ពាក្យលំនាំ

តាមប្រពៃណីរបស់ជនជាតិយូដា   ​គេចាត់ទុកក័ណ្ឌគម្ពីរនេះជាស្នាដៃរបស់ព្យាការីយេរេមី  ​ហើយនៅ​ក្នុងគម្ពីរសម្ពន្ធមេត្រី​ចាស់​ជាភាសាក្រិក  ​គេ ហៅក័ណ្ឌគម្ពីរនេះថា​  «សំណោករបស់លោកយេរេមី»។  ​ក្នុង​គម្ពីរសម្ពន្ធមេត្រីចាស់ជាភាសា​ហេប្រឺ ​ មាន​ចំណងជើង  ​«ម្តេចក៏បែបនេះ!»  ​ដោយយោងតាមពាក្យនៅ​ខាងដើមក័ណ្ឌគម្ពីរនេះ​ ។ ​ក័ណ្ឌគម្ពីរ​  «សំណោក»​​ចងក្រង​ឡើងជាលំនាំកំណាព្យប្រាំ  ​ដែលវគ្គនីមួយៗ​ចាប់ផ្តើមដោយ តួអក្សររបស់ព្យញ្ជនៈហេប្រឺ   និង  តាមលំ​ដាប់លំដោយ ។ កំណាព្យទាំងប្រាំនៅក្នុងក័ណ្ឌគម្ពីរនេះ   ​ថ្លែងពីសេចក្តីតែមួយ  ​គឺក្រុងយេរូសាឡឹម  ធ្លាក់ទៅក្នុងកណ្តាប់​​ ដៃរបស់កងទ័ពបាប៊ីឡូន ​   នៅឆ្នាំ  ៥៨៧  មុន​គ្រីស្តសករាជ។​ ការបែកក្រុងយេរូសាឡឹមនេះ  ជាចុងបញ្ចប់​នៃរាជាណាចក្រយូដា ​រាជវង្សអ៉ីស្រាអែលត្រូវ រលាយ​ហើយប្រជាជាតិអ៉ីស្រាអែលទាំងមូលត្រូវវេទនា​និង  អាម៉ាស់។​

អស់អ្នកដែលនៅសេសសល់ពីមហន្តរាយនេះ​   ចងចាំទុកនូវសោកនាដកម្មដែលពួកគេបានឆ្លងកាត់​និង​ចោទ​សួរ​ថា​  «តើន​រណា​ជា​មូលហេតុនៃ មហន្តរាយរបស់ប្រជាជាតិនេះ?   ​ហេតុអ្វីបានជាព្រះជាម្ចាស់​ប្រព្រឹត្តចំពោះ​ប្រជារាស្ត្រ​របស់ព្រះអង្គ ​ហាក់ដូចជាប្រ​ព្រឹត្តចំពោះសត្រូវដូច្នេះ?» ។ ​តាមរយៈព្រឹត្តិ​ការណ៍នេះ​តើព្រះជាម្ចាស់​សព្វព្រះ​ហប្ញទ័យ​លុបបំបាត់ព្រះបន្ទូល​សន្យារបស់​ព្រះអង្គ​ចំពោះព្រះបាទដាវីឌ​ឬ?  ​ព្រះអង្គបានសន្យាចំពោះព្រះបាទដាវីឌថា  ​«ពូជពង្ស​និង​រាជសម្បត្តិរបស់អ្នក​នឹង​នៅស្ថិតស្ថេរ​រហូតតទៅ​ ហើយរាជបល្ល័ង្ករបស់អ្នកក៏នឹងបានរឹង​មាំ រហូត​តទៅ​ដែរ»  (២  សម.​៧.​១៦)។  ​ឥឡូវនេះ​ស្រុកទេស​ត្រូវវិនាស    ធ្លាក់ក្នុងកណ្តាប់ដៃខ្មាំង  ​ហើយរាជវង្សក៏រលាយដែរ។ ​ប៉ុន្តែ​អ្នកទាំងនោះទទួល​ស្គាល់ថា  អ៉ីស្រាអែលត្រូវវេទនា​  ​ព្រោះ​តែអំពើបាបរបស់ខ្លួន។​ពួកគេក៏នឹកចាំដែរ​ថា  ​ព្រះអង្គតែងតែ​សំដែងព្រះហប្ញទ័យសប្បុរស  ​ហើយព្រះហប្ញទ័យស្មោះត្រង់របស់ព្រះអង្គ​មានទំហំធំពន់ពេកក្រៃ  (៣.​២២,​២៣)។
ក័ណ្ឌគម្ពីរនេះជួយយើងអោយយល់ថា  ​ទោះបីមានទុក្ខលំបាកធំៗកើតឡើងក្តី  ​ព្រះជាម្ចាស់ប្រទាន​សេចក្តីសង្ឃឹម​ជានិច្ច។

សំណោក
(បរិទេវ)

ជំពូកទី ១

សំណោក​អំពី​ក្រុង​យេរូសាឡឹម
១ ម្ដេច​ក៏​ក្រុង​ដែល​ធ្លាប់​តែ​មាន
ប្រជាជន​ច្រើន​កុះករ
បែរ​ជា​នៅ​ឯកោ​ដូច​ស្ត្រី​មេម៉ាយ​បែប​នេះ!
ក្រុង​ដ៏​រុងរឿង​ក្នុង​ចំណោម​ប្រជាជាតិ​នានា
ក្រុង​ដែល​ជា​ម្ចាស់ក្សត្រី​លើ​អាណាខេត្ត​នានា
ធ្លាក់​ខ្លួន​ទៅ​ជា​ទាសី!
២ នៅ​ពេល​យប់​នាង​យំ​ឥត​ស្រាកស្រាន្ត
ទឹក​ភ្នែក​ហូរ​ចុះ​មក​លើ​ថ្ពាល់​ទាំង​ពីរ។
ក្នុង​ចំណោម​គូ​ស្នេហ៍​របស់​នាង​ទាំង​ប៉ុន្មាន
គ្មាន​នរណា​ម្នាក់​សំរាល​ទុក្ខ​នាង​ឡើយ
មិត្តភក្ដិ​របស់​នាង​នាំ​គ្នា​ក្បត់​នាង
ហើយ​ក្លាយ​ទៅ​ជា​សត្រូវ​របស់​នាង​វិញ។
៣ កុលសម្ព័ន្ធ​យូដា​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ
ហើយ​ត្រូវ​អាម៉ាស់ និង​ធ្លាក់​ខ្លួន​ជា​ទាសី
នាង​តែលតោល​នៅ​ក្នុង​ចំណោម
ប្រជាជាតិ​ទាំងឡាយ
រក​កន្លែង​ស្នាក់​អាស្រ័យ​ពុំ​បាន។
ខ្មាំង​សត្រូវ​ឡោមព័ទ្ធ​នាង
ធ្វើ​អោយ​នាង​រក​ច្រក​ចេញ​ពុំ​រួច។
៤ ផ្លូវ​ទៅ​កាន់​ក្រុង​ស៊ីយ៉ូន​ប្រែ​ជា​ស្ងាត់​ជ្រងំ
ដ្បិត​គ្មាន​នរណា​ឡើង​ទៅ
ប្រារព្ធ​ពិធី​បុណ្យ​ទៀត​ទេ។
ទ្វារ​ក្រុង​បាក់​បែក​អស់
បូជាចារ្យ​របស់​ក្រុង​នេះ​នាំ​គ្នា​យំ​ថ្ងូរ
ស្រី​ក្រមុំ​នៅ​ក្រុង​នេះ​ត្រូវ​កើត​ទុក្ខ​ក្រៀមក្រំ
ហើយ​ក្រុង​នេះ​ផ្ទាល់​ត្រូវ​វេទនា​ឥត​ឧបមា។
៥ បច្ចាមិត្ត​មាន​ប្រៀប​លើ​នាង
ខ្មាំង​សត្រូវ​របស់​នាង​រស់​នៅ​យ៉ាង​សុខសាន្ត
ព្រះអម្ចាស់​បាន​ធ្វើ​អោយ​នាង​រង​ទុក្ខ​វេទនា
ព្រោះ​តែ​អំពើ​បាប​ដ៏​ច្រើន​របស់​នាង
កូន​ចៅ​របស់​នាង​ត្រូវ​បច្ចាមិត្ត​ចាប់​យក
ទៅ​ជា​ឈ្លើយ។
៦ ក្រុង​ស៊ីយ៉ូន​បាន​បាត់​បង់​ភាព​រុងរឿង​របស់​ខ្លួន
ពួក​មន្ត្រី​របស់​នាង​ប្រៀប​បាន​នឹង​ប្រើស
ដែល​រក​វាល​ស្មៅ​ស៊ី​លែង​បាន​ទៀត។
ពួក​គេ​ចាក​ចេញ​ទៅ ទាំង​បាក់​កម្លាំង
នៅ​មុខ​សត្រូវ​ដែល​ដេញ​តាម។
៧ នៅ​គ្រា​មាន​ទុក្ខ​វេទនា តែលតោល
យេរូសាឡឹម​នឹក​ឃើញ​អ្វីៗ​ដ៏​ថ្លៃថ្នូរ
ដែល​នាង​ធ្លាប់​មាន​កាល​ពី​មុន។
ពេល​ប្រជាជន​របស់​នាង​ធ្លាក់
ក្នុង​កណ្ដាប់​ដៃ​សត្រូវ គ្មាន​នរណា​មក​ជួយ​ទេ
បច្ចាមិត្ត​បាន​ឃើញ ហើយ​នាំ​គ្នា​សើច​ចំអក
ព្រោះ​នាង​ត្រូវ​វិនាស​បាត់​បង់។
៨ យេរូសាឡឹម​ប្រព្រឹត្ត​អំពើ​បាប​ជា​ច្រើន
ហេតុ​នេះ​ហើយ​បាន​ជា​នាង​ក្លាយ​ទៅ
ជា​មិន​បរិសុទ្ធ*
អស់​អ្នក​ដែល​ធ្លាប់​តែ​សរសើរ​នាង​កាល​ពី​មុន
បែរ​ជា​នាំ​គ្នា​មើលងាយ​នាង
ដោយ​ឃើញ​នាង​នៅ​ខ្លួន​ទទេ
នាង​យំ​ថ្ងូរ ហើយ​ដក​ខ្លួន​ថយ។
៩ ភាព​ស្មោកគ្រោក​ស្ថិត​នៅ​ជាប់​នឹង
សំពត់​របស់​នាង
នាង​ពុំ​បាន​គិត​ដល់​ហេតុការណ៍
ដែល​នឹង​កើត​មាន​ចំពោះ​នាង
នាង​ផុង​ខ្លួន​ជ្រៅ​ពេក
គ្មាន​នរណា​អាច​សំរាល​ទុក្ខ​នាង​បាន​ឡើយ។
«ឱ​ព្រះអម្ចាស់​អើយ សូម​ទត​មក​ទុក្ខ​វេទនា
របស់​ខ្ញុំ​ម្ចាស់​ផង
សត្រូវ​មាន​ជ័យជំនះ​លើ​ខ្ញុំ​ម្ចាស់​ហើយ!»
១០ សត្រូវ​រឹប​អូស​យក​អ្វីៗ​ដ៏​មាន​តម្លៃ​របស់​នាង
នាង​ឃើញ​ប្រជាជាតិ​នានា​ចូល​មក​ក្នុង
ទីសក្ការៈ​របស់​ព្រះអម្ចាស់
គឺ​ប្រជាជាតិ​ដែល​ព្រះអង្គ​បាន​ហាម​មិន​អោយ
ចូល​ក្នុង​អង្គ​ប្រជុំ​របស់​ព្រះអង្គ​ឡើយ។
១១ ប្រជាជន​ទាំង​មូល​នាំ​គ្នា​យំ​ថ្ងូរ
គេ​ចង់​បាន​អាហារ​បរិភោគ
គេ​យក​អ្វីៗ​ដ៏​មាន​តម្លៃ​ទៅ​ដូរ​អាហារ​បរិភោគ
ដើម្បី​អោយ​បាន​រស់​រាន​មាន​ជីវិត។
ព្រះអម្ចាស់​អើយ សូម​ទត​មក​ខ្ញុំ​ម្ចាស់​ផង
ខ្ញុំ​ម្ចាស់​អាម៉ាស់​មុខ​ខ្លាំង​ណាស់!
១២ អស់​អ្នក​ដែល​ដើរ​កាត់​តាម​នេះ​អើយ
សូម​មើល​មក​ចុះ!
តើ​មាន​នរណា​ម្នាក់​ឈឺ​ចុក​ចាប់​ដូច​ខ្ញុំ​ទេ!
នៅ​ថ្ងៃ​ដែល​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​ដ៏​ខ្លាំង
ព្រះអង្គ​បាន​ធ្វើ​អោយ​ខ្ញុំ​រង​ទុក្ខ​ឥត​ឧបមា!
១៣ ព្រះអង្គ​បាន​បោះ​ភ្លើង​ពី​ស្ថាន​លើ
ចូល​មក​ក្នុង​ឆ្អឹង​របស់​ខ្ញុំ
ព្រះអង្គ​ដាក់​អន្ទាក់​នៅ​ក្រោម​ជើង​របស់​ខ្ញុំ
ព្រះអង្គ​ធ្វើ​អោយ​ខ្ញុំ​ដក​ខ្លួន​ថយ
ព្រះអង្គ​ទុក​អោយ​ខ្ញុំ​នៅ​ឯកោ
ហើយ​ឈឺ​ចាប់​រៀង​រាល់​ថ្ងៃ។
១៤ ព្រះអង្គ​ប្រមូល​អំពើ​បាប​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត
យក​មក​ចង​ភ្ជាប់​គ្នា បំពាក់​នៅ​ក​របស់​ខ្ញុំ
ធ្វើ​អោយ​ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ​។
ព្រះអម្ចាស់​បាន​ប្រគល់​ខ្ញុំ
ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ
ហើយ​ខ្ញុំ​ពុំ​អាច​រើ​ខ្លួន​រួច​ឡើយ។
១៥ ព្រះអម្ចាស់​បាន​កំចាត់​ទាហាន​ដ៏​ចំណាន
ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ខ្ញុំ
ព្រះអង្គ​ចាត់​កងទ័ព​អោយ​មក​ប្រហារ
ពួក​យុវជន​របស់​ខ្ញុំ
ព្រះអម្ចាស់​បាន​កំទេច​ប្រជាជន​យូដា
ដូច​គេ​ជាន់​ផ្លែ​ទំពាំងបាយជូរ។
១៦ ទឹក​ភ្នែក​ខ្ញុំ​ហូរ​ឥត​ស្រាកស្រាន្ត
ខ្ញុំ​យំ​សោក​ស្រណោះ​អ្នក​ទាំង​នោះ
គ្មាន​នរណា​ម្នាក់​សំរាល​ទុក្ខ​ខ្ញុំ
គ្មាន​នរណា​ម្នាក់​ធ្វើ​អោយ​ខ្ញុំ​រស់​រាន
ឡើង​វិញ​ឡើយ។
កូន​ចៅ​របស់​ខ្ញុំ​ត្រូវ​វិនាស
ព្រោះ​ខ្មាំង​សត្រូវ​មាន​កម្លាំង​ជាង។
១៧ ក្រុង​ស៊ីយ៉ូន​លើក​ដៃ​ហៅ​គេ​ជួយ
តែ​គ្មាន​នរណា​មក​សំរាល​ទុក្ខ​នាង​ទេ
ព្រះអម្ចាស់​បញ្ជា​អោយ​សត្រូវ​ដែល​នៅ​ជុំវិញ
មក​វាយ​ប្រហារ​ពូជពង្ស​របស់​លោក​យ៉ាកុប
យេរូសាឡឹម​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ
នៅ​ក្នុង​ចំណោម​ពួក​គេ។
១៨ ព្រះអម្ចាស់​ប្រព្រឹត្ត​ដូច្នេះ​ពិត​ជា​សុចរិត​មែន
ដ្បិត​ខ្ញុំ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ព្រះអង្គ។
ប្រជាជន​ទាំងឡាយ​អើយ សូម​ស្ដាប់​ខ្ញុំ
សូម​មើល​មក​ការ​ឈឺ​ចាប់​របស់​ខ្ញុំ។
យុវជន និង​យុវនារី​របស់​ខ្ញុំ
ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​អស់​ហើយ!។
១៩ ខ្ញុំ​បាន​ហៅ​គូ​ស្នេហ៍​របស់​ខ្ញុំ​អោយ​មក​ជួយ
តែ​ពួក​គេ​បែរ​ជា​បោក​ប្រាស់​ខ្ញុំ។
ពួក​បូជាចារ្យ និង​ពួក​ព្រឹទ្ធាចារ្យ​របស់​ខ្ញុំ
ដួល​ស្លាប់​នៅ​តាម​ផ្លូវ
ក្នុង​ពេល​ដែល​ពួក​គេ​ស្វែង​រក​អាហារ​បរិភោគ
ដើម្បី​អោយ​បាន​រស់​រាន​មាន​ជីវិត។
២០ ព្រះអម្ចាស់​អើយ
សូម​ទត​មើល​ទុក្ខ​លំបាក​របស់​ខ្ញុំ​ម្ចាស់
ខ្ញុំ​ម្ចាស់​ឈឺ​ចាប់​ក្នុង​ចិត្ត​ឥត​ឧបមា
ចិត្ត​ខ្ញុំ​ខ្លោចផ្សា​ជា​ខ្លាំង
ដ្បិត​ខ្ញុំ​ម្ចាស់​ពិត​ជា​បាន​បះបោរ​ប្រឆាំង
នឹង​ព្រះអង្គ​មែន!
នៅ​ខាង​ក្រៅ សត្រូវ​កាប់​សម្លាប់
នៅ​ខាង​ក្នុង ដូច​ស្ថាន​មច្ចុរាជ។
២១ គេ​បាន​ឮ​ខ្ញុំ​ម្ចាស់​យំ​ថ្ងូរ
ក៏​ប៉ុន្តែ គ្មាន​នរណា​ម្នាក់​សំរាល​ទុក្ខ​ខ្ញុំ​ម្ចាស់​ទេ
សត្រូវ​ទាំង​ប៉ុន្មាន​បាន​ឮ​ថា
ខ្ញុំ​ម្ចាស់​រង​ទុក្ខ​វេទនា
គេ​នាំ​គ្នា​សប្បាយ​ចិត្ត
ដោយ​ឃើញ​ព្រះអង្គ​ធ្វើ​ទោស​ខ្ញុំ​ម្ចាស់
ព្រះអង្គ​ធ្វើ​អោយ​ថ្ងៃ​ដែល​ព្រះអង្គ​កំណត់​ទុក
បាន​មក​ដល់។
សូម​អោយ​ពួក​គេ​រង​ទុក្ខ​ដូច​ខ្ញុំ​ម្ចាស់​ដែរ!
២២ សូម​ទត​មើល​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន
ដែល​ពួក​គេ​ប្រព្រឹត្ត។
សូម​ដាក់​ទោស​ពួក​គេ ដូច​ព្រះអង្គ​បាន
ដាក់​ទោស​ខ្ញុំ​ម្ចាស់ ព្រោះ​តែ​កំហុស​ទាំង​ប៉ុន្មាន
ដែល​ខ្ញុំ​ម្ចាស់​ប្រព្រឹត្ត
ខ្ញុំ​ម្ចាស់​យំ​ថ្ងូរ​យ៉ាង​សែន​វេទនា
ហើយ​ចិត្ត​ខ្ញុំ​ម្ចាស់​ក៏​ឈឺ​ចាប់​ជា​ខ្លាំង​ដែរ។

ជំពូកទី ២

ព្រះអម្ចាស់​ដាក់​ទោស​ក្រុង​យេរូសាឡឹម
១ ម្ដេច​ក៏​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​ខ្លាំង​ដូច្នេះ!
ព្រះអង្គ​ធ្វើ​អោយ​ពពក​អាប់អួរ
គ្រប​បាំង​លើ​ក្រុង​ស៊ីយ៉ូន
ព្រះអង្គ​ធ្វើ​អោយ​ភាព​ថ្កុំថ្កើង​របស់​អ៊ីស្រាអែល
ធ្លាក់​ពី​លើ​មេឃ​ចុះ​មក​ផែនដី!
នៅ​ថ្ងៃ​ទ្រង់​ព្រះពិរោធ
ព្រះអង្គ​មិន​នឹក​ឃើញ​ថា ក្រុង​ស៊ីយ៉ូន​ជា
កំណល់​កល់​ព្រះបាទា​របស់​ព្រះអង្គ​ទេ។
២ ព្រះអម្ចាស់​បាន​កំទេច​ទី​លំនៅ​ទាំង​ប៉ុន្មាន
របស់​លោក​យ៉ាកុប ដោយ​ឥត​ត្រា​ប្រណី។
ក្នុង​ពេល​ព្រះអង្គ​ក្រេវក្រោធ
ព្រះអង្គ​រំលំ​កំពែង​ក្រុង​របស់​ស្រុក​យូដា។
ព្រះអង្គ​បាន​បន្ទាប​បន្ថោក​នគរ
និង​មេ​ដឹក​នាំ​របស់​នគរ​នេះ។
៣ ក្នុង​ពេល​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​យ៉ាង​ខ្លាំង
ព្រះអង្គ​បាន​បំបាក់​កម្លាំង​របស់​អ៊ីស្រាអែល
ព្រះអង្គ​លែង​ជួយ​ពួក​គេ
អោយ​តទល់​នឹង​ខ្មាំង​សត្រូវ​ទៀត​ហើយ។
ព្រះអង្គ​បាន​ធ្វើ​អោយ​ភ្លើង​ឆាបឆេះ​គ្រប់​ទិសទី
នៅ​ក្នុង​ស្រុក​របស់​លោក​យ៉ាកុប។
៤ ព្រះអង្គ​យឹត​ធ្នូ​ដូច​គូ​សត្រូវ
ព្រះអង្គ​លើក​ព្រះហស្ដ​ប្រហារ​ដូច​បច្ចាមិត្ត
ព្រះអង្គ​កំទេច​អ្វីៗ​ទាំង​អស់​ដែល​មាន​តម្លៃ
សំរាប់​យើង
ព្រះអង្គ​ជះ​ព្រះពិរោធ​មក​លើ​ក្រុង​ស៊ីយ៉ូន
ដូច​ភ្លើង​ឆេះ​រាលដាល។
៥ ព្រះអម្ចាស់​ធ្វើ​ដូច​ជា​ខ្មាំង​សត្រូវ
ព្រះអង្គ​លេប​បំបាត់​អ៊ីស្រាអែល
ព្រះអង្គ​លេប​បំបាត់​វិមាន
ព្រះអង្គ​កំទេច​បន្ទាយ​ទាំង​ប៉ុន្មាន​របស់​ស្រុក​នេះ
ព្រះអង្គ​ធ្វើ​អោយ​ប្រជាជន​យូដា​សោក​សង្រេង
និង​យំ​ថ្ងូរ​ឥត​មាន​ពេល​ល្ហែ។
៦ ព្រះអង្គ​កំទេច​ស្រុក​ទាំង​មូល​ដែល​ជា​ចំការ
របស់​ព្រះអង្គ
ព្រះអង្គ​កំទេច​ព្រះដំណាក់ និង​ព្រះពន្លា
របស់​ព្រះអង្គ។
ព្រះអម្ចាស់​ធ្វើ​អោយ​ប្រជាជន​នៅ​ក្រុង​ស៊ីយ៉ូន
លែង​នឹក​នា​ដល់​ពិធី​បុណ្យ និង​ថ្ងៃ​សប្ប័ទ*។
ដោយសារ​ព្រះពិរោធ​របស់​ព្រះអង្គ
ព្រះអង្គ​ធ្វើ​អោយ​ស្ដេច និង​បូជាចារ្យ​ត្រូវ​អាម៉ាស់។
៧ ព្រះអម្ចាស់​បោះ​បង់​ចោល​អាសនៈ​របស់​ព្រះអង្គ
ព្រះអង្គ​ស្អប់​ខ្ពើម​ទីសក្ការៈ​របស់​ព្រះអង្គ
ព្រះអង្គ​បណ្ដោយ​ខ្មាំង​សត្រូវ​រំលំ​កំពែង​ក្រុង
ពួក​គេ​នាំ​គ្នា​ស្រែក​ជយឃោស
នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់
ដូច​នៅ​ថ្ងៃ​ធ្វើ​ពិធី​បុណ្យ​ធំ​មួយ។
៨ ព្រះអម្ចាស់​សំរេច​រំលំ​កំពែង​ក្រុង​ស៊ីយ៉ូន
ព្រះអង្គ​វាស់​កំពែង​នេះ
ហើយ​ព្រះអង្គ​មិន​ដក​ព្រះហស្ដ​មក​វិញ​ទេ
ដរាប​ណា​ទាល់​តែ​បំផ្លាញ​អស់​ជា​មុន​សិន
ព្រះអង្គ​បាន​ធ្វើ​អោយ​ប៉ម និង​កំពែង​ក្រុង
រំលំ​គរ​លើ​គ្នា។
៩ ព្រះអង្គ​កំទេច​ទ្វារ​ក្រុង​អោយ​ស្រុត
កប់​ទៅ​ក្នុង​ដី
ព្រម​ទាំង​បំបាក់​រនុក​ទៀត​ផង។
ស្ដេច និង​មន្ត្រី ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ
ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ
វិន័យ​លែង​មាន​ទៀត​ហើយ
សូម្បី​តែ​ពួក​ព្យាការី ក៏​លែង​និមិត្ត
ឃើញ​ការ​អស្ចារ្យ​ពី​ព្រះអម្ចាស់​ទៀត​ដែរ។
១០ ព្រឹទ្ធាចារ្យ​របស់​ក្រុង​ស៊ីយ៉ូន
នាំ​គ្នា​អង្គុយ​ផ្ទាល់​នឹង​ដី និយាយ​ស្ដី​លែង​កើត
ពួក​គេ​រោយ​ធូលី​ដី​លើ​ក្បាល
ហើយ​ស្លៀក​បាវ​កាន់​ទុក្ខ។
ស្រី​ក្រមុំ​នៅ​ក្រុង​យេរូសាឡឹម
នាំ​គ្នា​ដើរ​អោន​មុខ​យ៉ាង​អាម៉ាស់។
១១ ខ្ញុំ​យំ​ទាល់​តែ​ហើម​ភ្នែក
ចិត្ត​ខ្ញុំ​ខ្លោចផ្សា ថ្លើម​ប្រមាត់​ខ្ញុំ​ក៏​ខ្ទេចខ្ទាំ
ព្រោះ​តែ​មហន្តរាយ​នៃ​ប្រជាជន​របស់​ខ្ញុំ។
កូន​ក្មេង និង​ទារក​ដេក​ដួល​នៅ​តាម​ផ្លូវ
ក្នុង​បុរី​នេះ។
១២ ពួក​វា​យំ​ទារ​អាហារ និង​ទឹក​ពី​ម្ដាយ
ពួក​វា​ដេក​ដួល​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង
ដូច​អ្នក​របួស
ហើយ​ផុត​ដង្ហើម​នៅ​លើ​ទ្រូង​ម្ដាយ។
១៣ ក្រុង​ស៊ីយ៉ូន​អើយ
តើ​ខ្ញុំ​មាន​ពាក្យ​អ្វី​នឹង​ថ្លែង​ទៀត
នាង​ក្រមុំ​ស៊ីយ៉ូន​អើយ
តើ​ខ្ញុំ​អាច​យក​អ្វី​មក​ប្រៀប​ផ្ទឹម
ដើម្បី​សំរាល​ទុក្ខ​នាង​បាន?
ដ្បិត​មហន្តរាយ​របស់​នាង​ធំ​ដូច​មហាសាគរ
តើ​នរណា​អាច​ព្យាបាល​នាង​បាន?
១៤ ពួក​ព្យាការី​របស់​នាង​បាន​នាំ​សុបិន​និមិត្ត
ឥត​បាន​ការ និង​ឥត​ខ្លឹមសារ​មក​ប្រាប់​នាង
ពួក​គេ​ពុំ​បាន​បង្ហាញ​អំពើ​អាក្រក់​របស់​នាង
ដើម្បី​ស្ដារ​ស្រុក​របស់​នាង​ឡើង​វិញ​ឡើយ
ផ្ទុយ​ទៅ​វិញ ពួក​គេ​នាំ​តែ​សុបិន​និមិត្ត
ឥត​បាន​ការ​មក​បញ្ឆោត​នាង។
១៥ អស់​អ្នក​ដែល​ដើរ​កាត់​តាម​នេះ
គេ​នឹង​នាំ​គ្នា​ទះ​ដៃ ហួច និង​គ្រវី​ក្បាល
ចំអក​អោយ​ប្រជាជន​ក្រុង​យេរូសាឡឹម
ទាំង​ពោល​ថា “នេះ​ឬ​ទីក្រុង​ដែល​គេ​ធ្លាប់​តែ
សរសើរ​ថា​ស្អាត​បំផុត និង​សប្បាយ​បំផុត
នៅ​លើ​ផែនដី?”។
១៦ ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​ប្រមាថ​នាង
ពួក​គេ​គ្រហឹម បញ្ចេញ​ចង្កូម​ទាំង​ពោល​ថា
“យើង​បាន​ត្របាក់​លេប​វា​ហើយ!
ថ្ងៃ​យើង​ទន្ទឹង​រង់ចាំ​នោះ មក​ដល់​ហើយ
យើង​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ហើយ”!
១៧ ព្រះអម្ចាស់​សំរេច​តាម​គំរោងការ​របស់​ព្រះអង្គ
ព្រះអង្គ​ធ្វើ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​ថ្លែង​ទុក
តាំង​ពី​យូរលង់​ណាស់​មក​ហើយ
ព្រះអង្គ​បាន​កំទេច​នាង ឥត​ត្រាប្រណី
ព្រះអង្គ​បាន​ធ្វើ​អោយ​ខ្មាំង​សត្រូវ​អរ​សប្បាយ
ដោយ​ឃើញ​នាង​បរាជ័យ
ព្រះអង្គ​ប្រទាន​កម្លាំង
អោយ​បច្ចាមិត្ត​របស់​នាង។
១៨ កំពែង​ក្រុង​ស៊ីយ៉ូន​អើយ
ចូរ​ស្រែក​អង្វរ​ព្រះអម្ចាស់​យ៉ាង​អស់​ពី​ចិត្ត
ចូរ​បង្ហូរ​ទឹក​ភ្នែក​អោយ​ហូរ​ដូច​ទឹក​ទន្លេ
ចូរ​យំ​ទាំង​ថ្ងៃ​ទាំង​យប់
ឥត​ស្រាកស្រាន្ត​សោះ​ឡើយ។
១៩ ចូរ​ក្រោក​ឡើង!
ចូរ​បន្លឺ​សំឡេង មួយ​យប់​ទល់​ភ្លឺ!
ចូរ​ថ្លែង​ទុក្ខ​ព្រួយ​ថ្វាយ​ព្រះអម្ចាស់
ដោយ​ឥត​លាក់លៀម​អ្វី​ឡើយ
ចូរ​លើក​ដៃ​អង្វរ​ព្រះអង្គ
សូម​ទ្រង់​ប្រណី​សន្ដោស​ជីវិត​ក្មេងៗ
ដែល​ដេក​ដួល​នៅ​តាម​ផ្លូវ​ព្រោះ​អត់​ឃ្លាន។
២០ ព្រះអម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ
ដាក់​ទោស​យើង​ខ្ញុំ​ដល់​ថ្នាក់​នេះ
សូម​ទត​មើល​ចុះ!
ស្ត្រីៗ​នាំ​គ្នា​ស៊ី​កូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្លួន!
ពួក​បូជាចារ្យ និង​ពួក​ព្យាការី ត្រូវ​គេ​សម្លាប់
នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះអម្ចាស់។
២១ ក្មេង​ជំទង់ និង​ចាស់ៗ​ដួល​ស្លាប់​នៅ​តាម​ផ្លូវ
ក្រមុំ កំលោះ​របស់​ខ្ញុំ​ម្ចាស់ ស្លាប់​ដោយ​មុខ​ដាវ
នៅ​ថ្ងៃ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ
ព្រះអង្គ​ប្រហារ​ជីវិត​ពួក​គេ​ឥត​ត្រា​ប្រណី។
២២ ព្រះអង្គ​បាន​ហៅ​ការ​ព្រឺ​ខ្លាច​ពី​គ្រប់​ទី​កន្លែង
មក​គ្រប​សង្កត់​លើ​ខ្ញុំ​ម្ចាស់
ដូច​ហៅ​ខ្មាំង​មក​ចូល​រួម​នៅ​ថ្ងៃ​មាន​ពិធី​បុណ្យ។
នៅ​ថ្ងៃ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ
គ្មាន​នរណា​ម្នាក់​គេច​ខ្លួន​រួច​ជីវិត​ឡើយ។
ប្រជាជន​ដែល​ខ្ញុំ​ម្ចាស់​ចិញ្ចឹម​បី​បាច់
ត្រូវ​ខ្មាំង​សត្រូវ​ប្រហារ​អស់​គ្មាន​សល់។

ជំពូកទី ៣

ត្រូវ​តែ​មាន​សង្ឃឹម​ជានិច្ច!
១ ខ្ញុំ​ជា​មនុស្ស​ម្នាក់​បាន​ឃើញ​ទុក្ខ​វេទនា
នៅ​គ្រា​ដែល​ព្រះជាម្ចាស់
ទ្រង់​ព្រះពិរោធ។
២ ព្រះអង្គ​បណ្ដើរ​ខ្ញុំ ហើយ​នាំ​ខ្ញុំ​ទៅ​នៅ​ក្នុង​ទី​ងងឹត
គឺ​មិន​មែន​ក្នុង​ពន្លឺ​ឡើយ។
៣ ជា​រៀង​រាល់​ថ្ងៃ​ព្រះអង្គ​លើក​ព្រះហស្ដ
វាយ​ខ្ញុំ​ហើយ វាយ​ទៀត។
៤ ព្រះអង្គ​វាយ​ខ្ញុំ​ដាច់​សាច់​ដាច់​ស្បែក
ព្រះអង្គ​វាយ​បំបាក់​ឆ្អឹង​របស់​ខ្ញុំ។
៥ ព្រះអង្គ​យក​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា
មក​រុំ​ព័ទ្ធ​ជុំវិញ​ខ្ញុំ។
៦ ព្រះអង្គ​ទុក​អោយ​ខ្ញុំ​រស់​នៅ​ក្នុង​ទី​ងងឹត
ដូច​អស់​អ្នក​ដែល​ស្លាប់​តាំង​ពី​យូរ​មក​ហើយ។
៧ ព្រះអង្គ​ចង​ខ្ញុំ​ជាប់​នឹង​ជញ្ជាំង
ដើម្បី​កុំ​អោយ​ខ្ញុំ​ចេញ​រួច
ព្រះអង្គ​យក​ច្រវាក់​ដ៏​ធ្ងន់​មក​ចង​ខ្ញុំ។
៨ ខ្ញុំ​ខំ​ប្រឹង​ស្រែក​អង្វរ​អោយ​គេ​ជួយ
តែ​ព្រះអង្គ​ឃាត់​ឃាំង​គេ
មិន​អោយ​ឮ​ពាក្យ​អង្វរ​របស់​ខ្ញុំ​ទេ។
៩ ព្រះអង្គ​ដាក់​ផ្ទាំង​ថ្ម​រាំង​ផ្លូវ​ខ្ញុំ
ព្រះអង្គ​បាន​ពង្វាង​ផ្លូវ​ខ្ញុំ។
១០ ព្រះអង្គ​ប្រៀប​ដូច​ជា​ខ្លាឃ្មុំ​ចាំ​ស្ទាក់​ផ្លូវ​ខ្ញុំ
និង​ដូច​សិង្ហ​ដែល​ពួន​ចាំ​ប្រហារ​ខ្ញុំ។
១១ ព្រះអង្គ​ដេញ​ខ្ញុំ​ចេញ​ពី​ផ្លូវ
ព្រះអង្គ​ហែក​សាច់​ខ្ញុំ
ព្រម​ទាំង​ធ្វើ​អោយ​ខ្ញុំ​ត្រូវ​អន្តរាយ។
១២ ព្រះអង្គ​យឹត​ធ្នូ
ហើយ​បាញ់​ព្រួញ​តម្រង់​មក​ខ្ញុំ។
១៣ ព្រះអង្គ​យក​ព្រួញ​ទាំង​អស់
ពី​បំពង់​របស់​ព្រះអង្គ បាញ់​ទម្លុះ​រូប​កាយ​ខ្ញុំ។
១៤ ប្រជាជន​របស់​ខ្ញុំ​ទាំង​មូល​សើច​ចំអក​អោយ​ខ្ញុំ
រៀង​រាល់​ថ្ងៃ​ពួក​គេ​ច្រៀង​ឡកឡឺយ​ដាក់​ខ្ញុំ។
១៥ ព្រះអង្គ​អោយ​ខ្ញុំ​បរិភោគ​បន្លែ​ដ៏​ជូរ​ចត់
ព្រះអង្គ​អោយ​ខ្ញុំ​ផឹក​ទឹក​ដែល​មាន​ជាតិ​ពុល។
១៦ ព្រះអង្គ​អោយ​ខ្ញុំ​ខាំ​ថ្ម​បាក់​ធ្មេញ
ព្រះអង្គ​ធ្វើ​អោយ​ខ្ញុំ​ដួល​ផ្កាប់​មុខ​នៅ​ក្នុង​ផេះ។
១៧ ព្រះអង្គ​ធ្វើ​អោយ​សេចក្ដី​សុខ​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ
ហើយ​ខ្ញុំ​លែង​ដឹង​ថា អ្វី​ទៅ​ជា​សុភមង្គល។
១៨ ខ្ញុំ​ក៏​ពោល​ថា “ខ្ញុំ​លែង​មាន​អ្វី​ជា​ទី​ពឹង​ហើយ
សូម្បី​តែ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​លើ​ព្រះអម្ចាស់
ក៏​លែង​មាន​ទៀត​ដែរ”។
១៩ ពេល​ខ្ញុំ​នឹក​ដល់​ទុក្ខ​លំបាក និង​ភាព​តែលតោល
ដែល​ខ្ញុំ​ជួប​ប្រទះ
នោះ​ចិត្ត​ខ្ញុំ​ឈឺ​ចាប់​ខ្លោចផ្សា​ក្រៃលែង។
២០ ទោះ​បី​ខ្ញុំ​ខំ​បំភ្លេច​ទុក្ខ​លំបាក​នេះ​ក្ដី
ក៏​ខ្ញុំ​នៅ​តែ​នឹក​ឃើញ​ជានិច្ច។
២១ តែ​ឥឡូវ​នេះ​ខ្ញុំ​ចង់​គិត​ដល់​អ្វីៗ
ដែល​នាំ​ខ្ញុំ​អោយ​មាន​សង្ឃឹម​ឡើង​វិញ
២២ គឺ​ខ្ញុំ​នឹក​ដល់​ព្រះហឫទ័យ​សប្បុរស
របស់​ព្រះអម្ចាស់ ដែល​មិន​ចេះ​រលត់។
ព្រះអង្គ​មាន​ព្រះហឫទ័យ​អាណិត​អាសូរ
ចំពោះ​ខ្ញុំ​ឥត​ទី​បញ្ចប់។
២៣ ព្រះអង្គ​តែង​តែ​សំដែង​ព្រះហឫទ័យ​សប្បុរស
និង​ព្រះហឫទ័យ​អាណិត​អាសូរ​នេះ​សា​ជា​ថ្មី
រៀង​រាល់​ព្រឹក
ព្រះហឫទ័យ​ស្មោះ​ត្រង់​របស់​ព្រះអង្គ
មាន​ទំហំ​ធំ​ពន់​ពេក​ក្រៃ។
២៤ ខ្ញុំ​ពោល​ថា ខ្ញុំ​គ្មាន​កេរមត៌ក​អ្វី
ក្រៅ​ពី​ព្រះអម្ចាស់​ទេ
ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សង្ឃឹម​លើ​ព្រះអង្គ។
២៥ ព្រះអម្ចាស់​មាន​ព្រះហឫទ័យ​សប្បុរស
ចំពោះ​អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះអង្គ
និង​ចំពោះ​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ។
២៦ ការ​តាំង​ចិត្ត​ស្ងប់​ស្ងៀម
រង់ចាំ​ព្រះអម្ចាស់​យាង​មក​សង្គ្រោះ
នោះ​ពិត​ជា​ការ​ល្អ​ប្រពៃ​មែន។
២៧ ជា​ការ​ប្រពៃ​ណាស់​ដែល​មនុស្ស
ទទួល​ការ​លត់ដំ​តាំង​ពី​ក្មេង​ទៅ។
២៨ ពេល​ណា​ព្រះអង្គ​ធ្វើ​ទោស
យើង​ត្រូវ​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់
ដាច់​ឡែក​តែ​ឯង
២៩ ហើយ​ក្រាប​ចុះ អោន​មុខ​ដល់​ដី
ធ្វើ​ដូច្នេះ ប្រហែល​ជា​មាន​សេចក្ដី​សង្ឃឹម។
៣០ ត្រូវ​បែរ​ថ្ពាល់​អោយ​គេ​ទះ
និង​ទ្រាំ​អោយ​គេ​ជេរ​ប្រមាថ​ចុះ
៣១ ដ្បិត​ព្រះអម្ចាស់​មិន​បោះ​បង់​ចោល​យើង
រហូត​ឡើយ។
៣២ ទោះ​បី​ព្រះអង្គ​ដាក់​ទោស​ក្ដី
ព្រះអង្គ​នៅ​តែ​អាណិត​មេត្តា​ដដែល
ដ្បិត​ព្រះហឫទ័យ​សប្បុរស​របស់​ព្រះអង្គ
ធំ​ពន់​ពេក​ក្រៃ។
៣៣ ព្រះអង្គ​មិន​សប្បាយ​ព្រះហឫទ័យ​នឹង
ដាក់​ទោស ឬ​ធ្វើ​ទណ្ឌកម្ម​មនុស្សម្នា​ទេ។
៣៤ ពេល​គេ​ជិះជាន់​ធ្វើ​បាប​អស់​អ្នក​ដែល
ជាប់​ជា​ឈ្លើយ​ក្នុង​ស្រុក​ណា​មួយ
៣៥ ពេល​គេ​រំលោភ​លើ​សិទ្ធិ​មនុស្ស
នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត
៣៦ ពេល​គេ​កាត់​ក្ដី​មនុស្ស​ដោយ​អយុត្តិធម៌
ព្រះអម្ចាស់​ទត​ឃើញ​ទាំង​អស់!
៣៧ ពេល​ព្រះអម្ចាស់​បង្គាប់​អ្វី​មួយ
ការ​នោះ​ត្រូវ​តែ​កើត​ឡើង
ក្រៅ​ពី​ព្រះអង្គ​គ្មាន​នរណា​ធ្វើ​ដូច្នេះ​បាន​ទេ។
៣៨ សុខ ឬ​ទុក្ខ​សុទ្ធ​តែ​ចេញ​មក​ពី​ព្រះឱស្ឋ​របស់
ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត។
៣៩ ទោះ​បី​មនុស្ស​ម្នាក់ៗ​ប្រព្រឹត្ត​អំពើ​បាប​ក្ដី
ក៏​ព្រះអង្គ​ទុក​អោយ​គេ​នៅ​រស់​ដដែល
ដូច្នេះ ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​រអ៊ូរទាំ!
៤០ តោង​យើង​ពិនិត្យពិច័យ និង​ស្ទង់​មើល
កិរិយាមារយាទ​របស់​ខ្លួន
ហើយ​បែរ​ចិត្ត​គំនិត​មក​រក​ព្រះអម្ចាស់​វិញ។
៤១ ពេល​យើង​លើក​ដៃ​អធិស្ឋាន​រក​ព្រះជាម្ចាស់ ដែល​គង់​នៅ​ស្ថាន​បរមសុខ
តោង​យើង​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះអង្គ​ដែរ។
៤២ ព្រះអម្ចាស់​អើយ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប
ហើយ​បះបោរ​ប្រឆាំង​នឹង​ព្រះអង្គ
ព្រះអង្គ​មិន​អត់ទោស​អោយ​យើង​ខ្ញុំ​ទេ។
៤៣ ព្រះអង្គ​តាម​ប្រហារ​ជីវិត​យើង​ខ្ញុំ
ព្រះពិរោធ​បាន​បាំង​ព្រះអង្គ​មិន​អោយ
ត្រា​ប្រណី​យើង​ខ្ញុំ។
៤៤ ព្រះអង្គ​ពួន​នៅ​ក្នុង​ពពក*
ដើម្បី​កុំ​អោយ​ពាក្យ​ដែល​យើង​ខ្ញុំ​ទូលអង្វរ
ឮ​ទៅ​ដល់​ព្រះអង្គ​ឡើយ។
៤៥ ព្រះអង្គ​បាន​ធ្វើ​អោយ​យើង​ខ្ញុំ​ក្លាយ​ទៅ​ជា
សំរាម ដែល​គ្មាន​នរណា​រាប់​រក
ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំងឡាយ។
៤៦ ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ
នាំ​គ្នា​ជេរ​ប្រមាថ​យើង​ខ្ញុំ។
៤៧ យើង​ខ្ញុំ​ជួប​ប្រទះ​តែ​គ្រោះ​កាច
ការ​ភ័យ​ខ្លាច និង​ការ​វិនាស​អន្តរាយ។
៤៨ ទឹក​ភ្នែក​ខ្ញុំ​ហូរ​ដូច​ទឹក​ស្ទឹង
ព្រោះ​តែ​មហន្តរាយ​នៃ​ប្រជាជន​របស់​ខ្ញុំ។
៤៩ ទឹក​ភ្នែក​ខ្ញុំ​ហូរ​ឥត​ឈប់​ឈរ
និង​ឥត​ស្រាកស្រាន្ត
៥០ រហូត​ទាល់​តែ​ព្រះអម្ចាស់​ទត​ឃើញ
ពី​ស្ថាន​បរមសុខ។
៥១ ចិត្ត​ខ្ញុំ​សោកសៅ​អាណិត​ស្រី​ក្រមុំ​ទាំង​ប៉ុន្មាន
នៅ​ក្នុង​ក្រុង​របស់​ខ្ញុំ។
៥២ អស់​អ្នក​ដែល​តាំង​ខ្លួន​ជា​សត្រូវ​របស់​ខ្ញុំ
ដោយ​ឥត​ហេតុ​ផល
ដេញ​តាម​ប្រហារ​ខ្ញុំ ដូច​តាម​បាញ់​សត្វ​ស្លាប។
៥៣ ពួក​គេ​បោះ​ខ្ញុំ​ក្នុង​អណ្ដូង
រួច​យក​ថ្ម​គ្រប​ពី​លើ​ដើម្បី​អោយ​ខ្ញុំ​ថប់​ដង្ហើម។
៥៤ ពេល​នោះ ទឹក​លិច​ក្បាល​ខ្ញុំ
ខ្ញុំ​ពោល​ថា ខ្ញុំ​ស្លាប់​ហើយ!
៥៥ ឱ​ព្រះអម្ចាស់​អើយ ទូលបង្គំ​អង្វរ​រក​ព្រះនាម
របស់​ព្រះអង្គ​ពី​បាត​អណ្ដូង​នោះ​មក។
៥៦ ព្រះអង្គ​ព្រះសណ្ដាប់​ឮ​សំឡេង​ដែល​ទូលបង្គំ
ស្រែក​អង្វរ​ថា:
“សូម​កុំ​បែរ​ព្រះកាណ៌​ចេញ​ពី​ទូលបង្គំ​ឡើយ
សូម​ស្ដាប់​សំរែក​អង្វរ​របស់​ទូលបង្គំ
សូម​ជួយ​ទូលបង្គំ​ផង!”។
៥៧ នៅ​ថ្ងៃ​ដែល​ទូលបង្គំ​អង្វរ​រក​ព្រះអង្គ
ព្រះអង្គ​យាង​ចូល​មក​ជិត​ទូលបង្គំ
ព្រះអង្គ​មាន​ព្រះបន្ទូល​ថា “កុំ​ខ្លាច​អ្វី​ឡើយ!”។
៥៨ ព្រះអម្ចាស់​អើយ ព្រះអង្គ​រក​យុត្តិធម៌
អោយ​ទូលបង្គំ
ព្រះអង្គ​បាន​លោះ​ជីវិត​ទូលបង្គំ​មក​វិញ។
៥៩ ព្រះអម្ចាស់​អើយ ព្រះអង្គ​បាន​ទត​ឃើញ​ពួក​គេ
សង្កត់សង្កិន​ទូលបង្គំ
សូម​រក​យុត្តិធម៌​អោយ​ទូលបង្គំ​ផង!
៦០ ព្រះអង្គ​បាន​ទត​ឃើញ​ការ​សងសឹក​របស់​ពួក​គេ
ព្រម​ទាំង​ការ​ឃុបឃិត​ទាំង​ប៉ុន្មាន
ប្រឆាំង​នឹង​ទូលបង្គំ។
៦១ ព្រះអម្ចាស់​អើយ ព្រះអង្គ​បាន​ឮ​ពាក្យ​ដែល
ពួក​គេ​ជេរ​ប្រមាថ
ព្រម​ទាំង​ការ​ឃុប​ឃិត​ទាំង​ប៉ុន្មាន
ប្រឆាំង​នឹង​ទូលបង្គំ។
៦២ ព្រះអង្គ​បាន​ឮ​ពួក​គេ​និយាយ
ហើយ​ក៏​ឮ​ពួក​គេ​គិតគូរ​គំរោងការ
ប្រឆាំង​នឹង​ទូលបង្គំ​ដែរ។
៦៣ សូម​ទត​មើល​ចុះ ទោះ​បី​ពួក​គេ​អង្គុយ ឬ​ឈរ​ក្ដី
ពួក​គេ​នាំ​គ្នា​ច្រៀង​ឡកឡឺយ​ដាក់​ទូលបង្គំ។
៦៤ ឱ​ព្រះអម្ចាស់​អើយ សូម​តប​ស្នង​ទៅ​ពួក​គេ​វិញ
ស្រប​តាម​អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត។
៦៥ សូម​ធ្វើ​អោយ​ពួក​គេ​មាន​ចិត្ត​រឹងរូស
ហើយ​ដាក់​បណ្ដាសា​ពួក​គេ​ទៅ។
៦៦ ព្រះអង្គ​ដេញ​តាម​ពួក​គេ ទាំង​ព្រះពិរោធ
ហើយ​ប្រល័យ​ជីវិត​ពួក​គេ​អោយ​បាត់​សូន្យ
ពី​ផែនដី​នេះ។

ជំពូកទី ៤

ទុក្ខ​វេទនា​របស់​អ្នក​ក្រុង​យេរូសាឡឹម
១ ម្ដេច​ក៏​មាស​ប្រែ​ជា​ស្រអាប់
ហើយ​មាស​ដ៏​សុទ្ធ​ប្រែ​ជា​បាត់​រស្មី​ដូច្នេះ!
ថ្ម​ព្រះវិហារ​នៅ​រប៉ាត់រប៉ាយ​គ្រប់​ទី​កន្លែង
តាម​ដង​ផ្លូវ​ទាំង​អស់!
២ ប្រជាជន​នៃ​ក្រុង​ស៊ីយ៉ូន​មាន​តម្លៃ​ណាស់
គឺ​មាន​តម្លៃ​ដូច​មាស។
ម្ដេច​ក៏​អ្នក​ទាំង​នោះ​ត្រូវ​គេ​ចាត់​ទុក​ដូច​ជា
ក្អម​ដី​ដែល​ជា​ស្នាដៃ​របស់​ជាង​ស្មូន​ដូច្នេះ!
៣ សូម្បី​តែ​ឆ្កែ​ព្រៃ​ក៏​ចេះ​បំបៅ​កូន​របស់​វា​ដែរ
រីឯ​ប្រជាជន​របស់​ខ្ញុំ​វិញ
គេ​បែរ​ជា​មាន​ចិត្ត​សាហាវ​ចំពោះ​កូន​របស់​ខ្លួន
ដូច​សត្វ​អូទ្រុស​នៅ​វាល​រហោស្ថាន។
៤ កូន​តូចៗ​របស់​គេ​ស្រេក​ទឹក​ខះ​ក
ក្មេងៗ​នាំ​គ្នា​យំ​ទារ​រក​បាយ
តែ​គ្មាន​នរណា​យក​អ្វី​មក​បញ្ចុក​វា​ទេ។
៥ អស់​អ្នក​ដែល​ធ្លាប់​តែ​មាន​អាហារ​ឆ្ងាញ់ៗ
បរិភោគ បែរ​ជា​ដាច់​ពោះ​ស្លាប់​នៅ​តាម​ផ្លូវ
អស់​អ្នក​ដែល​ធ្លាប់​តែ​ស្លៀក​ពាក់​យ៉ាង​រុង​រឿង
តាំង​ពី​ក្មេង​មក
បែរ​ជា​នាំ​គ្នា​កាយ​សំរាម​រក​អាហារ​បរិភោគ។
៦ ប្រជាជន​របស់​ខ្ញុំ​មាន​កំហុស​ធ្ងន់​ជាង
អ្នក​ក្រុង​សូដុម​ដែល​ត្រូវ​វិនាស​យ៉ាង​ទាន់ហន់
ដោយ​គ្មាន​នរណា​ប្រហារ​នោះ​ទៅ​ទៀត។
៧ ពួក​មេ​ដឹក​នាំ​ធ្លាប់​តែ​ជា​មនុស្ស​បរិសុទ្ធ​ឥត​ខ្ចោះ
ហើយ​ស​ជាង​សំឡី​ទៅ​ទៀត
ពួក​គេ​មាន​រូប​កាយ​ល្អ​ស្អាត​ជាង​ផ្កា​ថ្ម
ហើយ​ផ្ទៃ​មុខ​ភ្លឺ​ដូច​កែវមរកត។
៨ ប៉ុន្តែ ឥឡូវ​នេះ មុខ​ពួក​គេ​ប្រែ​ជា​ខ្មៅ​ដូច​ធ្យូង
នៅ​តាម​ផ្លូវ គ្មាន​នរណា​មើល​ពួក​គេ​ស្គាល់​ទេ
ពួក​គេ​ស្គម​សល់​តែ​ស្បែក និង​ឆ្អឹង
ហើយ​ស្បែក​របស់​គេ​ស្ងួត​ដូច​សំបក​ឈើ។
៩ អ្នក​ស្លាប់​ដោយ​មុខ​ដាវ​មាន​សំណាង
ជាង​អ្នក​ស្លាប់​ដោយ​អត់​អាហារ
ដែល​វិនាស​បន្តិច​ម្ដងៗ ព្រោះ​គ្មាន​អ្វី​បរិភោគ។
១០ នៅ​ពេល​មហន្តរាយ​មក​ដល់
ស្ត្រី​ដែល​ធ្លាប់​តែ​មាន​ចិត្ត​អាណិត​មេត្តា
បែរ​ជា​នាំ​គ្នា​ស្ងោរ​កូន​ឯង​បរិភោគ​ទៅ​វិញ។
១១ ព្រះអម្ចាស់​ក្រេវក្រោធ​ដល់​កំរិត
ព្រះអង្គ​បាន​ជះ​ព្រះពិរោធ
ព្រះអង្គ​បង្កាត់​ភ្លើង​ដុត​ក្រុង​ស៊ីយ៉ូន
អោយ​ឆេះ​រហូត​ដល់​គ្រឹះ។
១២ ស្ដេច​ទាំងឡាយ​នៅ​លើ​ផែនដី
ព្រម​ទាំង​មនុស្សម្នា​ក្នុង​លោក​ទាំង​មូល
ពិបាក​ជឿ​ថា បច្ចាមិត្ត​អាច​ចូល​មក​ក្នុង
ក្រុង​យេរូសាឡឹម​បាន​យ៉ាង​នេះ។
១៣ ហេតុការណ៍​នេះ​កើត​ឡើង
ព្រោះ​តែ​អំពើ​បាប​របស់​ពួក​ព្យាការី
និង​កំហុស​របស់​ពួក​បូជាចារ្យ
ដែល​ប្រហារ​ជីវិត​មនុស្ស​សុចរិត​នៅ​ក្នុង​ទីក្រុង!
១៤ អ្នក​ទាំង​នោះ​ដើរ​តែលតោល​នៅ​តាម​ផ្លូវ
ដូច​មនុស្ស​ខ្វាក់
ខ្លួន​ប្រាណ​របស់​គេ​ប្រឡាក់​ទៅ​ដោយ​ឈាម
សូម្បី​តែ​សម្លៀកបំពាក់​របស់​ពួក​គេ
ក៏​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ដែរ។
១៥ អ្នក​ឯ​ទៀតៗ​ស្រែក​ដាក់​អ្នក​ទាំង​នោះ​ថា:
ជន​មិន​បរិសុទ្ធ​អើយ ចូរ​ចៀស​ចេញ​ទៅ!
ចៀស! ចូរ​ចៀស​អោយ​ឆ្ងាយ​ទៅ!
កុំ​ប៉ះពាល់​អោយ​សោះ!
ពួក​គេ​រត់​ភៀស​ខ្លួន
ពី​ប្រជាជាតិ​មួយ​ទៅ​ប្រជាជាតិ​មួយ
តែ​គ្មាន​នរណា​ទទួល​ពួក​គេ
អោយ​ស្នាក់​អាស្រ័យ​ឡើយ។
១៦ ព្រះអម្ចាស់​ផ្ទាល់​បាន​កំចាត់កំចាយ​ពួក​គេ
ព្រះអង្គ​លែង​រវីរវល់​នឹង​ពួក​គេ។
គ្មាន​នរណា​គោរព​ពួក​បូជាចារ្យ
ឬ​អាណិត​មេត្តា​មនុស្ស​ចាស់​ជរា​ឡើយ។
១៧ យើង​ទន្ទឹង​រង់ចាំ​រហូត​ដល់​ផ្សា​ភ្នែក
តែ​មិន​ឃើញ​មាន​នរណា​មក​សង្គ្រោះ​សោះ
យើង​ឃ្លាំ​មើល​ហើយ​ឃ្លាំ​មើល​ទៀត
តែ​គ្មាន​ប្រជាជាតិ​ណា​មួយ​សង្គ្រោះ​យើង​ទេ។
១៨ សត្រូវ​នាំ​គ្នា​ពួន​ស្ទាក់​ចាំ​ប្រហារ​យើង
សូម្បី​តែ​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​របស់​យើង
ក៏​យើង​ដើរ​មិន​បាន​ផង។
ថ្ងៃ​ដែល​យើង​ត្រូវ​ស្លាប់ ជិត​មក​ដល់
យើង​ជិត​អស់​អាយុ
ថ្ងៃ​ដែល​យើង​ត្រូវ​ស្លាប់ មក​ដល់​ហើយ!
១៩ អ្នក​ដែល​ប្រហារ​យើង នាំ​គ្នា​ដេញ​តាម​យើង
លឿន​ជាង​សត្វ​ឥន្ទ្រី​ហោះ​ហើរ​នៅ​លើ​មេឃ
ពួក​គេ​ដេញ​តាម​យើង​នៅ​លើ​ភ្នំ
ពួក​គេ​ចាំ​ស្ទាក់​យើង​នៅ​វាល​រហោស្ថាន។
២០ យើង​ធ្លាប់​ពោល​ថា
ដោយសារ​ម្លប់​ត្រជាក់ត្រជុំ​នៃ​ព្រះមហាក្សត្រ
យើង​នឹង​រស់​នៅ​ក្នុង​ចំណោម
ប្រជាជាតិ​ទាំងឡាយ។
ប៉ុន្តែ ឥឡូវ​នេះ​ព្រះមហាក្សត្រ
ដែល​ជា​ម្ចាស់​ជីវិត​របស់​យើង
គឺ​ស្ដេច​ដែល​ព្រះអម្ចាស់​បាន​ចាក់​ប្រេង​អភិសេក
ទ្រង់​ជាប់​ឃុំឃាំង​ក្នុង​រណ្ដៅ​របស់​ពួក​គេ។
២១ ប្រជាជន​ស្រុក​អេដុម ប្រជាជន​ស្រុក​អ៊ូស​អើយ
ចូរ​សប្បាយ​ចិត្ត ចូរ​រីករាយ​ទៅ!
ដ្បិត​អ្នក​ត្រូវ​ទទួល​ពែង​នៃ​ទុក្ខ​លំបាក​នេះ​ដែរ
អ្នក​នឹង​ស្រវឹង ហើយ​នៅ​ខ្លួន​ទទេ។
២២ ប្រជាជន​ក្រុង​ស៊ីយ៉ូន​អើយ
អ្នក​ទទួល​ទោស​ដល់​កំរិត​ហើយ
គ្មាន​នរណា​កៀរ​អ្នក​យក​ទៅ​ជា​ឈ្លើយ​ទៀត​ទេ
រីឯ​ប្រជាជន​ស្រុក​អេដុម​វិញ
ព្រះអម្ចាស់​នឹង​ធ្វើ​ទណ្ឌកម្ម​ពួក​គេ
ស្រប​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត
គឺ​ព្រះអង្គ​លាត​ត្រដាង​អំពើ​បាប​របស់​ពួក​គេ។

ជំពូកទី ៥

ពាក្យ​ទូលអង្វរ​សូម​ព្រះអម្ចាស់​អាណិត​មេត្តា
១ ព្រះអម្ចាស់​អើយ សូម​នឹក​ដល់
ហេតុការណ៍​ដែល​កើត​មាន​ចំពោះ​យើង​ខ្ញុំ
សូម​ទត​មើល​ចុះ
តើ​គេ​ត្មះតិះដៀល​យើង​ខ្ញុំ​ដល់​កំរិត​ណា!
២ ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​យើង​ខ្ញុំ
បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​បរទេស
ផ្ទះ​របស់​យើង​ខ្ញុំ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ
របស់​ជន​ដទៃ។
៣ យើង​ខ្ញុំ​ធ្លាក់​ខ្លួន​ដូច​ក្មេង​កំព្រា​គ្មាន​ឪពុក
ម្ដាយ​យើង​ខ្ញុំ​រស់​នៅ​ដូច​ស្ត្រី​មេម៉ាយ។
៤ យើង​ខ្ញុំ​ត្រូវ​បង់​ប្រាក់
ដើម្បី​ទិញ​ទឹក​របស់​យើង​ខ្ញុំ​ផ្ទាល់
ហើយ​ត្រូវ​បង់​ប្រាក់
ដើម្បី​ទិញ​អុស​របស់​យើង​ខ្ញុំ​ដែរ។
៥ ពួក​អ្នក​ដែល​តាម​ប្រហារ​យើង​ខ្ញុំ
ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​យើង​ខ្ញុំ​ជានិច្ច
យើង​ខ្ញុំ​អស់​កម្លាំង
តែ​គេ​មិន​ទុក​អោយ​យើង​ខ្ញុំ​សំរាក​ទេ។
៦ យើង​ខ្ញុំ​លើក​ដៃ​អង្វរ​សុំ​ស្បៀង​ពី​ស្រុក​អេស៊ីប
និង​ស្រុក​អាស្ស៊ីរី ដើម្បី​ចំអែត​ក្រពះ។
៧ ដូនតា​របស់​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន
តែ​ពួក​គេ​ស្លាប់​អស់​ហើយ
គឺ​យើង​ខ្ញុំ​ទេ​ដែល​រង​ទុក្ខ​ទោស
ព្រោះ​តែ​កំហុស​ដែល​ដូនតា​បាន​ប្រព្រឹត្ត។
៨ ពួក​ទាសករ​ត្រួតត្រា​លើ​យើង​ខ្ញុំ
តែ​គ្មាន​នរណា​រំដោះ​យើង​ខ្ញុំ
ចេញ​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ទាំង​នោះ​ទេ។
៩ យើង​ខ្ញុំ​ប្រថុយ​ជីវិត ឆ្លង​កាត់​មុខ​ដាវ
ដើម្បី​ទៅ​រក​ស្បៀង​អាហារ។
១០ ដោយ​ឃ្លាន​ខ្លាំង​ពេក
ស្បែក​របស់​យើង​ខ្ញុំ​ឡើង​ក្ដៅ​ដូច​ភ្លើង​ចង្ក្រាន។
១១ សត្រូវ​រំលោភ​ស្ត្រី​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន
និង​រំលោភ​ស្ត្រី​ក្រមុំ​នៅ​តាម​ក្រុង​នានា
ក្នុង​ស្រុក​យូដា។
១២ ពួក​គេ​ព្យួរ​ក​ពួក​មន្ត្រី​របស់​យើង​ខ្ញុំ
ហើយ​គ្មាន​នរណា​គោរព​ចាស់​ជរា​ទេ។
១៣ គេ​ប្រើ​អោយ​ពួក​យុវជន​លី​ត្បាល់​កិន
គេ​ប្រើ​ក្មេង​ប្រុសៗ​អោយ​លី​ឈើ​ដ៏​ធ្ងន់
រហូត​ដល់​ជំពប់​ជើង​ដួល។
១៤ ពួក​ព្រឹទ្ធាចារ្យ​លែង​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង
ទៀត​ហើយ
រីឯ​ពួក​យុវជន​ក៏​លែង​នាំ​គ្នា​ច្រៀង​ទៀត​ដែរ។
១៥ អំណរ​បាន​ចាក​ចេញ​បាត់​ពី​ចិត្ត​យើង​ខ្ញុំ
យើង​ខ្ញុំ​នាំ​គ្នា​កាន់​ទុក្ខ ជំនួស​ការ​រាំ​រែក
១៦ យើង​ខ្ញុំ​បាត់​បង់​កិត្តិយស
យើង​ខ្ញុំ​ត្រូវ​វេទនា
ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប!
១៧ ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​យើង​ខ្ញុំ​ខ្លោចផ្សា
យើង​ខ្ញុំ​យំ​រហូត​ដល់​ហើម​ភ្នែក។
១៨ ភ្នំ​ស៊ីយ៉ូន​ក្លាយ​ទៅ​ជា​ទី​ស្មសាន
ជា​កន្លែង​ដែល​កញ្ជ្រោង​ដើរ​រក​ស៊ី។
១៩ ព្រះអម្ចាស់​អើយ ព្រះអង្គ​គ្រង​រាជ្យ​រហូត​ត​ទៅ
បល្ល័ង្ក​របស់​ព្រះអង្គ​នៅ​ស្ថិតស្ថេរ
អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។
២០ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បំភ្លេច​យើង​ខ្ញុំ
រហូត​ដូច្នេះ?
ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ​បង់​ចោល​យើង​ខ្ញុំ
អស់​មួយ​ជីវិត?
២១ ព្រះអម្ចាស់​អើយ
សូម​នាំ​យើង​ខ្ញុំ​អោយ​វិល​ត្រឡប់​មក​វិញ
នោះ​យើង​ខ្ញុំ​នឹង​វិល​ត្រឡប់​មក​វិញ
សូម​ប្រទាន​អាយុ​ជីវិត​មក​យើង​ខ្ញុំ​សា​ជា​ថ្មី។
២២ តើ​ព្រះអង្គ​បោះ​បង់​ចោល​យើង​ខ្ញុំ​រហូត​មែន​ឬ
តើ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​នឹង​យើង​ខ្ញុំ
ហួស​កំរិត​បែប​នេះ​ឬ?