ពង្សាវតារក្សត្រ  ទី  ២

ក័ណ្ឌគម្ពីរពង្សាវតារក្សត្រទី   ២   ​រៀបរាប់អំពីព្រឹត្តិការណ៍ផ្សេងៗ​ ដែលកើតមានក្នុងរជ្ជកាលរបស់ស្តេច​ស្រុកយូដា​  និង  ​ស្តេចស្រុក​អ៊ីស្រា​​អែល  ​បន្តពី ក័ណ្ឌគម្ពីរពង្សាវតារក្សត្រទី  ១​។

 

ផ្នែកទីមួយ   (ចំពូក  ១​-​១៧)​ មានបរិយាយអំពីអាណាចក្រអ៊ីស្រាអែល​គ្រប់គ្រងដោយស្តេចនានា ដែល​មានចិត្តមិនស្មោះត្រង់​ចំពោះ​ព្រះជា ម្ចាស់  ​ជាហេតុបណ្តាលអោយកើតវឹកវរ​រំជើបរំជួលក្នុងស្រុក   ​រហូត​ដល់អ៊ីស្រាអែលត្រូវបែកស្រុក ។​ ពីជំនាន់មួយ ​ទៅ​ជំនាន់​​មួយ    ស្តេច របស់អាណាចក្រ អ៊ីស្រាអែល  នាំគ្នា​ថ្វាយបង្គំព្រះដទៃ   និង   នាំប្រជារាស្ត្រអោយប្រព្រឹត្តអំពើបាបសព្វបែបយ៉ាង ។ ​ទាំង​ស្តេច​ទាំងប្រជារាស្ត្រ​តាំង ចិត្តរឹងរូស​មិន ព្រមវិលមករកព្រះជាម្ចាស់វិញទេ ។   ​ហេតុនេះ  ​ព្រះជាម្ចាស់អនុញ្ញាតអោយព្រះចៅ​សាល់​ម៉ានេស៊ែរ    ជាស្តេចស្រុកអាស្ស៊ីរីវាយ យកក្រុងសាម៉ារី  ​រាជធានី របស់អាណាចក្រអ៊ីស្រាអែល ។​ កង​ទ័ពអាស្ស៊ីរីដណ្តើមយក​បានក្រុង​សាម៉ារីនៅឆ្នាំ    ៧២២  ឬ  ៧២១  មុនគ្រីស្តសករាជ​ហើយកៀរប្រជាជន​ទៅជាឈ្លើយ សឹក ។​ ក្នុងផ្នែកនេះ  ក៏មានរៀបរាប់អំពីប្រវត្តិ​និង​កិច្ច​ការផ្សេងៗរបស់ព្យាការីអេលីសេ​ដែលជាសាវ័ក របស់ព្យាការីអេលីដែរ​ (ចំពូក  ២​,​១៣) ។

 

ផ្នែកទីពីរ  (ចំពូក  ១៨​-​២៥)  ​បរិយាយអំពីប្រវត្តិរបស់អាណាចក្រយូដា ​ដែលនៅស្ថិតស្ថេរប្រមាណ  ​១៣០  ឆ្នាំទៀត ។   ​ក្រោយមក  ​នៅឆ្នាំ  ៥៨៧  មុន គ្រីស្តសករាជ  ​ព្រះចៅនេប៊ូកានេសារ   ជាស្តេចស្រុកបាប៊ី​ឡូន  ​វាយយកបានក្រុងយេរូសាឡឹម ។   ​កងទ័ពបាប៊ីឡូន​បានកំទេចព្រះវិហារ  ​ហើយកៀរស្តេច  ​ព្រមទាំង​មេដឹកនាំ  និង  ប្រជាជនមួយចំនួន​យកទៅជាឈ្លើយ​នៅស្រុកបាប៊ីឡូន​ (ចំពូក  ២៥)។

 

ពង្សាវតារក្សត្រ ទី ២

ព្រះជាម្ចាស់​ដាក់​ទោស​ព្រះបាទ​អហាស៊ីយ៉ា

១ ក្រោយ​ពី​ព្រះបាទ​អខាប់​សោយ​ទិវង្គត ជន​ជាតិ​ម៉ូអាប់​បាន​បះបោរ​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល។ ២ ថ្ងៃ​មួយ ព្រះបាទ​អហាស៊ីយ៉ា​បាន​ធ្លាក់​ពី​រានហាល​បន្ទប់​ជាន់​លើ​បំផុត​នៃ​ ព្រះដំណាក់​នៅ​ក្រុង​សាម៉ារី ហើយ​មាន​របួស​ជា​ទម្ងន់។ ស្ដេច​បាន​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​ទូល​សួរ​ព្រះ​បាល-សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន ដើម្បី​ចង់​ដឹង​ថា តើ​ទ្រង់​អាច​ជា​សះស្បើយ ពី​របួស​នេះ​ឬ​ទេ?។ ៣ ពេល​នោះ ទេវទូតរបស់​ព្រះអម្ចាស់ ថ្លែង​ទៅ​កាន់​លោក​អេលី ជា​អ្នក​ស្រុក​ទីសបេ​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ជួប​អ្នក​នាំ​សារ​របស់​ស្ដេច​ក្រុង​សាម៉ារី ហើយ​សួរ​ថា “តើ​នៅ​ស្រុក​អ៊ីស្រាអែល​គ្មាន​ព្រះ​ទេ​ឬ បាន​ជា​អ្នក​នាំ​គ្នា​ទៅ​ទូល​សួរ​ព្រះ​បាល-សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន​ដូច្នេះ?” ៤ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា “អ្នក​នឹង​មិន​អាច​ក្រោក​ពី​គ្រែ​ដែល​អ្នក​ដេក​នោះ​បាន​ឡើយ អ្នក​ពិត​ជា​ស្លាប់!”»។ លោក​អេលី​ក៏​ចាក​ចេញ​ទៅ។ ៥ ពួក​អ្នក​នាំ​សារ​វិល​មក​គាល់​ស្ដេច​វិញ ហើយ​ស្ដេច​មាន​រាជឱង្ការ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​វិល​មក​វិញ​ដូច្នេះ?»។ ៦ ពួក​គេ​ទូល​ថា៖ «មាន​បុរស​ម្នាក់​មក​ជួប​យើង​ខ្ញុំ ព្រម​ទាំង​ប្រាប់​យើង​ខ្ញុំ​ដូច​ត​ទៅ: “ចូរ​វិល​ទៅ​ទូល​ស្ដេច ដែល​បាន​ចាត់​អ្នក​រាល់​គ្នា​អោយ​មក​នោះ​ថា ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: តើ​នៅ​ស្រុក​អ៊ីស្រាអែល​គ្មាន​ព្រះ​ទេ​ឬ បាន​ជា​អ្នក​ចាត់​គេ​អោយ​ទៅ​ទូល​សួរ​ព្រះ​បាល-សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន​ដូច្នេះ? ហេតុ​នេះ​អ្នក​នឹង​មិន​អាច​ក្រោក​ពី​គ្រែ ដែល​អ្នក​ដេក​នោះ​បាន​ឡើយ អ្នក​ពិត​ជា​ស្លាប់!”»។ ៧ ស្ដេច​សួរ​អ្នក​នាំ​សារ​ថា៖ «តើ​បុរស​ដែល​មក​ជួប​អ្នក​រាល់​គ្នា ហើយ​ពោល​ពាក្យ​ទាំង​នេះ​មាន​រូប​រាង​ដូច​ម្ដេច?»។ ៨ ពួក​គេ​ទូល​ស្ដេច​ថា៖ «បុរស​នោះ​ស្លៀក​សម្លៀកបំពាក់​ធ្វើ​ពី​រោម​សត្វ ហើយ​ពាក់​ខ្សែ​ក្រវាត់​ធ្វើ​ពី​ស្បែក​នៅ​ចង្កេះ​ផង»។ ពេល​នោះ ស្ដេច​ក៏​មាន​រាជឱង្ការ​ថា៖ «គឺ​ពិត​ជា​អេលី​អ្នក​ស្រុក​ទីសបេ!»

 

ព្រះបាទ​អហាស៊ីយ៉ា​រក​ចាប់​ព្យាការី​អេលី

៩ ស្ដេច​ក៏​ចាត់​មេ​កង​ ម្នាក់ អោយ​នាំ​ពល​ទាហាន​ហាសិប​នាក់ ទៅ​រក​ចាប់​លោក​អេលី។ គេ​នាំ​គ្នា​ឡើង​ទៅ​រក​ចាប់​លោក​អេលី ដែល​កំពុង​អង្គុយ​នៅ​លើ​កំពូល​ភ្នំ។ មេ​កង​នោះ​និយាយ​ទៅ​កាន់​លោក​ថា៖ «អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​អើយ ចូរ​ចុះ​មក! នេះ​ជា​បញ្ជា​របស់​ព្រះរាជា»។ ១០ លោក​អេលី​មាន​ ប្រសាសន៍​ទៅ​កាន់​មេ​កង​នោះ​ថា៖ «ប្រសិន​បើ​ខ្ញុំ​ពិត​ជា​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​មែន សូម​អោយ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក ឆេះ​លោក និង​ពល​ទាហាន​ទាំង​ហាសិប​នាក់​របស់​លោក​ចុះ!»។ ភ្លើង​ក៏​ធ្លាក់​ពី​លើ​មេឃ​មក ឆេះ​មេ​កង និង​ពល​ទាហាន​ទាំង​ហាសិប​នាក់​នោះ​មែន។ ១១ ស្ដេច​ចាត់​មេទ័ព​ ម្នាក់​ទៀត​អោយ​នាំ​ពល​ទាហាន​ហាសិប​នាក់​ទៅ​រក​ចាប់​លោក​អេលី។ មេ​កង​នោះ​និយាយ​ទៅ​កាន់​លោក​ថា៖ «អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​អើយ ចូរ​ប្រញាប់​ចុះ​មក! នេះ​ជា​បញ្ជា​របស់​ព្រះរាជា!»។ ១២ លោក​អេលី​មាន​ ប្រសាសន៍​មក​ពួក​គេ​ថា៖ «ប្រសិន​បើ​ខ្ញុំ​ពិត​ជា​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​មែន សូម​អោយ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក ឆេះ​លោក និង​ពល​ទាហាន​ទាំង​ហាសិប​នាក់​របស់​លោក​ចុះ!»។ ភ្លើង​ក៏​ធ្លាក់​ពី​លើ​មេឃ​មក ឆេះ​មេ​កង និង​ពល​ទាហាន​ទាំង​ហាសិប​នាក់​នោះ​មែន។ ១៣ ស្ដេច​ចាត់​មេ​កង​ទី​បី ​អោយ​នាំ​ពល​ទាហាន​ហាសិប​នាក់​ទៅ​សា​ជា​ថ្មី។ ពេល​មេ​កង​ទី​បី​នេះ​ឡើង​ទៅ​ដល់​លើ​កំពូល​ភ្នំ គាត់​លុត​ជង្គង់​នៅ​មុខ​លោក​អេលី​រួច​អង្វរ​ថា៖ «អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​អើយ! សូម​អាណិត​មេត្តា ទុក​ជីវិត​អោយ​ខ្ញុំ​ប្របាទ និង​ពល​ទាហាន​ទាំង​ហាសិប​នាក់​នេះ​ផង។ ១៤ មាន​ភ្លើង​ធ្លាក់​ពី​លើ ​មេឃ​មក​ឆេះ​មេ​កង​ទាំង​ពីរ និង​ពល​ទាហាន​របស់​ពួក​គេ​ដែល​មក​មុនៗ​នោះ​អស់​ហើយ ឥឡូវ​នេះ​សូម​អាណិត​មេត្តា​ទុក​ជីវិត​អោយ​ខ្ញុំ​ប្របាទ​ផង!»។ ១៥ ទេវទូត*​របស់​ព្រះអម្ចាស់​ប្រាប់​លោក​អេលី​ថា៖ «ចូរ​ទៅ​ជា​មួយ​គេ​ចុះ កុំ​ភ័យ​ខ្លាច​ឡើយ!»។ លោក​អេលី​ក្រោក​ឡើង​ហើយ​ទៅ​ជា​មួយ​គេ ចូល​គាល់​ស្ដេច ១៦ ទូល​ថា៖ «ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “ដោយ​អ្នក​បាន​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​សួរ​ព្រះ​បាល-សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន ធ្វើ​ហាក់​ដូច​ជា​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​គ្មាន​ព្រះ​ដែល​គេ​អាច​សួរ​ បាន។ ហេតុ​នេះ​អ្នក​នឹង​មិន​អាច​ក្រោក​ពី​គ្រែ ដែល​អ្នក​ដេក​នោះ​បាន​ឡើយ អ្នក​ពិត​ជា​ស្លាប់!”»។

 

១៧ ព្រះបាទ​អហាស៊ីយ៉ា​ សោយ​ទិវង្គត​ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ដែល​លោក​អេលី​បាន​ថ្លែង។ ព្រះបាទ​អហាស៊ីយ៉ា​គ្មាន​បុត្រ​ទេ ដូច្នេះ ព្រះបាទ​យ៉ូរ៉ាម ជា​អនុជ​ ឡើង​ស្នង​រាជ្យ​នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះបាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះបាទ​យ៉ូសាផាត ស្ដេច​ស្រុក​យូដា។ ១៨ រីឯ​រាជ​កិច្ច​ផ្សេងៗ​ ទៀត​របស់​ព្រះបាទ​អហាស៊ីយ៉ា និង​អ្វីៗ​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​ របស់​ស្ដេច​ស្រុក​ អ៊ីស្រាអែល។

១ នៅ​គ្រា​ដែល​ព្រះអម្ចាស់​អោយ​ខ្យល់​កួច​លោក​អេលី​ឡើង​ទៅ​ស្ថាន​បរមសុខ​នោះ លោក​អេលី និង​លោក​អេលីសេ​ចាក​ចេញ​ពី​គីលកាល់​ទៅ​ជា​មួយ​គ្នា។ ២ លោក​អេលី​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេលីសេ​ថា៖ «ចាំ​ខ្ញុំ​នៅ​ទី​នេះ​ហើយ ដ្បិត​ព្រះអម្ចាស់​ចាត់​ខ្ញុំ​អោយ​ទៅ​បេតអែល»។ លោក​អេលីសេ​តប​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះអម្ចាស់ ដែល​មាន​ព្រះជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា ខ្ញុំ​នឹង​មិន​ឃ្លាត​ចាក​ពី​លោក​ឡើយ»។ លោក​ទាំង​ពីរ​ក៏​ធ្វើ​ដំណើរ​ទៅ​បេតអែល។

៣ មាន​ព្យាការី​មួយ​ក្រុម​នៅ​បេតអែល ​ចេញ​មក​ជួប​លោក​អេលីសេ​ជំរាប​ថា៖ «តើ​លោក​ជ្រាប​ឬ​ទេ​ថា ថ្ងៃ​នេះ ព្រះអម្ចាស់​លើក​គ្រូ​របស់​លោក​ឡើង​ទៅ​លើ​មេឃ»។ លោក​ឆ្លើយ​ថា៖ «ខ្ញុំ​ក៏​ដឹង​ដែរ មិន​បាច់​ប្រាប់​ទេ!»។ ៤ លោក​អេលី​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អេលីសេ​អើយ ចូរ​ចាំ​ខ្ញុំ​នៅ​ទី​នេះ​ហើយ ដ្បិត​ព្រះអម្ចាស់​ចាត់​ខ្ញុំ​អោយ​ទៅ​ក្រុង​យេរីខូ»។ លោក​អេលីសេ​តប​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះអម្ចាស់ ដែល​មាន​ព្រះជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ផ្ទាល់ ដែល​នៅ​មាន​ជីវិត​ថា ខ្ញុំ​នឹង​មិន​ឃ្លាត​ចាក​ពី​លោក​ឡើយ»។ លោក​ទាំង​ពីរ​ក៏​ទៅ​ដល់​ក្រុង​យេរីខូ។

 

៥ មាន​ព្យាការី​មួយ​ក្រុម​នៅ​ក្រុង​យេរីខូ នាំ​គ្នា​មក​ជិត​លោក​អេលីសេ​ជំរាប​ថា៖ «តើ​លោក​ជ្រាប​ទេ​ថា ថ្ងៃ​នេះ​ព្រះអម្ចាស់​លើក​គ្រូ​របស់​លោក​ឡើង​ទៅ​លើ​មេឃ»។ លោក​ឆ្លើយ​ថា៖ «ខ្ញុំ​ក៏​ដឹង​ដែរ មិន​បាច់​ប្រាប់​ទេ!»។ ៦ លោក​អេលី​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ចូរ​ចាំ​ខ្ញុំ​នៅ​ទី​នេះ​ហើយ ដ្បិត​ព្រះអម្ចាស់​ចាត់​ខ្ញុំ​អោយ​ទៅ​ទន្លេ​យ័រដាន់»។ លោក​អេលីសេ​តប​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះអម្ចាស់​ ដែល​មាន​ព្រះជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា ខ្ញុំ​នឹង​មិន​ឃ្លាត​ចាក​ពី​លោក​ឡើយ»។ លោក​ទាំង​ពីរ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

 

៧ មាន​ព្យាការី​ហាសិប​នាក់ ដើរ​តាម​ពី​ក្រោយ ហើយ​ឈរ​ពី​ចម្ងាយ។ លោក​ទាំង​ពីរ​ឈប់​នៅ​មាត់​ទន្លេ​យ័រដាន់។ ៨ ពេល​នោះ លោក​អេលី​យក​អាវ​ធំ​របស់​លោក​មក​មូរ ហើយ​វាយ​ទឹក​ទន្លេ ទឹក​ក៏​ញែក​ចេញ​ពី​គ្នា។ លោក​ទាំង​ពីរ​ដើរ​កាត់​បាត​ទន្លេ។ ៩ កាល​លោក​ទាំង​ពីរ​ឆ្លង​ ផុត​ហើយ លោក​អេលី​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេលីសេ​ថា៖ «បើ​អ្នក​ចង់​បាន​អ្វី​ពី​ខ្ញុំ ចូរ​សុំ​អោយ​បាន​មុន​ពេល​ព្រះអម្ចាស់ លើក​ខ្ញុំ​ឡើង​ទៅ​ឆ្ងាយ​ពី​អ្នក!»។ លោក​អេលីសេ​ឆ្លើយ​ថា៖ «សូម​មេត្តា​អោយ​វិញ្ញាណ​ដែល​ស្ថិត​នៅ​លើ​លោក មក​សណ្ឋិត​លើ​ខ្ញុំ​មួយ​ជា​ទ្វេ!»។ ១០ លោក​អេលី​មាន​ប្រសាសន៍​ថា៖ «សំណូម​ពរ​របស់​អ្នក​ពិបាក​ណាស់! ប៉ុន្តែ ប្រសិន​បើ​អ្នក​មើល​ឃើញ​ខ្ញុំ ក្នុង​ពេល​ដែល​ព្រះអម្ចាស់​ លើក​ខ្ញុំ​ឡើង​ទៅ​ឆ្ងាយ​ពី​អ្នក នោះ​សំណូម​ពរ​របស់​អ្នក​ពិត​ជា​បាន​សំរេច។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​មើល​មិន​ឃើញ​ខ្ញុំ​ទេ សំណូម​ពរ​របស់​អ្នក​ក៏​ពុំ​បាន​សំរេច​ដែរ»។

 

១១ ក្នុង​ ពេល​ដែល​លោក​ទាំង​ពីរ​ដើរ​បណ្ដើរ​និយាយ​គ្នា​បណ្ដើរ ស្រាប់​តែ​មាន​រទេះ​ជា​ភ្លើង ទឹម​ដោយ​សេះ​ភ្លើង មក​ញែក​លោក​ទាំង​ពីរ​អោយ​ឃ្លាត​ចេញ​ពី​គ្នា។ ពេល​នោះ ខ្យល់​ក៏​កួច​លោក​អេលី ឡើង​ទៅ​ស្ថាន​បរមសុខ។ ១២ កាល​លោក​អេលីសេ​ឃើញ​ ដូច្នេះ លោក​ស្រែក​ថា៖ «លោក​ឪពុក! លោក​ឪពុក​អើយ! លោក​ប្រៀប​ដូច​ជា​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​អ៊ីស្រាអែល​!»​។ បន្ទាប់​មក លោក​មើល​លោក​អេលី​លែង​ឃើញ​ទៀត។ លោក​យក​សម្លៀកបំពាក់​របស់​លោក​មក​ហែក​ជា​ពីរ ១៣ រួច​រើស​អាវ​ធំ​របស់​លោក​អេលី​ដែល​ជ្រុះ​មក​លើ​លោក​នោះ ហើយ​ត្រឡប់​ទៅ​មាត់​ទន្លេ​យ័រដាន់​វិញ។ ១៤ លោក​អេលីសេ​យក​អាវ​ធំ​របស់​លោក​អេលី​វាយ​ទឹក​ទន្លេ ទាំង​មាន​ប្រសាសន៍​ថា៖ «តើ​ព្រះអម្ចាស់​ជា​ព្រះ​របស់​លោក​អេលី​គង់​នៅ​ទី​ណា?»។ ពេល​ដែល​លោក​វាយ​ទឹក​នោះ​ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ហើយ​លោក​ដើរ​ឆ្លង​កាត់​ទៅ។

 

១៥ ក្រុម​ ព្យាការី ដែល​ឈរ​មើល​ពី​ត្រើយ​ម្ខាង​ក្បែរ​ក្រុង​យេរីខូ​ពោល​ឡើង​ថា៖ «វិញ្ញាណ​របស់​លោក​អេលី មក​សណ្ឋិត​លើ​លោក​អេលីសេ​ហើយ!»។ ពួក​គេ​ទៅ​ជួប​លោក​អេលីសេ រួច​នាំ​គ្នា​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​លោក ១៦ ទាំង​ពោល​ថា៖ «ក្នុង​ចំណោម​យើង​ខ្ញុំ​ប្របាទ មាន​មនុស្ស​ពូកែ​អង់អាច​ហាសិប​នាក់ សូម​លោក​អនុញ្ញាត ​អោយ​គេ​ចេញ​ទៅ​រក​គ្រូ​របស់​លោក​ចុះ ក្រែងលោ​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​នាំ​យក​គាត់​ទៅ​ទម្លាក់​នៅ​លើ​ភ្នំ ឬ​ក្នុង​ជ្រោះ​ណា​មួយ»។ លោក​អេលីសេ​ឆ្លើយ​ថា៖ «កុំ​ចាត់​គេ​អោយ​ទៅ​អី!»។ ១៧ ប៉ុន្តែ ដោយ​គេ​ទទូច​ខ្លាំង​ពេក លោក​ក៏​យល់​ព្រម ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​ចាត់​ពួក​គេ​អោយ​ទៅ​ចុះ!»។ គេ​ចាត់​មនុស្ស​ទាំង​ហាសិប​នាក់​នោះ​អោយ​ទៅ​រក​លោក​អេលី អស់​រយៈ​ពេល​បី​ថ្ងៃ តែ​រក​មិន​ឃើញ​សោះ។ ១៨ អ្នក​ទាំង​នោះ​ក៏​វិល​ ត្រឡប់​មក​ជួប​លោក​អេលីសេ​ដែល​ស្នាក់​នៅ​ក្រុង​យេរីខូ។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ​ថា កុំ​ទៅ​រក​ធ្វើ​អ្វី!»។

 

ព្យាការី​អេលីសេ​ធ្វើ​អោយ​ប្រភព​ទឹក​នៅ​ក្រុង​យេរីខូ​ល្អ​ឡើង​វិញ

១៩ អ្នក​ក្រុង​យេរីខូ​ ជំរាប​លោក​អេលីសេ​ថា៖ «លោក​ម្ចាស់​ឃើញ​ស្រាប់​ហើយ​ថា ក្រុង​នេះ​មាន​ទី​តាំង​ប្រសើរ​ណាស់ ប៉ុន្តែ ទឹក​ពុំ​ល្អ​ទេ ដូច្នេះ ដី​មិន​បង្កើត​ភោគផល​ឡើយ»។ ២០ លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​យក​ចានគោម​ថ្មី​មួយ​មក​អោយ​ខ្ញុំ ហើយ​ដាក់​អំបិល​ផង!»។ គេ​ក៏​ទៅ​យក​មក​ជូន​លោក។

 

២១ លោក​ចេញ​ទៅ​ឯ​ប្រភព​ទឹក ហើយ​ចាក់​អំបិល​ក្នុង​ទឹក​ទាំង​មាន​ប្រសាសន៍​ដូច​ត​ទៅ៖ «ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ថា “យើង​នឹង​ធ្វើ​អោយ​ទឹក​នេះ​ល្អ​ឡើង​វិញ គឺ​មិន​បង្ក​អោយ​អ្វីៗ​ស្លាប់ ឬ​ក៏​ធ្វើ​អោយ​ដី​ឥត​បង្កើត​ភោគផល​ទៀត​ដែរ”»។ ២២ ទឹក​ក៏​ល្អ​រហូត​ដល់​សព្វ​ថ្ងៃ ស្រប​តាម​ពាក្យ​ដែល​លោក​អេលីសេ​បាន​ថ្លែង។

 

ព្រះអម្ចាស់​ដាក់​ទោស​ដល់​ក្មេងៗ​ដែល​ប្រមាថ​ព្យាការី​អេលីសេ

២៣ លោក​អេលីសេ​ធ្វើ​ដំណើរ​ ពី​ទី​នោះ​ឡើង​ទៅ​បេតអែល។ ពេល​កំពុង​តែ​ឡើង​ទៅ​នោះ មាន​ក្មេងៗ​មួយ​ក្រុម​ចេញ​ពី​ទីក្រុង​មក ហើយ​ស្រែក​ប្រមាថ​លោក​ថា៖ «ឡើង​ទៅ តា​ទំពែក! ឡើង​ទៅ តា​ទំពែក!»។ ២៤ លោក​បែរ​មក​មើល​ក្មេង​ទាំង​នោះ ហើយ​ដាក់​បណ្ដាសា​វា​ក្នុង​នាម​ព្រះអម្ចាស់។ ស្រាប់​តែ​មាន​មេ​ខ្លាឃ្មុំ​ពីរ​ចេញ​ពី​ព្រៃ​មក​ហែក​ក្មេង​ទាំង​នោះ អស់​សែសិប​ពីរ​នាក់។ ២៥ លោក​ធ្វើ​ដំណើរ​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​ភ្នំ​ការម៉ែល រួច​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។

ព្រះបាទ​យ៉ូរ៉ាម​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រាអែល សង្គ្រាម​រវាង​អ៊ីស្រាអែល នឹង​ម៉ូអាប់

១ នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី នៃ​រជ្ជ​កាល​របស់​ព្រះបាទ​យ៉ូសាផាត ជា​ស្ដេច​ស្រុក​យូដា ព្រះបាទ​យ៉ូរ៉ាម​ជា​បុត្រ​របស់​ព្រះបាទ​អខាប់ ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល នៅ​ក្រុង​សាម៉ារី​បាន​ដប់ពីរ​ឆ្នាំ។ ២ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ តែ​មិន​ស្មើ​មាតាបិតា​ទេ។ ស្ដេច​បាន​ផ្ដួល​រំលំ​រូប​ព្រះ​បាល​ដែល​បិតា​បាន​កសាង។ ៣ ប៉ុន្តែ ស្ដេច​មិន​បាន​លះបង់​អំពើ​បាប​ចោល​ទេ គឺ​ទ្រង់​ប្រព្រឹត្ត​អំពើ​បាប​ដូច​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត ហើយ​នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​អំពើ​បាប​ដែរ។

 

៤ ព្រះបាទ​ មេសា ជា​ស្ដេច​របស់​ជន​ជាតិ​ម៉ូអាប់ មាន​ហ្វូង​សត្វ​ជា​ច្រើន។ រៀង​រាល់​ឆ្នាំ ស្ដេច​តែងតែ​នាំ​កូន​ចៀម​មួយ​សែន​ក្បាល និង​ចៀម​ឈ្មោល​មួយ​សែន​ក្បាល ព្រម​ទាំង​រោម​ចៀម មក​ថ្វាយ​ជា​សួយសារអាករ​ដល់​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ៥ ក្រោយ​ពេល​ព្រះបាទ​អខាប់​សោយ​ទិវង្គត​ផុត​ទៅ ស្ដេច​ស្រុក​ម៉ូអាប់​ក៏​បះបោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ៦ ព្រះបាទ​យ៉ូរ៉ាម​យាង​ចេញ​ពី​ក្រុង​សាម៉ារី ទៅ​ត្រួត​ពល​ទ័ព​អ៊ីស្រាអែល​ទាំង​មូល។ ៧ បន្ទាប់​មក ស្ដេច​ចេញ​ដំណើរ​ទៅ ទាំង​ចាត់​គេ​អោយ​ទៅ​ទូល​ព្រះបាទ​យ៉ូសាផាត ជា​ស្ដេច​ស្រុក​យូដា​ថា៖ «ស្ដេច​របស់​ជន​ជាតិ​ម៉ូអាប់​បះបោរ​ប្រឆាំង​នឹង​ទូលបង្គំ តើ​ព្រះករុណា​សព្វ​ព្រះហឫទ័យ​យាង​ចេញ​ទៅ​ច្បាំង​នឹង​ជន​ជាតិ​ម៉ូអាប់​ជា​មួយ ​ទូលបង្គំ​ឬ​ទេ?»​។​ ព្រះបាទ​យ៉ូសាផាត​មាន​រាជឱង្ការ​តប​ថា៖ «ទូលបង្គំ​យល់​ព្រម​ទៅ​ជា​មួយ​ព្រះករុណា​ដែរ! ពល​ទ័ព​របស់​ទូលបង្គំ​ក៏​ដូច​ជា​ពល​ទ័ព​របស់​ព្រះករុណា ហើយ​សេះ​របស់​ទូលបង្គំ​ក៏​ដូច​ជា​សេះ​របស់​ព្រះករុណា​ដែរ»។ ៨ ស្ដេច​មាន​រាជឱង្ការ​ទៀត​ ថា៖ «តើ​យើង​នឹង​ចេញ​ទៅ​ច្បាំង​តាម​ផ្លូវ​ណា?»។ ព្រះបាទ​យ៉ូរ៉ាម​តប​ថា «តាម​ផ្លូវ​វាល​រហោស្ថាន​ស្រុក​អេដុម»។

 

៩ ស្ដេច​ ស្រុក​អ៊ីស្រាអែល ស្ដេច​ស្រុក​យូដា និង​ស្ដេច​ស្រុក​អេដុម​នាំ​គ្នា​ចាក​ចេញ​ទៅ។ លុះ​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង​បាន​ប្រាំពីរ​ថ្ងៃ ពួក​គេ​ខ្វះ​ទឹក​សំរាប់​កងទ័ព និង​ហ្វូង​សត្វ​ដែល​មក​ជា​មួយ។ ១០ ស្ដេច​ស្រុក​អ៊ីស្រាអែល​មាន​រាជឱង្ការ​ថា៖ «ពិត​ជា​ព្រះអម្ចាស់​ហើយ ដែល​ហៅ​យើង​ទាំង​បី​នាក់​មក ដើម្បី​ប្រគល់​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ម៉ូអាប់»។ ១១ ព្រះបាទ​យ៉ូសាផាត​មាន​រាជឱង្ការ​ថា៖ «តើ​នៅ​ទី​នេះ គ្មាន​ព្យាការី​ណា​ម្នាក់​ដែល​អាច​អោយ​យើង​ទូល​សួរ​ព្រះអម្ចាស់​ ទេ​ឬ?»។ មេទ័ព​អ៊ីស្រាអែល​ម្នាក់​ទូល​ថា៖ «ក្រាប​ទូល​នៅ​ទី​នេះ មាន​លោក​អេលីសេ ជា​កូន​របស់​លោក​សាផាត និង​ជា​សិស្ស​ជំនិត​របស់​លោក​អេលី»។ ១២ ព្រះបាទ​យ៉ូសាផាត​មាន​រាជឱង្ការ​ថា៖ «លោក​ពិត​ជា​អាច​នាំ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​មក​ប្រាប់​យើង​មិន​ខាន»។ ស្ដេច​ស្រុក​អ៊ីស្រាអែល ព្រះបាទ​យ៉ូសាផាត ព្រម​ទាំង​ស្ដេច​អេដុម ក៏​នាំ​គ្នា​យាង​ទៅ​ជួប​លោក​អេលីសេ។ ១៣ លោក​អេលីសេ​ទូល​ស្ដេច​ អ៊ីស្រាអែល​ថា៖ «តើ​ព្រះករុណា​យាង​មក​រក​ទូលបង្គំ​ធ្វើ​អ្វី? ម្ដេច​ក៏​មិន​យាង​ទៅ​រក​ពួក​ព្យាការី​របស់​មាតាបិតា​ព្រះករុណា​ទៅ!»។ ស្ដេច​ស្រុក​អ៊ីស្រាអែល​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ថា៖ «ទេ ដ្បិត​ព្រះអម្ចាស់​ហើយ​ដែល​បាន​ហៅ​យើង​ទាំង​បី​នាក់​មក ដើម្បី​ប្រគល់​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ម៉ូអាប់»។ ១៤ ​លោក​អេលីសេ​ទូល​ថា៖ «ទូលបង្គំ​សូម​ស្បថ ក្នុង​នាម​ព្រះអម្ចាស់​ នៃ​ពិភព​ទាំង​មូល ជា​ព្រះ​ដែល​ទូលបង្គំ​គោរព​បំរើ និង​ជា​ព្រះ​ដែល​មាន​ព្រះជន្ម​គង់​នៅ​ថា បើ​ទូលបង្គំ​មិន​យល់​ដល់​ព្រះបាទ​យ៉ូសាផាត ជា​ស្ដេច​ស្រុក​យូដា​ទេ ទូលបង្គំ​មិន​អើពើ ឬ​ក្រឡេក​មើល​ព្រះករុណា​ឡើយ។ ១៥ ឥឡូវ​នេះ សូម​នាំ​អ្នក​ភ្លេង​ម្នាក់​មក​អោយ​ទូលបង្គំ!»។ កាល​អ្នក​ភ្លេង​កំពុង​តែ​ប្រគំ​តន្ត្រី ឫទ្ធិបារមី​របស់​ព្រះអម្ចាស់​ក៏​មក​សណ្ឋិត​លើ​ព្យាការី​អេលីសេ។ ១៦​លោក​មាន​ប្រសាសន៍​ថា៖ «ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “ចូរ​ជីក​ប្រឡាយ​នៅ​តាម​ជ្រលង​ភ្នំ​នេះ​អោយ​បាន​ច្រើន”។ ១៧ ​ព្រះ​អម្ចាស់​ មាន​ព្រះបន្ទូល​ទៀត​ថា “ទោះ​បី​អ្នក​រាល់​គ្នា​មិន​ឃើញ​មាន​ខ្យល់ មាន​ភ្លៀង​ក្ដី ជ្រលង​ភ្នំ​នេះ​នឹង​មាន​ទឹក​ពោរពេញ ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​ទឹក​បរិភោគ ព្រម​ទាំង​ទឹក​សំរាប់​ហ្វូង​សត្វ និង​ជំនិះ​របស់​អ្នក​រាល់​គ្នា​ផង”។ ១៨ ប៉ុន្តែ នេះ​ជា​ការ​តូចតាច នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់​ប៉ុណ្ណោះ។ ព្រះអង្គ​នឹង​ប្រគល់​ជន​ជាតិ​ម៉ូអាប់ មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះករុណា។ ១៩ ព្រះករុណា​ត្រូវ​ បំផ្លាញ​ទីក្រុង​ដែល​មាន​កំពែង​ដ៏​រឹងមាំ និង​ទីក្រុង​សំខាន់ៗ​ទាំង​អស់​ចោល។ ព្រះករុណា​ត្រូវ​កាប់​រំលំ​ដើម​ឈើ​ល្អៗ បិទ​ប្រភព​ទឹក​ទាំង​អស់ ហើយ​បំផ្លាញ​ដី​ស្រែ​ចំការ​ទាំង​អស់​ចោល ដោយ​យក​ថ្ម​ទៅ​ចាក់​លើ​ដី​ទាំង​នោះ»។ ២០ លុះ​ព្រឹក​ឡើង​ពេល​ថ្វាយ​យញ្ញបូជា មាន​ទឹក​ហូរ​មក​ពី​ស្រុក​អេដុម ពាសពេញ​តំបន់​នោះ។ ២១ កាល​ជន​ជាតិ​ម៉ូអាប់​ ដឹង​ថា ស្ដេច​ទាំង​បី​អង្គ​លើក​ទ័ព​មក​ច្បាំង​នឹង​ពួក​គេ ពួក​គេ​ប្រមូល​ផ្ដុំ​អស់ អ្នក​ដែល​មាន​វ័យ​អាច​បំរើ​ទ័ព​បាន​ទាំង​ក្មេង​ទាំង​ចាស់ ហើយ​បញ្ជូន​ទ័ព​នោះ​ទៅ​ដាក់​តាម​ព្រំដែន។ ២២ ជន​ជាតិ​ម៉ូអាប់​ក្រោក​ពី​ព្រលឹម ហើយ​ឃើញ​ព្រះអាទិត្យ​ចាំង​នៅ​លើ​ផ្ទៃ​ទឹក មាន​ពណ៌​ក្រហម​ដូច​ជា​ឈាម ២៣ ពួក​គេ​ស្រែក​ថា៖ «មើល៍ សុទ្ធ​តែ​ឈាម! ស្ដេច​ទាំង​នោះ​ពិត​ជា​ប្រយុទ្ធ​កាប់​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក​ស្លាប់​អស់ ​ហើយ! មក៍! ពួក​ម៉ូអាប់​យើង​នាំ​គ្នា​ទៅ​រឹប​អូស​យក​ជយភ័ណ្ឌ​ឥឡូវ​នេះ!»។ ២៤ ជន​ជាតិ​ម៉ូអាប់​នាំ​ គ្នា​ទៅ​ដល់​ជំរំ​របស់​អ៊ីស្រាអែល កងទ័ព​អ៊ីស្រាអែល​ក៏​ចេញ​មក​វាយ​ប្រហារ​ជន​ជាតិ​ម៉ូអាប់​ដែល​បាក់​ទ័ព​រត់​ នៅ​ចំពោះ​មុខ​ពួក​គេ។ កងទ័ព​អ៊ីស្រាអែល​ដេញ​តាម​ប្រហារ​ជន​ជាតិ​ម៉ូអាប់ ចូល​រហូត​ដល់​ក្នុង​ស្រុក ហើយ​វាយ​ពួក​គេ​អោយ​បរាជ័យ​យ៉ាង​ធ្ងន់។ ២៥ កងទ័ព​អ៊ីស្រាអែល​ បំផ្លាញ​ទីក្រុង​ទាំង​ប៉ុន្មាន​ចោល ព្រម​ទាំង​នាំ​គ្នា​យក​ដុំ​ថ្ម ទៅ​បោះ​ពេញ​ក្នុង​ស្រែ​ចំការ​ដ៏​ល្អៗ​ទាំង​អស់។ ពួក​គេ​បិទ​ប្រភព​ទឹក​ទាំង​អស់​ចោល និង​កាប់​រំលំ​ដើម​ឈើ​ដ៏​ល្អៗ​ទាំង​អស់​ចោល​ដែរ។ ទី​បំផុត មាន​តែ​ក្រុង​គៀរ-ហារេសេត​ ប៉ុណ្ណោះ ដែល​នៅ​មាន​កំពែង​ព័ទ្ធ​ជុំវិញ។ ពល​ទាហាន​កាន់​ដង្ហក់​នាំ​គ្នា​ឡោម​ព័ទ្ធ និង​វាយ​យក​ក្រុង​នោះ។ ២៦ កាល​ស្ដេច​ស្រុក​ ម៉ូអាប់​ដឹង​ច្បាស់​ថា ខ្លួន​គ្មាន​កម្លាំង​ទប់ទល់​បាន ទ្រង់​ក៏​ប្រមូល​ទ័ព​ដែល​កាន់​ដាវ​បាន​ចំនួន​ប្រាំពីរ​រយ​នាក់ វាយ​បើក​ផ្លូវ​សំរុក​ទៅ​លើ​ស្ដេច​អេដុម ប៉ុន្តែ មិន​បាន​សំរេច​ឡើយ។ ២៧ ដូច្នេះ ស្ដេច​ស្រុក​ម៉ូអាប់​យក​រាជបុត្រ​ច្បង​ដែល​ត្រូវ​ស្នង​រាជ្យ មក​ធ្វើ​យញ្ញបូជា​នៅ​លើ​កំពែង​ក្រុង បណ្ដាល​អោយ​កងទ័ព​អ៊ីស្រាអែល​រន្ធត់ចិត្ត​ជា​ខ្លាំង ហើយ​នាំ​គ្នា​ដក​ទ័ព​វិល​ទៅ​កាន់​ស្រុក​របស់​ខ្លួន​វិញ។

ព្យាការី​អេលីសេ​ជួយ​ស្ត្រី​មេម៉ាយ​ម្នាក់

១ មាន​ស្ត្រី​មេម៉ាយ​ម្នាក់ ជា​ភរិយា​របស់​បុរស​មួយ​រូប ដែល​ជា​សមាជិក​របស់​ក្រុម​ព្យាការី បាន​មក​ជួប​លោក​អេលីសេ ហើយ​អង្វរ​លោក​ថា៖ «ប្ដី​របស់​នាង​ខ្ញុំ ជា​អ្នក​បំរើ​របស់​លោក​ស្លាប់​ផុត​ហើយ។ លោក​ក៏​ជ្រាប​ដែរ​ថា អ្នក​បំរើ​របស់​លោក គោរព​កោត​ខ្លាច​ព្រះអម្ចាស់​ណាស់។ ឥឡូវ​នេះ ម្ចាស់​បំណុល​បាន​មក​ទាមទារ​យក​កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​នាង​ខ្ញុំ ទៅ​ធ្វើ​ជា​បាវ​បំរើ​របស់​គេ»។ ២ លោក​អេលីសេ​មាន​ប្រសាសន៍​ ថា៖ «តើ​នាង​ចង់​អោយ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច​ចំពោះ​នាង? ចូរ​ប្រាប់​ខ្ញុំ​មក​មើល នៅ​ក្នុង​ផ្ទះ​នាង​មាន​អ្វី​ខ្លះ?»។ នាង​ឆ្លើយ​តប​ថា៖ «នៅ​ក្នុង​ផ្ទះ​នាង​ខ្ញុំ គ្មាន​អ្វី​ក្រៅ​ពី​ប្រេង​មួយ​កូន​ដប​ប៉ុណ្ណោះ»។ ៣ លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ខ្ចី​ដប​ទំនេរ ពី​អ្នក​ជិត​ខាង​អោយ​បាន​ច្រើន គឺ​កុំ​ខ្ចី​តិច​ពេក។ ៤ ពេល​មក​ដល់​វិញ ត្រូវ​នាំ​គ្នា​ទាំង​ម្ដាយ ទាំង​កូន​ចូល​ទៅ​ក្នុង​ផ្ទះ បិទ​ទ្វារ​អោយ​ជិត ហើយ​យក​ប្រេង​ចាក់​ក្នុង​ដប​ទាំង​នោះ។ ដប​ណា​ពេញ​ត្រូវ​ទុក​ដោយ​ឡែក»។ ៥ នាង​ក៏​ចាក​ចេញ​ពី​លោក​ទៅ ហើយ​នាំ​កូន​ចូល​ក្នុង​ផ្ទះ​បិទ​ទ្វារ​ជិត។ កូន​ទាំង​ពីរ​ហុច​ដប​មក​អោយ​ម្ដាយ រួច​ម្ដាយ​យក​ប្រេង​មក​ចាក់​ក្នុង​ដប។ ៦ លុះ​ដប​ទាំង​អស់​ពេញ​ហើយ នាង​ប្រាប់​កូន​ថា៖ «ហុច​ដប​មួយ​ទៀត​មក!»។ កូន​ឆ្លើយ​ថា៖ «អស់​ដប​ហើយ​ម៉ែ!»។ ពេល​នោះ ប្រេង​ក៏​ឈប់​ហូរ។ ៧ នាង​នាំ​ដំណឹង​នេះ​ទៅ​ ជំរាប​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ លោក​មាន​ប្រសាសន៍​មក​កាន់​នាង​ថា៖ «ចូរ​យក​ប្រេង​នេះ​ទៅ​លក់​សង​បំណុល​គេ រីឯ​ប្រាក់​ដែល​នៅ​សល់​ចូរ​ទុក​ចិញ្ចឹម​ជីវិត​ម្ដាយ និង​កូន​ចុះ»។

 

ព្យាការី​អេលីសេ​នៅ​ភូមិ​ស៊ូណែម

៨ ថ្ងៃ​មួយ លោក​អេលីសេ​ដើរ​កាត់​តាម​ភូមិ​ស៊ូណែម។ ភូមិ​នោះ មាន​ស្ត្រី​ម្នាក់ ជា​អភិជន​បាន​ឃាត់​លោក អោយ​នៅ​ពិសា​បាយ​ក្នុង​ផ្ទះ​របស់​នាង។ ចាប់​តាំង​ពី​ពេល​នោះ​មក កាល​លោក​ធ្វើ​ដំណើរ​កាត់​ភូមិ​នេះ លោក​តែងតែ​អញ្ជើញ​ទៅ​ពិសា​បាយ​នៅ​ផ្ទះ​របស់​នាង។ ៩ នាង​បាន​និយាយ​ទៅ​កាន់​ ប្ដី​ថា៖ «ខ្ញុំ​ដឹង​ច្បាស់​ថា​បុរស​ដែល​តែងតែ​អញ្ជើញ​មក​ផ្ទះ​យើង​ជា​រឿយៗ​នោះ ពិត​ជា​អ្នក​ជំនិត​ដ៏វិសុទ្ធ​របស់​ព្រះជាម្ចាស់។ ១០ ដូច្នេះ ចូរ​យើង​រៀបចំ​បន្ទប់​តូច​មួយ​នៅ​ជាន់​ខាង​លើ ព្រម​ទាំង​ដាក់​គ្រែ​តុ​កៅអី និង​ចង្កៀង​ទុក​ជូន​លោក​ផង។ កាល​ណា​លោក​អញ្ជើញ​មក​ផ្ទះ​យើង លោក​អាច​សំរាក​ក្នុង​បន្ទប់​នោះ»។

 

១១ ថ្ងៃ​មួយ លោក​អេលីសេ​បាន​អញ្ជើញ​មក​ផ្ទះ​នោះ​លោក​ឡើង​ទៅ​សម្រាន្ដ​នៅ​បន្ទប់​ខាង​លើ។ ១២ លោក​មាន​ប្រសាសន៍​ទៅ​ កាន់​កេហាស៊ី​ជា​ក្មេង​បំរើ​ថា៖ «ចូរ​ទៅ​ហៅ​ស្ត្រី​ភូមិ​ស៊ូណែម​មក!»។ កេហាស៊ី​ចេញ​ទៅ​ហៅ​នាង ហើយ​នាង​ក៏​មក​ឈរ​នៅ​មុខ​លោក។ ១៣ លោក​អេលីសេ​មាន​ ប្រសាសន៍​ទៅ​អ្នក​បំរើ​ថា៖ «ចូរ​ប្រាប់​នាង​ថា​បាន​ទទួល​យើង​យ៉ាង​រាក់ទាក់​បំផុត តើ​យើង​អាច​តប​ស្នង​អ្វី​ដល់​នាង​វិញ? តើ​ចង់​អោយ​យើង​ទៅ​ទូល​ព្រះរាជា ឬ​និយាយ​ជា​មួយ​មេទ័ព​ជំនួស​នាង?»។ នាង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​មិន​ត្រូវ​ការ​អ្វី​ទេ នាង​ខ្ញុំ​រស់​នៅ​ដោយ​សុខសាន្ត ក្នុង​ចំណោម​ញាតិ​មិត្ត​របស់​នាង​ខ្ញុំ​ហើយ»។ ១៤ លោក​មាន​ប្រសាសន៍​ថា៖ «បើ​ដូច្នេះ តើ​ត្រូវ​តប​ស្នង​អ្វី​ដល់​នាង?»។ កេហាស៊ី​ឆ្លើយ​ថា៖ «នាង​គ្មាន​កូន​ទេ ហើយ​ប្ដី​នាង​ក៏​ចាស់​ដែរ»។ ១៥ លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ហៅ​នាង​មក»។ កេហាស៊ី​ក៏​ហៅ​នាង ហើយ​នាង​មក​ឈរ​នៅ​មាត់​ទ្វារ​បន្ទប់។ ១៦ លោក​អេលីសេ​មាន​ ប្រសាសន៍​ថា៖ «ឆ្នាំ​ក្រោយ ក្នុង​ខែ​នេះ នាង​នឹង​មាន​កូន​ប្រុស​ព​នៅ​ក្នុង​ដៃ»។ នាង​ឆ្លើយ​ថា៖ «ទេ លោក​ម្ចាស់ ជា​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ សូម​កុំ​ធ្វើ​អោយ​នាង​ខ្ញុំ​ខក​ចិត្ត​ឡើយ»។

 

១៧ ស្ត្រី​នោះ​ក៏​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ នៅ​ឆ្នាំ​បន្ទាប់​ក្នុង​ខែ​ដដែល​នោះ ដូច​លោក​អេលីសេ​ប្រាប់​នាង។ ១៨ កូន​ប្រុស​នោះ មាន​វ័យ​ចំរើន​ធំ​ឡើង។ ថ្ងៃ​មួយ កូន​នោះ​ទៅ​លេង​ជា​មួយ​ឪពុក ដែល​កំពុង​ត្រួត​ពិនិត្យ​អ្នក​ច្រូត​ស្រូវ។ ១៩ ​ស្រាប់​តែ​ក្មេង​នោះ​ ប្រាប់​ឪពុក​ថា៖ «ពុក​អើយ កូន​ឈឺ​ក្បាល កូន​ឈឺ​ក្បាល​ណាស់!»។ ឪពុក​ស្រែក​ប្រាប់​ទៅ​អ្នក​បំរើ​ថា៖ «ចូរ​បី​យក​ទៅ​អោយ​ម្ដាយ​វា​ឆាប់​ឡើង!»។ ២០ អ្នក​បំរើ​បី​ក្មេង​នោះ​យក​ទៅ​ប្រគល់​អោយ​ម្ដាយ។ កូន​នោះ​ដេក​លើ​ភ្លៅ​ម្ដាយ​រហូត​ដល់​ថ្ងៃ​ត្រង់ រួច​ក៏​ស្លាប់​ទៅ។ ២១ នាង​បី​កូន​ឡើង ទៅ​ក្នុង​បន្ទប់​លោក​អេលីសេ នាង​ផ្ដេក​កូន​នៅ​លើ​គ្រែ​របស់​លោក រួច​បិទ​ទ្វារ​បន្ទប់។ នាង​រត់​ទៅ​តាម​ប្ដី​នៅ​ឯ​ស្រែ ២២ ស្រែក​ប្រាប់​ថា៖ «សូម​បង​ចាត់​ក្មេង​បំរើ​ម្នាក់ ព្រម​ទាំង​លា​មួយ​អោយ​មក​ខ្ញុំ! ខ្ញុំ​ប្រញាប់​ទៅ​ផ្ទះ​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ រួច​ខ្ញុំ​វិល​មក​វិញ»។ ២៣ ប្ដី​របស់​នាង​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​នាង​ចង់​ទៅ​ផ្ទះ​លោក​នៅ​ថ្ងៃ​នេះ? ព្រោះ​ថ្ងៃ​នេះ​មិន​មែន​ជា​ថ្ងៃ​បុណ្យ​ដើម​ខែ ឬ​ថ្ងៃ​សប្ប័ទ*​ទេ»។ នាង​ឆ្លើយ​ថា៖ «សូម​កុំ​បារម្ភ​អ្វី​ឡើយ!»។ ២៤ នាង​អោយ​គេ​ចង​កែប​លា ហើយ​បញ្ជា​ទៅ​ក្មេង​បំរើ​ថា៖ «ចូរ​ដឹក​លា​ទៅ បើ​ខ្ញុំ​មិន​ប្រាប់​អោយ​ឈប់​ទេ កុំ​ឈប់​តាម​ផ្លូវ​អោយ​សោះ!»។ ២៥ នាង​ក៏​ចេញ​ដំណើរ​ទៅ​ ជួប​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​នៅ​ភ្នំ​ការម៉ែល។ កាល​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ឃើញ​នាង​ពី​ចម្ងាយ លោក​មាន​ប្រសាសន៍​ទៅ​កាន់​កេហាស៊ី​ជា​ក្មេង​បំរើ​ថា៖ «មើល៍​ស្ត្រី​នៅ​ភូមិ​ស៊ូណែម​ទេ​តើ! ២៦ ចូរ​រត់​ទៅ​ទទួល​នាង​ ហើយ​សួរ​ថា “នាង​សុខ​សប្បាយ​ឬ​ទេ? ប្ដី​របស់​នាង​សុ ខ​សប្បាយ​ឬ​ទេ? កូន​របស់​នាង​សុខ​សប្បាយ​ឬ​ទេ?”»។ នាង​ឆ្លើយ​ថា៖ «សុខ​សប្បាយ​ជា​ទេ!»។ ២៧ កាល​នាង​ទៅ​ដល់​ភ្នំ​ ការម៉ែល ជួប​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ នាង​ក្រាប​សំពះ​ឱប​ជើង​លោក។ កេហាស៊ី​ចង់​ចូល​ទៅ​ទាញ​នាង​ចេញ តែ​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​មាន​ប្រសាសន៍​ថា៖ «កុំ​រំខាន​នាង​អី! ព្រោះ​នាង​កំពុង​តែ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង។ ព្រះអម្ចាស់​បាន​លាក់​មិន​អោយ​ខ្ញុំ​ដឹង​ហេតុការណ៍​នោះ​ឡើយ»។ ២៨ នាង​ពោល​ឡើង​ថា៖ «លោក​ម្ចាស់! នាង​ខ្ញុំ​ពុំ​បាន​សុំ​កូន​ពី​លោក​ទេ នាង​ខ្ញុំ​ជំរាប​លោក​ម្ចាស់​ហើយ​ថា សូម​កុំ​ធ្វើ​អោយ​នាង​ខ្ញុំ​ខក​ចិត្ត​ឡើយ»។

 

២៩ លោក​ អេលីសេ​មាន​ប្រសាសន៍​ទៅ​កាន់​កេហាស៊ី​ថា៖ «ចូរ​រៀបចំ​ខ្លួន ហើយ​យក​ដំបង​របស់​ខ្ញុំ​ចេញ​ដំណើរ​ទៅ​ចុះ!។ ប្រសិន​បើ​ជួប​អ្នក​ណា​ម្នាក់​តាម​ផ្លូវ ចូរ​កុំ​ជំរាប​សួរ​គេ ហើយ​បើ​នរណា​ជំរាប​សួរ​អ្នក​កុំ​តប​វិញ​ឡើយ។ ត្រូវ​យក​ដំបង​របស់​ខ្ញុំ​ដាក់​លើ​មុខ​កូន​ក្មេង​នោះ»។ ៣០ ប៉ុន្តែ ម្ដាយ​របស់​ក្មេង​នោះ​ពោល​ថា៖ «នាង​ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះអម្ចាស់ ដែល​មាន​ព្រះជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា នាង​ខ្ញុំ​មិន​ចាក​ចេញ​ពី​លោក​ទេ!»។ លោក​អេលីសេ​ក្រោក​ឡើង ដើរ​តាម​នាង​ទៅ។ ៣១ កេហាស៊ី​ទៅ​ដល់​មុន​គេ គាត់​យក​ដំបង​ទៅ​ដាក់​លើ​មុខ​ក្មេង​នោះ ប៉ុន្តែ ពុំ​មាន​ឮ​សូរ​សំឡេង ឬ​មាន​ចលនា​អ្វី​ឡើយ។ កេហាស៊ី​វិល​មក​ជួប​លោក​អេលីសេ​ជំរាប​ថា៖ «ក្មេង​នោះ​ពុំ​ភ្ញាក់​ទេ»។

 

៣២ កាល​លោក​អេលីសេ​ចូល​ទៅ​ក្នុង​ផ្ទះ ក្មេង​នោះ​ដេក​ស្លាប់​លើ​គ្រែ​ផុត​ទៅ​ហើយ។ ៣៣ លោក​អេលីសេ​ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​បិទ​ទ្វារ​ជិត។ លោក​នៅ​តែ​ពីរ​នាក់​ជា​មួយ​ក្មេង​នោះ ដើម្បី​ទូលអង្វរ​ព្រះអម្ចាស់។ ៣៤ បន្ទាប់​មក លោក​ក៏​ទ្រោប​លើ​ក្មេង​នោះ ដោយ​យក​មាត់​ដាក់​លើ​មាត់​ភ្នែក​ទល់​នឹង​ភ្នែក ហើយ​ដៃ​ដាក់​លើ​ដៃ​ដែរ។ លោក​ទ្រោប​លើ​ក្មេង​នោះ ធ្វើ​អោយ​ខ្លួន​របស់​វា​មាន​កំដៅ​ឡើង​វិញ។ ៣៥ លោក​អេលីសេ​ចុះ​មក​វិញ ហើយ​ដើរ​ចុះ​ដើរ​ឡើង​នៅ​ក្នុង​ផ្ទះ រួច​ក៏​ឡើង​ទ្រោប​លើ​ខ្លួន​ក្មេង​នោះ​សា​ជា​ថ្មី។ ស្រាប់​តែ​ក្មេង​នោះ​កណ្ដាស់​ប្រាំពីរ​ដង រួច​បើក​ភ្នែក។ ៣៦ លោក​អេលីសេ​ហៅ​កេហាស៊ី​ មក ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​ហៅ​ស្ត្រី​អ្នក​ភូមិ​ស៊ូណែម​មក!»។ គាត់​ក៏​ទៅ​ហៅ​នាង នាង​ចូល​មក​ជិត​លោក​អេលីសេ លោក​ប្រាប់​នាង​ថា៖ «ចូរ​យក​កូន​នាង​ទៅ​ចុះ!»។ ៣៧ នាង​ចូល​ទៅ​ជិត​លោក ហើយ​ក្រាប​ចុះ​ដល់​ដី​នៅ​ជើង​លោក រួច​យក​កូន​ចេញ​មក។

 

បបរ​មាន​ជាតិ​ពុល

៣៨ លោក​អេលីសេ​វិល​ត្រឡប់​ ទៅ​គីលកាល់​វិញ ហើយ​ពេល​នោះ មាន​កើត​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក។ ក្រុម​ព្យាការី​អង្គុយ​នៅ​មុខ​លោក​អេលីសេ លោក​មាន​ប្រសាសន៍​ប្រាប់​អ្នក​បំរើ​ថា៖ «ចូរ​ដាំ​បបរ​មួយ​ថ្លាង​ទទួល​ក្រុម​ព្យាការី»។ ៣៩ មាន​ម្នាក់​ក្នុង​ចំណោម ​ពួក​គេ ចេញ​ទៅ​រក​បន្លែ​នៅ​ឯ​វាល។ គាត់​ប្រទះ​ឃើញ​វល្លិ​ព្រៃ​ម្យ៉ាង​ក៏​បេះ​ផ្លែ​វា​បាន​ពេញ​មួយ​ថ្នក់។ លុះ​ត្រឡប់​វិញ គាត់​កាត់​ផ្លែ​នោះ​ជា​ដុំៗ បង់​ចូល​ក្នុង​ថ្លាង​បបរ ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ស្គាល់​ផ្លែ​នោះ​ទេ។ ៤០ បន្ទាប់​មក គេ​ដួស​បបរ​ជូន​ក្រុម​ព្យាការី​គ្រប់​គ្នាៗ។ ពេល​ក្រុម​ព្យាការី​ភ្លក់​បបរ​នោះ ពួក​គេ​ស្រែក​ឡើង​ថា៖ «អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​អើយ! បបរ​នេះ​មាន​ជាតិ​ពុល​ហើយ!»។ ពួក​គេ​ពុំ​អាច​បរិភោគ​បាន​ទេ។ ៤១ លោក​អេលីសេ​ប្រាប់​គេ​ អោយ​យក​ម្សៅ​មក​ជូន​លោក លោក​បង់​ម្សៅ​នោះ​ទៅ​ក្នុង​ថ្លាង ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​ដួស​បបរ​អោយ​អ្នក​ទាំង​នេះ​បរិភោគ​ចុះ!»។ ពេល​នោះ គ្មាន​ជាតិ​ពុល​នៅ​ក្នុង​បបរ​ទៀត​ឡើយ។

 

ព្យាការី​អេលីសេ​ចែក​អាហារ​ដល់​មនុស្ស​មួយ​រយ​នាក់

៤២ មាន​បុរស​ម្នាក់​មក​ពី​ ស្រុក​បាល​សាលីសា ដោយ​យក​នំបុ័ង​ធ្វើ​ពី​ម្សៅ​ថ្មី​ចំនួន​ម្ភៃ​ដុំ ព្រម​ទាំង​ស្រូវ​ថ្មី​ដាក់​នៅ​ក្នុង​ថង់ មក​ជូន​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់។ លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​យក​ទៅ​ចែក​អោយ​អ្នក​ទាំង​នោះ​បរិភោគ​ចុះ»។ ៤៣ ប៉ុន្តែ អ្នក​បំរើ​របស់​លោក​ឆ្លើយ​ថា៖ «តើ​ខ្ញុំ​អាច​យក​អាហារ​តែ​ប៉ុណ្ណេះ ចែក​ជូន​មនុស្ស​ដល់​ទៅ​មួយ​រយ​នាក់​គ្រាន់​ឬ?»។ លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​យក​ចែក​អោយ​ពួក​គេ​បរិភោគ​ចុះ ដ្បិត​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា “ពួក​គេ​នឹង​បរិភោគ​ឆ្អែត ហើយ​នៅ​សេសសល់​ទៀត​ផង”»។ ៤៤ អ្នក​បំរើ​ក៏​យក​អាហារ​ចែក​ជូន​មនុស្ស​ទាំង​អស់​នៅ​ទី​នោះ។ ពួក​គេ​បរិភោគ​ឆ្អែត ហើយ​មាន​អាហារ​នៅ​សេសសល់ ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។

លោក​មេទ័ព​ណាម៉ាន់​បាន​ជា​ពី​រោគ​ឃ្លង់

១ មាន​បុរស​ម្នាក់​ឈ្មោះ​លោក​ណាម៉ាន់ ជា​មេទ័ព​របស់​ស្ដេច​ស្រុក​ស៊ីរី។ ស្ដេច​សព្វ​ព្រះហឫទ័យ​នឹង​លោក​ណាស់ ដ្បិត​ព្រះអម្ចាស់​ប្រទាន​ជ័យជំនះ​ដល់​ស្រុក​ស៊ីរី ព្រោះ​តែ​លោក។ ប៉ុន្តែ មេទ័ព​ដ៏​ខ្លាំង​ពូកែ​នេះ​កើត​រោគ​ឃ្លង់។

 

២​​​​ ​​គ្រា​នោះ​ កងទ័ព​ស៊ីរី បាន​ចេញ​មក​ច្បាំង​នឹង​ស្រុក​អ៊ីស្រាអែល ហើយ​ចាប់​បាន​ក្មេង​ស្រី​ម្នាក់​នាំ​យក​ទៅ​ជា​ឈ្លើយ។ ក្មេង​ស្រី​នេះ​នៅ​បំរើ​ភរិយា​របស់​លោក​ណាម៉ាន់។ ៣ នាង​ជំរាប​ម្ចាស់​ស្រី​ ថា៖ «ប្រសិន​បើ​លោក​ម្ចាស់​អាច​ទៅ​ជួប​ព្យាការី​នៅ​ក្រុង​សាម៉ារី លោក​មុខ​ជា​ជួយ​លោក​ម្ចាស់​អោយ​បាន​ជា​សះស្បើយ​ពី​រោគ​ឃ្លង់​ពុំខាន!»។ ៤ លោក​ណាម៉ាន់​នាំ​យក​ពាក្យ​ក្មេង​ស្រី​ពី​ស្រុក​អ៊ីស្រាអែល​នោះ​ទៅ​ទូល​ស្ដេច​ស្រុក​ស៊ីរី។ ៥ ស្ដេច​មាន​រាជឱង្ការ​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ក្រុង​សាម៉ារី​ចុះ! យើង​នឹង​សរសេរ​សំបុត្រ​មួយ​ ផ្ញើ​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អ៊ីស្រាអែល »។ លោក​ណាម៉ាន់​ចេញ​ដំណើរ​ទៅ ដោយ​នាំ​យក​ប្រាក់​ដប់​ហាប មាស​ប្រាំ​មួយ​ពាន់​ស្លឹង និង​សម្លៀកបំពាក់​ដប់​បន្លាស់​ទៅ​ជា​មួយ​ផង។ ៦ លោក​យក​សំបុត្រ​របស់​ ស្ដេច​ស្រុក​ស៊ីរី​ថ្វាយ​ស្ដេច​អ៊ីស្រាអែល សំបុត្រ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖ «សូម​ព្រះករុណា​ជ្រាប​ថា អ្នក​ដែល​នាំ​សំបុត្រ​នេះ​មក​ថ្វាយ គឺ​លោក​ណាម៉ាន់ ជា​មន្ត្រី​របស់​ទូលបង្គំ សូម​ព្រះករុណា​មេត្តា​ជួយ​ព្យាបាល​លោក អោយ​ជា​សះស្បើយ​ពី​រោគ​ឃ្លង់​ផង»។ ៧ កាល​ស្ដេច​ស្រុក​ អ៊ីស្រាអែល​អាន​សំបុត្រ​នេះ​ចប់ ទ្រង់​ហែក​ព្រះភូសា​ហើយ​មាន​រាជឱង្ការ​ថា៖ «តើ​យើង​នេះ​ជា​ព្រះ​ដែល​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់ និង​រស់​កើត​ឬ បាន​ជា​ស្ដេច​បញ្ជូន​មនុស្ស​ឃ្លង់​មក​អោយ​យើង​ព្យាបាល​ដូច្នេះ? សូម​ជួយ​ពិចារណា​មើល​ចុះ! ស្ដេច​ស្រុក​ស៊ីរី​ពិត​ជា​រក​លេស បង្ក​ជម្លោះ​ជា​មួយ​យើង​ហើយ!»។

 

៨ កាល​ ព្យាការី​អេលីសេ ជា​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ជ្រាប​ថា ស្ដេច​ស្រុក​អ៊ីស្រាអែល​ហែក​ព្រះភូសា​លោក​ក៏​ចាត់​គេ​អោយ​ទៅ​ទូល​សួរ​ស្ដេច​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះករុណា​ហែក​ព្រះភូសា​ដូច្នេះ? សូម​ប្រាប់​អោយ​លោក​ណាម៉ាន់​មក​ជួប​នឹង​ទូលបង្គំ​ចុះ នោះ​គាត់​នឹង​ដឹង​ថា នៅ​ស្រុក​អ៊ីស្រាអែល​មាន​ព្យាការី​ម្នាក់​មែន!»។ ៩ លោក​ណាម៉ាន់​ជិះ​រទេះ​សេះ​មក​ឈប់ នៅ​មុខ​ផ្ទះ​លោក​អេលីសេ។ ១០ ព្យាការី​អេលីសេ​ចាត់​ គេ​អោយ​ទៅ​ជំរាប​លោក​ថា៖ «សូម​អញ្ជើញ​ទៅ​មុជ​ទឹក​ទន្លេ​យ័រដាន់​អោយ​បាន​ចំនួន​ប្រាំពីរ​ដង​ចុះ នោះ​ស្បែក​របស់​លោក​នឹង​បាន​ជា​សះស្បើយ ហើយ​លោក​នឹង​បាន​បរិសុទ្ធ​មិន​ខាន»។ ១១ លោក​ណាម៉ាន់​ក៏​ខឹង ហើយ​ដើរ​ចេញ​ទៅ​ទាំង​រអ៊ូ​ថា៖ «ខ្ញុំ​នឹក​ស្មាន​ថា​ព្យាការី​មុខ​ជា​ចេញ​មក​ទទួល​ខ្ញុំ ហើយ​ឈរ​ទូលអង្វរ​ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក​រួច​ដាក់​ដៃ​លើ​ដំបៅ​របស់​ខ្ញុំ​អោយ​ជា​សះស្បើយ។ ១២ នៅ​ក្រុង​ដាម៉ាស​ក៏​មាន ​ទន្លេ​ដែរ គឺ​ទន្លេ​អាម៉ាណា និង​ទន្លេ​ប៉ាផារ បើ​គ្រាន់​តែ​មុជ​ទឹក ហើយ​ខ្ញុំ​បាន​ជា​សះស្បើយ​នោះ ខ្ញុំ​ទៅ​មុជ​ទឹក​ទន្លេ​នៅ​ស្រុក​ខ្ញុំ​ប្រសើរ​ជាង​មុជ​ទឹក​ក្នុង​ទន្លេ​ ទាំង​ប៉ុន្មាន នៅ​ស្រុក​អ៊ីស្រាអែល​នេះ!»។ លោក​ណាម៉ាន់​ចាក​ចេញ​ទៅ​ទាំង​ក្រេវ​ក្រោធ​។ ១៣ ប៉ុន្តែ អ្នក​បំរើ​របស់​លោក​ចូល​ទៅ​ជិត​លោក​ជំរាប​ថា៖ «លោក​ឪពុក! ប្រសិន​បើ​ព្យាការី​បង្គាប់​អោយ​ធ្វើ​កិច្ចការ​អ្វី​ពិបាក នោះ​លោក​ប្រាកដ​ជា​ធ្វើ​តាម​មិន​ខាន ពេល​នេះ ព្យាការី​គ្រាន់​តែ​សុំ​អោយ​លោក​មុជ​ទឹក ដើម្បី​ជា​ស្អាត​បរិសុទ្ធ ម្ដេច​ក៏​លោក​មិន​ធ្វើ​តាម?»។ ១៤ លោក​ណាម៉ាន់​ក៏​ចុះ​ទៅ​ ក្នុង​ទន្លេ​យ័រដាន់ ហើយ​មុជ​ក្នុង​ទឹក​ចំនួន​ប្រាំពីរ​ដង តាម​ពាក្យ​ដែល​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​បាន​ប្រាប់ ស្រាប់​តែ​សាច់​របស់​លោក​ឡើង​ស្អាត ដូច​សាច់​កូន​ក្មេង លោក​ក៏​បាន​ជា​ស្អាត​បរិសុទ្ធ។

 

​១៥ លោក​ ត្រឡប់​មក​ជួប​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ ជា​មួយ​ពួក​បំរើ​របស់​លោក។ ពេល​ទៅ​ដល់​លោក​ឈរ​នៅ​មុខ​ព្យាការី​ជំរាប​ថា៖ «ខ្ញុំ​ប្របាទ​ដឹង​ច្បាស់​ថា នៅ​លើ​ផែនដី​ទាំង​មូល ក្រៅ​ពី​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ! ឥឡូវ​នេះ សូម​លោក​មេត្តា​ទទួល​ជំនូន​ពី​ខ្ញុំ​ប្របាទ​ផង​ចុះ»។ ១៦​ ​លោក​អេលីសេ​មាន​ប្រសាសន៍​តប​វិញ​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះអម្ចាស់​ ដែល​មាន​ព្រះជន្ម​គង់​នៅ ហើយ​ដែល​ខ្ញុំ​គោរព​បំរើ​ថា ខ្ញុំ​មិន​ទទួល​ជំនូន​អ្វី​ពី​លោក​ទេ!»។ លោក​ណាម៉ាន់​ទទូច​អង្វរ​សូម​អោយ​ព្យាការី​ទទួល តែ​លោក​មិន​ព្រម​ទទួល​ជា​ដាច់​ខាត។ ១៧ លោក​ណាម៉ាន់​ក៏​មាន​ ប្រសាសន៍​ថា៖ «បើ​លោក​មិន​ព្រម​ទេ​នោះ សូម​មេត្តា​អនុញ្ញាត អោយ​ខ្ញុំ​ប្របាទ​យក​ដី ផ្ទុក​លើ​ខ្នង​លា​ពីរ ដឹក​ទៅ​ផង ដ្បិត​ពី​ពេល​នេះ​ត​ទៅ ខ្ញុំ​ប្របាទ​មិន​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​យញ្ញបូជា​ចំពោះ​ព្រះ​ដទៃ ក្រៅ​ពី​ព្រះអម្ចាស់​ឡើយ។ ១៨ ប៉ុន្តែ សូម​ព្រះអម្ចាស់​ មេត្តា​អត់ទោស​អោយ​ខ្ញុំ​ប្របាទ នៅ​ពេល​ណា​ព្រះរាជា​របស់​ខ្ញុំ​ប្របាទ យាង​ចូល​ទៅ​ថ្វាយបង្គំ​ព្រះ​រីម៉ូន​ក្នុង​ព្រះវិហារ ស្ដេច​តែងតែ​ទប់​ព្រះកាយ​លើ​ដៃ​របស់​ខ្ញុំ​ប្រ​បាទ នោះ​ខ្ញុំ​ប្របាទ​ត្រូវ​តែ​ក្រាប​នៅ​ចំពោះ​មុខ​ព្រះរីម៉ូន​ដែរ។ ដូច្នេះ កាល​ណា​ខ្ញុំ​ប្របាទ​ក្រាប​នៅ​ចំពោះ​មុខ​ព្រះរីម៉ូន សូម​ព្រះអម្ចាស់​មេត្តា​អត់ទោស​អោយ​ខ្ញុំ​ប្របាទ​ផង»។ ១៩ ព្យាការី​អេលីសេ​មាន​ប្រសាសន៍​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ដោយ​សុខសាន្ត​ចុះ»។

 

កំហុស​របស់​កេហាស៊ី

កាល​លោក​ណាម៉ាន់​ចាក​ចេញ​ពី​ព្យាការី​អេលីសេ​បាន​ឆ្ងាយ​បន្តិច ២០ កេហាស៊ី ជា​អ្នក​បំរើ​របស់​លោក​អេលីសេ​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​នឹក​គិត​ថា៖ «ម្ចាស់​របស់​ខ្ញុំ​ប្រកែក​មិន​ព្រម​ទទួល​ជំនូន​ពី​លោក​ណាម៉ាន់​ជា​ជន​ជាតិ​ ស៊ីរី​សោះ។ ខ្ញុំ​សូម​ស្បថ ក្នុង​នាម​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ​ថា ខ្ញុំ​នឹង​រត់​ដេញ​តាម​លោក​ណាម៉ាន់ ដើម្បី​សុំ​របស់​ខ្លះ​ពី​គាត់!»។ ២១ កេហាស៊ី​ក៏​រត់​តាម​លោក ​ណាម៉ាន់។ កាល​លោក​ណាម៉ាន់​ឃើញ​កេហាស៊ី​រត់​មក​តាម​លោក លោក​ក៏​ប្រញាប់​ចុះ​ពី​លើ​រទេះ​មក​ទទួល ហើយ​សួរ​ថា៖ «តើ​មាន​ហេតុការណ៍​អ្វី?»។ ២២ កេហាស៊ី​ឆ្លើយ​ថា៖ «គ្មាន​ហេតុការណ៍​អ្វី​ទេ! ប៉ុន្តែ ម្ចាស់​របស់​ខ្ញុំ​ប្របាទ ចាត់​ខ្ញុំ​ប្របាទ​អោយ​មក​ជំរាប​លោក​ថា “មាន​សមាជិក​នៃ​ក្រុម​ព្យាការី​ពីរ​រូប មក​ពី​តំបន់​ភ្នំ​អេប្រាអ៊ីម ទើប​នឹង​មក​ដល់​ផ្ទះ​ខ្ញុំ សូម​លោក​មេត្តា​ជួយ​ផ្ដល់​ប្រាក់​មួយ​ហាប និង​សម្លៀកបំពាក់​ពីរ​បន្លាស់​សំរាប់​គេ​ទាំង​ពីរ​ផង”»។ ២៣ លោក​ណាម៉ាន់​មាន​ ប្រសាសន៍​ថា៖ «សូម​ទទួល​យក​ប្រាក់​ពីរ​ហាប​ចុះ»។ លោក​បង្ខំ​កេហាស៊ី​អោយ​ទទួល​ប្រាក់​ពីរ​ហាប ព្រម​ទាំង​សម្លៀកបំពាក់​ពីរ​បន្លាស់​ដាក់​ក្នុង​ថង់​ពីរ រួច​ចាត់​អ្នក​បំរើ​ពីរ​នាក់ អោយ​លី​ទៅ​ជា​មួយ​កេហាស៊ី។ ២៤ លុះ​មក​ដល់​កន្លែង​ដែល​ មាន​ទួល កេហាស៊ី​ទទួល​ថង់​ទាំង​ពីរ​ពី​ដៃ​អ្នក​បំរើ យក​ទៅ​ទុក​ក្នុង​ផ្ទះ​របស់​គាត់ ហើយ​ប្រាប់​អ្នក​ទាំង​ពីរ​អោយ​វិល​ត្រឡប់​ទៅ​វិញ។ ២៥ បន្ទាប់​មក គាត់​ចូល​ទៅ​ជួប​លោក​អេលីសេ ជា​ម្ចាស់​របស់​គាត់ លោក​សួរ​គាត់​ថា៖ «កេហាស៊ី តើ​ឯង​ទើប​នឹង​មក​ពី​ណា?»។ ២៦ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ប្របាទ​ពុំ​បាន​ទៅ​ណា​ទេ​លោក​ម្ចាស់»។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ចិត្ត​គំនិត​របស់​ខ្ញុំ​ទៅ​តាម​ឯង​ជាប់ នៅ​ពេល​លោក​មេទ័ព​ចុះ​ពី​រទេះ​មក​ទទួល​ឯង។ ពេល​នេះ មិន​មែន​ជា​ពេល​ដែល​ត្រូវ​ទទួល​យក​ប្រាក់ សម្លៀកបំពាក់ ឬ​ផ្លែ​អូលីវ ផ្លែ​ទំពាំងបាយជូរ ចៀម គោ ឬ​អ្នក​បំរើ​ប្រុស​ស្រី​ឡើយ។ ២៧ ដូច្នេះ រោគ​ឃ្លង់​របស់​លោក​ណាម៉ាន់​នឹង​កើត​ដល់​ឯង ព្រម​ទាំង​កូន​ចៅ​ឯង​រហូត​ត​ទៅ!»។

កាល​កេហាស៊ី ចាក​ចេញ​ពី​ព្យាការី​អេលីសេ​ទៅ គាត់​ក៏​កើត​រោគ​ឃ្លង់ ហើយ​ខ្លួន​ប្រាណ​របស់​គាត់​ឡើង​ស​ដូច​សំឡី។

ផ្លែ​ពូថៅ​អណ្ដែត

១ ថ្ងៃ​មួយ ក្រុម​ព្យាការី​ជំរាប​លោក​អេលីសេ​ថា៖ «កន្លែង​ដែល​យើង​ស្នាក់​នៅ​ជា​មួយ​លោក​នេះ​ចង្អៀត​ណាស់ សំរាប់​យើង​ទាំង​អស់​គ្នា។ ២ សូម​អនុញ្ញាត​អោយ​យើង​នាំ ​គ្នា​ទៅ​ទន្លេ​យ័រដាន់ កាប់​កូន​ឈើ​ម្នាក់​មួយ​ដើមៗ​យក​មក​ធ្វើ​កន្លែង​ស្នាក់​នៅ»។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ទៅ​ចុះ!»។ ៣ មាន​ម្នាក់​ក្នុង​ចំណោម​ព្យាការី​ពោល​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ជា​មួយ​យើង​ខ្ញុំ​ផង!»។ លោក​ឆ្លើយ​ថា៖ «ខ្ញុំ​យល់​ព្រម​ទៅ​ជា​មួយ»។ ៤ លោក​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ពួក​គេ។ លុះ​ទៅ​ដល់​ទន្លេ​យ័រដាន់​ពួក​គេ​នាំ​គ្នា​កាប់​ដើម​ឈើ។ ៥ ពេល​នោះ មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​កាប់​ដើម​ឈើ ហើយ​ផ្លែ​ពូថៅ​របស់​គាត់​របូត​ធ្លាក់​ទៅ​ក្នុង​ទឹក។ គាត់​ស្រែក​ឡើង​ថា៖ «វីវរ​ហើយ​លោក​ម្ចាស់! ពូថៅ​នេះ​ខ្ញុំ​ខ្ចី​គេ​ផង!»។ ៦ អ្នក​ជំនិត​របស់​ ព្រះជាម្ចាស់​មាន​ប្រសាសន៍​ថា៖ «តើ​ផ្លែ​ពូថៅ​នោះ​ធ្លាក់​នៅ​កន្លែង​ណា?»។ គាត់​ចង្អុល​បង្ហាញ​កន្លែង​ដែល​ផ្លែ​ពូថៅ​ធ្លាក់។ លោក​អេលីសេ​កាត់​ឈើ​មួយ​កង់​បោះ​ទៅ​ក្នុង​ទឹក ផ្លែ​ពូថៅ​ក៏​ផុស​ពី​ទឹក​អណ្ដែត​ឡើង។ ៧ លោក​បង្គាប់​ថា៖ «ចូរ​ស្រង់​មក!»។ បុរស​នោះ​លូក​ដៃ​ទៅ​ចាប់​ផ្លែ​ពូថៅ​ស្រង់​ឡើង។

 

ព្យាការី​អេលីសេ​ចាប់​ទាហាន​ស៊ីរី​មក​ជា​ឈ្លើយ

៨ ក្នុង​ពេល​ស្ដេច​ស្រុក​ ស៊ីរី កំពុង​តែ​ធ្វើ​សង្គ្រាម​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល ទ្រង់​កោះ​ហៅ​ពួក​មេទ័ព​មក​រួម​ប្រជុំ​ពិភាក្សា​គ្នា រួច​មាន​រាជឱង្ការ​ថា៖ «យើង​នឹង​បោះ​ទ័ព​នៅ​កន្លែង​មួយ​នោះ»។ ៩ អ្នក​ជំនិត​របស់​ ព្រះជាម្ចាស់ ចាត់​គេ​អោយ​ទៅ​ទូល​ស្ដេច​ស្រុក​អ៊ីស្រាអែល​ថា៖ «សូម​ព្រះករុណា​ប្រុង​ប្រយ័ត្ន កុំ​យាង​កាត់​តាម​កន្លែង​មួយ​នោះ​អោយ​សោះ ដ្បិត​កងទ័ព​ស៊ីរី​ចុះ​មក​តាម​នោះ​ហើយ!»។ ១០ ស្ដេច​ស្រុក​អ៊ីស្រាអែល ​ចាត់​មនុស្ស​អោយ​ទៅ​ស៊ើបការណ៍ នៅ​កន្លែង​ដែល​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ប្រាប់។ ហេតុការណ៍​កើត​មាន​ជា​ច្រើន​លើក​ច្រើន​សា ដូច​ពាក្យ​លោក​អេលីសេ​ទូល​ស្ដេច​អោយ​ប្រុង​ប្រយ័ត្ន​ជា​មុន។

 

១១ ស្ដេច​ ស្រុក​ស៊ីរី​មាន​ព្រះហឫទ័យ​ខ្វល់​ខ្វាយ​ជា​ខ្លាំង​ចំពោះ​ហេតុការណ៍​នេះ ទ្រង់​កោះ​ហៅ​ពួក​មេទ័ព​មក ហើយ​មាន​រាជឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​អស់​លោក​មិន​ប្រាប់​អោយ​ខ្ញុំ​ដឹង​ថា ក្នុង​ចំណោម​ពួក​យើង មាន​ម្នាក់​ចូល​ដៃ​ជា​មួយ​ស្ដេច​ស្រុក​អ៊ីស្រាអែល?»។១២ មាន​មេទ័ព​ម្នាក់​ទូល​ថា៖«បពិត្រ​ព្រះករុណា​​​​​ជា​អម្ចាស់! គ្មាន​នរណា​ក្បត់​ទេ! ប៉ុន្តែ អ្វីៗ​ដែល​ព្រះករុណា​មាន​រាជឱង្ការ​ក្នុង​ក្រឡាបន្ទំ ព្យាការី​អេលីសេ​នៅ​ស្រុក​អ៊ីស្រាអែល យក​ទៅ​ទូល​ស្ដេច​ស្រុក​អ៊ីស្រាអែល​ទាំង​អស់»។ ១៣ ស្ដេច​ស្រុក​ស៊ីរី​មាន​ រាជឱង្ការ​ថា៖ «ចូរ​ទៅ​រក​មើល​កន្លែង​ដែល​គាត់​នៅ យើង​នឹង​ចាត់​មនុស្ស​អោយ​ទៅ​ចាប់!»។ គេ​ទូល​ស្ដេច​ថា៖ «លោក​នៅ​ក្រុង​ដូតន»។ ១៤ ស្ដេច​ស្រុក​ស៊ីរី​ចាត់ ​ពល​ទាហាន​យ៉ាង​ច្រើន មាន​ទាំង​ពល​សេះ និង​រទេះ​ចំបាំង​ផង។ កងទ័ព​ស៊ីរី​ទៅ​ដល់​ក្នុង​ពេល​យប់​នោះ ហើយ​ឡោមព័ទ្ធ​ទីក្រុង។ ១៥ លុះ​ព្រឹក​ឡើង អ្នក​បំរើ​របស់​អ្នក​ជំនិត​ព្រះជាម្ចាស់​បាន​ភ្ញាក់​ពី​ព្រលឹម​ចេញ​មក​ក្រៅ ឃើញ​មាន​ពល​ទាហាន​មាន​ទ័ព​សេះ និង​រទេះ​ចំបាំង​ឡោមព័ទ្ធ​ទីក្រុង។ អ្នក​បំរើ​នោះ​ជំរាប​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ថា៖ «លោក​ម្ចាស់​អើយ! តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច?»។ ១៦ លោក​ឆ្លើយ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ដ្បិត​អ្នក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​គេ​ទៅ​ទៀត»។ ១៧ លោក​អេលីសេ​អធិស្ឋាន​ថា៖ «បពិត្រ​ព្រះអម្ចាស់! សូម​មេត្តា​បើក​ភ្នែក​គេ​អោយ​មើល​ឃើញ​ផង!»។ ព្រះអម្ចាស់​បើក​ភ្នែក​អ្នក​បំរើ​នោះ ហើយ​គេ​ក៏​មើល​ឃើញ​នៅ​លើ​ភ្នំ​មាន​សុទ្ធ​តែ​ទ័ព​សេះ និង​រទេះ​ចំបាំង​ជា​ភ្លើង ជុំវិញ​​លោក​អេលីសេ។

 

១៨ ពល​ទាហាន​ស៊ីរី ចុះ​តម្រង់​មក​រក​លោក​អេលីសេ លោក​អធិស្ឋាន​ព្រះអម្ចាស់​ថា៖ «សូម​ព្រះអង្គ​មេត្តា​ធ្វើ​អោយ​ពួក​គេ​ស្រវាំង​ភ្នែក​ទៅ!»។ ព្រះអម្ចាស់​ក៏​ធ្វើ​អោយ​ពល​ទាហាន​ស៊ីរី​ស្រវាំង​ភ្នែក តាម​ពាក្យ​សុំ​របស់​លោក​អេលីសេ។ ១៩ លោក​អេលីសេ​ប្រាប់​ពួក​ គេ​ថា៖ «អ្នក​រាល់​គ្នា​ច្រឡំ​ផ្លូវ​ហើយ មិន​មែន​ក្រុង​នេះ​ទេ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ទៅ​នោះ។ សូម​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ជួប​មនុស្ស ដែល​អ្នក​រាល់​គ្នា​កំពុង​ស្វែង​រក»។ លោក​នាំ​ពួក​គេ​ចូល​ក្រុង​សាម៉ារី។ ២០ លុះ​ពួក​គេ​ចូល​ក្នុង​ក្រុង​សាម៉ារី​ហើយ លោក​អេលីសេ​អធិស្ឋាន​ថា៖ «បពិត្រ​ព្រះអម្ចាស់! សូម​មេត្តា ​ប្រោស​អោយ​ភ្នែក​របស់​អ្នក​ទាំង​នេះ​បាន​ភ្លឺ​ផង!»។ ព្រះអម្ចាស់​ធ្វើ​អោយ​ភ្នែក​របស់​ពួក​គេ​ភ្លឺ ហើយ​ពួក​គេ​ឃើញ​ថា ខ្លួន​កំពុង​ស្ថិត​នៅ​កណ្ដាល​ក្រុង​សាម៉ារី។ ២១ ពេល​ស្ដេច​ស្រុក​ អ៊ីស្រាអែល ទត​ឃើញ​ទាហាន​ស៊ីរី ស្ដេច​មាន​រាជឱង្ការ​សួរ​លោក​អេលីសេ​ថា៖ «លោក​ឪពុក! តើ​យើង​ត្រូវ​ប្រហារ​ជីវិត​ពួក​គេ​ឬ?»។ ២២ លោក​ទូល​ស្ដេច​ថា៖ «សូម​កុំ​ប្រហារ​ជីវិត​ពួក​គេ​ធ្វើ​អ្វី តើ​ព្រះករុណា​គួរ​ប្រហារ​ជីវិត​ឈ្លើយ​សឹក​ដោយ​មុខ​ដាវ ឬ​ដោយ​ព្រួញ? សូម​ព្រះករុណា​ប្រទាន​នំបុ័ង និង​ទឹក​អោយ​ពួក​គេ​បរិភោគ រួច​លែង​ពួក​គេ​អោយ​វិល​ទៅ​ជួប​ម្ចាស់​របស់​ខ្លួន​វិញ​ចុះ»។ ២៣ ស្ដេច​ស្រុក​អ៊ីស្រាអែល ​រៀបចំ​ពិធី​ជប់លៀង​មួយ​យ៉ាង​ធំ ទទួល​ទាហាន​ស៊ីរី​ទាំង​នោះ។ កាល​ពួក​គេ​បរិភោគ​រួច​ហើយ ស្ដេច​អោយ​ពួក​គេ​វិល​ទៅ​រក​ម្ចាស់​របស់​ខ្លួន​វិញ។ ចាប់​តាំង​ពី​ពេល​នោះ​មក ទាហាន​ស៊ីរី​លែង​ឈ្លានពាន​ចូល​មក​ក្នុង​ទឹក​ដី​អ៊ីស្រាអែល​ទៀត។

 

ទុរ្ភិក្ស​នៅ​ក្រុង​សាម៉ារី

២៤ លុះ​ក្រោយ​មក ព្រះបាទ​បេនហាដាដ​ជា​ស្ដេច​ស្រុក​ស៊ីរី ប្រមូល​កងទ័ព​ទាំង​អស់​ឡើង​ទៅ​ឡោមព័ទ្ធ​ក្រុង​សាម៉ារី។ ២៥ ​ដូច្នេះ នៅ​ក្រុង​សាម៉ារី មាន​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង។ កងទ័ព​ស៊ីរី​ឡោមព័ទ្ធ​ទីក្រុង​យ៉ាង​យូរ រហូត​ដល់​ក្បាល​សត្វ​លា​មួយ​ឡើង​ថ្លៃ ជា​ប្រាក់​សុទ្ធ​ប៉ែតសិប​តម្លឹង ហើយ​សណ្ដែក​មួយ​រង្វាល់​ថ្លៃ​ប្រាំ​តម្លឹង។

 

២៦ ថ្ងៃ​មួយ ស្ដេច​ស្រុក​អ៊ីស្រាអែល​កំពុង​យាង​នៅ​លើ​កំពែង ស្រាប់​តែ​មាន​ស្ត្រី​ម្នាក់​ស្រែក​ទូល​ថា៖ «បពិត្រ​ព្រះករុណា​ជា​អម្ចាស់! សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង!»។ ២៧ ស្ដេច​មាន​រាជឱង្ការ​ថា៖ «ប្រសិន​បើ​ព្រះអម្ចាស់​មិន​ជួយ​នាង​ទេ​នោះ ធ្វើ​ម្ដេច​អោយ​យើង​ជួយ​នាង​បាន? ស្រូវ​យើង​ក៏​គ្មាន ស្រា​ទំពាំងបាយជូរ​ក៏​គ្មាន​ដែរ»។ ២៨ ស្ដេច​មាន​រាជឱង្ការ​ទៀត​ថា៖ «តើ​នាង​មាន​រឿង​អ្វី?»។ នាង​ទូល​ថា៖ «កាល​ពី​ថ្ងៃ​មុន ស្ត្រី​ម្នាក់​នោះ​បបួល​ខ្ញុំ​ម្ចាស់​ថា “ចូរ​យក​កូន​របស់​នាង​មក យើង​ចែក​គ្នា​បរិភោគ​នៅ​ថ្ងៃ​នេះ ហើយ​ស្អែក​យើង​នឹង​បរិភោគ​កូន​របស់​ខ្ញុំ​វិញ”។ ២៩ យើង​ទាំង​ពីរ​ក៏​យក​កូន ​របស់​ខ្ញុំ​ម្ចាស់ ទៅ​ស្ងោរ​បរិភោគ។ លុះ​ស្អែក​ឡើង ខ្ញុំ​ម្ចាស់​ប្រាប់​នាង​នោះ​ថា “ចូរ​យក​កូន​របស់​នាង​មក យើង​ចែក​គ្នា​បរិភោគ” ប៉ុន្តែ នាង​នោះ​បាន​យក​កូន​របស់​ខ្លួន​ទៅ​លាក់​»​។ ៣០ កាល​ស្ដេច​ឮ​ពាក្យ​របស់ ​ស្ត្រី​នោះ ទ្រង់​ក៏​ហែក​ព្រះភូសា។ ពេល​នោះ ស្ដេច​កំពុង​តែ​យាង​នៅ​លើ​កំពែង​ក្រុង ដូច្នេះ ប្រជា​ជន​ឃើញ​ព្រះរាជា​ស្លៀក​បាវ។ ៣១ ស្ដេច​មាន​រាជឱង្ការ​ ថា៖ «យើង​សូម​ស្បថ​ថា ថ្ងៃ​នេះ​ប្រសិន​បើ​យើង​មិន​កាត់​ក​អេលីសេ ជា​កូន​របស់​លោក​សាផាត​ទេ នោះ​សូម​ព្រះជាម្ចាស់​ដាក់​ទោស​យើង​យ៉ាង​ធ្ងន់​ចុះ!»។

 

៣២ ពេល​នោះ លោក​អេលីសេ​កំពុង​អង្គុយ​ជុំ​គ្នា​ជា​មួយ​អស់​លោក​ព្រឹទ្ធាចារ្យ នៅ​ក្នុង​ផ្ទះ​របស់​លោក។ ស្ដេច​ចាត់​មនុស្ស​ម្នាក់​អោយ​ទៅ​សម្លាប់​លោក​អេលីសេ ប៉ុន្តែ មុន​ពេល​អ្នក​នោះ​ទៅ​ដល់​លោក​អេលីសេ​មាន​ប្រសាសន៍​ទៅ​កាន់​អស់​លោក​ ព្រឹទ្ធាចារ្យ​ថា៖ «សូម​អស់​លោក​មើល​ចុះ ឃាតក​នោះ​ចាត់​មនុស្ស​អោយ​មក​កាត់​ក​ខ្ញុំ​ហើយ។ សូម​ប្រយ័ត្ន! កាល​ណា​រាជ​បំរើ​មក​ដល់ ត្រូវ​បិទ​ទ្វារ​អោយ​ជិត កុំ​អោយ​គេ​ចូល។ ប៉ុន្តែ សូរ​សំរិប​ជើង​របស់​ម្ចាស់​គេ ក៏​មក​ដល់​តាម​ក្រោយ​ហើយ​ដែរ»។ ៣៣ លោក​អេលីសេ​កំពុង​មាន​ប្រសាសន៍​នៅ​ឡើយ រាជ​បំរើ​ចូល​មក​ដល់​ពោល​ថា៖ «ព្រះអម្ចាស់​បាន​ធ្វើ​អោយ​យើង​រង​ទុក្ខ​វេទនា​ដូច្នេះ តើ​អោយ​យើង​សង្ឃឹម​អ្វី​លើ​ព្រះអង្គ​ទៀត?»។

១ លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់! ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ស្អែក​ពេល​ថ្មើរ​នេះ នៅ​មាត់​ទ្វារ​ក្រុង​សាម៉ារី អង្ករ​មួយ​តៅ​ថ្លៃ​តែ​មួយ​កាក់ ហើយ​ពោត​មួយ​ថាំង​ក៏​ថ្លៃ​តែ​មួយ​កាក់​ដែរ»។ ២ អង្គរក្ស​របស់​ស្ដេច​ឆ្លើយ​ទៅ​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​វិញ​ថា៖ «ទោះ​បី​ព្រះអម្ចាស់​ បើក​ទ្វារ​មេឃ​ក្ដី ក៏​ហេតុការណ៍​នោះ​មិន​អាច​កើត​មាន​ដែរ?»។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ចាំ​មើល​ចុះ​លោក​មុខ​ជា​ឃើញ​ផ្ទាល់​នឹង​ភ្នែក តែ​លោក​ពុំ​បាន​បរិភោគ​ទេ»។

 

៣ នៅ​មាត់​ ទ្វារ​ក្រុង មាន​មនុស្ស​ឃ្លង់​បួន​នាក់​ជជែក​គ្នា​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​នាំ​គ្នា​អង្គុយ​រង់ចាំ​សេចក្ដី​ស្លាប់​នៅ​ទី​ នេះ? ៤ ប្រសិន​បើ​យើង​សំរេច​គ្នា​ថា ចូល​ទៅ​ក្នុង​ក្រុង យើង​មុខ​ជា​អត់​បាយ​ស្លាប់ ព្រោះ​នៅ​ក្នុង​ក្រុង​គ្មាន​អ្វី​បរិភោគ​ឡើយ។ ប្រសិន​បើ​យើង​នៅ​ទី​នេះ យើង​ក៏​ស្លាប់​ដែរ។ ដូច្នេះ គួរ​យើង​នាំ​គ្នា​រត់​ទៅ​ចុះ​ចូល​នឹង​កងទ័ព​ស៊ីរី​ទៅ ក្រែងលោ​គេ​ទុក​ជីវិត​អោយ​យើង ហើយ​យើង​នឹង​បាន​រស់​រាន​មាន​ជីវិត! ប្រសិន​បើ​ពួក​គេ​សម្លាប់ យើង​ក៏​ស្លាប់​ដូច​តែ​គ្នា!»។ ៥ នៅ​ពេល​ថ្ងៃ​លិច ពួក​គេ​ក្រោក​ឡើង នាំ​គ្នា​ដើរ​ឆ្ពោះ​ទៅ​ទី​តាំង​ទ័ព​ស៊ីរី។ កាល​មនុស្ស​ឃ្លង់​ទាំង​បួន​នាក់​ទៅ​ជិត​ដល់​ទី​តាំង​ទ័ព ពួក​គេ​ពុំ​ប្រទះ​ឃើញ​មាន​នរណា​ម្នាក់​សោះ។ ៦ ពី​មុន​នោះ ព្រះអម្ចាស់​បាន​ធ្វើ​អោយ​កងពល​ស៊ីរី​នៅ​ក្នុង​ទី​ តាំង​ទ័ព ឮ​ស្នូរ​សន្ធឹក​រទេះ​ចំបាំង និង​ទ័ព​សេះ ព្រម​ទាំង​កងទ័ព​មួយ​យ៉ាង​ធំ។ ពួក​គេ​និយាយ​គ្នា​ថា៖ «ពិត​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ​ទៅ​ពឹង​ទ័ព​របស់​ស្ដេច​ជន​ជាតិ​ហេត និង​ទ័ព​របស់​ស្ដេច​ស្រុក​អេស៊ីប អោយ​មក​ច្បាំង​នឹង​យើង​ហើយ!»។ ៧ នៅ​ពេល​ថ្ងៃ​លិច​កងទ័ព​ ស៊ីរី​នាំ​គ្នា​ក្រោក​ឡើង រត់​ប្រាស​អាយុ ដោយ​បោះ​បង់​ចោល​តង់ត៍ ព្រម​ទាំង​សេះ និង​លា​ផង។ ពួក​គេ​ទុក​អ្វីៗ​ទាំង​អស់​ចោល​នៅ​ក្នុង​ជំរំ ហើយ​រត់​យក​តែ​រួច​ខ្លួន​ប៉ុណ្ណោះ។ ៨ ក្រោយ​ពី​ដើរ​មើល​ជុំវិញ​ កន្លែង​បោះ​ទ័ព​រួច​ហើយ មនុស្ស​ឃ្លង់​ទាំង​នោះ​ក៏​ចូល​ទៅ​ក្នុង​តង់ត៍​មួយ​នាំ​គ្នា​ស៊ី​ផឹក រួច​ជញ្ជូន​យក​មាស​ប្រាក់ និង​សម្លៀកបំពាក់​ទៅ​លាក់​ទុក។ លុះ​ត្រឡប់​មក​វិញ ពួក​គេ​ចូល​ទៅ​ក្នុង​តង់ត៍​មួយ​ទៀត ប្រមូល​របស់​របរ ដែល​មាន​នៅ​ទី​នោះ​យក​ទៅ​លាក់​ទៀត។

 

ចុង​បញ្ចប់​នៃ​ទុរ្ភិក្ស

៩ មនុស្ស​ឃ្លង់​ទាំង​បួន​ នាក់​និយាយ​គ្នា​ថា៖ «ពួក​យើង​ធ្វើ​ដូច្នេះ​មិន​សម​ទេ ដ្បិត​ថ្ងៃ​នេះ​ពួក​យើង​ដឹង​ដំណឹងល្អ ប្រសិន​បើ​យើង​នៅ​ស្ងៀម​រង់ចាំ រហូត​ដល់​ភ្លឺ ព្រះជាម្ចាស់​ពិត​ជា​ដាក់​ទោស​យើង​មិន​ខាន។ ដូច្នេះ ចូរ​យើង​នាំ​ដំណឹងល្អ​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ក្នុង​វាំង»។ ១០ មនុស្ស​ឃ្លង់​ទាំង​បួន​ នាក់​នាំ​គ្នា​ទៅ​ហៅ​អ្នក​យាម​ទ្វារ​ក្រុង ហើយ​ប្រាប់​ថា៖ «ពួក​យើង​បាន​ចូល​ទៅ​ក្នុង​ទី​តាំង​ទ័ព​របស់​ពួក​ស៊ីរី តែ​ពុំ​ប្រទះ​ឃើញ​នរណា​ម្នាក់ ឬ​ក៏​ឮ​សូរ​សំឡេង​មនុស្ស​ណា​សោះ​ឡើយ។ ពួក​យើង​ឃើញ​មាន​តែ​សេះ លា ដែល​គេ​ចង​ទុក និង​តង់ត៍​ដែល​គេ​បោះ​បង់​ចោល​ប៉ុណ្ណោះ»។ ១១ អ្នក​យាម​ទ្វារ​ស្រែក​ប្រាប់​អ្នក​នៅ​ខាង​ក្នុង អោយ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ក្នុង​វាំង។ ១២ ស្ដេច​តើន​ឡើង​ទាំង​យប់ រួច​មាន​រាជឱង្ការ​ទៅ​កាន់​ពួក​មន្ត្រី​ថា៖ «សូម​អស់​លោក​ជ្រាប​ថា​នេះ​ជា​ឧបាយកល​របស់​ពួក​ស៊ីរី​ប្រឆាំង​នឹង​យើង។ ពួក​គេ​ដឹង​ថា យើង​ទាំង​អស់​គ្នា​កំពុង​តែ​អត់​ឃ្លាន ដូច្នេះ ពួក​គេ​ចេញ​ពី​ទី​តាំង​ទ័ព​ទៅ​លាក់​ខ្លួន​នៅ​ឯ​វាល ដោយ​នឹក​គិត​ថា​កាល​ណា​ពួក​យើង​ចេញ​ពី​ទីក្រុង នោះ​ពួក​គេ​នឹង​ចាប់​ពួក​យើង​ទាំង​រស់ រួច​ចូល​មក​ក្នុង​ក្រុង»។ ១៣ មាន​មន្ត្រី​ម្នាក់​ទូល ​ស្ដេច​ថា៖ «សូម​អោយ​គេ​យក​សេះ​ប្រាំ​ក្បាល ដែល​នៅ​សល់​ក្នុង​ទីក្រុង​មក ហើយ​ចាត់​អ្នក​ខ្លះ​អោយ​ទៅ​ជា​មួយ​សេះ​ទាំង​នោះ ដើម្បី​ពិនិត្យ​មើល​ហេតុការណ៍។ ទោះ​បី​យ៉ាង​ណា​ក្ដី ក៏​សេះ​ទាំង​នេះ​មុខ​ជា​ងាប់ ដូច​ប្រជាជន​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង​ដែរ»។ ១៤ គេ​យក​រទេះ​ចំបាំង​ពីរ​ គ្រឿង​ទឹម​ដោយ​សេះ​មក​ថ្វាយ​ស្ដេច ហើយ​ស្ដេច​ក៏​ចាត់​មនុស្ស​ចេញ​ទៅ​តាម​កងទ័ព​ស៊ីរី ដោយ​មាន​រាជឱង្ការ​ថា៖ «ចូរ​ចេញ​ទៅ​ពិនិត្យ​មើល​ហេតុការណ៍​នោះ​ចុះ!»។ ១៥ ពួក​គេ​ចេញ​ទៅ​តាម​ កងទ័ព​ស៊ីរី រហូត​ដល់​ទន្លេ​យ័រដាន់ ហើយ​នៅ​តាម​ផ្លូវ​ឃើញ​មាន​សុទ្ធ​តែ​ខោអាវ និង​របស់​របរ​ដែល​កងទ័ព​ស៊ីរី​ដោះ​បោះ​ចោល​រប៉ាត់រប៉ាយ ព្រោះ​ប្រញាប់​រត់​យក​រួច​ជីវិត។ អ្នក​ដែល​ស្ដេច​ចាត់​អោយ​ទៅ ក៏​វិល​មក​វិញ​រាយការណ៍​ថ្វាយ​ស្ដេច។

 

១៦ ពេល​នោះ ប្រជាជន​នាំ​គ្នា​ចេញ​ពី​ទីក្រុង ទៅ​ដណ្ដើម​យក​របស់​របរ​នៅ​ក្នុង​ទី​តាំង​ទ័ព​ស៊ីរី។ ដូច្នេះ អង្ករ​មួយ​តៅ​ថ្លៃ​តែ​មួយ​កាក់ ហើយ​ពោត​មួយ​ថាំង​ក៏​ថ្លៃ​តែ​មួយ​កាក់ ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។ ១៧ ស្ដេច​បញ្ជា​អង្គរក្ស​ អោយ​ចេញ​ទៅ​ត្រួត​ពិនិត្យ​មើល​ខុស​ត្រូវ នៅ​មាត់​ទ្វារ​ក្រុង ប៉ុន្តែ មហាជន​បាន​ជាន់​គាត់​ស្លាប់​នៅ​ទី​នោះ ស្រប​តាម​ពាក្យ​ដែល​អ្នក​ជំនិត​របស់​ព្រះជា​ម្ចាស់​ថ្លែង នៅ​ពេល​ស្ដេច​ទៅ​ជួប​លោក។

 

១៨ ហេតុការណ៍ ​នេះ​កើត​មាន ដូច​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​បាន​ទូល​ស្ដេច​ថា “ស្អែក ពេល​ថ្មើរ​នេះ នៅ​មាត់​ទ្វារ​ក្រុង​សាម៉ារី អង្ករ​មួយ​តៅ​ថ្លៃ​តែ​មួយ​កាក់ ហើយ​ពោត​មួយ​ថាំង​ក៏​ថ្លៃ​តែ​មួយ​កាក់​ដែរ”។ ១៩ ពេល​នោះ អង្គរក្ស​របស់​ស្ដេច​ឆ្លើយ​ទៅ​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​វិញ​ថា “ទោះ​បី​ព្រះអម្ចាស់​ បើក​ទ្វារ​មេឃ​ក្ដី ក៏​ហេតុការណ៍​បែប​នេះ​មិន​កើត​មាន​ដែរ!”។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា “ចាំ​មើល​ចុះ លោក​មុខ​ជា​ឃើញ​ផ្ទាល់​នឹង​ភ្នែក តែ​លោក​ពុំ​បាន​បរិភោគ​ទេ”។ ២០ ហេតុការណ៍​នេះ​ក៏​កើត​មាន​ចំពោះ​គាត់​មែន គឺ​មហាជន​បាន​ជាន់​គាត់​ស្លាប់​នៅ​មាត់​ទ្វារ​ក្រុង។

ស្ដេច​អ៊ីស្រាអែល​រក​យុត្តិធម៌​ជូន​ស្ត្រី​អ្នក​ភូមិ​ស៊ូណែម

១ ថ្ងៃ​មួយ លោក​អេលីសេ​មាន​ប្រសាសន៍​ប្រាប់​ស្ត្រី ដែល​លោក​បាន​ធ្វើ​អោយ​កូន​ប្រុស​រស់​ឡើង​វិញ​នោះ​ថា៖ «ចូរ​ក្រោក​ឡើង ចាក​ចេញ​ពី​ទី​នេះ​ជា​មួយ​គ្រួសារ​របស់​នាង ហើយ​ទៅ​ស្នាក់​នៅ​ស្រុក​ណា ដែល​នាង​អាច​នៅ​បាន ដ្បិត​ព្រះអម្ចាស់​ធ្វើ​អោយ​ស្រុក​នេះ​កើត​ទុរ្ភិក្ស ក្នុង​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ»។ ២ ស្ត្រី​នោះ​ក្រោក​ឡើង ធ្វើ​តាម​ពាក្យ​ដែល​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​បាន​ប្រាប់។ នាង​នាំ​គ្រួសារ​ទៅ​រស់​នៅ​ស្រុក​ភីលីស្ទីន​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ។ ៣ លុះ​គ្រប់​ប្រាំពីរ​ឆ្នាំ នាង​ក៏​ត្រឡប់​មក​ពី​ស្រុក​ភីលីស្ទីន ហើយ​ចូល​ទៅ​គាល់​ស្ដេច ដើម្បី​ទាមទារ​ផ្ទះ​សម្បែង និង​ដីធ្លី​របស់​នាង​វិញ។ ៤ ពេល​នោះ ស្ដេច​កំពុង​សំណេះសំណាល​ជា​មួយ​កេហាស៊ី ជា​អ្នក​បំរើ​របស់​អ្នក​ជំនិត​ព្រះជាម្ចាស់​ទ្រង់​មាន​រាជឱង្ការ​ថា៖ «ចូរ​រៀប​រាប់​ប្រាប់​យើង​ពី​ការ​អស្ចារ្យ​ផ្សេងៗ​ដែល​លោក​អេលីសេ​បាន​ធ្វើ!»។ ៥ នៅ​ពេល​ដែល​កេហាស៊ី​រៀប​ រាប់​ថ្វាយ​ស្ដេច អំពី​លោក​អេលីសេ​ធ្វើ​អោយ​ក្មេង​ម្នាក់​រស់​ឡើង​វិញ ស្ត្រី​ជា​ម្ដាយ​ក៏​ចូល​មក​គាល់​ស្ដេច ដើម្បី​ទាមទារ​ទូល​សូម​ផ្ទះ​សម្បែង និង​ដីធ្លី​របស់​នាង។ កេហាស៊ី​ទូល​ថា៖ «បពិត្រ​ព្រះករុណា​ជា​អម្ចាស់ នេះ​ហើយ​ស្ត្រី​ដែល​ជា​ម្ដាយ ព្រម​ទាំង​កូន​របស់​នាង ដែល​លោក​អេលីសេ​បាន​ធ្វើ​អោយ​មាន​ជីវិត​រស់​ឡើង​វិញ!»។ ៦ ស្ដេច​មាន​រាជឱង្ការ​សួរ​នាង ហើយ​នាង​ក៏​រៀប​រាប់​ទូល​ស្ដេច​តាម​ដំណើរ​រឿង។ ពេល​នោះ ស្ដេច​បញ្ជា​ទៅ​មន្ត្រី​ម្នាក់​ថា៖ «ចូរ​ប្រគល់​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​នាង​អោយ​នាង​វិញ ព្រម​ទាំង​ប្រគល់​ភោគផល​ពី​ស្រែ​ចំការ​របស់​នាង តាំង​ពី​ពេល​ដែល​នាង​ចាក​ចេញ​ពី​ស្រុក រហូត​មក​ដល់​ពេល​នេះ​ផង»។

 

ព្យាការី​អេលីសេ និង​លោក​ហាសាអែល

៧ លោក​អេលីសេ​ធ្វើ​ដំណើរ​ទៅ ​ក្រុង​ដាម៉ាស។ ពេល​នោះ ព្រះបាទ​បេនហាដាដ ជា​ស្ដេច​ស្រុក​ស៊ីរី​កំពុង​តែ​ប្រឈួន។ គេ​ទូល​ស្ដេច​ថា៖ «អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ អញ្ជើញ​មក​ដល់​ហើយ»។ ៨ ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ហាសាអែល​​ថា៖ «ចូរ​នាំ​យក​ជំនូន​ទៅ​ជូន​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ រួច​ទូល​សួរ​ព្រះអម្ចាស់​តាម​រយៈ​លោក​ថា តើ​យើង​នឹង​បាន​ជា​សះស្បើយ​ពី​ជំងឺ​នេះ​ឬ​ទេ?»។

 

៩ លោក​ហាសាអែល​ក៏​ទៅ​ជួប​លោក​អេលីសេ ដោយ​នាំ​យក​ជំនូន​ដ៏​ល្អៗ​បំផុត​ដែល​មាន​នៅ​ក្រុង​ដាម៉ាស ផ្ទុក​លើ​អូដ្ឋ​សែសិប​ក្បាល​ដឹក​ទៅ​ជូន។ ពេល​ទៅ​ដល់​លោក​ហាសាអែល​ចូល​ជួប​លោក​អេលីសេ​ជំរាប​ថា៖ «ព្រះបាទ​បេនហាដាដ ជា​ស្ដេច​ស្រុក​ស៊ីរី ជា​កូន​របស់​លោក ចាត់​ខ្ញុំ​ប្របាទ​អោយ​មក​ជំរាប​សួរ​លោក​ថា តើ​ស្ដេច​នឹង​ជា​សះស្បើយ​ពី​ជំងឺ​ឬ​ទេ?»។ ១០ លោក​អេលីសេ​ឆ្លើយ​ថា៖ «ចូរ​ទៅ​ទូល​ព្រះករុណា​វិញ​ថា ស្ដេច​នឹង​បាន​ជា​សះស្បើយ​ពិត​មែន! ប៉ុន្តែ ព្រះអម្ចាស់​សំដែង​អោយ​ខ្ញុំ​ដឹង​ថា ព្រះករុណា​មុខ​ជា​សោយ​ទិវង្គត​ជាក់​ជា​មិន​ខាន»។ ១១ អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ សម្លឹង​មុខ​លោក​ហាសាអែល​មិន​ដាក់​ភ្នែក រួច​លោក​យំ។ ១២ លោក​ហាសាអែល​សួរ​ព្យាការី ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ម្ចាស់​យំ?»។ លោក​អេលីសេ​ឆ្លើយ​ថា៖ «ខ្ញុំ​យំ ព្រោះ​ខ្ញុំ​ដឹង​ពី​អំពើ​អាក្រក់ ដែល​លោក​នឹង​ប្រព្រឹត្ត​ទៅ​លើ​ជន​ជាតិ​អ៊ីស្រា​អែល គឺ​លោក​នឹង​ដុត​បំផ្លាញ​ទីក្រុង​របស់​គេ លោក​នឹង​សម្លាប់​ពួក​យុវជន​ដោយ​មុខ​ដាវ លោក​នឹង​បោក​សម្លាប់​កូន​ក្មេង ព្រម​ទាំង​វះ​ពោះ​ស្ត្រី​មាន​គភ៌​ផង»។ ១៣ លោក​ហាសាអែល​តប​ថា៖ «ខ្ញុំ​ប្របាទ​នេះ​ប្រៀប​ដូច​ជា​ឆ្កែ តើ​ខ្ញុំ​ប្របាទ​អាច​ធ្វើ​កិច្ចការ​ដ៏​សម្បើម​បែប​នេះ​កើត​ឬ?»។ លោក​អេលីសេ​ឆ្លើយ​ថា៖ «ព្រះ​អម្ចាស់​​បាន​សំដែង​អោយ​ខ្ញុំ​ដឹង​ថា លោក​នឹង​ឡើង​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​ស៊ីរី»។

១៤ លោក​ ហាសាអែល​ចាក​ចេញ​ពី​លោក​អេលីសេ វិល​ត្រឡប់​ទៅ​រក​ម្ចាស់​របស់​ខ្លួន​វិញ។ ស្ដេច​មាន​រាជឱង្ការ​សួរ​ថា៖ «តើ​លោក​អេលីសេ​មាន​ប្រសាសន៍​ដូច​ម្ដេច»។ លោក​ហាសា​អែល​​​​​​​ឆ្លើយ​ថា៖ «លោក​ប្រាប់​ទូលបង្គំ​ថា ព្រះករុណា​នឹង​បាន​ជា​សះស្បើយ​ពិត​មែន»។ ១៥ ស្អែក​ឡើង​លោក​ហាសាអែល​យក ​ភួយ​ជ្រលក់​ទឹក រួច​យក​ទៅ​ខ្ទប់​ព្រះភក្ត្រ​ស្ដេច។ ស្ដេច​សោយ​ទិវង្គត ហើយ​លោក​ហាសាអែល​ក៏​ឡើង​សោយ​រាជ្យ​ជំនួស​វិញ។

 

ព្រះបាទ​យ៉ូរ៉ាម​សោយ​រាជ្យ​នៅ​ស្រុក​យូដា

(២របាក្សត្រ ២១:២-២០)

១៦ នៅ​ឆ្នាំ​ទី​ប្រាំ នៃ​រជ្ជកាល​ព្រះបាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះបាទ​អខាប់ និង​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ព្រះបាទ​យ៉ូរ៉ាម ជា​បុត្រ ​ព្រះបាទ​យ៉ូសាផាត​បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​យូដា ១៧ ក្នុង​ព្រះជន្មាយុ​សាមសិប​ពីរ​វស្សា ទ្រង់​សោយ​រាជ្យ​បាន​ប្រាំ​បី​ឆ្នាំ នៅ​ក្រុង​យេរូសាឡឹម។ ១៨ ព្រះបាទ​យ៉ូរ៉ាម​ដើរ​ តាម​មាគ៌ា​របស់​ស្ដេច​ទាំងឡាយ​នៅ​ស្រុក​អ៊ីស្រាអែល និង​ប្រព្រឹត្ត​ដូច​រាជវង្ស​របស់​ព្រះបាទ​អខាប់​ដែរ ព្រោះ​ទ្រង់​បាន​រៀប​អភិសេក​ជា​មួយ​បុត្រី​របស់​ព្រះបាទ​អខាប់​ ហើយ​ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់។ ១៩ ប៉ុន្តែ ព្រះអម្ចាស់​មិន​សព្វ​ព្រះហឫទ័យ​លុប​បំបាត់​រាជា​ ណាចក្រ​យូដា​ទេ ព្រោះ​ព្រះអង្គ​បាន​សន្យា​នឹង​ព្រះបាទ​ដាវីឌ ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ថា ព្រះអង្គ​ប្រោស​ប្រទាន​អោយ​ពូជពង្ស​របស់​ព្រះបាទ​ដាវីឌ ឡើង​សោយ​រាជ្យ​រហូត​ត​ទៅ

 

២០ ក្នុង​ រជ្ជកាល​ព្រះបាទ​យ៉ូរ៉ាម ជន​ជាតិ​អេដុម​បាន​បះបោរ​ប្រឆាំង​នឹង​ការ​ត្រួតត្រា​របស់​ជន​ជាតិ​យូដា ហើយ​នាំ​គ្នា​តែងតាំង​ស្ដេច​មួយ​អង្គ អោយ​ឡើង​គ្រង​រាជ្យ​លើ​ពួក​គេ។ ២១ ពេល​នោះ ព្រះបាទ​យ៉ូរ៉ាម យាង​ចេញ​ទៅ​ក្រុង​សាអៀរ ដោយ​នាំ​រទេះ​ចំបាំង​ទាំង​អស់​ទៅ​ជា​មួយ​ផង។ កងទ័ព​អេដុម​បាន​ឡោមព័ទ្ធ​ស្ដេច និង​ពួក​មេ​បញ្ជា​ការ​កង​រទេះ​ចំបាំង។ ស្ដេច​ក៏​តើន​ឡើង​នៅ​ពេល​យប់ ហើយ​វាយ​បើក​ផ្លូវ រីឯ​ពល​ទាហាន​យូដា​បាក់​ទ័ព រត់​ទៅ​កាន់​ទី​លំនៅ​រៀងៗ​ខ្លួន​វិញ។ ២២ តាំង​ពី​ពេល​នោះ​មក ជន​ជាតិ​អេដុម​បាន​រំដោះ​ខ្លួន​ពី​ការ​ត្រួតត្រា​របស់​ជន​ជាតិ​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ។ នៅ​គ្រា​នោះ ក្រុង​លីបណា​ក៏​បះបោរ​ដែរ។

 

២៣ រាជ​ កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​យ៉ូរ៉ាម និង​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។ ២៤ លុះ​ព្រះបាទ​យ៉ូរ៉ាម​ សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជវង្ស នៅ​បុរី​ព្រះបាទ​ដាវីឌ ហើយ​ព្រះបាទ​អហាស៊ីយ៉ា​ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

 

ព្រះបាទ​អហាស៊ីយ៉ា​សោយ​រាជ្យ​នៅ​ស្រុក​យូដា

(២របាក្សត្រ ២២:១-៦)

២៥ នៅ​ឆ្នាំ​ទី​ពីរ​នៃ​ រជ្ជកាល​ព្រះបាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះបាទ​អខាប់ និង​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ព្រះបាទ​អហាស៊ីយ៉ា ជា​បុត្រ​របស់​ព្រះបាទ​យ៉ូរ៉ាម ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា ២៦ ក្នុង​ព្រះជន្មាយុ​ម្ភៃ ​ពីរ​វស្សា ទ្រង់​សោយ​រាជ្យ​បាន​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា អថាលី ជា​ចៅ​របស់​ព្រះបាទ​អូមរី ស្ដេច​ស្រុក​អ៊ីស្រាអែល។ ២៧ ព្រះបាទ​អហាស៊ីយ៉ា ​ដើរ​តាម​មាគ៌ា​របស់​រាជវង្ស​ព្រះបាទ​អខាប់ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ដូច​រាជវង្ស​ព្រះបាទ​អខាប់​ដែរ ព្រោះ​ទ្រង់​បាន​រៀប​អភិសេក​ជា​មួយ​ញាតិវង្ស​របស់​ព្រះបាទ​អខាប់។ ២៨ ព្រះបាទ​អហាស៊ីយ៉ា​យាង​ ចេញ​ទៅ​ច្បាំង​នឹង​ព្រះបាទ​ហាសាអែលជា​ស្ដេច​ស្រុក​ស៊ីរី នៅ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ ដោយ​មាន​ព្រះបាទ​យ៉ូរ៉ាម ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​យាង​ទៅ​ជា​មួយ​ផង។ នៅ​ពេល​ប្រយុទ្ធ កងទ័ព​ស៊ីរី​វាយ​ព្រះបាទ​យ៉ូរ៉ាម​អោយ​របួស។ ២៩ ព្រះបាទ​យ៉ូរ៉ាម​ត្រឡប់ ​មក​ក្រុង​យីសរេអែល​វិញ ដើម្បី​ព្យាបាល​របួស​ដែល​កងទ័ព​ស៊ីរី​បាន​វាយ​នៅ​ភូមិ​រ៉ាម៉ា ​ក្នុង​ពេល​ ស្ដេច​ប្រយុទ្ធ​ជា​មួយ​ព្រះបាទ​ហាសាអែលជា​ស្ដេច​ ស្រុក​ស៊ីរី។ ពេល​នោះ ព្រះបាទ​អហាស៊ីយ៉ា ជា​បុត្រ​ព្រះបាទ​យ៉ូរ៉ាម ស្ដេច​ស្រុក​យូដា យាង​ចុះ​ទៅ​ក្រុង​យីសរេអែល សួរ​សុខ​ទុក្ខ​ព្រះបាទ​យ៉ូរ៉ាម ជា​បុត្រ​ព្រះបាទ​អខាប់ ដែល​កំពុង​តែ​ប្រឈួន​យ៉ាង​ខ្លាំង។

លោក​យេហ៊ូ​ទទួល​ពិធី​ចាក់​ប្រេង​អភិសេក​ជា​ស្ដេច

១ ព្យាការី​អេលីសេ​បាន​ហៅ​ បុរស​ម្នាក់​ដែល​ជា​សមាជិក​ក្រុម​ព្យាការី​មក រួច​មាន​ប្រសាសន៍​ថា៖ «ចូរ​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​កាន់​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ ហើយ​យក​ដប​ប្រេង​ទៅ​ជា​មួយ​ផង។ ២ ពេល​ទៅ​ដល់ អ្នក​ត្រូវ​ជួប​លោក​យេហ៊ូ ជា​កូន​របស់​លោក​យ៉ូសាផាត និង​ជា​ចៅ​របស់​លោក​នឹម​ស៊ី។ អ្នក​ត្រូវ​ចូល​ទៅ​ហៅ​លោក​អោយ​ក្រោក​ចេញ​ពី​ចំណោម​បង​ប្អូន​របស់​លោក ហើយ​នាំ​ទៅ​បន្ទប់​ខាង​ក្នុង​បំផុត។ ៣ ចូរ​យក​ដប​ប្រេង មក​ចាក់​បង្ហូរ​លើ​ក្បាល​របស់​លោក ទាំង​ពោល​ថា ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​ចាក់​ប្រេង​អភិសេក​អ្នក ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល”។ បន្ទាប់​មក អ្នក​ត្រូវ​បើក​ទ្វារ​រត់​ចេញ​ទៅ កុំ​បង្អែបង្អង់​ឡើយ»។ ៤ យុវបុរស​ជា​ព្យាការី​នោះ​ក៏​ចេញ​ដំណើរ​ទៅ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។ ៥ កាល​ទៅ​ដល់​គាត់​ឃើញ​ពួក​ មេទ័ព​កំពុង​អង្គុយ​ជុំ​គ្នា។ គាត់​ពោល​ឡើង​ថា៖ «លោក​មេទ័ព ខ្ញុំ​ប្របាទ​មាន​កិច្ចការ​មួយ​ជំរាប​លោក!»។ លោក​យេហ៊ូ​សួរ​ថា៖ «ក្នុង​ចំណោម​ពួក​យើង តើ​អ្នក​ចង់​ជួប​នរណា?»។ គាត់​ជំរាប​ថា៖ «បាទ! គឺ​លោក​ហ្នឹង​ហើយ!»។ ៦ លោក​យេហ៊ូ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ។ យុវបុរស​នោះ​ក៏​យក​ប្រេង​ចាក់​បង្ហូរ​លើ​ក្បាល​លោក ទាំង​ពោល​ថា៖ «ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​ចាក់​ប្រេង​អភិសេក​អ្នក​ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង។ ៧ អ្នក​ត្រូវ​ប្រហារ​ ពូជពង្ស​អខាប់​ជា​ម្ចាស់​របស់​អ្នក ហើយ​យើង​នឹង​សង​បំណុល​ឈាម អោយ​ពួក​ព្យាការី ជា​អ្នក​បំរើ​របស់​យើង និង​សង​បំណុល​ឈាម​ពួក​អ្នក​បំរើ​ឯ​ទៀតៗ​របស់​យើង ដែល​យេសាបិល​បាន​សម្លាប់។ ៨ ពូជពង្ស​អខាប់​ទាំង​មូល នឹង​ត្រូវ​វិនាស ហើយ​យើង​នឹង​ប្រហារ​កូន​ប្រុសៗ​នៅ​ក្នុង​ក្រុម​គ្រួសារ​អខាប់ ទាំង​អ្នក​ជា​ទាំង​អ្នក​ងារ​អោយ​អស់​ពី​ស្រុក​អ៊ីស្រាអែល។ ៩ យើង​នឹង​ប្រព្រឹត្ត​ចំពោះ ​ក្រុម​គ្រួសារ​អខាប់ ដូច​យើង​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុម​គ្រួសារ​យេរ៉ូបោម ជា​កូន​របស់​នេបាត និង​ក្រុម​គ្រួសារ​បាសា ជា​កូន​របស់​អហ៊ីយ៉ា។ ១០ ឆ្កែ​នឹង​ហែក​សាច់​ យេសាបិលស៊ី នៅ​ក្នុង​ចំការ​យេសាបិល ហើយ​គ្មាន​នរណា​កប់​សព​នាង​ទេ”»។ យុវ​បុរស​​ជា​ព្យាការី​ក៏​បើក​ទ្វារ ហើយ​រត់​ចេញ​ទៅ។

 

១១ ពេល​លោក ​យេហ៊ូ​ចេញ​មក​ជួប​ពួក​មេទ័ព​របស់​ស្ដេច​វិញ គេ​សួរ​លោក​ថា៖ «តើ​មាន​ការ​អ្វី? ហេតុ​ដូច​ម្ដេច​បាន​ជា​មនុស្ស​ចំកួត​នេះ​មក​រក​លោក?»។ លោក​យេហ៊ូ​ឆ្លើយ​ថា៖ «អស់​លោក​ធ្លាប់​ដឹង​ថា​ព្យាការី​ចំពូក​នេះ​តែងតែ​ថ្លែង​ពី​រឿង​អ្វី​ស្រាប់ ​ហើយ»​។​ ១២ ពួក​មេទ័ព​តប​ថា៖ «លោក​និយាយ​មិន​ពិត​ទេ! សូម​ប្រាប់​ពួក​យើង​អោយ​ត្រង់​មក!»។ លោក​ឆ្លើយ​ថា៖ «ព្យាការី​នោះ​ប្រាប់​ខ្ញុំ​ថា ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​ចាក់​ប្រេង​អភិសេក​អ្នក ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល”»។ ១៣ ពួក​មេទ័ព​ ប្រញាប់ប្រញាល់​ដោះ​អាវ​រៀងៗ​ខ្លួន ក្រាល​លើ​ក្បាល​ជណ្ដើរ ជូន​លោក​យេហ៊ូ​អង្គុយ រួច​នាំ​គ្នា​ផ្លុំ​ស្នែង​ឡើង ហើយ​ស្រែក​ថា៖ «ជយោ! ព្រះបាទ​យេហ៊ូ!»។

 

ព្រះបាទ​យេហ៊ូ​ធ្វើ​គុត​ព្រះបាទ​យ៉ូរ៉ាម និង​ព្រះបាទ​អហាស៊ីយ៉ា

១៤ លោក​យេហ៊ូ ជា​កូន​របស់​លោក​យ៉ូសាផាត និង​ជា​ចៅ​របស់​លោក​នឹម​ស៊ី មាន​គំនិត​ក្បត់​នឹង​ព្រះបាទ​យ៉ូរ៉ាម។ គ្រា​នោះ ព្រះបាទ​យ៉ូរ៉ាម និង​កងទ័ព​អ៊ីស្រាអែល​ទាំង​មូល កំពុង​តែ​ការពារ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ​តទល់​នឹង​ព្រះបាទ​ហាសាអែលជា​ស្ដេច​ស្រុក​ស៊ីរី។ ១៥ ប៉ុន្តែ ព្រះបាទ​យ៉ូរ៉ាម​បាន​ត្រឡប់​ទៅ​កាន់​ក្រុង​យីសរេអែល​វិញ ដើម្បី​ព្យាបាល​របួស​ដែល​កងទ័ព​ស៊ីរី​បាន​វាយ នៅ​ពេល​ប្រយុទ្ធ​ជា​មួយ​ព្រះបាទ​ហាសាអែលជា​ស្ដេច​ស្រុក​ស៊ីរី។

 

លោក​យេហ៊ូ​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​អស់​លោក​គាំទ្រ​ខ្ញុំ​មែន! សូម​ប្រយ័ត្ន កុំ​អោយ​នរណា​ម្នាក់​ចេញ​ពី​ទីក្រុង នាំ​ដំណឹង​ទៅ​ប្រាប់​អ្នក​ក្រុង​យីសរេអែល​ឡើយ!»។ ១៦ លោក​យេហ៊ូ​ឡើង​ជិះ​ រទេះ ចេញ​ដំណើរ​ទៅ​កាន់​ក្រុង​យីសរេអែល។ ពេល​នោះ ព្រះបាទ​យ៉ូរ៉ាម​កំពុង​សំរាក​ព្យាបាល​របួស ហើយ​ព្រះបាទ​អហាស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា ក៏​យាង​មក​សួរ​សុខ​ទុក្ខ​ព្រះបាទ​យ៉ូរ៉ាម​ដែរ។ ១៧ រីឯ​អ្នក​យាម​ដែល​ស្ថិត ​នៅ​លើ​ប៉ម​កំពែង​ក្រុង​យីសរេអែល ឃើញ​ពល​ទាហាន​កំពុង​ធ្វើ​ដំណើរ​សំដៅ​មក​ជា​មួយ​លោក​យេហ៊ូ គាត់​ស្រែក​ឡើង​ថា៖ «មាន​មនុស្ស​មួយ​ក្រុម​កំពុង​តែ​ចូល​មក!»។ ព្រះបាទ​យ៉ូរ៉ាម​មាន​រាជឱង្ការ​ថា៖ «ចូរ​ចាត់​ពល​ទាហាន​ម្នាក់​អោយ​ជិះ​សេះ​ទៅ​ជួប​ពួក​គេ​សួរ​ថា៖ តើ​អ្នក​រាល់​គ្នា​មក​ដោយ​សន្តិភាព​ឬ?»។ ១៨ អ្នក​ដែល​ជិះ​សេះ​ទៅ​ នោះ​បាន​ជួប​លោក​យេហ៊ូ​ពោល​ថា៖ «ព្រះករុណា​អោយ​សួរ​ថា តើ​លោក​មក​ដោយ​សន្តិភាព​ឬ?»។ លោក​យេហ៊ូ​ឆ្លើយ​ថា៖ «សន្តិភាព ឬ​មិន​សន្តិភាព គ្មាន​អ្វី​ពាក់ព័ន្ធ​ដល់​អ្នក​ទេ! ចូរ​បក​ក្រោយ ហើយ​មក​តាម​ខ្ញុំ»។ អ្នក​យាម​រាយការណ៍​ថា៖ «អ្នក​ដែល​ព្រះករុណា​ចាត់​អោយ​ទៅ​ជួប​គេ​នោះ​បាន​ទៅ​ដល់​ហើយ តែ​មិន​ត្រឡប់​មក​វិញ​ទេ»។ ១៩ ព្រះបាទ​យ៉ូរ៉ាម​ចាត់​ ពល​ទាហាន​ម្នាក់​ទៀត​អោយ​ជិះ​សេះ​ទៅ។ ពេល​ទៅ​ដល់​អ្នក​នោះ​ពោល​ថា៖ «ព្រះករុណា​អោយ​សួរ​ថា តើ​លោក​មក​ដោយ​សន្តិភាព​ឬ?»។ លោក​យេហ៊ូ​ឆ្លើយ​ថា៖ «សន្តិភាព ឬ​មិន​សន្តិភាព គ្មាន​អ្វី​ពាក់ព័ន្ធ​ដល់​អ្នក​ទេ! ចូរ​បក​ក្រោយ ហើយ​មក​តាម​ខ្ញុំ»។ ២០ អ្នក​យាម​រាយការណ៍​ថា៖ «អ្នក​នោះ​បាន​ទៅ​ដល់​ហើយ តែ​មិន​ត្រឡប់​មក​វិញ​ទេ។ រីឯ​អ្នក​ដែល​បរ​រទេះ​នោះ មើល​ទៅ​ដូច​លោក​យេហ៊ូ ជា​ចៅ​របស់​លោក​នឹម​ស៊ី ព្រោះ​លោក​បរ​រទេះ​លឿន ដូច​មនុស្ស​កំរោល​ចូល»។ ២១ ព្រះបាទ​យ៉ូរ៉ាម​បញ្ជា​ អោយ​គេ​ទឹម​រាជរថ ហើយ​ឡើង​គង់​លើ​រាជរថ​នោះ។ រីឯ​ព្រះបាទ​អហាស៊ីយ៉ា ក៏​ឡើង​គង់​លើ​រាជរថ​របស់​ស្ដេច​ដែរ។ ព្រះរាជា​ទាំង​ពីរ​អង្គ​យាង​ចេញ​ទៅ​រក​លោក​យេហ៊ូ ហើយ​ជួប​គ្នា​នៅ​ត្រង់​ចំការ​របស់​លោក​ណាបុត ជា​អ្នក​ស្រុក​យីសរេអែល។

 

២២ កាល​ ព្រះបាទ​យ៉ូរ៉ាម​ទត​ឃើញ​លោក​យេហ៊ូ​ទ្រង់​មាន​រាជឱង្ការ​ថា៖ «តើ​លោក​មក ដោយ​សន្តិភាព​ឬ?»។ លោក​យេហ៊ូ​ឆ្លើយ​ថា៖ «គ្មាន​សន្តិភាព​ទេ​ដរាប​ព្រះករុណា​នៅ​តែ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ និង​អំពើ​អាបធ្មប់​យ៉ាង​ច្រើន ដូច​ម្ចាស់​ក្សត្រី​យេសាបិល​ជា​មាតា!»។ ២៣ ព្រះបាទ​យ៉ូរ៉ាម​ទាញ​ បង្ហៀរ​សេះ​អោយ​បក​ក្រោយ រួច​បំបោល​ចេញ​ទៅ ទាំង​មាន​រាជឱង្ការ​ប្រាប់​ព្រះបាទ​អហាស៊ីយ៉ា​ថា៖ «ព្រះករុណា​អើយ! នេះ​ជា​ការ​ក្បត់​ទេ!»។ ២៤ លោក​យេហ៊ូ​យឹត​ធ្នូ​ បាញ់​ចំ​ខ្នង​របស់​ព្រះបាទ​យ៉ូរ៉ាម។ ព្រួញ​ចាក់​ទម្លុះ​បេះដូង​របស់​ស្ដេច រួច​ធ្លុះ​ចេញ​មក​ក្រៅ ហើយ​ស្ដេច​ដួល​ក្នុង​រាជរថ។ ២៥ លោក​យេហ៊ូ​ប្រាប់​លោក​ ប៊ីឌកា​ជា​អ្នក​ជំនួយ​ការ​របស់​លោក​ថា៖ «ចូរ​លើក​សព​នេះ បោះ​ទៅ​ក្នុង​ចំការ​របស់​លោក​ណាបុត ជា​អ្នក​ស្រុក​យីសរេអែល​ទៅ! តើ​លោក​នឹក​ចាំ​ទេ កាល​លោក និង​ខ្ញុំ​ជិះ​ក្នុង​រទេះ​ជា​មួយ​គ្នា ដង្ហែ​ស្ដេច​អខាប់ ជា​បិតា​របស់​ស្ដេច​យ៉ូរ៉ាម ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​ស្ដេច​ថា ២៦ “ម្សិលមិញ យើង​បាន​ឃើញ​ឈាម​របស់​ណាបុត និង​ឈាម​កូន​ប្រុសៗ​របស់​គាត់។ ដូច្នេះ យើង​នឹង​ធ្វើ​អោយ​ឈាម​របស់​អ្នក​ហូរ​នៅ​ក្នុង​ចំការ​នេះ​ដែរ – នេះ​ជា​ព្រះបន្ទូល​​​​របស់​ព្រះអម្ចាស់!”។ ឥឡូវ​នេះ ចូរ​លើក​សព​របស់​ស្ដេច​យ៉ូរ៉ាម​បោះ​ទៅ​ក្នុង​ចំការ ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់»។

 

ព្រះបាទ​អហាស៊ីយ៉ា ស្ដេច​ស្រុក​យូដា សោយ​ទិវង្គត

(២របាក្សត្រ ២២:៧-៩)

២៧ កាល​ព្រះបាទ​អហាស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា​ឃើញ​ដូច្នេះ ស្ដេច​រត់​ឆ្ពោះ​ទៅ​បេតកាន តែ​លោក​យេហ៊ូ​ដេញ​តាម​ហើយ​បញ្ជា​ថា៖ «ចូរ​ប្រហារ​ស្ដេច​នេះ​ទៅ!» គេ​ក៏​ប្រហារ​ស្ដេច​នៅ​ក្នុង​រទេះ។ ពេល​នោះ ស្ដេច​កំពុង​ឡើង​តាម​ផ្លូវ​ទៅ​ភូមិ​កួរ​ជិត​ក្រុង​យីប​ឡាម​។ ស្ដេច​ភៀស​ខ្លួន​ទៅ​ដល់​ក្រុង​មេគីដូ ហើយ​សុគត​នៅ​ទី​នោះ។ ២៨ ពួក​មន្ត្រី​របស់​ ព្រះបាទ​អហាស៊ីយ៉ា នាំ​សព​ដាក់​ក្នុង​រទេះ​មក​ក្រុង​យេរូសាឡឹម រួច​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជវង្ស​នៅ​បុរី​ព្រះបាទ​ដាវីឌ។ ២៩ ព្រះបាទ​អហាស៊ីយ៉ា​ឡើង​សោយរាជ្យ​លើ​ស្រុក​យូដា នៅ​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជកាល​ព្រះបាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះបាទ​អខាប់។

 

ព្រះនាង​យេសាបិល​សោយ​ទិវង្គត

៣០ បន្ទាប់​មក លោក​យេហ៊ូ​ចូល​មក​ដល់​ក្រុង​យីសរេអែល។ កាល​ព្រះនាង​យេសាបិល​ដឹង​ដំណឹង​នេះ ព្រះនាង​ផាត់​រង្វង់​ភ្នែក និង​តុបតែង​សក់ រួច​ទត​មើល​តាម​បង្អួច។ ៣១ ពេល​លោក​យេហ៊ូ​កំពុង​ ចូល​តាម​ទ្វារ​ក្រុង ព្រះនាង​យេសាបិល​ពោល​ថា៖ «នែ៎ ស៊ីមរី​ ជា​ឃាតក​ម្ចាស់​របស់​ខ្លួន​អើយ តើ​អ្នក​មក​ដោយ​សន្តិភាព​ឬ?»។ ៣២ លោក​យេហ៊ូ​ងើប​មុខ​ឡើង ​មើល​ទៅ​បង្អួច​រួច​ពោល​ថា៖ «តើ​អ្នក​ណា​ស្ម័គ្រ​ចិត្ត​ចុះ​ចូល​មក​ខាង​ខ្ញុំ?»។ ពេល​នោះ មាន​មហាតលិក​ពីរ​បី​នាក់​អើត​មើល​មក​លោក។ ៣៣ លោក​បញ្ជា​ថា៖ «ចូរ​បោះ​នាង​ចុះ​មក!»។ ពួក​គេ​ក៏​បោះ​នាង​ចុះ​មក ឈាម​របស់​នាង​ខ្ទាត​ប្រឡាក់​ជញ្ជាំង និង​សេះ ហើយ​លោក​យេហ៊ូ​បរ​រទេះ​កិន​សាកសព​នោះ។ ៣៤ បន្ទាប់​មក លោក​យេហ៊ូ​ចូល​ទៅ​ក្នុង​វាំង​រួច​បរិភោគ​លោក​មាន​ប្រសាសន៍​ថា៖ «សូម​អស់​លោក​យក​សាកសព​ស្ត្រី​ដែល​ត្រូវ​បណ្ដាសា​នេះ​ទៅ​កប់​ផង ព្រោះ​គាត់​ក៏​ជា​កូន​ស្ដេច​ដែរ»។ ៣៥ ពួក​គេ​ចេញ​ទៅ​យក​សព​នោះ​មក​កប់ ប៉ុន្តែ ឃើញ​នៅ​សល់​តែ​លលាដ៍​ក្បាល​ជើង និង​ដៃ​ប៉ុណ្ណោះ។ ៣៦ ពួក​គេ​នាំ​ដំណឹង​មក​ជំរាប​លោក​យេហ៊ូ​វិញ លោក​ក៏​មាន​ប្រសាសន៍​ថា៖ «ហេតុការណ៍​នេះ​កើត​មាន​ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​បាន​ថ្លែង​តាម​រយៈ​ព្យាការី​អេលី ជា​អ្នក​ស្រុក​ទីសបេ​ថា​ឆ្កែ​នឹង​ហែក​ស៊ី​សាច់​យេសាបិល​ក្នុង​ចំការ​យីសរេអែល។ ៣៧ ​សាកសព ​របស់​នាង​យេសាបិល​នឹង​ក្លាយ​ជា​ជី​ក្នុង​ចំការ​យីសរេ​អែល។ ដូច្នេះ គ្មាន​នរណា​អាច​ពោល​ថា​នេះ​ជា​ផ្នូរ​របស់​យេសាបិល​បាន​ទេ»។

រាជវង្ស​របស់​ព្រះបាទ​អខាប់​ត្រូវ​រលត់

១ ព្រះបាទ​អខាប់​មាន​បុត្រា ​ចិតសិប​អង្គ រស់​នៅ​ក្រុង​សាម៉ារី។ លោក​យេហ៊ូ​ផ្ញើ​សារ ទៅ​ជូន​អស់​លោក ដែល​ជា​មេ​ដឹក​នាំ​របស់​ទីក្រុង​ព្រឹទ្ធាចារ្យ និង​គ្រូ​បាធ្យាយ​របស់​បុត្រ​ព្រះបាទ​អខាប់ ដែល​នៅ​ក្រុង​សាម៉ារី។ ក្នុង​សារ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖ ២ «អស់​លោក​មាន​បុត្រា​របស់ ​ស្ដេច ព្រម​ទាំង​រទេះ​ចំបាំង​ទ័ព​សេះ ទីក្រុង​ដ៏​រឹងមាំ និង​គ្រឿង​សស្រ្ដាវុធ​ស្រាប់​ហើយ។ ដូច្នេះ ពេល​ណា​អស់​លោក​បាន​ទទួល​សារ​នេះ ៣ ចូរ​ជ្រើស​តាំង​បុត្រ​ណា​ មួយ​ដែល​ប្រសើរ​ជាង​គេ អោយ​ឡើង​គ្រង​រាជ្យ​ជំនួស​បិតា ហើយ​ត្រៀម​ខ្លួន​ប្រយុទ្ធ​ការពារ​រាជវង្ស នៃ​ម្ចាស់​របស់​អស់​លោក​ទៅ»។ ៤ ពួក​គេ​ភ័យ​ខ្លាច​ជា​ ខ្លាំង ហើយ​និយាយ​គ្នា​ថា៖ «ស្ដេច​ទាំង​ពីរ​អង្គ​នោះ​ពុំ​អាច​តទល់​នឹង​លោក​យេហ៊ូ​បាន​ផង ចុះ​ទំរាំ​បើ​យើង​វិញ តើ​យើង​អាច​តទល់​នឹង​លោក​ដូច​ម្ដេច​បាន?»។ ៥ អ្នក​ទទួល​ខុស​ត្រូវ​ ក្នុង​វាំង ចៅហ្វាយ​ក្រុង ពួក​ព្រឹទ្ធាចារ្យ និង​ពួក​គ្រូ​បាធ្យាយ​ចាត់​គេ អោយ​ទៅ​ជំរាប​លោក​យេហ៊ូ​ថា៖ «យើង​ខ្ញុំ​ប្របាទ​ជា​អ្នក​បំរើ​របស់​លោក​ម្ចាស់ យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​អ្វីៗ​ទាំង​អស់ តាម​តែ​លោក​ម្ចាស់​បង្គាប់។ យើង​ខ្ញុំ​មិន​ជ្រើស​តាំង​នរណា​ម្នាក់​ជា​ស្ដេច​ទេ សូម​លោក​ម្ចាស់​ប្រព្រឹត្ត​តាម​តែ​លោក​ម្ចាស់​យល់​ឃើញ​ថា​ល្អ​ចុះ!»។

 

៦ លោក​ យេហ៊ូ​ធ្វើ​សារ​មួយ​ទៀត ផ្ញើ​ជូន​អស់​លោក​ទាំង​នោះ មាន​សេចក្ដី​ដូច​ត​ទៅ៖ «ប្រសិន​បើ​អស់​លោក​ចូល​មក​ខាង​ខ្ញុំ និង​ស្ដាប់​តាម​បញ្ជា​របស់​ខ្ញុំ ចូរ​កាត់​ក​បុត្រា​ទាំង​អស់​របស់​ម្ចាស់​អស់​លោក ហើយ​យក​ក្បាល​មក​អោយ​ខ្ញុំ​នៅ​ក្រុង​យីសរេអែល នា​ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ!»។ ពេល​នោះ បុត្រា​ទាំង​ចិតសិប​អង្គ​រស់​នៅ​តាម​ផ្ទះ​របស់​នាម៉ឺន​ធំៗ ក្នុង​ក្រុង​សាម៉ារី ហើយ​លោក​ទាំង​នោះ​ចិញ្ចឹម​ពួក​គេ។ ៧ ពេល​ពួក​មេ​ដឹក​នាំ​នៃ​ ក្រុង​សាម៉ារី​ទទួល​សារ​របស់​លោក​យេហ៊ូ គេ​នាំ​គ្នា​ចាប់​បុត្រា​របស់​ស្ដេច​ទាំង​ចិតសិប​អង្គ​នោះ មក​កាត់​ក​យក​ក្បាល​ដាក់​ក្នុង​កព្ឆោ នាំ​ទៅ​ជូន​លោក​យេហ៊ូ​នៅ​ក្រុង​យីសរេអែល។ ៨ អ្នក​នាំ​សារ​ម្នាក់​រត់​ ទៅ​ជំរាប​លោក​យេហ៊ូ​ថា គេ​នាំ​ក្បាល​របស់​កូន​ស្ដេច​មក​ហើយ។ លោក​យេហ៊ូ​បញ្ជា​ថា៖ «ចូរ​យក​ក្បាល​ទាំង​នោះ​ទៅ​ដាក់​ជា​ពីរ​គំនរ នៅ​ត្រង់​មាត់​ទ្វារ​ក្រុង រហូត​ដល់​ព្រឹក​ស្អែក»។ ៩ លុះ​ព្រឹក​ឡើង លោក​យេហ៊ូ​ចេញ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង ហើយ​ប្រកាស​ប្រាប់​ប្រជាជន​ទាំង​មូល​ថា៖ «អ្នក​រាល់​គ្នា​គ្មាន​ទោស​អ្វី​ទេ! គឺ​ខ្ញុំ​ទេ​តើ​ដែល​បាន​បះបោរ​ប្រឆាំង​នឹង​ស្ដេច ព្រម​ទាំង​ធ្វើ​គុត​ស្ដេច​ទៀត​ផង។ រីឯ​អ្នក​ទាំង​នេះ​វិញ តើ​នរណា​ជា​អ្នក​សម្លាប់? ១០ ដូច្នេះ សូម​អ្នក​រាល់​គ្នា​ជ្រាប​ថា ព្រះបន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់​ថ្លែង​ប្រឆាំង​នឹង​រាជវង្ស​របស់​ស្ដេច​អខាប់ សុទ្ធ​តែ​បាន​សំរេច​ឥត​ខ្វះ​ត្រង់​ណា​ឡើយ! ព្រះអម្ចាស់​បាន​សំរេច​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​មាន​ព្រះបន្ទូល​តាម​រយៈ​លោក​អេលី ជា​អ្នក​បំរើ​របស់​ព្រះអង្គ»។

 

១១ លោក​ យេហ៊ូ​ប្រហារ​ជីវិត​ញាតិវង្ស​របស់​ព្រះបាទ​អខាប់ ដែល​នៅ​សេសសល់​ក្នុង​ក្រុង​យីសរេអែល ព្រម​ទាំង​ពួក​នាម៉ឺន​ធំៗ អស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ស្ដេច ពួក​បូជាចារ្យ​របស់​ស្ដេច ដោយ​ពុំ​ទុក​នរណា​ម្នាក់​អោយ​រួច​ជីវិត​ឡើយ។

 

លោក​យេហ៊ូ​ប្រហារ​ជីវិត​រាជវង្ស​របស់​ស្ដេច​យូដា

(២របាក្សត្រ ២២:៨)

១២ បន្ទាប់​មក លោក​យេហ៊ូ​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​សាម៉ារី។ ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​សាលា​សំណាក់​របស់​ពួក​គង្វាល ១៣ លោក​បាន​ជួប​នឹង​បង​ ប្អូន​របស់​ព្រះបាទ​អហាស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា។ លោក​សួរ​ពួក​គេ​ថា៖ «តើ​អស់​លោក​ជា​នរណា​ដែរ?»។ ពួក​គេ​ឆ្លើយ​ថា៖ «ពួក​យើង​ជា​បង​ប្អូន​របស់​ព្រះបាទ​អហាស៊ីយ៉ា ពួក​យើង​នាំ​គ្នា​ចុះ​មក​ធ្វើ​គារវកិច្ច ចំពោះ​បុត្រ​របស់​ព្រះមហាក្សត្រ និង​បុត្រ​របស់​ព្រះមហាក្សត្រិយានី»។ ១៤ លោក​យេហ៊ូ​បញ្ជា​ថា៖ «ចូរ​ចាប់​ពួក​គេ​ទាំង​រស់!»។ គេ​ក៏​ចាប់​អ្នក​ទាំង​នោះ​ទាំង​រស់​នាំ​យក​ទៅ​សម្លាប់ ហើយ​បោះ​សាកសព​ទៅ​ក្នុង​អណ្ដូង​ទឹក​នៃ​សាលា​សំណាក់​នោះ។ អ្នក​ទាំង​នោះ​មាន​គ្នា​ចំនួន​សែសិប​ពីរ​នាក់ លោក​យេហ៊ូ​ឥត​ទុក​នរណា​ម្នាក់ អោយ​រត់​រួច​ឡើយ។

 

លោក​យេហ៊ូ​ជួប​នឹង​លោក​យ៉ូណាដាប់

១៥ កាល​លោក​យេហ៊ូ​ចេញ​ ដំណើរ​ពី​ទី​នោះ​ទៅ លោក​បាន​ជួប​នឹង​លោក​យ៉ូណាដាប់ ជា​កូន​របស់​លោក​រេកាប​ដែល​ដើរ​តម្រង់​មក​រក​លោក។ លោក​យេហ៊ូ​ជំរាប​សួរ​គាត់​ហើយ​សួរ​ថា៖ «តើ​លោក​មាន​ចិត្ត​ស្មោះ​ចំពោះ​ខ្ញុំ ដូច​ខ្ញុំ​មាន​ចិត្ត​ស្មោះ​ចំពោះ​លោក​ដែរ​ឬ​ទេ?»។ លោក​យ៉ូណាដាប់​ឆ្លើយ​ថា៖ «ខ្ញុំ​មាន​ចិត្ត​ស្មោះ​មែន»។ លោក​យេហ៊ូ​មាន​ប្រសាសន៍​ទៀត​ថា៖ «បើ​ដូច្នោះ​មែន សូម​ហុច​ដៃ​មក៍!»។ លោក​យ៉ូណាដាប់​ក៏​ហុច​ដៃ ហើយ​លោក​យេហ៊ូ​ចាប់​ដៃ​គាត់ ទាញ​ឡើង​ជិះ​រទេះ​ជា​មួយ​លោក។ ១៦ លោក​យេហ៊ូ​មាន​ប្រសាសន៍​ថា៖ «សូម​មក​ជា​មួយ​ខ្ញុំ នោះ​លោក​នឹង​ឃើញ​ចិត្ត​ស្រឡាញ់​មោះមុត​របស់​ខ្ញុំ​ចំពោះ​ព្រះអម្ចាស់​!​​»។ លោក​យេហ៊ូ​ក៏​នាំ​លោក​យ៉ូណាដាប់ ឡើង​ជិះ​រទេះ​ទៅ​ជា​មួយ​លោក។

១៧ លុះ​ទៅ​ ដល់​ក្រុង​សាម៉ារី លោក​យេហ៊ូ​បាន​សម្លាប់​ញាតិវង្ស​របស់​ព្រះបាទ​អខាប់ ដែល​នៅ​សេសសល់​ក្នុង​ក្រុង​នោះ។ លោក​សម្លាប់​ពួក​គេ​អោយ​ផុត​ពូជ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​បាន​ថ្លែង តាម​រយៈ​លោក​អេលី។

 

លោក​យេហ៊ូ​លុប​បំបាត់​ការ​ថ្វាយបង្គំ​ព្រះ​បាល

១៨ លោក​យេហ៊ូ​ប្រមូល​ ប្រជាជន​ទាំង​មូល នៅ​ក្រុង​សាម៉ារី ហើយ​ប្រកាស​ថា៖ «ព្រះបាទ​អខាប់​ធ្លាប់​គោរព​ព្រះ​បាល​តែ​បន្តិចបន្តួច​ទេ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​គោរព​ព្រះ​បាល​យ៉ាង​ម៉ត់ចត់​បំផុត។ ១៩ ឥឡូវ​នេះ ចូរ​ប្រមូល​ពួក​ព្យាការី ពួក​អ្នក​គោរព​បំរើ និង​ពួក​បូជាចារ្យ​ទាំង​អស់​របស់​ព្រះ​បាល​អោយ​មក​ជួបជុំ​ជា​មួយ​យើង។ សូម​កុំ​អោយ​នរណា​ម្នាក់​អវត្តមាន​ឡើយ ដ្បិត​ខ្ញុំ​ចង់​ថ្វាយ​យញ្ញបូជា​មួយ​យ៉ាង​ធំ​ចំពោះ​ព្រះ​បាល។ បើ​នរណា​ម្នាក់​អាក់ខាន​នឹង​ត្រូវ​ប្រហារ​ជីវិត»។ លោក​យេហ៊ូ​ប្រើ​ឧបាយកល​ដូច្នេះ ដើម្បី​លុប​បំបាត់​ពួក​អ្នក​គោរព​បំរើ​ព្រះ​បាល​អោយ​អស់។ ២០ លោក​យេហ៊ូ ​បញ្ជា​អោយ​គេ​រៀបចំ​អង្គ​ប្រជុំ​ដ៏​សក្ការៈ​មួយ ថ្វាយ​​ព្រះ​បាល។ គេ​ក៏​ប្រកាស​ដំណឹង​នេះ ២១ ដោយ​ចាត់​អ្នក​នាំ​សារ​ ទៅ​គ្រប់​ទិសទី ក្នុង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល។ អស់​អ្នក​គោរព​បំរើ​ព្រះ​បាល​មក​ចូល​រួម​ទាំង​អស់​គ្នា ឥត​មាន​នរណា​ម្នាក់​អវត្តមាន​ឡើយ។ ពួក​គេ​ចូល​ទៅ​ក្នុង​វិហារ​របស់​ព្រះ​បាល​ពេញ​ណែន​តាន់តាប់​ទាំង​អស់។ ២២ លោក​យេហ៊ូ​បញ្ជា​ដល់​ អ្នក​គ្រប់គ្រង​ផ្នែក​សម្លៀកបំពាក់​សំរាប់​ថ្វាយបង្គំ​ព្រះ​បាល​ថា៖ «ចូរ​ចែក​សម្លៀកបំពាក់​ជូន​អស់​អ្នក​ដែល​បំពេញ​មុខងារ​បំរើ​ព្រះ​បាល​ចុះ!»។ គេ​យក​សម្លៀកបំពាក់​មក​ចែក​អោយ​អ្នក​ទាំង​នោះ​គ្រប់ៗ​គ្នា។ ២៣ លោក​យេហ៊ូ​អញ្ជើញ​មក​ ដល់​វិហារ​របស់​ព្រះ​បាល​ជា​មួយ​នឹង​លោក​យ៉ូណាដាប់ ជា​កូន​របស់​លោក​រេកាប ហើយ​លោក​មាន​ប្រសាសន៍​ទៅ​កាន់​អស់​អ្នក​ដែល​គោរព​បំរើ​ព្រះ​បាល​ថា៖ «ចូរ​ពិនិត្យ​មើល កុំ​អោយ​មាន​អ្នក​បំរើ​ព្រះអម្ចាស់​ស្ថិត​នៅ​ទី​នេះ​ឡើយ គឺ​អោយ​មាន​តែ​អស់​អ្នក​ដែល​គោរព​បំរើ​ព្រះ​បាល​ប៉ុណ្ណោះ»។ ២៤ ពេល​នោះ លោក​យេហ៊ូ និង​លោក​យ៉ូណាដាប់​ក៏​ចូល​ទៅ​ក្នុង​វិហារ ដើម្បី​ថ្វាយ​យញ្ញបូជា និង​តង្វាយ​ដុត​ទាំង​មូល​ដែរ។

 

លោក​យេហ៊ូ​បាន​ដាក់​ទាហាន​ប៉ែតសិប​នាក់ អោយ​ចាំ​នៅ​ខាង​ក្រៅ​ដោយ​បញ្ជា​ថា៖ «ខ្ញុំ​ប្រគល់​អ្នក​ទាំង​នេះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ អ្នក​ណា​បណ្ដោយ​អោយ​មនុស្ស​ម្នាក់​រត់​រួច​អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ ជំនួស»។

 

២៥ ពេល​ ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​រួច​ស្រេច​ហើយ លោក​យេហ៊ូ​បញ្ជា​ទៅ​ពល​ទាហាន និង​នាយ​ទាហាន​ទ័ព​សេះ​ថា៖ «ចូរ​ចូល​ទៅ​ប្រហារ​ពួក​គេ​ទាំង​អស់​គ្នា កុំ​អោយ​នរណា​ម្នាក់​រត់​រួច​ឡើយ!»។ ទាហាន​ទាំង​នោះ​ក៏​ប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ ហើយ​បោះ​សាកសព​ចេញ​មក​ក្រៅ រួច​ចូល​ទៅ​ខាង​ក្នុង​ទីសក្ការៈ​នៃ​វិហារ​របស់​ព្រះ​បាល។ ២៦ ពួក​គេ​យក​ស្ដូប​នៅ​ក្នុង​វិហារ​របស់​ព្រះ​បាល​ចេញ​មក​ដុត​នៅ​ខាង​ក្រៅ។ ២៧ ក្រោយ​ពី​បាន​ដុត​ បំផ្លាញ​ស្ដូប​របស់​ព្រះ​បាល​ចោល ហើយ​ពួក​គេ​រំលំ​វិហារ​របស់​ព្រះ​បាល រួច​យក​ទី​នោះ​ធ្វើ​ជា​កន្លែង​បន្ទោរបង់​រហូត​ដល់​សព្វ​ថ្ងៃ។

 

ព្រះបាទ​យេហ៊ូ​សោយរាជ្យ​នៅ​ស្រុក​អ៊ីស្រាអែល

២៨ ព្រះបាទ​យេហ៊ូ ​លុប​បំបាត់​ការ​គោរព​ព្រះ​បាល​ចេញ​ពី​ស្រុក​អ៊ីស្រាអែល ២៩ ប៉ុន្តែ ទ្រង់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត​បាន​នាំ​ប្រជាជន​អ៊ីស្រាអែល អោយ​ប្រព្រឹត្ត​ដោយ​គោរព​រូប​គោ​មាស​នៅ​បេតអែល និង​ក្រុង​ដាន់​ឡើយ។

 

៣០ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​ព្រះបាទ​យេហ៊ូ​ថា៖ «ដោយ​អ្នក​បាន​បំពេញ​តាម​បញ្ជា​របស់​យើង ​យ៉ាង​ល្អ​ត្រឹម​ត្រូវ ហើយ​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​កូន​ចៅ​របស់​អខាប់ ស្រប​តាម​បំណង​របស់​យើង​ទាំង​ស្រុង​ដូច្នេះ កូន​ចៅ​របស់​អ្នក​នឹង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល រហូត​ដល់​បួន​តំណ»។ ៣១ ប៉ុន្តែ ព្រះបាទ​យេហ៊ូ​ពុំ​ព្យាយាម​កាន់​តាម​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ៊ីស្រាអែល​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ គឺ​ទ្រង់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត បាន​នាំ​ប្រជាជន​អ៊ីស្រាអែល អោយ​ប្រព្រឹត្ត​នោះ​ឡើយ។

 

៣២ តាំង​ពី​ពេល​នោះ​មក ព្រះអម្ចាស់​ចាប់​ផ្ដើម​កាត់​បន្ថយ​ទឹក​ដី​អ៊ីស្រាអែល។ ព្រះបាទ​ហាសាអែល​ជា​ស្ដេច​ស្រុក​ស៊ីរី វាយ​តាម​ព្រំប្រទល់​ទាំង​ប៉ុន្មាន​ដែល​ជាប់​នឹង​ស្រុក​អ៊ីស្រាអែល ៣៣ គឺ​ចាប់​តាំង​ពី​ត្រើយ​ ខាង​កើត​ទន្លេ​យ័រដាន់ ស្រុក​កាឡាដ​ទាំង​មូល ស្រុក​កាដ រូបេន និង​ម៉ាណាសេ ហើយ​ចាប់​តាំង​ពី​អារ៉ូអ៊ែរ ដែល​ស្ថិត​នៅ​មាត់​ស្ទឹង​អាណូន ព្រម​ទាំង​ស្រុក​កាឡាដ និង​បាសាន​ផង។

 

៣៤ រីឯ​រាជ ​កិច្ច​ផ្សេង​ទៀត​របស់​ព្រះបាទ​យេហ៊ូ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​ធ្វើ ព្រម​ទាំង​វីរភាព​ដ៏​អង់អាច​គ្រប់​យ៉ាង​របស់​ស្ដេច សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​ អ៊ីស្រាអែល។ ៣៥ ព្រះបាទ​យេហ៊ូ​សោយទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​សាម៉ារី ហើយ​ព្រះបាទ​យ៉ូអាខាស ជា​បុត្រ​ឡើង​ស្នង​រាជ្យ។ ៣៦ ព្រះបាទ​យេហ៊ូ​សោយរាជ្យ​បាន​ម្ភៃ​ប្រាំ​បី​ឆ្នាំ នៅ​ក្រុង​សាម៉ារី។

ព្រះនាង​អថាលី​ដណ្ដើម​អំណាច​នៅ​ក្រុង​យេរូសាឡឹម

(២របាក្សត្រ ២២:១០-១២)

១ កាល​ព្រះនាង​អថាលី ជា​មាតា​របស់​ព្រះបាទ​អហាស៊ីយ៉ា​ជ្រាប​ថា ព្រះ​រាជបុត្រ​សោយទិវង្គត​ហើយ ព្រះនាង​ចេញ​បញ្ជា​អោយ​គេ​សម្លាប់​រាជវង្សានុវង្ស​ទាំង​អស់។ ២ ពេល​នោះ ព្រះនាង​យេហូសេបា ជា​បុត្រី​របស់​ព្រះបាទ​យ៉ូរ៉ាម និង​ជា​អនុជ​របស់​ព្រះបាទ​អហាស៊ីយ៉ា បាន​យក​ព្រះអង្គ​ម្ចាស់​យ៉ូអាស ជា​បុត្រា​របស់​ព្រះបាទ​អហាស៊ីយ៉ា ពី​ក្នុង​ចំណោម​បុត្រា​របស់​ស្ដេច ដែល​ត្រូវ​គេ​សម្លាប់​នោះ​ទៅ​លាក់​ទុក។ ព្រះនាង​​​​​​​នាំ​បុត្រ​នោះ​ទៅ​លាក់​នៅ​បន្ទប់​ដេក​មួយ​ក្នុង​ព្រះវិហារ ព្រម​ទាំង​អោយ​មេ​ដោះ​នៅ​ជា​មួយ​ផង។ គេ​បាន​លាក់​រាជកុមារ​មិន​អោយ​ព្រះនាង​អថាលី​ឃើញ ដូច្នេះ រាជកុមារ​ក៏​រួច​ពី​ស្លាប់។ ៣ ក្នុង​ពេល​ដែល​ព្រះនាង​អថាលី​គ្រង​រាជ្យ រាជកុមារ​បាន​លាក់​ខ្លួន​ជា​មួយ​មេ​ដោះ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ។

 

ព្រះបាទ​យ៉ូអាស​ឡើង​គ្រង​រាជ្យ

(២របាក្សត្រ ២៣:១-២១)

៤ លុះ​ដល់​ឆ្នាំ​ទី​ ប្រាំពីរ លោក​បូជាចារ្យ​យេហូយ៉ាដា​ចាត់​គេ​ទៅ​អញ្ជើញ​ពួក​នាយ​ទាហាន​ហ្លួង ដែល​ជា​ជន​ជាតិ​ការី និង​ពល​ទាហាន​មក​ជួប​នឹង​លោក ​នៅ​ព្រះដំណាក់​របស់​ព្រះអម្ចាស់។ លោក​បាន​ចុះ​កិច្ចសន្យា​ជា​មួយ​ពួក​គេ ព្រម​ទាំង​សុំ​អោយ​ពួក​គេ​ស្បថ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ រួច​លោក​នាំ​បុត្រា​របស់​ស្ដេច​មក​បង្ហាញ​អោយ​ពួក​គេ​ឃើញ។ ៥ បន្ទាប់​មក លោក​បញ្ជា​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច​ត​ទៅ: ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​សប្ប័ទ* មួយ​ភាគ​បី​ត្រូវ​យាម​ដំណាក់​​​ស្ដេច ៦ មួយ​ភាគ​បី​ត្រូវ​យាម​នៅ​ ត្រង់​មាត់​ទ្វារ​ស៊ូរ និង​មួយ​ភាគ​បី​ទៀត ត្រូវ​យាម​នៅ​ទ្វារ​ខាង​ក្រោយ​កន្លែង​ប្រចាំ​ការ។ ក្រុម​ទាំង​បី​នេះ​ត្រូវ​ប្ដូរ​វេន​គ្នា​យាម​ព្រះដំណាក់។ ៧ រីឯ​អ្នក​រាល់​គ្នា​ពីរ​ក្រុម​ទៀត ដែល​មិន​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​សប្ប័ទ​ត្រូវ​យាម​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ដើម្បី​ការពារ​ព្រះ​មហាក្សត្រ។ ៨ អ្នក​រាល់​គ្នា​ត្រូវ​ ប្រដាប់​អាវុធ​គ្រប់​ដៃ នៅ​ការពារ​ជុំវិញ​មហា​ក្សត្រ។ បើ​នរណា​ម្នាក់​ហ៊ាន​ចូល​មក​ជិត​ជួរ​ទ័ព​របស់​អ្នក​រាល់​គ្នា ត្រូវ​សម្លាប់​ចោល។ ចូរ​នៅ​ជាប់​ជា​មួយ​ព្រះមហា​ក្សត្រ​ជានិច្ច ទោះ​បី​ទ្រង់​យាង​ចេញ ឬ​ចូល​ក៏​ដោយ»។

៩ ពួក​មេទ័ព ​នាំ​គ្នា​ធ្វើ​តាម​បញ្ជា​ទាំង​ប៉ុន្មាន​របស់​លោក​បូជាចារ្យ​យេហូយ៉ាដា ម្នាក់ៗ​នាំ​កូន​ទាហាន​របស់​ខ្លួន ទាំង​អ្នក​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​សប្ប័ទ ទាំង​អ្នក​មិន​ត្រូវ​វេន​យាម ហើយ​ទៅ​ជួប​លោក​បូជាចារ្យ​យេហូយ៉ាដា។ ១០ លោក​បូជាចារ្យ​ចែក​លំពែង ព្រម​ទាំង​ខែល​របស់​ព្រះបាទ​ដាវីឌ ដែល​តម្កល់​ទុក​ក្នុង​ព្រះដំ​ណាក់​​របស់​ព្រះអម្ចាស់​ជូន​ពួក​មេទ័ព​ទាំង​នោះ។ ១១ ពល​ទាហាន​ប្រដាប់​អាវុធ ​គ្រប់ៗ​ដៃ ឈរ​យាម​នៅ​មុខ​ព្រះដំណាក់ និង​នៅ​ជិត​អាសនៈ​ចាប់​ពី​ប៉ែក​ខាង​ស្ដាំ​រហូត​ដល់​ប៉ែក​ខាង​ឆ្វេង​ ព្រះដំណាក់ ដើម្បី​ការពារ​ព្រះ​មហាក្សត្រ។ ១២ ពេល​នោះ លោក​បូជាចារ្យ​យាង​ព្រះ​រាជបុត្រ​របស់​ស្ដេច​ចេញ​មក ហើយ​យក​មកុដ​រាជ្យ​មក​បំពាក់ ព្រម​ទាំង​ថ្វាយ​ឯកសារ​នៃ​សម្ពន្ធមេត្រី​ផង រួច​គេ​ចាក់​ប្រេង​អភិសេក​រាជកុមារ​តែងតាំង​ជា​ស្ដេច។ គេ​នាំ​គ្នា​ទះ​ដៃ​ស្រែក​ជយឃោស​ថា៖ «ជយោ! ព្រះ​មហាក្សត្រ!»។

 

១៣ កាល​ព្រះនាង​អថាលី​ឮ​សំរែក​ពល​ទាហាន និង​ប្រជាជន ព្រះនាង​ ក៏​យាង​ទៅ​មើល​ពួក​គេ​នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់​។ ១៤ ព្រះនាង​ទត​ឃើញ​ព្រះ​ មហាក្សត្រ​ថ្មី ឈរ​នៅ​លើ​វេទិកា តាម​ទំនៀមទម្លាប់​ដោយ​មាន​មេទ័ព និង​អ្នក​ផ្លុំ​ត្រែ​ឈរ​អម​ផង។ ប្រជាជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​អបអរ​សាទរ ហើយ​គេ​ក៏​ផ្លុំ​ត្រែ​ឡើង។ ព្រះនាង​អថាលី​ហែក​ព្រះភូសា​ស្រែក​ថា៖ «នេះ​ជា​អំពើ​ក្បត់! នេះ​ជា​អំពើ​ក្បត់!»។ ១៥ លោក​បូជាចារ្យ​ យេហូយ៉ាដា​បញ្ជា​ពួក​មេទ័ព​ដែល​គ្រប់គ្រង​លើ​ពល​ទ័ព​ថា៖ «ចូរ​នាំ​ព្រះនាង​ចេញ​ទៅ​ក្រៅ! បើ​នរណា​គាំទ្រ​ព្រះនាង ចូរ​សម្លាប់​ដោយ​មុខ​ដាវ​ទៅ!»។ លោក​បូជាចារ្យ​មាន​ប្រសាសន៍​ទៀត​ថា៖ «មិន​ត្រូវ ​ប្រហារ​ជីវិត​ព្រះនាង​នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះ​អម្ចាស់​​ឡើយ!»។ ១៦ គេ​ចាប់​ព្រះនាង​នាំ​ទៅ​វាំង​វិញ។ កាល​មក​ដល់​ខ្លោង​ទ្វារ​សេះ គេ​ប្រហារ​ជីវិត​ព្រះនាង​នៅ​ទី​នោះ។

 

១៧ ​​​​លោក​​យេហូយ៉ាដា​ចង​សម្ពន្ធមេត្រី​រវាង​ព្រះអម្ចាស់ ព្រះ​មហាក្សត្រ និង​ប្រជារាស្ត្រ ដើម្បី​អោយ​ពួក​គេ​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​ព្រះអម្ចាស់។ លោក​ក៏​បាន​ចង​សម្ពន្ធមេត្រី​រវាង​ព្រះ​មហាក្សត្រ និង​ប្រជារាស្ត្រ​ដែរ។ ១៨ ប្រជាជន​ទាំង​មូល​នៅ​ ក្នុង​ស្រុក​នាំ​គ្នា​ចូល​ទៅ​បំផ្លាញ​វិហារ​របស់​ព្រះ​បាល ហើយ​វាយ​កំទេច​អាសនៈ និង​រូប​សំណាក ព្រម​ទាំង​សម្លាប់​លោក​ម៉ាត់ថាន​ជា​បូជាចារ្យ​របស់​ព្រះ​បាល​នៅ​មុខ​អាសនៈ​ ទៀត​ផង។ លោក​យេហូយ៉ាដា ​បាន​ចាត់​ចែង​អោយ​មាន​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះ​ដំណាក់​របស់ ​ព្រះអម្ចាស់។

១៩ បន្ទាប់​មក លោក​នាំ​ពួក​មេទ័ព ពួក​នាយ​ទាហាន​ហ្លួង​ដែល​ជា​ជន​ជាតិ​ការី និង​ពល​ទាហាន ព្រម​ទាំង​ប្រជាជន​ទាំង​មូល​នៅ​ក្នុង​ស្រុក ដង្ហែ​ព្រះ​មហាក្សត្រ​ពី​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ចូល​វាំង​តាម​ខ្លោង​ទ្វារ​នៃ​ពួក​អ្នក​យាម រួច​ហើយ​ព្រះបាទ​យ៉ូអាស​ឡើង​គង់​លើ​បល្ល័ង្ក​រាជ្យ។ ២០ ប្រជាជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​អបអរ​សាទរ ហើយ​ទីក្រុង​ក៏​បាន​សុខសាន្ត។ គេ​បាន​ប្រហារ​ជីវិត​ព្រះនាង​អថាលី​នៅ​ក្នុង​វាំង។

ព្រះបាទ​យ៉ូអាស​សោយរាជ្យ​នៅ​ស្រុក​យូដា

(២របាក្សត្រ ២៤:១-៣)

១(១១.២១)  ព្រះបាទ​យ៉ូអាស​ឡើង​សោយ​រាជ្យ​ក្នុង​ជន្មាយុ​ប្រាំពីរ​វស្សា ២(១)គឺ​នៅ​ឆ្នាំ​ទី​ប្រាំពីរ​ ក្នុង​រជ្ជកាល​ព្រះបាទ​​យេហ៊ូ ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ទ្រង់​សោយរាជ្យ​បាន​សែសិបឆ្នាំ នៅ​ក្រុង​យេរូសាឡឹម។ រីឯ​មាតា​របស់​ស្ដេច​មាន​នាម​ថា ស៊ីបយ៉ា​ជា​អ្នក​ស្រុក​បៀរសេបា។ ៣(២)​ ព្រះបាទ​យ៉ូអាស​ ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ អស់​មួយ​ជីវិត ដូច​លោក​បូជាចារ្យ​យេហូយ៉ាដា​បាន​បង្ហាត់​បង្រៀន។ ៤(៣) ប៉ុន្តែ ស្ដេច​មិន​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទេ។ ប្រជាជន​នៅ​តែ​ថ្វាយ​យញ្ញបូជា និង​ដុត​គ្រឿង​ក្រអូប តាម​ទួល​ខ្ពស់ៗ​ដដែល។

 

ព្រះបាទ​យ៉ូអាស​ជួសជុល​ព្រះវិហារ

(២របាក្សត្រ ២៤:៤-១៤)

៥(៤) ព្រះបាទ​យ៉ូអាស​មាន​ រាជឱង្ការ​ទៅ​កាន់​ពួក​បូជាចារ្យ​ថា៖ «ចំពោះ​ប្រាក់​ទាំង​ប៉ុន្មាន ដែល​គេ​យក​មក​ថ្វាយ​ជា​តង្វាយ ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ គឺ​ប្រាក់​ដែល​ប្រជាជន​យក​មក​បង់​ពន្ធ​សំរាប់​ព្រះដំណាក់ ប្រាក់​បាន​មក​ពី​តង្វាយ​លោះ​មនុស្ស ស្រប​តាម​ការ​វាយ​តម្លៃ​ និង​តង្វាយ​ស្ម័គ្រ​ចិត្ត ដែល​គេ​យក​មក​ថ្វាយ​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ៦(៥)​​​ នោះ​អោយ​ក្រុម​បូជាចារ្យ​ ទទួល​យក គឺ​ម្នាក់ៗ​ត្រូវ​ទទួល​យក​ចំណែក​របស់​ខ្លួន​ពី​អ្នក​ដែល​ខ្លួន​ស្គាល់ ដើម្បី​ជួសជុល​កន្លែង​បាក់​បែក​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះដំណាក់ ដែល​គេ​យល់​ថា​ចាំបាច់​គួរ​តែ​ជួសជុល»។ ៧(៦)​ ប៉ុន្តែ រហូត​មក​ដល់​ឆ្នាំ​ទី​ម្ភៃ​បី​នៃ​រជ្ជកាល​ព្រះបាទ​យ៉ូអាស ក្រុម​បូជា​ចារ្យ​​ ពុំ​ទាន់​បាន​ជួសជុល​កន្លែង​បាក់បែក​ក្នុង​ព្រះដំណាក់​នៅ​ ឡើយ​​ទេ។ ៨(៧) ព្រះបាទ​យ៉ូអាស​កោះ​ហៅ​ លោក​បូជាចារ្យ​យេហូយ៉ាដា ព្រម​ទាំង​បូជាចារ្យ​ឯ​ទៀតៗ​មក រួច​មាន​រាជឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​អស់​លោក​មិន​ជួសជុល​កន្លែង​បាក់បែក​ក្នុង​ព្រះដំណាក់? ចាប់​ពី​ពេល​នេះ​ត​ទៅ អស់​លោក​មិន​ត្រូវ​ទទួល​ប្រាក់​ពី​អ្នក​ស្គាល់​ទៀត​ឡើយ តែ​ត្រូវ​បង្វិល​ប្រាក់​នេះ សំរាប់​ការ​ជួសជុល​ព្រះដំណាក់​វិញ»។ ៩(៨) ដូច្នេះ ពួក​បូជាចារ្យ​ក៏​ឈប់​ទទួល​ប្រាក់​ពី​ប្រជាជន និង​លែង​ទទួល​បន្ទុក​លើ​ការ​ជួសជុល​ព្រះ​ដំ​ណាក់​ទៀត។ ១០(៩) លោក​បូជាចារ្យ​យេហូយ៉ាដា យក​ហិប​មួយ​ចោះ​រន្ធ​លើ​គំរប រួច​ដាក់​នៅ​ខាង​ស្ដាំ​អាសនៈ ត្រង់​មាត់​ទ្វារ​ចូល​ព្រះដំណាក់។ ពួក​បូជាចារ្យ​ជា​អ្នក​យាម​នៅ​មាត់​ទ្វារ ដាក់​ប្រាក់​ទាំង​អស់​ដែល​គេ​យក​មក​ថ្វាយ​ព្រះដំណាក់ ក្នុង​ហិប​នោះ។ ១១(១០) ​កាល​ណា​គេ​ឃើញ​មាន​ ប្រាក់​ច្រើន​នៅ​ក្នុង​ហិប​ហើយ លោក​ស្មៀន​ហ្លួង និង​មហា​បូជាចារ្យ​ក៏​មក​ទទួល​ប្រាក់​នៅ​ក្នុង​ព្រះដំ​ណាក់​យក​ទៅ​រាប់ រួច​ទុក​ក្នុង​ថង់​មួយ។ ១២(១១) បន្ទាប់​មក លោក​ប្រគល់​ប្រាក់​នោះ​អោយ​ពួក​មេ​ជាង​ដែល​ទទួល​បន្ទុក​លើ​ការងារ​ជួសជុល​ព្រះដំណាក់​របស់​ព្រះអម្ចាស់។ គេ​ប្រើ​ប្រាក់​នោះ​សំរាប់​ជួល​ជាង​ឈើ និង​ជាង​សំណង់​ដែល​ត្រូវ​ជួសជុល​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ១៣(១២) ព្រម​ទាំង​ជួល​ជាង​កំបោរ ជាង​ដាប់​ថ្ម ហើយ​ទិញ​ឈើ និង​ថ្មដាប់​សំរាប់​ជួសជុល​កន្លែង​បាក់​បែក​ក្នុង​ព្រះដំ​ណាក់​របស់​ព្រះអម្ចាស់។ ប្រាក់​នេះ​ក៏​ប្រើ​សំរាប់​ការ​ចំណាយ​គ្រប់​ប្រភេទ ក្នុង​ការ​ជួសជុល​ព្រះដំណាក់​ឡើង​វិញ។ ១៤(១៣) ប៉ុន្តែ គេ​ពុំ​បាន​ប្រើ​ប្រាក់​ដែល​ប្រជាជន​យក​មក​ថ្វាយ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ទៅ​ធ្វើ​ពាន​ប្រាក់ កាំបិត ថូ ត្រែ ឬ​ប្រដាប់ប្រដា​អ្វី​ផ្សេង​ទៀត​អំពី​មាស​ប្រាក់ សំរាប់​ព្រះដំណាក់​របស់​ព្រះអម្ចាស់​ឡើយ។ ១៥(១៤) គេ​ប្រគល់​ប្រាក់​នេះ អោយ​អស់​អ្នក​ដែល​ទទួល​បន្ទុក​លើ​ការងារ សំរាប់​ប្រើប្រាស់​ជួសជុល​ព្រះដំណាក់​របស់​ព្រះអម្ចាស់​។ ១៦(១៥) គេ​ពុំ​បាន​ត្រួត​ ពិនិត្យ​អស់​អ្នក​ដែល​យក​ប្រាក់​នោះ ទៅ​បើក​អោយ​ពួក​ជាង​ទេ ដ្បិត​ពួក​គេ​ធ្វើ​ការ​នេះ​ដោយ​ចិត្ត​ស្មោះស្ម័គ្រ​បំផុត។

 

១៧(១៦) រីឯ​ ប្រាក់​តង្វាយ​ដែល​ប្រជាជន​យក​មក​ថ្វាយ​ជា​យញ្ញ​បូជា​សុំ​លើកលែង​ទោស និង​យញ្ញបូជា​រំដោះ​បាប គេ​ពុំ​បាន​ទុក​សំរាប់​ព្រះដំណាក់​របស់​ព្រះអម្ចាស់​ទេ គឺ​ប្រាក់​នោះ​ត្រូវ​បាន​ជា​ចំណែក​របស់​ពួក​បូជាចារ្យ​វិញ។

 

ចុង​បញ្ចប់​នៃ​រជ្ជកាល​ព្រះបាទ​យ៉ូអាស

(២របាក្សត្រ ២៤:២៣-២៧)

១៨(១៧) នៅ​គ្រា​នោះ ព្រះបាទ​ហាសាអែលជា​ស្ដេច​ស្រុក​ស៊ីរី ឡើង​មក​វាយ និង​ដណ្ដើម​យក​បាន​ក្រុង​កាថ។ បន្ទាប់​មក ព្រះបាទ​ហាសាអែល​លើក​ទ័ព​តម្រង់​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡឹម​ទៀត។ ១៩(១៨)​ព្រះបាទ​យ៉ូអាស​ស្ដេច​ស្រុក​យូដា ប្រមូល​វត្ថុ​មាន​តម្លៃ​ទាំង​ប៉ុន្មាន នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ និង​នៅ​ក្នុង​វាំង ជា​វត្ថុ​ដែល​ស្ដេច​ស្រុក​យូដា ជា​អយ្យកោ គឺ​ព្រះបាទ​យ៉ូសាផាត ព្រះបាទ​យ៉ូរ៉ាម និង​ព្រះបាទ​អហាស៊ីយ៉ា បាន​ថ្វាយ​ជា​តង្វាយ​ព្រម​ទាំង​វត្ថុ​ដែល​ស្ដេច​ផ្ទាល់​បាន​ថ្វាយ​ជា​តង្វាយ ហើយ​ចាត់​គេ​អោយ​នាំ​យក​ទៅ​ថ្វាយ​ព្រះបាទ​ហាសាអែលជា​ស្ដេច​ស្រុក​ស៊ីរី។ ហេតុ​នេះ ស្ដេច​ក្រុង​ស៊ីរី​ក៏​ដក​ទ័ព​ថយ ឈប់​វាយ​ក្រុង​យេរូសាឡឹម។

 

២០(១៩) រីឯ​រាជ ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​យ៉ូអាស និង​អ្វីៗ​ទាំង​អស់​ដែល​ស្ដេច​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។ ២១(២០) មេទ័ព​របស់​ស្ដេច​បាន​ ក្រោក​ឡើង រួម​គំនិត​គ្នា​ក្បត់​នឹង​ព្រះបាទ​យ៉ូអាស។ ពួក​គេ​ធ្វើ​គុត​ស្ដេច នៅ​ប៉ម​មីឡូ​តាម​ផ្លូវ​ចុះ​ទៅ​ស៊ីឡា។ ២២(២១) មេទ័ព​ដែល​បាន​ធ្វើ​គុត ​ស្ដេច គឺ​លោក​យ៉ូសាបាដ ជា​កូន​របស់​លោក​ស៊ីម៉ាត និង​លោក​យេហូសាបាដ ជា​កូន​របស់​លោក​សូមែរ។ គេ​បាន​បញ្ចុះ​សព​ស្ដេច​ក្នុង​ផ្នូរ​របស់​រាជវង្ស នៅ​បុរី​ព្រះបាទ​ដាវីឌ ហើយ​ព្រះបាទ​អម៉ាស៊ីយ៉ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

ព្រះបាទ​យ៉ូអាខាស​សោយរាជ្យ​លើ​ស្រុក​អ៊ីស្រាអែល

១ នៅ​ឆ្នាំ​ទី​ម្ភៃ​បី​នៃ​ រជ្ជកាល​ព្រះបាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះបាទ​អហាស៊ីយ៉ា ស្ដេច​ស្រុក​យូដា ព្រះបាទ​យ៉ូអាខាស​ជា​បុត្រ​របស់​ព្រះបាទ​យេហ៊ូ បាន​ឡើង​សោយរាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​នៅ​ក្រុង​សាម៉ារី​ទ្រង់​សោយរាជ្យ​បាន ​ដប់​ប្រាំពីរ​ឆ្នាំ។ ២ ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ គឺ​ទ្រង់​ប្រព្រឹត្ត​អំពើ​បាប​ដូច​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត ដែល​នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​អំពើ​បាប​ដែរ ស្ដេច​មិន​ងាក​ចេញ​ពី​ផ្លូវ​នោះ​ទេ។ ៣ ព្រះអម្ចាស់​ ទ្រង់​ព្រះពិរោធ​ទាស់​នឹង​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះបាទ​ហាសាអែលជា​ស្ដេច​ស្រុក​ស៊ីរី និង​ព្រះបាទ​បេនហាដាដ ជា​បុត្រ​របស់​ព្រះបាទ​ហាសាអែល​ក្នុង​អំឡុង​ពេល​ដ៏​យូរ។ ៤ ប៉ុន្តែ ព្រះបាទ​យ៉ូអាខាស​ទូលអង្វរ​ព្រះអម្ចាស់ ព្រះអម្ចាស់​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​ទូលអង្វរ​នេះ ដ្បិត​ព្រះអង្គ​ទត​ឃើញ​ស្ដេច​ស្រុក​ស៊ីរី​ជិះជាន់​សង្កត់សង្កិន​ប្រជាជន​អ៊ីស្រាអែល ៥ ព្រះអម្ចាស់​ ប្រោស​ប្រទាន​អោយ​មាន​អ្នក​ដឹក​នាំ​មួយ​រូប មក​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ស៊ីរី និង​អោយ​ពួក​គេ​រស់​នៅ​ដោយ​សុខសាន្ត​ក្នុង​ស្រុក​របស់​ខ្លួន​ដូច​កាល​ពី​មុន។ ៦ ប៉ុន្តែ ពួក​គេ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​រាជវង្ស​របស់​ព្រះបាទ​យេរ៉ូបោម​នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​ នោះ​ឡើយ។ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​នោះ​ត​ទៅ​ទៀត គឺ​សូម្បី​តែ​បង្គោល​របស់​ព្រះ​អាសេរ៉ា ក៏​មាន​នៅ​ក្នុង​ក្រុង​សាម៉ារី​ដែរ។ ៧ កងទ័ព​របស់​ព្រះបាទ​ យ៉ូអាខាស មាន​នៅ​សល់​ត្រឹម​តែ​ទ័ព​សេះ​ហាសិប​នាក់ រទេះ​ចំបាំង​ដប់ និង​កងពល​ថ្មើរ​ជើង​មួយ​ម៉ឺន​នាក់​ប៉ុណ្ណោះ ដ្បិត​ស្ដេច​ស្រុក​ស៊ីរី​បាន​បំផ្លាញ​ស្ទើរ​តែ​ទាំង​អស់ ទុក​ទ័ព​អោយ​នៅ​សេសសល់​បន្តិចបន្តួច ប្រៀប​ដូច​ជា​ធូលី​ដែល​គេ​ដើរ​ជាន់។ ៨ រាជ​កិច្ច​ផ្សេង​ទៀត​របស់ ​ព្រះបាទ​យ៉ូអាខាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​ធ្វើ ព្រម​ទាំង​វីរភាព​ដ៏​អង់អាច​របស់​ស្ដេច សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​ អ៊ីស្រាអែល។ ៩ កាល​ស្ដេច​សោយទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​សាម៉ារី ហើយ​ព្រះបាទ​យ៉ូអាស ជា​បុត្រ​ឡើង​ស្នង​រាជ្យ។

 

ព្រះបាទ​យ៉ូអាស​សោយរាជ្យ​លើ​ស្រុក​អ៊ីស្រាអែល

១០ នៅ​ឆ្នាំ​ទី​សាមសិប​ ប្រាំពីរ នៃ​រជ្ជកាល​ព្រះបាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​យូដា ព្រះបាទ​យ៉ូអាស​ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអាខាស​បាន​ឡើង​សោយរាជ្យ​លើ​ស្រុក​ អ៊ីស្រាអែល នៅ​ក្រុង​សាម៉ារី ទ្រង់​សោយរាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ។ ១១ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ដោយ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប​ដែល​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត​នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​នោះ​ទេ គឺ​ស្ដេច​ប្រព្រឹត្ត​តាម​ផ្លូវ​អាក្រក់​ដូច​គេ​ដែរ។ ១២ រីឯ​រាជ​កិច្ច​ផ្សេង​ ទៀត​របស់​ព្រះបាទ​យ៉ូអាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ ព្រម​ទាំង​វីរភាព​ដ៏​អង់អាច​របស់​ស្ដេច និង​សង្គ្រាម​ជា​មួយ​ព្រះបាទ​អម៉ាស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា​សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ១៣ កាល​ព្រះបាទ​យ៉ូអាស​សោយ ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជវង្ស​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល​នៅ ​ក្រុង​សាម៉ារី ហើយ​ព្រះបាទ​យេរ៉ូបោម​ឡើង​ស្នង​រាជ្យ។

 

ព្យាការី​អេលីសេ​ទទួល​មរណភាព

១៤ នៅ​គ្រា​នោះ លោក​អេលីសេ​មាន​ជំងឺ​ជា​ទម្ងន់​ហៀប​នឹង​ស្លាប់។ ព្រះបាទ​យ៉ូអាស​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​យាង​មក​សួរ​សុខ​ទុក្ខ​លោក ស្ដេច​យំ​សំរក់​ទឹក​ភ្នែក​លើ​មុខ​លោក ហើយ​មាន​រាជឱង្ការ​ថា៖ «លោក​ឪពុក! លោក​ឪពុក​អើយ លោក​ប្រៀប​ដូច​ជា​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​អ៊ីស្រាអែល!»។ ១៥ លោក​អេលីសេ​ទូល​ព្រះរាជា​ថា៖ «សូម​ព្រះករុណា​យក​ធ្នូ និង​ព្រួញ​មក!»។ ស្ដេច​ក៏​យក​ធ្នូ និង​ព្រួញ​មក​កាន់។ ១៦ ព្យាការី​ទូល​ព្រះរាជា​ថា៖ «សូម​ព្រះករុណា​លើក​ធ្នូ​ឡើង​យឹត​ទៅ!»។ ព្រះរា ជា​ក៏​លើក​ធ្នូ​ឡើង ហើយ​យឹត។ លោក​អេលីសេ​ដាក់​ដៃ​លើ​ព្រះហស្ដ​ស្ដេច ១៧ រួច​ទូល​ថា៖ «សូម​ព្រះករុណា​បើក​បង្អួច​ដែល​បែរ​ទៅ​ទិស​ខាង​កើត!»។ ព្រះបាទ​យ៉ូអាស​ក៏​បើក​បង្អួច​នោះ។ លោក​អេលីសេ​ទូល​ថា៖ «សូម​បាញ់​ទៅ!» ស្ដេច​ក៏​បាញ់។ លោក​អេលីសេ​ទូល​ថា៖ «នេះ​ជា​ព្រួញ​ជ័យជំនះ​មក​ពី​ព្រះ អម្ចាស់ គឺ​ព្រួញ​ជ័យជំនះ​លើ​ជន​ជាតិ​ស៊ីរី។ ព្រះករុណា​នឹង​ប្រហារ​កងទ័ព​ស៊ីរី​នៅ​ក្រុង​អាផែក រហូត​ដល់​ពួក​គេ​វិនាស​សូន្យ» ។ ១៨ លោក​អេលីសេ​ទូល​ ព្រះរាជា​ទៀត​ថា៖ «សូម​យក​ព្រួញ​ទាំង​នោះ​មក!»។ ស្ដេច​ក៏​យក​ព្រួញ​ទាំង​នោះ​មក​កាន់។ ព្យាការី​ទូល​ថា៖ «សូម​វាយ​លើ​ដី!» ស្ដេច​វាយ​លើ​ដី​បី​ដង​ហើយ​ឈប់។ ១៩ អ្នក​ជំនិត​របស់​ ព្រះជាម្ចាស់​ក្រេវក្រោធ​នឹង​ព្រះរាជា ហើយ​ទូល​ថា៖ «គួរ​តែ​វាយ​អោយ​បាន​ប្រាំ ឬ​ប្រាំ​មួយ​ដង នោះ​ព្រះករុណា​ពិត​ជា​ច្បាំង​ឈ្នះ​ជន​ជាតិ​ស៊ីរី រហូត​ដល់​បំផ្លាញ​ពួក​គេ​អោយ​វិនាស​សូន្យ។ ប៉ុន្តែ ឥឡូវ​នេះ ព្រះករុណា​វាយ​ពួក​គេ​ឈ្នះ បាន​ត្រឹម​តែ​បី​ដង​ប៉ុណ្ណោះ»។

២០ បន្ទាប់​មក លោក​អេលីសេ​ទទួល​មរណភាព ហើយ​គេ​ក៏​យក​សព​លោក​ទៅ​បញ្ចុះ។

 

ជា​រៀង​រាល់​ឆ្នាំ ទាហាន​ជន​ជាតិ​ម៉ូអាប់​តែងតែ​ចូល​មក​ទន្ទ្រាន​ក្នុង​ស្រុក។ ២១ ថ្ងៃ​មួយ អ្នក​ស្រុក​បាន​យក​សព​មនុស្ស​ម្នាក់​ទៅ​បញ្ចុះ ស្រាប់​តែ​ជួប​ប្រទះ​នឹង​ទាហាន​ជន​ជាតិ​ម៉ូអាប់ ពួក​គេ​ក៏​បោះ​សព​នោះ​ក្នុង​ផ្នូរ​របស់​ព្យាការី។ ពេល​សព​នោះ​ធ្លាក់​ទៅ​ប៉ះ​លើ​ធាតុ​របស់​លោក​អេលីសេ គេ​ក៏​រស់​ឡើង​វិញ ហើយ​ក្រោក​ឈរ។

 

២២ ក្នុង​រជ្ជកាល​ព្រះបាទ​យ៉ូអាខាស ព្រះបាទ​ហាសាអែលជា​ស្ដេច​ស្រុក​ស៊ីរី តែងតែ​ជិះជាន់​សង្កត់សង្កិន​ជន​ជាតិ​អ៊ីស្រាអែល​ជានិច្ច។ ២៣ ប៉ុន្តែ ព្រះអម្ចាស់​ប្រណី​សន្ដោស​ដល់​កូន​ចៅ​អ៊ីស្រាអែល ព្រះអង្គ​អាណិត​អាសូរ និង​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា​ចំពោះ​ពួក​គេ​ដោយ​យល់​ដល់​សម្ពន្ធមេត្រី ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។ ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ​បំផ្លាញ​ពួក​គេ​ទេ ហើយ​រហូត​ដល់​ពេល​នេះ ព្រះអង្គ​ក៏​មិន​បោះបង់​ចោល​ពួក​គេ​អោយ​ទៅ​ឆ្ងាយ​ពី​ព្រះអង្គ​ដែរ។

២៤ ព្រះបាទ​ហាសាអែល ​ជា​ស្ដេច​ស្រុក​ស៊ីរី​សោយ​ទិវង្គត ហើយ​ព្រះបាទ​បេនហាដាដ​ជា​បុត្រ​ឡើង​ស្នង​រាជ្យ។ ២៥ ព្រះបាទ​យ៉ូអាស​ជា​ បុត្រ​របស់​ព្រះបាទ​យ៉ូអាខាស បាន​ដណ្ដើម​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រាអែល ពី​ព្រះបាទ​បេនហាដាដ ជា​បុត្រ​របស់​ព្រះបាទ​ហាសាអែល​យក​មក​វិញ គឺ​ក្រុង​ទាំង​ប៉ុន្មាន ដែល​ព្រះបាទ​ហាសាអែល​បាន​វាយ​ដណ្ដើម​យក​ពី​ព្រះបាទ​យ៉ូអាខាស ជា​បិតា​ក្នុង​ពេល​ធ្វើ​សង្គ្រាម។ ព្រះបាទ​យ៉ូអាស​វាយ​ព្រះបាទ​បេនហាដាដ​បី​លើក រួច​ដណ្ដើម​យក​ទីក្រុង​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រាអែល​មក​វិញ។

ព្រះបាទ​អម៉ាស៊ីយ៉ា​សោយ​រាជ្យ​លើ​ស្រុក​យូដា

(២របាក្សត្រ ២៥:១-៤, ១១-១២, ១៧-២៨, ២៦:១-២)

១ នៅ​ឆ្នាំ​ទី​ពីរ​នៃ​ រជ្ជកាល​ព្រះបាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអាខាស ស្ដេច​ស្រុក​អ៊ីស្រាអែល ​ព្រះបាទ​អម៉ាស៊ីយ៉ា​ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអាស ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។ ២ ពេល​ឡើង​សោយ​រាជ្យ​ទ្រង់​ មាន​ព្រះជន្ម​ម្ភៃ​ប្រាំ​វស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​បួន​ឆ្នាំ នៅ​ក្រុង​យេរូសាឡឹម។ មាតា​មាន​នាម​ថា​យ៉ូអាដាន ជា​អ្នក​ក្រុង​យេរូសាឡឹម។ ៣ ស្ដេច​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ តែ​ពុំ​បាន​ដូច​ព្រះបាទ​ដាវីឌ ជា​អយ្យកោ​ឡើយ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​គ្រប់​យ៉ាង ដូច​ព្រះបាទ​យ៉ូអាស​ជា​បិតា​ដែរ។ ៤ ប៉ុន្តែ ស្ដេច​មិន​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទេ។ ប្រជាជន​នៅ​តែ​ថ្វាយ​យញ្ញបូជា និង​ដុត​គ្រឿង​ក្រអូប​តាម​ទួល​ខ្ពស់ៗ​ដដែល។

៥ ក្រោយ​ពី​ឡើង​គ្រង​រាជ្យ និង​ពង្រឹង​អំណាច​ហើយ ទ្រង់​ប្រហារ​ជីវិត​ពួក​មេទ័ព​ដែល​បាន​ធ្វើ​គុត​ព្រះបាទ​យ៉ូអាស​ជា​បិតា។ ៦ ប៉ុន្តែ ទ្រង់​ពុំ​បាន​ប្រហារ​ជីវិត​កូន​ចៅ​របស់​ពួក​ឃាតក​ទេ ដោយ​គោរព​តាម​ព្រះបន្ទូល​ដែល​មាន​ចែង​ទុក ក្នុង​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ គឺ​ព្រះអម្ចាស់​ បាន​បង្គាប់​ថា «មិន​ត្រូវ​ប្រហារ​ជីវិត​ឪពុក ព្រោះ​តែ​ទោស​របស់​កូន ហើយ​ក៏​មិន​ត្រូវ​ប្រហារ​ជីវិត​កូន ព្រោះ​តែ​ទោស​របស់​ឪពុក​ដែរ គឺ​ត្រូវ​ប្រហារ​ជីវិត​មនុស្ស​ម្នាក់ៗ តាម​អំពើ​បាប​ដែល​ខ្លួន​ប្រព្រឹត្ត»។

 

៧ ព្រះបាទ​ អម៉ាស៊ីយ៉ា​បាន​ប្រហារ​កងទ័ព​អេដុម​មួយ​ម៉ឺន​នាក់​នៅ​ជ្រលង​ភ្នំ​អំបិល ហើយ​នៅ​ពេល​ច្បាំង​គ្នា​នោះ ស្ដេច​ដណ្ដើម​យក​បាន​ក្រុង​សេឡា ដែល​ស្ដេច​ដាក់​ឈ្មោះ​ថា​ក្រុង​យុគតេអែល គឺ​ឈ្មោះ​ដែល​មាន​រហូត​ដល់​សព្វ​ថ្ងៃ។ ៨ គ្រា​នោះ​ព្រះបាទ​ អម៉ាស៊ីយ៉ា​ចាត់​អ្នក​នាំ​សារ អោយ​ទៅ​ទូល​ព្រះបាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអាខាស និង​ជា​ចៅ​របស់​ព្រះបាទ​យេហ៊ូ​ថា៖ «ចូរ​ចេញ​មក យើង​ប្រយុទ្ធ​តទល់​គ្នា»។ ៩ ព្រះបាទ​យ៉ូអាស​ជា​ស្ដេច​ ស្រុក​អ៊ីស្រាអែល ចាត់​មនុស្ស​អោយ​មក​ទូល​ព្រះបាទ​អម៉ាស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា​វិញ​ថា៖ «គ្រា​មួយ​នោះ គុម្ព​បន្លា​ដែល​ដុះ​នៅ​ភ្នំ​លីបង់ ចាត់​គេ​អោយ​ទៅ​ប្រាប់​ដើម​តាត្រៅ​នៅ​ភ្នំ​លីបង់​ថា “ចូរ​លើក​កូន​ស្រី​របស់​អ្នក អោយ​មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​យើង”។ ប៉ុន្តែ មាន​សត្វ​ព្រៃ​ដើរ​កាត់​តាម​នោះ ហើយ​ជាន់​គុម្ព​បន្លា​ខ្ទេចខ្ទី​អស់។ ១០ ព្រះករុណា​វាយ​ឈ្នះ​ជន​ ជាតិ​អេដុម​មែន ហេតុ​នេះ​ហើយ​បាន​ជា​ព្រះករុណា​មាន​មោទ​ន​ភាព​។ ចូរ​អបអរ​សាទរ​នឹង​ជ័យជំនះ រួច​គង់​ក្នុង​ដំណាក់​ទៅ! ហេតុ​អ្វី​បាន​ជា​ព្រះករុណា​ចង់​ធ្វើ​សង្គ្រាម ដែល​បង្ក​អោយ​វេទនា​ដូច្នេះ? ព្រះករុណា និង​ប្រជាជន​យូដា​មុខ​ជា​បរាជ័យ​មិន​ខាន»។ ១១ ​ប៉ុន្តែ ព្រះបាទ​អម៉ាស៊ីយ៉ា​ពុំ​ព្រម​ស្ដាប់​តាម​សេចក្ដី​ព្រមាន​នេះ​ទេ។ ពេល​នោះ ព្រះបាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ក៏​ឡើង​មក​ប្រយុទ្ធ​តទល់​នឹង​ព្រះបាទ​អម៉ាស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា​នៅ​ក្រុង​បេតសេមេស ជា​ក្រុង​របស់​យូដា។ ១២ កងទ័ព​អ៊ីស្រាអែល​វាយ​ឈ្នះ​កងទ័ព​យូដា ហើយ​ពល​ទាហាន​យូដា​បាក់​ទ័ព រត់​មក​កាន់​ទី​លំនៅ​រៀងៗ​ខ្លួន​វិញ។ ១៣ ព្រះបាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ចាប់​ព្រះបាទ​អម៉ាស៊ីយ៉ា ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអាស និង​ជា​ចៅ​របស់​ព្រះបាទ​អហាស៊ីយ៉ា​ធ្វើ​ជា​ឈ្លើយ នៅ​បេតសេមេស។ បន្ទាប់​មក ព្រះបាទ​យ៉ូអាស​យាង​ទៅ​ក្រុង​យេរូសាឡឹម ហើយ​វាយ​បំបែក​កំពែង​ក្រុង ចាប់​តាំង​ពី​ទ្វារ​អេប្រាអ៊ីម​រហូត​ដល់​ទ្វារ​នៅ​ជ្រុង​កំពែង​ដែល​មាន​ ប្រវែង​បួន​រយ​ហត្ថ។ ១៤ ស្ដេច​ប្រមូល​យក​មាស​ប្រាក់ និង​វត្ថុ​មាន​តម្លៃ​ទាំង​ប៉ុន្មាន នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ និង​ក្នុង​ឃ្លាំង​ព្រះរាជ្យ​ទ្រព្យ ព្រម​ទាំង​នាំ​ចំណាប់​ខ្មាំង​វិល​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។

 

១៥ រាជ​កិច្ច​ផ្សេង​ទៀត​របស់​ព្រះបាទ​យ៉ូអាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​ធ្វើ ព្រម​ទាំង​វីរភាព​ដ៏​អង់អាច​របស់​ស្ដេច និង​សង្គ្រាម​ជា​មួយ​ព្រះបាទ​អម៉ាស៊ីយ៉ា ស្ដេច​ស្រុក​យូដា សុទ្ធ​តែ​មាន​កត់ត្រា​ទុក ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​ អ៊ីស្រាអែល។ ១៦ កាល​ព្រះបាទ​យ៉ូអាស​សោយ ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ នៃ​រាជវង្ស​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល នៅ​ក្រុង​សាម៉ារី ហើយ​ព្រះបាទ​យេរ៉ូបោម ជា​បុត្រ​ក៏​ឡើង​ស្នង​រាជ្យ។

 

១៧ ក្រោយ​ពី​ព្រះបាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអា​ខាស ស្ដេច​ស្រុក​អ៊ីស្រាអែល​សោយ​ទិវង្គត ព្រះបាទ​អម៉ាស៊ីយ៉ា ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអាស ស្ដេច​ស្រុក​យូដា មាន​ព្រះជន្ម​គង់​នៅ​បាន​ដប់​ប្រាំ​វស្សា​ទៀត។ ១៨ រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះបាទ​អម៉ាស៊ីយ៉ា សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។ ១៩ នៅ​ក្រុង​យេរូសាឡឹម មាន​មនុស្ស​ឃុបឃិត​គ្នា​ក្បត់​ព្រះបាទ​អម៉ាស៊ីយ៉ា ដូច្នេះ ស្ដេច​ក៏​ភៀស​ខ្លួន​ទៅ​ឯ​ក្រុង​ឡាគីស តែ​ពួក​គេ​ចាត់​មនុស្ស​អោយ​ដេញ​តាម​ព្រះរាជា រហូត​ដល់​ក្រុង​ឡាគីស​ទៀត ហើយ​ធ្វើ​គុត​ស្ដេច​នៅ​ទី​នោះ។ ២០ គេ​យក​សព​របស់​ព្រះបាទ​អម៉ាស៊ីយ៉ា ដាក់​លើ​ខ្នង​សេះ នាំ​មក​បញ្ចុះ​នៅ​ក្រុង​យេរូសាឡឹម ក្នុង​ផ្នូរ​នៃ​រាជវង្ស នៅ​បុរី​ព្រះបាទ​ដាវីឌ។ ២១ ប្រជាជន​នៅ​ស្រុក​យូដា​ ទាំង​មូល​នាំ​គ្នា​លើក​ព្រះបាទ​អសារីយ៉ា ដែល​មាន​ព្រះជន្ម​ដប់​ប្រាំ​មួយ​វស្សា​អោយ​ឡើង​គ្រង​រាជ្យ​ត​ពី​ព្រះបាទ​ អម៉ាស៊ីយ៉ា​ជា​បិតា។ ២២ ក្រោយ​ពេល​ព្រះបាទ​ អម៉ាស៊ីយ៉ា​សោយ​ទិវង្គត ព្រះបាទ​អសារីយ៉ា​សង់​ក្រុង​អេឡាត​ឡើង​វិញ ហើយ​ដាក់​អោយ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ស្រុក​យូដា។

 

ព្រះបាទ​យេរ៉ូបោម​ទី​២​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រាអែល

២៣ នៅ​ឆ្នាំ​ទី​ដប់​ប្រាំ នៃ​រជ្ជកាល​ព្រះបាទ​អម៉ាស៊ីយ៉ា ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអាស ស្ដេច​ស្រុក​យូដា ព្រះបាទ​យេរ៉ូបោម ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ឡើង​សោយ​រាជ្យ នៅ​ក្រុង​សាម៉ារី ទ្រង់​សោយ​រាជ្យ​បាន​សែសិប​មួយ​ឆ្នាំ។ ២៤ ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ដោយ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​នោះ​ឡើយ​​។ ២៥ ព្រះបាទ​យេរ៉ូបោម​បាន​ កំណត់​ព្រំប្រទល់​ទឹក​ដី​របស់​អ៊ីស្រាអែល​ឡើង​វិញ ចាប់​តាំង​ពី​ច្រក​ចូល​ហាម៉ាត់ រហូត​ដល់​សមុទ្រ​អារ៉ាបា ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ថ្លែង​តាម​រយៈ​អ្នក​បំរើ​របស់​ព្រះអង្គ គឺ​ព្យាការី​យ៉ូណាស ជា​កូន​របស់​លោក​អមីតៃ ជា​អ្នក​ស្រុក​កាថ-ហេភែរ។ ២៦ ព្រះអម្ចាស់​ទត​ឃើញ​អ៊ីស្រាអែល​រង​នូវ​ភាព​អាម៉ាស់​យ៉ាង​ធ្ងន់ធ្ងរ គឺ​ទាំង​អ្នក​ជា ទាំង​អ្នក​ងារ ហើយ​គ្មាន​នរណា​ម្នាក់​សង្គ្រោះ​ពួក​គេ​ឡើយ។ ២៧ ព្រះអម្ចាស់​ ពុំ​សព្វ​ព្រះហឫទ័យ​លុប​ឈ្មោះ​អ៊ីស្រាអែល អោយ​បាត់​ពី​ផែនដី​ទេ។ ដូច្នេះ ព្រះអង្គ​សង្គ្រោះ​ប្រជាជន​នេះ តាម​រយៈ​ព្រះបាទ​យេរ៉ូបោម ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអាស។

 

២៨ រាជ​ កិច្ច​ផ្សេង​ទៀត​របស់​ព្រះបាទ​យេរ៉ូបោម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​ធ្វើ ព្រម​ទាំង​វីរភាព​ដ៏​អង់អាច​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម ការ​វាយ​ដណ្ដើម​យក​ក្រុង​ដាម៉ាស និង​ក្រុង​ហាម៉ាត់​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​យូដា មក​ដាក់​ក្រោម​ការ​គ្រប់គ្រង​របស់​ស្រុក​អ៊ីស្រាអែល សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​ អ៊ីស្រាអែល។ ២៩ ព្រះបាទ​យេរ៉ូបោម​សោយ​ ទិវង្គត ហើយ​គេ​បញ្ចុះ​សព​នៅ​ក្នុង​ផ្នូរ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ព្រះបាទ​សាការី ជា​បុត្រ​ឡើង​ស្នង​រាជ្យ។

ព្រះបាទ​អសារីយ៉ា​សោយ​រាជ្យ​លើ​ស្រុក​យូដា

(២របាក្សត្រ ២៦:៣-៤, ២១-២៣)

១ នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំពីរ ​នៃ​រជ្ជកាល​ព្រះបាទ​យេរ៉ូ​បោម ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ព្រះបាទ​អសារីយ៉ា ជា​បុត្រ​របស់​ព្រះបាទ​អម៉ាស៊ីយ៉ា បាន​ឡើង​សោយរាជ្យ​លើ​ស្រុក​យូដា ២ ក្នុង​ព្រះជន្មាយុ​ដប់​ ប្រាំ​មួយ​វស្សា ទ្រង់​សោយ​រាជ្យ​បាន​ហាសិប​ពីរ​ឆ្នាំ នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា យេកូលីយ៉ា ជា​អ្នក​ក្រុង​យេរូសាឡឹម។ ៣ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​គ្រប់​យ៉ាង ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ដូច​ព្រះបាទ​អម៉ាស៊ីយ៉ា ជា​បិតា​ដែរ។ ៤ ប៉ុន្តែ ស្ដេច​មិន​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទេ ប្រជាជន​នៅ​តែ​ថ្វាយ​យញ្ញបូជា និង​ដុត​គ្រឿង​ក្រអូប​តាម​ទួល​ខ្ពស់ៗ​ដដែល។ ៥ ​ព្រះអម្ចាស់​ បាន​ធ្វើ​អោយ​ព្រះបាទ​អសារីយ៉ា​កើត​ឃ្លង់ រហូត​ដល់​ថ្ងៃ​ដែល​ស្ដេច​អស់​ព្រះជន្ម។ ស្ដេច​ត្រូវ​គង់​ក្នុង​ដំណាក់​មួយ​ដាច់​ឡែក​ពី​គេ។ សម្ដេច​យ៉ូថាម​ជា​បុត្រ មាន​ភារកិច្ច​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​វាំង និង​ទទួល​បន្ទុក​គ្រប់គ្រង​ប្រជាជន​នៅ​ក្នុង​ស្រុក។

៦ រាជ​កិច្ច ​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​អសារីយ៉ា និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។ ៧ ព្រះបាទ​អសារីយ៉ា​សោយ​ ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជវង្ស នៅ​បុរី​ព្រះបាទ​ដាវីឌ ហើយ​ព្រះបាទ​យ៉ូថាម​ជា​បុត្រ ឡើង​ស្នង​រាជ្យ។

 

ព្រះបាទ​សាការី​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល

៨ នៅ​ឆ្នាំ​ទី​សាមសិប​ ប្រាំបី នៃ​រជ្ជកាល​ព្រះបាទ​អសារីយ៉ា​ជា​ស្ដេច​ស្រុក​យូដា ព្រះបាទ​សាការី​ជា​បុត្រ​របស់​ព្រះបាទ​យេរ៉ូបោម ឡើង​សោយរាជ្យ​លើ​ស្រុក​អ៊ីស្រាអែល ទ្រង់​សោយរាជ្យ​បាន​ប្រាំ​មួយ​ខែ​នៅ​ក្រុង​សាម៉ារី។ ៩ ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ដូច​ពួក​អយ្យកោ​ដែរ គឺ​ស្ដេច​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប​ដែល​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​នោះ​ឡើយ។ ១០ ​គ្រា​នោះ លោក​សាលូម​ជា​កូន​របស់​លោក​យ៉ាបេស​បាន​ក្បត់​ស្ដេច ហើយ​ធ្វើ​គុត​ស្ដេច​នៅ​ចំពោះ​មុខ​ប្រជាជន រួច​ឡើង​សោយ​រាជ្យ​ជំនួស។

 

១១ រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះបាទ​សាការី សុទ្ធ​តែ​មាន​កត់ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ១២ ​ហេតុការណ៍​នេះ​កើត​មាន ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​ថ្លែង​មក​កាន់​ព្រះបាទ​យេហ៊ូ​ថា៖ «កូន​ចៅ​របស់​អ្នក​នឹង​គ្រង​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រាអែល​បាន​បួន​តំណ»។

 

ព្រះបាទ​សាលូម​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល

១៣ ព្រះបាទ​សាលូម ជា​កូន​របស់​លោក​យ៉ាបេស​ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល នៅ​ឆ្នាំ​ទី​សាមសិប​ប្រាំបួន នៃ​រជ្ជកាល​ព្រះបាទ​អូស៉្យាស​ ជា​ស្ដេច​ស្រុក​យូដា ទ្រង់​សោយ​រាជ្យ​បាន​មួយ​ខែ​នៅ​ក្រុង​សាម៉ារី។ ១៤ លោក​មេណាហិម​ជា​កូន​របស់ ​លោក​កាឌី បាន​ឡើង​ពី​ក្រុង​ទៀរសា​មក​ក្រុង​សាម៉ារី ធ្វើ​គុត​ព្រះបាទ​សាលូម​ជា​បុត្រ​របស់​លោក​យ៉ាបេស ហើយ​ក៏​ឡើង​សោយ​រាជ្យ​ជំនួស។ ១៥ រាជ​កិច្ច​ផ្សេងៗ​ទៀត​ របស់​ព្រះបាទ​សាលូម និង​គំរោងការ​ក្បត់ ដែល​ស្ដេច​រៀបចំ​ប្រឆាំង​នឹង​ព្រះបាទ​សាការី សុទ្ធ​តែ​មាន​កត់ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។

 

១៦ គ្រា​ នោះ​ព្រះបាទ​មេណាហិម បាន​វាយ​យក​ក្រុង​ទីបសា និង​សម្លាប់​រង្គាល​អ្នក​ក្រុង​នោះ ព្រម​ទាំង​អ្នក​ស្រុក​ដែល​រស់​នៅ​តំបន់​ជុំវិញ ចាប់​តាំង​ពី​ក្រុង​ទៀរសា​រហូត​មក។ ស្ដេច​វាយ​ប្រហារ​ក្រុង​នេះ ព្រោះ​គេ​មិន​បើក​ទ្វារ​ក្រុង​ទទួល​ស្ដេច។ ស្ដេច​បាន​វះ​ពោះ​ស្ត្រី​ទាំង​អស់​ដែល​មាន​គភ៌ នៅ​ក្នុង​ក្រុង​នោះ​ចោល​ផង។

 

ព្រះបាទ​មេណាហិម​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល

១៧ នៅ​អំឡុង​ឆ្នាំ​ទី​ សាមសិប​ប្រាំ​បួន នៃ​រជ្ជកាល​ព្រះបាទ​អសារីយ៉ា​ជា​ស្ដេច​ស្រុក​យូដា ព្រះបាទ​មេណាហិម ជា​កូន​របស់​លោក​កាឌី ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល ទ្រង់​សោយ​រាជ្យ​បាន​ដប់​ឆ្នាំ​នៅ​ក្រុង​សាម៉ារី។ ១៨ ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់។ ក្នុង​អំឡុង​ពេល​សោយ​រាជ្យ​នោះ ស្ដេច​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​នោះ​ឡើយ។ ១៩ គ្រា​នោះ​ព្រះចៅ​ពូល​ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​វាយ​លុក​ចូល​ស្រុក​អ៊ីស្រាអែល តែ​ព្រះបាទ​មេណាហិម យក​ប្រាក់​មួយ​ពាន់​ហាប​ថ្វាយ​ព្រះចៅ​ពូល សូម​អោយ​ស្ដេច​នោះ​ជួយ​ពង្រឹង​អំណាច​របស់​ខ្លួន។ ២០ ព្រះបាទ​មេណាហិម​ទារ​ ពន្ធ​ពី​ប្រជាជន​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ដែល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ គឺ​ម្នាក់ៗ​ត្រូវ​បង់​ពន្ធ​ហាសិប​ណែន ដើម្បី​អោយ​បាន​ប្រាក់​យក​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី។ ដូច្នេះ ស្ដេច​អាស្ស៊ីរី​ក៏​ចាក​ចេញ​ពី​ស្រុក​អ៊ីស្រាអែល​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ ខ្លួន​វិញ។

 

២១ រីឯ​រាជ ​កិច្ច​ផ្សេងៗ​របស់​ព្រះបាទ​មេណាហិម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ​សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ២២ កាល​ព្រះបាទ​មេណាហិម សោយ​ទិវង្គត ព្រះបាទ​ពេកាយ៉ា ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។

 

ព្រះបាទ​ពេកាយ៉ា​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល

២៣ នៅ​ឆ្នាំ​ទី​ហាសិប នៃ​រជ្ជកាល​ព្រះបាទ​អសារីយ៉ា ស្ដេច​ស្រុក​យូដា ព្រះបាទ​ពេកាយ៉ា ជា​បុត្រ​របស់​ព្រះបាទ​មេណាហិម បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រាអែល។ ស្ដេច​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ​នៅ​ក្រុង​សាម៉ារី។ ២៤ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ គឺ​ទ្រង់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះបាទ​យេរ៉ូបោម​ជា​កូន​របស់​លោក​នេបាត នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​នោះ​ឡើយ។ ២៥ លោក​ពេកា​ជា​កូន​របស់​ លោក​រេម៉ាលីយ៉ា ហើយ​ជា​អង្គ​រក្ស​របស់​ស្ដេច បាន​ឃុបឃិត​ជា​មួយ​លោក​អេកុប និង​លោក​អរីយេ​ធ្វើ​គុត​ស្ដេច​ ក្នុង​ដំណាក់​មួយ​នៃ​រាជវាំង នៅ​ក្រុង​សាម៉ារី។ ពេល​នោះ លោក​មាន​ពល​ទាហាន​ហាសិប​នាក់ ជា​អ្នក​ស្រុក​កាឡាដ​ចូល​រួម​ជា​មួយ​ដែរ។ លោក​បាន​ធ្វើ​គុត​ព្រះបាទ​ពេកាយ៉ា ហើយ​ឡើង​សោយ​រាជ្យ​ជំនួស។

 

២៦ រីឯ​រាជ ​កិច្ច​ផ្សេងៗ​របស់​ព្រះបាទ​ពេកាយ៉ា និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​ អ៊ីស្រាអែល។

 

ព្រះបាទ​ពេកា​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល

២៧ នៅ​ឆ្នាំ​ទី​ហាសិប​ពីរ នៃ​រជ្ជកាល​ព្រះបាទ​អសារីយ៉ា ជា​ស្ដេច​យូដា ព្រះបាទ​ពេកា ជា​កូន​របស់​លោក​រេម៉ាលីយ៉ា​បាន​ឡើង​សោយ​រាជ្យ នៅ​ស្រុក​អ៊ីស្រាអែល ទ្រង់​សោយ​រាជ្យ​បាន​ម្ភៃ​ឆ្នាំ​នៅ​ក្រុង​សាម៉ារី។ ២៨ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ គឺ​ទ្រង់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះបាទ​យេរ៉ូបោម​ជា​កូន​របស់​លោក​នេបាត នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​នោះ​ឡើយ។ ២៩ ក្នុង​រជ្ជកាល​ព្រះបាទ​ ពេកា ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ព្រះចៅ​ទីកឡាត-ពីលេស៊ែរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​វាយ​ដណ្ដើម​យក​ទីក្រុង​អ៊ីយ៉ូន ក្រុង​អបិល​-​បេត-ម៉ាកា ក្រុង​យ៉ាណូអា ក្រុង​កេដេស ក្រុង​ហាស៊រ ស្រុក​កាឡាដ ស្រុក​កាលីឡេ និង​ស្រុក​ណែបថាលី​ទាំង​មូល ព្រម​ទាំង​កៀរ​អ្នក​ស្រុក​នោះ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អាស្ស៊ីរី។ ៣០ ​លោក​​ហូសេ​ជា​កូន​របស់​ លោក​អេឡា បាន​ឃុបឃិត​ក្បត់​នឹង​ព្រះបាទ​ពេកា ជា​កូន​របស់​លោក​រេម៉ាលីយ៉ា លោក​ធ្វើ​គុត​ស្ដេច ហើយ​ឡើង​សោយរាជ្យ​ជំនួស នៅ​ឆ្នាំ​ទី​ម្ភៃ នៃ​រជ្ជកាល​ព្រះបាទ​យ៉ូថាម ជា​បុត្រ​របស់​ព្រះបាទអសារីយ៉ា ស្ដេច​ស្រុក​យូដា។ ៣១ រីឯ​រាជ​កិច្ច​ផ្សេងៗ​ របស់​ព្រះបាទ​ពេកា និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។

 

ព្រះបាទ​យ៉ូថាម​សោយ​រាជ្យ​លើ​ស្រុក​យូដា

(២របាក្សត្រ ២៧:១-៣, ៧-៩)

៣២ នៅ​ឆ្នាំ​ទី​ពីរ​នៃ​ រជ្ជកាល​ព្រះបាទ​ពេកា ជា​កូន​របស់​លោក​រេម៉ាលីយ៉ា ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ព្រះបាទ​យ៉ូថាម ជា​បុត្រ​របស់​ព្រះបាទ​អសារីយ៉ា ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។ ៣៣ ​កាល​ព្រះបាទ​យ៉ូថាម​ឡើង ​សោយ​រាជ្យ ទ្រង់​មាន​ព្រះជន្មាយុ​ម្ភៃ​ប្រាំ​វស្សា ហើយ​សោយ​រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា យេរូសា ជា​កូន​របស់​លោក​សាដុក។ ៣៤ ស្ដេច​ប្រព្រឹត្ត​អំពើ​សុចរិត​គ្រប់​យ៉ាង ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ដូច​ព្រះបាទអសារីយ៉ា ​ជា​បិតា​ដែរ។ ៣៥ ប៉ុន្តែ ស្ដេច​មិន​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទេ។ ប្រជាជន​នៅ​តែ​ថ្វាយយញ្ញបូជា និង​ដុត​គ្រឿង​ក្រអូប​តាម​ទួល​ខ្ពស់ៗ​ដដែល។ ព្រះបាទ​យ៉ូថាម​បាន​សង់​ទ្វារ​ខាង​លើ​ព្រះដំណាក់​របស់​ព្រះអម្ចាស់។ ៣៦ រាជ​កិច្ច​ផ្សេងៗ​ទៀត​ របស់​ព្រះបាទ​យ៉ូថាម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា​។

 

៣៧ នៅ​គ្រា​នោះ ព្រះអម្ចាស់​បាន​ចាប់​ផ្ដើម​ចាត់​ព្រះបាទ​រេស៊ីន ជា​ស្ដេច​ស្រុក​ស៊ីរី និង​ព្រះបាទ​ពេកា​​ជា​កូន​របស់​លោក​រេម៉ាលីយ៉ា​អោយ​មក​លុកលុយ​ស្រុក​យូដា។ ៣៨ ព្រះបាទ​យ៉ូថាម​សោយ​ ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជវង្ស នៅ​បុរី​ព្រះបាទ​ដាវីឌ ហើយ​ព្រះបាទ​អខាស​ជា​បុត្រ ឡើង​ស្នង​រាជ្យ។

ព្រះបាទ​អខាស​សោយ​រាជ្យ​លើ​ស្រុក​យូដា

(២របាក្សត្រ ២៨:១-២៧)

១ នៅ​ឆ្នាំ​ទី​ដប់​ប្រាំពីរ នៃ​រជ្ជកាល​ព្រះបាទ​ពេកា​ជា​កូន​របស់​លោក​រេម៉ាលីយ៉ា ស្ដេច​ស្រុក​អ៊ីស្រា​អែល ព្រះបាទ​អខាស​ជា​បុត្រ​របស់​ព្រះបាទ​យ៉ូថាម ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។ ២ កាល​ព្រះបាទ​អខាស​ឡើង​ សោយរាជ្យ ទ្រង់​មាន​ព្រះជន្មាយុ​ម្ភៃ​វស្សា ហើយ​សោយ​រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។ ស្ដេច​ពុំ​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ជា​ព្រះ​របស់​ស្ដេច ដូច​ព្រះបាទ​ដាវីឌ​ជា​អយ្យកោ​ឡើយ ៣ ប៉ុន្តែ ស្ដេច​ដើរ​តាម​ផ្លូវ​របស់​ស្ដេច​នានា​នៅ​ស្រុក​អ៊ីស្រាអែល គឺ​ស្ដេច​ហ៊ាន​រហូត​ដល់​យក​បុត្រ​ទៅ​បូជា​យញ្ញ​ តាម​ទំនៀមទម្លាប់​គួរ​ស្អប់​ខ្ពើម​របស់​ប្រជាជាតិ​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​បណ្ដេញ​ចេញ​ពី​មុខ​កូន​ចៅ​អ៊ីស្រាអែល។ ៤​ស្ដេច​បាន​ធ្វើ​យញ្ញបូជា និង​ដុត​គ្រឿង​ក្រអូប​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ នៅ​តាម​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី​ផង។

 

៥ ពេល​នោះ ព្រះបាទ​រេស៊ីន ជា​ស្ដេច​ស្រុក​ស៊ីរី និង​ព្រះបាទ​ពេកា​ជា​កូន​របស់​លោក​រេម៉ាលីយ៉ា ស្ដេច​ស្រុក​អ៊ីស្រាអែល នាំ​គ្នា​ឡើង​មក​វាយ​លុក​ក្រុង​យេរូសាឡឹម។ ពួក​គេ​ឡោមព័ទ្ធ​ព្រះបាទ​អខាស តែ​មិន​អាច​យក​ជ័យជំនះ​បាន​ទេ។ ៦ នៅ​គ្រា​ដដែល​នោះ ព្រះបាទ​រេស៊ីន ជា​ស្ដេច​ស្រុក​ស៊ីរី ដណ្ដើម​យក​ក្រុង​អេឡាត​បាន​វិញ រួច​បណ្ដេញ​ជន​ជាតិ​យូដា​ចេញ​ពី​ក្រុង​នោះ។ ជន​ជាតិ​អេដុម​ក៏​វិល​មក​តាំង​ទី​លំនៅ​ក្នុង​ក្រុង​អេឡាត​រហូត​ដល់​សព្វ​ ថ្ងៃ។ ៧ ​ព្រះ​បាទ​អខាស​ចាត់​អ្នក​ នាំ​សារ​អោយ​ទៅ​ទូល​ព្រះចៅ​ទីកឡាត-ពីលេស៊ែរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី​ថា៖ «ទូលបង្គំ​ជា​អ្នក​បំរើ និង​ជា​កូន​ចៅ​របស់​ព្រះករុណា សូម​ព្រះករុណា​យាង​មក​រំដោះ​ទូលបង្គំ អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​ស៊ីរី និង​ស្ដេច​ស្រុក​អ៊ីស្រាអែល ដែល​លើក​គ្នា​មក​វាយ​ទូលបង្គំ​ផង»។ ៨ ព្រះបាទ​អខាស​យក​មាស ប្រាក់ ដែល​មាន​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ និង​នៅ​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ ផ្ញើ​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី។ ៩ ស្ដេច​ស្រុក​អាស្ស៊ីរី​ យល់​ព្រម​តាម​សំណើ​របស់​ព្រះបាទ​អខាស។ ស្ដេច​យាង​ទៅ​វាយ​ក្រុង​ដាម៉ាស​ដណ្ដើម​យក​បាន​ក្រុង​នោះ រួច​កៀរ​អ្នក​ក្រុង​នោះ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​គៀរ ព្រម​ទាំង​ធ្វើ​គុត​ព្រះបាទ​រេស៊ីន​ទៀត​ផង។

 

១០ ព្រះបាទ ​អខាស​យាង​ទៅ​គាល់​ព្រះចៅ​ទីកឡាត-ពីលេ​ស៊ែរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី​នៅ​ក្រុង​ដាម៉ាស។ ស្ដេច​ទត​ឃើញ​អាសនៈ​មួយ​ដែល​ស្ថិត​នៅ​ក្រុង​ដាម៉ាស ស្ដេច​ក៏​ផ្ញើ​គំរូ និង​គំរោង​សង់​អាសនៈ​នោះ ជូន​លោក​បូជាចារ្យ​អ៊ូរី។ ១១ លោក​បូជាចារ្យ​អ៊ូរី ​សង់​អាសនៈ​មួយ តាម​គំរូ​ដែល​ព្រះបាទ​អខាស​ផ្ញើ​ពី​ក្រុង​ដាម៉ាស​។ លោក​បូជាចារ្យ​អ៊ូរី​បាន​សង់​អាសនៈ​នេះ​រួច​ជា​ស្រេច មុន​ពេល​ព្រះបាទ​អខាស​យាង​មក​ពី​ក្រុង​ដាម៉ាស​វិញ។ ១២ កាល​ស្ដេច​យាង​ត្រឡប់​មក​វិញ ទត​ឃើញ​អាសនៈ​នោះ ទ្រង់​ក៏​យាង​ឡើង​ទៅ​អាសនៈ ១៣ រួច​ថ្វាយ​តង្វាយ​ដុត​ ទាំង​មូល រួម​ជា​មួយ​តង្វាយ​ម្សៅ និង​ធ្វើ​ពិធី​ច្រួចស្រា ព្រម​ទាំង​ប្រោះ​ឈាម​របស់​សត្វ ដែល​ស្ដេច​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព​ផង។ ១៤ រីឯ​អាសនៈ​ធ្វើ​ពី​លង្ហិន​ដែល​ស្ថិត​នៅ​ខាង​មុខ​ទីសក្ការៈ​របស់​ព្រះអម្ចាស់​ ស្ដេច​អោយ​គេ​លើក​ចេញ​ពី​កន្លែង​ដើម ដែល​ស្ថិត​នៅ​ចន្លោះ​អាសនៈ​ថ្មី និង​ទីសក្ការៈ​របស់​ព្រះអម្ចាស់​យក​ទៅ​ដាក់​នៅ​ខាង​ជើង​អាសនៈ​ថ្មី​​វិញ។ ១៥ ព្រះបាទ​អខាស​ចេញ​បញ្ជា ​ដល់​លោក​បូជាចារ្យ​អ៊ូរី​ដូច​ត​ទៅ៖ «លោក​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​នៅ​ពេល​ព្រឹក និង​តង្វាយ​ម្សៅ​នៅ​ពេល​ល្ងាច លើ​អាសនៈ​ធំ​នេះ គឺ​តង្វាយ​ដុត​ទាំង​មូល និង​តង្វាយ​ម្សៅ​របស់​ស្ដេច ព្រម​ទាំង​តង្វាយ​ដុត​ទាំង​មូល​របស់​ប្រជារាស្ត្រ រួម​ជា​មួយ​តង្វាយ​ម្សៅ និង​ពិធី​ច្រួចស្រា។ ត្រូវ​ប្រោះ​ឈាម​ទាំង​អស់​របស់​សត្វ ដែល​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​នៅ​លើ​អាសនៈ​នេះ​ដែរ។ រីឯ​អាសនៈ​ពី​លង្ហិន​វិញ​ទុក​អោយ​យើង​ចាត់​ចែង​ចុះ»។ ១៦ លោក​បូជាចារ្យ​អ៊ូរី​ធ្វើ​តាម​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​អខាស។

 

១៧ ព្រះបាទ ​អខាស​បាន​កំទេច​បន្ទះ​លង្ហិន​របស់​រទេះ និង​យក​អាង​ដែល​នៅ​លើ​រទេះ​នោះ​ចេញ ហើយ​លើក​អាង​ធំ​ដែល​ទ្រ​ដោ​យ​រូប​គោ​លង្ហិន​ចុះ​មក​ដាក់​លើ​ឥដ្ឋ​វិញ។ ១៨ ព្រះបាទ​អខាស​បាន​រើថែវ​សប្ប័ទ ដែល​ស្ថិត​នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់​ ចេញ ដើម្បី​ផ្គាប់​ព្រះហឫទ័យ​ស្ដេច​ស្រុក​អាស្ស៊ីរី គឺ​ថែវ​ដែល​គេ​សង់​នៅ​ខាង​ក្នុង​ព្រះដំណាក់ និង​ថែវ​ច្រក​ចូល​របស់​ស្ដេច​ដែល​នៅ​ខាង​ក្រៅ។ ១៩ រាជ​កិច្ច​ផ្សេងៗ​ទៀត​ របស់​ព្រះបាទ​អខាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។ ២០ ព្រះបាទ​អខាស​សោយ​ ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជវង្ស​នៅ​បុរី​ព្រះបាទ​ដាវីឌ ហើយ​ព្រះបាទ​អេសេខ្យាស ជា​បុត្រ​ឡើង​ស្នង​រាជ្យ។

ព្រះបាទ​ហូសេ​ជា​ស្ដេច​ចុង​ក្រោយ​បង្អស់​នៅ​ស្រុក​អ៊ីស្រាអែល

១ នៅ​ឆ្នាំ​ទី​ដប់ពីរ​នៃ​ រជ្ជកាល​ព្រះបាទ​អខាស​ជា​ស្ដេច​ស្រុក​យូដា ព្រះបាទ​ហូសេ ជា​កូន​របស់​លោក​អេឡា ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល នៅ​ក្រុង​សាម៉ារី​ទ្រង់​សោយ​រាជ្យ​បាន​ប្រាំ​បួន​ឆ្នាំ។ ២ ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ តែ​ពុំ​អាច​ប្រៀប​ស្មើ​នឹង​ស្ដេច​អ៊ីស្រាអែល​មុនៗ​ទេ។ ៣ គ្រា​នោះ ព្រះចៅ​សាលម៉ានេស៊ែរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​ច្បាំង​នឹង​ព្រះបាទ​ហូសេ។ ព្រះបាទ​ហូសេ​ក៏​សុំ​ចុះ​ចូល ព្រម​ទាំង​នាំ​សួយសារអាករ​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី​ផង។ ៤ ប៉ុន្តែ ស្ដេច​ស្រុក​អាស្ស៊ីរី​ជ្រាប​ថា ព្រះបាទ​ហូសេ​មាន​គំនិត​ក្បត់ ដ្បិត​ព្រះបាទ​ហូសេ​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​គាល់​ព្រះចៅ​សូ​ជា​ស្ដេច​ ស្រុក​អេស៊ីប ព្រម​ទាំង​លែង​នាំ​សួយសារអាករ ទៅ​ថ្វាយ​ស្ដេច​ជា​រៀង​រាល់​ឆ្នាំ​ដូច​មុន​ទៀត​ហើយ។ ដូច្នេះ ស្ដេច​ស្រុក​អាស្ស៊ីរី​អោយ​គេ​ឃុំឃាំង​ព្រះបាទ​ហូសេ​ក្នុង​គុក​មួយ ដោយ​ដាក់​ច្រវាក់​ផង។ ៥ បន្ទាប់​មក ស្ដេច​ស្រុក​អាស្ស៊ីរី ​ឡើង​មក​វាយ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល ហើយ​​ឡោមព័ទ្ធ​ក្រុង​សាម៉ារី​អស់​រយៈ​ពេល​បី​ឆ្នាំ។ ៦ នៅ​ឆ្នាំ​ទី​ប្រាំ​បួន​នៃ ​រជ្ជកាល​ព្រះបាទ​ហូសេ ស្ដេច​ស្រុក​អាស្ស៊ីរី​វាយ​យក​បាន​ក្រុង​សាម៉ារី ហើយ​កៀរ​ជន​ជាតិ​អ៊ីស្រាអែល​ទៅ​ស្រុក​អាស្ស៊ីរី​អោយ​ពួក​គេ​រស់​នៅ​ក្រុង​ ហាឡា និង​នៅ​តាម​ដង​ទន្លេ​ហាប៊រ​ជា​ទន្លេ​នៃ​ស្រុក​កូសាន ព្រម​ទាំង​នៅ​តាម​ក្រុង​នានា​របស់​ជន​ជាតិ​ម៉ែដ​ផង។

 

មូល​ហេតុ​នៃ​ការ​វិនាស​របស់​អាណាចក្រ​អ៊ីស្រាអែល

៧ ហេតុការណ៍​នេះ​កើត​ឡើង ព្រោះ​តែ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះហឫទ័យ​ព្រះអម្ចាស់​ ជា​ព្រះ​របស់​គេ ព្រះអង្គ​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប និង​រំដោះ​ពួក​គេ​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ព្រះចៅ​ផារ៉ោន​ ជា​ស្ដេច​ស្រុក ​អេស៊ីប តែ​ពួក​គេ​បែរ​ជា​គោរព​ថ្វាយបង្គំ​ព្រះ​ដទៃ​ទៅ​វិញ។ ៨ ពួក​គេ​ធ្វើ​តាម​ទំនៀមទម្លាប់​របស់​ប្រជាជាតិ​នានា ​ដែល​ព្រះអម្ចាស់​បាន​បណ្ដេញ​ចេញ​ពី​មុខ​ជន​ជាតិ​អ៊ីស្រាអែល ព្រម​ទាំង​ធ្វើ​តាម​ទម្លាប់​ផ្សេងៗ ដែល​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​បង្កើត​ឡើង​នោះ​ផង។ ៩ ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អំពើ​មិន​គួរ​គប្បី​ដោយ​លួច​លាក់ ប្រឆាំង​នឹង​ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្លួន។ ពួក​គេ​បាន​សង់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ នៅ​គ្រប់​ទីក្រុង​របស់​គេ គឺ​ចាប់​តាំង​ពី​ក្រុង​ដែល​មាន​ប៉ម​ចាំ​យាម រហូត​ដល់​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹងមាំ។ ១០ ពួក​គេ​នាំ​គ្នា​ដំឡើង​ស្ដូប និង​បង្គោល​ថ្វាយ​ព្រះ​អាសេរ៉ា នៅ​លើ​កំពូល​ភ្នំ​ទាំងឡាយ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី។ ១១ នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទាំង​អស់ ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ធ្វើ​យញ្ញបូជា និង​ដុត​គ្រឿង​ក្រអូប ដូច​ប្រជាជាតិ​នានា ដែល​ព្រះអម្ចាស់​បាន​បណ្ដេញ​ចេញ​ពី​មុខ​ពួក​គេ។ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ធ្វើ​អោយ​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ។ ១២ ពួក​គេ​នាំ​គ្នា​គោរព​បំរើ​ព្រះ​ក្លែងក្លាយ ជា​អំពើ​ដែល​ព្រះអម្ចាស់​ហាម​មិន​អោយ​ធ្វើ។ ១៣ ព្រះអម្ចាស់​ ព្រមាន​ជន​ជាតិ​អ៊ីស្រាអែល និង​ជន​ជាតិ​យូដា​តាម​រយៈ​ព្យាការី និង​គ្រូ​ទាយ​ឆុត​ទាំង​អស់​ថា «ចូរ​បោះបង់​ចោល​ផ្លូវ​អាក្រក់ ហើយ​កាន់​តាម​បទ​បញ្ជា និងក្រឹត្យវិន័យ​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម​ទាំង​ស្រុង​នូវវិន័យ ដែល​យើង​បាន​ប្រគល់​អោយ​ដូនតា​របស់​អ្នក​រាល់​គ្នា និង​អ្នក​រាល់​គ្នា​ផ្ទាល់ តាម​រយៈ​ពួក​ព្យាការី ជា​អ្នក​បំរើ​របស់​យើង»។ ១៤ ប៉ុន្តែ ពួក​គេ​ពុំ​ស្ដាប់​តាម​ទេ ពួក​គេ​មាន​ចិត្ត​រឹង​ចចេស​ដូច​ដូនតា​របស់​ពួក​គេ ដែល​មិន​ព្រម​ជឿ​លើ​ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្លួន។ ១៥ ពួក​គេ​បាន​បោះបង់​ចោល​ វិន័យ​របស់​ព្រះអង្គ ពួក​គេ​ផ្ដាច់​សម្ពន្ធមេត្រី ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​ដូនតា​របស់​ពួក​គេ ពួក​គេ​មិន​អើពើ​នឹង​ដំបូន្មាន​ដែល​ព្រះអង្គ​ព្រមាន​ពួក​គេ ហើយ​នាំ​គ្នា​បែរ​ទៅ​គោរព​ព្រះ​ឥត​បាន​ការ ដែល​បណ្ដាល​អោយ​ខ្លួន​ទៅ​ជា​ឥត​បាន​ការ​ដែរ។ ពួក​គេ​ជាប់​ពាក់ព័ន្ធ​នឹង​ប្រជាជាតិ​នានា​ដែល​នៅ​ជុំវិញ ជា​ប្រជាជាតិ​ដែល​ព្រះអម្ចាស់​បាន​ហាម​ឃាត់​មិន​អោយ​ពួក​គេ​យក​តំរាប់​តាម។ ១៦ ពួក​គេ​បោះបង់​ចោល​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្លួន ហើយ​នាំ​គ្នា​សិត​ធ្វើ​រូប​កូន​គោ​ពីរ ដំឡើង​បង្គោល​ថ្វាយ​ព្រះ​អាសេរ៉ា ព្រម​ទាំង​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ផ្កាយ​ទាំង​ប៉ុន្មាន នៅ​លើ​មេឃ និង​គោរព​បំរើ​ព្រះ​បាល។ ១៧ ពួក​គេ​យក​កូន​ប្រុស​ កូន​ស្រី​ទៅ​ធ្វើ​បូជាយញ្ញ ពួក​គេ​តែងតែ​បញ្ជាន់​រូប និង​ប្រើ​មន្តអាគម។ ពួក​គេ​បណ្ដោយ​ខ្លួន​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ជា​ហេតុ​បណ្ដាល​អោយ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ។ ១៨ ពេល​នោះ ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​យ៉ាង​ខ្លាំង ទាស់​នឹង​ជន​ជាតិ​អ៊ីស្រាអែល ព្រះអង្គ​ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ នៅ​សល់​តែ​កុលសម្ព័ន្ធ​យូដា​មួយ​ប៉ុណ្ណោះ។ ១៩ រីឯ​ប្រជាជន​យូដា​វិញ​ក៏​ដូច្នោះ​ដែរ ពួក​គេ​ពុំ​បាន​កាន់​តាម​វិន័យ​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្លួន​ទេ តែ​ពួក​គេ​បែរ​ជា​នាំ​គ្នា​ធ្វើ​តាម​ទម្លាប់​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​បង្កើត​ទៅ​វិញ។ ២០ ដូច្នេះ ព្រះអម្ចាស់​បោះបង់​ចោល​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​ មូល ព្រះអង្គ​ធ្វើ​អោយ​ពួក​គេ​អាម៉ាស់ ដោយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ហើយ​ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ។

 

២១ កាល​ព្រះអម្ចាស់​ ផ្ដាច់​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​រាជវង្ស​របស់​ព្រះបាទ​ដាវីឌ ជន​ជាតិ​អ៊ីស្រាអែល​បាន​តែងតាំង​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត​ឡើង​ជា​ស្ដេច។ ព្រះបាទ​យេរ៉ូបោម​បាន​អូស​ទាញ​ជន​ជាតិ​អ៊ីស្រាអែល អោយ​ឃ្លាត​ឆ្ងាយ​ពី​ព្រះអម្ចាស់ ព្រម​ទាំង​នាំ​ពួក​គេ​អោយ​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​ទៀត​ផង។ ២២ កូន​ចៅ​អ៊ីស្រាអែល​ ប្រព្រឹត្ត​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​ព្រះបាទ​យេរ៉ូបោម​បាន​ប្រព្រឹត្ត គឺ​ពួក​គេ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​ទាំង​នោះ​ឡើយ។ ២៣ ហេតុ​នេះ​ព្រះអម្ចាស់​ បណ្ដេញ​ជន​ជាតិ​អ៊ីស្រាអែល ចេញ​ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​ថ្លែង​តាម​រយៈ​ព្យាការី​ទាំង​អស់​ជា​អ្នក ​បំរើ​របស់​ព្រះអង្គ។ ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​គេ​កៀរ ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន នាំ​ទៅ​ស្រុក​អាស្ស៊ីរី​រហូត​ដល់​សព្វ​ថ្ងៃ។

 

ដើម​កំណើត​របស់​ជន​ជាតិ​សាម៉ារី

២៤ ស្ដេច​ស្រុក​អាស្ស៊ីរី​ ជន្លៀស​ប្រជាជន​ពី​ក្រុង​បាប៊ីឡូន ក្រុង​គូតា ក្រុង​អវ៉ា ក្រុង​ហាម៉ាត់ និង​ក្រុង​សេផាវ៉ាអ៊ីម អោយ​មក​រស់​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​សាម៉ារី ជំនួស​ជន​ជាតិ​អ៊ីស្រាអែល។ អ្នក​ទាំង​នោះ​ចាប់​យក​ស្រុក​សាម៉ារី​មក​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​តាំង​ទី​លំនៅ​តាម​ក្រុង​នានា។ ២៥ នៅ​គ្រា​ដំបូង​ដែល​ពួក​គេ​មក​តាំង​ទី​លំនៅ​ក្នុង​ស្រុក​សាម៉ារី ពួក​គេ​មិន​គោរព​កោត​ខ្លាច​ព្រះអម្ចាស់​ទេ ព្រះអម្ចាស់​ក៏​ប្រើ​សឹង្ហ​អោយ​មក​ប្រហារ​ពួក​គេ។

 

២៦ មាន​គេ​ ទូល​ស្ដេច​ស្រុក​អាស្ស៊ីរី​ថា៖ «ប្រជាជាតិ​ទាំងឡាយ ដែល​ព្រះករុណា​ជន្លៀស​អោយ​ទៅ​តាំង​ទី​លំនៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​ សាម៉ារី ពុំ​ស្គាល់​របៀប​គោរព​ថ្វាយបង្គំ​ព្រះ​របស់​ស្រុក​នោះ​ទេ។ ព្រះ​នៅ​ស្រុក​នោះ​ប្រើ​សឹង្ហ​អោយ​មក​ប្រហារ​ពួក​គេ ដ្បិត​ពួក​គេ​ពុំ​ស្គាល់​របៀប​គោរព​ថ្វាយបង្គំ​ព្រះ​របស់​ស្រុក​នោះ»។ ២៧ ស្ដេច​ស្រុក​អាស្ស៊ីរី​ បង្គាប់​ថា៖ «ចូរ​នាំ​បូជាចារ្យ​សាម៉ារី​ម្នាក់ ដែល​អ្នក​រាល់​គ្នា​កៀរ​យក​ទៅ អោយ​វិល​មក​ស្រុក​វិញ ដើម្បី​បង្ហាត់​បង្រៀន​របៀប​គោរព​ថ្វាយបង្គំ​ព្រះ​របស់​ស្រុក​នោះ»។ ២៨ ដូច្នេះ គេ​ទៅ​នាំ​បូជាចារ្យ​ម្នាក់​ដែល​គេ​បាន​កៀរ​ពី​ស្រុក​សាម៉ារី អោយ​វិល​មក​រស់​នៅ​បេតអែល​វិញ។ បូជាចារ្យ​នោះ​បង្ហាត់​បង្រៀន​ពួក​គេ អំពី​របៀប​ដែល​ត្រូវ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់។ ២៩ ប៉ុន្តែ ប្រជាជាតិ​នីមួយៗ​បាន​ធ្វើ​រូប​សំណាក​ព្រះ​របស់​ខ្លួន យក​ទៅ​តម្កល់​ក្នុង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដែល​អ្នក​ស្រុក​សាម៉ារី​ពី​មុន​បាន​សង់។ ប្រជាជាតិ​នីមួយៗ​ធ្វើ​ដូច្នេះ នៅ​តាម​ក្រុង​នានា​ដែល​ពួក​គេ​រស់​នៅ។ ៣០ អ្នក​ក្រុង​បាប៊ីឡូន​ធ្វើ​រូប​ព្រះ​ស៊ូកូតបេណូត អ្នក​ក្រុង​គូតា ធ្វើ​រូប​ព្រះ​នែរកាល់ អ្នក​ក្រុង​ហាម៉ាត់ ធ្វើ​រូប​ព្រះ​អស៊ីម៉ា។ ៣១ អ្នក​ក្រុង​អវ៉ា ធ្វើ​រូប​ព្រះ​នីប-ហាស និង​ព្រះ​តារតាក់ អ្នក​ក្រុង​សេផាវ៉ាអ៊ីម​យក​កូន​ប្រុស​របស់​ខ្លួន ទៅ​ធ្វើ​បូជាយញ្ញ ថ្វាយ​ព្រះ​អាដ្រាមេឡេក និង​ព្រះ​អណាម៉ាឡេក ជា​ព្រះ​នៃ​ក្រុង​សេផាវ៉ាអ៊ីម។ ៣២ ប្រជាជាតិ​ទាំង​នោះ​ក៏​គោរព​កោត​ខ្លាច​ព្រះអម្ចាស់​ដែរ ព្រម​ទាំង​តែងតាំង​អ្នក​ខ្លះ ក្នុង​ចំណោម​ពួក​គេ អោយ​ធ្វើ​ជា​បូជាចារ្យ​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដើម្បី​ថ្វាយ​យញ្ញបូជា​ក្នុង​នាម​របស់​ពួក​គេ​នៅ​តាម​កន្លែង​ទាំង​នោះ។ ៣៣ ពួក​គេ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់​ផង និង​គោរព​ព្រះ​របស់​ពួក​គេ តាម​ទំនៀមទម្លាប់​ជាតិ​ដើម​របស់​ពួក​គេ​ផង។

 

៣៤ រហូត​ដល់​សព្វ​ថ្ងៃ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​តាម​ទម្លាប់​ដើម​ដដែល ពួក​គេ​មិន​ប្រាកដ​ជា​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ មិន​ប្រាកដ​ជា​ប្រតិបត្តិ​តាមក្រឹត្យវិន័យ និងទំនៀមទម្លាប់​របស់​ខ្លួន ហើយ​ក៏​មិន​ប្រាកដ​ជា​កាន់​តាម​វិន័យ និង​បទ​បញ្ជា​ដែល​ព្រះអម្ចាស់​បង្គាប់​មក​កូន​ចៅ​លោក​យ៉ាកុប ដែល​ព្រះអង្គ​ប្រទាន​ឈ្មោះ​ថា​អ៊ីស្រាអែល។ ៣៥ ព្រះអម្ចាស់​ បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​កូន​ចៅ​លោក​យ៉ាកុប ព្រម​ទាំង​បញ្ជា​ដល់​ពួក​គេ​ថា៖ «មិន​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​ដទៃ ហើយ​ក៏​មិន​ត្រូវ​ក្រាប​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ​ដែរ។ មិន​ត្រូវ​គោរព​បំរើ និង​ថ្វាយ​យញ្ញបូជា​ដល់​ព្រះ​ទាំង​នោះ​ឡើយ។ ៣៦ ផ្ទុយ​ទៅ​វិញ ត្រូវ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធិបារមី និង​តេជានុភាព​ដ៏​ខ្លាំង​ពូកែ។ អ្នក​រាល់​គ្នា​ត្រូវ​គោរព​ថ្វាយបង្គំ និង​ថ្វាយ​យញ្ញបូជា​ដល់​ព្រះអម្ចាស់​តែ​មួយ​ប៉ុណ្ណោះ។ ៣៧ រីឯ​បញ្ញត្តិ ច្បាប់ វិន័យ និង​បទ​បញ្ជា​ដែល​ព្រះអង្គ​បាន​ចែង​ទុក​សំរាប់​អ្នក​រាល់​គ្នា​នោះ ត្រូវ​ប្រតិបត្តិ​តាម​ជា​រៀង​រាល់​ថ្ងៃ ហើយ​មិន​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​ដទៃ​ឡើយ។ ៣៨ កុំ​បំភ្លេច​សម្ពន្ធមេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា​ អោយ​សោះ ហើយ​មិន​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​ដទៃ​ឡើយ។ ៣៩ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ត្រូវ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​ព្រះអង្គ​នឹង​រំដោះ​អ្នក​រាល់​គ្នា អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន»។ ៤០ ប៉ុន្តែ ពួក​គេ​ពុំ​ស្ដាប់​តាម​ទេ គឺ​ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​តាម​ទំនៀមទម្លាប់​ដើម​របស់​ខ្លួន​ដដែល។ ៤១​ប្រជាជាតិ​ទាំង​នោះ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់​ផង គោរព​បំរើ​រូប​ព្រះ​របស់​គេ​ផង។ កូន​ចៅ​របស់​ពួក​គេ​នៅ​តែ​ធ្វើ​របៀប​នេះ​រហូត​មក​ដល់​សព្វ​ថ្ងៃ ដូច​ដូនតា​របស់​ខ្លួន​ដែរ។

ស្ដេច​ជំនាន់​ចុង​ក្រោយ​នៃ​រាជា​ណាចក្រ​យូដា

ចាប់​ពី​ព្រះបាទ​អេសេខ្យាស រហូត​ដល់​ចុង​បញ្ចប់​នៃ​រាជា​ណាចក្រ​យូដា

ព្រះបាទ​អេសេខ្យាស​សោយ​រាជ្យ​លើ​ស្រុក​យូដា

(២របាក្សត្រ ២៩:១-២, ៣១:១)

១ នៅ​ឆ្នាំ​ទី​បី​នៃ​ រជ្ជកាល​ព្រះបាទ​ហូសេ ជា​កូន​របស់​លោក​អេឡា និង​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ព្រះបាទ​អេសេខ្យាស ជា​បុត្រ​របស់​ព្រះបាទ​អខាស បាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។ ២ កាល​ស្ដេច​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ព្រះជន្មាយុ​ម្ភៃ​ប្រាំ​វស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​បួន​ឆ្នាំ នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា អប៊ី ជា​កូន​របស់​លោក​សាការី។ ៣ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ដូច​ព្រះបាទ​ដាវីឌ ជា​អយ្យកោ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។ ៤ ស្ដេច​បាន​លុប​បំបាត់​ កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ វាយ​បំបាក់​ស្ដូប​ព្រះ​ក្លែងក្លាយ កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេរ៉ា ព្រម​ទាំង​កំទេច​រូប​ពស់​លង្ហិន ដែល​លោក​ម៉ូសេ​បាន​ធ្វើ​ផង ដ្បិត​រហូត​មក​ដល់​គ្រា​នោះ កូន​ចៅ​អ៊ីស្រាអែល​នាំ​គ្នា​ដុត​គ្រឿង​ក្រអូប​ថ្វាយ​រូប​ពស់ ហើយ​ហៅ​រូប​នោះ​ថា «នេហូសេថាន»។ ៥ ព្រះបាទ​អេសេខ្យាស​ផ្ញើ​ជីវិត​លើ​ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ក្នុង​ចំណោម​ស្ដេច​ស្រុក​យូដា​ទាំង​ប៉ុន្មាន គឺ​ស្ដេច​ដែល​សោយ​រាជ្យ​មុន ឬ​ស្ដេច​ដែល​សោយ​រាជ្យ​ក្រោយ​មក​ទៀត គ្មាន​ស្ដេច​អង្គ​ណា​ប្រៀប​ស្មើ​នឹង​ព្រះបាទ​អេសេខ្យាស​បាន​ទេ។ ៦ ព្រះរាជា​ជំពាក់​ចិត្ត​លើ​ព្រះអម្ចាស់ ដោយ​ឥត​ងាករេ​ឡើយ។ ស្ដេច​កាន់​តាម​បទ​បញ្ជា​ទាំងឡាយ ដែល​ព្រះអម្ចាស់​បង្គាប់​មក​តាម​រយៈ​លោក​ម៉ូសេ។ ៧ ព្រះអម្ចាស់​ គង់​នៅ​ជា​មួយ​ស្ដេច ដូច្នេះ ស្ដេច​ទទួល​ជោគជ័យ​ក្នុង​គ្រប់​កិច្ចការ​ដែល​ស្ដេច​ធ្វើ។ ព្រះបាទ​អេសេខ្យាស​បាន​បះបោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​អាស្ស៊ីរី ហើយ​រំដោះ​ខ្លួន​រួច​ផុត​ពី​នឹម​របស់​ស្ដេច​នោះ។ ៨ ស្ដេច​បាន​វាយ​យក​ស្រុក​ ភីលីស្ទីន​រហូត​ដល់​ក្រុង​កាសា និង​ទឹក​ដី​ដែល​នៅ​ជុំវិញ គឺ​ចាប់​តាំង​ពី​ក្រុង​ដែល​មាន​តែ​ប៉ម​ចាំ​យាម រហូត​ដល់​ក្រុង​ដែល​មាន​កំពែង​រឹងមាំ។

ការ​វាយដណ្ដើម​យក​ក្រុង​សាម៉ារី

៩ នៅ​ឆ្នាំ​ទី​បួន​នៃ​ រជ្ជកាល​ព្រះបាទ​អេសេខ្យាស ត្រូវ​នឹង​ឆ្នាំ​ទី​ប្រាំពីរ​នៃ​រជ្ជកាល​ព្រះបាទ​ហូសេ ជា​បុត្រ​របស់​លោក​អេឡា ស្ដេច​ស្រុក​អ៊ីស្រាអែល ព្រះចៅ​សាលម៉ានេស៊ែរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​ឡើង​មក​ច្បាំង និង​ឡោមព័ទ្ធ​ក្រុង​សាម៉ារី។ ១០ កងទ័ព​អាស្ស៊ីរី​ ឡោមព័ទ្ធ​ក្រុង​នេះ អស់​រយៈ​ពេល​បី​ឆ្នាំ។ នៅ​ឆ្នាំ​ទី​ប្រាំ​មួយ​នៃ​រជ្ជកាល​ព្រះបាទ​អេសេខ្យាស ត្រូវ​នឹង​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះបាទ​ហូសេ​ជា​ស្ដេច​ស្រុក​ អ៊ីស្រាអែល កងទ័ព​អាស្ស៊ីរី​វាយ​យក​បាន​ក្រុង​សាម៉ារី។ ១១ ស្ដេច​ស្រុក​អាស្ស៊ីរី​ បាន​កៀរ​ប្រជាជន​អ៊ីស្រាអែល នាំ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អាស្ស៊ីរី អោយ​ពួក​គេ​រស់​នៅ​ក្រុង​ហាឡា និង​នៅ​តាម​ដង​ទន្លេ​ហាប៊រ ជា​ទន្លេ​នៃ​ស្រុក​កូសាន ព្រម​ទាំង​នៅ​តាម​ក្រុង​នានា​របស់​ជន​ជាតិ​ម៉ែដ​ផង។ ១២ ហេតុការណ៍​នេះ​កើត​មាន ព្រោះ​តែ​ជន​ជាតិ​អ៊ីស្រាអែល​មិន​បាន​ស្ដាប់​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្លួន ពួក​គេ​ក្បត់​នឹង​សម្ពន្ធមេត្រី​របស់​ព្រះអង្គ ដ្បិត​ពួក​គេ​ពុំ​ព្រម​ស្ដាប់ ឬ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះអង្គ។

 

ព្រះចៅ​សេណាខេរីប​ឈ្លានពាន​អាណាចក្រ​យូដា

(អេសាយ ៣៦:១, ២របាក្សត្រ ៣២:១)

១៣ នៅ​ឆ្នាំ​ទី​ដប់បួន នៃ​រជ្ជកាល​ព្រះបាទ​អេសេខ្យាស ព្រះចៅ​សេណាខេរីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​លើក​ទ័ព​មក​វាយ​ដណ្ដើម​​យក​ក្រុង​ទាំង​ ប៉ុន្មាន​ដែល​មាន​កំពែង​រឹងមាំ​របស់​ស្រុក​យូដា។ ១៤ ព្រះបាទ​អេសេខ្យាស​ជា​ ស្ដេច​ស្រុក​យូដា ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​ទូល​ស្ដេច​ស្រុក​អាស្ស៊ីរី​នៅ​ក្រុង​ឡាគីស​ថា៖ «ទូលបង្គំ​ប្រព្រឹត្ត​ខុស​ហើយ សូម​កុំ​វាយ​ទូលបង្គំ​ទៀត​ឡើយ។ ទូលបង្គំ​សុខ​ចិត្ត​ធ្វើ​តាម​បង្គាប់​ទាំង​ប៉ុន្មាន​ របស់​ព្រះករុណា»។ ស្ដេច​ស្រុក​អាស្ស៊ីរី​ក៏​បង្គាប់​អោយ​ព្រះបាទ​អេសេខ្យាស ជា​ស្ដេច​ស្រុក​យូដា​បង់​ពន្ធ ជា​ប្រាក់​សុទ្ធ​ប្រាំ​បួន​តោន និង​មាស​សុទ្ធ​ប្រាំ​បួន​រយ​គីឡូ​ក្រាម។ ១៥ ព្រះបាទ​អេសេខ្យាស​ប្រមូល​ប្រាក់​ទាំង​អស់ ដែល​មាន​នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ និង​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី។ ១៦ នៅ​គ្រា​នោះ​ព្រះបាទ​អេសេខ្យាស គាស់​មាស​ដែល​ស្ដេច​បាន​ស្រោប​នៅ​ខ្លោង​ទ្វារ និង​ក្រប​ទ្វារ​នៃ​ព្រះដំណាក់​របស់​ព្រះអម្ចាស់ យក​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី។

 

ការ​គំរាម​កំហែង​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​មក​លើ​ក្រុង​យេរូសាឡឹម

(អេសាយ ៣៦:២-២២, ២របាក្សត្រ ៣២:៩-១៦)

១៧ ស្ដេច​ស្រុក​អាស្ស៊ីរី​ បាន​ចាត់​មេទ័ព មេ​បញ្ជាការ និង​រាជបំរើ​ផ្ទាល់​របស់​ស្ដេច ពី​កន្លែង​បោះ​ទ័ព​នៅ​ឡាគីស អោយ​មក​ជួប​ព្រះបាទ​អេសេខ្យាស​នៅ​ក្រុង​យេរូសាឡឹម ទាំង​នាំ​កងពល​យ៉ាង​ច្រើន​មក​ជា​មួយ​ផង។ ពួក​គេ​ឡើង​មក​ដល់​ក្រុង​យេរូសា​ឡឹម​​​​។ ពេល​មក​ដល់ ពួក​គេ​ឈរ​នៅ​ក្បែរ​ព្រែក​ជីក​ដែល​នៅ​ជាប់​នឹង​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ចំការ​របស់​អ្នក​ជ្រលក់​ល័ក្ខ ១៨ ​ហើយ​​​​​​ស្រែក​ហៅ​ស្ដេច​ ស្រុក​យូដា។ ពេល​នោះ លោក​អេលីយ៉ាគីម ជា​កូន​របស់​លោក​ហ៊ីលគីយ៉ា ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះបរម​រាជ​វាំង​បាន​ចេញ​ទៅ​ជួប​ពួក​គេ ដោយ​មាន​លោក​សិបណា ជា​ស្មៀន​ហ្លួង និង​លោក​យ៉ូអា​កូន​របស់​លោក​អសាភ ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច​ទៅ​ជា​មួយ​ផង។ ១៩ មេទ័ព​របស់​ព្រះចៅ​សេណាខេរីម​ពោល​ថា៖ «សូម​អស់​លោក​ទូល​ព្រះបាទ​អេសេខ្យាស​ដូច​ត​ទៅ: ព្រះ​មហាក្សត្រាធិរាជ គឺ​ព្រះមហាក្សត្រ​របស់​ស្រុក​អាស្ស៊ីរី មាន​រាជឱង្ការ​ថា “តើ​ព្រះករុណា​ពឹង​ផ្អែក​លើ​អ្វី បាន​ជា​មាន​ព្រះហឫទ័យ​អង់អាច​បែប​នេះ? ២០ តើ​ព្រះករុណា​ស្មាន​ថា ពាក្យ​សំដី​អាច​ជំនួស​ក្រុម​ប្រឹក្សា​យោធា និង​កម្លាំង​ទ័ព​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម​បាន​ឬ? តើ​ព្រះករុណា​ពឹង​ផ្អែក​លើ​នរណា បាន​ជា​ហ៊ាន​បះបោរ​នឹង​យើង​ដូច្នេះ? ២១ ព្រះករុណា​ទុក​ចិត្ត​លើ ​ស្រុក​អេស៊ីប ដែល​ប្រៀប​ដូច​ជា​ដើម​ត្រែង​បាក់​ឬ? អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប ប្រៀប​បាន​នឹង​មនុស្ស​ដែល​ច្រត់​ដៃ​លើ​ដើម​ត្រែង​បាក់ គឺ​នាំ​អោយ​តែ​ធ្លុះ​បាត​ដៃ​ប៉ុណ្ណោះ។ ២២ ប្រហែល​ជា​ព្រះករុណា​មាន​រាជឱង្ការ​ថា ‘យើង​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង!’។ ប៉ុន្តែ តើ​ព្រះករុណា​ពុំ​បាន​អោយ​គេ​កំទេច​កន្លែង​សក្ការៈ និង​អាសនៈ​របស់​ព្រះ​នេះ ហើយ​ថែម​ទាំង​បញ្ជា​អោយ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម ក្រាប​ថ្វាយបង្គំ តែ​នៅ​មុខ​អាសនៈ នៅ​ក្រុង​យេរូសាឡឹម​នេះ​ទេ​ឬ?” ២៣ ឥឡូវ​នេះ សុំ​ព្រះករុណា​សាក​ល្បង​ភ្នាល់​ជា​មួយ​ព្រះចៅ​ក្រុង​អាស្ស៊ីរី ជា​អម្ចាស់​របស់​ទូលបង្គំ​ទៅ នោះ​ទូលបង្គំ​នឹង​ថ្វាយ​សេះ​ពីរ​ពាន់​ក្បាល ប្រសិន​បើ​ព្រះករុណា​រក​អ្នក​ជិះ​បាន! ២៤ ទោះ​បី​ព្រះករុណា​ពឹង​ លើ​រទេះ​ចំបាំង និង​កងទ័ព​សេះ​របស់​ស្រុក​អេស៊ីប​ក្ដី សូម្បី​តែ​មេទ័ព​អាស្ស៊ីរី​ម្នាក់​ដែល​ខ្សោយ​ជាង​គេ ក៏​ព្រះករុណា​វាយ​មិន​ឈ្នះ​ផង។ ២៥ មួយ​វិញ​ទៀត យើង​លើក​ទ័ព​មក​វាយ​កំទេច​កន្លែង​នេះ ស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់ ដ្បិត​ព្រះអម្ចាស់​បង្គាប់​អោយ​យើង​មក​វាយ​កំទេច​ក្រុង​នេះ»។

 

២៦ ពេល​នោះ លោក​អេលីយ៉ាគីម ជា​កូន​របស់​លោក​ហ៊ីល​គីយ៉ា លោក​សិបណា និង​លោក​យ៉ូអា​ពោល​ទៅ​កាន់​មេទ័ព​អាស្ស៊ីរី​ថា៖ «សូម​លោក​មេត្តា​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ ជា​ភាសា​អារ៉ាម​ចុះ ដ្បិត​យើង​ខ្ញុំ​ស្ដាប់​ភាសា​លោក​បាន តែ​សូម​កុំ​មាន​ប្រសាសន៍​ជា​ភាសា​យូដា ក្រែង​ប្រជាជន​នៅ​តាម​កំពែង​ក្រុង​ឮ»។ ២៧ មេទ័ព​អាស្ស៊ីរី​តប​មក​ វិញ​ថា៖ «ព្រះ​មហាក្សត្រ​របស់​យើង ប្រើ​យើង​អោយ​មក​នេះ មិន​មែន​គ្រាន់​តែ​នាំ​ពាក្យ​មក​ទូល​ស្ដេច​របស់​អស់​លោក ឬ​ក៏​ប្រាប់​អស់​លោក​ផ្ទាល់​ប៉ុណ្ណោះ​ទេ គឺ​ព្រះរាជា​អោយ​យើង​មក​ប្រាប់​ជន​ទាំង​អស់ ដែល​ស្ថិត​នៅ​តាម​កំពែង​នេះ។ អ្នក​ទាំង​នោះ​មុខ​តែ​ស៊ី​លាមក​ខ្លួន​ឯង ហើយ​ផឹក​ទឹក​នោម​ខ្លួន​ឯង ដូច​អស់​លោក​ដែរ»។

 

២៨ បន្ទាប់មក មេទ័ព​អាស្ស៊ីរី​នោះ​ក្រោក​ឈរ និង​ស្រែក​ក្ដែងៗ​យ៉ាង​អស់​ទំហឹង ជា​ភាសា​យូដា​ថា៖ «ចូរ​នាំ​គ្នា​ស្ដាប់​រាជឱង្ការ​របស់​ព្រះ​មហាក្សត្រាធិរាជ គឺ​ព្រះចៅ​ក្រុង​អាស្ស៊ីរី​ដូច​ត​ទៅ: ២៩ ព្រះករុណា​មាន​ រាជឱង្ការ​ថា កុំ​ទុក​អោយ​ស្ដេច​អេសេខ្យាស​បោក​ប្រាស់​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​ស្ដេច​នេះ ពុំ​អាច​រំដោះ​អ្នក​រាល់​គ្នា​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​ជា​ដាច់​ខាត។ ៣០ កុំ​ទុក​អោយ​ស្ដេច​អេសេខ្យាស​នាំ​អ្នក​រាល់​គ្នា ទៅ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់​ដោយ​ពោល​ថា “ព្រះអម្ចាស់​ពិត​ជា​នឹង​រំដោះ​យើង ព្រះអង្គ​មិន​បណ្ដោយ​អោយ​ក្រុង​នេះ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​ឡើយ”។ ៣១ កុំ​ស្ដាប់​ស្ដេច​ អេសេខ្យាស​អោយ​សោះ ដ្បិត​ព្រះចៅ​ក្រុង​អាស្ស៊ីរី​មាន​រាជឱង្ការ​ថា “ចូរ​នាំ​គ្នា​ចុះ​សន្ធិសញ្ញា​សុំ​សន្តិភាព​ពី​យើង ចូរ​នាំ​គ្នា​មក​ចុះ​ចូល​នឹង​យើង​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិភោគ​ផ្លែ​ទំពាំងបាយជូរ និង​ផ្លែ​ឧទុម្ពរ*​របស់​ខ្លួន ព្រម​ទាំង​បាន​ផឹក​ទឹក​ពី​អណ្ដូង​របស់​ខ្លួន​ដែរ”។ ៣២ រួច​ហើយ យើង​នឹង​មក​នាំ​អ្នក​រាល់​គ្នា យក​ទៅ​ស្រុក​មួយ​ទៀត​ដែល​សម្បូណ៌​សប្បាយ ដូច​ស្រុក​របស់​អ្នក​រាល់​គ្នា គឺ​ស្រុក​ដែល​មាន​ពោរពេញ​ដោយ​ស្រូវ និង​ស្រា​ទំពាំងបាយជូរ ជា​ស្រុក​ដែល​សម្បូណ៌​អាហារ និង​ចំការ​ទំពាំងបាយជូរ ជា​ស្រុក​សម្បូណ៌​ផ្លែ​អូលីវ​យក​ប្រេង និង​ទឹក​ឃ្មុំ។ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បាន​រស់​រាន ឥត​ស្លាប់​ឡើយ។ កុំ​ស្ដាប់​ស្ដេច​អេសេខ្យាស​អោយ​សោះ ដ្បិត​ស្ដេច​នេះ​បញ្ឆោត​អ្នក​រាល់​គ្នា​ដោយ​ពោល​ថា “ព្រះអម្ចាស់​នឹង​រំដោះ​យើង”។ ៣៣ ក្នុង​ចំណោម​ព្រះ​របស់​ ប្រជាជាតិ​ទាំងឡាយ គ្មាន​ព្រះ​ណា​រំដោះ​ស្រុក​គេ​អោយ​រួច​ពី​ព្រះហស្ដ ​របស់​ព្រះចៅ​ក្រុង​ អាស្ស៊ីរី​ទាល់​តែ​សោះ! តើ​ព្រះ​របស់​ក្រុង​ហាម៉ាត និង​ក្រុង​អារប៉ាដ​ទៅ​ណា​បាត់​អស់​ហើយ? ៣៤ តើ​ព្រះ​របស់​ក្រុង​ សេផាវ៉ាអ៊ីម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា ទៅ​ណា​បាត់​អស់​ហើយ? ម្ដេច​ក៏​មិន​ឃើញ​ព្រះ​ទាំង​នោះ​រំដោះ​ក្រុង​សាម៉ារី អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង?។ ៣៥ ក្នុង​ចំណោម​ព្រះ​ទាំង​ ប៉ុន្មាន​របស់​ស្រុក​ទាំង​នោះ គ្មាន​ព្រះ​មួយ​ណា​បាន​រំដោះ​ស្រុក​របស់​ខ្លួន អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​យើង​ឡើយ។ ដូច្នេះ ព្រះអម្ចាស់​ក៏​ពុំ​អាច​រំដោះ​ក្រុង​យេរូសាឡឹម អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ដែរ!»។

 

​៣៦ ប្រជាជន ​នៅ​ស្ងៀម​ស្ងាត់​ទាំង​អស់​គ្នា គ្មាន​នរណា​ឆ្លើយ​ទៅ​មេទ័ព​អាស្ស៊ីរី​ឡើយ ដ្បិត​ព្រះបាទ​អេសេខ្យាស​បាន​បង្គាប់​ពួក​គេ​មិន​អោយ​ឆ្លើយ​តប​នឹង​មេទ័ព​នោះ​ ជា​ដាច់​ខាត។ ៣៧ ​លោក​​អេលីយ៉ាគីម​ជា​កូន​ របស់​លោក​ហ៊ីលគីយ៉ា ហើយ​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះបរម​រាជ​វាំង លោក​សិបណា​ជា​ស្មៀន​ហ្លួង និង​លោក​យ៉ូអា កូន​របស់​លោក​អសាភ​ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច​នាំ​គ្នា​វិល​ទៅ​គាល់​ ព្រះបាទ​អេសេខ្យាស​វិញ ទាំង​ហែក​សម្លៀកបំពាក់ ហើយ​ទូល​ថ្វាយ​ព្រះរាជា​នូវ​ពាក្យ​របស់​មេទ័ព​ស្រុក​អាស៊្សីរី។

ព្រះបាទ​អេសេខ្យាស​សួរ​យោបល់​លោក​អេសាយ

(អេសាយ ៣៧:១-៧)

១ កាល​ព្រះបាទ​អេសេខ្យាស​ទទួល​ដំណឹង​នេះ ទ្រង់​ហែក​ព្រះភូសា​ចោល យក​បាវ​មក​ស្លៀក រួច​យាង​ទៅ​ព្រះដំណាក់​របស់​ព្រះអម្ចាស់។ ២ ព្រះរាជា​ចាត់​លោក​ អេលីយ៉ាគីម ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះបរមរាជ​វាំង និង​លោក​សិបណា ជា​ស្មៀន​ហ្លួង ព្រម​ទាំង​លោក​បូជាចារ្យ​ចាស់ៗ ដែល​ស្លៀក​បាវ​ទាំង​អស់​គ្នា អោយ​ទៅ​ជួប​ព្យាការី​អេសាយ​ជា​កូន​របស់​លោក​អម៉ុស។ ៣ ពួក​គេ​ជំរាប​លោក​ដូច​ត​ ទៅ៖ «ព្រះបាទ​អេសេខ្យាស​មាន​រាជឱង្ការ​ថា: ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​ទុក្ខ ជា​ថ្ងៃ​ដែល​យើង​ទទួល​ទណ្ឌកម្ម និង​អាម៉ាស់​មុខ គឺ​ប្រៀប​ដូច​ជា​ថ្ងៃ​ដែល​ទារក​ត្រូវ​កើត តែ​ម្ដាយ​គ្មាន​កម្លាំង​បង្កើត​វា​មក​ទេ។ ៤ ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​ចាត់​មេទ័ព អោយ​មក​ជេរ​ប្រមាថ​ព្រះអម្ចាស់ ជា​ព្រះ​ដែល​មាន​ព្រះ​ជន្ម​គង់​នៅ។ ប្រហែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​របស់​មេទ័ព​នោះ​ដែរ ហើយ​ព្រះអង្គ​មុខ​ជា​ដាក់​ទោស​គេ ព្រោះ​តែ​ពាក្យ​ដែល​ព្រះអង្គ​បាន​ឮ។ ហេតុ​នេះ សូម​ទូលអង្វរ​ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក សូម​ទ្រង់​មេត្តា​ប្រណី ដល់​ប្រជាជន​ដែល​នៅ​សេសសល់​នេះ​ផង»។

 

៥ មន្ត្រី​របស់​ព្រះបាទ​អេសេខ្យាស​ ក៏​នាំ​គ្នា​ទៅ​ជួប​លោក​អេសាយ ៦ ហើយ​លោក​អេសាយ​ប្រាប់​ពួក​គេ​ថា៖ «អស់​លោក​ត្រូវ​ទូល​ព្រះករុណា​ថា ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “កុំ​ភ័យ​ខ្លាច​ព្រោះ​តែ​ពាក្យ​ដែល​អ្នក​បាន​ឮ គឺ​ពាក្យ​ដែល​ពួក​អាស្ស៊ីរី​បាន​ប្រមាថ​មាក់​ងាយ​យើង​នោះ​ឡើយ។ ៧ បន្តិច​ទៀត ស្ដេច​ស្រុក​អាស្ស៊ីរី​នឹង​ទទួល​ដំណឹង​មួយ យើង​នឹង​ធ្វើ​អោយ​ស្ដេច​នេះ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ ហើយ​ត្រូវ​គេ​ធ្វើ​គុត ដោយ​មុខ​ដាវ​នៅ​ស្រុក​នោះ”»។

 

ការ​គំរាម​កំហែង​សា​ជា​ថ្មី​ពី​សំណាក់​ស្ដេច​សេណាខេរីប

(អេសាយ ៣៧:៨-១៣, ២របា.៣២:១៧)

៨ មេទ័ព​បាន​វិល​ទៅ​ជួប​ស្ដេច​ស្រុក​អាស្ស៊ីរី​វិញ ក្នុង​ពេល​ដែល​ទ្រង់ ​កំពុង​តែ​លើក​ទ័ព​ចេញ​ពី​ក្រុង​ឡាគីស​ទៅ​វាយ​យក​ក្រុង​លីបណា។ ៩ ពេល​នោះ ស្ដេច​ស្រុក​អាស្ស៊ីរី​ទទួល​ដំណឹង​ថា កងទ័ព​អេស៊ីប​ដឹក​នាំ​ដោយ​ព្រះចៅ​ទីរ៉ាកា ជា​ជន​ជាតិ​អេត្យូពី កំពុង​តែ​ចេញ​មក​ធ្វើ​សឹក​នឹង​ទ័ព​អាស្ស៊ីរី ១០ ទ្រង់​ក៏​ចាត់​អ្នក​នាំ ​សារ​អោយ​ទៅ​ទូល​ព្រះបាទ​អេសេខ្យាស ជា​ស្ដេច​ស្រុក​យូដា​ថា៖ «សូម​កុំ​បណ្ដោយ​អោយ​ព្រះ​របស់​ព្រះករុណា គឺ​ព្រះ​ដែល​ព្រះករុណា​ទុក​ចិត្ត បញ្ឆោត​ព្រះករុណា ដោយ​អះអាង​ថា “ក្រុង​យេរូសាឡឹម ​នឹង​មិន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​ អាស្ស៊ី​​រី​ទេ”។ ១១ ព្រះករុណា​ជ្រាប​ស្រាប់ ​ហើយ​ថា ស្ដេច​ស្រុក​អាស្ស៊ីរី​នៅ​ជំនាន់​មុនៗ​បាន​បំផ្លាញ​នគរ​ទាំង​ប៉ុន្មាន​ថ្វាយ ​ផ្ដាច់*​ដល់​ព្រះ​របស់​យើង។ ចុះ​ព្រះករុណា​វិញ តើ​ព្រះករុណា​ស្មាន​ថា​នឹង​រួច​ខ្លួន​កើត​ឬ? ១២ ពេល​ពួក​អយ្យកោ​របស់​ យើង​កំទេច​នគរ​កូសាន ហារ៉ាន រ៉េតសេប និង​ក្រុង​របស់​ពួក​អេដែន នៅ​ស្រុក​តេឡាសារគ្មាន​ព្រះ​ណា​មួយ​របស់​ប្រជាជាតិ​ទាំង​នោះ​រំដោះ​ពួក​គេ​បាន​ឡើយ។ ១៣ រីឯ​ស្ដេច​ទាំងឡាយ​របស់​ក្រុង​ហាម៉ាត ក្រុង​អារប៉ាដ ក្រុង​សេផាវ៉ាអ៊ីម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា ក៏​ត្រូវ​វិនាស​អស់​គ្មាន​សល់​ដែរ!»។

 

ពាក្យ​ទូលអង្វរ​របស់​ព្រះបាទ​អេសេខ្យាស

(អេសាយ ៣៧:១៤-២០)

១៤ ព្រះបាទ​អេសេខ្យាស ​ទទួល​លិខិត​ពី​អ្នក​នាំ​សារ​មក​អាន រួច​ទ្រង់​យាង​ឡើង​ទៅ​ព្រះវិហារ ​យក​លិខិត​នោះ​ទៅ​បង្ហាញ​ព្រះអម្ចាស់។ ១៥ ព្រះបាទ​អេសេខ្យាស​ទូលអង្វរ​ព្រះអម្ចាស់​ថា៖

 

«ឱ​ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​គង់​នៅ​លើ​ពួក​ខេរូប៊ីម*​អើយ! មាន​តែ​ព្រះអង្គ​មួយ​គត់ ដែល​ជា​ព្រះ​របស់​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។ ១៦ ព្រះអម្ចាស់​អើយ សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ទូលបង្គំ! ព្រះអម្ចាស់​អើយ សូម​បើក​ព្រះ​នេត្រ​ទត​មើល​ផង! សូម​ទ្រង់​ព្រះសណ្ដាប់​ សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​សេណា​ខេ​រីប​​ផ្ញើ​មក​ ជេរ​ប្រមាថ​ព្រះ​ដ៏​មាន​ព្រះជន្ម​គង់​នៅ! ១៧ ព្រះអម្ចាស់​អើយ ស្ដេច​ស្រុក​អាស្ស៊ីរី​ពិត​ជា​បាន​កំទេច​ប្រជាជាតិ​ទាំង​ប៉ុន្មាន និង​បំផ្លាញ​ទឹក​ដី​របស់​គេ ១៨ ព្រម​ទាំង​យក​ព្រះ​របស់ ​គេ​ទៅ​ដុត អោយ​វិនាស​សូន្យ​ថែម​ទៀត​ផង។ ប៉ុន្តែ ព្រះ​ទាំង​នោះ​មិន​មែន​ជា​ព្រះ​ទេ គឺ​គ្រាន់​តែ​ជា​រូប​ឈើ ឬ​ថ្ម ដែល​ជា​ស្នាដៃ​របស់​មនុស្ស​ប៉ុណ្ណោះ។ ១៩ ឥឡូវ​នេះ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ​អោយ​រួច​ផុត ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​សេណា​ខេ​រីប​ផង ដើម្បី​អោយ​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ទទួល​ស្គាល់​ថា មាន​តែ​ព្រះអម្ចាស់​ប៉ុណ្ណោះ ដែល​ពិត​ជា​ព្រះជាម្ចាស់!»។

 

លោក​អេសាយ​នាំ​ព្រះបន្ទូល​មក​ថ្លែង​ប្រាប់​ព្រះរាជា

(អេសាយ ៣៧:២១-៣៥)

២០ ពេល​នោះ លោក​អេសាយ ជា​កូន​របស់​លោក​អម៉ុស បាន​ចាត់​គេ​អោយ​ទៅ​ទូល​ព្រះបាទ​អេសេខ្យាស​ថា៖ «ព្រះអម្ចាស់​ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​បាន​ឮ​ពាក្យ​ដែល​អ្នក​ទូលអង្វរ​យើង​ស្ដី​អំពី​សេណាខេរីប ជា​ស្ដេច​របស់​ស្រុក​អាស្ស៊ីរី​ហើយ”។

២១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ប្រឆាំង​នឹង​ស្ដេច​នោះ​ថា:

សេណាខេរីប​អើយ

ក្រុង​ស៊ីយ៉ូន ដែល​ប្រៀប​ដូច​ជា​ស្ត្រី​ព្រហ្មចារី

ប្រមាថ​មើលងាយ​អ្នក

អ្នក​ក្រុង​យេរូសាឡឹម​គ្រវី​ក្បាល

ចំអក​អោយ​អ្នក។

២២  តើ​អ្នក​បាន​ជេរ និង​ត្មះតិះដៀល​នរណា?

តើ​អ្នក​ស្រែក​ក្ដែងៗ​ប្រឆាំង​នឹង​នរណា?

គឺ​អ្នក​ហ៊ាន​ព្រហើន​ដាក់​ព្រះ​ដ៏វិសុទ្ធ*

របស់​ជន​ជាតិ​អ៊ីស្រាអែល!

២៣  អ្នក​បាន​ចាត់​ពួក​នាំ​សារ​របស់​អ្នក

អោយ​មក​ជេរ​ព្រះអម្ចាស់ ហើយ​អ្នក​ពោល​ថា:

ដោយ​អញ​មាន​រទេះ​ចំបាំង​ដ៏​ច្រើន

អញ​ឡើង​ទៅ​លើ​កំពូល​ភ្នំ

អញ​ចូល​ទៅ​ដល់​ព្រៃ​ជ្រៅ​នៅ​ស្រុក​លីបង់

ដើម្បី​កាប់​ដើម​តាត្រៅ និង​ដើម​ស្រឡៅ​ដ៏​ល្អៗ

អញ​នឹង​ឡើង​ទៅ​ដល់​ចុង​កំពូល

ហើយ​ចូល​ទៅ​ដល់​ព្រៃ​ស្រោង។

២៤  អញ​បាន​ជីក​អណ្ដូង

ហើយ​ផឹក​ទឹក​របស់​សាសន៍​ដទៃ

ពេល​អញ​ឈាន​ជើង​ជាន់​តំបន់​ទន្លេ​នីល

នោះ​ទឹក​ទន្លេ​រីង​អស់​ជា​មិន​ខាន។

២៥  សេណាខេរីប​អើយ អ្នក​មិន​ដឹង​ទេ​ឬ​ថា

យើង​បាន​គ្រោង​ទុក និង​រៀបចំ​ព្រឹត្តិការណ៍

ទាំង​នេះ តាំង​ពី​បុរាណ​កាល​មក​ម៉្លេះ!

ឥឡូវ​នេះ យើង​ធ្វើ​អោយ​សំរេច

ដើម្បី​កំទេច​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹងមាំ

អោយ​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ។

២៦  អ្នក​ក្រុង​ទាំង​នោះ​គ្មាន​កម្លាំង​តទល់​ទេ

ពួក​គេ​ភ័យ​ខ្លាច ហើយ​អាម៉ាស់​មុខ

ពួក​គេ​ប្រៀប​បី​ដូច​ជា​ស្មៅ​នៅ​តាម​ទី​វាល

ឬ​ដូច​រុក្ខជាតិ​នៅ​តាម​ចំការ

និង​ដូច​ស្មៅ​ដុះ​នៅ​លើ​ដំបូល​ផ្ទះ

ឬ​ដូច​ស្រូវ​កំពុង​តែ​ក្រៀម​ស្វិត​ទៅ

មុន​ពេល​មាន​ពន្លក​លូត​ចេញ​មក។

២៧  ចំណែក​ឯ​យើង​វិញ អ្នក​ធ្វើ​អ្វី​ក៏​ដោយ

យើង​ដឹង​ទាំង​អស់!

ពេល​ណា​អ្នក​អង្គុយ ពេល​ណា​អ្នក​ចេញ ឬ​ចូល

ពេល​អ្នក​ច្រឡោត​ខឹង​នឹង​យើង ក៏​យើង​ដឹង​ដែរ

២៨  ដ្បិត​អ្នក​ច្រឡោត​ខឹង​នឹង​យើង

យើង​បាន​ឮ​ពាក្យ​សំដី​ព្រហើនៗ​របស់​អ្នក

ហេតុ​នេះ​ហើយ​បាន​ជា​យើង​យក​កន្លុះ

មក​ដាក់​ច្រមុះ​អ្នក

និង​យក​បង្ហៀរ​មក​ដាក់​មាត់​អ្នក

ហើយ​ដឹក​អ្នក​វិល​ត្រឡប់​ទៅ​ស្រុក​របស់​អ្នក​វិញ

តាម​ផ្លូវ​ដែល​អ្នក​បាន​ធ្វើ​ដំណើរ​មក។

 

២៩ ចំពោះ​ អ្នក​វិញ អេសេខ្យាស​អើយ យើង​នឹង​បង្ហាញ​ទី​សំគាល់​មួយ​អោយ​អ្នក​ឃើញ គឺ​ឆ្នាំ​នេះ​អ្នក​រាល់​គ្នា​បរិភោគ​ស្រូវ​ធ្លាក់​មក​ពី​លើ ឆ្នាំ​ក្រោយ​អ្នក​រាល់​គ្នា​នឹង​បរិភោគ​ស្រូវ​ដែល​ដុះ​ចេញ​ពី​ដី​មក​ដោយ​ឯក​ ឯង តែ​ឆ្នាំ​ក្រោយ​មួយ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​សាប​ព្រោះ​ច្រូត​កាត់ អ្នក​រាល់​គ្នា​ត្រូវ​ដាំ​ទំពាំងបាយជូរ រួច​បរិភោគផល​នោះ​ទៅ។ ៣០ អ្នក​ស្រុក​យូដា​ដែល​បាន​រួច​ជីវិត និង​នៅ​សេសសល់​ប្រៀប​ដូច​ជា​ដើម​ឈើ ដែល​ចាក់​ឫស​ទៅ​ក្នុង​ដី ហើយ​មាន​មែក​ពេញ​ទៅ​ដោយ​ផ្លែ។ ៣១ ដោយ​ព្រះហឫទ័យ​ស្រឡាញ់​ដ៏​លើសលប់​របស់​ព្រះអម្ចាស់​ នៃ​ពិភព​ទាំង​មូល ព្រះអង្គ​នឹង​ទុក​អោយ​ប្រជាជន​មួយ​ចំនួន​ សេសសល់​នៅ​ក្រុង​យេរូសាឡឹម ហើយ​អោយ​ប្រជាជន​មួយ​ចំនួន​រួច​ជីវិត​នៅ​ភ្នំ​ស៊ីយ៉ូន។

៣២ ចំពោះ​ស្ដេច​អាស្ស៊ីរី​វិញ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា “ស្ដេច​នោះ​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​យេរូសាឡឹម​ទេ ហើយ​ក៏​មិន​បាញ់​ព្រួញ​ចូល​មក ឬ​ប្រើ​ខែល និង​លើក​ដី ដើម្បី​វាយ​លុក​ក្រុង​នេះ​ដែរ”។ ៣៣ ស្ដេច​នោះ​នឹង​វិល​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​ដែល​គេ​ធ្វើ​ដំណើរ​មក គឺ​គេ​នឹង​មិន​ចូល​ក្នុង​ក្រុង​នេះ​ឡើយ -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ៣៤ យើង​នឹង​ការពារ ហើយ​សង្គ្រោះ​ក្រុង​នេះ ដោយ​យល់​ដល់​នាម​របស់​យើង និង​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​របស់​យើង​ដែរ»។

 

ជន​ជាតិ​អាស្ស៊ីរី​ដក​ទ័ព​ថយ​ស្ដេច​សេណាខេរីប​សោយ​ទិវង្គត

(អេសាយ ៣៧:៣៦-៣៨, ២របា.៣២:២១-២២)

៣៥ នៅ​យប់​នោះ​ទេវទូត*​របស់​ព្រះអម្ចាស់​ បាន​ចេញ​មក​វាយ​ទី​តាំង​ទ័ព​របស់​ពួក​អាស្ស៊ីរី ហើយ​ប្រហារ​ជីវិត​ពួក​គេ​អស់​មួយ​សែន​ប្រាំ​បី​ម៉ឺន​ប្រាំ​ពាន់​នាក់។ លុះ​ព្រឹក​ឡើង​ពេល​ភ្ញាក់​ពី​ដំណេក គេ​ឃើញ​មាន​សាកសព​នៅ​ពាសពេញ​ទី​តាំង​ទ័ព។ ៣៦ ព្រះចៅ​សេណាខេរីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី​ក៏​ដក​ទ័ព​ចេញ​ពី​ទី​នោះ វិល​ត្រឡប់​ទៅ​គង់​នៅ​ក្រុង​នីនីវេ​វិញ។ ៣៧ ថ្ងៃ​មួយ ពេល​ស្ដេច​កំពុង​តែ​ថ្វាយបង្គំ​ព្រះ​នីសរ៉ុក​នៅ​ក្នុង​វិហារ នោះ​បុត្រ​បង្កើត​ពីរ​អង្គ​របស់​ស្ដេច គឺ​អាដ្រាមេឡេក និង​សារ៉េតសេ បាន​ធ្វើ​គុត​ស្ដេច​ដោយ​មុខ​ដាវ រួច​នាំ​គ្នា​គេច​ខ្លួន​ទៅ​តំបន់​អារ៉ារ៉ាត។ ព្រះរាជ​បុត្រ​មួយ​អង្គ​ទៀត ព្រះនាម​អេសារហាដូន​ឡើង​ស្នង​រាជ្យ។

ព្រះបាទ​អេសេខ្យាស​ប្រឈួន ហើយ​ព្រះជាម្ចាស់​ប្រោស​ស្ដេច​អោយ​ជា

(អេសាយ ៣៨:១-៨, ២របា.៣២:២៤)

១ នៅ​គ្រា​នោះ ព្រះបាទ​អេសេខ្យាស ប្រឈួន​ជា​ទម្ងន់ ហៀប​នឹង​សុគត។ ព្យាការី​អេសាយ ជា​កូន​របស់​លោក​អម៉ុស មក​គាល់​ស្ដេច​ទូល​ថា៖ «ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ថា សូម​ព្រះករុណា​ផ្ដែផ្ដាំ​រាជវង្សានុវង្ស​អោយ​ហើយ​ទៅ ដ្បិត​ព្រះករុណា​មិន​រស់​រាន​ត​ទៅ​ទៀត​ទេ ព្រះករុណា​ជិត​សោយ​ទិវង្គត​ហើយ»។ ២ ព្រះបាទ​អេសេខ្យាស​បែរ​ព្រះភក្ត្រ​ទៅ​រក​ជញ្ជាំង​ទូលអង្វរ​ព្រះអម្ចាស់​ដូច​ត​ទៅ៖ ៣ «ឱ! ព្រះអម្ចាស់​អើយ សូម​កុំ​ភ្លេច​ឡើយ​ថា ទូលបង្គំ​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ ដោយ​ចិត្ត​ស្មោះស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់ ទូលបង្គំ​ប្រព្រឹត្ត​តែ​អំពើ​ដែល​ព្រះអង្គ​គាប់​ព្រះហឫទ័យ​ប៉ុណ្ណោះ!»។ ព្រះបាទ​អេសេខ្យាស​បង្ហូរ​ជលនេត្រ​យ៉ាង​ខ្លាំង។

 

៤ ពេល​នោះ ព្យាការី​អេសាយ មិន​ទាន់​ចេញ​ផុត​ពី​ធ្លា​ធំ​នៃ​រាជ​វាំង​ផង ស្រាប់​តែ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ដូច​ត​ទៅ៖ ៥ «ចូរ​វិល​ទៅ​ប្រាប់​ស្ដេច​អេសេខ្យាស ជា​អ្នក​ដឹក​នាំ​ប្រជារាស្ត្រ​របស់​យើង​ថា: ព្រះអម្ចាស់ ជា​ព្រះ​របស់​ស្ដេច​ដាវីឌ​ដែល​ជា​អយ្យកោ​របស់​ព្រះករុណា ទ្រង់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​ឮ​ពាក្យ​អង្វរ​របស់​អ្នក ហើយ​យើង​ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​អ្នក​ដែរ។ យើង​នឹង​ប្រោស​អ្នក​អោយ​បាន​ជា​ហើយ​នៅ​ថ្ងៃ​ទី​បី​អ្នក​នឹង​ឡើង​ទៅ​កាន់​ ដំណាក់​ព្រះអម្ចាស់។ ៦ យើង​នឹង​បន្ថែម​អាយុ​អោយ​ អ្នក​ដប់​ប្រាំ​ឆ្នាំ​ទៀត។ យើង​នឹង​រំដោះ​អ្នក ព្រម​ទាំង​រំដោះ​ក្រុង​យេរូសាឡឹម​នេះ អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី។ យើង​ក៏​នឹង​ការពារ​ក្រុង​នេះ​ដោយ​យល់​ដល់​នាម​របស់​យើង និង​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​យើង”»។

 

៧ ព្យាការី​អេសាយ​បង្គាប់​ទៅ​រាជ​បំរើ​ថា៖ «ចូរ​យក​ម្សៅ​ឧទុម្ពរ​មួយ​កញ្ចប់​លាប​លើ​ដំបៅ នោះ​ព្រះបាទ​អេសេខ្យាស​នឹង​បាន​រស់​រាន​មិន​ខាន»។

៨ ពេល​នោះ ព្រះបាទ​អេសេខ្យាស មាន​រាជឱង្ការ​ទៅ​កាន់​លោក​អេសាយ​ថា៖ «តើ​មាន​ទី​សំគាល់​អ្វី ដែល​នាំ​អោយ​យើង​ដឹង​ថា យើង​នឹង​បាន​ជា​សះស្បើយ ហើយ​ឡើង​ទៅ​ព្រះដំណាក់​របស់​ព្រះអម្ចាស់ នៅ​ថ្ងៃ​ទី​បី?»។ ៩ ព្យាការី​អេសាយ​ទូល​ស្ដេច​ថា៖ «នេះ​ជា​ទី​សំគាល់​ដែល​ព្រះអម្ចាស់ប្រទាន​មក​ព្រះករុណា ដើម្បី​អោយ​ព្រះករុណា​ជ្រាប​ថា ព្រះអម្ចាស់​នឹង​សំរេច​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ។ តើ​ស្រមោល​ថ្ងៃ​ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង នឹង​ដើរ​ទៅ​មុខ​ដប់​កាំ ឬ​ថយ​ក្រោយ​ដប់​កាំ?»។ ១០ ព្រះ​បាទ​អេសេខ្យាស​មាន​ រាជឱង្ការ​ថា៖ «ស្រមោល​ដើរ​ទៅ​មុខ​ដប់​កាំ​ជា​ការ​ងាយ​ស្រួល​ទេ។ ដូច្នេះ សូម​អោយ​ស្រមោល​ដើរ​ថយ​ក្រោយ​ដប់​កាំ​វិញ»។ ១១ ពេល​នោះ ព្យាការី​អេសាយ​ទូលអង្វរ​ព្រះអម្ចាស់ ព្រះអង្គ​ក៏​ធ្វើ​អោយ​ស្រមោល​ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង​របស់​ព្រះបាទ​អខាស់ ដើរ​ថយ​ក្រោយ​ដប់​កាំ។

 

ព្រះបាទ​អេសេខ្យាស​ទទួល​ទូត​របស់​ស្រុក​បាប៊ីឡូន

(អេសាយ ៣៩)

១២ នៅ​គ្រា​ដដែល​នោះ​ស្ដេច ​ស្រុក​បាប៊ីឡូន គឺ​ព្រះចៅ​បេរ៉ូដាក-បាឡាដន​ជា​បុត្រ​របស់​ព្រះចៅ​បាឡាដន បាន​ផ្ញើ​រាជសារ និង​តង្វាយ​មក​ថ្វាយ​ព្រះបាទ​អេសេខ្យាស ដ្បិត​ស្ដេច​ជ្រាប​ដំណឹង​ថា ព្រះបាទ​អេសេខ្យាស​ទ្រង់​ប្រឈួន។ ១៣ ព្រះ​បាទ​អេសេខ្យាស​ទទួល​ រាជទូត​ស្រុក​បាប៊ីឡូន​អោយ​ចូល​សវនាការ ហើយ​នាំ​ពួក​គេ​ទៅ​ទស្សនា​កន្លែង​ដែល​ស្ដេច​តម្កល់​វត្ថុ​ដ៏​មាន​តម្លៃ ធ្វើ​ពី​មាស និង​ប្រាក់ ព្រម​ទាំង​គ្រឿង​ក្រអូប ប្រេង​ដ៏​មាន​តម្លៃ គ្រឿង​សព្វាវុធ​ផ្សេងៗ និង​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ។ ព្រះបាទ​អេសេខ្យាស​បង្ហាញ​អ្វីៗ​ទាំង​អស់ ដែល​មាន​នៅ​ក្នុង​រាជ​វាំង និង​ក្នុង​នគរ អោយ​រាជទូត​របស់​ស្ដេច​បាប៊ីឡូន​ឃើញ ឥត​មាន​ចន្លោះ​អ្វី​សោះ​ឡើយ។

 

១៤ បន្ទាប់​មក ព្យាការី​អេសាយ​ចូល​មក​គាល់​ព្រះបាទ​អេសេ​ខ្យាស​​ទូល​សួរ​ថា៖ «អ្នក​ទាំង​នោះ​មក​ពី​ណា? តើ​គេ​ទូល​ព្រះករុណា​ដូច​ម្ដេច​ខ្លះ?»។ ព្រះបាទ​អេសេខ្យាស​មាន​រាជឱង្ការ​ថា៖ «ពួក​គេ​មក​ពី​ស្រុក​ឆ្ងាយ​ដើម្បី​មក​គាល់​យើង គឺ​មក​ពី​ស្រុក​បាប៊ីឡូន»។ ១៥ លោក​អេសាយ​សួរ​ព្រះបាទ​ អេសេខ្យាស​ទៀត​ថា៖ «តើ​ពួក​គេ​បាន​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​ព្រះបរម​រាជ​វាំង?»។ ព្រះបាទ​អេសេខ្យាស​តប​វិញ​ថា៖ «ពួក​គេ​បាន​ឃើញ​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​វាំង​របស់​យើង ដ្បិត​យើង​បាន​បង្ហាញ​ភោគ​ទ្រព្យ​ទាំង​អស់ អោយ​ពួក​គេ​ឃើញ ឥត​មាន​លាក់លៀម​អ្វី​ឡើយ»។

 

១៦ ពេល​នោះ លោក​អេសាយ​ទូល​ព្រះបាទ​អេសេខ្យាស​ថា៖ «សូម​ព្រះករុណា​ទ្រង់​ព្រះសណ្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ដូច​ត​ទៅ: ១៧ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ថា នៅ​គ្រា​ខាង​មុខ រាជ្យ​ទ្រព្យ​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្នុង​វាំង​របស់​ព្រះករុណា និង​ភោគ​សម្បត្តិ​ដែល​ព្រះអយ្យកោ​របស់​ព្រះករុណា​បាន​សន្សំ​ទុក នឹង​ត្រូវ​គេ​ដឹក​ជញ្ជូន​យក​ទៅ​ស្រុក​បាប៊ីឡូន ឥត​មាន​សេសសល់​អ្វី​ឡើយ។ ១៨ គេ​ក៏​នាំ​រាជវង្សានុវង្ស​របស់​ព្រះករុណា​យក​ទៅ​ធ្វើ​ជា​មហាតលិក នៅ​ក្នុង​វាំង​របស់​ស្ដេច​ស្រុក​បាប៊ីឡូន​ដែរ»។ ១៩ ​ព្រះបាទ​អេសេខ្យាស ​មាន​រាជឱង្ការ​តប​ទៅ​លោក​អេសាយ​វិញ​ថា​៖ «ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ដែល​លោក​ថ្លែង​នេះ ល្អ​ហើយ»។ ព្រះរាជា​មាន​រាជឱង្ការ​ទៀត​ថា៖ «ក្នុង​ពេល​ដែល​យើង​នៅ​មាន​ជីវិត​នោះ​នៅ​តែ​មាន​សន្តិភាព និង​សុខសាន្តត្រាណ​មែន​ទេ?»។

 

២០ រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​អេសេខ្យាស និង​វីរភាព​ដ៏​អង់អាច​ទាំង​ប៉ុន្មាន ហើយ​ការ​ជីក​ស្រះ និង​ប្រឡាយ ដើម្បី​បង្ហូរ​ទឹក​ចូល​ក្នុង​ក្រុង​យេរូសាឡឹម សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​ យូដា។ ២១ កាល​ព្រះបាទ​អេសេខ្យាស​សោយ​ទិវង្គត ព្រះបាទ​ម៉ាណាសេ ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។

 

ជំពូកទី ២១

ព្រះបាទ​ម៉ាណាសេ​សោយ​រាជ្យ​លើ​ស្រុក​យូដា

(២របា.៣៣:១-១០, ១៨-២០)

១ កាល​ព្រះបាទ​ម៉ាណាសេ​ឡើង​ សោយ​រាជ្យ ទ្រង់​មាន​ព្រះជន្មាយុ​ដប់ពីរ​វស្សា ទ្រង់​សោយរាជ្យ​បាន​ហាសិប​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា​ព្រះនាង​ហែបស៊ីបា។ ២ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ដោយ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ប្រជាជាតិ​នានា ដែល​ព្រះអម្ចាស់​បាន​បណ្ដេញ​ចេញ​ពី​មុខ​កូន​ចៅ​អ៊ីស្រាអែល។ ៣ ស្ដេច​បាន​សង់​កន្លែង​ សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​ឡើង​វិញ គឺ​កន្លែង​ដែល​ព្រះបាទ​អេសេខ្យាស​ជា​បិតា​បាន​លុប​បំបាត់។ ស្ដេច​បាន​សង់​អាសនៈ​របស់​ព្រះ​បាល និង​ដំឡើង​បង្គោល​ថ្វាយ​ព្រះអាសេរ៉ា ដូច​ព្រះបាទ​អខាប់ ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​ដែរ។​ ស្ដេច​ក្រាប​ថ្វាយបង្គំ និង​គោរព​បំរើ​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ។ ៤ ស្ដេច​បាន​សង់​អាសនៈ​របស់​ព្រះ​ដទៃ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ គឺ​នៅ​កន្លែង​ដែល​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា “យើង​នឹង​យក​ក្រុង​យេរូសាឡឹម​នេះ ទុក​ជា​កន្លែង​សំរាប់​នាម​យើង”។ ៥ ព្រះបាទ​ម៉ាណាសេ​សង់​អាសនៈ សំរាប់​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ ក្នុង​ទីលាន​ទាំង​ពីរ​នៃ​ព្រះដំណាក់​របស់​ព្រះអម្ចាស់។ ៦ ស្ដេច​បាន​យក​បុត្រា​ទៅ​ ធ្វើ​បូជា​យញ្ញ ស្ដេច​បាន​រក​គ្រូ​មើល​ជោគរាសី ប្រព្រឹត្ត​មន្តអាគម ព្រម​ទាំង​តែងតាំង​អោយ​មាន​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ទស្សន៍ទាយ​ផង។​ ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ខ្លាំង​ឡើងៗ ដែល​មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ធ្វើ​អោយ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ។ ៧ ព្រះបាទ​ម៉ាណាសេ​បាន​ធ្វើ​រូប​បដិមា​របស់​ព្រះអាសេរ៉ា យក​ទៅ​តម្កល់​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ថ្វីដ្បិត​តែ​ព្រះអម្ចាស់​ ធ្លាប់​មាន​ព្រះបន្ទូល​មក​កាន់​ព្រះបាទ​ដាវីឌ និង​ព្រះបាទ​សាឡូម៉ូន ជា​បុត្រ​ថា «យើង​ជ្រើស​រើស​ព្រះដំណាក់ និង​ក្រុង​យេរូសាឡឹម ពី​ចំណោម​កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន​ជាតិ​អ៊ីស្រាអែល ទុក​ជា​កន្លែង​សំរាប់​នាម​យើង​រហូត​ត​ទៅ។ ៨ ​ប្រសិន​បើ​ប្រជាជន​ អ៊ីស្រាអែល​កាន់​តាមវិន័យ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​បង្គាប់​មក តាម​រយៈ​ម៉ូសេ​ជា​អ្នក​បំរើ​របស់​យើង នោះ​យើង​មិន​អោយ​ពួក​គេ​ខ្ចាត់​ព្រាត់​ចេញ​ឆ្ងាយ​ពី​ទឹក​ដី ដែល​យើង​ប្រគល់​អោយ​ដូនតា​របស់​គេ​ឡើយ»។ ៩ ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់​ទេ ព្រះបាទ​ម៉ាណាសេ​នាំ​ពួក​គេ​អោយ​វង្វេង​រហូត​ដល់​ប្រព្រឹត្ត​អំពើ​អាក្រក់ ជាង​ប្រជាជាតិ​នានា ដែល​ព្រះអម្ចាស់​បាន​បំផ្លាញ នៅ​ចំពោះ​មុខ​កូន​ចៅ​អ៊ីស្រាអែល​ទៅ​ទៀត។ ១០ ពេល​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​តាម​រយៈ​ពួក​ព្យាការី​ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ថា៖ ១១ «ម៉ាណាសេ​ជា​ស្ដេច​ ស្រុក​យូដា បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ គឺ​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ច្រើន​ជាង​ជន​ជាតិ​អាម៉ូរី​កាល​ពី​មុន ហើយ​គេ​ក៏​បាន​នាំ​ជន​ជាតិ​យូដា​ប្រព្រឹត្ត​អំពើ​បាប ដោយ​គោរព​រូប​ព្រះ​ក្លែងក្លាយ​ដែរ។ ១២ ហេតុ​នេះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: យើង​នឹង​ធ្វើ​អោយ​ទុក្ខ​វេទនា​កើត​មាន​ដល់​ក្រុង​យេរូសាឡឹម និង​ស្រុក​យូដា ហើយ​នរណា​ក៏​ដោយ​អោយ​តែ​ឮ​គេ​និយាយ​អំពី​ហេតុការ​ណ៍​នេះ ក៏​តក់ស្លុត​ដែរ។ ១៣ យើង​នឹង​បំផ្លាញ​ក្រុង​ យេរូសាឡឹម ដូច​យើង​បាន​បំផ្លាញ​ក្រុង​សាម៉ារី និង​រាជវង្ស​អខាប់​ដែរ។ យើង​នឹង​បោស​សំអាត​ក្រុង​យេរូសាឡឹម ឥត​ទុក​អោយ​នៅ​សល់​អ្វី​ឡើយ។ ១៤ យើង​នឹង​បោះ​បង់​ចោល​ ប្រជារាស្ត្រ​របស់​យើង​ដែល​នៅ​សេសសល់ គឺ​យើង​នឹង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​គេ។ ខ្មាំង​សត្រូវ​នឹង​ប្លន់​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ចេញ​ពី​ពួក​គេ ១៥ ដ្បិត​ពួក​គេ​បាន​ ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​យើង​មិន​ពេញ​ចិត្ត គឺ​ពួក​គេ​ធ្វើ​អោយ​យើង​ក្រេវក្រោធ តាំង​ពី​ថ្ងៃ​ដែល​ដូនតា​របស់​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​សព្វ​ថ្ងៃ»។

 

១៦ ក្រៅ​ពី​អំពើ​បាប ដែល​ព្រះបាទ​ម៉ាណាសេ​នាំ​ប្រជាជន​យូដា​អោយ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ស្ដេច​ក៏​បាន​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​ជា​ច្រើន រហូត​ដល់​ក្រុង​យេរូសាឡឹម​មាន​ពាសពេញ​ទៅ​ដោយ​ឈាម។

 

១៧ រាជ​ កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​ម៉ាណាសេ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ គឺ​អំពើ​បាប​សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ ស្ដេច​ស្រុក​យូដា។ ១៨ កាល​ព្រះបាទ​ម៉ាណាសេ​ សោយ​ទិវង្គត គេ​បាន​យក​សព​របស់​ស្ដេច​ទៅ​បញ្ចុះ​ក្នុង​សួន​ឧទ្យាន​នៃ​រាជ​វាំង គឺ​សួន​របស់​លោក​អ៊ូសា ហើយ​ព្រះបាទ​អាំម៉ូន​ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។

 

ព្រះបាទ​អាំម៉ូន​សោយ​រាជ្យ​លើ​ស្រុក​យូដា

(២របា.៣៣:២១-២៥)

១៩ កាល​ព្រះបាទ​អាំម៉ូន​ ឡើង​សោយ​រាជ្យ ទ្រង់​មាន​ព្រះជន្មាយុ​ម្ភៃ​ពីរ​វស្សា ហើយ​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា មេស៊ូលេម៉េត ជា​កូន​របស់​លោក​ហារូស ជា​អ្នក​ស្រុក​យ៉ុតបា។ ២០ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ដូច​ព្រះបាទ​ម៉ាណាសេ​ជា​បិតា។ ២១ ស្ដេច​ប្រព្រឹត្ត​អំពើ​គ្រប់​យ៉ាង គឺ​គោរព​បំរើ និង​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ​ដូច​បិតា​ដែរ។ ២២ ស្ដេច​បាន​បោះ​បង់​ចោល​ព្រះអម្ចាស់ ជា​ព្រះ​របស់​ពួក​អយ្យកោ គឺ​មិន​ដើរ​តាម​មាគ៌ា​របស់​ព្រះអម្ចាស់​ឡើយ។ ២៣ ពួក​មន្ត្រី​របស់​ព្រះបាទ​អាំម៉ូន បាន​ឃុបឃិត​គ្នា​ក្បត់​នឹង​ស្ដេច ហើយ​ធ្វើ​គុត​ស្ដេច​ក្នុង​រាជ​វាំង។ ២៤ ប៉ុន្តែ ប្រជាជន​យូដា​នាំ​គ្នា​ប្រហារ​ពួក​ក្បត់ ដែល​បាន​ឃុបឃិត​គ្នា​ធ្វើ​គុត​ព្រះបាទ​អាំម៉ូន ហើយ​តែងតាំង​ព្រះបាទ​យ៉ូស្យាស ជា​បុត្រ​អោយ​ឡើង​ស្នង​រាជ្យ។

 

២៥ រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​អាំម៉ូន និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។ ២៦ គេ​បាន​យក​សព​របស់​ស្ដេច​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៅ​សួន​របស់​លោក​អ៊ូសា ហើយ​ព្រះបាទ​យ៉ូស្យាស ជា​បុត្រ​ឡើង​ស្នង​រាជ្យ។

ព្រះបាទ​យ៉ូស្យាស​សោយ​រាជ្យ​លើ​ស្រុក​យូដា

(២របា.៣៤:១-២)

១ កាល​ព្រះបាទ​យ៉ូស្យាស​ឡើង​ សោយ​រាជ្យ ទ្រង់​មាន​ព្រះជន្មាយុ​ប្រាំ​បី​វស្សា ហើយ​សោយ​រាជ្យ​បាន​សាមសិប​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា យេឌីដា ជា​កូន​របស់​លោក​អដាយ៉ា ជា​អ្នក​ស្រុក​បូសកាថ។ ២ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះបាទ​ដាវីឌ ជា​អយ្យកោ​ឥត​ខ្ចោះ ដោយ​មិន​ងាក​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ឡើយ។

 

លោក​មហា​បូជាចារ្យ​រក​ឃើញ​គម្ពីរ​វិន័យ

(២របា.៣៤:៨-១៨)

៣ នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី នៃ​រជ្ជកាល​ព្រះបាទ​យ៉ូស្យាស ទ្រង់​ចាត់​លោក​សាផាន​ជា​ស្មៀន​ហ្លួង ដែល​ត្រូវ​ជា​កូន​របស់​លោក​អសាលីយ៉ា និង​ជា​ចៅ​របស់​លោក​មេស៊ូឡាម អោយ​ទៅ​កាន់​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ដោយ​មាន​រាជឱង្ការ​ថា៖ ៤ «ចូរ​ទៅ​ជួប​លោក​មហា​បូជាចារ្យ​ហ៊ីលគីយ៉ា សុំ​អោយ​លោក​បូក​សរុប​ប្រាក់ ដែល​គេ​យក​មក​ថ្វាយ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ គឺ​ប្រាក់​ក្រុម​យាម​ទ្វារ​បាន​ទទួល​ពី​ប្រជាជន។ ៥ ចូរ​អោយ​គេ​ប្រគល់​ប្រាក់​នោះ ទៅ​ពួក​មេ​ជាង​ដែល​ទទួល​ខុស​ត្រូវ​ជួសជុល​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ដើម្បី​បង់​ថ្លៃ​ឈ្នួល​របស់​ពួក​កម្មករ​ជួសជុល​ព្រះដំណាក់ ៦ គឺ​ពួក​ជាង​ឈើ ជាង​សំណង់ ជាង​កំបោរ និង​សំរាប់​ទិញ​ឈើ ថ្មដាប់ ដើម្បី​ជួសជុល​ព្រះដំណាក់។ ៧ ប៉ុន្តែ ចូរ​កុំ​សួរ​នាំ​ពី​ប្រាក់​ដែល​ប្រគល់​ទៅ​អោយ​ពួក​មេ​ជាង​ឡើយ ដ្បិត​ពួក​គេ​ធ្វើ​ការ​នេះ​ដោយ​ចិត្ត​ស្មោះ​បំផុត»។

 

៨ ពេល​នោះ លោក​មហា​បូជាចារ្យ​ហ៊ីលគីយ៉ា មាន​ប្រសាសន៍​ទៅ​កាន់​លោក​សាផាន​ជា​ស្មៀន​ហ្លួង​ថា៖ «ខ្ញុំ​បាន​រក​ឃើញ​គម្ពីរ​វិន័យ​ នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់!»។ លោក​ហ៊ីលគីយ៉ា​ជូន​គម្ពីរ​នេះ​ទៅ​លោក​សាផាន ហើយ​លោក​សាផាន​ក៏​អាន។ ៩ បន្ទាប់​មក លោក​សាផាន​ជា​ស្មៀន​ហ្លួង ក៏​វិល​មក​គាល់​ស្ដេច​វិញ​ទូល​រៀប​រាប់​ដូច​ត​ទៅ៖ «យើង​ខ្ញុំ​បាន​ប្រគល់​ប្រាក់​តង្វាយ​ដែល​ប្រមូល​នៅ​ក្នុង​ព្រះដំណាក់ ទៅ​អោយ​ពួក​មេ​ជាង​ជា​អ្នក ​ទទួល​ខុស​ត្រូវ​ជួសជុល​ព្រះដំណាក់​របស់​ព្រះអម្ចាស់​ហើយ​»។ ១០ លោក​សាផាន​ជា​ស្មៀន​ ហ្លួង​ទូល​ស្ដេច​ទៀត​ថា៖ «លោក​បូជាចារ្យ​ហ៊ីលគីយ៉ា​បាន​ប្រគល់​គម្ពីរ​មួយ​ក្បាល អោយ​ទូលបង្គំ» រួច​លោក​ក៏​អាន​ថ្វាយ​ព្រះរាជា​ស្ដាប់។

 

ព្រះបាទ​យ៉ូស្យាស​សុំ​អោយ​ព្យាការិនី​ហ៊ូលដា​ទូល​សួរ​ព្រះអម្ចាស់

(២របា.៣៤:១៩-២៨)

១១ កាល​ព្រះរាជា​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ក្នុង​គម្ពីរ​វិន័យ ស្ដេច​ក៏​ហែក​ព្រះភូសា។

១២ បន្ទាប់មក ទ្រង់​បញ្ជា​ទៅ​លោក​បូជាចារ្យ​ហ៊ីលគីយ៉ា លោក​អហ៊ីកាម ជា​កូន​របស់​លោក​សាផាន លោក​អាក់ប៊រ ជា​កូន​របស់​លោក​មីកា លោក​សាផាន ជា​ស្មៀន​ហ្លួង និង​លោក​អសាយ៉ា ជា​រាជ​បំរើ​ថា៖ ១៣ «សូម​អស់​លោក​អញ្ជើញ​ទៅ​ទូល​សួរ​ព្រះអម្ចាស់​អោយ​យើង និង​ប្រជាជន​ស្រុក​យូដា​ទាំង​មូល ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​គម្ពីរ​ដែល​ទើប​រក​ឃើញ​នេះ​ផង។ ព្រះអម្ចាស់​មុខ​ជា​ព្រះពិរោធ​នឹង​យើង​យ៉ាង​ខ្លាំង ដ្បិត​ពួក​ដូនតា​របស់​យើង មិន​បាន​ស្ដាប់​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ នេះ​ទេ ហើយ​ក៏​មិន​ប្រតិបត្តិ​តាម​ដែរ»។

 

១៤ លោក​ បូជាចារ្យ​ហ៊ីលគីយ៉ា លោក​អហ៊ីកាម លោក​អាក់ប៊រ លោក​សាផាន និង​លោក​អសាយ៉ា​នាំ​គ្នា​ទៅ​ជួប​ព្យាការិនី​ហ៊ូលដា ជា​ភរិយា​របស់​លោក​សាលូម ជា​កូន​របស់​លោក​ទីកវ៉ា ជា​ចៅ​របស់​លោក​ហារ៉ាស់ និង​ជា​អ្នក​ថែរក្សា​សម្លៀកបំពាក់​បូជាចារ្យ។ នាង​រស់​នៅ​ក្នុង​សង្កាត់​ថ្មី​នៃ​ក្រុង​យេរូសាឡឹម។ កាល​រាជ​បំរើ​ទាំង​នោះ​រៀប​រាប់​ប្រាប់​នាង​ចប់​សព្វ​គ្រប់​ហើយ ១៥ នាង​មាន​ប្រសាសន៍​ថា៖ «ព្រះអម្ចាស់​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ចូរ​ប្រាប់​មនុស្ស​ដែល​ចាត់​អ្នក​រាល់​គ្នា​អោយ​មក​រក​យើង​ថា ១៦ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​នឹង​ធ្វើ​អោយ​ទុក្ខ​វេទនា​កើត​មាន​ដល់​ក្រុង​នេះ​ព្រម​ទាំង​ប្រជាជន ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ដែល​ស្ដេច​ស្រុក​យូដា​បាន​អាន។ ១៧ ដោយ​ពួក​គេ​បាន​បោះបង់​ ចោល​យើង ហើយ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ​ដទៃ និង​បញ្ឆេះ​កំហឹង​របស់​យើង ព្រោះ​តែ​អំពើ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ប្រព្រឹត្ត នោះ​យើង​នឹង​ដាក់​ទោស​ក្រុង​នេះ គឺ​យើង​មិន​អាច​អត់អោន​បាន​ឡើយ!” ១៨ ប៉ុន្តែ ចូរ​ទៅ​ប្រាប់​ស្ដេច​ស្រុក​យូដា ដែល​ចាត់​អស់​លោក​អោយ​មក​ទូល​សួរ​ព្រះអម្ចាស់​ថា ព្រះអម្ចាស់​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ ព្រះបន្ទូល​ដូច​ត​ទៅ: អ្នក​បាន​ស្ដាប់​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ហើយ។ ១៩ ​ពេល​អ្នក​ឮ​សេចក្ដី​ដែល ​យើង​ថ្លែង​ទាស់​នឹង​ក្រុង​យេរូសាឡឹម ព្រម​ទាំង​ទាស់​នឹង​ប្រជាជន​នៅ​ក្រុង​នេះ​ថា “ពួក​គេ​នឹង​ត្រូវ​វិនាស​អន្តរាយ ហើយ​សាសន៍​ដទៃ​នឹង​យក​ឈ្មោះ​ពួក​គេ​ទៅ​ដាក់​បណ្ដាសា​គ្នា” នោះ​អ្នក​ក៏​បាន​បើក​ចិត្ត​ទទួល ហើយ​ដាក់​ខ្លួន​នៅ​ចំពោះ​មុខ​យើង ទាំង​ហែក​សម្លៀកបំពាក់ យំ​សោក ដូច្នេះ យើង​ក៏​ស្ដាប់​អ្នក​ដែរ -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។ ២០ ហេតុ​នេះ​ហើយ​បាន​ជា​ យើង​នឹង​អោយ​អ្នក ទៅ​ជួបជុំ​ដូនតា​របស់​អ្នក អ្នក​នឹង​ចែក​ស្ថាន​ទៅ​ដោយ​សុខសាន្ត គេ​នឹង​បញ្ចុះ​សព​អ្នក។ អ្នក​ពុំ​ឃើញ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន ដែល​យើង​នឹង​ធ្វើ​អោយ​កើត​មាន​ដល់​ក្រុង​នេះ​ឡើយ»។ រាជ​បំរើ​ក៏​នាំ​យក​ចម្លើយ​នេះ​ទៅ​ទូល​ស្ដេច​វិញ។

ការ​កែ​ទំរង់​នៅ​រជ្ជកាល​ព្រះបាទ​យ៉ូស្យាស

(២របា.៣៤:២៩-៣៣, ៣-៧)

១ ព្រះរាជា​ចាត់​គេ​អោយ​ទៅ​អញ្ជើញ​អស់​លោក​ព្រឹទ្ធាចារ្យ នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូសាឡឹម​មក​គាល់។ ២ បន្ទាប់​មក ស្ដេច​យាង​ទៅ​កាន់​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ជា​មួយ​ប្រជាជន​ទាំង​អស់​នៅ​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម​ទាំង​មូល គឺ​មាន​អស់​លោក​បូជាចារ្យ​ព្យាការី និង​ប្រជាជន​ទាំង​អស់ គ្រប់​ជាន់​ថ្នាក់។ ព្រះរាជា​អាន​ព្រះបន្ទូល​ទាំង​ប៉ុន្មាន​ក្នុង​គម្ពីរ​សម្ពន្ធមេត្រី ដែល​គេ​រក​ឃើញ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ អោយ​ប្រជាជន​ស្ដាប់។ ៣ ព្រះរាជា​ឈរ​នៅ​លើ​វេទិកា នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ហើយ​ចង​សម្ពន្ធមេត្រី​ជា​មួយ ព្រះអម្ចាស់ ដោយ​សន្យា​ថា សុខ​ចិត្ត​ដើរ​តាម​ព្រះអម្ចាស់ និង​កាន់​តាម​បទ​បញ្ជា ដំបូន្មាន និង​ក្រឹត្យវិន័យ​របស់​ព្រះអង្គ ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​ស្មារតី ដើម្បី​គោរព​តាម​សេចក្ដី​ក្នុង​សម្ពន្ធមេត្រី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ។ ប្រជាជន​ទាំង​មូល​ក៏​ចូល​រួម​ក្នុង​សម្ពន្ធ​មេត្រី​នេះ​ដែរ។

 

៤ ស្ដេច​ចេញ ​បញ្ជា​ដល់​លោក​មហា​បូជាចារ្យ​ហ៊ីលគីយ៉ា និង​ពួក​បូជាចារ្យ​ថ្នាក់​បន្ទាប់ ព្រម​ទាំង​ក្រុម​យាម​ទ្វារ​អោយ​យក​វត្ថុ​ទាំង​ប៉ុន្មាន ដែល​គេ​ថ្វាយ​ព្រះ​បាល ព្រះ​អាសេរ៉ា និង​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ ចេញ​ពី​ព្រះវិហារ​របស់​ព្រះអម្ចាស់។ គេ​យក​វត្ថុ​ទាំង​នោះ​ទៅ​ដុត​ចោល​នៅ​ក្រៅ​ក្រុង​យេរូសាឡឹម ក្នុង​ជ្រោះ​កេដ្រូន រួច​យក​ផេះ​ទៅ​ចោល​នៅ​បេតអែល។ ៥ ស្ដេច​លុប​បំបាត់​ពួក​ បូជាចារ្យ​ដែល​ស្ដេច​ស្រុក​យូដា​បាន​លើក​បន្តុប សំរាប់​ដុត​គ្រឿង​ក្រអូប នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​នៃ​ក្រុង​ទាំង​ឡាយ​​ក្នុង​ស្រុក​យូដា និង​នៅ​ជុំវិញ​ក្រុង​យេរូសាឡឹម។ ស្ដេច​លុប​បំបាត់​អស់​អ្នក​ដែល​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ​បាល ព្រះអាទិត្យ ព្រះច័ន្ទ តារានិករ និង​ហ្វូងតារា​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ។ ៦ ស្ដេច​យក​បង្គោល​របស់​ព្រះ​អាសេរ៉ា ចេញ​ពី​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ទៅ​ចោល​ក្រៅ​ក្រុង​យេរូសាឡឹម រួច​ដុត​នៅ​ជ្រោះ​កេដ្រូន។ គេ​ដុត​កំទេច​បង្គោល​នោះ​អោយ​ទៅ​ជា​ផេះ ហើយ​យក​ផេះ​ទៅ​បាច​លើ​ផ្នូរ​របស់​ប្រជាជន។ ៧ ព្រះបាទ​យ៉ូស្យាស​កំទេច​កន្លែង​សំរាប់​ប្រព្រឹត្ត​អំពើ​ពេស្យាចារ ដែល​ស្ថិត​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ និង​ជា​កន្លែង​ដែល​ពួក​ស្ត្រី​ត្បាញ​ក្រណាត់ ធ្វើ​សម្លៀកបំពាក់​ថ្វាយ​ព្រះអាសេរ៉ា​ដែរ។ ៨ ស្ដេច​កោះ​ហៅ​បូជាចារ្យ​ ទាំង​អស់ ពី​ក្រុង​ទាំងឡាយ ក្នុង​ស្រុក​យូដា។ ស្ដេច​បាន​បំផ្លាញ​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ចាប់​ពី​ក្រុង​កេបា​រហូត​ដល់​បៀរសេបា ជា​កន្លែង​ដែល​បូជាចារ្យ​ទាំង​នោះ​ធ្លាប់​ដុត​គ្រឿង​ក្រអូប។ ស្ដេច​ក៏​រំលំ​កន្លែង​សក្ការៈ​នៅ​តាម​ទ្វារ​ក្រុង​យេរូសាឡឹម ដូច​ជា​កន្លែង​សក្ការៈ​ដែល​ស្ថិត​នៅ​ខាង​ឆ្វេង​ទ្វារ​លោក​យ៉ូស៊ូអា ជា​អភិបាល​ក្រុង។ ៩ ពួក​បូជាចារ្យ​នៃ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ គ្មាន​សិទ្ធិ​ឡើង​ទៅ​ថ្វាយ​យញ្ញបូជា​នៅ​លើ​អាសនៈ​របស់​ព្រះ​អម្ចា​ស់​​នៅ​ក្រុង​យេរូសាឡឹម​ទេ តែ​ពួក​គេ​អាច​បរិភោគ​នំបុ័ង​ឥត​មេ ជា​មួយ​បូជាចារ្យ​ដទៃ​ទៀត​បាន។

 

១០ ព្រះបាទ ​យ៉ូស្យាស​បាន​បំផ្លាញ​កន្លែង​ធ្វើ​បូជា​យញ្ញ​នៅ​តូផែត ក្នុង​ជ្រលង​ភ្នំ​បេនហ៊ីណូម ដើម្បី​កុំ​អោយ​នរណា​ម្នាក់​យក​កូន​ប្រុស កូន​ស្រី​របស់​ខ្លួន ទៅ​ធ្វើ​បូជា​យញ្ញ​ថ្វាយ​ព្រះ​ម៉ូឡុក​ទៀត​ឡើយ។ ១១ ព្រះបាទ​យ៉ូស្យាស​យក​រូប​សេះ​ទាំង​ប៉ុន្មាន ដែល​ស្ដេច​ស្រុក​យូដា​ធ្វើ​ថ្វាយ​ព្រះអាទិត្យ ចេញ​ពី​មាត់​ទ្វារ​ព្រះដំណាក់​របស់​ព្រះអម្ចាស់។ រូប​ទាំង​នោះ​ស្ថិត​ក្បែរ​បន្ទប់​របស់​លោក​មហាតលិក​នេតានមេឡេក គឺ​នៅ​ក្នុង​បន្ទប់​អម។ ស្ដេច​ក៏​បាន​ដុត​រទេះ​របស់​ព្រះអាទិត្យ​ចោល​ដែរ។ ១២ ស្ដេច​រំលំ​អាសនៈ​ទាំង​ ប៉ុន្មាន​ដែល​ព្រះបាទ​អខាស់ និង​ស្ដេច​នានា​នៃ​ស្រុក​យូដា​បាន​សង់ នៅ​តាម​ថែវ​នៃ​បន្ទប់​ខាង​លើ។ ស្ដេច​ក៏​រំលំ​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​ព្រះបាទ​ម៉ាណាសេ​បាន​សង់ ក្នុង​ទីលាន​ទាំង​ពីរ​នៃ​ព្រះដំណាក់​របស់​ព្រះអម្ចាស់។ បន្ទាប់​ពី​បំផ្លាញ​អាសនៈ​ទាំង​នោះ​ហើយ ស្ដេច​យក​កំទេច​ទៅ​បោះ​ចោល​នៅ​ជ្រលង​ភ្នំ​កេដ្រូន។ ១៣ ស្ដេច​បំផ្លាញ​កន្លែង​ សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទាំង​ប៉ុន្មាន ដែល​នៅ​ទល់​មុខ​នឹង​ក្រុង​យេរូសាឡឹម ប៉ែក​ខាង​ត្បូង​ភ្នំ​ដើម​អូលីវ។ ព្រះបាទ​សាឡូម៉ូន ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល បាន​សង់​កន្លែង​សក្ការៈ​ទាំង​នោះ ថ្វាយ​ព្រះអស្ដារ៉ូត ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន​ជាតិ​ស៊ីដូន ព្រះកេម៉ូស​ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន​ជាតិ​ម៉ូអាប់ ព្រះ​មីលកូម​ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន​ជាតិ​អាំម៉ូន។ ១៤ ​ស្ដេច​វាយ​បំបាក់​ស្ដូប និង​កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេរ៉ា ហើយ​យក​ធាតុ​មនុស្ស​មក​រាយ​ពាសពេញ​ទី​នោះ​វិញ។

 

១៥ ព្រះបាទ ​យ៉ូស្យាស​រំលំ​អាសនៈ​នៅ​បេតអែល ជា​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដែល​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត​បាន​សង់ ដើម្បី​នាំ​ប្រជាជន​អ៊ីស្រាអែល អោយ​ប្រព្រឹត្ត​អំពើ​បាប។ ស្ដេច​បាន​រំលំ​អាសនៈ និង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​នេះ គឺ​ស្ដេច​ដុត​អោយ​ទៅ​ជា​ផេះ ហើយ​ក៏​ដុត​បង្គោល​របស់​ព្រះ​អាសេរ៉ា​ដែរ។ ១៦ ព្រះបាទ​យ៉ូស្យាស​ងាក​ទៅ​ ឃើញ​កន្លែង​បញ្ចុះ​សព​នៅ​លើ​ភ្នំ ក៏​បញ្ជា​អោយ​គេ​យក​ឆ្អឹង​ខ្មោច​ក្នុង​ផ្នូរ​ទាំង​នោះ ទៅ​ដុត​នៅ​លើ​អាសនៈ។ ស្ដេច​ធ្វើ​អោយ​អាសនៈ​នោះ​ទៅ​ជា​សៅហ្មង ស្រប​តាម​ព្រះបន្ទូល​ដែល​អ្នក​ជំនិត​របស់​ព្រះអម្ចាស់​ថ្លែង​ទុក។ ១៧ ស្ដេច​មាន​រាជឱង្ការ​ថា៖ «មើល! ផ្នូរ​នោះ​ជា​អ្វី?»។ ពួក​អ្នក​ក្រុង​ទូល​ថា៖ «គឺ​ផ្នូរ​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ដែល​មក​ពី​ស្រុក​យូដា ដើម្បី​ថ្លែង​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះករុណា ​ទើប​នឹង​ប្រព្រឹត្ត​ចំពោះ​អាសនៈ​នៅ​បេតអែល​នេះ​​»។ ១៨ ស្ដេច​មាន​រាជឱង្ការ​ថា៖ «ចូរ​ទុក​ផ្នូរ​នេះ កុំ​ប៉ះពាល់​ធាតុ​របស់​លោក​ឡើយ»។ ដូច្នេះ គេ​មិន​គាស់​យក​ធាតុ​របស់​លោក ព្រម​ទាំង​ធាតុ​របស់​ព្យាការី​ដែល​មក​ពី​ស្រុក​សាម៉ារី​ទេ។

 

១៩ កាល​ពី​ដើម ស្ដេច​នានា​នៃ​ស្រុក​អ៊ីស្រាអែល​បាន​សង់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ក្នុង​ក្រុង​ទាំងឡាយ​នៅ​ស្រុក​សាម៉ារី បណ្ដាល​អោយ​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ។ ព្រះបាទ​យ៉ូស្យាស​លុប​បំបាត់​កន្លែង​សក្ការៈ​ទាំង​នោះ​ដូច​ទ្រង់​បាន​ធ្វើ​នៅ​បេតអែល​ដែរ។ ២០ ស្ដេច​បាន​ប្រហារ​ បូជាចារ្យ​ទាំង​អស់​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​ដុត​ឆ្អឹង​ខ្មោច​នៅ​លើ​នោះ​ផង​ដែរ។ បន្ទាប់​មក ទ្រង់​យាង​ត្រឡប់​ទៅ​ក្រុង​យេរូសាឡឹម​វិញ។

 

ជន​ជាតិ​យូដា​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង*

(២របា.៣៥:១, ១៨-១៩)

២១ ព្រះរាជា​បង្គាប់​ដល់​ប្រជាជន​ទាំង​មូល​ថា៖ «ចូរ​នាំ​គ្នា​ប្រារព្ធ​បុណ្យ​ចម្លង​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​សម្ពន្ធមេត្រី»​។ ២២ តាំង​ពី​ជំនាន់​ពួក​ វីរបុរស និង​ក្នុង​ជំនាន់​ស្ដេច​នានា​នៃ​ស្រុក​អ៊ីស្រាអែល និង​ស្រុក​យូដា គេ​មិន​ដែល​ប្រារព្ធ​បុណ្យ​ចម្លង​របៀប​នេះ​ទេ។ ២៣ នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជកាល​ព្រះបាទ​យ៉ូស្យាស គេ​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​បែប​នេះ​ថ្វាយ​ព្រះអម្ចាស់​នៅ​ក្រុង​យេរូសាឡឹម។

 

ដំណាក់​ចុង​ក្រោយ​នៃ​រាជ្យ​ព្រះបាទ​យ៉ូស្យាស

(២របា.៣៥:២០-២៧, ៣៦:១)

២៤ ព្រះបាទ​យ៉ូស្យាស​លុប​ បំបាត់​គ្រូ​បញ្ជាន់​រូប គ្រូ​ទាយ​ជោគរាសី រូប​តេរ៉ាភីម*​សំរាប់​បូល រូប​ព្រះ​ក្លែងក្លាយ និង​វត្ថុ​ទាំង​ប៉ុន្មាន​គួរ​ស្អប់​ខ្ពើម​ដែល​មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូសាឡឹម ដើម្បី​អោយ​បាន​ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ចែង​ទុក​ក្នុង​គម្ពីរ ដែល​លោក​បូជាចារ្យ​ហ៊ីលគីយ៉ា បាន​រក​ឃើញ នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់។

២៥ កាល​ ពី​មុន​ពុំ​ដែល​មាន​ស្ដេច​អង្គ​ណា​មួយ​វិល​មក​រក​ព្រះអម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​វិន័យ​របស់​ លោក​ម៉ូសេ ដូច​ព្រះបាទ​យ៉ូស្យាស​ឡើយ ហើយ​ក្រោយ​មក​ក៏​គ្មាន​ដែរ។

 

 

២៦ ប៉ុន្តែ ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ ប្រឆាំង​នឹង​អ្នក​ស្រុក​យូដា​យ៉ាង​ខ្លាំង​ដូច​មុន​ដដែល ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​ព្រះបាទ​ម៉ាណាសេ​ បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះហឫទ័យ​របស់​ព្រះអង្គ។ ២៧ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​បណ្ដេញ​ជន​ជាតិ​យូដា​ចេញ​អោយ​ឆ្ងាយ​ពី​មុខ​យើង ដូច​យើង​បាន​បណ្ដេញ​ជន​ជាតិ​អ៊ីស្រាអែល​ដែរ។ យើង​នឹង​បោះ​បង់​ចោល​យេរូសាឡឹម ជា​ក្រុង​ដែល​យើង​បាន​ជ្រើស​រើស ព្រម​ទាំង​បោះ​បង់​ចោល​ដំណាក់ ជា​កន្លែង​ដែល​យើង​សំដែង​នាម​របស់​យើង»។

 

២៨ រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះបាទ​យ៉ូស្យាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​​​​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​ យូដា។ ២៩ ក្នុង​រជ្ជកាល​ព្រះបាទ​ យ៉ូស្យាស ព្រះចៅ​ផារ៉ោន​នេកូ ជា​ស្ដេច​ស្រុក​អេស៊ីប​បាន​លើក​ទ័ព​ទៅ​កាន់​ទន្លេ​អឺប្រាត ដើម្បី​ជួយ​ស្ដេច​ស្រុក​អាស្ស៊ីរី។ ព្រះបាទ​យ៉ូស្យាស​បាន​លើក​ទ័ព​មក​វាយ​ស្ទាក់​ផ្លូវ តែ​កាល​ព្រះចៅ​ផារ៉ោន​ទត​ឃើញ ក៏​ធ្វើ​គុត​ព្រះបាទ​យ៉ូស្យាស​នៅ​មេគីដូ។ ៣០ ពួក​នាយ ​ទាហាន​លើក​សព​របស់​ស្ដេច​ដាក់​លើ​រទេះ នាំ​ពី​មេគីដូ​មក​ក្រុង​យេរូសាឡឹម​វិញ ហើយ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​របស់​ស្ដេច។ ប្រជាជន​នៅ​ស្រុក​យូដា នាំ​គ្នា​ជ្រើស​រើស​ព្រះបាទ​យ៉ូអាខាស់ ជា​បុត្រ​របស់​ព្រះបាទ​យ៉ូស្យាស មក​ចាក់​ប្រេង​អភិសេក​អោយ​ស្នង​រាជ្យ​បិតា។

 

ព្រះបាទ​យ៉ូអាខាស់​សោយ​រាជ្យ​នៅ​ស្រុក​យូដា

(២របា.៣៦:២-៤)

៣១ កាល​ព្រះបាទ​យ៉ូអាខាស់​ឡើង​ សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ម្ភៃ​បី​ព្រះវស្សា ហើយ​សោយរាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា​ហាមូតាល ជា​កូន​របស់​លោក​យេរេមី ជា​អ្នក​ស្រុក​លិបណា។ ៣២ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ដូច​ពួក​អយ្យកោ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។ ៣៣ ព្រះចៅ​ផារ៉ោន​នេកូ ចាប់​ព្រះបាទ​យ៉ូអាខាស់​ដាក់​ច្រវាក់​នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហាម៉ាត់ ដើម្បី​កុំ​អោយ​ស្ដេច​សោយ​រាជ្យ​នៅ​ក្រុង​យេរូសាឡឹម​ត​ទៅ​ទៀត។ ព្រះចៅ​ផារ៉ោន​នេកូតំរូវ​អោយ​ស្រុក​យូដា​បង់​សួយសារអាករ​ជា​ប្រាក់​ ហាសិបហាប និង​មាស​កន្លះ​ហាប។ ៣៤ ព្រះចៅ​ផារ៉ោន​នេកូ តែងតាំង​ព្រះបាទ​អេលីយ៉ាគីម ជា​បុត្រ​របស់​ព្រះបាទ​យ៉ូស្យាស​អោយ​ស្នង​រាជ្យ​បិតា ហើយ​ដូរ​នាម​ថា យ៉ូយ៉ាគីម​វិញ។ រីឯ​ព្រះបាទ​យ៉ូអាខាស់ ព្រះចៅ​ផារ៉ោន​នាំ​យក​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​អេស៊ីប ហើយ​ទ្រង់​ក៏​សោយ​ទិវង្គត​នៅ​ទី​នោះ។ ៣៥ ​ព្រះបាទ​យ៉ូយ៉ាគីម​បាន ​ហូត​ពន្ធ​ពី​ប្រជាជន​នៅ​ក្នុង​ស្រុក គឺ​ស្ដេច​បង្ខំ​ពួក​គេ​អោយ​បង់​ជា​មាស ជា​ប្រាក់​ដូច​ព្រះចៅ​ផារ៉ោន​បាន​កំណត់​ទុក។ លុះ​បាន​គ្រប់​ចំនួន​ហើយ ស្ដេច​ក៏​យក​ទៅ​ថ្វាយ​ព្រះចៅ​ផារ៉ោន​នេកូ។

 

ព្រះបាទ​យ៉ូយ៉ាគីម​សោយ​រាជ្យ​នៅ​ស្រុក​យូដា

(២របា.៣៦:៥-៨)

៣៦ កាល​ព្រះបាទ​យ៉ូយ៉ាគីម ឡើង​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ម្ភៃប្រាំ​ព្រះវស្សា ហើយ​ទ្រង់​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា សេប៊ូដា ជា​កូន​របស់​លោក​ពេដាយ៉ា ជា​អ្នក​ស្រុក​រូម៉ា។ ៣៧ ព្រះបាទ​យ៉ូយ៉ាគីម​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់​ដូច​ពួក​អយ្យកោ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។

១ ក្នុង​រជ្ជកាល​ព្រះបាទ​ យ៉ូយ៉ាគីម​ព្រះចៅ​នេប៊ូកានេសារជា​ស្ដេច​ស្រុក​បាប៊ីឡូន បាន​លើក​ទ័ព​ចេញ​មក​ច្បាំង។ ព្រះបាទ​យ៉ូយ៉ាគីម​សុំ​ចុះ​ចូល ហើយ​ធ្វើ​ជា​រណប​ស្ដេច​ស្រុក​បាប៊ីឡូន​អស់​រយៈ​ពេល​បី​ឆ្នាំ។ បន្ទាប់​មក ព្រះបាទ​យ៉ូយ៉ាគីម ក៏​បះបោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​បាប៊ីឡូន។ ២ ​​​គ្រា​នោះ​ព្រះអម្ចាស់​ ចាត់​ពួក​ចោរ​ព្រៃ ជា​ជន​ជាតិ​ខាល់ដេ ជន​ជាតិ​ស៊ីរី ជន​ជាតិ​ម៉ូអាប់ និង​ជន​ជាតិ​អាំម៉ូន អោយ​ប្រឆាំង​នឹង​ព្រះបាទ​យ៉ូយ៉ាគីម។ ព្រះអង្គ​ចាត់​ពួក​គេ​អោយ​មក​បំផ្លាញ​ស្រុក​យូដា ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ថ្លែង​តាម​រយៈ​ពួក​ព្យាការី ជា​អ្នក​បំរើ​របស់​ព្រះអង្គ។ ៣ ព្រះអម្ចាស់​ ធ្វើ​អោយ​ទុក្ខ​វេទនា​ទាំង​នេះ​កើត​មាន​ដល់​ស្រុក​យូដា ដើម្បី​បណ្ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​ព្រះបាទ​ម៉ាណាសេ​បាន​ប្រព្រឹត្ត

 

៤ ហើយ​ទ្រង់​ក៏​បាន​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​ ពាសពេញ​ក្រុង​យេរូសាឡឹម​ដែរ។ ដូច្នេះ ព្រះអម្ចាស់​មិន​សព្វ​ព្រះហឫទ័យ​អត់ទោស​អោយ​ឡើយ។

៥ រាជ​កិច្ច ​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​យ៉ូយ៉ាគីម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​ យូដា។ ៦ កាល​ព្រះបាទ​យ៉ូយ៉ាគីម​សោយ​ទិវង្គត ព្រះបាទ​យ៉ូយ៉ាគីន​ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។ ៧ ​ស្ដេច​ស្រុក​អេស៊ីប​មិន​ ហ៊ាន​ចាកចេញ​ពី​ស្រុក​របស់​ខ្លួន​ទេ ដ្បិត​ស្ដេច​ស្រុក​បាប៊ីឡូន ដណ្ដើម​យក​បាន​ទឹក​ដី​ស្រុក​អេស៊ីប ចាប់​តាំង​ពី​ជ្រោះ​អេស៊ីប រហូត​ដល់​ទន្លេ​អឺប្រាត។

 

ព្រះបាទ​យ៉ូយ៉ាគីន​សោយ​រាជ្យ​លើ​ស្រុក​យូដា

(២របា.៣៦:៩-១០)

៨ កាល​ព្រះបាទ​យ៉ូយ៉ាគីន​ ឡើង​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ដប់ប្រាំបី​ព្រះ​វស្សា ហើយ​សោយ​រាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា នេហ៊ូសតា ជា​កូន​របស់​លោក​អែលណាតាន អ្នក​ក្រុង​យេរូសាឡឹម។ ៩ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់​ដូច​បិតា ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។

 

១០ នៅ​គ្រា​នោះ កងទ័ព​របស់​ព្រះចៅ​នេប៊ូកានេសារជា​ស្ដេច​ស្រុក​បាប៊ីឡូន ឡើង​មក​ច្បាំង​នឹង​ក្រុង​យេរូសាឡឹម ហើយ​ឡោមព័ទ្ធ​ក្រុង​នោះ។ ១១ ក្នុង​ពេល​ដែល​កងទ័ព​ឡោមព័ទ្ធ​ក្រុង​យេរូសាឡឹម​នោះ ព្រះចៅ​នេប៊ូកានេសារ​បាន​យាង​មក​បញ្ជា​កងទ័ព​ដោយ​ផ្ទាល់។ ១២ ពេល​នោះ ព្រះបាទ​យ៉ូយ៉ាគីន ព្រម​ទាំង​មាតា ពួក​មន្ត្រី ពួក​នាយ​ទាហាន និង​ពួក​មហាតលិក ចេញ​មក​សុំ​ចុះ​ចាញ់​ស្ដេច​ស្រុក​បាប៊ីឡូន។ ស្ដេច​ស្រុក​បាប៊ីឡូន​ចាប់​អ្នក​ទាំង​នោះ​ធ្វើ​ជា​ឈ្លើយ នៅ​ឆ្នាំ​ទី​ប្រាំ​បី​នៃ​រជ្ជកាល​របស់​ស្ដេច​ផ្ទាល់។ ១៣ ស្ដេច​ស្រុក​បាប៊ីឡូន​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ និង​រាជ្យ​ទ្រព្យ​នៅ​ក្នុង​វាំង ទ្រង់​វាយ​កំទេច​គ្រឿង​បរិក្ខារ​ធ្វើ​អំពី​មាស ដែល​ព្រះបាទ​សាឡូម៉ូន ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​ធ្វើ សំរាប់​ប្រើប្រាស់​ក្នុង​ព្រះវិហារ​របស់​ព្រះអម្ចាស់។ ហេតុការណ៍​នេះ​កើត​មាន ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​បាន​ថ្លែង​ទុក។ ១៤ ព្រះចៅ​នេប៊ូកានេសារ​កៀរ ​អ្នក​ក្រុង​យេរូសាឡឹម គឺ​មន្ត្រី​ទាំង​អស់ អ្នក​មុខ​អ្នក​ការ​ទាំង​អស់ ព្រម​ទាំង​ពួក​សិប្បករ និង​ជាង​ដែក​ទាំង​អស់ ដែល​មាន​ចំនួន​មួយ​ម៉ឺន​នាក់​យក​ទៅ​ជា​ឈ្លើយ គឺ​ទុក​អោយ​នៅ​សល់​តែ​ប្រជាជន​តូចតាច​ប៉ុណ្ណោះ។ ១៥ ព្រះចៅ​នេប៊ូកានេសារ​ក៏​ បាន​កៀរ​ព្រះបាទ​យ៉ូយ៉ាគីន ព្រម​ទាំង​មាតា មហេសី ស្រី​ស្នំ ពួក​មេ​ដឹក​នាំ និង​ពួក​មេទ័ព​ពី​ក្រុង​យេរូសាឡឹម​ទៅ​ស្រុក​បាប៊ីឡូន។ ១៦ ស្ដេច​បាន​កៀរ​ពួក​ អភិជន​ចំនួន​ប្រាំពីរ​ពាន់​នាក់ ព្រម​ទាំង​ពួក​សិប្បករ និង​ជាង​ដែក​ចំនួន​មួយ​ពាន់​នាក់ ជា​មនុស្ស​ពេញ​កម្លាំង​ដែល​អាច​ច្បាំង​បាន នាំ​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​បាប៊ីឡូន​ផង​ដែរ។

 

១៧ ស្ដេច​ស្រុក​បាប៊ីឡូន​តែងតាំង​សម្ដេច​ម៉ាតានីយ៉ា ជា​ព្រះបិតុលា​របស់​ព្រះបាទ​យ៉ូយ៉ាគីន អោយ​ឡើង​គ្រង​រាជ្យ​ជំនួស ហើយ​ដូរ​នាម​ថា ព្រះបាទ​សេដេខ្យាស។

 

ព្រះបាទ​សេដេខ្យាស​សោយ​រាជ្យ​លើ​ស្រុក​យូដា

(យេរេមា ៥២:១-៣, ២របា.៣៦:១១-១២)

១៨ ពេល​ព្រះបាទ​សេដេខ្យាស​ឡើង ​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ម្ភៃ​មួយ​ព្រះវស្សា។ ស្ដេច​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម មាតា​របស់​ស្ដេច​មាន​នាម​ថា​ហាមូតាល់ ជា​កូន​របស់​លោក​យេរេមី ជា​អ្នក​ស្រុក​លីបណា។ ១៩ ព្រះបាទ​សេដេខ្យាស​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់​ដូច​ព្រះបាទ​យ៉ូយ៉ាគីម​ដែរ។

២០ ហេតុការណ៍​ទាំង​នេះ​កើត​មាន មក​ពី​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​ចំពោះ​ក្រុង​យេរូសាឡឹម និង​ស្រុក​យូដា។ ព្រះអង្គ​បោះបង់​ចោល​ពួក​គេ ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ។

ព្រះចៅ​នេប៊ូកានេសារ​ឡោមព័ទ្ធ​ក្រុង​យេរូសាឡឹម

(យេរេមា ៣៩:១-៧, ៥២:៣-១១)

នៅ​គ្រា​នោះ ព្រះបាទ​សេដេខ្យាស​បាន​បះបោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​បាប៊ីឡូន។

១ ក្នុង​ឆ្នាំ​ទី​ប្រាំ​បួន ​នៃ​រជ្ជកាល​ព្រះបាទ​សេដេខ្យាស នៅ​ថ្ងៃ​ទី​ដប់​នៃ​ខែ​ទី​ដប់​ ព្រះចៅ​នេប៊ូកានេសារ​ជា​ស្ដេច​ស្រុក​បាប៊ីឡូន បាន​លើក​ទ័ព​ទាំង​មូល​មក​វាយ​ក្រុង​យេរូសាឡឹម។ ពួក​គេ​បោះទ័ព និង​លើក​ទួល​ព័ទ្ធ​ជុំវិញ​ក្រុង​យេរូសាឡឹម។ ២ ពួក​គេ​ឡោមព័ទ្ធ​ក្រុង​នេះ​រហូត​ដល់​ឆ្នាំ​ទី​ដប់​មួយ​ នៃ​រជ្ជកាល​ព្រះបាទ​សេដេខ្យាស។

៣ នៅ​ថ្ងៃ​ ទី​ប្រាំ​បួន នៃ​ខែ​បួន ពេល​ដែល​ទុរ្ភិក្ស​កើត​មាន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុង ហើយ​ប្រជាជន​នៅ​ក្នុង​ស្រុក​លែង​មាន​អាហារ​បរិភោគ​ទៀត​នោះ ៤ ពួក​ខ្មាំង​បាន​ទម្លុះ​ កំពែង​ក្រុង​មួយ​កន្លែង។ ទោះ​បី​កងទ័ព​ខាល់ដេ​ឡោមព័ទ្ធ​ទីក្រុង​ក្ដី ពួក​ទាហាន​រត់​ចេញ​ពី​ទីក្រុង​នៅ​ពេល​យប់ តាម​ទ្វារ​ដែល​ស្ថិត​នៅ​ចន្លោះ​កំពែង​ទាំង​ពីរ​ក្បែរ​ឧទ្យាន​ហ្លួង ហើយ​រត់​តាម​ផ្លូវ​ឆ្ពោះ​ទៅ​វាល​អារ៉ាបា។ ៥ កង​ទ័ព​ខាល់ដេ​នាំ​គ្នា​ ដេញ​តាម​ទាន់​ព្រះបាទ​សេដេខ្យាស នៅ​វាល​ទំនាប​ជិត​ក្រុង​យេរីខូ។ ពេល​នោះ កងទ័ព​ទាំង​មូល​របស់​ស្ដេច រត់​បែកខ្ញែក​គ្នា​អស់។ ៦ ពួក​គេ​ក៏​ចាប់​ស្ដេច​បញ្ជូន​ទៅ​ព្រះចៅ​នេប៊ូកានេសារ​នៅ​ក្រុង​រីបឡា ហើយ​គេ​ប្រកាស​កាត់​ទោស​ព្រះបាទ​សេដេខ្យាស។ ៧ គេ​បាន​អារ​ក​បុត្រ​ទាំង​ អស់​របស់​ព្រះបាទ​សេដេខ្យាស នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះបាទ​សេដេខ្យាស។ បន្ទាប់​មក ព្រះចៅ​នេប៊ូកានេសារអោយ​គេ​ចាក់​ភ្នែក​របស់​ព្រះបាទ​​សេដេខ្យាស រួច​ដាក់​ច្រវាក់​លង្ហិន​ពីរ​ជាន់​នាំ​យក​ទៅ​ស្រុក​បាប៊ីឡូន។

 

ព្រះចៅ​នេប៊ូកានេសារ​វាយ​យក​បាន​ក្រុង​យេរូសាឡឹម

(យេរេមា ៣៩:៨-១០, ៥២:១២-៣០, ២របា.៣៦:១៧-១២)

៨ នៅ​ថ្ងៃ​ទី​ប្រាំពីរ ខែ​ប្រាំ ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះចៅ​នេប៊ូកានេសារស្ដេច​ស្រុក​បាប៊ីឡូន លោក​នេប៊ូសារ៉ាដន ជា​រាជប្រតិភូ ដែល​បំរើ​ស្ដេច​ស្រុក​បាប៊ីឡូន បាន​មក​ដល់​ក្រុង​យេរូសាឡឹម។ ៩ លោក​ដុត​កំទេច​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ដំណាក់​របស់​ស្ដេច ព្រម​ទាំង​ផ្ទះ​នៅ​ក្រុង​យេរូសាឡឹម ជា​ពិសេស​ផ្ទះ​របស់​ពួក​អភិជន។ ១០ កងទ័ព​ខាល់ដេ​ទាំង​មូល ដែល​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​រាជប្រតិភូ ក៏​បាន​រំលំ​កំពែង​ជុំវិញ​ក្រុង​យេរូសាឡឹម​ចោល​ដែរ។

 

១១ លោក​ នេប៊ូសារ៉ាដន ជា​រាជប្រតិភូ កៀរ​ប្រជាជន​នៅ​សេសសល់​ក្នុង​ទីក្រុង អស់​អ្នក​ដែល​បាន​រត់​ទៅ​ចុះ​ចូល​នឹង​ស្ដេច​ស្រុក​បាប៊ីឡូន ព្រម​ទាំង​បណ្ដាជន​ដែល​នៅ​សេសសល់​យក​ទៅ​ជា​ឈ្លើយ​សឹក។ ១២ ប៉ុន្តែ លោក​រាជប្រតិភូ​ទុក​អោយ​ប្រជាជន​តូចតាច​ខ្លះ​រស់​នៅ​ក្នុង​ស្រុក ដើម្បី​ដាំ​ទំពាំងបាយជូរ និង​ភ្ជួរ​ស្រែ។

 

១៣ ជន​ជាតិ​ខាល់ដេ​កំទេច​សសរ​លង្ហិន នៅ​ទ្វារ​ចូល​ព្រះដំ​ណាក់​របស់​ព្រះអម្ចាស់ ដែក​កំណល់ និង​អាង​ធំ​ធ្វើ​ពី​លង្ហិន ដែល​ស្ថិត​នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ហើយ​យក​លង្ហិន​ទាំង​ប៉ុន្មាន​ទៅ​ក្រុង​បាប៊ីឡូន។ ១៤ ពួក​គេ​យក​ឆ្នាំង វែក កាំបិត ពែង និង​របស់​ឯ​ទៀតៗ​ធ្វើ​ពី​លង្ហិន សំរាប់​ប្រើប្រាស់​ក្នុង​ព្រះវិហារ​ទៅ​ជា​មួយ។ ១៥ លោក​រាជប្រតិភូ​ក៏​យក​ចង្ក្រាន ភាជន៍ និង​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ពី​មាស ពី​ប្រាក់​ទៅ​ជា​មួយ​ដែរ។ ១៦ រីឯ​សសរ​ទាំង​ពីរ អាង​ធំ និង​កំណល់ ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ សំរាប់​ប្រើប្រាស់​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ គឺ​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ពី​លង្ហិន​នោះ គ្មាន​នរណា​ដឹង​ថា​មាន​ទម្ងន់​ប៉ុន្មាន​ទេ។ ១៧ សសរ​ទី​មួយ​មាន​កំពស់​ ដប់​ប្រាំ​បី​ហត្ថ ហើយ​នៅ​ពី​លើ​សសរ មាន​ក្បាច់​ក្បាល​សសរ​មួយ​ធ្វើ​ពី​លង្ហិន ដែល​មាន​កំពស់​បី​ហត្ថ។ នៅ​ជុំវិញ​ក្បាច់​ក្បាល​សសរ​មាន​ក្បាច់​ក្រឡាអួន និង​ផ្លែ​ទទឹម​ជា​ច្រើន ដែល​ធ្វើ​ពី​លង្ហិន​ទាំង​អស់។ រីឯ​សសរ​ទី​ពីរ និង​ក្បាច់​ក្រឡាអួន​ក៏​ដូច​គ្នា​ដែរ។

 

១៨ លោក​ រាជប្រតិភូ​បាន​ចាប់​លោក​មហា​បូជាចារ្យ​សេរ៉ាយ៉ា និង​លោក​សេផានី​ជា​បូជាចារ្យ​រង ព្រម​ទាំង​អ្នក​យាម​ទ្វារ​ព្រះវិហា​រ​​​​បី​រូប​យក​ទៅ​ជា​មួយ។ ១៩ លោក​ក៏​ចាប់​មហាតលិក​ មួយ​រូប ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ពល​ទាហាន ព្រម​ទាំង​ពួក​នៅ​ក្នុង​វាំង​ប្រាំ​រូប​ស្មៀន​របស់​មេទ័ព​ដែល​មាន​ភារកិច្ច​ កេណ្ឌ​ទាហាន និង​ប្រជាជន​ហុកសិប​នាក់​ទៀត ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​នា​ពេល​នោះ។ ២០ លោក​នេប៊ូសារ៉ាដន ជា​រាជប្រតិភូ​ចាប់​អ្នក​ទាំង​នោះ​នាំ​ទៅ​ថ្វាយ​ស្ដេច​ស្រុក​បាប៊ីឡូន នៅ​ក្រុង​រីបឡា។ ២១ ស្ដេច​ស្រុក​បាប៊ីឡូន​ ប្រហារ​ជីវិត​អ្នក​ទាំង​នោះ​នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហាម៉ាត់។ ជន​ជាតិ​យូដា​ត្រូវ​គេ​កៀរ​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន​បែប​នេះ​ឯង។

 

២២ ព្រះចៅ​ នេប៊ូកានេសារស្ដេច​ស្រុក​បាប៊ីឡូន​ទុក​អោយ​ប្រជាជន​មួយ​ចំនួន​រស់​នៅ​ក្នុង​ស្រុក​យូដា ហើយ​តែងតាំង​លោក​កេដេលីយ៉ា ជា​កូន​របស់​លោក​អហ៊ីកាំ និង​ជា​ចៅ​របស់​លោក​សាផន អោយ​គ្រប់គ្រង​លើ​ពួក​គេ។ ២៣ កាល​ពួក​មេ​ទាហាន និង​ពល​ទាហាន​ទាំង​អស់​ដែល​មិន​បាន​ចុះ​ចូល​កងទ័ព​បាប៊ីឡូន ឮ​ដំណឹង​ថា ស្ដេច​ស្រុក​បាប៊ីឡូន​តែងតាំង​លោក​កេដេលីយ៉ា អោយ​គ្រប់គ្រង​លើ​ស្រុក ពួក​គេ​ក៏​នាំ​គ្នា​មក​ជួប​នឹង​លោក​កេដេលីយ៉ា​នៅ​មីសប៉ា។ អ្នក​ទាំង​នោះ គឺ​លោក​អ៊ីស្មាអែល ជា​កូន​របស់​លោក​នេតានីយ៉ា លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា លោក​សេរ៉ាយ៉ា ជា​កូន​របស់​លោកតាន់ហ៊ូម៉េត ជា​អ្នក​ស្រុក​នេតូផា និង​លោកយ៉ាសានីយ៉ា​ជា​កូន​របស់​ពួក​ម៉ាកាទី ព្រម​ទាំង​ពល​ទាហាន​របស់​ពួក​គេ។ ២៤ លោក​កេដាលីយ៉ា​បាន​ប្រកាស​ យ៉ាង​ឱឡារិក ចំពោះ​មេ​ទាហាន និង​ពល​ទាហាន​ទាំង​នោះ​ថា៖ «កុំ​ខ្លាច​មន្ត្រី​ខាល់ដេធ្វើ​អ្វី ចូរ​រស់​នៅ​ក្នុង​ស្រុក​ហើយ​បំរើ​ព្រះចៅ​ក្រុង​បាប៊ីឡូន​ទៅ នោះ​អស់​លោក​នឹង​បាន​សុខ​ជា​មិន​ខាន»។ ២៥ នៅ​ខែ​ទី​ប្រាំពីរ លោក​អ៊ីស្មាអែល​ជា​កូន​របស់​លោក​នេតានីយ៉ា ជា​ចៅ​របស់​លោក​អេលីសាម៉ា ដែល​ជាប់​ពូជ​ស្ដេច បាន​មក​ជា​មួយ​ទាហាន​ដប់​នាក់ ហើយ​សម្លាប់​លោក​កេដាលីយ៉ា ព្រម​ទាំង​ជន​ជាតិ​យូដា និង​ជន​ជាតិ​ខាល់ដេ ដែល​នៅ​ជា​មួយ​លោក​កេដាលីយ៉ា នៅ​មីសប៉ា។ ២៦ ពេល​នោះ ប្រជាជន​ទាំង​មូល ចាប់​ពី​អ្នក​តូច រហូត​ដល់​អ្នក​ធំ ព្រម​ទាំង​ពួក​មេ​ទាហាន នាំ​គ្នា​ក្រោក​ឡើង ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីប ព្រោះ​ខ្លាច​ជន​ជាតិ​ខាល់ដេ។

 

២៧ នៅ​ថ្ងៃ ​ទី​ម្ភៃ​ប្រាំពីរ ខែ​ដប់ពីរ ក្នុង​ឆ្នាំ​ទី​សាមសិប​ប្រាំពីរ ដែល​ព្រះបាទ​យ៉ូយ៉ាគីន ជា​ស្ដេច​ស្រុក​យូដា ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក ត្រូវ​នឹង​ឆ្នាំ​ទី​មួយ នៃ​រជ្ជកាល​ព្រះចៅ​អេវីល-ម៉ារ៉ាដុក ជា​ស្ដេច​ស្រុក​បាប៊ីឡូន ព្រះចៅ​អេវីល-ម៉ារ៉ាដុក ដោះ​លែង​ព្រះបាទ​យ៉ូយ៉ាគីន អោយ​មាន​សេរីភាព។ ២៨ ស្ដេច​មាន​រាជឱង្ការ​ទៅ ​កាន់​ព្រះបាទ​យ៉ូយ៉ាគីន​ដោយ​ស្និទ្ធស្នាល ព្រម​ទាំង​ប្រទាន​កន្លែង​កិត្តិយស​ជាង​ស្ដេច​ឯ​ទៀតៗ ដែល​ជាប់​ជា​ឈ្លើយ​នៅ​ក្រុង​បាប៊ីឡូន។ ២៩ ស្ដេច​អនុញ្ញាត​អោយ​ ព្រះបាទ​យ៉ូយ៉ាគីន លែង​ស្លៀក​សម្លៀកបំពាក់​ឈ្លើយ​សឹក ហើយ​ព្រះបាទ​យ៉ូយ៉ាគីន​សោយ​ព្រះ​ស្ងោយ​រួម​តុ ជា​មួយ​ស្ដេច​គ្រប់​ពេល​រហូត​ដល់​អស់​ព្រះជន្ម។ ៣០ ស្ដេច​ស្រុក​បាប៊ីឡូន​តែងតែ​ទំនុក​បម្រុង​ព្រះបាទ​យ៉ូយ៉ាគីន ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត។