ពាក្យលំនាំ

«បទចំរៀងរបស់ព្រះបាទសាឡូម៉ូន»  មានលក្ខណៈខុសប្លែកពីក័ណ្ឌគម្ពីរឯទៀតៗ​ព្រោះជាសៀវភៅ​ចំរៀងស្នេហា  ​ ដែលចងក្រងឡើងជាកំណាព្យ  ​លាតត្រដាងនូវមនោ សញ្ចេតនារបស់គូកំណាន់ចិត្តពីររូប។​ ឃ្លាប្រយោគខ្លះក្នុងក័ណ្ឌគម្ពីនេះ  ​ធ្វើអោយអ្នកអាន នឹកអៀនខ្លួន  ​ចំពោះពាក្យពេចន៍ស្នេហាដែលប្រើនៅ​ក្នុងនោះ។ ​ហេតុនេះហើយបានជា តាំងពីបុរាណកាលរៀងមក  ​ គេតែងចាត់ទុកកំណាព្យនៅក្នុង​ក័ណ្ឌ​គម្ពីរនេះ​ជានិមិត្តរូបនៃ សេចក្តីស្រឡាញ់រវាងព្រះជាម្ចាស់  និង  ប្រជាជនរបស់ព្រះអង្គ​ ។​ ប៉ុន្តែ  ​សេចក្តី​ស្នេហា​រវាង បុរស  ​និង​  ស្ត្រី​ក៏ជា ព្រះអំណោយ​ទានមួយរបស់ព្រះជាម្ចាស់ដែរ។  ​

យើងអាចបែងចែកកំណាព្យនៅក្នុងក័ណ្ឌគម្ពីរ​«បទចំរៀងរបស់ព្រះបាទសាឡូម៉ូន»​ ជា ប្រាំពីរផ្នែក  :​១.២​-​២.​៧  ;  ​២.៨​-​១៧​;​៣.១​-​៥.១​;​៥.២​-​៦.​៣;  ​៦.​៤​-​៧.​១១​;  ​១៧.​១២​-​៨.៥​ក  ;  ​៨.​៥ខ​-​១៤។   ​កំណាព្យ​ទាំងនេះដែលថ្លែងអំពីគូស្នេហាដែលស្វែងរកគ្នា  ​រហូតដល់បានជួប គ្នា  ​រួចព្រាត់គ្នាវិញ  និង  ចាប់ផ្តើមរត់​រកគ្នាសាជាថ្មី។ ​ពេលខ្លះ​មានពាក្យបន្ទរពីអ្នកក្រៅគឺ ​ពួក គង្វាល​ដែលជាមិត្ត​ភក្តិរបស់យុវជន  ​ព្រម​ទាំងម្តាយ  ​បងប្រុស​ឬ​មិត្តសម្លាញ់របស់យុវនារី។​អ្នកទាំងនោះហាក់ដូចជាមានបំណងធ្វើអន្តរាគមន៍​ជ្រៀតជ្រែកចូលមកក្នុង សេចក្តីស្នេ ហារបស់អ្នកទាំងពីរ។ ​ប៉ុន្តែ  ​សេចក្តីស្នេហាមិនមែនជាកម្មសិទ្ធិរបស់​អ្នកទាំងនោះទេ  ​តែជា អំណោយទានដែលព្រះជាម្ចាស់ប្រទានដល់គូស្នេហាដែលមានសេចក្តីស្រឡាញ់​ចំពោះគ្នា​ទៅវិញទៅមក។

បទ​ចំរៀង
​របស់​ព្រះបាទ​សាឡូម៉ូន

ជំពូកទី ១

១ នេះ​ជា​បទ​ចំរៀង​ដ៏​ពីរោះ​ជាង​គេ​បំផុត
តែង​ឡើង​ដោយ​ព្រះបាទ​សាឡូម៉ូន។
២ សូម​បង​ថើប​អូន​អោយ​អស់​ចិត្ត​មក
ដ្បិត​សេចក្ដី​ស្រឡាញ់​របស់​បង
វិសេស​ជាង​ស្រា​ទំពាំងបាយជូរ​ទៅ​ទៀត។
៣ ក្លិន​របស់​បង​ក្រអូប​ណាស់
ហើយ​នាម​របស់​បង​ក៏​សាយ​ក្លិន​ក្រអូប​ដែរ។
ហេតុ​នេះ​ហើយ​បាន​ជា​ស្ត្រី​ក្រមុំ​ទាំងឡាយ
នាំ​គ្នា​ស្រឡាញ់​បង។
៤ សូម​បង​ដឹក​ដៃ​អូន
យើង​ប្រញាប់​ទៅ​ជា​មួយ​គ្នា។
បង​ជា​ស្ដេច​របស់​អូន
សូម​នាំ​អូន​ចូល​ក្នុង​បន្ទប់​របស់​បង​ផង
យើង​នឹង​រួម​សប្បាយ​ជា​មួយ​គ្នា។
យើង​នឹង​លើក​តម្កើង​សេចក្ដី​ស្រឡាញ់​របស់​បង
ដែល​វិសេស​ជាង​ស្រា​ទំពាំងបាយជូរ។
ស្រីៗ​នាំ​គ្នា​ស្រឡាញ់​បង​ដូច្នេះ
ពិត​ជា​ត្រឹម​ត្រូវ​មែន។
៥ ស្ត្រីៗ​នៅ​ក្រុង​យេរូសាឡឹម​អើយ
ខ្ញុំ​មាន​សម្បុរ​ខ្មៅ​មែន
តែ​ខ្ញុំ​មាន​រូប​ឆោម​ល្អ​ណាស់
គឺ​ល្អ​ដូច​ពន្លា​នៅ​ស្រុក​កេដារ
និង​ដូច​កំរាល​ព្រំ​របស់​ព្រះបាទ​សាឡូម៉ូន។
៦ កុំ​មើលងាយ​ខ្ញុំ ដោយ​ឃើញ​ខ្ញុំ​ខ្មៅ​ឡើយ
ខ្ញុំ​ខ្មៅ​ដូច្នេះ ព្រោះ​ត្រូវ​ពន្លឺ​ថ្ងៃ។
បង​ប្រុស​របស់​ខ្ញុំ​នាំ​គ្នា​ខឹង​នឹង​ខ្ញុំ
ហើយ​បង្ខំ​ខ្ញុំ​អោយ​យាម​ចំការ​ទំពាំងបាយជូរ
តែ​ខ្ញុំ​ពុំ​បាន​យាម​ចំការ​ទំពាំងបាយជូរ
របស់​ខ្ញុំ​ផ្ទាល់​ទេ។
៧ ម្ចាស់​ចិត្ត​របស់​អូន​អើយ សូម​ប្រាប់​អូន​មក​ថា
តើ​បង​ឃ្វាល​ហ្វូង​ចៀម​របស់​បង​នៅ​ទី​ណា
នៅ​ពេល​ថ្ងៃ​ត្រង់ តើ​បង​អោយ​ហ្វូង​ចៀម
សំរាក​នៅ​កន្លែង​ណា?
សូម​កុំ​ទុក​អោយ​អូន​ដើរ​រក​បង
នៅ​ក្បែរ​ហ្វូង​ចៀម​មិត្តភក្ដិ​របស់​បង​ឡើយ!
៨ ស្ត្រី​ដែល​មាន​រូប​ឆោម​ល្អ​ដាច់​គេ​អើយ
ប្រសិន​បើ​នាង​មិន​ដឹង​ទេ
ចូរ​ដើរ​តាម​ដាន​របស់​ហ្វូង​ចៀម
ហើយ​ឃ្វាល​ពពែ​របស់​នាង
នៅ​ក្បែរ​ខ្ទម​របស់​ពួក​គង្វាល​ចុះ!
៩ អូន​សម្លាញ់​អើយ អូន​មាន​រូប​ឆោម​ល្អ
ដូច​សេះ​ដែល​ទឹម​រាជរថ​របស់
ព្រះចៅ​ផារ៉ោន។
១០ គ្រឿង​អលង្ការ​របស់​អូន
ធ្វើ​អោយ​ថ្ពាល់​របស់​អូន​កាន់​តែ​ស្អាត
ហើយ​ខ្សែ​ក​របស់​អូន
ក៏​បង្ហាញ​សាច់​ដ៏​ល្អ​របស់​អូន​ដែរ។
១១ យើង​នឹង​ធ្វើ​ក្រវិល​មាស
ដែល​មាន​លំអ​ដោយ​ប្រាក់​អោយ​នាង​ពាក់។
១២ ពេល​ព្រះរាជា​កំពុង​សោយ​ព្រះស្ងោយ
ទឹក​អប់​ទេព្វិរូ​របស់​ខ្ញុំ​បាន​សាយ​ក្លិន​ក្រអូប។
១៣ ព្រះរាជា​ជា​ម្ចាស់​ចិត្ត​របស់​ខ្ញុំ ប្រៀប​បាន​នឹង
ផ្កា​មួយ​បាច់​នៅ​លើ​ទ្រូង​របស់​ខ្ញុំ។
១៤ ម្ចាស់​ចិត្ត​របស់​ខ្ញុំ​ប្រៀប​បាន​នឹង​លំអង​ផ្កា
ដែល​ដុះ​នៅ​តាម​ប្រភព​ទឹក​អេនកេឌី
១៥ ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់!
អូន​ល្អ​ដាច់​គេ!
កែវ​ភ្នែក​របស់​អូន​មាន​សំរស់​ដូច​សត្វ​ព្រាប។
១៦ ម្ចាស់​ចិត្ត​អូន​អើយ
បង​ក៏​ស្អាត គួរ​អោយ​ស្រឡាញ់​ដែរ!
ស្លឹក​ឈើ​ដ៏​ខៀវ​ខ្ចី​នេះ​ជា​គ្រែ​របស់​យើង។
១៧ មែក​តាត្រៅ​ទាំង​នេះ​ជា​ពិដាន​ផ្ទះ​របស់​យើង
ហើយ​ដើម​កកោះ​ទាំង​នេះ
ជា​ជញ្ជាំង​ផ្ទះ​របស់​យើង។

ជំពូកទី ២

១ រូប​អូន​ប្រៀប​បាន​នឹង​បុបា្ផ នៅ​វាល​សារ៉ូន
និង​ដូច​ផ្កា​ក្រវាន់​ដុះ​នៅ​តាម​ជ្រលង​ភ្នំ។
២ ក្នុង​ចំណោម​ស្រីៗ​ទាំងឡាយ
អូន​ប្រៀប​បាន​នឹង​ផ្កា​ក្រវាន់​នៅ​ក្នុង​បន្លា។
៣ ម្ចាស់​ជីវិត​របស់​ខ្ញុំ​ស្ថិត​នៅ​ក្នុង
ចំណោម​យុវជន​ទាំងឡាយ
ដូច​ដើម​ចន្ទន៍​ដុះ​ក្នុង​ចំណោម​ដើម​ឈើ​ព្រៃ។
អូន​ពេញ​ចិត្ត​អង្គុយ​នៅ​ក្រោម​ម្លប់​របស់​បង
ហើយ​ផ្លែ​ចន្ទន៍​នេះ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់។
៤ ម្ចាស់​ជីវិត​របស់​ខ្ញុំ​បាន​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង
ដំណាក់​ស្រា​ទំពាំងបាយជូរ
នៅ​ពី​លើ​ខ្ញុំ​មាន​សរសេរ​ថា «សេចក្ដី​ស្នេហា»។
៥ សូម​ចំអែត​ខ្ញុំ ដោយ​នំ​ទំពាំងបាយជូរ
សូម​យក​ផ្លែ​ចន្ទន៍​មក​អោយ​ខ្ញុំ​ទទួល​ទាន
ដើម្បី​មាន​កម្លាំង​ឡើង​វិញ
ដ្បិត​ខ្ញុំ​មាន​ជំងឺ​ស្នេហា។
៦ ដៃ​ឆ្វេង​របស់​បង​ដាក់​អោយ​ខ្ញុំ​កើយ
ហើយ​ដៃ​ស្ដាំ​របស់​បង​ឱប​រឹត​ខ្ញុំ។
៧ ស្រី​ក្រមុំ​នៅ​ក្រុង​យេរូសាឡឹម​អើយ
ខ្ញុំ​សូម​ប្រាប់​ពួក​នាង ដោយ​យក​សត្វ​ក្ដាន់
និង​សត្វ​ប្រើស​ធ្វើ​ជា​សាក្សី​ថា
មុន​នឹង​ម្ចាស់​ចិត្ត​របស់​ខ្ញុំ​យល់​ស្រប
កុំ​ដាស់​សេចក្ដី​ស្រឡាញ់​ឡើយ។
៨ ខ្ញុំ​ឮ​សំនៀង​ម្ចាស់​ជីវិត​របស់​ខ្ញុំ
គាត់​កំពុង​តែ​មក
ទាំង​លោត​ផ្លោះ​នៅ​លើ​ភ្នំ​តូច​ធំ។
៩ ម្ចាស់​ជីវិត​របស់​ខ្ញុំ​រត់​លឿន​ដូច​ក្ដាន់ ឬ​ប្រើស​ស្ទាវ
មើល៍ គាត់​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ
គាត់​អើត​តាម​បង្អួច ហើយ​ពិនិត្យ​មើល​តាម​ចម្រឹង។
១០ ម្ចាស់​ជីវិត​របស់​ខ្ញុំ​បន្លឺ​សំឡេង​មក​ខ្ញុំ​ថា:
អូន​សម្លាញ់​មាស​បង​អើយ ចូរ​ក្រោក​ឡើង
ស្រី​ស្រស់​ស្អាត​អើយ ចូរ​ចេញ​មក!
១១ ដ្បិត​រដូវ​រងា​បាន​កន្លង​ផុត​ទៅ​ហើយ
រីឯ​ភ្លៀង​ក៏​ឈប់​បង្អុរ​មក​ទៀត​ដែរ។
១២ បុបា្ផ​ទាំងឡាយ​រីក​ស្គុសស្គាយ​ពាសពេញ​ស្រុក
ហើយ​ជា​ពេល​ដែល​បក្សាបក្សី​យំ​ខ្ញៀវខ្ញារ
លលក​បូល​លាន់​ឮ​ពេញ​ក្នុង​ស្រុក​យើង។
១៣ ឧទុម្ពរ​ចាប់​ផ្ដើម​ផ្លែ
ដើម​ទំពាំងបាយជូរ​មាន​ផ្កា សាយ​ក្លិន​ក្រអូប
អូន​សម្លាញ់​មាស​បង​អើយ ចូរ​ក្រោក​ឡើង
ស្រី​ស្រស់​ស្អាត​អើយ ចូរ​ចេញ​មក!
១៤ ព្រលឹង​មាស​បង ប្រៀប​ដូច​ជា​ព្រាប​លាក់​ខ្លួន
នៅ​តាម​ក្រហែង​ថ្ម
សូម​បង្ហាញ​មុខ​អោយ​បង​ឃើញ​ផង
សូម​បន្លឺ​សំឡេង​អោយ​បង​ឮ​ផង
ដ្បិត​សំឡេង​របស់​អូន​ពីរោះ
ហើយ​មុខ​របស់​អូន​ស្អាត​ណាស់។
១៥ ចូរ​នាំ​គ្នា​ចាប់​កញ្ជ្រោង​នោះ​មក​អោយ​យើង
កូន​កញ្ជ្រោង​ទាំង​នោះ​បំផ្លាញ
ទំពាំងបាយជូរ​របស់​យើង
ដែល​កំពុង​តែ​ចេញ​ផ្កា។
១៦ ម្ចាស់​ចិត្ត​របស់​ខ្ញុំ ជា​គូ​ស្នេហ៍​របស់​ខ្ញុំ
ហើយ​ខ្ញុំ​ក៏​ជា​គូ​ស្នេហ៍​របស់​គាត់​ដែរ
គាត់​ឃ្វាល​ហ្វូង​សត្វ នៅ​តាម​ដើម​ក្រវាន់។
១៧ ម្ចាស់​ជីវិត​អូន​អើយ សូម​វិល​ទៅ​វិញ
អោយ​បាន​មុន​ជំនោរ​ពេល​ល្ងាច
ហើយ​មុន​ពេល​ស្រមោល​រលាយ​បាត់​ទៅ។
សូម​វិល​ទៅ​វិញ​អោយ​បាន​លឿន​ដូច​ក្ដាន់
និង​ប្រើស​ស្ទាវ នៅ​លើ​ភ្នំ​ដែល​បែក​គ្នា។

ជំពូកទី ៣

១ ពេល​យប់​នៅ​លើ​គ្រែ
ខ្ញុំ​ស្វែង​រក​ម្ចាស់​ចិត្ត​របស់​ខ្ញុំ
ខ្ញុំ​ស្វែង​រក​គាត់ តែ​រក​ពុំ​ឃើញ​ទេ។
២ ខ្ញុំ​ក៏​ក្រោក​ឡើង ដើរ​ពាសពេញ​ទីក្រុង
ដើម្បី​ស្វែង​រក​ម្ចាស់​ចិត្ត​របស់​ខ្ញុំ
នៅ​តាម​ផ្លូវ នៅ​តាម​ផ្សារ
ខ្ញុំ​ស្វែង​រក​គាត់ តែ​រក​ពុំ​ឃើញ​ឡើយ។
៣ ខ្ញុំ​បាន​ជួប​នឹង​ពួក​អ្នក​យាមល្បាត​ទីក្រុង
ខ្ញុំ​សួរ​ថា «តើ​អ្នក​រាល់​គ្នា​បាន​ឃើញ
ម្ចាស់​ចិត្ត​របស់​ខ្ញុំ​ទេ?»
៤ ខ្ញុំ​ដើរ​ហួស​ពួក​អ្នក​យាមល្បាត​បន្តិច​ទៅ
ខ្ញុំ​ក៏​បាន​ជួប​ម្ចាស់​ចិត្ត​របស់​ខ្ញុំ។
ខ្ញុំ​ឱប​គាត់​ជាប់ ឥត​ដក​ដៃ​ឡើយ
ខ្ញុំ​នាំ​គាត់​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ម្ដាយ​ខ្ញុំ
ចូល​ទៅ​ក្នុង​បន្ទប់​របស់​ម្ដាយ
ដែល​បាន​បង្កើត​ខ្ញុំ​មក។
៥ ស្រី​ក្រមុំ​នៅ​ក្រុង​យេរូសាឡឹម​អើយ
ខ្ញុំ​សូម​ប្រាប់​ពួក​នាង ដោយ​យក​សត្វ​ក្ដាន់
និង​សត្វ​ប្រើស ធ្វើ​ជា​សាក្សី​ថា
មុន​នឹង​ម្ចាស់​ចិត្ត​របស់​ខ្ញុំ​យល់​ស្រប
កុំ​ដាស់​សេចក្ដី​ស្រឡាញ់​ឡើយ។
៦ តើ​នរណា​ឡើង​ពី​វាល​រហោស្ថាន
ដូច​កំសួល​ផ្សែង ដូច​ពពក​ដែល​មាន​ក្លិន​ទេព្វិរូ
គ្រឿង​ក្រអូប និង​ម្សៅ​ក្រអូប​របស់​អ្នក​ជំនួញ?
៧ នេះ​ជា​គ្រែ​ស្នែង​របស់​ព្រះបាទ​សាឡូម៉ូន
ដែល​ហែហម​ដោយ​ទាហាន​ដ៏​អង់អាច
ចំនួន​ហុកសិប​នាក់
គឺ​ជា​ទាហាន​ដ៏​អង់អាច​ជាង​គេ
នៃ​កងទ័ព​អ៊ីស្រាអែល។
៨ អ្នក​ទាំង​នោះ​ប្រដាប់​អាវុធ
រៀបចំ​ខ្លួន​ធ្វើ​សឹក​សង្គ្រាម។
ម្នាក់ៗ​ស្ពាយ​ដាវ ត្រៀម​ខ្លួន​តទល់​នឹង
ភាព​អាសន្ន នៅ​ពេល​យប់។
៩ ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ​គ្រែ​ស្នែង​មួយ
ពី​ឈើ​ស្រុក​លីបង់។
១០ ស្ដេច​បាន​ធ្វើ​បង្គោល​ពី​ប្រាក់ បង្អែក​ពី​មាស
រីឯ​ខ្នើយ​ធ្វើ​ពី​ក្រណាត់​ពណ៌​ក្រហម​ទុំ។
ផ្នែក​ខាង​ក្នុង​លំអ ដោយ​ក្រណាត់​ប៉ាក់
ជា​ស្នាដៃ​របស់​ស្ត្រីៗ​ក្រុង​យេរូសាឡឹម
ដែល​បំពេញ​កិច្ចការ​នេះ​ដោយ​ចិត្ត​ស្រឡាញ់។
១១ ស្ត្រី​នៅ​ក្រុង​ស៊ីយ៉ូន​អើយ
ចូរ​នាំ​គ្នា​ចេញ​មក​មើល​ព្រះបាទ​សាឡូម៉ូន
ស្ដេច​ពាក់​មកុដ​ដែល​មាតា​បាន​បំពាក់​ថ្វាយ
នៅ​ថ្ងៃ​ស្ដេច​រៀប​អភិសេក
ជា​ថ្ងៃ​ដែល​ស្ដេច​មាន​ព្រះហឫទ័យ​រីករាយ។

ជំពូកទី ៤

១ ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់!
នៅ​ពី​ក្រោយ​ស្បៃ
កែវ​ភ្នែក​របស់​អូន​ភ្លឺ​ថ្លា​ដូច​កែវចរណៃ
សក់​របស់​អូន​មាន​ពណ៌​ខ្មៅ
ដូច​ហ្វូង​ពពែ​ចុះ​ពី​ភ្នំ នៅ​ស្រុក​កាឡាត។
២ ធ្មេញ​របស់​អូន​មាន​ពណ៌​ស
ដូច​ហ្វូង​ចៀម​ដែល​គេ​ទើប​នឹង​កាត់​រោម
ហើយ​នាំ​គ្នា​ឡើង​ពី​អណ្ដូង​ទឹក​មក​វិញ។
វា​សុទ្ធ​តែ​មាន​គូ​របស់​វា
ហើយ​គ្មាន​ណា​មួយ​នៅ​ឯកោ​ឡើយ។
៣ បបូរ​មាត់​របស់​អូន​ប្រៀប​បាន​នឹង
ខ្សែ​បូ​ពណ៌​ក្រហម
មាត់​របស់​អូន​ស្អាត​ណាស់
នៅ​ពី​ក្រោយ​ស្បៃ ថ្ពាល់​របស់​អូន
ក្រហម​ស្រស់​ដូច​ផ្លែ​ទទឹម។
៤ ក​របស់​អូន​ប្រៀប​បាន​នឹង​ប៉ម​របស់​ស្ដេច​ដាវីឌ
ដែល​មាន​រាង​មូល ហើយ​រលោង
មាន​ខែល​រាប់​ពាន់​ព្យួរ​នៅ​លើ​ប៉ម​នោះ
គឺ​ជា​ខែល​របស់​ទាហាន​ដ៏​អង់អាច។
៥ សុដន់​ទាំង​ពីរ​របស់​អូន​ប្រៀប​បាន​នឹង​កូន​ភ្លោះ
របស់​ប្រើស ដែល​ស៊ី​ស្មៅ​នៅ​តាម​ដើម​ក្រវាន់។
៦ ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​ភ្នំ​ប្រេង​ទេព្វិរូ
និង​ភ្នំ​គ្រឿង​ក្រអូប
អោយ​បាន​មុន​ជំនោរ​ពេល​ល្ងាច
ហើយ​មុន​ពេល​ស្រមោល​រលាយ​បាត់​ទៅ។
៧ ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់
អូន​ល្អ​ឥត​ខ្ចោះ។
៨ សម្លាញ់​ចិត្ត​បង​អើយ
ចូរ​ចេញ​ដំណើរ​ពី​ភ្នំ​លីបង់​ទៅ​ជា​មួយ​បង!
ចូរ​ចេញ​ដំណើរ​ពី​ភ្នំ​លីបង់​នេះ​ជា​មួយ​បង!
ចូរ​មើល​ពី​កំពូល​ភ្នំ​អាម៉ាណា
កំពូល​ភ្នំ​សេនៀរ និង​កំពូល​ភ្នំ​ហ៊ើរម៉ូន។
ចូរ​ចាក​ចេញ​ពី​លំនៅ​របស់​សិង្ហ
និង​ពី​ភ្នំ​ដែល​ជា​លំនៅ​របស់​ខ្លារខិន​នេះ​ទៅ។
៩ អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ
អូន​បាន​ធ្វើ​អោយ​បេះដូង​បង​ញាប់ញ័រ
ដោយសារ​កែវ​ភ្នែក​របស់​អូន
និង​ដោយសារ​លំអ​ខ្សែ​ក​តែ​មួយ​របស់​អូន
អូន​បាន​ធ្វើ​អោយ​បេះដូង​បង​ញាប់ញ័រ។
១០ អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ
សេចក្ដី​ស្រឡាញ់​របស់​អូន​ទន់ភ្លន់​ណាស់
សេចក្ដី​ស្រឡាញ់​របស់​អូន ប្រសើរ​ជាង
ស្រា​ទំពាំងបាយជូរ
ហើយ​ក្លិន​របស់​អូន ក្រអូប​ជាង​គ្រឿង​ក្រអូប
ទាំង​ប៉ុន្មាន​ទៅ​ទៀត។
១១ សម្លាញ់​ចិត្ត​បង​អើយ
បបូរ​មាត់​អូន​មាន​រសជាតិ​ផ្អែម
ដូច​ទឹក​ដម​របស់​ផ្កា
នៅ​ក្រោម​អណ្ដាត​របស់​អូន
ក៏​មាន​រសជាតិ​ផ្អែម​ដូច​ទឹក​ឃ្មុំ និង​ទឹក​ដោះ​គោ
ហើយ​សម្លៀកបំពាក់​របស់​អូន​មាន​ក្លិន​ក្រអូប
ដូច​ព្រៃ​ព្រឹក្សា​នៅ​ស្រុក​លីបង់។
១២ អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ
អូន​ជា​សួន​ឧទ្យាន​តែ​មួយ​គត់​របស់​បង
អូន​ជា​អណ្ដូង​ទឹក​របស់​បង
និង​ជា​ប្រភព​ទឹក​របស់​បង។
១៣ ក្លិន​របស់​អូន​ប្រៀប​បាន​នឹង​ក្លិន​របស់
ចំការ​ទទឹម ដែល​មាន​ផ្លែ​យ៉ាង​ល្អ​វិសេស។
ចំការ​នោះ​ក៏​មាន​ដាំ​ដើម​ខ្លឹមចន្ទន៍ និង​ទេព្វិរូ​ដែរ
១៤ ដើម​ទេព្វិរូ និង​រមៀត
ដើម​ចំប៉ី និង​ដើម​សម្បុរ​ល្វែង
ព្រម​ទាំង​ដើម​ឈើ​ទាំង​អស់​សំរាប់​ធ្វើ​គ្រឿង​ក្រអូប
ជ័រ​ល្វីងទេស ក្រស្នា និង​ឈើ​ក្រអូប​ដ៏​វិសេស
គ្រប់​យ៉ាង។
១៥ អូន​ជា​ប្រភព​ទឹក ហូរ​ស្រោច​ស្រព​សួន​ឧទ្យាន
អូន​ជា​អណ្ដូង​ផ្ដល់​ទឹក​រស់
និង​ជា​ទឹក​ជ្រោះ​ដែល​ហូរ​ចុះ​ពី​ភ្នំ​លីបង់។
១៦ ខ្យល់​ពី​ទិស​ខាង​ជើង​អើយ ចូរ​ភ្ញាក់​ឡើង
ខ្យល់​ពី​ទិស​ខាង​ត្បូង​អើយ ចូរ​បក់​មក
ចូរ​បក់​មក​លើ​សួន​ឧទ្យាន​របស់​ខ្ញុំ
ដើម្បី​អោយ​សាយ​ក្លិន​ក្រអូប!
សូម​ម្ចាស់​ចិត្ត​របស់​អូន
ចូល​មក​ក្នុង​សួន​ឧទ្យាន​របស់​បង
ហើយ​ពិសា​ផ្លែ​ឈើ​ដ៏​ល្អ​វិសេស​របស់​សួន​នេះ​ចុះ!

ជំពូកទី ៥

១ អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ
បង​ចូល​ក្នុង​សួន​ឧទ្យាន​របស់​បង​ហើយ
បង​នឹង​បេះ​ផ្កា​ដែល​មាន​ក្លិន​ក្រអូប​របស់​បង
បង​នឹង​បរិភោគ​ទឹក​ឃ្មុំ​របស់​បង
បង​នឹង​ផឹក​ស្រា​ទំពាំងបាយជូរ
និង​ទឹក​ដោះ​គោ​របស់​បង។
មិត្ត​សម្លាញ់​របស់​ខ្ញុំ​អើយ សូម​អញ្ជើញ​ពិសា
សូម​សប្បាយ​នឹង​សេចក្ដី​ស្រឡាញ់​នេះ
អោយ​បាន​ស្កប់ស្កល់​ចុះ។
២ ខ្ញុំ​បាន​គេង​លក់​ទៅ​ហើយ
តែ​ចិត្ត​របស់​ខ្ញុំ​មិន​បាន​លង់លក់​ទេ។
ខ្ញុំ​ឮ​ម្ចាស់​ជីវិត​របស់​ខ្ញុំ​គោះ​ទ្វារ​ហៅ​ខ្ញុំ​ថា:
ប្អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ
ចូរ​បើក​ទ្វារ​អោយ​បង​ផង
អូន​ជា​ទី​ស្រឡាញ់​របស់​បង អូន​ល្អ​ឥត​ខ្ចោះ។
ក្បាល​របស់​បង​ទទឹក​ជោក
ដោយ​សន្សើម​ដែល​ធ្លាក់​នៅ​ពេល​យប់។
៣ អូន​ដោះ​សម្លៀកបំពាក់​ចេញ​ទៅ​ហើយ
តើ​អោយ​អូន​ស្លៀក​វិញ​ដូច​ម្ដេច​បាន?
អូន​ទើប​នឹង​លាង​ជើង
តើ​អោយ​អូន​ប្រឡាក់​ជើង​វិញ​ដូច​ម្ដេច​កើត?
៤ ម្ចាស់​ចិត្ត​របស់​ខ្ញុំ​លូក​ដៃ​ចូល​មក​តាម
ប្រហោង​ទ្វារ
ធ្វើ​អោយ​ចិត្ត​ខ្ញុំ​រំភើប​ញាប់ញ័រ។
៥ ខ្ញុំ​ក៏​ស្ទុះ​ឡើង​ដើម្បី​បើក​ទ្វារ
ប្រេង​ក្រអូប​ហូរ​ពី​ដៃ និង​ម្រាម​ដៃ​របស់​ខ្ញុំ
ស្រក់​ទៅ​លើ​រនុក​ទ្វារ។
៦ ខ្ញុំ​បើក​ទ្វារ​ថ្វាយ​ម្ចាស់​ចិត្ត​របស់​ខ្ញុំ
តែ​គាត់​ចាក​ចេញ​ទៅ​បាត់។
ខ្ញុំ​ប្រាថ្នា​ចង់​ឮ​សំឡេង​របស់​គាត់​ណាស់។
ខ្ញុំ​តាម​រក​គាត់ តែ​រក​ពុំ​ឃើញ
ខ្ញុំ​ស្រែក​ហៅ​គាត់ តែ​គាត់​ពុំ​ឆ្លើយ​ទេ។
៧ ពួក​អ្នក​យាមល្បាត​ទីក្រុង​ជួប​ខ្ញុំ
ពួក​គេ​វាយ​ខ្ញុំ ពួក​គេ​ធ្វើ​អោយ​ខ្ញុំ​របួស
ពួក​អ្នក​យាម​កំពែង​ក្រុង​យក​ស្បៃ​រុំ​ខ្លួន
ចេញ​ពី​ខ្ញុំ។
៨ ស្ត្រី​ក្រមុំ​នៅ​ក្រុង​យេរូសាឡឹម​អើយ
ខ្ញុំ​សូម​ប្រាប់​ពួក​នាង​ថា
ប្រសិន​បើ​ពួក​នាង​ឃើញ​ម្ចាស់​ជីវិត​របស់​ខ្ញុំ
តើ​ពួក​នាង​ប្រាប់​គាត់​ថា​ដូច​ម្ដេច?
ចូរ​ប្រាប់​គាត់​ថា ខ្ញុំ​មាន​ជំងឺ​ស្នេហា។
៩ ស្ត្រី​ដែល​មាន​រូប​ឆោម​ល្អ​ដាច់​គេ​អើយ
តើ​ម្ចាស់​ចិត្ត​របស់​នាង​មាន​អ្វី​ប្លែក
ជាង​បុរស​ឯ​ទៀត
បាន​ជា​នាង​សុំ​អោយ​យើង​ប្រាប់​គាត់​ដូច្នេះ។
១០ ម្ចាស់​ជីវិត​របស់​ខ្ញុំ មាន​សម្បុរ ស
និង​ស្បែក​ភ្លឺ​រលោង
ទោះ​បី​គាត់​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស
មួយ​ម៉ឺន​នាក់​ក្ដី ក៏​ឃើញ​ប្លែក​ពី​គេ​ដែរ។
១១ ក្បាល​របស់​គាត់​ប្រៀប​បាន​នឹង​មាស​សុទ្ធ
សក់​របស់​គាត់​រួញ​ដូច​អង្គាសដី
ហើយ​មាន​ពណ៌​ខ្មៅ ដូច​សារិកាកែវ។
១២ ភ្នែក​របស់​គាត់​ស្រស់​ស្អាត
ដូច​សត្វ​ព្រាប​ដែល​ស្ថិត​នៅ​ក្បែរ​មាត់​ទឹក។
ប្រស្រី​ភ្នែក​រុំ​ព័ទ្ធ​ដោយ​កែវ​ភ្នែក​ពណ៌​ស
ហើយ​ស្ថិត​នៅ​យ៉ាង​សម​ក្នុង​រង្វង់​ភ្នែក។
១៣ ថ្ពាល់​របស់​គាត់​ប្រៀប​បី​ដូច​ថ្នាល
ដែល​មាន​ពេញ​ដោយ​ផ្កា សាយ​គន្ធពិដោរ
បបូរ​មាត់​របស់​គាត់​ប្រៀប​ដូច​ជា​ផ្កា​ក្រវាន់
ដែល​បញ្ចេញ​ក្លិន​យ៉ាង​ក្រអូប។
១៤ ដៃ​របស់​គាត់​ប្រៀប​បាន​នឹង​កង​មាស
ដែល​មាន​ដាំ​ត្បូង​ពេជ្រ។
ខ្លួន​របស់​គាត់​ប្រៀប​បាន​នឹង​ភ្លុក
ដែល​គេ​ខាត់​យ៉ាង​រលើប
ព្រម​ទាំង​មាន​ដាំ​ត្បូង​កណ្ដៀង​ផង។
១៥ ជើង​របស់​គាត់​ប្រៀប​បាន​នឹង​សសរ
ធ្វើ​ពី​ថ្ម​កែវ​ពណ៌​ស
ដែល​បញ្ឈរ​នៅ​លើ​ជើង​សសរ​ធ្វើ​ពី​មាស​សុទ្ធ។
គាត់​មាន​រាង​សង្ហា​ដូច​ភ្នំ​លីបង់
ហើយ​មាន​រូប​ល្អ​ស្អាត​ដូច​ដើម​តាត្រៅ។
១៦ មាត់​របស់​គាត់​ពោរពេញ​ដោយ​ភាព​ទន់ភ្លន់
គាត់​ជា​មនុស្ស​គួរ​អោយ​នែបនិត្យ។
ស្ត្រី​ក្រមុំ​នៃ​ក្រុង​យេរូសាឡឹម​អើយ
ម្ចាស់​ចិត្ត​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ
មាន​លក្ខណៈ​យ៉ាង​នេះ​ហើយ។

ជំពូកទី ៦

១ ស្ត្រី​ដែល​មាន​រូប​ឆោម​ល្អ​ដាច់​គេ​អើយ
តើ​ម្ចាស់​ចិត្ត​របស់​នាង​ទៅ​ទី​ណា?
តើ​គាត់​តម្រង់​ទៅ​ទិស​ណា?
យើង​ស្វែង​រក​គាត់​ជា​មួយ​នាង​ដែរ។
២ ម្ចាស់​ចិត្ត​របស់​ខ្ញុំ​បាន​ចុះ​ទៅ​ក្នុង
សួន​ឧទ្យាន​របស់​គាត់​ឆ្ពោះ​ទៅ​ថ្នាល
ដែល​មាន​ពេញ​ដោយ​ផ្កា​សាយ​គន្ធពិដោរ។
គាត់​ទៅ​ឃ្វាល​ហ្វូង​សត្វ​របស់​គាត់
ព្រម​ទាំង​បេះ​ផ្កា​ក្រវាន់​ផង។
៣ ម្ចាស់​ចិត្ត​របស់​ខ្ញុំ​ជា​គូ​ស្នេហ៍​របស់​ខ្ញុំ
ហើយ​ខ្ញុំ​ក៏​ជា​គូ​ស្នេហ៍​របស់​គាត់​ដែរ
គាត់​ឃ្វាល​ហ្វូង​សត្វ​នៅ​តាម​ដើម​ក្រវាន់។
៤ ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់
គឺ​ស្អាត​ដូច​ក្រុង​ធើសា
ស្រស់​ដូច​ក្រុង​យេរូសាឡឹម ហើយ​អូន​ដូច​ហ្វូងតារា​គួរ​អោយ​ស្ញប់ស្ញែង។
៥ ចូរ​កុំ​សម្លឹង​មើល​មក​បង​ដូច្នេះ
ដ្បិត​កែវ​ភ្នែក​របស់​អូន​ធ្វើ​អោយ​បង​ភាំង​ស្មារតី
សក់​របស់​អូន​មាន​ពណ៌​ខ្មៅ​ដូច​ហ្វូង​ពពែ
ចុះ​ពី​ភ្នំ​នៅ​ស្រុក​កាឡាត។
៦ ធ្មេញ​របស់​អូន​មាន​ពណ៌​ស
ដូច​ហ្វូង​ចៀម​ដែល​ឡើង​ពី​អណ្ដូង​ទឹក​មក​វិញ។
វា​សុទ្ធ​តែ​មាន​គូ​របស់​វា
ហើយ​គ្មាន​ណា​មួយ​នៅ​ឯកោ​ឡើយ។
៧ នៅ​ពី​ក្រោយ​ស្បៃ
ថ្ពាល់​របស់​អូន​ក្រហម​ស្រស់​ដូច​ផ្លែ​ទទឹម។
៨ ស្ដេច​មាន​មហេសី​ហុកសិប​នាក់
មាន​ស្រី​ស្នំ​ប៉ែតសិប​នាក់
ព្រម​ទាំង​យុវនារី​ឯ​ទៀតៗ​ច្រើន​ឥត​គណនា
៩ ក៏​ប៉ុន្តែ ចំពោះ​បង​វិញ
មាន​តែ​អូន​មួយ​ប៉ុណ្ណោះ​ដែល​ជា​គូ​កំណាន់​ចិត្ត
អូន​ល្អ​ឥត​ខ្ចោះ
អូន​ជា​កូន​តែ​មួយ​គត់​របស់​ម្ដាយ
ជា​កូន​សម្លាញ់​ចិត្ត​របស់​ម្ដាយ។
ពួក​យុវនារី​ឃើញ​នាង
ក៏​ពោល​ថា នាង​ជា​ស្ត្រី​ប្រកប​ដោយ​សុភមង្គល
ពួក​មហេសី និង​ពួក​ស្រី​ស្នំ
ក៏​កោត​សរសើរ​នាង​ដែរ។
១០ តើ​ស្ត្រី​ដែល​មាន​សម្ផស្ស ដូច​ពេល​អរុណរះ
មាន​រូប​ឆោម​ល្អ​ដូច​ព្រះច័ន្ទ
មាន​ពន្លឺ​រស្មី​ដូច​ព្រះអាទិត្យ
ហើយ​ដូច​ហ្វូងតារា​គួរ​អោយ​ស្ញប់ស្ញែង​នេះ
ជា​នរណា?
១១ ខ្ញុំ​បាន​ចុះ​ទៅ​ចំការ​ដែល​មាន​ដាំ​ដើម​ឈើ​ស៊ី​ផ្លែ
ដើម្បី​មើល​កូន​ឈើ​ដែល​ទើប​នឹង​ដុះ
មើល​ទំពាំងបាយជូរ​ដែល​ទើប​នឹង​ពន្លក
មើល​ដើម​ទទឹម ក្រែង​លោ​មាន​ផ្កា។
១២ ខ្ញុំ​ភាន់ភាំង​ស្មារតី
ទោះ​បី​ខ្ញុំ​ជា​អ្នក​ត្រកូល​ខ្ពស់​ក្ដី
ក៏​ខ្ញុំ​លែង​យល់​អ្វី​ទាំង​អស់។

ជំពូកទី ៧

១ ស្ត្រី​សាសន៍​ស៊ូឡាម​អើយ
ចូរ​នាង​រាំ ចូរ​នាង​រាំ
ដើម្បី​អោយ​យើង​គយគន់​មើល​នាង​ផង។
ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​គយគន់​មើល
ស្ត្រី​សាសន៍​ស៊ូឡាម​នេះ
តើ​ចង់​អោយ​នាង​ចូល​រួម​ក្នុង​ក្រុម​របាំ
ទាំង​ពីរ​ពួក​ឬ?
២ ម្ចាស់ក្សត្រី​អើយ
អូន​ពាក់​ស្បែក​ជើង​ដូច្នេះ​ស្អាត​ណាស់!
ចង្កេះ​របស់​អូន​រាង​មូល ដូច​ខ្សែ​ក
ដែល​ជា​ស្នាដៃ​របស់​ជាង​ដ៏​ចំណាន។
៣ ផ្ចិត​របស់​អូន​មាន​រាង​ដូច​ពែង
ពេញ​ទៅ​ដោយ​ស្រា​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជានិច្ច។
ពោះ​របស់​អូន​ប្រៀប​បាន​នឹង​គំនរ​ស្រូវ​សាលី ដែល​មាន​ផ្កា​ក្រវាន់​លំអ​ជុំវិញ។
៤ សុដន់​ទាំង​ពីរ​របស់​អូន ប្រៀប​បាន​នឹង​កូន​ភ្លោះ
របស់​ប្រើស។
៥ ក​របស់​អូន​ប្រៀប​បាន​នឹង​ប៉ម​ធ្វើ​ពី​ភ្លុក។
ភ្នែក​របស់​អូន​ភ្លឺ​ថ្លា​ដូច​ទឹក​ត្រពាំង នៅ​ក្រុង​ហេសបូន
ដែល​ស្ថិត​នៅ​ក្បែរ​ទ្វារ​បាត-រ៉ាប៊ីម
ច្រមុះ​របស់​អូន​ប្រៀប​បាន​នឹង​ប៉ម​លីបង់
ដែល​បែរ​ទៅ​រក​ក្រុង​ដាម៉ាស។
៦ ក្បាល​របស់​អូន​ស្ថិត​នៅ​ពី​លើ​ដង​ខ្លួន
ដូច​ភ្នំ​កើមែល។
សរសៃ​សក់​របស់​អូន​ប្រៀប​បី​ដូច​ក្រណាត់​ដ៏​ទន់។
ព្រះរាជា
គាប់​ព្រះហឫទ័យ​នឹង ផ្នួង​សក់​របស់​អូន​ណាស់។
៧ គូ​ស្នេហ៍​របស់​បង ព្រលឹង​មាស​បង​អើយ
អូន​ល្អ​ស្អាត គួរ​អោយ​ស្រឡាញ់​ណាស់។
៨ រូប​រាង​របស់​អូន​ល្អ​ស្អាត​ដូច​ដើម​ទន្លាប់
សុដន់​របស់​អូន​ក៏​ដូច​ផ្លែ​ទន្លាប់​ដែរ។
៩ បង​គិត​ថា ត្រូវ​តែ​ឡើង​ដើម​ទន្លាប់​នេះ
ដើម្បី​បេះ​ផ្លែ​របស់​វា។
សូម​អោយ​សុដន់​របស់​អូន​ប្រៀប​បាន​នឹង
ចង្កោម​ទំពាំងបាយជូរ
ហើយ​អោយ​ដង្ហើម​របស់​អូន​សាយ​ក្លិន​ក្រអូប
ដូច​ផ្លែ​ចន្ទន៍។
១០ មាត់​របស់​អូន​ប្រៀប​បាន​នឹង​ស្រា​ទំពាំងបាយជូរ
យ៉ាង​ឆ្ងាញ់!
មែន​ហើយ សូម​អោយ​ស្រា​ទំពាំងបាយជូរ​នេះ
ហូរ​មក​សំរាប់​ម្ចាស់​ចិត្ត​អូនសូម​អោយ​ស្រា​ទំពាំងបាយជូរ​នេះ
ស្រក់​លើ​បបូរ​មាត់​ដែល​កំពុង​តែ​លង់លក់។
១១ ខ្ញុំ​ប្រគល់​រូប​កាយ​ជូន​ម្ចាស់​ចិត្ត​របស់​ខ្ញុំ
ហើយ​គាត់​ចង់​បាន​ខ្ញុំ​ណាស់។
១២ម្ចាស់​ចិត្ត​អូន​អើយ សូម​អញ្ជើញ​មក
យើង​ទៅ​ចំការ​ជា​មួយ​គ្នា
យប់​នេះ​យើង​សំរាក​នៅ​តាម​ភូមិ។
១៣ព្រលឹម​ឡើង​យើង​ទៅ​ចំការ​ទំពាំងបាយជូរ
ដើម្បី​មើល ក្រែង​លោ​ទំពាំងបាយជូរ​ពន្លក​ឡើង
ហើយ​ចេញ​ផ្កា
រួច​យើង​មើល ក្រែង​លោ​ដើម​ទទឹម​មាន​ផ្កា។
នៅ​ទី​នោះ​អូន​នឹង​ប្រគល់​ស្នេហា​ជូន​បង។
១៤ផ្លែ​ស្នេហ៍​សាយ​ក្លិន​យ៉ាង​ក្រអូប
នៅ​មាត់​ទ្វារ​របស់​យើង មាន​ផ្លែ​ដ៏​ល្អ​វិសេស​គ្រប់​មុខ
គឺ​ទាំង​ផ្លែ​ចាស់ និង​ផ្លែ​ថ្មី។
ម្ចាស់​ចិត្ត​អូន​អើយ
អូន​រក្សា​ផ្លែ​ទាំង​នោះ​ទុក​ជូន​បង។

ជំពូកទី ៨

១ ប្រសិន​បើ​បង​ជា​បង​ប្រុស​របស់​អូន
ដែល​បៅ​ដោះ​ម្ដាយ​របស់​អូន
នោះ​អូន​មុខ​ជា​ចេញ​មក​ជួប​បង​នៅ​ខាង​ក្រៅ
អូន​មុខ​ជា​ឱប​ថើប​បង
ហើយ​គ្មាន​នរណា​មើលងាយ​អូន​ឡើយ។
២ អូន​នឹង​នាំ​បង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ម្ដាយ​អូន
បង​នឹង​បង្រៀន​អូន​អំពី​សេចក្ដី​ស្រឡាញ់
ហើយ​អូន​នឹង​យក​ស្រា​ដ៏​ឈ្ងុយ​ឆ្ងាញ់
ព្រម​ទាំង​ទឹកដម​ផ្លែ​ទទឹម​ជូន​បង​ពិសា។
៣ ដៃ​ឆ្វេង​របស់​បង​ដាក់​អោយ​ខ្ញុំ​កើយ
ហើយ​ដៃ​ស្ដាំ​របស់​បង​ឱប​រឹត​ខ្ញុំ។
៤ ស្រី​ក្រមុំ​នៅ​ក្រុង​យេរូសាឡឹម​អើយ
ខ្ញុំ​សូម​ប្រាប់​ពួក​នាង​ថា
មុន​នឹង​ម្ចាស់​ចិត្ត​របស់​ខ្ញុំ​យល់​ស្រប
កុំ​ដាស់​សេចក្ដី​ស្រឡាញ់​ឡើយ។
៥ តើ​ស្ត្រី​ដែល​ឡើង​ទៅ​វាល​រហោស្ថាន
ហើយ​ផ្អែក​លើ​ម្ចាស់​ចិត្ត​របស់​នាង
នោះ​ជា​នរណា?
អូន​បាន​ដាស់​បង នៅ​ក្រោម​ដើម​ចន្ទន៍
ជា​កន្លែង​ដែល​មាតា​របស់​បង​មាន​គភ៌
ហើយ​បង្កើត​បង​មក។
៦ សូម​ចារឹក​រូប​អូន​ក្នុង​ដួង​ចិត្ត​របស់​បង
ដើម្បី​កុំ​អោយ​ភ្លេច​ឡើយ
ដ្បិត​សេចក្ដី​ស្រឡាញ់​មាន​កម្លាំង​ដូច
សេចក្ដី​ស្លាប់
សេចក្ដី​ស្នេហា​ប្រៀប​ដូច​ស្ថាន​មនុស្ស​ស្លាប់
សេចក្ដី​ស្នេហា​នេះ​ឆាបឆេះ​ដូច​ភ្លើង​របស់​ព្រះអម្ចាស់។
៧ មហា​សាគរ​ពុំ​អាច​ពន្លត់​ភ្លើង
នៃ​សេចក្ដី​ស្នេហា​បាន​ឡើយ
រីឯ​ទន្លេ​ទាំង​ប៉ុន្មាន​ក៏​ពុំ​អាច​ពន្លិច​សេចក្ដី
ស្នេហា​បាន​ដែរ
ផ្ទុយ​ទៅ​វិញ អ្នក​ណា​យក​ទ្រព្យ​សម្បត្តិ
ទាំង​ប៉ុន្មាន​របស់​ខ្លួន​ទិញ​សេចក្ដី​ស្នេហា
អ្នក​នោះ​ជា​មនុស្ស​គួរ​អោយ​មើលងាយ។
៨ យើង​នៅ​មាន​ប្អូន​ស្រី​ម្នាក់
តែ​នាង​មិន​ទាន់​ពេញ​រូប​រាង​ទេ
នៅ​ថ្ងៃ​ដែល​មាន​គេ​មក​ចែចង់​នាង
តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច?
៩ ប្រសិន​បើ​នាង​ជា​កំពែង​ក្រុង​មួយ
នោះ​យើង​នឹង​សង់​ប៉ម​ពី​ប្រាក់​ការពារ​នាង
ប្រសិន​បើ​នាង​ជា​ទ្វារ​ក្រុង
នោះ​យើង​នឹង​យក​បន្ទះ​ឈើ​តាត្រៅ
មក​បាំង​នាង។
១០ ខ្ញុំ​ជា​កំពែង​ក្រុង​មួយ
សុដន់​របស់​ខ្ញុំ​ប្រៀប​បាន​នឹង​ប៉ម​របស់​ក្រុង​នេះ
ខ្ញុំ​ផ្ដល់​សេចក្ដី​សុខសាន្ត​ដល់​ម្ចាស់​ចិត្ត​របស់​ខ្ញុំ។
១១ ព្រះបាទ​សាឡូម៉ូន​មាន​ចំការ​ទំពាំងបាយជូរ​មួយ
នៅ​បាលហាម៉ូន
ស្ដេច​បាន​ប្រគល់​ចំការ​នោះ​អោយ​អ្នក​ថែរក្សា
មើល​ខុស​ត្រូវ។
ម្នាក់ៗ​ត្រូវ​យក​ប្រាក់​មួយ​ពាន់​ស្លឹង​ថ្វាយ​ស្ដេច។
១២ បពិត្រ​ព្រះបាទ​សាឡូម៉ូន
ព្រះករុណា​ទទួល​យក​ប្រាក់​មួយ​ពាន់​ស្លឹង​នេះ
តែ​ទុក​ពីរ​រយ​ស្លឹង​អោយ​អ្នក​ថែរក្សា​ចំការ។
រីឯ​ចំការ​ទំពាំងបាយជូរ​របស់​ខ្ញុំ
ខ្ញុំ​រក្សា​ទុក​ខ្លួន​ឯង។
១៣ អូន​សម្លាញ់​ដែល​ស្ថិត​នៅ​ក្នុង​សួន​ឧទ្យាន​អើយ
មាន​គេ​លួច​ស្ដាប់​សំឡេង​របស់​អូន។
ចូរ​បន្លឺ​សំឡេង​អោយ​បង​ឮ​ផង!
១៤ សម្លាញ់​ចិត្ត​អូន​អើយ
សូម​រត់​ចេញ​ពី​ទី​នេះ​ទៅ!
សូម​រត់​យ៉ាង​លឿន​ដូច​ក្ដាន់ និង​ប្រើស​ស្ទាវ
រត់​នៅ​លើ​ភ្នំ​ដែល​ពោរពេញ​ដោយ​គន្ធពិដោរ។