ពាក្យលំនាំ
គម្ពីរអែសរ៉ារៀបរាប់ប្រវត្តិជនជាតិអ៊ីស្រាអែលបន្តពីគម្ពីររបាក្សត្រទី ១ និង ទី ២ ហើយចងក្រងឡើងក្នុងគោលគំនិតតែមួយ និង ទស្សនៈតែមួយដូចគម្ពីររបាក្សត្រដែរ។ គម្ពីរនេះចាប់ផ្តើម ដោយរៀបរាប់អំពីរាជានុញ្ញាតិរបស់ព្រះចៅស៉ីរូសអោយជនជាតិយូដាវិល ត្រឡប់ទៅសង់ព្រះវិហារនៅក្រុងយេរូសាឡឹមឡើងវិញ (ចំពូក ១) ។ ពេលនោះជនជាតិយូដាដែលជាប់ជាឈ្លើយសឹកនាំគ្នាវិលត្រឡប់ទៅស្រុកវិញ (ចំពូក ២) ។ សកម្មភាពដំបូងបង្អស់ដែលពួកគេចាប់ផ្តើមធ្វើនៅក្រុងយេរូសាឡឹម គឺដំឡើងអាសនៈហើយធ្វើពិធី គោរពបំរើព្រះអម្ចាស់ឡើងវិញ (ចំពូក ៣) ។ ប៉ុន្តែពួកគេបានជួបប្រទះនឹងការប្រឆាំងពីសំណាក់បច្ចាមិត្តមួយចំនួនដែលតំរូវអោយ មានទំនាក់ទំនងតាមសំបុត្រជាមួយរដ្ឋបាលពែរ្ស រហូតទាល់តែជនជាតិយូដាទទួលលិខិតបញ្ជាក់ពីព្រះចៅអធិរាជក្នុងការសាងសង់ នេះ(ចំពូក ៤-៦)។
ប្រមាណមួយសតវត្សរ៍កន្លងមកគឺ ផ្នែកទីពីរនៃគម្ពីរនេះ មានរៀបរាប់អំពីលោកបូជាចារ្យអែសរ៉ា ទទួលរាជានុញ្ញាតិពីព្រះចៅអ័រតា ស៊ែរសេស ដើម្បីរៀបចំសកម្មភាពផ្នែកខាងជំនឿសាសនានៅក្រុងយេរូសាឡឹមឡើងវិញ។
ខ្លឹមសារនៃក័ណ្ឌគម្ពីរអែសរ៉ាសង្កត់ទៅលើជំនឿមុតមាំ និង ជីវិតបរិសុទ្ធដែលប្រជារាស្ត្ររបស់ព្រះជាម្ចាស់ត្រូវតែប្រកាន់យកហើយ បង្ហាញអំពីទឹកចិត្តក្លាហាន និង ការប្តេជ្ញាចិត្តរបស់បូជាចារ្យមួយរូបដើម្បីណែនាំប្រជាជាតិអ៊ីស្រាអែលអោយមានជំនឿត្រឹមត្រូវលើព្រះជាម្ចាស់ឡើងវិញ។
លោកអែសរ៉ា
ជំពូកទី ១
មាតុភូមិនិវត្តន៍ក្រាមការដឹកនាំរបស់លោកសូរ៉ូបាបិល ព្រះចៅស៊ីរូសអនុញ្ញាតអោយសង់ព្រះវិហារឡើងវិញ
១ ក្នុងឆ្នាំទីមួយ នៃរជ្ជកាលព្រះចៅស៊ីរូស ជាស្ដេចស្រុកពែរ្ស ព្រះអម្ចាស់បានជំរុញព្រះហឫទ័យព្រះចៅស៊ីរូស អោយចេញសេចក្ដីប្រកាស និងរាជក្រឹត្យក្នុងអាណាចក្ររបស់ស្ដេចទាំងមូល ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងតាមរយៈលោកយេយេរេមី មានសេចក្ដីដូចតទៅ៖
២ «ព្រះចៅស៊ីរូសជាស្ដេចស្រុកពែរ្ស មានរាជឱង្ការដូចតទៅ: ព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ បានប្រគល់នគរទាំងអស់នៅលើផែនដីមកអោយយើងគ្រប់គ្រង។ ព្រះអង្គបញ្ជាអោយយើងសង់ព្រះដំណាក់មួយ នៅក្រុងយេរូសាឡឹមក្នុងស្រុកយូដាថ្វាយព្រះអង្គ។ ៣ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្ត្ររបស់ព្រះអង្គ សូមអោយអ្នកនោះវិលទៅកាន់ក្រុងយេរូសាឡឹម ក្នុងស្រុកយូដាវិញ ហើយសង់ព្រះដំណាក់របស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល គឺជាព្រះដែលគង់នៅក្រុងយេរូសាឡឹម។ សូមអោយព្រះរបស់គេគង់នៅជាមួយគេ។ ៤ ជនជាតិអ៊ីស្រាអែលដែល នៅសេសសល់ ទោះបីរស់នៅទីណាក៏ដោយ ប្រជាជននៅទីនោះត្រូវតែផ្ដល់វិភាគទានដល់ពួកគេជា ប្រាក់ មាស ទ្រព្យសម្បត្តិ និងសត្វ ព្រមទាំងថ្វាយតង្វាយស្ម័គ្រចិត្ត សំរាប់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹមផង»។
៥ ពេលនោះ ពួកមេក្រុមគ្រួសារនៃកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីន ក្រុមបូជាចារ្យ ក្រុមលេវី គឺអស់អ្នកដែលព្រះជាម្ចាស់ជំរុញចិត្ត នាំគ្នាក្រោកឡើង រៀបចំខ្លួនទៅសង់ព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹម។ ៦ អ្នកជិតខាងរបស់ពួកគេ យករបស់របរធ្វើពីប្រាក់ ពីមាស ព្រមទាំងទ្រព្យសម្បត្តិ សត្វ និងវត្ថុដ៏មានតម្លៃគ្រប់យ៉ាងមកជួយឧបត្ថម្ភពួកគេ ហើយក៏មានតង្វាយស្ម័គ្រចិត្តថែមទៀតផង។
៧ គ្រឿងបរិក្ខារផ្សេងៗនៃព្រះដំណាក់របស់ព្រះអម្ចាស់ ដែលព្រះចៅនេបូកានេសាររឹបអូសពីក្រុងយេរូសាឡឹម យកមកដាក់ក្នុងវិហារនៃព្រះរបស់ខ្លួននោះ ព្រះចៅស៊ីរូសប្រគល់មកវិញ។ ៨ ព្រះចៅស៊ីរូសបញ្ជាអោយ លោកមីត្រេដាត ជាអ្នកទទួលខុសត្រូវលើរាជ្យទ្រព្យ យករបស់ទាំងនោះប្រគល់ជូនលោកសេសបាសារ ជាមេដឹកនាំរបស់ជនជាតិយូដា។ ៩ គ្រឿងបរិក្ខារទាំងនោះមានដូចតទៅ: ចានមាសចំនួនសាមសិប ចានប្រាក់ចំនួនមួយពាន់ កាំបិតចំនួនម្ភៃប្រាំបួន ១០ ពែងមាសចំនួនសាមសិប ពែងប្រាក់គុណភាពលេខពីរចំនួនបួនរយដប់ និងវត្ថុផ្សេងៗទៀតចំនួនមួយពាន់។ ១១ សរុបទាំងអស់វត្ថុ ធ្វើពីមាស និងប្រាក់មានចំនួនប្រាំពាន់បួនរយ។ លោកសេសបាសារបាននាំវត្ថុទាំងនោះទៅជាមួយ នៅពេលជនជាតិអ៊ីស្រាអែលដែលជាប់ជាឈ្លើយ ចាកចេញពីក្រុងបាប៊ីឡូនវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។
ជំពូកទី ២
ចំនួនប្រជាជនយូដាដែលវិលត្រឡប់មកស្រុកវិញ
(នេហេមី ៧:៦-៧២)
១ ក្នុងចំណោមអស់អ្នកដែល ព្រះចៅនេបូកានេសារ ជាស្ដេចស្រុកបាប៊ីឡូនចាប់ទៅជាឈ្លើយនោះ មានមួយចំនួនវិលមកក្រុងយេរូសាឡឹម និងស្រុកយូដាវិញ ហើយទៅរស់នៅតាមស្រុកភូមិរបស់គេរៀងៗខ្លួន។ ២ អ្នកទាំងនោះវិលត្រឡប់ មកវិញ ក្រោមការដឹកនាំរបស់លោកសូរ៉ូបាបិល លោកយ៉ូស៊ូអា លោកនេហេមី លោកសេរ៉ាយ៉ា លោករេឡាយ៉ា លោកម៉ាដេកាយ លោកប៊ីលសន លោកមីសប៉ារ លោកប៊ីគវ៉ាយ លោករេហ៊ូម និងលោកបាណា។ ចំនួនមនុស្សក្នុងចំណោមប្រជាជនអ៊ីស្រាអែលមានដូចតទៅ:
៣ កូនចៅរបស់លោកប៉ារ៉ូស មាន ២ ១៧២នាក់
៤ កូនចៅរបស់លោកសេផាទីយ៉ា មាន៣៧២នាក់
៥ កូនចៅរបស់លោកអរ៉ា មាន ៧៧៥នាក់
៦ កូនចៅរបស់លោកប៉ាហាត់-ម៉ូអាប់ កូនចៅរបស់លោកយ៉ូស៊ូអា និងកូនចៅរបស់លោកយ៉ូអាប់ មាន២ ៨១២នាក់
៧ កូនចៅរបស់លោកអេឡាំ មាន ១ ២៥៤នាក់
៨ កូនចៅរបស់លោកសាធូ មាន ៩៤៥នាក់
៩ កូនចៅរបស់លោកសូកៃ មាន ៧៦០ នាក់
១០ កូនចៅរបស់លោកបានី មាន ៦៤២នាក់
១១ កូនចៅរបស់លោកបេបាយ មាន ៦២៣នាក់
១២ កូនចៅរបស់លោកអាសកាដ មាន ១ ២២២នាក់
១៣ កូនចៅរបស់លោកអដូនីកាំ មាន ៦៦៦នាក់
១៤ កូនចៅរបស់លោកប៊ីគវ៉ាយ មាន២ ០៥៦នាក់
១៥ កូនចៅរបស់លោកអឌីន មាន ៤៥៤នាក់
១៦ កូនចៅរបស់លោកអធែរ ដែលជាពូជពង្សរបស់លោកយេហ៊ីលគីយ៉ា មាន ៩៨នាក់
១៧ កូនចៅរបស់លោកបេសាយ មាន ៣២៣ នាក់
១៨ កូនចៅរបស់លោកយ៉ូរ៉ា មាន ១១២នាក់
១៩ កូនចៅរបស់លោកហាស៊ូម មាន ២២៣ នាក់
២០ កូនចៅរបស់លោកគីបបារ មាន ៩៥នាក់
២១ អ្នកភូមិបេថ្លេហិម មាន ១២៣នាក់
២២ អ្នកភូមិ នេតូផា មាន ៥៦នាក់
២៣ អ្នកភូមិអាណាតូត មាន ១២៨នាក់
២៤ អ្នកភូមិអាសម៉ាវិត មាន ៤២នាក់
២៥ អ្នកក្រុងគៀរីយ៉ាត-អារីម កេភីរ៉ា និងបេរ៉ូត មាន ៧៤៣នាក់
២៦ អ្នកក្រុងរ៉ាមីយ៉ា និងកេបា មាន ៦២១នាក់
២៧ អ្នកក្រុងមីកម៉ាស មាន ១២២នាក់
២៨ អ្នកក្រុងបេតអែល និងអៃ មាន២២៣ នាក់
២៩ អ្នកភូមិណាបូ មាន ៥២នាក់
៣០ កូនចៅរបស់លោកម៉ាកប៊ីស មាន ១៥៦នាក់
៣១ កូនចៅរបស់លោកអេឡាំម្នាក់ទៀត មាន ១ ២៥៤នាក់
៣២ កូនចៅរបស់លោកហារីម មាន ៣២០ នាក់
៣៣ អ្នកក្រុងឡូដ ហាឌីដ និងអូណូ មាន ៧២៥នាក់
៣៤ អ្នកក្រុងយេរីខូ មាន ៣៤៥នាក់
៣៥ អ្នកក្រុងសេណា មាន ៣ ៦៣០ នាក់
៣៦ ក្រុមបូជាចារ្យ ជាកូនចៅលោកយេដាយ៉ា ក្នុងក្រុមគ្រួសាររបស់លោកយ៉ូស៊ូអា មាន ៩៧៣នាក់
៣៧ កូនចៅរបស់លោកអ៊ីមែរ មាន ១ ០៥២នាក់
៣៨ កូនចៅរបស់លោកប៉ាសួរ មាន ១ ២៤៧នាក់
៣៩ កូនចៅរបស់លោកហារីម មាន ១ ០១៧នាក់។
៤០ ក្រុមលេវី ជាកូនចៅរបស់លោកយ៉ូស៊ូអា កូនចៅរបស់លោកកាដមីអែល និងកូនចៅរបស់លោកហូដាវីយ៉ា មាន៧៤នាក់
៤១ ក្រុមចំរៀងជាកូនចៅរបស់លោកអេសាភ មាន១២៨នាក់
៤២ ក្រុមយាមទ្វារ ជាកូនចៅរបស់លោកសាលូម កូនចៅរបស់លោកអធែរ កូនចៅរបស់លោកថាល់ម៉ូន កូនចៅរបស់លោកអាកគូប កូនចៅរបស់លោកហាធីថា និងកូនចៅរបស់លោកសូបាយ មាន១៣៩នាក់
៤៣ ក្រុមអ្នកបំរើព្រះវិហារជាកូនចៅរបស់លោកស៊ីហា កូនចៅរបស់លោកហាស៊ូផា កូនចៅរបស់លោកថាបូត ៤៤ កូនចៅរបស់លោកកេរ៉ូស កូនចៅរបស់លោកស៊ីយ៉ាហា កូនចៅរបស់លោកប៉ាដូន ៤៥ កូនចៅរបស់លោកលេបាណា កូនចៅរបស់លោកហាកាបា កូនចៅរបស់លោកអាកគូប ៤៦ កូនចៅរបស់លោកហាកាប កូនចៅរបស់លោកសាមឡៃ កូនចៅរបស់លោកហាណន ៤៧ កូនចៅរបស់លោកគីដេល កូនចៅរបស់លោកកាហា កូនចៅរបស់លោករេយ៉ា ៤៨ កូនចៅរបស់លោករេស៊ីន កូនចៅរបស់លោកនេកូដា កូនចៅរបស់លោកកាសាម ៤៩ កូនចៅរបស់លោកអ៊ូសា កូនចៅរបស់លោកប៉ាសេអា កូនចៅរបស់លោកបេសាយ ៥០ កូនចៅរបស់លោកអស្នា កូនចៅរបស់លោកមេអ៊ូនីម កូនចៅរបស់លោកនេភូស៊ីម ៥១ កូនចៅរបស់លោកបាគប៊ូគ កូនចៅរបស់លោកហាគូបា កូនចៅរបស់លោកហាហួរ ៥២ កូនចៅរបស់លោកបាសលូត កូនចៅរបស់លោកមេហ៊ីដា កូនចៅរបស់លោកហារសា ៥៣ កូនចៅរបស់លោកបារកូស កូនចៅរបស់លោកស៊ីសេរ៉ា កូនចៅរបស់លោកថាម៉ា ៥៤ កូនចៅរបស់លោកនេស៊ីយ៉ា កូនចៅរបស់លោកហាធីផា ៥៥ កូនចៅពួកអ្នកបំរើរបស់ព្រះបាទសាឡូម៉ូន គឺកូនចៅរបស់លោកសូថាយ កូនចៅរបស់លោកសូផេរេត កូនចៅរបស់លោកពេរូដា ៥៦ កូនចៅរបស់លោកយ៉ាឡា កូនចៅរបស់លោកដារកុន កូនចៅរបស់លោកគីដិល ៥៧ កូនចៅរបស់លោកសេផាទីយ៉ា កូនចៅរបស់លោកហាធីល កូនចៅរបស់លោកប៉ូកេរិត-ហាសេបាអ៊ីម និងកូនចៅរបស់លោកអាំម៉ូន។ ៥៨ សរុបទាំងអស់ក្រុមអ្នកបំរើព្រះវិហារ និងកូនចៅពួកអ្នកបំរើព្រះបាទសាឡូម៉ូនមាន ៣៩២នាក់។
៥៩ រីឯអស់ អ្នកដែលមកពីតេល-មេឡា តេល-ហារសា កេរូប-អដូន និងអ៊ីមែរ ហើយពុំស្គាល់ញាតិសន្ដាន និងដូនតារបស់ខ្លួនដើម្បីបញ្ជាក់ថា គេពិតជាជនជាតិអ៊ីស្រាអែលមែននោះគឺ ៦០ កូនចៅរបស់លោកដេឡាយ៉ា កូនចៅរបស់លោកតូប៊ីយ៉ា និងកូនចៅរបស់លោកនេកូដា ដែលមានចំនួន ៦៥២នាក់។
៦១ ក្នុង ចំណោមក្រុមបូជាចារ្យ មានកូនចៅរបស់លោកសូបាយ៉ា កូនចៅរបស់លោកហាកូស កូនចៅរបស់លោកបាស៊ីឡាយ ដែលបានរៀបការជាមួយកូនស្រីរបស់លោកបាស៊ីឡាយជាអ្នកស្រុកកាឡាដ ហើយដាក់ឈ្មោះខ្លួនដូចឪពុកក្មេក។ ៦២ អ្នកទាំងនោះរកនាម ត្រកូលពូជពង្សរបស់ខ្លួនពុំឃើញទេ ដូច្នេះ គេចាត់ទុកអ្នកទាំងនោះមិនបរិសុទ្ធ* ដែលពុំអាចបំពេញមុខងារជាបូជាចារ្យបានឡើយ។ ៦៣ លោកទេសាភិបាលហាមពួកគេបរិភោគអាហារដ៏សក្ការៈបំផុត រហូតទាល់តែបូជាចារ្យណាម្នាក់សាកសួរអ៊ូរីម និងទូមីម*ជាមុនសិន។
៦៤ សហគមន៍ទាំងមូលមានចំនួន៤២ ៣៦០ នាក់ ៦៥ ដោយឥតរាប់បញ្ចូល អ្នកបំរើប្រុសស្រីរបស់ពួកគេដែលមានចំនួន៧ ៣៣៧នាក់ទេ។ ក្នុងចំណោមពួកគេមានអ្នកចំរៀងប្រុសស្រី២០០ នាក់។ ៦៦ មានសេះទាំងអស់ ៧៣៦ក្បាល លាកាត់ ២៤៥ក្បាល ៦៧ អូដ្ឋ៤៣៥ក្បាល និងលា ៦ ៧២០ក្បាល។
៦៨ ពេលមកដល់ព្រះដំណាក់របស់ព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម មានមេដឹកនាំក្រុមគ្រួសារមួយចំនួនធំបានថ្វាយតង្វាយស្ម័គ្រចិត្ត សំរាប់ការសាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅកន្លែងដើមឡើងវិញ។ ៦៩ ពួកគេថ្វាយសំរាប់ ការសង់ព្រះវិហារតាមសមត្ថភាពរបស់ខ្លួន គឺមានមាសចំនួនប្រាំមួយម៉ឺនមួយពាន់តម្លឹង និងប្រាក់ប្រាំពាន់ណែន ព្រមទាំងសម្លៀកបំពាក់បូជាចារ្យចំនួនមួយរយសាមសិបសំរាប់។ ៧០ ក្រុមបូជាចារ្យ ក្រុមលេវី ប្រជាជន ក្រុមចំរៀង ក្រុមយាមទ្វារ ក្រុមអ្នកបំរើព្រះវិហារ និងជនជាតិអ៊ីស្រាអែលទាំងមូល នាំគ្នាទៅរស់នៅតាមក្រុងរបស់គេរៀងៗខ្លួនវិញ។
ជំពូកទី ៣
ការសង់អាសនៈឡើងវិញ
១ លុះដល់ខែទីប្រាំពីរ ជនជាតិអ៊ីស្រាអែល ដែលរស់នៅតាមក្រុងរបស់ខ្លួនបានមកជួបជុំគ្នានៅក្រុងយេរូសាឡឹម ដោយមានចិត្តគំនិតតែមួយ។ ២ លោកយ៉ូស៊ូអា ជាកូនរបស់យ៉ូសាដាក និងបូជាចារ្យឯទៀតៗ ដែលជាបងប្អូនលោកមកជាមួយផង ព្រមទាំងលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងបងប្អូនរបស់លោក នាំគ្នាសង់អាសនៈរបស់ព្រះនៃអ៊ីស្រាអែល ដើម្បីថ្វាយតង្វាយដុតទាំងមូល ដូចមានចែងទុកក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់។ ៣ ពួកគេនាំគ្នាសង់ អាសនៈនេះនៅលើគ្រឹះចាស់ ព្រោះពួកគេភ័យខ្លាចចំពោះប្រជាជនដែលរស់នៅក្នុងស្រុក ហើយថ្វាយតង្វាយដុតទាំងមូលចំពោះព្រះអម្ចាស់ នៅលើអាសនៈនោះ ទាំងព្រឹកទាំងល្ងាច។ ៤ បន្ទាប់មក ជនជាតិអ៊ីស្រាអែលប្រារព្ធពិធីបុណ្យបារាំដូចមានចែងទុកក្នុង គម្ពីរ ហើយពួកគេថ្វាយតង្វាយដុតទាំងមូលជារៀងរាល់ថ្ងៃ តាមចំនួនដែលបានកំណត់ទុក។ ៥ ចាប់ពីពេលនោះមក ពួកគេនាំគ្នាថ្វាយតង្វាយដុតជាអចិន្ត្រៃយ៍ តង្វាយដុតសំរាប់បុណ្យចូលខែថ្មី និងបុណ្យដ៏សំខាន់ៗទាំងប៉ុន្មាន ដែលគេប្រារព្ធថ្វាយព្រះអម្ចាស់ ព្រមទាំងតង្វាយស្ម័គ្រចិត្តដែលប្រជាជនយកមកថ្វាយព្រះអម្ចាស់។ ៦ ចាប់តាំងពីថ្ងៃទីមួយនៃខែទីប្រាំពីរ ពួកគេចាប់ផ្ដើមថ្វាយតង្វាយដុតទាំងមូលចំពោះព្រះអម្ចាស់ ទោះបីគ្រឹះនៃព្រះវិហាររបស់ព្រះអម្ចាស់ ពុំទាន់បានចាក់នៅឡើយក៏ដោយ។
៧ ពួកគេ ជួលជាងដាប់ថ្ម និងជាងឈើ ព្រមទាំងផ្ដល់ស្បៀងអាហារ ភេសជ្ជៈ និងប្រេងអូលីវ ដល់អ្នកក្រុងស៊ីដូន និងក្រុងទីរ៉ុស ដើម្បីអោយពួកនោះនាំឈើតាត្រៅតាមសមុទ្រពីស្រុកលីបង់ រហូតមកដល់កំពង់ផែយ៉ាផា យោងតាមការអនុញ្ញាតរបស់ព្រះបាទស៊ីរូស ជាស្ដេចស្រុកពែរ្ស។ ៨ នៅឆ្នាំទីពីរ ក្នុងខែទីពីរ ក្រោយពួកគេវិលត្រឡប់មកដល់ព្រះដំណាក់នៃព្រះជាម្ចាស់នៅក្រុង យេរូសាឡឹមវិញ លោកសូរ៉ូបាបិលជាកូនរបស់លោកសាលធាល លោកយ៉ូស៊ូអាជាកូនលោកយ៉ូសាដាក និងបូជាចារ្យឯទៀតៗជាបងប្អូនរបស់លោក ក្រុមលេវី ព្រមទាំងអស់អ្នកដែលត្រូវគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ក៏នាំគ្នាចាប់ផ្ដើមសង់ព្រះដំណាក់។ ពួកគេចាត់តាំងក្រុមលេវី ដែលមានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ មើលខុសត្រូវលើការសាងសង់ព្រះដំណាក់របស់ព្រះអម្ចាស់។ ៩ លោកយ៉ូស៊ូអា និងកូន ព្រមទាំងបងប្អូនរបស់លោក គឺមានលោកកាដមីអែល និងកូនរបស់លោក ដែលមកពីអំបូរយូដា កូនចៅរបស់លោកហេណាដាដ ព្រមទាំងកូន និងក្រុមលេវីឯទៀតៗដែលជាបងប្អូនរបស់ពួកគេ រួមគ្នាត្រួតពិនិត្យមើលអស់អ្នកដែលសាងសង់ព្រះដំណាក់ព្រះជាម្ចាស់។
១០ នៅពេលពួកជាងចាក់គ្រឹះព្រះវិហាររបស់ព្រះអម្ចាស់ គេសុំអោយអស់លោកបូជាចារ្យដែលស្លៀកសម្លៀកបំពាក់សំរាប់ពិធីបុណ្យ នាំគ្នាមកទាំងកាន់ត្រែ ហើយក្រុមលេវីដែលជាកូនចៅរបស់លោកអេសាភ កាន់ឈិងសំរាប់ប្រគំភ្លេងសរសើរតម្កើងព្រះអម្ចាស់ ដូចព្រះបាទដាវីឌជាស្ដេចស្រុកអ៊ីស្រាអែលបានបង្គាប់ទុក។ ១១ ពួកគេច្រៀងឆ្លើយឆ្លងគ្នាលើកតម្កើង និងអរព្រះគុណព្រះអម្ចាស់ថា៖
«ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ចំពោះជនជាតិអ៊ីស្រាអែល ស្ថិតស្ថេរនៅអស់កល្បជានិច្ច!»។
ប្រជាជនទាំងមូលក៏ស្រែកជយឃោស សរសើរតម្កើងព្រះអម្ចាស់យ៉ាងកងរំពង ព្រោះគេចាក់គ្រឹះព្រះដំណាក់របស់ព្រះអម្ចាស់។ ១២ មានបូជាចារ្យជាច្រើន ព្រមទាំងក្រុមលេវី និងមេក្រុមគ្រួសារដែលមានវ័យចាស់ៗ ហើយធ្លាប់ឃើញព្រះដំណាក់ពីជំនាន់មុន នាំគ្នាយំសោកយ៉ាងខ្លាំង នៅពេលដែលឃើញគេចាក់គ្រឹះព្រះដំណាក់ថ្មីនេះ។ ប៉ុន្តែ មនុស្សជាច្រើននាំគ្នាស្រែកហ៊ោកញ្ជ្រៀវយ៉ាងសប្បាយ។ ១៣ ហេតុនេះហើយបានជា ប្រជាជនពុំអាចដឹងថា សំឡេងណាជាសំឡេងហ៊ោកញ្ជ្រៀវយ៉ាងសប្បាយ ហើយសំឡេងណាជាសំឡេងយំសោកឡើយ ព្រោះប្រជាជនទាំងអស់ស្រែកយ៉ាងរំពង លាន់ឮទៅឆ្ងាយ។
ជំពូកទី ៤
ការប្រឆាំងនឹងការសាងសង់ព្រះវិហារឡើងវិញ
១ ពេលបច្ចាមិត្តរបស់កុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីនឮថា ពួកឈ្លើយដែលត្រឡប់មកវិញនាំគ្នាសង់ព្រះវិហារថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ២ នោះពួកគេនាំគ្នាមក ជួបលោកសូរ៉ូបាបិល និងអស់លោកជាមេក្រុមគ្រួសារហើយជំរាបថា៖ «ពួកយើងចង់សាងសង់ជាមួយអស់លោក ដ្បិតពួកយើងក៏គោរពបំរើព្រះជាម្ចាស់ ជាព្រះរបស់អស់លោកដូចជាអស់លោកដែរ ព្រមទាំងថ្វាយយញ្ញបូជាចំពោះព្រះអង្គ តាំងពីជំនាន់ដែលព្រះចៅអេសារ-ហាដូនជាស្ដេចស្រុកអាស្ស៊ីរី នាំពួកយើងមកទីនេះ»។
៣ ប៉ុន្តែ លោកសូរ៉ូបាបិល លោកយ៉ូស៊ូអា និងអស់លោកឯទៀតៗ ជាមេក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែលឆ្លើយទៅពួកគេថា៖ «អស់លោកមិនត្រូវចូលរួមជាមួយពួកយើង ក្នុងការសាងសង់ព្រះដំណាក់ថ្វាយព្រះរបស់ពួកយើងទេ មានតែពួកយើងប៉ុណ្ណោះ ដែលត្រូវសង់ថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដូចព្រះចៅស៊ីរូស ជាស្ដេចស្រុកអាស្ស៊ីរីបានបញ្ជាដល់ពួកយើង»។
៤ ពេលនោះ អ្នកស្រុកនាំគ្នាធ្វើអោយប្រជាជនយូដាបាក់ទឹកចិត្ត ព្រមទាំងបំភ័យពួកគេមិនអោយសាងសង់ទៀត។ ៥ អ្នកស្រុកទាំងនោះបាន សូកប៉ាន់ពួកទីប្រឹក្សារបស់ស្ដេច អោយរារាំងគំរោងការរបស់ជនជាតិយូដា តាំងពីរជ្ជកាលព្រះចៅស៊ីរូស រហូតដល់រជ្ជកាលព្រះចៅដារីយុសជាស្ដេចស្រុកពែរ្ស។
៦ នៅដើម រជ្ជកាលព្រះចៅស៊ែរសេស អ្នកស្រុកនោះបានផ្ញើសារមួយថ្វាយស្ដេច ដើម្បីចោទប្រកាន់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។
៧ នៅ រជ្ជកាលព្រះចៅអ័រតាស៊ែរសេស ជាស្ដេចស្រុកពែរ្ស លោកប៊ីសឡាំ លោកមីត្រេដាត លោកតាបេអែល និងបក្សពួករបស់គេ ក៏បានសរសេរសារថ្វាយព្រះចៅអ័រតាស៊ែរសេសជាស្ដេចស្រុកពែរ្សដែរ។ សារនោះសរសេរជាអក្សរអារ៉ាម និងភាសាអារ៉ាម។
៨ លោក ទេសាភិបាលរេហ៊ូម និងលោកស៊ីមសៃ ជាលេខា ក៏បានសរសេរសារថ្វាយព្រះចៅអ័រតាស៊ែរសេស ស្ដីអំពីក្រុងយេរូសាឡឹម។ សារនោះមានសេចក្ដីដូចតទៅ៖
៩ «ទូលបង្គំ យើងខ្ញុំ រេហ៊ូម ជាទេសាភិបាល និងស៊ីមសៃ ជាលេខា ព្រមទាំងសហការីគ្រប់រូបនៃតំបន់ ឌីន អផារសាតាក់ តារប៉ែល អផារ៉ាស អេរិក បាប៊ីឡូន ស៊ូសា ដេហា អេឡាំ ១០ និងប្រជាជនឯទៀតៗដែល ព្រះបាទអស្នាប៉ា ជាស្ដេចដ៏ប្រសើរឧត្ដមបានកៀរអោយមករស់នៅក្នុងក្រុងសាម៉ារី និងតំបន់ដែលនៅប៉ែកខាងលិចទន្លេអឺប្រាត។ ល។»
១១ សេចក្ដី នៅក្នុងសារដែលពួកគេផ្ញើថ្វាយព្រះចៅអ័រតាស៊ែរសេស មានដូចតទៅ៖ «ទូលបង្គំយើងខ្ញុំជាប្រជាជនរស់នៅប៉ែកខាងលិច ទន្លេអឺប្រាត។ ល។
១២ សូម ព្រះករុណាជ្រាបថា ជនជាតិយូដាដែលត្រឡប់ពីនគររបស់ព្រះករុណា មកដល់ក្រុងយេរូសាឡឹម ក្នុងចំណោមយើងខ្ញុំកំពុងតែនាំគ្នាសង់ក្រុងអាក្រក់ និងបះបោរនេះឡើងវិញ។ ពួកគេជួសជុលកំពែងក្រុង ព្រមទាំងកំពុងចាក់គ្រឹះទៀតផង។ ១៣ សូមព្រះករុណាជ្រាបថា ប្រសិនបើពួកគេសង់ក្រុងនេះឡើងវិញ ហើយជួសជុលកំពែងក្រុង ពួកគេមុខជាឈប់បង់ពន្ធដារ សួយសារអាករ និងពន្ធផ្លូវ ធ្វើអោយព្រះករុណាខាតបង់រាជទ្រព្យមិនខាន។ ១៤ ដោយយើងខ្ញុំជ្រក ក្រោមម្លប់បារមីរបស់ព្រះករុណា យើងខ្ញុំមិនអាចព្រងើយកន្តើយ ទុកអោយគេបង្អាប់កិត្តិយសរបស់ព្រះករុណាឡើយ ដូច្នេះ ទើបយើងខ្ញុំផ្ញើដំណឹងទាំងនេះមកថ្វាយព្រះករុណា។ ១៥ សូមព្រះករុណាអោយគេ ស្រាវជ្រាវក្នុងឯកសារ ដែលអយ្យកោរបស់ព្រះករុណាចងក្រងទុក នោះព្រះរាជានឹងឃើញច្បាស់ថា ក្រុងនេះតែងតែបះបោរជានិច្ច ព្រមទាំងបង្កអោយមានវិបត្តិ ដល់ព្រះមហាក្សត្រ និងទេសាភិបាលនានា។ តាំងពីដើមរៀងមកប្រជាជននៅក្រុងនេះ តែងតែបង្កអោយមានចលនាបះបោរជានិច្ច។ ហេតុនេះហើយបានជាក្រុងនេះត្រូវគេបំផ្លាញខ្ទេចខ្ទីអស់។ ១៦ ទូលបង្គំយើងខ្ញុំសូម ទូលព្រះករុណា អោយបានជ្រាបថា ប្រសិនបើពួកគេសង់ក្រុងនេះឡើងវិញ ហើយជួសជុលកំពែងក្រុង នោះព្រះករុណានឹងបាត់បង់ទឹកដីនៅប៉ែកខាងលិចទន្លេអឺប្រាតជាមិន ខាន»។
ចម្លើយរបស់ព្រះចៅអ័រតាស៊ែរសេស
១៧ ព្រះរាជាផ្ញើសារតប វិញដូចតទៅ៖ «ជូនចំពោះលោកទេសាភិបាលរេហ៊ូម និងលោកស៊ីមសៃ ជាលេខា ព្រមទាំងសហការីគ្រប់រូបនៅស្រុកសាម៉ារី និងតំបន់ដែលនៅប៉ែកខាងលិចទន្លេអឺប្រាតសូមជ្រាប។
១៨ សារដែលអស់លោកផ្ញើមកយើងនោះ គេបានបកប្រែ និងអានអោយយើងស្ដាប់សព្វគ្រប់ហើយ។ ១៩ យើងបញ្ជាអោយគេ ស្រាវជ្រាវហើយឃើញថា តាំងពីដើមរៀងមក អ្នកក្រុងយេរូសាឡឹម តែងតែបង្កចលនាបះបោរ និងឃុបឃិតគ្នាប្រឆាំងនឹងស្ដេចជានិច្ច។ ២០ កាលពីដើមនៅក្រុង យេរូសាឡឹមនេះ មានស្ដេចខ្លាំងពូកែ គ្រប់គ្រងតំបន់ខាងលិចទន្លេអឺប្រាតទាំងមូល ព្រមទាំងហូតពន្ធដារសួយសារអាករ និងពន្ធផ្លូវទៀតផង។ ២១ ឥឡូវនេះ ចូរអស់លោកបញ្ជាអោយពួកគេបញ្ឈប់កិច្ចការរបស់ខ្លួនទៅ។ ដរាបណាគ្មានបញ្ជាពីយើងទេ គេមិនត្រូវសង់ក្រុងនោះឡើងវិញជាដាច់ខាត។ ២២ សូមយកចិត្តទុកដាក់នឹងកិច្ចការនេះ អោយបានដិតដល់ ក្រែងលោផលអាក្រក់កាន់តែរីកធំឡើង នាំអោយខាតបង់រាជទ្រព្យ»។
២៣ កាលគេ អានរាជសាររបស់ព្រះចៅអ័រតាស៊ែរសេសអោយលោករេហ៊ូម និងលោកស៊ីមសៃជាលេខា ព្រមទាំងសហការីគ្រប់រូបស្ដាប់ហើយ អ្នកទាំងនោះក៏ប្រញាប់ប្រញាល់នាំគ្នាទៅក្រុងយេរូសាឡឹម ហើយប្រើកម្លាំងបង្ខំអោយជនជាតិយូដាបញ្ឈប់ការសាងសង់ជាបន្ទាន់។
ជនជាតិយូដានាំគ្នាសង់ព្រះវិហារជាបន្តទៀត
២៤ ជនជាតិយូដាផ្អាកការ សាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម រហូតដល់ឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស ជាស្ដេចស្រុកពែរ្ស។
ជំពូកទី ៥
១ ព្យាការីហាកាយ និងព្យាការីសាការីជាកូនរបស់លោកអ៊ីដូ បាននាំព្រះបន្ទូលរបស់ព្រះនៃជនជាតិអ៊ីស្រាអែល ទៅថ្លែងប្រាប់ជនជាតិយូដានៅក្រុងយេរូសាឡឹម និងនៅស្រុកយូដា។ ២ គ្រានោះ លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកយ៉ូស៊ូអា ជាកូនរបស់លោកយ៉ូសាដាក ក៏នាំគ្នាងើបឡើង សង់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញ ដោយមានព្យាការីរបស់ព្រះជាម្ចាស់ជួយគាំទ្រផង។
៣ គ្រាដដែល នោះលោកថាតណាយ ជាទេសាភិបាលនៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត និងលោកសេថា-បូសណាយព្រមទាំងសហការី នាំគ្នាមកជួបជនជាតិយូដាហើយសួរថា៖ «តើនរណាអនុញ្ញាតអោយអ្នករាល់គ្នាសង់ដំណាក់នេះ ព្រមទាំងជួសជុលជញ្ជាំងឡើងវិញ។ ៤ ចូរស្រង់ឈ្មោះអស់អ្នកដែលចូលរួមក្នុងការសង់នេះអោយយើងមក!»។ ៥ ប៉ុន្តែ ព្រះជាម្ចាស់តាមការពារអស់លោកព្រឹទ្ធាចារ្យនៃជនជាតិយូដា។ ក្នុងពេលដែលគេបញ្ជូនសំណុំរឿងថ្វាយព្រះចៅដារីយូស ហើយរង់ចាំចម្លើយវិញនោះ គេមិនបានបញ្ឈប់ការសាងសង់ទេ។
៦ សារដែល លោកថាតណាយជាទេសាភិបាល និងលោកសេថា-បូសណាយ ព្រមទាំងពួករាជការជាសហការីរបស់ពួកគេ នៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត ផ្ញើថ្វាយព្រះចៅដារីយូស ៧ មានសេចក្ដីដូចតទៅ៖ «សូមថ្វាយចំពោះព្រះចៅដារីយូស សូមព្រះករុណាប្រកបដោយសេចក្ដីសុខចំរើន!
៨ សូម ព្រះករុណាជ្រាបថាយើងខ្ញុំបានទៅស្រុកយូដា ហើយទៅដល់ព្រះដំណាក់របស់ព្រះដ៏ប្រសើរឧត្ដម។ ពួកគេយកថ្មធំៗមកសង់ព្រះដំណាក់ និងយកឈើមកស៊កក្នុងជញ្ជាំងធ្វើជាធ្នឹម។ គេធ្វើកិច្ចការនេះយ៉ាងម៉ត់ចត់ ហើយរីកចំរើនយ៉ាងឆាប់រហ័សទៀតផង។
៩ យើងខ្ញុំបានសួរពួកព្រឹទ្ធាចារ្យថា “តើនរណាអនុញ្ញាតអោយអ្នករាល់គ្នាសង់ដំណាក់នេះ ព្រមទាំងជួសជុលជញ្ជាំងឡើងវិញ?”។ ១០ យើងខ្ញុំក៏បានសួរឈ្មោះពួកគេដែរ ដើម្បីស្រង់ឈ្មោះអស់អ្នកដែលដឹកនាំកិច្ចការនោះ យកមកថ្វាយព្រះករុណា។ ១១ ពួកគេឆ្លើយមកយើង ខ្ញុំថា “ពួកយើងជាអ្នកបំរើរបស់ព្រះនៃស្ថានបរមសុខ* និងផែនដី ពួកយើងសង់ព្រះដំណាក់នេះឡើងវិញ គឺព្រះដំណាក់ដែលស្ដេចមួយអង្គដ៏ប្រសើរឧត្ដម នៃជនជាតិអ៊ីស្រាអែលបានសង់តាំងពីយូរលង់ណាស់មកហើយ។ ១២ ប៉ុន្តែ ដូនតារបស់ពួកយើង បានធ្វើអោយព្រះនៃស្ថានបរមសុខទ្រង់ព្រះពិរោធ ហើយព្រះអង្គក៏ប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ព្រះចៅ នេបូកានេសារ ជាជនជាតិខាល់ដេ និងជាស្ដេចស្រុកបាប៊ីឡូន។ ព្រះចៅនេបូកានេសារបានបំផ្លាញព្រះដំណាក់នេះ ហើយកៀរប្រជាជនទៅស្រុកបាប៊ីឡូន។ ១៣ ប៉ុន្តែ នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅស៊ីរូស ជាស្ដេចស្រុកបាប៊ីឡូន ស្ដេចបានបញ្ជាអោយសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញ។ ១៤ កាលពីមុនព្រះចៅ នេបូកានេសារបានរឹបអូសយកគ្រឿងបរិក្ខារអំពីមាស និងប្រាក់ពីព្រះវិហាររបស់ព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹម ទៅដាក់ក្នុងវិហារនៅក្រុងបាប៊ីឡូន។ ក្រោយមកព្រះចៅស៊ីរូសយកគ្រឿងបរិក្ខារទាំងនោះ ចេញពីវិហារនៅក្រុងបាប៊ីឡូន ប្រគល់អោយលោកសេសបាសារ ដែលស្ដេចបានតែងតាំងជាទេសាភិបាលរបស់អាណាខេត្តយូដា។ ១៥ ស្ដេចក៏បានបង្គាប់ អោយលោកយកគ្រឿងបរិក្ខារទាំងនេះ ទៅដាក់ក្នុងព្រះវិហារក្រុងយេរូសាឡឹមវិញ ហើយសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅកន្លែងដើមឡើងវិញ។ ១៦ ដូច្នេះ លោកសេសបាសារបានមកក្រុងយេរូសាឡឹម ព្រមទាំងបានចាក់គ្រឹះព្រះដំណាក់របស់ព្រះជាម្ចាស់។ ចាប់តាំងពីពេលនោះមក គេនៅតែសង់ព្រះដំណាក់ តែមិនទាន់បានចប់សព្វគ្រប់នៅឡើយ”។
១៧ ឥឡូវ នេះ ប្រសិនបើព្រះករុណាគាប់ព្រះហឫទ័យ សូមអោយគេស្រាវជ្រាវ ក្នុងឯកសាររបស់រាជទ្រព្យនៃស្ដេចស្រុកបាប៊ីឡូន ដើម្បីបញ្ជាក់ថា ព្រះចៅស៊ីរូសពិតជាបានចេញបញ្ជាអោយសាងសង់ព្រះដំណាក់របស់ ព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹមមែនឬយ៉ាងណារួចសូមព្រះករុណាផ្ញើសេចក្ដីសំរេច អំពីរឿងនេះមកយើងខ្ញុំផង»។
ជំពូកទី ៦
ចម្លើយរបស់ព្រះបាទដារីយូស
១ ព្រះចៅដារីយូសបញ្ជាអោយគេស្រាវជ្រាវឯកសាររាជ្យទ្រព្យ ដែលគេរក្សាទុកក្នុងមន្ទីរតម្កល់ឯកសារនៅក្រុងបាប៊ីឡូន។ ២ គេរកឃើញក្រាំងមួយនៅ អេកបាតាន ជាក្រុងដែលមានកំពែងរឹងមាំនៃអាណាខេត្តម៉ែដ។ ក្នុងក្រាំងនោះមានចែងដូចតទៅ៖ «កំណត់ហេតុ: ៣ នៅឆ្នាំទីមួយនៃ រជ្ជកាលព្រះចៅស៊ីរូស ស្ដេចបានចេញរាជបញ្ជាមួយ ស្ដីអំពីព្រះដំណាក់របស់ព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹម។ ត្រូវសង់ព្រះដំណាក់ឡើងវិញនៅលើគ្រឹះចាស់ ទុកជាកន្លែងថ្វាយយញ្ញបូជា។ ព្រះដំណាក់នេះត្រូវមានកំពស់ហុកសិបហត្ថ និងទទឹងហុកសិបហត្ថ។ ៤ គេត្រូវរៀបថ្មធំៗបីជួរឆ្លាស់គ្នានឹងឈើមួយជួរ។ រីឯប្រាក់ចំណាយលើការសង់ត្រូវបើកពីឃ្លាំងរាជទ្រព្យ។ ៥ គ្រឿងបរិក្ខារអំពីមាស និងប្រាក់នៃព្រះដំណាក់របស់ព្រះជាម្ចាស់ ដែលស្ដេចនេបូកានេសារបានរឹបអូសយកពីព្រះវិហារ នៅក្រុងយេរូសាឡឹមមកក្រុងបាប៊ីឡូននោះ ត្រូវតែនាំទៅព្រះវិហារនៅក្រុងយេរូសាឡឹម ហើយដាក់នៅកន្លែងដើមក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់»។ ៦ ព្រះចៅដារីយូសផ្ញើ រាជសារ ទៅលោកថាតណាយ ជាទេសាភិបាលនៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត និងលោកសេថា-បូសណាយ ព្រមទាំងពួករាជការជាសហការីរបស់ពួកគេ នៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាតមានសេចក្ដីដូចតទៅ៖ «សុំអស់លោកកុំរវីរវល់នឹងរឿងនេះឡើយ។ ៧ ទុកអោយជនជាតិយូដាសង់ ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញចុះ។ ត្រូវអោយទេសាភិបាល និងពួកព្រឹទ្ធាចារ្យរបស់ជនជាតិយូដា សង់ព្រះដំណាក់ត្រង់កន្លែងដើម។ ៨ សុំអស់លោកជួយពួក ព្រឹទ្ធាចារ្យរបស់ជនជាតិយូដា ក្នុងការសាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញផង។ ចំពោះចំណាយក្នុងការសង់ត្រូវយកពីឃ្លាំងរាជទ្រព្យ គឺប្រាក់នៃពន្ធអាករដែលទារពីតំបន់ខាងលិចទន្លេអឺប្រាត មកបើកអោយពួកគេគ្រប់ចំនួន កុំបីអាក់ខានឡើយ។ ៩ សុំអស់លោកផ្គត់ផ្គង់ អ្វីៗ ដែលក្រុមបូជាចារ្យ នៅក្រុងយេរូសាឡឹមត្រូវការជារៀងរាល់ថ្ងៃ គឺគោបា ចៀមឈ្មោល និងកូនចៀមសំរាប់ជាតង្វាយដុតទាំងមូល ថ្វាយចំពោះព្រះជាម្ចាស់នៃស្ថានបរមសុខ ព្រមទាំងស្រូវ អំបិល ស្រាទំពាំងបាយជូរ និងប្រេង តាមសំណូមពររបស់ក្រុមបូជាចារ្យកុំបីអាក់ខានឡើយ។ ១០ ធ្វើដូច្នេះ ពួកគេអាចថ្វាយតង្វាយដែលមានក្លិនឈ្ងុយ ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយពួកគេទូលអង្វរ សូមអោយព្រះរាជា និងរាជបុត្រមានជន្មាយុយឺនយូរ។ ១១ ប្រសិនបើនរណាម្នាក់ មិនគោរពតាមសេចក្ដីដែលយើងបង្គាប់ទេ ត្រូវដកឈើពីផ្ទះរបស់អ្នកនោះ បញ្ឈរឡើងសំរាប់ដោតគេ ហើយយកផ្ទះរបស់គេធ្វើជាកន្លែងបន្ទោរបង់ផង។ ១២ សូមអោយព្រះជាម្ចាស់ ដែលតាំងព្រះនាមរបស់ព្រះអង្គនៅទីនោះ ទម្លាក់ស្ដេច ឬប្រជាជនណាដែលបំពានលើសេចក្ដីសំរេចរបស់យើង ដោយមានបំណងបំផ្លាញព្រះដំណាក់របស់ព្រះអង្គ នៅក្រុងយេរូសាឡឹម។
យើងដារីយូសចេញបញ្ជានេះ ដូច្នេះ ត្រូវតែអនុវត្តតាមជាកំហិត»។
១៣ លោក ថាតណាយជាទេសាភិបាលនៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត និងលោកសេថា-បូសណាយ ព្រមទាំងពួកសហការី នាំគ្នាអនុវត្តតាម រាជបញ្ជារបស់ព្រះចៅដារីយូសយ៉ាងម៉ត់ចត់បំផុត។
ពិធីបុណ្យឆ្លងព្រះវិហារ
១៤ ពួកព្រឹទ្ធាចារ្យនៃ ជនជាតិយូដា បន្តការសាងសង់ព្រះវិហារដោយជោគជ័យ ស្របតាមសេចក្ដីដែលព្យាការីហាកាយ និងព្យាការីសាការី ជាកូនរបស់លោកអ៊ីដូបានថ្លែង។ ពួកគេបង្ហើយការសាងសង់ព្រះវិហារស្របតាមបញ្ជារបស់ព្រះនៃ អ៊ីស្រាអែល និងស្របតាមរាជក្រឹត្យរបស់ព្រះចៅស៊ីរូស ព្រះចៅដារីយូស និងព្រះចៅអ័រតាស៊ែរសេសជាស្ដេចស្រុកពែរ្ស។ ១៥ គេបានសង់ព្រះដំណាក់ចប់សព្វគ្រប់ នៅថ្ងៃទីបី ខែផល្គុន ក្នុងឆ្នាំទីប្រាំមួយនៃរជ្ជកាលព្រះបាទដារីយូស។ ១៦ ជនជាតិអ៊ីស្រាអែល ក្រុមបូជាចារ្យ ក្រុមលេវី និងប្រជាជននៅសេសសល់ដែលត្រូវគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះ នាំគ្នាប្រារព្ធពិធីបុណ្យឆ្លងព្រះដំណាក់របស់ព្រះជាម្ចាស់ដោយអំណរ។ ១៧ ក្នុងឱកាសពិធីបុណ្យ ឆ្លងព្រះដំណាក់របស់ព្រះជាម្ចាស់នេះ ពួកគេយកគោបាមួយរយក្បាល ចៀមឈ្មោលពីររយក្បាល និងកូនចៀមចំនួនបួនរយក្បាល មកថ្វាយជាយញ្ញបូជារំដោះបាប សំរាប់ប្រជាជនអ៊ីស្រាអែលទាំងមូល។ គេក៏បានថ្វាយពពែឈ្មោលដប់ពីរក្បាល តាមចំនួនកុលសម្ព័ន្ធរបស់ជនជាតិអ៊ីស្រាអែលដែរ។ ១៨ គេបានតែងតាំងក្រុម បូជាចារ្យតាមឋានៈរបស់ពួកគេ ព្រមទាំងតែងតាំងពួកលេវីជាក្រុមៗតាមមុខងារ ដែលពួកគេបំពេញថ្វាយព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម ដូចមានចែងទុកក្នុងគម្ពីររបស់លោកម៉ូសេ។
ជនជាតិយូដាធ្វើពិធីបុណ្យចម្លង
១៩ អស់អ្នកដែលគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះ នាំគ្នាប្រារព្ធពិធីបុណ្យចម្លងនៅថ្ងៃទីដប់បួនក្នុងខែទីមួយ ២០ ក្រុមបូជាចារ្យ និងក្រុមលេវីនាំគ្នាធ្វើពិធីជំរះកាយអោយបានបរិសុទ្ធ ហើយពួកគេក៏បានបរិសុទ្ធទាំងអស់គ្នា។ ពួកគេអារ កកូនចៀមនៃពិធីបុណ្យចម្លង សំរាប់ប្រជាជនទាំងអស់ដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញ សំរាប់ក្រុមបូជាចារ្យ ជាបងប្អូន និងសំរាប់ខ្លួនឯងផ្ទាល់។ ២១ ជនជាតិអ៊ីស្រាអែលដែល ជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញ នាំគ្នាបរិភោគអាហារនៃបុណ្យចម្លង រួមជាមួយអស់អ្នកដែលផ្ដាច់ខ្លួនចេញពីភាពសៅហ្មង*របស់សាសន៍ដទៃ ដែលរស់នៅក្នុងស្រុក ហើយវិលមករកព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែលវិញ។ ២២ ពួកគេធ្វើពិធីបុណ្យនំបុ័ងឥតមេនេះ អស់រយៈពេលប្រាំពីរថ្ងៃយ៉ាងសប្បាយ ដ្បិតព្រះអម្ចាស់ ប្រទានអោយពួកគេបានពោរពេញដោយអំណរ គឺព្រះអង្គដូរព្រះហឫទ័យរបស់ព្រះចៅអធិរាជ អោយមេត្តាចំពោះពួកគេ ដើម្បីលើកទឹកចិត្តពួកគេក្នុងការសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។
សកម្មភាពរបស់លោកបូជាចារ្យអែសរ៉ា
ជំពូកទី ៧
លោកបូជាចារ្យអែសរ៉ា
១ ក្រោយមកក្នុងរជ្ជកាល ព្រះចៅអ័រតាស៊ែរសេសជាស្ដេចស្រុកពែរ្ស មានបូជាចារ្យមួយរូប ឈ្មោះអែសរ៉ាជាកូនរបស់លោកសេរ៉ាយ៉ា ដែលត្រូវជាកូនរបស់លោកអសារីយ៉ា ជាកូនរបស់លោកហ៊ីលគីយ៉ា ២ ជាកូនរបស់លោកសាលូម ជាកូនរបស់លោកសាដុក ជាកូនរបស់លោកអហ៊ីទូប ៣ ជាកូនរបស់លោកអម៉ារីយ៉ា ជាកូនរបស់លោកអសារីយ៉ាជាកូនរបស់លោកមេរ៉ាយ៉ូត ៤ ជាកូនរបស់លោកសេរ៉ាហ៊ីយ៉ា ជាកូនរបស់លោកអ៊ូស៊ី ជាកូនរបស់លោកប៊ូគី ៥ ជាកូនរបស់លោកអប៊ីសួរ ជាកូនរបស់លោកភីនេអាស ជាកូនរបស់អេឡាសារ ជាកូនរបស់មហាបូជាចារ្យអរ៉ុន។ ៦ លោកអែសរ៉ាមកពីស្រុក បាប៊ីឡូន លោកជាបណ្ឌិតខាងវិន័យ ហើយស្គាល់គម្ពីរវិន័យរបស់លោកម៉ូសេយ៉ាងជ្រៅជ្រះ គឺគម្ពីរវិន័យដែលព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលប្រទានអោយ។ ព្រះអម្ចាស់ជាព្រះរបស់លោកបានដាក់ព្រះហស្ដលើលោក ហេតុនេះហើយទើបព្រះរាជាប្រទានអ្វីៗទាំងអស់ តាមសំណូមពររបស់លោក។ ៧ នៅឆ្នាំទីប្រាំពីរ នៃរជ្ជកាលព្រះចៅអ័រតាស៊ែរសេស ប្រជាជនអ៊ីស្រាអែលមួយចំនួនព្រមទាំងក្រុមបូជាចារ្យ ក្រុមលេវី ក្រុមចំរៀង ក្រុមឆ្មាំទ្វារ និងក្រុមអ្នកបំរើព្រះវិហារ នាំគ្នាវិលមកក្រុងយេរូសាឡឹមវិញ។ ៨ នៅគ្រានោះលោកអែសរ៉ាបានមកដល់ក្រុងយេរូសាឡឹម នៅខែទីប្រាំក្នុងឆ្នាំទីប្រាំពីរ នៃរជ្ជកាលព្រះចៅអ័រតាស៊ែរសេស។ ៩ លោកកំណត់ពេលចេញដំណើរ ពីក្រុងបាប៊ីឡូន នៅថ្ងៃទីមួយក្នុងខែទីមួយ ហើយមកដល់ក្រុងយេរូសាឡឹម នៅថ្ងៃទីមួយក្នុងខែទីប្រាំ ដ្បិតព្រះដ៏សប្បុរសរបស់លោកបានដាក់ព្រះហស្ដលើលោក។ ១០លោកអែសរ៉ាខិតខំរៀនសូត្រ និងកាន់តាមវិន័យរបស់ព្រះអម្ចាស់យ៉ាងអស់ពីចិត្ត ព្រមទាំងបង្រៀនក្រឹត្យវិន័យ និងច្បាប់ដល់ជនជាតិអ៊ីស្រាអែលទៀតផង។
រាជសាររបស់ព្រះចៅអ័រតាស៊ែរសេស
១១ ព្រះចៅអ័រតាស៊ែរសេស ប្រគល់រាជសារមួយជូនលោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យ លោកមាននាទីចម្លងព្រះបន្ទូលនិងវិន័យដែលព្រះអម្ចាស់ប្រទានមកអ៊ីស្រាអែល។ រាជសារនោះមានសេចក្ដីដូចតទៅ៖
១២ «យើង អ័រតាស៊ែរសេសជាព្រះមហាក្សត្រលើមហាក្សត្រទាំងអស់ ផ្ញើជូនលោកបូជាចារ្យអែសរ៉ាជាបណ្ឌិតខាងវិន័យរបស់ព្រះនៃស្ថាន បរមសុខ ១៣ យើងចេញបញ្ជាថា ក្នុងចំណោមជនជាតិអ៊ីស្រាអែលទាំងអស់ ដែលរស់នៅក្នុងរាជាណាចក្ររបស់យើង គឺប្រជាជន ក្រុមបូជាចារ្យ ក្រុមលេវី អស់អ្នកដែលមានបំណងត្រឡប់ទៅក្រុងយេរូសាឡឹម នោះយើងអនុញ្ញាតអោយគេចាកចេញទៅជាមួយលោក។ ១៤ យើង និងទីប្រឹក្សាទាំងប្រាំពីរនាក់ ចាត់លោកអោយទៅពិនិត្យមើល នៅក្រុងយេរូសាឡឹម និងស្រុកយូដា អំពីរបៀបដែលគេគោរពគម្ពីរវិន័យនៃព្រះរបស់លោក គឺគម្ពីរដែលលោកកាន់នេះ។ ១៥ យើងក៏ចាត់លោកអោយ នាំយកមាសប្រាក់ដែលយើង និងទីប្រឹក្សាទាំងប្រាំពីររូប សំរេចថ្វាយចំពោះព្រះនៃជនជាតិអ៊ីស្រាអែល ដែលគង់នៅក្រុងយេរូសាឡឹម។ ១៦ លោកក៏ត្រូវនាំយក ប្រាក់ និងមាសទាំងប៉ុន្មាន ដែលលោករៃបានក្នុងអាណាខេត្តបាប៊ីឡូនទាំងមូល ព្រមទាំងតង្វាយដែលប្រជាជន និងបូជាចារ្យស្ម័គ្រចិត្តថ្វាយ សំរាប់ព្រះដំណាក់នៃព្រះរបស់ពួកគេ នៅក្រុងយេរូសាឡឹមដែរ។ ១៧ លោកត្រូវលៃលកយក ប្រាក់ទាំងនោះ ទិញគោបា ចៀមឈ្មោល និងកូនចៀម ព្រមទាំងតង្វាយម្សៅ និងស្រាទំពាំងបាយជូរដែលត្រូវច្រួចជាមួយ។ លោកត្រូវថ្វាយតង្វាយទាំងនោះ នៅលើអាសនៈរបស់ព្រះដំណាក់នៃព្រះរបស់ពួកលោក នៅក្រុងយេរូសាឡឹម។ ១៨ ប្រសិនបើមានមាស ប្រាក់នៅសល់លោក និងបងប្អូនរបស់លោកអាចយកទៅប្រើការ តាមតែលោកយល់ឃើញថា ល្អត្រឹមត្រូវ ស្របតាមព្រះហឫទ័យនៃព្រះរបស់អស់លោក។ ១៩ ចំពោះគ្រឿងបរិក្ខារ សំរាប់ប្រើប្រាស់ ក្នុងព្រះដំណាក់នៃព្រះរបស់លោក ដែលគេបានប្រគល់ដល់លោកនោះ ចូរយកទៅដាក់ក្នុងព្រះវិហាររបស់ព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម។ ២០ ប្រសិនបើលោកត្រូវការចំណាយអ្វីផ្សេងទៀត សំរាប់ព្រះវិហារនៃព្រះរបស់លោក ចូរបើកពីឃ្លាំងរាជទ្រព្យទៅចំណាយចុះ។ ២១ យើងព្រះចៅអ័រតាស៊ែរសេស ចេញបញ្ជាដល់អ្នកកាន់ឃ្លាំងរាជទ្រព្យទាំងអស់ នៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាតថា បើលោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យរបស់ព្រះនៃស្ថានបរមសុខសុំអ្វី ត្រូវប្រគល់ជូនលោកកុំបីអាក់ខានឡើយ។ ២២ ពួកគេនឹងប្រគល់ជូន លោក រហូតដល់ប្រាក់បីតោន ស្រូវសាមសិបតោន ស្រាទំពាំងបាយជូរបួនពាន់លីត្រ ប្រេងអូលីវបួនពាន់លីត្រ ព្រមទាំងអំបិលតាមសេចក្ដីត្រូវការ។ ២៣ អ្វីៗដែលព្រះជាម្ចាស់ នៃស្ថានបរមសុខបង្គាប់ ស្ដីអំពីព្រះដំណាក់របស់ព្រះអង្គ ត្រូវតែធ្វើតាមយ៉ាងរួសរាន់ ដើម្បីកុំអោយព្រះជាម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងនគរ ឬរាជវង្សរបស់យើង។ ២៤ មួយវិញទៀត យើងសុំប្រាប់អស់លោកអោយដឹងថា អស់លោកគ្មានសិទ្ធិទារពន្ធដារ សួយសារអាករ និងពន្ធផ្លូវពីក្រុមបូជាចារ្យ ក្រុមលេវី ក្រុមអ្នកចំរៀង ក្រុមឆ្មាំទ្វារ ក្រុមអ្នកបំរើព្រះវិហារ ឬអ្នកបំពេញការងារផ្សេងទៀត ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ២៥ ចំពោះលោកអែសរ៉ាវិញ យោងតាមគម្ពីរដែលបង្ហាញអំពីព្រះប្រាជ្ញាញាណនៃព្រះរបស់លោក គឺគម្ពីរដែលលោកកាន់នោះ ចូរតែងតាំងចៅក្រម និងអ្នកគ្រប់គ្រង ដើម្បីកាត់ក្ដីអោយប្រជាជន ដែលរស់នៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត គឺអស់អ្នកដែលស្គាល់គម្ពីរវិន័យនៃព្រះរបស់លោកហើយ។ លោកក៏ត្រូវតែបង្ហាត់បង្រៀនអស់អ្នកដែលមិនស្គាល់វិន័យដែរ។ ២៦ អ្នកណាមិនគោរពតាម វិន័យនៃព្រះរបស់លោក ហើយមិនគោរពតាមច្បាប់របស់ស្ដេចអោយបានម៉ត់ចត់ទេ អ្នកនោះនឹងត្រូវទទួលទោស សមតាមការដែលខ្លួនប្រព្រឹត្ត គឺទទួលទោសដល់ស្លាប់ ឬត្រូវនិរទេស ឬត្រូវរឹបអូសយកទ្រព្យសម្បត្តិ ឬត្រូវជាប់ពន្ធនាគារ»។
លោកអែសរ៉ាអរព្រះគុណព្រះជាម្ចាស់
២៧ លោកអែសរ៉ាបន្លឺសំឡេងថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់យើង ដែលព្រះអង្គជំរុញព្រះហឫទ័យព្រះរាជា អោយមានបំណងលើកកិត្តិយសព្រះដំណាក់នៃព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម។ ២៨ ព្រះអម្ចាស់សំដែង ព្រះហឫទ័យមេត្តាករុណាដល់ខ្ញុំ នៅចំពោះព្រះភក្ត្រព្រះមហាក្សត្រ ចំពោះអស់លោកដែលជាទីប្រឹក្សា ព្រមទាំងនាម៉ឺនសព្វមុខមន្ត្រីរបស់ព្រះរាជាទៀតផង។ ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំបានដាក់ព្រះហស្ដលើខ្ញុំ ធ្វើអោយខ្ញុំមានកម្លាំង ហើយប្រមូលអស់លោក ដែលជាមេដឹកនាំរបស់អ៊ីស្រាអែល អោយចេញដំណើរទៅជាមួយខ្ញុំ»។
ជំពូកទី ៨
បញ្ជីរាយនាមអស់អ្នកដែលវិលត្រឡប់ទៅជាមួយលោកអែសរ៉ា
១ «នេះជាបញ្ជីរាយនាមមេក្រុមគ្រួសារដែលវិលត្រឡប់ពីស្រុកបាប៊ីឡូនមកជាមួយខ្ញុំ ក្នុងរជ្ជកាលព្រះចៅអ័រតាស៊ែរសេស: ២ ក្នុងអំបូរភីនេអាសមានលោកគែរសូម។ ក្នុងអំបូរអ៊ីតាម៉ារមានលោកដានីអែល។ ក្នុងអំបូរដាវីឌមានលោកហាត់ទូស។ ៣ ក្នុងអំបូរសេកានីយ៉ា និងអំបូរប៉ារ៉ូសមានលោកសាការី ហើយមានមនុស្សប្រុស ១៥០ នាក់នៅជាមួយលោក។ ៤ ក្នុងអំបូរប៉ាហាត់-ម៉ូអាប់ មានលោកអេលីយ៉ូណៃ ជាកូនរបស់លោកសេរ៉ាយ៉ា ហើយមានមនុស្សប្រុស ២០០ នាក់ នៅជាមួយលោក។ ៥ ក្នុងអំបូរសាទូមានលោកសេកានីយ៉ា ជាកូនរបស់លោកយ៉ាស៊ីអែល ហើយមានមនុស្សប្រុស ៣០០ នាក់ នៅជាមួយលោក។ ៦ ក្នុងអំបូរអឌីនមានលោកអេបេដ ជាកូនរបស់លោកយ៉ូណាថាន ហើយមានមនុស្សប្រុស ៥០ នាក់នៅជាមួយលោក។ ៧ ក្នុងអំបូរអេឡាំមានលោកយេសាយ៉ា ជាកូនរបស់លោកអថាលីយ៉ា ហើយមានមនុស្សប្រុស ៧០នាក់ នៅជាមួយលោក។ ៨ ក្នុងអំបូរសេផាទីយ៉ាមានលោកសេបាឌីយ៉ា ជាកូនរបស់លោកមីកាអែល ហើយមានមនុស្សប្រុស ៨០ នាក់ នៅជាមួយលោក។ ៩ ក្នុងអំបូរយ៉ូអាប់មានលោកអូបាឌីយ៉ា ជាកូនរបស់លោកយេហ៊ីអែល ហើយមានមនុស្សប្រុស ២១៨នាក់ នៅជាមួយលោក។ ១០ ក្នុងអំបូរបានីមានលោកសេឡូមីត ជាកូនរបស់យ៉ូស៊ីភីយ៉ា ហើយមានមនុស្សប្រុស ១៦០ នាក់ នៅជាមួយលោក។ ១១ ក្នុងអំបូរបេបៃ មានលោកសាការី ជាកូនរបស់លោកបេបៃ ហើយមានមនុស្សប្រុស២៨នាក់ នៅជាមួយលោក។ ១២ ក្នុងអំបូរអាសកាដមានលោកយ៉ូហាណន ជាកូនរបស់លោកហាក់កាថាន ហើយមានមនុស្ស ១១០ នាក់ នៅជាមួយលោក។ ១៣ ក្នុងអំបូរអដូនីកាំមានលោកអេលីផាលេត លោកយេអែល និងលោកសេម៉ាយ៉ាដែលក្មេងជាងគេ ហើយមានមនុស្សប្រុស ៦០ នាក់ នៅជាមួយ។ ១៤ ក្នុងអំបូរប៊ីកវ៉ាយមានលោកអ៊ូថាយ និងលោកសាកូរ ហើយមានមនុស្សប្រុស ៧០ នាក់ នៅជាមួយលោក»។
ការរៀបចំដំណើរឆ្ពោះទៅក្រុងយេរូសាឡឹម
១៥ «ខ្ញុំបានប្រមូល បណ្ដាជនទាំងនោះ នៅជិតព្រែកដែលហូរឆ្ពោះទៅស្រុកអាហាវ៉ា ហើយយើងបោះជំរំនៅទីនោះអស់រយៈពេលបីថ្ងៃ។ ខ្ញុំសង្កេតឃើញថា មានតែប្រជាជន និងក្រុមបូជាចារ្យ គឺពុំឃើញមានក្រុមលេវីទេ។ ១៦ ដូច្នេះ ខ្ញុំបានចាត់អស់លោកដែលជាមេដឹកនាំ គឺមានលោក អេលីយេស៊ែរ លោកអរីអែល លោកសេម៉ាយ៉ា លោកអែលណាថាន លោកយ៉ារីប លោកអែលណាថាន លោកណាថាន លោកសាការី និងលោកមេស៊ូឡាម ព្រមទាំងលោកយ៉ូយ៉ារីប និងលោកអែលណាថាន អ្នកបង្រៀនវិន័យ ១៧ ខ្ញុំបានបង្គាប់លោក ទាំងនោះ អោយទៅជួបលោកអ៊ីដូ ដែលជាមេដឹកនាំនៅតំបន់កាស៊ីភីយ៉ា។ ខ្ញុំក៏បានប្រាប់ពួកគេអំពីរបៀបដែលត្រូវនិយាយជាមួយលោកអ៊ីដូ និងបងប្អូនលោកជាក្រុមអ្នកបំរើព្រះវិហារ ដែលរស់នៅតំបន់កាស៊ីភីយ៉ា ដើម្បីអោយពួកគេនាំមនុស្សមកបំរើការងារ ក្នុងព្រះដំណាក់នៃព្រះ របស់យើង។ ១៨ ដោយព្រះដ៏សប្បុរស បានដាក់ព្រះហស្ដលើយើង ពួកគេនាំលោកសេរេប៊ីយ៉ាមកអោយពួកយើង។ គាត់ជាបុរសម្នាក់ដែលមានសុភនិច្ឆ័យ ជាពូជពង្សរបស់លោកម៉ាលី ដែលត្រូវជាកូនរបស់លោកលេវី ជាកូនរបស់លោកអ៊ីស្រាអែល។ គាត់នាំកូនប្រុស និងបងប្អូនរបស់គាត់មកជាមួយដែរ ដែលមានចំនួន ១៨នាក់។ ១៩ បន្ទាប់មក មានលោកហាសាប៊ីយ៉ា និងលោកយេសាយ៉ាពីអំបូរមេរ៉ារី ព្រមទាំងបងប្អូន និងកូនៗរបស់ពួកគេ ដែលមានចំនួន ២០ នាក់។ ២០ បន្ទាប់មកទៀត មានក្រុមបំរើព្រះវិហារចំនួន ២២០នាក់ ដែលមានឈ្មោះក្នុងបញ្ជី។ ពួកគេជាកូនចៅរបស់អស់អ្នកដែលព្រះបាទដាវីឌ និងមេដឹកនាំតែងតាំងអោយជួយធ្វើការក្រុមលេវី។
២១ នៅ ក្បែរព្រែកអាហាវ៉ានោះ ខ្ញុំបានប្រកាសអោយធ្វើពិធីតមអាហារ ដើម្បីដាក់ខ្លួននៅចំពោះព្រះភក្ត្ររបស់ព្រះនៃយើង សូមព្រះអង្គប្រោសប្រទានអោយយើង និងកូនចៅរបស់យើងធ្វើដំណើរប្រកបដោយសុខសាន្ត ហើយអោយទ្រព្យសម្បត្តិរបស់យើងបានគង់វង្សផង។
២២ ខ្ញុំ នឹកខ្មាសមិនហ៊ានទូលសូមព្រះរាជាប្រទានកងទ័ពសេះ សំរាប់ការពារពួកយើង នៅតាមផ្លូវ ក្រែងលោមានខ្មាំងមកយាយីនោះឡើយ ដ្បិតពួកយើងបានទូលព្រះរាជាថា ព្រះនៃយើងសំដែងព្រះចេស្ដា និងព្រះហឫទ័យសប្បុរសការពារអស់អ្នកដែលស្វែងរកព្រះអង្គ តែទ្រង់ពិរោធដាក់ទោសអស់អ្នកដែលបោះបង់ចោលព្រះអង្គ។ ២៣ ហេតុនេះហើយបានជាពួកយើងតមអាហារ និងអង្វររកព្រះនៃយើង ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពួកយើង។
២៤ បន្ទាប់មក ខ្ញុំញែកបូជាចារ្យដប់ពីររូប ពីចំណោមមេដឹកនាំរបស់ក្រុមបូជាចារ្យ គឺមានលោកសេរេប៊ីយ៉ា និងលោកហាសាប៊ីយ៉ា ព្រមទាំងបងប្អូនរបស់ពួកលោកដប់រូបទៀត។ ២៥ ខ្ញុំបានថ្លឹងប្រាក់ មាស និងវត្ថុផ្សេងៗមួយចំណែកជូនអស់លោកទាំងនោះ គឺចំណែកញែកចេញពីតង្វាយដែលព្រះរាជា ទីប្រឹក្សា មន្ត្រីរបស់ស្ដេច និងជនជាតិអ៊ីស្រាអែល នៅក្នុងស្រុកបានថ្វាយសំរាប់ព្រះដំណាក់របស់ព្រះនៃយើង។ ២៦ ខ្ញុំបានប្រគល់ប្រាក់ជូនលោកទាំងនោះចំនួនម្ភៃតោន វត្ថុធ្វើអំពីប្រាក់ចំនួនបីតោន មាសបីតោន ២៧ ពែងមាសចំនួនម្ភៃដែលមានតម្លៃជាមាស មួយពាន់តម្លឹង ព្រមទាំងផើងពីរធ្វើពីលង្ហិនដ៏រលើបដែលមានតម្លៃដូចមាសដែរ។ ២៨ បន្ទាប់មក ខ្ញុំពោលទៅកាន់បូជាចារ្យទាំងនោះថា: “អស់លោកបានញែកខ្លួនជាសក្ការៈថ្វាយព្រះអម្ចាស់ រីឯវត្ថុទាំងនេះក៏សក្ការៈដែរ។ ប្រាក់ និងមាសនេះសុទ្ធសឹងជាតង្វាយស្ម័គ្រចិត្ត ដែលគេថ្វាយចំពោះព្រះអម្ចាស់ ជាព្រះរបស់បុព្វបុរសនៃអស់លោក។ ២៩ សូមយកចិត្តទុកដាក់ ថែរក្សាវត្ថុទាំងនេះ រហូតដល់ក្រុងយេរូសាឡឹម។ នៅទីនោះអស់លោកត្រូវថ្លឹងវត្ថុទាំងនេះ នៅចំពោះមុខមេដឹកនាំក្រុមបូជាចារ្យ និងក្រុមលេវី ព្រមទាំងមេដឹកនាំក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែល នៅក្នុងបន្ទប់នៃព្រះដំណាក់របស់ព្រះអម្ចាស់”។
៣០ ក្រុម បូជាចារ្យ និងក្រុមលេវីទទួលយកមាសប្រាក់ និងវត្ថុទាំងអស់ដែលគេបានថ្លឹង ដើម្បីនាំទៅក្រុងយេរូសាឡឹម ដាក់ក្នុងព្រះដំណាក់នៃព្រះរបស់យើង»។
ការមកដល់ក្រុងយេរូសាឡឹម
៣១ «នៅថ្ងៃទីដប់ពីរ ក្នុងខែទីមួយ ពួកយើងបានចាកចេញពីព្រែកអាហាវ៉ា ឆ្ពោះទៅក្រុងយេរូសាឡឹម។ នៅតាមផ្លូវព្រះនៃយើងបានដាក់ព្រះហស្ដការពារយើង មិនអោយមានខ្មាំងសត្រូវមកយាយី ឬត្រូវចោរប្លន់ឡើយ។ ៣២ ពេលទៅដល់ក្រុងយេរូសាឡឹម យើងនាំគ្នាសំរាកចំនួនបីថ្ងៃ។ ៣៣ នៅថ្ងៃទីបួនយើងបាន ថ្លឹងប្រាក់មាស និងវត្ថុទាំងអស់ នៅក្នុងព្រះដំណាក់របស់ព្រះនៃយើង រួចប្រគល់ជូនលោកបូជាចារ្យមេរេម៉ូត ជាកូនលោកអ៊ូរីយ៉ា។ នៅជាមួយលោកមានលោកអេឡាសារ ជាកូនរបស់លោកភីនេអាស ព្រមទាំងមានលោកយ៉ូសាបាដ ជាកូនរបស់លោកយ៉ូស៊ូអា និងលោកណូអាឌីយ៉ាជាកូនរបស់លោកប៊ីនូអ៊ី ដែលជាក្រុមលេវី។ ៣៤ គេបានរាប់ចំនួន និងថ្លឹងវត្ថុទាំងនោះ ព្រមទាំងកត់ត្រាទម្ងន់សរុប ទុកជាលាយលក្ខណ៍អក្សរផង។
៣៥ អស់ អ្នកដែលគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះ នាំគ្នាថ្វាយតង្វាយដុតទាំងមូលចំពោះព្រះនៃជនជាតិអ៊ីស្រាអែល គឺគោ ១២ក្បាល សំរាប់ប្រជាជនអ៊ីស្រាអែលទាំងមូល ចៀមឈ្មោល ៩៦ក្បាល កូនចៀម ៧៧ក្បាល និងពពែឈ្មោល ២០ ក្បាល ជាតង្វាយរំដោះបាប។ ពួកគេដុតសត្វទាំងនោះជាតង្វាយដុតទាំងមូលថ្វាយព្រះអម្ចាស់។ ៣៦ បន្ទាប់មក គេបានប្រគល់រាជក្រឹត្យជូនអស់លោកឧបរាជ និងទេសាភិបាល តំបន់ប៉ែកខាងលិចទន្លេអឺប្រាត។ អស់លោកទាំងនោះបានជួយគាំទ្រជនជាតិអ៊ីស្រាអែល និងព្រះដំណាក់របស់ព្រះជាម្ចាស់»។
ជំពូកទី ៩
ជនជាតិយូដាដែលរៀបការជាមួយសាសន៍ដទៃ
១ ក្រោយពីនោះមក ពួកមេដឹកនាំមកប្រាប់ខ្ញុំថា “ប្រជាជនអ៊ីស្រាអែល ក្រុមបូជាចារ្យ និងក្រុមលេវីមិនបានញែកខ្លួនចេញពីជាតិសាសន៍នានា ដែលនៅក្នុងស្រុកនោះទេ។ ពួកគេប្រព្រឹត្តអំពើគួរអោយស្អប់ខ្ពើមដូចសាសន៍ទាំងនោះដែរ គឺមានជនជាតិកាណាន ជនជាតិហេត ជនជាតិពេរីស៊ីត ជនជាតិយេប៊ូស ជនជាតិអាំម៉ូន ជនជាតិម៉ូអាប់ ជនជាតិអេស៊ីប និងជនជាតិអាម៉ូរី។ ២ ពួកគេ និងកូនប្រុសរបស់គេបានយកកូនស្រីរបស់ជនជាតិទាំងនោះ មកធ្វើជាប្រពន្ធជាហេតុធ្វើអោយជាតិដ៏វិសុទ្ធ លាយជាមួយជាតិសាសន៍នៅក្នុងស្រុកនោះ។ ពួកមេដឹកនាំ និងពួកគ្រប់គ្រងនាំគ្នាប្រព្រឹត្តអំពើក្បត់នេះមុនគេ”។
៣ ពេលឮពាក្យទាំងនេះ ខ្ញុំហែកអាវធំ និងសម្លៀកបំពាក់របស់ខ្ញុំ ខ្ញុំបោចសក់ និងបោចពុកចង្កាខ្លួនឯង ហើយអង្គុយកើតទុក្ខ។ ៤ អស់អ្នកដែលខ្លាចព្រះ នៃជនជាតិអ៊ីស្រាអែល ដាក់ទោសជនជាតិយូដាជាប់ជាឈ្លើយ ដែលត្រឡប់មកវិញ ហើយប្រព្រឹត្តអំពើក្បត់បែបនេះ ក៏នាំគ្នាមកអង្គុយជុំវិញខ្ញុំដែរ។ ខ្ញុំអង្គុយបែបនេះ រហូតដល់ពេលថ្វាយតង្វាយល្ងាច។
៥ លុះដល់ ពេលថ្វាយតង្វាយល្ងាចខ្ញុំក៏ងើបពីភាពសោកសៅ។ ខ្ញុំនៅតែស្លៀកសម្លៀកបំពាក់ និងពាក់អាវធំរហែកដដែលនោះ ខ្ញុំលុតជង្គង់ចុះ ហើយលើកដៃឆ្ពោះទៅរកព្រះអម្ចាស់ ជាព្រះនៃខ្ញុំ ៦ ដោយទូលអង្វរថា៖
«ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំអាម៉ាស់មុខខ្លាំងណាស់! ព្រះនៃទូលបង្គំអើយ ទូលបង្គំខ្មាសមិនហ៊ានសម្លឹងទៅរកព្រះអង្គទេ ដ្បិតកំហុសរបស់យើងខ្ញុំកើនកាន់តែច្រើនឡើង ខ្ពស់ជាងក្បាលយើងខ្ញុំទៅទៀត។ រីឯអំពើបាបរបស់យើងខ្ញុំក៏គរឡើងជាច្រើន រហូតដល់ផ្ទៃមេឃដែរ។ ៧ តាំងពីជំនាន់ដូនតា របស់យើងខ្ញុំ រហូតដល់សព្វថ្ងៃ យើងខ្ញុំមានកំហុសធ្ងន់ណាស់។ ដោយសារតែអំពើអាក្រក់នេះហើយ បានជាព្រះអង្គប្រគល់យើងខ្ញុំ ស្ដេចរបស់យើងខ្ញុំ និងបូជាចារ្យរបស់យើងខ្ញុំទៅក្នុងកណ្ដាប់ដៃស្ដេចរបស់ប្រជាជាតិ នានា។ ពួកគេកាប់សម្លាប់យើងខ្ញុំដោយមុខដាវកៀរយើងខ្ញុំយកទៅជាឈ្លើយ រឹបអូសយកទ្រព្យសម្បត្តិរបស់យើងខ្ញុំ ធ្វើអោយយើងខ្ញុំត្រូវអាម៉ាស់ដូចសព្វថ្ងៃ។ ៨ ក៏ប៉ុន្តែ មិនយូរប៉ុន្មាន ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ បានសំដែងព្រះហឫទ័យប្រណីសន្ដោសមកលើយើងខ្ញុំ ដោយប្រោសប្រទានអោយប្រជាជនមួយចំនួននៅសេសសល់ ហើយមករស់នៅក្នុងទឹកដីដ៏វិសុទ្ធរបស់ព្រះអង្គ។ ទោះបីយើងធ្លាក់ខ្លួនជាទាសករក្ដី ក៏ព្រះនៃយើងខ្ញុំប្រោសអោយយើងខ្ញុំបានភ្លឺភ្នែក និងអោយយើងខ្ញុំមានជីវិតធូរស្រាលឡើងវិញ។ ៩ យើងខ្ញុំជាទាសករមែន ប៉ុន្តែ ព្រះនៃយើងខ្ញុំ ពុំបានបោះបង់ចោលយើងខ្ញុំឡើយ។ ព្រះអង្គសំដែងព្រះហឫទ័យសប្បុរសដល់យើងខ្ញុំ នៅចំពោះព្រះភក្ត្រស្ដេចទាំងប៉ុន្មាននៃស្រុកពែរ្ស គឺព្រះអង្គប្រទានជីវិតថ្មីដល់យើងខ្ញុំ ដើម្បីអោយយើងខ្ញុំសង់ព្រះដំណាក់របស់ព្រះនៃយើងខ្ញុំឡើងវិញ ជួសជុលកន្លែងបាក់បែក ព្រមទាំងអោយយើងខ្ញុំមានទីជំរកដ៏រឹងមាំនៅស្រុកយូដា និងក្រុងយេរូសាឡឹម។
១០ ឥឡូវ នេះ ឱព្រះនៃយើងខ្ញុំអើយ ក្រោយពីមានហេតុការណ៍កើតឡើងដូច្នេះ តើអោយយើងខ្ញុំពោលដូចម្ដេច? ដ្បិតយើងខ្ញុំពុំបានគោរពតាមបទបញ្ជារបស់ព្រះអង្គទេ ១១ គឺបទបញ្ជាដែល ព្រះអង្គប្រទានដល់យើងខ្ញុំ តាមរយៈព្យាការីជាអ្នកបំរើរបស់ព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលមកយើងខ្ញុំជាមុនថា “ស្រុកដែលអ្នករាល់គ្នាចូលទៅចាប់យកនោះ ជាស្រុកមិនបរិសុទ្ធ ដ្បិតជាតិសាសន៍ដែលរស់នៅលើទឹកដីនោះជាមនុស្សមិនបរិសុទ្ធ ហើយគោរពព្រះក្លែងក្លាយ គួរស្អប់ខ្ពើមពាសពេញក្នុងស្រុក។ ១២ ដូច្នេះ មិនត្រូវលើកកូនស្រីរបស់អ្នករាល់គ្នាអោយរៀបការជាមួយកូនប្រុស របស់សាសន៍ដទៃ ហើយក៏មិនត្រូវអោយកូនប្រុសរបស់អ្នករាល់គ្នា រៀបការជាមួយកូនស្រីរបស់ពួកគេដែរ។ ទោះបីពួកគេបានសុខ និងចំរុងចំរើនក្ដី កុំរវីរវល់នឹងពួកគេឡើយ។ ធ្វើដូច្នេះ អ្នករាល់គ្នានឹងមានកម្លាំងខ្លាំងក្លា ហើយបរិភោគភោគផលដ៏ល្អៗនៅក្នុងស្រុក ព្រមទាំងទុកទឹកដីនេះជាកេរមត៌ក អោយកូនចៅរបស់អ្នករហូតតរៀងទៅ”។
១៣ ឱព្រះ នៃយើងខ្ញុំអើយ យើងខ្ញុំរងទុក្ខវេទនាបែបនេះ ព្រោះតែអំពើបាប និងកំហុសដ៏ធ្ងន់របស់យើងខ្ញុំ។ ប៉ុន្តែ ព្រះអង្គពុំបានដាក់ទោសយើងខ្ញុំអោយសមនឹងកំហុសរបស់យើងខ្ញុំឡើយ គឺព្រះអង្គបានទុកអោយពួកយើងខ្ញុំមួយចំនួននៅសេសសល់។ ១៤យើងខ្ញុំពុំអាច រំលោភលើបទបញ្ជារបស់ព្រះអង្គ ដោយទៅចងស្ពានមេត្រីជាមួយជាតិសាសន៍ដ៏គួរស្អប់ខ្ពើមទាំងនោះទៀត ទេ។ បើមិនដូច្នោះទេ ព្រះអង្គមុខជាព្រះពិរោធទាស់នឹងពួកយើងខ្ញុំ រហូតបំផ្លាញយើងខ្ញុំអោយវិនាសសូន្យ ឥតទុកអោយនៅសេសសល់ឡើយ។ ១៥ បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ព្រះអង្គជាព្រះដ៏សុចរិត ហេតុនេះហើយបានជាព្រះអង្គ ទុកអោយយើងខ្ញុំនៅសេសសល់។ យើងខ្ញុំស្ថិតនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គទាំងមានបាប។ ធម្មតាអ្នកដែលប្រព្រឹត្តអំពើបាបបែបនេះ មិនអាចឈរនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គបានឡើយ»។
ជំពូកទី ១០
ជនជាតិអ៊ីស្រាអែលលែងប្រពន្ធដែលជាសាសន៍ដទៃ
១ ពេលលោកអែសរ៉ាក្រាបនៅ មុខព្រះដំណាក់ព្រះជាម្ចាស់ លោកទូលអង្វរ និងលន់តួបាបទាំងសំរក់ទឹកភ្នែក ជនជាតិអ៊ីស្រាអែលជាច្រើន ទាំងប្រុសទាំងស្រី និងក្មេង នាំគ្នាមកជុំវិញលោកហើយយំសោកយ៉ាងខ្លាំង។ ២ ពេលនោះ លោកសេកានីយ៉ាជាកូនរបស់លោកយេហ៊ីអែល និងជាពូជពង្សរបស់លោកអេឡាំ ជំរាបលោកអែសរ៉ាថា៖ «យើងខ្ញុំបានក្បត់ព្រះជាម្ចាស់ ដោយរៀបការជាមួយស្ត្រីសាសន៍ដទៃ ជាប្រជាជនរស់នៅក្នុងស្រុកនេះ។ ប៉ុន្តែ ទោះបីយ៉ាងនេះក្ដី ក៏ជនជាតិអ៊ីស្រាអែលនៅតែមានសង្ឃឹម។ ៣ យើងខ្ញុំសូមចង សម្ពន្ធមេត្រីជាមួយព្រះនៃយើងថា យើងខ្ញុំនឹងបោះបង់ប្រពន្ធសាសន៍ដទៃ ព្រមទាំងកូនដែលកើតពីស្ត្រីទាំងនោះទៀតផង។ យើងខ្ញុំសុខចិត្តធ្វើតាមសំណូមពររបស់លោកម្ចាស់ និងអស់អ្នកដែលគោរពកោតខ្លាច ចំពោះបទបញ្ជារបស់ព្រះនៃយើង។ សូមអោយបានសំរេចតាមគម្ពីរវិន័យចុះ។ ៤ សូមលោកក្រោកឡើងហើយ បំពេញកិច្ចការរបស់លោកចុះ យើងខ្ញុំគាំទ្រលោក។ សូមលោកមានចិត្តក្លាហានឡើង រួចសំរេចកិច្ចការនេះទៅ»។
៥ លោក អែសរ៉ាក្រោកឡើង បង្គាប់មេដឹកនាំក្រុមបូជាចារ្យ និងក្រុមលេវី ព្រមទាំងមេដឹកនាំជនជាតិអ៊ីស្រាអែលទាំងមូលអោយស្បថ ហើយធ្វើតាមសំណើរបស់លោកសេកានីយ៉ា។ ពួកគេក៏នាំគ្នាស្បថ។ ៦ បន្ទាប់មក លោកអែសរ៉ាចាកចេញពីមុខព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយចូលទៅក្នុងបន្ទប់របស់លោកយ៉ូហាណាន ដែលជាកូនលោកអេលីយ៉ាស៊ីប។ នៅទីនោះ លោកមិនព្រមពិសាអាហារ ឬទឹកឡើយ ដ្បិតលោកនៅតែសោកសង្រេង ដោយសារ កំហុសដ៏ធ្ងន់របស់ប្រជាជនដែលជាប់ជាឈ្លើយ ហើយវិលមកវិញ។
៧ បន្ទាប់ មកទៀត គេចេញប្រកាសពាសពេញក្រុងយេរូសាឡឹម និងស្រុកយូដា បង្គាប់អោយអស់អ្នកដែលជាប់ជាឈ្លើយហើយវិលមកវិញនោះ ជួបជុំគ្នានៅក្រុងយេរូសាឡឹម។ ៨ អ្នកណាមិនព្រមមក ក្នុងរយៈពេលបីថ្ងៃ តាមសេចក្ដីសំរេចរបស់មេដឹកនាំ និងព្រឹទ្ធាចារ្យ គេនឹងរឹបអូសទ្រព្យសម្បត្តិរបស់អ្នកនោះ ហើយបណ្ដេញគាត់ចេញពីសហគមន៍អ៊ីស្រាអែល។
៩ ក្នុង អំឡុងពេលបីថ្ងៃ ប្រុសៗទាំងអស់ក្នុងកុលសម្ព័ន្ធយូដា និងបេនយ៉ាមីន មកជួបជុំគ្នានៅក្រុងយេរូសាឡឹម។ នៅថ្ងៃទីម្ភៃក្នុងខែទីប្រាំបួន ប្រជាជនទាំងមូលអង្គុយនៅត្រង់ទីធ្លា ខាងមុខព្រះដំណាក់របស់ព្រះជាម្ចាស់។ ពួកគេញាប់ញ័រជាខ្លាំង ព្រោះតែព្រឹត្តិការណ៍នេះ និងព្រោះតែមានភ្លៀងផង។ ១០ លោកបូជាចារ្យអែសរ៉ា ក្រោកឈរឡើង ពោលទៅកាន់ពួកគេថា៖ «អ្នករាល់គ្នាបានក្បត់ព្រះជាម្ចាស់ ដោយរៀបការជាមួយស្ត្រីសាសន៍ដទៃ ធ្វើអោយជនជាតិអ៊ីស្រាអែលរឹតតែមានទោស។ ១១ ឥឡូវនេះ ចូរលន់តួបាបនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គ។ ចូរញែកខ្លួនចេញពីជាតិសាសន៍ដែលរស់នៅក្នុងស្រុក ព្រមទាំងញែកខ្លួនចេញពីប្រពន្ធរបស់អ្នករាល់គ្នា ដែលជាសាសន៍ដទៃផង»។
១២ សហគមន៍ទាំងមូលឆ្លើយតបដោយបន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ «ពិតមែនហើយ យើងខ្ញុំនឹងធ្វើតាមពាក្យរបស់លោក! ១៣ ប៉ុន្តែ យើងខ្ញុំមានគ្នាច្រើន ហើយជារដូវភ្លៀងផង ដូច្នេះ យើងខ្ញុំមិនអាចនៅខាងក្រៅបានទេ។ មួយវិញ ទៀតកិច្ចការនេះពុំអាចសំរេចក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃឡើយ ដ្បិតមានគ្នាច្រើនក្នុងចំណោមពួកយើងបានប្រព្រឹត្តអំពើបាបនេះ។ ១៤ សូមអោយមេដឹកនាំ របស់យើងខ្ញុំស្ថិតនៅទីនេះ ក្នុងនាមសហគមន៍ទាំងមូល។ រីឯអស់អ្នកដែលរស់នៅតាមទីក្រុងរបស់យើង ហើយរៀបការជាមួយស្ត្រីសាសន៍ដទៃនោះ ត្រូវមកបង្ហាញខ្លួនចំពោះមុខមេដឹកនាំនៅថ្ងៃដែលព្រឹទ្ធាចារ្យ និងអ្នកគ្រប់គ្រងក្រុងនីមួយៗបានកំណត់ទុក។ យើងខ្ញុំនឹងធ្វើបែបនេះ រហូតទាល់តែព្រះពិរោធរបស់ព្រះនៃយើងខ្ញុំបានស្ងប់»។
១៥ មានតែ លោកយ៉ូណាថាន ជាកូនរបស់លោកអសាអែល និងលោកយ៉ាស៊ីយ៉ា ជាកូនរបស់លោកទីកវ៉ាប៉ុណ្ណោះ ដែលជំទាស់នឹងការសំរេចនេះ ដោយមានការគាំទ្រពីសំណាក់លោកមេស៊ូឡាម និងលោកសាប់ថាយពីក្រុមលេវី។ ១៦ ប្រជាជនដែលជាប់ជា ឈ្លើយហើយវិលមកវិញ យល់ស្របទាំងអស់គ្នា។ លោកបូជាចារ្យអែសរ៉ាបានជ្រើសរើសមេក្រុមគ្រួសារ ក្នុងអំបូរនីមួយៗ តាមឈ្មោះរបស់ពួកគេរៀងៗខ្លួន។ អ្នកទាំងនោះចូលរួមពិនិត្យមើលសំណុំរឿងនេះ នៅថ្ងៃទីមួយ ក្នុងខែទីដប់។ ១៧ នៅថ្ងៃទីមួយក្នុងខែទីមួយ គេបង្ហើយការពិនិត្យមើលសំណុំរឿងរបស់អស់អ្នកដែលរៀបការនឹងស្ត្រីសាសន៍ដទៃនោះ។
បញ្ជីឈ្មោះជនជាតិយូដាដែលបានរៀបការជាមួយស្ត្រីសាសន៍ដទៃ
១៨ ក្នុងចំណោមក្រុម បូជាចារ្យ ដែលបានរៀបការជាមួយស្ត្រីសាសន៍ដទៃមាន: កូនចៅលោកយ៉ូស៊ូអា កូនចៅលោកយ៉ូសាដាក និងកូនចៅរបស់បងប្អូនគាត់ គឺលោកម៉ាសេយ៉ា លោកអេលីយេស៊ែរ លោកយ៉ារីប និងលោកកេដាលីយ៉ា។ ១៩ ពួកគេបានសន្យាថា នឹងលែងលះប្រពន្ធរបស់ខ្លួន ហើយថ្វាយចៀមឈ្មោលមួយជាយញ្ញបូជារំដោះបាប។ ២០ បន្ទាប់មក មានកូនចៅលោកអ៊ីមែរ គឺលោកហាណានី និងលោកសេបាឌីយ៉ា ២១ កូនចៅលោកហារីម គឺលោកម៉ាសេយ៉ា លោកអេលីយ៉ា លោកសេម៉ាយ៉ា លោកយេហ៊ីអែល និងលោកអូស្យាស ២២ កូនចៅលោកប៉ាសួរ គឺលោកអេលីយ៉ូណៃ លោកម៉ាសេយ៉ា លោកអ៊ីស្មាអែល លោកនេតានេអែល លោកយ៉ូសាបាដ និងលោកអេឡាសារ។
២៣ ក្នុងចំណោមក្រុមលេវី មានលោកយ៉ូសាបាដ លោកស៊ីម៉ៃ លោកកេឡាយ៉ា ហៅកេលីតា លោកប៉េតាយ៉ា និងលោកអេលីយេស៊ែរ។ ២៤ ក្នុងចំណោមក្រុមចំរៀងមានលោក អេលី-យ៉ាស៊ីប។ ក្នុងចំណោមក្រុមយាមទ្វារមានលោកសាលូម លោកថេលេម និងលោកអ៊ូរី។
២៥ ក្នុង ចំណោមជនជាតិអ៊ីស្រាអែល: កូនចៅលោកប៉ារ៉ូសមានលោករ៉ាមីយ៉ា លោកអ៊ីស៊ីយ៉ា លោកម៉ាល់គីយ៉ា លោកមីយ៉ាមីន លោកអេឡាសារ និងលោកបេណាយ៉ា។ ២៦ កូនចៅលោកអេឡាំមានលោកម៉ាថានីយ៉ា លោកសាការី លោកយេហ៊ីអែល លោកអាប់ឌី លោកយេរេម៉ុត និងលោកអេលីយ៉ា។ ២៧ កូនចៅលោកសាធូមានលោកអេលីយ៉ូណៃ លោកអេលីយ៉ាស៊ីប លោកម៉ាថានីយ៉ា លោកយេរេម៉ុត លោកសាបាដ និងអស៊ីសា។ ២៨ កូនចៅលោកបេបៃមានលោកយ៉ូហាណន លោកហាណានីយ៉ា លោកសាបៃ និងលោកអាត់ឡៃ។ ២៩ កូនចៅលោកបានី មាន លោកមេស៊ូឡាំ លោកម៉ាលូក លោកអដាយ៉ា លោកយ៉ាស៊ូប លោកសេអាល់ និងលោកយេរេម៉ុត។ ៣០ កូនចៅលោកប៉ាហាត់-ម៉ូអាប់ មាន លោកអាដណា លោកកេឡាល លោកបេណាយ៉ា លោកម៉ាសេយ៉ា លោកម៉ាថានីយ៉ា លោកបេសាលេអែល លោកប៊ីនូអ៊ី និងលោកម៉ាណាសេ។ ៣១ កូនចៅលោកហារីមមានលោកអេលីយេស៊ែរ លោកយីស៊ីយ៉ា លោកម៉ាល់គីយ៉ា លោកសេម៉ាយ៉ា លោកស៊ីម៉ូន ៣២ លោកបេនយ៉ាមីន លោកម៉ាលូក និងលោកសេម៉ារីយ៉ា។ ៣៣ កូនចៅលោកហាស៊ូមមានលោកម៉ាត់ណៃ លោកម៉ាត់តាថា លោកសាបាដ លោកអេលីផេលេត លោកយេរេម៉ៃ លោកម៉ាណាសេ និងលោកស៊ីម៉ៃ។ ៣៤ កូនចៅលោកបាន មាន លោកម៉ាដាយ លោកអាំរ៉ាម លោកអ៊ូអែល ៣៥ លោកបេណាយ៉ា លោកបេឌីយ៉ា លោកកេលូហ៊ូ ៣៦ លោកវ៉ានីយ៉ា លោកមេរេម៉ុត លោកអេលីយ៉ាស៊ីប ៣៧ លោកម៉ាថានីយ៉ា លោកម៉ាត់ណៃ លោកយ៉ាសៃ ៣៨ លោកបានី លោកប៊ីនូអ៊ី លោកស៊ីម៉ៃ ៣៩ លោកសេលេមីយ៉ា លោកណាថាន លោកអដាយ៉ា ៤០ លោកម៉ាក់ណាដបៃ លោកសាសៃ លោកសារ៉ៃ ៤១ លោកអសារេអែល លោកសេឡេមីយ៉ា លោកសេម៉ារីយ៉ា ៤២ លោកសាលូម លោកអម៉ារីយ៉ា និងលោកយ៉ូសែប។ ៤៣ កូនចៅលោកនេបូ មានលោកយេអែល លោកម៉ាធីធីយ៉ា លោកសាបាដ លោកសេប៊ីណា លោកយ៉ាដៃ លោកយ៉ូអែល និងលោកបេណាយ៉ា។
៤៤ អ្នកទាំងនេះបានរៀបការជាមួយស្ត្រីសាសន៍ដទៃ ហើយមួយចំនួនមានកូនទៀតផង៕