំ​ព្រះជាម្ចាស់​ដោយ​ពោល​ព្រម​ៗ​គ្នា​ថា៖ «បពិត្រ​ព្រះជាម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ នៅ​ថ្ងៃ​នេះ ព្រះ​អង្គ​បាន​កម្ទេច​ខ្មាំង​សត្រូវ នៃ​ប្រជា​ជន​របស់​ព្រះ​អង្គ យើង​ខ្ញុំ​សូម​លើក​តម្កើង​ព្រះ​អង្គ»។

១៨​លោក​អូស្យាស​មាន​ប្រសាសន៍​ទៅ​កាន់​នាង​យូឌីត​ថា៖ «កូន​ស្រី​អើយ! សូម​ព្រះជាម្ចាស់​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ប្រទាន​ពរ ដល់​នាង​លើស​ស្រី​នានា​នៅ​លើ​ផែន​ដី។ សូម​លើក​តម្កើង​ព្រះ​ជា​អម្ចាស់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន​ដី​គឺ​ព្រះ​អង្គ​បាន​នាំ​ផ្លូវ​នាង ទៅ​វាយ​ក្បាល​ខ្មាំង​សត្រូវ​យើង។

១៩​មនុស្ស​ជំនាន់​ក្រោយ​ នឹង​មិន​ភ្លេច​សេចក្ដី​សង្ឃឹម​របស់​នាង​ឡើយ ហើយ​ចង​ចាំ​ស្នា​ព្រះ​ហស្ត​របស់​ព្រះជាម្ចាស់ ប្រកប​ដោយ​តេជានុភាព​អស់​កល្ប​ជានិច្ច។ ២០​សូម​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​នាង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ​ជាដរាប​តទៅ សូម​ព្រះ​អង្គ​ប្រទាន​សេចក្ដី​សុខ​សាន្ត​ឲ្យ​នាង ព្រោះ​នាង​បាន​ប្រថុយ​ជីវិត​ក្នុង​ពេល​ដែល​ជន​ជាតិ​យើង​កំពុង​ទទួល​ក្ដី​អាម៉ាស់។ នាង​ធ្វើ​ឲ្យ​យើង​រួច​ផុត​ពី​គ្រោះ​មហន្ត​រាយ​ដោយ​ប្រព្រឹត្ត​យ៉ាង​ទៀង​ត្រង់​ នៅ​ចំពោះ​ព្រះភ័ក្រ្ត​ព្រះ​ជា​ម្ចាស់​របស់​យើង»។ ប្រជា​ជន​ទាំង​មូល​ឆ្លើយ​ថា៖​«អាម៉ែន! អាម៉ែន!»។

ជំពូកទី ១៤

១​នាង​យូឌីត​ប្រាប់​ទៅ​គេ​ថា៖ ​«បង​ប្អូន​អើយ! សូម​ស្ដាប់​នាង​ខ្ញុំ! សូម​យក​ក្បាល នេះ​ទៅ​ព្យួរ​នៅ​កំពែង​របស់​យើង។ ២ ពេល​ព្រឹក​ព្រលឹម​ គឺ​នៅ​ពេល​ដែល​ព្រះ​អាទិត្យ​រះ សូម​បង​ប្អូន​ប្រដាប់​អាវុធ​គ្រប់​ៗ​គ្នា។ សូម​ឲ្យ​ប្រុស​ដែល​មាន​កម្លាំង​អាច​ច្បាំង​បាន ត្រូវ​ចេញ​ពី​ទី​ក្រុង។ ចូរ​តែង​តាំង​មេ​ដឹក​នាំ​ម្នាក់​ឲ្យ​ដើរ​ខាង​មុខ ធ្វើ​ហាក់​ដូច​ជា​អ្នក​រាល់​គ្នា​កំពុង​ទៅ​ទី​វាល គឺ​ដើរ​តម្រង់​ទៅ​កាន់​ខ្សែ​ត្រៀម​របស់​កង​ទ័ព​អាស្ស៊ីរី ប៉ុន្តែ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ចុះ​ទៅ​ទេ។ ៣​នៅ​ពេល​នោះ​ពួក​គេ​យក​អាវុធ​រត់​សំដៅ ​ទៅ​ជំរំ​ដាស់​មេទ័ព​របស់​គេ មេទ័ព​រត់​ទៅ​ដាស់​លោក​ ហូឡូភែរ តែ​រក​លោក​មិន​ឃើញ។ ពួក​គេ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ហើយ​រត់​ប្រាស​អាយុ​ឆ្ងាយ​ពី​អ្នក រាល់​គ្នា​មិន​ខាន។ ៤​រីឯ​អ្នក​រាល់​គ្នា​និង​ប្រជា​ជន​អ៊ីស្រាអែល​ទាំង​អស់ ត្រូវ​ដេញ​តាម​ហើយ​សម្លាប់​ពួក​គេ​ចោល​នៅ​តាម​ផ្លូវ។ ៥​ប៉ុន្តែ​មុន​នឹង​ធ្វើ​ដូច្នេះ សូម​ហៅ​លោក​អឃីយ័រ​ជា​ជន​ជាតិ​អាំម៉ូន​មក​ទីនេះ​សិន ដើម្បី​ឲ្យ​គាត់​ឃើញ និង​ស្គាល់​ក្បាល​អ្នក ដែល​មើល​ងាយ​ប្រជា​ជន​អ៊ីស្រាអែល ហើយ​ចាត់​គាត់​ឲ្យ​មក​ស្លាប់​ជាមួយ​យើង​ នៅ​ទីនេះ»។ ៦​គេ​ក៏​ទៅ​ហៅ​លោក​អឃីយ័រ​ដែល​នៅ​ផ្ទះ​លោក​អូស្យាស។ កាល​គាត់​មក​ដល់​ហើយ​ឃើញ​ក្បាល​លោក​ហូឡូភែរ ​នៅ​ដៃ​បុរស​ម្នាក់​ក្នុង​អង្គ​ប្រជុំ គាត់​ស្លុត​ស្មារតី​ហើយ​សន្លប់​ដួល​លើ​ដី។ ៧​គេ​ក៏​ជួយ​លើក​គាត់​ឲ្យ​ក្រោក​ឡើង​ រួច​គាត់​ក៏​ក្រាប​សំពះ​បាត​ជើង​នាង​យូឌីត​ ហើយ​ពោល​ថា៖​ «សូម​ឲ្យ​គ្រប់​គ្រួសារ​ទាំង​អស់​នៅ​ស្រុក​យូដា​ ជូន​ពរ​នាង! សូម​ឲ្យ​មនុស្ស​គ្រប់​ជន​ជាតិ​ ដែល​ឮ​ឈ្មោះ​របស់​នាង នាំ​គ្នា​ព្រឺ​ខ្លាច​ដោយ​សារ​សេចក្ដី​ក្លាហាន​របស់​នាង។ ៨​ឥឡូវនេះ​ សូម​រៀប​រាប់​ប្រាប់​ខ្ញុំ​បាទ​ឲ្យ​បាន​ដឹង​ផង តើ​នាង​បាន​ប្រព្រឹត្ត​អ្វី​ខ្លះ នៅ​ថ្ងៃ​នោះ»។ នាង​យូឌីត​រៀប​រាប់​ប្រាប់​នៅ​មុខ​ប្រជា​ជន​ទាំង​មូល នូវ​គ្រប់​កិច្ច​ការ​ដែល​នាង​បាន​ប្រព្រឹត្ត តាំង​ពី​ថ្ងៃ​ដែល​នាង​ចេញ​ពី​ក្រុង មក​ដល់​ពេល​ដែល​នាង​និយាយ​ជាមួយ​គាត់។ ៩​លុះ​នាង​រៀប​រាប់​ចប់​សព្វ​គ្រប់​ហើយ ប្រជា​ជន​ទាំង​អស់​អប​អរ​សាទរ​ពោះ​នាង​យ៉ាង​ខ្លាំង ហើយ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ពេញ​ទី​ក្រុង ដោយ​អំណរ​សប្បាយ។ ១០​លោក​អឃីយ័រ​យល់​ពី​កិច្ច​ការ​ទាំង​អស់​ដែល​ព្រះជាម្ចាស់​របស់​ជន​ជាតិ​អ៊ីស្រាអែល ​បាន​ប្រព្រឹត្ត​នោះ គាត់​ជឿ​ជាក់​លើ​ព្រះជាម្ចាស់​ជា​ខ្លាំង ហើយ​ក៏​ព្រម​ទទួល​ពិធី​កាត់​ស្បែក។ តាំង​ពី​ពេល​នោះ​មក​គាត់​ចូល​ជា​សមាជិក​របស់​ប្រជា​ជន អ៊ីស្រាអែល​រហូត​តទៅ។

ជ័យជំនះ​របស់​ជនជាតិ​អ៊ីស្រាអែល
១១​ពេក​ព្រឹក​ព្រលឹម ជន​ជាតិ​អ៊ីស្រាអែល​យក​ក្បាល​លោក​ហូឡូភែរ ទៅ​ព្យួរ​នៅ​លើ​កំពែង​ក្រុង។ បុរស​ទាំង​អស់​ប្រដាប់​អាវុធ​គ្រប់​ដៃ ហើយ​ចេញ​ជា​កងៗ​តំរង់​ទៅ​ចង្កេះ​ភ្នំ។ ១២​ពេល​ជន​ជាតិ​អាស្ស៊ីរី​ឃើញ​ដូច្នេះ ពួក​គេ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ជម្រាប​នាយ​ទាហាន​របស់​គេ។ នាយ​ទាហាន​នេះ​ក៏​ទៅ​ប្រាប់​មេ​កង​និង​មេ​បញ្ជាការ​ទ័ព​ទាំង​អស់ ១៣​ហើយ​នាំ​គ្នា​ទៅ​ជំរំ​លោក​ហូឡូភែរ​ប្រាប់ លោក​បាកូអាស ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កិច្ចការ​ទាំង​អស់​របស់​លោក​ហូឡួភែរ​ថា៖ «ចូរ​ទៅ​ដាស់​លោក​ម្ចាស់​របស់​យើង​មក ជន​ជាតិ​អ៊ីស្រាអែល​ហ៊ាន​ចុះ​ពី​លើ​ភ្នំ​មក ដើម្បី​ឲ្យ​យើង​កម្ទេច​វា​ហើយ!»។ ១៤ លោក​បាកូអាស ស្ទុះ​ចូល​ទៅ​ក្នុង​ជំរំ​ហើយ​គោះ​ទ្វារ​បន្ទប់​ដេក របស់​លោក​ហូឡូភែរ ព្រោះ​គាត់​នឹក​ស្មាន​ថា គាត់​កំពុង​តែ​ដេក​ជាមួយ​នាង​យូឌីត។ ១៥ប៉ុន្តែ​គ្មាន​នរណា ឆ្លើយ​តប​គាត់​ក៏​ហែក​វាំងនន ហើយ​ដើរ​ចូល​ទៅ​ក្នុង ពេល​នោះ​គាត់​ឃើញ​សាក​សព​កំបុត​ក្បាល ទុក​ចោល​នៅ​លើ​គ្រែ​មួយ។ លោក​បាកូអាស​ស្រែក​យ៉ាង​ខ្លាំង​ទាំង​ទ្រហោយំ និង​ហែក​សំលៀក​បំពាក់​របស់​គាត់​ផង។ ១៧​លោក​ដើរ​ចូល​ទៅ​ក្នុង​ជំរំ​ដែល​នាង​យូឌីត​ស្នាក់​នៅ​ពី​មុន​តែ​រក​នាង​មិន​ឃើញ​សោះ។ លោក​ក៏​រត់​ចេញ​ទៅ​រក​ប្រជា​ជន ទាំង​ស្រែក​ថា៖ ១៨«ពួក​ទាសករ​បាន​បះបោរ​ហើយ! ស្ត្រី​ជន​ជាតិ​ហេប្រឺ​តែ​ម្នាក់​បាន​ធ្វើ​ឲ្យ​ព្រះ​បាទ​នេប៊ូកានេសារ និង​រាជ​ការ​ទាំង​អស់​ទទួល​ការ​អាម៉ាស់ សូម​មើល​សព​របស់​លោក​ហូឡួភែរ​កំបុត​ក្បាល​ដេក​លើ​ដី​នេះ»។ ១៩​ពេល​មេ​ទ័ព​ទាំង​អស់​របស់​ជន​ជាតិ​អាស្ស៊ីរី​ឮ​សេចក្ដី​ទាំង​នោះ ពួក​គេ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង​ហើយ​នាំ​គ្នា​ស្រែក ទ្រហោ​យំ​ពេញ​ជំរំ។

ជំពូកទី ១៥

១​ពល​ទាហាន​នៅ​ក្នុង​ជំរំ បាន​ឮ​ស្រឡាំងកាំង​គ្រប់​ៗ​គ្នា។ ២​ពួក​គេ​ភ័យ​ញាប់​ញ័រ ហើយ​រត់​បែក​ខ្ញែក​ចោល​ជំរំ​ទាំង​អស់​គ្នា ខ្លះ​រត់​ទៅ​តាម​ផ្លូវ​វាល​និង​តាម​តំបន់​ភ្នំ ដោយ​រត់​ប្រាស​អាយុ​ទាំង​អស់​គ្នា។ ៣​ទាហាន​ដែល​ត្រៀម​តាម​តំបន់​ភ្នំ​ជុំវិញ​ក្រុង​បេតធូលី​ក៏​នាំ​គ្នា​រត់​ដែរ។ ពេល​នោះ​ជន​ជាតិ​អ៊ីស្រាអែល​ប្រដាប់​អាវុធ​គ្រប់​ដៃ នាំ​គ្នា​សម្រុក​ដេញ​តាម​វាយ​ពួក​គេ ដោយ​គ្មាន​សំចៃ។ ៤​លោក​អូស្យាស​ចាត់​អ្នក​នាំ​សារ​ ទៅ​ក្រុង​បេតូ​ មេសតាអ៊ីម​ បេបៃ​ខូបា​កូឡា និង ក្នុង​ក្រុង​អ៊ីស្រាអែល​ទាំង​មូល ដើម្បី​ប្រកាស​ប្រាប់​ពី​ព្រឹត្តិ​ការណ៍​ដែល​បាន​កើត​ឡើង។ អំពាវ​នាវ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល ដែល​វាយ​ខ្មាំង​ដើម្បី​សម្លាប់​ចោល​ទាំង​អស់។ ៥​កាល​បាន​ទទួល​ដំណឹង​នេះ​ជន​ជាតិ​អ៊ីស្រា​អែល ​រួម​គ្នា​សម្រុក​ទៅ​រក​សត្រូវ​វាយ​កម្ចាត់​ពួក​គេ​ឲ្យ​វិនាស​រហូត​ដល់​ក្រុង​ខូបា។ អ្នក​ក្រុង​យេរូ​សាឡឹម​និង​ប្រជា​ជន​ដែល​រស់​តាម​តំបន់​ភ្នំ ចូល​មក​ជួយ​វាយ​ដែរ ព្រោះ​គេ​បាន​ដឹង​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​នៅ​ក្នុង​ជំរំ​ខ្មាំង។ អ្នក​ស្រុក​កាឡាដ​និង​អ្នក​ស្រុក​កាលីឡេ ក៏​វាយ​សម្រុក​យ៉ាង​ខ្លាំង ហើយ​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់ធ្ងរ​ដេញ​ពួក​គេ​រហូត​ដល់​ក្រុង​ដាម៉ាស់ និង​តំបន់​នៅ​ជុំ​វិញ​ទី​ក្រុង​នោះ​ផង។ ៦ ចំណែក​អ្នក​ក្រុង​បេតធូលី​ទាំង​អស់​ ដែល​នៅ​សេស​សល់ ក៏​ចូល​មក​ជំរំ​របស់​ជន​ជាតិ​អាស្ស៊ីរី ហើយ​នាំ​គ្នា​រឹប​អូស​យក​ជយ​ភណ្ឌ​ជា​ច្រើន។ ៧​ជន​ជាតិ​អ៊ីស្រាអែល​វិល​ត្រឡប់​ ពី​ដេញ​សម្លាប់​សត្រូវ​វិញ ពួក​គេ​ប្រមែ​ប្រមូល​ទ្រព្យ​សម្បត្តិ ទាំង​ប៉ុន្មាន​ដែល​នៅ​សេស​សល់​ក្នុង​ជំរំ។ អ្នក​ភូមិ​នៅ​តាម​តំបន់​ភ្នំ និង​តាម​វាល ក៏​រឹប​អូស​បាន​ជយ​ភណ្ឌ​យ៉ាង​ច្រើន ព្រោះ​ក្នុង​ជំរំ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​អនេក។

ជនជាតិ​អ៊ីស្រាអែល​ អរ​ព្រះ​គុណ​ព្រះជាម្ចាស់
៨​មហា​បូជាចារ្យ​យូអាគីម និង​ក្រុម​ប្រឹក្សា​នៃ​ប្រជា​ជន​អ៊ីស្រាអែល នៅ​ក្រុង​យេរូសាឡឹម អញ្ជើញ​មក​ក្រុង​បេតធូលី ដើម្បី​ចង់​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​របៀប ដែល​ព្រះ​អម្ចាស់​បាន​សង្គ្រោះ​ប្រជា​ជន​អ៊ីស្រាអែល និង​មក​សួរ​សុខ​ទុក្ខ​នាង​យូឌីត​ដែរ។ លុះ​ចូល​ដល់​ផ្ទះ​នាង អស់​លោក​លើក​សរសើរ​នាង​ថា៖ «៩​នាង​ផ្ដល់​សិរី​រុង​រឿង​ដល់​ក្រុង​យេរូសាឡឹម! នាង​ធ្វើ​ឲ្យ​ប្រជា​ជាតិ​អ៊ីស្រាអែល​មាន​មោទនភាព! នាង​ធ្វើ​ឲ្យ​ជាតិ​សាសន៍​របស់​យើង​មាន​កិត្តិយស​យ៉ាង​ខ្លាំង! ១០​នាង​បាន​ប្រព្រឹត្ត​ការ​ទាំង​នេះ​ដោយ​ដៃ​នាង​ផ្ទាល់! នាង​នាំ​សុភ​មង្គល​មក​ឲ្យ​ប្រជា​ជន​អ៊ីស្រាអែល ហើយ​ព្រះ​ជា​ម្ចាស់ ក៏​សព្វ​ហឫទ័យ​នឹង​កិច្ចការ​ដែល​នាង​បាន​ធ្វើ​នោះ​ដែរ។ សូម​ព្រះ​អម្ចាស់​ដែល​មាន​តេជានុភាព​សព្វ​ប្រការ ប្រទាន​ពរ​ឲ្យ​នាង​រហូត​ត​រៀង​ទៅ»។ ប្រជា​ជន ទាំង​មូល​ឆ្លើយ​ថា៖ «អាម៉ែន!»។

១១ប្រជា​ជន​អ៊ីស្រា​អែល​ទាំង​មូល រឹប​អូស​យក​ជយ​ភណ្ឌ​ក្នុង​ជំរំ​អស់​រយៈ​ពេល​សាម​សិប​ថ្ងៃ។ គេ​យក​ពន្លា​របស់​លោក​ហូឡូភែរ ព្រម​ទាំង​ប្រដាប់​ប្រដា​ធ្វើ​អំពី​ប្រាក់ គ្រែ ចាន តុ ទូទាំង​ប៉ុន្មាន​របស់​លោក​ហូឡូភែរ ប្រគល់​ឲ្យ​នាង​យូឌីត។ នាង​ក៏​យក​គ្រឿង​បរិក្ខារ​ទាំង​នោះ មួយ​ចំនួន​ដាក់​លើ​ខ្នង​លា​របស់​នាង ហើយ​យក​គ្រឿង​ដែល​សេស​សល់ ដាក់​លើ​រទេះ​ដឹក​ចេញ​ទៅ។ ១២​ស្ត្រី​អ៊ីស្រាអែល​ទាំង​អស់​រត់​មក​មើល និង​ជួន​ពរ​នាង។ មាន​ស្ត្រី​ខ្លះ​នាំ​គ្នា​ច្រៀង​ហើយ​រាំ​ជូន​ជា​កិត្តិ​យស​ដល់​នាង។ នាង​យូឌីត​យក​កម្រង​ស្លឹក​ឈើ​ មក​បំពាក់​ឲ្យ​ស្ត្រី ដែល​ដើរ​ជាមួយ​នាង។ នាង​យូឌីត​និង​ស្ត្រី​ដែល​នៅ​ជាមួយ​នាង ក៏​យក​មែក​តូច​ៗ​នៃ​ដើម​អូលីវ មក​ក្រង​ជា​ភួង​ពាក់​លើ​ក្បាល រួច​ដង្ហែ​ជា​ក្បួន​នៅ​មុខ​ប្រជា​ជន​ទាំង​អស់។ ប្រុសៗ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ដើរ​តាម​ពួក​នាង​ទាំង​ប្រដាប់​អាវុធ និង​ពាក់​ភួង​ជ័យ​លើ​ក្បាល​ផង ហើយ​នាំ​គ្នា​ច្រៀង​បទ​សរសើរ។ ១៤​ពេល​នៅ​នាង​យូឌីត​ចាប់​ច្រៀង​បទ​អរ​ព្រះ​គុណ​ព្រះជាម្ចាស់ នៅ​កណ្ដាល​ចំណោម ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល។ ប្រជា​ជន​ទាំង​មូល បន្លឺ​សំឡេង​ រួម​ជា​មួយ​នាង​យូឌីត​ សរសើរ​ព្រះ​ជា​អម្ចាស់។

ជំពូកទី ១៦

១​នាង​យូឌីត​ច្រៀង​ថា៖ «ចូរ​ច្រៀង​តម្កើង​ព្រះជាម្ចាស់ របស់​នាងខ្ញុំ​ដោយ​វាយ​ស្គរ​ផង! ចូរ​ច្រៀង​សរសើរ​ព្រះ​អង្គ​ដោយ​វាយ​ឈឹង។ ចូរ​ច្រៀង​បទ​សរសើរ​តម្កើង​ព្រះអង្គ! សូម​លើក​តម្កើង​ព្រះ​អង្គ និង​អង្វរ​រក​ព្រះ​នាម​ព្រះ​អង្គ​ផង! ២​ព្រះអម្ចាស់​ពិត​ជា​ព្រះ​ដែល​ពន្លត់​ភ្លើង​សង្គ្រាម​មែន ព្រះ​អង្គ​បាន​រំដោះ​នាង​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​ ដែល​ដេញ​តាម​នាង​ខ្ញុំ។ ព្រះ​អង្គ​នាំ​នាង​ខ្ញុំ​ឲ្យ​វិល​ត្រឡប់​មក​វិញ ​ដោយ​សុខ​សាន្ត ក្នុង​ចំណោម​ប្រជា​ជន​របស់​ព្រះ​អង្គ។ ៣​កង​ទ័ព​អាស្ស៊ីរី​មក​ពី​ភ្នំ​ខាង​ជើង គឺ​កង​ទ័ព​ដែល​មាន​ទាហាន​ច្រើន​ឥត​គណនា។ ទាហាន​ទាំង​នោះ​នៅ​ពាស​ពេញ​ជ្រលង​ភ្នំ ពល​សេះ​របស់​គេ​នៅ​ពាស​ពេញ​មីរ​ដេ​ដាស តាម​តំបន់​ភ្នំ​ទាំង​ប៉ុន្មាន ៤​ពួក​ខ្មាំង​មាន​បំណង​ដុត​បំផ្លាញ​ទឹក​ដី​របស់​យើង បម្រុង​នឹង​កម្ទេច​យុវជន​របស់​យើង ដោយ​មុខ​ដាវ​ឲ្យ​អស់​បម្រុង​បោក​សម្លាប់​ទារក​នៅ​នឹង​ដី ចាប់​កូន​យើង​យក​ទៅ​ធ្វើ​ជា​ឈ្លើយ ព្រម​ទាំង​ចាប់​ពង្រត់​យុវនារី​របស់​យើង​ យក​ទៅ​ទៀត​ផង។ ៥​តែ​ព្រះ​អម្ចាស់​ដែល​មាន​តេជានុភាព​សព្វ​ប្រការ បាន​ប្រើ​ដៃ​ស្ត្រី​ម្នាក់​មក​ឃាត់​ពួក​គេ។ ៦​មិន​មែន​យុវជន​ពេញ​កម្លាំង​ទេ ដែល​បាន ផ្តួល​រំលំ​មេ​ដឹក​នាំ​ដ៏​ខ្លាំង​ក្លា​របស់​គេ! មិន​មែន​ពល​ទាហាន​ទេ​ដែល​វាយ​សម្លាប់​គេ! មិន​មែន​ប្រុសៗ​មាន​មាឌ​មាំ​ទេ ដែល​បង្ក្រាប​គេ! គឺ​នាង​យូឌីត​កូន​ស្រី​របស់​លោក​មេរ៉ារី​ទេ​តើ​ដែល​បាន​យក​ជ័យ​លើ​គេ ដោយ​គ្រាន់​តែ​ប្រើ​សម្ផស្ស​របស់​នាង​ប៉ុណ្ណោះ។ ៧​នាង​បាន​ផ្លាស់​សំលៀក​បំពាក់​ស្រី​មេម៉ាយ ចេញ​ដើម្បី​រំដោះ​ប្រជា​ជន​អ៊ីស្រាអែល ឲ្យ​រួច​ពី​ការ​កៀប​សង្កត់ នាង​យក​គ្រឿង​ក្រអូប មក​លាប​មុខ ៨​ហើយ​ពាក់​ក្បាំង​ជាប់​នឹង​សក់​នាង។ នាង​ស្លៀក​សំលៀក​បំពាក់​ធ្វើ​អំពី​ក្រណាត់​សំពត់​ដ៏​ល្អ ដើម្បី​ទាក់​ទាញ​ទឹក​ចិត្ត​ខ្មាំង។ ៩​ស្បែក​ជើង​របស់​នាង ទាក់​ទាញ​ភ្នែក​របស់​គេ ហើយ​សម្ផស្ស​របស់​នាង​ធ្វើ​ឲ្យ​គេ​វង្វេង​ស្មារតី នាង​យក​ដាវ​របស់​មក​កាប់​ផ្ដាច់​ក​គេ។ ១០​ជន​ជាតិ​ពែរ្ស​ភ័យ​ញាប់​ញ័រ ដោយ​សារ​សេច​ក្ដី​ក្លាហាន​របស់​នាង ជន​ជាតិ​ម៉ែដ​ក៏​ភ័យ​តក់​ស្លុត​ដោយ​សារ ចិត្ត​អង់​អាច​របស់​នាង​ដែរ។ ១១​ពេល​នោះ ប្រជា​ជន​យើង​ដែល​ត្រូវ​គេ​មើល​ងាយ បាន​ស្រែក​ជយ​ឃោស ហើយ​ទាហាន​អាស្ស៊ីរី​ភិត​ភ័យ​តក់​ស្លុត! ប្រជា​ជន​ដែល​ទន់​ខ្សោយ​ស្រែក​ឡើង ហើយ​ខ្មាំង​សត្រូវ ដ៏​ខ្លាំង​ក្លា​ត្រូវ​បាក់​ស្មារតី។ ប្រជា​ជន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង ហើយ​ពួក​គេ​ក៏​ជ្រួល​ច្របល់! ១២​អ្នក​ដែល​ខ្មាំង​មើល​ងាយ បាន​ចាក់​ទម្លុះ ហើយ​វាយ​ពូក​គេ​ឲ្យ​របួស​ជិត​ស្លាប់​ ព្រម​ទាំង​រត់​គេច​ខ្លួន​ដូច​មនុស្ស​កំសាក។ ខ្មាំង​សត្រូវ​វិនាស​អន្តរាយ​ដូច្នេះ ព្រះ​អម្ចាស់​របស់​ខ្ញុំ​បាន​រួម​ប្រយុទ្ធ​ជាមួយ​ដែរ។ ១៣​នាង​ខ្ញុំ​នឹង​ច្រៀង​បទ​ថ្មី ថ្វាយ​ព្រះជាម្ចាស់​របស់​នាង​ខ្ញុំ។ បពិត្រ​ព្រះ​អម្ចាស់! ព្រះ​អង្គ​ពិត​ជា​ប្រសើរ​ឧត្ដុង្គឧត្ដម ប្រកប​ដោយ​សិរី​រុង​រឿង​មែន! ព្រះ​អង្គ​មាន ឫទ្ធិ​បារមី​ខ្លាំង​អស្ចារ្យ​លើស​អ្វីៗ​ទាំង​អស់។ ១៤​សូម​ឲ្យ​សត្វ​លោក​ទាំង​អស់ ដែល​ព្រះ​អង្គ​បាន​បង្កើត​មក សុខ​ចិត្ត​បម្រើ​ព្រះ​អង្គ។ គ្រាន់​តែ​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​នោះ​ អ្វីៗ​ទាំង​អស់​នឹង​កើត​មាន​ភ្លាម​ គ្រាន់​តែ​ព្រះ​អង្គ​ចាត់​ព្រះ​វិញ្ញាណ​មក​នោះ អ្វីៗ​ទាំង​អស់​​ក៏​ត្រូវ​រៀប​ចំ​ឡើង​ដែរ គ្មាន​នរណា​ម្នាក់​ជំទាស់ នឹង​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​បាន​ឡើយ។ ១៥​ពេល​ព្រះ​អង្គ​យាង​មក ភ្នំ​ទាំង​ឡាយ​ត្រូវ​រង្គើ​រហូត​ដល់​គ្រឹះ ហើយ​ធ្លាក់​ក្នុង​សមុទ្រ សូម្បី​តែ​ដុំ​ថ្ម ក៏​ត្រូវ​រលាយ ដូច​ក្រមួន​ត្រូវ​ថ្ងៃ​ដែរ។ ប៉ុន្តែ​ព្រះ​អង្គ​តែង​តែ​អាណិត​អាសូរ ដល់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ​អង្គ។ ១៦​គ្មាន​យញ្ញ​បូជា​ណា​អាច​គាប់​ព្រះ​ហឫទ័យ​ព្រះ​បាន​ឡើយ ទើប​គេ​យក​សាច់​ចំឡក​មក​ដុត​ថ្វាយ​ព្រះ​អង្គ ក៏​មិន​សម​ដែរ ប៉ុន្តែ​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់​ ប្រសើរ​ឧត្ដម​ជា​ដរាប។ ១៧ ប្រជា​ជាតិ​ទាំង​ប៉ុន្មាន​ដែល ប្រឆាំង​នឹង​ជន​ជាតិ​របស់​នាង​ខ្ញុំ មុខ​ជា​ត្រូវ​វេទនា​ជា​ពុំ​ខាន! ព្រះ​អម្ចាស់​ដ៏​មាន​តេជានុភាព​សព្វ​ប្រការ ព្រះ​អង្គ​នឹង​ផ្តន្ទា​ទោស​ពួក​គេ នៅ​ថ្ងៃ​ដែល​ព្រះ​អង្គ​វិនិច្ឆ័យ។ ព្រះ​អង្គ​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​ពួក​គេ និង​ធ្វើ​ឲ្យ​ដង្កូវ​ចោះ​សាច់​គេ ធ្វើ​ឲ្យ​គេ​ស្រែក​ឈឺ​ចុក​ចាប់ អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ»។ ១៨​ពេល​ក្បួន​ដង្ហែ​មក​ដល់​ក្រុង​យេរូសាឡឹម​គេ​នាំ​គ្នា​ចូល​ព្រះ​វិហារ​ក្រាប​ថ្វាយ​បង្គំ​ព្រះជាម្ចាស់។ ប្រជា​ជន​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ រួច​ធ្វើ​យញ្ញ​បូជា ព្រម​ទាំង​ថ្វាយ​ដង្វាយ​ដោយ​ស្មោះ​ស្ម័គ្រ និង​ដង្វាយ​ផ្សេងៗ​ទៀត។ ១៩​រីឯ​នាង​យូឌីត​វិញ នាង​យក​ប្រដាប់​ប្រដា​ទាំង​ប៉ុន្មាន​របស់​លោក​ហូឡួភែរ ដែល​ប្រជា​ជន​បាន​ប្រគល់​ឲ្យ​នាង មក​ថ្វាយ​ទាំង​អស់។ នាង​យក​មុង​ដែល​នាង​យក​ពី លើ​គ្រែ​លោក​ហូឡូភែរ​មក​ថ្វាយ ទុក​ជា​ជយ​ភណ្ឌ​ផ្ទាល់​របស់​ព្រះ​អង្គ។ ២០​ប្រជាជន​នៅ​តែ​បន្ត​ការ សប្បាយ​នៅ​មុខ​ព្រះ​វិហា ​ក្រុង​យេរូសាឡឹម​អស់​រយៈ​ពេល​បី​ខែ នាង​យូឌីត​ក៏​ស្នាក់​នៅ​ទី​នោះ ជាមួយ​បឹង​ពួក​គេ​ដែរ។

២១​បន្ទាប់​មក គេ​ត្រឡប់​ទៅ​លំនៅ​ស្ថាន​រៀង​ៗ​ខ្លួន ក៏​វិល​ត្រឡប់​ទៅ​ក្រុង​បេតធូលី ហើយ​រស់​នៅ​លើ​ដី​ជា​កម្ម​សិទ្ធ​របស់​នាង​វិញ។ នាង​មាន​ឈ្មោះ​ល្បី​ល្បាញ​ទូទាំង​ស្រុក ក្នុង​កំឡុង​ពេល​ដែល​នាង​មាន​ជីវិត​នៅ​ឡើយ។ ២២​បុរស​ជាច្រើន​នាក់​ចង់​រៀប​ការ​ជាមួយ​នាង ក៏​ប៉ុន្តែ ក្រោយ​ពី​លោក​ម៉ាណា​សេ​ជា​ប្តី​នាង​មរណ​ភាព​ទៅ នាង​មិន​ព្រម​រៀប​ការ​ជាមួយ​បុរស​ណា​ទៀត​ទេ។ ២៣​នាង​យូឌីត​មាន​អាយុ​វែង​ណាស់ ព្រម​ទាំង​មាន​កិត្តិ​យស​យ៉ាង​ខ្ពង់​ខ្ពស់​ផង។ នាង​រស់​នៅ​លើ​ផ្ទះ​ប្តី​របស់​នាង រហូត​ដល់​អាយុ​មួយ​រយ​ប្រាំ​ឆ្នាំ។ នាង​ឲ្យ​ស្រី​បម្រើ​របស់​នាង​មាន​សេរី​ភាព​ទៅ​ជា​អ្នក​ជា រួច​នាង​ក៏​ទទួល​មរណ​ភាព​នៅ​ក្រុង​បេតធូលី។ គេ​បាន​បញ្ចុះ​សព​របស់​នាង​ក្នុង​ផ្នូរ​ប្តី​នាង។ ២៤​ប្រជាជន​អ៊ីស្រាអែល​បាន​កាន់​ទុក្ខ​នាង​យូឌីត​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ មុន​និង​ទទួល​មរណ​ភាព​នាង​ចែក​ទ្រព្យ​សម្បត្តិ ឲ្យ​ញាតិ​សន្តាន​របស់​លោក​ម៉ាណាសេ​ជា​ស្វាមី​នាង និង​ញាតិ​សន្តាន​របស់​នាង​ផ្ទាល់។ ២៥​ក្នុង​ពេល​ដែល​នាង​យូឌីត​នៅ​រស់ និង​ច្រើន​ឆ្នាំ​ក្រោយ​មក​ទៀត គ្មាន​នរណា​ហ៊ាន​គំរាម​កំហែង ប្រជា​ជន​អ៊ីស្រាអែល​ទៀត​ឡើយ។