សាមូអែលទី​ ១

គេបានប្រើនាមរបស់លោកសាមូអែល ធ្វើជាចំណងជើងរបស់ក័ណ្ឌគម្ពីរនេះ និង ក័ណ្ឌគម្ពីរបន្ទាប់។ ព្យាការីសាមូអែល ជា​វិរបុរសចុងក្រោយ ដែលព្រះអម្ចាស់ប្រទានមកឲ្យជនជាតិអ៊ីស្រាអែល នៅគ្រាដែលប្រជារាស្រ្ដរបស់ព្រះអង្គជួបប្រទះនឹងទុក្ខលំបាក។ លោកទទួលបន្ទុកបំពេញ មុខងារ ពីរយ៉ាង គឺ ផ្នែកខាងនយោបាយ និង ផ្នែកសាសនា ក្នុងអំឡុងពេលអ៊ីស្រាអែលផ្លស់ប្តូររបបនយោ​បាយគ្រប់គ្រងស្រុក (ជំពូក ១-៧)។ ជន ជាតិអ៊ីស្រាអែលមិនស្កប់ចិត្ដនឹងរបបគ្រប់គ្រងពីមុន ដែលមានតែពួកវិរបុរស ជាមេដឹកនាំ​ក្នុងគ្រាជួបអាសន្ន ដូច្នេះ ពួកគេទាមទារចង់បានរបបរាជា និយម។ ទោះបីលោកសាមូអែលមិនពេញចិត្ដនឹងសំណើររបស់ប្រជាជនក្ដី​ ក៏លោកបាន តែងតាំងលោកសាអ៊ូល ជាស្ដេចទីមួយឲ្យគ្រប់គ្រងលើជន ជាតិអ៊ីស្រាអែល ស្របតាមបញ្ជារបស់ព្រះជាម្ចាស់ (ជំពូក​ ៨-១០)។ ក្រោយមក​ ដោយព្រះបាទសាអ៊ូលបាត់បង់ភក្ដីភាពចំពោះព្រះជាម្ចាស់ ព្រះអង្គលែងគាំទ្រព្រះបាទសាអ៊ូល (ជំពូក ១១-១៥) ហើយព្រះអង្គបានជ្រើសរើសយុវជនដាវីឌឲ្យធ្វើជាស្ដេចគ្រប់គ្រងលើប្រជាជនអ៊ីស្រាអែល ជំនួសព្រះបាទសាអ៊ូល។ មុនដំបូង​យុវជនដាវីឌនៅបម្រើព្រះបាទសាអ៊ូល បន្ទាប់មក ធ្វើជាកូនប្រសារ របស់ស្ដេច រួចរត់ភៀសខ្លួនចេញឆ្ងាយពីស្ដេច ព្រោះស្ដេចរក​សម្លាប់។ ពីជំពូក ១៦ ដល់ ៣០ មានរៀបរាប់អំពីការចុះអោនថយរបស់ព្រះបាទសាអ៊ូល ហើយដាវីឌចេះតែ មានកម្លាំងខ្លាំង​ឡើងៗ។ ចុងបញ្ចប់នៃក័ណ្ឌគម្ពីរសាមូអែលទីមួយនេះ មានរៀបរាប់អំពីការសុគតរបស់ព្រះបាទសាអ៊ូល និង បុត្ររបស់ស្ដេចក្នុងចំ​បាំងរវាងអ៊ីស្រាអែល និង ភីលីស្ទីន (ជំពូក ៣១)។

ក័ណ្ឌគម្ពីរនេះរំលឹកយើងថា មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលពិតជាព្រះមហាក្សត្រគ្រងរាជ្យលើប្រជារាស្រ្ដរបស់ព្រះអង្គ ​។ ​អ្នកដែលអាច គ្រប់ គ្រងលើប្រជារាស្រ្ដរបស់ព្រះអង្គបាន គឺអ្នកដែលទទួលស្គាល់ ហើយយល់ព្រមចុះចូលនឹងអំណាចរបស់ព្រះជា​ម្ចាស់។

សាមូអែលទី​ ១

លោក​ហេលី និង​សាម៉ូអែល

នាង​ហាណា្ណ​នៅ​កន្លែង​សក្ការៈ​ស៊ីឡូ

១ មាន​បុរស​ម្នាក់ ​ឈ្មោះ​អែលកាណា រស់​នៅ​ភូមិ​រ៉ាម៉ា ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម គាត់​ត្រូវ​ជា​កូន​របស់​លោក​យេរ៉ូហាម ជា​ចៅ​របស់​លោក​អេលីហ៊ូ ជា​ចៅទួត​របស់​លោក​តូហ៊ូ ហើយ​ត្រូវ​ជា​ចៅលួត​របស់​លោក​ស៊ូភ ក្នុង​កុលសម្ព័ន្ធ​អេប្រាអ៊ីម។ ២ បុរស​នោះ​មាន​ប្រពន្ធ​ពីរ ម្នាក់​ឈ្មោះ​ហាណ្ណា និង​ម្នាក់​ទៀត​ឈ្មោះ​ពេនីណា។ នាង​ពេនីណា​មាន​កូន​ច្រើន រីឯ​នាង​ហាណ្ណា​វិញ នាង​គ្មាន​កូន​ទេ។

 

៣ រៀង​រាល់​ឆ្នាំ លោក​អែលកាណា​តែងតែ​ធ្វើ​ដំណើរ​ពី​ភូមិ​របស់​គាត់ ទៅ​ថ្វាយបង្គំ​ព្រះអម្ចាស់​ នៃ​ពិភព​ទាំង​មូល*​នៅ​ស៊ីឡូ ព្រម​ទាំង​ថ្វាយ​យញ្ញបូជា​ទៀត​ផង។ នៅ​គ្រា​នោះ កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​លោក​អេលី គឺ​លោក​ហូបនី និង​លោក​ភីនេអាស ធ្វើ​ជា​បូជាចារ្យ​របស់​ព្រះអម្ចាស់​នៅ​ស៊ីឡូ។ ៤ នៅ​ថ្ងៃ​ថ្វាយ​យញ្ញបូជា លោក​អែលកាណា​មាន​ទម្លាប់​យក​សាច់​ ទៅ​ឲ្យ​នាង​ពេនីណា​ជា​ប្រពន្ធ និង​កូន​ប្រុស កូន​ស្រី​ទាំង​អស់​របស់​នាង មួយ​ចំណែក​ម្នាក់។ ៥ ប៉ុន្តែ ចំពោះ​នាង​ហាណ្ណាវិញ គាត់​បាន​ឲ្យ​មួយ​ទ្វេ​ជា​ពីរ ព្រោះ​គាត់​ស្រឡាញ់​នាង​ច្រើន​ជាង ទោះ​បី​ព្រះអម្ចាស់​បាន​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​អារ​ក៏​ដោយ។ ៦ នាង​ពេនីណា ជា​គូវិវាទ តែងតែ​រុកគួន​បញ្ឈឺ​ចិត្ត​នាង​ហាណ្ណា ក្នុង​គោល​បំណង​ឲ្យ​នាង​ខឹង​នឹង​ព្រះអម្ចាស់ ដែល​បាន​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​អារ។ ៧ នាង​ពេនីណា​ធ្វើ​បែប​នេះ​ជា​រៀង​រាល់​ឆ្នាំ គឺ​នៅ​ពេល​ដែល​នាង​ហាណ្ណា​ឡើង​ទៅ​ព្រះដំណាក់​របស់​ព្រះអម្ចាស់​នៅ​ស៊ីឡូ នាង​ពេនីណា​តែងតែ​រុកគួន​នាង​ជានិច្ច ធ្វើ​ឲ្យ​នាង​ហាណ្ណា​យំ មិន​ព្រម​បរិភោគ​អ្វី​សោះ។ ៨ ពេល​នោះ លោក​អែលកាណា​ជា​ប្ដី សួរ​ទៅ​នាង​ថា៖ «ហាណ្ណាអើយ ហេតុ​អ្វី​បាន​ជា​នាង​យំ? ហេតុ​អ្វី​បាន​ជា​នាង​មិន​បរិភោគ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​នាង​ព្រួយ​ចិត្ត? ឬ​មួយ​ខ្ញុំ​គ្មាន​តម្លៃ​ស្មើ​នឹង​កូន​ដប់​នាក់​ទេ​ឬ?»។

 

៩ ក្រោយ​ពេល ​គេ​បរិភោគ និង​ផឹក​រួច​ហើយ នាង​ហាណ្ណា​ក្រោក​ឡើង ចូល​ទៅ​ព្រះវិហារ នៅ​ស៊ីឡូ។ ពេល​នោះ លោក​បូជាចារ្យ​អេលី​អង្គុយ​នៅ​មាត់​ទ្វារ​ព្រះវិហារ​នៃ​ព្រះអម្ចាស់។ ១០ ​នាង​តូច​ចិត្ត​ជា​ខ្លាំង ហើយ​អធិស្ឋាន​ទៅ​រក​ព្រះអម្ចាស់ ទាំង​យំ​ហូរ​ទឹក​ភ្នែក​រហាម។ ១១ នាង​ទូលអង្វរ​ព្រះអង្គ ដោយ​សច្ចា​ថា៖ «ឱ! ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ! សូម​ទត​មក​ខ្ញុំ​ម្ចាស់ ដែល​កំពុង​តែ​មាន​ទុក្ខ​ព្រួយ សូម​នឹក​ដល់​ខ្ញុំ​ម្ចាស់ ហើយ​កុំ​បំភ្លេច​ខ្ញុំ​ម្ចាស់​ឡើយ។ ប្រសិន​បើ​ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ម្ចាស់​មាន​កូន​ប្រុស​មួយ ខ្ញុំ​ម្ចាស់​នឹង​យក​កូន​នោះ​មក​ថ្វាយ​ព្រះអង្គ ដើម្បី​ឲ្យ​នៅ​បំរើ​ព្រះអង្គ​អស់​មួយ​ជីវិត ហើយ​សក់​របស់​វា​នឹង​មិន​ត្រូវ​កោរ ឬ​កាត់​ឡើយ»។ ១២ នាង​ហាណ្ណា​អធិស្ឋាន​យ៉ាង​យូរ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់។ ពេល​នោះ លោក​អេលី​សង្កេត​មើល​មាត់​របស់​នាង។ ១៣ នាង​អធិស្ឋាន​ស្ងាត់ៗ ឃើញ​តែ​បបូរ​មាត់​កំរើក​តិចៗ ឥត​មាន​ឮ​សូរ​សំឡេង​ទេ។ ដូច្នេះ លោក​អេលី​នឹក​ស្មាន​ថា នាង​ស្រវឹង​ស្រា។ ១៤ លោក​ក៏​ពោល​ទៅ​នាង​ថា៖ «តើ​នាង​នៅ​ស្រវឹង​ដល់​អង្កាល់​ទៀត ល្មម​ស្វាង​ហើយ!»។ ១៥ ​នាង​ហាណ្ណា​ឆ្លើយ​តប​ថា៖ «ទេ លោក​ម្ចាស់! នាង​ខ្ញុំ​ជា​ស្ត្រី​មាន​ទុក្ខ នាង​ខ្ញុំ​ពុំ​បាន​ទទួល​ទាន​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ទេ។ នាង​ខ្ញុំ​នៅ​ទី​នេះ ដើម្បី​ទូល​ព្រះអម្ចាស់​ពី​ទុក្ខ​ព្រួយ​របស់​នាង​ខ្ញុំ។ ១៦ សូម​កុំ​ចាត់​ទុក​នាង​ ខ្ញុំ​ថា​ជា​ស្ត្រី​អាក្រក់​ឡើយ នាង​ខ្ញុំ​ទូល​ថ្វាយ​ព្រះអង្គ​យ៉ាង​យូរ​ដូច្នេះ ព្រោះ​នាង​ខ្ញុំ​ឈឺ​ចាប់ និង​មាន​ទុក្ខ​កង្វល់​ហួស​ប្រមាណ»។ ១៧ លោក​អេលី​មាន​ប្រសាសន៍​ ទៅ​កាន់​នាង​ថា៖ «សុំ​អញ្ជើញ​ទៅ​ដោយ​សុខសាន្ត! សូម​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ប្រោស​ប្រទាន​ឲ្យ​នាង​បាន​សំរេច​តាម​ពាក្យ​ របស់​នាង​ចុះ!»។ ១៨ នាង​ហាណ្ណា​ឆ្លើយ​ថា៖ «សូម​លោក​ម្ចាស់​សំដែង​សេចក្ដី​មេត្តា​ករុណា​ដល់​នាង​ខ្ញុំ​ផង!»។ បន្ទាប់​មក នាង​ក៏​ចេញ​ទៅ ហើយ​បរិភោគ​ម្ហូប​អាហារ ព្រម​ទាំង​មាន​ទឹក​មុខ​ស្រស់បស់​ឡើង​វិញ។ ១៩ លោក​អែលកាណា និង​គ្រួសារ​គាត់ ក្រោក​ពី​ព្រលឹម ថ្វាយបង្គំ​ព្រះអម្ចាស់ រួច​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​របស់​គេ​នៅ​ឯ​រ៉ាម៉ា​វិញ។

 

កំណើត និង​កុមារភាព​របស់​លោក​សាមូអែល

លោក​អែលកាណា​រួម​រស់​ជា​មួយ​នាង​ហាណ្ណា ​ជា​ប្រពន្ធ ហើយ​​ព្រះអម្ចាស់​ក៏​នឹក​ឃើញ​នាង។ ២០ នៅ​ឆ្នាំ​នោះ នាង​ហាណ្ណា​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ ដែល​នាង​ដាក់​ឈ្មោះ​ថា «សាមូអែល»​ ដ្បិត​នាង​ពោល​ថា «ខ្ញុំ​បាន​ទូល​សូម​កូន​នេះ​ពី​ព្រះអម្ចាស់»។

 

​២១ ក្រោយ​មក លោក​អែលកាណា ជា​ប្ដី បាន​នាំ​គ្រួសារ​របស់​គាត់​ទាំង​អស់​គ្នា យក​យញ្ញបូជា​ប្រចាំ​ឆ្នាំ​ទៅ​ថ្វាយ​ព្រះអម្ចាស់ ព្រម​ទាំង​លា​បំណន់​ផង។ ២២ ប៉ុន្តែ នាង​ហាណ្ណាពុំ​បាន​ទៅ​ជា​មួយ​ទេ ដ្បិត​នាង​បាន​ប្រាប់​ប្ដី​ថា៖ «នៅ​ពេល​កូន​ខ្ញុំ​ផ្ដាច់​ដោះ នោះ​ខ្ញុំ​នឹង​នាំ​វា​ទៅ​ថ្វាយ​ព្រះអម្ចាស់ ហើយ​ទុក​វា​នៅ​ទី​នោះ​រហូត»។ ២៣ លោក​អែលកាណា​ជា​ប្ដី តប​វិញ​ថា៖ «ចូរ​ធ្វើ​តាម​ដែល​នាង​យល់​ឃើញ​ថា​ល្អ​ចុះ។ ដូច្នេះ ចូរ​នៅ​ជា​មួយ​កូន​រហូត​ដល់​ពេល​ផ្ដាច់​ដោះ ហើយ​សូម​ព្រះអម្ចាស់​សំរេច​តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ»។ នាង​ហាណ្ណាក៏​នៅ​ចាំ​ផ្ទះ និង​បំបៅ​កូន រហូត​ដល់​ពេល​ផ្ដាច់​ដោះ។

 

២៤ លុះ​នាង​ផ្ដាច់​ដោះ​កូន​ហើយ នាង​ក៏​នាំ​កូន​ឡើង​ទៅ​ព្រះ​ដំណាក់​របស់​ព្រះអម្ចាស់ នៅ​ស៊ីឡូ ព្រម​ទាំង​យក​គោ​ឈ្មោល​មួយ​ក្បាល​អាយុ​បី​ឆ្នាំ​ ម្សៅ​មួយ​ថាំង និង​ស្រា​ទំពាំងបាយជូរ​មួយ​ថង់​ស្បែក​ទៅ​ជា​មួយ​ផង។ ពេល​នោះ កុមារ​សាមូអែល​នៅ​ក្មេង​ណាស់។ ២៥ គេ​សម្លាប់​គោ​នោះ ហើយ​នាំ​កុមារ​ទៅ​ជួប​លោក​អេលី។ ២៦ នាង​ហាណ្ណា​ពោល​ថា៖ «លោក​ម្ចាស់! នាង​ខ្ញុំ​ជា​ស្ត្រី​ម្នាក់​ដែល​ឈរ​ទូលអង្វរ​ព្រះអម្ចាស់ កាល​ពី​មុន នៅ​ទី​នេះ ជិត​លោក។ នេះ​ជា​ការ​ពិត ដូច​លោក​ម្ចាស់​មាន​ជីវិត​នៅ​សព្វ​ថ្ងៃ​ដែរ។ ២៧ នាង​ខ្ញុំ​បាន​ទូលអង្វរ​ព្រះអម្ចាស់​សូម​ឲ្យ​មាន​កូន ហើយ​ព្រះអង្គ​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​របស់​នាង​ខ្ញុំ។ ២៨ ឥឡូវ​នេះ នាង​ខ្ញុំ​សូម​យក​កូន​មក​ថ្វាយ​ព្រះអម្ចាស់ ឲ្យ​នៅ​ជា​មួយ​ព្រះអង្គ​អស់​មួយ​ជីវិត»។ បន្ទាប់​មក គេ​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ព្រះអម្ចាស់។

ទំនុកតម្កើង​របស់​នាង​ហាណ្ណា

១ ពេល​នោះ នាង​ហាណ្ណា​អធិស្ឋាន​ដូច​ត​ទៅ៖

«ព្រះ​​​អម្ចាស់​​​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ចិត្ត

ត្រេក​អរ​សប្បាយ​យ៉ាង​ខ្លាំង

ព្រះអម្ចាស់​លើក​ខ្ញុំ​ឡើង​ឲ្យ​បាន​ខ្ពស់​មុខ

ខ្ញុំ​អាច​ហា​មាត់​និយាយ​តទល់​នឹង​ខ្មាំង​សត្រូវ​វិញ

ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង

ព្រោះ​ព្រះអង្គ​សង្គ្រោះ​ខ្ញុំ។

២  គ្មាន​នរណា​ម្នាក់​វិសុទ្ធ* ដូច​ព្រះអម្ចាស់​ទេ

គ្មាន​នរណា​ម្នាក់​ដូច​ព្រះអង្គ​ឡើយ

ហើយ​ក៏​គ្មាន​ថ្មដា​ណា​រឹងមាំ

ដូច​ព្រះ​នៃ​យើង​ដែរ។

៣  កុំ​ចេះ​តែ​ពោល​ពាក្យ​អួត​បំប៉ោង​ឡើយ

ហើយ​ក៏​មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​សំដី​ព្រហើន

ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ដែរ

ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ

ដែល​ជ្រាប​សព្វ​គ្រប់​ទាំង​អស់

ព្រះអង្គ​វិនិច្ឆ័យ​គ្រប់​អំពើ​របស់​មនុស្ស។

៤  ព្រះអង្គ​កាច់​បំបាក់​ធ្នូ​របស់​ទាហាន​ដ៏​ខ្លាំង​ពូកែ

តែ​ព្រះអង្គ​ប្រទាន​កម្លាំង

ដល់​មនុស្ស​ទន់​ខ្សោយ។

៥  អស់​អ្នក​ដែល​ធ្លាប់​តែ​មាន​អាហារ​បរិបូណ៌

បែរ​ជា​នាំ​គ្នា​ស្វែង​រក​អាហារ​ចំអែត​ក្រពះ

រីឯ​អ្នក​ដែល​ធ្លាប់​តែ​អត់​ឃ្លាន

បែរ​ជា​មាន​អាហារ​បរិបូណ៌​ទៅ​វិញ។

ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ស្ត្រី​អារ

សំរាល​កូន​ដល់​ទៅ​ប្រាំពីរ​ដង

តែ​ស្ត្រី​សាយ​កូន បែរ​ជា​គ្មាន​កូន​ទៅ​វិញ។

៦  ជីវិត​របស់​មនុស្ស​ត្រូវ​ស្លាប់ ឬ​រស់

ស្រេច​តែ​លើ​ព្រះអម្ចាស់

គេ​ត្រូវ​ធ្លាក់​ទៅ​ស្ថាន​មនុស្ស​ស្លាប់

ឬ​ឡើង​មក​វិញ ក៏​ស្រេច​តែ​លើ​ព្រះអង្គ​ដែរ

៧  មនុស្ស​យើង​មាន ឬ​ក្រ ស្រេច​តែ​លើ​ព្រះអម្ចាស់

ព្រះអង្គ​បន្ទាប​នរណា​ក៏​បាន

ឬ​លើក​នរណា​ឡើង​ក៏​បាន។

៨  ព្រះអង្គ​លើក​មនុស្ស​កំសត់​ទុគ៌ត​ចេញ​ពី​ធូលី​ដី

ហើយ​ដក​មនុស្ស​ក្រីក្រ​ចេញ​ពី​គំនរ​សំរាម

ដើម្បី​ឲ្យ​គេ​បាន​អង្គុយ​ទន្ទឹម​នឹង​អ្នក​ធំ

ព្រម​ទាំង​បាន​គ្រង​រាជ​សម្បត្តិ​ដ៏​រុងរឿង

ដ្បិត​ព្រះអម្ចាស់​បាន​តែងតាំង​គ្រឹះ​នៃ​ផែនដី

ហើយ​ព្រះអង្គ​ដាក់​ពិភព​លោក

នៅលើ​គ្រឹះ​នេះ។

៩  ព្រះអង្គ​ថែរក្សា​ដំណើរ​ជីវិត

របស់​អស់​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ព្រះអង្គ

រីឯ​មនុស្ស​អាក្រក់​វិញ

គេ​នឹង​ត្រូវ​វិនាស​ក្នុង​ភាព​ងងឹត

ដ្បិត​មនុស្ស​មិន​អាច​មាន​ជ័យជំនះ

ដោយសារ​កម្លាំង​របស់​ខ្លួន​បាន​ឡើយ។

១០  អស់​អ្នក​ដែល​ប្រឆាំង​នឹង​ព្រះអម្ចាស់

មុខ​ជា​ត្រូវ​អន្តរាយ

ព្រះអង្គ​ធ្វើ​ឲ្យ​មាន​រន្ទះ​ពី​លើ​មេឃ

បាញ់​ចំ​ពួក​គេ។

ព្រះអម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ផែនដី​ទាំង​មូល

ព្រះអង្គ​ប្រទាន​ឫទ្ធានុភាព​ដល់​ស្ដេច

ដែល​ព្រះអង្គ​តែងតាំង

ព្រម​ទាំង​ប្រទាន​ព្រះចេស្ដា​ដល់​ព្រះមហាក្សត្រ

ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក»។

១១ បន្ទាប់​មក លោក​អែលកាណា​ក៏​វិល​ទៅ​ផ្ទះ​របស់​គាត់​នៅ​ភូមិ​រ៉ាម៉ា​វិញ រីឯ​កុមារ​សាមូអែល​នៅ​បំរើ​ព្រះអម្ចាស់ ជា​មួយ​លោក​បូជាចារ្យ​អេលី។

 

កូន​ប្រុស​ទាំង​ពីរ​របស់​លោក​អេលី

១២ កូន​ប្រុស​របស់​លោក​អេលី​ជា​មនុស្ស​ពាល ពួក​គេ​មិន​ស្គាល់​ព្រះអម្ចាស់​ទេ។ ១៣ ទោះ​បី​អ្នក​ទាំង​នោះ​ មាន​មុខងារ​ជា​បូជាចារ្យ​ក្ដី គេ​ប្រព្រឹត្ត​ចំពោះ​ប្រជាជន ដូច​ត​ទៅ: កាល​ណា​មាន​គេ​យក​យញ្ញបូជា​មក​ថ្វាយ​ព្រះអម្ចាស់ អ្នក​បំរើ​របស់​បូជាចារ្យ​ក៏​ចូល​មក​ចំ​ពេល​ដែល​គេ​ចំអិន​សាច់ ទាំង​កាន់​សម​មុខ​បី​មក​ជា​មួយ​ផង។ ១៤ អ្នក​បំរើ​នោះ​យក​សម​ ចាក់​សាច់​ដែល​គេ​ស្ងោរ នៅ​ក្នុង​ខ្ទះ ក្នុង​ឆ្នាំង ឬ​ក្នុង​ថ្លាង ហើយ​សាច់​ទាំង​ប៉ុន្មាន​ដែល​នៅ​ជាប់​នឹង​សម​នោះ បូជាចារ្យ​ប្រមូល​យក​ទាំង​អស់។ ពួក​គេ​តែងតែ​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ដែល​មក​ថ្វាយ​យញ្ញបូជា​នៅ​ស៊ីឡូ។ ១៥ ជួន​កាល​មុន​ពេល​គេ​ដុត ​ខ្លាញ់ អ្នក​បំរើ​របស់​បូជាចារ្យ​មក​និយាយ ​នឹង​អ្នក​ដែល​ថ្វាយ​យញ្ញបូជា​ថា៖ «ចូរ​ប្រគល់​សាច់​ដែល​ត្រូវ​អាំង​នេះ​ជូន​លោក​បូជាចារ្យ​ទៅ ដ្បិត​លោក​មិន​ទទួល​សាច់​ឆ្អិន​ពី​អ្នក​ទេ គឺ​លោក​ទទួល​តែ​សាច់​ឆៅ​ប៉ុណ្ណោះ»។ ១៦ ប្រសិន​បើ​អ្នក​នោះ​ ឆ្លើយ​ថា «ត្រូវ​ដុត​ខ្លាញ់​ជា​មុន​សិន រួច​សឹម​អ្នក​យក​តាម​ចិត្ត​ចុះ!» នោះ​អ្នក​បំរើ​ពោល​ឡើង​ថា «ទេ! ត្រូវ​ឲ្យ​ខ្ញុំ​ឥឡូវ​នេះ​មក បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​នឹង​យក​ដោយ​ប្រើ​កម្លាំង​បាយ!»។ ១៧ អំពើ​បាប​ដែល​កូន​ប្រុស​របស់​លោក​អេលី​ប្រព្រឹត្ត​នោះ ទាស់​នឹង​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​ខ្លាំង​ណាស់ ដ្បិត​ពួក​គេ​ប្រមាថ​មើលងាយ​តង្វាយ​របស់​ព្រះអង្គ។

 

កុមារ​សាមូអែល​នៅ​ស៊ីឡូ

១៨ កុមារ​សាមូអែល ​បំពេញ​ការងារ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះ​អម្ចាស់ គាត់​ពាក់​អាវ​អេផូដ*​ធ្វើ​ពី​ក្រណាត់​ទេសឯក។

​១៩ រៀង​រាល់​ឆ្នាំ ម្ដាយ​តែងតែ​ដេរ​អាវ​តូច​មួយ​យក​មក​ឲ្យ នៅ​ពេល​នាង​ឡើង​មក​ជា​មួយ​ប្ដី ដើម្បី​ថ្វាយ​យញ្ញបូជា​ប្រចាំ​ឆ្នាំ។ ២០ លោក​អេលី​ជូន​ពរ​លោក​អែលកាណា និង​នាង​ហាណ្ណា​ថា៖ «សូម​ព្រះអម្ចាស់​ប្រោស​ប្រទាន​ឲ្យ​អ្នក​មាន​កូន​ផ្សេង​ទៀត ជា​មួយ​ស្ត្រី​នេះ ជំនួស​កូន​ដែល​នាង​បាន​ថ្វាយ​ទៅ​ព្រះអម្ចាស់​!»។ បន្ទាប់​មក ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ២១ ព្រះអម្ចាស់​ ប្រោសប្រណី​ដល់​នាង​ហាណ្ណា នាង​ក៏​មាន​ផ្ទៃ​ពោះ​ជា​បន្ត​បន្ទាប់ ហើយ​សំរាល​បាន​កូន​ប្រុស​បី​នាក់ និង​ស្រី​ពីរ​នាក់។ រីឯ​កុមារ​សាមូអែល​មាន​វ័យ​ចំរើន​ធំ​ឡើង​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់។

 

លោក​អេលី​ស្ដី​បន្ទោស​កូនៗ​របស់​លោក

២២ លោក​អេលី​មាន​វ័យ​កាន់​ តែ​ចាស់​ជរា​ណាស់​ហើយ លោក​ឮ​គេ​និយាយ​ពី​អំពើ​ផ្សេងៗ ដែល​កូន​ប្រុស​ទាំង​ពីរ​របស់​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​ ទាំង​មូល ជា​ពិសេស លោក​ឮ​ថា កូន​របស់​លោក​តែងតែ​ដេក​ជា​មួយ​ស្រីៗ​ដែល​ធ្វើ​ការ​នៅ​មាត់​ទ្វារ​ ព្រះពន្លា។ ២៣ លោក​អេលី​ក៏​ពោល​ទៅ​ កូនៗ​របស់​លោក​ថា៖ «ហេតុ​អ្វី​បាន​ជា​កូន​ធ្វើ​ដូច្នេះ? ពុក​បាន​ឮ​ប្រជាជន​និយាយ​ពី​អំពើ​អាក្រក់​របស់​កូន​គ្រប់ៗ​គ្នា។ ២៤ កូន​អើយ មិន​ត្រូវ​ធ្វើ​បែប​នេះ​ឡើយ អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ពុក​បាន​ឮ​ប្រជាជន​និយាយ​ពី​កូន​នោះ អាក្រក់​ហួស​ហេតុ​ណាស់!

 

​២៥ ប្រសិន​ បើ​មនុស្ស​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ទៅ​លើ​ម្នាក់​ទៀត ព្រះជាម្ចាស់​នឹង​រក​ខុស​ត្រូវ​ឲ្យ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​គេ​ប្រព្រឹត្ត​អំពើ​បាប​ទៅ​លើ​ព្រះអម្ចាស់ តើ​នឹង​មាន​នរណា​រក​ខុស​ត្រូវ​ឲ្យ?»។ កូនៗ​លោក​អេលី​ពុំ​ព្រម​ស្ដាប់​តាម​ពាក្យ​ទូន្មាន​របស់​ឪពុក​ឡើយ ដ្បិត​ព្រះអម្ចាស់​បាន​សំរេច​ប្រហារ​ជីវិត​ពួក​គេ​ចោល។

២៦ រីឯ​កុមារ​សាមូអែល​មាន​វ័យ​ចំរើន​ធំ​ឡើង ជា​ទី​គាប់​ព្រះ​ហ​ឫ​ទ័យ​ព្រះអម្ចាស់ និង​ជា​ទី​ពេញ​ចិត្ត​របស់​មនុស្សម្នា​ទាំងឡាយ។

 

​ ព្យាយាយាការី​ម្នាក់​ប្រកាស​ពី​ការ​ដាក់​ទោស​គ្រួសារ​លោក​អេលី

២៧ ​មាន​អ្នក​ជំនិត​មួយ​រូប​របស់​ព្រះជាម្ចាស់​បាន​មក​ជួប​លោក​អេលី ពោល​ថា៖ «ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ:

“កាល​បុព្វបុរស​របស់​អ្នក​ស្ថិត​នៅ​ស្រុក​អេស៊ីប ជា​ទាសករ​របស់​ស្ដេច​ផារ៉ោន យើង​បាន​សំដែង​ឲ្យ​គេ​ស្គាល់​យើង។ ២៨ យើង​ជ្រើស​រើស​អរ៉ុន ជា​បុព្វបុរស​របស់​អ្នក ពី​ក្នុង​ចំណោម​កុលសម្ព័ន្ធ​ទាំង​អស់​របស់​ប្រជាជន​អ៊ីស្រាអែល ឲ្យ​បំពេញ​មុខងារ​ជា​បូជាចារ្យ ដើម្បី​ឡើង​ទៅ​អាសនៈ​ដុត​គ្រឿង​ក្រអូប និង​ពាក់​អាវ​អេផូដ* បំរើ​យើង។ យើង​បាន​ចែក​សាច់​ដែល​ជន​ជាតិ​អ៊ីស្រាអែល​យក​មក​ដុត​ជា​តង្វាយ​ដល់​យើង ឲ្យ​ពូជពង្ស​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា។

 

២៩ ហេតុ​ អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​យញ្ញបូជា និង​តង្វាយ ដែល​យើង​បង្គាប់​ឲ្យ​ប្រជាជន​យក​មក​ថ្វាយ នៅ​ក្នុង​ដំណាក់​របស់​យើង? ហេតុ​អ្វី​បាន​ជា​អ្នក​លើក​តម្កើង​កូន​របស់​អ្នក​ជាង​យើង ដោយ​បណ្ដោយ​ឲ្យ​កូន​យក​ចំណែក​តង្វាយ​ល្អៗ​របស់​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជាជន​របស់​យើង យក​ទៅ​បំប៉ន​ខ្លួន​ឯង​ដូច្នេះ?”

 

៣០ ហេតុ​នេះ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ដូច​ត​ទៅ: យើង​ធ្លាប់​សន្យា​ពី​មុន​មក​ថា ពូជពង្ស​នៃ​បុព្វបុរស​របស់​អ្នក គឺ​ពូជពង្ស​របស់​អ្នក នឹង​បំរើ​យើង​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ក៏​ប៉ុន្តែ ឥឡូវ​នេះ យើង​សូម​ប្រកាស​យ៉ាង​ឱឡារិក​ថា យើង​លុប​បំបាត់​ចោល​នូវ​ពាក្យ​សន្យា​នោះ​ហើយ! ដ្បិត​យើង​ផ្ដល់​កិត្តិយស​ដល់​អស់​អ្នក​ដែល​លើក​កិត្តិយស​យើង តែ​បើ​អ្នក​ណា​មើលងាយ​យើង យើង​ក៏​លែង​រាប់​រក​អ្នក​នោះ​វិញ​ដែរ! ៣១ ទៅ​អនាគត យើង​នឹង​ធ្វើ​ឲ្យ​អ្នក ព្រម​ទាំង​ពូជពង្ស​របស់​អ្នក បាក់​កម្លាំង ហើយ​ក្នុង​ពូជពង្ស​របស់​អ្នក គ្មាន​នរណា​ម្នាក់​មាន​អាយុ​វែង​ទៀត​ឡើយ។ ៣២ អ្នក​នឹង​ឃើញ​គូវិវាទ​ របស់​អ្នក ស្ថិត​នៅ​ក្នុង​ដំណាក់​របស់​យើង។ ប្រជាជន​អ៊ីស្រាអែល​នឹង​ទទួល​សេចក្ដី​សុខ​ចំរើន ដោយសារ​អ្នក​នោះ រីឯ​ក្នុង​ពូជពង្ស​របស់​អ្នក​វិញ គ្មាន​នរណា​ម្នាក់​មាន​អាយុ​វែង​ទៀត​ឡើយ។ ៣៣ ទោះ​ជា​យ៉ាង​ណា​ក្ដី យើង​នឹង​ទុក​ឲ្យ​មាន​មនុស្ស​ម្នាក់​ក្នុង​ពូជពង្ស​របស់​អ្នក បំពេញ​មុខងារ​នៅ​ជិត​អាសនៈ​របស់​យើង ដើម្បី​ឲ្យ​អ្នក​ឈឺ​ចិត្ត និង​បាត់​បង់​សេចក្ដី​សង្ឃឹម។ រីឯ​កូន​ចៅ​ឯ​ទៀតៗ​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ នឹង​ត្រូវ​ស្លាប់ ក្នុង​ពេល​កំពុង​តែ​ពេញ​វ័យ។ ៣៤ អ្នក​នឹង​ឃើញ​ការ​ដែល​ កើត​មាន​ចំពោះ​កូន​ប្រុស​ទាំង​ពីរ​របស់​អ្នក គឺ​ហូបនី និង​ភីនេអាស ទុក​ជា​ទី​សំគាល់។ ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ត្រូវ​ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ។ ៣៥ បន្ទាប់​មក យើង​ជ្រើស​រើស​យក​បូជាចារ្យ​មួយ​រូប ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ហើយ​ប្រព្រឹត្ត​តាម​ចិត្ត និង​តាម​គោល​គំនិត​របស់​យើង។ យើង​នឹង​ឲ្យ​គេ​មាន​ពូជពង្ស​មួយ​ដែល​មាន​ស្ថិរភាព គេ​នឹង​បំរើ​ស្ដេច​ដែល​យើង​ចាក់​ប្រេង​អភិសេក​ជា​រៀង​រហូត។ ៣៦ ពេល​នោះ ពូជពង្ស​របស់​អ្នក​ដែល​នៅ​សេសសល់ នឹង​មក​ក្រាប​សំពះ​អ្នក​នោះ ដើម្បី​សុំ​ប្រាក់ និង​សុំ​អាហារ​ទាំង​អង្វរ​ថា “សូម​មេត្តា​អនុ​ញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទនៅ​បំពេញ​ការងារ​ជា​បូជាចារ្យ​ជា​មួយ​លោក ដើម្បី​ឲ្យ​ខ្ញុំ​ប្របាទ​មាន​អាហារ​ខ្លះ​សំរាប់​បរិភោគ​ផង”»​។

ព្រះអម្ចាស់​ត្រាស់​ហៅ​កុមារ​សាមូអែល

១ កុមារ​សាមូអែល​នៅ​បំរើ​ព្រះអម្ចាស់​ជា​មួយ​លោក​អេលី។ នៅ​គ្រា​នោះ ព្រះអម្ចាស់​កម្រ​មាន​ព្រះបន្ទូល​មក​កាន់​ប្រជាជន​អ៊ីស្រាអែល​ណាស់ ហើយ​ក៏​កម្រ​ឲ្យ​នរណា​ម្នាក់​និមិត្ត​ឃើញ​ការ​អស្ចារ្យ​មក​ពី​ព្រះអង្គ​ដែរ។ ២ ពេល​នោះ ភ្នែក​របស់​លោក​អេលី​ចាប់​ផ្ដើម​ងងឹត មើល​អ្វី​សឹង​តែ​លែង​ឃើញ​ទៀត។ មាន​យប់​មួយ លោក​អេលី​សម្រាន្ដ​នៅ​ក្នុង​បន្ទប់​របស់​លោក ៣ រីឯ​ចង្កៀង​ដែល​គេ​ដុត​ក្នុង​ទីសក្ការៈ មិន​ទាន់​រលត់​នៅ​ឡើយ ហើយ​កុមារ​សាមូអែល​ដេក​ក្នុង​ព្រះវិហារ​របស់​ព្រះអម្ចាស់ ត្រង់​កន្លែង​តម្កល់​ហិប​នៃ​សម្ពន្ធមេត្រី*​របស់​ព្រះជាម្ចាស់។ ៤​ ​ពេល​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ហៅ​កុមារ​សាមូអែល កុមារ​សាមូអែល​ក៏​ឆ្លើយ «បាទ!» ៥ ហើយ​រត់​ទៅ​រក​លោក​អេលី ទាំង​ពោល​ថា៖ «បាទ! លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ លោក​អេលី​ឆ្លើយ​ថា៖ «តា​មិន​បាន​ហៅ​ឯង​ទេ ទៅ​ដេក​វិញ​ទៅ!»។ កុមារ​សាមូអែល​ក៏​ត្រឡប់​ទៅ​ដេក​វិញ។ ៦ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ហៅ​កុមារ​សាមូអែល​ម្ដង​ទៀត សាមូអែល​ក្រោក​ឡើង រត់​ទៅ​រក​លោក​អេលី ទាំង​ពោល​ថា៖ «បាទ! លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ លោក​ឆ្លើយ​ថា៖ «តា​មិន​បាន​ហៅ​ឯង​ទេ ទៅ​ដេក​វិញ​ទៅ កូន​អើយ!»។ ៧ កុមារ​សាមូអែល​មិន​ទាន់​ស្គាល់​ព្រះអម្ចាស់​ទេ ដ្បិត​មក​ទល់​ពេល​នោះ ព្រះអង្គ​ពុំ​ធ្លាប់​មាន​ព្រះបន្ទូល​មក​កាន់​គេ​នៅ​ឡើយ។ ៨ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ហៅ​កុមារ​សាមូអែល​ម្ដង​ទៀត ជា​លើក​ទី​បី។ កុមារ​សាមូអែល​ក៏​ក្រោក​ឡើង រត់​ទៅ​រក​លោក​អេលី ទាំង​ពោល​ថា៖ «បាទ លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ ពេល​នោះ លោក​អេលី​យល់​ថា​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ហៅ​ក្មេង​នេះ។ ៩ លោក​អេលី​ប្រាប់​សាមូអែល​ថា៖ «ទៅ​ដេក​វិញ​ចុះ ប្រសិន​បើ​មាន​ឮ​សំឡេង​ហៅ​ម្ដង​ទៀត ត្រូវ​ឆ្លើយ​ថា “បពិត្រ​ព្រះអម្ចាស់ សូម​មាន​ព្រះបន្ទូល​មក​ចុះ ទូលបង្គំ ជា​អ្នក​បំរើ រង់ចាំ​ស្ដាប់​ហើយ”»។ កុមារ​សាមូអែល​ក៏​ត្រឡប់​ទៅ​ដេក​នៅ​កន្លែង​ដដែល​វិញ។ ១០ ព្រះអម្ចាស់​ យាង​មក​ឈរ​នៅ​ក្បែរ​នោះ ហើយ​មាន​ព្រះបន្ទូល​ហៅ​ដូច​លើក​មុនៗ​ថា៖ «សាមូអែល! សាមូ​អែល!» កុមារ​សាមូអែល​ឆ្លើយ​ថា៖ «សូម​មាន​ព្រះបន្ទូល​មក​ចុះ ទូលបង្គំ ជា​អ្នក​បំរើ រង់ចាំ​ស្ដាប់​ព្រះអង្គ​ហើយ»។ ១១ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​កុមារ​សាមូអែល​ថា៖ «មើល៍! យើង​នឹង​ធ្វើ​ឲ្យ​មាន​ហេតុការណ៍​មួយ​ដ៏​រន្ធត់ កើត​ឡើង​នៅ​ស្រុក​អ៊ីស្រា​អែល។ នរណា​ក៏​ដោយ​ឲ្យ​តែ​ឮ​គេ​និយាយ​អំពី​ហេតុការណ៍​នេះ ក៏​តក់ស្លុត​ដែរ។ ១២ នៅ​ថ្ងៃ​នោះ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អេលី​ស្រប​តាម​សេចក្ដី​ទាំង​អស់ ដែល​យើង​បាន​ព្រមាន​គ្រួសារ​គាត់ តាំង​ពី​ដើម​ដល់​ចប់។ ១៣ យើង​បាន​ប្រាប់​គាត់​ រួច​ហើយ​ថា យើង​នឹង​ដាក់​ទោស​គ្រួសារ​របស់​គាត់​រហូត​ត​ទៅ ព្រោះ​តែ​កំហុស​ដែល​កូនៗ​របស់​គាត់​បាន​ប្រព្រឹត្ត ហើយ​គាត់​ដឹង​យ៉ាង​ច្បាស់​ថា កូនៗ​របស់​គាត់​ប្រមាថ​មើលងាយ​យើង តែ​គាត់​មិន​ស្ដី​បន្ទោស​កូន​ទេ។ ១៤ ហេតុ​នេះ​ហើយ​បាន​ជា​ យើង​ប្រាប់​ក្រុម​គ្រួសារ​អេលី​យ៉ាង​ម៉ឺងម៉ាត់​ថា យើង​មិន​លើកលែង​ទោស​របស់​ពួក​គេ​ទេ ទោះ​បី​ពួក​គេ​យក​យញ្ញបូជា ឬ​តង្វាយ​អ្វី​មក​ថ្វាយ​យើង​ក៏​ដោយ»។

 

១៥ ​កុមារ​សាមូអែល​ដេក​រហូត​ដល់​ព្រឹក រួច​ក៏​បើក​ទ្វារ​ព្រះ​ដំ​ណា​ក់​របស់​ព្រះអម្ចាស់។ កុមារ​សាមូអែល​មិន​ហ៊ាន​ជំរាប​​លោក​អេលី អំពី​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ ដែល​ព្រះជាម្ចាស់​សំដែង​ឲ្យ​ខ្លួន​ឃើញ​ឡើយ។ ១៦ លោក​អេលី​ហៅ​កុមារ​សាមូអែល​ថា៖ «កូន​សាមូអែល​អើយ!»។ សាមូអែល​ឆ្លើយ «បាទ!»។ ១៧ លោក​សួរ​ថា៖ «តើ​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​កូន​ឯង​ដូច​ម្ដេច​ខ្លះ? កុំ​លាក់​នឹង​តា​អី ប្រសិន​បើ​កូន​លាក់​ពាក្យពេចន៍​ណា​មួយ​ដែល​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ ប្រាប់​នោះ សូម​ព្រះអង្គ​ដាក់​ទោស​កូន​យ៉ាង​ធ្ងន់​ចុះ!»។ ១៨ កុមារ​សាមូអែល​ក៏​រៀប​ រាប់​ព្រះបន្ទូល​ទាំង​អស់​ប្រាប់​លោក​អេលី ដោយ​ឥត​លាក់លៀម​ពាក្យ​ណា​មួយ​ឡើយ។ លោក​មាន​ប្រសាសន៍​ថា៖ «ព្រះអង្គ​ជា​ព្រះអម្ចាស់ សូម​ព្រះអង្គ​សំរេច​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​ចុះ!»។

 

១៩ សាមូអែល​មាន​វ័យ​ចំរើន​ធំ​ឡើង ព្រះអម្ចាស់គង់​ជា​មួយ​លោក ហើយ​គ្រប់​សេចក្ដី​ដែល​លោក​ថ្លែង​ក្នុង​ព្រះនាម​របស់​ព្រះអង្គ សុទ្ធ​តែ​បាន​សំរេច​ទាំង​អស់។ ២០ ក្នុង​ស្រុក​អ៊ីស្រាអែល ​ទាំង​មូល ចាប់​តាំង​ពី​ក្រុង​ដាន់​រហូត​ដល់​ក្រុង​បៀរសេបា ប្រជា​ជន​គ្រប់ៗ​គ្នា​ទទួល​ស្គាល់​ថា លោក​សាមូអែល​ពិត​ជា​ព្យាការី​របស់​ព្រះអម្ចាស់​មែន។ ២១ ព្រះអម្ចាស់​នៅ​តែ​បន្ត​យាង​មក​ស៊ីឡូ។ នៅ​ទី​នោះ ព្រះអម្ចាស់​សំដែង​ឲ្យ​លោក​សាមូអែល​ស្គាល់ តាម​រយៈ​ព្រះបន្ទូល​របស់​ព្រះអង្គ។

១ លោក​សាមូអែល​ក៏​នាំ​យក​ព្រះបន្ទូល​នេះ ទៅ​ប្រកាស​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល។

 

ជន​ជាតិ​ភីលីស្ទីន​ដណ្ដើម​យក​បាន​ហិប​នៃ​សម្ពន្ធមេត្រី

ថ្ងៃ​មួយ ជន​ជាតិ​អ៊ីស្រាអែល​បាន​ចេញ​ទៅ​ច្បាំង​តទល់​នឹង​ជន​ជាតិ​ភីលីស្ទីន។ ពួក​គេ​បោះ​ទ័ព​នៅ​ជិត​អេបេន-អេស៊ែរ រីឯ​ពួក​ភីលីស្ទីន​បោះ​ទ័ព​នៅ​អាផេក។ ២ ជន​ជាតិ​ភីលីស្ទីន​តំរៀប​ ទ័ព​ប្រឈម​មុខ​នឹង​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ការ​ប្រយុទ្ធ​ក៏​ផ្ទុះ​ឡើង​។ ជន​ជាតិ​ភីលីស្ទីន​វាយ​ឈ្នះ​ជន​ជាតិ​អ៊ីស្រាអែល និង​សម្លាប់​ទាហាន​អ៊ីស្រាអែល​នៅ​លើ​សមរភូមិ អស់​ប្រហែល​បួន​ពាន់​នាក់។ ៣ ទាហាន​ដែល​នៅ​សេសសល់ នាំ​គ្នា​វិល​ត្រឡប់​មក​ទី​តាំង​ទ័ព​វិញ។ ពួក​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ពោល​ថា៖ «ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជា​ព្រះអម្ចាស់​បណ្ដោយ​ឲ្យ​យើង​ចាញ់​ពួក​ភីលីស្ទីន​ដូច្នេះ? ចូរ​យើង​ទៅ​ស៊ីឡូ នាំ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់​យក​មក​ជា​មួយ​ពួក​យើង ដើម្បី​ឲ្យ​ហិប​នោះ​សង្គ្រោះ​ពួក​យើង​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ»។ ៤ គេ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ីឡូ ហើយ​នាំ​យក​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់​ នៃ​ពិភព​ទាំង​មូល ជា​ព្រះ​ដែល​គង់​នៅ​លើ​ពួក​ខេរូប៊ីន*។ កូន​ប្រុស​ទាំង​ពីរ​របស់​លោក​អេលី គឺ​ហូបនី និង​ភីនេអាស មក​ជា​មួយ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះជាម្ចាស់​ដែរ។

 

៥ ពេល​គេ​នាំ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់​មក​ដល់​ទី​តាំង​ទ័ព ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​ស្រែក​ជយឃោស​យ៉ាង​ខ្លាំង រហូត​ដល់​ធ្វើ​ឲ្យ​ខ្ទរ​ផែនដី។ ៦ កាល​ពួក​ភីលីស្ទីន​ឮ​ សំរែក​ជ័យ​ឃោស​យ៉ាង​ខ្លាំង​នេះ ក៏​ពោល​ថា៖ «តើ​មាន​រឿង​អ្វី​បាន​ជា​ពួក​ហេប្រឺ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​នៅ​ក្នុង​ជំរំ​ ខ្លាំង​ម៉្លេះ?»។ បន្ទាប់​មក ទើប​ពួក​នេះ​យល់​ថា​ហិប​របស់​ព្រះអម្ចាស់​មក​ដល់​ជំរំ​ហើយ។ ៧​ ​ពួក​ភីលីស្ទីន​ក៏​ភិតភ័យ ហើយ​ពោល​ថា៖ «ព្រះ​របស់​ពួក​គេ​យាង​មក​ដល់​ជំរំ​របស់​គេ​ហើយ។ យើង​មុខ​ជា​ត្រូវ​វេទនា​ពុំខាន ដ្បិត​ពី​មុន មិន​ដែល​មាន​ហេតុការណ៍​ដូច្នេះ​ទេ។ ៨ យើង​មុខ​ជា​ត្រូវ​វេទនា​ ពុំខាន! តើ​នរណា​នឹង​រំដោះ​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ព្រះ​ដ៏​ខ្លាំង​ពូកែ​នោះ? គឺ​ព្រះ​នោះ​ហើយ​ដែល​បាន​វាយ​ជន​ជាតិ​អេស៊ីប​ឲ្យ​រង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង នៅ​វាល​រហោ​ស្ថាន។ ៩ ភីលីស្ទីន​អើយ! ចូរ​មាន​កម្លាំង និង​ចិត្ត​អង់អាច​ឡើង ដើម្បី​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ទៅ​ជា​ខ្ញុំ​បំរើ​របស់​ពួក​ហេប្រឺ ដូច​ពួក​គេ​បាន​ធ្វើ​ជា​ខ្ញុំ​បំរើ​របស់​យើង​ដែរ។ ចូរ​មាន​ចិត្ត​អង់អាច ហើយ​ប្រយុទ្ធ​នឹង​ពួក​គេ​ចុះ!»។ ១០ ពួក​ភីលីស្ទីន​ក៏​ចូល​ ប្រយុទ្ធ ហើយ​វាយ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​បរាជ័យ បាក់​ទ័ព រត់​ទៅ​ជំរំ​របស់​គេ​រៀងៗ​ខ្លួន។ នៅ​ពេល​នោះ ពួក​អ៊ីស្រាអែល​បរាជ័យ​យ៉ាង​ធ្ងន់ គឺ​កងពល​ថ្មើរ​ជើង​របស់​គេ​ស្លាប់​អស់​បី​ម៉ឺន​នាក់។ ១១ ហិប​របស់​ព្រះ​ជាម្ចាស់​ ត្រូវ​ខ្មាំង​ដណ្ដើម​យក​បាន ហើយ​កូន​ប្រុស​ទាំង​ពីរ​របស់​លោក​អេលី គឺ​ហូបនី និង​ភីនេអាស​ក៏​បាត់​បង់​ជីវិត​ដែរ។

 

មរណភាព​របស់​លោក​បូជាចារ្យ​អេលី ព្រម​ទាំង​កូន​ប្រសា​ស្រី​របស់​លោក

១២ នៅ​ថ្ងៃ​ដដែល​នោះ បុរស​ម្នាក់​ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន​បាន​រត់​ពី​សមរភូមិ​ទៅ​ដល់​ស៊ីឡូ ខោអាវ​របស់​គាត់​រហែក​ដាច់​អស់ ហើយ​ក្បាល​គាត់​ប្រឡាក់​ទៅ​ដោយ​ធូលី​ដី​ផង។ ១៣ កាល​បុរស​នោះ​មក​ដល់ លោក​អេលី​កំពុង​តែ​អង្គុយ​លើ​កៅអី រង់ចាំ​នៅ​មាត់​ផ្លូវ ចិត្ត​របស់​លោក​អន្ទះសា ដោយ​នឹក​បារម្ភ​អំពី​ហិប​នៃ​ព្រះជាម្ចាស់។ បុរស​នោះ​ចូល​មក​ក្នុង​ទីក្រុង រួច​ប្រកាស​ដំណឹង​ដល់​ប្រជាជន។ អ្នក​ក្រុង​ទាំង​មូល​នាំ​គ្នា​ស្រែក​យំ​យ៉ាង​ខ្លោចផ្សា​។ ១៤ កាល​ឮ​ប្រជាជន​ស្រែក​យំ ​ដូច្នេះ លោក​អេលី​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាន​សំរែក​អឺងកង​យ៉ាង​នេះ?»។ បុរស​នោះ​ក៏​ប្រញាប់ប្រញាល់​ចូល​ទៅ​ជំរាប​ដំណឹង​ដល់​លោក។ ១៥ នៅ​គ្រា​នោះ លោក​អេលី​មាន​អាយុ​កៅសិប​ប្រាំ​បី​ឆ្នាំ​ហើយ ភ្នែក​របស់​លោក​ងងឹត​មើល​អ្វី​លែង​ឃើញ។ ១៦ បុរស​នោះ​ជំរាប​លោក​ អេលី​ថា៖ «ខ្ញុំ​ប្របាទ​មក​ពី​សមរភូមិ ហើយ​ទើប​នឹង​រត់​មក​ដល់​ថ្ងៃ​នេះ»។ លោក​អេលី​ក៏​សួរ​ថា៖ «យ៉ាងម៉េច​ទៅ​ហើយ កូន​អើយ?»។ ១៧ បុរស​ដែល​នាំ​ដំណឹង​មក​ នោះ ជំរាប​លោក​ថា៖ «ពួក​អ៊ីស្រាអែល​យើង​បាន​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​ពួក​ភីលីស្ទីន គឺ​យើង​ទទួល​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ កូន​ប្រុស​ទាំង​ពីរ​របស់​លោក គឺ​ហូបនី និង​ភីនេអាស​ក៏​ស្លាប់ រីឯ​ហិប​របស់​ព្រះជាម្ចាស់​ក៏​ត្រូវ​គេ​ដណ្ដើម​យក​ទៅ​ដែរ»។ ១៨ ពេល​គេ​រៀប​រាប់​អំពី​ ហិប​របស់​ព្រះជាម្ចាស់​មិន​ទាន់​ចប់​ស្រួលបួល​ផង លោក​អេលី​ធ្លាក់​ពី​កៅអី បោក​ត្រូវ​លើ​ជ្រុង​ទ្វារ បាក់​ក​ស្លាប់​មួយ​រំពេច ព្រោះ​លោក​មាន​វ័យ​ចាស់​ជរា ព្រម​ទាំង​ធាត់​ទៀត​ផង។ លោក​អេលី​គ្រប់គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល អស់​រយៈ​ពេល​សែសិប​ឆ្នាំ។

 

១៩ រីឯ​កូន ​ប្រសា​ស្រី​របស់​លោក​អេលី គឺ​ប្រពន្ធ​របស់​លោក​ភីនេអាស មាន​ផ្ទៃ​ពោះ​គ្រប់​ខែ​ហើយ។ កាល​នាង​ទទួល​ដំណឹង​ថា គេ​បាន​ដណ្ដើម​យក​ហិប​របស់​ព្រះជាម្ចាស់ ហើយ​ឪពុក​ក្មេក និង​ប្ដី​របស់​នាង​ក៏​ស្លាប់​ដែរ នោះ​នាង​ទន់​ជង្គង់ ចាប់​ផ្ដើម​ឈឺ​ផ្ទៃ ហើយ​សំរាល​កូន។ ២០ ពេល​នាង​ជិត​ផុត​ដង្ហើម ពួក​ស្រីៗ​ដែល​នៅ​ឈរ​ក្បែរ​នាង​ពោល​ឡើង​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី ព្រោះ​នាង​សំរាល​បាន​កូន​ប្រុស​មួយ!»។ ប៉ុន្តែ នាង​ពុំ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ឬ​ឆ្លើយ​តប​ទៅ​ពួក​គេ​វិញ​ទេ។ ២១ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា «អ៊ីកាបុដ» ដែល​មាន​ន័យ​ថា «សិរីរុងរឿង​បាន​ចាក​ចេញ​ពី​ជន​ជាតិ​អ៊ីស្រាអែល​ហើយ!»។ នាង​ពោល​ដូច្នេះ មក​ពី​ខ្មាំង​ដណ្ដើម​យក​បាន​ហិប​របស់​ព្រះជាម្ចាស់ ហើយ​ឪពុក​ក្មេក និង​ប្ដី​របស់​នាង​ក៏​ស្លាប់​ដែរ។ ២២ នាង​ពោល​ថា៖ «សិរីរុងរឿង​បាន​ចាក​ចេញ​ពី​ជន​ជាតិ​អ៊ីស្រាអែល​ហើយ» ដ្បិត​ខ្មាំង​ដណ្ដើម​យក​បាន​ហិប​របស់​ព្រះជាម្ចាស់!

ហិប​នៃ​សម្ពន្ធមេត្រី​នៅ​ស្រុក​ភីលីស្ទីន

​​១ ពួក​ភីលីស្ទីន​ដណ្ដើម​យក​បាន​ហិប​របស់​ព្រះជាម្ចាស់ ហើយ​ដឹក​ពី​អេបេន-អេស៊ែរទៅ​ក្រុង​អាស្តូត។ ២ ពួក​ភីលីស្ទីន​យក​ហិប​របស់​ព្រះជាម្ចាស់ ចូល​ទៅ​ក្នុង​វិហារ​របស់​ព្រះដាកុន ហើយ​តម្កល់​នៅ​ជិត​រូប​សំណាក​របស់​ព្រះដាកុន។ ៣ លុះ​ស្អែក​ឡើង ពួក​អ្នក​ក្រុង​អាស្តូត​ក្រោក​ពី​ព្រលឹម ឃើញ​រូប​ព្រះដាកុន​នោះ​ធ្លាក់​ផ្កាប់​មុខ​នៅ​លើ​ដី ខាង​មុខ​ហិប​របស់​ព្រះ​អម្ចាស់។ ពួក​គេ​លើក​រូប​ព្រះដាកុន​នោះ​ឡើង ដាក់​ត្រង់​កន្លែង​ដើម​វិញ។ ៤ លុះ​ស្អែក​ឡើង ពួក​គេ​ក្រោក​ពី​ព្រលឹម ឃើញ​រូប​ព្រះដាកុន​នោះ​ធ្លាក់​ផ្កាប់​មុខ​នៅ​លើ​ដី ខាង​មុខ​ហិប​របស់​ព្រះ​អម្ចាស់​ទៀត។ ក្បាល និង​ដៃ​ទាំង​ពីរ​របស់​រូប​ព្រះដាកុន បាក់​ខ្ទាត​ទៅ​នៅ​មាត់​ទ្វារ​វិហារ គឺ​នៅ​សល់​តែ​ដង​ខ្លួន​ប៉ុណ្ណោះ។ ៥ ហេតុ​នេះ​ហើយ​បាន​ជា​រហូត ​មក​ទល់​សព្វ​ថ្ងៃ ពួក​បូជាចារ្យ​របស់​ព្រះដាកុន និង​អស់​អ្នក​ដែល​ចូល​ក្នុង​វិហារ​ព្រះដាកុន មិន​ហ៊ាន​ដើរ​ជាន់​មាត់​ទ្វារ​វិហារ​នេះ​ឡើយ។ ៦ ព្រះអម្ចាស់​ សំដែង​ឫទ្ធានុភាព​ដាក់​ទោស​អ្នក​ក្រុង​អាស្តូត គឺ​ព្រះអង្គ​បង្ក​ឲ្យ​មាន​វិនាសកម្ម​ក្នុង​ចំណោម​ពួក​គេ ព្រះអង្គ​ធ្វើ​ឲ្យ​ប្រជាជន​នៅ​ក្រុង​អាស្តូត និង​ស្រុក​ភូមិ​នៅ​ជុំវិញ​កើត​ឫសដូងបាត។ ៧ កាល​ពួក​គេ​ឃើញ​ហេតុការណ៍ ​ទាំង​ប៉ុន្មាន ដែល​កើត​មាន​ចំពោះ​ខ្លួន​ដូច្នេះ ក៏​និយាយ​ថា៖ «មិន​ត្រូវ​ទុក​ហិប​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ក្នុង​ស្រុក​យើង​ ឡើយ ដ្បិត​ឫទ្ធានុភាព​របស់​ព្រះ​នេះ​សង្កត់​មក​លើ​ពួក​យើង និង​ព្រះដាកុន​របស់​យើង​ខ្លាំង​ណាស់»។ ៨ ពួក​គេ​ចាត់​មនុស្ស​ឲ្យ​ ទៅ​អញ្ជើញ​ស្ដេច​ត្រាញ់​ទាំង​អស់​នៃ​ជន​ជាតិ​ភីលីស្ទីន​មក រួច​ពោល​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​ហិប​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល?»។ ស្ដេច​ត្រាញ់​ទាំង​នោះ​ឆ្លើយ​ថា៖ «ត្រូវ​ផ្ទេរ​ហិប​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា​អែល​​នេះ​ទៅ​ក្រុង​កាថ​វិញ!»។ ពួក​គេ​ក៏​ផ្ទេរ​ហិប​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ទៅ​ក្រុង​នោះ។ ៩ កាល​គេ​ផ្ទេរ​ហិប​ទៅ​ដល់​ក្រុង​កាថ​ហើយ ព្រះអម្ចាស់​ក៏​បាន​ដាក់​ទោស​ក្រុង​នោះ​ដែរ ដោយ​ធ្វើ​ឲ្យ​មាន​កើត​វឹកវរ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុង គឺ​ព្រះអង្គ​ដាក់​ទណ្ឌកម្ម​ពួក​គេ​ឲ្យ​កើត​ឫសដូងបាត តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ។ ១០ ដូច្នេះ ពួក​គេ​បញ្ជូន​ហិប​របស់​ព្រះជាម្ចាស់​ទៅ​ក្រុង​អេក្រូន​វិញ។ ប៉ុន្តែ ពេល​គេ​នាំ​ហិប​របស់​ព្រះជាម្ចាស់​ចូល​ទៅ​ក្នុង​ក្រុង​អេក្រូន ប្រជាជន​នៅ​ក្រុង​នោះ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «គេ​បាន​ផ្ទេរ​ហិប​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ​មក​ក្នុង​ក្រុង​យើង ដើម្បី​សម្លាប់​យើង​ទាំង​អស់​គ្នា​ហើយ»។ ១១ ពួក​គេ​ក៏​ចាត់​មនុស្ស​ ឲ្យ​ទៅ​អញ្ជើញ​ស្ដេច​ត្រាញ់​ទាំង​អស់​ នៃ​ជន​ជាតិ​ភីលីស្ទីន​មក រួច​ពោល​ថា៖ «ចូរ​បញ្ជូន​ហិប​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ត្រឡប់​ទៅ​កន្លែង​ដើម​វិញទៅ ដើម្បី​កុំ​ឲ្យ​យើង​ទាំង​អស់​គ្នា​ត្រូវ​ស្លាប់ ដោយសារ​ហិប​នោះ»។

 

នៅ​ក្នុង​ទីក្រុង​ទាំង​មូល មាន​កើត​ជ្រួលច្របល់​យ៉ាង​ខ្លាំង ព្រោះ​​ព្រះជាម្ចាស់​បាន​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់ធ្ងរ។ ១២ អស់​អ្នក​ដែល​នៅ​សល់​ពី​ស្លាប់​សុទ្ធ​តែ​កើត​ឫសដូងបាត ហើយ​សំរែក​របស់​ពួក​គេ​លាន់​ឮ​រំពង រហូត​ដល់​លើ​មេឃ។

ជន​ជាតិ​ភីលីស្ទីន​បញ្ជូន​ហិប​នៃ​សម្ពន្ធមេត្រី ទៅ​ស្រុក​អ៊ីស្រាអែល

១ ហិប​របស់​ព្រះអម្ចាស់​ស្ថិត​នៅ​លើ​ទឹក​ដី​ភីលីស្ទីន អស់​រយៈ​ពេល​ប្រាំពីរ​ខែ។ ២ ជន​ជាតិ​ភីលីស្ទីន​ហៅ​ពួក​បូជា​ចារ្យ និង​គ្រូ​ទាយ​របស់​ពួក​គេ​មក​សួរ​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​ហិប​របស់​ព្រះអម្ចាស់? សូម​ប្រាប់​យើង​មក តើ​យើង​ត្រូវ​បញ្ជូន​ហិប​នេះ​ទៅ​កន្លែង​ដើម​វិញ​ដោយ​វិធី​ណា?»។ ៣ ពួក​គេ​តប​មក​វិញ​ថា៖ «បើ​សិន​ជា​អ្នក​រាល់​គ្នា​ចង់​បញ្ជូន​ហិប​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ​ត្រឡប់​ទៅ​វិញ សូម​កុំ​បញ្ជូន​ទៅ​ដោយ​ឥត​ផ្ញើ​អ្វី​ទៅ​ជា​មួយ​ឡើយ គឺ​ត្រូវ​យក​តង្វាយ​ទៅ​ថ្វាយ​ព្រះអង្គ សូម​ព្រះអង្គ​លើកលែង​ទោស​ឲ្យ​អ្នក​រាល់​គ្នា ដើម្បី​អ្នក​រាល់​គ្នា​បាន​ជា​សះស្បើយ ហើយ​ដឹង​អំពី​មូល​ហេតុ​ដែល​ព្រះអង្គ​ដាក់​ទោស​អ្នក​រាល់​គ្នា»។ ៤ ជន​ជាតិ​ភីលីស្ទីន​សួរ​ ទៀត​ថា៖ «តើ​យើង​ត្រូវ​យក​តង្វាយ​អ្វី​ទៅ​ថ្វាយ ដើម្បី​សូម​ព្រះអង្គ​លើកលែង​ទោស​ឲ្យ?»។ ពួក​បូជាចារ្យ និង​ពួក​គ្រូ​ទាយ​ឆ្លើយ​ថា៖ «សូម​យក​រូប​ឫសដូងបាត​ធ្វើ​ពី​មាស​ចំនួន​ប្រាំ និង​រូប​កណ្ដុរ​មាស​ប្រាំ ស្រប​តាម​ចំនួន​ស្ដេច​ត្រាញ់​ទាំង​ប្រាំ នៃ​ជន​ជាតិ​ភីលីស្ទីន ដ្បិត​អ្នក​រាល់​គ្នា និង​ស្ដេច​ត្រាញ់​ទាំង​ប្រាំ សុទ្ធ​តែ​បាន​រង​គ្រោះ​កាច​ដូចៗ​គ្នា។ ៥ ចូរ​ឆ្លាក់​រូប​ឫសដូងបាត និង​រូប​កណ្ដុរ ដែល​រាត​ត្បាត​ស្រុក​របស់​អ្នក​រាល់​គ្នា រួច​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ទៅ នោះ​ប្រហែល​ជា​ព្រះអង្គ​នឹង​បន្ធូរ​បន្ថយ​ទណ្ឌកម្ម​លើ​អ្នក​រាល់​គ្នា លើ​ព្រះ​របស់​អ្នក​រាល់​គ្នា និង​លើ​ស្រុក​របស់​អ្នក​រាល់​គ្នា​ផង។ ៦ ហេតុ​អ្វី​បាន​ជា​អ្នក​ រាល់​គ្នា​មាន​ចិត្ត​រឹងរូស​ដូច​ជន​ជាតិ​អេស៊ីប និង​ព្រះចៅ​ផារ៉ោន​ដូច្នេះ? ព្រះជា​ម្ចាស់​បាន​ដាក់​ទោស​ជន​ជាតិ​អេស៊ីប​យ៉ាង​ធ្ងន់ រហូត​ដល់​ពួក​គេ​យល់​ព្រម​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​នោះ។ ៧ ​ចូរ​រៀបចំ​រទេះ​ថ្មី​មួយ ព្រម​ទាំង​យក​មេ​គោ​ពីរ​ក្បាល ដែល​កំពុង​បំបៅ​កូន និង​ពុំ​ដែល​ទឹម​សោះ មក​ទឹម​រទេះ​នោះ រួច​បំបែក​កូន​វា ដោយ​ឃាំង​ទុក​ក្នុង​ក្រោល។ ៨ ចូរ​យក​ហិប​របស់​ព្រះអម្ចាស់​ ទៅ​ដាក់​លើ​រទេះ រួច​យក​វត្ថុ​ធ្វើ​អំពី​មាស​ដាក់​ក្នុង​ប្រអប់​មួយ ជិត​ហិប។ វត្ថុ​ទាំង​នោះ​ជា​តង្វាយ សំរាប់​សូម​ព្រះអង្គ​លើកលែង​ទោស។ បន្ទាប់​មក ទុក​ឲ្យ​មេ​គោ​នាំ​ហិប​នោះ​ចេញ​ទៅ ដោយ​គ្មាន​អ្នក​បរ។ ៩ ចូរ​តាម​មើល ប្រសិន​បើ​មេ​គោ​នាំ​ហិប​នោះ​ឆ្ពោះ​ទៅ​ស្រុក​អ៊ីស្រាអែល​ត្រង់​បេតសេម៉េស នោះ​ស​ឲ្យ​ឃើញ​ថា ពិត​ជា​ព្រះអម្ចាស់ ដែល​បាន​ធ្វើ​ឲ្យ​ពួក​យើង​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​នេះ។ ប៉ុន្តែ បើ​វា​មិន​ដើរ​ឆ្ពោះ​ទៅ​ទិស​នោះ​ទេ យើង​នឹង​ដឹង​ថា មិន​មែន​ព្រះអង្គ​ទេ​ដែល​ដាក់​ទោស​ពួក​យើង គឺ​ហេតុ​ការណ៍​កើត​ឡើង ដោយ​ចៃដន្យ»។

 

១០ ជន​ជាតិ​ភីលីស្ទីន​ក៏​ធ្វើ​តាម។ ពួក​គេ​យក​មេ​គោ​ពីរ​ក្បាល​ដែល​កំពុង​បំបៅ​កូន​មក​ទឹម​រទេះ ហើយ​បង្ឃាំង​កូន​វា​នៅ​ក្នុង​ក្រោល។ ១១ ពួក​គេ​យក​ហិប​របស់​ព្រះអម្ចាស់ ព្រម​ទាំង​ប្រអប់​ដែល​មាន​រូប​កណ្ដុរ​មាស និង​រូប​ឫសដូងបាត​ធ្វើ​អំពី​មាស​ដាក់​លើ​រទេះ។ ១២ មេ​គោ​ទាំង​នោះ​ដើរ​ តម្រង់​ទៅ​កាន់​បេតសេម៉េស វា​ដើរ​តាម​ផ្លូវ ទាំង​ស្រែក​រោទ៍ តែ​មិន​ងាក​ឆ្វេង ងាក​ស្ដាំ​ឡើយ។ ស្ដេច​ត្រាញ់​នៃ​ជន​ជាតិ​ភីលីស្ទីន​នាំ​គ្នា​ដើរ​តាម​ក្រោយ​រទេះ​នោះ រហូត​ដល់​ព្រំប្រទល់​បេតសេម៉េស។

 

១៣ ពេល​នោះ ប្រជាជន​នៅ​បេតសេម៉េស​កំពុង​តែ​ច្រូត​ស្រូវ នៅ​​តាម​ជ្រលង​ភ្នំ។ កាល​ពួក​គេ​ងើប​មុខ​ឡើង ក្រឡេក​មើល​ទៅ ឃើញ​ហិប​នោះ​មក​ដល់ ពួក​គេ​ត្រេក​អរ​យ៉ាង​ខ្លាំង។ ១៤ រទេះ​មក​ដល់​ចំការ​របស់ ​លោក​យ៉ូស៊ូអា ជា​អ្នក​ភូមិ​បេតសេម៉េស ហើយ​ឈប់​នៅ​ទី​នោះ ជិត​ផ្ទាំង​សិលា​ធំ​មួយ។ ប្រជាជន​នៅ​បេតសេម៉េស​នាំ​គ្នា​ពុស​រទេះ​ធ្វើ​ជា​អុស ហើយ​យក​មេ​គោ​ទាំង​ពីរ​មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះអម្ចាស់។ ១៥ ពួក​លេវី​បាន​យក​ហិប​របស់​ព្រះអម្ចាស់ ព្រម​ទាំង​ប្រអប់​ដែល​ដាក់​វត្ថុ​ធ្វើ​អំពី​មាស​ជាប់​មក​ជា​មួយ ទៅ​ដាក់​លើ​ផ្ទាំង​សិលា។ នៅ​ថ្ងៃ​នោះ ប្រជាជន​នៅ​បេតសេម៉េស​នាំ​គ្នា​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​យញ្ញបូជា​ដល់​ព្រះអម្ចាស់។ ១៦ កាល​បាន​ឃើញ​ហេតុការ​ណ៍​ ទាំង​អស់​នោះ​ហើយ ស្ដេច​ត្រាញ់​ទាំង​ប្រាំ​នៃ​ជន​ជាតិ​ភីលី​ស្ទីន​វិល​ត្រឡប់​មក​ក្រុង​អេក្រូន ​វិញ នៅ​ថ្ងៃ​ដដែល។

 

១៧ ជន​ជាតិ​ភីលីស្ទីន​បាន​ផ្ញើ​រូប​ឫសដូងបាត​ធ្វើ​អំពី​មាស​ចំនួន​ប្រាំ មក​ថ្វាយ​ព្រះអម្ចាស់ ដើម្បី​សូម​ព្រះអង្គ​លើកលែង​ទោស​ឲ្យ គឺ​មួយ​សំរាប់​ក្រុង​អាស្តូត មួយ​សំរាប់​ក្រុង​កាសា មួយ​សំរាប់​ក្រុង​អាស្កាឡូន មួយ​សំរាប់​ក្រុង​កាថ និង​មួយ​ទៀត​សំរាប់​ក្រុង​អេក្រូន។ ១៨ គេ​ក៏​ផ្ញើ​រូប​កណ្ដុរ​ មាស​តាម​ចំនួន​ក្រុង​ភីលីស្ទីន​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ស្ដេច​ត្រាញ់​ទាំង​ប្រាំ​ដែរ ដោយ​រាប់​ចាប់​តាំង​ពី​ក្រុង​ដែល​មាន​កំពែង​រឹងមាំ រហូត​ដល់​ភូមិ​តូចៗ​ដែល​គ្មាន​កំពែង។ ផ្ទាំង​សិលា​ដ៏​ធំ​ក្នុង​ចំការ​របស់​លោក​យ៉ូស៊ូអា ជា​អ្នក​ភូមិ​បេតសេម៉េស ជា​កន្លែង​ដែល​គេ​តម្កល់​ហិប​របស់​ព្រះអម្ចាស់ នៅ​ស្ថិតស្ថេរ​រហូត​ដល់​សព្វ​ថ្ងៃ ជា​បន្ទាល់​ពី​ហេតុការណ៍​នោះ។

 

១៩ ព្រះអម្ចាស់ ​បាន​ដាក់​ទោស​ប្រជាជន​នៅ​បេតសេម៉េស ពីព្រោះ​ពួក​គេ​សម្លឹង​មើល​ហិប​របស់​ព្រះអម្ចាស់។ ព្រះអង្គ​បាន​ប្រហារ​មនុស្ស​ចិតសិប​នាក់​​ក្នុង​ចំណោម​ពួក​គេ។ ប្រជាជន​នាំ​គ្នា​កាន់​ទុក្ខ ដោយ​ព្រះអម្ចាស់​ដាក់​ទោស​គេ​យ៉ាង​ធ្ងន់ធ្ងរ។ ២០ ​ប្រ​ជា​ជន​នៅ​បេតសេម៉េស​ពោល​ថា៖ «តើ​នរណា​អាច​ឈរ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ​នេះ​បាន? តើ​យើង​អាច​ផ្ទេរ​ហិប​របស់​ព្រះអង្គ​ទៅ​កន្លែង​ណា ដើម្បី​ឲ្យ​ចេញ​ឆ្ងាយ​ពី​ពួក​យើង?»។ ២១ ពួក​គេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​អ្នក​ស្រុក​គៀរីយ៉ាត-យេអារីម ដើម្បី​ប្រាប់​ថា៖ «ពួក​ភីលីស្ទីន​នាំ​ហិប​របស់​ព្រះអម្ចាស់​មក​វិញ​ហើយ សូម​អញ្ជើញ​មក​ទទួល​យក​ទៅ​ស្រុក​របស់​បង​ប្អូន​ចុះ!»។

១ អ្នក​ស្រុក​គៀរីយ៉ាត-យេអារីម​នាំ​គ្នា​មក ហើយ​យក​ហិប​របស់​ព្រះអម្ចាស់​ ទៅ​តម្កល់​ក្នុង​ផ្ទះ​របស់​លោក​អប៊ីណាដាប់ ដែល​ស្ថិត​នៅ​លើ​ភ្នំ។ ពួក​គេ​តែងតាំង​លោក​អេឡាសារ ជា​កូន​របស់​លោក​អប៊ីណាដាប់ ឲ្យ​ថែរក្សា​ហិប​របស់​ព្រះអម្ចាស់។

 

ជ័យជំនះ​លើ​កងទ័ព​ភីលីស្ទីន

២ ជា​យូរលង់​ក្រោយ​មក គឺ​ប្រមាណ​ម្ភៃ​ឆ្នាំ ក្រោយ​ពេល​ដែល​គេ​យក​ហិប ទៅ​តម្កល់​នៅ​គៀរីយ៉ាត-យេអារីម ពូជពង្ស​អ៊ីស្រាអែល​ទាំង​មូល​នាំ​គ្នា​ស្រែក​អង្វរ​រក​ព្រះអម្ចាស់។ ៣ ពេល​នោះ លោក​សាមូអែល​មាន​ប្រសាសន៍​ទៅ​កាន់​ពូជពង្ស​អ៊ីស្រា​អែល​​ទាំង​មូល​ថា៖ «បើ​សិន​ជា​អ្នក​រាល់​គ្នា​វិល​មក​រក​ព្រះអម្ចាស់​វិញ ដោយ​ស្មោះ ចូរ​បោះ​បង់​ចោល​ព្រះ​របស់​សាសន៍​ដទៃ និង​ព្រះ​អាស្តារ៉ូត* ហើយ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ព្រះអម្ចាស់ និង​គោរព​បំរើ​តែ​ព្រះអង្គ​មួយ​ប៉ុណ្ណោះ នោះ​ព្រះអង្គ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ពី​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន​ជា​មិន​ខាន»។ ៤ ជន​ជាតិ​អ៊ីស្រា​អែល​​បាន​នាំ​គ្នា​បោះ​បង់​ចោល​ព្រះ​បាល* និង​ព្រះ​អាស្តារ៉ូត ហើយ​គោរព​បំរើ​តែ​ព្រះអម្ចាស់​ប៉ុណ្ណោះ។

 

៥ លោក​សាមូអែល​មាន​ប្រសាសន៍​ថា៖ «ចូរ​ប្រមូល​ផ្ដុំ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ នៅ​មីសប៉ា រួច​ហើយ​ខ្ញុំ​នឹង​ទូលអង្វរ​ព្រះអម្ចាស់​ឲ្យ​អ្នក​រាល់​គ្នា»។ ៦ ជន​ជាតិ​អ៊ីស្រាអែល​ក៏​ប្រជុំ​គ្នា​នៅ​មីសប៉ា ពួក​គេ​បាន​ដង​ទឹក​យក​ទៅ​ចាក់​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះ​អម្ចាស់​ ហើយ​តម​អាហារ​នៅ​ថ្ងៃ​នោះ។ ពួក​គេ​សារភាព​ថា៖ «យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​ព្រះអម្ចាស់»។ លោក​សាមូ​អែល​​គ្រប់គ្រង​ប្រជាជន​អ៊ីស្រាអែល នៅ​មីសប៉ា។

 

៧ កាល​ជន​ជាតិ​ភីលីស្ទីន​បាន​ឮ​ដំណឹង​ថា ជន​ជាតិ​អ៊ីស្រា​អែល​​ប្រជុំ​គ្នា​នៅ​មីសប៉ា ពួក​ស្ដេច​ត្រាញ់​របស់​ជន​ជាតិ​ភីលីស្ទីន​ក៏​លើក​ទ័ព​ទៅ​វាយ​ជន​ជាតិ​ អ៊ីស្រាអែល។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ភ័យ​ខ្លាច​ជា​ខ្លាំង។ ៨ ពួក​គេ​ជំរាប​លោក​សាមូ​អែល​ថា៖ «សូម​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ឡើយ! តែ​សូម​ទូលអង្វរ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង ដើម្បី​ឲ្យ​ព្រះអង្គ​សង្គ្រោះ​យើង​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ភីលីស្ទីន»។ ៩ លោក​សាមូអែល​បាន​យក​កូន​ចៀម​មួយ​ដែល​នៅ​បៅ មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះអម្ចាស់ រួច​ទូលអង្វរ​សូម​ព្រះអម្ចាស់​ជួយ​ជន​ជាតិ​អ៊ីស្រាអែល ព្រះអង្គ​ក៏​ឆ្លើយ​តប​មក​លោក​វិញ។ ១០ នៅ​ពេល​លោក​សាមូអែល​កំពុង​តែ​ថ្វាយ​តង្វាយ​ដុត កងទ័ព​ភីលីស្ទីន​ចូល​មក​វាយ​លុក​ជន​ជាតិ​អ៊ីស្រាអែល។ ប៉ុន្តែ នៅ​ថ្ងៃ​នោះ​ព្រះអម្ចាស់​ធ្វើ​ឲ្យ​មាន​ផ្គរលាន់​ឮ​យ៉ាង​ខ្លាំង​ពី​លើ​ពួក​ភីលីស្ទីន បណ្ដាល​ឲ្យ​ពួក​គេ​ជ្រួលច្របល់ បាក់​ទ័ព​រត់​នៅ​មុខ​ជន​ជាតិ​អ៊ីស្រាអែល។ ១១ ​កងទ័ព​អ៊ីស្រាអែល​ចេញ​ពី​មីសប៉ា ដេញ​តាម​ប្រហារ​ពួក​ភីលីស្ទីន រហូត​ដល់​បេតកា។ ១២ លោក​សាមូអែល​បាន​យក​ថ្ម​មក​ដាក់​នៅ​ចន្លោះ​មីសប៉ា និង​សេន ហើយ​ដាក់​ឈ្មោះ​ថ្ម​នោះ​ថា​អេបេន-អេស៊ែរ​ ដោយ​ពោល​ថា ព្រះអម្ចាស់​បាន​សង្គ្រោះ​យើង​រហូត​ដល់​ពេល​នេះ។

 

១៣ កងទ័ព​ភីលីស្ទីន ​បាក់ស្បាត​លែង​ហ៊ាន​លុកលុយ​ទឹក​ដី​អ៊ីស្រាអែល​ទៀត។ ព្រះអម្ចាស់​បាន​សំដែង​ឫទ្ធានុភាព ប្រឆាំង​នឹង​ជន​ជាតិ​ភីលីស្ទីន អស់​មួយ​ជីវិត​របស់​លោក​សាមូអែល។ ១៤ ក្រុង​ទាំង​ប៉ុន្មាន ដែល​ពួក​ភីលីស្ទីន​វាយ​ដណ្ដើម​យក​ពី​អ៊ីស្រា​អែល​នោះ គឺ​ចាប់​តាំង​ពី​ក្រុង​អេក្រុន​រហូត​ដល់​កាថ និង​តំបន់​ជិត​ខាង បាន​ត្រឡប់​មក​ជា​កម្មសិទ្ធិ​របស់​អ៊ីស្រាអែល ជន​ជាតិ​អ៊ីស្រាអែល​រំដោះ​យក​ទឹក​ដី​ទាំង​នោះ ពី​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន។ មួយ​វិញ​ទៀត ជន​ជាតិ​អ៊ីស្រាអែល និង​ជន​ជាតិ​អាម៉ូរី ក៏​រស់​នៅ​យ៉ាង​សុខសាន្ត​ជា​មួយ​គ្នា​ដែរ។

 

១៥ លោក​សាមូអែល ​បាន​គ្រប់គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល​អស់​មួយ​ជីវិត។ ១៦ រៀង​រាល់​ឆ្នាំ លោក​តែង​ធ្វើ​ដំណើរ​ជុំវិញ​ស្រុក​អ៊ីស្រាអែល ពី​បេតអែល​ទៅ​គីលកាល់ និង​មីសប៉ា ហើយ​លោក​កាត់​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​កន្លែង​ទាំង​នោះ។ ១៧ បន្ទាប់​មក លោក​វិល​ត្រឡប់​ទៅ​គេហដ្ឋាន​របស់​លោក​នៅ​រ៉ាម៉ា​វិញ គឺ​ទី​នោះ​ហើយ​ដែល​លោក​កាត់​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល និង​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះអម្ចាស់។

ការ​តែងតាំង​ព្រះមហាក្សត្រ

ប្រជាជន​អ៊ីស្រាអែល​ទាមទារ​ចង់​បាន​ស្ដេច​មួយ​អង្គ

១ កាល​លោក​សាមូអែល​មាន​វ័យ​កាន់​តែ​ចាស់​ណាស់​ហើយ លោក​បាន​តែងតាំង​កូន​ប្រុសៗ​របស់​លោក​ឲ្យ​គ្រប់គ្រង​ប្រជាជន​អ៊ីស្រាអែល។ ២ កូន​ប្រុស​ច្បង​របស់​លោក​ឈ្មោះ​យ៉ូអែល និង​កូន​ទី​ពីរ​ឈ្មោះ​អប៊ីយ៉ា។ អ្នក​ទាំង​ពីរ​គ្រប់គ្រង​នៅ​ក្រុង​បៀរសេបា។ ៣ ប៉ុន្តែ កូន​ប្រុស​របស់​លោក​សាមូអែល​ពុំ​បាន​ដើរ​តាម​គន្លង​របស់​ឪពុក​ទេ។ ពួក​គេ​គិត​តែ​ពី​ចង់​បាន​ប្រាក់​កាស ស៊ី​សំណូក និង​កាត់​ក្ដី​ដោយ​អយុត្តិធម៌។ ៤ ហេតុ​នេះ ព្រឹទ្ធាចារ្យ​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រជុំ​គ្នា ហើយ​ទៅ​ជួប​លោក​សាមូអែល​នៅ​រ៉ាម៉ា។ ៥ ព្រឹទ្ធាចារ្យ​ទាំង​នោះ​ ជំរាប​លោក​ថា៖ «ឥឡូវ​នេះ លោក​ចាស់​ហើយ រីឯ​កូន​របស់​លោក​ទៀត​សោត ក៏​ពុំ​ដើរ​តាម​គន្លង​របស់​លោក​ដែរ។ ដូច្នេះ សូម​តែងតាំង​ឲ្យ​មាន​ស្ដេច​មួយ​អង្គ​សោយ​រាជ្យ​លើ​យើង​ខ្ញុំ ដូច​ប្រជា​ជាតិ​ទាំង​ប៉ុន្មាន​ផង»។ ៦ ពេល​ឮ​ពួក​ព្រឹទ្ធាចារ្យ​ ពោល​ថា «សូម​តែងតាំង​ឲ្យ​មាន​ស្ដេច​មួយ​អង្គ​សោយ​រាជ្យ​លើ​យើង​ខ្ញុំ» ដូច្នេះ លោក​សាមូអែល​មិន​សប្បាយ​ចិត្ត​ទេ លោក​ក៏​ទូលអង្វរ​ព្រះ​អម្ចាស់​។ ៧ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​តប​មក​ថា៖ «ចូរ​ស្ដាប់​តាម​ពាក្យ​សំដី​ទាំង​ប៉ុន្មាន ​របស់​ប្រជាជន​ដែល​បាន​ទាមទារ​នោះ ​ចុះ។ មិន​មែន​អ្នក​ទេ​ដែល​ពួក​គេ​បោះ​បង់​ចោល គឺ​យើង​ទេ​តើ​ដែល​ពួក​គេ​បោះ​បង់​ចោល ពួក​គេ​មិន​ចង់​ឲ្យ​យើង​សោយ​រាជ្យ​លើ​ពួក​គេ​ទៀត​ឡើយ។ ៨ តាំង​ពី​ថ្ងៃ​យើង​បាន​នាំ ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប​មក រហូត​ដល់​ឥឡូវ​នេះ ពួក​គេ​បាន​បោះ​បង់​ចោល​យើង ដើម្បី​ទៅ​គោរព​បំរើ​ព្រះ​ដទៃ​ទៀត។ ពួក​គេ​ប្រព្រឹត្ត​ចំពោះ​អ្នក ដូច​ពួក​គេ​ធ្លាប់​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ។ ៩ ដូច្នេះ ចូរ​ស្ដាប់​តាម​ពាក្យ​សំដី​ពួក​គេ​ឥឡូវ​នេះ​ចុះ ប៉ុន្តែ ចូរ​ព្រមាន​ពួក​គេ​យ៉ាង​ម៉ឺងម៉ាត់​ជា​មុន ព្រម​ទាំង​ពន្យល់​ពួក​គេ​ថា ស្ដេច​ដែល​នឹង​សោយ​រាជ្យ​លើ​ពួក​គេ​នោះ មាន​សិទ្ធិ​យ៉ាង​ណាៗ​ខ្លះ»។

 

សិទ្ធិ​របស់​ស្ដេច

១០ លោក​សាមូអែល​បាន​នាំ​យក​ព្រះបន្ទូល​ទាំង​ប៉ុន្មាន​របស់​ព្រះអម្ចាស់ មក​ថ្លែង​ប្រាប់​ប្រជាជន ដែល​ទាមទារ​សុំ​ឲ្យ​មាន​ស្ដេច​នោះ​ថា៖ ១១ «ស្ដេច​ដែល​នឹង​សោយ​ រាជ្យ​លើ​អ្នក​រាល់​គ្នា​មាន​សិទ្ធិ​ដូច​ត​ទៅ គឺ​ស្ដេច​នឹង​យក​កូន​ប្រុស​របស់​អ្នក​រាល់​គ្នា​ធ្វើ​ជា​ទាហាន ខ្លះ​នៅ​ខាង​កង​រទេះ​ចំបាំង​របស់​ស្ដេច ខ្លះ​នៅ​ខាង​ទ័ព​សេះ​របស់​ស្ដេច ខ្លះ​ទៀត​រត់​នៅ​មុខ​រាជរថ។ ១២ ស្ដេច​នឹង​តែងតាំង​មេ​ កង​ឲ្យ​ត្រួត​ទាហាន​មួយ​ពាន់​នាក់ ឬ​មេ​ក្រុម​ដែល​ត្រួត​ទាហាន​ហាសិប​នាក់។ ស្ដេច​ប្រើ​អ្នក​ខ្លះ​ឲ្យ​ទៅ​ភ្ជួរ​រាស់ ច្រូត​កាត់​ថ្វាយ​ស្ដេច ហើយ​ខ្លះ​ទៀត​ផលិត​គ្រឿង​អាវុធ និង​គ្រឿង​ប្រដាប់​រទេះ​ចំបាំង​របស់​ស្ដេច។ ១៣ ស្ដេច​នឹង​ប្រើ​កូន​ស្រីៗ​របស់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ជា​អ្នក​លាប​គ្រឿង​ក្រអូប អ្នក​ដាំ​បាយ និង​អ្នក​ធ្វើ​នំ។ ១៤ ស្ដេច​នឹង​យក​ស្រែ ចំការ​ទំពាំងបាយជូរ និង​ចំការ​អូលីវ​ដ៏​ល្អៗ​របស់​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​មេទ័ព​របស់​ខ្លួន។ ១៥ ស្ដេច​នឹង​យក​ពន្ធ​មួយ​ ភាគ​ដប់​នៃ​ភោគផល​ពី​ស្រូវ ពី​ចំការ​ទំពាំង​បាយជូរ​របស់​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​មហាតលិក រាជការ និង​រាជ​បំរើ​របស់​ខ្លួន។ ១៦ ស្ដេច​នឹង​យក​ខ្ញុំ​ បំរើ​ប្រុស​ស្រី និង​ពួក​យុវជន​ របស់​អ្នក​រាល់​គ្នា គឺ​អ្នក​ដែល​មាន​កម្លាំង​កំហែង​ជាង​គេ ព្រម​ទាំង​យក​សត្វ​លា​របស់​អ្នក​រាល់​គ្នា ឲ្យ​ទៅ​ធ្វើ​ការងារ​របស់​ខ្លួន។ ១៧ ស្ដេច​នឹង​យក​ចៀម​ចំនួន​មួយ​ភាគ​ដប់ ពី​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ក្លាយ​ជា​ខ្ញុំ​បំរើ​របស់​ស្ដេច។ ១៨ ថ្ងៃ​មួយ អ្នក​រាល់​គ្នា​នឹង​ស្រែក​អង្វរ​ព្រះអម្ចាស់ ព្រោះ​តែ​ស្ដេច​ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស តែ​នៅ​ថ្ងៃ​នោះ ព្រះអង្គ​មិន​ឆ្លើយ​តប​មក​អ្នក​រាល់​គ្នា​ឡើយ!»។

 

​១៩ ប៉ុន្តែ ប្រជាជន​មិន​ព្រម​ស្ដាប់​តាម​ពាក្យ​របស់​លោក​សាមូ​អែល​​ទេ។ ពួក​គេ​ប្រកែក​ថា៖ «ទេ! យើង​ចង់​បាន​ស្ដេច​មួយ​អង្គ​សោយ​រាជ្យ​លើ​យើង ២០ ដើម្បី​ឲ្យ​យើង​បាន​ដូច ​ប្រជាជាតិ​ទាំង​ប៉ុន្មាន​ទៀត​ដែរ។ ស្ដេច​របស់​យើង​នឹង​គ្រប់គ្រង​លើ​យើង ទ្រង់​នឹង​យាង​នាំ​មុខ​យើង ហើយ​ចេញ​ទៅ​ច្បាំង​ជា​មួយ​យើង»។ ២១ ​កាល​លោក​សាមូអែល ​ឮ​ពាក្យ​សំដី​ទាំង​ប៉ុន្មាន​របស់​ប្រជាជន លោក​ក៏​យក​ទៅ​ទូល​ព្រះអម្ចាស់។ ២២ ព្រះអម្ចាស់​ មាន​ព្រះ​បន្ទូល​​មក​លោក​សាមូអែល​ថា៖ «ចូរ​ស្ដាប់​តាម​ពាក្យ​របស់​គេ ហើយ​តែងតាំង ​ស្ដេច​មួយ​អង្គ​ឲ្យ​គ្រង​រាជ្យ​លើ​ពួក​គេ​ចុះ!»។ បន្ទាប់​​មក លោក​សាមូអែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​អ៊ីស្រាអែល​ថា៖ «ចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ស្រុក​ភូមិ​រៀងៗ​ខ្លួន​វិញ​ចុះ!»។

លោក​សាអ៊ូល​ស្វែង​រក​សត្វ​លា​ដែល​បាត់

១ ក្នុង​កុលសម្ព័ន្ធ​ បេនយ៉ាមីន មាន​បុរស​ម្នាក់​ឈ្មោះ​គីស ជា​កូន​របស់​លោក​អប៊ីអែល ជា​ចៅ​របស់​លោក​សេរោ ជា​ចៅទួត​របស់​លោក​បេកូរ៉ាត ក្នុង​អំបូរ​អភីយ៉ា។ លោក​គីស​ជា​អភិជន​មួយ​រូប ២ លោក​មាន​កូន​ប្រុស​ម្នាក់ ​ឈ្មោះ​សាអ៊ូល ជា​យុវជន​ដែល​មាន​រូប​សម្បត្តិ​ល្អ​ស្អាត។ ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល គ្មាន​នរណា​ម្នាក់​ល្អ​ស្អាត​ដូច​យុវជន​នេះ​ឡើយ ហើយ​​​គាត់​មាន​មាឌ​ខ្ពស់​ជាង​គេ​ទាំង​អស់។

 

៣ ថ្ងៃ​មួយ លា​ញី​មួយ​ចំនួន​របស់​លោក​គីស ជា​ឪពុក​របស់​លោក​សាអ៊ូល វង្វេង​បាត់។ លោក​គីស​ក៏​ប្រាប់​ទៅ​លោក​សាអ៊ូល ជា​កូន​ថា៖ «ចូរ​នាំ​អ្នក​បំរើ​ម្នាក់​មក ហើយ​ទៅ​តាម​រក​លា​ញី​ទាំង​នោះ​ចុះ»។ ៤ លោក​សាអ៊ូល​ដើរ​កាត់​តំបន់​ ភ្នំ​អេប្រាអ៊ីម និង​ស្រុក​សាលីសា តែ​រក​លា​ពុំ​ឃើញ​ទេ។ គាត់​ក៏​ទៅ​រក​នៅ​ស្រុក​សាលីម នៅ​តែ​រក​ពុំ​ឃើញ ហើយ​ទៅ​ស្រុក​បេនយ៉ាមីន ក៏​នៅ​តែ​រក​ពុំ​ឃើញ​ដដែល។ ៥ កាល​ទៅ​ដល់​តំបន់​ស៊ូភ លោក​សាអ៊ូល​ពោល​ទៅ​កាន់​អ្នក​បំរើ ដែល​មក​ជា​មួយ​ថា៖ «ចូរ​យើង​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រែង​លោ​ឪពុក​របស់​ខ្ញុំ​លែង​គិត​ដល់​លា​ញី​ទាំង​នោះ ហើយ​បែរ​ជា​ព្រួយ​បារម្ភ​ពី​ពួក​យើង​វិញ»។ ៦ អ្នក​បំរើ​ឆ្លើយ​តប​ថា៖ «នៅ​ភូមិ​ខាង​មុខ​នេះ មាន​អ្នក​ជំនិត​មួយ​រូប​របស់​ព្រះជាម្ចាស់ ជា​មនុស្ស​ដែល​គេ​គោរព​រាប់​អាន។ អ្វីៗ​ដែល​លោក​មាន​ប្រសាសន៍​សុទ្ធ​តែ​សំរេច​ទាំង​អស់។ ដូច្នេះ យើង​ទៅ​រក​គាត់​មើល៍ ប្រហែល​ជា​លោក​នឹង​ប្រាប់​យើង​ពី​ផ្លូវ​ដែល​ត្រូវ​ទៅ»។ ៧ លោក​សាអ៊ូល​ឆ្លើយ​តប​ថា៖ «បើ​យើង​ទៅ​ជួប​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ តើ​បាន​អ្វី​យក​ទៅ​ជូន​លោក? ក្នុង​សំពាយ​យើង​គ្មាន​សល់​នំបុ័ង​ទេ ហើយ​យើង​ក៏​គ្មាន​ជំនូន​អ្វី ​សំរាប់​ជូន​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ដែរ តើ​យើង​មាន​អ្វី?»។ ៨ អ្នក​បំរើ​ពោល​ជំរាប​លោក​ សាអ៊ូល​វិញ​ថា៖ «ខ្ញុំ​ប្របាទ​មាន​ប្រាក់​មួយ​កាក់​ជាប់​នឹង​ខ្លួន​ដែរ ខ្ញុំ​ប្របាទ​នឹង​ជូន​ប្រាក់​នេះ​ទៅ​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ ដើម្បី​ឲ្យ​លោក​បង្ហាញ​ផ្លូវ​យើង»។ ៩ ពី​ដើម នៅ​ស្រុក​អ៊ីស្រាអែល កាល​ណា​គេ​ទៅ​ទូល​សូម​អ្វី​ពី​ព្រះជាម្ចាស់ គេ​តែង​ពោល​ថា «មក៍! យើង​ទៅ​រក​គ្រូ​ទាយ!» ដ្បិត​អ្នក​ដែល​យើង​ហៅ​ថា​ព្យាការី​សព្វ​ថ្ងៃ​នេះ នៅ​ជំនាន់​ដើម គេ​តែង​ហៅ​ថា «គ្រូ​ទាយ»។ ១០ លោក​សាអ៊ូល​តប​ទៅ​អ្នក​ បំរើ​វិញ​ថា៖ «យោបល់​ល្អ! តោ៎ះ យើង​ទៅ!»។ អ្នក​ទាំង​ពីរ​ក៏​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភូមិ ដែល​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​រស់​នៅ។

 

​១១ ពេល​ឡើង​ភ្នំ​ទៅ​ជិត​ដល់​ភូមិ អ្នក​ទាំង​ពីរ​ជួប​នឹង​ក្រមុំៗ​ដែល​ចេញ​មក​ដង​ទឹក ក៏​សួរ​ថា៖ «តើ​លោក​គ្រូ​ទាយ​នៅ​ទី​នេះ​ឬ​ទេ?»។ ១២ នាង​ទាំង​នោះ​ឆ្លើយ​ថា៖ «ចា៎ស! លោក​នៅ​ខាង​មុខ​នុ៎ះ! សូម​ប្រញាប់ប្រញាល់​ទៅ ថ្ងៃ​នេះ លោក​អញ្ជើញ​មក​ភូមិ​យើង ព្រោះ​ប្រជាជន​ត្រូវ​ថ្វាយ​យញ្ញបូជា​នៅ​កន្លែង​សក្ការៈ​លើ​ទួល​ខ្ពស់! ១៣ ពេល​ចូល​ទៅ​ដល់​ភូមិ អ្នក​ទាំង​ពីរ​នឹង​ជួប​លោក មុន​លោក​ឡើង​ទៅ​កន្លែង​សក្ការៈ ដើម្បី​ពិសា​អាហារ។ ពេល​ណា​លោក​អញ្ជើញ​ទៅ​ដល់ ទើប​ប្រជាជន​អាច​បរិភោគ​បាន ដ្បិត​លោក​ត្រូវ​ឲ្យ​ពរ​យញ្ញបូជា​នោះ​សិន ទើប​ភ្ញៀវ​ទាំង​អស់​បរិភោគ។ ដូច្នេះ សូម​អញ្ជើញ​ភ្លាម​ទៅ អ្នក​ទាំង​ពីរ​មុខ​ជា​បាន​ជួប​លោក​មិន​ខាន»។

 

លោក​សាអ៊ូល​ទៅ​ជួប​លោក​សាមូអែល

១៤ អ្នក​ទាំង​ពីរ​បន្ត​ដំណើរ​ទៅ​មុខ ពេល​ចូល​ទៅ​ក្នុង​ភូមិ ពួក​គេ​ជួប​លោក​សាមូអែល ចំ​ពេល​លោក​ឡើង​ទៅ​កាន់​កន្លែង​សក្ការៈ។ ១៥ មួយ​ថ្ងៃ​មុន​លោក​សាអ៊ូល​មក​ដល់ ព្រះអម្ចាស់​យាង​មក​ជួប​លោក​សាមូអែល ១៦ ដោយ​មាន​ព្រះបន្ទូល​ថា៖ «ស្អែក ពេល​ថ្មើរ​ហ្នឹង យើង​នឹង​ចាត់​បុរស​ម្នាក់​ពី​ស្រុក​បេនយ៉ាមីន​ឲ្យ​មក​ជួប​អ្នក។ អ្នក​ត្រូវ​ចាក់​ប្រេង​តែងតាំង​អ្នក​នោះ ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​អ៊ីស្រាអែល ជា​ប្រជាជន​របស់​យើង។ អ្នក​នោះ​នឹង​រំដោះ​ប្រជាជន​យើង ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ភីលីស្ទីន ដ្បិត​យើង​បាន​ឃើញ​ទុក្ខ​វេទនា​នៃ​ប្រជាជន​របស់​យើង ហើយ​យើង​ក៏​បាន​ឮ​សំរែក​របស់​ពួក​គេ​ដែរ»។ ១៧ ពេល​លោក​សាមូ​អែល​​ឃើញ​លោក​សាអ៊ូល ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ថា៖ «គឺ​បុរស​នេះ​ហើយ​ដែល​យើង​បាន​ប្រាប់​អ្នក គេ​នឹង​គ្រង​រាជ្យ​លើ​ប្រជាជន​របស់​យើង»។ ១៨ លោក​សាអ៊ូល​ចូល​ទៅ​ជិត​លោក​សាមូអែល​នៅ​មាត់​ច្រក ហើយ​សួរ​ថា៖ «សូម​លោក​មេត្តា​ប្រាប់​ខ្ញុំ​បាទ​ផង ផ្ទះ​លោក​គ្រូ​ទាយ​នៅ​ឯ​ណា?»។ ១៩​ លោក​​សាមូអែល​មាន​ ប្រសាសន៍​តប​ទៅ​លោក​សាអ៊ូល​ថា៖ «គឺ​ខ្ញុំ​ហ្នឹង​ហើយ​គ្រូ​ទាយ។ សូម​អញ្ជើញ​នាំ​មុខ​ខ្ញុំ ឡើង​ទៅ​កន្លែង​សក្ការៈ សូម​លោក​បរិភោគ​អាហារ​ជា​មួយ​ខ្ញុំ​ថ្ងៃ​នេះ ចាំ​ព្រឹក​ស្អែក ខ្ញុំ​នឹង​ជំរាប​លោក​នូវ​អ្វីៗ​ដែល​លោក​ចង់​ដឹង រួច​សឹម​លោក​អញ្ជើញ​ទៅ​ចុះ! ២០ សូម​កុំ​ព្រួយ​បារម្ភ​ នឹង​លា​ញី ដែល​វង្វេង​បាត់​កាល​ពី​បី​ថ្ងៃ​មុន​នោះ​ឡើយ ដ្បិត​គេ​រក​វា​ឃើញ​វិញ​ហើយ។ ប៉ុន្តែ សូម​ជ្រាប​ថា បំណង​ប្រាថ្នា​ដ៏​ធំ​បំផុត​របស់​ប្រជាជន​អ៊ីស្រាអែល គឺ​លោក និង​គ្រួសារ​របស់​លោក​ទាំង​មូល​តែ​ម្ដង»។ ២១ លោក​សាអ៊ូល​តប​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​មាន​ប្រសាសន៍​មក​ខ្ញុំ​ដូច្នេះ? ខ្ញុំ​បាទ​គ្រាន់​តែ​ជា​មនុស្ស​ម្នាក់​ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន ដែល​ជា​កុលសម្ព័ន្ធ​មួយ​ដ៏​តូច​បំផុត​របស់​ជន​ជាតិ ​អ៊ីស្រាអែល ហើយ​អំបូរ​របស់​ខ្ញុំ​បាទ​ក៏​តូច​ជាង​គេ ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែរ»។

 

២២ លោក​ សាមូអែល​នាំ​លោក​សាអ៊ូល និង​អ្នក​បំរើ​ចូល​ក្នុង​បន្ទប់ ហើយ​ជូន​កន្លែង​កិត្តិយស​បំផុត​ដល់​លោក នៅ​ចំពោះ​មុខ​ភ្ញៀវ​ទាំង​អស់ ដែល​មាន​ចំនួន​ប្រមាណ​សាមសិប​នាក់។ ២៣ ​លោក​សាមូអែល​មាន​ប្រសាសន៍​ទៅ​អ្នក​ដាំ​បាយ​ថា៖ «ចូរ​យក​សាច់​មួយ​ចំណែក ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​ទុក​ដោយ​ឡែក​នោះ​មក»។ ២៤ អ្នក​ដាំ​បាយ​ក៏​ទៅ​យក​ សាច់​ភ្លៅ​ដ៏​ល្អ​បំផុត មក​ដាក់​នៅ​មុខ​លោក​សាអ៊ូល។ លោក​សាមូអែល​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​ចំណែក​ដែល​យើង​បាន​បម្រុង​ទុក​ជូន​លោក សូម​អញ្ជើញ​ពិសា​សាច់​ដែល​គេ​ដាក់​នៅ​មុខ​លោក​ចុះ ដ្បិត​ខ្ញុំ​ឲ្យ​គេ​ទុក​សាច់​ជូន​លោក​បរិភោគ រួម​ជា​មួយ​ភ្ញៀវ​ដែល​ខ្ញុំ​បាន​អញ្ជើញ សំរាប់​ឱកាស​នេះ»។ ថ្ងៃ​នោះ លោក​សាអ៊ូល​បរិភោគ​ជា​មួយ​លោក​សាមូអែល។ ២៥ បន្ទាប់​មក លោក​ទាំង​ពីរ​ចុះ​ពី​កន្លែង​ស​ក្ការៈ​មក​កាន់​ភូមិ​វិញ ហើយ​លោក​សាមូអែល​សំណេះ​សំណា​ល​​ជា​មួយ​លោក​សាអ៊ូល​នៅ​ខាង​លើ​ផ្ទះ។ ២៦ លោក​សាអ៊ូល និង​អ្នក​បំរើ​ក្រោក​ឡើង​តាំង​ពី​ព្រលឹម។ នៅ​ពេល​ថ្ងៃ​រះ លោក​សាមូអែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សាអ៊ូល ​ដែល​នៅ​ខាង​លើ​ផ្ទះ​ថា៖ «សូម​រៀបចំ​ខ្លួន ខ្ញុំ​នឹង​ជូន​ដំណើរ​លោក!»។ កាល​លោក​សាអ៊ូល​រៀបចំ​ខ្លួន​រួច​ហើយ លោក​ទាំង​ពីរ​ក៏​ចេញ​មក​ក្រៅ​ជា​មួយ​គ្នា។ ២៧ កាល​ធ្វើ​ដំណើរ​ទៅ​ដល់​ ចុង​ភូមិ លោក​សាមូអែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សាអ៊ូល​ថា៖ «សូម​ប្រាប់​អ្នក​បំរើ​របស់​លោក​ឲ្យ​ដើរ​ទៅ​មុន​យើង​ចុះ»។ អ្នក​បំរើ​ក៏​ដើរ​ទៅ​មុន រួច​លោក​សាមូអែល​មាន​ប្រសាសន៍​ទៀត​ថា៖ «ឥឡូវ​នេះ សូម​លោក​ឈប់​សិន ខ្ញុំ​នឹង​ជំរាប​លោក​ឲ្យ​ដឹង​ពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់»។

១ លោក​សាមូអែល​យក​ដប​ប្រេង​មក ហើយ​ចាក់​ប្រេង​លើ​ក្បាល​លោក​សាអ៊ូល រួច​លោក​ឱប​លោក​សាអ៊ូល ទាំង​មាន​ប្រសាសន៍​ថា៖ «ព្រះអម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​លោក ឲ្យ​ដឹក​នាំ​ប្រជាជន​ផ្ទាល់​របស់​ព្រះអង្គ​។ ២ នៅ​ថ្ងៃ​នេះ ពេល​លោក​ចាក​ចេញ​ពី​ខ្ញុំ​ទៅ លោក​នឹង​ជួប​បុរស​ពីរ​នាក់​ក្បែរ​ផ្នូរ​របស់​លោក​ស្រី​រ៉ាខែល នៅ​ព្រំប្រទល់​ទឹក​ដី​បេនយ៉ាមីន គឺ​នៅ​ភូមិ​សែលសា។ អ្នក​ទាំង​ពីរ​នឹង​ជំរាប​លោក​ថា “លា​ញី​ដែល​លោក​ដើរ​រក​នោះ គេ​បាន​រក​ឃើញ​វិញ​ហើយ។ ឥឡូវ​នេះ ឪពុក​របស់​លោក​ឈប់​គិត​ពី​រឿង​លា តែ​ព្រួយ​បារម្ភ​ពី​លោក​វិញ ដោយ​ពោល​ថា: កូន​ខ្ញុំ​មិន​ដឹង​ជា​យ៉ាង​ណា​ទេ តើ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច?”។ ៣ ពេល​លោក​បន្ត​ដំណើរ​ទៅ​ មុខ​បន្តិច លោក​នឹង​ទៅ​ដល់​ដើម​ជ្រៃ​តាប៊រ។ នៅ​ទី​នោះ លោក​នឹង​ជួប​បុរស​បី​នាក់ ដែល​ឡើង​ទៅ​ទីសក្ការៈ​របស់​ព្រះជាម្ចាស់​នៅ​បេតអែល។ អ្នក​ទី​មួយ​ដឹក​កូន​ពពែ​បី​ក្បាល អ្នក​ទី​ពីរ​កាន់​នំបុ័ង​បី​ដុំ អ្នក​ទី​បី​កាន់​ថង់​ស្រា។ ៤ ពួក​គេ​នឹង​នាំ​គ្នា​មក​ជំរាប​សួរ​លោក ហើយ​ជូន​នំបុ័ង​ពីរ​ដុំ​មក​លោក។ លោក​នឹង​ទទួល​យក​នំបុ័ង​នោះ​ពី​ដៃ​របស់​ពួក​គេ។ ៥ បន្ទាប់​មក លោក​ទៅ​ដល់​គីបា-អេឡូអ៊ីម​ ដែល​មាន​ទី​តាំង​ទ័ព​របស់​ពួក​ភីលីស្ទីន។ ពេល​លោក​ចូល​ទៅ​ក្នុង​ភូមិ លោក​នឹង​ជួប​ពួក​ព្យាការី​មួយ​ក្រុម ដែល​ចុះ​ពី​កន្លែង​សក្ការៈ​មក ទាំង​មាន​អ្នក​ភ្លេង​លេង​ចាប៉ី ស្គរ ខ្លុយ និង​ពិណ ដើរ​ពី​មុខ​ផង ព្យាការី​ទាំង​នោះ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ​ថ្វាយ​ព្រះជាម្ចាស់​។ ៦ ព្រះវិញ្ញាណ​របស់ព្រះអម្ចាស់​ នឹង​មក​សណ្ឋិត​លើ​លោក លោក​ក៏​ស្លុង​ស្មារតី​ស្រែក​ច្រៀង និង​រាំ​ជា​មួយ​អ្នក​ទាំង​នោះ​ដែរ ហើយ​លោក​នឹង​ប្រែ​ក្លាយ​ទៅ​ជា​បុគ្គល​មួយ​រូប​ខុស​ពី​មុន។ ៧ កាល​ណា​លោក​ឃើញ​ទី​សំគាល់ ​ទាំង​នោះ​កើត​មាន កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​លោក​យល់​ថា​ត្រូវ​ធ្វើ សូម​ធ្វើ​ចុះ ដ្បិត​ព្រះជាម្ចាស់​គង់​ជា​មួយ​លោក​ហើយ។ ៨ បន្ទាប់​មក លោក​ត្រូវ​ចុះ​ទៅ​គីលកាល់​មុន​ខ្ញុំ ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ចុះ​ទៅ​ជួប​លោក​នៅ​ទី​នោះ​ដែរ ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​ថ្វាយ​យញ្ញបូជា​មេត្រីភាព*។ លោក​ត្រូវ​រង់ចាំ​ខ្ញុំ​ប្រាំពីរ​ថ្ងៃ លុះ​ត្រា​តែ​ខ្ញុំ​ទៅ​ដល់។ ពេល​នោះ ខ្ញុំ​នឹង​ជំរាប​លោក អំពី​កិច្ចការ​ដែល​លោក​ត្រូវ​ធ្វើ»។

 

៩ ពេល​លោក​ សាអ៊ូល​ចាក​ចេញ​ពី​លោក​សាមូអែល​ទៅ ព្រះ​ជា​ម្ចាស់​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត​លោក ហើយ​ទី​សំគាល់​ទាំង​ប៉ុន្មាន​ក៏​កើត​មាន​នៅ​ថ្ងៃ​នោះ​ដែរ។ ១០ កាល​លោក​សាអ៊ូល និង​អ្នក​បំរើ​ទៅ​ដល់​ភូមិ​គីបា ព្យាការី​មួយ​ក្រុម​មក​ជួប​លោក។ ពេល​នោះ ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​យាង​មក​សណ្ឋិត​លើ​លោក ហើយ​លោក​ស្លុង​ស្មារតី​ស្រែក​ច្រៀង និង​រាំ​ក្នុង​ចំណោម​ពួក​ព្យាការី។ ១១ អស់​អ្នក​ដែល​ធ្លាប់​ ស្គាល់​លោក​សាអ៊ូល ឃើញ​លោក​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ​ជា​មួយ​ពួក​ព្យាការី គេ​ក៏​សាក​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា «តើ​មាន​កើត​អ្វី​ចំពោះ​កូន​ប្រុស​លោក​គីស? សាអ៊ូល​ចូល​ក្រុម​ព្យាការី​ដែរ​តើ!»។ ១២ មាន​អ្នក​ស្រុក​ម្នាក់​ ពោល​ឡើង​ថា៖ «តើ​គ្រូ​បាធ្យាយ​ របស់​ពួក​នេះ​នៅ​ឯ​ណា?»។ ហេតុ​នេះ​បាន​ជា​មាន​ពាក្យ​ស្លោក​ថា «សាអ៊ូល​ចូល​ក្រុម​ព្យាការី​ដែរ​តើ!»។ ១៣ កាល​លោក​សាអ៊ូល​ដឹង​ស្មារតី​ឡើង​វិញ លោក​អញ្ជើញ​ទៅ​កន្លែង​សក្ការៈ​នៅ​ទួល​ខ្ពស់។

 

១៤ ឪពុក​មា ​របស់​លោក​សាអ៊ូល​សួរ​លោក និង​អ្នក​បំរើ​ថា៖ «តើ​ពួក​ឯង​ទើប​នឹង​មក​ពី​ណា?»។ លោក​សាអ៊ូល​តប​ថា៖ «ពួក​ខ្ញុំ​ទៅ​រក​លា តែ​រក​មិន​ឃើញ​ទេ ដូច្នេះ ពួក​ខ្ញុំ​ទៅ​ជួប​លោក​សាមូអែល»។ ១៥ ឪពុក​មា​របស់​លោក​សាអ៊ូល​ពោល​ទៀត​ថា៖ «រៀប​រាប់​ប្រាប់​មា​មើល៍ លោក​សាមូអែល​មាន​ប្រសាសន៍​ប្រាប់​ពួក​ឯង​អំពី​អ្វី​ខ្លះ»។ ១៦ លោក​សាអ៊ូល​តប​ទៅ​ឪពុក​មា​ វិញ​ថា៖ «លោក​បញ្ជាក់​ប្រាប់​ពួក​ខ្ញុំ​ថា លា​ទាំង​នោះ គេ​រក​ឃើញ​ហើយ»។ លោក​សាអ៊ូល​មិន​បាន​រៀប​រាប់​ប្រាប់​ឪពុក​មា​អំពី​រាជសម្បត្តិ ដែល​លោក​សាមូអែល​មាន​ប្រសាសន៍​នោះ​ឡើយ។

 

ប្រជាជន​អ៊ីស្រាអែល​តែងតាំង​លោក​សាអ៊ូល​ជា​ស្ដេច

១៧ លោក​សាមូអែល ​បាន​កោះ​ហៅ​ប្រជាជន​មក​ប្រជុំ​គ្នា​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ នៅ​មីសប៉ា។ ១៨ លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​អ៊ីស្រាអែល​ថា៖ «ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ថា “អ៊ីស្រាអែល​អើយ យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប យើង​បាន​រំដោះ​អ្នក​រាល់​គ្នា​ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អេស៊ីប និង​ពី​កណ្ដាប់​ដៃ​របស់​នគរ​ទាំង​ប៉ុន្មាន​ដែល​សង្កត់សង្កិន​អ្នក​រាល់​ គ្នា”។ ១៩ ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​បោះ​បង់​ចោល​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​ព្រះ​ដែល​តែងតែ​សង្គ្រោះ​អ្នក​រាល់​គ្នា​ពី​ទុក្ខ​វេទនា និង​ការ​លំបាក​គ្រប់​យ៉ាង។ អ្នក​រាល់​គ្នា​ទូល​ព្រះអង្គ​ថា “សូម​តែងតាំង​ស្ដេច​មួយ​អង្គ​ឲ្យ​សោយ​រាជ្យ​លើ​យើង​ខ្ញុំ”។ ដូច្នេះ ចូរ​នាំ​គ្នា​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ តាម​កុលសម្ព័ន្ធ តាម​អំបូរ​ឥឡូវ​នេះ​ចុះ»។

 

២០ លោក​សាមូអែល​ប្រាប់​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​អស់​ឲ្យ​ចូល​មក ហើយ​ចាប់​ឆ្នោត​ប៉ះ​ចំ​កុលសម្ព័ន្ធ​បេនយ៉ាមីន។ ២១ ​បន្ទាប់​មក លោក​ឲ្យ​កុលសម្ព័ន្ធ​បេនយ៉ាមីន​ចូល​មក​តាម​អំបូរ ហើយ​ចាប់​ឆ្នោត​ប៉ះ​ចំ​អំបូរ​ម៉ាទ្រី​ រួច​ប៉ះ​ចំ​ឈ្មោះ​លោក​សាអ៊ូល ជា​កូន​របស់​លោក​គីស។ គេ​នាំ​គ្នា​រក​លោក តែ​រក​ពុំ​ឃើញ​ទេ។ ២២ គេ​ក៏​ចូល​ទៅ​ទូល​សួរ​ព្រះអម្ចាស់​ទៀត​ថា៖ «តើ​បុរស​នោះ​មក​ទី​នេះ​ហើយ​ឬ​នៅ?»។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «នុ៎ះ​ន៎! គេ​កំពុង​ពួន​នៅ​ក្បែរ​ឥវ៉ាន់»។ ២៣ គេ​រត់​ទៅ​រក​លោក នាំ​លោក​ចេញ​ពី​ទី​នោះ​មក លោក​ក៏​ឈរ​នៅ​កណ្ដាល​ចំណោម​ប្រជាជន។ លោក​មាន​កំពស់​ខ្ពស់​ជាង​គេ គឺ​ប្រជាជន​ទាំង​អស់​បាន​ត្រឹម​តែ​ស្មា​របស់​លោក​ប៉ុណ្ណោះ។ ២៤ លោក​សាមូអែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ទាំង​មូល​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​បុរស​ដែល​ព្រះអម្ចាស់​ ជ្រើស​រើស​នេះ​ឬ​ទេ! ក្នុង​ចំណោម​ប្រជាជន​ទាំង​មូល គ្មាន​នរណា​ម្នាក់​ដូច​លោក​ទេ»។ ប្រជាជន​ទាំង​អស់​ក៏​នាំ​គ្នា​ស្រែក​ជ័យ​ឃោស​ឡើង​ថា៖ «ជយោ! ព្រះមហាក្សត្រ!»។

 

២៥ លោក​ សាមូអែល​ប្រកាស​ប្រាប់​ឲ្យ​ប្រជាជន​ដឹង​អំពី​សិទ្ធិ​របស់​ស្ដេច​ រួច​លោក​កត់ត្រា​ក្នុង​ក្រាំង ហើយ​តម្កល់​ទុក​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់។ បន្ទាប់​មក លោក​សាមូអែល​ប្រាប់​ឲ្យ​ប្រជាជន​ទាំង​អស់​វិល​ត្រឡប់​ទៅ​កាន់​លំនៅដ្ឋាន​រៀងៗ​ខ្លួន​វិញ។

 

២៦ ព្រះបាទ ​សាអ៊ូល​យាង​ត្រឡប់​ទៅ​ភូមិ​ដ្ឋាន​នៅ​គីបា​វិញ ដោយ​មាន​មនុស្ស​ដ៏​អង់អាច​មួយ​ក្រុម ដែល​ព្រះជាម្ចាស់​បាន​បណ្ដាល​ចិត្ត ហែរហម​ទៅ​ជា​មួយ​ផង។ ២៧ ប៉ុន្តែ មាន​មនុស្ស​ពាល​ខ្លះ​ពោល​ថា «តើ​ជន​នេះ​ឬ​ដែល​សង្គ្រោះ​យើង!»។ ពួក​គេ​ប្រមាថ​មើលងាយ​ព្រះបាទ​សាអ៊ូល ហើយ​មិន​បាន​នាំ​យក​តង្វាយ​អ្វី​មក​ថ្វាយ​ស្ដេច​ទេ តែ​ស្ដេច​មិន​រវីរវល់​នឹង​គេ​ឡើយ។

ស្ដេច​សាអ៊ូល​វាយ​ឈ្នះ​ជន​ជាតិ​អាំម៉ូន

១ ព្រះបាទ​ណាហាស ជា​ជន​ជាតិ​អាំម៉ូន បាន​លើក​ទ័ព​មក​ឡោមព័ទ្ធ​ក្រុង​យ៉ាបេស ក្នុង​ស្រុក​កាឡាដ។ អ្នក​ក្រុង​យ៉ាបេស​ទាំង​អស់​ទូល​ព្រះបាទ​ណាហាស​ថា៖ «សូម​ចុះ​សន្ធិសញ្ញា​ជា​មួយ​យើង​ខ្ញុំ​មក យើង​ខ្ញុំ​សុខ​ចិត្ត​បំរើ​ព្រះរាជា​ហើយ»។ ២ ព្រះបាទ​ណាហាស ជា​ជន​ជាតិ​អាំម៉ូន មាន​រាជឱង្ការ​ថា៖ «យើង​ចុះ​សន្ធិសញ្ញា​ជា​មួយ​អ្នក​រាល់​គ្នា​បាន ទាល់​តែ​អ្នក​រាល់​គ្នា​យល់​ព្រម​នឹង​លក្ខខណ្ឌ​នេះ គឺ​ឲ្យ​យើង​ខ្វេះ​ភ្នែក​ស្ដាំ​របស់​អ្នក​ទាំង​អស់​គ្នា ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ត្រូវ​អាម៉ាស់»។

 

៣ អស់​លោក​ ព្រឹទ្ធាចារ្យ​នៅ​ក្រុង​យ៉ាបេស​ទូលអង្វរ​ថា៖ «សូម​ព្រះករុណា​ពន្យារ​ពេល​ឲ្យ​យើង​ខ្ញុំ​ប្រាំពីរ​ថ្ងៃ​សិន យើង​ខ្ញុំ​នឹង​ចាត់​អ្នក​នាំ​សារ​ទៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​អ៊ីស្រាអែល។ បើ​សិន​ជា​គ្មាន​នរណា​ម្នាក់​មក​ជួយ​យើង​ខ្ញុំ​ទេ​នោះ យើង​ខ្ញុំ​នឹង​ប្រគល់​ខ្លួន​ថ្វាយ​ព្រះករុណា»។ ៤ អ្នក​នាំ​សារ​ទាំង​នោះ​ទៅ ​ដល់​ភូមិ​គីបា ជា​ភូមិ​ដែល​ព្រះបាទ​សាអ៊ូល​គង់​នៅ ហើយ​រៀប​រាប់​សេចក្ដី​ទាំង​នោះ​ឲ្យ​ប្រជាជន​ស្ដាប់ ប្រជាជន​ទាំង​មូល​ក៏​នាំ​គ្នា​ស្រែក​ទ្រហោ​យំ។ ៥ គាប់​ជួន​ពេល​នោះ ព្រះបាទ​សាអ៊ូល​វិល​ត្រឡប់​មក​ពី​ចំការ​វិញ ដើរ​ពី​ក្រោយ​គោ ស្ដេច​សួរ​គេ​ថា៖ «តើ​មាន​រឿង​អ្វី​បាន​ជា​ប្រជាជន​យំ​ដូច្នេះ?»។ គេ​ក៏​រៀប​រាប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​អ្នក​ស្រុក​យ៉ាបេស​និយាយ​ប្រាប់។ ៦ កាល​ស្ដេច​ឮ​ពាក្យ​ទាំង​នោះ ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​មក​សណ្ឋិត​លើ​ស្ដេច ហើយ​ស្ដេច​ខ្ញាល់​យ៉ាង​ខ្លាំង។ ៧ ព្រះបាទ​សាអ៊ូល​យក​គោ​មួយ​ នឹម​មក​កាប់​ជា​ដុំៗ ផ្ញើ​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ទឹក​ដី​អ៊ីស្រាអែល តាម​រយៈ​ពួក​អ្នក​នាំ​សារ ដោយ​ផ្ដាំ​ថា៖ «បើ​នរណា​ម្នាក់​មិន​ចេញ​ច្បាំង​រួម​ជា​មួយ​សាអ៊ូល និង​លោក​សាមូអែល​ទេ គោ​របស់​អ្នក​នោះ​នឹង​ត្រូវ​កាប់​ជា​ដុំៗ​ដូច្នេះ​ដែរ»។ ព្រះអម្ចាស់​បណ្ដាល​ឲ្យ​ប្រជាជន​ភ័យ​ខ្លាច​ព្រះអង្គ ពួក​គេ​ក៏​ចេញ​ទៅ​ច្បាំង ដោយ​ស្រុះ​គ្នា​ដូច​មនុស្ស​តែ​ម្នាក់។

 

៨ ព្រះបាទ​សាអ៊ូល​ត្រួត​ពល​នៅ​ក្រុង​បេសេក ហើយ​ឃើញ​ទ័ព​អ៊ីស្រាអែល​ទាំង​អស់​មាន​ចំនួន​៣០០ ០០០​នាក់ និង​ទ័ព​យូដា​មាន​ចំនួន​៣០ ០០០​នាក់។ ៩ គេ​ប្រាប់​ទៅ​អ្នក​នាំ​ សារ​ដែល​នាំ​ដំណឹង​មក​នោះ​ថា៖ «ចូរ​ទៅ​ប្រាប់​អ្នក​ក្រុង​យ៉ាបេស​នៅ​ស្រុក​កាឡាដ​ថា ស្អែក ពេល​ថ្ងៃ​រះ​ពេញ​កំដៅ យើង​នឹង​រំដោះ​អ្នក​រាល់​គ្នា»។ អ្នក​នាំ​សារ​យក​ដំណឹង​នេះ​ទៅ​ប្រាប់​អ្នក​ក្រុង​យ៉ាបេស ធ្វើ​ឲ្យ​ពួក​គេ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។ ១០ អ្នក​ក្រុង​យ៉ាបេស​ពោល​ ទៅ​កាន់​ជន​ជាតិ​អាំម៉ូន​ថា៖ «ស្អែក យើង​ខ្ញុំ​នឹង​ចេញ​មក​ប្រគល់​ខ្លួន​ជូន​ពួក​លោក​ហើយ សូម​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ តាម​ពួក​លោក​យល់​ឃើញ​ចុះ»។

 

១១ ស្អែក​ឡើង ព្រះបាទ​សាអ៊ូល​រៀបចំ​ទ័ព​ជា​បី​កង រួច​សំរុក​ចូល​ទី​តាំង​ទ័ព​ពួក​អាំម៉ូន តាំង​ពី​ព្រលឹម​ស្រាងៗ ហើយ​វាយ​ប្រហារ​ខ្មាំង​រហូត​ដល់​ថ្ងៃ​ពេញ​កំដៅ។ រីឯ​ខ្មាំង​ដែល​នៅ​សេសសល់ រត់​ខ្ចាត់ខ្ចាយ​បែក​គ្នា​អស់។ ១២ ពេល​នោះ ប្រជាជន​អ៊ីស្រាអែល​ជំរាប​លោក​សាមូអែល​ថា៖ «បើ​នរណា​ហ៊ាន​ពោល​ថា ព្រះបាទ​សាអ៊ូល​មិន​ត្រូវ​សោយ​រាជ្យ​លើ​ពួក​យើង​ទេ​នោះ សូម​ប្រគល់​ពួក​គេ​មក យើង​ខ្ញុំ​នឹង​យក​ទៅ​សម្លាប់​ចោល»។ ១៣ ប៉ុន្តែ ព្រះបាទ​សាអ៊ូល​មាន​រាជឱង្ការ​ថា៖ «ថ្ងៃ​នេះ​មិន​ត្រូវ​សម្លាប់​នរណា​ម្នាក់​ឡើយ ព្រោះ​ជា​ថ្ងៃ​ដែល​ព្រះអម្ចាស់​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល»។ ១៤ លោក​សាមូអែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «មក៍ យើង​នាំ​គ្នា​ទៅ​គីលកាល់ ដើម្បី​ប្រកាស​តែងតាំង​ស្ដេច​សា​ជា​ថ្មី»។ ១៥ ប្រជាជន​ទាំង​មូល​នាំ​គ្នា​ទៅ​គីលកាល់ នៅ​ទី​នោះ គេ​បាន​អភិសេក​ព្រះបាទ​សាអ៊ូល ជា​ព្រះមហាក្សត្រ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ រួច​ថ្វាយ​យញ្ញបូជា​មេត្រីភាព​ចំពោះ​ព្រះអម្ចាស់។ ព្រះបាទ​សាអ៊ូល និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់ នាំ​គ្នា​ធ្វើ​បុណ្យ​យ៉ាង​អធិកអធម។

សេចក្ដី​ថ្លែង​ការណ៍​របស់​លោក​សាមូអែល

១ លោក​សាមូអែល​មាន​ ប្រសាសន៍​ទៅ​កាន់​ប្រជា​ជន​អ៊ីស្រាអែល​ទាំង​មូល​ថា៖ «ខ្ញុំ​បាន​យល់​ព្រម​តាម​សំណូម​ពរ​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា​ហើយ គឺ​ខ្ញុំ​បាន​តែង​តាំង​ស្ដេច​មួយ​អង្គ​ឲ្យ​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា។ ២ អំណើះ​ត​ទៅ ស្ដេច​នោះ​នឹង​ដឹក​នាំ​អ្នក​រាល់​គ្នា រីឯ​ខ្ញុំ​វិញ ខ្ញុំ​ចាស់​ជរា​ហើយ កូន​ប្រុស​របស់​ខ្ញុំ​ក៏​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ។ ខ្ញុំ​បាន​ដឹក​នាំ​អ្នក​រាល់​គ្នា​តាំង​ពី​ក្មេង​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ៣ ឥឡូវ​នេះ ខ្ញុំ​ឈរ​នៅ​មុខ​អ្នក​រាល់​គ្នា​ស្រាប់​ហើយ សូម​ចោទ​ប្រកាន់​ខ្ញុំ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ និង​នៅ​ចំពោះ​ស្ដេច ដែល​ព្រះអង្គ​ចាក់​ប្រេង​អភិសេក​ចុះ ថា តើ​ខ្ញុំ​ដែល​យក​គោ ឬ​លា​របស់​អ្នក​ណា​ខ្លះ? តើ​ខ្ញុំ​បាន​កេងប្រវ័ញ្ច និង​សង្កត់សង្កិន​នរណា​ខ្លះ? តើ​ខ្ញុំ​បាន​ទទួល​សំណូក​ពី​នរណា ហើយ​បិទ​ភ្នែក​បណ្ដោយ​ឲ្យ​គេ​ធ្វើ​តាម​ចិត្ត? ប្រសិន​បើ​ខ្ញុំ​បាន​ធ្វើ​ដូច្នោះ​មែន ខ្ញុំ​នឹង​សង​ទៅ​គេ​វិញ»។ ៤ ​ប្រ​ជា​ជន​​ស្រែក​ឡើង​ថា៖ «លោក​មិន​បាន​កេងប្រវ័ញ្ច​សង្កត់សង្កិន​យើង​ខ្ញុំ ឬ​ក៏​ទទួល​សំណូក​ពី​នរណា​ម្នាក់​ឡើយ»។ ៥ លោក​សាមូអែល​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ទៀត​ថា៖ «ថ្ងៃ​នេះ ព្រះអម្ចាស់​ធ្វើ​ជា​សាក្សី ហើយ​ស្ដេច​ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក ក៏​ធ្វើ​ជា​សាក្សី​ដែរ​ថា អ្នក​រាល់​គ្នា​គ្មាន​អ្វី​ចោទ​ប្រកាន់​ខ្ញុំ​ទេ»។ ពួក​គេ​ស្រែក​ឡើង​ថា៖ «ពិត​មែន​ហើយ យើង​មាន​ព្រះអង្គ​ជា​សាក្សី!»។

 

៦ លោក​សាមូអែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ទៀត​ថា​៖ «ព្រះអម្ចាស់​បាន​ប្រើ​លោក​ម៉ូសេ និង​លោក​អរ៉ុន ដើម្បី​នាំ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។ ៧ ឥឡូវ​នេះ ចូរ​បង្ហាញ​ខ្លួន​មក ខ្ញុំ​នឹង​កាត់​ក្ដី​ឲ្យ​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់។ ខ្ញុំ​សូម​រំលឹក​អ្នក​រាល់​គ្នា​នូវ​អំពើ​ដ៏​សុចរិត​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នក​រាល់​គ្នា។ ៨ ក្រោយ​ពេល​ដែល​លោក​យ៉ាកុប​ទៅ​ដល់​ស្រុក​អេស៊ីប បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​ស្រែក​អង្វរ​រក​ព្រះអម្ចាស់។ ព្រះអង្គ​ក៏​ចាត់​លោក​ម៉ូសេ និង​លោក​អរ៉ុន​ឲ្យ​ទៅ​នាំ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​ អេស៊ីប មក​រស់​នៅ​ក្នុង​ស្រុក​នេះ។ ៩ ប៉ុន្តែ ពួក​គេ​បាន​ភ្លេច​ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្លួន ព្រះអង្គ​ក៏​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ស៊ីសេរ៉ា ជា​មេទ័ព​នៅ​ក្រុង​ហាស៊រ ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ភីលីស្ទីន និង​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ជន​ជាតិ​ម៉ូអាប់ ដែល​បាន​ធ្វើ​សង្គ្រាម​ជា​មួយ​ពួក​គេ​។ ១០ ពេល​នោះ ពួក​គេ​ស្រែក​អង្វរ​រក​ព្រះអម្ចាស់ ជា​ថ្មី​ទៀត​ថា “យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដ្បិត​យើង​ខ្ញុំ​បោះ​បង់​ចោល​ព្រះអម្ចាស់​ ទៅ​គោរព​បំរើ​ព្រះ​បាល និង​ព្រះអាស្ដារ៉ូត។ ឥឡូវ​នេះ សូម​មេត្តា​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ ផង យើង​ខ្ញុំ​នឹង​គោរព​បំរើ​ព្រះអង្គ​វិញ”។ ១១ ព្រះអម្ចាស់​ ក៏​ចាត់​លោក​យេរូបាល​ លោក​បេដន លោក​យែបថា​ និង​ខ្ញុំ សាមូអែល ឲ្យ​មក។ ព្រះអង្គ​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ដែល​នៅ​ជុំវិញ ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​រស់​នៅ​ក្នុង​ស្រុក​នេះ​ប្រកប​ដោយ​សេចក្ដី​ សុខសាន្ត​។ ១២ ពេល​អ្នក​រាល់​គ្នា​ឃើញ ​ព្រះបាទ​ណាហាស ជា​ស្ដេច​របស់​ជន​ជាតិ​អាំម៉ូន មក​ច្បាំង​នឹង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ទាមទារ​ឲ្យ​ខ្ញុំ​តែងតាំង​ស្ដេច​មួយ​អង្គ​សោយ​រាជ្យ​លើ​ អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ហាក់​ដូច​ជា​បដិសេធ​មិន​ទទួល​ព្រះអម្ចាស់ ជា​ព្រះមហា​ក្សត្រ​របស់​អ្នក​រាល់​គ្នា​ទេ។ ១៣ ដូច្នេះ នេះ​នែ៎ ស្ដេច​ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស ស្ដេច​ដែល​អ្នក​រាល់​គ្នា​សុំ! ព្រះអម្ចាស់​ប្រទាន​ស្ដេច​នោះ​មក​អ្នក​រាល់​គ្នា​ហើយ! ១៤ ប្រសិន​បើ​អ្នក​រាល់​គ្នា​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ប្រសិន​បើ​អ្នក​រាល់​គ្នា​គោរព​បំរើ​ព្រះអង្គ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ដាប់​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ ដោយ​ឥត​ប្រឆាំង​នឹង​បទ​បញ្ជា​របស់​ព្រះអង្គ ហើយ​ប្រសិន​បើ​អ្នក​រាល់​គ្នា និង​ស្ដេច​ដែល​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា នៅ​តែ​ដើរ​តាម​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ​សប្បាយ។ ១៥ ប៉ុន្តែ ប្រសិន​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ ហើយ​បែរ​ជា​ប្រឆាំង​នឹង​បទ​បញ្ជា​របស់​ព្រះអង្គ នោះ​ព្រះអម្ចាស់​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា ដូច​ព្រះអង្គ​បាន​ដាក់​ទោស​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ដែរ។ ១៦ ឥឡូវ​នេះ ចូរ​បង្ហាញ​ខ្លួន​មក ហើយ​មើល​ការ​អស្ចារ្យ​មួយ​យ៉ាង​ធំ ដែល​ព្រះអម្ចាស់​នឹង​សំដែង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ផ្ទាល់​នឹង​ភ្នែក។ ១៧ ពេល​នេះ​ជា​រដូវ​ចំរូត​មែន ឬ​ទេ? ខ្ញុំ​នឹង​ទូលអង្វរ​ព្រះអម្ចាស់ ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ផ្គរ មាន​ភ្លៀង។ ដូច្នេះ អ្នក​នឹង​យល់​ឃើញ​នូវ​កំហុស​ដ៏​ធ្ងន់ ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះហឫទ័យ​ព្រះអម្ចាស់ ដោយ​សុំ​ឲ្យ​មាន​ស្ដេច​មួយ​អង្គ​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា»។

១៨ លោក​សាមូអែល​ទូលអង្វរ​ព្រះអម្ចាស់ ហើយ​នៅ​ថ្ងៃ​ដដែល​នោះ ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ផ្គរ មាន​ភ្លៀង។ ប្រជាជន​ទាំង​មូល​ស្ញែង​ខ្លាច​ព្រះអម្ចាស់ និង​លោក​សាមូអែល​យ៉ាង​ខ្លាំង។ ១៩ ប្រជាជន​ទាំង​នោះ​ជំរាប​លោក​សាមូអែល​ថា៖ «សូម​លោក​ជួយ​អង្វរ​ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក ក្នុង​នាម​យើង​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​យើង​ខ្ញុំ​ត្រូវ​ស្លាប់ ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មួយ ថែម​ពី​លើ​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ ដោយ​ទាមទារ​សុំ​ឲ្យ​មាន​ស្ដេច»។ ២០ លោក​សាមូអែល​មាន​ ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ទាំង​នោះ​មែន ប៉ុន្តែ កុំ​ងាក​ចេញ​ពី​ព្រះអម្ចាស់ គឺ​ត្រូវ​គោរព​បំរើ​ព្រះអម្ចាស់​ឲ្យ​អស់​ពី​ចិត្ត។ ២១ កុំ​ងាក​ចេញ​ពី​ ព្រះអង្គ​ទៅ​គោរព​ព្រះ​ក្លែងក្លាយ​ឡើយ ព្រះ​ទាំង​នោះ​ពុំ​អាច​ផ្ដល់​ផល​ប្រយោជន៍ ឬ​ជួយ​រំដោះ​អ្នក​រាល់​គ្នា​ទេ ព្រោះ​សុទ្ធ​តែ​ជា​ព្រះ​ឥត​បាន​ការ។ ២២ ដោយ​យល់​ដល់​ព្រះនាម​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះអង្គ ព្រះអម្ចាស់​មិន​បោះ​បង់​ចោល​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ទេ ដ្បិត​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ។ ២៣  ម្យ៉ាង​ទៀត ចំពោះ​រូប​ខ្ញុំ​វិញ ដាច់​ខាត​ខ្ញុំ​មិន​ប្រព្រឹត្ត​អំពើ​បាប​ចំពោះ​ព្រះអម្ចាស់ ដោយ​ឈប់​ទូលអង្វរ​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ! ខ្ញុំ​នឹង​ណែនាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​តាម​ផ្លូវ​ល្អ និង​ទៀង​ត្រង់។ ២៤ ចូរ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ហើយ​បំរើ​ព្រះអង្គ​យ៉ាង​ស្មោះ​អស់​ពី​ដួង​ចិត្ត។ ចូរ​ពិចារណា​មើល​កិច្ចការ​ដ៏​ធំធេង ដែល​ព្រះអង្គ​បាន​ធ្វើ​ចំពោះ​អ្នក​រាល់​គ្នា! ២៥ ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​រួម​ជា​មួយ​ស្ដេច​របស់​អ្នក​រាល់​ គ្នា​មិន​ខាន»។

រាជ្យ​របស់​ព្រះបាទ​សាអ៊ូល

ព្រះបាទ​សាអ៊ូល​ធ្វើ​សង្គ្រាម​នឹង​ពួក​ភីលីស្ទីន

១ ព្រះបាទ​សាអ៊ូល​បាន​ឡើង​គ្រង​រាជ្យ​នៅ​ពេល​ស្ដេច​មាន​ព្រះជន្មាយុ…វស្សា។ លុះ​គ្រង​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ពីរ​ឆ្នាំ​ហើយ ២ ព្រះបាទ​សាអ៊ូល​ជ្រើស​រើស​ ទាហាន​ចំនួន​បី​ពាន់​នាក់ ពី​ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រាអែល គឺ​ពីរ​ពាន់​នាក់​ទុក​ឲ្យ​នៅ​ជា​មួយ​ស្ដេច ត្រង់​ភូមិ​មីកម៉ាស់ និង​តំបន់​ភ្នំ​បេតអែល ហើយ​មួយ​ពាន់​នាក់​ទៀត​ឲ្យ​នៅ​ជា​មួយ​សម្ដេច​យ៉ូណាថាន នៅ​ភូមិ​គីបា ក្នុង​ស្រុក​បេនយ៉ាមីន។ រីឯ​ប្រជាជន​ដែល​នៅ​សេសសល់ ទ្រង់​បញ្ជូន​ឲ្យ​វិល​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ។ ៣ ថ្ងៃ​មួយ សម្ដេច​យ៉ូណាថាន​បាន​វាយ​ទី​តាំង​របស់​ជន​ជាតិ​ភីលីស្ទីន​នៅ​ភូមិ​គីបា ហើយ​ជន​ជាតិ​ភីលីស្ទីន​ទទួល​ដំណឹង​នេះ។ ពេល​នោះ ព្រះបាទ​សាអ៊ូល​ចាត់​គេ​ឲ្យ​ផ្លុំ​ស្នែង​នៅ​ក្នុង​ស្រុក​ទាំង​មូល ដោយ​ប្រកាស​ថា៖ «ជន​ជាតិ​ហេប្រឺ​អើយ ចូរ​នាំ​គ្នា​ស្ដាប់!»។ ៤ ប្រជាជន​អ៊ីស្រាអែល​ទាំង​ មូល​ទទួល​ដំណឹង​ថា ព្រះបាទ​សាអ៊ូល​បាន​វាយ​ទី​តាំង​ទ័ព​របស់​ជន​ជាតិ​ភីលីស្ទីន ធ្វើ​ឲ្យ​ជន​ជាតិ​ភីលីស្ទីន ​ខឹង​នឹង​ជន​ជាតិ​អ៊ីស្រាអែល​យ៉ាង​ខ្លាំង។ ប្រ ជាជន​ក៏​មក​ប្រមូល​ផ្ដុំ​គ្នា​ជុំវិញ​ព្រះបាទ​សាអ៊ូល នៅ​គីលកាល់។ ៥ ជន​ជាតិ​ភីលីស្ទីន​ប្រមូល ​ទ័ព​ចេញ​មក​ច្បាំង​តទល់​នឹង​ជន​ជាតិ​អ៊ីស្រាអែល។ ពួក​គេ​មាន​រទេះ​ចំបាំង​ចំនួន​បី​ម៉ឺន​គ្រឿង មាន​ទ័ព​សេះ​ប្រាំ​មួយ​ពាន់ និង​មាន​ពល​ទាហាន​ច្រើន​កុះករ ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ពួក​គេ​បាន​លើក​ទ័ព​មក​បោះ​ជំរំ​នៅ​មីកម៉ាស់ ខាង​កើត​បេតអាវេន។ ៦ កាល​ប្រជាជន​អ៊ីស្រាអែល​ ឃើញ​ថា​ខ្លួន​ស្ថិត​ក្នុង​ភាព​អាសន្ន ព្រោះ​ទ័ព​អ៊ីស្រាអែល​ត្រូវ​ខ្មាំង​ឡោមព័ទ្ធ​ជិត​ដូច្នេះ ពួក​គេ​ក៏​នាំ​គ្នា​រត់​ទៅ​ពួន​នៅ​តាម​រអាង​ភ្នំ តាម​គុហា តាម​ក្រហែង​ថ្ម តាម​រូង​ភ្នំ និង​នៅ​តាម​ជ្រោះ។ ៧ មាន​ជន​ជាតិ​ហេប្រឺ​ខ្លះ​ ឆ្លង​ទន្លេ​យ័រដាន់​រត់​ទៅ​ស្រុក​កាដ និង​ស្រុក​កាឡាដ។ រីឯ​ព្រះបាទ​សាអ៊ូល​វិញ ទ្រង់​គង់​នៅ​គីលកាល់​នៅ​ឡើយ ហើយ​កងទ័ព​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ស្ដេច ញ័រ​រន្ធត់​យ៉ាង​ខ្លាំង។ ៨ ព្រះបាទ​សាអ៊ូល​រង់ចាំ​ជួប​ លោក​សាមូអែល អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ តែ​មិន​ឃើញ​លោក​អញ្ជើញ​មក​គីលកាល់ ដូច​បាន​កំណត់​ទេ។ ពួក​ទាហាន​ក៏​នាំ​គ្នា​រត់​គេច​ខ្លួន ចេញ​ឆ្ងាយ​ពី​ស្ដេច។

 

៩ ព្រះបាទ​ សាអ៊ូល​មាន​រាជឱង្ការ​ថា៖ «ចូរ​យក​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​មេត្រីភាព មក​ឲ្យ​ខ្ញុំ»។ ស្ដេច​ក៏​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​នោះ​ទៅ។ ១០ នៅ​ពេល​ស្ដេច​ថ្វាយ​តង្វាយ​ដុត​រួច​ស្រេច​ហើយ លោក​សាមូអែល​អញ្ជើញ​មក​ដល់។ ព្រះបាទ​សាអ៊ូល​ក៏​យាង​ទៅ​ទទួល និង​ជំរាប​សួរ​លោក។ ១១ លោក​សាមូអែល​មាន​ ប្រសាសន៍​ថា៖ «តើ​ព្រះករុណា​ធ្វើ​អ្វី​ហ្នឹង?»។ ព្រះបាទ​សាអ៊ូល​ឆ្លើយ​ថា៖ «កាល​ខ្ញុំ​ឃើញ​ពល​ទាហាន​រត់​គេច​ខ្លួន​ចេញ​ឆ្ងាយ​ពី​ខ្ញុំ រីឯ​លោក​សោត​ក៏​ពុំ​ឃើញ​អញ្ជើញ​មក​ដូច​កំណត់។ ខ្ញុំ​ឃើញ​ពួក​ភីលីស្ទីន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មីកម៉ាស់ ១២ នោះ​ខ្ញុំ​គិត​ថា “ពួក​ភីលីស្ទីន​នឹង​ចុះ​មក​វាយ​ខ្ញុំ​នៅ​គីលកាល់​ជា​មិន​ខាន តែ​ខ្ញុំ​មិន​បាន​ទូលអង្វរ​ព្រះអម្ចាស់”។ ដូច្នេះ ខ្ញុំ​ក៏​បង្ខំ​ចិត្ត​ថ្វាយ​តង្វាយ​ដុត​នេះ​ទៅ»។ ១៣ លោក​សាមូអែល​ទូល​ព្រះបាទ​សាអ៊ូល​ថា៖ «ព្រះករុណា​បាន​ប្រព្រឹត្ត ដោយ​ឥត​ពិចារណា! គឺ​ព្រះករុណា​មិន​ធ្វើ​តាម​បទ​បញ្ជា​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​ព្រះករុណា បាន​បង្គាប់​មក​ទេ។ បើ​ព្រះករុណា​ធ្វើ​តាម​នោះ ម៉្លេះ​សម​ព្រះអម្ចាស់​ពង្រឹង​រាជ្យ​របស់​ព្រះករុណា ឲ្យ​នៅ​ស្ថិតស្ថេរ​លើ​ជន​ជាតិ​អ៊ីស្រាអែល​មិន​ខាន។ ១៤ ឥឡូវ​នេះ រាជ្យ​របស់​ព្រះករុណា​មិន​អាច​គង់វង្ស​ឡើយ ព្រះអម្ចាស់​ស្វែង​រក​មនុស្ស​ម្នាក់​ដែល​គាប់​ ព្រះហឫទ័យ​ព្រះអង្គ រួច​តែងតាំង​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ព្រោះ​ព្រះករុណា​មិន​បាន​ធ្វើ​តាម​បទ​បញ្ជា ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​ទេ»។ ១៥ លោក​សាមូអែល​ចាក​ចេញ​ ពី​គីលកាល់​ឆ្ពោះ​ទៅ​ភូមិ​គីបា ក្នុង​ស្រុក​បេនយ៉ាមីន។ ព្រះបាទ​សាអ៊ូល​រាប់​ចំនួន​ទាហាន​ដែល​នៅ​ជា​មួយ ឃើញ​ថា​មាន​ប្រហែល​ប្រាំ​មួយ​រយ​នាក់។ ១៦ ព្រះបាទ​សាអ៊ូល និង​សម្ដេច​យ៉ូណាថាន ជា​បុត្រា ព្រម​ទាំង​ទាហាន​ដែល​នៅ​ជា​មួយ បោះ​ទ័ព​នៅ​ភូមិ​គីបា ក្នុង​ស្រុក​បេនយ៉ាមីន រីឯ​ពួក​ភីលីស្ទីន​បោះ​ទ័ព​នៅ​មីកម៉ាស់។ ១៧ ពេល​នោះ មាន​កងទ័ព​ស្រួច​បី​ក្រុម​ចេញ​ពី​ជំរំ​ភីលីស្ទីន ក្រុម​ទី​មួយ​សំដៅ​ទៅ​ក្រុង​អូប្រា នៅ​ស្រុក​ស៊ូអាល ១៨ ក្រុម​ទី​ពីរ​ទៅ​តាម​ ផ្លូវ​ក្រុង​បេតហូរ៉ូន និង​ក្រុម​ទី​បី​ទៅ​តាម​ផ្លូវ​ព្រំប្រទល់ ដែល​ចុះ​ទៅ​ច្រក​ភ្នំ​សេបូអ៊ីម ប៉ែក​ខាង​វាល​រហោស្ថាន។ ១៩ នៅ​ក្នុង​ស្រុក​ អ៊ីស្រាអែល​ទាំង​មូល​គ្មាន​ជាង​ដែក​ទេ ដ្បិត​ជន​ជាតិ​ភីលីស្ទីន​បាន​បញ្ជា​ថា៖ «មិន​ត្រូវ​ឲ្យ​ពួក​ហេប្រឺ​ធ្វើ​ដាវ ឬ​លំពែង​ឡើយ»។ ២០ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​គ្រប់ៗ​រូប​តែងតែ​ទៅ​រក​ជាង​ភីលីស្ទីន ដើម្បី​ច្រុង​ផាល​នង្គ័ល ចប ពូថៅ ឬ​ដឹង។ ២១ តម្លៃ​ច្រុង​ផាល​នង្គ័ល និង​ចប គឺ​ពីរ​ស្លឹង ហើយ​តម្លៃ​សំលៀង​ពូថៅ និង​តម្រង់​រនាស់ គឺ​មួយ​ស្លឹង។ ២២ ហេតុ​នេះ នៅ​ថ្ងៃ​ប្រយុទ្ធ ក្នុង​កងទ័ព​អ៊ីស្រាអែល គ្មាន​នរណា​មាន​ដាវ ឬ​លំពែង​ទេ លើកលែង​តែ​ព្រះបាទ​សាអ៊ូល និង​សម្ដេច​យ៉ូណាថាន ជា​បុត្រ​ប៉ុណ្ណោះ​ដែល​មាន​អាវុធ។ ២៣ ជន​ជាតិ​ភីលីស្ទីន​បញ្ជូន​ទាហាន​មួយ​ក្រុម​ឲ្យ​ទៅ​ត្រៀម​នៅ​ច្រក​មីកម៉ាស់។

សម្ដេច​យ៉ូណាថាន​មាន​ជ័យជំនះ​លើ​ពួក​ភីលីស្ទីន

១ ថ្ងៃ​មួយ សម្ដេច​យ៉ូណាថាន ជា​បុត្រា​របស់​ព្រះ​បាទ​សាអ៊ូល បាន​ប្រាប់​ទៅ​សេនា​ក្មេង​ម្នាក់ ដែល​កាន់​គ្រឿង​សស្រ្ដាវុធ​របស់​សម្ដេច​ថា៖ «ចូរ​យើង​ឆ្លង​ចូល​ទៅ​ខ្សែ​ត្រៀម​របស់​ពួក​ភីលីស្ទីន​ដែល​នៅ​ទល់​មុខ​នោះ»។ សម្ដេច​មិន​បាន​ទូល​បិតា​ឲ្យ​ជ្រាប​ទេ។

 

២ ព្រះបាទ​សាអ៊ូល​ប្រថាប់​នៅ​ជាយ​ភូមិ​គីបា ក្រោម​ដើម​ទទឹម​មួយ​ដើម គឺ​នៅ​មីក្រូន ហើយ​មាន​ទាហាន​ប្រមាណ​ប្រាំ​មួយ​រយ​នាក់​នៅ​ជា​មួយ។ ៣ រីឯ​អ្នក​ដែល​ពាក់​អាវ​ អេផូដ* ដើម្បី​ទូល​សួរ​ព្រះជាម្ចាស់​នៅ​ពេល​នោះ គឺ​លោក​អហ៊ីយ៉ា ជា​កូន​របស់​លោក​អហ៊ីទូប ត្រូវ​ជា​បង​ប្អូន​របស់​អ៊ីកាបុដ ជា​កូន​របស់​លោក​ភីនេអាស​ និង​ត្រូវ​ជា​ចៅ​របស់​លោក​អេលី ដែល​ជា​បូជាចារ្យ​របស់​ព្រះអម្ចាស់​នៅ​ស៊ីឡូ។ គ្មាន​នរណា​ម្នាក់​ក្នុង​ជួរ​កងទ័ព​ដឹង​ថា សម្ដេច​យ៉ូណាថាន​ចេញ​ទៅ​ទេ។

 

៤ ច្រក​ភ្នំ ​ដែល​សម្ដេច​យ៉ូណាថាន​បម្រុង​នឹង​ឆ្លង​ទៅ​រក​ខ្សែ​ត្រៀម​របស់​ពួក​ភីលីស្ទីន ​នោះ មាន​ថ្ម​ស្រួចៗ​នៅ​អម​សង​ខាង​ផ្លូវ មួយ​ឈ្មោះ​បូសិតមួយ​ទៀត​ឈ្មោះ​សេនេ។ ៥ ថ្ម​ស្រួច​មួយ​ស្ថិត​នៅ​ខាង​ជើង ទល់​មុខ​នឹង​មីកម៉ាស់ និង​មួយ​ទៀត​ស្ថិត​នៅ​ខាង​ត្បូង ទល់​មុខ​នឹង​គីបា។

 

​៦ សម្ដេច​យ៉ូណាថាន​ប្រាប់​ទៅ​សេនា​ក្មេង ដែល​កាន់​គ្រឿង​សស្រ្ដាវុធ​ថា៖ «តោ៎ះ! យើង​ចូល​ទៅ​ខ្សែ​ត្រៀម​របស់​ពួក​ទមិឡ​ ប្រហែល​ជា​ព្រះអម្ចាស់​ជួយ​យើង ដ្បិត​គ្មាន​អ្វី​រារាំង​ព្រះអម្ចាស់​មិន​ឲ្យ​ប្រទាន​ជ័យជំនះ​ដល់​យើង​ឡើយ ទោះ​បី​យើង​មាន​គ្នា​តិច ឬ​ច្រើន​ក្ដី!»។ ៧ សេនា​នោះ​ក៏​ឆ្លើយ​តប​វិញ​ថា៖ «សូម​ធ្វើ​តាម​គំនិត​របស់​សម្ដេច​ចុះ! កុំ​បង្អង់​ឡើយ ទូលបង្គំ​ដើរ​តាម​ក្រោយ​សម្ដេច​ជានិច្ច»។ ៨ សម្ដេច​យ៉ូណាថាន​តប​ថា៖ «បើ​ដូច្នេះ ចូរ​យើង​ឆ្លង​ទៅ​រក​អ្នក​ទាំង​នោះ រួច​បង្ហាញ​ខ្លួន​ឲ្យ​គេ​ឃើញ។ ៩ បើ​សិន​ជា​ពួក​គេ​ប្រាប់​ មក​យើង​ថា “ចូរ​ឈប់​នៅ​ទី​នោះ​ហើយ ពួក​យើង​នឹង​ចុះ​ទៅ​រក​អ្នក!” នោះ​យើង​ត្រូវ​ឈរ​នៅ​នឹង​កន្លែង គឺ​មិន​ត្រូវ​ឡើង​ទៅ​រក​ពួក​គេ​ទេ។ ១០ ប៉ុន្តែ បើ​សិន​ជា​ពួក​គេ​ប្រាប់​ថា “ចូរ​ឡើង​មក​រក​យើង!” នោះ​យើង​នឹង​ឡើង​ទៅ​ភ្លាម ដ្បិត​នេះ​ជា​សញ្ញា​សំគាល់​ឲ្យ​យើង​ដឹង​ថា ព្រះអម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​ហើយ»។

 

១១ អ្នក​ ទាំង​ពីរ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​ខ្សែ​ត្រៀម​របស់​ភីលីស្ទីន​ឃើញ​។ ពួក​ភីលីស្ទីន​ពោល​ថា៖ «មើល​ហ្ន៎! ពួក​ហេប្រឺ​ចេញ​ពី​រូង​ដែល​គេ​ពួន​ហើយ!»។ ១២ ពួក​ទាហាន​នៅ​ខ្សែ​ ត្រៀម​ស្រែក​ប្រាប់​សម្ដេច​យ៉ូណាថាន និង​សេនា​ដែល​កាន់​គ្រឿង​សស្រ្ដាវុធ​ថា៖ «ចូរ​ឡើង​មក! យើង​នឹង​ប្រដៅ​អ្នក​ទាំង​ពីរ»។ សម្ដេច​យ៉ូណា​ថាន​ប្រាប់​សេនា​របស់​សម្ដេច​ថា៖ «ឡើង​តាម​ខ្ញុំ ព្រះអម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ហើយ​»​។ ១៣ សម្ដេច​យ៉ូណាថាន​វារ​ឡើង ហើយ​សេនា​ដែល​កាន់​គ្រឿង​សស្រ្ដាវុធ​របស់​សម្ដេច​ក៏​វារ​ឡើង​តាម​ក្រោយ​ដែរ។ សម្ដេច​យ៉ូណាថាន​វាយ​ផ្ដួល​ពួក​ភីលីស្ទីន ហើយ​សេនា​ដែល​កាន់​អាវុធ​ក៏​សម្លាប់​ពួក​គេ​តាម​ក្រោយ។ ១៤ នៅ​គ្រា​ដំបូង សម្ដេច​យ៉ូណាថាន និង​សេនា បាន​ប្រហារ​ពួក​ភីលីស្ទីន​អស់​ប្រមាណ​ម្ភៃ​នាក់ នៅ​លើ​ផ្ទៃ​ដី​ប្រហែល​មួយ​ស្រែ។ ១៥ ពេល​នោះ ក៏​កើត​ការ​ភ័យ​ញាប់ញ័រ​នៅ​ក្នុង​ជំរំ​របស់​ពួក​ភីលីស្ទីន និង​ក្នុង​ចំណោម​ប្រជាជន​ដែល​នៅ​ជិត​ខាង​នោះ​ផង​ដែរ។ រីឯ​ទាហាន​នៅ​តាម​ខ្សែ​ត្រៀម និង​កងទ័ព​ក៏​ភ័យ​ញាប់ញ័រ​ដែរ ដ្បិត​មាន​រញ្ជួយ​ផែនដី បណ្ដាល​ឲ្យ​មាន​ការ​ភ័យ​ញាប់​ញ័រ​ជា​ខ្លាំង។

 

១៦ ពួក​អ្នក​យាមល្បាត​របស់​ស្ដេច​សាអ៊ូល នៅ​ក្រុង​គីបា ក្នុង​ស្រុក​បេនយ៉ាមីន ក៏​បាន​ឃើញ​កងទ័ព​ភីលីស្ទីន​រត់​បែកខ្ញែក​គ្នា​ទៅ​គ្រប់​ទិសទី​ដែរ។ ១៧ ព្រះបាទ​សាអ៊ូល​មាន​ រាជឱង្ការ​ទៅ​កាន់​ទាហាន ដែល​នៅ​ជា​មួយ​ស្ដេច​ថា៖ «ចូរ​រាប់​ចំនួន​គ្នា​យើង​មើល តើ​បាត់​នរណា​ខ្លះ»។ គេ​ក៏​រាប់​មើល ហើយ​ឃើញ​បាត់​សម្ដេច​យ៉ូណាថាន និង​សេនា​ដែល​កាន់​គ្រឿង​សស្រ្ដាវុធ​របស់​សម្ដេច។ ១៨ ព្រះបាទ​សាអ៊ូល​បញ្ជា​ទៅ​ លោក​អហ៊ីយ៉ា​ថា៖ «ចូរ​ទៅ​យក​ហិប​របស់​ព្រះជាម្ចាស់​មក!»។ នៅ​គ្រា​នោះ ហិប​របស់​ព្រះជា​ម្ចាស់​ស្ថិត​នៅ​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល។ ១៩ ពេល​ព្រះបាទ​សាអ៊ូល​កំពុង​ តែ​មាន​រាជឱង្ការ​ទៅ​កាន់​លោក​បូជាចារ្យ ការ​ច្របូកច្របល់​កើត​មាន​កាន់​តែ​ខ្លាំង​ឡើងៗ នៅ​ក្នុង​ជំរំ​ពួក​ភីលី​ស្ទីន​។ ព្រះបាទ​សាអ៊ូល​ក៏​ប្រាប់​លោក​បូជាចារ្យ​ថា៖ «មិន​បាច់​ទូល​សួរ​ព្រះជាម្ចាស់​ទៀត​ទេ»​។ ២០ ព្រះបាទ​សាអ៊ូល និង​ទាហាន​ទាំង​អស់​ដែល​នៅ​ជា​មួយ​ស្ដេច បាន​ប្រមូល​គ្នា រួច​ចេញ​ទៅ​ដល់​ទីលាន​ប្រយុទ្ធ។ ម្នាក់ៗ​កាន់​ដាវ​ចូល​ប្រឡូក​ច្បាំង ហើយ​សភាព​ច្របូកច្របល់​ក៏​កើត​មាន​យ៉ាង​ខ្លាំង​ឥត​ឧបមា។ ២១ មាន​ពួក​ហេប្រឺ​មួយ​ ចំនួន ដែល​ពី​មុន​នៅ​បំរើ​ពួក​ភីលីស្ទីន ហើយ​បាន​ចេញ​មក​ច្បាំង​រួម​ជា​មួយ​ពួក​គេ​ដែរ​នោះ ក៏​រត់​ចូល​មក​ខាង​ទ័ព​អ៊ីស្រាអែល ដែល​នៅ​ជា​មួយ​ព្រះបាទ​សាអ៊ូល និង​សម្ដេច​យ៉ូណាថាន។ ២២ ទាហាន​អ៊ីស្រាអែល​ទាំង​ ប៉ុន្មាន​ដែល​លាក់​ខ្លួន​នៅ​តាម​តំបន់​ភ្នំ​អេប្រាអ៊ីម​ដឹង​ថា ពួក​ភីលីស្ទីន​បាក់​ទ័ព នោះ​ក៏​ចេញ​មក​ដេញ​តាម​ប្រហារ​ពួក​គេ​ដែរ។ ២៣ នៅ​ថ្ងៃ​នោះ ព្រះអម្ចា​ស់​​បាន​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ការ​ប្រយុទ្ធ​ក៏​បន្ត​ទៅ​ទៀត រហូត​ដល់​បេតអាវេន។

 

ទាហាន​អ៊ីស្រាអែល​ជួយ​សម្ដេច​យ៉ូណាថាន​ឲ្យ​រួច​ជីវិត

២៤ នៅ​ថ្ងៃ​នោះ ទាហាន​អ៊ីស្រាអែល​ត្រូវ​វេទនា ព្រោះ​ព្រះបាទ​សាអ៊ូល​បាន​ឲ្យ​ពួក​គេ​ស្បថ​ថា៖ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​បរិ​ភោ​គ​​​​​អាហារ​មុន​ពេល​ល្ងាច គឺ​មុន​ពេល​ដែល​យើង​មិន​ទាន់​បាន​សងសឹក​ខ្មាំង​សត្រូវ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​មិន​ខាន»។ ហេតុ​នេះ ក្នុង​ជួរ​កងទ័ព គ្មាន​នរណា​ម្នាក់​ហ៊ាន​បរិភោគ​អាហារ​ឡើយ។ ២៥ ពួក​គេ​ទាំង​អស់​គ្នា​បាន​ទៅ​ដល់​ក្នុង​ព្រៃ ត្រង់​កន្លែង​មួយ​ដែល​មាន​សំបុក​ឃ្មុំ​នៅ​ផ្ទាល់​នឹង​ដី។ ២៦ ពេល​ពួក​ទាហាន​ចូល​ដល់​ ក្នុង​ព្រៃ ឃើញ​ទឹក​ឃ្មុំ​ហូរ​ដូច្នេះ គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​យក​ដៃ ទៅ​កៀរ​ទឹក​ឃ្មុំ​នោះ​ដាក់​ក្នុង​មាត់​ឡើយ ព្រោះ​ពួក​គេ​គោរព​ពាក្យ​សម្បថ។ ២៧ សម្ដេច​យ៉ូណាថាន​ពុំ​ ដឹង​ថា បិតា​បាន​ឲ្យ​ពួក​ទាហាន​ស្បថ​ទេ។ សម្ដេច​ក៏​យក​ដំបង​ដែល​ទ្រង់​កាន់​នោះ​ចាក់​ទៅ​លើ​សំបុក​ឃ្មុំ ឆ្កឹះ​ដាក់​ក្នុង​មាត់ ហើយ​សម្ដេច​មាន​ទឹក​មុខ​ស្រស់បស់។ ២៨ ពេល​នោះ ទាហាន​ម្នាក់​ទូល​សម្ដេច​យ៉ូណាថាន​ថា៖ «បិតា​របស់​សម្ដេច​បាន​ឲ្យ​ពួក​ទាហាន​ស្បថ​ថា “នៅ​ថ្ងៃ​នេះ អ្នក​ណា​ហ៊ាន​បរិភោគ​អាហារ អ្នក​នោះ​នឹង​ត្រូវ​បណ្ដាសា​ជា​មិន​ខាន!” ហេតុ​នេះ​បាន​ជា​ទាហាន​ហេវហត់​ទាំង​អស់​គ្នា»។ ២៩ ​សម្ដេច​យ៉ូណាថាន​ពោល​ថា៖ «បិតា​របស់​ខ្ញុំ​បាន​នាំ​ឲ្យ​ពួក​យើង​កើត​កង្វល់​ហើយ។ មើល! ខ្ញុំ​មាន​ទឹក​មុខ​ស្រស់បស់ ព្រោះ​តែ​បាន​ភ្លក់​ទឹក​ឃ្មុំ​នេះ​បន្តិច។ ៣០ ថ្ងៃ​នេះ ប្រសិន​បើ​ទាហាន​ទាំង​អស់​បរិភោគ​អាហារ​ដែល​រឹប​អូស​យក​បាន​ពី​ខ្មាំង​នោះ ប្រហែល​ជា​ពួក​ភីលីស្ទីន ទទួល​បរាជ័យ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត!»។

 

៣១ នៅ​ថ្ងៃ​នោះ ពួក​គេ​វាយ​ប្រហារ​ពួក​ភីលីស្ទីន​ចាប់​តាំង​ពី​មីកម៉ាស់ រហូត​ដល់​អាយ៉ាឡូន។ ពួក​ទាហាន​មាន​ការ​ហេវហត់​យ៉ាង​ខ្លាំង ៣២ ក៏​ស្ទុះ​តម្រង់​ទៅ​រក​ ជយភ័ណ្ឌ។ ពួក​គេ​ចាប់​ចៀម គោ និង​កូន​គោ មក​ចាក់​ក​សម្លាប់​នៅ​ផ្ទាល់​នឹង​ដី ហើយ​នាំ​គ្នា​បរិភោគ​សាច់​ដែល​មាន​សុទ្ធ​តែ​ឈាម​។ ៣៣ មាន​គេ​ទូល​ព្រះបាទ​សាអ៊ូល​ថា៖ «ពួក​ទាហាន​បាន​ប្រព្រឹត្ត​ខុស​នឹង​ព្រះអម្ចាស់ ដោយ​​បរិភោគ​សាច់​ដែល​មាន​សុទ្ធ​តែ​ឈាម!»។ ព្រះបាទ​សាអ៊ូល​មាន​រាជឱង្ការ​ថា៖ «អ្នក​រាល់​គ្នា​ក្បត់​ព្រះអម្ចាស់​ហើយ! ចូរ​ប្រមៀល​ថ្ម​មួយ​ផ្ទាំង​ធំ​​មក​ឲ្យ​ខ្ញុំ​ភ្លាម»។ ៣៤ បន្ទាប់​មក ស្ដេច​មាន​រាជឱង្ការ​ទៀត​ថា៖ «ចូរ​នាំ​គ្នា​ទៅ​ក្នុង​ចំណោម​ទាហាន ប្រាប់​ពួក​គេ​ទាំង​អស់​គ្នា​ឲ្យ​នាំ​គោ និង​ចៀម​របស់​ខ្លួន​មក ហើយ​ចាក់​ក​សម្លាប់​នៅ​លើ​ថ្ម​នេះ រួច​នាំ​គ្នា​បរិភោគ​ទៅ។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​មិន​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​ព្រះអម្ចាស់ ដោយ​បរិ​ភោគ​​សាច់​ដែល​មាន​សុទ្ធ​តែ​ឈាម​នេះ​ឡើយ»។ នៅ​យប់​នោះ ពួក​ទាហាន​ទាំង​អស់​បាន​នាំ​យក​គោ​របស់​ខ្លួន​មក ហើយ​ចាក់​ក​សម្លាប់​នៅ​ទី​កន្លែង​នោះ។ ៣៥ ព្រះបាទ​សាអ៊ូល​បាន​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះអម្ចាស់ គឺ​ជា​អាសនៈ​ដំបូង​បង្អស់​ដែល​ស្ដេច​សង់​ថ្វាយ​ព្រះអម្ចាស់។

 

៣៦ ព្រះបាទ ​សាអ៊ូល​មាន​រាជឱង្ការ​ថា៖ «យប់​នេះ ចូរ​យើង​នាំ​គ្នា​ដេញ​តាម​ពួក​ភីលីស្ទីន ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​ពួក​គេ រហូត​ដល់​ថ្ងៃ​រះ ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ»។ ពួក​ទាហាន​ទូល​ស្ដេច​វិញ​ថា៖ «សូម​សំរេច​តាម​ព្រះតម្រិះ​របស់​ព្រះករុណា​ចុះ»។ ប៉ុន្តែ លោក​បូជាចារ្យ​មាន​ប្រសាសន៍​ថា៖ «យើង​គួរ​តែ​ទូល​សួរ​ព្រះជាម្ចាស់​សិន»។ ៣៧ ព្រះបាទ​សាអ៊ូល​ទូល​សួរ​ ព្រះជាម្ចាស់​ថា៖ «តើ​ទូលបង្គំ​អាច​ដេញ​តាម​ពួក​ភីលីស្ទីន​ឬ​ទេ? តើ​ព្រះអង្គ​ប្រ គល់​ពួក​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ឬ​ទេ?»។ ប៉ុន្តែ នៅ​ថ្ងៃ​នោះ ព្រះជា​ម្ចាស់​ពុំ​មាន​ព្រះបន្ទូល​ឆ្លើយ​តប​ឡើយ។ ៣៨ ព្រះបាទ​សាអ៊ូល​មាន​ រាជឱង្ការ​ថា៖ «សុំ​អស់​លោក​ដែល​ជា​មេ​ដឹក​នាំ​របស់​ប្រជា​ជន​អញ្ជើញ​ចូល​មក! សុំ​អស់​លោក​ពិនិត្យ​ឲ្យ​ម៉ត់ចត់​មើល តើ​ថ្ងៃ​នេះ ពួក​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​អ្វី?។ ៣៩ ខ្ញុំ​សុំ​ស្បថ​ក្នុង​នាម​ព្រះអម្ចាស់​ ដែល​មាន​ព្រះជន្ម​គង់​នៅ ហើយ​ជា​ព្រះសង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ថា បើ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​ខុស អ្នក​នោះ​នឹង​មាន​ទោស​ដល់​ជីវិត ទោះ​បី​យ៉ូណាថាន​ជា​បុត្រ​របស់​ខ្ញុំ​ក៏​ដោយ»​។ នៅ​ក្នុង​ជួរ​ទ័ព​ទាំង​មូល គ្មាន​នរណា​ម្នាក់​ឆ្លើយ​តប​ទេ។ ៤០ ព្រះ​បាទ​សាអ៊ូល​មាន​ រាជឱង្ការ​ទៅ​កាន់​កងទ័ព​អ៊ីស្រាអែល​ទាំង​មូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ឈរ​នៅ​ម្ខាង​ទៅ ចំណែក​យ៉ូណាថាន ជា​បុត្រ​ខ្ញុំ និង​ខ្ញុំ ឈរ​នៅ​ម្ខាង»។ ពួក​ទាហាន​ទូល​ថា៖ «សូម​សំរេច​តាម​ព្រះតម្រិះ​របស់​ព្រះករុណា​ចុះ»។ ៤១ ព្រះបាទ​សាអ៊ូល​ទូល​ព្រះអម្ចាស់​ ថា៖ «ឱ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អើយ! សូម​សំដែង​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ការ​ពិត​ផង!»។ ពេល​នោះ គេ​ផ្សង​ចំ​លើ​សម្ដេច​យ៉ូណាថាន និង​ព្រះបាទ​សាអ៊ូល។ ដូច្នេះ ពួក​ទាហាន​ក៏​រួច​ខ្លួន។ ៤២ ព្រះបាទ​សាអ៊ូល​មាន​រាជឱង្ការ​ទៀត​ថា៖ «ចូរ​ផ្សង​រវាង​ខ្ញុំ និង​បុត្រ​ខ្ញុំ​មើល៍» នោះ​ក៏​ចំ​លើ​សម្ដេច​យ៉ូណាថាន។ ៤៣ ព្រះបាទ​សាអ៊ូល​មាន​ រាជឱង្ការ​ទៅ​កាន់​សម្ដេច​យ៉ូណាថាន​ថា៖ «ចូរ​ប្រាប់​បិតា​មើល៍ តើ​បុត្រ​បាន​ធ្វើ​អ្វី?»។ សម្ដេច​យ៉ូណាថាន​ក៏​រៀប​រាប់​ទូល​បិតា តាម​ដំណើរ​រឿង ជា​ហូរហែ​ថា៖ «ទូលបង្គំ​បាន​ភ្លក់​ទឹក​ឃ្មុំ​បន្តិច នៅ​ចុង​ដំបង​ដែល​ទូលបង្គំ​កាន់។ ឥឡូវ​នេះ ទូលបង្គំ​សុខ​ចិត្ត​ស្លាប់​ហើយ!»។ ៤៤ ព្រះបាទ​សាអ៊ូល​មាន​ រាជឱង្ការ​ថា៖ «យ៉ូណាថាន​អើយ​បុត្រ​ត្រូវ​តែ​ស្លាប់? បើ​មិន​ដូច្នោះ​ទេ សូម​ព្រះជាម្ចាស់​ដាក់​ទោស​បិតា​យ៉ាង​ធ្ងន់​ទៅ!»។ ៤៥ ពួក​ទាហាន​ទូល​ព្រះបាទ​ សាអ៊ូល​ថា៖ «សម្ដេច​យ៉ូណាថាន​មិន​ត្រូវ​សុគត​ឡើយ! ដ្បិត​សម្ដេច​ទេ​តើ​ដែល​ដណ្ដើម​បាន​ជ័យ​ជំនះ​ដ៏​ធំធេង​នេះ​ឲ្យ​ប្រជាជាតិ​ អ៊ីស្រាអែល។ យើង​ខ្ញុំ​សូម​ស្បថ ក្នុង​នាម​ព្រះអម្ចាស់​ ដែល​មាន​ព្រះជន្ម​គង់​នៅ​ថា យើង​ខ្ញុំ​មិន​ព្រម​ឲ្យ​សក់​មួយ​សរសៃ​ជ្រុះ​ពី​សិរសា​របស់​សម្ដេច​ឡើយ ដ្បិត​ព្រះជា​ម្ចាស់​បាន​ជួយ​សម្ដេច​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ នៅ​ថ្ងៃ​នេះ»។ ពួក​ទាហាន​ក៏​បាន​សង្គ្រោះ​សម្ដេច​យ៉ូណាថាន​ឲ្យ​រួច​ពី​ស្លាប់។

 

៤៦ បន្ទាប់​មក ព្រះបាទ​សាអ៊ូល​ឈប់​ដេញ​តាម​ពួក​ភីលីស្ទីន ហើយ​ពួក​នោះ​ក៏​វិល​ត្រឡប់​ទៅ​ស្រុក​របស់​គេ​វិញ។

 

ជ័យជំនះ​របស់​ព្រះបាទ​សាអ៊ូល និង​រាជវង្ស

៤៧ ក្រោយ​ពេល​ព្រះបាទ​សាអ៊ូល​ ឡើង​គ្រង​រាជ្យ​លើ​អាណាច​ក្រ​​អ៊ីស្រាអែល​ហើយ ស្ដេច​បាន​ធ្វើ​សង្គ្រាម​ជា​មួយ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ គឺ​ច្បាំង​នឹង​ជន​ជាតិ​ម៉ូអាប់ ជន​ជាតិ​អាំម៉ូន ជន​ជាតិ​អេដុម ពួក​ស្ដេច​នៅ​សូបា និង​ជន​ជាតិ​ភីលីស្ទីន។ នៅ​គ្រប់​សមរភូមិ ស្ដេច​តែងតែ​ទទួល​ជ័យជំនះ​លើ​ពួក​គេ​ជានិច្ច។ ៤៨ ព្រះបាទ​សាអ៊ូល​ធ្វើ​ សង្គ្រាម​ដោយ​ទឹក​ចិត្ត​អង់អាច ទ្រង់​បាន​វាយ​ប្រហារ​ជន​ជាតិ​អាម៉ាឡេក ហើយ​រំដោះ​អ៊ីស្រាអែល ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​សត្រូវ ដែល​បាន​ឈ្លានពាន​ស្រុក​គេ។

 

​៤៩ បុត្រា​ របស់​ព្រះបាទ​សាអ៊ូល​មាន​យ៉ូណាថាន យីសវី និង​ម៉ាល់គីស៊ូអា។ រីឯ​បុត្រី​ទាំង​ពីរ​របស់​ព្រះបាទ​សាអ៊ូល គឺ​ម៉េរ៉ាប ជា​បុត្រី​ច្បង និង​មិកាល់ ជា​បុត្រី​ពៅ។ ៥០ ព្រះជាយា​របស់​ព្រះបាទ​ សាអ៊ូល​ព្រះនាម​អហ៊ីណូអាំ ត្រូវ​ជា​កូន​ស្រី​របស់​លោក​អហ៊ីម៉ា​អាត់។ មេទ័ព​របស់​ស្ដេច​ឈ្មោះ​លោក​អាប់នែរជា​កូន​របស់​លោក​នែរ ដែល​ត្រូវ​ជា​ឪពុក​មា​របស់​ព្រះបាទ​សាអ៊ូល។ ៥១ លោក​គីស​ជា​ឪពុក​របស់​ព្រះបាទ​សាអ៊ូល លោក​នែរ​ជា​ឪពុក​របស់​លោក​អាប់នែរលោក​ទាំង​ពីរ​ត្រូវ​ជា​កូន​របស់​លោក​អប៊ីអែល។ ៥២ ក្នុង​មួយ​ជីវិត ព្រះបាទ​សាអ៊ូល​ធ្វើ​សង្គ្រាម​យ៉ាង​សាហាវ​ទល់​នឹង​ពួក​ភីលីស្ទីន។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះបាទ​សាអ៊ូល​តែងតែ​សង្កេត​​រក​មើល​ជន​ណា​ដែល​មាន​ កម្លាំង​ខ្លាំងក្លា និង​ទឹក​ចិត្ត​អង់អាច ដើម្បី​យក​មក​ធ្វើ​ជា​ពល​ទ័ព​របស់​ស្ដេច។

ព្រះបាទ​សាអ៊ូល​ធ្វើ​សង្គ្រាម​ជា​មួយ​ជន​ជាតិ​អាម៉ាឡេក

១ លោក​សាមូអែល​ទូល​ព្រះបាទ​សាអ៊ូល​ថា៖ «ព្រះអម្ចាស់​ បាន​ចាត់​ទូលបង្គំ​ឲ្យ​មក​ចាក់​ប្រេង​អភិសេក​ព្រះករុណា ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់។ ឥឡូវ​នេះ សូម​ព្រះករុណា​ទ្រង់​ព្រះសណ្ដាប់​សេចក្ដី​ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល។ ២ ​ព្រះអ​ម្ចាស់​ នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា“យើង​ចង់​ដាក់​ទោស​ជន​ជាតិ​អាម៉ាឡេក ដែល​បាន​ធ្វើ​បាប​ជន​ជាតិ​អ៊ីស្រាអែល គឺ​រារាំង​ផ្លូវ​ជន​ជាតិ​អ៊ីស្រាអែល កាល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​។ ៣ ឥឡូវ​នេះ ចូរ​ទៅ​វាយ​ជន​ជាតិ​អាម៉ាឡេក​ចុះ។ ត្រូវ​បំផ្លាញ​អ្វីៗ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ថ្វាយ​ផ្ដាច់​ដល់​ ព្រះអម្ចាស់ ឥត​ត្រា​ប្រណី​ឡើយ គឺ​ត្រូវ​សម្លាប់​ចោល​ទាំង​អស់ ទាំង​ប្រុស ទាំង​ស្រី ទាំង​កូន​ក្មេង ទាំង​ទារក ទាំង​គោ ទាំង​ចៀម ទាំង​អូដ្ឋ និង​លា​ផង”»។

 

៤ ព្រះបាទ​ សាអ៊ូល​ក៏​កេណ្ឌ​ទ័ព ហើយ​យាង​ចេញ​មក​ត្រួត​ពល​នៅ​តេឡឹម មាន​ទ័ព​ថ្មើរ​ជើង​ចំនួន​២០០ ០០០​នាក់ ព្រម​ទាំង​មាន​ទាហាន ១០ ០០០​នាក់ ពី​កុលសម្ព័ន្ធ​យូដា​ថែម​ទៀត​ផង។ ៥ កាល​ព្រះបាទ​សាអ៊ូល​យាង​ទៅ​ដល់​ក្រុង​របស់​ជន​ជាតិ​អាម៉ាឡេក ទ្រង់​បង្កប់​ទ័ព​នៅ​តាម​ជ្រលង​ភ្នំ។ ៦ បន្ទាប់​មក ព្រះបាទ​សាអ៊ូល​មាន​រាជឱង្ការ​ទៅ​ជន​ជាតិ​គេនី​ថា៖ «ចូរ​ដក​ខ្លួន​ថយ​ចេញ​ពី​ពួក​អាម៉ាឡេក ហើយ​រត់​ចេញ​ពី​ចំណោម​ពួក​គេ​ទៅ ក្រែង​លោ​យើង​សម្លាប់​អ្នក​រាល់​គ្នា​ជា​មួយ​ពួក​គេ​ដែរ ព្រោះ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល ដោយ​ចិត្ត​សប្បុ​រស កាល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប»។ ដូច្នេះ ជន​ជាតិ​គេនី​ចាក​ចេញ​ពី​ចំណោម​ជន​ជាតិ​អាម៉ាឡេក។ ៧ ព្រះបាទ​សាអ៊ូល​វាយ​ពួក​អាម៉ាឡេក ចាប់​ពី​ហាវីឡា រហូត​ដល់​ស៊ួរ ដែល​នៅ​ខាង​កើត​ស្រុក​អេស៊ីប។ ៨ ស្ដេច​ចាប់​បាន​ព្រះបាទ​ អកាក់ ជា​ស្ដេច​របស់​ពួក​អាម៉ាឡេក ទាំង​រស់ ហើយ​ប្រហារ​ជីវិត​ប្រជាជន​ទាំង​អស់​ដោយ​មុខ​ដាវ ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់ ៩ តែ​ព្រះបាទ​សា​អ៊ូល និង​កងទ័ព​បាន​ទុក​ជីវិត​ឲ្យ​ស្ដេច​អកាក់ ព្រម​ទាំង​សត្វ​ដ៏​ល្អ​ៗ​​ជាង​គេ មាន​គោ ចៀម សត្វ​ធាត់ៗ កូន​ចៀម និង​អ្វីៗ​ដែល​ល្អ​បំ​ផុត ពួក​គេ​មិន​ព្រម​បំផ្លាញ​ថ្វាយ​ផ្ដាច់*​ដល់​ព្រះជាម្ចាស់​ទេ។ ពួក​គេ​បំផ្លាញ​តែ​អ្វីៗ​ដែល​គ្មាន​តម្លៃ និង​គ្មាន​ប្រយោជន៍​ប៉ុណ្ណោះ​។

 

ព្រះអម្ចាស់​បោះ​បង់​ចោល​ស្ដេច​សាអ៊ូល

១០ ពេល​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​សាមូ​អែល​ថា ១១ «យើង​សោក​ស្ដាយ​ណាស់​ ដោយ​បាន​តែងតាំង​សាអ៊ូល ជា​ស្ដេច ព្រោះ​គេ​ងាក​ចេញ​ពី​យើង ហើយ​ពុំ​បាន​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​យើង​ទេ»។ លោក​សាមូអែល​រន្ធត់​ចិត្ត​ជា​ខ្លាំង លោក​ទូលអង្វរ​ព្រះអម្ចាស់​ពេញ​មួយ​យប់។ ១២ ​លោក​សាមូអែល​ក្រោក​ពី​ព្រលឹម ធ្វើ​ដំណើរ​ទៅ​គាល់​ព្រះបាទ​សាអ៊ូល តែ​គេ​ជំរាប​លោក​ថា ព្រះបាទ​សាអ៊ូល​យាង​ទៅ​កាម៉ិលដើម្បី​សង់​ស្ដូប​មួយ​សំរាប់​ស្ដេច​ផ្ទាល់ រួច​ហើយ​ស្ដេច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ឆ្ពោះ​ទៅ​គីលកាល់។ ១៣ កាល​លោក​សាមូអែល​ជួប​ព្រះបាទ​សាអ៊ូល​ហើយ ព្រះបាទ​សាអ៊ូល​មាន​រាជឱង្ការ​ថា៖ «សូម​ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​លោក! ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ព្រះអម្ចាស់​ហើយ»។ ១៤ លោក​សាមូអែល​ទូល​សួរ​ថា៖ «ចុះ​ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ឮ​សំរែក​ចៀម និង​គោ​ដូច្នេះ?»។ ១៥ ព្រះបាទ​សាអ៊ូល​មាន​ រាជឱង្ការ​ថា៖ «ពួក​ពល​ទាហាន​នាំ​យក​សត្វ​ទាំង​នោះ​ពី​ស្រុក​អាម៉ាឡេក។ ពួក​គេ​ទុក​គោ និង​ចៀម​ដ៏​ល្អៗ​នេះ សំរាប់​ធ្វើ​យញ្ញបូជា​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក ចំពោះ​អ្វីៗ​ផ្សេង​ទៀត ពួក​យើង​បាន​បំផ្លាញ ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់​អស់​ហើយ»។ ១៦ លោក​សាមូអែល​ទូល​តប​វិញ​ថា៖ «ល្មម​ហើយ! ឥឡូវ​នេះ ទូលបង្គំ​សូម​ទូល​សេចក្ដី​ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​ទូលបង្គំ​កាល​ពី​យប់មិញ»។ ព្រះបាទ​សាអ៊ូល​មាន​រាជឱង្ការ​ថា៖ «សូម​លោក​មាន​ប្រសាសន៍​មក​ចុះ!»។ ១៧ លោក​សាមូអែល​ទូល​ថា៖ «ទោះ​បី​ព្រះករុណា​យល់​ថា​ខ្លួន​ជា​មនុស្ស​ទន់ទាប​ក្ដី ក៏​ព្រះករុ​ណា​​នៅ​តែ​ជា​អ្នក​ដឹក​នាំ​លើ​កុលសម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​ អ៊ីស្រា​អែល​ដែរ ដ្បិត​ព្រះអម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ព្រះករុណា ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល​រួច​ហើយ។ ១៨ ព្រះអម្ចាស់​ ចាត់​ព្រះករុណា​ឲ្យ​ទៅ​ច្បាំង ដោយ​មាន​ព្រះបន្ទូល​ថា “ចូរ​ទៅ​បំផ្លាញ​ជន​ជាតិ​អាម៉ាឡេក ដែល​ជា​មនុស្ស​បាប ចូរ​ប្រហារ​ពួក​គេ​ឲ្យ​វិនាស​សាប​សូន្យ​ទៅ”។ ១៩ ហេតុ​អ្វី​បាន​ជា​ព្រះករុណា​មិន​គោរព​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់? ហេតុ​អ្វី​បាន​ជា​ព្រះករុណា​យក​ជយភ័ណ្ឌ​ពី​ខ្មាំង ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​មិន​គាប់​ព្រះហឫទ័យ​ព្រះអង្គ​ទៀត​ដូច្នេះ?»។ ២០ ព្រះបាទ​សាអ៊ូល​មាន​រាជឱង្ការ​តប​ទៅ​លោក​សាមូអែល​ថា៖ «ខ្ញុំ​បាន​គោរព​តាម​បញ្ជា​របស់​ព្រះអម្ចាស់​ហើយ ខ្ញុំ​បាន​ចេញ​ទៅ​ច្បាំង​នៅ​ស្រុក​ដែល​ព្រះអម្ចាស់​ ចាត់​ឲ្យ​ទៅ។ ខ្ញុំ​ចាប់​បាន​អកាក់ ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ាឡេក មក​ជា​ឈ្លើយ ហើយ​ខ្ញុំ​ក៏​ប្រហារ​ជីវិត​ជន​ជាតិ​អាម៉ាឡេក​ទាំង​អស់​ថ្វាយ​ព្រះអង្គ​ដែរ។ ២១ ពួក​ពល​ទាហាន​រើស​យក​ជយភ័ណ្ឌ មាន​គោ និង​ចៀម​ដ៏​ល្អ​ជាង​គេ​ពី​អ្វីៗ​ទាំង​អស់ ដែល​ត្រូវ​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់ ដើម្បី​ធ្វើ​ជា​យញ្ញបូជា​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក​នៅ​គីលកាល់»។ ២២ លោក​សាមូអែល​មាន​ប្រសាសន៍​ថា៖ «តើ​ព្រះអម្ចាស់​ សព្វ​ព្រះ​ហឫ​ទ័យ​​នឹង​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​យញ្ញបូជា ខ្លាំង​ជាង​ការ​ស្ដាប់​បង្គាប់​ព្រះអង្គ​ឬ? ទេ! ការ​ស្ដាប់​បង្គាប់​ប្រសើរ​ជាង​ថ្វាយ​យញ្ញបូជា​ទៅ​ទៀត ការ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ក៏​ប្រសើរ​ជាង​ការ​ថ្វាយ​ខ្លាញ់​ចៀម​ឈ្មោល​ដែរ។ ២៣ រីឯ​ការ​បះបោរ​អាក្រក់​ ដូច​ការ​រក​គ្រូ​ទាយ ហើយ​ចិត្ត​រឹងរូស​ក៏​អាក្រក់​ដូច​ការ​គោរព​ព្រះ​ក្លែង​ក្លា​យ​​​​​ដែរ។ ព្រះករុណា​បោះ​បង់​ចោល​ព្រះបន្ទូល​របស់​ព្រះអ​ម្ចា​ស់​ ដូច្នេះ ព្រះអង្គ​ក៏​បោះ​បង់​ចោល​ព្រះករុណា​លែង​ឲ្យ​ធ្វើ​ជា​ស្ដេច​ទៀត​ហើយ»។

 

២៤ ព្រះបាទ​សាអ៊ូល​មាន​រាជឱង្ការ​ទៅ​កាន់​លោក​សាមូអែល​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ល្មើស​នឹង​បទ​បញ្ជា​របស់​ព្រះ​អម្ចាស់ ហើយ​ខ្ញុំ​ក៏​បាន​ធ្វើ​ខុស​នឹង​ពាក្យ​របស់​លោក​ដែរ ដ្បិត​ខ្ញុំ​ខ្លាច​ពល​ទាហាន ហើយ​ធ្វើ​តាម​ពួក​គេ។ ២៥ ឥឡូវ​នេះ ខ្ញុំ​អង្វរ​លោក សូម​មេត្តា​អត់ទោស​ឲ្យ​ខ្ញុំ​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​នេះ​ផង។ សូម​លោក​ត្រឡប់​មក​ជា​មួយ​ខ្ញុំ​វិញ ដើម្បី​ឲ្យ​ខ្ញុំ​ទៅ​ក្រាប​ថ្វាយបង្គំ​ព្រះអម្ចាស់»។ ២៦ លោក​សាមូអែល​ទូល​តប​ ព្រះបាទ​សាអ៊ូល​ថា៖ «ទូលបង្គំ​មិន​វិល​ទៅ​ជា​មួយ​ព្រះករុណា​វិញ​ទេ ដ្បិត​ព្រះករុណា​បាន​បោះ​បង់​ចោល ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ព្រះអម្ចាស់​ក៏​បោះ​បង់​ចោល​ព្រះករុណា លែង​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល​ទៀត​ដែរ»។

 

​២៧ កាល​លោក​សាមូអែល​បែរ​ខ្នង​ចេញ​ទៅ ព្រះបាទ​សាអ៊ូល​ចាប់​ទាញ​ជាយ​អាវ​ធំ​របស់​លោក ធ្វើ​ឲ្យ​រហែក។ ២៨ លោក​សាមូអែល​ទូល​ស្ដេច​ថា៖ «ថ្ងៃ​នេះ ព្រះអម្ចាស់​ដក​ហូត​រាជ​ចេញ​ពី​ព្រះករុណា លែង​ឲ្យ​គ្រង​រាជ​លើ​ជន​ជាតិ​អ៊ីស្រាអែល​ទៀត​ហើយ ព្រះអង្គ​ប្រគល់​រាជ​សម្បត្តិ​នេះ​ឲ្យ​បុរស​ម្នាក់​ទៀត ដែល​ល្អ​ជាង​ព្រះករុណា។ ២៩ ព្រះអម្ចាស់ ដែល​ជា​សិរីរុងរឿង​របស់​ជន​ជាតិ​អ៊ីស្រាអែល មិន​ចេះ​កុហក មិន​ក្រឡាស់​ពាក្យ​សំដី ហើយ​មិន​ចេះ​ស្ដាយ​ក្រោយ​ដូច​មនុស្ស​លោក​ទេ»។ ៣០ ព្រះបាទ​សាអ៊ូល​​មាន​ រាជឱង្ការ​ថែម​ទៀត​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ឥឡូវ​នេះ ខ្ញុំ​សូម​អង្វរ​លោក​មេត្តា​ទុក​កិត្តិយស​ឲ្យ​ខ្ញុំ នៅ​ចំពោះ​មុខ​អស់​លោក​ព្រឹទ្ធាចារ្យ​នៃ​ប្រជាជន​របស់​ខ្ញុំ និង​នៅ​ចំពោះ​មុខ​អ៊ីស្រាអែល​ផង សូម​លោក​វិល​មក​ជា​មួយ​ខ្ញុំ ខ្ញុំ​នឹង​ក្រាប​ថ្វាយបង្គំ​ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក»។ ៣១ លោក​សាមូអែល​ក៏​សុខ​ចិត្ត​វិល​មក​វិញ លោក​ដើរ​តាម​ពី​ក្រោយ​ព្រះបាទ​សាអ៊ូល ហើយ​ព្រះបាទ​សាអ៊ូល​ក្រាប​ថ្វាយបង្គំ​ព្រះអម្ចាស់។ ៣២ លោក​សាមូ​អែល​​មាន​ ប្រសាសន៍​ថា៖ «ចូរ​នាំ​អកាក់ ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ាឡេក​មក»។ ស្ដេច​អកាក់​ចូល​មក​ជិត​លោក​សាមូអែល ដោយ​ទឹក​មុខ​ស្រស់បស់ ព្រោះ​នឹក​ស្មាន​ថា «បាន​រួច​ពី​ស្លាប់»។ ៣៣ លោក​សាមូអែល​មាន​ ប្រសាសន៍​ថា៖ «ដាវ​របស់​ឯង​បាន​ធ្វើ​ឲ្យ​ម្ដាយ​ព្រាត់​ប្រាស់​ពី​កូន​របស់​ខ្លួន​យ៉ាង​ណា ម្ដាយ​របស់​ឯង​ក៏​ត្រូវ​ព្រាត់​ប្រាស់​ពី​កូន​របស់​ខ្លួន​យ៉ាង​នោះ​ដែរ»។ បន្ទាប់​មក លោក​សាមូអែល​ប្រហារ​ជីវិត​ស្ដេច​អកាក់​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះ​អម្ចាស់ នៅ​គីលកាល់។

៣៤ លោក​សាមូអែល​វិល​ទៅ​រ៉ាម៉ា​វិញ ហើយ​ព្រះបាទ​សាអ៊ូល​ក៏​វិល​ទៅ​ដំណាក់​នៅ​គីបា​ដែរ។ ៣៥ លោក​សាមូអែល​លែង​ទៅ​ជួប​ព្រះបាទ​សាអ៊ូល​ទៀត​រហូត​ដល់​ថ្ងៃ​ស្លាប់។ លោក​សាមូអែល​យំ​សោក​ស្ដាយ​ព្រះបាទ​សាអ៊ូល ដ្បិត​ព្រះអម្ចាស់​ខក​ព្រះហឫទ័យ ដោយ​បាន​តែងតាំង​ព្រះបាទ​សាអ៊ូល ឲ្យ​គ្រង​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រាអែល។

ព្រះជាម្ចាស់​ជ្រើស​រើស​យុវជន​ដាវីឌ​ជា​ស្ដេច​ថ្មី

១ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​សាមូ​អែល​ថា៖ «តើ​អ្នក​នៅ​តែ​យំ​សោក​ស្ដាយ​សាអ៊ូល​ដល់​ណា​ទៀត? យើង​បោះ​បង់​គេ​ចោល លែង​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល​ទៀត​ហើយ។ ចូរ​យក​ស្នែង​មក​ចាក់​ប្រេង​ឲ្យ​ពេញ រួច​ធ្វើ​ដំណើរ​ទៅ។ យើង​ចាត់​អ្នក​ឲ្យ​ទៅ​ផ្ទះ​លោក​យេសាយ នៅ​ភូមិ​បេថ្លេហិម ដ្បិត​ក្នុង​ចំណោម​កូន​ប្រុស​របស់​គាត់ យើង​ជ្រើស​រើស​យក​ម្នាក់​ឲ្យ​ធ្វើ​ជា​ស្ដេច ដែល​ត្រូវ​ចិត្ត​យើង»។ ២ លោក​សាមូអែល​ទូល​ថា៖ «តើ​ឲ្យ​ទូលបង្គំ​ទៅ​ម្ដេច​កើត? បើ​ព្រះបាទ​សាអ៊ូល​ជ្រាប ស្ដេច​មុខ​ជា​សម្លាប់​ទូលបង្គំ​មិន​ខាន»។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ដឹក​គោ​ញី​ស្ទាវ​មួយ​ទៅ ហើយ​ប្រាប់​គេ​ថា ខ្ញុំ​មក​ថ្វាយ​យញ្ញបូជា​ដល់​ព្រះអម្ចាស់។ ៣ ចូរ​អញ្ជើញ​លោក​យេសាយ​ ឲ្យ​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​យញ្ញបូជា​នោះ​ផង។ ពេល​នោះ យើង​នឹង​ប្រាប់​អ្នក​ឲ្យ​ដឹង​នូវ​កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​ត្រូវ​យក​ប្រេង​ចាក់​អភិសេក​អ្នក​ដែល​យើង​នឹង​ចង្អុល​ប្រាប់»។

 

៤ លោក​សាមូអែល​ធ្វើ​តាម​បញ្ជា​របស់​ព្រះអម្ចាស់ ហើយ​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេហិម។ អស់​លោក​ព្រឹទ្ធាចារ្យ​ក្នុង​ភូមិ​នោះ​ចេញ​មក​ទទួល​លោក ទាំង​ភ័យ​ញាប់ញ័រ ហើយ​សួរ​លោក​ថា៖ «តើ​លោក​អញ្ជើញ​មក​នេះ ក្នុង​គោល​បំណង​ល្អ​ឬ?»។ ៥ លោក​សាមូអែល​ឆ្លើយ​តប​ថា៖ «បាទ! ខ្ញុំ​មក​ថ្វាយ​យញ្ញបូជា​ដល់​ព្រះអម្ចាស់ ដូច្នេះ សូម​អស់​លោក​អញ្ជើញ​ធ្វើ​ពិធី​ជំរះ​កាយ​ឲ្យ​បាន​វិសុទ្ធ* ហើយ​មក​ថ្វាយ​យញ្ញបូជា​ជា​មួយ​ខ្ញុំ»។ លោក​សាមូអែល​ក៏​ធ្វើ​ពិធី​ជំរះ​កាយ​ជូន​លោក​យេសាយ ព្រម​ទាំង​កូន​ប្រុសៗ​ឲ្យ​បាន​វិសុទ្ធ និង​អញ្ជើញ​ពួក​គេ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​យញ្ញបូជា​ដែរ។ ៦ កាល​លោក​យេសាយ និង​កូន​ប្រុសៗ​មក​ដល់ លោក​សាមូអែល​ក្រឡេក​ឃើញ​អេលីយ៉ាប ក៏​នឹក​ក្នុង​ចិត្ត​ថា៖ «ប្រាកដ​ជា​ម្នាក់​នេះ​ហើយ ដែល​ព្រះអម្ចាស់​បាន​ជ្រើស​រើស»។ ៧ ប៉ុន្តែ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ថា៖ «កុំ​មើល​តែ​សំបក​ក្រៅ ឬ​កំពស់​របស់​គេ​ឡើយ យើង​មិន​បាន​ជ្រើស​រើស​អ្នក​នេះ​ទេ។ ព្រះអម្ចាស់​មិន​វិនិច្ឆ័យ​ដូច​មនុស្ស​លោក ដែល​មើល​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ​ទេ ព្រះអម្ចាស់​ទត​មើល​ចិត្ត​គំនិត​វិញ»។ ៨ លោក​យេសាយ​ហៅ​អប៊ីណាដាប់ ​ឲ្យ​ដើរ​នៅ​មុខ​លោក​សាមូ​អែល លោក​សាមូអែល​មាន​ប្រសាសន៍​ថា៖ «ព្រះអម្ចាស់​ក៏​មិន​បាន​ជ្រើស​រើស​អ្នក​នេះ​ដែរ»។ ៩ លោក​យេសាយ​ឲ្យ​សាម៉ា​ដើរ​នៅ​មុខ​លោក​សាមូអែល។ លោក​សាមូអែល​មាន​ប្រសាសន៍​ថា៖ «ព្រះអម្ចាស់​ក៏​មិន​ជ្រើស​រើស​អ្នក​នេះ​ដែរ»។ ១០ លោក​យេសាយ​ឲ្យ​កូន​ ប្រុស​ទាំង​ប្រាំពីរ​នាក់​ដើរ​នៅ​មុខ​លោក​សាមូអែល តែ​លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យេសាយ​ថា៖ «ក្នុង​ចំ​ណោម​​​អ្នក​ទាំង​នេះ ព្រះអម្ចាស់​ពុំ​បាន​ជ្រើស​រើស​នរណា​ម្នាក់​ឡើយ ១១ តើ​លោក​គ្មាន​កូន​ណា​ ផ្សេង​ទេ​ឬ?»។ លោក​យេសាយ​ឆ្លើយ​ថា៖ «បាទ! នៅ​សល់​កូន​ពៅ​ម្នាក់​ទៀត ដែល​កំពុង​តែ​ឃ្វាល​ចៀម»។ លោក​សាមូអែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យេសាយ​ថា៖ «ចូរ​ឲ្យ​គេ​ទៅ​ហៅ​វា​មក បើ​វា​មិន​ទាន់​មក​ដល់​ទេ យើង​នឹង​មិន​បរិភោគ​ឡើយ»។ ១២ លោក​យេសាយ​ចាត់​គេ​ឲ្យ ​ទៅ​ហៅ​កូន​នោះ​មក។ កូន​នោះ​មាន​ថ្ពាល់​ក្រហម មាន​ភ្នែក​ភ្លឺ​ថ្លា និង​មាន​ទឹក​មុខ​ស្រស់​ល្អ​គួរ​ជា​ទី​ពេញ​ចិត្ត។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «គឺ​ម្នាក់​នេះ​ហើយ! ចូរ​ចាក់​ប្រេង​អភិសេក​គេ​ចុះ!»។ ១៣ លោក​សាមូអែល​យក​ស្នែង​ប្រេង​មក ហើយ​ចាក់​ប្រេង​អភិសេក​យុវជន​ដាវីឌ នៅ​ចំពោះ​មុខ​បងៗ។ ព្រះវិញ្ញាណ​របស់ព្រះអម្ចាស់​យាង​មក​សណ្ឋិត​លើ​យុវជន​ដាវីឌ ចាប់​តាំង​ពី​ពេល​នោះ​មក។ បន្ទាប់​មក លោក​សាមូអែល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ភូមិ​រ៉ាម៉ា​វិញ។

 

យុវជន​ដាវីឌ​ចូល​បំរើ​ព្រះបាទ​សាអ៊ូល

១៤ ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់ ​បាន​ចាក​ចេញ​ពី​ព្រះបាទ​សាអ៊ូល ហើយ​មាន​វិញ្ញាណ​អាក្រក់​មួយ​មក​ពីព្រះអម្ចាស់ ធ្វើ​ឲ្យ​ស្ដេច​វិលវល់​ស្មារតី។ ១៥ ពួក​មន្ត្រី​របស់​ព្រះបាទ​សាអ៊ូល​ទូល​ស្ដេច​ថា៖ «មាន​វិញ្ញាណ​អាក្រក់​មក​ពី​ព្រះជាម្ចាស់ បណ្ដាល​ឲ្យ​ព្រះករុណា​វិលវល់​ស្មារតី​ដូច្នេះ។ ១៦ សូម​ព្រះករុណា​មាន​ រាជ​ឱ​ង្ការ​មក​ចុះ យើង​ខ្ញុំ​រង់ចាំ​ធ្វើ​តាម​បញ្ជា​ជានិច្ច យើង​ខ្ញុំ​នឹង​រក​មនុស្ស​ម្នាក់ ដែល​ចេះ​ដេញ​ពិណ មក​ថ្វាយ​ព្រះករុណា។ កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះជាម្ចាស់​មក​សង្កត់​លើ​ព្រះករុណា អ្នក​នោះ​នឹង​ដេញ​ពិណ ដើម្បី​ឲ្យ​ព្រះករុណា​បាន​ធូរ​ស្រាល»។ ១៧ ព្រះបាទ​សាអ៊ូល​មាន​រាជឱង្ការ​ទៅ​ពួក​មន្ត្រី​ថា៖ «ចូរ​ទៅ​រក​អ្នក​លេង​ភ្លេង​ដ៏​ចំណាន​ម្នាក់ ហើយ​នាំ​មក​ជួប​ខ្ញុំ»។ ១៨ រាជ​បំរើ​ម្នាក់​ទូល​ ថា៖ «ទូលបង្គំ​ស្គាល់​យុវជន​ម្នាក់ ជា​កូន​របស់​លោក​យេសាយ អ្នក​ភូមិ​បេថ្លេហិម។ គេ​ចេះ​លេង​ភ្លេង ជា​អ្នក​ក្លាហាន​អង់អាច ជា​អ្នក​ចំបាំង​ដ៏​ខ្លាំងក្លា ឈ្លាសវៃ​ក្នុង​ការ​និយាយ​ស្ដី មាន​រូប​សម្បត្តិ​ល្អ​ស្អាត ហើយ​ព្រះអម្ចាស់​ក៏​គង់​នៅ​ជា​មួយ​ដែរ»។ ១៩ ព្រះបាទ​សាអ៊ូល​ចាត់​អ្នក​ នាំ​សារ​ទៅ​ប្រាប់​លោក​យេសាយ នៅ​ភូមិ​បេថ្លេហិម​ថា៖ «សូម​ឲ្យ​ដាវីឌ ជា​កូន​ប្រុស​របស់​លោក ដែល​ជា​អ្នក​ឃ្វាល​ចៀម​នោះ មក​ជួប​យើង»។ ២០ លោក​យេសាយ​យក​លា​មួយ​មក លោក​រៀបចំ​នំបុ័ង ស្រា​មួយ​ថង់​ស្បែក និង​កូន​ពពែ​ស្ទាវ​មួយ រួច​បញ្ជូន​ដាវីឌ​ជា​កូន​ឲ្យ​យក​ទៅ​ថ្វាយ​ព្រះបាទ​សាអ៊ូល។ ២១ យុវជន​ដាវីឌ​ទៅ​ដល់ ចូល​គាល់​ព្រះបាទ​សាអ៊ូល ហើយ​នៅ​បំរើ​ស្ដេច។ ព្រះបាទ​សាអ៊ូល​ស្រឡាញ់​ដាវីឌ​ណាស់ ទ្រង់​ឲ្យ​ដាវីឌ​ធ្វើ​ជា​អ្នក​កាន់​គ្រឿង​សស្រ្ដាវុធ​របស់​ស្ដេច។ ២២ ព្រះបាទ​សាអ៊ូល​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​លោក​យេសាយ​ថា៖ «សូម​ឲ្យ​ដាវីឌ​នៅ​បំរើ​ខ្ញុំ​ទៅ ព្រោះ​ខ្ញុំ​ពេញ​ចិត្ត​នឹង​យុវជន​នេះ​ណាស់»។

 

២៣ កាល​ណា​ វិញ្ញាណ​អាក្រក់​ពី​ព្រះជាម្ចាស់​មក​សង្កត់​លើ​ព្រះ​បាទ​សាអ៊ូល ដាវីឌ​ទាញ​ពិណ​យក​មក​ដេញ។ ពេល​នោះ ព្រះបាទ​សាអ៊ូល​បាន​ធូរ​ស្រាល និង​ស្រួល​ខ្លួន​ឡើង​វិញ ហើយ​វិញ្ញាណ​អាក្រក់​ក៏​ដក​ថយ​ចេញ​ពី​ស្ដេច​ដែរ។

កូលីយ៉ាត​ប្រមាថ​កងទ័ព​អ៊ីស្រាអែល

១ ពួក​ភីលីស្ទីន​ប្រមូល​ ផ្ដុំ​កងទ័ព ដើម្បី​ធ្វើ​សង្គ្រាម។ ពួក​គេ​ប្រមូល​ផ្ដុំ​គ្នា​នៅ​សូកូ ក្នុង​ស្រុក​យូដា ហើយ​ទៅ​បោះ​ទ័ព​នៅ​អេផេស-ដាំមីម ដែល​នៅ​ចន្លោះ​សូកូ និង​អាសេកា។ ២ រីឯ​ព្រះបាទ​សាអ៊ូល និង​ទាហាន​អ៊ីស្រាអែល ក៏​បាន​ប្រមូល​ផ្ដុំ​គ្នា​ដែរ ហើយ​បោះ​ទ័ព​នៅ​តាម​ជ្រលង​ភ្នំ​អេឡា រួច​រៀប​ទ័ព ដើម្បី​ប្រយុទ្ធ​នឹង​ពួក​ភីលីស្ទីន។ ៣ ពួក​ភីលីស្ទីន​ស្ថិត​នៅ​លើ​ភ្នំ​ម្ខាង ពួក​អ៊ីស្រាអែល​ស្ថិត​នៅ​លើ​ភ្នំ​ម្ខាង​ទៀត មាន​ជ្រលង​ភ្នំ​នៅ​ចន្លោះ​កងទ័ព​ទាំង​ពីរ។

 

៤ មាន​ទាហាន​ជើង​ឯក​ម្នាក់​ចេញ​ពី​ជំរំ​ភីលីស្ទីន អ្នក​នោះ​ឈ្មោះ​កូលីយ៉ាត មក​ពី​ក្រុង​កាថ គាត់​មាន​កំពស់​ប្រមាណ​បី​ម៉ែត្រ។ ៥ គាត់​ពាក់​មួក​ធ្វើ​ពី​លង្ហិន និង​អាវក្រោះ​មាន​ទម្ងន់​ប្រមាណ​ហាសិប​ប្រាំពីរ​គីឡូ​ក្រាម ធ្វើ​ពី​លង្ហិន​ដែរ។ ៦ គាត់​មាន​ប្រដាប់​ស្រោប​ជើង​ធ្វើ​ពី​លង្ហិន ព្រម​ទាំង​មាន​ស្ន​ធ្វើ​ពី​លង្ហិន​ពាក់​ឆៀង​ដែរ។ ៧ ដង​លំពែង​របស់​គាត់​មាន​ រាង​ធំ​ដូច​ផ្សំ​កីតម្បាញ​ ផ្លែ​លំពែង​នោះ​ធ្វើ​ពី​ដែក មាន​ទម្ងន់​ប្រមាណ​ប្រាំពីរ​គីឡូ​ក្រាម។ មាន​ទាហាន​ម្នាក់​ទៀត​កាន់​ខែល​ដើរ​ពី​មុខ​គាត់។ ៨ គាត់​ឈរ ហើយ​ស្រែក​ទៅ​កាន់​ពល​ទ័ព​អ៊ីស្រាអែល​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​ឯង​ចាំបាច់​រៀប​ទ័ព​ច្បាំង​ដូច្នេះ? អញ​ជា​ជន​ជាតិ​ភីលីស្ទីន រីឯ​ពួក​ឯង​ជា​កញ្ជះ​របស់​ស្ដេច​សាអ៊ូល។ ចូរ​រើស​ម្នាក់​ក្នុង​ចំណោម​​ពួ​ក​ឯង​ឲ្យ​ចេញ​មក​ប្រយុទ្ធ​នឹង​អញ។ ៩ ប្រសិន​បើ​វា​ច្បាំង​ឈ្នះ​អញ ហើយ​សម្លាប់​អញ នោះ​ពួក​អញ​នឹង​ធ្វើ​ជា​ខ្ញុំ​កញ្ជះ​របស់​ពួក​ឯង តែ​ប្រសិន​បើ​អញ​ឈ្នះ ហើយ​សម្លាប់​វា​បាន ពួក​ឯង​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​កញ្ជះ ហើយ​នៅ​បំរើ​ពួក​អញ​វិញ»។ ១០ ទាហាន​ភីលីស្ទីន​នោះ​ និយាយ​ទៀត​ថា៖ «ថ្ងៃ​នេះ អញ​នឹង​បំបាក់​មុខ​ពល​ទ័ព​អ៊ីស្រាអែល! ចូរ​ឲ្យ​ម្នាក់​ចេញ​មក​ប្រយុទ្ធ​គ្នា​ជា​មួយ​អញ​មើល៍!»។ ១១ កាល​ព្រះបាទ​សាអ៊ូល និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល ឮ​ពាក្យ​សំដី​របស់​ទាហាន​ភីលីស្ទីន​នោះ ក៏​ញាប់ញ័រ ហើយ​ភ័យ​ខ្លាច​ជា​ខ្លាំង។

 

យុវជន​ដាវីឌ​ប្រយុទ្ធ​នឹង​កូលីយ៉ាត

១២ យុវជន​ដាវីឌ​ជា​កូន​ របស់​លោក​យេសាយ ពី​អំបូរ​អេប្រាតា ដែល​រស់​នៅ​ភូមិ​បេថ្លេហិម​ក្នុង​ស្រុក​យូដា។ លោក​យេសាយ​មាន​កូន​ប្រុស​ប្រាំ​បី​នាក់។ នៅ​ជំនាន់​ព្រះបាទ​សាអ៊ូល លោក​មាន​វ័យ​ចាស់​ជរា​ណាស់​ទៅ​ហើយ។ ១៣ កូន​ប្រុស​ច្បង​ទាំង​បី​របស់​លោក គឺ អេលីយ៉ាប អប៊ីណាដាប់ និង​សាម៉ា បាន​ចេញ​ទៅ​ច្បាំង រួម​ជា​មួយ​ព្រះបាទ​សាអ៊ូល ១៤ រីឯ​ដាវីឌ​ជា​កូន​ពៅ។ ពេល​បងៗ​ទាំង​បី​ចេញ​ទៅ​ជា​មួយ​ព្រះបាទ​សាអ៊ូល​អស់​ទៅ ១៥ ដាវីឌ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​ឃ្វាល​ចៀម​ឲ្យ​ឪពុក​នៅ​ភូមិ​បេថ្លេហិម។

​១៦ កូលីយ៉ាត​ជា​ជន​ជាតិ​ភីលីស្ទីន​នោះ បាន​ចេញ​មក​សំឡុត​ពល​ទ័ព​អ៊ីស្រាអែល ទាំង​ព្រឹក ទាំង​ល្ងាច អស់​រយៈ​ពេល​សែសិប​ថ្ងៃ។

 

១៧ ថ្ងៃ​មួយ លោក​យេសាយ​មាន​ប្រសាសន៍​ទៅ​កាន់​យុវជន​ដាវីឌ ជា​កូន​ថា៖ «ចូរ​យក​លាជ​មួយ​ថង់ និង​នំបុ័ង​ដប់​ដុំ​នេះ ទៅ​ឲ្យ​បងៗ​នៅ​កន្លែង​បោះ​ទ័ព​យ៉ាង​លឿន។ ១៨ ចូរ​យក​ប្រូម៉ាសដប់​ ដុំ​នេះ​ទៅ​ជូន​លោក​មេទ័ព​របស់​គេ​ដែរ។ កូន​ត្រូវ​សួរ​សុខ​ទុក្ខ​បងៗ ហើយ​យក​អ្វី​មួយ​ជា​សំគាល់​មក​ផង ដើម្បី​បញ្ជាក់​ថា​ពួក​គេ​បាន​សេចក្ដី​សុខ​ហើយ។ ១៩ ពួក​គេ​ស្ថិត​នៅ​ជា​មួយ ​ព្រះបាទ​សាអ៊ូល និង​ពល​ទាហាន​អ៊ីស្រាអែល​ទាំង​មូល នៅ​តាម​ជ្រលង​ភ្នំ​អេឡា ហើយ​កំពុង​តែ​ច្បាំង​ជា​មួយ​ពួក​ភីលីស្ទីន»។ ២០ យុវជន​ដាវីឌ​ក្រោក​ពី​ព្រលឹម ទុក​ហ្វូង​ចៀម​ឲ្យ​គង្វាល​ម្នាក់​មើល​ថែ​ទាំ រួច​យក​ស្បៀង​អាហារ​ទាំង​នោះ​ចេញ​ដំណើរ​ទៅ តាម​បង្គាប់​របស់​លោក​យេសាយ។ ពេល​ដាវីឌ​ទៅ​ដល់​កន្លែង​បោះ​ទ័ព ពល​ទាហាន​កំពុង​រៀប​ទ័ព ដើម្បី​ប្រយុទ្ធ ព្រម​ទាំង​ស្រែក​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​ខ្លាំង។ ២១ ទាហាន​អ៊ីស្រាអែល និង​ទាហាន​ភីលីស្ទីន រៀប​ទ័ព​នៅ​ប្រឈម​មុខ​គ្នា ដើម្បី​ប្រយុទ្ធ។ ២២ ដាវីឌ​ប្រគល់​ឥវ៉ាន់​ របស់​ខ្លួន​ឲ្យ​អ្នក​ថែរក្សា​សម្ភារៈ រួច​រត់​តម្រង់​ទៅ​ជួរ​ទ័ព​ខាង​មុខ។ ពេល​ទៅ​ដល់​ភ្លាម គាត់​ជំរាប​សួរ​សុខ​ទុក្ខ​បងៗ។ ២៣ ពេល​ដាវីឌ​កំពុង​តែ​ សំណេះសំណាល​ជា​មួយ​បងៗ ទាហាន​ភីលីស្ទីន ឈ្មោះ​កូលីយ៉ាត ជា​អ្នក​ក្រុង​កាថ ចេញ​មក​ខាង​មុខ​ជួរ​ទ័ព​របស់​ខ្លួន ហើយ​ស្រែក​សួរ​ពួក​អ៊ីស្រាអែល​នូវ​ពាក្យ​ដដែល ដាវីឌ​ក៏​បាន​ឮ​ពាក្យ​ទាំង​នោះ​ដែរ។ ២៤ កាល​ឃើញ​កូលីយ៉ាត​ចេញ​មក ទាហាន​អ៊ីស្រាអែល​នាំ​គ្នា​រត់​ប្រសេចប្រសាច ដ្បិត​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ២៥ ទាហាន​អ៊ីស្រាអែល​និយាយ ​គ្នា​ថា៖ «អ្នក​ឃើញ​ជន​នោះ​ទេ? វា​ចេញ​មក​សំឡុត​ពល​ទ័ព​អ៊ីស្រាអែល​យើង! អ្នក​ណា​សម្លាប់​វា​បាន ស្ដេច​នឹង​ប្រទាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន ព្រម​ទាំង​លើក​បុត្រី​ឲ្យ ហើយ​គ្រួសារ​របស់​អ្នក​នោះ​ក៏​បាន​រួច​ពន្ធ​នៅ​ស្រុក​អ៊ីស្រាអែល​ដែរ»។

 

​២៦ យុវជន​ ដាវីឌ​សួរ​ទាហាន​ដែល​នៅ​ជិត​ខ្លួន​ថា៖ «តើ​អ្នក​ដែល​សម្លាប់​ជន​ភីលីស្ទីន​នោះ ហើយ​លុបលាង​ការ​អាម៉ាស់​របស់​អ៊ីស្រាអែល នឹង​ទទួល​អ្វី​ជា​រង្វាន់? ជន​ភីលីស្ទីន​ជា​សាសន៍​មិន​កាត់​ស្បែក​នេះ​ជា​នរណា បាន​ជា​ហ៊ាន​បំបាក់​មុខ​ពល​ទ័ព​របស់​ព្រះជាម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ​ ដូច្នេះ?»។ ២៧ ពួក​ទាហាន​ឆ្លើយ​តាម​ពាក្យ​ដែល​ស្ដេច​បាន​សន្យា​ថា នឹង​ប្រទាន​ចំពោះ​អ្នក​ដែល​វាយ​ឈ្នះ​ជន​ភីលីស្ទីន​នោះ។ ២៨ លោក​អេលីយ៉ាប ជា​បង​បង្អស់ ឮ​ដាវីឌ​និយាយ​ជា​មួយ​នឹង​ពល​ទាហាន​ដូច្នេះ គាត់​ខឹង​ដាវីឌ​យ៉ាង​ខ្លាំង ហើយ​ពោល​ថា៖ «ហេតុ​អ្វី​បាន​ជា​ឯង​មក​ទី​នេះ? ឯង​ទុក​ហ្វូង​ចៀម​នៅ​វាល​រហោស្ថាន​នោះ​ឲ្យ​នរណា​មើល? អញ​ស្គាល់​ចរិត​រប៉ិលរប៉ូច​របស់​ឯង​ច្បាស់​ណាស់ គឺ​ឯង​មក​នេះ ដើម្បី​មើល​គេ​ច្បាំង​គ្នា​ប៉ុណ្ណោះ»។ ២៩ យុវជន​ដាវីឌ​ឆ្លើយ​តប​ថា៖ «តើ​ខ្ញុំ​មាន​ធ្វើ​អ្វី​ខុស? ខ្ញុំ​គ្រាន់​តែ​សួរ​ប៉ុណ្ណឹង មិន​បាន​ឬ!»។

 

៣០ ដាវីឌ​បែរ​ចេញ​ពី​បង សួរ​ទាហាន​ម្នាក់​ទៀត​នូវ​សំណួរ​ដដែល​នោះ ពួក​ទាហាន​ក៏​ឆ្លើយ​តប​មក​វិញ​ដូច​ពី​មុន​ដែរ។ ៣១ កាល​ពល​ទ័ព​ទាំង​មូល​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ដាវីឌ​និយាយ គេ​ក៏​នាំ​គ្នា​ទៅ​ទូល​ព្រះបាទ​សាអ៊ូល ហើយ​ស្ដេច​ឲ្យ​គេ​ទៅ​ហៅ​ដាវីឌ​មក។ ៣២ ដាវីឌ​ទូល​ព្រះបាទ​សាអ៊ូល​ថា៖ «មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​បាក់​ទឹក​ចិត្ត ដោយសារ​តែ​ជន​ភីលីស្ទីន​នោះ​ឡើយ! ទូលបង្គំ​ជា​អ្នក​បំរើ​របស់​ព្រះករុណា នឹង​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​វា»។ ៣៣ ស្ដេច​សាអ៊ូល​មាន​ រាជឱង្ការ​ទៅ​កាន់​ដាវីឌ​ថា៖ «អ្នក​មិន​អាច​វាយ​ឈ្នះ​ជន​ភីលីស្ទីន​នេះ​ទេ អ្នក​នៅ​ក្មេង​ណាស់ ហើយ​វា​ជា​អ្នក​ចំបាំង​តាំង​ពី​ក្មេង​ម៉្លេះ»។ ៣៤ ដាវីឌ​ទូល​ស្ដេច​សាអ៊ូល​ ថា៖ «ទូលបង្គំ​ធ្លាប់​ឃ្វាល​ចៀម​របស់​ឪពុក​ទូលបង្គំ ពេល​ណា​មាន​តោ ឬ​ខ្លាឃ្មុំ​មក​ចាប់​កូន​ចៀម​នៅ​ក្នុង​ហ្វូង​នោះ ៣៥ ទូលបង្គំ​ចេញ​ទៅ​តាម​វា ​ភ្លាម ទូលបង្គំ​បាន​វាយ​ដណ្ដើម​យក​កូន​ចៀម​ពី​មាត់​របស់​វា​មក​វិញ។ បើ​វា​លោត​សង្គ្រប់​លើ​ទូលបង្គំ ទូលបង្គំ​ក៏​ច្បាម​ពុក​ចង្កា​វា បោក​សម្លាប់​តែ​ម្ដង។ ៣៦ ជន​ភីលីស្ទីន ជា​សាសន៍​មិន​កាត់​ស្បែក​នេះ នឹង​ត្រូវ​ស្លាប់ ដូច​តោ ឬ​ខ្លាឃ្មុំ ដែល​ទូលបង្គំ​បាន​សម្លាប់​នោះ​ជា​មិន​ខាន ដ្បិត​វា​បំបាក់​មុខ​កងទ័ព​របស់​ព្រះជាម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ»។ ៣៧ ដាវីឌ​ពោល​បន្ត​ទៀត​ថា៖ «ព្រះអម្ចាស់​ តែងតែ​ជួយ​ទូលបង្គំ​ឲ្យ​រួច​ពី​ក្រញាំ​តោ និង​ខ្លាឃ្មុំ ព្រះអង្គ​មុខ​ជា​ជួយ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន​ភីលីស្ទីន ​នេះ​មិន​ខាន»។ ឮ​ដូច្នេះ ព្រះបាទ​សាអ៊ូល​មាន​រាជឱង្ការ​ទៅ​កាន់​ដាវីឌ​ថា៖ «ទៅ​ចុះ! សូម​ព្រះអម្ចាស់​គង់​ជា​មួយ​អ្នក»។

 

៣៨ ព្រះបាទ ​សាអ៊ូល​យក​អាវ​សឹក​របស់​ខ្លួន​ផ្ទាល់​មក​បំពាក់​ឲ្យ​ដាវីឌ គឺ​ទ្រង់​យក​មួក​លង្ហិន​មក​បំពាក់​លើ​ក្បាល​របស់​ដាវីឌ ព្រម​ទាំង​បំពាក់​អាវក្រោះ​ឲ្យ​ដែរ។ ៣៩ ដាវីឌ​យក​ដាវ​របស់​ ព្រះបាទ​សាអ៊ូល​មក​ស្ពាយ​លើ​អាវ​សឹក ហើយ​សាក​ល្បង​ដើរ​ល​មើល ព្រោះ​ពុំ​ដែល​បាន​ពាក់​គ្រឿង​សឹក​ដូច្នេះ​នៅ​ឡើយ។ ប៉ុន្តែ ដាវីឌ​ទូល​ព្រះបាទ​សាអ៊ូល​ថា៖ «ជា​មួយ​គ្រឿង​សឹក​ទាំង​នេះ ទូលបង្គំ​ដើរ​មិន​រួច​ទេ ព្រោះ​ទូលបង្គំ​ពុំ​ធ្លាប់​ពាក់​សោះ»។ ដាវីឌ​ក៏​ដោះ​គ្រឿង​ទាំង​នោះ​ចោល ៤០ ហើយ​យក​ដំបង​មក​កាន់ រើស​ក្រួស​រលោងៗ​ប្រាំ​គ្រាប់​ពី​ក្នុង​ជ្រោះ​មក​ដាក់​ក្នុង​កូន​ថង់​មួយ រួច​ដាក់​ថង់​យាម ព្រម​ទាំង​កាន់​ខ្សែ​ដង្ហក់ ដើរ​ឆ្ពោះ​ទៅ​តទល់​នឹង​ជន​ភីលីស្ទីន។ ៤១ រីឯ​ជន​ភីលីស្ទីន​នោះ​វិញ ក៏​ដើរ​ចូល​មក​រក​ដាវីឌ​ដែរ ដោយ​មាន​ម្នាក់​កាន់​ខែល​ដើរ​ពី​មុខ។ ៤២ ពេល​ជន​ភីលីស្ទីន​ក្រឡេក​មើល​មក​ដាវីឌ វា​មើលងាយ ព្រោះ​ឃើញ​ដាវីឌ​នៅ​ក្មេង មាន​ថ្ពាល់​ក្រហម និង​មាន​ទឹក​មុខ​ស្រស់​ល្អ។ ៤៣ ជន​ភីលីស្ទីន​នោះ​ជេរ​ ដាវីឌ​ថា៖ «តើ​អញ​ជា​ឆ្កែ​ឬ បាន​ជា​ឯង​កាន់​ដំបង​មក​វាយ​អញ​ដូច្នេះ?»។ វា​ក៏​យក​នាម​ព្រះ​របស់​វា​មក​ដាក់​បណ្ដាសា​ដាវីឌ។ ៤៤ វា​ពោល​មក​កាន់​ដាវីឌ​ថា៖ «មក​ជិត​អញ​មក៍! អញ​នឹង​យក​សាច់​ឯង​ឲ្យ​ត្មាត និង​សត្វ​សាហាវ​ស៊ី!»។ ៤៥ ដាវីឌ​ឆ្លើយ​ទៅ​វិញ​ថា៖ «ឯង​កាន់​ដាវ កាន់​លំពែង និង​ស្ន មក​វាយ​អញ រីឯ​អញ​វិញ អញ​មក​វាយ​ឯង ក្នុង​នាមព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ពល​ទ័ព​អ៊ីស្រាអែល ដែល​ឯង​បាន​បំបាក់​មុខ។ ៤៦ ថ្ងៃ​នេះ ព្រះអម្ចាស់​ប្រគល់​ឯង​មក​ក្នុង​កណ្ដាប់​ដៃ​អញ អញ​នឹង​ប្រហារ​ឯង ព្រម​ទាំង​កាត់​ក​ឯង​ទៀត​ផង។ ថ្ងៃ​នេះ​អញ​ក៏​យក​ខ្មោច​ទាហាន​ភីលីស្ទីន​ទៅ​ឲ្យ​ត្មាត និង​សត្វ​សាហាវ​ស៊ី​ដែរ។ ដូច្នេះ ប្រជាជន​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ដឹង​ថា អ៊ីស្រាអែល​មាន​ព្រះជាម្ចាស់​ជួយ​ការពារ។ ៤៧ សហគមន៍​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​នឹង​ដឹង​ថា ព្រះអម្ចាស់​ប្រទាន​ឲ្យ​យើង​មាន​ជ័យជំនះ ពុំ​មែន​ដោយ​ដាវ ឬ​លំពែង​ទេ ដ្បិត​ព្រះអម្ចាស់​ច្បាំង​ជំនួស​យើង ព្រះអង្គ​នឹង​ប្រគល់​ពួក​ឯង​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​យើង»។

 

៤៨ ពេល​នោះ ជន​ភីលីស្ទីន​ដើរ​តម្រង់​ចូល​មក​រក​ដាវីឌ ដាវីឌ​ក៏​រត់​យ៉ាង​លឿន​ទៅ​តទល់​នឹង​វា។ ៤៩ ដាវីឌ​លូក​ដៃ​ក្នុង​កូន ​ថង់​យ៉ាង​រហ័ស យក​ក្រួស​មួយ​គ្រាប់​មក​ដាក់​នឹង​ខ្សែ​ដង្ហក់ បាញ់​ចំ​ថ្ងាស​ជន​ភីលីស្ទីន​នោះ។ គ្រាប់​ក្រួស​ធ្លុះ​ចូល​ក្នុង​ថ្ងាស​របស់​ជន​ភីលីស្ទីន វា​ក៏​ដួល​ផ្កាប់​មុខ។ ៥០ ដាវីឌ​វាយ​ឈ្នះ​ជន​ភីលីស្ទីន ដោយសារ​ខ្សែ​ដង្ហក់ និង​ក្រួស​មួយ​គ្រាប់។ ដាវីឌ​ប្រហារ​ជន​ភីលីស្ទីន​នោះ ដោយ​ឥត​ប្រើ​ដាវ​ឡើយ។ ៥១ ដាវីឌ​រត់​ចូល​ទៅ​ជិត​ ជន​ភីលីស្ទីន ហើយ​ហូត​ដាវ​របស់​វា​ពី​ស្រោម​សម្លាប់​វា ហើយ​កាត់​ក​ផង។ ពេល​កងទ័ព​ភីលីស្ទីន​ឃើញ​វីរជន​របស់​ខ្លួន​ស្លាប់​ដូច្នេះ ពួក​គេ​នាំ​គ្នា​រត់​អស់​ទៅ។ ៥២ កងទ័ព​អ៊ីស្រាអែល និង​កងទ័ព​យូដា ក៏​ស្ទុះ​ឡើង នាំ​គ្នា​ស្រែក​ហ៊ោ ហើយ​ដេញ​តាម​ពួក​ភីលីស្ទីន​រហូត​ដល់​ច្រក​ចូល​ជ្រលង​ភ្នំ​ និង​រហូត​ដល់​មាត់​ទ្វារ​ក្រុង​អេក្រូន។ សាកសព​របស់​ពួក​ភីលីស្ទីន​ដេក​ដួល ហូរហែ​តាម​ផ្លូវ​ទៅ​សារ៉ាអ៊ីម រហូត​ដល់​ក្រុង​កាថ និង​ក្រុង​អេក្រូន។ ៥៣ ក្រោយ​ពី​បាន​ដេញ​តាម​ពួក​ភីលីស្ទីន​រួច​ហើយ កងទ័ព​អ៊ីស្រាអែល​វិល​មក​ប្រមូល​យក​ជយភ័ណ្ឌ​ក្នុង​កន្លែង​បោះ​ទ័ព​របស់​ពួក​ភីលីស្ទីន។ ៥៤ ដាវីឌ​យក​ក្បាល​ជន​ភីលីស្ទីន​នោះ​មក​ក្រុង​យេរូសាឡឹម ហើយ​យក​គ្រឿង​សស្រ្ដាវុធ​របស់​វា​មក​ទុក​ក្នុង​តង់ត៍​របស់​ខ្លួន។

 

លោក​ដាវីឌ​ចូល​គាល់​ស្ដេច​សាអ៊ូល

៥៥ កាល​ព្រះបាទ​សាអ៊ូល​ឃើញ​ ដាវីឌ​ចេញ​ទៅ​ច្បាំង​តទល់​នឹង​ជន​ភីលីស្ទីន ទ្រង់​ក៏​សួរ​លោក​អាប់នែរជា​មេទ័ព​ថា៖ «​អាប់នែរ! តើ​ក្មេង​នោះ​ជា​កូន​អ្នក​ណា?»។ លោក​​អាប់នែរទូល​តប​វិញ​ថា៖ «ព្រះករុណា​ថ្លៃ​វិសេស ទូលបង្គំ​មិន​ដឹង​ទាល់​តែ​សោះ»។ ៥៦ ស្ដេច​បញ្ជា​ថា៖ «សូម​លោក​សាក​សួរ​មើល យុវជន​នោះ​ជា​កូន​របស់​អ្នក​ណា?»។

៥៧ ក្រោយ​ ពី​បាន​សម្លាប់​ជន​ភីលីស្ទីន​នោះ​ហើយ ដាវីឌ​វិល​មក​វិញ។ លោក​​អាប់នែរ​នាំ​គាត់​ចូល​ទៅ​គាល់​ព្រះបាទ​សាអ៊ូល ពេល​នោះ ដាវីឌ​កាន់​ក្បាល​ជន​ភីលីស្ទីន​ទៅ​ជា​មួយ​ផង។ ៥៨ ស្ដេច​មាន​រាជឱង្ការ​ សួរ​ថា៖ «អ្នក​កំលោះ​អើយ! តើ​អ្នក​ជា​កូន​នរណា?»។ ដាវីឌ​ទូល​ថា៖ «ទូលបង្គំ​ជា​កូន​របស់​លោក​យេសាយ ជា​អ្នក​បំរើ​របស់​ព្រះករុណា នៅ​ភូមិ​បេថ្លេហិម»។

សម្ដេច​យ៉ូណាថាន​ចង​សម្ពន្ធមិត្ត​ជា​មួយ​ដាវីឌ

១ ពេល​ដាវីឌ​និយាយ​ជា​មួយ​ព្រះបាទ​សាអ៊ូល​ចប់​ហើយ សម្ដេច​យ៉ូណាថាន​ក៏​ជំពាក់​ចិត្ត​នឹង​ដាវីឌ ហើយ​ស្រឡាញ់​ដាវីឌ​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ។ ២ នៅ​ថ្ងៃ​នោះ ព្រះបាទ​សាអ៊ូល​ឃាត់​ដាវីឌ​ឲ្យ​នៅ​ជា​មួយ គឺ​ទ្រង់​មិន​ឲ្យ​លោក​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​វិញ​ទេ។ ៣ សម្ដេច​យ៉ូណាថាន​ចង​សម្ពន្ធ មេត្រី​ជា​មួយ​ដាវីឌ ព្រោះ​ទ្រង់​ស្រឡាញ់​ដាវីឌ ដូច​ខ្លួន​ឯង។ ៤ សម្ដេច​យ៉ូណាថាន​បាន​ដោះ​ អាវ​ធំ​របស់​សម្ដេច​មក​បំពាក់​ឲ្យ​ដាវីឌ ហើយ​ក៏​ប្រគល់​អាវ​សឹក ដាវ ធ្នូ និង​ខ្សែ​ក្រវាត់​របស់​សម្ដេច ឲ្យ​ដាវីឌ​ដែរ។ ៥ គ្រប់​សមរភូមិ​ដែល​ ព្រះបាទ​សាអ៊ូល​ចាត់​ឲ្យ​ទៅ ដាវីឌ​តែងតែ​ទទួល​ជោគ​ជ័យ​ជានិច្ច។ ព្រះបាទ​សាអ៊ូល​តែងតាំង​ដាវីឌ​ឲ្យ​ធ្វើ​ជា​មេទ័ព ហើយ​ប្រជាជន​ទាំង​មូល និង​រាជ​បំរើ​របស់​ព្រះបាទ​សាអ៊ូល ពេញ​ចិត្ត​នឹង​លោក​គ្រប់ៗ​គ្នា។

 

ព្រះបាទ​សាអ៊ូល​ច្រណែន​នឹង​លោក​ដាវីឌ

៦ កាល​កងទ័ព​ត្រឡប់​មក​ពី​ ច្បាំង​វិញ ក្រោយ​លោក​ដាវីឌ​បាន​ប្រហារ​ជន​ភីលីស្ទីន​ហើយ ស្ត្រីៗ​នៅ​គ្រប់​ក្រុង​ក្នុង​ស្រុក​អ៊ីស្រាអែល​ចេញ​ទៅ​ទទួល​ព្រះបាទ​សាអ៊ូល ទាំង​ស្រែក​ច្រៀង និង​រាំ​តាម​ចង្វាក់​ស្គរ និង​តូរ្យតន្ត្រី ហើយ​ស្រែក​ហ៊ោ​ដោយ​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។ ៧ ស្ត្រី​ទាំង​នោះ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​រីករាយ​ថា៖

«ព្រះបាទ​សាអ៊ូល​ប្រហារ​បាន​រាប់​ពាន់​នាក់

រីឯ​លោក​ដាវីឌ​ប្រហារ​បាន​រាប់​ម៉ឺន​នាក់»។

 

៨ ពាក្យ​ ទាំង​នេះ​ធ្វើ​ឲ្យ​ព្រះបាទ​សាអ៊ូល​ខ្ញាល់​ជា​ខ្លាំង ទ្រង់​នឹក​ថា៖ «គេ​សរសើរ​ដាវីឌ​ថា ប្រហារ​បាន​រាប់​ម៉ឺន​នាក់ រីឯ​អញ​វិញ​ត្រឹម​តែ​រាប់​ពាន់​នាក់។ ដូច្នេះ ដាវីឌ​នៅ​ខ្វះ​តែ​រាជ​សម្បត្តិ​ប៉ុណ្ណោះ »។ ៩ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ព្រះបាទ​សាអ៊ូល​ស្អប់​លោក​ដាវីឌ​យ៉ាង​ខ្លាំង។

 

១០ លុះ​ស្អែក​ឡើង មាន​វិញ្ញាណ​អាក្រក់​ពី​ព្រះជាម្ចាស់​មក​ចូល​ក្នុង​ព្រះបាទ​សាអ៊ូល បណ្ដាល​ឲ្យ​ស្ដេច​ទៅ​ជា​វិកលចរិត​នៅ​ក្នុង​ដំណាក់។ លោក​ដាវីឌ​លេង​ភ្លេង​ថ្វាយ​ស្ដេច​ដូច​សព្វ​ដង ពេល​នោះ ព្រះបាទ​សាអ៊ូល​កាន់​លំពែង ១១ ទ្រង់​ចោល​លំពែង​ទៅ​ដោយ​នឹក​ថា៖ «អញ​នឹង​គប់​ទម្លុះ​ដាវីឌ​ភ្ជាប់​ទៅ​នឹង​ជញ្ជាំង»។ ប៉ុន្តែ លោក​ដាវីឌ​គេច​ផុត​ដល់​ទៅ​ពីរ​លើក។ ១២ ព្រះបាទ​សាអ៊ូល​ខ្លាច​លោក​ដាវីឌ ព្រោះ​ព្រះអម្ចាស់​បាន​បោះ​បង់​ចោល​ស្ដេច ហើយ​ទៅ​គង់​នៅ​ជា​មួយ​លោក​ដាវីឌ។ ១៣ ហេតុ​នេះ​ហើយ ទើប​ព្រះរាជា​ឲ្យ​លោក​ដាវីឌ​ចេញ​ឆ្ងាយ​ពី​ស្ដេច ដោយ​តែងតាំង​លោក​ជា​មេទ័ព​ត្រួត​លើ​ទាហាន​មួយ​ពាន់​នាក់។ លោក​ដាវីឌ​ក៏​ដឹក​នាំ​កងទ័ព​ទៅ​ច្បាំង ១៤ ហើយ​លោក​តែងតែ​បាន​ទទួល​ជ័យជំនះ​គ្រប់​ពេល​ទាំង​អស់ ដ្បិត​ព្រះអម្ចាស់​គង់​នៅ​ជា​មួយ។ ១៥ ពេល​ឃើញ​លោក​ដាវីឌ​មាន​ជ័យជំនះ​ជា​ច្រើន​ដូច្នេះ ព្រះបាទ​សាអ៊ូល​ខ្លាច​លោក​ក្រៃលែង។ ១៦ ផ្ទុយ​ទៅ​វិញ ប្រជាជន​អ៊ីស្រាអែល និង​ប្រជាជន​យូដា​ទាំង​មូល​ស្រឡាញ់​លោក​ដាវីឌ ព្រោះ​លោក​ដឹក​នាំ​ពួក​គេ​ចេញ​ទៅ​ច្បាំង។

 

ដាវីឌ​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​បុត្រី​ស្ដេច​សាអ៊ូល

១៧ ព្រះបាទ​សាអ៊ូល​នឹក​ថា៖ «អញ​មិន​ចង់​សម្លាប់​ដាវីឌ​ដោយ​ផ្ទាល់​ឡើយ គឺ​ទុក​ឲ្យ​ពួក​ភីលីស្ទីន​សម្លាប់​វិញ»។ ដូច្នេះ ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «យើង​នឹង​លើក​នាង​ម៉េរ៉ាប​ជា​កូន​ច្បង​របស់​យើង​ឲ្យ​អ្នក។ ចូរ​មាន​ចិត្ត​ក្លាហាន​បំរើ​យើង ហើយ​ចេញ​ទៅ​ច្បាំង​ថ្វាយ​ព្រះអម្ចាស់»។ ១៨ លោក​ដាវីឌ​ទូល​ថា៖ «បពិត្រ​ព្រះករុណា! តើ​ទូលបង្គំ​ជា​នរណា ហើយ​គ្រួសារ និង​អំបូរ​របស់​ឪពុក​ទូលបង្គំ​មាន​ឋានៈ​អ្វី នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល បាន​ជា​ទូលបង្គំ​អាច​ធ្វើ​ជា​កូន​ប្រសា​ស្ដេច​ដូច្នេះ?​»។ ១៩ ប៉ុន្តែ នៅ​ពេល​កំណត់​ដែល​លោក​ដាវីឌ​ត្រូវ​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​ព្រះនាង​ម៉េរ៉ាប នោះ​ព្រះបាទ​សាអ៊ូល​បែរ​ជា​លើក​នាង​ទៅ​ឲ្យ​លោក​អឌ្រីអែល ជា​អ្នក​ក្រុង​មេហូឡា​ទៅ​វិញ។ ២០ ពេល​នោះ ព្រះនាង​មិកាល់​ជា​បុត្រី​របស់​ស្ដេច​សាអ៊ូល ក៏​ចាប់​ចិត្ត​ស្រឡាញ់​លោក​ដាវីឌ​ដែរ។ មាន​គេ​យក​រឿង​នេះ​ទៅ​ទូល​ព្រះបាទ​សាអ៊ូល ស្ដេច​គាប់​ព្រះហឫទ័យ​ណាស់។ ២១ ព្រះ​បាទ​សាអ៊ូល​នឹក​ថា៖ «អញ​នឹង​លើក​នាង​ឲ្យ​ដាវីឌ​ធ្វើ​ជា​ភរិយា ដើម្បី​ប្រើ​នាង​ជា​អន្ទាក់​ឲ្យ​ដាវីឌ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក ​ភីលីស្ទីន»។ ដូច្នេះ ព្រះបាទ​សាអ៊ូល​ស្នើ​ជា​លើក​ទី​ពីរ​ឲ្យ​លោក​ដាវីឌ​ធ្វើ​ជា​កូន​ប្រសា។

 

២២ ព្រះបាទ ​សាអ៊ូល​បញ្ជា​រាជ​បំរើ​ថា៖ «ចូរ​ទៅ​ប្រាប់​លោក​ដាវីឌ​ជា​សម្ងាត់​ថា “ព្រះរាជា​គាប់​ព្រះហឫទ័យ​នឹង​លោក​ណាស់ ហើយ​រាជ​បំរើ​ទាំង​អស់​ក៏​ស្រឡាញ់​លោក​ដែរ។ ដូច្នេះ សូម​យល់​ព្រម​ធ្វើ​ជា​កូន​ប្រសា​ស្ដេច​ទៅ”»។ ២៣ ពួក​រាជ​បំរើ​នាំ​ពាក្យ ​ទាំង​នោះ​ទៅ​ប្រាប់​លោក​ដាវីឌ​ជា​សម្ងាត់។ លោក​ដាវីឌ​ឆ្លើយ​ថា៖ «តើ​អស់​លោក​ស្មាន​ថា​ធ្វើ​ជា​កូន​ប្រសា​ស្ដេច​ដូច្នេះ ជា​រឿង​តូចតាច​​ឬ? ជា​ពិសេស មនុស្ស​ក្រីក្រ​ដូច​ខ្ញុំ ហើយ​គ្មាន​ឋានៈ​សមរម្យ​ផង!»។ ២៤ ពួក​រាជ​បំរើ​នាំ​ពាក្យ​សំដី​របស់​លោក​ដាវីឌ ទៅ​ទូល​ស្ដេច​វិញ។ ២៥ ព្រះបាទ​សាអ៊ូល​មាន​ រាជឱង្ការ​ថា៖ «សូម​អស់​លោក​ទៅ​និយាយ​ប្រាប់​ដាវីឌ​ថា “ស្ដេច​មិន​ចង់​បាន​បណ្ដាការ​អ្វី ក្រៅ​ពី​ស្បែក​អង្គជាត​របស់​ពួក​ភីលីស្ទីន​ចំនួន​មួយ​រយ ដើម្បី​សងសឹក​ខ្មាំង​សត្រូវ​ប៉ុណ្ណោះ”»។ ព្រះបាទ​សាអ៊ូល​មាន​គោល​បំណង​ធ្វើ​ឲ្យ​លោក​ដាវីឌ ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន។ ២៦ ពួក​រាជ​បំរើ​នាំ​ពាក្យ ​ទាំង​នោះ​ទៅ​ប្រាប់​លោក​ដាវីឌ ហើយ​លោក​ដាវីឌ​ក៏​យល់​ឃើញ​ថា សំណើ​នេះ​ជា​ការ​សមរម្យ ដើម្បី​ធ្វើ​ជា​កូន​ប្រសា​របស់​ស្ដេច។ មុន​ពេល​កំណត់​ត្រូវ​រៀប​អភិសេក ២៧ លោក​ដាវីឌ និង​ទាហាន​របស់​លោក​នាំ​គ្នា​ចេញ​ទៅ​ច្បាំង លោក​សម្លាប់​ជន​ជាតិ​ភីលីស្ទីន​ពីរ​រយ​នាក់។ លោក​ដាវីឌ​បាន​កាត់​យក​ស្បែក​អង្គជាត​របស់​ពួក​គេ ហើយ​នាំ​យក​មក​រាប់​ថ្វាយ​ព្រះរាជា ដើម្បី​ធ្វើ​ជា​កូន​ប្រសា​ស្ដេច។ ពេល​នោះ ព្រះបាទ​សាអ៊ូល​ក៏​លើក​ព្រះនាង​មិកាល់ ជា​បុត្រី ឲ្យ​ធ្វើ​ជា​ភរិយា។

 

២៨ ព្រះបាទ​សាអ៊ូល​យល់​ឃើញ​ថា ព្រះអម្ចាស់​គង់​នៅ​ជា​មួយ​លោក​ដាវីឌ ហើយ​ឃើញ​ថា​ព្រះនាង​មិកាល់​ជា​បុត្រី​ស្រឡាញ់​​លោក​ដែរ ២៩ ដូច្នេះ ស្ដេច​ខ្លាច​លោក​ដាវីឌ​រឹត​តែ​ខ្លាំង​ឡើង ហើយ​ចាត់​ទុក​លោក​ជា​គូ​សត្រូវ ចាប់​ពី​ពេល​នោះ​ត​ទៅ។ ៣០ ពួក​មេទ័ព​របស់​ជន​ជាតិ ​ភីលីស្ទីន​តែងតែ​នាំ​គ្នា​ចេញ​មក​ទន្ទ្រាន ប៉ុន្តែ គ្រប់​ពេល​ប្រយុទ្ធ លោក​ដាវីឌ​ទទួល​ជ័យជំនះ​ច្រើន​ជាង​រាជ​បំរើ​ឯ​ទៀតៗ​របស់​ព្រះបាទ​សាអ៊ូល ជា​ហេតុ​នាំ​ឲ្យ​លោក​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​យ៉ាង​ខ្លាំង។

ព្រះបាទ​សាអ៊ូល​រក​សម្លាប់​លោក​ដាវីឌ

១ ព្រះបាទ​សាអ៊ូល​បាន​ប្រាប់​ សម្ដេច​យ៉ូណាថាន​ជា​បុត្រ ព្រម​ទាំង​នាម៉ឺន​មន្ត្រី ពី​បំណង​ដែល​ស្ដេច​ចង់​សម្លាប់​លោក​ដាវីឌ។ ប៉ុន្តែ សម្ដេច​យ៉ូណាថាន ជា​បុត្រ​របស់​ព្រះបាទ​សាអ៊ូល ស្រឡាញ់​លោក​ដាវីឌ​ណាស់។ ២ សម្ដេច​យ៉ូណាថាន​នាំ​ ដំណឹង​ទៅ​ប្រាប់​លោក​ដាវីឌ​ថា៖ «ព្រះបាទ​សាអ៊ូល ជា​បិតា​របស់​ខ្ញុំ មាន​បំណង​ចង់​សម្លាប់​លោក​ប្អូន។ ដូច្នេះ ព្រឹក​ស្អែក​នេះ ចូរ​ប្រុង​ប្រយ័ត្ន ហើយ​រក​កន្លែង​លាក់​ខ្លួន​ទៅ។ ៣ ខ្ញុំ​នឹង​ចេញ​មក ហើយ​ឈរ​ជា​មួយ​បិតា​របស់​ខ្ញុំ ជិត​ចំការ​ដែល​លោក​ប្អូន​លាក់​ខ្លួន។ ខ្ញុំ​នឹង​ទូល​បិតា​អំពី​រឿង​លោក​ប្អូន ពេល​ណា​ខ្ញុំ​ដឹង​ពី​គោល​បំណង​របស់​បិតា​ហើយ ខ្ញុំ​នឹង​ប្រាប់​ឲ្យ​លោក​ប្អូន​ដឹង​ដែរ»។ ៤ សម្ដេច​យ៉ូណាថាន​ទូល​ ព្រះបាទ​សាអ៊ូល ជា​បិតា អំពី​គុណ​សម្បត្តិ​របស់​លោក​ដាវីឌ​ថា៖ «សូម​បិតា​កុំ​ធ្វើ​បាប​លោក​ដាវីឌ ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ឡើយ ដ្បិត​គ្នា​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ចំពោះ​បិតា​ទេ ផ្ទុយ​ទៅ​វិញ ស្នាដៃ​អស្ចារ្យ​ដែល​ដាវីឌ​ធ្វើ សុទ្ធ​តែ​មាន​ផល​ប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​បិតា។ ៥ ដាវីឌ​បាន​ប្រថុយ​ជីវិត​ទៅ​សម្លាប់​ជន​ភីលីស្ទីន គឺ​នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​បាន​ប្រោស​ប្រទាន​ជ័យជំនះ​ដ៏​ធំធេង​ បំផុត​ដល់​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល ដូច​បិតា​បាន​ទត​ឃើញ និង​សប្បាយ​ព្រះហឫទ័យ​ស្រាប់​ហើយ។ ហេតុ​អ្វី​បាន​ជា​បិតា​ចង់​ប្រព្រឹត្ត​អំពើ​បាប ដោយ​បង្ហូរ​ឈាម​មនុស្ស​ម្នាក់​ដែល​គ្មាន​ទោស​ពៃរ៍ គឺ​ចង់​សម្លាប់​ដាវីឌ ដោយ​គ្មាន​មូល​ហេតុ​ដូច្នេះ?»។ ៦ ព្រះបាទ​សាអ៊ូល​ទ្រង់ ​ព្រះសណ្ដាប់​ពាក្យ​របស់​សម្ដេច​យ៉ូណា​ថាន ហើយ​មាន​រាជឱង្ការ​ថា៖ «បិតា​សូម​ស្បថ​ក្នុង​នាម​ព្រះអម្ចាស់ ដែល​មាន​ព្រះជន្ម​គង់​នៅ​ថា ដាវីឌ​មិន​ត្រូវ​ស្លាប់​ឡើយ!»។ ៧ បន្ទាប់​មក សម្ដេច​យ៉ូណាថាន​ទៅ​ហៅ​លោក​ដាវីឌ​មក ហើយ​រៀប​រាប់​សេចក្ដី​ទាំង​នោះ​ប្រាប់​លោក រួច​នាំ​លោក​ចូល​មក​គាល់​ព្រះបាទ​សាអ៊ូល។ លោក​ដាវីឌ​ក៏​នៅ​បំរើ​ព្រះបាទ​សាអ៊ូល ដូច​ពី​មុន។

 

ព្រះនាង​មិកាល់​ជួយ​សង្គ្រោះ​លោក​ដាវីឌ

៨ សង្គ្រាម​ចេះ​តែ​កើត​មាន ត​ទៅ​មុខ​ទៀត។ លោក​ដាវីឌ​ចេញ​ទៅ​ច្បាំង​ជា​មួយ​ពួក​ភីលីស្ទីន ធ្វើ​ឲ្យ​ពួក​គេ​បរាជ័យ​យ៉ាង​ធ្ងន់ ហើយ​បាក់​ទ័ព​រត់​ចំពោះ​មុខ​លោក។ ៩ ថ្ងៃ​មួយ ព្រះបាទ​សាអ៊ូល​កំពុង​គង់​នៅ​ក្នុង​ដំណាក់ ទាំង​កាន់​លំពែង​ផង។ ពេល​នោះ មាន​វិញ្ញាណ​អាក្រក់​ពី​ព្រះអម្ចាស់​មក​ចូល​ស្ដេច ក្នុង​ពេល​លោក​ដាវីឌ​កំពុង​តែ​លេង​ពិណ។ ១០ រំពេច​នោះ ព្រះបាទ​សាអ៊ូល​ចង់​ប្រហារ​លោក​ដាវីឌ ដោយ​គប់​លំពែង​ភ្ជាប់​លោក​ទៅ​នឹង​ជញ្ជាំង តែ​លោក​ដាវីឌ​គេច​ផុត ហើយ​លំពែង​នោះ​ដោត​ជាប់​នឹង​ជញ្ជាំង។ លោក​ដាវីឌ​រត់​គេច​ខ្លួន​នៅ​យប់​នោះ។

 

១១ ព្រះបាទ ​សាអ៊ូល​ចាត់​ទាហាន​ឲ្យ​ទៅ​ផ្ទះ​លោក​ដាវីឌ ឃ្លាំ​ចាំ​សម្លាប់​លោក​នៅ​ពេល​ព្រឹក។ ប៉ុន្តែ ព្រះនាង​មិកាល់​ជា​ភរិយា ជំរាប​លោក​ថា៖ «បើ​សិន​ជា​បង​មិន​រត់​នៅ​យប់​នេះ​ទេ ស្អែក បង​មុខ​ជា​ស្លាប់​មិន​ខាន»។ ១២ ព្រះនាង​សំរូត​លោក​ចុះ​តាម​បង្អួច ហើយ​លោក​រត់​គេច​ខ្លួន ដើម្បី​ឲ្យ​រួច​ជីវិត។ ១៣ បន្ទាប់​មក ព្រះនាង​មិកាល់​យក​រូប​បដិមា​មួយ​មក​ដាក់​លើ​គ្រែ ព្រម​ទាំង​យក​ស្បែក​ពពែ​មក​ដាក់​លើ​ខ្នើយ និង​យក​ភួយ​មក​ដណ្ដប់​ឲ្យ​ផង។ ១៤ នៅ​ពេល​ព្រះបាទ​សាអ៊ូល​ចាត់​ទាហាន​ឲ្យ​ទៅ​ចាប់​លោក​ដាវីឌ​នោះ ព្រះនាង​មិកាល់​ប្រាប់​ថា៖ «លោក​ឈឺ»។ ១៥ ព្រះបាទ​សាអ៊ូល​ចាត់​ទាហាន ​ឲ្យ​វិល​ទៅ​រក​លោក​ដាវីឌ​វិញ ដោយ​មាន​រាជឱង្ការ​ថា៖ «ចូរ​សែង​ទាំង​គ្រែ នាំ​គេ​យក​មក ដើម្បី​ឲ្យ​យើង​សម្លាប់​ចោល!»។ ១៦ ពួក​ទាហាន​វិល​ទៅ​វិញ ហើយ​ឃើញ​តែ​រូប​បដិមា​នៅ​លើ​គ្រែ និង​ស្បែក​ពពែ​នៅ​លើ​ខ្នើយ។ ១៧ ព្រះបាទ​សាអ៊ូល​សួរ​ ព្រះនាង​មិកាល់​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​បញ្ឆោត​បិតា​បែប​នេះ? ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​ទុក​ឲ្យ​សត្រូវ​របស់​បិតា​រត់​រួច?»។ ព្រះនាង​មិកាល់​ទូល​ថា៖ «គឺ​គាត់​ទេ​តើ​ដែល​ប្រាប់​ខ្ញុំ​ម្ចាស់​ថា “ទុក​ឲ្យ​អញ​ទៅ​ចុះ! បើ​មិន​ដូច្នោះ​ទេ អញ​នឹង​សម្លាប់​ឯង​ចោល”»។

 

១៨ ពេល​នោះ លោក​ដាវីឌ​រត់​គេច​ខ្លួន ទៅ​ជ្រក​ជា​មួយ​លោក​សាមូអែល​នៅ​ភូមិ​រ៉ាម៉ា ហើយ​រៀប​រាប់​អំពី​ហេតុការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះបាទ​សាអ៊ូល​បាន​ប្រព្រឹត្ត​ចំពោះ​រូប​លោក។ បន្ទាប់​មក លោក​ទាំង​ពីរ​នាំ​គ្នា​ទៅ​នៅ​កន្លែង​មួយ ឈ្មោះ​ណាយ៉ូត​។

 

១៩ មាន​គេ​ទូល​ព្រះបាទ​សាអ៊ូល​ថា លោក​ដាវីឌ​ទៅ​នៅ​ណាយ៉ូត ជិត​ភូមិ​រ៉ាម៉ា។ ២០ ព្រះបាទ​សាអ៊ូល​ចាត់​ទាហាន ​ឲ្យ​ទៅ​ចាប់​លោក​ដាវីឌ។ កាល​ពួក​គេ​ទៅ​ដល់ ឃើញ​ក្រុម​ព្យាការី​ដែល​មាន​លោក​សាមូអែល​ជា​អ្នក​នាំ​មុខ កំពុង​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ​។ ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​សណ្ឋិត​លើ​ទាហាន​​ទាំង​នោះ ធ្វើ​ឲ្យ​ពួក​គេ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ​ដែរ។ ២១ មាន​គេ​នាំ​ដំណឹង​នេះ​ ទៅ​ទូល​ព្រះបាទ​សាអ៊ូល ស្ដេច​ក៏​ចាត់​ទាហាន​មួយ​ក្រុម​ទៀត​ឲ្យ​ទៅ ប៉ុន្តែ ពួក​គេ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ​ដែរ។ ព្រះបាទ​សាអ៊ូល​ចាត់​ក្រុម​ទី​បី​ឲ្យ​ទៅ តែ​ពួក​នេះ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ ដូច​ពួក​មុនៗ។ ២២ ដូច្នេះ ព្រះបាទ​សាអ៊ូល​ក៏​យាង​ទៅ​ភូមិ​រ៉ាម៉ា​ដោយ​ផ្ទាល់។ កាល​ទៅ​ដល់​ស្រះ​ធំ នៅ​ភូមិ​សេគូ ស្ដេច​សួរ​គេ​ថា៖ «តើ​លោក​សាមូអែល និង​ដាវីឌ​នៅ​ឯ​ណា?»។ គេ​ទូល​ថា៖ «លោក​នៅ​ឯ​ណាយ៉ូត ជិត​ភូមិ​រ៉ាម៉ា»។ ២៣ ស្ដេច​ក៏​យាង​ទៅ​ទី​នោះ។ ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​មក​សណ្ឋិត​លើ​ស្ដេច ហើយ​ស្ដេច​យាង​រហូត​ដល់​ណាយ៉ូត នៅ​ភូមិ​រ៉ាម៉ា ទាំង​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ។ ២៤ ស្ដេច​ដោះ​ព្រះភូសា​ចេញ ​ដូច​គេ​ឯង​ដែរ ហើយ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ នៅ​ចំពោះ​មុខ​លោក​សាមូអែល។ ស្ដេច​ដួល​ដេក ទាំង​អាក្រាត នៅ​លើ​ដី​ពេញ​មួយ​ថ្ងៃ​មួយ​យប់។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពាក្យ​ស្លោក​ថា៖ «តើ​ព្រះបាទ​សាអ៊ូល​ចូល​ក្រុម​ព្យាការី​ដែរ​ឬ?»។

 

ជំពូកទី ២០

សម្ដេច​យ៉ូណាថាន​ការពារ​លោក​ដាវីឌ

១ លោក​ដាវីឌ​រត់​ចេញ​ពី​ ណាយ៉ូត ជិត​ភូមិ​រ៉ាម៉ា ទៅ​ជួប​សម្ដេច​យ៉ូណាថាន ហើយ​សួរ​ថា៖ «តើ​ខ្ញុំ​បាន​ធ្វើ​អ្វី? តើ​ខ្ញុំ​មាន​កំហុស​អ្វី? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​បិតា​របស់​បង បាន​ជា​ស្ដេច​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?»។ ២ សម្ដេច​យ៉ូណាថាន​ឆ្លើយ​តប ​ថា៖ «សូម​កុំ​ឲ្យ​កើត​មាន​ដូច្នោះ​អី! ប្អូន​មិន​ត្រូវ​ស្លាប់​ទេ! បិតា​របស់​ខ្ញុំ​មិន​ដែល​ធ្វើ​អ្វី ដោយ​ឥត​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ជា​មុន​ឡើយ ទោះ​បី​ការ​នោះ​ធំ ឬ​តូច​ក្ដី។ បើ​បិតា​ចង់​សម្លាប់​ប្អូន ទ្រង់​មុខ​ជា​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​មិន​ខាន ទ្រង់​មិន​លាក់​ទេ»។ ៣ លោក​ដាវីឌ​មាន​ប្រសាសន៍​ ទៀត​ថា៖ «បិតា​របស់​បង​ដឹង​ច្បាស់​ថា ខ្ញុំ​ជា​មិត្ត​សម្លាញ់​របស់​បង បាន​ជា​ស្ដេច​គិត​ថា “មិន​ត្រូវ​ឲ្យ​យ៉ូណាថាន​ដឹង​ទេ ក្រែង​លោ​គេ​ពិបាក​ចិត្ត”។ ប៉ុន្តែ ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ និង​ក្នុង​នាម​បង​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា សេចក្ដី​ស្លាប់​នៅ​ឃ្លាត​ពី​ខ្ញុំ​តែ​មួយ​ចង្អាម​ប៉ុណ្ណោះ»។

 

៤ សម្ដេច​យ៉ូណាថាន​ពោល​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «បើ​ប្អូន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី ខ្ញុំ​ធ្វើ​តាម​ទាំង​អស់»។ ៥ លោក​ដាវីឌ​តប​ទៅ​សម្ដេច​ យ៉ូណាថាន​វិញ​ថា៖ «ស្អែក​នេះ​ជា​ថ្ងៃ​បុណ្យ​ដើម​ខែ​ ធម្មតា ខ្ញុំ​ត្រូវ​ទៅ​បរិភោគ​រួម​តុ​ជា​មួយ​ស្ដេច។ សូម​ឲ្យ​ខ្ញុំ​ចេញ​ទៅ​ពួន​នៅ​ឯ​ស្រែ រហូត​ដល់​ល្ងាច​ខាន​ស្អែក។ ៦ បិតា​របស់​បង​មុខ​ជា​សួរ​ រក​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​នៅ សូម​ទូល​ស្ដេច​ថា “ដាវីឌ​ទទូច​សូម​អនុញ្ញាត​ពី​ទូលបង្គំ ធ្វើ​ដំណើរ​ទៅ​បេថ្លេហិម ជា​ភូមិ​កំណើត​របស់​គេ​យ៉ាង​ប្រញាប់ ដើម្បី​ចូល​រួម​ថ្វាយ​យញ្ញបូជា​ប្រចាំ​ឆ្នាំ ជា​មួយ​នឹង​អំបូរ​ទាំង​មូល”។ ៧ ប្រសិន​បើ​ស្ដេច​មាន​ រាជឱង្ការ​ថា “មិន​អី​ទេ!” នោះ​ខ្ញុំ​នឹង​បាន​សុខសាន្ត! ផ្ទុយ​ទៅ​វិញ បើ​ស្ដេច​ខ្ញាល់ នោះ​បង​នឹង​ដឹង​ច្បាស់​ថា ស្ដេច​បាន​សំរេច​ចិត្ត​ធ្វើ​បាប​ខ្ញុំ​ហើយ។ ៨ ដូច្នេះ សូម​បង​សំដែង​ចិត្ត​ស្មោះស្ម័គ្រ​ចំពោះ​ខ្ញុំ​ផង ដ្បិត​យើង​ទាំង​ពីរ​បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​គ្នា​ក្នុង​នាម​ព្រះអម្ចាស់។ ម្យ៉ាង​ទៀត បើ​បង​ឃើញ​ខ្ញុំ​មាន​កំហុស​អ្វី សូម​សម្លាប់​ខ្ញុំ​ដោយ​ផ្ទាល់​ដៃ​ចុះ កុំ​ចាប់​ខ្ញុំ​ទៅ​ថ្វាយ​បិតា​របស់​បង​អី»។ ៩ សម្ដេច​យ៉ូណាថាន​ពោល​ឡើង​ ថា៖ «កុំ​មាន​គំនិត​ដូច្នេះ​ឡើយ! ប្រសិន​បើ​ខ្ញុំ​ដឹង​ច្បាស់​ថា បិតា​របស់​ខ្ញុំ​សំរេច​ព្រះហឫទ័យ​ធ្វើ​បាប​ប្អូន នោះ​ខ្ញុំ​មុខ​ជា​ប្រាប់​ប្អូន​មិន​ខាន»។ ១០ លោក​ដាវីឌ​សួរ​ថា៖ «ប្រសិន​បើ​បិតា​របស់​បង​ឆ្លើយ​មក​បង​វិញ​ទាំង​ខ្ញាល់​នោះ តើ​បាន​នរណា​នាំ​ដំណឹង​មក​ប្រាប់​ខ្ញុំ?»។ ១១ សម្ដេច​យ៉ូណាថាន​ពោល​មក​កាន់​លោក​ដាវីឌ​ថា៖ «មក៍ យើង​ចេញ​ទៅ​វាល​ស្រែ!»។ អ្នក​ទាំង​ពីរ​ក៏​ចេញ​ទៅ​វាល​ស្រែ​ជា​មួយ​គ្នា។

 

១២ សម្ដេច​យ៉ូណាថាន​ពោល​មក​កាន់​លោក​ដាវីឌ​ថា៖ «ខ្ញុំ​សូម​សន្យា​ក្នុង​នាម​ព្រះអម្ចាស់​ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ថា ថ្ងៃ​ស្អែក ឬ​ខាន​ស្អែក ពេល​ថ្មើរ​នេះ ខ្ញុំ​នឹង​ស្ទង់​មើល​ព្រះហឫទ័យ​បិតា​របស់​ខ្ញុំ។ ប្រសិន​បើ​ទ្រង់​មាន​បំណង​ល្អ​ចំពោះ​ប្អូន ហើយ​បើ​ខ្ញុំ​មិន​ចាត់​គេ​ឲ្យ​នាំ​ដំណឹង​មក​ប្រាប់​ប្អូន​ទេ​នោះ ១៣ សូម​ព្រះអម្ចាស់​ ដាក់​ទោស​ខ្ញុំ​ចុះ។ ប្រសិន​បើ​បិតា​ខ្ញុំ​មាន​បំណង​ធ្វើ​បាប​ប្អូន ខ្ញុំ​ក៏​ជូន​ដំណឹង​ឲ្យ​ប្អូន​ដឹង​ដែរ។ ខ្ញុំ​នឹង​ឲ្យ​ប្អូន​ចាក​ចេញ​ទៅ​ដោយ​សុខសាន្ត។ សូម​ព្រះអម្ចាស់​គង់​ជា​មួយ​ប្អូន ដូច​ព្រះអង្គ​គង់​ជា​មួយ​បិតា​ខ្ញុំ​កាល​ពី​មុន​ដែរ។ ១៤ ពេល​ក្រោយ ប្រសិន​បើ​ខ្ញុំ​នៅ​មាន​ជីវិត សូម​ប្អូន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ដោយ​ចិត្ត​ស្មោះស្ម័គ្រ​មក​ពី​ព្រះអម្ចាស់ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​បាត់​បង់​ជីវិត​ឡើយ។ ១៥ ទោះ​បី​ព្រះអម្ចាស់​ ផ្ដាច់​ជីវិត​ខ្មាំង​សត្រូវ​របស់​ប្អូន​ម្ដង​មួយៗ​អស់​ពី​ផែនដី​ក៏​ដោយ សូម​ប្អូន​នៅ​តែ​សំដែង​ចិត្ត​ស្មោះស្ម័គ្រ​នេះ​ចំពោះ​កូន​ចៅ​របស់​ខ្ញុំ រហូត​ត​ទៅ»។ ១៦ ដូច្នេះ សម្ដេច​យ៉ូណាថាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​លោក​ដាវីឌ និង​កូន​ចៅ​របស់​លោក ដោយ​ពោល​ថា៖ «បើ​លោក​ដាវីឌ​មិន​គោរព​សម្ពន្ធមេត្រី​នេះ​ទេ សូម​ព្រះអម្ចាស់​ដាក់​ទោស​លោក តាម​រយៈ​ខ្មាំង​សត្រូវ!»។ ១៧ សម្ដេច​យ៉ូណាថាន​បាន​ សុំ​ឲ្យ​លោក​ដាវីឌ​ស្បថ​សា​ជា​ថ្មី ក្នុង​នាម​នៃ​សេចក្ដី​ស្រឡាញ់​ដែល​សម្ដេច​មាន​ចំពោះ​រូប​លោក ដ្បិត​សម្ដេច​យ៉ូណាថាន​ស្រឡាញ់​លោក​ដាវីឌ ដូច​ស្រឡាញ់​ខ្លួន​ឯង។

 

១៨ សម្ដេច​ យ៉ូណាថាន​បញ្ជាក់​បន្ថែម​ថា៖ «ស្អែក នៅ​ពេល​បុណ្យ​ដើម​ខែ គេ​នឹង​សង្កេត​ឃើញ​ថា​បាត់​រូប​ប្អូន ព្រោះ​កៅអី​របស់​ប្អូន​នៅ​ទំនេរ។ ១៩ ខាន​ស្អែក ប្អូន​ត្រូវ​ចុះ​ទៅ​កន្លែង​ដែល​ប្អូន​បាន​លាក់​ខ្លួន​កាល​ពី​ថ្ងៃ​មុន​នោះ គឺ​ប្អូន​ត្រូវ​ទៅ​ពួន​នៅ​ក្បែរ​ផ្ទាំង​ថ្ម​អេសែល។ ២០ ខ្ញុំ​នឹង​បាញ់​ព្រួញ​បី​ដើម​ទៅ​រក​ថ្ម​នោះ គឺ​ខ្ញុំ​បាញ់​តម្រង់​ឆ្ពោះ​ទៅ​រក​ទិសដៅ​មួយ។ ២១ បន្ទាប់​មក ខ្ញុំ​ប្រើ​ក្មេង​បំរើ​ខ្ញុំ​ឲ្យ​ទៅ​រើស។ បើ​ខ្ញុំ​ស្រែក​ថា “មើល​ហ្ន៎! ព្រួញ​នៅ​មិន​ឆ្ងាយ​ទេ ចូរ​ទៅ​រើស​មក” នោះ​បាន​សេចក្ដី​ថា ប្អូន​អាច​វិល​មក​វិញ​ដោយ​សុខសាន្ត! ខ្ញុំ​សុំ​ស្បថ​ក្នុង​នាម​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ​ថា គ្មាន​បញ្ហា​អ្វី​ទេ! ២២ ប៉ុន្តែ បើ​ខ្ញុំ​ប្រាប់​ទៅ​ក្មេង​បំរើ​នោះ​ថា “ព្រួញ​នៅ​ឆ្ងាយ​ឯ​នាយ” នោះ​ចូរ​ប្អូន​ទៅ​ចុះ ដ្បិត​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​ឲ្យ​ប្អូន​ចាក​ចេញ​ទៅ​ហើយ។ ២៣ ព្រះអម្ចាស់​ធ្វើ​ជា​សាក្សី​ដឹង​ឮ​រហូត​ត​ទៅ ចំពោះ​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​គ្នា»។ ២៤ លោក​ដាវីឌ​ក៏​ចេញ​ទៅ​ពួន​នៅ​ឯ​វាល​ស្រែ។

 

លុះ​​​​ដល់​​ពេល​បុណ្យ​ដើម​ខែ ព្រះបាទ​សាអ៊ូល​គង់​សោយ​ព្រះស្ងោយ​ក្នុង​ពិធី​ជប់លៀង។ ២៥ ស្ដេច​គង់​នៅ​ជិត​ ជញ្ជាំង​ដូច​សព្វ​មួយ​ដង សម្ដេច​យ៉ូណាថាន​គង់​នៅ​ទល់​មុខ លោក​អាប់នែរ​អង្គុយ​នៅ​ក្បែរ​ស្ដេច តែ​កន្លែង​របស់​លោក​ដាវីឌ​នៅ​ទំនេរ។ ២៦ នៅ​ថ្ងៃ​នោះ ព្រះបាទ​សាអ៊ូល​មិន​សួរ​នាំ​អ្វី​ឡើយ ដោយ​ស្ដេច​នឹក​ស្មាន​ថា មាន​ហេតុ​អ្វី​មួយ​កើត​ឡើង​ចំពោះ​លោក​ដាវីឌ ធ្វើ​ឲ្យ​លោក​ក្លាយ​ទៅ​មិន​បរិសុទ្ធ គឺ​លោក​ពិត​ជា​មិន​បរិសុទ្ធ​មែន​។ ២៧ នៅ​ថ្ងៃ​បន្ទាប់ ជា​ថ្ងៃ​ទី​ពីរ​នៃ​ពិធី​បុណ្យ​ដើម​ខែ កន្លែង​របស់​លោក​ដាវីឌ​នៅ​ទំនេរ​ដដែល។ ព្រះបាទ​សាអ៊ូល​សួរ​សម្ដេច​យ៉ូណាថាន ជា​បុត្រ​ថា៖ «ហេតុ​អ្វី​បាន​ជា​កូន​លោក​យេសាយ​មិន​មក​ជប់លៀង ទាំង​ម្សិលមិញ ទាំង​ថ្ងៃ​នេះ​ដូច្នេះ?»។ ២៨ សម្ដេច​យ៉ូណាថាន​ទូល​ថា៖ «ដាវីឌ​បាន​ទទូច​អង្វរ​សូម​អនុញ្ញាត​ពី​ទូលបង្គំ​ទៅ​ឯ​បេថ្លេហិម ២៩ ដោយ​ប្រាប់​ថា “សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចេញ​ទៅ ដ្បិត​អំបូរ​របស់​យើង​ខ្ញុំ​ត្រូវ​ថ្វាយ​យញ្ញបូជា នៅ​ទី​នោះ ហើយ​បង​ប្រុស​ខ្ញុំ​បាន​ផ្ដាំ​ឲ្យ​ខ្ញុំ​ទៅ​ចូល​រួម។ បើ​សម្ដេច​យល់​អធ្យាស្រ័យ​ដល់​ខ្ញុំ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ជួបជុំ​បង​ប្អូន​ផង”។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​មិន​មក​ចូល​រួម​ក្នុង​ពិធី​ជប់​លៀង​របស់​បិតា»។ ៣០ ព្រះបាទ​សាអ៊ូល​ខ្ញាល់​នឹង ​សម្ដេច​យ៉ូណាថាន​យ៉ាង​ខ្លាំង ស្ដេច​ស្រែក​ជេរ​ថា៖ «អា​កូន​ឥត​ពូជ ឥត​អំបូរ! អញ​ដឹង​ថា ឯង​កាន់​ជើង​កូន​របស់​លោក​យេសាយ។ ឯង​មុខ​ជា​ត្រូវ​អាម៉ាស់ ទាំង​កូន​ទាំង​ម្ដាយ​មិន​ខាន! ៣១ តោង​ដឹង​ថា ដរាប​ណា​កូន​លោក​យេសាយ​នៅ​មាន​ជីវិត​លើ​ផែនដី នោះ​ឯង​ច្បាស់​ជា​មិន​អាច​ឡើង​សោយ​រាជ្យ​ឡើយ។ ដូច្នេះ ចូរ​ចាត់​គេ​ឲ្យ​ទៅ​ចាប់​វា​នាំ​មក​ឲ្យ​អញ​នៅ​ទី​នេះ ដ្បិត​វា​ត្រូវ​តែ​ស្លាប់»។ ៣២ សម្ដេច​​យ៉ូណាថាន​ទូល​ព្រះបាទ​សាអ៊ូល ជា​បិតា​ថា៖ «ហេតុ​អ្វី​បាន​ជា​គេ​ត្រូវ​ស្លាប់ តើ​គេ​បាន​ធ្វើ​អ្វី?»។ ៣៣ ព្រះបាទ​សាអ៊ូល​ក៏​គប់​ លំពែង​តម្រង់​ទៅ​សម្ដេច​យ៉ូណាថាន ដើម្បី​ប្រហារ​ជីវិត។ ពេល​នោះ សម្ដេច​យ៉ូណាថាន​ជ្រាប​ថា បិតា​ពិត​ជា​បាន​សំរេច​ព្រះហឫទ័យ​សម្លាប់​លោក​ដាវីឌ។ ៣៤ សម្ដេច​ក្រោក​ចេញ​ពី​តុ ដោយ​ខ្ញាល់​យ៉ាង​ខ្លាំង ហើយ​មិន​ខ្ចី​សោយ​អាហារ​នៅ​ថ្ងៃ​ទី​ពីរ​នៃ​ពិធី​បុណ្យ​ដើម​ខែ​នោះ​ឡើយ ព្រោះ​សម្ដេច​ព្រួយ​បារម្ភ​អំពី​លោក​ដាវីឌ ដែល​បិតា​បាន​ជេរ​ប្រមាថ។ ៣៥ ព្រឹក​ឡើង សម្ដេច​យ៉ូណាថាន​ចេញ​ទៅ​វាល​ស្រែ ឆ្ពោះ​ទៅ​កន្លែង​ដែល​លោក​បាន​ណាត់​ជា​មួយ​លោក​ដាវីឌ។ សម្ដេច​នាំ​ក្មេង​ម្នាក់​ទៅ​ជា​មួយ​ផង។ ៣៦ សម្ដេច​ប្រាប់​វា​ថា៖ «ចូរ​រត់​ទៅ​រើស​ព្រួញ​ដែល​អញ​នឹង​បាញ់​ឥឡូវ​នេះ»។ ក្មេង​នោះ​ក៏​រត់​ទៅ​មុខ ហើយ​សម្ដេច​យ៉ូណាថាន​បាញ់​ព្រួញ​រំលង​ឲ្យ​ឆ្ងាយ​ពី​វា។ ៣៧ ពេល​ក្មេង​នោះ​រត់​ទៅ​ដល់​កន្លែង​ដែល​ព្រួញ​ធ្លាក់ សម្ដេច​យ៉ូណាថាន​ស្រែក​ឡើង​ថា៖ «ព្រួញ​ធ្លាក់​នៅ​ឆ្ងាយ​ពី​ឯង​មែន​ទេ! ៣៨ ចូរ​ប្រញាប់​រត់​ទៅ កុំ​ឈប់​ឡើយ!»។ ក្មេង​នោះ​ក៏​រើស​ព្រួញ ហើយ​ត្រឡប់​មក​រក​ចៅហ្វាយ​វិញ។ ៣៩ វា​ពុំ​ដឹង​អ្វី​ទាំង​អស់ គឺ​មាន​តែ​សម្ដេច​យ៉ូណាថាន និង​លោក​ដាវីឌ​ប៉ុណ្ណោះ​ដែល​ដឹង​រឿង​នេះ។ ៤០ សម្ដេច​យ៉ូណាថាន​ប្រគល់​ធ្នូ និង​ព្រួញ​ឲ្យ​ក្មេង​បំរើ ហើយ​ប្រាប់​វា​ឲ្យ​យក​ទៅ​ទីក្រុង​វិញ។ ៤១ ពេល​ក្មេង​នោះ​ចេញ​ផុត​ទៅ លោក​ដាវីឌ​ក៏​ចេញ​ពី​កន្លែង​លាក់​ខ្លួន​នៅ​ខាង​ត្បូង​ផ្ទាំង​ថ្ម ហើយ​ក្រាប​ចុះ អោន​មុខ​ដល់​ដី ថ្វាយបង្គំ​សម្ដេច​យ៉ូណាថាន​បី​ដង។ លោក​ទាំង​ពីរ​ឱប​គ្នា ហើយ​មិត្ត​សម្លាញ់​ទាំង​ពីរ​នាក់​នាំ​គ្នា​យំ​យ៉ាង​ខ្លាំង ជា​ពិសេស​លោក​ដាវីឌ។ ៤២ បន្ទាប់​មក សម្ដេច​យ៉ូណាថាន​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «សូម​ទៅ​ឲ្យ​បាន​សុខសាន្ត​ចុះ! ដ្បិត​យើង​បាន​ស្បថ​ជា​មួយ​គ្នា​ក្នុង​នាម​ព្រះអម្ចាស់​ថា “សូម​ព្រះអម្ចាស់​ ធ្វើ​ជា​សាក្សី​ដឹង​ឮ​អំពី​មិត្តភាព​រវាង​ខ្ញុំ និង​ប្អូន ព្រម​ទាំង​កូន​ចៅ​ខ្ញុំ និង​កូន​ចៅ​ប្អូន​រហូត​ត​ទៅ”»។

១ លោក​ដាវីឌ​ប្រញាប់ប្រញាល់​ចាក​ចេញ​ទៅ ហើយ​សម្ដេច​យ៉ូណាថាន​ក៏​វិល​ត្រឡប់​ទៅ​ទីក្រុង​វិញ​ដែរ។

 

លោក​ដាវីឌ​រត់​ទៅ​ដល់​ភូមិ​ណូប

២ លោក​ដាវីឌ​ទៅ​រក​លោក​ បូជាចារ្យ​អហ៊ីមេឡេកនៅ​ភូមិ​ណូប។ លោក​អហ៊ីមេឡេក​ចេញ​មក​ទទួល​ទាំង​ញ័រ​រន្ធត់ ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​អញ្ជើញ​មក​តែ​ម្នាក់​ឯង គ្មាន​នរណា​មក​ជា​មួយ​ដូច្នេះ?»។ ៣ លោក​ដាវីឌ​ឆ្លើយ​ទៅ​លោក​ បូជាចារ្យ​អហ៊ីមេឡេក​ថា៖ «ព្រះករុណា​បាន​បង្គាប់​មក​ខ្ញុំ​ថា “កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ដឹង​អំពី​កិច្ចការ​ដែល​យើង​បញ្ជា​ដល់​អ្នក ព្រម​ទាំង​ចាត់​អ្នក​ឲ្យ​ទៅ​បំពេញ​នេះ​ឡើយ”។ ខ្ញុំ​ក៏​បាន​ណាត់​ជួប​ទាហាន​របស់​ខ្ញុំ​នៅ​កន្លែង​មួយ។ ៤ ឥឡូវ​នេះ តើ​លោក​មាន​អ្វី​ខ្លះ? សូម​លោក​ផ្ដល់​នំបុ័ង​ប្រាំ ឬ​អ្វី​ផ្សេង​ទៀត​ដែល​លោក​មាន​មក​ឲ្យ​ខ្ញុំ​ផង»។ ៥ លោក​បូជាចារ្យ​តប​ទៅ​លោក​ ដាវីឌ​វិញ​ថា៖ «ខ្ញុំ​គ្មាន​នំបុ័ង​ធម្មតា​ទេ មាន​តែ​នំបុ័ង​សក្ការៈ ប្រសិន​បើ​ទាហាន​របស់​លោក​មិន​បាន​រួម​រស់​ជា​មួយ​ស្រីៗ ទើប​គេ​បរិភោគ​បាន»។ ៦ លោក​ដាវីឌ​មាន​ប្រសាសន៍​ ទៅ​លោក​បូជាចារ្យ​វិញ​ថា៖ «ពិត​មែន​ហើយ តាំង​ពី​ដើម​រៀង​មក កាល​ណា​ចេញ​ទៅ​ច្បាំង យើង​តែងតែ​ទទួល​ការ​ហាម​ឃាត់​មិន​ឲ្យ​រួម​រស់​ជា​មួយ​ស្ត្រី​ឡើយ។ អ្វី​ៗ​​របស់​ពួក​ទាហាន​ សុទ្ធ​តែ​បាន​ញែក​ជា​សក្ការៈ​អស់​ហើយ។ ប៉ុន្តែ ថ្ងៃ​នេះ ទោះ​បី​យើង​ធ្វើ​ដំណើរ​ធម្មតា​ក៏​ដោយ ក៏​យើង​បាន​បរិសុទ្ធ ដោយសារ​កិច្ចការ​ដែល​កំពុង​តែ​បំពេញ​នេះ​ដែរ»។ ៧ ពេល​នោះ លោក​បូជាចារ្យ​ប្រគល់​នំបុ័ង ដែល​គេ​តាំង​ថ្វាយ​ព្រះអម្ចាស់ ជូន​លោក​ដាវីឌ ដ្បិត​គ្មាន​នំបុ័ង​ណា​ផ្សេង​ក្រៅ​ពី​នំបុ័ង​នេះ​ឡើយ។ គេ​បាន​ដក​នំបុ័ង​នេះ​ចេញ​ពី​ទីសក្ការៈ​របស់​ព្រះអម្ចាស់ នៅ​ថ្ងៃ​ដែល​ដាក់​នំបុ័ង​ថ្មី​ជំនួស​។ ៨ ថ្ងៃ​នោះ រាជ​បំរើ​ម្នាក់​របស់​ព្រះបាទ​សាអ៊ូល​ស្ថិត​នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះអម្ចាស់ ដើម្បី​បំពេញ​កិច្ចការ​ខាង​សាសនា គឺ​គាត់​ឈ្មោះ​ដូអេក ជា​ជន​ជាតិ​អេដុម ដែល​ទទួល​ខុស​ត្រូវ​លើ​ពួក​គង្វាល​របស់​ស្ដេច។ ៩ លោក​ដាវីឌ​មាន​ប្រសាសន៍​ ទៅ​លោក​បូជាចារ្យ​អហ៊ីមេឡេក​ថា៖ «នៅ​ទី​នេះ តើ​លោក​មាន​លំពែង ឬ​ដាវ​ទេ? កិច្ចការ​ដែល​ព្រះរាជា​ចាត់​ឲ្យ​ខ្ញុំ​ទៅ​បំពេញ​នេះ​បន្ទាន់​ពេក ខ្ញុំ​មិន​បាន​យក​ដាវ ឬ​អាវុធ​ផ្សេង​ទៀត​មក​ជា​មួយ​ឡើយ»។ ១០ លោក​បូជាចារ្យ​មាន​ ប្រសាសន៍​ថា៖ «មាន​តែ​ដាវ​របស់​កូលីយ៉ាត ជា​ជន​ជាតិ​ភីលីស្ទីន ដែល​លោក​បាន​សម្លាប់​នៅ​ជ្រលង​ភ្នំ​អេឡា។ ដាវ​នោះ​រុំ​ដោយ​សំពត់ នៅ​ខាង​ក្រោយ​អាវ​អេផូដ។ ប្រសិន​បើ​លោក​ចង់​បាន សូម​អញ្ជើញ​យក​ទៅ​ចុះ ព្រោះ​នៅ​ទី​នេះ គ្មាន​អាវុធ​ណា​ផ្សេង​ទៀត​ទេ»។ លោក​ដាវីឌ​មាន​ប្រសាសន៍​ថា៖ «សូម​ប្រគល់​ដាវ​នោះ​មក​ខ្ញុំ​ចុះ ដ្បិត​គ្មាន​ដាវ​ណា​ដូច​ដាវ​នេះ​ទេ»។

 

លោក​ដាវីឌ​នៅ​ជា​មួយ​ពួក​ភីលីស្ទីន​ក្នុង​ក្រុង​កាថ

១១ នៅ​ថ្ងៃ​ដដែល​នោះ លោក​ដាវីឌ​រត់​គេច​ខ្លួន​ចេញ​ពី​ព្រះបាទ​សាអ៊ូល ហើយ​ទៅ​ជួប​ព្រះបាទ​អគីស នៅ​ក្រុង​កាថ។ ១២ ពួក​រាជ​បំរើ​របស់​ ព្រះបាទ​អគីស​ទូល​ស្ដេច​ថា៖ «អ្នក​នេះ​គឺ​ដាវីឌ ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ទេ​តើ! អ្នក​នេះ​ហើយ​ដែល​ពួក​ស្ត្រីៗ​នាំ​គ្នា​រាំ និង​ច្រៀង​សរសើរ​ថា:

ព្រះបាទ​សាអ៊ូល​ប្រហារ​សត្រូវ​បាន​រាប់​ពាន់​នាក់

រីឯ​លោក​ដាវីឌ​ប្រហារ​បាន​រាប់​ម៉ឺន​នាក់»។

 

១៣ ពាក្យ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​លោក​ដាវីឌ​រន្ធត់​ចិត្ត ហើយ​ខ្លាច​ព្រះបាទ​អគីស ជា​ស្ដេច​ក្រុង​កាថ​យ៉ាង​ខ្លាំង។ ១៤ លោក​ធ្វើ​ជា​វិកលចរិត​ នៅ​ចំពោះ​មុខ​ជន​ជាតិ​ភីលីស្ទីន។ ពេល​ពួក​គេ​ចាប់​លោក លោក​សំដែង​អាការៈ​លេលា ដោយ​លើក​ដៃ​គូសវាស​ជា​សញ្ញា​នៅ​តាម​សន្លឹក​ទ្វារ ព្រម​ទាំង​បង្ហៀរ​ទឹក​មាត់​លើ​ពុក​ចង្កា​ទៀត​ផង។ ១៥ ព្រះបាទ​អគីស​មាន​ រាជឱង្ការ​ទៅ​កាន់​ពួក​រាជ​បំរើ​ថា៖ «អស់​លោក​បាន​ឃើញ​ច្បាស់​ថា មនុស្ស​នេះ​ឡប់សតិ​ហើយ ហេតុ​អ្វី​បាន​ជា​អស់​លោក​នាំ​គេ​មក​ជួប​យើង​ដូច្នេះ? ១៦ តើ​យើង​ខ្វះ​មនុស្ស​ ឆ្កួត​ឬ បាន​ជា​អស់​លោក​នាំ​ជន​នេះ​មក​ឲ្យ​សំដែង​ភាព​វិកល​នៅ​ចំពោះ​មុខ​យើង​ ដូច្នេះ? ជន​នេះ​មិន​គួរ​ចូល​មក​ក្នុង​ដំណាក់​យើង​ទេ!»។

 

ជំពូកទី ២២

លោក​ដាវីឌ​រៀបចំ​កងទ័ព​របស់​លោក

១ លោក​ដាវីឌ​ចាក​ចេញ​ពី​ ក្រុង​កាថ ហើយ​ភៀស​ខ្លួន​ទៅ​នៅ​រអាង​ភ្នំ​អាឌូឡាំ។ កាល​បង​ប្អូន និង​ក្រុម​គ្រួសារ​របស់​លោក​ទាំង​ប៉ុន្មាន​បាន​ដឹង ពួក​គេ​ក៏​នាំ​គ្នា​ទៅ​នៅ​ទី​នោះ​ជា​មួយ​លោក។ ២ ម្យ៉ាង​ទៀត អស់​អ្នក​ដែល​មាន​បញ្ហា​ផ្សេងៗ អ្នក​ជំពាក់​បំណុល​គេ ព្រម​ទាំង​អ្នក​ដែល​មិន​ពេញ​ចិត្ត​នឹង​ស្ដេច បាន​ប្រមូល​គ្នា​មក​នៅ​ជា​មួយ​លោក មាន​ទាំង​អស់​ប្រមាណ​បួន​រយ​នាក់ ហើយ​លោក​ក៏​ឡើង​ធ្វើ​ជា​មេ។ ៣ បន្ទាប់​មក លោក​ដាវីឌ​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​មីសប៉ា នៅ​ស្រុក​ម៉ូអាប់។ លោក​ទូល​ស្ដេច​ស្រុក​ម៉ូអាប់​ថា៖ «សូម​មេត្តា​អនុញ្ញាត​ឲ្យ​ឪពុក​ម្ដាយ​របស់​ទូលបង្គំ​មក​ស្នាក់​អាស្រ័យ​នៅ​ ក្នុង​ស្រុក​របស់​ព្រះករុណា រហូត​ដល់​ពេល​ទូលបង្គំ​ដឹង​ថា ព្រះជាម្ចាស់​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ទូលបង្គំ»។ ៤ លោក​ដាវីឌ​បាន​នាំ​ ឪពុកម្ដាយ​ចូល​គាល់​ស្ដេច​ម៉ូអាប់ ហើយ​គាត់​ទាំង​ពីរ​ក៏​ស្នាក់​នៅ​ជា​មួយ​ស្ដេច ក្នុង​អំឡុង​ពេល​លោក​ដាវីឌ​លាក់​ខ្លួន។ ៥ ថ្ងៃ​មួយ ព្យាការី​កាដ​មក​ជំរាប​លោក​ដាវីឌ​ថា៖ «សូម​កុំ​លាក់​ខ្លួន​នៅ​ទី​នេះ​ឡើយ សូម​វិល​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ​ទៅ»។ ដូច្នេះ លោក​ដាវីឌ​ក៏​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ព្រៃ​ហេរ៉េត។

 

ស្ដេច​សាអ៊ូល​សម្លាប់​រង្គាល​ពួក​បូជាចារ្យ​នៅ​ភូមិ​ណូប

៦ ព្រះបាទ​សាអ៊ូល​ជ្រាប​ថា មាន​គេ​ឃើញ​លោក​ដាវីឌ និង​បក្ស​ពួក។ ពេល​នោះ ស្ដេច​កំពុង​គង់​នៅ​ភូមិ​គីបា ក្រោម​ម្លប់​ម៉ៃសាក់​នៅ​លើ​ភ្នំ ស្ដេច​កាន់​លំពែង​មួយ ហើយ​រាជ​បំរើ​ទាំង​ប៉ុន្មាន​ឈរ​នៅ​ជុំវិញ។ ៧ ស្ដេច​មាន​រាជឱង្ការ​ទៅ​ កាន់​រាជ​បំរើ​ដែល​ឈរ​នៅ​ក្បែរ​នោះ​ថា៖ «កូន​ចៅ​បេនយ៉ាមីន​អើយ! ចូរ​ស្ដាប់​យើង! តើ​កូន​លោក​យេសាយ​មាន​ផ្ដល់​ដី​ស្រែ និង​ចំការ​ទំពាំងបាយជូរ​ដល់​អ្នក​ទាំង​អស់​គ្នា ដូច​យើង​ដែរ​ឬ​ទេ? តើ​វា​បាន​តែងតាំង​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​មេ​បញ្ជា​ការ​កងពល​ធំ និង​មេ​បញ្ជា​ការ​កងពល​តូច ឬ​ទេ? ៨ អ្នក​ទាំង​អស់​បាន​ឃុបឃិត ​គ្នា​ប្រឆាំង​នឹង​យើង ហើយ​គ្មាន​នរណា​ម្នាក់​ប្រាប់​ឲ្យ​យើង​ដឹង​ថា បុត្រ​របស់​យើង​បាន​ចង​សម្ពន្ធមេត្រី ​ជា​មួយ​កូន​របស់​លោក​យេសាយ​ទេ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​នរណា​ម្នាក់​ឈឺឆ្អាល​នឹង​យើង ហើយ​ប្រាប់​យើង​ថា បុត្រ​យើង​បាន​ជំរុញ​អ្នក​បំរើ​របស់​យើង​ម្នាក់​នោះ ឲ្យ​ដាក់​អន្ទាក់​ប្រឆាំង​នឹង​យើង ដូច​វា​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ​ឡើយ!»។

 

៩ លោក​ដូអេក ជន​ជាតិ​អេដុម ដែល​ឈរ​នៅ​ជា​មួយ​រាជ​បំរើ​របស់​ព្រះបាទ​សាអ៊ូល ទូល​ស្ដេច​ថា៖ «ទូលបង្គំ​បាន​ឃើញ​កូន​របស់​លោក​យេសាយ​ទៅ​ភូមិ​ណូប ជួប​នឹង​លោក​អហ៊ីមេឡេកជា​កូន​របស់​លោក​អហ៊ីទូប។ ១០ លោក​អហ៊ីមេឡេក​បាន​ទូល​សួរ​ព្រះអម្ចាស់ តាម​សំណូម​ពរ​របស់​ដាវីឌ។ លោក​បាន​ផ្ដល់​ស្បៀង​អាហារ និង​ឲ្យ​ដាវ​របស់​កូលីយ៉ាត​ជា​ជន​ជាតិ​ភីលីស្ទីន ទៅ​គាត់​ផង»។ ១១ ព្រះបាទ​សាអ៊ូល​ចាត់​គេ​ ឲ្យ​ទៅ​ហៅ​បូជាចារ្យ​អហ៊ីមេឡេកជា​កូន​របស់​លោក​អហ៊ីទូប ព្រម​ទាំង​ក្រុម​គ្រួសារ​ទាំង​មូល​របស់​លោក និង​ក្រុម​បូជាចារ្យ នៅ​ភូមិ​ណូប​ឲ្យ​មក។ ពួក​គេ​ក៏​មក​គាល់​ស្ដេច​ទាំង​អស់​គ្នា។ ១២ ព្រះបាទ​សាអ៊ូល​មាន​រាជឱង្ការ​ថា៖ «ចូរ​ស្ដាប់! កូន​របស់​លោក​អហ៊ីទូប!»។ លោក​បូជាចារ្យ​ទូល​ថា៖ «ក្រាប​ទូល ព្រះករុណា​ជា​អម្ចាស់»។ ១៣ ស្ដេច​មាន​រាជឱង្ការ​ ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ឃុបឃិត​ជា​មួយ​កូន​របស់​លោក​យេសាយ ប្រឆាំង​នឹង​យើង​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​លោក​ផ្ដល់​ស្បៀង​អាហារ និង​ដាវ ហើយ​ថែម​ទាំង​ទូល​សួរ​ព្រះជាម្ចាស់ តាម​សំណូម​ពរ​របស់​វា ដើម្បី​ជួយ​វា​ឲ្យ​បះបោរ ដាក់​អន្ទាក់​ប្រឆាំង​នឹង​យើង ដូច​វា​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ?»។ ១៤ លោក​អហ៊ីមេឡេក​ទូល​ ស្ដេច​ថា៖ «ក្នុង​ចំណោម​អ្នក​បំរើ​របស់​ព្រះករុណា តើ​មាន​នរណា​ស្មោះ​ត្រង់​ដូច​លោក​ដាវីឌ? លោក​ជា​កូន​ប្រសា​របស់​ព្រះករុណា ជា​មេទ័ព​នៃ​កង​រក្សា​ព្រះ​មហាក្សត្រ និង​ជា​អ្នក​មាន​កិត្តិយស​ខ្ពង់ខ្ពស់​ក្នុង​វាំង​ផង។ ១៥ ថ្ងៃ​នោះ មិន​មែន​ជា​ថ្ងៃ​ដំបូង​បង្អស់​ទេ ដែល​ទូលបង្គំ​ទូល​សួរ​ព្រះជាម្ចាស់​ជូន​លោក។ ទូលបង្គំ​គ្មាន​គំនិត​ក្បត់​ព្រះករុណា​សោះ! សូម​ព្រះករុណា​មេត្តា​កុំ​ទម្លាក់​ទោស​មក​លើ​ទូលបង្គំ ឬ​លើ​នរណា​ម្នាក់ ក្នុង​ក្រុម​គ្រួសារ​របស់​ទូលបង្គំ​ឡើយ ដ្បិត​ទូលបង្គំ​ពុំ​បាន​ដឹង​រឿងរ៉ាវ​ទាំង​នេះ​ទេ ទោះ​បី​រឿង​តូច ឬ​ធំ​ក្ដី»។ ១៦ ស្ដេច​មាន​រាជឱង្ការ​ថា៖ «អហ៊ីមេឡេក! លោក និង​ក្រុម​គ្រួសារ​ទាំង​មូល​របស់​លោក ត្រូវ​តែ​ស្លាប់!»។ ១៧ ស្ដេច​ក៏​បញ្ជា​ទៅ​កង​រក្សា ដែល​ឈរ​នៅ​ជុំវិញ​ស្ដេច​ថា៖ «ចូរ​នាំ​គ្នា​សម្លាប់​ពួក​បូជាចារ្យ​របស់​ព្រះអម្ចាស់​ ចោល​ទៅ ព្រោះ​ពួក​គេ​បាន​ចូល​ដៃ​ជា​មួយ​ដាវីឌ​ដែរ គឺ​ពួក​គេ​ដឹង​ថា ដាវីឌ​រត់​គេច​ខ្លួន តែ​ពួក​គេ​មិន​បាន​ប្រាប់​យើង​ទេ!»។ ប៉ុន្តែ រាជ​បំរើ​របស់​ព្រះបាទ​សាអ៊ូល មិន​ព្រម​លើក​ដៃ​សម្លាប់​ពួក​បូជាចារ្យ​របស់​ព្រះអម្ចាស់​ឡើយ។ ១៨ ​ស្ដេច​មាន​រាជឱង្ការ​ទៅ ​កាន់​លោក​ដូអេក ជា​ជន​ជាតិ​អេដុម​ថា៖ «ចូរ​សម្លាប់​បូជាចារ្យ​ទាំង​នោះ​ទៅ!»។ លោក​ដូអេក​ក៏​ស្ទុះ​ទៅ​សម្លាប់​ពួក​បូជាចារ្យ។ ថ្ងៃ​នោះ លោក​ដូអេក​បាន​សម្លាប់​មនុស្ស ដែល​ពាក់​អាវ​អេផូដ*​ធ្វើ​ពី​ក្រណាត់​ទេសឯក អស់​ចំនួន​ប៉ែត​សិប​ប្រាំ​នាក់។ ១៩ បន្ទាប់​មក ព្រះបាទ​សាអ៊ូល​កាប់​សម្លាប់​រង្គាល​មនុស្ស​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ទារក ព្រម​ទាំង​គោ លា និង​ចៀម​នៅ​ភូមិ​ណូប ដែល​ជា​ភូមិ​របស់​ពួក​បូជាចារ្យ។ ២០ ប៉ុន្តែ លោក​អប៊ីយ៉ាថារ ជា​កូន​របស់​លោក​អហ៊ីមេឡេកនិង​ជា​ចៅ​របស់​លោក​អហ៊ីទូប បាន​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​ជា​មួយ​លោក​ដាវីឌ។ ២១ លោក​អប៊ីយ៉ាថារ​ជំរាប​លោក​ដាវីឌ​ថា ព្រះបាទ​សាអ៊ូល​បាន​សម្លាប់​រង្គាល​ពួក​បូជាចារ្យ​របស់​ព្រះអម្ចាស់។ ២២ ​លោក​ដាវីឌ​មាន​ប្រសាសន៍ ​ទៅ​កាន់​លោក​អប៊ីយ៉ាថារ​ថា៖ «ពី​ថ្ងៃ​មុន ពេល​ឃើញ​ដូអេក ជា​ជន​ជាតិ​អេដុម នៅ​ភូមិ​ណូប ខ្ញុំ​ដឹង​ថា​គាត់​ប្រាកដ​ជា​ទៅ​រាយការណ៍​ថ្វាយ​ស្ដេច​មិន​ខាន។ ដូច្នេះ រូប​ខ្ញុំ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ ​របស់​លោក​ស្លាប់​ទាំង​អស់​គ្នា។ ២៣ ឥឡូវ​នេះ សូម​លោក​នៅ​ជា​មួយ​ខ្ញុំ​សិន​ហើយ កុំ​ភ័យ​ខ្លាច​អ្វី ដ្បិត​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ខ្ញុំ ក៏​ចង់​ប្រហារ​ជីវិត​លោក​ដែរ បើ​នៅ​ជា​មួយ​ខ្ញុំ​លោក នឹង​បាន​សេចក្ដី​សុខ»។

លោក​ដាវីឌ​សង្គ្រោះ​ប្រជាជន​នៅ​ក្រុង​កៃឡា

១ ថ្ងៃ​មួយ មាន​មនុស្ស​ម្នាក់​មក​ប្រាប់​លោក​ដាវីឌ​ថា៖ «ពួក​ភីលីស្ទីន​មក​វាយ​ក្រុង​កៃឡា ហើយ​ប្លន់​យក​ស្រូវ​ពី​លាន​បោក​បែន»។ ២ លោក​ដាវីឌ​ទូល​សួរ​ព្រះ​អម្ចាស់​ថា៖ «តើ​ទូលបង្គំ​ត្រូវ​ចេញ​ទៅ​វាយ​ពួក​ភីលីស្ទីន​ទាំង​នោះ​ឬ​ទេ?»។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ចេញ​ទៅ​វាយ​ពួក​ភីលីស្ទីន ហើយ​រំដោះ​ក្រុង​កៃឡា​ចុះ!»។ ៣ ប៉ុន្តែ អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ដាវីឌ ជំរាប​លោក​ថា៖ «នៅ​ស្រុក​យូដា​នេះ យើង​ភ័យ​ខ្លាច​ទៅ​ហើយ ចុះ​ទំរាំ​បើ​យើង​ទៅ​ក្រុង​កៃឡា ប្រយុទ្ធ​នឹង​ទ័ព​ភីលីស្ទីន​នោះ តើ​យើង​រឹត​តែ​ភ័យ​យ៉ាង​ណា​ទៅ​ទៀត?»​។ ៤ លោក​ដាវីឌ​ទូល​សួរ​ព្រះអម្ចាស់​ ជា​ថ្មី ព្រះអង្គ​មាន​ព្រះបន្ទូល​មក​លោក​វិញ​ថា៖ «ចូរ​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ​ក្រុង​កៃឡា​ចុះ យើង​ប្រគល់​ពួក​ភីលីស្ទីន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ​»​។ ៥ លោក​ដាវីឌ និង​អ្នក​ដែល​នៅ​ជា​មួយ​លោក​ចេញ​ដំណើរ​ទៅ​ក្រុង​កៃឡា ហើយ​វាយ​ពួក​ភីលីស្ទីន។ ពួក​គេ​ដណ្ដើម​បាន​ហ្វូង​សត្វ ព្រម​ទាំង​ធ្វើ​ឲ្យ​ពួក​ភីលីស្ទីន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ។ លោក​ដាវីឌ​រំដោះ​អ្នក​ក្រុង​កៃឡា តាម​របៀប​នេះ​ឯង។ ៦ កាល​លោក​អប៊ីយ៉ាថារ​ជា​កូន​របស់​លោក​អហ៊ីមេឡេកភៀស​ខ្លួន​ មក​ជ្រក​ជា​មួយ​លោក​ដាវីឌ​នៅ​ក្រុង​កៃឡា លោក​បាន​នាំ​អាវ​អេផូដ*​មក​ជា​មួយ​ផង។ ៧ មាន​គេ​មក​ទូល​ព្រះបាទ​ សាអ៊ូល​ថា លោក​ដាវីឌ​បាន​ទៅ​ដល់​ក្រុង​កៃឡា។ ព្រះបាទ​សាអ៊ូល​ក៏​មាន​រាជឱង្ការ​ថា៖ «ព្រះជាម្ចាស់​ប្រគល់​វា​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​ហើយ ដ្បិត​វា​បាន​ឃុំ​ខ្លួន​ឯង ដោយ​ចូល​ទៅ​ក្នុង​ក្រុង​ដែល​មាន​ទ្វារ និង​រនុក»។ ៨ ព្រះបាទ​សាអ៊ូល​ប្រមូល​កងទ័ព​ទាំង​មូល ដើម្បី​ទៅ​ឡោមព័ទ្ធ​ចាប់​លោក​ដាវីឌ និង​បក្ស​ពួក​នៅ​ក្រុង​កៃឡា។ ៩ ​លោក​​ដាវីឌ​ជ្រាប​អំពី​ គំរោងការ​អាក្រក់​ដែល​ព្រះបាទ​សាអ៊ូល​គ្រោង​ទុក ដើម្បី​ប្រឆាំង​នឹង​លោក លោក​ក៏​សុំ​ឲ្យ​បូជាចារ្យ​អប៊ីយ៉ាថារ​យក​អាវ​អេផូដ​មក ដើម្បី​ទូល​សួរ​ព្រះអម្ចាស់។ ១០ ​លោក​ដាវីឌ​ទូល​ថា៖ «បពិត្រ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ទូលបង្គំ​ឮ​ថា ព្រះបាទ​សាអ៊ូល​បម្រុង​នឹង​មក​ក្រុង​កៃឡា ដើម្បី​កំទេច​ក្រុង​នេះ ព្រោះ​តែ​ទូលបង្គំ។ ១១ តើ​អ្នក​ក្រុង​កៃឡា​នឹង ​ប្រគល់​ទូលបង្គំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះបាទ​សាអ៊ូល​ឬ​ទេ? តើ​ស្ដេច​នឹង​យាង​មក​វាយ​ក្រុង​នេះ ដូច​គេ​ប្រាប់​ទូលបង្គំ​នោះ​មែន​ឬ​ទេ។ ឱ​ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ី​ស្រាអែល​អើយ សូម​មេត្តា​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ផង!»។ ព្រះ​អម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ស្ដេច​សាអ៊ូល​នឹង​មក​មែន»។ ១២ លោក​ដាវីឌ​ទូល​សួរ​ទៀត​ថា៖ «តើ​អ្នក​ក្រុង​កៃឡា​នេះ​នឹង​ប្រគល់​ទូលបង្គំ ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ទូលបង្គំ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះបាទ​សាអ៊ូល​ឬ​ទេ?»។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ពួក​គេ​នឹង​ប្រគល់​មែន!»។ ១៣ ពេល​នោះ លោក​ដាវីឌ ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក មាន​ចំនួន​ទាំង​អស់​ប្រមាណ​ប្រាំ​មួយ​រយ​នាក់ ក៏​ចាក​ចេញ​ពី​ក្រុង​កៃឡា ហើយ​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ មាន​គេ​ទូល​ព្រះបាទ​សាអ៊ូល​ថា លោក​ដាវីឌ​បាន​រត់​គេច​ចេញ​ពី​ក្រុង​កៃឡា​ហើយ ដូច្នេះ ស្ដេច​ក៏​លែង​ដេញ​តាម​លោក​ដាវីឌ។

 

លោក​ដាវីឌ​នៅ​វាល​រហោស្ថាន​ស៊ីភ

១៤ លោក​ដាវីឌ​ទៅ​ពួន​នៅ​ តាម​វាល​រហោស្ថាន​ស៊ីភ ត្រង់​កន្លែង​ដែល​ពិបាក​ទៅ​ដល់ ហើយ​រស់​នៅ​តាម​តំបន់​ភ្នំ​ក្នុង​វាល​រហោស្ថាន​នោះ។ ព្រះបាទ​សាអ៊ូល​តាម​រក​លោក​ដាវីឌ​ជានិច្ច តែ​ព្រះជាម្ចាស់​មិន​ប្រគល់​លោក​ដាវីឌ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ឡើយ។ ១៥ លោក​ដាវីឌ​ដឹង​ថា ព្រះបាទ​សាអ៊ូល​តែង​លើក​ទ័ព​ស្វែង​រក​សម្លាប់​លោក ដូច្នេះ លោក​ស្នាក់​នៅ​ហូរ៉េសា ក្នុង​វាល​រហោស្ថាន​ស៊ីភ។ ១៦ ថ្ងៃ​មួយ សម្ដេច​យ៉ូណាថាន ជា​បុត្រ​របស់​ព្រះបាទ​សាអ៊ូល បាន​ទៅ​ជួប​លោក​ដាវីឌ​នៅ​ហូរ៉េសា ដើម្បី​លើក​ទឹក​ចិត្ត​លោក​ឲ្យ​ពឹង​ផ្អែក​លើ​ព្រះជាម្ចាស់ ១៧ ដោយ​ពោល​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ព្រះបាទ​សាអ៊ូល ជា​បិតា​ខ្ញុំ មិន​អាច​ធ្វើ​អ្វី​លោក​ប្អូន​ទេ ដ្បិត​លោក​ប្អូន​នឹង​សោយ​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រាអែល រីឯ​ខ្ញុំ​វិញ ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​បន្ទាប់​ពី​លោក​ប្អូន​ប៉ុណ្ណោះ។ ព្រះបាទ​សាអ៊ូល​ជា​បិតា​ខ្ញុំ ក៏​ជ្រាប​ការ​នេះ​ដែរ»។ ១៨ លោក​ទាំង​ពីរ​បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​គ្នា នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអម្ចាស់។ បន្ទាប់​មក សម្ដេច​យ៉ូណាថាន​វិល​ត្រឡប់​មក​កាន់​ទី​លំនៅ​វិញ រីឯ​លោក​ដាវីឌ​ស្នាក់​នៅ​ហូរ៉េសា​ដដែល។

 

១៩ អស់​ អ្នក​ដែល​រស់​នៅ​វាល​រហោស្ថាន​ស៊ីភ បាន​ចូល​ទៅ​គាល់​ព្រះបាទ​សាអ៊ូល​នៅ​គីបា ហើយ​ទូល​ថា៖ «លោក​ដាវីឌ​ពួន​នៅ​ក្នុង​ចំណោម​យើង​ខ្ញុំ ត្រង់​កន្លែង​ដែល​ពិបាក​ទៅ​ដល់ គឺ​នៅ​ហូរ៉េសា លើ​ភ្នំ​ហាគីឡា ដែល​ស្ថិត​នៅ​ខាង​ត្បូង​វាល​យេស៊ីម៉ូន។ ២០ បពិត្រ​ព្រះករុណា បើ​សិន​ជា​ស្ដេច​សព្វ​ព្រះហឫទ័យ​យាង​ទៅ សូម​យាង​ទៅ​ចុះ យើង​ខ្ញុំ​ចាប់​គាត់​ថ្វាយ​ព្រះករុណា»។ ២១ ព្រះ​បាទ​សាអ៊ូល​មាន​រាជឱង្ការ​ថា៖ «សូម​ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ជួយ​ឈឺឆ្អាល​ខ្ញុំ។ ២២ ឥឡូវ​នេះ សូម​មេត្តា​ទៅ​ពិនិត្យ​មើល​ម្ដង​ទៀត ហើយ​យក​ការណ៍​ឲ្យ​បាន​ច្បាស់​ថា វា​ពួន​នៅ​កន្លែង​ណា នរណា​បាន​ឃើញ​វា។ មាន​គេ​ប្រាប់​យើង​ថា វា​នេះ​ឆ្លាត​ណាស់។ ២៣ ចូរ​ទៅ​ពិនិត្យ​ឲ្យ​ ច្បាស់ ហើយ​ស៊ើប​អំពី​កន្លែង​ទាំង​ប៉ុន្មាន​ដែល​វា​ធ្លាប់​ពួន រួច​ត្រឡប់​មក​រក​យើង​វិញ ដោយ​នាំ​ពត៌មាន​ច្បាស់​លាស់​មក​ផង នោះ​យើង​នឹង​ទៅ​ជា​មួយ​អ្នក​រាល់​គ្នា។ ប្រសិន​បើ​វា​នៅ​ក្នុង​ស្រុក​មែន​នោះ យើង​នឹង​រក​វា​គ្រប់​ទី​កន្លែង​ក្នុង​ទឹក​ដី​យូដា រហូត​ទាល់​តែ​បាន​ឃើញ​»។ ២៤ ពួក​គេ​ក៏​ចេញ​ទៅ​មុន​ ព្រះបាទ​សាអ៊ូល វិល​ត្រឡប់​ទៅ​វាល​រហោស្ថាន​ស៊ីភ​វិញ។ ពេល​នោះ លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ស្ថិត​នៅ​វាល​រហោស្ថាន​ម៉ាអូន ក្នុង​តំបន់​អារ៉ាបា ដែល​នៅ​ខាង​ត្បូង​វាល​យេស៊ីម៉ូន។ ២៥ ព្រះបាទ​សាអ៊ូល ព្រម​ទាំង​ពល​ទាហាន ចេញ​ទៅ​តាម​រក​លោក​ដាវីឌ។ មាន​គេ​ប្រាប់​ដំណឹង​នេះ​ដល់​លោក​ដាវីឌ លោក​ក៏​ទៅ​ពួន​នៅ​តាម​ផ្ទាំង​ថ្ម ក្នុង​វាល​រហោស្ថាន​ម៉ាអូន។ កាល​ព្រះបាទ​សាអ៊ូល​ជ្រាប​ហើយ ទ្រង់​តាម​រក​លោក​នៅ​វាល​រហោស្ថាន​នោះ។ ២៦ ​ព្រះបាទ​សាអ៊ូល​ដើរ​តាម​ ជំរាល​ភ្នំ​ម្ខាង រីឯ​លោក​ដាវីឌ និង​ពួក​លោក​ដើរ​តាម​ជំរាល​ភ្នំ​ម្ខាង​ទៀត។ លោក​ប្រញាប់ប្រញាល់​រត់​គេច​ពី​ព្រះបាទ​សាអ៊ូល ប៉ុន្តែ ព្រះបាទ​សាអ៊ូល និង​ពល​ទាហាន បាន​ព័ទ្ធ ហើយ​បម្រុង​នឹង​ចាប់​ខ្លួន​ពួក​លោក។ ២៧ ពេល​នោះ ស្រាប់​តែ​មាន​អ្នក​នាំ​សារ​ម្នាក់​មក​ទូល​ព្រះបាទ​សាអ៊ូល​ថា៖ «សូម​​ស្ដេច​យាង​ទៅ​វិញ​ជា​ប្រញាប់ ដ្បិត​ពួក​ភីលីស្ទីន​កំពុង​តែ​វាយ​លុក​ចូល​ស្រុក​ហើយ!»។ ២៨ ព្រះបាទ​សាអ៊ូល​ក៏​ឈប់​ដេញ ​តាម​លោក​ដាវីឌ ហើយ​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «ថ្ម​នៃ​ការ​បែក​គ្នា»​។

លោក​ដាវីឌ​មិន​ដាច់​ចិត្ត​ធ្វើ​គុត​ព្រះបាទ​សាអ៊ូល

១(២៣.២៩) លោក​ដាវីឌ​ចាក​ចេញ​ពី​តំបន់​នោះ ទៅ​នៅ​អេន-គេឌី ជា​កន្លែង​មួយ​ដែល​ពិបាក​ទៅ​ដល់។​

២(១) កាល​ព្រះបាទ​សាអ៊ូល ​វិល​មក​ពី​ច្បាំង​ជា​មួយ​ពួក​ភីលីស្ទីន​វិញ គេ​ទូល​ស្ដេច​ថា៖ «លោក​ដាវីឌ​រស់​នៅ​ក្នុង​តំបន់​វាល​រហោស្ថាន​អេន-គេឌី»។ ៣(២) ស្ដេច​នាំ​ទាហាន​ដ៏​ ខ្លាំង​ពូកែ​ចំនួន​បី​ពាន់​នាក់ ក្នុង​ចំណោម​កងទ័ព​អ៊ីស្រាអែល​ទាំង​មូល ចេញ​ទៅ​តាម​រក​លោក​ដាវីឌ និង​ពួក​លោក នៅ​ទល់​មុខ​ថ្ម​ពពែ​ព្រៃ។ ៤(៣) ព្រះបាទ​សាអ៊ូល​បាន​យាង​កាត់ ​តាម​ក្រោល​ចៀម​ដែល​នៅ​ជាប់​នឹង​មាត់​ផ្លូវ។ នៅ​ទី​នោះ មាន​រអាង​ភ្នំ​មួយ ស្ដេច​ក៏​យាង​ចូល​ទៅ​ដោះ​ទុក្ខ​សត្វ​ក្នុង​រអាង​នោះ។ លោក​ដាវីឌ និង​ពួក​លោក​ពួន​នៅ​ក្នុង​រអាង​ភ្នំ​នោះ​ដែរ តែ​នៅ​ជ្រៅ​ទៅ​ខាង​ក្នុង។ ៥(៤) អស់​អ្នក​ដែល​នៅ​ជា​មួយ​ជំរាប​លោក​ថា៖ «នេះ​ជា​ថ្ងៃ​ដែល​ព្រះអម្ចាស់​ បាន​សន្យា​ជា​មួយ​លោក​ថា “យើង​នឹង​ប្រគល់​បច្ចាមិត្ត​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក” សូម​ប្រព្រឹត្ត​ចំពោះ​ស្ដេច តាម​លោក​យល់​ឃើញ​ទៅ​ចុះ»។ លោក​ដាវីឌ​ក្រោក​ឡើង លប​ចូល​ទៅ​កាត់​ជាយ​ព្រះភូសា​របស់​ព្រះបាទ​សាអ៊ូល។ ៦(៥) ប៉ុន្តែ ក្រោយ​ពេល​កាត់​ជាយ​ព្រះភូសា​របស់​ព្រះបាទ​សាអ៊ូល​រួច​ហើយ ចិត្ត​របស់​លោក​ញាប់​ញ័រ​ជា​ខ្លាំង។ ៧(៦) លោក​មាន​ប្រសាសន៍​ទៅ​កាន់​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ថា៖ «សូម​ព្រះអម្ចាស់​ទប់​ខ្ញុំ កុំ​ឲ្យ​ធ្វើ​គុត​ម្ចាស់​របស់​ខ្ញុំ ដែល​ព្រះអម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ជា​ស្ដេច​នេះ​ឡើយ គឺ​ខ្ញុំ​មិន​ត្រូវ​លើក​ដៃ​ប្រហារ​ព្រះរាជា ដែល​ព្រះអម្ចាស់​បាន​តែងតាំង​ជា​ស្ដេច​នេះ​ទេ»។ ៨(៧) លោក​ដាវីឌ​បាន​ឃាត់​ពួក​ លោក ដោយសារ​ពាក្យ​សំដី​ទាំង​នោះ គឺ​លោក​ហាម​ពួក​គេ​មិន​ឲ្យ​ធ្វើ​គុត​ព្រះបាទ​សាអ៊ូល។ ព្រះបាទ​សាអ៊ូល​យាង​ចេញ​ពី​រអាង​ភ្នំ បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ៩(៨) បន្តិច​ក្រោយ​មក លោក​ដាវីឌ​ក្រោក​ឡើង​ចេញ​ពី​រអាង​ភ្នំ ហើយ​ស្រែក​ពី​ក្រោយ​ព្រះបាទ​សាអ៊ូល​ថា៖ «ព្រះករុណា​ជា​អម្ចាស់​នៃ​ទូលបង្គំ!»។ ព្រះបាទ​សាអ៊ូល​ងាក​មក លោក​ដាវីឌ​អោន​មុខ​ចុះ ក្រាប​ដល់​ដី ថ្វាយបង្គំ​ស្ដេច។ ១០(៩) លោក​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះករុណា​ចេះ​តែ​សណ្ដាប់​ពាក្យ​របស់​អស់​អ្នក​ដែល​ទូល​ ស្ដេច​ថា “ដាវីឌ​ចង់​ព្យាបាទ​ព្រះករុណា”ដូច្នេះ? ១១(១០) ព្រះករុណា​ទត​ឃើញ​ស្រាប់​ហើយ​ថា ថ្ងៃ​នេះ ព្រះអម្ចាស់​ប្រគល់​ព្រះករុណា​មក​ក្នុង​កណ្ដាប់​ដៃ ​ទូលបង្គំ កាល​ព្រះករុណា​នៅ​ក្នុង​រអាង​ភ្នំ​នេះ។ គេ​សុំ​ឲ្យ​ទូលបង្គំ​ធ្វើ​គុត​ព្រះករុណា តែ​ទូលបង្គំ​មិន​ធ្វើ​តាម​ឡើយ។ ទូលបង្គំ​ពោល​ថា “ខ្ញុំ​មិន​លើក​ដៃ​ប្រហារ​ម្ចាស់​របស់​ខ្ញុំ​ជា​ដាច់​ខាត ដ្បិត​ព្រះអម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ទ្រង់​ជា​ស្ដេច​ហើយ”។ ១២(១១) បពិត្រ​ព្រះបិតា សូម​ទត​មើល​មក​ជាយ​ព្រះភូសា ដែល​នៅ​ក្នុង​ដៃ​ទូលបង្គំ​នេះ។ ទូលបង្គំ​គ្រាន់​តែ​កាត់​ជាយ​ព្រះភូសា តែ​ទូលបង្គំ​មិន​ធ្វើ​គុត​ព្រះអង្គ​ទេ។ ដូច្នេះ សូម​ស្ដេច​ជ្រាប​ឲ្យ​ច្បាស់​ថា ទូលបង្គំ​គ្មាន​គំនិត​អាក្រក់​ចង់​ធ្វើ​គុត ឬ​បះបោរ​ប្រឆាំង​នឹង​ព្រះបិតា​ឡើយ ហើយ​ទូលបង្គំ​ក៏​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នឹង​ព្រះអង្គ​ដែរ គឺ​មាន​តែ​ព្រះករុណា​ប៉ុណ្ណោះ ដែល​ចេះ​តែ​តាម​ប្រហារ​ជីវិត​ទូលបង្គំ។ ១៣(១២) សូម​ព្រះអម្ចាស់​ធ្វើ​ជា​ចៅក្រម​កាត់​ក្ដី​ឲ្យ​យើង​ទាំង​ពីរ។ ព្រះអម្ចាស់​នឹង​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ ចំពោះ​អំពើ​ដែល​ព្រះករុណា​ប្រព្រឹត្ត​ដល់​ទូលបង្គំ។ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​មិន​ធ្វើ​គុត​ព្រះករុណា​ទេ ១៤(១៣) ដូច​សុភាសិត​ពី​ព្រេង​ នាយ​ចែង​ថា “មនុស្ស​អាក្រក់​ប្រព្រឹត្ត​តែ​អំពើ​អាក្រក់”។ ចំពោះ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​មិន​ធ្វើ​គុត​ព្រះករុណា​ឡើយ។ ១៥(១៤) តើ​ព្រះមហាក្សត្រ​ អ៊ីស្រាអែល​ចេញ​មក​ច្បាំង​នឹង​នរណា​? ព្រះករុណា​ដេញ​តាម​នរណា? គឺ​ព្រះករុណា​ដេញ​តាម​ទូល​បង្គំ ដែល​ប្រៀប​ដូច​ជា​ឆ្កែ​ងាប់ ឬ​ចៃ​មួយ​ដ៏​តូច។ ១៦(១៥) សូម​ព្រះអម្ចាស់​ ធ្វើ​ជា​ចៅក្រម កាត់​ក្ដី​ឲ្យ​យើង​ទាំង​ពីរ។ ព្រះអង្គ​នឹង​ពិនិត្យពិច័យ ហើយ​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ ព្រះអង្គ​នឹង​ការពារ​ទូលបង្គំ ព្រម​ទាំង​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ព្រះករុណា​ជា​មិនខាន»។

 

១៧(១៦) កាល​លោក ​ដាវីឌ​ទូល​សេចក្ដី​ទាំង​នោះ​ចប់​សព្វ​គ្រប់​ហើយ ព្រះបាទ​សាអ៊ូល​មាន​រាជឱង្ការ​ថា៖ «ដាវីឌ កូន​អើយ! នេះ​ពិត​ជា​សំឡេង​កូន​មែន​ឬ?»។ ព្រះបាទ​សាអ៊ូល​ចាប់​ផ្ដើម​ទ្រង់​ព្រះកន្សែង​យ៉ាង​ខ្លាំង។ ១៨(១៧) បន្ទាប់​មក ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «កូន​ជា​មនុស្ស​សុចរិត​ជាង​បិតា ព្រោះ​កូន​បាន​ប្រព្រឹត្ត​ល្អ​ចំពោះ​បិតា តែ​បិតា​បាន​ប្រព្រឹត្ត​អាក្រក់​ចំពោះ​កូន។ ១៩(១៨) ថ្ងៃ​នេះ កូន​បាន​បង្ហាញ​ចិត្ត​សប្បុរស​មក​លើ​បិតា​យ៉ាង​ជាក់​ស្ដែង ដ្បិត​ព្រះអម្ចាស់​ប្រគល់​បិតា​ទៅ​ក្នុង​កណ្ដាប់​ដៃ​កូន តែ​កូន​មិន​សម្លាប់​បិតា​ទេ។ ២០(១៩) ធម្មតា កាល​ណា​មនុស្ស​ម្នាក់​ជួប​ប្រទះ​នឹង​បច្ចាមិត្ត​ហើយ គេ​មិន​ដែល​ទុក​ឲ្យ​បច្ចាមិត្ត​នោះ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ដោយ​ស្រួលៗ​ទេ។ សូម​ព្រះអម្ចាស់​ប្រទាន​រង្វាន់​ដល់​កូន​ចំពោះ​អំពើ​ល្អ ដែល​កូន​បាន​ប្រព្រឹត្ត​មក​លើ​បិតា​នៅ​ថ្ងៃ​នេះ។ ២១(២០) បិតា​ក៏​ដឹង​ច្បាស់​ថា ថ្ងៃ​មួយ កូន​នឹង​ឡើង​គ្រង​រាជ្យ ហើយ​រាជា​ណាចក្រ​អ៊ីស្រាអែល​នឹង​បាន​ស្ថិតស្ថេរ ក្រោម​ការ​គ្រប់គ្រង​របស់​កូន។ ២២(២១) ដូច្នេះ សូម​កូន​ស្បថ​ក្នុង​នាម​ព្រះអម្ចាស់​ ឥឡូវ​នេះ​ចុះ​ថា កូន​នឹង​មិន​បំផ្លាញ​ពូជពង្ស​របស់​បិតា​ដែល​នៅ​ជំនាន់​ក្រោយ​ទេ ហើយ​ក៏​មិន​ធ្វើ​ឲ្យ​ឈ្មោះ​របស់​បិតា ត្រូវ​លុប​បំបាត់​ចេញ​ពី​ក្រុម​គ្រួសារ​របស់​បិតា​ដែរ»។ ២៣(២២) លោក​ដាវីឌ​ក៏​ស្បថ​ ថ្វាយ​ស្ដេច។ បន្ទាប់​មក ព្រះបាទ​សាអ៊ូល​វិល​ទៅ​កាន់​ដំណាក់​វិញ ចំណែក​ឯ​លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ក៏​វិល​ទៅ​កន្លែង​លាក់​ខ្លួន​វិញ​ដែរ។

លោក​ណាបាល​បដិសេធ​មិន​ព្រម​ជួយ​លោក​ដាវីឌ

១ នៅ​គ្រា​នោះ លោក​សាមូអែល​ទទួល​មរណ​ភាព​។ ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​បាន​មក​ជួបជុំ​គ្នា ធ្វើ​ពិធី​កាន់​ទុក្ខ​សព​លោក។ គេ​យក​សព​លោក​ទៅ​បញ្ចុះ​ក្នុង​ភូមិ​ដ្ឋាន​របស់​លោក​នៅ​រ៉ាម៉ា។

 

បន្ទាប់​មក លោក​ដាវីឌ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាល​រហោស្ថាន​បារ៉ន​វិញ។ ២ នៅ​ម៉ាអូន មាន​មហា​សេដ្ឋី​មួយ​រូប ដែល​មាន​ដីធ្លី​នៅ​ភូមិ​កាម៉ិល។ គាត់​មាន​ចៀម​បី​ពាន់​ក្បាល និង​ពពែ​មួយ​ពាន់​ក្បាល។ ពេល​នោះ គាត់​កំពុង​តែ​កាត់​រោម​ចៀម​នៅ​ភូមិ​កាម៉ិល។ ៣ បុរស​នោះ​ឈ្មោះ​ណាបាល ភរិយា​គាត់​ឈ្មោះ​នាង​អប៊ីកាអ៊ីល​ដែល​ជា​ស្ត្រី​ម្នាក់​មាន​ប្រាជ្ញា​វាងវៃ រូប​សម្ផស្ស​ស្រស់​ល្អ រីឯ​ប្ដី​នាង​ជា​មនុស្ស​កំរោល និង​មាន​ចិត្ត​ឃោរឃៅ។ គាត់​ជា​មនុស្ស​ក្នុង​អំបូរ​កាលែប។ ៤ ពេល​លោក​ដាវីឌ​នៅ​វាល​រហោស្ថាន លោក​បាន​ឮ​ដំណឹង​ថា លោក​ណាបាល​កំពុង​តែ​កាត់​រោម​ចៀម។ ៥ លោក​ដាវីឌ​ចាត់​យុវជន​ដប់ ​នាក់​ឲ្យ​ទៅ​ជួប​លោក​ណាបាល ទាំង​ប្រាប់​ថា៖ «ចូរ​នាំ​គ្នា​ទៅ​ផ្ទះ​លោក​ណាបាល​នៅ​ភូមិ​កាម៉ិលហើយ​សួរ​សុខ​ទុក្ខ​លោក​ឲ្យ​ខ្ញុំ​ផង។ ត្រូវ​ជំរាប​លោក​ថា ៦ “សូម​ឲ្យ​លោក​មាន​អាយុ​វែង ប្រកប​ដោយ​សេចក្ដី​សុខ! ហើយ​សូម​ឲ្យ​ក្រុម​គ្រួសារ​លោក និង​អ្វីៗ​ជា​របស់​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ដែរ! ៧ ខ្ញុំ​ដឹង​ថា លោក​បាន​ហៅ​គេ​មក​កាត់​រោម​ចៀម នៅ​ផ្ទះ​លោក។ ពេល​ពួក​គង្វាល​របស់​លោក​ស្នាក់​នៅ​ជា​មួយ​យើង យើង​ មិន​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ​ចំពោះ​ពួក​គេ​ឡើយ ហើយ​ក្នុង​ពេល​ពួក​គេ​ស្នាក់​នៅ​ឯ​ភូមិ​កាម៉ិលនោះ​ក៏​មិន​ដែល​បាត់​បង់​អ្វី​ដែរ។ ៨ លោក​អាច​សាក​សួរ​កូន​ចៅ​ របស់​លោក​ក៏​បាន ពួក​គេ​នឹង​ជំរាប​ការ​ពិត​ជូន​លោក។ ដូច្នេះ សូម​លោក​អាណិត​មេត្តា​ពួក​យុវជន​របស់​ខ្ញុំ ដែល​មក​ជួប​លោក​នៅ​ថ្ងៃ​បុណ្យ​នេះ​ផង។ សូម​លោក​មេត្តា​ចែក​រំលែក​អ្វីៗ​ដែល​លោក​មាន​ឲ្យ​ពួក​ខ្ញុំ​ប្របាទ និង​ឲ្យ​ខ្ញុំ ដាវីឌ ដែល​ជា​កូន​ចៅ​របស់​លោក​ផង”»។

 

៩ ពេល​ពួក​យុវជន​ទៅ​ដល់ ពួក​គេ​ក៏​រៀប​រាប់​ពាក្យ​ទាំង​នេះ​ជំរាប​លោក​ណាបាល ក្នុង​នាម​លោក​ដាវីឌ រួច​ពួក​គេ​រង់ចាំ​ចម្លើយ។ ១០ លោក​ណាបាល​ឆ្លើយ​តប​ថា៖ «តើ​ដាវីឌ​នោះ​ជា​នរណា? តើ​កូន​លោក​យេសាយ​នោះ​ជា​ស្អី? សព្វ​ថ្ងៃ​នេះ សម្បូណ៌​ខ្ញុំ​កញ្ជះ​រត់​ចេញ​ពី​ម្ចាស់​របស់​ខ្លួន​ណាស់! ១១ តើ​គួរ​ឲ្យ​អញ​យក​ នំបុ័ង យក​ទឹក និង​សាច់ ដែល​អញ​បាន​បម្រុង​ទុក​សំរាប់​ពួក​អ្នក​កាត់​រោម​ចៀម ទៅ​ឲ្យ​មនុស្ស​ដែល​អញ​មិន​ដឹង​ថា មក​ពី​ណា​ផង​នោះ​ឬ?»។

 

១២ ពួក​យុវជន​ត្រឡប់​ទៅ​វិញ រៀប​រាប់​ហេតុការណ៍​ទាំង​អស់​ជំរាប​លោក​ដាវីឌ។ ១៣ លោក​ដាវីឌ​ក៏​បញ្ជា​ទៅ​ អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ថា៖ «ចូរ​យក​ដាវ​គ្រប់ៗ​គ្នា​មក!»។ ពួក​គេ​យក​ដាវ​មក​សៀត​នៅ​ចង្កេះ ហើយ​លោក​ដាវីឌ​ក៏​សៀត​ដាវ​នៅ​ចង្កេះ​ដែរ។ លោក​នាំ​មនុស្ស​ប្រមាណ​បួន​រយ​នាក់​ចេញ​ទៅ​ជា​មួយ ហើយ​ទុក​ពីរ​រយ​នាក់​ទៀត​ឲ្យ​នៅ​រក្សា​របស់​របរ។

 

នាង​អប៊ីកាអ៊ីលនិង​លោក​ដាវីឌ

១៤ មាន​អ្នក​បំរើ​ម្នាក់​ របស់​លោក​ណាបាល​រត់​មក​ជំរាប​នាង​អប៊ីកាអ៊ីលជា​ភរិយា​របស់​ម្ចាស់​ខ្លួន​ថា៖ «លោក​ដាវីឌ​បាន​ចាត់​អ្នក​នាំ​សារ​ពី​វាល​រហោស្ថាន ឲ្យ​មក​សួរ​សុខ​ទុក្ខ​លោក​ម្ចាស់​របស់​យើង តែ​លោក​បាន​ជេរ​ប្រមាថ​ពួក​គេ។ ១៥ តាម​ពិត ពួក​គេ​ល្អ​នឹង​យើង​ណាស់ ពួក​គេ​មិន​ដែល​ប្រព្រឹត្ត​អ្វី​អាក្រក់​ចំពោះ​យើង​ទេ ហើយ​ក្នុង​ពេល​យើង​នៅ​ជា​មួយ​ពួក​គេ ឯ​ទី​វាល​នោះ យើង​ពុំ​ដែល​បាត់​បង់​អ្វី​ឡើយ។ ១៦ ពួក​គេ​ប្រៀប​ដូច​ជា​កំពែង​ការពារ​យើង ទាំង​ថ្ងៃ ទាំង​យប់ ក្នុង​អំឡុង​ពេល​យើង​ឃ្វាល​ចៀម​នៅ​ជិត​ពួក​គេ។ ១៧ ឥឡូវ​នេះ សូម​អ្នក​ស្រី​គិតគូរ​ពិចារណា​មើល​ថា តើ​អ្នក​ស្រី​ត្រូវ​ធ្វើ​យ៉ាង​ណា ដ្បិត​មហន្តរាយ​មុខ​ជា​កើត​មាន​ដល់​លោក​ម្ចាស់ និង​ក្រុម​គ្រួសារ​ទាំង​មូល​មិន​ខាន។ លោក​ម្ចាស់​យើង​មាន​ចរិត​អាក្រក់​ណាស់ គ្មាន​នរណា​អាច​និយាយ​ជា​មួយ​លោក​បាន​ទេ»។

 

១៨ នាង​ អប៊ីកាអ៊ីល​ប្រញាប់ប្រញាល់​យក​នំបុ័ង​ពីរ​រយ​ដុំ ស្រា​ទំពាំងបាយជូរ​ពីរ​ថង់​ស្បែក ចៀម​ដែល​គេ​រៀបចំ​ជា​ស្រេច​ចំនួន​ប្រាំ​ក្បាល លាជ​ប្រាំ​តៅ ទំពាំងបាយជូរ​ក្រៀម​មួយ​រយ​កញ្ចប់ និង​នំ​ផ្លែ​ឧទុម្ពរ​ក្រៀម​ពីរ​រយ ផ្ទុក​លើ​ខ្នង​លា ១៩ រួច​បញ្ជា​ពួក​អ្នក​ បំរើ​ថា៖ «ចូរ​ចេញ​ទៅ​មុន​ចុះ ខ្ញុំ​នឹង​ទៅ​តាម​ក្រោយ»។ នាង​អប៊ីកាអ៊ីល​ពុំ​បាន​ប្រាប់​លោក​ណាបាល​ជា​ប្ដី​ឲ្យ​ដឹង​ទេ។ ២០ នាង​បាន​ជិះ​លា​សសៀរ​ចុះ​តាម​ភ្នំ។ លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ ក៏​ចុះ​តម្រង់​មក​រក​នាង​ដែរ នាង​ជួប​ប្រទះ​ពួក​គេ។ ២១ លោក​ដាវីឌ​ទើប​នឹង​គិត​ថា៖ «ខ្ញុំ​ខំ​ការពារ​ទ្រព្យ​ទាំង​ប៉ុន្មាន​របស់​អ្នក​នោះ​នៅ​វាល​រហោស្ថាន មិន​ឲ្យ​អ្វី​មួយ​បាត់​បង់​ឡើយ តែ​គ្មាន​បាន​ផល​ប្រយោជន៍​អ្វី​ទាំង​អស់ គឺ​គាត់​បែរ​ជា​ប្រព្រឹត្ត​អាក្រក់​តប​នឹង​អំពើ​ល្អ ដែល​ខ្ញុំ​បាន​ធ្វើ​ចំពោះ​គេ។ ២២ ដូច្នេះ បើ​ខ្ញុំ​ទុក​ជីវិត​មនុស្ស​ប្រុស​ណា​ម្នាក់ ក្នុង​ក្រុម​គ្រួសារ​របស់​ណាបាល ឲ្យ​នៅ​រស់​រហូត​ដល់​ព្រឹក​ស្អែក សូម​ព្រះជាម្ចាស់​ដាក់​ទោស​ខ្ញុំ​​យ៉ាង​ធ្ងន់ធ្ងរ​ចុះ»។ ២៣ ពេល​នាង​អប៊ីកាអ៊ីល​ឃើញ​លោក​ដាវីឌ នាង​ចុះ​ពី​លើ​ខ្នង​លា​យ៉ាង​ប្រញាប់ រួច​ក្រាប​ថ្វាយបង្គំ​លោក​ដាវីឌ​អោន​មុខ​ដល់​ដី។ ២៤ នាង​ក្រាប​សំពះ​បាត​ជើងលោក ហើយ​ពោល​ថា៖ «លោក​ម្ចាស់! នេះ​ជា​កំហុស​របស់​នាង​ខ្ញុំ​ទេ! សូម​លោក​ម្ចាស់​អនុញ្ញាត​ឲ្យ​នាង​ខ្ញុំ​ជំរាប​សិន សូម​មេត្តា​ស្ដាប់​ពាក្យ​របស់​នាង​ខ្ញុំ​ផង! ២៥ សូម​លោក​ម្ចាស់​កុំ​ រវល់​នឹង​លោក​ណាបាល ជា​មនុស្ស​មាន​ចរិត​អាក្រក់​នោះ​ធ្វើ​អ្វី ដ្បិត​គាត់​មាន​អត្តចរិត​ដូច​ឈ្មោះ​របស់​គាត់​មែន។ គាត់​ឈ្មោះ​ណាបាល​ ជា​មនុស្ស​ឥត​ដឹង​ខុស​ត្រូវ។ រីឯ​នាង​ខ្ញុំ​វិញ នាង​ខ្ញុំ​ពុំ​បាន​ជួប​ពួក​យុវជន ដែល​លោក​ម្ចាស់​ចាត់​ឲ្យ​ទៅ​នោះ​ទេ។ ២៦ លោក​ម្ចាស់​អើយ ឥឡូវ​នេះ នាង​ខ្ញុំ​សូម​ជំរាប​លោក​ក្នុង​នាម​ព្រះអម្ចាស់​ ដែល​មាន​ព្រះជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ម្ចាស់​ផ្ទាល់ ដែល​មាន​ជីវិត​រស់​នៅ​ថា ព្រះ​អម្ចាស់​បាន​ឃាត់​លោក​មិន​ឲ្យ​ទៅ​បង្ហូរ​ឈាម ដើម្បី​សងសឹក ដោយ​ដៃ​របស់​លោក​ម្ចាស់​ផ្ទាល់​ឡើយ។ សូម​ឲ្យ​ខ្មាំង​សត្រូវ​របស់​លោក​ម្ចាស់ ព្រម​ទាំង​អស់​អ្នក​ដែល​ចង់​ធ្វើ​អាក្រក់​ចំពោះ​លោក​ម្ចាស់ ទទួល​ទោស​ដូច​លោក​ណាបាល​ដែរ។ ២៧ សូម​មេត្តា​ទទួល​យក​ជំនូន ដែល​នាង​ខ្ញុំ​នាំ​យក​មក​ជូន​លោក​ម្ចាស់ ចែក​ឲ្យ​ពួក​យុវជន​ដែល​មក​ជា​មួយ​លោក​ម្ចាស់​ផង​ចុះ។ ២៨ សូម​លោក​មេត្តា​អត់ទោស​ឲ្យ​នាង​ខ្ញុំ​ផង។ ព្រះអម្ចាស់​ប្រាកដ​ជា​ប្រោស​ប្រទាន​រាជ​សម្បត្តិ​ដ៏​គង់វង្ស​ជូន​លោក ដ្បិត​លោក​ម្ចាស់​ចូល​រួម​ធ្វើ​សង្គ្រាម​របស់​ព្រះអម្ចាស់។ ម្យ៉ាង​ទៀត អស់​មួយ​ជីវិត​របស់​លោក​ម្ចាស់ គ្មាន​នរណា​ឃើញ​ថា​លោក​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ​ឡើយ។ ២៩ មាន​គេ​ប្រឆាំង តាម​ព្យាបាទ និង​រក​ប្រហារ​ជីវិត​លោក​ម្ចាស់ តែ​ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក នឹង​ការពារ​ជីវិត​លោក​ជានិច្ច មិន​ឲ្យ​លោក​ឃ្លាត​ឆ្ងាយ​ពី​ព្រះអង្គ​ឡើយ។ រីឯ​ជីវិត​ខ្មាំង​សត្រូវ​របស់​លោក​វិញ ព្រះអង្គ​បោះ​ចោល​ទៅ​ឆ្ងាយ ដូច​គេ​បាញ់​ខ្សែ​ដង្ហក់។ ៣០ នៅ​ពេល​ព្រះអម្ចាស់​ ប្រោស​ប្រទាន​ពរ​ទាំង​ប៉ុន្មាន​ដល់​លោក​ម្ចាស់ ដូច​ទ្រង់​បាន​សន្យា គឺ​នៅ​ពេល​ព្រះអង្គ​តែងតាំង​លោក​ជា​មគ្គទេសក៍​លើ​ប្រជាជន​អ៊ីស្រាអែល ៣១ លោក​ម្ចាស់​មិន​ត្រូវ​ សោក​ស្ដាយ ឬ​មាន​វិប្បដិសារី ព្រោះ​បាន​បង្ហូរ​ឈាម​មនុស្ស​ម្នាក់​ដោយ​ឥត​ហេតុ​ផល និង​បាន​សងសឹក​ដោយ​ផ្ទាល់​ដៃ​ឡើយ។ កាល​ណា​ព្រះអម្ចាស់​ប្រោស​ប្រទាន​ពរ​លោក​ហើយ សូម​លោក​ម្ចាស់​នឹក​ដល់​នាង​ខ្ញុំ​ផង»។

 

៣២ លោក​ដាវីឌ​តប​ទៅ​នាង​អប៊ីកាអ៊ីល​វិញ​ថា៖ «សូម​អរ​ព្រះគុណ​ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​បាន​ចាត់​នាង​ឲ្យ​មក​ជួប​ខ្ញុំ នៅ​ថ្ងៃ​នេះ។ ៣៣ សូម​អរ​ព្រះគុណ​ ព្រះជាម្ចាស់ ដែល​ប្រទាន​ឲ្យ​នាង​មាន​យោបល់​ល្អ។ សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​នាង ព្រោះ​ថ្ងៃ​នេះ នាង​បាន​ឃាត់​ខ្ញុំ​មិន​ឲ្យ​បង្ហូរ​ឈាម និង​សងសឹក​ដោយ​ផ្ទាល់​ដៃ។ ៣៤ ព្រះអម្ចាស់​ពិត​ជា​ឃាត់​ខ្ញុំ​មិន​ឲ្យ​ធ្វើ​បាប​នាង​មែន ដ្បិត​ប្រសិន​បើ​នាង​មិន​ប្រញាប់ប្រញាល់​មក​ជួប​ខ្ញុំ​ទេ នោះ​ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​មាន​ព្រះជន្ម​គង់​នៅ​ថា ពេល​ថ្ងៃ​រះ មុខ​ជា​គ្មាន​បុរស​ណា​ម្នាក់ ក្នុង​ក្រុម​គ្រួសារ​របស់​លោក​ណាបាល នៅ​មាន​ជីវិត​ឡើយ»។ ៣៥ លោក​ដាវីឌ​សុខ​ចិត្ត​ ទទួល​យក​ជំនូន ដែល​នាង​អប៊ីកាអ៊ីល​នាំ​យក​មក​ជូន រួច​លោក​មាន​ប្រសាសន៍​ថា៖ «សូម​នាង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​សុខសាន្ត​ចុះ ខ្ញុំ​ស្ដាប់​តាម​ពាក្យ​អង្វរ​របស់​នាង​ហើយ ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​នាង!»។

 

មរណភាព​របស់​លោក​ណាបាល

៣៦ ពេល​នាង​អប៊ីកាអ៊ីល​ទៅ​ដល់ផ្ទះ​វិញ នាង​ឃើញ​លោក​ណាបាល​កំពុង​ធ្វើ​ពិធី​ជប់លៀង​យ៉ាង​ធំ​មួយ ដូច​ពិធី​ជប់លៀង​របស់​ស្ដេច។ លោក​ណាបាល​សប្បាយ​ចិត្ត​ក្រៃលែង ហើយ​ស្រវឹង​យ៉ាង​ខ្លាំង​ទៀត ហេតុ​នេះ នាង​ពុំ​បាន​និយាយ​អ្វី​មួយ​ម៉ាត់​ប្រាប់​លោក រហូត​ដល់​ថ្ងៃ​រះ។ ៣៧ លុះ​ព្រឹក​ឡើង ពេល​លោក​ស្វាង​ស្រា ភរិយា​របស់​លោក​រៀប​រាប់​ប្រាប់​នូវ​ហេតុការណ៍​ដែល​កើត​មាន។ ឮ​ដូច្នោះ លោក​ណាបាល​ក៏​គាំង​បេះដូង​ដេក​ស្ដូក​នៅ​មួយ​កន្លែង។ ៣៨ ប្រមាណ​ជា​ដប់​ថ្ងៃ​ក្រោយ​មក ព្រះអម្ចាស់​បាន​ប្រហារ​លោក ហើយ​លោក​ក៏​ទទួល​មរណភាព។ ៣៩ កាល​លោក​ដាវីឌ​ឮ​ដំណឹង​ថា​លោក​ណាបាល​ស្លាប់ លោក​ពោល​ថា៖ «សូម​អរ​ព្រះគុណ​ព្រះអម្ចាស់​ដែល​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ នៅ​ពេល​លោក​ណាបាល​ជេរ​ប្រមាថ​ខ្ញុំ ហើយ​ព្រះអង្គ​បាន​ឃាត់​ខ្ញុំ​មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់។ ព្រះអម្ចាស់​បាន​ធ្វើ​ឲ្យ​អំពើ​អាក្រក់​នេះ​ធ្លាក់​ទៅ​លើ​ក្បាល​លោក​ណាបាល​វិញ»។

 

បន្ទាប់​មក លោក​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ស្នើ​នាង​អប៊ីកាអ៊ីល​មក​ធ្វើ​ជា​ភរិយា។ ៤០ ពួក​អ្នក​បំរើ​របស់​លោក ​ដាវីឌ​ទៅ​ដល់​ផ្ទះ​នាង​អប៊ីកាអ៊ីលនៅ​ភូមិ​កាម៉ិលហើយ​ពោល​ទៅ​នាង​ថា៖ «លោក​ដាវីឌ​ចាត់​យើង​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​ស្រី ដើម្បី​ស្នើ​អ្នក​ស្រី​ធ្វើ​ជា​ភរិយា​របស់​លោក»។ ៤១ នាង​អប៊ីកាអ៊ីល​ក្រោក​ឡើង ហើយ​ក្រាប​ចុះ អោន​មុខ​ដល់​ដី ទាំង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​នេះ​ជា​ទាសី ដើម្បី​លាង​ជើង​ជូន​ពួក​អ្នក​បំរើ​របស់​លោក​ម្ចាស់»។ ៤២ នាង​ប្រញាប់ប្រ​ញាល់​ ក្រោក​ឡើង ជិះ​លា​ចេញ​ទៅ ដោយ​មាន​ក្មេង​បំរើ​ស្រី​ប្រាំ​នាក់​ទៅ​ជា​មួយ។ នាង​ទៅ​តាម​ពួក​អ្នក​នាំ​សារ​របស់​លោក​ដាវីឌ រួច​ធ្វើ​ជា​ភរិយា​លោក។

 

៤៣ ពី​មុន លោក​ដាវីឌ​ក៏​បាន​រៀបការ​ជា​មួយ​នាង​អហ៊ីណូ​អាំ​ជា​អ្នក​ស្រុក​យីសរេអែល​ដែរ។ ដូច្នេះ នាង​អហ៊ីណូអាំនិង​នាង​អប៊ីកាអ៊ីលទាំង​ពីរ​នាក់​សុទ្ធ​តែ​ជា​ភរិយា​របស់​លោក។ ៤៤ រីឯ​ភរិយា​ទី​មួយ​របស់​ លោក​ដាវីឌ គឺ​ព្រះនាង​មិកាល់ ជា​បុត្រី​របស់​ព្រះបាទ​សាអ៊ូល នោះ​បាន​ត្រូវ​បិតា​យក​ទៅ​រៀបការ​ជា​មួយ​លោក​ប៉ាល់ទី ជា​កូន​របស់​លោក​ឡាអ៊ីស ជា​អ្នក​ស្រុក​កាលីម​វិញ។

លោក​ដាវីឌ​ទុក​ជីវិត​ឲ្យ​ព្រះបាទ​សាអ៊ូល​ម្ដង​ទៀត

១ អស់​អ្នក​ដែល​រស់​នៅ​វាល​ រហោស្ថាន​ស៊ីភ ចូល​ទៅ​គាល់​ព្រះបាទ​សាអ៊ូល នៅ​គីបា ហើយ​ទូល​ថា៖ «ដាវីឌ​លាក់​ខ្លួន​នៅ​ភ្នំ​ហាគីឡា ទល់​មុខ​នឹង​វាល​យេស៊ីម៉ូន»។ ២ ដូច្នេះ ព្រះបាទ​សាអ៊ូល​ក្រោក​ឡើង ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាល​រហោស្ថាន​ស៊ីភ ដើម្បី​តាម​ចាប់​លោក​ដាវីឌ។ ស្ដេច ​នាំ​ទាហាន​ដ៏​អង់អាច​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល ចំនួន​បី​ពាន់​នាក់​ទៅ​ជា​មួយ។ ៣ ស្ដេច​បោះ​ជំរំ​ក្បែរ​ ផ្លូវ​នៅ​លើ​ភ្នំ​ហាគីឡា ទល់​មុខ​នឹង​វាល​យេស៊ីម៉ូន។ លោក​ដាវីឌ​រស់​នៅ​ក្នុង​វាល​រហោស្ថាន ហើយ​ឃើញ​ព្រះបាទ​សាអ៊ូល​តាម​រក​ចាប់​ខ្លួន​លោក នៅ​វាល​រហោស្ថាន ៤ លោក​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ើប​ការណ៍​រួច​ដឹង​ថា ព្រះបាទ​សាអ៊ូល​យាង​មក​ដល់​ប្រាកដ​មែន។ ៥ ពេល​នោះ លោក​ដាវីឌ​ចេញ​ដំណើរ​ទៅ​ដល់​ជំរំ​របស់​ព្រះបាទ​សាអ៊ូល។ លោក​ឃើញ​កន្លែង​ដែល​ស្ដេច​ផ្ទំ ហើយ​ឃើញ​កន្លែង​ដែល​លោក​អាប់នែរជា​កូន​របស់​លោក​នែរ និង​ជា​មេទ័ព​របស់​ស្ដេច​សម្រាន្ដ​ដែរ។ ព្រះបាទ​សាអ៊ូល​ផ្ទំ​នៅ​កណ្ដាល​ជំរំ ហើយ​ពល​ទ័ព​បោះ​ជំរំ​ជុំវិញ។ ៦ លោក​ដាវីឌ​មាន​ប្រសាសន៍​ ទៅ​កាន់​លោក​អហ៊ីមេឡេកជា​ជន​ជាតិ​ហេត ព្រម​ទាំង​លោក​អប៊ីសាយ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា និង​ជា​ប្អូន​របស់​លោក​យ៉ូអាប់ ថា៖ «តើ​នរណា​ស្ម័គ្រ​ចិត្ត​ចុះ​ទៅ​ជំរំ​របស់​ស្ដេច​សាអ៊ូល​ជា​មួយ​ខ្ញុំ?»។ លោក​អប៊ីសាយ​ឆ្លើយ​ថា៖ «ខ្ញុំ​ស្ម័គ្រ​ចិត្ត​ទៅ​ជា​មួយ​លោក»។ ៧ យប់​នោះ លោក​ដាវីឌ និង​លោក​អប៊ីសាយ ចូល​ទៅ​ក្នុង​ជំរំ ហើយ​ឃើញ​ព្រះបាទ​សាអ៊ូល​ផ្ទំ​នៅ​កណ្ដាល​ជំរំ ព្រម​ទាំង​មាន​លំពែង​ដោត​ជាប់​នឹង​ដី ជិត​ក្បាល​ដំណេក​ផង។ រីឯ​លោក​អាប់នែរនិង​ពល​ទាហាន ដេក​លក់​នៅ​ជុំវិញ​ស្ដេច។ ៨ លោក​អប៊ីសាយ​ជំរាប​លោក​ ដាវីឌ​ថា៖ «យប់​នេះ ព្រះជាម្ចាស់​ប្រគល់​សត្រូវ​របស់​លោក​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ។ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​យក​លំពែង​ចាក់​ទម្លុះ​ស្ដេច​ជាប់​នឹង​ដី ខ្ញុំ​ចាក់​តែ​មួយ​លំពែង មិន​បាច់​លើក​ទី​ពីរ​ទេ»។ ៩ ប៉ុន្តែ លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​លោក​អប៊ីសាយ​ថា៖ «ទេ! កុំ​ធ្វើ​គុត​ព្រះករុណា ដ្បិត​អ្នក​ណា​លើក​ដៃ​ប្រហារ​ស្ដេច​ ដែល​ព្រះអម្ចាស់​ចាក់​ប្រេង​អភិសេក អ្នក​នោះ​មិន​អាច​រួច​ខ្លួន​ឡើយ»។ ១០ លោក​ដាវីឌ​មាន​ប្រសាសន៍​ទៀត​ថា៖ «ព្រះអម្ចាស់​មាន​ព្រះជន្ម​គង់​នៅ! ដូច្នេះ មាន​តែ​ព្រះអង្គ​ទេ​ដែល​ផ្ដាច់​ជីវិត​ស្ដេច ដោយ​ឲ្យ​ស្ដេច​សុគត​មក​ពី​អស់​អាយុ ឬ​សុគត​នៅ​សមរភូមិ។ ១១ ប៉ុន្តែ សូម​ព្រះអម្ចាស់​ ឃាត់​ខ្ញុំ កុំ​ឲ្យ​លើក​ដៃ​ប្រហារ​ស្ដេច​ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក​នោះ​ឡើយ! ដូច្នេះ ចូរ​យក​តែ​លំពែង​ដែល​នៅ​ក្បាល​ដំណេក​របស់​ស្ដេច និង​ក្អម​ទឹក​ប៉ុណ្ណោះ រួច​យើង​ចេញ​ទៅ​វិញ!»។ ១២ លោក​ដាវីឌ​យក​លំពែង និង​ក្អម​ទឹក​ដែល​ស្ថិត​នៅ​ក្បាល​ដំណេក​របស់​ព្រះបាទ​សាអ៊ូល ហើយ​នាំ​គ្នា​ចាក​ចេញ​ទៅ ដោយ​គ្មាន​ទាហាន​ម្នាក់​បាន​ឃើញ និង​ដឹង​ឡើយ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ភ្ញាក់​ដែរ។ ពួក​គេ​ដេក​លក់​ទាំង​អស់​គ្នា ព្រោះ​ព្រះអម្ចាស់​ធ្វើ​ឲ្យ​ពួក​គេ​ដេក​លង់លក់ ឥត​ដឹង​ខ្លួន។

 

១៣ លោក​ដាវីឌ​ឆ្លង​ទៅ​ភ្នំ​ម្ខាង​ទៀត ហើយ​ឡើង​ទៅ​ឈរ​លើ​កំពូល​ភ្នំ ដែល​នៅ​ដាច់​ឆ្ងាយ​ពី​ជំរំ។ ១៤ លោក​ស្រែក​ហៅ​កងទ័ព រួច​ហៅ​លោក​អាប់នែរជា​កូន​របស់​លោក​នែរ​ថា៖ «លោក​អាប់នែរ​អើយ ម្ដេច​ក៏​មិន​ឆ្លើយ!»។ លោក​អាប់នែរ​ស្រែក​សួរ​វិញ​ថា៖ «តើ​អ្នក​ជា​នរណា បាន​ជា​ហ៊ាន​ស្រែក​ហៅ​ព្រះករុណា​ដូច្នេះ?»។ ១៥ លោក​ដាវីឌ​មាន​ប្រសាសន៍ ​ទៅ​កាន់​លោក​អាប់នែរ​ថា៖ «តើ​លោក​ជា​មនុស្ស​ដើម​ទ្រូង​ប្រាំ​ហត្ថ​មែន ឬ​មិន​មែន! នៅ​ស្រុក​អ៊ីស្រាអែល មាន​តែ​លោក​ទេ​ដែល​ប្រសើរ​ជាង​គេ ចុះ​ហេតុ​អ្វី​បាន​ជា​លោក​មិន​យាម​ព្រះករុណា ជា​ម្ចាស់​របស់​លោក? ដ្បិត​មាន​ប្រជាជន​មួយ​រូប​បាន​លប​ចូល​ទៅ​ធ្វើ​គុត​ព្រះករុណា ជា​ម្ចាស់​របស់​លោក។ ១៦ ខ្ញុំ​សុំ​ជំរាប​លោក ក្នុង​នាម​ព្រះអម្ចាស់​ ដ៏​មាន​ព្រះជន្ម​គង់​នៅ​ថា លោក​ធ្វេសប្រហែស​ដូច្នេះ​មិន​ល្អ​ទេ! ពួក​លោក​គួរ​តែ​ស្លាប់ ដោយ​មិន​បាន​រក្សា​ការពារ​ម្ចាស់​របស់​ខ្លួន គឺ​ស្ដេច​ដែល​ព្រះអម្ចាស់​បាន​អភិសេក។ មើល! នេះ​នែ៎ លំពែង​របស់​ព្រះករុណា និង​ក្អម​ទឹក​ដែល​ស្ថិត​នៅ​ក្បាល​ដំណេក​របស់​ស្ដេច!»។ ១៧ ព្រះបាទ​សាអ៊ូល​ស្គាល់​ សំឡេង​របស់​លោក​ដាវីឌ ក៏​មាន​រាជឱង្ការ​ថា៖ «ដាវីឌ កូន​អើយ! នេះ​ពិត​ជា​សំឡេង​កូន​មែន​ឬ?»។ លោក​ដាវីឌ​ទូល​តប​ថា៖ «បពិត្រ​ព្រះករុណា​ជា​អម្ចាស់! គឺ​ទូលបង្គំ​មែន!»។ ១៨ លោក​ទូល​ទៀត​ថា៖ «ហេតុ​អ្វី​ព្រះករុណា​ជា​អម្ចាស់ ចេះ​តែ​តាម​ចាប់​ទូលបង្គំ​ដូច្នេះ? តើ​ទូលបង្គំ​បាន​ធ្វើ​អ្វី? តើ​ទូលបង្គំ​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ខ្លះ?។ ១៩ សូម​ព្រះករុណា​ជា​អម្ចាស់​មេត្តា​សណ្ដាប់​ពាក្យ​ទូលបង្គំ នៅ​ពេល​នេះ​ផង។ ប្រសិន​បើ​ព្រះអម្ចាស់​ជំរុញ​ព្រះករុណា​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​ទូលបង្គំ នោះ​សូម​ព្រះអម្ចាស់​ទទួល​យក​តង្វាយ​មួយ​ចុះ ប៉ុន្តែ ប្រសិន​បើ​មនុស្ស​ជា​អ្នក​ជំរុញ​ព្រះករុណា​វិញ សូម​ឲ្យ​ពួក​គេ​ត្រូវ​បណ្ដាសា​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ដ្បិត​ថ្ងៃ​នេះ​ពួក​គេ​បណ្ដេញ​ទូលបង្គំ​មិន​ឲ្យ​រស់​នៅ​លើ​ទឹក​ដី ដែល​ព្រះអម្ចាស់​ប្រទាន​មក​ប្រជារាស្ត្រ​របស់​ព្រះអង្គ ទុក​ជា​មត៌ក គឺ​ហាក់​ដូច​ជា​ចង់​ដេញ​ទូលបង្គំ​ឲ្យ​ទៅ​គោរព​ព្រះ​ឯ​ទៀត ២០ តែ​ទូលបង្គំ​មិន​ចង់​ឲ្យ​គេ​បង្ហូរ​ឈាម​ទូលបង្គំ​ឆ្ងាយ​ពី​ព្រះភក្ត្រ​ របស់​ព្រះអម្ចាស់​ ឡើយ។ ព្រះមហាក្សត្រ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​តាម​ធ្វើ​សឹក​នឹង​ទូលបង្គំ ដែល​គ្រាន់​តែ​ជា​ចៃ​មួយ​ដ៏​តូច​ប៉ុណ្ណោះ ព្រះករុណា​ដេញ​តាម​ទូលបង្គំ ដូច​គេ​ដេញ​បាញ់​សត្វ​ទទា​នៅ​លើ​ភ្នំ»។ ២១ ព្រះបាទ​សាអ៊ូល​មាន​ រាជឱង្ការ​ថា៖ «ដាវីឌ​កូន​អើយ បិតា​ខុស​ហើយ! ចូរ​វិល​ត្រឡប់​មក​វិញ បិតា​ឈប់​ធ្វើ​បាប​កូន​ទៀត​ហើយ ព្រោះ​ថ្ងៃ​នេះ កូន​បាន​ទុក​ជីវិត​ឲ្យ​បិតា។ បិតា​បាន​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​លេលា បិតា​បាន​ធ្វើ​ខុស​យ៉ាង​ធ្ងន់»។ ២២ លោក​ដាវីឌ​ទូល​ថា៖ «នេះ​ជា​លំពែង​របស់​ព្រះករុណា! សូម​ចាត់​សេនា​ម្នាក់​ឲ្យ​មក​យក​ទៅ​វិញ​ចុះ! ២៣ សូម​ព្រះអម្ចាស់​ប្រព្រឹត្ត​ចំពោះ​យើង តាម​សេចក្ដី​សុចរិត និង​ស្មោះ​ត្រង់​របស់​យើង​ម្នាក់ៗ។ ថ្ងៃ​នេះ ព្រះអម្ចាស់​ប្រគល់​ព្រះករុណា​មក​ក្នុង​កណ្ដាប់​ដៃ​ទូលបង្គំ តែ​ទូលបង្គំ​មិន​ព្រម​លើក​ដៃ​ប្រហារ​ស្ដេច​ដែល​ព្រះអម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ឡើយ។ ២៤ ថ្ងៃ​នេះ ព្រះជន្ម​របស់​ព្រះករុណា​មាន​តម្លៃ​ចំពោះ​ទូលបង្គំ​យ៉ាង​ណា សូម​ឲ្យ​ជីវិត​ទូលបង្គំ​ក៏​មាន​តម្លៃ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់​យ៉ាង​នោះ​ដែរ ហើយ​សូម​ព្រះអង្គ​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​គ្រោះ​កាច​សព្វ​បែប​យ៉ាង»។ ២៥ ព្រះបាទ​សាអ៊ូល​មាន​ រាជឱង្ការ​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «ដាវីឌ​កូន​អើយ សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​កូន! អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​កូន​ធ្វើ មុខ​ជា​បាន​សំរេច​ពុំខាន!»។

លោក​ដាវីឌ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត រីឯ​ព្រះបាទ​សាអ៊ូល ក៏​វិល​ទៅ​កាន់​ដំណាក់​វិញ​ដែរ។

លោក​ដាវីឌ​ទៅ​រស់​នៅ​ជា​មួយ​ពួក​ភីលីស្ទីន

១ លោក​ដាវីឌ​រិះគិត​ថា៖ «ថ្ងៃ​ណា​មួយ ព្រះបាទ​សាអ៊ូល​មុខ​ជា​សម្លាប់​ខ្ញុំ​មិន​ខាន។ គ្មាន​ផ្លូវ​ណា​ល្អ​ជាង​រត់​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​ភីលីស្ទីន​ទេ ធ្វើ​ដូច្នេះ ព្រះបាទ​សាអ៊ូល​នឹង​បោះ​បង់​ចោល​គំនិត​ដេញ​តាម​ចាប់​ខ្ញុំ នៅ​ក្នុង​ទឹក​ដី​អ៊ីស្រាអែល​ទៀត ហើយ​ខ្ញុំ​នឹង​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច»។ ២ លោក​ដាវីឌ​នាំ​អស់​អ្នក​ ដែល​នៅ​ជា​មួយ​ទាំង​ប្រាំ​មួយ​រយ​នាក់ ចេញ​ដំណើរ​ទៅ​ដល់​ស្រុក​របស់​ព្រះបាទ​អគីស ជា​បុត្រ​របស់​ព្រះបាទ​ម៉ាអុក និង​ជា​ស្ដេច​ក្រុង​កាថ។ ៣ លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​គេ ក៏​ស្នាក់​នៅ​ក្រុង​កាថ​ជា​មួយ​ព្រះបាទ​អគីស។ លោក​ដាវីឌ​បាន​នាំ​យក​ភរិយា​ទាំង​ពីរ​ទៅ​ជា​មួយ​ដែរ គឺ​នាង​អហ៊ីណូអាំជា​អ្នក​ស្រុក​យីសរេអែល និង​នាង​អប៊ីកាអ៊ីលជា​អ្នក​ភូមិ​កាម៉ិលដែល​ជា​ភរិយា​របស់​សព​លោក​ណាបាល។ ៤ មាន​គេ​ទូល​ព្រះបាទ​សាអ៊ូល​ថា លោក​ដាវីឌ​ភៀស​ខ្លួន​ទៅ​នៅ​ក្រុង​កាថ។ ដូច្នេះ ស្ដេច​ក៏​ឈប់​ដេញ​តាម​លោក​ទៀត។

៥ ថ្ងៃ​មួយ លោក​ដាវីឌ​ទូល​សួរ​ព្រះបាទ​អគីស​ថា៖ «បពិត្រ​ព្រះករុណា! ប្រសិន​បើ​ស្ដេច​ពិត​ជា​អនុគ្រោះ​ដល់​ទូលបង្គំ​មែន សូម​មេត្តា​ប្រទាន​ភូមិ​ស្រុក​ណា​មួយ​ឲ្យ​ទូលបង្គំ​ទៅ​ស្នាក់​អាស្រ័យ​ផង ដ្បិត​មិន​គួរ​ឲ្យ​ទូលបង្គំ​ស្នាក់​នៅ​ក្នុង​រាជ​ធានី​ជា​មួយ​ព្រះ​ក​រុ​ណា​ ឡើយ?»។ ៦ នៅ​ថ្ងៃ​នោះ ព្រះបាទ​អគីស​ប្រទាន​ក្រុង​ស៊ីគឡាក់​ឲ្យ​លោក។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុង​នោះ​នៅ​ជា​កម្មសិទ្ធិ​របស់​ស្ដេច​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ។ ៧ លោក​ដាវីឌ​ស្នាក់​នៅ​ស្រុក​ភីលីស្ទីន អស់​រយៈ​ពេល​មួយ​ឆ្នាំ​បួន​ខែ។ ៨ លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក នាំ​គ្នា​ចេញ​ទៅ​រាត​ត្បាត​ទឹក​ដី​របស់​ជន​ជាតិ​កេសួរទឹក​ដី​របស់​ជន​ជាតិ​កេសៀរ និង​ទឹក​ដី​របស់​ជន​ជាតិ​អាម៉ាឡេក។ ពី​ដើម ជន​ជាតិ​ទាំង​នោះ​រស់​នៅ​ចាប់​តាំង​ស្រុក​សួរ រហូត​ដល់​ស្រុក​អេស៊ីប។ ៩ លោក​ដាវីឌ​វាយ​កំទេច​ទឹក​ ដី​នោះ ឥត​ទុក​ឲ្យ​មនុស្ស​ប្រុស ឬ​ស្រី​ណា​ម្នាក់​រួច​ជីវិត​ឡើយ។ លោក​ប្រមូល​ហ្វូង​ចៀម និង​ហ្វូង​គោ ព្រម​ទាំង​លា អូដ និង​សម្លៀកបំពាក់ ហើយ​ត្រឡប់​មក​វិញ គាល់​ព្រះបាទ​អគីស។ ១០ ពេល​ព្រះបាទ​អគីស​សួរ​ លោក​ដាវីឌ​ថា «តើ​ថ្ងៃ​នេះ លោក​ទៅ​វាយ​ស្រុក​ណា​ខ្លះ?» លោក​ដាវីឌ​តែងតែ​ទូល​ស្ដេច​ថា «ទូលបង្គំ​ទៅ​វាយ​តំបន់​ខាង​ត្បូង​ស្រុក​យូដា» ឬ«ខាង​ត្បូង​ស្រុក​របស់​ពួក​យេរ៉ាមេលី» ឬ​ក៏ «ខាង​ត្បូង​ទឹក​ដី​របស់​ពួក​គេនី»។ ១១ លោក​ដាវីឌ​ពុំ​ដែល​ទុក​ ជីវិត​ឲ្យ​មនុស្ស​ប្រុស ឬ​ស្រី ដើម្បី​នាំ​មក​ក្រុង​កាថ​ទេ ព្រោះ​លោក​ខ្លាច​ក្រែង​ឈ្លើយ​សឹក​ទាំង​នោះ​រាយការណ៍​ថា ពួក​លោក​ដាវីឌ​បាន​ធ្វើ​ដូច្នេះ ឬ​ធ្វើ​ដូច្នោះ​មួយ។ ក្នុង​អំឡុង​ពេល ​លោក​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ស្រុក​ភីលីស្ទីន លោក​ដាវីឌ​តែងតែ​ប្រើ​វិធី​នេះ​ជា​រៀង​រហូត។ ១២ ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះបាទ​អគីស​ជឿ​ទុក​ចិត្ត​លើ​លោក​ដាវីឌ ព្រោះ​ស្ដេច​គិត​ថា៖ «ដាវីឌ​ប្រព្រឹត្ត​អំពើ​ដែល​ធ្វើ​ឲ្យ​អ៊ីស្រាអែល ជា​ជន​ជាតិ​របស់​ខ្លួន​ស្អប់​យ៉ាង​ខ្លាំង។ ដូច្នេះ ដាវីឌ​នឹង​បំរើ​យើង​រហូត​ត​ទៅ»។

១ នៅ​គ្រា​នោះ ជន​ជាតិ​ភីលីស្ទីន​បាន​ប្រមូល​កងពល​របស់​ពួក​គេ​មក​ផ្ដុំ​គ្នា​ជា​កងទ័ព​តែ​ មួយ ដើម្បី​ចេញ​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល។ ព្រះបាទ​អគីស​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «លោក​ដឹង​ច្បាស់​ហើយ​ថា​លោក និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ត្រូវ​ចូល​រួម​ក្នុង​កងពល​របស់​យើង»។ ២ លោក​ដាវីឌ​ទូល​តប​ថា៖ «ទូលបង្គំ​ជា​អ្នក​បំរើ​របស់​ព្រះករុណា​ស្រាប់​ហើយ ដូច្នេះ ព្រះករុណា​ជ្រាប​ថា ទូលបង្គំ​អាច​បំពេញ​មុខងារ​ណា​មួយ​បាន»។ ព្រះបាទ​អគីស​មាន​រាជឱង្ការ​តប​ថា៖ «ល្អ​ហើយ! យើង​នឹង​តែងតាំង​លោក​ជា​អង្គរក្ស​របស់​យើង​រហូត​ត​ទៅ»។

 

ស្ដេច​សាអ៊ូល​ទៅ​រក​មេមត់

៣ នៅ​គ្រា​នោះ លោក​សាមូអែល​ទទួល​មរណភាព​ផុត​ទៅ​ហើយ ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​នាំ​គ្នា​កាន់​ទុក្ខ ហើយ​ធ្វើ​ពិធី​បញ្ចុះ​សព​លោក​នៅ​រ៉ាម៉ា ជា​ភូមិ​កំណើត​របស់​លោក។ នៅ​ជំនាន់​នោះ ព្រះបាទ​សាអ៊ូល​បាន​លុប​បំបាត់​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ខាប​ព្រលឹង ចេញ​ពី​ស្រុក​អ៊ីស្រាអែល។ ៤ ថ្ងៃ​មួយ ជន​ជាតិ​ភីលីស្ទីន​ប្រមូល​ផ្ដុំ​គ្នា មក​បោះ​ទ័ព​នៅ​ស៊ូណែម។ រីឯ​ព្រះបាទ​សាអ៊ូល​ក៏​ប្រមូល​កងពល​អ៊ីស្រាអែល​ទាំង​មូល មក​បោះ​ទ័ព​នៅ​គីលបោ​ដែរ។ ៥ កាល​ព្រះបាទ​សាអ៊ូល​ឃើញ​ជំរំ​របស់​កងទ័ព​ភីលីស្ទីន ទ្រង់​ភ័យ​ខ្លាច ហើយ​ញ័រ​រន្ធត់​ជា​ខ្លាំង។ ៦ ព្រះបាទ​សាអ៊ូល​ទូល​សួរ​ព្រះអម្ចាស់ ប៉ុន្តែ ព្រះអង្គ​មិន​ឆ្លើយ​តប​វិញ​ឡើយ ទោះ​បី​តាម​ការ​យល់​សប្ដិ ការ​ផ្សង​យូរីម* ឬ​តាម​រយៈ​ព្យាការី​ក្ដី។ ៧ ព្រះបាទ​សាអ៊ូល​មាន​ រាជឱង្ការ​ទៅ​កាន់​រាជ​បំរើ​ថា៖ «ចូរ​នាំ​គ្នា​រក​ស្ត្រី​ណា​ម្នាក់ ដែល​ចេះ​អន្ទង​ខ្មោច យើង​នឹង​ទៅ​សាក​សួរ​គេ»។ រាជ​បំរើ​ទូល​ស្ដេច​វិញ​ថា៖ «នៅ​ឯ​អេនឌ័រមាន​ស្ត្រី​ម្នាក់​ចេះ​អន្ទង​ខ្មោច»។ ៨ ព្រះបាទ​សាអ៊ូល​ក្លែង​ខ្លួន ដោយ​ស្លៀក​ពាក់​ដូច​ប្រជាជន​ធម្មតា រួច​ចេញ​ដំណើរ​ទៅ​ជា​មួយ​សេនា​ពីរ​នាក់​ទៀត។ ស្ដេច​យាង​ទៅ​ដល់​ផ្ទះ​ស្ត្រី​នោះ​នៅ​ពេល​យប់ ហើយ​មាន​រាជ​ឱង្ការ​ទៅ​នាង​ថា៖ «ខ្ញុំ​ចង់​ឲ្យ​នាង​ចូល​រូប ហើយ​ខាប​ព្រលឹង​មនុស្ស​ម្នាក់ ដែល​ខ្ញុំ​នឹង​ប្រាប់​នាង​ឲ្យ​ដឹង»។ ៩ ស្ត្រី​នោះ​ឆ្លើយ​ថា៖ «លោក​ដឹង​ស្រាប់​ហើយ​ថា ព្រះបាទ​សាអ៊ូល​បាន​លុប​បំបាត់​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ខាប​ព្រលឹង​ចេញ​ពី​ស្រុក។ ហេតុ​អ្វី​បាន​ជា​លោក​ចង់​ដាក់​អន្ទាក់​ខ្ញុំ លោក​ចង់​ឲ្យ​ខ្ញុំ​បាត់​បង់​ជីវិត​ឬ?»។ ១០ ព្រះបាទ​សាអ៊ូល​បាន​ស្បថ​ក្នុង​នាម​ព្រះអម្ចាស់ ដែល​មាន​ព្រះជន្ម​គង់​នៅ​ថា «នាង​មិន​ទទួល​ទោស​អ្វី​ក្នុង​រឿង​នោះ​ឡើយ​»​។ ១១ ស្ត្រី​នោះ​សួរ​ថា៖ «តើ​លោក​ចង់​ឲ្យ​ខ្ញុំ​ខាប​ព្រលឹង​នរណា​?»។ ស្ដេច​ឆ្លើយ​ថា៖ «ចូរ​ហៅ​លោក​សាមូអែល​ឲ្យ​ខ្ញុំ!»។ ១២ ពេល​ស្ត្រី​នោះ​ឃើញ​លោក ​សាមូអែល នាង​ស្រែក​ឡើង​យ៉ាង​ខ្លាំង ហើយ​ទូល​សួរ​ព្រះបាទ​សាអ៊ូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះករុណា​បញ្ឆោត​ខ្ញុំ​ម្ចាស់​ដូច្នេះ ព្រះករុណា​ជា​ព្រះបាទ​សាអ៊ូល​ទេ​តើ!»។ ១៣ ព្រះរាជា​មាន​រាជឱង្ការ​ថា៖ «កុំ​ខ្លាច​អ្វី! ចូរ​ប្រាប់​យើង​មក តើ​នាង​បាន​ឃើញ​អ្វី​ខ្លះ?»។ ស្ត្រី​នោះ ទូល​ថា៖ «ខ្ញុំ​ម្ចាស់​ឃើញ​វិញ្ញាណ​មួយ​ ងើប​ចេញ​ពី​ក្នុង​ដី​មក»។ ១៤ ស្ដេច​សួរ​ទៀត​ថា៖ «តើ​គេ​មាន​ទ្រង់​ទ្រាយ​ដូច​ម្ដេច​ដែរ?»។ នាង​ទូល​ថា៖ «គឺ​មនុស្ស​ចាស់​ម្នាក់​ដណ្ដប់​អាវ​ធំ កំពុង​តែ​ឡើង​មក»។ ព្រះបាទ​សាអ៊ូល​ជ្រាប​ភ្លាម​ថា​ជា​លោក​សាមូអែល ស្ដេច​ក៏​ក្រាប​ចុះ អោន​ព្រះភក្ត្រ​ដល់​ដី។ ១៥ លោក​សាមូអែល​ទូល​សួរ​ ព្រះបាទ​សាអ៊ូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះករុណា​រំខាន​ទូលបង្គំ ដោយ​ហៅ​ទូលបង្គំ ឡើង​មក​ដូច្នេះ?»។ ព្រះបាទ​សាអ៊ូល​មាន​រាជឱង្ការ​តប​ថា៖ «ខ្ញុំ​មាន​ទុក្ខធុរៈ​ធ្ងន់​ណាស់ ព្រោះ​ពួក​ភីលីស្ទីន​នាំ​គ្នា​មក​ធ្វើ​សង្គ្រាម​នឹង​ខ្ញុំ ហើយ​ព្រះជាម្ចាស់​បោះ​បង់​ខ្ញុំ​ចោល ព្រះអង្គ​លែង​ឆ្លើយ​តប​មក​ខ្ញុំ​ទៀត​ហើយ ទោះ​បី​តាម​រយៈ​ព្យាការី ឬ​ការ​យល់​សប្ដិ​ក្ដី។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អញ្ជើញ​លោក​មក ដើម្បី​ឲ្យ​លោក​ប្រាប់​ខ្ញុំ​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណា?»។ ១៦ លោក​សាមូអែល​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះករុណា​សួរ​យោបល់​ពី​ទូលបង្គំ​ដូច្នេះ? ព្រះអម្ចាស់​បាន​បោះ​បង់​ព្រះករុណា​ចោល ហើយ​ព្រះអង្គ​ក្លាយ​ទៅ​ជា​បច្ចាមិត្ត​របស់​ព្រះករុណា។ ១៧ ព្រះ​អម្ចាស់​ ប្រព្រឹត្ត​ចំពោះ​ព្រះករុណា ស្រប​តាម​ព្រះបន្ទូល ដែល​ទូលបង្គំ​ទូល​ថ្វាយ​រួច​ស្រេច​ហើយ។ ព្រះអង្គ​បាន​ដក​ហូត​យក​រាជ​សម្បត្តិ​ពី​ព្រះករុណា ដើម្បី​ប្រគល់​ទៅ​ឲ្យ​លោក​ដាវីឌ ១៨ ដ្បិត​ព្រះករុណា​ពុំ​បាន​គោរព​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​ទេ គឺ​ព្រះ​ករុណា​ពុំ​បាន​បំផ្លាញ​ជន​ជាតិ​អាម៉ាឡេក តាម​ព្រះពិរោធ​របស់​ព្រះអម្ចាស់​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ព្រះករុណា​នៅ​ថ្ងៃ​នេះ។ ១៩ ព្រះអម្ចាស់​ នឹង​ប្រគល់​ព្រះករុណា ព្រម​ទាំង​អ៊ីស្រាអែល ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ភីលីស្ទីន។ ស្អែក ព្រះករុណា ព្រម​ទាំង​បុត្រា​របស់​ព្រះករុណា នឹង​ទៅ​ជួប​ទូលបង្គំ​នៅ​ស្ថាន​មនុស្ស​ស្លាប់ ហើយ​ព្រះអម្ចាស់​នឹង​ប្រគល់​កងទ័ព​អ៊ីស្រាអែល​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ភីលីស្ទីន»។ ២០ រំពេច​នោះ ព្រះបាទ​សាអ៊ូល​ដួល​ទាំង​ជំហរ ព្រោះ​ពាក្យ​របស់​លោក​សាមូអែល​ធ្វើ​ឲ្យ​ស្ដេច​ភ័យ​តក់ស្លុត​យ៉ាង​ខ្លាំង។ មួយ​វិញ​ទៀត ព្រះបាទ​សាអ៊ូល​អស់​កម្លាំង ព្រោះ​ទ្រង់​ពុំ​បាន​សោយ​ព្រះស្ងោយ​មួយ​ថ្ងៃ​មួយ​យប់​មក​ហើយ។ ២១ ស្ត្រី​នោះ​ក៏​ចូល​ទៅ​ ជិត​ស្ដេច ឃើញ​ថា ទ្រង់​ភ័យ​តក់ស្លុត​យ៉ាង​ខ្លាំង។ ដូច្នេះ នាង​ទូល​ស្ដេច​ថា៖ «ខ្ញុំ​ម្ចាស់​បាន​គោរព​តាម​បញ្ជា​របស់​ព្រះករុណា​ហើយ។ ខ្ញុំ​ម្ចាស់​ប្រថុយ​ជីវិត​ដោយ​ធ្វើ​តាម​សំណូម​ពរ​របស់​ព្រះករុណា។ ២២ ឥឡូវ​នេះ សូម​ស្ដាប់​ខ្ញុំ​ម្ចាស់​សិន សូម​រាជានុញ្ញាត​ឲ្យ​ខ្ញុំ​ម្ចាស់​រៀបចំ​ព្រះស្ងោយ​ថ្វាយ​ព្រះករុណា ដើម្បី​ឲ្យ​ព្រះករុណា​សោយ ហើយ​មាន​កម្លាំង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត»។ ២៣ ព្រះបាទ​សាអ៊ូល​ប្រកែក​មិន ​ព្រម​សោយ​ទេ តែ​ដោយ​ពួក​រាជ​បំរើ និង​ស្ត្រី​នោះ ទទូច​អង្វរ​ពេក ស្ដេច​ក៏​យល់​ព្រម។ ស្ដេច​ក្រោក​ពី​ដី ឡើង​ទៅ​គង់​លើ​គ្រែ។ ២៤ ស្ត្រី​នោះ​ ប្រញាប់ប្រញាល់​ទៅ​ចាប់​កូន​គោ​មួយ​យ៉ាង​ធាត់ ដែល​នាង​បាន​ចិញ្ចឹម​យក​មក​សម្លាប់ រួច​នាង​យក​ម្សៅ​មក​ច្របាច់ ហើយ​ដុត​ធ្វើ​នំបុ័ង​ឥត​មេ។ ២៥ បន្ទាប់​មក នាង​លើក​ម្ហូប​អាហារ​មក​ថ្វាយ​ព្រះបាទ​សាអ៊ូល និង​រាជ​បំរើ។ ក្រោយ​មក ស្ដេច​ក្រោក​ឡើង ចេញ​ដំណើរ​ជា​មួយ​រាជ​បំរើ​ត្រឡប់​ទៅ​វិញ នៅ​យប់​ដដែល​នោះ។

ជន​ជាតិ​ភីលីស្ទីន​ដេញ​លោក​ដាវីឌ​ចេញ​ពី​កងទ័ព​របស់​ពួក​គេ

១ ជន​ជាតិ​ភីលីស្ទីន​បាន​ ប្រមូល​ផ្ដុំ​ទ័ព​ទាំង​មូល​របស់​ពួក​គេ នៅ​អាផេក។ ចំណែក​ឯ​ពួក​អ៊ីស្រាអែល​វិញ បោះ​ទ័ព​ជិត​ប្រភព​ទឹក នៅ​យីសរេអែល។ ២ ពួក​ស្ដេច​ត្រាញ់​នៃ​ជន​ ជាតិ​ភីលីស្ទីន​បាន​នាំ​កងពល​តូច និង​កងពល​ធំ​ដើរ​ទៅ​មុខ រីឯ​លោក​ដាវីឌ និង​ទាហាន​របស់​លោក នាំ​គ្នា​ហែហម​ព្រះបាទ​អគីស​នៅ​ខាង​ក្រោយ។ ៣ ពួក​មេ​ដឹក​នាំ​របស់​ជន​ ជាតិ​ភីលីស្ទីន​សួរ​ថា៖ «តើ​ពួក​ហេប្រឺ​នេះ​មក​ធ្វើ​អ្វី​ដែរ?»។ ព្រះបាទ​អគីស​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «អស់​លោក​មិន​ស្គាល់​ដាវីឌ​ទេ​ឬ? គាត់​ជា​អ្នក​បំរើ​របស់​សាអ៊ូល ជា​ស្ដេច​នៃ​ជន​ជាតិ​អ៊ីស្រាអែល។ គាត់​មក​នៅ​ជា​មួយ​ខ្ញុំ​ប្រហែល​មួយ​ឆ្នាំ ពីរ​ឆ្នាំ​ហើយ។ តាំង​ពី​ពេល​គាត់​រត់​មក​នៅ​ជា​មួយ​ខ្ញុំ រហូត​ដល់​សព្វ​ថ្ងៃ ខ្ញុំ​មិន​ឃើញ​ថា​គាត់​ធ្វើ​អ្វី​ខុស​ឡើយ»។ ៤ ពួក​មេ​ដឹក​នាំ​នៃ​ជន​ ជាតិ​ភីលីស្ទីន​ខឹង​នឹង​ព្រះបាទ​អគីស ហើយ​ទូល​ថា៖ «សូម​ព្រះករុណា​ដេញ​ជន​នេះ​ឲ្យ​វិល​ត្រឡប់​ទៅ​ក្រុង ដែល​ស្ដេច​បាន​ឲ្យ​គេ​ស្នាក់​នៅ​នោះ​វិញ​ទៅ! មិន​ត្រូវ​ឲ្យ​គេ​ចេញ​ទៅ​ច្បាំង​ជា​មួយ​ពួក​យើង​ឡើយ ព្រោះ​គេ​អាច​បែរ​ខ្នង​មក​ប្រឆាំង​នឹង​យើង​វិញ ក្នុង​ពេល​កំពុង​ច្បាំង។ ជន​នេះ​មុខ​ជា​បំពេញ​ចិត្ត​ចៅហ្វាយ​ចាស់​របស់​គេ ដោយ​សម្លាប់​ទាហាន​របស់​យើង។ ៥ គឺ​លោក​ដាវីឌ​នេះ​ហើយ ដែល​គេ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ថា:

“ព្រះបាទ​សាអ៊ូល​ប្រហារ​បាន​រាប់​ពាន់​នាក់

រីឯ​លោក​ដាវីឌ​ប្រហារ​បាន​រាប់​ម៉ឺន​នាក់”»។

 

៦ ព្រះបាទ​អគីស​ក៏​ហៅ​លោក​ដាវីឌ​មក ហើយ​មាន​រាជឱង្ការ​ថា៖ «យើង​សូម​ស្បថ​ក្នុង​នាម​ព្រះអម្ចាស់ ដែល​មាន​ព្រះជន្ម​គង់​នៅ​ថា លោក​ពិត​ជា​មនុស្ស​ត្រឹម​ត្រូវ​មែន។ យើង​ពេញ​ចិត្ត​នឹង​ឲ្យ​លោក​ចេញ​ទៅ​ច្បាំង​ជា​មួយ​យើង ព្រោះ​តាំង​ពី​ពេល​លោក​ស្នាក់​នៅ​នឹង​យើង​រហូត​ដល់​ពេល​នេះ យើង​ពុំ​ដែល​ឃើញ​លោក​ប្រព្រឹត្ត​អ្វី​ខុស​ឆ្គង​ឡើយ។ ប៉ុន្តែ ពួក​ស្ដេច​ត្រាញ់​ឯ​ទៀតៗ​នៃ​ជន​ជាតិ​ភីលីស្ទីន ពុំ​ពេញ​ចិត្ត​នឹង​លោក​ទេ។ ៧ ដូច្នេះ សូម​លោក​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឥឡូវ​នេះ​ចុះ។ សូម​អញ្ជើញ​ទៅ​ដោយ​សុខ​សាន្ត មិន​ត្រូវ​ធ្វើ​ឲ្យ​ស្ដេច​ត្រាញ់​ទាំង​នោះ​ទាស់​ចិត្ត​ឡើយ»។ ៨ លោក​ដាវីឌ​ទូល​ព្រះបាទ​ អគីស​ថា៖ «បពិត្រ​ព្រះករុណា​ជា​អម្ចាស់ តើ​ទូលបង្គំ​ធ្វើ​អ្វី​ខ្លះ? ចាប់​តាំង​ពី​ពេល​ទូលបង្គំ​មក​បំរើ​ព្រះករុណា រហូត​ដល់​ពេល​នេះ តើ​ទ្រង់​ទត​ឃើញ​ថា ទូលបង្គំ​មាន​កំហុស​អ្វី​ខ្លះ​ដែរ បាន​ជា​ទូលបង្គំ​មិន​អាច​ចេញ​ទៅ​ច្បាំង​នឹង​សត្រូវ​របស់​ព្រះករុណា​ ដូច្នេះ?»។ ៩ ព្រះបាទ​អគីស​មាន​ រាជឱង្ការ​មក​កាន់​លោក​ដាវីឌ​ថា៖ «យើង​ដឹង​ហើយ យើង​ពេញ​ចិត្ត​នឹង​លោក ដូច​ពេញ​ចិត្ត​នឹង​ទេវទូតរបស់​ព្រះជាម្ចាស់ ប៉ុន្តែ ពួក​មេ​ដឹក​នាំ​របស់​ជន​ជាតិ​ភីលីស្ទីន​បាន​សំរេច​ថា មិន​ឲ្យ​លោក​ចេញ​ទៅ​ច្បាំង​រួម​ជា​មួយ​ពួក​យើង​ឡើយ។ ១០ ដូច្នេះ លោក និង​ទាហាន​របស់​ស្ដេច​សាអ៊ូល​ដែល​នៅ​ជា​មួយ​លោក ត្រូវ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​នាំ​គ្នា​ចេញ​ដំណើរ​ទៅ នៅ​ពេល​ថ្ងៃ​រះ»។ ១១ ព្រឹក​ឡើង​លោក​ដាវីឌ ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ក្រោក​ពី​ព្រលឹម វិល​ត្រឡប់​ទៅ​ស្រុក​ភីលីស្ទីន​វិញ។ ចំណែក​ឯ ​កងទ័ព​ភីលីស្ទីន​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​ដល់​យីស​រេ​អែល​។

ជន​ជាតិ​អាម៉ាឡេក​ដុត​កំទេច​ក្រុង​ស៊ីគឡាក់ លោក​ដាវីឌ​ដេញ​តាម​កងទ័ព​អាម៉ាឡេក

១ នៅ​ថ្ងៃ​ទី​បី លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​បាន​ទៅ​ដល់​ក្រុង​ស៊ីគឡាក់។ ប៉ុន្តែ មុន​នោះ ជន​ជាតិ​អាម៉ាឡេក​បាន​រាត​ត្បាត​តំបន់​ណេកិប និង​ក្រុង​ស៊ីគឡាក់។ ពួក​គេ​ដុត​កំទេច​ក្រុង​ស៊ីគឡាក់​ចោល ២ ហើយ​កៀរ​ពួក​ស្រីៗ និង​អស់​អ្នក​ដែល​រស់​នៅ​ក្រុង​នោះ ទាំង​ក្មេង ទាំង​ចាស់ នាំ​យក​ទៅ​ជា​ឈ្លើយ។ ពួក​គេ​មិន​បាន​សម្លាប់​នរណា​ម្នាក់​ឡើយ គឺ​គ្រាន់​តែ​កៀរ​យក​ទៅ​ជា​មួយ រួច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ៣ កាល​លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​មក​ដល់​ទីក្រុង​វិញ ឃើញ​ក្រុង​នោះ​ត្រូវ​គេ​ដុត​បំផ្លាញ ហើយ​​​ប្រពន្ធ កូន​ប្រុស កូន​ស្រី ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ​ដូច្នេះ ៤ លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាំ​គ្នា​ស្រែក​ទ្រហោ​យំ រហូត​ទាល់​តែ​លែង​មាន​កម្លាំង​យំ​ទៀត។ ៥ ភរិយា​ទាំង​ពីរ​នាក់​របស់ ​លោក​ដាវីឌ គឺ​នាង​អហ៊ីណូអាំង​ដែល​ជា​អ្នក​ស្រុក​យីសរេអែល និង​នាង​អប៊ីកាអ៊ីលជា​ប្រពន្ធ​របស់​សព​លោក​ណាបាល អ្នក​ភូមិ​កាម៉ិលក៏​ត្រូវ​គេ​កៀរ​យក​ទៅ​ដែរ។

 

៦ ពេល​នោះ លោក​ដាវីឌ​មាន​ទុក្ខ​កង្វល់​យ៉ាង​ខ្លាំង ព្រោះ​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ​គិត​គ្នា​ចង់​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក ដ្បិត​ម្នាក់ៗ​ឈឺ​ចាប់​ក្នុង​ចិត្ត ដោយ​ព្រួយ​បារម្ភ​ដល់​កូន​ប្រុស កូន​ស្រី​របស់​ពួក​គេ។ ប៉ុន្តែ ព្រះអម្ចាស់​ជា​ព្រះ​របស់​លោក​ដាវីឌ ប្រទាន​ឲ្យ​លោក​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ ៧ លោក​ដាវីឌ​មាន​ប្រសាសន៍​ ទៅ​កាន់​លោក​បូជាចារ្យ​អប៊ីយ៉ាថារ ជា​កូន​របស់​លោក​អហ៊ីមេឡេក​ថា៖ «សូម​យក​អាវ​អេផូដ*​មក​ឲ្យ​ខ្ញុំ!»។ លោក​អប៊ីយ៉ាថារ​ក៏​ទៅ​យក​អាវ​អេផូដ​មក​ជូន។ ៨ លោក​ដាវីឌ​ទូល​សួរ​ព្រះអម្ចាស់​ថា៖ «ប្រសិន​បើ​ទូលបង្គំ​ដេញ​តាម​ពួក​ចោរ​នោះ តើ​ទូលបង្គំ​តាម​ទាន់​ឬ​ទេ?»។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ដេញ​តាម​ពួក​គេ​ចុះ អ្នក​នឹង​តាម​ទាន់ ព្រម​ទាំង​រំដោះ​អស់​អ្នក​ដែល​គេ​កៀរ​យក​ទៅ​នោះ​បាន​មក​វិញ​ផង»។ ៩ លោក​ដាវីឌ និង​ទាហាន​ទាំង​ប្រាំ​មួយ​រយ​នាក់ ដែល​នៅ​ជា​មួយ​លោក នាំ​គ្នា​ចេញ​ដំណើរ​ទៅ។ លុះ​ទៅ​ដល់​ទឹក​ជ្រោះ​បេស៊រ ទាហាន​មួយ​ក្រុម​ឈប់​នៅ​ទី​នោះ។ ១០ លោក​ដាវីឌ និង​ទាហាន​បួន​រយ​នាក់​បន្ត​ដំណើរ​ទៅ​ទៀត ដោយ​ទុក​ទាហាន​ពីរ​រយ​នាក់​ឲ្យ​នៅ​ខាង​ក្រោយ ព្រោះ​ពួក​គេ​ហេវហត់​ពេក ពុំ​អាច​ឆ្លង​ទឹក​ជ្រោះ​បេស៊រ​នោះ​បាន។

 

១១ ពួក​គេ​បាន​ប្រទះ​ឃើញ​ជន​ជាតិ​អេស៊ីប​ម្នាក់ នៅ​ឯ​វាល ហើយ​នាំ​មក​ជូន​លោក​ដាវីឌ។ គេ​យក​នំបុ័ង និង​ទឹក​ឲ្យ​គាត់​បរិភោគ ១២ ព្រម​ទាំង​ឲ្យ​នំ​ធ្វើ​ ពី​ផ្លែ​ឧទុម្ពរ​ក្រៀម និង​ផ្លែ​ទំពាំងបាយជូរ​ក្រៀម​ពីរ​កញ្ចប់​មក​គាត់​ដែរ។ ក្រោយ​ពី​បាន​បរិភោគ​រួច​ហើយ គាត់​ក៏​មាន​កម្លាំង​ឡើង​វិញ ដ្បិត​គាត់​អត់​បាយ​អត់​ទឹក​ចំនួន​បី​ថ្ងៃ​បី​យប់​មក​ហើយ។ ១៣ លោក​ដាវីឌ​សួរ​គាត់​ថា៖ «តើ​អ្នក​ជា​កូន​ចៅ​នរណា? ហើយ​មក​ពី​ណា​ដែរ?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​បាទ​ជា​យុវជន​ជាតិ​អេស៊ីប និង​ជា​បាវ​បំរើ​របស់​ជន​ជាតិ​អាម៉ាឡេក​ម្នាក់។ ម្ចាស់​របស់​ខ្ញុំ​បាទ​បោះ​បង់​ខ្ញុំ​បាទ​ចោល​ចំនួន​បី​ថ្ងៃ​មក​ហើយ ព្រោះ​ខ្ញុំ​បាទ​មាន​ជំងឺ។ ១៤ កាល​ពី​មុន ពួក​យើង​បាន​ទៅ​រាត​ត្បាត​នៅ​ប៉ែក​ខាង​ត្បូង​ស្រុក​របស់​ជន​ជាតិ​កេរេទី ទឹក​ដី​ជន​ជាតិ​យូដា និង​ខាង​ត្បូង​ស្រុក​កាលែប ហើយ​ដុត​ក្រុង​ស៊ីគឡាក់​ចោល​ផង»។ ១៥ លោក​ដាវីឌ​សួរ​ទៀត​ថា៖ «តើ​អ្នក​អាច​នាំ​ខ្ញុំ​ទៅ​រក​ពួក​ចោរ​នោះ​បាន​ឬ​ទេ?»។ បុរស​នោះ​ឆ្លើយ​ថា៖ «ខ្ញុំ​បាទ​អាច​នាំ​លោក​ទៅ​រក​ពួក​គេ​បាន តែ​សូម​លោក​មេត្តា​ស្បថ​ក្នុង​នាម​ព្រះជាម្ចាស់​ថា លោក​មិន​សម្លាប់​ខ្ញុំ​បាទ​ចោល​ទេ ហើយ​ក៏​មិន​ប្រគល់​ខ្ញុំ​បាទ​ទៅ​ឲ្យ​ម្ចាស់​របស់​ខ្ញុំ​បាទ​វិញ​ដែរ»។

 

លោក​ដាវីឌ​វាយ​ឈ្នះ​កងទ័ព​អាម៉ាឡេក

១៦ បុរស​នោះ​នាំ​លោក​ដាវីឌ ​ទៅ​ដល់​ពួក​អាម៉ាឡេក ដែល​ស្នាក់​នៅ​ពាសពេញ​ក្នុង​តំបន់​នោះ ហើយ​កំពុង​តែ​ស៊ី​ផឹក​សប្បាយ ដោយសារ​គេ​រឹប​យក​បាន​ជយភ័ណ្ឌ​ដ៏​សន្ធឹក​សន្ធាប់ ពី​ស្រុក​ភីលីស្ទីន និង​ស្រុក​យូដា។ ១៧ លោក​ដាវីឌ​វាយ​ប្រហារ​ ពួក​នោះ នៅ​ថ្ងៃ​បន្ទាប់ តាំង​ពី​ព្រលឹម​រហូតទល់​ព្រលប់។ គ្មាន​នរណា​ម្នាក់​រត់​រួច​ឡើយ លើកលែង​តែ​ពួក​យុវជន​បួន​រយ​នាក់ ដែល​ជិះ​អូដ្ឋ​គេច​ខ្លួន​ចេញ​ទៅ។ ១៨ លោក​ដាវីឌ​រំដោះ​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ពួក​អាម៉ាឡេក​ប្លន់​យក​ទៅ ហើយ​លោក​ក៏​រំដោះ​ភរិយា​ទាំង​ពីរ​របស់​លោក​មក​វិញ​ដែរ។ ១៩ លោក​ដាវីឌ​បាន​ដណ្ដើម​ យក​អ្វីៗ​ទាំង​អស់​មក​វិញ។ ពួក​លោក​មិន​បាត់​បង់​នរណា​ម្នាក់​សោះ​ឡើយ គឺ​គេ​បាន​នាំ​ក្រុម​គ្រួសារ​របស់​ខ្លួន ទាំង​ក្មេង ទាំង​ចាស់ ទាំង​កូន​ប្រុស ទាំង​កូន​ស្រី ហើយ​ដណ្ដើម​ជយភ័ណ្ឌ និង​អ្វីៗ​ដែល​ខ្មាំង​សត្រូវ​នាំ​យក​ទៅ​នោះ​មក​វិញ​ដែរ។ ២០ លោក​ដាវីឌ​រឹប​អូស​យក​ បាន​ហ្វូង​ចៀម និង​ហ្វូង​គោ​ទាំង​អស់។ អស់​អ្នក​ដែល​ដឹក​នាំ​ហ្វូង​សត្វ​ទាំង​នោះ​ពោល​ថា៖ «នេះ​ហើយ​ជា​ជយភ័ណ្ឌ​របស់​លោក​ដាវីឌ»។

 

២១ លោក​ ដាវីឌ​វិល​មក​ជួប​ទាហាន​ទាំង​ពីរ​រយ​នាក់ ដែល​ហេវហត់​ខ្លាំង​ពេក មិន​អាច​ទៅ​តាម​លោក ហើយ​ដែល​គេ​បាន​ទុក​ឲ្យ​សំរាក​នៅ​ក្បែរ​ទឹក​ជ្រោះ​បេស៊រ​នោះ។ ពួក​គេ​រត់​មក​ទទួល​លោក​ដាវីឌ និង​អ្នក​ដែល​នៅ​ជា​មួយ​លោក​ផង។ លោក​ដាវីឌ​ចូល​ទៅ​ជិត ហើយ​សួរ​សុខ​ទុក្ខ​ពួក​គេ។ ២២ នៅ​ក្នុង​ចំណោម​ទាហាន​ របស់​លោក​ដាវីឌ មាន​អ្នក​ខ្លះ​មាន​ចិត្ត​អាក្រក់ និង​ចិត្ត​ពាល នាំ​គ្នា​ពោល​ឡើង​ថា៖ «អ្នក​ទាំង​នេះ​មិន​បាន​ទៅ​ជា​មួយ​ពួក​យើង​ទេ ដូច្នេះ មិន​ត្រូវ​ចែក​ជយភ័ណ្ឌ​ដែល​ដណ្ដើម​មក​វិញ​ឲ្យ​ពួក​គេ​ទេ គឺ​ប្រគល់​ត្រឹម​តែ​ប្រពន្ធ និង​កូន​របស់​គេ ឲ្យ​គេ​នាំ​ចេញ​ទៅ​វិញ​ប៉ុណ្ណោះ​បាន​ហើយ»។ ២៣ ប៉ុន្តែ លោក​ដាវីឌ​មាន​ប្រសាសន៍​ថា៖ «បង​ប្អូន​អើយ មិន​ត្រូវ​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ទ្រព្យ​សម្បត្តិ​ដែល​ព្រះអម្ចាស់​ ប្រទាន​មក​យើង​នោះ​ឡើយ ដ្បិត​ព្រះអង្គ​បាន​ការពារ​យើង ព្រម​ទាំង​ប្រគល់​ពួក​ចោរ​ដែល​បាន​វាយ​ប្រហារ​យើង មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​ដែរ។ ២៤ មិន​ត្រូវ​ឲ្យ​នរណា​ ម្នាក់​ធ្វើ​តាម​ពាក្យ​របស់​បង​ប្អូន​ឡើយ ដ្បិត​អ្នក​ទៅ​ច្បាំង​បាន​ទទួល​ប៉ុន​ណា អ្នក​នៅ​ចាំ​ឥវ៉ាន់​ក៏​ទទួល​ប៉ុណ្ណោះ​ដែរ គឺ​ត្រូវ​ចែក​ឲ្យ​ដូចៗ​គ្នា»។

 

២៥ ពាក្យ​លោក​ដាវីឌ​ថ្លែង​នេះ​ជា​បទបញ្ជា និង​ជាច្បាប់​មួយ ដែល​ជន​ជាតិ​អ៊ីស្រាអែល​អនុវត្ត​តាម ចាប់​តាំង​ពី​ថ្ងៃ​នោះ​ត​រៀង​មក រហូត​ដល់​សព្វ​ថ្ងៃ។

២៦ កាល​មក​ ដល់​ក្រុង​ស៊ីគឡាក់​វិញ លោក​ដាវីឌ​បាន​ផ្ញើ​ចំណែក​ជយភ័ណ្ឌ​ខ្លះ​ទៅ​ជូន​ពួក​ព្រឹទ្ធាចារ្យ នៅ​ស្រុក​យូដា ដែល​ជា​មិត្តភក្ដិ​របស់​លោក ដោយ​ផ្ដាំ​ថា៖ «ជំនូន​ដែល​ខ្ញុំ​ផ្ញើ​មក​ជូន​អស់​លោក​នេះ ជា​ចំណែក​ជយភ័ណ្ឌ​ដែល​យើង​ដណ្ដើម​បាន​ពី​ខ្មាំង​សត្រូវ​របស់​ព្រះអម្ចាស់»។ ២៧ លោក​បាន​ផ្ញើ​ជំនូន​ ទាំង​នោះ​ទៅ​ជូន​អស់​លោក​ព្រឹទ្ធាចារ្យ​នៅ​បេតអែល ព្រឹទ្ធាចារ្យ​នៅ​រ៉ាម៉ូត ក្នុង​តំបន់​ណេកិប ព្រឹទ្ធាចារ្យ​នៅ​យ៉ាទៀរ ២៨ ព្រឹទ្ធាចារ្យ​នៅ​អារ៉ូអ៊ែរ ព្រឹទ្ធាចារ្យ​នៅ​ស៊ីភម៉ូត ព្រឹទ្ធាចារ្យ​នៅ​អេសតេម៉ូ ២៩ ព្រឹទ្ធាចារ្យ​នៅ​រ៉ាកាល ព្រឹទ្ធាចារ្យ​នៅ​ភូមិ​របស់​ពួក​យេរ៉ាមេលី ព្រឹទ្ធាចារ្យ​នៅ​ភូមិ​របស់​ពួក​គេនី ៣០ ព្រឹទ្ធាចារ្យ​នៅ​ហ៊រម៉ា ព្រឹទ្ធា​ចារ្យ​នៅ​ប៊រ-អាសាន ព្រឹទ្ធាចារ្យ​នៅ​អាតាក ៣១ ព្រឹទ្ធាចារ្យ​ហេប្រូន ព្រម​ទាំង​អស់​លោក​ព្រឹទ្ធាចារ្យ​នៅ​គ្រប់​ទី​កន្លែង​ដែល​លោក និង​ទាហាន​របស់​លោក​ធ្លាប់​ឆ្លង​កាត់។

ព្រះបាទ​សាអ៊ូល និង​បុត្រា​សោយ​ទិវង្គត

១ កងទ័ព​ភីលីស្ទីន​វាយ​ ប្រហារ​កងទ័ព​អ៊ី​ស្រា​អែល។ ពល​ទាហាន​អ៊ីស្រាអែល​បាក់​ទ័ព រត់​នៅ​មុខ​ពួក​ភីលីស្ទីន ហើយ​ទាហាន​អ៊ីស្រាអែល​ជា​ច្រើន​នាក់​បាន​ស្លាប់​នៅ​លើ​ភ្នំ​គីលបោ។ ២ ពួក​ភីលីស្ទីន​ដេញ​តាម​ ព្រះបាទ​សាអ៊ូល និង​បុត្រា​យ៉ាង​ប្រកិត ពួក​គេ​សម្លាប់​សម្ដេច​យ៉ូណាថាន សម្ដេច​អប៊ីណាដាប់ និង​សម្ដេច​ម៉ាល់គីស៊ូអា ជា​បុត្រ​របស់​ព្រះបាទ​សាអ៊ូល។ ៣ បន្ទាប់​មក ពួក​គេ​សំរុក​ទៅ​លើ​ព្រះបាទ​សាអ៊ូល ទ័ព​បាញ់​ព្រួញ​បាន​ដេញ​តាម​ទាន់​ព្រះបាទ​សាអ៊ូល ធ្វើ​ឲ្យ​ស្ដេច​តក់ស្លុត​យ៉ាង​ខ្លាំង​។ ៤ ស្ដេច​មាន​រាជឱង្ការ​ទៅ​ សេនា​ដែល​កាន់​គ្រឿង​សស្រ្ដាវុធ​របស់​ស្ដេច​ថា៖ «ចូរ​ហូត​ដាវ​របស់​ឯង​ចាក់​យើង​មក ព្រោះ​យើង​មិន​ចង់​ស្លាប់​ដោយ​ដៃ​របស់​សាសន៍​ដទៃ ហើយ​ឲ្យ​ពួក​គេ​ប្រមាថ​មើលងាយ​យើង​ទេ»។ ប៉ុន្តែ សេនា​នោះ​មិន​ហ៊ាន​សម្លាប់​ស្ដេច​ឡើយ ព្រោះ​គាត់​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ដូច្នេះ ព្រះបាទ​សាអ៊ូល​ក៏​ហូត​ដាវ ហើយ​ផ្ដួល​ខ្លួន​ទៅ​លើ​មុខ​ដាវ​នោះ។ ៥ កាល​សេនា​ដែល​កាន់​គ្រឿង​ សស្រ្ដា​របស់​ស្ដេច​ឃើញ​ស្ដេច​សោយ​ទិវង្គត​ដូច្នេះ គាត់​ក៏​ហូត​ដាវ រួច​ផ្ដួល​ខ្លួន​ទៅ​លើ​មុខ​ដាវ ស្លាប់​ជា​មួយ​ស្ដេច​ដែរ។ ៦ ដូច្នេះ ព្រះបាទ​សាអ៊ូល បុត្រា​ទាំង​បី​អង្គ សេនា​ដែល​កាន់​គ្រឿង​សស្រ្ដា​របស់​ស្ដេច និង​ពល​ទាហាន​ទាំង​អស់ បាន​ស្លាប់​ជា​មួយ​គ្នា ក្នុង​ថ្ងៃ​តែ​មួយ។

 

៧​​ ​​កាល​ទ័ព​ អ៊ីស្រាអែល​ដែល​ស្ថិត​នៅ​លើ​ភ្នំ​ម្ខាង​ទៀត និង​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ដឹង​ថា អ៊ីស្រាអែល​បាក់​ទ័ព ហើយ​ព្រះបាទ​សាអ៊ូល ព្រម​ទាំង​បុត្រា​សុគត​អស់ នោះ​ពួក​គេ​ក៏​បោះ​បង់​ទីក្រុង​ចោល រត់​ភៀស​ខ្លួន​អស់។ កងទ័ព​ភីលីស្ទីន​ចូល​មក​កាន់​កាប់​ក្រុង​ទាំង​នោះ។ ៨ ស្អែក​ឡើង ពួក​ភីលីស្ទីន​នាំ​គ្នា​ដើរ​ប្រមូល​របស់​របរ​ដែល​នៅ​ជាប់​នឹង​សាកសព ហើយ​ឃើញ​សាកសព​របស់​ព្រះបាទ​សាអ៊ូល និង​បុត្រា​ទាំង​បី​អង្គ នៅ​លើ​ភ្នំ​គីលបោ។ ៩ ពួក​គេ​ក៏​កាត់​ក​ស្ដេច ព្រម​ទាំង​ដោះ​គ្រឿង​សស្រ្ដាវុធ​ចេញ​ពី​សព​ផង រួច​ផ្ញើ​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​ភីលីស្ទីន​ទាំង​មូល។ គេ​ប្រកាស​ដំណឹង​នេះ​នៅ​តាម​វិហារ​នៃ​ព្រះ​របស់​ពួក​គេ និង​ក្នុង​ចំណោម​ប្រជាជន​ផង។ ១០ បន្ទាប់​មក ពួក​គេ​យក​គ្រឿង​សស្រ្ដាវុធ​របស់​ព្រះបាទ​សាអ៊ូល​ទៅ​តម្កល់​ទុក​ក្នុង​វិហារ​នៃ ​ព្រះ​អាស្តារ៉ូត ហើយ​យក​សព​របស់​ស្ដេច​ទៅ​ព្យួរ​នៅ​កំពែង​ក្រុង​បេតសាន។

 

១១ អ្នក​ក្រុង​យ៉ាបេស ក្នុង​ស្រុក​កាឡាដ បាន​ដឹង​អំពី​ហេតុការណ៍​ដែល​ពួក​ភីលីស្ទីន​ប្រព្រឹត្ត​ចំពោះ​ព្រះបាទ​សាអ៊ូល។ ១២ ពួក​ទាហាន​ដ៏​អង់អាច​នៅ ​ក្រុង​នោះ​ក៏​នាំ​គ្នា​ចេញ​ដំណើរ​ទៅ។ ក្រោយ​ពី​ដើរ​អស់​រយៈ​ពេល​ពេញ​មួយ​យប់ ពួក​គេ​បាន​ទៅ​ដល់​ក្រុង​បេតសាន ហើយ​ស្រាយ​សព​របស់​ព្រះបាទ​សាអ៊ូល និង​បុត្រា ចុះ​ពី​កំពែង​ក្រុង​នោះ រួច​នាំ​គ្នា​វិល​ត្រឡប់​មក​ក្រុង​យ៉ាបេស​វិញ យក​សព​ទាំង​នោះ​ទៅ​បូជា។ ១៣ ពួក​គេ​រើស​ធាតុ​យក​ទៅ​បញ្ចុះ​ក្រោម​ដើម​ជ្រៃ​នៅ​ក្រុង​យ៉ាបេស ហើយ​នាំ​គ្នា​តម​អាហារ ចំនួន​ប្រាំពីរ​ថ្ងៃ។