ពាក្យលំនាំ
តាំងពីដើមរៀងមកប្រជាជនអ៊ីស្រាអែលតែងតែនិពន្ធបទចម្រៀង និង កំណាព្យជាច្រើនដើម្បីសរសីរតម្កើងព្រះជាម្ចាស់អរព្រះ គុណព្រះអង្គនិងទូលព្រះអង្គនូវអំណរសប្បាយឬទុក្ខលំបាករបស់ពួកគេ។ ក្រោយមក គេប្រមូលបទចម្រៀង និង កំណាព្យទាំង នោះមកចងក្រងជាក័ណ្ឌគម្ពីរមួយដែលមានចំណងជើងថា «ទំនុកតម្កើង» ។
តាមរយៈទំនុកតម្កើងប្រជាជនសំដែងនូវការទុកចិត្ត និងផ្ញើជីវិតរបស់ខ្លួនលើព្រះជាម្ចាស់ជាព្រះដែលមាន ព្រះជន្មគង់ នៅព្រោះ គេជឿថា នៅពេលណាគេស្រែកអង្វររកព្រះអង្គ ។
ក្នុងគម្ពីរទំនុកតម្កើងនេះយើងឃើញថា ជនជាតិអ៊ីស្រាអែលតែងតែបន្លឺសំឡេងទៅកាន់ព្រះជាម្ចាស់ជានិច្ច ។ ឧទាហរណ៍ ពេលណាសត្រូវមក យាយីជនជាតិអ៊ីស្រាអែលភ័យខ្លាចហើយនាំគ្នាទទូចអង្វរព្រះជាម្ចាស់ ព្រោះគេជឿថា ព្រះជាម្ចាស់តែងតែមានព្រះហប្ញទ័យស្មោះត្រង់នឹងព្រះបន្ទូល សន្យារបស់ព្រះអង្គជានិច្ច ។ ព្រះអង្គតែងតែយកព្រះហប្ញទ័យទុកដាក់និងមនុស្សលោក ជាពិសេសជួយមនុស្សកំសត់ទុគ៌ត ដោយព្រះហប្ញទ័យ ស្រឡាញ់។
នៅពេលមានកិត្តិយសនៅពេលសប្បាយនៅពេលរងទុក្ខលំបាកឬនៅពេលមានអាសន្នទោះបីកវីទំនុកតម្កើងមានអារម្មណ៍យ៉ាងណាក្តីក៏ពួកគេ នៅតែនាំគ្នាចូលមករកព្រះជាម្ចាស់ជានិច្ចដើម្បីទូលព្រះអង្គអំពីអ្វីៗដែលមានដក់ជាប់ក្នុងចិត្តរបស់ខ្លួន។
គម្ពីរទំនុកតម្កើងនេះបានតែងឡើងជាច្រើនសតវត្សមកហើយ ប៉ុន្តែ ពាក្យទូលអង្វរពាក្យអធិស្ឋាននិងពាក្យសរសើរ តម្កើងនៅតែមានខ្លឹមសារសម្រាប់អ្នកជឿនាបច្ចុប្បន្នកាលនេះជានិច្ច ។ អ្នកជឿគ្រប់ៗរូបអាចយកសេចក្តីដែលមានចែង ក្នុងទំនុកតម្កើងមកអនុវត្តក្នុងជីវិតរបស់ខ្លួនផ្ទាល់ស្របតាមស្ថានភាព ដែលខ្លួនកំពុងឆ្លងកាត់ ឬ ក៏ប្រើទំនុកតម្កើងទាំង នេះ ជាគំរូក្នុងការអធិស្ឋានក៏បាន ។
ប្រហែលជាអ្នកអាននឹកឆ្ងល់ចំពោះឃ្លាខ្លះ ដែលកវីអធិស្ឋានសុំព្រះជាម្ចាស់ដាក់បណ្តាសាខ្មាំងសត្រូវរបស់ខ្លួន ។ មូលហេតុនាំឲ្យគេធ្វើដូច្នេះ មកពីប្រជាជនអ៊ីស្រាអែល នៅសម័យនោះ ពុំទាន់បានយល់ច្បាស់នូវព្រះហប្ញទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ ចំពោះប្រជាជាតិទាំង អស់ក្នុងសកលលោកនេះ ។
ព្រះគ្រីស្ត ព្រមទាំងសាវ័ករបស់ព្រះអង្គ នៅជំនាន់ដើម និង គ្រីស្តបរិស័ទគ្រប់ជំនាន់ទាំងអស់ តែងតែប្រើទំនុកតម្កើងជា ពាក្យអធិស្ឋាន ជាពាក្យសរសើរតម្កើង ដ្បិតព្រះជាម្ចាស់ផ្ទាល់បានដាក់ពាក្យទាំងនេះក្នុងដួងចិត្តប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីឲ្យទំនុកតម្កើងមានលក្ខណៈមិនត្រឹមតែ ជាពាក្យអធិស្ឋានរបស់មនុស្សប៉ុណ្ណោះទេ តែជាព្រះបន្ទូលរបស់ព្រះដ៏មាន ព្រះជន្មគង់នៅផងដែរ ។
យើងអាចបែងចែកគម្ពីរទំនុកតម្កើងទាំងមួយរយហាសិបចំពូក ជាប្រាំភាគ:
ភាគទីមួយ (១-៤១)
ភាគទីពីរ (៤២-៧២)
ភាគទីបី (៧៣-៨៩)
ភាគទីបួន (៩០-១០៦)
ភាគទីប្រាំ (១០៧-១៥០)
«ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត
ខ្ញុំនឹងស្មូត្រទំនុកតម្កើងថ្វាយព្រះកិត្តិនាមព្រះរបស់ខ្ញុំ ក្នុងពេលដែលខ្ញុំនៅរស់នៅឡើយ»។
(ទំនុកតម្កើង ១៤៦.២)
ទំនុកតម្កើង
ភាគទីមួយ
(ទំនុកតម្កើង ១-៤១)
ជំពូកទី ១
សុភមង្គលដ៏ពិតប្រាកដ
១ មានសុភមង្គលហើយ អ្នកដែលមិនដើរតាមដំបូន្មានរបស់មនុស្សពាល
មិនឈរក្នុងមាគ៌ារបស់មនុស្សបាប ហើយក៏មិនអង្គុយរួមជាមួយពួកអ្នកចំអកឡកឡឺយ
២ ផ្ទុយទៅវិញ គេចូលចិត្តនឹងវិន័យរបស់ ព្រះអម្ចាស់*
ព្រមទាំងសញ្ជឹងគិតអំពីក្រឹត្យវិន័យ* របស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។
៣ អ្នកនោះប្រៀបបាននឹងដើមឈើដុះនៅក្បែរផ្លូវទឹក
ដែលផ្ដល់ផលផ្លែតាមរដូវកាល ហើយមានស្លឹកមិនចេះស្លោកស្រពោន
អ្វីៗដែលគាត់ធ្វើសុទ្ធតែបានចំរុងចំរើនទាំងអស់។
៤ រីឯមនុស្សពាលវិញមិនដូច្នោះទេ
គឺពួកគេប្រៀបបាននឹងអង្កាម ដែលត្រូវខ្យល់ផាត់បាត់ទៅ។
៥ នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោស មនុស្សពាលពុំអាចក្រោកឈរបានឡើយ
ហើយមនុស្សបាបក៏ពុំអាចស្ថិតនៅក្នុងចំណោម មនុស្សសុចរិត*បានដែរ។
៦ ដ្បិតព្រះអម្ចាស់ស្គាល់មាគ៌ារបស់មនុស្សសុចរិត
រីឯមាគ៌ារបស់មនុស្សពាលវិញ នាំអោយខ្លួនវិនាសអន្តរាយ។
ជំពូកទី ២
ព្រះមហាក្សត្រដែលព្រះជាម្ចាស់ចាក់ប្រេងអភិសេក
១ ហេតុអ្វីបានជាប្រជាជាតិទាំងឡាយ នាំគ្នាបង្កើតកោលាហល
ហើយប្រជារាស្ត្រនានារអ៊ូរទាំ ដោយឥតខ្លឹមសារយ៉ាងនេះ?
២ ពួកស្ដេចនៅលើផែនដីបានពួតដៃគ្នាបះបោរ
ហើយពួកអ្នកដឹកនាំឃុបឃិតគ្នា ប្រឆាំងនឹងព្រះអម្ចាស់
ព្រមទាំងប្រឆាំងនឹងព្រះមេស្ស៊ីរបស់ព្រះអង្គ ដោយពោលថា៖
៣ «ចូរយើងនាំគ្នាបំបាក់នឹមរបស់ព្រះអង្គ
ហើយគ្រវែងច្រវាក់របស់ព្រះអង្គចេញទៅ!»។
៤ ប៉ុន្តែ ព្រះអម្ចាស់ដែលគ្រងរាជ្យនៅស្ថានបរមសុខ ទ្រង់អស់សំណើច
ទ្រង់ចំអកអោយពួកគេ។
៥ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេ ដោយព្រះពិរោធ
ហើយធ្វើអោយពួកគេភ័យតក់ស្លុត ដោយសារព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ
ព្រះអង្គមានព្រះបន្ទូលថា៖
៦ «គឺយើងនេះហើយ ដែលបានអភិសេកស្ដេចរបស់យើង
អោយឡើងគ្រងរាជ្យនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏វិសុទ្ធរបស់យើង!»។
៧ ខ្ញុំនឹងប្រកាសក្រឹត្យរបស់ព្រះអម្ចាស់ ព្រះអង្គមានព្រះបន្ទូលមកកាន់ខ្ញុំថា៖
«ព្រះអង្គជាបុត្ររបស់យើង! គឺយើងដែលបានបង្កើតព្រះអង្គនៅថ្ងៃនេះ។
៨ បើព្រះអង្គសុំ យើងនឹងប្រគល់ប្រជាជាតិនានា អោយព្រះអង្គទុកជាមត៌ក
យើងក៏នឹងប្រគល់ផែនដីទាំងមូល អោយព្រះអង្គទុកជាកម្មសិទ្ធិដែរ។
៩ ព្រះអង្គនឹងបង្ក្រាបពួកគេដោយដំបងដែក
ហើយព្រះអង្គកំទេចគេ ដូចជាងស្មូនកំទេចភាជន៍»
១០ ឥឡូវនេះ ស្ដេចទាំងឡាយអើយ ចូររិះគិតពិចារណាឡើង!
អ្នកគ្រប់គ្រងទាំងឡាយនៅលើផែនដីអើយ ចូរទទួលយកសេចក្ដីអប់រំទៅ!
១១ ចូរបំរើព្រះអម្ចាស់ដោយគោរពកោតខ្លាច
ចូរត្រេកអរសប្បាយទាំងញាប់ញ័រ
១២ ចូរក្រាបថ្វាយបង្គំព្រះរាជបុត្រ ក្រែងព្រះអម្ចាស់ទ្រង់ព្រះពិរោធ
ហើយអ្នករាល់គ្នាត្រូវវិនាសអន្តរាយ ក្នុងមាគ៌ារបស់អ្នករាល់គ្នា
ដ្បិតព្រះពិរោធរបស់ព្រះអង្គ នឹងឆេះឆួលឡើងយ៉ាងឆាប់ៗ។
អ្នកណាជ្រកកោនក្រោមម្លប់បារមីព្រះអង្គ អ្នកនោះមានសុភមង្គលហើយ!
ជំពូកទី ៣
ពាក្យអធិស្ឋាននៅពេលមានសត្រូវព័ទ្ធជុំវិញ
១ទំនុកតម្កើងរបស់ស្ដេចដាវីឌ ក្នុងគ្រាដែលទ្រង់រត់ ភៀសចេញពីសម្ដេចអាប់សាឡុម
ជាព្រះរាជបុត្រ។
២ ព្រះអម្ចាស់អើយ ខ្មាំងសត្រូវរបស់ទូលបង្គំមានគ្នាច្រើនណាស់!
រីឯអ្នកដែលលើកគ្នាប្រឆាំងនឹងទូលបង្គំ ក៏មានគ្នាច្រើនដែរ!
៣ មានមនុស្សជាច្រើនពោលពីទូលបង្គំថា
«ព្រះជាម្ចាស់មិនសង្គ្រោះលោកឡើយ!»។ – សំរាក
៤ ក៏ប៉ុន្តែ ព្រះអម្ចាស់អើយ ព្រះអង្គជាខែលការពារទូលបង្គំ
ព្រះអង្គផ្ដល់សិរីរុងរឿងអោយទូលបង្គំ និង ប្រោសអោយទូលបង្គំងើបមុខឡើងវិញបាន។
៥ ខ្ញុំស្រែកដង្ហោយហៅរកព្រះអម្ចាស់ យ៉ាងអស់ពីដួងចិត្ត
ហើយព្រះអង្គឆ្លើយតបមកខ្ញុំវិញ ពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។ – សំរាក
៦ ខ្ញុំទំរេត ខ្ញុំទទួលទានដំណេកយ៉ាងស្កប់ស្កល់
ហើយខ្ញុំភ្ញាក់ឡើងវិញ ដ្បិតព្រះអម្ចាស់ជួយគាំទ្រខ្ញុំ។
៧ ទោះបីមានមនុស្សម្នាដ៏ច្រើនអនេកអនន្ត លើកគ្នាពីគ្រប់ទីកន្លែង មកប្រឆាំងនឹងខ្ញុំយ៉ាងណាក្ដី
ក៏ខ្ញុំមិនភ័យខ្លាចដែរ។
៨ ឱព្រះអម្ចាស់អើយ សូមកុំនៅព្រងើយ! ព្រះនៃទូលបង្គំអើយ សូមសង្គ្រោះទូលបង្គំផង!
ដ្បិតព្រះអង្គតែងតែទះកំផ្លៀងខ្មាំងសត្រូវ ទាំងប៉ុន្មានរបស់ទូលបង្គំ
ព្រះអង្គបំបាក់ធ្មេញរបស់មនុស្សពាល។
៩ បពិត្រព្រះអម្ចាស់ មានតែព្រះអង្គទេ ដែលអាចសង្គ្រោះ!
សូមប្រទានពរដល់ប្រជារាស្ត្ររបស់ព្រះអង្គផង!
ជំពូកទី ៤
ព្រះជាម្ចាស់ការពារ នៅពេលគេមួលបង្កាច់
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ កំដរដោយក្រុមតន្ត្រីមានខ្សែ។
ទំនុករបស់ស្ដេចដាវីឌ។
២ ឱព្រះជាម្ចាស់ដែលរកយុត្តិធម៌ អោយទូលបង្គំអើយ
ពេលទូលបង្គំដង្ហោយហៅរកព្រះអង្គ សូមឆ្លើយតបមកទូលបង្គំផង!
ពេលទូលបង្គំមានទុក្ខធុរៈព្រះអង្គបានធ្វើអោយទូលបង្គំធូរស្បើយ។
សូមអាណិតមេត្តាទូលបង្គំ សូមព្រះសណ្ដាប់ពាក្យអង្វររបស់ទូលបង្គំផង។
៣ មនុស្សម្នាទាំងឡាយអើយ តើអ្នករាល់គ្នាជាន់ឈ្លីកិត្តិយសខ្ញុំ ដល់កាលណាទៀត?
តើអ្នករាល់គ្នាចូលចិត្តចោទប្រកាន់ ដោយឥតបានការ
និងនិយាយកុហកមួលបង្កាច់ដល់កាលណាទៀត? – សំរាក
៤ ត្រូវដឹងថា ព្រះអម្ចាស់តែងតែប្រោសប្រណីមនុស្សស្មោះត្រង់
ពេលណាខ្ញុំស្រែកអង្វររកព្រះអម្ចាស់ ទ្រង់ព្រះសណ្ដាប់ខ្ញុំជានិច្ច។
៥ បើអ្នករាល់គ្នាច្រឡោតខឹង មិនត្រូវប្រព្រឹត្តអំពើបាបសោះឡើយ
តែត្រូវដេកគិតពិចារណា ហើយរំងាប់ចិត្តទៅ។ – សំរាក
៦ ចូរថ្វាយយញ្ញបូជាដ៏សុចរិត
ហើយពឹងផ្អែកលើព្រះអម្ចាស់ចុះ។
៧ មនុស្សជាច្រើនពោលថា: តើនរណានាំសុភមង្គលមកអោយយើងខ្ញុំ?
ព្រះអម្ចាស់អើយ សូមទតមកយើងខ្ញុំ ដោយព្រះហឫទ័យសប្បុរសផង!
៨ ព្រះអង្គបានដាក់អំណរនៅក្នុងចិត្តទូលបង្គំ ច្រើនជាងអំណរដែលគេមាននៅពេលច្រូតស្រូវ
និងបេះផ្លែទំពាំងបាយជូរដ៏បរិបូណ៌ទៅទៀត។
៩ ពេលទូលបង្គំចូលដំណេក នោះទូលបង្គំនឹងដេកលក់ដោយសុខសាន្តភ្លាម
ឱព្រះអម្ចាស់អើយ មានតែព្រះអង្គទេ ដែលធ្វើអោយទូលបង្គំរស់នៅ ដោយសុខដុមរមនា។
ជំពូកទី ៥
ពាក្យអធិស្ឋានសូមព្រះជាម្ចាស់ការពារ
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ កំដរដោយខ្លុយ។
ទំនុករបស់ស្ដេចដាវីឌ។
២ ឱព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំ!
សូមទ្រង់ព្រះសណ្ដាប់សំរែកឈឺចាប់ របស់ទូលបង្គំផង។
៣ ឱព្រះជាម្ចាស់ ជាព្រះមហាក្សត្រនៃទូលបង្គំអើយ
សូមយកព្រះហឫទ័យទុកដាក់នឹងសូរសំរែក របស់ទូលបង្គំផង
ដ្បិតទូលបង្គំអធិស្ឋានរកព្រះអង្គ។
៤ ឱព្រះអម្ចាស់អើយ! នៅពេលព្រឹក ព្រះអង្គព្រះសណ្ដាប់សំឡេងរបស់ទូលបង្គំ
ទូលបង្គំចូលមកគាល់ ហើយនៅរង់ចាំព្រះអង្គតាំងពីព្រលឹម។
៥ ព្រះអង្គមិនមែនជាព្រះដែលសព្វព្រះហឫទ័យ នឹងអំពើទុច្ចរិតនោះទេ
អំពើអាក្រក់ពុំអាចនៅក្បែរព្រះអង្គបានឡើយ។
៦ ព្រះអង្គមិនចង់ឃើញមនុស្សព្រហើន ចូលមកជិតព្រះអង្គទេ
ព្រះអង្គក៏មិនសព្វព្រះហឫទ័យនឹងមនុស្ស ដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។
៧ ព្រះអង្គនឹងធ្វើអោយពួកកុហកវិនាសសាបសូន្យ។
ព្រះអម្ចាស់ស្អប់ខ្ពើមអ្នកបង្ហូរឈាម និងអ្នកមានល្បិចកល។
៨ រីឯទូលបង្គំវិញ ទូលបង្គំចូលមកក្នុងព្រះដំណាក់របស់ព្រះអង្គបាន
ដោយសារតែព្រះអង្គមានព្រះហឫទ័យសប្បុរស យ៉ាងខ្លាំងចំពោះទូលបង្គំ
ទូលបង្គំសូមក្រាបថ្វាយបង្គំព្រះអង្គ ដោយបែរមុខតម្រង់ទៅរកព្រះវិហារដ៏វិសុទ្ធ របស់ព្រះអង្គ
ទាំងគោរពកោតខ្លាច។
៩ ឱព្រះអម្ចាស់អើយ មានមនុស្សជាច្រើនប្រឆាំងនឹងទូលបង្គំ!
សូមដឹកនាំទូលបង្គំអោយធ្វើតាមព្រះហឫទ័យ របស់ព្រះអង្គ
សូមពង្រាបផ្លូវរបស់ព្រះអង្គនៅមុខទូលបង្គំផង។
១០ អ្នកទាំងនោះមានពាក្យសំដីមិនទៀងទេ គេគិតតែចង់បំផ្លិចបំផ្លាញ
អណ្ដាតរបស់គេគ្រលាស់ចេញនូវពាក្យបញ្ចើចបញ្ចើ
តែមានបង្កប់ទៅដោយពិសពុល សំរាប់ប្រហារជីវិត។
១១ ឱព្រះជាម្ចាស់អើយ សូមដាក់ទោសគេទៅ!
សូមអោយគេវិនាសអន្តរាយ ដោយសារគំរោងការរបស់ខ្លួន
គេបានប្រព្រឹត្តអំពើអាក្រក់ច្រើនរាប់មិនអស់ ព្រោះគេបះបោរប្រឆាំងនឹងព្រះអង្គ
ដូច្នេះ សូមកាត់កាល់គេចោលទៅ។
១២ រីឯអស់អ្នកដែលជ្រកកោនក្រោមម្លប់បារមីព្រះអង្គ គេនឹងមានអំណរ
គេនឹងសប្បាយរីករាយរហូតតទៅ ហើយព្រះអង្គនឹងរក្សាការពារគេ
អស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ នឹងសប្បាយរីករាយរួមជាមួយព្រះអង្គ។
១៣ ព្រះអម្ចាស់អើយ ព្រះអង្គប្រទានពរ អោយមនុស្សសុចរិត
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រៀបបាននឹងខែលការពារគេ។
ជំពូកទី ៦
ព្រះអង្គទ្រង់ព្រះពិរោធនឹងទូលបង្គំ តែសូមកុំដាក់ទោសទូលបង្គំឡើយ
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ កំដរដោយក្រុមតន្ត្រីមានខ្សែ និងពិណប្រាំបីខ្សែ។
ទំនុករបស់ស្ដេចដាវីឌ។
២ ឱព្រះអម្ចាស់អើយ ទោះបីព្រះអង្គ ទ្រង់ព្រះពិរោធនឹងទូលបង្គំក្ដី សូមកុំដាក់ទោសទូលបង្គំឡើយ
ទោះបីព្រះអង្គខ្ញាល់នឹងទូលបង្គំក្ដី ក៏សូមកុំធ្វើទោសទូលបង្គំដែរ!
៣ ព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំផង ដ្បិតទូលបង្គំកាន់តែខ្សោយណាស់ហើយ
ព្រះអម្ចាស់អើយ សូមប្រោសទូលបង្គំអោយជាផង ដ្បិតរូបកាយទូលបង្គំទាំងមូលញ័រញាក់។
៤ ចិត្តគំនិតទូលបង្គំតប់ប្រមល់ជាខ្លាំង
ព្រះអម្ចាស់អើយ តើទុកអោយទូលបង្គំនៅដូច្នេះ ដល់កាលណាទៀត?
៥ ព្រះអម្ចាស់អើយ សូមទ្រង់យាងមកវិញ ហើយសង្គ្រោះទូលបង្គំផង
សូមរំដោះទូលបង្គំ ដោយព្រះហឫទ័យសប្បុរស
៦ ដ្បិតពេលស្លាប់ផុតទៅហើយ គ្មាននរណាអាចនឹកដល់ព្រះអង្គបានទៀតទេ
ពុំដែលមាននរណាសរសើរតម្កើងព្រះអង្គ នៅក្នុងស្ថានមនុស្សស្លាប់ឡើយ។
៧ ទូលបង្គំស្រែកថ្ងូរ ហើយកាន់តែល្វើយទៅៗ។
រៀងរាល់យប់ ទូលបង្គំយំសោកនៅលើគ្រែ ហើយបង្ហូរទឹកភ្នែកជោកខ្នើយ។
៨ ទុក្ខកង្វល់បានធ្វើអោយទូលបង្គំស្លក់មុខ
ភ្នែកទូលបង្គំក៏ប្រែទៅជាស្រវាំង ព្រោះតែបច្ចាមិត្តរបស់ទូលបង្គំ។
៩ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរចៀសចេញអោយឆ្ងាយពីខ្ញុំទៅ
ដ្បិតព្រះអម្ចាស់ ទ្រង់ព្រះសណ្ដាប់ឮសំឡេង យំសោករបស់ខ្ញុំហើយ។
១០ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮពាក្យ ទទូចអង្វររបស់ខ្ញុំ
ព្រះអម្ចាស់ទទួលពាក្យអធិស្ឋានរបស់ខ្ញុំហើយ។
១១ សូមអោយខ្មាំងសត្រូវទាំងប៉ុន្មានរបស់ខ្ញុំ ត្រូវអាម៉ាស់ និងញ័ររន្ធត់
ហើយអោយគេដកខ្លួនថយទៅវិញ ទាំងអៀនខ្មាសយ៉ាងខ្លាំង។
ជំពូកទី ៧
ព្រះអម្ចាស់សូមរកយុត្តិធម៌អោយទូលបង្គំផង!
១ ទំនួញរបស់ស្ដេចដាវីឌ ព្រះអង្គសូត្រថ្វាយព្រះជាម្ចាស់
នៅពេលមានរឿងជាមួយមនុស្សម្នាក់ឈ្មោះគូស ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។
២ ព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ! ទូលបង្គំសូមយកព្រះអង្គធ្វើជាទីពឹងជ្រក
សូមសង្គ្រោះទូលបង្គំ សូមរំដោះទូលបង្គំ អោយរួចផុតពីអស់អ្នក ដែលបៀតបៀនទូលបង្គំផង
៣ ក្រែងលោគេហែកទូលបង្គំ ដូចសត្វសិង្ហខាំរំពានាំយកទៅ
ហើយគ្មាននរណារំដោះបានឡើយ។
៤ ព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ! ប្រសិនបើទូលបង្គំបានប្រព្រឹត្តដូចពាក្យគេថា
ប្រសិនបើដៃទូលបង្គំប្រឡាក់ទៅដោយអំពើទុច្ចរិត
៥ ប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើអាក្រក់ តបស្នងនឹងមិត្តភក្ដិទូលបង្គំ ឬប្រសិនបើទូលបង្គំ
រឹបអូសយកទ្រព្យដោយឥតហេតុផល ពីអ្នកដែលជំទាស់នឹងទូលបង្គំមែននោះ
៦សូមអោយខ្មាំងសត្រូវដេញទាន់ និងប្រហារទូលបង្គំទៅចុះ
អោយគេជាន់ឈ្លីជីវិតទូលបង្គំនៅនឹងដី
និងអោយគេយកកិត្តិយសរបស់ទូលបង្គំ ទៅទំលាក់ក្នុងភក់ជ្រាំចុះ!។ – សំរាក
៧ ព្រះអម្ចាស់អើយ សូមតើនឡើង
សូមទ្រង់ព្រះពិរោធតបនឹងអំពើឃោរឃៅ របស់បច្ចាមិត្តទូលបង្គំ
សូមជួយការពារទូលបង្គំផង ដ្បិតព្រះអង្គ ហ្នឹងហើយ ដែលបានតែងតាំងច្បាប់ឡើង។
៨ សូមអោយប្រជាជាតិនានា នាំគ្នាមកចោមរោមជុំវិញព្រះអង្គ!
សូមទ្រង់គ្រប់គ្រងលើពួកគេទាំងអស់គ្នា
៩ ព្រះអម្ចាស់ជាចៅក្រមវិនិច្ឆ័យប្រជារាស្ត្រទាំងអស់
ព្រះអម្ចាស់អើយ សូមរកយុត្តិធម៌អោយទូលបង្គំផង
ដ្បិតទូលបង្គំសុចរិត ហើយក៏ទៀងត្រង់ដែរ!
១០ សូមបញ្ឈប់អំពើអាក្រក់របស់មនុស្សទុច្ចរិត
ហើយជួយមនុស្សសុចរិត អោយមានចិត្តរឹងប៉ឹងឡើង!
ព្រះដ៏សុចរិតអើយ ព្រះអង្គឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស!
១១ ព្រះជាម្ចាស់ជាខែលការពារខ្ញុំ
ព្រះអង្គសង្គ្រោះអស់អ្នក ដែលមានចិត្តទៀងត្រង់។
១២ព្រះជាម្ចាស់ជាចៅក្រមដ៏សុចរិត
ព្រះអង្គតែងតែប្រឆាំងនឹងអំពើអាក្រក់ ជារៀងរាល់ថ្ងៃ។
១៣ មនុស្សអាក្រក់មិនដូរគំនិតទេ
គេនឹងសំលៀងមុខដាវ ហើយយឹតធ្នូប្រុងប្រៀបបាញ់។
១៤ គេនឹងរៀបចំអាវុធដើម្បីប្រហារអ្នកដទៃ ព្រមទាំងត្រៀមព្រួញភ្លើងចាំជាស្រេចផង។
១៥ អ្នកណាគិតតែពីប្រព្រឹត្តអំពើទុច្ចរិត ហើយរិះគិតពីអំពើឧក្រិដ្ឋ
អ្នកនោះនឹងបង្កើតបានការបោកបញ្ឆោត។
១៦ អ្នកណាជីករណ្ដៅកាន់តែជ្រៅទៅៗ
អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្ដៅ ដែលខ្លួនជីកនោះជាមិនខាន។
១៧ អំពើទុច្ចរិតដែលគេប្រព្រឹត្ត នឹងធ្លាក់មកលើក្បាលគេវិញ
អំពើឃោរឃៅរបស់គេ ក៏នឹងធ្លាក់មកលើលលាដ៍ក្បាលគេវិញដែរ។
១៨ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គសុចរិត
ខ្ញុំនឹងច្រៀងលើកតម្កើងព្រះនាមព្រះអម្ចាស់ ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។
ជំពូកទី ៨
សិរីរុងរឿងរបស់ព្រះជាម្ចាស់ និងកិត្តិយសរបស់មនុស្ស
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ សំរាប់ពិណពីក្រុងកាថ។
ទំនុករបស់ស្ដេចដាវីឌ។
២ បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំអើយ!
ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដីទាំងមូល!
ព្រះអង្គថ្កុំថ្កើងរុងរឿងលើសផ្ទៃមេឃទៅទៀត។
៣ ព្រះអង្គបានប្រើពាក្យសរសើរតម្កើងរបស់ក្មេងៗ និងទារកដែលនៅបៅ
ធ្វើជាកម្លាំងប្រយុទ្ធនឹងបច្ចាមិត្តរបស់ព្រះអង្គ
ដើម្បីបង្ក្រាបខ្មាំងសត្រូវដ៏កាចសាហាវ អោយវិនាសសាបសូន្យទៅ។
៤ ពេលទូលបង្គំសម្លឹងមើលផ្ទៃមេឃ ដែលជាស្នាព្រះហស្ដរបស់ព្រះអង្គ
ហើយសម្លឹងមើលព្រះច័ន្ទ និងហ្វូងតារាដែលព្រះអង្គដាក់នៅលើមេឃនោះ
៥ ទូលបង្គំសួរខ្លួនឯងថា តើមនុស្សមានឋានៈអ្វី បានជាព្រះអង្គនឹកគិតដល់គេដូច្នេះ
តើបុត្រមនុស្សជាអ្វីបានជាព្រះអង្គយក ព្រះហឫទ័យទុកដាក់នឹងគេយ៉ាងនេះ?
៦ ព្រះអង្គបានធ្វើអោយគេមានឋានៈទាបជាង ទេវទូតតែបន្តិចប៉ុណ្ណោះ
ព្រះអង្គប្រទានសិរីរុងរឿង និងកិត្តិយសដល់គេ ទុកជាមកុដរាជ្យ។
៧ ព្រះអង្គប្រទានអោយគេគ្រប់គ្រងលើអ្វីៗ ទាំងអស់ដែលព្រះអង្គបានបង្កើតមក
ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់ អោយនៅក្រោមជើងរបស់គេ
៨ គឺទាំងចៀម ទាំងគោ និងសត្វព្រៃទាំងប៉ុន្មាន
៩ ព្រមទាំងបក្សាបក្សីនៅលើមេឃ ត្រីនៅក្នុងសមុទ្រ
និង សត្វទាំងអស់ដែលរស់នៅបាតសមុទ្រ។
១០ បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំអើយ
ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដីទាំងមូល!
ជំពូកទី ៩
ព្រះអម្ចាស់ជាព្រះសង្គ្រោះរបស់ជនក្រីក្រ និង អ្នកដែលត្រូវគេជិះជាន់
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ តាមលំនាំបទកូនប្រុសស្លាប់។
ទំនុករបស់ស្ដេចដាវីឌ។
២ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអម្ចាស់យ៉ាងអស់ពីចិត្ត
ទូលបង្គំនឹងនិទានពីគ្រប់ការអស្ចារ្យ ដែលព្រះអង្គបានធ្វើ
៣ ទូលបង្គំនឹងរីករាយដោយសារព្រះអង្គ ទូលបង្គំនឹងត្រេកអរយ៉ាងខ្លាំង
បពិត្រព្រះដ៏ខ្ពង់ខ្ពស់បំផុត ទូលបង្គំច្រៀងលើកតម្កើងព្រះនាមព្រះអង្គ!។
៤ ខ្មាំងសត្រូវរបស់ទូលបង្គំដកខ្លួនថយ
ហើយជំពប់ជើងដួលវិនាស នៅចំពោះព្រះភក្ត្រព្រះអង្គ
៥ ដ្បិតទ្រង់បានរកយុត្តិធម៌អោយទូលបង្គំ គឺអោយគេឃើញថាទូលបង្គំសុចរិត
ព្រះអង្គគង់នៅលើបល្ល័ង្ក ក្នុងឋានៈជាចៅក្រមដ៏សុចរិត។
៦ ព្រះអង្គគំរាមកំហែងជាតិសាសន៍នានា ព្រះអង្គបានធ្វើអោយមនុស្សពាលវិនាសសូន្យ
ព្រះអង្គលុបបំបាត់ឈ្មោះពួកគេជានិច្ច រហូតតទៅ។
៧ ខ្មាំងសត្រូវវិនាសអន្តរាយអស់កល្បជានិច្ច!
រីឯក្រុងនានារបស់គេ ព្រះអង្គបានរំលាយអស់ហើយ គ្មាននរណានឹកឃើញទៀតទេ។
៨ ព្រះអម្ចាស់គ្រងរាជ្យរហូតតរៀងទៅ
ព្រះអង្គឡើងគង់នៅលើបល្ល័ង្ក ដើម្បីវិនិច្ឆ័យទោស។
៩ ព្រះអង្គគ្រប់គ្រងលើផែនដីដោយសេចក្ដីសុចរិត
ព្រះអង្គវិនិច្ឆ័យទោសប្រជាជនទាំងឡាយ ដោយយុត្តិធម៌។
១០ សូមព្រះអម្ចាស់ធ្វើជាបន្ទាយដ៏រឹងមាំការពារ អស់អ្នកដែលត្រូវគេជិះជាន់
គឺជាបន្ទាយការពារនៅពេលមានអាសន្ន។
១១ ព្រះអម្ចាស់អើយ អស់អ្នកដែលស្គាល់ព្រះនាមព្រះអង្គ នឹងទុកចិត្តលើព្រះអង្គជាមិនខាន
ដ្បិតព្រះអង្គមិនបោះបង់ចោល អស់អ្នកដែលស្វែងរកព្រះអង្គឡើយ!។
១២ ចូរនាំគ្នាច្រៀងលើកតម្កើងព្រះអម្ចាស់ ដែលគង់នៅក្រុងស៊ីយ៉ូន
ចូរប្រកាសប្រាប់ប្រជាជនទាំងឡាយ អំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ!
១៣ ដ្បិតព្រះអង្គដាក់ទោសអ្នកដែលសម្លាប់គេ
ព្រះអង្គចងចាំជានិច្ច ព្រះអង្គមិនភ្លេចសំរែករបស់ជនរងគ្រោះឡើយ។
១៤ ឱព្រះអម្ចាស់អើយ សូមអាណិតអាសូរទូលបង្គំផង
សូមទតមើលទូលបង្គំដែលរងទុក្ខលំបាក ព្រោះតែពួកខ្មាំងសត្រូវ
មានតែព្រះអង្គទេ ដែលអាចនាំទូលបង្គំ អោយរួចពីសេចក្ដីស្លាប់
១៥ ដើម្បីអោយទូលបង្គំថ្លែងគ្រប់ពាក្យ សរសើរតម្កើងព្រះអង្គនៅមាត់ទ្វារក្រុងស៊ីយ៉ូន
និងអោយទូលបង្គំត្រេកអរសប្បាយបំផុត ព្រោះព្រះអង្គបានសង្គ្រោះទូលបង្គំ។
១៦ ប្រជាជាតិនានានឹងធ្លាក់ទៅក្នុងរណ្ដៅ ដែលគេបានជីក
ជើងរបស់គេក៏ជាប់អន្ទាក់ដែលគេបាន បង្កប់ទុកនោះដែរ។
១៧ ព្រះអម្ចាស់បានសំដែងអោយគេស្គាល់ព្រះអង្គ ព្រះអង្គកាត់ទោសគេ
មនុស្សអាក្រក់បានជាប់អន្ទាក់ ដែលជាស្នាដៃរបស់ខ្លួន។ ប្រគំភ្លេង សំរាក
១៨ សូមអោយមនុស្សអាក្រក់ គឺប្រជាជាតិទាំងប៉ុន្មានដែលបំភ្លេចព្រះជាម្ចាស់
វិលទៅរកស្ថានមនុស្សស្លាប់វិញទៅ។
១៩រីឯមនុស្សក្រីក្រ ព្រះអង្គមិនភ្លេចគេសោះឡើយ
ហើយសេចក្ដីសង្ឃឹមរបស់មនុស្សវេទនា ក៏មិនដែលសាបសូន្យដែរ។
២០ ព្រះអម្ចាស់អើយ សូមតើនឡើង! សូមកុំអោយមនុស្សលោកមានជ័យជំនះឡើយ!
សូមវិនិច្ឆ័យទោសប្រជាជាតិនានា នៅចំពោះព្រះភក្ត្រព្រះអង្គ។
២១ ឱព្រះអម្ចាស់អើយ សូមធ្វើអោយពួកគេភ័យតក់ស្លុត!
សូមធ្វើអោយប្រជាជនទាំងឡាយដឹងថា ពួកគេគ្រាន់តែជាមនុស្សប៉ុណ្ណោះ!។
ជំពូកទី ១០
ពាក្យអធិស្ឋានសូមព្រះអម្ចាស់រកយុត្តិធម៌
១ ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គគង់នៅឆ្ងាយម៉្លេះ?
នៅពេលទូលបង្គំមានអាសន្ន ហេតុអ្វីបានជាព្រះអង្គសំងំស្ងៀមដូច្នេះ?
២ មនុស្សពាលនាំគ្នាតាមធ្វើបាបមនុស្សទុគ៌ត ទាំងឥតអៀនខ្មាស
ពួកគេប្រើកលល្បិចធ្វើអោយ មនុស្សទុគ៌តវិនាស។
៣ មនុស្សពាលតែងតែនិយាយអួត អំពីការលោភលន់របស់ខ្លួន
ហើយមនុស្សកេងប្រវ័ញ្ចនាំគ្នានិយាយចំអក និង ប្រមាថព្រះអម្ចាស់។
៤ មនុស្សពាលនិយាយទាំងវាយឫកខ្ពស់ ហើយមិនរវីរវល់នឹងអ្វីសោះ
ព្រោះគេគិតថា គ្មានព្រះជាម្ចាស់ទេ!
៥ អ្វីៗដែលគេធ្វើតែងតែចំរុងចំរើនជានិច្ច គេគិតមិនដល់សោះថា
ព្រះអង្គនឹងវិនិច្ឆ័យទោសគេដូច្នេះ គេក៏បន្ទាបបន្ថោកបច្ចាមិត្តរបស់ខ្លួន។
៦ គេគិតក្នុងចិត្តថា «អញនឹងមិនត្រូវរង្គោះរង្គើ
ហើយអញក៏នឹងមិនជួបប្រទះ ទុក្ខលំបាកសោះឡើយ»។
៧ មាត់របស់គេពោលតែពាក្យបណ្ដាសា ពាក្យបោកបញ្ឆោត និងពាក្យមួលបង្កាច់
ហើយពាក្យអពមង្គល និង ទុច្ចរិតស្ថិតនៅលើចុងអណ្ដាតគេជានិច្ច។
៨ គេតែងពួនស្ទាក់នៅក្បែរភូមិ ហើយប្រហារជីវិតជនស្លូតត្រង់ដោយសម្ងាត់
គេចេះតែឃ្លាំមើលមនុស្សទន់ខ្សោយ។
៩ គេពួនដូចសត្វសិង្ហសំងំនៅតាមគុម្ពោត គេពួនស្ទាក់ចាំចាប់ជនទុគ៌ត
គេចាប់ជនទុគ៌ត ដោយទាក់ទាញ អោយធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន។
១០ ជនទុគ៌តក៏ដួលក្រាបនៅដី
ហើយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ មនុស្សពាល។
១១ មនុស្សពាលគិតក្នុងចិត្តថា «ព្រះជាម្ចាស់ មិនចាប់អារម្មណ៍ទេ!
ព្រះអង្គបិទព្រះនេត្រ ទ្រង់មិនទតមើលទាល់តែសោះ!»។
១២ ព្រះអម្ចាស់អើយ សូមតើនឡើង បង្ហាញព្រះបារមីរបស់ព្រះអង្គ
សូមកុំភ្លេចមនុស្សទន់ទាបឡើយ!
១៣ ហេតុអ្វីបានជាមនុស្សពាលចំអក មើលងាយព្រះជាម្ចាស់?
ហេតុអ្វីបានជាគេគិតក្នុងចិត្តថា «ព្រះអង្គនឹងមិនរករឿងអញឡើយ» ដូច្នេះ?។
១៤ ព្រះអម្ចាស់អើយ ព្រះអង្គពិតជាទតឃើញទុក្ខលំបាក និង ការឈឺចាប់របស់មនុស្សទន់ទាប
ព្រះអង្គប្រុងនឹងជួយគេជានិច្ច
មនុស្សទុគ៌តផ្ញើជីវិតលើព្រះអង្គទាំងស្រុង
ហើយមានតែព្រះអង្គទេ ដែលយាងមកជួយសង្គ្រោះជនកំព្រា។
១៥ សូមព្រះអង្គកាច់បំបាក់ដៃរបស់មនុស្សពាល សូមដាក់ទោសពួកគេ
ដើម្បីកុំអោយគេប្រព្រឹត្ត អំពើពាលតទៅទៀត!។
១៦ ព្រះអម្ចាស់ជាព្រះមហាក្សត្រដ៏គង់នៅ អស់កល្បជាអង្វែងតរៀងទៅ
សាសន៍ដទៃនឹងត្រូវលុបបំបាត់ចេញ អស់ពីស្រុករបស់ព្រះអង្គ។
១៧ បពិត្រព្រះអម្ចាស់ ព្រះអង្គទ្រង់ឈ្វេងយល់ បំណងចិត្តរបស់មនុស្សទន់ទាប
ព្រះអង្គលើកទឹកចិត្តគេ
១៨ ព្រះអង្គតែងតែផ្ទៀងព្រះកាណ៌ស្ដាប់ជនកំព្រា និងមនុស្សដែលត្រូវគេជិះជាន់
ហើយព្រះអង្គរកយុត្តិធម៌អោយគេ
ដើម្បីកុំអោយមនុស្សនៅលើផែនដី អាចសង្កត់សង្កិនគេតទៅមុខទៀត។
ជំពូកទី ១១
ទូលបង្គំទុកចិត្តលើព្រះអម្ចាស់
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ស្ដេចដាវីឌ។
-ខ្ញុំមកជ្រកកោនជាមួយព្រះអម្ចាស់ហើយ
ហេតុអ្វីបានជាអ្នករាល់គ្នាប្រាប់ខ្ញុំ អោយរត់ទៅជ្រកនៅតាមភ្នំ ដូចសត្វស្លាបទៅវិញដូច្នេះ?
២ -ពួកជនពាល បានយឹតធ្នូ ភ្ជាប់ព្រួញទៅនឹងខ្សែ
បម្រុងនឹងបាញ់ចេញពីទីងងឹត សំដៅទៅលើអស់អ្នកដែលមានចិត្តទៀងត្រង់។
៣ ប្រសិនបើអ្វីៗដែលជាមូលដ្ឋាននៃសង្គម ត្រូវរលំអស់
តើមនុស្សសុចរិតនឹងធ្វើអ្វីកើត?។
៤ -ព្រះអម្ចាស់គង់នៅក្នុងព្រះវិហារដ៏វិសុទ្ធ* របស់ព្រះអង្គ
បល្ល័ង្ករបស់ព្រះអង្គស្ថិតនៅក្នុងស្ថានបរមសុខ
ព្រះអង្គទតមើល ហើយឈ្វេងយល់អ្វីៗទាំងអស់ ដែលមនុស្សលោកធ្វើ។
៥ ព្រះអម្ចាស់ឈ្វេងយល់ចិត្តមនុស្សសុចរិត
តែព្រះអង្គមិនសព្វព្រះហឫទ័យនឹងមនុស្សពាល
ព្រមទាំងអ្នកដែលប្រព្រឹត្តអំពើឃោរឃៅទេ។
៦ សូមព្រះអង្គដាក់ទោសមនុស្សពាល
ដោយធ្វើអោយមានរងើកភ្លើង និងស្ពាន់ធ័រ
បង្អុរចុះមកលើពួកគេដូចជាភ្លៀង
ហើយសូមអោយខ្យល់ក្ដៅ បក់បោកមកលើពួកគេដែរ។
៧ ដ្បិតព្រះអម្ចាស់ទ្រង់សុចរិត
ព្រះអង្គសព្វព្រះហឫទ័យនឹងកិច្ចការណា ដែលសុចរិត។
មនុស្សមានចិត្តទៀងត្រង់ មុខជាបានឃើញព្រះភក្ត្ររបស់ព្រះអង្គ។
ជំពូកទី ១២
ព្រះអម្ចាស់អើយសូមជួយផង!
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង កំដរដោយពិណប្រាំបីខ្សែ។
ទំនុករបស់ស្ដេចដាវីឌ។
២ ឱព្រះអម្ចាស់អើយ សូមជួយសង្គ្រោះផង! ដ្បិតលែងមានមនុស្សទៀងត្រង់ទៀតហើយ
រីឯមនុស្សមានចិត្តស្មោះត្រង់ក្នុងចំណោម មនុស្សលោក ក៏បាត់បង់អស់ដែរ។
៣ ម្នាក់ៗគិតតែនិយាយមួលបង្កាច់គ្នា ទៅវិញទៅមក
គេនិយាយសុទ្ធតែពាក្យបញ្ចើចបញ្ចើដាក់គ្នា តែមានចិត្តមិនទៀង។
៤ សូមព្រះអម្ចាស់បំបិទមាត់ដែលចេះតែពោល ពាក្យបញ្ចើចបញ្ចើ
និង កាត់អណ្ដាត ដែលចេះតែនិយាយយ៉ាងព្រហើននោះទៅ។
៥ ពួកគេពោលថា «ដោយសារអណ្ដាតរបស់យើង យើងធ្វើអ្វី ក៏បានជោគជ័យដែរ!
យើងនិយាយយ៉ាងណាក៏បានដែរ គ្មាននរណាត្រួតត្រាលើយើងទេ»។
៦ ដោយព្រះអង្គទតឃើញមនុស្សទុគ៌តត្រូវគេជិះជាន់
និង ឮសំរែករបស់ជនក្រីក្រដែលរងទុក្ខលំបាក
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ឥឡូវនេះយើងត្រូវតែក្រោកឡើង
យើងមកសង្គ្រោះអស់អ្នកដែលត្រូវគេ មើលងាយ បន្ទាបបន្ថោក»។
៧ ព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះបន្ទូលដ៏បរិសុទ្ធ*
គឺបរិសុទ្ធជាងប្រាក់ដែលគេយកទៅដុត ក្នុងឡប្រាំពីរដងទៅទៀត។
៨ ព្រះអម្ចាស់អើយ ព្រះអង្គធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គជានិច្ច
ព្រះអង្គនឹងការពារយើងខ្ញុំអោយរួច ពីកណ្ដាប់ដៃរបស់អ្នកទាំងនោះរហូតតទៅ
៩ ទោះបីមានជនពាលដើរក្រឡឹងជុំវិញយើងខ្ញុំ
ឬទោះបីមនុស្សលោកចេះតែប្រព្រឹត្តអំពើទុយ៌ស កាន់តែច្រើនឡើងៗក៏ដោយ។
ជំពូកទី ១៣
ពាក្យអង្វរសូមព្រះអម្ចាស់ជួយសង្គ្រោះ
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។
ទំនុករបស់ស្ដេចដាវីឌ។
២ ឱព្រះអម្ចាស់អើយ តើព្រះអង្គនៅតែភ្លេចទូលបង្គំ ដល់ពេលណា?
តើព្រះអង្គនៅតែមិនព្រមទតមើល មកទូលបង្គំដល់កាលណាទៀត?
៣ តើទូលបង្គំត្រូវមានកង្វល់ក្នុងចិត្ត ដល់ពេលណាទៅ?
តើចិត្តទូលបង្គំត្រូវរងទុក្ខព្រួយ ទាំងយប់ ទាំងថ្ងៃដល់អង្កាល់?
តើខ្មាំងសត្រូវមានជ័យជំនះលើទូលបង្គំ ដល់កាលណាទៀត?
៤ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ សូមទតមកទូលបង្គំ ហើយឆ្លើយតបនឹងទូលបង្គំផង!
សូមប្រទានកម្លាំងដល់ទូលបង្គំ កុំទុកអោយទូលបង្គំស្លាប់ឡើយ
៥ ក្រែងលោខ្មាំងសត្រូវរបស់ទូលបង្គំពោលថា «អញបានឈ្នះវាហើយ!»
ហើយបច្ចាមិត្តរបស់ទូលបង្គំនាំគ្នា ត្រេកអរសប្បាយ ព្រោះតែទូលបង្គំបរាជ័យ។
៦ ចំពោះទូលបង្គំវិញ ទូលបង្គំទុកចិត្ត លើព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ
ចិត្តទូលបង្គំត្រេកអរសប្បាយ ព្រោះព្រះអង្គសង្គ្រោះទូលបង្គំ។
ទូលបង្គំនឹងច្រៀងសរសើរព្រះអម្ចាស់ ដោយព្រះអង្គបានប្រោសប្រណីដល់ទូលបង្គំ។
ជំពូកទី ១៤
អ្នកជឿនៅក្នុងចំណោមមនុស្សពាល
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ស្ដេចដាវីឌ។
មនុស្សល្ងីល្ងើគិតក្នុងចិត្តថា «គ្មានព្រះជាម្ចាស់ទាល់តែសោះ!»
គេនាំគ្នាប្រព្រឹត្តអំពើថោកទាប និង កិច្ចការផ្សេងៗគួរអោយស្អប់ខ្ពើម
គឺគ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ។
២ ព្រះអម្ចាស់ទតពីស្ថានបរមសុខមក ពិនិត្យមើលមនុស្សលោក
ព្រះអង្គរកមើលក្រែងលោមាននរណាម្នាក់ ដឹងខុសត្រូវ ហើយស្វែងរកព្រះជាម្ចាស់។
៣ ក៏ប៉ុន្តែ មនុស្សគ្រប់ៗរូបបានវង្វេងចេញឆ្ងាយ ពីព្រះជាម្ចាស់ ហើយនាំគ្នាប្រព្រឹត្តអំពើខិលខូច
គ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង។
៤ តើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត សុទ្ធតែជាមនុស្សល្ងង់ឬ?
អ្នកទាំងនោះចិញ្ចឹមជីវិត ដោយជិះជាន់ប្រជារាស្ត្ររបស់យើង
គេមិនអង្វររកព្រះអម្ចាស់ទាល់តែសោះ។
៥ អ្នកទាំងនោះភ័យញ័រជាខ្លាំង
ដោយព្រះជាម្ចាស់ជួយគាំទ្រក្រុមមនុស្សសុចរិត។
៦ «អ្នករាល់គ្នាបានធ្វើអោយមនុស្សទុគ៌ត បាត់បង់សេចក្ដីសង្ឃឹមរបស់ខ្លួន
ប៉ុន្តែ ព្រះអម្ចាស់ធ្វើជាជំរករបស់គេ។
៧ សូមអោយអ៊ីស្រាអែលបានទទួល ការសង្គ្រោះពីក្រុងស៊ីយ៉ូន។
នៅពេលដែលព្រះអម្ចាស់នាំប្រជាជនរបស់ព្រះអង្គ អោយងើបមុខឡើងវិញ
ពូជរបស់លោកយ៉ាកុបនឹងត្រេកអរសប្បាយ
ពូជរបស់លោកអ៊ីស្រាអែលនឹងមានអំណរ លើសលប់»។
ជំពូកទី ១៥
មនុស្សដែលព្រះអម្ចាស់សព្វព្រះហឫទ័យ
១ ទំនុករបស់ស្ដេចដាវីឌ។
ឱព្រះអម្ចាស់អើយ តើនរណាអាចស្នាក់នៅក្នុងព្រះពន្លា របស់ព្រះអង្គបាន?
តើនរណាអាចស្ថិតនៅលើភ្នំដ៏វិសុទ្ធ* របស់ព្រះអង្គបាន?
២ គឺមានតែមនុស្សឥតសៅហ្មង ដែលប្រព្រឹត្តអំពើសុចរិត
ហើយនិយាយតែសេចក្ដីពិតដែលមាននៅ ក្នុងដួងចិត្តរបស់ខ្លួនប៉ុណ្ណោះ ទើបអាចនៅបាន។
៣ គេមិននិយាយមួលបង្កាច់ មិនធ្វើបាបអ្នកដទៃ
ហើយក៏មិនបង្អាប់បង្អោនកិត្តិយស បងប្អូនរួមជាតិរបស់ខ្លួនដែរ។
៤ គេមិនរាប់រកអស់អ្នកដែលព្រះជាម្ចាស់ មិនគាប់ព្រះហឫទ័យនោះឡើយ
តែគេលើកកិត្តិយសអស់អ្នកដែលគោរព កោតខ្លាចព្រះអម្ចាស់។
បើគេសន្យាអ្វីមួយ ទោះបីត្រូវខាតបង់យ៉ាងណាក៏ដោយ
ក៏គេនៅតែគោរពតាមពាក្យសំដីរបស់ខ្លួនជានិច្ច។
៥ គេអោយប្រាក់អ្នកដទៃខ្ចី ដោយមិនយកការនោះឡើយ
ហើយគេក៏មិនព្រមទទួលសំណូក ដើម្បីដាក់ទោសជនស្លូតត្រង់ដែរ។
អ្នកណាប្រព្រឹត្តដូច្នេះ អ្នកនោះនឹងបានសុខជានិច្ច។
ជំពូកទី ១៦
ពាក្យអធិស្ឋានដោយទុកចិត្ត
១ កំណាព្យរបស់ស្ដេចដាវីឌ។
ឱព្រះជាម្ចាស់អើយ សូមការពារទូលបង្គំផង
ដ្បិតទូលបង្គំមកជ្រកកោនជាមួយព្រះអង្គហើយ!
២ ខ្ញុំទូលព្រះអម្ចាស់ថា ព្រះអង្គជាព្រះអម្ចាស់ នៃទូលបង្គំ
ក្រៅពីព្រះអង្គ គ្មានអ្វីប្រសើរសំរាប់ទូលបង្គំឡើយ!។
៣ ប្រជាជនដ៏វិសុទ្ធ*នៅលើទឹកដីនេះ សុទ្ធតែជាមនុស្សល្អ
ទូលបង្គំពេញចិត្តនឹងនៅជាមួយពួកគេណាស់។
៤ រីឯអស់អ្នកដែលងាកទៅថ្វាយបង្គំព្រះដទៃ កាន់តែធ្វើអោយខ្លួនរងទុក្ខថែមទៀត
ទូលបង្គំនឹងមិនចូលរួមសម្លាប់សត្វធ្វើយញ្ញ ជាមួយពួកគេឡើយ
ហើយទូលបង្គំក៏នឹងមិនថ្វាយបង្គំព្រះទាំងនោះ រួមជាមួយពួកគេដែរ។
៥ ក្រៅពីព្រះអម្ចាស់ ទូលបង្គំគ្មានចំណែកមត៌កអ្វីទេ
ព្រះអង្គប្រទានអ្វីៗទាំងអស់ ដែលទូលបង្គំត្រូវការ
អនាគតរបស់ទូលបង្គំស្ថិតនៅលើព្រះអង្គ។
៦ ព្រះអង្គប្រទានចំណែកដ៏ល្អវិសេសក្រៃលែង មកទូលបង្គំ
គឺជាកេរមត៌កល្អប្រសើរបំផុតសំរាប់ទូលបង្គំ។
៧ ទូលបង្គំសរសើរតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គផ្ដល់យោបល់ដល់ទូលបង្គំ
សូម្បីតែនៅពេលយប់ ក៏មនសិការរបស់ទូលបង្គំដាស់តឿនទូលបង្គំដែរ។
៨ ទូលបង្គំនឹកដល់ព្រះអម្ចាស់ ដែលស្ថិតនៅខាងមុខទូលបង្គំជានិច្ច
ដោយព្រះអង្គគង់នៅខាងស្ដាំទូលបង្គំ ទូលបង្គំនឹងមិនភ័យខ្លាចសោះឡើយ។
៩ ហេតុនេះហើយបានចិត្តទូលបង្គំរីករាយ វិញ្ញាណទូលបង្គំត្រេកអរដ៏លើសលប់
ហើយសូម្បីតែរូបកាយរបស់ទូលបង្គំ ក៏បានសំរាកដោយសេចក្ដីសង្ឃឹមដែរ។
១០ ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹង ទូលបង្គំចោលនៅក្នុងស្ថានមនុស្សស្លាប់ឡើយ
ហើយព្រះអង្គក៏មិនបណ្ដោយអោយសព អ្នកបំរើរបស់ព្រះអង្គត្រូវរលួយដែរ។
១១ ព្រះអង្គបង្ហាញទូលបង្គំអោយស្គាល់ផ្លូវ ឆ្ពោះទៅកាន់ជីវិត។
ដោយព្រះអង្គនៅជាមួយ ទូលបង្គំមានអំណរដ៏បរិបូណ៌
ហើយនៅខាងស្ដាំព្រះអង្គ ទូលបង្គំក៏រីករាយអស់កល្បជានិច្ចដែរ។
ជំពូកទី ១៧
ពាក្យអធិស្ឋានរបស់ជនស្លូតត្រង់
១ ពាក្យអធិស្ឋានរបស់ស្ដេចដាវីឌ។
ឱព្រះអម្ចាស់អើយ! សូមទ្រង់ព្រះសណ្ដាប់សំណូមពរ ដ៏ត្រឹមត្រូវរបស់ទូលបង្គំ
សូមយកព្រះហឫទ័យទុកដាក់នឹង សំរែករបស់ទូលបង្គំ
សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទូលអង្វររបស់ ទូលបង្គំដែលហូរចេញពីដួងចិត្តដ៏ស្មោះត្រង់។
២ សូមរកយុត្តិធម៌អោយទូលបង្គំផង
ដ្បិតព្រះអង្គទតឃើញយ៉ាងច្បាស់នូវអ្វីៗ ដែលត្រឹមត្រូវ។
៣ ព្រះអង្គស្គាល់ចិត្តទូលបង្គំច្បាស់ហើយ ព្រះអង្គបានពិនិត្យមើលចិត្តទូលបង្គំនៅពេលយប់
ព្រះអង្គបានល្បងចិត្តទូលបង្គំ តែពុំឃើញមានបំណងអាក្រក់អ្វីទេ
ទូលបង្គំមិនបានពោលពាក្យអ្វីខុសឡើយ។
៤ ទូលបង្គំយកចិត្តទុកដាក់នឹងព្រះបន្ទូល របស់ព្រះអង្គ
ហើយប្រយ័ត្នខ្លួនមិនប្រព្រឹត្តអំពើឃោរឃៅ ដូចមនុស្សឯទៀតៗនោះឡើយ។
៥ ទូលបង្គំដើរតាមមាគ៌ារបស់ព្រះអង្គយ៉ាងខ្ជាប់ខ្ជួន
ទូលបង្គំបោះជំហានតាមឥតលំអៀងទេ។
៦ ឱព្រះជាម្ចាស់អើយ ទូលបង្គំអង្វររកព្រះអង្គ ដ្បិតព្រះអង្គតែងតែឆ្លើយតបនឹងទូលបង្គំ!
សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ សូមទ្រង់ព្រះសណ្ដាប់ពាក្យរបស់ទូលបង្គំផង!។
៧ ព្រះអង្គតែងតែសង្គ្រោះអស់អ្នក ដែលមកជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ
អោយរួចពីពួកអ្នកសង្កត់សង្កិនគេ
ដូច្នេះ សូមសំដែងព្រះហឫទ័យសប្បុរសដ៏អស្ចារ្យរបស់ព្រះអង្គផង។
៨ សូមរក្សាទូលបង្គំដូចរក្សាប្រស្រីភ្នែក
សូមការពារទូលបង្គំដូចសត្វស្លាបក្រុងកូនរបស់វា
៩ សូមកុំអោយមនុស្សពាលធ្វើទុក្ខបៀតបៀនទូលបង្គំ
កុំអោយខ្មាំងសត្រូវមកឡោមព័ទ្ធប្រល័យ ជីវិតទូលបង្គំបានឡើយ។
១០ អ្នកទាំងនោះគ្មានចិត្តត្រាប្រណីទេ
មាត់គេពោលចេញមកនូវពាក្យអួតបំប៉ោង
១១ ពួកគេដេញតាមទូលបង្គំទាន់ ហើយឡោមព័ទ្ធទូលបង្គំទៀតផង
គេសម្លក់សម្លឹងមកទូលបង្គំ បម្រុងនឹងប្រហារជីវិតទូលបង្គំ
១២ ពួកគេប្រៀបបីដូចជាសត្វសិង្ហ ដែលរង់ចាំតែហែកស៊ី
និងដូចជាសត្វសាហាវ ដែលពួនចាំចាប់រំពា។
១៣ ឱព្រះអម្ចាស់អើយ សូមតើនឡើង
សូមយាងទៅប្រឈមមុខនឹងពួកគេ អោយពួកគេបរាជ័យ!
សូមយកព្រះខ័នរបស់ព្រះអង្គមករំដោះ ទូលបង្គំអោយរួចពីកណ្ដាប់ដៃរបស់ជនពាល។
១៤ ឱព្រះអម្ចាស់អើយ សូមដេញពួកគេចេញពីចំណោម មនុស្សលោក ដោយឫទ្ធិបារមីរបស់ព្រះអង្គ
សូមដាក់ទោសពួកគេ អោយជីវិតពួកគេ រងទុក្ខវេទនាយ៉ាងខ្លាំង តាំងពីកូនរហូតដល់ចៅ។
១៥ ចំពោះទូលបង្គំវិញ ដោយទូលបង្គំប្រព្រឹត្តតាមសេចក្ដីសុចរិត
ទូលបង្គំនឹងបានឃើញព្រះភក្ត្រព្រះអង្គ
ពេលទូលបង្គំក្រោកពីដំណេក ទូលបង្គំបានស្កប់ចិត្ត ដោយព្រះអង្គគង់ជាមួយ។
ជំពូកទី ១៨
ពាក្យអរព្រះគុណរបស់ស្ដេចដាវីឌនៅពេលមានជ័យជំនះ
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង ទំនុករបស់ស្ដេចដាវីឌជាអ្នកបំរើរបស់ព្រះអម្ចាស់
ជាពាក្យដែលស្ដេចច្រៀងថ្វាយព្រះអម្ចាស់ នៅថ្ងៃដែលព្រះអង្គបានរំដោះស្ដេច
អោយរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវទាំងប៉ុន្មាន និងរួចពីកណ្ដាប់ដៃរបស់ស្ដេចសូល។
២ ទ្រង់មានរាជឱង្ការថា៖
ឱព្រះអម្ចាស់អើយ ទូលបង្គំស្រឡាញ់ព្រះអង្គ ព្រោះព្រះអង្គជាកម្លាំងរបស់ទូលបង្គំ!
៣ ព្រះអម្ចាស់ជាថ្មដាការពារទូលបង្គំ ជាបន្ទាយដ៏រឹងមាំរបស់ទូលបង្គំ
ជាព្រះដែលជួយរំដោះទូលបង្គំ ព្រះអង្គជាព្រះនៃទូលបង្គំ ជាថ្មដាសំរាប់ទូលបង្គំពឹងជ្រក
ព្រះអង្គជាខែល ជាកម្លាំងដែលសង្គ្រោះទូលបង្គំ និងជាជំរកដ៏មាំមួនរបស់ទូលបង្គំ។
៤ ពេលខ្ញុំស្រែករកព្រះអង្គ ព្រះអង្គសង្គ្រោះខ្ញុំអោយរួចពីខ្មាំងសត្រូវរបស់ខ្ញុំ
សូមលើកតម្កើងព្រះអម្ចាស់!។
៥ សេចក្ដីស្លាប់រួបរឹតខ្ញុំ
រីឯសេចក្ដីវិនាសអន្តរាយ ធ្លាក់មកលើខ្ញុំ ដូចទឹកហូរមកយ៉ាងខ្លាំង។
៦ សេចក្ដីស្លាប់នៅព័ទ្ធជុំវិញខ្ញុំ
ដូចជាសំណាញ់ដែលគេបោះមកលើខ្ញុំ។
៧ នៅពេលមានទុក្ខវេទនា ខ្ញុំអង្វររកព្រះអម្ចាស់ ខ្ញុំស្រែកហៅរកព្រះរបស់ខ្ញុំ
ពីក្នុងព្រះវិហាររបស់ព្រះអង្គ ទ្រង់ព្រះសណ្ដាប់ឮសំឡេងខ្ញុំ
ហើយស្នូរសំរែករបស់ខ្ញុំបានឮទៅដល់ ព្រះកាណ៌របស់ព្រះអង្គ។
៨ ពេលនោះ ផែនដីក៏កក្រើកញាប់ញ័រ
ភ្នំទាំងឡាយត្រូវរង្គើរហូតដល់គ្រឹះរបស់វា
ហើយកក្រើក ដោយសារព្រះអង្គទ្រង់ព្រះពិរោធ។
៩ មានផ្សែងហុយចេញមកពីព្រះនាសារបស់ព្រះអង្គ
ព្រះអង្គផ្លុំភ្លើងដែលឆាបឆេះចេញមក
ហើយក៏មានរងើកភ្លើងខ្ទាតចេញមក ពីព្រះឱស្ឋរបស់ព្រះអង្គដែរ។
១០ព្រះអង្គបានផ្អៀងផ្ទៃមេឃ ទ្រង់យាងចុះមក
ដោយមានពពកយ៉ាងក្រាស់ នៅពីក្រោមព្រះបាទាផង។
១១ ព្រះអង្គយាងគង់លើខេរូប៊ីន* ហើយហោះមក
ព្រះអង្គគង់នៅលើវាយោ ដូចគង់នៅលើស្លាបបក្សី។
១២ព្រះអង្គយកភាពងងឹតធ្វើជាកន្លែងពួន
ហើយយកពពកខ្មៅក្រាស់ពេញទៅដោយទឹក ធ្វើជាព្រះពន្លា។
១៣មានផ្លេកបន្ទោរចេញមកពីពពក ភ្លឺនៅខាងមុខព្រះអង្គ
ហើយមានព្រឹល និងរងើកភ្លើងធ្លាក់ចុះមក។
១៤ ព្រះអម្ចាស់ធ្វើអោយមានស្នូរផ្គរលាន់នៅលើមេឃ
ព្រះដ៏ខ្ពង់ខ្ពស់បំផុតបន្លឺព្រះសូរសៀង។
១៥ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គទៅលើខ្មាំងសត្រូវ ដើម្បីកំចាត់កំចាយពួកគេ។
ព្រះអង្គបាញ់ផ្លេកបន្ទោរ ធ្វើអោយពួកគេបាក់ទ័ព។
១៦ ឱព្រះអម្ចាស់អើយ ព្រះបន្ទូលគំរាមរបស់ព្រះអង្គ
និងខ្យល់ព្យុះ ដែលបក់ចេញមកពីព្រះនាសារបស់ព្រះអង្គ
បានធ្វើអោយបាតសមុទ្រលេចចេញមក
ហើយគ្រឹះរបស់ផែនដីក៏លេចមកដែរ។
១៧ព្រះអង្គបានលាតព្រះហស្ដពីស្ថានលើមករកខ្ញុំ
ព្រះអង្គស្រង់ខ្ញុំចេញអោយផុតពីទឹកសមុទ្រ
១៨ ព្រះអង្គបានរំដោះខ្ញុំអោយរួចផុតពី ខ្មាំងសត្រូវដ៏ខ្លាំងពូកែ
ហើយអោយខ្ញុំរួចផុតពីអស់អ្នកដែលស្អប់ខ្ញុំ
ព្រមទាំងអស់អ្នកដែលមានកម្លាំង ខ្លាំងជាងខ្ញុំផង។
១៩នៅពេលខ្ញុំមានទុក្ខវេទនា អ្នកទាំងនោះនាំគ្នាមកវាយប្រហារខ្ញុំ
ក៏ប៉ុន្តែ ព្រះអម្ចាស់ធ្វើជាបង្អែករបស់ខ្ញុំ។
២០ព្រះអង្គបាននាំខ្ញុំចេញអោយផុតពីគ្រោះថ្នាក់
ព្រះអង្គរំដោះខ្ញុំ មកពីព្រះអង្គស្រឡាញ់ខ្ញុំ។
២១ព្រះអម្ចាស់បានប្រព្រឹត្តចំពោះខ្ញុំ ស្របតាមសេចក្ដីសុចរិតរបស់ខ្ញុំ
ព្រះអង្គតបស្នងមកខ្ញុំវិញ ស្របតាមអំពើបរិសុទ្ធដែលខ្ញុំបានប្រព្រឹត្តដែរ
២២ដ្បិតខ្ញុំបានប្រតិបត្តិតាមមាគ៌ារបស់ព្រះអម្ចាស់
ហើយខ្ញុំមិនបានឃ្លាតចេញពីព្រះរបស់ខ្ញុំ ដោយប្រព្រឹត្តអំពើអាក្រក់នោះឡើយ។
២៣ខ្ញុំបានប្រព្រឹត្តតាមវិន័យទាំងប៉ុន្មាន របស់ព្រះអង្គ
ខ្ញុំមិនបានបំពានលើបញ្ញត្តិ របស់ព្រះអង្គទេ។
២៤ព្រះអង្គជ្រាបថាខ្ញុំគ្មានសៅហ្មង
ហើយខ្ញុំបានប្រយ័ត្នខ្លួន មិនអោយមានកំហុសឡើយ។
២៥ ព្រះអម្ចាស់ប្រោសប្រណីដល់ខ្ញុំ ស្របតាមអំពើសុចរិតដែលខ្ញុំបានប្រព្រឹត្ត
ព្រោះព្រះអង្គឈ្វេងយល់ថាខ្ញុំប្រព្រឹត្ត អំពើបរិសុទ្ធ។
២៦ព្រះអម្ចាស់អើយ ព្រះអង្គសំដែងព្រះហឫទ័យស្មោះត្រង់ចំពោះអ្នក ដែលមានចិត្តស្មោះត្រង់
ព្រះអង្គសំដែងព្រះហឫទ័យស្មោះសរ ចំពោះអ្នកដែលមានចិត្តស្មោះសរ។
២៧ ចំពោះអ្នកដែលមានចិត្តបរិសុទ្ធ ព្រះអង្គក៏សំដែងថា ព្រះអង្គបរិសុទ្ធដែរ
ចំពោះអ្នកដែលមានចិត្តវៀចវេរវិញ ព្រះអង្គសំដែងថាព្រះអង្គឈ្លាសវៃ
២៨ ដ្បិតព្រះអង្គហើយ ដែលសង្គ្រោះមនុស្សទន់ទាប
និងបន្ទាបអស់អ្នកដែលមានចិត្តឆ្មើងឆ្មៃ។
២៩ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ព្រះអង្គជាពន្លឺរបស់ទូលបង្គំ
ហើយព្រះអង្គក៏បំភ្លឺសេចក្ដីងងឹត របស់ទូលបង្គំដែរ។
៣០ ព្រះអង្គប្រទានកម្លាំងអោយទូលបង្គំ វាយលុកខ្មាំងសត្រូវ
និងអោយទូលបង្គំអាចលោតរំលងកំពែង ក្រុងរបស់ពួកគេ។
៣១ មាគ៌ារបស់ព្រះជាម្ចាស់សុទ្ធតែល្អឥតខ្ចោះ ព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់ពិតទាំងស្រុង
ព្រះអង្គជាខែលការពារអស់អ្នក ដែលមកជ្រកកោនជាមួយព្រះអង្គ។
៣២ មានតែព្រះអម្ចាស់មួយគត់ ដែលពិតជាព្រះជាម្ចាស់
មានតែព្រះរបស់យើងមួយព្រះអង្គប៉ុណ្ណោះ ដែលពិតជាថ្មដាសំរាប់អោយយើងជ្រកកោន។
៣៣ ព្រះជាម្ចាស់ប្រទានអោយខ្ញុំមានកម្លាំង
និងប្រទានអោយមាគ៌ារបស់ខ្ញុំបានល្អឥតខ្ចោះ។
៣៤ ព្រះអង្គប្រោសប្រទានអោយខ្ញុំ រត់លឿនដូចសត្វក្ដាន់
ហើយអោយខ្ញុំអាចឈរនៅទីខ្ពស់។
៣៥ ព្រះអង្គបង្ហាត់ខ្ញុំអោយស្ទាត់ជំនាញខាងធ្វើសឹក
និងអោយខ្ញុំមានកម្លាំងយឹតធ្នូលង្ហិនបាន។
៣៦ ឱព្រះអម្ចាស់អើយ ព្រះអង្គការពារ និងសង្គ្រោះទូលបង្គំ
ព្រះអង្គគាំទ្រទូលបង្គំ ដោយឫទ្ធិបារមីរបស់ព្រះអង្គ
ហើយព្រះអង្គលើកទូលបង្គំឡើង ដោយព្រះហឫទ័យមេត្តា។
៣៧ ព្រះអង្គការពារទូលបង្គំ មិនអោយខ្មាំងសត្រូវដេញទាន់
មិនអោយទូលបង្គំភ្លាត់ជើងដួលឡើយ។
៣៨ ទូលបង្គំដេញតាមពួកខ្មាំងសត្រូវ និងចាប់ពួកគេបាន
ហើយទូលបង្គំមិនត្រឡប់មកវិញទេ ដរាបទាល់តែបានកំទេចពួកគេអស់។
៣៩ ទូលបង្គំកាប់សម្លាប់ពួកគេ មិនអោយពួកគេក្រោកឡើងវិញបានឡើយ
ពួកគេដួលស្លាប់នៅនឹងជើងរបស់ទូលបង្គំ។
៤០ ព្រះអង្គប្រទានអោយទូលបង្គំមានកម្លាំង នឹងធ្វើសឹក
និងមានជ័យជំនះលើខ្មាំងសត្រូវ។
៤១ព្រះអង្គបានធ្វើអោយពួកគេបាក់ទ័ព រត់នៅមុខទូលបង្គំ
ហើយទូលបង្គំបានធ្វើអោយអស់អ្នក ដែលស្អប់ទូលបង្គំវិនាសសូន្យអស់ទៅ។
៤២គេនាំគ្នាស្រែករកជំនួយ តែគ្មាននរណាជួយពួកគេសោះ
គេស្រែកហៅព្រះអម្ចាស់ តែព្រះអង្គមិនឆ្លើយតបនឹងពួកគេឡើយ។
៤៣ទូលបង្គំបានកំទេចពួកគេអោយហ្មត់ ដូចធូលីដីដែលត្រូវខ្យល់ផាត់
ទូលបង្គំបានបោសពួកគេ ដូចភក់ជ្រាំនៅតាមផ្លូវ។
៤៤ព្រះអង្គបានរំដោះទូលបង្គំអោយរួច ពីការបះបោររបស់ប្រជាជន
ហើយតែងតាំងទូលបង្គំ អោយធ្វើជាអ្នកដឹកនាំប្រជាជាតិនានា
ប្រជាជនមួយដែលទូលបង្គំមិនស្គាល់ បានមកចុះចូលនឹងទូលបង្គំ។
៤៥ជនបរទេសនាំគ្នាស្ដាប់បង្គាប់ទូលបង្គំ
ហើយពេលទូលបង្គំនិយាយតែមួយម៉ាត់ គេក៏ធ្វើតាមភ្លាម។
៤៦ជនបរទេសបាក់ទឹកចិត្ត
ហើយចេញពីទីជំរករបស់គេមក ទាំងភ័យញាប់ញ័រ។
៤៧ជយោព្រះអម្ចាស់! សូមសរសើរតម្កើងព្រះអង្គ ដែលជាថ្មដារបស់ទូលបង្គំ!
សូមលើកតម្កើងព្រះជាម្ចាស់ ដែលបានសង្គ្រោះទូលបង្គំ!
៤៨ដ្បិតព្រះអង្គបានអោយទូលបង្គំ មានជ័យជំនះលើខ្មាំងសត្រូវ
ព្រះអង្គបានបង្ក្រាបប្រជាជននានា អោយមកចុះចូលនឹងទូលបង្គំ
៤៩ហើយព្រះអង្គបានប្រោសទូលបង្គំ អោយរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ!។
ព្រះអង្គបានលើកទូលបង្គំឡើងខ្ពស់ ជាងបច្ចាមិត្តរបស់ទូលបង្គំ
និងរំដោះទូលបង្គំអោយរួចផុតពី មនុស្សឃោរឃៅ។
៥០ហេតុនេះហើយបានជាទូលបង្គំសរសើរ តម្កើងព្រះអង្គក្នុងចំណោមប្រជាជាតិនានា
ឱព្រះអម្ចាស់អើយ! ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះនាម របស់ព្រះអង្គ។
៥១ព្រះអង្គបានធ្វើការអស្ចារ្យ ដើម្បីសង្គ្រោះស្ដេចដែលព្រះអង្គបានតែងតាំង
ព្រះអង្គបានសំដែងព្រះហឫទ័យស្មោះត្រង់ ចំពោះស្ដេចដែលព្រះអង្គបានចាក់ប្រេងអភិសេក
គឺចំពោះស្ដេចដាវីឌ និងពូជពង្សរៀងរហូតតទៅ។
ជំពូកទី ១៩
លោកទាំងមូលថ្លែងពីសិរីរុងរឿងរបស់ព្រះអម្ចាស់
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។
ទំនុករបស់ស្ដេចដាវីឌ។
២ ផ្ទៃមេឃថ្លែងអំពីសិរីរុងរឿង របស់ព្រះជាម្ចាស់
អាកាសវេហាស៍ប្រកាសអំពីស្នាព្រះហស្ដ របស់ព្រះអង្គ។
៣ ថ្ងៃមួយតំណាលប្រាប់ថ្ងៃមួយទៀត
យប់មួយប្រាប់យប់មួយទៀតអោយបានដឹង
៤ តែមិនមែនដោយប្រើភាសា ឬពាក្យសំដីទេ
ហើយក៏មិនឮសូរស័ព្ទអ្វីដែរ។
៥ ប៉ុន្តែ សេចក្ដីថ្លាថ្លែងរបស់វា ត្រាច់ចរលើផែនដីទាំងមូល
ហើយសំឡេងរបស់វាលាន់ឮរហូតដល់ជើងមេឃ
ជាកន្លែងដែលព្រះជាម្ចាស់បានដំឡើងពន្លា សំរាប់ព្រះអាទិត្យ។
៦ រីឯព្រះអាទិត្យក៏រះឡើង ប្រៀបបីដូចជាកូនកំលោះចេញមកសំពះផ្ទឹម
និងប្រៀបបីដូចជាវីរបុរសដ៏ខ្លាំងពូកែមួយរូប ចេញមករត់ប្រណាំងដោយអរសប្បាយ។
៧ ព្រះអាទិត្យចរយាត្រាពីជើងមេឃម្ខាង ឆ្ពោះទៅជើងមេឃម្ខាងទៀត
គ្មាននរណា អាចបំបាំងកំដៅរបស់ព្រះអាទិត្យបានឡើយ។
វិន័យរបស់ព្រះជាម្ចាស់
៨ វិន័យ*របស់ព្រះអម្ចាស់ល្អឥតខ្ចោះ ធ្វើអោយមានកម្លាំងចិត្តឡើងវិញ
ព្រះបណ្ដាំរបស់ព្រះអម្ចាស់គួរជាទីទុកចិត្ត ធ្វើអោយមនុស្សល្ងិតល្ងង់បែរទៅជាមានប្រាជ្ញា
៩ ព្រះព្រះបញ្ជារបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ ធ្វើអោយចិត្តមានអំណរសប្បាយ
បទបញ្ជារបស់ព្រះអម្ចាស់ ល្អត្រចះត្រចង់ បំភ្លឺចិត្តគំនិតអោយបានយល់។
១០ ការគោរពកោតខ្លាចព្រះអម្ចាស់ជាអំពើមួយ ល្អបរិសុទ្ធណាស់ ហើយស្ថិតស្ថេររហូតតទៅ។
ការវិន័យរបស់ព្រះអម្ចាស់ សុទ្ធតែត្រឹមត្រូវ និងសុចរិតទាំងអស់
១១ គួរអោយប្រាថ្នាជាងមាសសុទ្ធដ៏ច្រើន
ព្រមទាំងផ្អែមជាងទឹកឃ្មុំដែលហូរ ចេញពីសំបុកទៅទៀត។
១២ សេចក្ដីទាំងនេះបានបំភ្លឺទូលបង្គំ ជាអ្នកបំរើរបស់ព្រះអង្គ
ហើយដោយការប្រព្រឹត្តតាម ទូលបង្គំបានទទួលផលយ៉ាងបរិបូណ៌។
១៣ គ្មាននរណាម្នាក់អាចមើលឃើញកំហុស ដែលខ្លួនប្រព្រឹត្តដោយ អចេតនានោះបានឡើយ
សូមលើកលែងទោសអោយទូលបង្គំ នូវកំហុសណាដែលទូលបង្គំមើល មិនឃើញនោះផង។
១៤ សូមការពារទូលបង្គំអោយរួចពីចិត្តអួតបំប៉ោង
សូមកុំអោយចិត្តអួតបំប៉ោងនេះ ធ្វើជាម្ចាស់លើទូលបង្គំបានឡើយ
ធ្វើដូច្នេះ ទូលបង្គំនឹងបានឥតសៅហ្មង ឥតជាប់ជំពាក់នឹងអំពើបាបដ៏ធ្ងន់នេះទេ។
១៥ ព្រះអម្ចាស់អើយ សូមប្រោសប្រណី ទទួលពាក្យដែលទូលបង្គំទូលថ្វាយ
ព្រមទាំងទទួលគំនិតដែលទូលបង្គំរិះគិត នៅចំពោះព្រះភក្ត្រព្រះអង្គនេះផង
ដ្បិតព្រះអង្គជាថ្មដា និងជាព្រះដែលការពារទូលបង្គំ!។
ជំពូកទី ២០
ពាក្យទូលអង្វរសុំជ័យជំនះ
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ស្ដេចដាវីឌ។
២ សូមព្រះអម្ចាស់ឆ្លើយតបនឹងព្រះរាជា នៅថ្ងៃដែលស្ដេចមានអាសន្ន
សូមព្រះនាមព្រះរបស់លោកយ៉ាកុប ការពារព្រះរាជា!។
៣ សូមព្រះអង្គជួយព្រះរាជា ពីព្រះវិហាររបស់ព្រះអង្គ
សូមព្រះអង្គគាំទ្រព្រះរាជាពីភ្នំស៊ីយ៉ូន!។
៤ សូមអោយព្រះអង្គនឹកឃើញតង្វាយ ទាំងប៉ុន្មានរបស់ព្រះរាជា
ហើយសូមអោយព្រះអង្គគាប់ព្រះហឫទ័យ នឹងយញ្ញបូជាដែលស្ដេចយកមកថ្វាយ!។ – សំរាក
៥ សូមព្រះអង្គប្រទាននូវអ្វីៗមកព្រះរាជា តាមតែទ្រង់ប្រាថ្នា
និងធ្វើអោយគំរោងការ របស់ព្រះរាជាបានសំរេចទាំងអស់!។
៦ យើងនឹងស្រែកហ៊ោដោយអំណរ ព្រោះតែស្ដេចមានជ័យជំនះ
យើងនឹងលើកទង់ជ័យឡើង ក្នុងព្រះនាមព្រះជាម្ចាស់របស់យើង។
សូមព្រះអម្ចាស់សំរេចតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះរាជាទូលសូម។
៧ ឥឡូវនេះ ខ្ញុំដឹងច្បាស់ថាព្រះអម្ចាស់សង្គ្រោះ ព្រះរាជាដែលព្រះអង្គបានចាក់ប្រេងអភិសេក
ព្រះអង្គឆ្លើយតបនឹងព្រះរាជា ពីទីសក្ការៈរបស់ព្រះអង្គនៅស្ថានបរមសុខ
គឺព្រះអង្គប្រទានអោយព្រះរាជាមានជ័យជំនះ
ដោយសារឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ។
៨ អ្នកខ្លះពឹងផ្អែកលើរទេះចំបាំងរបស់ខ្លួន អ្នកខ្លះទៀតពឹងផ្អែកលើទ័ពសេះរបស់ខ្លួន
រីឯយើងវិញ យើងទុកចិត្តលើព្រះនាមព្រះអម្ចាស់ ជាព្រះរបស់យើង។
៩ អ្នកទាំងនោះនឹងត្រូវបាក់ទ័ពបរាជ័យ
រីឯយើងវិញ យើងនៅមានជំហរយ៉ាងរឹងប៉ឹងមាំមួន។
១០ ព្រះអម្ចាស់អើយ សូមសង្គ្រោះព្រះរាជាផង!
ពេលយើងខ្ញុំអង្វររកព្រះអង្គ សូមឆ្លើយតបមកយើងខ្ញុំវិញផង!
ជំពូកទី ២១
ពាក្យអរព្រះគុណចំពោះជ័យជំនះ
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ស្ដេចដាវីឌ។
២ ព្រះអម្ចាស់អើយ ព្រះរាជាមានអំណរណាស់ ព្រោះព្រះអង្គប្រទានកម្លាំង
ព្រះរាជាមានអំណររីករាយជាខ្លាំង ព្រោះព្រះអង្គប្រទានអោយមានជ័យជំនះ។
៣ ព្រះអង្គប្រទានអោយព្រះរាជា បានទទួលអ្វីៗដែលទ្រង់ប្រាថ្នាចង់បាន
គឺព្រះអង្គពុំបានបដិសេធពាក្យទូលអង្វរ របស់ព្រះរាជាឡើយ។ – សំរាក
៤ ព្រះអង្គបានយាងមកជួបព្រះរាជា ទាំងនាំយកព្រះពរដ៏ប្រសើរមកជាមួយផង
ព្រះអង្គបានយកមកុដមាសសុទ្ធ មកបំពាក់ព្រះសិរសារបស់ព្រះរាជា។
៥ ពេលព្រះរាជាទូលសូមជីវិត ព្រះអង្គប្រទានអោយស្ដេចមានជីវិត
និងមានជន្មាយុយឺនយូរជាអង្វែងតរៀងទៅ។
៦ ដោយព្រះអង្គសង្គ្រោះ ព្រះរាជាបានទទួលសិរីរុងរឿងយ៉ាងខ្លាំង
ព្រះអង្គប្រទានអោយទ្រង់បានថ្កុំថ្កើង ឧត្ដុង្គឧត្ដម។
៧ ព្រះអង្គប្រទានអោយទ្រង់ បានប្រកបដោយព្រះពរជានិច្ច
ដោយព្រះអង្គគង់នៅជាមួយ នោះព្រះរាជាមានអំណរយ៉ាងបរិបូណ៌។
៨ ព្រះរាជាពឹងផ្អែកលើព្រះអម្ចាស់
ហើយដោយសារព្រះហឫទ័យសប្បុរស ស្មោះត្រង់របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត
រាជ្យរបស់ព្រះរាជានឹងមិនត្រូវរលំសោះឡើយ។
៩ ព្រះករុណានឹងចាប់ខ្មាំងសត្រូវទាំងប៉ុន្មាន របស់ព្រះអង្គ
ព្រះអង្គនឹងប្រើអំណាចចាប់អស់អ្នក ដែលស្អប់ព្រះអង្គ។
១០នៅថ្ងៃព្រះករុណាយាងមកដល់ ទ្រង់នឹងកំទេចពួកគេដូចភ្លើងឆេះសុស
សូមព្រះអម្ចាស់រំលាយពួកគេចោលដោយសារព្រះពិរោធរបស់ព្រះអង្គ
ហើយភ្លើងនឹងឆេះបំផ្លាញពួកគេ។
១១ព្រះករុណានឹងលុបបំបាត់ពូជពង្ស របស់ពួកគេអោយបាត់អស់ពីផែនដី
ទ្រង់នឹងប្រហារពួកគេអោយផុតពូជ។
១២ពួកគេឃុបឃិតគ្នាធ្វើបាបព្រះករុណា
តែពួកគេគ្មានកម្លាំងអាចសំរេច តាមគំរោងការរបស់ខ្លួនបានឡើយ
១៣ដ្បិតព្រះករុណាបានធ្វើអោយពួកគេបរាជ័យ
ហើយព្រះអង្គយឹតធ្នូបាញ់ពួកគេចំពីមុខ។
១៤ឱព្រះអម្ចាស់អើយ សូមតើនឡើងសំដែងឫទ្ធិបារមី!
យើងខ្ញុំសូមច្រៀង និងស្មូត្រលើកទំនុកតម្កើង ឫទ្ធានុភាពរបស់ព្រះអង្គ!
ជំពូកទី ២២
សំរែកទូលអង្វរ និងពាក្យអរព្រះគុណ
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ បទ «ក្ដាន់ញីនៅពេលថ្ងៃរះ»។
ទំនុករបស់ស្ដេចដាវីឌ។
២ ឱព្រះនៃទូលបង្គំ ឱព្រះនៃទូលបង្គំអើយ!
ហេតុអ្វីបានជាព្រះអង្គបោះបង់ចោល ទូលបង្គំដូច្នេះ?
ទូលបង្គំបានស្រែកអង្វរ ព្រះអង្គសង្គ្រោះទូលបង្គំសោះ។
៣ ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំស្រែកហៅរកព្រះអង្គនៅពេលថ្ងៃ
តែព្រះអង្គមិនឆ្លើយតបទេ
នៅពេលយប់ក៏ទូលបង្គំស្រែកដែរ តែមិនបានធូរស្បើយឡើយ។
៤ ប៉ុន្តែ ព្រះអង្គជាព្រះដ៏វិសុទ្ធដែលគង់នៅលើបល្ល័ង្ក
ហើយជនជាតិអ៊ីស្រាអែលតែងនាំគ្នា សរសើរតម្កើងព្រះអង្គ។
៥ បុព្វបុរសរបស់យើងខ្ញុំតែងតែផ្ញើជីវិតលើព្រះអង្គ
ពួកលោកផ្ញើជីវិតលើព្រះអង្គជានិច្ច ហើយព្រះអង្គក៏បានរំដោះពួកលោក។
៦ ពួកលោកបានស្រែកអង្វររកព្រះអង្គ ពួកលោកក៏បានរួចពីខ្មាំងសត្រូវ
ដោយផ្ញើជីវិតលើព្រះអង្គ ពួកលោកនឹងមិនខកចិត្តសោះឡើយ។
៧ រីឯទូលបង្គំវិញ គេលែងចាត់ទុកទូលបង្គំថាជាមនុស្សទៀតហើយ
គឺគេចាត់ទុកជាជន្លេន
មនុស្សម្នានាំគ្នាជេរប្រមាថ ហើយមាក់ងាយទូលបង្គំ។
៨ អស់អ្នកដែលឃើញទូលបង្គំ គេចំអកអោយទូលបង្គំគ្រប់ៗគ្នា
គេពេបជ្រាយដាក់ទូលបង្គំ ព្រមទាំងគ្រវីក្បាលដាក់ទូលបង្គំផង។
៩ គេពោលថា “គាត់ផ្ញើវាសនាលើព្រះអម្ចាស់ហើយ អោយព្រះអង្គរំដោះគាត់ទៅ
បើព្រះអង្គស្រឡាញ់គាត់ អោយព្រះអង្គសង្គ្រោះគាត់ទៅ!”។
១០ ព្រះអម្ចាស់អើយ ព្រះអង្គបានយកទូលបង្គំចេញពីផ្ទៃម្ដាយមក
ហើយព្រះអង្គបានផ្ញើទូលបង្គំ ទៅអោយអ្នកម្ដាយបំបៅ។
១១ កាលពីទូលបង្គំកើតមក ព្រះអង្គបានទទួលទូលបង្គំធ្វើជាកូន
ព្រះអង្គជាព្រះរបស់ទូលបង្គំ តាំងតែពីមុនពេល ដែលទូលបង្គំស្គាល់ពន្លឺថ្ងៃទៅទៀត។
១២ ពេលនេះទូលបង្គំមានភ័យអាសន្ន គ្មាននរណាជួយទូលបង្គំទេ
សូមកុំគង់នៅឆ្ងាយពីទូលបង្គំឡើយ។
១៣សត្រូវរបស់ទូលបង្គំជាច្រើននាក់ឡោមព័ទ្ធ ទូលបង្គំ
អ្នកទាំងនោះប្រៀបបានទៅនឹងគោបា
ពួកគេនៅជុំវិញទូលបង្គំ ដូចគោបាមកពីស្រុកបាសាន។
១៤ពួកគេបើកមាត់ប្រឆាំងនឹងទូលបង្គំ
ដូចសត្វសិង្ហគ្រហឹមបម្រុងនឹងហែកស៊ី។
១៥កម្លាំងរបស់ទូលបង្គំកាន់តែខ្សោយទៅៗ ប្រៀបដូចជាទឹកហូរមិនត្រឡប់វិញឡើយ
ឆ្អឹងទូលបង្គំទាំងប៉ុន្មានដាច់ចេញពីគ្នា
ហើយទឹកចិត្តក្លាហានរបស់ទូលបង្គំ រលាយបាត់អស់ទៅដូចក្រមួនត្រូវថ្ងៃ។
១៦បំពង់ករបស់ទូលបង្គំស្ងួតដូចដីបែកក្រហែង អណ្ដាតទូលបង្គំស្អិតជាប់នឹងកន្លើត
ព្រះអង្គបានទុកអោយទូលបង្គំស្លាប់ក្នុងធូលីដី។
១៧មានពួកឆ្កែឡោមព័ទ្ធទូលបង្គំ ជនទុយ៌សមួយហ្វូងនាំគ្នាក្រវែលជុំវិញទូលបង្គំ
ពួកគេចាក់ទម្លុះដៃជើងទូលបង្គំ។
១៨ទូលបង្គំអាចរាប់ឆ្អឹងជំនីរទាំងប៉ុន្មាន របស់ទូលបង្គំបាន
ហើយសត្រូវរបស់ទូលបង្គំនាំគ្នា សម្លក់សម្លឹងមើលទូលបង្គំ។
១៩គេយកសម្លៀកបំពាក់ទូលបង្គំទៅចែកគ្នា
និងនាំគ្នាចាប់ឆ្នោតយកអាវវែងរបស់ទូលបង្គំ។
២០រីឯព្រះអង្គវិញ ឱព្រះអម្ចាស់អើយ សូមកុំនៅឆ្ងាយពីទូលបង្គំឡើយ!
ព្រះអង្គជាកម្លាំងនៃទូលបង្គំ សូមយាងមកសង្គ្រោះទូលបង្គំជាប្រញាប់ផង!។
២១សូមដោះលែងទូលបង្គំអោយរួចផុតពីមុខដាវ
សូមដោះលែងទូលបង្គំអោយ រួចផុតពីចង្កូមរបស់ឆ្កែទាំងនេះ!
២២សូមសង្គ្រោះទូលបង្គំអោយរួចផុតពីមាត់សិង្ហ និងរួចផុតពីស្នែងក្របី!
ព្រះអង្គឆ្លើយតបមកទូលបង្គំហើយ!។
២៣ទូលបង្គំនឹងផ្សព្វផ្សាយអំពីព្រះនាម របស់ព្រះអង្គអោយបងប្អូនទូលបង្គំស្គាល់
ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំ។
២៤អ្នករាល់គ្នាដែលគោរពកោតខ្លាចព្រះអម្ចាស់អើយ ចូរសរសើរតម្កើងព្រះអង្គ!
អ្នកទាំងអស់គ្នាដែលជាពូជពង្ស លោកយ៉ាកុបអើយ ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ!
អ្នកទាំងអស់គ្នាដែលជាពូជពង្ស លោកអ៊ីស្រាអែលអើយ
ចូរញាប់ញ័រនៅចំពោះព្រះភក្ត្រព្រះអង្គ!។
២៥ពេលមនុស្សទុគ៌តមានទុក្ខវេទនា ព្រះអង្គមិនមាក់ងាយឬព្រងើយកន្តើយ
ព្រះអង្គមិនលាក់ព្រះភក្ត្រចំពោះគេឡើយ
ពេលមនុស្សទុគ៌តស្រែកអង្វររកព្រះអង្គ ទ្រង់ព្រះសណ្ដាប់គេ។
២៦ដោយព្រះអង្គបានប្រោសប្រណីដល់ទូលបង្គំ
ទូលបង្គំអាចលើកតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំដ៏ធំ
ទូលបង្គំនឹងលាបំណន់ នៅមុខអស់អ្នកគោរពកោតខ្លាចព្រះអង្គ។
២៧មនុស្សទន់ទាបនឹងបានបរិភោគឆ្អែតស្កប់ស្កល់
អស់អ្នកដែលស្វែងរកព្រះអម្ចាស់ នឹងនាំគ្នាសរសើរតម្កើងព្រះអង្គ។
ចូរអោយអ្នករាល់គ្នាមានអាយុយឺនយូរ!
២៨មនុស្សទាំងប៉ុន្មានដែលស្ថិតនៅតាមស្រុក ដាច់ស្រយាលនៃផែនដីនឹងនឹកឃើញព្រះអម្ចាស់
ហើយនាំគ្នាបែរចិត្តមករកព្រះអង្គ
ប្រជាជាតិទាំងមូលនឹងនាំគ្នាក្រាប ថ្វាយបង្គំព្រះអង្គ
២៩ដ្បិតព្រះអម្ចាស់ជាព្រះមហាក្សត្រ
ព្រះអង្គគ្រប់គ្រងលើប្រជាជាតិនានា។
៣០ពួកអ្នកធំទាំងប៉ុន្មាននៅលើផែនដី នាំគ្នាបរិភោគ ហើយក្រាបថ្វាយបង្គំព្រះអង្គ
អស់អ្នកដែលកើតពីធូលីដី គឺមនុស្សលោកដែលតែងតែស្លាប់
ក៏នឹងក្រាបថ្វាយបង្គំព្រះអង្គដែរ។
៣១មនុស្សនៅជំនាន់ក្រោយនឹងគោរពបំរើព្រះអង្គ
ហើយគេនឹងថ្លែងអំពីព្រះអម្ចាស់ប្រាប់កូនចៅ។
៣២គេនឹងប្រកាសប្រាប់ប្រជាជនដែលនឹងកើតមក តាមក្រោយអំពីសេចក្ដីសុចរិតរបស់ព្រះអង្គ
គឺព្រះអម្ចាស់បានជួយរំដោះប្រជារាស្ត្រ របស់ព្រះអង្គ។
ជំពូកទី ២៣
ព្រះអម្ចាស់ជាគង្វាលខ្ញុំ
១ ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
ព្រះអម្ចាស់ជាគង្វាលខ្ញុំ
ខ្ញុំនឹងមិនខ្វះអ្វីសោះឡើយ។
២ ព្រះអង្គអោយខ្ញុំសំរាកនៅតាមវាលស្មៅខៀវខ្ចី
ព្រះអង្គនាំខ្ញុំឆ្ពោះទៅកន្លែងស្ងាត់ នៅក្បែរមាត់ទឹក។
៣ ព្រះអង្គប្រទានអោយខ្ញុំមានកម្លាំងឡើងវិញ
ព្រះអង្គនាំខ្ញុំដើរក្នុងផ្លូវដ៏សុចរិត ដោយយល់ដល់ព្រះកិត្តិនាមរបស់ព្រះអង្គ។
៤ ទោះបីទូលបង្គំដើរកាត់ជ្រលងភ្នំ នៃសេចក្ដីស្លាប់ ក៏ដោយ
ក៏ទូលបង្គំមិនខ្លាចអ្វីសោះឡើយ ដ្បិតព្រះអង្គគង់នៅជាមួយទូលបង្គំ
ព្រះអង្គការពារ និងរក្សាទូលបង្គំជានិច្ច។
៥ ព្រះអង្គរៀបចំពិធីជប់លៀងអោយទូលបង្គំ នៅមុខបច្ចាមិត្តរបស់ទូលបង្គំ
ព្រះអង្គបានចាក់ប្រេងលើទូលបង្គំ ដើម្បីលើកកិត្តិយសទូលបង្គំ
ហើយព្រះអង្គបានបំពេញពែង ទូលបង្គំយ៉ាងហូរហៀរ។
៦ ខ្ញុំដឹងជាក់ច្បាស់ណាស់ថា ព្រះអង្គនឹងប្រទានសុភមង្គលអោយទូលបង្គំ
ហើយព្រះអង្គប្រណីសន្ដោសទូលបង្គំ យ៉ាងស្មោះស្ម័គ្រជារៀងរាល់ថ្ងៃអស់មួយជីវិត។
ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនឹងវិលត្រឡប់ មកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ជានិច្ច។
ជំពូកទី ២៤
ព្រះមហាក្សត្រដ៏ឧត្ដម
១ ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដីសុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់
ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុង ពិភពលោក ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ!
២ គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដី ពីលើសមុទ្រ
ហើយធ្វើអោយវាស្ថិតនៅយ៉ាងរឹងប៉ឹង ពីលើទន្លេនានា។
៣ តើនរណាអាចឡើងទៅលើភ្នំ របស់ព្រះអម្ចាស់បាន?
តើនរណាអាចឈរនៅក្នុងព្រះវិហារ ដ៏វិសុទ្ធរបស់ព្រះអង្គបាន?
៤ មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន
គឺអ្នកដែលមិនបណ្ដោយខ្លួនទៅថ្វាយបង្គំ ព្រះក្លែងក្លាយ និងនិយាយស្បថស្បែបំពាន។
៥ ព្រះអម្ចាស់នឹងប្រទានពរដល់គេ
ហើយព្រះជាម្ចាស់ជាព្រះសង្គ្រោះ នឹងប្រោសគេអោយបានសុចរិតដែរ។
៦ គឺអ្នកទាំងនេះហើយដែលស្វែងរកព្រះអង្គ
ជាអ្នកស្វែងរកព្រះរបស់លោកយ៉ាកុប។ – សំរាក
៧ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ ចូរចំហអោយធំ
ដើម្បីអោយព្រះមហាក្សត្រ ប្រកបដោយសិរីរុងរឿងយាងចូលមក!
៨ តើព្រះមហាក្សត្រប្រកបដោយ សិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់ប្រកបដោយព្រះចេស្ដាដ៏ខ្លាំងពូកែ ព្រះអម្ចាស់ជាអ្នកចំបាំងដ៏ជំនាញ។
៩ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ ចូរចំហអោយធំ
ដើម្បីអោយព្រះមហាក្សត្រ ប្រកបដោយសិរីរុងរឿងយាងចូលមក!
១០ តើព្រះមហាក្សត្រប្រកបដោយ សិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់នៃពិភពទាំងមូល*
គឺព្រះអង្គហើយដែលជាព្រះមហាក្សត្រ ប្រកបដោយសិរីរុងរឿង!។ – សំរាក
ជំពូកទី ២៥
សូមណែនាំទូលបង្គំអោយស្គាល់មាគ៌ារបស់ព្រះអង្គ
១ ទំនុករបស់ស្ដេចដាវីឌ។
ឱព្រះអម្ចាស់អើយ ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ។
២ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ
ដូច្នេះ សូមកុំអោយទូលបង្គំត្រូវអាម៉ាស់មុខ!
សូមកុំអោយខ្មាំងសត្រូវអាចមានជ័យជំនះ លើទូលបង្គំឡើយ!។
៣ អស់អ្នកដែលសង្ឃឹមលើព្រះអង្គ នឹងមិនត្រូវខកចិត្តទេ
គឺមានតែពួកអ្នកឆាប់ក្បត់ព្រះអង្គប៉ុណ្ណោះ ដែលត្រូវខកចិត្ត។
៤ ឱព្រះអម្ចាស់អើយ! សូមណែនាំទូលបង្គំ អោយស្គាល់មាគ៌ារបស់ព្រះអង្គ
សូមបង្រៀនទូលបង្គំអំពីផ្លូវរបស់ព្រះអង្គផង
៥ សូមអប់រំទូលបង្គំអោយរស់នៅ ស្របតាមសេចក្ដីពិតរបស់ព្រះអង្គ
ដ្បិតព្រះអង្គជាព្រះសង្គ្រោះទូលបង្គំ ទូលបង្គំសង្ឃឹមលើព្រះអង្គជារៀងរាល់ថ្ងៃ។
៦ ឱព្រះអម្ចាស់អើយ! សូមកុំភ្លេចថា តាំងពីដើមរៀងមក ព្រះអង្គតែងតែសំដែង
ព្រះហឫទ័យអាណិតអាសូរ និងព្រះហឫទ័យ មេត្តាករុណាចំពោះទូលបង្គំជានិច្ច។
៧ សូមបំភ្លេចអំពើបាប និងកំហុស ដែលទូលបង្គំធ្លាប់ប្រព្រឹត្ត កាលនៅពីក្មេងនោះទៅ!។
ឱព្រះអម្ចាស់អើយ ទ្រង់តែងមានព្រះហឫទ័យ មេត្តាករុណា និងព្រះហឫទ័យសប្បុរសជានិច្ច
សូមកុំបំភ្លេចទូលបង្គំឡើយ!។
៨ ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស និងទៀងត្រង់
ហេតុនេះហើយបានជាព្រះអង្គបង្ហាញ អោយមនុស្សបាបស្គាល់មាគ៌ាដែលគេត្រូវដើរ។
៩ ព្រះអង្គនាំមនុស្សមានចិត្តសុភាព អោយដើរតាមមាគ៌ាដ៏សុចរិត
ព្រះអង្គបង្រៀនគេអោយស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ។
១០ ព្រះអម្ចាស់មានព្រះហឫទ័យមេត្តាករុណា និងស្មោះត្រង់ទាំងស្រុង
ចំពោះអស់អ្នកដែលគោរពសម្ពន្ធមេត្រី* និងគោរពដំបូន្មានរបស់ព្រះអង្គ។
១១ ឱព្រះអម្ចាស់អើយ! ទូលបង្គំមានកំហុសធ្ងន់ណាស់
ដោយយល់ដល់ព្រះនាមព្រះអង្គ សូមលើកលែងទោសអោយទូលបង្គំផង។
១២ អ្នកណាគោរពកោតខ្លាចព្រះអម្ចាស់
ព្រះអង្គនឹងបង្ហាញអោយអ្នកនោះ ស្គាល់មាគ៌ាដែលគាត់ត្រូវជ្រើសរើស។
១៣ គាត់នឹងមានសុភមង្គលជានិច្ច
ហើយពូជពង្សរបស់គាត់ នឹងបានគ្រប់គ្រងស្រុកនេះទុកជាមត៌ក។
១៤ ព្រះអម្ចាស់តែងតែសំដែងភក្ដីភាព ចំពោះអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ
ហើយបង្រៀនគេអោយគោរពសម្ពន្ធមេត្រី របស់ព្រះអង្គ។
១៥ ទូលបង្គំសម្លឹងឆ្ពោះទៅរកព្រះអម្ចាស់ជានិច្ច
ព្រោះមានតែព្រះអង្គប៉ុណ្ណោះ ដែលអាចរំដោះទូលបង្គំអោយរួចពីអន្ទាក់។
១៦ សូមទតមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំផង!
ដ្បិតទូលបង្គំនៅឯកោ និងវេទនាជាខ្លាំង។
១៧ ទូលបង្គំលំបាកចិត្តពន់ពេកណាស់
សូមដកការតប់ប្រមល់នេះចេញពីចិត្តទូលបង្គំទៅ។
១៨ សូមទតមកទុក្ខវេទនា និងការនឿយព្រួយរបស់ទូលបង្គំ
សូមអត់ទោសអោយទូលបង្គំ បានរួចពីអំពើបាបទាំងប៉ុន្មានផង។
១៩ សូមទតមើលចុះ ខ្មាំងសត្រូវរបស់ទូលបង្គំ មានគ្នាច្រើនប៉ុនណា
ហើយគេស្អប់ទូលបង្គំខ្លាំងយ៉ាងណា។
២០ សូមការពារ និងរំដោះទូលបង្គំផង!
សូមកុំអោយទូលបង្គំត្រូវអាម៉ាស់មុខអោយសោះ
ដ្បិតទូលបង្គំមកពឹងផ្អែកលើព្រះអង្គហើយ!។
២១ ទូលបង្គំសង្ឃឹមទុកចិត្តលើព្រះអង្គជានិច្ច
សូមរក្សាជីវិតទូលបង្គំ ដោយសេចក្ដីសប្បុរស និងទៀងត្រង់ផង!។
២២ ឱព្រះជាម្ចាស់អើយ!
សូមរំដោះអ៊ីស្រាអែលអោយរួចពីទុក្ខវេទនា ទាំងប៉ុន្មានផង!។
ជំពូកទី ២៦
ពាក្យទូលអង្វររបស់មនុស្សសុចរិត
១ ទំនុករបស់ស្ដេចដាវីឌ។
ឱព្រះអម្ចាស់អើយ សូមរកយុត្តិធម៌អោយទូលបង្គំផង
ដ្បិតទូលបង្គំបានប្រព្រឹត្តយ៉ាងត្រឹមត្រូវ!
ទូលបង្គំទុកចិត្តលើព្រះអម្ចាស់ ដោយឥតសង្ស័យឡើយ។
២ ឱព្រះអម្ចាស់អើយ សូមស្ទង់ និងល្បងមើលចិត្តទូលបង្គំ
សូមពិនិត្យមើលជំរៅចិត្តគំនិតទូលបង្គំចុះ។
៣ ទូលបង្គំនឹកគិតពីព្រះហឫទ័យមេត្តា ករុណារបស់ព្រះអង្គជានិច្ច
ហើយទូលបង្គំប្រព្រឹត្តតាមសេចក្ដីពិតរបស់ព្រះអង្គ។
៤ ទូលបង្គំមិនអង្គុយរួមជាមួយមនុស្សខិលខូចឡើយ
ទូលបង្គំក៏មិនសេពគប់ជាមួយ មនុស្សមានពុតត្បុតដែរ។
៥ ទូលបង្គំមិនចូលចិត្តនៅរួមជាមួយ ពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់
ហើយទូលបង្គំមិនអង្គុយរួមជាមួយ មនុស្សពាលទេ។
៦ ឱព្រះអម្ចាស់អើយ ទូលបង្គំលាងដៃទុកជា សញ្ញាបញ្ជាក់ថា ទូលបង្គំជាមនុស្សឥតសៅហ្មង
ហើយទូលបង្គំដើរជុំវិញអាសនៈរបស់ព្រះអង្គ
៧ ទាំងបន្លឺសំឡេងច្រៀងអរព្រះគុណព្រះអង្គ
និងរៀបរាប់អំពីការអស្ចារ្យ ទាំងប៉ុន្មានរបស់ព្រះអង្គ។
៨ ឱព្រះអម្ចាស់អើយ! ទូលបង្គំចូលចិត្តស្នាក់នៅក្នុង ព្រះដំណាក់របស់ព្រះអង្គណាស់
គឺនៅក្នុងកន្លែងដែលមានសិរីរុងរឿង របស់ព្រះអង្គស្ថិតនៅ។
៩ សូមកុំទុកអោយទូលបង្គំស្លាប់ជាមួយ មនុស្សបាបឡើយ
ហើយក៏កុំដកជីវិតទូលបង្គំ រួមជាមួយមនុស្សដែលបង្ហូរឈាមគេដែរ។
១០ អ្នកទាំងនោះតែងប្រព្រឹត្តអំពើទុច្ចរិត គ្រប់ពេលវេលា
ហើយពួកគេក៏ចូលចិត្តស៊ីសំណូកដែរ!
១១ រីឯទូលបង្គំវិញ ទូលបង្គំប្រព្រឹត្តតែអំពើទៀងត្រង់។
សូមរំដោះទូលបង្គំ សូមប្រណីសន្ដោសទូលបង្គំផង!។
១២ ទូលបង្គំឈរនៅកន្លែងដ៏សុចរិត
ទូលបង្គំនឹងលើកតម្កើងព្រះអម្ចាស់ នៅក្នុងអង្គប្រជុំ!។
ជំពូកទី ២៧
ព្រះអម្ចាស់ជាពន្លឺ និងជាព្រះសង្គ្រោះរបស់ខ្ញុំ
១ ទំនុករបស់ស្ដេចដាវីឌ។
ព្រះអម្ចាស់ជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ ខ្ញុំមិនភ័យខ្លាចនរណាឡើយ!
ព្រះអម្ចាស់ជាទីជំរករបស់ជីវិតខ្ញុំ ខ្ញុំក៏មិនតក់ស្លុតចំពោះនរណាដែរ។
២ ពេលពួកអ្នកប្រព្រឹត្តអាក្រក់ គឺបច្ចាមិត្ត និងខ្មាំងសត្រូវរបស់ខ្ញុំ
នាំគ្នាចូលមកជិត ដើម្បីរកប្រហារជីវិតខ្ញុំ អ្នកទាំងនោះបែរជាត្រូវជំពប់ដួលទៅវិញ។
៣ ប្រសិនបើមានកងទ័ពមកឡោមព័ទ្ធខ្ញុំ ក៏ចិត្តខ្ញុំមិនភ័យខ្លាចអ្វីដែរ
ប្រសិនបើមានគេលើកគ្នាមកច្បាំងនឹងខ្ញុំ ក៏ខ្ញុំនៅតែសង្ឃឹមទុកចិត្តលើព្រះជាម្ចាស់ជានិច្ច។
៤ ខ្ញុំទូលសូមព្រះអម្ចាស់នូវសេចក្ដីតែមួយគត់ ហើយខ្ញុំប្រាថ្នាចង់បានតែសេចក្ដីនេះឯង
គឺអោយបានស្នាក់នៅក្នុងព្រះដំណាក់ របស់ព្រះអម្ចាស់អស់មួយជីវិត
ដើម្បីកោតស្ញប់ស្ញែងភាពថ្កុំថ្កើងរុងរឿង របស់ព្រះអម្ចាស់
និងថ្វាយបង្គំព្រះអង្គនៅក្នុងព្រះវិហារ
៥ ដ្បិតនៅពេលខ្ញុំមានអាសន្ន ព្រះអង្គតែងអោយខ្ញុំជ្រកក្នុងជំរករបស់ព្រះអង្គ
ព្រះអង្គតែងលាក់បំពួនខ្ញុំនៅក្នុងព្រះពន្លា ព្រះអង្គលើកខ្ញុំដាក់នៅលើថ្មដា។
៦ ព្រះអង្គលើកមុខខ្ញុំឡើងអោយខ្ពស់ជាង ខ្មាំងសត្រូវដែលនៅជុំវិញខ្ញុំ
ខ្ញុំនឹងថ្វាយយញ្ញបូជានៅក្នុងព្រះពន្លា របស់ព្រះអង្គ ទាំងស្រែកដោយអំណរ
ខ្ញុំនឹងច្រៀង ខ្ញុំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះអម្ចាស់។
៧ ឱព្រះអម្ចាស់អើយ! សូមទ្រង់ព្រះសណ្ដាប់ស្នូរសំរែករបស់ទូលបង្គំ
សូមមេត្តាប្រណីសន្ដោសទូលបង្គំ និងឆ្លើយតបមកទូលបង្គំវិញផង!។
៨ ចិត្តទូលបង្គំនឹកដល់ព្រះបន្ទូល ដែលព្រះអង្គថ្លែងថា «ចូរស្វែងរកយើង»
នោះទូលបង្គំឆ្លើយថា ឱព្រះអម្ចាស់អើយ! ទូលបង្គំស្វែងរកព្រះភក្ត្រព្រះអង្គហើយ!
៩ សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំ
សូមកុំព្រះពិរោធ ហើយបណ្ដេញអ្នកបំរើរបស់ព្រះអង្គ!
ព្រះអង្គបានសង្គ្រោះទូលបង្គំ សូមកុំលះបង់ទូលបង្គំ!
ឱព្រះសង្គ្រោះទូលបង្គំអើយ សូមកុំបោះបង់ចោលទូលបង្គំឡើយ!។
១០ ទោះបីឪពុកម្ដាយរបស់ទូលបង្គំ បានបោះបង់ទូលបង្គំចោលក៏ដោយ
ក៏ព្រះអម្ចាស់នៅតែទទួលទូលបង្គំជានិច្ច!។
១១ ឱព្រះអម្ចាស់អើយ! សូមបង្រៀនទូលបង្គំ អោយស្គាល់មាគ៌ារបស់ព្រះអង្គ
សូមណែនាំទូលបង្គំអោយដើរតាមផ្លូវត្រង់ ព្រោះទូលបង្គំមានសត្រូវជាច្រើន។
១២ សូមកុំបណ្ដោយអោយទូលបង្គំធ្លាក់ ទៅក្នុងកណ្ដាប់ដៃបច្ចាមិត្តរបស់ទូលបង្គំឡើយ
ដ្បិតមានសាក្សីក្លែងក្លាយ មកនិយាយមួលបង្កាច់ទូលបង្គំ
អ្នកទាំងនោះពោលសុទ្ធតែពាក្យឃោរឃៅ។
១៣ ខ្ញុំជឿជាក់ថានៅក្នុងលោកនេះ
ខ្ញុំនឹងឃើញសុភមង្គលមកពីព្រះអម្ចាស់ ជាមិនខាន!។
១៤ ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់! ចូរមានកម្លាំង និងមានចិត្តរឹងប៉ឹងឡើង!
ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ចុះ!។
ជំពូកទី ២៨
ពាក្យអធិស្ឋាននៅពេលមានជំងឺ
១ ទំនុករបស់ស្ដេចដាវីឌ។
ឱព្រះអម្ចាស់អើយ! ទូលបង្គំស្រែកអង្វររកព្រះអង្គ
ឱព្រះជាថ្មដានៃទូលបង្គំអើយ សូមព្រះសណ្ដាប់សំរែករបស់ទូលបង្គំផង!
ប្រសិនបើព្រះអង្គនៅស្ងៀម មិនឆ្លើយនឹងទូលបង្គំទេនោះ
ទូលបង្គំមុខជាធ្លាក់ទៅក្នុងរណ្ដៅមិនខាន!
២ ពេលទូលបង្គំស្រែករកព្រះអង្គ ពេលទូលបង្គំលើកដៃឆ្ពោះទៅកាន់ទីសក្ការៈ របស់ព្រះអង្គ
សូមទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វរ របស់ទូលបង្គំផង។
៣ សូមកុំអោយទូលបង្គំត្រូវវិនាសបាត់ទៅ ដូចមនុស្សពាល និងមនុស្សប្រព្រឹត្តអំពើទុច្ចរិត
ដែលនិយាយរាក់ទាក់ជាមួយអ្នកដទៃ តែមានកលល្បិចនៅក្នុងខ្លួននោះឡើយ។
៤ សូមដាក់ទោសអ្នកទាំងនោះ អោយសមតាមអំពើដែលគេប្រព្រឹត្ត និងល្បិចកិច្ចកលរបស់គេ
សូមដាក់ទោសគេសមនឹងស្នាដៃរបស់ខ្លួន សូមអោយគេទទួលផលសមនឹងទោសរបស់ខ្លួន
៥ ដ្បិតអ្នកទាំងនោះមិនយល់អំពីកិច្ចការ របស់ព្រះអម្ចាស់
ជាស្នាព្រះហស្ដដែលព្រះអង្គបានធ្វើនោះទេ។
សូមព្រះអង្គរំលំពួកគេ កុំអោយងើបឡើងវិញបានឡើយ!។
៦ សូមលើកតម្កើងព្រះអម្ចាស់!
ដ្បិតទ្រង់ព្រះសណ្ដាប់ពាក្យដែលខ្ញុំស្រែកអង្វរ។
៧ ព្រះអម្ចាស់ជាកម្លាំង និងជាខែលការពារខ្ញុំ
ខ្ញុំទុកចិត្តលើព្រះអង្គ ហើយព្រះអង្គជួយសង្គ្រោះខ្ញុំ
ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង ខ្ញុំនឹងសរសើរតម្កើងព្រះអង្គដោយបទចំរៀង!។
៨ ព្រះអម្ចាស់ការពារប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គជាកំពែងសំរាប់សង្គ្រោះស្ដេច ដែលព្រះអង្គបានចាក់ប្រេងអភិសេក។
៩ សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ សូមប្រទានពរដល់កូនចៅរបស់ព្រះអង្គ
សូមទ្រង់ធ្វើជាគង្វាល ថែរក្សាពួកគេរហូតតរៀងទៅ!។
ជំពូកទី ២៩
ព្រះសូរសៀងរបស់ព្រះអម្ចាស់
១ ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
ពពួកទេវទូតរបស់ព្រះជាម្ចាស់អើយ ចូរនាំគ្នាតម្កើងព្រះអម្ចាស់
ចូរលើកតម្កើងសិរីរុងរឿង និងតេជានុភាពរបស់ព្រះអម្ចាស់។
២ ចូរលើកតម្កើងព្រះនាមដ៏រុងរឿងរបស់ព្រះអម្ចាស់
ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅពេលព្រះអង្គសំដែងភាពវិសុទ្ធ របស់ព្រះអង្គ!។
៣ ព្រះសូរសៀងរបស់ព្រះអម្ចាស់ លាន់ឮឡើងនៅពីលើផ្ទៃទឹក
ព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង ធ្វើអោយផ្គរលាន់ឮឡើង
ព្រះអម្ចាស់គង់នៅពីលើមហាសាគរ។
៤ ព្រះសូរសៀងរបស់ព្រះអម្ចាស់ លាន់ឮឡើងប្រកបដោយប្ញទ្ធានុភាព
ព្រះសូរសៀងរបស់ព្រះអម្ចាស់ លាន់ឮឡើងប្រកបដោយភាពថ្កុំថ្កើង
៥ ព្រះសូរសៀងរបស់ព្រះអម្ចាស់ ធ្វើអោយបាក់ដើមឈើដ៏ធំៗ
ព្រះអម្ចាស់បំបាក់ដើមឈើដ៏ធំៗនៅភ្នំលីបង់។
៦ ព្រះអង្គធ្វើអោយដើមឈើទាំងនោះលោត ដូចកូនគោលោត
ព្រះអង្គធ្វើអោយភ្នំលីបង់ និងភ្នំស៊ីរាន លោត ដូចកូនក្របីលោត។
៧ ព្រះសូរសៀងរបស់ព្រះអម្ចាស់ បានធ្វើអោយមានរន្ទះលេចចេញមក។
៨ ព្រះសូរសៀងរបស់ព្រះអម្ចាស់ បានធ្វើអោយកក្រើកវាលរហោស្ថាន
ព្រះអម្ចាស់ធ្វើអោយរញ្ជួយវាលរហោស្ថានកាដែស។
៩ ព្រះសូរសៀងរបស់ព្រះអម្ចាស់ អង្រួនសត្វក្ដាន់ញីអោយកើតកូន
និងធ្វើអោយព្រៃឈើជ្រុះស្លឹកអស់។
ពេលនោះ អ្វីៗសព្វសារពើនឹងស្រែកឡើង ក្នុងព្រះវិហារថា
«សូមលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់!»។
១០ ព្រះអម្ចាស់គ្រប់គ្រងលើទឹកជំនន់ធំ
ព្រះអម្ចាស់គ្រងរាជ្យរហូតតទៅ
១១ ព្រះអម្ចាស់ប្រទានឫទ្ធានុភាព អោយប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអម្ចាស់ប្រទានពរអោយប្រជារាស្ត្រ របស់ព្រះអង្គមានសន្តិភាព។
ជំពូកទី ៣០
ព្រះអង្គប្រោសទូលបង្គំអោយជា
១ ទំនុកតម្កើង។ បទសំរាប់ច្រៀងនៅពេលសម្ពោធព្រះវិហារ។
ទំនុករបស់ស្ដេចដាវីឌ។
២ ឱព្រះអម្ចាស់អើយ! ទូលបង្គំសូមលើកតម្កើងព្រះអង្គ
ព្រោះព្រះអង្គបានជួយស្រោចស្រង់ទូលបង្គំ
ព្រះអង្គពុំបានទុកអោយខ្មាំងសត្រូវ យករឿងទូលបង្គំទៅលេងសើចឡើយ។
៣ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ!
ទូលបង្គំបានស្រែកអង្វរព្រះអង្គ ហើយព្រះអង្គប្រោសទូលបង្គំអោយបានជា។
៤ ឱព្រះអម្ចាស់អើយ ព្រះអង្គបានស្រង់ព្រលឹងទូលបង្គំ ចេញពីចំណោមមនុស្សស្លាប់
ទូលបង្គំបានធ្លាក់ទៅក្នុងរណ្ដៅមច្ចុរាជ តែព្រះអង្គប្រោសទូលបង្គំអោយរស់ឡើងវិញ។
៥ អ្នករាល់គ្នាដែលជាប្រជារាស្ត្រ របស់ព្រះអង្គអើយ ចូរស្មូត្រទំនុកតម្កើងព្រះអម្ចាស់!
ចូរលើកតម្កើងព្រះនាមដ៏វិសុទ្ធ*របស់ព្រះអង្គ!
៦ ដ្បិតព្រះអង្គទ្រង់ព្រះពិរោធតែមួយស្របក់ តែព្រះអង្គប្រណីសន្ដោសយើងអស់មួយជីវិត។
ពេលយប់ យើងបង្ហូរទឹកភ្នែក តែព្រលឹមឡើង យើងនឹងអរសប្បាយវិញ។
៧ នៅពេលទូលបង្គំបានសុខសាន្ត ទូលបង្គំពោលថា
ទូលបង្គំនឹងមិនត្រូវរលំឡើយ!។
៨ ឱព្រះអម្ចាស់អើយ! ព្រះអង្គបានប្រោសអោយទូលបង្គំរឹងប៉ឹងដូចភ្នំ
តែប្រសិនបើព្រះអង្គមិនគង់ជាមួយទូលបង្គំទេនោះ ទូលបង្គំនឹងភ័យខ្លាចក្រៃលែង។
៩ ឱព្រះអម្ចាស់អើយ! ទូលបង្គំស្រែកអង្វរព្រះអង្គ
ទូលបង្គំទទូចអង្វរព្រះអម្ចាស់។
១០ បើព្រះអង្គទុកអោយទូលបង្គំស្លាប់ តើបានប្រយោជន៍អ្វី?
បើព្រះអង្គអោយទូលបង្គំធ្លាក់ទៅ ក្នុងរណ្ដៅមច្ចុរាជ តើបានប្រយោជន៍អ្វី?
តើមនុស្សស្លាប់អាចសរសើរព្រះអង្គកើតឬ?
តើគេអាចថ្លែងពីព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គកើតឬ?
១១ ឱព្រះអម្ចាស់អើយ សូមប្រោសមេត្តាស្ដាប់ពាក្យទូលបង្គំ!
ឱព្រះអម្ចាស់អើយ សូមយាងមកសង្គ្រោះទូលបង្គំផង!។
១២ ព្រះអង្គបានធ្វើអោយការសោកសង្រេង របស់ទូលបង្គំប្រែទៅជាអំណរសប្បាយ
ព្រះអង្គបានយកសំលៀកបំពាក់កាន់ទុក្ខចេញ
ហើយប្រទានសំលៀកបំពាក់ សំរាប់ពិធីបុណ្យអោយទូលបង្គំវិញ។
១៣ ដូច្នេះ ទូលបង្គំនៅស្ងៀមមិនបានឡើយ ទូលបង្គំស្មូត្រទំនុកតម្កើង
ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ទូលបង្គំសរសើរតម្កើងព្រះអង្គរហូតតទៅ។
ជំពូកទី ៣១
ព្រះអម្ចាស់អើយសូមធ្វើជាថ្មដា និងជាកំពែងការពារទូលបង្គំ
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
២ ឱព្រះអម្ចាស់អើយ ទូលបង្គំសូមជ្រកកោនជាមួយព្រះអង្គ
សូមកុំអោយទូលបង្គំត្រូវខកចិត្តឡើយ! ឱព្រះដ៏សុចរិតអើយ សូមរំដោះទូលបង្គំ!។
៣ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ សូមមករំដោះទូលបង្គំជាប្រញាប់!
សូមធ្វើជាថ្មដា និងជាកំពែងការពារទូលបង្គំ ហើយសង្គ្រោះទូលបង្គំផង!។
៤ ដ្បិតព្រះអង្គជាសិលា និង ជាកំពែងការពារទូលបង្គំ
សូមដឹកដៃនាំផ្លូវទូលបង្គំ ដោយយល់ដល់ព្រះនាមព្រះអង្គ។
៥ សូមប្រោសអោយទូលបង្គំបានរួចពីអន្ទាក់ ដែលពួកគេដាក់ចាំចាប់ទូលបង្គំ
ដ្បិតព្រះអង្គការពារទូលបង្គំ។
៦ ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំ ទៅក្នុងព្រះហស្ដព្រះអង្គ។
ឱព្រះអម្ចាស់ ជាព្រះដ៏ស្មោះត្រង់អើយ! ព្រះអង្គបានជួយដោះលែងទូលបង្គំ។
៧ ទូលបង្គំសូមផ្ញើជីវិតលើព្រះអម្ចាស់ហើយ
ទូលបង្គំមិនពេញចិត្តនឹងអស់អ្នក ដែលគោរពបំរើព្រះក្លែងក្លាយទេ។
៨ ទូលបង្គំត្រេកអរសប្បាយជាខ្លាំង
ដោយព្រះអង្គមានព្រះហឫទ័យសប្បុរស ចំពោះទូលបង្គំ
ព្រះអង្គទតឃើញទុក្ខវេទនារបស់ទូលបង្គំ ព្រះអង្គជ្រាបថាទូលបង្គំមានកង្វល់។
៩ ព្រះអង្គមិនបណ្ដោយអោយទូលបង្គំ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ
តែព្រះអង្គប្រទានអោយទូលបង្គំ មានសេរីភាពងើបឡើងវិញបាន។
១០ ឱព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំផង ដ្បិតទូលបង្គំកំពុងតែមានអាសន្ន!
ទូលបង្គំយំខ្សោះទឹកភ្នែក ព្រលឹង និងរូបកាយទូលបង្គំកាន់តែសោកសង្រេង។
១១ ជីវិតទូលបង្គំកាន់តែអន់ថយទៅ ដោយកើតទុក្ខ
ទូលបង្គំស្រែកថ្ងូរអស់មួយជីវិត
កម្លាំងទូលបង្គំកាន់តែទ្រុឌទ្រោម ព្រោះតែកំហុសរបស់ទូលបង្គំ
ហើយសូម្បីតែឆ្អឹងរបស់ទូលបង្គំ ក៏កាន់តែពុកទៅៗដែរ។
១២ ខ្មាំងសត្រូវទាំងប៉ុន្មានរបស់ទូលបង្គំ ជាពិសេសអ្នកជិតខាង
នាំគ្នាត្មះតិះដៀលទូលបង្គំ
ហើយសូម្បីតែអស់អ្នកដែលជិតស្និទ្ធនឹងទូលបង្គំ ក៏មិនហ៊ានចូលជិតទូលបង្គំដែរ
បើគេឃើញទូលបង្គំនៅតាមផ្លូវ គេនាំគ្នារត់គេច។
១៣ គ្មាននរណានឹកនាពីទូលបង្គំទៀតទេ
ទូលបង្គំប្រៀបបីដូចមនុស្សស្លាប់ និងដូចជាឆ្នាំងកំបែកដែលគេបោះចោល។
១៤ ទូលបង្គំបានឮមនុស្សជាច្រើន ពោលពាក្យមួលបង្កាច់
មនុស្សម្នានៅជុំវិញទូលបង្គំ បានធ្វើអោយទូលបង្គំភ័យតក់ស្លុត។
គេលើកគ្នាប្រឆាំងនឹងទូលបង្គំ
ព្រមទាំងឃុបឃិតគ្នា បម្រុងនឹងដកជីវិត ទូលបង្គំផង។
១៥ ឱព្រះអម្ចាស់អើយ ទូលបង្គំសូមផ្ញើជីវិតលើព្រះអង្គ!
ទូលបង្គំពោលថាព្រះអង្គពិតជាព្រះ របស់ទូលបង្គំ។
១៦ អាយុជីវិតរបស់ទូលបង្គំ ស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះអង្គ
សូមរំដោះទូលបង្គំចេញពីកណ្ដាប់ដៃរបស់ខ្មាំង សត្រូវ និងអស់អ្នកដែលបៀតបៀនទូលបង្គំ!
១៧សូមបែរព្រះភក្ត្រទតមកអ្នកបំរើរបស់ព្រះអង្គ
សូមសង្គ្រោះទូលបង្គំ ដោយព្រះហឫទ័យ ដ៏ស្មោះត្រង់របស់ព្រះអង្គ!
១៨ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វររកព្រះអង្គ!
សូមកុំអោយទូលបង្គំត្រូវអាម៉ាស់ឡើយ តែអោយពួកមនុស្សពាលត្រូវអាម៉ាស់មុខវិញ
គឺអោយពួកគេបិទមាត់ ធ្លាក់ទៅស្ថានមនុស្សស្លាប់ទៅ!។
១៩សូមអោយមនុស្សដែលតែងតែ និយាយកុហកក្លាយទៅជាគ
គឺពួកដែលនិយាយយ៉ាងព្រហើន ប្រឆាំងនឹងមនុស្សសុចរិត
ដោយអួតបំប៉ាង និងប្រមាថមាក់ងាយ!។
២០ឱព្រះអម្ចាស់អើយ! ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ល្អវិសេសវិសាលណាស់!
ព្រះអង្គបម្រុងទុក សំរាប់អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ
មនុស្សគ្រប់ៗគ្នាដឹងថា ព្រះអង្គប្រោសប្រណីអស់ អ្នកដែលមកជ្រកកោនជាមួយព្រះអង្គ។
២១ព្រះអង្គលាក់គេនៅក្បែរព្រះអង្គ អោយរួចផុតពីឧបាយកលរបស់មនុស្ស
គឺអោយគេជ្រកនៅក្នុងព្រះពន្លា ឆ្ងាយពីពាក្យមួលបង្កាច់របស់សត្រូវ។
២២សូមលើកតម្កើងព្រះអម្ចាស់! ដ្បិតពេលមានសត្រូវឡោមព័ទ្ធទូលបង្គំ
ព្រះអង្គបានសំដែងព្រះហឫទ័យស្មោះត្រង់ យ៉ាងអស្ចារ្យចំពោះទូលបង្គំ។
២៣ពេលទូលបង្គំខ្វល់ខ្វាយ ទូលបង្គំស្មានថា
ព្រះអង្គបានបណ្ដេញទូលបង្គំ ចេញឆ្ងាយពីព្រះភក្ត្ររបស់ព្រះអង្គហើយ
ប៉ុន្តែ ពេលទូលបង្គំស្រែករកព្រះអង្គ ទ្រង់ព្រះសណ្ដាប់ពាក្យអង្វររបស់ទូលបង្គំ។
២៤អ្នករាល់គ្នាដែលគោរពបំរើព្រះអម្ចាស់អើយ ចូរស្រឡាញ់ព្រះអង្គ!
ព្រះអម្ចាស់ថែរក្សាអ្នកជឿ តែព្រះអង្គធ្វើទោសយ៉ាងតឹងរ៉ឹង ដល់មនុស្សព្រហើន។
២៥ អស់អ្នកដែលសង្ឃឹមទុកចិត្តលើព្រះអម្ចាស់អើយ
ចូរមានកម្លាំង និងចិត្តក្លាហានឡើង!។
ជំពូកទី ៣២
សុភមង្គលរបស់អ្នកដែលព្រះអម្ចាស់អត់ទោសអោយ
១ទំនុករបស់ស្ដេចដាវីឌ។ ពាក្យកាព្យ។
មានសុភមង្គលហើយ អស់អ្នកដែលព្រះជាម្ចាស់ លើកលែងទោសអោយ
ព្រមទាំងប្រោសប្រណីអោយបានរួចពីបាប!
២ មានសុភមង្គលហើយ អស់អ្នកដែលព្រះអម្ចាស់មិនប្រកាន់ទោស
ហើយជាមនុស្សដែលគ្មានចិត្តវៀចវេរ!
៣ ដរាបណាទូលបង្គំមិនសារភាពកំហុសទេនោះ ទូលបង្គំកាន់តែរីងរៃទៅៗ
ទូលបង្គំថ្ងូរជារៀងរាល់ថ្ងៃ
៤ ដ្បិតព្រះអង្គធ្វើទោសទូលបង្គំទាំងថ្ងៃទាំងយប់
កម្លាំងទូលបង្គំខ្សោះល្វើយ ដូចទឹករីងស្ងួតនៅរដូវប្រាំង។ – សំរាក
៥ ទូលបង្គំបានសារភាពអំពើបាបចំពោះព្រះអង្គ
ទូលបង្គំមិនបានលាក់លៀមកំហុស របស់ទូលបង្គំឡើយ
ទូលបង្គំពោលថា «ខ្ញុំនឹងទទួលសារភាពអំពើបាប របស់ខ្ញុំចំពោះព្រះអម្ចាស់!»
ព្រះអង្គក៏លើកលែងទោសទូលបង្គំ អោយរួចពីបាប។ – សំរាក
៦ ហេតុនេះហើយបានជាអ្នកគោរព ប្រណិប័តន៍ព្រះអង្គ
តែងទូលអង្វរព្រះអង្គនៅពេលដែលគេត្រូវការ!
ទោះបីមានទុក្ខកង្វល់ប្រៀបដូច ទឹកជំនន់ខ្លាំងយ៉ាងណាក្ដី ក៏គេមិនលិចលង់ដែរ។
៧ ព្រះអង្គជាជំរកសំរាប់ទូលបង្គំ ព្រះអង្គការពារទូលបង្គំអោយរួចពីអាសន្ន
ព្រះអង្គអោយទូលបង្គំអាចបន្លឺសំឡេង ច្រៀងឡើង ព្រោះព្រះអង្គរំដោះទូលបង្គំ។ – សំរាក
៨ ព្រះអម្ចាស់មានព្រះបន្ទូលថា
«យើងនឹងប្រៀនប្រដៅណែនាំអ្នក អោយស្គាល់ផ្លូវដែលអ្នកត្រូវដើរ
យើងនឹងជួយអោយយោបល់អ្នក ព្រមទាំងមើលថែទាំអ្នកផង។
៩ មិនត្រូវឆោតល្ងង់ដូចសេះ ឬលានោះឡើយ
គេដាក់ដែកបង្ខាំ និងចងបង្ហៀរ ដើម្បីញាក់វាអោយចុះចូល»។
១០ មនុស្សពាលនឹងត្រូវរងទុក្ខវេទនាសព្វបែបយ៉ាង
ប៉ុន្តែ ព្រះអម្ចាស់តែងសំដែងព្រះហឫទ័យមេត្តាករុណា
ចំពោះអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ។
១១ មនុស្សសុចរិតអើយ ចូរនាំគ្នាសប្បាយរីករាយ ចំពោះស្នាព្រះហស្ដរបស់ព្រះអម្ចាស់!
អ្នកទាំងអស់គ្នាដែលជាមនុស្សទៀងត្រង់អើយ ចូរស្រែកហ៊ោដោយអំណរចុះ!។
ជំពូកទី ៣៣
ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់ដោយអំណរ!
១ មនុស្សសុចរិតអើយ ចូរនាំគ្នា អបអរលើកតម្កើងព្រះអម្ចាស់!
មានតែមនុស្សទៀងត្រង់ប៉ុណ្ណោះ ដែលអាចកោតសរសើរព្រះអង្គ។
២ ចូរលើកតម្កើងព្រះអម្ចាស់ ដោយសំឡេងពិណ
ចូរស្មូត្រទំនុកតម្កើងព្រះអង្គ ទាំងលេងចាប៉ីខ្សែដប់កំដរផង។
៣ ចូរច្រៀងបទថ្មីថ្វាយព្រះអង្គ!
ចូរប្រគំតន្ត្រីយ៉ាងពីរោះ ក្នុងពេលស្រែកអបអរសាទរព្រះអង្គ
៤ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងទៀងត្រង់
ហើយព្រះអង្គតែងប្រព្រឹត្តតាម ព្រះបន្ទូលសន្យាជានិច្ច។
៥ ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីសុចរិត ព្រមទាំងសេចក្ដីទៀងត្រង់
ផែនដីទាំងមូលសំដែងអំពីព្រះហឫទ័យ មេត្តាករុណារបស់ព្រះអម្ចាស់។
៦ ផ្ទៃមេឃកើតឡើងដោយសារព្រះបន្ទូល របស់ព្រះអម្ចាស់
ហើយអ្វីៗទាំងអស់នៅលើមេឃ ក៏កើតឡើង ដោយសារព្រះបញ្ជារបស់ព្រះអង្គដែរ។
៧ ព្រះអង្គបានធ្វើអោយទឹកសមុទ្រ មកផ្ដុំគ្នានៅកន្លែងតែមួយ
ព្រះអង្គបានបង្ឃាំងមហាសមុទ្រ អោយនៅមួយកន្លែង។
៨ ចូរអោយផែនដីទាំងមូលកោតខ្លាចព្រះអម្ចាស់!
ចូរអោយមនុស្សទាំងអស់នៅលើផែនដី ញាប់ញ័រនៅចំពោះព្រះភក្ត្រព្រះអង្គ!
៩ ដ្បិតអ្វីៗទាំងអស់កើតមាន ដោយសារព្រះបន្ទូលរបស់ព្រះអង្គ
ព្រះអង្គបង្គាប់យ៉ាងណា ក៏កើតមានយ៉ាងនោះមែន។
១០ ព្រះអម្ចាស់រំលំផែនការរបស់ប្រជាជាតិនានា!
ព្រះអង្គរំលាយគំរោងការរបស់ ប្រជាជនទាំងឡាយ។
១១ រីឯផែនការរបស់ព្រះអង្គវិញ នៅស្ថិតស្ថេររហូតតទៅ
ហើយគំរោងការរបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជានិច្ច។
១២ មានសុភមង្គលហើយ ប្រជាជាតិណា ដែលគោរពបំរើព្រះអម្ចាស់ ទុកជាព្រះរបស់ខ្លួន!
មានសុភមង្គលហើយ ប្រជាជនណាដែលព្រះអង្គបានជ្រើសរើស
ទុកជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់!។
១៣ ព្រះអម្ចាស់ទតមើលពីស្ថានបរមសុខ
ព្រះអង្គឃើញមនុស្សលោកទាំងអស់
១៤ ហើយពីព្រះដំណាក់របស់ព្រះអង្គ
ព្រះអង្គរំពៃមើលមនុស្សទាំងអស់ ដែលរស់នៅលើផែនដី
១៥ គឺព្រះអង្គហើយដែលបានបង្កើត ចិត្តគំនិតរបស់គេទាំងអស់គ្នា
ហើយព្រះអង្គយកព្រះហឫទ័យ ទុកដាក់នឹងអំពើទាំងអស់ដែលគេប្រព្រឹត្ត។
១៦ ពុំដែលមានស្ដេចណាយកជ័យជំនះបាន ដោយសារកងទ័ពដ៏ខ្លាំងពូកែនោះឡើយ
ហើយក៏ពុំដែលមានវីរបុរសណាវាយឈ្នះ ដោយសារកម្លាំងខ្លាំងក្លានោះដែរ។
១៧ សេះចំបាំងពុំអាចធ្វើអោយមានជ័យជំនះបានឡើយ
ហើយទោះបីវាខ្លាំងយ៉ាងណាក៏ដោយ ក៏ពុំអាចជួយរំដោះបានដែរ។
១៨ ព្រះអម្ចាស់តាមថែរក្សា អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ
គឺអស់អ្នកដែលពឹងផ្អែកលើព្រះហឫទ័យ មេត្តាករុណារបស់ព្រះអង្គ។
១៩ ព្រះអង្គសង្គ្រោះគេអោយរួចពីសេចក្ដីស្លាប់
ហើយអោយគេបានរួចជីវិតនៅគ្រាមានទុរ្ភិក្ស។
២០ យើងផ្ញើជីវិតលើព្រះអម្ចាស់
ព្រះអង្គជួយសង្គ្រោះ និងការពារយើង
២១ យើងមានអំណរសប្បាយ ដោយរួមជាមួយព្រះអង្គ
យើងទុកចិត្តលើព្រះនាមដ៏វិសុទ្ធ*របស់ព្រះអង្គ។
២២ ឱព្រះអម្ចាស់អើយ! សូមសំដែងព្រះហឫទ័យមេត្តាករុណា មកលើយើងខ្ញុំផង
ព្រោះយើងខ្ញុំផ្ញើជីវិតលើព្រះអង្គហើយ។
ជំពូកទី ៣៤
ព្រះហឫទ័យសប្បុរសរបស់ព្រះអម្ចាស់
១ ទំនុករបស់ស្ដេចដាវីឌ នៅគ្រាដែលទ្រង់ធ្វើពុតជាវិកលចរិតនៅចំពោះព្រះភក្ត្រ
ស្ដេចអប៊ីមេឡេក ធ្វើអោយស្ដេចអប៊ីមេឡេកដេញព្រះអង្គចេញទៅ។
២ ខ្ញុំនឹងអរព្រះគុណព្រះអម្ចាស់ គ្រប់ពេលវេលា
ខ្ញុំនឹងសរសើរតម្កើងព្រះអង្គឥតឈប់សោះឡើយ។
៣ ខ្ញុំនឹងបានខ្ពស់មុខដោយសារព្រះអង្គ!
ចូរអោយមនុស្សទន់ទាបត្រងត្រាប់ស្ដាប់ ហើយមានអំណរសប្បាយឡើង!។
៤ សូមប្រកាសជាមួយខ្ញុំថា ព្រះអម្ចាស់ថ្កុំថ្កើងរុងរឿងក្រៃលែង!
យើងលើកតម្កើងព្រះនាមព្រះអង្គជាមួយគ្នា!។
៥ ខ្ញុំបានអង្វរព្រះអម្ចាស់ ព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ
ព្រះអង្គបានរំដោះខ្ញុំអោយរួចពីការភ័យខ្លាច ទាំងអម្បាលម៉ាន។
៦ អ្នកណាសម្លឹងឆ្ពោះទៅព្រះអង្គ អ្នកនោះនឹងបានពោរពេញទៅដោយអំណរ
ហើយនឹងមិនខកចិត្តសោះឡើយ។
៧ មនុស្សទុគ៌តស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យគេ
ហើយសង្គ្រោះគេអោយរួចផុត ពីគ្រោះកាចទាំងប៉ុន្មានផង។
៨ ទេវទូតរបស់ព្រះអម្ចាស់ថែរក្សាការពារ អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ
ហើយរំដោះពួកគេអោយរួចពីគ្រោះថ្នាក់។
៩ ចូរពិសោធមើលដោយខ្លួនឯងចុះ
ដើម្បីអោយដឹងថាព្រះអម្ចាស់ មានព្រះហឫទ័យសប្បុរសដ៏លើសលប់!
អ្នកណាពឹងផ្អែកលើព្រះអង្គ អ្នកនោះមានសុភមង្គលហើយ!។
១០អ្នករាល់គ្នាដែលជាប្រជារាស្ត្រព្រះអង្គអើយ ចូរគោរពកោតខ្លាចព្រះអម្ចាស់
ដ្បិតអ្នកដែលគោរពកោតខ្លាចព្រះអង្គ នឹងមិនខ្វះអ្វីឡើយ។
១១អ្នកមានអាចជួបប្រទះនឹងការអត់ឃ្លាន ខ្វះខាតចំណីបរិភោគ
តែអស់អ្នកដែលស្វែងរកព្រះអម្ចាស់ នឹងមិនខ្វះអ្វីសោះឡើយ។
១២ កូនចៅអើយចូរនាំគ្នាមក ហើយស្ដាប់ពាក្យខ្ញុំ
ខ្ញុំនឹងបង្រៀនអ្នក អោយស្គាល់អំពីការគោរពកោតខ្លាចព្រះអម្ចាស់។
១៣ តើមាននរណាចង់បានអាយុវែង
និងរស់នៅប្រកបដោយសុភមង្គលឬទេ?
១៤ បើចង់បានត្រូវតែចេះទប់អណ្ដាត កុំពោលពាក្យអាក្រក់
និងចៀសវាងនិយាយបោកបញ្ឆោត!។
១៥ ចូរងាកចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អវិញ
ចូរខិតខំស្វែងរកសេចក្ដីសុខសាន្ត យ៉ាងអស់ពីចិត្ត។
១៦ ព្រះអម្ចាស់តែងរំពៃមើលមនុស្សសុចរិត
ហើយទ្រង់យកព្រះហឫទ័យ ទុកដាក់នឹងសំរែករបស់ពួកគេជានិច្ច។
១៧ ព្រះអម្ចាស់តែងតែប្រឆាំង នឹងអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់
ពេលពួកគេស្លាប់ទៅ គ្មាននរណានឹកដល់ពួកគេទៀតទេ។
១៨ ពេលមនុស្សសុចរិតស្រែករកព្រះអង្គ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យគេ
ហើយព្រះអង្គរំដោះគេ អោយរួចពីទុក្ខលំបាកទាំងប៉ុន្មាន។
១៩ ព្រះអម្ចាស់គង់នៅជិតអស់អ្នកដែលក្រំចិត្ត
ហើយព្រះអង្គសង្គ្រោះអស់អ្នក ដែលមានចិត្តសោកសង្រេង។
២០ មនុស្សសុចរិតរមែងជួបនឹងទុក្ខលំបាកជាច្រើន
ប៉ុន្តែ ព្រះអម្ចាស់តែងតែរំដោះគេ អោយរួចផុតពីទុក្ខលំបាកទាំងនោះជានិច្ច។
២១ ព្រះអង្គថែរក្សាគេអោយបានសុខសាន្ត
គឺគ្មានឆ្អឹងណាមួយត្រូវបាក់បែកឡើយ។
២២ អំពើអាក្រក់តែងប្រហារជីវិតមនុស្សពាល
ហើយអ្នកដែលស្អប់មនុស្សសុចរិត តែងតែទទួលទោសជានិច្ច។
២៣ ព្រះអម្ចាស់សង្គ្រោះជីវិតអ្នកបំរើរបស់ព្រះអង្គ
ហើយអស់អ្នកដែលមកពឹងផ្អែកលើព្រះអង្គ តែងតែរួចផុតពីទុក្ខទោស។
ជំពូកទី ៣៥
សូមជួយសង្គ្រោះទូលបង្គំជាប្រញាប់!
១ ទំនុករបស់ស្ដេចដាវីឌ។
ឱព្រះអម្ចាស់អើយ! សូមប្រឆាំង អស់អ្នកដែលប្រឆាំងនឹងទូលបង្គំ
សូមតយុទ្ធអស់អ្នកដែលតយុទ្ធនឹងទូលបង្គំផង!។
២ សូមយកខែលទាំងតូចទាំងធំ
យាងមកជួយទូលបង្គំជាប្រញាប់!
៣ សូមគប់លំពែង និងពូថៅ ប្រហារអស់អ្នកដែលដេញតាមទូលបង្គំ
សូមបញ្ជាក់អោយទូលបង្គំដឹងថា ព្រះអង្គជាព្រះសង្គ្រោះទូលបង្គំ។
៤ សូមអោយពួកអ្នកដែលចង់ប្រហារជីវិតទូលបង្គំ ត្រូវអាម៉ាស់ និងបាក់មុខ
សូមអោយពួកអ្នកដែលប៉ុនប៉ងធ្វើបាបទូលបង្គំ
ដកខ្លួនថយទៅវិញទាំងអៀនខ្មាស!
៥ នៅពេលទេវទូត*របស់ព្រះអម្ចាស់ បណ្ដេញពួកគេ
សូមអោយពួកគេប្រៀបដូចជាអង្កាម ដែលត្រូវខ្យល់ផាត់បាត់ទៅ!។
៦ នៅពេលទេវទូតរបស់ព្រះអម្ចាស់ដេញតាមពួកគេ
សូមអោយផ្លូវរបស់ពួកគេងងឹតសូន្យសុង និងរអិលទៀតផង!។
៧ អ្នកទាំងនោះបានដាក់អន្ទាក់ ដើម្បីទាក់ទូលបង្គំ
ហើយជីករណ្ដៅ ដើម្បីចាប់ទូលបង្គំ ដោយគ្មានមូលហេតុអ្វីឡើយ។
៨ សូមអោយពួកគេត្រូវអន្តរាយ ដោយមិនបានដឹងជាមុន
សូមអោយពួកគេជាប់អន្ទាក់ ដែលខ្លួនបានបង្កប់ទុក
សូមអោយពួកគេធ្លាក់ទៅក្នុងរណ្ដៅនោះ ហើយវិនាសអន្តរាយទៅ!។
៩ ពេលនោះ ទូលបង្គំនឹងបានត្រេកអររីករាយជាខ្លាំង ចំពោះកិច្ចការដែលព្រះអម្ចាស់បានធ្វើ
ទូលបង្គំមានអំណរសប្បាយ មកពីព្រះអង្គសង្គ្រោះទូលបង្គំ។
១០ ទូលបង្គំនឹងទូលព្រះអង្គយ៉ាងស្មោះ អស់ពីដួងចិត្តថា:
ព្រះអម្ចាស់អើយ គ្មាននរណាដូចព្រះអង្គឡើយ
ព្រះអង្គបានរំដោះអ្នកទន់ខ្សោយ អោយរួចផុតពីកណ្ដាប់ដៃរបស់អ្នកខ្លាំងពូកែ
ព្រះអង្គរំដោះជនកំសត់ទុគ៌តអោយរួចផុត ពីកណ្ដាប់ដៃរបស់ពួកអ្នកសង្កត់សង្កិន។
១១ មានសាក្សីក្លែងក្លាយជាច្រើន នាំគ្នាប្រឆាំងនឹងទូលបង្គំ
គេបានចោទសួរទូលបង្គំអំពីកិច្ចការ ដែលទូលបង្គំពុំបានដឹងទាល់តែសោះ។
១២ គេបានធ្វើអំពើអាក្រក់តបស្នង នឹងអំពើល្អដែលទូលបង្គំបានប្រព្រឹត្តចំពោះពួកគេ
ទូលបង្គំនៅឯកោម្នាក់ឯង។
១៣ ពេលពួកគេឈឺ ទូលបង្គំបានជួយរំលែកទុក្ខ
ទូលបង្គំបន្ទាបខ្លួន ទាំងតមអាហារ ហើយទូលបង្គំទូលអង្វរអោយគេឥតឈប់ឈរ។
១៤ ទូលបង្គំប្រព្រឹត្តចំពោះពួកគេ ដូចប្រព្រឹត្តចំពោះមិត្តភក្ដិ និងបងប្អូន
ទូលបង្គំព្រួយចិត្តសោកសង្រេង ដូចកាន់ទុក្ខនៅពេលម្ដាយស្លាប់។
១៥ ផ្ទុយទៅវិញពេលទូលបង្គំមានទុក្ខលំបាក គេបែរជានាំគ្នាសើចសប្បាយ
គេឃុបឃិតគ្នាប្រឆាំងនឹងទូលបង្គំ ហើយអ្នកដទៃដែលទូលបង្គំពុំស្គាល់
បានវាយទូលបង្គំ និងហែកហួរទូលបង្គំ ឥតឈប់ឡើយ។
១៦ ពួកគេចូលដៃជាមួយមនុស្សពាល ដែលនៅជុំវិញទូលបង្គំ
ហើយសង្កៀតធ្មេញដាក់ទូលបង្គំ។
១៧ ព្រះអម្ចាស់អើយ! តើព្រះអង្គធ្វើព្រងើយដល់កាលណាទៀត?
សូមរំដោះទូលបង្គំអោយរួចពីក្រញាំរបស់ពួកគេ
សូមការពារជីវិតទូលបង្គំ អោយរួចពីពួកសិង្ហទាំងនោះផង។
១៨ ទូលបង្គំនឹងអរព្រះគុណព្រះអង្គនៅក្នុងអង្គប្រជុំធំ
ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ក្នុងចំណោមប្រជាជនដ៏ច្រើន។
១៩ សូមកុំបណ្ដោយអោយអស់អ្នកដែលតាំងខ្លួន ជាសត្រូវនឹងទូលបង្គំបានអរសប្បាយ
ព្រោះតែទូលបង្គំចាញ់
សូមកុំបណ្ដោយអោយអស់អ្នក ដែលស្អប់ទូលបង្គំដោយឥតហេតុផល
ពេបជ្រាយដាក់ទូលបង្គំឡើយ។
២០ ពួកគេមិនចេះនិយាយដោយសំរួលទេ
ផ្ទុយទៅវិញ គេតែងតែប្រឌិតរឿងផ្សេងៗ មួលបង្កាច់មនុស្សសន្សំសុខនៅក្នុងស្រុក។
២១ ពួកគេពោលពាក្យចោទប្រកាន់ទូលបង្គំ
គេស្រែកចំអកអោយទូលបង្គំថា «ហា៎ ហ៎ា! យើងឃើញអ្នកឯងធ្វើអាក្រក់ហើយ!»។
២២ ឱព្រះអម្ចាស់អើយ ព្រះអង្គទតឃើញស្រាប់ហើយ សូមកុំនៅស្ងៀម
ព្រះអម្ចាស់អើយ សូមកុំបោះបង់ចោលទូលបង្គំឡើយ!
២៣ ឱព្រះនៃទូលបង្គំ ឱព្រះអម្ចាស់នៃទូលបង្គំអើយ សូមក្រោកឡើង!
សូមទ្រង់តើនឡើង រកយុត្តិធម៌អោយទូលបង្គំ
សូមកាន់ក្ដីខាងទូលបង្គំផង!។
២៤ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ព្រះអង្គសុចរិត
សូមរកយុត្តិធម៌អោយទូលបង្គំផង
កុំបណ្ដោយអោយពួកគេបានសប្បាយ ព្រោះទូលបង្គំចាញ់នោះឡើយ។
២៥ សូមកុំអោយគេពោលក្នុងចិត្តថា «យើងមានប្រៀបលើវាហើយ!»
សូមកុំអោយគេពោលថា «យើងបានបំផ្លាញវាទាំងស្រុងហើយ!»។
២៦ សូមអោយពួកអ្នកដែលអរសប្បាយ នៅពេលឃើញទូលបង្គំវេទនា ត្រូវអាម៉ាស់
ហើយបាក់មុខទាំងអស់គ្នា!
សូមអោយពួកអ្នកដែលព្រហើន ដាក់ទូលបង្គំ ត្រូវអាម៉ាស់មុខបាត់បង់កិត្តិយស។
២៧ រីឯអស់អ្នកដែលចង់ឃើញ ទូលបង្គំជាមនុស្សគ្មានទោស
សូមប្រទានអោយគេអាចស្រែកហ៊ោ ដោយអំណរសប្បាយ
ហើយសូមអោយគេពោលហើយពោលទៀតថា
«សូមលើកតម្កើងព្រះអម្ចាស់!
ព្រះអង្គសព្វព្រះហឫទ័យ អោយអ្នកបំរើរបស់ព្រះអង្គបានជោគជ័យ!»។
២៨ ពេលនោះ ទូលបង្គំនឹងថ្លែងអំពីសេចក្ដីសុចរិត របស់ព្រះអង្គជានិច្ច
ហើយទូលបង្គំសរសើរតម្កើងព្រះអង្គ ជារៀងរាល់ថ្ងៃ!។
ជំពូកទី ៣៦
យើងខ្ញុំមកជ្រកកោនក្រោមម្លប់ព្រះបារមីរបស់ព្រះអង្គ
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។
ទំនុករបស់ស្ដេចដាវីឌ ជាអ្នកបំរើព្រះអម្ចាស់។
២ ខ្ញុំនឹកឃើញពាក្យរបស់ជនពាល ដែលនិយាយក្នុងពេលបះបោរថា
មិនបាច់គោរពកោតខ្លាចព្រះជាម្ចាស់ទេ។
៣ គេបញ្ចើចបញ្ចើលើកតម្កើងខ្លួនឯងខ្លាំងពេក
រហូតមិនអាចទទួលស្គាល់ថា ខ្លួនមានកំហុស គួរអោយស្អប់នោះឡើយ។
៤ គេពោលសុទ្ធតែពាក្យកុហកបោកប្រាស់
គឺគេលែងស្គាល់ខុសស្គាល់ត្រូវទៀតហើយ។
៥ សូម្បីតែនៅពេលដេក ក៏គេគិតពីគំរោងការធ្វើអំពើអាក្រក់ដែរ
គេមានះដើរនៅក្នុងផ្លូវមិនល្អ
គឺគេមិនព្រមបោះបង់អំពើអាក្រក់សោះឡើយ។
៦ ឱព្រះអម្ចាស់អើយ! ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ខ្ពស់រហូតដល់ផ្ទៃមេឃ
ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ ខ្ពស់ដល់អាកាសវេហាស៍។
៧ ព្រះហឫទ័យសុចរិតរបស់ព្រះអង្គ មានកំពស់ដូចភ្នំដ៏ខ្ពស់បំផុត
ព្រះតម្រិះរបស់ព្រះអង្គជ្រៅដូចមហាសាគរ។
ឱព្រះអម្ចាស់អើយ ព្រះអង្គសង្គ្រោះទាំងមនុស្សលោក ទាំងសត្វតិរច្ឆាន!។
៨ ឱព្រះជាម្ចាស់អើយ ព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គ មានតម្លៃដ៏លើសលប់បំផុត!
មនុស្សលោកមកជ្រកកោនក្រោមម្លប់ព្រះបារមី របស់ព្រះអង្គ
ដូចកូនសត្វជ្រកកោនក្រោមស្លាបមេវា។
៩ ព្រះអង្គប្រទានអាហារយ៉ាងបរិបូណ៌ អោយមនុស្សលោកនៅក្នុង ព្រះដំណាក់របស់ព្រះអង្គ
ហើយព្រះអង្គប្រទានអោយគេមាន អំណរសប្បាយដ៏ហូរហៀរដូចទឹកទន្លេ។
១០ ដ្បិតព្រះអង្គជាប្រភពនៃជីវិត
ហើយយើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។
១១ សូមសំដែងព្រះហឫទ័យមេត្តាករុណា ចំពោះអស់អ្នកដែលស្គាល់ព្រះអង្គតទៅទៀត
ហើយសំដែងព្រះហឫទ័យសុចរិត ចំពោះអស់អ្នកដែលមានចិត្តទៀងត្រង់។
១២ សូមកុំអោយមនុស្សព្រហើនកោងកាច មកវាយប្រហារទូលបង្គំបានឡើយ
ហើយក៏កុំអោយមនុស្សពាល មកបណ្ដេញទូលបង្គំបានដែរ!
១៣ មនុស្សប្រព្រឹត្តអំពើទុច្ចរិត នឹងត្រូវបរាជ័យនៅទីនេះ
ពួកគេត្រូវដួល ហើយងើបឡើងវិញពុំរួចឡើយ។
ជំពូកទី ៣៧
ចុងបញ្ចប់របស់មនុស្សអាក្រក់ និងមនុស្សល្អ
១ ទំនុករបស់ស្ដេចដាវីឌ។
មិនត្រូវចងកំហឹងនឹងអស់អ្នក ដែលប្រព្រឹត្តអំពើអាក្រក់ឡើយ
ហើយក៏កុំច្រណែននឹងអស់អ្នក ដែលប្រព្រឹត្តអំពើទុច្ចរិតដែរ
២ ដ្បិតពួកគេនឹងត្រូវវិនាសសូន្យទៅយ៉ាងរហ័ស
ដូចស្មៅដែលតែងតែក្រៀមស្វិត និងដូចផ្កាដែលតែងតែ ស្រពោននោះដែរ។
៣ ចូរផ្ញើជីវិតលើព្រះអម្ចាស់ ចូរប្រព្រឹត្តអំពើល្អ
នោះអ្នកនឹងរស់នៅក្នុងស្រុកនេះ យ៉ាងសុខក្សេមក្សាន្ត។
៤ ចូរស្វែងរកសុភមង្គលពីព្រះអម្ចាស់
នោះព្រះអង្គនឹងប្រោសប្រទាននូវអ្វីៗ ដែលអ្នកប្រាថ្នាចង់បាន។
៥ ចូរផ្ញើវាសនារបស់អ្នកទៅក្នុង ព្រះហស្ដរបស់ព្រះអង្គ
ចូរផ្ញើជីវិតលើព្រះអង្គ នោះទ្រង់នឹងជួយអ្នក។
៦ ព្រះអង្គនឹងបង្ហាញអោយគេឃើញថា អ្នកជាមនុស្សសុចរិត ដូចឃើញពន្លឺថ្ងៃ
ហើយព្រះអង្គនឹងបង្ហាញអោយគេឃើញថា អ្នកជាមនុស្សទៀងត្រង់
ដូចពន្លឺនៅពេលថ្ងៃត្រង់។
៧ ចូរស្ងប់ស្ងៀមនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ហើយទុកចិត្តលើព្រះអង្គទៅ
មិនត្រូវចងកំហឹងនឹងអ្នក ដែលបានចំរុងចំរើននោះឡើយ
ហើយក៏មិនត្រូវចងកំហឹងនឹងមនុស្ស ដែលប្រព្រឹត្តអំពើអាក្រក់ដែរ។
៨ ចូររំងាប់កំហឹង និងលះបង់ចិត្ត ក្ដៅក្រហាយនោះចោលទៅ
កុំចងកំហឹងឡើយ ព្រោះកំហឹងតែងតែ បង្កអោយមានការអាក្រក់។
៩ ព្រះអម្ចាស់នឹងកាត់កាល់អស់អ្នក ដែលប្រព្រឹត្តអំពើអាក្រក់
តែអស់អ្នកដែលសង្ឃឹមលើព្រះអង្គ នឹងទទួលទឹកដីជាមត៌ក។
១០ នៅតែបន្តិចទៀត នឹងលែងមានមនុស្សអាក្រក់ទៀតហើយ!
ទោះបីអ្នកខំរកមើលកន្លែងដែលគេធ្លាប់នៅ ក៏មិនឃើញមានអ្វីដែរ។
១១ រីឯមនុស្សទន់ទាបវិញ គេនឹងទទួលទឹកដីជាមត៌ក
ហើយនឹងបានសប្បាយសុខក្សេមក្សាន្ត។
១២ មនុស្សអាក្រក់តែងតែឃុបឃិតប្រឆាំង នឹងមនុស្សសុចរិត
ទាំងសង្កៀតធ្មេញដាក់មនុស្សសុចរិតទៀតផង
១៣ ក៏ប៉ុន្តែ ព្រះអម្ចាស់សើចចំអកដាក់មនុស្សអាក្រក់
ព្រោះព្រះអង្គជ្រាបថា ពេលដែលគេត្រូវវិនាស ជិតមកដល់ហើយ។
១៤ មនុស្សអាក្រក់នាំគ្នាហូតដាវ យឹតធ្នូ
ដើម្បីប្រហារជីវិតមនុស្សក្រីក្រទុគ៌ត និងអារកមនុស្សដែលមានចិត្តទៀងត្រង់។
១៥ ប៉ុន្តែ ដាវរបស់គេនឹងចាក់ទម្លុះ បេះដូងរបស់ខ្លួនឯង
ហើយធ្នូរបស់គេនឹងត្រូវបាក់បែកអស់។
១៦ ទ្រព្យតែបន្តិចបន្តួចរបស់មនុស្សសុចរិត
ប្រសើរជាងទ្រព្យសម្បត្តិស្ដុកស្ដម្ភ របស់មនុស្សអាក្រក់
១៧ ដ្បិតព្រះអម្ចាស់នឹងជួយគាំទ្រមនុស្សសុចរិត
តែព្រះអង្គនឹងបំបាក់កម្លាំង របស់មនុស្សអាក្រក់វិញ។
១៨ ព្រះអម្ចាស់យកព្រះហឫទ័យទុកដាក់ នឹងជីវិតរបស់មនុស្សឥតសៅហ្មង
ព្រះអង្គនឹងថែរក្សាទឹកដីរបស់គេ អោយបានគង់វង្សរហូតតទៅ។
១៩ នៅគ្រាមានអាសន្ន គេនឹងមិនត្រូវអាម៉ាស់ឡើយ
ហើយនៅគ្រាមានទុរ្ភិក្ស គេនឹងបានបរិភោគឆ្អែត។
២០ រីឯមនុស្សអាក្រក់ គេនឹងត្រូវវិនាសសូន្យ
ហើយខ្មាំងសត្រូវរបស់ព្រះអម្ចាស់ ក៏នឹងរលាយសូន្យទៅ
ដូចវាលស្មៅខៀវខ្ចី ដែលឆេះរលាយសូន្យទៅជាផ្សែងដែរ។
២១ មនុស្សអាក្រក់ខ្ចីអ្វីៗពីគេ ហើយមិនដែលសងវិញឡើយ
រីឯមនុស្សសុចរិតវិញ តែងតែមានចិត្តទូលាយ និងចេះអោយរបស់របរទៅអ្នកដទៃ។
២២ អស់អ្នកដែលព្រះអម្ចាស់ប្រទានពរ នឹងទទួលទឹកដីជាមត៌ក
រីឯអ្នកដែលព្រះអង្គដាក់បណ្ដាសាវិញ នឹងត្រូវកាត់កាល់ចោល។
២៣ ព្រះអម្ចាស់ពង្រឹងជំហានរបស់មនុស្ស អោយបានមាំមួន
ហើយព្រះអង្គគាប់ព្រះហឫទ័យ នឹងមាគ៌ារបស់គេ។
២៤ ប្រសិនបើអ្នកនោះភ្លាត់ជើង គេនឹងមិនដួលដល់ដីឡើយ
ព្រោះព្រះអម្ចាស់កាន់ដៃគេជាប់។
២៥ តាំងពីខ្ញុំនៅក្មេងរហូតមកទល់ពេលខ្ញុំចាស់នេះ
ខ្ញុំមិនដែលឃើញព្រះអម្ចាស់បោះបង់ចោល មនុស្សសុចរិតឡើយ
ហើយក៏មិនដែលឃើញកូនចៅ របស់គេសុំទានដែរ។
២៦ មនុស្សសុចរិតតែងតែមានចិត្តអាណិតមេត្តា និងចេះអោយរបស់របរទៅអ្នកដទៃខ្ចី
គេបានទទួលកូនចៅទុកជាព្រះពរ។
២៧ ចូរចៀសវាងអំពើអាក្រក់ ហើយប្រព្រឹត្តតែអំពើល្អ
ធ្វើដូច្នេះអ្នកនឹងរស់នៅលើទឹកដីនេះរហូតតទៅ
២៨ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យ នឹងការអ្វីដែលត្រឹមត្រូវ
ព្រះអង្គថែរក្សា អស់អ្នកដែលជឿលើព្រះអង្គជានិច្ច ព្រះអង្គមិនបោះបង់ពួកគេឡើយ
តែព្រះអង្គកាត់កាល់ពូជពង្សរបស់មនុស្ស អាក្រក់អោយវិនាសសាបសូន្យ។
២៩ មនុស្សសុចរិតនឹងទទួលទឹកដីជាមត៌ក
ហើយគេនឹងរស់នៅលើទឹកដីនោះរហូតតទៅ។
៣០ មនុស្សសុចរិតតែងតែស្រដីចេញមក នូវពាក្យពេចន៍ប្រកបដោយប្រាជ្ញា។
ហើយអណ្ដាតរបស់គេគ្រលាស់ ចេញមកនូវអ្វីដែលត្រឹមត្រូវ
៣១ វិន័យរបស់ព្រះអម្ចាស់ដក់នៅក្នុងដួងចិត្ត របស់គេ
ហើយគេនឹងមិនឃ្លាតចាក ពីមាគ៌ារបស់ព្រះអង្គឡើយ។
៣២ មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត
ហើយរកមធ្យោបាយចាំសម្លាប់គេផង។
៣៣ ប៉ុន្តែ ព្រះអម្ចាស់មិនបោះបង់មនុស្សសុចរិត អោយធ្លាក់ក្នុងកណ្ដាប់ដៃរបស់មនុស្ស អាក្រក់ឡើយ
ហើយប្រសិនបើគេកាត់ក្ដីមនុស្សសុចរិត ទ្រង់ក៏មិនបណ្ដោយអោយគេដាក់ទោសបានដែរ។
៣៤ ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ ហើយកាន់តាមមាគ៌ារបស់ព្រះអង្គទៅ
នោះព្រះអង្គនឹងលើកកិត្តិយសអ្នកឡើង អោយគ្រប់គ្រងទឹកដីជាមត៌ក
ហើយអ្នកនឹងឃើញមនុស្សអាក្រក់ ត្រូវកាត់កាល់ចោល។
៣៥ ខ្ញុំធ្លាប់ឃើញមនុស្សអាក្រក់ប្រើអំណាចផ្ដាច់ការ
គេរីកចំរើនឡើង ដូចដើមឈើមានស្លឹកខៀវខ្ចីបែកមែកសាខា។
៣៦ ក្រោយមកគេរលាយបាត់សូន្យទៅ
ខ្ញុំខំរកមើលគេតែរកមិនឃើញសោះ។
៣៧ ចូរសង្កេតមើលមនុស្សទៀងត្រង់ ដែលគ្មានចិត្តវៀចវេរ
មនុស្សសន្សំសុខ តែងតែមានអនាគតរុងរឿងជានិច្ច។
៣៨ រីឯមនុស្សបាបវិញ នឹងត្រូវវិនាសសូន្យអស់ទៅ
ហើយមនុស្សទមិឡ នឹងគ្មាន អនាគតភ្លឺស្វាងសោះឡើយ។
៣៩ ព្រះអម្ចាស់តែងតែសង្គ្រោះមនុស្សសុចរិត
ហើយព្រះអង្គជាកំពែងការពារគេ នៅគ្រាមានអាសន្ន។
៤០ ព្រះអម្ចាស់សង្គ្រោះ និងរំដោះពួកគេ អោយរួចពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់
ព្រះអង្គសង្គ្រោះពួកគេ ពីព្រោះពួកគេ មកជ្រកកោនក្រោមម្លប់ព្រះបារមីព្រះអង្គ។
ជំពូកទី ៣៨
ពាក្យអធិស្ឋានរបស់មនុស្សឈឺចុកចាប់
១ ទំនុករបស់ស្ដេចដាវីឌ។ សំរាប់ពិធីរំលឹក។
២ ឱព្រះអម្ចាស់អើយ ទោះបីព្រះអង្គមិនសព្វព្រះហឫទ័យ នឹងទូលបង្គំក៏ដោយ
សូមកុំដាក់ទោសទូលបង្គំឡើយ
ហើយទោះបីទ្រង់ព្រះពិរោធនឹងទូលបង្គំក្ដី ក៏សូមកុំធ្វើទារុណកម្មទូលបង្គំដែរ
៣ ដ្បិតព្រួញរបស់ព្រះអង្គ បានធ្វើអោយទូលបង្គំឈឺចុកចាប់
ព្រះហស្ដរបស់ព្រះអង្គបានសង្កត់មកលើទូលបង្គំ។
៤ ព្រះពិរោធរបស់ព្រះអង្គ បានធ្វើអោយទូលបង្គំឈឺសព្វសព៌ាង្គកាយ
ហើយអំពើបាបរបស់ទូលបង្គំ បានធ្វើអោយឆ្អឹងឆ្អែងរបស់ទូលបង្គំពុកអស់
៥ ដ្បិតកំហុសរបស់ទូលបង្គំបានជន់ជោរ ឡើងលិចក្បាលទូលបង្គំ
ហើយជាបន្ទុកមួយដ៏ធ្ងន់សង្កត់មកលើទូលបង្គំ។
៦ របួសទូលបង្គំក្លាយទៅជាដំបៅរលួយ ហើយធុំក្លិនអសោច
ព្រោះតែគំនិតលេលារបស់ទូលបង្គំ។
៧ ទូលបង្គំឈឺចុកចាប់ជាខ្លាំង រហូតដល់ចំកោងខ្លួន
ហើយទូលបង្គំកើតទុក្ខមួយថ្ងៃវាល់ល្ងាច។
៨ ទូលបង្គំគ្រុនក្ដៅយ៉ាងខ្លាំង ពេញសព្វសព៌ាង្គកាយ។
៩ ទូលបង្គំអស់កម្លាំង ខ្សោះល្វើយ
ហើយទូលបង្គំស្រែកថ្ងូរ ព្រោះឈឺចុកចាប់ហួសប្រមាណ។
១០ព្រះអម្ចាស់អើយ ទ្រង់ឈ្វេងយល់ចិត្តប៉ងប្រាថ្នា របស់ទូលបង្គំស្រាប់ហើយ
ទ្រង់ព្រះសណ្ដាប់ឮសំឡេងដែលទូលបង្គំថ្ងូរ។
១១បេះដូងទូលបង្គំញាប់ញ័រ កម្លាំងទូលបង្គំក៏ខ្សោយបាត់ទៅ
ហើយភ្នែកទូលបង្គំ ក៏ស្រវាំងលែងមើលអ្វីឃើញទៀត។
១២មិត្តភក្ដិ ព្រមទាំងអ្នកជិតស្និទ្ធនឹងទូលបង្គំ មិនហ៊ានចូលជិតទូលបង្គំទេ
ព្រោះខ្លាចដំបៅរបស់ទូលបង្គំ
សូម្បីតែក្រុមគ្រួសាររបស់ទូលបង្គំ ក៏ឈរនៅឆ្ងាយពីទូលបង្គំដែរ។
១៣អស់អ្នកដែលចង់ប្រហារជីវិតទូលបង្គំ នាំគ្នារាយអន្ទាក់ចាំចាប់ទូលបង្គំ
ពួកគេមួលបង្កាច់ទូលបង្គំ ចង់អោយទូលបង្គំវិនាស
គេចេះតែរកកលល្បិច ប្រឆាំងនឹងទូលបង្គំមួយថ្ងៃវាល់ល្ងាច។
១៤ប៉ុន្តែ ទូលបង្គំធ្វើជាស្ដាប់មិនឮដូចមនុស្សថ្លង់
ទូលបង្គំធ្វើជានិយាយមិនរួចដូចមនុស្សគ។
១៥ទូលបង្គំប្រៀបបីដូចជាមនុស្សដែលស្ដាប់មិនឮ
ហើយជាមនុស្សដែលមិនអាច ពោលពាក្យឆ្លើយទៅគេវិញបានឡើយ។
១៦ឱព្រះអម្ចាស់អើយ ទូលបង្គំសូមផ្ញើជីវិតលើព្រះអង្គទាំងស្រុង
ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ មានតែព្រះអង្គហើយដែលឆ្លើយជំនួសទូលបង្គំ!
១៧សូមកុំបណ្ដោយអោយខ្មាំងសត្រូវ ត្រេកអរសប្បាយ ព្រោះតែឃើញទូលបង្គំវេទនា
សូមកុំអោយពួកគេអួតបំប៉ោង ក្នុងពេលដែលទូលបង្គំទន់ជង្គង់នេះឡើយ
១៨ដ្បិតទូលបង្គំកំពុងតែចង់ដួល
ហើយទូលបង្គំកំពុងតែឈឺចុកចាប់ជានិច្ចដែរ។
១៩ទូលបង្គំសូមសារភាពកំហុស
ទូលបង្គំសោកស្ដាយណាស់ ដោយបានប្រព្រឹត្តអំពើបាបដូច្នេះ។
២០រីឯខ្មាំងសត្រូវរបស់ទូលបង្គំវិញ ពួកគេនៅមានសុខភាព មានកម្លាំង
អស់អ្នកដែលស្អប់ទូលបង្គំ ដោយឥតហេតុផលនោះមានគ្នាច្រើនណាស់។
២១ពួកអ្នកប្រព្រឹត្តអំពើអាក្រក់តបស្នងនឹងអំពើល្អ ដែលទូលបង្គំបានធ្វើចំពោះពួកគេ
នាំគ្នាចោទប្រកាន់ទូលបង្គំ ព្រោះតែទូលបង្គំខិតខំធ្វើអំពើល្អ។
២២ឱព្រះអម្ចាស់អើយ សូមកុំបោះបង់ចោលទូលបង្គំឡើយ!
ឱព្រះនៃទូលបង្គំអើយ សូមកុំយាងចេញឆ្ងាយពីទូលបង្គំដូច្នេះ!
២៣ព្រះអម្ចាស់ជាព្រះសង្គ្រោះទូលបង្គំអើយ
សូមមេត្តាប្រញាប់យាងមក សង្គ្រោះទូលបង្គំផង!។
ជំពូកទី ៣៩
ពាក្យសារភាពរបស់មនុស្សឈឺចុកចាប់
១ទំនុកពីសៀវភៅរបស់គ្រូចំរៀង។
សំរាប់លោកយេឌូទូន។ ទំនុករបស់ស្ដេចដាវីឌ។
២ ខ្ញុំគិតថា ខ្ញុំនឹងប្រយ័ត្នប្រយែង ចំពោះអំពើដែលខ្ញុំប្រព្រឹត្ត
ក្រែងលោខ្ញុំមានបាប ព្រោះតែពាក្យសំដី។
ដរាបណាមានមនុស្សអាក្រក់នៅក្បែរខ្ញុំ ខ្ញុំនឹងមិននិយាយស្ដីអ្វីសោះឡើយ។
៣ ខ្ញុំបិទមាត់នៅស្ងៀម គឺទោះបីការល្អក៏ខ្ញុំមិននិយាយដែរ!
ដូច្នេះ ខ្ញុំកាន់តែឈឺចុកចាប់ឥតឧបមា!។
៤ ខ្ញុំក្ដៅជាខ្លាំង ហាក់ដូចជាមានភ្លើងឆេះនៅក្នុងខ្លួន
រហូតដល់ទ្រាំលែងបានទៀត ខ្ញុំក៏ពោលឡើងថា:
៥ ឱព្រះអម្ចាស់អើយ សូមប្រាប់អោយទូលបង្គំដឹងថ្ងៃចុងក្រោយ នៃជីវិតរបស់ទូលបង្គំផង
តើទូលបង្គំអាចរស់បានប៉ុន្មានថ្ងៃទៀត តើជីវិតទូលបង្គំផុយដល់កំរិតណា?។
៦ ព្រះអង្គបានបង្កើតជីវិតទូលបង្គំមក ដូចទឹកដក់លើស្លឹកឈូក
គឺជីវិតទូលបង្គំខ្លីបំផុតនៅចំពោះព្រះភក្ត្រព្រះអង្គ
ពិតមែនហើយ ជីវិតរបស់មនុស្សលោក ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ – សំរាក
៧ ជីវិតមនុស្សរសាត់បាត់ទៅប្រៀបបីដូច ជាស្រមោល អ្វីៗដែលគេខិតខំធ្វើ សុទ្ធតែឥតបានការ
គេប្រមូលទ្រព្យសម្បត្តិទុក តែគេពុំដឹងថាទ្រព្យសម្បត្តិនោះ នឹងបានទៅលើនរណាឡើយ។
៨ ឱព្រះអម្ចាស់អើយ បើដូច្នេះតើអោយទូលបង្គំទន្ទឹងរង់ចាំអ្វី?
មានតែព្រះអង្គទេ ដែលជាទីសង្ឃឹមរបស់ទូលបង្គំ។
៩ សូមរំដោះទូលបង្គំអោយរួចពីអំពើបាប ទាំងប៉ុន្មានដែលទូលបង្គំបានប្រព្រឹត្ត!
សូមកុំទុកឱកាសអោយមនុស្សល្ងីល្ងើ មាក់ងាយទូលបង្គំបានឡើយ។
១០ទូលបង្គំនៅស្ងៀម មិននិយាយស្ដីអ្វីទេ ដ្បិតព្រះអង្គទេតើដែលបានធ្វើទោសទូលបង្គំ។
១១ សូមកុំធ្វើទារុណកម្មទូលបង្គំទៀតឡើយ!
ដ្បិតទូលបង្គំស្ទើរតែស្លាប់ ដោយព្រះអង្គវាយទូលបង្គំ។
១២ ពេលព្រះអង្គវាយប្រដៅមនុស្សណាម្នាក់ ដែលបានធ្វើខុស
ព្រះអង្គធ្វើអោយអ្វីៗដែលអ្នកនោះ ចូលចិត្តត្រូវវិនាសហិនហោចដូចកណ្ដៀរស៊ីដែរ។
ពិតមែនហើយ ជីវិតមនុស្សលោក ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ – សំរាក
១៣ ឱព្រះអម្ចាស់អើយ សូមព្រះសណ្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ
សូមផ្ទៀងព្រះកាណ៌ស្ដាប់សំរែករបស់ទូលបង្គំផង
សូមកុំព្រងើយកន្តើយនឹងទំនួញ យំសោករបស់ទូលបង្គំឡើយ
ដ្បិតទូលបង្គំគ្រាន់តែស្នាក់នៅ ជាបណ្ដោះអាសន្នជាមួយព្រះអង្គ
ដូចបុព្វបុរសរបស់ទូលបង្គំប៉ុណ្ណោះ។
១៤ សូមបែរព្រះភក្ត្រចេញពីទូលបង្គំ ដើម្បីអោយទូលបង្គំស្រឡះមុខបន្តិច
មុននឹងទូលបង្គំលាចាកលោកនេះ រលាយសូន្យបាត់ទៅ។
ជំពូកទី ៤០
ខ្ញុំទន្ទឹងរង់ចាំព្រះអម្ចាស់
១ ទំនុករបស់គ្រូចំរៀង។ ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
២ ខ្ញុំបានទន្ទឹងរង់ចាំព្រះអម្ចាស់
ព្រះអង្គក៏ផ្ទៀងព្រះកាណ៌ស្ដាប់ សំរែកទូលអង្វររបស់ខ្ញុំ។
៣ ព្រះអង្គបានយកខ្ញុំចេញពីរណ្ដៅ ចេញពីភក់ជ្រាំ
មកដាក់នៅលើថ្មដាអោយមានជំហរយ៉ាងរឹងប៉ឹង។
៤ ព្រះអង្គបានប្រទានអោយខ្ញុំច្រៀងបទចំរៀងថ្មី ដើម្បីសរសើរតម្កើងព្រះរបស់យើង
មនុស្សជាច្រើននឹងឃើញ ហើយកោតខ្លាចទៀតផង
គេនឹងនាំគ្នាផ្ញើជីវិតលើព្រះអម្ចាស់។
៥ មានសុភមង្គលហើយ មនុស្សណាផ្ញើជីវិតលើព្រះអម្ចាស់
គឺជាអ្នកមិនបែរទៅរកថ្វាយបង្គំព្រះក្លែងក្លាយ ដែលជាព្រះបោកបញ្ឆោត!។
៦ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ
ព្រះអង្គបានសំដែងការអស្ចារ្យ ជាច្រើនចំពោះយើងខ្ញុំ
ព្រះអង្គក៏មានគំរោងការជាច្រើន សំរាប់យើងខ្ញុំដែរ។
គ្មាននរណាអាចផ្ទឹមស្មើនឹងព្រះអង្គបានទេ
ការអស្ចារ្យទាំងនោះមានចំនួនច្រើនឥតគណនា ទូលបង្គំមិនអាចពណ៌នាអស់ឡើយ។
៧ ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ
តែព្រះអង្គបានបើកត្រចៀកទូលបង្គំ អោយចេះស្ដាប់ព្រះអង្គ
ព្រះអង្គមិនទាមទារតង្វាយដុត ឬ យញ្ញបូជាសុំអោយរួចពីបាបឡើយ។
៨ ដូច្នេះ ទូលបង្គំពោលថា បពិត្រព្រះអម្ចាស់ ទូលបង្គំមករកព្រះអង្គ
ទាំងកាន់គម្ពីរដែលមានចែងទុកអំពីទូលបង្គំ។
៩ ទូលបង្គំពេញចិត្តនឹងធ្វើតាម ព្រះហឫទ័យរបស់ព្រះអង្គ
ហើយក្រឹត្យវិន័យរបស់ព្រះអង្គដក់ នៅក្នុងដួងចិត្តទូលបង្គំជានិច្ច។
១០ ទូលបង្គំបានប្រកាសអោយអង្គប្រជុំ ដ៏ធំដឹងអំពីសេចក្ដីសុចរិតរបស់ព្រះអង្គ
ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបហើយថា ទូលបង្គំនឹងថ្លែងឥតឈប់ឈរឡើយ។
១១ ទូលបង្គំមិនលាក់សេចក្ដីសុចរិតរបស់ព្រះអង្គ ទុកក្នុងចិត្តទូលបង្គំទាល់តែសោះ
ទូលបង្គំតែងតែប្រកាសពីព្រះហឫទ័យ ស្មោះត្រង់របស់ព្រះអង្គដែលបានសង្គ្រោះទូលបង្គំ
ទូលបង្គំពុំអាចនៅស្ងៀមមិនប្រកាស អំពីព្រះហឫទ័យមេត្តាករុណាដ៏ស្មោះត្រង់ របស់ព្រះអង្គ
នៅកណ្ដាលអង្គប្រជុំធំបានឡើយ។
១២ ឱព្រះអម្ចាស់អើយ ទូលបង្គំដឹងថាព្រះអង្គតែងតែ អាណិតមេត្តាទូលបង្គំឥតឈប់សោះឡើយ
ព្រះហឫទ័យមេត្តាករុណាដ៏ស្មោះត្រង់ របស់ព្រះអង្គតែងតែតាមការពារទូលបង្គំជានិច្ច។
១៣ មានទុក្ខលំបាកច្រើនឥតគណនារួបរឹតទូលបង្គំ
កំហុសរបស់ទូលបង្គំផ្ទាល់បានតាមយាយីទូលបង្គំ
ធ្វើអោយទូលបង្គំស្រវាំងភ្នែកមើលអ្វីលែងឃើញ
កំហុសទូលបង្គំមានចំនួនច្រើនជាង សរសៃសក់របស់ទូលបង្គំទៅទៀត
ទូលបង្គំលែងមានកម្លាំង ប្រឈមមុខទៀតហើយ។
១៤ ឱព្រះអម្ចាស់អើយ សូមមេត្តារំដោះទូលបង្គំផង! ព្រះអម្ចាស់អើយ
សូមយាងមកសង្គ្រោះទូលបង្គំជាប្រញាប់!
១៥ សូមអោយអស់អ្នកដែលចង់ដកជីវិតទូលបង្គំ ត្រូវអាប់អោន និងបាក់មុខទាំងអស់គ្នា!
សូមអោយអស់អ្នកដែលសប្បាយចិត្ត នឹងទុក្ខវេទនារបស់ទូលបង្គំ
ត្រូវដកខ្លួនថយ និងអាម៉ាស់មុខ!
១៦សូមអោយអស់អ្នកដែលសើចចំអកដាក់ទូលបង្គំ
ត្រូវបរាជ័យ ទាំងអាប់កិត្តិយស
១៧ រីឯអស់អ្នកដែលស្វែងរកព្រះអង្គវិញ សូមអោយគេបានសប្បាយរីករាយ រួមជាមួយព្រះអង្គ!
សូមអោយអស់អ្នកដែលស្រឡាញ់ការសង្គ្រោះ របស់ព្រះអង្គ
ថ្លែងឥតឈប់ឈរថា «សូមលើកតម្កើងព្រះអម្ចាស់!»។
១៨ ទូលបង្គំជាមនុស្សកំសត់ទុគ៌ត តែព្រះអម្ចាស់បានគិតគូរដល់ទូលបង្គំ។
ព្រះអង្គតែងតែសង្គ្រោះ និងរំដោះទូលបង្គំ
ឱព្រះនៃទូលបង្គំអើយ សូមយាងមកកុំបង្អង់ឡើយ!
ជំពូកទី ៤១
សូមប្រោសទូលបង្គំអោយជាឡើងវិញផង
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
២ មានសុភមង្គលហើយ អ្នកដែលយកចិត្តទុកដាក់ នឹងមនុស្សកំសត់ទុគ៌ត!
ដ្បិតនៅថ្ងៃមានអាសន្ន ព្រះអម្ចាស់ នឹងជួយអ្នកនោះជាមិនខាន។
៣ ព្រះអម្ចាស់នឹងថែរក្សាអាយុជីវិតរបស់គេ ហើយអ្នកនោះមានសុភមង្គលនៅលើផែនដី
ព្រះអង្គនឹងមិនបណ្ដោយអោយគេធ្លាក់ ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ។
៤ ព្រះអម្ចាស់បីបាច់ថែរក្សាគេ នៅពេលគេឈឺធ្ងន់ក្រោកពុំរួច
ហើយព្រះអង្គប្រោសគេ អោយមានសុខភាពល្អឡើងវិញ។
៥ ខ្ញុំទូលព្រះអម្ចាស់ថា ព្រះអង្គអើយ សូមប្រណីមេត្តាទូលបង្គំ
សូមប្រោសទូលបង្គំអោយជាឡើងវិញផង
ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យព្រះអង្គហើយ។
៦ សត្រូវរបស់ទូលបង្គំនាំគ្នា និយាយអាក្រក់ពីទូលបង្គំ
គេបន់អោយតែទូលបង្គំស្លាប់ គេបន់អោយតែឈ្មោះទូលបង្គំសាបសូន្យទៅ។
៧ អស់អ្នកដែលមកសួរសុខទុក្ខទូលបង្គំ គេមានគំនិតមិនល្អទេ
គេមកប្រមូលដំណឹងអាក្រក់ រួចចេញទៅវិញ ទាំងនិយាយបរិហារពីទូលបង្គំ។
៨ អស់អ្នកដែលស្អប់ទូលបង្គំ និយាយខ្សឹបខ្សៀវដាក់គ្នាទៅវិញទៅមក ប្រឆាំងនឹងទូលបង្គំ
ថាទូលបង្គំគេចមិនផុតពីស្លាប់។
៩ គេពោលថា«ជំងឺអ្នកនេះមើលមិនជាទេ!
គាត់ពុំអាចក្រោកពីគ្រែឡើងវិញបានឡើយ»។
១០ សូម្បីតែមិត្តសម្លាញ់ដ៏ជិតស្និទ្ធរបស់ទូលបង្គំ គឺអ្នកដែលទូលបង្គំទុកចិត្ត
ហើយជាអ្នកដែលបរិភោគអាហារ រួមជាមួយទូលបង្គំ ក៏ប្រឆាំងនឹងទូលបង្គំដែរ។
១១ ចំពោះព្រះអង្គវិញ ឱព្រះអម្ចាស់អើយ សូមប្រណីមេត្តាទូលបង្គំ
សូមប្រោសទូលបង្គំអោយបានជាឡើងវិញផង
នោះទូលបង្គំនឹងតបស្នងទៅខ្មាំងសត្រូវ អោយសមនឹងអំពើរបស់គេ។
១២ បើខ្មាំងសត្រូវរបស់ទូលបង្គំ គ្មានជ័យជំនះលើទូលបង្គំទេនោះ
ទូលបង្គំនឹងដឹងជាក់ថា ព្រះអង្គពិតជាគាប់ព្រះហឫទ័យនឹងទូលបង្គំមែន។
១៣ ព្រះអង្គបានជួយទូលបង្គំ ដោយប្រោសទូលបង្គំអោយជាទាំងស្រុង
ហើយព្រះអង្គប្រទានអោយទូលបង្គំ នៅជាមួយព្រះអង្គរហូតតទៅ។
១៤ សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
អស់កល្បជាអង្វែងតរៀងទៅ។
អាម៉ែន! អាម៉ែន!។
ភាគទីពីរ
(ទំនុកតម្កើង ៤២-៧២)
ជំពូកទី ៤២
ពាក្យអធិស្ឋានរបស់មនុស្សជាប់ជាឈ្លើយសឹក
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ កំណាព្យរបស់កូនចៅលោកកូរេ។
២ ឱព្រះជាម្ចាស់អើយ ទូលបង្គំប្រាថ្នាចង់នៅជាមួយ ព្រះអង្គខ្លាំងណាស់
ដូចសត្វក្ដាន់ប្រាថ្នារកទឹកហូរ។
៣ ខ្ញុំស្រេកឃ្លានព្រះជាម្ចាស់ គឺព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ
តើដល់កាលណាទើបខ្ញុំអាចទៅជិត ដើម្បីថ្វាយបង្គំព្រះអង្គបាន?
៤ ខ្ញុំសំរក់ទឹកភ្នែក ទាំងថ្ងៃទាំងយប់ឥតមានល្ហែ។
គេចេះតែពោលមកខ្ញុំគ្រប់ពេលគ្រប់វេលាថា «តើព្រះរបស់ឯងនៅឯណា?»។
៥ ខ្ញុំស្រណោះស្រណោកក្រៃលែង នៅពេលនឹកឃើញពីគ្រាដែលខ្ញុំនាំមុខ ប្រជាជនមួយចំនួនធំ
ឆ្ពោះទៅកាន់ព្រះដំណាក់របស់ព្រះអង្គ
ពួកគេមានអំណរសប្បាយ ស្រែកហ៊ោ និងអរព្រះគុណព្រះអង្គ។
៦ ខ្ញុំនិយាយមកខ្លួនឯងថា: «ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី
ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!»
ខ្ញុំមុខជាសរសើរតម្កើងព្រះអង្គតទៅមុខទៀត ព្រះអង្គសង្គ្រោះខ្ញុំ។
៧ ព្រះនៃទូលបង្គំអើយ ទូលបង្គំស្រយុតចិត្តជាខ្លាំង
ហេតុនេះហើយបានជាទូលបង្គំនឹកឃើញ ព្រះអង្គពីកន្លែងដែលទូលបង្គំនៅនេះ
គឺភូមិភាគទន្លេយ័រដាន់ ភ្នំហ៊ែរម៉ូន និងភ្នំមីតសារ។
៨ ព្រះអង្គបានធ្វើអោយទុក្ខកង្វល់ ធ្លាក់មកលើទូលបង្គំ
ដូចទឹកជ្រោះហូរធ្លាក់ពីលើភ្នំ លាន់ឮគគ្រឹកគគ្រេង។
៩ នៅពេលថ្ងៃព្រះអម្ចាស់សំដែង ព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំ
នៅពេលយប់ ខ្ញុំច្រៀងបទតម្កើងព្រះអង្គ
បទចំរៀងនេះជាពាក្យអធិស្ឋានចំពោះ ព្រះជាម្ចាស់នៃជីវិតខ្ញុំ។
១០ ខ្ញុំទូលព្រះជាម្ចាស់ ដែលជាថ្មដារបស់ខ្ញុំថា ហេតុអ្វីបានជាព្រះអង្គបំភ្លេចទូលបង្គំ?
ហេតុអ្វីបានជាទូលបង្គំត្រូវរងទុក្ខលំបាក ហើយត្រូវខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ?។
១១ ខ្មាំងសត្រូវនាំគ្នាជេរប្រមាថទូលបង្គំ ធ្វើអោយទូលបង្គំឈឺចុកចាប់សព្វសព៌ាង្គកាយ
គេចេះតែពោលមកទូលបង្គំគ្រប់ពេល គ្រប់វេលាថា «តើព្រះរបស់ឯងនៅឯណា?»។
១២ ខ្ញុំនិយាយមកខ្លួនឯងថា
«ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!»
ខ្ញុំមុខជាសរសើរតម្កើងព្រះអង្គតទៅមុខទៀត
ព្រះអង្គសង្គ្រោះខ្ញុំ ហើយព្រះអង្គជាព្រះនៃខ្ញុំ។
ជំពូកទី ៤៣
១ ឱព្រះជាម្ចាស់អើយ សូមរកយុត្តិធម៌អោយទូលបង្គំផង
សូមកាន់ក្ដីទូលបង្គំតទល់នឹងមនុស្សទមិឡ!
សូមរំដោះទូលបង្គំអោយរួចផុត ពីមនុស្សមានល្បិច និងមនុស្សទុច្ចរិត។
២ ព្រះជាម្ចាស់នៃទូលបង្គំអើយ ព្រះអង្គជាព្រះការពារទូលបង្គំ
ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំ?
ហេតុអ្វីបានជាទូលបង្គំត្រូវរងទុក្ខលំបាក ហើយត្រូវខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ?
៣ សូមប្រទានពន្លឺ និងសេចក្ដីពិតរបស់ព្រះអង្គ មកដឹកនាំទូលបង្គំ
ឆ្ពោះទៅកាន់ភ្នំដ៏វិសុទ្ធ* របស់ព្រះអង្គ ទៅកាន់ព្រះដំណាក់របស់ព្រះអង្គ!
៤ ពេលនោះ ឱព្រះជាម្ចាស់អើយ ទូលបង្គំនឹងទៅជិតអាសនៈរបស់ព្រះអង្គ
ទូលបង្គំនឹងទៅជិតព្រះជាម្ចាស់ដែលជាប្រភព នៃអំណរដ៏លើសលប់របស់ទូលបង្គំ។
ឱព្រះជាម្ចាស់ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ដោយសំឡេងពិណ!
៥ ខ្ញុំនិយាយមកខ្លួនឯងថា «ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!»
ខ្ញុំមុខជាសរសើរតម្កើងព្រះអង្គតទៅមុខទៀត
ព្រះអង្គសង្គ្រោះខ្ញុំ ហើយព្រះអង្គជាព្រះនៃខ្ញុំ។
ជំពូកទី ៤៤
ព្រះអម្ចាស់អើយ សូមតើនឡើង!
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ កំណាព្យរបស់កូនចៅលោកកូរេ។
២ ឱព្រះជាម្ចាស់អើយ ដូនតាយើងខ្ញុំធ្លាប់រៀបរាប់អោយ យើងខ្ញុំបានឮផ្ទាល់នឹងត្រចៀក
នូវស្នាព្រះហស្ដទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើនៅជំនាន់របស់លោក
គឺតាំងពីយូរអង្វែងណាស់មកហើយ។
៣ ដោយសារព្រះបារមីរបស់ព្រះអង្គ ព្រះអង្គបានបណ្ដេញប្រជាជាតិនានា ចេញពីស្រុករបស់ខ្លួន
ហើយយកប្រជារាស្ត្ររបស់ព្រះអង្គ អោយមកនៅជំនួស។
ព្រះអង្គបានធ្វើទោសសាសន៍ទាំងនោះ ដើម្បីអោយប្រជារាស្ត្ររបស់ព្រះអង្គពង្រីកទឹកដី។
៤ ប្រជារាស្ត្ររបស់ព្រះអង្គពុំបានចាប់យកទឹកដីនេះ ដោយសារអាវុធរបស់ខ្លួនឡើយ
ហើយគេក៏ពុំបានយកជ័យជំនះ ដោយសារកម្លាំងរបស់ខ្លួនដែរ
គឺគេទទួលជ័យជំនះដោយសារឫទ្ធានុភាព និងព្រះចេស្ដារបស់ព្រះអង្គ
ព្រោះព្រះអង្គស្រឡាញ់ ហើយគាប់ព្រះហឫទ័យនឹងពួកគេ។
៥ ឱព្រះជាម្ចាស់អើយ ព្រះអង្គជាព្រះមហាក្សត្ររបស់ទូលបង្គំ!
មានតែព្រះអង្គទេដែលប្រទានជ័យជំនះ ដល់ប្រជារាស្ត្ររបស់ព្រះអង្គ។
៦ ដោយសារព្រះអង្គ យើងខ្ញុំបានយកជ័យជំនះលើបច្ចាមិត្ត
ដោយសារព្រះនាមរបស់ព្រះអង្គ យើងខ្ញុំបានបង្ក្រាបអស់អ្នក ដែលប្រឆាំងនឹងយើងខ្ញុំ
៧ ដ្បិតទូលបង្គំមិនពឹងផ្អែកលើធ្នូរបស់ទូលបង្គំឡើយ
ហើយដាវរបស់ទូលបង្គំ ក៏មិនអាចសង្គ្រោះទូលបង្គំបានដែរ។
៨ មានតែព្រះអង្គទេដែលសង្គ្រោះយើងខ្ញុំអោយរួច ពីកណ្ដាប់ដៃរបស់បច្ចាមិត្ត
ហើយធ្វើអោយ អស់អ្នកដែលស្អប់យើងខ្ញុំត្រូវអាម៉ាស់។
៩ ឱព្រះជាម្ចាស់អើយ យើងខ្ញុំលើកតម្កើង សិរីរុងរឿងរបស់ព្រះអង្គជារៀងរាល់ថ្ងៃ
ហើយយើងខ្ញុំនឹងសរសើរតម្កើង ព្រះនាមរបស់ព្រះអង្គអស់កល្បជានិច្ច។ – សំរាក
១០ ក៏ប៉ុន្តែ ឥឡូវនេះ ព្រះអង្គបានបោះបង់ចោល យើងខ្ញុំ ព្រះអង្គបានធ្វើអោយយើងខ្ញុំបាក់មុខ
ព្រះអង្គមិនយាងទៅជាមួយកងទ័ព របស់យើងខ្ញុំទៀតទេ។
១១ ព្រះអង្គបានធ្វើអោយយើងដកទ័ពថយ នៅមុខបច្ចាមិត្ត
ហើយខ្មាំងសត្រូវនាំគ្នាប្រមូលទ្រព្យសម្បត្តិ របស់យើងខ្ញុំយកទៅធ្វើជាជយភ័ណ្ឌ។
១២ ព្រះអង្គប្រគល់យើងខ្ញុំទៅអោយ ខ្មាំងសត្រូវត្របាក់លេបដូចហ្វូងសត្វ
ព្រះអង្គធ្វើអោយយើងខ្ញុំខ្ចាត់ខ្ចាយ ទៅតាមប្រទេសនានា
១៣ព្រះអង្គបានលក់ប្រជារាស្ត្ររបស់ព្រះអង្គ យ៉ាងថោកបំផុត
គឺព្រះអង្គពុំបានចំណេញអ្វីឡើយ។
១៤ព្រះអង្គបានបណ្ដោយអោយប្រទេស ជិតខាងមើលងាយយើងខ្ញុំ
ប្រជាជាតិដែលនៅជុំវិញ នាំគ្នាសើចចំអកឡកឡឺយដាក់យើងខ្ញុំ។
១៥ព្រះអង្គបានធ្វើអោយប្រជាជាតិនានា យករឿងយើងខ្ញុំទុកជាការលេងសើច
ពួកគេនាំគ្នាងក់ក្បាលចំអកដាក់យើងខ្ញុំ
១៦ទូលបង្គំតែងតែបាក់មុខជារៀងរាល់ថ្ងៃ
ហើយទូលបង្គំអាម៉ាស់មុខណាស់
១៧នៅពេលឮសូរខ្មាំងសត្រូវដែលចងគំនុំនឹងយើងខ្ញុំ
នាំគ្នានិយាយបន្តុះបង្អាប់បន្ទាបបន្ថោកយើងខ្ញុំ។
១៨ឱព្រះអម្ចាស់អើយ ហេតុការណ៍ទាំងនេះកើតមានចំពោះយើងខ្ញុំ
ទោះបីយើងខ្ញុំពុំបានបំភ្លេចព្រះអង្គ
ហើយទោះបីយើងខ្ញុំពុំបានផ្ដាច់ចំណង សម្ពន្ធមេត្រីជាមួយព្រះអង្គក៏ដោយ។
១៩យើងខ្ញុំពុំបានបែរចិត្តចេញពីព្រះអង្គទេ
ហើយយើងខ្ញុំក៏ពុំបានឃ្លាតចាក ពីមាគ៌ារបស់ព្រះអង្គដែរ
២០មិនគួរណាព្រះអង្គបំបរបង់ចោល យើងខ្ញុំនៅកន្លែងដែលមានសត្វសាហាវ
ព្រមទាំងអោយយើងខ្ញុំធ្លាក់ទៅ ក្នុងកណ្ដាប់ដៃរបស់មច្ចុរាជឡើយ។
២១ប្រសិនបើយើងខ្ញុំបំភ្លេចព្រះនាមព្រះនៃយើងខ្ញុំ
ប្រសិនបើយើងខ្ញុំបែរទៅទូលអង្វរ ព្រះណាមួយផ្សេងទៀតនោះ
២២ព្រះជាម្ចាស់មុខតែជ្រាបជាមិនខាន
ដ្បិតព្រះអង្គឈ្វេងយល់អ្វីៗ ដែលលាក់ទុកនៅក្នុងចិត្តមនុស្ស!។
២៣ព្រោះតែព្រះអង្គ គេប្រហារជីវិតយើងខ្ញុំគ្រប់ពេលវេលា
ហើយគេចាត់ទុកយើងខ្ញុំ ដូចជាចៀមដែលត្រូវយកទៅសម្លាប់។
២៤ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គនៅផ្ទំលក់ដូច្នេះ? សូមក្រោកឡើង!
សូមតើនឡើង កុំបោះបង់ចោលយើងខ្ញុំរហូតតទៅឡើយ។
២៥ហេតុអ្វីបានជាព្រះអង្គពួន មិនទតមើលមកយើងខ្ញុំដូច្នេះ?
ហេតុអ្វីបានជាព្រះអង្គបំភ្លេចយើងខ្ញុំ ដែលកំពុងតែវេទនា និងត្រូវគេជិះជាន់ដូច្នេះ?
២៦ ដ្បិតគេជាន់ឈ្លីយើងខ្ញុំក្នុងធូលីដី យើងខ្ញុំបរាជ័យផ្កាប់មុខនៅនឹងដី។
២៧សូមក្រោកឡើង សូមជួយសង្គ្រោះយើងខ្ញុំផង!
ដោយព្រះហឫទ័យមេត្តាករុណាចំពោះយើងខ្ញុំ សូមរំដោះយើងខ្ញុំផង។
ជំពូកទី ៤៥
ចំរៀងនៅពេលព្រះរាជារៀបអភិសេក
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ បទផ្កាម្លិះ។
កំណាព្យរបស់កូនចៅលោកកូរេ។ ចំរៀងស្នេហា។
២ ចិត្តរបស់ខ្ញុំពោរពេញ ទៅដោយពាក្យពេចន៍ដ៏សែនពីរោះ
ខ្ញុំតែងបទចំរៀងនេះថ្វាយព្រះមហាក្សត្រ។
សូមអោយសំដីខ្ញុំចាប់ចុងជួន ដូចបទកំណាព្យរបស់កវីនិពន្ធមួយរូបដ៏ចំណាន។
៣ ក្នុងចំណោមបុរសទាំងអស់ មានតែព្រះអង្គទេដែលរូបសម្បត្តិល្អជាងគេ
ព្រះអង្គមានសំនួនវោហារដ៏ពូកែ
ហេតុនេះហើយបានជាព្រះជាម្ចាស់ ប្រទានពរដល់ព្រះអង្គរហូតតទៅ។
៤ ឱវីរបុរសដ៏មានឫទ្ធិអើយ
សូមពាក់ព្រះខ័នរាជ្យដ៏រុងរឿង និងភ្លឺចិញ្ចែងចិញ្ចាចរបស់ព្រះអង្គទៅ។
៥ សូមព្រះអង្គយាងគង់លើព្រះរាជរថ ប្រកបដោយសិរីរុងរឿង
ដើម្បីច្បាំងការពារសេចក្ដីពិត និងសេចក្ដីសុចរិតទៀងត្រង់
សូមទ្រង់ទទួលមហាជោគជ័យ ដោយព្រះបារមីរបស់ព្រះអង្គ។
៦ សូមអោយព្រួញដ៏មុតរបស់ព្រះអង្គ បានបាញ់ទម្លុះដើមទ្រូងរបស់ពួកសត្រូវ
សូមអោយប្រជាជាតិទាំងឡាយ នៅក្រោមព្រះបាទារបស់ព្រះរាជា។
៧ បពិត្រព្រះជាម្ចាស់ បល្ល័ង្ករបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ
ហើយព្រះអង្គគ្រងរាជ្យដោយយុត្តិធម៌
៨ ព្រះអង្គតែងតែសព្វព្រះហឫទ័យនឹងសេចក្ដីសុចរិត
ទ្រង់មិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ
ហេតុនេះហើយបានព្រះជាម្ចាស់ ជាព្រះរបស់ព្រះអង្គជ្រើសរើសព្រះអង្គ
ពីក្នុងចំណោមមិត្តភក្ដិរបស់ព្រះអង្គ
ហើយប្រទានអោយព្រះអង្គ មានអំណរសប្បាយដ៏លើសលប់
ដោយចាក់ប្រេងអភិសេកព្រះអង្គ។
៩ ព្រះភូសារបស់ព្រះអង្គក្រអូបទៅដោយ ក្លិនប្រេងទេព្វិរូ និងខ្លឹមចន្ទន៍ក្រស្នា
មានក្រុមតន្ត្រីប្រគំភ្លេងថ្វាយព្រះអង្គ នៅក្នុងប្រាសាទដែលរចនាអំពីភ្លុកដំរី។
១០ស្រីស្នំរបស់ព្រះអង្គសុទ្ធតែជាបុត្រី របស់ស្ដេចនគរនានា
ហើយព្រះមហាក្សត្រិយានីទ្រង់គ្រឿងអលង្ការ ធ្វើពីមាសដ៏ល្អប្រណីត គង់នៅខាងស្ដាំព្រះអង្គ។
១១ព្រះអង្គម្ចាស់ក្សត្រីអើយ សុំត្រងត្រាប់ស្ដាប់ពាក្យខ្ញុំ
ចូរកុំនឹកនាប្រជារាស្ត្រ និងព្រះរាជវង្សរបស់ព្រះនាងទៀតអី!
១២ដ្បិតព្រះមហាក្សត្រគាប់ព្រះហឫទ័យ នឹងសម្ផស្សរបស់ព្រះនាងខ្លាំងណាស់
ចូរក្រាបថ្វាយបង្គំព្រះអង្គទៅ ព្រះអង្គជាម្ចាស់របស់ព្រះនាងហើយ។
១៣ប្រជារាស្ត្រនៅក្រុងទីរ៉ុសនឹងនាំតង្វាយ មកថ្វាយព្រះនាង
អ្នកមានទាំងឡាយនឹងនាំគ្នា មកផ្គាប់ផ្គុនព្រះនាង។
១៤ព្រះអង្គម្ចាស់ក្សត្រីគង់នៅក្នុងព្រះបរមរាជវាំង
ព្រះនាងមានរូបឆោមលោមពណ៌ស្អាតល្អណាស់ ព្រះភូសារបស់ព្រះនាងលំអទៅដោយមាស។
១៥គេដង្ហែព្រះនាងចូលទៅគាល់ព្រះមហាក្សត្រ ទាំងគ្រងព្រះភូសាចំរុះពណ៌
និងមានពួកភីលៀងហែហមពីក្រោយ ចូលទៅគាល់ព្រះរាជាផង។
១៦ ពួកនាងចូលទៅកាន់ព្រះដំណាក់របស់ព្រះរាជា
ដោយមានបណ្ដាជនបន្លឺសំឡេងអបអរសាទរ យ៉ាងសប្បាយ។
១៧បពិត្រព្រះរាជា សូមអោយព្រះរាជបុត្រ ព្រះអង្គបានឡើងគ្រងរាជ្យ
តពីព្រះអយ្យកោរបស់ព្រះអង្គ។ ព្រះអង្គនឹងតែងតាំងព្រះបុត្រា របស់ព្រះអង្គអោយគ្រប់គ្រងទួទាំងនគរ។
១៨ទូលបង្គំនឹងថ្លាថ្លែងរំលឹកពីព្រះនាម របស់ព្រះអង្គរហូតតទៅ
ហើយប្រជារាស្ត្រនានាក៏នឹងនាំគ្នាលើកតម្កើង ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅដែរ។
ជំពូកទី ៤៦
ព្រះជាម្ចាស់គង់ជាមួយយើង
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ បទចំរៀងរបស់កូនចៅលោកកូរេ។
បទសំរាប់នារី។
២ ព្រះជាម្ចាស់ទ្រង់ជាជំរក និងជាបង្អែកដ៏រឹងមាំរបស់យើង
នៅពេលមានអាសន្ន ព្រះអង្គតែងតែប្រុងប្រៀបចាំជួយយើងជានិច្ច។
៣ ហេតុនេះហើយបានជាយើង មិនភ័យខ្លាចអ្វីឡើយ
គឺទោះបីមានរញ្ជួយផែនដី ទោះបីភ្នំនានារលំធ្លាក់ទៅក្នុងមហាសាគរ
៤ ឬទោះបីឮសូរសន្ធឹកសមុទ្របក់បោក បែកពពុះទឹក
ធ្វើអោយកក្រើកភ្នំ នានាយ៉ាងណាក្ដី ក៏យើងមិនភ័យខ្លាចអ្វីដែរ។ – សំរាក
៥ មានទន្លេមួយហូរនាំយកអំណរមកស្រោចស្រព បុរីរបស់ព្រះជាម្ចាស់
ដែលជាព្រះដំណាក់ ដ៏សក្ការៈនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត។
៦ ព្រះជាម្ចាស់គង់នៅក្នុងបុរី ហើយបុរីនោះនឹងមិនរង្គើសោះឡើយ។
ព្រះអង្គនឹងសង្គ្រោះបុរីនោះ តាំងពីពេលថ្ងៃរះ។
៧ ប្រជាជាតិនានាត្រូវញ័ររន្ធត់ នគរនានាត្រូវរង្គើ
ព្រះជាម្ចាស់បន្លឺព្រះសូរសៀងដូចផ្គរលាន់ ផែនដីក៏រលាយអស់ទៅ
៨ ព្រះអម្ចាស់នៃពិភពទាំងមូល* ទ្រង់គង់នៅជាមួយយើង
ព្រះរបស់លោកយ៉ាកុបជាជំរក ដ៏រឹងមាំសំរាប់យើង។ – សំរាក
៩ ចូរនាំគ្នាមកមើលស្នាព្រះហស្ដរបស់ព្រះអម្ចាស់
ព្រះអង្គបានធ្វើការដ៏អស្ចារ្យក្រៃលែង នៅលើផែនដីនេះ!
១០គឺព្រះអង្គបញ្ឈប់សង្គ្រាមនៅលើ សកលលោកទាំងមូល
ព្រះអង្គកាច់បំបាក់ធ្នូ និងលំពែង ហើយដុតរទេះចំបាំងចោលអស់។
១១ព្រះអម្ចាស់មានព្រះបន្ទូលថា «ចូរឈប់ច្បាំង ចូរដឹងថា យើងនេះហើយជាព្រះជាម្ចាស់
យើងគ្រប់គ្រងលើប្រជាជាតិនានា ហើយគ្រប់គ្រងលើផែនដីទាំងមូល»។
១២ព្រះអម្ចាស់នៃពិភពទាំងមូល* ទ្រង់គង់នៅជាមួយយើង
ព្រះរបស់លោកយ៉ាកុបជាជំរក ដ៏រឹងមាំសំរាប់យើង។
ជំពូកទី ៤៧
ព្រះអម្ចាស់ជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់បំផុត
១ ទំនុកពីសៀវភៅគ្រូចំរៀង។ ទំនុករបស់កូនចៅលោកកូរេ។
២ ប្រជាជនទាំងឡាយអើយ ចូរទះដៃអបអរសាទរ!
ចូរច្រៀងតម្កើងព្រះជាម្ចាស់ ដោយសប្បាយរីករាយ!
៣ ដ្បិតព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ជាទីកោតស្ញប់ស្ញែងក្រៃលែង
ព្រះអង្គជាព្រះមហាក្សត្រដ៏ឧត្ដម ដែលគ្រងរាជ្យលើផែនដីទាំងមូល។
៤ ព្រះអង្គបានបង្ក្រាបជាតិសាសន៍នានា អោយធ្វើជាចំណុះយើង
ហើយដាក់ប្រជាជាតិនានា អោយស្ថិតនៅក្រោមអំណាចយើង។
៥ ព្រះអង្គបានជ្រើសរើសទឹកដី អោយយើងទុកជាមត៌ក
ធ្វើអោយយើងខ្ពស់មុខក្រៃលែង
គឺយើងជាពូជពង្សលោកយ៉ាកុប ដែលព្រះអង្គស្រឡាញ់។ – សំរាក
៦ ព្រះជាម្ចាស់ទ្រង់យាងឡើងទៅភ្នំស៊ីយ៉ូន ក្រោមសំឡេងអបអរសាទរយ៉ាងខ្ញៀវខ្ញារ
ព្រះអម្ចាស់យាងទៅមុខ អមដោយសំឡេងត្រែ។
៧ ចូរនាំគ្នាស្មូត្រទំនុកតម្កើងថ្វាយព្រះជាម្ចាស់!
ចូរនាំគ្នាស្មូត្រទំនុកតម្កើង ថ្វាយព្រះមហាក្សត្រនៃយើង!
៨ ដ្បិតព្រះជាម្ចាស់ជាព្រះមហាក្សត្រ នៃផែនដីទាំងមូល
ចូរនាំគ្នាស្មូត្រកំណាព្យថ្វាយព្រះអង្គទៅ!។
៩ ព្រះជាម្ចាស់គ្រងរាជ្យលើប្រជាជាតិនានា
ព្រះអង្គគង់នៅលើបល្ល័ង្កដ៏វិសុទ្ធ*។
១០ អ្នកដឹកនាំរបស់ប្រជាជាតិនានា មកជួបជុំគ្នា ជាមួយប្រជាជននៃព្រះរបស់លោកអប្រាហាំ
ដ្បិតអ្នកដឹកនាំផែនដីទាំងមូល ស្ថិតនៅក្រោមអំណាចរបស់ព្រះអង្គ
ព្រះអង្គជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់!។
ជំពូកទី ៤៨
ក្រុងស៊ីយ៉ូន ជាបុរីរបស់ព្រះជាម្ចាស់
១ បទចំរៀង។ ទំនុករបស់កូនចៅលោកកូរេ។
២ ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម ដែលត្រូវតែលើកតម្កើង អោយខ្ពង់ខ្ពស់បំផុត
នៅក្នុងបុរីព្រះជាម្ចាស់របស់យើង គឺនៅលើភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។
៣ ភ្នំរបស់ព្រះជាម្ចាស់ ជាភ្នំមួយដ៏ល្អប្រណីត គឺភ្នំស៊ីយ៉ូនដែលជាកំពូលនៃពិភព
ជាបុរីរបស់ព្រះមហាក្សត្រ ដែលនាំអោយផែនដីទាំងមូលមានអំណរ។
៤ នៅក្នុងបុរីនេះគេទទួលស្គាល់ថា ព្រះជាម្ចាស់ជាកំពែងដ៏រឹងមាំ។
៥ ស្ដេចនានាបានលើកគ្នាមកវាយប្រហារភ្នំស៊ីយ៉ូន
៦ ពេលគេឃើញក្រុងស៊ីយ៉ូន គេស្ញែងខ្លាចជាខ្លាំង
ហើយគេនាំគ្នារត់ចេញទៅវិញ ទាំងភ័យតក់ស្លុត
៧ ដ្បិតគេភ័យញាប់ញ័រ ហើយឈឺចុកចាប់ដូចជាស្ត្រីសំរាលកូន
៨ និងដូចជាខ្យល់ព្យុះបក់មកពីទិសបូព៌ា បំបែកនាវាដ៏ធំៗ។
៩ យើងបានឮគេថ្លែងអំពីស្នាព្រះហស្ដ ដ៏អស្ចារ្យរបស់ព្រះអង្គ
ឥឡូវនេះ យើងក៏បានឃើញផ្ទាល់នៅក្នុងទីក្រុង របស់ព្រះអម្ចាស់នៃពិភពទាំងមូល
ដែលជាព្រះរបស់យើង
ព្រះអង្គនឹងការពារ ក្រុងនេះ អោយបានរឹងមាំរហូតតទៅ។ – សំរាក
១០ ឱព្រះជាម្ចាស់អើយ ពេលយើងខ្ញុំនៅក្នុងព្រះវិហាររបស់ព្រះអង្គ
យើងខ្ញុំរិះគិតអំពីព្រះហឫទ័យ មេត្តាករុណារបស់ព្រះអង្គ។
១១ ព្រះជាម្ចាស់អើយ ដូចព្រះនាមរបស់ព្រះអង្គ ល្បីរន្ទឺ ក្នុងលោកទាំងមូលយ៉ាងណា
មនុស្សម្នាក៏នឹងលើកតម្កើងព្រះអង្គ រហូតដល់ស្រុកដាច់ស្រយាល ផែនដីយ៉ាងនោះដែរ។
ព្រះអង្គគ្រប់គ្រងដោយសុចរិត។
១២សូមអោយអ្នកក្រុងស៊ីយ៉ូនបានរីករាយឡើង
សូមអោយអ្នកស្រុកយូដាបានរីករាយជាខ្លាំង
ដ្បិតព្រះអង្គវិនិច្ឆ័យប្រកបដោយយុត្តិធម៌។
១៣ប្រជាជនរបស់ព្រះជាម្ចាស់អើយ ចូរនាំគ្នាហែក្បួនព័ទ្ធជុំវិញក្រុងស៊ីយ៉ូន!
ចូររាប់ចំនួនប៉មរបស់ក្រុងនេះមើល!
១៤ចូរស្ងើចសរសើរកំពែងក្រុង ចូរពិនិត្យមើលជញ្ជាំងក្រុងនេះទៅ
ដើម្បីអោយអ្នករាល់គ្នាអាចយកទៅថ្លែង ប្រាប់មនុស្សនៅជំនាន់ក្រោយថា៖
១៥«ព្រះជាម្ចាស់ ពិតជាព្រះរបស់យើង អស់កល្បជានិច្ច
ហើយព្រះអង្គជាអ្នកដឹកនាំយើង ជាអង្វែងតរៀងទៅដែរ»។
ជំពូកទី ៤៩
កុំទុកចិត្តលើទ្រព្យសម្បត្តិ!
១ ទំនុកពីសៀវភៅគ្រូចំរៀង។ ទំនុករបស់កូនចៅលោកកូរេ។
២ ប្រជាជនទាំងឡាយអើយ ចូរនាំគ្នាត្រងត្រាប់ស្ដាប់!
មនុស្សម្នាដែលរស់នៅផែនដីទាំងមូលអើយ ចូរនាំគ្នាយកចិត្តទុកដាក់ស្ដាប់
៣ គឺទាំងអ្នកតូច ទាំងអ្នកធំ ទាំងអ្នកមាន ទាំងអ្នកក្រ!
៤ ខ្ញុំនឹងបរិយាយអំពីគតិបណ្ឌិត
ខ្ញុំនឹងសំដែង ចេញនូវគោលគំនិតប្រកបដោយប្រាជ្ញា។
៥ ខ្ញុំនឹងផ្ចង់ចិត្តស្ដាប់ពាក្យប្រៀនប្រដៅ របស់អ្នកប្រាជ្ញ
ហើយខ្ញុំនឹងដោះស្រាយប្រស្នា ទាំងលេងពិណកំដរផង។
៦ នៅគ្រាមានអាសន្ន ឬពេលមានខ្មាំងសត្រូវមកឡោមព័ទ្ធ
ខ្ញុំនឹងមិនភ័យខ្លាចអ្វីសោះឡើយ។
៧ មនុស្សអាក្រក់តែងតែទុកចិត្តលើទ្រព្យរបស់ខ្លួន
គេអួតអាងព្រោះមានសម្បត្តិស្ដុកស្ដម្ភ។
៨ ពុំមាននរណាម្នាក់អាចលោះអ្នកដទៃបានឡើយ
ហើយក៏ពុំអាចបង់ថ្លៃថ្វាយព្រះជាម្ចាស់ ដើម្បីលោះជីវិតរបស់ខ្លួនបានដែរ
៩ ដ្បិតតម្លៃលោះជីវិតរបស់មនុស្សថ្លៃណាស់
គឺទោះបីជាគេខំបង់ថ្លៃយ៉ាងណាក៏ដោយ ក៏មិនគ្រប់ដែរ។
១០តើមនុស្សអាចរស់រហូត
ហើយគេចផុតពីរណ្ដៅមច្ចុរាជបានឬ?។
១១យើងនឹងឃើញច្បាស់ថា អ្នកប្រាជ្ញ ក៏ដូចជាមនុស្សឆោតល្ងង់អាប់ឥតប្រាជ្ញាដែរ
គេត្រូវតែស្លាប់ទាំងអស់គ្នា ហើយទុកទ្រព្យសម្បត្តិខ្លួនអោយអ្នកដទៃ។
១២គេនឹកក្នុងចិត្តថាគេហដ្ឋានរបស់គេ នឹងនៅស្ថិតស្ថេររហូតតទៅ
លំនៅដ្ឋានរបស់គេនៅគង់វង្ស ពីជំនាន់មួយទៅជំនាន់មួយ
ហើយគេដាក់ឈ្មោះដីធ្លីគេ តាមឈ្មោះរបស់ខ្លួនថែមទៀត។
១៣ក៏ប៉ុន្តែ មនុស្សដែលមានកិត្តិយសរុងរឿង ពុំអាចគេចផុតពីស្លាប់បានទេ
គេមិនយល់ថាគេនឹងត្រូវបាត់បង់ជីវិតទៅ ដូចសត្វតិរច្ឆាននោះឡើយ។
១៤រីឯអស់អ្នកដែលទុកចិត្តលើខ្លួនឯង
ហើយស្កប់ចិត្តនឹងពាក្យសំដីរបស់ខ្លួន អនាគតរបស់គេនឹងបានដូចតទៅនេះ – សំរាក
១៥អ្នកទាំងនោះប្រៀបដូចជាកូនចៀម ដែលយកទៅសម្លាប់។
អ្នកគង្វាលឃ្វាលហ្វូងចៀមយ៉ាងណា មច្ចុរាជក៏នឹងឃ្វាលពួកគេយ៉ាងនោះដែរ។
មនុស្សសុចរិតនឹងជាន់ឈ្លីពួកគេ
រូបកាយរបស់ពួកគេនឹងរលាយសូន្យ ហើយទៅរស់នៅក្នុងស្ថានមនុស្សស្លាប់។
១៦ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងរំដោះជីវិតខ្ញុំ អោយរួចពីអំណាចនៃសេចក្ដីស្លាប់
ព្រះអង្គនឹងយកខ្ញុំទៅ។ – សំរាក
១៧ពេលឃើញនរណាម្នាក់ទៅជាអ្នកមាន
ហើយឃើញទ្រព្យសម្បត្តិចេះតែរីកចំរើន កុំភ័យខ្លាចអី
១៨ដ្បិតពេលស្លាប់ទៅ គេពុំអាចយកអ្វីទៅជាមួយបានទេ
គឺគេមិនអាចយកទ្រព្យសម្បត្តិ ចុះទៅក្នុងរណ្ដៅជាមួយឡើយ។
១៩ទោះបីគេយល់ថា ខ្លួនមានសុភមង្គលក្នុងជីវិតនេះ
ហើយទោះបីមានអ្នកដទៃកោតសរសើរ ដោយឃើញគេបានចំរុងចំរើនក៏ដោយ
២០ក៏គង់តែគេត្រូវចុះទៅជួបជុំ នឹងដូនតារបស់ខ្លួន ចៀសមិនផុត
នៅក្នុងកន្លែងដែលគេពុំអាចមើល ឃើញពន្លឺទៀតឡើយ។
២១មនុស្សដែលមានកិត្តិយសរុងរឿង តែមិនយល់អ្វីសោះនោះ
គេនឹងបាត់បង់ទៅដូចសត្វតិរច្ឆានដែរ។
ជំពូកទី ៥០
ការថ្វាយបង្គំដ៏ពិតប្រាកដ
១ ទំនុករបស់លោកអសាភ។
ព្រះអម្ចាស់ជាព្រះលើអ្វីៗទាំងអស់ ទ្រង់មានព្រះបន្ទូលកោះហៅ ផែនដីទាំងមូល
ចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច
២ ព្រះជាម្ចាស់ភ្លឺចាំងចែងពីក្រុងស៊ីយ៉ូន ដែលជាក្រុងដ៏ល្អត្រចះត្រចង់។
៣ ព្រះនៃយើងទ្រង់យាងមកហើយ ព្រះអង្គមិនសំងំនៅស្ងៀមឡើយ
មានភ្លើងសន្ធោសន្ធៅនៅពីមុខព្រះអង្គ
ហើយជុំវិញព្រះអង្គ មានខ្យល់បក់បោកយ៉ាងខ្លាំង។
៤ ព្រះអង្គកោះហៅផ្ទៃមេឃ និងផែនដី អោយធ្វើជាសាក្សី
នៅពេលព្រះអង្គវិនិច្ឆ័យទោស ប្រជារាស្ត្ររបស់ព្រះអង្គ
៥ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរប្រមូលពួកអ្នកជឿអោយមកជួបយើង
គឺអស់អ្នកដែលបានថ្វាយយញ្ញបូជា ដើម្បីចងសម្ពន្ធមេត្រីជាមួយយើង!»។
៦ ផ្ទៃមេឃប្រកាសសេចក្ដីសុចរិតរបស់ព្រះអង្គ
ដ្បិតព្រះជាម្ចាស់ផ្ទាល់ទ្រង់ជាចៅក្រម។ – សំរាក
៧ «អ្នករាល់គ្នាដែលជាប្រជារាស្ត្ររបស់យើងអើយ
ចូរនាំគ្នាស្ដាប់ពាក្យយើងនិយាយ!
អ៊ីស្រាអែលអើយ យើងនឹងព្រមានអ្នករាល់គ្នា។
យើងជាព្រះជាម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
៨ យើងមិនបន្ទោសអ្នករាល់គ្នាអំពីយញ្ញបូជា និងតង្វាយដុត
ដែលអ្នករាល់គ្នាតែងតែ យកមកថ្វាយយើងជាប្រក្រតីនោះទេ។
៩ យើងមិនត្រូវការគោបាពីផ្ទះរបស់អ្នករាល់គ្នា
ឬក៏ពពែឈ្មោលពីក្រោលរបស់អ្នករាល់គ្នាឡើយ
១០ ដ្បិតសត្វទាំងប៉ុន្មានដែលនៅក្នុងព្រៃ សុទ្ធតែជារបស់យើង
ហើយសត្វរាប់ម៉ឺនរាប់សែនក្បាល ដែលរស់នៅតាមភ្នំ ក៏ជារបស់យើង។
១១ យើងស្គាល់បក្សាបក្សីទាំងប៉ុន្មាន ដែលរស់នៅតាមភ្នំ
ហើយសត្វទាំងឡាយដែលរស់នៅតាមស្រែចំការ ក៏ជារបស់យើងដែរ។
១២ ប្រសិនបើយើងឃ្លាន យើងនឹងមិននិយាយប្រាប់អ្នករាល់គ្នាឡើយ
ដ្បិតពិភពលោក និងអ្វីៗទាំងអស់នៅក្នុង ពិភពនេះ សុទ្ធតែជាកម្មសិទ្ធិរបស់យើង។
១៣ តើយើងដែលបរិភោគសាច់គោបាឬ? តើយើងដែលផឹកឈាមពពែឈ្មោលឬ?
១៤ តង្វាយដែលអ្នករាល់គ្នាត្រូវថ្វាយព្រះជាម្ចាស់ គឺពាក្យអរព្រះគុណ
ហើយត្រូវធ្វើតាមពាក្យដែលអ្នកបានសន្យា ចំពោះព្រះដ៏ខ្ពង់ខ្ពស់បំផុត។
១៥ នៅគ្រាមានអាសន្ន ចូរអង្វររកយើងចុះ
យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើង សិរីរុងរឿងរបស់យើង។
១៦ ព្រះជាម្ចាស់មានព្រះបន្ទូល ទៅកាន់មនុស្សអាក្រក់ថា៖
ហេតុដូចម្ដេចបានជាអ្នកចេះតែសូត្រ ច្បាប់របស់យើង
ហើយចេះតែទន្ទេញថា បានចងសម្ពន្ធមេត្រីជាមួយយើងដូច្នេះ?
១៧ ក៏ប៉ុន្តែ អ្នកពុំព្រមអោយយើងប្រដែប្រដៅសោះ
ហើយក៏មិនព្រមទទួលយកពាក្យយើងដែរ។
១៨ពេលណាអ្នកជួបចោរ អ្នកសេពគប់ជាមួយគេភ្លាម
ហើយអ្នកតែងតែចូលដៃ ជាមួយជនផិតក្បត់ទៀតផង។
១៩មាត់របស់អ្នកតែងស្រដីចេញ នូវពាក្យអាក្រក់អាក្រី
ហើយអណ្ដាតអ្នកតែងគ្រលាស់ ចេញនូវពាក្យបោកប្រាស់។
២០ អ្នកត្រៀមខ្លួនចោទប្រកាន់បងប្អូនជានិច្ច
ហើយអ្នកបរិហារកេរ្តិ៍បងប្អូនបង្កើតទៀតផង។
២១ អ្នកបានប្រព្រឹត្តអំពើទាំងនេះ តើអោយយើងនៅស្ងៀមម្ដេចកើត?
អ្នកស្មានថាយើងដូចអ្នកដែរឬ?
ប៉ុន្តែ យើងថ្កោលទោស ហើយបង្ហាញ អោយអ្នកឃើញកំហុស ទាំងនេះផ្ទាល់នឹងភ្នែក។
២២ អស់អ្នកដែលបំភ្លេចយើងអើយ ចូររិះគិតអោយយល់សេចក្ដីនេះទៅ
ក្រែងលោយើងបំផ្លាញអ្នករាល់គ្នា ហើយគ្មាននរណាអាចរំដោះ អ្នករាល់គ្នាបានឡើយ។
២៣ អ្នកលើកតម្កើងយើង គឺអ្នកដែលថ្វាយពាក្យ អរព្រះគុណទុកជាតង្វាយ
ហើយយើងនឹងសង្គ្រោះអស់អ្នក ដែលដើរតាមមាគ៌ារបស់យើង»។
ជំពូកទី ៥១
ពាក្យអធិស្ឋានសូមព្រះអម្ចាស់លើកលែងទោស
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀងទំនុករបស់ស្ដេចដាវីឌ។ ២ នៅពេលព្យាការីណាថាន
មកគាល់ស្ដេចដាវីឌ បន្ទាប់ពីស្ដេចបានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាងបាតសេបា។
៣ ឱព្រះជាម្ចាស់អើយ! សូមប្រណីសន្ដោសទូលបង្គំផង
ដ្បិតព្រះអង្គមានព្រះហឫទ័យ មេត្តាករុណាដ៏លើសលប់
សូមលើកលែងទោសអោយទូលបង្គំផង
ដ្បិតព្រះអង្គមានព្រះហឫទ័យ អាណិតមេត្តាដ៏ទូលំទូលាយ។
៤ សូមលុបលាងកំហុសទូលបង្គំ អោយបានស្អាតទាំងស្រុង
សូមជំរះទូលបង្គំអោយបានបរិសុទ្ធ រួចពីបាប!
៥ ទូលបង្គំទទួលសារភាពថា ទូលបង្គំបានធ្វើខុសហើយ
អំពើបាបរបស់ទូលបង្គំដិតជាប់ នៅក្នុងអារម្មណ៍ទូលបង្គំជានិច្ច។
៦ ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យ ព្រះអង្គ គឺទាស់នឹងព្រះអង្គតែមួយគត់
ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើមួយ ដែលព្រះអង្គចាត់ទុកថាជាអំពើអាក្រក់។
ទោះបីព្រះអង្គកាត់ទោសទូលបង្គំយ៉ាងណាក្ដី ក៏ព្រះអង្គនៅតែសុចរិត
ហើយទោះបីព្រះអង្គធ្វើទោសទូលបង្គំយ៉ាងណាក្ដី ក៏ព្រះអង្គនៅតែឥតកំហុសដដែល។
៧ ទូលបង្គំមានកំហុសតាំងពីកំណើតមក
ហើយទូលបង្គំមានបាបតាំងពី នៅក្នុងផ្ទៃម្ដាយមកម៉្លេះ!
៨ ក៏ប៉ុន្តែ ព្រះអង្គសព្វព្រះហឫទ័យ នឹងសេចក្ដីពិតនៅក្នុងជំរៅចិត្តមនុស្ស។
សូមប្រោសប្រទានអោយទូលបង្គំ មានប្រាជ្ញានៅក្នុងជំរៅដួងចិត្តផង!
៩ សូមជំរះទូលបង្គំ ដោយស្លឹកហ៊ីសុប* នោះទូលបង្គំនឹងបានបរិសុទ្ធ
សូមលាងសំអាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងសំឡីទៅទៀត។
១០ សូមប្រាប់អោយទូលបង្គំដឹងថា ព្រះអង្គអត់ទោសទូលបង្គំហើយ
នោះទូលបង្គំមានអំណរសប្បាយ
ហើយចិត្តសោកសង្រេងរបស់ទូលបង្គំ នឹងបានរីករាយឡើងវិញ។
១១ ព្រះអង្គអើយ សូមកុំទតមើល អំពើបាបរបស់ទូលបង្គំឡើយ
តែសូមលុបបំបាត់កំហុសទាំងប៉ុន្មាន របស់ទូលបង្គំទៅ។
១២ឱព្រះជាម្ចាស់អើយ! សូមប្រោសប្រទានអោយទូលបង្គំមានចិត្តបរិសុទ្ធ
សូមប្រទានចិត្តគំនិតថ្មីដ៏រឹងប៉ឹងមកទូលបង្គំផង។
១៣សូមកុំបោះបង់ទូលបង្គំអោយនៅឆ្ងាយពីព្រះអង្គ
សូមកុំដកព្រះវិញ្ញាណដ៏វិសុទ្ធ របស់ព្រះអង្គចេញពីទូលបង្គំឡើយ។
១៤សូមប្រោសប្រទានអោយទូលបង្គំមានអំណរ ព្រោះតែព្រះអង្គសង្គ្រោះទូលបង្គំ
សូមគាំទ្រទូលបង្គំ ដោយប្រទានអោយទូលបង្គំ មានចិត្តទូលាយមកពីព្រះវិញ្ញាណ។
១៥ទូលបង្គំនឹងប្រៀនប្រដៅមនុស្សពាល ទាំងឡាយអោយស្គាល់មាគ៌ារបស់ព្រះអង្គ
នោះពួកគេនឹងបែរចិត្តវិលមករកព្រះអង្គវិញ។
១៦ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃទូលបង្គំ សូមរំដោះទូលបង្គំអោយរួចពីស្លាប់
នោះទូលបង្គំនឹងប្រកាសអំពីសេចក្ដីសុចរិត របស់ព្រះអង្គដោយអំណរ។
១៧ព្រះអម្ចាស់អើយ សូមជួយទូលបង្គំអោយបន្លឺសំឡេង
ពោលពាក្យសរសើរតម្កើងព្រះអង្គផង។
១៨ព្រះអង្គមិនសព្វព្រះហឫទ័យ អោយទូលបង្គំថ្វាយយញ្ញបូជាទេ
ទោះបីតង្វាយដុតទាំងមូល ក៏មិនគាប់ព្រះហឫទ័យព្រះអង្គដែរ។
១៩យញ្ញបូជាដែលព្រះអង្គសព្វព្រះហឫទ័យ អោយទូលបង្គំថ្វាយ គឺចិត្តសោកស្ដាយ
ព្រះអង្គតែងតែទទួលចិត្តសោកស្ដាយ និងចិត្តលែងមានអំនួត។
២០ព្រះអម្ចាស់អើយ សូមប្រោសប្រណីក្រុងស៊ីយ៉ូន
ហើយសូមមេត្តាប្រទានអោយ ក្រុងយេរូសាឡឹមបានរឹងមាំឡើងវិញផង។
២១ពេលនោះ ព្រះអង្គមុខជាគាប់ព្រះហឫទ័យ នឹងតង្វាយដែលស្របតាមវិន័យ*របស់ព្រះអង្គ
គឺតង្វាយដុតទាំងមូល
ហើយគេនឹងយកគោឈ្មោល មកថ្វាយនៅលើអាសនៈរបស់ព្រះអង្គដែរ។
ជំពូកទី ៥២
អ្នកទុកចិត្តលើព្រះជាម្ចាស់ និងអ្នកទុកចិត្តលើទ្រព្យសម្បត្តិ
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ស្ដេចដាវីឌ។ ២ នៅគ្រាដែល
លោកដូអេក ជាជនជាតិអេដុម ទៅទូលស្ដេចសូលថា ស្ដេចដាវីឌបានរត់ទៅ
ជ្រកកោននឹងស្ដេចអហ៊ីម៉ាឡេក។
៣ អ្នកខ្លាំងពូកែអើយ ហេតុអ្វីបានជាអ្នកចេះតែអួត ពីអំពើអាក្រក់របស់ខ្លួនដូច្នេះ?
ព្រះជាម្ចាស់មានព្រះហឫទ័យស្មោះស្ម័គ្រជានិច្ច!។
៤ រៀងរាល់ថ្ងៃអ្នកតែងតែគិតគូរ ចង់ប្រព្រឹត្តអំពើទុច្ចរិត
ពាក្យសំដីរបស់អ្នកមុតជាងកាំបិតកោរទៅទៀត គឺប៉ិនប្រសប់ខាងបោកបញ្ឆោតណាស់។
៥ អ្នកចូលចិត្តការអាក្រក់ជាងការល្អ
ហើយចូលចិត្តកុហកជាងនិយាយការពិត។
៦ អ្នកចូលចិត្តប្រើពាក្យសំដីវាយប្រហារគេ
អ្វីៗដែលអ្នកពោលចេញមក សុទ្ធតែអាស្រូវទាំងអស់។
៧ ហេតុនេះ ព្រះជាម្ចាស់នឹងបំផ្លាញ អ្នករហូតតទៅជាមិនខាន
ព្រះអង្គនឹងដកហូតអ្នកចេញពីផ្ទះសំបែងរបស់ខ្លួន
ហើយព្រះអង្គនឹងយកអ្នកចេញ ពីពិភពលោកដែលយើងរស់នៅនេះ។ – សំរាក
៨ មនុស្សសុចរិតនឹងឃើញ ហើយកោតខ្លាចទៀតផង
គេនាំគ្នាសើច ទាំងពោលថា:
៩ «មើលអ្នកនុ៎ះ! គាត់ពុំបានយកព្រះជាម្ចាស់ជាទីពឹងទេ
គាត់ទុកចិត្តលើទ្រព្យសម្បត្តិស្ដុកស្ដម្ភរបស់ខ្លួន ហើយស្មានថាខ្លួនខ្លាំងពូកែ មកពីមានល្បិច»។
១០ រីឯខ្ញុំវិញ ខ្ញុំស្ថិតនៅក្នុងព្រះដំណាក់ របស់ព្រះជាម្ចាស់
ប្រៀបដូចជាដើមអូលីវដែលមានស្លឹកខៀវខ្ចី
ខ្ញុំពឹងផ្អែកលើព្រះហឫទ័យមេត្តាករុណា របស់ព្រះជាម្ចាស់រហូតតទៅ។
១១ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គជានិច្ច ចំពោះកិច្ចការដែលព្រះអង្គបានធ្វើ
ទូលបង្គំសង្ឃឹមទុកចិត្តលើព្រះនាមព្រះអង្គ នៅចំពោះមុខអស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ
ព្រោះព្រះអង្គមានព្រះហឫទ័យល្អសប្បុរស។
ជំពូកទី ៥៣
អ្នកជឿព្រះជាម្ចាស់ និងពិភពលោកដ៏អាក្រក់
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ កំដរដោយខ្លុយ។
កំណាព្យរបស់ស្ដេចដាវីឌ។
២ មនុស្សឥតគំនិតតែងតែរិះគិតថា «គ្មានព្រះជាម្ចាស់ទេ»។
ពួកគេជាមនុស្សពាល ហើយនាំគ្នាប្រព្រឹត្តអំពើព្រៃផ្សៃ
គឺគ្មាននរណាប្រព្រឹត្តអំពើល្អទាល់តែសោះ។
៣ ពីស្ថានបរមសុខ ព្រះជាម្ចាស់ទតមើលមកមនុស្សលោក
ក្រែងលោមាននរណាម្នាក់មានប្រាជ្ញា ស្វែងរកព្រះអង្គ។
៤ ក៏ប៉ុន្តែ ពួកគេសុទ្ធតែវង្វេងទាំងអស់គ្នា ពួកគេរួមគ្នាប្រព្រឹត្តអំពើពុករលួយ
គ្មាននរណាប្រព្រឹត្តអំពើល្អទាល់តែសោះ សូម្បីតែម្នាក់ក៏គ្មានផង។
៥ ព្រះជាម្ចាស់មានព្រះបន្ទូលថា
«តើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត ពិតជាមិនយល់អ្វីទាំងអស់ឬ?។
ពួកគេចិញ្ចឹមជីវិត ដោយកេងប្រវ័ញ្ចប្រជារាស្ត្ររបស់យើង
ហើយមិនដែលគោរពបំរើយើងទាល់តែសោះ»។
៦ ទោះបីគ្មានមូលហេតុអ្វីគួរអោយភ័យខ្លាច ក៏ដោយ ក៏គេនាំគ្នាភ័យញាប់ញ័រដែរ
ដ្បិតព្រះជាម្ចាស់ធ្វើអោយខ្មាំងសត្រូវ របស់ប្រជារាស្ត្រព្រះអង្គស្លាប់ចោលឆ្អឹង
ពួកគេនឹងត្រូវអាម៉ាស់មុខ ព្រោះព្រះជាម្ចាស់បានកំចាត់កំចាយពួកគេ។
៧ សូមអោយព្រះអង្គដែលគង់នៅក្រុងស៊ីយ៉ូន សង្គ្រោះជនជាតិអ៊ីស្រាអែល!
ពេលព្រះជាម្ចាស់នាំប្រជារាស្ត្ររបស់ព្រះអង្គ ដែលជាឈ្លើយមកស្រុកវិញ
កូនចៅរបស់លោកយ៉ាកុបនឹង បានត្រេកអរយ៉ាងខ្លាំង
ប្រជារាស្ត្រអ៊ីស្រាអែលនឹងមានអំណរ សប្បាយដ៏លើសលប់។
ជំពូកទី ៥៤
សូមរកយុត្តិធម៌អោយទូលបង្គំផង
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ប្រគំជាមួយតន្ត្រីដែលមានខ្សែ។
កំណាព្យរបស់ស្ដេចដាវីឌ ២ នៅពេលដែលជនជាតិស៊ីភមកទូលស្ដេចសូលថា
ស្ដេចដាវីឌនៅលាក់ខ្លួនជាមួយពួកគេ។
៣ ឱព្រះជាម្ចាស់អើយ សូមសង្គ្រោះទូលបង្គំ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ
សូមរកយុត្តិធម៌អោយទូលបង្គំ ដោយយល់ដល់ឫទ្ធានុភាពរបស់ព្រះអង្គ។
៤ ឱព្រះជាម្ចាស់អើយ សូមស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ
សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំផង
៥ ដ្បិតជនបរទេសលើកគ្នាប្រឆាំងនឹងទូលបង្គំ មនុស្សឃោរឃៅចង់ដកជីវិតទូលបង្គំ
ចិត្តអ្នកទាំងនោះ មិនរវីរវល់នឹងព្រះជាម្ចាស់ទេ។ – សំរាក
៦ ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងសង្គ្រោះខ្ញុំ ព្រះអម្ចាស់នឹងការពារជីវិតខ្ញុំ។
៧ ព្រះអង្គនឹងតបស្នងទៅខ្មាំងសត្រូវរបស់ខ្ញុំ តាមអំពើដែលគេប្រព្រឹត្ត។
សូមកំទេចពួកគេអោយវិនាសសូន្យឈឹងទៅ
ដោយយល់ដល់ព្រះហឫទ័យស្មោះ ត្រង់របស់ព្រះអង្គ!
៨ ទូលបង្គំនឹងថ្វាយយញ្ញបូជាចំពោះព្រះអង្គ ដោយស្មោះអស់ពីចិត្ត
ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងលើកតម្កើងព្រះនាមព្រះអង្គ
ព្រោះព្រះអង្គមានព្រះហឫទ័យសប្បុរស។
៩ ព្រះអង្គបានរំដោះទូលបង្គំ អោយរួចផុតពីអាសន្នគ្រប់បែបយ៉ាង
ហើយទូលបង្គំនឹងឃើញខ្មាំងសត្រូវ របស់ទូលបង្គំបរាជ័យ។
ជំពូកទី ៥៥
ពាក្យអធិស្ឋានរបស់មនុស្សដែលត្រូវគេក្បត់ចិត្ត
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ប្រគំជាមួយតន្ត្រីដែលមានខ្សែ។
កំណាព្យរបស់ស្ដេចដាវីឌ។
២ ព្រះជាម្ចាស់អើយ! សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យ ទូលអង្វររបស់ទូលបង្គំ
សូមកុំលាក់ព្រះភក្ត្រ នៅពេលទូលបង្គំទទូចអង្វរព្រះអង្គ។
៣ សូមទ្រង់មេត្តាព្រះសណ្ដាប់ទូលបង្គំ ហើយឆ្លើយតបមកទូលបង្គំវិញផង
ទូលបង្គំខ្វល់ខ្វាយ ទាំងតប់ប្រមល់ និងថប់បារម្ភជាខ្លាំង
៤ នៅពេលឮពាក្យសំដីរបស់ខ្មាំងសត្រូវ និងមនុស្សពាលនាំគ្នាបៀតបៀនទូលបង្គំ។
ពួកគេធ្វើអោយទូលបង្គំរងទុក្ខវេទនា គេនាំគ្នាប្រឆាំងនឹងទូលបង្គំដោយកំហឹង។
៥ ទូលបង្គំភ័យតក់ស្លុតជាខ្លាំង ទូលបង្គំភ័យញាប់ញ័រ ខ្លាចស្លាប់
៦ ទូលបង្គំភ័យខ្លាច និងរន្ធត់ចិត្តជាខ្លាំង
ហើយទូលបង្គំព្រឺព្រួចក្នុងចិត្តពន់ប្រមាណ។
៧ ទូលបង្គំគិតថា «ប្រសិនបើខ្ញុំមានស្លាបដូចព្រាប
នោះខ្ញុំនឹងហើរទៅរកកន្លែងមួយ សំរាប់ជ្រកកោន។
៨ ខ្ញុំនឹងហើរទៅយ៉ាងឆ្ងាយ ខ្ញុំនឹងទៅពួននៅវាលរហោស្ថាន។ – សំរាក
៩ ខ្ញុំនឹងភៀសខ្លួនទៅយ៉ាងឆាប់រហ័ស គឺលឿនជាងខ្យល់ព្យុះសង្ឃរាទៅទៀត»។
១០ ព្រះអម្ចាស់អើយ! សូមកុំអោយខ្មាំងសត្រូវ របស់ទូលបង្គំនិយាយស្ដាប់គ្នាបានឡើយ
ដ្បិតនៅក្នុងទីក្រុងទូលបង្គំឃើញមានតែ អំពើឃោរឃៅ និងការឈ្លោះប្រកែកគ្នា។
១១ ទាំងថ្ងៃទាំងយប់នៅជុំវិញកំពែងក្រុង
ហើយនៅក្នុងទីក្រុង មានសុទ្ធតែអំពើទុច្ចរិត និងអំពើពាល។
១២នៅក្នុងទីក្រុងមានសុទ្ធតែឧក្រិដ្ឋកម្ម
ហើយនៅតាមទីផ្សារ មានសុទ្ធតែការជិះជាន់ និងការបោកប្រាស់។
១៣អ្នកដែលបំបាក់មុខខ្ញុំ មិនមែនជាខ្មាំងសត្រូវរបស់ខ្ញុំទេ
ប្រសិនបើជាខ្មាំងសត្រូវមែន ខ្ញុំមុខជាទ្រាំទ្របានមិនខាន
ហើយអ្នកដែលវាយប្រហារខ្ញុំ ក៏មិនមែនជាអ្នកស្អប់ខ្ញុំដែរ
ប្រសិនបើជាអ្នកដែលស្អប់ខ្ញុំមែន ខ្ញុំមុខជាគេចខ្លួនមិនខាន
១៤គឺអ្នកឯងទេតើ អ្នកធ្លាប់នៅជាមួយខ្ញុំ
ជាអ្នកជិតស្និទ្ធ និងជាមិត្តសម្លាញ់របស់ខ្ញុំ។
១៥ យើងធ្លាប់ស្និទ្ធស្នាលជាមួយគ្នា
យើងធ្លាប់ទៅថ្វាយបង្គំព្រះជាម្ចាស់ជាមួយគ្នា ក្នុងព្រះដំណាក់របស់ព្រះអង្គ។
១៦សូមអោយបច្ចាមិត្តរបស់ខ្ញុំត្រូវស្លាប់យ៉ាងទាន់ហន់
សូមអោយពួកគេធ្លាក់នរកទាំងរស់
ចិត្តគំនិតរបស់គេពោរពេញ ទៅដោយអំពើអាក្រក់គ្រប់បែបយ៉ាង។
១៧រីឯខ្ញុំវិញ ខ្ញុំស្រែកអង្វរព្រះជាម្ចាស់
ហើយព្រះអម្ចាស់នឹងសង្គ្រោះខ្ញុំ។
១៨ខ្ញុំស្រែកថ្ងូរ និងទទូចអង្វរព្រះអង្គ ទាំងព្រឹកទាំងថ្ងៃត្រង់ទាំងល្ងាច
ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យខ្ញុំ។
១៩ទោះបីមានខ្មាំងសត្រូវលើកគ្នា សន្ធឹកសន្ធាប់មកវាយប្រហារខ្ញុំក្ដី
ក៏ព្រះអង្គរំដោះខ្ញុំអោយបានសុខសាន្តដែរ។
២០ព្រះជាម្ចាស់គ្រងរាជ្យតាំងពីអស់កល្បរៀងមក
សូមព្រះអង្គស្ដាប់ពាក្យខ្ញុំ ហើយបំបាក់មុខពួកគេទៅ – សំរាក
អ្នកទាំងនោះមិនដូរគំនិតឡើយ គឺពួកគេមិន គោរពកោតខ្លាចព្រះជាម្ចាស់ទាល់តែសោះ។
២១ អ្នកនោះតែងតែក្បត់នឹងមិត្តសម្លាញ់
ហើយរំលោភលើពាក្យសន្យារបស់ខ្លួនទៀតផង។
២២ពាក្យសំដីរបស់គេផ្អែមជាងទឹកឃ្មុំទៅទៀត
តែចិត្តរបស់គេឃោរឃៅ គិតតែពីធ្វើសឹកសង្គ្រាមប៉ុណ្ណោះ
ពាក្យសំដីរបស់គេទន់ភ្លន់ដូចសំពត់សូត្រ តែមុតដូចមុខដាវ។
២៣ចូរផ្ញើជីវិតលើព្រះអម្ចាស់ នោះទ្រង់នឹងជួយគាំទ្រអ្នកជាមិនខាន
ដ្បិតព្រះអង្គមិនដែលទុកអោយមនុស្សសុចរិត ត្រូវបរាជ័យរហូតនោះទេ។
២៤ឱព្រះជាម្ចាស់អើយ សូមធ្វើអោយពួកគេធ្លាក់រណ្ដៅទៅ
ពួកនោះសុទ្ធតែជាឃាតក និងជនបោកប្រាស់
សូមកុំអោយពួកនោះអាចរស់ បានពាក់កណ្ដាលអាយុរបស់ខ្លួនឡើយ
ចំណែកឯទូលបង្គំវិញ ទូលបង្គំទុកចិត្តលើព្រះអង្គហើយ។
ជំពូកទី ៥៦
ខ្ញុំទុកចិត្តលើព្រះជាម្ចាស់ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ បទ «ព្រាបស្ងៀមស្ងាត់នៅស្រុកឆ្ងាយ»។
បទចំរៀងរបស់ស្ដេចដាវីឌ នៅគ្រាដែលជនជាតិភីលីស្ទីនចាប់ព្រះអង្គនៅក្រុងកាដ។
២ ឱព្រះជាម្ចាស់អើយ សូមអាណិតមេត្តាទូលបង្គំផង
ដ្បិតមានមនុស្សលើកគ្នាវាយប្រហារទូលបង្គំ
គេលើកគ្នាមកប្រយុទ្ធ និង បៀតបៀនទូលបង្គំជារៀងរាល់ថ្ងៃ។
៣ ជារៀងរាល់ថ្ងៃ បច្ចាមិត្តរបស់ទូលបង្គំ នាំគ្នាដេញវាយប្រហារទូលបង្គំ
ពួកគេវាយឫកខ្ពស់ ហើយគេមានគ្នាច្រើន មកប្រយុទ្ធនឹងទូលបង្គំ។
៤ ឱព្រះជាម្ចាស់អើយ នៅថ្ងៃទូលបង្គំភ័យខ្លាច ទូលបង្គំផ្ញើជីវិតលើព្រះអង្គ។
៥ ខ្ញុំសរសើរតម្កើងព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់
ខ្ញុំទុកចិត្តលើព្រះជាម្ចាស់ ហើយខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ
តើមនុស្សដែលតែងតែស្លាប់ អាចធ្វើអ្វីខ្ញុំកើត?។
៦ ជារៀងរាល់ថ្ងៃពួកគេជេរប្រមាថ ធ្វើអោយខ្ញុំឈឺចុកចាប់
គេតែងប៉ុនប៉ងធ្វើបាបខ្ញុំជានិច្ច។
៧ គេឃុបឃិតគ្នាចាំឃ្លាំមើល និងតាមដានខ្ញុំ ដើម្បីរកឱកាសសម្លាប់ខ្ញុំ។
៨ ឱព្រះជាម្ចាស់អើយ! សូមដាក់ទោសពួកគេ តាមអំពើអាក្រក់ ដែលពួកគេប្រព្រឹត្ត
សូមទ្រង់សំដែងព្រះពិរោធ បង្ក្រាបប្រជាជនទាំងនោះ។
៩ ព្រះអង្គជ្រាបច្បាស់ថា ទូលបង្គំរងទុក្ខយ៉ាងណា សូមត្រងទឹកភ្នែកទូលបង្គំទុក
ព្រះអង្គបានរាប់តំណក់ទឹកភ្នែក ទាំងនោះក្នុងបញ្ជីស្រាប់ហើយ។
១០ នៅថ្ងៃដែលខ្ញុំស្រែករកព្រះអង្គ ខ្មាំងសត្រូវរបស់ខ្ញុំមុខជាដកខ្លួនថយ
ខ្ញុំដឹងច្បាស់ថាព្រះជាម្ចាស់ទ្រង់គង់នៅខាងខ្ញុំ។
១១ខ្ញុំសរសើរតម្កើងព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់
ខ្ញុំសរសើរតម្កើងព្រះបន្ទូលរបស់ព្រះអម្ចាស់។
១២ខ្ញុំទុកចិត្តលើព្រះជាម្ចាស់ ហើយខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ
តើមនុស្សដែលតែងតែស្លាប់ អាចធ្វើអ្វីខ្ញុំបាន?។
១៣ឱព្រះជាម្ចាស់អើយ! ទូលបង្គំត្រូវតែថ្វាយតង្វាយ តាមពាក្យដែលទូលបង្គំបានបន់ស្រន់ព្រះអង្គ
ទូលបង្គំនឹងថ្វាយយញ្ញបូជាអរព្រះគុណព្រះអង្គ។
១៤ដ្បិតព្រះអង្គបានរំដោះ ទូលបង្គំអោយរួចពីស្លាប់ ជើងទូលបង្គំនឹងមិនត្រូវជំពប់ដួលឡើយ
ហើយខ្ញុំនឹងដើរនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ក្រោមពន្លឺដែលបំភ្លឺមនុស្សលោក។
ជំពូកទី ៥៧
ទូលបង្គំមកជ្រកកោនក្រោមម្លប់ព្រះបារមីរបស់ព្រះអង្គ
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ បទ «សូមកុំបំផ្លាញ»។ ទំនុករបស់ស្ដេចដាវីឌ
នៅគ្រាដែលទ្រង់ភៀសព្រះអង្គចេញពីស្ដេចសូលទៅពួននៅរូងភ្នំ។
២ សូមអាណិតមេត្តាទូលបង្គំ ឱព្រះជាម្ចាស់អើយ សូមអាណិតមេត្តាទូលបង្គំផង
ដ្បិតទូលបង្គំមកពឹងផ្អែកលើព្រះអង្គ ទូលបង្គំមក ជ្រកកោនក្រោមម្លប់ព្រះបារមីរបស់ព្រះអង្គ
រហូតទាល់តែទុក្ខលំបាកនេះកន្លងផុតទៅ។
៣ ខ្ញុំបានស្រែករកព្រះដ៏ខ្ពង់ខ្ពស់បំផុត
គឺព្រះជាម្ចាស់ដែលប្រោសប្រទានមកខ្ញុំ នូវអ្វីៗដែលខ្ញុំត្រូវការ។
៤ ពីស្ថានបរមសុខ សូមព្រះអង្គប្រទានការសង្គ្រោះមកខ្ញុំ
សូមព្រះអង្គវាយប្រហារអស់អ្នក ដែលបៀតបៀនខ្ញុំ – សំរាក
សូមព្រះជាម្ចាស់សំដែងព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ។
៥ ខ្មាំងសត្រូវនាំគ្នាឡោមព័ទ្ធជុំវិញខ្ញុំ
អ្នកទាំងនោះប្រៀបបាននឹងសត្វសិង្ហ ដែលប្រុងស៊ីសាច់មនុស្ស
ធ្មេញរបស់គេប្រៀបដូចជាលំពែង និងព្រួញ អណ្ដាតរបស់គេជាដាវដ៏មុត។
៦ ឱព្រះជាម្ចាស់អើយ សូមសំដែងភាពថ្កុំថ្កើងឧត្ដុង្គឧត្ដម របស់ព្រះអង្គនៅលើផ្ទៃមេឃ
ហើយសូមអោយសិរីរុងរឿង របស់ព្រះអង្គភ្លឺចែងចាំងនៅលើផែនដីទាំងមូល។
៧ សត្រូវរបស់ទូលបង្គំនាំគ្នាដាក់អន្ទាក់ចាំចាប់ ទូលបង្គំ ធ្វើអោយទូលបង្គំព្រួយចិត្តជាខ្លាំង។
ពួកគេបានជីករណ្ដៅនៅពីមុខទូលបង្គំ តែខ្លួនគេផ្ទាល់បានធ្លាក់ទៅក្នុងរណ្ដៅនោះ។ – សំរាក
៨ ទូលបង្គំទុកចិត្តលើព្រះអង្គ ឱព្រះជាម្ចាស់អើយ ទូលបង្គំទុកចិត្តលើព្រះអង្គទាំងស្រុង
ទូលបង្គំនឹងច្រៀង ទូលបង្គំនឹងស្មូត្រទំនុកតម្កើង។
៩ ឱព្រលឹងខ្ញុំអើយ ចូរភ្ញាក់ឡើង!
ឱឃឹម និងពិណរបស់ខ្ញុំអើយ ចូរបន្លឺសំឡេងឡើង ខ្ញុំនឹងដាស់ព្រះអាទិត្យអោយរះ។
១០ ព្រះអម្ចាស់អើយ ទូលបង្គំនឹងលើកតម្កើង ព្រះអង្គក្នុងចំណោមប្រជាជនទាំងឡាយ
ទូលបង្គំនឹងស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គ ក្នុងចំណោមប្រជាជាតិនានា
១១ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ខ្ពស់រហូតដល់ផ្ទៃមេឃ
ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ ខ្ពស់ដល់អាកាសវេហាស៍។
១២ ឱព្រះជាម្ចាស់អើយ សូមបង្ហាញភាពថ្កុំថ្កើង ឧត្ដុង្គឧត្ដមរបស់ព្រះអង្គនៅលើផ្ទៃមេឃ
ហើយសូមអោយសិរីរុងរឿងរបស់ព្រះអង្គ ភ្លឺចែងចាំងនៅលើផែនដីទាំងមូល។
ជំពូកទី ៥៨
ព្រះជាម្ចាស់ជាចៅក្រមនៅលើផែនដី
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ បទ «សូមកុំបំផ្លាញ»។
ទំនុករបស់ស្ដេចដាវីឌ។
២ ចៅក្រមទាំងឡាយអើយ ពេលកាត់ក្ដី តើអ្នករាល់គ្នានិយាយសេចក្ដីពិតឬ?
តើអ្នករាល់គ្នាកាត់ក្ដីអោយមនុស្សលោក ដោយយុត្តិធម៌ឬ?
៣ ទេ! ផ្ទុយទៅវិញ អ្នករាល់គ្នា ប្រព្រឹត្តអំពើទុច្ចរិតដោយចេតនា
អ្នករាល់គ្នាបានប្រព្រឹត្តអំពើឃោរឃៅ រាលដាលនៅលើផែនដីនេះ។
៤ មនុស្សអាក្រក់មានចិត្តវៀចវេរតាំងពីក្នុងផ្ទៃម្ដាយ
ហើយចេះកុហក និងវង្វេង តាំងពីទើបកើតមកម៉្លេះ។
៥ គេមានពិសដូចពស់វែក គេធ្វើថ្លង់ ធ្វើមិនដឹងមិនឮដូចសត្វពស់
៦ ដែលមិនឮសំឡេងរបស់គ្រូអាលម្ពាយ គឺទោះបីគ្រូនោះពូកែយ៉ាងណាក្ដី។
៧ ឱព្រះជាម្ចាស់អើយ សូមកាច់បំបាក់ធ្មេញរបស់ពួកគេ!
ព្រះអម្ចាស់អើយ សូមបំបាក់ចង្កូមពួកសិង្ហទាំងនោះទៅ!
៨ សូមអោយអ្នកទាំងនោះរសាត់បាត់ទៅ ដូចទឹកហូរឥតត្រឡប់
សូមអោយពួកគេបានរាបដូចជាស្មៅ ដែលមនុស្សដើរជាន់។
៩ សូមអោយពួកគេប្រៀបដូចជាជន្លេន ដែលវារទៅមុខ ហើយស្ងួតក្រៀមអស់ទៅ
សូមអោយពួកគេប្រៀបដូចជាកូនរលូត ស្លាប់ទៅ ទាំងពុំឃើញពន្លឺ
១០ ព្រះជាម្ចាស់នឹងធ្វើអោយមនុស្ស អាក្រក់វិនាសសូន្យទៅ
ដូចបន្លាដែលពុំទាន់ដុះចេញមកស្រួលបួលផង
ក៏ត្រូវខ្យល់កួចផាត់បាត់ទៅ គឺទោះបីនៅ ខៀវស្រស់ក្ដី ឬក្រៀមទៅហើយក្ដី។
១១ រីឯមនុស្សសុចរិតវិញ គេនឹងរីករាយ ដោយបានឃើញព្រះជាម្ចាស់ សងសឹកជំនួសពួកគេ
ហើយគេលាងជើងនៅក្នុងឈាម របស់មនុស្សអាក្រក់។
១២ ពេលនោះ ប្រជាជនទាំងឡាយនាំគ្នាពោលថា:
ពិតមែនហើយ មនុស្សសុចរិតនឹងទទួលរង្វាន់
ពិតមែនហើយ មានព្រះជាម្ចាស់មួយព្រះអង្គ ជំនុំជំរះមនុស្សលោក។
ជំពូកទី ៥៩
សូមរំដោះទូលបង្គំអោយរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ!
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ បទ «សូមកុំបំផ្លាញ»។
ទំនុករបស់ស្ដេចដាវីឌ។ នៅពេលដែលស្ដេចសូលចាត់គេអោយទៅព័ទ្ធ
ដំណាក់ស្ដេចដាវីឌដើម្បីធ្វើ គុតព្រះអង្គ។
២ ព្រះនៃទូលបង្គំអើយ! សូមរំដោះទូលបង្គំអោយរួចពី ខ្មាំងសត្រូវរបស់ទូលបង្គំផង
សូមការពារទូលបង្គំអោយរួចពីកណ្ដាប់ដៃ របស់អស់អ្នកដែលប៉ុនប៉ងធ្វើបាបទូលបង្គំ។
៣ សូមរំដោះទូលបង្គំអោយរួចពីកណ្ដាប់ដៃ របស់អស់អ្នកដែលប្រព្រឹត្តទុច្ចរិត
សូមសង្គ្រោះទូលបង្គំអោយរួចផុត ពីមនុស្សស្រេកឈាម។
៤ ព្រះអម្ចាស់អើយ! ទោះបីទូលបង្គំពុំបានប្រព្រឹត្តអ្វីខុស ឬប្រព្រឹត្តអំពើបាបណាមួយក៏ដោយ
ក៏ពួកគេនាំគ្នាពួនស្ទាក់ចាំប្រហារជីវិតទូលបង្គំ
មនុស្សមានអំណាចឃុបឃិតគ្នា ប្រឆាំងនឹងទូលបង្គំដែរ។
៥ ទោះបីទូលបង្គំគ្មានកំហុសអ្វីក៏ដោយ ពួកគេខំរូតរះរៀបចំខ្លួនប្រឆាំងនឹងទូលបង្គំ
ឱព្រះអង្គអើយ សូមតើនឡើង យាងមករកទូលបង្គំ សូមទតមកទូលបង្គំផង។
៦ ឱព្រះជាអម្ចាស់អើយ ព្រះអង្គជាព្រះនៃពិភពទាំងមូល ព្រះអង្គជាព្រះនៃជនជាតិអ៊ីស្រាអែល
សូមតើនឡើង ដាក់ទោសប្រជាជាតិទាំងអស់នោះ
សូមកុំប្រណីសន្ដោសពួកក្បត់ដ៏ទុច្ចរិត ទាំងនោះឡើយ!។ – សំរាក
៧ ពួកគេនាំគ្នាវិលមកវិញនៅពេលល្ងាច ហើយនាំគ្នាលូដូចឆ្កែ
គេដើរក្រវែលជុំវិញទីក្រុង។
៨ មាត់របស់គេពោរពេញទៅដោយ ពាក្យសំដីអាក្រក់
ពាក្យសំដីរបស់គេប្រៀបបាននឹងដាវ គេគិតថា គ្មាននរណាស្ដាប់ឮទេ?
៩ ចំណែកឯព្រះអង្គវិញ ឱព្រះអម្ចាស់អើយ
ព្រះអង្គសើចចំអកអោយពួកគេ ព្រះអង្គចំអកអោយប្រជាជាតិទាំងនោះ។
១០ទូលបង្គំសម្លឹងមើលទៅព្រះអង្គ ព្រោះព្រះអង្គជាកម្លាំងនៃទូលបង្គំ
ព្រះជាម្ចាស់ជាកំពែងការពារទូលបង្គំ។
១១ព្រះរបស់ខ្ញុំដែលប្រកបដោយព្រះហឫទ័យ មេត្តាករុណា ទ្រង់យាងមករកខ្ញុំ
ព្រះអង្គអោយខ្ញុំបានសប្បាយ ដោយឃើញខ្មាំងសត្រូវបរាជ័យ។
១២ ឱព្រះអម្ចាស់ជាខែលការពារយើងខ្ញុំអើយ
សូមកុំប្រហារពួកគេឡើយ ក្រែងលោប្រជាជនទូលបង្គំ ភ្លេចអំពីជ័យជំនះរបស់ព្រះអង្គ
តែសូមអង្រួន និងច្រានទំលាក់ពួកគេ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ!។
១៣ពេលហារមាត់និយាយ គេពោលចេញមក សុទ្ធតែពាក្យសំដី ពោរពេញទៅដោយអំពើបាប
ដូច្នេះ សូមអោយពួកគេជាប់អន្ទាក់ ដោយសារតែចិត្តអួតអាងរបស់ខ្លួន!
ដ្បិតពួកគេគិតតែពីជេរប្រទេចផ្ដាសា និងនិយាយកុហក។
១៤សូមបំផ្លាញពួកគេ អោយវិនាសអន្តរាយយ៉ាងទាន់ហន់ទៅ
សូមបំផ្លាញពួកគេអោយវិនាសសូន្យទៅ!
ពេលនោះ មនុស្សគ្រប់ៗគ្នានឹងដឹងថា ព្រះជាម្ចាស់គ្រប់គ្រងនៅស្រុកអ៊ីស្រាអែល
ហើយព្រះអង្គក៏គ្រប់គ្រង រហូតដល់ស្រុកដាច់ស្រយាលនៃផែនដីដែរ។ – សំរាក
១៥ពួកគេនាំគ្នាវិលមកវិញនៅពេលល្ងាច ហើយនាំគ្នាលូដូចឆ្កែ
គេដើរក្រវែលជុំវិញទីក្រុង។
១៦ពួកគេដើរចុះដើរឡើង ស្វែងរកអាហារ
ក៏ប៉ុន្តែ គេនាំគ្នាគ្រហឹម ព្រោះស៊ីមិនឆ្អែត។
១៧រីឯទូលបង្គំវិញ ទូលបង្គំច្រៀងសរសើរព្រះចេស្ដារបស់ព្រះអង្គ
នៅពេលព្រឹកទូលបង្គំថ្លែងពីព្រះហឫទ័យ មេត្តាករុណារបស់ព្រះអង្គ
ដ្បិតព្រះអង្គជាកំពែងការពារទូលបង្គំ និងជាជំរកនៅពេលទូលបង្គំមានអាសន្ន។
១៨ឱព្រះដ៏ជាកម្លាំងនៃទូលបង្គំអើយ ទូលបង្គំនឹងស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គ
ដ្បិតព្រះអង្គជាកំពែងការពារទូលបង្គំ ជាព្រះដែលមានព្រះហឫទ័យ មេត្តាករុណាទូលបង្គំ។
ជំពូកទី ៦០
ពាក្យទូលអង្វររបស់ប្រជាជាតិក្រោយពេលបរាជ័យ
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ បទ «ផ្កាម្លិះបន្ទាល់»។ បទចំរៀងរបស់ស្ដេច
ដាវីឌសំរាប់ប្រៀនប្រដៅ។ ២ រំលឹកពីគ្រាដែលព្រះអង្គធ្វើសឹកជាមួយជនជាតិស៊ីរី
នៅស្រុកមេសូប៉ូតាមី និងជនជាតិស៊ីរីនៅស្រុកសូបា ហើយនៅពេលដែលលោកយ៉ូអាប់
វិលមកពីច្បាំងឈ្នះទ័ពអេដុមមួយម៉ឺនពីរ ពាន់នាក់ នៅវាលទំនាបអំបិល។
៣ ឱព្រះជាម្ចាស់អើយ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ ព្រះអង្គបានធ្វើអោយយើងខ្ញុំបាក់ទ័ព
ទោះបីព្រះអង្គទ្រង់ព្រះពិរោធនឹងយើងខ្ញុំក៏ដោយ ព្រះអង្គអើយ
សូមស្រោចស្រង់យើងខ្ញុំឡើងវិញផង។
៤ ព្រះអង្គបានធ្វើអោយផែនដីរញ្ជួយ និងប្រេះចេញពីគ្នា
ឥឡូវនេះ សូមទ្រង់ផ្សារភ្ជាប់ឡើងវិញផង ព្រោះផែនដីកំពុងរង្គើ។
៥ ព្រះអង្គបានធ្វើអោយប្រជារាស្ត្ររបស់ព្រះអង្គ ជួបនឹងទុក្ខវេទនាដ៏សែនពិបាក
ព្រះអង្គបានដាក់ទោសយើងខ្ញុំ ស្ទើរតែវង្វេងស្មារតី។
៦ ព្រះអង្គប្រទានទង់ជ័យជាសញ្ញាអោយអស់អ្នក ដែលគោរពកោតខ្លាចព្រះអង្គ
អាចគេចផុតពីបរាជ័យ។ – សំរាក
៧ សូមយាងមកសង្គ្រោះយើងខ្ញុំ ដោយឫទ្ធិបារមីរបស់ព្រះអង្គ
សូមឆ្លើយតបនឹងយើងខ្ញុំផង
ដើម្បីអោយប្រជាជនជាទីស្រឡាញ់ របស់ព្រះអង្គបានរួចជីវិត។
៨ ព្រះជាម្ចាស់មានព្រះបន្ទូល ពីទីសក្ការៈរបស់ព្រះអង្គមកថា:
«យើងនឹងយកជ័យជំនះ យើងនឹងបែងចែកស្រុកស៊ីគែម
យើងនឹងវាស់ជ្រលងភ្នំស៊ូកូត ចែកប្រជារាស្ត្ររបស់យើង។
៩ កាឡាតជាទឹកដីរបស់យើង ហើយម៉ាណាសេក៏ជាទឹកដីរបស់យើងដែរ
អេប្រាអ៊ីមប្រៀបដូចជាមួកដែករបស់យើង ហើយយូដាជាដំបងរាជ្យរបស់យើង។
១០ទឹកដីម៉ូអាប់ជាកន្លែងដែលយើងលាងជើង
យើងបោះស្បែកជើងយើងលើទឹកដីអេដុម ដើម្បីបញ្ជាក់ថាយើងជាម្ចាស់លើទឹកដីនេះ។
យើងនឹងស្រែកប្រកាសសង្គ្រាមប្រឆាំងនឹងស្រុកភីលីស្ទីន!»។
១១ តើនរណាអាចនាំខ្ញុំចូលទៅ ក្នុងទីក្រុងដ៏មាំមួនបាន?
តើនរណាអាចនាំខ្ញុំចូលទៅស្រុកអេដុម?
១២ឱព្រះជាម្ចាស់អើយ! មានតែព្រះអង្គទេដែលអាចនាំយើងខ្ញុំ
ក៏ប៉ុន្តែ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ
ព្រះអង្គឈប់យាងទៅជាមួយ កងទ័ពយើងខ្ញុំទៀតហើយ។
១៣សូមជួយយើងខ្ញុំអោយប្រឆាំងតទល់ នឹងពួកសត្រូវផង
ដ្បិតការសង្គ្រោះមកពីមនុស្សលោក ឥតប្រយោជន៍អ្វីសោះ។
១៤បើព្រះជាម្ចាស់គង់នៅជាមួយយើង នោះយើងនឹងមានជ័យជំនះ
ដ្បិតព្រះអង្គនឹងបង្ក្រាបបច្ចាមិត្ត របស់យើងអោយរាប។
ជំពូកទី ៦១
ទូលបង្គំចូលចិត្តរស់នៅក្នុងដំណាក់របស់ព្រះអង្គ
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ប្រគំជាមួយតន្ត្រីដែលមានខ្សែ។
ទំនុករបស់ស្ដេចដាវីឌ។
២ ព្រះជាម្ចាស់អើយ! សូមទ្រង់ព្រះសណ្ដាប់សំរែក ទូលអង្វររបស់ទូលបង្គំ
សូមយកព្រះហឫទ័យទុកដាក់ នឹងពាក្យអធិស្ឋានរបស់ទូលបង្គំផង!។
៣ ពេលទូលបង្គំនៅទីដាច់ស្រយាល ហើយអស់សង្ឃឹម ទូលបង្គំស្រែករកព្រះអង្គ
សូមដឹកនាំទូលបង្គំទៅកាន់ថ្មដា ដែលទូលបង្គំមិនអាចទៅដល់ដោយខ្លួនឯង!។
៤ ព្រះអង្គជាទីជំរករបស់ទូលបង្គំ និងជាប៉មមួយដ៏រឹងមាំតទល់នឹងខ្មាំងសត្រូវ។
៥ ទូលបង្គំចង់រស់នៅក្នុងព្រះពន្លា របស់ព្រះអង្គរហូតតទៅ
ទូលបង្គំនឹងជ្រកកោនក្រោមម្លប់ ព្រះបារមីរបស់ព្រះអង្គ។ – សំរាក
៦ ឱព្រះជាម្ចាស់អើយ ព្រះអង្គតែងតែព្រះសណ្ដាប់ ពាក្យអង្វររបស់ទូលបង្គំជានិច្ច
ព្រះអង្គប្រទានមកទូលបង្គំនូវមត៌ក ដែលព្រះអង្គបម្រុងទុក
សំរាប់អស់អ្នក ដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ។
៧ សូមប្រទានអោយព្រះរាជា មានព្រះជន្មាយុយឺនយូរ
សូមអោយព្រះជន្មាយុរបស់ព្រះរាជា ស្ថិតនៅជាច្រើនតំណតរៀងទៅ!
៨ សូមអោយព្រះរាជាបានគ្រងរាជ្យ នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់រហូតតទៅ!
ព្រះអម្ចាស់អើយ សូមថែរក្សាព្រះរាជា
ដោយព្រះហឫទ័យមេត្តាករុណា ដ៏ស្មោះស្ម័គ្ររបស់ព្រះអង្គ!
៩ ទូលបង្គំនឹងស្មូត្រទំនុកតម្កើងសរសើរ ព្រះនាមព្រះអង្គជារៀងរាល់ថ្ងៃ ឥតឈប់ឈរ
ស្របតាមពាក្យដែលទូលបង្គំ បានសន្យាចំពោះព្រះអង្គ!។
ជំពូកទី ៦២
នៅជិតព្រះអង្គខ្ញុំមានសេចក្ដីសុខសាន្ត
១ បទពីសៀវភៅរបស់គ្រូចំរៀង។ សំរាប់លោកយេឌូទូន។
ទំនុករបស់ស្ដេចដាវីឌ។
២ មានតែនៅក្បែរព្រះជាម្ចាស់ទេ ដែលចិត្តខ្ញុំបានស្ងប់
ព្រោះព្រះអង្គសង្គ្រោះខ្ញុំ។
៣ ព្រះអង្គតែមួយគត់ជាថ្មដា ជាព្រះសង្គ្រោះខ្ញុំ
ព្រះអង្គជាកំពែងដ៏រឹងមាំ ដូច្នេះ ខ្ញុំនឹងមិនត្រូវបរាជ័យឡើយ។
៤ តើអ្នករាល់គ្នាចោមរោមវាយ ប្រហារមនុស្សតែម្នាក់ដូច្នេះដល់កាលណា?
អ្នករាល់គ្នារកប្រហារជីវិតមនុស្ស
ដូចគេចង់រំលំកំពែងទ្រុឌទ្រោម និងផ្ដួលរបងដែលជិតរលំឬ?
៥ អ្នករាល់គ្នាចង់អោយតែអ្នកនោះ បាត់បង់យសស័ក្ដិ អ្នករាល់គ្នាចូលចិត្តកុហក
មាត់អ្នករាល់គ្នាអោយពរ តែចិត្តអ្នករាល់គ្នាបែរជាដាក់បណ្ដាសាវិញ។ – សំរាក
៦ ពិតមែនហើយ មានតែនៅក្បែរព្រះជាម្ចាស់ទេ ដែលចិត្តខ្ញុំបានស្ងប់
ដ្បិតព្រះអង្គជាទីសង្ឃឹមរបស់ខ្ញុំ។
៧ ព្រះអង្គតែមួយគត់ជាថ្មដា ជាព្រះសង្គ្រោះខ្ញុំ
ព្រះអង្គជាកំពែងដ៏រឹងមាំ ដូច្នេះ ខ្ញុំនឹងមិនត្រូវបរាជ័យឡើយ។
៨ ការសង្គ្រោះ និងសិរីរុងរឿងរបស់ខ្ញុំ ស្ថិតនៅលើព្រះជាម្ចាស់ទាំងស្រុង
ព្រះជាម្ចាស់ជាថ្មដាដ៏រឹងមាំ និងជាទីជំរករបស់ខ្ញុំ។
៩ ប្រជាជនអើយ ចូរនាំគ្នាផ្ញើជីវិត លើព្រះអង្គ គ្រប់ពេលវេលាទៅ
ចូរទូលថ្វាយព្រះអង្គ ពីទុក្ខកង្វល់របស់អ្នករាល់គ្នា ដ្បិតព្រះជាម្ចាស់ជាជំរករបស់យើង។
១០ មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ មនុស្សលោកគ្មានតម្លៃអ្វីសោះ
ប្រសិនបើយើងថ្លឹងមនុស្សទាំងអស់លើជញ្ជីងមួយ នោះស្រាលជាងមួយដង្ហើមទៅទៀត។
១១មិនត្រូវទុកចិត្តលើអំពើហិង្សាឡើយ ហើយកុំសង្ឃឹមលើការលួចប្លន់ដែរ។
ប្រសិនបើទ្រព្យសម្បត្តិអ្នករាល់គ្នាកើនចំនួន ច្រើនឡើង មិនត្រូវជំពាក់ចិត្តឡើយ។
១២ខ្ញុំឮព្រះជាម្ចាស់មានព្រះបន្ទូល មួយលើកជាពីរលើកថា
ឫទ្ធិអំណាចស្ថិតនៅលើព្រះអង្គទាំងអស់
១៣ក៏ប៉ុន្តែ ព្រះអម្ចាស់អើយ ព្រះអង្គប្រកបដោយព្រះហឫទ័យមេត្តាករុណា
ព្រះអង្គនឹងតបស្នងអោយមនុស្សម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។
ជំពូកទី ៦៣
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រសើរលើសជីវិតទៅទៀត
១ ទំនុករបស់ស្ដេចដាវីឌ នៅគ្រាដែលទ្រង់គង់នៅវាលរហោស្ថានស្រុកយូដា។
២ ឱព្រះជាម្ចាស់អើយ! ព្រះអង្គពិតជាព្រះនៃទូលបង្គំមែន ទូលបង្គំស្វែងរកព្រះអង្គ
ទូលបង្គំចង់នៅក្បែរព្រះអង្គណាស់ ទូលបង្គំចង់នៅជាប់ជាមួយព្រះអង្គ
ដូចដីដ៏ស្ងួតបែកក្រហែងត្រូវការទឹក។
៣ ទូលបង្គំបានឃើញព្រះអង្គនៅក្នុងទីសក្ការៈ
ទូលបង្គំបានឃើញឫទ្ធានុភាព និងសិរីរុងរឿងរបស់ព្រះអង្គ
៤ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រសើរលើសជីវិតទៅទៀត
ទូលបង្គំនឹងពោលពាក្យសរសើរតម្កើង សិរីរុងរឿងព្រះអង្គ។
៥ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ អស់មួយជីវិតទូលបង្គំ
ហើយទូលបង្គំនឹងលើកដៃឡើង ថ្វាយបង្គំព្រះនាមព្រះអង្គ។
៦ ទូលបង្គំនឹងបានសប្បាយ មានសុខដុមរមនា
ហើយទូលបង្គំនឹងបន្លឺសំឡេងឡើង ច្រៀងសរសើរតម្កើងព្រះអង្គ។
៧ ពេលទូលបង្គំចូលដំណេក ទូលបង្គំនឹកដល់ព្រះអង្គ
ហើយពេញមួយយប់ ទូលបង្គំរិះគិតអំពីព្រះអង្គ
៨ ដ្បិតព្រះអង្គជួយទូលបង្គំ ទូលបង្គំច្រៀងយ៉ាងសប្បាយ ក្រោមម្លប់បារមីព្រះអង្គ។
៩ ចិត្តគំនិតទូលបង្គំ នៅជាប់ជំពាក់នឹងព្រះអង្គជានិច្ច
ព្រះអង្គគាំទ្រទូលបង្គំ ដោយព្រះចេស្ដារបស់ព្រះអង្គ។
១០ រីឯអស់អ្នកដែលស្វែងរកបំផ្លាញជីវិតទូលបង្គំ
សូមអោយគេធ្លាក់ទៅក្នុងរណ្ដៅដ៏ជ្រៅ។
១១សូមអោយគេត្រូវស្លាប់ដោយមុខដាវ
សូមអោយគេបានទៅជាចំណីរបស់ចចក។
១២ពេលនោះ ព្រះរាជានឹងមានអំណរ ដោយព្រះនាមព្រះជាម្ចាស់
អ្នកណាស្បថក្នុងព្រះនាមព្រះជាម្ចាស់ អ្នកនោះនឹងលើកតម្កើងព្រះអង្គ
រីឯអ្នកដែលចូលចិត្តនិយាយកុហក នឹងត្រូវបាត់មាត់សូន្យឈឹងទៅ។
ជំពូកទី ៦៤
ព្រះអម្ចាស់ដាក់ទោសមនុស្សពោលពាក្យទុច្ចរិត
១ បទពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ស្ដេចដាវីឌ។
២ ឱព្រះជាម្ចាស់អើយ សូមទ្រង់ព្រះសណ្ដាប់ទំនួញ របស់ទូលបង្គំ!
ទូលបង្គំភ័យខ្លាចខ្មាំងសត្រូវណាស់ សូមការពារជីវិតទូលបង្គំផង!។
៣ សូមការពារទូលបង្គំអោយរួចផុត ពីការឃុបឃិតរបស់មនុស្សអាក្រក់
និងអោយទូលបង្គំបានរួចផុត ពីកណ្ដាប់ដៃរបស់ពួកមនុស្សពាល។
៤ គេប្រើពាក្យសំដី ដូចដាវដ៏មុត ពួកគេចោលពាក្យសំដី ដូចគេចោលលំពែង។
៥ ពួកគេលួចប្រហារមនុស្សទៀងត្រង់
គឺគេប្រហារមិនអោយដឹងខ្លួន ហើយពួកគេមិនខ្លាចក្រែងអ្វីឡើយ។
៦ ពួកគេនិយាយលើកទឹកចិត្តគ្នា អោយប្រព្រឹត្តអំពើអាក្រក់
ពួកគេគិតគ្នាពីការលបដាក់អន្ទាក់ ចាំចាប់អ្នកដទៃទាំងពោលថា «គ្មាននរណាឃើញទេ!»។
៧ គេនាំគ្នាបង្កអំពើទុច្ចរិតទាំងពោលថា៖
«ឥឡូវនេះយើងរៀបចំផែនការ របស់យើងយ៉ាងល្អរួចរាល់ហើយ!»។
គ្មាននរណាអាចយល់គំនិតអប្រិយ នៅក្នុងជំរៅចិត្តរបស់មនុស្សបានទេ!
៨ ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងប្រហារពួកគេ ដោយមិនអោយដឹងខ្លួនជាមុន ពួកគេក៏របួសដួល។
៩ ពាក្យសំដីរបស់ពួកគេបានធ្វើអោយខ្លួនវិនាស
អស់អ្នកដែលឃើញពួកគេ នឹងនាំគ្នាគ្រវីក្បាល។
១០ មនុស្សលោកទាំងអស់នឹងនាំគ្នាកោតស្ញប់ស្ញែង
គេប្រកាសពីស្នាព្រះហស្ដរបស់ព្រះអង្គ គេយល់អំពីកិច្ចការដែលព្រះអង្គបានធ្វើ។
១១សូមអោយមនុស្សសុចរិតមានអំណរសប្បាយ ដោយសារព្រះអម្ចាស់
ហើយនាំគ្នាមកជ្រកកោនជាមួយព្រះអង្គ
សូមអោយអស់អ្នកដែលមានចិត្តទៀងត្រង់ លើកតម្កើងព្រះអង្គ។
ជំពូកទី ៦៥
ព្រះជាម្ចាស់អើយ យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គ
១ បទពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ស្ដេចដាវីឌ។
ចំរៀងតម្កើងព្រះជាម្ចាស់។
២ ឱព្រះជាម្ចាស់អើយ យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គ នៅក្រុងស៊ីយ៉ូន
ហើយថ្វាយតង្វាយ តាមពាក្យដែលយើងខ្ញុំ បានសន្យាចំពោះព្រះអង្គ។
៣ ព្រះអង្គតែងតែស្ដាប់ពាក្យទូលអង្វរ របស់មនុស្សលោកជានិច្ច
ពួកគេនឹងមករកព្រះអង្គទាំងអស់គ្នា។
៤ កំហុសរបស់ទូលបង្គំធ្ងន់ធ្ងរណាស់
មានតែព្រះអង្គទេ ដែលលើកលែងទោសអោយយើងខ្ញុំបាន។
៥ មានសុភមង្គលហើយអស់អ្នក ដែលព្រះអង្គជ្រើសរើស
ហើយនាំចូលមករស់នៅក្នុងទីសក្ការៈរបស់ព្រះអង្គ។
យើងខ្ញុំនឹងស្កប់ចិត្តដោយបានទទួលព្រះពរ នៅក្នុងព្រះដំណាក់របស់ព្រះអង្គ
គឺនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ។
៦ ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះយើងខ្ញុំអើយ ព្រះអង្គប្រកបដោយសេចក្ដីសុចរិត
ព្រះអង្គបានឆ្លើយតបមកយើងខ្ញុំ ដោយសំដែងឫទ្ធិបារមី គួរអោយស្ញែងខ្លាច
ប្រជាជននានាដែលរស់នៅទីឆ្ងាយដាច់ស្រយាល នៃផែនដី និងនៅខាងនាយសមុទ្រ
នឹងនាំគ្នាផ្ញើជីវិតលើព្រះអង្គ!
៧ ព្រះអង្គបានពង្រឹងភ្នំទាំងឡាយអោយរឹងមាំ ដោយសារព្រះចេស្ដារបស់ព្រះអង្គ
ព្រះអង្គប្រកបទៅដោយឫទ្ធានុភាព។
៨ ព្រះអង្គបានធ្វើអោយសន្ធឹករលកសមុទ្រ ដ៏គគ្រឹកគគ្រេងបានស្ងប់ឈឹង
ព្រះអង្គក៏បានធ្វើអោយសំឡេង ដ៏អឺងកងរបស់ប្រជាជន ទាំងឡាយបានស្ងប់ស្ងៀមដែរ។
៩ អស់អ្នកដែលរស់នៅទីដាច់ស្រយាល នៃផែនដីនឹងនាំគ្នាស្ញែងខ្លាច
ដោយឃើញទីសំគាល់ដ៏អស្ចារ្យរបស់ព្រះអង្គ
ព្រះអង្គបានធ្វើអោយប្រជាជន ដែលរស់នៅទិសខាងកើត និងទិសខាងលិច
មានអំណរសប្បាយដ៏លើសលប់។
១០ ព្រះអង្គថែទាំផែនដី ដោយប្រទានអោយផែនដីមានទឹកដ៏បរិបូណ៌
ព្រះអង្គប្រទានអោយផែនដីមានភោគផល ដ៏សម្បូណ៌ហូរហៀរ
ជ្រលងដងអូរបស់ព្រះអង្គ មានពោរពេញទៅដោយទឹក
ព្រះអង្គប្រទានស្រូវអោយមនុស្សលោក ដោយរៀបចំដូចតទៅនេះ
១១គឺព្រះអង្គស្រោចស្រពស្រែចំការ ព្រះអង្គធ្វើអោយដីដាំដំណាំបានរាបស្មើ
ព្រះអង្គបានធ្វើអោយទឹកភ្លៀង ដក់នៅតាមវាលស្រែ
ហើយព្រះអង្គប្រទានពរអោយគ្រាប់ពូជ ទាំងឡាយដុះឡើង។
១២នៅរដូវចំរូតព្រះអង្គប្រទានស្រូវ ដែលជាព្រះអំណោយទានដ៏សប្បុរសបំផុត។
ទីណាដែលព្រះអង្គយាងទៅ ទីនោះមានភោគផលដ៏ហូរហៀរ។
១៣រីឯនៅវាលរហោស្ថាន ក៏មានស្មៅដ៏បរិបូណ៌
ហើយនៅតាមភ្នំនានា ក៏មានពោរពេញទៅដោយអំណរដែរ។
១៤វាលស្មៅពោរពេញទៅដោយហ្វូងចៀម ជ្រលងភ្នំពោរពេញទៅដោយស្រូវ
អ្វីៗសព្វសារពើបន្លឺសំឡេងច្រៀងឡើង ដោយអំណរដ៏លើសលប់!។
ជំពូកទី ៦៦
ព្រះជាម្ចាស់បានរំដោះយើង
១ បទពីសៀវភៅរបស់គ្រូចំរៀង។ ចំរៀងតម្កើងព្រះជាម្ចាស់។ ទំនុកតម្កើង។
ប្រជាជននៅផែនដីទាំងមូលអើយ ចូរនាំគ្នាស្រែកជយឃោស ថ្វាយព្រះជាម្ចាស់!
២ ចូរស្មូត្រទំនុកតម្កើង ថ្វាយសិរីរុងរឿងព្រះនាមព្រះអង្គ
ចូរនាំគ្នាសរសើរ លើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ!
៣ ចូរទូលព្រះអង្គថា: ព្រះជាម្ចាស់អើយ ស្នាព្រះហស្ដរបស់ព្រះអង្គ គួរអោយស្ញែងខ្លាចណាស់!
ពួកខ្មាំងសត្រូវរបស់ព្រះអង្គនាំគ្នាលុតក្រាប ដោយឃើញព្រះចេស្ដាដ៏ធំធេងរបស់ព្រះអង្គ។
៤ មនុស្សម្នានៅផែនដីទាំងមូល ក្រាបថ្វាយបង្គំព្រះអង្គ ហើយនាំគ្នាស្មូត្រទំនុកតម្កើងព្រះអង្គ
គេស្មូត្រទំនុកតម្កើងថ្វាយព្រះនាមព្រះអង្គ។ – សំរាក
៥ ចូរនាំគ្នាមករំពៃមើលស្នាព្រះហស្ដ របស់ព្រះជាម្ចាស់!
កិច្ចការដែលព្រះអង្គធ្វើចំពោះមនុស្សលោក គួរអោយស្ញែងខ្លាចណាស់។
៦ ព្រះអង្គបានធ្វើអោយទឹកសមុទ្ររីង ទៅជាដីគោក ដើម្បីអោយប្រជាជនដើរឆ្លង។
ដោយព្រះអង្គធ្វើការដ៏អស្ចារ្យនោះ យើងមានអំណរសប្បាយយ៉ាងខ្លាំង។
៧ ព្រះអង្គគ្រងរាជ្យអស់កល្បជានិច្ច ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ
ព្រះអង្គពិនិត្យមើលប្រជាជាតិទាំងឡាយ
ដើម្បីកុំអោយពួកបះបោរ អាចក្រោកឡើងបានឡើយ! – សំរាក
៨ ប្រជាជនទាំងឡាយអើយ ចូរនាំគ្នាសរសើរតម្កើងព្រះនៃយើង
ចូរបន្លឺសំឡេងសរសើរតម្កើងព្រះអង្គ!
៩ ព្រះអង្គប្រទានអោយយើងមានជីវិត
ហើយព្រះអង្គមិនបណ្ដោយ អោយយើងភ្លាត់ដួលឡើយ។
១០ ឱព្រះជាម្ចាស់អើយ! ព្រះអង្គបានល្បងលមើលចិត្តយើងខ្ញុំ
ព្រះអង្គបានលត់ដំយើងខ្ញុំ ដូចគេបន្សុទ្ធប្រាក់។
១១ ព្រះអង្គបាននាំយើងខ្ញុំអោយជួបនឹងទុក្ខលំបាក
ព្រះអង្គបានធ្វើអោយយើងខ្ញុំវេទនាជាច្រើនដែរ។
១២ ព្រះអង្គបណ្ដោយអោយសត្រូវ បំបោលសេះពីលើក្បាលយើងខ្ញុំ
យើងខ្ញុំបានឆ្លងកាត់ភ្លើង ឆ្លងកាត់ទឹក ប៉ុន្តែ ព្រះអង្គបាននាំយើងខ្ញុំអោយចេញរួច
ហើយប្រទានអោយយើងខ្ញុំ បានសម្បូណ៌ហូរហៀរ។
១៣ ទូលបង្គំចូលមកក្នុងព្រះដំណាក់របស់ព្រះអង្គ
ទាំងនាំតង្វាយដុតយកមកថ្វាយព្រះអង្គ ដូចទូលបង្គំបានសន្យា
១៤ គឺស្របតាមពាក្យដែលទូលបង្គំ បានទូលព្រះអង្គ នៅពេលមានអាសន្ន។
១៥ ទូលបង្គំយកសត្វដ៏ធាត់ៗ គឺពពែឈ្មោល គោឈ្មោល និងចៀមឈ្មោល មកថ្វាយជាតង្វាយ
ហើយក្លិននៃយញ្ញបូជានេះសាយភាយ ឡើងទៅកាន់ព្រះអង្គ។ – សំរាក
១៦ អ្នកទាំងអស់គ្នាដែលគោរពកោតខ្លាច ព្រះជាម្ចាស់អើយ សូមអញ្ជើញមកស្ដាប់
ខ្ញុំនឹងរៀបរាប់អំពីកិច្ចការ ដែលព្រះអង្គបានធ្វើចំពោះខ្ញុំ។
១៧ ខ្ញុំបានស្រែកអង្វររកព្រះអង្គ ទាំងពោលពាក្យលើកតម្កើងព្រះអង្គទៀតផង
១៨ ប្រសិនបើខ្ញុំមានគំនិតទុច្ចរិត ព្រះអម្ចាស់មុខជាមិនស្ដាប់ខ្ញុំឡើយ
១៩ ក៏ប៉ុន្តែ ព្រះជាម្ចាស់ស្ដាប់ពាក្យខ្ញុំ
ព្រះអង្គយកព្រះហឫទ័យទុកដាក់ នឹងសំរែកទូលអង្វររបស់ខ្ញុំ
២០ សូមលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គពុំបាន បដិសេធពាក្យទូលអង្វររបស់ខ្ញុំទេ
ហើយព្រះអង្គមានព្រះហឫទ័យ មេត្តាករុណាចំពោះខ្ញុំជានិច្ច!។
ជំពូកទី ៦៧
សូមអោយប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះជាម្ចាស់
១ បទពីសៀវភៅរបស់គ្រូចំរៀង។ ប្រគំជាមួយតូរ្យតន្ត្រីដែលមានខ្សែ។
ទំនុកតម្កើង។ ចំរៀងតម្កើងព្រះជាម្ចាស់។
២ ឱព្រះជាម្ចាស់អើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ
សូមទតមកយើងខ្ញុំដោយ ព្រះហឫទ័យសប្បុរសផង! – សំរាក
៣ ដូច្នេះ មនុស្សនៅលើផែនដី នឹងស្គាល់មាគ៌ារបស់ព្រះអង្គ
ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ!
៤ ឱព្រះជាម្ចាស់អើយ សូមអោយប្រជាជន ទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមអោយប្រជាជនទាំងអស់រួមគ្នា លើកតម្កើងព្រះអង្គ!
៥ មហាជននាំគ្នាសប្បាយរីករាយ នាំគ្នាស្រែកជយឃោស
ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ត្រនានា ដោយយុត្តិធម៌
ហើយព្រះអង្គដឹកនាំមហាជនទាំងឡាយ នៅលើផែនដី។ – សំរាក
៦ ឱព្រះជាម្ចាស់អើយ សូមអោយប្រជាជនទាំងឡាយ នាំគ្នាលើកតម្កើងព្រះអង្គ
សូមអោយប្រជាជនទាំងអស់រួមគ្នា លើកតម្កើងព្រះអង្គ!
៧ ផែនដីបានបង្កើតភោគផល ព្រោះព្រះជាម្ចាស់
ជាព្រះនៃយើងបានប្រទានពរអោយយើង។
៨ សូមព្រះជាម្ចាស់ប្រទានពរអោយយើង
សូមអោយប្រជាជនទាំងប៉ុន្មាន ដែលរស់នៅទីដាច់ស្រយាលនៃផែនដី
គោរពកោតខ្លាចព្រះអង្គ!
ជំពូកទី ៦៨
បទតម្កើងព្រះជាម្ចាស់ដ៏មានជ័យជំនះ
១ បទពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ស្ដេចដាវីឌ។
ចំរៀងតម្កើងព្រះជាម្ចាស់។
២ ពេលព្រះជាម្ចាស់ក្រោកឡើង ខ្មាំងសត្រូវរបស់ព្រះអង្គបាក់ទ័ព
ហើយអស់អ្នកដែលស្អប់ព្រះអង្គ នឹងនាំគ្នារត់ចេញពីព្រះភក្ត្ររបស់ព្រះអង្គ។
៣ ព្រះអង្គនឹងធ្វើអោយពួកគេ រលាយសូន្យទៅដូចជាផ្សែង
ហើយមនុស្សអាក្រក់នឹងរលាយសូន្យ បាត់ពីព្រះភក្ត្រព្រះអង្គ ដូចក្រមួនត្រូវថ្ងៃ។
៤ រីឯមនុស្សសុចរិតវិញនឹងបានរីករាយ
គេនឹងអរសប្បាយឥតឧបមា នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់
គេមានអំណរសប្បាយយ៉ាងខ្លាំង។
៥ ចូរច្រៀងតម្កើងព្រះជាម្ចាស់ ចូរស្មូត្រទំនុកតម្កើងព្រះនាមព្រះអង្គ!
ចូរត្រួសត្រាយផ្លូវថ្វាយព្រះអង្គ ដែលជិះសេះកាត់អាកាសវេហាស៍!
ព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់។
ចូរនាំគ្នាអរសប្បាយឥតឧបមា នៅចំពោះព្រះភក្ត្រព្រះអង្គ!
៦ ព្រះជាម្ចាស់ដែលគង់នៅក្នុងព្រះដំណាក់ដ៏វិសុទ្ធ*
ព្រះអង្គជាឪពុករបស់ក្មេងកំព្រា ព្រះអង្គរកយុត្តិធម៌អោយស្ត្រីមេម៉ាយ។
៧ ព្រះជាម្ចាស់ប្រទានគ្រួសារអោយមនុស្សឯកោ
ព្រះអង្គនាំអ្នកជាប់ឃុំឃាំង អោយមានសេរីភាពពេញទី
រីឯជនបះបោរវិញ គេនឹងទៅរស់នៅក្នុងទីហួតហែង។
៨ បពិត្រព្រះជាម្ចាស់ ពេលព្រះអង្គនាំមុខប្រជារាស្ត្ររបស់ព្រះអង្គ
ពេលព្រះអង្គយាងនៅវាលរហោស្ថាន – សំរាក
៩ ផែនដីរញ្ជួយ ផ្ទៃមេឃក៏បង្អុរភ្លៀង ចុះមកយ៉ាងខ្លាំងនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់
ជាព្រះរបស់អ៊ីស្រាអែល ដូចគ្រានៅភ្នំស៊ីណៃដែរ។
១០ ឱព្រះជាម្ចាស់អើយ! ព្រះអង្គបានប្រោសប្រទានភ្លៀងដ៏ត្រជាក់ត្រជុំ
មកលើទឹកដីដ៏ហួតហែងរបស់ព្រះអង្គ
ដើម្បីអោយប្រជារាស្ត្ររបស់ព្រះអង្គ បានរស់រានឡើងវិញ។
១១ប្រជារាស្ត្ររបស់ព្រះអង្គបានតាំងទីលំនៅ លើទឹកដីនោះ
ដោយព្រះអង្គសំដែងព្រះហឫទ័យសប្បុរស ចំពោះពួកគេដែលជាជនកំសត់ទុគ៌ត។
១២ពេលព្រះអម្ចាស់ចេញបញ្ជា
ពួកស្ត្រីដែលប្រៀបបាននឹងកងទ័ពមួយយ៉ាងធំ នាំគ្នាចេញទៅប្រកាសដំណឹងថា:
១៣ស្ដេចនានាបាក់ទ័ពរត់ ទៅជាមួយពលទាហានរបស់ខ្លួន។
ស្ត្រីៗដែលនៅក្នុងផ្ទះនាំគ្នាចែកជយភ័ណ្ឌ។
១៤រីឯអ្នករាល់គ្នា ហេតុអ្វីបានជាអ្នករាល់គ្នា នៅសំរាកក្នុងជំរំដូច្នេះទៅវិញ?
មើល៍! សូម្បីតែសត្វព្រាបក៏មានប្រាក់ ជាប់ពេញស្លាបវាដែរ
ហើយរោមវាចាំងចែងទៅដោយមាស។
១៥នៅពេលព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ធ្វើអោយស្ដេចនានាបាក់ទ័ព
នោះក៏មានព្រឹលធ្លាក់មកលើភ្នំសាលម៉ូនដែរ។
១៦ភ្នំបាសានជាភ្នំដ៏សក្ការៈមួយ ភ្នំបាសានជាភ្នំដែលមានកំពូលយ៉ាងច្រើន។
១៧ហេតុអ្វីបានជាភ្នំដែលមានកំពូលច្រើន
ច្រណែននឹងភ្នំដែលព្រះជាម្ចាស់ជ្រើសរើស សំរាប់គង់នៅ?
ពិតមែនហើយ ព្រះអម្ចាស់នឹងគង់នៅលើភ្នំនេះរហូតតទៅ។
១៨ទ័ពសេះរបស់ព្រះជាម្ចាស់ មានចំនួនរាប់លានរាប់កោដិ
ព្រះអង្គគង់ជាមួយពួកគេនៅភ្នំស៊ីណៃ ជាទីសក្ការៈរបស់ព្រះអង្គ។
១៩ព្រះអង្គយាងឡើងទៅស្ថានខ្ពស់ ទាំងនាំអ្នកទោសទៅជាមួយ
ព្រះអង្គបានទទួលតង្វាយផ្សេងៗពីមនុស្សលោក
សូម្បីតែមនុស្សប្រឆាំងនឹងព្រះអង្គ ក៏ព្រះអង្គទទួលពីគេដែរ
ហើយព្រះជាអម្ចាស់គង់នៅទីនោះ!។
២០សូមសរសើរតម្កើងព្រះអម្ចាស់ជារៀងរាល់ថ្ងៃ
ដ្បិតព្រះអង្គតែងតែជួយគាំទ្រ និងសង្គ្រោះយើង។ – សំរាក
២១ ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់យើង
ព្រះជាអម្ចាស់អាចជួយយើង អោយរួចផុតពីសេចក្ដីស្លាប់។
២២ខ្មាំងសត្រូវទុកសក់វែង ដើម្បីធ្វើចំបាំងសាសនា
ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងកំទេចក្បាល របស់ជនទុច្ចរិតទាំងនោះ។
២៣ព្រះអម្ចាស់មានព្រះបន្ទូលថា «យើងនឹងនាំពួកគេពីភ្នំបាសាន
យើងនឹងនាំពួកគេឡើងពីបាតសមុទ្រមក
២៤ដើម្បីអោយអ្នករាល់គ្នាដើរ លុយក្នុងឈាម
របស់ពួកគេ ហើយឆ្កែនឹងនាំគ្នាលិទ្ធឈាម របស់ខ្មាំងសត្រូវទាំងនោះដែរ»។
២៥ឱព្រះជាម្ចាស់អើយ មនុស្សម្នាបានឃើញក្បួនជ័យជំនះរបស់ព្រះអង្គ
ក្បួនជ័យជំនះរបស់ព្រះជាម្ចាស់ ជាព្រះមហាក្សត្ររបស់ខ្ញុំ ចូលទៅក្នុងទីសក្ការៈ
២៦មានអ្នកចំរៀងដើរនៅខាងមុខ និងអ្នកភ្លេងដើរនៅខាងក្រោយ
ហើយនៅកណ្ដាលមានពួកយុវនារី នាំគ្នាវាយក្រាប់។
២៧ចូរសរសើរតម្កើងព្រះជាម្ចាស់នៅក្នុងអង្គប្រជុំ
សូមអោយអស់អ្នកដែលជាពូជពង្ស របស់អ៊ីស្រាអែលនាំគ្នាសរសើរតម្កើងព្រះអង្គ!
២៨គឺចាប់ពីកុលសម្ព័ន្ធបេនយ៉ាមីនដែលតូចជាងគេ
បន្ទាប់មក អ្នកដឹកនាំនៃកុលសម្ព័ន្ធយូដា ដែលមានសម្លៀកបំពាក់យ៉ាងល្អប្រណីត
រួចហើយអ្នកដឹកនាំនៃកុលសម្ព័ន្ធសាប់យូឡូន និងកុលសម្ព័ន្ធណែបថាលី។
២៩ព្រះជាម្ចាស់សព្វព្រះហឫទ័យ អោយអ្នកមានកម្លាំងខ្លាំងពូកែ។
ឱព្រះជាម្ចាស់អើយ សូមបង្ហាញឫទ្ធានុភាពរបស់ព្រះអង្គ ដូចព្រះអង្គតែងតែជួយយើងខ្ញុំ
៣០ពីព្រះដំណាក់របស់ព្រះអង្គ ដែលស្ថិតនៅលើក្រុងយេរូសាឡឹម
ជាកន្លែងដែលស្ដេចនានា នាំគ្នាយកតង្វាយមកថ្វាយព្រះអង្គ។
៣១សូមព្រះអង្គគំរាមកំហែងស្រុកអេស៊ីប ពួកគេជាសត្វធាតុរស់នៅតាមដើមត្រែង
ពួកគេជាមេដឹកនាំលើស្រុកនានា ដូចហ្វូងគោឡើងក និងកូនរបស់វា។
ពួកគេនឹងមកចុះចូលព្រះអង្គ ដោយយកប្រាក់មកជាតង្វាយ។
សូមធ្វើអោយជនជាតិទាំងនោះ ដែលចូលចិត្តច្បាំងវិនាសខ្ចាត់ខ្ចាយទៅ។
៣២ជនជាតិអេស៊ីបនឹងចាត់ទូតមកជនជាតិអេត្យូពី នឹងលើកដៃស្វែងរកព្រះជាម្ចាស់។
៣៣នគរនានានៅលើផែនដីអើយ ចូរច្រៀងតម្កើងព្រះជាម្ចាស់
ចូរប្រគំភ្លេងថ្វាយព្រះអង្គ។ – សំរាក
៣៤ព្រះអង្គគង់លើព្រះរាជរថឡើងខ្ពស់ជាងផ្ទៃមេឃ ដ៏ស្ថិតស្ថេរអស់កល្បជានិច្ចទៅទៀត
ព្រះអង្គបន្លឺព្រះសូរសៀងយ៉ាងរន្ទឺខ្ទរខ្ទារ។
៣៥ចូរប្រកាសថាព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាព
ព្រះអង្គគ្រងរាជ្យលើអ៊ីស្រាអែល យ៉ាងថ្កុំថ្កើងរុងរឿង
អាកាសវេហាស៍សំដែង អំពីឫទ្ធានុភាពរបស់ព្រះអង្គ។
៣៦នៅក្នុងទីសក្ការៈរបស់ព្រះអង្គ ឱព្រះជាម្ចាស់អើយ ព្រះអង្គគួរអោយស្ញែងខ្លាចណាស់
ព្រះអង្គជាព្រះរបស់ជនជាតិអ៊ីស្រាអែល
ព្រះអង្គប្រទានអោយប្រជារាស្ត្រ របស់ព្រះអង្គមានកម្លាំង និងអំណាច
សូមសរសើរតម្កើងព្រះអង្គ!
ជំពូកទី ៦៩
ទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គណាស់
១ បទពីសៀវភៅរបស់គ្រូចំរៀង។ បទ «ផ្កាម្លិះ»។
ទំនុករបស់ស្ដេចដាវីឌ។
២ ឱព្រះជាម្ចាស់អើយ សូមសង្គ្រោះទូលបង្គំផង
ទឹកឡើងដល់ច្រមុះទូលបង្គំហើយ!។
៣ ទូលបង្គំកាន់តែផុងខ្លួនទៅៗ ពុំមានអ្វីដែលទូលបង្គំអាចតោងបានឡើយ
ទូលបង្គំលិចចុះទៅក្នុងទឹក ហើយទឹកក៏ហូរនាំយកទូលបង្គំទៅ។
៤ ទូលបង្គំលែងមានកម្លាំងស្រែកហៅ អោយគេជួយទៀតហើយ
ព្រោះទូលបង្គំស្រែករហូតដល់ស្ងួតបំពង់ក
ឱព្រះនៃទូលបង្គំអើយ ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គរហូតដល់ផ្សាភ្នែក។
៥ អ្នកដែលស្អប់ទូលបង្គំដោយឥតមូលហេតុ មានគ្នាច្រើនជាងសក់ក្បាល របស់ទូលបង្គំទៅទៀត
ពួកមេបំផ្លាញទាំងនោះមានកម្លាំងខ្លាំងណាស់ ពួកគេរកព្យាបាទទូលបង្គំទាំងយល់ច្រឡំ
តើអោយទូលបង្គំសងទៅគេវិញដូចម្ដេចកើត បើទូលបង្គំមិនបានយករបស់នោះសោះ!
៦ ឱព្រះជាម្ចាស់អើយ ព្រះអង្គជ្រាបនូវអំពើលេលា របស់ទូលបង្គំស្រាប់ហើយ
ទោសពៃរ៍របស់ទូលបង្គំ ពុំអាចលាក់កំបាំងនឹងព្រះអង្គបានទេ។
៧ ឱព្រះអម្ចាស់ ឱព្រះអម្ចាស់នៃពិភពទាំងមូលអើយ
សូមកុំអោយអស់អ្នកដែលផ្ញើជីវិត លើព្រះអង្គត្រូវអាម៉ាស់ ព្រោះតែទូលបង្គំ
ឱព្រះនៃជនជាតិអ៊ីស្រាអែលអើយ
សូមកុំអោយអស់អ្នកដែលស្វែងរកព្រះអង្គ ត្រូវបាក់មុខ ព្រោះតែទូលបង្គំ!
៨ ដ្បិតទូលបង្គំទ្រាំទ្រអោយគេជេរប្រមាថ
ទូលបង្គំសុខចិត្តអាម៉ាស់មុខ ព្រោះតែព្រះអង្គ។
៩ ញាតិសន្ដានរបស់ទូលបង្គំចាត់ទុកទូលបង្គំ ដូចជនដទៃ
បងប្អូនបង្កើតរបស់ទូលបង្គំចាត់ទុកទូលបង្គំ ដូចជនបរទេស។
១០មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គ បានជាគេប្រហារជីវិតទូលបង្គំ
ពាក្យត្មះតិះដៀលរបស់អស់អ្នក ដែលតិះដៀលព្រះអង្គបានធ្លាក់មកលើទូលបង្គំ។
១១ទូលបង្គំយំសោកទាំងតមអាហារ
ដែលធ្វើអោយមនុស្សម្នារឹតតែ ជេរប្រមាថទូលបង្គំថែមទៀត។
១២ទូលបង្គំស្លៀកសម្លៀកបំពាក់កាន់ទុក្ខ
ហើយពួកគេនាំគ្នាយករឿងទូលបង្គំ ទៅលេងសើច។
១៣គេនាំគ្នានិយាយដើមទូលបង្គំ នៅតាមទីសាធារណៈ
ហើយមនុស្សប្រមឹកនាំគ្នាយករឿង ទូលបង្គំទៅច្រៀងឡកឡឺយ។
១៤ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វររកព្រះអង្គ
ឥឡូវនេះ ជាពេលដែលគាប់ព្រះហឫទ័យ ព្រះអង្គហើយ
ឱព្រះជាម្ចាស់អើយ ដោយព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏ធំធេង
ព្រះអង្គពិតជាសង្គ្រោះទូលបង្គំមិនខាន សូមឆ្លើយតបមកទូលបង្គំផង!។
១៥សូមរំដោះទូលបង្គំអោយរួចពីភក់ជ្រាំនេះ កុំអោយទូលបង្គំផុងខ្លួនទៀតឡើយ!
សូមអោយទូលបង្គំបានរួចផុត ពីកណ្ដាប់ដៃរបស់អស់អ្នកដែលស្អប់ទូលបង្គំ
សូមយកទូលបង្គំចេញពីទឹកដ៏ជ្រៅនេះផង!
១៦សូមកុំអោយចរន្តទឹកនេះ អាចហូរនាំយកទូលបង្គំទៅបានឡើយ
សូមកុំអោយទឹកដ៏ជ្រៅនេះ កួចយកទូលបង្គំអោយលិចលង់
ហើយក៏សូមកុំអោយអណ្ដូងនេះ ឃុំទូលបង្គំទុកបានដែរ!
១៧ព្រះអម្ចាស់អើយ ដោយព្រះអង្គមាន ព្រះហឫទ័យសប្បុរស និងមេត្តាករុណា
សូមឆ្លើយតបមកទូលបង្គំ
ដោយព្រះហឫទ័យអាណិតមេត្តាដ៏ធំធេង សូមងាកមកទតមើលទូលបង្គំផង!
១៨សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំ ដែលជាអ្នកបំរើរបស់ព្រះអង្គឡើយ
សូមមេត្តាឆ្លើយតបមកទូលបង្គំជាប្រញាប់ ដ្បិតទូលបង្គំកំពុងតែមានអាសន្ន!
១៩សូមយាងមកជិតទូលបង្គំ ហើយលោះជីវិតទូលបង្គំ
សូមរំដោះទូលបង្គំអោយរួចពីកណ្ដាប់ដៃ របស់ខ្មាំងសត្រូវផង!
២០ដ្បិតព្រះអង្គជ្រាបហើយថា ទូលបង្គំត្រូវគេជេរប្រមាថ ត្រូវអាម៉ាស់ និងបាត់បង់កិត្តិយស
ព្រះអង្គទតឃើញបច្ចាមិត្តទាំងប៉ុន្មាន របស់ទូលបង្គំស្រាប់ហើយ។
២១ពាក្យជេរប្រមាថរបស់ពួកគេបានធ្វើអោយ ទូលបង្គំមានចិត្តខ្លោចផ្សា និងគ្រាំគ្រា
ទូលបង្គំសង្ឃឹមថានឹងមានគេអាណិតទូលបង្គំ តែគ្មាននរណាម្នាក់អាណិតសោះ!
ទូលបង្គំសង្ឃឹមថានឹងមានគេរំលែកទុក្ខទូលបង្គំ តែរកមិនបានឡើយ!
២២ពួកគេដាក់ថ្នាំបំពុលនៅក្នុងម្ហូបអាហាររបស់ទូលបង្គំ
ហើយនៅពេលទូលបង្គំស្រេកទឹក គេបែរជាយកទឹកខ្មេះ មកអោយទូលបង្គំទៅវិញ។
២៣សូមអោយតុ និងពិធីជប់លៀង ដ៏សក្ការៈរបស់ពួកគេ
ក្លាយទៅជាអន្ទាក់នាំពួកគេអោយវិនាស!
២៤សូមអោយភ្នែករបស់គេត្រឡប់ ទៅជាងងឹតមើលអ្វីលែងឃើញ
ហើយសូមអោយគេកោងខ្នងរហូតតទៅ!
២៥សូមព្រះអង្គធ្វើទោសពួកគេយ៉ាងធ្ងន់
ហើយសូមធ្វើទារុណកម្ម ពួកគេឥតត្រាប្រណីឡើយ។
២៦សូមអោយលំនៅរបស់គេក្លាយទៅជាទីស្ងាត់ជ្រងំ
ហើយសូមកុំអោយមាននរណារស់នៅ ក្នុងផ្ទះរបស់ពួកគេទៀតឡើយ!
២៧ដ្បិតពួកគេតាមព្យាបាទអស់អ្នក ដែលព្រះអង្គបានដាក់ទោសរួចហើយ
ពួកគេធ្វើអោយអស់អ្នកដែលព្រះអង្គបានវាយ អោយរបួសនោះ រឹងរឹតតែឈឺចាប់ថែមទៀត។
២៨សូមព្រះអង្គកត់ត្រាទុកនូវកំហុសរបស់ពួកគេ
សូមកុំអត់ទោសអោយពួកគេឡើយ!
២៩សូមលុបឈ្មោះពួកគេចេញពីបញ្ជីជីវិត
សូមកុំរាប់ពួកគេចូលទៅ ក្នុងចំណោមមនុស្សអោយសោះ។
៣០ចំពោះទូលបង្គំ ទូលបង្គំជាមនុស្សកំសត់ទុគ៌ត និងឈឺចុកចាប់
ឱព្រះជាម្ចាស់អើយ! សូមសង្គ្រោះទូលបង្គំ សូមលើកទូលបង្គំឡើងវិញផង។
៣១ខ្ញុំនឹងច្រៀងសរសើរតម្កើង ព្រះនាមព្រះជាម្ចាស់
ខ្ញុំនឹងប្រកាសអំពីភាពថ្កុំថ្កើង រុងរឿងរបស់ព្រះអង្គ ទាំងកោតសរសើរ។
៣២ការលើកតម្កើងបែបនេះ គាប់ព្រះហឫទ័យព្រះអម្ចាស់
ជាងការថ្វាយគោឈ្មោល ឬ ថ្វាយគោឡើងកទៅទៀត។
៣៣ពេលមនុស្សទុគ៌តឃើញព្រះអង្គរំដោះខ្ញុំដូច្នេះ គេនឹងមានអំណរសប្បាយ។
អស់អ្នកដែលស្វែងរកព្រះជាម្ចាស់អើយ សូមអោយអ្នករាល់គ្នាមានអាយុវែង!
៣៤ដ្បិតព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ ពាក្យរបស់មនុស្សកំសត់ទុគ៌ត
ហើយនៅពេលប្រជារាស្ត្ររបស់ព្រះអង្គ ជាប់ឃុំឃាំង ព្រះអង្គមិនបំភ្លេចគេឡើយ។
៣៥សូមអោយផ្ទៃមេឃ និងផែនដី សរសើរតម្កើងព្រះអង្គ
ហើយសូមអោយសមុទ្រទាំងឡាយ និងអ្វីៗដែលរស់នៅក្នុងសមុទ្រ
សរសើរតម្កើងព្រះអង្គដែរ
៣៦ដ្បិតព្រះជាម្ចាស់នឹងសង្គ្រោះក្រុងស៊ីយ៉ូន
ព្រះអង្គនឹងសង់ក្រុងទាំងឡាយ នៅស្រុកយូដាឡើងវិញ
ប្រជាជននឹងរស់នៅក្នុងស្រុក ហើយនឹងកាន់កាប់ទឹកដីជាកម្មសិទ្ធិសាជាថ្មី។
៣៧ពូជពង្សអ្នកបំរើរបស់ព្រះអង្គ នឹងទទួលទឹកដីជាមត៌ក
ហើយអស់អ្នកដែលស្រឡាញ់ព្រះនាមព្រះអង្គ នឹងតាំងទីលំនៅលើទឹកដីនោះ!
ជំពូកទី ៧០
ព្រះអម្ចាស់អើយ សូមយាងមកសង្គ្រោះទូលបង្គំ
១ បទពីសៀវភៅរបស់គ្រូចំរៀង។
ទំនុករបស់ស្ដេចដាវីឌ។ សំរាប់ពិធីរំលឹក។
២ ឱព្រះជាម្ចាស់អើយ សូមយាងមករំដោះទូលបង្គំផង!
ព្រះអម្ចាស់អើយ សូមយាងមកសង្គ្រោះទូលបង្គំជាប្រញាប់!
៣ សូមអោយអស់អ្នកដែលប៉ុនប៉ង ព្យាបាទជីវិតទូលបង្គំ ត្រូវអាប់អោន និងអាម៉ាស់មុខ!
សូមអោយអស់អ្នកដែលចង់ធ្វើអោយទូលបង្គំវេទនា ត្រូវដកខ្លួនថយ និងបាក់មុខ!
៤ សូមអោយអស់អ្នកដែលសើចចំអកដាក់ទូលបង្គំ ត្រូវបរាជ័យ ទាំងបាត់បង់កិត្តិយស!
៥ រីឯអស់អ្នកដែលស្វែងរកព្រះអង្គវិញ សូមអោយគេបានសប្បាយរីករាយ រួមជាមួយព្រះអង្គ
សូមអោយអស់អ្នកដែលស្រឡាញ់ ការសង្គ្រោះរបស់ព្រះអង្គ
អាចថ្លែងឥតឈប់ឈរថា «សូមលើកតម្កើងព្រះជាម្ចាស់!»
៦ ឱព្រះជាម្ចាស់អើយ ទូលបង្គំជាមនុស្សកំសត់ទុគ៌ត សូមប្រោសប្រណីដល់ទូលបង្គំផង!
ព្រះអង្គតែងតែសង្គ្រោះ និងរំដោះទូលបង្គំ
ឱព្រះអម្ចាស់អើយ សូមយាងមកកុំបង្អង់ឡើយ!
ជំពូកទី ៧១
ពាក្យអធិស្ឋានរបស់មនុស្សចាស់ជរា
១ ព្រះអម្ចាស់អើយ ទូលបង្គំសូមផ្ញើជីវិតលើព្រះអង្គហើយ
សូមកុំអោយទូលបង្គំត្រូវអាម៉ាស់ឡើយ!
២ ដោយព្រះអង្គមានព្រះហឫទ័យសុចរិត សូមរំដោះទូលបង្គំអោយមានសេរីភាព
សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំ សូមសង្គ្រោះទូលបង្គំផង!
៣ សូមព្រះអង្គធ្វើជាថ្មដា សំរាប់ទូលបង្គំជ្រកកោន
ព្រះអង្គបង្គាប់អោយទូលបង្គំ មករកថ្មដានេះជានិច្ច ដើម្បីអោយបានរួចជីវិត
ដ្បិតព្រះអង្គពិតជាថ្មដា និងជាកំពែងការពារទូលបង្គំមែន!
៤ ឱព្រះនៃទូលបង្គំអើយ សូមជួយទូលបង្គំអោយគេចផុត ពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់
ព្រមទាំងគេចផុតពីកណ្ដាប់ដៃ របស់មនុស្សទុច្ចរិត និងមនុស្សកំណាច!
៥ ឱព្រះជាអម្ចាស់អើយ ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំ
ទូលបង្គំបានផ្ញើជីវិតលើព្រះអង្គតាំងពីក្មេងមក!
៦ ទូលបង្គំពឹងផ្អែកលើព្រះអង្គតាំងពីនៅក្នុងផ្ទៃម្ដាយ
គឺព្រះអង្គហើយដែលបានយក ទូលបង្គំចេញពីផ្ទៃម្ដាយ
ទូលបង្គំសរសើរតម្កើងព្រះអង្គឥតឈប់ឈរ!
៧ មនុស្សជាច្រើនយល់ថាព្រះអង្គ បានដាក់បណ្ដាសាទូលបង្គំ
ក៏ប៉ុន្តែ តាមពិតព្រះអង្គជាជំរក ដ៏រឹងមាំរបស់ទូលបង្គំ។
៨ សូមអោយទូលបង្គំពោលពាក្យ សរសើរតម្កើងព្រះអង្គជានិច្ច
ទូលបង្គំចង់លើកតម្កើងសិរីរុងរឿង របស់ព្រះអង្គជារៀងរាល់ថ្ងៃ!
៩ សូមកុំលះបង់ទូលបង្គំ នៅគ្រាដែលទូលបង្គំមានវ័យចាស់ជរា
សូមកុំបោះបង់ចោលទូលបង្គំ នៅគ្រាដែលកម្លាំងទូលបង្គំចុះអោនថយនេះឡើយ!
១០ ដ្បិតសត្រូវរបស់ទូលបង្គំកំពុង តែគិតគ្នាប្រឆាំងនឹងទូលបង្គំ
អស់អ្នកដែលប៉ុនប៉ងប្រហារជីវិតទូលបង្គំ កំពុងតែពិភាក្សាគ្នា
១១ គេពោលថា: ព្រះជាម្ចាស់ បានបោះបង់ចោលគាត់ហើយ!
ចូរដេញតាមគាត់ចាប់យកមក! គ្មាននរណាជួយរំដោះគាត់បានទេ!
១២ ឱព្រះជាម្ចាស់អើយ សូមកុំទៅណាឆ្ងាយពីទូលបង្គំឡើយ!
ឱព្រះនៃទូលបង្គំអើយ សូមយាងមកជួយទូលបង្គំជាប្រញាប់!
១៣ សូមអោយអស់អ្នកដែលចោទប្រកាន់ទូលបង្គំ ត្រូវអាម៉ាស់ ហើយវិនាសសូន្យទៅ!
សូមអោយអស់អ្នកដែលប្រាថ្នាអោយទូលបង្គំ វេទនា ត្រូវបាត់បង់កិត្តិយស និងបាក់មុខ!
១៤ រីឯទូលបង្គំវិញ ទូលបង្គំនៅតែមានសង្ឃឹមជានិច្ច
ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ហើយសរសើរតម្កើងទៀត!
១៥ ជារៀងរាល់ថ្ងៃ ទូលបង្គំនឹងថ្លែងរៀបរាប់អំពីសេចក្ដីសុចរិត
និងការសង្គ្រោះរបស់ព្រះអង្គ ដែលមានចំនួន ដ៏ច្រើនឥតគណនា។
១៦ ព្រះជាអម្ចាស់អើយ ដោយសារព្រះអង្គជួយ ទូលបង្គំនឹងចូលមកក្នុងព្រះដំណាក់
ទូលបង្គំនឹងរំលឹកពីសេចក្ដីសុចរិត របស់ព្រះអង្គតែមួយប៉ុណ្ណោះ។
១៧ ព្រះជាម្ចាស់អើយ ព្រះអង្គបានប្រៀនប្រដៅទូលបង្គំ តាំងពីទូលបង្គំនៅក្មេង
រហូតមកទល់ពេលនេះ ទូលបង្គំនៅតែប្រកាស អំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គដដែល។
១៨ ឱព្រះជាម្ចាស់អើយ ឥឡូវនេះ ទូលបង្គំចាស់សក់ស្កូវហើយ សូមកុំបោះបង់ចោលទូលបង្គំឡើយ
ដើម្បីអោយទូលបង្គំអាចប្រកាសអំពីព្រះចេស្ដា របស់ព្រះអង្គប្រាប់មនុស្សនៅជំនាន់នេះ
និងប្រកាសអំពីឫទ្ធានុភាពរបស់ព្រះអង្គ ប្រាប់មនុស្សទាំងអស់នៅជំនាន់ក្រោយដែរ។
១៩ ព្រះជាម្ចាស់អើយ ព្រះហឫទ័យសុចរិតរបស់ព្រះអង្គខ្ពស់ពន់ពេកណាស់
ដ្បិតព្រះអង្គបានធ្វើការដ៏ធំអស្ចារ្យជាច្រើន
ព្រះជាម្ចាស់អើយ គ្មាននរណាអាចផ្ទឹមស្មើនឹងព្រះអង្គបានឡើយ!
២០ ព្រះអង្គបានធ្វើអោយយើងខ្ញុំ ជួបអាសន្នអន់ក្រ និងទុក្ខលំបាកជាច្រើន
ក៏ប៉ុន្តែ ព្រះអង្គប្រទានអោយយើងខ្ញុំ មានជីវិតសាជាថ្មី
ព្រះអង្គបាននាំទូលបង្គំឡើងពីរណ្ដៅមកវិញ។
២១ ព្រះអង្គនឹងប្រទានអោយទូលបង្គំ មានកិត្តិយសកាន់តែខ្ពស់
ព្រះអង្គនឹងសំរាលទុក្ខទូលបង្គំសាជាថ្មី។
២២ ព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ដោយសំឡេងចាប៉ី
ព្រោះព្រះអង្គមានព្រះហឫទ័យស្មោះស្ម័គ្រ
ឱព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលអើយ
ទូលបង្គំនឹងស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គ ដោយដេញពិណកំដរផង!
២៣ ទូលបង្គំនឹងច្រៀងតម្កើងព្រះអង្គ ទូលបង្គំនឹងបន្លឺសំឡេងឡើងដោយអំណរ
ទូលបង្គំនឹងច្រៀងអស់ពីចិត្ត ព្រោះព្រះអង្គបានរំដោះជីវិតទូលបង្គំ។
២៤ ទូលបង្គំនឹងថ្លែងអំពីសេចក្ដីសុចរិត របស់ព្រះអង្គជារៀងរាល់ថ្ងៃ
ដ្បិតអស់អ្នកដែលប្រាថ្នាអោយទូលបង្គំវេទនា ត្រូវអាប់អោន និងអាម៉ាស់មុខ!
ជំពូកទី ៧២
សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះមហាក្សត្រ
១ ទំនុករបស់ស្ដេចសាឡូម៉ូន។
ឱព្រះជាម្ចាស់អើយ សូមប្រទានអោយព្រះរាជា ចេះវិនិច្ឆ័យដូចព្រះអង្គ
ហើយសូមអោយព្រះរាជបុត្ររបស់ព្រះរាជា បានប្រកបដោយសេចក្ដីសុចរិត ដូចព្រះអង្គដែរ!
២ ដើម្បីអោយព្រះរាជាអាចគ្រប់គ្រង ប្រជារាស្ត្ររបស់ព្រះអង្គ ដោយសុចរិត
ហើយគ្រប់គ្រងជនក្រីក្រដោយយុត្តិធម៌។
៣ សូមអោយភ្នំទាំងឡាយផ្ដល់នូវភោគផល ដ៏សម្បូណ៌សប្បាយដល់ប្រជារាស្ត្រ
ព្រមទាំងនាំអោយពួកគេស្គាល់ សេចក្ដីសុចរិតដែរ។
៤ សូមព្រះរាជារកយុត្តិធម៌អោយជនក្រីក្រ ក្នុងចំណោមប្រជារាស្ត្រ
សូមទ្រង់ជួយសង្គ្រោះមនុស្សកំសត់ទុគ៌ត ហើយកំទេចអស់អ្នកដែលជិះជាន់សង្កត់សង្កិនគេ
៥ ដរាបណានៅមានព្រះអាទិត្យរះ មានព្រះច័ន្ទបញ្ចេញរស្មី
សូមអោយព្រះរាជាមានព្រះជន្មាយុយឺនយូរ អស់កល្បជាអង្វែងតរៀងទៅ។
៦ សូមទ្រង់ផ្ដល់ព្រះពរដល់ប្រជារាស្ត្រ ដូចទឹកភ្លៀងធ្លាក់មកលើស្រែចំការ
និងដូចជាភ្លៀងបង្អុរចុះមកស្រោចស្រពផែនដី។
៧ សូមអោយសេចក្ដីសុចរិតរីកចំរើនឡើង ក្នុងរជ្ជកាលរបស់ព្រះករុណា
ហើយដរាបណានៅមានព្រះច័ន្ទ សូមអោយសេចក្ដីសុខសាន្តមានយ៉ាងបរិបូណ៌។
៨ សូមអោយរាជ្យរបស់ព្រះករុណាលាតសន្ធឹង ពីសមុទ្រមួយទៅសមុទ្រមួយ
និងលាតសន្ធឹងពីទន្លេអឺប្រាតនេះ រហូតទៅដល់ស្រុកដាច់ស្រយាលនៃផែនដី។
៩ ប្រជាជនដែលរស់នៅតាមវាលរហោស្ថាន នឹងនាំគ្នាក្រាបថ្វាយបង្គំព្រះករុណា
ហើយខ្មាំងសត្រូវរបស់ព្រះករុណា ត្រូវបរាជ័យ ងើបមុខមិនរួច។
១០ ស្ដេចទាំងឡាយនៅស្រុកតើស៊ីស និងនៅកោះនានា នឹងយកតង្វាយមកថ្វាយព្រះករុណា
ស្ដេចទាំងឡាយនៅស្រុកសាបា និងស្រុកសេបា ក៏នាំគ្នាយកសួយសារអាករមកថ្វាយដែរ។
១១ ស្ដេចទាំងប៉ុន្មាននឹងនាំគ្នា ក្រាបថ្វាយបង្គំព្រះករុណា
ហើយប្រជាជាតិទាំងអស់ នឹងនាំគ្នាបំរើព្រះករុណា។
១២ ព្រះករុណារំដោះជនក្រីក្រ នៅពេលគេស្រែកអង្វរព្រះករុណា
ហើយព្រះករុណារំដោះជនទុគ៌ត ដែលគ្មានទីពឹង។
១៣ ព្រះករុណាអាណិតអាសូរមនុស្សទន់ខ្សោយ និងមនុស្សកំសត់ទុគ៌ត
ព្រះករុណាសង្គ្រោះជីវិតមនុស្សក្រីក្រ។
១៤ ព្រះករុណារំដោះពួកគេអោយរួចផុត ពីការសង្កត់សង្កិនរបស់មនុស្សឃោរឃៅ
ចំពោះព្រះករុណា ជីវិតរបស់ពួកគេមានតម្លៃណាស់។
១៥ សូមអោយព្រះរាជាមានព្រះជន្មាយុយឺនយូរ!
គេនឹងយកមាសពីស្រុកសាបាមកថ្វាយព្រះករុណា
គេនឹងទូលអង្វរព្រះជាម្ចាស់អោយព្រះរាជា ឥតឈប់ឈរ ហើយរៀងរាល់ថ្ងៃ
គេនឹងថ្វាយព្រះពរដល់ព្រះរាជា។
១៦ នៅក្នុងស្រុក សូមអោយមានស្រូវយ៉ាងបរិបូណ៌
នៅតាមកំពូលភ្នំ សូមអោយមានភោគផលច្រើន ដូចនៅស្រុកលីបង់
ហើយនៅក្នុងទីក្រុង សូមអោយប្រជាជនកើនចំនួនឡើង ដូចស្មៅនៅតាមទីវាល។
១៧ សូមអោយព្រះរាជាមានព្រះនាម ល្បីល្បាញរហូតតទៅ
គឺសូមអោយព្រះនាមព្រះករុណា នៅស្ថិតស្ថេរគង់វង្សដូចព្រះអាទិត្យ។
សូមអោយមនុស្សម្នាយកព្រះនាមព្រះករុណា ទៅជូនពរគ្នាទៅវិញទៅមក
ហើយប្រជាជាតិទាំងអស់នឹងពោលថា ព្រះរាជាប្រកបដោយព្រះពរ!
១៨ សូមលើកតម្កើងព្រះជាអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
ដ្បិតមានតែព្រះអង្គទេ ដែលសំដែងការអស្ចារ្យទាំងនេះ!
១៩ សូមលើកតម្កើងព្រះនាមដ៏រុងរឿង របស់ព្រះអង្គរហូតតទៅ!
សូមអោយផែនដីទាំងមូលបានពោរពេញ ទៅដោយសិរីរុងរឿងរបស់ព្រះអង្គ!
អាម៉ែន! អាម៉ែន!
២០ ពាក្យអធិស្ឋានរបស់ស្ដេចដាវីឌ ជាបុត្ររបស់លោកអ៊ីសាយចប់តែត្រឹមណេះ។
ភាគទីបី
(ទំនុកតម្កើង ៧៣-៨៩)
ជំពូកទី ៧៣
សេចក្ដីសុចរិតតែងតែមានជ័យជំនះ
១ ទំនុកតម្កើងរបស់លោកអសាភ។
ពិតមែនហើយ ព្រះជាម្ចាស់មាន ព្រះហឫទ័យសប្បុរស
ចំពោះជនជាតិអ៊ីស្រាអែល និងអស់អ្នកដែលមានចិត្តបរិសុទ្ធ។
២ ចំពោះខ្ញុំផ្ទាល់ ខ្ញុំហៀបតែនឹងភ្លាត់ជើង
គឺនៅសល់តែបន្តិចប៉ុណ្ណោះ ខ្ញុំមុខជាដួលមិនខាន
៣ ព្រោះខ្ញុំមានចិត្តច្រណែននឹងមនុស្សព្រហើន
ដោយឃើញជនពាលទាំងនោះបានចំរុងចំរើន។
៤ ក្នុងមួយជីវិតរបស់ពួកគេ ពួកគេហាក់ដូចជាគ្មានកង្វល់អ្វីសោះ
គេមានសាច់មានឈាម។
៥ គេពុំដែលស្គាល់ទុក្ខលំបាកដូចមនុស្សដទៃ
ហើយពុំដែលវេទនាដូចមនុស្សឯទៀតៗឡើយ។
៦ ពួកគេយកអំនួតមកបង្ហាញដូចជាបុណ្យស័ក្ដិ
ហើយពាក់ចិត្តឃោរឃៅ ដូចជាសំលៀកបំពាក់។
៧ គំនិតអាក្រក់ចាំងនៅលើផ្ទៃមុខរបស់ពួកគេ
គំនិតអប្រិយរបស់ពួកគេ ក៏លេចចេញមកយ៉ាងច្បាស់ដែរ។
៨ គេនាំគ្នាសើចចំអក និងពោលពាក្យអាក្រក់
ព្រមទាំងនិយាយក្ដែងៗ ពីការសង្កត់សង្កិនអ្នកដទៃ។
៩ មាត់របស់គេពោលពាក្យប្រមាថព្រះជាម្ចាស់
ហើយអណ្ដាតរបស់គេឥតសំចៃនរណាម្នាក់ នៅលើផែនដីឡើយ។
១០ ហេតុនេះសូម្បីតែប្រជារាស្ត្រ របស់ព្រះជាម្ចាស់ ក៏វង្វេងទៅតាមពួកគេ
ព្រមទាំងចូលចិត្តស្ដាប់ពាក្យសំដី របស់ពួកគេដូចផឹកទឹក។
១១ គេពោលថាព្រះជាម្ចាស់ពុំជ្រាបអ្វីទាំងអស់
ព្រះដ៏ខ្ពង់ខ្ពស់បំផុតមិនដឹងអ្វីសោះឡើយ!
១២ នេះហើយមនុស្សពាល!
ពួកគេបានសុខជានិច្ច ពួកគេបានចំរុងចំរើនរហូត!
១៣ រីឯទូលបង្គំវិញ ទូលបង្គំខំប្រឹងកាន់ចិត្តបរិសុទ្ធ
ហើយចៀសវាងប្រព្រឹត្តអំពើបាប តែឥតបានផលអ្វីសោះ!
១៤ ដ្បិតទូលបង្គំកើតទុក្ខលំបាកជារៀងរាល់ថ្ងៃ
ទូលបង្គំទទួលទារុណកម្មរាល់ព្រឹក។
១៥ ប្រសិនបើទូលបង្គំសំរេចចិត្តធ្វើដូចពួកគេដែរនោះ
ទូលបង្គំមុខជាក្បត់បងប្អូនរបស់ទូលបង្គំ ដែលជាបុត្ររបស់ព្រះអង្គមិនខាន។
១៦ ទូលបង្គំខិតខំរិះគិតចង់យល់អំពីបញ្ហានេះ
ប៉ុន្តែ ពិបាកយល់ណាស់
១៧ រហូតទាល់តែទូលបង្គំចូលមកដល់ ទីសក្ការៈរបស់ព្រះជាម្ចាស់
ទើបទូលបង្គំយល់ថា ចុងបញ្ចប់របស់មនុស្ស អាក្រក់ នឹងក្លាយទៅជាយ៉ាងណា។
១៨ តាមពិតព្រះអង្គបានដាក់ពួកគេ នៅជំរាលមួយដ៏រអិល
ព្រះអង្គធ្វើអោយគេធ្លាក់ទៅក្នុងមហន្តរាយ
១៩ ក្នុងពេលតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ពួកគេនឹងវិនាសបាត់បង់
ពួកគេនឹងត្រូវអន្តរាយ រលាយសូន្យទៅ យ៉ាងរន្ធត់បំផុត។
២០ ព្រះអម្ចាស់អើយ ពេលព្រះអង្គតើនឡើង
ព្រះអង្គនឹងរំលាយពួកគេអោយវិនាសបាត់ទៅ ដូចការយល់សប្ដិ។
២១ ពេលទូលបង្គំឆ្អែតចិត្ត
ហើយពេលទូលបង្គំឈឺចាប់ក្នុងឱរា
២២ នោះទូលបង្គំបែរទៅជាល្ងីល្ងើ មិនយល់អ្វីទាំងអស់
ហើយទូលបង្គំក៏ដូចជាសត្វតិរច្ឆាន នៅចំពោះព្រះភក្ត្រព្រះអង្គដែរ។
២៣ ប៉ុន្តែ ទូលបង្គំនៅជាមួយព្រះអង្គជានិច្ច
ព្រះអង្គកាន់ដៃស្ដាំរបស់ទូលបង្គំ
២៤ ព្រះអង្គដឹកនាំទូលបង្គំអោយដើរ តាមព្រះហឫទ័យរបស់ព្រះអង្គ
ហើយនៅទីបញ្ចប់ ព្រះអង្គនឹងទទួលទូលបង្គំ នៅក្នុងសិរីរុងរឿងរបស់ព្រះអង្គ។
២៥ នៅស្ថានបរមសុខទូលបង្គំគ្មានទីពឹងណាផ្សេងទៀត ក្រៅពីព្រះអង្គឡើយ
នៅលើផែនដី បើព្រះអង្គគង់នៅជាមួយទូលបង្គំ ទូលបង្គំក៏មិនចង់បានអ្វីផ្សេងទៀតដែរ។
២៦ រូបកាយ និងចិត្តគំនិត របស់ទូលបង្គំទន់ខ្សោយទៅៗ
ក៏ប៉ុន្តែ ព្រះអង្គនៅតែជាបង្អែក និងជាម្ចាស់ជីវិតទូលបង្គំរហូតតទៅ។
២៧ អស់អ្នកដែលងាកចេញឆ្ងាយ ពីព្រះអង្គនឹងត្រូវអន្តរាយ
ហើយព្រះអង្គនឹងធ្វើអោយអស់អ្នក ដែលក្បត់ព្រះអង្គត្រូវវិនាសសូន្យទៅ។
២៨ រីឯទូលបង្គំវិញ ទូលបង្គំមានសុភមង្គល តែនៅពេលណាទូលបង្គំ នៅជាមួយព្រះអង្គប៉ុណ្ណោះ
ឱព្រះជាអម្ចាស់អើយ ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ
ទូលបង្គំនឹងប្រកាសអំពីស្នាព្រះហស្ដ ទាំងប៉ុន្មានរបស់ព្រះអង្គ។
ជំពូកទី ៧៤
ព្រះអម្ចាស់អើយ សូមកុំទុកអោយសត្រូវប្រមាថព្រះអង្គឡើយ!
១ កំណាព្យរបស់លោកអសាភ។
ព្រះជាម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ចោល យើងខ្ញុំរហូតដូច្នេះ?
ហេតុអ្វីបានជាទ្រង់ព្រះពិរោធនឹងយើងខ្ញុំ ដែលជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ?
២ សូមកុំបំភ្លេចប្រជារាស្ត្រ
ដែលព្រះអង្គបានយកមកធ្វើ ជាកម្មសិទ្ធិរបស់ព្រះអង្គ តាំងពីដើមរៀងមក
គឺប្រជារាស្ត្រដែលព្រះអង្គបានលោះ យកមកធ្វើជាកុលសម្ព័ន្ធរបស់ព្រះអង្គផ្ទាល់
សូមកុំបំភ្លេចភ្នំស៊ីយ៉ូន ជាកន្លែងដែលព្រះអង្គគង់នៅនោះឡើយ។
៣ សូមព្រះអង្គយាងមកកាន់កន្លែង ដែលវិនាសខូចខាតអស់
ខ្មាំងសត្រូវបានកំទេចបំផ្លាញអ្វីៗ ទាំងអស់នៅក្នុងទីសក្ការៈ
៤ បច្ចាមិត្តរបស់ព្រះអង្គបាននាំគ្នា ស្រែកហ៊ោនៅក្នុងកន្លែងដ៏វិសុទ្ធរបស់ព្រះអង្គ
ហើយពួកគេបានបង្ហូតទង់ជ័យ របស់ពួកគេនៅទីនោះ។
៥ ពួកគេប្រៀបបានទៅនឹងអ្នកកាប់ព្រៃ
ដែលលើកពូថៅរបស់ខ្លួនឡើងកាប់ដើមឈើ
៦ គឺពួកគេបានយកពូថៅ និងញញួរ
មកវាយកំទេចក្បាច់រចនាទាំងប៉ុន្មាន។
៧ គេបានដុតទីសក្ការៈរបស់ព្រះអង្គ
គេបានរំលំ និងបន្ទាបបន្ថោកព្រះដំណាក់របស់ព្រះអង្គ។
៨ ពួកគេគិតគ្នាថា «យើងនឹងបង្ក្រាបសាសន៍នេះអោយរាប
ហើយដុតបំផ្លាញកន្លែងសក្ការបូជា ទាំងប៉ុន្មាននៅក្នុងស្រុកនេះ!»។
៩ យើងខ្ញុំលែងឃើញអ្វីដែលជាទីសំគាល់ របស់ប្រជាជាតិយើងខ្ញុំទៀតហើយ
រីឯព្យាការីក៏លែងមានទៀតដែរ។
ក្នុងចំណោមយើងខ្ញុំ គ្មាននរណាដឹងថា យើងខ្ញុំត្រូវតែនៅដូច្នេះដល់ពេលណាឡើយ។
១០ ឱព្រះជាម្ចាស់អើយ តើអោយបច្ចាមិត្ត ត្មះតិះដៀលព្រះអង្គដល់ពេលណា?
តើអោយខ្មាំងសត្រូវប្រមាថ ព្រះនាមព្រះអង្គដល់កាលណាទៀត?
១១ ហេតុអ្វីបានជាព្រះអង្គ មិនព្រមយាងមកជួយយើងខ្ញុំ
ហេតុអ្វីបានជាព្រះអង្គឱបដៃសំងំស្ងៀមដូច្នេះ?
១២ ព្រះជាម្ចាស់អើយ ព្រះអង្គជាព្រះមហាក្សត្រ របស់ទូលបង្គំ តាំងពីដើមរៀងមក
ព្រះអង្គតែងតែសង្គ្រោះយើងខ្ញុំ ជាច្រើនលើកច្រើនសានៅក្នុងស្រុកនេះ។
១៣ ព្រះអង្គបានបង្ក្រាបសមុទ្រ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ
ព្រះអង្គបានវាយកំទេចក្បាលនាគនៅក្នុងសមុទ្រ
១៤ ព្រះអង្គបានវាយកំទេចក្បាលស្ដេចក្រពើ
ហើយបោះវាទៅអោយសត្វនានា នៅវាលរហោស្ថានស៊ីជាអាហារ។
១៥ ព្រះអង្គបានធ្វើអោយមានទឹកផុស ចេញពីប្រភពទឹកនានា
ហើយព្រះអង្គបានធ្វើអោយទន្លេដែលមិនចេះរីង ប្រែជារីងស្ងួតទៅវិញ។
១៦ ព្រះអង្គជាម្ចាស់លើថ្ងៃ ជាម្ចាស់លើយប់
ព្រះអង្គបានបង្កើតព្រះច័ន្ទ និងព្រះអាទិត្យ។
១៧ ព្រះអង្គបានកំណត់ព្រំដែនរវាងទឹក និងដី
ព្រះអង្គក៏បានបង្កើតរដូវប្រាំង និងរដូវវស្សាដែរ។
១៨ ឱព្រះអម្ចាស់អើយ សូមកុំភ្លេចអោយសោះថា បច្ចាមិត្តបានត្មះតិះដៀលព្រះអង្គ
សាសន៍ល្ងីល្ងើនោះបានជេរ ប្រមាថព្រះនាមព្រះអង្គ!។
១៩ សូមកុំប្រគល់ជីវិតប្រជារាស្ត្ររបស់ព្រះអង្គ ដែលកំពុងតែអស់សង្ឃឹមនេះ
ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងដ៏សាហាវ
សូមកុំបំភ្លេចប្រជារាស្ត្រដ៏កំសត់ទុគ៌ត របស់ព្រះអង្គជារៀងរហូតឡើយ។
២០ សូមនឹកដល់សម្ពន្ធមេត្រីដែលព្រះអង្គ បានចងជាមួយយើងខ្ញុំ!
ដ្បិតជនរងគ្រោះដោយសារអំពើឃោរឃៅ នាំគ្នារត់ពួនសព្វទីកន្លែងក្នុងទឹកដីនេះ។
២១ សូមកុំអោយអស់អ្នកដែលគេជិះជាន់ ត្រូវអាម៉ាស់មុខទៀតឡើយ
តែសូមអោយជនក្រីក្រ និងជនទុគ៌ត អាចសរសើរតម្កើងព្រះនាមព្រះអង្គ។
២២ ព្រះជាម្ចាស់អើយ សូមក្រោកឡើង ការពារព្រះកិត្តិនាមរបស់ព្រះអង្គ
សូមកុំបំភ្លេចពាក្យដែលជនល្ងីល្ងើទាំងនេះ បានត្មះតិះដៀលព្រះអង្គជារៀងរាល់ថ្ងៃ។
២៣ សូមកុំបំភ្លេចសំរែកនៃខ្មាំងសត្រូវរបស់ព្រះអង្គ
គឺគេបានស្រែកយ៉ាងអឺងកងទាស់នឹងព្រះអង្គ ឥតឈប់ឈរឡើយ។
ជំពូកទី ៧៥
ព្រះជាម្ចាស់ជាចៅក្រម
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ បទ «សូមកុំបំផ្លាញ»។
ទំនុករបស់លោកអសាភ។ ចំរៀងតម្កើងព្រះជាម្ចាស់។
២ ឱព្រះជាម្ចាស់អើយ យើងខ្ញុំសរសើរតម្កើងព្រះអង្គ!
យើងខ្ញុំសរសើរតម្កើងព្រះនាមព្រះអង្គ ដែលគង់នៅជិតយើងខ្ញុំ
ហើយយើងខ្ញុំរៀបរាប់អំពីស្នាព្រះហស្ដ ដ៏ស្ញប់ស្ញែងរបស់ព្រះអង្គ!
៣ ព្រះអង្គមានព្រះបន្ទូលថា «ដល់គ្រាដែលយើងបានកំណត់ទុក
យើងនឹងវិនិច្ឆ័យទោស ដោយយុត្តិធម៌!
៤ ផែនដី និងអ្វីៗទាំងអស់ ដែលរស់នៅលើផែនដីនឹងត្រូវរលាយ
ក៏ប៉ុន្តែ យើងនឹងធ្វើអោយផែនដីនៅតែរឹងមាំ!»។ – សំរាក
៥ ខ្ញុំនិយាយប្រាប់មនុស្សអួតបំប៉ោងថា កុំអួតបំប៉ោងអោយសោះ!
ហើយប្រាប់មនុស្សអាក្រក់ថាកុំវាយឫកខ្ពស់!
៦ កុំប្រកាន់ឫកខ្ពស់ពេក ឈប់និយាយព្រហើនទៅ
៧ ដ្បិតអ្នកដែលវិនិច្ឆ័យទោសមិនមែន មកពីខាងកើត ឬខាងលិច
ហើយក៏មិនមែនមកពីខាងត្បូង ឬខាងជើងដែរ
៨ គឺព្រះជាម្ចាស់ទេតើ ដែលជាចៅក្រមវិនិច្ឆ័យទោស
ព្រះអង្គដាក់ទោសអ្នកនេះ ហើយលើកលែងទោសអ្នកនោះ។
៩ ព្រះអម្ចាស់កាន់ពែងមួយនៅក្នុងព្រះហស្ដ គឺពែងដែលមានពេញទៅដោយព្រះពិរោធ
ពេលព្រះអង្គចាក់ពែងនោះទៅលើផែនដី
មនុស្សអាក្រក់ទាំងប៉ុន្មានត្រូវតែទទួលទោស ចៀសមិនផុតឡើយ។
១០ រីឯខ្ញុំវិញ ខ្ញុំនឹងប្រកាសអំពីព្រះ របស់លោកយ៉ាកុបរហូតតទៅ
ខ្ញុំនឹងស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គ។
១១ ព្រះអង្គនឹងបំបាក់អំនួតរបស់មនុស្សពាល
តែព្រះអង្គនឹងលើកមុខមនុស្សសុចរិតឡើង។
ជំពូកទី ៧៦
ពីភ្នំស៊ីយ៉ូន ព្រះជាម្ចាស់ពន្លត់ភ្លើងសង្គ្រាម
១ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ប្រគំជាមួយតន្ត្រីដែលមានខ្សែ។
ទំនុករបស់លោកអសាភ។ ចំរៀងតម្កើងព្រះជាម្ចាស់។
២ នៅស្រុកយូដា គេស្គាល់ព្រះជាម្ចាស់គ្រប់ៗគ្នា
នៅស្រុកអ៊ីស្រាអែល ព្រះនាមរបស់ព្រះអង្គល្បីល្បាញណាស់!
៣ ព្រះពន្លារបស់ព្រះអង្គស្ថិតនៅក្រុងសាឡឹម
ព្រះដំណាក់របស់ព្រះអង្គស្ថិតនៅក្រុងស៊ីយ៉ូន។
៤ នៅទីនោះហើយដែលព្រះអង្គបានកំទេចគ្រឿង សស្រ្ដាវុធ
គឺមានធ្នូ ខែល និងដាវជាដើម។ – សំរាក
៥ ឱព្រះជាម្ចាស់អើយ ព្រះអង្គប្រកបដោយសិរីរុងរឿង គួរជាទីស្ញប់ស្ញែង
នៅពេលព្រះអង្គវិលត្រឡប់មកពីភ្នំវិញ ក្រោយពីបានយកជ័យជំនះ។
៦ ព្រះអង្គបានដកអាវុធពីអ្នក ចំបាំងដ៏ជំនាញទាំងនោះ ពួកគេដេកលង់លក់បាត់ស្មារតី
ទាហានដ៏ពូកែទាំងនោះ លែងមានកម្លាំងច្បាំងទៀតហើយ។
៧ ឱព្រះនៃលោកយ៉ាកុបអើយ ពេលព្រះអង្គស្រែកគំរាម
កងទ័ពសេះ និងសេះរបស់ពួកគេកំរើកលែងរួច។
៨ ព្រះអង្គអើយ ព្រះអង្គគួរជាទីស្ញែងខ្លាចណាស់!
ពេលព្រះអង្គទ្រង់ព្រះពិរោធ តើនរណាអាច ទ្រាំឈរនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គបាន?
៩ ព្រះអង្គមានព្រះបន្ទូលជំនុំជំរះពីលើមេឃមក
មនុស្សម្នាលើផែនដីនៅស្ងៀមស្ងាត់ ដោយកោតខ្លាច
១០ គឺព្រះអង្គក្រោកឡើងវិនិច្ឆ័យទោស
និងសង្គ្រោះមនុស្សទន់ទាបទាំងប៉ុន្មាន នៅលើផែនដីនេះ។ – សំរាក
១១ព្រះអង្គធ្វើអោយកំហឹងរបស់មនុស្សលោក ប្រែទៅជាការលើកសរសើរតម្កើងព្រះអង្គវិញ
ហើយអស់អ្នកដែលនៅសេសសល់ ពីសង្គ្រាមនឹងនាំគ្នាមកថ្វាយបង្គំព្រះអង្គ។
១២ចូរថ្វាយទៅព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នានូវអ្វីៗ
ដែលអ្នករាល់គ្នាបានសន្យាចំពោះព្រះអង្គ
អស់អ្នកដែលនៅជុំវិញព្រះ ដ៏គួរអោយស្ញែងខ្លាចអើយ ចូរយកតង្វាយមកថ្វាយព្រះអង្គ!
១៣ព្រះអង្គបំបាក់អំនួតរបស់ស្ដេចនានា
ហើយធ្វើអោយព្រះមហាក្សត្រទាំងឡាយ នៅលើផែនដីស្ញែងខ្លាចព្រះអង្គ។
ជំពូកទី ៧៧
ពេលមានទុក្ខ ទូលបង្គំនឹកឃើញពីការអស្ចារ្យរបស់ព្រះអង្គកាលពីជំនាន់ដើម
១ បទពីសៀវភៅរបស់គ្រូចំរៀង។ សំរាប់លោកយេឌូទូន។
ទំនុករបស់លោកអសាភ។
២ ខ្ញុំបន្លឺសំឡេងទៅកាន់ព្រះជាម្ចាស់ ខ្ញុំស្រែកអង្វរព្រះអង្គ
ខ្ញុំបន្លឺសំឡេងទៅកាន់ព្រះជាម្ចាស់ ព្រះអង្គផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យខ្ញុំ។
៣ នៅថ្ងៃមានអាសន្ន ខ្ញុំស្វែងរកព្រះអម្ចាស់
នៅពេលយប់ ខ្ញុំលើកដៃអង្វរព្រះអង្គ ឥតឈប់ឈរ
ខ្ញុំមិនចង់អោយនរណាសំរាលទុក្ខខ្ញុំសោះឡើយ។
៤ ពេលនឹកដល់ព្រះជាម្ចាស់ ខ្ញុំស្រែកថ្ងូរ
ហើយពេលរំពឹងគិត ខ្ញុំក៏បាក់ទឹកចិត្តដែរ។ – សំរាក
៥ ព្រះអម្ចាស់អើយ ព្រះអង្គធ្វើអោយទូលបង្គំ ទទួលទានដំណេកមិនលក់សោះ
ទូលបង្គំខ្វល់ខ្វាយក្នុងចិត្ត រកនិយាយអ្វីមិនកើត។
៦ ទូលបង្គំរំពឹងគិតអំពីអតីតកាល
គឺពីជំនាន់ដើមដ៏យូរលង់ណាស់មកហើយ
៧ ទូលបង្គំរិះគិតដដែលៗ ពេញមួយយប់
ទូលបង្គំចេះតែត្រិះរិះពិចារណានៅក្នុងចិត្ត ដើម្បីស្វែងយល់ថា
៨ តើព្រះអម្ចាស់បោះបង់ចោលយើងរហូតឬ?
តើព្រះអង្គមិនគាប់ព្រះហឫទ័យ នឹងយើងទៀតទេឬ?
៩ តើព្រះអង្គលែងមានព្រះហឫទ័យ មេត្តាករុណាចំពោះយើងហើយឬ?
តើព្រះអង្គនៅស្ងៀមលែងមានព្រះបន្ទូល មកយើងអស់កល្បជាអង្វែងតរៀងទៅឬ?
១០ តើព្រះជាម្ចាស់ ភ្លេចសំដែងព្រះហឫទ័យ ប្រណីសន្ដោសចំពោះយើងហើយឬ?
នៅពេលព្រះអង្គទ្រង់ព្រះពិរោធ តើព្រះអង្គឈប់អាណិតអាសូរយើងហើយឬ? – សំរាក
១១ទូលបង្គំគិតទៀតថា ទូលបង្គំរងទុក្ខវេទនាដូច្នេះ
មកពីព្រះដ៏ខ្ពង់ខ្ពស់បំផុត លែងសំដែងព្រះបារមីជួយយើងទៀតហើយ!
១២ព្រះអម្ចាស់អើយ ទូលបង្គំរំលឹកឡើងវិញ នូវស្នាព្រះហស្ដរបស់ព្រះអង្គ
ទូលបង្គំនៅចាំពីកិច្ចការដ៏អស្ចារ្យ ដែលព្រះអង្គបានធ្វើកាលពីជំនាន់ដើម។
១៣ទូលបង្គំរិះគិតអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ
ទូលបង្គំពិចារណាអំពីស្នាព្រះហស្ដ ដ៏ថ្កុំថ្កើងរបស់ព្រះអង្គ។
១៤ព្រះជាម្ចាស់អើយ មាគ៌ារបស់ព្រះអង្គជាមាគ៌ាដ៏វិសុទ្ធ
គ្មានព្រះឯណាទៀតធំឧត្ដុង្គឧត្ដម ដូចព្រះអង្គឡើយ។
១៥មានតែព្រះអង្គទេដែលធ្វើការអស្ចារ្យ
ព្រះអង្គបានសំដែងឫទ្ធានុភាព អោយជាតិសាសន៍នានាឃើញ។
១៦ព្រះអង្គបានប្រើឫទ្ធិបារមី លោះប្រជារាស្ត្ររបស់ព្រះអង្គ
គឺព្រះអង្គបានរំដោះពូជពង្សរបស់លោកយ៉ាកុប និងពូជពង្សរបស់លោកយ៉ូសែប។ – សំរាក
១៧ ឱព្រះជាម្ចាស់អើយ ទឹកសមុទ្របានឃើញព្រះអង្គ!
ពេលទឹកសមុទ្របានឃើញព្រះអង្គ វាពុះកញ្ជ្រោល
សូម្បីតែបាតសមុទ្រក៏រញ្ជួយញាប់ញ័រដែរ។
១៨មានភ្លៀងបង្អុរធ្លាក់ចុះពីលើមេឃ ដូចទឹកជ្រោះធ្លាក់
ហើយក៏មានផ្គរលាន់ឮពីលើមេឃ មកយ៉ាងខ្លាំងដែរ
រន្ទះរបស់ព្រះអង្គភ្លឺផ្លេកពាសពេញផ្ទៃមេឃ។
១៩នៅពេលផ្គរលាន់បន្លឺសំឡេងយ៉ាងគគ្រឹកគគ្រេង
ផ្លេកបន្ទោររបស់ព្រះអង្គភ្លឺចាំងមកលើពិភពលោក ធ្វើអោយផែនដីរញ្ជួយញាប់ញ័រ។
២០ព្រះអង្គយាងកាត់សមុទ្រ ព្រះអង្គយាងកាត់មហាសាគរ
គ្មាននរណាអាចរកដានព្រះបាទា របស់ព្រះអង្គឃើញទេ។
២១ព្រះអង្គដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គ តាមរយៈលោកម៉ូសេ និងលោកអរ៉ុន
ដូចអ្នកគង្វាលដឹកនាំហ្វូងចៀមដែរ។
ជំពូកទី ៧៨
អតីតកាលជាមេរៀនដែលយើងត្រូវចងចាំទុក
១ កំណាព្យរបស់លោកអសាភ។
ប្រជាជនរបស់ខ្ញុំអើយ ចូរត្រងត្រាប់សេចក្ដីដែលខ្ញុំ ប្រៀនប្រដៅអ្នករាល់គ្នា!
ចូរផ្ទៀងត្រចៀកស្ដាប់ពាក្យ ដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នា!។
២ ខ្ញុំនឹងថ្លែងប្រាប់អ្នករាល់គ្នា នូវបទពិសោធពីអតីតកាល
ខ្ញុំនឹងបរិយាយប្រាប់អ្នករាល់គ្នាអំពីអត្ថន័យ លាក់កំបាំងនៃព្រឹត្តិការណ៍នៅបុរាណកាល។
៣ អ្វីៗដែលយើងធ្លាប់ឮ អ្វីៗដែលយើងដឹង
អ្វីៗដែលដូនតាយើងធ្លាប់រ៉ាយរ៉ាប់ប្រាប់
៤ យើងនឹងថ្លែងប្រាប់កូនចៅរបស់យើង ឥតលាក់លៀមឡើយ
យើងនឹងពណ៌នាពីឫទ្ធានុភាពរបស់ព្រះអម្ចាស់
និងពីស្នាព្រះហស្ដដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ
ប្រាប់កូនចៅនៅជំនាន់ក្រោយ ដើម្បីលើកតម្កើងព្រះអង្គ។
៥ ព្រះអង្គផ្ដល់ដំបូន្មានអោយកូនចៅ របស់លោកយ៉ាកុប
ព្រះអង្គប្រទានក្រឹត្យវិន័យមកអោយពូជពង្ស របស់លោកអ៊ីស្រាអែល
ព្រះអង្គបង្គាប់បុព្វបុរសរបស់យើង អោយបង្រៀនសេចក្ដីទាំងនោះដល់កូនចៅ
៦ ដើម្បីអោយមនុស្សនៅជំនាន់ក្រោយស្គាល់ដែរ
ហើយអោយកូនចៅដែលនឹងកើតមក បង្រៀនតៗគ្នារហូតទៅ។
៧ ធ្វើយ៉ាងនេះពួកគេនឹងផ្ញើជីវិតលើព្រះជាម្ចាស់
មិនភ្លេចពីស្នាព្រះហស្ដរបស់ព្រះអង្គ ហើយពួកគេនឹងគោរពតាមបទបញ្ជារបស់ព្រះអង្គ
៨ ដើម្បីកុំអោយពួកគេបានដូចបុព្វបុរស នៅជំនាន់មុន
ដែលមានចិត្តកោងកាច បះបោរប្រឆាំងនឹងព្រះជាម្ចាស់
មានចិត្តមិនទៀង ហើយមានគំនិតមិនស្មោះត្រង់ នឹងព្រះអង្គនោះឡើយ។
៩ កុលសម្ព័ន្ធអេប្រាអ៊ីមដែលជាកងទ័ពបាញ់ព្រួញ
បានបាក់ទ័ពនៅថ្ងៃធ្វើចំបាំង
១០ មកពីពួកគេពុំបានគោរពសម្ពន្ធមេត្រី របស់ព្រះជាម្ចាស់
គឺមិនព្រមកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គ
១១ ពួកគេបានភ្លេចពីស្នាព្រះហស្ដដ៏ឧត្ដុង្គឧត្ដម
និងភ្លេចពីការដ៏អស្ចារ្យផ្សេងៗ ដែលព្រះអង្គបានសំដែងអោយគេឃើញ។
១២ នៅតំបន់សូអានក្នុងស្រុកអេស៊ីប
ព្រះអង្គបានធ្វើការអស្ចារ្យមួយ អោយបុព្វបុរសរបស់គេឃើញ
១៣ គឺព្រះអង្គបានញែកទឹកសមុទ្រ អោយពួកគេដើរឆ្លង
ព្រះអង្គធ្វើអោយទឹកផ្ដុំគ្នានៅនឹងថ្កល់ មួយកន្លែងដូចកំពែង។
១៤ នៅពេលថ្ងៃព្រះអង្គដឹកនាំគេដោយដុំពពក
ហើយរាល់យប់ព្រះអង្គដឹកនាំគេ ដោយដុំភ្លើងជាពន្លឺ។
១៥ ព្រះអង្គបានបំបែកផ្ទាំងថ្មក្នុងវាលរហោស្ថាន
អោយគេហូបទឹកដែលហូរចេញ យ៉ាងបរិបូណ៌ពីបាតដីមក។
១៦ ព្រះអង្គបានធ្វើអោយមានទឹក ហូរចេញពីផ្ទាំងសិលាមក
ដូចជាទឹកទន្លេ។
១៧ ទោះជាយ៉ាងនេះក្ដី ពួកគេនៅតែប្រព្រឹត្តអំពើបាប ខុសនឹងព្រះហឫទ័យព្រះអង្គជានិច្ច
ពួកគេបះបោរប្រឆាំងនឹងព្រះដ៏ខ្ពង់ខ្ពស់បំផុត នៅវាលរហោស្ថានដ៏ហួតហែងនោះ។
១៨ ពួកគេហ៊ានល្បងលមើលព្រះជាម្ចាស់
ដោយសូមអោយព្រះអង្គប្រទានម្ហូបអាហារ តាមទំនើងចិត្តរបស់ខ្លួន។
១៩ គេនាំគ្នាពោលពាក្យប្រឆាំងនឹងព្រះជាម្ចាស់ថា:
តើព្រះជាម្ចាស់អាចជប់លៀងយើង ក្នុងវាលរហោស្ថាននេះបានឬ?
២០ ព្រះអង្គបានវាយផ្ទាំងថ្មអោយមានទឹក ហូរចេញមក ដូចជាទឹកជ្រោះធ្លាក់មែន
ក៏ប៉ុន្តែ តើព្រះអង្គអាចប្រទាននំបុ័ង
និងផ្គត់ផ្គង់សាច់មកអោយ ប្រជារាស្ត្ររបស់ព្រះអង្គបានដែរឬ?
២១ ពេលព្រះអម្ចាស់ឮពាក្យរបស់ពួកគេ ព្រះអង្គទ្រង់ព្រះពិរោធក្រៃលែង
ព្រះអង្គក្ដៅក្រហាយនឹងពូជពង្ស របស់លោកយ៉ាកុប
ព្រះអង្គខ្ញាល់ទាស់នឹងជនជាតិអ៊ីស្រាអែល
២២ ព្រោះពួកគេគ្មានជំនឿលើព្រះជាម្ចាស់
ពួកគេពុំបានផ្ញើជីវិតលើព្រះអង្គ ដែលអាចសង្គ្រោះគេនោះឡើយ។
២៣ ទោះជាយ៉ាងណាក្ដី ព្រះអង្គបានបង្គាប់ពពក ព្រះអង្គបានបើកផ្ទៃមេឃ
២៤ ហើយប្រទាននំម៉ាណាធ្លាក់ចុះមកដូចភ្លៀង អោយពួកគេធ្វើជាអាហារ
គឺព្រះអង្គប្រទានស្រូវពីស្ថានសួគ៌ មកអោយពួកគេ។
២៥ ពួកគេម្នាក់ៗបានបរិភោគអាហាររបស់ពួកទេវទូត
ព្រះអង្គប្រទានអោយគេ បរិភោគឆ្អែតទាំងអស់គ្នា។
២៦ នៅលើមេឃព្រះអង្គបានធ្វើអោយមានខ្យល់ បក់មកពីទិសខាងកើត
ហើយព្រះអង្គក៏ធ្វើអោយមានខ្យល់ បក់មកពីទិសខាងត្បូងដែរ។
២៧ ព្រះអង្គធ្វើអោយមានសាច់យ៉ាងច្រើន ដូចធូលីដីធ្លាក់ពីលើមេឃមក
គឺព្រះអង្គប្រទានសត្វស្លាបយ៉ាងច្រើន ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ
២៨ ធ្លាក់ចុះមកកណ្ដាលជំរំរបស់ពួកគេ
ជុំវិញកន្លែងដែលគេស្នាក់នៅ។
២៩ ពួកគេបានបរិភោគឆ្អែតស្កប់ស្កល់
ដោយព្រះជាម្ចាស់ធ្វើតាមចិត្ត ប៉ងប្រាថ្នារបស់ពួកគេ។
៣០ ក៏ប៉ុន្តែ ទោះបីគេមានម្ហូបអាហារនៅពេញមាត់ក្ដី
ក៏ពួកគេនៅតែពុំព្រមស្កប់ចិត្តដដែល
៣១ ជាហេតុនាំអោយព្រះជាម្ចាស់ទ្រង់ព្រះពិរោធ
ហើយប្រហារជីវិតពួកអ្នកខ្លាំងពូកែជាងគេ
ព្រមទាំងយុវជនដែលកំពុងតែពេញកម្លាំង ក្នុងចំណោមជនជាតិអ៊ីស្រាអែលផងដែរ។
៣២ ទោះបីយ៉ាងនេះក្ដី ក៏ពួកគេនៅតែប្រព្រឹត្តអំពើបាបដដែល
ពួកគេពុំបានជឿលើព្រះអង្គ ដែលធ្វើការអស្ចារ្យទាំងនោះទេ។
៣៣ ដូច្នេះ ព្រះអង្គក៏ប្រហារជីវិតរបស់គេ តែក្នុងមួយរយៈពេលដ៏ខ្លី
ព្រះអង្គផ្ដាច់អាយុជីវិតរបស់គេ យ៉ាងសែនវេទនាបំផុត។
៣៤ ពេលឃើញព្រះជាម្ចាស់ប្រហារជីវិត អ្នកខ្លះក្នុងចំណោមពួកគេ
ពួកគេក៏នាំគ្នាស្វែងរកព្រះអង្គ ហើយប្រែចិត្តគំនិតមករកព្រះអង្គវិញ។
៣៥ ពួកគេនឹកឃើញថា ព្រះជាម្ចាស់ជាថ្មដារបស់ពួកគេ
ហើយថាព្រះដ៏ខ្ពង់ខ្ពស់បំផុតបានការពារពួកគេ។
៣៦ ក៏ប៉ុន្តែ តាមពិតពួកគេចង់បោកប្រាស់ព្រះអង្គ
គឺអ្វីៗដែលគេនិយាយចេញមក សុទ្ធតែជាពាក្យកុហកទាំងអស់។
៣៧ ពួកគេមានចិត្តមិនទៀងនឹងព្រះអង្គទេ
ហើយក៏ក្បត់នឹងសម្ពន្ធមេត្រីរបស់ព្រះអង្គដែរ។
៣៨ រីឯព្រះអង្គវិញ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរជានិច្ច
ព្រះអង្គបានលើកលែងទោសអោយពួកគេ គឺព្រះអង្គមិនប្រហារជីវិតពួកគេទេ
ជាច្រើនលើកច្រើនសា ព្រះអង្គតែងតែទប់ ព្រះហឫទ័យមិនអោយមានព្រះពិរោធ
ព្រះអង្គអត់ធ្មត់ចំពោះពួកគេ។
៣៩ ព្រះអង្គនឹកចាំថា ពួកគេគ្រាន់តែជាមនុស្សលោកីយ៍ប៉ុណ្ណោះ
ជីវិតរបស់ពួកគេប្រៀបបាននឹងដង្ហើម
ដែលរសាត់បាត់ទៅឥតវិលមកវិញឡើយ។
៤០ ពួកគេបានបះបោរប្រឆាំងនឹងព្រះអង្គ នៅវាលរហោស្ថានជាច្រើនលើកច្រើនសា
ហើយក្នុងវាលហួតហែងនោះ ពួកគេតែងតែ ធ្វើអោយព្រះអង្គព្រួយព្រះហឫទ័យ!។
៤១ ពួកគេចេះតែល្បងលមើលព្រះជាម្ចាស់ជានិច្ច
ពួកគេនាំគ្នាធ្វើអោយព្រះដ៏វិសុទ្ធ របស់ជនជាតិអ៊ីស្រាអែលទាស់ព្រះហឫទ័យ។
៤២ ពួកគេពុំបាននឹកឃើញ អំពីឫទ្ធានុភាពរបស់ព្រះអង្គទេ
ហើយក៏ពុំបាននឹកឃើញពីថ្ងៃ ដែលព្រះអង្គ បានរំដោះពួកគេ
អោយរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្តដែរ។
៤៣ ពួកគេពុំបាននឹកឃើញពីទីសំគាល់អស្ចារ្យផ្សេងៗ ដែលព្រះអង្គធ្វើនៅស្រុកអេស៊ីបទេ
ពួកគេពុំបាននឹកឃើញពីការអស្ចារ្យផ្សេងៗ ដែលព្រះអង្គធ្វើនៅតំបន់សូអានឡើយ។
៤៤ ព្រះអង្គបានធ្វើអោយទឹកនៅដៃទន្លេនីល ប្រែទៅជាឈាម
ជាហេតុធ្វើអោយជនជាតិ អេស៊ីបរកទឹកផឹកមិនបាន។
៤៥ ព្រះអង្គបានចាត់មូសអោយទៅខាំជនជាតិអេស៊ីប
និងចាត់កង្កែបអោយទៅបំផ្លិចបំផ្លាញ អ្វីៗទាំងអស់។
៤៦ ព្រះអង្គធ្វើអោយមានចង្រិត ទៅស៊ីបង្ហិនភោគផលរបស់ពួកគេ
ហើយអោយកណ្ដូបទៅស៊ីបង្ហិនដំណាំរបស់គេ។
៤៧ ព្រះអង្គបានធ្វើអោយមានព្រិលធ្លាក់មក កំទេចចំការទំពាំងបាយជូររបស់គេ
ហើយមានធាតុអាកាសត្រជាក់ មកបំផ្លាញដើមឈើរបស់គេខូចអស់។
៤៨ ហ្វូងគោរបស់គេត្រូវវិនាសដោយសារព្រិល
ហ្វូងចៀមរបស់គេត្រូវវិនាស ដោយសាររន្ទះបាញ់។
៤៩ ព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ទាស់នឹងជនជាតិអេស៊ីបយ៉ាងខ្លាំង
ព្រះអង្គដាក់ទោសពួកគេ អោយរងទុក្ខលំបាកយ៉ាងសែនវេទនា
ដោយចាត់ពួកទេវទូតអោយមកប្រហារពួកគេ។
៥០ ព្រះអង្គធ្វើតាមព្រះពិរោធរបស់ព្រះអង្គ ដោយឥតសំចៃជីវិតជនជាតិនោះឡើយ
ព្រះអង្គបានធ្វើអោយគ្រោះកាច កើតមានដល់ពួកគេ
៥១ គឺព្រះអង្គប្រហារជីវិតកូនច្បងទាំងប៉ុន្មាន របស់ជនជាតិអេស៊ីប
កូនដែលកើតមកមុនគេ ក្នុងពូជពង្សរបស់លោកហាំ។
៥២ ព្រះអង្គបាននាំប្រជារាស្ត្ររបស់ព្រះអង្គ ចេញពីស្រុកនោះដូចហ្វូងចៀមចេញពីក្រោល
ព្រះអង្គដឹកនាំពួកគេនៅវាលរហោស្ថាន ដូចគង្វាលឃ្វាលហ្វូងចៀមរបស់ខ្លួន។
៥៣ ព្រះអង្គដឹកនាំពួកគេយ៉ាងសុខសាន្ត ឥតភ័យខ្លាចអ្វីឡើយ
តែខ្មាំងសត្រូវរបស់ពួកគេ ត្រូវលិចលង់ក្នុងទឹកសមុទ្រ។
៥៤ ព្រះអង្គនាំពួកគេទៅកាន់ទឹកដីដ៏វិសុទ្ធ
គឺទៅកាន់ភ្នំដែលព្រះអង្គវាយយកបាន ដោយឫទ្ធិបារមីរបស់ព្រះអង្គ។
៥៥ ព្រះអង្គបណ្ដេញប្រជាជាតិនានាចេញពីមុខពួកគេ ហើយចែកទឹកដីអោយពួកគេជាមត៌ក
គឺព្រះអង្គអោយកុលសម្ព័ន្ធអ៊ីស្រាអែល រស់នៅក្នុងលំនៅស្ថានរបស់ប្រជាជាតិទាំងនោះ។
៥៦ ក៏ប៉ុន្តែ ពួកគេបានល្បងលព្រះជាម្ចាស់ ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត
ពួកគេបានបះបោរប្រឆាំងនឹងព្រះអង្គ ដោយមិនព្រមធ្វើតាមដំបូន្មានរបស់ ព្រះអង្គឡើយ។
៥៧ ពួកគេបានងាកចេញពីព្រះអង្គ និងក្បត់ព្រះអង្គដូចដូនតារបស់ពួកគេ
ពួកគេមានចិត្តវៀចវេរដូចផ្លែកណ្ដៀវ។
៥៨ ពួកគេប្រព្រឹត្តខុសចំពោះព្រះអង្គ ដោយទៅថ្វាយបង្គំព្រះក្លែងក្លាយ
នៅតាមទីសក្ការៈរបស់សាសន៍ដទៃនៅលើភ្នំ
ធ្វើអោយទាស់ព្រះហឫទ័យព្រះអង្គជាខ្លាំង។
៥៩ ព្រះជាម្ចាស់ឃើញគេប្រព្រឹត្តដូច្នេះ ព្រះអង្គទ្រង់ព្រះពិរោធ
ហើយលែងរវីរវល់នឹងជនជាតិ អ៊ីស្រាអែលទៀត។
៦០ ព្រះអង្គបោះបង់ចោលព្រះដំណាក់នៅស៊ីឡូ
ព្រះអង្គបោះបង់ចោលព្រះពន្លា ដែលព្រះអង្គធ្លាប់គង់នៅជាមួយមនុស្សលោក។
៦១ ព្រះអង្គបណ្ដោយអោយខ្មាំងសត្រូវ រឹបអូសយកបានហិបនៃសម្ពន្ធមេត្រី
ដែលជានិមិត្តរូបនៃឫទ្ធិបារមី និងសិរីរុងរឿងរបស់ព្រះអង្គ។
៦២ ព្រះអង្គបណ្ដោយអោយខ្មាំងសត្រូវប្រហារជីវិត ប្រជារាស្ត្ររបស់ព្រះអង្គ ដោយមុខដាវ
ព្រោះព្រះអង្គទ្រង់ព្រះពិរោធ នឹងពួកគេជាខ្លាំង។
៦៣ ពួកយុវជនបានបាត់បង់ជីវិត ដោយសារភ្លើងសង្គ្រាម
ហើយគ្មាននៅសល់កំលោះ ដើម្បីរៀបការជាមួយពួកស្ត្រីក្រមុំទៀតឡើយ។
៦៤ ពួកបូជាចារ្យបានស្លាប់ដោយមុខដាវ
ហើយស្ត្រីមេម៉ាយ មិនអាចធ្វើពិធីកាន់ទុក្ខបានទេ។
៦៥ ពេលនោះ ព្រះអម្ចាស់តើនឡើង ដូចគេក្រោកពីដំណេក
ឬដូចអ្នកចំបាំងដ៏ពូកែទើបនឹងស្វាងស្រាឡើងវិញ
៦៦ ព្រះអង្គវាយខ្មាំងសត្រូវពីក្រោយ
អោយបាក់មុខអស់កល្បជានិច្ច។
៦៧ ព្រះអង្គមិនរវីរវល់នឹងពូជពង្សរបស់លោកយ៉ូសែប
ព្រះអង្គពុំបានជ្រើសរើសកុលសម្ព័ន្ធអេប្រាអ៊ីមទេ
៦៨ តែព្រះអង្គបានជ្រើសរើសកុលសម្ព័ន្ធយូដាវិញ
ព្រះអង្គគាប់ព្រះហឫទ័យនឹងភ្នំស៊ីយ៉ូន។
៦៩ នៅទីនោះព្រះអង្គបានសង់ទីសក្ការៈ របស់ព្រះអង្គយ៉ាងល្អរឹងប៉ឹង ដូចផ្ទៃមេឃដ៏ខ្ពស់
ព្រះអង្គធ្វើអោយទីសក្ការៈនោះ បានរឹងមាំដូចផែនដីរហូតតទៅ។
៧០ ព្រះអង្គបានជ្រើសរើសព្រះបាទដាវីឌ ជាអ្នកបំរើរបស់ព្រះអង្គ
ព្រះអង្គបានយកស្ដេចចេញពីកន្លែងឃ្វាលចៀម
៧១ ព្រះអង្គបានយកស្ដេចចេញពីហ្វូងចៀមមក
ដើម្បីអោយឃ្វាលពូជពង្សរបស់លោកយ៉ាកុប
គឺជនជាតិអ៊ីស្រាអែល ដែលជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ។
៧២ ព្រះបាទដាវីឌដឹកនាំជនជាតិអ៊ីស្រាអែល ដោយចិត្តស្មោះត្រង់
ព្រះរាជាដឹកនាំពួកគេយ៉ាងប៉ិនប្រសប់។
ជំពូកទី ៧៩
ឱព្រះអម្ចាស់អើយ សូមយាងមកជួយសង្គ្រោះយើងខ្ញុំផង!
១ ទំនុករបស់លោកអសាភ។
ឱព្រះជាម្ចាស់អើយ ប្រជាជាតិនានាបានឈ្លានពាន ទឹកដីរបស់ព្រះអង្គ
ពួកគេបានធ្វើអោយព្រះវិហារ ដ៏វិសុទ្ធរបស់ព្រះអង្គទៅជាសៅហ្មង
ពួកគេបានកំទេចក្រុងយេរូសាឡឹម។
២ ពួកគេបានបោះសាកសពអ្នកបំរើរបស់ព្រះអង្គ ទៅអោយត្មាតស៊ី
យកសាកសពអ្នកជឿព្រះអង្គ ទៅអោយសត្វតិរច្ឆានធ្វើជាចំណី។
៣ ពួកគេបានបង្ហូរឈាមប្រជាជន នៅជុំវិញក្រុងយេរូសាឡឹមអោយហូរដូចទឹក
ហើយគ្មាននរណាបញ្ចុះសព ប្រជាជនទាំងនោះទេ។
៤ អ្នកស្រុកជិតខាងនាំគ្នាជេរប្រមាថយើងខ្ញុំ
អ្នកនៅជុំវិញយើងខ្ញុំ នាំគ្នាចំអកឡកឡឺយ យករឿងយើងខ្ញុំទៅលេងសើច។
៥ ព្រះអម្ចាស់អើយ តើព្រះអង្គទ្រង់ព្រះពិរោធ នឹងយើងខ្ញុំដូច្នេះរហូតដល់កាលណា?
តើព្រះអង្គនៅតែមានព្រះហឫទ័យ ក្ដៅឆេះឆួលនឹងយើងខ្ញុំដល់កាលណាទៀត?
៦ គួរតែព្រះអង្គជះព្រះពិរោធ ទៅលើប្រជាជាតិដែលពុំស្គាល់ព្រះអង្គ
និងនគរនានាដែលមិនគោរពបំរើព្រះនាម ព្រះអង្គនោះវិញ។
៧ ដ្បិតពួកគេបានសម្លាប់រង្គាលពូជពង្ស របស់លោកយ៉ាកុប
ព្រមទាំងបំផ្លាញស្រុកទេសរបស់លោកផង។
៨ សូមកុំដាក់ទោសយើងខ្ញុំ ព្រោះតែបុព្វបុរស របស់យើងខ្ញុំបានធ្វើខុសនោះឡើយ
ផ្ទុយទៅវិញសូមប្រញាប់សំដែងព្រះហឫទ័យ អាណិតអាសូរយើងខ្ញុំផង!
ដ្បិតយើងខ្ញុំកំពុងតែលិចលង់។
៩ ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំអើយ
សូមយាងមកជួយយើងខ្ញុំ ដោយយល់ដល់ សិរីរុងរឿងនៃព្រះនាមរបស់ព្រះអង្គ
សូមរំដោះយើងខ្ញុំ និងលើកលែងទោសយើងខ្ញុំអោយរួចពីបាប ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ។
១០ ហេតុអ្វីបានជាបណ្ដោយអោយប្រជាជាតិនានា ពោលថា «ព្រះរបស់គេនៅឯណា?»
ព្រះអង្គអើយ សូមអោយប្រជាជាតិ ទាំងឡាយបានដឹងនៅចំពោះមុខយើងខ្ញុំថា
ព្រះអង្គនឹងដាក់ទោសពួកគេ ព្រោះគេបានបង្ហូរឈាមអ្នកបំរើរបស់ព្រះអង្គ។
១១ សូមស្ដាប់សំឡេងថ្ងូររបស់ពួកអ្នកទោស
ហើយដោយព្រះអង្គមានឫទ្ធានុភាព សូមរំដោះអ្នកដែលមានទោស ដល់ជីវិតទាំងនោះផង។
១២ ព្រះអម្ចាស់អើយ ប្រជាជាតិជិតខាង បានធ្វើអោយព្រះអង្គបាត់បង់កិត្តិយស
ដូច្នេះ សូមធ្វើអោយគេបាត់បង់កិត្តិយសវិញ មួយជាប្រាំពីរ។
១៣ រីឯយើងខ្ញុំដែលជាប្រជារាស្ត្រ និងជាហ្វូងចៀមរបស់ព្រះអង្គ
នឹងនាំគ្នាលើកតម្កើងព្រះអង្គអស់កល្បជានិច្ច
យើងខ្ញុំនឹងសរសើរតម្កើងព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។
ជំពូកទី ៨០
ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ សូមនាំយើងខ្ញុំមកវិញ!
១ បទពីសៀវភៅរបស់គ្រូចំរៀង។ បទ«ផ្កាម្លិះ»។ សក្ខីភាព។
ទំនុកតម្កើងរបស់លោកអសាភ។
២ ឱព្រះជាម្ចាស់ដែលជាគង្វាល នៃជនជាតិអ៊ីស្រាអែលអើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់យើងខ្ញុំ
ព្រះអង្គដឹកនាំពូជពង្សរបស់លោកយ៉ូសែប ដូចគង្វាលដឹកនាំហ្វូងចៀម
ឱព្រះអង្គដែលគង់នៅលើពួកខេរូប៊ីន*អើយ សូមសំដែងព្រះបារមីដ៏រុងរឿងរបស់ព្រះអង្គ
៣ សូមសំដែងព្រះចេស្ដាអោយកុលសម្ព័ន្ធ អេប្រាអ៊ីម បេនយ៉ាមីន និងម៉ាណាសេឃើញ
សូមយាងមកសង្គ្រោះយើងខ្ញុំផង!
៤ ឱព្រះជាម្ចាស់អើយ សូមនាំយើងខ្ញុំមកវិញ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យ សប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!
៥ ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ តើព្រះអង្គទ្រង់ព្រះពិរោធ
មិនស្ដាប់ពាក្យទូលអង្វររបស់ប្រជារាស្ត្រព្រះអង្គ ដល់កាលណាទៀត?
៦ ព្រះអង្គធ្វើអោយយើងខ្ញុំសោកសង្រេង ឥតស្រាកស្រាន្ត
អោយយើងខ្ញុំយំខ្សោះទឹកភ្នែក។
៧ ព្រះអង្គធ្វើអោយប្រជាជាតិជិតខាងឈ្លោះគ្នា ដណ្ដើមយកទឹកដីយើងខ្ញុំ
ហើយខ្មាំងសត្រូវចំអកឡកឡឺយអោយយើងខ្ញុំ។
៨ ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ សូមនាំយើងខ្ញុំមកវិញ
សូមទតមកយើងខ្ញុំដោយ ព្រះហឫទ័យសប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!
៩ ព្រះអង្គបានគាស់ទំពាំងបាយជូរមួយដើម ពីស្រុកអេស៊ីបមក
ព្រះអង្គបានដេញប្រជាជាតិនានាចេញពីទឹកដី ហើយយកទំពាំងបាយជូរនេះមកដាំជំនួស។
១០ ព្រះអង្គឆ្ការដីកន្លែងនោះយ៉ាងស្អាត
ដើមទំពាំងបាយជូរក៏ចាក់ឫស ហើយដុះពាសពេញនៅក្នុងស្រុក
១១ ម្លប់ទំពាំងបាយជូរគ្របដណ្ដប់ទៅលើភ្នំនានា
ហើយមែករបស់វាគ្របពីលើដើមតាត្រៅដ៏ខ្ពស់ៗ។
១២ ដើមទំពាំងបាយជូរបែកមែករហូតទៅដល់សមុទ្រ
ហើយមានពន្លកលាស់ចេញមក រហូតទៅដល់ទន្លេអឺប្រាត។
១៣ហេតុអ្វីបានជាព្រះអង្គរំលំរបងចំការ ទំពាំងបាយជូរនេះ
បណ្ដាលអោយអស់អ្នកធ្វើដំណើរ កាត់តាមនោះនាំគ្នាបេះផ្លែដូច្នេះ?
១៤ជ្រូកព្រៃមកបំផ្លិចបំផ្លាញចំការទំពាំងបាយជូរ
ហើយសត្វនានានៅទីវាលក៏នាំគ្នាស៊ីដើម ទំពាំងបាយជូរនេះដែរ។
១៥ ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ សូមយាងមកវិញ!
សូមទតមើលពីស្ថានបរមសុខមក! សូមយាងមកជួយចំការទំពាំងបាយជូរនេះផង!
១៦ សូមការពារចំការទំពាំងបាយជូរ ដែលព្រះអង្គបានដាំ ដោយព្រះអង្គផ្ទាល់
គឺបុត្រដែលព្រះអង្គបានពង្រឹងអោយមាំមួនឡើង!
១៧សូមអោយខ្មាំងសត្រូវដែលបានដុតបំផ្លាញ និងកាប់ឆ្ការចំការទំពាំងបាយជូរនេះ
ត្រូវវិនាសសូន្យទៅ នៅពេលព្រះអង្គគំរាមកំហែងពួកគេ។
១៨សូមដាក់ព្រះហស្ដលើមនុស្ស ដែលស្ថិតនៅខាងស្ដាំព្រះអង្គ
គឺលើបុត្រមនុស្សដែលព្រះអង្គបានពង្រឹង អោយមាំមួនឡើង។
១៩យើងខ្ញុំនឹងមិនបែកចិត្តចេញពីព្រះអង្គទៀតឡើយ
សូមប្រោសប្រទានអោយយើងខ្ញុំ រស់រានមានជីវិតឡើងវិញផង
នោះយើងខ្ញុំគោរពបំរើព្រះនាមរបស់ព្រះអង្គ។
២០ ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ សូមនាំយើងខ្ញុំមកវិញ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យ សប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!
ជំពូកទី ៨១
ប្រជារាស្ត្ររបស់យើងអើយ ចូរស្ដាប់សេចក្ដីដែលយើងរំលឹកដាស់តឿនអ្នក
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ សំរាប់ពិណពីស្រុកកាថ។
ទំនុករបស់លោកអសាភ។
២ ចូរបន្លឺសំឡេង ដោយអំណរថ្វាយព្រះជាម្ចាស់ ដែលជាកម្លាំងរបស់យើង!
ចូរបន្លឺសំឡេងសរសើរតម្កើងព្រះ របស់លោកយ៉ាកុប!
៣ ចូរនាំគ្នាប្រគំតូរ្យតន្ត្រីឡើង
ចូរវាយស្គរ និងលេងពិណយ៉ាងពីរោះ ព្រមទាំងដេញចាប៉ីផងដែរ!
៤ ចូរផ្លុំស្នែងនៅពេលចាប់ផ្ដើមខ្នើត
នៅពេលខែពេញបូណ៌មី គឺជាថ្ងៃបុណ្យរបស់យើង
៥ ព្រោះជាច្បាប់នៅស្រុកអ៊ីស្រាអែល
ជាព្រះបញ្ជានៃព្រះរបស់លោកយ៉ាកុប
៦ ជាក្រឹត្យវិន័យដែលព្រះអង្គបង្គាប់មក ពូជពង្សរបស់លោកយ៉ូសែប
នៅពេលដែលព្រះអង្គវាយប្រហារស្រុកអេស៊ីប។
ខ្ញុំបានឮសំឡេងមួយដែលខ្ញុំមិនធ្លាប់ស្គាល់ ទាល់តែសោះ បន្លឺថា:
៧ យើងបានយកអំរែកដ៏ធ្ងន់ចុះពីស្មាអ្នក
ហើយក៏យកបន្ទុកដ៏ធ្ងន់ចេញពីដៃអ្នកដែរ!
៨ នៅគ្រាមានទុក្ខវេទនាអ្នកបានស្រែកហៅយើង យើងក៏បានជួយរំដោះអ្នក
យើងបានឆ្លើយតបពីក្នុងខ្យល់ព្យុះ
យើងបានល្បងលមើលចិត្តអ្នក នៅប្រភពទឹកមេរីបា។ – សំរាក
៩ ប្រជារាស្ត្ររបស់យើងអើយ ចូរស្ដាប់សេចក្ដីដែលយើងរំលឹកដាស់តឿនអ្នក
ឱអ៊ីស្រាអែលអើយ ចូរស្ដាប់ពាក្យយើង
១០ កុំអោយមានព្រះណាមួយទៀត នៅក្នុងចំណោមអ្នកឡើយ
កុំថ្វាយបង្គំព្រះដទៃអោយសោះ
១១ដ្បិតយើងជាព្រះអម្ចាស់ជាព្រះរបស់អ្នក
យើងបាននាំអ្នកចេញពីស្រុកអេស៊ីប
ចូរបើកចិត្តអោយទូលាយ យើងនឹងអោយពរអ្នកយ៉ាងពេញបរិបូណ៌។
១២ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់យើង មិនបានធ្វើតាមពាក្យយើងទេ
អ៊ីស្រាអែលមិនចង់ស្គាល់យើងទៀតទេ។
១៣ហេតុនេះហើយបានជាយើងបណ្ដោយ គេទៅតាមចិត្តរឹងរូសរបស់ខ្លួន
គេក៏នាំគ្នាប្រព្រឹត្តតាមទំនើងចិត្ត។
១៤ប្រសិនបើប្រជារាស្ត្ររបស់យើងស្ដាប់ពាក្យយើង
ប្រសិនបើអ៊ីស្រាអែលដើរតាមមាគ៌ារបស់យើង
១៥យើងមុខជាបង្ក្រាបខ្មាំងសត្រូវរបស់គេ
យើងនឹងវាយប្រហារបច្ចាមិត្តរបស់គេ មួយរំពេចជាមិនខាន។
១៦អស់អ្នកដែលស្អប់ព្រះអម្ចាស់ នឹងនាំគ្នាមកចុះចូលនឹងព្រះអង្គ
ហើយអ៊ីស្រាអែលនឹងបានសុខសាន្តរហូតតទៅ។
១៧ព្រះជាម្ចាស់នឹងប្រទានស្រូវដ៏ល្អៗ មកអោយអ៊ីស្រាអែលបរិភោគ
ព្រមទាំងអោយគេមានទឹកឃ្មុំបរិភោគ យ៉ាងបរិបូណ៌ផង។
ជំពូកទី ៨២
ព្រះជាម្ចាស់ជាចៅក្រមដ៏ខ្ពង់ខ្ពស់បំផុត
១ ទំនុកតម្កើងរបស់លោកអសាភ។
ព្រះជាម្ចាស់គង់នៅ ក្នុងអង្គប្រជុំរបស់ព្រះអង្គ។
ព្រះអង្គកាត់ក្ដីនៅក្នុងចំណោមព្រះនានា។
២ តើអ្នករាល់គ្នានៅតែកាត់ក្ដីដោយអយុត្តិធម៌
គឺអោយមនុស្សអាក្រក់ឈ្នះដូច្នេះ ដល់កាលណាទៀត? – សំរាក
៣ ចូររកយុត្តិធម៌អោយមនុស្សទន់ខ្សោយ និងក្មេងកំព្រា
ចូរកាត់ក្ដីអោយមនុស្សកំសត់ទុគ៌ត និងមនុស្សតោកយ៉ាក។
៤ ចូររំដោះមនុស្សទន់ខ្សោយ និងមនុស្សក្រីក្រ
ចូរយកពួកគេចេញអោយផុតពីកណ្ដាប់ដៃ របស់មនុស្សអាក្រក់។
៥ អ្នករាល់គ្នាមិនដឹងមិនយល់អ្វីទាំងអស់ អ្នករាល់គ្នាដើរនៅក្នុងសេចក្ដីងងឹត
អ្នករាល់គ្នាលុបបំបាត់យុត្តិធម៌ ដែលជាគ្រឹះនៃពិភពលោក។
៦ យើងបានប្រាប់រួចហើយថា អ្នករាល់គ្នាជាព្រះ
អ្នករាល់គ្នាសុទ្ធតែជាបុត្ររបស់ព្រះ ដ៏ខ្ពង់ខ្ពស់បំផុត។
៧ ប៉ុន្តែ អ្នករាល់គ្នានឹងត្រូវស្លាប់ដូចមនុស្សលោក
អ្នករាល់គ្នានឹងត្រូវបាត់បង់ជីវិត ដូចអ្នកធំបាត់បង់តំណែងដែរ។
៨ ឱព្រះជាម្ចាស់អើយ សូមក្រោកឡើងវិនិច្ឆ័យទោសមនុស្សលោក
ដ្បិតមនុស្សគ្រប់ជាតិសាសន៍ សុទ្ធតែជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ!។
ជំពូកទី ៨៣
ឱព្រះជាម្ចាស់អើយ សូមកុំនៅសំងំស្ងៀមឡើយ!
១ ចំរៀងតម្កើងព្រះជាម្ចាស់។ ទំនុកតម្កើងរបស់លោកអសាភ។
២ ឱព្រះជាម្ចាស់អើយ សូមកុំនៅសំងំស្ងៀមឡើយ!
ឱព្រះជាម្ចាស់អើយ សូមកុំនៅស្ងៀមស្ងាត់ ឥតកំរើកដូច្នេះ!
៣ ដ្បិតខ្មាំងសត្រូវរបស់ព្រះអង្គ កំពុងតែធ្វើសកម្មភាព
អស់អ្នកដែលស្អប់ព្រះអង្គ កំពុងតែនាំគ្នាបះបោរ។
៤ ពួកគេរៀបចំគំរោងការប្រឆាំង នឹងប្រជារាស្ត្ររបស់ព្រះអង្គ
ហើយឃុបឃិតគ្នាប្រឆាំងនឹងអស់អ្នក ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។
៥ ពួកគេពោលថា “តោ៎ះ! យើងនាំគ្នាទៅប្រហារ ជាតិសាសន៍នោះអោយរលាយសូន្យ
ដើម្បីកុំអោយនរណានឹកឃើញ ឈ្មោះអ៊ីស្រាអែលទៀត!”។
៦ ពួកគេពិភាក្សាគ្នា ដោយមានចិត្តគំនិតតែមួយ
គេចុះសន្ធិសញ្ញាជាមួយគ្នាប្រឆាំងនឹងព្រះអង្គ
៧ គឺមានជនជាតិអេដុម ជនជាតិអ៊ីស្មាអែល
ជនជាតិម៉ូអាប់ ជនជាតិហាការេន
៨ ជនជាតិកេបាល ជនជាតិអាំម៉ូន ជនជាតិអាម៉ាឡេក
ជនជាតិភីលីស្ទីន និងអ្នកស្រុកទីរ៉ុស
៩ ហើយសូម្បីតែជនជាតិអាស្ស៊ីរីក៏ចូលរួមជាមួយដែរ
គឺពួកគេបានចូលដៃជាមួយ ពូជពង្សរបស់លោកឡុត។ – សំរាក
១០ សូមប្រព្រឹត្តចំពោះពួកគេ ដូចព្រះអង្គបានប្រព្រឹត្តចំពោះជនជាតិម៉ាឌីយ៉ាន
លោកស៊ីសេរ៉ា និងស្ដេចយ៉ាប៊ីន នៅត្រង់ទឹកជ្រោះគីសូនដែរ!
១១ព្រះអង្គបានប្រហារពួកគេ អោយវិនាសនៅអេនឌ័រ
ហើយសាកសពរបស់ពួកគេបានក្លាយទៅជាជី។
១២សូមដាក់ទោសអ្នកដឹកនាំរបស់គេ ដូចព្រះអង្គបានដាក់ទោសស្ដេចអូរឹប និងស្ដេចសឹប
ហើយដាក់ទោសមេរបស់គេ ដូចព្រះអង្គបានដាក់ទោសសេបា និងសាល់មូណាដែរ
១៣ដ្បិតពួកគេបាននិយាយថា
“យើងនាំគ្នាវាយដណ្ដើមយក ទឹកដីរបស់ព្រះជាម្ចាស់!”។
១៤ឱព្រះនៃទូលបង្គំអើយ សូមអោយពួកគេបានដូចធូលីដីដែលត្រូវខ្យល់កួច
ឬដូចចំបើងដែលត្រូវខ្យល់ផាត់យកទៅ។
១៥ភ្លើងឆាបឆេះព្រៃ ឬអណ្ដាតភ្លើងឆាបឆេះភ្នំយ៉ាងណា
១៦សូមប្រើខ្យល់ព្យុះរបស់ព្រះអង្គដេញតាមពួកគេ
និងប្រើព្យុះសង្ឃរារបស់ព្រះអង្គ ធ្វើអោយពួកគេញ័ររន្ធត់យ៉ាងនោះដែរ។
១៧ឱព្រះអម្ចាស់អើយ សូមធ្វើអោយពួកគេអាម៉ាស់មុខ
ដើម្បីអោយគេស្វែងរកព្រះនាមរបស់ព្រះអង្គ។
១៨សូមអោយពួកគេបាក់មុខ បាក់ស្បាតរហូតតទៅ
សូមអោយពួកគេងើបមុខមិនរួច ហើយវិនាសសូន្យទៅ!
១៩សូមអោយគេទទួលស្គាល់ថា មានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះអម្ចាស់
ព្រះអង្គជាព្រះដ៏ខ្ពង់ខ្ពស់បំផុត នៅលើផែនដីទាំងមូល!។
ជំពូកទី ៨៤
ទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គណាស់!
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ សំរាប់ពិណពីស្រុកកាថ។
ទំនុករបស់កូនចៅលោកកូរេ។
២ ឱព្រះអម្ចាស់នៃពិភពទាំងមូលអើយ ទូលបង្គំស្រឡាញ់ព្រះដំណាក់ របស់ព្រះអង្គណាស់!
៣ ទូលបង្គំអន្ទះអន្ទែងប្រាថ្នាចង់ចូល ទៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ពន់ពេកក្រៃ
ទូលបង្គំបន្លឺសំឡេងតម្កើងព្រះដ៏មានព្រះជន្មគង់នៅ អស់ពីកម្លាំងកាយ និងកម្លាំងចិត្ត។
៤ ឱព្រះអម្ចាស់នៃពិភពទាំងមូល ឱព្រះជាម្ចាស់ជាព្រះមហាក្សត្រនៃទូលបង្គំអើយ!
សូម្បីតែសត្វចាប និងសត្វត្រចៀកកាំ
ក៏រកបានកន្លែងធ្វើសំបុកដាក់កូនចៅវា នៅជិតអាសនៈរបស់ព្រះអង្គដែរ។
៥ មានសុភមង្គលហើយ អស់អ្នកដែលរស់នៅក្នុងព្រះដំណាក់របស់ព្រះអង្គ
គេនឹងសរសើរតម្កើងព្រះអង្គរហូតតរៀងទៅ!។ – សំរាក
៦ អ្នកណាពឹងផ្អែកលើកម្លាំងដែលមកពីព្រះអង្គ អ្នកនោះមានសុភមង្គលហើយ!
ដ្បិតគេធ្វើដំណើរឡើងទៅកាន់ព្រះដំណាក់ របស់ព្រះអង្គដោយចិត្តស្មោះសរ។
៧ នៅពេលពួកគេដើរកាត់ជ្រោះរីងស្ងួត
ព្រះអង្គបានធ្វើអោយទីនោះប្រែទៅជាប្រភពទឹក
ហើយភ្លៀងនៅដើមរដូវក៏ធ្លាក់មក ជាព្រះពរលើកន្លែងនោះដែរ។
៨ ពួកគេកាន់តែមានកម្លាំងខ្លាំងឡើងៗជានិច្ច
នៅពេលពួកគេកាន់តែខិតចូលជិតព្រះជាម្ចាស់ នៅលើភ្នំស៊ីយ៉ូន។
៩ ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ សូមស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ!
ឱព្រះនៃលោកយ៉ាកុបអើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំផង!។ – សំរាក
១០ឱព្រះជាម្ចាស់អើយ ព្រះអង្គជាខែលការពារយើងខ្ញុំ
សូមទ្រង់ព្រះសន្ដោសទតមកព្រះរាជា ដែលព្រះអង្គបានចាក់ប្រេងអភិសេក!។
១១មួយថ្ងៃនៅក្នុងព្រះវិហាររបស់ព្រះអង្គ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត
ហេតុនេះបានជាខ្ញុំសំរេចចិត្តឈរនៅ មាត់ទ្វារព្រះដំណាក់នៃព្រះជាម្ចាស់របស់ខ្ញុំ
ជាជាងទៅស្នាក់នៅក្នុងផ្ទះរបស់មនុស្សអាក្រក់
១២ដ្បិតព្រះជាអម្ចាស់ជាពន្លឺថ្ងៃ និងជាខែលការពារយើង
ព្រះអម្ចាស់ប្រណីសន្ដោស និងប្រទានអោយយើងបានរុងរឿង
ព្រះអង្គតែងតែប្រទានសុភមង្គលអោយអស់អ្នក ដែលរស់នៅ ដោយគ្មានសៅហ្មង។
១៣ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ
អ្នកណាទុកចិត្តលើព្រះអង្គ អ្នកនោះមានសុភមង្គលហើយ!។
ជំពូកទី ៨៥
ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំអើយ សូមពង្រឹងយើងខ្ញុំឡើងវិញ
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់កូនចៅលោកកូរេ។
២ ឱព្រះអម្ចាស់អើយ ព្រះអង្គគាប់ព្រះហឫទ័យ នឹងទឹកដីរបស់ព្រះអង្គ
ព្រះអង្គបាននាំពូជពង្សរបស់លោកយ៉ាកុប ដែលគេចាប់យកទៅជាឈ្លើយនោះ
អោយត្រឡប់មកវិញ។
៣ ព្រះអង្គបានលើកលែងទោស អោយប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គបានអត់ទោសគេអោយរួច ពីអំពើបាបទាំងប៉ុន្មាន។ – សំរាក
៤ ព្រះអង្គបានដកព្រះពិរោធចេញពីយើងខ្ញុំ
ព្រះអង្គឈប់ខ្ញាល់នឹងយើងខ្ញុំទៀតហើយ។
៥ ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំអើយ សូមពង្រឹងយើងខ្ញុំឡើងវិញ
សូមឈប់ប្រកែប្រកាន់យើងខ្ញុំទៀតទៅ។
៦ តើព្រះអង្គខ្ញាល់នឹងយើងខ្ញុំរហូតឬ?
តើព្រះអង្គទ្រង់ព្រះពិរោធនឹងយើងខ្ញុំ អស់កល្បជាអង្វែងតរៀងទៅឬ?
៧ តើព្រះអង្គមិនយាងមកវិញ ប្រទានអោយយើងខ្ញុំរស់រានមានជីវិត
ដើម្បីអោយប្រជារាស្ត្ររបស់ព្រះអង្គ មានអំណរសប្បាយរួមជាមួយព្រះអង្គទេឬ?
៨ ឱព្រះអម្ចាស់អើយ សូមសំដែងព្រះហឫទ័យ មេត្តាករុណាចំពោះយើងខ្ញុំ
ហើយសូមសង្គ្រោះយើងខ្ញុំផង!
៩ ខ្ញុំត្រងត្រាប់ស្ដាប់សេចក្ដីដែលព្រះជាអម្ចាស់ មានព្រះបន្ទូល
ដ្បិតព្រះអង្គមានព្រះបន្ទូលថា នឹងប្រទាន សេចក្ដីសុខសាន្ត មកប្រជារាស្ត្រដែលជឿលើ ព្រះអង្គ
គឺអស់អ្នកដែលមិនបែរចិត្តគំនិត ទៅរកអំពើលេលារបស់ខ្លួនវិញ។
១០ពិតមែនហើយ ព្រះអង្គនឹងសង្គ្រោះអស់អ្នក ដែលគោរពកោតខ្លាចព្រះអង្គក្នុងពេលឆាប់ៗ
សិរីរុងរឿងរបស់ព្រះអង្គនឹងមកសណ្ឋិត នៅលើទឹកដីរបស់យើង។
១១ព្រះអម្ចាស់នឹងសំដែងព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យស្មោះស្ម័គ្រចំពោះយើង
ធ្វើអោយយើងស្គាល់យុត្តិធម៌ និងសេចក្ដីសុខសាន្ត។
១២ពេលនោះ សេចក្ដីពិតនឹងដុះចេញពីដីមក
ហើយក៏មានសេចក្ដីសុចរិត លេចចេញមកពីផ្ទៃមេឃដែរ។
១៣ព្រះអម្ចាស់ផ្ទាល់ប្រទានសុភមង្គលមកយើង ទឹកដីរបស់យើងក៏បង្កើតភោគផល។
១៤សេចក្ដីសុចរិតដើរនៅមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។
ជំពូកទី ៨៦
សូមថែរក្សាជីវិតទូលបង្គំផង!
១ ពាក្យអធិស្ឋានរបស់ស្ដេចដាវីឌ។
ឱព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ
ហើយឆ្លើយតបមកទូលបង្គំវិញផង ដ្បិតទូលបង្គំជាមនុស្សកំសត់ទុគ៌ត!
២ សូមរក្សាការពារជីវិតទូលបង្គំផង ដ្បិតទូលបង្គំមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ
ឱព្រះនៃទូលបង្គំអើយ សូមសង្គ្រោះអ្នកបំរើរបស់ព្រះអង្គ ដែលបានផ្ញើជីវិតលើព្រះអង្គនេះផង!
៣ ឱព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំ
ដ្បិតទូលបង្គំស្រែកអង្វររកព្រះអង្គពេញមួយថ្ងៃ។
៤ សូមប្រោសអ្នកបំរើរបស់ព្រះអង្គ អោយមានអំណរសប្បាយ
ព្រះអម្ចាស់អើយ ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ
៥ ឱព្រះអម្ចាស់អើយ មានតែព្រះអង្គទេ
ដែលប្រកបដោយព្រះហឫទ័យសប្បុរស និងចេះអត់អោនអោយយើងខ្ញុំ
ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ ចំពោះអស់អ្នកដែលអង្វររកព្រះអង្គ។
៦ ឱព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ ស្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ
សូមយកព្រះហឫទ័យទុកដាក់ នឹងពាក្យទូលអង្វររបស់ទូលបង្គំផង។
៧ នៅថ្ងៃមានអាសន្ន ទូលបង្គំអង្វររកព្រះអង្គ ដ្បិតព្រះអង្គឆ្លើយតបមកទូលបង្គំ។
៨ ឱព្រះអម្ចាស់អើយ ក្នុងចំណោមព្រះទាំងឡាយ គ្មានព្រះណាដូចព្រះអង្គទេ
ហើយក៏គ្មានព្រះណាអាចធ្វើការអស្ចារ្យ ដូចព្រះអង្គឡើយ។
៩ ព្រះអម្ចាស់អើយ ប្រជាជាតិទាំងប៉ុន្មានដែលព្រះអង្គបានបង្កើតមក
នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ហើយលើកតម្កើងសិរីរុងរឿងព្រះនាមព្រះអង្គ។
១០ ដ្បិតព្រះអង្គជាព្រះដ៏ឧត្ដុង្គឧត្ដម ព្រះអង្គធ្វើការអស្ចារ្យ
មានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះជាម្ចាស់។
១១ ព្រះអម្ចាស់អើយ សូមបង្រៀនទូលបង្គំ អោយស្គាល់មាគ៌ារបស់ព្រះអង្គ
ទូលបង្គំនឹងប្រព្រឹត្តតាមសេចក្ដីពិតរបស់ព្រះអង្គ
សូមប្រទានអោយទូលបង្គំមានចិត្តស្មោះត្រង់ គោរពកោតខ្លាចព្រះនាមព្រះអង្គ។
១២ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ទូលបង្គំលើកតម្កើងព្រះអង្គយ៉ាងអស់ពីចិត្ត
ទូលបង្គំនឹងលើកតម្កើងសិរីរុងរឿង ព្រះនាមរបស់ព្រះអង្គរហូតតទៅ
១៣ ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា ចំពោះទូលបង្គំខ្លាំងណាស់
ព្រះអង្គបានរំដោះជីវិតទូលបង្គំ អោយរួចផុតពីមច្ចុរាជ។
១៤ ឱព្រះជាម្ចាស់អើយ មនុស្សព្រហើនលើកគ្នាប្រឆាំងនឹងទូលបង្គំ
មនុស្សឃោរឃៅមួយពួកចង់ដកជីវិតទូលបង្គំ
អ្នកទាំងនោះមិនរវីរវល់នឹងព្រះអង្គទេ។
១៥ ព្រះអម្ចាស់អើយ ព្រះអង្គប្រកបដោយព្រះហឫទ័យអាណិតអាសូរ
ព្រះអង្គតែងតែប្រណីសន្ដោស ព្រះអង្គអត់ធ្មត់
ហើយពោរពេញទៅដោយ មេត្តាករុណាដ៏ស្មោះស្ម័គ្រ។
១៦ សូមបែរមកទតមើលទូលបង្គំ សូមប្រណីសន្ដោសទូលបង្គំ
សូមប្រទានកម្លាំងមកទូលបង្គំ ហើយសង្គ្រោះទូលបង្គំ ដែលជាខ្ញុំបំរើរបស់ព្រះអង្គផង!។
១៧ សូមសំដែងទីសំគាល់ដ៏អស្ចារ្យមួយ ចំពោះទូលបង្គំ
ដើម្បីអោយអស់អ្នកដែលស្អប់ទូលបង្គំ ឃើញហើយត្រូវអាម៉ាស់។
ឱព្រះអម្ចាស់អើយ មានតែព្រះអង្គទេដែលជួយសង្គ្រោះ និងសំរាលទុក្ខទូលបង្គំ។
ជំពូកទី ៨៧
ក្រុងស៊ីយ៉ូន ជាប្រភពនៃព្រះពររបស់យើង
១ ទំនុកតម្កើងរបស់កូនចៅលោកកូរេ។ ចំរៀងតម្កើងព្រះជាម្ចាស់។
ព្រះអម្ចាស់បានសង់ក្រុង យេរូសាឡឹមនៅលើភ្នំដ៏វិសុទ្ធ។
២ ព្រះអម្ចាស់ស្រឡាញ់បុរីស៊ីយ៉ូន
ជាងកន្លែងឯទៀតៗទាំងអស់ នៅលើទឹកដីលោកយ៉ាកុប។
៣ ឱក្រុងរបស់ព្រះជាម្ចាស់អើយ
គេលើកតម្កើងសិរីរុងរឿងរបស់អ្នក ដោយពោលថា: – សំរាក
៤ “ក្នុងចំណោមអស់អ្នកដែលស្គាល់ខ្ញុំ មានអ្នកខ្លះកើតនៅស្រុកអេស៊ីប
អ្នកខ្លះកើតនៅស្រុកបាប៊ីឡូន ខ្លះទៀតនៅស្រុកភីលីស្ទីន
ខ្លះទៀតនៅស្រុកទីរ៉ុស និងខ្លះទៀតនៅស្រុកអេត្យូពី”
៥ ក៏ប៉ុន្តែ ចំពោះក្រុងស៊ីយ៉ូនវិញ គេពោលថា
“យើងទាំងអស់គ្នាសុទ្ធតែកើតចេញ មកពីក្រុងស៊ីយ៉ូន!”
ព្រះដ៏ខ្ពង់ខ្ពស់បំផុតបានធ្វើអោយក្រុងនេះរឹងមាំ។
៦ ព្រះអម្ចាស់រាប់ចំនួនប្រជារាស្ត្រនានាចុះក្នុងបញ្ជី
ហើយសរសេរថា ក្រុងស៊ីយ៉ូនជាស្រុកកំណើត របស់ពួកគេទាំងអស់គ្នា។
៧ ពេលនោះ ទាំងពួកអ្នកច្រៀង ទាំងពួកអ្នករាំ នឹងពោលឡើងថា
“ក្រុងស៊ីយ៉ូនជាប្រភពនៃព្រះពររបស់យើង!”។
ជំពូកទី ៨៨
សេចក្ដីស្លាប់បានខិតមកជិតទូលបង្គំហើយ
១ ចំរៀងតម្កើងព្រះជាម្ចាស់។ ទំនុកតម្កើងរបស់កូនចៅលោកកូរេ។
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ចាប់ផ្ដើមជាមួយខ្លុយ។
កំណាព្យរបស់លោកហេម៉ាន់ជាអ្នកស្រុកអេសរ៉ា។
១ ឱព្រះអម្ចាស់ ជាព្រះសង្គ្រោះនៃទូលបង្គំអើយ
ពេលថ្ងៃទូលបង្គំស្រែកអង្វរព្រះអង្គ ហើយពេលយប់ ទូលបង្គំនៅតែរកព្រះអង្គដដែល។
៣ សូមអោយពាក្យអធិស្ឋានរបស់ទូលបង្គំ បានឡើងទៅដល់ព្រះអង្គ!
សូមផ្ទៀងព្រះកាណ៌ស្ដាប់សំរែករបស់ទូលបង្គំផង!
៤ ដ្បិតទូលបង្គំមានទុក្ខខ្លោចផ្សាឥតឧបមា
សេចក្ដីស្លាប់បានខិតមកជិតទូលបង្គំហើយ។
៥ គេចាត់ទុកទូលបង្គំជាអ្នកស្ថិតនៅក្នុងចំណោម មនុស្សដែលត្រូវធ្លាក់ទៅក្នុងរណ្ដៅ
ឬជាអ្នកស្ថិតនៅក្នុងចំណោមមនុស្ស ដែលលែងមានកម្លាំងទៀត។
៦ ទូលបង្គំដេកស្ដូកដូចមនុស្សស្លាប់នៅក្នុងផ្នូរ
ទូលបង្គំប្រៀបបាននឹងអស់អ្នកដែលព្រះអង្គ លែងនឹកនា និងលែងជួយទៀត។
៧ ព្រះអង្គបានបោះទូលបង្គំទៅក្នុងរណ្ដៅដ៏ជ្រៅ
ទៅក្នុងទីងងឹតសូន្យសុងនៃសេចក្ដីស្លាប់។
៨ ព្រះពិរោធរបស់ព្រះអង្គសង្កត់មកលើទូលបង្គំ
ដូចទឹករលកបក់បោកមកលើទូលបង្គំ។ – សំរាក
៩ ព្រះអង្គបានធ្វើអោយអស់អ្នក ដែលជិតស្និទ្ធនឹងទូលបង្គំចេញឆ្ងាយពីទូលបង្គំ
ព្រះអង្គធ្វើអោយអ្នកទាំងនោះខ្ពើមទូលបង្គំ ទូលបង្គំគេចពីស្លាប់មិនរួចឡើយ។
១០ ភ្នែកទូលបង្គំស្រវាំង ដោយកើតទុក្ខវេទនាខ្លាំងពេក
ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វរព្រះអង្គជារៀងរាល់ថ្ងៃ! ទូលបង្គំលើកដៃឡើងទៅរកព្រះអង្គ!
១១តើព្រះអង្គអាចធ្វើការអស្ចារ្យ សំរាប់មនុស្សស្លាប់បានឬ?
តើមនុស្សដែលស្លាប់ទៅហើយ អាចក្រោកឡើងសរសើរតម្កើងព្រះអង្គកើតឬ? – សំរាក
១២តើអ្នកនៅក្នុងផ្នូរអាចថ្លែងពីព្រះហឫទ័យ មេត្តាករុណារបស់ព្រះអង្គ
ហើយអ្នកដែលវិនាសបាត់បង់ជីវិតទៅហើយនោះ
អាចថ្លែងពីព្រះហឫទ័យស្មោះស្ម័គ្រ របស់ព្រះអង្គកើតឬ?
១៣តើអ្នកដែលនៅក្នុងស្ថានងងឹតអាចស្គាល់ ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គបានឬ?
តើអ្នកដែលមនុស្សម្នាភ្លេចសូន្យទៅហើយនោះ
អាចស្គាល់សេចក្ដីសុចរិត របស់ព្រះអង្គដូចម្ដេចបាន?
១៤ឱព្រះអម្ចាស់អើយ ទូលបង្គំស្រែកអង្វរព្រះអង្គ
ទូលបង្គំចូលមកអធិស្ឋាន នៅចំពោះព្រះភក្ត្រព្រះអង្គតាំងពីព្រឹក។
១៥ឱព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គបោះ បង់ចោលទូលបង្គំដូច្នេះ?
ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្រនឹងទូលបង្គំ?
១៦ទូលបង្គំលំបាកវេទនា ជិតស្លាប់តាំងពីក្មេងមកម៉្លេះ
ព្រះអង្គធ្វើអោយទូលបង្គំភ័យ តក់ស្លុតអស់សង្ឃឹម។
១៧ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គ សង្កត់មកលើទូលបង្គំ
ព្រះអង្គធ្វើអោយទូលបង្គំ ភ័យតក់ស្លុតបាត់ស្មារតី។
១៨ទុក្ខទោសទាំងនេះប្រៀបបាន នឹងមហាសាគរដែលនៅឡោមព័ទ្ធទូលបង្គំ
ព្រមទាំងគ្របពីលើទូលបង្គំជារៀងរាល់ថ្ងៃ។
១៩ព្រះអង្គបានយកមិត្តភក្ដិ ព្រមទាំងអ្នកជិតស្និទ្ធ នឹងទូលបង្គំ ចេញឆ្ងាយពីទូលបង្គំ
គឺមានតែភាពងងឹតប៉ុណ្ណោះ ដែលនៅជាមួយទូលបង្គំ។
ជំពូកទី ៨៩
ខ្ញុំនឹងប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
១ កំណាព្យរបស់លោកអេថាន ជាអ្នកស្រុកអេសរ៉ា។
២ ខ្ញុំនឹងច្រៀងសរសើរព្រះហឫទ័យ មេត្តាករុណារបស់ព្រះអម្ចាស់ រហូតតទៅ។
ខ្ញុំនឹងប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្រ របស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ។
៣ ខ្ញុំដឹងថាព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជានិច្ច
ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ នៅស្ថិតស្ថេររឹងប៉ឹងដូចផ្ទៃមេឃ។
៤ ព្រះអម្ចាស់មានព្រះបន្ទូលថា «យើងបានចងសម្ពន្ធមេត្រីជាមួយអ្នក ដែលយើងបានជ្រើសរើស
យើងបានចុះខសន្យាជាមួយដាវីឌ ជាអ្នកបំរើរបស់យើងថា:
៥ យើងនឹងតែងតាំងពូជពង្សអ្នក អោយគ្រងរាជ្យរហូតតទៅ
យើងនឹងពង្រឹងរាជ្យរបស់អ្នកអោយនៅស្ថិតស្ថេរ អស់កល្បជាអង្វែងតរៀងទៅ!»។
៦ ព្រះអម្ចាស់អើយ សូមអោយផ្ទៃមេឃ សរសើរតម្កើងស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ
សូមអោយអង្គប្រជុំដ៏វិសុទ្ធច្រៀង សរសើរព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ។
៧ នៅលើមេឃគ្មាននរណាម្នាក់អាចផ្ទឹមស្មើ នឹងព្រះអង្គបានឡើយ
ក្នុងចំណោមពពួកទេវទូត ក៏គ្មាននរណា អាចប្រៀបប្រដូចនឹងព្រះអង្គបានដែរ។
៨ អស់អ្នកដែលស្ថិតនៅក្នុងអង្គប្រជុំដ៏វិសុទ្ធ នាំគ្នាស្ញែងខ្លាចព្រះអង្គ
ហើយអស់អ្នកដែលនៅជុំវិញព្រះអង្គ ក៏កោតស្ញប់ស្ញែងព្រះអង្គដែរ។
៩ ឱព្រះអម្ចាស់ ព្រះអម្ចាស់ជាព្រះនៃពិភព ទាំងមូលអើយ
គ្មាននរណាមានឫទ្ធានុភាពដូចព្រះអង្គឡើយ!
ព្រះអង្គប្រកបទៅដោយ ព្រះហឫទ័យស្មោះស្ម័គ្រ។
១០ព្រះអង្គបង្ក្រាបអំនួតរបស់សមុទ្រ
នៅពេលរលកសមុទ្រកក្រើកឡើង ព្រះអង្គបានធ្វើអោយស្ងប់ទៅវិញ។
១១ព្រះអង្គបានជាន់ និងសម្លាប់នាគរាជ
ព្រះអង្គបានកំចាត់កំចាយខ្មាំងសត្រូវ ដោយសារប្ញទ្ធិបារមីដ៏ខ្លាំងក្លារបស់ព្រះអង្គ។
១២មេឃ និងផែនដីជាកម្មសិទ្ធិរបស់ព្រះអង្គ
ព្រះអង្គបានបង្កើតពិភពលោក និងអ្វីៗទាំងអស់ ដែលស្ថិតនៅក្នុងពិភពលោកនេះ។
១៣ព្រះអង្គបានបង្កើតទិសខាងជើង និងទិសខាងត្បូង
ភ្នំតាប៊រ និងភ្នំហ៊ែរម៉ូន សរសើរតម្កើងព្រះនាមព្រះអង្គ។
១៤ព្រះអង្គប្រកបដោយព្រះចេស្ដាដ៏ខ្លាំងក្លា
ព្រះអង្គមានឫទ្ធានុភាព និងឫទ្ធិបារមីដ៏ខ្ពង់ខ្ពស់បំផុត។
១៥ព្រះអង្គគ្រងរាជ្យដោយសុចរិត យុត្តិធម៌
អ្វីៗដែលព្រះអង្គធ្វើ សុទ្ធតែបង្ហាញអំពីព្រះហឫទ័យមេត្តាករុណា
និងព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ។
១៦ព្រះអម្ចាស់អើយ ប្រជាជនណាលើកតម្កើងព្រះអង្គ
ព្រមទាំងរស់នៅក្រោមពន្លឺ ដ៏សប្បុរសរបស់ព្រះអង្គ
ប្រជាជននោះមានសុភមង្គលហើយ!
១៧រៀងរាល់ថ្ងៃ គេនឹងបានសប្បាយរីករាយ ដោយសារព្រះនាមព្រះអង្គ
ហើយគេនឹងបានខ្ពស់មុខ ដោយសារសេចក្ដីសុចរិតរបស់ព្រះអង្គ
១៨ដ្បិតព្រះអង្គប្រទានអោយគេមានសិរីជោគជ័យ។
យើងខ្ញុំបានថ្កុំថ្កើង ដោយសារព្រះអង្គប្រោសប្រទានអោយ។
១៩ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
បានជ្រើសរើសព្រះរាជា អោយធ្វើជាខែលការពារយើងខ្ញុំ។
២០នៅថ្ងៃមួយ ព្រះអង្គមានព្រះបន្ទូល មកកាន់ប្រជារាស្ត្រដ៏ស្មោះត្រង់របស់ព្រះអង្គ
តាមការនិមិត្តឃើញមួយថា: «យើងបានជួយគាំទ្រ អ្នកចំបាំងមួយរូបដ៏ចំណាន
យើងបានលើកតម្កើងយុវជនមួយរូប ក្នុងចំណោមប្រជាជន
២១គឺយើងរកបានដាវីឌជាអ្នកបំរើរបស់យើង
យើងបានចាក់ប្រេងអភិសេកគេ ដោយប្រេងដ៏វិសុទ្ធរបស់យើង
២២កម្លាំងរបស់យើងនឹងជួយជ្រោមជ្រែងគេ
ឫទ្ធិបារមីរបស់យើងនឹងធ្វើអោយ គេបានខ្លាំងពូកែ។
២៣ខ្មាំងសត្រូវពុំអាចមានប្រៀបលើគេ
មនុស្សទុច្ចរិតពុំអាចបំបាក់មុខគេបានឡើយ។
២៤យើងនឹងកំទេចបច្ចាមិត្តនៅមុខគេ យើងនឹងប្រហារអស់អ្នកដែលស្អប់គេ។
២៥យើងនឹងសំដែងចិត្តស្មោះត្រង់ និងចិត្តមេត្តាករុណាចំពោះគេជានិច្ច
គេនឹងបានថ្កុំថ្កើងឡើង ដោយសារនាមរបស់យើង។
២៦យើងនឹងអោយគេមានអំណាចគ្រប់គ្រង លើសមុទ្រ និងលើទន្លេនានា។
២៧ពេលនោះ ដាវីឌនឹងហៅយើងថា “ព្រះអង្គជាព្រះបិតា និងជាព្រះនៃទូលបង្គំ
ព្រះអង្គជួយការពារ និងសង្គ្រោះទូលបង្គំ!”។
២៨រីឯយើងវិញ យើងនឹងធ្វើអោយដាវីឌ បានទៅជាបុត្រច្បងរបស់យើង
ជាស្ដេចដ៏ធំជាងគេទាំងអស់នៅលើផែនដី។
២៩យើងនឹងសំដែងចិត្តមេត្តាករុណាចំពោះគេជានិច្ច
ហើយយើងនឹងរក្សាសម្ពន្ធមេត្រី ដែលយើងចង ជាមួយគេដោយមិនប្រែប្រួលឡើយ។
៣០យើងនឹងធ្វើអោយពូជពង្សរបស់គេ នៅស្ថិតស្ថេររហូតតទៅ
ហើយរាជ្យរបស់គេនឹងគង់វង្ស នៅជាយូរអង្វែងដូចផ្ទៃមេឃដែរ។
៣១ប្រសិនបើកូនចៅរបស់ដាវីឌ បោះបង់ចោលវិន័យរបស់យើង
ហើយលែងដើរតាមវិន័យរបស់យើង
៣២ប្រសិនបើពួកគេបំពានលើបញ្ញត្តិរបស់យើង
ហើយលែងប្រតិបត្តិតាមបទបញ្ជា របស់យើងទៀតនោះ
៣៣យើងនឹងវាយប្រដៅពួកគេ ព្រោះតែការបះបោរ
យើងនឹងធ្វើទារុណកម្មពួកគេ ព្រោះតែកំហុសដែលពួកគេបានប្រព្រឹត្ត។
៣៤ក៏ប៉ុន្តែ យើងនៅតែសំដែងចិត្តមេត្តាករុណា ចំពោះដាវីឌជានិច្ច
យើងនឹងសំដែងចិត្តស្មោះស្ម័គ្រចំពោះគេ ឥតងាករេឡើយ។
៣៥យើងនឹងមិនផ្ដាច់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយគេនោះទេ
គឺអ្វីដែលយើងនិយាយចេញមកហើយ យើងនឹងមិនប្រែក្រឡាស់វិញឡើយ។
៣៦យើងបានសន្យាយ៉ាងឱឡារិកក្នុងនាមដ៏វិសុទ្ធ របស់យើង យើងមិនកុហកដាវីឌទេ!
៣៧ពូជពង្សរបស់គេនឹងនៅស្ថិតស្ថេររហូតតទៅ
រាជ្យរបស់គេនឹងគង់វង្សនៅចំពោះមុខយើង ដូចព្រះអាទិត្យ
៣៨ហើយដូចព្រះច័ន្ទដែលនៅស្ថិតស្ថេររហូត ធ្វើជាសាក្សីស្រាប់»។ – សំរាក
៣៩ប៉ុន្តែ ព្រះអង្គបានបោះបង់ចោល ព្រះអង្គបានកាត់កាល់
ព្រះអង្គទ្រង់ព្រះពិរោធនឹងព្រះរាជា ដែលព្រះអង្គបានចាក់ប្រេងអភិសេក។
៤០ព្រះអង្គបានផ្ដាច់សម្ពន្ធមេត្រី ជាមួយអ្នកបំរើរបស់ព្រះអង្គ
ព្រះអង្គបានទំលាក់មកុដរាជ្យ របស់ព្រះរាជាទៅដី។
៤១ព្រះអង្គបានធ្វើអោយកំពែងទាំងប៉ុន្មាន របស់ព្រះរាជាត្រូវធ្លុះធ្លាយ
និងធ្វើអោយបន្ទាយដ៏រឹងមាំត្រូវរលំបាក់បែក។
៤២ពួកអ្នកដែលដើរកាត់តាមនោះ នាំគ្នាប្លន់យកអ្វីៗដែលស្ដេចមាន
ហើយប្រទេសជិតខាងនាំគ្នាសើចចំអក អោយស្ដេច។
៤៣ព្រះអង្គបានធ្វើអោយបច្ចាមិត្តរបស់ស្ដេចមានកម្លាំង
ព្រះអង្គបានធ្វើអោយខ្មាំងសត្រូវទាំងប៉ុន្មាន របស់ស្ដេចមានអំណរសប្បាយ។
៤៤ព្រះអង្គបានធ្វើអោយគ្រឿងសស្រ្ដាវុធ របស់ស្ដេចលែងមានប្រសិទ្ធភាព
ព្រះអង្គពុំបានគាំទ្រស្ដេចក្នុងចំបាំងឡើយ។
៤៥ព្រះអង្គដកអំណាចចេញពីស្ដេច ព្រះអង្គបានរំលំរាជបល្ល័ង្ករបស់ស្ដេច
៤៦ព្រះអង្គពុំបានធ្វើអោយស្ដេច មានព្រះជន្មាយុយឺនយូរទេ
ព្រះអង្គបានធ្វើអោយស្ដេច ត្រូវអាម៉ាស់យ៉ាងខ្លាំង។ – សំរាក
៤៧ព្រះអម្ចាស់អើយ តើព្រះអង្គធ្វើព្រងើយ កន្តើយ ដល់កាលណាទៀត
តើព្រះពិរោធរបស់ព្រះអង្គ នៅតែឆាបឆេះដល់ពេលណាទៀត?
៤៨សូមព្រះអង្គកុំភ្លេចថា អាយុជីវិតទូលបង្គំខ្លីណាស់!
ព្រះអង្គបង្កើតមនុស្សលោកទាំងអស់មក ដើម្បីអោយរលាយសូន្យទៅវិញទេដឹង!
៤៩ពុំដែលមាននរណាអាចរស់រហូត ឥតស្គាល់សេចក្ដីស្លាប់នោះឡើយ
ហើយក៏ពុំដែលមាននរណា អាចធ្វើអោយជីវិតរបស់ខ្លួន
គេចផុតពីមច្ចុរាជបានដែរ! – សំរាក
៥០ព្រះអម្ចាស់អើយ តើស្នាព្រះហស្ដដែលព្រះអង្គធ្លាប់សំដែង
ដោយព្រះហឫទ័យមេត្តាករុណា កាលពីគ្រាមុននោះនៅឯណា?
តើព្រះបន្ទូលដែលព្រះអង្គបានសន្យាយ៉ាង ស្មោះស្ម័គ្រចំពោះព្រះបាទដាវីឌនៅឯណា?។
៥១ព្រះអម្ចាស់អើយ សូមកុំភ្លេចអ្នកបំរើ របស់ព្រះអង្គដែលកំពុងតែបាក់មុខ
សូមព្រះអង្គកុំភ្លេចថា ប្រជារាស្ត្រដ៏ច្រើននេះ ស្ថិតនៅក្នុងបន្ទុករបស់ទូលបង្គំ។
៥២ព្រះអម្ចាស់អើយ ខ្មាំងសត្រូវរបស់ព្រះអង្គ
នាំគ្នាបំបាក់មុខស្ដេច ដែលព្រះអង្គចាក់ប្រេងអភិសេក
គឺទោះបីទូលបង្គំទៅទីណាក៏ដោយ ក៏ពួកគេនាំគ្នាបំបាក់មុខទូលបង្គំជានិច្ច។
៥៣សូមលើកតម្កើងព្រះអម្ចាស់រហូតតទៅ! អាម៉ែន! អាម៉ែន!។
ភាគទីបួន
(ទំនុកតម្កើង ៩០-១០៦)
ជំពូកទី ៩០
មនុស្សលោកតែងតែស្លាប់ តែព្រះជាម្ចាស់គង់នៅរហូត
១ ពាក្យអធិស្ឋានរបស់លោកម៉ូសេ ជាអ្នកបំរើរបស់ព្រះជាម្ចាស់។
ឱព្រះអម្ចាស់អើយ ព្រះអង្គធ្លាប់ធ្វើជាជំរករបស់យើងខ្ញុំ ពីជំនាន់មួយទៅជំនាន់មួយ។
២ មុនពេលភ្នំនានាកកើតឡើង ហើយមុនពេលព្រះអង្គបង្កើតផែនដី និងពិភពលោកមកនោះ
ព្រះអង្គជាព្រះជាម្ចាស់តាំងពីអស់កល្បរៀងមក។
៣ ព្រះអង្គបានធ្វើអោយមនុស្សលោក វិលត្រឡប់ទៅជាធូលីដីវិញ
គឺព្រះអង្គមានព្រះបន្ទូលថា «ពូជពង្សរបស់អដាំអើយ ចូរវិលទៅវិញទៅ!»
៤ ចំពោះព្រះអង្គ រយៈពេលមួយពាន់ឆ្នាំ ប្រៀបបានដូចថ្ងៃម្សិលមិញដែលកន្លងផុតទៅ
ឬដូចមួយយាមក្នុងពេលយប់។
៥ ព្រះអង្គបានដកជីវិតចេញពីមនុស្សលោក
គឺជីវិតរបស់គេប្រៀបបាន នឹងការលង់លក់មួយស្របក់ប៉ុណ្ណោះ។ ជីវិតរបស់គេប្រៀបបីដូចជាស្មៅ
៦ នៅពេលព្រឹកវាដុះចេញមក ហើយលូតលាស់ឡើង
នៅពេលល្ងាចវាស្រពោន ហើយក្រៀមស្ងួតអស់ទៅ។
៧ យើងខ្ញុំត្រូវវិនាស ដោយសារព្រះពិរោធរបស់ព្រះអង្គ
ហើយយើងខ្ញុំញ័ររន្ធត់ ដោយសារព្រះអង្គខ្ញាល់យ៉ាងខ្លាំង។
៨ ព្រះអង្គយកកំហុសរបស់យើងខ្ញុំ មកលាតត្រដាងនៅចំពោះព្រះភក្ត្រព្រះអង្គ
ហើយពន្លឺរបស់ព្រះអង្គ ចាំងអោយឃើញអំពើទាំងប៉ុន្មាន
ដែលយើងខ្ញុំប្រព្រឹត្តដោយលាក់កំបាំង។
៩ ដោយសារព្រះអង្គដាក់ទោសយើងខ្ញុំ
ជីវិតរបស់យើងខ្ញុំកាន់តែដុនដាបទៅៗ ហើយអាយុជីវិតត្រូវចប់ដូចមួយដង្ហើម។
១០ អាយុជីវិតរបស់យើងខ្ញុំបានត្រឹមតែចិតសិបឆ្នាំ ប៉ុណ្ណោះ អ្នកមាំមួនជាងគេរស់បានប៉ែតសិបឆ្នាំ
ប៉ុន្តែ ក្នុងរយៈពេលដែលយើងខ្ញុំរស់នោះ យើងខ្ញុំតែងតែខ្វល់ខ្វាយ និងមានទុក្ខលំបាកជាច្រើន
អាយុជីវិតយើងខ្ញុំឈានទៅមុខយ៉ាងលឿន បោះពួយទៅរកសេចក្ដីស្លាប់។
១១ តើនរណាអាចស្គាល់កម្លាំង នៃព្រះពិរោធរបស់ព្រះអង្គបាន?
តើនរណាអាចស្គាល់ព្រះពិរោធនេះ ដើម្បីគោរពកោតខ្លាច ព្រះអង្គយ៉ាងត្រឹមត្រូវបាន?
១២ សូមណែនាំយើងខ្ញុំអោយដឹងច្បាស់ថា អាយុជីវិតយើងខ្ញុំកំណត់ត្រឹមណា
ដើម្បីអោយចិត្តយើងខ្ញុំចេះរិះគិត ប្រកបដោយប្រាជ្ញា។
១៣ ព្រះអម្ចាស់អើយ សូមយាងមកវិញ តើព្រះអង្គនៅបង្អង់ដល់កាលណាទៀត
សូមអាណិតមេត្តាយើងខ្ញុំ ដែលជាអ្នកបំរើរបស់ព្រះអង្គផង!
១៤ សូមសំដែងព្រះហឫទ័យមេត្តាករុណា ដ៏លើសលប់ចំពោះយើងខ្ញុំតាំងពីព្រលឹម
នោះយើងខ្ញុំនឹងមានអំណរសប្បាយរីករាយ អស់មួយជីវិត។
១៥ ព្រះអង្គបានធ្វើអោយយើងខ្ញុំកើតទុក្ខ អស់រយៈពេលយ៉ាងយូរ
ហើយយើងខ្ញុំវេទនាជាច្រើនឆ្នាំយ៉ាងណា
សូមប្រោសប្រទានអោយយើងខ្ញុំ មានអំណរសប្បាយយ៉ាងនោះដែរ។
១៦ សូមសំដែងអោយយើងខ្ញុំបានឃើញ ស្នាព្រះហស្ដរបស់ព្រះអង្គ
ហើយសំដែងអោយកូនចៅយើងខ្ញុំ បានឃើញភាពថ្កុំថ្កើងរបស់ព្រះអង្គផង។
១៧ ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ សូមសំដែងសេចក្ដីស្រឡាញ់ចំពោះយើងខ្ញុំផង
សូមជួយអោយកិច្ចការដែលយើងខ្ញុំធ្វើបានខ្ជាប់ខ្ជួន
ពិតមែនហើយ សូមជួយអោយកិច្ចការរបស់យើងខ្ញុំ បានខ្ជាប់ខ្ជួនរហូតតទៅ។
ជំពូកទី ៩១
នៅក្រោមម្លប់បារមីព្រះដ៏ខ្ពង់ខ្ពស់បំផុត
១ អ្នកណារស់នៅក្រោមការគ្រប់គ្រង របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត
អ្នកនោះនឹងជ្រកនៅក្រោមម្លប់បារមី របស់ព្រះដ៏មានឫទ្ធានុភាពលើអ្វីៗទាំងអស់។
២ ខ្ញុំទូលព្រះអម្ចាស់ថា: ព្រះអង្គជាជំរក និងជាកំពែងការពារទូលបង្គំ
ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំផ្ញើជីវិតលើព្រះអង្គ!
៣ ព្រះអម្ចាស់រំដោះអ្នកអោយរួចផុតពីអន្ទាក់ អោយរួចផុតពីជំងឺរាតត្បាតផ្សេងៗ។
៤ ព្រះអង្គនឹងការពារអ្នក អ្នកអាចជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ
ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ ប្រៀបបីដូចជាខែល និងអាវក្រោះការពារអ្នក។
៥ នៅពេលយប់ អ្នកនឹងមិនភ័យខ្លាច គ្រោះថ្នាក់ដែលគួរអោយតក់ស្លុតនោះឡើយ
នៅពេលថ្ងៃ អ្នកក៏នឹងមិនភ័យខ្លាចព្រួញ ដែលគេបាញ់មកដែរ។
៦ អ្នកនឹងមិនភ័យខ្លាចគ្រោះកាចនៅយប់ងងឹត ហើយក៏មិនភ័យខ្លាចមហន្តរាយ
នៅពេលថ្ងៃត្រង់ដែរ។
៧ ទោះបីមានមនុស្សមួយពាន់នាក់ ដួលស្លាប់នៅជិតអ្នក
ហើយមានមនុស្សមួយម៉ឺននាក់ ស្លាប់នៅខាងស្ដាំអ្នកក្ដី ក៏គ្មានអ្វីអាចប៉ះពាល់អ្នកបានឡើយ។
៨ ចូរសម្លឹងមើលអ្នកនឹងឃើញថា តើមនុស្សអាក្រក់ទទួលទោសយ៉ាងណា។
៩ ព្រះអម្ចាស់ជាជំរករបស់អ្នក
អ្នកបានមកជ្រកកោនក្រោមម្លប់ របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។
១០ គ្មានទុក្ខវេទនាណាមួយកើតមាន ដល់អ្នកបានឡើយ
ហើយក៏គ្មានគ្រោះកាចណាមួយ ចូលទៅជិតទីលំនៅរបស់អ្នកបានដែរ
១១ ដ្បិតព្រះអម្ចាស់នឹងបញ្ជាអោយ ពួកទេវទូតជួយអ្នក
ពួកទេវទូតនឹងការពារអ្នក នៅគ្រប់ទីកន្លែងដែលអ្នកទៅ។
១២ ទេវទូតទាំងនោះនឹងចាំទ្រអ្នក មិនអោយជើងអ្នកប៉ះទង្គិចនឹងថ្មឡើយ។
១៣ អ្នកនឹងដើរជាន់សត្វសិង្ហ និងពស់វែក អ្នកនឹងជាន់ឈ្លីកូនសិង្ហ និងនាគ។
១៤ ព្រះអម្ចាស់មានព្រះបន្ទូលថា:
«ដោយគេស្ថិតនៅជាប់នឹងយើង យើងនឹងជួយរំដោះគេ
យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ថាយើងជាព្រះអម្ចាស់!
១៥ គេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកគេវិញ
នៅពេលគេមានអាសន្ន យើងនឹងស្ថិតនៅជាមួយគេ
យើងនឹងរំដោះគេ ព្រមទាំងលើកតម្កើងគេផង។
១៦ យើងនឹងអោយគេមានអាយុយឺនយូរ
ហើយយើងនឹងអោយគេឃើញថា យើងពិតជាព្រះសង្គ្រោះមែន»។
ជំពូកទី ៩២
ទូលបង្គំសប្បាយចិត្តនឹងកិច្ចការដែលព្រះអង្គធ្វើ
១ ទំនុកតម្កើង។ ចំរៀងតម្កើងព្រះជាម្ចាស់នៅថ្ងៃសប្ប័ទ*
២ ឱព្រះអម្ចាស់អើយ ជាការប្រពៃណាស់ ដែលទូលបង្គំលើកតម្កើងព្រះអង្គ
ស្មូត្រទំនុកតម្កើងសរសើរព្រះនាម របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត!
៣ ទូលបង្គំប្រកាសអំពីព្រះហឫទ័យ មេត្តាករុណារបស់ព្រះអង្គ តាំងពីព្រលឹមមក
ហើយប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្រ របស់ព្រះអង្គនៅពេលយប់
៤ ដោយលេងឃឹម ដេញចាប៉ី និងដេញពិណ។
៥ ឱព្រះអម្ចាស់អើយ កិច្ចការដែលព្រះអង្គធ្វើ បាននាំអោយទូលបង្គំមានអំណរដ៏លើសលប់
ទូលបង្គំសប្បាយចិត្តនឹងស្នាព្រះហស្ដរបស់ព្រះអង្គ។
៦ ឱព្រះអម្ចាស់អើយ ស្នាព្រះហស្ដរបស់ព្រះអង្គប្រសើរឧត្ដុង្គឧត្ដមណាស់
ព្រះតម្រិះរបស់ព្រះអង្គជ្រៅពន់ប្រមាណ!
៧ មនុស្សល្ងីល្ងើមិនយល់អ្វីទាំងអស់
ហើយមនុស្សឆោតល្ងង់ក៏មិនដឹងអ្វីដែរ។
៨ មនុស្សអាក្រក់លូតលាស់ឡើងដូចស្មៅ
ហើយមនុស្សទាំងប៉ុន្មានដែលប្រព្រឹត្ត អំពើទុច្ចរិតក៏រីកដុះដាលឡើងដែរ
ប៉ុន្តែ គេនឹងត្រូវវិនាសអន្តរាយរហូតតទៅ។
៩ រីឯព្រះអង្គវិញ នៅស្ថានលើ ព្រះអង្គនៅតែជាព្រះអម្ចាស់ជានិច្ច!
១០ឱព្រះអម្ចាស់អើយ ខ្មាំងសត្រូវរបស់ព្រះអង្គកំពុងតែវិនាស
អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត នឹងត្រូវខ្ចាត់ខ្ចាយអស់ទៅ។
១១ព្រះអង្គប្រទានអោយទូលបង្គំ មានកម្លាំងដូចដំរី ព្រះអង្គបានចាក់ប្រេងថ្មីមកលើទូលបង្គំ។
១២ទូលបង្គំឃើញខ្មាំងសត្រូវបរាជ័យ ព្រមទាំងឮសំរែករបស់អស់អ្នក ដែលស្អប់ទូលបង្គំ។
១៣មនុស្សសុចរិតនឹងបានរីកដុះដាលឡើង ដូចដើមត្នោត
ហើយចំរើនធំឡើងដូចដើមតាត្រៅ នៅស្រុកលីបង់។
១៤ពួកគេប្រៀបបាននឹងដើមឈើដុះ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់
ហើយលូតលាស់នៅក្នុងព្រះវិហារ របស់ព្រះជាម្ចាស់។
១៥ទោះបីគេមានវ័យចាស់ជរាក្ដី ក៏គេនៅតែអាចបង្កើតកូនបានដដែល
គឺប្រៀបបាននឹងដើមឈើដែលមានពន្លកថ្មី និងមានស្លឹកលាស់ខៀវខ្ចីជានិច្ច។
១៦ការទាំងនេះសំដែងអោយឃើញថា ព្រះអម្ចាស់ជាថ្មដារបស់ខ្ញុំ
ទ្រង់មានព្រះហឫទ័យទៀងត្រង់ជានិច្ច ឥតប្រែប្រួលសោះឡើយ។
ជំពូកទី ៩៣
ព្រះអម្ចាស់ជាព្រះមហាក្សត្រ
១ ព្រះអម្ចាស់ជាព្រះមហាក្សត្រ ប្រកបដោយភាពថ្កុំថ្កើងរុងរឿង
ព្រះអម្ចាស់ប្រកបទៅដោយព្រះចេស្ដា
ដូច្នេះ ផែនដីនឹងបានរឹងមាំឥតរង្គើសោះឡើយ។
២ បល្ល័ង្ករបស់ព្រះអង្គនៅស្ថិតស្ថេរយ៉ាងមាំ តាំងពីដើមរៀងមក
ព្រះអង្គមានព្រះជន្មគង់នៅ តាំងពីអស់កល្បជានិច្ច។
៣ ឱព្រះអម្ចាស់អើយ មហាសាគរទាំងឡាយបន្លឺសំឡេងឡើង
មហាសាគរទាំងឡាយបន្លឺសំឡេងឡើង យ៉ាងគគ្រឹកគគ្រេង។
៤ ក៏ប៉ុន្តែ នៅស្ថានបរមសុខ ព្រះអម្ចាស់គ្រងរាជ្យយ៉ាងរុងរឿងឧត្ដុង្គឧត្ដម
ព្រះអង្គមានមហិទ្ធិឫទ្ធិខ្លាំង ជាងសំឡេងមហាសាគរ
ព្រះអង្គមានបារមីខ្លាំងជាង រលកសមុទ្រទៅទៀត។
៥ ឱព្រះអម្ចាស់អើយ ក្រឹត្យវិន័យ របស់ព្រះអង្គសុទ្ធតែត្រឹមត្រូវទាំងស្រុង
ហើយព្រះដំណាក់របស់ព្រះអង្គជាកន្លែងដ៏វិសុទ្ធ អស់កល្បតរៀងទៅ។
ជំពូកទី ៩៤
សូមព្រះអង្គសំដែងឫទ្ធិបារមីដើម្បីសងសឹក
១ ព្រះអម្ចាស់អើយ ព្រះអង្គតែងតែសងសឹក
ឱព្រះដែលតែងតែសងសឹក សូមសំដែងឫទ្ធិបារមី!
២ ឱព្រះដែលជាចៅក្រមនៃពិភពលោកអើយ សូមក្រោកឡើង!
សូមដាក់ទោសមនុស្សព្រហើន អោយសមនឹងអំពើដែលគេបានប្រព្រឹត្ត!
៣ ឱព្រះអម្ចាស់អើយ តើទុកអោយមនុស្សអាក្រក់លើកតម្កើងខ្លួន ដល់កាលណាទៀត?
៤ ពួកគេពោលពាក្យអួតបំប៉ោង ពួកគេវាយឫកខ្ពស់
ជនទុច្ចរិតទាំងនោះនាំគ្នានិយាយក្អេងក្អាង។
៥ ឱព្រះអម្ចាស់អើយ ពួកគេជិះជាន់សង្កត់សង្កិន ប្រជារាស្ត្ររបស់ព្រះអង្គ
ពួកគេបន្ទាបបន្ថោកប្រជាជនរបស់ព្រះអង្គ
៦ ពួកគេសម្លាប់ស្ត្រីមេម៉ាយ និងជនអន្តោប្រវេសន៍ ពួកគេធ្វើឃាតក្មេងកំព្រា
៧ ហើយពោលថា «ព្រះអម្ចាស់មើលមិនឃើញទេ ព្រះរបស់លោកយ៉ាកុបមិនរវីរវល់ឡើយ!»
៨ មនុស្សល្ងីល្ងើជាងគេអើយ ចូរប្រយ័ត្នខ្លួន!
មនុស្សឆោតល្ងង់អើយ តើពេលណាទើបអ្នករាល់គ្នាចេះរិះគិត?
៩ ព្រះអង្គដែលជាអ្នកបង្កើតត្រចៀកមនុស្សមក តើព្រះអង្គមិនចេះស្ដាប់ឬ?
ព្រះអង្គដែលជាអ្នកបង្កើតភ្នែកមនុស្សមក តើព្រះអង្គមិនចេះទតឬ?
១០ ព្រះអង្គដែលជាអ្នកវាយប្រដៅប្រជាជាតិនានា តើព្រះអង្គមិនចេះដាក់ទោសទេឬ?
ព្រះអង្គដែលជាអ្នកបង្រៀនមនុស្សលោក អោយចេះដឹង
តើព្រះអង្គមិនចេះដឹងទេឬ?
១១ ព្រះអម្ចាស់ជ្រាបគំនិតរបស់មនុស្សលោក ច្បាស់ណាស់!
គឺគំនិតរបស់គេឥតខ្លឹមសារអ្វីទាំងអស់!
១២ ឱព្រះអម្ចាស់អើយ អ្នកណាមានព្រះអង្គរំលឹកដាស់តឿន
ហើយយកវិន័យមកប្រៀនប្រដៅ អ្នកនោះមានសុភមង្គលហើយ!
១៣ នៅថ្ងៃមានអាសន្ន ព្រះអង្គប្រទានអោយគេមានចិត្តស្ងប់
រីឯមនុស្សអាក្រក់វិញ មានរណ្ដៅបម្រុងទុកសំរាប់កប់ពួកគេ
១៤ ដ្បិតព្រះអម្ចាស់មិនបោះបង់ប្រជារាស្ត្រ របស់ព្រះអង្គឡើយ
ព្រះអង្គមិនចោលប្រជាជនរបស់ព្រះអង្គផ្ទាល់ ជាដាច់ខាត។
១៥ ពេលនោះ ចៅក្រមនឹងកាត់ក្ដី ដោយយុត្តិធម៌ឡើងវិញ
ហើយអស់អ្នកដែលមានចិត្តទៀងត្រង់ នឹងដើរតាមគន្លងយុត្តិធម៌។
១៦ តើមាននរណាក្រោកឡើងការពារខ្ញុំ ជំទាស់នឹងមនុស្សអាក្រក់?
តើមាននរណាឈរជាមួយខ្ញុំ ប្រឆាំងនឹងអស់អ្នកប្រព្រឹត្តអំពើទុច្ចរិត?
១៧ ប្រសិនបើព្រះអម្ចាស់មិនបានជួយខ្ញុំទេនោះ
ខ្ញុំមុខជាវិនាសសាបសូន្យភ្លាមៗមិនខាន។
១៨ ឱព្រះអម្ចាស់អើយ ពេលណាទូលបង្គំពោលថា «ខ្ញុំដួលឥឡូវហើយ!»
នោះព្រះអង្គសំដែងព្រះហឫទ័យមេត្តាករុណា ជួយទ្រទូលបង្គំ។
១៩ ពេលណាមានទុក្ខកង្វល់ញាំញីក្នុងចិត្តទូលបង្គំ
ព្រះអង្គសំរាលទុក្ខទូលបង្គំ ដោយប្រទានអោយទូលបង្គំមានអំណរសប្បាយ។
២០ តើអ្នកមានពាក់ព័ន្ធជាមួយនឹងចៅក្រម ដ៏ទុច្ចរិតទាំងនោះ
ដែលប្រើច្បាប់ជិះជាន់សង្កត់សង្កិនប្រជាជនឬទេ?
២១ ពួកគេព្រួតគ្នាព្យាបាទជីវិតមនុស្សសុចរិត
ពួកគេកាត់ទោសប្រហារជីវិតមនុស្សស្លូតត្រង់។
២២ ក៏ប៉ុន្តែ ព្រះអម្ចាស់ជាកំពែងការពារខ្ញុំ
ព្រះរបស់ខ្ញុំជាថ្មដា និងជាជំរក សំរាប់ខ្ញុំ។
២៣ ព្រះអង្គសងទៅពួកគេវិញ សមតាមកំហុសដែលគេបានប្រព្រឹត្ត
ព្រះអង្គធ្វើអោយគេវិនាសសូន្យ ដោយសារអំពើកំណាចរបស់ខ្លួនផ្ទាល់
ព្រះអម្ចាស់ជាព្រះនៃយើង នឹងធ្វើអោយពួកគេវិនាសសូន្យទៅ។
ជំពូកទី ៩៥
ចូរយើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
១ សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
ចូរស្រែកច្រៀងដោយអំណរ ថ្វាយព្រះជាម្ចាស់ដែលជាថ្មដាសង្គ្រោះយើង។
២ ចូរយើងនាំគ្នាចូលមកចំពោះព្រះភក្ត្រព្រះអង្គ ទាំងអរព្រះគុណ
និងស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គ
៣ ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម ព្រះអង្គជាព្រះមហាក្សត្រ ដ៏ខ្ពង់ខ្ពស់លើសព្រះនានា។
៤ ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ គឺចាប់តាំងពីបាតដីរហូតដល់ចុងកំពូលភ្នំ។
៥ សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ព្រោះព្រះអង្គបានបង្កើតសមុទ្រមក
រីឯផែនដីក៏ព្រះអង្គបានបង្កើតមកដែរ។
៦ ចូរនាំគ្នាមកយើងនឹងអោនកាយថ្វាយបង្គំព្រះអង្គ
ចូរយើងក្រាបនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ដែលបានបង្កើតយើងមក
៧ ដ្បិតព្រះអង្គជាព្រះនៃយើង
យើងជាប្រជារាស្ត្រដែលព្រះអង្គថែរក្សា ជាហ្វូងចៀមដែលព្រះអង្គដឹកនាំ។
ថ្ងៃនេះបើអ្នករាល់គ្នា ឮព្រះសូរសៀងរបស់ព្រះអង្គ
៨ មិនត្រូវមានចិត្តរឹងរូស ដូចកាលបះបោរនៅមេរីបា
ដូចថ្ងៃល្បងលនៅម៉ាសា ក្នុងវាលរហោស្ថាននោះឡើយ
៩ គឺបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង
គេសាកមើលយើង ទោះបីគេបានឃើញកិច្ចការ ដែលយើងធ្វើក៏ដោយ។
១០ ក្នុងអំឡុងពេលសែសិបឆ្នាំ មនុស្សនៅជំនាន់នោះ បានធ្វើអោយយើងឆ្អែតចិត្តជាខ្លាំង
ហើយយើងបានពោលថា: ពួកនេះជាប្រជាជនដែលមានចិត្តវង្វេង
គេពុំស្គាល់មាគ៌ារបស់យើងឡើយ។
១១ ហេតុនេះយើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា
មិនអោយពួកគេចូលមកសំរាក ជាមួយយើងជាដាច់ខាត!
ជំពូកទី ៩៦
ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់!
១ ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់!
មនុស្សនៅផែនដីទាំងមូលអើយ ចូរច្រៀងថ្វាយព្រះអម្ចាស់!
២ ចូរច្រៀងថ្វាយព្រះអម្ចាស់ និងសរសើរតម្កើងព្រះនាមព្រះអង្គ
ចូរប្រកាសជារៀងរាល់ថ្ងៃ អំពីការសង្គ្រោះរបស់ព្រះអង្គ។
៣ ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានា អំពីសិរីរុងរឿងរបស់ព្រះអង្គ
ហើយប្រកាសនៅក្នុងចំណោម ប្រជាជនទាំងឡាយ អំពីស្នាព្រះហស្ដ ដ៏អស្ចារ្យរបស់ព្រះអង្គ!
៤ ដ្បិតព្រះអម្ចាស់ ជាព្រះដ៏ប្រសើរឧត្ដម ដែលយើងត្រូវតែសរសើរតម្កើងអស់ពីចិត្ត
ព្រះអង្គគួរជាទីស្ញែងខ្លាចជាងព្រះផងទាំងពួង។
៥ ព្រះទាំងប៉ុន្មានរបស់សាសន៍នានា សុទ្ធតែឥតបានការអ្វីទាំងអស់
រីឯព្រះអម្ចាស់វិញ ព្រះអង្គបានបង្កើតផ្ទៃមេឃ។
៦ មានពន្លឺរស្មីចិញ្ចែងចិញ្ចាច ចាំងចេញពីព្រះភក្ត្ររបស់ព្រះអង្គ
ព្រះដំណាក់របស់ព្រះអង្គពោរពេញ ទៅដោយឫទ្ធិបារមីដ៏ថ្កុំថ្កើងរុងរឿង។
៧ ប្រជាជាតិទាំងឡាយអើយ ចូរនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់
ហើយថ្លែងអំពីឫទ្ធានុភាពរបស់ព្រះអង្គ។
៨ ចូរលើកតម្កើងសិរីរុងរឿង ព្រះនាមរបស់ព្រះអម្ចាស់!
ចូរនាំគ្នាយកតង្វាយចូលមក ក្នុងព្រះវិហាររបស់ព្រះអង្គ!
៩ ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅពេលព្រះអង្គសំដែងភាពវិសុទ្ធរបស់ព្រះអង្គ!
មនុស្សនៅលើផែនដីទាំងមូលអើយ ចូរញាប់ញ័រនៅចំពោះព្រះភក្ត្រព្រះអង្គចុះ!
១០ ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាថា ព្រះអម្ចាស់គ្រងរាជ្យ
ពិភពលោករឹងមាំឥតរង្គើសោះឡើយ។
ព្រះអម្ចាស់គ្រប់គ្រងលើប្រជារាស្ត្រនានា ដោយយុត្តិធម៌។
១១ ចូរអោយផ្ទៃមេឃមានអំណរសប្បាយ អោយផែនដីបានរីករាយឡើង
ហើយសមុទ្រ និងអ្វីៗដែលស្ថិតនៅក្នុងសមុទ្រ បន្លឺសំឡេងយ៉ាងអឺងកង!
១២ ចូរអោយស្រែចំការ និងអ្វីៗដែលស្ថិតនៅទីនោះ ត្រេកអរសប្បាយ
ចូរអោយព្រៃព្រឹក្សាទាំងប៉ុន្មាន ស្រែកហ៊ោនៅចំពោះព្រះភក្ត្រព្រះអម្ចាស់
១៣ ដ្បិតព្រះអង្គយាងមកហើយ
ព្រះអង្គយាងមកវិនិច្ឆ័យទោសផែនដី
ព្រះអង្គវិនិច្ឆ័យទោសផែនដី ដោយយុត្តិធម៌
ព្រះអង្គវិនិច្ឆ័យប្រជាជនទាំងឡាយ ដោយទៀងត្រង់។
ជំពូកទី ៩៧
ព្រះអម្ចាស់គ្រងរាជ្យ
១ ព្រះអម្ចាស់គ្រងរាជ្យ! ចូរអោយផែនដីបានរីករាយឡើង!
ចូរអោយកោះទាំងឡាយមានអំណរសប្បាយ!
២ មានពពកដ៏ខ្មៅងងឹតនៅព័ទ្ធជុំវិញព្រះអង្គ ព្រះអង្គគ្រងរាជ្យដោយសុចរិតយុត្តិធម៌។
៣ មានភ្លើងឆេះនៅខាងមុខព្រះអង្គ បំផ្លាញខ្មាំងសត្រូវដែលនៅជុំវិញព្រះអង្គ។
៤ ផ្លេកបន្ទោររបស់ព្រះអង្គជះពន្លឺ មកលើពិភពលោក
ផែនដីឃើញពន្លឺនេះ ហើយញាប់ញ័រជាខ្លាំង។
៥ ភ្នំនានារលាយនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ដូចជាក្រមួនត្រូវថ្ងៃ
គឺនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ នៃផែនដីទាំងមូល។
៦ ផ្ទៃមេឃប្រកាសអំពីសេចក្ដីសុចរិតរបស់ព្រះអង្គ
ហើយប្រជារាស្ត្រទាំងអស់ នឹងឃើញសិរីរុងរឿងរបស់ព្រះអង្គ។
៧ អស់អ្នកដែលថ្វាយបង្គំព្រះក្លែងក្លាយ
ហើយអួតអាងក្នុងការគោរពបំរើ ព្រះឥតបានការ នឹងត្រូវអាម៉ាស់!។
ព្រះទាំងឡាយអើយ ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ។
៨ ឱព្រះអម្ចាស់អើយ ពេលអ្នកក្រុងស៊ីយ៉ូន ឮដំណឹងថា ព្រះអង្គវិនិច្ឆ័យទោសដូច្នេះ
គេនឹងមានអំណររីករាយ ហើយអ្នកក្រុងនានានៅស្រុកយូដា ក៏ត្រេកអរសប្បាយយ៉ាងខ្លាំងដែរ
៩ ឱព្រះអម្ចាស់អើយ មានតែព្រះអង្គទេ ដែលជាព្រះដ៏ខ្ពង់ខ្ពស់នៅលើផែនដីទាំងមូល
ព្រះអង្គប្រសើរបំផុតលើសព្រះនានាទាំងអស់។
១០ អស់អ្នកដែលស្រឡាញ់ព្រះអម្ចាស់អើយ ចូរស្អប់អំពើអាក្រក់!
ព្រះអង្គនឹងថែរក្សាអាយុជីវិតអស់អ្នក ដែលស្មោះត្រង់នឹងព្រះអង្គ
ព្រះអង្គដោះលែងគេអោយរួចពីកណ្ដាប់ដៃ របស់មនុស្សអាក្រក់។
១១ មានពន្លឺបំភ្លឺមនុស្សសុចរិត
ហើយមនុស្សដែលមានចិត្តទៀងត្រង់ នឹងមានអំណរសប្បាយ។
១២ មនុស្សសុចរិតអើយ ចូរនាំគ្នាអរសប្បាយ ចំពោះកិច្ចការដែលព្រះអម្ចាស់បានធ្វើ!
ចូរលើកតម្កើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ!
ជំពូកទី ៩៨
ព្រះអម្ចាស់យាងមកជំនុំជំរះផែនដី
ទំនុកតម្កើង។
១ ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់! ដ្បិតព្រះអង្គបានធ្វើការអស្ចារ្យ
ព្រះអង្គយកជ័យជំនះដោយឫទ្ធិបារមី និងព្រះចេស្ដាដ៏វិសុទ្ធរបស់ព្រះអង្គ។
២ ព្រះអម្ចាស់បានបង្ហាញការសង្គ្រោះរបស់ព្រះអង្គ
ព្រះអង្គបានសំដែងអោយប្រជាជាតិនានា ឃើញសេចក្ដីសុចរិតរបស់ព្រះអង្គ។
៣ ព្រះអង្គតែងតែសំដែងព្រះហឫទ័យមេត្តាករុណា
និងព្រះហឫទ័យស្មោះស្ម័គ្រចំពោះកូនចៅអ៊ីស្រាអែលជានិច្ច។
មនុស្សម្នាដែលរស់នៅគ្រប់ទី ដាច់ស្រយាលនៃផែនដី
បានឃើញការសង្គ្រោះនៃព្រះរបស់យើង។
៤ មនុស្សនៅលើផែនដីទាំងមូលអើយ
ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់ដោយអំណរ!
ចូរស្រែកហ៊ោយ៉ាងសប្បាយ ព្រមទាំងស្មូត្រទំនុកតម្កើង!
៥ ចូរស្មូត្រទំនុកតម្កើងថ្វាយព្រះអម្ចាស់ ដោយដេញពិណ
គឺដេញពិណលើកទំនុកយ៉ាងពីរោះ
៦ ចូរលើកតម្កើងព្រះអង្គដោយផ្លុំត្រែ និងផ្លុំស្នែង
ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់ ជាព្រះមហាក្សត្រ!
៧ សមុទ្រ និងអ្វីៗដែលស្ថិតនៅក្នុងសមុទ្រ
ហើយផែនដី និងអ្វីៗដែលរស់នៅលើផែនដី ចូរនាំគ្នាបន្លឺសំឡេងយ៉ាងអឺងកង!
៨ ទន្លេទាំងឡាយ ចូរអបអរសាទរ
ភ្នំទាំងឡាយ ចូរស្រែកហ៊ោព្រមៗគ្នាឡើង
៩ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ដ្បិតព្រះអង្គយាងមកគ្រប់គ្រងផែនដី
ព្រះអង្គគ្រប់គ្រងផែនដីដោយយុត្តិធម៌
ព្រះអង្គគ្រប់គ្រងប្រជាជនទាំងឡាយ ដោយទៀងត្រង់។
ជំពូកទី ៩៩
ព្រះអម្ចាស់ជាព្រះមហាក្សត្រ ព្រះអង្គជាព្រះដ៏វិសុទ្ធ
១ ព្រះអម្ចាស់គ្រងរាជ្យ ប្រជាជនទាំងឡាយត្រូវញ័ររន្ធត់។
ព្រះអង្គគង់នៅពីលើពួកខេរូប៊ីន* ហើយផែនដីកក្រើកញាប់ញ័រ។
២ ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដមនៅក្រុងស៊ីយ៉ូន
ព្រះអង្គជាព្រះដ៏ខ្ពង់ខ្ពស់លើសប្រជាជាតិទាំងអស់។
៣ មនុស្សគ្រប់ៗរូបត្រូវតែលើកតម្កើងព្រះនាម ដ៏ឧត្ដុង្គឧត្ដម គួរជាទីស្ញែងខ្លាចរបស់ព្រះអង្គ
ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ!។
៤ ព្រះអម្ចាស់អើយ ព្រះអង្គប្រកបដោយឫទ្ធានុភាព
ព្រះអង្គជាព្រះមហាក្សត្រ ដែលស្រឡាញ់យុត្តិធម៌!
ព្រះអង្គបានតែងច្បាប់ ហើយព្រះអង្គធ្វើអោយមានសេចក្ដីសុចរិត
និងយុត្តិធម៌នៅក្នុងស្រុកអ៊ីស្រាអែល!
៥ ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះនៃយើង
ចូរនាំគ្នាក្រាបទៀបព្រះបាទារបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ!
៦ លោកម៉ូសេ និងលោកអរ៉ុន ជាបូជាចារ្យរបស់ព្រះអង្គ
លោកសាំយូអែលជាមនុស្សម្នាក់ក្នុងចំណោម អ្នកដែលអង្វររកព្រះអង្គ
ពេលលោកទាំងនោះអង្វររកព្រះអម្ចាស់ ព្រះអង្គឆ្លើយតបមកលោកវិញ។
៧ ព្រះអង្គមានព្រះបន្ទូលពីក្នុងផ្ទាំងពពក* មកពួកលោក
ពួកលោកបានកាន់តាមព្រះបញ្ជា
និងប្រតិបត្តិតាមវិន័យទាំងប៉ុន្មាន ដែលព្រះអង្គបង្គាប់អោយពួកលោកធ្វើ។
៨ ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ ព្រះអង្គបានឆ្លើយតបមកពួកលោក
ទោះបីព្រះអង្គដាក់ទោសលោកទាំងនោះ ព្រោះតែកំហុសដែលលោកបានប្រព្រឹត្តក្ដី
ក៏ព្រះអង្គតែងតែអត់ទោសអោយពួកលោកជានិច្ច។
៩ ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះនៃយើង ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ តម្រង់ទៅរកភ្នំដ៏វិសុទ្ធ
ដ្បិតព្រះអម្ចាស់ជាព្រះនៃយើងទ្រង់ជាព្រះដ៏វិសុទ្ធ!
ជំពូកទី ១០០
ចូរគោរពបំរើព្រះអម្ចាស់ដោយចិត្តរីករាយ
១ ទំនុកតម្កើងសំរាប់ពិធីថ្វាយតង្វាយអរព្រះគុណ។
មនុស្សនៅលើផែនដី ទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់!
២ ចូរគោរពបំរើព្រះអម្ចាស់ដោយចិត្តរីករាយ
ចូរនាំគ្នាចូលមកជិតព្រះអង្គ ដោយច្រៀងយ៉ាងសប្បាយ!
៣ ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន! ព្រះអង្គបានបង្កើតយើងមក
យើងជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយជាប្រជាជនដែលព្រះអង្គថែរក្សា។
៤ ចូរនាំគ្នាចូលតាមទ្វារព្រះដំណាក់របស់ព្រះអង្គ ដោយអរព្រះគុណ
ចូរនាំគ្នាចូលមកក្នុងព្រះវិហារ ដោយពាក្យសរសើរតម្កើង!
ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ!
៥ ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរជានិច្ច
ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
ជំពូកទី ១០១
ពាក្យសន្យារបស់ព្រះរាជា
១ ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
ទូលបង្គំនឹងច្រៀងរៀបរាប់ អំពីព្រះហឫទ័យមេត្តាករុណា និងយុត្តិធម៌
ព្រះអម្ចាស់អើយ ទូលបង្គំនឹងស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គ។
២ ទូលបង្គំនឹងយកចិត្តទុកដាក់ អំពីមាគ៌ាដ៏ទៀងត្រង់។
តើដល់ពេលណាទើបព្រះអង្គ យាងមករកទូលបង្គំ?
ទូលបង្គំនឹងរស់នៅក្នុងគ្រួសាររបស់ទូលបង្គំ ដោយកាន់ចិត្តទៀងត្រង់។
៣ ទូលបង្គំមិនពេញចិត្តនឹងអំពើអាក្រក់ ណាមួយជាដាច់ខាត
ទូលបង្គំមិនចូលចិត្តនឹងអាកប្បកិរិយា របស់អស់អ្នកដែលក្បត់ព្រះអង្គឡើយ
គឺទូលបង្គំមិនចង់ជាប់ពាក់ព័ន្ធ នឹងអាកប្បកិរិយាបែបនេះទេ។
៤ ទូលបង្គំមិនទុកអោយមនុស្ស ដែលមានចិត្តវៀចវេរ ចូលជិតទូលបង្គំបានឡើយ
ហើយទូលបង្គំក៏មិនទាក់ទងនឹងអ្វីៗ ដែលអាក្រក់ដែរ។
៥ ទូលបង្គំនឹងបំបិទមាត់អស់អ្នកដែលនិយាយអាក្រក់ ពីក្រោយខ្នងបងប្អូនរបស់ខ្លួន
ទូលបង្គំនឹងមិនយោគយល់ដល់អស់អ្នក ដែលវាយឫកខ្ពស់
ហើយមានចិត្តអួតបំប៉ោងនោះឡើយ។
៦ ទូលបង្គំនឹងស្វែងរកអស់អ្នកដែលមានចិត្ត ស្មោះត្រង់នៅក្នុងស្រុក ដើម្បីរស់នៅជាមួយទូលបង្គំ
ហើយនរណាដើរតាមមាគ៌ាទៀងត្រង់ ទូលបង្គំនឹងអោយគេធ្វើជាជំនិតរបស់ទូលបង្គំ។
៧ រីឯមនុស្សបោកប្រាស់វិញ ទូលបង្គំមិនអនុញ្ញាត អោយរស់នៅក្នុងផ្ទះទូលបង្គំឡើយ
ហើយអ្នកនិយាយកុហក ក៏មិនអាចនៅជិតទូលបង្គំបានដែរ។
៨ រាល់ព្រឹកទូលបង្គំបំបិទមាត់មនុស្សអាក្រក់ ទាំងប៉ុន្មាននៅក្នុងស្រុក
ទូលបង្គំដកពួកទុច្ចរិត ចេញពីទីក្រុងរបស់ព្រះអម្ចាស់។
ជំពូកទី ១០២
នៅពេលទូលបង្គំមានអាសន្ន សូមកុំលាក់ព្រះភក្ត្រឡើយ!
១ ពាក្យអធិស្ឋានរបស់ជនទុគ៌ត
នៅពេលអស់សង្ឃឹម គេចូលមកទូលអង្វរព្រះអម្ចាស់។
២ ឱព្រះអម្ចាស់អើយ សូមព្រះសណ្ដាប់ពាក្យ ទូលអង្វររបស់ទូលបង្គំ
សូមមេត្តាទទួលពាក្យដែលទូលបង្គំ ស្រែកអង្វរនេះផង!
៣ នៅពេលទូលបង្គំមានអាសន្ន សូមកុំលាក់ព្រះភក្ត្រឡើយ!
នៅថ្ងៃទូលបង្គំស្រែកអង្វរព្រះអង្គ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំផង!
សូមឆ្លើយតបមកទូលបង្គំជាប្រញាប់!
៤ ដ្បិតជីវិតទូលបង្គំនឹងត្រូវរសាត់បាត់ទៅ ដូចជាផ្សែង
ហើយខ្លួនប្រាណទូលបង្គំក្ដៅដូចរងើកភ្លើង។
៥ ទូលបង្គំអស់ទឹកចិត្ត ប្រៀបដូចជាស្មៅក្រៀមស្ងួត
សូម្បីតែអាហារក៏ទូលបង្គំលែងនឹកនាទៀតដែរ។
៦ ទូលបង្គំចេះតែស្រែកថ្ងូរជានិច្ច
ទូលបង្គំនៅសល់តែស្បែក និងឆ្អឹង
៧ ទូលបង្គំប្រៀបដូចជាសត្វក្អែក នៅវាលរហោស្ថាន
ឬដូចសត្វទីទុយនៅទីស្មសាន។
៨ ទូលបង្គំនៅទន្ទឹងរង់ចាំប្រៀបដូចជា សត្វស្លាបឯកោទំនៅលើដំបូលផ្ទះ។
៩ រៀងរាល់ថ្ងៃ ខ្មាំងសត្រូវរបស់ទូលបង្គំ នាំគ្នាប្រមាថមាក់ងាយទូលបង្គំ
ពួកគេចំអកឡកឡឺយអោយទូលបង្គំ ហើយយកឈ្មោះទូលបង្គំទៅដាក់បណ្ដាសាគ្នា។
១០ទូលបង្គំបរិភោគទាំងទុក្ខសោក
ទូលបង្គំបរិភោគលាយជាមួយទឹកភ្នែក
១១ព្រោះព្រះអង្គទ្រង់ព្រះពិរោធ នឹងទូលបង្គំយ៉ាងខ្លាំង
ព្រះអង្គលើកទូលបង្គំបោះទៅឆ្ងាយ។
១២អាយុជីវិតទូលបង្គំប្រៀបដូចជាស្រមោល នៅពេលល្ងាច
និងដូចស្មៅដែលក្រៀមស្ងួតដែរ។
១៣រីឯព្រះអង្គវិញ ឱព្រះអម្ចាស់អើយ ព្រះអង្គគ្រងរាជ្យអស់កល្បជានិច្ច
គេនឹងរំលឹកពីព្រះអង្គអស់កល្ប ជាអង្វែងតរៀងទៅ។
១៤ដោយព្រះអង្គអាណិតមេត្តាក្រុងស៊ីយ៉ូន ព្រះអង្គមុខជាក្រោកឡើង
ព្រោះដល់ពេលកំណត់ដែលព្រះអង្គ ត្រូវប្រណីសន្ដោសក្រុងនេះហើយ។
១៥យើងខ្ញុំដែលជាអ្នកបំរើរបស់ព្រះអង្គ យើងខ្ញុំស្រឡាញ់ថ្មរបស់ក្រុងនេះណាស់
សូម្បីតែសំណល់បាក់បែករបស់ក្រុងនេះ ក៏យើងខ្ញុំជាប់ចិត្តដែរ។
១៦សូមអោយប្រជាជាតិនានាកោតខ្លាច ព្រះនាមរបស់ព្រះអម្ចាស់
ហើយអោយស្ដេចទាំងប៉ុន្មាននៅលើផែនដី កោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គ!
១៧ពេលព្រះអម្ចាស់សង់ក្រុងស៊ីយ៉ូនឡើងវិញ
ព្រះអង្គនឹងសំដែងសិរីរុងរឿងអោយគេឃើញ។
១៨ ព្រះអង្គបែរព្រះភក្ត្រទតទៅមនុស្សទុគ៌ត
ព្រះអង្គលែងព្រងើយកន្តើយ នឹងពាក្យទូលអង្វររបស់គេទៀតហើយ។
១៩ចូរសរសេរសេចក្ដីទាំងនេះទុក អោយមនុស្សនៅជំនាន់ក្រោយបានដឹង
ដើម្បីអោយប្រជារាស្ត្រដែលនឹងកកើតឡើងវិញ នាំគ្នាសរសើរតម្កើងព្រះអម្ចាស់!
២០ដ្បិតព្រះអង្គទតមើលពីទីសក្ការៈរបស់ព្រះអង្គមក
ព្រះអម្ចាស់ទតពីស្ថានបរមសុខមើលមកផែនដី
២១ដើម្បីស្ដាប់សំរែកថ្ងូររបស់អ្នកដែលជាប់ឃុំឃាំង
និងដើម្បីរំដោះអស់អ្នក ដែលគេកាត់ទោសប្រហារជីវិត។
២២ពេលនោះ គេនឹងប្រកាសអំពីព្រះកិត្តិនាម របស់ព្រះអម្ចាស់នៅក្រុងស៊ីយ៉ូន
គេនឹងសរសើរតម្កើងព្រះអង្គនៅក្រុងយេរូសាឡឹម
២៣គឺនៅពេលដែលប្រជាជាតិនានាមកជួបជុំគ្នា
ហើយប្រជាជនពីនគរទាំងឡាយ នាំគ្នាគោរពបំរើព្រះអម្ចាស់។
២៤ពេលខ្ញុំនៅពេញកម្លាំងនៅឡើយ ព្រះអង្គធ្វើអោយខ្ញុំទន់ជង្គង់
ព្រះអង្គបង្រួញអាយុជីវិតរបស់ខ្ញុំ។
២៥ហេតុនេះហើយបានជាខ្ញុំអង្វរព្រះអង្គថា «ឱព្រះនៃទូលបង្គំអើយ
ព្រះអង្គមានព្រះជន្មគង់នៅ ពីជំនាន់មួយទៅជំនាន់មួយ
សូមកុំដកជីវិតទូលបង្គំក្នុងពេលដែល ទូលបង្គំមិនទាន់ចាស់នៅឡើយ!»។
២៦ព្រះអង្គបានបង្កើតផែនដី តាំងពីយូរលង់ណាស់មកហើយ
ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ដ របស់ព្រះអង្គដែរ។
២៧ផ្ទៃមេឃ និងផែនដី នឹងវិនាសសូន្យទៅ
រីឯព្រះអង្គវិញ ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ
ផ្ទៃមេឃ និងផែនដី នឹងរិចរឹលទៅ ដូចសំលៀកបំពាក់
ព្រះអង្គនឹងផ្លាស់វាដូចផ្លាស់សំលៀកបំពាក់ ហើយវានឹងបាត់សូន្យទៅ។
២៨ចំពោះព្រះអង្គវិញ ព្រះអង្គនៅតែដដែល
ព្រះជន្មាយុរបស់ព្រះអង្គគ្មានទីបញ្ចប់ទេ។
២៩កូនចៅយើងខ្ញុំដែលជាអ្នកបំរើរបស់ព្រះអង្គ នឹងរស់នៅដោយសុខសាន្ត
ហើយព្រះអង្គនឹងថែរក្សាកូនចៅរបស់គេ រហូតតទៅ។
ជំពូកទី ១០៣
ខ្ញុំសូមសរសើរតម្កើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គអស់ពីដួងចិត្ត!
១ ទំនុករបស់ស្ដេចដាវីឌ។
ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់!
ខ្ញុំសូមសរសើរតម្កើងព្រះនាមដ៏វិសុទ្ធ របស់ព្រះអង្គអស់ពីដួងចិត្ត!
២ ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់
ដោយឥតភ្លេចពីកិច្ចការណាមួយដែលព្រះអង្គ បានធ្វើដោយព្រះហឫទ័យសប្បុរសនោះឡើយ!
៣ ព្រះអង្គបានអត់ទោសនូវកំហុសទាំងប៉ុន្មាន ដែលខ្ញុំបានប្រព្រឹត្ត
ព្រះអង្គប្រោសខ្ញុំអោយបានជាពីជំងឺគ្រប់យ៉ាង
៤ ព្រះអង្គបានរំដោះជីវិតខ្ញុំអោយរួចពីរណ្ដៅ
ព្រះអង្គតែងសំដែងព្រះហឫទ័យមេត្តាករុណា និងអាណិតអាសូរចំពោះខ្ញុំយ៉ាងបរិបូណ៌
៥ ព្រះអង្គប្រទានអោយខ្ញុំរស់នៅ ប្រកបដោយសុភមង្គល
ហើយព្រះអង្គប្រទានអោយខ្ញុំ មានកម្លាំងឡើងវិញដូចសត្វឥន្ទ្រី។
៦ ព្រះអម្ចាស់ប្រព្រឹត្តដោយសុចរិត
ព្រះអង្គរកយុត្តិធម៌អោយ អស់អ្នកដែលត្រូវគេសង្កត់សង្កិន។
៧ ព្រះអង្គបង្ហាញអោយលោកម៉ូសេ ស្គាល់គំរោងការរបស់ព្រះអង្គ
ព្រះអង្គបង្ហាញអោយប្រជាជនអ៊ីស្រាអែល ស្គាល់ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ។
៨ ព្រះអម្ចាស់ប្រកបដោយព្រះហឫទ័យ អាណិតអាសូរ ព្រះអង្គតែងតែប្រណីសន្ដោស
ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ហើយពោរពេញទៅដោយព្រះហឫទ័យមេត្តាករុណា។
៩ ព្រះអង្គមិនបន្ទោសជានិច្ចកាលទេ
ហើយព្រះអង្គក៏មិនព្រះពិរោធរហូតដែរ។
១០ ព្រះអង្គមិនដាក់ទោសយើង អោយសមនឹងអំពើបាប ដែលយើងប្រព្រឹត្តនោះឡើយ
ហើយព្រះអង្គក៏មិនអោយយើងទទួលទោស សមនឹងកំហុសរបស់យើងនោះដែរ។
១១ ផ្ទៃមេឃខ្ពស់ពីផែនដីយ៉ាងណា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
ចំពោះអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ក៏ខ្ពស់យ៉ាងនោះដែរ។
១២ ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា
ព្រះអង្គក៏ដកកំហុសរបស់យើង ចេញឆ្ងាយពីយើងយ៉ាងនោះដែរ។
១៣ ឪពុកអាណិតអាសូរកូនរបស់ខ្លួនយ៉ាងណា
ព្រះអម្ចាស់ក៏អាណិតអាសូរអស់អ្នក ដែលគោរពកោតខ្លាចព្រះអង្គយ៉ាងនោះដែរ
១៤ ដ្បិតព្រះអង្គជ្រាបថាយើងមានដើមកំណើតពីអ្វី
គឺព្រះអង្គឥតភ្លេចទេថា មនុស្សយើងមានកំណើតមកពីធូលីដី។
១៥ ជីវិតមនុស្សយើងប្រៀបបាននឹងស្មៅ ឬដូចជាផ្កាដែលរីកឡើងនៅទីវាល
១៦ ពេលណាមានខ្យល់បក់មក វាក៏រុះរោយបាត់អស់ទៅ
ឥតមានទុកស្នាមអ្វីសោះឡើយ។
១៧ តែព្រះហឫទ័យមេត្តាករុណារបស់ព្រះអម្ចាស់
ស្ថិតនៅអស់កល្បជានិច្ច ជាមួយអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ
ព្រះអង្គក៏នឹងសំដែងព្រះហឫទ័យស្មោះស្ម័គ្រ ចំពោះកូនចៅរបស់គេ នៅជំនាន់ក្រោយដែរ
១៨ ប្រសិនបើគេកាន់តាមសម្ពន្ធមេត្រីរបស់ព្រះអង្គ
ព្រមទាំងប្រតិបត្តិតាមបទបញ្ជា របស់ព្រះអង្គឥតភ្លេចសោះឡើយ។
១៩ ព្រះអម្ចាស់បានតាំងបល្ល័ង្ករបស់ព្រះអង្គ នៅស្ថានបរមសុខ
ព្រះអង្គគ្រងរាជ្យលើអ្វីៗទាំងអស់។
២០ ទេវទូតដ៏ខ្លាំងពូកែរបស់ព្រះអម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ!
អស់លោកតែងតែអនុវត្តតាម ព្រះបន្ទូលរបស់ព្រះអង្គ
ហើយស្ដាប់តាមព្រះបញ្ជារបស់ព្រះអង្គជានិច្ច។
២១ អស់លោកដែលជាកងពលរបស់ព្រះអម្ចាស់អើយ
ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ!
អស់លោកតែងតែបំរើព្រះអង្គ ស្របតាមព្រះហឫទ័យរបស់ព្រះអង្គជានិច្ច!
២២ ឱស្នាព្រះហស្ដទាំងឡាយរបស់ព្រះអម្ចាស់អើយ
ទោះបីនៅទីណាក្ដី ក៏អ្នករាល់គ្នាស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ព្រះអង្គដែរ
ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់!
ជំពូកទី ១០៤
អស់មួយជីវិត ខ្ញុំច្រៀងតម្កើងព្រះអម្ចាស់!
១ ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់!
ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ព្រះអង្គជាព្រះដ៏ឧត្ដុង្គឧត្ដមបំផុត!
នៅជុំវិញព្រះអង្គមានពេញទៅដោយពន្លឺរស្មី ដ៏រុងរឿងចិញ្ចែងចិញ្ចាច!
២ ព្រះអង្គយកពន្លឺមកគ្របដណ្ដប់ជុំវិញព្រះអង្គ
ព្រះអង្គលាតផ្ទៃមេឃធ្វើជាព្រះពន្លា។
៣ ព្រះអង្គបានសង់ព្រះដំណាក់ខ្ពស់ លើសផ្ទៃមេឃទៅទៀត
ព្រះអង្គយកពពកធ្វើជាព្រះរាជរថ ព្រះអង្គប្រើវាយោធ្វើជាជំនិះ។
៤ ព្រះអង្គយកខ្យល់ធ្វើជាអ្នកនាំសាររបស់ព្រះអង្គ
ហើយយកផ្លេកបន្ទោរ ធ្វើជាអ្នកបំរើរបស់ព្រះអង្គ។
៥ ព្រះអង្គបានដាក់ផែនដីនៅលើគ្រឹះរបស់វា
ហើយផែនដីក៏រឹងមាំ ឥតរង្គើសោះឡើយ។
៦ នៅគ្រាដើមព្រះអង្គយកមហាសាគរ មកគ្របពីលើផែនដីទាំងមូល
ហើយសូម្បីតែកំពូលភ្នំ ក៏មានទឹកគ្របពីលើដែរ
៧ ក៏ប៉ុន្តែ នៅពេលឮព្រះអង្គគំរាម ទឹកទាំងនោះក៏រត់ចេញ
នៅពេលផ្គររបស់ព្រះអង្គលាន់ឮឡើង វានាំគ្នាភិតភ័យរត់បាត់អស់ទៅ។
៨ ទឹកខ្លះឡើងទៅលើកំពូលភ្នំ ខ្លះទៀតហូរចុះទៅជ្រលងភ្នំ
តាមកន្លែងដែលព្រះអង្គបានកំណត់ទុក។
៩ ព្រះអង្គបានកំរិតព្រំប្រទល់ទឹកទាំងនោះ
ដើម្បីកុំអោយវាលិចផែនដីបានទៀត។
១០ ព្រះអង្គបានដឹកនាំប្រភពទឹក អោយហូរទៅក្នុងជ្រោះ
គឺហូរតាមជ្រលងភ្នំនានា
១១ សត្វទាំងប៉ុន្មាននាំគ្នាមកផឹកទឹកនេះ
ហើយសត្វលាព្រៃក៏នាំគ្នាមកផឹក ដើម្បីបំបាត់សំរេកដែរ។
១២ បក្សាបក្សីធ្វើទ្រនំនៅក្បែរទឹកជ្រោះទាំងនោះ
ហើយនាំគ្នាច្រៀងយ៉ាងពីរោះ នៅតាមមែកព្រឹក្សា។
១៣ ពីស្ថានដ៏ខ្ពស់ ព្រះអង្គបានស្រោចស្រព ភ្នំទាំងឡាយ
ហើយព្រះអង្គប្រទានអោយផែនដី មានទឹកយ៉ាងបរិបូណ៌។
១៤ ព្រះអង្គធ្វើអោយស្មៅដុះឡើងសំរាប់ជាចំណីសត្វ
ព្រះអង្គក៏ធ្វើអោយដំណាំដុះឡើង សំរាប់មនុស្សលោក
ដើម្បីអោយគេមានអាហារបរិភោគ
១៥ មានស្រាទំពាំងបាយជូរផឹកអោយសប្បាយចិត្ត
មានប្រេងសំរាប់លាបមុខអោយបានស្រស់ស្អាត
ព្រមទាំងម្ហូបអាហារបរិភោគអោយមានកម្លាំង។
១៦ សូម្បីតែដើមឈើដែលព្រះអម្ចាស់បានដាំ គឺដូចជាដើមតាត្រៅនៅស្រុកលីបង់
ក៏មានទឹកគ្រប់គ្រាន់ដែរ។
១៧ បក្សាបក្សីនាំគ្នាធ្វើសំបុក នៅលើដើមឈើទាំងនោះ
ហើយសត្វកុកនាំគ្នាធ្វើទ្រនំ នៅលើដើមឈើទាល។
១៨ រីឯភ្នំខ្ពស់ៗជាជំរករបស់ពពែភ្នំ
ហើយថ្មដានានាជាទីស្នាក់អាស្រ័យរបស់ទន្សាយ។
១៩ ព្រះអង្គបានបង្កើតព្រះច័ន្ទ ដើម្បីកំណត់ពេលវេលា
ហើយព្រះអាទិត្យក៏ស្គាល់ពេល ដែលត្រូវលិចទៅវិញដែរ។
២០ ព្រះអង្គនាំភាពងងឹតចូលមក រាត្រីកាលក៏មកដល់
ពេលនោះ សត្វព្រៃចាប់ផ្ដើមសកម្មភាពរបស់វា
២១ សត្វសិង្ហស្ទាវគ្រហឹមរករំពា
វាទាមទារចំណីពីព្រះជាម្ចាស់។
២២ ពេលព្រះអាទិត្យរះឡើង វានាំគ្នាដកខ្លួនថយ
ទៅដេកក្នុងរូងរបស់វាវិញ។
២៣ ពេលនោះ មនុស្សម្នាចាកចេញពីផ្ទះ ដើម្បីបំពេញការងាររៀងៗខ្លួន
គេធ្វើការរហូតដល់ល្ងាច។
២៤ ឱព្រះអម្ចាស់អើយ ស្នាព្រះហស្ដរបស់ព្រះអង្គមានច្រើនឥតគណនា
ព្រះអង្គធ្វើការទាំងអស់នោះ ប្រកបដោយព្រះប្រាជ្ញាញាណ
ផែនដីមានពោរពេញទៅដោយអ្វីៗ សព្វសារពើដែលព្រះអង្គបានបង្កើតមក។
២៥ មើល៍ហ្ន៎! សមុទ្រធំធេងដាច់កន្ទុយភ្នែក
នៅក្នុងនោះមានមច្ឆាជាតិគ្រប់យ៉ាង ទាំងធំ ទាំងតូច គ្មាននរណាអាចរាប់អស់ឡើយ។
២៦ នាវាទាំងឡាយធ្វើដំណើរនៅលើសមុទ្រ
ហើយនាគដែលព្រះអង្គបង្កើត ក៏លេងនៅក្នុងសមុទ្រនោះដែរ។
២៧ សត្វទាំងប៉ុន្មាននាំគ្នាផ្ញើជីវិតលើព្រះអង្គ
ដើម្បីទទួលចំណីអាហារតាមពេលកំណត់។
២៨ ពេលព្រះអង្គប្រទានចំណីអាហារ វាក៏នាំគ្នាទទួលយក
ពេលព្រះអង្គផ្គត់ផ្គង់អោយ វាបានឆ្អែតស្កប់ស្កល់។
២៩ ប៉ុន្តែ បើព្រះអង្គមិនរវីរវល់ទេនោះ វាមុខជាភ័យញាប់ញ័រ
ហើយបើព្រះអង្គដកខ្យល់ដង្ហើមចេញពីវា វានឹងផុតដង្ហើម វិលត្រឡប់ទៅជាធូលីដី។
៣០ ពេលណាព្រះអង្គប្រទានខ្យល់ដង្ហើម សត្វទាំងនោះនឹងកកើតឡើង
ហើយអ្វីៗទាំងអស់នៅលើផែនដី មានជីវិតឡើងវិញ។
៣១ សូមសិរីរុងរឿងរបស់ព្រះអម្ចាស់ នៅស្ថិតស្ថេររហូតតទៅ!
សូមព្រះអម្ចាស់រីករាយ នឹងស្នាព្រះហស្ដរបស់ព្រះអង្គ!
៣២ ពេលព្រះអង្គទតមកផែនដី នោះផែនដីក៏ញាប់ញ័រ
ពេលព្រះអង្គពាល់ភ្នំ នោះក៏មានផ្សែងហុយឡើង។
៣៣ អស់មួយជីវិត ខ្ញុំច្រៀងតម្កើងព្រះអម្ចាស់!
ខ្ញុំនឹងស្មូត្រទំនុកតម្កើងថ្វាយព្រះរបស់ខ្ញុំ ក្នុងពេលដែលខ្ញុំនៅមានជីវិត!
៣៤ សូមអោយទំនុករបស់ខ្ញុំ បានគាប់ព្រះហឫទ័យព្រះអង្គ
សូមអោយខ្ញុំបានសប្បាយដោយសារព្រះអម្ចាស់។
៣៥ សូមអោយមនុស្សបាបវិនាសសូន្យពីផែនដី
សូមកុំអោយមានមនុស្សអាក្រក់ទៀតឡើយ
ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់!។ ហាលេលូយ៉ា!
ជំពូកទី ១០៥
ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអម្ចាស់
១ ចូរនាំគ្នាលើកតម្កើងព្រះអម្ចាស់ ចូរប្រកាសព្រះនាមព្រះអង្គ!
ចូរថ្លែងអំពីស្នាព្រះហស្ដរបស់ព្រះអង្គ ប្រាប់ប្រជាជាតិនានា!
២ ចូរច្រៀងតម្កើងព្រះអង្គ ចូរស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គ!
ចូររៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ!
៣ ចូរខ្ពស់មុខឡើង ព្រោះអ្នករាល់គ្នាជាប្រជាជនរបស់ព្រះដ៏វិសុទ្ធ!
អស់អ្នកស្វែងរកព្រះអម្ចាស់អើយ ចូរសប្បាយចិត្តចុះ!
៤ ចូរស្វែងរកព្រះអម្ចាស់ប្រកបដោយព្រះចេស្ដា
ចូរស្វែងរកព្រះភក្ត្រព្រះអង្គឥតឈប់ឈរឡើយ!
៥ ចូរនឹកដល់ការអស្ចារ្យផ្សេងៗដែលព្រះអង្គបានធ្វើ
ចូរនឹកដល់ឫទ្ធិបាដិហារិយ៍ និង ការជំនុំជំរះទាំងប៉ុន្មានដែលព្រះអង្គបានសំរេច។
៦ អ្នករាល់គ្នាជាពូជពង្សរបស់លោកអប្រាហាំ ដែលជាអ្នកបំរើរបស់ព្រះអង្គ
អ្នករាល់គ្នាជាកូនចៅរបស់លោកយ៉ាកុប ដែលព្រះអង្គបានជ្រើសរើសអើយ
៧ មានតែព្រះអម្ចាស់ទេដែលជាព្រះរបស់យើង
ព្រះអង្គគ្រប់គ្រងលើផែនដីទាំងមូល។
៨ ព្រះអង្គតែងតែនឹកដល់សម្ពន្ធមេត្រី របស់ព្រះអង្គជានិច្ច
គឺជាព្រះបន្ទូលដែលនៅស្ថិតស្ថេរ រហូតដល់មួយពាន់តំណ
៩ ព្រះអង្គនឹកដល់សម្ពន្ធមេត្រី ដែលព្រះអង្គបានចងជាមួយលោកអប្រាហាំ
ព្រមទាំងព្រះបន្ទូលដែលព្រះអង្គបានសន្យា ជាមួយលោកអ៊ីសាក
១០ ព្រះអង្គបានបញ្ជាក់សម្ពន្ធមេត្រីនេះ ជាមួយលោកយ៉ាកុប
ទុកជាសម្ពន្ធមេត្រីអស់កល្បជានិច្ច ជាមួយលោកអ៊ីស្រាអែល។
១១ គឺព្រះអង្គមានព្រះបន្ទូលថា:
«យើងនឹងប្រគល់ស្រុកកាណានអោយអ្នក ទុកជាចំណែកមត៌ក»។
១២ នៅគ្រានោះប្រជាជនអ៊ីស្រាអែល ជាក្រុមមួយដ៏តូច
ដែលចូលមករស់នៅលើទឹកដីស្រុកកាណាន។
១៣ គេធ្វើដំណើរពីស្រុកមួយទៅស្រុកមួយ ពីនគរមួយទៅនគរមួយទៀត។
១៤ ប៉ុន្តែ ព្រះអង្គមិនអនុញ្ញាតអោយនរណាម្នាក់ សង្កត់សង្កិនគេទេ
ដើម្បីការពារពួកគេ ព្រះអង្គបានបន្ទោសស្ដេចនានាថា:
១៥ «កុំប៉ះពាល់អស់អ្នក ដែលយើងបានចាក់ប្រេងអភិសេកនេះឡើយ
កុំធ្វើបាបព្យាការីរបស់យើងអោយសោះ!»។
១៦ ព្រះអង្គបានធ្វើអោយទុរ្ភិក្សកើតមាន នៅក្នុងស្រុកនោះ
ព្រះអង្គធ្វើអោយពួកគេខ្វះម្ហូបអាហារ
១៧ ព្រះអង្គចាត់បុរសម្នាក់អោយទៅមុន គឺលោកយ៉ូសែបដែលគេបានលក់ជាទាសករ។
១៨ គេដាក់ខ្នោះជើងលោក ហើយដាក់ច្រវាក់កលោក
១៩ រហូតដល់មានហេតុការណ៍កើតឡើង ស្របតាមពាក្យដែលលោកបានថ្លែងទុក
គឺព្រះបន្ទូលរបស់ព្រះអម្ចាស់បានធ្វើ ជាភស្ដុតាងបញ្ជាក់ថាលោកជាមនុស្សស្លូតត្រង់។
២០ ស្ដេចស្រុកអេស៊ីប ដែលជាម្ចាស់លើប្រជារាស្ត្រនានា
បានចេញបញ្ជាអោយគេស្រាយចំណង ដោះលែងលោក។
២១ បន្ទាប់មក ស្ដេចបានតែងតាំងលោកអោយ ត្រួតត្រាលើព្រះរាជវាំង
ព្រមទាំងអោយលោកមើលខុសត្រូវ លើព្រះរាជ្យទ្រព្យទាំងអស់ទៀតផង។
២២ ស្ដេចប្រទានអោយលោកត្រួតត្រា លើមន្ត្រីទាំងអស់
ហើយអោយលោកប្រៀនប្រដៅ ពួកព្រឹទ្ធាចារ្យរបស់ស្ដេចទៀតផង។
២៣ ពេលនោះ ជនជាតិអ៊ីស្រាអែលទៅរស់នៅ ក្នុងស្រុកអេស៊ីប
កូនចៅរបស់លោកយ៉ាកុបស្នាក់អាស្រ័យ នៅលើទឹកដីរបស់កូនចៅលោកហាំ។
២៤ ព្រះជាម្ចាស់ប្រោសប្រទានអោយ ប្រជារាស្ត្ររបស់ព្រះអង្គកើនចំនួនច្រើនឡើង
មានកម្លាំងជាងបច្ចាមិត្តទៅទៀត។
២៥ ព្រះអង្គបានធ្វើអោយជនជាតិ អេស៊ីបដូរចិត្តគំនិត គឺពួកគេនាំគ្នាស្អប់ប្រជារាស្ត្ររបស់ព្រះអង្គ
ពួកគេបានបោកប្រាស់ និងធ្វើបាបអ្នកបំរើរបស់ព្រះអង្គ។
២៦ ព្រះអង្គបានចាត់លោកម៉ូសេ ជាអ្នកបំរើរបស់ព្រះអង្គ
ព្រមទាំងលោកអរ៉ុន ជាអ្នកដែលព្រះអង្គបានជ្រើសរើសអោយទៅ។
២៧ លោកទាំងពីរបានប្រើអំណាចមកពីព្រះអង្គ
សំដែងទីសំគាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗនៅស្រុកអេស៊ីប។
២៨ ព្រះជាម្ចាស់បានធ្វើអោយមានភាពអន្ធការ នៅពេញស្រុក
គ្មាននរណាជំទាស់នឹងព្រះបន្ទូល របស់ព្រះអង្គបានឡើយ។
២៩ ព្រះអង្គបានប្រែទឹកអោយទៅជាឈាម
ព្រះអង្គធ្វើអោយត្រីនៅស្រុកគេវិនាសអស់។
៣០ ព្រះអង្គធ្វើអោយមានកង្កែបឡើង មកពេញក្នុងស្រុក
គឺឡើងរហូតទៅដល់ក្រឡាបន្ទំរបស់ស្ដេច។
៣១ ពេលព្រះអង្គមានព្រះបន្ទូល នោះក៏មានរុយដែលមានពិស និងមូស
មករាតត្បាតពាសពេញក្នុងស្រុករបស់គេ។
៣២ ព្រះអង្គធ្វើអោយមានព្រឹលបង្អុរ ចុះមកជំនួសភ្លៀង
ព្រមទាំងមានរន្ទះបាញ់ឆេះស្រុករបស់គេផង។
៣៣ ព្រះអង្គបានបំផ្លាញចំការទំពាំងបាយជូរ និងចំការដំណាំរបស់គេ
ព្រះអង្គបំបាក់ដើមឈើទាំងប៉ុន្មាន នៅលើទឹកដីរបស់គេ។
៣៤ ពេលព្រះអង្គមានព្រះបន្ទូល នោះក៏មានកណ្ដូប និងក្រា
ដែលមានចំនួនច្រើនឥតគណនា
៣៥ ទៅស៊ីបង្ហិនដំណាំទាំងប៉ុន្មាននៅក្នុងស្រុកគេ ព្រមទាំងស៊ីបង្ហិនបន្លែបង្ការ
ដែលដុះចេញពីដីរបស់គេផង។
៣៦ បន្ទាប់មក ព្រះអង្គបានប្រហារកូនច្បងទាំងប៉ុន្មាន នៅក្នុងស្រុករបស់គេ
គឺកូនដែលកើតមកក្នុងពេលគេ នៅពេញកម្លាំងនៅឡើយ។
៣៧ បន្ទាប់មក ព្រះអង្គនាំប្រជារាស្ត្ររបស់ព្រះអង្គ ចាកចេញពីស្រុកអេស៊ីប
ទាំងនាំយកមាសប្រាក់ទៅជាមួយផង
ហើយក្នុងចំណោមកុលសម្ព័ន្ធរបស់គេ គ្មាននរណាម្នាក់ទន់ខ្សោយឡើយ។
៣៨ ពេលពួកគេចាកចេញទៅ ជនជាតិអេស៊ីបនាំគ្នាសប្បាយចិត្ត
ដ្បិតជនជាតិអេស៊ីបភ័យខ្លាចពួកគេជាខ្លាំង។
៣៩ ព្រះអង្គបានដាក់ពពក*បាំងពីលើពួកគេ
ហើយប្រទានដុំភ្លើងមកបំភ្លឺពួកគេ នៅពេលយប់។
៤០ ពួកគេសុំអាហារ ព្រះអង្គប្រទានសត្វក្រួច
និងប្រទានអាហារពីស្ថានសួគ៌ មកអោយគេបរិភោគយ៉ាងឆ្អែតបរិបូណ៌។
៤១ ព្រះអង្គបានបំបែកថ្ម ធ្វើអោយមានទឹកហូរចេញមក
ប្រៀបបាននឹងទន្លេហូរនៅក្នុងវាលហួតហែង។
៤២ ព្រះអង្គនឹកដល់ព្រះបន្ទូលដ៏វិសុទ្ធ
ដែលព្រះអង្គបានសន្យាជាមួយលោកអប្រាហាំ ជាអ្នកបំរើរបស់ព្រះអង្គ។
៤៣ ព្រះអង្គបាននាំប្រជារាស្ត្ររបស់ព្រះអង្គ ចេញមកដោយអំណរសប្បាយ
ព្រះអង្គបាននាំប្រជាជនដែលទ្រង់ បានជ្រើសរើសចេញមកដោយហ៊ោកញ្ជ្រៀវ។
៤៤ ព្រះអង្គបានយកទឹកដីរបស់ប្រជាជាតិនានា មកចែកអោយពួកគេ
ព្រមទាំងអោយពួកគេទទួលភោគផល ដែលប្រជាជាតិទាំងនោះបានដាំ
៤៥ ដើម្បីអោយពួកគេប្រតិបត្តិតាម សេចក្ដីប្រៀនប្រដៅរបស់ព្រះអង្គ
និងធ្វើតាមវិន័យរបស់ព្រះអង្គ។
ហាលេលូយ៉ា!
ជំពូកទី ១០៦
ព្រះអម្ចាស់មានព្រះហឫទ័យស្មោះស្ម័គ្រជានិច្ច
១ ហាលេលូយ៉ា!
ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
២ តើនរណាអាចរៀបរាប់អំពីស្នាព្រះហស្ដ ដ៏អស្ចារ្យរបស់ព្រះអង្គបាន?
តើនរណាអាចថ្លែងពីការអស្ចារ្យទាំងប៉ុន្មាន ដើម្បីសរសើរតម្កើងព្រះអង្គបាន?
៣ អ្នកណាប្រព្រឹត្តដោយយុត្តិធម៌ ហើយប្រតិបត្តិតាមសេចក្ដីសុចរិតគ្រប់ពេលវេលា
អ្នកនោះមានសុភមង្គលហើយ។
៤ ឱព្រះអម្ចាស់អើយ ពេលណាព្រះអង្គ គាប់ព្រះហឫទ័យនឹងប្រជារាស្ត្ររបស់ព្រះអង្គ
សូមនឹកដល់ទូលបង្គំផង!
ពេលណាព្រះអង្គសង្គ្រោះពួកគេ សូមជួយទូលបង្គំ
៥ ដើម្បីអោយទូលបង្គំឃើញសុភមង្គល របស់ប្រជាជនដែលព្រះអង្គបានជ្រើសរើស
អោយទូលបង្គំមានអំណររួមជាមួយ ប្រជាជាតិរបស់ព្រះអង្គ
ហើយអោយទូលបង្គំបានខ្ពស់មុខ រួមជាមួយប្រជារាស្ត្ររបស់ព្រះអង្គ។
៦ យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដូចបុព្វបុរសរបស់យើងខ្ញុំ
យើងខ្ញុំបានប្រព្រឹត្តខុស និងប្រព្រឹត្តអំពើអាក្រក់!
៧ កាលនៅស្រុកអេស៊ីប បុព្វបុរសរបស់យើងខ្ញុំ ពុំបានយល់អំពីការអស្ចារ្យរបស់ព្រះអង្គទេ
ពួកគេបំភ្លេចកិច្ចការជាច្រើន ដែលព្រះអង្គបានធ្វើចំពោះពួកគេ
ដោយព្រះហឫទ័យមេត្តាករុណា
ពួកគេបានបះបោរប្រឆាំងនឹងព្រះអង្គ នៅក្បែរសមុទ្រកក់។
៨ ក៏ប៉ុន្តែ ព្រះអង្គបានសង្គ្រោះពួកគេ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ
ដើម្បីបង្ហាញឫទ្ធានុភាពរបស់ព្រះអង្គ។
៩ ព្រះអង្គបានគំរាមសមុទ្រកក់ សមុទ្រក៏រីង
ព្រះអង្គបានអោយគេដើរកាត់បាតសមុទ្រ ដូចដើរនៅវាលរហោស្ថាន។
១០ ព្រះអង្គបានសង្គ្រោះពួកគេអោយរួច ពីកណ្ដាប់ដៃរបស់អ្នកដែលស្អប់ពួកគេ
ព្រះអង្គបានរំដោះពួកគេពីកណ្ដាប់ដៃ របស់ខ្មាំងសត្រូវ។
១១ ទឹកសមុទ្របានគ្របពីលើបច្ចាមិត្ត
គ្មាននរណាម្នាក់បានរួចជីវិតសោះឡើយ។
១២ ពួកបុព្វបុរសក៏នាំគ្នាជឿព្រះបន្ទូលរបស់ព្រះអង្គ
ហើយនាំគ្នាច្រៀងសរសើរតម្កើងព្រះអង្គ។
១៣ ប៉ុន្តែ ក្រោយមកពួកគេឆាប់ភ្លេចពីកិច្ចការ ដែលព្រះអង្គបានធ្វើ
ពួកគេពុំបានរង់ចាំអោយព្រះអង្គ សំរេចតាមគំរោងការរបស់ព្រះអង្គឡើយ។
១៤ នៅវាលរហោស្ថានពួកគេមានចិត្តលោភលន់
ហើយនាំគ្នាល្បងលព្រះអង្គ នៅវាលដ៏ហួតហែងនោះ។
១៥ ព្រះអង្គបានប្រទានអោយគេនូវអាហារ ដែលគេទាមទារ
គឺព្រះអង្គធ្វើអោយពួកគេបានឆ្អែត រហូតដល់ធុញទ្រាន់។
១៦ នៅក្នុងជំរំពួកគេនាំគ្នាច្រណែននឹងលោកម៉ូសេ
ហើយច្រណែននឹងលោកអរ៉ុន ដែលជាអ្នកបំរើដ៏វិសុទ្ធរបស់ព្រះអម្ចាស់
១៧ ពេលនោះ ដីក៏ប្រេះលេបលោកដាតាន
ព្រមទាំងស្រូបបក្សពួក របស់លោកអប៊ីរ៉ាមទៀតផង។
១៨ មានភ្លើងមកឆេះបក្សពួករបស់គេ
ហើយអណ្ដាតភ្លើងឆាបឆេះមនុស្ស អាក្រក់ទាំងនោះអស់គ្មានសល់។
១៩ ក្រោយមកពួកគេឆ្លាក់រូបកូនគោមួយ នៅភ្នំហោរែប
ហើយនាំគ្នាក្រាបថ្វាយបង្គំរូប ដែលធ្វើពីលង្ហិននោះ។
២០ ពួកគេបែរជាយករូបសត្វដែលស៊ីស្មៅ
មកថ្វាយបង្គំជំនួសព្រះជាម្ចាស់ ប្រកបដោយសិរីរុងរឿងវិញ។
២១ ពួកគេភ្លេចថាព្រះជាម្ចាស់បានសង្គ្រោះពួកគេ
ដោយស្នាព្រះហស្ដដ៏ឧត្ដុង្គឧត្ដមនៅស្រុកអេស៊ីប
២២ គឺការអស្ចារ្យផ្សេងៗនៅស្រុក របស់កូនចៅលោកហាំ
និងដោយស្នាព្រះហស្ដដ៏គួរអោយ ស្ញែងខ្លាចនៅសមុទ្រកក់។
២៣ ព្រះអង្គមានព្រះបន្ទូលថា នឹងកំទេចប្រជារាស្ត្រនេះ
ប៉ុន្តែ លោកម៉ូសេដែលព្រះអង្គជ្រើសរើស
បានឃាត់ព្រះអង្គមិនអោយលុបបំបាត់ពួកគេ តាមព្រះពិរោធរបស់ព្រះអង្គឡើយ។
២៤ បន្ទាប់មកទៀត ពួកគេចង់បដិសេធ មិនចូលទៅក្នុងទឹកដីដ៏សម្បូណ៌សប្បាយ
ពួកគេពុំព្រមជឿព្រះបន្ទូលរបស់ព្រះអម្ចាស់ទេ
២៥ ពួកគេនាំគ្នារអ៊ូរទាំនៅក្នុងជំរំរៀងៗខ្លួន
មិនព្រមស្ដាប់ព្រះសូរសៀង របស់ព្រះអម្ចាស់ឡើយ។
២៦ ដូច្នេះ ព្រះអង្គក៏ប្រកាសយ៉ាងដាច់ខាតថា
នឹងទុកពួកគេអោយវិនាស នៅក្នុងវាលរហោស្ថាន
២៧ ព្រមទាំងកំចាត់កំចាយពូជពង្សរបស់ពួកគេ ទៅនៅពាសពេញ ក្នុងចំណោមប្រជាជាតិនានា
ហើយអោយគេស្លាប់នៅលើទឹកដី របស់សាសន៍ដទៃ។
២៨ នៅពេអ៊រពួកគេបាននាំគ្នាបែរទៅ ថ្វាយបង្គំព្រះបាល
ព្រមទាំងបរិភោគម្ហូបអាហារដែលគេបានសែន ទៅព្រះដែលគ្មានជីវិតទាំងនោះទៀតផង។
២៩ ពួកគេបានប្រព្រឹត្តអំពើដែលធ្វើ អោយព្រះអម្ចាស់ទ្រង់ព្រះពិរោធ
បណ្ដាលអោយកើតមានគ្រោះកាច ក្នុងចំណោមពួកគេ។
៣០ ពេលនេះលោកភីនេហាសបានក្រោកឡើង ដាក់ទោសពួកគេ
ហើយគ្រោះកាចនោះក៏ស្ងប់ទៅវិញ។
៣១ ព្រោះតែការនេះ ព្រះអម្ចាស់បានប្រោសលោកអោយបានសុចរិត
អស់កល្បជាអង្វែងតរៀងទៅ។
៣២ នៅប្រភពទឹកមេរីបា ពួកគេបាននាំគ្នា ធ្វើអោយព្រះអម្ចាស់ទ្រង់ព្រះពិរោធ
ហើយលោកម៉ូសេទទួលទោស ព្រោះតែពួកគេ
៣៣ គឺពួកគេធ្វើអោយលោកឆ្អែតចិត្ត
ហើយមានប្រសាសន៍ចេញមក ដោយពុំបានគិត។
៣៤ ពួកគេពុំបានប្រហារប្រជាជាតិនានា
តាមព្រះបញ្ជារបស់ព្រះអម្ចាស់ទេ។
៣៥ ពួកគេបែរជាទៅពាក់ព័ន្ធជាមួយ ប្រជាជាតិទាំងនោះ
ហើយនាំគ្នាប្រព្រឹត្តតាមសាសន៍ទាំងនោះ
៣៦ គឺថ្វាយបង្គំព្រះក្លែងក្លាយរបស់សាសន៍ដទៃ
ដែលជាអន្ទាក់នាំអោយពួកគេវិនាស។
៣៧ ពួកគេបានយកកូនប្រុស កូនស្រីទៅធ្វើយញ្ញបូជាអោយអារក្ស។
៣៨ ពួកគេប្រហារជីវិតកូនប្រុសកូនស្រីរបស់ខ្លួន ដែលគ្មានកំហុស
ដើម្បីធ្វើយញ្ញបូជាអោយព្រះក្លែងក្លាយ នៅស្រុកកាណាន
ឃាតកម្មទាំងនោះបណ្ដាលអោយទឹកដី របស់ពួកគេលែងវិសុទ្ធទៀត។
៣៩ អំពើដែលពួកគេប្រព្រឹត្តបានធ្វើអោយខ្លួនគេ ទៅជាសៅហ្មង
ពួកគេបានក្បត់ព្រះជាម្ចាស់ ដោយសារអំពើរបស់ខ្លួន។
៤០ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងប្រជារាស្ត្រ របស់ព្រះអង្គយ៉ាងខ្លាំង
ព្រះអង្គទាស់ព្រះហឫទ័យនឹងប្រជាជន ផ្ទាល់របស់ព្រះអង្គ។
៤១ ព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្ដាប់ ដៃរបស់ប្រជាជាតិនានា
ព្រះអង្គអោយបច្ចាមិត្តគ្រប់គ្រងលើពួកគេ។
៤២ ខ្មាំងសត្រូវជិះជាន់សង្កត់សង្កិនពួកគេ
ព្រមទាំងបង្ក្រាបពួកគេអោយចុះចូល ក្រោមអំណាចរបស់ខ្លួនទៀតផង។
៤៣ ព្រះអង្គបានរំដោះពួកគេច្រើនលើកច្រើនគ្រា
ក៏ប៉ុន្តែ ពួកគេនៅតែនាំគ្នាបះបោរ ប្រឆាំងនឹងព្រះអង្គ
ហើយប្រព្រឹត្តអំពើបាបកាន់តែខ្លាំងឡើងៗ។
៤៤ ពេលព្រះអង្គឮពួកគេស្រែកអង្វរ
ព្រះអង្គក៏មានព្រះហឫទ័យអាណិតពួកគេ ដែលកំពុងរងទុក្ខលំបាក
៤៥ ព្រះអង្គប្រោសប្រណីពួកគេ ដោយនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គ
ព្រះអង្គដូរព្រះហឫទ័យ ព្រោះព្រះអង្គមានមេត្តាករុណាធម៌ដ៏លើសលប់។
៤៦ ព្រះអង្គធ្វើអោយអស់អ្នកដែលចាប់ពួកគេ យកទៅធ្វើជាឈ្លើយ
មានចិត្តអាណិតមេត្តាពួកគេ។
៤៧ ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំផង!
សូមប្រមែប្រមូលយើងខ្ញុំពីចំណោម ប្រជាជាតិនានាមកវិញ
ដើម្បីអោយយើងខ្ញុំលើកតម្កើង ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ
ហើយបានខ្ពស់មុខ ដោយសរសើរតម្កើងព្រះអង្គ!
៤៨ សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
តាំងពីដើមរៀងមក ហើយអស់កល្បតរៀងទៅ!
សូមអោយប្រជារាស្ត្រពោលទាំងអស់គ្នាថា: អាម៉ែន!
ហាលេលូយ៉ា!
ភាគទីប្រាំ
(ទំនុកតម្កើង ១០៧-១៥០)
ជំពូកទី ១០៧
ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះសង្គ្រោះ
១ ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមាន ព្រះហឫទ័យសប្បុរស
ដ្បិតព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ
២ គួរអោយអស់អ្នកដែលព្រះអម្ចាស់ បានរំដោះមក ពោលសេចក្ដីនេះ
គឺអស់អ្នកដែលព្រះអង្គបានរំដោះ អោយរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្ត
៣ ហើយនាំពីប្រទេសនានាមកវិញ
គឺពីទិសខាងកើត ពីទិសខាងលិច ពីទិសខាងជើង និងទិសខាងត្បូង។
៤ អ្នកខ្លះវង្វេងនៅក្នុងវាលរហោស្ថានដ៏ហួតហែង
រកស្រុកភូមិស្នាក់អាស្រ័យនៅពុំបានឡើយ។
៥ ពួកគេឃ្លានអាហារ ស្រេកទឹក ហើយបាត់បង់ទឹកចិត្ត។
៦ ក្នុងពេលមានអាសន្នដូច្នេះ គេស្រែកអង្វរព្រះអម្ចាស់
ព្រះអង្គក៏រំដោះពួកគេ អោយរួចផុតពីការភ័យបារម្ភ
៧ ព្រះអង្គដឹកនាំគេតម្រង់
ទៅក្រុងមួយដែលគេ អាចស្នាក់អាស្រ័យនៅបាន។
៨ អ្នកទាំងនោះត្រូវតែលើកតម្កើងព្រះអម្ចាស់ ដែលបានសំដែងព្រះហឫទ័យមេត្តាករុណា
និងស្នាព្រះហស្ដដ៏អស្ចារ្យចំពោះមនុស្សលោក!
៩ ដ្បិតព្រះអង្គបានប្រទានទឹក អោយអ្នកដែលស្រេក
ហើយប្រទានអាហារបរិបូណ៌ ដល់អស់អ្នកដែលឃ្លាន។
១០ អ្នកខ្លះទៀតរស់នៅក្នុងទីងងឹត ស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់
ជាប់ឃុំឃាំង ជាប់ច្រវាក់យ៉ាងសែនវេទនា
១១ ដ្បិតពួកគេបានបះបោរប្រឆាំង នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់
និងមាក់ងាយការប្រៀនប្រដៅ របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។
១២ ព្រះអង្គធ្វើអោយពួកគេបាក់ស្បាត ដោយសារទុក្ខវេទនា
ពួកគេធ្លាក់ទឹកចិត្ត ហើយគ្មាននរណាជួយ ពួកគេអោយក្រោកឡើងវិញបានឡើយ។
១៣ ក្នុងពេលមានអាសន្នដូច្នេះ គេស្រែកអង្វរព្រះអម្ចាស់
ព្រះអង្គក៏សង្គ្រោះពួកគេ អោយរួចផុតពីការភ័យបារម្ភ
១៤ ព្រះអង្គនាំពួកគេចេញពីទីងងឹត ស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់
ហើយព្រះអង្គបានផ្ដាច់ច្រវាក់ចេញពីពួកគេ។
១៥ អ្នកទាំងនោះត្រូវតែលើកតម្កើងព្រះអម្ចាស់ ដែលបានសំដែងព្រះហឫទ័យមេត្តាករុណា
និងស្នាព្រះហស្ដដ៏អស្ចារ្យចំពោះមនុស្សលោក!
១៦ ដ្បិតព្រះអង្គបានបំបែកទ្វារដែលធ្វើពីលង្ហិន និងកាច់បំបាក់សោរដែលធ្វើពីដែក។
១៧ អ្នកខ្លះទៅជាល្ងីល្ងើ ព្រោះតែអំពើបាប និងកំហុសដែលគេបានប្រព្រឹត្ត
បណ្ដាលអោយគេរងទុក្ខវេទនា។
១៨ គេលេបអាហារលែងចូលទៀតហើយ គឺគេនៅជិតសេចក្ដីស្លាប់។
១៩ ក្នុងពេលមានអាសន្នដូច្នេះ គេស្រែកអង្វរព្រះអម្ចាស់
ព្រះអង្គក៏សង្គ្រោះពួកគេអោយរួចផុត ពីការភ័យបារម្ភ។
២០ ពេលព្រះអង្គមានព្រះបន្ទូល ពួកគេក៏បានជា
ព្រះអង្គបានរំដោះគេអោយរួចពីរណ្ដៅ។
២១ អ្នកទាំងនោះត្រូវតែលើកតម្កើងព្រះអម្ចាស់ ដែលបានសំដែងព្រះហឫទ័យមេត្តាករុណា
និងស្នាព្រះហស្ដដ៏អស្ចារ្យចំពោះមនុស្សលោក!
២២ គេត្រូវតែថ្វាយយញ្ញបូជា ដើម្បីអរព្រះគុណព្រះអង្គ
ហើយថ្លែងអំពីស្នាព្រះហស្ដរបស់ព្រះអង្គ ដោយបទចំរៀងដ៏សប្បាយ!
២៣ អស់អ្នកដែលធ្វើដំណើរតាមនាវានៅលើសមុទ្រ
ហើយអស់អ្នកដែលរកស៊ីនៅតាមមហាសាគរ
២៤ បានឃើញស្នាព្រះហស្ដរបស់ព្រះអម្ចាស់
ព្រមទាំងការអស្ចារ្យរបស់ព្រះអង្គនៅសមុទ្រ។
២៥ ពេលព្រះអង្គមានព្រះបន្ទូលបញ្ជា នោះស្រាប់តែមានខ្យល់ព្យុះបក់បោកមក
បង្កើតជារលកធំៗ
២៦ លើកនាវាទាំងឡាយឡើងយ៉ាងខ្ពស់ រួចធ្វើអោយធ្លាក់ចុះទៅវិញ រហូតដល់បាតសមុទ្រ
ពួកគេត្រូវវេទនាអស់សង្ឃឹម។
២៧ ពួកគេវិលវល់ ហើយធីងធោងដូចមនុស្សស្រវឹង
គេលែងដឹងថាត្រូវធ្វើយ៉ាងណាទៀតហើយ។
២៨ ក្នុងពេលមានអាសន្នដូច្នេះ គេស្រែកអង្វរព្រះអម្ចាស់
ព្រះអង្គក៏រំដោះពួកគេអោយរួចផុត ពីការភ័យបារម្ភ។
២៩ ព្រះអង្គបានបញ្ឈប់ខ្យល់ព្យុះអោយនៅស្ងៀម ទឹករលកក៏ស្ងប់ទៅវិញ។
៣០ អ្នកទាំងនោះមានអំណរដោយឃើញរលកស្ងប់
ហើយព្រះអម្ចាស់ក៏នាំគេទៅដល់ត្រើយ ដែលគេប្រាថ្នាចង់ទៅ។
៣១ អ្នកទាំងនោះត្រូវតែលើកតម្កើងព្រះអម្ចាស់ ដែលបានសំដែងព្រះហឫទ័យមេត្តាករុណា
និងស្នាព្រះហស្ដដ៏អស្ចារ្យចំពោះមនុស្សលោក!
៣២ គេត្រូវតែលើកតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំរបស់ប្រជាជន
ហើយសរសើរតម្កើងព្រះអង្គ ក្នុងអង្គប្រជុំរបស់ពួកព្រឹទ្ធាចារ្យ។
៣៣ ព្រះអង្គបានធ្វើអោយទន្លេក្លាយ ទៅជាវាលរហោស្ថាន ធ្វើអោយប្រភពទឹករីងស្ងួត
៣៤ ព្រះអង្គអោយទឹកដីដែលមានជីជាតិ ក្លាយទៅជាទឹកដីដែលមានសុទ្ធតែអំបិល
ព្រោះតែគំនិតអាក្រក់របស់អ្នកស្រុកនោះ។
៣៥ ព្រះអង្គបានធ្វើអោយវាលរហោស្ថានប្រែទៅជាបឹង
ធ្វើអោយដីហួតហែងប្រែទៅជាប្រភពទឹក
៣៦ ហើយព្រះអង្គនាំអស់អ្នកដែលស្រេកឃ្លាន ទៅរស់នៅទីនោះ
ព្រមទាំងសង់ទីក្រុងសំរាប់ស្នាក់អាស្រ័យផង។
៣៧ ពួកគេសាបព្រោះ និងដាំចំការទំពាំងបាយជូរ ដែលផ្ដល់ភោគផលយ៉ាងបរិបូណ៌។
៣៨ ព្រះអង្គប្រទានពរអោយពួកគេ ហើយពួកគេក៏បានកើនចំនួនឡើងជាច្រើន
ព្រះអង្គមិនបណ្ដោយអោយហ្វូងសត្វរបស់គេ ចុះអន់ថយឡើយ។
៣៩ ពួកគេចុះអន់ថយ និងបាត់បង់កិត្តិយស
ដោយខ្មាំងសង្កត់សង្កិន រងទុក្ខវេទនា និងឈឺចុកចាប់។
៤០ ព្រះអង្គធ្វើអោយពួកអ្នកធំធ្លាក់ទៅក្នុងសភាព ថោកទាប ហើយវង្វេងនៅក្នុងផ្លូវអន្តរាយ។
៤១ ប៉ុន្តែ ព្រះអង្គយកមនុស្សទុគ៌តចេញពីភាពវេទនា
ព្រះអង្គធ្វើអោយគ្រួសាររបស់គេ មានកូនចៅជាច្រើន។
៤២ ពេលមនុស្សសុចរិតឃើញដូច្នេះ គេនឹងមានអំណរសប្បាយ
តែមនុស្សទុច្ចរិតនឹងបិទមាត់យ៉ាងស្ងៀមស្ងាត់។
៤៣ អស់អ្នកដែលមានប្រាជ្ញាត្រូវចងចាំសេចក្ដីនេះទុក
ហើយស្វែងយល់ពីស្នាព្រះហស្ដប្រកបដោយ ព្រះហឫទ័យមេត្តាករុណារបស់ព្រះអម្ចាស់។
ជំពូកទី ១០៨
ខ្ញុំដាស់ព្រះអាទិត្យអោយរះឡើង
១ បទចំរៀងតម្កើងព្រះជាម្ចាស់។ ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
២ ឱព្រះជាម្ចាស់អើយ ទូលបង្គំ ត្រៀមចិត្តគំនិតជាស្រេច!
ទូលបង្គំនឹងច្រៀង ទូលបង្គំនឹងស្មូត្រទំនុកតម្កើងអស់ពីដួងចិត្ត!
៣ ឱឃឹម និងពិណរបស់ខ្ញុំអើយ ចូរភ្ញាក់ឡើង! ខ្ញុំដាស់ព្រះអាទិត្យអោយរះ
៤ ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងលើកតម្កើង ព្រះអង្គក្នុងចំណោមប្រជាជនទាំងឡាយ
ទូលបង្គំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គក្នុងចំណោមប្រជាជាតិនានា
៥ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ខ្ពស់រហូតដល់ផ្ទៃមេឃ
ហើយព្រះហឫទ័យស្មោះស្ម័គ្រ របស់ព្រះអង្គខ្ពស់ដល់អាកាសវេហាស៍។
៦ ឱព្រះជាម្ចាស់អើយ សូមបង្ហាញភាពថ្កុំថ្កើង ឧត្ដុង្គឧត្ដមរបស់ព្រះអង្គនៅលើផ្ទៃមេឃ
ហើយសូមអោយសិរីរុងរឿងរបស់ព្រះអង្គ ភ្លឺចែងចាំងនៅលើផែនដីទាំងមូល!
៧ សូមយាងមកសង្គ្រោះយើងខ្ញុំ ដោយឫទ្ធិបារមីរបស់ព្រះអង្គ
សូមឆ្លើយតបនឹងយើងខ្ញុំផង
ដើម្បីអោយប្រជាជនជាទីស្រឡាញ់ របស់ព្រះអង្គបានរួចជីវិត!
៨ ព្រះជាម្ចាស់មានព្រះបន្ទូលពីទីសក្ការៈ របស់ព្រះអង្គមកថា:
«យើងនឹងយកជ័យជំនះ យើងនឹងបែងចែកស្រុកស៊ីគែម
យើងនឹងវាស់ជ្រលងភ្នំស៊ូកូត ចែកប្រជារាស្ត្ររបស់យើង។
៩ កាឡាតជាទឹកដីរបស់យើង ហើយម៉ាណាសេក៏ជាទឹកដីរបស់យើងដែរ
អេប្រាអ៊ីមប្រៀបដូចជាមួកដែករបស់យើង ហើយយូដាជាដំបងរាជ្យរបស់យើង។
១០ទឹកដីម៉ូអាប់ជាកន្លែងដែលយើងលាងជើង
យើងបោះស្បែកជើងយើងលើទឹកដីអេដុម ដើម្បីបញ្ជាក់ថាយើងជាម្ចាស់លើទឹកដីនេះ។
យើងនឹងស្រែកប្រកាសសង្គ្រាម ប្រឆាំងនឹងស្រុកភីលីស្ទីន!»។
១១តើនរណាអាចនាំខ្ញុំចូលទៅក្នុង ទីក្រុងដ៏រឹងមាំបាន?
តើនរណាអាចនាំខ្ញុំចូលទៅក្នុងស្រុកអេដុម?
១២ឱព្រះជាម្ចាស់អើយ! មានតែព្រះអង្គទេដែលអាចនាំយើងខ្ញុំ
ប៉ុន្តែ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ
ព្រះអង្គឈប់យាងទៅជាមួយកងទ័ព យើងខ្ញុំទៀតហើយ។
១៣សូមជួយយើងខ្ញុំអោយប្រឆាំងតទល់ នឹងពួកសត្រូវផង
ដ្បិតការសង្គ្រោះមកពីមនុស្សលោក ឥតប្រយោជន៍អ្វីសោះ។
១៤បើព្រះជាម្ចាស់គង់នៅជាមួយយើង នោះយើងនឹងមានជ័យជំនះ
ដ្បិតព្រះអង្គនឹងបង្ក្រាបបច្ចាមិត្ត របស់យើងអោយរាប។
សូមអោយអស់អ្នកដែលចោទប្រកាន់ទូលបង្គំត្រូវអាម៉ាស់មុខ
ជំពូកទី ១០៩
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
ឱព្រះដែលទូលបង្គំ សរសើរតម្កើងអើយ សូមកុំនៅស្ងៀមទៀតឡើយ!
២ ដ្បិតមនុស្សអាក្រក់ និងមនុស្សមានល្បិច នាំគ្នាពោលពាក្យប្រឆាំងនឹងទូលបង្គំ
គេនិយាយកុហកទាស់នឹងទូលបង្គំ។
៣ គេពោលពាក្យសំអប់មកលើទូលបង្គំ
ហើយវាយប្រហារទូលបង្គំ ដោយឥតមានមូលហេតុអ្វីទាល់តែសោះ។
៤ ទូលបង្គំស្រឡាញ់ពួកគេ ប៉ុន្តែ ពួកគេបែរជាចោទប្រកាន់ទូលបង្គំ
ទូលបង្គំបានអធិស្ឋានអោយពួកគេ។
៥ ពួកគេប្រព្រឹត្តអំពើអាក្រក់មកលើទូលបង្គំ តបសងនឹងអំពើល្អ
ហើយសំដែងចិត្តស្អប់ តបសងនឹងសេចក្ដីស្រឡាញ់។
៦ សូមដាក់មនុស្សកំណាចម្នាក់អោយត្រួតពីលើអ្នកនោះ
ហើយម្នាក់ទៀតឈរនៅខាងស្ដាំ ដើម្បីចោទប្រកាន់។
៧ សូមអោយអ្នកនោះទទួលទោសនៅពេលជំនុំជំរះ
ហើយសូមអោយពាក្យអធិស្ឋានរបស់គេ ក្លាយទៅជាអំពើបាបទៅវិញ។
៨ សូមកុំអោយគេរស់បានយូរឡើយ
សូមអោយមានម្នាក់ទៀតកាន់តំណែងជំនួស។
៩ សូមអោយកូនចៅរបស់គេក្លាយទៅជាក្មេងកំព្រា
ហើយប្រពន្ធរបស់គេក្លាយទៅជាស្ត្រីមេម៉ាយ!។
១០ សូមអោយកូនរបស់អ្នកនោះ ក្លាយទៅជាមនុស្សអនាថាដើរសុំទាន
ហើយត្រូវគេដេញចេញពីទីលំនៅ ដែលរលំបាក់បែក!
១១ សូមអោយម្ចាស់បំណុលមករឹបអូសអ្វីៗ ដែលគេមាន
ហើយអោយជនបរទេសមកប្លន់យកអ្វីៗ ដែលគេខំប្រឹងរកបាន!
១២ សូមកុំអោយមាននរណាម្នាក់សំដែងចិត្តមេត្តាករុណាចំពោះគេឡើយ
ហើយក៏កុំអោយមាននរណាម្នាក់អាណិត អាសូរកូនចៅរបស់គេ ដែលនៅកំព្រាដែរ!
១៣ សូមដកជីវិតពូជពង្សរបស់គេ
ហើយលុបបំបាត់នាមត្រកូលរបស់គេ នៅជំនាន់ក្រោយ!
១៤ សូមព្រះអម្ចាស់ចងចាំនូវកំហុសដែលដូនតារបស់គេបានប្រព្រឹត្ត
ហើយកុំអោយព្រះអង្គភ្លេចអំពើបាប ដែលម្ដាយរបស់គេបានប្រព្រឹត្តដែរ!
១៥ សូមព្រះអម្ចាស់ចងចាំនូវអំពើបាបរបស់ពួកគេជានិច្ច
ពេលពួកគេស្លាប់ សូមព្រះអង្គធ្វើកុំអោយមាននរណានឹកនាដល់ពួកគេឡើយ!
១៦ ដ្បិតជននេះពុំបាននឹកសំដែងចិត្តមេត្តាករុណាសោះ
គេបានធ្វើបាបមនុស្សកំសត់ទុគ៌ត ព្រមទាំងសម្លាប់អ្នកដែលមានចិត្ត សោកសង្រេទៀតផង។
១៧ គេចូលចិត្តដាក់បណ្ដាសា ដូច្នេះ សូមអោយគេត្រូវបណ្ដាសាចុះ!
គេមិនពេញចិត្តនឹងពរទេ ដូច្នេះ សូមកុំអោយមាននរណាជូនពរគេឡើយ!
១៨ សូមអោយគេយកបណ្ដាសាគ្របដណ្ដប់ពីលើគេ
សូមអោយបណ្ដាសាចូលទៅក្នុងខ្លួនគេដូចទឹក ហើយចូលទៅក្នុងឆ្អឹងគេដូចខ្លាញ់!
១៩ សូមអោយបណ្ដាសាបានដូចជាសម្លៀកបំពាក់ បិទបាំងកាយពួកគេ
ហើយរុំព័ទ្ធខ្លួនគេជានិច្ចដូចខ្សែក្រវាត់។
២០ អស់អ្នកដែលចោទប្រកាន់ខ្ញុំ និងអស់អ្នកដែលនិយាយអាក្រក់ប្រឆាំងនឹងខ្ញុំ
សូមអោយគេទទួលទោសពីព្រះអម្ចាស់ បែបនេះឯង!
២១ ឱព្រះជាអម្ចាស់អើយ សូមព្រះអង្គមេត្តា ជួយទូលបង្គំដោយយល់ដល់ព្រះនាមព្រះអង្គ
ព្រះអង្គមានព្រះហឫទ័យមេត្តាករុណា ដ៏លើសលប់ សូមរំដោះទូលបង្គំផង!
២២ ទូលបង្គំជាមនុស្សកំសត់ទុគ៌ត ទូលបង្គំរបួសដួងចិត្ត។
២៣ ទូលបង្គំកំពុងតែរសាត់បាត់ទៅ ដូចជាស្រមោលនៅពេលល្ងាច
គេកំចាត់ទូលបង្គំដូចកំចាត់សត្វល្អិត។
២៤ ទូលបង្គំទន់ជង្គង់ ព្រោះតែតមអាហារយូរពេក
ទូលបង្គំស្គមនៅសល់តែស្បែក និងឆ្អឹង។
២៥ ពេលមនុស្សម្នាឃើញទូលបង្គំ គេនាំគ្នាសើចចំអក និងគ្រវីក្បាលដាក់ទូលបង្គំ។
២៦ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ សូមជួយទូលបង្គំផង!
សូមសង្គ្រោះទូលបង្គំ ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ!
២៧ សូមអោយអ្នកទាំងនោះទទួលស្គាល់ថា
ព្រះអង្គបានសង្គ្រោះទូលបង្គំ ដោយឫទ្ធិបារមីរបស់ព្រះអង្គ។
២៨ ទោះបីអ្នកទាំងនោះដាក់បណ្ដាសាទូលបង្គំ ក៏ដោយ ក៏ព្រះអង្គប្រទានពរអោយទូលបង្គំដែរ
ប្រសិនបើពួកគេវាយប្រហារទូលបង្គំ ពួកគេមុខជាត្រូវបាក់មុខ
ហើយទូលបង្គំដែលជាអ្នកបំរើរបស់ព្រះអង្គ នឹងមានអំណរសប្បាយ។
២៩ សូមអោយអស់អ្នកដែលចោទប្រកាន់ទូលបង្គំ ត្រូវអាម៉ាស់មុខ
សូមអោយសេចក្ដីអាម៉ាស់ នៅជាប់ជាមួយពួកគេរហូតតទៅ!
៣០ ខ្ញុំនឹងបន្លឺសំឡេងលើកតម្កើងព្រះអម្ចាស់
ខ្ញុំនឹងសរសើរតម្កើងព្រះអង្គក្នុងចំណោមបណ្ដាជនដ៏ច្រើនកុះករ!
៣១ ដ្បិតព្រះអង្គការពារជនកំសត់ទុគ៌ត
ដើម្បីសង្គ្រោះគេអោយរួចផុតពីកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ដាក់ទោសគេ។
ជំពូកទី ១១០
ព្រះករុណាជាបូជាចារ្យអស់កល្បតរៀងទៅ
១ ទំនុកតម្កើងពីសៀវភៅរបស់ស្ដេចដាវីឌ។
ព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាព្រះអម្ចាស់របស់ខ្ញុំ
ដូចតទៅនេះ៖
«សូមគង់នៅខាងស្ដាំយើង ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!»។
២ សូមព្រះជាអម្ចាស់ប្រោសប្រទានអោយរាជ្យរបស់ព្រះករុណា
លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ!
សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ!
៣ នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត
ពួកយុវជននាំគ្នាចូលមកគាល់ព្រះករុណា នៅលើភ្នំដ៏វិសុទ្ធ
ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។
៤ ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា:
«ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្ដេចម៉ិលគីស្សាដែក»។
៥ ព្រះអម្ចាស់គង់នៅខាងស្ដាំព្រះករុណា
នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកំទេចស្ដេចនានា។
៦ ព្រះអង្គវិនិច្ឆ័យទោសប្រជាជាតិទាំងឡាយ
ព្រះអង្គទុកសាកសពរបស់គេ អោយនៅពាសពេញគ្រប់ទីកន្លែង
ហើយព្រះអង្គកំទេចមេដឹកនាំរបស់គេនៅទួទាំងប្រទេស។
៧ នៅតាមផ្លូវព្រះរាជាសោយទឹកជ្រោះ
រួចហើយព្រះអង្គងើបព្រះភក្ត្រ ប្រកបដោយជោគជ័យ។
ជំពូកទី ១១១
ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអម្ចាស់
១ ចូរសរសើរតម្កើងព្រះអម្ចាស់! ខ្ញុំនឹងលើកតម្កើងព្រះអម្ចាស់យ៉ាងអស់ពីចិត្ត
នៅក្នុងអង្គប្រជុំរបស់មនុស្សទៀងត្រង់។
២ ព្រះអម្ចាស់បានធ្វើការអស្ចារ្យយ៉ាងឧត្ដុង្គឧត្ដម
ហើយអស់អ្នកដែលពេញចិត្តនឹងស្នាព្រះហស្ដនេះ នាំគ្នាស្វែងយល់។
៣ ស្នាព្រះហស្ដរបស់ព្រះអង្គប្រកបទៅដោយ រស្មីភ្លឺចិញ្ចែងចិញ្ចាច
សេចក្ដីសុចរិតរបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ។
៤ ព្រះអង្គសព្វព្រះហឫទ័យអោយយើង នឹកដល់ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ
ព្រះអម្ចាស់តែងតែប្រណីសន្ដោស ហើយប្រកបដោយព្រះហឫទ័យអាណិតអាសូរ។
៥ ព្រះអង្គប្រទានអាហារអោយអស់អ្នក ដែលគោរពកោតខ្លាចព្រះអង្គ
ព្រះអង្គតែងនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គជានិច្ច។
៦ ព្រះអង្គសំដែងឫទ្ធានុភាព អោយប្រជារាស្ត្ររបស់ព្រះអង្គឃើញ
តាមរយៈស្នាព្រះហស្ដរបស់ព្រះអង្គ គឺប្រគល់ទឹកដីរបស់ប្រជាជាតិនានាអោយពួកគេ។
៧ ស្នាព្រះហស្ដដែលព្រះអង្គធ្វើ សុទ្ធតែពិត និងប្រាកដប្រជា
ព្រះបញ្ជារបស់ព្រះអង្គ គួរអោយជឿទុកចិត្តទាំងស្រុង។
៨ ព្រះបញ្ជាទាំងនោះនៅស្ថិតស្ថេររហូត
ព្រោះព្រះអង្គមានព្រះបន្ទូល ដោយសេចក្ដីពិត និងត្រឹមត្រូវ។
៩ ព្រះអង្គបានរំដោះប្រជារាស្ត្ររបស់ព្រះអង្គ អោយមានសេរីភាព
ព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយ ប្រជារាស្ត្ររបស់ព្រះអង្គរហូតតទៅ
ព្រះនាមរបស់ព្រះអង្គជាព្រះនាមដ៏វិសុទ្ធ គួរអោយកោតស្ញប់ស្ញែង។
១០ ការគោរពកោតខ្លាចព្រះអម្ចាស់ ជាប្រភពនៃប្រាជ្ញា
អស់អ្នកដែលប្រតិបត្តិតាមប្រាជ្ញានេះ តែងតែដឹងខុសត្រូវ។
សូមសរសើរតម្កើងព្រះអង្គរហូតតទៅ!
ជំពូកទី ១១២
មនុស្សល្អមិនដែលរង្គើទេ
១ ចូរសរសើរតម្កើងព្រះអម្ចាស់!
អ្នកណាគោរពកោតខ្លាចព្រះអម្ចាស់
ហើយពេញចិត្តនឹងគោរពតាមព្រះបញ្ជា របស់ព្រះអង្គ អ្នកនោះមានសុភមង្គលហើយ!
២ ពូជពង្សរបស់គេនឹងមានអំណាចនៅក្នុងស្រុក
ដ្បិតព្រះជាម្ចាស់នឹងប្រទានពរ ដល់មនុស្សទៀងត្រង់។
៣ នៅក្នុងផ្ទះរបស់អ្នកនោះ នឹងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ
សេចក្ដីសុចរិតរបស់គាត់នៅស្ថិតស្ថេររហូតតទៅ។
៤ ក្នុងទីងងឹត មានពន្លឺលេចឡើង បំភ្លឺមនុស្សទៀងត្រង់
ដែលមានចិត្តប្រណីសន្ដោស អាណិតមេត្តា និងសុចរិត។
៥ អ្នកណាមានចិត្តទូលាយ ហើយយករបស់ខ្លួនអោយគេខ្ចី
ព្រមទាំងរកស៊ីដោយទៀងត្រង់ អ្នកនោះប្រព្រឹត្តយ៉ាងល្អប្រពៃហើយ។
៦ មនុស្សល្អនឹងបានសុខជានិច្ច គេនឹងរំលឹកកេរ្តិ៍ឈ្មោះគាត់រហូតតទៅ។
៧ គាត់នឹងមិនខ្លាចនរណានិយាយអាក្រក់ ពីគាត់សោះឡើយ
គាត់មានចិត្តរឹងប៉ឹង ហើយផ្ញើជីវិតលើព្រះអម្ចាស់ទាំងស្រុង។
៨ គាត់មានចិត្តនឹងន ឥតភ័យខ្លាចអ្វីទាំងអស់
រហូតទាល់តែបានឃើញខ្មាំងសត្រូវបរាជ័យ។
៩ គាត់តែងចែកទានអោយអ្នកក្រដោយចិត្តទូលាយ
សេចក្ដីសុចរិតរបស់គាត់នៅស្ថិតស្ថេររហូតតទៅ
ហើយគាត់ចំរើនកម្លាំងកាន់តែរុងរឿងឡើងៗ។
១០ ពេលមនុស្សអាក្រក់ឃើញដូច្នេះ ក៏មានចិត្តទោមនស្ស គេសង្កៀតធ្មេញ
ហើយរលាយសូន្យទៅ មនុស្សអាក្រក់ ពុំដែលបានសំរេចដូចបំណងឡើយ។
ជំពូកទី ១១៣
ព្រះអង្គលើកមនុស្សទន់ខ្សោយឡើង
១ ចូរសរសើរតម្កើងព្រះអម្ចាស់!
អ្នកបំរើរបស់ព្រះអម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ!
ចូរនាំគ្នាសរសើរតម្កើងព្រះនាមព្រះអម្ចាស់!
២ ចូរលើកតម្កើងព្រះនាមព្រះអម្ចាស់ តាំងពីពេលនេះរហូតតទៅ!
៣ តាំងពីពេលថ្ងៃរះ រហូតទល់ថ្ងៃលិច ចូរសរសើរតម្កើងព្រះនាមរបស់ព្រះអម្ចាស់!
៤ ព្រះអម្ចាស់គង់នៅពីលើប្រជាជាតិទាំងឡាយ
សិរីរុងរឿងរបស់ព្រះអង្គខ្ពស់ជាង ផ្ទៃមេឃទៅទៀត។
៥ តើមាននរណាអាចផ្ទឹមស្មើនឹងព្រះអម្ចាស់ ជាព្រះរបស់យើងបាន?
ព្រះអង្គគង់នៅលើស្ថានដ៏ខ្ពស់បំផុត
៦ ព្រះអង្គទតមើលមកផ្ទៃមេឃ និងផែនដី ដែលនៅខាងក្រោមព្រះអង្គ។
៧ ព្រះអង្គលើកមនុស្សទន់ខ្សោយឡើងពីធូលីដី
ព្រះអង្គលើកមនុស្សទុគ៌តឡើងពីភក់ជ្រាំ
៨ ដើម្បីអោយគេកាន់កាប់អំណាច រួមជាមួយពួកអ្នកធំ
គឺរួមជាមួយពួកអ្នកធំនៅក្នុងចំណោម ប្រជារាស្ត្ររបស់ព្រះអង្គ។
៩ ព្រះអង្គប្រទានអោយស្ត្រីអារមានកូន
អោយនាងរស់នៅក្នុងផ្ទះយ៉ាងសប្បាយ ជាមួយកូនៗរបស់នាង។
ហាលេលូយ៉ា!
ជំពូកទី ១១៤
ពេលជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប
១ ពេលជនជាតិអ៊ីស្រាអែល ចាកចេញពីស្រុកអេស៊ីប
ពេលកូនចៅរបស់លោកយ៉ាកុបចាកចេញ ពីទឹកដីបរទេស
២ ជនជាតិយូដាបានទៅជាប្រជាជន ដ៏វិសុទ្ធរបស់ព្រះជាម្ចាស់
ហើយជនជាតិអ៊ីស្រាអែល ជាប្រជាជនផ្ទាល់របស់ព្រះអង្គ។
៣ ពេលឃើញពួកគេ សមុទ្រក៏រត់បាត់ទៅ ហើយទន្លេយ័រដាន់ក៏ដកខ្លួនថយដែរ។
៤ ភ្នំនានានាំគ្នាលោតឡើងដូចពពែឈ្មោល
ហើយភ្នំតូចៗទាំងឡាយក៏នាំគ្នាលោត ដូចកូនចៀមដែរ។
៥ សមុទ្រអើយ ហេតុអ្វីបានជាអ្នករត់គេចដូច្នេះ?
ទន្លេយ័រដាន់អើយ ហេតុអ្វីបានជាអ្នកដកខ្លួនថយ?
៦ ភ្នំនានាអើយ ហេតុដូចម្ដេចបានជាអ្នកនាំគ្នា លោតដូចពពែឈ្មោល?
ភ្នំតូចៗទាំងឡាយអើយ ហេតុដូចម្ដេចបានជាអ្នកលោតដូចកូនចៀម?
៧ ផែនដីអើយ ចូរញាប់ញ័រនៅចំពោះ ព្រះភក្ត្រព្រះអម្ចាស់!
ចូរញាប់ញ័រនៅចំពោះ ព្រះភក្ត្រព្រះរបស់លោកយ៉ាកុប
៨ ដែលបានធ្វើអោយផ្ទាំងសិលាប្រែទៅជាបឹង ហើយធ្វើអោយថ្មប្រែទៅជាប្រភពទឹក។
ជំពូកទី ១១៥
ព្រះអម្ចាស់នឹងប្រទានពរអោយអ្នករាល់គ្នា
១ ព្រះអម្ចាស់អើយ យើងខ្ញុំមិនសមនឹងទទួល ការលើកតម្កើងទេ
គឺមានតែព្រះអង្គប៉ុណ្ណោះដែលត្រូវ ទទួលការលើកតម្កើងប្រកបដោយសិរីរុងរឿង
ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏ស្មោះស្ម័គ្រ!។
២ ហេតុអ្វីបានជាប្រជាជាតិនានានាំគ្នាពោលថា:
«ព្រះរបស់ពួកគេនៅឯណា?»។
៣ ព្រះរបស់យើងខ្ញុំគង់នៅស្ថានបរមសុខ
ព្រះអង្គធ្វើអ្វីៗក៏បាន តាមតែព្រះហឫទ័យរបស់ព្រះអង្គ។
៤ រីឯព្រះរបស់អ្នកទាំងនោះវិញ
សុទ្ធតែជាព្រះក្លែងក្លាយធ្វើពីមាសពីប្រាក់ ដែលជាស្នាដៃរបស់មនុស្ស។
៥ ព្រះទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ
៦ មានត្រចៀក តែស្ដាប់មិនឮ មានច្រមុះ តែមិនចេះដឹងក្លិន
៧ មានដៃ តែមិនចេះប៉ះពាល់ មានជើង តែមិនចេះដើរ
ហើយមានបំពង់ក តែមិនអាចបញ្ចេញសំឡេងអ្វីបានឡើយ។
៨ សូមអោយអស់អ្នកដែលបានសូន ធ្វើរូបព្រះក្លែងក្លាយ
ហើយផ្ញើជីវិតលើព្រះទាំងនោះ បានដូចរូបព្រះទាំងនោះដែរ។
៩ ជនជាតិអ៊ីស្រាអែលអើយ ចូរផ្ញើជីវិតលើព្រះអម្ចាស់
ព្រះអង្គនឹងជួយ ហើយការពារអ្នករាល់គ្នា!
១០ ក្រុមគ្រួសាររបស់លោកអរ៉ុនអើយ ចូរផ្ញើជីវិតលើព្រះអម្ចាស់
ព្រះអង្គនឹងជួយ ហើយការពារអ្នករាល់គ្នា!
១១ អ្នករាល់គ្នាដែលគោរពកោតខ្លាច ព្រះអម្ចាស់អើយ ចូរផ្ញើជីវិតលើព្រះអម្ចាស់
ព្រះអង្គនឹងជួយ ហើយការពារអ្នករាល់គ្នា!
១២ ព្រះអម្ចាស់មិនភ្លេចយើងទេ ព្រះអង្គនឹងប្រទានពរអោយយើង
ព្រះអង្គនឹងប្រទានពរអោយកូនចៅ លោកអ៊ីស្រាអែល
ព្រះអង្គនឹងប្រទានពរអោយកូនចៅលោកអរ៉ុន
១៣ ព្រះអង្គនឹងប្រទានពរអោយអស់អ្នកទាំងតូច ទាំងធំ ដែលគោរពកោតខ្លាចព្រះអង្គ។
១៤ ព្រះអម្ចាស់នឹងប្រទានពរអោយអ្នករាល់គ្នា បានចំរើនឡើង
គឺទាំងអ្នករាល់គ្នា ទាំងកូនចៅរបស់អ្នករាល់គ្នា។
១៥ សូមទទួលព្រះពរពីព្រះអម្ចាស់ ដែលបានបង្កើតផ្ទៃមេឃ និងផែនដី!
១៦ ផ្ទៃមេឃជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ តែព្រះអង្គប្រទានផែនដីមក អោយមនុស្សលោក។
១៧ មនុស្សស្លាប់ទៅហើយ ពុំអាចសរសើរតម្កើងព្រះអម្ចាស់បានឡើយ
ហើយអស់អ្នកដែលចុះទៅស្ថានមនុស្សស្លាប់ ក៏ពុំអាចសរសើរព្រះអង្គបានដែរ។
១៨ រីឯយើងវិញ យើងលើកតម្កើងព្រះអម្ចាស់ ចាប់ពីពេលនេះ រហូតតទៅ!
ហាលេលូយ៉ា!
ជំពូកទី ១១៧
ពាក្យសរសើរតម្កើងសកល
១ ប្រជាជាតិទាំងឡាយអើយចូរសរសើរតម្កើងព្រះអម្ចាស់
ប្រជារាស្ត្រទាំងប៉ុន្មានអើយ ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ!
២ ដ្បិតព្រះអង្គមានព្រះហឫទ័យ មេត្តាករុណាចំពោះយើងពន់ពេកក្រៃ
ព្រះអម្ចាស់មានព្រះហឫទ័យស្មោះស្ម័គ្រ ចំពោះយើងរហូតតទៅ។
ហាលេលូយ៉ា!
ជំពូកទី ១១៨
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ
១ ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
២ សូមអោយជនជាតិអ៊ីស្រាអែលពោលឡើងថា៖
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
៣ សូមអោយកូនចៅរបស់លោកអរ៉ុន ពោលឡើងថា៖
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
៤ សូមអោយអស់អ្នកដែលគោរពកោតខ្លាច ព្រះអម្ចាស់ពោលឡើងថា៖
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
៥ នៅពេលមានអាសន្ន ខ្ញុំបានអង្វរព្រះអម្ចាស់
ព្រះអម្ចាស់ក៏បានឆ្លើយតបមកខ្ញុំវិញ ហើយប្រទានអោយខ្ញុំមានសេរីភាព។
៦ ព្រះអម្ចាស់កាន់ខាងខ្ញុំ ខ្ញុំមិនភ័យខ្លាចឡើយ តើមនុស្សលោកអាចធ្វើអ្វីខ្ញុំកើត?
៧ ដោយព្រះអម្ចាស់កាន់ខាងខ្ញុំ ហើយជួយខ្ញុំ ខ្ញុំនឹងឃើញខ្មាំងសត្រូវបរាជ័យ។
៨ ផ្ញើជីវិតលើព្រះអម្ចាស់ នោះប្រសើរជាងទុកចិត្តលើមនុស្ស។
៩ ផ្ញើជីវិតលើព្រះអម្ចាស់ នោះប្រសើរជាងទុកចិត្តលើអ្នកធំ។
១០ ប្រជាជាតិទាំងប៉ុន្មាននាំគ្នាមកឡោមព័ទ្ធខ្ញុំ
តែខ្ញុំនឹងកំទេចពួកគេ ដោយសារព្រះនាមរបស់ព្រះអម្ចាស់។
១១ ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំគ្រប់ទិសទី
តែខ្ញុំនឹងកំទេចពួកគេ ដោយសារព្រះនាមរបស់ព្រះអម្ចាស់។
១២ ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំដូចហ្វូងឃ្មុំ តែពួកគេនឹងឆេះអស់ទៅដូចភ្លើងឆេះបន្លា
ខ្ញុំនឹងកំទេចពួកគេ ដោយសារព្រះនាមរបស់ព្រះអម្ចាស់។
១៣ គេបានច្រានខ្ញុំយ៉ាងខ្លាំង ដើម្បីអោយខ្ញុំដួល តែព្រះអម្ចាស់បានជួយសង្គ្រោះខ្ញុំ។
១៤ ព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ ខ្ញុំច្រៀងថ្វាយព្រះអង្គ ព្រះអង្គសង្គ្រោះខ្ញុំ។
១៥ មនុស្សសុចរិតនឹងនាំគ្នាស្រែកហ៊ោ នៅក្នុងជំរំរបស់ខ្លួន ព្រោះតែមានជ័យជំនះ
ព្រះអម្ចាស់សំដែងព្រះបារមីប្រកប ដោយឫទ្ធានុភាព!
១៦ ព្រះអម្ចាស់សំដែងព្រះបារមីដ៏ខ្ពង់ខ្ពស់បំផុត!
ព្រះអម្ចាស់សំដែងព្រះបារមីប្រកប ដោយឫទ្ធានុភាព។
១៧ ខ្ញុំនឹងមានជីវិត ខ្ញុំនឹងមិនស្លាប់ឡើយ
ហើយខ្ញុំនឹងរៀបរាប់អំពី ស្នាព្រះហស្ដរបស់ព្រះអម្ចាស់។
១៨ មែនហើយព្រះអម្ចាស់បានវាយប្រដៅខ្ញុំយ៉ាងខ្លាំង
តែព្រះអង្គមិនបណ្ដោយអោយខ្ញុំស្លាប់ឡើយ។
១៩ ចូរនាំគ្នាបើកទ្វារនៃសេចក្ដីសុចរិតអោយខ្ញុំ ដើម្បីខ្ញុំចូលទៅលើកតម្កើងព្រះអម្ចាស់។
២០ នេះនែ៎ ទ្វារដែលនាំចូលទៅរកព្រះអម្ចាស់
មានតែមនុស្សសុចរិតទេ ដែលចូលតាមទ្វារនេះបាន។
២១ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គបានឆ្លើយតបមកទូលបង្គំ
ព្រះអង្គបានសង្គ្រោះទូលបង្គំ។
២២ ថ្មដែលពួកជាងសង់ផ្ទះបោះបង់ចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។
២៣ ព្រះអម្ចាស់បានសំរេចការអស្ចារ្យ យើងក៏បានឃើញ ហើយស្ងើចសរសើរផង។
២៤ ថ្ងៃនេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក
យើងនាំគ្នាត្រេកអរសប្បាយរីករាយនៅថ្ងៃនេះ!
២៥ ព្រះអម្ចាស់អើយ សូមសង្គ្រោះយើងខ្ញុំ!
ព្រះអម្ចាស់អើយ សូមប្រទានអោយយើងខ្ញុំមានជោគជ័យ!
២៦ សូមលើកតម្កើងព្រះអង្គដែលយាងមក ក្នុងព្រះនាមព្រះអម្ចាស់
យើងសូមអោយពរអ្នករាល់គ្នា ពីក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
២៧ មានតែព្រះអម្ចាស់ទេដែលជាព្រះដ៏ពិត តែមួយព្រះអង្គ ព្រះអង្គបំភ្លឺយើង
ចូរនាំគ្នាលើកធាងទន្សែឡើង ហើយហែជាក្បួន រហូតដល់ជ្រុងអាសនៈរបស់ព្រះអម្ចាស់!
២៨ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ
ឱព្រះនៃទូលបង្គំអើយ ទូលបង្គំសូមលើកតម្កើងព្រះអង្គ!
២៩ ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
ជំពូកទី ១១៩
វិន័យរបស់ព្រះអម្ចាស់
១ អ្នកណាមានកិរិយាមារយាទ ល្អត្រឹមត្រូវឥតខ្ចោះ
ហើយប្រតិបត្តិតាមវិន័យរបស់ព្រះអម្ចាស់ អ្នកនោះមានសុភមង្គលហើយ!។
២ អ្នកណាប្រតិបត្តិតាមដំបូន្មានរបស់ព្រះអង្គ
ហើយស្វែងរកព្រះអង្គអស់ពីចិត្ត អ្នកនោះមានសុភមង្គលហើយ!
៣ អ្នកទាំងនោះមិនប្រព្រឹត្តអំពើទុច្ចរិតទេ គេដើរតាមមាគ៌ារបស់ព្រះអង្គ។
៤ ព្រះអង្គបានប្រទានព្រះព្រះបញ្ជាមក ដើម្បីអោយ យើងខ្ញុំយកចិត្តទុកដាក់ប្រតិបត្តិតាម។
៥ សូមជួយទូលបង្គំអោយចេះប្រព្រឹត្តត្រឹមត្រូវ ដោយប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។
៦ ដូច្នេះ ពេលណាទូលបង្គំពិនិត្យមើល បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ
នោះទូលបង្គំនឹងមិនត្រូវអាម៉ាស់ឡើយ។
៧ ទូលបង្គំសូមលើកតម្កើងព្រះអង្គ ដោយចិត្តទៀងត្រង់
ហើយពិចារណាមើលព្រះបន្ទូល ដ៏សុចរិតដែលព្រះអង្គបានបង្គាប់មក។
៨ ទូលបង្គំចង់ប្រតិបត្តិតាម ក្រឹត្យវិន័យរបស់ព្រះអង្គ សូមកុំបោះបង់ចោលទូលបង្គំសោះឡើយ!
៩ តើមនុស្សកំលោះត្រូវធ្វើយ៉ាងណា ដើម្បីអោយកិរិយាមារយាទរបស់ខ្លួន បានល្អត្រឹមត្រូវ?
គឺដោយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
១០ ទូលបង្គំស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត
សូមកុំបណ្ដោយអោយទូលបង្គំងាកចេញ ពីវិន័យរបស់ព្រះអង្គឡើយ!
១១ ទូលបង្គំរក្សាព្រះបន្ទូលរបស់ព្រះអង្គ ទុកនៅក្នុងចិត្ត
ដើម្បីកុំអោយប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យព្រះអង្គ។
១២ ព្រះអម្ចាស់អើយ ទូលបង្គំសូមលើកតម្កើងព្រះអង្គ
សូមបង្រៀនអោយទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គ!
១៣ ទូលបង្គំរៀបរាប់អំពីវិន័យទាំងប៉ុន្មាន ដែលព្រះអង្គបានបង្គាប់មក។
១៤ ទូលបង្គំសប្បាយចិត្តនឹងអនុវត្តតាម ដំបូន្មានរបស់ព្រះអង្គ
ដូចជាទូលបង្គំសប្បាយចិត្ត នឹងមានសម្បត្តិដ៏ស្ដុកស្ដម្ភ។
១៥ ទូលបង្គំនឹងពិចារណាពីច្បាប់របស់ព្រះអង្គ
ទូលបង្គំសញ្ជឹងគិតអំពីមាគ៌ារបស់ព្រះអង្គជានិច្ច។
១៦ ទូលបង្គំពេញចិត្តនឹងក្រឹត្យវិន័យ របស់ព្រះអង្គខ្លាំងណាស់
ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។
១៧ សូមប្រណីសន្ដោសទូលបង្គំ ជាអ្នកបំរើរបស់ព្រះអង្គ
ដើម្បីអោយទូលបង្គំមានជីវិត ហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
១៨ សូមបើកភ្នែកទូលបង្គំ
ដើម្បីអោយទូលបង្គំមើលឃើញភាពថ្លៃថ្នូរ ដ៏អស្ចារ្យនៃក្រឹត្យវិន័យរបស់ព្រះអង្គ។
១៩ ទូលបង្គំគ្រាន់តែស្នាក់នៅជាបណ្ដោះអាសន្ន លើផែនដីនេះប៉ុណ្ណោះ
សូមកុំលាក់បទបញ្ជារបស់ព្រះអង្គ នឹងទូលបង្គំឡើយ។
២០ ចិត្តទូលបង្គំតែងតែផ្ដោតទៅរកវិន័យផ្សេងៗ ដែលព្រះអង្គបង្គាប់មកជានិច្ច។
២១ ព្រះអង្គគំរាមកំហែងមនុស្សអួតបំប៉ោង
ដែលជាជនត្រូវបណ្ដាសា វង្វេងចេញឆ្ងាយពីបទបញ្ជារបស់ព្រះអង្គ។
២២ សូមដកយកការអាម៉ាស់ចេញពីទូលបង្គំ កុំអោយមាននរណាមើលងាយទូលបង្គំឡើយ
ដ្បិតទូលបង្គំកាន់តាមដំបូន្មាន របស់ព្រះអង្គហើយ។
២៣ ទោះបីពួកមេដឹកនាំឃុបឃិតគ្នា ប្រឆាំងនឹងទូលបង្គំក៏ដោយ
ទូលបង្គំដែលជាអ្នកបំរើរបស់ព្រះអង្គ នៅតែសញ្ជឹងគិតពីច្បាប់របស់ព្រះអង្គជានិច្ច។
២៤ ទូលបង្គំពេញចិត្តនឹងដំបូន្មានរបស់ព្រះអង្គណាស់ ដំបូន្មានព្រះអង្គជួយជាគំនិតដល់ទូលបង្គំ។
២៥ ទូលបង្គំបានធ្លាក់ខ្លួនដុនដាបយ៉ាងខ្លាំង
សូមប្រោសអោយទូលបង្គំបានរស់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង។
២៦ ទូលបង្គំរៀបរាប់អំពីដំណើរជីវិតរបស់ទូលបង្គំ ហើយព្រះអង្គក៏ឆ្លើយតបមកទូលបង្គំ
សូមបង្រៀនអោយទូលបង្គំស្គាល់ច្បាប់របស់ព្រះអង្គ!។
២៧ សូមជួយទូលបង្គំអោយយល់អំពីអត្ថន័យ នៃព្រះព្រះបញ្ជារបស់ព្រះអង្គ
ដើម្បីអោយទូលបង្គំអាចសញ្ជឹងគិតពីការអស្ចារ្យ ទាំងប៉ុន្មានដែលព្រះអង្គបានសំដែង!។
២៨ ទូលបង្គំមានទុក្ខសោកសង្រេង
សូមលើកទឹកចិត្តទូលបង្គំឡើងវិញ ដូចព្រះអង្គបានសន្យា។
២៩ សូមនាំទូលបង្គំចេញឆ្ងាយពីផ្លូវខុសឆ្គង
ហើយជួយអោយទូលបង្គំប្រតិបត្តិតាម វិន័យរបស់ព្រះអង្គ!
៣០ ទូលបង្គំប្ដេជ្ញាចិត្តស្មោះត្រង់នឹងព្រះអង្គ
ទូលបង្គំសុខចិត្តធ្វើតាមវិន័យ ដែលព្រះអង្គបង្គាប់មក។
៣១ ទូលបង្គំជំពាក់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ
ព្រះអម្ចាស់អើយ សូមកុំអោយទូលបង្គំត្រូវអាម៉ាស់ឡើយ!
៣២ ទូលបង្គំសប្បាយចិត្តនឹងដើរ តាមបទបញ្ជានៃបញ្ញត្តិរបស់ព្រះអង្គ
ដ្បិតព្រះអង្គធ្វើអោយចិត្តទូលបង្គំបានភ្លឺស្វាង។
៣៣ ព្រះអម្ចាស់អើយ សូមបង្រៀនអោយទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គ
ដើម្បីអោយទូលបង្គំកាន់តាម រហូតដល់ទីបញ្ចប់!។
៣៤ សូមប្រទានអោយទូលបង្គំមានប្រាជ្ញា ដើម្បីរក្សាក្រឹត្យវិន័យរបស់ព្រះអង្គ
ហើយប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត!។
៣៥ សូមនាំទូលបង្គំដើរតាមមាគ៌ា នៃបទបញ្ជារបស់ព្រះអង្គ
ដ្បិតទូលបង្គំពេញចិត្តនឹងបទបញ្ជា ទាំងនេះណាស់។
៣៦ សូមទាក់ទាញចិត្តទូលបង្គំ អោយធ្វើតាមដំបូន្មានរបស់ព្រះអង្គ
គឺមិនមែនអោយរកកំរៃឡើយ!
៣៧ សូមទាញអារម្មណ៍ទូលបង្គំ អោយបែរចេញពីអ្វីៗដែលឥតខ្លឹមសារ
ហើយអោយទូលបង្គំមានជីវិតរស់នៅ តាមមាគ៌ារបស់ព្រះអង្គ!
៣៨ សូមសំរេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យា ជាមួយទូលបង្គំជាអ្នកបំរើរបស់ព្រះអង្គ
គឺព្រះបន្ទូលដែលព្រះអង្គបានសន្យា ចំពោះអស់អ្នកគោរពកោតខ្លាចព្រះអង្គ។
៣៩ សូមយកសេចក្ដីអាម៉ាស់ដែលទូលបង្គំ ខ្លាចរអែងនេះ ចេញអោយឆ្ងាយពីទូលបង្គំទៅ
ដ្បិតវិន័យរបស់ព្រះអង្គសុទ្ធតែល្អទាំងអស់។
៤០ ទូលបង្គំប្រាថ្នាចង់ធ្វើតាមព្រះព្រះបញ្ជារបស់ព្រះអង្គ
សូមប្រទានអោយទូលបង្គំមានជីវិតឡើងវិញ ដោយសេចក្ដីសុចរិតរបស់ព្រះអង្គ!
៤១ ព្រះអម្ចាស់អើយ សូមសំដែងព្រះហឫទ័យមេត្តាករុណា ចំពោះទូលបង្គំ
សូមសង្គ្រោះទូលបង្គំតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ!
៤២ សូមជួយអោយទូលបង្គំអាចឆ្លើយតប នឹងអ្នកដែលជេរប្រមាថទូលបង្គំ
ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។
៤៣ សូមកុំអោយទូលបង្គំនិយាយអ្វីប្រាសចាក ពីសេចក្ដីពិតឡើយ
ដ្បិតទូលបង្គំសង្ឃឹមលើវិន័យរបស់ព្រះអង្គ។
៤៤ ទូលបង្គំនឹងគោរពតាមក្រឹត្យវិន័យរបស់ព្រះអង្គ ជានិច្ចនិរន្តរ៍រហូតតរៀងទៅ។
៤៥ ទូលបង្គំចង់រស់នៅដោយមានសេរីភាពពេញទី ដ្បិតទូលបង្គំស្វែងរកព្រះព្រះបញ្ជារបស់ព្រះអង្គ។
៤៦ ទូលបង្គំនឹងថ្លែងអំពីដំបូន្មានរបស់ព្រះអង្គ ប្រាប់ស្ដេចនានា
ទូលបង្គំនឹងមិនខ្មាសសោះឡើយ។
៤៧ ទូលបង្គំពេញចិត្តនឹងបទបញ្ជារបស់ព្រះអង្គ ទូលបង្គំស្រឡាញ់បទបញ្ជានេះណាស់។
៤៨ ទូលបង្គំលើកដៃប្រណម្យគោរព បទបញ្ជារបស់ព្រះអង្គ ព្រោះទូលបង្គំស្រឡាញ់បទបញ្ជានេះ
ទូលបង្គំចង់សញ្ជឹងគិតអំពីច្បាប់ របស់ព្រះអង្គ។
៤៩ សូមនឹកដល់ព្រះបន្ទូលដែលព្រះអង្គបានសន្យា ជាមួយទូលបង្គំ
ដ្បិតព្រះអង្គបានធ្វើអោយទូលបង្គំមានសង្ឃឹម!
៥០ នៅពេលទូលបង្គំមានទុក្ខវេទនា ព្រះបន្ទូលនេះធ្វើអោយចិត្តទូលបង្គំបានធូរស្បើយ
ព្រះបន្ទូលសន្យារបស់ព្រះអង្គ បានធ្វើអោយទូលបង្គំមានជីវិតឡើងវិញ។
៥១ មនុស្សអួតបំប៉ោងនាំគ្នាចំអកអោយទូលបង្គំ
តែទូលបង្គំមិនឃ្លាតចាកចេញពីវិន័យ របស់ព្រះអង្គឡើយ។
៥២ ព្រះអម្ចាស់អើយ ទូលបង្គំនឹកដល់ វិន័យរបស់ព្រះអង្គ កាលពីអតីតកាល
ហើយចិត្តទូលបង្គំក៏បានធូរស្បើយ។
៥៣ មនុស្សពាលបានធ្វើអោយទូលបង្គំ ក្ដៅក្រហាយយ៉ាងខ្លាំង
ព្រោះពួកគេបោះបង់ចោលក្រឹត្យវិន័យ របស់ព្រះអង្គ។
៥៤ ពេលដែលទូលបង្គំស្នាក់អាស្រ័យ ជាបណ្ដោះអាសន្នក្នុងលោកនេះ
ទូលបង្គំបានយកក្រឹត្យវិន័យរបស់ព្រះអង្គ មកធ្វើជាទំនុកតម្កើង។
៥៥ ឱព្រះអម្ចាស់អើយ នៅពេលយប់ទូលបង្គំ នឹកដល់ព្រះនាមរបស់ព្រះអង្គ
ហើយទូលបង្គំប្រតិបត្តិតាមក្រឹត្យវិន័យ របស់ព្រះអង្គ។
៥៦ ទូលបង្គំរកឃើញសុភមង្គល ដោយអនុវត្តតាមព្រះព្រះបញ្ជារបស់ព្រះអង្គ។
៥៧ ឱព្រះអម្ចាស់អើយ ទូលបង្គំសូមទូលព្រះអង្គថា
ការប្រតិបត្តិតាមព្រះបន្ទូលព្រះអង្គ ជាចំណែកមត៌ករបស់ទូលបង្គំ។
៥៨ ទូលបង្គំសូមអង្វរករព្រះអង្គយ៉ាងអស់ពីចិត្តថា
សូមប្រណីសន្ដោសទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង!
៥៩ ទូលបង្គំរិះគិតអំពីកិរិយាមារយាទរបស់ទូលបង្គំ
ហើយទូលបង្គំក៏បោះជំហានមករកដំបូន្មាន របស់ព្រះអង្គវិញ។
៦០ ទូលបង្គំប្រញាប់ប្រញាល់ប្រតិបត្តិ តាមបទបញ្ជារបស់ព្រះអង្គ
ឥតធ្វេសប្រហែសសោះឡើយ។
៦១ មនុស្សអាក្រក់បានធ្វើអោយទូលបង្គំ ជាប់អន្ទាក់របស់គេ
តែទូលបង្គំឥតភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គទេ។
៦២ នៅពាក់កណ្ដាលអធ្រាត្រ ទូលបង្គំក្រោកឡើង ដើម្បីលើកតម្កើងព្រះអង្គ
ព្រោះតែវិន័យដ៏ត្រឹមត្រូវរបស់ព្រះអង្គ។
៦៣ ទូលបង្គំជាមិត្តរបស់អស់អ្នក ដែលគោរពកោតខ្លាចព្រះអង្គ
និងអស់អ្នកដែលប្រតិបត្តិតាម ព្រះព្រះបញ្ជារបស់ព្រះអង្គ។
៦៤ ឱព្រះអម្ចាស់អើយ ផែនដីពេញទៅដោយ ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
សូមបង្រៀនអោយទូលបង្គំស្គាល់ច្បាប់ របស់ព្រះអង្គ!
៦៥ ឱព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំ ជាអ្នកបំរើរបស់ព្រះអង្គ
តាមព្រះបន្ទូលរបស់ព្រះអង្គផង។
៦៦ សូមបង្រៀនទូលបង្គំអោយដឹងខុសត្រូវ មានប្រាជ្ញា
ដ្បិតទូលបង្គំទុកចិត្តលើបទបញ្ជារបស់ព្រះអង្គ។
៦៧ ពីមុនទូលបង្គំបានវង្វេង ហើយរងទុក្ខវេទនា
ឥឡូវនេះ ទូលបង្គំប្រតិបត្តិតាមព្រះបន្ទូល របស់ព្រះអង្គហើយ។
៦៨ ព្រះអង្គមានព្រះហឫទ័យល្អសប្បុរស
សូមបង្រៀនអោយទូលបង្គំស្គាល់ច្បាប់ របស់ព្រះអង្គ!
៦៩ មនុស្សអួតបំប៉ោងនាំគ្នាបង្ខូចកេរ្តិ៍ឈ្មោះទូលបង្គំ
តែទូលបង្គំនៅតែយកចិត្តទុកដាក់ធ្វើតាម ព្រះព្រះបញ្ជារបស់ព្រះអង្គជានិច្ច។
៧០ អ្នកទាំងនោះជាមនុស្សអត់ចិត្ត
រីឯទូលបង្គំវិញ ទូលបង្គំពេញចិត្តនឹងក្រឹត្យវិន័យ របស់ព្រះអង្គណាស់។
៧១ ទូលបង្គំរងទុក្ខវេទនាដូច្នេះ ក៏ប្រពៃម្យ៉ាងដែរ
ព្រោះទូលបង្គំអាចរៀនច្បាប់ របស់ព្រះអង្គ។
៧២ ចំពោះទូលបង្គំ ទោះបីមាសប្រាក់ ច្រើនយ៉ាងណាក៏ដោយ
ក៏គ្មានតម្លៃស្មើនឹងក្រឹត្យវិន័យរបស់ព្រះអង្គដែរ។
៧៣ ព្រះអង្គបានបង្កើតទូលបង្គំមក ហើយប្រទានអោយទូលបង្គំបានមាំមួនឡើង
ដូច្នេះ សូមប្រទានអោយទូលបង្គំ មានប្រាជ្ញាសិក្សាបទបញ្ជារបស់ព្រះអង្គ។
៧៤ ពេលអស់អ្នកគោរពកោតខ្លាចព្រះអង្គ ឃើញទូលបង្គំ គេនឹងមានអំណរ
ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។
៧៥ ឱព្រះអម្ចាស់អើយ ទូលបង្គំដឹងថាការអ្វី ដែលព្រះអង្គសំរេចសុទ្ធតែត្រឹមត្រូវទាំងអស់
ហើយព្រះអង្គដាក់ទោសទូលបង្គំក៏ត្រឹមត្រូវដែរ។
៧៦ សូមសំរាលទុក្ខទូលបង្គំ ដោយសារព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
តាមព្រះបន្ទូលដែលព្រះអង្គបានសន្យា ជាមួយទូលបង្គំជាអ្នកបំរើរបស់ព្រះអង្គ។
៧៧ សូមសំដែងព្រះហឫទ័យមេត្តាករុណាមកលើ ទូលបង្គំ ដើម្បីអោយទូលបង្គំមានជីវិតឡើងវិញ
ដ្បិតទូលបង្គំពេញចិត្តនឹងក្រឹត្យវិន័យ របស់ព្រះអង្គណាស់។
៧៨ សូមអោយមនុស្សអួតបំប៉ោងត្រូវអាម៉ាស់ ដ្បិតពួកគេនិយាយកុហកមួលបង្កាច់ទូលបង្គំ
រីឯទូលបង្គំវិញ ទូលបង្គំសញ្ជឹងគិតពីព្រះព្រះបញ្ជារបស់ព្រះអង្គ។
៧៩ សូមអោយអស់អ្នកដែលគោរពកោត ខ្លាចព្រះអង្គ នាំគ្នាមករកទូលបង្គំ
ដើម្បីអោយបានស្គាល់ដំបូន្មានរបស់ព្រះអង្គ។
៨០ សូមជួយអោយទូលបង្គំប្រព្រឹត្តតាមច្បាប់ របស់ព្រះអង្គឥតខ្ចោះ
កុំអោយទូលបង្គំត្រូវខ្មាសឡើយ។
៨១ ទូលបង្គំទន្ទឹងរង់ចាំមើលព្រះអង្គសង្គ្រោះទូលបង្គំ ទូលបង្គំរង់ចាំព្រះអង្គមានព្រះបន្ទូល។
៨២ ទូលបង្គំខំប្រឹងរង់ចាំមើលព្រះបន្ទូលសន្យា របស់ព្រះអង្គ
ទូលបង្គំពោលថា «តើដល់ពេលណា ទើបព្រះអង្គសំរាលទុក្ខទូលបង្គំ?»។
៨៣ ទូលបង្គំជាមនុស្សដែលគ្មាននរណារាប់រកទៀតទេ
តែទូលបង្គំមិនបំភ្លេចច្បាប់ របស់ព្រះអង្គឡើយ។
៨៤ តើទូលបង្គំដែលជាអ្នកបំរើរបស់ព្រះអង្គ ត្រូវរង់ចាំដល់ពេលណាទៀត
ទើបព្រះអង្គវិនិច្ឆ័យទោសអស់អ្នក ដែលបៀតបៀនទូលបង្គំ?
៨៥ មនុស្សអួតបំប៉ោងមិនគោរពតាមក្រឹត្យវិន័យ របស់ព្រះអង្គទេ
គេនាំគ្នាជីករណ្ដៅ ដើម្បីអោយទូលបង្គំធ្លាក់។
៨៦ បទបញ្ជារបស់ព្រះអង្គទាំងប៉ុន្មាន សុទ្ធតែពិតទាំងអស់
សូមជួយទូលបង្គំផង ដ្បិតគេបៀតបៀនទូលបង្គំដោយឥតហេតុផល។
៨៧ នៅតែបន្តិចប៉ុណ្ណោះ គេនឹងប្រហារទូលបង្គំអោយវិនាសសូន្យ
ប៉ុន្តែ ទូលបង្គំមិនបោះបង់ចោលព្រះព្រះបញ្ជា របស់ព្រះអង្គឡើយ។
៨៨ សូមប្រទានអោយទូលបង្គំមានជីវិតឡើងវិញ ដោយព្រះហឫទ័យមេត្តាករុណា
ទូលបង្គំនឹងប្រតិបត្តិតាមដំបូន្មាន ដែលព្រះអង្គបង្គាប់មក។
៨៩ ឱព្រះអម្ចាស់អើយ ព្រះបន្ទូលរបស់ព្រះអង្គ ស្ថិតស្ថេររហូតតទៅ នៅក្នុងស្ថានបរមសុខ។
៩០ ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ
ព្រះអង្គបានធ្វើអោយផែនដីរឹងមាំ ហើយផែនដីក៏នៅស្ថិតស្ថេរដែរ។
៩១ អ្វីៗសព្វសារពើនៅស្ថិតស្ថេររហូតមកដល់សព្វថ្ងៃ ដោយសារវិន័យរបស់ព្រះអង្គ
ដ្បិតអ្វីៗទាំងអស់សុទ្ធតែនៅក្រោម អំណាចរបស់ព្រះអង្គ។
៩២ ប្រសិនបើទូលបង្គំមិនពេញចិត្តនឹងក្រឹត្យវិន័យ របស់ព្រះអង្គទេ
ទូលបង្គំមុខជារងទុក្ខវេទនា ហើយវិនាសអន្តរាយជាមិនខាន។
៩៣ ទូលបង្គំនឹងមិនភ្លេចព្រះព្រះបញ្ជា របស់ព្រះអង្គសោះឡើយ
ដ្បិតព្រះអង្គធ្វើអោយទូលបង្គំមានជីវិតឡើងវិញ ដោយសារព្រះព្រះបញ្ជាទាំងនេះ។
៩៤ ទូលបង្គំនៅក្រោមព្រះបញ្ជារបស់ព្រះអង្គហើយ សូមសង្គ្រោះទូលបង្គំផង!
ដ្បិតទូលបង្គំយកចិត្តទុកដាក់ នឹងព្រះព្រះបញ្ជារបស់ព្រះអង្គ។
៩៥ មនុស្សអាក្រក់រង់ចាំប្រហារជីវិតទូលបង្គំ តែទូលបង្គំចាប់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ។
៩៦ ទូលបង្គំឃើញថា សូម្បីអ្វីៗដ៏ល្អឥតខ្ចោះក៏នឹងមានទីបញ្ចប់ដែរ
ប៉ុន្តែ បទបញ្ជារបស់ព្រះអង្គទូលំទូលាយ ឥតមានព្រំដែនសោះឡើយ។
៩៧ ទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ ខ្លាំងណាស់
ទូលបង្គំសញ្ជឹងគិតអំពីក្រឹត្យវិន័យនេះ ជារៀងរាល់ថ្ងៃ។
៩៨ បទបញ្ជារបស់ព្រះអង្គធ្វើអោយទូលបង្គំ មានប្រាជ្ញាវាងវៃជាងខ្មាំងសត្រូវ
ដ្បិតទូលបង្គំរិះគិតពីក្រឹត្យវិន័យនេះជានិច្ច។
៩៩ ទូលបង្គំចេះដឹងជាងគ្រូៗទាំងប៉ុន្មាន របស់ទូលបង្គំទៅទៀត
ដ្បិតទូលបង្គំយកដំបូន្មានទាំងប៉ុន្មាន មកសញ្ជឹងគិត។
១០០ ទូលបង្គំដឹងខុសត្រូវជាងចាស់ៗទៅទៀត ដ្បិតទូលបង្គំប្រព្រឹត្តតាមព្រះព្រះបញ្ជារបស់ព្រះអង្គ។
១០១ ទូលបង្គំចៀសចេញឆ្ងាយពីផ្លូវអាក្រក់ទាំងប៉ុន្មាន
ដើម្បីប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
១០២ ទូលបង្គំមិនងាកចេញពីវិន័យ ដែលព្រះអង្គបង្គាប់មកទូលបង្គំឡើយ
ដ្បិតព្រះអង្គប្រៀនប្រដៅទូលបង្គំដូច្នេះ។
១០៣ ព្រះបន្ទូលរបស់ព្រះអង្គប្រៀបបាននឹងអាហារ ដ៏ឆ្ងាញ់ពិសេស សំរាប់ទូលបង្គំ
ហើយក៏មានរសជាតិផ្អែមជាងទឹកឃ្មុំទៅទៀត។
១០៤ ព្រះព្រះបញ្ជារបស់ព្រះអង្គបានធ្វើអោយទូលបង្គំ ដឹងខុសត្រូវ
ហេតុនេះហើយបានជាទូលបង្គំស្អប់ការវៀចវេរ។
១០៥ ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀងបំភ្លឺជំហាន ទូលបង្គំ និងជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
១០៦ ទូលបង្គំសូមសន្យាដោយឥតងាករេថា
ទូលបង្គំនឹងប្រតិបត្តិតាមវិន័យ ដ៏សុចរិតដែលព្រះអង្គបង្គាប់មក។
១០៧ ឱព្រះអម្ចាស់អើយ ទូលបង្គំរងទុក្ខវេទនាខ្លាំងណាស់
សូមប្រោសប្រទានអោយទូលបង្គំមានជីវិត ឡើងវិញ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!
១០៨ ឱព្រះអម្ចាស់អើយ សូមទទួលយកពាក្យទូលអង្វរ របស់ទូលបង្គំ ទុកជាតង្វាយ
ហើយសូមបង្រៀនអោយទូលបង្គំ ស្គាល់វិន័យរបស់ព្រះអង្គ!
១០៩ ជីវិតទូលបង្គំប្រឈមមុខទល់នឹងអន្តរាយជានិច្ច
ប៉ុន្តែ ទូលបង្គំមិនភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គទេ។
១១០ មនុស្សអាក្រក់នាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ
តែទូលបង្គំមិនវង្វេងចេញឆ្ងាយ ពីព្រះព្រះបញ្ជារបស់ព្រះអង្គឡើយ។
១១១ ដំបូន្មានរបស់ព្រះអង្គជាកេរមត៌ករបស់ទូលបង្គំ
ដ្បិតដំបូន្មានទាំងនេះធ្វើអោយទូលបង្គំ មានអំណរនៅក្នុងចិត្ត។
១១២ ទូលបង្គំប្ដេជ្ញាចិត្តធ្វើតាមច្បាប់ របស់ព្រះអង្គរហូតដល់ទីបំផុត។
១១៣ ទូលបង្គំស្អប់មនុស្សដែលមានចិត្តពីរ តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។
១១៤ ព្រះអង្គជាជំរក និងជាខែលការពារទូលបង្គំ
ទូលបង្គំផ្ញើជីវិតលើព្រះបន្ទូល របស់ព្រះអង្គជានិច្ច។
១១៥ មនុស្សអាក្រក់អើយ ចូរនាំគ្នាចេញអោយឆ្ងាយពីខ្ញុំទៅ!
ទុកអោយខ្ញុំប្រតិបត្តិតាមបទបញ្ជានៃព្រះរបស់ខ្ញុំ!
១១៦ សូមជួយគាំទ្រទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ដើម្បីអោយទូលបង្គំមានជីវិត
សូមកុំអោយសេចក្ដីសង្ឃឹម របស់ទូលបង្គំប្រែទៅជាខកចិត្តឡើយ។
១១៧ សូមធ្វើជាបង្អែករបស់ទូលបង្គំ ដើម្បីអោយទូលបង្គំបានរួចជីវិត
ហើយផ្ចង់ចិត្តទៅរកច្បាប់ របស់ព្រះអង្គជានិច្ច។
១១៨ ព្រះអង្គមិនរាប់រកអស់អ្នកដែលវង្វេង ចេញឆ្ងាយពីច្បាប់របស់ព្រះអង្គឡើយ
ដ្បិតអ្វីៗដែលពួកគេធ្វើសុទ្ធតែ ជាការបោកបញ្ឆោត។
១១៩ ព្រះអង្គផាត់មនុស្សអាក្រក់ទាំងប៉ុន្មាន នៅលើផែនដីចោល ដូចកម្ទេចសំរាម
ហេតុនេះហើយបានជាទូលបង្គំស្រឡាញ់ ដំបូន្មានរបស់ព្រះអង្គ។
១២០ រូបកាយទូលបង្គំភ័យញាប់ញ័រ ដោយកោតខ្លាចព្រះអង្គ
ទូលបង្គំភ័យខ្លាចវិន័យរបស់ព្រះអង្គ។
១២១ ទូលបង្គំប្រព្រឹត្តអំពើសុចរិត យុត្តិធម៌
សូមកុំអោយទូលបង្គំធ្លាក់ទៅក្នុងកណ្ដាប់ដៃ របស់អស់អ្នកដែលសង្កត់សង្កិនទូលបង្គំឡើយ។
១២២ សូមធានាអោយទូលបង្គំ ដែលជាអ្នកបំរើព្រះអង្គបានសុខសាន្តផង
សូមកុំទុកអោយមនុស្សអួតបំប៉ោង សង្កត់សង្កិនទូលបង្គំឡើយ។
១២៣ ទូលបង្គំទន្ទឹងរង់ចាំមើលព្រះអង្គសង្គ្រោះទូលបង្គំ
ទូលបង្គំរង់ចាំព្រះបន្ទូលសន្យាដ៏សុចរិត របស់ព្រះអង្គ។
១២៤ សូមប្រព្រឹត្តចំពោះទូលបង្គំដែលជាអ្នកបំរើ របស់ព្រះអង្គ ដោយព្រះហឫទ័យមេត្តាករុណា
សូមបង្រៀនអោយទូលបង្គំស្គាល់ច្បាប់ របស់ព្រះអង្គ!
១២៥ ទូលបង្គំជាអ្នកបំរើរបស់ព្រះអង្គ សូមប្រទានប្រាជ្ញាមកទូលបង្គំផង
ដើម្បីអោយទូលបង្គំស្គាល់ដំបូន្មានរបស់ព្រះអង្គ។
១២៦ ព្រះអម្ចាស់អើយ ដល់ពេលធ្វើអន្តរាគមន៍ហើយ ដ្បិតគេបានរំលោភលើក្រឹត្យវិន័យរបស់ព្រះអង្គ។
១២៧ ទូលបង្គំស្រឡាញ់បទបញ្ជារបស់ព្រះអង្គ លើសអ្វីៗទាំងអស់
គឺលើសមាសសុទ្ធទៅទៀត។
១២៨ ទូលបង្គំយល់ឃើញថា ព្រះព្រះបញ្ជាទាំងប៉ុន្មាន របស់ព្រះអង្គសុទ្ធតែត្រឹមត្រូវទាំងអស់
ទូលបង្គំស្អប់ការអាក្រក់គ្រប់យ៉ាង។
១២៩ ដំបូន្មានរបស់ព្រះអង្គល្អវិសេសណាស់ ហេតុនេះហើយបានជាទូលបង្គំខំប្រឹងធ្វើតាម។
១៣០ ការស្វែងយល់ព្រះបន្ទូលរបស់ព្រះអង្គ ធ្វើអោយមនុស្សភ្លឺស្វាង
ហើយធ្វើអោយអ្នកទន់ទាបមានប្រាជ្ញា។
១៣១ ទូលបង្គំត្រងត្រាប់ស្ដាប់ព្រះបន្ទូល របស់ព្រះអង្គដោយយកចិត្តទុកដាក់
ដ្បិតទូលបង្គំចង់ស្គាល់បទបញ្ជា របស់ព្រះអង្គណាស់។
១៣២ សូមបែរព្រះភក្ត្រទតមកទូលបង្គំ សូមប្រណីសន្ដោសទូលបង្គំ
ដូចព្រះអង្គធ្លាប់ប្រណីសន្ដោស អស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ។
១៣៣ សូមពង្រឹងទូលបង្គំអោយបានមាំមួន តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ
ហើយកុំបណ្ដោយអោយទូលបង្គំធ្លាក់ទៅក្នុង អំណាចរបស់អំពើទុច្ចរិតណាមួយឡើយ!។
១៣៤ សូមរំដោះទូលបង្គំអោយរួចផុតពីការ ជិះជាន់របស់មនុស្ស
ដើម្បីអោយទូលបង្គំប្រតិបត្តិតាមព្រះព្រះបញ្ជា របស់ព្រះអង្គ។
១៣៥ សូមសំដែងព្រះហឫទ័យអាណិតមេត្តា ដល់ទូលបង្គំជាអ្នកបំរើរបស់ព្រះអង្គ
ហើយសូមបង្រៀនទូលបង្គំអោយស្គាល់ ច្បាប់របស់ព្រះអង្គផង!។
១៣៦ ទូលបង្គំបង្ហូរទឹកភ្នែកឥតស្រាកស្រាន្ត ដោយឃើញគេមិនគោរព តាមក្រឹត្យវិន័យរបស់ព្រះអង្គ។
១៣៧ ឱព្រះអម្ចាស់អើយ ព្រះអង្គសុចរិត ការវិនិច្ឆ័យរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ!
១៣៨ ព្រះអង្គប្រទានដំបូន្មានមកដោយសុចរិត និងត្រឹមត្រូវបំផុត។
១៣៩ ទូលបង្គំក្ដៅក្រហាយយ៉ាងខ្លាំង
ដោយឃើញបច្ចាមិត្តរបស់ទូលបង្គំ បំភ្លេចព្រះបន្ទូលរបស់ព្រះអង្គ។
១៤០ ព្រះបន្ទូលសន្យាបស់ព្រះអង្គ សំរេចជាក់ស្ដែងហើយ
ទូលបង្គំជាអ្នកបំរើរបស់ព្រះអង្គ ស្រឡាញ់ព្រះបន្ទូលនេះណាស់។
១៤១ ទូលបង្គំជាមនុស្សតូចតាច ហើយត្រូវគេមើលងាយទៀតផង
តែទូលបង្គំមិនភ្លេចព្រះព្រះបញ្ជារបស់ព្រះអង្គឡើយ។
១៤២ សេចក្ដីសុចរិតរបស់ព្រះអង្គនៅ ស្ថិតស្ថេរអស់កល្បជានិច្ច
ហើយវិន័យរបស់ព្រះអង្គជាសេចក្ដីពិត។
១៤៣ ទូលបង្គំកើតទុក្ខអន្ទះអន្ទែងជាខ្លាំង តែបទបញ្ជារបស់ព្រះអង្គ ធ្វើអោយទូលបង្គំមានអំណរ។
១៤៤ ដំបូន្មានរបស់ព្រះអង្គសុចរិតជានិច្ច
សូមប្រទានប្រាជ្ញាមកទូលបង្គំ ដើម្បីអោយទូលបង្គំមានជីវិត!
១៤៥ ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វរព្រះអង្គយ៉ាងអស់ពីចិត្ត
សូមឆ្លើយតបមកទូលបង្គំផង ដើម្បីអោយទូលបង្គំ ប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ!
១៤៦ ទូលបង្គំអង្វរព្រះអង្គ សូមសង្គ្រោះទូលបង្គំផង
ដើម្បីអោយទូលបង្គំប្រព្រឹត្តតាមដំបូន្មាន របស់ព្រះអង្គ!
១៤៧ ទូលបង្គំស្រែកអង្វរព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត
ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។
១៤៨ ទូលបង្គំសញ្ជឹងគិតអំពីព្រះបន្ទូលសន្យា របស់ព្រះអង្គមួយយប់ទល់ភ្លឺ។
១៤៩ សូមស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ ដោយព្រះហឫទ័យមេត្តាករុណា
ឱព្រះអម្ចាស់អើយ សូមជួយទូលបង្គំ អោយរស់នៅតាមវិន័យរបស់ព្រះអង្គ។
១៥០ អស់អ្នកដែលតាមព្យាបាទទូលបង្គំ នាំគ្នាចូលមកជិតទូលបង្គំ
អ្នកទាំងនោះឃ្លាតចេញឆ្ងាយ ពីវិន័យរបស់ព្រះអង្គ។
១៥១ ឱព្រះអម្ចាស់អើយ ព្រះអង្គនៅជិតទូលបង្គំ
វិន័យទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់
១៥២ តាំងពីយូរយារណាស់មកហើយ ទូលបង្គំបានដឹងថា
ព្រះអង្គប្រទានដំបូន្មានរបស់ព្រះអង្គមក ដើម្បីអោយនៅស្ថិតស្ថេរអស់កល្បជានិច្ច។
១៥៣ សូមទតមើលទុក្ខវេទនារបស់ទូលបង្គំ សូមរំដោះទូលបង្គំផង!
ដ្បិតទូលបង្គំមិនភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គទេ។
១៥៤ សូមរកយុត្តិធម៌អោយទូលបង្គំ ហើយរំដោះទូលបង្គំអោយមានសេរីភាពផង
សូមប្រទានអោយទូលបង្គំមានជីវិតឡើងវិញ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ!
១៥៥ មនុស្សអាក្រក់ពុំអាចទទួលការសង្គ្រោះបានឡើយ
ដ្បិតពួកគេមិនស្វែងរកច្បាប់របស់ព្រះអង្គទេ។
១៥៦ ឱព្រះអម្ចាស់អើយ ព្រះអង្គតែងតែ មានព្រះហឫទ័យអាណិតមេត្តាជានិច្ច
សូមប្រទានអោយទូលបង្គំមានជីវិតឡើងវិញ តាមព្រះបន្ទូលដែលព្រះអង្គបានបង្គាប់មក។
១៥៧ អស់អ្នកដែលបៀតបៀនទូលបង្គំ និងបច្ចាមិត្តរបស់ទូលបង្គំមានគ្នាច្រើនណាស់
តែទូលបង្គំមិនងាកចេញពីដំបូន្មាន របស់ព្រះអង្គឡើយ។
១៥៨ ពេលទូលបង្គំឃើញមនុស្សក្បត់ ទូលបង្គំទាស់ចិត្តខ្លាំងណាស់
ដ្បិតពួកគេមិនប្រព្រឹត្តតាមព្រះបន្ទូល របស់ព្រះអង្គទេ។
១៥៩ ឱព្រះអម្ចាស់អើយ សូមជ្រាបថា ទូលបង្គំស្រឡាញ់ព្រះព្រះបញ្ជារបស់ព្រះអង្គ
សូមប្រទានអោយទូលបង្គំមានជីវិតឡើងវិញ
ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។
១៦០ គោលការណ៍នៃព្រះបន្ទូលរបស់ព្រះអង្គ ជាសេចក្ដីពិត
ហើយវិន័យទាំងប៉ុន្មានដែលព្រះអង្គសំរេច ដោយសុចរិតនៅស្ថិតស្ថេររហូតតទៅ។
១៦១ ពួកមេដឹកនាំបៀតបៀនទូលបង្គំ ដោយឥតមូលហេតុ
ក៏ប៉ុន្តែ មានតែព្រះបន្ទូលរបស់ព្រះអង្គប៉ុណ្ណោះ ដែលធ្វើអោយទូលបង្គំភ័យខ្លាច!។
១៦២ ទូលបង្គំរីករាយនឹងព្រះបន្ទូលសន្យារបស់ព្រះអង្គ
ដូចជាគេរកឃើញកំណប់ ដ៏មានតម្លៃលើសលប់ដែរ។
១៦៣ ទូលបង្គំស្អប់ខ្ពើមការកុហកណាស់ តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។
១៦៤ ទូលបង្គំសរសើរតម្កើងព្រះអង្គមួយថ្ងៃប្រាំពីរដង ព្រោះតែវិន័យដ៏សុចរិតរបស់ព្រះអង្គ។
១៦៥ អស់អ្នកដែលស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ នឹងបានសុខក្សេមក្សាន្ត
គ្មានអ្វីអាចធ្វើអោយគេជំពប់ដួលសោះឡើយ។
១៦៦ ឱព្រះអម្ចាស់អើយ ទូលបង្គំសង្ឃឹមរង់ចាំ ព្រះអង្គសង្គ្រោះទូលបង្គំ
ទូលបង្គំប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គ។
១៦៧ ទូលបង្គំប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ ហើយទូលបង្គំស្រឡាញ់ដំបូន្មាននេះណាស់។
១៦៨ ទូលបង្គំប្រព្រឹត្តតាមព្រះព្រះបញ្ជា និងដំបូន្មានរបស់ព្រះអង្គ
ដ្បិតអ្វីៗដែលទូលបង្គំធ្វើ ព្រះអង្គជ្រាបសព្វគ្រប់ទាំងអស់។
១៦៩ សូមអោយសំរែករបស់ទូលបង្គំបានឮ ទៅដល់ព្រះអង្គ
សូមប្រទានប្រាជ្ញាមកទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។
១៧០ សូមអោយពាក្យទទូចអង្វររបស់ទូលបង្គំ បានឮទៅដល់ព្រះអង្គ
សូមរំដោះទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង!។
១៧១ ទូលបង្គំនឹងពោលពាក្យសរសើរតម្កើងព្រះអង្គ ឥតឈប់ឡើយ
ដ្បិតព្រះអង្គបានបង្រៀនទូលបង្គំ អោយស្គាល់ច្បាប់របស់ព្រះអង្គ។
១៧២ ទូលបង្គំនឹងបន្លឺសំឡេងច្រៀងតម្កើង ព្រះបន្ទូលសន្យារបស់ព្រះអង្គ
ដ្បិតបទបញ្ជាទាំងប៉ុន្មានរបស់ ព្រះអង្គសុទ្ធតែសុចរិត។
១៧៣ សូមសំដែងព្រះបារមីសង្គ្រោះទូលបង្គំ
ដ្បិតទូលបង្គំបានសំរេចចិត្តធ្វើតាមព្រះព្រះបញ្ជា របស់ព្រះអង្គហើយ។
១៧៤ ឱព្រះអម្ចាស់អើយ ទូលបង្គំប្រាថ្នាចង់ឃើញព្រះអង្គ សង្គ្រោះទូលបង្គំណាស់
ទូលបង្គំពេញចិត្តនឹងក្រឹត្យវិន័យ របស់ព្រះអង្គជាខ្លាំង។
១៧៥ សូមអោយទូលបង្គំរស់រានមានជីវិត ដើម្បីសរសើរតម្កើងព្រះអង្គ!
សូមអោយព្រះបន្ទូលរបស់ព្រះអង្គ ជួយលើកទឹកចិត្តទូលបង្គំ។
១៧៦ ទូលបង្គំនៅវិលវល់ប្រៀបបាននឹងចៀមវង្វេង
សូមយាងមករកទូលបង្គំ ដែលជាអ្នកបំរើរបស់ព្រះអង្គផង!
ដ្បិតទូលបង្គំមិនភ្លេចបទបញ្ជា របស់ព្រះអង្គឡើយ!
ជំពូកទី ១២០
ខ្ញុំបានរស់នៅជាមួយអស់អ្នកដែលមិនចូលចិត្តសន្តិភាព
១ បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។
នៅពេលមានអាសន្ន ខ្ញុំស្រែកអង្វរព្រះអម្ចាស់
ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ។
២ ឱព្រះអម្ចាស់អើយ សូមរំដោះទូលបង្គំអោយរួចផុតពី
មនុស្ស ដែលពោលពាក្យកុហក និងបោកបញ្ឆោត!
៣ អ្នកនិយាយបោកបញ្ឆោតដូច្នេះ តើបានទទួលអ្វីខ្លះ?
៤ គឺមានតែទទួលព្រួញរបស់អ្នកចំបាំង និងភ្លើងឆេះសន្ធោសន្ធៅតែប៉ុណ្ណោះ!
៥ ខ្ញុំស្នាក់នៅក្នុងស្រុករបស់មនុស្សកាចសាហាវ
ហើយរស់នៅក្នុងចំណោមមនុស្សព្រៃផ្សៃដូច្នេះ វេទនាណាស់!
៦ ខ្ញុំបានរស់នៅជាមួយអស់អ្នកដែលមិនចូលចិត្ត សន្តិភាព ជាយូរឆ្នាំកន្លងមកហើយ។
៧ ពេលខ្ញុំនិយាយពីសន្តិភាព ពួកគេបែរជាប្រកាសសង្គ្រាមទៅវិញ។
ជំពូកទី ១២១
តើមាននរណាជួយខ្ញុំឬទេ?
១ បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។
ខ្ញុំងើបមុខឡើង សម្លឹងឆ្ពោះទៅរកភ្នំ តើមាននរណាមកជួយខ្ញុំឬទេ?
២ គឺមានតែព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដីប៉ុណ្ណោះ
ដែលនឹងយាងមកជួយខ្ញុំ។
៣ ព្រះអង្គមិនបណ្ដោយអោយជើង របស់អ្នកជំពប់ដួល
ព្រះអង្គនឹងថែរក្សាការពារអ្នក ដោយឥតធ្វេសប្រហែស
៤ ព្រះអង្គដែលថែរក្សាការពារជនជាតិអ៊ីស្រាអែល
ទ្រង់នឹងមិនងោកងុយ មិនផ្ទំលក់សោះឡើយ។
៥ ព្រះអម្ចាស់នឹងថែរក្សាការពារអ្នក ព្រះអម្ចាស់គង់នៅខាងស្ដាំ ធ្វើជាម្លប់របស់អ្នក។
៦ នៅពេលថ្ងៃព្រះអាទិត្យនឹងមិនធ្វើទុក្ខអ្នកឡើយ
ហើយនៅពេលយប់ ព្រះច័ន្ទក៏នឹងមិនធ្វើទុក្ខអ្នកដែរ។
៧ ព្រះអម្ចាស់នឹងថែរក្សាការពារជីវិតអ្នក
កុំអោយការអាក្រក់ណាមួយ កើតមានដល់អ្នកឡើយ។
៨ ព្រះអម្ចាស់ថែរក្សាអ្នកនៅពេលចេញដំណើរ រហូតដល់ពេលត្រឡប់មកវិញ
ចាប់តាំងពីពេលនេះរហូតតរៀងទៅ។
ជំពូកទី ១២២
សូមព្រះអម្ចាស់ប្រទានសន្តិភាពមកក្រុងយេរូសាឡឹម
១ បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។
ទំនុករបស់ស្ដេចដាវីឌ។
ខ្ញុំមានអំណរខ្លាំងណាស់ នៅពេលគេប្រាប់ខ្ញុំថា:
ចូរយើងនាំគ្នាទៅព្រះដំណាក់របស់ព្រះអម្ចាស់!។
២ ក្រុងយេរូសាឡឹមអើយ
យើងនាំគ្នាឈានជើងចូលមកដល់មាត់ទ្វារ របស់អ្នកហើយ!
៣ យេរូសាឡឹមអើយ អ្នកជាក្រុងមួយដែលសង់ឡើងយ៉ាងរឹងមាំ
និងមានកំពែងដ៏ល្អប្រណីតព័ទ្ធជុំវិញ។
៤ កុលសម្ព័ន្ធនានារបស់ព្រះអម្ចាស់ នាំគ្នាឡើងមកទីនេះ
ដើម្បីលើកតម្កើងព្រះនាមព្រះអម្ចាស់ តាមច្បាប់របស់ជនជាតិអ៊ីស្រាអែល។
៥ នៅទីនេះក៏មានបល្ល័ង្កនៃព្រះរាជវង្ស របស់ស្ដេចដាវីឌ
ដើម្បីគ្រប់គ្រងប្រជារាស្ត្រ ដោយយុត្តិធម៌ដែរ។
៦ ចូរនាំគ្នាទូលសូមព្រះអម្ចាស់ប្រទានសន្តិភាព មកក្រុងយេរូសាឡឹម
សូមអោយអស់អ្នកដែលស្រឡាញ់ក្រុងនេះ អាចរស់នៅយ៉ាងសុខសាន្ត!
៧ សូមអោយអ្នកដែលរស់នៅខាងក្នុងកំពែងក្រុង បានប្រកបដោយសេចក្ដីសុខ
សូមអោយវិមាននានានៅក្នុងក្រុង បានសុខក្សេមក្សាន្ត។
៨ ដោយយល់ដល់បងប្អូន និងញាតិមិត្តរបស់ខ្ញុំ
ខ្ញុំពោលថា: សូមអោយក្រុងយេរូសាឡឹម បានប្រកបដោយសេចក្ដីសុខសាន្ត!
៩ ដោយយល់ដល់ព្រះដំណាក់ របស់ព្រះជាអម្ចាស់នៃយើង
ខ្ញុំទូលសូមអោយអ្នកបានប្រកបដោយសុភមង្គល!
ជំពូកទី ១២៣
ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គ
១ បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។
ឱព្រះអម្ចាស់ដែលគង់នៅ ស្ថានបរមសុខអើយ
ទូលបង្គំងើបមុខឡើងសម្លឹងទៅរកព្រះអង្គ។
២ យើងខ្ញុំក៏សម្លឹងមើលព្រះជាអម្ចាស់នៃយើង ហើយទន្ទឹងរង់ចាំព្រះអង្គប្រណីសន្ដោស
ដូចអ្នកបំរើសម្លឹងមើលទៅដៃម្ចាស់របស់ខ្លួន
និងដូចស្ត្រីបំរើសម្លឹងមើលទៅដៃម្ចាស់ស្រី របស់ខ្លួនយ៉ាងនោះដែរ។
៣ ឱព្រះអម្ចាស់អើយ សូមប្រណីសន្ដោសយើងខ្ញុំ
សូមប្រណីសន្ដោសយើងខ្ញុំផង ដ្បិតយើងខ្ញុំត្រូវគេប្រមាថខ្លាំងណាស់។
៤ យើងខ្ញុំពុំអាចទ្រាំទ្រ នឹងការមើលងាយពីសំណាក់មនុស្សព្រហើន
ព្រមទាំងការប្រមាថពីសំណាក់មនុស្សវាយឫកខ្ពស់ បានទៀតឡើយ។
ជំពូកទី ១២៤
ប្រសិនបើគ្មានព្រះអម្ចាស់នៅខាងយើង
១ បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។ ទំនុករបស់ស្ដេចដាវីឌ។
ប្រសិនបើគ្មានព្រះអម្ចាស់ នៅខាងយើងទេនោះ
សូមអោយជនជាតិអ៊ីស្រាអែលពោលតាមថា: –
២ ប្រសិនបើគ្មានព្រះអម្ចាស់នៅខាងយើងទេនោះ
ពេលណាខ្មាំងសត្រូវក្រោកឡើងវាយប្រហារយើង
៣ ហើយពេលណាពួកគេមានកំហឹងជាខ្លាំង មកលើយើង
ពួកគេមុខជាត្របាក់លេបយើងទាំងរស់មិនខាន
៤ យើងនឹងលិចលង់ក្នុងទឹកសមុទ្រ ទឹកនឹងហូរនាំយើងទៅបាត់
៥ ហើយក៏នឹងមានទឹកកួចយ៉ាងខ្លាំងពន្លិចយើងដែរ។
៦ ក៏ប៉ុន្តែ សូមអរព្រះគុណព្រះអម្ចាស់ ដ្បិតព្រះអង្គពុំបានប្រគល់យើង ទៅក្នុងកណ្ដាប់ដៃគេ
ដូចជារំពាដែលស្ថិតនៅក្នុងចង្កូម របស់ពួកគេនោះឡើយ។
៧ យើងបានរួចជីវិត ដូចបក្សាបក្សី គេចផុតពីលប់របស់ព្រាន
គឺលប់បានធ្លុះធ្លាយ ហើយយើងក៏រត់រួច។
៨ ព្រះអម្ចាស់ផ្ទាល់បានជួយយើង ដោយព្រះនាមព្រះអង្គ
គឺព្រះអង្គដែលបានបង្កើតផ្ទៃមេឃ និងផែនដី។
ជំពូកទី ១២៥
សូមសំដែងព្រះហឫទ័យសប្បុរស ចំពោះអស់អ្នកដែលមានចិត្តសប្បុរស
១ បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។
អ្នកណាផ្ញើជីវិតលើព្រះអម្ចាស់ អ្នកនោះប្រៀបបាននឹងភ្នំស៊ីយ៉ូន
ដែលនៅស្ថិតស្ថេររហូត ឥតរង្គើសោះឡើយ។
២ ភ្នំនានានៅព័ទ្ធជុំវិញក្រុងយេរូសាឡឹមយ៉ាងណា
ព្រះអម្ចាស់ក៏គង់នៅជុំវិញប្រជារាស្ត្ររបស់ព្រះអង្គ
តាំងពីពេលនេះ រហូតដល់អស់កល្បជានិច្ច យ៉ាងនោះដែរ
៣ ដ្បិតមនុស្សអាក្រក់ពុំអាចគ្រប់គ្រង លើទឹកដីរបស់មនុស្សសុចរិតបានទេ
ដូច្នេះ មនុស្សសុចរិតគ្មានចិត្តលំអៀង ទៅប្រព្រឹត្តអំពើទុច្ចរិតឡើយ។
៤ ព្រះអម្ចាស់អើយ សូមសំដែងព្រះហឫទ័យសប្បុរស
ចំពោះអស់អ្នកដែលមានចិត្តសប្បុរស និងទៀងត្រង់។
៥ រីឯអស់អ្នកដែលប្រព្រឹត្តតាមមាគ៌ាដ៏វៀចវេរវិញ
សូមព្រះអម្ចាស់នាំគេយកទៅធ្វើទោសជាមួយ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។
សូមអោយអ៊ីស្រាអែលបានប្រកប ដោយសេចក្ដីសុខសាន្ត!។
ជំពូកទី ១២៦
ព្រះអម្ចាស់បានធ្វើកិច្ចការដ៏អស្ចារ្យដែលនាំអោយយើងមានអំណរសប្បាយ
១ បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។
ពេលព្រះអម្ចាស់នាំអស់អ្នក ដែលជាប់ជាឈ្លើយ ត្រឡប់មកក្រុងស៊ីយ៉ូនវិញ
យើងទាំងអស់គ្នាដូចជាយល់សប្ដិ។
២ យើងសើចសប្បាយជានិច្ច យើងស្រែកជយឃោស
ពេលនោះ ក្នុងចំណោមប្រជាជាតិនានា គេបានពោលថា:
«ព្រះអម្ចាស់បានធ្វើការដ៏អស្ចារ្យចំពោះពួកគេ!»។
៣ ព្រះអម្ចាស់ពិតជាបានធ្វើការដ៏អស្ចារ្យ ចំពោះយើងមែន
ហេតុនេះហើយបានជាយើងមានអំណរសប្បាយ។
៤ ឱព្រះអម្ចាស់អើយ សូមប្រោសប្រទានអោយ យើងខ្ញុំបានចំរុងចំរើនឡើងវិញ
ដូចវាលរហោស្ថានដ៏ហួតហែងមានទឹកហូរឡើងវិញយ៉ាងនោះដែរ។
៥ អ្នកណាសាបព្រោះទាំងទឹកភ្នែក
អ្នកនោះនឹងច្រូតយកផលយ៉ាងសប្បាយ។
៦ អ្នកណាយកគ្រាប់ពូជចេញទៅព្រោះ ទាំងយំសោក
អ្នកនោះនឹងកាន់កណ្ដាប់ស្រូវត្រឡប់មកវិញ ទាំងស្រែកហ៊ោដោយអំណរ។
ជំពូកទី ១២៧
ប្រសិនបើព្រះអម្ចាស់មិនសង់ផ្ទះ
១ បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។ ទំនុករបស់ស្ដេចសាឡូម៉ូន។
ប្រសិនបើព្រះអម្ចាស់ មិនសង់ផ្ទះទេនោះ
អស់អ្នកដែលសង់ផ្ទះនឹងខំប្រឹងសង់ ដោយឥតបានផលអ្វីឡើយ!
ប្រសិនបើព្រះអម្ចាស់មិនថែរក្សាទីក្រុងទេនោះ
អ្នកយាមទីក្រុងនឹងខំប្រឹងយាម ដោយឥតបានផលអ្វីឡើយ!
២ អ្នករាល់គ្នាក្រោកឡើងតាំងពីព្រលឹម
ខំប្រឹងរកស៊ីចិញ្ចឹមជីវិតទាំងពិបាក រហូតដល់យប់ជ្រៅ តែឥតបានផលអ្វីឡើយ
ដ្បិតព្រះអម្ចាស់ប្រទានអាហារដល់អស់អ្នក ដែលព្រះអង្គស្រឡាញ់
ក្នុងពេលដែលគេកំពុងតែដេកលក់។
៣ កូនចៅជាកេរមត៌កដែលព្រះអម្ចាស់ប្រទាន អោយ និងជាព្រះពរមកពីព្រះអង្គ។
៤ កូនប្រុសៗដែលកើតមកក្នុងពេល ដែលឪពុកនៅក្មេងនៅឡើយ
ប្រៀបបាននឹងព្រួញរបស់អ្នកចំបាំងដូច្នោះដែរ។
៥ អ្នកណាមានកូនប្រុសច្រើន ដូចព្រួញ ពេញក្នុងបំពង់ អ្នកនោះមានសុភមង្គលហើយ
ដ្បិតពេលណាគេត្រូវតយុទ្ធជាមួយបច្ចាមិត្ត នៅមាត់ទ្វារក្រុង
គេនឹងមិនត្រូវខ្មាសសោះឡើយ។
ជំពូកទី ១២៨
សុភមង្គលរបស់អ្នកគោរពកោតខ្លាចព្រះអម្ចាស់
១ បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។
អ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ ហើយដើរតាមមាគ៌ារបស់ព្រះអង្គ
អ្នកនោះមានសុភមង្គលហើយ!
២ អ្នកនឹងទទួលផលពីកិច្ចការដែលអ្នកបានធ្វើ អ្នកនឹងមានសុភមង្គល ហើយចំរុងចំរើន
៣ នៅក្នុងផ្ទះភរិយារបស់អ្នកប្រៀបដូចជាដើម ទំពាំងបាយជូរដែលមានផ្លែជាច្រើន
ហើយនៅជុំវិញតុ កូនប្រុសៗរបស់អ្នក ក៏ប្រៀបបាននឹងដើមអូលីវតូចៗដែរ។
៤ អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ នឹងទទួលព្រះពរបែបនេះ។
៥ សូមព្រះអម្ចាស់ប្រទានពរអោយអ្នក ពីភ្នំស៊ីយ៉ូន
ហើយរៀងរាល់ថ្ងៃក្នុងជីវិតអ្នក អ្នកនឹងឃើញសុភមង្គលរបស់ក្រុងយេរូសាឡឹម
៦ អ្នកក៏នឹងឃើញចៅរបស់អ្នកដែរ។
សូមអោយអ៊ីស្រាអែល បានប្រកបដោយសេចក្ដីសុខសាន្ត!
ជំពូកទី ១២៩
ពួកគេនាំគ្នាភ្ជួររាស់នៅលើខ្នងខ្ញុំ
១ បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។
គេតែងតែនាំគ្នាធ្វើបាបខ្ញុំ តាំងពីខ្ញុំនៅក្មេង
-សូមអោយជនជាតិអ៊ីស្រាអែលពោលតាមថា-
២ គេតែងតែនាំគ្នាធ្វើបាបខ្ញុំតាំងពីខ្ញុំនៅក្មេង
ប៉ុន្តែ គេពុំអាចយកជ័យជំនះលើខ្ញុំបានឡើយ។
៣ គេនាំគ្នាភ្ជួររាស់នៅលើខ្នងខ្ញុំ គេបានធ្វើគន្លងយ៉ាងវែង។
៤ ក៏ប៉ុន្តែ ព្រះអម្ចាស់មានព្រះហឫទ័យសុចរិត
ព្រះអង្គបានស្រាយចំណងរបស់មនុស្សអាក្រក់ ចេញពីខ្ញុំ។
៥ សូមអោយអស់អ្នកដែលស្អប់ក្រុងស៊ីយ៉ូន ត្រូវអាម៉ាស់ និងដកខ្លួនថយ!
៦ សូមអោយពួកគេបានដូចស្មៅដែលដុះ
ហើយក្រៀមស្ងួតទៅ មុនពេលលូតលាស់ធំឡើង!
៧ សូម្បីគេច្រូតស្មៅនោះ ក៏ក្ដាប់មិនពេញដៃ
ហើយក៏ពុំមានល្មមសំរាប់អោយ ចងជាកណ្ដាប់បានដែរ។
៨ សូមកុំអោយអស់អ្នកដែលដើរកាត់តាមនោះ ពោលទៅពួកគេថា:
«សូមព្រះអម្ចាស់ប្រទានពរអ្នករាល់គ្នា» សោះឡើយ។
យើងសូមជូនពរអ្នករាល់គ្នា ក្នុងព្រះនាមព្រះអម្ចាស់!
ជំពូកទី ១៣០
ពីក្នុងរណ្ដៅដ៏ជ្រៅ ទូលបង្គំស្រែកអង្វរព្រះអង្គ
១ បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។
ឱព្រះអម្ចាស់អើយ ពីក្នុងរណ្ដៅដ៏ជ្រៅ ទូលបង្គំស្រែកអង្វរព្រះអង្គ
២ ព្រះអម្ចាស់អើយ សូមទ្រង់ព្រះសណ្ដាប់ទូលបង្គំផង!
សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យ ដែលទូលបង្គំទទូចអង្វរ!
៣ ឱព្រះអម្ចាស់អើយ ប្រសិនបើព្រះអង្គចងចាំកំហុស របស់យើងខ្ញុំទុកនោះ
គ្មាននរណាម្នាក់អាចរួចខ្លួនបានឡើយ។
៤ ក៏ប៉ុន្តែ ព្រះអង្គតែងតែអត់ទោស អោយយើងខ្ញុំជានិច្ច
ដើម្បីអោយយើងខ្ញុំគោរពកោតខ្លាចព្រះអង្គ។
៥ ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ផ្ញើជីវិតលើព្រះអង្គទាំងស្រុង
ហើយខ្ញុំសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។
៦ ខ្ញុំទន្ទឹងរង់ចាំព្រះអម្ចាស់ ជាងអ្នកយាមរង់ចាំពេលព្រឹកទៅទៀត
ពិតមែនហើយ ខ្ញុំរង់ចាំព្រះអង្គជាងអ្នកយាម រង់ចាំពេលព្រឹកទៅទៀត។
៧ អ៊ីស្រាអែលអើយ ចូរទុកចិត្តលើព្រះអម្ចាស់ ដ្បិតព្រះអង្គប្រកបដោយ ព្រះហឫទ័យមេត្តាករុណា
ហើយព្រះអង្គសព្វព្រះហឫទ័យរំដោះអ្នកជានិច្ច!
៨ ព្រះអង្គនឹងរំដោះអ៊ីស្រាអែល អោយរួចពីកំហុសទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្ត។
ជំពូកទី ១៣១
ទូលបង្គំមានចិត្តស្ងប់
១ បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។ ទំនុករបស់ស្ដេចដាវីឌ។
ឱព្រះអម្ចាស់អើយ ទូលបង្គំគ្មានចិត្តអំនួត ឬវាយឫកខ្ពស់ទេ
ទូលបង្គំមិនប្រាថ្នាចង់បានអ្វីដែលធំអស្ចារ្យ ហួសពីសមត្ថភាពរបស់ទូលបង្គំឡើយ។
២ ផ្ទុយទៅវិញ ទូលបង្គំសុខចិត្តនៅស្ងៀមស្ងាត់ ទូលបង្គំមានចិត្តស្ងប់
ដូចកូនក្មេងនៅជាប់នឹងទ្រូងម្ដាយ
គឺទូលបង្គំបានស្កប់ចិត្តដូចកូនក្មេងស្កប់ចិត្ត នៅជិតម្ដាយយ៉ាងនោះដែរ។
៣ អ៊ីស្រាអែលអើយ ចូរទុកចិត្តលើព្រះអម្ចាស់ តាំងពីពេលនេះរហូតដល់អស់កល្បជានិច្ច!
ជំពូកទី ១៣២
ក្រុងស៊ីយ៉ូនជាព្រះដំណាក់របស់ព្រះអម្ចាស់ ជាវាំងរបស់ស្ដេចដាវីឌ
១ បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។
ឱព្រះអម្ចាស់អើយ សូមនឹកដល់ព្រះបាទដាវីឌ
និងការនឿយហត់ទាំងប៉ុន្មានរបស់ព្រះរាជាផង។
២ ព្រះរាជាបានស្បថជាមួយព្រះអម្ចាស់
គឺទ្រង់បានសន្យាជាមួយព្រះដ៏មានចេស្ដា របស់លោកយ៉ាកុបថា:
៣ «ទូលបង្គំនឹងមិនចូលទៅជ្រកនៅក្នុងពន្លាទូលបង្គំ
ទូលបង្គំនឹងមិនឡើងទៅដេក នៅលើគ្រែទូលបង្គំទេ។
៤ ទូលបង្គំមិនព្រមបិទភ្នែក ទូលបង្គំមិនព្រមទទួលទានដំណេកលង់លក់ឡើយ
៥ ដរាបណាទូលបង្គំពុំទាន់រកបាន កន្លែងថ្វាយព្រះអម្ចាស់ ដរាបណាទូលបង្គំពុំទាន់រកបាន
ព្រះដំណាក់ថ្វាយព្រះដ៏មានចេស្ដា របស់លោកយ៉ាកុបទេនោះ!»។
៦ យើងបានឮគេនិយាយថា ហិបនៃសម្ពន្ធមេត្រីស្ថិតនៅឯភូមិអេប្រាតា
យើងក៏បានរកឃើញហិបនេះនៅតំបន់យ៉ាអើរ។
៧ ចូរយើងនាំគ្នាចូលទៅក្នុង ព្រះដំណាក់របស់ព្រះអម្ចាស់
ចូរយើងក្រាបនៅទៀបព្រះបាទារបស់ព្រះអង្គ!
៨ ឱព្រះអម្ចាស់អើយ សូមក្រោកឡើង សូមយាងមកជាមួយហិប*នៃឫទ្ធានុភាព របស់ព្រះអង្គ
ហើយគង់នៅក្នុងទីសំរាក របស់ព្រះអង្គរហូតតទៅ។
៩ សូមអោយពួកបូជាចារ្យរបស់ព្រះអង្គ ប្រព្រឹត្តអំពើសុចរិតជានិច្ច
ហើយអោយប្រជារាស្ត្ររបស់ព្រះអង្គ ស្រែកហ៊ោឡើងយ៉ាងសប្បាយ!
១០ ដោយយល់ដល់ព្រះបាទដាវីឌ ជាអ្នកបំរើរបស់ព្រះអង្គ
សូមកុំបោះបង់ចោលស្ដេចដែលព្រះអង្គ បានចាក់ប្រេងអភិសេកនេះឡើយ!
១១ ព្រះអម្ចាស់មានព្រះបន្ទូលសន្យាជាមួយ ព្រះបាទដាវីឌ ដោយឥតប្រែប្រួលថា:
«យើងនឹងតែងតាំងពូជពង្សរបស់អ្នក អោយឡើងគ្រងរាជ្យបន្តពីអ្នក។
១២ ប្រសិនបើបុត្ររបស់អ្នក កាន់តាមសម្ពន្ធមេត្រីរបស់យើងតៗគ្នា
ហើយប្រតិបត្តិតាមដំបូន្មាន ដែលយើងប្រៀនប្រដៅ
ពូជពង្សរបស់គេក៏នឹងឡើងគ្រងរាជសម្បត្តិ របស់អ្នករហូតតរៀងទៅដែរ»។
១៣ ព្រះអម្ចាស់បានជ្រើសរើសក្រុងស៊ីយ៉ូន ព្រះអង្គសព្វព្រះហឫទ័យគង់នៅក្នុងក្រុងនេះ។
១៤ ព្រះអង្គមានព្រះបន្ទូលថា «យើងនឹងសំរាកនៅទីនេះរហូតតទៅ
យើងចង់រស់នៅក្នុងកន្លែងនេះណាស់!
១៥ យើងនឹងអោយពរក្រុងនេះមានអ្វីៗ តាមតែគេត្រូវការ
យើងនឹងអោយជនក្រីក្រក្នុងក្រុងនេះ មានអាហារបរិបូណ៌។
១៦ យើងនឹងសង្គ្រោះក្រុងនេះ តាមរយៈពួកបូជាចារ្យរបស់គេ
យើងនឹងអោយប្រជាជននៅក្រុងនេះ ស្រែកហ៊ោដោយអំណរ។
១៧ នៅទីនេះ យើងនឹងធ្វើអោយមានស្ដេច ប្រកបដោយឫទ្ធានុភាពកើតពី ពូជពង្សរបស់ដាវីឌ
យើងនឹងរៀបចំអោយមានស្ដេច មួយអង្គស្នងរាជ្យ
ជំនួសស្ដេចដែលយើងបានចាក់ប្រេងអភិសេក។
១៨ យើងនឹងធ្វើអោយខ្មាំងសត្រូវរបស់គេ ត្រូវអាម៉ាស់មុខជាខ្លាំង
តែយើងនឹងអោយរាជ្យរបស់គេ បានថ្កុំថ្កើងរុងរឿង»។
ជំពូកទី ១៣៣
ពេលបងប្អូននៅរស់ជុំគ្នា
១ បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។ ទំនុករបស់ស្ដេចដាវីឌ។
ការដែលបងប្អូននៅ រួមរស់ជាមួយគ្នា
គឺជាការល្អប្រពៃ និងសប្បាយក្រៃលែង។
២ គឺប្រៀបដូចជាទឹកអប់ដ៏មានតម្លៃ ហូរនៅលើក្បាល
ចុះមកលើពុកចង្ការបស់លោកអរ៉ុន រួចស្រក់ទៅលើជាយអាវរបស់លោក
៣ ហើយប្រៀបដូចជាទឹកសន្សើមធ្លាក់ ពីភ្នំហ៊ែរម៉ូន មកលើភ្នំស៊ីយ៉ូន
ជាកន្លែងដែលព្រះអម្ចាស់ប្រទានព្រះពរ និងប្រទានជីវិតអស់កល្បជានិច្ច។
ជំពូកទី ១៣៤
ចូរលើកដៃប្រណម្យទៅរកទីសក្ការៈ
១ បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។
អស់អ្នកដែលបំរើព្រះអម្ចាស់
ហើយស្ថិតនៅក្នុងព្រះដំណាក់ របស់ព្រះអង្គនាពេលយប់អើយ
ចូរនាំគ្នាមកសរសើរតម្កើងព្រះអម្ចាស់!
២ ចូរលើកដៃប្រណម្យទៅរកទីសក្ការៈ ចូរសរសើរតម្កើងព្រះអម្ចាស់!
៣ សូមព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដី
ប្រទានពរដល់អ្នកពីក្រុងស៊ីយ៉ូន!
ជំពូកទី ១៣៥
ខ្ញុំដឹងច្បាស់ថាព្រះអម្ចាស់ជាព្រះដ៏ឧត្ដុង្គឧត្ដម
១ ហាលេលូយ៉ា! ចូរសរសើរតម្កើង ព្រះនាមព្រះអម្ចាស់!
អ្នកបំរើរបស់ព្រះអម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ!
២ អ្នករាល់គ្នាដែលស្ថិតនៅក្នុង ព្រះដំណាក់របស់ព្រះអម្ចាស់
អ្នករាល់គ្នាដែលស្ថិតនៅក្នុងបរិវេណ ព្រះដំណាក់របស់ព្រះនៃយើងអើយ
៣ ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស
ចូរស្មូត្រទំនុកតម្កើងថ្វាយព្រះនាមព្រះអង្គ ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងយើង។
៤ ព្រះអម្ចាស់បានជ្រើសរើសពូជពង្សលោកយ៉ាកុប
ហើយព្រះអង្គយកជនជាតិអ៊ីស្រាអែល ធ្វើជាប្រជាជនផ្ទាល់របស់ព្រះអង្គ។
៥ ខ្ញុំដឹងច្បាស់ថាព្រះអម្ចាស់ជាព្រះដ៏ឧត្ដុង្គឧត្ដម
ព្រះអម្ចាស់របស់យើង ទ្រង់ប្រសើរលើសព្រះទាំងប៉ុន្មាន។
៦ បើព្រះអម្ចាស់សព្វព្រះហឫទ័យធ្វើការអ្វី ព្រះអង្គនឹងសំរេចការនោះ
នៅលើផ្ទៃមេឃ និងផែនដី
នៅក្នុងសមុទ្រ និងនៅក្នុងទីជំរៅនៃបាតសមុទ្រ។
៧ ព្រះអង្គនាំពពកចេញពីជើងមេឃ
ព្រះអង្គធ្វើអោយមានផ្លេកបន្ទោរ ដើម្បីអោយភ្លៀងធ្លាក់
ហើយព្រះអង្គក៏បានបញ្ចេញខ្យល់ អោយបក់បោកមកដែរ។
៨ ព្រះអង្គបានប្រហារកូនច្បងទាំងឡាយនៅ ស្រុកអេស៊ីប
គឺចាប់តាំងពីមនុស្ស រហូតដល់សត្វពាហនៈ។
៩ ព្រះអង្គសំដែងទីសំគាល់ និងប្ញទ្ធិបាដិហារិយ៍ផ្សេងៗ នៅស្រុកអេស៊ីប
ដើម្បីដាក់ទោសព្រះចៅផារ៉ោន និងមន្ត្រីទាំងប៉ុន្មានរបស់ស្ដេច។
១០ ព្រះអង្គបានវាយប្រហារប្រជាជាតិជាច្រើន
ព្រះអង្គបានប្រហារជីវិតស្ដេចដ៏ខ្លាំងពូកែ
១១ គឺព្រះបាទស៊ីហុនជាស្ដេចស្រុកអាម៉ូរី ព្រះបាទអុកជាស្ដេចស្រុកបាសាន
និងស្ដេចទាំងប៉ុន្មានរបស់ជនជាតិកាណាន
១២ ហើយព្រះអង្គប្រគល់ទឹកដីរបស់ពួកគេ
អោយអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គទុកជាមត៌ក។
១៣ ឱព្រះអម្ចាស់អើយ ព្រះនាមរបស់ព្រះអង្គ នៅគង់វង្សរហូតតទៅ
ឱព្រះអម្ចាស់អើយ ព្រះកិត្តិនាមរបស់ព្រះអង្គ ល្បីល្បាញអស់កល្បជាអង្វែងតរៀងទៅ
១៤ ដ្បិតព្រះអង្គរកយុត្តិធម៌អោយ ប្រជារាស្ត្ររបស់ព្រះអង្គ
ហើយព្រះអង្គអាណិតអាសូរអ្នកបំរើ របស់ព្រះអង្គ។
១៥ ព្រះរបស់ប្រជាជាតិនានា សុទ្ធតែជាព្រះក្លែងក្លាយធ្វើពីមាស ពីប្រាក់
ដែលជាស្នាដៃរបស់មនុស្ស។
១៦ ព្រះទាំងនោះមានមាត់តែមិនចេះនិយាយ មានភ្នែកតែមើលមិនឃើញ
១៧ មានត្រចៀកតែស្ដាប់មិនឮ ព្រះទាំងនោះគ្មានដង្ហើមចេញចូលទេ។
១៨ សូមអោយអស់អ្នកដែលបានសូន ធ្វើរូបព្រះក្លែងក្លាយ
ហើយដែលផ្ញើជីវិតលើព្រះទាំងនោះ បានដូចរូបព្រះទាំងនោះដែរ។
១៩ ជនជាតិអ៊ីស្រាអែលអើយ ចូរសរសើរតម្កើងព្រះអម្ចាស់
ក្រុមគ្រួសាររបស់លោកអរ៉ុនអើយ ចូរសរសើរតម្កើងព្រះអម្ចាស់
២០ ក្រុមគ្រួសាររបស់លោកលេវីអើយ ចូរសរសើរតម្កើងព្រះអម្ចាស់
អស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់អើយ ចូរសរសើរតម្កើងព្រះអង្គ!
២១ ចូរសរសើរតម្កើងព្រះអម្ចាស់ដែលគង់នៅភ្នំស៊ីយ៉ូន
គឺព្រះអង្គដែលគង់នៅក្រុងយេរូសាឡឹម!
ហាលេលូយ៉ា!
ជំពូកទី ១៣៦
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
១ ចូរលើកតម្កើងព្រះអម្ចាស់
ដ្បិតព្រះអង្គមាន ព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
២ ចូរលើកតម្កើងព្រះដែលខ្ពង់ខ្ពស់លើសព្រះនានា
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
៣ ចូរសរសើរតម្កើងព្រះអម្ចាស់ ដែលខ្ពង់ខ្ពស់លើសអម្ចាស់នានា
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
៤ មានតែព្រះអង្គទេដែលធ្វើការអស្ចារ្យ ដ៏ឧត្ដុង្គឧត្ដមបំផុត
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
៥ ព្រះអង្គបានបង្កើតផ្ទៃមេឃ ដោយព្រះប្រាជ្ញាញាណ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
៦ ព្រះអង្គបានលាតសន្ធឹងផែនដីពីលើផ្ទៃទឹក
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
៧ ព្រះអង្គបានបង្កើតដុំពន្លឺធំៗ សំរាប់រះបំភ្លឺ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
៨ គឺព្រះអាទិត្យអោយគ្រប់គ្រងនៅពេលថ្ងៃ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
៩ ព្រះច័ន្ទ និងហ្វូងតារា អោយគ្រប់គ្រងនៅពេលយប់
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
១០ ព្រះអង្គប្រហារជីវិតកូនច្បងរបស់ជនជាតិអេស៊ីប
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
១១ ព្រះអង្គនាំជនជាតិអ៊ីស្រាអែល ចេញពីស្រុកអេស៊ីប
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
១២ ដោយឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
១៣ ព្រះអង្គបានញែកសមុទ្រកក់ចេញជាពីរ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
១៤ ព្រះអង្គបាននាំជនជាតិអ៊ីស្រាអែល ដើរកាត់បាតសមុទ្រនោះ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
១៥ ព្រះអង្គធ្វើអោយព្រះចៅផារ៉ោន និងកងទ័ពរបស់ស្ដេចលិចលង់ ក្នុងសមុទ្រកក់នោះ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
១៦ ព្រះអង្គដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គ នៅវាលរហោស្ថាន
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
១៧ ព្រះអង្គបានវាយប្រហារស្ដេចមហាអំណាច
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
១៨ ព្រះអង្គប្រហារជីវិតស្ដេចដ៏ខ្លាំងពូកែទាំងឡាយ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
១៩ គឺព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
២០ ព្រះបាទអុកជាស្ដេចស្រុកបាសាន
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
២១ ហើយព្រះអង្គប្រគល់ទឹកដីរបស់ពួកគេ មកអោយប្រជារាស្ត្ររបស់ព្រះអង្គទុកជាមត៌ក
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
២២ គឺប្រគល់អោយជនជាតិអ៊ីស្រាអែល ជាអ្នកបំរើរបស់ព្រះអង្គ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
២៣ នៅពេលណាយើងរងទុក្ខវេទនា ព្រះអង្គតែងតែនឹកដល់យើង
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
២៤ ព្រះអង្គរំដោះយើងអោយរួចផុតពីកណ្ដាប់ដៃ របស់បច្ចាមិត្ត
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
២៥ ព្រះអង្គប្រទានអាហារដល់សត្វលោកទាំងឡាយ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
២៦ ចូរលើកតម្កើងព្រះជាម្ចាស់នៃស្ថានបរមសុខ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
ជំពូកទី ១៣៧
យើងស្រណោះក្រុងស៊ីយ៉ូន
១ យើងអង្គុយនៅមាត់ទន្លេ ស្រុកបាប៊ីឡូន
ហើយយើងនាំគ្នាយំស្រណោះក្រុងស៊ីយ៉ូន។
២ យើងព្យួរពិណរបស់យើងនឹងដើមឈើ នៅជិតមាត់ទន្លេ។
៣ ពេលនោះ ពួកអ្នកដែលចាប់យើងមកជាឈ្លើយ សឹកបានសុំអោយយើងច្រៀង
ពួកអ្នកធ្វើទោសយើង បានសុំអោយយើង ច្រៀងបទសប្បាយ គេពោលថា:
«ចូរនាំគ្នាច្រៀងបទខ្លះពីក្រុងស៊ីយ៉ូន អោយយើងស្ដាប់ផង!»។
៤ តើអោយយើងយកបទតម្កើងព្រះអម្ចាស់ មកច្រៀងនៅលើទឹកដីបរទេសដូចម្ដេចកើត?
៥ ឱក្រុងយេរូសាឡឹមអើយ បើខ្ញុំភ្លេចអ្នក សូមអោយដៃស្ដាំរបស់ខ្ញុំស្ពឹកចុះ!
៦ ប្រសិនបើខ្ញុំមិននឹកដល់អ្នកទេ
ហើយប្រសិនបើខ្ញុំមិនចាត់ទុកអ្នកជាអំណរ ដ៏ខ្លាំងក្លាបំផុតរបស់ខ្ញុំទេនោះ
សូមអោយអណ្ដាតខ្ញុំរឹងទៅចុះ!
៧ ឱព្រះអម្ចាស់អើយ សូមកុំភ្លេចនូវអំពើ ដែលជនជាតិអេដុម បានប្រព្រឹត្តចំពោះយើងខ្ញុំ
នៅថ្ងៃដែលក្រុងយេរូសាឡឹមរលំនោះឡើយ គឺពួកគេពោលថា:
«ចូរកំទេចក្រុងនេះទៅ! ចូរកំទេចក្រុងនេះរហូតដល់គ្រឹះ!»។
៨ រីឯក្រុងបាប៊ីឡូនវិញ បន្តិចទៀតឯងក៏នឹងត្រូវគេបំផ្លាញខ្ទេចខ្ទីដែរ!
អ្នកណាធ្វើបាបឯង តបស្នងនឹងអំពើដែលឯងបានប្រព្រឹត្តចំពោះយើង
អ្នកនោះមានសុភមង្គលហើយ!
៩ អ្នកណាចាប់កូនតូចៗរបស់ឯងបោកនឹងថ្ម អ្នកនោះមានសុភមង្គលហើយ!
ជំពូកទី ១៣៨
ទូលបង្គំសូមលើកតម្កើងព្រះអង្គយ៉ាងអស់ពីចិត្ត
១ទំនុករបស់ស្ដេចដាវីឌ។
ទូលបង្គំសូមលើកតម្កើង ព្រះអង្គយ៉ាងអស់ពីចិត្ត
ទូលបង្គំស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គ នៅចំពោះមុខពពួកទេវទូត។
២ ទូលបង្គំក្រាបនៅក្នុងព្រះវិហារដ៏វិសុទ្ធ របស់ព្រះអង្គ
ហើយទូលបង្គំលើកតម្កើងព្រះនាមព្រះអង្គ
ព្រោះព្រះអង្គប្រកបដោយព្រះហឫទ័យ មេត្តាករុណាយ៉ាងស្មោះស្ម័គ្រ
ហើយព្រះអង្គសំរេចតាមព្រះបន្ទូលសន្យា លើសពីការទន្ទឹងរង់ចាំរបស់យើងខ្ញុំទៅទៀត។
៣ នៅថ្ងៃដែលទូលបង្គំស្រែកអង្វរព្រះអង្គ ព្រះអង្គបានឆ្លើយតបមកទូលបង្គំវិញ
ព្រះអង្គប្រទានអោយទូលបង្គំ មានកម្លាំងចិត្តក្លៀវក្លា។
៤ ឱព្រះអម្ចាស់អើយ សូមអោយស្ដេចទាំងប៉ុន្មាន នៅលើផែនដីនាំគ្នាលើកតម្កើងព្រះអង្គ
នៅពេលគេឮព្រះបន្ទូលសន្យារបស់ព្រះអង្គ។
៥ សូមអោយគេនាំគ្នាច្រៀងអំពីកិច្ចការ ដែលព្រះអង្គបានធ្វើ:
ព្រះអម្ចាស់ប្រកបទៅដោយសិរីរុងរឿង ឧត្ដុង្គឧត្ដមបំផុត!
៦ ទោះបីព្រះអម្ចាស់ខ្ពង់ខ្ពស់បំផុតក្ដី ក៏ព្រះអង្គនៅតែគិតដល់មនុស្សទន់ទាបជានិច្ច
រីឯមនុស្សព្រហើនវិញ ព្រះអង្គស្គាល់គេពីចម្ងាយ។
៧ នៅពេលទូលបង្គំជួបប្រទះនឹងភាពអាសន្ន ព្រះអង្គរក្សាការពារជីវិតទូលបង្គំ
ព្រះអង្គវាយប្រហារខ្មាំងសត្រូវដ៏ឃោរឃៅ
ហើយសង្គ្រោះទូលបង្គំ ដោយឫទ្ធិបារមីរបស់ព្រះអង្គ។
៨ ព្រះអម្ចាស់អើយ ព្រះអង្គធ្វើកិច្ចការគ្រប់យ៉ាងចំពោះទូលបង្គំ តាមព្រះបន្ទូលសន្យា
ព្រះអង្គប្រកបដោយព្រះហឫទ័យ មេត្តាករុណាជានិច្ច។
សូមកុំបោះបង់ចោលអស់អ្នកដែលព្រះអង្គ បានបង្កើតមកនោះឡើយ!
ជំពូកទី ១៣៩
ព្រះអង្គស្គាល់ទូលបង្គំយ៉ាងច្បាស់
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។
ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
ព្រះអម្ចាស់អើយ ព្រះអង្គឈ្វេងយល់ដល់ ជំរៅចិត្តទូលបង្គំ
ហើយព្រះអង្គស្គាល់ទូលបង្គំយ៉ាងច្បាស់។
២ ព្រះអង្គជ្រាបពេលណាដែលទូលបង្គំអង្គុយ ពេលណាដែលទូលបង្គំក្រោកឈរ
ព្រះអង្គឈ្វេងយល់គំនិតរបស់ទូលបង្គំ តាំងពីចម្ងាយ។
៣ ព្រះអង្គជ្រាបពេលណាដែលទូលបង្គំធ្វើការ ពេលណាដែលទូលបង្គំសំរាក
ហើយព្រះអង្គជ្រាបច្បាស់នូវអ្វីៗ ទាំងអស់ដែលទូលបង្គំប្រព្រឹត្ត។
៤ ព្រះអម្ចាស់អើយ ពាក្យសំដីមិនទាន់ចេញពីមាត់ទូលបង្គំផង
ព្រះអង្គជ្រាបសេចក្ដីដែលទូលបង្គំបម្រុង នឹងនិយាយនោះរួចស្រេចទៅហើយ។
៥ ព្រះអង្គនៅពីមុខពីក្រោយទូលបង្គំ ព្រះអង្គការពារទូលបង្គំ ដោយព្រះបារមីរបស់ព្រះអង្គ។
៦ ទូលបង្គំកោតស្ញប់ស្ញែងណាស់ ដោយព្រះអង្គស្គាល់ទូលបង្គំច្បាស់ដូច្នេះ
គឺអស្ចារ្យពេកដែលទូលបង្គំ មិនអាចយល់បានឡើយ។
៧ តើទូលបង្គំអាចទៅណាឆ្ងាយពីព្រះអង្គបាន?
តើទូលបង្គំគេចចេញអោយឆ្ងាយ ពីព្រះភក្ត្ររបស់ព្រះអង្គដូចម្ដេចបាន?
៨ បើទូលបង្គំឡើងទៅលើមេឃ ព្រះអង្គគង់នៅទីនោះ
បើទូលបង្គំទៅនៅស្ថានមនុស្សស្លាប់ ក៏ព្រះអង្គនៅទីនោះដែរ។
៩ ទោះបីទូលបង្គំពាក់ស្លាបហោះ ទៅកន្លែងព្រះអាទិត្យរះ
ឬទោះបីទូលបង្គំទៅរស់នៅខាងនាយសមុទ្រក្ដី
១០ ក៏ព្រះអង្គគង់នៅទីនោះ ដើម្បីដឹកនាំទូលបង្គំ
ហើយជួយទូលបង្គំ ដោយព្រះបារមីរបស់ព្រះអង្គ។
១១ ប្រសិនបើទូលបង្គំពោលថា: «សូមអោយភាពងងឹតគ្របពីលើខ្ញុំ
ហើយសូមអោយពន្លឺថ្ងៃដែលនៅជុំវិញខ្ញុំ ប្រែទៅជាយប់ងងឹត!»។
១២ ក៏ប៉ុន្តែ ចំពោះព្រះអង្គទោះបីងងឹតយ៉ាងណាក្ដី ក៏នៅតែភ្លឺដដែល
គឺយប់ភ្លឺដូចថ្ងៃ ហើយភាពងងឹតដូចពន្លឺ។
១៣ ព្រះអង្គបានបង្កើតទូលបង្គំមក ព្រះអង្គបានបង្កប់ទូលបង្គំនៅក្នុងផ្ទៃម្ដាយ។
១៤ ទូលបង្គំសូមលើកតម្កើងព្រះអង្គ ដ្បិតទូលបង្គំជាស្នាព្រះហស្ដដ៏ល្អអស្ចារ្យ
ទូលបង្គំដឹងច្បាស់ថាអ្វីៗដែលព្រះអង្គធ្វើ សុទ្ធតែល្អអស្ចារ្យទាំងអស់។
១៥ នៅពេលទូលបង្គំកកើតឡើង ក្នុងទីលាក់កំបាំង គឺនៅក្នុងផ្ទៃមាតា
រូបកាយរបស់ទូលបង្គំមិនបានលាក់កំបាំង នឹងព្រះអង្គទេ។
១៦ កាលទូលបង្គំមិនទាន់មានរូបរាងកាយនៅឡើយ
ព្រះអង្គទតឃើញទូលបង្គំរួចស្រេចទៅហើយ
ព្រះអង្គក៏បានកំណត់ចំនួនថ្ងៃនៃអាយុជីវិត របស់ទូលបង្គំទុកក្នុងបញ្ជីរបស់ព្រះអង្គ
មុននឹងថ្ងៃទាំងនោះមកដល់ទៅទៀត។
១៧ ឱព្រះជាម្ចាស់អើយ ព្រះតម្រិះរបស់ព្រះអង្គជ្រៅជ្រះណាស់
ហើយមានច្រើនឥតគណនាទៀតផង
១៨ ប្រសិនបើទូលបង្គំរាប់ ក៏រាប់មិនអស់ដែរ
ព្រោះមានចំនួនច្រើនជាងគ្រាប់ខ្សាច់ទៅទៀត
ហើយទោះបីទូលបង្គំអាចរាប់ជិតអស់ក្ដី ក៏ទូលបង្គំនៅតែពុំទាន់យល់ពីព្រះអង្គដដែល។
១៩ ឱព្រះជាម្ចាស់អើយ ព្រះអង្គគួរតែប្រហារមនុស្សពាល
ហើយបណ្ដេញពួកឃាតកចេញ អោយឆ្ងាយពីទូលបង្គំ។
២០ បច្ចាមិត្តរបស់ព្រះអង្គនាំគ្នាយកព្រះនាមព្រះអង្គ ទៅប្រើសំរាប់បោកបញ្ឆោត
ហើយគេនិយាយពីព្រះអង្គដោយឥតបានការ។
២១ ឱព្រះអម្ចាស់អើយ ទូលបង្គំស្អប់អស់អ្នកដែលស្អប់ព្រះអង្គ
ទូលបង្គំស្អប់ខ្ពើមអស់អ្នកដែលឃុបឃិតប្រឆាំង នឹងព្រះអង្គ។
២២ ទូលបង្គំស្អប់អ្នកទាំងនោះយ៉ាងខ្លាំងបំផុត
ទូលបង្គំចាត់ទុកពួកគេជាខ្មាំងសត្រូវ របស់ទូលបង្គំផ្ទាល់។
២៣ ឱព្រះជាម្ចាស់អើយ សូមពិនិត្យមើលទូលបង្គំ ដើម្បីអោយស្គាល់ចិត្តទូលបង្គំ
សូមល្បងលមើលទូលបង្គំ ដើម្បីអោយជ្រាបអ្វីៗដែលទូលបង្គំគិត!
២៤ សូមទតមើលទូលបង្គំផង ប្រសិនបើឃើញទូលបង្គំដើរខុសផ្លូវ
នោះសូមដឹកនាំទូលបង្គំអោយដើរក្នុងមាគ៌ា ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចផង។
ជំពូកទី ១៤០
ពាក្យអធិស្ឋានរបស់អ្នកដែលត្រូវគេមួលបង្កាច់
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។
ទំនុករបស់ស្ដេចដាវីឌ។
២ ឱព្រះអម្ចាស់អើយ សូមរំដោះទូលបង្គំ អោយរួចពីមនុស្សអាក្រក់
សូមការពារទូលបង្គំអោយផុត ពីមនុស្សឃោរឃៅ។
៣ អ្នកទាំងនោះគិតតែពីប្រព្រឹត្តអំពើអាក្រក់
ហើយស្វែងរកជំលោះជារៀងរាល់ថ្ងៃ!
៤ អណ្ដាតរបស់គេប្រៀបបាននឹងដាវដ៏មុត
មាត់របស់គេពោរពេញទៅដោយពិស ដូចពស់វែក។ – សំរាក
៥ ឱព្រះអម្ចាស់អើយ សូមការពារទូលបង្គំ កុំអោយធ្លាក់ទៅក្នុងកណ្ដាប់ដៃ របស់មនុស្សអាក្រក់!
សូមការពារទូលបង្គំអោយរួចផុតពីមនុស្ស ឃោរឃៅដែលឃុបឃិតគ្នា ចង់ផ្ដួលរំលំទូលបង្គំ!
៦ មនុស្សអួតអាងនាំគ្នាដាក់ចម្រូង និងបង្កប់ខ្សែចាំទាក់ទូលបង្គំ
ពួកគេរាយអន្ទាក់នៅតាមផ្លូវ ហើយជីករណ្ដៅចាំចាប់ទូលបង្គំ។ – សំរាក
៧ ខ្ញុំទូលព្រះអម្ចាស់ថា: ព្រះអង្គជាព្រះនៃទូលបង្គំ!
ព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ ស្ដាប់ទូលបង្គំទទូចអង្វរព្រះអង្គ!
៨ ព្រះជាអម្ចាស់អើយ ព្រះអង្គសង្គ្រោះដោយព្រះចេស្ដារបស់ព្រះអង្គ
នៅពេលធ្វើសឹកសង្គ្រាម ព្រះអង្គការពារទូលបង្គំ។
៩ ឱព្រះអម្ចាស់អើយ សូមកុំអោយចិត្តប៉ងប្រាថ្នារបស់មនុស្ស អាក្រក់បានសំរេចឡើយ
ហើយកុំបណ្ដោយអោយផែនការ របស់គេបានជោគជ័យអោយសោះ។ – សំរាក
១០សូមកុំអោយអស់អ្នកដែលឡោមព័ទ្ធទូលបង្គំ មានជ័យជំនះ
តែអោយពាក្យដែលពួកគេដាក់បណ្ដាសាទូលបង្គំ បានធ្លាក់ទៅលើពួកគេវិញ!
១១សូមអោយមានរងើកភ្លើងដ៏ឆ្អិនឆ្អៅ ស្រោចទៅលើពួកគេ
ហើយសូមច្រានពួកគេទំលាក់ទៅក្នុងឡភ្លើង ដែលគេពុំអាចឡើងមកវិញបានឡើយ។
១២សូមកុំអោយអ្នកមួលបង្កាច់គេ អាចនៅស្ថិតស្ថេរលើផែនដីបាន
សូមអោយទុក្ខវេទនាតាមយាយីមនុស្សឃោរឃៅ ឥតឈប់ឈរឡើយ។
១៣ ខ្ញុំដឹងថាព្រះអម្ចាស់ រកយុត្តិធម៌អោយមនុស្សកំសត់ទុគ៌ត ព្រះអង្គការពារមនុស្សក្រីក្រ។
១៤ពិតមែនហើយ មនុស្សសុចរិតនឹងនាំគ្នាលើក តម្កើងព្រះនាមរបស់ព្រះអង្គ
ហើយមនុស្សសុចរិតនឹងឃើញព្រះភក្ត្រព្រះអង្គ។
ជំពូកទី ១៤១
សូមរក្សាមាត់ទូលបង្គំ
១ ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
ឱព្រះអម្ចាស់អើយ
ទូលបង្គំសូមអង្វរព្រះអង្គ មេត្តាយាងមកជួយទូលបង្គំជាប្រញាប់
ពេលទូលបង្គំអង្វរព្រះអង្គ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទូលបង្គំផង!
២ សូមអោយពាក្យអធិស្ឋានរបស់ទូលបង្គំ ឡើងទៅដល់ព្រះអង្គ ដូចផ្សែងគ្រឿងក្រអូប
សូមទទួលពាក្យសរសើរតម្កើងរបស់ទូលបង្គំ ដូចតង្វាយនៅពេលល្ងាច!
៣ ឱព្រះអម្ចាស់អើយ សូមរក្សាមាត់ទូលបង្គំ
កុំអោយទូលបង្គំពោលពាក្យ អាក្រក់សោះឡើយ។
៤ សូមកុំបណ្ដោយអោយចិត្តទូលបង្គំ មានលំអៀងទៅរកអំពើអាក្រក់
ហើយប្រព្រឹត្តអំពើអាក្រក់ រួមជាមួយមនុស្សទុច្ចរិត
សូមកុំអោយទូលបង្គំចូលរួមជប់លៀង ជាមួយពួកគេឡើយ។
៥ បើមនុស្សសុចរិតវាយប្រដៅ និងស្ដីបន្ទោសទូលបង្គំដោយចិត្តស្មោះត្រង់
ទូលបង្គំមិនប្រកែកទេ
ព្រោះជាការល្អចំពោះទូលបង្គំ ប្រៀបដូចជាទឹកអប់ហូរលើក្បាលទូលបង្គំ។
ក៏ប៉ុន្តែ ទូលបង្គំនៅតែបន្តអធិស្ឋាន តបនឹងអំពើឃោរឃៅរបស់មនុស្សទុច្ចរិត។
៦ សូមអោយចៅក្រមរបស់ពួកនោះ ត្រូវគេច្រានទំលាក់ទៅក្នុងក្រហែងថ្ម
ហើយសូមអោយបច្ចាមិត្តស្ដាប់សេចក្ដី ដែលទូលបង្គំនិយាយដោយសុទ្ធចិត្ត។
៧ ដីប្រេះចេញពីគ្នាយ៉ាងណា សូមអោយស្ថានមនុស្សស្លាប់បើកចំហ
លេបឆ្អឹងរបស់គេដែលនៅរាយប៉ាយ គ្រប់ទីកន្លែងយ៉ាងនោះដែរ។
៨ ឱព្រះជាអម្ចាស់អើយ ទូលបង្គំសម្លឹងទៅរកព្រះអង្គជានិច្ច
ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ សូមកុំបណ្ដោយអោយទូលបង្គំបាត់បង់ជីវិត។
៩ សូមការពារទូលបង្គំអោយរួចផុតពីអន្ទាក់ ដែលគេដាក់ចាំចាប់ទូលបង្គំ
សូមកុំអោយទូលបង្គំធ្លាក់ទៅក្នុងរណ្ដៅ របស់មនុស្សទុច្ចរិតឡើយ
១០ តែសូមអោយពួកគេជាប់អន្ទាក់ ដែលខ្លួនបានដាក់នោះវិញ!
រីឯទូលបង្គំ ទូលបង្គំនឹងបានរួចខ្លួន។
ជំពូកទី ១៤២
មានតែព្រះអង្គទេដែលជាទីជំរករបស់ទូលបង្គំ
១ កំណាព្យរបស់ស្ដេចដាវីឌ។ រំលឹកពីគ្រាដែលស្ដេចគង់នៅតាមរូងភ្នំ។
ពាក្យអធិស្ឋាន។
២ ខ្ញុំបន្លឺសំឡេង ស្រែកអង្វរព្រះអម្ចាស់ ខ្ញុំបន្លឺសំឡេងទទូចអង្វរព្រះអម្ចាស់។
៣ ខ្ញុំទូលព្រះអង្គអោយជ្រាប អំពីពាក្យត្អូញត្អែររបស់ខ្ញុំ
ខ្ញុំរៀបរាប់អំពីទុក្ខវេទនារបស់ខ្ញុំប្រាប់ព្រះអង្គ។
៤ ពេលទូលបង្គំបាក់ទឹកចិត្ត ព្រះអង្គជ្រាបច្បាស់ពីដំណើររបស់ទូលបង្គំ។
ពួកគេនាំគ្នាដាក់អន្ទាក់នៅតាមផ្លូវ ដែលទូលបង្គំដើរ។
៥ សូមទតមើលជុំវិញទូលបង្គំមើល៍ គ្មាននរណាម្នាក់អើពើនឹងទូលបង្គំទេ
ទូលបង្គំគ្មានកន្លែងជ្រកកោន ហើយក៏គ្មាននរណាម្នាក់រវីរវល់នឹងទូលបង្គំដែរ។
៦ ឱព្រះអម្ចាស់អើយ ទូលបង្គំស្រែកអង្វរព្រះអង្គ: ព្រះអង្គជាជំរករបស់ទូលបង្គំ
នៅក្នុងពិភពលោកនេះ ទូលបង្គំគ្មាន អ្វីផ្សេងទៀតក្រៅពីព្រះអង្គឡើយ។
៧ សូមយកព្រះហឫទ័យទុកដាក់ នឹងសំរែករបស់ទូលបង្គំផង ដ្បិតទូលបង្គំទាល់ច្រកហើយ
សូមរំដោះទូលបង្គំអោយរួចផុត ពីអស់អ្នកដែលតាមព្យាបាទទូលបង្គំ
ព្រោះពួកគេខ្លាំងពូកែជាងទូលបង្គំ។
៨ សូមដោះលែងទូលបង្គំអោយមានសេរីភាព
ដើម្បីអោយទូលបង្គំលើកតម្កើង ព្រះនាមព្រះអង្គ ក្នុងអង្គប្រជុំនៃប្រជារាស្ត្ររបស់ព្រះអង្គ
ព្រោះព្រះអង្គប្រណីសន្ដោសដល់ទូលបង្គំ។
ជំពូកទី ១៤៣
សូមកុំប្រកាន់ទោសទូលបង្គំឡើយ
១ ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
ឱព្រះអម្ចាស់អើយ សូមទ្រង់ព្រះសណ្ដាប់ពាក្យ អធិស្ឋានរបស់ទូលបង្គំផង
សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យ ទទូចអង្វររបស់ទូលបង្គំ!
សូមឆ្លើយតបមកទូលបង្គំដោយព្រះហឫទ័យ សុចរិតដ៏ស្មោះស្ម័គ្ររបស់ព្រះអង្គ។
២ សូមកុំយកទូលបង្គំ ដែលជាអ្នកបំរើរបស់ព្រះអង្គទៅកាត់ក្ដីឡើយ
ដ្បិតគ្មានមនុស្សណាម្នាក់សុចរិតនៅចំពោះ ព្រះភក្ត្ររបស់ព្រះអង្គទេ។
៣ ខ្មាំងសត្រូវតាមយាយីទូលបង្គំ គេជាន់ឈ្លីជីវិតទូលបង្គំ
គេយកទូលបង្គំទៅឃុំទុកក្នុងទីងងឹត ដូចមនុស្សស្លាប់តាំងពីយូរមកហើយ។
៤ ទូលបង្គំបាក់ទឹកចិត្តជាខ្លាំង ទូលបង្គំទាល់គំនិត។
៥ ទូលបង្គំនឹកទៅដល់ជំនាន់ដើម
ទូលបង្គំសញ្ជឹងគិតអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ
ទូលបង្គំពិចារណាអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។
៦ ទូលបង្គំលើកដៃអង្វរព្រះអង្គ
ទូលបង្គំនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គ ប្រៀបដូចជាដីហួតហែង។ – សំរាក
៧ ឱព្រះអម្ចាស់អើយ សូមឆ្លើយតបមកទូលបង្គំជាប្រញាប់
ដ្បិតទូលបង្គំពុំអាចទ្រាំតទៅទៀតបានទេ!
សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយ ដ្បិតទូលបង្គំដូចជាមនុស្សធ្លាក់ក្នុងរណ្ដៅ។
៨ សូមសំដែងអោយទូលបង្គំស្គាល់ព្រះហឫទ័យ មេត្តាករុណារបស់ព្រះអង្គតាំងពីព្រលឹម
ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ។
សូមប្រោសប្រទានអោយទូលបង្គំស្គាល់ផ្លូវ ដែលទូលបង្គំត្រូវដើរ
ដ្បិតទូលបង្គំផ្ចង់ចិត្តទៅរកព្រះអង្គ។
៩ ឱព្រះអម្ចាស់អើយ សូមរំដោះទូលបង្គំអោយរួចពីខ្មាំងសត្រូវ
ទូលបង្គំមកជ្រកកោននៅក្បែរព្រះអង្គ។
១០ សូមបង្រៀនទូលបង្គំអោយធ្វើតាមព្រះហឫទ័យ របស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះនៃទូលបង្គំ
សូមព្រះវិញ្ញាណដ៏សប្បុរសរបស់ព្រះអង្គដឹកនាំ ទូលបង្គំអោយដើរ ក្នុងមាគ៌ាដែលគ្មានឧបសគ្គ។
១១ ឱព្រះអម្ចាស់អើយ សូមប្រទានអោយទូលបង្គំមានជីវិតឡើងវិញ
ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ។
សូមនាំទូលបង្គំចេញពីភាពអាសន្ន ដោយព្រះហឫទ័យដ៏សុចរិតរបស់ព្រះអង្គ!
១២ ដោយព្រះអង្គមានព្រះហឫទ័យមេត្តា ករុណាចំពោះទូលបង្គំ
សូមកំទេចខ្មាំងសត្រូវ និងបច្ចាមិត្ត ទាំងប៉ុន្មានរបស់ទូលបង្គំ អោយវិនាសសូន្យទៅ
ដ្បិតទូលបង្គំជាអ្នកបំរើរបស់ព្រះអង្គ។
ជំពូកទី ១៤៤
ពាក្យអធិស្ឋានរបស់ព្រះរាជា
១ ទំនុករបស់ស្ដេចដាវីឌ។
សូមលើកតម្កើងព្រះអម្ចាស់ ដែលជាថ្មដារបស់ខ្ញុំ
ព្រះអង្គបង្រៀនខ្ញុំអំពីយុទ្ធសាស្ត្រ ហើយហ្វឹកហ្វឺនខ្ញុំដើម្បីធ្វើសឹក។
២ ព្រះអង្គសំដែងព្រះហឫទ័យមេត្តាករុណា ចំពោះខ្ញុំ ព្រះអង្គជួយការពារខ្ញុំ
ព្រះអង្គជាទីជំរកដ៏រឹងមាំរបស់ខ្ញុំ ព្រះអង្គរំដោះខ្ញុំ
ព្រះអង្គជាខែលការពារខ្ញុំ ខ្ញុំតែងមកជ្រកកោននឹងព្រះអង្គជានិច្ច
ព្រះអង្គប្រគល់ប្រជាជាតិនានាមកក្រោម អំណាចរបស់ខ្ញុំ
៣ ឱព្រះអម្ចាស់អើយ តើមនុស្សជាអ្វី បានជាព្រះអង្គ យកព្រះហឫទ័យទុកដាក់នឹងគេដូច្នេះ?
តើមនុស្សលោកជាអ្វី បានជាព្រះអង្គនឹកគិតដល់គេដូច្នេះ?
៤ មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ
អាយុជីវិតរបស់គេប្រៀបបាននឹងស្រមោល ដែលតែងតែរសាត់បាត់ទៅ។
៥ ឱព្រះអម្ចាស់អើយ សូមផ្អៀងផ្ទៃមេឃ របស់ព្រះអង្គ ហើយយាងចុះមក!
សូមពាល់ភ្នំ ដើម្បីអោយមានផ្សែងហុយឡើង។
៦ សូមព្រះអង្គធ្វើអោយមានផ្លេកបន្ទោរ កំចាត់កំចាយខ្មាំងសត្រូវ
សូមបាញ់ព្រួញរបស់ព្រះអង្គបំបាក់ទ័ពពួកគេ។
៧ សូមលាតព្រះហស្ដពីស្ថានលើមករំដោះទូលបង្គំ សូមស្រង់ទូលបង្គំអោយចេញផុតពីទឹកសមុទ្រ
សូមរំដោះទូលបង្គំអោយរួចពីអំណាច របស់ជនបរទេសទាំងនេះផង។
៨ ពួកគេមិនដែលនិយាយពាក្យពិតទេ
ហើយក៏មិនដែលគោរពពាក្យ សម្បថរបស់ខ្លួនដែរ។
៩ ឱព្រះជាម្ចាស់អើយ ទូលបង្គំសូមច្រៀងបទថ្មីថ្វាយព្រះអង្គ
ទូលបង្គំស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គ ដោយលេងឃឹមកំដរផង។
១០ ព្រះអម្ចាស់សង្គ្រោះស្ដេចនានា
ព្រះអង្គរំដោះដាវីឌជាអ្នកបំរើរបស់ព្រះអង្គ អោយរួចពីការស្លាប់ដោយមុខដាវ។
១១ សូមរំដោះទូលបង្គំអោយរួចពីអំណាច របស់ជនបរទេសទាំងនេះផង
ពួកគេមិនដែលនិយាយពាក្យពិតទេ ហើយក៏មិនដែលគោរពពាក្យ សម្បថរបស់ខ្លួនដែរ។
១២ សូមអោយកូនប្រុសៗរបស់យើងប្រៀបដូចជា កូនឈើដែលដុះឡើងយ៉ាងស្រស់បំព្រង
សូមអោយកូនស្រីៗបស់យើងមានរូបឆោមស្អាត ដូចរូបទេពអប្សរដ៏ល្អប្រណីត។
១៣ សូមអោយជង្រុករបស់យើងមានពោរពេញ ទៅដោយភោគផលសព្វបែបយ៉ាង
សូមអោយហ្វូងចៀមនៅតាមវាលស្មៅ របស់យើងកើនចំនួនឡើងរាប់ពាន់រាប់ម៉ឺន។
១៤ សូមអោយហ្វូងគោរបស់យើង បានកើនចំនួនជាច្រើន
គ្មានបាត់ គ្មាននរណាលួចចាប់យកទៅឡើយ
ហើយសូមកុំអោយមានសំរែកភ័យអាសន្ន នៅតាមទីសាធារណៈរបស់យើងដែរ។
១៥ ប្រជាជាតិណាមានព្រះពរដូច្នេះ ប្រជាជាតិនោះមានសុភមង្គលហើយ
ប្រជាជាតិណាគោរពព្រះអម្ចាស់ ទុកជាព្រះរបស់ខ្លួន
ប្រជាជាតិនោះមានសុភមង្គលហើយ!
ជំពូកទី ១៤៥
ព្រះរាជ្យរបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច
១ ពាក្យសរសើរតម្កើង។ ទំនុករបស់ស្ដេចដាវីឌ។
ឱព្រះនៃទូលបង្គំ ឱព្រះមហាក្សត្រ នៃទូលបង្គំអើយ
ទូលបង្គំសូមលើកតម្កើងព្រះអង្គ!
ទូលបង្គំសូមសរសើរតម្កើងព្រះនាម របស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
២ ទូលបង្គំសរសើរតម្កើងព្រះអង្គជារៀងរាល់ថ្ងៃ
ទូលបង្គំកោតសរសើរព្រះនាម របស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៣ ព្រះអម្ចាស់ប្រសើរឧត្ដមដែលយើងត្រូវតែ សរសើរតម្កើងយ៉ាងខ្ពង់ខ្ពស់បំផុត។
ព្រះអង្គឧត្ដុង្គឧត្ដមរកអ្វីប្រៀបផ្ទឹមស្មើពុំបាន។
៤ សូមអោយមនុស្សនៅគ្រប់ជំនាន់ លើកតម្កើងស្នាព្រះហស្ដរបស់ព្រះអង្គ
សូមអោយគេរៀបរាប់អំពីកិច្ចការដ៏អស្ចារ្យ ដែលព្រះអង្គបានធ្វើ
៥ ព្រមទាំងរៀបរាប់ពីភាពថ្កុំថ្កើងនៃសិរីរុងរឿង របស់ព្រះអង្គផង។
ទូលបង្គំនឹងសញ្ជឹងគិតពីស្នាព្រះហស្ដដ៏អស្ចារ្យ របស់ព្រះអង្គ។
៦ គេនឹងរៀបរាប់អំពីឫទ្ធានុភាព ដ៏គួរអោយស្ញែងខ្លាចរបស់ព្រះអង្គ
ហើយទូលបង្គំក៏នឹងថ្លែងអំពីភាពឧត្ដុង្គឧត្ដម របស់ព្រះអង្គដែរ។
៧ គេនឹងរំលឹកឡើងវិញនូវព្រះហឫទ័យសប្បុរស ដ៏លើសលប់របស់ព្រះអង្គ
គេនឹងប្រកាសអំពីសេចក្ដីសុចរិត របស់ព្រះអង្គដោយអំណរ។
៨ ព្រះអម្ចាស់ប្រកបដោយព្រះហឫទ័យ ប្រណីសន្ដោស និងអាណិតអាសូរ
ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ហើយពោរពេញទៅដោយ ព្រះហឫទ័យមេត្តាករុណា។
៩ ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស ចំពោះមនុស្សទាំងអស់
ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ ដល់សត្វលោកទាំងអស់ ដែលព្រះអង្គបានបង្កើតមក។
១០ ឱព្រះអម្ចាស់អើយ សត្វលោកដែលព្រះអង្គ បានបង្កើតមកនឹងនាំគ្នាលើកតម្កើងព្រះអង្គ
ហើយប្រជាជនរបស់ព្រះអង្គ ក៏នឹងនាំគ្នាសរសើរតម្កើងព្រះអង្គដែរ។
១១ គេនឹងរៀបរាប់អំពីព្រះរាជ្យ ដ៏រុងរឿងរបស់ព្រះអង្គ
គេនឹងថ្លែងអំពីឫទ្ធានុភាពរបស់ព្រះអង្គ
១២ ដើម្បីអោយមនុស្សទាំងអស់បានដឹង ពីការអស្ចារ្យរបស់ព្រះអង្គ
និងសិរីរុងរឿងដ៏ភ្លឺចិញ្ចែងចិញ្ចាច នៃព្រះរាជ្យរបស់ព្រះអង្គ
១៣ ព្រះអង្គគ្រងរាជ្យគ្រប់ជំនាន់ទាំងអស់
ព្រះអង្គជាព្រះមហាក្សត្រ អស់កល្បជាអង្វែងតរៀងទៅ។
ព្រះអម្ចាស់តែងគោរពតាមព្រះបន្ទូល សន្យារបស់ព្រះអង្គជានិច្ច
ហើយអ្វីៗដែលព្រះអង្គប្រព្រឹត្ត សុទ្ធតែផុសចេញពីព្រះហឫទ័យសប្បុរស។
១៤ ព្រះអម្ចាស់ជួយគាំទ្រអស់អ្នកដែលជំពប់ដួល
ព្រះអង្គលើកអ្នកដែលអស់សង្ឃឹម អោយងើបឡើងវិញ។
១៥ ព្រះអម្ចាស់អើយ សត្វលោកទាំងអស់ ទន្ទឹងរង់ចាំ ព្រះអង្គដោយចិត្តសង្ឃឹម
ដ្បិតព្រះអង្គប្រទានអាហារអោយគេ តាមពេលកំណត់។
១៦ ព្រះអង្គមានព្រះហឫទ័យទូលាយ
ព្រះអង្គប្រទានអោយគេ បានឆ្អែតតាមបំណងរបស់គេ។
១៧ ព្រះអម្ចាស់ធ្វើគ្រប់កិច្ចការ ដោយព្រះហឫទ័យសុចរិត
ហើយព្រះអង្គសំដែងព្រះហឫទ័យមេត្តាករុណា ក្នុងគ្រប់កិច្ចការដែលព្រះអង្គធ្វើ។
១៨ ព្រះអម្ចាស់គង់នៅជិតអស់អ្នកដែលអង្វរព្រះអង្គ
គឺអស់អ្នកដែលអង្វរព្រះអង្គដោយសុទ្ធចិត្ត។
១៩ ព្រះអង្គសំរេចតាមចិត្តប៉ងប្រាថ្នា របស់អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ
ព្រះអង្គទ្រង់ព្រះសណ្ដាប់ឮសំរែក ទូលអង្វររបស់គេ ហើយសង្គ្រោះគេ។
២០ ព្រះអម្ចាស់ការពារអស់អ្នកដែលស្រឡាញ់ព្រះអង្គ
តែព្រះអង្គបំផ្លាញមនុស្សអាក្រក់វិញ។
២១ ខ្ញុំសូមថ្លែងពាក្យសរសើរតម្កើងព្រះអម្ចាស់
សូមអោយសត្វលោកទាំងអស់លើកតម្កើង ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ
រហូតដល់អស់កល្បជាអង្វែងតរៀងទៅ!
ជំពូកទី ១៤៦
ព្រះអម្ចាស់ការពារអ្នកទន់ខ្សោយ
១ ហាលេលូយ៉ា! ខ្ញុំសូមសរសើរ តម្កើងព្រះអម្ចាស់!
២ ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត
ខ្ញុំនឹងស្មូត្រទំនុកតម្កើងថ្វាយព្រះកិត្តិនាម ព្រះរបស់ខ្ញុំក្នុងពេលដែលខ្ញុំនៅរស់នៅឡើយ។
៣ កុំទុកចិត្តអ្នកធំ
កុំទុកចិត្តមនុស្សលោកដែលពុំអាចសង្គ្រោះ នរណាបានឡើយ
៤ ដ្បិតពេលគេត្រូវផុតដង្ហើម គេវិលត្រឡប់ទៅជាធូលីដីវិញ
ហើយគំរោងការរបស់គេ ក៏នឹងរលាយសូន្យនៅថ្ងៃនោះដែរ។
៥ អ្នកណាដែលព្រះរបស់លោកយ៉ាកុបជួយសង្គ្រោះ
ហើយអ្នកណាសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ ជាព្រះរបស់ខ្លួន
អ្នកនោះមានសុភមង្គលហើយ!។
៦ ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី
ព្រះអង្គបានបង្កើតសមុទ្រ និងអ្វីៗទាំងអស់ដែលស្ថិតនៅក្នុងសមុទ្រ
ព្រះអង្គតែងតែគោរពតាមព្រះបន្ទូល សន្យារបស់ព្រះអង្គជានិច្ច។
៧ ព្រះអង្គរកយុត្តិធម៌អោយអស់អ្នក ដែលត្រូវគេសង្កត់សង្កិន
ព្រះអង្គប្រទានអាហារដល់អស់អ្នក ដែលស្រេកឃ្លាន
ព្រះអម្ចាស់ដោះលែងអ្នកជាប់ឃុំឃាំង
៨ ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់អោយមើលឃើញ
ព្រះអម្ចាស់លើកអ្នកដែលអស់សង្ឃឹមអោយងើបឡើងវិញ
ព្រះអម្ចាស់ស្រឡាញ់មនុស្សសុចរិត
៩ ព្រះអម្ចាស់ការពារជនបរទេស ព្រះអង្គជួយគាំទ្រក្មេងកំព្រា និងស្ត្រីមេម៉ាយ
តែព្រះអង្គធ្វើអោយគំរោងការរបស់មនុស្ស អាក្រក់ត្រូវរលាយសូន្យ។
១០ ព្រះអម្ចាស់នឹងគ្រងរាជ្យអស់កល្បជានិច្ច!
ក្រុងស៊ីយ៉ូនអើយ ព្រះរបស់អ្នក នឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ!
ហាលេលូយ៉ា!។
ជំពូកទី ១៤៧
ព្រះអម្ចាស់សំដែងឫទ្ធានុភាពតាមរយៈធម្មជាតិ
១ ហាលេលូយ៉ា!
ស្មូត្រទំនុកតម្កើង ថ្វាយព្រះនៃយើង ជាការល្អប្រពៃណាស់
សរសើរតម្កើងព្រះអង្គ ជាការមួយដ៏សប្បាយ ហើយប្រសើរបំផុត។
២ ព្រះអម្ចាស់សង់ក្រុងយេរូសាឡឹមឡើងវិញ
ព្រះអង្គនាំជនជាតិអ៊ីស្រាអែល ដែលខ្ចាត់ខ្ចាយអោយត្រឡប់មកវិញ។
៣ ព្រះអង្គប្រោសអ្នកដែលមានចិត្តគ្រាំគ្រា អោយបានធូរស្បើយ
ព្រះអង្គរុំរបួសអោយគេ។
៤ ព្រះអង្គរាប់ចំនួនផ្កាយទាំងប៉ុន្មាន
ហើយព្រះអង្គដាក់ឈ្មោះអោយផ្កាយទាំងនោះ។
៥ ព្រះរបស់យើងធំឧត្ដុង្គឧត្ដម ព្រះអង្គមានព្រះចេស្ដាដ៏ខ្លាំងបំផុត
ព្រះតម្រិះរបស់ព្រះអង្គឥតមានព្រំដែនឡើយ។
៦ ព្រះអម្ចាស់ជួយគាំទ្រជនក្រីក្រ
តែព្រះអង្គបន្ទាបមនុស្សអាក្រក់ដល់ដី។
៧ ចូរនាំគ្នាច្រៀងអរព្រះគុណព្រះអម្ចាស់
ចូរស្មូត្រទំនុកតម្កើងថ្វាយព្រះនៃយើង ទាំងដេញពិណកំដរផង!
៨ ព្រះអង្គធ្វើអោយមានពពកបាំងបិទផ្ទៃមេឃ
ព្រះអង្គរៀបចំអោយមាន ភ្លៀងធ្លាក់មកលើផែនដី ព្រះអង្គធ្វើអោយមានស្មៅដុះនៅតាមភ្នំ
៩ ព្រះអង្គប្រទានចំណីដល់សត្វពាហនៈ
ហើយពេលកូនក្អែកយំ ព្រះអង្គក៏ប្រទានចំណីដល់វាដែរ។
១០ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងកម្លាំងរបស់សេះទេ
ហើយព្រះអង្គក៏មិនរវីរវល់នឹងកម្លាំងកាយ របស់មនុស្សដែរ
១១ តែព្រះអង្គគាប់ព្រះហឫទ័យនឹងអស់អ្នក ដែលគោរពកោតខ្លាចព្រះអង្គ
គឺអស់អ្នកដែលផ្ញើជីវិតលើព្រះហឫទ័យ មេត្តាករុណារបស់ព្រះអង្គ។
១២ ក្រុងយេរូសាឡឹមអើយ ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់!
ក្រុងស៊ីយ៉ូនអើយ ចូរសរសើរតម្កើងព្រះរបស់អ្នក!
១៣ ដ្បិតព្រះអង្គការពារ និងពង្រឹងអ្នកអោយមានសន្តិសុខ
ព្រះអង្គនឹងប្រទានពរដល់ប្រជាជន ដែលរស់នៅក្នុងទីក្រុង។
១៤ ព្រះអង្គប្រទានអោយទឹកដីអ្នកមានសន្តិភាព
ព្រះអង្គប្រទានអោយអ្នកមានស្រូវដ៏ល្អៗ យ៉ាងបរិបូណ៌
១៥ ព្រះអង្គមានព្រះបន្ទូលបញ្ជាទៅផែនដី
ហើយព្រះបន្ទូលរបស់ព្រះអង្គផ្សព្វផ្សាយ ទៅយ៉ាងរហ័ស
១៦ ព្រះអង្គធ្វើអោយមានទឹកកកធ្លាក់ចុះមកដូចសំឡី
ព្រះអង្គធ្វើអោយមានសន្សើម ត្រជាក់ធ្លាក់ចុះមកយ៉ាងសក្បុស
១៧ ព្រះអង្គធ្វើអោយមានព្រឹលធ្លាក់ចុះមកទាំងដុំៗ
តើនរណាអាចទ្រាំនឹងធាតុអាកាស ត្រជាក់ដែលព្រះអង្គបានបង្កើតមកនេះ?
១៨ ពេលព្រះអង្គមានព្រះបន្ទូល នោះទឹកកក និងព្រឹលក៏រលាយទៅជាទឹក
ព្រះអង្គធ្វើអោយមានខ្យល់បក់មក ហើយទឹកនោះក៏ហូរទៅ។
១៩ ព្រះអង្គសំដែងអោយពូជពង្ស របស់លោកយ៉ាកុបស្គាល់ព្រះបន្ទូលរបស់ព្រះអង្គ
ព្រះអង្គប្រទានច្បាប់ និងវិន័យរបស់ព្រះអង្គ អោយជនជាតិអ៊ីស្រាអែល។
២០ ព្រះអង្គពុំបានប្រោសប្រទានដូច្នេះ ចំពោះប្រជាជាតិទាំងឡាយទេ
ពួកគេពុំស្គាល់វិន័យរបស់ព្រះអង្គឡើយ។
ហាលេលូយ៉ា!។
ជំពូកទី ១៤៨
ចូរអោយអ្វីៗទាំងអស់សរសើរតម្កើងព្រះនាមព្រះអម្ចាស់
១ ហាលេលូយ៉ា! ចូរសរសើរតម្កើងព្រះអម្ចាស់ នៅស្ថានបរមសុខ!
អ្នករាល់គ្នាដែលស្ថិតនៅស្ថានដ៏ខ្ពស់បំផុតអើយ ចូរសរសើរតម្កើងព្រះអង្គ!
២ ទេវទូតទាំងអស់អើយ ចូរសរសើរតម្កើងព្រះអង្គ!
ពពួកទេវទូតទាំងប៉ុន្មានអើយ ចូរសរសើរតម្កើងព្រះអង្គ!
៣ ព្រះអាទិត្យ និងព្រះច័ន្ទអើយ ចូរសរសើរតម្កើងព្រះអង្គ!
ផ្កាយដ៏ភ្លឺទាំងប៉ុន្មានអើយ ចូរសរសើរតម្កើងព្រះអង្គ!
៤ ផ្ទៃមេឃដ៏ខ្ពស់បំផុតអើយ ចូរសរសើរតម្កើងព្រះអង្គ!
ទឹកទាំងឡាយដែលស្ថិតនៅពីលើផ្ទៃមេឃអើយ ចូរសរសើរតម្កើងព្រះអង្គ!
៥ ចូរអោយអ្វីៗសព្វសារពើសរសើរតម្កើង ព្រះនាមព្រះអម្ចាស់
ដ្បិតពេលព្រះអង្គមានព្រះបន្ទូល នោះអ្វីៗទាំងអស់កើតមានឡើង។
៦ ព្រះអង្គបានតាំងអ្វីៗទាំងអស់ អោយនៅស្ថិតស្ថេរជានិច្ចរហូតតទៅ
ព្រះអង្គបានដាក់វិន័យមួយ ដែលមិនប្រែប្រួលឡើយ។
៧ ចូរសរសើរតម្កើងព្រះអម្ចាស់នៅលើផែនដី
មហាសាគរ និងសត្វដ៏ធំៗនៅក្នុងសមុទ្រអើយ ចូរសរសើរតម្កើងព្រះអង្គ។
៨ ភ្លើង ព្រឹល ទឹកកក និងអ័ព្ទ
ព្រមទាំងខ្យល់ព្យុះ ដែលតែងតែធ្វើតាមបញ្ជារបស់ព្រះអង្គ
៩ ភ្នំតូចធំទាំងឡាយ ដើមឈើដែលមានផ្លែ និងដើមគគីរទាំងប៉ុន្មានអើយ
ចូរសរសើរតម្កើងព្រះអង្គ!
១០ សត្វព្រៃ និងសត្វស្រុក ព្រមទាំងបក្សាបក្សី និងសត្វលូនវារទាំងឡាយអើយ
ចូរសរសើរតម្កើងព្រះអង្គ!
១១ ស្ដេចទាំងឡាយនៅផែនដីព្រមទាំងប្រជារាស្ត្រ
អ្នកដឹកនាំ និងអ្នកគ្រប់គ្រងទាំងប៉ុន្មាននៅផែនដី ចូរសរសើរតម្កើងព្រះអង្គ!
១២ យុវជន និងយុវនារី
មនុស្សចាស់ជរា និងកូនក្មេង ចូរសរសើរតម្កើងព្រះអង្គ!
១៣ ចូរអោយទាំងអស់គ្នាសរសើរតម្កើង ព្រះនាមព្រះអម្ចាស់
ដ្បិតមានតែព្រះនាមព្រះអង្គប៉ុណ្ណោះ ដែលឧត្ដមប្រសើរលើសគេ
ព្រះអង្គសំដែងភាពថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដី និងផ្ទៃមេឃ។
១៤ ព្រះអង្គប្រោសប្រទានអោយប្រជារាស្ត្រ របស់ព្រះអង្គមានកម្លាំងឡើងវិញ
ហើយធ្វើអោយអស់អ្នក ដែលស្មោះត្រង់នឹងព្រះអង្គ
គឺប្រជារាស្ត្រអ៊ីស្រាអែលទាំងមូល ដែលស្និទ្ធស្នាលនឹងព្រះអង្គបានខ្ពស់មុខឡើង!
ហាលេលូយ៉ា!
ជំពូកទី ១៤៩
កិត្តិយសដ៏រុងរឿងរបស់ប្រជាជនដែលស្មោះត្រង់នឹងព្រះអង្គ
១ ហាលេលូយ៉ា! ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់!
ចូរច្រៀងសរសើរព្រះអង្គ នៅក្នុងអង្គប្រជុំរបស់អ្នកជឿព្រះអង្គ!
២ ចូរអោយជនជាតិអ៊ីស្រាអែល រីករាយនឹងព្រះអង្គដែលបានបង្កើតគេមក
សូមអោយប្រជាជនក្រុងស៊ីយ៉ូន មានអំណរសប្បាយនឹងព្រះមហាក្សត្ររបស់ខ្លួន!
៣ ចូរនាំគ្នារាំសរសើរតម្កើងព្រះអង្គ
ចូរនាំគ្នាស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គ ដោយវាយក្រាប់ និងដេញពិណ!
៤ ដ្បិតព្រះអម្ចាស់គាប់ព្រះហឫទ័យ នឹងប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គលើកកិត្តិយសមនុស្សទន់ទាប ដោយសង្គ្រោះពួកគេ
៥ ចូរអោយអស់អ្នកដែលជឿលើព្រះអង្គ នាំគ្នាអរសប្បាយដ៏លើសលប់
ដោយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់
សូម្បីតែនៅពេលយប់ ក៏គេស្រែកតម្កើងព្រះអង្គដោយអំណរដែរ!
៦ សូមអោយគេសរសើរតម្កើងព្រះអង្គ មិនដាច់ពីមាត់
ហើយអោយគេកាន់ដាវមុខពីរ នៅជាប់នឹងដៃជានិច្ច
៧ ដើម្បីសងសឹកប្រជាជាតិនានា និងដាក់ទោសជាតិសាសន៍ទាំងឡាយ
៨ ហើយយកច្រវាក់ចងស្ដេច និងដាក់ខ្នោះមេដឹកនាំរបស់ពួកគេ។
៩ ការដាក់ទោសសាសន៍ទាំងនោះ ស្របតាមការសំរេចរបស់ព្រះជាម្ចាស់នេះហើយ
ដែលជាកិត្តិយសដ៏រុងរឿងរបស់អស់អ្នក ស្មោះត្រង់នឹងព្រះអង្គ!
ហាលេលូយ៉ា!
ជំពូកទី ១៥០
ចូរអោយអ្វីៗទាំងអស់ដែលមានដង្ហើមចេញចូល សរសើរតម្កើងព្រះអម្ចាស់!
១ ហាលេលូយ៉ា!
ចូរសរសើរតម្កើង ព្រះជាម្ចាស់នៅក្នុងកន្លែងដ៏វិសុទ្ធ!
ចូរសរសើរតម្កើងព្រះអង្គនៅក្នុងលំហអាកាស ដែលជាព្រះដំណាក់ដ៏រឹងមាំរបស់ព្រះអង្គ!
២ ចូរសរសើរតម្កើងព្រះអង្គ ចំពោះស្នាព្រះហស្ដដ៏អស្ចារ្យ!
ចូរសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គប្រសើរឧត្ដុង្គឧត្ដមបំផុត!
៣ ចូរសរសើរតម្កើងព្រះអង្គដោយសំឡេងត្រែ
ចូរសរសើរតម្កើងព្រះអង្គ ដោយដេញចាប៉ី និងដេញពិណ!
៤ ចូរសរសើរតម្កើងព្រះអង្គ ដោយវាយក្រាប់ និងរាំរបាំ!
ចូរសរសើរតម្កើងព្រះអង្គ ដោយវាយឃឹម និងផ្លុំខ្លុយ!
៥ ចូរសរសើរតម្កើងព្រះអង្គ ដោយវាយស្គរយ៉ាងពីរោះ!
ចូរសរសើរតម្កើងព្រះអង្គ ដោយវាយស្គរអោយលាន់ឮរំពង!
៦ ចូរអោយអ្វីៗទាំងអស់ដែលមានដង្ហើមចេញចូល សរសើរតម្កើងព្រះអម្ចាស់!
ហាលេលូយ៉ា!