ពាក្យលំនាំ

«ព្រះគម្ពីរសុភាសិត»​ ផ្សំឡើងដោយដំបូន្មាន​ពាក្យប្រៀនប្រដៅ​និង  គតិបណ្ឌិតផ្សេងៗ  ​ស្តីអំពីប្រាជ្ញា​និង​ដំណើរជីវិតរស់នៅ រៀងរាល់ថ្ងៃ​សម​ស្របតាមសីលធម៌ ។ ​សេចក្តីបង្រៀនទាំងនេះ​មានប្រភពមក​ពីព្រះបាទសាឡូម៉ូន  ​ជាស្តេចស្រុកអ៊ីស្រាអែល​ព្រមទាំងអ្នក​ប្រាជ្ញបណ្ឌិតជាតិអ៊ីស្រា អែល​​និង​ជាតិដទៃ​ជាច្រើនរូបទៀត។​ គេហៅក័ណ្ឌគម្ពីរនេះថា​«សុភាសិតរបស់ព្រះបាទ សាឡូម៉ូន»​ព្រោះព្រះ​បាទសាឡូម៉ូន​ជាស្តេចស្រុកអ៊ីស្រាអែល  ដែលគេចាត់ទុកជាអ្នកប្រាជ្ញបណ្ឌិតមួយរូបដ៏ចំណាននៅបុរាណកាល ។ ​គេរាប់​បញ្ចូលព្រះ​គម្ពីរសុភាសិត​ក្នុងចំណោមស្នាដៃអក្សរសិល្ប៍របស់ ប្រជាជាតិនានា​នៅមជ្ឈឹមបូព៌ាប្រទេស​ ជា​សេចក្តីដែលចាស់ព្រឹទ្ធាចារ្យ​នៅជំនាន់​ដើម​ចងក្រងគោលគំនិត​ដែលបានមកពីបទពិសោធន៍ក្នុងជីវិត​ប្រចាំ ថ្ងៃ  ​សំរាប់អប់រំ កូនចៅនៅជំនាន់​ក្រោយ។
ព្រះគម្ពីរសុភាសិតនេះ​  ជាគោលគំនិត​ចងក្រងឡើងនៅជំនាន់ផ្សេងៗគ្នា  ​ដែលយើងអាចចែកចេញជា​បីផ្នែក:

១.  សេចក្តីបង្រៀនអំពីប្រាជ្ញា  (១.១  -  ៩.​១៨):  ​
ក្នុងផ្នែកនេះមានបរិយាយអំពីប្រាជ្ញា  ​ដែលគេប្រដូចទៅនឹងបុគ្គលមួយរូប។  ​ប្រាជ្ញានេះមានប្រភពមក​ពីព្រះជាម្ចាស់​ ​ហើយការគោរព​កោត​​ខ្លាចព្រះជាម្ចាស់​ជាប្រភពនៃប្រាជ្ញា។

២.  សុភាសិតរបស់ព្រះបាទសាឡូម៉ូន  ​(១០.​១  -  ​២៩.​២៧):
ក្នុងផ្នែកនេះ  ​មានសេចក្តីអប់រំរបស់ព្រះបាទសាឡូម៉ូន​ព្រមទាំងមានសេចក្តីប្រៀនប្រដៅរបស់អ្នកប្រាជ្ញ​បណ្ឌិតមួយចំនួន  ​(២២.​១៧​-​២៤.​៣៤)។

៣.  សុភាសិតផ្សេងៗ  ​(៣០  -  ៣១):
ផ្សំឡើងដោយបួនផ្នែកខ្លីៗ  ​ដែលមានខ្លឹមសារប្លែកៗពីគ្នា។​ក្នុងផ្នែកនេះ​មានពាក្យប្រៀនប្រដៅ​របស់អ្នកប្រាជ្ញបណ្ឌិតសាសន៍ដទៃ​រាប់បញ្ចូលជាមួយពាក្យទូន្មានរបស់អ្នកប្រាជ្ញបណ្ឌិតសាសន៍អ៊ីស្រាអែល​ដែរ ។

«ព្រះគម្ពីរសុភាសិត»​មិនសង្កត់ទៅលើប្រវត្តិរបស់ជនជាតិអ៊ីស្រាអែល​ដូចក័ណ្ឌគម្ពីរឯទៀតៗនៃ​ព្រះគម្ពីរសម្ពន្ធមេត្រីចាស់ទេ។  ​ផ្ទុយទៅវិញ​ជាពាក្យប្រៀនប្រដៅ  ​និង​  ពាក្យដាស់តឿន​ចំពោះបុគ្គល​ម្នាក់ៗ ​អោយចេះរស់នៅត្រឹម ត្រូវ​ស្របតាមព្រះហប្ញទ័យ​របស់​ព្រះ​ជាម្ចាស់​និង​តាមគន្លងធម៌​ដែលផ្តល់​អោយមានសុភមង្គល។ ​រីឯមនុស្សអាក្រក់​មនុស្សល្ងីល្ងើ  ​មនុស្សរកប្រាក់បានដោយអយុត្តិធម៌…​រមែង​បោះជំហានទៅរក​សេចក្តី​វិនាស ។

ព្រះគម្ពីរសុភាសិតបំភ្លឺយើងអោយស្គាល់គោលគំនិតដ៏ល្អៗ ​​​ដែលជាលទ្ធផលនៃបទពិសោធន៍ក្នុងជីវិត​ប្រចាំថ្ងៃរបស់ជន ជាតិ​អ៊ី​ស្រា​​អែល ។​ លោកអ្នកអាចស្វែងយល់អំពីរបៀបដែលអ្នកប្រាជ្ញបណ្ឌិតគិតគូរ​និង  ដោះស្រាយ​ក្នុងពេលជួបប្រទះបញ្ហា​ឬ  ​ស្ថានភាព​អ្វី​មួយ ។ ​​ពេលអានក័ណ្ឌគម្ពីរនេះចប់​លោកអ្នក​មុខជាឃើញថា​នៅបច្ចុប្បន្នកាលនេះ​យើងតែងតែប្រឈមមុខទល់ នឹង​ស្ថានភាព​ស្រ​ដៀង​គ្នា។  ​ដូច្នេះ​យើងអាច យកគោលគំនិតពី​«ព្រះគម្ពីរសុភាសិត»​ទុកជាជំហរ​សំរាប់រកដំណោះស្រាយក្នុងជីវិតរបស់​យើងផ្ទាល់។

សុភាសិត

ជំពូកទី ១

អារម្ភកថា
១ សុភាសិត​របស់​ព្រះបាទ​សាឡូម៉ូន​​ជា​ព្រះរាជ​បុត្រ​ព្រះ បាទ​ដាវីឌ និង​ជា​ព្រះ​មហាក្សត្រ​ស្រុក​អ៊ីស្រាអែល។
២ សុភាសិត​ទាំង​នេះ ផ្ដល់​ឲ្យ​មនុស្ស​មាន​ប្រាជ្ញា និង​ការ​ចេះ​ដឹង ដើម្បី​យល់​ពាក្យពេចន៍​ប្រកប​ដោយ​អត្ថន័យ​ជ្រៅ​ជ្រះ ៣ ព្រម​ទាំង​បង្រៀន​មនុស្ស​ឲ្យ​ចេះ​ដឹង​សុចរិត ត្រឹម​ត្រូវ និង​មាន​ចិត្ត​ទៀង​ត្រង់ ៤ ហើយ​ផ្ដល់​ឲ្យ​មនុស្ស​ឆោត​ចេះ​ប្រុង​ប្រយ័ត្ន និង​ផ្ដល់​ឲ្យ​យុវជន​ចេះ​គិត​ចេះ​ពិចារណា។

៥ សូម​ឲ្យ​ អ្នក​ប្រាជ្ញ​ត្រងត្រាប់​ស្ដាប់ នោះ​គេ​នឹង​បង្កើន​ចំណេះ​របស់​ខ្លួន។ សូម​ឲ្យ​មនុស្ស​ឈ្លាសវៃ​ស្រង់​យក​មាគ៌ា​ដែល​ត្រូវ​ប្រកាន់​យក ៦ ដូច្នេះ គេ​អាច​យល់​អំពី​អត្ថន័យ ដែល​មាន​បង្កប់​នៅ​ក្នុង​សុភាសិត ឬ​ប្រស្នា ព្រម​ទាំង​យល់​ពាក្យពេចន៍ និង​ពាក្យ​បណ្ដៅ​ផ្សេងៗ​របស់​ពួក​អ្នក​ប្រាជ្ញ។
៧ ការ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ជា​ប្រភព​នៃ​ការ​ចេះ​ដឹង។​ មនុស្ស​ខ្លៅ​តែងតែ​មើលងាយ​តម្រិះ​ប្រាជ្ញា និង​ការ​ប្រៀនប្រដៅ។

ពាក្យ​ទូន្មាន​យុវជន
៨ កូន​អើយ​ចូរ​ស្ដាប់​ឪពុក​ប្រៀនប្រដៅ ហើយ​ត្រងត្រាប់​ស្ដាប់​ម្ដាយ​ទូន្មាន ៩ ដ្បិត​ដំបូន្មាន​របស់​ឪពុក​ម្ដាយ​នឹង​កសាង​ចរិយា​សម្បត្តិ​របស់​កូន ឲ្យ​បាន​ល្អ​ដូច​មកុដ និង​ខ្សែ​ក​មាស។ ១០ កូន​អើយ បើ​មាន​ជន​ពាល​មក​បបួល​កូន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ កុំ​ទៅ​តាម​គេ​ឡើយ។ ១១ បើ​ជន​ពាល​បបួល​កូន​ថា: «ចូរ​មក​ជា​មួយ​ពួក​យើង យើង​នឹង​ស្ទាក់​ផ្លូវ​ចាំ​បង្ហូរ​ឈាម ហើយ​យើង​នឹង​វាយ​ឆ្មក់​សម្លាប់​មនុស្ស​ស្លូត​ត្រង់​លេង។ ១២ យើង​នឹង​លុប​បំបាត់​ពួក ​គេ ដូច​មច្ចុរាជ​លេប​បំបាត់​ពួក​គេ​ទាំង​រស់ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​វិនាស​សូន្យ ដូច​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ ១៣ រួច​ហើយ​យើង​រឹប​អូស​របស់​មាន​តម្លៃ​ទាំង​ប៉ុន្មាន ពី​ពួក​គេ​យក​ទៅ​ដាក់​ឲ្យ​ពេញ​ផ្ទះ​យើង។ ១៤ ចូរ​មក​រួម​ជា​មួយ​យើង យើង​នឹង​ចែក​របស់​ដែល​រឹប​អូស​យក​បាន​នោះ​ជា​មួយ​គ្នា!»។ ១៥ កូន​អើយ កុំ​សេពគប់​ជា​មួយ​អ្នក​ទាំង​នោះ​ឡើយ តែ​ត្រូវ​ងាក​ចេញ​ឲ្យ​ឆ្ងាយ​ពី​ពួក​គេ។ ១៦ ពួក​នោះ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ងាយ​បង្ហូរ​ឈាម​ណាស់។ ១៧ ដាក់​អន្ទាក់​ឲ្យ​សត្វ​ស្លាប​ឃើញ ជា​ការ​ឥត​ប្រយោជន៍។ ១៨ រីឯ​អ្នក​ទាំង​នោះ​វិញ គេ​កំពុង​តែ​រាយ​អន្ទាក់​សំរាប់​ទាក់​ក​ខ្លួន​ឯង ហើយ​ឃុបឃិត​ប្រហារ​ជីវិត​របស់​ខ្លួន​ឯង។ ១៩ អស់​អ្នក​ដែល​រក​ស៊ី​លួច​ប្លន់​ទ្រព្យ​សម្បត្តិ តែងតែ​បាត់​បង់​ជីវិត​បែប​នេះ​ឯង។

ការ​ប្រកាស​របស់​ព្រះ​ប្រាជ្ញា​ញាណ
២០ ព្រះ​ប្រាជ្ញា​ញាណ​ស្រែក​នៅ​តាម​ផ្លូវ ហើយ​បន្លឺ​សំឡេង​នៅ​តាម​ទី​សាធារណៈ ២១ ព្រម​ទាំង​អំពាវនាវ​តាម​ច្រក​ដ៏​អ៊ូអរ និង​ប្រកាស​នៅ​មាត់​ទ្វារ​ក្រុង​ថា: ២២ មនុស្ស​ឆោត​អើយ តើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​នៅ​ឆោត​ដូច្នេះ​ដល់​កាល​ណា​ទៀត? អ្នក​រាល់​គ្នា​នៅ​តែ​មើលងាយ​យើង​ដល់​កាល​ណា​ទៀត? តើ​អ្នក​រាល់​គ្នា​នៅ​ល្ងង់ ពុំ​ព្រម​ចង់​ចេះ​ដូច្នេះ​ដល់​កាល​ណា​ទៀត?។ ២៣ ចូរ​នាំ​គ្នា​មក​ស្ដាប់ ​ដំបូន្មាន​របស់​យើង យើង​នឹង​ចាក់​បង្ហូរ​វិញ្ញាណ​របស់​យើង​លើ​អ្នក​រាល់​គ្នា ហើយ​យើង​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ចំណេះ​របស់​យើង។ ២៤ យើង​បាន​ហៅ​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​ធ្វើ​មិន​ឮ យើង​បាន​បោយ​ដៃ​ហៅ​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​ធ្វើ​ព្រងើយ។ ២៥ ដោយ​អ្នក​រាល់​គ្នា​បោះបង់​ចោល​ពាក្យ​ទូន្មាន​របស់​យើង ហើយ​មិន​ព្រម​ទទួល​យោបល់​ពី​យើង​ទេ​នោះ ២៦ ពេល​ណា​អ្នក​រាល់​គ្នា​ មាន​មហន្តរាយ​យើង​នឹង​សើច ហើយ​ពេល​ណា​អ្នក​រាល់​គ្នា​ជួប​ភ័យ​អាសន្ន យើង​នឹង​ចំអក​ឲ្យ​អ្នក​រាល់​គ្នា​វិញ​ជា​មិន​ខាន។ ២៧ ពេល​ណា​ភ័យ​អាសន្ន​កើត​ មាន​ដល់​អ្នក​រាល់​គ្នា​ដូច​ខ្យល់​ព្យុះ ហើយ​មហន្តរាយ​កើត​មាន​ដល់​អ្នក​រាល់​គ្នា ដូច​ខ្យល់​កំបុត​ត្បូង ពេល​ណា​សេចក្ដី​តប់ប្រមល់ និង​ទុក្ខ​វេទនា​សង្កត់សង្កិន​អ្នក​រាល់​គ្នា ២៨ ពេល​នោះ អ្នក​រាល់​គ្នា​មុខ​ជា​ស្រែក​អង្វរ​ឲ្យ​យើង​ជួយ តែ​យើង​មិន​ឆ្លើយ​តប​ទេ អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​យើង តែ​រក​មិន​ឃើញ​ឡើយ។ ២៩ អ្នក​រាល់​គ្នា​ស្អប់​ការ​ចេះ​ដឹង អ្នក​រាល់​គ្នា​មិន​សុខ​ចិត្ត​គោរព​កោត​ខ្លាចព្រះអម្ចាស់ ៣០ អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​យោបល់​ពី​យើង ហើយ​មើលងាយ​ដំបូន្មាន​ទាំង​ប៉ុន្មាន របស់​យើង​ថែម​ទៀត​ផង។ ៣១ អ្នក​រាល់​គ្នា​នឹង​ ទទួល​ផល​ស្រប​តាម​កិរិយា​មារយាទ​របស់​ខ្លួន ហើយ​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត នឹង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ឆ្អែតឆ្អន់ ៣២ ដ្បិត​ចិត្ត​រឹងរូស​របស់​មនុស្ស​ល្ងង់ នឹង​ធ្វើ​ឲ្យ​គេ​បាត់បង់​ជីវិត ហើយ​ចិត្ត​អួតអាង​របស់​មនុស្ស​លេលា នឹង​ធ្វើ​ឲ្យ​គេ​វិនាស។ ៣៣ រីឯ​អ្នក​ដែល​ស្ដាប់​យើង នឹង​រស់​នៅ​យ៉ាង​សុខដុមរមនា ឥត​ភ័យ​ខ្លាច​ទុក្ខ​លំបាក​អ្វី​ឡើយ។

ជំពូកទី ២

ប្រាជ្ញា​ការពារ​មនុស្ស​ពី​អំពើ​អាក្រក់
១ កូន​អើយ
ចូរ​ចង​ចាំ​ដំបូន្មាន​របស់​ឪពុក
កុំ​ភ្លេច​សេចក្ដី​ដែល​ឪពុក​ផ្ដែផ្ដាំ​នេះ​ឡើយ
២ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ប្រាជ្ញា
ហើយ​ផ្ចង់​ចិត្ត​ពិចារណា​ឲ្យ​យល់។
៣ ចូរ​យក​តម្រិះ​មក​ធ្វើ​ជា​ជំនួយ
ហើយ​យក​ការ​ដឹង​ខុស​ត្រូវ​មក​ធ្វើ​ជា​ទី​ពឹង។
៤ ចូរ​ខំ​ប្រឹង​ស្វែង​រក​ប្រាជ្ញា
ដូច​ស្វែង​រក​ប្រាក់ និង​ដូច​ជីក​ដី​រក​កំណប់។
៥ ធ្វើ​ដូច្នេះ​ទើប​កូន​យល់​អំពី​ការ​គោរព
កោត​ខ្លាច​ព្រះអម្ចាស់
ព្រម​ទាំង​អាច​ស្គាល់​ព្រះអង្គ​បាន​ទៀត​ផង។
៦ មាន​តែព្រះអម្ចាស់​ទេ​ដែល​ប្រទាន​ប្រាជ្ញា។
ចំណេះ​វិជ្ជា និង​ការ​ដឹង​ខុស​ត្រូវ
សុទ្ធ​តែ​មក​ពី​ព្រះអង្គ​ទាំង​អស់។
៧ ព្រះអង្គ​ជួយ​មនុស្ស​ទៀង​ត្រង់
ហើយ​ធ្វើ​ជា​ខែល​ការពារ
អស់​អ្នក​ដែល​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ។
៨ ព្រះអង្គ​ជួយ​ការពារ
អស់​អ្នក​ដែល​ដើរ​តាម​គន្លង​ធម៌
ហើយ​ថែរក្សា​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះអង្គ។
៩ ប្រសិន​បើ​កូន​ស្ដាប់​ឪពុក
កូន​នឹង​យល់​អំពី​មាគ៌ា​ដ៏​សុចរិត
ទៀង​ត្រង់ និង​ត្រឹម​ត្រូវ
ពោល​គឺ​អ្វីៗ​ទាំង​អស់​ដែល​នាំ​មក​នូវ​សុភមង្គល។
១០ ដូច្នេះ កូន​នឹង​ទៅ​ជា​មនុស្ស​មាន​ប្រាជ្ញា
ហើយ​កូន​នឹង​មាន​ចិត្ត​ត្រេកអរ​ដោយ​ចេះ​ដឹង។
១១ ការ​ចេះ​គិត​ពិចារណា​នឹង​ការពារ​កូន
ហើយ​ការ​ដឹង​ខុស​ត្រូវ​នឹង​ថែរក្សា​កូន
១២ មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​មាគ៌ា​អាក្រក់
ឬ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស
ដែល​ពោល​ពាក្យ​ខិលខូច
១៣ ឬ​មនុស្ស​ដែល​បោះបង់​ផ្លូវ​ទៀង​ត្រង់
ហើយ​បែរ​ទៅ​រក​ផ្លូវ​ងងឹត​នោះ​ឡើយ។
១៤ ជន​ទាំង​នោះ​សប្បាយ​ចិត្ត​តែ​នឹង
ប្រព្រឹត្ត​អំពើ​អាក្រក់
ហើយ​ត្រេកត្រអាល​តែ​នឹង​អំពើ​ខិលខូច។
១៥ អ្វីៗ​ដែល​គេ​ធ្វើ សុទ្ធ​តែ​វៀចវេរ
មាគ៌ា​របស់​គេ​មិន​ដែល​ត្រង់​ទាល់​តែ​សោះ។
១៦ ធ្វើ​ដូច្នេះ​កូន​នឹង​មិន​ចាញ់​ពាក្យ​ផ្អែមល្ហែម
របស់​ស្ត្រី​ដទៃ ដែល​មិន​មែន​ជា​ភរិយា​របស់​កូន
១៧ គឺ​ស្ត្រី​ផិត​ប្ដី​របស់​ខ្លួន
និង​ក្បត់​សម្ពន្ធមេត្រី​របស់​ព្រះជាម្ចាស់។
១៨ អាកប្ប​កិរិយា​របស់​ស្ត្រី​បែប​នេះ
រមែង​បណ្ដាល​ឲ្យ​គ្រួសារ​របស់​ខ្លួន​ស្លាប់
និង​នាំ​គេ​ឯង​ឲ្យ​វិនាស​បាត់បង់។
១៩ ជន​ណា​ភប់ប្រសព្វ​ជា​មួយ​ស្ត្រី​នេះ
ក៏​ត្រូវ​អន្តរាយ​រួម​ជា​មួយ​នាង​ដែរ
គឺ​រក​ផ្លូវ​ទៅ​កាន់​ជីវិត​មិន​ឃើញ​ទេ។
២០ ដូច្នេះ ចូរ​កូន​រើស​យក​មាគ៌ា​របស់​មនុស្ស​ល្អ
និង​យក​តំរាប់​តាម​មនុស្ស​សុចរិត
២១ ដ្បិត​មនុស្ស​ទៀង​ត្រង់​នឹង​រស់​នៅ​ក្នុង​ស្រុក​នេះ
ហើយ​មនុស្ស​ឥត​កំហុស
នឹង​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ។
២២ រីឯ​មនុស្ស​ពាល​វិញ
ព្រះជាម្ចាស់​នឹង​កាត់កាល់​ពួក​គេ​ចេញ​ពី​ស្រុក
ហើយ​ព្រះអង្គ​ក៏​ដក​មនុស្ស​ល្មើស​វិន័យ
ចេញ​ពី​ស្រុក​ដែរ។

ជំពូកទី ៣

ប្រាជ្ញា​នាំ​ឲ្យ​កោត​ខ្លាច​ព្រះជាម្ចាស់
១ កូន​អើយ​ចូរ​កុំ​ភ្លេច​ពាក្យ​ទូន្មាន​របស់​ឪពុក​ឡើយ ចូរ​ប្រតិបត្តិ​តាម​ពាក្យ​ដែល​ឪពុក​បាន​ផ្ដែផ្ដាំ​ជានិច្ច។ ២ ឱវាទ​របស់​ឪពុក​នឹង​ផ្ដល់​ឲ្យ​កូន​មាន​អាយុ​យឺនយូរ ប្រកប​ដោយ​សេចក្ដី​សុខសាន្ត។ ៣ ចូរ​កាន់​ចិត្ត​ភក្ដី និង​ចិត្ត​សច្ចៈ​ជានិច្ច គឺ​ត្រូវ​ចារឹក​គុណ​សម្បត្តិ​នេះ​ជាប់​ក្នុង​ចិត្ត ដូច​ពាក់​គ្រឿង​អលង្ការ​ជាប់ នៅ​នឹង​ក​ដែរ។ ៤ ពេល​នោះ កូន​នឹង​បាន​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់ គាប់​ចិត្ត​មនុស្ស​ផង​ទាំង​ពួង ហើយ​កូន​នឹង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ។

៥ កុំ​ពឹង​លើ​ការ​ចេះ​ដឹង​របស់​ខ្លួន​ឡើយ តែ​ត្រូវ​ទុក​ចិត្ត​លើព្រះ អម្ចាស់​ទាំង​ស្រុង។ ៦ ចូរ​នឹក​ដល់​ព្រះអម្ចាស់​ក្នុង​គ្រប់​កិច្ចការ​ដែល​កូន​ធ្វើ នោះ​ព្រះអង្គ​នឹង​ត្រួសត្រាយ​ផ្លូវ​របស់​កូន។ ៧ កុំ​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​អ្នក​មាន​ប្រាជ្ញា​ឡើយ ផ្ទុយ​ទៅ​វិញ​ត្រូវ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ហើយ​ងាក​ចេញ​ពី​អំពើ​អាក្រក់។ ៨ ការ​ប្រព្រឹត្ត​ដូច្នេះ​ជា​ឱសថ​ព្យាបាល​ខ្លួន​ឲ្យ​បាន​ជា​សះស្បើយ​ពី​ជំងឺ។ ៩ ចូរ ​យក​ផល​ដំបូង​នៃ​ទ្រព្យ​សម្បត្តិ​ដែល​កូន​រក​បាន​មក​ថ្វាយ​ព្រះអម្ចាស់ ដើម្បី​សំដែង​ការ​គោរព​ចំពោះ​ព្រះអង្គ។ ១០ ធ្វើ​ដូច្នេះ​កូន​នឹង​មាន​ស្រូវ​ពេញ​ជង្រុក ហើយ​មាន​ស្រា​ទំពាំងបាយជូរ​ដ៏​បរិបូណ៌​ហូរហៀរ។

១១ កូន​អើយ​មិន​ត្រូវ​មើលងាយ​ការ​ប្រៀនប្រដៅ​ របស់ព្រះ អម្ចាស់​ឡើយ ហើយ​ក៏​មិន​ត្រូវ​ធ្លាក់​ទឹក​ចិត្ត នៅ​ពេល​ព្រះអង្គ​ស្ដី​បន្ទោស​ដែរ ១២ ដ្បិត​ព្រះអម្ចាស់​តែងតែ​ប្រៀនប្រដៅ​អស់​អ្នក ដែល​ព្រះអង្គ​ស្រឡាញ់​ដូច​ឪពុក​វាយ​ប្រដៅ​កូន​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។

ប្រាជ្ញា​នាំ​ឲ្យ​មាន​សុភមង្គល
១៣ អ្នក​ណា​រក​ប្រាជ្ញា​ឃើញ អ្នក​ណា​រៀន​ដឹង​ខុស​ត្រូវ អ្នក​នោះ​មាន​សុភមង្គល​ហើយ ១៤ ដ្បិត​ប្រាជ្ញា​ដែល​គេ​រក​បាន​នេះ​ប្រសើរ​ជាង​មាន​ប្រាក់ ហើយ​ផ្ដល់​ឲ្យ​គេ​បាន​ចំណេញ​ច្រើន​ជាង​មាន​មាស​ទៅ​ទៀត។ ១៥ ប្រាជ្ញា​មាន​តម្លៃ​លើស​ត្បូង ហើយ​អ្វីៗ​ទាំង​អស់​ដែល​អ្នក​ប្រាថ្នា​ចង់​បាន ពុំ​អាច​មាន​តម្លៃ​ស្មើ​នឹង​ប្រាជ្ញា​នេះ​ឡើយ។

១៦ ប្រាជ្ញា​ផ្ដល់​ឲ្យ​មាន​អាយុ​យឺនយូរ ព្រម​ទាំង​នាំ​ឲ្យ​មាន​សម្បត្តិ និង​កិត្តិយស​ដ៏​រុងរឿង​ទៀត​ផង។ ១៧ ប្រាជ្ញា​ដឹក​នាំ​មនុស្ស​ឲ្យ​រស់​នៅ​ដោយ​សុខដុមរមនា និង​សុខសាន្ត។ ១៨ ប្រាជ្ញា​ជា​ដើម​ឈើ​ ផ្ដល់​ជីវិត សំរាប់​អស់​អ្នក​ដែល​បេះ​ផ្លែ​បរិភោគ។ អ្នក​ណា​មាន​ប្រាជ្ញា​ជាប់​ក្នុង​ខ្លួន អ្នក​នោះ​មាន​សុភមង្គល​ហើយ។ ១៩ ព្រះ អម្ចាស់​បាន​បង្កើត​ផែនដី ដោយសារ​ព្រះ​ប្រាជ្ញា​ញាណ ហើយ​ព្រះអង្គ​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយសារ​ព្រះ​តម្រិះ​របស់​ព្រះអង្គ។ ២០ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ផុស​ចេញ​ពី​ទី​ជំរៅ និង​ឲ្យ​ពពក​បង្អុរ​ភ្លៀង​ចុះ​មក ដោយសារ​ព្រះតម្រិះ​ដ៏​វាងវៃ​របស់​ព្រះអង្គ។

ព្រះអម្ចាស់​ការពារ​អ្នក​មាន​ប្រាជ្ញា
២១ កូន​អើយ​ចូរ​ដឹង​ខុស​ត្រូវ និង​រិះគិត​ពិចារណា​ជានិច្ច កុំ​ធ្វេសប្រហែស​ឡើយ ២២ ដ្បិត​ការ​ដឹង​ខុស​ត្រូវ និង​ការ​រិះគិត​ពិចារណា​ផ្ដល់​ឲ្យ​កូន​មាន​ជីវិត មាន​កិរិយា​មារយាទ​ថ្លៃថ្នូរ។ ២៣ ពេល​នោះ កូន​នឹង​រស់​នៅ​ដោយ​សុខសាន្ត ហើយ​គ្មាន​អ្វី​ធ្វើ​ឲ្យ​កូន​ជំពប់​ដួល​បាន​ឡើយ។ ២៤ កូន​នឹង​ចូល​ដំណេក​ដោយ​ឥត​ភ័យ​ខ្លាច ហើយ​ដេក​លង់លក់​យ៉ាង​ស្កប់ស្កល់។ ២៥ កូន​នឹង​មិន​បារម្ភ​ខ្លាច​ក្រែង​មាន​ភ័យ​អាសន្ន ឬ​ខ្លាច​ក្រែង​មាន​ជន​ពាល​ចូល​មក​វាយ​ធ្វើ​បាប​ឡើយ ២៦ ដ្បិត​ព្រះអម្ចាស់​នឹង​ការពារ​កូន ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​កូន​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​ណា​មួយ​ឡើយ។

ត្រូវ​មាន​ចិត្ត​ស្រឡាញ់​អ្នក​ដទៃ
២៧ មិន​ត្រូវ​បដិសេធ​នឹង​ជួយ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​ពី​កូន​ឡើយ គឺ​ត្រូវ​ជួយ​គេ​តាម​លទ្ធភាព​របស់​កូន។ ២៨ បើ​អ្នក​ដទៃ​មក​សុំ​ អ្វី​ពី​កូន​ហើយ​បើ​កូន​មាន មិន​ត្រូវ​ពោល​ទៅ​គេ​ថា «ទៅ​សិន​ចុះ ចាំ​ស្អែក​សឹម​ត្រឡប់​មក​វិញ​ខ្ញុំ​នឹង​ប្រគល់​ជូន!»។ ២៩ មិន​ត្រូវ​ប៉ុនប៉ង​ធ្វើ​បាប​មិត្ត​ភក្ដិ​ដែល​រស់​នៅ​ជិត​ខាង​កូន ហើយ​ទុក​ចិត្ត​លើ​កូន​នោះ​ឡើយ។ ៣០ កុំ​រក​រឿង​នរណា​ម្នាក់ ដោយ​ឥត​ហេតុ គឺ​កុំ​រក​រឿង​អ្នក​ដែល​មិន​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​កូន។ ៣១ កុំ​ច្រណែន​នឹង​មនុស្ស​ឃោរឃៅ កុំ​ប្រព្រឹត្ត​តាម​គេ​ឡើយ ៣២ ដ្បិត​ព្រះអម្ចាស់​មិន​សព្វ​ព្រះហឫទ័យ​នឹង​មនុស្ស​ខិលខូច​ទេ តែ​ព្រះអង្គ​ស្និទ្ធស្នាល​ជា​មួយ​មនុស្ស​ទៀង​ត្រង់។ ៣៣ ព្រះអម្ចាស់​ដាក់​បណ្ដាសា​ក្រុម​គ្រួសារ​របស់​មនុស្ស​ពាល តែ​ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​ក្រុម​គ្រួសារ​មនុស្ស​សុចរិត។ ៣៤ ព្រះអង្គ​មើលងាយ​អស់​អ្នក​ដែល​មើលងាយ​គេ តែ​ព្រះអង្គ​សំដែង​ព្រះហឫទ័យ​ប្រណី​សន្ដោស ចំពោះ​អស់​អ្នក​ដែល​គ្មាន​ទី​ពឹង។ ៣៥ អ្នក​មាន​ប្រាជ្ញា​នឹង​បាន​ទទួល​សិរីរុង រឿង​ទុក​ជា​មត៌ក តែ​មនុស្ស​ខ្លៅ​នឹង​ត្រូវ​អាម៉ាស់​វិញ។

ជំពូកទី ៤

ផល​ប្រយោជន៍​នៃ​ប្រាជ្ញា
១ កូន​អើយ​ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​ទូន្មាន​របស់​ឪពុក ចូរ​ប្រុង​ស្មារតី នោះ​កូន​នឹង​បាន​យល់​អំពី​ការ​ចេះ​ដឹង ២ ដ្បិត​ឪពុក​បង្រៀន​កូន​អំពី​គោល​គំនិត​ដ៏​ល្អ កុំ​បោះបង់​ចោល​ដំបូន្មាន​របស់​ឪពុក​ឡើយ។ ៣ ពី​ដើម ឪពុក​ធ្លាប់​ស្ដាប់​ជីតា​របស់​ឯង ហើយ​ឪពុក​ក៏​ជា​កូន​សំណព្វ​របស់​ជី​ដូន​ឯង​ដែរ។ ៤ ជីតា​ឯង​បាន​បង្រៀន​ឪពុក​ ថា៖ «ចូរ​កូន​ចង​ចាំ​ពាក្យ​របស់​ឪពុក​ទុក​ក្នុង​ចិត្ត ចូរ​ប្រតិបត្តិ​តាម​ដំបូន្មាន​របស់​ឪពុក នោះ​កូន​នឹង​មាន​ជីវិត។ ៥ ចូរ​រក​ប្រាជ្ញា និង​ការ​ចេះ​ដឹង​ឲ្យ​បាន។ មិន​ត្រូវ​បំភ្លេច ឬ​ងាក​ចេញ​ពី​ពាក្យ​របស់​ឪពុក​ឡើយ។ ៦ កុំ​បោះបង់​ប្រាជ្ញា​ឲ្យ​សោះ នោះ​ប្រាជ្ញា​នឹង​ការពារ​កូន ចូរ​ស្រឡាញ់​ប្រាជ្ញា នោះ​ប្រាជ្ញា​នឹង​ថែរក្សា​កូន។ ៧ រីឯ​ប្រភព​នៃ​ប្រាជ្ញា ចាប់​ផ្ដើម​ដូច​ត​ទៅ: គឺ​ត្រូវ​រក​ប្រាជ្ញា​ឲ្យ​បាន ហើយ​ចំណាយ​អ្វីៗ​ទាំង​អស់​ដែល​កូន​មាន ដើម្បី​រក​ឲ្យ​បាន​ការ​ចេះ​ដឹង។ ៨ ចូរ​ឱប​រឹត​ប្រាជ្ញា​ឲ្យ​ជាប់​ក្នុង​ដួង​ចិត្ត នោះ​ប្រាជ្ញា​នឹង​លើក​តម្កើង​កូន​ឡើង​យ៉ាង​ថ្លៃថ្នូរ។ ៩ ប្រាជ្ញា​នឹង​ផ្ដល់​ឲ្យ​កូន​បាន​រុងរឿង គឺ​ប្រៀប​ដូច​ជា​មកុដ និង​ជា​គ្រឿង​អលង្ការ​ដ៏​ថ្លៃ​បំផុត សំរាប់​កូន»។

កុំ​យក​តំរាប់​តាម​ជន​ពាល
១០ កូន​អើយ​ចូរ​ស្ដាប់​ពាក្យ​របស់​ឪពុក នោះ​កូន​នឹង​មាន​អាយុ​វែង។ ១១ ឪពុក​បាន​ណែនាំ​កូន​ឲ្យ​ស្គាល់​របៀប​រស់​នៅ​ប្រកប​ដោយ​ប្រាជ្ញា និង​បាន​អប់រំ​កូន​ឲ្យ​ដើរ​តាម​មាគ៌ា​ទៀង​ត្រង់។ ១២  បើ​កូន​ប្រកាន់​យក​មាគ៌ា​នេះ នឹង​គ្មាន​ឧបសគ្គ​អ្វី​មក​រារាំង​កូន​ឲ្យ​ជំពប់​ដួល​ឡើយ។ ១៣ ចូរ​កាន់​តាម​ដំបូន្មាន​ឪពុក ដោយ​ឥត​លះបង់​ចោល​ឡើយ ចូរ​ថែរក្សា​ឲ្យ​ជាប់​ដ្បិត​ដំបូន្មាន​នេះ​ជា​ជីវិត​របស់​កូន។ ១៤ មិន​ត្រូវ​ចូល​រួម​ក្នុង​ផ្លូវ​របស់​មនុស្ស​ពាល​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​តំរាប់​តាម​មនុស្ស​អាក្រក់​ដែរ។ ១៥ ចូរ​ចៀសវាង​ដើរ​តាម​ផ្លូវ​នោះ ត្រូវ​ដើរ​វាង​ឲ្យ​ឆ្ងាយ។ ១៦ អ្នក​ទាំង​នោះ​មិន​ចូល​ ដំណេក​ទេ ដរាប​ទាល់​តែ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ជា​មុន​សិន គឺ​ប្រសិន​បើ​គេ​មិន​បាន​ធ្វើ​ទុក្ខ​ទោស​អ្នក​ផ្សេង​ទេ​នោះ​គេ​ដេក​មិន​លក់​ឡើយ ១៧ ដ្បិត​គេ​ចិញ្ចឹម​ជីវិត​ដោយសារ​អំពើ​ទុច្ចរិត ហើយ​គេ​ផឹក​ស្រា​ដែល​បាន​មក​ដោយសារ​អំពើ​ឃោរឃៅ។

១៨ មាគ៌ា​របស់​មនុស្ស​សុចរិត ប្រៀប​បី​ដូច​ជា​ពន្លឺ​អរុណរះ បញ្ចេញ​រស្មី​កាន់​តែ​ភ្លឺ​ឡើងៗ​រហូត​ដល់​ព្រះ​អាទិត្យ​ពេញ​កំដៅ។ ១៩ រីឯ​ផ្លូវ​របស់​ជន​ពាល​វិញ ប្រៀប​បាន​នឹង​ភាព​ងងឹត​អន្ធការ គឺ​ពួក​គេ​មិន​អាច​មើល​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ជំពប់​ដួល​នោះ​ឃើញ​ឡើយ។

ចរិយា​សម្បត្តិ​ដ៏​ថ្លៃថ្នូរ
២០ កូន​អើយ​ចូរ​ផ្ទៀង​ត្រចៀក ចូរ​ត្រងត្រាប់​ស្ដាប់​ពាក្យ​ទូន្មាន និង​ឱវាទ​របស់​ឪពុក។ ២១ កុំ​បំភ្លេច​ពាក្យ​ឪពុក គឺ​ត្រូវ​រក្សា​ទុក​ឲ្យ​ជាប់​នៅ​ក្នុង​ដួង​ចិត្ត​ជានិច្ច។ ២២ ដ្បិត​ឱវាទ​នេះ​នឹង​ផ្ដល់​ជីវិត និង​សុខភាព​ដល់​អស់​អ្នក​ដែល​សុខ​ចិត្ត​ទទួល។ ២៣ ចូរ​កូន​ថែរក្សា​ចិត្ត​គំនិត​ដោយ​ប្រុង​ប្រយ័ត្ន ដ្បិត​ចិត្ត​គំនិត​របស់​កូន​យ៉ាង​ណា ជីវិត​របស់​កូន​ក៏​យ៉ាង​នោះ​ដែរ។ ២៤ ចូរ​ទប់​មាត់​កុំ​ឲ្យ​ពោល​ពាក្យ​អាស្រូវ​ឡើយ ហើយ​ក៏​កុំ​គ្រលាស់​អណ្ដាត​ពោល​ពាក្យ​មួល​បង្កាច់​គេ​ដែរ។ ២៥ ចូរ​សំដែង​ឲ្យ​មនុស្ស​លោក​ឃើញ​ទឹក​ចិត្ត​ស្មោះ​ត្រង់​របស់​កូន គឺ​កុំ​មើល​ទៅ​នរណា​ដោយ​ចិត្ត​វៀចវេរ​ឡើយ។ ២៦ ចូរ​រៀបចំ​ផ្លូវ​ដែល​កូន​ត្រូវ​ដើរ​ឲ្យ​ត្រង់ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ផ្លូវ​នោះ​បាន​ត្រឹម​ត្រូវ ២៧ កុំ​ងាក​ស្ដាំ ងាក​ឆ្វេង ហើយ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ផ្លូវ​អាក្រក់។

ជំពូកទី ៥

ត្រូវ​ប្រយ័ត្ន​នឹង​ស្ត្រី​ដែល​ក្បត់​ប្ដី
១ កូន​អើយ​ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ប្រាជ្ញា​របស់​ឪពុក ហើយ​ចាប់​អារម្មណ៍​នឹង​តម្រិះ​របស់​ឪពុក​ដែរ ២ ដើម្បី​ឲ្យ​កូន​ស្គាល់​ការ​រិះគិត និង​ការ​និយាយ​ស្ដី​ដឹង​ខុស​ត្រូវ។ ៣ ធម្មតា​ស្ត្រី​ក្បត់​ប្ដី​តែងតែ​និយាយ​មាយា​ផ្អែម​ដូច​ទឹក​ឃ្មុំ ហើយ​មាត់​រអិល​ដូច​ប្រេង ៤ តែ​តាម​ពិត​ស្ត្រី​នោះ​ប្រៀប​បាន​នឹង​ផ្លែ​ស្លែង​ដែល​មាន​ជាតិ​ល្វីង ហើយ​មុត​ដូច​ដាវ​មុខ​ពីរ។ ៥ ស្ត្រី​ប្រភេទ​នេះ​បណ្ដាល​ឲ្យ​អ្នក​ត្រូវ​ស្លាប់ ដ្បិត​ផ្លូវ​របស់​គេ​តម្រង់​ទៅ​រក​មច្ចុរាជ។ ៦ ផ្លូវ​របស់​ស្ត្រី​នេះ​មិន​នាំ​ទៅ​កាន់​ជីវិត​ទេ តែ​នាំ​ឲ្យ​គេ​វង្វេង​ដោយ​មិន​ដឹង​ខ្លួន។

៧ ឥឡូវ​នេះ កូន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ឪពុក កុំ​ងាក​ចេញ​ពី​ឱវាទ​របស់​ឪពុក​ឡើយ។ ៨ ចូរ​ដើរ​វាង​ឲ្យ​ឆ្ងាយ​ពី​ស្ត្រី​ប្រភេទ​នេះ កុំ​ទៅ​ជិត​មាត់​ទ្វារ​ផ្ទះ​របស់​គេ​ឲ្យ​សោះ ៩ ក្រែងលោ​អ្នក​ផង​ទាំង​ពួង​ប្រមាថ​មាក់ងាយ​កេរ្តិ៍​ឈ្មោះ​កូន ហើយ​មនុស្ស​គ្មាន​ចិត្ត​មេត្តា បំផ្លាញ​ជីវិត​កូន ១០ ក្រែងលោ​អ្នក​ដទៃ​មក​ រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​កូន ហើយ​អ្វីៗ​ដែល​កូន​រក​បាន​ដោយ​កម្លាំង​ញើស ត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ផ្សេង។ ១១ នៅ​ទី​បំផុត កូន​លែង​មាន​កម្លាំង​អ្វី​ទៀត ហើយ​កូន​នឹង​ស្រែក​ថ្ងូរ​ដូច​សត្វ។ ១២ ពេល​នោះ កូន​នឹង​ពោល​ថា «ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ស្អប់​ដំបូន្មាន ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ការ​ប្រៀនប្រដៅ​ដូច្នេះ! ១៣ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ស្ដាប់​ពាក្យ​សំដី​គ្រូ ហើយ​ក៏​មិន​ផ្ទៀង​ត្រចៀក​ស្ដាប់​អ្នក​បង្រៀន​ខ្ញុំ​ដូច្នេះ!។ ១៤ ខ្ញុំ​វិះតែ​អាម៉ាស់​មុខ នៅ​ក្នុង​ចំណោម​សហគមន៍​របស់​ប្រជាជន»។

១៥ ប្រពន្ធ​របស់​កូន​ប្រៀប​បាន​នឹង​ប្រភព​ទឹក​ដែល​ផុស​ចេញ​ពី​អណ្ដូង​របស់​កូន​ផ្ទាល់ ចូរ​ផឹក​តែ​ទឹក​នេះ​ចុះ ១៦ កុំ​បណ្ដោយ​ឲ្យ​ទឹក​នេះ​ហូរ​ទៅ​ក្រៅ តាម​ដង​ផ្លូវ​ឡើយ។ ១៧ ចូរ​ប្រើ​ទឹក​នេះ​តែ​ម្នាក់​ឯង​បាន​ហើយ កុំ​ចែក​ឲ្យ​អ្នក​ដទៃ។ ១៨ ចូរ​ផ្ដល់​សុភមង្គល​ឲ្យ​ភរិយា​របស់​កូន ចូរ​រួម​រស់​យ៉ាង​សប្បាយ​ជា​មួយ​ភរិយា ដែល​កូន​បាន​រៀបការ​តាំង​ពី​កំលោះ​ក្រមុំ។ ១៩ ភរិយា​របស់​កូន​មាន​ ចរិយា​សម​សួន​គួរ​ឲ្យ​ស្រឡាញ់ សំរស់​របស់​នាង​គួរ​ជា​ទី​គាប់​ចិត្ត។ ចូរ​ត្រេកត្រអាល​នឹង​សម្ផស្ស​របស់​នាង ចូរ​ស្រឡាញ់​នាង​យ៉ាង​អស់​ពី​ចិត្ត​រហូត​ត​ទៅ។ ២០ កូន​អើយ​ហេតុ​អ្វី​បាន​ ជា​កូន​មាន​ចិត្ត​ស្រឡាញ់​ប្រពន្ធ​របស់​គេ​ទៅ​វិញ? ហេតុ​អ្វី​បាន​ជា​កូន​ចង់​សប្បាយ​ជា​មួយ​ស្រី​ផ្សេង​ដូច្នេះ? ២១ អ្វីៗ​ដែល​មនុស្ស​លោក​ប្រព្រឹត្ត ព្រះអម្ចាស់​ជ្រាប​ទាំង​អស់ ព្រះអង្គ​ទត​ឃើញ​កិរិយា​មារយាទ​របស់​គេ។ ២២ កំហុស​របស់​មនុស្ស​អាក្រក់​ជា​ចំណង​ចង​ខ្លួន ហើយ​អំពើ​បាប​ជា​អន្ទាក់​ដែល​ធ្វើ​ឲ្យ​ខ្លួន​គេ​រើ​ពុំ​រួច។ ២៣ គេ​នឹង​ត្រូវ​ស្លាប់​ព្រោះ​ខ្វះ​ការ​អប់រំ គេ​នឹង​ត្រូវ​វិនាស ព្រោះ​តែ​អំពើ​លេលា​ហួស​ល្បត់​របស់​ខ្លួន។

ជំពូកទី ៦

កុំ​ធានា​សង​បំណុល​ជំនួស​គេ
១ កូន​អើយ​ប្រសិន​បើ​កូន​ធានា​បង​ប្អូន​ណា​ម្នាក់​ដែល​ជំពាក់​បំណុល​គេ ២ ប្រសិន​បើ​កូន​បាន​សន្យា​ផ្ទាល់​មាត់ និង​ជាប់​សំដី​ក្នុង​រឿង​នេះ ៣ បាន​សេចក្ដី​ថា​កូន​ ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បង​ប្អូន​នោះ​ហើយ។ ដូច្នេះ កូន​ត្រូវ​តែ​ទៅ​ជួប​អ្នក​នោះ ហើយ​អង្វរ​ករ និង​រំអុក​សុំ​រំដោះ​ខ្លួន​ឲ្យ​រួច ៤ កុំ​ដេក​កុំ​សំរាក​ឡើយ ៥ គឺ​ខំ​ប្រឹង​រើបំរះ​ឲ្យ​ទាល់​តែ​រួច​ខ្លួន ដូច​ឈ្លូស និង​បក្សី​ខំ​ប្រឹង​រំដោះ​ខ្លួន ឲ្យ​រួច​ពី​អន្ទាក់​របស់​ព្រាន។

មនុស្ស​កំជិល
៦ កូន​កំជិល​អើយ ចូរ​ទៅ​មើល​ស្រមោច ហើយ​ពិចារណា​អំពី​ការ​រស់​នៅ​របស់​វា រួច​យក​មេរៀន​ពី​វា​ទៅ។ ៧ វា​គ្មាន​អ្នក​ត្រួតត្រា គ្មាន​មេ​កើយ គ្មាន​ថៅកែ​ទេ ៨ តែ​នៅ​រដូវ​ក្ដៅ​វា​ប្រមូល​ចំណី នៅ​រដូវ​ចំរូត វា​សន្សំ​ស្បៀង​ទុក។ ៩ ជន​កំជិល​អើយ តើ​អ្នក​នៅ​តែ​ដេក​ដល់​ណា​ទៀត? តើ​ដល់​អង្កាល់​ទើប​ភ្ញាក់​ឡើង? ១០ អ្នក​ចង់​ដេក​ថែម​បន្តិច ចង់​ដំអក់​បន្តិច ដេក​ឱប​ដៃ​បន្តិច។ ១១ ធ្វើ​ដូច្នេះ​អ្នក​នឹង​ខ្វះ​ខាត ហើយ​ធ្លាក់​ខ្លួន​ក្រ​ភ្លាម ដោយ​មិន​ដឹង​ខ្លួន ដូច​មាន​ចោរ​ចូល​លួច​ប្លន់។

មនុស្ស​ពាល
១២ អ្នក​ណា​ដើរ​សាប​ព្រោះ​ពាក្យ​មិន​ពិត អ្នក​នោះ​ជា​មនុស្ស​ចោលម្សៀត និង​ទុច្ចរិត ១៣ គេ​មិច​ភ្នែក លើក​ដៃ​លើក​ជើង​ជា​សញ្ញា ១៤ មាន​ចិត្ត​ពាល​ហើយ​រិះគិត​ធ្វើ​អាក្រក់​គ្រប់​ពេល​វេលា និង​បង្ក​ជំលោះ។ ១៥ ហេតុ​នេះ គេ​មុខ​ជា​វិនាស​យ៉ាង​ទាន់ហន់ ព្រម​ទាំង​ត្រូវ​អន្តរាយ​មួយ​រំពេច​រក​អ្វី​មក​កែកុន​ពុំ​បាន។

អំពើ​ដែល​ពុំ​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់
១៦ មាន​អំពើ​ប្រាំ​មួយ ឬ​ប្រាំពីរ​យ៉ាង ដែល​ព្រះអម្ចាស់​មិន​សព្វ​ព្រះហឫទ័យ ហើយ​មិន​អាច​ទ្រាំទ្រ​បាន​គឺ: ១៧ ការ​វាយឫក​ខ្ពស់ ការ​ពោល​ពាក្យ​កុហក ការ​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់ ១៨ ការ​រិះគិត​ធ្វើ​អំពើ​ទុច្ចរិត ការ​រត់​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ ១៩ ធ្វើ​ជា​សាក្សី​ក្លែងក្លាយ ដែល​ពោល​ពាក្យ​មិន​ពិត និង​ការ​បង្ក​ជំលោះ​បំបាក់​បំបែក​បង​ប្អូន។

កុំ​ផិត​ក្បត់​ស្វាមី​ភរិយា
២០ កូន​អើយ​ចូរ​ស្ដាប់​ឱវាទ​របស់​ឪពុក កុំ​ចោល​ដំបូន្មាន​របស់​ម្ដាយ។ ២១ ចូរ​ចង​ចាំ​ទុក​ក្នុង​ចិត្ត​ចូរ​រក្សា​ជាប់​នឹង​ខ្លួន​ដូច​គ្រឿង​អលង្ការ។ ២២ ពេល​កូន​ទៅ​ណា​មក​ណា​ដំបូន្មាន​នេះ​នាំ​ផ្លូវ​កូន​ការពារ​កូន​ក្នុង​ពេល​ដេក ហើយ​សារ​ស័ព្ទ​ជា​មួយ​កូន​នៅ​ពេល​កូន​ភ្ញាក់ ២៣ ដ្បិត​ឱវាទ​ប្រៀប​បាន​នឹង​ចង្កៀង ដំបូន្មាន​ជា​ពន្លឺ ហើយ​ការ​ប្រៀនប្រដៅ​ជា​ផ្លូវ​នាំ​ទៅ​កាន់​ជីវិត។ ២៤ ពាក្យ​ដាស់​តឿន​ទាំង​នេះ ការពារ​កូន​កុំ​ឲ្យ​ចាញ់​បោក​ស្រី​ទុច្ចរិត​កុំ​ឲ្យ​ចាញ់​បញ្ឆោត​ពាក្យ​ផ្អែមល្ហែម​របស់​ស្ត្រី​ក្បត់​ប្ដី។ ២៥ កុំ​មាន​ចិត្ត​ពុះ​ កញ្ជ្រោល​នឹង​សម្ផស្ស​របស់​ស្រី​របៀប​នេះ​ឡើយ ហើយ​ក៏​កុំ​បណ្ដោយ​ឲ្យ​ចិត្ត​អ្នក​ឈ្លក់​វង្វេង​ទៅ​តាម​កែវ​ភ្នែក​របស់​គេ​ដែរ។ ២៦ ស្រី​ពេស្យា​ចង់​បាន​នំបុ័ង​តែ​មួយ​ដុំ​ប៉ុណ្ណោះ រីឯ​ស្ត្រី​ក្បត់​ប្ដី​វិញ គេ​ទាមទារ​យក​អ្វីៗ​ទាំង​អស់​ដ៏​មាន​តម្លៃ។

២៧ តើ​មាន​នរណា​យក​ភ្លើង​មក​ឱប ហើយ​ភ្លើង​មិន​ឆេះ​អាវ​ទាំង​មូល? ២៨ តើ​មាន​នរណា​ដើរ​លើ​រងើក​ភ្លើង ហើយ​មិន​រលាក​ជើង? ២៩ រីឯ​អ្នក​ដែល​ប៉ះពាល់​ប្រពន្ធ​គេ​ក៏​ដូច្នោះ​ដែរ គឺ​ត្រូវ​តែ​ទទួល​ផល​វិបាក​ជានិច្ច។ ៣០ ចោរ​លួច​គេ​ដើម្បី​គ្រាន់​តែ​ចំអែត​ក្រពះ​ដែល​ឃ្លាន​នោះ គ្មាន​នរណា​មើលងាយ​ទេ ៣១ តែ​បើ​គេ​ចាប់​បាន ចោរ​នោះ​ត្រូវ​តែ​សង​មួយ​ជា​ប្រាំពីរ ហើយ​ខាត​បង់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន​ផង។ ៣២ អ្នក​ណា​លួច​ប្រពន្ធ​គេ​អ្នក​នោះ​ជា​មនុស្ស​មិន​ចេះ​ពិចារណា ដ្បិត​ប្រព្រឹត្ត​យ៉ាង​នេះ នាំ​តែ​វិនាស​ខ្លួន​ឯង។ ៣៣ អ្នក​នោះ​នឹង​ទទួល​ទោស​បាត់បង់​កិត្តិយស ហើយ​ត្រូវ​ខ្មាស​គេ​រហូត ៣៤ ដ្បិត​ប្ដី​គេ​នឹង​ប្រច័ណ្ឌ ហើយ​ថ្ងៃ​មួយ​គេ​នឹង​សងសឹក​ឥត​ត្រា​ប្រណី​ឡើយ។ ៣៥ គេ​មិន​ព្រម​ទទួល​សំណង គេ​មិន​អត់ទោស​ឲ្យ ​ទោះ​បី​យក​ជំងឺ​ចិត្ត​ទៅ​សង​ច្រើន​យ៉ាង​ណា​ក៏​ដោយ។

ជំពូកទី ៧

ស្ត្រី​ក្បត់​ប្ដី
១ កូន​អើយ​កុំ​ភ្លេច​ពាក្យ​បណ្ដាំ​ឪពុក ចូរ​ចងចាំ​ពាក្យ​ដែល​ឪពុក​ទូន្មាន ២ ចូរ​រក្សា​ពាក្យ​ដែល​ឪពុក​ទូន្មាន​នេះ ទើប​កូន​មាន​ជីវិត។ ចូរ​រក្សា​ពាក្យ​ដែល​ឪពុក​ប្រៀនប្រដៅ​ទុក ដូច​ជា​កែវ​ភ្នែក។ ៣ ចូរ​ចងចាំ​ពាក្យ​របស់​ឪពុក​គ្រប់​ពេល​វេលា ហើយ​ចារឹក​ទុក​ក្នុង​ដួង​ចិត្ត​ជានិច្ច។ ៤ ចូរ​ចាត់​ទុក​ប្រាជ្ញា​ដូច​ជា​បង​ស្រី និង​ចាត់​ទុក​តម្រិះ​ដូច​ជា​មិត្ត។ ៥ ធ្វើ​ដូច្នេះ កូន​អាច​គេច​ផុត​ពី​ស្ត្រី​ក្បត់​ប្ដី និង​គេច​ផុត​ពី​ប្រពន្ធ​គេ ដែល​ប្រសប់​លួងលោម។

៦ មាន​ថ្ងៃ​មួយ ឪពុក​មើល​តាម​បង្អួច​ផ្ទះ​សម្លឹង​ទៅ​ផ្លូវ​កែង ៧ ក្នុង​ចំណោម​យុវជន​ដែល​មិន​សូវ​ដឹង​ខុស​ត្រូវ ឪពុក​ឃើញ​ក្មេង​កំលោះ​ម្នាក់ គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ។ ៨ ក្មេង​កំលោះ​នោះ​ដើរ​តាម​ផ្លូវ​មាន​ផ្ទះ​លក់​ដូរ ក្បែរ​កន្លែង​ដែល​ស្ត្រី​ក្បត់​ប្ដី​រស់​នៅ ហើយ​ដើរ​តម្រង់​ទៅ​ផ្ទះ​នាង។ ៩ ពេល​នោះ ជា​ពេល​ល្ងាច ថ្ងៃ​កំពុង​លិច ហើយ​យប់​ងងឹត​ក៏​ជិត​មក​ដល់។ ១០ ស្ត្រី​នោះ​ចេញ​មក​ជួប​អ្នក​កំលោះ ទាំង​ស្លៀក​ពាក់​ជា​របៀប​ស្រី​ពេស្យា ដើម្បី​ទាក់ទាញ​ចិត្ត​គេ។ ១១ នាង​ពុះកញ្ជ្រោល ស្រើបស្រាល ឥត​អៀន​ខ្មាស ទ្រាំ​នៅ​ក្នុង​ផ្ទះ​មិន​បាន​ទេ។ ១២ នាង​នេះ​ដើរ​រក​ប្រុស​នៅ​តាម​ដង​ផ្លូវ នៅ​តាម​ផ្សារ និង​នៅ​គ្រប់​កៀន​កោះ។ ១៣ នាង​ចាប់​អ្នក​កំលោះ​មក​ឱប​រឹត ហើយ​និយាយ​ទាំង​ងងើល​ថា ១៤ «ថ្ងៃ​នេះ​ខ្ញុំ​ទើប​នឹង​ថ្វាយ​យញ្ញបូជា​អរ​ព្រះគុណ​ដើម្បី​លា​បំណន់។ ១៥ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ចេញ​មក​ជួប​បង ដ្បិត​ខ្ញុំ​ចង់​ស្គាល់​បង​យូរ​ហើយ ឥឡូវ​ខ្ញុំ​ជួប​បង​មែន!។ ១៦ ខ្ញុំ​បាន​រៀបចំ​គ្រែ​ខ្ញុំ ដែល​មាន​ភួយ​ចំរុះ​ពណ៌ និង​មាន​ផាហ៊ុម​ល្អៗ​មក​ពី​ស្រុក​អេស៊ីប។ ១៧ ខ្ញុំ​បាន​ប្រោះ​ទឹក​អប់ និង​គ្រឿង​ក្រអូប​ផ្សេងៗ​ពី​លើ​គ្រែ​នោះ។ ១៨ សូម​អញ្ជើញ​មក យើង​រួម​ស្នេហ៍​យ៉ាង​សប្បាយ​ជា​មួយ​គ្នា រហូត​ដល់​ព្រឹក​ស្អែក។ ១៩ ប្ដី​ខ្ញុំ​មិន​នៅ​ផ្ទះ​ទេ គាត់​បាន​ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ​បាត់​ហើយ។ ២០ គាត់​យក​ប្រាក់​មួយ​ថង់​ទៅ​ជា​មួយ​ដល់​ថ្ងៃ​ពេញបូណ៌ ទើប​គាត់​វិល​ត្រឡប់​មក​ផ្ទះ​វិញ»។ ២១ នាង​និយាយ​បញ្ចុះបញ្ចូល​យ៉ាង​ប៉ិនប្រសប់ អូស​ទាញ​អ្នក​កំលោះ​ដោយ​ពាក្យ​សំដី​ផ្អែមល្ហែម។ ២២ អ្នក​កំលោះ​ក៏​ទៅ​តាម​ នាង​ភ្លាម ដូច​គោ​ដែល​គេ​នាំ​ទៅ​ទី​សត្តឃាត និង​ដូច​មនុស្ស​ឆ្កួត​ដែល​បណ្ដោយ​ឲ្យ​គេ​ចង​ជើង​ចង​ដៃ យក​ទៅ​ធ្វើ​ទោស។ ២៣ អ្នក​នោះ​ប្រៀប​បាន​នឹង ​សត្វ​ស្លាប ហើរ​បោះពួយ​ទៅ​រក​អន្ទាក់ ដោយ​មិន​ដឹង​ថា ខ្លួន​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទេ លុះ​ត្រា​តែ​មាន​ព្រួញ​មក​ទំលុះ​ដល់​បេះដូង។

២៤ ឥឡូវ​នេះ កូន​អើយ ចូរ​ស្ដាប់​ឪពុក ចូរ​ត្រងត្រាប់​ស្ដាប់​សេចក្ដី​ដែល​ឪពុក​ទូន្មាន។ ២៥ កុំ​បាក់​ចិត្ត​ទៅ​តាម​ស្ត្រី​ប្រភេទ​នេះ​ឡើយ ហើយ​ក៏​កុំ​វង្វេង​ទៅ​សេពគប់​ជា​មួយ​វា​ដែរ ២៦ ដ្បិត​ស្ត្រី​នេះ​បាន​ធ្វើ​ឲ្យ​មាន​ជន​រងគ្រោះ​ជា​ច្រើន សូម្បី​តែ​អ្នក​ខ្លាំង​ពូកែ​ក៏​ត្រូវ​ស្លាប់​ដោយសារ​ស្នាដៃ​នាង​ដែរ។ ២៧ ផ្ទះ​របស់​នាង​ជា​ស្ថាន​មច្ចុរាជ អ្នក​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ មុខ​ជា​ស្លាប់​មិន​ខាន។

ជំពូកទី ៨

ព្រះប្រាជ្ញា​ញាណ​ប្រកាស​ហៅ​សា​ជា​ថ្មី
១ ចូរ​ត្រងត្រាប់​ស្ដាប់!
ព្រះប្រាជ្ញា​ញាណ​ស្រែក​ប្រកាស​ហើយ!
តម្រិះ​ក៏​បន្លឺ​សំឡេង​ឡើង​ដែរ!
២ ព្រះប្រាជ្ញា​ញាណ​ឈរ​លើ​ទួល
ក្បែរ​មាត់​ផ្លូវ និង​នៅ​ត្រង់​ផ្លូវ​បំបែក
៣ ក្បែរ​មាត់​ទ្វារ​ក្រុង នៅ​តាម​ផ្លូវ​ចេញ​ចូល
ហើយ​ស្រែក​ឡើង​ថា៖
៤ បណ្ដាជន​ទាំងឡាយ​អើយ!
ខ្ញុំ​ស្រែក​ហៅ​អ្នក​រាល់​គ្នា
ខ្ញុំ​ចង់​និយាយ​ជា​មួយ​មនុស្ស​លោក​ទាំង​អស់។
៥ មនុស្ស​មិន​ដឹង​ខុស​ត្រូវ​អើយ
ចូរ​រៀន​ពិចារណា​ឡើង
មនុស្ស​ឥត​ប្រាជ្ញា​អើយ
ចូរ​រៀន​ឲ្យ​មាន​តម្រិះ​ឡើង។
៦ ចូរ​នាំ​គ្នា​ស្ដាប់
ដ្បិត​ខ្ញុំ​មាន​សេចក្ដី​សំខាន់ៗ​ប្រាប់​អ្នក​រាល់​គ្នា
ខ្ញុំ​និយាយ​ទូន្មាន​អ្នក​រាល់​គ្នា​អំពី​ផ្លូវ​ទៀងត្រង់
៧ ខ្ញុំ​ថ្លែង​ប្រាប់​តែ​សេចក្ដី​ពិត​ប៉ុណ្ណោះ
ខ្ញុំ​មិន​ចូល​ចិត្ត​និយាយ​សេចក្ដី​អាក្រក់​ឡើយ។
៨ អ្វីៗ​ដែល​ខ្ញុំ​និយាយ​សុទ្ធ​តែ​ទៀងត្រង់
គឺ​គ្មាន​ពាក្យ​វៀចវេរ ឬ​បោកបញ្ឆោត​ទេ។
៩ អ្នក​មាន​តម្រិះ​យល់​ថា ពាក្យ​ខ្ញុំ​ស្រួល​ស្ដាប់
រីឯ​អស់​អ្នក​ចេះ​ដឹង​ក៏​យល់​ថា
ខ្ញុំ​និយាយ​ត្រឹម​ត្រូវ​មែន​ដែរ។
១០ ចូរ​ទទួល​ដំបូន្មាន​ខ្ញុំ​ជា​ជាង​ទទួល​ប្រាក់
រីឯ​ការ​ចេះ​ដឹង​មាន​តម្លៃ
លើស​មាស​ទឹកដប់​ទៅ​ទៀត។
១១ ប្រាជ្ញា​មាន​តម្លៃ​ជាង​ត្បូង​ពេជ្រ
គ្មាន​របស់​អ្វី​មាន​តម្លៃ​ស្មើ​នឹង​ប្រាជ្ញា​ឡើយ។
១២ ខ្ញុំ​ជា​ប្រាជ្ញា
ការ​ពិចារណា​ស្ថិត​នៅ​ជាប់​ជា​មួយ​ខ្ញុំ
ខ្ញុំ​មាន​តម្រិះ​រិះគិត ដោយ​សុភនិច្ឆ័យ។
១៣ អ្នក​គោរព​កោត​ខ្លាច​ព្រះអម្ចាស់
តែងតែ​ស្អប់​អំពើ​អាក្រក់
ខ្ញុំ​មិន​ចូល​ចិត្ត​ការ​អួត​បំប៉ោង
ការ​ព្រហើន អំពើ​អាក្រក់
និង​ការ​ពោល​ពាក្យ​បោកបញ្ឆោត​ឡើយ។
១៤ ខ្ញុំ​មាន​ប្រាជ្ញា និង​យោបល់
ខ្ញុំ​ផ្ដល់​តម្រិះ និង​កម្លាំង
១៥ ស្ដេច​ទាំងឡាយ​គ្រប់គ្រង​ស្រុក ដោយសារ​ខ្ញុំ
ហើយ​មេ​ដឹក​នាំ​ទាំងឡាយ
តែង​ច្បាប់​ដ៏​ត្រឹម​ត្រូវ ក៏​ដោយសារ​ខ្ញុំ​ដែរ។
១៦ អ្នក​ធំ​ទាំងឡាយ​ត្រួតត្រា​ស្រុក ដោយសារ​ខ្ញុំ
ហើយ​ពួក​នាម៉ឺន​សុទ្ធ​តែ​ជា​ចៅក្រម​ដ៏​សុចរិត។
១៧ អ្នក​ណា​ស្រឡាញ់​ខ្ញុំ ខ្ញុំ​ស្រឡាញ់​អ្នក​នោះ​វិញ
អ្នក​ណា​ស្វែង​រក​ខ្ញុំ អ្នក​នោះ​ពិត​ជា​រក​ឃើញ។
១៨ ខ្ញុំ​ផ្ដល់​ទ្រព្យ​សម្បត្តិ និង​សិរីរុងរឿង
ភាព​ចំរុងចំរើន និង​សេចក្ដី​សុចរិត។
១៩ ផល​ផ្លែ​របស់​ខ្ញុំ​មាន​តម្លៃ​ជាង​មាស​ទឹកដប់
អ្វីៗ​ដែល​ខ្ញុំ​ផ្ដល់​ឲ្យ
មាន​តម្លៃ​ជាង​ប្រាក់​សុទ្ធ​ទៅ​ទៀត។
២០ ខ្ញុំ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិត
និង​ប្រព្រឹត្ត​តាម​ផ្លូវ​យុត្តិធម៌។
២១ ខ្ញុំ​ផ្ដល់​ទ្រព្យ​សម្បត្តិ​យ៉ាង​បរិបូណ៌
ឲ្យ​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ។
២២ ព្រះអម្ចាស់​បាន​បង្កើត​ខ្ញុំ​តាំង​ពី​ដើម​ដំបូង​បង្អស់
គឺ​មុន​អ្វីៗ​ដែល​ព្រះអង្គ​បង្កើត​មក​ទៅ​ទៀត។
២៣ ព្រះអង្គ​បាន​ចាក់​ប្រេង​តែងតាំង​ខ្ញុំ
តាំង​ពី​អស់កល្ប​រៀង​មក
គឺ​នៅ​គ្រា​ដំបូង​បង្អស់
មុន​កំណើត​ពិភពលោក​ទៅ​ទៀត។
២៤ កាល​ខ្ញុំ​កើត​មក មិន​ទាន់​មាន​ជំរៅ​ទឹក
ហើយ​ក៏​មិន​ទាន់​មាន​ប្រភព​ទឹក​ដែរ។
២៥ ព្រះអង្គ​បង្កើត​ខ្ញុំ​មក
មុន​ព្រះអង្គ​ធ្វើ​ឲ្យ​ភ្នំ​ធំ​ភ្នំ​តូច​លេច​ឡើង។
២៦ ពេល​នោះ ព្រះអង្គ​មិន​ទាន់​បង្កើត​ផែនដី
និង​លំហ​អាកាស​ទេ
ហើយ​ក៏​មិន​ទាន់​បង្កើត​ធាតុ​ដើម​ផ្សេងៗ​ដែរ។
២៧ កាល​ព្រះអម្ចាស់​លាត​សន្ធឹង​ផ្ទៃ​មេឃ
និង​គូរវាស​ជើង​មេឃ​ពី​លើ​មហា​សមុទ្រ
ខ្ញុំ​ក៏​នៅ​ទី​នោះ​ដែរ។
២៨ កាល​ព្រះអង្គ​ដាក់​ពពក​នៅ​លើ​អាកាស
ហើយ​កាល​ប្រភព​ទឹក​ផុស​ចេញ​យ៉ាង​ខ្លាំង
ពី​ទី​ជំរៅ
២៩ កាល​ព្រះអង្គ​កំណត់​ព្រំដែន​សមុទ្រ
ដើម្បី​ខណ្ឌ​ទឹក​កុំ​ឲ្យ​ហៀរ​ចេញ
កាល​ព្រះអង្គ​ចាក់​គ្រឹះ​ផែនដី
៣០ នៅ​គ្រា​នោះ​ខ្ញុំ​ជា​មេ​ជាង​ជួយ​ធ្វើ​ការ​ព្រះអង្គ
ហើយ​ខ្ញុំ​ធ្វើ​ឲ្យ​ព្រះអង្គ​មាន​អំណរ
ជា​រៀង​រាល់​ថ្ងៃ។
ខ្ញុំ​កំសាន្ត​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ
គ្រប់​ពេល​វេលា។
៣១ ខ្ញុំ​កំសាន្ត​នៅ​លើ​ដី​ដែល​ព្រះអង្គ​បាន​បង្កើត
ខ្ញុំ​មាន​អំណរ​នៅ​ក្នុង​ចំណោម​មនុស្ស​លោក។
សុភមង្គល​របស់​អ្នក​ដែល​ស្ដាប់​ព្រះប្រាជ្ញា​ញាណ
៣២ ឥឡូវ​នេះ កូន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ឪពុក
អ្នក​ណា​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ឪពុក
អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល!។
៣៣ ចូរ​ស្ដាប់​ដំបូន្មាន​របស់​ឪពុក
ដោយ​ឥត​ធ្វេសប្រហែស​ឡើយ
នោះ​កូន​នឹង​ទៅ​ជា​អ្នក​មាន​ប្រាជ្ញា។
៣៤ អ្នក​ណា​ស្ដាប់​ខ្ញុំ
ហើយ​ឈរ​យាម​មាត់​ទ្វារ​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ
អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល។
៣៥ អ្នក​ណា​រក​ខ្ញុំ​ឃើញ អ្នក​នោះ​មាន​ជីវិត
ហើយ​ព្រះអម្ចាស់​គាប់​ព្រះហឫទ័យ​នឹង​អ្នក​នោះ។
៣៦ អ្នក​ណា​រក​ខ្ញុំ​មិន​ឃើញ
អ្នក​នោះ​ធ្វើ​បាប​ខ្លួន​ឯង
អ្នក​ណា​ស្អប់​ខ្ញុំ
អ្នក​នោះ​ស្រឡាញ់​សេចក្ដី​ស្លាប់។

ជំពូកទី ៩

ការ​អញ្ជើញ​របស់​ព្រះប្រាជ្ញា​ញាណ
១ ព្រះប្រាជ្ញា​ញាណ​បាន​រៀបចំ​សសរ​ប្រាំពីរ សំរាប់​សង់​ផ្ទះ។ ២ ព្រះប្រាជ្ញា​ញាណ​បាន​សម្លាប់​សត្វ រៀបចំ​សុរា និង​រៀបចំ​តុ សំរាប់​ធ្វើ​ពិធី​ជប់លៀង។ ៣ ព្រះប្រាជ្ញា​ញាណ​ចាត់​អ្នក​បំរើ​ឲ្យ​ទៅ​ប្រកាស នៅ​តាម​ទួល​ខ្ពស់ៗ​ក្នុង​ទីក្រុង​ថា: ៤  «មនុស្ស​ល្ងង់ខ្លៅ​អើយ ចូរ​នាំ​គ្នា​ចូល​មក​ទី​នេះ! រីឯ​មនុស្ស​ដែល​គ្មាន​ប្រាជ្ញា ៥ ក៏​សុំ​អញ្ជើញ​ចូល​មក​ពិសា​អាហារ និង​ពិសា​ស្រា ដែល​ខ្ញុំ​បាន​រៀបចំ​ទុក​ជា​ស្រេច។ ៦ ចូរ​នាំ​គ្នា​បោះបង់​ចោល​ភាព​ល្ងង់ខ្លៅ ទើប​អ្នក​រាល់​គ្នា​មាន​ជីវិត។ ចូរ​ដើរ​តាម​មាគ៌ា​ដែល​ផ្ដល់​ការ​ចេះ​ដឹង​វិញ!»។

អ្នក​ប្រាជ្ញ និង​អ្នក​វាយ​ឫក​ខ្ពស់
៧ អ្នក​ណា​ស្ដី​បន្ទោស​ មនុស្ស​វាយ​ឫក​ខ្ពស់ អ្នក​នោះ​នឹង​ត្រូវ​គេ​មើលងាយ អ្នក​ណា​ស្ដី​បន្ទោស​មនុស្ស​ពាល អ្នក​នោះ​នឹង​ត្រូវ​គេ​ជេរ​វិញ។ ៨ កុំ​ស្ដី​បន្ទោស​មនុស្ស​វាយឫក​ខ្ពស់ ក្រែង​គេ​ស្អប់​អ្នក។ បើ​អ្នក​ស្ដី​បន្ទោស​មនុស្ស​មាន​ប្រាជ្ញា គេ​នឹង​ស្រឡាញ់​អ្នក។ ៩ សេចក្ដី​ដែល​អ្នក​ពោល​ទៅ​ កាន់​មនុស្ស​មាន​ប្រាជ្ញា ធ្វើ​ឲ្យ​គេ​កាន់​តែ​មាន​ប្រាជ្ញា សេចក្ដី​ដែល​អ្នក​បង្រៀន​មនុស្ស​សុចរិត ធ្វើ​ឲ្យ​គេ​កាន់​តែ​ចេះ​ដឹង​ថែម​ទៀត។

១០ ការ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ជា​ប្រភព​នៃ​ប្រាជ្ញា ការ​ស្គាល់​ព្រះជាម្ចាស់ ជា​ចំណេះ​របស់​ប្រជាជន​ដ៏វិសុទ្ធ។ ១១ ប្រាជ្ញា​ផ្ដល់​ឲ្យ​អ្នក​រស់​បាន​យូរ ប្រាជ្ញា​ធ្វើ​ឲ្យ​អ្នក​មាន​អាយុ​វែង។ ១២ បើ​អ្នក​មាន​ប្រាជ្ញា អ្នក​នឹង​ទទួល​ផល​ល្អ​សំរាប់​ខ្លួន​ឯង បើ​អ្នក​វាយឫក​ខ្ពស់ អ្នក​នឹង​ទទួល​ផលវិបាក​ខ្លួន​ឯង។

ដំណើរ​លេលា
១៣ ភាព​លេលា​ប្រៀប​បាន​នឹង​ស្រី​ឡូឡា ឆោតល្ងង់​គ្មាន​ដឹង​អ្វី​ទាំង​អស់។ ១៤ ស្រី​នោះ​តែង​អង្គុយ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​ខ្លួន ឬ​អង្គុយ​លើ​កៅអី​មួយ តាម​ទួល​ខ្ពស់ៗ​ក្នុង​ទីក្រុង ១៥ ហើយ​ស្រែក​ហៅ​មនុស្ស​ត្រឹម​ត្រូវ ដែល​ដើរ​កាត់​តាម​នោះ​ថា: ១៦ «មនុស្ស​ល្ងង់ខ្លៅ​អើយ ចូរ​នាំ​គ្នា​ចូល​មក​ទី​នេះ! រីឯ​មនុស្ស​ដែល​គ្មាន​ប្រាជ្ញា ១៧ សុំ​អញ្ជើញ​ចូល​មក​ពិសា​ទឹក​លួច​គេ​ដ៏​ផ្អែម​ត្រជាក់ ហើយ​បរិភោគ​អាហារ​លួច​លាក់​ដ៏​ឆ្ងាញ់​ពិសា»។ ១៨ អ្នក​ដែល​ស្ដាប់​តាម​ ស្រី​នោះ ពុំ​បាន​ដឹង​ខ្លួន​ថា កំពុង​តែ​ដើរ​ឆ្ពោះ​ទៅ​រក​មច្ចុរាជ ហើយ​ក៏​ពុំ​ដឹង​ថា ភ្ញៀវ​ដែល​ស្រី​នោះ​អញ្ជើញ​មក​មុនៗ ធ្លាក់​ទៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​អស់​ទេ។

ជំពូកទី ១០

កំរង​សុភាសិត​អំពី​សីលធម៌
១ សុភាសិត​របស់​ព្រះបាទ​សាឡូម៉ូន។ កូន​មាន​ប្រាជ្ញា​រមែង​ធ្វើ​ឲ្យ​ឪពុក​សប្បាយ​ចិត្ត រីឯ​កូន​ខិលខូច​ធ្វើ​ឲ្យ​ម្ដាយ​ព្រួយ​បារម្ភ។
២ ទ្រព្យ​ដែល​រក​បាន​ដោយ​ទុច្ចរិត​មិន​ធ្វើ​ឲ្យ​ចំរុងចំរើន​ឡើយ មាន​តែ​ទ្រព្យ​រក​បាន​ដោយ​សុចរិត​ប៉ុណ្ណោះ ទើប​សង្គ្រោះ​ជីវិត​បាន។
៣ ព្រះអម្ចាស់​មិន​បណ្ដោយ​ឲ្យ​មនុស្ស​សុចរិត​អត់​ឃ្លាន​ទេ តែ​ព្រះអង្គ ​មិន​បំពេញ​តាម​ការ​លោភលន់​របស់​មនុស្ស​ទុច្ចរិត ឡើយ។
៤ មនុស្ស​ខ្ជិល នាំ​ឲ្យ​ខ្លួន​ក្រ មនុស្ស​ឧស្សាហ៍​នាំ​ឲ្យ​ខ្លួន​មាន។

៥ អ្នក​ណា​ ប្រមូល​ស្បៀង​ទុក​នៅ​រដូវ​ចំរូត អ្នក​នោះ​ជា​មនុស្ស​ចេះ​គិតគូរ រីឯ​អ្នក​ដែល​គិត​តែ​ដេក​នៅ​រដូវ​ចំរូត ជា​មនុស្ស​គួរ​ឲ្យ​មើលងាយ។
៦ មនុស្ស​សុចរិត​រមែង​ទទួល​ពរ រីឯ​មនុស្ស​ពាល​តែងតែ​និយាយ​បិទបាំង​អំពើ​ឃោរឃៅ​របស់​ខ្លួន។
៧ គេ​តែងតែ​ដឹង​គុណ​មនុស្ស​សុចរិត​ជានិច្ច រីឯ​មនុស្ស​ទុច្ចរិត សូម្បី​តែ​ឈ្មោះ​ក៏​គ្មាន​នរណា​នឹក​ឃើញ​ផង។
៨ មនុស្ស​មាន​ប្រាជ្ញា តែងតែ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ដំបូន្មាន រីឯ​មនុស្ស​និយាយ​ទទឹងទទែង តែងតែ​រត់​ទៅ​រក​ភាព​អន្តរាយ។
៩ អ្នក​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់ តែងតែ​បាន​សុខសាន្ត​រីឯ​អ្នក​ដើរ​តាម​ផ្លូវ​វៀចវេរ នឹង​ត្រូវ​គេ​រក​មុខ​ឃើញ។
១០ អ្នក​លាក់​សេចក្ដី​ពិត​រមែង​ធ្វើ​ឲ្យ​អ្នក​ដទៃ​អំពល់​ទុក្ខ រីឯ​មនុស្ស​និយាយ​ទទឹងទទែង តែងតែ​រត់​ទៅ​រក​ភាព​អន្តរាយ។
១១ ពាក្យ​សំដី​របស់​មនុស្ស​សុចរិត ជា​ប្រភព​នៃ​ជីវិត រីឯ​មនុស្ស​ពាល​តែងតែ​និយាយ​បិទបាំង​អំពើ​ឃោរឃៅ​របស់​ខ្លួន។
១២ ចិត្ត​ស្អប់​រមែង​បង្ក​ជំលោះ រីឯ​ចិត្ត​ស្រឡាញ់​រមែង​គ្រប​បាំង​កំហុស​ទាំង​អស់។
១៣ គេ​អាច​សំគាល់​មនុស្ស​មាន​ប្រាជ្ញា តាម​រយៈ​ពាក្យ​សំដី​ដ៏​ឆ្លាត​វាងវៃ រីឯ​មនុស្ស​និយាយ​ដោយ​ឥត​គិត​ពិចារណា​រមែង​ត្រូវ​រំពាត់។
១៤ អ្នក​ប្រាជ្ញ​តែង​ប្រមូល​ចំណេះ​ទុក​ជា​សម្បត្តិ រីឯ​ពាក្យ​សំដី​របស់​មនុស្ស​ល្ងីល្ងើ តែង​នាំ​ឲ្យ​វិនាស​មួយ​រំពេច។
១៥ ទ្រព្យ​សម្បត្តិ​របស់​អ្នក​មាន ប្រៀប​បាន​នឹង​ក្រុង​មួយ​ដែល​មាន​កំពែង​រឹងមាំ រីឯ​ភាព​ទុគ៌ត​របស់​អ្នក​ក្រក្សត់ រមែង​នាំ​ឲ្យ​គេ​វិនាស។
១៦ មនុស្ស​សុចរិត​ធ្វើ​ការ ដើម្បី​ចិញ្ចឹម​ជីវិត រីឯ​មនុស្ស​ទុច្ចរិត​ធ្វើ​ការ​បាន​ប្រាក់ ដើម្បី​ប្រព្រឹត្ត​អំពើ​អាក្រក់។
១៧ អ្នក​ណា​ប្រតិបត្តិ​តាម​ដំបូន្មាន អ្នក​នោះ​ដើរ​ទៅ​កាន់​ផ្លូវ​ជីវិត រីឯ​អ្នក​ដែល​មិន​ព្រម​ទទួល​ការ​ស្ដី​ប្រដៅ​រមែង​វង្វេង​ផ្លូវ។
១៨ អ្នក​ណា​លាក់​ចិត្ត​ស្អប់ អ្នក​នោះ​ជា​មនុស្ស​និយាយ​កុហក រីឯ​អ្នក​មួល​បង្កាច់​គេ​ជា​មនុស្ស​ល្ងីល្ងើ។
១៩ និយាយ​ច្រើន​នាំ​តែ​មាន​បាប​ច្រើន រីឯ​អ្នក​ដែល​ចេះ​ទប់​សំដី​ជា​អ្នក​មាន​ប្រាជ្ញា។
២០ ពាក្យ​សំដី​របស់​មនុស្ស​សុចរិត មាន​តម្លៃ​ស្មើ​នឹង​ប្រាក់​សុទ្ធ តែ​ចិត្ត​គំនិត​របស់​មនុស្ស​ពាល គ្មាន​តម្លៃ​អ្វី​សោះ។
២១ ពាក្យ​សំដី​របស់​មនុស្ស​សុចរិត តែងតែ​ផ្ដល់​ប្រយោជន៍​ឲ្យ​មនុស្ស​ជា​ច្រើន រីឯ​មនុស្ស​ល្ងីល្ងើ​តែងតែ​ស្លាប់ ដោយ​ខ្វះ​ការ​ពិចារណា។
២២ មាន​តែ​ព្រះពរ​មក​ពី​ព្រះអម្ចាស់​ទេ ដែល​ធ្វើ​ឲ្យ​មនុស្ស​ចំរុងចំរើន ការ​ខ្វល់ខ្វាយ​របស់​មនុស្ស​មិន​អាច​បន្ថែម​អ្វី​បាន​ឡើយ។
២៣ មនុស្ស​ ល្ងីល្ងើ ចូល​ចិត្ត​ប្រព្រឹត្ត​អំពើ​អាក្រក់ ទុក​ដូច​ជា​ល្បែង​កំសាន្ត រីឯ​មនុស្ស​មាន​ប្រាជ្ញា​រមែង​ចូល​ចិត្ត​ស្វែង​រក​ការ​ចេះ​ដឹង​វិញ។
២៤ មនុស្ស​ពាល​ខ្លាច​អ្វី ការ​នោះ​រមែង​កើត​ឡើង​ដល់​ខ្លួន​គេ រីឯ​មនុស្ស​សុចរិត​ប្រាថ្នា​ចង់​បាន​អ្វី ព្រះជាម្ចាស់​រមែង​ប្រទាន​ឲ្យ។
២៥ ពេល​ព្យុះ​សង្ឃរា​មក​ដល់ មនុស្ស​ពាល​ត្រូវ​វិនាស តែ​មនុស្ស​សុចរិត នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច។
២៦ ម្ជូរ​ធ្វើ​ឲ្យ​ស្រកៀរ​ធ្មេញ ផ្សែង​ធ្វើ​ឲ្យ​ផ្សា​ភ្នែក រីឯ​កូន​ឈ្នួល​កំជិល​ក៏​ធ្វើ​ឲ្យ​ចៅហ្វាយ​មួម៉ៅ​ដែរ។
២៧ មនុស្ស​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ តែងតែ​មាន​អាយុ​យឺនយូរ រីឯ​មនុស្ស​ពាល​មាន​អាយុ​ខ្លី។
២៨ សេចក្ដី​សង្ឃឹម​របស់​មនុស្ស​សុចរិត​នាំ​មក​នូវ​អំណរ រីឯ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ពាល គ្មាន​បាន​ប្រយោជន៍​អ្វី​សោះ។
២៩ ព្រះអម្ចាស់​ជា​បន្ទាយ​ការពារ​មនុស្ស​ទៀងត្រង់ តែ​ព្រះអង្គ​បំផ្លាញ​មនុស្ស​ពាល​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។
៣០ មនុស្ស​សុចរិត​មិន​ត្រូវ​រង្គើ​ឡើយ រីឯ​មនុស្ស​ពាល​វិញ​ពុំ​អាច​រស់​នៅ​លើ​ផែនដី​បាន​ទេ។
៣១ ពាក្យ​សំដី​របស់​មនុស្ស​សុចរិត តែងតែ​ផ្ដល់​ប្រាជ្ញា រីឯ​អណ្ដាត​របស់​មនុស្ស​ពាល​វិញ​ត្រូវ​តែ​កាត់​ចោល។
៣២ មនុស្ស​សុចរិត​រមែង​ពោល​ពាក្យ​ដែល​ធ្វើ​ឲ្យ​គេ​ពេញ​ចិត្ត រីឯ​មនុស្ស​ពាល​តែងតែ​ពោល​ពាក្យ​អាស្រូវ។

ជំពូកទី ១១

១ ព្រះអម្ចាស់​ស្អប់​អ្នក​បន្លំ​ភ្នែក​ជញ្ជីង តែ​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​អ្នក​ដែល​ប្រើ​កូន​ជញ្ជីង​ត្រឹម​ត្រូវ។
២ អ្នក​ណា​វាយ​ឫក​ក្រអឺតក្រទម អ្នក​នោះ​នឹង​ត្រូវ​គេ​មើលងាយ រីឯ​អ្នក​មាន​ចរិយា​សុភាព ទើប​ហៅ​ថា​មាន​ប្រាជ្ញា។
៣ ចិត្ត​ទៀង​ត្រង់​តែងតែ​នាំ​ផ្លូវ​មនុស្ស​ត្រឹម​ត្រូវ រីឯ​ចិត្ត​វៀចវេរ​វិញ តែងតែ​នាំ​មនុស្ស​ពាល​ឲ្យ​វិនាស។
៤ នៅ​ថ្ងៃ​ ព្រះអម្ចាស់​វិនិច្ឆ័យ​ទោស ទ្រព្យ​សម្បត្តិ​គ្មាន​ប្រយោជន៍​អ្វី​ទេ គឺ​មាន​តែ​សេចក្ដី​សុចរិត​ប៉ុណ្ណោះ ទើប​អាច​ជួយ​ឲ្យ​រួច​ពី​ស្លាប់​បាន។
៥ សេចក្ដី​សុចរិត​របស់​មនុស្ស​គ្មាន​កំហុស រមែង​តម្រង់​ផ្លូវ​របស់​ខ្លួន រីឯ​មនុស្ស​ពាល​វិញ តែងតែ​ស្លាប់​ដោយសារ​អំពើ​ពាល​របស់​ខ្លួន។
៦ សេចក្ដី​ សុចរិត​របស់​មនុស្ស​ទៀងត្រង់ រមែង​ជួយ​ការពារ​ខ្លួន​គេ រីឯ​មនុស្ស​វៀចវេរ តែងតែ​ជាប់​អន្ទាក់​ដោយសារ​ចិត្ត​លោភ លន់​របស់​ខ្លួន។
៧ ពេល​មនុស្ស​អាក្រក់​ស្លាប់ សេចក្ដី​សង្ឃឹម​របស់​គេ​ក៏​វិនាស ហើយ​ការ​ពឹង​ផ្អែក​លើ​ទ្រព្យ​សម្បត្តិ​ក៏​រលាយ​សូន្យ​ទៅ​ជា​មួយ​ដែរ។
៨ ព្រះជាម្ចាស់​តែងតែ​រំដោះ​មនុស្ស​សុចរិត​ឲ្យ​រួច​ពី​ទុក្ខ​កង្វល់ តែ​ព្រះអង្គ​ឲ្យ​មនុស្ស​អាក្រក់​រង​ទុក្ខ​ជំនួស​វិញ។
៩ មនុស្ស​ទមិឡ​តែងតែ​បំផ្លាញ​អ្នក​ដទៃ ដោយសារ​ពាក្យ​សំដី​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត​វិញ តែងតែ​រួច​ខ្លួន​ដោយសារ​ការ​ចេះ​ដឹង។
១០ ពេល​ មនុស្ស​សុចរិត​មាន​សុភមង្គល អ្នក​ក្រុង​ទាំង​មូល​នឹង​សប្បាយ​រីករាយ ពេល​មនុស្ស​អាក្រក់​អន្តរាយ​គេ​បែរ​ជា​នាំ​គ្នា​ស្រែក​ហ៊ោ​វិញ។
១១ ពេល​ មនុស្ស​ត្រឹម​ត្រូវ​ទទួល​ពរ ទីក្រុង​ទាំង​មូល​ក៏​ចំរុងចំរើន​ដែរ ផ្ទុយ​ទៅ​វិញ​ដោយសារ​ពាក្យ​សំដី​របស់​មនុស្ស​អាក្រក់ ទីក្រុង​ត្រូវ​រលំ។
១២ អ្នក​ណា​មើលងាយ​អ្នក​ដទៃ អ្នក​នោះ​ជា​មនុស្ស​មិន​ចេះ​ពិចារណា រីឯ​មនុស្ស​ចេះ​ដឹង​តែងតែ​នៅ​ស្ងៀម។
១៣ អ្នក​និយាយ​ដើម​គេ មិន​អាច​រក្សា​រឿង​សំងាត់​ជិត​ឡើយ រីឯ​អ្នក​ដែល​គេ​ទុក​ចិត្ត តែងតែ​លាក់​រឿង​សំងាត់​ទាំង​នោះ​បាន។
១៤ ប្រទេស​ដែល​គ្មាន​អ្នក​ដឹក​នាំ ប្រជាជន​តែងតែ​វិនាស រីឯ​ប្រទេស​ដែល​មាន​ទី​ប្រឹក្សា​ច្រើន តែងតែ​មាន​ជោគជ័យ។
១៥ អ្នក​ណា​ធានា​រ៉ាប់​រង​អ្នក​ដទៃ អ្នក​នោះ​តែងតែ​កើត​ទុក្ខ រីឯ​អ្នក​ដែល​មិន​ព្រម​ធានា តែងតែ​បាន​សុខ។
១៦ ស្ត្រី​រូប​ស្អាត​តែងតែ​មាន​គេ​សរសើរ រីឯ​មនុស្ស​ស្វាហាប់ តែងតែ​រក​ទ្រព្យ​បាន។
១៧ អ្នក​ មាន​ចិត្ត​សប្បុរស តែងតែ​ធ្វើ​ឲ្យ​ខ្លួន​មាន​សុភមង្គល រីឯ​មនុស្ស​ឃោរឃៅ រមែង​ធ្វើ​ឲ្យ​រូប​កាយ​របស់​ខ្លួន​កាន់​តែ​រង​ទុក្ខ​វេទនា។
១៨ មនុស្ស​ពាល​រក​បាន​តែ​សម្បត្តិ​ក្ដៅ​ក្រហាយ រីឯ​មនុស្ស​ដែល​សាប​ព្រោះ​សេចក្ដី​សុចរិត រមែង​ទទួល​ផល​ដែល​មិន​ចេះ​សាប​សូន្យ។
១៩ សេចក្ដី​សុចរិត​តែងតែ​នាំ​ទៅ​កាន់​ជីវិត រីឯ​អ្នក​ដែល​ដើរ​តាម​ផ្លូវ​អាក្រក់​រមែង​ស្លាប់​ខ្លួន។
២០ ព្រះអម្ចាស់​ស្អប់​មនុស្ស​វៀចវេរ តែ​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​មនុស្ស​ទៀងត្រង់។
២១ មនុស្ស​ទុច្ចរិត​ត្រូវ​តែ​ទទួល​ទោស​ចៀស​មិន​ផុត រីឯ​ពូជពង្ស​របស់​មនុស្ស​សុចរិត នឹង​រួច​ជីវិត។
២២ ស្ត្រី​មាន​រូប​ស្អាត​តែ​ឥត​គំនិត ប្រៀប​ដូច​ជា​ចិញ្ចៀន​មាស ដែល​គេ​យក​ទៅ​ពាក់​នៅ​ច្រមុះ​ជ្រូក។
២៣ មនុស្ស​សុចរិត​មាន​បំណង​តែ​មួយ​គត់ គឺ​ធ្វើ​អំពើ​ល្អ រីឯ​សេចក្ដី​ប៉ងប្រាថ្នា​របស់​មនុស្ស​អាក្រក់​រមែង​ធ្វើ​ឲ្យ​ខ្លួន​ទទួល​ទោស។
២៤ មនុស្ស​មាន​ចិត្ត​ទូលាយ រឹត​តែ​មាន​ទ្រព្យ​ច្រើន រីឯ​មនុស្ស​កំណាញ់ ធ្វើ​ឲ្យ​ខ្លួន​កាន់​តែ​ក្រ​ទៅៗ។
២៥ មនុស្ស​មាន​ចិត្ត​សទ្ធា តែងតែ​បាន​ចំរុងចំរើន រីឯ​អ្នក​ដាក់​ទាន​ទឹក​ឲ្យ​គេ តែងតែ​ទទួល​ទឹក​ពី​គេ​វិញ។
២៦ អ្នក​ ដែល​ទុក​ស្រូវ​ក្នុង​ឃ្លាំង ដើម្បី​ដំឡើង​ថ្លៃ​តែងតែ​ត្រូវ​ប្រជាជន​ដាក់​បណ្ដាសា រីឯ​អ្នក​ដែល​សុខ​ចិត្ត​លក់​ស្រូវ​របស់​ខ្លួន​នឹង​បាន​ទទួល​ពរ។
២៧ ព្រះជាម្ចាស់​គាប់​ព្រះហឫទ័យ​នឹង​អ្នក​ដែល​ព្យាយាម​ប្រព្រឹត្ត​ល្អ រីឯ​អ្នក​ដែល​គិត​តែ​ពី​ប្រព្រឹត្ត​អាក្រក់ តែងតែ​ទទួល​ផល​អាក្រក់។
២៨ មនុស្ស​ដែល​ពឹង​ផ្អែក​លើ​ទ្រព្យ​សម្បត្តិ មុខ​ជា​ត្រូវ​អន្តរាយ រីឯ​មនុស្ស​សុចរិត​ប្រៀប​បាន​នឹង​ស្លឹក​ឈើ​លាស់​ខៀវ​ខ្ចី។
២៩ អ្នក​ណា ​ធ្វើ​ឲ្យ​គ្រួសារ​របស់​ខ្លួន​មាន​ទុក្ខ​កង្វល់ អ្នក​នោះ​នឹង​មិន​ទទួល​ផល​អ្វី​ទាំង​អស់។ មនុស្ស​ល្ងីល្ងើ នឹង​ធ្លាក់​ខ្លួន​ទៅ​ជា​ខ្ញុំ​បំរើ​របស់​មនុស្ស​មាន​ប្រាជ្ញា។
៣០ អំពើ​ដែល​មនុស្ស​សុចរិត​ប្រព្រឹត្ត​ប្រៀប​បាន​នឹង​ដើម​ឈើ​ផ្ដល់​ជីវិត ហើយ​អ្នក​ប្រាជ្ញ​តែងតែ​ទាក់ទាញ​ចិត្ត​មនុស្ស។
៣១ មនុស្ស​សុចរិត​តែងតែ​ទទួល​រង្វាន់ នៅ​លើ​ផែនដី​នេះ រីឯ​មនុស្ស​អាក្រក់ និង​មនុស្ស​បាប​តែងតែ​ទទួល​ផល តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។

ជំពូកទី ១២

១ អ្នក​ស្រឡាញ់​ការ​ចេះ​ដឹង តែងតែ​ចូល​ចិត្ត​ទទួល​ការ​ទូន្មាន រីឯ​អ្នក​ដែល​មិន​ព្រម​ទទួល​ការ​រិះគន់ ជា​មនុស្ស​ល្ងីល្ងើ។
២ ព្រះអម្ចាស់​គាប់​ព្រះហឫទ័យ​នឹង​មនុស្ស​សប្បុរស តែ​ព្រះអង្គ​ដាក់​ទោស​មនុស្ស​មាន​ល្បិច។
៣ គ្មាន​នរណា​ពង្រឹង​អំណាច​របស់​ខ្លួន ដោយ​អំពើ​ឃោរឃៅ​បាន​ទេ តែ​មនុស្ស​សុចរិត​នឹង​មិន​ត្រូវ​រង្គើ​ឡើយ។
៤ ភរិយា​ថ្លៃថ្នូរ​តែងតែ​ផ្ដល់​កិត្តិយស​ឲ្យ​ស្វាមី រីឯ​ប្រពន្ធ​ថោក​ទាប ប្រៀប​ដូច​ជា​ជំងឺ​មហា​រីក​នៅ​ក្នុង​ឆ្អឹង​របស់​ប្ដី។
៥ មនុស្ស​សុចរិត​គិត​តែ​ពី​ធ្វើ​អ្វី​ដែល​ស្រប​ច្បាប់ រីឯ​មនុស្ស​អាក្រក់ គិត​តែ​ពី​ធ្វើ​អំពើ​ល្មើស​ច្បាប់។
៦ ពាក្យ​សំដី​របស់​មនុស្ស​អាក្រក់ សុទ្ធ​តែ​ជា​អន្ទាក់​សម្លាប់​គេ រីឯ​សំដី​របស់​មនុស្ស​ទៀងត្រង់​តែងតែ​សង្គ្រោះ​គេ​វិញ។
៧ បើ​មនុស្ស​អាក្រក់​រលំ គេ​គ្មាន​នៅ​សល់​អ្វី​ឡើយ តែ​ពូជពង្ស​របស់​មនុស្ស​សុចរិត នៅ​ស្ថិតស្ថេរ​ជានិច្ច។
៨ មនុស្ស​ដែល​ចេះ​ត្រិះរិះ​ពិចារណា​តែងតែ​មាន​គេ​សរសើរ រីឯ​មនុស្ស​មាន​ចិត្ត​វៀចវេរ​តែងតែ​មាន​គេ​មើលងាយ។
៩ រស់​នៅ​ជា​មនុស្ស​សាមញ្ញ ហើយ​មាន​អ្នក​បំរើ​តែ​ម្នាក់ នោះ​ប្រសើរ​ជាង​វាយឫក​ហ៊ឺហា​តែ​ខ្វះ​អង្ករ​ច្រក​ឆ្នាំង។
១០ មនុស្ស​សុចរិត​តែងតែ​ថែទាំ​សត្វ​ពាហនៈ​របស់​ខ្លួន រីឯ​មនុស្ស​អាក្រក់​វិញ​គ្មាន​ចិត្ត​មេត្តា​ករុណា​ទាល់​តែ​សោះ។
១១ អ្នក​ខំ​ប្រឹង​ធ្វើ​ស្រែ​ចំការ​រមែង​មាន​អាហារ​បរិភោគ​ឆ្អែត រីឯ​អ្នក​ចូល​ចិត្ត​ព្រោកប្រាជ្ញ​ជា​មនុស្ស​ខ្វះ​ការ​ពិចារណា។
១២ មនុស្ស​ពាល​តែងតែ​លោភ​ចង់​បាន​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​អាក្រក់ រីឯ​អ្វីៗ​ដែល​មនុស្ស​សុចរិត​ធ្វើ រមែង​ចំរើន​ឡើង។
១៣ មនុស្ស​អាក្រក់​ជាប់​អន្ទាក់ ដោយសារ​តែ​ពាក្យ​សំដី​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត​តែងតែ​រួច​ពី​ទុក្ខ​កង្វល់។
១៤ មនុស្ស​ម្នាក់ៗ​រក​បាន​សុភមង្គល​ដោយសារ​ពាក្យ​សំដី​ដូច​គេ​រក​ប្រាក់​បាន​ដោយសារ​ខំ​ប្រឹងប្រែង​ធ្វើ​ការ​ដែរ។
១៥ មនុស្ស​ខ្លៅ​គិត​ស្មាន​ថា​ខ្លួន​ប្រព្រឹត្ត​ត្រូវ រីឯ​មនុស្ស​ដែល​សុខ​ចិត្ត​ទទួល​យោបល់​ពី​អ្នក​ដទៃ​ជា​មនុស្ស​មាន​ប្រាជ្ញា។
១៦ មនុស្ស​ខ្លៅ​ឆាប់​ច្រឡោត​ខឹង រីឯ​មនុស្ស​ឆ្លាត​តែងតែ​ចេះ​ទប់​ចិត្ត។
១៧ មនុស្ស​និយាយ​ការ​ពិត រមែង​ធ្វើ​ឲ្យ​មាន​យុត្តិធម៌ រីឯ​សាក្សី​ក្លែងក្លាយ តែងតែ​ធ្វើ​ឲ្យ​មាន​អយុត្តិធម៌។
១៨ អ្នក​ ដែល​និយាយ​ប៉បាច់ប៉ប៉ោច តែងតែ​ធ្វើ​ឲ្យ​អ្នក​ដទៃ​របួស ដូច​ចាក់​មួយ​ដាវ រីឯ​ពាក្យ​សំដី​របស់​មនុស្ស​មាន​ប្រាជ្ញា ជា​ឱសថ​ព្យាបាល​មុខ​របួស។
១៩ ពាក្យ​ពិត​នៅ​មាន​តម្លៃ​រហូត រីឯ​ពាក្យ​ភូតភរ​ស្ថិត​នៅ​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។
២០ អ្នក​ដែល​ប៉ុនប៉ង​ធ្វើ​អំពើ​អាក្រក់ តែងតែ​លាក់​ចិត្ត​វៀចវេរ​ជានិច្ច រីឯ​អ្នក​កសាង​សន្តិភាព តែងតែ​មាន​អំណរ។
២១ គ្មាន​គ្រោះ​កាច​ណា​កើត​មាន​ដល់​មនុស្ស​សុចរិត​ទេ រីឯ​មនុស្ស​អាក្រក់​វិញ តែងតែ​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក។
២២ ព្រះអម្ចាស់​ស្អប់​មនុស្ស​កុហក តែ​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​មនុស្ស​ដែល​កាន់​ពាក្យ​សច្ចៈ។
២៣ មនុស្ស​ឆ្លាត​មិន​លាត​ត្រដាង​ចំណេះ​ខ្លួន​ទេ រីឯ​មនុស្ស​ខ្លៅ​ចូល​ចិត្ត​អួតអាង អំពី​អវិជ្ជា​របស់​ខ្លួន។
២៤ មនុស្ស​ឧស្សាហ៍​នឹង​ក្លាយ​ទៅ​ជា​មេ​គ្រប់គ្រង រីឯ​មនុស្ស​ខ្ជិល​ច្រអូស​នឹង​ធ្លាក់​ខ្លួន​ជា​ខ្ញុំ​គេ។
២៥ ការ​ខ្វល់ខ្វាយ​តែងតែ​ធ្វើ​ឲ្យ​មនុស្ស​បាក់​កម្លាំង​ចិត្ត រីឯ​ពាក្យ​ទន់ភ្លន់​តែងតែ​ធ្វើ​ឲ្យ​មាន​អំណរ​ឡើង​វិញ។
២៦ មនុស្ស​សុចរិត​តែងតែ​នាំ​មិត្ត​សម្លាញ់​របស់​ខ្លួន​ឲ្យ​ដើរ​តាម​មាគ៌ា​ល្អ រីឯ​កិរិយា​របស់​មនុស្ស​អាក្រក់ នាំ​ឲ្យ​គេ​វង្វេង​វិញ។
២៧ ព្រាន​កំជិល​គ្មាន​សាច់​អាំង​ទេ ចិត្ត​ឧស្សាហ៍​ជា​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​មនុស្ស។
២៨ នៅ​ក្នុង​ផ្លូវ​សុចរិត មាន​ជីវិត ហើយ​ផ្លូវ​នេះ​មិន​នាំ​មនុស្ស​ទៅ​រក​សេចក្ដី​ស្លាប់​ឡើយ។

ជំពូកទី ១៣

១ កូន​មាន​ប្រាជ្ញា​តែងតែ​ស្ដាប់​ពាក្យ​ទូន្មាន​របស់​ឪពុក រីឯ​កូន​ព្រហើន​មិន​ព្រម​ស្ដាប់​ការ​ស្ដី​ប្រដៅ​ទេ។
២ មនុស្ស​ម្នាក់ៗ​ទទួល​ផល​ល្អ​ដោយសារ​ពាក្យ​សំដី​របស់​ខ្លួន រីឯ​មនុស្ស​ក្បត់​រមែង​ទទួល​អំពើ​ហិង្សា។
៣ អ្នក​ណា​ចេះ​ប្រយ័ត្ន​ពាក្យ​សំដី អ្នក​នោះ​ការពារ​ជីវិត​របស់​ខ្លួន រីឯ​អ្នក​ដែល​ចេះ​តែ​ហា​មាត់​និយាយ​រមែង​នាំ​ឲ្យ​ខ្លួន​ឯង​វិនាស។
៤ សេចក្ដី​ប៉ងប្រាថ្នា​របស់​មនុស្ស​ខ្ជិល មិន​ដែល​បាន​សំរេច​ទេ រីឯ​មនុស្ស​ឧស្សាហ៍ រមែង​ទទួល​នូវ​អ្វីៗ​ដែល​ខ្លួន​ចង់​បាន។
៥ មនុស្ស​សុចរិត​តែងតែ​ស្អប់​ពាក្យ​កុហក រីឯ​មនុស្ស​អាក្រក់​តែងតែ​និយាយ​មួល​បង្កាច់ និង​បង្ខូច​ឈ្មោះ​គេ។
៦ សេចក្ដី​សុចរិត​តែងតែ​ការពារ​មនុស្ស​ទៀងត្រង់ រីឯ​អំពើ​បាប​បណ្ដាល​ឲ្យ​មនុស្ស​អាក្រក់​វិនាស។
៧ អ្នក​ខ្លះ​តាំង​ខ្លួន​ជា​អ្នក​មាន​តែ​ក្រ​រហាម រីឯ​អ្នក​ខ្លះ​ទៀត​ដាក់​ខ្លួន​ជា​អ្នក​ក្រ​តែ​មាន​ស្ដុកស្ដម្ភ។
៨ អ្នក​មាន​តែងតែ​អាង​លើ​ទ្រព្យ ដើម្បី​ធានា​ជីវិត​របស់​ខ្លួន រីឯ​អ្នក​ក្រីក្រ​វិញ​គ្មាន​នរណា​គំរាមកំហែង​គេ​ឡើយ។
៩ មនុស្ស​សុចរិត​ប្រៀប​ដូច​ជា​ពន្លឺ​ត្រចះត្រចង់ រីឯ​មនុស្ស​អាក្រក់​ប្រៀប​ដូច​ជា​ចង្កៀង​រលត់។
១០ ការ​វាយឫក​ធំ​តែងតែ​បង្ក​ឲ្យ​មាន​ទំនាស់ រីឯ​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ដំបូន្មាន​ជា​មនុស្ស​មាន​ប្រាជ្ញា។
១១ ទ្រព្យ​រក​បាន​រហ័ស​បាត់បង់​ក៏​រហ័ស​ដែរ រីឯ​ទ្រព្យ​រក​បាន​ដោយ​សន្សំ រមែង​កើន​ឡើង​ជា​ដរាប។
១២ ការ​អស់​សង្ឃឹម​តែងតែ​នាំ​ឲ្យ​ព្រួយ​ចិត្ត រីឯ​ការ​សំរេច​ដូច​បំណង ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​មាន​ជីវិត។
១៣ អ្នក​ណា​មើលងាយ​ព្រះបន្ទូល អ្នក​នោះ​រមែង​មាន​ទោស រីឯ​អ្នក​ដែល​គោរព​ព្រះបញ្ជា​តែងតែ​ទទួល​រង្វាន់។
១៤ ការ​ប្រៀនប្រដៅ​របស់​មនុស្ស​សុចរិត​ជា​ប្រភព​នៃ​ជីវិត ហើយ​ការពារ​ជីវិត​ឲ្យ​រួច​ពី​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។
១៥ មនុស្ស​ចេះ​គិត​ពិចារណា តែងតែ​មាន​គេ​គោរព រីឯ​មនុស្ស​ដែល​គេ​ទុក​ចិត្ត​មិន​បាន តែងតែ​វិនាស។
១៦ មនុស្ស​ឆ្លាត រមែង​គិត​មុន​នឹង​គូរ រីឯ​មនុស្ស​ខ្លៅ​តែងតែ​លាត​ត្រដាង​ភាព​ល្ងីល្ងើ​របស់​ខ្លួន។
១៧ អ្នក​នាំ​សារ​ដែល​ជា​មនុស្ស​អាក្រក់ តែងតែ​ធ្លាក់​ខ្លួន​អន្តរាយ រីឯ​ទូត​ដ៏​ស្មោះ​ត្រង់ តែងតែ​នាំ​សេចក្ដី​សុខ។
១៨ អ្នក​ ដែល​មិន​ទទួល​ការ​អប់រំ រមែង​ធ្លាក់​ខ្លួន​ក្រ ហើយ​ត្រូវ​គេ​មើលងាយ រីឯ​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ការ​ស្ដី​ប្រដៅ តែងតែ​មាន​កិត្តិយស។
១៩ សេចក្ដី​ប៉ងប្រាថ្នា​ដែល​បាន​សំរេច រមែង​នាំ​ឲ្យ​សប្បាយ​ចិត្ត រីឯ​មនុស្ស​ខ្លៅ​មិន​ចូល​ចិត្ត​លះបង់​គំនិត​អាក្រក់​របស់​ខ្លួន​ចោល​ទេ។
២០ នៅ​ជា​មួយ​មនុស្ស​មាន​ប្រាជ្ញា​នាំ​ឲ្យ​ខ្លួន​មាន​ប្រាជ្ញា តែ​សេពគប់​ជា​មួយ​មនុស្ស​ខ្លៅ នាំ​ឲ្យ​ខ្លួន​ទៅ​ជា​មនុស្ស​អាក្រក់។
២១ មនុស្ស​មាន​បាប​តែងតែ​ជួប​នឹង​ទុក្ខ​វេទនា រីឯ​មនុស្ស​សុចរិត តែងតែ​ទទួល​សុភមង្គល​ទុក​ជា​រង្វាន់។
២២ មនុស្ស​សប្បុរស​តែងតែ​មាន​មត៌ក​ទុក​ចែក​ឲ្យ​កូន​ចៅ រីឯ​មនុស្ស​បាប តែងតែ​ប្រមូល​ទ្រព្យ​ទុក​សំរាប់​មនុស្ស​សុចរិត។
២៣ ស្រែ​ចំការ​ដែល​ជន​ក្រីក្រ​ភ្ជួរ​រាស់ តែងតែ​បង្កើត​ផល​យ៉ាង​បរិបូណ៌ ប៉ុន្តែ មាន​អ្នក​ខ្លះ​ស្លាប់​ព្រោះ​តែ​ខ្វះ​យុត្តិធម៌។
២៤ អ្នក​ណា​មិន​សូវ​ប្រើ​រំពាត់ អ្នក​នោះ​មិន​ស្រឡាញ់​កូន​ទេ រីឯ​អ្នក​ដែល​ស្រឡាញ់​កូន​តែងតែ​វាយ​ប្រដៅ​វា។
២៥ មនុស្ស​សុចរិត​តែងតែ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​ជា​ដរាប រីឯ​មនុស្ស​អាក្រក់​តែងតែ​អត់​បាយ។

ជំពូកទី ១៤

១ ស្ត្រី​មាន​ប្រាជ្ញា​តែងតែ​កសាង​គ្រួសារ​របស់​ខ្លួន រីឯ​ស្ត្រី​ឥត​មារយាទ​តែងតែ​បំផ្លាញ​គ្រួសារ ដោយ​ដៃ​របស់​ខ្លួន​ផ្ទាល់។
២ អ្នក​ដែល​ដើរ​តាម​ផ្លូវ​ទៀងត្រង់ តែងតែ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ រីឯ​អ្នក​ដែល​ដើរ​តាម​ផ្លូវ​វៀចវេរ តែងតែ​មើលងាយ​ព្រះអង្គ។
៣ មនុស្ស​ល្ងង់​ខ្លៅ​ហា​មាត់​និយាយ​តែ​ពាក្យ​អួតអាង រីឯ​ពាក្យ​សំដី​របស់​អ្នក​ប្រាជ្ញ​តែងតែ​ការពារ​ខ្លួន។
៤ អ្នក​ណា​គ្មាន​គោ​ភ្ជួរ​ស្រែ អ្នក​នោះ​ក៏​គ្មាន​ស្រូវ​ដាក់​ក្នុង​ជង្រុក​ដែរ។ គេ​ទទួល​បាន​ភោគផល​ច្រើន ដោយសារ​កម្លាំង​របស់​គោ។
៥ សាក្សី​គួរ​ឲ្យ​ទុក​ចិត្ត មិន​ដែល​និយាយ​កុហក​ទេ រីឯ​សាក្សី​ក្លែងក្លាយ​តែងតែ​ស្រដី​ចេញ​នូវ​ពាក្យ​កុហក​គ្រប់​យ៉ាង។
៦ មនុស្ស​ព្រហើន​ខំ​ស្វែង​រក​ប្រាជ្ញា តែ​រក​មិន​ឃើញ​ទេ រីឯ​មនុស្ស​ដែល​ចេះ​គិត​ពិចារណា រក​តម្រិះ​បាន​យ៉ាង​ងាយ។
៧ ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ខ្លៅ ព្រោះ​មិន​ដែល​មាន​ពាក្យ​ចេះ​ដឹង​ណា​ចេញ​ពី​មាត់​អ្នក​នោះ​ឡើយ។
៨ ប្រាជ្ញា​ របស់​មនុស្ស​ឆ្លាត គឺ​ការ​យល់​ច្បាស់​នូវ​ផ្លូវ​ដែល​ខ្លួន​កំពុង​ដើរ រីឯ​ភាព​ល្ងីល្ងើ​របស់​មនុស្ស​ខ្លៅ គឺ​កលល្បិច​របស់​ខ្លួន។
៩ មនុស្ស​ល្ងីល្ងើ​មិន​រវីរវល់​នឹង​បាប​របស់​ខ្លួន​ទេ រីឯ​មនុស្ស​ទៀងត្រង់​តែងតែ​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់។
១០ ចិត្ត​ដែល​កើត​ទុក្ខ រមែង​ឈឺ​ចាប់​តែ​ម្នាក់​ឯង ហើយ​ពេល​មាន​អំណរ អ្នក​ក្រៅ​ពុំ​អាច​រំលែក​បាន​ឡើយ។
១១ ផ្ទះ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​រលំ រីឯ​ជំរំ​របស់​មនុស្ស​ទៀងត្រង់ នឹង​ចំរុងចំរើន។
១២ មនុស្ស​ខ្លះ​យល់​ថា ផ្លូវ​ដែល​ខ្លួន​ដើរ​ជា​ផ្លូវ​ត្រឹម​ត្រូវ ក៏​ប៉ុន្តែ នៅ​ទី​បំផុត ផ្លូវ​នោះ​នាំ​ទៅ​រក​សេចក្ដី​ស្លាប់។
១៣ ការ​សើច​សប្បាយ​អាច​បង្កប់​នូវ​ទុក្ខ​លំបាក​ក្នុង​ចិត្ត ហើយ​នៅ​ទី​បំផុត​អំណរ​សប្បាយ អាច​ក្លាយ​ទៅ​ជា​ទុក្ខ​ព្រួយ។
១៤ មនុស្ស​គ្មាន​សីលធម៌​តែងតែ​ទទួល​ផល​ពី​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត រីឯ​មនុស្ស​សប្បុរស​រមែង​ទទួល​ផល​គាប់​ប្រសើរ។
១៥ មនុស្ស​ឆោត​ជឿ​ពាក្យ​គេ​ទាំង​អស់ រីឯ​មនុស្ស​ឆ្លាត មិន​ធ្វើ​អ្វី​ដោយ​ឥត​គិត​ពិចារណា​ឡើយ។
១៦ មនុស្ស​ មាន​ប្រាជ្ញា​តែងតែ​ខ្លាច និង​ចៀសវាង​ប្រព្រឹត្ត​អំពើ​អាក្រក់ រីឯ​មនុស្ស​ល្ងង់ខ្លៅ​ឆាប់​ប្រព្រឹត្ត​អំពើ​អាក្រក់ ព្រោះ​ទុក​ចិត្ត​លើ​ខ្លួន​ឯង។
១៧ អ្នក​រហ័ស​ខឹង​តែងតែ​ប្រព្រឹត្ត​អំពើ​ផ្ដេសផ្ដាស រីឯ​អ្នក​ដែល​មាន​កលល្បិច តែងតែ​ធ្វើ​ឲ្យ​គេ​ស្អប់។
១៨ មនុស្ស​ឆោត​តែងតែ​ទទួល​ភាព​ល្ងីល្ងើ​ទុក​ជា​មត៌ក រីឯ​មនុស្ស​ឆ្លាត រមែង​ទទួល​យក​ការ​ចេះ​ដឹង​ទុក​ជា​កិត្តិយស។
១៩ មនុស្ស​អាក្រក់​មុខ​ជា​អោន​កាយ គោរព​មនុស្ស​ល្អ ហើយ​ឈរ​ចាំ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​មនុស្ស​សុចរិត។
២០ អ្នក​ក្រីក្រ​តែងតែ​មាន​គេ​ស្អប់ សូម្បី​តែ​អ្នក​ជិតដិត​ក៏​មិន​រាប់​អាន​ដែរ រីឯ​អ្នក​មាន​វិញ​សម្បូណ៌​អ្នក​រាប់​អាន​ណាស់។
២១ អ្នក​ណា​មើលងាយ​អ្នក​ដទៃ អ្នក​នោះ​ជា​មនុស្ស​បាប រីឯ​អ្នក​ដែល​មាន​ចិត្ត​មេត្តា​ដល់​ជន​ក្រីក្រ នឹង​មាន​សុភមង្គល។
២២ អស់​អ្នក​ដែល​មាន​បំណង​អាក្រក់ តែងតែ​ត្រូវ​វង្វេង រីឯ​អ្នក​ដែល​មាន​បំណង​ល្អ រមែង​មាន​ចិត្ត​សប្បុរស និង​ស្មោះ​ត្រង់។
២៣ អ្នក​ណា​ធ្វើ​ការ អ្នក​នោះ​តែងតែ​ទទួល​ប្រាក់​ចិញ្ចឹម​ជីវិត រីឯ​អ្នក​ដែល​ពូកែ​ព្រោកប្រាជ្ញ​រមែង​ធ្លាក់​ខ្លួន​ក្រ។
២៤ សម្បត្តិ​ស្ដុកស្ដម្ភ ជា​រង្វាន់​របស់​មនុស្ស​មាន​ប្រាជ្ញា រីឯ​មនុស្ស​ល្ងង់ខ្លៅ​នៅ​តែ​ល្ងង់ខ្លៅ​ដដែល។
២៥ សាក្សី​ដែល​គេ​ទុក​ចិត្ត​តែងតែ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ច្រើន រីឯ​អ្នក​ដែល​ស្រដី​ចេញ​នូវ​ពាក្យ​កុហក​រមែង​នាំ​ឲ្យ​វិនាស។
២៦ អ្នក​ណា​គោរព​កោត​ខ្លាច​ព្រះអម្ចាស់​អ្នក​នោះ​មាន​ទី​បង្អែក​ដ៏​រឹងមាំ ហើយ​ព្រះអង្គ​ធ្វើ​ជា​ជំរក​ដល់​កូន​ចៅ​របស់​គេ។
២៧ ការ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់​ជា​ប្រភព​នៃ​ជីវិត ហើយ​ការពារ​ខ្លួន​ឲ្យ​រួច​ផុត​ពី​អន្ទាក់​របស់​សេចក្ដី​ស្លាប់។
២៨ ព្រះ​មហាក្សត្រ​បាន​រុងរឿង​ដោយសារ​មាន​ប្រជារាស្ត្រ តែ​បើ​ប្រជារាស្ត្រ​ចុះ​អន់ថយ ស្ដេច​ក៏​អស់​អំណាច​ដែរ។
២៩ អ្នក​ណា​ចេះ​អត់ធ្មត់ អ្នក​នោះ​មាន​ប្រាជ្ញា​វាងវៃ រីឯ​អ្នក​ដែល​រហ័ស​ខឹង រមែង​បង្ហាញ​នូវ​ភាព​លេលា​របស់​ខ្លួន។
៣០ ចិត្ត​ស្ងប់​តែងតែ​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ រីឯ​ចិត្ត​ច្រណែននិន្ទា ប្រៀប​ដូច​ជា​មហារីក​នៅ​ក្នុង​ឆ្អឹង។
៣១ អ្នក​ណា ​សង្កត់សង្កិន​ជន​ក្រីក្រ អ្នក​នោះ​ប្រមាថ​ព្រះជាម្ចាស់​ដែល​បាន​បង្កើត​ពួក​គេ អ្នក​ណា​ជួយ​ជន​ក្រីក្រ អ្នក​នោះ​លើក​តម្កើង​ព្រះអង្គ​វិញ។
៣២ មនុស្ស​ អាក្រក់​តែងតែ​ទទួល​បរាជ័យ​ដោយសារ​អំពើ​អាក្រក់​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត​ទោះ​បី​ក្នុង​ពេល​ស្លាប់​ក្ដី ក៏​នៅ​តែ​មាន​ទីពឹង​ជានិច្ច។
៣៣ មនុស្ស​ចេះ​គិត​ពិចារណា​តែងតែ​មាន​ប្រាជ្ញា រីឯ​មនុស្ស​ខ្លៅ​មិន​ដែល​មាន​ប្រាជ្ញា​ទេ។
៣៤ សេចក្ដី​សុចរិត តែងតែ​លើក​តម្កើង​ប្រជាជាតិ​មួយ រីឯ​អំពើ​បាប​រមែង​ធ្វើ​ឲ្យ​ជាតិ​សាសន៍​ទាំងឡាយ​ត្រូវ​អាម៉ាស់​មុខ។
៣៥ ព្រះ​មហាក្សត្រ​តែងតែ​សព្វ​ព្រះហឫទ័យ​នឹង​មន្ត្រី​ណា​ដែល​មាន​សុភនិច្ឆ័យ តែ​ទ្រង់​ខ្ញាល់​នឹង​មន្ត្រី​ដែល​បង្ក​ភាព​អាម៉ាស់។

ជំពូកទី ១៥

១ ចម្លើយ​ទន់ភ្លន់​រមែង​បន្ថយ​កំហឹង រីឯ​សំដី​គំរោះ គំរើយ តែងតែ​ធ្វើ​ឲ្យ​ច្រឡោត​ខឹង។
២ សំដី​របស់​អ្នក​មាន​ប្រាជ្ញា រមែង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ចង់​ចេះ​ដឹង រីឯ​មាត់​របស់​មនុស្ស​ខ្លៅ សាប​ព្រោះ​តែ​សេចក្ដី​ល្ងីល្ងើ។
៣ ព្រះអម្ចាស់​ទត​ឃើញ​សព្វ​អន្លើ ព្រះអង្គ​សង្កេត​មើល​ទាំង​មនុស្ស​ល្អ ទាំង​មនុស្ស​អាក្រក់។
៤ ពាក្យ​លើក​ទឹក​ចិត្ត ប្រៀប​ដូច​ជា​ដើម​ឈើ​ផ្ដល់​ជីវិត រីឯ​សំដី​ទ្រគោះ​បោះ​បោក​នាំ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត។
៥ មនុស្ស​ល្ងីល្ងើ​តែងតែ​មើលងាយ​ការ​ប្រៀនប្រដៅ​របស់​ឪពុក រីឯ​អ្នក​ដែល​ស្ដាប់​តាម​ពាក្យ​ស្ដី​ប្រដៅ​ជា​មនុស្ស​ឆ្លាត។
៦ ផ្ទះ​របស់​មនុស្ស​សុចរិត តែង​សម្បូណ៌​សប្បាយ រីឯ​ទ្រព្យ​ដែល​រក​បាន ដោយ​អំពើ​អាក្រក់ រមែង​នាំ​ឲ្យ​កើត​ទុក្ខ។
៧ សំដី​របស់​អ្នក​មាន​ប្រាជ្ញា​រមែង​បណ្ដុះបណ្ដាល​ចំណេះ រីឯ​មនុស្ស​ខ្លៅ​វិញ​មិន​អាច​បណ្ដុះបណ្ដាល​បាន​ទេ។
៨ ព្រះអម្ចាស់​មិន​សព្វ​ព្រះហឫទ័យ​នឹង​យញ្ញបូជា​របស់​មនុស្ស​អាក្រក់​ឡើយ តែ​ព្រះអង្គ​ទទួល​ពាក្យ​ទូលអង្វរ​របស់​មនុស្ស​ទៀងត្រង់។
៩ ព្រះអម្ចាស់​មិន​សព្វ​ព្រះហឫទ័យ​នឹង​ផ្លូវ​របស់​មនុស្ស​អាក្រក់​ទេ តែ​ព្រះអង្គ​ស្រឡាញ់​អ្នក​ដែល​ស្វែង​រក​សេចក្ដី​សុចរិត។
១០ អ្នក​ដែល​ងាក​ចេញ​ពី​មាគ៌ា​ល្អ​រមែង​ទទួល​ទោស​ជា​ទម្ងន់ រីឯ​អ្នក​ដែល​ស្អប់​ការ​ស្ដី​ប្រដៅ​តែងតែ​ស្លាប់។
១១ ព្រះអម្ចាស់​ជ្រាប​អ្វីៗ នៅ​ស្ថាន​មច្ចុរាជ និង​នៅ​នរក​អវិចី ចំណែក​ឯ​ចិត្ត​មនុស្ស​វិញ​ព្រះអង្គ​រឹតតែ​ជ្រាប​យ៉ាង​ច្បាស់​ទៅ​ទៀត។
១២ មនុស្ស​វាយឫក​ខ្ពស់​មិន​ចូល​ចិត្ត​ឲ្យ​នរណា​ស្ដី​ប្រដៅ​ទេ ហើយ​ក៏​មិន​ទៅ​សួរ​យោបល់​ពី​អ្នក​មាន​ប្រាជ្ញា​ដែរ។
១៣ ចិត្ត​សប្បាយ​ធ្វើ​ឲ្យ​ទឹក​មុខ​រីករាយ រីឯ​ចិត្ត​ព្រួយ​ធ្វើ​ឲ្យ​ទឹក​មុខ​ស្រងូតស្រងាត់។
១៤ អ្នក​ចេះ​ពិចារណា​តែងតែ​ស្វែង​រក​ចំណេះ រីឯ​មនុស្ស​ខ្លៅ​ចូល​ចិត្ត​ភាព​ល្ងីល្ងើ។
១៥ ចំពោះ​មនុស្ស​កំសត់​ទុគ៌ត ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​អាក្រក់​ដែរ រីឯ​មនុស្ស​សប្បាយ​ចិត្ត ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​បុណ្យ​ដែរ។
១៦ ក្រ​ទ្រព្យ​តែ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ប្រសើរ​ជាង​មាន​ទ្រព្យ​ច្រើន ហើយ​កើត​ទុក្ខ​កង្វល់។
១៧ កន្លែង​ណា​មាន​តែ​បន្លែ​បរិភោគ ហើយ​មាន​សេចក្ដី​ស្រឡាញ់ នោះ​ប្រសើរ​ជាង​កន្លែង​មាន​សាច់​បរិភោគ​យ៉ាង​ឆ្ងាញ់ តែ​មាន​ការ​ស្អប់​គ្នា។
១៨ មនុស្ស​ខឹង​ច្រើន តែងតែ​បង្ក​ជំលោះ រីឯ​មនុស្ស​ដែល​ចេះ​អត់ធ្មត់​តែងតែ​សំរុះសំរួល​កុំ​ឲ្យ​មាន​ការ​ទាស់ទែង​គ្នា។
១៩ ផ្លូវ​របស់​មនុស្ស​ខ្ជិល​មាន​សុទ្ធ​តែ​បន្លា រីឯ​ផ្លូវ​របស់​មនុស្ស​ទៀងត្រង់​រាប​ស្មើ​ល្អ។
២០ កូន​មាន​ប្រាជ្ញា​ធ្វើ​ឲ្យ​ឪពុក​សប្បាយ​ចិត្ត រីឯ​កូន​ល្ងីល្ងើ​តែងតែ​មើលងាយ​ម្ដាយ។
២១ មនុស្ស​មិន​ដឹង​ខុស​ត្រូវ តែងតែ​សប្បាយ​ចិត្ត​នឹង​ភាព​ល្ងីល្ងើ រីឯ​មនុស្ស​ចេះ​គិត​ពិចារណា​រមែង​ដើរ​តាម​ផ្លូវ​ទៀងត្រង់។
២២ ខ្វះ​ការ​ពិគ្រោះ​គ្នា គំរោងការ​តែងតែ​បរាជ័យ​មាន​ទី​ប្រឹក្សា​ច្រើន គំរោងការ​តែងតែ​សំរេច។
២៣ ពោល​ពាក្យ​ត្រឹម​ត្រូវ ស្រប​នឹង​កាលៈទេសៈ រមែង​នាំ​ឲ្យ​មាន​អំណរ​សប្បាយ។
២៤ មនុស្ស​ចេះ​គិតគូរ​រមែង​ដើរ​តាម​ផ្លូវ​ដែល​ឡើង​ទៅ​រក​ជីវិត ហើយ​ចៀសវាង​ផ្លូវ​ដែល​ចុះ​ទៅ​រក​សេចក្ដី​ស្លាប់។
២៥ ព្រះអម្ចាស់​រំលំ​ផ្ទះ​របស់​មនុស្ស​អំនួត តែ​ព្រះអង្គ​ការពារ​ដីធ្លី​របស់​ស្ត្រី​មេម៉ាយ។
២៦ ព្រះអម្ចាស់​មិន​សព្វ​ព្រះហឫទ័យ​នឹង​គំនិត​អាក្រក់​ទេ តែ​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​ពាក្យ​ដែល​ហូរ​ចេញ​ពី​ចិត្ត​បរិសុទ្ធ។
២៧ មនុស្ស​លោភលន់​តែងតែ​នាំ​ឲ្យ​មាន​វិបត្តិ​នៅ​ក្នុង​ខ្លួន រីឯ​អ្នក​ដែល​មិន​ព្រម​ទទួល​សំណូក រមែង​មាន​អាយុ​យឺនយូរ។
២៨ មនុស្ស​សុចរិត​តែងតែ​គិត​ពិចារណា មុន​នឹង​ឆ្លើយ រីឯ​មនុស្ស​អាក្រក់​រមែង​និយាយ​មួល​បង្កាច់​ភ្លាមៗ។
២៩ ព្រះអម្ចាស់​មិន​អើពើ​នឹង​មនុស្ស​អាក្រក់​ទេ តែ​ព្រះអង្គ​ស្ដាប់​ពាក្យ​ទូលអង្វរ​របស់​មនុស្ស​សុចរិត។
៣០ ទឹក​មុខ​ដែល​សំដែង​សេចក្ដី​មេត្តា រមែង​នាំ​ឲ្យ​មាន​អំណរ ហើយ​ដំណឹងល្អ​រមែង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​កម្លាំង។
៣១ អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​តាម​ពាក្យ​ស្ដី​ប្រដៅ ដែល​នាំ​ឲ្យ​មាន​ជីវិត អ្នក​នោះ​អាច​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​មាន​ប្រាជ្ញា។
៣២ អ្នក​ណា​បដិសេធ​ការ​ប្រៀនប្រដៅ អ្នក​នោះ​បាន​ប្រមាថ​ជីវិត​ខ្លួន​ឯង រីឯ​អ្នក​ដែល​ស្ដាប់​តាម​ពាក្យ​ស្ដី​ប្រដៅ​តែងតែ​ទទួល​សុភនិច្ឆ័យ។
៣៣ ការ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ តែងតែ​អប់រំ​ខ្លួន​ឲ្យ​មាន​ប្រាជ្ញា មុន​នឹង​ទទួល​សិរីរុងរឿង តោង​ដាក់​ខ្លួន​ជា​មុន​សិន។

ជំពូកទី ១៦

១ មនុស្ស​គិតគូរ​គំរោងការ​របស់​ខ្លួន តែ​ការ​សំរេច​ស្ថិត​នៅ​លើ​ព្រះអម្ចាស់។
២ មនុស្ស​រមែង​នឹក​ស្មាន​ថា អំពើ​ទាំង​អស់​ដែល​ខ្លួន​ប្រព្រឹត្ត សុទ្ធ​តែ​ត្រូវ ប៉ុន្តែ ព្រះអម្ចាស់ឈ្វេង​យល់​ចិត្ត​គំនិត​របស់​មនុស្ស។
៣ ចូរ​ថ្វាយ​កិច្ចការ​ដែល​អ្នក​ធ្វើ​ទៅ​ព្រះអម្ចាស់ នោះ​គំរោងការ​របស់​អ្នក​មុខ​ជា​បាន​សំរេច។
៤ អ្វីៗ​ដែល​ព្រះអម្ចាស់​ ធ្វើ​សុទ្ធ​តែ​មាន​គោលដៅ គឺ​សូម្បី​តែ​មនុស្ស​អាក្រក់ ក៏​ព្រះអង្គ​បាន​គ្រោង​ទុក​សំរាប់​ទទួល​ទណ្ឌកម្ម នៅ​ថ្ងៃ​ព្រះអង្គ​វិនិច្ឆ័យ​ទោស​ដែរ។
៥ ព្រះអម្ចាស់​មិន​សព្វ​ព្រះហឫទ័យ​នឹង​មនុស្ស​វាយ​ឫក​ខ្ពស់​ទេ ព្រះអង្គ​ពិត​ជា​ដាក់​ទោស​គេ​មិន​ខាន។
៦ ព្រះជាម្ចាស់​លើកលែង​ទោស​ឲ្យ​អ្នក​ដែល​មាន​ចិត្ត​សប្បុរស និង​ចិត្ត​ស្មោះ​ត្រង់។ អ្នក​គោរព​កោត​ខ្លាច​ព្រះអម្ចាស់​រមែង​ចៀស​ផុត​ពី​អំពើ​បាប។
៧ កាល​ណា​ព្រះអម្ចាស់​ សព្វ​ព្រះហឫទ័យ​នឹង​កិរិយា​មារយាទ​របស់​អ្នក​ណា​ម្នាក់ សូម្បី​តែ​ខ្មាំង​សត្រូវ​របស់​គេ​ក៏​ព្រះអង្គ​ផ្សះផ្សា​ឲ្យ​ជា​នា​គ្នា​វិញ​ ដែរ។
៨ រក​បាន​ប្រាក់​តិច​ដោយ​យុត្តិធម៌ ប្រសើរ​ជាង​រក​បាន​ប្រាក់​ច្រើន​ដោយ​អយុត្តិធម៌។
៩ មនុស្ស​គិតគូរ​ពី​ផ្លូវ​ដែល​ខ្លួន​ត្រូវ​ដើរ តែ​ព្រះអម្ចាស់​ជា​អ្នក​ណែនាំ​ផ្លូវ។
១០ ស្ដេច​តែងតែ​មាន​រាជឱង្ការ ក្នុង​នាម​ព្រះជាម្ចាស់​ទ្រង់​ជំនុំ​ជំរះ​ក្ដី​ដោយ​ឥត​លំអៀង។
១១ ជញ្ជីង និង​កូន​ទម្ងន់​ត្រឹម​ត្រូវ​ជា​ទី​គាប់​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់ ហើយ​ព្រះអង្គ​ក៏​សព្វ​ព្រះហឫទ័យ​នឹង​ការ​លក់​ដូរ​ទៀងត្រង់​ដែរ។
១២ ស្ដេច​មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ​ ដ្បិត​រាជ​សម្បត្តិ​អាច​រឹងមាំ​បាន ដោយសារ​សេចក្ដី​សុចរិត។
១៣ ស្ដេច​សព្វ​ព្រះហឫទ័យ​នឹង​អ្នក​និយាយ​ត្រង់ ហើយ​ស្រឡាញ់​អ្នក​និយាយ​ការ​ពិត។
១៤ សេចក្ដី​ក្រោធ​របស់​ស្ដេច ប្រៀប​បាន​នឹង​ពេជ្ឈឃាត​នាំ​គេ​យក​ទៅ​សម្លាប់ តែ​មនុស្ស​មាន​ប្រាជ្ញា​អាច​ទប់​កំហឹង​របស់​ស្ដេច។
១៥ ព្រះភក្ត្រ​រីករាយ​របស់​ស្ដេច រមែង​ផ្ដល់​ជីវិត ហើយ​ព្រះហឫទ័យ​សប្បុរស​របស់​ស្ដេច​ប្រៀប​បាន​នឹង​ទឹក​ភ្លៀង​នៅ​ដើម​រដូវ។
១៦ ស្វែង​រក​ប្រាជ្ញា​ប្រសើរ​ជាង​រក​មាស ស្វែង​រក​ការ​ចេះ​ដឹង​ប្រសើរ​ជាង​រក​ប្រាក់។
១៧ ផ្លូវ​របស់​មនុស្ស​ទៀងត្រង់​ស្ថិត​នៅ​ឆ្ងាយ​ពី​អំពើ​អាក្រក់ អ្នក​ណា​ចេះ​ប្រយ័ត្ន​ខ្លួន អ្នក​នោះ​ចេះ​រក្សា​ជីវិត។
១៨ អំនួត​រមែង​នាំ​ឲ្យ​អន្តរាយ ចិត្ត​ព្រហើន​រមែង​នាំ​ឲ្យ​វិនាស។
១៩ ដាក់​ខ្លួន​រស់​នៅ​ជា​មួយ​ជន​ក្រីក្រ ប្រសើរ​ជាង​ចែក​ជយភ័ណ្ឌ​ជា​មួយ​មនុស្ស​អួតអាង។
២០ អ្នក​ណា​ចេះ​គិតគូរ​មុន​នឹង​ធ្វើ​កិច្ចការ​អ្វី​មួយ អ្នក​នោះ​រមែង​ចំរុងចំរើន រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះអម្ចាស់​រមែង​មាន​សុភមង្គល។
២១ មនុស្ស​ដែល​ចេះ​គិត​ពិចារណា ជា​មនុស្ស​ឈ្លាសវៃ រីឯ​អ្នក​ដែល​ចេះ​និយាយ​ទន់ភ្លន់ រមែង​ធ្វើ​ឲ្យ​គេ​ទុក​ចិត្ត។
២២ សុភនិច្ឆ័យ​ប្រៀប​ដូច​ជា​ប្រភព​នៃ​ជីវិត​សំរាប់​អ្នក​ចេះ​គិតគូរ រីឯ​ជន​ល្ងង់ខ្លៅ​ត្រូវ​ទទួល​ទោស ព្រោះ​តែ​ភាព​ល្ងង់ខ្លៅ​របស់​ខ្លួន។
២៣ មនុស្ស​ដែល​ចេះ​ពិចារណា​រមែង​រិះគិត​មុន​នឹង​និយាយ ហើយ​អ្វីៗ​ដែល​អ្នក​នោះ​និយាយ រមែង​ធ្វើ​ឲ្យ​គេ​ទុក​ចិត្ត។
២៤ សំដី​ទន់ភ្លន់​ប្រៀប​បាន​នឹង​ទឹក​ឃ្មុំ មាន​រសជាតិ​ឆ្ងាញ់​ជា​ទី​គាប់​ចិត្ត ហើយ​ផ្ដល់​សុខភាព​ល្អ។
២៥ មនុស្ស​ខ្លះ​យល់​ថា ផ្លូវ​ដែល​ខ្លួន​ដើរ​ជា​ផ្លូវ​ត្រឹម​ត្រូវ ប៉ុន្តែ នៅ​ទី​បំផុត​ផ្លូវ​នោះ​នាំ​ទៅ​រក​សេចក្ដី​ស្លាប់។
២៦ ការ​អត់​ឃ្លាន​បង្ខំ​ឲ្យ​មនុស្ស​ធ្វើ​ការ ដ្បិត​ក្រពះ​គេ​ទាមទារ។
២៧ មនុស្ស​ចោលម្សៀត​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់ អណ្ដាត​របស់​គេ​ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​បំផ្លាញ។
២៨ មនុស្ស​ទុយ៌ស​រមែង​បង្ក​ជំលោះ ហើយ​អ្នក​អុជអាល​រមែង​បំផ្លាញ​មិត្តភាព។
២៩ មនុស្ស​ឃោរឃៅ​តែងតែ​បោក​បញ្ឆោត​មិត្ត​សម្លាញ់​របស់​ខ្លួន ដើម្បី​នាំ​គេ​ឲ្យ​ដើរ​ក្នុង​ផ្លូវ​អាក្រក់។
៣០ អ្នក​ណា​បិទ​ភ្នែក​ហើយ​ខាំ​បបូរ​មាត់ អ្នក​នោះ​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​ខ្លួន​គ្រោង​ទុក​រួច​ហើយ។
៣១ សក់​ស្កូវ​ជា​មកុដ​ដ៏​រុងរឿង មាន​តែ​មនុស្ស​សុចរិត​ទេ ដែល​ទទួល​មកុដ​នេះ។
៣២ មនុស្ស​មិន​ចេះ​ខឹង​ប្រសើរ​ជាង​វីរបុរស រីឯ​មនុស្ស​ចេះ​ទប់​ចិត្ត ប្រសើរ​ជាង​អ្នក​វាយ​យក​បាន​ទីក្រុង​មួយ។
៣៣ មនុស្ស​តែងតែ​រក​គ្រូ​គន់គូរ​មើល​ជោគវាសនា ប៉ុន្តែ គឺ​ព្រះអម្ចាស់​ទេ ដែល​សំរេច​អ្វីៗ​ទាំង​អស់។

ជំពូកទី ១៧

១ បរិភោគ​បាយកក​តែ​មាន​សេចក្ដី​សុខ ប្រសើរ​ជាង​ជប់លៀង​នៅ​ផ្ទះ​មួយ​ដែល​មាន​តែ​ការ​ឈ្លោះ​គ្នា។
២ អ្នក​បំរើ​ឆ្លាត​រមែង​ត្រួតត្រា​លើ​កូន​ដ៏​ថោក​ទាប​របស់​ចៅហ្វាយ ព្រម​ទាំង​ទទួល​ចំណែក​មត៌ក​ក្នុង​គ្រួសារ​នោះ​ផង។
៣ គេ​អាច​ស្គាល់​តម្លៃ​មាស និង​ប្រាក់​ដោយសារ​ដុត​ក្នុង​ភ្លើង រីឯ​ចិត្ត​មនុស្ស​វិញ​មាន​តែ​ព្រះអម្ចាស់​ទេ ដែល​អាច​លត់ដំ​ដើម្បី​ស្គាល់​តម្លៃ។
៤ មនុស្ស​មាន​បំណង​អាក្រក់ រមែង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​អាក្រក់ ហើយ​មនុស្ស​កុហក​រមែង​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​មួលបង្កាច់។
៥ អ្នក​មើលងាយ​ជន​ក្រីក្រ ដូច​ជា​ប្រមាថ​ព្រះជាម្ចាស់​ដែល​បង្កើត​គេ រីឯ​អ្នក​សើច​ចំអក​ដាក់​ជន​រងគ្រោះ​នឹង​ត្រូវ​មាន​ទោស។
៦ ចៅ​រមែង​ធ្វើ​ឲ្យ​ជីតា​មាន​កិត្តិយស រីឯ​កូន​បាន​ខ្ពស់​មុខ​ព្រោះ​តែ​ឪពុក។
៧ ពាក្យ​ថ្លៃថ្នូរ​មិន​សម​ជា​សំដី​របស់​មនុស្ស​ល្ងីល្ងើ​ទេ ហើយ​ពាក្យ​កុហក​ក៏​មិន​សម​ចេញ​ពី​មាត់​របស់​អ្នក​ដឹក​នាំ​ដែរ។
៨ អ្នក​សូក​នឹក​ស្មាន​ថា សំណូក​ប្រៀប​បាន​នឹង​ត្បូង​ទិព្វ​ដែល​នាំ​ឲ្យ​មាន​ជោគជ័យ​ក្នុង​គ្រប់​កិច្ចការ​ដែល​គេ​ធ្វើ។
៩ អ្នក​ចង់​បាន​មិត្តភាព​តែងតែ​បំភ្លេច​កំហុស រីឯ​អ្នក​ដែល​រំឭក​កំហុស រមែង​ធ្វើ​ឲ្យ​មិត្តភាព​រលាយ។
១០ ស្ដី​ប្រដៅ​មនុស្ស​ចេះ​ដឹង​តែ​មួយ​ម៉ាត់ មាន​ប្រសិទ្ធភាព​ជាង​វាយ​មនុស្ស​ល្ងីល្ងើ​មួយ​រយ​ដំបង។
១១ មនុស្ស​ទុច្ចរិត​គិត​តែ​បះបោរ ប៉ុន្តែ គេ​នឹង​ចាត់​ពេជ្ឈឃាត​កំណាច​ឲ្យ​ទៅ​បង្ក្រាប​អ្នក​នោះ។
១២ ជួប​មេ​ខ្លាឃ្មុំ​ព្រាត់​កូន ប្រសើរ​ជាង​ជួប​មនុស្ស​ល្ងីល្ងើ​ដែល​ល្ងង់​ហួស។
១៣ អ្នក​ណា​ធ្វើ​អំពើ​អាក្រក់​តប​ស្នង​នឹង​អំពើ​ល្អ ភាព​អន្តរាយ​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​របស់​អ្នក​នោះ​ទេ។
១៤ បង្ក​ជំលោះ​ប្រៀប​បាន​នឹង​ទំលាយ​ទំនប់​ទឹក​ចូរ​ដក​ខ្លួន​ថយ​មុន​នឹង​ជំលោះ​ផ្ទុះ​ឡើង។
១៥ អ្នក​ដែល​ចាត់​ទុក​មនុស្ស​ជាប់​ទោស​ថា​គ្មាន​ទោស និង​អ្នក​ដែល​ចាត់​ទុក​មនុស្ស​គ្មាន​កំហុស​ថា​មាន​កំហុស​មិន គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់​ទេ។
១៦ ប្រាក់​នៅ​ក្នុង​ដៃ​មនុស្ស​ខ្លៅ គ្មាន​ប្រយោជន៍​អ្វី​ទេ ព្រោះ​ទិញ​ប្រាជ្ញា​មិន​បាន ដ្បិត​អ្នក​នោះ​មិន​ចេះ​គិត ពិចារណា​អ្វី​សោះ។
១៧ កល្យាណ​មិត្ត​តែងតែ​ស្រឡាញ់​គ្នា​គ្រប់​ពេល​វេលា រីឯ​បង​ប្អូន​វិញ​តែងតែ​ចាំ​ជួយ​គ្នា​ក្នុង​ពេល​មាន​ទុក្ខធុរៈ។
១៨ អ្នក​ណា​ធានា​សង​បំណុល​ជួស​អ្នក​ដទៃ អ្នក​នោះ​មិន​ចេះ​គិត​ពិចារណា​ទេ។
១៩ អ្នក​ដែល​ចូល​ចិត្ត​សន្សំ​រឿង​រមែង​ចូល​ចិត្ត​អំពើ​បាប អ្នក​ណា​និយាយ​អួត​បំប៉ោង​អ្នក​នោះ​ស្វែង​រក​មហន្តរាយ។
២០ មនុស្ស​មាន​កលល្បិច​មិន​ស្គាល់​សុភមង្គល​ទេ ហើយ​មនុស្ស​សំដី​អាក្រក់​រមែង​ជួប​គ្រោះ​កាច។
២១ អ្នក​ណា​បង្កើត​កូន​ល្ងីល្ងើ​អ្នក​នោះ​ស្គាល់​តែ​ទុក្ខ​ព្រួយ រីឯ​ឪពុក​របស់​មនុស្ស​លេលា​មិន​ដែល​ស្គាល់​អំណរ​សប្បាយ​ទេ។
២២ ចិត្ត​សប្បាយ​រមែង​នាំ​ឲ្យ​ជា​សះស្បើយ រីឯ​ចិត្ត​ព្រួយ​រមែង​ធ្វើ​ឲ្យ​រីងរៃ។
២៣ មនុស្ស​អាក្រក់​លួច​ទទួល​សំណូក ដើម្បី​បង្ខូច​យុត្តិធម៌។
២៤ ប្រាជ្ញា​រមែង​នៅ​ក្បែរ​មនុស្ស​ឈ្លាសវៃ រីឯ​មនុស្ស​ល្ងីល្ងើ​វិញ​គិត​តែ​ពី​សម្លឹង​មើល​អ្វី​ដែល​ខ្លួន​ឈោង​មិន​ដល់។
២៥ កូន​ភ្លីភ្លើ​ធ្វើ​ឲ្យ​ឪពុក​ព្រួយ និង​ធ្វើ​ឲ្យ​ម្ដាយ​សោកស្ដាយ។
២៦ ដាក់​ទោស​មនុស្ស​សុចរិត​ជា​ការ​មិន​ល្អ​ទេ ហើយ​វាយ​មនុស្ស​ថ្លៃថ្នូរ ព្រោះ​តែ​គេ​មាន​ចិត្ត​ទៀងត្រង់​ក៏​មិន​ល្អ​ដែរ។
២៧ អ្នក​ណា​ទប់​ពាក្យ​សំដី​របស់​ខ្លួន អ្នក​នោះ​ជា​មនុស្ស​ចេះ​ដឹង រីឯ​អ្នក​តាំង​ចិត្ត​ស្ងប់ស្ងៀម​ជា​មនុស្ស​ឈ្លាសវៃ។
២៨ បើ​ មនុស្ស​ល្ងីល្ងើ​នៅ​ស្ងៀម គេ​ចាត់​ទុក​គាត់​ជា​មនុស្ស​មាន​ប្រាជ្ញា បើ​គាត់​បិទ​មាត់​មិន​និយាយ​អ្វី គេ​ចាត់​ទុក​គាត់​ជា​មនុស្ស​ឈ្លាសវៃ។

ជំពូកទី ១៨

១ អ្នក​ណា​មិន​រវីរវល់​នឹង​អ្នក​ដទៃ អ្នក​នោះ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​បដិសេធ​យោបល់​ទាំង​ប៉ុន្មាន​របស់​អ្នក​ឯ​ទៀតៗ។
២ មនុស្ស​ខ្លៅ​មិន​ចូល​ចិត្ត​ការ​យល់​ដឹង​ទេ គឺ​គិត​តែ​ចង់​បញ្ចេញ​គំនិត​ខ្លួន​វិញ។
៣ ការ​អាក្រក់​មាន​នៅ​ទី​ណា ការ​ប្រមាថ​ក៏​មាន​នៅ​ទី​នោះ ហើយ​ទី​ណា​មាន​ការ​មាក់ងាយ ទី​នោះ​ក៏​មាន​ការ​អាម៉ាស់​មុខ​ដែរ។
៤ សំដី​របស់​មនុស្ស​មាន​ជំរៅ​ដូច​បាត​សមុទ្រ ប្រភព​នៃ​ប្រាជ្ញា​ប្រៀប​ដូច​ជា​ជ្រោះ​ទឹក ដែល​ហូរ​ចេញ​មក​យ៉ាង​ខ្លាំង​។
៥ អត់អោន​ឲ្យ​មនុស្ស​ពាល ហើយ​មិន​រក​យុត្តិធម៌​ឲ្យ​មនុស្ស​សុចរិត​ជា​ការ​មិន​ល្អ​ទេ។
៦ សំដី​របស់​មនុស្ស​ខ្លៅ​បណ្ដាល​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា ពេល​ណា​អ្នក​នោះ​និយាយ​រមែង​ធ្វើ​ឲ្យ​មាន​ការ​វាយតប់​គ្នា។
៧ មាត់​របស់​មនុស្ស​ខ្លៅ​រមែង​ធ្វើ​ឲ្យ​ខ្លួន​វិនាស ហើយ​ពាក្យ​សំដី​របស់​អ្នក​នោះ ជា​អន្ទាក់​សំរាប់​ដាក់​ខ្លួន​ឯង។
៨ ពាក្យ​សំដី​របស់​មនុស្ស​អុជអាល ប្រៀប​ដូច​ជា​ចំណី​យ៉ាង​ឆ្ងាញ់​ជាប់​ក្នុង​ចិត្ត។
៩ អ្នក​ធ្វេសប្រហែស​ក្នុង​ការងារ និង​អ្នក​បំផ្លាញ​ការងារ ជា​បង​ប្អូន​នឹង​គ្នា។
១០ ព្រះនាម​របស់​ព្រះអម្ចាស់ ជា​បន្ទាយ​ដ៏​រឹងមាំ ដែល​មនុស្ស​សុចរិត​រត់​មក​ជ្រកកោន ដើម្បី​ឲ្យ​បាន​សុខ។
១១ រីឯ​ អ្នក​មាន​វិញ គេ​ចាត់​ទុក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ជា​ទីក្រុង​មួយ​ដែល​មាន​កំពែង​រឹងមាំ។ គេ​នឹក​ស្មាន​ថា សម្បត្តិ​នេះ​ជា​កំពែង​ការពារ​ខ្លួន​គេ​ឲ្យ​បាន​សុខ។
១២ ចិត្ត​អំនួត រមែង​នាំ​ឲ្យ​អន្តរាយ។ មុន​នឹង​ទទួល​សិរីរុងរឿង តោង​ដាក់​ខ្លួន​ជា​មុន​សិន។
១៣ អ្នក​ណា​ប្រញាប់​ឆ្លើយ​មុន​នឹង​ស្ដាប់ អ្នក​នោះ​ជា​មនុស្ស​ល្ងង់​ហើយ​ត្រូវ​បាក់​មុខ។
១៤ ចិត្ត​ចង់​រស់​ជួយ​គាំទ្រ​មនុស្ស​ក្នុង​គ្រា​មាន​ជំងឺ​តែ​បើ​បាត់​ទឹក​ចិត្ត​វិញ គ្មាន​អ្វី​ជួយ​បាន​ឡើយ។
១៥ មនុស្ស​ឈ្លាសវៃ​រមែង​រក​បាន​ចំណេះ រីឯ​មនុស្ស​មាន​ប្រាជ្ញា​តែងតែ​ស្ដាប់ ដើម្បី​ស្វែង​រក​ចំណេះ។
១៦ ជំនូន​អាច​បើក​ផ្លូវ​ឲ្យ​មនុស្ស​ចូល​ទៅ​ជិត​អ្នក​ធំ​បាន។
១៧ ដើម​ចោទ​តែងតែ​យល់​ថា ក្ដី​របស់​ខ្លួន​ត្រឹម​ត្រូវ​លុះ​ចុង​ចោទ​មក​ដល់ គេ​ឲ្យ​ដើម​ចោទ​នោះ​បង្ហាញ​ភស្ដុតាង។
១៨ ការ​ស្បថស្បែ​អាច​បញ្ឈប់​ជំលោះ ហើយ​អារ​កាត់​រឿងរ៉ាវ​រវាង​អ្នក​មាន​អំណាច​ផង។
១៩ ពេល​បង​ ប្អូន​ណា​ម្នាក់​របួស​ផ្លូវ​ចិត្ត នោះ​ពិបាក​ចូល​ទៅ​ជិត​ជាង​វាយ​យក ទីក្រុង​មួយ​ដែល​មាន​កំពែង​រឹងមាំ​ទៅ​ទៀត។ រីឯ​ជំលោះ​ប្រៀប​បាន​នឹង​រនុក​ទ្វារ​ដែក​មួយ។
២០ មនុស្ស​អាច​រក​អាហារ​បាន ដោយសារ​ពាក្យ​សំដី ហើយ​អ្វីៗ​ដែល​គេ​និយាយ​ធ្វើ​ឲ្យ​គេ​អាច​ចិញ្ចឹម​ជីវិត​បាន។
២១ ស្លាប់ ឬ​រស់​ព្រោះ​តែ​សំដី អ្នក​ណា​ចូល​ចិត្ត​និយាយ អ្នក​នោះ​ត្រូវ​ទទួល​ផល​ពី​ពាក្យ​សំដី​របស់​ខ្លួន។
២២ អ្នក​ណា​រក​បាន​ប្រពន្ធ ក៏​ដូច​ជា​រក​ឃើញ​សុភមង្គល ដែល​ជា​ព្រះអំណោយ​ទាន​មក​ពី​ព្រះអម្ចាស់ដែរ។
២៣ ជន​ក្រីក្រ​តែងតែ​ពោល​ពាក្យ​អង្វរ​ករ រីឯ​អ្នក​មាន​ឆ្លើយ​តប​ទាំង​គំរោះគំរើយ។
២៤ អ្នក​ណា​មាន​មិត្តភក្ដិ​ច្រើន អ្នក​នោះ​រមែង​កើត​ទុក្ខ តែ​មិត្តភក្ដិ​ខ្លះ​មាន​ចិត្ត​ស្មោះ​ត្រង់​លើស​បង​ប្អូន​បង្កើត​ទៅ​ទៀត។

ជំពូកទី ១៩

១ មនុស្ស​ក្រីក្រ​តែ​រស់​នៅ​ដោយ​ទៀងត្រង់ ប្រសើរ​ជាង​មនុស្ស​ល្ងង់​និយាយ​ភូតភរ។
២ ខ្វះ​ការ​ចេះ​ដឹង​មិន​ប្រសើរ​ទេ​សំរាប់​មនុស្ស ហើយ​អ្នក​ដែល​ប្រញាប់​ឈាន​ជើង​ទៅ​ប្រព្រឹត្ត​អំពើ​អ្វី​មួយ​រមែង​មាន​កំហុស។
៣ ភាព​ល្ងីល្ងើ​របស់​មនុស្ស​រមែង​បង្ខូច​ផ្លូវ​របស់​ខ្លួន ហើយ​គេ​បែរ​ជា​ខឹង​នឹង​ព្រះអម្ចាស់​ទៅ​វិញ។
៤ ទ្រព្យ​សម្បត្តិ​រមែង​ធ្វើ​ឲ្យ​មាន​មិត្តភក្ដិ​ច្រើន រីឯ​អ្នក​ក្រ​វិញ មិត្តភក្ដិ​តែងតែ​បោះបង់​ចោល។
៥ សាក្សី​ក្លែងក្លាយ​ចៀស​មិន​ផុត​ពី​ទណ្ឌកម្ម​ទេ រីឯ​មនុស្ស​កុហក​ភូតភរ​ក៏​មិន​រួច​ខ្លួន​ដែរ។
៦ មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​បញ្ជោរ​អ្នក​ធំ ហើយ​ម្នាក់ៗ​ចូល​ចិត្ត​ចង​មិត្ត​នឹង​អ្នក​ជូន​ជំនូន។
៧ មនុស្ស​ ក្រីក្រ​គ្មាន​បង​ប្អូន​ណា​ម្នាក់​រាប់​រក​ទេ លើស​ពី​នេះ​ទៀត មិត្តភក្ដិ​ក៏​បោះបង់​ចោល​ដែរ​កាល​ណា​ត្រូវ ការ​រក​គេ គេ​គេច​បាត់​អស់។
៨ អ្នក​ណា​ចេះ​គិត​ពិចារណា អ្នក​នោះ​ស្រឡាញ់​ខ្លួន​ឯង អ្នក​ណា​រក្សា​ការ​យល់​ដឹង អ្នក​នោះ​មាន​សុភមង្គល។
៩ សាក្សី​ក្លែងក្លាយ​ចៀស​មិន​ផុត​ពី​ទណ្ឌកម្ម​ទេ រីឯ​មនុស្ស​កុហក​ភូតភរ ក៏​មិន​រួច​ខ្លួន​ដែរ។
១០ ជីវភាព​ខ្ពង់ខ្ពស់​មិន​ស័ក្ដិសម​នឹង​មនុស្ស​ខ្លៅ​ទេ ហើយ​លើស​ពី​នេះ អ្នក​បំរើ​ក៏​មិន​សម​ត្រួតត្រា​លើ​មេ​ដឹក​នាំ​ដែរ។
១១ មនុស្ស​មាន​សុភនិច្ឆ័យ​រមែង​ចេះ​ទប់​កំហឹង។ គេ​រក្សា​កិត្តិយស ដោយ​មិន​តប​ត​នឹង​អ្នក​ដែល​ធ្វើ​ខុស ចំពោះ​ខ្លួន​ឡើយ។
១២ សេចក្ដី ​ក្រោធ​របស់​ស្ដេច ប្រៀប​ដូច​ជា​ស្នូរ​គ្រហឹម​របស់​សត្វ​តោ តែ​សេចក្ដី​សប្បុរស​របស់​ស្ដេច ប្រៀប​ដូច​ទឹក​សន្សើម​ធ្លាក់​លើ​ស្មៅ។
១៣ កូន​ល្ងង់​រមែង​ធ្វើ​ឲ្យ​ឪពុក​ហិនហោច រីឯ​ប្រពន្ធ​ពូកែ​ឈ្លោះ ប្រៀប​បាន​នឹង​ទ ដែល​បង្ហូរ​ទឹក​មិន​ចេះ​អស់។
១៤ ផ្ទះ​សំបែង និង​ទ្រព្យ​សម្បត្តិ​ជា​កេរ​មត៌ក​ពី​ដូនតា រីឯ​ប្រពន្ធ​មាន​សុភនិច្ឆ័យ​វិញ ជា​អំណោយ​ទាន​ពី​ព្រះអម្ចាស់។
១៥ ការ​ខ្ជិល​ច្រអូស​រមែង​ធ្វើ​ឲ្យ​មនុស្ស​ងោកងុយ ហើយ​មនុស្ស​ច្រអូស​ត្រូវ​អត់​បាយ។
១៦ អ្នក​ប្រតិបត្តិ​តាម​ដំបូន្មាន រមែង​រក្សា​ជីវិត​ខ្លួន រីឯ​អ្នក​ធ្វេសប្រហែស​នឹង​មារយាទ​របស់​ខ្លួន​មុខ​ជា​ត្រូវ​វិនាស។
១៧ អ្នក​ដែល​ចែក​ទាន​ដល់​ជន​ទុគ៌ត ទុក​ដូច​ជា​ឲ្យ​ព្រះអម្ចាស់​ខ្ចី ព្រះអង្គ​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នោះ​វិញ។
១៨ ចូរ​ប្រដៅ​កូន​ក្នុង​ពេល​ដែល​អ្នក​មាន​សង្ឃឹម​ថា​នឹង​អាច​កែ​វា​បាន កុំ​ខឹង​រហូត​ដល់​ធ្វើ​ឲ្យ​វា​ស្លាប់​នោះ​ឡើយ។
១៩ មនុស្ស​កំរោល​ឃោរឃៅ​រមែង​ទទួល​ពិន័យ​បើ​មិន​ដាក់​ទោស​ជន​នោះ​ទេ អ្នក​នឹង​បណ្ដោយ​ឲ្យ​គេ​នៅ​តែ​មាន​កំរោល​ដដែល។
២០ ចូរ​ស្ដាប់​ឱវាទ និង​ទទួល​ការ​ប្រៀនប្រដៅ​នោះ​អ្នក​នឹង​មាន​ប្រាជ្ញា។
២១ មនុស្ស​គិតគូរ​គំរោងការ​ជា​ច្រើន ក៏​ប៉ុន្តែ មាន​តែ​គំរោងការ​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ ដែល​សំរេច​ជា​រូប​រាង។
២២ ចិត្ត​ស្មោះ​ត្រង់​ជា​គុណ​សម្បត្តិ​របស់​មនុស្ស​ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​ក្រីក្រ ប្រសើរ​ជាង​មនុស្ស​កុហក។
២៣ ការ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់​នាំ​ទៅ​រក​ជីវិត អ្នក​ធ្វើ​ដូច្នេះ​នឹង​បាន​សប្បាយ ហើយ​ដេក​លក់​យ៉ាង​ស្កប់ស្កល់​ឥត​មាន​កង្វល់​អ្វី​ឡើយ។
២៤ មនុស្ស​ខ្ជិល​ច្រអូស​លូក​ដៃ​ក្នុង​ចាន តែ​ពុំ​យក​ម្ហូប​មក​ដាក់​ក្នុង​មាត់​ទេ។
២៥ បើ​អ្នក ​វាយ​មនុស្ស​ចំអក​ឡកឡឺយ អ្នក​នឹង​ធ្វើ​ឲ្យ​មនុស្ស​ភ្លើ​ចេះ​កែ​គំនិត។ បើ​អ្នក​ស្ដី​បន្ទោស​មនុស្ស​ឆ្លាត អ្នក​នឹង​ធ្វើ​ឲ្យ​គេ​យល់​អំពី​ចំណេះ។
២៦ អ្នក​ណា​ធ្វើ​បាប​ឪពុក ហើយ​បណ្ដេញ​ម្ដាយ​របស់​ខ្លួន អ្នក​នោះ​ជា​កូន​ដែល​នាំ​ឲ្យ​អាម៉ាស់​មុខ និង​អាប់​យស។
២៧ កូន​អើយ! បើ​អ្នក​លែង​ស្ដាប់​ការ​ប្រៀនប្រដៅ អ្នក​មុខ​ជា​វង្វេង​ចេញ​ឆ្ងាយ​ពី​ចំណេះ​ដឹង។
២៨ ជន​ពាល​ធ្វើ​ជា​សាក្សី​តែងតែ​ប្រមាថ​យុត្តិធម៌ ព្រោះ​មនុស្ស​អាក្រក់​និយម​ពោល​ពាក្យ​ទុច្ចរិត។
២៩ មនុស្ស​ចំអក​ឡកឡឺយ​ត្រូវ​តែ​ទទួល​ទោស រីឯ​មនុស្ស​ល្ងង់​ខ្លៅ​ត្រូវ​រំពាត់​ស៊ី​ខ្នង។

ជំពូកទី ២០

១ សុរារ​មែង​ធ្វើ​ឲ្យ​មនុស្ស ​ក្អេងក្អាង ហើយ​គ្រឿង​ស្រវឹង​តែងតែ​ធ្វើ​ឲ្យ​មនុស្ស​ឡូឡា។ មនុស្ស​ប្រមឹក​មិន​អាច​ធ្វើ​ជា​អ្នក​ប្រាជ្ញ​បាន​ឡើយ។
២ កំហឹង​របស់​ស្ដេច ប្រៀប​ដូច​ជា​ស្នូរ​គ្រហឹម​របស់​សត្វ​តោ អ្នក​ដែល​ធ្វើ​ឲ្យ​ស្ដេច​ខ្ញាល់ រមែង​នាំ​ឲ្យ​ខ្លួន​មាន​ទោស។
៣ អ្នក​ណា​ដក​ខ្លួន​ចេញ​ឆ្ងាយ​ពី​ជំលោះ អ្នក​នោះ​តែងតែ​ទទួល​កិត្តិយស រីឯ​មនុស្ស​ល្ងីល្ងើ​ជា​អ្នក​ពូកែ​ឈ្លោះ។
៤ នៅ​រដូវ​វស្សា​មនុស្ស​កំជិល​មិន​ភ្ជួរ​មិន​រាស់​ទេ លុះ​ដល់​រដូវ​ចំរូត​គេ​រក​អ្វី​ច្រូត​ពុំ​បាន​ឡើយ។
៥ គំនិត​របស់​មនុស្ស​ជ្រៅ​ដូច​បាត​សមុទ្រ មាន​តែ​មនុស្ស​ឈ្លាស​វៃ​ប៉ុណ្ណោះ ដែល​ចេះ​ស្រង់​យក​គំនិត​នោះ។
៦ មនុស្ស​ជា​ច្រើន​អះអាង​ថា ខ្លួន​សប្បុរស​តែ​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត​ពិបាក​រក​ណាស់។
៧ មនុស្ស​សុចរិត​តែងតែ​រស់​នៅ​ដោយ​ទៀង​ត្រង់ ហើយ​កូន​របស់​គាត់​រមែង​ទទួល​សុភមង្គល។
៨ កាល​ណា​ស្ដេច​ប្រកប​ដោយ​យុត្តិធម៌​គង់​លើ​រាជ្យបល្ល័ង្ក ទ្រង់​ពិចារណា​ឃើញ​អំពើ​អាក្រក់​ភ្លាម។
៩ តើ​អ្នក​ណា​អាច​ពោល​ថា «ខ្ញុំ​មាន​ចិត្ត​បរិសុទ្ធ​ខ្ញុំ​គ្មាន​បាប​ទាល់​តែ​សោះ»?។
១០ បំបាត់​ភ្នែក​ជញ្ជីង ឬ​វាល់​មិន​គ្រប់ សុទ្ធ​តែ​ជា​អំពើ​ដែល​ព្រះអម្ចាស់​មិន​សព្វ​ព្រះហឫទ័យ។
១១ សូម្បី​តែ​កូន​ក្មេង ក៏​អាច​បង្ហាញ​ឲ្យ​គេ​ឃើញ​នូវ​កិរិយា​ល្អ​ត្រឹម​ត្រូវ​របស់​វា តាម​អំពើ​ដែល​វា​ប្រព្រឹត្ត​ដែរ។
១២ ត្រចៀក​សំរាប់​ស្ដាប់ និង​ភ្នែក​សំរាប់​មើល​សុទ្ធ​តែ​ព្រះអម្ចាស់​បង្កើត​មក​ដូច​គ្នា។
១៣ បើ​អ្នក​គិត​តែ​ពី​ដេក​អ្នក​មុខ​ជា​ធ្លាក់​ខ្លួន​ក្រ បើ​អ្នក​ចង់​មាន​អាហារ​គ្រប់គ្រាន់ ចូរ​ក្រោក​ឡើង​ពី​ព្រលឹម។
១៤ អ្នក​ទិញ​តែង​ពោល​ថា «របស់​នេះ​មិន​ល្អ​ទេ! របស់​នេះ​មិន​ល្អ​ទេ!» លុះ​ចេញ​ផុត​ទៅ គាត់​សរសើរ​ខ្លួន​ឯង។
១៥ មាស​ក៏​សម្បូណ៌ ពេជ្រ​ក៏​សម្បូណ៌ ប៉ុន្តែ ពាក្យ​សំដី​ប្រកប​ដោយ​ប្រាជ្ញា មាន​តម្លៃ​លើស​អ្វីៗ​ទាំង​អស់។
១៦ បើ​មាន​ គេ​មក​ធានា​សង​បំណុល​ជំនួស​នរណា​ម្នាក់ ចូរ​ទារ​យក​អាវ​ធំ​របស់​គេ​ទុក​ជា​របស់​បញ្ចាំ ព្រោះ​គេ​បាន​ធានា​មនុស្ស​ដែល​អ្នក​មិន​ស្គាល់។
១៧ អាហារ​ដែល​បាន​មក​ពី​ការ​បញ្ឆោត​ឆ្ងាញ់​តែ​មុន​ដំបូង​ទេ ក្រោយ​មក​អាហារ​នោះ​ក្លាយ​ទៅ​ជា​ដុំ​គ្រួស​ក្នុង​មាត់​វិញ។
១៨ យោបល់​ល្អ​រមែង​ធ្វើ​ឲ្យ​គំរោងការ​បាន​សំរេច មុន​នឹង​ធ្វើ​សង្គ្រាម​ត្រូវ​រិះគិត​ឲ្យ​បាន​ដិត​ដល់​ជា​មុន។
១៩ អ្នក​និយាយ​ដើម​គេ​រមែង​បើក​កកាយ​ការ​សំងាត់​កុំ​សេពគប់​ជា​មួយ​អ្នក​ដែល​និយាយ​ច្រើន​ពេក។
២០ អ្នក​ណា​ប្រទេចផ្ដាសា​ឪពុក​ម្ដាយ ជីវិត​របស់​អ្នក​នោះ​នឹង​រលត់ ដូច​ចង្កៀង​នៅ​ក្នុង​ទី​ងងឹត។
២១ អ្នក​ណា​ប្រមូល​ទ្រព្យ​សម្បត្តិ​បាន​រហ័ស​ពេក ទៅ​ថ្ងៃ​ក្រោយ​អ្នក​នោះ​មិន​បាន​ទទួល​ព្រះពរ​ឡើយ។
២២ កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ តែ​ត្រូវ​ផ្ញើ​ជីវិត​លើ​ព្រះអម្ចាស់​នោះ​ព្រះអង្គ​នឹង​សង្គ្រោះ​អ្នក។
២៣ ព្រះអម្ចាស់​មិន​សព្វ​ព្រះហឫទ័យ​នឹង​កូន​ជញ្ជីង​មិន​ត្រឹម​ត្រូវ​ទេ ហើយ​ការ​បំបាត់​ភ្នែក​ជញ្ជីង​ក៏​ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ​ដែរ។
២៤ ព្រះអម្ចាស់​តែងតែ​ដឹក​នាំ​ដំណើរ​ជីវិត​របស់​មនុស្ស ប៉ុន្តែ មនុស្ស​ពុំ​អាច​ស្គាល់​ទិសដៅ​នៃ​ជីវិត​របស់​ខ្លួន​បាន​ទេ។
២៥ ចូរ​រិះគិត​ឲ្យ​បាន​ដិតដល់ មុន​នឹង​សន្យា​ថ្វាយ​អ្វី​មួយ​ទៅ​ព្រះជាម្ចាស់ ដើម្បី​កុំ​ឲ្យ​ស្ដាយ​ក្រោយ។
២៦ ស្ដេច​មាន​ប្រាជ្ញា​តែងតែ​កំចាត់​មនុស្ស​អាក្រក់ ហើយ​ដាក់​ទោស​ពួក​គេ​ឥត​ប្រណី។
២៧ វិញ្ញាណ​របស់​មនុស្ស ជា​ចង្កៀង​ដែល​មក​ពី​ព្រះអម្ចាស់ ចង្កៀង​នោះ​បំភ្លឺ​រហូត​ដល់​ជំរៅ​ចិត្ត​របស់​គេ។
២៨ សេចក្ដី​សប្បុរស និង​សេចក្ដី​ស្មោះ​ត្រង់​រមែង​ជួយ​ការពារ​ស្ដេច ហើយ​ទ្រង់​ពង្រឹង​រាជ​សម្បត្តិ​បាន​ដោយសារ​យុត្តិធម៌។
២៩ កម្លាំង​ជា​អំនួត​របស់​យុវជន រីឯ​សក់​ស្កូវ​ជា​កិត្តិយស​របស់​មនុស្ស​ចាស់។
៣០ របួស​ដ៏​ឈឺ​ចាប់​ជា​ឱសថ​បំបាត់​ភាព​អាក្រក់ ហើយ​ការ​វាយដំ​អាច​ធ្វើ​ឲ្យ​មាន​ការ​កែប្រែ រហូត​ដល់​ជំរៅ​ចិត្ត។

ជំពូកទី ២១

១ ព្រះហឫទ័យ​របស់​ស្ដេច​ប្រៀប​បាន​នឹង​ទឹក​នៅ​ក្នុង​ព្រះហស្ដ​របស់​ព្រះអម្ចាស់ ព្រះអង្គ​ផ្អៀង​ព្រះហស្ដ​ទៅ​ខាង​ណា​ទឹក​ហូរ​ទៅ​ខាង​នោះ។
២ មនុស្ស​គ្រប់ៗ​រូប​តែង​យល់​ថា អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​សុទ្ធ​តែ​ត្រឹមត្រូវ ក៏​ប៉ុន្តែ មាន​តែ​ព្រះអម្ចាស់​ទេ ដែល​ឈ្វេង​យល់​ចិត្ត​របស់​មនុស្ស។
៣ ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​ចំពោះ​យុត្តិធម៌ និង​សេចក្ដី​ទៀងត្រង់ ជាង​ការ​ថ្វាយ​យញ្ញបូជា​ទៅ​ទៀត។
៤ ទឹក​មុខ​ក្រអឺតក្រទម និង​ចិត្ត​ព្រហើន​បង្ហាញ​ឲ្យ​ឃើញ​នូវ​អំពើ​បាប​របស់​មនុស្ស​អាក្រក់។
៥ អ្នក​ដែល​ ធ្វើ​ការ​អ្វី​មួយ​ដោយ​ពិចារណា​យ៉ាង​ម៉ត់ចត់ រមែង​ទទួល​ផល​បរិបូណ៌ រីឯ​អ្នក​ដែល​ធ្វើ​អ្វី​មួយ​ដោយ​តក់ក្រហល់ តែងតែ​ជួប​អត្តខាត់។
៦ អ្នក​ដែល​រក​ទ្រព្យ​សម្បត្តិ​បាន​ដោយ​បោក​ប្រាស់​គេ ជា​មនុស្ស​បញ្ឆោត​ខ្លួន​ឯង ហើយ​រត់​ទៅ​រក​សេចក្ដី​ស្លាប់។
៧ ចិត្ត​ឃោរឃៅ​របស់​មនុស្ស​អាក្រក់ នាំ​ឲ្យ​ខ្លួន​គេ​វិនាស ដ្បិត​គេ​មិន​ព្រម​ធ្វើ​អំពើ​យុត្តិធម៌​ទេ។
៨ ជន​ឧក្រិដ្ឋ​ដើរ​តាម​ផ្លូវ​វៀចវេរ រីឯ​មនុស្ស​សុចរិត​ដើរ​តាម​ផ្លូវ​ទៀងត្រង់។
៩ ស៊ូ​រស់​នៅ​តាម​សំយាប​ផ្ទះ ជា​ជាង​រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​ស្ត្រី​ពូកែ​ឈ្លោះ។
១០ មនុស្ស​ពាល​គិត​តែ​ពី​ធ្វើ​បាប​គេ សូម្បី​តែ​មិត្ត​សម្លាញ់​របស់​ខ្លួន ក៏​វា​មិន​ត្រា​ប្រណី​ដែរ។
១១ បើ​ដាក់​ទោស​មនុស្ស​ចំអក​ឡកឡឺយ នោះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ល្ងង់​មាន​ប្រាជ្ញា។ បើ​ទូន្មាន​អ្នក​មាន​ប្រាជ្ញា​នោះ​គេ​នឹង​ទទួល​ចំណេះ។
១២ ព្រះ​ដ៏​សុចរិត​តែងតែ​ឃ្លាំ​មើល​ក្រុម​គ្រួសារ​របស់​មនុស្ស​អាក្រក់ ហើយ​ធ្វើ​ឲ្យ​គេ​អន្តរាយ។
១៣ អ្នក​ណា​ធ្វើ​ជា​ថ្លង់ មិន​ឮ​សំរែក​របស់​មនុស្ស​ទុគ៌ត លុះ​ពេល​មាន​អាសន្ន​ស្រែក​ហៅ​ឲ្យ​គេ​ជួយ​នឹង​គ្មាន​នរណា​អើពើ​ឡើយ។
១៤ ជំនូន​ដែល​ជូន​ដោយ​សំងាត់ តែងតែ​រំងាប់​កំហឹង រីឯ​អំណោយ​ដែល​ជូន​ដោយ​លាក់​ការណ៍​ក៏​ធ្វើ​ឲ្យ​ស្ងប់​កំរោល​ដែរ។
១៥ ការ​ប្រព្រឹត្ត​ដោយ​យុត្តិធម៌ រមែង​ផ្ដល់​ឲ្យ​មនុស្ស​សុចរិត​មាន​អំណរ តែ​ធ្វើ​ឲ្យ​មនុស្ស​ទុច្ចរិត​ភ័យ​តក់ស្លុត។
១៦ អ្នក​ណា​លះបង់​សុភនិច្ឆ័យ អ្នក​នោះ​នឹង​ទៅ​នៅ​ជា​មួយ​មនុស្ស​ស្លាប់។
១៧ អ្នក​ដែល​ភ្លើតភ្លើន​នឹង​ការ​សប្បាយ តែងតែ​ធ្លាក់​ខ្លួន​ក្រ រីឯ​អ្នក​ដែល​ចូល​ចិត្ត​ស៊ី​ផឹក​មិន​អាច​ទៅ​ជា​អ្នក​មាន​ឡើយ។
១៨ មនុស្ស​អាក្រក់​តែងតែ​រង​ទុក្ខ​ជំនួស​មនុស្ស​សុចរិត ហើយ​មនុស្ស​ក្បត់​រង​ទុក្ខ​ជំនួស​មនុស្ស​ទៀងត្រង់។
១៩ ស៊ូ​រស់​នៅ​ក្នុង​វាល​រហោស្ថាន ជា​ជាង​រស់​នៅ​ជា​មួយ​ប្រពន្ធ​ពូកែ​ឈ្លោះ ហើយ​ឆាប់​ខឹង។
២០ ទ្រព្យ​សម្បត្តិ និង​វត្ថុ​ដ៏​មាន​តម្លៃ ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ប្រាជ្ញ រីឯ​មនុស្ស​ល្ងីល្ងើ​វិញ​រមែង​បង្ហិន​ទាំង​អស់។
២១ អ្នក​ដែល​ស្វែង​រក​សេចក្ដី​សុចរិត និង​សេចក្ដី​សប្បុរស​តែងតែ​មាន​អាយុ​វែង​ជួប​ប្រទះ​នឹង​សេចក្ដី​សុចរិត ហើយ​ទទួល​កិត្តិយស។
២២ មនុស្ស​ មាន​ប្រាជ្ញា​អាច​វាយ​ដណ្ដើម​យក​បាន​ទីក្រុង​របស់​អ្នក​ខ្លាំង​ពូកែ ហើយ​កំទេច​កំពែង​ដែល​ជា​ទី​ទុក​ចិត្ត​របស់​អ្នក​ទាំង​នោះ​ផង។
២៣ អ្នក​ដែល​ប្រយ័ត្ន​ពាក្យ​សំដី តែងតែ​ចៀស​ផុត​ពី​ទោសពៃរ៍។
២៤ មនុស្ស​អួត​បំប៉ោង និង​ព្រហើន តែងតែ​ចំអក​ឲ្យ​អ្នក​ដទៃ​អ្វីៗ​ដែល​គេ​ធ្វើ​សុទ្ធ​តែ​បង្ហាញ​នូវ​ការ​អួត​បំប៉ោង​របស់​ខ្លួន។
២៥ បំណង​របស់​មនុស្ស​ខ្ជិល រមែង​ធ្វើ​ឲ្យ​ខ្លួន​ស្លាប់​ព្រោះ​គេ​មិន​ព្រម​ធ្វើ​ការ។
២៦ មនុស្ស​ខ្លះ​គិត​តែ​ពី​លោភ​ចង់​បាន រីឯ​មនុស្ស​សុចរិត​វិញ តែងតែ​ធ្វើ​ទាន​ដោយ​ឥត​សំចៃ។
២៧ ព្រះជាម្ចាស់​មិន​សព្វ​ព្រះហឫទ័យ​នឹង​យញ្ញបូជា​របស់​មនុស្ស​អាក្រក់​ទេ ដ្បិត​ពួក​គេ​យក​មក​ថ្វាយ​ដោយ​បំណង​អាក្រក់។
២៨ សាក្សី​ក្លែងក្លាយ​រមែង​វិនាស រីឯ​អ្នក​ដែល​ដឹង​រឿង​ច្បាស់ ទើប​អាច​និយាយ​បាន។
២៩ មនុស្ស​អាក្រក់​រមែង​មាន​មុខ​ក្រាស់ រីឯ​មនុស្ស​ទៀងត្រង់ រឹត​តែ​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ថែម​ទៀត។
៣០ គ្មាន​ប្រាជ្ញា ការ​ពិចារណា ឬ​យោបល់​ណា​អាច​ប្រៀប​ផ្ទឹម​ស្មើ​នឹង​ព្រះអម្ចាស់​បាន​ឡើយ។
៣១ គេ​រៀប​ទ័ព​សេះ​សំរាប់​ថ្ងៃ​ប្រយុទ្ធ តែ​ជ័យជំនះ​ស្ថិត​នៅ​លើ​ព្រះអម្ចាស់។

ជំពូកទី ២២

១ ស៊ូ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ជា​ជាង​មាន​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ។ មាន​គេ​រាប់​អាន​ច្រើន ប្រសើរ​ជាង​មាន​មាស​ប្រាក់។
២ អ្នក​មាន និង​អ្នក​ក្រ​ជា​មនុស្ស​ដូច​គ្នា ដ្បិត​ព្រះអម្ចាស់​បាន​បង្កើត​គេ​មក​ទាំង​ពីរ​នាក់។
៣ កាល​មនុស្ស​ឆ្លាត​ឃើញ​គ្រោះ​កាច​មក​ដល់​គេ​លាក់​ខ្លួន រីឯ​មនុស្ស​ឥត​គំនិត អោន​ក្បាល​ដើរ​ទៅ​មុខ ហើយ​ត្រូវ​បង់​ខាត​ធ្ងន់។
៤ មនុស្ស​រាបសា​តែងតែ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ គេ​នឹង​ទទួល​ទ្រព្យ​សម្បត្តិ កិត្តិយស និង​មាន​អាយុ​វែង។
៥ ផ្លូវ​អសីលធម៌ មាន​សុទ្ធ​តែ​បន្លា និង​អន្ទាក់។ អ្នក​ស្រឡាញ់​ជីវិត​តែងតែ​ដើរ​ចៀសឆ្ងាយ​ពី​ផ្លូវ​នោះ។
៦ ចូរ​អប់រំ​កូន​ក្មេង​ឲ្យ​មាន​ទំលាប់​ល្អ​តាំង​ពី​តូច គេ​នឹង​រក្សា​ទំលាប់​នេះ​រហូត​ដល់​ចាស់។
៧ អ្នក​មាន​តែងតែ​ជិះជាន់​អ្នក​ក្រ រីឯ​កូន​បំណុល​ជា​ទាសករ​របស់​ម្ចាស់​ប្រាក់។
៨ អ្នក​សាប​ព្រោះ​អំពើ​អាក្រក់ តែងតែ​ទទួល​គ្រោះ​កាច ហើយ​កម្លាំង​ដែល​ជំរុញ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ នឹង​រលាយ​សូន្យ​ទៅ។
៩ មនុស្ស​មាន​ចិត្ត​សប្បុរស​តែងតែ​ទទួល​ព្រះពរ ដ្បិត​គេ​ចែក​អាហារ​ដល់​ជន​ទុគ៌ត។
១០ បំបាត់​មនុស្ស​ចំអក​ឡកឡឺយ ជំលោះ​ក៏​បាត់​អស់​ដែរ ការ​ឈ្លោះ​ប្រកែក និង​ការ​មើលងាយ លែង​មាន​ទៀត​ហើយ។
១១ អ្នក​ណា​ប្រកាន់​ចិត្ត​បរិសុទ្ធ ហើយ​មាន​ពាក្យ​សំដី​សុភាពរាបសា អ្នក​នោះ​នឹង​បាន​គាប់​ព្រះហឫទ័យ​ស្ដេច។
១២ ព្រះអម្ចាស់​តែងតែ​ថែរក្សា​ការ​យល់​ដឹង​ដ៏​ត្រឹមត្រូវ តែ​ព្រះអង្គ​ផ្ចាញ់ផ្ចាល​ពាក្យ​សំដី​របស់​មនុស្ស​ពាល។
១៣ មនុស្ស​កំជិល​តែង​ពោល​ថា «មាន​សត្វ​សិង្ហ​មួយ​នៅ​ខាង​ក្រៅ វា​មុខ​ជា​ហែក​ខ្ញុំ​ស៊ី​នៅ​កណ្ដាល​ផ្លូវ​មិន​ខាន»។
១៤ ពាក្យ​សំដី​របស់​ស្ត្រី​ក្បត់​ប្ដី ជា​អន្ទាក់​មួយ​គួរ​ឲ្យ​ព្រឺ​ខ្លាច អ្នក​ដែល​ព្រះអម្ចាស់​មិន​សព្វ​ព្រះហឫទ័យ​តែងតែ​ជាប់​អន្ទាក់​នោះ។
១៥ ក្មេងៗ​តែងតែ​ជំពាក់​ចិត្ត​នឹង​ភាព​ល្ងីល្ងើ ការ​វាយ​ប្រដៅ​នឹង​នាំ​វា​ឲ្យ​ចេញ​ឆ្ងាយ​ពី​ភាព​ល្ងីល្ងើ​នោះ។
១៦ ជន​ទុគ៌ត​ដែល​ត្រូវ​គេ​សង្កត់សង្កិន​មុខ​ជា​បាន​ចំរើន រីឯ​អ្នក​ដែល​យក​ទ្រព្យ​ទៅ​ឲ្យ​អ្នក​មាន​នឹង​បណ្ដាល​ឲ្យ​ធ្លាក់​ខ្លួន​ក្រ។

ដំបូន្មាន​របស់​អ្នក​ប្រាជ្ញ
១៧ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​អ្នក​ប្រាជ្ញ ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​យល់​ដឹង​របស់​ខ្ញុំ
១៨ នោះ​អ្នក​នឹង​សប្បាយ​ចិត្ត ដោយ​ចងចាំ ហើយ​ត្រៀម​ខ្លួន​ស្រដី​ចេញ​មក​ជានិច្ច។
១៩ ខ្ញុំ​ចង់​ឲ្យ​អ្នក​ស្គាល់​ការ​យល់​ដឹង​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​ផ្ញើ​ជីវិត​លើ​ព្រះអម្ចាស់។
២០ ខ្ញុំ​បាន​កត់ត្រា​ទុក​នូវ​ឱវាទ និង​ដំបូន្មាន​ផ្សេងៗ ចំនួន​សាមសិប​សំរាប់​អ្នក
២១ ដើម្បី​ឲ្យ​អ្នក​ស្គាល់​ការ​ត្រឹមត្រូវ និង​ការ​ពិត ហើយ​អ្នក​អាច​ផ្ដល់​ចម្លើយ​ដ៏​ពិត​ប្រាកដ ដល់​មនុស្ស​ដែល​ចាត់​អ្នក​ឲ្យ​មក។
២២ កុំ​រឹបអូស​យក​ទ្រព្យ​ពី​ជន​ទុគ៌ត ព្រោះ​តែ​ឃើញ​គ្នា​ទន់​ខ្សោយ ហើយ​កុំ​សង្កត់សង្កិន​ជន​ក្រីក្រ​ដែល​គ្មាន​អ្នក​ការពារ។
២៣ ដ្បិត​ព្រះអម្ចាស់​នឹង​រក​យុត្តិធម៌​ឲ្យ​ពួក​គេ ហើយ​ដក​ហូត​យក​ជីវិត​ពី​អស់​អ្នក​ដែល​រឹបអូស​យក​ទ្រព្យ​របស់​ពួក​គេ។
២៤ កុំ​សេពគប់​នឹង​មនុស្ស​ឆាប់​ខឹង ហើយ​រួម​គំនិត​ជា​មួយ​មនុស្ស​កំរោល។
២៥ ក្រែងលោ​អ្នក​យក​តំរាប់​តាម​គេ ហើយ​នាំ​ឲ្យ​ជីវិត​របស់​អ្នក​ជាប់​អន្ទាក់។
២៦ កុំ​ធានា ឬ​សន្យា​សង​បំណុល​ជួស​អ្នក​ដទៃ​ឡើយ។
២៧ បើ​អ្នក​គ្មាន​អ្វី​សង​ទេ​គេ​មុខ​ជា​ដក​ហូត​យក​គ្រែ​ដេក​របស់​អ្នក​ពុំខាន។
២៨ កុំ​ដក​បង្គោល​ព្រំ​ចំការ​ដែល​ដូនតា​របស់​អ្នក​បាន​បោះ​ទុក​នោះ​ឡើយ។
២៩ ប្រសិន​ បើ​អ្នក​ឃើញ​មនុស្ស​ម្នាក់​ប៉ិនប្រសប់​បំពេញ​ការងារ​របស់​ខ្លួន តោង​ដឹង​ថា អ្នក​នោះ​អាច​ចូល​បំរើ​ស្ដេច គឺ​គេ​មិន​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​គ្មាន​កេរ្តិ៍​ឈ្មោះ​ឡើយ។

ជំពូកទី ២៣

១ កាល​ណា​អ្នក​អង្គុយ​រួម​តុ​ជា​មួយ​​អ្នក​ធំ តោង​​​គិត​​​ថា តើ​នរណា​អង្គុយ​នៅ​មុខ​អ្នក។ ២ បើ​ដឹង​ខ្លួន​ថា​អ្នក​ជា​មនុស្ស​ល្មោភ​ស៊ី ចូរ​ទប់​ចំណង់​ឃ្លាន​នោះ​ទៅ។ ៣ កុំ​លោភ​ចង់​បាន​ម្ហូប​ឆ្ងាញ់​របស់​គេ ក្រែង​លោ​ម្ហូប​នោះ​ជា​គ្រឿង​បញ្ឆោត​អ្នក។

៤ កុំ​ខំ​ប្រឹង​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ពេក ហើយ​ក៏​កុំ​គិត​តែ​ពី​ចង់​មាន​ចង់​បាន​ដែរ។ ៥ អ្នក​តាម​សម្លឹង​មើល​ប្រាក់ តែ​ប្រាក់​នឹង​ហើរ​បាត់​ទៅ ដូច​ឥន្ទ្រី​កំពុង​ហើរ​ឡើង​ទៅ​លើ​មេឃ។

៦ កុំ​រួម​តុ​ជា​មួយ​មនុស្ស​ដែល​មាន​បំណង​អាក្រក់ ហើយ​កុំ​ចង់​បរិភោគ​ម្ហូប​ដ៏​ឆ្ងាញ់​របស់​គេ​ឲ្យ​សោះ។ ៧ ចិត្ត​របស់​គេ​មិន​ដូច​សំដី​របស់​គេ​ទេ គេ​ពោល​ថា “សូម​អញ្ជើញ​ពិសា​ចុះ” ប៉ុន្តែ តាម​ពិត​គេ​មិន​ស្មោះ​ត្រង់​ជា​មួយ​អ្នក​ឡើយ។ ៨ ក្រោយ​មក​អ្នក​នឹង​ខ្ជាក់​អាហារ​នោះ​ចោល ហើយ​ពាក្យ​ទន់ភ្លន់​របស់​អ្នក​ក្លាយ​ទៅ​ជា​អសាបង់។
៩ កុំ​ប្រដៅ​មនុស្ស​ខ្លៅ ព្រោះ​គេ​នឹង​មើលងាយ​ពាក្យ​ប្រកប​ដោយ​សុភនិច្ឆ័យ​របស់​អ្នក។
១០ កុំ​ដក​បង្គោល​ព្រំ​ចំការ​ចាស់​ឡើយ ហើយ​ក៏​កុំ​បង្ខិត​ចូល​ទៅ​ក្នុង​ដី​របស់​កូន​កំព្រា​ដែរ
១១ ដ្បិត​ព្រះជាម្ចាស់​ ប្រកប​ដោយ​ឫទ្ធានុភាព​នឹង​ការពារ​គេ ព្រះអង្គ​ប្រឆាំង​នឹង​អ្នក ដើម្បី​រក​យុត្តិធម៌​ឲ្យ​គេ។
១២ ចូរ​យក​ចិត្ត​ទុក​ដាក់​ទទួល​ការ​អប់រំ ហើយ​ត្រងត្រាប់​ស្ដាប់​សេចក្ដី​ដែល​គ្រូ​បង្រៀន។
១៣ កុំ​រុញរា​នឹង​វាយ​ប្រដៅ​កូន​ឡើយ ទោះ​បី​អ្នក​វាយ​វា​នឹង​រំពាត់​ក៏​វា​មិន​ស្លាប់​ដែរ។
១៤ បើ​អ្នក​វាយ​វា អ្នក​នឹង​ជួយ​ការពារ​វា​ឲ្យ​រួច​ពី​ស្លាប់។ ១៥ កូន​អើយ​បើ​កូន​មាន​ប្រាជ្ញា ឪពុក​សប្បាយ​ចិត្ត​ណាស់។ ១៦ បើ​កូន​ពោល​ពាក្យ​ទៀងត្រង់ នោះ​ឪពុក​នឹង​មាន​អំណរ​យ៉ាង​ខ្លាំង។

១៧ កុំ​ចង់​យក​តំរាប់​តាម​មនុស្ស​បាប​ឡើយ តែ​ត្រូវ​កោត​ខ្លាច​ព្រះអម្ចាស់ ទាំង​យប់​ទាំង​ថ្ងៃ ១៨ ធ្វើ​ដូច្នេះ​កូន​នឹង​មាន​អនាគត​ភ្លឺ​ស្វាង ហើយ​មិន​អស់​សង្ឃឹម​ឡើយ។
១៩ កូន​អើយ​ចូរ​ស្ដាប់​ឪពុក នោះ​កូន​នឹង​ទៅ​ជា​មនុស្ស​មាន​ប្រាជ្ញា ហើយ​កូន​ជំពាក់​ចិត្ត​នឹង​ផ្លូវ​ទៀងត្រង់។ ២០ កុំ​សេពគប់​នឹង​មនុស្ស​ប្រមឹក ឬ​មនុស្ស​ល្មោភ​ស៊ី​ឡើយ ២១ ដ្បិត​មនុស្ស​ប្រមឹក និង​មនុស្ស​ល្មោភ​ស៊ី​រមែង​ធ្លាក់​ខ្លួន​ក្រ ហើយ​មនុស្ស​ខ្ជិល​ច្រអូស​រមែង​ខ្វះ​សំលៀកបំពាក់។

២២ ចូរ​ស្ដាប់​ឪពុក ព្រោះ​គាត់​បង្កើត​អ្នក​មក ហើយ​កុំ​មើលងាយ​ម្ដាយ ក្នុង​កាល​គាត់​ចាស់​ជរា។ ២៣ ចូរ​ស្វែង​រក​សេចក្ដី​ពិត ហើយ​រក្សា​ទុក​ឲ្យ​ជាប់លាប់។ ចូរ​ស្វែង​រក​ប្រាជ្ញា ការ​អប់រំ និង​ការ​ពិចារណា ២៤ ឪពុក​របស់​មនុស្ស​សុចរិត​តែងតែ​មាន​អំណរ​ដ៏​លើសលប់ ហើយ​ឪពុក​របស់​អ្នក​ប្រាជ្ញ​ក៏​សប្បាយ​ចិត្ត​ដែរ។ ២៥​ចូរ​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​សប្បាយ​ចិត្ត​ព្រោះ​តែ​កូន ហើយ​សូម​ឲ្យ​ម្ដាយ​ដែល​បាន​បង្កើត​កូន​មក មាន​អំណរ​ដ៏​លើសលប់។

២៦ កូន​អើយ​ចូរ​ទុក​ចិត្ត​លើ​ឪពុក ហើយ​ពេញ​ចិត្ត​យក​តំរាប់​តាម​ឪពុក។ ២៧ ស្រី​ពេស្យា​ប្រៀប​បាន​នឹង​រណ្ដៅ​ដ៏​ជ្រៅ រីឯ​ប្រពន្ធ​គេ​ប្រៀប​បាន​នឹង​អណ្ដូង​ដ៏​ចង្អៀត។ ២៨ ស្រី​នោះ​ចាំ​ស្ទាក់​នៅ​តាម​ផ្លូវ​ដូច​ចោរ​ស្ទាក់​ចាំ​ប្លន់ វា​ធ្វើ​ឲ្យ​ប្រុស​ជា​ច្រើន​ក្បត់​ប្រពន្ធ។

២៩ តើ​អ្នក ​ដែល​ត្រូវ​គេ​មើលងាយ អ្នក​ដែល​គេ​នឹក​ហួស​ចិត្ត អ្នក​ដែល​រក​រឿង​ឈ្លោះ អ្នក​រអ៊ូរទាំ អ្នក​ដែល​ត្រូវ​គេ​វាយ​ដោយ​ឥត​ហេតុ អ្នក​ក្រហម​ភ្នែក​ជា​នរណា? ៣០ គឺ​អ្នក​វក់​នឹង​ស្រា​អ្នក​ដែល​ចូល​ចិត្ត​ស្រា​ខ្លាំង។ ៣១ កុំ​ចាប់​ចិត្ត​នឹង​ស្រា​ដែល​មាន​ពណ៌​ស្រស់​ល្អ ធ្វើ​ឲ្យ​កែវ​ភ្លឺ​ថ្លា ហើយ​ហូរ​ចូល​ក្នុង​បំពង់​ក​យ៉ាង​ស្រួល​នោះ​ឡើយ។ ៣២ នៅ​ទី​បំផុត​ស្រា​នោះ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ដូច​ពស់​អាសិរពិស​ចឹក។ ៣៣ ភ្នែក​របស់​អ្នក​ព្រិល​មើល​អ្វីៗ​ឃើញ​សុទ្ធ​តែ​ចំឡែក​ទាំង​អស់ ហើយ​អ្នក​នឹង​និយាយ​ឥត​ដឹង​ខុស​ត្រូវ។ ៣៤ អ្នក​នឹង​ប្រៀប​ដូច​ជា​មនុស្ស​ដេក​នៅ​កណ្ដាល​សមុទ្រ និង​ដូច​មនុស្ស​ដេក​នៅ​លើ​ចុង​ក្ដោង​សំពៅ។ ៣៥ អ្នក​នឹង​ពោល​ថា: «បើ​គេ​វាយ​ខ្ញុំ ក៏​ខ្ញុំ​មិន​ឈឺ បើ​គេ​សំពង​ខ្ញុំ ក៏​ខ្ញុំ​មិន​ដឹង​ខ្លួន​ដែរ។ ពេល​ណា​ខ្ញុំ​ដឹង​ខ្លួន ខ្ញុំ​នឹង​ទៅ​រក​ផឹក​ទៀត»។

ជំពូកទី ២៤

១ កុំ​ច្រណែន​នឹង​មនុស្ស​អាក្រក់ ហើយ​កុំ​សេពគប់​ជា​មួយ​ពួក​គេ​ឡើយ។ ២ ពួក​គេ​គិត​តែ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ ហើយ​ពោល​ពាក្យ​ប្រទូស្តរាយ។
៣ ដោយសារ​ប្រាជ្ញា​គេ​សង់​ផ្ទះ​បាន ដោយសារ​ការ​ឈ្លាស​វៃ​គេ​ធ្វើ​ឲ្យ​ផ្ទះ​នោះ​រឹងមាំ ៤ ហើយ​ដោយសារ​តម្រិះ គេ​ធ្វើ​ឲ្យ​បន្ទប់​មាន​ពេញ​ទៅ​ដោយ​វត្ថុ​ដ៏​មាន​តម្លៃ​ជា​ទី​គាប់​ចិត្ត។
៥ អ្នក​ប្រាជ្ញ​តែងតែ​មាន​កម្លាំង ហើយ​អ្នក​ចេះ​ដឹង​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើងៗ។ ៦ មុន​នឹង​ធ្វើ​សង្គ្រាម ត្រូវ​រិះគិត​ឲ្យ​បាន​ដិត​ដល់ មាន​ទី​ប្រឹក្សា​ច្រើន​នាំ​ឲ្យ​មាន​ជោគ​ជ័យ។

៧ មនុស្ស​ខ្លៅ​ឈោង​ពុំ​ដល់​ប្រាជ្ញា​ទេ ពេល​ណា​មាន​រឿង​សំខាន់​ដែល​ត្រូវ​ពិភាក្សា អ្នក​នោះ​ពុំ​អាច​ហា​មាត់​និយាយ​បាន​ឡើយ។
៨ អ្នក​ណា​ចេះ​តែ​រិះគិត​ប្រព្រឹត្ត​អាក្រក់ អ្នក​នោះ​មាន​ឈ្មោះ​ថា​ជា​មនុស្ស​ទុយ៌ស។ ៩ មនុស្ស​ល្ងង់​ខ្លៅ​គិត​តែ​ពី​ធ្វើ​អំពើ​បាប រីឯ​មនុស្ស​ចំអក​ឡកឡឺយ តែងតែ​ធ្វើ​ឲ្យ​គេ​ស្អប់​គ្រប់​គ្នា។
១០ បើ​អ្នក​បាត់​បង់​សេចក្ដី​ក្លាហាន​ក្នុង​ពេល​មាន​អាសន្ន បាន​សេចក្ដី​ថា កម្លាំង​របស់​អ្នក​ទន់​ខ្សោយ​ណាស់។
១១ ចូរ​ជួយ​សង្គ្រោះ​អស់​អ្នក​ដែល​គេ​កាត់​ទោស​ប្រហារ​ជីវិត ហើយ​ខំ​ប្រឹង​រំដោះ​អស់​អ្នក​ដែល​គេ​នាំ​ទៅ​សម្លាប់។ ១២ បើ​អ្នក​ពោល​ថា «ខ្ញុំ​មិន​បាន​ដឹង​ទេ!» តោង​ដឹង​ថា ព្រះជាម្ចាស់​ដែល​ស្គាល់​ចិត្ត​មនុស្ស ទ្រង់​ជ្រាប​ទាំង​អស់។ ព្រះអង្គ​ពិនិត្យ​មើល​អ្នក ទ្រង់​ឈ្វេង​យល់​ចិត្ត​អ្នក ហើយ​ព្រះអង្គ​តប​ស្នង​ដល់​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។
១៣ កូន​អើយ​ចូរ​បរិភោគ​ទឹក​ឃ្មុំ​ចុះ ដ្បិត​ទឹក​ឃ្មុំ​មាន​រសជាតិ​ឆ្ងាញ់​ហើយ​ផ្អែម​ជាប់​មាត់។ ១៤ រីឯ​ប្រាជ្ញា​ក៏​ដូច្នោះ​ដែរ ចូរ​កូន​ចង​ចាំ​ថា បើ​កូន​រក​បាន​ប្រាជ្ញា កូន​នឹង​មាន​អនាគត​ភ្លឺ​ស្វាង ហើយ​មិន​អស់​សង្ឃឹម​ឡើយ។

១៥ កុំ​ ធ្វើ​ដូច​មនុស្ស​អាក្រក់ ដែល​យក​អន្ទាក់​ទៅ​ដាក់​នៅ​មុខ​ផ្ទះ​របស់​មនុស្ស​សុចរិត​ឡើយ ហើយ​ក៏​កុំ​បំផ្លិចបំផ្លាញ​ទី​លំនៅ​របស់​គេ​ដែរ ១៦ ដ្បិត​បើ​មនុស្ស​សុចរិត​ដួល​ប្រាំពីរ​ដង គេ​អាច​ក្រោក​ឡើង​បាន​ជានិច្ច រីឯ​មនុស្ស​អាក្រក់​វិញ គេ​ធ្លាក់​ទៅ​ក្នុង​មហន្តរាយ​រហូត។

១៧ ពេល​ឃើញ​ខ្មាំង​សត្រូវ ​របស់​អ្នក​បរាជ័យ​កុំ​ត្រេក​អរ​ឡើយ ហើយ​បើ​ឃើញ​គេ​ជំពប់​ដួល​ក៏​មិន​ត្រូវ​សប្បាយ​រីករាយ​ដែរ ១៨ ​ក្រែង​លោ​ព្រះអម្ចាស់ទត​ឃើញ ទ្រង់​មិន​សព្វ​ព្រះហឫទ័យ ហើយ​​​ទ្រង់​លែង​ធ្វើ​ទោស​គេ។

១៩ កុំ​ក្ដៅ​ចិត្ត​នឹង​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ក៏​កុំ​ច្រណែន​នឹង​មនុស្ស​អាក្រក់​ឲ្យ​សោះ។ ២០ មនុស្ស​អាក្រក់​គ្មាន​អនាគត​ភ្លឺ​ស្វាង​ទេ ជីវិត​របស់​គេ​ប្រៀប​ដូច​ជា​ចង្កៀង​រលត់។

២១ កូន​អើយ ចូរ​គោរព​ព្រះអម្ចាស់ និង​គោរព​ស្ដេច។ កុំ​ចូល​ដៃ​នឹង​អ្នក​បះបោរ​ឡើយ ២២ ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស​យ៉ាង​ទាន់ហន់ ហើយ​គ្មាន​នរណា​ដឹង​ថា តើ​ព្រះអម្ចាស់ ឬ​ស្ដេច ដាក់​ទោស​ពួក​គេ​យ៉ាង​ណា​ទេ។

ដំបូន្មាន​ផ្សេងៗ​របស់​អ្នក​ប្រាជ្ញ
២៣ អ្នក​ប្រាជ្ញ​ពោល​ទៀត​ថា: ពេល​កាត់​ក្ដី​មិន​ត្រូវ​រើស​មុខ​អ្នក​ណា​ឡើយ។ ២៤ បើ​ចៅក្រម​និយាយ​ទៅ​ កាន់​ឧក្រិដ្ឋជន​ថា “អ្នក​គ្មាន​ទោស​ទេ!” ប្រជាជន​នឹង​ដាក់​បណ្ដាសា​ចៅក្រម​នោះ ហើយ​ប្រជាជាតិ​នានា​ក៏​ស្អប់​ចៅក្រម​នោះ​ដែរ។
២៥ ផ្ទុយ​ទៅ​វិញ​អ្នក​ដែល​ដាក់​ទោស​ជន​ឧក្រិដ្ឋ​មុខ​ជា​បាន​សុខ ព្រម​ទាំង​ទទួល​ពរ និង​សុភមង្គល។
២៦ ចម្លើយ​ស្មោះ​ត្រង់​ជា​ភស្ដុតាង​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ពិត​ប្រាកដ។
២៧ ចូរ​បំពេញ​កិច្ចការ​ខាង​ក្រៅ​ផ្ទះ និង​បង្ហើយ​ការងារ​នៅ​ឯ​ស្រែ​ចំការ​សិន​រួច​សឹម​សង់​ផ្ទះ។
២៨ កុំ​ចោទ​ប្រកាន់​អ្នក​ដទៃ ដោយ​គ្មាន​ហេតុ​ផល ហើយ​ក៏​កុំ​និយាយ​កុហក បោក​បញ្ឆោត​គេ​ដែរ។ ២៩ កុំ​ពោល​ថា «គេ​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​បែប​ណា ខ្ញុំ​នឹង​ប្រព្រឹត្ត​ចំពោះ​គេ​វិញ​បែប​នោះ​ដែរ ខ្ញុំ​នឹង​តប​ស្នង​ដល់​គេ​ម្នាក់ៗ តាម​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត»។

មនុស្ស​កំជិល
៣០ ខ្ញុំ​បាន​ដើរ​ជិត​ចំការ​របស់​មនុស្ស​កំជិល​ម្នាក់ ហើយ​ខ្ញុំ​ក៏​បាន​ដើរ​ជិត​ចំការ​ទំពាំងបាយជូរ​របស់​មនុស្ស​ឥត​គំនិត​ម្នាក់​ដែរ។ ៣១ មាន​បន្លា និង​ស្មៅ​ដុះ​ពាសពេញ រីឯ​របង​ក៏​រលំ​ដួល​អស់។ ៣២ ខ្ញុំ​ពិចារណា​មើល​អ្វីៗ​ដែល​ខ្ញុំ​បាន​ឃើញ ហើយ​ដក​ស្រង់​បាន​មេរៀន​ដូច​ត​ទៅ: ៣៣ អ្នក​ចង់​ដេក​ថែម​បន្តិច ចង់​ដំអក់​បន្តិច និង​ដេក​ឱប​ដៃ​បន្តិច។ ៣៤ ធ្វើ​ដូច្នេះ អ្នក​នឹង​ខ្វះ​ខាត ធ្លាក់​ខ្លួន​ក្រ​ភ្លាម​ដោយ​មិន​ដឹង​ខ្លួន ដូច​មាន​ចោរ​ចូល​លួច​ប្លន់។

ជំពូកទី ២៥

សុភាសិត​ផ្សេងៗ
១ នេះ​ជា​សុភាសិត​របស់​ព្រះបាទ​សាឡូម៉ូន ចង​ក្រង​ឡើង​ដោយ​មន្ត្រី​របស់​ព្រះបាទ​ហេសេគា ជា​ស្ដេច​ស្រុក​យូដា។
២ សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ស្ថិត​នៅ​លើ​គំរោងការ​ដ៏​លាក់​កំបាំង រីឯ​សិរីរុងរឿង​របស់​ស្ដេច ស្ថិត​នៅ​លើ​សុភនិច្ឆ័យ។
៣ ផ្ទៃ​មេឃ​ខ្ពស់​យ៉ាង​ណា ផែនដី​ជ្រៅ​យ៉ាង​ណា ព្រះហឫទ័យ​របស់​ស្ដេច​ក៏​ដូច្នោះ​ដែរ គ្មាន​នរណា​អាច​យល់​បាន​ទេ។
៤ បើ​ជាង​ទង​ចង់​សិត​ធ្វើ​វត្ថុ​សិល្បៈ​អ្វី​មួយ តោង​បន្សុទ្ធ​ប្រាក់​ជា​មុន​សិន។
៥ បើ​ស្ដេច​ចង់​ពង្រឹង​រាជ​សម្បត្តិ​ដោយ​យុត្តិធម៌ តោង​ដក​មនុស្ស​អាក្រក់​ចេញ​ឲ្យ​ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ​ជា​មុន​សិន។
៦ កុំ​ធ្វើ​ព្រហើន​នៅ​ចំពោះ​ព្រះភក្ត្រ​ស្ដេច ហើយ​ក៏​កុំ​ចង់​បាន​កន្លែង​របស់​អ្នក​ធំ​ដែរ។
៧ ប្រសិន​បើ​គេ​ប្រាប់​អ្នក​ថា «សូម​អញ្ជើញ​មក​អង្គុយ​នៅ​ទី​នេះ» ប្រសើរ​ជាង​គេ​បំបាក់​មុខ​អ្នក​នៅ​ចំពោះ​មុខ​អ្នក​ធំ។
៨ កុំ​ ប្រញាប់​យក​រឿងរ៉ាវ​អ្វី ដែល​អ្នក​បាន​ឃើញ​ទៅ​ប្ដឹង​ចៅក្រម​ឡើយ ដ្បិត​ប្រសិន​បើ​ចុង​ចោទ​ទំលាក់​កំហុស​មក​លើ​អ្នក​វិញ តើ​អ្នក​ដោះសា​ខ្លួន​ដូច​ម្ដេច​បាន!
៩ បើ​មាន​ទំនាស់​ជា​មួយ​អ្នក​ជិត​ខាង ចូរ​ជជែក​គ្នា​រក​ខុស​ត្រូវ​ទៅ តែ​កុំ​បង្ហើប​សេចក្ដី​ដែល​អ្នក​ក្រៅ​បាន​ខ្សឹប​ប្រាប់​អ្នក​ឡើយ ១០ ក្រែង​លោ​អ្នក​នោះ​ដឹង​ឮ​គេ​ដៀល​អ្នក ហើយ​អ្នក​ត្រូវ​អាម៉ាស់​ងើប​មុខ​មិន​រួច។

១១ និយាយ​ត្រូវ​តាម​កាលៈទេសៈ មាន​តម្លៃ​ដូច​បន្តោង​ពេជ្រ​ព្យួរ​ជាប់​នឹង​ខ្សែ​ក​មាស ឬ​ប្រាក់។
១២ យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​ស្ដី​ប្រដៅ​របស់​អ្នក​ប្រាជ្ញ​ប្រៀប​ដូច​ជា​មាន​ចិញ្ចៀន​មាស ឬ​ខ្សែ​ក​ធ្វើ​ពី​មាស​សុទ្ធ។
១៣ អ្នក​នាំ​សារ​ស្មោះ​ត្រង់ រមែង​ធ្វើ​ឲ្យ​ម្ចាស់​របស់​ខ្លួន​សប្បាយ​ចិត្ត ដូច​ទឹក​ដ៏​ត្រជាក់​នៅ​រដូវ​ប្រាំង។
១៤ អ្នក​ណា​អួត​ពី​ទាន​ដែល​ខ្លួន​មិន​បាន​ធ្វើ អ្នក​នោះ​ប្រៀប​ដូច​ជា​ពពក និង​ខ្យល់​ដែល​មិន​បង្អុរ​ទឹក​ភ្លៀង។
១៥ ការ​អត់ធ្មត់​រមែង​បន្ទន់​ចិត្ត​មេ​ដឹក​នាំ ហើយ​ពាក្យ​សំដី​ទន់ភ្លន់​អាច​ឈ្នះ​ចិត្ត​រឹងរូស។
១៦ បើ​អ្នក​រក​បាន​ទឹក​ឃ្មុំ​កុំ​បរិភោគ​ច្រើន​ហួស បើ​មិន​ដូច្នេះ​ទេ​អ្នក​នឹង​ធុញ ហើយ​ចង់​ក្អួត​មក​វិញ​ផង។
១៧ ចូរ​កុំ​ទៅ​ផ្ទះ​អ្នក​ជិត​ខាង​ញឹក​ញាប់​ពេក ក្រែង​គេ​ធុញទ្រាន់​រហូត​ដល់​ស្អប់​អ្នក។
១៨ អ្នក​ណា​ចោទ​ប្រកាន់​អ្នក​ដទៃ​ទាំង​បំពាន អ្នក​នោះ​ប្រៀប​ដូច​ជា​វាយ​គេ​នឹង​ព្រនង់ កាប់​គេ​នឹង​ដាវ ឬ​បាញ់​គេ​នឹង​ព្រួញ​មុត​ស្រួច។
១៩ នៅ​ពេល​មាន​គ្រា​អាសន្ន ទុក​ចិត្ត​លើ​មនុស្ស​ក្បត់ ប្រៀប​ដូច​ជា​បរិភោគ​អាហារ​នៅ​ពេល​ធ្មេញ​រង្គើ ឬ​ឈរ​លើ​ជើង​កំបាក់។
២០ ច្រៀង​ឲ្យ​មនុស្ស​មាន​ទុក្ខ​ស្ដាប់ ប្រៀប​ដូច​ជា​ដោះ​អាវ​នៅ​ពេល​រងា ឬ​ដូច​ចាក់​ទឹក​ខ្មេះ​លើ​មុខ​របួស។
២១ ប្រសិន​បើ​ខ្មាំង​សត្រូវ​របស់​អ្នក​ឃ្លាន ចូរ​យក​អាហារ​ទៅ​ឲ្យ​គេ​បរិភោគ បើ​គេ​ស្រេក​ចូរ​យក​ទឹក​ឲ្យ​គេ​ផឹក​ផង ២២ ធ្វើ​ដូច្នេះ​ប្រៀប​ដូច​ជា​ប្រមូល​រងើក​ភ្លើង គរ​ពី​លើ​ក្បាល​របស់​គេ ហើយ​ព្រះអម្ចាស់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។

២៣ ខ្យល់​បក់​ពី​ទិស​ខាង​ត្បូង​រមែង​នាំ​ទឹក​ភ្លៀង​មក​ជា​មួយ​ផង រីឯ​ការ​និយាយ​ដើម​គេ រមែង​នាំ​ឲ្យ​គេ​ខឹង។
២៤ ស៊ូ​រស់​នៅ​តាម​សំយាប​ផ្ទះ ជា​ជាង​រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​ស្ត្រី​ពូកែ​ឈ្លោះ។
២៥ ដំណឹងល្អ​មក​ពី​ស្រុក​ឆ្ងាយ ប្រៀប​បាន​នឹង​ទឹក​ត្រជាក់​មក​ផ្សើម​បំពង់​ក​ស្ងួត។
២៦ អណ្ដូង​ទឹក​ល្អក់ ឬ​ប្រភព​ទឹក​ក្រខ្វក់ ប្រៀប​ដូច​ជា​មនុស្ស​សុចរិត ដែល​យក​តំរាប់​តាម​មនុស្ស​ទុច្ចរិត។
២៧ បរិភោគ​ទឹក​ឃ្មុំ​ច្រើន​មិន​ល្អ​ទេ ហើយ​ចង់​បាន​កិត្តិយស​ខ្លាំង​ពេក​ក៏​មិន​ល្អ​ដែរ។
២៨ មនុស្ស​មិន​ចេះ​ទប់​ចិត្ត​ខ្លួន​ឯង ប្រៀប​ដូច​ជា​ទីក្រុង​ដែល​គ្មាន​កំពែង​ការពារ។

ជំពូកទី ២៦

១ លើក​មនុស្ស​ខ្លៅ​ឲ្យ​មាន​កិត្តិយស​មិន​ទំនង​ទេ គឺ​ប្រៀប​ដូច​ជា​មេឃ​ធ្លាក់​ព្រឹល នៅ​រដូវ​ក្ដៅ និង​ដូច​ភ្លៀង​នៅ​រដូវ​ចំរូត។
២ ការ​ដាក់​បណ្ដាសា​ដោយ​ឥត​ហេតុ​ផល គ្មាន​បាន​ការ​អ្វី​ទេ គឺ​ប្រៀប​ដូច​ជា​សត្វ​ចាប និង​សត្វ​ត្រចៀកកាំ​ដែល​ហើរ តែ​មិន​ព្រម​ទំ។
៣ រំពាត់​ខ្សែតី​សំរាប់​វាយ​សេះ បង្ហៀរ​សំរាប់​ដាក់​ក្នុង​មាត់​សត្វ​លា ហើយ​រំពាត់​សំរាប់​វាយ​ខ្នង​មនុស្ស​ខ្លៅ។
៤ កុំ​ឆ្លើយ​ទៅ​មនុស្ស​ខ្លៅ តាម​របៀប​ខ្លៅ ក្រែង​លោ​អ្នក​ទៅ​ជា​ខ្លៅ​ដូច​គេ​ដែរ។
៥ ចូរ​ឆ្លើយ​ទៅ​មនុស្ស​ខ្លៅ​តាម​គំនិត​ខ្លៅ​របស់​គេ ដើម្បី​កុំ​ឲ្យ​គេ​នឹក​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា។
៦ អ្នក​ដែល​ប្រើ​មនុស្ស​ខ្លៅ​ឲ្យ​នាំ​សារ ប្រៀប​ដូច​ជា​កាត់​ជើង​របស់​ខ្លួន ហើយ​ត្រូវ​ពិបាក​ចិត្ត។
៧ សុភាសិត​ដែល​ចេញ​ពី​មាត់​មនុស្ស​ខ្លៅ ពុំ​មាន​ខ្លឹមសារ​អ្វី​ទេ គឺ​ដូច​ជើង​របស់​មនុស្ស​ខ្វិន​ដែល​ប្រើ​ការ​មិន​កើត។
៨ លើក​តម្កើង​មនុស្ស​ខ្លៅ ប្រៀប​ដូច​ជា​យក​គ្រាប់​ក្រួស​មក​ចង​នឹង​ដង្ហក់។
៩ សុភាសិត​ចេញ​ពី​មាត់​មនុស្ស​ខ្លៅ ប្រៀប​ដូច​ជា​បន្លា​ដែល​មនុស្ស​ប្រមឹក​គ្រវី​នៅ​ក្នុង​ដៃ។
១០ ចៅហ្វាយ​ណា​ជួល​មនុស្ស​ខ្លៅ ឬ​មនុស្ស​ខ្ចាត់​ព្រាត់​មក​ធ្វើ​ការ រមែង​ធ្វើ​ឲ្យ​គេ​ឯង​អំពល់​ទុក្ខ​គ្រប់​គ្នា។
១១ មនុស្ស​ខ្លៅ​មិន​បោះបង់​ចោល​គំនិត​ខ្លៅ​របស់​ខ្លួន​ទេ គឺ​ដូច​ឆ្កែ​ដែល​តែងតែ​ត្រឡប់​មក​ស៊ី​កំអួត​របស់​វា។
១២ ប្រសិន​ បើ​អ្នក​ឃើញ​នរណា​ម្នាក់ អួត​ខ្លួន​ថា​ជា​មនុស្ស​មាន​ប្រាជ្ញា​តោង​ដឹង​ថា យើង​អាច​ទុក​ចិត្ត​លើ​មនុស្ស​ខ្លៅ​ជាង​ទុក​ចិត្ត​អ្នក​នោះ

មនុស្ស​កំជិល
១៣ មនុស្ស​កំជិល​តែង​ពោល​ថា «មាន​កូន​សិង្ហ​មួយ​នៅ​ខាង​ក្រៅ ហើយ​មាន​សិង្ហ​ឈ្មោល​មួយ​នៅ​តាម​ផ្លូវ»។
១៤ ទ្វារ​តែងតែ​វិល​ជាប់​នឹង​ត្រចៀក​ទ្វារ រីឯ​មនុស្ស​កំជិល​នៅ​ននៀល​ជាប់​នឹង​គ្រែ​ជានិច្ច។
១៥ មនុស្ស​ខ្ជិល​ច្រអូស​លូក​ដៃ​ក្នុង​ចាន តែ​ពុំ​យក​ម្ហូប​មក​ដាក់​ក្នុង​មាត់​ទេ ដោយ​ត្អូញ​ថា​ហត់​ពេក។
១៦ មនុស្ស​ខ្ជិល​នឹក​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា លើស​មនុស្ស​ប្រាំពីរ​នាក់​ដែល​ចេះ​ឆ្លើយ​ដោយ​វាងវៃ។

សុភាសិត​ផ្សេងៗ
១៧ ជ្រៀតជ្រែក​ចូល​ក្នុង​ជំលោះ​របស់​អ្នក​ដទៃ​ប្រៀប​ដូច​ជា​ដេញ​ចាប់​ត្រចៀក​ឆ្កែ​ដែល​កំពុង​រត់។
១៨ អ្នក​ណា​បោក​បញ្ឆោត​គេ​រួច​ពោល​ថា «ខ្ញុំ​គ្រាន់​តែ​ធ្វើ​លេង» ១៩ អ្នក​នោះ​ប្រៀប​ដូច​ជា​មនុស្ស​កំរោល​ចូល ដែល​ចោល​អង្កត់​អុស​ជុំវិញ​ខ្លួន ហើយ​បាញ់​ព្រួញ ដើម្បី​សម្លាប់​គេ។

២០ ពេល​ណា​អស់​អុស​ភ្លើង​ក៏​រលត់ ពេល​ណា​អស់​មនុស្ស​និយាយ​មួល​បង្កាច់​គេ ជំលោះ​ក៏​បាត់​អស់​ដែរ។
២១ មនុស្ស​អុជ​អាល​ធ្វើ​ឲ្យ​មាន​ជំលោះ​កាន់​តែ​ខ្លាំង​ឡើងៗ​ប្រៀប​ដូច​ជា​ធ្យូង និង​អុស​ដែល​ធ្វើ​ឲ្យ​ភ្លើង​រឹត​តែ​ឆេះ​ឡើង។
២២ ពាក្យ​សំដី​របស់​មនុស្ស​អុជ​អាល ប្រៀប​ដូច​ជា​ចំណី​យ៉ាង​ឆ្ងាញ់​ជាប់​ចិត្ត។
២៣ សំដី​ផ្អែមល្ហែម​តែ​ចិត្ត​អាក្រក់ ប្រៀប​ដូច​ជា​ប្រាក់​ដែល​ស្រោប​លើ​ភាជន៍​ធ្វើ​ពី​ដី​ឥដ្ឋ។
២៤ មនុស្ស​ស្អប់​គេ​តែងតែ​និយាយ​លាក់​ពុត រីឯ​ក្នុង​ចិត្ត មាន​សុទ្ធ​តែ​គំនិត​បោក​ប្រាស់។
២៥ កាល​ណា​គេ​និយាយ​ដោយ​ទន់ភ្លន់ កុំ​ទុក​ចិត្ត​គេ​ឲ្យ​សោះ ដ្បិត​ចិត្ត​របស់​គេ​មាន​ពេញ​ទៅ​ដោយ​ការ​ស្អប់​ខ្ពើម​គ្រប់​យ៉ាង។
២៦ ទោះ​បី​អ្នក​នោះ​ចេះ​លាក់​បាំង​ចិត្ត​ស្អប់​របស់​ខ្លួន​ក៏​ដោយ មនុស្ស​គ្រប់​គ្នា​គង់​តែ​ឃើញ​ចិត្ត​អាក្រក់​របស់​គេ។
២៧ អ្នក​ណា​ជីក​រណ្ដៅ អ្នក​នោះ​នឹង​ត្រូវ​ធ្លាក់​ក្នុង​រណ្ដៅ ហើយ​អ្នក​ណា​ប្រមៀល​ថ្ម អ្នក​នោះ​នឹង​ត្រូវ​ថ្ម​រមៀល​កិន​វិញ។
២៨ បើ​យើង​ និយាយ​មួល​បង្កាច់​នរណា បាន​សេចក្ដី​ថា​យើង​ស្អប់​អ្នក​នោះ ហើយ​បើ​យើង​និយាយ​បញ្ចើចបញ្ចើ​អ្នក​ណា យើង​នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​ត្រូវ​អន្តរាយ។

ជំពូកទី ២៧

១ កុំ​អួត​អំពី​រឿង​ថ្ងៃ​ស្អែក​ឡើយ ដ្បិត​អ្នក​មិន​ដឹង​ថា​ថ្ងៃ​នេះ​មាន​រឿង​អ្វី​កើត​ឡើង​ផង។
២ កុំ​សរសើរ​ខ្លួន​ឯង​ឡើយ ត្រូវ​ទុក​ឲ្យ​អ្នក​ដទៃ​សរសើរ​ពី​អ្នក​វិញ គឺ​ដាច់​ខាត​កុំ​សរសើរ​ខ្លួន​ឯង។
៣ ថ្ម​ក៏​ធ្ងន់​ហើយ​ដី​ខ្សាច់​ក៏​ធ្ងន់​ដែរ ប៉ុន្តែ កំហឹង​របស់​មនុស្ស​ល្ងីល្ងើ រឹត​តែ​ធ្ងន់​លើស​នេះ​ទៅ​ទៀត។
៤ កំរោល​ របស់​មនុស្ស​ឃោរឃៅ​ណាស់ ហើយ​កំហឹង​របស់​មនុស្ស​ប្រៀប​បាន​នឹង​ទឹក​ជន់​បាក់​ទំនប់ រីឯ​ចិត្ត​ប្រច័ណ្ឌ​វិញ តើ​នរណា​អាច​ទប់​ទល់​បាន។
៥ រិះ​គន់​ដោយ​ចំហ​ប្រសើរ​ជាង​លាក់​សេចក្ដី​ស្រឡាញ់។

៦ ពាក្យ​ស្ដី​បន្ទោស​របស់​មិត្ត​សម្លាញ់ ផុស​ចេញ​ពី​ចិត្ត​ភក្ដីភាព រីឯ​ពាក្យ​ស្និទ្ធស្នាល​របស់​សត្រូវ​ផុស​ចេញ​ពី​ចិត្ត​បោក​បញ្ឆោត។
៧ អ្នក​ឆ្អែត ឃើញ​ទឹក​ឃ្មុំ​ក៏​ណាយ​ដែរ រីឯ​អ្នក​ឃ្លាន អ្វីៗ​ដែល​ល្វីង​ជូរ​ចត់​ក៏​ផ្អែម​ដែរ។
៨ មនុស្ស​វង្វេង​ឆ្ងាយ​ពី​ស្រុក​កំណើត ប្រៀប​ដូច​ជា​សត្វ​ចាប​ហើរ​វង្វេង​សំបុក។
៩ ប្រេង​ក្រអូប និង​ទឹក​អប់​រមែង​ធ្វើ​ឲ្យ​ចិត្ត​រីករាយ រីឯ​យោបល់​របស់​មិត្ត​សម្លាញ់​ដ៏​ស្លូតបូត​រឹងរឹត​តែ​ប្រសើរ​លើស​នេះ​ទៅ​ទៀត។
១០ កុំ​ បោះបង់​មិត្ត​របស់​អ្នក ឬ​មិត្ត​របស់​ឪពុក​អ្នក​ចោល​ឡើយ។ នៅ​ថ្ងៃ​មាន​អាសន្ន​កុំ​រត់​ទៅ​ពឹង​បង​ប្អូន​បង្កើត​របស់​អ្នក​ឲ្យ​សោះ ដ្បិត​អ្នក​ជិត​ខាង​ដែល​ស្និទ្ធស្នាល​ប្រសើរ​ជាង​បង​ប្អូន​បង្កើត​ដែល​នៅ​ ឆ្ងាយ​ទៅ​ទៀត។

១១ កូន​អើយ ចូរ​មាន​ប្រាជ្ញា​ឡើង នោះ​ឪពុក​នឹង​សប្បាយ​ចិត្ត ហើយ​បើ​មាន​នរណា​ដៀល​ឪពុក នោះ​ឪពុក​អាច​នឹង​ឆ្លើយ​វិញ​បាន។
១២ កាល​មនុស្ស​ឆ្លាត​ឃើញ​គ្រោះ​កាច​មក​ដល់ គេ​លាក់​ខ្លួន រីឯ​មនុស្ស​ឥត​គំនិត​អោន​ក្បាល​ដើរ​ទៅ​មុខ ហើយ​ត្រូវ​បង់​ខាត​ធ្ងន់។
១៣ បើ​មាន​ គេ​មក​ធានា​សង​បំណុល​ជំនួស​នរណា​ម្នាក់ ចូរ​ទារ​យក​អាវ​ធំ​របស់​គេ​ទុក​ជា​របស់​បញ្ចាំ ព្រោះ​គេ​បាន​ធានា​មនុស្ស​ដែល​អ្នក​មិន​ស្គាល់។
១៤ បើ​មាន​នរណា​ម្នាក់​ស្រែក​ឲ្យ​ពរ​អ្នក​ជិត​ខាង​របស់​ខ្លួន​តាំង​ពី​ព្រឹក​ព្រលឹម គេ​ចាត់​ទុក​ពរ​បែប​នេះ​ជា​បណ្ដាសា​ទៅ​វិញ។
១៥ ស្ត្រី​ពូកែ​ឈ្លោះ​ប្រៀប​បាន​នឹង​ទ ដែល​បង្ហូរ​ទឹក​មិន​ចេះ​ឈប់​នៅ​ថ្ងៃ​មាន​ភ្លៀង។ ១៦ នរណា​ចង់​ឃាត់​នាង ក៏​ដូច​ជា​ចង់​ឃាត់​ខ្យល់ ឬ​ចង់​យក​ដៃ​ចាប់​ប្រេង​ដែរ។
១៧ ដែក​រមែង​សំលៀង​ដែក​យ៉ាង​ណា មនុស្ស​ក៏​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​នោះ​ដែរ។
១៨ អ្នក​ថែ​ដើម​ឧទុម្ពរ​នឹង​បាន​បរិភោគ​ផ្លែ រីឯ​អ្នក​យក​ចិត្ត​ទុក​ដាក់​បំរើ​ចៅហ្វាយ នឹង​ទទួល​កិត្តិយស។
១៩ មនុស្ស​អាច​ឆ្លុះ​មើល​ឃើញ​មុខ​របស់​ខ្លួន​នៅ​ក្នុង​ទឹក ហើយ​អាច​ឃើញ​ចិត្ត​របស់​ខ្លួន​ដោយ​សម្លឹង​មើល​អ្នក​ដទៃ។
២០ ស្ថាន​ មនុស្ស​ស្លាប់ និង​រណ្ដៅ​មច្ចុរាជ តែងតែ​ទទួល​យក​ជីវិត​មនុស្ស​មិន​ចេះ​ស្កប់​យ៉ាង​ណា ចិត្ត​ប៉ងប្រាថ្នា​របស់​មនុស្ស​ក៏​មិន​ចេះ​ស្កប់​យ៉ាង​នោះ​ដែរ។
២១ គេ​អាច​ស្គាល់​តម្លៃ​មាស និង​ប្រាក់ ដោយ​ដុត​ក្នុង​ភ្លើង រីឯ​មនុស្ស​វិញ​គេ​អាច​ស្គាល់​តម្លៃ​ដោយសារ​កេរ្តិ៍​ឈ្មោះ។
២២ ទោះ​បី​ ដាក់​មនុស្ស​ខ្លៅ​នៅ​ក្នុង​ត្បាល់ ហើយ​យក​អង្រែ​មក​បុក​ដូច​គេ​បុក​អង្ករ​ក៏​ដោយ ក៏​គេ​ពុំ​អាច​យក​ភាព​ខ្លៅ​ចេញ​ពី​អ្នក​នោះ​បាន​ដែរ។
២៣ ចូរ​ស្គាល់​ចៀម​នីមួយៗ​របស់​អ្នក​ឲ្យ​បាន​ច្បាស់ ចូរ​ថែ​ទាំ​ហ្វូង​សត្វ​របស់​អ្នក​ឲ្យ​បាន​ដិត​ដល់។
២៤ ទ្រព្យ​សម្បត្តិ​មិន​ស្ថិតស្ថេរ​គង់វង្ស​រហូត​ទេ រីឯ​កិត្តិយស​ក៏​មិន​នៅ​ស្ថិតស្ថេរ អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ដែរ។
២៥ ចូរ​កាត់​ស្មៅ​នៅ​ក្នុង​ចំការ ទុក​ជា​ចំណី​សំរាប់​សត្វ។ ពេល​ស្មៅ​ថ្មី​កំពុង​ដុះ​ត្រូវ​ទៅ​ប្រមូល​ស្មៅ​ពី​ភ្នំ​មក​ទុក។ ២៦ អ្នក​អាច​មាន​សំលៀកបំពាក់ ដោយសារ​រោម​ចៀម​របស់​អ្នក ហើយ​អ្នក​អាច​ទិញ​ចំការ​ថ្មី​ដោយសារ​លក់​ចៀម​ឈ្មោល។
២៧ ចូរ​យក​ទឹក​ដោះ​ដ៏​បរិបូណ៌​របស់​ពពែ ធ្វើ​ជា​អាហារ​ចិញ្ចឹម​ជីវិត​អ្នក និង​គ្រួសារ​របស់​អ្នក ព្រម​ទាំង​ស្រី​បំរើ​របស់​អ្នក។

ជំពូកទី ២៨

១ អ្នក​អាក្រក់​តែងតែ​រត់​ គេច​ខ្លួន ទោះ​បី​គ្មាន​នរណា​តាម​ក៏​ដោយ រីឯ​មនុស្ស​សុចរិត​វិញ​ប្រៀប​បី​ដូច​ជា​កូន​សិង្ហ គឺ​គេ​មិន​ខ្លាច​អ្វី​ឡើយ។
២ ពេល​ណា​ មាន​ការ​រំជើបរំជួល​កើត​ឡើង​ក្នុង​ស្រុក ពេល​នោះ មេ​ដឹក​នាំ​ក៏​មាន​ច្រើន​ដែរ។ ប៉ុន្តែ បើ​មាន​មនុស្ស​ឈ្លាស​វៃ ហើយ​ចេះ​ដឹង​ដឹក​នាំ​ស្រុក ស្រុក​នោះ​នឹង​មាន​សុខ​សន្តិភាព។

៣ មនុស្ស​ក្រីក្រ​សង្កត់សង្កិន​មនុស្ស​ទុគ៌ត ប្រៀប​បាន​នឹង​ភ្លៀង​ធ្លាក់​មក​យ៉ាង​ខ្លាំង ជន់​បំផ្លាញ​ដំណាំ​អស់។
៤ អស់​អ្នក​ ដែល​បោះបង់​ចោល​ក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់ រមែង​សរសើរ​មនុស្ស​អាក្រក់ រីឯ​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​វិន័យ តែងតែ​ប្រឆាំង​នឹង​មនុស្ស​អាក្រក់​វិញ។
៥ មនុស្ស​ទុច្ចរិត​មិន​យល់​អំពី​យុត្តិធម៌​ទេ រីឯ​អ្នក​ស្វែង​រក​ព្រះអម្ចាស់​យល់​សព្វ​គ្រប់​ទាំង​អស់។
៦ មនុស្ស​ក្រីក្រ​តែ​រស់​នៅ​ដោយ​ទៀង​ត្រង់ ប្រសើរ​ជាង​អ្នក​មាន ដែល​រស់​នៅ​ក្នុង​ផ្លូវ​វៀចវេរ។
៧ អ្នក​ណា​ ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់ អ្នក​នោះ​ជា​កូន​ចេះ​ដឹង រីឯ​អ្នក​ដែល​សេពគប់​នឹង​មនុស្ស​ខិលខូច ធ្វើ​ឲ្យ​ឪពុក​បាក់​មុខ។
៨ អ្នក​ណា​ ប្រមូល​ទ្រព្យ​សម្បត្តិ ដោយ​ចង​ការ​ប្រាក់​ហួស​កំរិត ធនធាន​របស់​អ្នក​នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​មនុស្ស ដែល​មាន​ចិត្ត​មេត្តា​ចំពោះ​ជន​ក្រីក្រ។
៩ អ្នក​ណា​មិន​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់​ទេ សូម្បី​តែ​ពាក្យ​អធិស្ឋាន​របស់​អ្នក​នោះ ក៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែរ។
១០ អ្នក​ណា ​នាំ​មនុស្ស​ទៀងត្រង់​ឲ្យ​ដើរ​តាម​ផ្លូវ​អាក្រក់ អ្នក​នោះ​នឹង​ធ្លាក់​ក្នុង​រណ្ដៅ​ដែល​ខ្លួន​បាន​ជីក រីឯ​អ្នក​ដែល​គ្មាន​កំហុស នឹង​ទទួល​សុភមង្គល។
១១ អ្នក​មាន​ទ្រព្យ​រមែង​ស្មាន​ថា ខ្លួន​មាន​ប្រាជ្ញា​តែ​មនុស្ស​ទុគ៌ត​ដែល​ឈ្លាស​វៃ អាច​ផ្ចាញ់​អ្នក​មាន​នោះ​បាន។
១២ កាល​ណា​ មនុស្ស​សុចរិត​ឡើង​កាន់​អំណាច ប្រជាជន​ទាំង​អស់​នឹង​មាន​កិត្តិយស ប៉ុន្តែ ពេល​មនុស្ស​ទុច្ចរិត​ឈ្នះ​គេ​នឹង​រត់​ពួន​គ្រប់ៗ​គ្នា។
១៣ អ្នក​ណា ​លាក់​កំហុស​របស់​ខ្លួន​អ្នក​នោះ​ពុំ​អាច​ចំរើន​ឡើង​បាន​ឡើយ រីឯ​អ្នក​ដែល​សារភាព​កំហុស ហើយ​ឈប់​ប្រព្រឹត្ត​អាក្រក់​ទៀត នោះ​ព្រះជាម្ចាស់​នឹង​អាណិត​មេត្តា។
១៤ អ្នក​ណា ​ប្រយ័ត្ន​ខ្លួន មិន​ប្រព្រឹត្ត​អំពើ​អាក្រក់ អ្នក​នោះ​មាន​សុភមង្គល​ហើយ រីឯ​អ្នក​កាន់​ចិត្ត​រឹងរូស មុខ​ជា​ជួប​នឹង​ទុក្ខ​លំបាក។
១៥ មនុស្ស​អាក្រក់​គ្រប់គ្រង​លើ​ប្រជាជន​ទុគ៌ត ប្រៀប​បាន​នឹង​សិង្ហ​រោទ៍ ឬ​ដូច​ខ្លាឃ្មុំ​ប្រុង​សង្គ្រប់។

១៦ អ្នក​ ដឹក​នាំ​ស្រុក​ដែល​គ្មាន​ប្រាជ្ញា តែងតែ​សង្កត់សង្កិន​ប្រជារាស្ត្រ​កាន់​តែ​ខ្លាំង​ឡើងៗ រីឯ​អ្នក​មិន​ចូល​ចិត្ត​នឹង​ទ្រព្យ​ដែល​រក​បាន​ដោយ​អយុត្តិធម៌ មុខ​ជា​មាន​អាយុ​វែង។
១៧ អ្នក​ដែល​មាន​ទោស ព្រោះ​សម្លាប់​គេ ទោះ​បី​គ្មាន​នរណា​តាម​ចាប់​ក៏​ដោយ ក៏​គង់​តែ​អ្នក​នោះ​ត្រូវ​ធ្លាក់​ក្នុង​រណ្ដៅ​ដែរ។
១៨ អ្នក​ដែល​ដើរ​តាម​ផ្លូវ​ទៀងត្រង់​រមែង​បាន​សុខ រីឯ​អ្នក​ដែល​ដើរ​តាម​ផ្លូវ​វៀច​វេរ មុខ​ជា​ធ្លាក់​ទៅ​ក្នុង​ផ្លូវ​នោះ​មិន​ខាន។
១៩ អ្នក​ដែល​ខំ​ធ្វើ​ស្រែ​ចំការ​តែងតែ​មាន​អាហារ​បរិបូណ៌ រីឯ​អ្នក​ខ្ជិល​ច្រអូស​រមែង​ធ្លាក់​ខ្លួន​ក្រ​តោកយ៉ាក។
២០ មនុស្ស​ស្មោះ​ត្រង់​តែងតែ​ទទួល​ពរ​បរិបូណ៌ រីឯ​អ្នក​ដែល​គិត​តែ​ពី​ខំ​ប្រឹង​រក​ទ្រព្យ ឲ្យ​បាន​ធ្វើ​ជា​អ្នក​មាន​ឆាប់ៗ​រមែង​ទទួល​ទោស។
២១ មិន​ត្រូវ​កាត់​ក្ដី​ដោយ​រើស​មុខ​ឡើយ ក៏​ប៉ុន្តែ មាន​ចៅក្រម​ខ្លះ​កាត់​ក្ដី​ដោយ​អយុត្តិធម៌ ដើម្បី​ដូរ​បាយ​មួយ​ចាន។
២២ មនុស្ស​លោភលន់ គិត​តែ​ពី​ខំ​ប្រឹង​ស្វែង​រក​ទ្រព្យ​សម្បត្តិ ដោយ​ឥត​ដឹង​ថា គេ​នឹង​ធ្លាក់​ខ្លួន​ក្រ​ឡើយ។
២៣ អ្នក​ណា​ស្ដី​បន្ទោស​គេ ថ្ងៃ​ក្រោយ​គេ​នឹង​ដឹង​គុណ លើស​អ្នក​ដែល​និយាយ​បញ្ជោរ។
២៤ អ្នក​ណា​លួច​ទ្រព្យ​ឪពុក​ម្ដាយ​ដោយ​គិត​ថា​គ្មាន​បាប​ទេ អ្នក​នោះ​មិន​ខុស​ពី​ចោរ​ប្លន់​ឡើយ។
២៥ អ្នក​មាន​ចិត្ត​លោភលន់​រមែង​បង្ក​ជំលោះ រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះអម្ចាស់ តែងតែ​បាន​ចំរើន​ឡើង។
២៦ អ្នក​ណា​ទុក​ចិត្ត​លើ​ខ្លួន​ឯង អ្នក​នោះ​ជា​មនុស្ស​ល្ងង់​ខ្លៅ រីឯ​អ្នក​ដែល​ដើរ​ដោយ​ប្រាជ្ញា រមែង​មាន​សេចក្ដី​សុខ។
២៧ អ្នក​ណា ​ចែក​ទាន​ដល់​ជន​ក្រីក្រ អ្នក​នោះ​នឹង​មិន​ខ្វះ​ខាត​អ្វី​ឡើយ រីឯ​អ្នក​ដែល​មិន​រវល់​នឹង​អ្នក​ក្រ តែងតែ​ទទួល​បណ្ដាសា​ជា​ច្រើន។
២៨ ពេល​មនុស្ស​ទុច្ចរិត​ឈ្នះ ប្រជាជន​នឹង​រត់​ពួន​គ្រប់ៗ​គ្នា ប៉ុន្តែ ពេល​ពួក​នោះ​វិនាស​មនុស្ស​សុចរិត​នឹង​កើន​ចំនួន​ឡើង។

ជំពូកទី ២៩

១ អ្នក​ដែល​រឹងរូស​មិន​ព្រម​ទទួល​ការ​ស្ដី​ប្រដៅ នឹង​ត្រូវ​វិនាស​ភ្លាម គ្មាន​អ្វី​ជួយ​បាន​ឡើយ។
២ កាល​ណា​ មាន​មនុស្ស​សុចរិត​ច្រើន​គ្រប់គ្រង​ស្រុក ប្រជា​រាស្ត្រ​រមែង​មាន​អំណរ ប៉ុន្តែ បើ​មនុស្ស​អាក្រក់​កាន់​កាប់​អំណាច​វិញ ប្រជារាស្ត្រ​នឹង​ស្រែក​ថ្ងូរ។
៣ អ្នក​ដែល​ស្រឡាញ់​ប្រាជ្ញា តែងតែ​ធ្វើ​ឲ្យ​ឪពុក​សប្បាយ​ចិត្ត រីឯ​អ្នក​ដែល​សេពគប់​ជា​មួយ​ស្រី​ពេស្យា​រមែង​បង្ហិន​ទ្រព្យ​សម្បត្តិ។
៤ ស្ដេច​ប្រកប​ដោយ​យុត្តិធម៌​តែងតែ​ធ្វើ​ឲ្យ​ស្រុក​បាន​ចំរើន​ឡើង រីឯ​ស្ដេច​ដែល​ទារ​ពន្ធ​ហួស​ប្រមាណ​រមែង​ធ្វើ​ឲ្យ​ស្រុក​ហិនហោច។
៥ អ្នក​ណា​បញ្ជោរ​អ្នក​ជិត​ខាង អ្នក​នោះ​ដូច​ជា​ដាក់​អន្ទាក់​ខ្លួន​ឯង។
៦ មនុស្ស​អាក្រក់​រមែង​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត​តែងតែ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។
៧ មនុស្ស​សុចរិត​តែងតែ​យល់​អំពី​សិទ្ធិ​របស់​ជន​ក្រីក្រ រីឯ​មនុស្ស​ទុច្ចរិត​វិញ មិន​យល់​អំពី​សិទ្ធិ​ទាំង​នេះ​ទេ។
៨ មនុស្ស​ចំអក​ឡកឡឺយ រមែង​បង្ក​ឲ្យ​មាន​ចលាចល​ពេញ​ទីក្រុង រីឯ​មនុស្ស​មាន​ប្រាជ្ញា តែងតែ​ធ្វើ​ឲ្យ​ចលាចល​នោះ​ស្ងប់​ទៅ​វិញ។
៩ ប្រសិន​បើ​មនុស្ស​មាន​ប្រាជ្ញា​ឡើង​ក្ដី​ជា​មួយ​មនុស្ស​ល្ងង់​ខ្លៅ ទោះ​បី​គាត់​ខឹង ឬ​សើច​ក្ដី​ក៏​គាត់​មិន​បាន​ស្ងប់​ចិត្ត​ដែរ។
១០ ពួក​ឃាតក​រមែង​ស្អប់​មនុស្ស​ទៀងត្រង់ រីឯ​មនុស្ស​សុចរិត​តែងតែ​ចូល​ចិត្ត​មនុស្ស​ទៀងត្រង់​នោះ​វិញ។
១១ មនុស្ស​ល្ងង់​ខ្លៅ​រមែង​បញ្ចេញ​កំហឹង​របស់​ខ្លួន​ឲ្យ​គេ​ឃើញ រីឯ​មនុស្ស​មាន​ប្រាជ្ញា តែងតែ​ចេះ​ទប់​កំហឹង។
១២ កាល​ណា​ចៅហ្វាយ​ចូល​ចិត្ត​ស្ដាប់​ពាក្យ​ភូតភរ កូន​ចៅ​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​អាក្រក់​ទាំង​អស់​គ្នា។
១៣ អ្នក​ទុគ៌ត និង​អ្នក​ជិះជាន់​គេ ជា​មនុស្ស​ដូច​គ្នា ដ្បិត​ព្រះអម្ចាស់​ប្រទាន​ឲ្យ​អ្នក​ទាំង​ពីរ​មើល​ឃើញ​ពន្លឺ​ថ្ងៃ។
១៤ ស្ដេច​ដែល​វិនិច្ឆ័យ​ទោស​ប្រជារាស្ត្រ​ក្រីក្រ​ដោយ​យុត្តិធម៌ រមែង​ពង្រឹង​អំណាច​រហូត​ត​ទៅ។
១៥ ការ​វាយ ​ប្រដៅ និង​ការ​ស្ដី​បន្ទោស រមែង​ធ្វើ​ឲ្យ​មនុស្ស​មាន​ប្រាជ្ញា រីឯ​ក្មេង​ដែល​គេ​បណ្ដោយ​ឲ្យ​ធ្វើ​អ្វី​តាម​ចិត្ត តែងតែ​បំបាក់​មុខ​ម្ដាយ។
១៦ កាល​ណា​ មនុស្ស​អាក្រក់​មាន​អំណាច​កាន់​តែ​ច្រើន​យ៉ាង​ណា អំពើ​អាក្រក់​ក៏​កើន​ឡើង​កាន់​តែ​ច្រើន​យ៉ាង​នោះ​ដែរ ប៉ុន្តែ មនុស្ស​សុចរិត​នឹង​ឃើញ​ពួក​គេ​អន្តរាយ។
១៧ ចូរ​វាយ​ប្រដៅ​កូន នោះ​វា​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ព្រួយ​បារម្ភ​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត។
១៨ ពេល​ណា​ គ្មាន​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​ពី​ព្រះជាម្ចាស់​ទេ ប្រជា​ជន​នឹង​ជ្រួលច្របល់ រីឯ​អ្នក​ដែល​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​របស់​ព្រះអង្គ ពិត​ជា​មាន​សុភមង្គល។
១៩ គេ​មិន​អាច​ប្រដៅ​ខ្ញុំ​បំរើ នឹង​ពាក្យ​សំដី​បាន​ទេ ដ្បិត​ទោះ​បី​វា​យល់​ក្ដី​ក៏​វា​មិន​ធ្វើ​តាម​ដែរ។
២០ ប្រសិន​បើ​អ្នក​ឃើញ​នរណា​ម្នាក់ និយាយ​មិន​ចេះ​គិត​តោង​ដឹង​ថា យើង​អាច​ទុក​ចិត្ត​លើ​មនុស្ស​ខ្លៅ​ជាង​ទុក​ចិត្ត​អ្នក​នោះ។
២១ បើ​អ្នក​ទំរើស​ខ្ញុំ​បំរើ​ខ្លាំង​ពេក កាល​វា​នៅ​ពី​ក្មេង ថ្ងៃ​ក្រោយ​វា​នឹង​មិន​ស្ដាប់​បង្គាប់​អ្នក​ឡើយ។
២២ មនុស្ស​ឆាប់​ខឹង​រមែង​បង្ក​ជំលោះ រីឯ​អ្នក​ដែល​មាន​ចិត្ត​កំរោល រមែង​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា។
២៣ អំនួត​របស់​មនុស្ស​រមែង​ធ្វើ​ឲ្យ​គេ​បាក់​មុខ រីឯ​អ្នក​ដែល​ចិត្ត​សុភាព​រាបសា តែងតែ​ទទួល​កិត្តិយស។
២៤ អ្នក​ណា​សម​គំនិត​ជា​មួយ​ចោរ អ្នក​នោះ​ស្អប់​ខ្លួន​ឯង​ព្រោះ​គេ​ដឹង​ថា ខ្លួន​ត្រូវ​បណ្ដាសា​តែ​មិន​ហ៊ាន​ធ្វើ​ជា​សាក្សី​ទេ។
២៥ ភ័យ​ខ្លាច​មនុស្ស​រមែង​ធ្វើ​ឲ្យ​ខ្លួន​ជាប់​អន្ទាក់ រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះអម្ចាស់​តែងតែ​បាន​សេចក្ដី​សុខ។
២៦ មនុស្ស​ជា​ច្រើន​ចង់​ផ្គាប់​ចិត្ត​ចៅហ្វាយ ប៉ុន្តែ មាន​តែ​ព្រះអម្ចាស់​ទេ ដែល​រក​យុត្តិធម៌​ឲ្យ​មនុស្ស​គ្រប់ៗ​រូប។
២៧ មនុស្ស​សុចរិត​មិន​ចូល​ចិត្ត​នឹង​មនុស្ស​ទុច្ចរិត​ទេ រីឯ​មនុស្ស​អាក្រក់​ក៏​មិន​ចូល​ចិត្ត​នឹង​មនុស្ស​ទៀងត្រង់​ដែរ។

ជំពូកទី ៣០

សុភាសិត​របស់​លោក​អកួរ
១ នេះ​ជា​ពាក្យ​ទូន្មាន​របស់​លោក​អកួរ ជា​កូន​របស់​លោក​យ៉ាកេ គឺ​សេចក្ដី​ដែល​លោក​ថ្លែង​ទៅ​កាន់​លោក​អ៊ីទីយ៉ែល និង​លោក​អ៊ូកាល់
២ មែន​ហើយ ខ្ញុំ​ជា​មនុស្ស​ល្ងង់​ជាង​គេ​ទាំង​អស់ ខ្ញុំ​គ្មាន​តម្រិះ​ខាង​លោកីយ៍​នេះ​ទេ។
៣ ខ្ញុំ​មិន​បាន​រៀន​អំពី​ប្រាជ្ញា​ទេ តែ​ខ្ញុំ​ស្គាល់​វិជ្ជា​ស្ដី​អំពី​ព្រះ​ដ៏​វិសុទ្ធ​
៤ តើ​មាន​ នរណា​បាន​ឡើង​ទៅ​ស្ថាន​បរមសុខ​រួច​ចុះ​មក​វិញ? តើ​មាន​នរណា​ក្ដាប់​ខ្យល់​ក្នុង​បាត​ដៃ​របស់​ខ្លួន? តើ​មាន​នរណា​ខ្ចប់​ទឹក​ដាក់​ក្នុង​អាវ​របស់​ខ្លួន? តើ​មាន​នរណា​បាន​កំរិត​ព្រំ​ផែនដី? អ្នក​នោះ​ឈ្មោះ​អ្វី? កូន​របស់​គាត់​ឈ្មោះ​អ្វី? បើ​អ្នក​ដឹង​សូម​ប្រាប់​ខ្ញុំ​ផង!
៥ ព្រះបន្ទូល ​ទាំង​ប៉ុន្មាន​របស់​ព្រះជាម្ចាស់​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត ព្រះអង្គ​ជា​ខែល​ការពារ​អស់​អ្នក​ដែល​មក​ជ្រក​កោន​នឹង​ព្រះអង្គ។
៦ កុំ​យក​អ្វី​មក​បន្ថែម​ពី​លើ​ព្រះបន្ទូល​របស់​ព្រះអង្គ​ឡើយ ក្រែង​លោ​ព្រះអង្គ​ស្ដី​បន្ទោស​ថា អ្នក​ជា​មនុស្ស​កុហក។
៧ ព្រះអម្ចាស់ ​អើយ! ទូលបង្គំ​ទូល​សូម​សេចក្ដី​ពីរ​យ៉ាង​ពី​ព្រះ​អង្គ សូម​ប្រោស​ប្រទាន​តាម​សំណូម​ពរ​របស់​ទូលបង្គំ មុន​ពេល​ទូលបង្គំ​ស្លាប់។ ៨ សូម​កុំ​បណ្ដោយ​ឲ្យ​ ទូលបង្គំ​ចេះ​ពោល​ពាក្យ​កុហក​បោក​ប្រាស់។ សូម​កុំ​ឲ្យ​ទូលបង្គំ​ក្រ​ពេក ឬ​ក៏​មាន​ពេក​ដែរ គឺ​សូម​ប្រទាន​ឲ្យ​​ ​ទូលបង្គំ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​តែ​ប៉ុ​ណ្ណោះ​បានហើយ។ ៩ ប្រសិន​បើ​ទូលបង្គំ​មាន​ទ្រព្យ​ច្រើន​ពេក ក្រែង​លោ​ទូលបង្គំ​វង្វេង​ឆ្ងាយ​ពី​ព្រះអង្គ​ដោយ​ពោល​ថា «តើ​ព្រះអម្ចាស់​ជា​នរណា?» ឬ​បើ​ទូលបង្គំ​ក្រ​ពេក​ទូលបង្គំ​បែរ​ជា​លួច​គេ ហើយ​បង្អាប់​ព្រះនាម​ព្រះ​របស់​ទូលបង្គំ។

១០ កុំ​មួល​បង្កាច់​អ្នក​បំរើ​ប្រាប់​ចៅហ្វាយ​ឡើយ ក្រែង​លោ​អ្នក​បំរើ​នោះ​ដាក់​បណ្ដាសា​អ្នក ហើយ​អ្នក​ត្រូវ​ទទួល​ទោស។ ១១ ជន​ប្រភេទ​ខ្លះ​ដាក់​បណ្ដាសា​ឪពុក ហើយ​មិន​ដែល​ដឹង​គុណ​ម្ដាយ​ទេ។

១២ ជន​ប្រភេទ​ខ្លះ​ស្មាន​ថា ខ្លួន​ជា​មនុស្ស​បរិសុទ្ធ ក៏​ប៉ុន្តែ គេ​មិន​ដែល​ជំរះ​អំពើ​សៅហ្មង​ចេញ​ពី​ខ្លួន​ឡើយ។
១៣ ជន​ប្រភេទ​ខ្លះ​វាយឫក​ខ្ពស់ ហើយ​មើលងាយ​អ្នក​ដទៃ។
១៤ ជន​ ប្រភេទ​ខ្លះ​មាន​ធ្មេញ​មុត​ដូច​ដាវ ថ្គាម​ដូច​កាំបិត គេ​ប្រុង​តែ​ត្របាក់​លេប​មនុស្ស​ទុគ៌ត​ឲ្យ​វិនាស​សូន្យ​ពី​ផែនដី ហើយ​លុប​បំបាត់​មនុស្ស​ក្រីក្រ​ឲ្យ​អស់​ពី​ចំណោម​មនុស្ស​លោក។

១៥ ឈ្លើង​មាន​កូន​ពីរ​ដែល​មាន​ឈ្មោះ​ថា «សុំ!» «សុំ!»។ មាន​ការ​បី​បួន​យ៉ាង​ដែល​មិន​ចេះ​ស្កប់ និង​មិន​ចេះ​ឆ្អែតឆ្អន់ ១៦ គឺ​ស្ថាន​មច្ចុរាជ ស្ត្រី​អារ ដី​ហួតហែង និង​ភ្លើង​ដែល​ឆេះ​មិន​ចេះ​អស់​មិន​ចេះ​ហើយ។

១៧ អ្នក​ណា​មើលងាយ​ឪពុក ហើយ​មិន​ស្ដាប់​បង្គាប់​ម្ដាយ​ទេ អ្នក​នោះ​នឹង​ត្រូវ​ក្អែក​នៅ​ទឹក​ជ្រោះ​ចោះ​ភ្នែក ហើយ​ត្រូវ​ត្មាត​ស៊ី​សាច់។
១៨ មាន​រឿង​បី​បួន​យ៉ាង ហួស​ពី​សមត្ថភាព​ដែល​ខ្ញុំ​អាច​យល់​បាន ១៩ គឺ​ផ្លូវ​ដែល​ត្មាត​ហើរ ​លើ​មេឃ ផ្លូវ​ដែល​សត្វ​ពស់​លូន​លើ​ថ្ម ផ្លូវ​សំពៅ​នៅ​កណ្ដាល​សមុទ្រ និង​ផ្លូវ​ដែល​នាំ​ឲ្យ​បុរស​ទៅ​រក​ស្រី​ក្រមុំ។

២០ ស្ត្រី​ ផិត​ក្បត់ តែងតែ​ប្រព្រឹត្ត​ដូច​ត​ទៅ​នេះ គឺ​នាង​បរិភោគ​រួច​ជូត​មាត់ ទាំង​ពោល​ថា ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ទេ។
២១ មាន​រឿង​បី​បួន​យ៉ាង​ដែល​ធ្វើ​ឲ្យ​ក្រឡាប់​ផែនដី ព្រោះ​ផែនដី​ទ្រាំ​ពុំ​បាន ២២ គឺ​មនុស្ស​ខ្ញុំ​គេ​ឡើង​សោយ​រាជ្យ មនុស្ស​ខ្លៅ​មាន​អាហារ​បរិបូណ៌ ២៣ ស្ត្រី​ចិត្ត​អាក្រក់​មាន​ប្ដី និង​អ្នក​បំរើ​យក​ប្ដី​របស់​ចៅហ្វាយ​ស្រី។
២៤ មាន​សត្វ​បួន​យ៉ាង ដែល​តូច​ជាង​គេ​នៅ​លើ​ផែនដី តែ​ជា​សត្វ​មាន​ប្រាជ្ញា​វាងវៃ គឺ:
២៥ ស្រមោច​ជា​សត្វ​ដែល​គ្មាន​កម្លាំង តែ​ចេះ​ប្រមូល​អាហារ​គរ​ទុក​នៅ​រដូវ​ក្ដៅ។
២៦ ទន្សាយ​ជា​សត្វ​ខ្សោយ តែ​ចេះ​ធ្វើ​រូង​នៅ​ក្រោម​ផ្ទាំង​ថ្ម។
២៧ កណ្ដូប​ជា​សត្វ​គ្មាន​ស្ដេច តែ​ចេះ​លើក​គ្នា​ជា​ក្រុម​ជា​ពួក ដូច​កងទ័ព​ដ៏​មាន​របៀប​រៀប​រយ។
២៨ ជីងចក់​ជា​សត្វ​ដែល​គេ​អាច​ចាប់​បាន​នឹង​ដៃ តែ​ចេះ​ជ្រៀត​ចូល​ទៅ​នៅ​ក្នុង​វាំង​របស់​ស្ដេច។
២៩ មាន​សត្វ​លោក​បី​បួន​ប្រភេទ ដែល​មាន​ដំណើរ​យ៉ាង​សង្ហា​គួរ​ឲ្យ​គយគន់ គឺ:
៣០ សិង្ហ​ជា​សត្វ​ដ៏​អង់អាច ដែល​មិន​ចេះ​រា​ថយ​នៅ​មុខ​អ្វី​សោះ​ឡើយ ៣១ មាន់​ជល់​ដែល​អួត​ដាក់​គ្នា ពពែ​ឈ្មោល និង​ស្ដេច​ដែល​យាត្រា​នៅ​មុខ​កងទ័ព។
៣២ បើ​អ្នក​ភ្ញាក់​ស្មារតី​ដឹង​ថា ខ្លួន​ជា​មនុស្ស​ល្ងង់​ចង់​លើក​ខ្លួន ចូរ​ទប់​មាត់​តាំង​ពី​ពេល​នេះ​ទៅ។
៣៣ បើ​អ្នក​ចំរាញ់​ទឹក​ដោះ​គោ អ្នក​នឹង​បាន​ខ្លាញ់​ទឹក​ដោះ បើ​វាយ​ច្រមុះ​នឹង​ចេញ​ឈាម ហើយ​បើ​បញ្ឆេះ​កំហឹង​នឹង​បង្ក​ជំលោះ។

ជំពូកទី ៣១

១ នេះ​ជា​ព្រះបន្ទូល​របស់​ព្រះបាទ​លេមូអែល ជា​សេចក្ដី​ទូន្មាន​ដែល​ទ្រង់​បាន​ទទួល​ពី​មាតា។
២ កូន​អើយ​ម្ដាយ​បាន​បន់ស្រន់​សុំ​ឲ្យ​មាន​កូន ហើយ​ម្ដាយ​បាន​បង្កើត​កូន​មក ហេតុ​នេះ​ចូរ​ស្ដាប់​ពាក្យ​ម្ដាយ!។
៣ ចូរ​កុំ​ ឲ្យ​ស្រីៗ​ដណ្ដើម​យក​កម្លាំង​របស់​កូន​បាន​ឡើយ ហើយ​ក៏​កុំ​ទុក​ឲ្យ​ស្រីៗ​ដែល​ធ្លាប់​តែ​ធ្វើ​ឲ្យ​ស្ដេច​វិនាស អាច​ដឹក​មុខ​កូន​បាន​ដែរ។
៤ ចូរ​កូន​ចាំ​ឲ្យ​ច្បាស់​ថា ស្ដេច និង​មេ​ដឹក​នាំ​ទាំងឡាយ មិន​ត្រូវ​​សេព​សុរា និង​គ្រឿង​ស្រវឹង​ផ្សេងៗ​ឡើយ។ ៥ កាល​ណា​គេ​ស្រវឹង គេ​នឹង​ភ្លេច​អនុវត្ត​ច្បាប់ ហើយ​បំពាន​លើ​សិទ្ធិ​របស់​ប្រជារាស្ត្រ​ក្រីក្រ។

៦ គួរ​ឲ្យ​គ្រឿង​ស្រវឹង​ទៅ​អ្នក​ជិត​ស្លាប់ និង​ឲ្យ​ស្រា​ទៅ​អ្នក​ដែល​កើត​ទុក្ខ​កង្វល់​វិញ ៧ ដ្បិត​កាល​ណា​គេ​ផឹក​គេ​នឹង​ភ្លេច​ភាព​ក្រីក្រ ហើយ​លែង​នឹក​ឃើញ​ទុក្ខ​ព្រួយ​របស់​ខ្លួន​ទៀត។

៨ ចូរ​និយាយ​ជំនួស​អ្នក​ដែល​មិន​អាច​និយាយ​បាន ហើយ​រក​យុត្តិធម៌​ឲ្យ​អស់​អ្នក​ដែល​គ្មាន​នរណា​ការពារ។ ៩ ចូរ​និយាយ​ការពារ និង​រក​យុត្តិធម៌​ឲ្យ​អ្នក​ក្រីក្រ និង​ជន​ទុគ៌ត។

ស្ត្រី​គ្រប់​លក្ខណ៍
១០ ស្ត្រី​គ្រប់​លក្ខណ៍​កម្រ​រក​បាន​ណាស់ នាង​មាន​តម្លៃ​លើស​ពេជ្រ​ទៅ​ទៀត។
១១ ស្វាមី​ទុក​ចិត្ត​លើ​នាង នាង​តែងតែ​ធ្វើ​ឲ្យ​ស្វាមី​ចំរុង​ចំរើន។
១២ នាង​តែងតែ​ផ្ដល់​សុភមង្គល​ឲ្យ​ស្វាមី​អស់​មួយ​ជីវិត គឺ​នាង​មិន​ធ្វើ​ឲ្យ​ស្វាមី​ជួប​អពមង្គល​ឡើយ។
១៣ នាង​ខិតខំ​រក​អំបោះ និង​សូត្រ​មក​ត្បាញ​រវៃ​យ៉ាង​ស្វាហាប់។
១៤ នាង​នាំ​អាហារ​មក​ពី​ឆ្ងាយ ដូច​នាវា​ដឹក​ទំនិញ។
១៥ នាង​ក្រោក​ពី​ព្រលឹម រៀបចំ​បាយ​ទឹក​ឲ្យ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទះ ហើយ​ចាត់​ចែង​ការងារ​ឲ្យ​ស្រី​បំរើ​ធ្វើ។
១៦ នាង​រិះគិត​ពិចារណា ហើយ​ទៅ​ទិញ​ចំការ​មួយ រួច​នាង​យក​ប្រាក់​ដែល​ខ្លួន​រក​បាន ទៅ​ទិញ​ទំពាំងបាយជូរ​មក​ដាំ។
១៧ នាង​ប្រឹងប្រែង​ធ្វើ​ការ​យ៉ាង​ស្វាហាប់ មិន​ឲ្យ​ទំនេរ​ដៃ​ឡើយ។
១៨ នាង​ឃើញ​កិច្ចការ​របស់​នាង​បាន​ចំរើន​ឡើង នាង​ធ្វើ​ការ​ទាំង​យប់ ក្រោម​ពន្លឺ​ចង្កៀង។
១៩ នាង​កាន់​ខ្នារ​រវៃ​អំបោះ រួច​នាង​បោះ​ត្រល់​ត្បាញ។
២០ នាង​ចែក​ទាន​ដល់​ជន​ក្រីក្រ ហើយ​ជួយ​ជន​ទុគ៌ត។
២១ នៅ​រដូវ​រងា នាង​មិន​ភ័យ​បារម្ភ​អ្វី​ឡើយ ដ្បិត​អ្នក​នៅ​ក្នុង​ផ្ទះ​របស់​នាង សុទ្ធ​តែ​មាន​សំលៀកបំពាក់​យ៉ាង​កក់​ក្ដៅ​គ្រប់ៗ​គ្នា។
២២ នាង​ត្បាញ​ភួយ​សំរាប់​ខ្លួន​ឯង នាង​មាន​សំលៀកបំពាក់​ល្អៗ​ដែល​មាន​ពណ៌​ស្រស់។
២៣ ស្វាមី​របស់​នាង​ជា​មនុស្ស​ដែល​គេ​គោរព​រាប់​អាន គាត់​ចូល​រួម​ក្នុង​ក្រុម​ព្រឹទ្ធាចារ្យ​របស់​ស្រុក។
២៤ នាង​ដេរ​សម្លៀកបំពាក់​លក់ ហើយ​ក៏​ដេរ​ខ្សែ​ក្រវាត់​លក់​ឲ្យ​អ្នក​ជំនួញ​ដែរ។
២៥ នាង​មាន​កម្លាំង និង​មាន​កិត្តិយស​ថ្លៃថ្នូរ នាង​សម្លឹង​មើល​ទៅ​អនាគត ដោយ​ឥត​បារម្ភ​អ្វី​ឡើយ។
២៦ នាង​និយាយ​ស្ដី​ប្រកប​ដោយ​ប្រាជ្ញា ហើយ​ទូន្មាន​គេ​ដោយ​ចិត្ត​សប្បុរស។
២៧ នាង​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​ផ្ទះ ឥត​ទំនេរ​ដៃ​សោះ​ឡើយ។
២៨ កូន​របស់​នាង​នាំ​គ្នា​កោត​សរសើរ​នាង រីឯ​ស្វាមី​របស់​នាង​ក៏​លើក​តម្កើង​នាង​ដោយ​ពោល​ថា:
២៩ «មាន​ស្ត្រី​ជា​ច្រើន​គ្រប់​លក្ខណ៍ តែ​នាង​គ្រប់​លក្ខណ៍​លើស​គេ​ទាំង​អស់»។
៣០ រូប​ឆោម​លោម​ពណ៌​រមែង​បញ្ឆោត​ចិត្ត រីឯ​សំរស់​ល្អ​ស្អាត មិន​នៅ​ស្ថិតស្ថេរ​រហូត​ទេ មាន​តែ​ស្ត្រី​គោរព​កោត​ខ្លាច​ព្រះអម្ចាស់​ប៉ុណ្ណោះ ដែល​គួរ​កោត​សរសើរ។
៣១ នាង​ត្រូវ​តែ​ទទួល​ផល​ពី​កិច្ចការ​ដែល​នាង​ធ្វើ ហើយ​ទទួល​ការ​កោត​សរសើរ​ពី​មនុស្ស​ទាំង​អស់​ក្នុង​ទីក្រុង។