ពាក្យលំនាំ
លោកនេហេមីរស់នៅជំនាន់លោកបូជាចារ្យអែសរ៉ាដែរ ។ លោកជាមន្ត្រីមួយរូបដ៏សំខាន់របស់ព្រះចៅអ័រតាស៊ែរសេស ជាអធិរាជរបស់ចក្រភព ពែរ្ស។ លោកបានទទួលរាជានុញ្ញាតិ វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដើម្បីស្តារស្រុកទេសឡើងវិញ ផ្នែកខាងនយោ បាយ សេដ្ឋកិច្ចនិង សង្គមកិច្ច (១.១-២.១០)។ ពេលទៅដល់ ទោះបីមានការប្រឆាំងពីសំណាក់បច្ចាមិត្តមួយចំនួនក្តី ក៏មានជនរួម ជាតិរបស់លោកជាច្រើនបានជួយគាំទ្រលោកក្នុងការសង់កំពែងក្រុងយេរូសាឡឹមឡើងវិញ (២.១១ - ៧.៧២)។ បន្ទាប់មក លោកបានរួមសហការជាមួយលោកបូជាចារ្យអែសរ៉ា ក្នុងការប្រារព្ធពិធី បុណ្យដ៏សំខាន់ផ្សេងៗ ហើយនៅពេលនោះ លោកអែសរ៉ាអានគម្ពីរវិន័យអោយប្រជាជនស្តាប់។ ក្រុមលេវីមានភារកិច្ចពន្យល់គម្ពីរវិន័យ និង បក ប្រែអោយអស់អ្នកដែលពុំយល់ភាសាហេប្រឺស្តាប់។ ដូច្នេះ ប្រជាជននាំគ្នាប្តេជ្ញាចិត្តសំដែងភក្តីភាពចំពោះព្រះអម្ចាស់ សាជាថ្មី (៨.១ - ១០.៤០)។ ក្រោយពីបានរៀបចំសណ្តាប់ធ្នាប់ សំរាប់ស្រុកទេស ជាពិសេសសណ្តាប់ធ្នាប់ផ្នែកនយោបាយចប់សព្វគ្រប់ហើយ (១១.១-១២.២៦)លោកនេហេមីនាំមុខប្រជាជនធ្វើពិ ធីសម្ពោធកំពែងក្រុងដែលគេទើបនឹងសង់រួច (១២.២៧-៤៣) ។ បន្ទាប់មកទៀតលោករៀបចំកែរទំរង់ខ្លះផ្នែកខាងជំនឿ សាសនា (១២.៤៤-១៣.៣១) ។
គម្ពីរនេហេមី បង្ហាញអោយយើងស្គាល់មនុស្សម្នាក់ដែលមានចិត្តពុះពារ ធ្វើសកម្មភាពផ្សេងៗដើម្បីសំដែងសេចក្តីស្រឡាញ់ ចំពោះព្រះជាម្ចាស់ និង ជាតិមាតុភូមិ។ លោកនេហេមីជាមនុស្សមានចិត្តទៀងត្រង់ មានចិត្តក្លាហាន ហើយបំពេញកិច្ចការ ទាំងអស់ដោយអធិស្ឋាន។
នេហេមី
ជំពូកទី ១
លោកនេហេមីទូលអង្វរអោយជនជាតិយូដា
១ នេះជាពាក្យរបស់លោក នេហេមី ជាកូនលោកហាកាលីយ៉ា។ នៅខែមិគសិរក្នុងឆ្នាំទីម្ភៃ នៃរជ្ជកាលព្រះចៅអ័រតាស៊ែរសេស គឺពេលដែលខ្ញុំស្ថិតនៅក្រុងស៊ូសា ជាបុរីរបស់ស្ដេច ២ មានបងប្អូនខ្ញុំ ម្នាក់ឈ្មោះហាណានី រួមជាមួយអ្នកខ្លះទៀត ធ្វើដំណើរពីស្រុកយូដាមកដល់ទីនោះ។ ខ្ញុំបានសួរដំណឹងពួកគេស្ដីអំពីជនជាតិយូដាដែលនៅសេសសល់ គឺពួកអ្នកដែលជាប់ជាឈ្លើយ ហើយត្រឡប់ទៅស្រុកវិញ រួចខ្ញុំក៏បានសួរដំណឹងអំពីក្រុងយេរូសាឡឹមដែរ។ ៣ អ្នកទាំងនោះតបមក ខ្ញុំវិញថា អស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលទៅស្រុកវិញ រស់នៅក្នុងអាណាខេត្តយូដាដោយរងទុក្ខវេទនា និងអាម៉ាស់មុខជាខ្លាំង។ រីឯកំពែងក្រុងយេរូសាឡឹមក៏បាក់បែក ហើយទ្វារក្រុងត្រូវគេដុតកំទេចដែរ។
៤ ពេលខ្ញុំ ឮពាក្យទាំងនោះខ្ញុំអង្គុយចុះ ហើយយំសោក ព្រមទាំងកាន់ទុក្ខអស់រយៈពេលជាច្រើនថ្ងៃ។ ខ្ញុំតមអាហារ ហើយទូលអង្វរព្រះនៃស្ថានបរមសុខ។ ៥ ខ្ញុំទូលព្រះអង្គដូចតទៅ:
«បពិត្រព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ* ព្រះអង្គជាព្រះដ៏ឧត្ដុង្គឧត្ដមគួរស្ញែងខ្លាច ព្រះអង្គតែងតែរក្សាសម្ពន្ធមេត្រី ហើយសំដែងព្រះហឫទ័យមេត្តាករុណា ចំពោះអស់អ្នកដែលស្រឡាញ់ព្រះអង្គ និងគោរពតាមបទបញ្ជារបស់ព្រះអង្គ។ ៦ សូមផ្ទៀងព្រះកាណ៌ស្ដាប់ ព្រមទាំងទតមើលមកទូលបង្គំ សូមព្រះសណ្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ ជាអ្នកបំរើរបស់ព្រះអង្គផង។ ទូលបង្គំកំពុងតែទូលអង្វរនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គទាំងថ្ងៃ ទាំងយប់ សូមព្រះអង្គប្រណីសន្ដោសជនជាតិអ៊ីស្រាអែល ជាអ្នកបំរើរបស់ព្រះអង្គ។ ទូលបង្គំសូមសារភាពអំពើបាបក្នុងនាមជនជាតិអ៊ីស្រាអែល គឺយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។ ទូលបង្គំ និងក្រុមគ្រួសាររបស់ទូលបង្គំក៏បានប្រព្រឹត្តអំពើបាបដែរ។ ៧ យើងខ្ញុំពិតជាបាន ប្រព្រឹត្តខុសចំពោះព្រះអង្គ គឺយើងខ្ញុំពុំបានគោរពតាមបទបញ្ជា ក្រឹត្យវិន័យ និងបញ្ញត្ដិទាំងប៉ុន្មានដែលព្រះអង្គប្រទានមកលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះអង្គឡើយ។ ៨ សូមនឹកចាំពី ព្រះបន្ទូលដែលព្រះអង្គបានបង្គាប់មកលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះអង្គថា: “បើអ្នករាល់គ្នាមិនស្មោះត្រង់នឹងយើងទេនោះ យើងនឹងកំចាត់កំចាយអ្នករាល់គ្នាទៅនៅក្នុងចំណោមជាតិសាសន៍ទាំងឡាយ។ ៩ ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាវិលមករកយើងវិញ ហើយកាន់ និងប្រតិបត្តិតាមបទបញ្ជារបស់យើងនោះ ទោះបីអ្នករាល់គ្នាត្រូវគេកៀរទៅនៅជើងមេឃក្ដី ក៏យើងប្រមូលផ្ដុំ និងនាំអ្នករាល់គ្នាវិលត្រឡប់មកទីកន្លែង ដែលយើងបានជ្រើសរើស សំរាប់សំដែងនាមយើងនេះវិញដែរ”។ ១០ យើងខ្ញុំជាអ្នកបំរើ របស់ព្រះអង្គ ជាប្រជារាស្ត្រដែលព្រះអង្គបានរំដោះចេញពីស្រុកអេស៊ីប ដោយមហិទ្ធិឫទ្ធិ និងបារមីដ៏ខ្លាំងពូកែ។ ១១ បពិត្រព្រះអម្ចាស់ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ ជាអ្នកបំរើរបស់ព្រះអង្គ ព្រមទាំងពាក្យទូលអង្វររបស់អ្នកបំរើឯទៀតៗ ដែលចង់គោរពកោតខ្លាចព្រះនាមរបស់ព្រះអង្គ។ សូមប្រទានអោយទូលបង្គំទទួលជោគជ័យនៅថ្ងៃនេះ ហើយសូមអោយព្រះរាជាសន្ដោសមេត្តាដល់ទូលបង្គំផង»។ នៅគ្រានោះខ្ញុំបំពេញមុខងារជាមហាតលិករបស់ព្រះចៅអធិរាជ។
ជំពូកទី ២
លោកនេហេមីធ្វើដំណើរទៅទីក្រុងយេរូសាឡឹម
១ នៅខែចេត្រក្នុងឆ្នាំ ទីម្ភៃ នៃរជ្ជកាលព្រះចៅអ័រតាស៊ែរសេស ក្នុងពេលដែលស្ដេចកំពុងសោយព្រះស្ងោយ ខ្ញុំបានយកស្រាចាក់ថ្វាយស្ដេច។ ខ្ញុំពុំធ្លាប់មានទឹកមុខក្រៀមក្រំបែបនេះ នៅចំពោះព្រះភក្ត្រស្ដេចឡើយ។ ២ ព្រះចៅអធិរាជសួរខ្ញុំថា៖ «លោកគ្មានជំងឺទាល់តែសោះ ហេតុអ្វីបានជាលោកមានទឹកមុខក្រៀមក្រំបែបនេះ តើលោកពិបាកចិត្តរឿងអ្វី?»។ ពេលនោះ ខ្ញុំភ័យខ្លាចជាខ្លាំង។ ៣ ខ្ញុំទូលព្រះចៅអធិរាជ វិញថា៖ «សូមអោយព្រះករុណាមានព្រះជន្មគង់នៅជាដរាបតរៀងទៅ! តើមិនអោយទូលបង្គំមានទឹកមុខក្រៀមក្រំដូចម្ដេចបាន បើក្រុងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ នៅបាក់បែក រីឯទ្វារក្រុង ក៏ត្រូវភ្លើងឆេះអស់ទៅហើយ»។ ៤ ព្រះចៅអធិរាជមានរាជឱង្ការមកខ្ញុំថា៖ «តើលោកចង់សុំអ្វីពីយើង?»។
ពេលនោះ ខ្ញុំក៏អធិស្ឋានដល់ព្រះនៃស្ថានបរមសុខ ៥ រួចខ្ញុំទូលស្ដេចវិញថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ ហើយបើព្រះអង្គប្រណីសន្ដោសដល់ទូលបង្គំមែននោះ សូមចាត់ទូលបង្គំអោយទៅស្រុកយូដា គឺទៅក្រុងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ ដើម្បីសង់ក្រុងនោះឡើងវិញផង»។ ៦ ព្រះរាជាដោយមាន ព្រះមហេសីគង់នៅក្បែរផងសួរខ្ញុំទៀតថា៖ «តើលោកត្រូវការរយៈពេលប៉ុន្មាន ដើម្បីធ្វើដំណើរទៅ ហើយអង្កាល់ទើបលោកត្រឡប់មកវិញ?»។
ខ្ញុំទូលព្រះចៅអធិរាជពីពេលវេលាដែលខ្ញុំត្រូវត្រឡប់មកវិញ ហើយស្ដេចក៏យល់ព្រមអោយខ្ញុំចេញដំណើរ។ ៧ បន្ទាប់មក ខ្ញុំទូលព្រះចៅអធិរាជទៀតថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមប្រទានរាជសារអោយទូលបង្គំយកទៅជូនអស់លោកទេសាភិបាលអាណាខេត្ត នានា ដែលនៅខាងលិចទន្លេអឺប្រាត ដើម្បីអនុញ្ញាតអោយទូលបង្គំធ្វើដំណើរ រហូតដល់ស្រុកយូដា ៨ ហើយរាជសារមួយទៀតជូន លោកអេសាភ ដែលជាមេព្រៃរបស់ព្រះករុណា ដើម្បីអោយគាត់ផ្ដល់ឈើមកទូលបង្គំ សង់ខ្លោងទ្វារបន្ទាយដែលនៅក្បែរព្រះដំណាក់ និងសង់កំពែងក្រុង ព្រមទាំងសង់ផ្ទះដែលទូលបង្គំត្រូវស្នាក់នៅ»។
ព្រះចៅអធិរាជប្រទានរាជសារតាមសំណូមពររបស់ខ្ញុំ ដ្បិតព្រះដ៏សប្បុរសរបស់ខ្ញុំបានដាក់ព្រះហស្ដលើខ្ញុំ។ ៩ ខ្ញុំបាន ទៅជួបអស់លោកទេសាភិបាលអាណាខេត្តនានា ដែលនៅខាងលិចទន្លេអឺប្រាត ហើយប្រគល់សាររបស់ព្រះចៅអធិរាជ ជូនពួកលោក។ ព្រះចៅអធិរាជបានចាត់នាយទាហាន និងកងពលសេះ អោយជូនដំណើរខ្ញុំដែរ។ ១០ ពេលលោកសាន់បាឡាត់ ជាអ្នកស្រុកហូរ៉ូន និងលោកតូប៊ីយ៉ា ជាមន្ត្រីសាសន៍អាំម៉ូនដឹងដំណឹងនេះ ពួកគេមិនសប្បាយចិត្តទេព្រោះឃើញមនុស្សម្នាក់មករកផលប្រយោជន៍អោយ ជនជាតិអ៊ីស្រាអែល។
លោកនេហេមីពិនិត្យមើលកំពែងក្រុងយេរូសាឡឹម
១១ ខ្ញុំបានទៅដល់ក្រុងយេរូសាឡឹម ហើយស្នាក់នៅទីនោះចំនួនបីថ្ងៃ។ ១២ បន្ទាប់មក ខ្ញុំក្រោកនៅពេលយប់ ហើយនាំអ្នកខ្លះទៅជាមួយ តែខ្ញុំពុំបានប្រាប់អោយនរណាដឹងអំពីគំរោងការ ដែលព្រះរបស់ខ្ញុំបណ្ដាលចិត្តខ្ញុំ អោយគិតគូរធ្វើចំពោះក្រុងយេរូសាឡឹមឡើយ។ ក្រៅពីសត្វលាដែលខ្ញុំជិះ គ្មានសត្វណាផ្សេងទៀតនៅជាមួយខ្ញុំទេ។ ១៣ នៅពេលយប់ខ្ញុំចាក ចេញពីក្រុង តាមទ្វារជ្រលងភ្នំ តម្រង់ទៅប្រភពទឹកនាគរាជ និងទ្វារសំរាម។ ខ្ញុំពិនិត្យមើលកំពែងក្រុងយេរូសាឡឹម ត្រង់កន្លែងបាក់បែក ព្រមទាំងទ្វារក្រុងដែលត្រូវភ្លើងឆេះ។ ១៤ ខ្ញុំបានទៅជិតទ្វារប្រភពទឹក និងស្រះហ្លួង ប៉ុន្តែ គ្មានច្រកអាចអោយសត្វដែលខ្ញុំជិះនោះ ដើរទៅមុខទៀតបានឡើយ។ ១៥ ដូច្នេះ ខ្ញុំក៏ឡើងតាមជ្រោះទៅទាំងយប់ ដើម្បីពិនិត្យមើលកំពែងក្រុង រួចខ្ញុំវិលត្រឡប់មកវិញដោយចូលតាមទ្វារជ្រលងភ្នំ។ ១៦ ពួកអ្នកគ្រប់គ្រង ក្រុងពុំបានដឹងថា ខ្ញុំទៅទីណាហើយខ្ញុំធ្វើអ្វីទេ។ មកទល់ពេលនេះខ្ញុំពុំបានប្រាប់ប្រជាជនយូដាពួកបូជាចារ្យ ពួកអភិជន ពួកអ្នកគ្រប់គ្រង ឬមេជាងសំណង់ឯទៀតៗ អោយដឹងពីគំរោងការរបស់ខ្ញុំឡើយ។
១៧ បន្ទាប់មក ខ្ញុំពោលទៅពួកគេថា៖ «បងប្អូនជ្រាបស្រាប់ហើយ ពួកយើងរងទុក្ខវេទនាដល់កំរិតណា ក្រុងយេរូសាឡឹមត្រូវគេបំផ្លាញចោល ហើយទ្វារក្រុងក៏ត្រូវភ្លើងឆេះអស់ដែរ! ដូច្នេះ ចូរនាំគ្នាមក យើងសង់ក្រុងយេរូសាឡឹមឡើងវិញ ដើម្បីកុំអោយយើងបាក់មុខទៀត!»។
១៨ ពេលនោះ ខ្ញុំបានរៀបរាប់អោយពួកគេដឹងថា ព្រះដ៏សប្បុរសរបស់ខ្ញុំ ដាក់ព្រះហស្ដលើខ្ញុំ ហើយព្រះចៅអធិរាជបានថ្លែងមកខ្ញុំដូចម្ដេចខ្លះ។ ពួកគេក៏ពោលឡើងថា៖ «ចូរយើងក្រោកឡើង ហើយនាំគ្នាសង់!»។ ដូច្នេះ ពួកគេក៏មានទឹកចិត្តក្លាហាន បំពេញកិច្ចការដ៏ល្អប្រសើរនេះ។
១៩ លោក សាន់បាឡាត់ជាអ្នកស្រុកហូរ៉ូន លោកតូប៊ីយ៉ា ជាមន្ត្រីសាសន៍អាំម៉ូន និងកេសិម ជាជនជាតិអារ៉ាប់ បានដឹងដំណឹងនេះ ពួកគេនាំគ្នាសើចចំអក និងមើលងាយពួកយើងដោយពោលថា៖ «តើអ្នករាល់គ្នាចង់ធ្វើអ្វីហ្នឹង? តើអ្នករាល់គ្នាចង់បះបោរប្រឆាំងនឹងព្រះចៅអធិរាជឬ?»។ ២០ ខ្ញុំឆ្លើយទៅពួកគេ ថា៖ «ព្រះនៃស្ថានបរមសុខ មុខជាប្រទានអោយពួកយើងទទួលជោគជ័យមិនខាន! ពួកយើងជាអ្នកបំរើរបស់ព្រះអង្គនឹងក្រោកឡើងសង់ក្រុងនេះ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាគ្មានចំណែក គ្មានសិទ្ធិ ឬអនុស្សាវរីយ៍អ្វីក្នុងក្រុងយេរូសាឡឹមនេះទេ»។
ជំពូកទី ៣
ការបែងចែកសំណង់ក្រុងយេរូសាឡឹម
១ នៅគ្រានោះលោក អេលីយ៉ាស៊ីបជាមហាបូជាចារ្យបានក្រោកឡើងជាមួយបូជាចារ្យឯទៀតៗ ដែលជាបងប្អូនរបស់លោក ហើយនាំគ្នាសង់ទ្វារចៀមឡើង។ ពួកគេបានធ្វើពិធីញែកទ្វារនោះ ជាសក្ការៈនៅពេលដាក់សន្លឹកទ្វារ ពួកគេក៏ធ្វើពិធីញែកកំពែងក្រុងត្រង់នោះជាសក្ការៈ ចាប់ពីប៉មម៉េអារហូតដល់ប៉មហាណានេអែលដែរ។ ២ នៅក្បែរពួកលោកមានអ្នកក្រុងយេរីខូនាំគ្នាសង់មួយផ្នែកទៀត ហើយបន្ទាប់មកមានលោកសាគួរ ជាកូនរបស់លោកអ៊ីមរី។ ៣ កូនចៅរបស់លោកសេណា នាំគ្នាសង់ទ្វារមច្ឆា។ ពួកគេបានដាក់ធ្នឹមខ្លោងទ្វារ និងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុកទៀតផង។ ៤ នៅក្បែរពួកគេមានលោក មេរេម៉ុត ជាកូនរបស់លោកអ៊ូរីនិងជាចៅរបស់លោកហាកូស ជាអ្នកជួសជុល។ នៅក្បែរនោះ មានលោកមេស៊ូឡាម ជាកូនរបស់លោកបេរេគីយ៉ា និងជាចៅរបស់លោកមេសេសាបេល។ បន្ទាប់មកមានលោកសាដុក ជាកូនរបស់លោកបាណា។ ៥ នៅក្បែរនោះ មានអ្នកស្រុកតេកូអា ប៉ុន្តែ ពួកអភិជនរបស់គេមិនព្រមចូលរួមធ្វើការ តាមបញ្ជាមេដឹកនាំរបស់ខ្លួនឡើយ។ ៦ លោកយ៉ូយ៉ាដា ជាកូនរបស់លោកប៉ាសេអា និងលោកមេស៊ូឡាម ជាកូនរបស់លោកបេរេគីយ៉ា នាំគ្នាជួសជុលទ្វារចាស់ ពួកគេបានដាក់ធ្នឹមខ្លោងទ្វារ និងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុកទៀតផង។ ៧ នៅក្បែរនោះមានលោក មេឡាទីយ៉ាជាអ្នកស្រុកកាបូន លោកយ៉ាដូនអ្នកស្រុកម៉េរូន ព្រមទាំងអ្នកឯទៀតៗពីក្រុងកាបូន និងក្រុងមីសប៉ា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកទេសាភិបាល របស់អាណាខេត្តនៅខាងលិចទន្លេអឺប្រាត។ ៨ នៅក្បែរពួកគេ មានលោកអ៊ូស៊ីអែល ជាកូនរបស់លោកហារហាយ៉ា ដែលជាជាងរចនាគ្រឿងអលង្ការ ហើយបន្ទាប់មកមានលោកហាណានីយ៉ា ជាអ្នកផ្សំគ្រឿងក្រអូប ពួកគេបានបង្ហើយសំណង់ក្រុងយេរូសាឡឹមរហូតដល់កំពែងធំ។ ៩ លោករេផាយ៉ាធ្វើការនៅក្បែរពួកគេ គាត់ត្រូវជាកូនរបស់លោកហួរ និងជាអភិបាលក្រុងយេរូសាឡឹមមួយចំហៀង។ ១០ បន្ទាប់មក មានលោកយ៉ាដាយ៉ា ជាកូនរបស់លោកហេរូម៉ាបធ្វើការផ្នែកដែលនៅខាងមុខផ្ទះគាត់។ លោកហាទូស ជាកូនរបស់លោកហាសាបនីធ្វើការនៅក្បែរគាត់។ ១១ លោកម៉ាល់គីយ៉ាជាកូន របស់លោកហារីម និងលោកហាស៊ូប ជាកូនរបស់លោកប៉ាហាត់-ម៉ូអាប់ ជួសជុលកំពែងក្រុងមួយផ្នែកទៀត ព្រមទាំងប៉មឡភ្លើង។ ១២ នៅក្បែរពួកគេមាន លោកសាលូម ជាកូនរបស់លោកហាឡូហេស និងជាអភិបាលក្រុងយេរូសាឡឹមមួយចំហៀងទៀត ធ្វើការជាមួយកូនស្រីៗរបស់គាត់។ ១៣ លោកហានូន និងអ្នកស្រុកសាណូអា នាំគ្នាជួសជុលទ្វារជ្រលងភ្នំ។ ពួកគេសង់ខ្លោងទ្វារ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ លើសពីនោះ ពួកគេបានសង់កំពែងក្រុងប្រវែងមួយពាន់ហត្ថ រហូតដល់ទ្វារសំរាម។ ១៤ លោកម៉ាល់គីយ៉ាជាកូន របស់លោករេកាប និងជាចៅហ្វាយស្រុកបេតហាកេរែម ជាអ្នកជួសជុលទ្វារសំរាម។ គាត់បានសង់ខ្លោងទ្វារ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ ១៥ លោកសាលូន ជាកូនរបស់លោកកុលហូស៊ែរ និងជាចៅហ្វាយស្រុកមីសប៉ា ជួសជុលទ្វារប្រភពទឹក។ គាត់បានសង់ខ្លោងទ្វារ ហើយប្រក់ដំបូល ដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ លើសពីនោះគាត់បានជួសជុលកំពែងស្រះស៊ីឡោម ដែលនៅក្បែរឧទ្យានហ្លួង រហូតដល់ជណ្ដើរ ចុះមកពីបុរីព្រះបាទដាវីឌ។ ១៦ បន្ទាប់ពីគាត់មាន លោកនេហេមី ជាកូនរបស់លោកអាសប៊ូក និងជាចៅសង្កាត់បេតសួរ មួយចំហៀង គាត់ជួសជុលរហូតដល់ខាងមុខផ្នូររបស់ព្រះបាទដាវីឌ និងរហូតដល់ស្រះ ព្រមទាំងបន្ទាយរបស់ពួកវីរជន។ ១៧ បន្ទាប់មក មានក្រុមលេវីធ្វើការនៅក្បែរគាត់ គឺមានលោករេហ៊ូមជាកូនរបស់លោកបានី និងលោកហាសាប៊ីយ៉ា ជាចៅសង្កាត់កៃឡាមួយចំហៀង ដែលធ្វើការក្នុងនាមសង្កាត់របស់គាត់។ ១៨ បន្ទាប់មកមានបងប្អូនរបស់ពួកគេ គឺលោកបាវ៉ាយជាកូនរបស់លោកហេណាដាដ និងជាចៅសង្កាត់កៃឡាមួយចំហៀងទៀត។ ១៩ បន្ទាប់មកលោកអេស៊ែរ ជាកូនរបស់លោកយ៉ូស៊ូអា និងជាចៅហ្វាយក្រុងមីសប៉ា ជួសជុលផ្នែកមួយទៀត ដែលនៅទល់មុខផ្លូវឡើងទៅឃ្លាំងសស្រ្ដាវុធត្រង់មុមកំពែង។ ២០ បន្ទាប់ពីគាត់មាន លោកបារូក ជាកូនរបស់លោកសាបៃ ខំប្រឹងជួសជុលមួយផ្នែកទៀត គឺចាប់តាំងពីមុមកំពែង រហូតដល់មាត់ទ្វារផ្ទះរបស់លោកមហាបូជាចារ្យអេលីយ៉ាស៊ីប។ ២១ បន្ទាប់មក មានលោកមេរេម៉ុតជាកូនរបស់លោកអ៊ូរីនិងជាចៅរបស់លោកហាកូសជួសជុល មួយផ្នែកទៀតចាប់ពីមាត់ទ្វារផ្ទះរបស់លោកអេលីយ៉ាស៊ីប រហូតដល់កៀនរបងផ្ទះ។ ២២ បន្ទាប់មក ពួកបូជាចារ្យដែលរស់នៅតាមតំបន់ជុំវិញក្រុងយេរូសាឡឹម នាំគ្នាជួសជុលនៅក្បែរគាត់។ ២៣ បន្ទាប់មក មានលោកបេនយ៉ាមីន និងលោកហាស៊ូប ជួសជុលផ្នែកដែលនៅខាងមុខផ្ទះរបស់ពួកគេ។ បន្ទាប់មក មានលោកអសារីយ៉ា ជាកូនរបស់លោកម៉ាសេយ៉ា និងជាចៅរបស់លោកអណានីយ៉ា ជួសជុលនៅក្បែរផ្ទះរបស់គាត់។ ២៤ បន្ទាប់មកទៀត មានលោកប៊ីនូអ៊ីនជាកូនរបស់លោកហ៊ីណាដាដ ជួសជុលមួយផ្នែកទៀត ចាប់ពីផ្ទះរបស់លោកអសារីយ៉ា រហូតដល់ជ្រុង និងរហូតដល់មុមកំពែង។ ២៥ លោកប៉ាឡាល ជាកូនរបស់លោកអ៊ូស៊ី ជួសជុលផ្នែកនៅទល់មុខនឹងជ្រុងកំពែង និងប៉មខាងលើ ដែលលយចេញពីដំណាក់ស្ដេចជិតទីធ្លាក្រុមអង្គរក្ស។ បន្ទាប់មកមានលោកពេដាយ៉ា ជាកូនរបស់លោកប៉ារ៉ូស។ ២៦ ក្រុមអ្នកបំរើព្រះវិហារ ដែលរស់នៅលើអូផែល ជួសជុលរហូតដល់ផ្នែកនៅទល់មុខនឹងទ្វារគង្គា ប៉ែកខាងកើត និងប៉មដែលលយចេញ។ ២៧ បន្ទាប់មក មានអ្នកស្រុកតេកូអាជួសជុលមួយផ្នែកទៀត គឺពីមុខនឹងប៉មធំដែលលយចេញ រហូតដល់ជញ្ជាំងអូផែល។
២៨ នៅខាងលើទ្វារសេះ ពួកបូជាចារ្យជួលជុលផ្នែកដែលនៅខាងមុខផ្ទះរបស់គេរៀងៗខ្លួន។ ២៩ បន្ទាប់មក លោកសាដុកជាកូនលោកអ៊ីមែរ ជួសជុលផ្នែកដែលនៅខាងមុខផ្ទះរបស់លោក។ បន្ទាប់ពីលោកមានលោកសេម៉ាយ៉ា ជាកូនរបស់លោកសេកានីយ៉ា ជាឆ្មាំទ្វារខាងកើត។ ៣០ បន្ទាប់មក មានលោកហាណានីយ៉ា ជាកូនរបស់លោកសេលេមីយ៉ា និងលោកហានូន ជាកូនទីប្រាំមួយរបស់លោកសាឡាប ជួសជុលកំពែងមួយផ្នែកទៀត។ បន្ទាប់មក មានលោកមេស៊ូឡាម ជាកូនរបស់លោកបេរេគីយ៉ា ជួសជុលផ្នែកដែលនៅទល់មុខនឹងបន្ទប់របស់លោក។
៣១ បន្ទាប់ មក លោកម៉ាល់គីយ៉ា ជាជាងរចនាគ្រឿងអលង្ការ បានជួសជុលរហូតដល់ម្ដុំផ្ទះរបស់ក្រុមអ្នកបំរើព្រះវិហារ និងផ្ទះរបស់អ្នកជំនួញដែលនៅទល់មុខទ្វារមីភកាដ និងរហូតដល់បន្ទប់ខាងលើនៃមុមកំពែង។ ៣២ ពួកជាងរចនាគ្រឿងអលង្ការ និងអ្នកជំនួញ នាំគ្នាជួសជុលផ្នែកដែលនៅចន្លោះបន្ទប់ខាងលើនៃមុមកំពែង និងទ្វារចៀម។
បច្ចាមិត្តរបស់ជនជាតិយូដាចង់បញ្ឈប់ការជួសជុល
៣៣(៤.១) ពេលលោកសាន់បាឡាត់ទទួលដំណឹងថា ពួកយើងជួសជុលកំពែងក្រុងឡើងវិញ ដូច្នេះ គាត់ខឹងមួម៉ៅជាខ្លាំង។ គាត់ចំអកអោយជនជាតិយូដា ៣៤(២) ដោយពោលនៅមុខបងប្អូន របស់គាត់ និងពួកទាហានពីស្រុកសាម៉ារីថា៖ «តើពួកយូដាដ៏ទន់ខ្សោយនេះនាំគ្នាធ្វើអ្វី? ពួកគេស្មានថាខ្លួនអាចសង់កំពែងនេះ ហើយធ្វើយញ្ញបូជាថ្វាយព្រះរបស់ខ្លួនកើតឬ? ពួកគេបង្ហើយសំណង់នៅថ្ងៃនេះកើតឬ? ពួកគេអាចលើកថ្មចេញពីគំនរឥដ្ឋ និងចេញពីផេះមកដាក់គរលើគ្នាវិញកើតឬ?»។ ៣៥(៣)លោកតូប៊ីយ៉ាជាជនជាតិ អាំម៉ូន ដែលនៅក្បែរនោះពោលឡើងថា៖ «ទុកអោយពួកគេសង់ទៅ! ពេលណាកញ្ជ្រោងឡើងពីលើ នោះកំពែងថ្មមុខជារលំមិនខាន!»។
៣៦(៤) «ឱព្រះ នៃយើងខ្ញុំអើយ សូមព្រះសណ្ដាប់ចុះ ពួកគេមើលងាយយើងខ្ញុំខ្លាំងណាស់! សូមអោយពាក្យប្រមាថមាក់ងាយទាំងនេះ ធ្លាក់ទៅលើពួកគេវិញ! សូមអោយខ្មាំងសត្រូវរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេ និងកៀរពួកគេទៅជាឈ្លើយ ៣៧(៥) សូមកុំលើកលែងទោសពួក គេឡើយ ហើយក៏កុំលុបបំបាត់អំពើបាបរបស់ពួកគេ ចេញពីព្រះភក្ត្ររបស់ព្រះអង្គដែរ ដ្បិតពួកគេបានជេរប្រមាថយើងខ្ញុំ ជាអ្នកសង់កំពែងក្រុងនេះឡើងវិញ»។ ៣៨(៦) ពួកយើង នាំគ្នាសង់កំពែងក្រុងឡើងវិញ រហូតដល់បានកំពស់ពាក់កណ្ដាល ដ្បិតប្រជាជនខំប្រឹងខ្នះខ្នែងធ្វើការនេះដោយស្មោះអស់ពីចិត្ត។
ជំពូកទី ៤
១(៧) ប៉ុន្តែ ពេលលោកសាន់បាឡាត់ លោកតូប៊ីយ៉ា ព្រមទាំងជនជាតិអារ៉ាប់ ជនជាតិអាំម៉ូន និងអ្នកស្រុកអាស្ដូដទទួលដំណឹងថា ការជួសជុលកំពែងក្រុងយេរូសាឡឹមមានដំណើរការល្អ ហើយកន្លែងដែលបាក់បែកចាប់ផ្ដើមភ្ជិតឡើងវិញនោះ ពួកគេខឹងជាខ្លាំង។ ២(៨) ពួកគេលើកគ្នាមកវាយលុកក្រុងយេរូសាឡឹម ដើម្បីបង្កអោយមានការខូចខាត។
៣(៩) ពេលនោះ យើងក៏ទូលអង្វរព្រះនៃយើង រួចចាត់ចែងអោយមានអ្នកយាមល្បាតទាំងថ្ងៃទាំងយប់ ដើម្បីការពារក្រុងក្រែងពួកគេវាយលុក។ ៤(១០) ប៉ុន្តែ ជនជាតិយូដាពោលថា៖ «កម្លាំងអ្នកលីសែង កាន់តែចុះអន់ថយទៅៗ គំនរថ្មដែលបាក់បែកនោះមានច្រើនពេក យើងពុំអាចសង់កំពែងក្រុងបានឡើយ»។
៥(១១) បច្ចាមិត្ត របស់ពួកយើងពោលថា៖ «ពួកគេមិនដឹងខ្លួន មិនឃើញអ្វីទាំងអស់ យើងនឹងលបចូលទៅដល់កណ្ដាលចំណោមពួកគេ ហើយសម្លាប់ពួកគេ ដើម្បីបញ្ឈប់កិច្ចការរបស់ពួកគេ»។
៦(១២) ពេលនោះ ជនជាតិយូដា ដែលរស់នៅក្បែរពួកគេ បាននាំគ្នាមកប្រាប់យើងដល់ទៅដប់ដងថា សត្រូវលើកគ្នាពីគ្រប់ទិសទី មកវាយប្រហារពួកយើង។ ៧(១៣) ហេតុនេះខ្ញុំក៏ដាក់ប្រជាជនតាមអំបូររបស់ពួកគេ អោយឈរយាមនៅពីក្រោយកំពែង ទាំងកាន់ដាវ កាន់លំពែង និងធ្នូ។ ៨(១៤) ពេលពិនិត្យសព្វគ្រប់ ហើយ ខ្ញុំក៏ក្រោកឡើងពោលទៅកាន់ពួកអភិជន ពួកអ្នកគ្រប់គ្រង និងប្រជាជនឯទៀតៗថា៖ «កុំភ័យខ្លាចពួកគេឡើយ! សូមចងចាំថា ព្រះអម្ចាស់ជាព្រះដ៏ឧត្ដុង្គឧត្ដមគួរស្ញែងខ្លាច។ ដូច្នេះ ចូរនាំគ្នាប្រយុទ្ធការពារបងប្អូន កូនប្រុស កូនស្រី ភរិយា និងផ្ទះសំបែងរបស់អ្នករាល់គ្នា!»។
៩(១៥) ខ្មាំង សត្រូវឮថា ពួកយើងដឹងខ្លួន ហើយព្រះជាម្ចាស់រំលាយផែនការរបស់ពួកគេ។ ពួកយើងក៏វិលទៅសង់កំពែងក្រុង តាមកន្លែងរៀងៗខ្លួនវិញ។ ១០(១៦)ចាប់ពីថ្ងៃនោះមក គ្នាខ្ញុំចំនួនពាក់កណ្ដាលធ្វើកិច្ចការសំណង់ ហើយចំនួនពាក់កណ្ដាលទៀតកាន់លំពែង កាន់ខែល កាន់ធ្នូ និងប្រដាប់ការពារខ្លួន។ ពួកមេដឹកនាំជួយត្រួតមើលកូនចៅយូដាទាំងអស់គ្នា។ ១១(១៧) អស់អ្នកដែលសង់កំពែង អស់អ្នកដែលលីសែង ឬដឹកជញ្ជូន ធ្វើការដៃម្ខាង កាន់អាវុធដៃម្ខាង។ ១២(១៨) រីឯអ្នកបូកឥដ្ឋវិញ គេស្ពាយដាវនៅនឹងចង្កេះ ហើយបំពេញការងាររបស់ខ្លួន។ រីឯអ្នកផ្លុំស្នែងឈរនៅក្បែរខ្ញុំ។ ១៣(១៩)ខ្ញុំពោលទៅកាន់ពួក អភិជន ពួកអ្នកគ្រប់គ្រង និងប្រជាជនឯទៀតៗថា៖ «យើងនៅសល់កិច្ចការច្រើនណាស់ ព្រោះកំពែងវែង ហើយយើងក៏នៅឆ្ងាយពីគ្នាទៀត។ ១៤(២០) ហេតុនេះ ពេលអ្នករាល់គ្នាឮសំឡេងស្នែង ចូរប្រមូលគ្នាមកជិតយើង។ ព្រះរបស់យើងនឹងប្រយុទ្ធ ដើម្បីយើងទាំងអស់គ្នា»។ ១៥(២១) យើងបានបន្តសំណង់របស់យើងរបៀបនេះ គឺពួកយើងចំនួនពាក់កណ្ដាលកាន់លំពែងតាំងពីព្រលឹម ទល់ព្រលប់។ ១៦(២២)នៅគ្រាដដែលនោះ ខ្ញុំពោលទៅកាន់ប្រជាជនទៀតថា៖ «នៅពេលយប់ អ្នករាល់គ្នាត្រូវសំរាកនៅក្រុងយេរូសាឡឹមជាមួយអ្នកបំរើរបស់ ខ្លួន គឺយើងត្រូវយាមនៅពេលយប់ ហើយធ្វើការនៅពេលថ្ងៃ»។ ១៧(២៣) ដូច្នេះ ខ្ញុំ និងបងប្អូនខ្ញុំ ព្រមទាំងអ្នកបំរើ និងពួកទាហានដែលមកតាមខ្ញុំ គ្មាននរណាម្នាក់ដោះសម្លៀកបំពាក់ចេញឡើយ យើងកាន់អាវុធជាប់នឹងខ្លួនជានិច្ច។
ជំពូកទី ៥
លោកនេហេមីរកយុត្តិធម៌អោយប្រជាជនដែលត្រូវអ្នកធំជិះជាន់
១ នៅពេលនោះមានប្រជាជនយូដាទាំងប្រុស ទាំងស្រី នាំគ្នារអ៊ូរទាំទាស់នឹងបងប្អូនរួមជាតិរបស់ខ្លួនមួយចំនួន។ ២ អ្នកខ្លះពោលថា៖ «យើងខ្ញុំ និងកូនប្រុស កូនស្រីរបស់យើងខ្ញុំមានគ្នាច្រើនណាស់ យើងខ្ញុំចង់បានស្រូវមកទទួលទាន ដើម្បីចិញ្ចឹមជីវិត»។ ៣ អ្នកខ្លះពោលថា៖ «នៅពេលអត់ឃ្លាន យើងខ្ញុំបញ្ចាំដីស្រែចំការទំពាំងបាយជូរ និងផ្ទះសំបែង»។ ៤ អ្នកខ្លះទៀតពោលថា៖ «យើងខ្ញុំបានបញ្ចាំស្រែ និងចំការទំពាំងបាយជូរ ដើម្បីយកប្រាក់ទៅបង់ពន្ធថ្វាយស្ដេច។ ៥ សាច់ឈាមរបស់យើងខ្ញុំ មិនខុសពីសាច់ឈាមបងប្អូនរបស់យើងខ្ញុំទេ កូនប្រុសរបស់យើងខ្ញុំ ក៏មិនខុសពីកូនប្រុសរបស់គេដែរ ប៉ុន្តែ យើងខ្ញុំបង្ខំចិត្តអោយកូនប្រុស កូនស្រីរបស់យើងខ្ញុំ ទៅធ្វើជាខ្ញុំបំរើគេ។ កូនស្រីរបស់យើងខ្ញុំជាច្រើននាក់លក់ខ្លួនទៅអោយគេ ព្រោះយើងខ្ញុំទាល់ច្រក។ រីឯដីស្រែ និងចំការទំពាំងបាយជូររបស់យើងខ្ញុំ ក៏ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ម្ចាស់បំណុលដែរ»។
៦ ពេលខ្ញុំឮពាក្យរអ៊ូរទាំរបស់អ្នកទាំងនេះ ខ្ញុំក្ដៅក្រហាយជាខ្លាំង។ ៧ ខ្ញុំក៏សំរេចចិត្ត ស្ដីបន្ទោសពួកអភិជន និងពួកអ្នកគ្រប់គ្រង។ ខ្ញុំពោលទៅពួកគេថា៖ «អស់លោកអោយប្រាក់បងប្អូនរួមជាតិខ្ចី ដោយយកការយ៉ាងធ្ងន់បែបនេះឬ!»។ ខ្ញុំបានកោះហៅពួកគេអោយមកជួបជុំគ្នា ជាអង្គប្រជុំមួយយ៉ាងធំ។ ៨ ខ្ញុំពោលទៅកាន់ពួកគេ ថា៖ «យើងតែងតែរកគ្រប់មធ្យោបាយ ដើម្បីលោះជនរួមជាតិរបស់យើង ដែលត្រូវគេលក់ទៅអោយសាសន៍ដទៃ។ ចំណែកឯអស់លោកវិញ អស់លោកបែរជាយកបងប្អូនរួមជាតិរបស់ខ្លួនទៅលក់អោយជនជាតិយូដា ដូចគ្នា!»។ ពួកគេនៅស្ងៀមទាំងអស់គ្នា រកពាក្យឆ្លើយមិនបានឡើយ។ ៩ ខ្ញុំក៏ពោលទៀតថា៖ «អស់លោកប្រព្រឹត្តបែបនេះ មិនល្អទេ! អស់លោកគួរតែរស់នៅ ដោយគោរពកោតខ្លាចព្រះជាម្ចាស់នៃយើង ដើម្បីកុំអោយសាសន៍ដទៃ ដែលជាខ្មាំងសត្រូវរបស់យើងប្រមាថមាក់ងាយយើងបាន។ ១០ ចំពោះរូបខ្ញុំផ្ទាល់ ព្រមទាំងបងប្អូន និងអ្នកបំរើរបស់ខ្ញុំ ក៏បានអោយប្រាក់ និងស្រូវទៅពួកគេខ្ចីដែរ។ ដូច្នេះ យើងមិនត្រូវទារបំណុលពីពួកគេឡើយ។ ១១ ចូរប្រគល់ដីស្រែ ចំការទំពាំងបាយជូរ ចំការអូលីវ និងផ្ទះរបស់គេអោយគេវិញនៅថ្ងៃនេះទៅ ហើយក៏កុំទារប្រាក់ ស្រូវ ស្រា និងប្រេងដែលអស់លោកចាត់ទុកជាការនោះដែរ»។ ១២ អ្នកទាំងនោះតបវិញ ថា៖ «យើងខ្ញុំសុខចិត្តប្រគល់អោយពួកគេវិញ ហើយយើងខ្ញុំក៏មិនទាមទារអ្វីពីពួកគេទៀតដែរ យើងខ្ញុំធ្វើតាមពាក្យរបស់លោក»។
ពេលនោះ ខ្ញុំបានហៅអស់លោកបូជាចារ្យមក ហើយខ្ញុំអោយម្ចាស់បំណុលស្បថនៅមុខបូជាចារ្យទាំងនោះថា ពួកគេនឹងធ្វើតាមពាក្យសំដីរបស់ខ្លួន។ ១៣ បន្ទាប់មក ខ្ញុំរលាស់ហោប៉ៅអាវធំរបស់ខ្ញុំទាំងពោលថា៖ «អ្នកណាមិនធ្វើតាមពាក្យសំដីរបស់ខ្លួនទេ សូមព្រះជាម្ចាស់រលាស់អ្នកនោះដូច្នេះដែរ។ សូមអោយគេបាត់បង់ផ្ទះសំបែង និងទ្រព្យសម្បត្តិ សូមកុំអោយគេនៅសល់អ្វីសោះឡើយ!»។ អង្គប្រជុំទាំងមូលឆ្លើយថា “អាម៉ែន!” រួចគេនាំគ្នាលើកតម្កើងព្រះអម្ចាស់។ បន្ទាប់មក ប្រជាជនធ្វើតាមពាក្យដែលខ្លួនបានសន្យា។
១៤ ចាប់ពី ពេលដែលព្រះរាជាបានតែងតាំងខ្ញុំ អោយធ្វើជាទេសាភិបាលស្រុកយូដា គឺចាប់ពីឆ្នាំទីម្ភៃរហូតដល់ឆ្នាំទីសាមសិបពីរ នៃរជ្ជកាលព្រះចៅអ័រតាស៊ែរសេស ក្នុងរយៈពេលដប់ពីរឆ្នាំនោះ ខ្ញុំពុំបានប្រើសិទ្ធិជាទេសាភិបាល ដើម្បីហូតពន្ធពីប្រជាជនមកធ្វើជាប្រាក់បៀរវត្សរ៍របស់ខ្ញុំ និងសហការីរបស់ខ្ញុំឡើយ។ ១៥ ពួកទេសាភិបាលដែលកាន់ កាប់ស្រុកមុនខ្ញុំ តែងតែគាបសង្កត់ប្រជាជន ជំរិតយកស្រូវ និងស្រាទំពាំងបាយជូរ ហើយថែមទាំងទារប្រាក់សែសិបណែនទៀតផង។ សូម្បីតែពួករាជការដែលធ្វើការអោយពួកគេ ក៏គ្រប់គ្រងលើប្រជាជន ធ្វើដូចខ្លួនជាម្ចាស់ផែនដីដែរ។ ខ្ញុំពុំបានប្រព្រឹត្តបែបនេះទេ ព្រោះខ្ញុំគោរពកោតខ្លាចព្រះជាម្ចាស់។ ១៦ លើសពីនោះ ខ្ញុំយកចិត្តទុកដាក់ជួសជុលកំពែងក្រុង។ មួយវិញទៀត ខ្ញុំពុំបានឆ្លៀតឱកាសទិញដីស្រែចំការណាឡើយ រីឯពួកសហការីដែលជួសជុលកំពែងរួមជាមួយខ្ញុំ ក៏ធ្វើដូចខ្ញុំដែរ។ ១៧ អស់អ្នកដែលបរិភោគ អាហាររួមតុជាមួយខ្ញុំ មានចំនួនមួយរយហាសិបនាក់ជាជនជាតិយូដា ដែលគ្រប់គ្រងស្រុក ហើយក្រៅពីនោះ ក៏មានភ្ញៀវមកពីប្រជាជាតិនានាដែលនៅជុំវិញដែរ។ ១៨ រៀងរាល់ថ្ងៃគេតែង សម្លាប់គោមួយ ចៀមដ៏ល្អៗចំនួនប្រាំមួយ ព្រមទាំងសត្វស្លាបឯទៀតៗ ហើយដប់ថ្ងៃម្ដងគេយកស្រាទំពាំងបាយជូរដ៏ច្រើនមកអោយខ្ញុំដែរ។ ខ្ញុំពុំបានប្រើសិទ្ធិជាទេសាភិបាល ទាមទារអោយប្រជាជនបង់ប្រាក់សំរាប់ការចាយវាយទាំងនេះទេ ដ្បិតការជួសជុលកំពែងជាបន្ទុកយ៉ាងធ្ងន់ដល់ប្រជាជនរួចស្រេចទៅ ហើយ។
១៩ «ឱព្រះ នៃទូលបង្គំអើយ សូមកុំភ្លេចពីការទាំងប៉ុន្មានដែលទូលបង្គំបានប្រព្រឹត្តចំពោះ ប្រជាជននេះ សូមមេត្តាសន្ដោសដល់ទូលបង្គំផង»។
ជំពូកទី ៦
ខ្មាំងសត្រូវយាយីសាជាថ្មី
១ ពេលលោកសាន់បាឡាត់ លោកតូប៊ីយ៉ា លោកកេសិម ជាជនជាតិអារ៉ាប់ ព្រមទាំងខ្មាំងសត្រូវឯទៀតៗ ទទួលដំណឹងថា ខ្ញុំបានសង់កំពែងក្រុងយេរូសាឡឹមឡើងវិញ រីឯកន្លែងបាក់បែកក៏បានជួសជុលហើយ – នៅគ្រានោះ ខ្ញុំពុំទាន់បានដាក់សន្លឹកទ្វារក្រុងនៅឡើយ – ២ លោកសាន់បាឡាត់ និងលោកកេសិមក៏ចាត់គេអោយមកប្រាប់ខ្ញុំថា៖ «សូមអញ្ជើញមកពិភាក្សាគ្នានៅកេភីរីម ក្នុងជ្រលងភ្នំអូណូ»។ អ្នកទាំងនោះឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបខ្ញុំ។ ៣ ខ្ញុំចាត់អ្នកនាំសារ អោយយកចម្លើយទៅប្រាប់ពួកគេវិញថា៖ «ខ្ញុំមានកិច្ចការដ៏ច្រើនដែលត្រូវធ្វើ ខ្ញុំមិនអាចចុះមកជួបអស់លោកបានទេ។ ប្រសិនបើខ្ញុំចុះមកជួបអស់លោក ការងារមុខជាត្រូវផ្អាកពុំខាន»។
៤ ពួកគេចាត់មនុស្សអោយនាំពាក្យដដែលនេះ មកប្រាប់ខ្ញុំដល់ទៅបួនដង ខ្ញុំក៏ផ្ដល់ចម្លើយដដែលទៅពួកគេវិញ។ ៥ លោកសាន់បាឡាត់ចាត់អ្នក ជំនិតរបស់គាត់អោយនាំពាក្យដដែលមកជាលើកទីប្រាំ។ អ្នកនាំសារនោះកាន់សំបុត្រដែលបើកចំហមកជាមួយផង។ ៦ សំបុត្រនោះមានសេចក្ដី ដូចតទៅ៖ «មានលេចឮដំណឹងក្នុងចំណោមប្រជាជាតិនានាថា លោក និងជនជាតិយូដាមានបំណងបះបោរ ហេតុនេះហើយបានជាលោកសង់កំពែងក្រុងនេះឡើង។ លោកកេសិមបានបញ្ជាក់អំពីដំណឹងនេះដែរ។ គេថាលោកចង់ឡើងធ្វើជាស្ដេចរបស់គេ។ ៧ លោកក៏បានតែងតាំងពួក ព្យាការីអោយប្រកាសនៅក្រុងយេរូសាឡឹម ស្ដីអំពីរូបលោកថា មានស្ដេចមួយអង្គនៅស្រុកយូដាហើយ! ដំណឹងបែបនេះ មុខជាលេចឮទៅដល់ព្រះចៅអធិរាជមិនខាន។ ដូច្នេះ សូមអញ្ជើញមក យើងនឹងពិភាក្សាគ្នា»។ ៨ ខ្ញុំផ្ញើចម្លើយទៅ គាត់វិញថា៖ «ពាក្យចចាមអារ៉ាមដែលលោករៀបរាប់នេះ មិនពិតទាល់តែសោះ គឺលោកទេតើដែលប្រឌិតរឿងទាំងនេះ!»។ ៩ អ្នកទាំងនោះមានបំណងបំភ័យពួកយើង ដោយគិតថាពួកយើងមុខជាបាក់ទឹកចិត្ត លែងធ្វើការតទៅមុខទៀត។
ឱព្រះអម្ចាស់អើយ សូមប្រទានកម្លាំងអោយទូលបង្គំឥឡូវនេះផង! ១០ ខ្ញុំទៅផ្ទះលោក សេម៉ាយ៉ា ជាកូនរបស់លោកដេឡាយ៉ា និងជាចៅរបស់លោកមេហាតាបេល ដ្បិតគាត់ពុំអាចចេញពីផ្ទះបានទេ។ គាត់ប្រាប់ខ្ញុំថា៖ «ចូរយើងទៅព្រះដំណាក់របស់ព្រះជាម្ចាស់ជាមួយគ្នា រួចចូលទៅខាងក្នុងទីសក្ការៈ និងបិទទ្វារយ៉ាងជិត ដ្បិតពួកគេនាំគ្នាមករកសម្លាប់លោក នៅពេលយប់»។ ១១ ខ្ញុំឆ្លើយវិញថា៖ «មនុស្សដូចខ្ញុំនេះ មិនចេះរត់គេចខ្លួនទេ! មួយវិញទៀត មនុស្សដូចខ្ញុំនេះមិនអាចចូលទៅក្នុងទីសក្ការៈ ហើយនៅរស់បានទៀតទេ។ ខ្ញុំមិនចូលទៅក្នុងព្រះវិហារឡើយ»។ ១២ ខ្ញុំយល់ឃើញថា ព្រះជាម្ចាស់មិនបានចាត់គាត់ អោយនាំពាក្យនេះមកថ្លែងប្រាប់ខ្ញុំទេ។ គាត់ពោលដូច្នេះមកពីលោកសាន់បាឡាត់ និងលោកតូប៊ីយ៉ាសូកគាត់។ ១៣ ពួកគេសូកគាត់មកពី គេសង្ឃឹមថា ខ្ញុំនឹងភ័យខ្លាច ហើយធ្វើតាមយោបល់របស់គាត់ ជាហេតុនាំអោយខ្ញុំប្រព្រឹត្តអំពើបាប រួចគេនឹងយករឿងនេះទៅបរិហារ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ។
១៤ «ឱព្រះ នៃទូលបង្គំអើយ សូមនឹកចាំពីអំពើដែលលោកតូប៊ីយ៉ា និងលោកសាន់បាឡាត់បានប្រព្រឹត្ត ហើយសូមនឹកចាំពីព្យាការិនីណូអាឌីយ៉ា និងព្យាការីឯទៀតៗដែលចង់បំភ័យទូលបង្គំដែរ»។
១៥ កំពែងក្រុងត្រូវបានជួសជុលចប់សព្វគ្រប់ នៅថ្ងៃទីម្ភៃប្រាំ ខែភទ្របទ គឺអស់រយៈពេលហាសិបពីរថ្ងៃ។ ១៦ ពេលខ្មាំងសត្រូវ ក្នុងចំណោមប្រជាជាតិ ដែលនៅជុំវិញយើង ដឹងដំណឹងនេះ ពួកគេនាំគ្នាភ័យខ្លាច។ ពួកគេបាក់មុខ ហើយយល់ឃើញថា សំណង់នេះសំរេចជារូបរាងឡើង ដោយសារព្រះនៃយើងបានជួយ។
១៧ នៅគ្រានោះពួកអភិជននៅស្រុកយូដា តែងតែសរសេរលិខិតឆ្លើយឆ្លង ជាមួយលោកតូប៊ីយ៉ាជាញឹកញាប់ ១៨ ដ្បិតមានមនុស្សជា ច្រើននៅស្រុកយូដាជាប់ពាក់ព័ន្ធជាមួយគាត់ ដោយសារពាក្យសម្បថ ព្រោះគាត់ត្រូវជាកូនប្រសារបស់ជនជាតិយូដាម្នាក់ឈ្មោះសេកានីយ៉ា ជាកូនរបស់លោកអរ៉ា ហើយលោកយ៉ូហាណនជាកូនប្រុសរបស់គាត់ ក៏បានរៀបការជាមួយកូនស្រីរបស់លោកមេស៊ូឡាម ជាកូនរបស់លោកបេរេខ្យា។ ១៩ អ្នកទាំងនោះចេះតែ និយាយសរសើរគាត់នៅមុខខ្ញុំ ហើយថែមទាំងនាំពាក្យដែលខ្ញុំនិយាយ យកទៅប្រាប់គាត់ទៀតផង។ លោកតូប៊ីយ៉ាតែងតែផ្ញើសំបុត្រមកបំភ័យខ្ញុំ។
ជំពូកទី ៧
ជំរឿនប្រជាជនយូដាដែលវិលត្រឡប់មកស្រុកវិញ
១ នៅពេលសង់កំពែងឡើងវិញ រួចរាល់ហើយ ខ្ញុំក៏បានដាក់សន្លឹកទ្វារក្រុង ហើយគេចាត់តាំងអោយមានអ្នកយាមទ្វារ អ្នកចំរៀង និងពួកលេវីឡើងវិញ។ ២ ខ្ញុំបានចាត់តាំង មនុស្សពីរនាក់អោយគ្រប់គ្រងលើទីក្រុង គឺលោកហាណានី ជាប្អូនរបស់ខ្ញុំ និងលោកហាណានីយ៉ា ជាមេបញ្ជាការបន្ទាយក្រុងយេរូសាឡឹម ហើយមានចិត្តស្មោះត្រង់ និងគោរពកោតខ្លាចព្រះជាម្ចាស់ជាងគេទាំងអស់។ ៣ ខ្ញុំបញ្ជាអ្នកទាំង ពីរថា៖ «មិនត្រូវបើកទ្វារក្រុងយេរូសាឡឹមមុនពេលព្រះអាទិត្យបញ្ចេញកំដៅឡើយ ហើយនៅពេលល្ងាចត្រូវអោយគេខ្ទាស់រនុក មុនពេលដែលអ្នកយាមចាកចេញពីកន្លែងយាម។ រីឯអ្នកក្រុងយេរូសាឡឹម ត្រូវដាក់វេនគ្នាយាមនៅមុខផ្ទះរបស់ខ្លួន»។
៤ យេរូសាឡឹមជាក្រុងមួយធំទូលាយ ប៉ុន្តែ មានប្រជាជនតិចរស់នៅ ហើយមានផ្ទះជាច្រើនដែលពុំទានបានសង់ឡើងវិញនៅឡើយ។ ៥ ព្រះរបស់ខ្ញុំបាន បណ្ដាលចិត្តខ្ញុំអោយប្រមូលពួកអភិជន ពួកអ្នកគ្រប់គ្រង និងប្រជាជនមកជួបជុំគ្នា ដើម្បីជំរឿនប្រជាជន។ ខ្ញុំបានពិនិត្យមើលបញ្ជីរាយនាមក្រុមគ្រួសាររបស់អស់អ្នកដែលវិល មកក្រុងយេរូសាឡឹមមុនគេ ឃើញមានឈ្មោះដូចតទៅ:
៦ ក្នុង ចំណោមអស់អ្នកដែលព្រះចៅនេបូកានេសារ ជាស្ដេចស្រុកបាប៊ីឡូនចាប់ទៅជាឈ្លើយនោះ មានមួយចំនួនវិលត្រឡប់មកក្រុងយេរូសាឡឹម និងស្រុកយូដាវិញ ហើយទៅរស់នៅតាមស្រុកភូមិរបស់គេរៀងៗខ្លួន។ ៧ អ្នកទាំងនោះវិលត្រឡប់ មកវិញ ក្រោមការដឹកនាំរបស់លោកសូរ៉ូបាបិល លោកយ៉ូស៊ូអា លោកនេហេមី លោកអសារីយ៉ា លោករ៉ាមីយ៉ា លោកណាហាម៉ានី លោកម៉ាដេកាយ លោកប៊ីលសន លោកមីសពេរ៉េត លោកប៊ីគវ៉ាយ លោកនេហ៊ូម និងលោកបាណា។ ចំនួនមនុស្សក្នុងចំណោមប្រជាជនអ៊ីស្រាអែលមានដូចតទៅ:
៨ កូនចៅរបស់លោកប៉ារ៉ូស មាន ២ ១៧២នាក់
៩ កូនចៅរបស់លោកសេផាទីយ៉ាមាន ៣៧២នាក់
១០ កូនចៅរបស់លោកអរ៉ា មាន ៦៥២នាក់
១១ កូនចៅរបស់លោកប៉ាហាត់-ម៉ូអាប់ កូនចៅរបស់លោកយ៉ូស៊ូអា និងកូនចៅរបស់លោកយ៉ូអាប់ មាន ២ ៨១៨នាក់
១២ កូនចៅរបស់លោកអេឡាំ មាន ១ ២៥៤នាក់
១៣ កូនចៅរបស់លោកសាធូ មាន ៨៤៥នាក់
១៤ កូនចៅរបស់លោកសូកៃ មាន ៧៦០ នាក់
១៥ កូនចៅរបស់លោកប៊ីនូអ៊ីន មាន ៦៤៨នាក់
១៦ កូនចៅរបស់លោកបេបាយ មាន ៦២៨នាក់
១៧ កូនចៅរបស់លោកអាសកាដ មាន ២ ៣២២នាក់
១៨ កូនចៅរបស់លោកអដូនីកាំ មាន ៦៦៧នាក់
១៩ កូនចៅរបស់លោកប៊ីគវ៉ៃ មាន ២ ០៦៧នាក់
២០ កូនចៅរបស់លោកអឌីន មាន ៦៥៥នាក់
២១ កូនចៅរបស់លោកអធែរ ដែលជាពូជពង្សរបស់លោកហ៊ីសគីយ៉ា មាន ៩៨នាក់
២២ កូនចៅរបស់លោកហាស៊ូម មាន ៣២៨នាក់
២៣ កូនចៅរបស់លោកបេសាយ មាន ៣២៤នាក់
២៤ កូនចៅរបស់លោកហារីភ មាន ១១២នាក់
២៥ កូនចៅរបស់អ្នកស្រុកកាបូន មាន ៩៥នាក់
២៦ អ្នកភូមិបេថ្លេហិម និងនេតូផា មាន១៨៨នាក់
២៧ អ្នកភូមិអាណាតូត មាន ១២៨នាក់
២៨ អ្នកភូមិបេតអាសម៉ាវិត មាន ៤២នាក់
២៩ អ្នកក្រុងគៀរីយ៉ាត-យេអារីម កេភីរ៉ា និងបេរ៉ូត មាន ៧៤៣នាក់
៣០ អ្នកក្រុងរ៉ាម៉ា និងកេបា មាន ៦២១នាក់
៣១ អ្នកក្រុងមីកម៉ាស មាន ១២២នាក់
៣២ អ្នកក្រុងបេតអែល និងអៃ មាន ១២៣នាក់
៣៣ អ្នកភូមិណាបូមួយទៀត មាន ៥២នាក់
៣៤ កូនចៅរបស់លោកអេឡាំម្នាក់ទៀត មាន ១ ២៥៤នាក់
៣៥ កូនចៅរបស់លោកហារីម មាន ៣២០នាក់
៣៦ អ្នកក្រុងយេរីខូ មាន ៣៤៥នាក់
៣៧ អ្នកក្រុងឡូដ ហាឌីដ និងអូណូ មាន ៧២១នាក់
៣៨ អ្នកក្រុងសេណា មាន ៣ ៩៣០ នាក់។
៣៩ ក្រុមបូជាចារ្យជាកូនចៅលោកយេដាយ៉ា ក្រុមគ្រួសារលោកយ៉ូស៊ូអា មាន ៩៧៣នាក់
៤០ កូនចៅរបស់លោកអ៊ីមែរ មាន ១ ០៥២នាក់
៤១ កូនចៅរបស់លោកប៉ាសួរ មាន ១ ២៤៧នាក់
៤២ កូនចៅរបស់លោកហារីម មាន ១ ០១៧នាក់។
៤៣ ក្រុមលេវីជាកូនចៅរបស់លោកយ៉ូស៊ូអា កូនចៅរបស់លោកកាដមីអែល និងកូនចៅរបស់លោកហូដវ៉ា មាន ៧៤នាក់។
៤៤ ក្រុមចំរៀងជាកូនចៅរបស់លោកអេសាភ មាន ១៤៨នាក់។
៤៥ ក្រុមយាមទ្វារ ជាកូនចៅរបស់លោកសាលូម កូនចៅរបស់លោកអធែរ កូនចៅរបស់លោកថាល់ម៉ូន កូនចៅរបស់លោកអាកគូប កូនចៅរបស់លោកហាធីថា និងកូនចៅរបស់លោកសូបាយ មាន ១៣៨នាក់។
៤៦ ក្រុមអ្នកបំរើព្រះវិហារ ដែលជាកូនចៅរបស់លោកស៊ីហា កូនចៅរបស់លោកហាស៊ូផា កូនចៅរបស់លោកថាបូត ៤៧ កូនចៅរបស់លោកកេរ៉ូស កូនចៅរបស់លោកស៊ីយ៉ា កូនចៅរបស់លោកប៉ាដូន ៤៨ កូនចៅរបស់លោកលេបាណា កូនចៅរបស់លោកហាកាបា កូនចៅរបស់លោកសាលម៉ាយ ៤៩ កូនចៅរបស់លោកហាណាន កូនចៅរបស់លោកគីដិល កូនចៅរបស់លោកកាហា ៥០ កូនចៅរបស់លោករេយ៉ា កូនចៅរបស់លោករេស៊ីន កូនចៅរបស់លោកនេកូដា ៥១ កូនចៅរបស់លោកកាសាម កូនចៅរបស់លោកអ៊ូសា កូនចៅរបស់លោកប៉ាសេអា ៥២ កូនចៅរបស់លោកបេសាយ កូនចៅរបស់លោកមេហ៊ូនីម កូនចៅរបស់លោកនេភីសស៊ីម ៥៣ កូនចៅរបស់លោកបាគប៊ូគ កូនចៅរបស់លោកហាគបា កូនចៅរបស់លោកហាហួរ ៥៤ កូនចៅរបស់លោកបាសលូត កូនចៅរបស់លោកមេហ៊ីដា កូនចៅរបស់លោកហារសា ៥៥ កូនចៅរបស់លោកបារកូស កូនចៅរបស់លោកស៊ីសេរ៉ា កូនចៅរបស់លោកថាម៉ា ៥៦ កូនចៅរបស់លោកនេស៊ីយ៉ា កូនចៅរបស់លោកហាធីផា ៥៧ កូនចៅពួកអ្នកបំរើរបស់ព្រះបាទសាឡូម៉ូន គឺកូនចៅរបស់លោកសូថាយ កូនចៅរបស់លោកសូផេរេត កូនចៅរបស់លោកពេរីដា ៥៨ កូនចៅរបស់លោកយ៉ាឡា កូនចៅរបស់លោកដារកុន កូនចៅរបស់លោកគីដិល ៥៩ កូនចៅរបស់លោកសេផាទីយ៉ាកូន ចៅរបស់លោកហាធីល កូនចៅរបស់លោកប៉ូកេរិត-ហាសេបាអ៊ីម និងកូនចៅរបស់លោកអម៉ូន ៦០ សរុបទាំងអស់ក្រុមអ្នកបំរើព្រះវិហារ និងកូនចៅពួកអ្នកបំរើរបស់ព្រះបាទសាឡូម៉ូន មាន ៣៩២នាក់។
៦១ រីឯអស់ អ្នកដែលមកពីតេល-មេឡា តេល-ហារសា កេរូប-អដូន និងអ៊ីមែរ ហើយពុំស្គាល់ញាតិសន្ដាន និងដូនតារបស់ខ្លួន ដើម្បីបញ្ជាក់ថាគេពិតជាជនជាតិអ៊ីស្រាអែលមែននោះគឺ ៦២ កូនចៅរបស់លោកដេឡាយ៉ា កូនចៅរបស់លោកតូប៊ីយ៉ា និងកូនចៅរបស់លោកនេកូដា ដែលមានចំនួន ៦៤២នាក់។
៦៣ ក្នុងចំណោមក្រុមបូជាចារ្យ មានកូនចៅរបស់លោកហូបាយ៉ា កូនចៅរបស់លោកហាកូស កូនចៅរបស់លោកបាស៊ីឡៃ ដែលបានរៀបការជាមួយកូនស្រីរបស់លោកបាស៊ីឡៃ ជាអ្នកស្រុកកាឡាដ ហើយដាក់ឈ្មោះខ្លួនដូចឪពុកក្មេក។ ៦៤ អ្នកទាំងនេះ រកនាមត្រកូលពូជពង្សរបស់ខ្លួនពុំឃើញទេ ដូច្នេះ គេក៏បាត់បង់តំណែងជាបូជាចារ្យ ៦៥ ហើយលោកទេសាភិបាលហាមពួកគេបរិភោគអាហារដ៏សក្ការៈបំផុត រហូតទាល់តែបូជាចារ្យណាម្នាក់សាកសួរអ៊ូរីម និងទូមីម* ជាមុនសិន។
៦៦ សហគមន៍ទាំងមូលមានចំនួន ៤២ ៣៦០ នាក់ ៦៧ ដោយឥតរាប់បញ្ចូល អ្នកបំរើប្រុសស្រីរបស់ពួកគេ ដែលចំនួន ៧ ៣៣៧នាក់ទេ។ ក្នុងចំណោមពួកគេមានអ្នកចំរៀងប្រុសស្រី ២៤៥នាក់។ ៦៨ មានសេះទាំងអស់ ៧៣៦ក្បាល លាកាត់ ២៤៥ក្បាល ៦៩ អូដ្ឋ ៤៣៥ក្បាល និងលា ៦ ៧២០ ក្បាល។
៧០ មានមេ ដឹកនាំក្រុមគ្រួសារមួយចំនួនបានថ្វាយប្រាក់ សំរាប់ការសង់ព្រះវិហារ។ លោកអភិបាលបានថ្វាយមាសមួយពាន់តម្លឹង សំរាប់ព្រះវិហារ ព្រមទាំងពែងហាសិប និងសម្លៀកបំពាក់បូជាចារ្យ ចំនួនប្រាំរយសាមសិបសំរាប់។ ៧១ មេដឹកនាំរបស់ក្រុមគ្រួសារបានថ្វាយមាសចំនួនពីរម៉ឺនតម្លឹងសំរាប់ការសង់ព្រះវិហារ ព្រមទាំងប្រាក់ពីរពាន់ពីររយណែន។ ៧២ ប្រជាជនឯទៀតៗបានថ្វាយមាសចំនួនពីរម៉ឺនតម្លឹង ប្រាក់ពីរពាន់ណែន និងសម្លៀកបំពាក់បូជាចារ្យ ហុកសិបប្រាំពីរសំរាប់។
៧៣ ក្រុម បូជាចារ្យក្រុមលេវី ក្រុមយាមទ្វារក្រុមចំរៀងប្រជាជន ក្រុមអ្នកបំរើព្រះវិហារ និងអ៊ីស្រាអែលទាំងមូល បានទៅរស់នៅតាមក្រុងរបស់គេរៀងៗខ្លួនវិញ។
ជំពូកទី ៨
លោកអែសរ៉ាអានគម្ពីរវិន័យ
១ លុះដល់ខែទីប្រាំពីរ ជនជាតិអ៊ីស្រាអែល ដែលរស់នៅតាមក្រុងរបស់ខ្លួនបានមកជួបជុំគ្នា ដោយមានចិត្តគំនិតតែមួយ ក្នុងព្រលានដែលស្ថិតនៅខាងមុខទ្វារគង្គា។ ពួកគេសុំអោយលោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យយកគម្ពីរវិន័យរបស់លោកម៉ូសេ គឺវិន័យដែលព្រះអម្ចាស់ ប្រទានមកអោយជនជាតិអ៊ីស្រាអែលកាន់តាម។ ២ លោកបូជាចារ្យអែសរ៉ា ក៏យកគម្ពីរវិន័យមកខាងមុខអង្គប្រជុំ ដែលមានប្រជាជនប្រុសស្រី និងក្មេងៗ ដែលមានវ័យអាចយល់បាន។ ថ្ងៃនោះជាថ្ងៃទីមួយ នៃខែទីប្រាំពីរ។
៣ តាំងពី ព្រឹករហូតដល់ថ្ងៃត្រង់ លោកអែសរ៉ាអានគម្ពីរវិន័យនេះនៅខាងមុខព្រលាន ដែលស្ថិតនៅទល់មុខទ្វារគង្គាអោយប្រជាជនស្ដាប់ គឺប្រជាជនទាំងប្រុសទាំងស្រី និងក្មេងៗ ដែលមានវ័យអាចយល់បាន។ ប្រជាជនទាំងមូលយកចិត្តទុកដាក់ស្ដាប់លោកអានគម្ពីរវិន័យ។ ៤ លោកអែសរ៉ាជាបណ្ឌិតខាង វិន័យ ឈរនៅលើវេទិកាឈើមួយដែលគេបានដំឡើងសំរាប់ពេលនោះ។ លោកម៉ាធីធីយ៉ា លោកសេម៉ា លោកអាណាយ៉ា លោកអ៊ូរីលោកហ៊ីលគីយ៉ា និងលោកម៉ាសេយ៉ា ឈរនៅខាងស្ដាំដៃរបស់លោក ហើយលោកពេដាយ៉ា លោកមីកាអែល លោកម៉ាល់គីយ៉ា លោកហាស៊ូម លោកហាសបាដដាណា លោកសាការី និងលោកមេស៊ូឡាម ឈរនៅខាងឆ្វេងដៃរបស់លោក។ ៥ លោកអែសរ៉ាបើកគម្ពីរ ហើយប្រជាជនបានឃើញទាំងអស់គ្នា ដ្បិតលោកឈរនៅត្រង់កន្លែងខ្ពស់ជាងគេ។ ពេលគម្ពីរបើកចំហប្រជាជនទាំងមូលក៏ក្រោកឈរឡើង។ ៦ លោកអែសរ៉ាលើកតម្កើងព្រះអម្ចាស់ ជាព្រះដ៏ឧត្ដុង្គឧត្ដម ហើយប្រជាជនទាំងមូលឆ្លើយតបវិញ ទាំងលើកដៃឡើងលើថា «អាម៉ែន! អាម៉ែន!» រួចក្រាបថ្វាយបង្គំព្រះអម្ចាស់អោនមុខដល់ដី។ ៧ លោកយ៉ូស៊ូអា លោកបានី លោកសេរេប៊ីយ៉ា លោកយ៉ាមីន លោកអាកគូប លោកសាបឺថាយ លោកហូឌីយ៉ា លោកម៉ាសេយ៉ា លោកកេលីថា លោកអសារីយ៉ា លោកយ៉ូសាបាដ លោកហាណន លោកពេឡាយ៉ា និងក្រុមលេវី បកស្រាយគម្ពីរវិន័យពន្យល់ប្រជាជន ហើយប្រជាជនឈរនៅទីនោះ។ ៨ ពួកគេអានគម្ពីរវិន័យរបស់ព្រះជាម្ចាស់ យ៉ាងច្បាស់ៗ ព្រមទាំងបកស្រាយអត្ថន័យនៃសេចក្ដី ដែលពួកគេអាននោះអោយប្រជាជនយល់។
៩ ពេលប្រជាជនទាំងមូលឮព្រះបន្ទូល ដែលមាននៅក្នុងគម្ពីរវិន័យពួកគេនាំគ្នាយំ។ ដូច្នេះ លោកទេសាភិបាលនេហេមី លោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យ និងក្រុមលេវី ដែលមាននាទីបកស្រាយវិន័យ ពោលទៅកាន់ប្រជាជនទាំងមូលថា៖ «ថ្ងៃនេះជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា គឺមិនមែនជាពេលដែលត្រូវកាន់ទុក្ខ ឬសោកសង្រេងឡើយ!»។ ១០ លោកអែសរ៉ាមាន ប្រសាសន៍ទៀតថា៖ «ចូរនាំគ្នាត្រឡប់ទៅពិសាសាច់ និងស្រាដ៏ឆ្ងាញ់ៗ ហើយយកមួយចំណែក អោយអស់អ្នកដែលមិនទាន់រៀបចំបរិភោគនោះផង ដ្បិតថ្ងៃនេះ ជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់នៃយើង មិនត្រូវកើតទុក្ខព្រួយឡើយ ព្រោះអំណរដែលមកពីព្រះអម្ចាស់ ជាកម្លាំងរបស់អ្នករាល់គ្នា»។ ១១ ក្រុមលេវីក៏លួងលោមប្រជាជនដោយពោលថា៖ «សូមបងប្អូនឈប់យំទៅ ដ្បិតថ្ងៃនេះ ជាថ្ងៃដ៏វិសុទ្ធ គឺមិនត្រូវកើតទុក្ខឡើយ!»។ ១២ ប្រជាជនទាំងអស់នាំ គ្នាចេញទៅបរិភោគអាហារ និងស្រា ហើយយកមួយចំណែកអោយអស់អ្នកដែលគ្មាន។ ពួកគេសប្បាយរីករាយយ៉ាងខ្លាំង ព្រោះតែបានយល់ព្រះបន្ទូលដែលគេបកស្រាយអោយស្ដាប់។
ពិធីប្រារព្ធបុណ្យបារាំ*
១៣ នៅថ្ងៃទីពីរ មេដឹកនាំក្រុមគ្រួសាររបស់ប្រជាជនទាំងអស់ ព្រមទាំងក្រុមបូជាចារ្យ និងក្រុមលេវីជួបជុំគ្នានៅជុំវិញលោកអែសរ៉ាជាបណ្ឌិតខាងវិន័យ ដើម្បីរិះគិតអំពីព្រះបន្ទូលដែលមានចែងទុកក្នុងគម្ពីរវិន័យ។ ១៤ ពួកគេឃើញក្នុងគម្ពីរវិន័យដែលព្រះអម្ចាស់ប្រទានមកតាមរយៈលោកម៉ូសេមានចែងថា នៅក្នុងឱកាសពិធីបុណ្យខែទីប្រាំពីរ ជនជាតិអ៊ីស្រាអែលត្រូវរស់នៅក្នុងបារាំ*។ ១៥ ពួកគេត្រូវប្រាប់ ដំណឹងនេះអោយប្រជាជនទាំងអស់ដឹងនៅតាមក្រុងនានា និងនៅក្រុងយេរូសាឡឹម គឺពួកគេប្រកាសថា “ចូរនាំគ្នាទៅតាមភ្នំ ហើយកាច់មែកអូលីវស្រុក អូលីវព្រៃ មែកចាក មែកទន្សែ និងមែកឈើឯទៀតៗដែលមានស្លឹកច្រើន យកមកសង់បារាំដូចមានចែងទុក”។ ១៦ ពេលនោះ ប្រជាជននាំគ្នាចេញទៅកាច់មែកឈើយកមកសង់បារាំ នៅតាមសំយាបផ្ទះ និងទីធ្លាផ្ទះរបស់ពួកគេរៀងៗខ្លួន ព្រមទាំងសង់បារាំ នៅទីធ្លាព្រះដំណាក់របស់ព្រះជាម្ចាស់នៅព្រលានទ្វារគង្គា និងព្រលានទ្វារអេប្រាអ៊ីម។ ១៧ សហគមន៍ទាំងមូល គឺអស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះនាំគ្នាសង់បារាំ រួចស្នាក់នៅក្នុងបារាំនោះ។ តាំងពីជំនាន់លោកយ៉ូស៊ូអា ជាកូនរបស់លោកនូនរហូតមកទល់សព្វថ្ងៃ ជនជាតិអ៊ីស្រាអែលមិនដែលធ្វើបុណ្យបែបនេះទេ។ ពេលនោះ ប្រជាជនមានអំណរសប្បាយជាខ្លាំង។ ១៨ រៀងរាល់ថ្ងៃ គឺចាប់ពីថ្ងៃដំបូងរហូតដល់ថ្ងៃបង្ហើយបុណ្យ គេអានព្រះបន្ទូលនៅក្នុងគម្ពីរវិន័យរបស់ព្រះជាម្ចាស់។ គេប្រារព្ធពិធីបុណ្យអស់រយៈពេលប្រាំពីរថ្ងៃ ហើយនៅថ្ងៃទីប្រាំបីគេធ្វើបុណ្យយ៉ាងឱឡារិក ស្របតាមវិន័យដែលមានចែងទុក។
ជំពូកទី ៩
ប្រជាជនតមអាហារ និងសារភាពអំពើបាបរបស់ខ្លួន
១ នៅថ្ងៃទីម្ភៃក្នុងខែ ដដែលនោះ ជនជាតិអ៊ីស្រាអែលស្លៀកបាវកាន់ទុក្ខ និងរោយដីលើក្បាល ហើយជួបជុំគ្នាធ្វើពិធីតមអាហារ។ ២ អស់អ្នកដែលជាពូជពង្ស អ៊ីស្រាអែល បានញែកខ្លួនចេញពីសាសន៍ដទៃទាំងប៉ុន្មាន ហើយនាំគ្នាចូលមកសារភាពអំពើបាបរបស់ខ្លួន និងកំហុសដូនតា។ ៣ បន្ទាប់មក ពួកគេក្រោកឈរឡើងតាមកន្លែងរៀងៗខ្លួន ហើយស្ដាប់គម្ពីរវិន័យរបស់ព្រះអម្ចាស់ ជាព្រះនៃពួកគេ ក្នុងអំឡុងពេលបីម៉ោង រួចបីម៉ោងទៀតពួកគេសារភាពអំពើបាប និងក្រាបថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។ ៤ លោកយ៉ូស៊ូអា លោកបានី លោកកាដមីអែល លោកសេបានីយ៉ា លោកប៊ូនី លោកសេរេប៊ីយ៉ា លោកបានី និងលោកកេណានី នាំគ្នាឡើងទៅលើវេទិការបស់ក្រុមលេវី ហើយស្រែកទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់ខ្លួនដោយបន្លឺសំឡេងយ៉ាងខ្លាំងៗ។ ៥ បន្ទាប់មក ក្រុមលេវី លោកយ៉ូស៊ូអា លោកកាដមីអែល លោកបានី លោកហាសាបនី លោកសេរេប៊ីយ៉ា លោកហូឌីយ៉ា លោកសេបានីយ៉ា និងលោកពេតាយ៉ាពោលថា៖ «ចូរនាំគ្នាក្រោកឡើង លើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា តាំងពីអស់កល្បរៀងមក រហូតដល់អស់កល្បរៀងទៅ!»។
ពាក្យអធិស្ឋានរបស់ប្រជាជន
«បពិត្រព្រះអម្ចាស់ យើងខ្ញុំសូមលើកតម្កើង
ព្រះនាមដ៏រុងរឿងរបស់ព្រះអង្គ
ជាព្រះនាមប្រសើរលើសអ្វីៗទាំងអស់
ដែលពុំអាចរកពាក្យមកថ្លែង
ដើម្បីលើកតម្កើង និងសរសើរបាន!
៦ មានតែព្រះអង្គទេដែលជាព្រះអម្ចាស់
ព្រះអង្គបានបង្កើតផ្ទៃមេឃ
ព្រមទាំងផ្ទៃមេឃដ៏ខ្ពស់បំផុត
និងផ្កាយទាំងប៉ុន្មានដែលស្ថិតនៅលើមេឃ
ព្រះអង្គក៏បានបង្កើតផែនដី
និងអ្វីៗទាំងអស់នៅលើផែនដី
សមុទ្រ និងអ្វីៗនៅក្នុងសមុទ្រ។
ព្រះអង្គប្រទានជីវិតដល់អ្វីៗសព្វសារពើ
ហ្វូងតារាទាំងអស់នៅលើមេឃ
នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ
៧ ឱព្រះជាអម្ចាស់អើយ គឺព្រះអង្គហើយ
ដែលបានជ្រើសរើសលោកអាប់រ៉ាម
និងនាំលោកចេញពីក្រុងអួរ នៅស្រុកខាល់ដេ
ហើយព្រះអង្គប្រទាននាមលោកថាអប្រាហាំ។
៨ ព្រះអង្គឈ្វេងយល់លោកមាន
ចិត្តស្មោះត្រង់នឹងព្រះអង្គ
ព្រះអង្គក៏បានចងសម្ពន្ធមេត្រីជាមួយលោក
ដើម្បីប្រគល់ទឹកដីរបស់ជនជាតិកាណាន
ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត
ជនជាតិយេប៊ូស និងជនជាតិគៀរកាស៊ី
អោយពូជពង្សរបស់លោក។
ព្រះអង្គបានធ្វើតាមព្រះបន្ទូលសន្យា
ដ្បិតព្រះអង្គជាព្រះដ៏សុចរិត។
៩ ព្រះអង្គទតឃើញទុក្ខវេទនានៃបុព្វបុរស
របស់យើងខ្ញុំនៅស្រុកអេស៊ីប
ព្រះអង្គបានឮសំរែករបស់ពួកគេ
នៅក្បែរសមុទ្រកក់។
១០ ព្រះអង្គបានសំដែងទីសម្គាល់
និងប្ញទ្ធិបាដិហារិយ៍ផ្សេងៗ
ប្រឆាំងនឹងស្ដេចផារ៉ោន
ព្រមទាំងមន្ត្រីទាំងអស់របស់ស្ដេច
និងប្រជាជននៅស្រុកអេស៊ីបទាំងមូល
ដ្បិតព្រះអង្គជ្រាបថា គេមានចិត្តកោងកាច
ធ្វើបាបបុព្វបុរសរបស់យើងខ្ញុំយ៉ាងណាខ្លះ។
ព្រះអង្គបានធ្វើអោយព្រះនាមរបស់ព្រះអង្គ
ល្បីល្បាញរហូតដល់សព្វថ្ងៃ។
១១ ព្រះអង្គបានញែកទឹកសមុទ្រចេញពីគ្នា
នៅចំពោះមុខបុព្វបុរសរបស់យើង
ពួកគេដើរកាត់បាតសមុទ្រ
ប៉ុន្តែ ព្រះអង្គបានទម្លាក់អស់អ្នកដែល
ដេញតាមពីក្រោយពួកគេ ទៅក្នុងទីជំរៅ
ដូចដុំថ្មដែលគេបោះទៅក្នុងមហាសាគរ។
១២ នៅពេលថ្ងៃព្រះអង្គដឹកនាំពួកគេ
ដោយដុំពពក
នៅពេលយប់ព្រះអង្គបំភ្លឺផ្លូវពួកគេដោយដុំភ្លើង។
១៣ ព្រះអង្គយាងចុះមកលើភ្នំស៊ីណៃ
ព្រះអង្គមានព្រះបន្ទូលពីលើមេឃ មកពួកគេ
ហើយប្រទានបញ្ញត្ដិដ៏ត្រឹមត្រូវ វិន័យដ៏ពិត ព្រមទាំងក្រឹត្យវិន័យ និងបទបញ្ជាផ្សេងៗមកអោយពួកគេ។ ១៤ ព្រះអង្គប្រទានអោយពួកគេស្គាល់ ថ្ងៃសប្ប័ទដ៏វិសុទ្ធរបស់ព្រះអង្គ ហើយប្រទានបទបញ្ជា ច្បាប់ព្រមទាំង ក្រឹត្យវិន័យមកពួកគេ តាមរយៈលោកម៉ូសេ
ជាអ្នកបំរើរបស់ព្រះអង្គ។
១៥ នៅពេលដែលពួកគេឃ្លាន ព្រះអង្គប្រទាន
អាហារពីលើមេឃមកអោយពួកគេ
នៅពេលដែលពួកគេស្រេកទឹក
ព្រះអង្គធ្វើអោយមានទឹកហូរចេញពីថ្មដា។
ព្រះអង្គបញ្ជាពួកគេអោយចូល
ទៅកាន់កាប់ទឹកដីដែលព្រះអង្គបានសន្យា
យ៉ាងម៉ឺងម៉ាត់ថា នឹងប្រទានអោយពួកគេ។
១៦ ប៉ុន្តែ ដូនតារបស់យើងខ្ញុំមានអំនួត
និងមានចិត្តរឹងចចេស
ពុំព្រមស្ដាប់តាមបទបញ្ជារបស់ព្រះអង្គទេ។
១៧ ពួកគេបដិសេធមិនព្រមស្ដាប់បង្គាប់
ហើយបំភ្លេចការអស្ចារ្យទាំងប៉ុន្មាន
ដែលព្រះអង្គបានធ្វើដើម្បីជួយពួកគេ។
ពួកគេបានតាំងចិត្តរឹងចចេស ហើយបះបោរ
ពួកគេបានតែងតាំងមេដឹកនាំម្នាក់
ចង់វិលទៅរកទាសភាពវិញ។
ប៉ុន្តែ ព្រះអង្គជាព្រះដែលតែងតែអត់ទោស
ព្រះអង្គប្រកបដោយព្រះហឫទ័យ
អាណិតអាសូរ និងប្រណីសន្ដោស
ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់
និងពោរពេញដោយព្រះហឫទ័យមេត្តាករុណា
ព្រះអង្គមិនបោះបង់ចោលពួកគេឡើយ។
១៨ ទោះបីពួកគេសិតរូបកូនគោមួយ
ទាំងពោលថា “នេះនែ៎ ព្រះរបស់អ្នក
ដែលបាននាំអ្នកចេញមកពីស្រុកអេស៊ីប!”
ហើយទោះបីពួកគេបានប្រមាថ
ព្រះអង្គខ្លាំងយ៉ាងណាក្ដី
១៩ ក៏ព្រះអង្គពុំបានបោះបង់ចោលពួកគេ
នៅវាលរហោស្ថានឡើយ
ព្រោះព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ
ពួកគេយ៉ាងខ្លាំង។
នៅពេលថ្ងៃព្រះអង្គនៅតែដឹកនាំពួកគេ ដោយដុំពពក
នៅពេលយប់ព្រះអង្គនៅតែបំភ្លឺផ្លូវពួកគេ ដោយដុំភ្លើង។
២០ ព្រះអង្គប្រទានព្រះវិញ្ញាណដ៏ល្អរបស់ព្រះអង្គ មកពួកគេ
ដើម្បីអោយពួកគេចេះគិតពិចារណា
ព្រះអង្គប្រទាននំម៉ាណាអោយពួកគេបរិភោគ
ព្រមទាំងប្រទានទឹកអោយពួកគេ
មិនដែលអាក់ខានឡើយ។
២១ ក្នុងអំឡុងពេលសែសិបឆ្នាំ
ព្រះអង្គបានផ្គត់ផ្គង់អ្វីៗទាំងអស់
ដែលពួកគេត្រូវការនៅវាលរហោស្ថាន
ពួកគេមិនដែលខ្វះខាតអ្វីឡើយ
សម្លៀកបំពាក់របស់ពួកគេមិនរេចរឹល
ហើយជើងរបស់ពួកគេក៏មិនហើមដែរ។
២២ ព្រះអង្គបានប្រគល់ទឹកដីរបស់នគរ
និងជាតិសាសន៍នានា
ដែលនៅជិតខាង មកអោយពួកគេកាន់កាប់។
ពួកគេដណ្ដើមយកបានទឹកដីរបស់
ព្រះបាទស៊ីហុន ជាស្ដេចក្រុងហែសបូន
និងទឹកដីរបស់ព្រះបាទអុក ជាស្ដេចស្រុកបាសាន។
២៣ ព្រះអង្គបានធ្វើអោយកូនចៅរបស់ពួកគេ
កើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ
ហើយព្រះអង្គនាំពួកគេចូលទៅចាប់យកទឹកដី
ដែលព្រះអង្គសន្យាដល់បុព្វបុរសរបស់ពួកគេ
ថានឹងអោយពួកគេកាន់កាប់។
២៤ កូនចៅរបស់ពួកគេក៏ចូលទៅកាន់កាប់ទឹកដី
ព្រះអង្គបានបង្ក្រាបជនជាតិកាណាន
ជាអ្នកស្រុកនោះ នៅមុខពួកគេ
ព្រះអង្គបានប្រគល់ជនជាតិនោះ ទាំងស្ដេច
ទាំងប្រជាជន មកក្នុងកណ្ដាប់ដៃរបស់ពួកគេ
ដើម្បីអោយពួកគេប្រព្រឹត្តតាមអំពើចិត្ត។
២៥ ពួកគេដណ្ដើមយកក្រុង ដែលមានកំពែងរឹងមាំ និង
ទឹកដីដែលមានជីជាតិល្អ។
ពួកគេចាប់យកបានផ្ទះ
ដែលមានពេញដោយទ្រព្យសម្បត្តិគ្រប់យ៉ាង
ព្រមទាំងអណ្ដូងទឹក ចំការទំពាំងបាយជូរ
ចំការអូលីវ និងដើមឈើស៊ីផ្លែគ្រប់មុខ
យ៉ាងច្រើនបរិបូណ៌។
ពួកគេបរិភោគឆ្អែត មានសាច់មានឈាម
ហើយរស់នៅយ៉ាងសប្បាយ
ដោយសារព្រះហឫទ័យសប្បុរសដ៏ធំធេង របស់ព្រះអង្គ។
២៦ ប៉ុន្តែ ក្រោយមក ពួកគេបានលើកគ្នាបះបោរ
ប្រឆាំងនឹងព្រះអង្គ
ពួកគេបោះបង់ចោលវិន័យរបស់ព្រះអង្គ
ហើយសម្លាប់ពួកព្យាការី
ដែលដាស់តឿនពួកគេអោយបែរចិត្ត
មករកព្រះអង្គវិញ
ពួកគេនាំគ្នាប្រមាថព្រះអង្គយ៉ាងខ្លាំង។
២៧ ពេលនោះ ព្រះអង្គក៏ប្រគល់ពួកគេ
ទៅក្នុងកណ្ដាប់ដៃរបស់បច្ចាមិត្ត
ហើយបច្ចាមិត្តជិះជាន់សង្កត់សង្កិនពួកគេ។
ពេលមានអាសន្ន ពួកគេស្រែកអង្វរព្រះអង្គ
ព្រះអង្គស្ដាប់ពួកគេពីស្ថានបរមសុខ*
ហើយអាណិតអាសូរពួកគេយ៉ាងខ្លាំង
ព្រះអង្គប្រទានអ្នករំដោះ
មកសង្គ្រោះពួកគេអោយរួចពីកណ្ដាប់ដៃ របស់បច្ចាមិត្ត។
២៨ ពេលបានសុខក្សេមក្សាន្ត
ពួកគេចាប់ផ្ដើមប្រព្រឹត្តអំពើអាក្រក់
មិនគាប់ព្រះហឫទ័យព្រះអង្គសាជាថ្មី
ព្រះអង្គក៏បោះបង់ចោលពួកគេ
អោយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ
ខ្មាំងសត្រូវក៏ជិះជាន់សង្កត់សង្កិនពួកគេ។
ពេលនោះ ពួកគេស្រែកអង្វរព្រះអង្គសាជាថ្មី
ព្រះអង្គស្ដាប់ពួកគេពីស្ថានបរមសុខ
ព្រះអង្គអាណិតអាសូរពួកគេយ៉ាងខ្លាំង
ហើយព្រះអង្គសង្គ្រោះពួកគេ
ជាច្រើនលើកច្រើនសា។
២៩ ព្រះអង្គបានដាស់តឿនពួកគេអោយវិលមក
កាន់តាមវិន័យរបស់ព្រះអង្គវិញ
តែពួកគេមានចិត្តរឹងចចេស
មិនព្រមស្ដាប់តាមបទបញ្ជារបស់ព្រះអង្គទេ។
វិន័យរបស់ព្រះអង្គតែងតែផ្ដល់ជីវិត
អោយមនុស្សដែលប្រតិបត្តិតាម
ប៉ុន្តែ ពួកគេបែរជាប្រព្រឹត្តអំពើបាបខុសនឹងវិន័យទាំងនេះវិញ។
ពួកគេមានចិត្តមានះ និងរឹងចចេស
មិនព្រមស្ដាប់បង្គាប់ឡើយ។
៣០ ព្រះអង្គទ្រាំទ្រនឹងពួកគេជាច្រើនឆ្នាំ
ព្រះអង្គប្រទានព្រះវិញ្ញាណអោយមក
រំលឹកដាស់តឿនពួកគេ
តាមរយៈពួកព្យាការីរបស់ព្រះអង្គ
ប៉ុន្តែ ពួកគេមិនយកចិត្តទុកដាក់ស្ដាប់ឡើយ
ដូច្នេះ ព្រះអង្គក៏បានប្រគល់ពួកគេ
ទៅក្នុងកណ្ដាប់ដៃរបស់ជនបរទេស។
៣១ ដោយព្រះអង្គអាណិតអាសូរពួកគេយ៉ាងខ្លាំង
ព្រះអង្គមិនលុបបំបាត់ពួកគេ
ឬបោះបង់ចោលពួកគេឡើយ
ដ្បិតព្រះអង្គជាព្រះដែលមានព្រះហឫទ័យ
ប្រណីសន្ដោស និងអាណិតអាសូរ។
៣២ ឱព្រះនៃយើងខ្ញុំអើយ ព្រះអង្គជាព្រះដ៏ឧត្ដម
ប្រកបដោយឫទ្ធានុភាពគួរអោយស្ញែងខ្លាច
ព្រះអង្គតែងតែរក្សាសម្ពន្ធមេត្រី
ហើយមានព្រះហឫទ័យមេត្តាករុណាជានិច្ច។
ឥឡូវនេះ សូមទ្រង់មេត្តាទតមកយើងខ្ញុំ
ដែលកំពុងរងទុក្ខលំបាក
គឺស្ដេចរបស់យើងខ្ញុំ មន្ត្រីរបស់យើងខ្ញុំ
បូជាចារ្យរបស់យើងខ្ញុំ ព្យាការីរបស់យើងខ្ញុំ
ដូនតារបស់យើងខ្ញុំ
និងប្រជាជនទាំងមូលរបស់ព្រះអង្គ
ចាប់ពីជំនាន់ស្ដេចស្រុកអាស្ស៊ីរី
រហូតដល់សព្វថ្ងៃនេះ។
៣៣ ហេតុការណ៍ទាំងប៉ុន្មាន
ដែលកើតមានដល់យើងខ្ញុំបញ្ជាក់ថា
ព្រះអង្គប្រព្រឹត្តចំពោះយើងខ្ញុំ
ដោយយុត្តិធម៌ និងសុចរិតមែន
ព្រោះយើងខ្ញុំបានធ្វើអំពើអាក្រក់។
៣៤ ស្ដេចរបស់យើងខ្ញុំ មន្ត្រីរបស់យើងខ្ញុំ
បូជាចារ្យរបស់យើងខ្ញុំ និងដូនតារបស់យើងខ្ញុំ
ពុំប្រតិបត្តិតាមវិន័យរបស់ព្រះអង្គ
ហើយពួកគេក៏ពុំយកចិត្តទុកដាក់នឹងបទបញ្ជា
ឬការព្រមានផ្សេងៗ
ដែលព្រះអង្គមានព្រះបន្ទូលមកកាន់ពួកគេដែរ។
៣៥ នៅគ្រាដែលគេរស់ក្នុងនគររបស់ខ្លួន
ព្រះអង្គប្រទានអោយពួកគេមានអ្វីៗគ្រប់យ៉ាង
ដ៏សម្បូណ៌សប្បាយ
ក្នុងទឹកដីដ៏ទូលំទូលាយ និងមានជីជាតិល្អ
ពួកគេពុំព្រមគោរពបំរើព្រះអង្គទេ
ហើយក៏ពុំព្រមងាកចេញពីអំពើអាក្រក់ របស់ខ្លួនដែរ។
៣៦ ថ្ងៃនេះយើងខ្ញុំបានធ្លាក់ខ្លួនជាទាសករ!
យើងខ្ញុំធ្វើជាទាសករក្នុងស្រុក
ដែលព្រះអង្គប្រទានអោយបុព្វបុរសរបស់យើងខ្ញុំ
ដើម្បីអោយពួកគេបរិភោគផលផ្លែ
និងទទួលភោគទ្រព្យនៅក្នុងស្រុក!
៣៧ ប៉ុន្តែ ភោគផលដ៏សម្បូណ៌ហូរហៀរទាំងនេះ
បែរជាបម្រុងទុកសំរាប់ស្ដេចនានា
ដែលព្រះអង្គអោយយើងខ្ញុំធ្វើជាចំណុះ
ព្រោះតែអំពើបាបរបស់យើងខ្ញុំ។
គេត្រួតត្រាលើរូបកាយយើងខ្ញុំ
និងប្រើប្រាស់សត្វពាហនៈរបស់យើងខ្ញុំ
តាមអំពើចិត្តរបស់គេ
យើងខ្ញុំរងទុក្ខវេទនាខ្លាំងណាស់!»។
ជំពូកទី ១០
ប្រជាជនសន្យាប្រតិបត្តិតាមវិន័យរបស់ព្រះអម្ចាស់
១(៨.៣៨) ដោយមានហេតុការណ៍កើត ឡើងដូច្នេះ យើងក៏ចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។ នៅក្នុងឯកសារដែលមានបិទត្រានោះ មានចុះហត្ថលេខាមេដឹកនាំរបស់យើង ព្រមទាំងក្រុមលេវី និងបូជាចារ្យ។
២(១) នៅក្នុងឯកសារដែលបិទត្រានោះ មានចុះហត្ថលេខាដូចតទៅ:
លោកនេហេមីជាអភិបាលអាណាខេត្ត និងជាកូនរបស់លោកហាកាលីយ៉ា ជាចៅរបស់លោកសេដេស្យាស ៣(២) លោកសេរ៉ាយ៉ា លោកអសារីយ៉ា លោកយេរេមី ៤(៣) លោកប៉ាសួរ លោកអម៉ារីយ៉ា លោកម៉ាល់គីយ៉ា ៥(៤) លោកហាទូស លោកសេបានីយ៉ា លោកម៉ាលូក ៦(៥) លោកហារីម លោកមេរេម៉ុត លោកអូបាឌី ៧(៦) លោកដានីអែល លោកគីនេតូអ៊ី លោកបារូក ៨(៧) លោកមេស៊ូឡាម លោកអប៊ីយ៉ា លោកមៀរយ៉ាមីន ៩(៨) លោកម៉ាស៊ីយ៉ា លោកប៊ីលកៃ លោកសេម៉ាយ៉ា។ លោកទាំងនោះសុទ្ធតែជាបូជាចារ្យ។
១០(៩) ក្រុមលេវីមាន: លោកយ៉ូស៊ូអា ជាកូនរបស់លោកអសានីយ៉ា លោកប៊ីនូអ៊ីនពីអំបូរហេណាដាដ លោកកាដមីអែល ១១(១០) ព្រមទាំងបងប្អូនរបស់គេទាំងនោះ គឺមានលោកសេបានីយ៉ា លោកហូឌីយ៉ា លោកកេលីថា លោកពេឡាយ៉ា លោកហាណាន ១២(១១) លោកមីកា លោករេហូប លោកហាសាប៊ីយ៉ា ១៣(១២) លោកសាគួរ លោកសេរេប៊ីយ៉ា លោកសេបានីយ៉ា ១៤(១៣) លោកហូឌីយ៉ា លោកបានី និងលោកបេនីនូ។
១៥(១៤)មេដឹកនាំរបស់ប្រជាជនមាន: លោកប៉ារ៉ូស លោកប៉ាហាត់-ម៉ូអាប់ លោកអេឡាម លោកសាធូ លោកបានី ១៦(១៥) លោកប៊ូនី លោកអាសកាដ លោកបេបាយ ១៧(១៦) លោកអដូនីយ៉ា លោកប៊ីគវ៉ាយ លោកអឌីន ១៨(១៧) លោកអធែរ លោកអេសេខ្យាស លោកអស្យួរ ១៩(១៨) លោកហូឌីយ៉ា លោកហាស៊ូម លោកបេសាយ ២០(១៩) លោកហារីភ លោកអណាតូត លោកនេបៃ ២១(២០) លោកម៉ាកពីយ៉ាស លោកមេស៊ូឡាម លោកហេសៀរ ២២(២១) លោកមេសេសាបេល លោកសាដុក លោកយ៉ាឌូអា ២៣(២២) លោកពេឡាទីយ៉ា លោកហាណាន លោកអសាយ៉ា ២៤(២៣) លោកហូសេ លោកហាណានីយ៉ា លោកហាស៊ូប ២៥(២៤) លោកហាឡូហេស លោកពីលហា លោកសូបេក ២៦(២៥) លោករេហ៊ូម លោកហាសាបណា លោកមេសាយ៉ា ២៧(២៦) លោកអហ៊ីយ៉ា លោកហាណាន លោកអណាន ២៨(២៧) លោកម៉ាលូក លោកហារីម លោកបាណា។
២៩(២៨) ប្រជាជនឯទៀតៗ ក្រុមបូជាចារ្យ ក្រុមលេវី ក្រុមយាមទ្វារ ក្រុមចំរៀង ក្រុមបំរើព្រះវិហារ និងអស់អ្នកដែលញែកខ្លួនចេញពីសាសន៍ដទៃ ដើម្បីធ្វើតាមវិន័យរបស់ព្រះជាម្ចាស់ ព្រមទាំងប្រពន្ធ កូនប្រុសកូនស្រីរបស់ខ្លួន និងក្មេងៗដែលមានវ័យអាចយល់បាន ៣០(២៩) នាំគ្នាចូលរួមជា មួយបងប្អូនរបស់ខ្លួន ជាមនុស្សដែលគេគោរពរាប់អានដើម្បីសន្យា និងសច្ចាថា សុខចិត្តកាន់តាមវិន័យ ដែលព្រះជាម្ចាស់ប្រទានមកតាមរយៈលោក ម៉ូសេ ជាអ្នកបំរើរបស់ព្រះអង្គ។ យើងសុខចិត្តកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ព្រមទាំងច្បាប់ និងវិន័យរបស់ព្រះអម្ចាស់ ជាព្រះនៃយើង។ ៣១(៣០) យើងសន្យាថា មិនលើកកូនស្រីរបស់យើង ទៅអោយជនបរទេសដែលរស់នៅក្នុងស្រុកនេះ ហើយក៏មិនដណ្ដឹងកូនស្រីរបស់គេ អោយមកធ្វើជាភរិយារបស់កូនប្រុសយើងដែរ។ ៣២(៣១) នៅថ្ងៃសប្ប័ទ* និងថ្ងៃបុណ្យផ្សេងៗ យើងមិនទិញទំនិញ ឬគ្រឿងបរិភោគ ដែលជនបរទេសយកមកលក់នោះឡើយ។ នៅឆ្នាំទីប្រាំពីរ យើងនឹងទុកដីអោយនៅទំនេរ ហើយលុបបំណុលគ្រប់យ៉ាង។
៣៣(៣២) យើងក៏ ដាក់បទបញ្ជាថា រៀងរាល់ឆ្នាំយើងត្រូវថ្វាយប្រាក់សុទ្ធមួយជីម្នាក់ សំរាប់តំរូវការក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ៣៤(៣៣) គឺចំណាយទៅលើនំបុ័ង ដែលត្រូវតាំងថ្វាយព្រះអម្ចាស់ តង្វាយអចិន្ត្រៃយ៍ តង្វាយដុតទាំងមូល* ដែលត្រូវថ្វាយជាអចិន្ត្រៃយ៍នៅថ្ងៃសប្ប័ទ ថ្ងៃបុណ្យដើមខែ និងបុណ្យសំខាន់ៗវត្ថុសក្ការៈឯទៀតៗ យញ្ញបូជារំដោះបាបជនជាតិអ៊ីស្រាអែល ព្រមទាំងការប្រើប្រាស់ផ្សេងទៀត ក្នុងព្រះដំណាក់របស់ព្រះនៃយើង។ ៣៥(៣៤) ពួកយើងជាបូជាចារ្យ ក្រុមលេវី និងប្រជាជន បានចាប់ឆ្នោតដាក់វេនគ្នាឧបត្ថម្ភអុស សំរាប់ព្រះដំណាក់របស់ព្រះនៃយើង គឺរៀងរាល់ឆ្នាំយើងត្រូវយកអុសមកជាតង្វាយតាមអំបូរ តាមពេលកំណត់ ដើម្បីដុតនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះនៃយើង ដូចមានចែងទុកក្នុងគម្ពីរវិន័យ។ ៣៦(៣៥) យើងក៏សន្យាយកផលដំបូងនៃស្រែចំការ និងផ្លែឈើទាំងប៉ុន្មាន មកថ្វាយនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ជារៀងរាល់ឆ្នាំដែរ។ ៣៧(៣៦) យើងនឹងនាំកូនប្រុស ច្បងរបស់យើងមកថ្វាយព្រះអម្ចាស់ ហើយក៏នាំកូនដំបូងនៃហ្វូងចៀម និងហ្វូងគោរបស់យើងមកថ្វាយព្រះអង្គ ដូចមានចែងទុកក្នុងគម្ពីរវិន័យ គឺយើងនឹងនាំមកជូនក្រុមបូជាចារ្យ ដែលបំរើការងារនៅក្នុងព្រះដំណាក់របស់ព្រះនៃយើង។ ៣៨(៣៧) យើងនឹងនាំម្សៅដំបូង របស់យើង ព្រមទាំងតង្វាយដែលយើងបានញែកទុកដោយឡែក គឺមានផ្លែឈើគ្រប់មុខស្រាទំពាំងបាយជូរថ្មី និងប្រេងមកជូនក្រុមបូជាចារ្យ នៅក្នុងបន្ទប់អមនៃព្រះដំណាក់របស់ព្រះនៃយើង។ យើងនឹងយកភោគផលពីដីរបស់យើងមួយភាគដប់ ជូនក្រុមលេវី។ ក្រុមលេវីត្រូវទៅប្រមូលយកផលទាំងនោះពីស្រុកភូមិ ដែលមានស្រែចំការរបស់យើង។ ៣៩(៣៨) ពេលក្រុមលេវីនាំយក តង្វាយមួយភាគដប់ចូលមក បូជាចារ្យមួយរូបដែលជាពូជពង្សរបស់លោកអរ៉ុន ត្រូវទៅជាមួយ ហើយទទួលយកមួយភាគដប់នៃតង្វាយមួយភាគដប់នោះ ទៅទុកក្នុងឃ្លាំងនៃព្រះដំណាក់របស់ព្រះនៃយើង។ ៤០(៣៩) ជនជាតិអ៊ីស្រាអែល និងក្រុមលេវី ត្រូវយកតង្វាយដែលគេបានញែកទុកដោយឡែក មកទុកក្នុងបន្ទប់ទាំងនោះ គឺមានស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង។ ក្នុងបន្ទប់ទាំងនោះ គេដាក់វត្ថុប្រើប្រាស់ក្នុងទីសក្ការៈ ហើយក្រុមបូជាចារ្យដែលត្រូវវេនបំរើការងារក្រុមយាមទ្វារ និងក្រុមចំរៀងក៏ស្ថិតនៅក្នុងបន្ទប់នោះដែរ។ ដូច្នេះ យើងពុំបោះបង់ចោលព្រះដំណាក់របស់ព្រះនៃយើងឡើយ។
ជំពូកទី ១១
ការបែងចែកកន្លែងអោយជនជាតិយូដាតាំងទីលំនៅសាជាថ្មី នៅក្រុងយេរូសាឡឹម និងក្រុងឯទៀតៗ
១ មេដឹកនាំរបស់ប្រជាជន តាំងទីលំនៅនៅក្រុងយេរូសាឡឹម។ រីឯប្រជាជនវិញ គេបានចាប់ឆ្នោតអោយម្នាក់ ក្នុងចំណោមដប់នាក់ មករស់នៅក្នុងក្រុងយេរូសាឡឹម ជាក្រុងដ៏វិសុទ្ធ ហើយប្រាំបួននាក់ទៀត ត្រូវរស់នៅតាមក្រុងនានា។ ២ ប្រជាជនជូនពរដល់អស់អ្នកដែលស្ម័គ្រចិត្តរស់នៅក្នុងក្រុងយេរូសាឡឹម។ ៣ ពួកចៅហ្វាយខេត្តនាំ គ្នាតាំងទីលំនៅក្នុងក្រុងយេរូសាឡឹម។ រីឯជនជាតិអ៊ីស្រាអែលឯទៀតៗ ក្រុមបូជាចារ្យ ក្រុមលេវី ក្រុមអ្នកបំរើព្រះវិហារ និងកូនចៅរបស់អ្នកបំរើព្រះបាទសាឡូម៉ូន រស់នៅតាមក្រុងនានា ម្នាក់ៗក្នុងទឹកដីដែលជាកម្មសិទ្ធិរបស់ខ្លួន។ ៤ ប៉ុន្តែ មានកូនចៅយូដា និងកូនចៅបេនយ៉ាមីនមួយចំនួន តាំងទីលំនៅ ក្នុងក្រុងយេរូសាឡឹម។ កូនចៅយូដាមានលោកអតាយ៉ា ជាកូនរបស់លោកអូស្យាស ដែលត្រូវជាកូនរបស់លោកសាការី ដែលត្រូវជាកូនរបស់លោកអម៉ារីយ៉ា ដែលត្រូវជាកូនរបស់លោកសេផាទីយ៉ាដែលត្រូវជាកូនរបស់លោកម៉ាហាឡាលេអែល ក្នុងអំបូរពេរេស។ ៥ លោកម៉ាសេយ៉ាជាកូនរបស់ លោកបារូក ដែលត្រូវជាកូនរបស់លោកកុលហូសេ ដែលត្រូវជាកូនរបស់លោកហាសាយ៉ា ដែលត្រូវជាកូនរបស់លោកអដាយ៉ា ដែលត្រូវជាកូនរបស់លោកយ៉ូយ៉ារីប ដែលត្រូវជាកូនរបស់លោកសាការី ដែលត្រូវជាកូនរបស់លោកស៊ីឡូនី។ ៦ កូនចៅរបស់លោកពេរេស ដែលមកតាំងទីលំនៅនៅក្រុងយេរូសាឡឹមសរុបទាំងអស់មាន ៤៦៨នាក់ សុទ្ធសឹងជាមនុស្សដែលមានចិត្តអង់អាច។ ៧ កូនចៅបេនយ៉ាមីនមានលោក ស៊ីលូ ជាកូនរបស់លោកមេស៊ូឡាម ដែលត្រូវជាកូនរបស់លោកយ៉ូអែដ ដែលត្រូវជាកូនរបស់លោកពេដាយ៉ា ដែលត្រូវជាកូនរបស់លោកកូឡាយ៉ា ដែលត្រូវជាកូនរបស់លោកម៉ាសេយ៉ា ដែលត្រូវជាកូនរបស់លោកអ៊ីធីអែល ដែលត្រូវជាកូនរបស់លោកអេសាយ។ ៨ បន្ទាប់មក មានលោកបាអ៊ីន និងលោកសាឡាយ។ សរុបទាំងអស់ កូនចៅរបស់បេនយ៉ាមីនមាន ៩២៨នាក់។ ៩ លោកយ៉ូអែលកូនរបស់លោកស៊ីកគ្រីជាអធិការក្រុង ហើយលោកយូដាកូនរបស់លោកសេនូអា ជាអធិការរងរបស់ទីក្រុង។
១០ ពួកបូជាចារ្យមាន: លោកយេដាយ៉ាជាកូនរបស់លោកយ៉ូយ៉ារីប លោកយ៉ាគីន ១១ លោកសេរ៉ាយ៉ាជាកូន របស់លោកហ៊ីលគីយ៉ា ដែលជាកូនរបស់លោកមេស៊ូឡាម ដែលជាកូនរបស់លោកសាដុក ដែលជាកូនរបស់លោកមេរ៉ាយ៉ុត ដែលជាកូនរបស់លោកអហ៊ីទូប ដែលជាអ្នកដឹកនាំកិច្ចការក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ ១២ ក្រៅពីនោះមានបង ប្អូនរបស់ពួកគេ ដែលទទួលខុសត្រូវលើការងារផ្សេងៗនៅក្នុងព្រះដំណាក់ មានគ្នាទាំងអស់ ៨២២នាក់។ បន្ទាប់មក មានលោកអដាយ៉ា ជាកូនរបស់លោកយេរ៉ូហាំ ដែលជាកូនរបស់លោកពេឡាទីយ៉ា ដែលជាកូនរបស់លោកអាំស៊ី ដែលជាកូនរបស់លោកសាការី ដែលជាកូនរបស់លោកប៉ាសួរ ដែលជាកូនរបស់លោកម៉ាល់គីយ៉ា ១៣ ព្រមទាំងបងប្អូន របស់គាត់ដែលត្រូវជាមេលើក្រុមគ្រួសារ មានគ្នាទាំងអស់ ២៤២នាក់។ បន្ទាប់មកទៀត មានលោកអម៉ាសាយ ជាកូនរបស់លោកអសារ៉ែល ដែលជាកូនរបស់លោកអសៃ ដែលជាកូនរបស់លោកមេស៊ីលេម៉ុត ដែលជាកូនរបស់លោកអ៊ីមែរ ១៤ ព្រមទាំងបងប្អូន របស់គេ សុទ្ធសឹងតែជាមនុស្សសំខាន់ៗ មានគ្នាទាំងអស់ ១២៨នាក់។ លោកសាប់ឌីអែលកូនរបស់លោកកេដូលីម ជាអ្នកគ្រប់គ្រងលើពួកគេ។
១៥ ក្រុម លេវីមាន: លោកសេម៉ាយ៉ាជាកូនរបស់លោកហាស៊ូប ដែលត្រូវជាកូនរបស់លោកអាសរីកាំ ជាកូនរបស់លោកហាសាប៊ីយ៉ា ជាកូនរបស់លោកប៊ូនី។ ១៦ លោកសាបឺថាយ និងលោកយ៉ូសាបាដ ជាអ្នកទទួលបន្ទុកកិច្ចការនៅខាងក្រៅព្រះដំណាក់របស់ព្រះជាម្ចាស់ រួមជាមួយពួកមេដឹកនាំក្រុមលេវី។ ១៧ លោកម៉ាថានីយ៉ា ជាកូនរបស់លោកមីកា ដែលត្រូវជាកូនរបស់លោកសាបឌី ជាកូនរបស់លោកអេសាភ ជាមេដឹកនាំក្រុមចំរៀងសរសើរតម្កើង សំរាប់ពេលអធិស្ឋានលោកបាកប៊ូគីយ៉ា ដែលជាមេដឹកនាំរង ព្រមទាំងលោកអាប់ដា ជាកូនរបស់លោកសាមូអា ដែលត្រូវជាកូនរបស់លោកកាឡាល ជាកូនរបស់លោកយេឌូទូន។ ១៨ សរុបទាំងអស់កូនចៅលេវី ដែលរស់នៅក្នុងក្រុងដ៏វិសុទ្ធមានចំនួន ២៨៤នាក់។
១៩ ក្រុមយាមទ្វារ មាន: លោកអាកគូប លោកថាលម៉ូន និងបងប្អូនរបស់គេ ជាអ្នកយាមទ្វារដែលមានគ្នាទាំងអស់ ១៧២នាក់។
២០ រីឯជន ជាតិអ៊ីស្រាអែលឯទៀតៗ ក្រុមបូជាចារ្យ ក្រុមលេវីនាំគ្នាតាំងទីលំនៅ តាមក្រុងទាំងប៉ុន្មាននៃស្រុកយូដា ក្នុងទឹកដីដែលជាចំណែករបស់ពួកគេ។
២១ ក្រុមអ្នកបំរើព្រះវិហារ តាំងទីលំនៅ នៅភ្នំអូផែល។ លោកស៊ីហា និងលោកគីសប៉ា ជាមេដឹកនាំរបស់ពួកគេ។
២២ អធិការ របស់ក្រុមលេវី នៅក្រុងយេរូសាឡឹម គឺលោកអ៊ូស៊ី ជាកូនរបស់លោកបានី ដែលត្រូវជាកូនរបស់លោកហាសាប៊ីយ៉ា ដែលត្រូវជាកូនរបស់លោកម៉ាថានីយ៉ា ដែលត្រូវជាកូនរបស់លោកមីកា ជាកូនចៅរបស់លោកអេសាភ។ ពួកគេជាក្រុមតន្ត្រីបំរើការងារក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ ២៣ ស្ដេចបានតាក់តែងច្បាប់មួយផ្សេងសំរាប់ក្រុមតន្ត្រី ពួកគេបំពេញមុខងារប្រចាំថ្ងៃ ស្របតាមច្បាប់ដែលបានកំណត់ទុក។ ២៤ លោកពេតាយ៉ា ជាកូនរបស់លោកមេសេសា-បេលក្នុងអំបូរសេរ៉ាស ក្នុងកុលសម្ព័ន្ធយូដា ជាតំណាងរបស់ប្រជាជននៅចំពោះមុខព្រះចៅអធិរាជ។
២៥ រីឯនៅ តាមភូមិ និងតាមតំបន់នានា កូនចៅយូដាតាំងទីលំនៅនៅគៀរីយ៉ាត-អារបា និងស្រុកភូមិជុំវិញឌីបូន និងស្រុកភូមិជុំវិញយេកាបសេអែល និងភូមិនានាដែលនៅជុំវិញ ២៦ យ៉ូស៊ូអា ម៉ូឡាដា បេតប៉ាលេត ២៧ ហាសារ-ស៊ូអាល់ បៀរសេបា និងស្រុកភូមិជុំវិញ ២៨ ស៊ីគឡាក់ មេកូណា និងស្រុកភូមិជុំវិញ ២៩ អេនរីម៉ូន សូរេអា យ៉ាមូត ៣០ សាណូអា អាឌូឡាំ និងភូមិនានាដែលនៅជុំវិញ ឡាគីស និងតំបន់ជុំវិញអាសេកា និងស្រុកភូមិជុំវិញ។ កូនចៅយូដាតាំងទីលំនៅចាប់ពីបៀរសេបា រហូតដល់ជ្រលងភ្នំហ៊ីណូម។
៣១ កូនចៅបេនយ៉ាមីនតាំងទីលំនៅនៅកេបា មីគម៉ាស់ អាយ៉ាបេតអែល និងស្រុកភូមិជុំវិញ ៣២ អាណាតូត ណូប ហាណានីយ៉ា ៣៣ ហាត់ស៊រ រ៉ាម៉ា គីតាអ៊ីម ៣៤ ហាឌីដ សេបូអ៊ីម នេបាឡាត ៣៥ ឡូដ និងអូណូ ជ្រលងភ្នំរបស់ពួកសិប្បករ។ ៣៦ មានពួកលេវីខ្លះចាកចេញពីតំបន់យូដា ទៅរស់នៅក្នុងតំបន់បេនយ៉ាមីន។
ជំពូកទី ១២
បញ្ជីរាយនាមពួកបូជាចារ្យ និងពួកលេវី
១ នេះជាបញ្ជីរាយនាមពួក បូជាចារ្យ និងពួកលេវីដែលបានវិលត្រឡប់មកស្រុកវិញជាមួយលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាមួយលោកយ៉ូស៊ូអា: លោកសេរ៉ាយ៉ា លោកយេរេមី លោកអែសរ៉ា ២ លោកអម៉ារីយ៉ា លោកម៉ាលូក លោកហាទូស ៣ លោកសេកានីយ៉ា លោករេហ៊ូម លោកមេរេម៉ុត ៤ លោកអ៊ីដូ លោកគីនេតូអ៊ី លោកអប៊ីយ៉ា ៥ លោកមៀរយ៉ាមីន លោកម៉ាឌីយ៉ា លោកប៊ីលកា ៦ លោកសេម៉ាយ៉ា លោកយ៉ូយ៉ារីប លោកយេដាយ៉ា ៧ លោកស៊ីលូ លោកអម៉ុក លោកហ៊ីលគីយ៉ា លោកយេដាយ៉ា។ លោកទាំងនេះសុទ្ធតែជាអ្នកដឹកនាំពួកបូជាចារ្យ និងពួកលេវីនៅជំនាន់លោកយ៉ូស៊ូអា។ ៨ ពួកលេវីមាន: លោកយ៉ូស៊ូអា លោកប៊ីនូអ៊ីន លោកកាដមីអែល លោកសេរេប៊ីយ៉ា លោកយូដា លោកម៉ាថានីយ៉ា ដែលជាអ្នកដឹកនាំចំរៀងសរសើរតម្កើងរួមជាមួយបងប្អូនរបស់លោក។ ៩ រីឯលោកបាកប៊ូគីយ៉ា និងលោកអ៊ូនី បំពេញមុខងារនៅទល់មុខនឹងលោកទាំងនោះ។
១០ លោកយ៉ូស៊ូអាជាឪពុករបស់លោកយ៉ូយ៉ាគីម លោកយ៉ូយ៉ាគីមជាឪពុករបស់លោកអេលីយ៉ាស៊ីប លោកអេលីយ៉ាស៊ីបជាឪពុករបស់លោកយ៉ូយ៉ាដា ១១ លោកយ៉ូយ៉ាដាជាឪពុករបស់លោកយ៉ូណាថាន លោកយ៉ូណាថានជាឪពុករបស់លោកយ៉ាឌូអា។
១២ នៅជំនាន់ដែលលោកយ៉ូយ៉ាគីមធ្វើជាមហាបូជាចារ្យ អ្នកដឹកនាំរបស់ក្រុមគ្រួសារបូជាចារ្យ មានរាយនាមដូចតទៅ: លោកមេរីយ៉ាជាមេដឹកនាំគ្រួសារសេរ៉ាយ៉ា លោកហាណានីយ៉ា ជាមេដឹកនាំគ្រួសារយេរេមី ១៣ លោកមេស៊ូឡាម ជាមេដឹកនាំគ្រួសារអែសរ៉ា លោកយ៉ូហាណាន ជាមេដឹកនាំគ្រួសារអម៉ារីយ៉ា ១៤ លោកយ៉ូណាថាន ជាមេដឹកនាំគ្រួសារម៉េលូគី លោកយ៉ូសែប ជាមេដឹកនាំគ្រួសារសេបានីយ៉ា ១៥ លោកអាដណាជាមេដឹកនាំគ្រួសារហារីម លោកហេលកាអ៊ីជាមេដឹកនាំគ្រួសារម៉េរ៉ាយ៉ុត ១៦ លោកសាការីជាមេដឹកនាំគ្រួសារអ៊ីដូ លោកមេស៊ូឡាមជាមេដឹកនាំគ្រួសារគីនេថូន ១៧ លោកស៊ីគរីជាមេដឹកនាំគ្រួសារអប៊ីយ៉ា…ជាមេដឹកនាំគ្រួសារមិនយ៉ាមីន លោកពីលថាយ ជាមេដឹកនាំគ្រួសារម៉ូអាឌីយ៉ា ១៨ លោកសាមូអាជាមេដឹកនាំគ្រួសារប៊ីលកា លោកយ៉ូណាថាន ជាមេដឹកនាំគ្រួសារសេម៉ាយ៉ា ១៩ លោកម៉ាត់ណាយជាមេដឹកនាំគ្រួសារយ៉ូយ៉ារីប លោកអ៊ូស៊ី ជាមេដឹកនាំគ្រួសារយេដាយ៉ា ២០ លោកកាឡាយជាមេដឹកនាំគ្រួសារសាឡាយ លោកអេប៊ែរ ជាមេដឹកនាំគ្រួសារអម៉ុក ២១ លោកហាសាប៊ីយ៉ាជាមេដឹកនាំគ្រួសារហ៊ីលគីយ៉ា លោកណាថាណាអែល ជាមេដឹកនាំគ្រួសារយេដាយ៉ា។
២២ នៅជំនាន់ដែលលោកអេលីយ៉ាស៊ីប លោកយ៉ូយ៉ាដា លោកយ៉ូហាណាន និងលោកយ៉ាឌូអាធ្វើជាមហាបូជាចារ្យជាបន្តបន្ទាប់គ្នា គេបានធ្វើបញ្ជីរាយនាមក្រុមលេវីជាមេលើក្រុមគ្រួសារ និងបញ្ជីរាយនាមក្រុមបូជាចារ្យ រហូតដល់រជ្ជកាលព្រះចៅដារីយុស។ ២៣ ក្រុមលេវីដែលជាមេ ក្រុមគ្រួសារ ក៏មានឈ្មោះក្នុងសៀវភៅកត់ត្រាព្រឹត្តិការណ៍សំខាន់ៗដែរ គឺរហូតដល់ជំនាន់លោកយ៉ូហាណន ជាចៅរបស់លោកអេលីយ៉ាស៊ីប។
២៤ មេដឹកនាំក្រុមលេវី ព្រមទាំងលោកហាសាប៊ីយ៉ា លោកសេរេប៊ីយ៉ា និងលោកយ៉ូស៊ូអាជាកូនរបស់លោកកាដមីអែល ទទួលបន្ទុករួមជាមួយបងប្អូនរបស់ពួកគេឯទៀតៗ ដែលឈរទល់មុខគ្នា នៅពេលច្រៀងសរសើរ និងលើកតម្កើងព្រះអម្ចាស់ តាមក្រុមតាមវេនរបស់ខ្លួន ស្របតាមបទបញ្ជារបស់ព្រះបាទដាវីឌ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់។ ២៥ បន្ទាប់មកមានលោកម៉ាថានីយ៉ា លោកបាកប៊ូគីយ៉ា លោកអូបាឌី លោកមេស៊ូឡាម លោកថាល់ម៉ូន និងលោកអាកគូប ជាអ្នកយាមនៅមាត់ទ្វារព្រះវិហារ។ ២៦ អ្នកទាំងនោះរស់នៅ ជំនាន់លោកយ៉ូយ៉ាគីម ជាកូនរបស់លោកយ៉ូស៊ូអា និងជាចៅរបស់លោកយ៉ូសាដាក គឺនៅជំនាន់លោកនេហេមីកាន់តំណែង ជាទេសាភិបាល ហើយលោកបូជាចារ្យអែសរ៉ាធ្វើជាបណ្ឌិតខាងវិន័យ។
ពិធីសម្ពោធកំពែងក្រុងយេរូសាឡឹម
២៧ លុះដល់ពេលសម្ពោធ កំពែងក្រុង គេទៅប្រមូលពួកលេវីពីគ្រប់ទីកន្លែងដែលពួកគេរស់នៅ អោយមកក្រុងយេរូសាឡឹម ដើម្បីប្រារព្ធពិធីបុណ្យសម្ពោធកំពែងក្រុងយ៉ាងសប្បាយ គឺពួកគេច្រៀងជាក្រុម ព្រមទាំងលើកទំនុកច្រៀង កំដរដោយសំឡេងស្គរ ចាប៉ី និងពិណ។ ២៨ ក្រុមចំរៀងប្រមូលគ្នាផ្ដុំពីកន្លែងផ្សេងៗ នៅជុំវិញក្រុងយេរូសាឡឹម និងនៅតាមភូមិនានានៅតំបន់នេតូផា ២៩ បេតគីលកាល តំបន់កេបា និងអាសម៉ាវេត ដ្បិតក្រុមចំរៀងបានសង់ភូមិជុំវិញក្រុងយេរូសាឡឹម។ ៣០ ពួកបូជាចារ្យ និងពួកលេវីនាំគ្នាធ្វើពិធីជំរះកាយអោយបានបរិសុទ្ធ ព្រមទាំងជំរះប្រជាជនជំរះខ្លោងទ្វារ និងកំពែងក្រុងអោយបានបរិសុទ្ធដែរ។
៣១ ខ្ញុំចាត់មេដឹកនាំរបស់ជនជាតិយូដា អោយឡើងទៅលើកំពែងក្រុង ហើយខ្ញុំក៏បានរៀបចំក្រុមចំរៀងជាពីរពួកដែរ ក្រុមទីមួយដើរនៅលើកំពែងក្រុងប៉ែកខាងស្ដាំឆ្ពោះទៅកាន់ទ្វារ សំរាម។ ៣២ លោកហូសេ និងមេដឹកនាំចំនួនពាក់កណ្ដាល ដើរពីក្រោយក្រុមនោះ ៣៣ បន្ទាប់មក លោកអសារីយ៉ា លោកអែសរ៉ា លោកមេស៊ូឡាម ៣៤ លោកយូដា លោកបេនយ៉ាមីន លោកសេម៉ាយ៉ា លោកយេរេមី ៣៥ ពួកបូជាចារ្យដែលកាន់ ត្រែ លោកសាការីជាកូនរបស់លោកយ៉ូណាថាន ដែលត្រូវជាកូនរបស់លោកសេម៉ាយ៉ា ដែលត្រូវជាកូនរបស់លោកម៉ាថានីយ៉ា ដែលត្រូវជាកូនរបស់លោកមីកា ដែលត្រូវជាកូនរបស់លោកសាគួរ ដែលត្រូវជាកូនរបស់លោកអេសាភ ៣៦ ព្រមទាំងបងប្អូន របស់លោក គឺលោកសេម៉ាយ៉ា លោកអសារ៉ែល លោកមីឡាឡាយ លោកគីឡាឡាយ លោកម៉ាអាយ លោកណាថាណាអែល លោកយូដា និងលោកហាណានី។ លោកទាំងនោះកាន់ឧបករណ៍តន្ត្រីរបស់ព្រះបាទដាវីឌ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់។ លោកអែសរ៉ាជាបណ្ឌិតខាងវិន័យដើរនៅខាងមុខគេ។ ៣៧ ពេលមកដល់មាត់ទ្វារ ប្រភពទឹក ពួកគេឡើងទៅបុរីព្រះបាទដាវីឌ តាមជណ្ដើរកំពែងដែលនៅទល់មុខនោះ កាត់តាមខាងលើដំណាក់របស់ព្រះបាទដាវីឌ រហូតទៅដល់ទ្វារគង្គាដែលនៅខាងកើត។ ៣៨ ក្រុមចំរៀងទីពីរដើរ ប៉ែកខាងឆ្វេង ខ្ញុំដើរតាមក្រោយពួកគេជាមួយប្រជាជន មួយផ្នែកទៀត នៅខាងលើកំពែងក្រុង។ យើងដើរកាត់ខាងលើប៉មឡភ្លើង រហូតដល់កំពែងធំ។ ៣៩ បន្ទាប់មក យើងដើរកាត់ខាងលើទ្វារអេប្រាអ៊ីម ទ្វារចាស់ ទ្វារមច្ឆា ប៉មហាណានេអែល និងប៉មម៉េអា រហូតដល់ទ្វារចៀម ហើយឈប់នៅត្រង់ទ្វារនគរបាល។ ៤០ ក្រុមចំរៀងទាំងពីរ នាំគ្នាឈប់នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ រីឯខ្ញុំ និងពួកអ្នកគ្រប់គ្រងដែលនៅជាមួយក៏ឈប់នៅទីនោះ ៤១ រួមទាំងលោកបូជាចារ្យអេលីយ៉ាគីម ម៉ាសេយ៉ា មិនយ៉ាមីន មីកា អែលយ៉ូណៃ សាការី ហាណានីយ៉ា ដែលជាអ្នកផ្លុំត្រែ ៤២ ហើយក៏មានលោក ម៉ាសេយ៉ា លោកសេម៉ាយ៉ា លោកអេឡាសារ លោកអ៊ូស៊ី លោកយ៉ូហាណន លោកម៉ាល់គីយ៉ា លោកអេឡាំ និងលោកអេស៊ែរ។ ពេលនោះ ក្រុមចំរៀងក៏បន្លឺសំឡេងច្រៀង ក្រោមការដឹកនាំរបស់លោកអធិការយីសរ៉ាហ៊ា។
៤៣ នៅថ្ងៃនោះ ប្រជាជនថ្វាយយញ្ញបូជាជាច្រើន ហើយនាំគ្នាធ្វើបុណ្យយ៉ាងសប្បាយរីករាយ ព្រោះព្រះជាម្ចាស់ប្រទានអោយពួកគេមានអំណរដ៏លើសលប់។ ចំណែកឯស្ត្រី និងក្មេងៗវិញ ក៏នាំគ្នាសប្បាយរីករាយដែរ សំរែកដ៏សប្បាយរបស់ពួកគេលាន់ឮចេញពីក្រុងយេរូសាឡឹមទៅយ៉ាងឆ្ងាយ។
ចំណែករបស់ពួកបូជាចារ្យ និងពួកលេវី
៤៤ នៅថ្ងៃនោះគេបាន ចាត់តាំងមនុស្សអោយមើលខុសត្រូវលើឃ្លាំងដាក់ភោគផល ដែលប្រជាជនយកមកថ្វាយជាតង្វាយផលដំបូង ឬតង្វាយមួយភាគដប់។ អ្នកទាំងនោះមានភារកិច្ចប្រមូលភោគផលពីស្រែចំការនៅជុំវិញក្រុង នានា ដែលជាចំណែករបស់ក្រុមបូជាចារ្យ និងក្រុមលេវី ដូចមានចែងទុកក្នុងវិន័យ ដ្បិតប្រជាជននៅស្រុកយូដាសប្បាយចិត្ត ព្រោះឃើញក្រុមបូជាចារ្យ និងក្រុមលេវីបំពេញមុខងាររបស់ខ្លួន ៤៥ គឺប្រតិបត្តិតាម អ្វីៗសព្វបែបយ៉ាងដែលព្រះរបស់ខ្លួនបង្គាប់ និងធ្វើពិធីជំរះផ្សេងៗ។ រីឯក្រុមចំរៀងក្រុមយាមទ្វារព្រះដំណាក់ ក៏បំពេញមុខងាររបស់ខ្លួន ស្របតាមបញ្ជាដែលព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន ជាបុត្របានចែងទុក។ ៤៦ កាលពីជំនាន់ដើម គឺនៅជំនាន់ព្រះបាទដាវីឌ និងលោកអេសាភ តែងតែមានគ្រូចំរៀងដឹកនាំក្រុមចំរៀង ច្រៀងសរសើរតម្កើង និងអរព្រះគុណព្រះជាម្ចាស់។ ៤៧ នៅជំនាន់លោក សូរ៉ូបាបិល និងជំនាន់លោកនេហេមី ប្រជាជនអ៊ីស្រាអែលទាំងមូល តែងតែញែកចំណែកដ៏សក្ការៈនៃម្ហូបអាហាររបស់ខ្លួន ទៅជូនក្រុមលេវីជារៀងរាល់ថ្ងៃ ហើយក្រុមលេវីក៏ញែកចំណែកដ៏សក្ការៈនៃអាហាររបស់ខ្លួន ជូនកូនចៅរបស់លោកអរ៉ុនដែរ។
ជំពូកទី ១៣
ការកែទំរង់ផ្សេងៗ
១ នៅគ្រានោះពេលអាន គម្ពីរវិន័យរបស់លោកម៉ូសេ នៅចំពោះមុខប្រជាជនទាំងអស់ គេឃើញមានអត្ថបទមួយចែងថា ជនជាតិអាំម៉ូន និងជនជាតិម៉ូអាប់ មិនអាចចូលរួមក្នុងក្រុមជំនុំរបស់ព្រះជាម្ចាស់ជាដាច់ខាត ២ ដ្បិតពួកគេពុំបានយក អាហារ និងទឹក មកទទួលជនជាតិអ៊ីស្រាអែលទេ។ ជនជាតិម៉ូអាប់បានសូកលោកបាឡាមអោយដាក់បណ្ដាសាជនជាតិអ៊ីស្រាអែល។ ប៉ុន្តែ ព្រះរបស់យើងបានប្ដូរបណ្ដាសា អោយប្រែទៅជាព្រះពរវិញ។ ៣ ពេលឮក្រឹត្យវិន័យនេះហើយ គេក៏បំបែកជនជាតិអ៊ីស្រាអែលចេញពីសាសន៍ដទៃទាំងប៉ុន្មាន។ ៤ មុនពេលនោះគេតែងតាំង លោកបូជាចារ្យអេលីយ៉ាស៊ីប អោយមើលខុសត្រូវបន្ទប់នានាក្នុងព្រះដំណាក់របស់ព្រះនៃយើង។ ដោយលោកត្រូវជាសាច់ញាតិរបស់លោកតូប៊ីយ៉ា ៥ លោកបានរៀបចំបន្ទប់មួយ ធំសំរាប់ទទួលលោកតូប៊ីយ៉ា គឺបន្ទប់ដែលគេដាក់តង្វាយម្សៅ គ្រឿងក្រអូប គ្រឿងបរិក្ខាររបស់ព្រះវិហារ ព្រមទាំងស្រូវស្រាទំពាំងបាយជូរ និងប្រេងជាតង្វាយមួយភាគដប់ដែលបម្រុងទុកសំរាប់ពួកលេវី ក្រុមចំរៀង ក្រុមយាមទ្វារ និងជាចំណែកដែលញែកសំរាប់ក្រុមបូជាចារ្យ។ ៦ ពេលហេតុការណ៍នេះកើត មាន ខ្ញុំមិននៅក្រុងយេរូសាឡឹមទេ ដ្បិតខ្ញុំបានវិលទៅគាល់ព្រះចៅអ័រតាស៊ែរសេស ជាស្ដេចស្រុកបាប៊ីឡូនវិញ នៅឆ្នាំទីសាមសិបពីរនៃរជ្ជកាលរបស់ស្ដេច។ នៅចុងឆ្នាំ ខ្ញុំបានទទួលរាជានុញ្ញាត ៧ វិលមកក្រុងយេរូសាឡឹម វិញ ហើយឃើញអំពើដ៏អាក្រក់ដែលលោកអេលីយ៉ាស៊ីបបានប្រព្រឹត្ត គឺលោករៀបចំបន្ទប់មួយក្នុងទីធ្លាព្រះដំណាក់របស់ព្រះជាម្ចាស់ សំរាប់លោកតូប៊ីយ៉ា។ ៨ ខ្ញុំមិនសប្បាយចិត្ត ទាល់តែសោះ ខ្ញុំក៏អោយគេយកសម្ភារៈទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់លោកតូប៊ីយ៉ា បោះទៅខាងក្រៅបន្ទប់ ៩ ខ្ញុំអោយគេធ្វើពិធីជំរះបន្ទប់ទាំងនោះ ហើយយកសម្ភារៈនៃព្រះដំណាក់ព្រះជាម្ចាស់ តង្វាយ និងគ្រឿងក្រអូបមកដាក់ជំនួសវិញ។
១០ ខ្ញុំក៏ទទួលដំណឹងថា ក្រុមលេវីពុំបានទទួលរបបរបស់ខ្លួនទេ ដូច្នេះ ពួកលេវី និងក្រុមចំរៀងដែលត្រូវបំពេញមុខងារនៅក្នុងព្រះដំណាក់ បែរជានាំគ្នារត់ទៅធ្វើស្រែចំការរបស់ខ្លួនទៅវិញ។ ១១ ខ្ញុំស្ដីបន្ទោសពួក អ្នកគ្រប់គ្រងថា «ហេតុអ្វីបានជាអស់លោកបោះបង់ចោលព្រះដំណាក់របស់ព្រះជាម្ចាស់ ដូច្នេះ?»។ ខ្ញុំក៏ប្រមូលក្រុមលេវី និងក្រុមចំរៀង អោយមកបំពេញមុខងាររបស់ខ្លួនវិញ។ ១២ ពេលនោះ ប្រជាជនយូដាទាំងមូលយកស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង ដែលជាតង្វាយមួយភាគដប់មកដាក់ក្នុងឃ្លាំង។ ១៣ ខ្ញុំបានប្រគល់ ភារកិច្ចមើលខុសត្រូវឃ្លាំង ទៅលោកសេមេលីយ៉ាជាបូជាចារ្យ លោកសាដុកជាបណ្ឌិតខាងវិន័យ និងលោកពេដាយ៉ាពីក្រុមលេវី ហើយក៏មានលោកហាណនជាកូនរបស់លោកសាគួរ និងជាចៅរបស់លោកម៉ាថានីយ៉ាធ្វើការរួមជាមួយដែរ។ ប្រជាជនទទួលស្គាល់ថា លោកទាំងនោះជាមនុស្សស្មោះត្រង់ ដូច្នេះ ពួកគេមានភារកិច្ចចែករបបអោយបងប្អូនរបស់ខ្លួន។ ១៤ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីការដែលទូលបង្គំបានធ្វើនេះផង! សូមកុំបំភ្លេចកិច្ចការផ្សេងៗដែលទូលបង្គំបានប្រព្រឹត្ត ដោយចិត្តស្មោះត្រង់ ចំពោះព្រះដំណាក់របស់ព្រះអង្គ និងអោយប្រជាជនធ្វើពិធីគោរពបំរើព្រះអង្គ។
១៥ នៅគ្រា នោះខ្ញុំបានឃើញមនុស្សមួយចំនួននៅស្រុកយូដា នាំគ្នាគាបផ្លែទំពាំងបាយជូរនៅថ្ងៃសប្ប័ទ* ហើយខ្ញុំក៏ឃើញគេដឹកកណ្ដាប់ស្រូវ ដឹកស្រា ដឹកផ្លែទំពាំងបាយជូរ ផ្លែឧទុម្ពរ និងរបស់ឯទៀតៗ លើខ្នងលា នាំចូលមកក្រុងយេរូសាឡឹម នៅថ្ងៃសប្ប័ទ។ ខ្ញុំព្រមានពួកគេកុំអោយលក់ដូរអ្វីនៅថ្ងៃនោះ។ ១៦ មានអ្នកក្រុងទីរ៉ុស ខ្លះដែលរស់នៅក្រុងយេរូសាឡឹម តែងតែដឹកត្រី និងទំនិញគ្រប់យ៉ាង មកលក់អោយអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមនៅថ្ងៃសប្ប័ទ។ ១៧ ខ្ញុំបន្ទោសពួកអភិជននៃស្រុកយូដាថា៖ «ម្ដេចក៏អស់លោកប្រព្រឹត្តអំពើអាក្រក់ ដោយរំលោភលើថ្ងៃសប្ប័ទដូច្នេះ? ១៨ ព្រះជាម្ចាស់បានធ្វើ អោយទុក្ខលំបាកសព្វបែបយ៉ាងកើតមានដល់ពួកយើង និងក្រុងយេរូសាឡឹម ព្រោះតែដូនតារបស់អស់លោកធ្លាប់ប្រព្រឹត្តអាក្រក់បែបនេះដែរ។ រីឯអស់លោកវិញ អស់លោករំលោភលើថ្ងៃសប្ប័ទដូច្នេះ តើអស់លោកចង់ធ្វើអោយព្រះពិរោធរបស់ព្រះអង្គ ឆាបឆេះលើជនជាតិ អ៊ីស្រាអែលកាន់តែខ្លាំងឡើងថែមទៀតឬ!»។ ១៩ បន្ទាប់មក ខ្ញុំបញ្ជាអោយគេខ្ទាស់ទ្វារក្រុង នៅល្ងាចផ្ដើមថ្ងៃសប្ប័ទ ហើយខ្ញុំប្រាប់អោយគេបើកទ្វារវិញ ក្រោយថ្ងៃសប្ប័ទ។ ខ្ញុំដាក់សហការីរបស់ខ្ញុំមួយចំនួន អោយយាមមាត់ទ្វារក្រុង ដើម្បីកុំអោយនរណាដឹកអ្វីចូលទីក្រុងនៅថ្ងៃសប្ប័ទឡើយ។ ២០ ដូច្នេះ អ្នកជំនួញ និងអ្នកលក់ដូរទំនិញគ្រប់យ៉ាង ត្រូវតែនៅខាងក្រៅក្រុងយេរូសាឡឹម មួយយប់ ឬពីរយប់។ ២១ ខ្ញុំព្រមានពួកគេ ថា៖ «ហេតុអ្វី បានជាអ្នករាល់គ្នានៅខាងមុខកំពែងក្រុងដូច្នេះ? ប្រសិនបើអ្នករាល់គ្នាធ្វើបែបនេះទៀត ខ្ញុំនឹងចាប់ខ្លួនអ្នករាល់គ្នាជាមិនខាន»។ ចាប់ពីពេលនោះ ពួកគេលែងធ្វើដំណើរមកក្រុងយេរូសាឡឹម នៅថ្ងៃសប្ប័ទទៀតហើយ។ ២២ ខ្ញុំបានប្រាប់ក្រុម លេវីអោយធ្វើពិធីជំរះកាយ រួចមកយាមទ្វារនៅថ្ងៃសប្ប័ទ ដើម្បីញែកថ្ងៃនោះជាថ្ងៃវិសុទ្ធ។ ឱព្រះនៃទូលបង្គំអើយ ហេតុនេះសូមនឹកចាំពីទូលបង្គំ សូមអាណិតមេត្តាទូលបង្គំ ដោយព្រះហឫទ័យសប្បុរសដ៏ធំធេងរបស់ព្រះអង្គ។
២៣ នៅគ្រា ដដែលនោះ ខ្ញុំសង្កេតឃើញជនជាតិយូដាមួយចំនួន រៀបការជាមួយស្ត្រីមកពីក្រុងអាស្ដូដ ស្ត្រីសាសន៍អម៉ូន និងស្ត្រីសាសន៍ម៉ូអាប់។ ២៤ កូនរបស់ពួកគេចំនួន ពាក់កណ្ដាលនិយាយភាសាអាស្ដូដ គឺមិនចេះនិយាយភាសាយូដាទេ ពួកគេចេះនិយាយតែភាសារបស់ជនជាតិដទៃប៉ុណ្ណោះ។ ២៥ ខ្ញុំបានស្ដីបន្ទោស អ្នកទាំងនោះ និងខ្ញុំដាក់បណ្ដាសាពួកគេ ខ្ញុំបានវាយអ្នកខ្លះ ព្រមទាំងទាញសក់ពួកគេ ហើយអោយពួកគេស្បថក្នុងព្រះនាមព្រះជាម្ចាស់ដោយពោលថា៖ «អ្នករាល់គ្នាមិនត្រូវលើកកូនស្រីអោយសាសន៍ដទៃ និងដណ្ដឹងកូនស្រីរបស់សាសន៍ដទៃ អោយកូនប្រុសរបស់ខ្លួនឡើយ។ ២៦ ព្រោះតែបញ្ហានេះហើយ ដែលព្រះបាទសាឡូម៉ូនជាស្ដេចស្រុកអ៊ីស្រាអែល បានប្រព្រឹត្តអំពើបាប។ ក្នុងចំណោមស្ដេចរបស់ជាតិសាសន៍ទាំងអស់ គ្មានស្ដេចណាមួយដូចព្រះបាទសាឡូម៉ូនទេ។ ព្រះជាម្ចាស់ស្រឡាញ់ព្រះបាទសាឡូម៉ូន ព្រះអង្គបានតែងតាំងស្ដេច អោយគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលទាំងមូល ប៉ុន្តែ ស្ត្រីសាសន៍ដទៃអូសទាញស្ដេចអោយប្រព្រឹត្តអំពើបាប។ ២៧ ដូច្នេះ យើងមិនចង់ឮដំណឹងថា អ្នករាល់គ្នាផ្ទាល់ប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ ហើយក្បត់នឹងព្រះនៃយើង ដោយរៀបការជាមួយស្ត្រីសាសន៍ដទៃឡើយ»។ ២៨ លោកយ៉ូយ៉ាដាជាកូន របស់លោកមហាបូជាចារ្យអេលីយ៉ាស៊ីប មានកូនប្រុសម្នាក់ត្រូវជាកូនប្រសារបស់លោកសាន់បាឡាត់ ជាអ្នកស្រុកហូរ៉ូន។ ខ្ញុំបានដេញអ្នកនោះចេញឆ្ងាយពីខ្ញុំ។ ២៩ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីអ្នកទាំងនោះ ដែលបានធ្វើអោយមុខងាររបស់ខ្លួនជាបូជាចារ្យទៅជាសៅហ្មង ហើយធ្វើអោយសម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយក្រុមបូជាចារ្យ និងក្រុមលេវី ទៅជាស្មៅហ្មងដែរ។ ៣០ ខ្ញុំបានជំរះពួកគេ អោយដាច់ស្រឡះពីជនបរទេស ហើយខ្ញុំបានចេញច្បាប់អោយក្រុមបូជាចារ្យ និងក្រុមលេវី អនុវត្តស្របតាមមុខងាររបស់ខ្លួន។ ៣១ ខ្ញុំបានចាត់ចែងអោយប្រជាជន យកអុសមកថ្វាយតាមពេលកំណត់ ព្រមទាំងតង្វាយដែលជាផលដំបូងនៃដំណាំរបស់គេដែរ។ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីទូលបង្គំ ហើយប្រព្រឹត្តចំពោះទូលបង្គំដោយព្រះហឫទ័យសន្ដោសផង៕