ពាក្យលំនាំ
ពាក្យប្រៀនប្រដៅរបស់ «សាស្ដា» មានលក្ខណៈខុសប្លែកពីពាក្យប្រៀនប្រដៅរបស់អ្នកប្រាជ្ញផ្សេងទៀតនៅក្នុងគម្ពីរសុភាសិត។ សេចក្ដីដែលសាស្ដាប្រៀនប្រដៅ ផុសចេញពីបទពិសោធ និង ត្រិះរិះដ៏យូរអំពីជីវិត។
សាស្ដាយល់ឃើញថា សុភមង្គលរបស់មនុស្សមិនស្ថិតស្ថេរទេ ហើយជាញឹកញាប់ ការខំប្រឹងប្រែងរបស់មនុស្ស ដើម្បីស្វែងរកសុភមង្គល ក៏ឥតខ្លឹមសារដែរ។ ហេតុនេះ សាស្ដាដណ្ដឹងសួរថា តើជីវិតមានន័យឬុយ៉ាងណា តើរស់នៅលើផែនដីមានប្រយោជន៍អ្វី? សាស្ដាមានបំណងណែនាំអ្នកអានឲ្យរិះគិតពិចារណាអំពីជីវិត ដូចលោកដែរ។
សេចក្ដីប្រៀនប្រដៅរបស់សាស្ដា ជាការសង្កេតចំពោះហេតុការណ៍ទាំងប៉ុន្មានដែលកើតមានក្នុងលោកនេះ ។ លោកអះអាងជាច្រើនលើកច្រើនសារថា អ្វីៗទាំងអស់សុទ្ធតែឥតន័យ គឺយុវជន ទ្រព្យសម្បត្ដិ កិត្ដិយស ការងារ ប្រាជ្ញា និង សេចក្ដីសុចរិតជាដើម គឺអ្វីៗដែលមនុស្សខ្នះខ្នែងចង់បាន សុទ្ធតែឥតខ្លឹមសារ ។ សេចក្ដីស្លាប់ និង អំពើអយុត្ដិធម៌ស្ថិតនៅជាប់ជាមួយមនុស្សជានិច្ច ដែលជាហេតុបណ្ដាលឲ្យមនុស្សមានជីវិតមិនទៀង ហើយពិបាកស្វែងយល់អំពីគម្រោងការរបស់ព្រះជាម្ចាស់សំរាប់ពិភពលោក។ ទស្សនៈបែបនេះអាចជំរុញយើងឲ្យរិះគិតពិចារណាយ៉ាងដិតដល់អំពីជីវិត ហើយប្រកាន់យករបៀបរស់នៅសមស្របនឹងស្ថានភាពរបស់មនុស្សយើង។
អត្ថបទគម្ពីរមួយចំនួនទៀតផ្ដល់ចម្លើយយ៉ាងច្បាស់លាស់ស្ដីអំពីជីវិត គឺប្រសិនបើគ្មានព្រះជាម្ចាស់គង់នៅក្នុងជីវិតយើងទេ នោះជីវិតក៏គ្មានន័យអ្វីដែរ។ ដូច្នេះ មានតែជំនឿលើព្រះជាម្ចាស់ និងការរួមរស់ដ៏ជិតស្និទ្ធជាមួយព្រះអង្គប៉ុណ្ណោះ ដែលបំពេញភាពល្ហល្ហេវនៃជីវិតរបស់យើង ហើយធ្វើឲ្យជីវិតនេះមានន័យ និង មានខ្លឹមសារ។
សាស្ដា
ជំពូកទី ១
អ្វីៗទាំងអស់សុទ្ធតែឥតបានការ
១ នេះជាពាក្យរបស់សាស្ដា ជាបុត្ររបស់ព្រះបាទដាវីឌ និងជាព្រះមហាក្សត្រនៅក្រុងយេរូសាឡឹម។
២ សាស្ដាបានថ្លែងថា: អ្វីៗទាំងអស់សុទ្ធតែឥតន័យឥតខ្លឹមសារ និងឥតបានការ។ ៣ មនុស្សខំប្រឹងធ្វើការយ៉ាងនឿយហត់នៅលើផែនដីតើបានប្រយោជន៍អ្វី? ៤ មនុស្សមួយជំនាន់ចាកចេញពីលោកនេះទៅ មនុស្សមួយជំនាន់ទៀតចូលមក ហើយផែនដីនៅស្ថិតស្ថេរដដែល។ ៥ ព្រះអាទិត្យរះឡើងរួចលិចទៅវិញ ហើយប្រញាប់វិលត្រឡប់ទៅកន្លែងដែលត្រូវរះសាជាថ្មី។ ៦ ខ្យល់បក់ទៅទិសខាងត្បូង ទៅទិសខាងជើង វិលទៅវិលមក បក់តាមទិសរបស់ខ្លួនវិញ។ ៧ ទន្លេទាំងប៉ុន្មានហូរចាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើយ ហើយទឹកទន្លេក៏វិលទៅហូរតាមផ្លូវរបស់វាវិញដែរ។ ៨ អ្វី ៗទាំងអស់សុទ្ធតែ ច្រំដែលៗ រហូតដល់មនុស្សរកពាក្យមកថ្លែងពុំបាន។ ភ្នែកសម្លឹងមើលតែមិនចេះស្កប់ ត្រចៀកត្រងត្រាប់ស្ដាប់តែមិនចេះធុញទ្រាន់។ ៩ ហេតុ ការណ៍ដែលធ្លាប់មាន កាលពីមុន ក៏នឹងមាននៅពេលខាងមុខ ការអ្វីៗដែលគេធ្វើពីមុន គេនឹងធ្វើនៅពេលខាងមុខដែរ គឺនៅលើផែនដីគ្មានការអ្វីថ្មីសោះឡើយ។ ១០ ប្រសិនបើគេពោលអំពី ហេតុការណ៍អ្វីមួយថា «នេះជាហេតុការណ៍ថ្មី» តោងដឹងថាហេតុការណ៍នោះធ្លាប់កើតមានតាំងពីបុរាណកាលរួចស្រេចទៅ ហើយ។ ១១ គ្មាននរណានឹកចាំពីអតីតកាលទេ ហើយហេតុការ ណ៍ដែលនឹងកើតឡើងនៅអនាគត ក៏មនុស្សជំនាន់ក្រោយមិននឹកចាំដែរ។
បទពិសោធរបស់សាស្ដា
១២ ខ្ញុំសាស្ដា ខ្ញុំគ្រងរាជ្យលើស្រុកអ៊ីស្រាអែលនៅក្រុងយេរូសាឡឹម។ ១៣ ខ្ញុំខិតខំស្វែងរក និងយកប្រាជ្ញាមករិះគិតពិចារណាអំពីអ្វីៗទាំងប៉ុន្មានដែលកើតមាន នៅក្រោមមេឃនេះ។ ព្រះជាម្ចាស់តំរូវអោយមនុស្សលោកខ្វល់ខ្វាយធ្វើការយ៉ាងនឿយហត់បំផុត។ ១៤ ខ្ញុំបានឃើញថា ស្នាដៃទាំងប៉ុន្មានដែលមនុស្សធ្វើនៅលើផែនដី សុទ្ធតែឥតបានការដូចដេញចាប់ខ្យល់។ ១៥ អ្វីៗដែលកោង ពុំអាចបត់អោយត្រង់វិញបានឡើយ ហើយអ្វីៗដែលខ្វះក៏ពុំអាចរាប់បានដែរ។ ១៦ ខ្ញុំរិះគិតថា: ខ្ញុំមានប្រាជ្ញាកាន់តែច្រើនឡើងៗ លើសស្ដេចឯទៀតៗដែលគ្រងរាជ្យនៅក្រុងយេរូសាឡឹមមុនខ្ញុំ។ ខ្ញុំមានបទពិសោធជាច្រើនអំពីប្រាជ្ញា និងការចេះដឹង។ ១៧ ខ្ញុំខិតខំស្វែងយល់ អំពីប្រាជ្ញា ព្រមទាំងស្វែងយល់អំពីភាពលេលា និងការវង្វេងស្មារតី។ ខ្ញុំយល់ឃើញថា សូម្បីតែត្រង់នេះក៏ដូចដេញចាប់ខ្យល់ដែរ ១៨ ដ្បិតមានប្រាជ្ញាច្រើនមានទុក្ខកង្វល់ក៏ច្រើន ហើយមានការចេះដឹងច្រើន មានទុក្ខព្រួយក៏ច្រើនដែរ។
ជំពូកទី ២
១ ខ្ញុំនិយាយមកខ្លួនឯងថា: «ឥឡូវនេះមកយើង! គិតតែពីសប្បាយ ហើយផ្ដោតអារម្មណ៍លើសុភមង្គលតែប៉ុណ្ណោះ»។ សូម្បីយ៉ាងនេះក្ដីក៏ឥតបានការដែរ។ ២ ខ្ញុំគិតថា ការសើចសប្បាយជាការលេលា រីឯអំណររីករាយវិញ តើបានប្រយោជន៍អ្វី? ៣ ខ្ញុំបានសំរេចចិត្តយក សុរាជាត្រីមុខ ហើយរស់នៅដូចមនុស្សលេលា ប៉ុន្តែ ព្រមជាមួយគ្នានោះ ចិត្តគំនិតរបស់ខ្ញុំនៅតែចង់ធ្វើជាម្ចាស់លើប្រាជ្ញារបស់ខ្ញុំ ដើម្បីអោយបានដឹងច្បាស់ថាអ្វីទៅជាការល្អដែលមនុស្សត្រូវ ប្រព្រឹត្ត ក្នុងជីវិតដ៏ខ្លីរបស់គេនៅលើផែនដីនេះ។
៤ ខ្ញុំបានធ្វើកិច្ចការដ៏ប្រសើរជាច្រើន គឺខ្ញុំសង់ដំណាក់ផ្សេងៗ ហើយដាំចំការទំពាំងបាយជូរទុកសំរាប់ខ្លួនឯង ៥ ខ្ញុំធ្វើសួនច្បារ និងសួនឧទ្យាន ហើយខ្ញុំដាំដើមឈើស៊ីផ្លែគ្រប់មុខក្នុងសួននោះ។ ៦ ខ្ញុំបានជីកស្រះយកទឹកស្រោចស្រពព្រៃ ដែលមានកូនឈើដុះដេរដាស។ ៧ ខ្ញុំបានទិញអ្នកបំរើ ប្រុសស្រី ថែមពីលើអ្នកបំរើដែលកើតនៅក្នុងផ្ទះរបស់ខ្ញុំ។ ខ្ញុំក៏មានហ្វូងគោ និងហ្វូងចៀមច្រើនជាងស្ដេចនានា ដែលសោយរាជ្យនៅក្រុងយេរូសាឡឹមមុនខ្ញុំ។ ៨ ខ្ញុំបានប្រមូលមាស ប្រាក់ ព្រមទាំងទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ស្ដេច និងនគរនានា។ ខ្ញុំរកបានអ្នកចំរៀងប្រុសស្រី និងអ្វីៗទាំងអស់ដែលមនុស្សប្រាថ្នាចង់បាន ហើយក៏មានស្ត្រីស្នំជាច្រើនផង។ ៩ ខ្ញុំទទួលឋានៈដ៏ ប្រសើរឧត្ដុង្គឧត្ដមលើសស្ដេចនានា ដែលសោយរាជ្យនៅក្រុងយេរូសាឡឹមមុនខ្ញុំ។ ប៉ុន្តែ ប្រាជ្ញាស្ថិតនៅជាមួយខ្ញុំដដែល។ ១០ អ្វីៗដែលខ្ញុំ ប្រាថ្នាចង់បាន ខ្ញុំទទួលទាំងអស់។ ខ្ញុំតែងតែបំពេញតាមបំណងសប្បាយគ្រប់យ៉ាងរបស់ខ្ញុំ ដ្បិតខ្ញុំសប្បាយរីករាយនឹងការងារទាំងប៉ុន្មានដែលខ្ញុំធ្វើ គឺការសប្បាយនេះហើយ ជាផលនៃការងាររបស់ខ្ញុំ។ ១១ បន្ទាប់មក ខ្ញុំពិចារណាមើលស្នាដៃទាំងប៉ុន្មានដែលខ្ញុំបានធ្វើ ព្រមទាំងការនឿយហត់របស់ខ្ញុំ ដើម្បីសំរេចកិច្ចការទាំងនេះ ខ្ញុំយល់ឃើញថា អ្វីៗទាំងអស់សុទ្ធតែឥតបានការ ដូចដេញចាប់ខ្យល់។ កិច្ចការដែលធ្វើនៅលើផែនដីគ្មានប្រយោជន៍អ្វីឡើយ។
១២ ពេលនោះ ខ្ញុំបែរទៅពិចារណាមើលថា តើប្រាជ្ញា ភាពលេលា ឬការវង្វេងស្មារតីមានប្រយោជន៍អ្វី។ ខ្ញុំក៏ដណ្ដឹងសួរថា តើស្ដេចដែលគ្រងរាជ្យបន្តពីខ្ញុំ នឹងប្រព្រឹត្តអ្វីផ្សេងពីស្ដេចមុនៗដែរឬ? ១៣ ខ្ញុំក៏យល់ឃើញដូចតទៅ: ប្រាជ្ញាមានតម្លៃជាងការវង្វេងស្មារតី ដូចពន្លឺមានតម្លៃជាងភាពងងឹត។ ១៤ មនុស្សមានប្រាជ្ញា ដឹងថា ខ្លួនកំពុងធ្វើដំណើរទៅទីណា រីឯមនុស្សល្ងីល្ងើដើរនៅក្នុងភាពងងឹត។ ប៉ុន្តែ ខ្ញុំយល់ថាចុងបញ្ចប់របស់អ្នកទាំងពីរមិនខុសគ្នាទេ។ ១៥ ខ្ញុំនឹកក្នុងចិត្ត ថា: ចុងបញ្ចប់របស់ខ្ញុំ ក៏ដូចជាចុងបញ្ចប់របស់មនុស្សលេលាដែរ។ ដូច្នេះ បើខ្ញុំមានប្រាជ្ញាច្រើនតើបានប្រយោជន៍អ្វី? ខ្ញុំនឹកក្នុងចិត្តថាត្រង់នេះក៏ឥតបានការដែរ ១៦ អ្នកប្រាជ្ញមិនខុស ប្លែកពីមនុស្សលេលាទេ ដ្បិតគ្មាននរណានឹកនាដល់គេ រហូតអស់កល្បជានិច្ចឡើយ។ ពេលវេលាចេះតែកន្លងផុតទៅ ហើយមនុស្សក៏ភ្លេចអ្វីៗទាំងអស់ដែរ។ អ្នកប្រាជ្ញនឹងស្លាប់ដូចមនុស្សលេលា។ ១៧ ហេតុនេះហើយបានជា ខ្ញុំមិនចូលចិត្តជីវិតទេ ហើយខ្ញុំយល់ឃើញថា អ្វីៗដែលមនុស្សធ្វើនៅលើផែនដីសុទ្ធតែអាក្រក់ ព្រោះអ្វីៗទាំងអស់សុទ្ធតែឥតបានការដូចដេញចាប់ខ្យល់។ ១៨ ខ្ញុំមិនចូលចិត្ត ការនឿយហត់ទាំងប៉ុន្មាន ដែលខ្ញុំខំធ្វើនៅលើផែនដីឡើយ ដ្បិតខ្ញុំត្រូវទុកទាំងអស់សំរាប់ស្ដេចដែលគ្រងរាជ្យបន្តពី ខ្ញុំ។ ១៩ មួយវិញទៀតគ្មាននរណា ដឹងថា ស្ដេចថ្មីនោះជាមនុស្សមានប្រាជ្ញា ឬមនុស្សលេលាទេ។ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី ស្ដេចនោះនឹងគ្រប់គ្រងលើស្នាដៃទាំងប៉ុន្មានដែលខ្ញុំខំប្រឹងប្រែង ធ្វើ ដោយប្រាជ្ញារបស់ខ្ញុំនៅលើផែនដី។ ត្រង់នេះក៏ឥតបានការដែរ។ ២០ គិតដូច្នេះ ខ្ញុំក៏បាក់ទឹកចិត្ត ចំពោះការខំប្រឹងប្រែងទាំងប៉ុន្មានដែលខ្ញុំធ្វើនៅលើផែនដីនេះ។ ២១ មនុស្សម្នាក់ខំប្រឹង ធ្វើការយ៉ាងនឿយហត់ដោយប្រើប្រាជ្ញា ចំណេះ និងការស្ទាត់ជំនាញតែបែរជាទុកអ្វីៗដែលខ្លួនធ្វើអោយមនុស្ស ម្នាក់ទៀត ដែលពុំបានខំប្រឹងប្រែងទាល់តែសោះ។ ត្រង់នេះក៏ឥតបានការ ហើយជាការមួយដ៏អាក្រក់បំផុត។ ២២ អ្នកដែលខំប្រឹងប្រែង ខ្វល់ខ្វាយធ្វើការនៅលើផែនដី ដើម្បីសំរេចតាមគោលបំណងរបស់ខ្លួនបែបនេះ តើបានប្រយោជន៍អ្វី? ២៣ ដ្បិតរៀងរាល់ថ្ងៃ មានតែទុក្ខកង្វល់ និងទុក្ខព្រួយ សូម្បីតែពេលយប់ចិត្តរបស់គេក៏មិនស្ងប់។ ត្រង់នេះក៏ឥតបានការដែរ។
២៤ ដូច្នេះ សំរាប់មនុស្ស គ្មានអ្វីប្រសើរជាងការស៊ីផឹក ព្រមទាំងគិតតែពីសប្បាយនឹងកិច្ចការដែលខ្លួនខំប្រឹងធ្វើនោះឡើយ។ ប៉ុន្តែ ត្រង់នេះទៀតខ្ញុំឃើញថា ព្រះជាម្ចាស់ទេតើដែលប្រទានអោយ។ ២៥ ប្រសិនបើព្រះជាម្ចាស់មិនប្រោសប្រទានទេនោះ គ្មាននរណាម្នាក់អាចបរិភោគ ឬសប្បាយចិត្តបានឡើយ ២៦ ដ្បិតព្រះជាម្ចាស់ ប្រទានប្រាជ្ញា ការចេះដឹង និងអំណរ ដល់អ្នកដែលគាប់ព្រះហឫទ័យព្រះអង្គ។ រីឯមនុស្សបាបវិញ ព្រះអង្គប្រទានអោយគេខ្វល់ខ្វាយ គិតតែពីប្រមូលទ្រព្យសម្បត្តិ ប្រគល់អោយអស់អ្នកដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់។ ត្រង់នេះក៏នៅតែឥតបានការ ដូចដេញចាប់ខ្យល់។
ជំពូកទី ៣
អ្វីៗទាំងអស់សុទ្ធតែមានពេលកំណត់
១ អ្វីៗដែលមាននៅផែនដី កើតឡើងតាមពេលកំណត់របស់វា។
២ មានពេលកើត មានពេលស្លាប់
មានពេលដាំ មានពេលដក។
៣ មានពេលសម្លាប់ មានពេលព្យាបាលរបួស
មានពេលផ្ដួលរំលំ មានពេលសង់។
៤ មានពេលយំ មានពេលសើច
មានពេលសោយសោក មានពេលរាំសប្បាយ។
៥ មានពេលគ្រវែងដុំថ្ម មានពេលរើសដុំថ្ម
មានពេលឱបថើប មានពេលមិនព្រមឱបថើប។
៦ មានពេលស្វែងរក មានពេលបាត់បង់
មានពេលថែទាំ មានពេលបោះចោល។
៧ មានពេលហែក មានពេលដេរភ្ជិតឡើងវិញ
មានពេលនៅស្ងៀម មានពេលនិយាយ។
៨ មានពេលស្រឡាញ់ មានពេលស្អប់
មានពេលធ្វើសង្គ្រាម មានពេលសន្តិភាព។
៩ តើអ្នកដែលខំប្រឹងប្រែងធ្វើការយ៉ាងលំបាកបានទទួលផលអ្វីខ្លះ? ១០ ខ្ញុំសង្កេតឃើញថា ព្រះជាម្ចាស់បានប្រគល់ការងារយ៉ាងនឿយហត់អោយមនុស្សលោកធ្វើ។ ១១ អ្វីៗដែលព្រះអង្គ ធ្វើសុទ្ធតែល្អស្អាតតាមពេលរបស់វា។ ទោះបីមនុស្សពុំអាចយល់ពីស្នាព្រះហស្ដដែលព្រះជាម្ចាស់បានធ្វើ ចាប់ពីដើម រហូតដល់ចុងបញ្ចប់ក្ដី ក៏ព្រះអង្គប្រទានអោយគេចេះគិតអំពីពេលវេលាដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ចដែរ។ ១២ ខ្ញុំយល់ឃើញថា គ្មានការអ្វីប្រសើរសំរាប់មនុស្សក្រៅពីការសប្បាយ និងមានសេចក្ដីសុខក្នុងពេលដែលខ្លួននៅមានជីវិតនោះឡើយ។ ១៣ ការស៊ីផឹក និងការមានអំណរសប្បាយចំពោះកិច្ចការដែលខ្លួនបានធ្វើនោះ គឺជាអំណោយទានដែលព្រះជាម្ចាស់អោយមនុស្សគ្រប់ៗរូប។
១៤ ខ្ញុំយល់ឃើញថា អ្វីៗដែលព្រះជាម្ចាស់ធ្វើ រមែងនៅស្ថិតស្ថេររហូត ហើយមិនត្រូវការបន្ថែម ឬបន្ថយទេ។ ព្រះអង្គធ្វើដូច្នេះ ដើម្បីអោយយើងគោរពកោតខ្លាចព្រះអង្គ។ ១៥ អ្វីៗដែលមាននៅ បច្ចុប្បន្នកាលនេះពីអតីតកាលក៏ធ្លាប់មានដែរ ហើយអ្វីៗដែលនឹងកើតមាននៅអនាគតកាលសុទ្ធតែមានរួចស្រេចមកហើយ។ អ្វីៗដែលកន្លងហួសទៅហើយព្រះជាម្ចាស់ធ្វើអោយកើតមានសាជាថ្មី។
ចុងបញ្ចប់ គឺសេចក្ដីស្លាប់
១៦ នៅលើផែនដីនេះ ខ្ញុំក៏បានឃើញហេតុការណ៍មួយទៀត គឺកន្លែងដែលត្រូវមានយុត្តិធម៌ បែរជាមានអំពើអាក្រក់ ហើយកន្លែងដែលត្រូវមានអំពើសុចរិតក៏មានអំពើអាក្រក់ដែរ។ ១៧ ខ្ញុំបានរិះគិតក្នុង ចិត្តថា: ព្រះជាម្ចាស់នឹងវិនិច្ឆ័យមនុស្សសុចរិត ព្រមទាំងមនុស្សអាក្រក់ ដ្បិតមានពេលកំណត់សំរាប់អ្វីៗទាំងអស់ ហើយក៏មានពេលវិនិច្ឆ័យគ្រប់អំពើដែលមនុស្សប្រព្រឹត្តដែរ។
១៨ ខ្ញុំរិះគិតអំពីមនុស្សលោក គឺព្រះជាម្ចាស់នឹងល្បងលពួកគេ ដើម្បីអោយពួកគេយល់ដោយខ្លួនឯងថា ពួកគេមិនខុសពីសត្វឡើយ ១៩ ដ្បិតចុងបញ្ចប់របស់ មនុស្ស និងចុងបញ្ចប់របស់សត្វមិនខុសគ្នាទេ។ ទាំងមនុស្ស ទាំងសត្វមានដង្ហើមដូចគ្នា ហើយគេក៏ស្លាប់ដូចគ្នាដែរ។ មនុស្សលោកគ្មានអ្វីប្រសើរជាងសត្វទេ ដ្បិតអ្វីៗទាំងអស់សុទ្ធតែឥតបានការ។ ២០ សត្វលោកទាំងអស់បោះជំហានទៅរកទិសដៅតែមួយ។ សត្វលោកទាំងអស់កើតមកពីធូលីដី ហើយត្រឡប់ទៅជាធូលីដីវិញ។ ២១ តើនរណាអាចអះអាងថា វិញ្ញាណក្ខ័ន្ធរបស់មនុស្សឡើងទៅលើមេឃ ហើយវិញ្ញាណរបស់សត្វចុះទៅក្រោមដី? ២២ ដូច្នេះ ខ្ញុំយល់ឃើញថា គ្មានអ្វីប្រសើរសំរាប់មនុស្ស ក្រៅពីសប្បាយរីករាយ ចំពោះកិច្ចការដែលខ្លួនធ្វើនោះទេ ព្រោះជារង្វាន់មួយសំរាប់គេ។ គ្មាននរណាម្នាក់អាចនាំគេអោយមកមើលហេតុការណ៍ដែលនឹងកើតមាន ក្រោយពេលដែលខ្លួនស្លាប់ផុតទៅហើយនោះឡើយ។
ជំពូកទី ៤
ការជិះជាន់សង្កត់សង្កិន និងបញ្ហាផ្សេងៗក្នុងជីវិត
១ មួយវិញទៀត ខ្ញុំបានឃើញការសង្កត់សង្កិនគ្រប់យ៉ាង ដែលមនុស្សប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកនៅលើផែនដីនេះ។ ខ្ញុំឃើញទឹកភ្នែករបស់មនុស្សដែលត្រូវគេសង្កត់សង្កិន តែគ្មាននរណាម្នាក់សំរាលទុក្ខពួកគេទេ ដ្បិតអំណាចស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នកសង្កត់សង្កិន ដូច្នេះ គ្មាននរណាម្នាក់សំរាលទុក្ខពួកគេឡើយ។ ២ ខ្ញុំយល់ថាអ្នកដែលស្លាប់ទៅហើយ មានសុភមង្គលជាងអ្នកដែលនៅរស់។ ៣ ក៏ប៉ុន្តែ អ្នកដែលមិនទាន់កើត ហើយមិនបានឃើញអំពើអាក្រក់ទាំងប៉ុន្មានដែលមនុស្សប្រព្រឹត្តនៅលើ ផែនដី ប្រសើរជាងមនុស្សដែលស្លាប់ និងមនុស្សដែលនៅរស់ទៅទៀត។
៤ ខ្ញុំយល់ ឃើញថាការនឿយហត់ដែលមនុស្សខំប្រឹងប្រែងធ្វើរហូតដល់មានជោគជ័យនោះ គឺមកពីការច្រណែនគ្នាប៉ុណ្ណោះ។ ត្រង់នេះក៏នៅតែឥតបានការ ដូចដេញចាប់ខ្យល់។
៥ មនុស្សលេលាគិតតែពីឱបដៃ ហើយស៊ីសាច់ខ្លួនឯង។ ៦ បានសំរាកតែបន្តិច នោះប្រសើរជាងខំប្រឹងប្រែងធ្វើការច្រើន ដូចជាដេញចាប់ខ្យល់។ ៧ ខ្ញុំបានឃើញការម្យ៉ាងទៀត នៅលើផែនដីនេះដែលឥតបានការ ៨ គឺមនុស្សរស់នៅ កណ្ដោចកណ្ដែងតែម្នាក់ឯង គ្មានកូន គ្មានបងប្អូន តែអ្នកនោះធ្វើការមិនចេះឈប់ចង់បានទ្រព្យមិនចេះស្កប់ចិត្ត។ តើខ្ញុំខំប្រឹងធ្វើការសំរាប់នរណាបានជាបង្អត់ខ្លួនឯងមិនអោយ មានសុភមង្គលដូច្នេះ? ត្រង់នេះទៀតក៏សុទ្ធតែឥតបានការ ហើយជាការខ្វល់ខ្វាយឥតអំពើ។
៩ មនុស្សពីរនាក់ប្រសើរជាងមនុស្សតែម្នាក់ ដ្បិតកិច្ចការដែលអ្នកទាំងពីរធ្វើរួមគ្នា រមែងបានទទួលផលច្រើនជាង។ ១០ ប្រសិនបើម្នាក់ដួល ម្នាក់ទៀតជួយលើក។ រីឯមនុស្សដែលនៅតែម្នាក់ឯង មុខជាវេទនាពុំខាន ព្រោះពេលគេដួលគ្មាននរណាជួយលើកទេ! ១១ មួយវិញទៀត បើមនុស្សពីរនាក់ដេកជាមួយគ្នា នោះគេបានកក់ក្ដៅ។ ចំណែកឯមនុស្សដែលនៅតែម្នាក់ឯងវិញ ធ្វើម្ដេចអោយកក់ក្ដៅកើត? ១២ មនុស្សម្នាក់អាចវាយ មនុស្សម្នាក់ទៀតឈ្នះ តែបើមានពីរនាក់ព្រួតគ្នា អ្នកនោះពុំអាចឈ្នះបានឡើយ។ ពួរដែលវេញដោយខ្សែបីសសៃ មិនងាយដាច់ទេ។
១៣ ក្មេង ប្រុសម្នាក់ក្រីក្រតែមានប្រាជ្ញា នោះប្រសើរជាងស្ដេចមួយអង្គដែលមានវ័យចាស់ជរា ហើយល្ងីល្ងើ មិនព្រមទទួលយោបល់ពីអ្នកដទៃ។ ១៤ ក្មេងប្រុសនោះអាចចេញពីទីឃុំឃាំងឡើងគ្រងរាជ្យបាន ទោះបីគេកើតមកជាអ្នកក្រក្នុងនគររបស់ខ្លួនក្ដី។ ១៥ ខ្ញុំឃើញមនុស្សទាំង អស់ដែលមានជីវិត និងមានចលនានៅលើផែនដី លើកគ្នាទៅហែហមក្មេងប្រុស ដែលឡើងគ្រងរាជ្យជំនួសស្ដេចចាស់។ ១៦ ក្មេងប្រុសនោះនឹង ធ្វើជាមគ្គទេសក៍លើប្រជាជនដែលច្រើនឥតគណនា។ ប៉ុន្តែ មនុស្សនៅជំនាន់ក្រោយៗមិនចាប់អារម្មណ៍នឹងស្ដេចនោះទេ។ ត្រង់នេះទៀតក៏ឥតបានការ ដូចដេញចាប់ខ្យល់។
ត្រូវចេះប្រមាណពាក្យសំដីនៅពេលអធិស្ឋាន
១៧(៥.១) ពេលណាអ្នកទៅ ព្រះដំណាក់របស់ព្រះជាម្ចាស់ ត្រូវពិចារណាអោយបានល្អិតល្អន់។ ត្រូវចូលទៅជិតព្រះអង្គ ដើម្បីត្រងត្រាប់ស្ដាប់ ជាជាងចង់ថ្វាយយញ្ញបូជាដូចមនុស្សលេលា ដ្បិតអ្នកទាំងនោះពុំដឹងថាខ្លួនប្រព្រឹត្តអំពើអាក្រក់ទេ។
ជំពូកទី ៥
១(២) កុំឆាប់ បើកមាត់និយាយពេក ហើយក៏មិនត្រូវប្រញាប់ពោលពាក្យសន្យានឹងព្រះជាម្ចាស់លឿនពេកដែរ ដ្បិតព្រះជាម្ចាស់គង់នៅស្ថានបរមសុខ រីឯអ្នកវិញ អ្នកស្ថិតនៅលើផែនដី។ ដូច្នេះ ត្រូវចេះប្រមាណពាក្យសំដីរបស់ខ្លួន។ ២(៣) ការខ្វល់ខ្វាយច្រើនបណ្ដាលអោយយល់សប្ដិច្រើន ហើយការនិយាយច្រើនក៏បណ្ដាលអោយខុសច្រើនដែរ។
៣(៤) ពេលណា អ្នកបន់ព្រះជាម្ចាស់អំពីរឿងអ្វីមួយ ត្រូវសំរេចតាមពាក្យដែលអ្នកបន់អោយបានរួសរាន់ ដ្បិតព្រះអង្គមិនអធ្យាស្រ័យអោយមនុស្សលេលាឡើយ។ ត្រូវធ្វើតាមពាក្យដែលអ្នកបានបន់។ ៤(៥) បើអ្នកមិនបន់ នោះប្រសើរជាងបន់ តែមិនធ្វើតាមពាក្យដែលខ្លួនបានបន់។ ៥(៦) កុំបណ្ដោយអោយមាត់របស់ អ្នក នាំខ្លួនអ្នកទាំងមូលអោយមានទោស ហើយដោះសាជាមួយបូជាចារ្យ* ថាអ្នកបានបន់ដោយច្រឡំឡើយ។ ធ្វើដូច្នេះព្រះជាម្ចាស់ទ្រង់ព្រះពិរោធព្រោះតែពាក្យសំដីរបស់អ្នក ហើយព្រះអង្គរំលាយកិច្ចការដែលអ្នកបានធ្វើ។ ៦(៧) ការយល់សប្ដិច្រើនសុទ្ធ តែឥតបានការយ៉ាងណា ពោលពាក្យសំដីច្រើនក៏ឥតបានការយ៉ាងនោះដែរ។ ហេតុនេះចូរគោរពកោតខ្លាចព្រះជាម្ចាស់។
ការប្រើអំណាចជិះជាន់អ្នកទន់ខ្សោយ
៧(៨) ប្រសិនបើអ្នកឃើញគេ ជិះជាន់ប្រជាជនក្រីក្រនៅក្នុងស្រុក ឬក៏ឃើញគេរំលោភច្បាប់ និងបំពានលើយុត្តិធម៌មិនត្រូវងឿងឆ្ងល់ឡើយ។ អ្នកធំតែងតែគាំទ្រអ្នកធំដូចគ្នា ហើយមានអ្នកធំផ្សេងទៀតត្រួតពីលើអ្នកទាំងពីរ។ ៨(៩) ភោគផលដែលកើតចេញពីដី ផ្ដល់អាហារដល់មនុស្សទាំងអស់ សូម្បីតែស្ដេចក៏ទទួលស្បៀងអាហារពីស្រែចំការដែរ។
ទ្រព្យសម្បត្តិពុំអាចទុកអោយគង់បានទេ
៩(១០) អ្នកស្រឡាញ់ប្រាក់ ពុំដែលស្កប់ចិត្តនឹងប្រាក់ទេ រីឯអ្នកស្រឡាញ់ទ្រព្យសម្បត្តិ ក៏មិនអាចទាញផលប្រយោជន៍អ្វីពីទ្រព្យសម្បត្តិរបស់ខ្លួនបានដែរ។ ត្រង់នេះក៏នៅតែឥតបានការ។ ១០(១១) ទ្រព្យសម្បត្តិកើន ចំនួនច្រើនឡើងប៉ុណ្ណា មនុស្សដែលដេកស៊ីទ្រព្យសម្បត្តិនោះក៏កើនចំនួនច្រើនឡើងប៉ុណ្ណោះ ដែរ។ ម្ចាស់ទ្រព្យនឹងមិនទទួលផលប្រយោជន៍អ្វីពីទ្រព្យរបស់ខ្លួនក្រៅពី ឃើញទ្រព្យនោះផ្ទាល់នឹងភ្នែកឡើយ។ ១១(១២) អ្នកដែលធ្វើការ នឿយហត់ រមែងដេកលក់ស្រួល ទោះបីគេមានអាហារបរិភោគតិច ឬច្រើនក្ដី រីឯអ្នកមានវិញ ទោះបីគេមានអាហារបរិភោគច្រើនយ៉ាងណា ក៏ដេកមិនលក់ដែរ។
១២(១៣) ខ្ញុំសង្កេតឃើញការមួយទៀតគួរអោយបារម្ភនៅលើផែនដី គឺមនុស្សសន្សំទ្រព្យទុកសំរាប់អោយខ្លួនឯងវេទនា។ ១៣(១៤) អ្នកនោះបាត់បង់ទ្រព្យសម្បត្តិ ដោយប្រការអាក្រក់ណាមួយ ពេលកូនកើតមកនោះគ្មានអ្វីទុកអោយកូនឡើយ។ ១៤(១៥) អ្នកនោះកើតពីផ្ទៃ ម្ដាយមកខ្លួនទទេយ៉ាងណា ក៏វិលត្រឡប់ទៅវិញខ្លួនទទេយ៉ាងនោះដែរ។ គេនឹងលាចាកលោកនេះទៅដោយដៃទទេ គឺមិនអាចយកទ្រព្យដែលខ្លួនខំប្រឹងប្រែងរកនោះទៅជាមួយបានឡើយ។ ១៥(១៦) ត្រង់នេះគឺជាការ មួយទៀតគួរអោយបារម្ភ គេកើតមកផែនដីយ៉ាងណា គេក៏វិលត្រឡប់ទៅវិញយ៉ាងនោះដែរ។ អ្វីៗដែលគេប្រឹងប្រែងធ្វើឥតបានផលប្រយោជន៍អ្វីឡើយ ដូចដេញចាប់ខ្យល់។ ១៦(១៧) មិនតែប៉ុណ្ណោះសោតគេរស់នៅ ក្នុងភាពអាប់អួរជារៀងរាល់ថ្ងៃ ព្រមទាំងកើតទុក្ខកង្វល់វេទនា និងក្ដៅក្រហាយផង។
១៧(១៨) ខ្ញុំយល់ឃើញដូចតទៅនេះ: ក្នុងពេលដែលព្រះជាម្ចាស់ប្រទានអោយមនុស្សនៅមានជីវិតដ៏ខ្លីនេះ គេត្រូវតែស៊ីផឹក ហើយទាញផលប្រយោជន៍ពីកិច្ចការដែលខ្លួនខំប្រឹងប្រែងធ្វើនៅលើ ផែនដី។ នេះហើយជាអំណោយទានដែលព្រះជាម្ចាស់ប្រទានអោយ។ ១៨(១៩) អ្នកណាដែល ព្រះជាម្ចាស់ប្រទានអោយមានទ្រព្យសម្បត្តិ និងធនធាន ព្រមទាំងប្រោសប្រទានអោយមានលទ្ធភាពប្រើប្រាស់ទ្រព្យធន ដែលជាចំណែករបស់ខ្លួន ហើយទាញផលប្រយោជន៍ពីកិច្ចការដែលខ្លួនខំប្រឹងប្រែងធ្វើ អ្នកនោះត្រូវគិតថា នេះហើយជាអំណោយទានរបស់ព្រះជាម្ចាស់។ ១៩(២០) ពេលនោះ គេនឹងមិននឹកនាពីអាយុជីវិតដ៏ខ្លីរបស់គេទេ ដ្បិតព្រះជាម្ចាស់ប្រទានអោយចិត្តគេមានអំណរសប្បាយ។
ជំពូកទី ៦
១ ខ្ញុំសង្កេតឃើញការវេទនាមួយទៀត ដែលរមែងកើតមានដល់មនុស្សលោកនៅលើផែនដី។ ២ ព្រះជាម្ចាស់ប្រទានអោយ មនុស្សម្នាក់មានទ្រព្យសម្បត្តិ ធនធាន និងកិត្តិយស។ គេមិនខ្វះអ្វីឡើយ គឺគេទទួលអ្វីៗទាំងអស់ដែលខ្លួនប្រាថ្នាចង់បាន។ ក៏ប៉ុន្តែ ព្រះជាម្ចាស់ពុំបានទុកអោយគេទាញផលប្រយោជន៍ពីអ្វីៗដែលគេមាននោះឡើយ គឺមានម្នាក់ទៀតទទួលជំនួស។ ត្រង់នេះ ក៏ឥតបានការ ហើយអាក្រក់បំផុត។ ៣ ឧបមាថាបុរសម្នាក់មាន កូនប្រុសមួយរយ និងមានអាយុយឺនយូរ ទោះបីគាត់មានអាយុវែងក៏ដោយ ប្រសិនបើគាត់មិនដែលមានសុភមង្គល ហើយគ្មាននរណាបញ្ចុះសពគាត់ទេនោះ ខ្ញុំយល់ថាកូនរលូតប្រសើរជាងគាត់ឆ្ងាយណាស់។ ៤ កូនរលូតនោះកកើតមកដោយឥតបានការ ហើយបាត់សូន្យទៅវិញក្នុងទីងងឹតគ្មាននរណានឹកនាដល់វាទេ។ ៥ វាមិនដែលបានឃើញ ក៏មិនដែលស្គាល់ពន្លឺព្រះអាទិត្យដែរ ប៉ុន្តែ វាបានសុខជាងអ្នកមានអាយុវែងទៅទៀត។ ៦ ប្រសិនបើមនុស្សមិនជួប នឹងសុភមង្គលទេ ទោះបីគេរស់បានពីរពាន់ឆ្នាំក្ដី ក៏ឥតបានការអ្វីដែរ ព្រោះមនុស្សទាំងអស់ឈានទៅរកចុងបញ្ចប់ដូចគ្នា។
៧ កិច្ចការទាំងប៉ុន្មាន ដែលមនុស្សខំប្រឹងប្រែងធ្វើ បានត្រឹមតែចំអែតក្រពះប៉ុណ្ណោះ តែពុំអាចធ្វើអោយគេស្កប់ចិត្តឡើយ។ ៨ តើមនុស្សមានប្រាជ្ញាទទួលបានអ្វីលើសមនុស្សលេលា? រីឯអ្នកក្រដែលខំតស៊ូក្នុងជីវិតនោះ តើបានប្រយោជន៍អ្វីដែរ? ៩ អ្វីៗដែលយើងមើលឃើញ ផ្ទាល់នឹងភ្នែកនោះប្រសើរជាងចិត្តស្រមើស្រមៃ។ សូម្បីតែត្រង់នេះទៀតក៏ឥតបានការ ដូចដេញចាប់ខ្យល់។
យោបល់របស់ប្រាជ្ញា
១០ អ្វីៗដែលមាននៅក្នុង លោកនេះ សុទ្ធតែមានឈ្មោះរបស់ខ្លួនស្រេចទៅហើយ ហើយយើងក៏ដឹងថា អ្វីទៅដែលហៅថាមនុស្ស។ មនុស្សពុំអាចជជែកតវ៉ា នឹងអ្នកដែលខ្លាំងពូកែជាងខ្លួនឡើយ។ ១១ យើងនិយាយកាន់តែច្រើនយ៉ាងណា ពាក្យសំដីរបស់យើងរឹតតែឥតបានការយ៉ាងនោះដែរ ហើយយើងពុំអាចទាញផលប្រយោជន៍អ្វីបានឡើយ។ ១២ ជីវិតរបស់មនុស្ស ប្រៀបបាននឹងស្រមោល។ គ្មាននរណាអាចដឹងថា ខ្លួនត្រូវធ្វើការអ្វីដែលប្រសើរជាងគេ នៅពេលដែលខ្លួនរស់នៅក្នុងជីវិតដ៏ខ្លី ហើយឥតន័យនេះឡើយ។ គ្មាននរណាអាចថ្លែងប្រាប់មនុស្សអំពីហេតុការណ៍ដែលកើតមាននៅលើ ផែនដី ក្រោយពេលគេស្លាប់ផុតទៅហើយនោះដែរ។
ជំពូកទី ៧
១ កេរ្តិ៍ឈ្មោះល្អ
ប្រសើរជាងទឹកអប់ដ៏ក្រអូប
ហើយថ្ងៃស្លាប់ ក៏ប្រសើរជាងថ្ងៃកើតដែរ។
២ ចូលទៅក្នុងផ្ទះដែលគេកាន់ទុក្ខ
ប្រសើរជាងចូលទៅក្នុងផ្ទះដែលគេជប់លៀង
ដ្បិតអ្នកដែលនៅរស់ត្រូវចងចាំថាសេចក្ដីស្លាប់
ជាចុងបញ្ចប់របស់មនុស្សគ្រប់ៗរូប។
៣ ទុក្ខព្រួយប្រសើរជាងសើចសប្បាយ
ដ្បិតទឹកមុខក្រៀមក្រំអាចបង្កប់នូវ
ចិត្តអរសប្បាយ។
៤ មនុស្សមានប្រាជ្ញាតែងចូលចិត្តនៅជាមួយ
អ្នកមានទុក្ខ
រីឯមនុស្សលេលាចូលចិត្តតែកន្លែងណា
ដែលមានការសប្បាយ។
៥ ស្ដាប់ពាក្យស្ដីបន្ទោសរបស់មនុស្សមានប្រាជ្ញា
ប្រសើរជាងស្ដាប់ពាក្យបញ្ចើចបញ្ចើរបស់
មនុស្សល្ងីល្ងើ។
៦ សំណើចរបស់មនុស្សលេលាប្រៀបបីដូចជា
ស្នូរបន្លាដែលឆេះនៅពីក្រោមឆ្នាំង។
ត្រង់នេះ ក៏ឥតបានការអ្វីដែរ។
៧ ពេលណាអ្នកប្រាជ្ញប្រើអំណាចសង្កត់សង្កិន
អ្នកដទៃ
អ្នកប្រាជ្ញនោះក្លាយទៅជាមនុស្សលេលា
ហើយសំណូកក៏រមែងធ្វើអោយ
មនុស្សពុករលួយដែរ។
៨ បង្ហើយការងារអ្វីមួយ វិសេសជាងចាប់ផ្ដើម
ចិត្តអត់ធ្មត់ ក៏វិសេសជាងចិត្តអួតបំប៉ោងដែរ។
៩ កុំឆាប់មានចិត្តមួម៉ៅឡើយ
ដ្បិតមានតែមនុស្សលេលាប៉ុណ្ណោះ
ដែលរហ័សមួម៉ៅ។
១០ មិនត្រូវពោលថា «ហេតុអ្វីបានសម័យបុរាណប្រសើរជាងសព្វថ្ងៃ?» ដ្បិតសំណួរបែបនេះ មិនមែនមកពីប្រាជ្ញាទេ។
១១ ប្រាជ្ញាមានតម្លៃដូចកេរមត៌ក ហើយតែងតែផ្ដល់ផលប្រយោជន៍ អោយមនុស្សគ្រប់ៗរូប។ ១២ ស្ថិតនៅក្រោមម្លប់ ប្រាជ្ញាក៏ដូចជាស្ថិតនៅក្រោមម្លប់របស់ប្រាក់ដែរ។ គុណប្រយោជន៍នៃចំណេះដឹងមានដូចតទៅ: ប្រាជ្ញា តែងតែផ្ដល់អាយុយឺនយូរដល់អ្នកដែលមានប្រាជ្ញា។
១៣ ចូរសង្កេតមើលកិច្ចការដែលព្រះជាម្ចាស់ធ្វើ។ អ្វីៗដែលព្រះអង្គធ្វើអោយកោង នោះគ្មាននរណាអាចពត់អោយត្រង់បានឡើយ។
១៤ នៅថ្ងៃ មានសុភមង្គល ចូរសប្បាយរីករាយ ហើយនៅថ្ងៃមានទុក្ខវេទនា ចូររិះគិតពិចារណា។ ព្រះជាម្ចាស់ធ្វើអោយមានសុភមង្គល និងទុក្ខវេទនា ដើម្បីកុំអោយមនុស្សដឹងថា អនាគតនឹងទៅជាយ៉ាងណា។
អំពើបាបរបស់មនុស្ស
១៥ ក្នុងជីវិតដ៏ឥតន័យ របស់ខ្ញុំនេះ ខ្ញុំបានសង្កេតឃើញហេតុការណ៍គ្រប់យ៉ាង។ ខ្ញុំឃើញមនុស្សសុចរិតបាត់បង់ជីវិត ព្រោះតែអំពើសុចរិត ហើយមនុស្សទុច្ចរិតមានអាយុវែងដោយសារអំពើទុច្ចរិតរបស់ខ្លួន។ ១៦ កុំសុចរិតជ្រុលពេក ហើយក៏កុំបង្ហាញថាខ្លួនមានប្រាជ្ញាជ្រុលពេកដែរ ក្រែងនាំអោយខ្លួនវិនាស។ ១៧ កុំបណ្ដោយខ្លួនអោយអាក្រក់ហួសហេតុ ហើយក៏កុំលេលាអោយសោះ ក្រែងនាំអោយខ្លួនអាយុខ្លី។ ១៨ ត្រូវតែទទួលយកយោបល់ ទាំងពីរនេះ ដ្បិតអ្នកដែលកោតខ្លាចព្រះជាម្ចាស់ នៅពេលស្ថានភាពទាំងពីរកើតមាន គេតែងតែមានច្រកចេញជានិច្ច។
១៩ ប្រាជ្ញារមែងធ្វើអោយអ្នកប្រាជ្ញមានកម្លាំង ជាងអភិបាលដប់នាក់នៅក្នុងក្រុងមួយទៅទៀត។ ២០ នៅលើផែនដីនេះ គ្មានមនុស្សណាម្នាក់សុចរិតធ្វើតែអំពើល្អ ហើយមិនប្រព្រឹត្តអំពើបាបនោះឡើយ។
២១ ហេតុ នេះកុំយកចិត្តទុកដាក់ស្ដាប់ពាក្យសំដីទាំងប៉ុន្មាន ដែលមនុស្សម្នានិយាយឡើយ បើមិនដូច្នោះទេក្រែងលោអ្នកឮខ្ញុំបំរើរបស់អ្នកនិយាយអាក្រក់ពី អ្នក។ ២២ អ្នកដឹងខ្លួនស្រាប់ហើយថា អ្នកក៏ធ្លាប់និយាយអាក្រក់ពីអ្នកដទៃ ជាច្រើនលើកច្រើនសាដែរ។
២៣ ខ្ញុំ ពិនិត្យពិច័យមើលហេតុការណ៍ទាំងនេះដោយប្រើប្រាជ្ញា ហើយខ្ញុំគិតថាខ្ញុំនឹងមានប្រាជ្ញា តែប្រាជ្ញាស្ថិតនៅឆ្ងាយពីខ្ញុំនៅឡើយ។ ២៤ អ្វីៗដែលមានសព្វថ្ងៃ ហាក់ដូចជានៅឆ្ងាយហើយជ្រៅបំផុត គ្មាននរណាអាចយល់បានទេ។ ២៥ ខ្ញុំយកចិត្តទុក ដាក់ស្វែងយល់ ខិតខំពិចារណា ព្រមទាំងស្វែងរកប្រាជ្ញា និងវិចារណញ្ញាណ។ ខ្ញុំក៏យល់ថាអំពើអាក្រក់ជាការឆោតល្ងង់ ហើយភាពល្ងីល្ងើជាការលេលាបំផុត។ ២៦ ខ្ញុំបានឃើញទៀតថា ស្ត្រីៗជាអន្ទាក់ដែលនាំអោយខ្លោចផ្សាជាងសេចក្ដីស្លាប់ទៅទៀត។ សេចក្ដីស្រឡាញ់របស់នាងប្រៀបដូចជាសំណាញ់ ហើយដៃរបស់នាងប្រៀបដូចជាចំណង។ អ្នកដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់រមែងគេចផុតពីនាង រីឯអ្នកមានបាបតែងតែធ្លាក់ក្នុងកណ្ដាប់ដៃរបស់នាង។
២៧ សាស្ដាមានរាជឱង្ការទៀតថា៖ ខ្ញុំយល់ឃើញដូចតទៅ: ខ្ញុំបានសង្កេតមើលហេតុការណ៍ទាំងនេះម្ដងមួយៗ ដើម្បីស្វែងរកហេតុផល ២៨ ក៏ប៉ុន្តែ ខ្ញុំរកមិនទាន់ឃើញទេ ហើយខ្ញុំចេះតែស្វែងរកបន្តទៀត។ ក្នុងចំណោមបុរសមួយពាន់នាក់ ខ្ញុំរកបានម្នាក់ដែលគួរគោរព ប៉ុន្តែ ក្នុងចំណោមស្ត្រីទាំងអស់ សូម្បីតែម្នាក់ក៏ខ្ញុំរកពុំបានដែរ។ ២៩ ខ្ញុំគ្រាន់តែយល់ ឃើញថា ព្រះជាម្ចាស់បង្កើតមនុស្សមកអោយបានទៀងត្រង់ តែមនុស្សធ្វើអោយខ្លួនឯងក្លាយជាស្មុគស្មាញយ៉ាងច្រើនទៅវិញ។
ជំពូកទី ៨
បញ្ហាជីវិតដែលដោះស្រាយមិនរួច
១ តើនរណាដូចអ្នកប្រាជ្ញ តើនរណាអាចពន្យល់ព្រឹត្តិការណ៍ផ្សេងៗបាន? ប្រាជ្ញារបស់មនុស្សធ្វើអោយផ្ទៃមុខរបស់គេភ្លឺថ្លា ព្រមទាំងបំផ្លាស់បំប្រែទឹកមុខដ៏មួហ្មងរបស់គេផង។ ២ ចូរប្រព្រឹត្តតាមពាក្យរបស់ស្ដេច ដោយយល់ពាក្យដែលយើងបានសច្ចាចំពោះព្រះជាម្ចាស់ ៣ កុំបោះបង់ចោលស្ដេច អោយសោះ ហើយក៏កុំតាំងចិត្តមានះប្រព្រឹត្តអំពើដែលស្ដេចមិនគាប់ព្រះហឫទ័យដែរ ដ្បិតស្ដេចអាចធ្វើអ្វីៗបានទាំងអស់តាមព្រះរាជបំណង។ ៤ ស្ដេចមានរាជឱង្ការយ៉ាង ណាក្ដីក៏សុទ្ធតែមានអំណាច។ គ្មាននរណាអាចសួរស្ដេចថា “ហេតុអ្វីបានជាព្រះករុណាធ្វើដូច្នេះ”បានឡើយ។ ៥ អ្នកធ្វើតាមបទបញ្ជា មិនដែលជួបនឹងទុក្ខទោសឡើយ។ ចិត្តរបស់មនុស្សមានប្រាជ្ញាតែងតែចេះសំគាល់មើលកាលៈទេសៈ និងការវិនិច្ឆ័យ។ ៦ អ្វីៗទាំងអស់ដែលមនុស្សប្រព្រឹត្តនឹងត្រូវទទួលការវិនិច្ឆ័យ នៅពេលអំពើអាក្រក់របស់មនុស្សកើនដល់កំរិត។ ៧ មនុស្សពុំអាចដឹងហេតុការណ៍ដែលនឹងកើតមាននៅអនាគតកាលបានឡើយ គ្មាននរណាម្នាក់ប្រាប់អោយគេដឹងទេ។ ៨ មនុស្សគ្មានអំណាចនឹង ឃាត់ដង្ហើមជីវិតរបស់ខ្លួនបានឡើយ ហើយក៏ពុំអាចពន្យារថ្ងៃស្លាប់របស់ខ្លួនបានដែរ។ គ្មាននរណាម្នាក់អាចគេចផុតពីការតយុទ្ធទេ រីឯអំពើអាក្រក់ពុំអាចជួយមនុស្សដែលប្រព្រឹត្តអាក្រក់អោយរួចជីវិត បានជាដាច់ខាត។
៩ ពេលខ្ញុំ សង្កេតមើលកិច្ចការទាំងប៉ុន្មានដែលមនុស្សប្រព្រឹត្តនៅលើផែនដី ខ្ញុំយល់ឃើញដូចតទៅនេះ: មានពេលខ្លះមនុស្សត្រួតត្រាលើមនុស្សដូចគ្នា ដែលធ្វើអោយគេរងទុក្ខវេទនា។
១០ ខ្ញុំបានឃើញគេបញ្ចុះសពមនុស្សអាក្រក់។ អ្នកទាំងនោះធ្លាប់ចូលមកក្នុងទីសក្ការៈ ប៉ុន្តែ នៅក្នុងទីក្រុង អ្នកក្រុងមិននឹកចាំពីអំពើដែលអ្នកទាំងនោះបានប្រព្រឹត្តឡើយ។ ត្រង់នេះទៀតក៏ឥតបានការដែរ។ ១១ មនុស្សប្រព្រឹត្តអំពើ អាក្រក់ពុំបានទទួលទោសភ្លាមៗទេ ហេតុនេះហើយបានជាចិត្តរបស់មនុស្សចេះតែជំរុញគេអោយប្រព្រឹត្ត អំពើអាក្រក់។ ១២ ទោះបីមនុស្សមានបាប ប្រព្រឹត្តអំពើអាក្រក់មួយរយដង ហើយមានអាយុយឺនយូរយ៉ាងណាក្ដីក៏ខ្ញុំយល់ឃើញថា មានតែអស់អ្នកកោតខ្លាចព្រះជាម្ចាស់ប៉ុណ្ណោះ ដែលបានសេចក្ដីសុខ ព្រោះគេគោរពព្រះអង្គ។ ១៣ មនុស្សអាក្រក់មិនដែលបានសេចក្ដីសុខទេ ហើយក៏គ្មានអាយុវែងដែរ គឺមិនយូរជាងស្រមោលឡើយ ព្រោះគេមិនគោរពព្រះជាម្ចាស់។
១៤ មានការ ឥតប្រយោជន៍មួយទៀតនៅលើផែនដី គឺមនុស្សសុចរិតទទួលផលវិបាកដែលបម្រុងទុកសំរាប់មនុស្សទុច្ចរិត ហើយមនុស្សទុច្ចរិតទទួលរង្វាន់ដែលបម្រុងទុកសំរាប់មនុស្សសុចរិត។ ដូចខ្ញុំបានពោលរួចមកហើយថា ត្រង់នេះក៏ឥតបានការដែរ។ ១៥ ដូច្នេះ ខ្ញុំអោយតម្លៃទៅលើការសប្បាយ ដ្បិតនៅលើផែនដីនេះគ្មានអ្វីប្រសើរសំរាប់មនុស្សក្រៅពីការស៊ី ផឹក និងសប្បាយរីករាយឡើយ។ គេត្រូវតែធ្វើដូច្នេះថែមពីលើការងារដ៏នឿយហត់ ដែលគេបំពេញក្នុងពេលព្រះជាម្ចាស់ប្រទានអោយគេរស់នៅលើផែនដីនេះ។ ១៦ ពេលខ្ញុំយកចិត្តទុក ដាក់ស្វែងយល់អំពីប្រាជ្ញា ហើយសង្កេតមើលការខ្វល់ខ្វាយរបស់មនុស្សនៅលើផែនដី គឺគេខ្វល់ខ្វាយទាំងថ្ងៃទាំងយប់ ដេកពុំលក់ ១៧ នោះខ្ញុំក៏យល់ឃើញថា ហេតុការណ៍ទាំងអស់សុទ្ធតែកើតមកពីព្រះជាម្ចាស់។ គ្មាននរណាម្នាក់អាចយល់ពីហេតុការណ៍ដែលកើតមាននៅលើផែនដីនេះបាន ឡើយ ទោះបីមនុស្សខិតខំស្វែងយល់យ៉ាងណាក្ដី ក៏គេពុំអាចយល់ សូម្បីតែអ្នកប្រាជ្ញដែលអះអាងថា ខ្លួនដឹងក៏នៅតែពុំអាចយល់បានដែរ។
ជំពូកទី ៩
អាយុជីវិតរបស់មនុស្ស
១ ខ្ញុំខិតខំស្វែងយល់ អំពីអ្វីៗទាំងអស់ដែលខ្ញុំបានឃើញហើយខ្ញុំយល់ថា ជីវិតរបស់មនុស្សសុចរិត និងមនុស្សមានប្រាជ្ញា ព្រមទាំងកិច្ចការដែលគេធ្វើសុទ្ធតែស្ថិតនៅក្នុងព្រះហស្ដរបស់ ព្រះជាម្ចាស់។ មនុស្សពុំអាចដឹងជាមុនថា ខ្លួនមានចិត្តស្រឡាញ់ ឬមានចិត្តស្អប់បានឡើយ។ អ្វីៗទាំងអស់កើតមានចំពោះមនុស្សគ្រប់ៗរូបដូចគ្នា ២ ពួកគេត្រូវរងនូវ វាសនាតែមួយទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត ទាំងមនុស្សល្អ និងមនុស្សអាក្រក់ ទាំងមនុស្សបរិសុទ្ធ និងមនុស្សមិនបរិសុទ្ធទាំងអ្នកថ្វាយយញ្ញបូជា និងអ្នកមិនថ្វាយ។ រីឯអ្នកដែលមានចិត្តល្អ និងមនុស្សបាប អ្នកស្បថ និងអ្នកមិនហ៊ានស្បថក៏មិនខុសគ្នាដែរ។
៣ អ្វីៗ ទាំងអស់ដែលកើតមាននៅលើផែនដី សុទ្ធតែជួបតែនឹងផលអាក្រក់ដូចគ្នា គឺចុងបញ្ចប់របស់មនុស្សទាំងអស់មិនខុសគ្នាទេ។ ចិត្តរបស់មនុស្សមានពេញទៅដោយគំនិតអាក្រក់ ហើយគំនិតលេលាក៏ដក់នៅក្នុងចិត្តរបស់មនុស្សក្នុងមួយជីវិតរបស់គេ ដែរ។ បន្ទាប់មក ពួកគេនឹងស្គាល់សេចក្ដីស្លាប់។ ៤ ទោះជាយ៉ាងណាក្ដី ដរាបណានៅមានជីវិតនៅតែមានសេចក្ដីសង្ឃឹម ដ្បិតឆ្កែដែលនៅរស់ប្រសើរជាងសិង្ហងាប់។ ៥ អ្នកដែលនៅរស់ដឹងថា ខ្លួនមុខជាត្រូវស្លាប់ តែអ្នកដែលស្លាប់ផុតទៅហើយមិនដឹងអ្វីទាំងអស់ ពួកគេមិនរង់ចាំផលអ្វីបានឡើយ ព្រោះគ្មាននរណានឹកដល់ពួកគេទៀតទេ។ ៦ ការស្រឡាញ់ការស្អប់ និងការច្រណែនរបស់ពួកគេរលាយសូន្យអស់ទៅហើយ ពួកគេក៏ពុំរួមចំណែកនឹងអ្វីៗដែលមនុស្សធ្វើនៅលើផែនដីនេះទៀត ដែរ។
៧ ដូច្នេះ ចូរទៅបរិភោគអាហារ ដោយអំណរ ហើយពិសាស្រាទំពាំងបាយជូរដោយចិត្តសប្បាយចុះ ដ្បិតព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងការងារដែលអ្នកធ្វើនោះហើយ។ ៨ ចូរស្លៀកពាក់ស្អាតគ្រប់ពេលវេលា ហើយលាបប្រេងក្រអូបលើក្បាលអ្នកជានិច្ច។ ៩ ចូររួមរស់យ៉ាងសប្បាយ នឹងភរិយាដែលអ្នកស្រឡាញ់ជារៀងរាល់ថ្ងៃអស់មួយជីវិត គឺជីវិតឥតបានការដែលព្រះជាម្ចាស់ប្រទានអោយនៅលើផែនដី។ នេះហើយចំណែកដែលអ្នកទទួលនៅក្នុងជីវិតក្នុងការងារដែលអ្នកធ្វើនៅ ក្រោមកំដៅថ្ងៃ។ ១០ ការអ្វីដែលអ្នកអាច ធ្វើចូរធ្វើអោយអស់ពីកម្លាំងកាយទៅ ដ្បិតនៅស្ថានមនុស្សស្លាប់ដែលអ្នកនឹងទៅនៅគ្មានសកម្មភាព ការវិនិច្ឆ័យ ការចេះដឹង និងប្រាជ្ញាទៀតឡើយ។
១១ នៅលើ ផែនដីនេះខ្ញុំក៏បានឃើញថា អ្នកពូកែរត់មិនដែលរត់ឈ្នះគេរហូតទេ ហើយអ្នកពូកែច្បាំងក៏មិនដែលច្បាំងឈ្នះរហូតដែរ។ រីឯអ្នកមានប្រាជ្ញាក៏មិនដែលរកបានអាហាររហូត អ្នកឈ្លាសវៃ ក៏មិនដែលរកទ្រព្យបានរហូត ហើយអ្នកចេះដឹងក៏មិនដែលមានគេគោរពរហូតដែរ។ ពេលខ្លះអ្នកទាំងនោះមានជោគជ័យ ពេលខ្លះទៀតបរាជ័យ។ ១២ មនុស្សលោកពុំអាចដឹង ជាមុនថា ថ្ងៃអន្សារបស់ខ្លួនកើតមាននៅពេលណាឡើយ។ ត្រីជាប់សំណាញ់ដ៏អប្រិយ ឬសត្វស្លាបជាប់អន្ទាក់យ៉ាងណា មនុស្សលោកក៏ធ្លាក់ទៅទុក្ខវេទនាដ៏អប្រិយយ៉ាងនោះដែរ។
ប្រាជ្ញារបស់ជនក្រីក្រ
១៣ នៅលើផែនដីនេះ ខ្ញុំបានសង្កេតឃើញប្រាជ្ញាមួយទៀត ដែលខ្ញុំយល់ឃើញថាមានតម្លៃណាស់។ ១៤ ក្នុងទីក្រុងតូចមួយ មានមនុស្សរស់នៅតែបន្តិចបន្តួចប៉ុណ្ណោះ។ ស្ដេចដ៏ខ្លាំងពូកែមួយអង្គបានលើកទ័ពមកវាយយកក្រុងនោះ ទាំងសង់គ្រឿងសស្រ្ដាវុធយ៉ាងសំបើមឡោមព័ទ្ធទីក្រុង។ ១៥ នៅក្រុងនោះមានបុរស ម្នាក់ជាជនក្រីក្រតែមានប្រាជ្ញា គាត់បានសង្គ្រោះទីក្រុងអោយរួចពីកណ្ដាប់ដៃខ្មាំងដោយសារប្រាជ្ញា របស់ខ្លួន។ ប៉ុន្តែ គ្មាននរណាម្នាក់នឹកនាដល់បុរសក្រីក្រនោះទេ។
១៦ ខ្ញុំ យល់ថាប្រាជ្ញាប្រសើរជាងចិត្តក្លាហានអង់អាច។ ប៉ុន្តែ ប្រាជ្ញារបស់ជនក្រីក្រតែងតែត្រូវគេមើលងាយ ហើយពាក្យសំដីរបស់ជនក្រីក្រក៏គ្មាននរណាស្ដាប់ដែរ។ ១៧ ស្ដាប់ពាក្យសំដីដែលអ្នកប្រាជ្ញនិយាយដោយស្ងាត់ៗ ប្រសើរជាងស្ដាប់សំរែករបស់អ្នកដែលបញ្ជាមនុស្សល្ងីល្ងើ។ ១៨ ប្រាជ្ញាប្រសើរជាងគ្រឿងសស្រ្ដាវុធ ប៉ុន្តែ មនុស្សបាបតែម្នាក់ អាចរំលាយការល្អជាច្រើន។
ជំពូកទី ១០
ផលវិបាកនៃអំពើលេលា
១ រុយងាប់ធ្វើអោយខូច ប្រេងក្រអូបរបស់អ្នកធ្វើទឹកអប់យ៉ាងណា អំពើលេលាតែបន្តិចក៏អាចបង្ខូចប្រាជ្ញា និងកិត្តិយសយ៉ាងនោះដែរ។ ២ ចិត្តរបស់មនុស្សមាន ប្រាជ្ញាលំអៀងទៅរកអ្វីៗដែលត្រឹមត្រូវ រីឯចិត្តរបស់មនុស្សល្ងីល្ងើវិញ លំអៀងទៅរកអ្វីៗដែលខុសឆ្គង។ ៣ ពេលមនុស្សល្ងីល្ងើដើរតាមផ្លូវ ការវង្វេងស្មារតីរបស់គាត់ បង្ហាញអោយមនុស្សម្នាទាំងអស់ឃើញថា គាត់ពិតជាល្ងីល្ងើមែន។ ៤ ប្រសិនបើចៅហ្វាយនាយ របស់អ្នកខឹងនឹងអ្នកកុំបោះបង់ចោលមុខងាររបស់អ្នកឡើយ ដ្បិតការចេះទប់ចិត្ត អាចចៀសវាងកំហុសដ៏ធ្ងន់។
៥ ខ្ញុំឃើញការអាក្រក់មួយទៀតនៅលើផែនដី គឺមេដឹកនាំក៏អាចភ្លាត់ដែរ។ ៦ ជួនកាលមនុស្សល្ងីល្ងើទទួលតំណែងដ៏ខ្ពង់ខ្ពស់ ហើយអ្នកមានទទួលតំណែងតូចតាច។ ៧ ខ្ញុំធ្លាប់ឃើញទាសករជិះសេះ តែមន្ត្រីខ្ពង់ខ្ពស់បែរជាដើរជើងទទេដូចទាសករទៅវិញ។
៨ អ្នកជីករណ្ដៅរមែងធ្លាក់ទៅក្នុងរណ្ដៅនោះ រីឯអ្នកដែលទំលុះជញ្ជាំងរមែងត្រូវពស់ចឹក។ ៩ អ្នកគាស់ថ្មរមែងត្រូវរបួស ហើយអ្នកពុសអុសក៏ប្រឈមមុខនឹងគ្រោះថ្នាក់ដែរ។
១០ ប្រសិនបើមិនសំលៀងពូថៅដែលមានមុខរឹលទេ នោះត្រូវប្រើកម្លាំងជាច្រើន។ រីឯប្រាជ្ញាវិញតែងតែនាំអោយសំរេចជោគជ័យ។
១១ ប្រសិនបើគ្រូអាលម្ពាយបណ្ដោយអោយពស់ចឹក តើការសូត្ររបៀនដាក់ពស់នោះមានប្រយោជន៍អ្វី?។
១២ ពាក្យសំដីរបស់អ្នកប្រាជ្ញ រមែងធ្វើអោយអ្នកដទៃពេញចិត្ត តែពាក្យសំដីរបស់មនុស្សល្ងីល្ងើរមែងបណ្ដាលអោយខ្លួនវិនាស។ ១៣ មុនដំបូងពាក្យសំដីរបស់គេគ្រាន់តែល្ងីល្ងើប៉ុណ្ណោះ លុះដល់ទីបំផុតក៏ក្លាយទៅជាការលេលាដ៏អាស្រូវ។ ១៤ មនុស្សល្ងីល្ងើរមែង និយាយមិនចេះចប់មិនចេះហើយ។ មនុស្សមិនអាចស្គាល់ពីអ្វីៗដែលនឹងកើតមានទេ ហើយក៏គ្មាននរណាប្រាប់អោយគេដឹងអំពីហេតុការណ៍ដែលកើតមានក្រោយពេល គេស្លាប់ដែរ។ ១៥ កិច្ចការរបស់មនុស្សល្ងីល្ងើបណ្ដាលអោយខ្លួនហត់នឿយ សូម្បីតែផ្លូវចូលទៅកាន់ទីក្រុង ក៏គេរកមិនឃើញដែរ។
១៦ ស្រុកណាមានកូនក្មេងសោយរាជ្យ ហើយមានពួកមន្ត្រីគិតតែពីស៊ីផឹកតាំងពីព្រលឹមស្រុកនោះមុខជាវេទនាពុំខាន! ១៧ រីឯស្រុកដែលមានអ្នក ត្រកូលខ្ពស់សោយរាជ្យ ហើយមានមន្ត្រីបរិភោគតាមពេលកំណត់ គឺបរិភោគអោយមានកម្លាំង មិនមែនអោយស្រវឹងទេនោះ ស្រុកនោះពិតជាមានសុភមង្គលពុំខាន។
១៨ មនុស្សខ្ជិលច្រអូសមុខជាត្រូវដំបូលផ្ទះបាក់សង្កត់លើ ហើយមនុស្សខ្ជីខ្ជាក៏ត្រូវភ្លៀងលិចផ្ទះដែរ។
១៩ គេតែងតែបរិភោគដើម្បីលំហែកាយ រីឯស្រារមែងធ្វើអោយជីវិតបានសប្បាយ ហើយប្រាក់ធ្វើអោយបំណងទាំងអស់បានសំរេច។
២០ កុំ ដាក់បណ្ដាសាស្ដេចអោយសោះ សូម្បីតែក្នុងចិត្តក៏កុំដាក់បណ្ដាសាដែរ។ កុំដាក់បណ្ដាសាអ្នកមានអោយសោះ សូម្បីតែក្នុងបន្ទប់ដេកក៏កុំដាក់បណ្ដាសាដែរ ដ្បិតបក្សាបក្សីដែលហើរនៅលើមេឃនឹងនាំយកពាក្យសំដីរបស់អ្នកទៅ ថ្លែងប្រាប់គេជាមិនខាន។
ជំពូកទី ១១
ត្រូវមានចិត្តទូលាយ
១ ចូរចំណាយធនធាន ដើម្បីប្រកបរបររកស៊ី ដោយមិនខ្លាចខាត ដ្បិតថ្ងៃក្រោយ អ្នកនឹងបានទទួលផលវិញ។ ២ ចូរបំបែកទ្រព្យសម្បត្តិជាប្រាំពីរ ឬប្រាំបីចំណែក ដ្បិតអ្នកពុំដឹងថា ទុក្ខវេទនានឹងកើតមានលើផែនដីនេះនៅពេលណាឡើយ។ ៣ ពេលណាពពកខ្មួលខ្មាញ់ នោះនឹងមានភ្លៀងធ្លាក់មកលើផែនដីពុំខាន។ រីឯដើមឈើវិញពេលវារលំ ទោះបីរលំនៅទិសខាងត្បូង ឬទិសខាងជើងក្ដី វារលំនៅនឹងកន្លែងជានិច្ច។ ៤ អ្នកដែលសម្លឹងមើលខ្យល់មិនសាបព្រោះទេ ហើយអ្នកដែលតាមមើលពពកក៏មិនច្រូតកាត់ដែរ។ ៥ បើអ្នកមិនដឹងថា ខ្យល់ដង្ហើមមកពីណា ឬមិនដឹងពីរបៀបដែលទារកកកើតក្នុងផ្ទៃម្ដាយទេនោះ អ្នកក៏មិនស្គាល់ស្នាព្រះហស្ដរបស់ព្រះជាម្ចាស់ដែលបានបង្កើតអ្វីៗ ទាំងអស់មកដែរ។
៦ ត្រូវសាប ព្រោះគ្រាប់ពូជរបស់អ្នក តាំងពីព្រលឹម ហើយនៅពេលល្ងាចក៏មិនត្រូវទំនេរដៃដែរ ដ្បិតអ្នកពុំដឹងថា កិច្ចការណាមួយនឹងបង្កើតផល ឬអ្នកទទួលផលប្រយោជន៍ពីកិច្ចការទាំងអស់ឡើយ។ ៧ ពន្លឺរមែងធ្វើអោយចិត្តរីករាយ ហើយឃើញពន្លឺព្រះអាទិត្យជាការល្អប្រពៃបំផុត។ ៨ ប្រសិនបើមនុស្សម្នាក់ មានអាយុវែង គាត់ត្រូវតែសប្បាយរីករាយក្នុងឆ្នាំទាំងប៉ុន្មាននៃអាយុជីវិតរបស់ ខ្លួន គាត់ក៏ត្រូវនឹកចាំថា ថ្ងៃដែលងងឹតអាប់អួមានចំនួនច្រើនណាស់។ អ្វីៗទាំងអស់ដែលកើតមានសុទ្ធតែឥតបានការ។
ពាក្យទូន្មានយុវជន
៩ យុវជនអើយចូរសប្បាយ ទាន់ខ្លួនអ្នកនៅក្មេង ចូរអោយចិត្តរបស់អ្នកបានរីករាយក្នុងគ្រាយុវវ័យនេះ ចូរប្រព្រឹត្តតាមចិត្តប៉ងប្រាថ្នា និងតាមការយល់ឃើញរបស់អ្នកទៅ។ ក៏ប៉ុន្តែ តោងដឹងថា ព្រះជាម្ចាស់នឹងវិនិច្ឆ័យគ្រប់កិច្ចការដែលអ្នកធ្វើ។ ១០ ចូរដកទុក្ខកង្វល់ ចេញពីចិត្តរបស់អ្នក ហើយដកអ្វីៗដែលនាំអោយរូបកាយអ្នកឈឺចាប់នោះចេញ ដ្បិតយុវវ័យ និងគ្រាពេញវ័យមិននៅស្ថិតស្ថេរយូរឡើយ។
ជំពូកទី ១២
១ ក្នុងពេលដែលអ្នកនៅ ក្មេងនៅឡើយ ត្រូវនឹកដល់ព្រះអាទិកររបស់អ្នក មុនពេលថ្ងៃវេទនាមកដល់ និងមុនពេលអាយុរបស់អ្នកកាន់តែជ្រេទៅៗហើយពេលនោះ អ្នកនឹងពោលថា «ខ្ញុំលែងសប្បាយក្នុងជីវិតទៀតហើយ»។ ២ ត្រូវនឹកដល់ព្រះអង្គ មុនពេលពន្លឺព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយទាំងឡាយប្រែទៅជាអាប់រស្មី ហើយមុនពេលពពក និងភ្លៀងមកដល់ផ្ទួនៗគ្នា។ ៣ នៅថ្ងៃនោះអ្នកយាម ផ្ទះនឹងរញីរញ័រ មនុស្សដ៏ខ្លាំងពូកែបែរជាកោងខ្នង ស្ត្រីៗដែលកិនម្សៅនឹងឈប់កិនមកពីខ្វះគ្នាជួយ ហើយអស់អ្នកដែលធ្លាប់តែសម្លឹងតាមបង្អួចប្រែជាងងឹតភ្នែក។ ៤ ជីវិតរបស់អ្នកនឹង រសាត់បាត់ទៅ ដូចទ្វារដែលបែរទៅរកផ្លូវត្រូវគេបិទ ដូចសំឡេងត្បាល់កិនដែលឮកាន់តែខ្សោយទៅៗ ដូចសំឡេងបក្សាបក្សីស្ងាត់សូន្យទៅវិញ និងដូចសំឡេងស្ត្រីចំរៀងទាំងអស់ចុះខ្សោយ។ ៥ ពេលនោះ អ្នកនឹងមិនហ៊ានឡើងទៅកាន់ទីខ្ពស់ៗហើយក៏មិនហ៊ានធ្វើដំណើរដែរ។ សក់របស់អ្នកនឹងស្កូវដូចផ្កាកប្បាស អ្នកលែងរហ័សរហួនដូចកណ្ដូប អ្នកនឹងលែងដឹងរសជាតិអាហារទៀតហើយ។ មនុស្សលោកចេះតែឈានទៅរកទីលំនៅដែលស្ថិតស្ថេររហូត។ ពួកស៊ីឈ្នួលយំនឹងដើរក្រឡឹងជុំវិញផ្ទះអ្នករង់ចាំពេលអ្នកស្លាប់។ ៦ ពេលនោះ ខ្សែជីវិតត្រូវដាច់ដូចជាថូមាសបែក ដូចក្អមបែកនៅប្រភពទឹក ឬដូចរហាត់យោងទឹកបាក់ធ្លាក់ទៅក្នុងអណ្ដូង។ ៧ ពេលនោះ រូបកាយដែលជាធូលីដីនឹងវិលទៅជាដីដូចដើមវិញ រីឯវិញ្ញាណ ដែលព្រះជាម្ចាស់ប្រទានអោយក៏នឹងវិលទៅកាន់ព្រះអង្គវិញដែរ។ ៨ សាស្ដាបានថ្លែងថា អ្វីៗទាំងអស់សុទ្ធតែគ្មានន័យគ្មានខ្លឹមសារ និងឥតបានការ។
អវសានកថា
៩ សាស្ដាមិនត្រឹមតែជា អ្នកប្រាជ្ញប៉ុណ្ណោះទេ គឺលោកក៏បានបង្រៀនប្រជាជនអោយចេះដឹងដែរ លោកបានពិចារណា និងថ្លឹងមើលសេចក្ដីផ្សេងៗរួចចងក្រងជាសុភាសិតយ៉ាងច្រើន។
១០ សាស្ដាខិតខំស្វែងរកពាក្យពេចន៍ល្អៗមកបរិយាយឥតលំអៀង អំពីសេចក្ដីផ្សេងៗដែលត្រឹមត្រូវ។
១១ ពាក្យប្រៀនប្រដៅរបស់អ្នកប្រាជ្ញប្រៀបដូចជាជន្លួញ ហើយពាក្យចងក្រងរបស់អ្នកប្រាជ្ញ ប្រៀបដូចជាដែកគោល ដែលគេបោះយ៉ាងជាប់។ ប្រាជ្ញាជាអំណោយទានរបស់ព្រះជាម្ចាស់ដែលជាគង្វាលដ៏ពិតប្រាកដតែ មួយគត់។ ១២ កូនអើយកុំបន្ថែម អ្វីពីលើពាក្យប្រៀនប្រដៅនេះឡើយ។ សៀវភៅដែលគេអាចសរសេរបានមានចំនួនច្រើនឥតគណនា ហើយការសិក្សាច្រើនរមែងធ្វើអោយរូបកាយនឿយហត់។
១៣ អ្វីៗ ទាំងប៉ុន្មានដូចមានបរិយាយខាងលើយើងអាចទាញជាសេចក្ដីសន្និដ្ឋានថា ត្រូវគោរពកោតខ្លាចព្រះជាម្ចាស់ ហើយកាន់តាមបទបញ្ជារបស់ព្រះអង្គ។ នេះហើយជាការដែលមនុស្សគ្រប់ៗរូបត្រូវធ្វើ។ ១៤ ព្រះជាម្ចាស់នឹង វិនិច្ឆ័យកិច្ចការទាំងប៉ុន្មាន ដែលមនុស្សធ្វើទោះបីជាអំពើដែលគេធ្វើដោយលាក់កំបាំង ហើយជាការល្អ ឬអាក្រក់ក្ដី។