ពាក្យលំនាំ
ក័ណ្ឌគម្ពីរពង្សាវតារក្សត្រទី ១ មានកត់ត្រាប្រវត្តិសាស្ត្ររបស់ជនជាតិអ៊ីស្រាអែលបន្តពីគម្ពីរសាមូអែលទី ១និងទី ២ ។ នៅដើមដំបូងគម្ពីរនេះ មាន រៀបរាប់អំពីរាជ្យរបស់ព្រះបាទសាឡូម៉ូន និង ស្តេចមួយចំនួនដែលស្នងរាជ្យព្រះបាទសាឡូម៉ូន។
នៅពេលដែលព្រះបាទដាវីឌមានវ័យចាស់ជរាពុំអាចគ្រប់គ្រងលើជនជាតិអ៊ីស្រាអែលបានទៀត បុត្រពីរអង្គរបស់ស្តេចប្រជែងគ្នា ចង់ឡើងស្នង រាជ្យបិតា (១.១-២.១២) ។ នៅទីបំផុត រាជសម្បត្តិបានទៅលើព្រះបាទសាឡូម៉ូន។ ព្រឹត្តិការណ៍ដ៏សំខាន់ក្នុងរជ្ជកាលរបស់ព្រះបាទសាឡូម៉ូន គឺការ សង់ព្រះវិហារនិង ព្រះបរមរាជវាំង នៅក្រុងយេរូសាឡឹម ។ ប៉ុន្តែ នៅចុងបញ្ចប់ ព្រះបាទសាឡូម៉ូនបានបែកចិត្តចេញពីព្រះអម្ចាស់ ទៅថ្វាយបង្គំព្រះ ក្លែងក្លាយ (២.១៣-១១.៤៣)។ ពេលនោះ ព្រះអម្ចាស់បណ្តោយអោយអ៊ីស្រាអែលបែកស្រុកជាពីរ : កុលសម្ព័ន្ធនានានៅប៉ែកខាងជើង ពុំព្រមចុះចូល នឹងអំណាចបុត្ររបស់ព្រះបាទសាឡូម៉ូនទេ ដូច្នេះ ពួកគេតែងតាំងស្តេចមួយអង្គអោយគ្រងរាជ្យលើពួកគេ ហើយដាក់ឈ្មោះនគររបស់ខ្លួនថា «រាជា ណាចក្រអ៊ីស្រាអែល» ដែលក្រោយមកមានរាជធានីនៅក្រុងសាម៉ារី។ រីឯកុលសម្ព័ន្ធពីរទៀតដែលនៅខាងត្បូង គឺយូដា និង បេនយ៉ាមីននៅស្មោះ ត្រង់នឹងរាជវង្សរបស់ព្រះបាទដាវីឌ ដាក់ឈ្មោះនគររបស់ខ្លួនថា«រាជាណាចក្រយូដា» ដែលមានរាជធានីនៅក្រុងយេរូសាឡឹម(១២.១-១៤.២០)។ នគរទាំងពីរនេះស្ថិតនៅជានគរជិតខាងគ្នាអស់រយៈពេលប្រមាណពីរសតវត្សជួនកាលចងសម្ពន្ធមិត្តជាមួយគ្នា ជួនកាលច្បាំងគ្នា (១៤.២១ - ២២.៥៣)។
ក័ណ្ឌគម្ពីរនេះសង្កត់ធ្ងន់លើសារៈសំខាន់នៃភក្តីភាពរបស់ព្រះមហាក្សត្រចំពោះព្រះជាម្ចាស់។ ប្រសិនបើស្តេចស្មោះត្រង់នឹងព្រះជាម្ចាស់ ស្រុក ទេសក៏បានសុខសាន្តត្រាណ ចំរុងចំរើនដែរ។ ផ្ទុយទៅវិញ បើស្តេចបែកចិត្តចេញពីព្រះជាម្ចាស់ ទៅគោរពថ្វាយបង្គំព្រះក្លែងក្លាយ នោះស្រុកទេសត្រូវ ជួបនឹងមហន្តរាយ។ ក្នុងអំឡុងពេលនោះ ព្រះជាម្ចាស់បានចាត់ព្យាការីមួយចំនួន អោយទៅរំលឹកស្តេចអំពីមាគ៌ានិងវិន័យរបស់ព្រះអង្គ។ ក្នុង ចំណោមព្យាការីទាំងនោះ លោកអេលី មានឈ្មោះល្បីជាងគេ (១៧-១៩,២១)។
ពង្សាវតារក្សត្រ ទី ១
ដំណាក់កាលចុងក្រោយនៃរាជ្យរបស់ព្រះបាទដាវីឌ
ជំពូកទី ១
សម្ដេចអដូនីយ៉ាចង់ឡើងគ្រងរាជ្យ
១ ព្រះបាទដាវីឌមាន ព្រះជន្មាយុកាន់តែជរាណាស់ហើយ ទោះបីគេគ្រងព្រះភូសាអោយស្ដេចច្រើនជាន់យ៉ាងណាក្ដី ក៏ទ្រង់ពុំអាចកក់ក្ដៅដែរ។ ២ ពេលនោះ ពួកនាម៉ឺនមន្ត្រីទូលព្រះរាជាថា៖ «បពិត្រព្រះករុណា! យើងខ្ញុំនឹងរកស្រីក្រមុំមួយរូបមកថ្វាយព្រះករុណា។ នាងនៅបំរើ និងមើលថែទាំព្រះករុណា ហើយនាងដេកនៅក្បែរព្រះករុណា ដើម្បីអោយព្រះករុណាជាអម្ចាស់បានកក់ក្ដៅ»។ ៣ ក្នុងទឹកដីអ៊ីស្រាអែល ទាំងមូល គេស្វែងរកបានស្រីក្រមុំដ៏ស្រស់ស្អាតមួយរូបឈ្មោះនាងអប៊ីសាក នៅភូមិស៊ូណែម រួចនាំមកថ្វាយស្ដេច។ ៤ ស្រីក្រមុំនេះមានរូបឆោមល្អដាច់គេ នាងនៅថែទាំ និងគាល់បំរើព្រះរាជា តែព្រះរាជាពុំបានរួមរស់ជាមួយនាងទេ។
៥ នៅគ្រា នោះ សម្ដេចអដូនីយ៉ា ជាបុត្ររបស់ព្រះបាទដាវីឌ និងនាងហាគីតបានលើកខ្លួនឡើងទាំងពោលថា៖ «ខ្ញុំនឹងឡើងសោយរាជ្យ!»។ សម្ដេចអដូនីយ៉ារកបានរទេះមួយ និងសេះមួយចំនួន ព្រមទាំងពលទាហានហាសិបនាក់សំរាប់រត់ពីមុខ។ ៦ តាំងពីកើតមក បិតាមិនដែលស្ដីបន្ទោស ឬក៏សួរថា “ហេតុអ្វីបានជាបុត្រប្រព្រឹត្តដូច្នេះ?”ឡើយ។ សម្ដេចអដូនីយ៉ាមានរូបសម្បត្តិល្អស្អាត ហើយជាបុត្រមួយអង្គ ដែលប្រសូតបន្ទាប់ពីសម្ដេចអាប់សាឡុម។ ៧ សម្ដេចអដូនីយ៉ាបាន ពិភាក្សាជាមួយលោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា និងជាមួយលោកបូជាចារ្យអប៊ីយ៉ាថារ។ លោកទាំងពីរក៏រួមគំនិតជាមួយសម្ដេចអដូនីយ៉ា។ ៨ ផ្ទុយទៅវិញ លោកបូជាចារ្យសាដុក លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាព្យាការីណាថាន ព្រមទាំងលោកស៊ីម៉ៃ លោករេអ៊ី និងនាយទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ មិនបានចូលរួមជាមួយសម្ដេចអដូនីយ៉ាទេ។
ព្យាការីណាថាន និងនាងបាតសាបាគាំទ្រសម្ដេចសាឡូម៉ូន
៩ ថ្ងៃមួយ សម្ដេចអដូនីយ៉ាបានរៀបចំពិធីបុណ្យមួយនៅ “ថ្មសូហេលែត” ជិតអេនរូកែលដោយសម្លាប់ចៀម និងគោ ព្រមទាំងកូនគោបំប៉នធ្វើយញ្ញបូជានៅទីនោះ។ សម្ដេចយាងបុត្រាទាំងប៉ុន្មានរបស់ព្រះបាទដាវីឌ និងអញ្ជើញមេទ័ពទាំងអស់នៅស្រុកយូដា ដែលជាអ្នកបំរើរបស់ព្រះរាជា មកចូលរួមក្នុងពិធីបុណ្យនោះ។ ១០ ប៉ុន្តែ សម្ដេចមិនអញ្ជើញព្យាការីណាថាន លោកបេណាយ៉ា ពួកនាយទាហានដ៏អង់អាច និងយាងសម្ដេចសាឡូម៉ូន ជាអនុជមកចូលរួមទេ។
១១ ពេលនោះ លោកណាថាន ពោលទៅកាន់នាងបាតសាបា ជាមាតារបស់សម្ដេចសាឡូម៉ូនថា៖ «តើនាងមិនជ្រាបទេថា សម្ដេចអដូនីយ៉ា ជាបុត្ររបស់នាងហាគីតបានតាំងខ្លួនធ្វើជាស្ដេច ប៉ុន្តែ ព្រះបាទដាវីឌជាអម្ចាស់របស់យើងមិនបានជ្រាបទេ។ ១២ ឥឡូវនេះ ខ្ញុំសូមជូនយោបល់ដល់នាង ដើម្បីសង្គ្រោះជីវិតនាង និងជីវិតសម្ដេចសាឡូម៉ូន ជាបុត្ររបស់នាង។ ១៣ សូមអញ្ជើញចូលទៅគាល់ ព្រះបាទដាវីឌ ហើយទូលដូចតទៅ: “បពិត្រព្រះករុណាជាអម្ចាស់ ព្រះករុណាបានស្បថនឹងខ្ញុំម្ចាស់ថា សាឡូម៉ូន ជាបុត្ររបស់ខ្ញុំម្ចាស់នឹងឡើងគ្រងរាជ្យបន្តពីព្រះករុណា គឺបុត្រនេះហើយដែលនឹងគង់លើបល្ល័ង្ករបស់ពីព្រះករុណា។ ហេតុអ្វីបានជាអដូនីយ៉ា ឡើងគ្រងរាជ្យទៅវិញ?”»។ ១៤ លោកណាថានពោលទៀតថា៖ «ពេលនាងទូលស្ដេចចប់ហើយ ខ្ញុំក៏នឹងចូលទៅគាល់ស្ដេចតាមក្រោយដែរ ខ្ញុំនឹងបញ្ជាក់ពាក្យសំដីទាំងប៉ុន្មានដែលនាងបានទូលនោះ»។
១៥ នាង បាតសាបាក៏ចូលទៅគាល់ស្ដេច នៅក្នុងក្រឡាបន្ទំ។ ពេលនោះ ព្រះរាជាមានព្រះជន្មាយុជរាណាស់ហើយ ហើយនាងអប៊ីសាកជាអ្នកភូមិស៊ូណែមកំពុងតែនៅបំរើព្រះរាជា។ ១៦ នាងបាតសាបាលុតជង្គង់ថ្វាយបង្គំព្រះរាជា ហើយព្រះរាជាសួរនាងថា៖ «តើនាងមានការអ្វី?»។ ១៧ នាងទូលថា៖ «ព្រះករុណាជាអម្ចាស់ ទ្រង់បានស្បថនឹងខ្ញុំម្ចាស់ ក្នុងនាមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណាថា សាឡូម៉ូនជាបុត្ររបស់ខ្ញុំម្ចាស់ នឹងឡើងគ្រងរាជ្យបន្តពីព្រះករុណា គឺបុត្រនេះហើយដែលនឹងគង់លើបល្ល័ង្ករបស់ព្រះករុណា។ ១៨ ប៉ុន្តែ ឥឡូវនេះ ម្ដេចក៏អដូនីយ៉ាឡើងគ្រងរាជ្យទៅវិញ តើព្រះករុណាជាអម្ចាស់ពុំជ្រាបទេឬ? ១៩ អដូនីយ៉ាបានសម្លាប់ គោឈ្មោល កូនគោបំប៉ន និងចៀមយ៉ាងច្រើនធ្វើយញ្ញបូជា។ អដូនីយ៉ាបានយាងបុត្រាទាំងប៉ុន្មានរបស់ព្រះករុណា ព្រមទាំងអញ្ជើញលោកបូជាចារ្យអប៊ីយ៉ាថារ និងលោកមេទ័ពយ៉ូអាប់ តែពុំបានយាងសាឡូម៉ូន ជាបុត្ររបស់ព្រះករុណាអោយទៅចូលរួមទេ។ ២០ បពិត្រព្រះករុណាជា អម្ចាស់! ឥឡូវនេះ ប្រជាជនអ៊ីស្រាអែលរង់ចាំតែព្រះករុណាប្រកាសថា តើនរណានឹងឡើងស្នងរាជ្យបន្តពីព្រះករុណា។ ២១ បើមិនដូច្នោះទេ កាលណាព្រះករុណាលាចាកលោកនេះទៅ នោះគេមុខជាចាត់ទុកខ្ញុំម្ចាស់ និងសាឡូម៉ូនជាបុត្ររបស់ខ្ញុំម្ចាស់ថាជាអ្នកទោសមិនខាន»។
២២ កាលនាងបាតសាបាកំពុងតែទូលស្ដេច នោះព្យាការីណាថាន ចូលមកដល់។ ២៣ គេទៅទូលស្ដេចថា ព្យាការីណាថានអញ្ជើញមកដល់ហើយ។ លោកណាថានចូលគាល់ស្ដេចដោយក្រាបថ្វាយបង្គំអោនមុខដល់ដី។ ២៤ បន្ទាប់មក លោកទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! តើព្រះករុណាឬដែលបានសំរេចអោយសម្ដេចអដូនីយ៉ា ឡើងគ្រងរាជ្យបន្តពីព្រះករុណា ហើយគង់លើបល្ល័ង្ករបស់ព្រះករុណា? ២៥ ដ្បិតថ្ងៃនេះ សម្ដេចអដូនីយ៉ាយាងទៅ “ថ្មសូហេលែត” ហើយសម្លាប់គោឈ្មោល កូនគោបំប៉ន និងចៀមយ៉ាងច្រើន ធ្វើយញ្ញបូជា។ សម្ដេចបានយាងបុត្រាទាំងប៉ុន្មានរបស់ព្រះករុណា ព្រមទាំងអញ្ជើញពួកមេទ័ព និងលោកបូជាចារ្យអប៊ីយ៉ាថារទៅចូលរួមផង។ ឥឡូវនេះ ពួកគេកំពុងតែជប់លៀងជាមួយសម្ដេចអដូនីយ៉ាទាំងស្រែកថា“ជយោព្រះបាទ អដូនីយ៉ា!”។ ២៦ ប៉ុន្តែ សម្ដេចមិនបានអញ្ជើញទូលបង្គំ ជាអ្នកបំរើព្រះករុណា ឬលោកបូជាចារ្យសាដុក លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ហើយក៏មិនបានយាងសម្ដេចសាឡូម៉ូន ជារាជបុត្ររបស់ព្រះករុណាទៅចូលរួមដែរ។ ២៧ តើព្រះករុណាជា អម្ចាស់ឬដែលបានសំរេចអភិសេករាជបុត្រអោយឡើងគ្រងរាជ្យបន្ត ពី ព្រះករុណា ដោយមិនអោយទូលបង្គំទាំងអស់គ្នា ដែលជាអ្នកបំរើដឹង?»។
ព្រះបាទដាវីឌតែងតាំងសម្ដេចសាឡូម៉ូនអោយឡើងគ្រងរាជ្យ
២៨ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «សូមអញ្ជើញនាងបាតសាបាមក!»។ នាងបាតសាបាចូលមកគាល់ព្រះរាជា។ ២៩ ពេលនោះ ព្រះរាជាមានរាជឱង្ការថា៖ «យើងសូមស្បថ ក្នុងនាមព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ហើយបានរំដោះយើងអោយរួចផុតពីគ្រោះអាសន្នគ្រប់យ៉ាង! ៣០ ថ្ងៃនេះ យើងសំរេចតែងតាំងសាឡូម៉ូន ជាបុត្ររបស់នាងអោយឡើងគ្រងរាជ្យបន្តពីយើង គឺបុត្រនេះហើយដែលនឹងគង់លើបល្ល័ង្ករបស់យើង ដូចយើងបានសន្យាជាមួយនាង ក្នុងនាមព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល»។ ៣១ នាងបាតសាបាក្រាបថ្វាយបង្គំស្ដេច អោនមុខដល់ដីទាំងទូលថា៖ «សូមព្រះបាទដាវីឌ ជាអម្ចាស់ ប្រកបដោយព្រះជន្មាយុយឺនយូរ!»។
៣២ បន្ទាប់មក ព្រះបាទដាវីឌមានរាជឱង្ការថា៖ «សូមអញ្ជើញបូជាចារ្យសាដុកព្យាការីណាថាន និងលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាចូលមក»។ អស់លោកទាំងនោះក៏ចូលមកគាល់ព្រះរាជា។ ៣៣ ព្រះរាជាមានរាជឱង្ការ ថា៖ «សូមប្រមូលរាជបំរើរបស់យើងមក ហើយលើកសាឡូម៉ូន ជាបុត្រយើងអោយឡើងជិះលារបស់យើង រួចដង្ហែទៅប្រភពទឹកគីហូន។ ៣៤ នៅទីនោះ លោកបូជាចារ្យសាដុក និងព្យាការីណាថាន ត្រូវចាក់ប្រេងអភិសេកសាឡូម៉ូន ជាស្ដេចស្រុកអ៊ីស្រាអែល ហើយអោយគេផ្លុំត្រែឡើង ទាំងស្រែកថា “ជយោព្រះបាទសាឡូម៉ូន!” ៣៥ ចូរដង្ហែសាឡូម៉ូនចូល មកក្នុងក្រុងវិញ អោយគង់លើបល្ល័ង្ករបស់យើង។ សាឡូម៉ូននឹងគ្រងរាជ្យបន្តពីយើង គឺយើងតែងតាំងបុត្រនេះអោយធ្វើជាមគ្គទេសក៍លើស្រុកអ៊ីស្រាអែល និងស្រុកយូដា»។ ៣៦ លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាទូលស្ដេចថា៖ «អាម៉ែន! ព្រះអម្ចាស់ជាព្រះរបស់ព្រះករុណាជាអម្ចាស់ ទ្រង់មានព្រះបន្ទូលទុកដូច្នេះមែន។ ៣៧ សូមព្រះអម្ចាស់ គង់ជាមួយព្រះបាទសាឡូម៉ូន ដូចព្រះអង្គបានគង់ជាមួយព្រះករុណាដែរ! សូមព្រះអង្គប្រទានអោយរាជ្យរបស់ព្រះបាទសាឡូម៉ូនបានរុងរឿង លើសរាជ្យរបស់ព្រះករុណាជាអម្ចាស់ទៅទៀត!»។
៣៨ លោក បូជាចារ្យសាដុក ព្យាការីណាថាន និងលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ព្រមទាំងពួកកេរេទី និងពួកពេលេទី នាំគ្នាលើកសម្ដេចសាឡូម៉ូន អោយឡើងគង់លើខ្នងលារបស់ព្រះបាទដាវីឌ ហើយដង្ហែទៅកាន់ប្រភពទឹកគីហូន។ ៣៩ លោកបូជាចារ្យសាដុកយក ស្នែងដាក់ប្រេងពីក្នុងព្រះពន្លាមក រួចចាក់ប្រេងអភិសេកសម្ដេចសាឡូម៉ូន ជាស្ដេច។ ពេលនោះ គេក៏ផ្លុំត្រែ ហើយប្រជាជនទាំងមូលស្រែកឡើងថា៖ «ជយោ! ព្រះបាទសាឡូម៉ូន!»។ ៤០ ប្រជាជនទាំងមូលដង្ហែ ស្ដេចចូលមកក្នុងក្រុងវិញ ទាំងផ្លុំខ្លុយ ហើយនាំគ្នាអបអរសាទរសប្បាយរីករាយក្រៃលែង។ សូរស័ព្ទរបស់ពួកគេបានលាន់ឮរំពងកក្រើកផែនដី។
ព្រះបាទសាឡូម៉ូនលើកលែងទោសសម្ដេចអដូនីយ៉ា
៤១ ពេលសម្ដេចអដូនីយ៉ា ព្រមទាំងភ្ញៀវទាំងប៉ុន្មានដែលនៅជាមួយ ជប់លៀងរួចហើយក៏បានឮសូរស័ព្ទ។ លោកយ៉ូអាប់ឮស្នូរសំឡេងត្រែច្បាស់ហើយសួរថា៖ «ហេតុអ្វីបានជាមានសំឡេងត្រែលាន់រំពងនៅក្នុងទីក្រុងដូច្នេះ?»។ ៤២ លោកយ៉ូអាប់កំពុងតែ មានប្រសាសន៍នៅឡើយ ស្រាប់តែលោកយ៉ូណាថាន ជាកូនរបស់លោកអប៊ីយ៉ាថារមកដល់។ សម្ដេចអដូនីយ៉ាពោលថា៖ «សូមអញ្ជើញចូលមក មនុស្សគួរគោរពដូចលោកនេះ ពិតជានាំដំណឹងល្អមិនខាន»។ ៤៣ លោកយ៉ូណាថានទូល សម្ដេចអដូនីយ៉ាវិញថា៖ «មិនមែនដូច្នេះទេ ក្រាបទូល! ព្រះបាទដាវីឌជាអម្ចាស់នៃយើង បានតែងតាំងសម្ដេចសាឡូម៉ូន ជាព្រះមហាក្សត្រហើយ។ ៤៤ ព្រះរាជាចាត់លោក បូជាចារ្យសាដុក ព្យាការីណាថាន និងលោកបេណាយ៉ាជាកូនរបស់លោកយេហូយ៉ាដា ព្រមទាំងពួកកេរេទី និងពេលេទីអោយលើកសម្ដេចសាឡូម៉ូន ឡើងគង់លើខ្នងលារបស់ស្ដេច ហើយដង្ហែចេញទៅ។ ៤៥ លោកបូជាចារ្យសាដុក និងព្យាការីណាថាន បានចាក់ប្រេងអភិសេកសម្ដេចសាឡូម៉ូន ជាស្ដេច នៅត្រង់ប្រភពទឹកគីហូន។ ពួកគេឡើងពីទីនោះមកវិញ ដោយអំណរសប្បាយ ហើយប្រជាជននៅក្នុងទីក្រុងបន្លឺសំឡេងលាន់ឮរំពងដូចអស់លោកបានឮ ស្រាប់។ ៤៦ លើសពីនេះសម្ដេចសាឡូម៉ូនឡើងគង់លើរាជបល្ល័ង្ក ៤៧ ហើយពួកនាម៉ឺនមន្ត្រី នាំគ្នាមកថ្វាយពរព្រះបាទដាវីឌ ជាអម្ចាស់នៃយើង ដោយទូលថា“សូមព្រះរបស់ព្រះករុណាប្រទានអោយព្រះបាទសាឡូម៉ូន មានព្រះនាមល្បីល្បាញ ជាងព្រះនាមរបស់ព្រះករុណាទៅទៀត។ សូមអោយរាជ្យរបស់ព្រះបាទសាឡូម៉ូនបានរុងរឿង ជាងរាជ្យរបស់ព្រះករុណា!”។ ពេលនោះ ព្រះរាជាក៏ក្រាបថ្វាយបង្គំនៅក្នុងក្រឡាបន្ទំ ៤៨ ហើយមានរាជឱង្ការថា: “សូមអរព្រះគុណព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលប្រោសប្រទានអោយមានអ្នកស្នងរាជ្យបន្តពីទូលបង្គំ ហើយអោយទូលបង្គំបានឃើញព្រឹត្តិការណ៍នេះ ផ្ទាល់នឹងភ្នែក”»។
៤៩ ឮដូច្នេះ ភ្ញៀវទាំងប៉ុន្មានរបស់សម្ដេចអដូនីយ៉ា នាំគ្នាភ័យញ័រ ហើយប្រញាប់ប្រញាល់បែកខ្ញែកគ្នាអស់ទៅ។ ៥០ សម្ដេចអដូនីយ៉ាភ័យខ្លាចព្រះបាទសាឡូម៉ូនយ៉ាងខ្លាំង សម្ដេចក៏ប្រញាប់រត់ទៅតោងស្នែងអាសនៈ។ ៥១ មានគេមកទូលព្រះបាទ សាឡូម៉ូនថា៖ «សម្ដេចអដូនីយ៉ាភ័យខ្លាចព្រះករុណាណាស់ សម្ដេចបានរត់ទៅតោងស្នែងអាសនៈទាំងពោលថា: សូមព្រះបាទសាឡូម៉ូនស្បថអោយខ្ញុំនៅថ្ងៃនេះ ទ្រង់នឹងមិនសម្លាប់ខ្ញុំដោយមុខដាវទេ!»។ ៥២ ព្រះបាទសាឡូម៉ូនមាន រាជឱង្ការថា៖ «ប្រសិនបើគេប្រព្រឹត្តដូចមនុស្សដែលគួរអោយគោរពមែនសូម្បីតែសក់ មួយសរសៃ ក៏មិនជ្រុះពីក្បាលគេដែរ។ ប៉ុន្តែ ប្រសិនបើគេមានចិត្តអាក្រក់នោះគេនឹងត្រូវស្លាប់!»។ ៥៣ ព្រះបាទសាឡូម៉ូនចាត់គេ អោយទៅយាងសម្ដេចអដូនីយ៉ាចុះពីអាសនៈ។ សម្ដេចក៏យាងចូលទៅក្រាបថ្វាយបង្គំព្រះបាទសាឡូម៉ូន ហើយព្រះបាទសាឡូម៉ូនមានរាជឱង្ការថា៖ «សូមម្ចាស់បងយាងត្រឡប់ទៅដំណាក់វិញចុះ»។
ជំពូកទី ២
បណ្ដាំចុងក្រោយរបស់ព្រះបាទដាវីឌ
១ ពេលព្រះបាទដាវីឌជិតសោយទិវង្គតទ្រង់ផ្ដែផ្ដាំព្រះបាទសាឡូម៉ូនជាបុត្រថា៖ ២ «បិតាជិតលាចាកលោកនេះហើយ ចូរបុត្រមានចិត្តក្លាហានអោយសមជាមនុស្សពេញលក្ខណៈ! ៣ ចូរស្ដាប់តាមបង្គាប់របស់ព្រះអម្ចាស់ ជាព្រះរបស់បុត្រ។ ចូរដើរក្នុងមាគ៌ារបស់ព្រះអង្គជានិច្ច ហើយកាន់តាមក្រឹត្យវិន័យ តាមបញ្ជា តាមច្បាប់ និងតាមដំបូន្មាន ដូចមានចែងទុកក្នុងវិន័យ*របស់លោកម៉ូសេ ដើម្បីអោយបុត្រមានជោគជ័យ ក្នុងគ្រប់កិច្ចការដែលបុត្រធ្វើ និងគ្រប់ទីកន្លែងដែលបុត្រទៅ។ ៤ ពេលបុត្រប្រព្រឹត្តដូច្នេះ ព្រះអម្ចាស់នឹងសំរេចតាមព្រះបន្ទូលដែល ព្រះអង្គបានសន្យាជាមួយបិតាថា “បើពូជពង្សរបស់អ្នកប្រុងប្រយ័ត្ន ចំពោះមាគ៌ាដែលខ្លួនដើរ ហើយមានចិត្តភក្ដីចំពោះយើង ព្រមទាំងប្រតិបត្តិតាមយើងដោយស្មោះ និងគ្មានចិត្តវៀចវេរ នោះក្នុងចំណោមពួកគេ តែងតែមានម្នាក់ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែលជានិច្ច”។
៥ បុត្រដឹង ស្រាប់ហើយ នូវអំពើដែលលោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា បានប្រព្រឹត្តចំពោះបិតា ដោយធ្វើឃាតមេទ័ពពីររូបរបស់ជនជាតិអ៊ីស្រាអែល គឺលោកអាប់នែរ ជាកូនរបស់លោកនែរ និងលោកអម៉ាសា ជាកូនរបស់លោកយេទែរ។ ក្នុងពេលដែលស្រុកកំពុងតែសុខសាន្តត្រាណ លោកយ៉ូអាប់បានបង្ហូរឈាមដូចពេលមានសង្គ្រាម។ ដូច្នេះ លោកត្រូវទទួលខុសត្រូវចំពោះឈាមដែលប្រឡាក់ជាប់ខ្សែក្រវាត់ និងស្បែកជើងរបស់លោក។ ៦ ចូរប្រព្រឹត្តចំពោះលោក យ៉ូអាប់ដោយប្រាជ្ញាដ៏ឈ្លាសវៃរបស់បុត្រ មិនត្រូវទុកអោយលោកស្លាប់ដោយសុខសាន្តព្រោះតែចាស់ជរាឡើយ។
៧ ចូរប្រព្រឹត្តចំពោះកូនចៅរបស់លោកបាស៊ីឡៃ ជាអ្នកស្រុកកាឡាដដោយសប្បុរស ត្រូវអោយពួកគេបរិភោគរួមតុជាមួយបុត្រ ដ្បិតនៅគ្រាដែលបិតារត់ភៀសខ្លួនពីអាប់សាឡុម ជាបងរបស់បុត្រ នោះពួកគេបានមកជួយគាំទ្របិតា។
៨ ចូរកុំ ភ្លេចលោកស៊ីម៉ៃ ជាកូនរបស់លោកកេរ៉ា ជាអ្នកភូមិបាហ៊ូរីម ក្នុងទឹកដីបេនយ៉ាមីន គេបានជេរប្រមាថ និងដាក់បណ្ដាសាបិតា នៅពេលបិតាភៀសខ្លួនទៅដល់ម៉ាហាណាអ៊ីម។ ប៉ុន្តែ ពេលបិតាត្រឡប់មកវិញ គេបានមកទទួលបិតានៅមាត់ទន្លេយ័រដាន់។ ពេលនោះ បិតាបានស្បថនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ថា មិនសម្លាប់គេដោយមុខដាវឡើយ។ ៩ ឥឡូវនេះ កុំលើកលែងទោសអោយគេឡើយ។ បុត្រជាមនុស្សមានប្រាជ្ញាឈ្លាសវៃ ដូច្នេះ បុត្រដឹងថា ត្រូវធ្វើយ៉ាងដូចម្ដេចចំពោះគេ ទោះបីគេមានវ័យចាស់ជរាក៏ដោយ ក៏ត្រូវប្រហារជីវិតគេដែរ»។
ព្រះបាទដាវីឌសោយទិវង្គត
(១របាក្សត្រ ២៩:២៦-២៨)
១០ ព្រះបាទដាវីឌសោយទិវង្គត ហើយគេបញ្ចុះសពស្ដេចនៅបុរីព្រះបាទដាវីឌ។ ១១ ព្រះបាទដាវីឌគ្រង រាជ្យលើស្រុកអ៊ីស្រាអែល អស់រយៈពេលសែសិបឆ្នាំ គឺប្រាំពីរឆ្នាំនៅក្រុងហេប្រូន និងសាមសិបបីឆ្នាំនៅក្រុងយេរូសាឡឹម។ ១២ ព្រះបាទសាឡូម៉ូនជាបុត្រ ឡើងស្នងរាជ្យព្រះបាទដាវីឌ ហើយរាជ្យរបស់ព្រះបាទសាឡូម៉ូនរឹងមាំណាស់។
រាជ្យរបស់ព្រះបាទសាឡូម៉ូន
ព្រះបាទសាឡូម៉ូនអោយគេប្រហារជីវិតសម្ដេចអដូនីយ៉ា
១៣ ថ្ងៃមួយ សម្ដេចអដូនីយ៉ា ជាបុត្ររបស់ព្រះបាទដាវីឌ និងនាងហាគីត យាងទៅជួបនាងបាតសាបាជាមាតារបស់ព្រះបាទសាឡូម៉ូន។ នាងបាតសាបាសួរសម្ដេចអដូនីយ៉ាថា៖ «តើសម្ដេចយាងមកទីនេះ ក្នុងបំណងល្អឬ?»។ សម្ដេចតបថា៖ «ទូលបង្គំមកដោយបំណងល្អទេ!»។ ១៤ សម្ដេចអដូនីយ៉ាពោលថា៖ «ទូលបង្គំមានការមួយចង់ទូលថ្វាយ»។ នាងតបថា៖ «សូមមានរាជឱង្ការមកចុះ»។ ១៥ សម្ដេចអដូនីយ៉ាឆ្លើយ ដូចតទៅ៖ «សម្ដេចមាតាជ្រាបហើយថា រាជសម្បត្តិត្រូវបានមកទូលបង្គំ ហើយប្រជាជនអ៊ីស្រាអែលទាំងមូលសង្ឃឹមថា ទូលបង្គំនឹងឡើងគ្រងរាជ្យ។ ប៉ុន្តែ រាជសម្បត្តិបែរជាបានទៅព្រះបាទសាឡូម៉ូន ជាអនុជរបស់ទូលបង្គំទៅវិញ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យដូច្នេះ។ ១៦ ឥឡូវនេះ ទូលបង្គំមានការមួយចង់ទូលថ្វាយ សូមកុំបដិសេធឡើយ»។ នាងពោលថា៖ «សូមមានរាជឱង្ការមកចុះ»។ ១៧ សម្ដេចអដូនីយ៉ាទូល ថា៖ «សូមសម្ដេចមាតាទូលព្រះបាទសាឡូម៉ូន សុំនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម អោយមកធ្វើជាមហេសីផង ដ្បិតព្រះរាជាមិនបដិសេធនឹងសំណូមពររបស់សម្ដេចមាតាទេ»។ ១៨ នាងបាតសាបាឆ្លើយថា៖ «មាតានឹងទៅទូលព្រះរាជាអោយ»។
១៩ នាង បាតសាបាក៏ចូលទៅគាល់ព្រះបាទសាឡូម៉ូន ដើម្បីទូលថ្វាយពីសំណូមពររបស់សម្ដេចអដូនីយ៉ា។ ព្រះរាជាយាងចុះពីបល្ល័ង្ក មករកនាងហើយថ្វាយបង្គំ។ បន្ទាប់មក ព្រះរាជាគង់លើបល្ល័ង្កវិញ ហើយបញ្ជាអោយគេដាក់បល្ល័ង្កមួយ ថ្វាយមាតានៅខាងស្ដាំ។ ២០ នាងបាតសាបាទូល ព្រះរាជាថា៖ «មាតាមានសំណូមពរដ៏តូចមួយចំពោះបុត្រ សូមបុត្រកុំបដិសេធឡើយ!»។ ស្ដេចមានរាជឱង្ការថា៖ «សូមមាតាមានសវនីយ៍មកចុះ បុត្រមិនបដិសេធទេ»។ ២១ នាងពោលថា៖ «សូមបុត្រប្រគល់នាងអប៊ីសាក ជាអ្នកភូមិស៊ូណែម អោយសម្ដេចអដូនីយ៉ាបងរបស់បុត្រ ធ្វើជាមហេសី»។ ២២ ព្រះបាទសាឡូម៉ូនមាន រាជឱង្ការថា៖ «ហេតុអ្វីបានជាមាតាមកសុំនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម អោយសម្ដេចអដូនីយ៉ាបែបនេះ? ម្ដេចមិនសុំរាជសម្បត្តិអោយសម្ដេចតែម្ដងទៅ ដ្បិតសម្ដេចជាបងរបស់ទូលបង្គំស្រាប់! សូមមាតាប្រគល់រាជ្យនេះអោយសម្ដេចអដូនីយ៉ា និងលោកបូជាចារ្យអប៊ីយ៉ាថារ ព្រមទាំងលោកមេទ័ពយ៉ូអាប់ ជាកូនអ្នកស្រីសេរូយ៉ាទៅ!»។ ២៣ ព្រះបាទសាឡូម៉ូនស្បថក្នុងនាមព្រះអម្ចាស់ ថា៖ «ប្រសិនបើទូលបង្គំមិនប្រហារជីវិតសម្ដេចអដូនីយ៉ា ដែលហ៊ានធ្វើសំណូមពរបែបនេះទេ សូមព្រះជាម្ចាស់ដាក់ទោសទូលបង្គំ យ៉ាងធ្ងន់ចុះ! ២៤ ទូលបង្គំសូមស្បថ ក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ ហើយដែលបានអោយទូលបង្គំឡើងគ្រងរាជ្យ លើបល្ល័ង្ករបស់ព្រះបាទដាវីឌជាបិតា ព្រមទាំងសន្យាប្រទានសន្តតិវង្សមួយមកទូលបង្គំថា នៅថ្ងៃនេះសម្ដេចអដូនីយ៉ាត្រូវតែទទួលទោសដល់ជីវិត!»។ ២៥ ព្រះបាទសាឡូម៉ូន ចាត់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា អោយទៅប្រហារជីវិតសម្ដេចអដូនីយ៉ា។ សម្ដេចអដូនីយ៉ាក៏សោយទិវង្គតទៅ។
ព្រះបាទសាឡូម៉ូនហូតងារបូជាចារ្យពីលោកអប៊ីយ៉ាថារ
២៦ បន្ទាប់មក ព្រះរាជាមានរាជឱង្ការទៅកាន់លោកបូជាចារ្យអប៊ីយ៉ាថារថា៖ «ចូរវិលត្រឡប់ទៅកាន់ភូមិស្រុករបស់លោកនៅអាណាតូតវិញចុះ។ លោកគួរតែស្លាប់ ប៉ុន្តែ យើងមិនចង់សម្លាប់លោកក្នុងថ្ងៃនេះទេ ព្រោះលោកធ្លាប់សែងហិបសម្ពន្ធមេត្រីរបស់ ព្រះជាអម្ចាស់ ដើរពីមុខព្រះបាទដាវីឌ ជាបិតារបស់យើង ហើយលោកក៏ធ្លាប់រួមសុខទុក្ខជាមួយបិតារបស់យើង ក្នុងពេលលំបាកវេទនាដែរ»។ ២៧ ព្រះបាទសាឡូម៉ូនបណ្ដេញលោកអប៊ីយ៉ាថារ ចេញពីតំណែងជាបូជាចារ្យរបស់ព្រះអម្ចាស់ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទុក ស្ដីអំពីក្រុមគ្រួសាររបស់លោកហេលី នៅស៊ីឡូ។
ព្រះបាទសាឡូម៉ូនអោយគេប្រហារជីវិតលោកយ៉ូអាប់
២៨ ពេលលោកយ៉ូអាប់ជ្រាបដំណឹងនេះ លោករត់គេចខ្លួនទៅពន្លារបស់ព្រះអម្ចាស់ ហើយតោងស្នែងអាសនៈ។ ទោះបីលោកមិនបានចូលរួមក្បត់ជាមួយសម្ដេចអាប់សាឡុមពីមុនមែន តែពេលនេះ លោកបានចូលដៃជាមួយសម្ដេចអដូនីយ៉ា។ ២៩ មានគេនាំដំណឹងទៅទូលព្រះបាទសាឡូម៉ូនថា លោកយ៉ូអាប់រត់គេចខ្លួនទៅពន្លារបស់ព្រះអម្ចាស់ ហើយជ្រកនៅក្បែរអាសនៈ។ ពេលនោះ ព្រះបាទសាឡូម៉ូនចាត់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ដោយមានរាជឱង្ការថា៖ «ចូរទៅប្រហារលោកយ៉ូអាប់ទៅ!»។ ៣០ លោកបេណាយ៉ាទៅដល់ពន្លារបស់ព្រះអម្ចាស់ ហើយពោលទៅកាន់លោកយ៉ូអាប់ថា៖ «ព្រះរាជាបញ្ជាអោយលោកចេញពីទីនេះ»។ លោកយ៉ូអាប់ឆ្លើយថា៖ «ទេ! ខ្ញុំចង់ស្លាប់នៅទីនេះ»។ លោកបេណាយ៉ាត្រឡប់ទៅដំណាក់ស្ដេចវិញ ហើយទូលស្ដេចតាមពាក្យដែលលោកយ៉ូអាប់ប្រាប់។ ៣១ ព្រះរាជាមានរាជឱង្ការ ថា៖ «ចូរធ្វើតាមពាក្យគាត់ គឺសម្លាប់គាត់នៅនឹងកន្លែង ហើយបញ្ចុះសពនៅទីនោះទៅ។ ដូច្នេះ លោកធ្វើអោយយើង និងរាជវង្សរបស់យើង រួចផុតពីទោសពៃរ៍ ចំពោះឃាតកម្ម ដែលលោកយ៉ូអាប់ប្រព្រឹត្តទៅលើជនស្លូតត្រង់។ ៣២ ព្រះអម្ចាស់ ធ្វើអោយបំណុលឈាមនេះធ្លាក់ទៅលើលោកយ៉ូអាប់ ព្រោះគាត់បានប្រហារជីវិតមនុស្សសុចរិតពីរនាក់ដែលល្អជាងគាត់ ដោយមិនអោយព្រះបាទដាវីឌជាបិតារបស់យើងជ្រាប គឺគាត់បានសម្លាប់លោកអាប់នែរ ជាកូនរបស់លោកនែរ ជាមេទ័ពអ៊ីស្រាអែល និងលោកអម៉ាសា ជាកូនរបស់លោកយេទែរជាមេទ័ពយូដាដោយមុខដាវ។ ៣៣ បំណុលឈាមនេះ នឹងធ្លាក់ទៅលើលោកយ៉ូអាប់ និងពូជពង្សរបស់គាត់រហូតតទៅ។ ប៉ុន្តែ ព្រះអម្ចាស់ប្រោសប្រទានអោយរាជវង្ស សន្តតិវង្ស និងរាជសម្បត្តិរបស់ព្រះបាទដាវីឌ បានប្រកបដោយសេចក្ដីសុខសាន្តរហូតតទៅ»។ ៣៤ លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាក៏ទៅសម្លាប់លោកយ៉ូអាប់ ហើយបញ្ចុះសពក្នុងដីភូមិដែលជាកម្មសិទ្ធិរបស់លោកយ៉ូអាប់នៅវាល រហោស្ថាន។ ៣៥ ព្រះរាជាតែងតាំងលោកបេណាយ៉ា ជាមេទ័ពជំនួសលោកយ៉ូអាប់ ហើយតែងតាំងលោកសាដុកជាបូជាចារ្យ ជំនួសលោកអប៊ីយ៉ាថារ។
ព្រះបាទសាឡូម៉ូនអោយគេប្រហារជីវិតលោកស៊ីម៉ៃ
៣៦ ព្រះបាទសាឡូម៉ូនចាត់ គេអោយទៅហៅលោកស៊ីម៉ៃមក ហើយមានរាជឱង្ការទៅកាន់លោកថា៖ «លោកត្រូវសង់ផ្ទះមួយ នៅក្រុងយេរូសាឡឹម ហើយរស់នៅក្នុងផ្ទះនោះ តែមិនត្រូវចេញពីក្រុងឡើយ។ ៣៧ តោងដឹងថាថ្ងៃណាមួយ ប្រសិនបើលោកហ៊ានឈានជើងចេញពីក្រុងនេះឆ្លងកាត់ជ្រោះកេដ្រូន នោះលោកមុខជាស្លាប់ ហើយលោកទទួលខុសត្រូវខ្លួនឯង ចំពោះការស្លាប់នេះ»។ ៣៨ លោកស៊ីម៉ៃទូលថា៖ «បពិត្រព្រះករុណា! ទូលបង្គំនឹងធ្វើតាមរាជឱង្ការរបស់ព្រះករុណា»។ លោកស៊ីម៉ៃស្នាក់នៅក្រុងយេរូសាឡឹមយ៉ាងយូរ។
៣៩ បីឆ្នាំក្រោយមក មានបាវបំរើពីរនាក់របស់លោកស៊ីម៉ៃ រត់ភៀសខ្លួនទៅជ្រកកោននឹងស្ដេចអគីស ជាបុត្ររបស់ស្ដេចម៉ាកា នៅក្រុងកាថ។ មានគេប្រាប់លោកស៊ីម៉ៃថា បាវបំរើរបស់គាត់រត់ទៅនៅក្រុងកាថ។ ៤០ លោកស៊ីម៉ៃក៏ប្រញាប់ឡើងជិះលា ចេញដំណើរទៅក្រុងកាថ។ លោកទាមទារយកបាវបំរើពីស្ដេចអគីសនាំត្រឡប់មកវិញ។
៤១ មានគេទូលព្រះបាទសាឡូម៉ូនថា លោកស៊ីម៉ៃបានចេញពីក្រុងយេរូសាឡឹមទៅក្រុងកាថ រួចត្រឡប់មកវិញ។ ៤២ ព្រះរាជាក៏ចាត់គេអោយទៅហៅលោកស៊ីម៉ៃមក ហើយមានរាជឱង្ការថា៖ «យើងបានអោយលោកស្បថ ក្នុងនាមព្រះអម្ចាស់ ហើយយើងបានបញ្ជាក់ប្រាប់លោកថា ប្រសិនបើថ្ងៃណាមួយលោកចាកចេញពីទីក្រុង ទៅណាមកណា លោកមុខជាស្លាប់ពុំខាន។ លោកបានឆ្លើយមកយើងថា លោកយល់ព្រមធ្វើតាម។ ៤៣ ហេតុអ្វីបានជាលោកមិនគោរពតាមពាក្យដែលលោកបានស្បថ ក្នុងនាមព្រះអម្ចាស់? ហេតុអ្វីបានជាលោកមិនធ្វើតាមបទបញ្ជាដែលយើងបានបង្គាប់លោក?»។ ៤៤ ព្រះរាជាមានរាជឱង្ការ ទៀតថា៖ «តើលោកនឹកឃើញអំពើអាក្រក់ទាំងប៉ុន្មាន ដែលលោកបានប្រព្រឹត្តចំពោះព្រះបាទដាវីឌ ជាបិតារបស់យើងឬទេ? ព្រះអម្ចាស់នឹងដាក់ទោសលោក តាមអំពើអាក្រក់ដែលលោកបានប្រព្រឹត្ត។ ៤៥ ប៉ុន្តែ យើងសាឡូម៉ូននឹងទទួលព្រះពរ ហើយរាជសម្បត្តិរបស់ព្រះបាទដាវីឌនឹងរឹងមាំ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់រហូតរៀងតទៅ»។ ៤៦ ស្ដេចចេញបញ្ជាអោយ លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ចេញទៅប្រហារជីវិតលោកស៊ីម៉ៃ។ រាជសម្បត្តិរបស់ព្រះបាទសាឡូម៉ូនក៏នៅស្ថិតស្ថេរយ៉ាងរឹងមាំ។
ជំពូកទី ៣
ព្រះបាទសាឡូម៉ូនរៀបអភិសេកជាមួយបុត្រីរបស់ព្រះបាទផារ៉ោន
១ ព្រះបាទសាឡូម៉ូនបានចង សម្ពន្ធមិត្តជាមួយព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប ដោយរៀបអភិសេកជាមួយបុត្រីរបស់ព្រះបាទផារ៉ោន។ ព្រះរាជានាំមហេសីមកគង់ក្នុងបុរីព្រះបាទដាវីឌ រហូតទាល់តែវាំងរបស់ស្ដេច ព្រមទាំងព្រះដំណាក់របស់ព្រះអម្ចាស់ និងកំពែងក្រុងយេរូសាឡឹមត្រូវបានសង់ចប់សព្វគ្រប់។
២ នៅគ្រានោះប្រជាជនតែងតែថ្វាយយញ្ញបូជានៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ព្រោះគេពុំទាន់បានសង់ព្រះដំណាក់ថ្វាយព្រះអម្ចាស់នៅឡើយ។ ៣ ព្រះបាទសាឡូម៉ូនស្រឡាញ់ព្រះអម្ចាស់ និងប្រព្រឹត្តតាមដំបូន្មានដែលព្រះបាទដាវីឌ ជាបិតាបានផ្ដែផ្ដាំ ប៉ុន្តែ ព្រះរាជាក៏ធ្វើពិធីថ្វាយយញ្ញបូជា និងគ្រឿងក្រអូប នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗដែរ។
ព្រះបាទសាឡូម៉ូនទូលសូមប្រាជ្ញាពីព្រះជាម្ចាស់
(២របាក្សត្រ ១:២-១៣)
៤ ថ្ងៃមួយ ព្រះរាជាយាងទៅកាបូន ដើម្បីថ្វាយយញ្ញបូជា ដ្បិតទីនោះជាកន្លែងសក្ការៈសំខាន់ជាងគេ។ ព្រះបាទសាឡូម៉ូនបានថ្វាយសត្វមួយពាន់ជាតង្វាយដុតទាំងមូល នៅលើអាសនៈនោះ។ ៥ ក្នុងពេលដែលព្រះបាទសាឡូម៉ូនគង់នៅកាបូន ព្រះអម្ចាស់បានសំដែងអោយស្ដេចឃើញ ក្នុងសុបិននិមិត្តនៅពេលយប់។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «បើអ្នកចង់បានអ្វី ចូរសុំមកចុះ យើងនឹងប្រគល់អោយ!»។ ៦ ព្រះបាទសាឡូម៉ូនទូលថា៖ «ព្រះអង្គបានសំដែងព្រះហឫទ័យសប្បុរសដ៏ធំធេងចំពោះបិតាទូលបង្គំ គឺព្រះបាទដាវីឌ ជាអ្នកបំរើរបស់ព្រះអង្គ ព្រោះបិតាទូលបង្គំរស់នៅដោយភក្ដីភាពសុចរិត និងមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ។ ព្រះអង្គនៅតែសំដែងព្រះហឫទ័យសប្បុរសដ៏ធំធេងចំពោះបិតាទូលបង្គំ ដោយប្រោសប្រទានអោយស្ដេចមានបុត្រមួយអង្គ ឡើងស្នងរាជ្យនៅថ្ងៃនេះ។ ៧ បពិត្រព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ ព្រះអង្គបានតែងតាំងទូលបង្គំ អោយឡើងស្នងរាជ្យរបស់ព្រះបាទដាវីឌជាបិតាទូលបង្គំ។ ប៉ុន្តែ ទូលបង្គំនៅក្មេងខ្ចីពេក មិនទាន់ចេះគ្រប់គ្រងស្រុកនៅឡើយ។ ៨ ទូលបង្គំត្រូវដឹកនាំប្រជាជនដែលព្រះអង្គបានជ្រើសរើស គឺប្រជាជនដ៏ច្រើនឥតគណនា។ ៩ ហេតុនេះសូមព្រះអង្គ ប្រោសប្រទានអោយទូលបង្គំមានប្រាជ្ញាឈ្លាសវៃ ដើម្បីគ្រប់គ្រងប្រជារាស្ត្ររបស់ព្រះអង្គ ហើយអោយទូលបង្គំចេះវិនិច្ឆ័យ ស្គាល់ការល្អ ការអាក្រក់ បើមិនដូច្នោះទេ តើនរណាអាចគ្រប់គ្រងលើប្រជារាស្ត្រដ៏ច្រើន ឥតគណនារបស់ព្រះអង្គបាន?»។
១០ ព្រះអម្ចាស់សព្វព្រះហឫទ័យ នឹងការទូលសូមរបស់ព្រះបាទសាឡូម៉ូនណាស់ ១១ ព្រះអង្គក៏មាន ព្រះបន្ទូលថា៖ «អ្នកមិនបានទូលសូមអោយមានអាយុវែង មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ឬអោយខ្មាំងសត្រូវរបស់អ្នកត្រូវវិនាសឡើយ តែអ្នកទូលសូមអោយមានប្រាជ្ញាឈ្លាសវៃ និងការយល់ដឹង ដើម្បីគ្រប់គ្រងប្រជារាស្ត្រ ដោយយុត្តិធម៌។ ១២ ដូច្នេះ យើងនឹងធ្វើតាមការទូលសូមរបស់អ្នក គឺយើងអោយអ្នកមានប្រាជ្ញា និងការយល់ដឹង ដែលគ្មាននរណាម្នាក់ អាចប្រៀបស្មើនឹងអ្នកបានឡើយ ទោះបីពីមុនក្ដី ឬទៅអនាគតក្ដី។ ១៣ លើសពីនេះយើងក៏ ផ្ដល់អោយអ្នកមានអ្វីៗដែលអ្នកមិនបានទូលសូមយើងដែរ គឺទ្រព្យសម្បត្តិភាពថ្កុំថ្កើងរុងរឿង។ ក្នុងមួយជីវិតរបស់អ្នក គ្មានស្ដេចណាមួយអាចប្រៀបស្មើនឹងអ្នកបានឡើយ។ ១៤ មួយវិញទៀត ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង ហើយប្រតិបត្តិតាមច្បាប់ និងបទបញ្ជារបស់យើង ដូចដាវីឌ ជាបិតារបស់អ្នក នោះយើងនឹងអោយអ្នកមានអាយុវែង»។
១៥ ព្រះបាទ សាឡូម៉ូនតើនឡើងហើយជ្រាបថា ព្រះជាម្ចាស់មានព្រះបន្ទូលមកស្ដេច តាមរយៈសុបិននិមិត្តនេះ។ ព្រះរាជាយាងត្រឡប់មកក្រុងយេរូសាឡឹមវិញ ហើយទៅថ្វាយបង្គំព្រះអម្ចាស់ នៅមុខហិបនៃសម្ពន្ធមេត្រី*។ ព្រះរាជាថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព រួចជប់លៀងនាម៉ឺនមន្ត្រីទាំងអស់។
ស្ត្រីពីរនាក់ដណ្ដើមកូនគ្នា
១៦ មានស្ត្រីពេស្យាពីរនាក់ចូលមកគាល់ព្រះបាទសាឡូម៉ូន។ ១៧ ស្ត្រីម្នាក់ទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! ខ្ញុំម្ចាស់ និងស្ត្រីម្នាក់នេះ រស់នៅក្នុងផ្ទះជាមួយគ្នា។ នៅពេលដែលស្ត្រីនេះស្នាក់នៅជាមួយខ្ញុំម្ចាស់សំរាលបានកូនមួយ។ ១៨ បីថ្ងៃក្រោយខ្ញុំ ម្ចាស់សំរាលកូន នាងនេះក៏សំរាលបានកូនមួយដែរ។ នៅក្នុងផ្ទះគ្មានអ្នកផ្សេងទេ គឺមានតែខ្ញុំម្ចាស់ពីរនាក់ប៉ុណ្ណោះ។ ១៩ យប់មួយ កូនរបស់ស្ត្រីនោះស្លាប់ ដោយនាងដេកសង្កត់លើ។ ២០ លុះដល់ពាក់កណ្ដាល អធ្រាត្រ ពេលខ្ញុំម្ចាស់កំពុងដេកលក់ នាងក៏ក្រោកឡើងចូលមកបីកូនខ្ញុំម្ចាស់ ដែលដេកនៅជិតខ្ញុំម្ចាស់ យកទៅដាក់ដេកក្បែរនាង រួចនាងយកកូនរបស់នាងដែលស្លាប់នោះ មកដាក់ជិតខ្ញុំម្ចាស់វិញ។ ២១ ព្រឹកឡើង កាលខ្ញុំម្ចាស់ភ្ញាក់ពីដំណេក ដើម្បីបំបៅកូនខ្ញុំម្ចាស់ឃើញថា កូនស្លាប់បាត់ទៅហើយ។ លុះខ្ញុំម្ចាស់ពិនិត្យមើលយ៉ាងច្បាស់លាស់ ក៏ឃើញថា មិនមែនជាកូនរបស់ខ្ញុំម្ចាស់ទេ»។ ២២ ពេលនោះ ស្ត្រីម្នាក់ទៀតស្រែកឡើងថា៖ «មិនពិតទេ! កូនរបស់ខ្ញុំនៅរស់ គឺកូនរបស់នាងទេដែលស្លាប់»។ ប៉ុន្តែ ស្ត្រីទីមួយឆ្លើយថា «មិនមែនទេ! កូននាងស្លាប់ហើយ គឺកូនខ្ញុំទេដែលនៅរស់»។ ដូច្នេះ ស្ត្រីទាំងពីរនាក់ក៏ប្រកែកគ្នា នៅចំពោះព្រះភក្ត្រស្ដេច។
២៣ ព្រះរាជា មានរាជឱង្ការថា៖ «ក្នុងចំណោមនាងទាំងពីរ មានម្នាក់ពោលថា “កូនដែលនៅរស់ជាកូនរបស់ខ្ញុំ ហើយកូនដែលស្លាប់ជាកូនរបស់នាង”។ រីឯម្នាក់ទៀតពោលថា “មិនមែនទេ! កូនរបស់នាងស្លាប់ហើយ គឺកូនរបស់ខ្ញុំទេដែលនៅរស់!”»។ ២៤ ព្រះរាជាបង្គាប់ថា៖ «ចូរយកដាវមកអោយយើង»។ ពេលគេយកដាវមកដល់ ២៥ ទ្រង់មានរាជឱង្ការថា៖ «ចូរកាប់កូននេះជាពីរចំណែក ហើយចែកមួយចំហៀងម្នាក់ៗអោយស្ត្រីទាំងពីរចុះ»។ ២៦ ស្ត្រីជាម្ដាយរបស់ កូនដែលនៅរស់ មានចិត្តអាណិតមេត្តាកូនរបស់ខ្លួនយ៉ាងខ្លាំងក៏ទូលព្រះរាជាថា៖ «បពិត្រព្រះករុណាជាអម្ចាស់ ខ្ញុំម្ចាស់សូមអង្វរព្រះករុណាមេត្តាប្រទានកូនដែលនៅរស់អោយស្ត្រី នេះចុះ! សូមកុំសម្លាប់វាឡើយ»។ ចំណែកឯស្ត្រីម្នាក់ទៀតពោលថា៖ «សូមកាប់កូននេះជាពីរទៅ! ធ្វើដូច្នេះ កូននេះនឹងមិនបានមកខ្ញុំ ឬបានទៅនាងឡើយ»។ ២៧ ពេលនោះ ព្រះរាជាមានរាជឱង្ការថា៖ «កុំសម្លាប់កូននេះ! ចូរប្រគល់វាអោយស្ត្រីទីមួយចុះ ដ្បិតនាងពិតជាម្ដាយរបស់កូនដែលនៅរស់មែន!»។
២៨ ប្រជាជន អ៊ីស្រាអែលទាំងមូលបានដឹងអំពីការវិនិច្ឆ័យរបស់ព្រះបាទសាឡូម៉ូន ហើយពួកគេនាំគ្នាគោរពកោតខ្លាចព្រះរាជា ព្រោះពួកគេយល់ឃើញថា ព្រះជាម្ចាស់ប្រទានប្រាជ្ញាញាណមកស្ដេច ដើម្បីកាត់ក្ដីនេះ។
ជំពូកទី ៤
នាម៉ឺនមន្ត្រីរបស់ព្រះបាទសាឡូម៉ូន
១ ព្រះបាទសាឡូម៉ូនគ្រងរាជ្យ លើស្រុកអ៊ីស្រាអែលទាំងមូល។ ២ មន្ត្រីជាន់ខ្ពស់របស់ស្ដេចមានរាយនាមដូចតទៅ: លោកអសារីយ៉ា ជាកូនរបស់លោកបូជាចារ្យសាដុក ៣ លោកអេលីហូរ៉ែប និងលោកអហ៊ីយ៉ា ជាកូនរបស់លោកស៊ីសា ជាលេខាធិការ។ លោកយ៉ូសាផាត ជាកូនរបស់លោកអហ៊ីលូដ ជាអ្នកនាំពាក្យរបស់ស្ដេច។ ៤ លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការរបស់កងទ័ព លោកសាដុក និងលោកអប៊ីយ៉ាថារជាបូជាចារ្យ។ ៥ លោកអសារីយ៉ា ជាកូនរបស់លោកយ៉ូណាថាន ជាប្រមុខលើពួករាជប្រតិភូ។ លោកសាប៊ូដ ជាកូនរបស់លោកណាថានជាបូជាចារ្យ និងជាមន្ត្រីជំនិតរបស់ស្ដេច។ ៦ លោកអហ៊ីសា ជាអ្នកទទួលខុសត្រូវលើព្រះរាជវាំង។ លោកអដូនីរ៉ាម ជាកូនរបស់លោកអាប់ដា ជាអ្នកទទួលខុសត្រូវលើកំណែន។
៧ ព្រះបាទ សាឡូម៉ូនតែងតាំងរាជប្រតិភូដប់ពីររូប អោយគ្រប់គ្រងលើស្រុកអ៊ីស្រាអែលទាំងមូល អស់លោកទាំងនោះ មានភារកិច្ចផ្គត់ផ្គង់ស្បៀងអាហារថ្វាយស្ដេច និងអស់អ្នកនៅក្នុងវាំង គឺម្នាក់ៗត្រូវផ្គត់ផ្គង់ស្បៀងអាហារមួយខែក្នុងមួយឆ្នាំ។ ៨ រាជប្រតិភូទាំងនោះមានរាយនាមដូចតទៅ: កូនរបស់លោកហួរគ្រប់គ្រងលើតំបន់ភ្នំអេប្រាអ៊ីម។ ៩ កូនរបស់លោកដេគែរ គ្រប់គ្រងលើតំបន់ម៉ាកាស សាលប៊ីមបេតសេម៉េស ហេឡូន និងបេតហាណាន។ ១០ កូនរបស់លោកហេសេឌគ្រប់គ្រងលើតំបន់អារូបូត ព្រមទាំងស្រុកសូកូ និងស្រុកហេភែរទាំងមូល។ ១១ កូនរបស់លោក អប៊ីណាដាប់ គ្រប់គ្រងលើស្រុកឌ័រទាំងមូល លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយ ព្រះនាងតាផាត ជាបុត្រីព្រះបាទសាឡូម៉ូន។ ១២ លោកបាណា ជាកូនរបស់លោកអហ៊ីលូដ គ្រប់គ្រងលើតំបន់តាណាក់ និងមេគីដូ ព្រមទាំងតំបន់បេតសេអានទាំងមូល។ តំបន់បេតសេអានមានព្រំប្រទល់រហូតដល់សាតន ដែលស្ថិតនៅខាងក្រោមយីសរេអែល។ តំបន់នេះលាតសន្ធឹងពីបេតសេអាន រហូតដល់អេបិល-មេហូឡា និងរហូតទៅដល់ខាងនាយយុកមេអាម។ ១៣ កូនរបស់លោក កេប៊ែរ គ្រប់គ្រងនៅរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ លោកគ្រប់គ្រងភូមិទាំងប៉ុន្មានរបស់លោកយ៉ាអៀរ ជាកូនរបស់លោកម៉ាណាសេ នៅស្រុកកាឡាដ និងតំបន់អារកូបក្នុងស្រុកបាសាន ដែលមានក្រុងធំៗចំនួនហុកសិប ជាទីក្រុងមានកំពែងដ៏រឹងមាំ និងមានរនុកធ្វើពីលង្ហិន។ ១៤ លោកអហ៊ីណាដាប់ ជាកូនរបស់លោកអ៊ីដូ គ្រប់គ្រងលើតំបន់ម៉ាហាណាអ៊ីម។ ១៥ លោកអហ៊ីម៉ាស់ គ្រប់គ្រងលើទឹកដីណែបថាលី។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងបាសមាត ជាបុត្រីរបស់ព្រះបាទសាឡូម៉ូន។ ១៦ លោកបាណា ជាកូនរបស់លោកហ៊ូសាយគ្រប់គ្រងលើទឹកដីអស៊ែរ និងបាឡូត។ ១៧ លោកយ៉ូសាផាត ជាកូនរបស់លោកបារូអា គ្រប់គ្រងលើទឹកដីអ៊ីសាកា។ ១៨ លោកស៊ីម៉ៃ ជាកូនរបស់លោកអេឡា គ្រប់គ្រងលើទឹកដីបេនយ៉ាមីន។ ១៩ លោកកេប៊ែរ ជាកូនរបស់លោកអ៊ូរី គ្រប់គ្រងលើស្រុកកាឡាដ ព្រមទាំងទឹកដីរបស់ព្រះបាទស៊ីហុន ស្ដេចនៃជនជាតិអាម៉ូរី និងស្រុករបស់ព្រះបាទអុក ស្ដេចស្រុកបាសាន។ ក្នុងតំបន់នេះទាំងមូលមានរាជប្រតិភូ តែមួយរូបប៉ុណ្ណោះ។
២០ ប្រជាជន នៅស្រុកយូដា និងស្រុកអ៊ីស្រាអែលមានចំនួនច្រើនឥតគណនាដូចគ្រាប់ខ្សាច់ នៅតាមឆ្នេរសមុទ្រ។ ពួកគេមានស្បៀងអាហារបរិបូណ៌ ហើយរស់នៅយ៉ាងសប្បាយរីករាយ។
ជំពូកទី ៥
១(១៤.២១) ព្រះបាទ សាឡូម៉ូនគ្រប់គ្រងលើនគរទាំងប៉ុន្មានចាប់ពីទន្លេអឺប្រាតរហូតដល់ ស្រុកភីលីស្ទីន និងព្រំប្រទល់ស្រុកអេស៊ីប នគរទាំងនោះនាំសួយសារអាករមកថ្វាយព្រះបាទសាឡូម៉ូន ហើយនៅជាចំណុះស្ដេចរហូតដល់ទ្រង់អស់ព្រះជន្ម។
២(២២) ស្បៀង អាហារប្រចាំថ្ងៃ សំរាប់ផ្គត់ផ្គង់ក្នុងវាំងរបស់ព្រះបាទសាឡូម៉ូន មានដូចតទៅ: ម្សៅម៉ដ្ដប្រាំបួនតោន ម្សៅធម្មតាដប់ប្រាំបីតោន ៣(២៣) គោបំប៉នដប់ក្បាល គោធម្មតាម្ភៃក្បាល ចៀមមួយរយក្បាល ព្រមទាំងសត្វផ្សេងៗជាច្រើនទៀត ដូចជាប្រើស ឈ្លូស ក្ដាន់ និងមាន់ទាបំប៉ន។ ៤(២៤) ព្រះបាទសាឡូម៉ូន ត្រួតត្រាលើទឹកដីទាំងប៉ុន្មាន ដែលស្ថិតនៅត្រើយខាងនាយទន្លេអឺប្រាត ចាប់ពីក្រុងទីបសារហូតដល់ក្រុងកាសា។ ស្ដេចទាំងប៉ុន្មាននៅត្រើយខាងនាយទន្លេអឺប្រាត ស្ថិតនៅក្រោមអំណាចព្រះបាទសាឡូម៉ូនទាំងអស់។ ពេលនោះ មានសុខសន្តិភាពគ្រប់ទិសទី។ ៥(២៥) ក្នុងរជ្ជកាលរបស់ ព្រះបាទសាឡូម៉ូន ប្រជាជននៅស្រុកយូដា និងស្រុកអ៊ីស្រាអែលចាប់ពីក្រុងដាន់រហូតដល់ក្រុងបៀរសាបា រស់នៅដោយសុខសាន្ត ក្រោមដើមទំពាំងបាយជូរ និងដើមឧទុម្ពររបស់ខ្លួន។ ៦(២៦)ព្រះបាទសាឡូម៉ូនមានសេះបួនម៉ឺនក្បាល សំរាប់ទឹមរទេះចំបាំង និងសេះមួយម៉ឺនពីរពាន់ក្បាលទៀតសំរាប់ពលទ័ពសេះ។ ៧(២៧) រៀងរាល់ខែ មានរាជប្រតិភូមួយរូប ទទួលភារកិច្ចផ្គត់ផ្គង់ស្បៀងអាហារ សំរាប់ព្រះបាទសាឡូម៉ូន និងអស់អ្នកដែលបរិភោគរួមតុជាមួយព្រះរាជា។ រាជប្រតិភូទាំងនោះពុំបានអោយស្ដេចខ្វះខាតអ្វីឡើយ។ ៨(២៨) រាជប្រតិភូទាំងនោះ ផ្ដល់ស្រូវ និងចំបើងសំរាប់សេះ ព្រមទាំងសត្វផ្សេងៗទៀតដែលជាជំនិះ នៅតាមកន្លែងដែលគេត្រូវការ ដូចស្ដេចបានកំណត់ទុក។
ប្រាជ្ញាញាណរបស់ព្រះបាទសាឡូម៉ូន
៩(២៩) ព្រះជាម្ចាស់ប្រទាន ប្រាជ្ញា និងសុភនិច្ឆ័យយ៉ាងលើសលប់ដល់ព្រះបាទសាឡូម៉ូន ធ្វើអោយស្ដេចមានការយល់ដឹងទូលំទូលាយ ដូចខ្សាច់នៅតាមឆ្នេរសមុទ្រ។ ១០(៣០) ព្រះរាជាមានប្រាជ្ញាឈ្លាសវៃ លើសអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកខាងកើត និងនៅស្រុកអេស៊ីប។ ១១(៣១) ព្រះរាជាមានប្រាជ្ញា លើសមនុស្សផងទាំងពួង គឺលើសលោកអេតន ពីអំបូរអេសរ៉ា លោកហេម៉ន ព្រមទាំងលោកកាល់កូល និងលោកដារដា ជាកូនរបស់លោកម៉ាហូល។ កិត្តិនាមរបស់ព្រះរាជាល្បីសុសសាយ រហូតដល់ប្រជាជាតិនានាដែលនៅជុំវិញ។ ១២(៣២) ព្រះបាទសាឡូម៉ូនថ្លែងសុភាសិត បីពាន់ឃ្លា និងតែងចំរៀងមួយពាន់ប្រាំបទ។ ១៣(៣៣) ព្រះរាជារៀបរាប់អំពី រុក្ខជាតិគ្រប់ប្រភេទ តាំងពីដើមតាត្រៅនៅស្រុកលីបង់ រហូតដល់ដើមហ៊ីសុបដែលដុះនៅតាមកំពែង។ ព្រះរាជារៀបរាប់អំពីសត្វចតុប្បាទ សត្វស្លាប សត្វលូនវារ និងត្រីផងដែរ។ ១៤(៣៤) ស្ដេចទាំងឡាយនៅលើ ផែនដី បានឮគេនិយាយអំពីប្រាជ្ញាញាណរបស់ព្រះបាទសាឡូម៉ូន ក៏ចាត់មនុស្សម្នាពីគ្រប់ជាតិសាសន៍ អោយមកស្ដាប់រាជឱង្ការរបស់ព្រះបាទសាឡូម៉ូន ដែលប្រកបដោយប្រាជ្ញាឈ្លាសវៃ។
ព្រះបាទសាឡូម៉ូនរៀបចំសង់ព្រះវិហារ
(២របាក្សត្រ ២:២-១៥)
១៥(១) ព្រះបាទហ៊ីរ៉ាមជាស្ដេច ក្រុងទីរ៉ុស និងជាមិត្តភក្ដិដ៏ជិតស្និទ្ធរបស់ព្រះបាទដាវីឌ ជ្រាបថាគេបានអភិសេកព្រះបាទសាឡូម៉ូន អោយស្នងរាជ្យរបស់ព្រះបាទដាវីឌជាបិតា ស្ដេចក៏ចាត់រាជបំរើទៅគាល់ព្រះបាទសាឡូម៉ូន។ ១៦(២) ព្រះបាទសាឡូម៉ូនចាត់អ្នកនាំសារអោយទៅទូលព្រះបាទហ៊ីរ៉ាមដូចតទៅ៖ ១៧(៣) «ព្រះករុណាជ្រាបហើយថា ព្រោះតែសង្គ្រាមកើតមានឥតស្រាកស្រាន្តពីគ្រប់ទិសទី ព្រះបាទដាវីឌជាបិតារបស់ទូលបង្គំ ពុំអាចសង់ព្រះដំណាក់ថ្វាយព្រះអម្ចាស់ ជាព្រះរបស់លោកបានទេរហូតទាល់តែ ព្រះអម្ចាស់បង្ក្រាបខ្មាំងសត្រូវអោយនៅក្រោមបាទារបស់លោក។ ១៨(៤) ឥឡូវនេះ ព្រះអម្ចាស់ ជាព្រះរបស់ទូលបង្គំប្រោសប្រទានសេចក្ដីសុខសាន្តនៅគ្រប់ទិសទី គឺគ្មានមារសត្រូវ គ្មានគ្រោះកាចទៀតទេ។ ១៩(៥) ដូច្នេះទូលបង្គំមានបំណងសង់ព្រះដំណាក់មួយថ្វាយព្រះអម្ចាស់ ជាព្រះរបស់ទូលបង្គំ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ ថ្លែងមកកាន់ព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំថា “បុត្ររបស់អ្នក ដែលយើងនឹងតែងតាំងអោយឡើងស្នងរាជ្យបន្តពីអ្នក នឹងសង់ដំណាក់សំរាប់យើង”។ ២០(៦) សូមព្រះករុណាបញ្ជាគេ កាប់ដើមតាត្រៅនៅភ្នំលីបង់ អោយទូលបង្គំផង។ អ្នកបំរើរបស់ទូលបង្គំនឹងធ្វើការរួមជាមួយអ្នកបំរើរបស់ព្រះករុណា ដ្បិតព្រះករុណាជ្រាបហើយថា ក្នុងចំណោមពួកទូលបង្គំ គ្មាននរណាម្នាក់ប្រសប់កាប់ឈើ ដូចអ្នកស្រុកស៊ីដូនទេ។ ទូលបង្គំនឹងបង់ប្រាក់ឈ្នួលអោយអ្នកបំរើរបស់ព្រះករុណា តាមព្រះករុណាបង្គាប់»។
២១(៧) កាលព្រះបាទហ៊ីរ៉ាមទទួលសារពីព្រះបាទសាឡូម៉ូន ទ្រង់មានអំណរជាខ្លាំង រួចមានរាជឱង្ការថា៖ «ថ្ងៃនេះ សូមលើកតម្កើងព្រះអម្ចាស់ ដែលបានប្រោសប្រទានបុត្រមួយអង្គប្រកបដោយប្រាជ្ញាឈ្លាសវៃ ដល់ព្រះបាទដាវីឌដើម្បីគ្រប់គ្រងលើប្រជាជនដ៏ច្រើននេះ»។ ២២(៨) បន្ទាប់មក ព្រះបាទហ៊ីរ៉ាមចាត់គេ អោយទៅទូលព្រះបាទសាឡូម៉ូនថា៖ «ទូលបង្គំបានទទួលសាររបស់ព្រះករុណាហើយ ទូលបង្គំនឹងផ្ដល់ឈើទាំងប៉ុន្មានដែលព្រះករុណាត្រូវការ គឺឈើតាត្រៅ និងឈើកកោះ។ ២៣(៩) ពួកអ្នកបំរើរបស់ ទូលបង្គំនឹងដឹកឈើហ៊ុបទាំងនោះ ពីភ្នំលីបង់ទៅដល់មាត់សមុទ្រ ហើយចងជាក្បូន បណ្ដែតតាមសមុទ្រ រហូតដល់កន្លែងដែលព្រះករុណាកំណត់ទុក។ នៅទីនោះ ពួកអ្នកបំរើរបស់ទូលបង្គំនឹងស្រាយក្បូន ហើយអ្នកបំរើរបស់ព្រះករុណា មកទទួលយកឈើហ៊ុបទាំងនោះ។ រីឯថ្លៃឈ្នួលវិញ សូមព្រះករុណាផ្គត់ផ្គង់ស្បៀងអាហារ ដែលទូលបង្គំត្រូវការសំរាប់ចិញ្ចឹមអ្នកបំរើក្នុងវាំងរបស់ទូលបង្គំ ផង»។ ២៤(១០) ព្រះបាទហ៊ីរ៉ាមថ្វាយឈើតាត្រៅ និងឈើកកោះទាំងប៉ុន្មាន តាមសេចក្ដីត្រូវការរបស់ព្រះបាទសាឡូម៉ូន។ ២៥(១១) ព្រះបាទសាឡូម៉ូនបាន ផ្ដល់ស្បៀងអាហាររៀងរាល់ឆ្នាំ មានស្រូវចំនួនប្រាំមួយពាន់តោន និងប្រេងឆាគុណភាពល្អចំនួនប្រាំបួនពាន់លីត្រ សំរាប់ផ្គត់ផ្គង់សេចក្ដីត្រូវការក្នុងវាំងរបស់ព្រះបាទហ៊ីរ៉ាម។
២៦(១២) ព្រះអម្ចាស់ ប្រទានប្រាជ្ញាដល់ព្រះបាទសាឡូម៉ូនតាមព្រះបន្ទូលសន្យា។ ព្រះបាទសាឡូម៉ូន និងព្រះបាទហ៊ីរ៉ាម ចងសម្ពន្ធមិត្តជាមួយគ្នា ហើយមានទំនាក់ទំនងទៅវិញទៅមកដោយសុខសាន្ត។
ព្រះបាទសាឡូម៉ូនរៀបចំកំណែន
(២របាក្សត្រ ១:១៨, ២:១, ១៦-១៧)
២៧(១៣) ព្រះបាទសាឡូម៉ូនកេណ្ឌមនុស្សចំនួនបីម៉ឺននាក់ ក្នុងស្រុកអ៊ីស្រាអែលទាំងមូល មកធ្វើពលកម្ម ២៨(១៤) ស្ដេចចាត់ពួកគេអោយ ទៅធ្វើការនៅភ្នំលីបង់ តាមវេនចំនួនមួយម៉ឺននាក់ ក្នុងមួយខែ ក្រោមការត្រួតត្រារបស់លោកអដូនីរ៉ាម។ ពួកគេធ្វើការនៅភ្នំលីបង់មួយខែ ហើយវិលមកនៅផ្ទះវិញពីរខែ។ ២៩(១៥)ព្រះបាទសាឡូម៉ូនប្រើមនុស្សចំនួនប្រាំពីរម៉ឺននាក់ សំរាប់លីសែង និងប្រាំបីម៉ឺននាក់សំរាប់ដាប់ថ្មនៅលើភ្នំ។ ៣០(១៦) ក្រៅពីពួកពលករ ព្រះបាទសាឡូម៉ូនតែងតាំងអ្នកទទួលខុសត្រូវ ចំនួនបីពាន់បីរយនាក់ទៀត សំរាប់ត្រួតត្រាលើការងាររបស់ពលករផង។ ៣១(១៧) ព្រះរាជាបង្គាប់អោយគេគាស់ថ្មធំៗ យកមកដាប់យ៉ាងល្អប្រណីត សំរាប់ធ្វើគ្រឹះព្រះដំណាក់។ ៣២(១៨)ពួកពលកររបស់ព្រះបាទ សាឡូម៉ូន និងព្រះបាទហ៊ីរ៉ាម ព្រមទាំងជាងពីស្រុកកេបាលនាំគ្នាដាប់ថ្ម ហើយរៀបចំត្រៀមឈើ និងថ្មសំរាប់សង់ព្រះដំណាក់។
ជំពូកទី ៦
ការសង់ព្រះវិហារ
(២របាក្សត្រ ៣:១-១៤)
១ ព្រះបាទសាឡូម៉ូនបានសង់ព្រះដំណាក់ថ្វាយ ព្រះអម្ចាស់ នៅឆ្នាំទីបួនរយប៉ែតសិប ក្រោយពេលកូនចៅអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប គឺនៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទសាឡូម៉ូន ក្នុងខែពិសាខដែលត្រូវជាខែទីពីរ។ ២ ព្រះដំណាក់ដែលព្រះបាទសាឡូម៉ូនសង់ថ្វាយព្រះអម្ចាស់ មានបណ្ដោយប្រវែងហុកសិបហត្ថ ទទឹងម្ភៃហត្ថ និងកំពស់សាមសិបហត្ថ។ ៣ បន្ទប់ល្វែងនៅខាងមុខ ទីសក្ការៈនៃព្រះដំណាក់ មានបណ្ដោយប្រវែងម្ភៃហត្ថ ស្របតាមប្រវែងទទឹងព្រះដំណាក់ រីឯទទឹងរបស់បន្ទប់ មានប្រវែងដប់ហត្ថ។ ៤ នៅតាមជញ្ជាំងព្រះដំណាក់ ព្រះរាជាបានអោយគេធ្វើបង្អួចដែលមានដាក់ចម្រឹងផង។ ៥ ព្រះរាជាអោយគេសង់ បន្ទប់អម ភ្ជាប់ទៅនឹងជញ្ជាំងព្រះដំណាក់ ពោលគឺព្រះវិហារ និងទីសក្ការៈ។ បន្ទប់អមទាំងនោះស្ថិតនៅជុំវិញព្រះដំណាក់។ ៦ ជាន់ខាងក្រោម មានទទឹងប្រាំហត្ថ ជាន់កណ្ដាលមានទទឹងប្រាំមួយហត្ថ និងជាន់ខាងលើមានទទឹងប្រាំពីរហត្ថ។ ជញ្ជាំងខាងក្រៅព្រះដំណាក់ ពីក្រោមទៅលើ មានកំរាស់មិនស្មើគ្នាទេ ធ្វើដូច្នេះ ចៀសវាងចោះជញ្ជាំងព្រះដំណាក់ សំរាប់ដាក់ឈើធ្នឹម។ ៧ គេសង់ព្រះដំណាក់ ដោយប្រើថ្មដែលគេដាប់ទុកជាមុន ហេតុនេះ ក្នុងពេលសង់គេពុំឮស្នូរញញួរដែកដាប់ ឬគ្រឿងប្រដាប់ធ្វើពីដែកណាមួយនៅក្នុងព្រះដំណាក់ទេ។ ៨ ទ្វារចូលបន្ទប់ជាន់ ខាងក្រោម ស្ថិតនៅប៉ែកខាងស្ដាំនៃព្រះដំណាក់ ហើយមានជណ្ដើរមួយសំរាប់ឡើងទៅជាន់កណ្ដាល និងពីជាន់កណ្ដាលទៅជាន់ខាងលើ។ ៩ ក្រោយពីសង់ព្រះដំណាក់រួចហើយ ស្ដេចសង់ពិដាន និងធ្នឹមអំពីឈើតាត្រៅ។ ១០ ស្ដេចក៏បានសង់ បន្ទប់អមនៅជុំវិញព្រះដំណាក់ដែរ បន្ទប់ទាំងនោះមានកំពស់ប្រាំហត្ថ ក្នុងជាន់នីមួយៗ ហើយភ្ជាប់នឹងជញ្ជាំងព្រះដំណាក់ ដោយឈើតាត្រៅ។
១១ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទសាឡូ ម៉ូនថា៖ ១២ «អ្នកកំពុងតែសង់ ដំណាក់នេះសំរាប់យើង។ ប្រសិនបើអ្នកប្រតិបត្តិតាមក្រឹត្យវិន័យរបស់យើង ប្រសិនបើអ្នកគោរពតាមបទបញ្ជារបស់យើង ហើយប្រសិនបើអ្នកកាន់ និងធ្វើតាមច្បាប់របស់យើង នោះយើងនឹងប្រព្រឹត្តចំពោះអ្នកតាមពាក្យដែលយើងបានសន្យាជាមួយ ដាវីឌជាបិតារបស់អ្នក។ ១៣ យើងនឹងស្ថិតនៅជាមួយជនជាតិអ៊ីស្រាអែល យើងនឹងមិនបោះបង់ចោលអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងឡើយ»។
ការតុបតែងលំអក្នុងព្រះវិហារ
១៤ ក្រោយបានសង់ព្រះដំណាក់រួចហើយ ព្រះបាទសាឡូម៉ូន ១៥ អោយគេពាសជញ្ជាំងខាងក្នុងពីឈើតាត្រៅ តាំងពីក្រោមរហូតដល់ពិដាន ព្រមទាំងក្រាលក្ដារពីឈើកកោះដែរ។ ១៦ ស្ដេចអោយគេយកឈើ តាត្រៅពាសជញ្ជាំង ប៉ែកខាងក្រោយព្រះដំណាក់ពីក្រោមរហូតដល់លើ មានប្រវែងម្ភៃហត្ថ។ ផ្នែកខាងក្នុងនេះ ទ្រង់អោយគេរៀបចំធ្វើជាទីសក្ការៈ និងទីសក្ការៈបំផុត។ ១៧ បន្ទប់ធំដែលនៅខាងមុខទីសក្ការៈមានបណ្ដោយសែសិបហត្ថ។ ១៨ ឈើតាត្រៅដែលគេពាស ផ្នែកខាងក្នុងព្រះដំណាក់ មានឆ្លាក់ជាក្បាច់រចនារូបផ្កាក្រពុំ និងរូបផ្ការីក។ គេពាសជញ្ជាំងទាំងអស់ពីឈើតាត្រៅ ដោយឥតឃើញថ្មឡើយ។
១៩ ស្ដេចរៀបចំទីសក្ការៈនៅផ្នែកខាងក្រោយព្រះដំណាក់ សំរាប់តម្កល់ហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។ ២០ ជ្រុងនីមួយៗរបស់ ទីសក្ការៈមានប្រវែងម្ភៃហត្ថ កំពស់ម្ភៃហត្ថ ហើយស្រោបមាសសុទ្ធទាំងអស់។ រីឯអាសនៈមានពាសទៅដោយឈើតាត្រៅ។ ២១ ព្រះបាទសាឡូម៉ូនបាន យកមាសសុទ្ធមកស្រោបប៉ែកខាងក្នុងព្រះដំណាក់ ហើយយកច្រវាក់ធ្វើពីមាសមកចងខណ្ឌនៅមុខទីសក្ការៈ ដែលស្ដេចបានស្រោបមាសដែរ។ ២២ ដូច្នេះ ព្រះដំណាក់ទាំងមូលសុទ្ធតែស្រោបមាស អាសនៈ នៅខាងមុខទីសក្ការៈក៏ស្រោបមាសដែរ។
២៣ នៅក្នុងទីសក្ការៈ ស្ដេចអោយគេឆ្លាក់រូបខេរូប៊ីម*មួយគូធ្វើអំពីឈើអូលីវ ខេរូប៊ីមនីមួយៗមានកំពស់ដប់ហត្ថ។ ២៤ ស្លាបនីមួយៗរបស់ខេរូប៊ីមទីមួយ មានប្រវែងប្រាំហត្ថ គឺពីចុងស្លាបម្ខាងទៅចុងស្លាបម្ខាងទៀតមានប្រវែងដប់ហត្ថ។ ២៥ ស្លាបទាំងពីររបស់ខេរូប៊ីមទីពីរ ក៏មានប្រវែងដប់ហត្ថដែរ។ ខេរូប៊ីមទាំងពីរ មានទំហំ និងទ្រង់ទ្រាយដូចគ្នា។ ២៦ ខេរូប៊ីមទីមួយមានកំពស់ដប់ហត្ថ ហើយរូបទីពីរក៏មានកំពស់ប៉ុនគ្នាដែរ។ ២៧ ស្ដេចដាក់ខេរូប៊ីម ទាំងពីរនៅកណ្ដាលទីសក្ការៈ ខេរូប៊ីមទាំងពីរត្រដាងស្លាប គឺចុងស្លាបខេរូប៊ីមទីមួយលាតទៅទល់នឹងជញ្ជាំងម្ខាង រីឯចុងស្លាបខេរូប៊ីមទីពីរលាតទៅទល់នឹងជញ្ជាំងម្ខាងទៀត។ ចុងស្លាបម្ខាងទៀតរបស់ខេរូប៊ីមនីមួយៗលាតទល់គ្នានៅចំកណ្ដាល ទីសក្ការៈ។ ២៨ ស្ដេចអោយគេស្រោបរូបខេរូប៊ីមទាំងពីរនេះ ដោយមាស។
២៩ នៅតាមជញ្ជាំងព្រះដំណាក់ទាំងខាងក្នុង និងខាងក្រៅ ស្ដេចអោយគេឆ្លាក់ក្បាច់ខេរូប៊ីមក្បាច់ដើមចាក និងក្បាច់ផ្ការីកផង។ ៣០ រីឯក្ដារក្រាលព្រះដំណាក់ទាំងខាងក្នុង ទាំងខាងក្រៅសុទ្ធតែស្រោបមាស។
៣១ នៅច្រកចូលទីសក្ការៈ ស្ដេចអោយគេធ្វើទ្វារពីឈើអូលីវ។ ក្របទ្វារនេះមានកំពស់មួយភាគប្រាំនៃជញ្ជាំង។ ៣២ សន្លឹកទ្វារទាំងពីរ ធ្វើពីឈើអូលីវ។ នៅលើសន្លឹកទ្វារទាំងពីរនោះ ស្ដេចអោយគេឆ្លាក់ក្បាច់ខេរូប៊ីម ក្បាច់ដើមចាក និងក្បាច់ផ្ការីក ព្រមទាំងស្រោបមាស គឺទាំងក្បាច់ខេរូប៊ីម ទាំងក្បាច់ដើមចាកសុទ្ធតែស្រោបមាស។ ៣៣ រីឯច្រកចូលព្រះវិហារ ស្ដេចអោយគេធ្វើក្របទ្វារពីឈើអូលីវដែរ។ ក្របទ្វារនោះមានកំពស់មួយភាគបួននៃជញ្ជាំង។ ៣៤ សន្លឹកទ្វារទាំងពីរធ្វើពីឈើកកោះ សន្លឹកនីមួយៗមានពីរផ្ទាំង ដែលអាចបត់ចូលគ្នាបាន។ ៣៥ នៅលើសន្លឹកទ្វារ ទាំងពីរស្ដេចអោយគេឆ្លាក់ក្បាច់ខេរូប៊ីម ក្បាច់ដើមចាក និងក្បាច់ផ្ការីក ព្រមទាំងស្រោបមាសតំរូវតាមក្បាច់នោះផង។ ៣៦ បន្ទាប់មក ស្ដេចអោយគេធ្វើទីលានខាងក្នុងពីថ្មដាប់បីជាន់ និងឈើតាត្រៅមួយជាន់។
៣៧ ក្នុងឆ្នាំទីបួន នៃរជ្ជកាលព្រះបាទសាឡូម៉ូននៅខែពិសាខ គេបានចាក់គ្រឹះព្រះដំណាក់របស់ព្រះអម្ចាស់។ ៣៨ ក្នុងឆ្នាំទីដប់មួយ នៃរជ្ជកាលព្រះបាទសាឡូម៉ូន នៅខែកត្ដិក គឺជាខែទីប្រាំបី គេបានសង់ព្រះដំណាក់រួចជាស្រេច តាមគំរោងសំណង់។ ដូច្នេះ ព្រះបាទសាឡូម៉ូនសង់ព្រះដំណាក់ អស់រយៈពេលប្រាំពីរឆ្នាំ។
ជំពូកទី ៧
ការសង់ព្រះរាជវាំង
១ រីឯវាំងរបស់ស្ដេចវិញ ព្រះបាទសាឡូម៉ូនចំណាយពេលអស់ដប់បីឆ្នាំ ទើបសង់ដំណាក់ទាំងអស់រួចជាស្រេច។ ដំបូងបង្អស់ ព្រះរាជាសង់ «ដំណាក់ព្រៃស្រុកលីបង់» មានបណ្ដោយប្រវែងមួយរយហត្ថ ទទឹងហាសិបហត្ថ និងកំពស់សាមសិបហត្ថ មានសសរបួនជួរធ្វើពីឈើតាត្រៅ ហើយនៅលើសសរមានធ្នឹមធ្វើពីឈើតាត្រៅដែរ។ ៣ រីឯពិដានវិញក៏ធ្វើពី ឈើតាត្រៅដែរ ទ្រដោយធ្នឹមធ្វើពីឈើតាត្រៅសែសិបប្រាំដើម តំរៀបជាបីជួរ គឺក្នុងមួយជួរ មានដប់ប្រាំដើម ដែលទ្រដោយសសរទាំងនោះ។ ៤ នៅតាមជញ្ជាំងសងខាងដំណាក់ មានបង្អួចម្ខាងបីៗ នៅមុខទល់គ្នា។ ៥ មេ និងក្របរបស់វា មានរាងបួនជ្រុង ម្ខាងបីៗនៅមុខទល់គ្នា។ ៦ ស្ដេចសង់បន្ទប់ល្វែងមួយ មានបណ្ដោយហាសិបហត្ថ ទទឹងសាមសិបហត្ថ ដែលមានតែសសរ។ នៅពីមុខបន្ទប់ល្វែងនោះ មានសសរ និងថែវ។ ៧ ព្រះរាជាសង់បន្ទប់ ល្វែងមួយ ជាកន្លែងគ្រងរាជ្យ និងកាត់ក្ដី មានឈ្មោះថា «ទីនាំងវិនិច្ឆ័យ» ដែលពាសឈើតាត្រៅ ពីក្រោមរហូតដល់លើ។ ៨ រីឯដំណាក់សំរាប់ស្ដេច គង់ ក៏សង់ដូចដំណាក់មុនដែរ តែនៅក្នុងទីធ្លាមួយទៀត នៅខាងក្រោយដំណាក់គ្រងរាជ្យ។ ព្រះបាទសាឡូម៉ូនសង់ដំណាក់មួយសំរាប់ព្រះមហេសី ដែលត្រូវជាបុត្រី របស់ព្រះចៅផារ៉ោន ដំណាក់នោះក៏សង់ដូចដំណាក់មុនដែរ។
៩ ដំណាក់ ទាំងអស់ សុទ្ធតែធ្វើអំពីថ្មសំរាំងដ៏ល្អៗដែលបានដាប់តំរូវតាមទំហំ និងអារតំរឹម តាមមុខជ្រុងទាំងខាងក្នុងទាំងខាងក្រៅ។ គេសង់ដំណាក់ទាំងនោះពីថ្មទាំងអស់ តាំងពីគ្រឹះរហូតដល់ដំបូល ហើយផ្នែកខាងក្រៅរហូតដល់ទីធ្លាធំផង។ ១០ គេរើសសុទ្ធតែថ្មដ៏ល្អប្រណីត និងផ្ទាំងធំៗ យកមកធ្វើជាគ្រឹះ ថ្មខ្លះមានប្រវែងដល់ទៅប្រាំបី ឬដប់ហត្ថ។ ១១ គេយកថ្មសំរាំងដ៏ល្អៗ ដែលបានដាប់តំរូវតាមទំហំ និងឈើតាត្រៅមកសង់ពីលើគ្រឹះនោះ។ ១២ នៅជុំវិញទីធ្លាធំ គេសង់ជញ្ជាំងពីថ្មសំរាំងដ៏ល្អៗត្រួតគ្នាបីជាន់ ហើយមួយជាន់ទៀតសង់ពីឈើតាត្រៅ ដូចទីលានខាងក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងបន្ទប់ល្វែងរបស់ព្រះដំណាក់ដែរ។
កិច្ចការរបស់លោកហ៊ីរ៉ាម
(២របាក្សត្រ ២:១២-១៣, ៣:១៥-១៧, ៤:២-៥)
១៣ ព្រះបាទសាឡូម៉ូន ចាត់គេអោយទៅអញ្ជើញលោកហ៊ីរ៉ាមនៅក្រុងទីរ៉ុស។ ១៤ គាត់ជាកូនរបស់ ស្ត្រីមេម៉ាយម្នាក់ ក្នុងកុលសម្ព័ន្ធណែបថាលី ហើយឪពុកជាអ្នកក្រុងទីរ៉ុស។ លោកហ៊ីរ៉ាម ជាជាងលង្ហិនមួយរូបដ៏ចំណានដែលមានប្រាជ្ញាឈ្លាសវៃ ហើយមានថ្វីដៃខាងផលិតវត្ថុគ្រប់យ៉ាងពីលង្ហិន។ គាត់ចូលទៅគាល់ព្រះបាទសាឡូម៉ូន ហើយទទួលធ្វើកិច្ចការទាំងអស់ថ្វាយស្ដេច។
១៥ លោកហ៊ីរ៉ាមធ្វើសសរលង្ហិនពីរ កំពស់ដប់ប្រាំបីហត្ថ ហើយគេយកខ្សែមកវាស់ជុំវិញសសរនោះ ឃើញមានប្រវែងដប់ពីរហត្ថ។ ១៦ គាត់ធ្វើក្បាលសសរលង្ហិនពីរ ជាក្បាច់ដាក់នៅលើសសរទាំងពីរ ក្បាលសសរនីមួយៗមានកំពស់ប្រាំហត្ថ។ ១៧ គាត់សិតលង្ហិនធ្វើជាក្បាច់ក្រឡាអួន និងច្រវាក់ តុបតែងលំអក្បាលសសរ។ ក្បាលសសរនីមួយៗមានកំរងច្រវាក់ប្រាំពីរខ្សែ។ គាត់សិតក្បាច់ផ្លែទទឹមពីរជួរ លំអជុំវិញក្បាច់ក្រឡាអួនដែលស្ថិតនៅលើក្បាលសសរនីមួយៗ។ ១៩ នៅលើសសរនីមួយៗនៃ បន្ទប់ល្វែង គាត់ធ្វើក្បាលសសរមួយជាន់ទៀតបន្តុបពីលើ មានកំពស់បួនហត្ថ ហើយមានឆ្លាក់ជាក្បាច់ផ្កាម្លិះ។ ២០ នៅផ្នែកខាងលើក្បាល សសរទីមួយ មានក្បាច់ផ្លែទទឹមចំនួនពីររយត្រង់គែមក្បាច់ក្រឡាអួន ហើយនៅលើក្បាលសសរទីពីរ មានក្បាច់ផ្លែទទឹមពីររយទៀតតំរៀបគ្នាជាជួរដែរ។ ២១ គាត់លើកសសរទាំងពីរ នោះបញ្ឈរ នៅខាងមុខបន្ទប់ល្វែងរបស់ព្រះវិហារ។ សសរនៅខាងស្ដាំមានឈ្មោះថា យ៉ាគីន រីឯសសរនៅខាងឆ្វេង មានឈ្មោះថា បូអាស។ ២២ ក្បាលសសរទាំងពីរនេះមានរាងដូចផ្កាម្លិះ។ លោកហ៊ីរ៉ាមបានធ្វើសសរទាំងពីរចប់រួចរាល់។
២៣ លោកហ៊ីរ៉ាមធ្វើអាងមួយយ៉ាងធំ ពីលង្ហិនដែលមានរាងមូល មានអង្កត់ផ្ចិតដប់ហត្ថ មានកំពស់ប្រាំហត្ថ និងជុំវិញរង្វង់សាមសិបហត្ថ។ ២៤ នៅក្រោមគែមមាត់អាង មានឆ្លាក់ក្បាច់ផ្កាក្រពុំពីរជួរ ហើយក្នុងប្រវែងមួយហត្ថ មានក្បាច់ផ្កាក្រពុំដប់ ព័ទ្ធជុំវិញអាង។ ក្បាច់ទាំងនោះសិតជាប់ជាមួយអាងដែរ។ ២៥ អាងនេះទ្រដោយគោលង្ហិនចំនួនដប់ពីរ គោបីបែរទៅខាងជើង គោបីបែរទៅខាងលិច គោបីបែរទៅខាងត្បូង និងគោបីទៀតបែរទៅខាងកើត។ ខ្លួនរបស់វាបែរចូលក្នុង ដើម្បីទ្រអាង។ ២៦ អាងនេះមានកំរាស់មួយទះ មាត់របស់វារីកចេញដូចមាត់ពែង និងមានរាងដូចផ្កាម្លិះ ហើយមានចំណុះប្រមាណពីរពាន់អំរែក។
២៧ លោកហ៊ីរ៉ាមបានធ្វើរទេះលង្ហិនចំនួនដប់។ រទេះនីមួយៗ មានបណ្ដោយបួនហត្ថ ទទឹងបួនហត្ថ និងកំពស់បីហត្ថ។ ២៨ គាត់ធ្វើរទេះដូចតទៅ: គាត់សិតបន្ទះលង្ហិនជាច្រើន រួចតំរៀបគ្នានៅលើគ្រោង។ ២៩ នៅលើបន្ទះលង្ហិន ទាំងនោះ មានឆ្លាក់រូបសឹង្ហ គោ ខេរូប៊ីម។ នៅផ្នែកខាងលើ និងផ្នែកខាងក្រោមនៃគ្រោង ក៏មានឆ្លាក់រូបសឹង្ហ គោ និងមានឆ្លាក់ក្បាច់រំយោលលំអដែរ។ ៣០ រទេះនីមួយៗមានកង់ បួនធ្វើពីលង្ហិន ហើយភ្ជាប់ទៅនឹងតួដោយភ្លៅធ្វើពីលង្ហិន។ នៅត្រង់មុមទាំងបួន មានជើងសំរាប់ទ្រមុម ធ្វើពីលង្ហិន ភ្ជាប់ទៅនឹងតួរទេះ នៅខាងក្រោមក្បាច់រំយោល។ ៣១ ផ្នែកខាងលើតួរទេះ មានកំណល់មួយរាងមូល សំរាប់ទ្រអាង។ កំណល់នេះខ្ពស់ផុតពីតួ រទេះមួយហត្ថ មានអង្កត់ផ្ចិតមួយហត្ថកន្លះ។ នៅលើកំណល់នេះ ក៏មានឆ្លាក់ជាក្បាច់ដែរ។ រីឯតួរទេះវិញ មានរាងបួនជ្រុង គឺមិនមែនមូលទេ។ ៣២ រីឯកង់ទាំងបួនវិញ ស្ថិតនៅក្រោមតួរទេះ ហើយភ្ជាប់ទៅនឹងតួដោយសារភ្លៅ។ កង់នីមួយៗមានអង្កត់ផ្ចិតមួយហត្ថកន្លះ។ ៣៣ កង់ទាំងនោះមានរាងដូចកង់រទេះដែរ គឺមានភ្លៅ ខ្នង កាំ និងដុំ ធ្វើអំពីលង្ហិនទាំងអស់។ ៣៤ ជើងសំរាប់ទ្រមុមទាំងបួនរបស់រទេះសិតភ្ជាប់ទៅនឹងតួ។ ៣៥ ផ្នែកខាងលើរទេះមានរង្វង់មូលមួយ ដែលមានកន្លះហត្ថ។ នៅផ្នែកខាងលើនេះ ក៏មានជើងកំណល់ សិតភ្ជាប់ទៅនឹងតួរទេះដែរ។ ៣៦ គាត់ឆ្លាក់ក្បាច់ខេរូប៊ីម សឹង្ហ និងដើមចាកនៅលើផ្ទៃរាបស្មើ លើជើងកំណល់ព្រមទាំងឆ្លាក់ក្បាច់រំយោលព័ទ្ធជុំវិញផង។ ៣៧ គាត់ធ្វើរទេះទាំងដប់នេះមានទំហំ និងទ្រង់ទ្រាយដូចគ្នារទេះនីមួយៗសិតធ្វើអំពីលោហធាតុតែមួយដុំ។
៣៨ លោក ហ៊ីរ៉ាមសិតធ្វើអាងលង្ហិនចំនួនដប់សំរាប់ដាក់លើរទេះទាំងដប់នេះ។ អាងនីមួយៗមានកំពស់បួនហត្ថ និងមានចំណុះសែសិបអំរែក។ ៣៩ គាត់ដាក់រទេះប្រាំ នៅខាងស្ដាំព្រះដំណាក់ និងប្រាំទៀតនៅខាងឆ្វេង។ រីឯអាងធំវិញ គាត់ដាក់នៅខាងស្ដាំព្រះដំណាក់ ត្រង់ទិសអគ្នេយ៍។
បញ្ជីរបស់របរដែលលោកហ៊ីរ៉ាមបានធ្វើ
(២របាក្សត្រ ៤:៧-៥:១)
៤០ កាលលោកហ៊ីរ៉ាមធ្វើអាង ប្រដាប់ចូកផេះ និងផើងដាក់ឈាមរួចរាល់ហើយ លោកក៏បញ្ចប់កិច្ចការទាំងអស់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ថ្វាយព្រះបាទសាឡូម៉ូន ៤១ គឺមាន: សសរពីរ ក្បាលសសររាងមូលពីរ សំរាប់ដាក់លើសសរ និងក្បាច់ក្រឡាអួន ស្ថិតលើក្បាលសសររាងមូលទាំងពីរផង។ ៤២ ផ្លែទទឹមចំនួនបួនរយចងភ្ជាប់នឹងក្រឡាអួនទាំងពីរ គឺផ្លែទទឹមពីរជួរសំរាប់ក្រឡាអួននីមួយៗ ដែលស្ថិតនៅលើក្បាលសសរ។ ៤៣ រទេះចំនួនដប់ និងអាងដប់ដាក់នៅលើរទេះទាំងនោះ។ ៤៤ អាងធំមួយ និងគោចំនួនដប់ពីរសំរាប់ទ្រអាង។ ៤៥ ធុងសំរាប់ដាក់ផេះ ប្រដាប់ចូកផេះ និងផើងសំរាប់ដាក់ឈាម។ គ្រឿងប្រដាប់ទាំងអស់ ដែលលោកហ៊ីរ៉ាមធ្វើថ្វាយព្រះបាទសាឡូម៉ូន សំរាប់ដាក់នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ សុទ្ធតែធ្វើពីលង្ហិន ខាត់យ៉ាងរលោង។ ៤៦ ព្រះរាជាអោយគេសិតគ្រឿងប្រដាប់ទាំងនោះក្នុងពុម្ពដីឥដ្ឋ នៅវាលទំនាបទន្លេយ័រដាន់ត្រង់ចន្លោះស៊ូកូត និងសាតាន។ ៤៧ ព្រះបាទសាឡូម៉ូនអោយគេធ្វើគ្រឿងប្រដាប់ទាំងនោះ ដោយពុំគិតពីទម្ងន់លង្ហិនទេ ព្រោះមានចំនួនច្រើនពេក។
៤៨ ព្រះបាទសាឡូម៉ូនបានអោយគេធ្វើគ្រឿងប្រដាប់ឯទៀតៗអំពីមាស សំរាប់ព្រះដំណាក់របស់ព្រះអម្ចាស់ គឺមានអាសនៈមាស តុមាស សំរាប់ដាក់នំបុ័ងថ្វាយព្រះអម្ចាស់ ៤៩ ជើងចង្កៀងធ្វើអំពី មាសសុទ្ធ ដាក់នៅមុខទីសក្ការៈ ជើងចង្កៀងប្រាំនៅខាងស្ដាំ ប្រាំនៅខាងឆ្វេង។ ផ្នែកដាក់ប្រេង តួចង្កៀង និងឃ្នាបប្រឆេះ ក៏ធ្វើអំពីមាសដែរ។ ៥០ ចានក្លាំ កាំបិត ផើងដាក់ឈាម ពែង និងភាជន៍ ក៏ធ្វើពីមាសសុទ្ធទាំងអស់ រីឯត្រចៀកទ្វារនៅបន្ទប់ខាងក្នុងហៅថាទីសក្ការៈបំផុត និងត្រចៀកទ្វារនៅច្រកចូលព្រះដំណាក់ ក៏សុទ្ធតែធ្វើពីមាសដែរ។ ៥១ ព្រះបាទសាឡូម៉ូនបានធ្វើគ្រឿងប្រដាប់សំរាប់ព្រះដំណាក់របស់ព្រះអម្ចាស់ ចប់សព្វគ្រប់។ បន្ទាប់មក ស្ដេចនាំយកវត្ថុជាមាស ប្រាក់ និងគ្រឿងប្រដាប់ឯទៀតៗ ដែលព្រះបាទដាវីឌជាបិតាបានថ្វាយដល់ព្រះអម្ចាស់ មកទុកនៅក្នុងឃ្លាំងនៃព្រះដំណាក់របស់ព្រះអម្ចាស់។
ជំពូកទី ៨
ហិបនៃសម្ពន្ធមេត្រីតម្កល់ក្នុងព្រះដំណាក់
(២របាក្សត្រ ៥:២-៦:២)
១ គ្រានោះ ព្រះបាទសាឡូម៉ូនអញ្ជើញពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល ពួកមេដឹកនាំកុលសម្ព័ន្ធទាំងប៉ុន្មាន និងតំណាងក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែលអោយមកគាល់ស្ដេចនៅក្រុង យេរូសាឡឹម ដើម្បីដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ពីបុរីព្រះបាទដាវីឌ គឺក្រុងស៊ីយ៉ូនមកព្រះដំណាក់។ ២ ប្រជាជនអ៊ីស្រាអែលទាំងអស់នាំគ្នាមកគាល់ព្រះរាជា ដើម្បីចូលរួមពិធីបុណ្យខែអស្សុជ គឺជាខែទីប្រាំពីរ។ ៣ ពេលអស់លោកព្រឹទ្ធាចារ្យមកដល់ ក្រុមបូជាចារ្យក៏លើកហិបនៃសម្ពន្ធមេត្រីសែង។ ៤ ក្រុមបូជាចារ្យ និងក្រុមលេវី នាំគ្នាដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ព្រមទាំងនាំយកពន្លាជួបព្រះអម្ចាស់ និងវត្ថុសក្ការៈទាំងប៉ុន្មាន ដែលស្ថិតនៅក្នុងពន្លាមកជាមួយដែរ។ ៥ ព្រះបាទសាឡូម៉ូន និងសហគមន៍អ៊ីស្រាអែលទាំងមូល ដែលស្ដេចបានអញ្ជើញមកនោះ នាំគ្នាឈរនៅមុខហិបនៃសម្ពន្ធមេត្រី។ គេយកចៀម និងគោយ៉ាងច្រើនឥតគណនា មកថ្វាយជាយញ្ញបូជា។ ៦ បូជាចារ្យនាំគ្នាសែង ហិបទៅតម្កល់ ត្រង់កន្លែងដែលគេបម្រុងទុកក្នុងទីសក្ការៈរបស់ព្រះដំណាក់ គឺក្នុងទីសក្ការៈបំផុតនៅក្រោមស្លាបរបស់ខេរូប៊ីម។ ៧ ខេរូប៊ីមទាំងពីរត្រដាងស្លាបពីលើកន្លែងតម្កល់ហិប ដើម្បីបាំងហិប និងឈើស្នែង។ ៨ ដោយឈើស្នែងវែង គេអាចមើលឃើញចុងរបស់ឈើទាំងនោះ ពីទីសក្ការៈដែលនៅខាងមុខកន្លែងតម្កល់ហិប ប៉ុន្តែ ពីខាងក្រៅគេពុំអាចមើលឃើញឡើយ។ អ្វីៗទាំងអស់ស្ថិតនៅទីនោះ រហូតដល់សព្វថ្ងៃ។ ៩ នៅក្នុងហិបគ្មានអ្វីក្រៅពីថ្មពីរបន្ទះ ដែលលោកម៉ូសេបានតម្កល់ទុកនោះឡើយ គឺបន្ទះថ្មដែលលោកទទួលនៅភ្នំហូរ៉ែប កាលព្រះអម្ចាស់ចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែល ក្រោយពេលពួកគេចាកចេញពីស្រុកអេស៊ីប។
១០ កាលអស់លោកបូជាចារ្យ* ចេញពីទីសក្ការៈមកវិញ នោះស្រាប់តែមានពពក*ពេញក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ១១ដោយសារតែពពក ក្រុមបូជាចារ្យពុំអាចបំពេញមុខងាររបស់ខ្លួនបានឡើយ ដ្បិតសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញក្នុងព្រះដំណាក់របស់ព្រះអង្គ។
១២ ពេលនោះ ព្រះបាទសាឡូម៉ូនមានរាជឱង្ការដូចតទៅ៖
«ព្រះអម្ចាស់មានព្រះបន្ទូលថា
ព្រះអង្គសព្វព្រះហឫទ័យគង់ក្នុងពពកដ៏ក្រាស់!
១៣ ទូលបង្គំបានសង់ព្រះវិហារដ៏ថ្កុំថ្កើងនេះ
ធ្វើជាព្រះដំណាក់ថ្វាយព្រះអង្គគង់
អស់កល្បជានិច្ច»។
សេចក្ដីថ្លែងការរបស់ព្រះបាទសាឡូម៉ូន
(២របាក្សត្រ ៦:៣-១១)
១៤ ព្រះរាជាបែរមក ហើយប្រទានពរដល់សហគមន៍អ៊ីស្រាអែលទាំងមូល ដែលកំពុងតែឈរនៅទីនោះ។ ១៥ ព្រះរាជាមានរាជឱង្ការថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ព្រះអង្គសំដែងព្រះបារមី ដើម្បីសំរេចតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាចំពោះព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំ ១៦ គឺព្រះអង្គមាន ព្រះបន្ទូលថា: “តាំងពីថ្ងៃដែលយើងនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ចាកចេញពីស្រុកអេស៊ីប យើងមិនបានជ្រើសរើសក្រុងណាមួយ ក្នុងចំណោមកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ៊ីស្រាអែល ដើម្បីសង់ដំណាក់មួយ ជាកន្លែងសំរាប់សំដែងនាមរបស់យើងឡើយ។ ប៉ុន្តែ យើងបានជ្រើសរើសដាវីឌ អោយធ្វើជាមេដឹកនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង”។ ១៧ ព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំ មានបំណងសង់ព្រះដំណាក់មួយថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។ ១៨ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់បិតារបស់ខ្ញុំថា “អ្នកមានបំណងសង់ព្រះដំណាក់សំរាប់យើងដូច្នេះ ជាការប្រសើរណាស់ ១៩ តែមិនមែនអ្នកទេ ដែលនឹងសង់ព្រះដំណាក់នោះ គឺកូនដែលកើតចេញពីសាច់ឈាមរបស់អ្នកផ្ទាល់ ជាអ្នកសង់ព្រះដំណាក់សំរាប់យើង”។ ២០ ព្រះអម្ចាស់ បានសំរេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ គឺខ្ញុំឡើងស្នងរាជ្យរបស់ព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំ ខ្ញុំគ្រងរាជ្យលើជនជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ខ្ញុំក៏បានសង់ព្រះដំណាក់នេះថ្វាយព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលដែរ។ ២១ ខ្ញុំបានរៀបចំកន្លែងមួយ សំរាប់តម្កល់ហិបដាក់បន្ទះថ្មនៃសម្ពន្ធមេត្រី គឺសម្ពន្ធមេត្រីដែលព្រះអម្ចាស់បានចងជាមួយបុព្វបុរសរបស់យើង នៅពេលព្រះអង្គនាំពួកលោកចេញពីស្រុកអេស៊ីប»។
ពាក្យអធិស្ឋានរបស់ព្រះបាទសាឡូម៉ូន
(២របាក្សត្រ ៦:១២-៤០)
២២ ព្រះបាទសាឡូម៉ូន ឈរពីមុខអាសនៈរបស់ព្រះអម្ចាស់ នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូល ទ្រង់លើកព្រះ ហស្ដទៅលើមេឃហើយទូលថា៖ ២៣ «បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល! នៅលើមេឃ និងនៅលើផែនដី គ្មានព្រះណាមួយដូចព្រះអង្គឡើយ។ ព្រះអង្គរក្សាសម្ពន្ធមេត្រី ហើយសំដែងព្រះហឫទ័យមេត្តាករុណា ចំពោះអ្នកបំរើរបស់ព្រះអង្គ ដែលដើរតាមព្រះអង្គ ដោយស្មោះអស់ពីចិត្ត។ ២៤ ព្រះអង្គប្រោសប្រណី ដល់ព្រះបាទដាវីឌ ជាអ្នកបំរើរបស់ព្រះអង្គ និងជាបិតារបស់ទូលបង្គំ ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ថ្ងៃនេះព្រះអង្គសំរេចតាមព្រះបន្ទូលសន្យា ដោយសារឫទ្ធិបារមីរបស់ព្រះអង្គ។ ២៥ បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល! ឥឡូវនេះ សូមព្រះអង្គប្រោសប្រណីដល់អ្នកបំរើព្រះអង្គ គឺព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាថា ប្រសិនបើពូជពង្សរបស់អ្នកប្រុងប្រយ័ត្នចំពោះមាគ៌ារបស់ខ្លួន ហើយប្រសិនគេដើរតាមយើង ដូចអ្នកបានដើរនៅចំពោះមុខយើងដែរនោះ ក្នុងចំណោមពួកគេ តែងតែមានម្នាក់ឡើងគ្រងរាជ្យលើអ៊ីស្រាអែលនៅចំពោះមុខយើងជានិច្ច។ ២៦ បពិត្រព្រះនៃជនជាតិ អ៊ីស្រាអែលឥឡូវនេះ សូមសំរេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយអ្នកបំរើ ព្រះអង្គ គឺព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំ!
២៧ តើ ព្រះជាម្ចាស់ ពិតជាអាចគង់នៅលើផែនដីបានឬ? សូម្បីតែផ្ទៃមេឃ និងលំហដ៏ធំធេងក៏ពុំល្មមថ្វាយព្រះអង្គគង់ផង ចុះទំរាំបើព្រះដំណាក់ដែលទូលបង្គំសង់ថ្វាយនេះ តើរឹងរឹតតែចង្អៀតយ៉ាងណាទៅ។ ២៨ បពិត្រព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ទូលបង្គំ ដែលជាអ្នកបំរើរបស់ព្រះអង្គ ហើយសូមទ្រង់ព្រះសណ្ដាប់សំរែក និងពាក្យអធិស្ឋានរបស់ទូលបង្គំនៅថ្ងៃនេះផង! ២៩ សូមទតមើលមក ព្រះដំណាក់នេះ ទាំងយប់ ទាំងថ្ងៃ គឺកន្លែងដែលព្រះអង្គមានព្រះបន្ទូលថា “ទីនេះ ជាកន្លែងសំរាប់នាមយើង”។ ពេលទូលបង្គំ ជាអ្នកបំរើរបស់ព្រះអង្គអធិស្ឋាននៅទីនេះ សូមទ្រង់ព្រះសណ្ដាប់ផង។ ៣០ កាលទូលបង្គំ ជាអ្នកបំរើរបស់ព្រះអង្គ និងអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ អធិស្ឋានឆ្ពោះមកទីនេះ សូមទ្រង់មេត្តាព្រះសណ្ដាប់ផង។ បពិត្រព្រះអម្ចាស់ដែលគង់នៅស្ថានបរមសុខ សូមមេត្តាព្រះសណ្ដាប់ពាក្យទូលអង្វររបស់យើងខ្ញុំ និងអត់ទោសអោយយើងខ្ញុំផង!
៣១ ប្រសិន បើមនុស្សម្នាក់ប្រព្រឹត្តខុសចំពោះអ្នកដទៃ គេបង្ខំអោយអ្នកនោះស្បថ ហើយអ្នកនោះមកស្បថនៅមុខអាសនៈ ក្នុងព្រះដំណាក់របស់ព្រះអង្គ ៣២ សូមព្រះអង្គដែលគង់ នៅស្ថានបរមសុខ ទ្រង់ព្រះសណ្ដាប់ ហើយវិនិច្ឆ័យទោសអោយអ្នកបំរើរបស់ព្រះអង្គ។ សូមដាក់ទោសអ្នកដែលធ្វើខុស សមនឹងកំហុសដែលគេបានធ្វើ ហើយផ្ដល់យុត្តិធម៌ដល់មនុស្សសុចរិត តាមអំពើដែលគេបានប្រព្រឹត្ត។
៣៣ កាលណា អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ ហើយបរាជ័យនៅចំពោះមុខខ្មាំងសត្រូវ ប្រសិនបើពួកគេវិលមករកព្រះអង្គ និងសរសើរតម្កើងព្រះនាមព្រះអង្គ ព្រមទាំងអធិស្ឋាន និងទូលអង្វរព្រះអង្គក្នុងព្រះដំណាក់នេះ ៣៤ សូមព្រះអង្គដែលគង់ នៅស្ថានបរមសុខ* ទ្រង់ព្រះសណ្ដាប់ហើយលើកលែងទោសអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ អោយបានរួចពីបាប ព្រមទាំងនាំពួកគេមករស់នៅលើទឹកដីដែលព្រះអង្គប្រទានដល់ដូនតា របស់គេវិញ។
៣៥ កាលណា មេឃរាំងស្ងួតគ្មានភ្លៀង ព្រោះតែប្រជាជនប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ ហើយព្រះអង្គដាក់ទារុណកម្មពួកគេ ប្រសិនបើពួកគេអធិស្ឋានឆ្ពោះមកទីនេះ រួចសរសើរតម្កើងព្រះនាមព្រះអង្គ និងលះបង់អំពើបាប ៣៦ សូមព្រះអង្គដែលគង់ នៅស្ថានបរមសុខទ្រង់ព្រះសណ្ដាប់ ហើយលើកលែងទោសពួកអ្នកបំរើរបស់ព្រះអង្គ អោយបានរួចពីបាបផង គឺអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។ សូមបង្រៀនពួកគេអោយដើរតាមមាគ៌ាដ៏សុចរិត និងប្រទានទឹកភ្លៀងមកលើទឹកដីរបស់ព្រះអង្គ គឺទឹកដី ដែលព្រះអង្គប្រទានអោយប្រជារាស្ត្រព្រះអង្គទុកជាកេរមត៌ក។
៣៧ កាលណា ស្រុកកើតទុរ្ភិក្ស ជំងឺរាតត្បាតស្រូវស្កកមានក្រា កណ្ដូប និងចង្រិតស៊ីបង្ហិនស្រូវ ឬមានខ្មាំងសត្រូវមកឡោមព័ទ្ធប្រជារាស្ត្រ នៅក្នុងស្រុក និងតាមទ្វារក្រុងរបស់គេ ហើយកាលណាមានគ្រោះកាច និងមានជំងឺផ្សេងៗ ៣៨ ប្រសិនបើមាននរណា ម្នាក់ ឬប្រជាជនអ៊ីស្រាអែលទាំងមូល ដែលជាប្រជារាស្ត្ររបស់ព្រះអង្គមានទុក្ខខ្លោចផ្សាក្នុងចិត្ត រួចអធិស្ឋាន និងទូលអង្វរទាំងលើកដៃប្រណម្យឆ្ពោះមកព្រះដំណាក់ ៣៩ សូមព្រះអង្គដែលគង់ នៅស្ថានបរមសុខ ទ្រង់ព្រះសណ្ដាប់ និងលើកលែងទោសអោយពួកគេ ហើយប្រព្រឹត្តចំពោះពួកគេតាមអំពើដែលម្នាក់ៗបានធ្វើ ដ្បិតមានតែព្រះអង្គទេ ដែលស្គាល់ចិត្តរបស់មនុស្សលោកទាំងអស់។ ៤០ ធ្វើដូច្នេះពួកគេ នឹងគោរពកោតខ្លាចព្រះអង្គរហូតតទៅ ហើយពួកគេនឹងរស់នៅលើទឹកដី ដែលព្រះអង្គប្រទានអោយដូនតារបស់យើងខ្ញុំ។
៤១ ម្យ៉ាង ទៀត ប្រសិនបើជនបរទេស ដែលមិនមែនជាជនជាតិអ៊ីស្រាអែល ប្រជារាស្ត្ររបស់ព្រះអង្គមកពីស្រុកឆ្ងាយ ដោយសារព្រះនាមរបស់ព្រះអង្គ ៤២ (ដ្បិតព្រះនាមដ៏ ឧត្ដុង្គឧត្ដមឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ នឹងល្បីខ្ចរខ្ចាយទៅក្នុងចំណោមប្រជាជាតិនានា) ប្រសិនបើជនបរទេសនោះមកអង្វរព្រះអង្គក្នុងព្រះដំណាក់នេះ ៤៣ សូមព្រះអង្គដែលគង់ នៅស្ថានបរមសុខទ្រង់ព្រះសណ្ដាប់ និងប្រោសប្រទានតាមសំណូមពរទាំងប៉ុន្មាន ដែលជនបរទេសនោះទូលសូមពីព្រះអង្គដើម្បីអោយជាតិសាសន៍ទាំងអស់នៅ ផែនដីស្គាល់ព្រះនាមរបស់ព្រះអង្គ ហើយគោរពកោតខ្លាចព្រះអង្គ ដូចអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គដែរ។ ពួកគេនឹងទទួលស្គាល់ថា ព្រះដំណាក់ដែលទូលបង្គំសង់នេះពិតជាកន្លែងដែលព្រះអង្គគង់នៅមែន។
៤៤ កាលណា ប្រជារាស្ត្ររបស់ព្រះអង្គចេញទៅច្បាំងនឹងខ្មាំងសត្រូវតាមបញ្ជារបស់ព្រះអង្គ រួចទូលអង្វរព្រះអម្ចាស់ឆ្ពោះមកក្រុងដែលព្រះអង្គបានជ្រើសរើស និងឆ្ពោះមកព្រះដំណាក់ដែលទូលបង្គំបានសង់ថ្វាយព្រះអង្គ ៤៥ សូមព្រះអង្គដែលគង់ នៅស្ថានបរមសុខទ្រង់ព្រះសណ្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ពួកគេ ហើយរកយុត្តិធម៌អោយពួកគេផង។
៤៦ កាលណា ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ (ដ្បិតគ្មាននរណាម្នាក់មិនប្រព្រឹត្តអំពើបាបឡើយ) ពេលនោះ ព្រះអង្គទ្រង់ព្រះពិរោធនឹងពួកគេ ហើយប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃខ្មាំងសត្រូវ។ ពេលខ្មាំងកៀរពួកគេទៅជាឈ្លើយនៅស្រុករបស់ខ្លួន ទោះឆ្ងាយ ឬជិតក្ដី ៤៧ ប្រសិនបើនៅក្នុង ស្រុកដែលពួកគេជាប់ជាឈ្លើយ ពួកគេភ្ញាក់រលឹក រួចវិលមករកព្រះអង្គវិញ ហើយទូលអង្វរថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាប យើងខ្ញុំបានប្រព្រឹត្តខុស យើងខ្ញុំបានប្រព្រឹត្តអំពើអាក្រក់!”។ ៤៨ នៅក្នុងស្រុកដែល ខ្មាំងចាប់ពួកគេយកទៅជាឈ្លើយនោះ ប្រសិនបើពួកគេវិលមករកព្រះអង្គយ៉ាងអស់ពីចិត្ត អស់ពីគំនិត រួចទូលអង្វរព្រះអង្គឆ្ពោះមកស្រុកដែលព្រះអង្គប្រទានអោយដូនតារបស់ គេ ឆ្ពោះមកក្រុងដែលព្រះអង្គបានជ្រើសរើស និងឆ្ពោះមកព្រះដំណាក់ដែលទូលបង្គំបានសង់ថ្វាយព្រះអង្គ ៤៩ សូមព្រះអង្គដែលគង់នៅស្ថានបរមសុខ ស្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ពួកគេ ហើយរំដោះពួកគេផង។ ៥០ សូមលើកលែងទោសអោយ ប្រជារាស្ត្ររបស់ព្រះអង្គ ព្រោះពួកគេប្រព្រឹត្តអំពើបាប និងអំពើទុច្ចរិតទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។ សូមបណ្ដាលអោយខ្មាំងសត្រូវដែលចាប់ពួកគេទៅជាឈ្លើយនោះ មានចិត្តអាណិតអាសូរដល់ពួកគេផង។ ៥១ ពួកគេជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ គឺប្រជារាស្ត្រដែលព្រះអង្គនាំចេញពីទាសភាពនៅស្រុកអេស៊ីប។
៥២ សូម ព្រះអង្គទតមើលមកទូលបង្គំជាអ្នកបំរើរបស់ព្រះអង្គ ព្រមទាំងជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ សូមទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់យើងខ្ញុំ គ្រប់ពេលដែលយើងខ្ញុំអង្វររកព្រះអង្គ។ ៥៣ ព្រះអង្គបានញែកយើង ខ្ញុំ ពីក្នុងចំណោមជាតិសាសន៍ទាំងអស់នៅលើផែនដី ដើម្បីអោយយើងខ្ញុំធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ ដូចព្រះអង្គបានថ្លែងតាមរយៈលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះអង្គ នៅពេលដែលព្រះអង្គនាំដូនតារបស់យើងខ្ញុំចាកចេញពីស្រុកអេស៊ីប»។
៥៤ ពេលព្រះបាទសាឡូម៉ូនទូលព្រះអម្ចាស់ នូវពាក្យអធិស្ឋាន និងអង្វរទាំងនេះចប់សព្វគ្រប់ហើយ ទ្រង់ក៏ក្រោកឈរឡើង នៅមុខអាសនៈរបស់ព្រះអម្ចាស់ ជាកន្លែងដែលស្ដេចបានលុតជង្គង់នោះ។ ស្ដេចលើកព្រះហស្ដឡើងលើ ៥៥ ហើយប្រទានពរអង្គប្រជុំនៃជនជាតិអ៊ីស្រាអែល ដោយបន្លឺព្រះសូរសៀងខ្លាំងៗថា៖ ៥៦ «សូមអរព្រះគុណព្រះអម្ចាស់ ដែលប្រោសប្រទានអោយជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គបានសុខសាន្ត ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ព្រះអង្គសំរេចតាមព្រះបន្ទូលដ៏ថ្លៃថ្លា ដែលព្រះអង្គបានថ្លែងតាមរយៈលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះអង្គឥតខ្វះត្រង់ណាឡើយ។ ៥៧ សូមព្រះអម្ចាស់ ជាព្រះនៃយើងគង់នៅជាមួយពួកយើង ដូចព្រះអង្គគង់នៅជាមួយបុព្វបុរសរបស់ពួកយើងដែរ! សូមព្រះអង្គកុំបោះបង់ និងបំភ្លេចពួកយើងចោលឡើយ។ ៥៨ សូមព្រះអង្គបង្វែរ ចិត្តពួកយើងទៅរកព្រះអង្គ ដើម្បីអោយពួកយើងដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះអង្គ ព្រមទាំងគោរពប្រតិបត្តិ តាមបទបញ្ជា ច្បាប់ និងវិន័យដែលព្រះអង្គប្រទានអោយបុព្វបុរសរបស់ពួកយើង។ ៥៩ សូមព្រះអម្ចាស់ ជាព្រះនៃយើង នឹកចាំទាំងថ្ងៃទាំងយប់ នូវពាក្យដែលខ្ញុំទូលអង្វរព្រះអង្គ ហើយសូមព្រះអង្គមេត្តាជួយដល់ខ្ញុំជាអ្នកបំរើរបស់ព្រះអង្គ និងអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គជារៀងរាល់ថ្ងៃ។ ៦០ ដូច្នេះ ជាតិសាសន៍ទាំងអស់នៅលើផែនដីនឹងទទួលស្គាល់ថា មានតែព្រះអម្ចាស់ប៉ុណ្ណោះ ដែលពិតជាព្រះជាម្ចាស់ គឺគ្មានព្រះឯណាទៀតឡើយ។ ៦១ ចូរមានចិត្តស្មោះត្រង់ចំពោះព្រះអម្ចាស់ ជាព្រះនៃយើង ហើយប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ និងកាន់តាមបទបញ្ជារបស់ព្រះអង្គ ដូចអ្នករាល់គ្នាធ្វើនៅពេលនេះដែរ»។
ព្រះបាទសាឡូម៉ូនថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់
(២របាក្សត្រ ៧:៤-១០)
៦២ ព្រះបាទសាឡូម៉ូន និងប្រជាជនអ៊ីស្រាអែលទាំងអស់ដែលនៅទីនោះ បានថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់។ ៦៣ ព្រះរាជា និងប្រជាជនអ៊ីស្រាអែលទាំងអស់ បានធ្វើពិធីឆ្លងព្រះដំណាក់របស់ព្រះអម្ចាស់ ហើយក្នុងឱកាសនោះ ព្រះបាទសាឡូម៉ូនថ្វាយយញ្ញបូជាមេត្រីដល់ព្រះអម្ចាស់ គឺថ្វាយគោចំនួនពីរម៉ឺនពីរពាន់ក្បាល ចៀមមួយសែនពីរម៉ឺនក្បាល។ ៦៤ ថ្ងៃនោះ ព្រះរាជាញែកទីលាននៅខាងមុខព្រះដំណាក់របស់ព្រះអម្ចាស់ ជាសក្ការៈ សំរាប់ថ្វាយតង្វាយដុតទាំងមូល តង្វាយម្សៅ និងខ្លាញ់របស់សត្វដែលជាយញ្ញបូជាមេត្រីភាព ដ្បិតអាសនៈលង្ហិន នៅមុខទ្វារចូលទីសក្ការៈនោះ តូចពេក ពុំអាចដាក់តង្វាយទាំងអស់បាន។ ៦៥ ក្នុងឱកាសនោះព្រះបាទ សាឡូម៉ូនប្រារព្ធពិធីបុណ្យរួម ជាមួយប្រជាជនអ៊ីស្រាអែល ទាំងមូល ពួកគេធ្វើដំណើរតាំងពីច្រកចូលក្រុងហាម៉ាត់ រហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប មកមូលគ្នាជាអង្គប្រជុំយ៉ាងធំ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ជាព្រះនៃយើងអស់រយៈពេលប្រាំពីរថ្ងៃ រួចហើយប្រាំពីរថ្ងៃទៀត គឺសរុបទាំងអស់ដប់បួនថ្ងៃ។ ៦៦ នៅថ្ងៃទីប្រាំបី ព្រះរាជាអោយប្រជាជនអ៊ីស្រាអែលវិលត្រឡប់ទៅវិញ។ លុះថ្វាយពរព្រះរាជារួចហើយ ប្រជាជនវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេរៀងៗខ្លួន ដោយចិត្តសប្បាយរីករាយ ព្រោះព្រះអម្ចាស់បានសំដែងព្រះហឫទ័យសប្បុរស ចំពោះព្រះបាទដាវីឌ ជាអ្នកបំរើរបស់ព្រះអង្គ និងចំពោះអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ។
ជំពូកទី ៩
ព្រះអម្ចាស់យាងមកជួបព្រះបាទសាឡូម៉ូនសាជាថ្មី
(២របាក្សត្រ ៧:១១-២២)
១ កាលព្រះបាទសាឡូម៉ូន សង់ព្រះដំណាក់របស់ព្រះអម្ចាស់ វាំង និងអ្វីៗទាំងប៉ុន្មាន ដែលស្ដេចចង់ធ្វើនោះសព្វគ្រប់ហើយ ២ ព្រះអម្ចាស់យាងមកជួបព្រះបាទសាឡូម៉ូនជាលើកទីពីរ ដូចព្រះអង្គបានយាងមកជួបស្ដេចនៅកាបូនដែរ។ ៣ ព្រះអម្ចាស់ មានព្រះបន្ទូលថា៖ «យើងឮពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់អ្នកហើយ។ យើងនឹងញែកព្រះដំណាក់ដែលអ្នកបានសង់នេះ ជាកន្លែងដ៏សក្ការៈ សំរាប់នាមយើងរហូតតទៅ។ យើងនឹងតាមថែរក្សា ហើយជំពាក់ចិត្តនឹងទីនេះជានិច្ច។ ៤ រីឯអ្នកវិញ ប្រសិនបើអ្នកដើរនៅចំពោះមុខយើង ដោយចិត្តស្មោះស្ម័គ្រ និងចិត្តទៀងត្រង់ដូចដាវីឌជាបិតារបស់អ្នក គឺប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់ ហើយប្រសិនបើអ្នកកាន់តាមច្បាប់ និងវិន័យរបស់យើង ៥ យើងនឹងពង្រឹងរាជ សម្បត្តិរបស់អ្នកនៅស្រុកអ៊ីស្រាអែលរហូតតទៅ ដូចយើងបានសន្យាជាមួយដាវីឌ ជាបិតារបស់អ្នកថា “ក្នុងចំណោមពូជពង្សរបស់អ្នក តែងតែមានម្នាក់គ្រងរាជ្យលើស្រុកអ៊ីស្រាអែលជានិច្ច”។ ៦ ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នា និងពូជពង្សរបស់អ្នករាល់គ្នា បែកចិត្តចេញពីយើង ហើយមិនកាន់តាមបទបញ្ជា និងច្បាប់ដែលយើងប្រគល់អោយអ្នករាល់គ្នាទេ ឬប្រសិនបើអ្នកទៅគោរព និងថ្វាយបង្គំព្រះដទៃ ៧ យើងនឹងដកជនជាតិ អ៊ីស្រាអែលចេញពីទឹកដីដែលយើងបានប្រគល់អោយពួកគេ ហើយយើងក៏បោះបង់ចោលព្រះដំណាក់ ដែលយើងបានញែកទុកជាកន្លែងដ៏សក្ការៈ សំរាប់នាមយើងនោះ អោយឆ្ងាយពីមុខយើង។ អ៊ីស្រាអែលនឹងត្រូវជាតិសាសន៍ទាំងអស់មាក់ងាយ ចំអកអោយ។ ៨ ពេលមនុស្សម្នាដើរកាត់ តាមនោះ ហើយធ្លាប់តែឃើញព្រះដំណាក់ដ៏ស្កឹមស្កៃ ពួកគេនឹងស្រឡាំងកាំង ហើយនឹកហួសចិត្តទាំងពោលថា “ហេតុអ្វីបានជាព្រះអម្ចាស់ប្រព្រឹត្តដូច្នេះ ចំពោះស្រុកនេះ និងព្រះដំណាក់នេះ?”។ ៩ គេនឹងឆ្លើយប្រាប់អ្នកទាំងនោះថា “ជនជាតិអ៊ីស្រាអែលបានបោះបង់ចោលព្រះអម្ចាស់ ជាព្រះរបស់ពួកគេ គឺព្រះដែលបាននាំដូនតារបស់ពួកគេចេញពីស្រុកអេស៊ីប។ ពួកគេជំពាក់ចិត្តនឹងព្រះដទៃ ហើយគោរពបំរើ និងថ្វាយបង្គំព្រះទាំងនោះ។ ហេតុនេះហើយបានជាព្រះអម្ចាស់ធ្វើអោយពួកគេរងទុក្ខវេទនា”»។
ស្នាដៃផ្សេងទៀតរបស់ព្រះបាទសាឡូម៉ូន
(២របាក្សត្រ ៨:១-១៨)
១០ ព្រះបាទសាឡូម៉ូន ចំណាយពេលអស់ម្ភៃឆ្នាំដើម្បីកសាងសំណង់ពីរ គឺព្រះដំណាក់របស់ព្រះអម្ចាស់ និងវាំងរបស់ស្ដេច។ ១១ ពេលនោះ ព្រះបាទហ៊ីរ៉ាម ជាស្ដេចក្រុងទីរ៉ុស បានផ្ដល់ឈើតាត្រៅ ឈើកកោះ និងមាសថ្វាយព្រះបាទសាឡូម៉ូនតាមតែទ្រង់ត្រូវការ សំរាប់សំណង់ទាំងនោះ។ ព្រះបាទសាឡូម៉ូនក៏ប្រគល់ក្រុងចំនួនម្ភៃក្នុងស្រុកកាលីឡេ ថ្វាយព្រះបាទហ៊ីរ៉ាមវិញដែរ។ ១២ ព្រះបាទហ៊ីរ៉ាមយាង ចេញពីទីក្រុងទីរ៉ុស ទៅពិនិត្យក្រុងទាំងប៉ុន្មាន ដែលព្រះបាទសាឡូម៉ូនថ្វាយតែទ្រង់មិនសព្វព្រះហឫទ័យទេ។ ១៣ ព្រះបាទហ៊ីរ៉ាមមាន រាជឱង្ការថា៖ «ហេតុអ្វីបានជាព្រះករុណា ប្រទានក្រុងបែបនេះអោយទូលបង្គំ!»។ ព្រះបាទហ៊ីរ៉ាមហៅក្រុងទាំងនោះថា «កាប៊ូល» ជាឈ្មោះដែលមានរហូតដល់សព្វថ្ងៃ។ ១៤ ព្រះបាទហ៊ីរ៉ាមបានយកមាសទម្ងន់បួនពាន់គីឡូក្រាមមកថ្វាយព្រះបាទសាឡូម៉ូន។
១៥ ព្រះបាទសាឡូម៉ូនកេណ្ឌប្រជាជន ដើម្បីសង់ព្រះដំណាក់របស់ព្រះអម្ចាស់ វាំង ព្រលានមីឡូ កំពែងក្រុងយេរូសាឡឹម ក្រុងហាស៊រ ក្រុងមេគីដូ និងក្រុងកេស៊ែរ។ ១៦ ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប បានវាយដណ្ដើមយកក្រុងកេស៊ែរ ហើយដុតបំផ្លាញទីក្រុង ព្រមទាំងសម្លាប់ជនជាតិកាណានដែលរស់នៅក្រុងនោះ។ បន្ទាប់មក ស្ដេចប្រទានក្រុងនេះអោយរាជបុត្រី ដែលត្រូវជាមហេសីរបស់ព្រះបាទសាឡូម៉ូន ទុកជាចំណងដៃ។ ១៧ ព្រះបាទសាឡូម៉ូនសង់ក្រុងកេស៊ែរឡើងវិញ ព្រមទាំងសង់ក្រុងបេតហូរ៉ូន ផ្នែកខាងក្រោម ១៨ ក្រុងបាឡាត ក្រុងតាត់មរ ដែលនៅតំបន់វាលរហោស្ថានក្នុងស្រុកនោះ។ ១៩ ស្ដេចក៏សង់ក្រុង ទាំងប៉ុន្មាន ទុកធ្វើជាឃ្លាំង សំរាប់ដាក់រទេះចំបាំង និងសំរាប់ពលសេះ។ ព្រះបាទសាឡូម៉ូនបានសង់អ្វីៗទាំងអស់ដែលទ្រង់សព្វព្រះហឫទ័យ នៅក្នុងក្រុងយេរូសាឡឹម នៅស្រុកលីបង់ និងនៅក្នុងនគរទាំងប៉ុន្មានដែលនៅក្រោមការគ្រប់គ្រង របស់ស្ដេច។ ២០ ជាតិសាសន៍ទាំង ប៉ុន្មានដែលនៅសេសសល់ពីជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរេស៊ី ជនជាតិហេវី និងជនជាតិយេប៊ូស មិនបានរាប់បញ្ចូលក្នុងចំណោមកូនចៅអ៊ីស្រាអែលទេ។ ២១ កូនចៅរបស់ជាតិសាសន៍ ទាំងនោះ នៅសេសសល់ក្នុងស្រុក ព្រោះជនជាតិអ៊ីស្រាអែលពុំបានបំផ្លាញពួកគេ ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ឡើយ។ ព្រះបាទសាឡូម៉ូនបានកេណ្ឌពួកនោះ ធ្វើជាកំណែនរហូតដល់សព្វថ្ងៃ។ ២២ រីឯកូនចៅអ៊ីស្រាអែល វិញ ព្រះបាទសាឡូម៉ូនពុំបានបង្ខំពួកគេអោយធ្វើការដូចទាសករទេ ដ្បិតពួកគេជាទាហាន ជាអ្នករាជការ ជាមេដឹកនាំ ជាមេបញ្ជាការ មេកងពលរទេះចំបាំង និងជាមេកងពលសេះ។ ២៣ អ្នកមើលខុសត្រូវលើ កំណែនរបស់ព្រះបាទសាឡូម៉ូន មានចំនួនប្រាំរយហាសិបនាក់ ពួកគេត្រួតត្រាលើពួកកំណែនដែលធ្វើការងារទាំងនោះ។ ២៤ បុត្រី របស់ព្រះចៅផារ៉ោនចាកចេញពីបុរីព្រះបាទដាវីឌ មកគង់នៅក្នុងដំណាក់ដែលព្រះបាទសាឡូម៉ូនបានសង់ថ្វាយ។ នៅគ្រានោះ ស្ដេចក៏បានសង់ព្រលានមីឡូដែរ។ ២៥ បីដងក្នុងមួយឆ្នាំ ព្រះបាទសាឡូម៉ូនថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព*នៅលើអាសនៈដែលទ្រង់បានសង់ថ្វាយព្រះអម្ចាស់ហើយទ្រង់ក៏បានដុតគ្រឿងក្រអូបលើអាសនៈ នៅមុខទីសក្ការៈដែរ។
ដូច្នេះ ព្រះបាទសាឡូម៉ូនបានសង់ព្រះដំណាក់ចប់សព្វគ្រប់។
២៦ ព្រះបាទសាឡូម៉ូនបានអោយគេធ្វើសំពៅនៅ អេស៊ីយ៉ូន-កេប៊ែរ ជិតក្រុងអេឡាត ដែលនៅតាមមាត់សមុទ្រកក់ក្នុងស្រុកអេដុម។ ២៧ ព្រះបាទហ៊ីរ៉ាមបានបញ្ជូនទាហានជើងទឹក ដែលស្ទាត់ជំនាញខាងសមុទ្រ អោយជួយបង្ហាត់ទាហានរបស់ព្រះបាទសាឡូម៉ូន។ ២៨ ពលទាហានជើងទឹកទាំងនោះបានទៅដល់ស្រុកអូភារ ហើយនាំយកមាសទម្ងន់ដប់បួនតោនពីស្រុកនោះ មកថ្វាយព្រះបាទសាឡូម៉ូន។
ជំពូកទី ១០
ព្រះមហាក្សត្រិយានី ស្រុកសាបាយាងមកគាល់ព្រះបាទសាឡូម៉ូន
(២របាក្សត្រ ៩:១-១២)
១ ព្រះមហាក្សត្រិយានី ស្រុកសាបាបានឮអំពីកិត្តិនាមដ៏ល្បីល្បាញដែលព្រះបាទសាឡូម៉ូនទទួលពីព្រះអម្ចាស់។ ដូច្នេះ ព្រះនាងក៏យាងមកគាល់ព្រះបាទសាឡូម៉ូនដើម្បីល្បងប្រាជ្ញា ដោយចោទសួរប្រស្នាផ្សេងៗ។ ២ ព្រះនាងយាងមកដល់ក្រុង យេរូសាឡឹម ដោយមានរាជបំរើយ៉ាងច្រើនហែហម ព្រមទាំងមានសត្វអូដ្ធជាច្រើនដឹកគ្រឿងក្រអូប មាស និងត្បូងយ៉ាងសន្ធឹកសន្ធាប់ផង។ ព្រះនាងចូលទៅគាល់ព្រះបាទសាឡូម៉ូន ហើយចោទសួរអ្វីៗទាំងប៉ុន្មានដែលព្រះនាងបានរិះគិតទុកជាមុន។ ៣ ព្រះបាទសាឡូម៉ូនឆ្លើយនឹងសំណួររបស់ព្រះនាងត្រូវទាំងអស់ ឥតមានសំណួរណាមួយដែលព្រះរាជាឆ្លើយពុំរួចនោះឡើយ។ ៤ ព្រះមហាក្សត្រិយានីស្រុកសាបាសង្កេតឃើញប្រាជ្ញាដ៏ឈ្លាសវៃរបស់ព្រះបាទ សាឡូម៉ូន និងឃើញវាំងដែលស្ដេចបានសង់ ៥ ព្រមទាំងឃើញព្រះស្ងោយ នៅលើតុស្ដេច លំនៅដ្ឋានរបស់នាម៉ឺនមន្ត្រី របៀបរបប និងឯកសណ្ឋានរបស់ពួករាជបំរើ ពួកមហាតលិក និងឃើញតង្វាយដុតទាំងមូល ដែលស្ដេចថ្វាយនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ព្រះនាងក៏កោតស្ញប់ស្ញែងយ៉ាងខ្លាំង។ ៦ ព្រះនាងមានសវនីយ៍ទៅ កាន់ព្រះបាទសាឡូម៉ូនថា៖ «ពាក្យទាំងប៉ុន្មាន ដែលខ្ញុំម្ចាស់បានឮគេនិយាយនៅក្នុងស្រុករបស់ខ្ញុំម្ចាស់ ស្ដីអំពីព្រះករុណា និងអំពីប្រាជ្ញារបស់ព្រះករុណានោះ ពិតជាត្រឹមត្រូវមែន! ៧ មុនពេលខ្ញុំម្ចាស់មក ដល់ និងមុនពេលខ្ញុំម្ចាស់ឃើញផ្ទាល់នឹងភ្នែក ខ្ញុំម្ចាស់មិនបានជឿពាក្យគេទេ។ ឥឡូវនេះ ខ្ញុំម្ចាស់យល់ឃើញថា អ្វីៗដែលគេរៀបរាប់នោះ បានត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ។ ព្រះករុណាមានប្រាជ្ញា ហើយចំរុងចំរើន លើសពីសេចក្ដីដែលខ្ញុំម្ចាស់បានឮទៅទៀត។ ៨ ពួករាជបំរើ និងពួកនាម៉ឺនមន្ត្រីដែលនៅជុំវិញព្រះករុណាពិតជាមានសុភមង្គលហើយ ព្រោះពួកគេបានស្ដាប់រាជឱង្ការពោរពេញដោយប្រាជ្ញារបស់ព្រះករុណា។ ៩ សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ដែលបានប្រោសប្រណីព្រះករុណា ហើយជ្រើសរើសព្រះករុណា អោយឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល។ ព្រះអម្ចាស់ស្រឡាញ់ជនជាតិអ៊ីស្រាអែលជានិច្ច ហេតុនេះហើយបានជាព្រះអង្គជ្រើសរើសព្រះករុណាអោយធ្វើជាស្ដេច ដើម្បីគ្រប់គ្រងដោយសុចរិត និងយុត្តិធម៌»។ ១០ ព្រះមហាក្សត្រិយានី ស្រុកសាបា យកមាសទម្ងន់បួនពាន់គីឡូក្រាម មកថ្វាយព្រះរាជា រួមជាមួយគ្រឿងក្រអូប និងត្បូងយ៉ាងច្រើនផង។ តាំងពីពេលនោះមកពុំមានអ្នកណាយកគ្រឿងក្រអូបយ៉ាងច្រើនមកថ្វាយ ព្រះបាទសាឡូម៉ូន ដូចព្រះមហាក្សត្រិយានីស្រុកសាបាឡើយ។
១១ កាលសំពៅរបស់ព្រះបាទហ៊ីរ៉ាម ដឹកមាសពីស្រុកអូភារមកនោះ គេក៏ដឹកឈើខ្លឹមចន្ទន៍ និងត្បូងយ៉ាងច្រើនមកជាមួយដែរ។ ១២ ព្រះបាទសាឡូម៉ូនបានយកឈើខ្លឹមចន្ទន៍នេះ មកធ្វើបង្កាន់ដៃព្រះដំណាក់របស់ព្រះអម្ចាស់ និងដំណាក់របស់ស្ដេច ព្រមទាំងធ្វើឧបករណ៍ភ្លេង គឺមានពិណ និងឃឹម សំរាប់ក្រុមអ្នកចំរៀង។ រហូតដល់សព្វថ្ងៃគេពុំដែលឃើញមាននរណាម្នាក់ នាំឈើខ្លឹមចន្ទន៍យ៉ាងច្រើនបែបនេះ ចូលមកស្រុកអ៊ីស្រាអែលឡើយ។
១៣ រីឯ ព្រះបាទសាឡូម៉ូនវិញ អ្វីៗដែលព្រះមហាក្សត្រិយានីស្រុកសាបាចង់បាន និងទូលសូមស្ដេចប្រគល់អោយទាំងអស់។ លើសពីនេះ ព្រះរាជាក៏បានថ្វាយរាជ្យទ្រព្យទៅព្រះនាង សមនឹងឋានៈទ្រង់ជាស្ដេចដ៏ឧត្ដុង្គឧត្ដម។
បន្ទាប់មក ព្រះមហាក្សត្រិយានី និងរាជបំរើវិលត្រឡប់ទៅកាន់ស្រុកសាបាវិញ។
រាជទ្រព្យរបស់ព្រះបាទសាឡូម៉ូន
(២របាក្សត្រ ១:១៤-១៧, ៩:១៣-២៨)
១៤ ក្នុងមួយឆ្នាំៗ ព្រះបាទសាឡូម៉ូនទទួលបានមាស ទម្ងន់ម្ភៃបីតោន។ ១៥ លើសពីនោះ មានចំណូលដែលបានមកពីពន្ធដារនៃទំនិញនាំចូល ការធ្វើជំនួញ ព្រមទាំងសួយសារអាកររបស់ស្ដេចទាំងឡាយនៃស្រុកអារ៉ាប់ និងពួកចៅហ្វាយខេត្តថែមទៀតផង។
១៦ ព្រះបាទសាឡូម៉ូនអោយគេធ្វើខែលធំៗពីមាសចំនួនពីររយ ខែលនីមួយៗមានទម្ងន់ប្រាំមួយគីឡូក្រាម ១៧ និងខែលតូចៗពីមាស ចំនួនបីរយ ខែលនីមួយៗមានទម្ងន់មួយគីឡូក្រាមកន្លះ។ ស្ដេចយកខែលទាំងនោះទៅទុកក្នុង «ដំណាក់ព្រៃស្រុកលីបង់»។ ១៨ ព្រះបាទសាឡូម៉ូនធ្វើបល្ល័ង្កមួយដ៏ធំពីភ្លុក ព្រមទាំងស្រោបមាសសុទ្ធផង។
៩ បល្ល័ង្កនេះស្ថិតនៅ លើកំណល់មួយដែលមានជណ្ដើរប្រាំមួយថ្នាក់ បង្អែករបស់បល្ល័ង្កមានរាងមូល ព្រមទាំងមានដៃសងខាង ហើយមានរូបចម្លាក់សឹង្ហពីរ ឈរនៅជាប់នឹងដៃទាំងសងខាងនោះ។ ២០ មានរូបចម្លាក់សឹង្ហដប់ពីរ ឈរអមសងខាងជណ្ដើរទាំងប្រាំមួយថ្នាក់នោះ។ គេពុំដែលឃើញនគរណាមានបល្ល័ង្កបែបនេះឡើយ។
២១ រីឯពែង ទាំងប៉ុន្មានរបស់ស្ដេច សុទ្ធតែធ្វើពីមាស ហើយចានដែលប្រើប្រាស់ក្នុងដំណាក់ព្រៃស្រុកលីបង់ ក៏ធ្វើពីមាសសុទ្ធទាំងអស់។ គេពុំបានធ្វើគ្រឿងប្រដាប់អ្វីពីប្រាក់ទេ ដ្បិតក្នុងរជ្ជកាលព្រះបាទសាឡូម៉ូន ប្រាក់គ្មានតម្លៃឡើយ។ ២២ ព្រះបាទសាឡូម៉ូនមាន សំពៅដើរសមុទ្រសំរាប់ធ្វើជំនួញទៅស្រុកឆ្ងាយ ជាមួយសំពៅរបស់ព្រះបាទហ៊ីរ៉ាម។ បីឆ្នាំម្ដងសំពៅទាំងនោះវិលត្រឡប់មកវិញ ដោយនាំយកមាស ប្រាក់ ភ្លុក ស្វា និងក្ងោកមកផង។
២៣ ព្រះបាទសាឡូម៉ូនមានទ្រព្យសម្បត្តិ និងប្រាជ្ញាលើសស្ដេចទាំងប៉ុន្មាននៅលើផែនដី។ ២៤ មនុស្សទាំងអស់តែងតែចង់ចូលគាល់ព្រះបាទសាឡូម៉ូន ដើម្បីស្ដាប់រាជឱង្ការប្រកបដោយប្រាជ្ញាដែលព្រះជាម្ចាស់ប្រទានមកស្ដេច។ ២៥ រៀងរាល់ឆ្នាំ គេតែងតែនាំយកតង្វាយមកថ្វាយព្រះបាទសាឡូម៉ូន គឺមានវត្ថុធ្វើពីមាស ធ្វើពីប្រាក់ សម្លៀកបំពាក់ គ្រឿងសស្រ្ដាវុធ គ្រឿងក្រអូប សេះ និងលា។
២៦ ព្រះបាទ សាឡូម៉ូនប្រមូលរទេះចំបាំង និងពលទ័ពសេះទាំងអស់មក ឃើញមានរទេះចំបាំងចំនួនមួយពាន់បួនរយ និងពលទ័ពសេះ ចំនួនមួយម៉ឺនពីរពាន់នាក់។ ស្ដេចទុកមួយចំនួនអោយនៅជាមួយស្ដេចក្នុងក្រុងយេរូសាឡឹម និងមួយចំនួនទៀត អោយទៅនៅតាមក្រុងនានាដែលស្ដេចបម្រុងសំរាប់ទ័ពទាំងនោះ។ ២៧ ព្រះរាជាបានធ្វើអោយ ក្រុងយេរូសាឡឹម មានប្រាក់សម្បូណ៌ដូចដុំថ្ម និងមានឈើតាត្រៅសម្បូណ៌ដូចដើមរាំង ដែលដុះនៅតាមវាលទំនាប។ ២៨ ពួកឈ្មួញនាំគ្នាទៅទិញសេះពីស្រុកអេស៊ីប និងស៊ីលីស៊ី មកថ្វាយព្រះបាទសាឡូម៉ូន។ ២៩ រទេះមួយមកពីស្រុក អេស៊ីប មានតម្លៃជាប្រាក់សុទ្ធប្រាំមួយរយស្លឹង និងសេះមួយតម្លៃមួយរយហាសិបស្លឹង។ ពួកឈ្មួញក៏បាននាំសេះ និងរទេះទៅលក់ថ្វាយស្ដេចទាំងប៉ុន្មាននៃជនជាតិហេត និងស្ដេចនៃជនជាតិស៊ីរីដែរ។
ជំពូកទី ១១
ព្រះបាទសាឡូម៉ូនគោរពព្រះក្លែងក្លាយ
(២របាក្សត្រ ១១:១៨-១២:១)
១ ព្រះបាទសាឡូម៉ូនស្រឡាញ់ ស្ត្រីសាសន៍ដទៃជាច្រើនរូប។ ក្រៅពីបុត្រីរបស់ព្រះចៅផារ៉ោន ស្ដេចមានមហេសីសាសន៍ម៉ូអាប់ សាសន៍អាំម៉ូន សាសន៍អេដុម សាសន៍ស៊ីដូន និងសាសន៍ហេត។ ២ មហេសីទាំងនោះមានដើមកំណើតពីប្រជាជាតិដែលព្រះអម្ចាស់ បានហាមដល់កូនចៅអ៊ីស្រាអែលថា «អ្នករាល់គ្នាមិនត្រូវរៀបការជាមួយស្ត្រីសាសន៍ទាំងនោះឡើយ ដ្បិតគេនឹងបង្វែរចិត្តអ្នករាល់គ្នា អោយទៅគោរពព្រះរបស់គេជាមិនខាន»។ ព្រះបាទសាឡូម៉ូនចងស្ពានមេត្រីជាមួយជាតិសាសន៍ទាំងនោះ ដោយសារតែសេចក្ដីស្នេហា។ ៣ ព្រះបាទសាឡូម៉ូនមាន មហេសីដែលជាបុត្រីរបស់ស្ដេចសាសន៍ដទៃ ចំនួនប្រាំពីររយអង្គ និងស្រីស្នំចំនួនបីរយនាក់។ ពួកមហេសី និងស្រីស្នំរបស់ស្ដេច បានអូសទាញព្រះហឫទ័យស្ដេចចេញពីព្រះជាម្ចាស់។ ៤ ពេលព្រះបាទសាឡូម៉ូនមាន ព្រះជន្មកាន់តែចាស់ជរាណាស់ហើយ មហេសី និងស្រីស្នំបានអូសទាញព្រះហឫទ័យស្ដេចអោយទៅគោរពព្រះដទៃ។ ព្រះបាទសាឡូម៉ូនលែងស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ដូចព្រះបាទដាវីឌជាបិតាទៀតហើយ។ ៥ ព្រះបាទសាឡូម៉ូន ថ្វាយបង្គំព្រះអាស្ដារ៉ូត ជាព្រះរបស់ជនជាតិស៊ីដូន និងព្រះមីលកូមជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិអាំម៉ូន។ ៦ ព្រះបាទសាឡូម៉ូនបានប្រព្រឹត្តអំពើអាក្រក់ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ហើយមិនដើរតាមមាគ៌ារបស់ព្រះអម្ចាស់ទាំងស្រុង ដូចព្រះបាទដាវីឌ ជាបិតាឡើយ។ ៧ នៅគ្រានោះ ព្រះបាទសាឡូម៉ូនបានសង់កន្លែងសក្ការៈមួយនៅលើភ្នំ ដែលនៅទល់មុខក្រុងយេរូសាឡឹម ថ្វាយព្រះកេមូស ជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិម៉ូអាប់ និងព្រះម៉ូឡុក ជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិអាំម៉ូន។ ៨ ព្រះរាជាបានសង់ ទីសក្ការៈជាច្រើនទៀតសំរាប់មហេសីទាំងអស់ដែលជាសាសន៍ដទៃ ដើម្បីអោយពួកនាងថ្វាយគ្រឿងក្រអូប និងថ្វាយយញ្ញបូជាដល់ព្រះរបស់ខ្លួន។
៩ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងព្រះបាទសាឡូម៉ូន ដ្បិតស្ដេចបែកចិត្តចេញពីព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដែលបានយាងមកជួបស្ដេចដល់ទៅពីរដង ១០ ហើយហាមផ្ដាច់មិនអោយស្ដេចគោរពព្រះដទៃ។ ប៉ុន្តែ ព្រះបាទសាឡូម៉ូនមិនប្រតិបត្តិតាមបញ្ជារបស់ព្រះអម្ចាស់ឡើយ។ ១១ ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់ព្រះបាទសាឡូម៉ូនថា៖ «ដោយអ្នកប្រព្រឹត្តដូច្នេះ គឺអ្នកមិនបានគោរពសម្ពន្ធមេត្រីរបស់យើង ហើយក៏មិនបានកាន់តាមច្បាប់ ដែលយើងបង្គាប់ដល់អ្នកដែរ យើងនឹងដកយករាជសម្បត្តិពីអ្នក ប្រគល់ទៅអោយអ្នកបំរើរបស់អ្នកវិញ។ ១២ ប៉ុន្តែ ដោយយល់ដល់ដាវីឌ ជាបិតារបស់អ្នក យើងនឹងមិនដករាជសម្បត្តិចេញពីអ្នក ក្នុងពេលដែលអ្នកនៅមានជីវិតទេ។ យើងនឹងដករាជសម្បត្តិពីកូនរបស់អ្នក។ ១៣ យើងនឹងមិនដកហូតយក រាជាណាចក្រទាំងមូលទេ គឺយើងនឹងទុកកុលសម្ព័ន្ធមួយអោយកូនរបស់អ្នកគ្រប់គ្រង ដោយយល់ដល់ដាវីឌជាបិតារបស់អ្នក និងយល់ដល់យេរូសាឡឹម ជាក្រុងដែលយើងបានជ្រើសរើស»។
គូវិវាទរបស់ព្រះបាទសាឡូម៉ូន
១៤ ព្រះអម្ចាស់បានបណ្ដាលអោយលោកហាដាឌ ជារាជវង្សរបស់ស្ដេចស្រុកអេដុម ក្លាយទៅជាគូវិវាទរបស់ព្រះបាទសាឡូម៉ូន។ ១៥ នៅគ្រាដែលព្រះបាទ ដាវីឌវាយលុកស្រុកអេដុម លោកយ៉ូអាប់ជាមេទ័ព បានទៅប្រមូលសាកសពទាហានអ៊ីស្រាអែល ដែលស្លាប់ក្នុងចំបាំងយកទៅបញ្ចុះ ហើយលោកសម្លាប់ប្រុសៗទាំងអស់នៅស្រុកអេដុម។ ១៦ លោកយ៉ូអាប់ និងកងទ័ពអ៊ីស្រាអែលទាំងមូល បានបោះទ័ពនៅស្រុកអេដុម អស់រយៈពេលប្រាំមួយខែ រហូតទាល់តែពួកលោកសម្លាប់ប្រុសៗទាំងអស់នៅស្រុកអេដុម។ ១៧ គ្រានោះ លោកហាដាឌនៅជាកុមារនៅឡើយលោកបានរត់គេចខ្លួនទៅស្រុកអេស៊ីបជា មួយជនជាតិអេដុមខ្លះ ដែលជាអ្នកបំរើរបស់ឪពុកលោក។ ១៨ ពួកគេចាកចេញពី ស្រុកម៉ាឌីយ៉ាន ទៅដល់ស្រុកប៉ារ៉ាន។ ពួកគេនាំអ្នកស្រុកប៉ារ៉ានខ្លះទៅជាមួយ ហើយសុំជ្រកកោននឹងព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប។ ព្រះចៅផារ៉ោនប្រទានផ្ទះសម្បែង និងផ្គត់ផ្គង់ស្បៀងអាហារដល់លោក ព្រមទាំងប្រទានដីធ្លីអោយលោកទៀតផង។ ១៩ លោកហាដាឌបានទទួលការ ប្រោសប្រណីពីព្រះចៅផារ៉ោន។ ស្ដេចបានលើកប្អូនថ្លៃ គឺប្អូនស្រីរបស់ព្រះមហាក្សត្រិយានីថាពេនែស អោយធ្វើជាភរិយារបស់លោក ផង។ ២០ ប្អូនស្រីរបស់ ព្រះមហាក្សត្រិយានីថាពេនែស បង្កើតកូនប្រុសមួយរូបឈ្មោះកេនូបាតជូនលោកហាដាឌ។ ព្រះមហាក្សត្រិយានីថាពេនែស យកកូននោះទៅចិញ្ចឹមនៅក្នុងវាំងរបស់ព្រះចៅផារ៉ោន។ ដូច្នេះ កេនូបាតបានរស់នៅក្នុងវាំង ជាមួយបុត្ររបស់ព្រះចៅផារ៉ោន។ ២១ នៅស្រុកអេស៊ីបលោក ហាដាឌទទួលដំណឹងថា ព្រះបាទដាវីឌសោយទិវង្គត ហើយលោកមេទ័ពយ៉ូអាប់ក៏ទទួលមរណភាពដែរ។ លោកហាដាឌទូលព្រះចៅផារ៉ោនថា៖ «សូមព្រះករុណារាជានុញ្ញាតអោយទូលបង្គំត្រឡប់ទៅស្រុករបស់ទូលបង្គំ វិញផង»។ ២២ ព្រះចៅផារ៉ោនមាន រាជឱង្ការថា៖ «នៅជាមួយយើងនេះ តើអ្នកខ្វះអ្វីទៀតបានជាចង់ត្រឡប់ទៅស្រុកវិញ?»។ លោកទូលថា៖ «ទូលបង្គំគ្មានខ្វះអ្វីទេ ប៉ុន្តែ សូមព្រះករុណាមេត្តារាជានុញ្ញាត អោយទូលបង្គំចាកចេញទៅផង!»។
២៣ ព្រះជាម្ចាស់ បានបណ្ដាលអោយលោករេសូនជាកូនរបស់លោកអេលីដា ក្លាយទៅជាគូវិវាទម្នាក់ទៀតរបស់ព្រះបាទសាឡូម៉ូន។ គាត់រត់គេចពីម្ចាស់របស់ខ្លួន គឺព្រះបាទហាដាដេស៊ែរ ជាស្ដេចស្រុកសូបា។ ២៤ គាត់បានប្រមែប្រមូល មនុស្ស អោយមកតាមគាត់ ហើយតាំងខ្លួនធ្វើជាមេគេ។ នៅគ្រាដែលព្រះបាទដាវីឌសម្លាប់អ្នកស្រុកសូបា ពួកគាត់ចូលទៅនៅក្រុងដាម៉ាស រួចគ្រប់គ្រងក្រុងនោះ។ ២៥ លោករេសូនក្លាយទៅជា គូវិវាទរបស់អ៊ីស្រាអែល អស់មួយរជ្ជកាលរបស់ព្រះបាទសាឡូម៉ូន ដូចលោកហាដាឌ ដែលបានធ្វើទុក្ខបុកម្នេញអ៊ីស្រាអែលដែរ។ ព្រះបាទរេសូនបានឡើងសោយរាជ្យលើស្រុកស៊ីរី ហើយតែងតែស្អប់ជនជាតិអ៊ីស្រាអែល។
ការបះបោររបស់លោកយេរ៉ូបោម
(២របាក្សត្រ ៩:២៩ – ៣១)
២៦ លោកយេរ៉ូបោមជាកូន របស់លោកនេបាត ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីមនៅស្រុកសេរេដា ម្ដាយរបស់លោកឈ្មោះសេរូយ៉ាជាស្ត្រីមេម៉ាយ។ លោកយេរ៉ូបោមជារាជបំរើរបស់ព្រះបាទសាឡូម៉ូន តែលោកបានបះបោរប្រឆាំងនឹងស្ដេច។ ២៧ មូលហេតុដែលបណ្ដាលអោយ លោកយេរ៉ូបោមបះបោរប្រឆាំងនឹងស្ដេចមានដូចតទៅ: នៅពេលព្រះបាទសាឡូម៉ូនសង់ព្រលាននៅមីឡូ និងជួសជុលកំពែងបាក់បែក នៅបុរីព្រះបាទដាវីឌជាបិតា ២៨ ទ្រង់សង្កេតឃើញលោក យេរ៉ូបោម ជាមនុស្សក្លាហានអង់អាច។ ដូច្នេះ ស្ដេចក៏ចាត់លោកអោយមើលខុសត្រូវលើកំណែនរបស់កូនចៅលោកយ៉ូសែប។ ២៩ ថ្ងៃមួយ លោកយេរ៉ូបោមបានចាកចេញពីក្រុងយេរូសាឡឹម។ នៅតាមផ្លូវ ព្យាការីអហ៊ីយ៉ា ជាអ្នកភូមិស៊ីឡូ បានមកជួបលោក ទាំងពាក់អាវធំមួយថ្មីផង។ លោកទាំងពីរស្ថិតនៅទីវាល ដាច់ឆ្ងាយពីគេ។ ៣០ លោកអហ៊ីយ៉ាដោះអាវធំថ្មីនោះ មកហែកជាដប់ពីរចំរៀក។ ៣១ បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់លោកយេរ៉ូបោមថា៖ «សូមយកដប់ចំរៀកនេះទៅ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា “យើងនឹងដកហូតអាណាចក្រពីសាឡូម៉ូនប្រគល់អោយអ្នក យើងនឹងអោយអ្នកគ្រប់គ្រងលើកុលសម្ព័ន្ធដប់។ ៣២ យើងទុកកុលសម្ព័ន្ធតែ មួយអោយសាឡូម៉ូន ដោយយល់ដល់ដាវីឌជាអ្នកបំរើរបស់យើង និងដល់ក្រុងយេរូសាឡឹម ដែលយើងបានជ្រើសរើសពីក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធ ទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រាអែល។ ៣៣ យើងធ្វើដូច្នេះ ព្រោះជនជាតិអ៊ីស្រាអែលបោះបង់ចោលយើង ទៅថ្វាយបង្គំអាស្ដារ៉ូត ជាព្រះនៃជនជាតិស៊ីដូន កេមូស ជាព្រះនៃជនជាតិម៉ូអាប់ និងមីលកូមជាព្រះរបស់ជនជាតិអាំម៉ូន។ ពួកគេពុំបានដើរតាមមាគ៌ារបស់យើង ហើយក៏មិនប្រព្រឹត្តអំពើសុចរិតនៅចំពោះមុខយើង មិនកាន់តាមក្រឹត្យវិន័យ និងបញ្ញតិ្ដ របស់យើង ដូចដាវីឌជាបិតារបស់សាឡូម៉ូនឡើយ។ ៣៤ យើងមិនដកយកអាណាចក្រ ទាំងមូលចេញពីសាឡូម៉ូនទេ យើងអោយគេកាន់អំណាចអស់មួយជីវិត ដោយយល់ដល់ដាវីឌ ជាអ្នកបំរើដែលយើងបានជ្រើសរើសព្រោះដាវីឌបានកាន់តាមបទបញ្ជា និង ក្រឹត្យវិន័យរបស់យើង។ ៣៥ យើងនឹងដកអាណាចក្រពីកូនរបស់សាឡូម៉ូន ហើយប្រគល់អោយអ្នកគ្រប់គ្រងលើកុលសម្ព័ន្ធដប់។ ៣៦ រីឯកូនរបស់សាឡូម៉ូន វិញ យើងទុកកុលសម្ព័ន្ធមួយអោយគេគ្រប់គ្រង ដើម្បីអោយដាវីឌ ជាអ្នកបំរើរបស់យើងមានពូជពង្សសោយរាជ្យជាដរាប នៅចំពោះមុខយើងក្នុងក្រុងយេរូសាឡឹម ដែលយើងបានជ្រើសរើសសំរាប់នាមយើង។ ៣៧ រីឯអ្នកវិញ យើងនឹងតែងតាំងអ្នកអោយធ្វើជាស្ដេច លើស្រុកអ៊ីស្រាអែល អ្នកនឹងគ្រប់គ្រងលើទឹកដីនេះតាមបំណងប្រាថ្នារបស់អ្នក។ ៣៨ ប្រសិនបើអ្នកស្ដាប់ សេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់អ្នក ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង ហើយប្រព្រឹត្តអំពើសុចរិតនៅចំពោះមុខយើង ដោយកាន់តាមក្រឹត្យវិន័យ និងបទបញ្ជារបស់យើង ដូចដាវីឌជាអ្នកបំរើរបស់យើងប្រព្រឹត្តនោះ យើងនឹងនៅជាមួយអ្នក។ យើងនឹងធ្វើអោយអ្នកមានពូជពង្សគ្រងរាជ្យជាដរាប ដូចយើងបានធ្វើចំពោះដាវីឌដែរ ហើយយើងនឹងប្រគល់ជនជាតិអ៊ីស្រាអែលដល់អ្នក។ ៣៩ យើងនឹងធ្វើអោយពូជពង្សដាវីឌត្រូវអាម៉ាស់ តែមិនមែនរហូតទេ”»។
៤០ ព្រះបាទ សាឡូម៉ូនរកសម្លាប់លោកយេរ៉ូបោមលោកក៏រត់ភៀសខ្លួនទៅជ្រកកោន ជាមួយព្រះចៅស៊ីសាក់ ជាស្ដេចស្រុកអេស៊ីប រហូតដល់ព្រះបាទសាឡូម៉ូនសោយទិវង្គត។
៤១ រាជ កិច្ចផ្សេងៗទៀតរបស់ព្រះបាទសាឡូម៉ូន មានកត់ត្រាទុក ក្នុងសៀវភៅដែលមានចំណងជើងថា «រាជកិច្ចរបស់ព្រះបាទសាឡូម៉ូន»។ សៀវភៅនោះរៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលស្ដេចបានធ្វើ និងអំពីប្រាជ្ញារបស់ស្ដេច។ ៤២ ព្រះបាទសាឡូម៉ូនសោយរាជ្យលើប្រជាជនអ៊ីស្រាអែលទាំងមូល នៅក្រុងយេរូសាឡឹមអស់រយៈពេលសែសិបឆ្នាំ។ ៤៣ កាលព្រះបាទសាឡូម៉ូនសោយទិវង្គត គេបានយកសពទៅបញ្ចុះ នៅបុរីព្រះបាទដាវីឌជាបិតា។ ព្រះបាទរ៉ូបោមជាបុត្រឡើងស្នងរាជ្យ។
ពង្សាវតារក្សត្រ នៃរាជាណាចក្រយូដា និងរាជាណាចក្រអ៊ីស្រាអែល ចាប់ពីគ្រាបែងចែកស្រុក រហូតដល់ចុងបញ្ចប់នៃរាជាណាចក្រអ៊ីស្រាអែល
ជំពូកទី ១២
ប្រជាជនជួបជុំគ្នានៅស៊ីគែម
(២របាក្សត្រ ១០:១-១៥)
១ សម្ដេចរ៉ូបោមបានយាង ទៅស៊ីគែម ដ្បិតប្រជាជនអ៊ីស្រាអែលទាំងមូលមកជួបជុំគ្នានៅទីនោះ ដើម្បីអភិសេកសម្ដេចជាព្រះមហាក្សត្រ។ ២ កាលលោកយេរ៉ូបោម ជាកូនរបស់លោកនេបាតឮដំណឹងនេះ លោកស្ថិតនៅក្នុងស្រុកអេស៊ីបនៅឡើយ។ លោកយេរ៉ូបោមបានរត់ភៀសខ្លួនពីព្រះបាទសាឡូម៉ូន ទៅស្នាក់នៅស្រុកអេស៊ីប។ ៣ ពេលនោះ គេបានចាត់មនុស្ស អោយទៅហៅលោកយេរ៉ូបោមមកដែរ។ លោកយេរ៉ូបោម និងជនជាតិអ៊ីស្រាអែលទាំងមូលមកជួបជុំគ្នា ហើយទូលព្រះបាទរ៉ូបោមថា៖ ៤ «បិតារបស់ព្រះករុណា បានដាក់នឹមយ៉ាងធ្ងន់លើយើងខ្ញុំ។ ឥឡូវនេះ សូមព្រះករុណាមេត្តាសំរាលនឹមដ៏ធ្ងន់ដែលបិតារបស់ព្រះករុណាបានដាក់ លើយើងខ្ញុំផង នោះយើងខ្ញុំនឹងបំរើព្រះករុណា»។ ៥ ព្រះរាជាមានរាជឱង្ការថា៖ «ចូរទៅសិនចុះ ចាំបីថ្ងៃទៀតសឹមវិលមកជួបយើងវិញ»។ ប្រជាជនក៏នាំគ្នាចាកចេញទៅ។
៦ ព្រះបាទ រ៉ូបោមបានពិភាក្សាជាមួយក្រុមព្រឹទ្ធាចារ្យ ដែលជាទីប្រឹក្សារបស់ព្រះបាទសាឡូម៉ូន ជាបិតាក្នុងគ្រាទ្រង់នៅមានព្រះជន្មនៅឡើយ ដោយសួរថា៖ «តាមយោបល់អស់លោក តើយើងត្រូវឆ្លើយដូចម្ដេចចំពោះប្រជាជននេះ?»។ ៧ អស់លោកព្រឹទ្ធាចារ្យ ទូលវិញថា៖ «ថ្ងៃនេះ ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យបំរើប្រជាជន បើព្រះករុណាយកចិត្តទុកដាក់នឹងគេ ហើយឆ្លើយទៅគេ ដោយព្រះហឫទ័យសប្បុរស នោះពួកគេនឹងបំរើព្រះករុណារហូតតទៅ»។ ៨ ប៉ុន្តែ ព្រះបាទរ៉ូបោមមិនរវីរវល់នឹងយោបល់របស់ក្រុមព្រឹទ្ធាចារ្យទេ តែស្ដេចបានសួរយោបល់ពីមន្ត្រីជំនិត ដែលធ្លាប់នៅជាមួយស្ដេចតាំងពីកុមារមក។ ៩ ស្ដេចមានរាជឱង្ការទៅ ពួកគេថា៖ «ប្រជាជនបានសុំអោយយើងសំរាលនឹម ដែលបិតារបស់យើងបានដាក់លើពួកគេ។ តើអស់លោកមានយោបល់ដូចម្ដេច? តាមយោបល់អស់លោក តើយើងត្រូវឆ្លើយដូចម្ដេចចំពោះប្រជាជននេះ?»។ ១០ មន្ត្រីក្មេងៗដែល ធ្លាប់នៅជាមួយស្ដេច តាំងពីកុមារ មកនាំគ្នាទូលស្ដេចថា៖ «សូមព្រះករុណាប្រាប់ប្រជាជន ដែលមកសុំអោយព្រះករុណាសំរាលនឹមបិតារបស់ព្រះករុណានោះវិញថា “កូនដៃរបស់យើងមានកម្លាំងជាងដៃបិតារបស់យើងទៅទៀត។ ១១ បិតារបស់យើងបានដាក់ នឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា រីឯយើងវិញ យើងនឹងធ្វើអោយនឹមនេះរឹតតែធ្ងន់ថែមទៀត។ បិតារបស់យើងបានប្រដៅអ្នករាល់គ្នាដោយប្រើរំពាត់ រីឯយើងវិញ យើងនឹងប្រដៅអ្នករាល់គ្នា ដោយប្រើខ្យាដំរី”»។
១២ លុះដល់ ថ្ងៃទីបី លោកយេរ៉ូបោម និងប្រជាជនទាំងមូលចូលមកគាល់ព្រះបាទរ៉ូបោម តាមពេលកំណត់ដែលស្ដេចបានប្រាប់ថា “ចាំបីថ្ងៃទៀត សឹមវិលមក ជួបយើងវិញ”។ ១៣ ព្រះរាជាមានរាជឱង្ការទៅកាន់ប្រជាជនយ៉ាងតឹងរ៉ឹង គឺស្ដេចមិនរវីរវល់នឹងយោបល់របស់ក្រុមព្រឹទ្ធាចារ្យទេ។ ១៤ ព្រះរាជាមានរាជឱង្ការ ទៅកាន់ប្រជាជន តាមយោបល់របស់មន្ត្រីក្មេងៗថា៖ «បិតារបស់យើងបានផ្ទុកនឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា រីឯយើងវិញ យើងនឹងធ្វើអោយនឹមនេះ រឹតតែធ្ងន់ថែមទៀត។ បិតារបស់យើងបានប្រដៅអ្នករាល់គ្នា ដោយប្រើរំពាត់ រីឯយើងវិញ យើងនឹងប្រដៅអ្នករាល់គ្នាដោយប្រើខ្យាដំរី»។
១៥ ស្ដេចមិនព្រមស្ដាប់តាមសំណូមពររបស់ប្រជាជនទេ ដ្បិតព្រះអម្ចាស់ បណ្ដាលអោយមានសភាពការណ៍ប្រែប្រួលដូច្នេះ ស្របតាមព្រះបន្ទូល ដែលព្រះអង្គបានថ្លែងមកកាន់លោកយេរ៉ូបោម ជាកូនរបស់លោកនេបាតតាមរយៈព្យាការីអហ៊ីយ៉ានៅស៊ីឡូ។
អាណាចក្រអ៊ីស្រាអែលបែកជាពីរ
(២របាក្សត្រ ១០:១៦-១១:៤)
១៦ ពេលប្រជាជនអ៊ីស្រាអែលទាំងមូលឃើញថា ស្ដេចពុំព្រមស្ដាប់តាមសំណូមពររបស់ខ្លួនទេ ពួកគេក៏ទូលស្ដេចថា៖
«ពួកយើងគ្មានជាប់ជំពាក់អ្វីនឹង
ព្រះបាទដាវីឌទេ!
ពួកយើងក៏គ្មានចំណែកមត៌កអ្វីរួមជាមួយ
កូនរបស់លោកយេសាយដែរ!
ប្រជាជនអ៊ីស្រាអែលអើយ
ចូរវិលត្រឡប់ទៅផ្ទះរបស់អ្នកវិញចុះ។
រាជវង្សរបស់ព្រះបាទដាវីឌអើយ
ឥឡូវនេះ សូមបីបាច់ថែរក្សាខ្លួនឯងទៅ!»។
ប្រជាជនអ៊ីស្រាអែលនាំគ្នាវិលត្រឡប់ទៅកាន់លំនៅរបស់ខ្លួនវិញ។
១៧ ព្រះបាទរ៉ូបោមគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលដែលរស់នៅតាមក្រុងទាំងឡាយ ក្នុងស្រុកយូដា។ ១៨ ព្រះបាទរ៉ូបោមចាត់ លោកអដូរ៉ាម ជាអ្នកទទួលខុសត្រូវលើកំណែន អោយទៅជួបកុលសម្ព័ន្ធអ៊ីស្រាអែលឯទៀតៗ តែពួកគេយកដុំថ្មគប់សម្លាប់លោក។ ព្រះបាទរ៉ូបោមក៏ប្រញាប់ប្រញាល់ឡើងរាជរថភៀសខ្លួនចូលក្រុង យេរូសាឡឹមវិញ។ ១៩ គឺយ៉ាងនេះហើយដែលប្រជាជនអ៊ីស្រាអែលបះបោរ ប្រឆាំងនឹងរាជវង្សព្រះបាទដាវីឌ រហូតដល់សព្វថ្ងៃ។
២០ កាល ប្រជាជនអ៊ីស្រាអែលទាំងមូលដឹងថា លោកយេរ៉ូបោមវិលត្រឡប់មកវិញ គេក៏ជួបជុំគ្នា ហើយចាត់មនុស្សអោយទៅអញ្ជើញលោកមក។ គេអភិសេកលោកជាស្ដេចលើប្រជាជនអ៊ីស្រាអែលទាំងមូល។ មានតែកុលសម្ព័ន្ធយូដាមួយប៉ុណ្ណោះ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជវង្សព្រះបាទដាវីឌ។
២១ ពេល ព្រះបាទរ៉ូបោមយាងមកដល់ក្រុងយេរូសាឡឹម ទ្រង់ក៏ប្រមូលទាហានក្នុងពូជពង្សយូដា និងកុលសម្ព័ន្ធបេនយ៉ាមីនទាំងមូល បានចំនួនមួយសែនប្រាំបីម៉ឺននាក់ ដែលសុទ្ធតែជាអ្នកចំបាំងយ៉ាងស្ទាត់ជំនាញ។ ពួកគេលើកទ័ពចេញទៅច្បាំងនឹងកូនចៅអ៊ីស្រាអែលឯទៀតៗ ដើម្បីដណ្ដើមយកអាណាចក្រទាំងមូល មកថ្វាយព្រះបាទរ៉ូបោម ជាបុត្ររបស់ព្រះបាទសាឡូម៉ូនវិញ។ ២២ ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកសេម៉ាយ៉ា ជាអ្នកជំនិតរបស់ព្រះអង្គថា៖ ២៣ «ចូរប្រាប់រ៉ូបោម បុត្រសាឡូម៉ូន ជាស្ដេចនៅស្រុកយូដា ព្រមទាំងកុលសម្ព័ន្ធយូដា កុលសម្ព័ន្ធបេនយ៉ាមីន និងប្រជាជនឯទៀតៗថា ២៤ ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ: កុំចេញទៅច្បាំងនឹងជនជាតិអ៊ីស្រាអែលជាបងប្អូនរបស់ខ្លួនឡើយ។ ចូរវិលទៅកាន់ទីលំនៅរៀងៗខ្លួនចុះ ដ្បិតយើងទេដែលធ្វើអោយសភាពការណ៍នេះកើតមាន»។ ពួកគេក៏ស្ដាប់តាមបង្គាប់ព្រះអម្ចាស់ ហើយនាំគ្នាវិលត្រឡប់ទៅវិញ តាមព្រះបន្ទូលរបស់ព្រះអង្គ។
២៥ ព្រះបាទ យេរ៉ូបោមបានសង់ក្រុងស៊ីគែម នៅលើភ្នំអេប្រាអ៊ីម ដើម្បីគង់នៅទីនោះ។ បន្ទាប់មក ស្ដេចបានចេញពីស៊ីគែម ទៅសង់ក្រុងពេនូអែល។
អំពើបាបរបស់ព្រះបាទយេរ៉ូបោម
២៦ ព្រះបាទយេរ៉ូបោម រិះគិតថា៖ «យោលតាមសភាពការណ៍ពេលនេះ អាណាចក្រខ្ញុំអាចធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់រាជវង្សព្រះបាទដាវីឌ មិនខាន។ ២៧ ប្រសិនបើប្រជាជនរបស់ខ្ញុំនៅតែទៅថ្វាយយញ្ញបូជាក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នៅក្រុងយេរូសាឡឹមដូច្នេះ ចិត្តគំនិតរបស់ពួកគេនឹងវិលទៅរករ៉ូបោម ជាស្ដេចស្រុកយូដា និងជាម្ចាស់ដើមរបស់ពួកគេវិញ។ ពេលនោះ ពួកគេមុខជាសម្លាប់ខ្ញុំ រួចវិលទៅរករ៉ូបោម ជាស្ដេចស្រុកយូដាមិនខាន»។ ២៨ ស្ដេចបានរិះគិតអំពី មធ្យោបាយមួយ គឺអោយគេសិតធ្វើរូបគោមាសពីរ ហើយមានរាជឱង្ការទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាធ្វើដំណើរទៅក្រុងយេរូសាឡឹមជាច្រើនដងហើយ អ៊ីស្រាអែលអើយ! នេះនែ៎ ព្រះដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។ ២៩ ស្ដេចតម្កល់រូបគោមួយនៅបេតអែល និងមួយទៀតនៅក្រុងដាន់។ ៣០ ស្ដេចបាននាំប្រជាជនអោយប្រព្រឹត្តអំពើបាប ព្រោះតែរូបគោនោះ។ ប្រជាជននាំគ្នាដង្ហែរូបគោ រហូតដល់ក្រុងដាន់។ ៣១ ព្រះបាទយេរ៉ូបោមសង់ កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ រួចជ្រើសរើសមនុស្សពីចំណោមប្រជាជន ដែលមិនមែនជាពួកលេវីអោយធ្វើជាបូជាចារ្យ*។
៣២ ព្រះបាទ យេរ៉ូបោម បានកំណត់យកថ្ងៃទីដប់ប្រាំ នៃខែទីប្រាំបី សំរាប់ប្រារព្ធពិធីបុណ្យ ដូចនៅស្រុកយូដាដែរ។ ពេលនោះ ស្ដេចយាងទៅថ្វាយយញ្ញបូជានៅលើអាសនៈ។ ស្ដេចបានប្រព្រឹត្តរបៀបនេះនៅបេតអែលដែរ គឺថ្វាយយញ្ញបូជាចំពោះរូបគោដែលស្ដេចបានធ្វើ ព្រមទាំងយកបូជាចារ្យដែលស្ដេចតែងតាំងសំរាប់បំរើការងារ នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ អោយមកបំរើការនៅបេតអែលផង។ ៣៣ នៅថ្ងៃទីដប់ប្រាំ នៃខែប្រាំបី ជាថ្ងៃដែលស្ដេចកំណត់ខ្លួនឯង ទ្រង់យាងទៅអាសនៈដែលទ្រង់បានសង់នៅបេតអែល ដើម្បីប្រារព្ធពិធីបុណ្យ ជាមួយប្រជាជនអ៊ីស្រាអែល។ ក្នុងឱកាសនោះ ស្ដេចឡើងទៅដុតគ្រឿងក្រអូបនៅលើអាសនៈ។
ជំពូកទី ១៣
ទីសក្ការៈនៅបេតអែលត្រូវវិនាស
១ មានអ្នកជំនិតមួយរូបរបស់ព្រះជាម្ចាស់ បានធ្វើដំណើរពីស្រុកយូដា តាមបញ្ជារបស់ព្រះអម្ចាស់ លោកមកដល់បេតអែល នៅពេលព្រះបាទយេរ៉ូបោម កំពុងតែឈរដុតគ្រឿងក្រអូបនៅលើអាសនៈ។ ២ លោកស្រែកប្រឆាំងនឹងអាសនៈ ដោយប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ដូចតទៅ៖ «អាសនៈអើយ! អាសនៈ! ព្រះអម្ចាស់មានព្រះបន្ទូលថា: នៅក្នុងពូជពង្សរបស់ដាវីឌនឹងមានកូនប្រុសមួយរូបកើតមក កូននោះ មានឈ្មោះថា យ៉ូស្យាស។ យ៉ូស្យាសនឹងយកពួកបូជាចារ្យនៃកន្លែងសក្ការៈ តាមទួលខ្ពស់ៗមកបូជានៅលើអាសនៈ គឺពួកបូជាចារ្យដែលធ្លាប់ដុតគ្រឿងក្រអូបនៅលើអាសនៈនេះ។ គេក៏យកឆ្អឹងរបស់មនុស្ស មកដុតនៅលើអាសនៈនេះដែរ»។ ៣ នៅថ្ងៃដដែលនោះ អ្នកជំនិតរបស់ព្រះជាម្ចាស់ក៏ប្រកាសទៀតថា៖ «ព្រះអម្ចាស់ ប្រទានទីសំគាល់មួយ ដើម្បីបញ្ជាក់ថា ព្រះអង្គពិតជាមានព្រះបន្ទូលមែន គឺអាសនៈនឹងត្រូវបាក់បែក ហើយផេះនៅលើអាសនៈក៏នឹងធ្លាក់ខ្ចាត់ខ្ចាយដែរ»។
៤ ពេល ព្រះបាទយេរ៉ូបោមឮពាក្យដែលអ្នកជំនិតរបស់ព្រះជាម្ចាស់ ស្រែកប្រឆាំងនឹងអាសនៈ នៅបេតអែល ទ្រង់ក៏លាតព្រះហស្ដពីលើអាសនៈ រួចបញ្ជាថា៖ «ចូរចាប់ជននេះទៅ!»។ ពេលនោះ ព្រះហស្ដដែលស្ដេចលើកចង្អុលទៅអ្នកជំនិតរបស់ព្រះជាម្ចាស់ ក៏ស្ពឹក កំរើកលែងរួច។ អាសនៈបាក់បែក ហើយផេះនៅលើអាសនៈក៏ធ្លាក់ ដូចទីសំគាល់ដែលអ្នកជំនិតព្រះជាម្ចាស់ប្រកាស ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ៦ ព្រះរាជាមានរាជឱង្ការទៅកាន់អ្នកជំនិតព្រះជាម្ចាស់ថា៖ «សូមលោកជួយទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក សូមអធិស្ឋានអោយខ្ញុំផង ដើម្បីអោយដៃរបស់ខ្ញុំអាចកំរើកវិញបាន»។ អ្នកជំនិតរបស់ព្រះជាម្ចាស់ទូលអង្វរព្រះអង្គ ហើយព្រះហស្ដរបស់ស្ដេចក៏អាចបត់មកវិញបានដូចដើម។ ៧ ព្រះរាជាមានរាជឱង្ការ ទៅកាន់អ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «សូមអញ្ជើញចូលដំណាក់ខ្ញុំស្រស់ស្រូបសិន រួចហើយខ្ញុំនឹងជូនរង្វាន់លោក»។ ៨ អ្នកជំនិតរបស់ ព្រះជាម្ចាស់ទូលព្រះរាជាវិញថា៖ «ទោះបីព្រះករុណា ប្រទានរាជ្យទ្រព្យចំនួនពាក់កណ្ដាលអោយទូលបង្គំ ក៏ទូលបង្គំមិនចូលក្នុងដំណាក់របស់ព្រះករុណាដែរ ទូលបង្គំក៏មិនទទួលទានអាហារ និងទឹកនៅទីនេះឡើយ ៩ ដ្បិតព្រះអម្ចាស់បានហាមទូលបង្គំមិនអោយទទួលទានអាហារ ឬទឹកទេ ហើយព្រះអង្គក៏មិនអោយទូលបង្គំត្រឡប់ទៅវិញ តាមផ្លូវដដែលដែរ»។ ១០ បន្ទាប់មក អ្នកជំនិតរបស់ព្រះជាម្ចាស់ត្រឡប់ទៅវិញ តាមផ្លូវមួយផ្សេងទៀត គឺលោកមិនត្រឡប់ទៅវិញ តាមផ្លូវដែលលោកមកបេតអែលនោះឡើយ។
អ្នកជំនិតរបស់ព្រះជាម្ចាស់ត្រូវសត្វសឹង្ហសម្លាប់
១១ គ្រានោះ មានព្យាការីចាស់មួយរូបរស់នៅបេតអែល។ កូនប្រុសរបស់គាត់បានរៀបរាប់អំពីព្រឹត្តិការណ៍ទាំងប៉ុន្មានដែល អ្នកជំនិតរបស់ព្រះជាម្ចាស់បានធ្វើនៅបេតអែល និងសេចក្ដីទាំងប៉ុន្មានដែលលោកបានទូលព្រះរាជានៅថ្ងៃនោះ។ ១២ ឪពុកសួរកូនថា៖ «តើលោកចាកចេញទៅតាមផ្លូវណា?»។ កូនៗក៏ប្រាប់ឪពុកពីផ្លូវដែលអ្នកជំនិតរបស់ព្រះជាម្ចាស់ពីស្រុក យូដាវិលត្រឡប់ទៅវិញ។ ១៣ ពេលនោះ ឪពុកបង្គាប់អោយកូនៗចងកែបលា។ កូនៗក៏ចងកែបលា ហើយឪពុកក៏ឡើងជិះ។ ១៤ គាត់ចេញទៅតាមអ្នក ជំនិតរបស់ព្រះជាម្ចាស់ ហើយតាមទាន់នៅពេលដែលលោកកំពុងអង្គុយក្រោមដើមជ្រៃ។ គាត់សួរលោកថា៖ «តើលោកជាអ្នកជំនិតរបស់ព្រះជាម្ចាស់ ដែលមកពីស្រុកយូដាឬ?»។ លោកឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។ ១៥ គាត់ពោលថា៖ «សូមអញ្ជើញទៅពិសាអាហារ នៅផ្ទះខ្ញុំសិន»។ ១៦ លោកឆ្លើយថា៖ «ខ្ញុំមិនអាចត្រឡប់ទៅជាមួយលោក ខ្ញុំមិនអាចចូលទៅផ្ទះលោក ហើយក៏មិនអាចទទួលទានអាហារ ឬទឹកជាមួយលោកនៅទីនោះបានដែរ ១៧ ដ្បិតព្រះអម្ចាស់ បានហាមខ្ញុំថា: “អ្នកមិនត្រូវបរិភោគអាហារ ឬទឹកនៅទីនោះទេ! ហើយក៏មិនត្រូវវិលត្រឡប់មកវិញ តាមផ្លូវដែលអ្នកទៅឡើយ”»។ ១៨ ព្យាការីចាស់ពោលទៅអ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «ខ្ញុំក៏ជាព្យាការីដែរ មានទេវទូតបានមកប្រាប់ខ្ញុំ ក្នុងនាមរបស់ព្រះអម្ចាស់ដូចតទៅ: “ចូរទៅនាំគាត់មកផ្ទះអ្នក ដើម្បីអោយគាត់បរិភោគអាហារ និងទឹកផង”»។ តាមពិតគាត់និយាយកុហកទេ។ ១៩ អ្នកជំនិតរបស់ព្រះជាម្ចាស់ក៏ត្រឡប់ទៅជាមួយគាត់ ហើយបរិភោគអាហារ និងទឹក នៅផ្ទះរបស់គាត់ផង។
២០ នៅពេលដែលលោកទាំងពីរអង្គុយរួមតុជាមួយគ្នា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីដែលបាននាំអ្នកជំនិតរបស់ព្រះជាម្ចាស់មកវិញ។ ២១ គាត់ពោលទៅកាន់អ្នកជំនិតរបស់ព្រះជាម្ចាស់ដែលមកពីស្រុកយូដាថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដោយអ្នកមិនធ្វើតាមបង្គាប់របស់ព្រះអម្ចាស់ ហើយមិនកាន់តាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នកទេ ២២ គឺអ្នកវិលមកវិញ បរិភោគអាហារ និងទឹកនៅកន្លែងដែលព្រះអង្គហាមប្រាម ដូច្នេះ សពរបស់អ្នកនឹងមិនត្រូវគេយកទៅបញ្ចុះក្នុងផ្នូររបស់ដូនតាអ្នកឡើយ»។
២៣ ក្រោយពីបានបរិភោគអាហារ និងទឹករួច ព្យាការីចាស់ចងកែបលាជូនព្យាការីដែលគាត់បាននាំត្រឡប់មកវិញ។ ២៤ លោកក៏ចាកចេញទៅហើយ នៅតាមផ្លូវលោកបានជួបនឹងសឹង្ហមួយ វាសម្លាប់លោក ទុកសាកសពចោលនៅលើផ្លូវ។ សត្វលា និងសត្វសឹង្ហ ឈរនៅជិតសាកសព។ ២៥ មនុស្សម្នាដែលធ្វើ ដំណើរកាត់តាមនោះ ឃើញសាកសពរបស់លោកនៅលើផ្លូវ ហើយឃើញសឹង្ហឈរនៅក្បែរសពនោះ។ ពួកគេក៏យករឿងនេះ ទៅនិយាយនៅក្នុងក្រុងដែលព្យាការីចាស់នោះរស់នៅ។ ២៦ កាលព្យាការីដែលបាន អញ្ជើញអ្នកជំនិតរបស់ព្រះជាម្ចាស់មកផ្ទះ គាត់ឮដំណឹងនេះក៏ពោលថា៖ «គាត់ជាអ្នកជំនិតរបស់ព្រះជាម្ចាស់ ដែលមិនធ្វើតាមបង្គាប់ព្រះអង្គ។ ព្រះអម្ចាស់បានប្រគល់គាត់ទៅក្នុងក្រញាំសឹង្ហ វាហែកសម្លាប់គាត់ស្របតាមសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកគាត់»។ ២៧ បន្ទាប់មក ព្យាការីចាស់នោះ ពោលទៅកាន់កូនៗរបស់គាត់ថា៖ «ចូរចងកែបលាអោយពុក!»។ កូនៗក៏ចងកែបលាជូនគាត់។ ២៨ ពេលនោះ គាត់ចេញដំណើរទៅ ឃើញសាកសព នៅកណ្ដាលផ្លូវ។ សត្វលា និងសត្វសឹង្ហឈរនៅក្បែរសពនោះ ប៉ុន្តែ សឹង្ហពុំបានហែកសាកសពស៊ីទេ ហើយក៏ពុំបានខាំសត្វលាដែរ។ ២៩ គាត់លើកសាកសពអ្នកជំនិតរបស់ព្រះជាម្ចាស់ ដាក់លើខ្នងលានាំទៅបេតអែល ដើម្បីធ្វើពិធីកាន់ទុក្ខ និងបញ្ចុះសព។ ៣០ គាត់យកសាកសពទៅបញ្ចុះក្នុងផ្នូររបស់ខ្លួនផ្ទាល់ រួចយំស្រណោះថា “ប្អូនអើយម្ដេចក៏វេទនាម៉្លេះ!”។ ៣១ ក្រោយពីបានបញ្ចុះសព រួចហើយ គាត់ផ្ដាំកូនៗថា៖ «កាលណាពុកស្លាប់ ចូរកូនបញ្ចុះសពនៅក្នុងផ្នូរ ដែលយើងបញ្ចុះសពអ្នកជំនិតរបស់ព្រះជាម្ចាស់។ ត្រូវតម្កល់ធាតុពុកនៅទន្ទឹមនឹងធាតុរបស់លោកផង ៣២ ដ្បិតព្រះបន្ទូលដែលលោកប្រកាស ក្នុងនាមព្រះអម្ចាស់ប្រឆាំងនឹងអាសនៈនៅបេតអែល ព្រមទាំងកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ ក្នុងក្រុងនានានៃស្រុកសាម៉ារី មុខជាសំរេចពុំខាន»។
៣៣ ទោះបី មានហេតុការណ៍កើតឡើងយ៉ាងនេះក្ដី ក៏ព្រះបាទយេរ៉ូបោមនៅតែពុំព្រមងាកចេញពីផ្លូវអាក្រក់។ ស្ដេចនៅតែបន្តតែងតាំងមនុស្សក្នុងចំណោមប្រជាជន ជាបូជាចារ្យ សំរាប់បំរើការនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ។ បើមាននរណាចង់បំរើកិច្ចការនេះ ស្ដេចក៏តែងតាំងគេអោយបំរើការក្នុងកន្លែងសក្ការៈ តាមទួលខ្ពស់ៗ។ ៣៤ អំពើទាំងនេះ នាំអោយរាជវង្សរបស់ព្រះបាទយេរ៉ូបោមប្រព្រឹត្តអំពើបាប ហេតុនេះហើយបានជារាជវង្សនេះត្រូវរលាយសូន្យបាត់ពីផែនដី។
ជំពូកទី ១៤
ព្យាការីអហ៊ីយ៉ាថ្លែងប្រាប់ពីការសោយទិវង្គតនៃបុត្រារបស់ព្រះបាទយេរ៉ូបោម
១ គ្រានោះសម្ដេចអប៊ីយា ជាបុត្ររបស់ព្រះបាទយេរ៉ូបោមប្រឈួន។ ២ ព្រះបាទយេរ៉ូបោមមាន រាជឱង្ការទៅកាន់មហេសីថា៖ «ចូរក្រោកឡើងក្លែងខ្លួន ដើម្បីកុំអោយគេស្គាល់ថា នាងជាមហេសីយើង រួចធ្វើដំណើរទៅកាន់ស៊ីឡូ។ នៅទីនោះ មានព្យាការីម្នាក់ ឈ្មោះអហ៊ីយ៉ា គឺលោកហើយដែលប្រាប់យើងថា យើងនឹងសោយរាជ្យលើប្រជាជននេះ។ ៣ ចូរយកនំបុ័ងដប់ដុំ និងនំខ្លះ ព្រមទាំងទឹកឃ្មុំមួយដបទៅជាមួយផង។ ត្រូវទៅជួបលោក លោកមុខជាប្រាប់អោយនាងដឹងថា កូនយើងនឹងទៅជាយ៉ាងណា»។ ៤ មហេសីរបស់ព្រះបាទ យេរ៉ូបោមក៏ធ្វើតាម។ ព្រះនាងក្រោកឡើង ចេញដំណើរទៅស៊ីឡូ ហើយទៅដល់ផ្ទះរបស់លោកអហ៊ីយ៉ា។ លោកអហ៊ីយ៉ាមើលអ្វីលែងឃើញទៀតហើយ ព្រោះភ្នែកលោកងងឹតដោយលោកចាស់ជរា។ ៥ មុនពេលព្រះនាងមកដល់ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអហ៊ីយ៉ា ថា៖ «មហេសីរបស់យេរ៉ូបោមនឹងមកសួរអ្នក អំពីកូនដែលកំពុងឈឺ។ កាលនាងចូលមកជួបអ្នក នាងនឹងក្លែងខ្លួនធ្វើជាស្ត្រីម្នាក់ផ្សេងទៀត។ ត្រូវនិយាយជាមួយនាងតាមពាក្យដែលយើងនឹងប្រាប់អ្នក»។ ៦ កាលលោកអហ៊ីយ៉ាឮស្នូរ សំរិបជើងរបស់ព្រះនាងមកដល់មាត់ទ្វារ លោកពោលថា៖ «សូមយាងចូលមក! មហេសីរបស់ព្រះបាទយេរ៉ូបោម ហេតុអ្វីបានជាព្រះនាងក្លែងខ្លួនជាស្ត្រីផ្សេងដូច្នេះ? ព្រះជាម្ចាស់ចាត់ទូលបង្គំ អោយនាំដំណឹងដ៏អាក្រក់ មកទូលព្រះនាង។ ៧ សូមយាងទៅទូលព្រះបាទយេរ៉ូបោមដូចតទៅ: ព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “យើងបានលើកតម្កើងអ្នកនៅចំពោះមុខប្រជាជន និងតែងតាំងអ្នកអោយធ្វើជាមេដឹកនាំលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។ ៨ យើងបានដកហូត រាជសម្បត្តិពីពូជពង្សដាវីឌ ហើយប្រគល់អោយអ្នក។ ក៏ប៉ុន្តែ អ្នកមិនបានកាន់តាមបទបញ្ជារបស់យើង និងគោរពបំរើយើងដោយចិត្តស្មោះឡើយ ហើយអ្នកក៏មិនបានប្រព្រឹត្តអំពើសុចរិត ដែលគាប់ចិត្តយើង ដូចដាវីឌជាអ្នកបំរើរបស់យើងដែរ។ ៩ អ្នកបានប្រព្រឹត្ត អាក្រក់ជាងអស់អ្នកមុនៗទៅទៀត គឺអ្នកបានធ្វើរូបព្រះផ្សេងៗ ព្រមទាំងសិតធ្វើរូបបដិមា ដើម្បីបញ្ឆេះកំហឹងរបស់យើង ហើយអ្នកបានបែរខ្នងដាក់យើងថែមទៀត។ ១០ ហេតុនេះយើងនឹងធ្វើ អោយទុក្ខវេទនាកើតមាន ចំពោះពូជពង្សរបស់យេរ៉ូបោម។ យើងនឹងប្រហារកូនប្រុសៗ ក្នុងក្រុមគ្រួសាររបស់យេរ៉ូបោម ទាំងអ្នកងារ ទាំងអ្នកជា អោយអស់ពីស្រុកអ៊ីស្រាអែល។ យើងនឹងបោសពូជពង្សរបស់យេរ៉ូបោម ដូចគេបោសសំរាមទាល់តែអស់ដែរ។ ១១ ក្នុងក្រុមគ្រួសារ យេរ៉ូបោម អ្នកដែលស្លាប់នៅក្នុងទីក្រុង នឹងត្រូវឆ្កែហែកស៊ី ហើយអ្នកដែលស្លាប់នៅតាមវាល នឹងត្រូវត្មាតចឹកស៊ី”។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ១២ រីឯព្រះនាងវិញ សូមក្រោកឡើង វិលត្រឡប់ទៅដំណាក់ចុះ! ពេលព្រះនាងយាងចូលដល់ទីក្រុង បុត្រនោះនឹងសោយទិវង្គត។ ១៣ ប្រជាជនអ៊ីស្រាអែល ទាំងមូលនាំគ្នាកាន់ទុក្ខ ហើយបញ្ចុះសពបុត្រនោះ។ ក្នុងរាជវង្សរបស់ព្រះបាទយេរ៉ូបោម មានតែបុត្រនេះមួយអង្គប៉ុណ្ណោះ ដែលគេបញ្ចុះសពក្នុងផ្នូរ ដ្បិតក្នុងរាជវង្សព្រះបាទយេរ៉ូបោម មានតែបុត្រអង្គនេះទេ ដែលបានប្រព្រឹត្តអំពើល្អខ្លះៗ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះនៃប្រជាជនអ៊ីស្រាអែល។ ១៤ នៅថ្ងៃនោះ ព្រះអម្ចាស់នឹងជ្រើសតាំងស្ដេចមួយអង្គទៀត អោយសោយរាជ្យលើប្រជាជនអ៊ីស្រាអែល ស្ដេចថ្មីនោះនឹងប្រហារពូជពង្សរបស់ព្រះបាទយេរ៉ូបោមអោយវិនាសសូន្យ។ ហេតុការណ៍នេះកំពុងតែកើតមាន! ១៥ ព្រះអម្ចាស់នឹងវាយជនជាតិអ៊ីស្រាអែល ពេលនោះ ពួកគេប្រៀបដូចជាដើមត្រែងដែលញ័រនៅក្នុងទឹក។ ព្រះអម្ចាស់នឹងដកជនជាតិអ៊ីស្រាអែលចេញពីទឹក ដីដ៏ល្អ ដែលព្រះអង្គប្រទានដល់បុព្វបុរសរបស់ពួកគេ ព្រះអង្គនឹងកំចាត់កំចាយពួកគេ អោយទៅនៅខាងនាយទន្លេអឺប្រាត ព្រោះពួកគេធ្វើបង្គោលព្រះអាសេរ៉ា ដែលបណ្ដាលអោយព្រះអម្ចាស់ទ្រង់ព្រះពិរោធ។ ១៦ ព្រះអង្គបោះបង់ចោល អ៊ីស្រាអែល ព្រោះតែព្រះបាទយេរ៉ូបោមប្រព្រឹត្តអំពើបាប និងនាំប្រជាជនអ៊ីស្រាអែលអោយប្រព្រឹត្តអំពើបាបដែរ»។
១៧ មហេសី របស់ព្រះបាទយេរ៉ូបោមក្រោកឡើង ហើយយាងចេញទៅ។ ពេលព្រះនាងយាងដល់ក្រុងទៀរសា ហើយឈានជើងជាន់មាត់ទ្វារព្រះដំណាក់ បុត្រនោះក៏សោយទិវង្គត។ ១៨ គេបានបញ្ចុះសពបុត្រនោះ ហើយប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាកាន់ទុក្ខ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងតាមរយៈព្យាការីអហ៊ីយ៉ា ជាអ្នកបំរើរបស់ព្រះអង្គ។
១៩ រីឯរាជ កិច្ចផ្សេងៗទៀតរបស់ព្រះបាទយេរ៉ូបោម ដូចជាការធ្វើសង្គ្រាម ការគ្រងរាជ្យសុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ ស្ដេចស្រុកអ៊ីស្រាអែល។ ២០ ព្រះបាទយេរ៉ូបោមគ្រង រាជ្យនៅស្រុកអ៊ីស្រាអែល អស់រយៈពេលម្ភៃពីរឆ្នាំ។ កាលស្ដេចសោយទិវង្គតផុតទៅ ព្រះបាទណាដាប់ជាបុត្រ បានឡើងស្នងរាជ្យ។
ព្រះបាទរ៉ូបោមសោយរាជ្យនៅស្រុកយូដា
(២របាក្សត្រ ១២:១-១៦)
២១ ព្រះបាទរ៉ូបោម ជាបុត្ររបស់ព្រះបាទសាឡូម៉ូនឡើងសោយរាជ្យលើស្រុកយូដា ក្នុងជន្មាយុសែសិបមួយវស្សា។ ស្ដេចសោយរាជ្យបានដប់ប្រាំពីរវស្សា នៅក្រុងយេរូសាឡឹម ជាក្រុងដែលព្រះអម្ចាស់បាន ជ្រើសរើសពីក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ សំរាប់ព្រះនាមរបស់ព្រះអង្គ។ មាតារបស់ស្ដេចមាននាមថាណាម៉ា ជាជនជាតិអាំម៉ូន។ ២២ ប្រជាជនយូដាបានប្រព្រឹត្តអំពើអាក្រក់ ទាស់នឹងព្រះហឫទ័យព្រះអម្ចាស់។ ពួកគេបានធ្វើអោយព្រះអង្គទ្រង់ព្រះពិរោធ ដោយសារតែអំពើបាបដែលពួកគេប្រព្រឹត្ត លើសពីដូនតារបស់ពួកគេទៅទៀត។ ២៣ ពួកគេនាំគ្នាសង់ កន្លែងសក្ការៈ នៅតាមទួលខ្ពស់ៗ ព្រមទាំងសង់ស្ដូប និងបង្គោលព្រះអាសេរ៉ានៅតាមកំពូលភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី។ ២៤ នៅក្នុងស្រុកមានប្រុសៗប្រព្រឹត្តអំពើពេស្យាចារ*សក្ការៈ គឺពួកគេធ្វើតាមអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខកូនចៅអ៊ីស្រាអែល។
២៥ នៅឆ្នាំទីប្រាំនៃរជ្ជកាលព្រះបាទរ៉ូបោម ព្រះចៅស៊ីសាក់ ជាស្ដេចស្រុកអេស៊ីប បានឡើងមកវាយក្រុងយេរូសាឡឹម។ ២៦ ស្ដេចស្រុកអេស៊ីបរឹបអូសយកទ្រព្យសម្បត្តិ ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងរាជទ្រព្យនៅក្នុងវាំង។ ស្ដេចបានរឹបអូសយកទ្រព្យសម្បត្តិទាំងមូល និងខែលមាសទាំងអស់ដែលព្រះបាទសាឡូម៉ូនបានធ្វើ។ ២៧ ព្រះបាទរ៉ូបោមបាន អោយគេធ្វើខែល ពីលង្ហិនជំនួសវិញ ហើយប្រគល់អោយមេក្រុមរបស់កងទាហានដែលយាមខ្លោងទ្វារវាំងមើល ថែរក្សា។ ២៨ គ្រប់ពេលដែលស្ដេចយាងចូលព្រះដំណាក់របស់ព្រះអម្ចាស់ ពួកទាហាននាំគ្នាកាន់ខែលទាំងនោះ រួចពួកគេប្រមូលយកទៅទុក ក្នុងបន្ទប់របស់មេក្រុមវិញ។
២៩ រាជ កិច្ចផ្សេងៗទៀតរបស់ព្រះបាទរ៉ូបោម និងអ្វីៗទាំងអស់ដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុក យូដា។
៣០ ព្រះបាទរ៉ូបោម និងព្រះបាទយេរ៉ូបោម តែងតែធ្វើសង្គ្រាមជាមួយគ្នាទៅវិញទៅមកជានិច្ច។
៣១ កាល ព្រះបាទរ៉ូបោមសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ។ មាតារបស់ស្ដេចមាននាមថា ណាម៉ា ជាជនជាតិអាំម៉ូន។ ព្រះបាទអប៊ីយ៉ាជាបុត្រ បានឡើងស្នងរាជ្យ។
ជំពូកទី ១៥
ព្រះបាទអប៊ីយ៉ាសោយរាជ្យនៅស្រុកយូដា
(២របាក្សត្រ ១៣:១-៣, ២២-២៣)
១ នៅឆ្នាំទីដប់ប្រាំបី នៃរជ្ជកាលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាតព្រះបាទអប៊ីយ៉ា ឡើងសោយរាជ្យនៅស្រុកយូដា។ ២ ស្ដេចសោយរាជ្យបានបីឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេច មាននាមថាម៉ាកា ជាបុត្រីរបស់សម្ដេចអប៊ីសាឡុម។ ៣ ព្រះបាទអប៊ីយ៉ាប្រព្រឹត្តអំពើបាបគ្រប់យ៉ាង ដូចបិតាធ្លាប់ប្រព្រឹត្តដែរ។ ស្ដេចពុំមានព្រះហឫទ័យស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ដូចព្រះបាទដាវីឌជាអយ្យកោឡើយ។ ៤ ដោយយល់ដល់ព្រះបាទដាវីឌ ព្រះអម្ចាស់ ជាព្រះរបស់ស្ដេចបានប្រោសប្រទានអោយស្ដេចមានបុត្រាមួយអង្គ ដើម្បីកុំអោយរាជវង្សនេះផុតរលត់ ហើយអោយក្រុងយេរូសាឡឹមនៅស្ថិតស្ថេរជាដរាប ៥ ដ្បិតព្រះបាទដាវីឌបានប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ហើយពុំងាកចេញពីសេចក្ដីដែលព្រះអង្គបានបង្គាប់អោយធ្វើឡើយ លើកលែងតែកំហុស ដែលស្ដេចបានប្រព្រឹត្តចំពោះលោកអ៊ូរី ជាជនជាតិហេតមួយប៉ុណ្ណោះ។
៦ ព្រះបាទរ៉ូបោម និងព្រះបាទយេរ៉ូបោម តែងតែធ្វើសង្គ្រាមជាមួយគ្នាទៅវិញទៅមក អស់មួយរជ្ជកាលព្រះបាទរ៉ូបោម។
៧ រីឯរាជ កិច្ចផ្សេងៗទៀត ដែលព្រះបាទអប៊ីយ៉ាប្រព្រឹត្ត សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុក យូដា។ ព្រះបាទអប៊ីយ៉ាក៏ធ្វើសង្គ្រាមជាមួយព្រះបាទយេរ៉ូបោមដែរ។ ៨ កាលព្រះបាទអប៊ីយ៉ាសោយ ទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ។ ព្រះបាទអេសា ជាបុត្របានឡើងស្នងរាជ្យ។
ព្រះបាទអេសាសោយរាជ្យនៅស្រុកយូដា
(២របាក្សត្រ ១៤:១-២, ១៥:១៦-១៩, ១៦:១-៦, ១១-១៤)
៩ នៅឆ្នាំទីម្ភៃ នៃរជ្ជកាលព្រះបាទយេរ៉ូបោម ជាស្ដេចអ៊ីស្រាអែល ព្រះបាទអេសាបានឡើងសោយរាជ្យនៅស្រុកយូដា។ ១០ ស្ដេចសោយរាជ្យបានសែសិបមួយឆ្នាំ នៅក្រុងយេរូសាឡឹម មាតារបស់ស្ដេចមាននាមថាម៉ាកា ជាបុត្រីរបស់សម្ដេចអប៊ីសាឡុម។
១១ ព្រះបាទអេសាប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ដូចព្រះបាទដាវីឌ ជាអយ្យកោដែរ។ ១២ ស្ដេចបានកំចាត់ពួក ប្រុសៗដែលប្រព្រឹត្តអំពើពេស្យាចារសក្ការៈ ចេញពីស្រុក ហើយលុបបំបាត់ព្រះក្លែងក្លាយទាំងប៉ុន្មានដែលពួកអយ្យកោបានកសាងផង ។ ១៣ ស្ដេចបានហូតងារមហាក្សត្រិយានី ពីព្រះនាងម៉ាកា ជាមាតា ព្រោះមាតាបានកសាងរូបដ៏គំរក់មួយ ជាតំណាងព្រះអាសេរ៉ា។ ព្រះបាទអេសាកំទេចរូបដ៏គំរក់នោះ រួចយកទៅដុតចោលនៅជ្រោះកេដ្រូន។ ១៤ ក៏ប៉ុន្តែ ទោះបីស្ដេចស្រឡាញ់ព្រះអម្ចាស់ដោយស្មោះក្ដី ក៏ទ្រង់ពុំបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗដែរ។ ១៥ ស្ដេចបាននាំតង្វាយ ដែលបិតា និងស្ដេចផ្ទាល់បានញែកជារបស់សក្ការៈ គឺមានគ្រឿងមាស ប្រាក់ និងវត្ថុផ្សេងៗទៀត ទៅទុកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
១៦ ព្រះបាទ អេសា និងព្រះបាទបាសា ជាស្ដេចស្រុកអ៊ីស្រាអែលតែងតែធ្វើសង្គ្រាមនឹងគ្នាទៅវិញទៅមក អស់មួយរជ្ជកាលស្ដេចទាំងពីរ។ ១៧ ព្រះបាទបាសា ជាស្ដេចស្រុកអ៊ីស្រាអែល លើកទ័ពមកវាយស្រុកយូដា ហើយសង់កំពែងជុំវិញក្រុងរ៉ាម៉ា ដើម្បីកុំអោយប្រជាជនរបស់ព្រះបាទអេសា ជាស្ដេចស្រុកយូដាអាចចេញចូលបាន។ ១៨ ព្រះបាទអេសាបានប្រមូលមាសប្រាក់ទាំងប៉ុន្មាន ដែលមាននៅក្នុងឃ្លាំងព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងឃ្លាំងព្រះរាជវាំង ប្រគល់ទៅអោយពួករាជបំរើ ហើយចាត់ពួកគេអោយទៅគាល់ព្រះបាទបេន-ហាដាដ ជាបុត្ររបស់ព្រះបាទតាបរីម៉ូន ដែលត្រូវជាបុត្ររបស់ព្រះបាទហេស៊ីយ៉ូន ស្ដេចស្រុកស៊ីរី ដែលគង់នៅក្រុងដាម៉ាសទូលថា៖ ១៩ «ទូលបង្គំសូមចង សម្ពន្ធមិត្តជាមួយព្រះករុណា ដូចបិតារបស់ទូលបង្គំបានចងជាមួយបិតារបស់ព្រះករុណាដែរ។ ទូលបង្គំសូមផ្ញើមាស និងប្រាក់នេះមកថ្វាយព្រះករុណា។ សូមព្រះករុណាផ្ដាច់ចំណងសម្ពន្ធមិត្តជាមួយបាសា ជាស្ដេចស្រុកអ៊ីស្រាអែលទៅ ដើម្បីកុំអោយស្ដេចនោះលើកទ័ពមកវាយទូលបង្គំ»។ ២០ ព្រះបាទបេនហាដាដយល់ ព្រមតាមសំណូមពររបស់ព្រះបាទអេសា ហើយចាត់មេទ័ពអោយទៅវាយក្រុងនានារបស់ស្រុកអ៊ីស្រាអែល។ ពួកគេវាយយកក្រុងអ៊ីយ៉ូន ក្រុងដាន់ ក្រុងអេបិល-បេត-ម៉ាកា ព្រមទាំងតំបន់គីនេរ៉ែតទាំងមូល និងស្រុកណែបថាលីទាំងមូល។ ២១ កាលព្រះបាទបាសា ជ្រាបពីដំណឹងនេះ ទ្រង់ក៏ឈប់សង់កំពែងក្រុងរ៉ាម៉ា ហើយយាងមកគង់នៅក្រុងទៀរសាវិញ។ ២២ ពេលនោះ ព្រះបាទអេសាប្រមូលជនជាតិយូដាទាំងមូល ឥតខ្វះអ្នកណាម្នាក់ឡើយ ដើម្បីជញ្ជូនថ្ម និងឈើ ដែលព្រះបាទបាសាប្រើសំរាប់សង់កំពែងក្រុងរ៉ាម៉ា។ ព្រះបាទអេសាយកថ្ម និងឈើទាំងនោះទៅសង់កំពែងក្រុងកេបា ក្នុងទឹកដីបេនយ៉ាមីន និងក្រុងមីសប៉ា។
២៣ រាជកិច្ចទាំងប៉ុន្មានរបស់ព្រះបាទអេសា គឺវីរភាពដ៏អង់អាច និងអ្វីៗ ទាំងប៉ុន្មានដែលស្ដេចបានប្រព្រឹត្តព្រមទាំងការសង់ ទីក្រុងនានា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។ នៅគ្រាដែលស្ដេចមានព្រះជន្មចាស់ជរា នោះទ្រង់កើតរោគានៅព្រះបាទា។ ២៤ កាលព្រះបាទអេសាសោយ ទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌជាអយ្យកោ។ ព្រះបាទយ៉ូសាផាតជាបុត្រ បានឡើងស្នងរាជ្យ។
ព្រះបាទណាដាប់សោយរាជ្យនៅស្រុកអ៊ីស្រាអែល
២៥ នៅឆ្នាំទីពីរនៃ រជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ព្រះបាទណាដាប់ ជាបុត្រព្រះបាទយេរ៉ូបោមបានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល ទ្រង់សោយរាជ្យបានពីរឆ្នាំ។ ២៦ ស្ដេចបានធ្វើអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ និងដើរតាមផ្លូវរបស់បិតា គឺទ្រង់ប្រព្រឹត្តអំពើបាប ហើយនាំប្រជាជនអ៊ីស្រាអែលអោយប្រព្រឹត្តអំពើបាបដែរ។
២៧ លោក បាសាជាកូនរបស់លោកអហ៊ីយ៉ា ក្នុងកុលសម្ព័ន្ធអ៊ីសាកា បានក្បត់ព្រះបាទណាដាប់ ហើយធ្វើគុតស្ដេចនៅគីបតូន ជាក្រុងរបស់ពួកភីលីស្ទីន ក្នុងគ្រាដែលស្ដេច និងកងទ័ពអ៊ីស្រាអែលទាំងមូលកំពុងឡោមព័ទ្ធក្រុងនោះ។ ២៨ លោកបាសាធ្វើគុតស្ដេច នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ហើយឡើងសោយរាជ្យជំនួស។ ២៩ ពេលឡើងគ្រងរាជ្យហើយ ព្រះបាទបាសាប្រហារជីវិតរាជវង្សរបស់ព្រះបាទយេរ៉ូបោមទាំងអស់ គ្មានទុកអោយសល់អ្នកណាម្នាក់ឡើយ គឺបំផ្លាញអោយផុតពូជ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងតាមរយៈព្យាការីអហ៊ីយ៉ា នៅស៊ីឡូ។ ៣០ ហេតុការណ៍នេះកើតមាន ព្រោះតែអំពើបាបដែលព្រះបាទយេរ៉ូបោមប្រព្រឹត្ត ហើយនាំប្រជាជនអ៊ីស្រាអែលអោយប្រព្រឹត្តអំពើបាបដែរ ជាហេតុបណ្ដាលអោយព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលទ្រង់ព្រះពិរោធ។
៣១ រាជ កិច្ចផ្សេងៗរបស់ព្រះបាទណាដាប់ និងអ្វីៗទាំងអស់ដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុក ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
៣២ ព្រះបាទ អេសា និងព្រះបាទបាសា ជាស្ដេចស្រុកអ៊ីស្រាអែល តែងតែធ្វើសង្គ្រាមជាមួយគ្នា ទៅវិញទៅមក អស់មួយរជ្ជកាលស្ដេចទាំងពីរ។
ព្រះបាទបាសាសោយរាជ្យនៅស្រុកអ៊ីស្រាអែល
៣៣ នៅឆ្នាំទីបីនៃ រជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ព្រះបាទបាសាជាកូនរបស់លោកអហ៊ីយ៉ា បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល នៅក្រុងទៀរសា អស់រយៈពេលម្ភៃបួនឆ្នាំ។ ៣៤ ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ និងដើរតាមផ្លូវរបស់ព្រះបាទយេរ៉ូបោម គឺទ្រង់ប្រព្រឹត្តអំពើបាប ហើយនាំប្រជាជនអ៊ីស្រាអែលអោយប្រព្រឹត្តអំពើបាបដែរ។
ជំពូកទី ១៦
១ ព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹងព្រះបាទបាសាតាមរយៈព្យាការីយេហ៊ូ ជាកូនរបស់លោកហាណានីថា៖ ២ «យើងបានលើកអ្នកពី ធូលីដី ហើយតែងតាំងអ្នកអោយធ្វើជាមេដឹកនាំលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។ ប៉ុន្តែ អ្នកដើរតាមផ្លូវរបស់យេរ៉ូបោម ហើយនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង អោយប្រព្រឹត្តអំពើបាប បណ្ដាលអោយយើងខឹង។ ៣ ហេតុនេះ យើងនឹងលុបបំបាត់អ្នក ព្រមទាំងពូជពង្សចោល។ យើងនឹងធ្វើអោយពូជពង្សរបស់អ្នក បានដូចពូជពង្សរបស់យេរ៉ូបោម ជាកូនរបស់នេបាតដែរ។ ៤ កូនចៅរបស់បាសា ដែលស្លាប់នៅក្នុងទីក្រុង នឹងត្រូវឆ្កែហែកស៊ី ហើយកូនចៅដែលស្លាប់នៅទីវាល នឹងត្រូវត្មាតចឹកស៊ី»។
៥ រាជកិច្ច ផ្សេងៗរបស់ព្រះបាទបាសា គឺអ្វីៗដែលទ្រង់បានប្រព្រឹត្ត និងវីរភាពដ៏អង់អាចរបស់ស្ដេច សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុក អ៊ីស្រាអែល។ ៦ កាលព្រះបាទបាសាសោយទិវង្គត គេយកសពទៅបញ្ចុះនៅក្រុងទៀរសា។ ព្រះបាទអេឡា ជាបុត្របានឡើងស្នងរាជ្យ។ ៧ ព្រះអម្ចាស់ ធ្លាប់មានព្រះបន្ទូលមកកាន់ព្រះបាទបាសា ព្រមទាំងរាជវង្សតាមរយៈព្យាការីយេហ៊ូ ជាកូនរបស់លោកហាណានីដែរ ព្រោះស្ដេចប្រព្រឹត្តអំពើអាក្រក់គ្រប់យ៉ាង មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដែលបណ្ដាលអោយព្រះអង្គទ្រង់ព្រះពិរោធ។ ព្រះបាទបាសា បានប្រព្រឹត្តអំពើបាបដូចរាជវង្សរបស់ព្រះបាទយេរ៉ូបោមដែរ។ មួយវិញទៀត ស្ដេចបានសម្លាប់រង្គាលរាជវង្សរបស់ព្រះបាទយេរ៉ូបោម។
ព្រះបាទអេឡាសោយរាជ្យនៅស្រុកអ៊ីស្រាអែល
៨ នៅឆ្នាំទីម្ភៃប្រាំមួយ នៃរជ្ជកាលព្រះបាទអេសាជាស្ដេចស្រុកយូដា ព្រះបាទអេឡា ជាបុត្ររបស់ព្រះបាទបាសា បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងទៀរសាអស់រយៈពេលពីរឆ្នាំ។ ៩ មានរាជបំរើមួយរូប របស់ស្ដេចឈ្មោះលោកស៊ីមរី ជាមេបញ្ជាការកងរទេះចំបាំងចំនួនពាក់កណ្ដាល បានក្បត់ព្រះបាទអេឡា។ នៅគ្រានោះ ព្រះរាជាស្នាក់នៅក្រុងទៀរសា កំពុងសោយសុរាស្រវឹង នៅក្នុងផ្ទះរបស់លោកអាក់សា ដែលជាអ្នកទទួលខុសត្រូវក្នុងវាំង។ ១០ លោកស៊ីមរីចូលមកហើយ ធ្វើគុតស្ដេច នៅក្នុងឆ្នាំទីម្ភៃប្រាំពីរនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា រួចឡើងសោយរាជ្យជំនួសព្រះបាទអេឡា។ ១១ កាលបានឡើងសោយរាជ្យ ហើយ ព្រះបាទស៊ីមរីប្រហារជីវិតរាជវង្សរបស់ព្រះបាទបាសាទាំងមូល ឥតទុកប្រុសៗណាម្នាក់អោយនៅរស់ឡើយ ទោះបីក្នុងចំណោមញាតិវង្ស ឬក្នុងចំណោមអ្នកជំនិតក្ដី។ ១២ ព្រះបាទស៊ីមរីសម្លាប់រង្គាលរាជវង្សរបស់ព្រះបាទបាសាទាំងមូល ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ បានថ្លែងតាមរយៈព្យាការីយេហ៊ូទាស់នឹងព្រះបាទបាសា។ ១៣ ហេតុការណ៍នេះកើតមាន ព្រោះតែអំពើបាបទាំងប៉ុន្មាន ដែលព្រះបាទបាសា និងព្រះបាទអេឡាជាបុត្របានប្រព្រឹត្ត ព្រមទាំងនាំប្រជាជនអ៊ីស្រាអែល អោយប្រព្រឹត្តអំពើបាបដែរ បណ្ដាលអោយព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ទ្រង់ព្រះពិរោធ ដោយសារពួកគេថ្វាយបង្គំព្រះក្លែងក្លាយ។
១៤ រាជ កិច្ចផ្សេងៗទៀតរបស់ព្រះបាទអេឡា និងអ្វីៗទាំងអស់ដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុក ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
ព្រះបាទស៊ីមរីសោយរាជ្យនៅស្រុកអ៊ីស្រាអែល
១៥ នៅឆ្នាំទីម្ភៃ ប្រាំពីរ នៃរជ្ជកាលព្រះបាទអេសាជាស្ដេចស្រុកយូដា ព្រះបាទស៊ីមរីឡើងសោយរាជ្យនៅក្រុងទៀរសា បានប្រាំពីរថ្ងៃ។ ពេលនោះ ពលទាហានអ៊ីស្រាអែលកំពុងបោះទ័ព នៅជិតក្រុងគីបតូន ដើម្បីវាយយកក្រុងនោះពីពួកភីលីស្ទីន។ ១៦ កាលពលទាហានបានដឹងថា ព្រះបាទស៊ីមរីក្បត់ព្រះបាទអេឡា ព្រមទាំងធ្វើគុតស្ដេចទៀតផងនោះ ពួកគេក៏តែងតាំងលោកមេទ័ពអូមរី ជាស្ដេចលើអ៊ីស្រាអែល។ ១៧ ព្រះបាទអូមរី និងកងទ័ពអ៊ីស្រាអែលដែលនៅជាមួយ ក៏ចេញពីក្រុងគីបតូនមក ឡោមព័ទ្ធក្រុងទៀរសា។ ១៨ កាលព្រះបាទស៊ីមរីឃើញថា គេដណ្ដើមយកទីក្រុងបានហើយ ស្ដេចក៏យាងចូលក្នុងប៉មមួយនៅក្នុងវាំង រួចយកភ្លើងដុតប៉ម ហើយសុគតក្នុងប៉មនោះទៅ។ ១៩ ស្ដេចសុគតដូច្នេះ ព្រោះតែអំពើបាប និងអំពើអាក្រក់ដែលទ្រង់បានប្រព្រឹត្ត មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ គឺទ្រង់ដើរតាមផ្លូវរបស់ព្រះបាទយេរ៉ូបោម ដោយប្រព្រឹត្តអំពើបាប ហើយនាំប្រជាជនអ៊ីស្រាអែល អោយប្រព្រឹត្តអំពើបាបដែរ។
២០ រាជ កិច្ចផ្សេងៗ និងអំពើក្បត់របស់ព្រះបាទស៊ីមរី សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុក អ៊ីស្រាអែល។
២១ គ្រា នោះ ប្រជាជនអ៊ីស្រាអែលបានបាក់បែកគ្នាជាពីរក្រុម ក្រុមមួយចង់លើកលោកទីបនី ជាកូនរបស់លោកគីណាតឡើងជាស្ដេច ក្រុមមួយទៀតចង់លើកលោកមេទ័ពអូមរីវិញ។ ២២ ក្រុមដែលគាំទ្រលោក មេទ័ពអូមរីមានប្រៀបជាងក្រុមដែលគាំទ្រលោកទីបនី ជាកូនរបស់លោកគីណាត លោកទីបនីក៏ស្លាប់ ហើយលោកមេទ័ពអូមរីឡើងសោយរាជ្យ។
ព្រះបាទអូមរីសោយរាជ្យនៅស្រុកអ៊ីស្រាអែល
២៣ នៅឆ្នាំទីសាមសិបមួយ នៃរជ្ជកាលព្រះបាទអេសា ស្ដេចស្រុកយូដា ព្រះបាទអូមរីឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល អស់រយៈពេលដប់ពីរឆ្នាំ គឺទ្រង់សោយរាជ្យបានប្រាំមួយឆ្នាំនៅក្រុងទៀរសា ២៤ រួចស្ដេចទិញភ្នំ សាម៉ារីពីលោកស៊ីមែរតម្លៃប្រាក់មួយពាន់ប្រាំបីរយតម្លឹង។ ស្ដេចសង់ក្រុងមួយនៅលើភ្នំនោះ ហើយដាក់ឈ្មោះថា ក្រុងសាម៉ារី តាមឈ្មោះរបស់លោកស៊ីមែរជាម្ចាស់ភ្នំនេះ។
២៥ ព្រះបាទអូមរីបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ គឺអាក្រក់លើសពីស្ដេចមុនៗទៅទៀត។ ២៦ ស្ដេចដើរតាមផ្លូវ របស់ព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត ឥតចន្លោះត្រង់ណាឡើយ គឺស្ដេចនាំប្រជាជនអ៊ីស្រាអែលប្រព្រឹត្តអំពើបាប បណ្ដាលអោយព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែល ទ្រង់ព្រះពិរោធ ដោយពួកគេថ្វាយបង្គំព្រះក្លែងក្លាយដ៏ឥតបានការ។
២៧ រាជកិច្ចផ្សេងៗរបស់ព្រះបាទអូមរី គឺអ្វីៗដែលស្ដេចបានប្រព្រឹត្ត និងវីរភាពដ៏អង់អាចរបស់ស្ដេចសុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅ ប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។ ២៨ កាលព្រះបាទអូមរីសោយទិវង្គតទៅ គេយកសពទៅបញ្ចុះនៅក្រុងសាម៉ារី។ ព្រះបាទអខាប់ ជាបុត្របានឡើងស្នងរាជ្យ។
ព្រះបាទអខាប់សោយរាជ្យនៅស្រុកអ៊ីស្រាអែល
២៩ នៅឆ្នាំទីសាមសិបប្រាំបី នៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ព្រះបាទអខាប់ ជាបុត្ររបស់ព្រះបាទអូមរី ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី អស់រយៈពេលម្ភៃពីរឆ្នាំ។ ៣០ ព្រះបាទអខាប់ ជាបុត្ររបស់ព្រះបាទអូមរី បានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ លើសស្ដេចមុនៗទៅទៀត។ ៣១ ស្ដេចមិនគ្រាន់តែ ប្រព្រឹត្តអំពើបាប ដូចព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាតប៉ុណ្ណោះទេ គឺទ្រង់បានរៀបអភិសេកជាមួយព្រះនាងយេសាបិល ជាបុត្រីរបស់ព្រះបាទអេតបាល ជាស្ដេចស្រុកស៊ីដូន ហើយបែរទៅគោរពបំរើ និងក្រាបថ្វាយបង្គំព្រះបាលថែមទៀតផង។ ៣២ ស្ដេចសង់អាសនៈមួយថ្វាយព្រះបាល ក្នុងវិហាររបស់ព្រះបាលដែលស្ដេចបានសង់នៅក្រុងសាម៉ារី។ ៣៣ ព្រះបាទអខាប់ក៏បានសង់បង្គោលព្រះអាសេរ៉ា ហើយប្រព្រឹត្តអំពើអាក្រក់ លើសពីស្ដេចអ៊ីស្រាអែលមុនៗបណ្ដាលអោយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ទ្រង់ព្រះពិរោធ។
៣៤ នៅ ជំនាន់នោះ លោកហ៊ីអែលជាអ្នកស្រុកបេតអែល សង់កំពែងក្រុងយេរីខូឡើងវិញ។ កាលគាត់ចាក់គ្រឹះ នោះអប៊ីរ៉ាមជាកូនប្រុសច្បងក៏ស្លាប់ ហើយកាលគាត់ដាក់ទ្វារក្រុងឡើង នោះសេគូបជាកូនប្រុសពៅក៏ស្លាប់ដែរ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែង តាមរយៈលោកយ៉ូស៊ូអាជាកូនរបស់លោកនូន។
ជំពូកទី ១៧
ព្យាការីអេលីប្រកាសការរាំងស្ងួត
១ លោកអេលី ជាអ្នកភូមិទីសបេក្នុងស្រុកកាឡាដ ទូលព្រះបាទអខាប់ថា៖ «ទូលបង្គំសូមទូលព្រះករុណា ក្នុងនាមព្រះអម្ចាស់ ដ៏មានព្រះជន្មគង់នៅ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដែលទូលបង្គំគោរពបំរើថា: ប៉ុន្មានឆ្នាំតទៅមុខទៀត នឹងគ្មានសន្សើម គ្មានភ្លៀងទេ លើកលែងតែទូលបង្គំទូលសូម»។
លោកអេលីនៅមាត់ជ្រោះកេរីត
២ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេលីថា៖ ៣ «ចូរចាកចេញពីទីនេះ ធ្វើដំណើរទៅទិសខាងកើត ហើយពួនសំងំនៅក្បែរជ្រោះកេរីត ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់។ ៤ អ្នកអាចផឹកទឹកជ្រោះ ហើយយើងនឹងប្រើក្អែកពាំអាហារ យកទៅអោយអ្នកនៅទីនោះ»។ ៥ លោកក៏ចាកចេញទៅ ហើយធ្វើតាមព្រះបន្ទូលព្រះអម្ចាស់ គឺលោកទៅស្នាក់អាស្រ័យក្បែរស្ទឹងកេរីត ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់។ ៦ ក្អែកតែងពាំនំបុ័ង និងសាច់យកមកអោយលោក ទាំងព្រឹកទាំងល្ងាច ហើយលោកបរិភោគទឹកជ្រោះនោះ។
លោកអេលីស្នាក់នៅផ្ទះស្ត្រីមេម៉ាយម្នាក់នៅក្រុងសារិបតា
៧ បន្តិចក្រោយមក ទឹកជ្រោះក៏រីង ព្រោះគ្មានភ្លៀងធ្លាក់នៅស្រុកនោះទេ។ ៨ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេលីថា៖ ៩ «ចូរក្រោកឡើងធ្វើ ដំណើរទៅសារិបតា ជាក្រុងរបស់ជនជាតិស៊ីដូន ហើយស្នាក់អាស្រ័យនៅទីនោះចុះ យើងនឹងបង្គាប់អោយស្ត្រីមេម៉ាយម្នាក់ផ្គត់ផ្គង់អ្នក»។ ១០ លោកក្រោកឡើង ធ្វើដំណើរទៅកាន់ក្រុងសារិបតា។ លុះដល់មាត់ទ្វារក្រុង លោកឃើញស្ត្រីមេម៉ាយម្នាក់ កំពុងតែរើសអុស។ លោកហៅស្ត្រីនោះមក ហើយនិយាយទៅកាន់នាងថា៖ «សូមទៅយកទឹកអោយខ្ញុំទទួលទានបន្តិច!»។ ១១ នាងក៏ទៅយកទឹក ប៉ុន្តែ លោកស្រែកប្រាប់នាងទៀតថា៖ «សូមយកនំបុ័ងអោយខ្ញុំមួយដុំផង!»។ ១២ នាងតបថា៖ «នាងខ្ញុំសូមជំរាបលោក ក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ ជាព្រះរបស់លោកថា នាងខ្ញុំគ្មាននំបុ័ងទេ នាងខ្ញុំនៅសល់តែម្សៅមួយក្ដាប់ក្នុងខាប់ និងប្រេងបន្តិចនៅក្នុងដបប៉ុណ្ណោះ។ នាងខ្ញុំកំពុងតែរើសអុសពីរអង្កត់នេះយកទៅដុតនំបុ័ងសំរាប់នាង ខ្ញុំ និងកូនទទួលទាន។ ពេលទទួលទានរួចហើយ យើងខ្ញុំទាំងពីរនាក់ម្ដាយកូននឹងស្លាប់ទាំងអស់គ្នា»។ ១៣ លោកអេលីមាន ប្រសាសន៍ទៅកាន់នាងថា៖ «កុំខ្លាចអ្វីឡើយ! សូមចូលទៅធ្វើតាមពាក្យនាងចុះ! តែសូមដុតនំបុ័ងមួយដុំតូច យកមកអោយខ្ញុំជាមុនសិន រួចសឹមដុតសំរាប់នាង និងកូនរបស់នាង ១៤ ដ្បិតព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា ម្សៅក្នុងខាប់នឹងមិនចេះអស់ទេ ហើយប្រេងនៅក្នុងដប ក៏មិនចេះអស់ដែរ រហូតដល់ថ្ងៃព្រះអម្ចាស់បង្អុរភ្លៀងមកលើផែនដី»។
១៥ នាងក៏ចេញទៅ ធ្វើតាមពាក្យដែលលោកអេលីបានប្រាប់។ ពួកគេមានអាហារបរិភោគ ជាយូរថ្ងៃទាំងនាងទាំងកូននាង និងលោកអេលី ១៦ គឺម្សៅមិនចេះរលស់ពីខាប់ ប្រេងក៏មិនចេះរលស់ពីដប ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងតាមរយៈលោកអេលី។
ព្យាការីអេលីប្រោសកូនរបស់ស្ត្រីមេម៉ាយអោយរស់ឡើងវិញ
១៧ ក្រោយហេតុការណ៍នោះមក កូនប្រុសរបស់ស្ត្រីមេម៉ាយ ជាម្ចាស់ផ្ទះធ្លាក់ខ្លួនឈឺ ហើយជំងឺកាន់តែធ្ងន់ទៅៗរហូតដល់ផុតដង្ហើម។ ១៨ ស្ត្រីជាម្ដាយពោលទៅ កាន់លោកអេលីថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ! តើនាងខ្ញុំ និងលោកមានរឿងអ្វីជាមួយគ្នា បានជាលោកអញ្ជើញមកស្នាក់នៅផ្ទះនាងខ្ញុំ ដើម្បីរំលឹកពីកំហុសរបស់នាងខ្ញុំ ហើយធ្វើអោយកូននាងខ្ញុំស្លាប់ដូច្នេះ!»។ ១៩ លោកឆ្លើយទៅនាងវិញ ថា៖ «សូមប្រគល់កូននាងមកអោយខ្ញុំ»។ លោកទទួលយកកូននោះពីដៃរបស់នាង ហើយបីឡើងទៅបន្ទប់ខាងលើជាបន្ទប់ដែលលោកស្នាក់នៅ រួចផ្ដេកវាលើគ្រែរបស់លោក។ ២០ បន្ទាប់មក លោកទូលអង្វរព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ! ស្ត្រីមេម៉ាយនេះ បានទទួលទូលបង្គំអោយស្នាក់នៅផ្ទះរបស់នាង តើព្រះអង្គពិតជាចង់អោយនាងកើតទុក្ខព្រួយឬ បានជាបណ្ដោយអោយកូនរបស់នាងស្លាប់ដូច្នេះ?»។ ២១ លោកទ្រោបលើក្មេងនោះបីដង ទាំងអង្វរព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ! សូមប្រោសប្រទានអោយក្មេងនេះមានដង្ហើមឡើងវិញផង!»។ ២២ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យអង្វររបស់លោកអេលី។ ក្មេងនោះក៏មានដង្ហើមឡើងវិញ ហើយដឹងខ្លួន។ ២៣ លោកអេលីបីក្មេងនោះចុះពីបន្ទប់ខាងលើ មកប្រគល់អោយម្ដាយវិញ ទាំងពោលថា៖ «មើល៍! កូនរបស់នាងមានជីវិតហើយ»។ ២៤ ស្ត្រីនោះពោលទៅកាន់ លោកអេលីថា៖ «ឥឡូវនេះនាងខ្ញុំដឹងថា លោកជាអ្នកជំនិតរបស់ព្រះជាម្ចាស់មែន ហើយសេចក្ដីដែលលោកថ្លែង ពិតជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។
ជំពូកទី ១៨
ព្យាការីអេលីជួបព្រះបាទអខាប់
១ ច្រើនថ្ងៃកន្លងផុតទៅ គឺនៅឆ្នាំទីបីនៃការរាំងស្ងួត ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីអេលីថា៖ «ចូរទៅជួបស្ដេចអខាប់ចុះ! យើងនឹងបង្អុរភ្លៀងមកលើផែនដី»។ ២ លោកអេលីក៏ចូលទៅគាល់ព្រះបាទអខាប់។
ពេលនោះ មានកើតទុរ្ភិក្សយ៉ាងខ្លាំងនៅក្រុងសាម៉ារី។ ៣ ព្រះបាទអខាប់បានអោយគេទៅអញ្ជើញលោកអូបាឌី ជាអ្នកទទួលខុសត្រូវក្នុងវាំងមក -លោកអូបាឌីជាមនុស្សគោរពកោតខ្លាចព្រះអម្ចាស់ណាស់។ ៤ នៅគ្រាដែលម្ចាស់ក្សត្រីយេសាបិលសម្លាប់ពួកព្យាការី*របស់ព្រះអម្ចាស់ លោកអូបាឌីនាំព្យាការីមួយរយនាក់ទៅពួននៅក្នុងរអាងភ្នំ គាត់ចែកពួកគេជាពីរក្រុម ក្នុងមួយក្រុមមានហាសិបនាក់ ហើយគាត់បានផ្គត់ផ្គង់ស្បៀងអាហារ និងទឹកផង។ ៥ ព្រះបាទអខាប់មាន រាជឱង្ការទៅកាន់លោកអូបាឌីថា៖ «សូមលោកធ្វើដំណើរទៅមើលតាមប្រភពទឹក និងតាមស្ទឹងទាំងអស់នៅក្នុងស្រុក ក្រែងលោយើងរកបានស្មៅ សំរាប់សេះ និងលាដើម្បីអោយវានៅរស់ ហើយចៀសវាងសម្លាប់សត្វទាំងនេះ»។ ៦ ដូច្នេះ ពួកគេក៏ចែកតំបន់គ្នា ព្រះបាទអខាប់ធ្វើដំណើរតាមផ្លូវមួយ រីឯលោកអូបាឌីធ្វើដំណើរតាមផ្លូវមួយទៀត។
៧ ក្នុងពេល ដែលលោកអូបាឌីធ្វើដំណើរ លោកអេលីបានជួបនឹងគាត់។ លោកអូបាឌីមើលលោកអេលីស្គាល់ គាត់ក៏ក្រាបចុះអោនមុខដល់ដី ហើយពោលថា៖ «លោកម្ចាស់ពិតជាលោកអេលីឬ?» ៨ លោកអេលីឆ្លើយថា៖ «គឺខ្ញុំនេះហើយ! សូមទៅទូលព្រះរាជាថា អេលីមកដល់ហើយ!»។ ៩ លោកអូបាឌីពោលថា៖ «តើខ្ញុំប្របាទប្រព្រឹត្តអ្វីខុស បានជាលោកប្រគល់ខ្ញុំប្របាទ ទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទអខាប់ ដើម្បីអោយស្ដេចសម្លាប់ខ្ញុំប្របាទដូច្នេះ? ១០ ខ្ញុំប្របាទសូមជំរាបលោក ក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅជាព្រះរបស់លោកថា: ព្រះរាជាចាត់គេអោយទៅតាមរកលោក នៅគ្រប់ប្រជាជាតិ និងគ្រប់នគរ។ កាលមានគេឆ្លើយថា លោកមិននៅទីនោះទេ ស្ដេចតែងតែអោយនគរ ឬប្រជាជាតិនោះស្បថថា គេមិនបានឃើញលោកមែន។ ១១ ឥឡូវនេះ លោកប្រើខ្ញុំប្របាទអោយទៅទូលព្រះរាជាថា លោកអញ្ជើញមកហើយ! ១២ ប៉ុន្តែ ក្នុងពេលខ្ញុំប្របាទចេញទៅនោះ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះអម្ចាស់ មកលើកលោកយកទៅកន្លែងមួយដែលខ្ញុំប្របាទមិនដឹង ហើយបើព្រះបាទអខាប់រកលោកពុំឃើញ ដូចខ្ញុំប្របាទរាយការណ៍ថ្វាយទេ នោះស្ដេចមុខជាសម្លាប់ខ្ញុំប្របាទពុំខាន ថ្វីដ្បិតតែខ្ញុំប្របាទគោរពកោតខ្លាចព្រះអម្ចាស់ តាំងពីក្មេងមកក៏ដោយ។ ១៣ គ្មាននរណាជំរាបលោក ម្ចាស់ពីកិច្ចការទាំងប៉ុន្មានដែលខ្ញុំប្របាទបានធ្វើទេឬ? ពេលម្ចាស់ក្សត្រីយេសាបិលសម្លាប់ពួកព្យាការីរបស់ព្រះអម្ចាស់ ខ្ញុំប្របាទបាននាំព្យាការីមួយរយនាក់ទៅពួនក្នុងរអាងភ្នំ។ ពួកគេមានពីរក្រុមក្នុងមួយក្រុមមានហាសិបនាក់ ហើយខ្ញុំប្របាទបានផ្គត់ផ្គង់ស្បៀងអាហារ និងទឹកដល់ពួកគេផង។ ១៤ ឥឡូវនេះ បើលោកប្រើខ្ញុំប្របាទអោយទៅទូលព្រះរាជាថា លោកអញ្ជើញមកហើយ នោះស្ដេចមុខជាសម្លាប់ខ្ញុំប្របាទពុំខាន!»។ ១៥ លោកអេលីមានប្រសាសន៍ថា៖ «ខ្ញុំសូមជំរាបលោក ក្នុងនាមព្រះអម្ចាស់នៃពិភពទាំងមូល ដែលមានព្រះជន្មគង់នៅ និងជាព្រះដែលខ្ញុំគោរពបំរើថា ថ្ងៃនេះខ្ញុំនឹងជួបព្រះបាទអខាប់»។
១៦ លោកអូបាឌីចូលទៅគាល់ព្រះបាទអខាប់ ហើយរាយការណ៍ថ្វាយស្ដេច។ ព្រះបាទអខាប់ក៏យាងទៅជួបលោកអេលី។ ១៧ កាលស្ដេចឃើញលោកអេលីហើយ ទ្រង់ក៏មានរាជឱង្ការថា៖ «គឺលោកហ្នឹងហើយដែលនាំអោយអ៊ីស្រាអែលរងគ្រោះ!»។ ១៨ លោកអេលីតបថា៖ «ទូលបង្គំមិនបាននាំអោយអ៊ីស្រាអែលរងគ្រោះឡើយ គឺព្រះករុណា និងរាជវង្សវិញទេតើ ដែលបង្កអោយមានគ្រោះកាចនេះ ព្រោះព្រះករុណាបោះបង់ចោលបទបញ្ជារបស់ព្រះអម្ចាស់ទៅគោរពបំរើព្រះបាល។ ១៩ ឥឡូវនេះ សូមប្រមូលប្រជាជនអ៊ីស្រាអែលទាំងមូល អោយមកជួបទូលបង្គំនៅលើភ្នំការម៉ែល ហើយអោយព្យាការីរបស់ព្រះបាល ទាំងបួនរយហាសិបនាក់ និងព្យាការីរបស់ព្រះអាសេរ៉ាទាំងបួនរយនាក់ ដែលបរិភោគរួមតុនឹងម្ចាស់ក្សត្រីយេសាបិលមកជាមួយដែរ»។
ព្យាការីអេលី និងពួកព្យាការីរបស់ព្រះបាល ប្រជែងគ្នានៅលើភ្នំការម៉ែល
២០ ព្រះបាទអខាប់បានចាត់ គេអោយកោះហៅប្រជាជនអ៊ីស្រាអែលទាំងមូល ព្រមទាំងប្រមូលពួកព្យាការីរបស់ព្រះបាល អោយមកជួបជុំគ្នានៅលើភ្នំការម៉ែល។ ២១ លោកអេលីចូលទៅជិតប្រជាជនទាំងមូល រួចមានប្រសាសន៍ថា៖ «តើអ្នករាល់គ្នានៅស្ទាក់ស្ទើរដល់កាលណាទៀត? ប្រសិនបើព្រះអម្ចាស់ ជាព្រះពិតប្រាកដមែន ចូរគោរពបំរើព្រះអង្គចុះ ហើយប្រសិនបើព្រះបាលជាព្រះវិញ ចូរគោរពព្រះបាលទៅ!»។ ពេលនោះ ប្រជាជនពុំបានឆ្លើយតបអ្វីឡើយ។ ២២ លោកអេលីមានប្រសាសន៍ទៅកាន់ប្រជាជនទៀតថា៖ «ក្នុងចំណោមព្យាការីរបស់ព្រះអម្ចាស់ នៅសល់តែខ្ញុំម្នាក់គត់ រីឯព្យាការីរបស់ព្រះបាលវិញ មានដល់ទៅបួនរយហាសិបនាក់។ ២៣ ចូរយកគោបាពីរក្បាល មក ហើយសូមអស់លោកព្យាការីជ្រើសរើស យកគោមួយក្បាលរួចកាប់ជាដុំៗ ដាក់លើគំនរអុស តែមិនបង្កាត់ភ្លើងទេ។ រីឯខ្ញុំវិញ ខ្ញុំនឹងរៀបចំគោមួយក្បាលទៀត ដាក់លើគំនរអុសតែមិនបង្កាត់ភ្លើងទេ។ ២៤ បន្ទាប់មក ចូរអង្វររកព្រះនាមនៃព្រះរបស់អ្នករាល់គ្នា រីឯខ្ញុំវិញ ខ្ញុំអង្វររកព្រះនាមព្រះអម្ចាស់ ដែរ។ ព្រះណាឆ្លើយតបដោយធ្វើអោយមានភ្លើងឆេះ គឺព្រះនោះហើយដែលជាព្រះដ៏ពិតប្រាកដ»។ ប្រជាជនទាំងមូលឆ្លើយថា៖ «យល់ព្រម»។
២៥ លោក អេលីមានប្រសាសន៍ទៅកាន់ពួកព្យាការីរបស់ព្រះបាលថា៖ «ចូរជ្រើសរើសយកគោបាមួយក្បាលសំរាប់អស់លោក ហើយចាប់ផ្ដើមមុនចុះ ដ្បិតអស់លោកមានគ្នាច្រើន។ ចូរអង្វររកព្រះនាមនៃព្រះរបស់អស់លោក ប៉ុន្តែ កុំបង្កាត់ភ្លើងឡើយ»។ ២៦ ពួកគេយកគោបាមួយ ក្បាលមករៀបចំ រួចចាប់ផ្ដើមអង្វររកព្រះនាមរបស់ព្រះបាល តាំងពីព្រលឹម រហូតដល់ថ្ងៃត្រង់ដោយពោលថា៖ «ឱព្រះបាលអើយ សូមមេត្តាឆ្លើយតបមកយើងខ្ញុំផង!»។ ប៉ុន្តែ គ្មានឮសូរសំឡេង ឬចម្លើយអ្វីសោះ។ ពួកគេរាំជុំវិញអាសនៈដែលពួកគេបានសង់។ ២៧ លុះដល់ថ្ងៃត្រង់ លោកអេលីក៏ចំអកទៅពួកគេថា៖ «ចូរខំប្រឹងស្រែកអោយខ្លាំងឡើង ដ្បិតព្រះបាលជាព្រះ ហេតុនេះហើយបានជាទ្រង់កំពុងជាប់រវល់ ឬមានកិច្ចការអ្វីហើយ ឬកំពុងតែធ្វើដំណើរ ឬប្រហែលជាផ្ទំលក់។ ដូច្នេះ ត្រូវដាស់ព្រះអង្គអោយតើនឡើង!»។ ២៨ ពួកគេស្រែកអង្វរកាន់តែខ្លាំងឡើងៗ ហើយយកចុងដាវ និងចុងលំពែងឆូតលើសាច់ តាមទម្លាប់របស់គេ ទាល់តែឈាមហូរពេញខ្លួន។ ២៩ លុះដល់ថ្ងៃជ្រេ បន្តិច ពួកគេនាំគ្នាទាយរហូតដល់ពេលថ្វាយសក្ការៈបូជាវេលាល្ងាច។ ប៉ុន្តែ គ្មានឮសំឡេង គ្មានចម្លើយ ឬទីសំគាល់អ្វីឡើយ។
៣០ លោក អេលីមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «ចូរនាំគ្នាចូលមកជិតខ្ញុំ!»។ ប្រជាជនទាំងមូលក៏ចូលទៅជិតលោក។ លោកអេលីសង់អាសនៈរបស់ព្រះអម្ចាស់ ដែលគេរំលំចោលឡើងវិញ។ ៣១ លោកយកថ្មដប់ពីរដុំ តាមចំនួនកុលសម្ព័ន្ធកូនចៅរបស់លោកយ៉ាកុប។ គឺលោកយ៉ាកុបនេះហើយ ដែលព្រះអម្ចាស់មានព្រះបន្ទូលថា «អ្នកនឹងមានឈ្មោះថាអ៊ីស្រាអែល»។ ៣២ លោកអេលីយកថ្មទាំងដប់ពីរដុំសង់អាសនៈមួយថ្វាយព្រះនាមព្រះអម្ចាស់ រួចលោកក៏ជីកចង្អូរជុំវិញអាសនៈនោះ ដែលមានចំណុះអាចដាក់ទឹកបានពីរប៉ោត។ ៣៣ លោករៀបអុសដាក់លើអាសនៈ រួចកាប់គោជាដុំៗដាក់ពីលើអុសនោះ។ ៣៤ លោកមានប្រសាសន៍ថា៖ «ចូរដងទឹកបួនក្អម ចាក់លើតង្វាយដុតទាំងមូល និងលើអុសនេះ»។ គេក៏ធ្វើតាមបង្គាប់របស់លោក។ បន្ទាប់មក លោកមានប្រសាសន៍ថា៖ «ចូរដងទឹកមកចាក់ម្ដងទៀត»។ គេក៏ធ្វើតាមបង្គាប់របស់លោក។ រួចហើយលោកមានប្រសាសន៍ជាលើកទីបីថា៖ «ចូរដងទឹកមកចាក់ម្ដងទៀត»។ គេធ្វើតាមបង្គាប់របស់លោកជាលើកទីបី។ ៣៥ ទឹកហូរជុំវិញអាសនៈ ហើយចង្អូរក៏មានទឹកពេញដែរ។
៣៦ លុះដល់ពេលថ្វាយសក្ការៈបូជាវេលាល្ងាច លោកអេលីចូលមកជិតអាសនៈ ហើយទូលថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែល នៅថ្ងៃនេះ សូមបង្ហាញអោយប្រជាជនដឹងថា ព្រះអង្គពិតជាព្រះនៃជនជាតិអ៊ីស្រាអែល ហើយទូលបង្គំជាអ្នកបំរើរបស់ព្រះអង្គ។ សូមអោយពួកគេឃើញថា ទូលបង្គំធ្វើការទាំងនេះ តាមបញ្ជារបស់ព្រះអង្គ។ ៣៧ ព្រះអម្ចាស់អើយ សូមមេត្តាឆ្លើយតបមកទូលបង្គំផង ដើម្បីអោយប្រជាជននេះទទួលស្គាល់ថា ព្រះអង្គពិតជាព្រះអម្ចាស់ ជាព្រះដ៏ពិតប្រាកដ មានតែព្រះអង្គទេ ដែលអាចនាំចិត្តពួកគេ អោយវិលមករកព្រះអង្គវិញបាន»។
៣៨ ខណៈនោះ ស្រាប់តែភ្លើងរបស់ព្រះអម្ចាស់ធ្លាក់ចុះមក ឆេះតង្វាយដុតទាំងមូល ព្រមទាំងអុស ថ្ម ដី និងធ្វើអោយទឹកនៅក្នុងចង្អូររីងស្ងួតផង។ ៣៩ កាលប្រជាជនទាំងមូលឃើញដូច្នេះ ក៏នាំគ្នាក្រាបថ្វាយបង្គំ អោនមុខដល់ដីហើយពោលថា៖ «គឺព្រះអម្ចាស់ហើយជាព្រះដ៏ពិតប្រាកដ!»។ ៤០ លោកអេលីមាន ប្រសាសន៍ទៅពួកគេថា៖ «ចូរនាំគ្នាចាប់ព្យាការីរបស់ព្រះបាល កុំអោយនរណាម្នាក់រត់រួចឡើយ!»។ ប្រជាជនក៏ចាប់ព្យាការីរបស់ព្រះបាល ហើយលោកអេលីបញ្ជាអោយនាំពួកគេទៅកាន់ជ្រោះគីសូន រួចលោកក៏អារកព្យាការីទាំងអស់នៅទីនោះទៅ។
ភ្លៀងបង្អុរចុះមកសាជាថ្មី
៤១ លោកអេលីទូលព្រះបាទអខាប់ថា៖ «សូមព្រះករុណាយាងសោយព្រះស្ងោយ ដ្បិតទូលបង្គំ ឮសូរសន្ធឹកភ្លៀងជិតមកដល់ហើយ»។ ៤២ ព្រះបាទអខាប់ក៏យាងទៅសោយព្រះស្ងោយ។ រីឯលោកអេលីវិញ លោកឡើងទៅលើកំពូលភ្នំការម៉ែល ហើយថ្វាយបង្គំព្រះអម្ចាស់ដោយអោនក្បាលនៅចន្លោះជង្គង់ទាំងពីរ។ ៤៣ លោកប្រាប់អ្នកបំរើ របស់លោកថា៖ «ចូរឡើងទៅ ហើយសម្លឹងឆ្ពោះទៅសមុទ្រ!»។ អ្នកបំរើនោះក៏ឡើងទៅហើយសម្លឹងមើល រួចឆ្លើយថា៖ «ខ្ញុំប្របាទមិនឃើញអ្វីទេ!»។ លោកអេលីប្រាប់អ្នកបំរើ អោយឡើងទៅមើលដូច្នេះចំនួនប្រាំពីរដង។ ៤៤ នៅលើកទីប្រាំពីរ អ្នកបំរើជំរាបលោកអេលីថា៖ «ខ្ញុំប្របាទឃើញមានពពកមួយដុំតូចប៉ុនបាតដៃ ឡើងពីសមុទ្រមក»។ លោកអេលីមានប្រសាសន៍ថា៖ «ចូរទៅទូលព្រះបាទអខាប់អោយទឹមរាជរថ ហើយយាងចុះពីភ្នំទៅ ដើម្បីកុំអោយភ្លៀងធ្លាក់ទាន់»។ ៤៥ ពេលនោះ មានពពកកាន់តែខ្លាំងក្រាស់ៗ ហើយខ្យល់ក៏បក់មក រួចភ្លៀងបង្អុរមកយ៉ាងខ្លាំងដែរ។ ព្រះបាទអខាប់យាងឡើងរាជរថ ចូលទៅក្រុងយីសរេអែល។ ៤៦ លោកអេលីយកក្រណាត់ក្រវាត់ចង្កេះ ស្រាប់តែលោកពោរពេញដោយឫទ្ធិបារមីរបស់ព្រះអម្ចាស់ ហើយលោកក៏រត់ពីមុខរាជរថព្រះបាទអខាប់ រហូតដល់ច្រកចូលក្រុងយីសរេអែល។
ជំពូកទី ១៩
ព្យាការីអេលីនៅលើភ្នំហូរ៉ែប
១ ព្រះបាទអខាប់រៀបរាប់ អំពីកិច្ចការទាំងប៉ុន្មាន ដែលលោកអេលីបានប្រព្រឹត្ត និងអំពីការដែលលោកបានសម្លាប់ព្យាការីទាំងអស់របស់ព្រះបាលដោយមុខ ដាវ ប្រាប់ម្ចាស់ក្សត្រីយេសាបិល។ ២ ម្ចាស់ក្សត្រីយេសាបិល ចាត់អ្នកនាំសារអោយទៅប្រាប់លោកអេលីថា៖ «ថ្ងៃស្អែក នៅពេលថ្មើរនេះ ប្រសិនបើខ្ញុំមិនប្រហារជីវិតលោក ដូចលោក បានប្រហារជីវិតព្យាការីទាំងនោះទេ សូមព្រះទាំងឡាយដាក់ទោសខ្ញុំយ៉ាងធ្ងន់ចុះ!»។ ៣ លោកអេលីភ័យខ្លាច ហើយក្រោកឡើង រត់ចេញទៅ ដើម្បីអោយរួចជីវិត។ លោកទៅដល់បៀរ-សេបា ក្នុងស្រុកយូដា លោកទុកអ្នកបំរើអោយនៅទីនោះ។ ៤ រីឯលោកវិញ លោកធ្វើដំណើរកាត់វាលរហោស្ថាន ពេញមួយថ្ងៃ ហើយទៅអង្គុយក្រោមដើមដង្កោមួយ រួចទូលអង្វរសុំស្លាប់ទាំងពោលថា៖ «ព្រះអម្ចាស់ អើយ! ទូលបង្គំទ្រាំលែងបានទៀតហើយ! ឥឡូវនេះ សូមព្រះអង្គដកជីវិតទូលបង្គំចុះ! ដ្បិតទូលបង្គំមិនប្រសើរជាងដូនតារបស់ទូលបង្គំទេ»។ ៥ បន្ទាប់មក លោកទំរេតខ្លួនសម្រាន្ដលង់លក់ក្រោម ដើមដង្កោនោះទៅ។ ពេលនោះ មានទេវទូត*មួយរូបមកដាស់លោក ទាំងពោលថា៖ «ចូរក្រោកឡើង បរិភោគទៅ!»។ ៦ លោកអេលីក្រឡេកទៅ ឃើញមាននំបុ័ង ដែលគេទើបនឹងដុតលើថ្មក្ដៅៗ និងទឹកមួយក្អម នៅលើក្បាលដំណេក លោកក៏ពិសានំបុ័ង និងទឹករួចសម្រាន្ដលក់ជាថ្មី។ ៧ ពេលនោះ ទេវទូតរបស់ព្រះអម្ចាស់មកដាស់លោកម្ដងទៀត ទាំងពោលថា៖ «ចូរក្រោកឡើងបរិភោគទៅ ដ្បិតលោកត្រូវធ្វើដំណើរយ៉ាងឆ្ងាយ»។ ៨ លោកក៏ក្រោកឡើង ពិសានំបុ័ង និងទឹក។ អាហារនេះធ្វើអោយលោកមានកម្លាំង ដើរបានសែសិបថ្ងៃសែសិបយប់ រហូតដល់ភ្នំហូរ៉ែបជាភ្នំរបស់ព្រះជាម្ចាស់។
ព្រះអម្ចាស់ប្រទានអោយព្យាការីអេលីមានសេចក្ដីក្លាហានឡើងវិញ
៩ កាលទៅដល់ភ្នំហូរ៉ែបហើយ លោកអេលីចូលទៅស្នាក់ក្នុងគុហានៅពេលយប់។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកដូចតទៅ៖ «អេលីអើយអ្នកមកទីនេះធ្វើអ្វី?»។ ១០ លោកទូលថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល! ទូលបង្គំស្រឡាញ់ព្រះអង្គខ្លាំងណាស់។ រីឯជនជាតិអ៊ីស្រាអែលបានផ្ដាច់សម្ពន្ធមេត្រីរបស់ព្រះអង្គ ពួកគេរំលំអាសនៈរបស់ព្រះអង្គ និងសម្លាប់ព្យាការីទាំងអស់របស់ព្រះអង្គដោយមុខដាវ គឺនៅសល់តែទូលបង្គំម្នាក់ប៉ុណ្ណោះ ហើយពួកគេក៏តាមប្រហារជីវិតទូលបង្គំទៀត»។ ១១ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរចេញទៅក្រៅ ហើយឈរលើភ្នំ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់»។ ព្រះអង្គយាងកាត់តាមនោះមានខ្យល់បក់បោកយ៉ាងខ្លាំង ធ្វើអោយកក្រើកភ្នំ បំបែកថ្ម នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ប៉ុន្តែ ព្រះអម្ចាស់មិនគង់នៅក្នុងខ្យល់នោះទេ។ បន្ទាប់ពីខ្យល់ មានរញ្ជួយដី ប៉ុន្តែ ព្រះអម្ចាស់មិនគង់នៅក្នុងដីដែលរញ្ជួយនោះទេ។ ១២ ក្រោយពីរញ្ជួយដី មានភ្លើង ប៉ុន្តែ ព្រះអម្ចាស់មិនគង់នៅក្នុងភ្លើងនោះទេ។ បន្ទាប់ពីភ្លើងមានឮសូរសំឡេងស្រាលៗយ៉ាងស្រទន់។ ១៣ កាលព្យាការីអេលីឮ សំឡេងនោះ លោកយកអាវធំមកគ្របមុខ ហើយចេញទៅឈរនៅមាត់គុហា។ លោកឮព្រះសូរសៀងថា៖ «អេលីអើយ អ្នកមកទីនេះធ្វើអ្វី?»។ ១៤ លោកទូលថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល! ទូលបង្គំស្រឡាញ់ព្រះអង្គខ្លាំងណាស់។ រីឯជនជាតិអ៊ីស្រាអែលផ្ដាច់សម្ពន្ធមេត្រីរបស់ព្រះអង្គ ពួកគេរំលំអាសនៈរបស់ព្រះអង្គ និងសម្លាប់ព្យាការីទាំងអស់របស់ព្រះអង្គដោយមុខដាវ គឺនៅសល់តែទូលបង្គំម្នាក់ប៉ុណ្ណោះ ហើយពួកគេក៏តាមប្រហារជីវិតទូលបង្គំទៀត»។ ១៥ ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកថា៖ «ចូរធ្វើដំណើរកាត់វាលរហោស្ថានឆ្ពោះទៅកាន់ក្រុងដាម៉ាសចុះ! កាលទៅដល់ហើយ ត្រូវចាក់ប្រេងអភិសេកហាសាអែល អោយធ្វើជាស្ដេចលើស្រុកស៊ីរី។ ១៦ បន្ទាប់មក ត្រូវចាក់ប្រេងអភិសេកយេហ៊ូ ជាកូនរបស់នឹមស៊ី អោយធ្វើជាស្ដេចលើស្រុកអ៊ីស្រាអែល រួចចាក់ប្រេងតែងតាំងអេលីសេ ជាកូនរបស់សាផាតនៅអបែលមេហូឡា អោយធ្វើជាព្យាការីជំនួសអ្នក។ ១៧ ពេលនោះ នរណាគេចផុតពីមុខដាវរបស់ហាសាអែលនឹងត្រូវយេហ៊ូសម្លាប់ ហើយនរណាគេចផុតពីមុខដាវរបស់យេហ៊ូ នឹងត្រូវអេលីសេសម្លាប់។ ១៨ ប៉ុន្តែ យើងនឹងទុកជីវិតមនុស្សប្រាំពីរពាន់នាក់នៅស្រុកអ៊ីស្រាអែល គឺអស់អ្នកដែលពុំបានលុតជង្គង់ថ្វាយបង្គំព្រះបាល ហើយមិនបានថើបព្រះនេះទេ»។
លោកអេលីតែងតាំងលោកអេលីសេ ជាព្យាការី
១៩ លោកអេលីចាកចេញពី ទីនោះទៅជួបនឹងលោកអេលីសេ ជាកូនរបស់លោកសាផាតកំពុងតែភ្ជួរស្រែ។ មានអ្នកភ្ជួរទាំងអស់ដប់ពីរនាក់ លោកអេលីសេភ្ជួរក្រោយគេបង្អស់។ លោកអេលីចូលទៅជិតគាត់ រួចដោះអាវធំរបស់លោកបោះទៅលើគាត់។ ២០ លោកអេលីសេទុកគោចោល ហើយរត់ទៅតាមលោកអេលីជំរាបថា៖ «សូមអនុញ្ញាតអោយខ្ញុំប្របាទទៅលាឪពុកម្ដាយរបស់ខ្ញុំប្របាទសិន រួចខ្ញុំប្របាទនឹងទៅតាមលោក»។ លោកអេលីឆ្លើយថា៖ «ទៅវិញចុះខ្ញុំមិនឃាត់អ្នកទេ!»។ ២១ លោកអេលីសេចាកចេញពី លោកអេលី ត្រឡប់មកកន្លែងភ្ជួរវិញ។ គាត់យកគោទាំងពីរក្បាលទៅសម្លាប់ធ្វើជាយញ្ញបូជា យកនង្គ័លធ្វើជាអុសដុតចំអិនសាច់ ចែកអស់អ្នកដែលនៅទីនោះបរិភោគ។ បន្ទាប់មក គាត់ក្រោកឡើង ដើរតាមលោកអេលី ហើយនៅបំរើលោក។
ជំពូកទី ២០
ស្ដេចស្រុកស៊ីរីឡោមព័ទ្ធក្រុងសាម៉ារី
១ ព្រះបាទបេនហាដាដ ជាស្ដេចស្រុកស៊ីរី បានប្រមូលកងទ័ពទាំងមូល ហើយមានស្ដេចសម្ពន្ធមិត្តសាមសិបពីរអង្គ ព្រមទាំងកងពលសេះ និងរទេះចំបាំងរួមជាមួយផង លើកគ្នាមកឡោមព័ទ្ធ និងវាយលុកក្រុងសាម៉ារី។ ២ ស្ដេចស្រុកស៊ីរីចាត់អ្នកនាំសារអោយទៅទូលព្រះបាទអខាប់ ជាស្ដេចអ៊ីស្រាអែលដូចតទៅ៖ ៣ ព្រះបាទបេនហាដាដមានរាជឱង្ការថា៖ «មាសប្រាក់ ពួកស្រីស្នំ និងបុត្រាដ៏មានរូបល្អរបស់ព្រះករុណា សុទ្ធតែជារបស់យើង»។ ៤ ស្ដេចអ៊ីស្រាអែលមាន រាជឱង្ការតបថា៖ «បពិត្រព្រះករុណាជាអម្ចាស់ទូលបង្គំ និងអ្វីៗទាំងប៉ុន្មានដែលទូលបង្គំមានសុទ្ធជាកម្មសិទ្ធិរបស់ ព្រះករុណាដូចព្រះករុណាមានរាជឱង្ការមែន»។ ៥ អ្នកនាំសារមកគាល់ ព្រះបាទអខាប់ជាថ្មីទូលថា៖ «ព្រះបាទបេនហាដាដមានរាជឱង្ការដូចតទៅ: យើងបានចាត់គេអោយមកទូលព្រះករុណាថា ត្រូវប្រគល់មាស ប្រាក់ ពួកស្រីស្នំ និងបុត្រារបស់ព្រះករុណាមកអោយយើង។ ៦ ដូច្នេះ ថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងចាត់អ្នកបំរើអោយមកជួបព្រះករុណា ពួកគេនឹងប្រមូលអ្វីៗទាំងអស់នៅក្នុងដំណាក់ព្រះករុណា និងក្នុងផ្ទះសម្បែងរបស់រាជបំរើ គឺពួកគេប្រមូលយករបស់របរ ទាំងប៉ុន្មានដែលព្រះករុណាស្រឡាញ់ពេញ ចិត្ត»។
៧ ស្ដេច ស្រុកអ៊ីស្រាអែលកោះហៅព្រឹទ្ធាចារ្យ*ទាំងអស់ក្នុងស្រុក ហើយមានរាជឱង្ការថា៖ «សូមអស់លោកពិចារណាមើល ស្ដេចនោះចង់បង្ករឿងហេតុជាមួយយើងហើយ! ដ្បិតស្ដេចបានចាត់គេអោយមកទាមទារពួកស្រីស្នំ និងបុត្រា ព្រមទាំងមាសប្រាក់របស់យើង ហើយយើងពុំបានបដិសេធទេ!»។ ៨ ពួកព្រឹទ្ធាចារ្យ និងប្រជាជនទាំងមូលទូលព្រះបាទអខាប់៖ «សូមព្រះករុណាកុំសណ្ដាប់ និងយល់ព្រមតាមពាក្យស្ដេចនោះឡើយ!»។ ៩ ពេលនោះ ស្ដេចក៏មានរាជឱង្ការទៅកាន់ពួកអ្នកនាំសាររបស់ព្រះបាទបេនហាដាដថា៖ «ចូរទៅទូលព្រះករុណាជាអម្ចាស់ដូចតទៅ: សេចក្ដីទាំងប៉ុន្មាន ដែលព្រះករុណាចាត់គេ អោយមកទាមទារពីទូលបង្គំលើកដំបូងនោះ ទូលបង្គំសុខចិត្តធ្វើតាម តែទូលបង្គំពុំអាចធ្វើតាមសេចក្ដីដែលព្រះករុណាទាមទារ ជាលើកទីពីរនេះបានទេ»។ អ្នកនាំសារយកពាក្យនេះទៅទូលព្រះបាទបេនហាដាដវិញ។
១០ ព្រះបាទ បេនហាដាដចាត់គេអោយមកទូលព្រះបាទអខាប់ទៀតថា៖ «យើងនឹងអោយពលទាហានរបស់យើងកំទេចក្រុងសាម៉ារី សូម្បីតែធូលីដីមួយក្បង់ក៏មិនសល់ដែរ! បើយើងមិនធ្វើដូច្នេះទេ សូមព្រះទាំងឡាយដាក់ទោសយើងចុះ!»។ ១១ ស្ដេចអ៊ីស្រាអែល ប្រាប់គេអោយទូលព្រះបាទបេនហាដាដដូចតទៅ: «“អ្នកដែលចេញទៅច្បាំង មិនត្រូវអួតអាងដូចអ្នកច្បាំងឈ្នះនោះឡើយ!”»។ ១២ ព្រះបាទបេនហាដាដឮ ពាក្យនេះ នៅពេលកំពុងសោយសុរាជាមួយស្ដេចសម្ពន្ធមិត្ត នៅក្នុងពន្លា។ ស្ដេចបញ្ជាពលទាហានថា៖ «ចូររៀបចំខ្លួនប្រយុទ្ធ!»។ ពួកគេក៏រៀបចំទ័ពបម្រុងនឹងវាយលុកទីក្រុង។
ព្រះបាទអខាប់ទទួលជ័យជំនះ
១៣ ពេលនោះ មានព្យាការីម្នាក់ ចូលមកគាល់ព្រះបាទអខាប់ ជាស្ដេចអ៊ីស្រាអែលដោយទូលថា៖ «ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ: តើអ្នកឃើញកងទ័ពដ៏សន្ធឹកសន្ធាប់នេះទេ? យើងនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នកនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។ ១៤ ព្រះបាទអខាប់សួរថា៖ «តើព្រះអង្គប្រគល់ពួកគេមកអោយខ្ញុំតាមរយៈនរណា?»។ ព្យាការីទូលស្ដេចថា៖ «ព្រះអម្ចាស់ មានព្រះបន្ទូលថា តាមរយៈពួកសេនាជន ដែលចៅហ្វាយខេត្តទាំងប៉ុន្មានជ្រើសរើស»។ ព្រះបាទអខាប់មានរាជឱង្ការទៀតថា៖ «តើនរណានាំទ័ពចេញទៅច្បាំង?»។ ព្យាការីឆ្លើយថា៖ «ព្រះករុណា!»។ ១៥ ព្រះបាទអខាប់យាង ត្រួតពលសេនាជនរបស់ពួកចៅហ្វាយខេត្ត ឃើញមានចំនួនពីររយសាមសិបពីរនាក់។ បន្ទាប់មក ស្ដេចត្រួតពលទ័ពអ៊ីស្រាអែល ឃើញមានចំនួនទាំងអស់ប្រាំពីរពាន់នាក់។
១៦ អ៊ីស្រាអែល លើកទ័ពចេញទៅ នៅពេលថ្ងៃត្រង់។ ពេលនោះ ព្រះបាទបេនហាដាដកំពុងសោយសុរាស្រវឹង ជាមួយស្ដេចសម្ពន្ធមិត្តទាំងសាមសិបពីរអង្គទៀតនៅក្នុងពន្លា។ ១៧ ពួកសេនាជនរបស់ ចៅហ្វាយខេត្តចេញមុនគេ។ ព្រះបាទបេនហាដាដចាត់គេអោយទៅមើលសភាពការណ៍ គេក៏រាយការណ៍ថ្វាយស្ដេចថា៖ «មានមនុស្សចេញពីទីក្រុងសាម៉ារី»។ ១៨ ស្ដេចមានរាជឱង្ការថា៖ «ទោះបីពួកគេចេញមកសុំចុះចូលក្ដី ឬចេញមកច្បាំងក្ដី ត្រូវចាប់ពួកគេទាំងរស់»។ ១៩ សេនាជនរបស់ចៅហ្វាយខេត្ត នាំគ្នាចេញពីទីក្រុង ហើយមានកងទ័ពចេញមកតាមក្រោយ។ ២០ ពួកគេវាយសត្រូវរៀងៗ ខ្លួន ធ្វើអោយពួកស៊ីរីបាក់ទ័ព ហើយអ៊ីស្រាអែលនាំគ្នាដេញតាម។ រីឯព្រះបាទបេនហាដាដ ជាស្ដេចស្រុកស៊ីរីជិះសេះរត់ទៅជាមួយពលទ័ពសេះខ្លះទៀត។ ២១ ស្ដេចស្រុកអ៊ីស្រាអែលចេញមកវាយពលទ័ពសេះ និងរទេះចំបាំង ធ្វើអោយកងទ័ពស៊ីរីបរាជ័យយ៉ាងធ្ងន់។ ២២ ពេលនោះ ព្យាការីចូលទៅគាល់ស្ដេចអ៊ីស្រាអែល ហើយទូលថា៖ «សូមព្រះករុណាក្លាហានឡើង ហើយសូមទ្រង់ព្រះតម្រិះមើលថា តើព្រះករុណាត្រូវធ្វើយ៉ាងណា ដ្បិតឆ្នាំក្រោយស្ដេចស្រុកស៊ីរីមុខជាលើកទ័ពមកច្បាំងនឹង ព្រះករុណាទៀតមិនខាន»។
ព្រះបាទអខាប់ទទួលជ័យជំនះជាថ្មី
២៣ ពួកមន្ត្រីរបស់ស្ដេច ស្រុកស៊ីរីទូលស្ដេចថា៖ «ព្រះរបស់ជនជាតិអ៊ីស្រាអែល ជាព្រះនៃតំបន់ភ្នំ ហេតុនេះហើយបានជាពួកគេខ្លាំងពូកែជាងពួកយើង។ ប៉ុន្តែ ប្រសិនបើយើងវាយលុកពួកគេនៅតំបន់វាលទំនាបវិញ នោះយើងមុខជាមានប្រៀបលើពួកគេមិនខាន។ ២៤ សូមព្រះករុណាធ្វើដូចតទៅ គឺដកស្ដេចសម្ពន្ធមិត្តទាំងអស់ ចេញពីមុខតំណែង ហើយតែងតាំងចៅហ្វាយខេត្តជំនួសវិញ។ ២៥ រីឯព្រះករុណាវិញ សូមប្រមូលទ័ពអោយបានច្រើន ស្មើនឹងចំនួនទ័ពដែលព្រះករុណាបានបាត់បង់ គឺមានពលទ័ពសេះ និងរទេះចំបាំងស្មើនឹងទ័ពលើកមុនដែរ។ បន្ទាប់មក យើងចេញទៅវាយលុកពួកគេនៅតំបន់វាលទំនាប នោះយើងមុខជាមានប្រៀបលើពួកគេមិនខាន»។ ស្ដេចក៏យល់ព្រមធ្វើតាមយោបល់របស់មន្ត្រីទាំងនោះ។
២៦ មួយឆ្នាំក្រោយមក ព្រះបាទបេនហាដាដយាងត្រួតពលទាហានស៊ីរី ហើយលើកទ័ពឆ្ពោះទៅក្រុងអាផេក ដើម្បីច្បាំងនឹងអ៊ីស្រាអែល។ ២៧ ព្រះបាទអខាប់យាង ត្រួតពលទ័ពអ៊ីស្រាអែល ហើយចែកស្បៀងអាហារអោយ រួចលើកទ័ពចេញទៅច្បាំងនឹងកងទ័ពស៊ីរី។ កងទ័ពអ៊ីស្រាអែលបោះជំរំ ទល់មុខនឹងកងទ័ពស៊ីរី។ កងទ័ពអ៊ីស្រាអែលប្រៀបបាននឹងពពែពីរហ្វូងតូចៗ រីឯកងទ័ពស៊ីរីវិញ ស្ថិតនៅពាសពេញតំបន់នោះ។ ២៨ អ្នកជំនិតរបស់ព្រះជាម្ចាស់ ចូលគាល់ស្ដេចអ៊ីស្រាអែលហើយទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដោយជនជាតិស៊ីរីពោលថាព្រះអម្ចាស់ ជាព្រះនៃតំបន់ភ្នំ គឺមិនមែនជាព្រះនៃវាលទំនាបទេនោះ យើងនឹងប្រគល់កងទ័ពដ៏សន្ធឹកសន្ធាប់នេះមកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នករាល់គ្នានឹងទទួលស្គាល់ថាយើងពិតជាព្រះអម្ចាស់មែន»។ ២៩ កងទ័ពទាំងពីរបោះ ជំរំទល់មុខគ្នា អស់រយៈពេលប្រាំពីរថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ការប្រយុទ្ធក៏កើតឡើង ហើយកងទ័ពអ៊ីស្រាអែលវាយកងពលថ្មើរជើងរបស់ជនជាតិស៊ីរី ស្លាប់អស់មួយសែននាក់ ក្នុងពេលតែមួយថ្ងៃ។ ៣០ រីឯទាហានដែលនៅ សេសសល់ នាំគ្នារត់ចូលក្នុងក្រុងអាផេក តែត្រូវកំពែងក្រុងរំលំសង្កត់ស្លាប់អស់ពីរម៉ឺនប្រាំពីរពាន់នាក់។
ព្រះបាទអខាប់ទុកជីវិតអោយស្ដេចស្រុកស៊ីរី
ព្រះបាទបេនហាដាដរត់ទៅដល់ទីក្រុង ហើយចូលទៅពួនក្នុងបន្ទប់មួយ។ ៣១ ពួកមន្ត្រីទូលថា៖ «ទូលបង្គំឮគេនិយាយថាស្ដេចអ៊ីស្រាអែល សុទ្ធតែជាស្ដេចដែលមានចិត្តមេត្តាករុណា ដូច្នេះ ទូលបង្គំទាំងអស់គ្នានឹងយកបាវមកស្លៀក ហើយយកខ្សែពួរមកពាក់ក រួចនាំគ្នាចេញទៅបង្ហាញខ្លួនចំពោះស្ដេចអ៊ីស្រាអែល នោះប្រហែលជាស្ដេចនឹងទុកជីវិតព្រះករុណា»។ ៣២ ពួកគេនាំគ្នាយកបាវ មកស្លៀក យកខ្សែមកពាក់នៅក រួចចេញទៅគាល់ស្ដេចស្រុកអ៊ីស្រាអែល ហើយទូលថា៖ «ព្រះបាទបេនហាដាដ ជាអ្នកបំរើរបស់ព្រះករុណាទូលថា “សូមព្រះករុណាមេត្តាទុកជីវិតអោយទូលបង្គំផង”»។ ព្រះបាទអខាប់មានរាជឱង្ការថា៖ «តើព្រះរាជានៅមានព្រះជន្មទេឬ? ទ្រង់ក៏ជាបងប្អូននឹងយើងដែរ!»។ ៣៣ កាលពួកមន្ត្រីឃើញថា ឱកាសល្អហុចអោយដូច្នេះ ពួកគេក៏ប្រញាប់ទូលស្ដេចវិញថា៖ «ព្រះបាទបេនហាដាដ ពិតជាបងប្អូនរបស់ព្រះករុណាមែន!»។ ព្រះបាទអខាប់មានរាជឱង្ការថា៖ «ចូលទៅយាងព្រះរាជាមក»។ ព្រះបាទបេនហាដាដក៏ចេញមកគាល់ព្រះបាទអខាប់ ហើយព្រះបាទអខាប់អោយព្រះបាទបេនហាដាដ ឡើងជិះរាជរថជាមួយ។ ៣៤ ព្រះបាទបេនហាដាដមាន រាជឱង្ការទៅកាន់ព្រះបាទអខាប់ថា៖ «ទូលបង្គំសូមប្រគល់ក្រុងទាំងប៉ុន្មាន ដែលបិតារបស់ទូលបង្គំបានដណ្ដើមយកពីបិតារបស់ព្រះករុណា ថ្វាយព្រះករុណាវិញ។ ព្រះករុណាអាចនាំយកផលិតផលក្នុងស្រុករបស់ព្រះករុណា ទៅលក់ក្នុងក្រុងដាម៉ាស ដូចបិតារបស់ទូលបង្គំធ្លាប់នាំយកផលិតផលទៅលក់នៅក្រុងសាម៉ារីដែរ»។ ព្រះបាទអខាប់មានរាជឱង្ការថា៖ «រីឯទូលបង្គំវិញ ទូលបង្គំនឹងចុះសន្ធិសញ្ញាជាមួយព្រះករុណា រួចទូលបង្គំនឹងបើកអោយព្រះករុណាយាងត្រឡប់ទៅស្រុកវិញ»។ ព្រះបាទអខាប់ក៏ចុះសន្ធិសញ្ញាជាមួយព្រះបាទបេនហាដាដ រួចហើយបើកអោយព្រះបាទបេនហាដាដ យាងត្រឡប់ទៅស្រុកវិញ។
ព្រះជាម្ចាស់ដាក់ទោសព្រះបាទអខាប់
៣៥ មានបុរសម្នាក់ ដែលជាសមាជិករបស់ក្រុមព្យាការី ពោលទៅមិត្តរបស់ខ្លួន ក្នុងនាមព្រះអម្ចាស់ថា៖ «ចូរវាយខ្ញុំមក!»។ ប៉ុន្តែ អ្នកនោះមិនព្រមវាយទេ។ ៣៦ ព្យាការីនោះក៏ពោលទៅកាន់មិត្តរបស់ខ្លួនថា៖ «ដោយអ្នកមិនធ្វើតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដូច្នេះ កាលណាអ្នកចាកចេញពីខ្ញុំទៅ សត្វសឹង្ហនឹងសម្លាប់អ្នកជាមិនខាន»។ ពេលអ្នកនោះចេញទៅជួបសត្វសឹង្ហ ហើយសឹង្ហក៏សម្លាប់គាត់។ ៣៧ បន្ទាប់មក ព្យាការីជួបបុរសម្នាក់ទៀតហើយពោលថា៖ «ចូរវាយខ្ញុំមក!»។ បុរសនោះក៏វាយគាត់រហូតដល់ធ្វើអោយគាត់មានរបួស។ ៣៨ ព្យាការីនោះក៏ក្លែងខ្លួន ហើយឃ្លុំមុខជិតដើម្បីកុំអោយនរណាស្គាល់ រួចចេញទៅរង់ចាំព្រះបាទអខាប់នៅតាមផ្លូវ។ ៣៩ កាលស្ដេចយាងកាត់តាម ផ្លូវនោះ គាត់ក៏ស្រែកទូលថា៖ «បពិត្រព្រះករុណា! ទូលបង្គំបានចេញទៅច្បាំង ពេលនោះ មានម្នាក់ចេញពីសមរភូមិ ហើយនាំឈ្លើយសឹកម្នាក់មកអោយទូលបង្គំ ដោយបញ្ជាថា “ចូរមើលឈ្លើយសឹកនេះផង! ប្រសិនបើគេរត់រួច អ្នកត្រូវយកជីវិតសងជំនួស ឬត្រូវយកប្រាក់ប្រាំបួនរយតម្លឹងមកសងខ្ញុំ”។ ៤០ ប៉ុន្តែ កាលទូលបង្គំជាប់រវល់ធ្វើនេះធ្វើនោះ ឈ្លើយសឹកក៏រត់បាត់ទៅ»។ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការមកគាត់ថា៖ «អ្នកកាត់ទោសខ្លួនឯងស្រាប់ហើយ!»។ ៤១ ព្យាការីបកក្រណាត់ឃ្លុំមុខចេញភ្លាម ហើយស្ដេចស្រុកអ៊ីស្រាអែលក៏ស្គាល់ថាជាព្យាការី។ ៤២ គាត់ទូលស្ដេចថា៖ «ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ: ដោយអ្នកលែងមនុស្សដែលយើងបានកាត់ទោសប្រហារជីវិត អ្នកត្រូវស្លាប់ជំនួសគេ ហើយប្រជារាស្ត្ររបស់អ្នក ក៏ត្រូវស្លាប់ជំនួសប្រជារាស្ត្ររបស់គេដែរ»។ ៤៣ ស្ដេចស្រុកអ៊ីស្រាអែល យាងត្រឡប់ទៅវាំង នៅក្រុងសាម៉ារី ទាំងមួម៉ៅ និងក្រេវក្រោធ។
ជំពូកទី ២១
ចំការទំពាំងបាយជូររបស់លោកណាបុត
១ ក្រោយព្រឹត្តិការណ៍ទាំង នោះមក មានហេតុការណ៍មួយទៀតកើតឡើង។ នៅក្រុងយីសរេអែល មានបុរសម្នាក់ឈ្មោះណាបុតគាត់មានចំការទំពាំងបាយជូរមួយនៅជិតរាជវាំងព្រះបាទអខាប់ ជាស្ដេចនៅក្រុងសាម៉ារី។ ២ ថ្ងៃមួយ ព្រះបាទអខាប់មានរាជឱង្ការទៅកាន់លោកណាបុតថា៖ «ចូរប្រគល់ចំការទំពាំងបាយជូររបស់អ្នកមកអោយយើង ដើម្បីយើងយកទៅធ្វើសួនបន្លែ ព្រោះចំការនេះស្ថិតនៅជិតវាំងស្រាប់។ យើងនឹងប្រគល់ចំការទំពាំងបាយជូរមួយល្អជាងចំការនេះទៅអ្នក ឬប្រសិនបើអ្នកចង់បានប្រាក់វិញ យើងនឹងបង់អោយតាមតម្លៃចំការ»។ ៣ លោកណាបុតទូលព្រះបាទអខាប់ថា៖ «សូមព្រះអម្ចាស់ធ្វើជាសាក្សីចុះ ថាទូលបង្គំគ្មានសិទ្ធិប្រគល់ដី ដែលជាកេរមត៌កពីដូនតានេះ ថ្វាយព្រះករុណាបានទេ»។ ៤ ព្រះបាទអខាប់យាងចូលទៅ ក្នុងវាំងវិញទាំងមួម៉ៅ និងក្រេវក្រោធ ព្រោះតែពាក្យសំដីដែលលោកណាបុតជាអ្នកស្រុកយីសរេអែលទូលថា “ទូលបង្គំគ្មានសិទ្ធិប្រគល់ដី ដែលជាកេរមត៌កពីដូនតានេះ ថ្វាយព្រះករុណាបានទេ”។ ស្ដេចផ្ទំលើព្រះទែនបែរព្រះភក្ត្រទៅជញ្ជាំង ហើយមិនព្រមសោយព្រះស្ងោយឡើយ។ ៥ ម្ចាស់ក្សត្រីយេសាបិល ជាមហេសី យាងមកគាល់ស្ដេចហើយទូលសួរថា៖ «ហេតុអ្វីបានជាព្រះករុណាមានព្រះហឫទ័យមួម៉ៅ មិនព្រមសោយព្រះស្ងោយដូច្នេះ?»។ ៦ ស្ដេចមានរាជឱង្ការដូច តទៅ៖ «យើងនិយាយជាមួយណាបុតជាអ្នកស្រុកយីសរេអែលថា “ចូរលក់ចំការទំពាំងបាយជូររបស់អ្នក មកអោយយើង ឬប្រសិនបើអ្នកមិនចង់បានប្រាក់ទេ យើងនឹងប្រគល់ចំការទំពាំងបាយជូរមួយទៀតជាថ្នូរ”។ ប៉ុន្តែ គាត់ឆ្លើយថា “ទូលបង្គំមិនប្រគល់ចំការទំពាំងបាយជូររបស់ទូលបង្គំ ថ្វាយព្រះករុណាទេ!”»។ ៧ ម្ចាស់ក្សត្រីយេសាបិល ជាមហេសីទូលថា៖ «តើព្រះករុណាមិនមែនជាស្ដេចលើស្រុកអ៊ីស្រាអែលទេឬ! សូមតើនឡើង សោយព្រះស្ងោយ ហើយរីករាយក្នុងព្រះហឫទ័យចុះ ចាំខ្ញុំម្ចាស់ទៅយកចំការទំពាំងបាយជូររបស់លោកណាបុតជាអ្នកស្រុកយីសរេអែលមកថ្វាយ»។
៨ ម្ចាស់ក្សត្រីយេសាបិល សរសេររាជសារក្នុងនាមព្រះបាទអខាប់ ព្រមទាំងយកត្រារាជ្យមកប្រថាប់ផង ហើយចាត់គេអោយយកទៅជូនពួកព្រឹទ្ធាចារ្យ និងថ្នាក់ដឹកនាំដែលនៅក្រុងជាមួយលោកណាបុត។ ៩ ក្នុងរាជសារទាំងនោះ ម្ចាស់ក្សត្រីយេសាបិលបានសរសេរថា៖ «ចូរប្រកាសអោយប្រជាជនធ្វើពិធីតមអាហារ ហើយអោយលោកណាបុតអង្គុយនៅកន្លែងគណៈអធិបតី។ ១០ត្រូវអោយមនុស្ស ខិលខូចពីរនាក់មកអង្គុយនៅទល់មុខគាត់ ដើម្បីធ្វើជាសាក្សី ចោទប្រកាន់គាត់ថា“លោកបានប្រមាថព្រះជាម្ចាស់ និងប្រមាថព្រះមហាក្សត្រ!”។ បន្ទាប់មក ចូរនាំគាត់ទៅក្រៅ រួចយកដុំថ្មគប់សម្លាប់ចោលទៅ»។
១១ ពួកព្រឹទ្ធាចារ្យ និងថ្នាក់ដឹកនាំ ដែលរស់នៅក្នុងក្រុងជាមួយលោកណាបុត ធ្វើតាមសេចក្ដីដែលម្ចាស់ក្សត្រីយេសាបិលបានបញ្ជាក្នុងរាជសារ។ ១២ ពួកគេប្រកាសពិធីតមអាហារ ហើយអោយលោកណាបុតអង្គុយនៅកន្លែងគណៈអធិបតី។ ១៣មនុស្សខិលខូចពីរនាក់ មកអង្គុយនៅទល់មុខលោកណាបុតរួចចោទប្រកាន់លោកនៅចំពោះមុខប្រជាជនថា៖ «លោកណាបុតបានប្រមាថព្រះជាម្ចាស់ និងប្រមាថព្រះមហាក្សត្រ!»។ ដូច្នេះ គេនាំលោកណាបុតចេញទៅក្រៅ ហើយយកដុំថ្មគប់សម្លាប់លោក។ ១៤ គេចាត់មនុស្សអោយទៅទូល ម្ចាស់ក្សត្រីយេសាបិលថា៖ «យើងខ្ញុំបានយកដុំថ្មគប់សម្លាប់លោកណាបុតហើយ»។ ១៥ កាលម្ចាស់ក្សត្រី យេសាបិលជ្រាបថា គេបានយកដុំថ្មគប់សម្លាប់លោកណាបុតហើយនោះ ម្ចាស់ក្សត្រីក៏ទូលព្រះបាទអខាប់ថា៖ «សូមតើនឡើង យាងទៅចាប់យកចំការទំពាំងបាយជូររបស់ណាបុតជាអ្នកស្រុកយីសរេអែល ដែលមិនព្រមលក់ថ្វាយព្រះករុណាចុះ ដ្បិតណាបុតស្លាប់បាត់បង់ជីវិតហើយ»។ ១៦ កាលព្រះបាទអខាប់ ជ្រាបថា លោកណាបុតស្លាប់ហើយ ទ្រង់ក៏តើនឡើង យាងចុះទៅចាប់យកចំការទំពាំងបាយជូររបស់លោកណាបុតជាអ្នកស្រុកយីសរេអែល។
ព្រះអម្ចាស់ដាក់ទោសព្រះបាទអខាប់ និងម្ចាស់ក្សត្រីយេសាបិល
១៧ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេលី ជាអ្នកភូមិទីសបេថា៖ ១៨ «ចូរក្រោកឡើងទៅជួប អខាប់ ជាស្ដេចអ៊ីស្រាអែលនៅក្រុងសាម៉ារី។ ឥឡូវនេះ អខាប់ស្ថិតនៅក្នុងចំការទំពាំងបាយជូររបស់ណាបុត ដែលខ្លួនទើបចាប់យកបាន។ ១៩ ត្រូវប្រាប់អខាប់ដូចតទៅ: “ព្រះអម្ចាស់មានព្រះបន្ទូលថាហេតុអ្វីបានជាអ្នកធ្វើឃាតគេ ហើយចាប់យកដីរបស់គេដូច្នេះ?” អ្នកត្រូវពោលទៀតថា ព្រះអម្ចាស់មានព្រះបន្ទូលថា “ឆ្កែបានលិទ្ធឈាមរបស់ណាបុតនៅកន្លែងណា ឆ្កែក៏នឹងលិទ្ធឈាមរបស់អ្នកផ្ទាល់នៅកន្លែងនោះដែរ”»។
២០ ព្រះបាទ អខាប់មានរាជឱង្ការមកលោកថា៖ «នែ៎សត្រូវអើយ! តើលោកមកជួបយើងទៀត ហើយឬ?»។ លោកអេលីទូលថា៖ «ទូលបង្គំមកគាល់ព្រះករុណា ព្រោះព្រះករុណាលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់។ ២១ ព្រះអម្ចាស់មាន ព្រះបន្ទូលថា: “យើងនឹងធ្វើអោយគ្រោះកាចកើតមានចំពោះអ្នក យើងនឹងលុបបំបាត់ពូជពង្សរបស់អ្នក យើងនឹងប្រហារប្រុសៗក្នុងក្រុមគ្រួសារអខាប់ ទាំងអ្នកងារ ទាំងអ្នកជា អោយអស់ពីស្រុកអ៊ីស្រាអែល។ ២២ យើងនឹងធ្វើអោយ ពូជពង្សរបស់អ្នក បានដូចពូជពង្សរបស់យេរ៉ូបោម ជាកូនរបស់នេបាត និងដូចពូជពង្សរបស់បាសា ជាកូនរបស់អហ៊ីយ៉ាដែរ ព្រោះអ្នកធ្វើអោយយើងខឹង ព្រមទាំងនាំប្រជាជនអ៊ីស្រាអែលប្រព្រឹត្តអំពើបាបទៀតផង”។
២៣ ព្រះអម្ចាស់មានព្រះបន្ទូល អំពីម្ចាស់ក្សត្រីយេសាបិលថា “ឆ្កែនឹងហែកស៊ីយេសាបិល នៅជើងកំពែងក្រុងយីសរេអែល។ ២៤ កូនចៅរបស់អខាប់ដែល ស្លាប់នៅក្នុងទីក្រុង នឹងត្រូវឆ្កែហែកស៊ី ហើយកូនចៅដែលស្លាប់នៅទីវាល នឹងត្រូវត្មាតចឹកស៊ីដែរ”»។
២៥ មិនដែលមាននរណា ដូចព្រះបាទអខាប់ទេ គឺស្ដេចលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ក្រោមការញុះញង់របស់ម្ចាស់ក្សត្រីយេសាបិល ជាមហេសី។ ២៦ ស្ដេចបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ដោយគោរពថ្វាយបង្គំព្រះក្លែងក្លាយ ដូចជនជាតិអាម៉ូរី ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខប្រជាជនអ៊ីស្រាអែល។
២៧ កាល ព្រះបាទអខាប់ឮព្រះបន្ទូលទាំងនោះហើយ ទ្រង់ហែកព្រះពស្ដ្រចោល រួចស្លៀកបាវ និងតមអាហារ។ ពេលផ្ទំក៏ស្ដេចស្លៀកបាវដែរ ហើយយាងយឺតៗ។ ២៨ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេលី ជាអ្នកភូមិទីសបេថា៖ ២៩ «អ្នកឃើញទេ អខាប់បន្ទាបខ្លួននៅចំពោះមុខយើងហើយ។ ដោយអខាប់បន្ទាបខ្លួនដូច្នេះ យើងនឹងមិនធ្វើអោយគ្រោះកាច កើតមានដល់គេក្នុងពេលដែលគេនៅមានជីវិតទេ តែយើងនឹងធ្វើអោយគ្រោះកាចកើតមានចំពោះពូជពង្សរបស់គេ នៅជំនាន់ ក្រោយ»។
ជំពូកទី ២២
ព្រះបាទអខាប់ និងព្រះបាទយ៉ូសាផាត លើកទ័ពចេញទៅច្បាំងជាមួយស្រុកស៊ីរី
(២របាក្សត្រ ១៨:១-១១)
១ ក្នុងអំឡុងពេលបីឆ្នាំ គ្មានសង្គ្រាមកើតឡើង រវាងស្រុកស៊ីរី និងស្រុកអ៊ីស្រាអែលទេ។ ២ នៅឆ្នាំទីបី ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា បានយាងទៅសួរសុខទុក្ខស្ដេចស្រុកអ៊ីស្រាអែល។ ៣ ពេលនោះ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់ពួកមន្ត្រីថា៖ «អស់លោកជ្រាបច្បាស់ហើយថា ក្រុងរ៉ាម៉ូតនៅស្រុកកាឡាដជាក្រុងរបស់យើង។ ហេតុអ្វីបានជាយើងនៅរារែក មិនព្រមដណ្ដើមយកក្រុងនោះពីកណ្ដាប់ដៃរបស់ស្ដេចស្រុកស៊ីរីមកវិញ?»។ ៤ ស្ដេចមានរាជ ឱ ង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «តើព្រះករុណាសព្វព្រះ ហឫទ័យចេញទៅច្បាំង យកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដជាមួយទូលបង្គំឬទេ?»។ ព្រះបាទយ៉ូសាផាតមានរាជឱង្ការទៅកាន់ស្ដេចស្រុកអ៊ីស្រាអែលវិញថា៖ «ទូលបង្គំក៏ដូចព្រះករុណាដែរ ប្រជារាស្ត្ររបស់ទូលបង្គំ ក៏ដូចជាប្រជារាស្ត្ររបស់ព្រះករុណា ហើយទ័ពសេះរបស់ទូលបង្គំ ក៏ដូចជាទ័ពសេះរបស់ព្រះករុណាដែរ!»។
៥ ព្រះបាទយ៉ូសាផាតទូលទៀតថា៖ «សូមព្រះករុណាទូលសួរព្រះអម្ចាស់សិន»។ ៦ ស្ដេចអ៊ីស្រាអែលកោះហៅ ព្យាការីប្រមាណបួនរយនាក់មក ហើយសួរពួកគេថា៖ «តើយើងត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ ពួកគេទូលថា៖ «សូមព្រះករុណាយាងទៅចុះ។ ព្រះអម្ចាស់នឹងប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណា»។ ៧ ព្រះ បាទយ៉ូសាផាតមានរាជឱង្ការសួរថា៖ «តើនៅទីនេះ គ្មានព្យាការីរបស់ព្រះអម្ចាស់ ដែលយើងអាចទូលសួរព្រះអង្គទេឬ?»។ ៨ ស្ដេចស្រុកអ៊ីស្រាអែលទូលព្រះបាទយ៉ូសាផាតថា៖ «នៅមានម្នាក់ទៀត ដែលអាចទូលសួរព្រះអម្ចាស់ បាន តែទូលបង្គំស្អប់អ្នកនោះណាស់ ព្រោះគាត់មិនដែលទាយពីសេចក្ដីល្អអោយទូលបង្គំទេ គឺទាយតែពីសេចក្ដីអាក្រក់ប៉ុណ្ណោះ។ អ្នកនោះឈ្មោះមីកា ជាកូនរបស់លោកយីមឡា»។ ព្រះបាទយ៉ូសាផាតទូលថា៖ «សូមព្រះករុណាកុំមានរាជឱង្ការបែបនេះ!»។ ៩ ស្ដេចស្រុកអ៊ីស្រាអែលហៅមហាតលិកមក ហើយមានរាជឱង្ការថា៖ «ចូរទៅហៅលោកមីកា ជាកូនរបស់លោកយីមឡាមកជាប្រ ញាប់!»។
១០ ស្ដេច ស្រុកអ៊ីស្រាអែល និងព្រះបាទយ៉ូសាផាតជាស្ដេចស្រុកយូដា ស្លៀកពាក់យ៉ាងរុងរឿងគង់លើបល្ល័ង្ករៀងៗខ្លួន ត្រង់ព្រលានដែលនៅមុខទ្វារក្រុងសាម៉ារី។ ពួកព្យាការីកំពុងនាំគ្នាទាយថ្វាយព្រះរាជាទាំងពីរអង្គ។ ១១ លោកសេដេខ្យាស ជាកូនរបស់លោកកេណាណាបានធ្វើស្នែងដែកហើយពោលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដោយស្នែងដែកទាំងនេះ អ្នកនឹងវាយកងទ័ពស៊ីរីអោយវិនាសសូន្យ!»។ ១២ ព្យាការីទាំងអស់ក៏ ទាយបែបនោះដែរ ពួកគេទូលស្ដេចថា៖ «សូមព្រះករុណាយាងទៅវាយយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដចុះ ព្រះករុណាមុខជាទទួលជ័យជំនះមិនខាន។ ព្រះអម្ចាស់ប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាហើយ»។
ព្យាការីមីកាប្រកាសប្រាប់ពីបរាជ័យ
(២របាក្សត្រ ១៨:១២-២៧)
១៣ មហាតលិកដែលស្ដេចចាត់ អោយទៅតាមហៅលោកមីកា បានប្រាប់លោកថា៖ «ព្យាការីទាំងអស់សុទ្ធតែព្រមគ្នា ទាយសេចក្ដីល្អថ្វាយព្រះរាជា ដូច្នេះ សូមលោកទាយសេចក្ដីល្អថ្វាយព្រះរាជាដូចគេដែរទៅ!»។ ១៤ លោកមីកាឆ្លើយថា៖ «ខ្ញុំសូមជំរាបលោកក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅថា ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំយ៉ាងណា ខ្ញុំនឹងប្រកាសយ៉ាងនោះ!»។
១៥ លោកចូល ទៅគាល់ព្រះរាជា ហើយស្ដេចមានរាជឱង្ការមកកាន់លោកថា៖ «មីកាអើយ តើយើងទាំងពីរ ត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ លោកមីកាទូលថា៖ «សូមព្រះករុណាយាងទៅចុះ! ព្រះករុណាមុខជាទទួលជ័យជំនះមិនខាន! ព្រះអម្ចាស់ប្រគល់ក្រុងនោះ មកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាហើយតើ!»។ ១៦ ប៉ុន្តែ ស្ដេចមានរាជឱង្ការមកលោកវិញថា៖ «តើយើងត្រូវប្រាប់អ្នកប៉ុន្មានដងទៀតថា អោយអ្នកនិយាយតែការពិតប្រាប់យើងក្នុងនាមព្រះអម្ចាស់?»។ ១៧ លោកមីកាទូលថា៖
«ទូលបង្គំបានឃើញពលទាហានអ៊ីស្រាអែល
ទាំងមូលបាក់ទ័ព រត់ខ្ចាត់ខ្ចាយនៅលើភ្នំ
ពួកគេប្រៀបដូចជាហ្វូងចៀម
ដែលគ្មាននរណាឃ្វាល។
ព្រះអម្ចាស់មានព្រះបន្ទូលថា:
អ្នកទាំងនោះគ្មានមេដឹកនាំទេ
ចូរអោយពួកគេត្រឡប់ទៅផ្ទះរៀងៗខ្លួន
ដោយសុខសាន្តចុះ!»។
១៨ ស្ដេច ស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «ទូលបង្គំបានទូលព្រះករុណាហើយថា គាត់មិនដែលទាយពីសេចក្ដីល្អអោយទូលបង្គំទេ គឺទាយតែពីសេចក្ដីអាក្រក់ប៉ុណ្ណោះ!»។ ១៩ លោកមីកាទូលថា៖ «ពិតមែនហើយ! ដូច្នេះ សូមសណ្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។ ទូលបង្គំបានឃើញព្រះអម្ចាស់គង់លើរាជបល្ល័ង្ក ហើយមានកងពលនៃស្ថានបរមសុខទាំងមូលឈរគាល់ព្រះអង្គ ទាំងឆ្វេង ទាំងស្ដាំផង។ ២០ ព្រះអម្ចាស់ មានព្រះបន្ទូលថា: “តើអ្នកណាចង់ល្បួងអខាប់ អោយទៅច្បាំងយកក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ ដើម្បីអោយអខាប់ដួលស្លាប់នៅទីនោះ?”។ អ្នកខ្លះពោលយ៉ាងនេះ អ្នកខ្លះពោលយ៉ាងនោះ។ ២១ ពេលនោះ មានវិញ្ញាណមួយចេញមកឈរនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ទូលថា“ទូលបង្គំចង់ទៅល្បួង!”។ ព្រះអម្ចាស់មានព្រះបន្ទូលសួរថា “តើអ្នកធ្វើដូចម្ដេច?” ២២ វិញ្ញាណនោះទូលថា “ទូលបង្គំនឹងបណ្ដាលចិត្តព្យាការីទាំងអស់របស់ស្ដេចអោយពោលតែពាក្យភូតកុហក”។ ព្រះអម្ចាស់មានព្រះបន្ទូលថា “នេះជាមធ្យោបាយដ៏ប្រសើរសំរាប់ល្បួងគេ ដូច្នេះ ចូរទៅធ្វើចុះ!”។ ២៣ ព្រះអម្ចាស់ដាក់វិញ្ញាណភូតកុហក នៅក្នុងមាត់ព្យាការីទាំងអស់របស់ព្រះករុណា ដ្បិតព្រះអម្ចាស់បានសំរេចព្រះហឫទ័យ អោយព្រះករុណារងទុក្ខវេទនាហើយ!»។
២៤ ពេលនោះ លោកសេដេខ្យាស ជាកូនរបស់លោកកេណាណាចូលមកជិត ហើយទះកំផ្លៀងលោកមីកា ទាំងពោលថា៖ «តើព្រះវិញ្ញាណរបស់ព្រះអម្ចាស់ចេញពីខ្លួនខ្ញុំ មកនិយាយជាមួយអ្នកតាមណា?»។ ២៥ លោកមីកាឆ្លើយថា៖ «ថ្ងៃដែលអ្នករត់ទៅពួន នៅបន្ទប់ខាងក្នុងផ្ទះរបស់អ្នក នោះអ្នកគង់តែដឹងទេ!»។ ២៦ ស្ដេចស្រុកអ៊ីស្រាអែល មានរាជឱង្ការថា៖ «ចូរចាប់លោកមីកា នាំយកទៅប្រគល់អោយលោកអាំម៉ូនជាចៅហ្វាយក្រុង និងសម្ដេចយ៉ូអាស ជាបុត្ររបស់យើងទៅ! ២៧ រួចប្រាប់គេថា “ព្រះករុណាបញ្ជាអោយយកមនុស្សនេះទៅដាក់គុក ហើយផ្ដល់នំបុ័ង និងទឹកតែបន្តិចបន្តួចប៉ុណ្ណោះ រហូតដល់ថ្ងៃព្រះករុណាវិលត្រឡប់មកពីច្បាំងវិញដោយសុខសាន្ត”»។ ២៨ លោកមីកាទូលថា៖ «ប្រសិនបើព្រះករុណាពិតជាយាងត្រឡប់មកវិញដោយសុខសាន្តមែននោះ បានសេចក្ដីថាព្រះអម្ចាស់ពុំមានព្រះបន្ទូលតាមរយៈទូលបង្គំទេ»។ បន្ទាប់មក លោកពោលទៀតថា៖ «ប្រជាជនទាំងអស់គ្នា ចូរស្ដាប់ចុះ!»។
ព្រះបាទអខាប់សោយទិវង្គតក្នុងសមរភូមិ
(២របាក្សត្រ ១៨:២៨-៣៤)
២៩ ស្ដេចស្រុកអ៊ីស្រាអែល និងព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា នាំគ្នាយាងទៅវាយក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ ៣០ ស្ដេចស្រុកអ៊ីស្រាអែល មានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «ទូលបង្គំនឹងក្លែងខ្លួនជាពលទាហាន រីឯព្រះករុណាវិញ សូមទ្រង់ព្រះភូសាយ៉ាងរុងរឿងចុះ!»។ ដូច្នេះ ស្ដេចស្រុកអ៊ីស្រាអែលក្លែងខ្លួនជាពលទាហាន ចេញទៅច្បាំង។ ៣១ ស្ដេចស្រុកស៊ីរី បញ្ជាដល់មេបញ្ជាការកងរទេះចំបាំងទាំងសាមសិបពីររូបថា៖ «មិនបាច់ប្រយុទ្ធនឹងពលទាហាន ឬនាយទាហានទេ ចូរប្រយុទ្ធតែនឹងស្ដេចស្រុកអ៊ីស្រាអែលប៉ុណ្ណោះ»។ ៣២ កាលមេបញ្ជាការរទេះ ចំបាំងទាំងនោះឃើញព្រះបាទយ៉ូសាផាតក៏ពោលថា “ប្រាកដជាស្ដេចអ៊ីស្រាអែលហើយ” ពួកគេសំរុកទៅវាយប្រហារស្ដេច។ ប៉ុន្តែ ពេលព្រះបាទយ៉ូសាផាតស្រែកឡើង ៣៣ ពួកមេបញ្ជាការរទេះចំបាំងដឹងថា មិនមែនជាស្ដេចស្រុកអ៊ីស្រាអែលទេ ពួកគេឈប់ដេញតាម។ ៣៤ ប៉ុន្តែ មានទាហានស៊ីរីម្នាក់យឹតធ្នូបាញ់ព្រាវទៅ ក៏ត្រូវចំស្ដេចស្រុកអ៊ីស្រាអែល ត្រង់ចន្លោះអាវក្រោះ។ ស្ដេចមានរាជឱង្ការទៅកាន់អ្នកបររាជរថថា៖ «ចូរបកក្រោយនាំយើងចេញពីសមរភូមិភ្លាម ព្រោះយើងត្រូវរបួសហើយ»។ ៣៥ នៅថ្ងៃនោះ ការប្រយុទ្ធមានសភាពធ្ងន់ធ្ងរកាន់តែខ្លាំងឡើង គេពុំអាចនាំស្ដេចចេញពីសមរភូមិបានឡើយ។ ដូច្នេះ ស្ដេចស្ថិតនៅក្នុងរាជរថរហូត ហើយឈាមដែលហូរចេញពីមុខរបួស បានធ្លាក់ទៅដល់បាតរាជរថ លុះដល់ល្ងាចស្ដេចក៏សោយទិវង្គតទៅ។ ៣៦ នៅពេលថ្ងៃលិច គេឮសំរែកពេញក្នុងសមរភូមិថា៖ «ចូរនាំគ្នាវិលត្រឡប់ទៅទីក្រុង និងទីលំនៅរៀងៗខ្លួនវិញ!»។ ៣៧ គេបាននាំសពព្រះរាជាមកកាន់ក្រុងសាម៉ារី ហើយបញ្ចុះនៅទីនោះ។ ៣៨ កាលគេយករាជរថទៅលាង នៅស្រះនៃក្រុងសាម៉ារី ឆ្កែក៏មកលិទ្ធឈាមព្រះបាទអខាប់ ហើយពួកស្រីពេស្យាក៏នាំគ្នាមុជទឹកនៅទីនោះដែរ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទុក។
៣៩ រាជកិច្ច ផ្សេងៗទៀតរបស់ព្រះបាទអខាប់ និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ គឺការសង់ដំណាក់អំពីភ្លុក និងក្រុងនានា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុក អ៊ីស្រាអែល។ ៤០ កាលព្រះបាទអខាប់សោយទិវង្គតទៅ ព្រះបាទអហាស៊ីយ៉ា ជាបុត្របានឡើងស្នងរាជ្យ។
ព្រះបាទយ៉ូសាផាតសោយរាជ្យនៅស្រុកយូដា
(២របាក្សត្រ ២០:៣១-២១:១)
៤១ នៅឆ្នាំទីបួននៃ រជ្ជកាលព្រះបាទអខាប់ ជាស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទយ៉ូសាផាត ជាបុត្ររបស់ព្រះបាទអេសាបានឡើងសោយរាជ្យនៅស្រុកយូដា។ ៤២ កាលព្រះបាទយ៉ូសាផាត ឡើងគ្រងរាជ្យនោះ ទ្រង់មានជន្មាយុសាមសិបប្រាំវស្សា ហើយសោយរាជ្យបានម្ភៃប្រាំឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា អស៊ូបា ជាកូនរបស់លោកស៊ីលហ៊ី។ ៤៣ ព្រះបាទយ៉ូសាផាតដើរ តាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះបាទអេសាជាបិតា ដោយមិនងាករេឡើយ ស្ដេចប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ៤៤ ប៉ុន្តែ ទ្រង់ពុំបានលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗទេ គឺប្រជាជននៅតែនាំគ្នាថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូបនៅតាមកន្លែងនោះដដែល។ ៤៥ ព្រះបាទយ៉ូសាផាតបានចុះសន្ធិសញ្ញាសន្តិភាព ជាមួយស្ដេចស្រុកអ៊ីស្រាអែល។
៤៦ រាជ កិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូសាផាត គឺវីរភាពដ៏អង់អាច ក្នុងកិច្ចការដែលស្ដេចបានធ្វើ និងក្នុងសង្គ្រាម សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុក យូដា។ ៤៧ ស្ដេចបានកំចាត់ ប្រុសៗទាំងប៉ុន្មានដែលប្រព្រឹត្តអំពើពេស្យាចារ្យសក្ការៈ គឺពួកដែលនៅសេសសល់ពីជំនាន់ព្រះបាទអេសាជាបិតា។ ៤៨ គ្រានោះនៅស្រុកអេដុម គ្មានស្ដេចសោយរាជ្យទេ គឺមានតែរាជប្រតិភូម្នាក់ ដែលស្ដេចយូដាតែងតាំង។ ៤៩ ព្រះបាទយ៉ូសាផាតបាន អោយគេសង់សំពៅធំៗ ដើម្បីទៅស្វែងរកមាសនៅស្រុកអូភារ ប៉ុន្តែ គំរោងការនេះ ពុំបានសំរេចទេ ព្រោះសំពៅទាំងនោះលិចនៅក្រុងអេស៊ីយ៉ូន-កេប៊ែរ។ ៥០ ពេលនោះ ព្រះបាទអហាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទអខាប់ មានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «សូមអោយរាជបំរើរបស់ទូលបង្គំ ចុះសំពៅទៅជាមួយរាជបំរើរបស់ព្រះករុណាផង!»។ ប៉ុន្តែ ព្រះបាទយ៉ូសាផាតពុំយល់ព្រមឡើយ។ ៥១ កាលព្រះបាទយ៉ូសាផាត សោយទិវង្គត គេយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ។ ព្រះបាទយ៉ូរ៉ាម ជាបុត្របានឡើងស្នងរាជ្យ។
ព្រះបាទអហាស៊ីយ៉ាសោយរាជ្យនៅស្រុកអ៊ីស្រាអែល
៥២ នៅឆ្នាំទីដប់ ប្រាំពីរ នៃរជ្ជកាលព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា ព្រះបាទអហាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទអខាប់ ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានពីរឆ្នាំ នៅស្រុកអ៊ីស្រាអែល។ ៥៣ ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់។ ស្ដេចដើរតាមផ្លូវរបស់បិតា និងមាតា ព្រមទាំងផ្លូវរបស់ព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត ដែលនាំប្រជាជនអ៊ីស្រាអែលប្រព្រឹត្តអំពើបាប។ ៥៤ ព្រះបាទអហាស៊ីយ៉ាបានគោរពថ្វាយបង្គំព្រះបាល ដូចបិតាដែរ ជាហេតុបណ្ដាលអោយព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលទ្រង់ព្រះពិរោធ។