ពាក្យលំនាំ
គម្ពីរអេសធែររៀបរាប់អំពីរបៀបដែលជនជាតិយូដារួចផុតពីការប្រល័យពូជសាសន៍ ។ ហេតុការណ៍នេះកើតមាននៅជំនាន់ដែលចក្រភពពែរ្សត្រួតត្រាលើមជ្ឈឹមបូព៌ាប្រទេស គឺចាប់តាំងពីស្រុកឥណ្ឌារហូតដល់ស្រុកអេត្យូពី ។ ជនជាតិយូដាមួយចំនួនធំ ដែលត្រូវគេកៀរទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន ពុំបានវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ ក្រោយពេលជនជាតិ បាប៊ីឡូនបែកស្រុក (ឆ្នាំ ៥៣៩ មុន គ.ស.)នោះឡើយ។ ជនជាតិយូដាទាំងនោះតែងជួបប្រទះនូវការប្រឆាំងពីសំណាក់ជាតិសាសន៍ផ្សេងៗ ដែលរស់នៅជាមួយពួកគេ ដ្បិតជនជាតិ យូដាមានជំនឿសាសនានិងទំនៀមទម្លាប់ខុសប្លែកពីសាសន៍ដទៃ ។ ក័ណ្ឌគម្ពីរនេះរៀបរាប់ប្រាប់យើងអំពីវិវាទរវាងលោក ហាម៉ាន់ ជាមហាមន្ត្រីរបស់ព្រះចៅស៊ែរសេស និង លោកម៉ាដេកាយជាជនជាតិយូដាដែលបណ្តាលអោយមានគំរោងការប្រល័យពូជសាសន៍យូដាទាំងមូល។ ប៉ុន្តែនាងអេសធែរ ជាក្មួយរបស់លោកម៉ាដេកាយ បានឡើងទៅជាមហាក្សត្រិយានី ហើយ រំដោះជនជាតិយូដាអោយរួចផុតពីការប្រល័យពូជសាសន៍ ។ ថ្ងៃដែលគេគ្រោងទុកដើម្បីប្រល័យពូជសាសន៍យូដា បានក្លាយទៅជាថ្ងៃដែលជនជាតិយូដាប្រហារជីវិតខ្មាំងសត្រូវរបស់ខ្លួនទៅវិញ ហើយថ្ងៃនោះ ជាដើមកំណើតនៃពិធីបុណ្យមួយរបស់ជន ជាតិយូដា ឈ្មោះ «បុណ្យពួរីម» ។
គម្ពីរអេសធែរបង្ហាញអោយយើងឃើញនូវគំនិតជាតិនិយមរបស់ជនជាតិយូដា ដែលជំរុញអោយពួកគេមានបំណងសងសឹកខ្មាំងសត្រូវរបស់ខ្លួន។ គំនិតសងសឹកនេះ ជាប្រតិកម្មនឹងការប្រកាន់ពូជសាសន៍ព្រមទាំងអំពើហឹង្សារបស់សាសន៍ដទៃចំពោះជនជាតិយូដា។ គម្ពីរអេសធែរធ្វើអោយយើងចងចាំថាការប្រកាន់ពូជសាសន៍ ការមិនព្រមទទួលអ្នកដទៃបង្កអោយមានតែអំពើហឹង្សា ហើយអំពើហឹង្សាបង្កអោយមានតែអំពើហឹង្សារឹតតែខ្លាំងថែមទៀត។
នៅជំនាន់មួយដែលជនជាតិយូដាបាត់បង់បូរណភាពទឹកដី ហើយស្ថិតនៅក្រោមអំណាចត្រួតត្រារបស់សាសន៍ដទៃពួកគេលែងមានសង្ឃឹមថានឹងទទួលឯករាជជាតិទៀតហើយ។ រឿង «ព្រះនាងអេសធែរ»រំលឹកពួកគេអំពីការរំដោះមួយដ៏ធំធេង ដែលផ្តល់អោយពួកគេមានសេចក្តីសង្ឃឹមឡើងវិញ។
ព្រះនាងអេសធែរ
ជំពូកទី ១
ពិធីជប់លៀងនៅក្នុងវាំងរបស់ព្រះចៅស៊ែរសេស
១ នេះជាព្រឹត្តិការណ៍ ដែលកើតមាននៅជំនាន់ព្រះចៅស៊ែរសេស។ ព្រះចៅស៊ែរសេសគ្រប់គ្រងលើអាណាខេត្តចំនួនមួយរយម្ភៃប្រាំពីរ គឺចាប់តាំងពីស្រុកឥណ្ឌារហូតដល់ស្រុកអេត្យូពី។ ២ នៅជំនាន់នោះព្រះចៅស៊ែរសេសសោយរាជ្យនៅក្រុងស៊ូសា ជារាជធានី។ ៣ នៅឆ្នាំទីបីនៃ រជ្ជកាលរបស់ស្ដេច ស្ដេចបានរៀបចំពិធីជប់លៀងមួយទទួលមេដឹកនាំ និងមន្ត្រីទាំងអស់របស់ស្ដេច ព្រមទាំងមេទ័ពពែរ្ស និងម៉ែដ ពួកអ្នកមុខអ្នកការ និងទេសាភិបាលរបស់អាណាខេត្តទាំងអស់។ ៤ ស្ដេចចង់បង្ហាញ រាជ្យទ្រព្យដ៏ស្ដុកស្ដម្ភ និងភាពថ្លៃថ្នូរវិសេសនៃរាជសម្បត្តិដ៏ថ្កុំថ្កើងរុងរឿង របស់ស្ដេចតាមរយៈពិធីជប់លៀង ក្នុងអំឡុងពេលមួយរយប៉ែតសិបថ្ងៃ។ ៥ នៅចុងបញ្ចប់នៃពិធី ជប់លៀងនេះ ស្ដេចបានរៀបចំពិធីជប់លៀងមួយទៀត ក្នុងទីធ្លាឧទ្យាននៃព្រះបរមរាជវាំងចំនួនប្រាំពីរថ្ងៃ។ ប្រជាជនទាំងមូលនៅរាជធានីស៊ូសា ទាំងអ្នកធំ ទាំងអ្នកតូចអាចចូលរួមបាន។ ៦ គេចងក្រណាត់ទេសឯកពណ៌ ស និងពណ៌ខៀវ លាយនឹងក្រណាត់ធ្វើពីអំបោះពណ៌ស និងពណ៌ស្វាយ ភ្ជាប់ទៅនឹងខ្សែពណ៌ស និងពណ៌ក្រហមទុំ។ គេដោតខ្សែនោះទៅក្នុងកងធ្វើអំពីប្រាក់ ហើយចងភ្ជាប់ទៅនឹងសសរធ្វើអំពីថ្លើមថ្ម។ រីឯគ្រែសំរាប់អង្គុយបរិភោគ ធ្វើពីមាស និងប្រាក់ដាក់នៅលើកំរាលធ្វើពីថ្មកែវ ថ្លើមថ្ម ខ្យងដាំ និងថ្មខ្មៅ។ ៧ គេដាក់ស្រានៅក្នុងពែងមាស ដែលមានក្បាច់រចនាប្លែកៗគ្នា។ ស្ដេចអោយគេយកស្រាមកចាក់ជូនភ្ញៀវ យ៉ាងបរិបូណ៌។ ៨ ភ្ញៀវអាចពិសាស្រាតាម ចិត្ត ដោយមិននឹកខ្លាចខ្វះខាតអ្វីឡើយ គឺស្ដេចបញ្ជាអោយរាជបំរើចាក់ស្រាជូន តាមតែភ្ញៀវចង់បាន។ ៩ រីឯព្រះមហាក្សត្រិយានីវ៉ាសធីវិញ ក៏រៀបចំជប់លៀងដោយឡែក សំរាប់ពួកស្ត្រីនៅក្នុងវាំងរបស់ព្រះចៅស៊ែរសេសដែរ។
ព្រះចៅស៊ែរសេសដកតំណែងមហាក្សត្រិយានីពីព្រះនាងវ៉ាសធី
១០ នៅថ្ងៃទីប្រាំពីរ សុរាបានធ្វើអោយព្រះចៅស៊ែរសេសមានព្រះហឫទ័យសប្បាយក្រៃលែង។ ស្ដេចបង្គាប់លោកមេហូម៉ាន លោកប៊ីសថា លោកហារបូណា លោកប៊ីគថា លោកអបាគថា លោកសេថារ និងលោកការកាស ជាមហាតលិកទាំងប្រាំពីររូប ដែលនៅបំរើស្ដេច ១១ អោយយាង ព្រះមហាក្សត្រិយានីវ៉ាសធី មកគាល់ស្ដេចទាំងពាក់មកុដរាជ្យ ដើម្បីបង្ហាញអោយប្រជាជន និងមេដឹកនាំឃើញរូបឆោមរបស់ព្រះនាង ដ្បិតព្រះនាងមានរូបឆោមស្រស់ស្អាតណាស់។ ១២ ប៉ុន្តែ ព្រះមហាក្សត្រិយានីពុំព្រមយាងមក តាមបញ្ជារបស់ស្ដេចដែលពួកមហាតលិកបានទូលថ្វាយឡើយ។ ពេលនោះ ព្រះរាជាពិរោធយ៉ាងខ្លាំង។ ១៣ ស្ដេចក៏សួរយោបល់ពី ពួកហោរាចារ្យ ដែលជាអ្នកមានភារកិច្ចជួយដោះស្រាយរឿងរបស់ស្ដេច ព្រោះពួកគេស្គាល់ពិធីការ និងទំនៀមទម្លាប់។ ១៤ អ្នកទាំងនោះមាន: លោកការសេណា លោកសេតារ លោកអាដម៉ាតា លោកតារស៊ីស លោកម៉េរ៉េស លោកម៉ារសេណា លោកម៉េមូកាន ជាមេដឹកនាំទាំងប្រាំពីររូបរបស់ជនជាតិម៉ែដ និងជនជាតិពែរ្ស ដែលជាអ្នកជំនិតរបស់ស្ដេច ហើយមានមុខតំណែងដ៏ខ្ពង់ខ្ពស់នៅក្នុងរាជាណាចក្រ។ ១៥ ព្រះចៅស៊ែរសេសសួរ ថា ក្នុងករណីដែលព្រះមហាក្សត្រិយានីវ៉ាសធី ពុំព្រមធ្វើតាមបញ្ជារបស់ស្ដេច ដែលពួកមហាតលិកបានទូលថ្វាយដូច្នេះ តើត្រូវយកច្បាប់អ្វីមកអនុវត្ត។
១៦ លោក ម៉េមូកានមានប្រសាសន៍នៅចំពោះមុខស្ដេច និងមេដឹកនាំថា៖ «ព្រះមហាក្សត្រិយានីមិនបានធ្វើខុសចំពោះព្រះរាជាប៉ុណ្ណោះទេ តែកំហុសនេះក៏ប៉ះពាល់ដល់ពួកមេដឹកនាំ និងប្រជាជនទាំងអស់ ក្នុងអាណាខេត្តទាំងប៉ុន្មាន ដែលនៅក្រោមការគ្រប់គ្រងរបស់ព្រះចៅស៊ែរសេសដែរ ១៧ ដ្បិតរឿងរបស់ ព្រះមហាក្សត្រិយានីនឹងលេចឮដល់ស្ត្រីទាំងអស់។ ពេលពួកគេឮថាព្រះចៅស៊ែរសេស ចេញបញ្ជាអោយយាងព្រះមហាក្សត្រិយានីមកគាល់ស្ដេច ហើយព្រះនាងមិនធ្វើតាម ពួកគេក៏នឹងមើលងាយប្ដីរបស់ខ្លួនដែរ។ ១៨ ឥឡូវនេះ ភរិយារបស់មេដឹកនាំទាំងឡាយនៃជនជាតិពែរ្ស និងជនជាតិម៉ែដឮដំណឹងថា ព្រះមហាក្សត្រិយានីមិនស្ដាប់បង្គាប់ព្រះករុណា ពួកគេមុខជាធ្វើបែបនេះចំពោះស្វាមីរបស់ខ្លួនដែរ ជាហេតុបណ្ដាលអោយស្វាមីមានកំហឹងព្រោះតែភរិយាមើលងាយ។ ១៩ ប្រសិនបើព្រះករុណា សព្វព្រះហឫទ័យ សូមចេញរាជប្រកាសមួយ ដែលពុំអាចប្រែប្រួល ដូចមានចែងទុកក្នុងច្បាប់របស់ជនជាតិពែរ្ស និងជនជាតិម៉ែដ គឺហាមព្រះមហាក្សត្រិយានីវ៉ាសធី មិនអោយចូលមកជួបព្រះភក្ត្រព្រះករុណារហូតតទៅ ហើយសូមព្រះករុណាផ្ទេរតំណែងរបស់ព្រះនាងទៅអោយព្រះមហេសីមួយអង្គទៀត ដែលប្រសើរជាងព្រះនាង។ ២០ ពេលណាប្រជាជនដឹង អំពីសេចក្ដីសំរេចដ៏សំខាន់ដែលព្រះរាជាប្រកាសក្នុងរាជាណាចក្រទាំង មូល ស្ត្រីទាំងអស់មុខជាគោរពប្ដីរបស់ខ្លួន តាំងពីអ្នកធំ រហូតដល់អ្នកតូច»។
២១ ព្រះរាជាសព្វព្រះហឫទ័យនឹងយោបល់នេះណាស់ ហើយពួកមេដឹកនាំក៏ពេញចិត្តដែរ។ ព្រះរាជាក៏ធ្វើតាមសំណើរបស់លោកម៉េមូកាន ២២ គឺស្ដេចផ្ញើរាជសារ ទៅគ្រប់អាណាខេត្តទាំងអស់តាមអក្សរ និងភាសារបស់ប្រជាជនក្នុងអាណាខេត្តនីមួយៗ ដើម្បីអោយប្ដីៗទាំងអស់ ធ្វើជាមេលើគ្រួសាររបស់ខ្លួន ហើយគ្រួសារនោះត្រូវនិយាយភាសាកំណើតរបស់ប្ដី។
ជំពូកទី ២
នាងអេសធែរឡើងធ្វើជាព្រះមហាក្សត្រិយានី
១ ក្រោយហេតុការណ៍ទាំងនោះមក ព្រះចៅស៊ែរសេសស្ងប់ព្រះពិរោធ ស្ដេចនឹកដល់ព្រះនាងវ៉ាសធី និងអំពើដែលព្រះនាងប្រព្រឹត្ត ព្រមទាំងសេចក្ដីសំរេចរបស់ស្ដេចចំពោះព្រះនាង។ ២ ពួករាជបំរើទូលស្ដេចថា៖ «សូមអោយគេរកស្ត្រីព្រហ្មចារី ដែលមានរូបឆោមស្រស់ស្អាតបំផុត យកមកថ្វាយព្រះករុណា។ ៣ សូមព្រះករុណាចេញបញ្ជា អោយពួកមន្ត្រី ដែលស្ថិតនៅតាមអាណាខេត្តទាំងអស់ក្នុងរាជាណាចក្រ ទទួលបន្ទុកប្រមូលស្ត្រីព្រហ្មចារី ដែលនៅក្មេង ហើយមានរូបឆោមស្រស់ស្អាត យកមកដាក់នៅវិមានស្ត្រីក្នុងរាជធានីស៊ូសា។ សូមអោយលោកហេកេ ដែលជាមហាតលិករបស់ព្រះករុណា និងជាអ្នកថែរក្សាពួកស្ត្រី មើលថែទាំនាងទាំងនោះ ព្រមទាំងផ្ដល់គ្រឿងសំអាងកាយផង។ ៤ ព្រះករុណាសព្វព្រះហឫទ័យ នឹងស្ត្រីក្រមុំណា នាងនោះនឹងឡើងធ្វើជាព្រះមហាក្សត្រិយានីជំនួសព្រះនាងវ៉ាសធី»។ ព្រះរាជាគាប់ព្រះហឫទ័យ ហើយសំរេចតាមសំណើនេះ។
៥ នៅរាជធានីស៊ូសា មានជនជាតិយូដាមួយរូបឈ្មោះ ម៉ាដេកាយ ជាកូនរបស់លោកយ៉ាអៀរ ជាពូជពង្សរបស់លោកស៊ីម៉ាយ និងលោកគីស ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ ៦ លោកត្រូវគេកៀរមកពី ក្រុងយេរូសាឡឹមជាមួយឈ្លើយសឹកឯទៀតៗ ដែលព្រះចៅនេប៊ូកានេសារជាស្ដេចស្រុកបាប៊ីឡូន បានចាប់យកមកជាមួយព្រះបាទយេកូនីយ៉ា ជាស្ដេចស្រុកយូដា។ ៧ នៅគ្រានោះលោកជាអ្នក អាណាព្យាបាលរបស់នាងហាដាសា គឺនាងអេសធែរ ដែលជាកូនស្រីរបស់ឪពុកមាលោក។ នាងអេសធែរគ្មានឪពុកម្ដាយទេ នាងជាស្ត្រីក្រមុំដែលមានរូបឆោមស្រស់ស្អាតបំផុត។ ពេលឪពុកម្ដាយរបស់នាងស្លាប់អស់ទៅ លោកម៉ាដេកាយបានយកនាងមកចិញ្ចឹម ទុកដូចជាកូន។
៨ នៅពេល ស្ដេចចេញរាជបញ្ជា និងរាជក្រឹត្យរួចហើយ គេប្រមូលបានស្ត្រីក្រមុំជាច្រើនមកទុកនៅរាជធានីស៊ូសា អោយលោកហេកេមើលថែទាំ។ គេក៏បាននាំនាងអេសធែរមកក្នុងព្រះបរមរាជវាំង ហើយប្រគល់អោយលោកហេកេ ជាអ្នកថែរក្សាពួកស្ត្រីមើលថែទាំដែរ។ ៩ លោកហេកេពេញចិត្តនឹង នាង ហើយមានចិត្តសន្ដោសចំពោះនាង។ លោកយកចិត្តទុកដាក់ប្រគល់គ្រឿងសំអាងកាយ និងអ្វីៗដ៏ចាំបាច់ដល់នាង ព្រមទាំងនាំភីលៀងប្រាំពីរនាក់ ដែលជ្រើសរើសពីចំណោមពួកភីលៀងក្នុងរាជវាំង អោយនៅបំរើនាងផង។ លោកប្រគល់បន្ទប់ដ៏ល្អជាងគេក្នុងវិមានស្ត្រីអោយនាង និងពួកភីលៀងដែលនៅជាមួយនាង។ ១០ នាងអេសធែរពុំបាន ប្រាប់អោយនរណាដឹង អំពីជាតិសាសន៍ និងដើមកំណើតរបស់នាងទេ ដ្បិតលោកម៉ាដេកាយបានហាមនាងប្រាប់អោយគេដឹង។ ១១ រៀងរាល់ថ្ងៃលោក ម៉ាដេកាយតែងតែទៅអើតមើល នៅក្បែរវិមានស្ត្រី ដើម្បីចង់បានដំណឹងពីនាងអេសធែរ ហើយចង់ដឹងថា គេប្រព្រឹត្តចំពោះនាងបែបណា។
១២ ស្ត្រី ក្រមុំនៅក្នុងវិមានស្ត្រី ត្រូវរៀបចំខ្លួនដប់ពីរខែ មុននឹងដល់វេនចូលគាល់ព្រះចៅស៊ែរសេស។ ពួកនាងត្រូវសំអាងកាយជាមួយប្រេងទេព្វិរូចំនួនប្រាំមួយខែ ហើយប្រាំមួយខែទៀតជាមួយប្រេងក្រអូប និងគ្រឿងសំអាងកាយផ្សេងៗសំរាប់ស្ត្រី ស្របតាមពិធីការដែលមានចែងទុក។ ១៣ ពេលនាងត្រូវចូលទៅគាល់ស្ដេច នាងចង់យកអ្វីជាប់ជាមួយខ្លួនពីវិមានស្ត្រីទៅរាជវាំង គេប្រគល់អោយទាំងអស់។ ១៤ នាងទៅគាល់ស្ដេចនៅ ពេលល្ងាច លុះព្រលឹមឡើងនាងទៅនៅក្នុងវិមានមួយទៀត ដែលស្ថិតនៅក្រោមការថែទាំរបស់លោកសាសកាស ជាមហាតលិករបស់ស្ដេច និងជាអ្នកថែរក្សាក្រុមមហេសី។ នាងគ្មានសិទ្ធិវិលមករកស្ដេចវិញទេ លើកលែងតែស្ដេចចង់បាននាង ហើយហៅនាងចំឈ្មោះ។
១៥ លុះដល់ វេននាងត្រូវចូលគាល់ស្ដេច នាងអេសធែរ ជាកូនរបស់លោកអប៊ីកាអ៊ីន ដែលត្រូវជាឪពុកមារបស់លោកម៉ាដេកាយ ហើយលោកម៉ាដេកាយ បានយកនាងមកចិញ្ចឹម នាងអេសធែរពុំបានទាមទារសុំអ្វី ក្រៅពីរបស់ដែលលោកហេកេ ជាមហាតលិករបស់ស្ដេច និងជាអ្នកថែរក្សាពួកស្ត្រី ប្រគល់អោយនោះឡើយ។ នាងអេសធែរជាស្ត្រីម្នាក់ដែលគេស្រឡាញ់រាប់អានគ្រប់ៗគ្នា។ ១៦ គេបានមកនាំនាងយក ទៅថ្វាយព្រះចៅស៊ែរសេសនៅព្រះបរមរាជវាំង នាខែទីដប់ គឺខែបុស្សក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលរបស់ស្ដេច។ ១៧ ព្រះរាជាស្រឡាញ់នាង អេសធែរលើសស្ត្រីឯទៀតៗ ស្ដេចគាប់ព្រះហឫទ័យនឹងនាង ហើយមានព្រះហឫទ័យសន្ដោសចំពោះនាង លើសស្ត្រីក្រមុំព្រហ្មចារីឯទៀតៗ។ ពេលនោះ ស្ដេចក៏បំពាក់មកុដរាជ្យលើនាង ហើយលើកនាងធ្វើជាព្រះមហាក្សត្រិយានី ជំនួសព្រះនាងវ៉ាសធី។ ១៨ ក្នុងឱកាសអភិសេក ព្រះនាងអេសធែរ ព្រះរាជាបានរៀបចំពិធីជប់លៀងមួយយ៉ាងធំ សំរាប់ពួកមេដឹកនាំ និងពួកមន្ត្រី។ ស្ដេចប្រកាសថ្ងៃឈប់សំរាកនៅតាមអាណាខេត្តទាំងអស់ ព្រមទាំងចែកអំណោយទាន ដោយព្រះហឫទ័យទូលំទូលាយ។
១៩ នៅគ្រាដែលគេប្រមូលស្ត្រីព្រហ្មចារីជាលើកទីពីរ លោកម៉ាដេកាយមានមុខងារក្នុងក្រុមអ្នកយាមរាជវាំង។ ២០ មកទល់ពេលនោះព្រះនាង អេសធែរពុំទាន់ប្រាប់អោយនរណាដឹង អំពីជាតិសាសន៍ និងដើមកំណើតរបស់ព្រះនាងទេ គឺព្រះនាងធ្វើតាមពាក្យដែលលោកម៉ាដេកាយបង្គាប់ ក្នុងកាលដែលព្រះនាងស្ថិតនៅក្រោមអាណាព្យាបាលរបស់គាត់នៅឡើយ។
២១ នៅគ្រានោះ គឺគ្រាដែលលោកម៉ាដេកាយធ្វើការក្នុងក្រុមយាមទ្វាររាជវាំង មានមហាតលិកពីរនាក់ដែលជាអ្នករក្សាទ្វារបន្ទប់របស់ស្ដេច គឺលោកប៊ីគតាន និងលោកតេរ៉េសមានកំហឹងជាខ្លាំង ហើយប៉ុនប៉ងធ្វើគុតព្រះចៅស៊ែរសេស។ ២២ លោកម៉ាដេកាយដឹង គំរោងការរបស់ពួកគេ លោកក៏បញ្ជូនដំណឹងទៅព្រះនាងអេសធែរ ហើយព្រះនាងអេសធែរក៏យកទៅទូលស្ដេចក្នុងនាមលោកម៉ាដេកាយ។ ២៣ គេបានធ្វើអង្កេតរឿង នេះឃើញថាជាការពិតមែន គេក៏ព្យួរក មហាតលិកទាំងពីរនៅលើបង្គោលមួយ។ ហេតុការណ៍នេះមានកត់ត្រាទុកនៅចំពោះព្រះភក្ត្រស្ដេច ក្នុងសៀវភៅប្រវត្តិសាស្ត្រ។
ជំពូកទី ៣
លោកហាម៉ាន់ទូលសូមអោយស្ដេចធ្វើទោសជនជាតិយូដា
១ ក្រោយហេតុការណ៍ទាំងនោះមក ព្រះរាជាបានតែងតាំងលោកហាម៉ាន់ ជាកូនរបស់លោកហាមេដាតា ដែលជាពូជពង្សរបស់ស្ដេចអកាក់ អោយធ្វើជាមហាមន្ត្រី និងជាប្រមុខលើមេដឹកនាំទាំងអស់។ ២ ព្រះរាជាបានចេញបញ្ជា អោយរាជបំរើទាំងអស់ ដែលប្រចាំការនៅមាត់ទ្វារវាំងអោនគោរព និងថ្វាយបង្គំលោកហាម៉ាន់ តែលោកម៉ាដេកាយពុំព្រមអោនគោរព ឬថ្វាយបង្គំលោកហាម៉ាន់ទេ។ ៣ ពួករាជបំរើដែលប្រចាំ ការនៅមាត់ទ្វារវាំង ពោលទៅកាន់លោកម៉ាដេកាយថា៖ «ហេតុអ្វីបានជាអ្នកមិនធ្វើតាមបញ្ជារបស់ស្ដេច?»។ ៤ ពួកគេតែងតែសួរលោកបែប នេះជារៀងរាល់ថ្ងៃ ប៉ុន្តែ លោកមិនស្ដាប់ពួកគេឡើយ។ លោកបានប្រាប់ពួកគេថា លោកជាជនជាតិយូដា។ ដូច្នេះ ពួកគេក៏រាយការណ៍ប្រាប់លោកហាម៉ាន់ ព្រោះចង់ដឹងថា តើលោកម៉ាដេកាយនៅតែប្រកាន់ជំហរបែបនេះ ឬយ៉ាងណា។ ៥ ពេលលោកហាម៉ាន់ឃើញលោកម៉ាដេកាយពុំព្រមអោនគោរព ឬថ្វាយបង្គំលោកទេនោះ លោកខឹងជាខ្លាំង។ ៦ មានគេជំរាបលោកហាម៉ាន់ ថា លោកម៉ាដេកាយ ជាជនជាតិយូដា ដូច្នេះ លោកហាម៉ាន់ក៏យល់ថា នេះជាមូលហេតុមួយ ដែលត្រូវតែកំចាត់លោកម៉ាដេកាយចោល។ លោកក៏រកមធ្យោបាយលុបបំបាត់ជនជាតិយូដា ជាជនរួមជាតិរបស់លោកម៉ាដេកាយ អោយវិនាសសូន្យពីរាជាណាចក្ររបស់ព្រះចៅស៊ែរសេស។ ៧ នៅខែទីមួយ គឺខែចេត្រ ក្នុងឆ្នាំទីដប់ពីរនៃរជ្ជកាលព្រះចៅស៊ែរសេស គេបានបោះពួរីម*នៅចំពោះមុខលោកណាម៉ាន ដើម្បីផ្សងមើលថា តើថ្ងៃណា ខែណាជាវេលាល្អ។ ពួរីមនោះប៉ះចំលើខែទីដប់ពីរ ឬខែផល្គុន។
៨ លោកហាម៉ាន់ ទូលព្រះចៅស៊ែរសេសថា៖ «មានជាតិសាសន៍មួយខុសពីជាតិសាសន៍ឯទៀតៗ ពួកគេរស់នៅក្នុងចំណោមជាតិសាសន៍ និងអាណាខេត្តទាំងប៉ុន្មាននៃរាជាណាចក្ររបស់ព្រះករុណា ពួកគេមានទំនៀមទម្លាប់ខុសប្លែកពីជាតិសាសន៍ដទៃ ហើយមិនគោរពច្បាប់របស់ព្រះករុណាទេ។ ហេតុនេះ មិនគួរព្រះករុណាទុកអោយពួកគេរស់នៅដោយសុខសាន្តឡើយ។ ៩ ប្រសិនបើព្រះករុណាសព្វ ព្រះហឫទ័យ សូមចេញបញ្ជាដើម្បីប្រល័យជីវិតពួកគេទៅ។ ទូលបង្គំនឹងថ្លឹងប្រាក់បីរយតោន អោយពួករាជការយកទៅដាក់ក្នុងឃ្លាំងរាជ្យទ្រព្យ»។ ១០ ព្រះរាជាក៏ដោះ ព្រះទំរង់ដែលជាត្រា ហុចទៅអោយលោកណាម៉ាន់ជាកូនរបស់លោកហាមេដាតា និងជាពូជពង្សរបស់ស្ដេចអកាក់បច្ចាមិត្តរបស់ជនជាតិយូដា។ ១១ ស្ដេចមានរាជឱង្ការទៅ កាន់លោកហាម៉ាន់ថា៖ «ចូរទុកប្រាក់របស់លោកចុះ រីឯជាតិសាសន៍នោះវិញ យើងប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់លោកហើយ ចូរប្រព្រឹត្តចំពោះពួកគេតាមតែលោកយល់ឃើញ!»។ ១២ នៅថ្ងៃទីបីក្នុងខែ ទីមួយ គេបានកោះហៅពួកស្មៀនហ្លួងមក អោយសរសេរបញ្ជាទាំងប៉ុន្មានរបស់លោកហាម៉ាន់ សំរាប់ផ្ញើជូនពួកមេបញ្ជាការកងទ័ព ពួកទេសាភិបាលអាណាខេត្ត និងមេដឹកនាំរបស់ជាតិសាសន៍នានា។ លិខិតនោះសរសេរតាមអក្សររបស់អាណាខេត្តនីមួយៗ និងតាមភាសារបស់ជាតិសាសន៍នីមួយៗ ក្នុងនាមព្រះចៅស៊ែរសេស ព្រមទាំងមានប្រថាប់ត្រាព្រះរាជាទៀតផង។ ១៣ គេចាត់អ្នកនាំសារ អោយយកលិខិតទាំងនោះ ទៅគ្រប់អាណាខេត្តរបស់ព្រះរាជា បញ្ជាអោយប្រល័យពូជសាសន៍យូដាទាំងអស់ ទាំងក្មេងប្រុស ទាំងមនុស្សចាស់ជរា ទាំងទារកដែលនៅបៅ ទាំងស្ត្រី ហើយរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេ។ ត្រូវប្រហារជីវិតពួកគេអោយវិនាសសូន្យក្នុងថ្ងៃតែមួយ គឺថ្ងៃទីដប់បីក្នុងខែទីដប់ពីរ ដែលត្រូវនឹងខែផល្គុន។ ១៤ អាណាខេត្តនីមួយៗទទួល រាជក្រឹត្យមួយច្បាប់ សំរាប់ប្រកាសជាសាធារណៈ ដើម្បីអោយប្រជាជនទាំងអស់ត្រៀមខ្លួនជាស្រេច នៅថ្ងៃនោះ។ ១៥ ពួកអ្នកនាំសារ ប្រញាប់ប្រញាល់ចាកចេញទៅតាមបញ្ជារបស់ស្ដេច។ គេក៏បានប្រកាសរាជក្រឹត្យនេះនៅក្រុងស៊ូសា ជារាជធានីដែរ។ ពេលនោះ ព្រះរាជាគង់សោយសុរាជាមួយលោកហាម៉ាន់ តែមានសំរែកយំសោកពាសពេញក្រុងស៊ូសា។
ជំពូកទី ៤
លោកម៉ាដេកាយសុំអន្តរាគមន៍ពីព្រះនាងអេសធែរ ជនជាតិយូដានាំគ្នាតមអាហារ
១ កាលលោកម៉ាដេកាយជ្រាប ដំណឹងនេះ លោកហែកសម្លៀកបំពាក់ហើយស្លៀកបាវ និងរោយផេះលើក្បាល។ លោកដើរកាត់ទីក្រុងទាំងស្រែកយំយ៉ាងជូរចត់។ ២ លោកទៅឈរទល់មុខនឹងមាត់ទ្វាររាជវាំង ដ្បិតលោកមិនអាចចូលទៅក្នុងបាន ដោយស្លៀកបាវបែបនេះឡើយ។ ៣ នៅតាមអាណាខេត្តនីមួយៗ ពេលគេបានទទួលលិខិត និងរាជក្រឹត្យហើយ ជនជាតិយូដានាំគ្នាកាន់ទុក្ខយ៉ាងខ្លាំង។ ពួកគេតមអាហារ យំសោកសង្រេង ហើយមានពួកគេជាច្រើននាំគ្នាស្លៀកបាវដេកនៅក្នុងផេះ។
៤ ពួកស្ត្រីបំរើ និងមហាតលិករបស់ព្រះនាងអេសធែរបាននាំដំណឹងនេះមកទូលថ្វាយព្រះនាង ហើយព្រះមហាក្សត្រិយានីរន្ធត់ព្រះហឫទ័យពន់ប្រមាណ។ ព្រះនាងអោយគេយកសម្លៀកបំពាក់ទៅជូនលោកម៉ាដេកាយ ជំនួសបាវដែលលោកស្លៀកជាប់នឹងខ្លួន តែលោកម៉ាដេកាយពុំព្រមទេ។ ៥ ពេលនោះ ព្រះនាងអេសធែរបានហៅលោកហាថាក់ ជាមហាតលិកដែលព្រះរាជាអោយមកនៅបំរើព្រះនាង។ ព្រះនាងបញ្ជាគាត់អោយទៅសួរលោកម៉ាដេកាយ អំពីមូលហេតុដែលជំរុញអោយលោកធ្វើបែបនេះ។ ៦ លោកហាថាក់ក៏ទៅជួបលោកម៉ាដេកាយនៅទីលានក្រុង ដែលស្ថិតនៅទល់មុខនឹងមាត់ទ្វាររាជវាំង។ ៧ លោកម៉ាដេកាយរៀបរាប់ ប្រាប់គាត់អំពីហេតុការណ៍ទាំងអស់ដែលកើតមាន ព្រមទាំងពន្យល់យ៉ាងលំអិតអំពីរឿងប្រាក់ដែលលោកហាម៉ាន់ បានសន្យាបញ្ចូលទៅក្នុងឃ្លាំងរាជទ្រព្យ ប្រសិនបើស្ដេចចេញបញ្ជាអោយគេប្រល័យជីវិតជនជាតិយូដា។ ៨ លោកក៏បានប្រគល់ រាជក្រឹត្យមួយច្បាប់ ដែលគេចេញផ្សាយនៅក្រុងស៊ូសា ស្ដីអំពីការប្រល័យពូជសាសន៍យូដាអោយលោកហាថាក់ ដើម្បីគាត់យកទៅថ្វាយព្រះនាងអេសធែរ ព្រមទាំងរៀបរាប់ហេតុការណ៍នេះថ្វាយព្រះនាងផង។ លោកក៏បានសូមអោយព្រះនាងចូលទៅគាល់ព្រះរាជា ដើម្បីសូមការប្រណីសន្ដោស និងទូលអង្វរព្រះរាជា សំរាប់ជាតិសាសន៍របស់ព្រះនាង។ ៩ លោកហាថាក់ក៏នាំពាក្យទាំងប៉ុន្មានរបស់លោកម៉ាដេកាយ ទៅទូលព្រះនាងអេសធែរ។ ១០ ព្រះនាងប្រាប់លោកហាថាក់អោយទៅជំរាបលោកម៉ាដេកាយវិញថា៖ ១១ «ពួករាជបំរើ និងប្រជាជននៅក្នុងអាណាខេត្តរបស់ស្ដេច សុទ្ធតែដឹងថាបុរស ឬស្ត្រីណាដែលហ៊ានចូលទៅគាល់ស្ដេច នៅសាលខាងក្នុងរាជដំណាក់ ដោយស្ដេចមិនបានត្រាស់ហៅនោះ នឹងមានទោសដល់ស្លាប់ ស្របតាមច្បាប់ដែលមានចែងទុកសំរាប់មនុស្សទួទៅ។ ប៉ុន្តែ បើព្រះរាជាហុចដំបងរាជ្យធ្វើពីមាសអោយនោះ ទើបរួចជីវិត។ ចំពោះខ្ញុំវិញ ព្រះរាជាមិនបានហៅខ្ញុំអោយចូលគាល់ អស់រយៈពេលមួយខែមកហើយ»។ ១២ គេក៏នាំរាជសវនីយ៍របស់ព្រះនាងអេសធែរ ទៅជំរាបលោកម៉ាដេកាយ។
១៣ លោកម៉ាដេកាយ អោយគេនាំពាក្យ ទៅទូលព្រះនាងអេសធែរវិញថា៖ «បពិត្រព្រះមហាក្សត្រិយានី សូមកុំនឹកស្មានថា ព្រះនាងអាចគេចផុតពីសេចក្ដីវិនាស ដែលនឹងកើតមានចំពោះជនជាតិយូដាទាំងអស់ឡើយ។ ១៤ ប្រសិនបើព្រះនាងសំងំ ស្ងៀមនៅពេលនេះ ជនជាតិយូដាមុខតែទទួលជំនួយ និងរួចជីវិត តាមមធ្យោបាយមួយផ្សេងទៀត រីឯព្រះនាងវិញ ព្រះនាងនឹងវិនាសផុតពូជ។ ក៏ប៉ុន្តែ តើនរណាដឹង ព្រះនាងបានឡើងធ្វើជាព្រះមហាក្សត្រិយានីដូច្នេះ ប្រហែលជាដើម្បីសង្គ្រោះជនជាតិយូដា នៅពេលនេះហើយមើលទៅ!»។ ១៥ ពេលនោះ ព្រះនាងអេសធែរ ចាត់គេអោយទៅជំរាបលោកម៉ាដេកាយថា៖ ១៦ «សូមអញ្ជើញទៅប្រមូល ជនជាតិយូដាទាំងអស់នៅក្រុងស៊ូសា អោយតមអាហារសំរាប់ខ្ញុំ ក្នុងរវាងបីថ្ងៃ គឺទាំងថ្ងៃ ទាំងយប់ មិនត្រូវបរិភោគ ឬផឹកអ្វីឡើយ។ រីឯខ្ញុំ និងស្ត្រីបំរើរបស់ខ្ញុំក៏តមអាហារដែរ។ ខ្ញុំនឹងទៅគាល់ស្ដេចទោះបីខុសច្បាប់ក៏ដោយ បើខ្ញុំត្រូវវិនាស នោះអោយវិនាសទៅចុះ»។ ១៧ លោកម៉ាដេកាយចាកចេញទៅ ហើយធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះនាងអេសធែរបង្គាប់។
ជំពូកទី ៥
ព្រះនាងអេសធែរចូលគាល់ស្ដេច
១ លុះដល់ថ្ងៃទីបី ព្រះនាងអេសធែរទ្រង់គ្រឿងសំរាប់ព្រះមហាក្សត្រិយានី យាងចូលទៅគាល់ស្ដេចនៅសាលខាងក្នុងរាជដំណាក់ ដែលនៅទល់មុខនឹងដំណាក់ឯទៀតៗ។ ពេលនោះ ព្រះរាជាគង់នៅលើបល្ល័ង្ក ដែលស្ថិតនៅចំពីមុខទ្វារចូល។ ២ ពេលព្រះរាជាទតឃើញ ព្រះមហាក្សត្រិយានីឈរនៅក្នុងសាលនោះ ស្ដេចក៏មានព្រះហឫទ័យមេត្តាករុណាភ្លាម។ ស្ដេចហុចដំបងមាសថ្វាយព្រះនាងអេសធែរ ព្រះនាងអេសធែរចូលទៅជិត ហើយពាល់ចុងដំបងនោះ។ ៣ ស្ដេចមានរាជឱង្ការថា៖ «មហាក្សត្រិយានីអេសធែរអើយ តើព្រះនាងមានការអ្វី? ព្រះនាងចង់បានអ្វី យើងប្រទានអោយទាំងអស់ គឺទោះបីមានតម្លៃមួយចំហៀងនគរក៏ដោយ»។ ៤ ព្រះនាងអេសធែរទូលស្ដេច ថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមព្រះករុណាយាងទៅចូលរួមក្នុងពិធីជប់លៀង ដែលខ្ញុំម្ចាស់រៀបចំនៅថ្ងៃនេះ ហើយខ្ញុំម្ចាស់ក៏សូមអញ្ជើញលោកហាម៉ាន់ដែរ»។ ៥ ព្រះរាជាចេញបញ្ជាអោយ គេហៅលោកហាម៉ាន់ទៅចូលរួមក្នុងពិធីជប់លៀង តាមការអញ្ជើញរបស់ព្រះនាងអេសធែរ។ បន្ទាប់មកព្រះរាជា និងលោកហាម៉ាន់ ក៏យាង និងអញ្ជើញទៅចូលរួមក្នុងពិធីជប់លៀងដែលព្រះនាងអេសធែរបានរៀបចំ។ ៦ ក្នុងពេលសោយសុរា ព្រះរាជាមានរាជឱង្ការទៅកាន់ព្រះនាងអេសធែរថា៖ «តើមហាក្សត្រិយានីចង់បានអ្វី? យើងនឹងប្រទានតាមសំណូមពរទាំងអស់ គឺទោះបីមានតម្លៃមួយចំហៀងនគរក៏ដោយ ក៏យើងប្រទានអោយដែរ»។ ៧ ព្រះនាងអេសធែរទូលស្ដេចវិញថា៖ «តើព្រះករុណាចង់ជ្រាបពីសំណូមពរ ដែលខ្ញុំម្ចាស់ចង់បានឬ? ៨ ប្រសិនបើព្រះករុណាសព្វ ព្រះហឫទ័យឆ្លើយតបនឹងសំណូមពររបស់ខ្ញុំម្ចាស់មែន សូមព្រះករុណាព្រមទាំងលោកហាម៉ាន់ ស្ដេចយាង និងអញ្ជើញមកចូលរួមក្នុងពិធីជប់លៀង ដែលខ្ញុំម្ចាស់រៀបចំនៅថ្ងៃស្អែក។ ពេលនោះ ខ្ញុំម្ចាស់ទូលថ្វាយព្រះករុណា អំពីសំណូមពររបស់ខ្ញុំម្ចាស់»។
៩ ថ្ងៃនោះ លោកហាម៉ាន់ចាកចេញទៅដោយមានចិត្តត្រេកអរសប្បាយរកអ្វីប្រៀបស្មើ ពុំបាន។ លោកឃើញលោកម៉ាដេកាយនៅមាត់ទ្វារវាំង តែលោកម៉ាដេកាយពុំព្រមក្រោកឈរ ដើម្បីធ្វើគារវកិច្ចចំពោះលោកទេ។ ដូច្នេះ លោកហាម៉ាន់ខឹងនឹងលោកម៉ាដេកាយជាខ្លាំង។ ១០ លោកទប់ចិត្តហើយវិលត្រឡប់ទៅផ្ទះវិញ។ លោកបានអោយគេហៅមិត្តភក្ដិជិតស្និទ្ធ និងលោកស្រីសេរ៉េស ជាភរិយាមកជួប។ ១១ លោកហាម៉ាន់អួតប្រាប់ ពួកគេអំពីទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភរបស់លោក ព្រមទាំងចំនួនកូនប្រុសដែលលោកមាន និងកិត្តិយសទាំងប៉ុន្មាន ដែលស្ដេចប្រទានអោយលោកធ្វើជាប្រមុខលើមេដឹកនាំ និងនាម៉ឺនសព្វមុខមន្ត្រីរបស់ស្ដេច។ ១២ លោកពោលទៀតថា៖ «ក្រៅពីព្រះរាជា និងរូបខ្ញុំផ្ទាល់ ព្រះមហាក្សត្រិយានីអេសធែរពុំបានអញ្ជើញអ្នកណាផ្សេងទៀត អោយទៅចូលរួមក្នុងពិធីជប់លៀងដែលព្រះនាងរៀបចំនោះឡើយ។ នៅថ្ងៃស្អែក ព្រះនាងក៏បានអញ្ជើញខ្ញុំទៅជប់លៀងជាមួយព្រះរាជាទៀត។ ១៣ ទោះបីមានកិត្តិយស យ៉ាងនេះក្ដី ក៏ខ្ញុំមិនសប្បាយចិត្តដែរ ដរាបណាខ្ញុំនៅតែឃើញម៉ាដេកាយជាជនជាតិយូដាប្រចាំការនៅមាត់ ទ្វារវាំង»។ ១៤ លោកស្រីសេរ៉េសជា ភរិយា ព្រមទាំងមិត្តភក្ដិជិតស្និទ្ធរបស់លោកពោលថា៖ «ចូរអោយគេដំឡើងបង្គោលមួយ កំពស់ហាសិបហត្ថ ហើយស្អែកលោកទូលសូមព្រះរាជាព្យួរកម៉ាដេកាយទៅ។ ដូច្នេះ លោកអាចទៅចូលរួមក្នុងពិធីជប់លៀងជាមួយព្រះរាជា ដោយអំណរសប្បាយ»។ សំណើនេះពេញចិត្តលោកហាម៉ាន់ណាស់ លោកក៏អោយគេដំឡើងបង្គោល។
ជំពូកទី ៦
លោកម៉ាដេកាយទទួលកិត្តិយស
១ នៅយប់នោះព្រះរាជាផ្ទំ មិនលក់ ស្ដេចបញ្ជា អោយគេយកសៀវភៅ ដែលមានកត់ត្រាព្រឹត្តិការណ៍ផ្សេងៗមក គឺសៀវភៅប្រវត្តិសាស្ត្រ ហើយគេក៏អានថ្វាយស្ដេច។ ២ គេអានត្រង់កន្លែងលោក ម៉ាដេកាយវែកមុខមហាតលិកពីររូប ជាអ្នកយាមទ្វារបន្ទប់របស់ស្ដេចគឺលោកប៊ីគតាន និងលោកតេរ៉េស ដែលប៉ុនប៉ងធ្វើគុតព្រះចៅស៊ែរសេស។ ៣ ព្រះរាជាក៏សួរថា៖ «តើគេបានលើកកិត្តិយស និងដំឡើងបុណ្យស័ក្ដិ ដើម្បីសងគុណលោកម៉ាដេកាយឬទេ?»។ ពួកមន្ត្រីទូលស្ដេចថា៖ «គ្មានទាល់តែសោះ ក្រាបទូល»។ ៤ ព្រះរាជាមានរាជឱង្ការ សួរថា៖ «នរណាដើរនៅក្នុងសាលរាជដំណាក់?»។ ពេលនោះ លោកហាម៉ាន់ចូលមកដល់សាលខាងក្រៅដំណាក់របស់ព្រះរាជា ដើម្បីទូលសូមស្ដេចព្យួរ ក លោកម៉ាដេកាយ នៅលើបង្គោលដែលលោកបានដំឡើង។ ៥ ពួករាជបំរើទូលស្ដេចថា៖ «គឺលោកហាម៉ាន់ឈរនៅក្នុងសាល»។ ព្រះរាជាមានរាជឱង្ការថា៖ «អោយលោកចូលមកចុះ!»។ ៦ លោកហាម៉ាន់ក៏ចូលមក ហើយព្រះរាជាសួរលោកថា៖ «តើគួរប្រព្រឹត្តដូចម្ដេច ចំពោះអ្នកដែលស្ដេចចង់ផ្ដល់កិត្តិយសអោយ?»។ លោកហាម៉ាន់គិតក្នុងចិត្តថា «ក្រៅពីខ្ញុំគ្មាននរណាផ្សេងទៀត ដែលស្ដេចចង់ផ្ដល់កិត្តិយសអោយនោះឡើយ!»។ ៧ លោកហាម៉ាន់ក៏ទូលស្ដេចថា៖ «អ្នកដែលព្រះរាជាសព្វព្រះហឫទ័យផ្ដល់កិត្តិយសនោះ ៨ ត្រូវអោយគេយកព្រះភូសា របស់ព្រះរាជាមកបំពាក់ជូន រួចយកសេះជាជំនិះរបស់ព្រះរាជា គឺសេះដែលមានភួងរាជ្យនៅលើក្បាលផងនោះ មកអោយគាត់ជិះ។ ៩ សូមចាត់មន្ត្រីម្នាក់ របស់ព្រះករុណា អោយយកព្រះភូសាទៅបំពាក់ជូនបុរសនោះ ហើយអោយគាត់ឡើងជិះសេះរបស់ព្រះករុណា រួចដង្ហែតាមផ្លូវក្នុងទីក្រុង ទាំងស្រែកប្រកាសនៅពីមុខគាត់ថា ព្រះរាជាប្រព្រឹត្តបែបនេះចំពោះអ្នកដែលស្ដេចសព្វព្រះហឫទ័យផ្ដល់ កិត្តិយស!»។ ១០ ព្រះរាជាមានរាជឱង្ការ ទៅកាន់លោកហាម៉ាន់ថា៖ «បើដូច្នេះសុំលោកប្រញាប់យកព្រះភូសាទៅបំពាក់ជូនលោកម៉ាដេកាយ ជាជនជាតិយូដា ដែលប្រចាំការនៅមាត់ទ្វាររាជវាំង ហើយអោយគាត់ឡើងជិះសេះ ដូចលោកមានប្រសាសន៍ចុះ! ចូរប្រព្រឹត្តចំពោះគាត់ អោយបានដូចពាក្យរបស់លោក ឥតចន្លោះត្រង់ណាឡើយ»។ ១១ លោកហាម៉ាន់ក៏យក ព្រះភូសាទៅបំពាក់ជូនលោកម៉ាដេកាយ ហើយអោយលោកឡើងជិះសេះ ដង្ហែកាត់តាមផ្លូវនានានៅក្នុងទីក្រុងទាំងប្រកាសថា «ព្រះរាជាប្រព្រឹត្តបែបនេះ ចំពោះអ្នកដែលស្ដេចសព្វព្រះហឫទ័យផ្ដល់កិត្តិយស!»។ ១២ បន្ទាប់មក លោកម៉ាដេកាយវិលត្រឡប់ទៅប្រចាំការនៅមាត់ទ្វាររាជវាំង រីឯលោកហាម៉ាន់ក៏ប្រញាប់វិលត្រឡប់ទៅផ្ទះវិញទាំងមួហ្មង និងបាក់មុខយ៉ាងខ្លាំង។ ១៣ លោកហាម៉ាន់រៀបរាប់ ប្រាប់លោកស្រីសេរ៉េស ជាភរិយា និងមិត្តភក្ដិជិតស្និទ្ធអំពីហេតុការណ៍ដែលកើតមានចំពោះលោក។ ទីប្រឹក្សារបស់លោក ព្រមទាំងលោកស្រីសេរ៉េសជាភរិយា ពោលទៅកាន់លោកថា៖ «ម៉ាដេកាយដែលលោកកំពុងតែចាញ់ប្រៀបនោះ ជាសាសន៍យូដា ដូច្នេះ លោកពុំអាចតទល់នឹងគាត់បានឡើយ គឺលោកមុខជាចាញ់ប្រៀបគាត់រហូតមិនខាន»។ ១៤ អ្នកទាំងនោះនិយាយ មិនទាន់ផុតពីមាត់ផង ស្រាប់តែពួកមហាតលិករបស់ស្ដេចចូលមកដល់ ហើយរូតរះនាំលោកហាម៉ាន់ទៅចូលរួមក្នុងពិធីជប់លៀងដែលព្រះនាងអេសធែរ បានរៀបចំ។
ជំពូកទី ៧
លោកហាម៉ាន់ទទួលទោសដល់ស្លាប់
១ ព្រះរាជា និងលោកហាម៉ាន់ បានទៅដល់ ហើយជប់លៀងជាមួយព្រះមហាក្សត្រិយានីអេសធែរ។ ២ នៅថ្ងៃទីពីរនោះទៀត ពេលកំពុងសោយសុរា ព្រះរាជាមានរាជឱង្ការទៅកាន់ព្រះនាងអេសធែរថា៖ «មហាក្សត្រិយានីអេសធែរអើយ តើព្រះនាងចង់បានអ្វី? យើងនឹងប្រទានតាមសំណូមពរទាំងអស់ គឺទោះបីមានតម្លៃមួយចំហៀងនគរក៏ដោយ ក៏យើងប្រទានអោយដែរ»។ ៣ ព្រះនាងអេសធែរទូល ព្រះរាជាថា៖ «បពិត្រព្រះរាជា ប្រសិនបើខ្ញុំម្ចាស់គាប់ព្រះហឫទ័យព្រះករុណាមែន ហើយប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ នោះសូមទ្រង់មេត្តាទុកជីវិតអោយខ្ញុំម្ចាស់ ព្រមទាំងទុកជីវិតអោយប្រជាជនរបស់ខ្ញុំម្ចាស់ តាមសំណូមពរនេះផង ៤ ដ្បិតគេបានលក់ខ្ញុំ ម្ចាស់ និងប្រជាជនរបស់ខ្ញុំម្ចាស់ ដើម្បីយកទៅប្រល័យអោយបាត់បង់ជីវិតសូន្យ! ប្រសិនបើគេលក់យើងខ្ញុំ ទាំងប្រុសទាំងស្រីជាទាសករនោះ ប្រហែលជាខ្ញុំម្ចាស់សុខចិត្តនៅស្ងៀម ព្រោះមិនចាំបាច់អោយព្រះរាជាខ្វល់ខ្វាយឡើយ»។
៥ ព្រះចៅស៊ែរសេសមានរាជឱង្ការទៅកាន់ព្រះមហាក្សត្រិយានីអេសធែរថា៖ «តើនរណាដែលមានចិត្តចង់ធ្វើបែបនេះ គេនៅឯណា?»។ ៦ ព្រះនាងអេសធែរទូលស្ដេច ថា៖ «បច្ចាមិត្តដែលចង់ធ្វើបាបយើងខ្ញុំនោះ គឺលោកហាម៉ាន់ ជាជនកំណាចនេះ!»។ ពេលនោះ លោកហាម៉ាន់ស្លុតស្មារតីនៅចំពោះព្រះភក្ត្រព្រះរាជា និងព្រះមហាក្សត្រិយានី។ ៧ ព្រះរាជាទ្រង់ព្រះពិរោធ យ៉ាងខ្លាំង ស្ដេចយាងចេញពីកន្លែងជប់លៀង ឆ្ពោះទៅឧទ្យាននៃរាជវាំង។ រីឯលោកហាម៉ាន់វិញលោកនៅទីនោះ ទូលអង្វរព្រះមហាក្សត្រិយានីអេសធែរសុំអោយបានរួចជីវិត ដ្បិតលោកឃើញយ៉ាងច្បាស់ថា ព្រះរាជាសំរេចធ្វើទោសលោកហើយ។ ៨ ព្រះរាជាវិលពីឧទ្យាន ចូលមកក្នុងសាលជប់លៀងវិញ ក្នុងពេលលោកហាម៉ាន់ក្រាបលើគ្រែ ដែលព្រះនាងអេសធែរគង់នៅលើនោះ។ ព្រះរាជាក៏ស្រែកឡើងថា៖ «ជននេះចង់រំលោភមហាក្សត្រិយានីនៅចំពោះមុខយើង ក្នុងដំណាក់នេះថែមទៀត!»។ ព្រះរាជាមានរាជឱង្ការមិនទាន់ផុតផង ពួករាជបំរើក៏យកក្រណាត់មកឃ្លុំមុខលោកហាម៉ាន់។ ៩ មហាតលិកមួយរូបឈ្មោះ លោកហាបូណាទូលព្រះរាជាថា៖ «លោកហាម៉ាន់សង់បង្គោលមួយកំពស់ហាសិបហត្ថ នៅវិមានរបស់លោក សំរាប់ព្យួរ កលោកម៉ាដេកាយជាអ្នកដែលបានរាយការណ៍ សង្គ្រោះព្រះជន្មរបស់ព្រះករុណា»។ ព្រះរាជាក៏បញ្ជាថា៖ «ចូរយកលោកហាម៉ាន់ទៅព្យួរ កនៅបង្គោលនោះទៅ»។ ១០ គេក៏ព្យួរកលោកហាម៉ាន់នៅបង្គោលដែលលោកបានរៀបចំ សំរាប់លោកម៉ាដេកាយ។ ពេលនោះ ព្រះរាជាក៏ស្ងប់ព្រះពិរោធ។
ជំពូកទី ៨
រាជក្រឹត្យអោយសន្ដោសជនជាតិយូដា
១ នៅថ្ងៃដដែលនោះ ព្រះចៅស៊ែរសេសប្រទានវិមានរបស់លោកហាម៉ាន់ ជាបច្ចាមិត្តរបស់ជនជាតិយូដាទៅអោយព្រះមហាក្សត្រិយានីអេសធែរ។ ព្រះនាងអេសធែរទូលស្ដេចអោយបានជ្រាបថា លោកម៉ាដេកាយត្រូវជាសាច់ញាតិរបស់ព្រះនាង ដូច្នេះ លោកម៉ាដេកាយក៏ចូលមកគាល់ស្ដេច។ ២ ពេលនោះ ព្រះរាជាយកត្រាព្រះទំរង់ ដែលទ្រង់បានដកហូតពីលោកហាម៉ាន់ មកប្រគល់ជូនលោកម៉ាដេកាយ។ ព្រះនាងអេសធែរក៏បានតែងតាំងលោកម៉ាដេកាយ អោយមើលខុសត្រូវលើវិមានរបស់លោកហាម៉ាន់ដែរ។
៣ ព្រះនាង អេសធែរពុំបានឈប់ត្រឹមនេះទេ គឺព្រះនាងទូលស្ដេចសាជាថ្មី ទាំងយំសោក នៅទៀបព្រះបាទារបស់ស្ដេច សូមទ្រង់អាណិតមេត្តាលុបបំបាត់ច្បាប់ដ៏អាក្រក់ ដែលលោកហាម៉ាន់ ជាពូជពង្សរបស់ស្ដេចអកាក់ បានបង្កើតក្នុងគោលបំណងប្រល័យពូជសាសន៍យូដា។ ៤ ព្រះរាជាហុចដំបងមាសទៅអោយព្រះនាងអេសធែរ ព្រះនាងអេសធែរក៏ក្រោកឈរឡើងនៅចំពោះព្រះភក្ត្រស្ដេច។ ៥ ព្រះនាងមានរាជសវនីយ៍ថា៖ «ប្រសិនបើព្រះករុណាយល់ឃើញថា ជាការល្អ និងគួរគប្បី ហើយប្រសិនបើព្រះករុណាគាប់ព្រះហឫទ័យ និងរីករាយចំពោះខ្ញុំម្ចាស់មែន សូមបញ្ជាអោយគេសរសេរលិខិតមួយ ដើម្បីប្រកាសទុកជាមោឃៈ នូវលិខិតដែលលោកហាម៉ាន់ ជាកូនរបស់លោកហាមេដាតា និងជាពូជពង្សរបស់ស្ដេចអកាក់បានចងក្រង ក្នុងគោលបំណងប្រល័យពូជសាសន៍យូដា អោយអស់ពីអាណាខេត្តទាំងប៉ុន្មានរបស់ព្រះករុណា។ ៦ ខ្ញុំម្ចាស់ពុំអាចនៅ ស្ងៀម មិនអើពើនឹងទុក្ខវេទនាដែលកើតមានដល់ប្រជាជនរបស់ខ្ញុំម្ចាស់បែប នេះបានទេ។ ពិតមែនហើយ ខ្ញុំម្ចាស់ពុំអាចនៅស្ងៀមមិនអើពើនឹងការវិនាសនៃពូជសាសន៍របស់ ខ្ញុំម្ចាស់បានឡើយ!»។
៧ ព្រះចៅស៊ែរសេសមានរាជឱង្ការ ទៅកាន់ព្រះមហាក្សត្រិយានីអេសធែរ និងលោកម៉ាដេកាយដែលជាជនជាតិយូដាថា៖ «យើង បានប្រគល់វិមានរបស់លោកហាម៉ាន់ថ្វាយព្រះនាងអេសធែរ ហើយក៏បានអោយគេព្យួរ ក លោកហាម៉ាន់នៅលើបង្គោល ព្រោះតែគាត់ចង់ធ្វើបាបជនជាតិយូដាដែរ។ ៨ ឥឡូវនេះ សូមព្រះមហាក្សត្រិយានី និងលោក រៀបរៀងរាជសារមួយ ក្នុងនាមព្រះមហាក្សត្រ ជារាជសារដែលផ្ដល់ការអនុគ្រោះដល់ជនជាតិយូដា រួចត្រូវប្រថាប់ត្រាហ្លួងផង ដ្បិតរាជបញ្ជាដែលយើងបានចេញប្រកាសផុតទៅហើយនោះ ពុំអាចប្រែប្រួលបានទេ»។ ៩ នៅថ្ងៃដដែលនោះ គឺថ្ងៃទីម្ភៃបីក្នុងខែជេស្ឋ គេក៏បានកោះហៅពួកស្មៀនហ្លួងមក ហើយប្រាប់អោយសរសេររាជសារ តាមសេចក្ដីដែលម៉ាដេកាយបង្គាប់ ផ្ញើទៅជនជាតិយូដា ពួកមេទ័ព ពួកទេសាភិបាល និងមេដឹកនាំអាណាខេត្តទាំងអស់ ចាប់ពីស្រុកឥណ្ឌារហូតដល់ស្រុកអេត្យូពី គឺមានទាំងអស់មួយរយម្ភៃប្រាំពីរអាណាខេត្ត។ រាជសារទាំងនោះសរសេរតាមអក្សររបស់អាណា ខេត្តនីមួយៗ និងតាមភាសារបស់ជាតិសាសន៍នីមួយៗ។ រីឯជនជាតិយូដាក៏បានទទួលរាជសារតាមភាសា និងអក្សររបស់ខ្លួនផ្ទាល់ដែរ។ ១០ គេបានសរសេររាជសារ ក្នុងនាមព្រះចៅស៊ែរសេស ប្រថាប់ត្រាហ្លួង ហើយអ្នកនាំសារត្រូវជិះសេះដែលមានពូជល្អ យកពីក្រោលរបស់ស្ដេច នាំរាជសារទៅចែកផ្សាយ។ ១១ ក្នុងលិខិតនោះ ព្រះរាជាអនុញ្ញាតអោយជនជាតិយូដា នៅក្នុងទីក្រុងទាំងមូលប្រមូលផ្ដុំគ្នា ការពារអាយុជីវិតរបស់ខ្លួន។ ជនជាតិយូដាក៏មានសិទ្ធិសម្លាប់រង្គាលអស់អ្នកនៅក្នុងចំណោមជាតិ សាសន៍ ឬនៅតាមអាណាខេត្តទាំងឡាយ ដែលបៀតបៀនខ្លួនដែរ។ ពួកគេក៏អាចសម្លាប់ប្រពន្ធកូនរបស់អ្នកទាំងនោះ ហើយរឹបអូសយកទ្រព្យសម្បត្តិទៀតផង។ ១២ ពួកគេត្រូវអនុវត្ត រាជសារនេះ តាមអាណាខេត្តទាំងប៉ុន្មាន របស់ព្រះចៅស៊ែរសេសក្នុងថ្ងៃតែមួយ គឺនៅថ្ងៃទីដប់បីនៃខែទីដប់ពីរ ដែលជាខែផល្គុន។ ១៣ អាណាខេត្តនីមួយៗទទួល រាជក្រឹត្យមួយច្បាប់ សំរាប់ប្រកាសជាសាធារណៈ ក្នុងចំណោមប្រជាជនទាំងអស់ ហើយអោយជនជាតិយូដាត្រៀមខ្លួនជាស្រេចនៅថ្ងៃនោះ ដើម្បីសង សឹកខ្មាំងសត្រូវរបស់ខ្លួន។ ១៤ អ្នកនាំសារក៏ជិះ សេះដែលមានពូជល្អ យកពីក្រោលរបស់ស្ដេច នាំរាជសារចាកចេញទៅយ៉ាងរូតរះ។ គេក៏បានប្រកាសរាជសារនេះនៅក្រុងស៊ូសា ជារាជធានីដែរ។
១៥ លោក ម៉ាដេកាយចាកចេញពីព្រះរាជា ទាំងស្លៀកសម្លៀក បំពាក់របស់ស្ដេច ដែលមានពណ៌ស្វាយ និងពណ៌ស ហើយលោកពាក់អាវធំពណ៌ក្រហម និងពាក់មកុដមាសយ៉ាងធំផង។ ពេលនោះ មានសំរែកអរសប្បាយពាសពេញក្រុងស៊ូសាទាំងមូល។ ១៦ ជនជាតិយូដាពោរពេញដោយអំណរសប្បាយរីករាយឥតឧបមា ហើយនាំគ្នាស្រែកហ៊ោដោយជ័យជំនះ។ ១៧ នៅតាមអាណាខេត្ត និងតាមក្រុងនីមួយៗ ដែលរាជបញ្ជា និងរាជក្រឹត្យទៅដល់ ជនជាតិយូដាមានអំណរសប្បាយឥតឧបមា។ ពួកគេនាំគ្នាជប់លៀង ហើយថ្ងៃនោះជាថ្ងៃបុណ្យយ៉ាងធំ។ មានជាតិសាសន៍ជាច្រើនចូលសាសន៍យូដា ព្រោះពួកគេភ័យខ្លាចជនជាតិយូដាជាខ្លាំង។
ជំពូកទី ៩
ការសងសឹករបស់ជនជាតិយូដា
១ នៅថ្ងៃទីដប់នៃខែទី ដប់ពីរ ត្រូវនឹងខែផល្គុន គឺជាថ្ងៃដែលរាជបញ្ជា និងរាជក្រឹត្យត្រូវអនុវត្តជាធរមាន។ ថ្ងៃដែលខ្មាំងសត្រូវរបស់ជនជាតិយូដាសង្ឃឹមថា កិនកំទេចជនជាតិយូដានោះ បានប្រែក្លាយទៅជាថ្ងៃ ដែលជនជាតិយូដាកិនកំទេចខ្មាំងសត្រូវរបស់ខ្លួនទៅវិញ។ ២ នៅតាមក្រុងនានា ក្នុងអាណាខេត្តទាំងអស់របស់ព្រះចៅស៊ែរសេស ជនជាតិយូដាប្រមូលផ្ដុំគ្នាដើម្បីសងសឹក អស់អ្នកដែលមានបំណងធ្វើបាបពួកគេ។ គ្មាននរណាអាចតទល់នឹងជនជាតិយូដាបានឡើយ ដ្បិតជាតិសាសន៍ទាំងឡាយ ភ័យខ្លាចជនជាតិយូដាគ្រប់ៗគ្នា។ ៣ មេដឹកនាំអាណាខេត្ត ពួកមេទ័ព ពួកទេសាភិបាល និងពួករាជការទាំងអស់បានគាំទ្រជនជាតិយូដា ព្រោះពួកគេភ័យខ្លាចលោកម៉ាដេកាយគ្រប់ៗគ្នា ៤ ដ្បិតលោកម៉ាដេកាយ ទទួលតំណែងជាមហាមន្ត្រីនៅក្នុងរាជវាំង។ កិត្តិនាមរបស់លោកបានល្បីខ្ចរខ្ចាយពាសពេញក្នុងអាណាខេត្តទាំងអស់ ហើយលោកមានអំណាចកាន់តែខ្លាំងឡើងៗ។
៥ ជនជាតិ យូដាបានប្រហារជីវិតខ្មាំងសត្រូវរបស់ខ្លួនដោយមុខដាវ។ ពួកគេកាប់សម្លាប់ និងប្រព្រឹត្តចំពោះខ្មាំងសត្រូវតាមអំពើចិត្តរបស់ខ្លួន។ ៦ គ្រាន់តែនៅក្រុងស៊ូសា ជនជាតិយូដាបានប្រហារជីវិតសត្រូវអស់ប្រាំរយនាក់។ ៧ ពួកគេក៏បានប្រហារជីវិតប៉ាសានដាថា ដាល់ផូន អាសប៉ាតា ៨ បូរ៉ាតា អដាលីយ៉ា អរីដាតា ៩ ប៉ាម៉ាសតា អរីសាយ អរីដាយ និងវ៉ាយេសាតា ១០ ជាកូនប្រុសទាំងដប់ នាក់របស់លោកហាម៉ាន់ ដែលត្រូវជាកូនរបស់លោកហាមេដាតា ជាបច្ចាមិត្តរបស់ជនជាតិយូដា។ ប៉ុន្តែ ជនជាតិយូដាពុំបានរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេទេ។
១១ នៅថ្ងៃដដែលនោះ ព្រះរាជាជ្រាបដំណឹងអំពីចំនួនអស់អ្នក ដែលជនជាតិយូដាបានសម្លាប់នៅក្រុងស៊ូសាជារាជធានី។ ១២ ព្រះរាជាមានរាជឱង្ការ ទៅកាន់ព្រះមហាក្សត្រិយានីអេសធែរថា៖ «គ្រាន់តែនៅក្នុងក្រុងស៊ូសាជារាជធានី ជនជាតិយូដាបានសម្លាប់មនុស្សដល់ទៅប្រាំរយនាក់ ព្រមទាំងកូនប្រុសរបស់លោកហាម៉ាន់ ទាំងដប់នាក់។ ដូច្នេះ ក្នុងអាណាខេត្តទាំងមូលមិនដឹងជាពួកគេសម្លាប់អស់ប៉ុន្មាននាក់ទេ។ ប៉ុន្តែ តើព្រះនាងចង់បានអ្វីទៀត យើងនឹងប្រទានតាមសំណូមពរទាំងអស់ ព្រះនាងសុំអ្វី ក៏យើងប្រទានអោយដែរ»។ ១៣ ព្រះនាងអេសធែរទូល ស្ដេចថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ នៅថ្ងៃស្អែកសូមព្រះករុណាអនុញ្ញាត អោយជនជាតិយូដាប្រព្រឹត្តដូចថ្ងៃនេះនៅក្រុងស៊ូសាដែរ។ សូមអោយគេយកសពកូនប្រុសទាំងដប់នាក់របស់លោកហាម៉ាន់ ទៅព្យួរលើបង្គោលនោះផង»។ ១៤ ព្រះរាជាក៏អនុញ្ញាតអោយ ហើយគេប្រកាសរាជក្រឹត្យនៅក្រុងស៊ូសា។ គេយកសពកូនប្រុសទាំងដប់នាក់របស់លោកហាម៉ាន់ទៅព្យួរ។ ១៥ ជនជាតិយូដាបាន ជួបជុំគ្នាក្នុងក្រុងស៊ូសា នៅថ្ងៃទីដប់បួន ក្នុងខែផល្គុនដែរ ហើយប្រហារជីវិតមនុស្សបីរយនាក់ទៀត តែមិនរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេទេ។
១៦ ជនជាតិ យូដាឯទៀតៗដែលនៅតាមអាណាខេត្តទាំងឡាយ បានប្រមូលផ្ដុំគ្នា ដើម្បីការពារអាយុជីវិតរបស់ខ្លួនអោយរួចពីកណ្ដាប់ដៃរបស់ខ្មាំង សត្រូវ។ នៅថ្ងៃទីដប់បី នៃខែផល្គុននោះ ពួកគេប្រហារជីវិតបច្ចាមិត្តអស់ប្រាំពីរម៉ឺនប្រាំពាន់នាក់ តែមិនរឹបអូសយកទ្រព្យសម្បត្តិទេ។ ១៧ នៅថ្ងៃទីដប់បួនពួកគេសំរាក ហើយនាំគ្នាធ្វើពិធីជប់លៀងយ៉ាងសប្បាយ។ ១៨ ចំណែកឯជនជាតិយូដា នៅក្រុងស៊ូសាវិញ ពួកគេជួបជុំគ្នាសងសឹកខ្មាំងសត្រូវ នៅថ្ងៃទីដប់បី និងថ្ងៃទីដប់បួន ពួកគេសំរាកនៅថ្ងៃទីដប់ប្រាំ ហើយនាំគ្នាធ្វើពិធីជប់លៀងយ៉ាងសប្បាយ។ ១៩ ហេតុនេះហើយបានជាជន ជាតិយូដានៅក្រៅទីក្រុងនាំគ្នាធ្វើពិធីបុណ្យ និងជប់លៀង នៅថ្ងៃទីដប់បួន ក្នុងខែផល្គុន ព្រមទាំងផ្ញើជំនូនអោយគ្នាទៅវិញទៅមក។
ពិធីបុណ្យពួរីម
២០ លោកម៉ាដេកាយសរសេរ លិខិតផ្ញើជូនជនជាតិយូដាទាំងអស់ នៅតាមអាណាខេត្តនានារបស់ព្រះចៅស៊ែរសេស គឺទាំងអ្នកនៅជិតទាំងអ្នកនៅឆ្ងាយ ២១ បង្គាប់អោយពួកគេគោរពថ្ងៃទីដប់បួន និងថ្ងៃទីដប់ប្រាំនៃខែផល្គុន ទុកជាថ្ងៃបុណ្យរៀងរាល់ឆ្នាំ រហូតតទៅ ២២ ដ្បិតថ្ងៃនោះជនជាតិ យូដាបានរំដោះជីវិតខ្លួនពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ នៅខែនោះ ទុក្ខព្រួយរបស់ពួកគេ បានផ្លាស់ប្រែជាអំណរសប្បាយ ការកាន់ទុក្ខបានប្រែក្លាយទៅជាពិធីបុណ្យដ៏រីករាយ។ ពួកគេត្រូវញែកថ្ងៃនោះ ទុកជាថ្ងៃជប់លៀង ជាថ្ងៃដែលត្រូវផ្ញើជំនូនអោយគ្នាទៅវិញទៅមក ព្រមទាំងចែកទានដល់ជនក្រីក្រទៀតផង។ ២៣ ជនជាតិយូដាបានធ្វើ តាមពាក្យដែលលោកម៉ាដេកាយបង្គាប់ ហើយចាត់ទុកថ្ងៃបុណ្យដែលគេប្រារព្ធធ្វើជាលើកដំបូងនោះ ជាបុណ្យប្រពៃណីតរៀងមក ២៤ ដើម្បីរំលឹកពីគ្រា ដែលបច្ចាមិត្តរបស់ជនជាតិយូដា គឺលោកហាម៉ាន់ជាកូនរបស់លោកហាមេដាតា និងជាពូជពង្សរបស់ស្ដេចអកាក់ បានរៀបចំគំរោងការប្រល័យពូជសាសន៍យូដា។ លោកហាម៉ាន់បានបោះពួរីម ដើម្បីផ្សងរកមើលថ្ងៃល្អ សំរាប់ធ្វើទុក្ខទោស និងប្រល័យពូជសាសន៍យូដា។ ២៥ ប៉ុន្តែ នៅពេលព្រះនាងអេសធែរចូលគាល់ព្រះរាជា នោះស្ដេចបានចេញបញ្ជា ដោយលាយលក្ខណ៍អក្សរអោយគេព្យួរ កលោកហាម៉ាន់ និងកូនៗរបស់គាត់ គឺទុក្ខទោសដែលគាត់គ្រោងទុកសំរាប់ជនជាតិយូដា បានធ្លាក់មកលើគាត់វិញ។ ២៦ ហេតុនេះហើយបានជាគេ ហៅថ្ងៃនោះថា ថ្ងៃបុណ្យពួរីម តាមឈ្មោះប្រដាប់ផ្សងពួរីម។ ជនជាតិយូដាប្រារព្ធបុណ្យនោះ ដើម្បីរំលឹកពីព្រឹត្តិការណ៍ដែលកើតឡើង ដូចមានចែងទុកក្នុងលិខិតរបស់លោកម៉ាដេកាយ ហើយពួកគេក៏បានឃើញ ព្រមទាំងជួបព្រឹត្តិការណ៍ទាំងនោះដែរ។ ២៧ ជនជាតិយូដាយក ព្រឹត្តិការណ៍នោះធ្វើជាបុណ្យប្រពៃណី ដែលពួកគេព្រមទាំងកូនចៅ និងអស់អ្នកដែលចូលសាសន៍យូដាត្រូវតែនាំគ្នាប្រារព្ធឥតប្រែប្រួល បានឡើយ គឺរៀងរាល់ឆ្នាំ គេប្រារព្ធពិធីបុណ្យទាំងពីរថ្ងៃនោះតាមពេលកំណត់ និងតាមរបៀបដែលលោកម៉ាដេកាយបានបង្គាប់។ ២៨ ពួកគេនាំគ្នារំលឹក និងប្រារព្ធថ្ងៃបុណ្យនេះ ពីជំនាន់មួយទៅជំនាន់មួយ តាមក្រុមគ្រួសារ តាមស្រុក និងតាមក្រុងនានា។ ជនជាតិយូដាធ្វើពិធីបុណ្យពួរីមនេះដោយខានមិនបាន ដើម្បីអោយកូនចៅរបស់គេនៅជំនាន់ក្រោយចងចាំពីព្រឹត្តិការណ៍នោះ ជានិច្ច។
២៩ ព្រះមហាក្សត្រិយានី អេសធែរ ជាកូនរបស់លោកអប៊ីសាយ និងលោកម៉ាដេកាយ ដែលជាជនជាតិយូដាបានចងក្រងលិខិតមួយទៀត តាមអំណាចដែលលោកមាន ដើម្បីបញ្ជាក់ពីលើលិខិតមុន ស្ដីអំពីបុណ្យពួរីម។ ៣០ គេបានផ្ញើលិខិតនេះ ទៅជនជាតិយូដាទាំងអស់ ដែលរស់នៅតាមអាណាខេត្តទាំងមួយរយម្ភៃប្រាំពីររបស់ព្រះចៅស៊ែរសេស ព្រមទាំងពាក្យជូនពរអោយបានប្រកបដោយសេចក្ដីសុខក្សេមក្សាន្តផង។ ៣១ ជនជាតិយូដា និងពូជពង្សរបស់គេ ត្រូវប្រារព្ធពិធីបុណ្យពួរីម ស្របតាមសេចក្ដីដែលលោកម៉ាដេកាយ ជាជនជាតិយូដា និងព្រះមហាក្សត្រិយានីអេសធែរបានបង្គាប់ តាមថ្ងៃកំណត់ ដូចប្រារព្ធពិធីតមអាហារ និងបុណ្យជ័យឃោសដែរ។ ៣២ រាជបញ្ជារបស់ព្រះនាងអេសធែរ ជាមូលដ្ឋាននៃពិធីបុណ្យពួរីម ហើយគេក៏បានចងក្រងទុក ក្នុងកណ្ឌគម្ពីរនេះ។
ជំពូកទី ១០
ព្រះចៅស៊ែរសេស និងលោកម៉ាដេកាយ
១ ព្រះចៅស៊ែរសេសបានបង្ខំប្រជាជនដែលរស់ លើដីគោក និងនៅតាមកោះនានា អោយបង់ពន្ធដារ។ ២ ឫទ្ធិអំណាច និងវីរភាពរបស់ព្រះរាជា ព្រមទាំងសេចក្ដីដែលរៀបរាប់អំពីព្រះរាជា ប្រទានតំណែងខ្ពង់ខ្ពស់ដល់លោកម៉ាដេកាយនោះ សុទ្ធតែមានចែងទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកម៉ែដ និងពែរ្ស។ ៣ លោកម៉ាដេកាយដែលជាជន ជាតិយូដាបានទទួលតំណែងធំជាងគេ បន្ទាប់ពីព្រះចៅស៊ែរសេស។ លោកជាវរជនមួយរូបរបស់ជនជាតិយូដា ដែលជនរួមជាតិរបស់លោកគោរពស្រឡាញ់គ្រប់ៗគ្នា។ លោកតែងតែផ្ដល់ផលប្រយោជន៍ និងសេចក្ដីសុខជូនប្រជាជនរបស់លោកជានិច្ច៕