ពាក្យលំនាំ

អ្នក​បក​ប្រែ​គម្ពីរ​ដាមីអែល​ជា​ភាសា​ក្រិក បាន​បន្ថែម​អត្ថបទ​បី ដែល​គ្មាន​ចែង​ក្នុង​គម្ពីរ ភាសា​ហេប្រឺ។
ជំពូក ៣ ជា​ពាក្យ​អធិដ្ឋាន ២ ដែល​ជន​ជាតិ​យូដា​តែង​តែ​សូត្រ​នៅ​ក្នុង​សាលា​ប្រជុំ (ធម្មសាលា) ហើយ​គេ​បញ្ចូល​ទុក​ជា​ពាក្យ​អធិដ្ឋាន​របស់​លោក​អសារីយ៉ា និង​មិត្ត​ភក្តិ​របស់​លោក​ដានីអែល នៅ​ពេល​ព្រះ​មហា​ក្សត្រ​ទម្លាក់​ក្នុង​ភ្លើង។
ជំពូក ១៣ និង ១៤ គ្មាន​ទំនាក់​ទំនង​ជាមួយ​រឿង​លោក​ដានីអែល​ទេ គឺ​គ្រាន់​តែ​លើក​តម្កើង លោក ដានីអែល​កាល​នៅ​ពី​កុមារ ឬ​កាល​នៅ​វ័យ​ចាស់​លោក​ប្រព្រឹត្ត​ការ​អស្ចារ្យ។

លោក​ដានីអែល

ជំពូកទី ១

ព្រះជាម្ចាស់​ការពារ​យុវជន​ដានីអែល និង​មិត្តភក្ដិ
១ នៅ​ឆ្នាំ​ទី​បី​នៃ​ រជ្ជកាល​ព្រះបាទ​យ៉ូយ៉ាគីម ជា​ស្ដេច​ស្រុក​យូដា​ ព្រះចៅ​នេប៊ូកានេសារ​ជា​ស្ដេច​ស្រុក​បាប៊ីឡូន​លើក​ទ័ព​មក​ឡោមព័ទ្ធ​ក្រុង​ យេរូសាឡឹម។ ២ ​ព្រះអម្ចាស់​បាន​ប្រគល់​ ព្រះបាទ​យ៉ូយ៉ាគីម​ជា​ស្ដេច​ស្រុក​យូដា ព្រម​ទាំង​ប្រដាប់ប្រដា​មួយ​ចំនួន​របស់​ព្រះវិហារ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះចៅ​នេប៊ូកានេសារ។ ព្រះចៅ​នេប៊ូកានេសារ​បាន​នាំ​ឈ្លើយ​សង្គ្រាម​ទៅ​ស្រុក​ស៊ីណេអារ ហើយ​យក​ប្រដាប់ប្រដា​ទាំង​នោះ​ទៅ​ទុក​ក្នុង​វិហារ​នៃ​ព្រះ​របស់​ខ្លួន។

៣ ព្រះមហាក្សត្រ ​បាន​បញ្ជា​ទៅ​លោក​អាស្ពេណា ជា​នាយក​ក្រុម​មហាតលិក អោយ​នាំ​យុវជន​ខ្លះ​ដែល​ជាប់​ព្រះរាជវង្ស​របស់​ស្ដេច​អ៊ីស្រាអែល ឬ​ជា​កូន​ចៅ​របស់​ពួក​អភិជន​មក។ ៤ យុវជន​ទាំង​នោះ​ត្រូវ​មាន ​រូប​ឆោម​ល្អ​ឥត​ខ្ចោះ មាន​ប្រាជ្ញា​វាងវៃ ជា​មនុស្ស​ចេះ​ដឹង មាន​ចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់​មាន​កម្លាំង​អាច​បំរើ​ព្រះមហាក្សត្រ។ យុវជន​ទាំង​នោះ​ត្រូវ​ទទួល​ការ​អប់រំ​ផ្នែក​អក្សរ​សាស្ត្រ និង​ភាសា​ខាល់ដេ​ថែម​ទៀត​ផង។ ៥ ព្រះមហាក្សត្រ​បញ្ជា​គេ​ អោយ​យក​ព្រះស្ងោយ និង​ស្រា​មួយ​ចំណែក​ទៅ​អោយ​យុវជន​ទាំង​នោះ ជា​រៀង​រាល់​ថ្ងៃ ហើយ​បញ្ជា​អោយ​ពួក​គេ​ទទួល​ការ​អប់រំ​អស់​រយៈ​ពេល​បី​ឆ្នាំ មុន​នឹង​ចូល​ទៅ​បំរើ​ស្ដេច។ ៦ ក្នុង​ចំណោម​យុវជន​ទាំង​នោះ​មាន​ខ្លះ​ជា​ជន​ជាតិ​យូដា គឺ​ដានីអែល ហាណានីយ៉ា មីកាអែល និង​ អសារីយ៉ា។ ៧ លោក​នាយក​ក្រុម​មហាតលិក​ បាន​ដាក់​ឈ្មោះ​អ្នក​ទាំង​បួន​ដូច​ត​ទៅ: ដានីអែល​ហៅ​ថា​បេលថាសារ ហាណានីយ៉ា​ហៅ​ថា​សាដ្រាក់ មីកាអែល​ហៅ​ថា​ម៉េសាក់ និង​អសារីយ៉ា​ហៅ​ថា​អបេដនេកូ។

​៨ យុវជន​ ដានីអែល​ប្ដេជ្ញា​ចិត្ត​មិន​បរិភោគ​ម្ហូប​អាហារ និង​ស្រា​របស់​ពី​ព្រះមហាក្សត្រ​ទេ ក្រែង​នាំ​អោយ​គាត់​ទៅ​ជា​មិន​បរិសុទ្ធ គាត់​សូម​លោក​នាយក​ក្រុម​មហាតលិក កុំ​បង្ខំ​គាត់​អោយ​បរិភោគ​ម្ហូប​អាហារ​ទាំង​នោះ។ ៩ ព្រះជាម្ចាស់​ប្រោស​ប្រទាន​អោយ​នាយក​​ក្រុម​មហាតលិក មាន​ចិត្ត​អាណិតអាសូរ​ដល់​យុវជន​ដានីអែល។ ១០ លោក​នាយក​ក្រុម​មហាតលិក ​ពោល​ទៅ​កាន់​យុវជន​ដានីអែល​ថា៖ «ខ្ញុំ​ខ្លាច​ព្រះករុណា​ជា​ម្ចាស់​ណាស់ ដ្បិត​ទ្រង់​បាន​តំរូវ​អោយ​ខ្ញុំ​យក​ម្ហូប​អាហារ និង​ស្រា​មក​ផ្គត់ផ្គង់​ប្អូនៗ ប្រសិន​បើ​ព្រះករុណា​ទត​ឃើញ​មុខ​ប្អូនៗ​ស្គម​ ជាង​យុវជន​ឯ​ទៀតៗ ដែល​មាន​អាយុ​ស្រករ​នឹង​ប្អូនៗ​នោះ ទ្រង់​មុខ​ជា​ដាក់​ទោស​ប្រហារ​ជីវិត​ខ្ញុំ​ពុំខាន»។ ១១ យុវជន​ដានីអែល​ពោល​ទៅ​ កាន់​លោក​ម្នាក់ ដែល​នាយក​ក្រុម​មហាតលិក​បាន​ប្រគល់​ភារកិច្ច​មើល​ខុស​ត្រូវ​លើ​ខ្លួន​គាត់ ហាណានីយ៉ា មីកាអែល និង​អសារីយ៉ា​ថា៖ ១២ «សូម​លោក​ល្បងល​មើល​យើង​ខ្ញុំ ក្នុង​រយៈ​ពេល​ដប់​ថ្ងៃ​ចុះ! គឺ​សូម​ចែក​តែ​បន្លែ និង​ទឹក​អោយ​យើង​ខ្ញុំ​ទទួល​ទាន​ប៉ុណ្ណោះ។ ១៣ បន្ទាប់​មក សូម​លោក​ពិនិត្យ​មើល​មុខ​យើង​ខ្ញុំ និង​មុខ​យុវជន​ឯ​ទៀតៗ​ ដែល​បរិភោគ​ព្រះស្ងោយ​របស់​ព្រះរាជា រួច​សូម​លោក​ប្រព្រឹត្ត ​ចំពោះ​យើង​ខ្ញុំ​តាម​ការ​យល់​ឃើញ​របស់​លោក​ចុះ!»។ ១៤ លោក​ក៏​យល់​ព្រម​តាម​ពាក្យ​សុំ ហើយ​ល្បងល​មើល​យុវជន​ទាំង​បួន​នោះ​អស់​រយៈ​ពេល​ដប់​ថ្ងៃ។ ១៥ លុះ​ដប់​ថ្ងៃ​កន្លង​ផុតទៅ យុវជន​ទាំង​បួន​នាក់​មាន​មុខ​ស្រស់​ល្អ និង​មាន​សាច់​ថ្លា​ជាង​ពួក​យុវជន​ដែល​បាន​បរិភោគ​ព្រះស្ងោយ​របស់​ស្ដេច​ទៅ​ទៀត។ ១៦ ចាប់​ពី​ថ្ងៃ​នោះ​មក អ្នក​ទទួល​ខុស​ត្រូវ​លែង​ចែក​ម្ហូប​អាហារ និង​ស្រា​របស់​ស្ដេច​អោយ​យុវជន​ទាំង​បួន​ទៀត​ហើយ គឺ​ចែក​តែ​បន្លែ និង​ទឹក​អោយ​ពួក​គេ​ប៉ុណ្ណោះ។ ១៧ ព្រះជាម្ចាស់​ប្រោស​ ប្រទាន​អោយ​យុវជន​ទាំង​បួន​នាក់​នេះ​មាន​ចំណេះ​វិជ្ជា ប៉ិនប្រសប់​ខាង​អក្សរសាស្ត្រ និង​មាន​ប្រាជ្ញា​វាងវៃ​ផង។ ម្យ៉ាង​ទៀត​យុវជន​ដានីអែល​ចេះ​បក​ស្រាយ​និមិត្តហេតុ​អស្ចារ្យ និង​ចេះ​កាត់​សប្ដិ​ដែរ។

១៨ លុះ​ដល់ ​ពេល​ដែល​ព្រះរាជា​កំណត់​អោយ​នាំ​ពួក​យុវជន​ទៅ​ថ្វាយ លោក​នាយក​ក្រុម​មហាតលិក​ក៏​នាំ​យុវជន​ទាំង​នោះ ចូល​ទៅ​គាល់​ព្រះចៅ​នេប៊ូកានេសារ។ ១៩ ព្រះមហាក្សត្រ​បាន​ សន្ទនា​ជា​មួយ​យុវជន​ទាំង​នោះ ហើយ​ក្នុង​ចំណោម​ពួក​គេ គ្មាន​នរណា​ម្នាក់​អាច​ផ្ទឹម​ស្មើ​នឹង​ដានីអែល ហាណានីយ៉ា មីកាអែល និង​អសារីយ៉ា​ឡើយ។ ព្រះមហាក្សត្រ​ក៏​ទទួល​យុវជន​ទាំង​បួន​អោយ​ធ្វើ​ជា​ព្រះរាជ​បំរើ។ ២០ ពេល​ស្ដេច​សាក​សួរ​អំពី ​រឿង​អ្វីៗ​ទាំង​អស់ ដែល​ត្រូវ​ការ​តម្រិះ និង​ប្រាជ្ញា​ដ៏​ជ្រៅ​ជ្រះ យុវជន​ទាំង​បួន​នាក់​ពូកែ​ជាង​គ្រូ​មន្តអាគម និង​ហោរា​ទាំងឡាយ​ក្នុង​ព្រះរាជាណា​ចក្រ​​ទាំង​មូល​ដប់​ដង​ទៅ​ទៀត។ ២១ លោក​ដានីអែល​រស់​នៅ​ក្នុង​រាជវាំង រហូត​ដល់​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​របស់​ព្រះចៅ​ស៊ីរូស។

ជំពូកទី ២

សុបិន​និមិត្ត​របស់​ព្រះចៅ​នេប៊ូកានេសារ
១ នៅ​ឆ្នាំ​ទី​ពីរ នៃ​រជ្ជកាល​ព្រះចៅ​នេប៊ូកានេសារ ទ្រង់​បាន​យល់​សុបិន​និមិត្ត ដែល​ធ្វើ​អោយ​ទ្រង់​ខ្វល់​ព្រះហឫ​ទ័យ​មិន​អាច​ផ្ទំ​លក់​ទៀត​បាន​ឡើយ។ ២ ព្រះមហាក្សត្រ​បាន​កោះ​ហៅ ​ពួក​គ្រូ​មន្តអាគម ហោរា គ្រូ​ធ្មប់ និង​គ្រូ​ទាយ​មក ដើម្បី​កាត់​ស្រាយ​សុបិន​ថ្វាយ​ព្រះរាជា គេ​ក៏​នាំ​គ្នា​ចូល​មក​គាល់​ស្ដេច។ ៣ ​ព្រះមហាក្សត្រ​មាន​រាជឱង្ការ​ថា៖ «យើង​បាន​សុបិន​និមិត្ត ហើយ​ខ្វល់ខ្វាយ​ក្នុង​ចិត្ត​ណាស់ ព្រោះ​យើង​ចង់​ដឹង​ថា បាន​សុបិន​ឃើញ​អ្វី»។ ៤ ពួក​គ្រូ​ទាយ​ទូល​ស្ដេច​ វិញ​ជា​ភាសា​អារ៉ាម​ថា៖ «បពិត្រ​ព្រះរាជា​សូម​ទ្រង់​មាន​ព្រះជន្ម​គង់​នៅ​ជា​យូរ​អង្វែង​ត​រៀង​ទៅ! សូម​ព្រះករុណា​មាន​រាជឱង្ការ​អោយ​យើង​ខ្ញុំ​ដឹង​ផង​ថា ព្រះករុណា​ទ្រង់​សុបិន​យ៉ាង​ណា យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​អត្ថន័យ​ថ្វាយ»។ ៥ ព្រះមហាក្សត្រ​មាន​ រាជឱង្ការ​ទៅ​កាន់​គ្រូ​ទាយ​ទាំង​នោះ​វិញ​ថា៖ «យើង​បាន​សំរេច​ចិត្ត​ដូច​ត​ទៅ: ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​អោយ​យើង​ដឹង​អំពី​សុបិន ព្រម​ទាំង​កាត់​ស្រាយ​អត្ថន័យ​ទេ​នោះ យើង​នឹង​កាប់​ចិញ្ច្រាំ​អ្នក​រាល់​គ្នា ហើយ​ដុត​ផ្ទះ​អ្នក​រាល់​គ្នា​អោយ​ទៅ​ជា​ផេះ​ទៀត​ផង។ ៦ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រាប់​អោយ​យើង​ដឹង​អំពី​សុបិន ព្រម​ទាំង​កាត់​ស្រាយ​ន័យ យើង​នឹង​អោយ​រង្វាន់​ដ៏​មាន​តម្លៃ និង​យសស័ក្ដិ​ដ៏​ខ្ពង់ខ្ពស់​ដល់​អ្នក​រាល់​គ្នា​ទៀត​ផង។ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​ប្រាប់​អោយ​យើង​ដឹង​អំពី​សុបិន និង​អត្ថន័យ​របស់​វា»។ ៧ ពួក​គេ​ទូល​ព្រះមហាក្សត្រ ​សា​ជា​ថ្មី​ថា៖ «សូម​ព្រះករុណា​ប្រាប់​យើង​ខ្ញុំ​អោយ​ដឹង​ពី​សុបិន​នោះ​មក យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​អត្ថន័យ​ថ្វាយ»។ ៨ ព្រះមហាក្សត្រ​មាន​ រាជឱង្ការ​ទៅ​ពួក​គេ​វិញ​ថា៖ «យើង​ដឹង​ច្បាស់​ណាស់​ថា អ្នក​រាល់​គ្នា​ចង់​ពន្យារ​ពេល ព្រោះ​តែ​យើង​បាន​សំរេច​ដូច្នេះ ៩ គឺ​ប្រសិន​បើ​អ្នក​រាល់​ គ្នា​មិន​ប្រាប់​អោយ​យើង​ដឹង អំពី​សុបិន​នេះ​ទេ យើង​នឹង​ធ្វើ​ទោស​អ្នក​រាល់​គ្នា​មិន​ខាន។ អ្នក​រាល់​គ្នា​បាន​ឃុបឃិត​គ្នា ប្រឌិត​រឿង​ក្លែងក្លាយ​បញ្ឆោត​យើង ដើម្បី​អោយ​បាន​ចំណេញ​ពេល។ ឥឡូវ​នេះ ត្រូវ​ប្រាប់​អោយ​យើង​ដឹង​អំពី​សុបិន​មក នោះ​យើង​នឹង​ឃើញ​ថា អ្នក​រាល់​គ្នា​ពិត​ជា​អាច​បក​ស្រាយ​អត្ថន័យ​ប្រាប់​យើង​មែន!»។ ១០ គ្រូ​ទាយ​ទាំង​នោះ​ទូល​ ព្រះមហាក្សត្រ​ថា៖ «បពិត្រ​ព្រះរាជា នៅ​លើ​ផែនដី​ពុំ​មាន​នរណា​ម្នាក់​អាច​ធ្វើ​តាម​បញ្ជា​របស់​ព្រះករុណា​បាន​ ឡើយ។ គ្មាន​ស្ដេច​ណា​មួយ ទោះ​បី​ជា​ស្ដេច​ដ៏​ធំ​ឧត្ដុង្គឧត្ដម និង​មាន​ឫទ្ធិ​អំណាច​យ៉ាង​ណា​ក្ដី ធ្លាប់​បង្ខំ​គ្រូ​មន្តអាគម ហោរា និង​គ្រូ​ទាយ​អោយ​ធ្វើ​ការ​អ្វី​ដូច​ព្រះករុណា​បាន​បង្គាប់​នេះ​ទេ។ ១១ ​ព្រះករុណា​បញ្ជា​ ដូច្នេះ​ហួស​ពី​សមត្ថភាព​ដែល​មនុស្ស​អាច​ធ្វើ​បាន ក្រៅ​ពី​ព្រះ​ដែល​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​សត្វ​លោក​នេះ​គ្មាន​នរណា​ម្នាក់ ​អាច​ធ្វើ​តាម​បញ្ជា​របស់​ព្រះករុណា​បាន​ទេ»។

១២ ពេល​ឮ​ ដូច្នេះ​ព្រះរាជា​ក្រេវក្រោធ​យ៉ាង​ខ្លាំង​ឥត​ឧបមា ទ្រង់​ក៏​ចេញ​បញ្ជា​អោយ​គេ​ប្រហារ​ជីវិត​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ ស្រុក​បាប៊ីឡូន។ ១៣ គេ​បាន​ប្រកាស​ផ្សាយ​ រាជ​បញ្ជា ហើយ​ពួក​អ្នក​ប្រាជ្ញ​ត្រូវ​គេ​នាំ​យក​ទៅ បម្រុង​នឹង​ប្រហារ​ជីវិត។ គេ​ក៏​រក​ចាប់​លោក​ដានីអែល និង​មិត្តភក្ដិ​របស់​លោក យក​ទៅ​សម្លាប់​ដែរ។

ព្រះជាម្ចាស់​បំភ្លឺ​លោក​ដានីអែល​អោយ​ដឹង​អំពី​សុបិន​និមិត្ត និង​អត្ថន័យ
១៤ លោក​អរីយ៉ូក​ជា​មេ​ បញ្ជាការ​កង​រក្សា​ព្រះមហាក្សត្រ​ទទួល​បន្ទុក​ចាប់​អ្នក​ប្រាជ្ញ​ស្រុក​ បាប៊ីឡូន​យក​ទៅ​ប្រហារ​ជីវិត។ ពេល​នោះ លោក​ដានីអែល​បាន​សាក​សួរ​ដោយ​ប្រុង​ប្រយ័ត្ន និង​វាងវៃ​ថា៖ ១៥ «ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះមហាក្សត្រ​ចេញ​បញ្ជា​តឹងរ៉ឹង​បែប​នេះ?»។ លោក​អរីយ៉ូក​ក៏​រៀប​រាប់​រឿង​ហេតុ​ប្រាប់​លោក​ដានីអែល។

១៦ លោក​ដានីអែល ​ទៅ​គាល់​ព្រះរាជា​ទូល​សូម​ពន្យារ​ពេល ដើម្បី​ទុក​អោយ​លោក​ពន្យល់​អត្ថន័យ​នៃ​សុបិន​ថ្វាយ។ ១៧ បន្ទាប់​មក លោក​ទៅ​ផ្ទះ​វិញ ជំរាប​លោក​ហាណានីយ៉ា លោក​មីកាអែល និង ​លោក​អសារីយ៉ា​ជា​មិត្តភក្ដិ​អោយ​បាន​ជ្រាប​ពី​ហេតុការណ៍​នេះ ១៨ ហើយ​បបួល​គ្នា​ទូលអង្វរ ​ព្រះជាម្ចាស់​នៃ​ស្ថាន​បរមសុខ សូម​ទ្រង់​អាណិត​មេត្តា​បំភ្លឺ​លោក​អោយ​យល់​អាថ៌កំបាំង​នេះ កុំ​អោយ​គេ​ប្រហារ​ជីវិត​លោក និង​មិត្តភក្ដិ ព្រម​ទាំង​អ្នក​ប្រាជ្ញ​ឯ​ទៀតៗ​នៅ​ស្រុក​បាប៊ីឡូន​ឡើយ។

១៩ ពេល​នោះ ព្រះជាម្ចាស់​បាន​បំភ្លឺ​លោក​ដានីអែល​អោយ​ដឹង​ការ​អាថ៌កំបាំង​នេះ តាម​រយៈ​និមិត្តហេតុ​ដ៏​អស្ចារ្យ​នៅ​ពេល​យប់។ លោក​ដានីអែល​ក៏​លើក​តម្កើង​ព្រះជាម្ចាស់​នៃ​ស្ថាន​បរមសុខ*។ ២០ លោក​ពោល​ថា៖
«សូម​លើក​តម្កើង​ព្រះនាម​ព្រះជាម្ចាស់
អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ!
២១ ព្រះអង្គ​ប្រកប​ដោយ​ព្រះប្រាជ្ញាញាណ
និង​ព្រះចេស្ដា
ព្រះអង្គ​ធ្វើ​អោយ​ពេល​វេលា និង​រដូវ​កាល
ផ្លាស់​ប្ដូរ​ជា​បន្ត​បន្ទាប់​គ្នា
ព្រះអង្គ​ទម្លាក់​ស្ដេច​នានា​ពី​រាជ​បល្ល័ង្ក
ព្រះអង្គ​លើក​ស្ដេច​នានា​អោយ​ឡើង​គ្រង​រាជ្យ
ព្រះអង្គ​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នក​ប្រាជ្ញ
និង​ប្រទាន​ចំណេះ​ដល់​អ្នក​ដែល​ចេះ​ពិចារណា
២២ ព្រះអង្គ​សំដែង​អោយ​ស្គាល់​អ្វីៗ
ដែល​មាន​អត្ថន័យ​ជ្រៅជ្រះ និង​លាក់​កំបាំង
ព្រះអង្គ​ឈ្វេង​យល់​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត
ដ្បិត​មាន​ពន្លឺ​ស្ថិត​នៅ​ជា​មួយ​ព្រះអង្គ។
២៣ បពិត្រ​ព្រះ​នៃ​បុព្វបុរស​របស់​ទូលបង្គំ
ទូលបង្គំ​សូម​សរសើរ និង​លើក​តម្កើង​ព្រះអង្គ
ព្រោះ​ព្រះអង្គ​ប្រទាន​ប្រាជ្ញា និង​កម្លាំង​មក​ទូលបង្គំ។
ព្រះអង្គ​បាន​សំដែង​អោយ​ទូលបង្គំ​ស្គាល់​នូវ​អ្វីៗ
ដែល​យើង​ខ្ញុំ​ទូល​សូម​ព្រះអង្គ
ហើយ​ព្រះអង្គ​ក៏​បាន​សំដែង​អោយ​យើង​ដឹង
អំពី​ហេតុការណ៍​ដែល​នឹង​កើត​មាន​ដល់
ព្រះរាជា​ដែរ»។

២៤ បន្ទាប់មក លោក​ដានីអែល​ទៅ​ជួប​លោក​អរីយ៉ូក ដែល​ទទួល​បញ្ជា​ ពី​ស្ដេច​ក្នុង​ការ​ប្រហារ​ជីវិត​ពួក​អ្នក​ប្រាជ្ញ​នៅ​ស្រុក ​បាប៊ីឡូន។ លោក​ប្រាប់​គាត់​ថា៖ «សូម​កុំ​ប្រហារ​ជីវិត​អ្នក​ប្រាជ្ញ​របស់​ស្រុក​បាប៊ីឡូន​ឡើយ តែ​សូម​នាំ​ខ្ញុំ​ចូល​ទៅ​គាល់​ព្រះករុណា​វិញ ខ្ញុំ​នឹង​កាត់​ស្រាយ​អត្ថន័យ​សុបិន​ថ្វាយ»។ ២៥ លោក​អរីយ៉ូក​ក៏​ ប្រញាប់ប្រញាល់​នាំ​លោក​ដានីអែល​ទៅ​គាល់​ ព្រះមហាក្សត្រ ហើយ​ទូល​ថា៖ «ទូលបង្គំ​រក​បាន​បុរស​ម្នាក់ ក្នុង​ចំណោម​ជន​ជាតិ​យូដា​ដែល​ទ្រង់​ជន្លៀស​យក​មក គាត់​អាច​កាត់​ស្រាយ​អត្ថន័យ​នៃ​សុបិន​ថ្វាយ​ព្រះករុណា​បាន»។

សុបិន​របស់​ស្ដេច​អំពី​រូប​ចម្លាក់​ដែល​មាន​ក្បាល​ជា​មាស
២៦ ព្រះរាជា​មាន​រាជឱង្ការ ​មក​កាន់​លោក​ដានីអែល ហៅ​បេលថាសារ​ថា៖ «តើ​លោក​ពិត​ជា​អាច​ធ្វើ​អោយ​យើង​នឹក​ឃើញ​សុបិន​ដែល​យើង​បាន​និមិត្ត ព្រម​ទាំង​កាត់​ស្រាយ​អត្ថន័យ​បាន​មែន​ឬ?»។ ២៧ លោក​ដានីអែល​ទូល​ ព្រះរាជា​វិញ​ថា៖ «អាថ៌កំបាំង​ដែល​ព្រះករុណា​ចង់​ដឹង​នោះ គ្មាន​អ្នក​ប្រាជ្ញ ហោរា គ្រូ​មន្តអាគម ឬ​គ្រូ​ទាយ​ណា​អាច​ទូល​ថ្វាយ​ព្រះករុណា​បាន​ទេ។ ២៨ ប៉ុន្តែ នៅ​ស្ថាន​បរមសុខ​មាន​ព្រះ​មួយ​អង្គ ដែល​សំដែង​គំរោងការ​ដ៏​លាក់​កំបាំង​ផ្សេងៗ ហើយ​ព្រះអង្គ​ប្រោស​ប្រទាន​អោយ​ព្រះករុណា នេប៊ូកានេសារ​ជ្រាប​អំពី​ហេតុការណ៍​ដែល​នឹង​កើត​មាន​នៅ​អនាគតកាល។ សូម​ទ្រង់​ព្រះសណ្ដាប់​អំពី​សុបិន និង​និមិត្តហេតុ​ដ៏​អស្ចារ្យ​ដែល​ព្រះករុណា​បាន​ឃើញ​នៅ​ពេល​ផ្ទំ​ដូច​ត​ទៅ:

២៩ បពិត្រ​ ព្រះរាជា ពេល​ទ្រង់​ផ្ទំ ព្រលឹង​របស់​ព្រះរាជា​បាន​ឃើញ​ហេតុការណ៍​ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ។ ព្រះ​ដែល​សំដែង​គំរោងការ​ដ៏​លាក់​កំបាំង សព្វ​ព្រះហឫទ័យ​អោយ​ព្រះករុណា​ជ្រាប​អំពី​ការ​ដែល​នឹង​កើត​មាន​នៅ​អនាគត។ ៣០ ព្រះ​ជាម្ចាស់​បាន​សំដែង ​អោយ​ទូលបង្គំ​ស្គាល់​គំរោងការ​ដ៏​លាក់​កំបាំង​ដូច្នេះ មិន​មែន​មក​ពី​ទូលបង្គំ​មាន​ប្រាជ្ញា​លើស​មនុស្ស​ទាំង​អស់​ទេ គឺ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​អោយ​ទូលបង្គំ​ពន្យល់​អត្ថ​ន័យ​​ថ្វាយ​ព្រះករុណា ហើយ​អោយ​ព្រះករុណា​ជ្រាប​ពី​គំនិត ដែល​ស្ថិត​នៅ​ក្នុង​ព្រះហឫទ័យ​របស់​ព្រះករុណា​ផ្ទាល់។

៣១ បពិត្រ​ ព្រះរាជា ក្នុង​សុបិន​និមិត្ត​ទ្រង់​ឃើញ​រូប​បដិមា​មួយ ដែល​មាន​ទំហំ​យ៉ាង​ធំ​ពន់​ពេក​ក្រៃ ហើយ​ថ្កុំថ្កើង​រុងរឿង​អស្ចារ្យ​ណាស់។ រូប​នោះ​ឈរ​នៅ​មុខ​ព្រះករុណា និង​មាន​សភាព​គួរ​អោយ​ស្ញែង​ខ្លាច។ ៣២ ក្បាល​របស់​រូប​នោះ​ធ្វើ​ពី​មាស​សុទ្ធ ទ្រូង និង​ដៃ​ធ្វើ​ពី​ប្រាក់​ពោះ និង​ភ្លៅ​ធ្វើ​ពី​លង្ហិន ៣៣ ជើង​ទាំង​ពីរ​ធ្វើ​ពី​ដែក ហើយ​ប្រអប់​ជើង​ទាំង​ពីរ មាន​មួយ​ផ្នែក​ធ្វើ​ពី​ដែក និង​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដី​ឥដ្ឋ។ ៣៤ ពេល​ព្រះករុណា​កំពុង​តែ ​ទត​មើល​នោះ ស្រាប់​តែ​មាន​ថ្ម​មួយ​ដុំ​ធ្លាក់​ចុះ​មក​ដោយ​ឯកឯង ហើយ​ទង្គិច​នឹង​ប្រអប់​ជើង​ដែល​ធ្វើ​ពី​ដែក និង​ដី​ឥដ្ឋ ធ្វើ​អោយ​ប្រអប់​ជើង​របស់​រូប​បដិមា​បាក់​បែក​ខ្ទេចខ្ទី​អស់។ ៣៥ ពេល​នោះ ដែក​ដី​ឥដ្ឋ លង្ហិន ប្រាក់ និង​មាស​ក៏​បាក់​បែក​ខ្ទេចខ្ទី​ក្លាយ​ទៅ​ជា​ធូលី​ដែល​ត្រូវ​ខ្យល់​ផាត់​បាត់ ​ទៅ​ដូច​សំដី​នៅ​ក្នុង​លាន​បោក​បែន​ស្រូវ​ដែរ គឺ​ឥត​ទុក​ស្នាម​អ្វី​សោះ​ឡើយ។ រីឯ​ដុំ​ថ្ម​ដែល​ទង្គិច​នឹង​រូប​បដិមា​នោះ​បាន​ក្លាយ​ទៅ​ជា​ភ្នំ​មួយ​យ៉ាង​ធំ​ពេញ​ផែនដី​ទាំង​មូល។

៣៦ នេះ​ហើយ​សុបិន​របស់​ព្រះករុណា ដែល​យើង​ខ្ញុំ​សូម​កាត់​ស្រាយ​ថ្វាយ​ដូច​ត​ទៅ:
៣៧ បពិត្រ​ ព្រះរាជា ទ្រង់​ជា​ព្រះមហាក្សត្រ​លើ​ព្រះមហាក្សត្រ​នានា ដ្បិត​ព្រះជាម្ចាស់​នៃ​ស្ថាន​បរមសុខ​បាន​ប្រទាន​រាជ​សម្បត្តិ ឫទ្ធានុភាព ចេស្ដា និង​សិរីរុងរឿង​មក​ព្រះករុណា។ ៣៨ ព្រះអង្គ​បាន​ប្រទាន​ មនុស្ស​លោក សត្វ​ព្រៃ និង​បក្សាបក្សី​នៅ​លើ​មេឃ មក​ក្នុង​ព្រះហស្ដ​ព្រះករុណា អោយ​ព្រះករុណា​គ្រប់គ្រង​លើ​ទាំង​អស់​ទោះ​បី​នៅ​ទី​ណា​ក៏​ដោយ។ ព្រះករុណា​នេះ​ហើយ​ជា​ក្បាល​រូប​បដិមា​ធ្វើ​ពី​មាស។ ៣៩ បន្ទាប់​ពី​ព្រះករុណា​ នឹង​មាន​រាជាណាចក្រ​មួយ​ទៀត​កើត​ឡើង ប៉ុន្តែ ខ្សោយ​ជាង​រាជាណា​ចក្រ​របស់​ព្រះករុណា។ ក្រោយ​មក​មាន​រាជាណាចក្រ​ទី​បី គឺ​លង្ហិន​គ្រប់គ្រង​លើ​ពិភព​លោក​ទាំង​មូល។ ៤០ លុះ​ក្រោយ​មក​ទៀត មាន​រាជាណាចក្រ​ទី​បួន​រឹងមាំ​ដូច​ដែក។ ដែក​កំទេច​ហើយ​បំបាក់​អ្វីៗ​ទាំង​អស់​យ៉ាង​ណា រាជាណាចក្រ​នោះ​នឹង​កំទេច ហើយ​បំបែក​អ្វីៗ​ទាំង​អស់​យ៉ាង​នោះ​ដែរ។ ៤១ ព្រះករុណា​បាន​ទត​ឃើញ​ ប្រអប់​ជើង និង​ម្រាម​ជើង ដែល​មួយ​ផ្នែក​ធ្វើ​អំពី​ដី​ឥដ្ឋ​របស់​ជាង​ស្មូន និង​មួយ​ផ្នែក​ទៀត​ធ្វើ​អំពី​ដែក គឺ​សំដៅ​ទៅ​លើ​រាជាណាចក្រ​នោះ​ដែល​នឹង​ត្រូវ​បែង​ចែក​ជា​ពីរ ប៉ុន្តែ រាជាណា​ចក្រ​នោះ​មាន​មួយ​ផ្នែក​រឹងមាំ​ដូច​ដែក ដ្បិត​ព្រះករុណា​បាន​ឃើញ​ដែក​ជាប់​ជា​មួយ​ដី​ឥដ្ឋ។ ៤២ ម្រាម​ជើង​របស់​រូប​ បដិមា មាន​មួយ​ផ្នែក​ធ្វើ​ពី​ដែក និង​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដី​ឥដ្ឋ បាន​សេចក្ដី​ថា រាជាណាចក្រ​នោះ​នឹង​មាន​ឫទ្ធិ​អំណាច​មួយ​ផ្នែក ហើយ​ក៏​ខ្សោយ​មួយ​ផ្នែក​ដែរ។ ៤៣ ព្រះករុណា​ទត​ឃើញ​ដែក​ ជាប់​ជា​មួយ​ដី​ឥដ្ឋ ព្រោះ​រាជាណាចក្រ​នោះ ​តភ្ជាប់​គ្នា​ដោយសារ​ចំណង​ស្ពានមេត្រី​របស់​មនុស្ស​តែ ​គេ​មិន​រលាយ​ចូល​គ្នា​ទេ គឺ​ដូច​ដែក និង​ដី​ឥដ្ឋ ពុំ​អាច​រលាយ​ចូល​គ្នា​បាន​ឡើយ។

៤៤ ក្នុង​ រជ្ជកាល​របស់​ស្ដេច​ទាំង​នោះ ព្រះជាម្ចាស់​នៃ​ស្ថាន​បរមសុខ ​នឹង​ធ្វើ​អោយ​រាជាណាចក្រ​មួយ​ទៀត​កើត​ឡើង​ដែល ​មិន​រលាយ ហើយ​ក៏​មិន​ធ្លាក់​ទៅ​ក្រោម​អំណាច​គ្រប់គ្រង របស់​ប្រជាជាតិ​ណា​មួយ​ឡើយ។ រាជាណាចក្រ​មួយ​នេះ​នឹង​កំទេច​រាជាណាចក្រ​ឯ​ទៀតៗ​ទាំង​ប៉ុន្មាន ដែល​មាន​ពី​មុន​អោយ​វិនាស​សូន្យ ហើយ​រាជាណាចក្រ​នេះ​នឹង​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ ៤៥ ដូច​ព្រះករុណា​បាន​ឃើញ​ ថ្ម​ធ្លាក់​ចុះ​ពី​លើ​ភ្នំ​ដោយ​ឯកឯង កំទេច​ដែក​លង្ហិន​ដី​ឥដ្ឋ និង​មាស​ដែរ។ ព្រះជាម្ចាស់​ដ៏​ឧត្ដម​បាន​បង្ហាញ​អោយ​ព្រះករុណា​ជ្រាប​អំពី​ហេតុការណ៍​ដែល​ នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ។ សុបិន​របស់​ព្រះករុណា​ជា​ការ​ពិត និង​មាន​អត្ថន័យ​គួរ​អោយ​ជឿ​ទុក​ចិត្ត»។

៤៦ ពេល​នោះ ព្រះចៅ​នេប៊ូកានេសារ​ក្រាប​ចុះ អោន​ព្រះភក្ត្រ​ដល់​ដី ថ្វាយបង្គំ​លោក​ដានីអែល ហើយ​បញ្ជា​អោយ​គេ​ធ្វើ​យញ្ញបូជា និង​ដុត​គ្រឿង​ក្រអូប​ដើម្បី​គោរព​លោក។ ៤៧ ព្រះរាជា​មាន​រាជឱង្ការ ​មក​លោក​ដានីអែល​ថា៖ «ព្រះ​របស់​អស់​លោក​ពិត​ជា​ព្រះ​លើ​ព្រះ​នានា និង​ជា​ព្រះអម្ចាស់​លើ​ព្រះអម្ចាស់​នានា​មែន! មាន​តែ​ព្រះអង្គ​ទេ​ដែល​សំដែង​គំរោងការ​ដ៏​លាក់​កំបាំង​ទាំងឡាយ ហេតុ​នេះ​ហើយ​បាន​ជា​លោក​រក​ឃើញ​គំរោងការ​ដ៏​លាក់​កំបាំង​នេះ»។ ៤៨ បន្ទាប់​មក ព្រះរាជា​បាន​លើក​តម្កើង​លោក​ដានីអែល ព្រម​ទាំង​ប្រទាន​រង្វាន់​ដ៏​មាន​តម្លៃ​យ៉ាង​ច្រើន​ដល់​លោក។ ស្ដេច​ក៏​ប្រទាន​អោយ​លោក​ត្រួតត្រា​លើ​អាណាខេត្ត​បាប៊ីឡូន​ទាំង​មូល និង​អោយ​លោក​ធ្វើ​ជា​ប្រមុខ​លើ​ពួក​អ្នក​ប្រាជ្ញ​ទាំង​អស់​នៅ​ស្រុក​ បាប៊ីឡូន។ ៤៩ លោក​ដានីអែល​ទូលអង្វរ​ ស្ដេច សូម​ទ្រង់​ប្រទាន​អោយ​លោក​សាដ្រាក់ លោក​ម៉េសាក់ និង​លោក​អបេដនេកូ គ្រប់គ្រង​លើ​អាណាខេត្ត​បាប៊ីឡូន ហើយ​ខ្លួន​លោក​ផ្ទាល់​នៅ​បំរើ​ព្រះមហាក្សត្រ​ក្នុង​ព្រះបរម​រាជ​វាំង។

ជំពូកទី ៣

ស្ដេច​ចេញ​បញ្ជា​អោយ​ថ្វាយបង្គំ​រូប​បដិមា
១ ព្រះចៅ​នេប៊ូកានេសារ​បាន​ កសាង​រូប​បដិមា​មួយ​ពី​មាស មាន​កំពស់​ហុកសិប​ហត្ថ និង​ទទឹង​ប្រាំ​មួយ​ហត្ថ។ ស្ដេច​ដំឡើង​រូប​នោះ​នៅ​វាល​ទំនាប​ឌូរ៉ា ក្នុង​អាណាខេត្ត​បាប៊ីឡូន។ ២ ព្រះចៅ​នេប៊ូកានេសារ​ចាត់​ គេ​អោយ​ទៅ​ប្រមូល​មេទ័ព មន្ត្រី​រដ្ឋបាល ចៅហ្វាយ​ខេត្ត មន្ត្រី​តុលាការ មន្ត្រី​រក្សា​ព្រះរាជ្យ​ទ្រព្យ ព្រះរាជ​អាជ្ញា ចៅក្រម និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​នៅ​តាម​អាណាខេត្ត​នានា​មក​ចូល​រួម​ក្នុង​ពិធី​ សម្ពោធ​រូប​បដិមា​ដែល​ស្ដេច​បាន​កសាង។ ៣ ពេល​នោះ ពួក​មេទ័ព មន្ត្រី​រដ្ឋបាល ចៅហ្វាយ​ខេត្ត មន្ត្រី​តុលាការ មន្ត្រី​រក្សា​ព្រះរាជ្យ​ទ្រព្យ ព្រះរាជ​អាជ្ញា ចៅក្រម និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​នៅ​តាម​អាណាខេត្ត​នានា​ក៏​មក​ជួបជុំ​គ្នា ដើម្បី​ប្រារព្ធ​ពិធី​សម្ពោធ​រូប​បដិមា​ដោយ​នាំ​គ្នា​ឈរ​នៅ​មុខ​រូប​ដែល​ ស្ដេច​នេប៊ូកានេសារ​បាន​កសាង​នោះ។ ៤ មាន​អាមាត្យ​ម្នាក់​ស្រែក ​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «ប្រជាជន​ទាំងឡាយ​ជាតិ​សាសន៍​ទាំងឡាយ និង​មនុស្ស​គ្រប់​ភាសា​អើយ! ចូរ​ស្ដាប់​រាជ​បញ្ជា! ៥ ពេល​ណា​អ្នក​រាល់​គ្នា​ឮ​ សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និង​តន្ត្រី​គ្រប់​យ៉ាង​ត្រូវ​នាំ​គ្នា​អោន​កាយ​ក្រាប​ថ្វាយបង្គំ​រូប​ ចម្លាក់​មាស​ដែល​ព្រះករុណា​នេប៊ូកានេសារ​បាន​កសាង។ ៦ អ្នក​ណា​មិន​ក្រាប​ថ្វាយបង្គំ អ្នក​នោះ​នឹង​ត្រូវ​បោះ​ភ្លាមៗ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ»។ ៧ ហេតុ​នេះ​ពេល​បាន​ឮ​សំឡេង ​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី និង​តន្ត្រី​គ្រប់​យ៉ាង ប្រជាជន​ទាំងឡាយ ជាតិ​សាសន៍​ទាំងឡាយ និង​មនុស្ស​គ្រប់​ភាសា អោន​កាយ​ក្រាប​ថ្វាយបង្គំ​រូប​បដិមា​មាស​ដែល​ព្រះចៅ​នេប៊ូកានេសារ​បាន​កសាង​។

មិត្តភក្ដិ​លោក​ដានីអែល​បដិសេធ​ថ្វាយបង្គំ​រូប​បដិមាករ
៨ នៅ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ មាន​ជន​ជាតិ​ខាល់ដេ​ខ្លះ​នាំ​គ្នា​ចូល​ទៅ​ប្ដឹង ដើម្បី​ចោទ​ប្រកាន់​ជន​ជាតិ​យូដា។ ៩ ពួក​គេ​ទូល​ព្រះចៅ​នេប៊ូកានេសារ​ថា៖ «បពិត្រ​ព្រះរាជា​សូម​ទ្រង់​មាន​ព្រះជន្ម​​គង់​នៅ​ជា​អង្វែង​ត​រៀង​ទៅ! ១០ បពិត្រ​ព្រះករុណា ព្រះអង្គ​​បាន​ចេញ​បញ្ជា​អោយ​មនុស្ស​ទាំង​អស់ អោន​កាយ​ក្រាប​ថ្វាយបង្គំ​រូប​បដិមា​មាស នៅ​ពេល​គេ​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី​គែន និង​តន្ត្រី​គ្រប់​យ៉ាង។ ១១ តាម​បញ្ជា​នេះ​អ្នក​ណា​មិន​អោន​កាយ​ក្រាប​ថ្វាយ​បង្គំ​ទេ អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ។ ១២ បពិត្រ​ព្រះករុណា មាន​ជន​ជាតិ​យូដា​ខ្លះ​ដែល​ទ្រង់​តែងតាំង អោយ​គ្រប់គ្រង​លើ​អាណាខេត្ត​បាប៊ីឡូន គឺ​លោក​សាដ្រាក់ លោក​ម៉េសាក់ និង​លោក​អបេដនេកូ ពុំ​បាន​គោរព​តាម​រាជ​បញ្ជា​ទេ។ អ្នក​ទាំង​នោះ​មិន​គោរព​បំរើ​ព្រះ​របស់​ព្រះករុណា ហើយ​ក៏​មិន​ក្រាប​ថ្វាយបង្គំ​រូប​បដិមា​ដែល​ព្រះករុណា​បាន​កសាង​នោះ​ដែរ»។ ១៣ ពេល​នោះ ព្រះចៅ​នេប៊ូកានេសារ​ទ្រង់​ខ្ញាល់ ហើយ​ក្ដៅ​ក្រហាយ​ជា​ខ្លាំង ស្ដេច​ក៏​ចេញ​បញ្ជា​អោយ​គេ​នាំ​លោក​សាដ្រាក់ លោក​ម៉េសាក់ និង​លោក​អបេដនេកូ​មក។ គេ​ក៏​នាំ​លោក​ទាំង​បី​មក​គាល់​ស្ដេច។ ១៤ ព្រះ​ចៅ​នេប៊ូកានេសារ​មាន ​ព្រះរាជឱង្ការ​ទៅ​កាន់​លោក​ទាំង​បី​ថា៖ «សាដ្រាក់ ម៉េសាក់ និង​អបេដនេកូ អស់​លោក​ពិត​ជា​មិន​គោរព​បំរើ​ព្រះ​របស់​យើង ហើយ​មិន​ព្រម​ក្រាប​ថ្វាយបង្គំ​រូប​បដិមា​មាស ដែល​យើង​បាន​កសាង​មែន​ឬ? ១៥ ឥឡូវ​នេះ ចូរ​ប្រុង​ប្រៀប​ខ្លួន​ទៅ! ពេល​អស់​លោក​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី​គែន និង​តន្ត្រី​គ្រប់​យ៉ា អស់​លោក​ត្រូវ​តែ​អោន​កាយ​ក្រាប​ថ្វាយបង្គំ​រូប​បដិមា​ដែល​យើង​បាន​កសាង​នេះ ប្រសិន​បើ​អស់​លោក​មិន​ក្រាប​ថ្វាយបង្គំ​ទេ យើង​នឹង​អោយ​គេ​បោះ​អស់​លោក​ភ្លាម ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ គ្មាន​ព្រះ​ណា​អាច​ជួយ​អស់​លោក​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ឡើយ!»។

១៦ លោក​ សាដ្រាក់ លោក​ម៉េសាក់ និង​លោក​អបេដនេកូ ទូល​ព្រះចៅ​នេប៊ូកានេសារ​វិញ​ថា៖ «ទូលបង្គំ​យើង​ខ្ញុំ​មិន​បាច់​ឆ្លើយ​នឹង​ព្រះករុណា​អំពី​រឿង​នេះ​ទេ។ ១៧ បពិត្រ​ព្រះរាជា ព្រះ​ដែល​ទូលបង្គំ​យើង​ខ្ញុំ​គោរព​បំរើ ពិត​ជា​អាច​រំដោះ​ទូលបង្គំ​យើង​ខ្ញុំ គឺ​ព្រះអង្គ​នឹង​រំដោះ​យើង​ខ្ញុំ​អោយ​រួច​ពី​ភ្លើង​ដ៏​សន្ធោសន្ធៅ និង​អោយ​យើង​ខ្ញុំ រួច​ពី​ព្រះហស្ដ​របស់​ព្រះករុណា​ជា​មិន​ខាន។ ១៨ ​ទោះ​បី​ព្រះអង្គ​មិន​ រំដោះ​យើង​ខ្ញុំ​ក្ដី សូម​ព្រះករុណា​ជ្រាប​អោយ​បាន​ច្បាស់​ថា ទូលបង្គំ​យើង​ខ្ញុំ​មិន​ព្រម​គោរព​បំរើ​ព្រះ​ទាំង​ប៉ុន្មាន​របស់​ព្រះករុណា​ឡើយ ហើយ​យើង​ខ្ញុំ​ក៏​មិន​ព្រម​ក្រាប​ថ្វាយបង្គំ​រូប​បដិមា​មាស​ដែល​ព្រះករុណា​ បាន​កសាង​នេះ​ដែរ»។ ១៩ ពេល​នោះ ព្រះចៅ​នេប៊ូកានេសារ​ទ្រង់​ខ្ញាល់​នឹង​លោក​សាដ្រាក់ លោក​ម៉េសាក់ និង​លោក​អបេដនេកូ​យ៉ាង​ខ្លាំង ព្រះភក្ត្រ​របស់​ស្ដេច​បាន​ផ្លាស់​ប្រែ។ ទ្រង់​ក៏​បញ្ជា​អោយ​គេ​ដុត​ឡ​ភ្លើង​អោយ​ក្ដៅ​ជាង​ធម្មតា​ប្រាំពីរ​ដង ២០ រួច​បញ្ជា​ទាហាន​ខ្លះ​ ដែល​មាន​កម្លាំង​ខ្លាំងក្លា​អោយ​ចាប់​ចង​លោក​សាដ្រាក់ លោក​ម៉េសាក់ និង​លោក​អបេដនេកូ ទម្លាក់​ទៅ​ក្នុង​ឡ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ។ ២១ គេ​ចង​លោក​ទាំង​បី ដោយ​ទុក​សម្លៀកបំពាក់ ទាំង​ក្នុង​ទាំង​ក្រៅ​ជាប់​នឹង​ខ្លួន និង​ឆ្នួត​ផង រួច​បោះ​ទៅ​ក្នុង​ឡ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ ២២ ដោយសារ​រាជ​បញ្ជា​ដ៏​ តឹងតែង គេ​បាន​ដុត​ភ្លើង​យ៉ាង​ក្ដៅ​បំផុត រហូត​ដល់​ធ្វើ​អោយ​ទាហាន​ដែល​ចាប់​លោក​សាដ្រាក់ លោក​ម៉េសាក់ និង​លោក​អបេដនេកូ បោះ​ទៅ​ក្នុង​ភ្លើង​នោះ​ត្រូវ​ស្លាប់។ ២៣ ពេល​នោះ លោក​ទាំង​បី គឺ​សាដ្រាក់ ម៉េសាក់ និង​អបេដនេកូ ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ។

ព្រះជាម្ចាស់​សង្គ្រោះ​មិត្តភក្ដិ​លោក​ដានីអែល​ពី​ភ្លើង
២៤ ពេល​នោះ ព្រះចៅ​នេប៊ូកានេសារ​រន្ធត់​ព្រះហឫទ័យ​ជា​ខ្លាំង ទ្រង់​ប្រញាប់ប្រញាល់​ក្រោក​ឈរ​ឡើង មាន​រាជឱង្ការ​ទៅ​កាន់​ក្រុម​ប្រឹក្សា​ថា៖ «តើ​យើង​បាន​បោះ​មនុស្ស​បី​នាក់​ដែល​ជាប់​ចំណង​ទៅ​ក្នុង​ភ្លើង​មែន​ឬ​មិន​ មែន?»។ ពួក​គេ​ទូល​ព្រះរាជា​ថា៖ «ពិត​មែន​ហើយ​ព្រះករុណា!»។ ២៥ ព្រះរាជា​មាន​រាជឱង្ការ ​ទៀត​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​ឃើញ​មនុស្ស​បួន​នាក់ ដែល​គ្មាន​ជាប់​ចំណង​កំពុង​តែ​ដើរ​នៅ​ក្នុង​ភ្លើង ដោយ​ឥត​រលាក​សោះ​ដូច្នេះ? រីឯ​អ្នក​ទី​បួន មាន​ទ្រង់​ទ្រាយ​ដូច​ទេវទូត​»។ ២៦ ​ព្រះចៅ​នេប៊ូកានេសារ​ចូល ​ទៅ​ជិត​ឡ​ភ្លើង​មាន​រាជឱង្ការ​ថា៖ «លោក​សាដ្រាក់ លោក​ម៉េសាក់ និង​លោក​អបេដនេកូ ជា​អ្នក​បំរើ​របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​អើយ ចូរ​នាំ​គ្នា​ចេញ​មក!»។ លោក​សាដ្រាក់ លោក​ម៉េសាក់ និង​លោក​អបេដនេកូ​ក៏​នាំ​គ្នា​ចេញ​ពី​ក្នុង​ភ្លើង។

២៧ ពេល​នោះ ពួក​មេទ័ព មន្ត្រី​រដ្ឋបាល ចៅហ្វាយ​ខេត្ត និង​ក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ​ក៏​រួម​ប្រជុំ​គ្នា ពួក​គេ​ឃើញ​ថា ភ្លើង​ពុំ​មាន​អំណាច​អ្វី​លើ​រូប​កាយ​របស់​បុរស​ទាំង​បី​សោះ សក់​ក្បាល​របស់​អ្នក​ទាំង​បី​ក៏​មិន​ឆេះ ហើយ​សូម្បី​តែ​សម្លៀកបំពាក់​របស់​គេ​ពុំ​ខូច​ខាត ឬ​ធុំ​ក្លិន​ឈ្ងៀម​ដែរ។ ២៨  ព្រះចៅ​នេប៊ូកានេសារ​មាន ​រាជឱង្ការ​ទៀត​ថា៖ «សូម​សរសើរ​តម្កើង​ព្រះ​របស់​លោក​សាដ្រាក់ លោក​ម៉េសាក់ និង​លោក​អបេដនេកូ​ដែល​បាន​ចាត់​ទេវទូត*​អោយ​មក​រំដោះ​អ្នក​បំរើ​របស់​ ព្រះអង្គ។ លោក​ទាំង​បី​បាន​ទុក​ចិត្ត​លើ​ព្រះអង្គ ហើយ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច​ទេ តែ​សុខ​ចិត្ត​បូជា​ជីវិត​ជា​ជាង​គោរព​បំរើ និង​ថ្វាយបង្គំ​ព្រះ​ផ្សេង​ក្រៅ​ពី​ព្រះ​របស់​ខ្លួន! ២៩ ឥឡូវ​នេះ យើង​សុំ​ចេញ​បញ្ជា​ដូច​ត​ទៅ: មនុស្ស​ទាំង​អស់​ទោះ​បី​មក​ពី​ស្រុក​ណា ជាតិ​សាសន៍​អ្វី ហើយ​និយាយ​ភាសា​អ្វី​ក៏​ដោយ អោយ​តែ​ហ៊ាន​និយាយ​ប្រមាថ​ព្រះ​របស់​លោក​សាដ្រាក់ លោក​ម៉េសាក់ និង​លោក​អបេដនេកូ ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត ហើយ​ផ្ទះ​របស់​គេ​នឹង​ត្រូវ​ដុត​អោយ​ទៅ​ជា​ផេះ ដ្បិត​គ្មាន​ព្រះ​ណា​អាច​រំដោះ​មនុស្ស​ដូច​ព្រះអង្គ​ទេ»។ ៣០ បន្ទាប់​មក ព្រះរាជា​ប្រោស​ប្រទាន​អោយ​លោក​សាដ្រាក់ លោក​ម៉េសាក់ និង​លោក​អបេដនេកូ​មាន​បុណ្យ​ស័ក្ដិ​កាន់​តែ​ខ្ពង់ខ្ពស់​ឡើង នៅ​ក្នុង​អាណាខេត្ត​បាប៊ីឡូន។

ស្ដេច​នេប៊ូកានេសារ​សុបិន​ឃើញ​ដើម​ឈើ​មួយ​ដ៏​ធំ
៣១(៤.១) «យើង​នេប៊ូកានេសារ​ជា​ ព្រះមហាក្សត្រ ជូន​ចំពោះ​ប្រជាជន​ទាំង​អស់ ចំពោះ​ប្រជាជាតិ​នានា និង​ចំពោះ​មនុស្ស​គ្រប់​ភាសា​ដែល​រស់​នៅ​លើ​ផែនដី​ទាំង​មូល។ សូម​អោយ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​យ៉ាង​បរិបូណ៌!

៣២(២) យើង​យល់​ឃើញ​ថា គួរ​តែ​រៀប​រាប់​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ពី​ទី​សំគាល់ និង​ឫទ្ធិបាដិហារិយ៍​ផ្សេងៗ​ដែល​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​​បំផុត​បាន​សំដែង​ចំពោះ​ យើង។
៣៣(៣) ទី​សំគាល់​របស់​ព្រះអង្គ​ធំ​ឧត្ដុង្គឧត្ដម​ណាស់
បាដិហារិយ៍​របស់​ព្រះអង្គ
ក៏​ប្រកប​ដោយ​ឫទ្ធិបារមី​ដែរ!
ព្រះរាជ្យ​របស់​ព្រះអង្គ​ជា​រាជ្យ​ស្ថិតស្ថេរ
អស់កល្ប​ជានិច្ច
ហើយ​ព្រះអង្គ​គ្រង​រាជ្យ​អស់កល្ប​ជា​អង្វែង
ត​រៀង​ទៅ។

ជំពូកទី ៤

១(៤) យើង​នេប៊ូកានេសារ កំពុង​តែ​រស់​នៅ​យ៉ាង​សុខ​ស្រួល​ក្នុង​ព្រះបរមរាជ​វាំង​ជា​មួយ​ក្រុម​គ្រួសារ​របស់​យើង​។ ២(៥) យើង​បាន​សុបិន​ធ្វើ​អោយ​ យើង​ភ័យ​តក់ស្លុត​ជា​ខ្លាំង។ សូម្បី​តែ​នៅ​លើ​ក្រឡាបន្ទំ យើង​នៅ​តែ​នឹក​គិត​អំពី​សុបិន​នេះ​ជានិច្ច ហើយ​ចិត្ត​យើង​ខ្វាយ​ខ្វល់​ណាស់។ ៣(៦) យើង​អោយ​គេ​កោះ​ហៅ​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​បាប៊ីឡូន​ មក​ជួប​យើង ដើម្បី​កាត់​ស្រាយ​សុបិន​នេះ​អោយ​យើង។ ៤(៧) ពេល​នោះ ពួក​គ្រូ​មន្តអាគម ពួក​ហោរា គ្រូ​ទាយ ព្រម​ទាំង​គ្រូ​ធ្មប់​ផ្សេងៗ​បាន​នាំ​គ្នា​មក។ យើង​រៀប​រាប់​ប្រាប់​ពួក​គេ​អំពី​សុបិន​របស់​យើង ប៉ុន្តែ ពួក​គេ​ពុំ​អាច​កាត់​ស្រាយ​អត្ថន័យ​ប្រាប់​យើង​បាន​ឡើយ។ ៥(៨) នៅ​ទី​បំផុត​លោក​ដានីអែល ​ចូល​មក (លោក​ក៏​មាន​នាម​ថា “បេល​ថា​សារ”តាម​នាម​ព្រះ​របស់​យើង​ដែរ) ហើយ​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏វិសុទ្ធ​នៅ​ក្នុង​ខ្លួន។ យើង​បាន​រៀប​រាប់​អោយ​លោក​ដឹង​ពី​សុបិន​របស់​យើង​ដូច​ត​ទៅ: ៦(៩) “លោក​បេលថាសារ​ជា​ ប្រមុខ​លើ​ពួក​គ្រូ​ទាំង​អស់​អើយ យើង​ដឹង​ថា​លោក​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏​វិ​សុទ្ធ​​នៅ​ក្នុង​ខ្លួន ហើយ​លោក​ដឹង​ការ​លាក់​កំបាំង​ទាំង​អស់។ ហេតុ​​នេះ​សុំ​លោក​កាត់​ស្រាយ​ន័យ​របស់​និមិត្តហេតុ​ដ៏​អស្ចារ្យ​ដែល​យើង​បាន ​ឃើញ​ក្នុង​សុបិន​អោយ​យើង​ដឹង​ផង។ ៧(១០) ​នៅ​ពេល​ផ្ទំ​យើង​សុបិន​ឃើញ​និមិត្តហេតុ​ដ៏​អស្ចារ្យ​ដូច​ត​ទៅ៖
នៅ​កណ្ដាល​ផែនដី​មាន​ដើម​ឈើ​មួយ​ដើម
យ៉ាង​ខ្ពស់​អស្ចារ្យ
៨(១១) ដើម​ឈើ​នេះ​ដុះ​កាន់​តែ​ធំ​ឡើងៗ
ហើយ​មាំ​ទៀត​ផង
ចុង​របស់​វា​ខ្ពស់​រហូត​ដល់​មេឃ
សូម្បី​តែ​អស់​អ្នក​ដែល​រស់​នៅ​ទី​ដាច់​ស្រយាល
នៃ​ផែនដី​ក៏​មើល​ឃើញ​ដើម​ឈើ​នេះ​ដែរ។
៩(១២) ដើម​ឈើ​នេះ​មាន​ស្លឹក​ខៀវ​ខ្ចី
មាន​ផ្លែ​យ៉ាង​ច្រើន​បរិបូណ៌
សំរាប់​ចិញ្ចឹម​ជីវិត​មនុស្ស​ទាំង​អស់
សត្វ​នានា​នាំ​គ្នា​មក​ជ្រក​កោន​ក្រោម​ម្លប់​របស់​វា
បក្សាបក្សី​នាំ​គ្នា​មក​ទំ នៅ​តាម​មែក​របស់​វា
ហើយ​សត្វ​លោក​ទាំង​អស់​ទទួល​អាហារ
ពី​ដើម​ឈើ​នេះ។
១០(១៣) ក្នុង ​និមិត្តហេតុ​ដ៏​អស្ចារ្យ​ដែល​ព្រលឹង​យើង​បាន​ឃើញ​នៅ​ពេល​ផ្ទំ​នោះ​គឺ​មាន:
ទេវទូត​ដ៏វិសុទ្ធ​មួយ​រូប​ចុះ​ពី​លើ​មេឃ​មក
១១(១៤) លោក​ស្រែក​យ៉ាង​ខ្លាំងៗ​ថា:
ចូរ​រំលំ​ដើម​ឈើ​នេះ និង​កាប់​មែក​វា​ចោល​ទៅ
ចូរ​លះ​ស្លឹក ជំរុះ​ផ្លែ​របស់​វា​អោយ​ខ្ចាត់ខ្ចាយ
អោយ​សត្វ​ទាំងឡាយ​រត់​ចេញ​ពី​ម្លប់​របស់​វា
ហើយ​អោយ​បក្សាបក្សី​ទាំងឡាយ
ហើរ​ចេញ​ពី​មែក​របស់​វា​ដែរ!
១២(១៥) ប៉ុន្តែ ត្រូវ​ទុក​គល់ និង​ឫស​នៅ​ក្នុង​ដី
ហើយ​យក​ច្រវាក់​ដែក និង​លង្ហិន​មក​ចង​វា
ទុក​ចោល​ក្នុង​វាល​ស្មៅ
អោយ​ជោក​ទឹក​សន្សើម​ដែល​ធ្លាក់​ពី​លើ​មេឃ
ហើយ​អោយ​វា​ស៊ី​ស្មៅ​ដូច​សត្វ​ធាតុ។
១៣(១៦) ដើម​ឈើ​នោះ​នឹង​លែង​មាន​ចិត្ត​ជា​មនុស្ស
ទៀត​ហើយ តែ​មាន​ចិត្ត​ជា​សត្វ
រហូត​ដល់​គំរប់​ប្រាំពីរ​ខួប។
១៤(១៧)នេះ​ជា​ការ​សំរេច​របស់​ទេវទូត
ជា​បញ្ជា​របស់​ពួក​អ្នក​ដ៏វិសុទ្ធ
ដើម្បី​មនុស្ស​ទាំង​អស់​ដឹង​ថា
ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​គ្រប់គ្រង​លើ​រាជ្យ
របស់​មនុស្ស​លោក
ព្រះអង្គ​ប្រគល់​រាជ​សម្បត្តិ​ទៅ​នរណា​ក៏​បាន
ស្រេច​តែ​ព្រះហឫទ័យ​របស់​ព្រះអង្គ
ហើយ​ព្រះអង្គ​លើក​អ្នក​ដែល​ទន់ទាប​ជាង​គេ
អោយ​ឡើង​គ្រង​រាជ្យ​ក៏​បាន។

១៥(១៨) នេះ​ជា​ សុបិន​ដែល​យើង​ស្ដេច​នេប៊ូកានេសារ​បាន​និមិត្ត​ឃើញ។ ឥឡូវ​នេះ សុំ​លោក​បេលថាសារ​កាត់​ស្រាយ​អត្ថន័យ​អោយ​យើង​បាន​ដឹង​ផង ដ្បិត​ក្នុង​ចំណោម​អ្នក​ប្រាជ្ញ​ទាំង​អស់​នៅ​នគរ​របស់​យើង គ្មាន​នរណា​អាច​កាត់​ស្រាយ​បាន​ទេ គឺ​មាន​តែ​លោក​ម្នាក់​ប៉ុណ្ណោះ​ទើប​កាត់​ស្រាយ​បាន ព្រោះ​លោក​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏វិសុទ្ធ​នៅ​ក្នុង​ខ្លួន”»។

លោក​ដានីអែល​កាត់​ស្រាយ​សុបិន​របស់​ស្ដេច
១៦(១៩) ពេល​នោះ លោក​ដានីអែល ហៅ​បេលថាសារ​ក៏​តក់ស្លុត​អស់​មួយ​សន្ទុះ ដ្បិត​ការ​លាក់​កំបាំង​ដែល​លោក​ដឹង​នៅ​ក្នុង​ចិត្ត​គំនិត​នាំ​អោយ​លោក​ភ័យ​ រន្ធត់​ជា​ខ្លាំង។ ព្រះរាជា​មាន​រាជឱង្ការ​មក​កាន់​លោក​សា​ជា​ថ្មី​ថា៖ «លោក​បេលថាសារ​អើយ សូម​កុំ​ភ័យ​រន្ធត់​ព្រោះ​តែ​សុបិន​នេះ និង​អត្ថន័យ​របស់​វា​អី!»។ លោក​បេលថាសារ​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះករុណា​ជា​អម្ចាស់ សូម​អោយ​សុបិន​នេះ​ធ្លាក់​ទៅ​លើ​ខ្មាំង​សត្រូវ​របស់​ព្រះករុណា ហើយ​អោយ​ន័យ ​របស់​វា​ធ្លាក់​ទៅ​លើ​បច្ចាមិត្ត​របស់​ព្រះករុណា​វិញ! ១៧(២០) ព្រះករុណា​បាន​ឃើញ​ដើម​ ឈើ​ដែល​ដុះ​កាន់​តែ​ធំ​ឡើង មាំមួន និង​មាន​ចុង​ខ្ពស់​ដល់​មេឃ ហើយ​អស់​អ្នក​នៅ​តាម​ទី​ដាច់​ស្រយាល​នៃ​ផែនដី​ក៏​មើល​ឃើញ​ដែរ។១៨(២១) ដើម​ឈើ​នេះ​មាន​ស្លឹក​ ខៀវ​ខ្ចី មាន​ផ្លែ​ដ៏​បរិបូណ៌​ធ្វើ​ជា​អាហារ​សំរាប់​សត្វ​លោក​ទាំង​អស់ និង​ជំរក​ដល់​សត្វ​ទាំងឡាយ ហើយ​មាន​បក្សាបក្សី​មក​ទំ​នៅ​តាម​មែក​ទៀត​ផង។១៩(២២)ដើម​ឈើ​នោះ គឺ​ព្រះករុណា​ផ្ទាល់! បពិត្រ​ព្រះរាជា​ទ្រង់​បាន​ចំរើន​ឡើង និង​មាន​ឫទ្ធិ​អំណាច​ក្រៃ​លែង ឋានៈ​របស់​ព្រះករុណា​ខ្ពង់ខ្ពស់​រហូត​ដល់​មេឃ។ ព្រះករុ​ណា​គ្រប់គ្រង​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។

២០(២៣) បន្ទាប់ ​មក ព្រះករុណា​ឃើញ​ទេវទូត​ដ៏វិសុទ្ធ ដែល​ចុះ​ពី​លើ​មេឃ​មក​ពោល​ថា “ចូរ​កាប់​រំលំ​ដើម​ឈើ​នេះ​ចោល​ទៅ ប៉ុន្តែ ត្រូវ​ទុក​គល់ និង​ឫស​នៅ​ក្នុង​ដី ហើយ​យក​ច្រវាក់​ដែក និង​លង្ហិន​មក​ចង​វា​ ទុក​ចោល​នៅ​ក្នុង​វាល​ស្មៅ​អោយ​ជោក​ដោយ​ទឹក​សន្សើម​ ធ្លាក់​ពី​លើ​មេឃ ហើយ​អោយ​វា​ស៊ី​ស្មៅ​ដូច​សត្វ​ធាតុ រហូត​ដល់​គំរប់​ប្រាំពីរ​ខួប”។ ២១(២៤) បពិត្រ​ព្រះរាជា សុបិន​របស់​ព្រះករុណា​មាន​ន័យ​បែប​នេះ គឺ​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​បាន​សំរេច​ចំពោះ​ព្រះករុណា​ជា​អម្ចាស់​ដូច​ត​ទៅ: ២២(២៥) គេ​នឹង​ដេញ​ព្រះករុណា​ ចេញ​ពី​ចំណោម​មនុស្ស ទ្រង់​នឹង​ទៅ​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​គេ​នឹង​យក​ស្មៅ​មក​ថ្វាយ​ព្រះករុណា​សោយ​ដូច​គោ​ដែរ។ ព្រះកាយ​របស់​ព្រះករុណា​នឹង​ជោក​ដោយ​ទឹក​សន្សើម ដែល​ធ្លាក់​ចុះ​ពី​លើ​មេឃ​រហូត​ដល់​គំរប់​ប្រាំពីរ​ខួប គឺ​ទាល់​តែ​ព្រះករុណា​ទទួល​ស្គាល់​ថា ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​គ្រប់គ្រង​លើ​រាជ​សម្បត្តិ​របស់​មនុស្ស​លោក ហើយ​ព្រះអង្គ​ប្រគល់​រាជ​សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ព្រះហឫទ័យ​របស់​ព្រះអង្គ។ ២៣(២៦) រីឯ​បញ្ជា​អោយ​ទុក​គល់​ ឈើ និង​ឫស​នោះ​មាន​ន័យ​ថា គេ​នឹង​ថ្វាយ​រាជ​សម្បត្តិ​មក​ព្រះករុណា​វិញ នៅ​ពេល​ព្រះករុណា​ទទួល​ស្គាល់​ព្រះជាអម្ចាស់​សួគ៌។ ២៤(២៧)ហេតុ​នេះ​បពិត្រ​ ព្រះរាជា សូម​ទ្រង់​ប្រោស​មេត្តា​អោយ​ទូលបង្គំ​ថ្វាយ​យោបល់​ចំពោះ​ព្រះករុណា​ដូច​ត​ទៅ គឺ​សូម​ទ្រង់​លះបង់​អំពើ​បាប និង​កំហុស​ផ្សេងៗ ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​សំដែង​ព្រះហឫទ័យ​អាណិតអាសូរ​ចំពោះ​​មនុស្ស​ទុគ៌ត​វិញ ធ្វើ​ដូច្នេះ​ព្រះករុណា​នឹង​បាន​សុខ​ក្សេម​ក្សាន្ត​ត​ទៅ​មុខ​ទៀត»។

២៥(២៨) ក្រោយ​មក​ហេតុការណ៍​ទាំង​នោះ កើត​មាន​ដល់​ព្រះចៅ​នេប៊ូកានេសារ​មែន ២៦(២៩) គឺ​ដប់ពីរ​ខែ​កន្លង​មក​ពេល​ស្ដេច ​កំពុង​តែ​យាង​ក្រសាល​ក្នុង​ព្រះបរមរាជ​វាំង​នៅ​ក្រុង​បាប៊ី​ឡូន ២៧(៣០) ទ្រង់​មាន​រាជឱង្ការ​ ថា៖ «ដោយសារ​ឫទ្ធិ​អំណាច​របស់​យើង យើង​សង់​ក្រុង​បាប៊ីឡូន​មហានគរ​នេះ​ឡើង ជា​ដំណាក់​របស់​យើង​ដើម្បី​បង្ហាញ​កិត្តិយស និង​សិរីរុងរឿង​របស់​យើង»។ ២៨(៣១) ពេល​ស្ដេច​មាន​ រាជឱង្ការ​មិន​ទាន់​ចប់​ផង ស្រាប់​តែ​មាន​ឮ​សំឡេង​ពី​លើ​មេឃ​មក​ថា៖ «នេប៊ូកានេសារ​អើយ អ្នក​បាត់​បង់​រាជ​សម្បត្តិ​ហើយ ដូច​មាន​សេចក្ដី​ថ្លែង​ទុក​ពី​អ្នក​ស្រាប់។ ២៩(៣២) គេ​នឹង​ដេញ​អ្នក​ចេញ​ពី ​ចំណោម​មនុស្ស​លោក​អោយ​ទៅ​រស់​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​គេ​នឹង​អោយ​អ្នក​ស៊ី​ស្មៅ​ដូច​គោ រហូត​ដល់​គំរប់​ប្រាំពីរ​រយៈ​កាល គឺ​ទាល់​តែ​អ្នក​ទទួល​ស្គាល់​ថា ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​គ្រប់គ្រង​លើ​រាជ​សម្បត្តិ​មនុស្ស​លោក ហើយ​ព្រះអង្គ​ប្រគល់​រាជ​សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ព្រះហឫទ័យ​របស់​ព្រះអង្គ»។

៣០(៣៣) រំពេច​នោះ​ ហេតុការណ៍​ក៏​កើត​ឡើង ចំពោះ​ព្រះចៅ​នេប៊ូកានេសារ​មែន។ គេ​ដេញ​ស្ដេច​ចេញ​ពី​ចំណោម​មនុស្ស ទ្រង់​សោយ​ស្មៅ​ដូច​គោ ព្រះកាយ​ទទឹក​ជោក​ទៅ​ដោយ​ទឹក​សន្សើម​ដែល​ធ្លាក់​ចុះ​ពី​លើ​មេឃ ព្រះកេសា​របស់​ស្ដេច​ដុះ​ឡើង​ដូច​ស្លាប​ឥន្ទ្រី ហើយ​ក្រចក​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​ក្រចក​សត្វ​ស្លាប។

៣១(៣៤) «លុះ​ ពេល​កំណត់​កន្លង​ផុត​ទៅ យើង​នេប៊ូកានេសារ​ងើប​មុខ​ឡើង​ទៅ​លើ​មេឃ ហើយ​យើង​ក៏​ដឹង​ស្មារតី​ឡើង​វិញ។ យើង​ក៏​អរ​ព្រះគុណ​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​យើង​សរសើរ និង​លើក​តម្កើង​ព្រះ​ដែល​មាន​ព្រះជន្ម​គង់​នៅ​អស់កល្ប​ជានិច្ច។ អំណាច​គ្រប់គ្រង​របស់​ព្រះអង្គ​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច ព្រះអង្គ​គ្រង​រាជ្យ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ៣២(៣៥) មនុស្ស​ទាំង​អស់​នៅ​ ផែនដី​ដូច​ជា​គ្មាន​តម្លៃ​អ្វី​សោះ។ ព្រះអង្គ​ប្រព្រឹត្ត​ចំពោះ​ពួក​ទេវទូត និង​ចំពោះ​មនុស្ស​លោក​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ គ្មាន​នរណា​ម្នាក់​អាច​ប្រឆាំង​នឹង​កិច្ចការ​របស់​ព្រះអង្គ ដោយ​ពោល​ថា “ម្ដេច​ក៏​ព្រះអង្គ​ធ្វើ​ដូច្នេះ?” បាន​ឡើយ។

៣៣(៣៦) នៅ​គ្រា ​នោះ​យើង​បាន​ដឹង​ស្មារតី​ឡើង​វិញ គេ​ក៏​បាន​ប្រគល់​កិត្តិយស​រាជ​សម្បត្តិ​សិរីរុងរឿង និង​ភាព​ថ្កុំថ្កើង​មក​យើង​វិញ ហើយ​ក្រុម​ប្រឹក្សា និង​នាម៉ឺន​មន្ត្រី​របស់​យើង​ក៏​បាន​សុំ​អោយ​យើង​វិល​មក​កាន់​កាប់​អំណាច គេ​លើក​យើង​អោយ​គ្រង​រាជ្យ​ឡើង​វិញ ហើយ​យើង​ក៏​បាន​ថ្កុំថ្កើង​កាន់​តែ​ខ្លាំង​ឡើង។

៣៤(៣៧) ឥឡូវ​នេះ យើង​នេប៊ូកានេសារ​សូម​សរសើរ កោត​ស្ញប់ស្ញែង និង​លើក​តម្កើង​សិរីរុងរឿង​ព្រះមហាក្សត្រ​នៃ​ស្ថាន​បរមសុខ ដ្បិត​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ មាគ៌ា​របស់​ព្រះអង្គ​សុទ្ធ​តែ​សុចរិត ហើយ​ព្រះអង្គ​អាច​បន្ទាប​អស់​អ្នក​ដែល​វាយឫក​ខ្ពស់»។

ជំពូកទី ៥

ពិធី​ជប់លៀង​របស់​ព្រះចៅ​បេលថាសារ
១ ព្រះចៅ​បេលថាសារ​បាន​ចាត់ ​អោយ​គេ​រៀប​ពិធី​ជប់​លៀង​មួយ​យ៉ាង​ធំ ជូន​នាម៉ឺន​មន្ត្រី​ចំនួន​មួយ​ពាន់​នាក់ ហើយ ​ទ្រង់​បាន​សោយ​ស្រា​ជា​ច្រើន​នៅ​មុខ​នាម៉ឺន​មន្ត្រី​ទាំង​នោះ​។​ ២ ក្រោយ​ពី​ក្រេប​ស្រា​រួច​ហើយ ព្រះចៅ​បេលថាសារ​បញ្ជា​អោយ​គេ​យក​ពែង​មាស និង​ពែង​ប្រាក់​ដែល​ព្រះចៅ​នេប៊ូកានេ​សារ ជា​បិតា​បាន​រឹប​អូស​មក​ពី​ព្រះវិហារ​នៅ​ក្រុង​យេរូសាឡឹម​។ ស្ដេច​មាន​បំណង​យក​ពែង​ទាំង​នោះ​មក​ដាក់​ស្រា សំរាប់​ទ្រង់​ផ្ទាល់ សំរាប់​ពួក​មហេសី សំរាប់​ពួក​ស្នំ ព្រម​ទាំង​នាម៉ឺន​មន្ត្រី​របស់​ស្ដេច។ ៣ ពេល​នោះ គេ​ក៏​យក​ពែង​មាស​ដែល​បាន​រឹប​យក​ពី​ព្រះវិហារ គឺ​ពី​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​យេរូសាឡឹម ហើយ​ទាំង​ស្ដេច ទាំង​នាម៉ឺន​មន្ត្រី ទាំង​ពួក​មហេសី និង​ស្រី​ស្នំ​បាន​ប្រើ​ពែង​ទាំង​នោះ​សំរាប់​សេព​សុរា។ ៤ កាល​សេពសុរា​រួច​ហើយ គេ​នាំ​គ្នា​សរសើរ​តម្កើង​រូប​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម។ ៥ ពេល​នោះ ស្រាប់​តែ​មាន​ម្រាម​ដៃ​មនុស្ស​លេច​ចេញ​មក ហើយ​សរសេរ​លើ​ជញ្ជាំង​ព្រះបរមរាជ​វាំង គឺ​នៅ​ទល់​មុខ​ជើង​ចង្កៀង។ កាល​ព្រះរាជា​ទត​ឃើញ​ម្រាម​ដៃ​ដែល​កំពុង​តែ​សរសេរ​នោះ ៦ ព្រះភក្ត្រ​របស់​ព្រះអង្គ​ប្រែ​ជា​ស្លេកស្លាំង ទ្រង់​រំជួល​ព្រះហឫទ័យ មាន​ព្រះកាយ​ពល​ទន់​ខ្សោយ និង​ព្រះបាទា​ញាប់ញ័រ។ ៧ ស្ដេច​ក៏​ស្រែក​ឡើង​យ៉ាង​ ខ្លាំងៗ បញ្ជា​អោយ​គេ​ហៅ​ពួក​ហោរា ពួក​គ្រូ​ទាយ និង​ពួក​គ្រូ​ធ្មប់​មក រួច​ហើយ​ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​អ្នក​ប្រាជ្ញ​នៃ​ស្រុក​បាប៊ីឡូន​ថា៖ «អ្នក​ណា​អាច​អាន​អក្សរ​នោះ ហើយ​ពន្យល់​អត្ថន័យ​អោយ​យើង​បាន យើង​នឹង​បំពាក់​អាវ​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស​ជូន​ជា​កិត្តិ​យស ហើយ​ប្រគល់​ឋានៈ​ជា​អ្នក​គ្រប់គ្រង​ទី​បី​ក្នុង​រាជាណាចក្រ​នេះ​ផង»។ ៨ ពេល​នោះ អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​របស់​ស្ដេច​នាំ​គ្នា​ចូល​មក តែ​គ្មាន​នរណា​ម្នាក់​អាច​អាន​អក្សរ​នោះ និង​ពន្យល់​អត្ថន័យ​ថ្វាយ​ព្រះរាជា​បាន​ឡើយ ៩ ជា​ហេតុ​ធ្វើ​អោយ​ព្រះចៅ​បេលថាសារ​រឹត​តែ​ខ្វល់ខ្វាយ និង​ភ័យ​ញាប់ញ័រ​ថែម​ទៀត ហើយ​នាម៉ឺន​មន្ត្រី​របស់​ស្ដេច​ក៏​ទាល់​គំនិត​ដែរ។

១០ ពេល​ ព្រះមហាក្សត្រិយានី​ឮ​រាជឱង្ការ​របស់​ស្ដេច និង​ឮ​ពាក្យ​របស់​ពួក​នាម៉ឺន​មន្ត្រី ព្រះនាង​ក៏​យាង​ចូល​មក​ក្នុង​សាល​ជប់លៀង ហើយ​មាន​រាជសវនីយ៍​ថា៖ «បពិត្រ​ព្រះរាជា​សូម​ទ្រង់​ដ៏​មាន​ព្រះជន្ម​គង់​នៅ​រហូត​ត​ទៅ​អើយ! សូម​ព្រះករុណា​កុំ​ខ្វល់ខ្វាយ និង​ភ័យ​ញាប់ញ័រ​ដូច្នេះ​ឡើយ! ១១ ក្នុង​រាជាណាចក្រ​របស់​ ព្រះអង្គ មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏វិសុទ្ធ​នៅ​ក្នុង​ខ្លួន។ កាល​ពី​ជំនាន់​ព្រះបិតា​របស់​ព្រះករុណា​គេ​បាន​ឃើញ​ថា លោក​នោះ​ដឹង​ការ​លាក់​កំបាំង មាន​តម្រិះ និង​ប្រាជ្ញា​ដូច​ទេវទូត។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះចៅ​នេប៊ូកានេសារ​ជា​ព្រះបិតា​របស់​ព្រះករុណា​បាន​ តែងតាំង​លោក​អោយ​ធ្វើ​ជា​ប្រមុខ​លើ​ពួក​គ្រូ គ្រូ​ហោរា គ្រូ​ទាយ និង​គ្រូ​ធ្មប់​ទាំង​អស់។ ព្រះមហាក្សត្រ​ដែល​ជា​ព្រះបិតា​របស់​ព្រះករុណា បាន​តែងតាំង​លោក​ដូច្នេះ ១២ ព្រោះ​ឃើញ​ថា បុរស​នោះ​ជា​មនុស្ស​មាន​ប្រាជ្ញា​វាងវៃ​ដ៏​អស្ចារ្យ មាន​ចំណេះ​ជ្រៅជ្រះ ប៉ិនប្រសប់​ខាង​រិះគិត​ពិចារណា ហើយ​ចេះ​កាត់​ស្រាយ​សុបិន កាត់​ប្រស្នា និង​ដោះ​ស្រាយ​បញ្ហា​ដ៏​ស្មុគស្មាញ​បាន​ផង។ លោក​នោះ​គឺ​ដានីអែល ដែល​ព្រះបិតា​របស់​ព្រះករុណា​ប្រទាន​នាម​ថា បេលថាសារ ដូច្នេះ សូម​អោយ​គេ​ហៅ​លោក​ដានីអែល​នោះ​មក លោក​នឹង​ពន្យល់​អត្ថន័យ​ថ្វាយ​ព្រះករុណា​ជា​មិន​ខាន»។

លោក​ដានីអែល​កាត់​ស្រាយ​សេចក្ដី​ដែល​មាន​សរសេរ​នៅ​លើ​ជញ្ជាំង
១៣ គេ​អញ្ជើញ​លោក​ដានីអែល ​ចូល​គាល់​ព្រះរាជា ហើយ​ទ្រង់​មាន​រាជឱង្ការ​មក​លោក​ថា៖ «តើ​លោក​ឈ្មោះ​ដានីអែល ជា​អ្នក​ដែល​ព្រះបិតា​របស់​យើង​បាន​ជន្លៀស​យក​មក​ពី​ស្រុក​យូដា​មែន​ឬ? ១៤ យើង​បាន​ឮ​គេ​និយាយ​ថា លោក​មាន​វិញ្ញាណ​របស់​ព្រះ​នៅ​ក្នុង​ខ្លួន និង​ដឹង​ការ​លាក់​កំបាំង ហើយ​មាន​តម្រិះ​ប្រាជ្ញា​ដ៏​វាងវៃ​អស្ចារ្យ។ ១៥ គេ​ទើប​នឹង​នាំ​ពួក​ អ្នក​ប្រាជ្ញ និង​គ្រូ​ហោរា មក​ជួប​យើង​ដើម្បី​អាន​អក្សរ និង​កាត់​ស្រាយ​អត្ថន័យ​អោយ​យើង តែ​អ្នក​ទាំង​នោះ​ពុំ​អាច​កាត់​ស្រាយ​អត្ថន័យ​បាន​ឡើយ។ ១៦ យើង​ក៏​បាន​ឮ​គេ​និយាយ​ ទៀត​ថា លោក​អាច​កាត់​ស្រាយ​អត្ថន័យ និង​ដោះ​ស្រាយ​បញ្ហា​ស្មុគស្មាញ​បាន​ទៀត​ផង។ ឥឡូវ​នេះ ប្រសិន​បើ​លោក​អាច​អាន​អក្សរ​នេះ​បាន ហើយ​ពន្យល់​អត្ថន័យ​អោយ​យើង យើង​នឹង​បំពាក់​អាវ​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស​ជូន​ជា​កិត្តិយស ព្រម​ទាំង​ប្រគល់​ឋានៈ​ជា​អ្នក​គ្រប់គ្រង​ទី​បី​នៅ​ក្នុង​រាជាណាចក្រ​នេះ​ ផង»។

១៧ ពេល​នោះ លោក​ដានីអែល​ទូល​ព្រះរាជា​វិញ​ថា៖ «សូម​ព្រះករុណា​ទុក​កិត្តិយស​នេះ​សំរាប់​អ្នក​ដទៃ​ចុះ រីឯ​ទូលបង្គំ ទូល​បង្គំ​សូម​អាន​អក្សរ​នេះ ព្រម​ទាំង​ពន្យល់​អត្ថន័យ​ថ្វាយ​ព្រះករុណា​ជ្រាប។

១៨ បពិត្រ​ ព្រះរាជា ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​បាន​ប្រទាន​រាជ​សម្បត្តិ ភាព​ឧត្ដុង្គឧត្ដម កិត្តិនាម និង​សិរីរុងរឿង​ដល់​ព្រះចៅ​នេប៊ូកា​នេ​សារ​ជា​ព្រះបិតា​របស់​ព្រះករុណា។ ១៩ ព្រោះ​តែ​ភាព​ ឧត្ដុង្គឧត្ដម ដែល​ព្រះជាម្ចាស់​ប្រទាន​អោយ​នេះ​ហើយ បាន​ជា​ប្រជាជន ប្រជាជាតិ និង​មនុស្ស​គ្រប់​ភាសា​ទាំង​អស់ នាំ​គ្នា​គោរព​កោត​ខ្លាច និង​ភ័យ​ញាប់ញ័រ​ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះចៅ​នេប៊ូកានេសារ។ ទ្រង់​ប្រហារ​ជីវិត​នរណា​ក៏​បាន ហើយ​ទុក​ជីវិត​អោយ​នរណា​ក៏​បាន ទ្រង់​លើក​នរណា​ឡើង​ក៏​បាន ហើយ​ទម្លាក់​នរណា​ចុះ​ក៏​បាន​ដែរ។ ២០ ប៉ុន្តែ ព្រះរាជា​មាន​អំនួត មាន​ចិត្ត​រឹងរូស​រហូត​ដល់​វាយឫក​ខ្ពស់ ទ្រង់​ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​ពី​រាជ​សម្បត្តិ ហើយ​បាត់​បង់​សិរីរុងរឿង។ ២១ គេ​បាន​បណ្ដេញ​ព្រះរាជា ​ចេញ​ពី​ចំណោម​មនុស្ស ចិត្ត​គំនិត​របស់​ព្រះរាជា​ប្រែ​ទៅ​ជា​មាន​លក្ខណៈ​ដូច​សត្វ​តិរច្ឆាន ទ្រង់​គង់​នៅ​ជា​មួយ​សត្វ​ព្រៃ គេ​អោយ​ទ្រង់​សោយ​ស្មៅ​ដូច​គោ ហើយ​ព្រះកាយ​ទទឹក​ជោក​ទៅ​ដោយ​ទឹក​សន្សើម​ដែល​ធ្លាក់​ពី​លើ​មេឃ​មក រហូតទល់​ពេល​ព្រះរាជា​ទទួល​ស្គាល់​ថា ព្រះជាម្ចាស់​ដ៏​ខ្ពង់ខ្ពស់​បំផុត​គ្រប់គ្រង​លើ​រាជ​សម្បត្តិ​របស់​មនុស្ស​ លោក​ទាំង​អស់ ហើយ​ព្រះអង្គ​លើក​នរណា​អោយ​សោយរាជ្យ​ក៏​បាន។ ២២ បពិត្រ​ព្រះករុណា​បេលថាសារ​ជា​ព្រះរាជ​បុត្រ ទោះ​បី​ព្រះករុណា​ជ្រាប​ហេតុការណ៍​ទាំង​នោះ​ក្ដី ក៏​ទ្រង់​ពុំ​បាន​បន្ទាប​ខ្លួន​ដែរ ២៣ ព្រះករុណា​បាន​ប្រឆាំង​ ព្រះអម្ចាស់​នៃ​ស្ថាន​បរមសុខ ដោយ​បញ្ជា​អោយ​គេ​យក​ពែង​ពី​ព្រះវិហារ​របស់​ព្រះអង្គ មក​ចាក់​ស្រា​សំរាប់​ព្រះករុណា សំរាប់​នាម៉ឺន​មន្ត្រី សំរាប់​ពួក​មហេសី និង​ពួក​ស្នំ។ បន្ទាប់​មក ព្រះករុណា​បាន​សរសើរ​តម្កើង​ព្រះ​ដែល​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម​ទៅ​វិញ ជា​ព្រះ​ដែល​មិន​ចេះ​មើល​មិន​ចេះ​ស្ដាប់ ហើយ​មិន​ដឹង​អ្វី​ទាំង​អស់ គឺ​ព្រះករុណា​មិន​បាន​លើក​តម្កើង​ព្រះ​ដែល​ជា​ម្ចាស់​លើ​ព្រះជន្ម និង​ជា​ម្ចាស់​លើ​ដំណើរ​ជីវិត​របស់​ព្រះករុណា​ឡើយ។ ២៤ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​ចាត់​ម្រាម​ដៃ​អោយ​មក​សរសេរ​អក្សរ​នេះ ២៥ គឺ ​“ម៉េណេ ម៉េណេ តេកែល និង​ប៉ារស៊ីន”។ ២៦ ពាក្យ​ទាំង​នេះ​មាន​ន័យ ​ដូច​ត​ទៅ: “ម៉េណេ” (ប្រែ​ថា​រាប់) មាន​ន័យ​ថា​ព្រះជាម្ចាស់​បាន​រាប់​ចំនួន​ថ្ងៃ​នៃ​រាជ្យ​របស់​ព្រះករុណា ហើយ​ព្រះអង្គ​បាន​បញ្ចប់​រាជ្យ​នេះ​ហើយ។ ២៧ “តេកែល”(ប្រែ​ថា​ថ្លឹង) មាន​ន័យ​ថា ព្រះជាម្ចាស់​បាន​ថ្លឹង​ព្រះករុណា​លើ​ជញ្ជីង​រួច​ហើយ ហើយ​ទ្រង់​ទត​ឃើញ​ថា​ស្រាល​ពេក។ ២៨ “ប៉ារស៊ីន”(ប្រែ​ថា​ចែក) មាន​ន័យ​ថា ព្រះជាម្ចាស់​នឹង​ចែក​រាជាណាចក្រ​របស់​ព្រះករុណា​ជា​ពីរ គឺ​មួយ​ចំណែក​អោយ​ជន​ជាតិ​ម៉ែដ និង​មួយ​ចំណែក​ទៀត​អោយ​ជន​ជាតិ​ពែរ្ស»។

២៩ ពេល​នោះ ព្រះចៅ​បេលថាសារ បញ្ជា​អោយ​គេ​យក​សម្លៀកបំពាក់​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស​មក​ពាក់​អោយ​លោក​ដានីអែល​ភ្លាម ព្រម​ទាំង​ចេញ​រាជ​ប្រកាស​ថា លោក​នឹង​មាន​ឋានៈ​ជា​អ្នក​គ្រប់គ្រង​ទី​បី​នៅ​ក្នុង​រាជាណាចក្រ។ ៣០ នៅ​យប់​នោះ ព្រះចៅ​បេលថាសារ​ជា​ស្ដេច​របស់​ជន​ជាតិ​ខាល់ដេ​បាន​ត្រូវ​គេ​ធ្វើ​គុត។ ១(៥.៣១) ព្រះចៅ​ដារីយូស​ជា​ជន​ជាតិ​ម៉ែដ​បាន​ឡើង​ស្នង​រាជ្យ ក្នុង​ជន្មាយុ​ហុកសិប​ពីរ​ព្រះវស្សា។

ជំពូកទី ៦

លោក​ដានីអែល​នៅ​ក្នុង​រូង​តោ
២(១) ព្រះចៅ​ដារីយូស ​សព្វ​ព្រះហឫទ័យ​តែងតាំង​មេទ័ព​មួយ​រយ​ម្ភៃ​រូប អោយ​គ្រប់គ្រង​លើ​រាជាណាចក្រ​ទាំង​មូល។ ៣(២)ស្ដេច​តែងតាំង​មហា​មន្ត្រី ​បី​រូប​អោយ​ធ្វើ​ជា​ប្រមុខ​លើ​មេទ័ព​ទាំង​នោះ។ មេទ័ព​ទាំង​អស់​ត្រូវ​ធ្វើ​របាយការណ៍​ជូន​មហា​មន្ត្រី ដើម្បី​រក្សា​ផល​ប្រយោជន៍​របស់​ស្ដេច។ លោក​ដានីអែល​ជា​មហាមន្ត្រី​មួយ​រូប​ក្នុង​ចំណោម​មហាមន្ត្រី​ទាំង​បី។ ៤(៣) ក្នុង​ចំណោម​មហាមន្ត្រី​ ទាំង​បី​រូប និង​មេទ័ព​ទាំង​អស់ លោក​ដានីអែល​ប្រសើរ​ជាង​គេ ព្រោះ​លោក​មាន​ប្រាជ្ញា​ឈ្លាសវៃ​បំផុត។ ព្រះរាជា​មាន​បំណង​តែងតាំង​លោក​អោយ​គ្រប់គ្រង​លើ​រាជាណាចក្រ​ទាំង​មូល។

៥(៤) ពេល​នោះ មហាមន្ត្រី​ឯ​ទៀតៗ និង​ពួក​មេទ័ព​រិះ​រក​មូល​ហេតុ​ណា​មួយ ដែល​ជាប់​ទាក់ទង​នឹង​ការងារ​ក្នុង​រាជាណាចក្រ ដើម្បី​ចោទ​ប្រកាន់​លោក​ដានីអែល តែ​ពួក​គេ​ពុំ​អាច​រក​ឃើញ​មូល​ហេតុ ឬ​កំហុស​ណា​មួយ​បាន​ទេ ដ្បិត​លោក​ដានីអែល​ជា​មនុស្ស​ស្មោះ​ត្រង់​នឹង​ការងារ មិន​ដែល​ធ្វេសប្រហែស ឬ​មាន​កំហុស​ណា​មួយ​ឡើយ។ ៦(៥) អ្នក​ទាំង​នោះ​ពិភាក្សា​គ្នា​ថា៖ «យើង​ពុំ​អាច​រក​មូល​ហេតុ ចាប់​កំហុស​លោក​ដានីអែល​បាន​ទេ។ ដូច្នេះ មាន​តែ​រិះ​រក​មូល​ហេតុ ដែល​ជាប់​ទាក់ទង​នឹងវិន័យ​របស់​ព្រះ​គាត់»។
៧(៦)បន្ទាប់​មក ពួក​មហាមន្ត្រី និង​ចៅហ្វាយ​ខេត្ត​បាន​លើក​គ្នា​ចូល​ទៅ​គាល់​ព្រះមហាក្សត្រ​ទូល​ថា៖ «បពិត្រ​ព្រះមហាក្សត្រ​ដារីយូស សូម​ទ្រង់​មាន​ព្រះជន្ម​គង់​នៅ​រហូត​ត​ទៅ! ៨(៧) ​មហាមន្ត្រី​ទាំង​អស់​ ក្នុង​រាជាណាចក្រ ព្រម​ទាំង​មន្ត្រី​រដ្ឋបាល មេទ័ព​ក្រុម​ប្រឹក្សា​ព្រះរាជ​បល្ល័ង្ក និង​ចៅហ្វាយ​ខេត្ត​ទាំង​ប៉ុន្មាន​បាន​មូល​មតិ​គ្នា សូម​អោយ​ស្ដេច​ចេញ​រាជក្រឹត្យ​មួយ ដើម្បី​ប្រកាស​បំរាម​ដូច​ត​ទៅ: “បពិត្រ​ព្រះរាជា​ក្នុង​អំឡុង​ពេល​សាម​សិប​ថ្ងៃ បើ​អ្នក​ណា​ទូលអង្វរ​សូម​អ្វី​ពី​ព្រះ​ណា​មួយ ឬ​ពី​មនុស្ស​ណា​ម្នាក់​ក្រៅ​ពី​ព្រះករុណា អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​រូង​តោ”។ ៩(៨) បពិត្រ​ព្រះរាជា ឥឡូវ​នេះ​សូម​ទ្រង់​ឡាយ​ព្រះហស្ដ​លេខា​បញ្ជាក់​បំរាម​នេះ ដើម្បី​អោយ​បាន​ស្រប​តាម​ច្បាប់​របស់​ជន​ជាតិ​ម៉ែដ និង​ជន​ជាតិ​ពែរ្ស​ដែល​ឥត​ផ្លាស់​ប្ដូរ ឬ​ប្រែ​ក្រឡាស់​បាន​ឡើយ»។ ១០(៩) ព្រះចៅ​ដារីយូស​ ក៏​ឡាយ​ព្រះហស្ដ​លេខា​លើ​រាជក្រឹត្យ​ប្រកាស​បំរាម​នោះ។ ១១(១០) កាល​លោក ​ដានីអែល​បាន​ជ្រាប​អំពី​រាជក្រឹត្យ​នេះ លោក​ក៏​ឡើង​ទៅ​លើ​បន្ទប់​មួយ ​ក្នុង​ផ្ទះ​របស់​លោក​ដែល​មាន​បង្អួច​ចំហ បែរ​ទៅ​រក​ក្រុង​យេរូសាឡឹម។ លោក​លុត​ជង្គង់​អធិស្ឋាន និង​សរសើរ​ព្រះ​របស់​លោក​ដូច​សព្វ​ដង គឺ​ក្នុង​មួយ​ថ្ងៃ​បី​ដង។

១២(១១) ពេល​នោះ ពួក​នាម៉ឺន​មន្ត្រី​ក៏​លើក​គ្នា​ចូល​មក ឃើញ​លោក​ដានីអែល​កំពុង​តែ​ទូលអង្វរ​ព្រះ​របស់​លោក។ ១៣(១២)ពួក​គេ​នាំ​គ្នា​ចូល​ទៅ ​គាល់​ស្ដេច ទូល​អំពី​រាជ​បំរាម​នោះ​ថា៖ «បពិត្រ​ព្រះរាជា! តើ​ទ្រង់​បាន​ឡាយ​ព្រះហស្ដ​លេខា​លើ​បំរាម​ថា ក្នុង​រយៈ​ពេល​សាមសិប​ថ្ងៃ បើ​អ្នក​ណា​ទូលអង្វរ​ព្រះ ឬ​មនុស្ស​ក្រៅ​ពី​ព្រះករុណា​អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​រូង​តោ​មែន​ ឬ?»។ ព្រះ​ម​ហាក្សត្រ​ឆ្លើយ​ថា៖ «ត្រូវ​ហើយ! យើង​បាន​សំរេច​ដូច្នេះ​មែន គឺ​ស្រប​តាម​ច្បាប់​របស់​ជន​ជាតិ​ម៉ែដ និង​ពែរ្ស ដែល​មិន​អាច​ប្រែ​ក្រឡាស់​បាន​ឡើយ»។

១៤(១៣) ពួក​គេ​ ក៏​ទូល​ព្រះរាជា​ថា៖ «បពិត្រ​ព្រះរាជា លោក​ដានីអែល ​ជា​អ្នក​ដែល​គេ​ជន្លៀស​មក​ពី​ស្រុក​យូដា​ពុំ​បាន​អើពើ​នឹង​ ព្រះករុណា ហើយ​ក៏​មិន​គោរព​តាម​បំរាម​ដែល​ទ្រង់​បាន​ឡាយ​ព្រះហស្ដ​ដែរ! គឺ​លោក​នៅ​តែ​អធិស្ឋាន​មួយ​ថ្ងៃ​បី​ដង»។

១៥(១៤) កាល​ស្ដេច​ព្រះសណ្ដាប់​ដូច្នេះ​ហើយ ទ្រង់​ព្រួយ​ព្រះហឫ​ទ័យ​ជា​ខ្លាំង។ ព្រះរាជា​ចង់​ដោះ​លែង​លោក​ដានីអែល​ណាស់ គឺ​តាំង​ពី​ពេល​នោះ​រហូត​ដល់​ល្ងាច ទ្រង់​រិះ​រក​មធ្យោបាយ​ដោះ​លែង​លោក​ដានីអែល។ ១៦(១៥) ប៉ុន្តែ នាម៉ឺន​មន្ត្រី​ទាំង​នោះ លើក​គ្នា​មក​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះរាជា! សូម​ទ្រង់​ជ្រាប​ថា តាម​ច្បាប់​របស់​ជន​ជាតិ​ម៉ែដ និង​ជន​ជាតិ​ពែរ្ស រាជ​បំរាម និង​រាជក្រឹត្យ​ទាំង​ប៉ុន្មាន​ដែល​មាន​ឡាយ​ព្រះហស្ដ​លេខា​របស់​ ព្រះមហាក្សត្រ​មិន​អាច​ប្រែប្រួល​បាន​ជា​ដាច់​ខាត!»។ ១៧(១៦) ព្រះមហាក្សត្រ​បញ្ជា​ អោយ​គេ​នាំ​លោក​ដានីអែល ទៅ​បោះ​នៅ​ក្នុង​រូង​តោ ទាំង​មាន​រាជឱង្ការ​ទៅ​លោក​ថា៖ «ព្រះ​របស់​លោក​នឹង​សង្គ្រោះ​ជីវិត​លោក​ជា​មិន​ខាន ព្រោះ​លោក​បាន​គោរព​បំរើ​ព្រះអង្គ​ដោយ​ចិត្ត​ព្យាយាម»។ ១៨(១៧)គេ​យក​ផ្ទាំង​ថ្ម​មួយ​ផ្ទាំង ​មក​សន្ធប់​មាត់​រូង ហើយ​ព្រះមហាក្សត្រ​ប្រថាប់​ត្រា​ព្រះទំរង់​លើ​ថ្ម​នោះ ពួក​មន្ត្រី​របស់​ស្ដេច​ក៏​បោះ​ត្រា​ចិញ្ចៀន​របស់​គេ​លើ​ថ្ម​នោះ​ដែរ។ ដូច្នេះ គ្មាន​នរណា​អាច​សង្គ្រោះ​លោក​ដានីអែល​បាន​ឡើយ។

១៩(១៨) បន្ទាប់​មក ព្រះមហាក្សត្រ​យាង​ចូល​រាជ​វាំង​វិញ ទ្រង់​យាង​ចូល​ក្រឡាបន្ទំ ដោយ​មិន​ព្រម​សោយ​អ្វី​ឡើយ ហើយ​ក៏​មិន​អនុញ្ញាត​អោយ​ពួក​ស្នំ​ចូល​មក​ជិត​ដែរ។ យប់​នោះ​ទ្រង់​ផ្ទំ​មិន​លក់​ទាល់​តែ​សោះ។

២០(១៩) ព្រះរាជា​ក្រោក​ឡើង​តាំង​ពី​ព្រលឹម​ស្រាងៗ ហើយ​ប្រញាប់ប្រញាល់​យាង​ឆ្ពោះ​ទៅ​រូង​តោ។ ២១(២០) ទ្រង់​ចូល​ទៅ​ជិត​រូង ទាំង​ស្រែក​ហៅ​លោក​ដានីអែល ដោយ​បន្លឺ​ព្រះសូរសៀង​យ៉ាង​ក្ដុកក្ដួល​ថា៖ «លោក​ដានីអែល​ជា​អ្នក​បំរើ​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​គង់​នៅ​អើយ តើ​ព្រះ​របស់​លោក​ដែល​លោក​គោរព​បំរើ​ដោយ​ចិត្ត​ព្យាយាម​នោះ បាន​រំដោះ​លោក​អោយ​រួច​ពី​តោ​ឬ​ទេ?​»។ ២២(២១) លោក​ដានីអែល​ទូល​ទៅ​ស្ដេច​វិញ​ថា៖ «បពិត្រ​ព្រះរាជា សូម​ទ្រង់​មាន​ព្រះជន្ម​គង់​នៅ​រហូត​ត​ទៅ! ២៣(២២) ព្រះ​របស់​ទូលបង្គំ​ ចាត់​ទេវទូត​របស់​ព្រះអង្គ​មក​បិទ​មាត់​តោ ដូច្នេះ វា​មិន​បាន​ធ្វើ​បាប​ទូលបង្គំ​ឡើយ ដ្បិត​ព្រះជាម្ចាស់​ជ្រាប​ថា ទូល​បង្គំ​​គ្មាន​ទោសពៃរ៍​អ្វី នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ​ទេ ហើយ​ទូលបង្គំ​ក៏​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​ព្រះករុណា​ដែរ»។ ២៤(២៣)​ពេល​នោះ ព្រះមហាក្សត្រ​មាន​ព្រះហឫទ័យ​រីករាយ​ក្រៃលែង ទ្រង់​បញ្ជា​អោយ​គេ​យក​លោក​ដានីអែល​ចេញ​ពី​រូង​មក​វិញ គេ​ក៏​យក​លោក​ចេញ​មក​ឃើញ​ថា លោក​គ្មាន​របួស​អ្វី​សោះ ដ្បិត​លោក​មាន​ជំនឿ​លើ​ព្រះ​របស់​លោក។ ២៤(២៤) បន្ទាប់​មក ព្រះ​មហាក្សត្រ​បញ្ជា​អោយ​គេ​នាំ​ពួក​នាម៉ឺន​មន្ត្រី ដែល​បាន​ចោទ​ប្រកាន់​លោក​ដានីអែល ​យក​ទៅ​បោះ​នៅ​ក្នុង​រូង​តោ​ទាំង​ប្រពន្ធ ទាំង​កូន។ មុន​ពេល​អ្នក​ទាំង​នោះ​ធ្លាក់​ទៅ​ដល់​បាត​រូង តោ​បាន​លោត​មក​ត្របាក់​ស៊ី​ពួក​គេ​ខ្ទេចខ្ទី​អស់។

២៦(២៥) ព្រះបាទ​ដារីយូស ​ចេញ​រាជសារ​មួយ​ប្រកាស​ប្រាប់​ប្រជាជន ប្រជាជាតិ និង​មនុស្ស​គ្រប់​ភាសា​ដែល​រស់​នៅ​លើ​ផែនដី​ទាំង​មូល​ថា៖
«សូម​អោយ​អ្នក​រាល់​គ្នា ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​យ៉ាង​បរិបូណ៌! ២៧(២៦) យើង​សុំ​ចេញ​បញ្ជា​ដូច​ ត​ទៅ គឺ​មនុស្ស​ទាំងឡាយ​ដែល​រស់​នៅ​ទួទាំង​រាជាណាចក្រ​របស់​យើង ត្រូវ​តែ​គោរព​កោត​ខ្លាច​ព្រះ​របស់​លោក​ដានីអែល
ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដែល​មាន​ព្រះជន្ម​គង់​នៅ
ហើយ​ព្រះអង្គ​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច។
ព្រះរាជ្យ​របស់​ព្រះអង្គ​មិន​សាប​សូន្យ​ឡើយ
ព្រះអង្គ​គ្រង​រាជ្យ​រហូត​ត​រៀង​ទៅ។
២៨(២៧) ព្រះអង្គ​សង្គ្រោះ និង​រំដោះ​មនុស្ស​លោក
ព្រះអង្គ​​សំដែង​ទី​សំគាល់ និង​ឫទ្ធិ​បាដិហារិយ៍
នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី
គឺ​ព្រះអង្គ​នេះ​ហើយ​ដែល​បាន​សង្គ្រោះ
លោក​ដានីអែល​អោយ​រួច​ពី​ក្រញាំ​តោ»។
២៩(២៨) លោក​ដានីអែល​បាន​ចំរុងចំរើន​រុងរឿង​ឡើង ក្នុង​រជ្ជ​កាល​​ព្រះចៅ​ដារីយូស និង​ក្នុង​រជ្ជកាល​ព្រះចៅ​ស៊ីរូស ជា​ជន​ជាតិ​ពែរ្ស។

ជំពូកទី ៧

លោក​ដានីអែល​សុបិន​និមិត្ត​ឃើញ​សត្វ​សាហាវ​បួន
១ នៅ​ឆ្នាំ​ទី​មួយ​នៃ​ រជ្ជកាល​ព្រះចៅ​បេលថាសារ ជា​ស្ដេច​ស្រុក​បាប៊ីឡូន លោក​ដានីអែល​បាន​យល់​សុបិន​នៅ​ពេល​សម្រាន្ដ គឺ​ព្រលឹង​របស់​លោក​និមិត្ត​ឃើញ​ការ​អស្ចារ្យ​ដែល​លោក​លើក​យក​ចំណុច​សំខាន់ៗ មក​សរសេរ​រៀប​រាប់​ដូច​ត​ទៅ:

២ លោក​ដានីអែល​មាន​ប្រសាសន៍​ថា៖ «ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​ឃើញ​ខ្យល់​ទាំង​បួន​ទិស​បក់​ពី​មេឃ​មក​លើ​មហា​សមុទ្រ។ ៣ ពេល​នោះ ស្រាប់​តែ​មាន​សត្វ​ដ៏​ធំ​សម្បើម​បួន​ក្បាល​ប្លែកៗ​ពី​គ្នា ផុស​ចេញ​ពី​មហា​សមុទ្រ។ ៤ សត្វ​ទី​មួយ​មាន​រូប​រាង​ ដូច​តោ ហើយ​មាន​ស្លាប​ដូច​ឥន្ទ្រី។ ពេល​ខ្ញុំ​កំពុង​តែ​មើល​នោះ ខ្ញុំ​ឃើញ​គេ​ដក​ស្លាប​វា ហើយ​លើក​វា​ឡើង​ផុត​ពី​ដី​អោយ​ឈរ​ជើង​ពីរ​ដូច​មនុស្ស រួច​គេ​អោយ​វា​មាន​ចិត្ត​ដូច​មនុស្ស។ ៥ សត្វ​ទី​ពីរ​មាន​រូប​រាង​ ដូច​ខ្លាឃ្មុំ វា​ឈរ​លើ​ជើង​ម្ខាង ព្រម​ទាំង​ពាំ​ឆ្អឹង​ជំនីរ​បី​ក្នុង​មាត់​ផង។ មាន​គេ​ប្រាប់​វា​ថា “ចូរ​ក្រោក​ឡើង ហើយ​ត្របាក់​ស៊ី​សាច់​អោយ​ច្រើន​ទៅ!”។

៦ ខ្ញុំ​សម្លឹង​មើល​ទៅ​ឃើញ​សត្វ​មួយ​ទៀត មាន​រូប​រាង​ដូច​ខ្លារខិន នៅ​លើ​ខ្នង​វា​មាន​ស្លាប​បួន ហើយ​វា​មាន​ក្បាល​បួន​ដែរ វា​បាន​ទទួល​អំណាច​គ្រប់គ្រង​លើ​ពិភព​លោក។
៧ បន្ទាប់​មក ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​បាន​ឃើញ​សត្វ​ទី​បួន​ដែល​មាន​រូប​រាង​គួរ​ព្រឺ​ស្ញែង​ខ្លាច។ វា​មាន​កម្លាំង​ដ៏​ខ្លាំង​ក្លា​អស្ចារ្យ ធ្មេញ​វា​ជា​ដែក​ដ៏​ធំៗ វា​ត្របាក់​ស៊ី វា​កំទេច ព្រម​ទាំង​ជាន់​ឈ្លី​សំណល់​ទាំង​អស់​ផង។ សត្វ​នេះ​មាន​រូប​រាង​ខុស​ប្លែក​ពី​សត្វ​មុនៗ គឺ​វា​មាន​ស្នែង​ដប់។ ៨ ខ្ញុំ​សង្កេត​មើល​ស្នែង​ ទាំង​នោះ ស្រាប់​តែ​ឃើញ​មាន​ស្នែង​មួយ​ទៀត​តូច​ជាង​គេ ដុះ​ចេញ​ពី​កណ្ដាល​ចំណោម​ស្នែង​ទាំង​ដប់។ គេ​ដក​ស្នែង​មុនៗ​បី​ចេញ​ពី​មុខ​ស្នែង​តូច។ ស្នែង​នេះ​មាន​ភ្នែក​ដូច​ភ្នែក​មនុស្ស ហើយ​មាន​មាត់​ពោល​ចេញ​មក​នូវ​ពាក្យ​ព្រហើន​កោង​កាច»។

ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស
៩ «ពេល​នោះ​ខ្ញុំ​នៅ​តែ​គន់ ​មើល​ត​ទៅ​ទៀត ឃើញ​គេ​យក​រាជ​បល្ល័ង្ក​ជា​ច្រើន​មក​តាំង ហើយ​ព្រះជាម្ចាស់​នៃ​ពេល​វេលា​ដែល​មាន​ព្រះជន្មាយុ​យឺនយូរ គង់​នៅ​លើ​បល្ល័ង្ក​មួយ ទ្រង់​មាន​ព្រះភូសា​ពណ៌​ស​ដូច​កប្បាស ហើយ​ព្រះកេសា​របស់​ព្រះអង្គ​ស​ដូច​សំឡី​។ បល្ល័ង្ក​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​អណ្ដាត​ភ្លើង ហើយ​មាន​កង់​កំពុង​ឆេះ​សន្ធោសន្ធៅ។ ១០ មាន​ទន្លេ​មួយ​ហូរ​ សុទ្ធ​តែ​ភ្លើង​ចេញ​ពី​មុខ​បល្ល័ង្ក។ មាន​មនុស្ស​រាប់​ម៉ឺន​រាប់​សែន​នាក់​គោរព​បំរើ​ព្រះអង្គ និង​រាប់​លាន​រាប់​កោដិ​នាក់​ទៀត​ឈរ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ។ ពេល​នោះ ចៅក្រម​នាំ​គ្នា​អង្គុយ ហើយ​គេ​ក៏​បើក​ក្រាំង​ផ្សេងៗ។

១១ ខ្ញុំ​ក្រឡេក​មើល​ទៅ ខ្ញុំ​បាន​ឮ​ស្នែង​តូច​នោះ ពោល​ពាក្យ​យ៉ាង​ព្រហើន​កោងកាច។ ពេល​ខ្ញុំ​កំពុង​តែ​សម្លឹង​មើល ស្រាប់​តែ​សត្វ​ទី​បួន​នោះ​ត្រូវ​គេ​សម្លាប់ ហើយ​គេ​យក​ខ្មោច​ទៅ​ដុត​ចោល​ក្នុង​ភ្លើង។ ១២ រីឯ​សត្វ​ឯ​ទៀតៗ ក៏​បាត់​បង់​អំណាច​គ្រប់គ្រង តែ​ពួក​វា​បាន​ទទួល​ការ​អនុញ្ញាត​អោយ​រស់​ត​ទៅ​មុខ​ទៀត​រហូត​ដល់​ពេល​កំណត់។

១៣ ក្នុង​ សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​ឃើញ​មាន​ម្នាក់​ដូច​បុត្រ​មនុស្ស* មក​ជា​មួយ​ពពក​នៅ​លើ​ផ្ទៃ​មេឃ លោក​ចូល​ទៅ​ជិត​ព្រះជាម្ចាស់​នៃ​ពេល​វេលា ដែល​មាន​ព្រះជន្មាយុ​យឺនយូរ ហើយ​គេ​ក៏​នាំ​លោក​ទៅ​គាល់​ព្រះអង្គ។ ១៤ លោក​បាន​ទទួល​អំណាច​ គ្រប់គ្រង​ព្រះកិត្តិនាម ព្រម​ទាំង​រាជ​សម្បត្តិ​ផង។ ប្រជាជន​ទាំង​អស់ ប្រជាជាតិ​ទាំង​អស់ និង​មនុស្ស​គ្រប់​ភាសា​នាំ​គ្នា​គោរព​បំរើ​លោក អំណាច​គ្រប់គ្រង​របស់​លោក​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​ឥត​សាប​សូន្យ​ឡើយ។ រាជ​សម្បត្តិ​របស់​លោក​មិន​ត្រូវ​រលាយ​ដែរ។»

ការ​កាត់​ស្រាយ​សុបិន​និមិត្ត​អំពី​សត្វ​សាហាវ​ទាំង​បួន
១៥ ពេល​នោះ ខ្ញុំ​ដានីអែល​តប់ប្រមល់​ក្នុង​ចិត្ត​ជា​ខ្លាំង ដ្បិត​និមិត្តហេតុ​ដ៏​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​សុបិន​នេះ ធ្វើ​អោយ​ខ្ញុំ​តក់ស្លុត​ណាស់។ ១៦ ខ្ញុំ​ក៏​ខិត​ទៅ​ជិត​ បុរស​ម្នាក់​ក្នុង​ចំណោម​អស់​អ្នក​ដែល​ឈរ​នៅ​ក្បែរ​បល្ល័ង្ក ហើយ​សួរ​គាត់​អោយ​ពន្យល់​អត្ថន័យ​ពិត​ប្រាកដ​នៃ​ហេតុការណ៍​ទាំង​នោះ។ គាត់​ក៏​កាត់​ស្រាយ​អត្ថន័យ​នៃ​ហេតុការណ៍​ទាំង​អស់ ដែល​ខ្ញុំ​បាន​ឃើញ​នោះ​ដូច​ត​ទៅ: ១៧ សត្វ​ធំ​សម្បើម​ទាំង​បួន​នោះ គឺ​ព្រះមហាក្សត្រ​បួន​អង្គ ដែល​នឹង​ឡើង​គ្រង​រាជ្យ​លើ​ផែនដី​នេះ។ ១៨ បន្ទាប់​មក ប្រជាជន​ដ៏វិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នឹង​ទទួល​រាជ​សម្បត្តិ​នោះ ហើយ​ពួក​គេ​គ្រង​ព្រះរាជ្យ​ដ៏​ស្ថិត​នៅ​អស់កល្ប​ជានិច្ច ជា​អង្វែង​ត​រៀង​ទៅ។ ១៩ ក្រោយ​មក​ខ្ញុំ​ក៏​សួរ​ ចង់​ដឹង​អោយ​ច្បាស់​អំពី​សត្វ​ទី​បួន ដែល​ខុស​ប្លែក​ពី​សត្វ​ឯ​ទៀតៗ គឺ​មាន​រូបរាង​គួរ​ស្ញែង​ខ្លាច មាន​ធ្មេញ​ដែក មាន​ក្រចក​លង្ហិន ហើយ​ត្របាក់​ស៊ី​កំទេច ព្រម​ទាំង​ជាន់​ឈ្លី​សំណល់​ទាំង​អស់។ ២០ ខ្ញុំ​ក៏​ចង់​ដឹង​អំពី​ ស្នែង​ទាំង​ដប់​នៅ​លើ​ក្បាល​សត្វ​នោះ និង​អំពី​ស្នែង​មួយ​ទៀត​ដែល​ដុះ​ឡើង​ធ្វើ​អោយ​ជ្រុះ​ស្នែង​បី។ ស្នែង​ក្រោយ​នេះ​មាន​ភ្នែក និង​មាន​មាត់​ពោល​ពាក្យ​ព្រហើន​កោងកាច ហើយ​ឃើញ​ហាក់​ដូច​ជា​ធំ​ជាង​ស្នែង​ឯ​ទៀតៗ។

២១ ខ្ញុំ​បាន​ឃើញ​ស្នែង​នេះ​ កំពុង​តែ​ច្បាំង​នឹង​ប្រជាជន​ដ៏វិសុទ្ធ ហើយ​មាន​ប្រៀប​លើ​ពួក​គេ ២២ រហូត​ដល់​ពេល​ ព្រះជាម្ចាស់​នៃ​ពេល​វេលា ដែល​មាន​ព្រះជន្មាយុ​យឺនយូរ​យាង​មក ដើម្បី​រក​យុត្តិធម៌​អោយ​ប្រជារាស្ត្រ​ដ៏វិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​ បំផុត​។ ពេល​នោះ ជា​ពេល​កំណត់​ដែល​ប្រជាជន​ដ៏វិសុទ្ធ​ត្រូវ​ទទួល​រាជ​សម្បត្តិ។

២៣ បុរស​ នោះ​ប្រាប់​ខ្ញុំ​ថា សត្វ​ទី​បួន គឺ​រាជាណាចក្រ​ទី​បួន​ដែល​នឹង​កើត​ឡើង​នៅ​លើ​ផែនដី។ រាជាណាចក្រ​នោះ ប្លែក​ពី​រាជាណាចក្រ​ឯ​ទៀតៗ គឺ​រាជាណាចក្រ​នោះ​នឹង​ត្របាក់​លេប ជាន់​ឈ្លី និង​កិន​កំទេច​រាជាណាចក្រ​ឯ​ទៀតៗ។ ២៤ រីឯ​ស្នែង​ទាំង​ដប់ គឺ​ស្ដេច​ដប់​អង្គ​ដែល​នឹង​ឡើង​គ្រង​រាជ្យ ក្នុង​រាជាណាចក្រ​នោះ។ បន្ទាប់​មក មាន​ស្ដេច​មួយ​អង្គ ដែល​ប្លែក​ពី​ស្ដេច​មុនៗ​ឡើង​គ្រង​រាជ្យ​ក្រោយ​គេ​បង្អស់ ហើយ​ទម្លាក់​ស្ដេច​បី​អង្គ​ទៀត​ចោល។ ២៥ ស្ដេច​អង្គ​នេះ​នឹង​មាន ​រាជឱង្ការ​ប្រឆាំង​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្ដេច​នឹង​ជិះជាន់​សង្កត់សង្កិន​ប្រជារាស្ត្រ​ដ៏វិសុទ្ធ​របស់​ព្រះ​ដ៏​ ខ្ពង់ខ្ពស់​បំផុត ហើយ​មាន​បំណង​នឹង​ផ្លាស់​ប្ដូរ​ពេល​កំណត់​ធ្វើ​ពិធី​បុណ្យ និង​ផ្លាស់​ប្ដូរវិន័យ​ទៀត​ផង។ ទ្រង់​នឹង​ធ្វើ​បាប​ប្រជាជន​ដ៏វិសុទ្ធ​អស់​រយៈ​ពេល​មួយ​វស្សា ពីរ​វស្សា និង​ពាក់​កណ្ដាល​វស្សា។ ២៦ បន្ទាប់​មក ពេល​វិនិច្ឆ័យ​ទោស​ក៏​មក​ដល់ គេ​នឹង​ដក​អំណាច​គ្រប់គ្រង​ចេញ​ពី​ស្ដេច​នោះ ហើយ​រាជ្យ​នេះ​នឹង​ត្រូវ​គេ​បំផ្លាញ​អោយ​វិនាស​សូន្យ​រហូត​ត​ទៅ។ ២៧ ប្រជាជន​ដ៏វិសុទ្ធ​នៃ​ ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នឹង​ទទួល​រាជ្យ អំណាច​គ្រប់គ្រង និង​ទ្រព្យ​សម្បត្តិ​នៃ​រាជាណាចក្រ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ទាំង​មូល។ រាជ្យ​របស់​គេ​ជា​រាជ្យ​ដែល​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច មេ​គ្រប់គ្រង​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​បំរើ ហើយ​ស្ដាប់​បង្គាប់​ប្រជាជន​ដ៏វិសុទ្ធ​នោះ។

២៨ «សេចក្ដី ​នេះ​ចប់​តែ​ប៉ុណ្ណេះ។ ខ្ញុំ ដានីអែល​ភ័យ​តក់ស្លុត​ជា​ខ្លាំង ហេតុការណ៍​ដែល​ខ្ញុំ​បាន​ដឹង​នៅ​ក្នុង​ចិត្ត បាន​ធ្វើ​អោយ​ខ្ញុំ​ស្លេកស្លាំង តែ​ខ្ញុំ​រក្សា​ពាក្យពេចន៍​ទាំង​នេះ​ទុក​នៅ​ក្នុង​ចិត្ត»។

ជំពូកទី ៨

លោក​ដានីអែល​សុបិន​និមិត្ត​ឃើញ​ពពែ និង​ចៀម
១ នៅ​ឆ្នាំ​ទី​បី នៃ​រជ្ជកាល​ព្រះចៅ​បេលថាសារ ខ្ញុំ​ដានីអែល​បាន​និមិត្ត​ឃើញ​ការ​អស្ចារ្យ​មួយ បន្ទាប់​ពី​សុបិន​និមិត្ត​ដែល​ខ្ញុំ​បាន​ឃើញ​កាល​ពី​លើក​មុន។ ២ ក្នុង​និមិត្ត​ហេតុ​ អស្ចារ្យ​នេះ ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​ហាក់​បី​ដូច​ជា​ខ្ញុំ​កំពុង​តែ​ស្ថិត​នៅ​ក្រុង​ស៊ូស ជា​ក្រុង​ដ៏​សំខាន់​របស់​អាណាខេត្ត​អេឡាម។ ពេល​ខ្ញុំ​កំពុង​តែ​សម្លឹង​មើល​ក្នុង​និមិត្តហេតុ​អស្ចារ្យ​នោះ ខ្ញុំ​ឃើញ​ថា ខ្ញុំ​ស្ថិត​នៅ​ក្បែរ​ទន្លេ​អ៊ូឡៃ។

៣ ពេល​ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ចៀម​ឈ្មោល​មួយ​ឈរ​នៅ​មាត់​ទន្លេ។ ចៀម​នោះ​មាន​ស្នែង​ពីរ ស្នែង​ទាំង​ពីរ​នេះ​វែង​ណាស់ ហើយ​ស្នែង​មួយ​វែង​ជាង​ស្នែង​មួយ​ទៀត តែ​ស្នែង​ដែល​វែង​នេះ​ដុះ​ក្រោយ​គេ។ ៤ ខ្ញុំ​ឃើញ​ចៀម​នោះ​វ័ធ​ ប្រហារ​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង តែ​គ្មាន​សត្វ​ណា​មួយ​អាច​តទល់​នឹង​វា​បាន​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​រំដោះ​អ្នក​រង​គ្រោះ​អោយ​រួច​ពី​អំណាច​របស់​វា​បាន​ដែរ។ វា​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​នឹង​ចិត្ត ហើយ​អំណាច​របស់​វា​កាន់​តែ​ចំរើន​ធំ​ឡើង​ជានិច្ច។

៥ ពេល​ខ្ញុំ ​កំពុង​តែ​រិះគិត ខ្ញុំ​ឃើញ​មាន​ពពែ​ឈ្មោល​មួយ​ចេញ​ពី​ទិស​ខាង​លិច​មក វា​បោល​កាត់​ផែនដី​យ៉ាង​លឿន ជើង​វា​ឥត​ប៉ះ​ដី​សោះ​ឡើយ។ ពពែ​នេះ​មាន​ស្នែង​មួយ​គួរ​អោយ​ស្ញប់ស្ញែង ដុះ​នៅ​ចន្លោះ​ភ្នែក​ទាំង​ពីរ។ ៦ ពពែ​នេះ​បាន​មក​ដល់​ជិត​ចៀម​ស្នែង​ពីរ​ឈរ​នៅ​មាត់​ទន្លេ ដែល​ខ្ញុំ​បាន​ឃើញ​ពី​មុន រួច​សំរុក​ទៅ​រក​ចៀម​យ៉ាង​ពេញ​ទំហឹង។ ៧ ខ្ញុំ​ឃើញ​វា​ចូល​ទៅ​ជិត​ ចៀម ទាំង​កំរោល វា​ជល់​ចៀម​នោះ​បាក់​ស្នែង​ទាំង​ពីរ ហើយ​ចៀម​ឥត​មាន​កម្លាំង​តទល់​នឹង​វា​វិញ​ឡើយ។ វា​ផ្ដួល​ចៀម​ទៅ​លើ​ដី​ហើយ​ជាន់​កំទេច ដោយ​គ្មាន​នរណា​អាច​រំដោះ​ចៀម​អោយ​រួច​ពី​អំណាច​របស់​វា​បាន​ឡើយ។

៨ ពពែ​ឈ្មោល ​នោះ​កាន់​តែ​ធំ​ឡើងៗ ហើយ​ពេល​វា​កំពុង​តែ​មាន​អំណាច​ខ្លាំងក្លា ស្នែង​ធំ​របស់​វា​ក៏​បាក់ រួច​មាន​ស្នែង​បួន​ទៀត​គួរ​អោយ​ស្ញប់ស្ញែង​ដុះ​ឡើង​ជំនួស បែរ​មុខ​ទៅ​រក​ទិស​ទាំង​បួន។ ៩ មាន​ស្នែង​មួយ​តូច​ដុះ​ ចេញ​ពី​ស្នែង​មួយ ក្នុង​ចំណោម​ស្នែង​ទាំង​បួន ស្នែង​តូច​នោះ​កាន់​តែ​រីក​ធំ​ឡើងៗ ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង ខាង​កើត និង​ឆ្ពោះ​ទៅ​កាន់​ស្រុក​ដ៏​ស្អាត​ជាង​គេ​បំផុត​។ ១០ បន្ទាប់​មក ស្នែង​នោះ​លូត​ឡើង​រហូត​ដល់​កងពល​នៃ​ស្ថាន​សួគ៌ ធ្វើ​អោយ​ពួក​គេ​មួយ​ចំនួន និង​ផ្កាយ​ខ្លះ​ធ្លាក់​មក ហើយ​វា​ជាន់​ឈ្លី។ ១១ ស្នែង​នោះ​លូត​ឡើង​រហូត ​ដល់​ព្រះម្ចាស់សួគ៌ វា​ហាម​គេ​មិន​អោយ​ថ្វាយ​យញ្ញបូជា​ប្រចាំ​ថ្ងៃ​ចំពោះ​ព្រះអង្គ​ ព្រម​ទាំង​បន្ថោក​ទីសក្ការៈ​ថែម​ទៀត​ផង។ ១២ កងពល និង​យញ្ញបូជា​ប្រចាំ​ថ្ងៃ ធ្លាក់​ទៅ​ក្នុង​អំណាច​របស់​ស្នែង​នោះ ព្រោះ​តែ​អំពើ​ឧក្រិដ្ឋ។ ស្នែង​នោះ​ជាន់​ឈ្លី​សេចក្ដី​ពិត អ្វីៗ​ដែល​វា​ធ្វើ​សុទ្ធ​តែ​បាន​សំរេច​ទាំង​អស់។

១៣ ខ្ញុំ​បាន​ឮ​អ្នក​ដ៏វិសុទ្ធ​មួយ​រូប​កំពុង​តែ​និយាយ ហើយ​អ្នក​ដ៏វិ​សុទ្ធ​​​មួយ​រូប​ទៀត​ពោល​ទៅ​គាត់​ថា៖ «និមិត្តហេតុ​ដ៏​អស្ចារ្យ​ស្ដី​អំពី​យញ្ញបូជា​ប្រចាំ​ថ្ងៃ អំពើ​ឧក្រិដ្ឋ​ដែល​កំពុង​តែ​រាតត្បាត​ទីស​ក្ការៈ និង​កងពល​ដែល​ត្រូវ​ស្នែង​នោះ​ជាន់​ឈ្លី​មាន​ដូច្នេះ​រហូត​ដល់​ពេល​ណា»។

១៤ គាត់​ ពោល​មក​ខ្ញុំ​ថា៖ «រហូត​ដល់​ពេល​ដែល​គេ​ខាន​បាន​ថ្វាយ​យញ្ញបូជា ពីរ​ពាន់​បី​រយ​ដង ដោយ​គិត​ទាំង​ព្រឹក ទាំង​ល្ងាច។ បន្ទាប់​មក គេ​នឹង​រៀបចំ​ទីសក្ការៈ​ឡើង​វិញ»។
១៥ នៅ​ពេល​ ដែល​ខ្ញុំ​ដានីអែល កំពុង​តែ​សម្លឹង​មើល​និមិត្តហេតុ​ដ៏​អស្ចារ្យ​នេះ ទាំង​រិះគិត​ចង់​យល់​អត្ថន័យ​មាន​ម្នាក់​ដែល​មាន​ទ្រង់ទ្រាយ​ដូច​មនុស្ស​ឈរ​ នៅ​ពី​មុខ​ខ្ញុំ ១៦ ហើយ​ខ្ញុំ​បាន​ឮ​សំឡេង​ មនុស្ស​ម្នាក់ បន្លឺ​ចេញ​ពី​ទន្លេ​អ៊ូឡៃ​មក​ថា៖ «កាព្រីអែល​អើយ ចូរ​ពន្យល់​ប្រាប់​គាត់​អំពី​និមិត្តហេតុ​ដ៏​អស្ចារ្យ​នេះ​ផង»។ ១៧ លោក​នោះ​ក៏​ចូល​មក​ជិត​ កន្លែង​ដែល​ខ្ញុំ​ឈរ ធ្វើ​អោយ​ខ្ញុំ​ភ័យ​តក់ស្លុត​ជា​ខ្លាំង ហើយ​ខ្ញុំ​ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។ លោក​ពោល​មក​ខ្ញុំ​ថា៖ «បុត្រ​មនុស្ស​អើយ ចូរ​ជ្រាប​ថា និមិត្តហេតុ​ដ៏​អស្ចារ្យ​នេះ​សំដែង​អំពី​ព្រឹត្តិការណ៍​ដែល​នឹង​កើត​មាន​នៅ​ គ្រា​ចុង​ក្រោយ»។ ១៨ ក្នុង​ពេល​លោក​មាន​ ប្រសាសន៍​មក​ខ្ញុំ ខ្ញុំ​ក៏​លង់​ស្មារតី ហើយ​នៅ​តែ​អោន​មុខ​ដល់​ដី​ដដែល។ លោក​ពាល់​ខ្ញុំ​រួច​អោយ​ខ្ញុំ​ក្រោក​ឈរ​ឡើង នៅ​កន្លែង​ដែល​ខ្ញុំ​ឈរ​ពី​មុន។ ១៩ បន្ទាប់​មក លោក​ពោល​ថា៖ «ខ្ញុំ​នឹង​ជំរាប​អោយ​លោក​ជ្រាប អំពី​ហេតុការណ៍​ដែល​នឹង​កើត​មាន​នៅ​គ្រា​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស ដ្បិត​ព្រះអង្គ​បាន​កំណត់​ថ្ងៃ​ចុង​ក្រោយ​ទុក​ជា​ស្រេច​ហើយ។

២០ ចៀម​ឈ្មោល​មាន​ស្នែង​ពីរ​ដែល​លោក​បាន​ឃើញ​នោះ គឺ​ស្ដេច​របស់​ជន​ជាតិ​ម៉ែដ និង​ជន​ជាតិ​ពែរ្ស។ ២១ រីឯ​ពពែ​ឈ្មោល​ដែល​មាន​រោម​ពេញ​ខ្លួន គឺ​ស្ដេច​របស់​ជន​ជាតិ​ក្រិក។ ស្នែង​ដ៏​ធំ​ដែល​ស្ថិត​នៅ​ចន្លោះ​ភ្នែក គឺ​ជា​ស្ដេច​ទី​មួយ។ ២២ ស្នែង​នេះ​បាន​បាក់ ហើយ​មាន​ស្នែង​បួន​ទៀត​ដុះ​ឡើង​ជំនួស គឺ​មាន​នគរ​បួន​កើត​ចេញ​ពី​ប្រជាជាតិ​ក្រិក តែ​ពុំ​មាន​ឫទ្ធិ​អំណាច​ដូច​ស្ដេច​មុន​ទេ។

២៣ នៅ​ចុង​ រជ្ជកាល​របស់​នគរ​ទាំង​បួន គឺ​នៅ​ពេល​ដែល​មនុស្ស​ពាល​ប្រព្រឹត្ត​អំពើ​បាប​ដល់​កំរិត នឹង​មាន​ស្ដេច​មួយ​អង្គ​ទៀត​ឡើង​គ្រង​រាជ្យ ស្ដេច​នេះ​ព្រហើន​កោងកាច​ណាស់ ហើយ​ប៉ិនប្រសប់​ខាង​បោក​ប្រាស់​ទៀត​ផង។ ២៤ អំណាច​របស់​ស្ដេច​នេះ​ នឹង​រឹងប៉ឹង​កាន់​តែ​ខ្លាំង​ឡើងៗ តែ​មិន​មែន​ដោយសារ​កម្លាំង​របស់​ខ្លួន​ផ្ទាល់​ទេ។ ស្ដេច​នេះ​នឹង​បំផ្លាញ​អ្វីៗ​ទាំង​អស់​គួរ​អោយ​ព្រឺ​ខ្លាច ការ​អ្វី​ដែល​ស្ដេច​ធ្វើ​សុទ្ធ​តែ​បាន​សំរេច ស្ដេច​នឹង​កំទេច​ពួក​មាន​អំណាច​ខ្លាំង​ពូកែ ហើយ​កំទេច​ប្រជាជន​ដ៏វិសុទ្ធ​ទៀត​ផង។ ២៥ ពេល​បាន​ចំរុងចំរើន ព្រោះ​តែ​កលល្បិច​ដ៏​ប៉ិនប្រសប់ ស្ដេច​ក៏​មាន​ចិត្ត​ព្រហើន គឺ​សម្លាប់​រង្គាល​មនុស្ស​ជា​ច្រើន​ដែល​កំពុង​រស់​នៅ​ដោយ​សុខសាន្ត។ សូម្បី​តែ​ព្រះមហាក្សត្រ​លើ​ក្សត្រ​ទាំង​អស់​ក៏​ស្ដេច​ហ៊ាន​ប្រឆាំង​ដែរ តែ​ស្ដេច​នោះ​នឹង​ត្រូវ​រលំ​ដោយ​គ្មាន​នរណា​ផ្ដួល​ឡើយ។ ២៦ រីឯ​កំណត់​ពេល​ព្រឹក និង​ល្ងាច ដែល​លោក​បាន​ឃើញ​នៅ​ក្នុង​និមិត្តហេតុ​ដ៏​អស្ចារ្យ ពិត​ជា​មាន​មែន។ សូម​លោក​លាក់​និមិត្តហេតុ​ដ៏​អស្ចារ្យ​នេះ​អោយ​ជិត ដ្បិត​ព្រឹត្តិការណ៍​នោះ​នឹង​កើត​មាន​ទៅ​អនាគត​ដ៏​យូរលង់​ខាង​មុខ»។
២៧ ខ្ញុំ​ដានីអែល ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ និង​មាន​ជំងឺ​ជា​ច្រើន​ថ្ងៃ។ បន្ទាប់​មក ខ្ញុំ​បាន​ក្រោក​ឡើង ហើយ​បំពេញ​មុខងារ​ថ្វាយ​ព្រះរាជា​ត​ទៅ​ទៀត។ ប៉ុន្តែ និមិត្តហេតុ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​នោះ ធ្វើ​អោយ​ខ្ញុំ​តក់ស្លុត​ជា​ខ្លាំង ព្រោះ​គ្មាន​នរណា​អាច​យល់​បាន​ឡើយ។

ជំពូកទី ៩

ពាក្យ​អធិស្ឋាន​របស់​លោក​ដានីអែល
១ នៅ​ឆ្នាំ​ទី​មួយ​នៃ​ រជ្ជកាល​ព្រះចៅ​ដារីយូស ជា​បុត្រ​របស់​ព្រះចៅ​អាស្យរូស ជា​សាសន៍​ម៉ែដ ដែល​គេ​បាន​អភិសេក​ជា​ស្ដេច​របស់​រាជាណាចក្រ​ខាល់ដេ ២ គឺ​ឆ្នាំ​ទី​មួយ​ដែល​ទ្រង់​ឡើង​គ្រង​រាជ្យ ខ្ញុំ​ដានីអែល​បាន​អាន​ព្រះគម្ពីរ ហើយ​យល់​អត្ថន័យ​នៃ​ចំនួន​ឆ្នាំ​ដែល​ព្រះអម្ចាស់ មាន​ព្រះបន្ទូល​ទុក​តាម​រយៈ​ព្យាការី​យេរេមី ស្ដី​អំពី​ក្រុង​យេរូសាឡឹម​ដែល​ត្រូវ​ខូច​បង់​នោះ គឺ​ចិតសិប​ឆ្នាំ។ ៣ ខ្ញុំ​ក៏​បែរ​មុខ​ទៅ​រក​ព្រះជាអម្ចាស់ ដើម្បី​អធិស្ឋាន​ទទូច​អង្វរ​ព្រះអង្គ ដោយ​តម​អាហារ និង​កាន់​ទុក្ខ។ ៤ ខ្ញុំ​ទូលអង្វរ​ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ ហើយ​សារភាព​ចំពោះ​ព្រះអង្គ​ដូច​ត​ទៅ:

“បពិត្រ​ព្រះអម្ចាស់! ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម​គួរ​ស្ញែង​ខ្លាច ព្រះអង្គ​តែងតែ​រក្សា​សម្ពន្ធមេត្រី​របស់​ព្រះអង្គ ហើយ​មាន​ព្រះហឫទ័យ​មេត្តាករុណា​ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ព្រះអង្គ! ៥ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត ​អំពើ​បាប ប្រព្រឹត្ត​ខុស ប្រព្រឹត្ត​អំពើ​អាក្រក់ និង​បះបោរ ហើយ​យើង​ខ្ញុំ​បាន​ងាក​ចេញ​ពី​បទ​បញ្ជា និង​វិន័យ​របស់​ព្រះអង្គ។ ៦ យើង​ខ្ញុំ​ពុំ​បាន​យក​ ចិត្ត​ទុក​ដាក់​ស្ដាប់​អស់​លោក​ព្យាការី​ជា​អ្នក​បំរើ​របស់​ព្រះអង្គ ដែល​បាន​ថ្លែង​ព្រះបន្ទូល​ក្នុង​នាម​ព្រះអង្គ​ថ្វាយ​ស្ដេច​ប្រាប់​នាម៉ឺន​ បុព្វបុរស និង​ប្រជាជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​ទេ។ ៧ បពិត្រ​ព្រះអម្ចាស់! មាន​តែ​ព្រះអង្គ​ទេ​ដែល​សុចរិត រីឯ​យើង​ខ្ញុំ​សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ​ត្រូវ​អាម៉ាស់ គឺ​ទាំង​អ្នក​ស្រុក​យូដា ទាំង​អ្នក​ក្រុង​យេរូសាឡឹម និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល ទាំង​អ្នក​នៅ​ជិត និង​អ្នក​នៅ​ឆ្ងាយ​ដែល​ព្រះអង្គ​បណ្ដេញ​អោយ​ទៅ​រស់​នៅ​តាម​ស្រុក​ទាំង​ ប៉ុន្មាន ព្រោះ​តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះអង្គ។ ៨ បពិត្រ​ព្រះអម្ចាស់ យើង​ខ្ញុំ​ទាំង​អស់​គ្នា ទាំង​ស្ដេច ទាំង​នាម៉ឺន ទាំង​បុព្វបុរស ត្រូវ​អាម៉ាស់​មុខ ព្រោះ​តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះហឫទ័យ​របស់​ ព្រះអង្គ។ ៩ ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ យើង​ខ្ញុំ​អើយ! យើង​ខ្ញុំ​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះអង្គ តែ​ព្រះអង្គ​ប្រកប​ដោយ​ព្រះហឫទ័យ​អាណិតអាសូរ ហើយ​លើកលែង​ទោស​អោយ​យើង​ខ្ញុំ​ជានិច្ច។ ១០ យើង​ខ្ញុំ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ​ទេ យើង​ខ្ញុំ​ក៏​ពុំ​បាន​ធ្វើ​តាម​វិន័យ​ដែល​ព្រះអង្គ​ប្រទាន​មក​យើង​ខ្ញុំ តាម​រយៈ​អស់​លោក​ព្យាការី ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ឡើយ។ ១១ ជន​ជាតិ​អ៊ីស្រាអែល​ ទាំង​មូល បាន​បំពាន​លើ​វិន័យ​របស់​ព្រះអង្គ ហើយ​ងាក​ចេញ​ពុំ​ព្រម​ស្ដាប់​ព្រះសូរ​សៀង​​របស់​ព្រះអង្គ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​បណ្ដាសា ទំនាយ​ផ្សេងៗ ដែល​មាន​ចែង​ទុក​ក្នុងវិន័យ​របស់​លោក​ម៉ូសេ​ ជា​អ្នក​បំរើ​ព្រះអង្គ​បាន​ធ្លាក់​មក​លើ​យើង​ខ្ញុំ ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះអង្គ។ ១២ ព្រះអង្គ​បាន​ ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ និង​ចំពោះ​អ្នក​ដឹក​នាំ​ដែល​គ្រប់គ្រង​លើ​យើង​ខ្ញុំ ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ គឺ​ព្រះអង្គ​ធ្វើ​អោយ​ទុក្ខ​វេទនា​មួយ​យ៉ាង​ធំ កើត​មាន​ដល់​យើង​ខ្ញុំ ហើយ​នៅ​ក្រោម​មេឃ​នេះ​ពុំ​ដែល​មាន​ទុក្ខ​វេទនា​ណា​មួយ​កើត​ឡើង​ដូច​ទុក្ខ​ វេទនា ដែល​ក្រុង​យេរូសាឡឹម​បាន​ជួប​ប្រទះ​នោះ​ឡើយ។ ១៣ ទុក្ខ​វេទនា​ទាំង​នេះ​ កើត​មាន​ដល់​យើង​ខ្ញុំ ដូច​មាន​ចែង​ទុក​ក្នុងវិន័យ​របស់​លោក​ម៉ូសេ តែ​យើង​ខ្ញុំ​ពុំ​បាន​ទូលអង្វរ​សុំ​សេចក្ដី​សន្ដោស​ពី​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទេ យើង​ខ្ញុំ​ក៏​ពុំ​បាន​បែរ​ចេញ​ពី​កំហុស ហើយ​ផ្ចង់​ចិត្ត​ទៅ​រក​សេចក្ដី​ពិត​ដែរ។ ១៤ ព្រះអម្ចាស់​មិន​រារែក​នឹង​ដាក់​ទោស​យើង​ខ្ញុំ​ទេ ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​សុចរិត​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ តែ​យើង​ខ្ញុំ​ពុំ​បាន​ស្ដាប់​ព្រះសូរសៀង​របស់​ព្រះអង្គ​ឡើយ។

១៥ ឥឡូវ​ នេះ ឱ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ព្រះអង្គ​បាន​នាំ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ចេញ​ពី​ស្រុក​អេស៊ីប​ដោយ​ឫទ្ធិបារមី​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​បាន​ធ្វើ​អោយ​ព្រះកិត្តិនាម​របស់​ព្រះអង្គ​ល្បី​រន្ទឺ​ដូច​ សព្វ​ថ្ងៃ តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ហើយ​មាន​ទោស។ ១៦ ឱ​ព្រះអម្ចាស់​អើយ អ្វីៗ​ដែល​ព្រះអង្គ​ធ្វើ​សុទ្ធ​តែ​សុចរិត​ទាំង​អស់ ហេតុ​នេះ សូម​បំបែរ​ព្រះពិរោធ​ដ៏​ខ្លាំង​របស់​ព្រះអង្គ ចេញ​ពី​ក្រុង​យេរូសាឡឹម និង​ចេញ​ពី​ភ្នំ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ​ទៅ ដ្បិត​សាសន៍​ទាំងឡាយ​ដែល​នៅ​ជុំវិញ​យើង​ខ្ញុំ នាំ​គ្នា​មាក់ងាយ​ក្រុង​យេរូសាឡឹម និង​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ និង​កំហុស​របស់​បុព្វបុរស​យើង​ខ្ញុំ។ ១៧ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ឥឡូវ​នេះ​សូម​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូលអង្វរ​របស់​ទូលបង្គំ​ដែល​ជា​អ្នក​បំរើ​ព្រះអង្គ​ផង។ ដោយ​យល់​ដល់​ព្រះនាម​ព្រះអង្គ សូម​សំដែង​ព្រះហឫទ័យ​ប្រណី​មេត្តា​ចំពោះ​ទីសក្ការៈ​របស់​ព្រះអង្គ​ដែល​ត្រូវ ​គេ​បំផ្លាញ​នេះ​ផង។ ១៨ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ទូលបង្គំ សូម​ទត​មើល​ក្រុង​បាក់​បែក​ដែល​ជា​ព្រះដំណាក់​របស់​ព្រះអង្គ​នេះ​ផង! យើង​ខ្ញុំ​អង្វរ​ព្រះអង្គ ដោយ​មិន​ពឹង​ផ្អែក​លើ​អំពើ​សុចរិត​របស់​យើង​ខ្ញុំ​ទេ តែ​យើង​ខ្ញុំ​សូម​ពឹង​ផ្អែក​លើ​ព្រះហឫទ័យ​អាណិតអាសូរ​ដ៏​ធំធេង​របស់​ ព្រះអង្គ។ ១៩ ព្រះអម្ចាស់​អើយ សូម​ស្ដាប់​យើង​ខ្ញុំ! ព្រះអម្ចាស់​អើយ សូម​អត់ទោស​អោយ​យើង​ខ្ញុំ​ផង! ព្រះអម្ចាស់​អើយ សូម​កុំ​នៅ​ព្រងើយ​ឡើយ! ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ដោយ​យល់​ដល់​ព្រះនាម​របស់​ព្រះអង្គ សូម​យាង​មក​ជួយ​យើង​ខ្ញុំ​ជា​ប្រញាប់ ដ្បិត​ទីក្រុង និង​ប្រជារាស្ត្រ​នេះ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ”។

ទេវទូត​កាព្រីអែល​ពន្យល់​ទំនាយ
២០ ខ្ញុំ​បាន​រៀប​រាប់​ ទូលអង្វរ​ព្រះអង្គ​ត​ទៅ​មុខ​ទៀត ខ្ញុំ​បាន​សារភាព​អំពើ​បាប​របស់​ខ្ញុំ ព្រម​ទាំង​បាប​របស់​ប្រជាជាតិ​អ៊ីស្រា​អែល ហើយ​ខ្ញុំ​ក៏​បាន​ទូលអង្វរ​ព្រះអម្ចាស់​ជា​ព្រះ​របស់​ខ្ញុំ ស្ដី​អំពី​ភ្នំ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។ ២១ ពេល​ខ្ញុំ​កំពុង​តែ​ អធិស្ឋាន​នៅ​ឡើយ ស្រាប់​តែ​ទេវទូត​កាព្រីអែល ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​សុបិន​និមិត្ត​ដ៏​អស្ចារ្យ​កាល​ពី​មុន​នោះ ហោះ​ចូល​មក​ជិត​ខ្ញុំ​យ៉ាង​រហ័ស ចំ​ពេល​ថ្វាយ​តង្វាយ​វេលា​ល្ងាច។ ២២ លោក​មក​ពន្យល់​ប្រាប់​ខ្ញុំ​ថា៖ «លោក​ដានីអែល​អើយ ខ្ញុំ​មក​ពេល​នេះ ដើម្បី​ណែនាំ​លោក​អោយ​បាន​យល់។ ២៣ នៅ​ពេល​លោក​ចាប់​ផ្ដើម​ ទូលអង្វរ​ព្រះជាម្ចាស់ ព្រះអង្គ​ក៏​មាន​ព្រះបន្ទូល ហើយ​ខ្ញុំ​នាំ​យក​មក​ជំរាប​លោក ដ្បិត​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​លោក​ខ្លាំង​ណាស់។ សូម​ពិចារណា​ព្រះបន្ទូល​នេះ ហើយ​យល់​អត្ថន័យ​របស់​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​ចុះ។ ២៤ ព្រះអង្គ​បាន​កំណត់​ពេល ​ប្រាំពីរ​ឆ្នាំ ចិតសិប​ដង សំរាប់​ប្រជាជន និង​ក្រុង​ដ៏វិសុទ្ធ​របស់​លោក ដើម្បី​លុប​បំបាត់​អំពើ​ទុច្ចរិត បញ្ឈប់​អំពើ​បាប លើកលែង​កំហុស នាំ​មក​នូវ​សេចក្ដី​សុចរិត​អស់កល្ប​ជានិច្ច ហើយ​សំរេច​តាម​សេចក្ដី​ដែល​មាន​ក្នុង​និមិត្តហេតុ​អស្ចារ្យ និង​តាម​សេចក្ដី​ដែល​ព្យាការី​បាន​ថ្លែង​ទុក ព្រម​ទាំង​ចាក់​ប្រេង​លើ​ទីសក្ការៈ​បំផុត ដើម្បី​ញែក​ទុក​ថ្វាយ​ព្រះអម្ចាស់។ ២៥ ដូច្នេះ សូម​ជ្រាប ហើយ​យល់​អត្ថន័យ​នេះ​ចុះ! ចាប់​ពី​ពេល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល ស្ដី​អំពី​ការ​រៀបចំ​សង់​ក្រុង​យេរូសាឡឹម​ឡើង​វិញ រហូត​ដល់​ពេល​ស្ដេច​ដែល​ជា​ព្រះមេស្ស៊ី​យាង​មក​ដល់​មាន​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​ ប្រាំពីរ​ដង ហើយ​នៅ​ប្រាំពីរ​ឆ្នាំ​ហុកសិប​ពីរ​ដង​ទៀត គេ​នឹង​សង់​ទីក្រុង និង​កំពែង​ឡើង​វិញ តែ​គ្រា​នោះ​ជា​គ្រា​មួយ​ដ៏​សែន​វេទនា។ ២៦ លុះ​រយៈ​ពេល​ប្រាំពីរ​ ឆ្នាំ​ហុកសិប​ពីរ​ដង​នោះ​កន្លង​ផុត​ទៅ លោក​ដែល​គេ​ចាក់​ប្រេង​អភិសេក នឹង​ត្រូវ​គេ​ដក​ជីវិត គ្មាន​នរណា​ការពារ​លោក​ទេ។ ប្រជាជាតិ​របស់​ស្ដេច​មួយ​អង្គ​នឹង​លើក​គ្នា​មក​កំទេច​ទីក្រុង និង​ទីសក្ការៈ។ នៅ​ទី​បញ្ចប់ ស្ដេច​នោះ នឹង​ទទួល​ទោស​ពី​ព្រះជាម្ចាស់។ ប៉ុន្តែ ស្ដេច​នោះ​នឹង​បន្ត​ធ្វើ​សឹក​បំផ្លិច​បំ​ផ្លាញ រហូត​ដល់​សោយ​ទិវង្គត​ដូច​បាន​កំណត់​ទុក​។ ២៧ ក្នុង​រយៈ​ពេល​ប្រាំពីរ ​ឆ្នាំ ស្ដេច​នោះ​នឹង​បង្ខំ​អោយ​ប្រជាជាតិ​ជា​ច្រើន​ចុះ​សន្ធិសញ្ញា​យ៉ាង​តឹងរ៉ឹង ហើយ​នៅ​អំឡុង​ពេល​បី​ឆ្នាំ​កន្លះ ស្ដេច​បញ្ឈប់​លែង​អោយ​មាន​ការ​ថ្វាយ​យញ្ញបូជា ឬ​ថ្វាយ​តង្វាយ​ទៀត​ហើយ។ មេ​បំផ្លាញ​នេះ​នឹង​ប្រព្រឹត្ត​អំពើ​ចង្រៃ​គួរ​ស្អប់​ខ្ពើម​បំផុត គឺ​រហូត​ទាល់​តែ​មហន្តរាយ​ធ្លាក់​ទៅ​លើ​មេ​បំផ្លាញ​វិញ ដូច​បាន​កំណត់​ទុក»។

ជំពូកទី ១០

ទេវទូត​ប្រកាស​ប្រាប់​លោក​ដានីអែល​អំពី​ព្រឹត្តិការណ៍​ដែល​នឹង​កើត​មាន​នៅ​គ្រា​ចុង​ក្រោយ
១ នៅ​ឆ្នាំ​ទី​បី​នៃ​ រជ្ជកាល​ព្រះចៅ​ស៊ីរូស ជា​ស្ដេច​របស់​ចក្រភព​ពែរ្ស ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ដានីអែល ហៅ​បេលថាសារ។ ព្រះបន្ទូល​នេះ​ជា​សេចក្ដី​ពិត​ដែល​ប្រកាស​ពី​គ្រា​មួយ​ដ៏​សែន​លំបាក។ លោក​ដានីអែល​រិះគិត​ពិចារណា​អំពី​ព្រះបន្ទូល​នេះ ហើយ​យល់​អត្ថ​ន័យ​​របស់​និមិត្តហេតុ​ដ៏​អស្ចារ្យ​ដែល​លោក​បាន​ឃើញ។

២ នៅ​គ្រា​នោះ ខ្ញុំ​ដានីអែល បាន​កាន់​ទុក្ខ​អស់​រយៈ​ពេល​បី​អាទិត្យ។ ៣ ខ្ញុំ​មិន​បាន​ទទួល​ទាន​ អ្វីៗ​ដែល​ខ្ញុំ​ចូល​ចិត្ត​ទេ គឺ​ខ្ញុំ​មិន​បាន​ទទួល​ទាន​សាច់ ឬ​ស្រា​សោះ​ឡើយ ហើយ​ក៏​ពុំ​បាន​លាប​ប្រេង​ក្រអូប​អ្វី​ដែរ រហូត​ទាល់​តែ​ចប់​រយៈ​ពេល​បី​អាទិត្យ​នោះ។

៤ នៅ​ថ្ងៃ​ទី​ម្ភៃ​បួន​នៃ​ខែ​ទី​មួយ ពេល​ខ្ញុំ​ស្ថិត​នៅ​មាត់​ទន្លេ​ធំ គឺ​ទន្លេ​ហ៊ី​ដេកែល ៥ ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មនុស្ស​ម្នាក់​មាន​សម្លៀកបំពាក់​ធ្វើ​ពី​ក្រណាត់​ភ្លឺ​រលើប ហើយ​មាន​ខ្សែ​ក្រវាត់​មាស​ពី​ស្រុក​អ៊ូផាស​នៅ​ចង្កេះ​ផង។ ៦ រូប​កាយ​របស់​លោក​ភ្លឺ​ ចាំង​ដូច​ត្បូង​ប៊ុតលឿង ផ្ទៃ​មុខ​លោក​ភ្លឺ​ផ្លេក​ដូច​ផ្លេក​បន្ទោរ ភ្នែក​លោក​ប្រៀប​បាន​នឹង​ភ្លើង​គប់ ដៃ​ជើង​របស់​លោក​ប្រៀប​បាន​នឹង​លង្ហិន​ដែល​គេ​ខាត់​យ៉ាង​រលោង ហើយ​សំឡេង​របស់​លោក​ឮ​សូរ​អឹងកង​ដូច​សំឡេង​មនុស្ស​យ៉ាង​ច្រើន។ ៧ ខ្ញុំ​ដានីអែល​បាន​ឃើញ​ និមិត្តហេតុ​ដ៏​អស្ចារ្យ​នេះ​តែ​ម្នាក់​ឯង ដ្បិត​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ​ពុំ​បាន​ឃើញ​ទេ ពួក​គេ​ភិតភ័យ​ជា​ខ្លាំង ហើយ​នាំ​គ្នា​រត់​ពួន​អស់។ ៨ ពេល​ខ្ញុំ​ឃើញ​ និមិត្តហេតុ​ដ៏​អស្ចារ្យ​បំផុត​នេះ ខ្ញុំ​នៅ​តែ​ម្នាក់​ឯង ទន់​ដៃ​ទន់​ជើង​ផ្ទៃ​មុខ​ខ្ញុំ​ក៏​ស្លេកស្លាំង ហើយ​ខ្ញុំ​លែង​មាន​កម្លាំង​កំហែង​ទៀត។ ៩ ខ្ញុំ​បាន​ឮ​លោក​និយាយ ហើយ​សំឡេង​របស់​លោក​ធ្វើ​អោយ​ខ្ញុំ​លង់​ស្មារតី ខ្ញុំ​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។ ១០ ពេល​នោះ មាន​ដៃ​មួយ​ពាល់​ខ្ញុំ ធ្វើ​អោយ​ខ្ញុំ​លុត​ជង្គង់ និង​ច្រត់​ដៃ​ឡើង​ទាំង​ញាប់ញ័រ។

១១ លោក​នោះ ​ពោល​មក​ខ្ញុំ​ថា៖ «លោក​ដានីអែល​អើយ ព្រះជាម្ចាស់​គាប់​ព្រះហឫទ័យ​នឹង​លោក​ខ្លាំង​ណាស់ សុំ​ពិចារ​ណា​​អោយ​យល់​សេចក្ដី​ដែល​ខ្ញុំ​នឹង​ថ្លែង​ប្រាប់​លោក។ សុំ​ក្រោក​ឈរ​នៅ​កន្លែង​ដែល​លោក​ឈរ​ពី​មុន​នោះ​ឡើង​វិញ ដ្បិត​ឥឡូវ​នេះ ព្រះជាម្ចាស់​ចាត់​ខ្ញុំ​អោយ​មក​ជួប​លោក»។ ពេល​លោក​កំពុង​តែ​មាន​ប្រសាសន៍ ខ្ញុំ​ក៏​ក្រោក​ឈរ​ឡើង​វិញ​ទាំង​ញាប់ញ័រ។

១២ លោក​នោះ ​ពោល​មក​ខ្ញុំ​ទៀត​ថា៖ «លោក​ដានីអែល​អើយ កុំ​ភ័យ​ខ្លាច​អី! តាំង​ពី​ថ្ងៃ​ដំបូង​ដែល​លោក​មាន​បំណង​ចង់​យល់​សេចក្ដី​ទាំង​នោះ ហើយ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះ​របស់​លោក ទ្រង់​ក៏​ព្រះសណ្ដាប់​ឮ​ពាក្យ​របស់​លោក ហេតុ​នេះ​បាន​ជា​ខ្ញុំ​មក​ជួប​លោក។ ១៣ ទេវទូត​ថែរក្សា​ចក្រភព​ ពែរ្ស​បាន​តទល់​នឹង​ខ្ញុំ អស់​រយៈ​ពេល​ម្ភៃ​មួយ​ថ្ងៃ។ បន្ទាប់​មក មហា​ទេវទូត​មីកាអែល​ ដែល​ជា​មេ​ដ៏​សំខាន់​របស់​ពពួក​ទេវទូត​បាន​មក​ជួយ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្ថិត​នៅ​ទី​នេះ ជា​មួយ​ស្ដេច​នានា​របស់​ជន​ជាតិ​ពែរ្ស។ ១៤ ខ្ញុំ​មក​ពន្យល់​ប្រាប់ ​លោក​អោយ​ដឹង​អំពី​ហេតុការណ៍ ដែល​នឹង​កើត​ មាន​ចំពោះ​ប្រជាជន​របស់​លោក​ទៅ​អនាគត ដ្បិត​មាន​និមិត្ត​ហេតុ​​អស្ចារ្យ​មួយ សំរាប់​គ្រា​នោះ​ដែរ»។

១៥ ពេល​លោក​កំពុង​រៀប​រាប់​សេចក្ដី​ទាំង​នោះ​ប្រាប់​ខ្ញុំ ខ្ញុំ​អោន​មុខ​ចុះ នៅ​ស្ងៀម ១៦ ស្រាប់​តែ​មាន​ម្នាក់​ ដូច​បុត្រ​មនុស្ស​ពាល់​បបូរ​មាត់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ហា​មាត់​និយាយ​ទៅ​កាន់​លោក​ម្នាក់​ដែល​ស្ថិត​នៅ​ខាង​មុខ​ខ្ញុំ ​នោះ​ថា៖ «លោក​ម្ចាស់​អើយ ព្រោះ​តែ​និមិត្តហេតុ​ដ៏​អស្ចារ្យ​នោះ ខ្ញុំ​ប្របាទ​តប់ប្រមល់​ក្នុង​ចិត្ត​គ្មាន​កម្លាំង​កំហែង​ទៀត​ទេ។ ១៧ តើ​ខ្ញុំ​ប្របាទ​និយាយ​ ទៅ​កាន់​លោក​ម្ចាស់​ដូច​ម្ដេច​កើត បើ​ឥឡូវ​នេះ ខ្ញុំ​ប្របាទ​គ្មាន​កម្លាំង​សោះ ហើយ​ដង្ហើម​របស់​ខ្ញុំ​ប្របាទ​ក៏​ខ្សោយ​ដែរ»។

១៨ ពេល​នោះ លោក​ដែល​មាន​ទ្រង់ទ្រាយ​ដូច​មនុស្ស​បាន​ពាល់​ខ្ញុំ​សា​ជា​ថ្មី ធ្វើ​អោយ​ខ្ញុំ​មាន​កម្លាំង​ឡើង​វិញ។ ១៩ រួច​ហើយ​លោក​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ភ័យ​ខ្លាច​អី ព្រះជាម្ចាស់​គាប់​ព្រះហឫទ័យ​នឹង​លោក​ខ្លាំង​ណាស់ សូម​អោយ​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត! ចូរ​មាន​កម្លាំង​មាំមួន​ឡើង!»។ ពេល​លោក​មាន​ប្រសាសន៍​មក​ខ្ញុំ​ដូច្នេះ ខ្ញុំ​ក៏​មាន​កម្លាំង​ឡើង​វិញ ហើយ​ជំរាប​លោក​ថា៖ «សូម​លោក​ម្ចាស់​មាន​ប្រសាសន៍​មក​ខ្ញុំ​ប្របាទ​ចុះ ព្រោះ​លោក​ម្ចាស់​ធ្វើ​អោយ​ខ្ញុំ​ប្របាទ​មាន​កម្លាំង​ហើយ»។

២០ លោក​ពោល ​មក​ខ្ញុំ​ថា៖ «តើ​លោក​ដឹង​ឬ​ទេ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មក​រក​លោក? ឥឡូវ​នេះ ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​ប្រយុទ្ធ​នឹង​ទេវទូត​ថែរក្សា​ចក្រភព​ពែរ្ស​វិញ។ ពេល​ខ្ញុំ​ចេញ​ទៅ​នោះ​ទេវទូត​ថែរក្សា​អាណាចក្រ​ក្រិក​នឹង​មក​ដល់។ ២១ ប៉ុន្តែ ខ្ញុំ​ចង់​ជំរាប​លោក​អោយ​ដឹង អំពី​សេចក្ដី​ដែល​មាន​ចែង​ទុក​នៅ​ក្នុង​ក្រាំង​នៃ​សេចក្ដី​ពិត​នេះ​សិន។ ក្រៅ​ពី​មហា​ទេវទូត​មីកាអែល ជា​ទេវទូត​ថែរក្សា​អ៊ីស្រាអែល គ្មាន​នរណា​ម្នាក់​បាន​ជួយ​ខ្ញុំ តទល់​នឹង​ពួក​នោះ​ទេ។

ជំពូកទី ១១

១ រីឯ​ខ្ញុំ​វិញ នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ព្រះចៅ​ដារីយូស ជា​ជន​ជាតិ​ម៉ែដ ខ្ញុំ​បាន​ស្ថិត​នៅ​ជា​មួយ​មហា​ទេវទូត​មីកាអែល ដើម្បី​ជួយ​គាំទ្រ​លោក។ ២ ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​សេចក្ដី​ពិត​ជូន​លោក​ដូច​ត​ទៅ:

ចំបាំង​រវាង​ស្ដេច​នៃ​អាណាចក្រ​ខាង​ជើង និង​ស្ដេច​នៃ​អាណាចក្រ​ខាង​ត្បូង
ស្ដេច​បី​អង្គ​នឹង​ឡើង​គ្រង​រាជ្យ លើ​ចក្រភព​ពែរ្ស បន្ទាប់​មក មាន​ស្ដេច​ទី​បួន ​ដែល​ប្រមូល​បាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ស្ដេច​ឯ​ទៀត​ៗ​។ ពេល​ស្ដេច​នោះ​មាន​អំណាច​រឹងប៉ឹង ដោយសារ​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន ស្ដេច​ក៏​ប្រើ​គ្រប់​មធ្យោបាយ​ធ្វើ​សឹក​នឹង​អាណាចក្រ​ក្រិក។

៣ ប៉ុន្តែ នឹង​មាន​ស្ដេច​មួយ​អង្គ​ទៀត​ដ៏​ពូកែ​ឡើង​គ្រង​រាជ្យ ប្រ​កប​​ដោយ​ឫទ្ធិ​អំណាច​ជា​ខ្លាំង ហើយ​ស្ដេច​នេះ​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​នឹង​ចិត្ត។ ៤ ពេល​ស្ដេច​បាន​ថ្កុំថ្កើង​ឡើង ចក្រភព​របស់​ស្ដេច​ត្រូវ​បាក់​បែក​ជា​បួន​ចំណែក។ ព្រះរាជវង្ស​របស់​ស្ដេច​នឹង​មិន​ស្នង​រាជ​សម្បត្តិ​ឡើយ ដ្បិត​រាជ​សម្បត្តិ​នោះ ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ផ្សេង តែ​អ្នក​ទាំង​នោះ​ពុំ​មាន​ឫទ្ធិ​អំណាច​ដូច​ស្ដេច​មុន​ទេ។

៥ ស្ដេច​របស់​អាណាចក្រ​ខាង​ត្បូង ​នឹង​មាន​ឫទ្ធិ​អំណាច​យ៉ាង​ខ្លាំង តែ​មេទ័ព​មួយ​រូប​របស់​ស្ដេច​នឹង​មាន​អំណាច​ខ្លាំង​ជាង ក៏​ឡើង​គ្រប់គ្រង​ស្រុក​ដែរ ហើយ​អាណាចក្រ​របស់​លោក​មាន​អំណាច​ខ្លាំង​ជាង​អាណាចក្រ​របស់​ស្ដេច​នោះ។ ៦ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ទៀត គេ​នឹង​ចង​ស្ពានមេត្រី​ជា​មួយ​គ្នា​វិញ គឺ​បុត្រី​របស់​ស្ដេច​អាណាចក្រ​ខាង​ត្បូង នឹង​ទៅ​នៅ​ជា​មួយ​ស្ដេច​របស់​អាណាចក្រ​ខាង​ជើង ដើម្បី​បញ្ជាក់​អំពី​ចំណង​នៃ​ស្ពានមេត្រី​នេះ។ ប៉ុន្តែ នាង​រក្សា​អំណាច​មិន​បាន​យូរ​ទេ ហើយ​ស្ដេច​ខាង​ត្បូង និង​រាជវង្ស​ក៏​មិន​ស្ថិតស្ថេរ​ដែរ គឺ​ទាំង​នាង ទាំង​អស់​អ្នក​ដែល​ហែហម​នាង ទាំង​បិតា​ទាំង​អ្នក​ដែល​ជួយ​គាំទ្រ​នាង នឹង​ត្រូវ​គេ​ប្រហារ​ជីវិត​នៅ​ពេល​នោះ។ ៧ ពេល​នោះ នឹង​មាន​ស្ដេច​មួយ​អង្គ​ដែល​កើត​ចេញ​ពី​វង្ស​ត្រកូល​របស់​នាង ហើយ​ស្នង​រាជ្យ​ជំនួស​បិតា។ ស្ដេច​នេះ​នឹង​លើក​ទ័ព​ទៅ​វាយ​លុក​បន្ទាយ​របស់​ស្ដេច​ខាង​ជើង ហើយ​មាន​ជ័យជំនះ។ ៨ ស្ដេច​នាំ​យក​ជយភ័ណ្ឌ​ទៅ​ ស្រុក​អេស៊ីប គឺ​មាន​រូប​ព្រះ រូប​សំណាក​ផ្សេងៗ​ដែល​ធ្វើ​ពី​លោហធាតុ​ដ៏​ភ្លឺៗ និង​វត្ថុ​ដ៏​មាន​តម្លៃ​ធ្វើ​ពី​ប្រាក់​ពី​មាស​ជា​ដើម។ បន្ទាប់​មក ស្ដេច​នេះ​នឹង​ឈប់​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ស្ដេច​ខាង​ជើង​មួយ​រយៈ។ ៩ ក្រោយ​មក​ស្ដេច​ខាង​ជើង​ក៏​ចេញ​ទៅ​ច្បាំង​នឹង​អាណាចក្រ​របស់​ស្ដេច​ខាង​ត្បូង រួច​វិល​ត្រឡប់​ទៅ​ទឹក​ដី​របស់​ខ្លួន​វិញ។

១០ បុត្រ​ របស់​ស្ដេច​នោះ​នាំ​គ្នា​លើក​ទ័ព​ទៅ​ច្បាំង​ដោយ​ប្រមូល​កងពល​យ៉ាង​ច្រើន​ឥត​ ឧបមា។ បុត្រ​មួយ​អង្គ​វាយ​ឆ្លង​ព្រំដែន​ដូច​ទឹក​ជំនន់​ហូរ​យ៉ាង​ខ្លាំង រួច​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន ទាំង​វាយ​លុក​ក្រុង​មួយ​ដែល​មាន​កំពែង​នៅ​តាម​ផ្លូវ​ផង។

១១ ពេល​នោះ ស្ដេច​ខាង​ត្បូង​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ក៏​លើក​ទ័ព​យ៉ាង​ច្រើន​ទៅ​វាយ​លុក​ស្ដេច​ខាង​ជើង ហើយ​កងទ័ព​ដ៏​ច្រើន​របស់​ស្ដេច​ខាង​ជើង ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ខាង​ត្បូង។ ១២ ដោយ​ឃើញ​ខ្មាំង​យ៉ាង​ ច្រើន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ខ្លួន​ដូច្នេះ ស្ដេច​ក៏​មាន​ចិត្ត​អួត​បំប៉ោង ហើយ​ប្រហារ​ជីវិត​ពួក​គេ​រាប់​ម៉ឺន​រាប់​សែន។ ទោះ​បី​យ៉ាង​នេះ​ក៏​ដោយ ក៏​ស្ដេច​នៅ​តែ​យក​ជ័យជំនះ​ពុំ​បាន​ដែរ។

១៣ ស្ដេច​ ខាង​ជើង​វិល​ត្រឡប់​មក​វិញ ទាំង​លើក​ទ័ព​ច្រើន​ជាង​មុន។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ស្ដេច​ខាង​ជើង​នឹង​លើក​ទ័ព​យ៉ាង​ធំ​ទាំង​មាន​គ្រឿង​សស្រ្ដាវុធ​យ៉ាង​ច្រើន​ មក​ជា​មួយ​ផង។ ១៤ នៅ​គ្រា​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​ប្រឆាំង​នឹង​ស្ដេច​ខាង​ត្បូង ហើយ​មាន​មនុស្ស​ឃោរឃៅ​ជា​ច្រើន​ក្នុង​ចំណោម​ប្រជាជន​របស់​លោក​ លើក​គ្នា​បះបោរ ស្រប​តាម​និមិត្តហេតុ​ដ៏​អស្ចារ្យ​នោះ តែ​ពួក​គេ​ពុំ​អាច​សំរេច​គំរោងការ​របស់​ខ្លួន​បាន​ឡើយ។ ១៥ ទ័ព​ស្ដេច​ខាង​ជើង​កាន់ ​តែ​រុល​ទៅ​មុខ គេ​លើក​ដី​យ៉ាង​ខ្ពស់​ព័ទ្ធ​ជុំវិញ​ក្រុង​មួយ ដែល​មាន​កំពែង​រឹងមាំ ហើយ​វាយ​យក​ក្រុង​នោះ។ កងទ័ព​របស់​ស្ដេច​ខាង​ត្បូង និង​កងពល​ដ៏​ពូកែៗ​របស់​ពួក​គេ ពុំ​មាន​កម្លាំង​អាច​ទប់ទល់​បាន​ឡើយ។ ១៦ ស្ដេច​ខាង​ជើង​ក៏​វាយ​ លុក​ពួក​គេ ហើយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​អំពើ​ចិត្ត គ្មាន​នរណា​តទល់​បាន​ទាល់​តែ​សោះ រួច​ស្ដេច​ក៏​ឈប់​ត្រឹម​ស្រុក​ដ៏​ស្អាត​ ហើយ​កំទេច​អ្វីៗ​ទាំង​អស់​ដែល​ស្ដេច​ជួប​ប្រទះ។

១៧ ស្ដេច​ ខាង​ជើង​មាន​បំណង​ទៅ​ជួប​ស្ដេច​ខាង​ត្បូង ដើម្បី​បង្ហាញ​ឫទ្ធិ​អំណាច​នៃ​អាណាចក្រ​ទាំង​មូល​របស់​ខ្លួន និង​ចង់​ចង​ស្ពានមេត្រី​ជា​មួយ​ស្ដេច​ខាង​ត្បូង។ ទ្រង់​លើក​បុត្រី​អោយ​ធ្វើ​ជា​មហេសី​ស្ដេច​ខាង​ត្បូង ក្នុង​គោល​បំណង​បោក​បញ្ឆោត​ស្ដេច​នោះ តែ​ពុំ​បាន​សំរេច​ដូច​បំណង​ឡើយ។ ១៨ ដូច្នេះ ស្ដេច​នោះ​ក៏​បែរ​ទៅ​រក​កោះ​នានា ហើយ​វាយ​យក​បាន​ជា​ច្រើន។ ប៉ុន្តែ មាន​មេទ័ព​ម្នាក់​មក​បញ្ឈប់​សកម្មភាព​ដ៏​អាម៉ាស់​របស់​ស្ដេច តែ​ស្ដេច​មិន​អាច​ធ្វើ​អោយ​គាត់​ត្រូវ​អាម៉ាស់​វិញ​ទេ។ ១៩ បន្ទាប់​មក ស្ដេច​វិល​ទៅ​ធ្វើ​សឹក​តាម​ក្រុង​ដែល​មាន​កំពែង នៅ​ស្រុក​របស់​ខ្លួន​វិញ តែ​ស្ដេច​ត្រូវ​បរាជ័យ ហើយ​វិនាស​សូន្យ​ទៅ។

២០ ស្ដេច​មួយ​អង្គ​ទៀត ​ដែល​ឡើង​ស្នង​រាជ្យ នឹង​ចាត់​ជន​កំណាច​មួយ​រូប​អោយ​ទៅ​រឹប​អូស​យក​ទ្រព្យ​ពី​វិមាន​ដ៏​ ថ្កុំថ្កើង​ជាង​គេ​ក្នុង​អាណាចក្រ​។ ប៉ុន្តែ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ស្ដេច​នោះ​នឹង​ត្រូវ​វិនាស​តែ មិន​មែន​ដោយ​ការ​បះបោរ ឬ​ដោយ​សង្គ្រាម​ទេ។

២១ ពេល​នោះ មាន​មនុស្ស​ម្នាក់​គួរ​អោយ​មាក់ងាយ ឡើង​សោយ​រាជ្យ ដោយ​ឥត​នរណា​អភិសេក​ជា​ស្ដេច។ ស្ដេច​ថ្មី​នេះ​ដណ្ដើម​យក​រាជ​សម្បត្តិ​បាន ក្នុង​គ្រា​មាន​សុខសាន្តត្រាណ​ដោយ​ប្រើ​កលល្បិច។ ២២ កងទ័ព​ដ៏​ខ្លាំង​ពូកែ​ ដែល​មក​លុកលុយ​ស្រុក នឹង​ត្រូវ​ចុះ​ចាញ់​ស្ដេច​នោះ ហើយ​សូម្បី​តែ​មហាបូជាចារ្យ​របស់​ប្រជារាស្ត្រ​នៃ​សម្ពន្ធមេត្រី​ក៏​បរាជ័យ​ដែរ។ ២៣ ស្ដេច​នោះ​នឹង​ចង​ សម្ពន្ធមិត្ត​ជា​មួយ​អ្នក​ឯ​ទៀតៗ​ដើម្បី​បោក​ប្រាស់​ពួក​គេ ហើយ​ពង្រឹង​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ទោះ​បី​មាន​បក្សពួក​តិច​ក៏​ដោយ។ ២៤ ក្នុង​ឱកាស​ដែល​គេ​ កំពុង​តែ​មាន​សន្តិភាព ស្ដេច​នោះ​ឆ្លៀត​ពង្រីក​ទឹក​ដី រហូត​ទៅ​ដល់​ស្រុក​ដែល​មាន​ជីជាតិ​ច្រើន​ជាង​គេ​ក្នុង​អាណាខេត្ត ហើយ​ទ្រង់​ប្រព្រឹត្ត​អំពើ​ដែល​ពួក​អយ្យ​កោ​ពុំ​បាន​ប្រព្រឹត្ត គឺ​ទ្រង់​រឹប​អូស​របស់​របរ និង​ទ្រព្យ​សម្បត្តិ​របស់​គេ​ចែក​អោយ​បក្សពួក​ខ្លួន។ ស្ដេច​ប្រើ​ល្បិច​កិច្ចកល​ផ្សេងៗ ដើម្បី​វាយ​លុក​បន្ទាយ​នានា តែ​ការ​នេះ​កើត​មាន​មួយ​រយៈ​ប៉ុណ្ណោះ។

២៥ ដោយ​អាង ​លើ​កម្លាំង និង​ចិត្ត​ក្លាហាន​របស់​ខ្លួន ស្ដេច​នោះ​លើក​ទ័ព​ទៅ​វាយ​ស្ដេច​ខាង​ត្បូង។ ស្ដេច​ខាង​ត្បូង​ក៏​លើក​ទ័ព​យ៉ាង​សន្ធឹក​សន្ធាប់ និង​ខ្លាំង​ពូកែ​មក​តទល់ តែ​ពុំ​អាច​យក​ជ័យជំនះ​បាន​ឡើយ ព្រោះ​ស្ដេច​ខាង​ជើង​ប្រើ​ល្បិច​កិច្ចកល​ផ្សេងៗ​ប្រឆាំង​ស្ដេច​ខាង​ត្បូង ២៦ គឺ​ពួក​ជំនិត​របស់​ ស្ដេច​ផ្ទាល់​នឹង​នាំ​គ្នា​ក្បត់​ស្ដេច ធ្វើ​អោយ​ទ័ព​របស់​ស្ដេច​ត្រូវ​បរាជ័យ ហើយ​ទាហាន​មួយ​ចំនួន​ធំ​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត។ ២៧ បន្ទាប់​មក ស្ដេច​ទាំង​ពីរ​អង្គុយ​ចរចា​ជា​មួយ​គ្នា តែ​ដោយ​គំនិត​របស់​គេ​សុទ្ធ​តែ​អាក្រក់ គេ​ពោល​ពាក្យ​កុហក​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច្នេះ ការ​ចរចា​របស់​គេ​ពុំ​អាច​បាន​ផល​អ្វី​ឡើយ ដ្បិត​មិន​ទាន់​ដល់​គ្រា​បញ្ចប់​ដែល​បាន​កំណត់​ទុក។ ២៨ ស្ដេច​ខាង​ជើង​ក៏​វិល​ ត្រឡប់​ទៅ​ស្រុក​វិញ ទាំង​នាំ​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​ទៅ​ជា​មួយ​ផង។ ពេល​នោះ ស្ដេច​នឹង​ធ្វើ​បាប​ប្រជារាស្ត្រ​នៃ​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ តាម​គំរោងការ​របស់​ខ្លួន រួច​បន្ត​ដំណើរ​វិល​ទៅ​ស្រុក​របស់​ខ្លួន​វិញ។

២៩ លុះ​ដល់​ពេល​កំណត់ ស្ដេច​ខាង​ជើង​ក៏​លើក​ទ័ព​ទៅ​វាយ​អាណាចក្រ​ខាង​ត្បូង​សា​ជា​ថ្មី ប៉ុន្តែ លើក​នេះ​ពុំ​ដូច​គ្រា​មុន​ទេ ៣០ គឺ​មាន​នាវា​ជា​ច្រើន​ ពី​ស្រុក​គីទីម​មក​ច្បាំង​នឹង​ស្ដេច ធ្វើ​អោយ​ស្ដេច​បាក់​ទឹក​ចិត្ត ហើយ​ដក​ទ័ព​ថយ​ទៅ​វិញ។ តាម​ផ្លូវ​ស្ដេច​ខ្ញាល់​ជា​ខ្លាំង ហើយ​ក៏​ធ្វើ​បាប​ប្រជារាស្ត្រ​នៃ​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ ដោយ​រួម​គំនិត ​ជា​មួយ​អស់​អ្នក​ដែល​ក្បត់​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ។ ៣១​ ពេល​នោះ កងទ័ព​ដែល​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​ស្ដេច នឹង​នាំ​គ្នា​បន្ថោក​បន្ទាយ​ដែល​ជា​ទីសក្ការៈ ហើយ​បញ្ឈប់​ការ​ថ្វាយ​យញ្ញបូជា​ប្រចាំ​ថ្ងៃ ហើយ​យក​វត្ថុ​ចង្រៃ​ដ៏​គួរ​ស្អប់​ខ្ពើម​មក​តាំង​ជំនួស​វិញ។ ៣២ ស្ដេច​នោះ​នឹង​ពោល​ ពាក្យ​បញ្ចើចបញ្ចើ ល្បួង​អស់​អ្នក​ដែល​ក្បត់​សម្ពន្ធមេត្រី។ ប៉ុន្តែ ប្រជាជន​ដែល​ស្គាល់​ព្រះជាម្ចាស់​នឹង​កាន់​ចិត្ត​រឹងប៉ឹង។ ៣៣ ពួក​អ្នក​មាន​ប្រាជ្ញា​ ក្នុង​ចំណោម​ប្រជាជន នឹង​នាំ​គ្នា​អប់រំ​មនុស្ស​ជា​ច្រើន។ ក៏​ប៉ុន្តែ ក្នុង​ពេល​មួយ​រយៈ ក្នុង​ចំណោម​អ្នក​មាន​ប្រាជ្ញា​ទាំង​នោះ មាន​អ្នក​ខ្លះ​ត្រូវ​គេ​សម្លាប់ ត្រូវ​គេ​ដុត ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​មួយ​រយៈ។ ៣៤ ក្នុង​ពេល​ដែល​គេ​ធ្វើ​ បាប​អ្នក​ទាំង​នោះ នឹង​មាន​អ្នក​ខ្លះ​មក​ជួយ​បន្តិច​ដែរ។ មនុស្ស​ជា​ច្រើន​នឹង​មក​ចូល​រួម​ជា​មួយ​អ្នក​ទាំង​នោះ តែ​ដោយ​ប្រើ​កល​ល្បិច​។ ៣៥ ក្នុង​ចំណោម​អ្នក​មាន​ ប្រាជ្ញា នឹង​មាន​អ្នក​ខ្លះ​បាត់​បង់​ជីវិត ដើម្បី​អោយ​ពួក​គេ​បាន​ស្អាត​បរិសុទ្ធ និង​បាន​សស្គុស​រហូត​ដល់​គ្រា​ចុង​ក្រោយ ដ្បិត​គ្រា​នោះ នឹង​កើត​មាន​តាម​ពេល​កំណត់។

៣៦ ស្ដេច​ នោះ​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​នឹង​ចិត្ត គឺ​អួត​បំប៉ោង​លើក​ខ្លួន​ឡើង​ធំ​ជាង​ព្រះ​ទាំងឡាយ​ទៅ​ទៀត ហើយ​ក៏​ពោល​ពាក្យ​ព្រហើនៗ​ទាស់​នឹង​ព្រះ​លើ​ព្រះ​នានា​ផង។ ស្ដេច​នោះ​នឹង​ចំរើន​មាំមួន​ឡើង រហូត​ទាល់​តែ​ព្រះពិរោធ​កើន​ដល់​កំរិត ដ្បិត​ហេតុការណ៍​អ្វី​ដែល​ព្រះជាម្ចាស់​គ្រោង​ទុក​ត្រូវ​តែ​បាន​សំរេច​។ ៣៧​ ស្ដេច​នោះ​មិន​យោគយល់​ ដល់​ព្រះ ដែល​អយ្យកោ​របស់​ខ្លួន​ធ្លាប់​គោរព ហើយ​ក៏​មិន​យោគយល់​ដល់​ព្រះ​ដែល​ពួក​ស្ត្រីៗ​ស្រឡាញ់​ដែរ គឺ​ស្ដេច​មិន​យោគយល់​ដល់​ព្រះ​ណា​ឡើយ ព្រោះ​ទ្រង់​តម្កើង​ខ្លួន​ឯង​ទុក​ជា​ធំ លើស​អ្វីៗ​ទាំង​អស់។ ៣៨ ក៏​ប៉ុន្តែ ស្ដេច​នោះ​គោរព​ព្រះ​មួយ ជា​ព្រះ​ការពារ​បន្ទាយ ហើយ​យក​មាស ប្រាក់ ត្បូង ពេជ្រ និង​របស់​ដ៏​មាន​តម្លៃ​ទៅ​ថ្វាយ។ អយ្យកោ​របស់​ស្ដេច​មិន​ដែល​ស្គាល់​ព្រះ​នេះ​ទេ។ ៣៩ ស្ដេច​ទៅ​វាយ​ទី​តាំង​ ទ័ព​របស់​សាសន៍​នានា ដោយ​ពឹង​ផ្អែក​លើ​ព្រះ​នៃ​ជន​បរទេស។ ស្ដេច​លើក​កិត្តិយស​អស់​អ្នក​ដែល​ទទួល​ស្គាល់​ព្រះ​នេះ ហើយ​អោយ​ពួក​គេ​គ្រប់គ្រង​លើ​មនុស្ស​ជា​ច្រើន ព្រម​ទាំង​ចែក​ទឹក​ដី​អោយ​ពួក​គេ​ជា​រង្វាន់​ផង។

៤០ នៅ​គ្រា ​ចុង​ក្រោយ ស្ដេច​ខាង​ត្បូង​នឹង​ទៅ​ប្រយុទ្ធ​នឹង​ស្ដេច​ខាង​ជើង។ ស្ដេច​ខាង​ជើង​ក៏​លើក​ទ័ព​ទៅ​វាយ​សំរុក​ស្ដេច​ខាង​ត្បូង​ដោយ​ប្រើ​រទេះ​ ចំបាំង ទ័ព​សេះ និង​នាវា​ចំបាំង​ជា​ច្រើន។ ស្ដេច​នោះ​នាំ​ពល​ទ័ព​យ៉ាង​គគ្រឹកគគ្រេង​ឆ្លង​ព្រំដែន​ចូល​ទៅ​ក្នុង​ស្រុក​ នានា​ដូច​ទឹក​ជំនន់ ៤១ គឺ​ឆ្លង​កាត់​ស្រុក​ដែល ​ស្អាត​ជាង​គេ ហើយ​ប្រហារ​ជីវិត​មនុស្ស​ជា​ច្រើន តែ​ជន​ជាតិ​អេដុម ជន​ជាតិ​ម៉ូអាប់ ព្រម​ទាំង​អ្នក​ដឹក​នាំ​សំខាន់ៗ​របស់​ជន​ជាតិ​អាំម៉ូន នឹង​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច។ ៤២ ស្ដេច​នោះ​នឹង​វាត​អំណាច​ទៅ​លើ​ស្រុក​នានា ហើយ​សូម្បី​តែ​ស្រុក​អេស៊ីប​ក៏​គេច​មិន​ផុត​ដែរ។ ៤៣ ស្ដេច​នឹង​យក​ទ្រព្យ​ សម្បត្តិ​នៅ​ស្រុក​អេស៊ីប​មក​ធ្វើ​ជា​កម្មសិទ្ធិ គឺ​មាស ប្រាក់ និង​របស់​របរ​ដ៏​មាន​តម្លៃ។ ជន​ជាតិ​លីប៊ី និង​ជន​ជាតិ​អេត្យូពី​នឹង​សុំ​ធ្វើ​ជា​ចំណុះ​របស់​ស្ដេច​នោះ។ ៤៤ ​បន្ទាប់​មក មាន​លេច​ឮ​ដំណឹង​អំពី​ហេតុការណ៍​ដែល​កើត​ឡើង​នៅ​បូព៌ា​ប្រទេស និង​ស្រុក​ខាង​ជើង​បណ្ដាល​អោយ​ស្ដេច​បារម្ភ​ក្រៃលែង។ ស្ដេច​ពោរពេញ​ដោយ​កំហឹង​យ៉ាង​ខ្លាំង ក៏​លើក​ទ័ព​ទៅ​កំទេច​ស្រុក​នានា ព្រម​ទាំង​សម្លាប់​រង្គាល​មនុស្ស​ជា​ច្រើន។ ៤៥ ស្ដេច​នឹង​សង់​ពន្លា​នៅ ​ចន្លោះ​សមុទ្រ​ទាំង​ពីរ គឺ​នៅ​ជិត​ភ្នំ​ដ៏​រុងរឿង​វិសុទ្ធ។ បន្ទាប់​មក ស្ដេច​នោះ​ក៏​បាត់​បង់​ជីវិត​ទៅ ដោយ​ឥត​មាន​នរណា​ជួយ​ឡើយ។

ជំពូកទី ១២

ព្រឹត្តិការណ៍​នៅ​គ្រា​ចុង​ក្រោយ
១ នៅ​គ្រា​ចុង​ក្រោយ មហា​ទេវទូត​មីកាអែល ដែល​ជា​មេ​ដ៏​សំខាន់​របស់​ពពួក​ទេវទូត ហើយ​ជា​អ្នក​ថែរក្សា​ប្រជាជន​របស់​លោក​នឹង​ក្រោក​ឈរ​ឡើង។ គ្រា​នោះ​នឹង​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង គឺ​តាំង​ពី​ពេល​កើត​មាន​ប្រជាជាតិ​រហូត​មក​ដល់​ថ្ងៃ​នេះ មនុស្ស​លោក​មិន​ដែល​រង​ទុក្ខ​លំបាក​ដូច្នេះ​ទេ។ ប៉ុន្តែ នៅ​គ្រា​នោះ ក្នុង​ចំណោម​ប្រជាជន​របស់​លោក អស់​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​ក្រាំង​ជីវិត​នឹង​ត្រូវ​រួច​ខ្លួន។ ២ ​មាន​​​មនុស្ស​ជា​ច្រើន​ដែល​ ស្ថិត​នៅ​ក្នុង​ផ្នូរ​នឹង​រស់​ឡើង​វិញ អ្នក​ខ្លះ​នឹង​ទទួល​ជីវិត​អស់កល្ប​ជានិច្ច អ្នក​ខ្លះ​ទៀត​នឹង​ត្រូវ​អាម៉ាស់​មុខ ព្រម​ទាំង​រង​ទុក្ខ​ទោស​អស់កល្ប​ជានិច្ច​ផង។ ៣ រីឯ​អស់​អ្នក​ដែល​មាន​ ប្រាជ្ញា​វិញ នឹង​ភ្លឺ​ដូច​ផ្ទៃ​មេឃ ហើយ​អស់​អ្នក​ដែល​ជួយ​ណែនាំ​មនុស្សម្នា​ជា​ច្រើន​អោយ​ប្រព្រឹត្ត​អំពើ​ សុចរិត គេ​នឹង​បាន​ភ្លឺ​ដូច​ផ្កាយ អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

៤ ចំពោះ​លោកវិញ លោក​ដានីអែល​អើយ សូម​លាក់​សេចក្ដី​ដែល​មាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ​អោយ​ជិត រហូត​ដល់​ពេល​ចុង​ក្រោយ​បំផុត។ មនុស្ស​ជា​ច្រើន​នឹង​ស្វែង​យល់ ហើយ​ចំណេះ​របស់​គេ​នឹង​បាន​ចំរើន​ឡើង»។

៥ ពេល​នោះ ខ្ញុំ​ដានីអែល ក្រឡេក​មើល​ទៅ​ឃើញ​បុរស​ពីរ​នាក់​ទៀត​ឈរ​នៅ​មាត់​ទន្លេ ម្នាក់​នៅ​ត្រើយ​ខាង​អាយ ម្នាក់​ទៀត​នៅ​ត្រើយ​ខាង​នាយ។ ៦ បុរស​ម្នាក់​ពោល​ទៅ​កាន់​ ទេវទូត​មាន​សម្លៀកបំពាក់​ធ្វើ​ពី​ក្រណាត់​ភ្លឺ​រលើប ដែល​ឈរ​នៅ​លើ​ទឹក​ទន្លេ​នោះ​ថា៖ «តើ​ហេតុការណ៍​ដ៏​អស្ចារ្យ​នេះ​ត្រូវ​ចប់​នៅ​ពេល​ណា?»។

៧ ទេវទូត​មាន ​សម្លៀកបំពាក់​ធ្វើ​ពី​ក្រណាត់​ភ្លឺ​រលើប ហើយ​ឈរ​នៅ​លើ​ទឹក​ទន្លេ លើក​ដៃ​ទាំង​ពីរ​ឆ្ពោះ​ទៅ​លើ​មេឃ ហើយ​ខ្ញុំ​ឮ​លោក​ប្រកាស​យ៉ាង​ឱឡារិក ក្នុង​នាម​ព្រះជាម្ចាស់ ដែល​មាន​ព្រះជន្ម​គង់​នៅ​អស់កល្ប​ជានិច្ច​ថា៖ «ហេតុការណ៍​ទាំង​នេះ​នឹង​កើត​មាន​ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​កន្លះ ហើយ​នឹង​ត្រូវ​ចប់​នៅ​ពេល​ដែល​ប្រជារាស្ត្រ​ដ៏វិសុទ្ធ​លែង​មាន​កម្លាំង​ ទ្រាំទ្រ​ទៀត​បាន»។

៨ ខ្ញុំ ដានីអែល​បាន​ឮ​ពាក្យ​ទាំង​នេះ តែ​ពុំ​បាន​យល់​អត្ថន័យ​ទេ ខ្ញុំ​ក៏​សួរ​ថា៖ «លោក​ម្ចាស់​អើយ តើ​ហេតុការណ៍​ទាំង​នេះ​នឹង​ត្រូវ​ចប់​ដូច​ម្ដេច?»។
៩ លោក​តប​មក ​ខ្ញុំ​វិញ​ថា៖ «លោក​ដានីអែល​អើយ កុំ​ខ្វល់​ខ្វាយ​ធ្វើ​អ្វី។ សេចក្ដី​ទាំង​នេះ​ត្រូវ​តែ​លាក់​អោយ​ជិត រហូត​ដល់​ពេល​ចុង​ក្រោយ​បំផុត។ ១០ ដោយសារ​ទុក្ខ​លំបាក មនុស្ស​ជា​ច្រើន​នឹង​បាន​ស្អាត​បរិសុទ្ធ និង​សស្គុស។ មនុស្ស​អាក្រក់​មិន​យល់​សេចក្ដី​នេះ​ទេ គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ​ទៀត រីឯ​មនុស្ស​មាន​ប្រាជ្ញា​ទើប​យល់។ ១១ ចាប់​ពី​ពេល​ដែល​គេ​នឹង ​បញ្ឈប់​ការ​ថ្វាយ​យញ្ញបូជា​ប្រចាំ​ថ្ងៃ រហូត​ដល់​ពេល​ដែល​គេ​នឹង​យក​វត្ថុ​ដ៏​ចង្រៃ​គួរ​អោយ​ស្អប់​ខ្ពើម មក​តាំង​នៅ​ក្នុង​ទីសក្ការៈ មាន​រយៈ​ពេល​មួយ​ពាន់​ពីរ​រយ​កៅសិប​ថ្ងៃ។ ១២ អ្នក​ណា​កាន់​ចិត្ត​រឹងប៉ឹង​រហូត​ដល់​មួយ​ពាន់​បី​រយ​សាមសិប​ប្រាំ​ថ្ងៃ អ្នក​នោះ​មាន​សុភមង្គល​ហើយ!។
១៣ ចំពោះ​លោក​វិញ សូម​កាន់​ចិត្ត​អោយ​បាន​រឹងប៉ឹង នោះ​លោក​នឹង​បាន​សំរាក ហើយ​លោក​នឹង​ក្រោក​ឡើង​ទទួល​រង្វាន់​នៅ​គ្រា​ចុង​ក្រោយ​បំផុត»។

ដានីអែល
សេចក្ដីបន្ថែមភាសាក្រិក

ជំពូកទី ១៣

ពាក្យអង្វររបស់លោកអសារីយ៉ា
​២៤យុវជន​ទាំង​បី​នាក់ គឺ​ជា​លោក​ហាណា​នីយ៉ា លោក​អាសា​រីយ៉ា និង​លោក​មីកា​អែល នាំគ្នា​ដើរ​ក្នុង​ភ្លើង ដោយ​ច្រៀង​បទ​លើក​តម្កើង​ព្រះ​ជាម្ចាស់។ ២៥លោក​អសារី​យ៉ា​ឈរ​នៅ​កណ្ដាល​ភ្នក់​ភ្លើង ហើយ​ថ្លែង​ថា៖ ២៦«បពិត្រ​ព្រះ​ជា​អម្ចាស់ ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ​អង្គ។ សូម​ឲ្យ​មនុស្ស​លោក​លើក​តម្កើង​ព្រះ​នាម​របស់​ព្រះ​អង្គ អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ ២៧ដ្បិត​ព្រះ​អង្គ​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ​ ដោយ​ព្រះ​ហឫ​ទ័យ​សុចរិត ​អ្វីៗ​ដែល​ព្រះ​អង្គ​ប្រព្រឹត្ត​សុទ្ធ​តែ​ត្រឹម​ត្រូវ។ មាគ៌ា​របស់​ព្រះ​អង្គ​ទៀង​ត្រង់ ព្រះ​អង្គ​ធ្លាប់​វិនិច្ឆ័យ​សេចក្ដី​ទាំង​អស់​ដោយ​យុត្តិ​ធម៌។ ២៨ព្រះ​អង្គ​ដាក់​ទោស​យើង​ខ្ញុំ និង​ក្រុង​យេរូ​សាឡឹម ជា ក្រុង​ដ៏​វិសុទ្ធ​នៃ​បុព្វ​បុរស​យើង​ខ្ញុំ ពិត​ជា​ត្រឹម​ត្រូវ​មែន គឺ​ព្រះ​អង្គ​បាន​ដាក់​ទោស​យើង​ខ្ញុំ​ដោយ​យុត្តិ​ធម៌ ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ។ ២៩យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​មិន​គោរព​ប្រណិប័តន៍​ព្រះ​អង្គ​រហូត​ដល់​ឃ្លាត​ចាក​ពី​ព្រះ​អង្គ យើង​ខ្ញុំ​នៅ​តែ​ធ្វើ​ខុស​គ្រប់​បែប​យ៉ាង។ ៣០យើង​ខ្ញុំ​មិន​បាន​ស្ដាប់​តាម​ព្រះ​អង្គ យើង​ខ្ញុំ​មិន​កាន់ ហើយ​ក៏​មិន​អនុវត្ត​តាម​សេចក្តី​ដែល​ព្រះអង្គ​បាន​បញ្ជា ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​សេចក្តី​សុខ​សាន្ត។ ៣១ព្រះ​អង្គ​បាន​ដាក់​ទោស​យើង​ខ្ញុំ​ដូច្នេះ ពិត​ជា​ត្រឹម​ត្រូវ​មែន ព្រះ​អង្គ​បាន​ដាក់​ទោស​យើង​ខ្ញុំ​ដោយ​យុត្តិ​ធម៌។ ៣២ព្រះ​អង្គ​បាន​ប្រគល់​យើង​ខ្ញុំ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ដែល​ជា​ជន​ពាល​គួរ​ឲ្យ​ស្អប់ ជា​ជន​បះបោរ​ប្រឆាំង​នឹង​ព្រះ​អង្គ។ ព្រះ​អង្គ​បាន​ដាក់​ទោស​យើង​ខ្ញុំ​ ឲ្យ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ស្តេច​ទុច្ចរិត ជា​ស្តេច​អាក្រក់​ជាង​គេ​នៅ​លើ​ផែន​ដី​ទាំង​មូល។ ៣៣ឥឡូវ​នេះ យើង​ខ្ញុំ​ជា​អ្នក​បំរើ និង​អ្នក​ថ្វាយ​បង្គំ​ព្រះ​អង្គ យើង​ខ្ញុំ​គ្មាន​សិទ្ធិ​និយាយ​ឡើយ យើង​ខ្ញុំ​ត្រូវ​អាម៉ាស និង​ត្រូវ​គេ​ត្មះ​តិះ​ដៀល។ ៣៤បពិត្រ​ព្រះ​អម្ចាស់ សូម​នឹក​គិត​ដល់​ព្រះ​នាម​ព្រះអង្គ ហើយ​សូម​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ ជា​រៀង​រហូត​ឡើយ សូម​កុំ​ផ្តាច់​សម្ព័ន្ធ​មេត្រី​របស់​ព្រះអង្គ។ ៣៥សូម​កុំ​ដក​សេចក្តី​មេត្តា​ករុណា​របស់​យើង​ខ្ញុំ ព្រោះ​តែ​លោក​អាប្រាហាំ ជា​មិត្ត​សម្លាញ់​របស់​ព្រះអង្គ លោក​អ៊ីសាក​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​និង លោក​អ៊ីស្រា​អែល​ជា​អ្នក​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។ ៣៦កាល​ពី​ដើម ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​សន្យា​នឹង​លោក​ទាំង​បី​នោះ​ថា ព្រះ​អង្គ​នឹង​ប្រទាន​ឲ្យ​លោក​មាន​កូន​ចៅ​ដ៏​ច្រើន​ឥត​គណនា ដូច​ចំនួន​ផ្កាយ​នៅ​លើ​មេឃ ឬ​ដូច​ចំនួន​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ៣៧បពិត្រ​ព្រះ​អម្ចាស់! ពេល​នេះ​យើង​ខ្ញុំ​ត្រឡប់​ទៅ​ជា​ប្រជា​ជន​មួយ​ដ៏​តូច​ជាង​គេ​បំផុត ក្នុង​ចំណោម​ប្រជា​ជាតិ​ទាំង​អស់ យើង​ខ្ញុំ​ត្រូវ​អាម៉ាស​មុខ​នៅ​លើ​ផែន​ដី​ទាំង​មូល​ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ។ ៣៨នៅ​ថ្ងៃ​នេះ យើង​ខ្ញុំ​អស់​ស្តេច អស់​ព្យាការី អស់​អ្នក​ដឹក​នាំ យើង​ខ្ញុំ​មិន​អាច​ថ្វាយ​យញ្ញ​បូជា​សត្វ​ទាំង​មូល ថ្វាយ​សក្ការៈ​បូជា​តង្វាយ​ម្សៅ ឬ​គ្រឿង​ក្រអូប​ឡើយ។ យើង​ខ្ញុំ​មិន​បាន​យក​ផល​ផ្លែ​ដំបូង​មក​ថ្វាយ​ព្រះ​អង្គ ដើម្បី​ព្រះ​អង្គ​ប្រណី​សណ្តោស​ដល់​យើង​ខ្ញុំ ៣៩សូម​ព្រះ​អង្គ​ទទួល​ចិត្ត​សោក​សង្រេង និង​ចិត្ត​សុភាព​រាប​សា​របស់​យើង​ខ្ញុំ ទុក​ជា​តង្វាយ​ដែល​គាប់​ព្រះ​ទ័យ​ព្រះ​អង្គ ៤០គឺ​តង្វាយ​ដុត​ទាំង​មូល​មាន​គឺ​ពពែ​ឈ្មោល គោ​បា និង​កូន​ចៀម​ដ៏​ធាត់​រាប់​ពាន់​ក្បាល។ សូម​ឲ្យ​សក្ការៈ​បូជា​ដែល​យើង​ខ្ញុំ​ថ្វាយ​នៅ​ថ្ងៃ​នេះ បាន​គាប់​ព្រះ​ហឫ​ទ័យ​ព្រះ​អង្គ។ សូម​ឲ្យ​យើង​ខ្ញុំ​អាច​ដើរ​តាម​មាគ៌ា​របស់​ព្រះ​អង្គ​តទៅ​ទៀត។ ដ្បិត​អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះ​អង្គ មិន​ត្រូវ​អាម៉ាស​មុខ​ឡើយ។ ៤១ចាប់​ពី​ពេល​នេះ​ទៅ យើង​ខ្ញុំ​សុខ​ចិត្ត​ដើរ​តាម​មាគ៌ា​របស់​ព្រះ​អង្គ​ដោយ​ស្មោះ​អស់​ពី​ចិត្ត យើង​ខ្ញុំ​គោរព​កោត​ខ្លាច​ព្រះ​អង្គ ៤២និង​ស្វែង​រក​ព្រះ​ភ័ក្រ្ត​របស់​ព្រះ​អង្គ​ផង។ សូម​ព្រះ​អង្គ​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ឲ្យ​អាម៉ាស​មុខ​តទៅ​ឡើយ សូម​ព្រះ​អង្គ​ប្រោស​ប្រណី​ដល់​យើង​ខ្ញុំ ដោយ​សម្តែង​ព្រះ​ហឫ​ទ័យ​មេត្តា​ករុណា​ដ៏​លើស​លុប​ផង។ ៤៣សូម​ព្រះ​អង្គ​រំដោះ​យើង​ខ្ញុំ​ដោយ​ការ​អស្ចារ្យ ឲ្យ​ដូច​ពី​ដើម។ បពិត្រ​ព្រះ​អម្ចាស់! សូម​សម្តែង​បារមី​របស់​ព្រះ​អង្គ​ដើម្បី​ឲ្យ​មនុស្ស​លោក​ស្គាល់​ព្រះ​នាម​ព្រះ​អង្គ។ ៤៤សូម​ឲ្យ​អស់​អ្នក​ដែល​ឃុប​ឃិត ធ្វើ​បាប​អ្នក​បម្រើ​របស់​ព្រះ​អង្គ​ត្រូវ​បាក់​មុខ! សូម​ឲ្យ​ពួក​គេ​បាត់​បង់​កិត្តិ​យស និង​អំណាច​ទាំង​អស់​សូម​បំបាត់​កម្លាំង​របស់​ពួក​គេ!។ ៤៥សូម​ឲ្យ​ពួក​គេ​ទទួល​ស្គាល់​ថា មាន​តែ​ព្រះ​អង្គ​ទេ​ជា​ព្រះ​អម្ចាស់​តែ​មួយ​ព្រះ​អង្គ​គត់ ដែល​ប្រកប​ដោយ​សិរី​រុង​រឿង នៅ​លើ​ផែន​ដី​ទាំង​មូល»។ ៤៦ពួក​រាជ​បម្រើ​របស់​ស្តេច ដែល​បាន​បោះ​យុវជន​ទាំង​បីនាក់​ក្នុង​ភ្នក់​ភ្លើង នៅ​តែ​បន្ថែម​ប្រេង ជ័រ អុស និង​ចំបើង​ថែម​ទៀត ឲ្យ​កាន់​តែ​ខ្លាំង​ឡើងៗ។ ៤៧អណ្តាត​ភ្លើង​ឆាប​ឡើង​កំពស់​សែ​សិប​ប្រាំ​បួន​ហត្ថ ហើយ​ឆេះ​រាល​ជុំ​វិញ​ភ្នក់​ភ្លើង ព្រម​ទាំង​ដុត​បំផ្លាញ​ជន​ជាតិ​កាល់ដេ​ដែល​នៅ​ទី​នោះ ទាំង​រស់។ ៤៩ផ្ទុយ​ទៅ​វិញ ទេវ​ទូត​របស់​ព្រះ​អម្ចាស់​យាង​ចុះ​មក​ក្នុង​ភ្នក់​ភ្លើង ជាមួយ​លោក​អសារីយ៉ា និង​អ្នក​នៅ​ជាមួយ​លោក ហើយ​ជះ​អណ្តាត​ភ្លើង​ទៅ​ក្រៅ​ភ្នក់​ភ្លើង។ ៥០ទេវ​ទូត​នោះ​ធ្វើ​ឲ្យ​ផ្នែក​កណ្តាល​ភ្នក់​ភ្លើង ក្លាយ​ទៅ​ជា​ខ្យល់​ដ៏​ត្រជាក់​និង​សន្សើម។ ដូច្នេះ ភ្លើង​មិន​បាន​ប៉ះ​ពួក​គេ​សោះ ហើយ​មិន​ធ្វើ​បាប​ពួក​គេ។ ៥១នៅ​ពេល​នោះ​យុវជន​ទាំង​បីនាក់​ក៏​រួម​គ្នា​លើក​តម្កើង​សិរី​រុង​រឿង និង​សរសើរ​តម្កើង​ព្រះ​អង្គ​ម្ចាស់​ថា៖

៥២«បពិត្រ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​បុព្វ​បុរស​យើង​ខ្ញុំ យើង​ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ​អង្គ សូម​ច្រៀង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ! សូម​សរសើរ​ព្រះ​នាម​ដ៏​វិសុទ្ធ ប្រកប​ដោយ​សិរី​រុង​រឿង។ សូម​ច្រៀង និង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៥៣សូម​សរសើរ​តម្កើង​ព្រះ​អម្ចាស់​ក្នុង​ព្រះ​វិហារ​ដ៏​វិសុទ្ធ និង​ប្រកប​ដោយ​សិរី​រុង​រឿង! សូម​ស្មូត និង​លើក​តម្កើង​ព្រះ​អង្គ​ អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៥៤សូម​សរសើរ​តម្កើង​ព្រះ​អម្ចាស់ ដែល​គង់​នៅ​លើ​ខេរូប៊ីម! សូម​ស្មូត និង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​អង្វែង​តរៀង​ទៅ!
៥៥សូម​លើក​តម្កើង​ព្រះ​អង្គ ដែល​គ្រង​រាជ្យ​នៅ​លើ​បល្ល័ង្ត សូម​ច្រៀង និង​លើក​តម្កើង​ព្រះ​អង្គ​ដ៏ខ្ពង់​ខ្ពស់​បំផុត​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៥៦សូម​សរសើរ​តម្កើង​ព្រះ​អង្គ នៅ​លើ​លំហ​អាកាស​វេហាស៍​ដ៏​ធំ​ធេង ដែល​គ្រប់​គ្រង​ស្ថាន​បរម​សុខ! សូម​ស្មូត និង​លើក​តម្កើង​សិរី​រុង​រឿង​របស់​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!

៥៧ស្នាម​ព្រះ​ហស្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ​អម្ចាស់ ចូរ​សរសើរ​តម្កើង​ព្រះ​អង្គ! សូម​ស្មូត និង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៥៨ផ្ទៃ​មេឃ ចូរ​សរសើរ​តម្កើង​ព្រះ​អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ​អង្គ អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៥៩ទេវ​ទូត​ទាំង​ប៉ុន្មាន​របស់​ព្រះ​អម្ចាស់ ចូរ​សរសើរ​តម្កើង​ព្រះ​អង្គ! សូម​ស្មូត និង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៦០ទឹក​ទាំង​ឡាយ​ដែល​នៅ​លើ​មេឃ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ​អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៦១ហ្វូង​តារា​របស់​ព្រះ​ម្ចាស់! ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ​អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជាអង្វែង​តរៀង​ទៅ!
៦២ព្រះ​អាទិត្យ និង ព្រះ​ចន្ទ័ សូម​សរសើរ​តម្កើង​ព្រះ​អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៦៣ផ្កាយ​ទាំង​ឡាយ​នៅ​លើ​មេឃ ចូរ​សរសើរ​តម្កើង​ព្រះ​អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៦៤ទឹក​ភ្លៀង និង ទឹក​សន្សើម ចូរ​សរសើរ​តម្កើង​ព្រះ​អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៦៥ខ្យល់​គ្រប់​ទិស​ទី ចូរ​សរសើរ​តម្កើង​ព្រះ​អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៦៦ភ្លើង និង កំដៅ ចូរ​នាំគ្នា​សរសើរ​តម្កើង​ព្រះ​អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៦៧ខ្យល់​ត្រជាក់ និង ខ្យល់​ក្តៅ នឹង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៦៨ទឹក​សន្សើម និង ព្រឹល ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ​អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៦៩ថ្ងៃ និង យប់ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ​អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៧០ពន្លឺ និង ភាព​ងងឹត ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ​អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៧១អាកាស​ធាតុ​ត្រជាក់ និង អាកាស​ធាតុ​រងារ ចូរ​សរសើរ​តម្កើង​ព្រះ​អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៧២ទឹក​កក និង ហិមៈ ចូរ​សរសើរ​តម្កើង​ព្រះ​អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៧៣ផ្លេក​បន្ទោល និង ពពក ចូរ​សរសើរ​តម្កើង​ព្រះ​អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៧៤ផែន​ដី​ទាំង​មូល ចូរ​សរសើរ​តម្កើង​ព្រះ​អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៧៥ភ្នំ​តូច ភ្នំ​ធំ​ទាំង​ឡាយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ​អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៧៦អ្វីៗ​ទាំង​អស់​ដែល​ដុះ​នៅ​លើ​ផែន​ដី ចូរ​សរសើរ​តម្កើង​ព្រះ​អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៧៧សមុទ្រ​និង​ទន្លេ​ទាំង​ឡាយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ​អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៧៨ប្រភព​ទឹក​ទាំង​ឡាយ ចូរ​សរសើរ​តម្កើង​ព្រះ​អម្ចាស់! សូម​ស្មូត​និង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៧៩ត្រី​ធំ ត្រី​តូច និង​សត្វ​ទាំង​ឡាយ ដែល​រស់​នៅ​ក្នុង​ទឹក ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ​អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៨០បក្សា​បក្សី​ទាំង​ឡាយ ចូរ​សរសើរ​តម្កើង​ព្រះ​អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៨១សត្វ​ព្រៃ សត្វ​ស្រុក​ទាំង​ឡាយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ​អម្ចាស់! សូម​ស្មូត​និង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៨២មនុស្ស​ទាំង​ឡាយ ចូរ​សរសើរ​តម្កើង​ព្រះ​អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះអង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៨៣ប្រជា​ជន​អ៊ីស្រា​អែល ចូរ​សរសើរ​តម្កើង​ព្រះ​អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៨៤បូជា​ចារ្យ​ទាំង​ឡាយ ចូរ​សរសើរ​តម្កើង​ព្រះ​អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៨៥អ្នក​ទាំង​ឡាយ​ដែល​គោរព​បំរើ​ព្រះ​អម្ចាស់ ចូរ​សរសើរ​តម្កើង​ព្រះ​អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៨៦វិញាណ​ក្ខ័ន្ធ និង ព្រលឹង​របស់​មនុស្ស​សុច​រិត​ទាំង​ឡាយ ចូរ​សរសើរ​តម្កើង​ព្រះ​អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ​អង្គ អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!
៨៧អស់​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​ជាម្ចាស់ និង​អស់​អ្នក​ដាក់​ចិត្ត​ជា​អ្នក​ក្រ​ខ្សត់ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ​អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ!

៨៨លោក​អណា​នីយ៉ា លោក​អសារីយ៉ា និង​មីកាអែល ចូរ​សរសើរ​តម្កើង​ព្រះ​អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ​អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ! ដ្បិត​ព្រះ​អង្គ​បាន​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​អំណាច​នៃ​សេចក្តី​ស្លាប់។ ព្រះ​អង្គ​បាន​សង្រ្គោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ក្រញាំ​មច្ចុរាជ ព្រះ​អង្គ​បាន​រំដោះ​យើង​ខ្ញុំ ពី​ភ្នក់​ភ្លើង​ដែល​ឆេះ​សន្ធោ​សន្ធៅ ព្រះ​អង្គ​បាន​សង្រ្គោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ភ្លើង។

៨៩សូម​អរ​ព្រះ​គុណ​ព្រះ​អម្ចាស់ ព្រោះ​ព្រះ​អង្គ​ប្រកប​ដោយ​ព្រះ​ហឫ​ទ័យ​សប្បុរស និង​ព្រះ​ហឫ​ទ័យ​មេត្តា​ករុណា​របស់​ព្រះ​អង្គ ស្ថិត​នៅ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ។
៩០អស់​អ្នក​ដែល​គោរព​បម្រើ​ព្រះ​អម្ចាស់ ជា​ព្រះ​លើ​ព្រះ​ទាំង​ឡាយ សូម​ស្មូត​និង​អរ​ព្រះ​គុណ​ព្រះ​អង្គ ដ្បិត​ព្រះ​ហឫ​ទ័យ​មេត្តា​ករុណា​របស់​ព្រះ​អង្គ ស្ថិត​នៅ​អស់​កល្ប​ជានិច្ច»។

ជំពូកទី ១៤

រឿងនាងស៊ូសាណា
១នៅ​ស្រុក​បាប៊ី​ឡូន មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ូអាគីម។ ២គាត់​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​នាង ស៊ូសាណា ដែល​ជា​កូន​របស់​លោក ហែល​គីយ៉ាស។ នាង​មាន​រូប​ឆោម​លោម​ពណ៌​ស្រស់​ល្អ​ណាស់ ហើយ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់​ផង។ ៣ឪពុក​ម្តាយ​នាង​ជា​មនុស្ស​សុចរិត គាត់​បាន​អប់រំ​នាង​តាម​ធម្ម​វិន័យ​របស់​លោក​ម៉ូសេ។ ៤ឯ​លោក​យ៉ូអាគីម​វិញ មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ស្តុក​ស្តម្ភ ព្រម​ទាំង​មាន​សួន​ឧទ្យាន​មួយ​ដ៏ធំ​នៅ​ជិត​ផ្ទះ​ផង។ ជន​ជាតិ​យូដា​ជា​ច្រើន​តែង​តែ​មក​លេង​ផ្ទះ​គាត់ ដ្បិត​គាត់​ជា​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ជាង​គេ។ ៥នៅ​ឆ្នាំ​នោះ​គេ​បាន​ជ្រើស​រើស​ព្រឹទ្ធា​ចារ្យ​ពីរ​នាក់ ក្នុង​ចំណោម​ប្រជា​ជន ឲ្យ​ធ្វើ​ជា​ចៅ​ក្រម។ ព្រឹទ្ធា​ចារ្យ​ទាំង​ពីរ​នាក់​នេះ​ហើយ ដែល​ព្រះ​អម្ចាស់​មាន​ព្រះ​បន្ទូល​ថា ព្រឹទ្ធា​ចារ្យ​ជា​ចៅ​ក្រម​បាន​នាំ​អំពើ​លាមក​ ពី​ស្រុក​បាប៊ី​ឡូន​មក។ ៦ព្រឹទ្ធា​ចារ្យ​ទាំង​ពីរ​នាក់​នេះ​ តែង​តែ​មក​លេង​ផ្ទះ​របស់​លោក​យ៉ាអាគីម​ជា​ញឹក​ញយ ហើយ​អស់​អ្នក​ណា​ដែល​មាន​ទំនាស់​ត្រូវ​ដោះ​ស្រាយ រមែង​មក​រក​លោក​ព្រឹទ្ធា​ចារ្យ​ទាំង​ពីរ​នៅ​ផ្ទះ​លោក​យ៉ូអាគីម​ដែរ។ ៧នៅ​ពេល​ថ្ងៃ​ត្រង់ កាល​ពួក​អ្នក​ស្រុក​ត្រឡប់​ទៅ​ផ្ទះ​វិញ នាង​ស៊ូសាណា​ក៏​ចុះ​ទៅ​ដើរ​កំសាន្ត​ក្នុង​ឧទ្យាន​របស់​ប្តី​នាង។ ៨ព្រឹទ្ធា​ចារ្យ​បាន​ឃើញ​នាង​ដើរ​កំសាន្ត​នៅ​ទី​នោះ​ជា​រៀង​រាល់​ថ្ងៃ គាត់​មាន​ចិត្ត​ប្រតិព័ទ្ធ​លើ​រូប​នាង។ ៩គាត់​វង្វែង​ស្មារតី​លែង​បែរ​មុខ​ទៅ​រក​ព្រះ​ជាម្ចាស់ ហើយ​ឈប់​នឹក​ដល់​បទ​បញ្ជា​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះ​អង្គ។ ១០ព្រឹទ្ធា​ចារ្យ​ទាំង​ពីរ​មាន​តណ្ហា​ពុះ​កញ្ជ្រោល​ចង់​បាន​នាង​យ៉ាង​ខ្លាំង ប៉ុន្តែ លោក​ទាំង​ពីរ​មិន​បាន​និយាយ​ប្រាប់​គ្នា អំពី​មូល​ហេតុ ដែល​នាំ​ឲ្យ​លោក​ទាំង​ពីរ​ខ្វល់​ខ្វាយ​ទេ។ ១១ដ្បិត​គេ​ខ្មាស មិន​ហ៊ាន​ប្រាប់​ពី​បំណង​របស់​គេ​រៀងៗ​ខ្លួន ដែល​លួច​ស្រឡាញ់​នាង។ ១២រៀង​រាល់​ថ្ងៃ គេ​ទាំង​ពីរ​នាក់​តែង​ឃ្លាំ​ចាំ​មើល​នាង​រហូត។ ១៣មាន​ថ្ងៃ​មួយ នៅ​ពេល​ថ្ងៃ​ត្រង់ ព្រឹទ្ធា​ចារ្យ​ទាំង​ពីរ​ចេញ​ពី​ផ្ទះ ដែល​ពោល​ទៅ​កាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «យើង​ទៅ​ផ្ទះ ដ្បិត​ដល់​ពេល​បរិភោគ​បាយ​ហើយ» ហើយ​ក៏​បែក​គ្នា​ទៅ។ ១៤ប៉ុន្តែ ម្នាក់​ត្រឡប់​មក​វិញ​ហើយ​ជួប​គ្នា​នៅ​កន្លែង​តែ​មួយ។ ព្រឹទ្ធា​ចារ្យ​ទាំង​ពីរ​សួរ​គ្នា ពី​មូល​ហេតុ​ដែល​ត្រឡប់​មក​វិញ ហើយ​ប្រាប់​ពី​គោល​បំណង​របស់​ខ្លួន ទៅ​វិញ​ទៅ​មក។ នៅ​ពេល​នោះ គេ​ព្រម​ព្រៀង​គ្នា​រក​ឱកាស​ដើម្បី​ជួប​នាង​ស៊ូសាណា ពេល​នាង​នៅ​ម្នាក់​ឯង។ ១៥ព្រឹទ្ធា​ចារ្យ​ទាំង​ពីរ​រង់​ចាំ​ឱកាស​ល្អ ដើម្បី​ចាប់​នាង ស្រាប់​តែ​មាន​ថ្ងៃ​មួយ នាង​ស៊ូសាណា ចូល​ក្នុង​ឧទ្យាន​ដូច​សព្វ​ដង ដោយ​មាន​ស្រី​បំរើ​តែ​ពីរ​នាក់​ប៉ុណ្ណោះ។ ពេល​នោះ​ថ្ងៃ​ក្តៅ​ខ្លាំង​ពេក​នាង​ចង់​ងូត​ទឹក​ក្នុង​សួន​ឧទ្យាន។ ១៦នៅ​កន្លែង​នោះ​គ្មាន​អ្នក​ណា​ផ្សេង ក្រៅ​ពី​ព្រឹទ្ធា​ចារ្យ​ទាំង​ពីរ​នាក់ ដែល​ពួន​ចាំ​មើល​នាង​ឡើយ។ ១៧នាង​ប្រាប់​ស្រី​បំរើ​ទាំង​ពីរ​ថា៖ «ចូរ​ទៅ​យក​ប្រេង និង​ទឹក​អប់​មក​ឲ្យ​ខ្ញុំ​រួច​ហើយ​បិទ​ទ្វារ​សួន​ផង! ព្រោះ​ខ្ញុំ​ចង់​ងូត​ទឹក»។ ១៨នាង​ទាំង​ពីរ​ធ្វើ​តាម​បង្គាប់​របស់​នាង​ស៊ូសាណា គឺ​បិទ​ទ្វារ​សួន ហើយ​ចេញ​តាម​ទ្វារ​មួយ​ទៀត ដើម្បី​ទៅ​រក​អ្វី​ដែល​នាង​ស៊ូសាណា​ប្រាប់ ប៉ុន្តែ នាង​មិន​បាន​ឃើញ​ព្រឹទ្ធា​ចារ្យ​ទាំង​ពីរ​នាក់​នោះ​ទេ​ ព្រោះ​ពួក​គេ​ពួន។ ១៩កាល​ស្រី​បំរើ​ទាំង​ពីរ​ចេញ​ផុត​ទៅ ព្រឹទ្ធា​ចារ្យ​ទាំង​ពីរ​នាក់​ក៏​ស្ទុះ​ចេញ​មក​ដើរ​យ៉ាង​លឿន តម្រង់​ទៅ​រក​នាង ២០ហើយ​និយាយ​ថា៖ «ទ្វារ​សួន​បិទ​ជិត​អស់​ហើយ គ្មាន​នរណា​មើល​ឃើញ​យើង​ទេ។ យើង​ស្រឡាញ់​នាង​ខ្លាំង​ណាស់ សូម​នាង​ព្រម​តាម​យើង​ទៅ។ ២១ប្រសិន​បើ​នាង​មិន​ព្រម​ទេ យើង​នឹង​ចោទ​ប្រកាន់​ថា នាង​បាន​សាហាយ​ស្មន់​ជាមួយ​យុវជន​ម្នាក់! ហេតុ​នេះ​ហើយ បាន​ជា​នាង​ដេញ​ស្រី​បំរើ​ឲ្យ​ចេញ​ទៅ»។ ២២នាង​ស៊ូសាណា​ដក​ដង្ហើម​ធំ​ហើយ​ពោល​ថា៖ «ឥឡូវ​នេះ​នាង​ខ្ញុំ​ទល់​គំនិត​ហើយ ប្រសិន​បើ​នាង​ខ្ញុំ​ព្រម​តាម​លោក ខ្ញុំ​មុខ​ជា​ស្លាប់​ដោយ​មាន​ទោស​ផិត​ក្បត់​ពុំខាន។ បើ​នាង​ខ្ញុំ​មិន​ព្រម នាង​ខ្ញុំ​ក៏​មិន​អាច​រួច​ខ្លួន​ដែរ។ ២៣ណ្ហើយ! នាង​ខ្ញុំ​សុខ​ចិត្ត​ធ្លាក់​ក្នុង​អន្ទាក់​របស់​លោក ដោយ​មិន​បាន​ធ្វើ​អ្វី​ខុស​ទៅ​ចុះ ប្រសើរ​ជាង​ប្រព្រឹត្ត​ខុស​នឹង​ធម្ម​វិន័យ​របស់​ព្រះ​អម្ចាស់»។ ២៤បន្ទាប់​មក នាង​ស្រេក​យ៉ាង​ខ្លាំង ចំណែក​ព្រឹទ្ធា​ចារ្យ​ទាំង​ពីរ​ក៏​នាំ​គ្នា​ស្រេក​ចោទ​ប្រកាន់​នាង​ដែរ ២៥ព្រឹទ្ធា​ចារ្យ​ម្នាក់​រត់​ទៅ​បើក​ទ្វារ​សួន។ ២៦កាល​អ្នក​បំរើ​នៅ​ក្នុង​ផ្ទះ​ឮ​សំរែក​ដូច​នេះ ក៏​រត់​ទៅ​ក្នុង​​សួន​មើល ហេតុ​ការណ៍​ដែល​កើត​មាន​ចំពោះ​នាង​ស៊ូសាណា។ ២៧ព្រឹទ្ធា​ចារ្យ​ទាំង​ពីរ​តំណាល​រឿង​ប្រឌិត​របស់​ខ្លួន ហើយ​ពួក​អ្នក​បំរើ​ក៏​អៀន​ខ្មាស ព្រោះ​គេ​មិន​ដែល​ឮ​នរណា​និយាយ​អាក្រក់ បែប​នេះ​ពី​នាង​ឡើយ។ ២៨លុះ​ព្រឹក​ឡើង អ្នក​ស្រុក​មក​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​លោក​យ៉ាអាគីម​ជា​ស្វាមី​នាង ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​នាង ទៅ​តាម​គំរោង​ការណ៍​ដ៏​អាស្រូវ​នេះ។ ២៩ព្រឹទ្ធា​ចារ្យ​ទាំង​ពីរ​ជំរាប​អង្គ​ប្រជុំ​ថា៖ «ចូរ​នាំ​នាង​ស៊ូសាណា ដែល​ជា​កូន​របស់​លោក​ហែល​គីយ៉ាស និង​ជា​ភរិយា​របស់​លោក​យ៉ូអាគីម​មក!»។ គេ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​នាង​មក។ ៣០នាង​ស៊ូសាណា​មក​មាន​ទាំង​ឪពុក ម្តាយ កូនៗ​ញាតិ​សណ្តាន​មក​ជាមួយ​ផង។ ៣១នាង​ស៊ូសាណា​មាន​រូប​សម្ផស្ស​ល្អ​ស្អាត​ណាស់ គួរ​ឲ្យ​គយ​គន់។ ៣២ជន​ល្មើស​វិន័យ​ទាំង​ពីរ​នាក់​នោះ បញ្ជា​ឲ្យ​ព្រឹទ្ធា​ចារ្យ​ដក​ស្បៃ​ពី​មុខ​នាង​ ដើម្បី​ឲ្យ​ពួក​គេ​សប្បាយ​ចិត្ត នឹង​គយ​គន់​សម្រស់​របស់​នាង។ ៣៣ឪពុក​ម្តាយ​កូនៗ និង​ញាតិសណ្តាន ហើយ​អស់​អ្នក​ណា​ដែល​ឃើញ​នាង​យំ​ទាំង​អស់​គ្នា។ ៣៤ព្រឹទ្ធា​ចារ្យ​ទាំង​ពីរ​នាក់ ក្រោក​ឈរ​ឡើង​នៅ​កណ្តាល​អង្គ​ប្រជុំ ហើយ​ដាក់​ស្បៃ​លើ​ក្បាល​នាង។ ៣៥នាង​ងើប​មុខ​សម្លឹង​មើល​ទៅ​លើ​មេឃ​ទាំង​យំ​ផង ដ្បិត​នាង​ជឿ​ទុក​ចិត្ត​លើ​ព្រះ​អម្ចាស់។ ៣៦ព្រឹទ្ធា​ចារ្យ​ទាំង​ពីរ​ប្រកាស​ថា៖ «ពេល​យើង​ទាំង​ពីរ​នាក់​ដើរ​កំសាន្ត​ក្នុង​សួន​ឧទ្យាន យើង​ឃើញ​នាង​ចូល ​មក​ជាមួយ​ស្រី​បំរើ​ពីរ​នាក់។ នាង​បាន​ឲ្យ​អ្នក​បំរើ​បិទ​ទ្វារ​រួច​ហើយ នាង​ក៏​ឲ្យ​អ្នក​បំរើ​ចេញ​ទៅ​វិញ។ ៣៧ពេល​នោះ មាន​យុវជន​ម្នាក់​ដែល​ពួន​នៅ​ក្នុង​សួន​ចូល​មក​ជិត​នាង ហើយ​រួម​រក័​ជា​មួយ​នាង។ ៣៨រីឯ​យើង​ក៏​នៅ​ក្នុង​សួន ក្បែរ​កន្លែង​នោះ​ដែរ។ កាល​យើង​បាន​ឃើញ​អំពើ​លាមក​ដូច្នេះ យើង​ក៏​រត់​តម្រង់​ទៅ​គេ​ទាំង​ពីរ។ ៣៩យើង​បាន​ឃើញ​គេ​ទាំង​ពីរ​នាក់​រួម​រក័​ជាមួយ​គ្នា​មែន។ ប៉ុន្តែ យើង​មិន​អាច​ចាប់​យុវជន​នោះ​បាន​ទេ ព្រោះ​គេ​មាន​កម្លាំង​ខ្លាំង​ជាង​យើង គេ​ក៏​បើក​ទ្វារ​សួន​រត់​បាត់​ទៅ។ ៤០រីឯ​យើង​ចាប់​បាន​តែ​ស្រី​នេះ ហើយ​សួរ​នាង​ថា៖ តើ​ប្រុស​នោះ​ជា​អ្នក​ណា? ៤១ប៉ុន្តែ នាង​មិន​ព្រម​ប្រាប់​យើង​សោះ។ យើង​ទាំង​ពីរ​នាក់​នេះ ជា​សាក្សី​ស្រាប់»។ អង្គ​ប្រជុំ​ក៏​ជឿ​ពាក្យ​ព្រឹទ្ធា​ចារ្យ​ទាំង​ពីរ ព្រោះ​គាត់​ជា​ព្រឹទ្ធា​ចារ្យ​របស់​ប្រជា​ជន​ផង និង​ជា​ចៅ​ក្រម​ផង។ អង្គ​ប្រជុំ​ក៏​សម្រេច​កាត់​ទោស​ប្រហារ​ជីវិត​នាង​ស៊ូសាណា។ ៤២នៅ​ពេល​នោះ នាង​ស៊ូសាណា​បន្លឺ​សម្លេង​យ៉ាង​ខ្លាំងៗ​ថា៖ «បពិត្រ​ព្រះ​ជាម្ចាស់​ដ៏​មាន​ព្រះ​ជន្ម​គង់​នៅ​អស់​កល្ប​ជានិច្ច! ព្រះ​អង្គ​ជ្រាប​អ្វី​ដែល​លាក់​កំបាំង និង​ជ្រាប​គ្រប់​ហេតុ​ការណ៍​មុន​ពេល​កើត​ឡើង​ទៀត​ផង។ ៤៣ព្រះ​អង្គ​ជ្រាប​ថា ព្រឹទ្ធា​ចារ្យ​ទាំង​ពីរ​នេះ​បាន​ធ្វើ​ជា​សាក្សី​ក្លែង​ក្លាយ ដាក់​ទោស​យើង​ខ្ញុំ។ ឥឡូវ​នេះ ទោះ​បី​នាង​ខ្ញុំ​បាន​ប្រព្រឹត្ត​ដូច​ពាក្យ​ចោទ​ប្រកាន់ តាម​គំនិត​អាក្រក់​របស់​ពួក​គេ​ក្តី ក៏​នាង​ខ្ញុំ​ត្រូវ​ស្លាប់​ដែរ។ ៤៤ព្រះ​អម្ចាស់​ទ្រង់​ព្រះ​សណ្ដាប់​ពាក្យ​របស់​នាង»។ ៤៥ពេល​គេ​នាំ​នាង​ទៅ​សម្លាប់​ព្រះ​ជាម្ចាស់​បាន​ធ្វើ​ឲ្យ​កុមារ​ម្នាក់ ឈ្មោះ​ដានី​អែល​ភ្ញាក់​ស្មារតី មាន​ប្រាជ្ញា​វាង​វៃ​យ៉ាង​អស្ចារ្យ។ ៤៦កុមារ​ដានីអែល បន្លឺ​សម្លេង​យ៉ាង​ខ្លាំង​ថា៖ «ខ្ញុំ​មិន​រួម​គំនិត​ក្នុង​ការ​សម្លាប់​ស្ត្រី​នេះ​ទេ!»។ ៤៧បណ្ដា​ជន​ទាំង​ប៉ុន្មាន ក៏​បែរ​មុខ​មក​រក​កុមារ​នោះ ហើយ​សួរ​ថា៖ «តើ​ប្អូន​ចង់​និយាយ​ពី​អ្វី? »។ ៤៨កុមារ​ដានីអែល ឈរ​នៅ​កណ្ដាល​អង្គ​ប្រជុំ​ ហើយ​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖ «ជន​ជាតិ​អ៊ីស្រា​អែល​អើយ! តើ​អ្នក​លេលា​ហើយ​ឬ​ បាន​ជា​ដាក់​ទោស​ស្ត្រី​អ៊ីស្រា​អែល​ម្នាក់ ដោយ​មិន​ស៊ើប​សួរ​រក​សេចក្ដី​ពិត​ជា​មុន​ដូច្នេះ? ៤៩ចូរ​នាំគ្នា​ត្រឡប់​ទៅ​កន្លែង​កាត់​ក្ដី​វិញ​ចុះ! ព្រឹទ្ធា​ចារ្យ​ទាំង​ពីរ​នាក់​នេះ​បាន​ធ្វើ​ជា​សាក្សី​ក្លែង​ក្លាយ ដាក់​ទោស​អ្នក​ស្រី​ស៊ូសាណា»។ ៥០ប្រជា​ជន​ទាំង​មូល​ប្រញាប់​ប្រញាល់​ត្រឡប់​ទៅ​វិញ ហើយ​ព្រឹទ្ធា​ចារ្យ​ដទៃ​ទៀត​សួរ​កុមារ​ដានី​អែល​ថា៖ «សូម​ចៅ​មក​អង្គុយ​កណ្ដាល​ពួក​យើង! ហើយ​ពន្យល់​ឲ្យ​ពួក​យើង​ដឹង​ផង ដ្បិត​ព្រះ​ជាម្ចាស់​បាន​ប្រោស​ប្រទាន​ឲ្យ​ចៅ​មាន​គំនិត​ដូច​យើង​ដែរ»។

៥១កុមារ​ដានី​អែល​ប្រាប់​អស់​លោក​ថា៖ «ចូរ​បំបែក​គាត់​ទាំង​ពីរ​នាក់​នេះ​ចេញ​ពី​គ្នា! ខ្ញុំ​នឹង​សួរ​គាត់​ម្ដង​ម្នាក់»។ ៥២គេ​ក៏​បំបែក​ព្រឹទ្ធា​ចារ្យ​ទាំង​ពីរ​នាក់ រួច​កុមារ​ដានី​អែល​ហៅ​តា​ម្នាក់​មក​ហើយ​សួរ៖ «តា​ចាស់​ទៅ​ហើយ ប៉ុន្តែ​តា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​តាំង​ពី​មុន​មក ពេល​នេះ​ទោស​នៃ​អំពើ​បាប​របស់​តា ត្រូវ​ធ្លាក់​លើ​តា​ហើយ ៥៣ទោះ​បី​ព្រះ​អម្ចាស់​មាន​ព្រះ​បន្ទូល​ថា៖ មិន​ត្រូវ​សម្លាប់​អ្នក​គ្មាន​កំហុស និង​ជន​សុចរិត​ក្ដី ក៏​តា​តែង​តែ​កាត់​ទោស​ដោយ​អយុត្តិ​ធម៌ គឺតា​ដាក់​ទោស​មនុស្ស​គ្មាន​កំហុស ហើយ​ដោះ​លែង​អ្នក​មាន​ទោស​ឲ្យ​រួច​ខ្លួន​វិញ​ដែរ។ ៥៤ឥឡូវ​នេះ បើ​តា​បាន​ឃើញ​អ្នក​ស្រី​ស៊ូសាណា​មែន សូម​តា​ប្រាប់​ខ្ញុំ​មក​មើល​ថា តើ​អ្នក​ទាំង​ពីរ​នោះ​ស្ថិត​នៅ​ក្រោម​ដើម​ឈើ​ណា? » តា​នោះ​ឆ្លើយ​ថា៖ «នៅ​ក្រោម​ដើម​អំពិល»។ ៥៥កុមារ​ដានីអែល​និយាយ​ថា៖ «នេះ​ជា​ពាក្យ​កុហក​របស់​តា តា​ត្រូវ​ទទួល​ទោស​ដល់​ជីវិត គឺ​ព្រះ​ជាម្ចាស់​បាន​បញ្ជា​ទេវ​ទូត​របស់​ព្រះ​អង្គ ឲ្យ​មក​ប្រហារ​ជីវិត​តា»។ ៥៦កុមារ​ដានី​អែល​បណ្ដេញ​តា​ចេញ​ទៅ ហើយ​បញ្ជា​ឲ្យ​គេ​ហៅ​តា​នោះ​ម្នាក់​ទៀត​មក រួច​សួរ​ថា៖ «នែ៎! កំពូជ​កាណាន​អើយ! តា​មិន​មែន​ពូជ​យូដា​ទេ! សម្រស់​របស់​អ្នក​ស្រី​ស៊ូសាណា បាន​ធ្វើ​ឲ្យ​តា​វង្វេង​ស្មារតី ហើយ​កិលេស​តណ្ហា ជំរុញ​ចិត្ត​តា​ឲ្យ​ឈ្លក់​វង្វេង​អស់។ ៥៧តា​ទាំង​ពីរ​នាក់​តែង​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ស្រ្តី​ជន​ជាតិ​អ៊ីស្រា​អែល​ទាំង​ប៉ុន្មាន ហើយ​រួមរ័ក​ជាមួយ​នាង ព្រោះ​នាង​ទាំង​នោះ​ខ្លាច​តា សុខ​ចិត្ត​យល់​ព្រម​នឹង​តា។ ប៉ុន្តែ​ថ្ងៃ​នេះ មាន​ស្រ្តី​យូដា​ម្នាក់ ពុំ​យល់​ស្រប​តាម​អំពើ​ប្រាស​ចាក​សីល​ធម៌​របស់​តា​ទេ។ ៥៨ឥឡូវ​នេះ សូម​តា​ប្រាប់​ខ្ញុំ​មើល៍! តើ​តា​បាន​ឃើញ​អ្នក​ទាំង​ពីរ​រួម​រ័ក​ជាមួយ​គ្នា​នៅ​ក្រោម​ដើម​ឈើ​ណា?»។ តា​នោះ​ឆ្លើយ​ថា៖ «នៅ​ក្រោម​ដើម​ស្វាយ»។ ៥៩កុមារ​ដានីអែល​និយាយ​ថា៖ «នេះ​ជា​ពាក្យ​កុហក ដែល​ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត!។ ទេវ​ទូត​របស់​ព្រះ​ជាម្ចាស់ កាន់​ដាវ​រ​ង់ចាំ​ប្រហារ​ជីវិត​តា​ទាំង​ពីរ​ហើយ»។ ៦០ពេល​នោះ អង្គ​ប្រជុំ​ទាំង​មូល​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង ដោយ​សរសើរ​តម្កើង​ព្រះ​ជាម្ចាស់​ដែល​សង្គ្រោះ​អស់​អ្នក​ជឿ​សង្ឃឹម​លើ​ព្រះ​អង្គ។ ៦១បន្ទាប់​មក​អង្គ​ប្រជុំ​ក៏​បែរ​ទៅ​ប្រឆាំង​នឹង​ព្រឹទ្ធា​ចារ្យ​ទាំង​ពីរ ព្រោះ​កុមារ​ដានី​អែល​ចាប់​ពាក្យ​សំដី​ផ្ទាល់​របស់​គេ មក​ធ្វើ​ជា​ភស្តុ​តាង​បញ្ជាក់​ថា ព្រឹទ្ធា​ចារ្យ​ទាំង​ពីរ​ជា​សាក្សី​ក្លែង​ក្លាយ​មែន។ អង្គ​ប្រជុំ​សម្រេច​ដាក់​ទោស​ព្រឹទ្ធា​ចារ្យ​ទាំង​ពីរ ដែល​មាន​បំណង​ប្រាថ្នា​យ៉ាង​អាក្រក់ ចំពោះ​អ្នក​ដទៃ។ ៦២នៅ​ថ្ងៃ​នោះ គេ​ប្រហារ​ជីវិត​ព្រឹទ្ធា​ចារ្យ​ទាំង​ពីរ​នាក់ ដើម្បី​ធ្វើ​តាម​ធម្ម​វិន័យ​របស់​លោក​ម៉ូសេ រីឯ​អ្នក​ដែល​គ្មាន​កំហុស​ក៏​បាន​រួច​ជីវិត។ ៦៣រីឯ​លោក​ហែល​គីយ៉ាស​និង​ភរិយា ក៏​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ​អម្ចាស់​រួម​ជា​មួយ​នាង​ស៊ូសាណា លោក​យ៉ូអាគីម​ជា​ស្វាមី​របស់​នាង និង​ញាតិ​សន្តាន​ទាំង​ប៉ុន្មាន ព្រោះ​នាង​មិន​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ទាល់​តែ​សោះ។ ៦៤តាំង​ពី​ថ្ងៃ​នោះ​មក ប្រជា​ជន​នាំគ្នា​លើក​តម្កើង​កុមារ​ដានី​អែល។

ជំពូកទី ១៥

ព្យាការី​ដានីអែល និង​បូជាចារ្យរបស់ព្រះបែល
១កាល ព្រះ​បាទ​អាស្ទីយ៉ាស​សោយ​ទិវង្គត​ហើយ ព្រះ​បាទ​ស៊ីរូស​ជា​ជន​ជាតិ​ពែរ្ស​ក៏​គ្រង​រាជ្យ​បន្ត។ ២លោក​ដានី​អែល ជា​ទី​ប្រឹក្សា​ជំនិត និង​ល្បី​ឈ្មោះ​ដែល​ស្តេច​ទុក​ចិត្ត​ជាង​នាម៉ឺន​មន្ត្រី​ដទៃ​ទៀត។ ៣អ្នក​ក្រុង​បាប៊ី​ឡូន ធ្លាប់​គោរព​រូប​បដិមា​ដែល​មាន​ឈ្មោះ​ថា​ព្រះ​បែល។ ជា​រៀង​រាល់​ថ្ងៃ ពួក​គេ​តែង​តែ​យក​ម្សៅ​ចំនួន​ប្រាំរយ​គីឡូ​ក្រាម ចៀម​ញី​សែ​សិប​ក្បាល និង​ស្រា​ពីរ​រយ​ហា​សិប​លីត្រ មក​ថ្វាយ​រូប​នោះ។ ៤ស្តេច​តែង​តែ​គោរព​បូជា​រូប​បដិមា​នោះ ហើយ​យាង​មក​ថ្វាយ​បង្គំ​ជា​រៀង​រាល់​ថ្ងៃ។ រីឯ​លោក​ដានីអែល​ក៏​ថ្វាយ​បង្គំ​ព្រះ​ជាម្ចាស់​ជា​ព្រះ​របស់​ខ្លួន​ដែរ។ ព្រះ​រាជា​មាន​រាជ​ឱង្ការ​សួរ​លោក​ថា៖ «ហេតុ​អ្វី​លោក​មិន​ថ្វាយ​បង្គំ​ព្រះ​បែល? »។ ៥លោក​ទូល​ថា៖ «ទូល​បង្គំ​មិន​គោរព​បូជា​រូប​បដិមា​ដែល​ជា​ស្នា​ដៃ​របស់​មនុស្ស​ទេ។ ទូល​បង្គំ​គោរព​បូជា​ព្រះ​ជាម្ចាស់ ដែល​មាន​ព្រះ​ជន្ម​គង់​នៅ ព្រះ​អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន​ដី ហើយ​មាន​អំណាច​លើ​សត្វ​លោក​ទាំង​អស់។ ៦ស្តេច​មាន​រាជ​ឱង្ការ​តប​ទៅ​លោក​ថា៖ «តើ​លោក​មិន​ចាត់​ទុក​ថា ព្រះ​បែល​ជា​ព្រះ​ដែល​មាន​ព្រះ​ជន្ម​គង់​នៅ​ទេ​ឬ? តើ​លោក​មិន​ឃើញ​ទេ​ឬ ព្រះ​អង្គ​សោយ​ព្រះ​ស្ងោយ និង​ស្រា​យ៉ាង​ច្រើន​ជារៀង​រាល់​ថ្ងៃ»។ ៧លោក​ដានី​អែល​ទូល​ទាំង​សើច​ថា៖ «បពិត្រ​ព្រះ​ករុណា! សូម​ព្រះ​អង្គ​កុំ​យល់​ច្រឡំ​ឡើយ! រូប​បដិមា​នេះ​ធ្វើ​អំពី​ដីឥដ្ឋ​នៅ​ខាង​ក្នុង ហើយ​ពី​លង្ហិន​នៅ​ខាង​ក្រៅ។ រូប​នេះ​មិន​ដែល​សោយ​ព្រះ​ស្ងោយ ឬ​ស្រា​ទេ!»។ ៨ស្តេច​ទ្រង់​ព្រះ​ពិរោធ ហើយ​កោះ​ហៅ​ពួក​បូជា​ចារ្យ​មក ហើយ​មាន​រាជ​ឱង្ការ​ទៅ​កាន់​ពួក​គេ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​ឲ្យ​យើង​ដឹង​ថា តើ​អ្នក​ណា​បរិភោគ​សំណែន​ទាំង​នេះ អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​ស្លាប់​ពុំខាន!។ ៩ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់គ្នា បញ្ជាក់​ប្រាប់​ឲ្យ​យើង​ដឹង ពិត​ជា​ព្រះ​បែល​សោយ​ដង្វាយ​ទាំង​នោះ​មែន​ដានី​អែល មុខ​ជា​ត្រូវ​ស្លាប់ ព្រោះ​លោក​ហ៊ាន​ប្រមាថ​ព្រះ​បែល!»។ លោក​ដានីអែល​ទូល​ស្តេច​ថា៖ «សូម​ឲ្យ​សម្រេច​តាម​រាជ​ឱង្ការ​របស់​ព្រះ​ករុណា​ចុះ!»។ ១០ពួក​បូជា​ចារ្យ​របស់​ព្រះ​បែល​មាន​ចំនួន​ចិត​សិប​នាក់ ដោយ​មិន​រាប់​បញ្ចូល​ភរិយា និង​កូន​របស់​ពួក​គេ​ផង។ ព្រះ​រាជា​ក៏​យាង​មក​វិហារ​របស់​ព្រះ​បែល ជាមួយ​លោក​ដានី​អែល។ ១១ពួក​បូជា​ចារ្យ​របស់​ព្រះ​បែល​ទូល​ថា៖ «បពិត្រ​ព្រះ​ករុណា! ទូល​បង្គំ​យើង​ខ្ញុំ​នឹង​ចេញ​ពី​ព្រះ​វិហារ សូម​ព្រះ​ករុណា​យក​អាហារ និង​ស្រា​លាយ​មក​ថ្វាយ រួច​បិទ​ទ្វារ​ឲ្យ​ជិត​ហើយ​បោះ​ត្រា​ព្រះ​ទំរង់។ ១២ព្រឹក​ស្អែក​ឡើង សូម​ព្រះ​ករុណា​យាង​មក។ ប្រសិន​បើ​ព្រះ​ករុណា​ទត​ឃើញ​ព្រះ​បែល មិន​បាន​សោយ​តង្វាយ​ទាំង​នោះ​ទេ ទូល​បង្គំ​សុខ​ចិត្ត​ស្លាប់។ ប្រសិន​បើ​ព្រះ​បែល​បាន​សោយ​មែន លោក​ដានី​អែល​ត្រូវ​ស្លាប់ ព្រោះ​គាត់​និយាយ​មូល​បង្កាច់​យើង»។ ១៣ពួក​គេ​វាយ​ឫក​ក្រអឺត ព្រោះ​ពួក​គេ​ធ្វើ​ផ្លូវ​សំងាត់​រហូត​ដល់​ក្រោម​តុ​នៃ​ទី​សក្ការៈ ដើម្បី​លួច​ចូល​គ្រប់​ពេល​វេលា​យក​តង្វាយ​ចេញ​ទៅ។ ១៤កាល​ពួក​គេ​ចេញ​បាត់​ហើយ ព្រះ​រាជា​យក​អាហារ​មក​ថ្វាយ​ព្រះ​បែល រួច​លោក​ដានី​អែល​បញ្ជា​អ្នក​បំរើ​របស់​លោក យក​ផេះ​មក​រោយ​យ៉ាង​ស្តើង​ក្នុង​ទី​សក្ការៈ​ទាំង​មូល​ គឺ​មាន​តែ​ព្រះ​រាជា​ប៉ុណ្ណោះ ដែល​ធ្វើ​ជា​សាក្សី​ចំពោះ​ហេតុ​ការណ៍​នេះ។ ក្រោយ​មក ពួក​គេ​ចេញ​ទាំង​អស់​គ្នា​ ហើយ​បិទ​ទ្វារ​ជិត និង​បោះ​ត្រា​ព្រះ​ទំរង់​ពី​លើ រួច​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ១៥ពួក​បូជា​ចារ្យ​លួច​ចូល​នៅ​ពេល​យប់ តាម​ទំលាប់​របស់​គេ ដោយ​នាំ​ទាំង​ប្រពន្ធ​កូន​មក​ជាមួយ​ផង ហើយ​បរិភោគ​អាហារ និង​ស្រា​ដែល​គេ​យក​មក​ថ្វាយ។ ១៦ព្រះ​រាជា​តើន​ពី​ព្រលឹម ហើយ​យាង​ទៅ​វិហារ​របស់​ព្រះ​បែល​ជាមួយ​លោក​ដានី​អែល។ ១៧ព្រះ​រាជា​មាន​ព្រះ​រាជ​ឱង្ការ​សួរ​ថា៖ «លោក​ដានី​អែល​អើយ! តើ​ត្រា​របស់​យើង​នៅ​ដូច​ដើម ឬ​យ៉ាង​ណា?» លោក​ដានី​អែល​ឆ្លើយ​ថា៖ «បពិត្រ​ព្រះ​ករុណា ត្រា​នៅ​ដូច​ដើម! »។ ១៨នៅ​ពេល​គេ​បើក​ទ្វារ ព្រះ​រាជា​ក្រឡេក​មើល​ទៅ​លើ​តុ ហើយ​មាន​រាជ​ឱង្ការ​យ៉ាង​ខ្លាំងៗ​ថា៖ «បពិត្រ​ព្រះ​បែល! ព្រះ​អង្គ​ជា​ព្រះ​ដ៏​ឧត្តម មិន​ចេះ​ភូត​ភរ​ឡើយ!»។ ១៩លោក​ដានី​អែល​សើច ហើយ​ឃាត់​ព្រះ​រាជា​មិន​ឲ្យ​យាង​ចូល​ទៅ​ខាង​ក្នុង។ លោក​ទូល​ថា៖ «សូម​ព្រះ​ករុណា​ទត​មើល​លើ​ដី តើ​ដាន​ជើង​នេះ​ជា​ដាន​ជើង​នរណា?»។ ២០ព្រះ​រាជា​មាន​រាជ​ឱង្ការ​ថា៖ «យើង​ឃើញ​ដាន​ជើង​បុរស ស្រ្តី និង​កូន​ក្មេង»។ ២១ព្រះ​រាជា​ទ្រង់​ព្រះ​ពិរោធ​យ៉ាង​ខ្លាំង បញ្ជា​ឲ្យ​គេ​ទៅ​ចាប់​ពួក​បូជា​ចារ្យ ភរិយា និង​កូន​គេ​មក។ ពួក​គេ​បង្ហាញ​ផ្លូវ​សម្ងាត់ ​ដែល​ពួក​គេ​ធ្លាប់​លួច​ចូល​មក​ក្នុង​វិហារ ដើម្បី​បរិភោគ​តង្វាយ​ដែល​ដាក់​នៅ​លើ តុ។ ២២ព្រះ​រាជា​បញ្ជា​ឲ្យ​ប្រហារ​ជីវិត​ពួក​គេ​រួច​ប្រគល់​រូប​បដិមា ព្រះ​បែល​ឲ្យ​លោក​ដានី​អែល។ លោក​ក៏​ផ្តួល​រលំ​រូប​ដិមា ព្រម​ទាំង​វិហារ​នោះ​ចោល។

លោកដានីអែល និង នាគរាជធំ
២៣អ្នក​ក្រុង​បាប៊ី​ឡូន តែង​តែ​គោរព​បូជា​នាគ​រាជ​មួយ​ដ៏​ធំ​ដែរ។ ២៤នៅ​ថ្ងៃ​មួយ ព្រះ​រាជា​មាន​រាជ​ឱង្ការ​ទៅ​លោក​ដានី​អែល​ថា៖ «អ្នក​ត្រូវ​តែ​ទទួល​ស្គាល់​ថា នាគ​រាជ​នេះ​ជា​ព្រះ ដែល​មាន​ព្រះ​ជន្ម​គង់​នៅ​មែន! ចូរ​ថ្វាយ​បង្គំ​ពស់​នាគ​រាជ​នេះ​ទៅ!»។ ២៥លោក​ដានី​អែល​ទូល​ថា​៖ «ទូល​បង្គំ​សូម​ថ្វាយ​បង្គំ​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​ទូល​បង្គំ​តែ​មួយ​ព្រះ​អង្គ​ប៉ុណ្ណោះ ព្រោះ​មាន​តែ​ព្រះ​អង្គ​ទេ ដែល​មាន​ព្រះ​ជន្ម​គង់​នៅ។ ២៦បពិត្រ​ព្រះ​ករុណា សូម​ព្រះ​រាជា​អនុញ្ញាត​ឲ្យ​ទូល​បង្គំ​សម្លាប់​នាគ​រាជ​នេះ ដោយ​មិន​បាច់​ប្រើ​ដាវ​ឬ​ដំបង​ឡើយ»។ ព្រះ​រាជា​ក៏​អនុញ្ញាត​ឲ្យ​លោក​ដានី​អែល។ ២៧លោក​ដានី​អែល​យក​ជ័រ ខ្លាញ់ និង​រោម​សត្វ​មក​ដាក់​ស្ងោរ​ជាមួយ​គ្នា រួច​លុញ​ជា​ដុំ​តូចៗ បោះ​ចូល​ក្នុង​មាត់​នាគ។ នាគ​ស៊ី​ហើយ​ក៏​ងាប់​ទៅ។ លោក​ដានី​អែល​មាន​ប្រសាសន៍​ថា៖ «សូម​មើល​ព្រះ​ដែល​អ្នក​រាល់គ្នា​តែង​តែ​គោរព​បូជា»។ ២៨ពេល​អ្នក​ក្រុង​បាប៊ី​ឡូន​ជ្រាប​ដំណឹង​នេះ គេ​ទាស់​ចិត្ត​យ៉ាង​ខ្លាំង ហើយ​នាំគ្នា​បះ​បោរ​ប្រឆាំង​នឹង​ស្តេច​ទាំង​ស្រែក​ថា៖ «ព្រះ​រាជា​ក្លាយ​ជា​ជន​ជាតិ​យូដា​ហើយ! ព្រះ​រាជា​រំលំ​ព្រះ​បែល ហើយ​ប្រហារ​ពួក​បូជា​ចារ្យ​ទៀត។ ២៩បន្ទាប់​មក ពួក​គេ​នាំ​គ្នា​ទៅ​គាល់​ព្រះ​រាជា ហើយ​ទូល​ថា៖ «សូម​ព្រះ​ករុណា​ប្រគល់​លោក​ដានី​អែល​ឲ្យ​យើង! ប្រសិន​បើ​ព្រះ​ករុណា​មិន​យល់​ព្រម​ទេ យើង​នឹង​ធ្វើ​គត់​ព្រះ​ករុណា និង​រាជ​វង្សា​នុវង្ស»។ ៣០ព្រះ​រាជា​យល់​ថា ពួក​គេ​គំរាម​យ៉ាង​ខ្លាំង ស្តេច​ក៏​ព្រម​ប្រគល់​លោក​ដានី​អែល​ឲ្យ​ទៅ​ពួក​គេ។ ៣១ពួក​គេ​បោះ​លោក​ដានី​អែល​ទៅ​ក្នុង​រូង​តោ ហើយ​គាត់​ស្ថិត​នៅ​ទីនោះ​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ។ ៣២ក្នុង​រូង​នោះ​មាន​តោ​ប្រាំ​ពីរ​ក្បាល គេ​តែង​យក​សាក​សព​មនុស្ស​ពីរ​នាក់ និង​ចៀម​ពីរ​ក្បាល​ឲ្យ​វា​ស៊ី​រៀង​រាល់​ថ្ងៃ។ ប៉ុន្តែ នៅ​ពេល​នោះ គេ​មិន​ឲ្យ​ចំណី​អ្វី​សោះ ដើម្បី​ឲ្យ​តោ​ហែក​លោក​ដានី​អែល​ស៊ី។ ៣៣ពេល​នោះ​ព្យាការី​ហាបា​គុក ស្ថិត​នៅ​ស្រុក​យូដា។ លោក​ដាំ​បបរ និង​យក​ចំនិត​នំបុ័ង​តូចៗ​ដាក់​ក្នុង​ចាន​ធំ​មួយ យក​ទៅ​ឲ្យ​អ្នក​ច្រូត​ស្រូវ​នៅ​ឯស្រែ។ ៣៤ទេវទូត​របស់​ព្រះ​អម្ចាស់​ពោល​ទៅ​កាន់​ព្យាការី​ហាបាគុក ថា៖ «ចូរ​យក​អាហារ​ដែល​អ្នក​កាន់​នេះ ទៅ​ឲ្យ​លោក​ដានី​អែល នៅ​ក្នុង​រូង​តោ នា​ក្រុង​បាប៊ី​ឡូន»។ ៣៥ព្យាការី​ហាបា​គុក​ទូល​តប​ថា៖ «បពិត្រ​ព្រះ​អម្ចាស់! ទូល​បង្គំ​ពុំ​ដែល​ឃើញ​ក្រុង​បាប៊ី​ឡូន​ទេ ទូល​បង្គំ​ពុំ​ស្គាល់​រូង​នោះ​ឡើយ»។ ៣៦ទេវ​ទូត​របស់​ព្រះ​អម្ចាស់​ចាប់​យួរ​សក់​លោក ហើយ​នាំ​ទៅ​យ៉ាង​លឿន​បំផុត​ដាក់​មាត់​រូង​តោ​នៅ​ក្រុង​បាប៊ី​ឡូន។ ៣៧ព្យាការី​ហាបាគុក ស្រែក​ហៅ​ថា៖ «លោក​ដានី​អែល​អើយ! លោក​ដានី​អែល! សូម​យក​អាហារ​ដែល​ព្រះ​ជាម្ចាស់​ចាត់​ឲ្យ​ខ្ញុំ​យក​មក​ជូន​លោក​ពិសា»។ ៣៨លោក​ដានី​អែល​ពោល​ថា៖ «បពិត្រ​ព្រះ​ជាម្ចាស់​ព្រះ​អង្គ​មិន​បំភ្លេច​ទូល​បង្គំ​ទេ ព្រះ​អង្គ​មិន​បោះ​បង់​ចោល អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​អង្គ​ឡើយ»។ ៣៩លោក​ដានី​អែល​ក្រោក​ឈរ ហើយ​ទទួល​អាហារ​យក​មក​បរិភោគ។ ទេវ​ទូត​របស់​ព្រះ​អម្ចាស់ក៏​នាំ​ព្យាការី​ហាបា​គុក​ត្រឡប់​ទៅ​ស្រុក​លោក​ភ្លាមមួយ​រំពេច។ ៤០ថ្ងៃទី​ប្រាំពីរ​ព្រះ​រាជា​យាង​មក​ធ្វើ​ពិធី​កាន់​ទុក្ខ​លោក​ដានី​អែល។ លុះ​មក​ដល់​រូង​តោ​ស្តេច​ទត​មើល​ខាង​ក្នុង ឃើញ​លោក​ដានី​អែល​កំពុង​អង្គុយ។ ៤១ព្រះ​រាជា​មាន​រាជ​ឱង្ការ​យ៉ាង​ខ្លាំងៗ​ថា៖ «បពិត្រ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​លោក​ដានី​អែល! ព្រះ​អង្គ​ប្រសើរ​ឧត្តម! ក្រៅពី​ព្រះ​អង្គ គ្មាន​ព្រះ​ឯទៀត​សោះ​ឡើយ!»។ ៤២ព្រះ​រាជា​បញ្ជា​ឲ្យ​គេ​យក​លោក​ដានី​អែល​ចេញ​ពី​រូង​តោ។ រីឯ​អស់​អ្នក​ដែល​ប៉ុន​ប៉ង​សម្លាប់​លោក ព្រះ​រាជា​បញ្ជា​ឲ្យ​គេ​សម្លាប់​នៅ​ក្នុង​រូង​ថ្ម​វិញ។ តោ​ក៏​ហែក​ស៊ី​ពួក​ទាំង​នោះ​ភ្លាម នៅ​ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះ​រាជា៕