វិរបុរស

ក័ណ្ឌគម្ពីរ  «វិរបុរស»  រៀបរាប់ព្រឹត្តិការណ៍ផ្សេងៗ ដែលកើតមាននៅស្រុកអ៊ីស្រាអែល​ចាប់ពីគ្រាដែល​ពួកគេចូលកាន់ កាប់ទឹកដី   រហូតដល់គ្រាមានស្តេចឡើងគ្រងរាជ្យ​គឺជាអំឡុងពេលដែលជនជាតិអ៊ីស្រា​អែលជួបប្រទះភាពវឹកវរ  ​និង​  អាណាធិបតេយ្យ។ ​ពួកវិរបុរសមានតួនាទី  មិនត្រឹមតែធ្វើជាចៅក្រម​កាត់ក្តីអោយប្រជាជនប៉ុណ្ណោះទេ​តែលោកទាំងនោះ ទទួលអំណាចពីព្រះជាម្ចាស់​ដើម្បីគ្រប់ គ្រងលើ​ប្រជារាស្ត្រអ៊ីស្រាអែល ​ហើយរំដោះកុលសម្ព័ន្ធនានាអោយរួចផុតពីកណ្តាប់ដៃ របស់ខ្មាំងសត្រូវ។

យើងអាចបែង​​​ចែកក័ណ្ឌគម្ពីរវិរបុរស​ជាបីផ្នែក  :

 

  • ព្រឹត្តិការណ៍ដែលកើតមានចាប់ពីពេលជនជាតិអ៊ីស្រាអែលចូលកាន់កាប់ទឹកដី   រហូតដល់ពេល​លោកយ៉ូស៊ូអា​ទទួលម​រណ​ភាព​​  (១.​១  -  ២.​១០)។
  • ព្រះជាម្ចាស់ជ្រើសរើសវិរបុរសផ្សេងៗអោយរំដោះប្រជារាស្ត្ររបស់ព្រះអង្គ  (២.​១១  -  ១៦.​៣១)។
  • អាណាធិបតេយ្យក្នុងចំណោមកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល​មុនពេលមានស្តេចសោយរាជ្យ​(១៧  -  ២១)។

ក័ណ្ឌគម្ពីរវិរបុរសបង្ហាញអោយយើងឃើញថា​  សេចក្តីសុខ  ឬ  ទុក្ខលំបាក  ដែលជនជាតិអ៊ីស្រាអែលជួប​ប្រទះ   សុទ្ធសឹងជា​លទ្ធ​ផល​​នៃទំនាក់ទំនងរវាងពួកគេ  និង  ព្រះជាម្ចាស់។​  ពេលណាពួកគេបោះបង់ចោល​ព្រះជាម្ចាស់  ​  ពួកគេត្រូវជាតិសាសន៍​នានានៅជុំវិញ​ជិះជាន់សង្កត់សង្កិន  ​ប៉ុន្តែ  ​ពេលណាពួកគេបែរចិត្ត​មករកព្រះអង្គវិញ  ​ព្រមទាំងទូលអង្វរសូមព្រះអង្គជួយ ​នោះព្រះអង្គរំដោះពួក​គេ​អោយរួចពីកណ្តាប់ដៃ​របស់ខ្មាំងសត្រូវ។ ​ជាញឹកញាប់  ​ជនជាតិអ៊ីស្រាអែលចេះតែមានចិត្តចង់គោរព បំរើព្រះរបស់សាសន៍​ដទៃ​ឬ  ​គោរពព្រះជាម្ចាស់​  ដោយចង់បានផលប្រយោជន៍ផ្ទាល់ខ្លួន  (ចំពូក  ១៧  -  ១៨)​មិនប្រតិបត្តិតាម​ព្រះបន្ទូលរបស់ព្រះអង្គ  (ចំពូក  ១៩  -  ២១)។​ ធ្វើដូច្នេះ  ពួកគេបណ្តាលអោយខ្លួនជួបនឹងភាពអាសន្ន  ​ហើយប្រសិន​បើព្រះជាម្ចាស់មិនជួយទេនោះ  ​ពួកគេមុខជាត្រូវ​អន្ត​រាយ​​មិនខាន។ ​

ក័ណ្ឌគម្ពីរនេះណែនាំយើងអោយយល់ថា  ​ប្រជាជាតិរបស់ព្រះជាម្ចាស់ពុំអាចរស់នៅក្នុងភាពអាណាធិប​តេយ្យ   ​  គឺម្នាក់ៗពុំអាច​ប្រ​ព្រឹត្តតាមតែខ្លួនយល់ឃើញនោះបានឡើយ។ ​ការបោះបង់ចោលព្រះជាម្ចាស់​ហើយមិនព្រមទទួលស្គាល់អំណាចរបស់ព្រះអង្គ​រមែង​បណ្តាលអោយយើងបាត់បង់សេរីភាពជា​ប្រជារាស្ត្រ​របស់ព្រះអង្គ។

 

វីរបុរស

(ចៅហ្វាយ)

 

បុរេកថា

ជន​ជាតិ​អ៊ីស្រាអែល​ចូល​ទៅ​កាន់​ទឹក​ដី​កាណាន

១ ក្រោយ​ពេល​លោក​យ៉ូស៊ូអា​ទទួល​មរណភាព​ផុត​ទៅ ជន​ជាតិ​អ៊ីស្រាអែល​ទូល​សួរ​ព្រះអម្ចាស់​ថា៖ «ក្នុង​ចំណោម​យើង​ខ្ញុំ តើ​កុលសម្ព័ន្ធ​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ជន​ជាតិ​កាណាន​មុន​គេ»?។ ២ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​តប​ថា៖ «កុលសម្ព័ន្ធ​យូដា​ត្រូវ​ឡើង​ទៅ​មុន ដ្បិត​យើង​បាន​ប្រគល់​ស្រុក​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ​ហើយ»។ ៣ កុលសម្ព័ន្ធ​យូដា​ក៏​ និយាយ​ទៅ​កាន់​កុលសម្ព័ន្ធ​ស៊ីម៉ូន ជា​បង​ប្អូន​ថា៖ «សុំ​ឡើង​ជា​មួយ​យើង​ខ្ញុំ ឆ្ពោះ​ទៅ​កាន់​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​យើង​ខ្ញុំ យើង​ច្បាំង​នឹង​ជន​ជាតិ​កាណាន​ជា​មួយ​គ្នា។ បន្ទាប់​មក យើង​ខ្ញុំ​នឹង​ទៅ​ច្បាំង​យក​ទឹក​ដី​ ដែល​ជា​ចំណែក​មត៌ក​របស់​បង​ប្អូន រួម​ជា​មួយ​បង​ប្អូន​ដែរ»។ ដូច្នេះ កុលសម្ព័ន្ធ​ស៊ីម៉ូន​ក៏​រួបរួម​នឹង ៤ កុលសម្ព័ន្ធ​យូដា ហើយ​ចេញ​ទៅ​ច្បាំង​ជា​មួយ​គ្នា។ ព្រះអម្ចាស់​ក៏​ប្រទាន​អោយ​គេ​មាន​ជ័យជំនះ​លើ​ជន​ ជាតិ​កា​ណាន និង​ជន​ជាតិ​ពេរីស៊ី។ ពួក​គេ​បាន​សម្លាប់​ខ្មាំង​សត្រូវ​អស់​មួយ​ម៉ឺន​នាក់ នៅ​បេសេក។ ៥ នៅ​បេសេក ពួក​គេ​បាន​ជួប​ស្ដេច​អាដូនី-បេសេក ហើយ​នាំ​គ្នា​ច្បាំង​នឹង​ស្ដេច​នោះ។ ពួក​គេ​ច្បាំង​ឈ្នះ​ជន​ជាតិ​កាណាន និង​ជន​ជាតិ​ពេរីស៊ី។ ៦ ស្ដេច​អាដូនី-បេសេក​ក៏​រត់​ភៀស​ខ្លួន តែ​ត្រូវ​ពួក​គេ​ដេញ​តាម​ចាប់​បាន ហើយ​កាត់​មេ​ដៃ និង​មេ​ជើង​របស់​ស្ដេច​ទៀត​ផង។ ៧ ស្ដេច​អាដូនី-បេសេក​មាន​ រាជឱង្ការ​ថា៖ «ខ្ញុំ​បាន​កាត់​មេ​ដៃ និង​មេ​ជើង​របស់​ស្ដេច​ចិតសិប​អង្គ ហើយ​ស្ដេច​ទាំង​នោះ​រើស​សំណល់​អាហារ នៅ​ក្រោម​តុ​របស់​ខ្ញុំ។ ឥឡូវ​នេះ ព្រះជាម្ចាស់​បាន​សង​មក​ខ្ញុំ​វិញ ស្រប​តាម​អំពើ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត»។ គេ​បាន​នាំ​ស្ដេច​អាដូនី-បេសេក​ទៅ​ក្រុង​យេរូសាឡឹម ហើយ​ស្ដេច​ក៏​សោយ​ទិវង្គត​នៅ​ទី​នោះ។

 

៨ កុលសម្ព័ន្ធ​យូដា​វាយ​យក​បាន​ក្រុង​យេរូសាឡឹម​ដែរ ពួក​គេ​សម្លាប់​រង្គាល​ប្រជាជន រួច​ដុត​ក្រុង​នោះ​ចោល។ ៩ បន្ទាប់​មក កុលសម្ព័ន្ធ​យូដា​ក៏​ចុះ​ទៅ​ច្បាំង​នឹង​ជន​ជាតិ​កាណាន ដែល​រស់​នៅ​តាម​តំបន់​ភ្នំ តំបន់​ណេកិប និង​តំបន់​វាល​ទំនាប​ថែម​ទៀត​ផង។

 

១០ កុលសម្ព័ន្ធ​យូដា ​បាន​វាយ​ប្រហារ​ជន​ជាតិ​កាណាន ដែល​រស់​នៅ​ក្រុង​ហេប្រូន ពី​ដើម​ហៅ​ថា​គៀរីយ៉ាត-អារបា ហើយ​ពួក​គេ​បាន​ប្រហារ​អំបូរ​សេសាយ អំបូរ​អហ៊ីម៉ាន់ និង​អំបូរ​តាល់ម៉ាយ​ដែរ។ ១១ ពី​ទី​នោះ ពួក​គេ​វាយ​ប្រហារ​ប្រជាជន​នៅ​ក្រុង​ដេបៀរ​(ពី​ដើម​ហៅ​ថា​គៀរីយ៉ាត-សេភែរ)។ ១២ គ្រា​នោះ លោក​កាលែប​មាន​ប្រសាសន៍​ថា៖ «បើ​នរណា​វាយ​យក​ក្រុង​គៀរីយ៉ាត-សេភែរ​បាន ខ្ញុំ​នឹង​លើក​កូន​ស្រី​របស់​ខ្ញុំ ឈ្មោះ​នាង​អាក់សា​អោយ​ធ្វើ​ជា​ប្រពន្ធ»​។ ១៣ ពេល​នោះ លោក​អូតនីអែល ជា​កូន​របស់​លោក​កេណាស ដែល​ត្រូវ​ជា​ប្អូន​លោក​កាលែប វាយ​យក​ក្រុង​បាន។ លោក​កាលែប​ក៏​លើក​នាង​អាក់សា ជា​កូន​ស្រី អោយ​ធ្វើ​ជា​ភរិយា​របស់​គាត់។ ១៤ ពេល​ទៅ​នៅ​ជា​មួយ​ប្ដី​ ហើយ នាង​ក៏​បបួល​ប្ដី​អោយ​ទាមទារ​យក​ដី​ស្រែ​ពី​ឪពុក​នាង។ កាល​នាង​ចុះ​ពី​លើ​ខ្នង​លា លោក​កាលែប​សួរ​នាង​ថា៖ «តើ​កូន​មាន​ការ​អ្វី?»។ ១៥ នាង​ឆ្លើយ​តប​ថា៖ «សូម​លោក​ឪពុក​មេត្តា​អនុគ្រោះ​ដល់​កូន ដី​ដែល​លោក​ឪពុក​អោយ​កូន​នៅ​តំបន់​ខាង​ត្បូង​នោះ គ្មាន​ទឹក​ទេ ដូច្នេះ សូម​លោក​ឪពុក​មេត្តា​ចែក​អណ្ដូង​ទឹក​អោយ​កូន​ផង»។ លោក​កាលែប​ក៏​ចែក​អណ្ដូង​ទឹក​ដែល​នៅ​ខាង​លើ និង​នៅ​ខាង​ក្រោម អោយ​នាង។

 

១៦ ជន​ជាតិ ​គេនី ជា​ពូជពង្ស​របស់​ឪពុក​ក្មេក​លោក​ម៉ូសេ បាន​ចាក​ចេញ​ពី​ក្រុង​យេរីខូ គឺ​ក្រុង​ដើម​លម៉ើ ជា​មួយ​កូន​ចៅ​យូដា ឆ្ពោះ​ទៅ​វាល​រហោស្ថាន​ស្រុក​យូដា ដែល​នៅ​ខាង​ត្បូង​ស្រុក​អារ៉ាដ ហើយ​តាំង​ទី​លំនៅ​ក្នុង​ចំណោម​ប្រជាជន​នៅ​ស្រុក​នោះ។ ១៧ បន្ទាប់​មក កុលសម្ព័ន្ធ​យូដា រួម​ជា​មួយ​កុលសម្ព័ន្ធ​ស៊ីម៉ូន ជា​បង​ប្អូន នាំ​គ្នា​ចេញ​ទៅ​ច្បាំង​ជា​មួយ​ជន​ជាតិ​កាណាន​នៅ​ក្រុង​សេផាត ពួក​គេ​បំផ្លាញ​ក្រុង​នោះ ថ្វាយ​ផ្ដាច់*​ដល់​ព្រះអម្ចាស់ រួច​ហៅ​ក្រុង​នោះ​ថា​ហ៊រម៉ា​។ ១៨ កុលសម្ព័ន្ធ​យូដា​ក៏​វាយ​យក​បាន​ក្រុង​កាសា ក្រុង​អាស្កាឡូន និង​ក្រុង​អេក្រូន ព្រម​ទាំង​ទឹក​ដី​ដែល​នៅ​ជុំវិញ​ក្រុង​ទាំង​នោះ​ផង។ ១៩ ព្រះអម្ចាស់​ គង់​នៅ​ជា​មួយ​កុលសម្ព័ន្ធ​យូដា ហើយ​ប្រទាន​អោយ​ពួក​គេ​ត្រួតត្រា​លើ​តំបន់​ភ្នំ ប៉ុន្តែ ពួក​គេ​ពុំ​អាច​បណ្ដេញ​ប្រជាជន​ដែល​រស់​នៅ​តាម​តំបន់​ជ្រលង​ភ្នំ​បាន​ទេ ព្រោះ​អ្នក​ទាំង​នោះ​មាន​រទេះ​ចំបាំង​ធ្វើ​អំពី​ដែក។

 

២០ ពួក​គេ​ បាន​ប្រគល់​ក្រុង​ហេប្រូន​ជូន​លោក​កាលែប ដូច​លោក​ម៉ូសេ​បាន​បង្គាប់​ទុក ហើយ​លោក​កាលែប​ក៏​បណ្ដេញ​អំបូរ​អណាក់​ទាំង​បី​ រួច​កាន់​កាប់​ក្រុង​នោះ​ទៅ។ ២១ រីឯ​កុលសម្ព័ន្ធ​ បេនយ៉ាមីន​វិញ គេ​មិន​បាន​បណ្ដេញ​ជន​ជាតិ​យេប៊ូស ដែល​រស់​នៅ​ក្រុង​យេរូសាឡឹម​ទេ។ ដូច្នេះ ជន​ជាតិ​យេប៊ូស​ក៏​រស់​ជា​មួយ​កុលសម្ព័ន្ធ​បេនយ៉ាមីន នៅ​ក្រុង​យេរូសាឡឹម​រហូត​ដល់​សព្វ​ថ្ងៃ។ ២២ ចំណែក​ឯ​ពូជពង្ស​របស់​លោក​យ៉ូសែប​វិញ​ ក៏​ចេញ​ទៅ​ច្បាំង​នឹង​ក្រុង​បេតអែល​ដែរ ហើយ​ព្រះអម្ចាស់​គង់​នៅ​ជា​មួយ​ពួក​គេ។ ២៣ ដំបូង គេ​បញ្ជូន​មនុស្ស​អោយ​ទៅ​ស៊ើប​មើល​ទីក្រុង​នោះ ដែល​ពី​ដើម​មាន​ឈ្មោះ​ថា«លូស»។ ២៤ ពេល​ឃើញ​បុរស​ម្នាក់​ ចេញ​ពី​ទីក្រុង អ្នក​ស៊ើបការណ៍​ក៏​ពោល​ទៅ​គាត់​ថា៖ «តើ​គេ​អាច​ចូល​ទៅ​ទីក្រុង​តាម​ផ្លូវ​ណា ចូរ​ប្រាប់​យើង​មក៍ យើង​នឹង​ប្រណី​ដល់​អ្នក»។ ២៥ បុរស​នោះ​ក៏​បង្ហាញ​ ផ្លូវ​ចូល​ទៅ​ទីក្រុង។ ពួក​គេ​ប្រហារ​ជីវិត​អ្នក​ក្រុង​នោះ ដោយ​មុខ​ដាវ តែ​គេ​ទុក​អោយ​បុរស​នោះ និង​គ្រួសារ​គាត់​ទាំង​មូល​ចាក​ចេញ​ទៅ។ ២៦ បុរស​នោះ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​ហេត ហើយ​សង់​ក្រុង​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា «លូស» ជា​ឈ្មោះ​ដែល​គេ​ហៅ​រហូត​ដល់​សព្វ​ថ្ងៃ។

 

២៧ រីឯ​កុលសម្ព័ន្ធ​ម៉ាណាសេ​វិញ គេ​មិន​បាន​បណ្ដេញ​ពួក​អ្នក​ស្រុក​ដែល​រស់​នៅ​ក្រុង​បេតសៀន ក្រុង​តាណាក់ ក្រុង​ឌ័រ ក្រុង​យីបឡាម និង​ក្រុង​មេគីដូ ព្រម​ទាំង​តំបន់​នានា​ជុំវិញ​ក្រុង​ទាំង​នោះ​ទេ ដូច្នេះ ជន​ជាតិ​កាណាន​ក៏​រស់​នៅ​ក្នុង​ស្រុក​នោះ​ត​ទៅ​ទៀត។ ២៨ ពេល​ជន​ជាតិ​អ៊ីស្រាអែល​មាន​កម្លាំង គេ​ពុំ​បណ្ដេញ​ជន​ជាតិ​កាណាន​ចេញ​ពី​នោះ​ទេ តែ​គេ​បង្ខំ​ពួក​នោះ​អោយ​ធ្វើ​ការ​ជា​ទម្ងន់។

 

២៩ កុលសម្ព័ន្ធ ​អេប្រាអ៊ីម​ក៏​មិន​បាន​បណ្ដេញ​ជន​ជាតិ​កា​ណាន ដែល​រស់​នៅ​ក្រុង​កេស៊ែរ​ដែរ ដូច្នេះ ពួក​នេះ​ក៏​រស់​នៅ​ក្នុង​ចំណោម​កុលសម្ព័ន្ធ​អេប្រាអ៊ីម នៅ​ក្រុង​កេស៊ែរ​ត​ទៅ​ទៀត។

 

៣០ កុលសម្ព័ន្ធ ​សាប៊ូឡូន​ក៏​មិន​បាន​បណ្ដេញ​អ្នក​ស្រុក​គីត្រូន និង​អ្នក​ស្រុក​ណាហាឡុល ចេញ​ពី​ស្រុក​នោះ​ដែរ។ ជន​ជាតិ​កាណាន​ក៏​រស់​នៅ​ជា​មួយ​កុលសម្ព័ន្ធ​សាប៊ូឡូន តែ​ត្រូវ​គេ​បង្ខំ​អោយ​ធ្វើ​ការ​ជា​ទម្ងន់។

 

៣១ កុលសម្ព័ន្ធ​អស៊ែរ​មិន​បាន​បណ្ដេញ​អ្នក​ស្រុក​អាក់កូ ស៊ីដូន អាឡាប អាក់ស៊ីប ហែលបា អាភីក និង​រេហូប​ចេញ​ទេ។ ៣២ កុលសម្ព័ន្ធ​អស៊ែរ​ក៏​រស់​នៅ​ជា​មួយ​ជន​ជាតិ​កាណាន​ក្នុង​ស្រុក​នោះ ព្រោះ​គេ​មិន​បាន​បណ្ដេញ​ជន​ជាតិ​ទាំង​នោះ​ចេញ​ពី​ស្រុក​ឡើយ។

 

៣៣ កុលសម្ព័ន្ធណែបថាលី ​ក៏​មិន​បាន​បណ្ដេញ​ជន​ជាតិ​កាណាន ដែល​រស់​នៅ​ក្រុង​បេតសេម៉េស និង​ក្រុង​បេតអាណាត​ដែរ។ ពួក​គេ​រស់​នៅ​ជា​មួយ​ជន​ជាតិ​កាណាន​ក្នុង​ស្រុក​នោះ តែ​បង្ខំ​អ្នក​ក្រុង​បេតសេម៉េស និង​អ្នក​ក្រុង​បេតអាណាត​អោយ​ធ្វើ​ការ​ជា​ទម្ងន់។

 

៣៤ ជន​ជាតិ​អាម៉ូរី ​បាន​រុញ​ច្រាន​កុលសម្ព័ន្ធ​ដាន់​អោយ​ទៅ​រស់​នៅ​តាម​តំបន់​ភ្នំ គឺ​មិន​បណ្ដោយ​អោយ​ពួក​គេ​រស់​នៅ​ក្នុង​តំបន់​ជ្រលង​ភ្នំ​ឡើយ។ ៣៥ ជន​ជាតិ​អាម៉ូរី​រស់​នៅ ​ក្រុង​ហារ-ហេរ៉ែស អាយ៉ាឡូន និង​សាលប៊ីម។ ប៉ុន្តែ​ក្រោយ​មក ពូជពង្ស​របស់​លោក​យ៉ូសែប​មាន​កម្លាំង​ត្រួតត្រា​លើ​ពួក​គេ និង​បង្ខំ​ពួក​គេ​អោយ​ធ្វើ​ការ​ជា​ទម្ងន់។ ៣៦ រីឯ​ដែន​ដី​របស់​ជន​ជាតិ​អាម៉ូរី​នោះ​លាត​សន្ធឹង​ពី​ច្រក​ភ្នំ​អាក្រាប៊ីម គឺ​ចាប់​តាំង​ពី​ផ្ទាំង​ថ្ម​សិលា​ឡើង​ទៅ។

ព្រះអម្ចាស់​ស្ដី​បន្ទោស​ប្រជារាស្ត្រ​របស់​ព្រះអង្គ

១ នៅ​គ្រា​នោះ ទេវទូតរបស់​ព្រះអម្ចាស់​ បាន​ឡើង​ពី​គីលកាល់​ទៅ​បូគីម ហើយ​ពោល​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល​ថា៖ «យើង​បាន​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​នាំ​ចូល​មក​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​ជា​មួយ​ពួក​បុព្វបុរស​ថា​ប្រគល់​អោយ​អ្នក​រាល់​គ្នា។ យើង​បាន​ប្រាប់​ហើយ​ថា យើង​នឹង​មិន​ផ្ដាច់​សម្ពន្ធមេត្រី​ដែល​យើង​ចង​ជា​មួយ​អ្នក​រាល់​គ្នា​ឡើយ​។ ២ រីឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ចង​សម្ពន្ធមេត្រី​ជា​មួយ​ប្រជាជន​ស្រុក​នេះ​ទេ ត្រូវ​រំលំ​អាសនៈ​ទាំងឡាយ​របស់​គេ​ចោល​។ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ស្ដាប់​យើង​សោះ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះ? ៣ ដូច្នេះ យើង​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា យើង​នឹង​មិន​បណ្ដេញ​អ្នក​ស្រុក​នេះ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ឡើយ ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​គូ​សត្រូវ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​នៃ​ព្រះ​នានា​របស់​ពួក​គេ»។ ៤ នៅ​ពេល​ឮ​ទេវ​ទូត​របស់​ព្រះអម្ចាស់​ពោល​ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ក៏​នាំ​គ្នា​ទ្រហោ​យំ។ ៥ គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា បូគីម ហើយ​នាំ​គ្នា​ថ្វាយ​យញ្ញបូជា​ដល់​ព្រះអម្ចាស់។

 

លោក​យ៉ូស៊ូអា​ទទួល​មរណភាព

៦ លោក​យ៉ូយ៉ូស៊ូអា​​បាន​អោយ​ ប្រជាជន​វិល​ត្រឡប់​ទៅ​វិញ​ ជន​ជាតិ​អ៊ីស្រាអែល​ក៏​នាំ​គ្នា​ទៅ​ចាប់​យក​ចំណែក​ទឹក​ដី ដែល​ជា​មត៌ក​របស់​គេ​រៀងៗ​ខ្លួន។ ៧ ពួក​គេ​គោរព​បំរើ​ព្រះអម្ចាស់ ក្នុង​អំឡុង​ពេល​ដែល​លោក​យ៉ូយ៉ូស៊ូអា​មាន​ជីវិត​នៅ​ឡើយ។ ក្រោយ​លោក​ទទួល​មរណភាព​ផុត​ទៅ គេ​នៅ​តែ​គោរព​បំរើ​ព្រះអង្គ​ត​ទៅ​ទៀត ក្នុង​អំឡុង​ពេល​ដែល​ពួក​ចាស់​ទុំ​នៅ​រស់​នៅ​ឡើយ​ដែរ គឺ​ចាស់​ទុំ​ដែល​បាន​ឃើញ​ការ​អស្ចារ្យ​ដ៏​ឧត្ដុង្គឧត្ដម ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល។ ៨ លោក​យ៉ូយ៉ូស៊ូអា​ដែល​ជា​កូន​របស់​លោក​នូន និង​ជា​អ្នក​បំរើ​របស់​ព្រះអម្ចាស់ បាន​ទទួល​មរណភាព ក្នុង​ជន្មាយុ​មួយ​រយ​ដប់​ឆ្នាំ​។ ៩ គេ​បាន​បញ្ចុះ​សព​របស់​ លោក​នៅ​ក្នុង​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​លោក នៅ​ទីមណាត-ហេរេស​ ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម ខាង​ជើង​ភ្នំ​កាស។ ១០ មនុស្ស​ជំនាន់​នោះ​ក៏​ ទៅ​ជួបជុំ​នឹង​ដូនតា​របស់​គេ ដែល​ចែក​ស្ថាន​ទៅ​ហើយ ហើយ​មាន​មនុស្ស​មួយ​ជំនាន់​ទៀត​កើត​មក​តាម​ក្រោយ។ អ្នក​ទាំង​នេះ​មិន​បាន​ស្គាល់​ព្រះអម្ចាស់ ហើយ​ក៏​មិន​ស្គាល់​ស្នា​ព្រះហស្ដ ដែល​ព្រះអង្គ​បាន​ធ្វើ​ចំពោះ​អ៊ីស្រាអែល​ដែរ។

 

ប្រជាជន​អ៊ីស្រាអែល​បោះ​បង់​ចោល​ព្រះអម្ចាស់

១១ ជន​ជាតិ​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ដោយ​នាំ​គ្នា​គោរព​បំរើ​ព្រះ​បាល។ ១២ ពួក​គេ​បាន​បោះ​បង់​ចោល​ព្រះជាអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​គេ ដែល​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីប​មក។ គេ​បែរ​ទៅ​គោរព​ព្រះ​ផ្សេងៗ​ទៀត ក្នុង​ចំណោម​ព្រះ​នានា​របស់​ប្រជាជន​ដែល​រស់​នៅ​ជុំវិញ​ពួក​គេ។ ពួក​គេ​ក្រាប​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ ជា​ហេតុ​បណ្ដាល​អោយ​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ។ ១៣ ពួក​គេ​បាន​បោះ​បង់​ចោល​ព្រះអម្ចាស់ ទៅ​គោរព​បំរើ​ព្រះ​បាល និង​ព្រះអាស្ដារ៉ូត​វិញ។ ១៤ ព្រះអម្ចាស់​ ទ្រង់​ព្រះពិរោធ​នឹង​ជន​ជាតិ​អ៊ីស្រាអែល​យ៉ាង​ខ្លាំង ព្រះអង្គ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ចោរ​ព្រៃ ដែល​ប្លន់​យក​ទ្រព្យសម្បត្តិ​ពួក​គេ ព្រះអង្គ​ប្រគល់​ពួក​គេ​ទៅ​អោយ​ខ្មាំង​សត្រូវ​នៅ​ជុំវិញ យក​ទៅ​ធ្វើ​ជា​ទាស​ករ​។ ពួក​គេ​ពុំ​អាច​ទប់​ទល់​នឹង​ខ្មាំង​សត្រូវ​ទៀត​ឡើយ។ ១៥ រាល់​ពេល​ដែល​ពួក​គេ​ចេញ​ទៅ​ច្បាំង ព្រះអម្ចាស់​ធ្វើ​អោយ​ពួក​គេ​បរាជ័យ​ជានិច្ច ដូច​ទ្រង់​មាន​ព្រះបន្ទូល​ព្រមាន​រួច​ស្រេច​ហើយ។ ដូច្នេះ ពួក​គេ​កើត​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង។ ១៦ គ្រា​នោះ ព្រះអម្ចាស់​បាន​ធ្វើ​អោយ​មាន​ពួក​វិរបុរស​ក្រោក​ឡើង រំដោះ​ពួក​គេ​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ចោរ​ព្រៃ។ ១៧ ប៉ុន្តែ ពួក​គេ​មិន​ស្ដាប់​បង្គាប់​អស់​លោក​វិរបុរស​ ជា​អ្នក​ដឹក​នាំ​របស់​ខ្លួន​ឡើយ ពួក​គេ​នាំ​គ្នា​ក្បត់​ព្រះជាម្ចាស់​​ទៅ​គោរព​ថ្វាយបង្គំ​ព្រះ​ដទៃ។ ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា​របស់​បុព្វបុរស គឺ​ពួក​គេ​ពុំ​បាន​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ព្រះអម្ចាស់ ដូច​ពួក​បុព្វបុរស​ទេ។ ១៨ ពេល​ព្រះអម្ចាស់​ តែងតាំងវិរបុរស​​ណា​ម្នាក់​អោយ​ដឹក​នាំ​ពួក​គេ ព្រះអង្គ​គង់​ជា​មួយ​វិរបុរស​​នោះ ហើយ​រំដោះ​ពួក​គេ​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ក្នុង​មួយ​ជីវិត​របស់​លោក ដ្បិត​ព្រះអម្ចាស់​អាណិត​មេត្តា​ពួក​គេ នៅ​ពេល​ឮ​ពួក​គេ​ស្រែក​ថ្ងូរ ដោយ​ខ្មាំង​សត្រូវ​សង្កត់សង្កិន និង​ធ្វើ​បាប។ ១៩ លុះវិរបុរស​​​នោះ​ទទួល​ មរណភាព​ផុត​ទៅ ពួក​គេ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​សា​ជា​ថ្មី លើស​ដូនតា​ទៅ​ទៀត។ ពួក​គេ​បែរ​ទៅ​គោរព​បំរើ និង​ក្រាប​ថ្វាយបង្គំ​ព្រះ​ដទៃ គឺ​ពួក​គេ​ពុំ​បាន​លះបង់​អំពើ​អាក្រក់ និង​ចរិត​រឹង​ចចេស​របស់​ខ្លួន​ឡើយ។ ២០ ​ពេល​​​នោះ ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​នឹង​ជន​ជាតិ​ អ៊ីស្រាអែល​យ៉ាង​ខ្លាំង ហើយ​មាន​ព្រះបន្ទូល​ថា៖ «ប្រជាជាតិ​នេះ​បាន​ផ្ដាច់​សម្ពន្ធមេត្រី​ដែល​យើង​ចង​ជា​មួយ​បុព្វបុរស​របស់​គេ ហើយ​មិន​ព្រម​ស្ដាប់​បង្គាប់​យើង​ទេ ២១ ដូច្នេះ យើង​ក៏​នឹង​មិន​បណ្ដេញ​ប្រជាជាតិ​ណា​មួយ ក្នុង​ចំណោម​ប្រជាជាតិ​នានា​ដែល​យ៉ូស៊ូអា​បន្សល់​ទុក ក្រោយ​ពេល​គាត់​ស្លាប់​ទៅ​នោះ​ដែរ។ ២២ យើង​នឹង​ប្រើ​ប្រជាជាតិ ​ទាំង​នោះ ដើម្បី​ល្បងល​មើល​អោយ​ដឹង​ថា តើ​អ៊ីស្រាអែល​ដើរ​តាម​មាគ៌ា​របស់​យើង ដូច​បុព្វបុរស​របស់​គេ​ឬ​យ៉ាង​ណា»។

 

២៣ ព្រះអម្ចាស់​ ទុក​ប្រជាជាតិ​ទាំងឡាយ ដែល​ព្រះអង្គ​មិន​បាន​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​យ៉ូស៊ូអា អោយ​រស់​នៅ​ក្នុង​ស្រុក​ត​ទៅ​មុខ​ទៀត គឺ​ព្រះអង្គ​មិន​ប្រញាប់​បណ្ដេញ​ពួក​គេ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន​ឡើយ។

១ ព្រះអម្ចាស់​ បាន​ទុក​ប្រជាជាតិ​ទាំង​នោះ​អោយ​រស់​នៅ​ក្នុង​ស្រុក ដើម្បី​ល្បងល​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ដែល​មិន​ចូល​រួម​ធ្វើ​សង្គ្រាម​ដណ្ដើម​យក​ទឹក​ដី​កាណាន។ ២ ព្រះអង្គ​គ្រាន់​តែ​សព្វ​ព្រះហឫទ័យ ​អោយ​កូន​ចៅ​អ៊ីស្រាអែល​ជំនាន់​ក្រោយ គឺ​ពួក​ដែល​មិន​ធ្លាប់​ច្បាំង​បាន​ហាត់​រៀន​ធ្វើ​សង្គ្រាម​។ ៣ ប្រជាជាតិ​ទាំង​នោះ​មាន​ ដូច​ត​ទៅ: ជន​ជាតិ​ភីលីស្ទីន​ទាំង​ប្រាំ​នគរ ជន​ជាតិ​កាណាន​ទាំង​អស់ ជន​ជាតិ​ស៊ីដូន និង​ជន​ជាតិ​ហេវី ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​លីបង់ ចាប់​តាំង​ពី​ភ្នំ​បាល-ហ៊ែរម៉ូន រហូត​ដល់លេបូ​ហាម៉ាត់។

៤ ព្រះអម្ចាស់​ ទុក​សាសន៍​ទាំង​នោះ ដើម្បី​ល្បងល​មើល​អោយ​ដឹង​ថា តើ​ជន​ជាតិ​អ៊ីស្រាអែល​គោរព​តាម​បទ​បញ្ជា ដែល​ព្រះអង្គ​ប្រទាន​មក​បុព្វបុរស​របស់​គេ តាម​រយៈ​លោក​ម៉ូសេ​ឬ​យ៉ាង​ណា។ ៥ ហេតុ​នេះ​ហើយ​បាន​ជា​ជន​ ជាតិ​អ៊ីស្រាអែល​រស់​នៅ​ក្នុង​ចំណោម​ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ពេរីស៊ី ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស។ ៦ គេ​យក​កូន​ស្រី​របស់​ សាសន៍​ទាំង​នោះ​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​ក៏​លើក​កូន​ស្រី​របស់​ខ្លួន​អោយ​រៀបការ​ជា​មួយ​កូន​ប្រុស​របស់​សាសន៍​ ទាំង​នោះ ព្រម​ទាំង​នាំ​គ្នា​គោរព​ថ្វាយបង្គំ​ព្រះ​នៃ​សាសន៍​ទាំង​នោះ​ថែម​ទៀត​ផង។

 

វិរបុរស​​ដប់ពីរ​រូប

 

លោក​អូតនីអែល

៧ ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ជា​ព្រះ​របស់​ពួក​គេ។ ពួក​គេ​បំភ្លេច​ព្រះអង្គ ហើយ​បែរ​ទៅ​គោរព​ព្រះ​បាល និង​ព្រះអាស្តារ៉ូត​វិញ។ ៨ ព្រះអម្ចាស់​ ទ្រង់​ព្រះពិរោធ​ជា​មួយ​ពួក​គេ ហើយ​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះបាទ​គូសាន-រីសាតាអ៊ីម ជា​ស្ដេច​ស្រុក​មេសូប៉ូតាមី។ ជន​ជាតិ​អ៊ីស្រាអែល​នៅ​ជា​ចំណុះ​ស្ដេច​នោះ​អស់​រយៈ​ពេល​ប្រាំ​បី​ឆ្នាំ។ ៩ ជន​ជាតិ​អ៊ីស្រាអែល​ស្រែក​អង្វរ​ព្រះ​អម្ចាស់ ព្រះអង្គ​ក៏​ធ្វើ​អោយ​មាន​អ្នក​សង្គ្រោះ​មួយ​រូប​ងើប​ឡើង​សង្គ្រោះ​ជន​ជាតិ​ អ៊ីស្រាអែល គឺ​លោក​អូតនីអែល ជា​កូន​របស់​លោក​កេណាស ដែល​ត្រូវ​ជា​ប្អូន​របស់​លោក​កាលែប។ ១០ ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​សណ្ឋិត​លើ​លោក​អូតនីអែល លោក​ក៏​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ប្រជាជន​អ៊ីស្រាអែល។ លោក​អូតនីអែល​ចេញ​ទៅ​ច្បាំង ហើយ​ព្រះអម្ចាស់​ប្រទាន​អោយ​លោក​មាន​ជ័យ​ជំនះ ដោយ​ប្រគល់​ព្រះបាទ​គូសានរីសាតាអ៊ីម ជា​ស្ដេច​ស្រុក​មេសូប៉ូតាមី មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក។ ១១ ស្រុក​ទេស​បាន​សុខសាន្តត្រាណ អស់​រយៈ​ពេល​សែសិប​ឆ្នាំ។ ក្រោយ​មក លោក​អូតនីអែល ជា​កូន​របស់​លោក​កេណាស ទទួល​មរណភាព​ទៅ។

 

លោក​អេហ៊ូដ

១២ ជន​ជាតិ​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់​សា​ជា​ថ្មី។ ហេតុ​នេះ ព្រះអម្ចាស់​បាន​ពង្រឹង​អំណាច​របស់​ព្រះបាទ​អេក្លូន ជា​ស្ដេច​ស្រុក​ម៉ូអាប់ អោយ​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល។ ១៣ ព្រះបាទ​អេក្លូន​បាន​ពួតដៃ​ជា​មួយ​ជន​ជាតិ​អាំម៉ូន និង​ជន​ជាតិ​អាម៉ាឡេក ទៅ​ច្បាំង​នឹង​អ៊ីស្រាអែល ហើយ​ដណ្ដើម​បាន​ក្រុង​ដើម​លម៉ើ​។ ១៤ ជន​ជាតិ​អ៊ីស្រាអែល​នៅ​ចំណុះ​ព្រះបាទ​អេក្លូន ជា​ស្ដេច​ស្រុក​ម៉ូអាប់ អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ។ ១៥ ជន​ជាតិ​អ៊ីស្រាអែល​ស្រែក​អង្វរ​ព្រះអម្ចាស់ ព្រះអង្គ​ក៏​ធ្វើ​អោយ​មាន​អ្នក​សង្គ្រោះ​មួយ​រូប​ងើប​ឡើង​សង្គ្រោះ​ពួក​គេ គឺ​លោក​អេហ៊ូដ ជា​កូន​របស់​លោក​កេរ៉ា ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន លោក​អេហ៊ូដ​ប្រើ​តែ​ដៃ​ឆ្វេង​ប៉ុណ្ណោះ។ នៅ​គ្រា​នោះ ជន​ជាតិ​អ៊ីស្រាអែល​ចាត់​លោក​អេហ៊ូដ​អោយ​នាំ​សួយសារអាករ​ទៅ​ថ្វាយ​ព្រះបាទ​ អេក្លូន ជា​ស្ដេច​ស្រុក​ម៉ូអាប់។ ១៦ លោក​អេហ៊ូដ​ធ្វើ​កាំ​បិត​មុខ​ពីរ ដែល​មាន​ប្រវែង​ប្រហែល​មួយ​ហត្ថ ហើយ​ចង​ផ្អោប​នឹង​ភ្លៅ​ស្ដាំ លាក់​ក្នុង​សម្លៀកបំពាក់​របស់​លោក។ ១៧ លោក​នាំ​សួយសារអាករ​ទៅ​ថ្វាយ​ព្រះបាទ​អេក្លូន ជា​ស្ដេច​ស្រុក​ម៉ូអាប់។ ព្រះបាទ​អេក្លូន​ធាត់​ណាស់។ ១៨ ក្រោយ​បាន​ថ្វាយ​សួយសារអាករ​រួច​ហើយ លោក​ក៏​វិល​ទៅ​វិញ​ជា​មួយ​អស់​អ្នក​ដែល​កាន់​សួយសារអាករ​មក។ ១៩ លុះ​មក​ដល់​ត្រង់​រូប​ បដិមា ដែល​នៅ​ជិត​គីលកាល់ លោក​បក​ក្រោយ ហើយ​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះករុណា ទូលបង្គំ​មាន​កិច្ចការ​សម្ងាត់​មួយ​ទូល​ថ្វាយ​ព្រះអង្គ»។ ស្ដេច​បញ្ជា​ទៅ​អ្នក​បំរើ​អោយ​ចេញ​ទៅ អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្ដេច​ក៏​នាំ​គ្នា​ចេញ​ទៅ។ ២០ ពេល​នោះ ស្ដេច​គង់​នៅ​ក្នុង​បន្ទប់​ត្រជាក់​ខាង​លើ ជា​កន្លែង​លំហែ​កាយ​សំរាប់​ស្ដេច​ផ្ទាល់។ លោក​អេហ៊ូដ​ចូល​ទៅ​ជិត ទូល​ថា៖ «ទូលបង្គំ​មាន​ព្រះបន្ទូល​ពី​ព្រះអម្ចាស់ សំរាប់​ទូល​ថ្វាយ​ព្រះករុណា​ផ្ទាល់!» ស្ដេច​ក៏​ក្រោក​ពី​កៅអី។ ២១ រំពេច​នោះ លោក​អេហ៊ូដ​លូក​ដៃ​ឆ្វេង​ដក​កាំបិត ដែល​ចង​ផ្អោប​នៅ​ភ្លៅ​ស្ដាំ រួច​ចាក់​ត្រង់​ពោះ​ស្ដេច ២២ មុត​កប់​រហូត​ដល់​ដង ហើយ​ខ្លាញ់​ពោះ​ក៏​បិទ​ភ្ជិត​កាំបិត​នោះ។ លោក​អេហ៊ូដ​មិន​បាន​ដក​កាំបិត​ចេញ​មក​វិញ​ទេ។

 

​២៣ បន្ទាប់​មក លោក​អេហ៊ូដ​បាន​បិទ​ទ្វារ​បន្ទប់ និង​ចាក់​សោ​យ៉ាង​ជិត រួច​ចេញ​មក​ក្រៅ​វិញ តាម​ច្រក​ខាង​ក្រោយ។ ២៤ កាល​លោក​អេហ៊ូដ​ចេញ​ផុត ​ទៅ អ្នក​បំរើ​មក​ដល់ ឃើញ​ទ្វារ​បន្ទប់​បិទ​ជិត ពួក​គេ​គិត​គ្នា​ថា «ស្ដេច​ប្រហែល​ជា​កំពុង​តែ​ដោះ​ទុក្ខ​សត្វ នៅ​ខាង​ក្នុង​នោះ​ហើយ​មើល​ទៅ!»។ ២៥ គេ​នាំ​គ្នា​រង់ចាំ រហូត​ទាល់​តែ​ចាប់​ផ្ដើម​បារម្ភ ព្រោះ​មិន​ឃើញ​ស្ដេច​បើក​ទ្វារ​បន្ទប់។ ដូច្នេះ គេ​ក៏​យក​សោ​ទៅ​ចាក់​បើក​ទ្វារ ហើយ​ឃើញ​ម្ចាស់​របស់​គេ​សុគត​នៅ​លើ​ឥដ្ឋ។ ២៦ ក្នុង​រយៈ​ពេល​ដែល​គេ​រង់ចាំ​នោះ លោក​អេហ៊ូដ​រត់​ឆ្ងាយ​ហួស​រូប​បដិមា ហើយ​ទៅ​ដល់​តំបន់​សៃរ៉ា។ ២៧ ពេល​ទៅ​ដល់ លោក​ផ្លុំ​ស្នែង​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម ជន​ជាតិ​អ៊ីស្រាអែល​ចុះ​ពី​ភ្នំ​ទៅ​ជា​មួយ​លោក លោក​ក៏​នាំ​មុខ​គេ។ ២៨ ​លោក​ប្រកាស​ថា៖ «ចូរ​មក​តាម​ខ្ញុំ ដ្បិត​ព្រះអម្ចាស់​ បាន​ប្រគល់​សាសន៍​ម៉ូអាប់ ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ!»។ ពួក​គេ​ទៅ​ជា​មួយ​លោក ហើយ​វាយ​យក​កន្លែង​ទឹក​រាក់ សំរាប់​ឆ្លង​ទន្លេ​យ័រដាន់ ពី​ជន​ជាតិ​ម៉ូអាប់ ពួក​គេ​មិន​អោយ​នរណា​ម្នាក់​ឆ្លង​តាម​នោះ​ឡើយ។ ២៩ នៅ​គ្រា​នោះ ពួក​គេ​បាន​សម្លាប់​ជន​ជាតិ​ម៉ូអាប់ អស់​ប្រហែល​មួយ​ម៉ឺន​នាក់ ដែល​សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ និង​ក្លាហាន​ផង គឺ​ឥត​ទុក​អោយ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ ៣០ ចាប់​តាំង​ពី​ពេល​នោះ​មក ជន​ជាតិ​ម៉ូអាប់ ​ស្ថិត​នៅ​ក្រោម​អំណាច​ត្រួតត្រា​របស់​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ស្រុក​ទេស​ក៏​បាន​សុខសាន្តត្រាណ អស់​រយៈ​ពេល​ប៉ែតសិប​ឆ្នាំ។

 

លោក​សាំការ

៣១ បន្ទាប់​ពី​លោក​អេហ៊ូដ លោក​សាំការ ជា​កូន​របស់​លោក​អណាត ក៏​បាន​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ដែរ គឺ​លោក​បាន​សម្លាប់​ជន​ជាតិ​ភីលីស្ទីន​អស់​ប្រាំ​មួយ​រយ​នាក់ ដោយ​ប្រើ​ជន្លួញ​គោ។

លោក​ស្រី​ដេបូរ៉ា និង​លោក​បារ៉ាក់

១​​ ក្រោយ​ពី​លោក​អេហ៊ូដ​ទទួល​មរណភាព​ផុត​ទៅ ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់​សា​ជា​ថ្មី​ទៀត។ ២ ហេតុ​នេះ ព្រះអម្ចាស់​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ របស់​ព្រះបាទ​យ៉ាប៊ីន ជា​ស្ដេច​ស្រុក​កាណាន ដែល​គង់​នៅ​ក្រុង​ហាសោរ។ មេទ័ព​របស់​ស្ដេច​ឈ្មោះ​ស៊ីសេរ៉ា រស់​នៅ​ក្រុង​ហារ៉ូសេតកូយឹម។ ៣ ព្រះបាទ​យ៉ាប៊ីន​មាន​រទេះដែក​ប្រាំ​បួន​រយ​គ្រឿង ហើយ​សង្កត់សង្កិន​ជន​ជាតិ​អ៊ីស្រាអែល​យ៉ាង​ខ្លាំង អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។ ហេតុ​នេះ​ហើយ​បាន​ជា​ជន​ជាតិ​អ៊ីស្រាអែល​ស្រែក​អង្វរ​ព្រះអម្ចាស់។

 

៤ នៅ​ជំនាន់​នោះ លោក​ស្រី​ដេបូរ៉ា ជា​ព្យាការិនី និង​ជា​ភរិយា​របស់​លោក​ឡាពីដូត បាន​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល។ ៥ លោក​ស្រី​ដេបូរ៉ា​តែង​ កាត់​ក្ដី​នៅ​ក្រោម​ដើម​លម៉ើ ដែល​ក្រោយ​មក​គេ​ហៅ​ថា​លម៉ើ​របស់​លោក​ស្រី​ដេបូរ៉ា ស្ថិត​នៅ​ចន្លោះ​ភូមិ​រ៉ាម៉ា និង​បេតអែល ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម។ ជន​ជាតិ​អ៊ីស្រាអែល​តែងតែ​ឡើង​ទៅ​រក​លោក​ស្រី​ដេបូរ៉ា អោយ​ជំនុំ​ជំរះ​រឿងរ៉ាវ​របស់​ពួក​គេ។ ៦ ថ្ងៃ​មួយ លោក​ស្រី​ដេបូរ៉ា​បាន​កោះ​ហៅ​លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ីណាំ ដែល​រស់​នៅ​ភូមិ​កេដែស ក្នុង​ដែន​ដី​ណែបថាលី ហើយ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​មក​លោក​ដូច​ត​ទៅ: “ចូរ​ទៅ​កេណ្ឌ​មនុស្ស​មួយ​ម៉ឺន​នាក់ ក្នុង​កុលសម្ព័ន្ធ​ណែបថាលី និង​សាប៊ូឡូន ហើយ​នាំ​គេ​ឡើង​ទៅ​លើ​ភ្នំ​តាប៊រ។ ៧ យើង​នឹង​ទាក់ទាញ​ស៊ីសេរ៉ា ជា​មេទ័ព​របស់​ស្ដេច​យ៉ាប៊ីន ព្រម​ទាំង​រទេះ​ចំបាំង និង​កងទ័ព​របស់​គេ អោយ​មក​ច្បាំង​នឹង​អ្នក​នៅ​ត្រង់​ទឹក​ជ្រោះ​គីសូន យើង​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក”»។ ៨ លោក​បារ៉ាក់​ឆ្លើយ​ឡើង​ថា៖ «បើ​លោក​ស្រី​អញ្ជើញ​ទៅ​ជា​មួយ​ខ្ញុំ ទើប​ខ្ញុំ​ព្រម​ទៅ តែ​បើ​លោក​ស្រី​មិន​អញ្ជើញ​ទៅ​ទេ នោះ​ខ្ញុំ​មិន​ព្រម​ទៅ​ឡើយ»។ ៩ លោក​ស្រី​ដេបូរ៉ា​តប​ថា៖ «បាន! ខ្ញុំ​នឹង​ទៅ​ជា​មួយ​លោក ប៉ុន្តែ លោក​មិន​បាន​ទទួល​កិត្តិយស​ក្នុង​ចំបាំង​នេះ​ទេ ដ្បិត​ព្រះអម្ចាស់​នឹង​ប្រគល់​ស៊ីសេរ៉ា​មក​ក្នុង​កណ្ដាប់​ដៃ​មនុស្ស​ស្រី»។ លោក​ស្រី​ដេបូរ៉ា​ក៏​ធ្វើ​ដំណើរ​ជា​មួយ​លោក​បារ៉ាក់​ទៅ​ភូមិ​កេដែស។ ១០ នៅ​ទី​នោះ លោក​បារ៉ាក់​បាន​កោះ​ហៅ​កុលសម្ព័ន្ធ​សាប៊ូឡូន និង​ណែបថាលី អោយ​មក​ជួបជុំ​គ្នា​នៅ​កេដែស។ មាន​មនុស្ស​មួយ​ម៉ឺន​នាក់​សំរេច​ចិត្ត​ទៅ​ជា​មួយ​លោក ហើយ​លោក​ស្រី​ដេបូរ៉ា​ក៏​ទៅ​ជា​មួយ​ដែរ។

 

១១ លោក​ហេប៊ែរ ជា​ជន​ជាតិ​គេនី បាន​បែក​ចេញ​ពី​ជន​ជាតិ​គេនី​ឯ​ទៀតៗ ដែល​ជា​ពូជពង្ស​របស់​លោក​ហូបាប់ បង​ថ្លៃ​របស់​លោក​ម៉ូសេ​។ គាត់​បោះ​ជំរំ​នៅ​ក្បែរ​ដើម​ជ្រៃ​សាណាអ៊ីម ជិត​ភូមិ​កេដែស។ ១២ មាន​គេ​ជំរាប​លោក​ស៊ីសេរ៉ា​ថា លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ីណាំ បាន​ឡើង​ទៅ​លើ​ភ្នំ​តាប៊រ។ ១៣ លោក​ស៊ីសេរ៉ា​ប្រមូល​ រទេះ​ដែក​ទាំង​ប្រាំ​បួន​រយ​គ្រឿង និង​កងទ័ព​ទាំង​អស់​របស់​គាត់ នៅ​ហារ៉ូសេតកូអ៊ីម ហើយ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ជ្រោះ​គីសូន។ ១៤ ពេល​នោះ លោក​ស្រី​ដេបូរ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​បារ៉ាក់​ថា៖ «ចូរ​ចេញ​ទៅ​ថ្ងៃ​នេះ ព្រះអម្ចាស់​ប្រគល់​ស៊ីសេរ៉ា​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ។ ព្រះអម្ចាស់​ផ្ទាល់​យាង​នាំ​មុខ​លោក»។ លោក​បារ៉ាក់​ក៏​ចុះ​ពី​ភ្នំ​តាប៊រ ដោយ​មាន​មនុស្ស​មួយ​ម៉ឺន​នាក់ មក​ជា​មួយ​លោក​ដែរ។ ១៥ ព្រះអម្ចាស់​ បាន​ធ្វើ​អោយ​លោក​ស៊ីសេរ៉ា ព្រម​ទាំង​រទេះ​ចំបាំង និង​ពល​ទាហាន​ទាំង​អស់​របស់​គាត់​បាក់​ទ័ព នៅ​មុខ​លោក​បារ៉ាក់។ លោក​ស៊ីសេរ៉ា​បោះ​បង់​ចោល​រទេះ​ចំបាំង​របស់​គាត់ ហើយ​រត់​គេច​ខ្លួន​ទៅ។ ១៦ លោក​បារ៉ាក់​ដេញ​តាម​ រទេះ​ចំបាំង និង​កងទ័ព​ខ្មាំង រហូត​ដល់​ហារ៉ូសេតកូអ៊ីម។ កងទ័ព​ទាំង​មូល​របស់​លោក​ស៊ីសេរ៉ា​ស្លាប់​ដោយ​មុខ​ដាវ គ្មាន​សល់​ម្នាក់​ឡើយ។

 

១៧ រីឯ​លោក ​ស៊ីសេរ៉ា​វិញ គាត់​រត់​គេច​រហូត​ដល់​តង់ត៍​របស់​នាង​យ៉ាអែល ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​លោក​ហេប៊ែរ ជន​ជាតិ​គេនី ដ្បិត​ព្រះបាទ​យ៉ាប៊ីន ជា​ស្ដេច​ក្រុង​ហាស៊រ និង​ក្រុម​គ្រួសារ​ហេប៊ែរ មាន​ទំនាក់ទំនង​ជា​មួយ​គ្នា​ដោយ​មេត្រីភាព។ ១៨ ពេល​នោះ នាង​យ៉ាអែល​ចេញ​មក​ទទួល​លោក​ស៊ីសេរ៉ា ទាំង​ពោល​ថា៖ «សូម​លោក​ម្ចាស់​អញ្ជើញ​ចូល​ក្នុង​មក កុំ​ភ័យ​ខ្លាច​អី!»។ លោក​ស៊ីសេរ៉ា​ក៏​ចូល​ទៅ​ក្នុង​តង់ត៍ ហើយ​នាង​នាំ​លោក​ទៅ​លាក់​នៅ​ក្នុង​ភួយ។ ១៩ ខណៈ​នោះ លោក​ស៊ីសេរ៉ា​ពោល​ថា៖ «សូម​អ្នក​មេត្តា​អោយ​ទឹក​ខ្ញុំ​ផឹក​បន្តិច ដ្បិត​ខ្ញុំ​ស្រេក​ទឹក​ណាស់»។ នាង​បើក​ឆ្នុក​ថង់​ស្បែក​ទឹក​ដោះ ជូន​លោក​ស៊ីសេរ៉ា​ពិសា រួច​គ្រប​ភួយ​ទៅ​វិញ។ ២០ លោក​ពោល​ទៀត​ថា៖ «សូម​អ្នក​ទៅ​ចាំ​នៅ​មាត់​ទ្វារ​តង់ត៍ ប្រសិន​បើ​មាន​គេ​មក​សួរ​អ្នក​ថា “តើ​មាន​នរណា​ចូល​មក​ទី​នេះ​ឬ​ទេ?” នោះ​សូម​ឆ្លើយ​ថា “គ្មាន​ទេ”»។ ២១ ដោយ​នឿយហត់​ខ្លាំង​ពេក លោក​ស៊ីសេរ៉ា​ក៏​សម្រាន្ដ​លក់​ទៅ។ នាង​យ៉ាអែល​យក​ញញួរ និង​ចម្រឹង​ដែក ហើយ​ដើរ​លបៗ​ចូល​ទៅ​ជិត​លោក​ស៊ីសេរ៉ា រួច​បោះ​ចម្រឹង​នោះ​ចំ​ត្រង់​សៀតផ្កា​របស់​លោក​ស៊ីសេរ៉ា ធ្លុះ​ដល់​ដី ហើយ​លោក​ក៏​ស្លាប់​ទៅ។ ២២ ពេល​នោះ លោក​បារ៉ាក់​ដែល​ដេញ​តាម​លោក​ស៊ីសេរ៉ា​ក៏​មក​ដល់ នាង​យ៉ា​អែល​ចេញ​ទៅ​ជួប​លោក ហើយ​ពោល​ថា៖ «សូម​អញ្ជើញ​មក​ណេះ ខ្ញុំ​នឹង​បង្ហាញ​មនុស្ស ដែល​លោក​កំពុង​តែ​រក»។ លោក​បារ៉ាក់​ចូល​ទៅ​ក្នុង​ជំរំ ឃើញ​លោក​ស៊ីសេរ៉ា​ដេក​ស្លាប់ ដោយ​មាន​ទាំង​ចម្រឹង​ដែក​ដោត​ជាប់​នឹង​សៀតផ្កា។

២៣ ថ្ងៃ​នោះ ព្រះអម្ចាស់​បាន​បំបាក់​មុខ​ព្រះបាទ​យ៉ាប៊ីន ជា​ស្ដេច​ស្រុក​កាណាន នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល។ ២៤ ជន​ជាតិ​អ៊ីស្រាអែល​មាន ​ប្រៀប​លើ​ព្រះបាទ​យ៉ាប៊ីន ជា​ស្ដេច​ស្រុក​កាណាន​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​នៅ​ទី​បំផុត គេ​ក៏​សម្លាប់​ស្ដេច​យ៉ាប៊ីន​បាន។

ទំនុកតម្កើង​របស់​លោក​ស្រី​ដេបូរ៉ា និង​លោក​បារ៉ាក់

១ នៅ​ថ្ងៃ​នោះ លោក​ស្រី​ដេបូរ៉ា និង​លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ីណាំនាំ​គ្នា​ច្រៀង​ថា៖

២  «នៅ​ស្រុក​អ៊ីស្រាអែល

ប្រជាជន​ថ្វាយ​ជីវិត​ទាំង​ស្រុង​ទៅ​ព្រះជាម្ចាស់

ហើយ​ស្ម័គ្រ​ចិត្ត​ចេញ​ទៅ​ប្រយុទ្ធ

សូម​សរសើរ​តម្កើង​ព្រះអម្ចាស់!

៣  ស្ដេច​ទាំងឡាយ​អើយ សូម​ស្ដាប់!

អ្នក​ដឹក​នាំ​ទាំងឡាយ​អើយ

ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់!

ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះអម្ចាស់

ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។

ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ព្រះអម្ចាស់

ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។

៤  ឱ​ព្រះអម្ចាស់​អើយ

កាល​ព្រះអង្គ​យាង​ចាក​ចេញ​ពី​ស្រុក​សៀរ

កាល​ព្រះអង្គ​យាង​មក​ពី​ស្រុក​អេដុម

នោះ​ផែនដី​បាន​រញ្ជួយ មេឃ​ក៏​ប្រែ​ជា​ខ្មៅ​ងងឹត

ពពក​ក៏​បង្អុរ​ភ្លៀង​ចុះ​មក​យ៉ាង​ខ្លាំង។

៥  ភ្នំ​ទាំងឡាយ​រលាយ

នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់

ជា​ព្រះ​នៃ​ភ្នំ​ស៊ីណៃ

គឺ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។

៦  នៅ​ជំនាន់​លោក​សាំកើរ ជា​កូន​លោក​អណាត

នៅ​ជំនាន់​នាង​យ៉ាអែល

គ្មាន​នរណា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទេ

គឺ​គេ​ធ្វើ​ដំណើរ​តែ​តាម​ផ្លូវ​វាង។

៧  ប្រជាជន​បាន​បោះ​បង់​ចោល​ភូមិ​ទាំងឡាយ

នៅ​ស្រុក​អ៊ីស្រាអែល គ្មាន​អ្នក​ដឹក​នាំ​ទេ

រហូត​ទាល់​តែ​ព្រះជាម្ចាស់​អោយ​ដេបូរ៉ា​ខ្ញុំ​នេះ

ក្រោក​ឡើង គឺ​អោយ​ខ្ញុំ​ក្រោក​ឡើង

ធ្វើ​ជា​ម្ដាយ​របស់​ជន​ជាតិ​អ៊ីស្រាអែល។

៨  ប្រជាជន​បាន​ជ្រើស​រើស​ព្រះ​ថ្មីៗ​ទៀត

ពេល​នោះ សង្គ្រាម​ក៏​ផ្ទុះ​ឡើង។

ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រាអែល​បួន​ម៉ឺន​នាក់

គេ​រក​តែ​ខែល ឬ​លំពែង​មួយ​មិន​បាន​ផង។

៩  ខ្ញុំ​ពេញ​ចិត្ត​នឹង​មេទ័ព​ទាំងឡាយ​របស់

ជន​ជាតិ​អ៊ីស្រាអែល

ហើយ​ក្នុង​ចំណោម​ប្រជាជន ខ្ញុំ​ពេញ​ចិត្ត​នឹង

អស់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ចេញ​ទៅ​ច្បាំង

សូម​សរសើរ​តម្កើង​ព្រះអម្ចាស់!

១០  អស់​អ្នក​ដែល​ជិះ​មេ​លា​សម្បុរ​ស

អស់​អ្នក​ដែល​អង្គុយ​លើ​កំរាល​ព្រំ

និង​អស់​អ្នក​ដែល​ដើរ​តាម​ផ្លូវ​អើយ

ចូរ​រិះគិត​ពិចារណា​ចុះ!

១១  ពួក​អ្នក​ដង​ទឹក​នាំ​គ្នា​ច្រៀង​នៅ​ក្បែរ​អណ្ដូង

រៀប​រាប់​អំពី​ព្រះហឫទ័យ​សុចរិត

របស់​ព្រះអម្ចាស់

គឺ​ព្រះអង្គ​ប្រទាន​អោយ​ជន​ជាតិ​អ៊ីស្រាអែល

មាន​ជ័យជំនះ!

ពេល​នោះ ប្រជាជន​របស់​ព្រះអម្ចាស់

នាំ​គ្នា​ចុះ​ទៅ​កាន់​ទ្វារ​ក្រុង។

១២  ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ដេបូរ៉ា​អើយ

ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ច្រៀង​បទ​មួយ!

បារ៉ាក់ ជា​កូន​លោក​អប៊ីណាំ​អើយ

ចូរ​ក្រោក​ឡើង នាំ​ប្រជាជន​ដែល​ជាប់​ជា​ឈ្លើយ

ត្រឡប់​មក​វិញ។

១៣  អស់​អ្នក​ដែល​រួច​ពី​ស្លាប់

បាន​ទៅ​ជួបជុំ​នឹង​មេ​ដឹក​នាំ​របស់​ខ្លួន

ប្រជាជន​របស់​ព្រះអម្ចាស់​ក៏​នាំ​គ្នា​ចូល​មក​ជិត​ខ្ញុំ

រួម​ជា​មួយ​វីរជន​ឯ​ទៀតៗ។

១៤  អ្នក​ខ្លះ​មក​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម

ដែល​នៅ​ជាប់​នឹង​ស្រុក​អាម៉ាឡេក

កុលសម្ព័ន្ធ​បេនយ៉ាមីន​ក៏​មក​តាម​ដែរ

ហើយ​រួម​កម្លាំង​ជា​មួយ​ពល​ទ័ព​របស់​គេ​ផង។

មាន​មេទ័ព​មក​ពី​អំបូរ​ម៉ាកៀរ

ហើយ​នាយ​ទាហាន​មក​ពី​កុលសម្ព័ន្ធ​សាប៊ូឡូន

១៥  ពួក​ប្រមុខ​នៃ​កុលសម្ព័ន្ធ​អ៊ីសាកា

បាន​ទៅ​ជា​មួយ​ដេបូរ៉ា។

កុលសម្ព័ន្ធ​អ៊ីសាកា​ក៏​ទៅ​ជា​មួយ​បារ៉ាក់​ដែរ

គេ​រត់​តាម​ក្រោយ​លោក រហូត​ដល់​ជ្រលង​ភ្នំ។

រីឯ​កុលសម្ព័ន្ធ​រូបេន​វិញ

គេ​គិត​តែ​ពី​ជជែក​គ្នា​មិន​ចេះ​ចប់។

១៦  ហេតុ​អ្វី​បាន​ជា​អ្នក​នៅ​ស្ទាក់​ស្ទើរ

ហើយ​ស្ដាប់​សំឡេង​ពួក​គង្វាល

ហៅ​ហ្វូង​សត្វ​ខ្លួន​ដូច្នេះ?

មែន​ហើយ នៅ​ក្នុង​ពួក​រូបេន

គេ​គិត​តែ​ពី​ជជែក​គ្នា​មិន​ចេះ​ចប់។

១៧  កុលសម្ព័ន្ធ​នានា នៅ​ស្រុក​កាឡាដ

ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់

មិន​បាន​មក​ជួយ​ទេ

កុលសម្ព័ន្ធ​ដាន់​នៅ​សំងំ​នៅ​លើ​នា​វា

កុលសម្ព័ន្ធ​អស៊ែរ​ក៏​នៅ​សំងំ​តាម​ឆ្នេរ​សមុទ្រ

ជិត​កំពង់ផែ​ដែរ។

១៨  រីឯ​កុលសម្ព័ន្ធ​សាប៊ូឡូន ក៏​ដូច​ជា​កុលសម្ព័ន្ធ

ណែបថាលី​ដែរ

ប្រជាជន​របស់​គេ​ស៊ូ​ប្ដូរ​ជីវិត​ក្នុង​សមរភូមិ

នៅ​តាម​តំបន់​ភ្នំ។

១៩  ស្ដេច​របស់​ខ្មាំង​នាំ​គ្នា​លើក​ទ័ព​មក

ស្ដេច​របស់​ជន​ជាតិ​កាណាន​លើក​គ្នា​មក​ច្បាំង

នៅ​តាណាក់ ក្បែរ​ប្រភព​ទឹក​មេគីដូ

តែ​ពួក​គេ​ពុំ​បាន​ទទួល​ប្រាក់

ជា​ជ័យភ័ណ្ឌ​អ្វី​សោះ​ឡើយ។

២០  ផ្កាយ​ទាំងឡាយ​បាន​ជួយ​ច្បាំង​ពី​លើ​មេឃ

ផ្កាយ​ទាំង​នោះ​គោចរ​តាម​ផ្លូវ​របស់​វា

មក​ច្បាំង​ជា​មួយ​ស៊ីសេរ៉ា។

២១  ឱ​ទឹក​ជ្រោះ​គីសូន ជ្រោះ​គីសូន​ដែល​មាន

ទឹក​ហូរ តាំង​ពី​បុរាណ​កាល​មក​អើយ

អ្នក​បាន​ហូរ​នាំ​ខ្មាំង​សត្រូវ​ចេញ​ទៅ។

ខ្ញុំ​នឹង​ជាន់​ខ្មាំង​សត្រូវ ដោយ​ចិត្ត​មោះមុត!

២២  ពេល​នោះ មាន​ឮ​សន្ធឹក​ជើង​សេះ​កក្រើក​ផ្ទៃ​ដី

គឺ​ពល​ទ័ព​សេះ​ដ៏​ខ្លាំង​ពូកែ។

២៣  ទេវទូត*​នៃ​ព្រះអម្ចាស់​ប្រកាស​ថា៖

ចូរ​ដាក់​បណ្ដាសា​ក្រុង​មេរ៉ូស​ចុះ

ចូរ​ដាក់​បណ្ដាសា​អ្នក​ក្រុង​នោះ​ផង

ពីព្រោះ​គេ​មិន​បាន​មក​ជួយ​ព្រះអម្ចាស់

គឺ​គេ​មិន​បាន​មក​ជួយ​ព្រះអម្ចាស់

រួម​ជា​មួយ​ពួក​វីរជន​ទេ។

២៤  សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​នាង​យ៉ាអែល

ជា​ភរិយា​របស់​លោក​ហេប៊ែ ជន​ជាតិ​គេនី

លើស​ស្ត្រី​ទាំងឡាយ!

សូម​ព្រះអង្គ​ប្រទាន​ពរ​ដល់​នាង

លើស​ស្ត្រី​ទាំងឡាយ​ដែល​រស់​នៅ​ក្នុង​ជំរំ។

២៥  ស៊ីសេរ៉ា​បាន​សុំ​ទឹក តែ​នាង​បាន​អោយ​ទឹក​ដោះ

គឺ​យក​ទឹក​ដោះ​ដែល​មាន​ជាតិ​ខ្លាញ់​ដាក់​ក្នុង

ពែង​ដ៏​ប្រណីត

២៦  បន្ទាប់​មក នាង​លូក​ដៃ​ឆ្វេង​ទៅ​ចាប់​ចម្រឹង

ហើយ​ដៃ​ស្ដាំ​ចាប់​ញញួរ​របស់​ជាង

រួច​នាង​ដំ​ស៊ីសេរ៉ា​នឹង​ញញួរ​បែក​លលាដ៍​ក្បាល

ព្រម​ទាំង​ចោះ​ទម្លុះ​សៀតផ្កា​ទៀត​ផង។

២៧  ស៊ីសេរ៉ា​ទន់​ជង្គង់​ដួល​ដេក​នៅ​ទាប​ជើង​នាង។

គឺ​ទន់​ជង្គង់​ដួល​ស្លាប់​បាត់​ទៅ។

២៨  ម្ដាយ​របស់​ស៊ីសេរ៉ា​សម្លឹង​មើល​តាម​ប្រឡោះ

គាត់​សម្លឹង​មើល​តាម​បង្អួច ទាំង​ពោល​ថា៖

ហេតុ​អ្វី​បាន​ជា​រទេះ​កូន​ខ្ញុំ​ក្រ​មក​ដល់​ម៉្លេះ?

ហេតុ​អ្វី​បាន​ជា​ទ័ព​រទេះ​មក​យឺត​ម៉្លេះ?

២៩  ស្ត្រី​បំរើ​ដែល​ឆ្លាត​ជាង​គេ​នាំ​គ្នា​ជំរាប​គាត់

ហើយ​គាត់​ក៏​ទន្ទេញ​ចម្លើយ​របស់​ពួក​គេ​ថា:

៣០  ពួក​ទាហាន​ប្រាកដ​ជា​នៅ​ប្រមូល​ជយភ័ណ្ឌ

ពួក​គេ​កំពុង​តែ​ចែក​ជ័យភ័ណ្ឌ

ទាហាន​ម្នាក់​ទទួល​បាន​ស្រី​ក្រមុំ​ម្នាក់ ឬ​ពីរ​នាក់

ស៊ីសេរ៉ា​ទទួល​បាន​ផ្ទាំង​សំពត់​ពណ៌

និង​ក្រណាត់​ប៉ាក់។

អ្នក​មាន​ជ័យជំនះ​ទទួល​សម្លៀកបំពាក់​ពណ៌

ធ្វើ​ពី​ក្រណាត់​ប៉ាក់​មួយ​ផ្ទាំង ឬ​ពីរ​ផ្ទាំង​សំរាប់​បង់​ក។

៣១  ឱ​ព្រះអម្ចាស់​អើយ

សូម​អោយ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ

វិនាស​អន្តរាយ​ដូច្នោះ​ដែរ!

សូម​អោយ​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ

បាន​ដូច​ព្រះអាទិត្យ​មាន​រស្មី​ភ្លឺ​ចាំង​ចែង»។

ស្រុក​ទេស​ក៏​បាន​សុខសាន្តត្រាណ អស់​រយៈ​ពេលសែសិប​ឆ្នាំ។

ជន​ជាតិ​ម៉ាឌីយ៉ាន​សង្កត់សង្កិន​ជន​ជាតិ​អ៊ីស្រាអែល

១ ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់​សា​ជា​ថ្មី​ទៀត ហេតុ​នេះ​​ហើយ​បាន​ជា​ព្រះអង្គ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ម៉ាឌីយ៉ាន​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ។ ២ ជន​ជាតិ​ម៉ាឌីយ៉ា​ន​ជិះជាន់​ សង្កត់សង្កិន​ជន​ជាតិ​អ៊ីស្រាអែល​យ៉ាង​ខ្លាំង។ ជន​ជាតិ​អ៊ីស្រាអែល​បាន​យក​រអាង​ភ្នំ រូង​ភ្នំ និង​ចំណោត​ភ្នំ​ធ្វើ​ជា​ជំរក ដើម្បី​គេច​ខ្លួន​ពី​ជន​ជាតិ​ម៉ាឌីយ៉ាន។ ៣ រាល់​ពេល​ជន​ជាតិ​ អ៊ីស្រាអែល​សាប​ព្រោះ ជន​ជាតិ​ម៉ាឌីយ៉ាន និង​ជន​ជាតិ​អាម៉ាឡេក ព្រម​ទាំង​ពួក​ពនេចរ​​មក​ពី​ស្រុក​ខាង​កើត បាន​ឡើង​មក​លុកលុយ។ ៤ អ្នក​ទាំង​នោះ​បាន​មក​បោះ ​ទ័ព​នៅ​ក្បែរ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​បំផ្លាញ​ផល​ដំណាំ​របស់​គេ​រហូត​ដល់​ក្រុង​កាសា។ អ្នក​ទាំង​នោះ​មិន​បាន​ទុក​អ្វី​អោយ​ជន​ជាតិ​អ៊ីស្រាអែល​បរិភោគ​ឡើយ ទោះ​បី​ចៀម គោ ឬ​លា​ក្ដី ក៏​មិន​ទុក​អោយ​សល់​ដែរ។ ៥ ពួក​គេ​នាំ​គ្នា​មក ទាំង​ដឹក​ហ្វូង​សត្វ និង​ជំរំ​របស់​គេ​មក​ជា​មួយ​ផង ពួក​គេ​មាន​គ្នា​ច្រើន​អនេក​ដូច​កណ្ដូប គឺ​ទាំង​មនុស្ស ទាំង​សត្វ​អូដ្ឋ មាន​ចំនួន​ច្រើន​ឥត​គណនា​ចូល​មក​បំផ្លាញ​ស្រុក​អ៊ីស្រាអែល។

៦ ព្រោះ​តែ​ជន​ជាតិ​ម៉ាឌីយ៉ាន ជន​ជាតិ​អ៊ីស្រាអែល​បាន​ធ្លាក់​ខ្លួន​ក្រខ្សត់​យ៉ាង​ខ្លាំង គេ​ក៏​ស្រែក​អង្វរ​ព្រះអម្ចាស់​អោយ​ជួយ​សង្គ្រោះ​គេ។ ៧ នៅ​ពេល​ជន​ជាតិ​អ៊ីស្រាអែល​ស្រែក​អង្វរ សុំ​ព្រះអម្ចាស់​រំដោះ​គេ​អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ម៉ាឌីយ៉ាន ៨ ព្រះអង្គ​ក៏​ចាត់​ព្យាការី​មួយ​រូប​អោយ​មក​ប្រាប់​ពួក​គេ​ថា៖ «ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប គឺ​យើង​បាន​រំដោះ​អ្នក​រាល់​គ្នា​ចេញ​ពី​កន្លែង ដែល​អ្នក​រាល់​គ្នា​ជាប់​ជា​ទាសករ។ ៩ យើង​បាន​រំដោះ​អ្នក​រាល់​ គ្នា​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អេស៊ីប និង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ជិះជាន់ សង្កត់សង្កិន​អ្នក​រាល់​គ្នា។ យើង​បាន​ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា ព្រម​ទាំង​ប្រគល់​ទឹក​ដី​របស់​ពួក​គេ​មក​អោយ​អ្នក​រាល់​គ្នា​ទៀត​ផង។ ១០ យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​ថា យើង​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​របស់​ជន​ជាតិ​អាម៉ូរី ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​មក​រស់​នៅ​នេះ​ទេ តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​យើង​សោះ”»។

 

ព្រះជាម្ចាស់​ចាត់​លោក​កេដូន​អោយ​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល

១១ គ្រា​នោះ ទេវទូត​របស់​ព្រះអម្ចាស់​ បាន​មក​ភូមិ​អូប្រា​ អង្គុយ​នៅ​ក្រោម​ដើម​ជ្រៃ​ ដែល​ជា​កម្មសិទ្ធិ​របស់​លោក​យ៉ូអាស ក្នុង​អំបូរ​អប៊ីយេស៊ែរ។ ពេល​នោះ លោក​កេដូនជា​កូន​របស់​លោក​យ៉ូអាស កំពុង​តែ​បោក​បែន​ស្រូវ ក្នុង​ធុង​សំរាប់​គាប​ផ្លែ​ទំពាំងបាយជូរ ដើម្បី​កុំ​អោយ​ជន​ជាតិ​ម៉ាឌីយ៉ាន​ឃើញ។ ១២ ​ទេវ​ទូត​របស់​ព្រះអម្ចាស់​ មក​បង្ហាញ​ខ្លួន​អោយ​លោកកេដូន​ឃើញ ហើយ​ពោល​ថា៖ «វីរជន​ដ៏​អង់អាច​អើយ ព្រះអម្ចាស់​គង់​នៅ​ជា​មួយ​អ្នក​ហើយ!»។ ១៣ លោក​កេដូន​​ឆ្លើយ​តប​វិញ​ថា៖ «លោក​ម្ចាស់​អើយ ប្រសិន​បើ​ព្រះអម្ចាស់​ គង់​នៅ​ជា​មួយ​យើង​មែន ហេតុ​អ្វី​ក៏​ទុក្ខ​វេទនា​ទាំង​នេះ​កើត​មាន​ដល់​យើង? ឯ​ណា​ទៅ​ការ​អស្ចា​រ្យ​​​ទាំង​ប៉ុន្មាន​ដែល​ដូនតា​របស់​យើង​តែងតែ​តំណាល​ប្រាប់ ទាំង​បញ្ជាក់​ថា ព្រះអម្ចាស់​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ? ឥឡូវ​នេះ ព្រះអម្ចាស់​បោះ​បង់​ចោល​យើង​ហើយ ព្រះអង្គ​បាន​ប្រគល់​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ម៉ាឌីយ៉ាន!»។

១៤ ព្រះអម្ចាស់​ បែរ​មក​រក​លោក ហើយ​មាន​ព្រះបន្ទូល​ថា៖ «ដោយសារ​កម្លាំង​ដែល​អ្នក​មាន ចូរ​ទៅ​សង្គ្រោះ​អ៊ីស្រាអែល​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ម៉ាឌីយ៉ាន គឺ​យើង​ចាត់​អ្នក​អោយ​ទៅ!»។ ១៥ លោក​កេដូន​ឆ្លើយ​ថា៖ «លោក​ម្ចាស់​អើយ ធ្វើ​ដូច​ម្ដេច​អោយ​ខ្ញុំ​ប្របាទ​អាច​សង្គ្រោះ​អ៊ីស្រាអែល​បាន? ដ្បិត​ក្នុង​កុលសម្ព័ន្ធ​ម៉ាណាសេ អំបូរ​របស់​ខ្ញុំ​ប្របាទ​ខ្សត់ខ្សោយ​ជាង​គេ ហើយ​ក្នុង​គ្រួសារ​របស់​ខ្ញុំ​ប្របាទ​ទៀត​សោត ក៏​ខ្ញុំ​ប្របាទ​ក្មេង​ជាង​គេ​ដែរ»។ ១៦ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​លោក​វិញ​ថា៖ «យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក ហើយ​អ្នក​នឹង​វាយ​ឈ្នះ​ជន​ជាតិ​ម៉ាឌីយ៉ាន ដូច​វាយ​ជា​មួយ​នឹង​មនុស្ស​តែ​ម្នាក់»។ ១៧ លោក​កេដូន​ទូល​តប​ថា៖ «ប្រសិន​បើ​លោក​គាប់​ចិត្ត​ខ្ញុំ​ប្របាទ​មែន សូម​ផ្ដល់​ទី​សំគាល់​មួយ​អោយ​ខ្ញុំ​ប្របាទ​បាន​ដឹង​ថា លោក​ពិត​ជា​ព្រះ​អម្ចាស់​ដែល​កំពុង​តែ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ប្របាទ​មែន! ១៨ សូម​លោក​ម្ចាស់​កុំ​អញ្ជើញ​ទៅ​ណា ចាំ​ខ្ញុំ​ប្របាទ​ត្រឡប់​មក​វិញ ទាំង​នាំ​យក​តង្វាយ​មក​ជូន​ផង»។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ចាំ​នៅ​ទី​នេះ​រហូត​ដល់​អ្នក​ត្រឡប់​មក​វិញ»។ ១៩ លោក​កេដូន​​ចូល​ទៅ​យក​ កូន​ពពែ​មួយ​មក​រៀបចំ​ធ្វើ​ម្ហូប និង​យក​ម្សៅ​មួយ​ថាំង​មក​ធ្វើ​នំបុ័ង​ឥត​មេ។ លោក​ស្រង់​សាច់​ដាក់​ក្នុង​កញ្ច្រែង ហើយ​ដួស​ទឹក​សម្ល​ដាក់​ក្នុង​ចាន​មួយ រួច​យក​ទៅ​ជូន​ទេវទូត​របស់​ព្រះអម្ចាស់ នៅ​ក្រោម​ដើម​ជ្រៃ។ ២០ ទេវទូត​ពោល​មក​លោក​ថា៖ «ចូរ​ដាក់​សាច់ និង​នំបុ័ង​ឥត​មេ​លើ​ថ្ម​នេះ​ទៅ រួច​ចាក់​ទឹក​សម្ល​ពី​លើ​ផង»។ លោក​កេដូន​ធ្វើ​តាម។ ២១ ទេវទូត​របស់​ព្រះអម្ចាស់​ យក​ចុង​ដំបង​ដែល​លោក​កាន់​ទៅ​ពាល់​សាច់ និង​នំបុ័ង​ឥត​មេ ពេល​នោះ មាន​ភ្លើង​ផុស​ចេញ​ពី​ថ្ម ហើយ​ឆេះ​សាច់ និង​នំបុ័ង​អស់​ទៅ។ បន្ទាប់​មក ទេវទូត​របស់​ព្រះអម្ចាស់​ក៏​កំបាំង​បាត់​ទៅ។ ២២ ពេល​នោះ លោកកេដូន​​ដឹង​ថា ជា​ទេវទូតរបស់​ព្រះអម្ចាស់ លោក​ពោល​ថា៖ «វីវរ​ហើយ ព្រះជាអម្ចាស់​អើយ! ដ្បិត​ទូលបង្គំ​បាន​ឃើញ​ទេវទូត​របស់​ព្រះអង្គ ផ្ទាល់​នឹង​ភ្នែក!»។ ២៣ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​ថា៖ «សុំ​អោយ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត កុំ​ខ្លាច​អ្វី​ឡើយ អ្នក​នឹង​មិន​ស្លាប់​ទេ​»។ ២៤ លោក​កេដូន​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះអម្ចាស់ ត្រង់​កន្លែង​នោះ ហើយ​ដាក់​ឈ្មោះ​ថា៖ «ព្រះអម្ចាស់​ប្រទាន​សេចក្ដី​សុខសាន្ត»។ អាសនៈ​នេះ​នៅ​ស្ថិតស្ថេរ​រហូត​ដល់​សព្វ​ថ្ងៃ នា​ភូមិ​អូប្រា ជា​ភូមិ​របស់​អំបូរ​អប៊ីយេស៊ែរ។

 

លោក​កេដូន​បំផ្លាញ​អាសនៈ​របស់​ព្រះ​បាល

២៥ នៅ​យប់​ដដែល​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោកកេដូន​​ថា៖ «ចូរ​យក​គោ​បា​របស់​ឪពុក​អ្នក គឺ​គោ​ទី​ពីរ ដែល​មាន​អាយុ​ប្រាំពីរ​ឆ្នាំ។ បន្ទាប់​មក ចូរ​រំលំ​អាសនៈ​ព្រះ​បាល​របស់​ឪពុក​អ្នក ព្រម​ទាំង​កាប់​បំផ្លាញ​បង្គោល​របស់​ព្រះអាសេរ៉ា​នៅ​ក្បែរ​នោះ​ផង។ ២៦ បន្ទាប់​មក​ទៀត ចូរ​សង់​អាសនៈ​មួយ​ដ៏​សមរម្យ​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​លើ​កំពូល​ភ្នំ​នោះ រួច​យក​គោ​បា​ទី​ពីរ​នោះ​មក​ដុត​ទាំង​មូល​ធ្វើ​ជា​យញ្ញបូជា ដោយ​យក​បង្គោល​ព្រះអាសេរ៉ា ដែល​អ្នក​បាន​កាប់​នោះ មក​ធ្វើ​ជា​អុស​សំរាប់​ដុត»។ ២៧ លោកកេដូន​នាំ​អ្នក​បំរើ​របស់​លោក​ដប់​នាក់​មក ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះអម្ចាស់​ បាន​បង្គាប់​មក​លោក ប៉ុន្តែ ដោយ​លោក​ខ្លាច​ក្រុម​ញាតិ​របស់​លោក និង​ខ្លាច​អ្នក​ភូមិ លោក​មិន​ហ៊ាន​ធ្វើ​ការ​នោះ​នៅ​ពេល​ថ្ងៃ​ទេ គឺ​លោក​ធ្វើ​នៅ​ពេល​យប់​វិញ។ ២៨ លុះ​ព្រលឹម​ឡើង ពេល​ក្រោក​ពី​ដំណេក អ្នក​ភូមិ​ឃើញ​អាសនៈ​របស់​ព្រះ​បាល​រលំ ហើយ​បង្គោល​របស់​ព្រះអា​សេ​រ៉ា​ដែល​នៅ​ជិត​នោះ​ក៏​ត្រូវ​គេ​កាប់​ចោល​ដែរ ព្រម​ទាំង​ឃើញ​គោ​បា​ទី​ពីរ​ដែល​គេ​ដុត​ជា​យញ្ញបូជា នៅ​លើ​អាសនៈ​ទើប​នឹង​សង់​ទៀត​ផង។ ២៩ គេ​សួរ​គ្នា​ទៅ​វិញ​ទៅ​ មក​ថា៖ «តើ​នរណា​បាន​ធ្វើ​ការ​នេះ?»។ កាល​ស៊ើបសួរ​ទៅ មាន​គេ​ប្រាប់​ថា៖ «គឺកេដូន ជា​កូន​របស់​យ៉ូអាស បាន​ធ្វើ​ការ​នេះ»។ ៣០ អ្នក​ភូមិ​ពោល​ទៅ​កាន់​ លោក​យ៉ូអាស​ថា៖ «ចូរ​នាំ​កូន​របស់​អ្នក​ចេញ​មក វា​ត្រូវ​តែ​ស្លាប់ ព្រោះ​វា​បាន​រំលំ​អាសនៈ​របស់​ព្រះ​បាល ព្រម​ទាំង​កាប់​បង្គោល​របស់​ព្រះអាសេរ៉ា ដែល​នៅ​ជិត​នោះ​ទៀត​ផង!»។ ៣១ លោក​យ៉ូអាស​ឆ្លើយ​ទៅ​ អស់​អ្នក​ដែល​នៅ​ក្បែរ​លោក​ថា៖ «តើ​បង​ប្អូន​ឬ​ដែល​ត្រូវ​មក​តវ៉ា​ជំនួស​ព្រះ​បាល? តើ​បង​ប្អូន​ឬ​ដែល​ជា​អ្នក​សង្គ្រោះ​ព្រះ​បាល? អ្នក​ណា​តវ៉ា​ជំនួស​ព្រះ​បាល អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​មុន​ព្រឹក​ស្អែក។ បើ​ព្រះ​បាល​ពិត​ជា​ព្រះ​មែន ទុក​អោយ​លោក​តវ៉ា​ខ្លួន​ឯង​ផ្ទាល់​ទៅ ព្រោះ​គេ​បាន​រំលំ​អាសនៈ​របស់​លោក!»។ ៣២ ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​ភូមិ​ហៅ​លោក​កេដូនថា «យេរូបាល» ដោយ​ពោល​ថា «សូម​អោយ​ព្រះ​បាល​តវ៉ា​នឹង​គា​ត់​ទៅ ដ្បិត​គាត់​បាន​រំលំ​អាសនៈ​របស់​លោក»។

 

លោក​កេដូន​ទូល​សូម​ទី​សំគាល់​ពី​ព្រះជាម្ចាស់

៣៣ នៅ​គ្រា​នោះ ជន​ជាតិ​ម៉ាឌីយ៉ាន​ទាំង​មូល ជន​ជាតិ​អាម៉ាឡេក និង​ពួក​ពនេចរ​ដែល​មក​ពី​ទិស​ខាង​កើត បាន​ប្រមូល​ផ្ដុំ​គ្នា ឆ្លង​ទន្លេ​យ័រដាន់ ហើយ​បោះ​ទ័ព​នៅ​ត្រង់​ជ្រលង​ភ្នំ​យីសរេអែល។ ៣៤ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​យាង​មក​គង់​ក្នុង​លោកកេដូន លោក​ក៏​ផ្លុំ​ស្នែង ដើម្បី​កោះ​ហៅ​ប្រជាជន​ក្នុង​អំបូរ​អប៊ីយេស៊ែរ អោយ​មក​តាម​លោក។ ៣៥ លោក​ចាត់​អ្នក​នាំ​សារ​ អោយ​ទៅ​ដែន​ដី​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ​ទាំង​មូល ដើម្បី​កេណ្ឌ​មនុស្ស​មក​តាម​លោក។ លោក​បាន​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​ដែន​ដី​របស់​កុលសម្ព័ន្ធ​អស៊ែរ សាប៊ូឡូន និង​ណែបថាលី​ដែរ ហើយ​ពួក​គេ​ក៏​នាំ​គ្នា​មក​រក​លោក។

 

៣៦ ពេល​នោះ លោក​កេដូនទូល​ព្រះអម្ចាស់​ដូច​ត​ទៅ៖ «ព្រះ​អង្គ​មាន​ព្រះបន្ទូល​ថា ទ្រង់​នឹង​សង្គ្រោះ​អ៊ីស្រាអែល តាម​រយៈ​ទូលបង្គំ ៣៧ ដូច្នេះ ទូលបង្គំ​សូម​លាត​ស្បែក​ចៀម​នៅ​លើ​លាន​បោក​ស្រូវ។ ប្រសិន​បើ​ទឹក​សន្សើម​ធ្លាក់​តែ​លើ​ស្បែក​ចៀម ហើយ​ដី​នៅ​ជុំវិញ​ស្ងួត នោះ​ទូលបង្គំ​នឹង​ដឹង​ថា ព្រះអង្គ​ពិត​ជា​សព្វ​ព្រះហឫទ័យ​សង្គ្រោះ​អ៊ីស្រាអែល តាម​រយៈ​ទូលបង្គំ ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល​មែន»។ ៣៨ ព្រះអម្ចាស់​បាន​ធ្វើ​ អោយ​កើត​មាន​ដូច្នោះ​មែន។ នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ លោក​កេដូន​​ក្រោក​ឡើង លោក​ពូត​ស្បែក​ចៀម​បាន​ទឹក​សន្សើម​ពេញ​មួយ​ចាន។ ៣៩ លោក​កេដូន​​ទូល​ ព្រះជាម្ចាស់​ថា៖ «សូម​ព្រះអង្គ​កុំ​ព្រះពិរោធ​នឹង​ទូលបង្គំ​អី។ ទូលបង្គំ​សូម​ទូល​តែ​ម្ដង​ទៀត​ប៉ុណ្ណោះ សូម​មេត្តា​អនុញ្ញាត​អោយ​ទូលបង្គំ​សាក​ល្បង ជា​លើក​ចុង​ក្រោយ គឺ​សូម​អោយ​ស្បែក​ចៀម​នៅ​ស្ងួត ហើយ​អោយ​សន្សើម​ធ្លាក់​ជោក​ដី​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ»។ ៤០ យប់​នោះ ព្រះជាម្ចាស់​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​លោក​កេដូន គឺ​មាន​តែ​ស្បែក​ចៀម​ទេ​ដែល​ស្ងួត ហើយ​ដី​ទាំង​អស់​ដែល​នៅ​ជុំវិញ ជោក​ទៅ​ដោយ​ទឹក​សន្សើម។

ជ័យជំនះ​របស់​លោក​កេដូន​លើ​ជន​ជាតិ​ម៉ាឌីយ៉ាន

១ លោកកេដូន ហៅ​យេរូបាល ក្រោក​ពី​ព្រលឹម ហើយ​ចេញ​ដំណើរ​ជា​មួយ​កងពល​របស់​លោក ទៅ​បោះ​ទ័ព​នៅ​ជិត​ប្រភព​ទឹក​ហារ៉ូដ។ ទី​តាំង​ទ័ព​របស់​ជន​ជាតិ​ម៉ាឌីយ៉ាន​ស្ថិត​នៅ​ខាង​ជើង​ទី​តាំង​ទ័ព​របស់​លោក​ កេដូន ត្រង់​ជ្រលង​ភ្នំ ក្បែរ​ភ្នំ​ម៉ូរេ។ ២ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោកកេដូន​ថា៖ «ទ័ព​របស់​អ្នក​មាន​ចំនួន​ច្រើន​ពេក យើង​នឹង​មិន​អោយ​គេ​មាន​ជ័យជំនះ​លើ​ជន​ជាតិ​ម៉ាឌីយ៉ាន​ទេ ដ្បិត​ជន​ជាតិ​អ៊ីស្រាអែល​មុខ​ជា​ដណ្ដើម​យក​សិរីរុងរឿង​ពី​យើង ដោយ​ពោល​ថា គេ​ទទួល​បាន​ជ័យជំនះ​ដោយសារ​កម្លាំង​របស់​ខ្លួន ៣ ដូច្នេះ ចូរ​ប្រកាស​ប្រាប់​ពល​ទ័ព​ដូច​ត​ទៅ: អ្នក​ណា​ខ្លាច និង​ភ័យ​តក់ស្លុត អ្នក​នោះ​ត្រូវ​ចុះ​ពី​ភ្នំ​កាឡាដ វិល​ត្រឡប់​ទៅ​វិញ​ចុះ»។ ពេល​នោះ ពល​ទ័ព​ពីរ​ម៉ឺន​ពីរ​ពាន់​នាក់​នាំ​គ្នា​វិល​ត្រឡប់​ទៅ​វិញ នៅ​សល់​តែ​មួយ​ម៉ឺន​នាក់​ប៉ុណ្ណោះ។ ៤ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​លោក​កេដូន​ទៀត​ថា៖ «កងទ័ព​នៅ​តែ​មាន​ចំនួន​ច្រើន​នៅ​ឡើយ។ ចូរ​នាំ​ពួក​គេ​ចុះ​ទៅ​មាត់​ស្ទឹង នៅ​ទី​នោះ យើង​នឹង​ជ្រើស​រើស​ទ័ព​អោយ​អ្នក គឺ​យើង​នឹង​ប្រាប់​អោយ​អ្នក​ដឹង​ថា នរណា​ត្រូវ​ទៅ​ជា​មួយ​អ្នក ហើយ​នរណា​មិន​ត្រូវ​ទៅ»។ ៥ លោកកេដូន​ក៏​នាំ​ពល​ទ័ព​ចុះ​ទៅ​មាត់​ស្ទឹង រួច​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​ថា៖ «ត្រូវ​ញែក​ទាហាន​ដែល​ផឹក​ទឹក​ដូច​ឆ្កែ ចេញ​ពី​ពួក​អ្នក​ដែល​លុត​ជង្គង់​ផឹក»។ ៦ ពេល​នោះ មាន​មនុស្ស​បី​រយ​នាក់​បាន​ក្បង់​ទឹក​ផឹក រីឯ​អ្នក​ដទៃ​ទៀត​គេ​លុត​ជង្គង់​ផឹក។ ៧ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​កេដូន​​ថា៖ «យើង​នឹង​សង្គ្រោះ​អ៊ីស្រាអែល​តាម​រយៈ​មនុស្ស​បី​រយ​នាក់​ដែល​ក្បង់​ទឹក​ផឹក។ យើង​នឹង​ប្រគល់​ជន​ជាតិ​ម៉ាឌីយ៉ាន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក។ ចំពោះ​អ្នក​ឯ​ទៀត​ៗ ត្រូវ​អោយ​គេ​វិល​ត្រឡប់​ទៅ​ជំរំ​របស់​ខ្លួន​វិញ​ចុះ»។ ៨ បន្ទាប់​មក លោក​កេដូន​​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ត្រឡប់​ទៅ​ជំរំ​រៀងៗ​ខ្លួន លោក​ទុក​តែ​ទាហាន​បី​រយ​នាក់​អោយ​នៅ​ជា​មួយ ព្រម​ទាំង​ស្បៀង​អាហារ និង​ស្នែង​សំរាប់​ផ្លុំ។ រីឯ​ទី​តាំង​ទ័ព​របស់​ជន​ជាតិ​ម៉ាឌីយ៉ាន​ស្ថិត​នៅ​ខាង​ក្រោម គឺ​នៅ​វាល​ទំនាប។

 

៩ នៅ​យប់​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​កេដូន​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​ចុះ​ទៅ​វាយ​ទី​តាំង​ទ័ព​របស់​សត្រូវ​ចុះ ដ្បិត​យើង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។ ១០ ប្រសិន​បើ​អ្នក​ខ្លាច មិន​ហ៊ាន​ចុះ​ទៅ​វាយ​ខ្មាំង​ទេ​នោះ ចូរ​នាំ​ពួរ៉ា ជា​បាវ​បំរើ​របស់​អ្នក ចុះ​ទៅ​មើល​ជា​មុន​សិន។ ១១ អ្នក​នឹង​ឮ​សេចក្ដី​ដែល ​គេ​និយាយ​គ្នា ហើយ​អ្នក​នឹង​មាន​កម្លាំង​ចិត្ត​ជា​មិន​ខាន។ ដូច្នេះ ចូរ​ទៅ​ទី​តាំង​ទ័ព​របស់​ខ្មាំង​ចុះ»។ លោក​ក៏​ទៅ​ជា​មួយ​ពួរ៉ា ជា​អ្នក​បំរើ​របស់​លោក រហូត​ដល់​ខ្សែ​ត្រៀម​របស់​ខ្មាំង​សត្រូវ។ ១២ ជន​ជាតិ​ម៉ាឌីយ៉ាន ជន​ជាតិ​អាម៉ាឡេក និង​ពួក​ពនេចរ​ទាំង​ប៉ុន្មាន​ពី​ទិស​ខាង​កើត​បោះ​ជំរំ​នៅ​ពាសពេញ​វាល​ទំនាប ពួក​គេ​មាន​ចំនួន​ច្រើន​ដូច​ហ្វូង​កណ្ដូប ហើយ​អូដ្ឋ​របស់​គេ​ក៏​មាន​ចំនួន​ច្រើន​ឥត​គណនា ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ១៣ ពេល​លោកកេដូន​​ទៅ​ដល់ លោក​ឮ​បុរស​ម្នាក់​និយាយ​ប្រាប់​មិត្តភក្ដិ​អំពី​សុបិន​របស់​ខ្លួន​ដូច​ត​ ទៅ៖ «គ្នា​បាន​យល់​សប្ដិ​ឃើញ​នំបុ័ង​មួយ​រមៀល​ចុះ រមៀល​ឡើង នៅ​ក្នុង​ទី​តាំង​ទ័ព​របស់​យើង នំបុ័ង​រមៀល​ទៅ​បុក​នឹង​តង់ត៍​ធ្វើ​អោយ​តង់ត៍​នោះ​រលំ»​។ ១៤ មិត្ត​ភក្ដិ​របស់​គាត់​ ពោល​ឡើង​ថា៖ «គ្មាន​អ្វី​ក្រៅ​ពី​ដាវ​របស់​លោក​កេដូន​ កូន​របស់​លោក​យ៉ូអាស ជា​ជន​ជាតិ​អ៊ីស្រាអែល​ឡើយ។ ព្រះជាម្ចាស់​បាន​ប្រគល់​ជន​ជាតិ​ម៉ាឌីយ៉ាន និង​កងទ័ព​នេះ​ទាំង​មូល ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ»។ ១៥ ពេល​លោក​កេដូន ឮ​គេ​និយាយ​គ្នា​អំពី​សុបិន និង​អត្ថន័យ​នៃ​សុបិន​នោះ លោក​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះជាម្ចាស់។ បន្ទាប់​មក លោក​វិល​ទៅ​ទី​តាំង​ទ័ព​របស់​ជន​ជាតិ​អ៊ីស្រាអែល​វិញ ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង ព្រះអម្ចាស់​ប្រគល់​កងទ័ព​ម៉ាឌីយ៉ាន មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ»។

១៦ លោក​កេដូន​​បំបែក​ទ័ព​បី​រយ​នាក់ ជា​បី​ក្រុម លោក​ក៏​ប្រគល់​ស្នែង ក្អម​ទទេ និង​ចន្លុះ​សំរាប់​ដាក់​ក្នុង​ក្អម​អោយ​ពួក​គេ​កាន់​គ្រប់ៗ​គ្នា។ ១៧ បន្ទាប់​មក លោក​បញ្ជា​ទៅ​ពួក​គេ​ថា៖ «ចូរ​មើល​មក​ខ្ញុំ បើ​ខ្ញុំ​ធ្វើ​អ្វី ត្រូវ​នាំ​គ្នា​ធ្វើ​តាម ពេល​ខ្ញុំ​ទៅ​ដល់​ក្បែរ​ទី​តាំង​ទ័ព​របស់​គេ បើ​ខ្ញុំ​ធ្វើ​អ្វី នាំ​គ្នា​ធ្វើ​តាម​ទៅ។ ១៨ កាល​ណា​ខ្ញុំ និង​ពួក​ដែល​នៅ​ជា​មួយ​ខ្ញុំ​ផ្លុំ​ស្នែង អ្នក​រាល់​គ្នា​ដែល​នៅ​ជុំវិញ​ទី​តាំង​ទ័ព​ត្រូវ​ផ្លុំ​ស្នែង​ដែរ ហើយ​ស្រែក​ឡើង​ថា “ជយោ​ព្រះអម្ចាស់! ជយោ​លោក​គេឌាន​!”»។

 

​១៩ លុះ​ជិត ​ពាក់​កណ្ដាល​អធ្រាត្រ ពេល​គេ​ទើប​នឹង​ប្ដូរ​អ្នក​យាម លោកកេដូន​ និង​ទាហាន​មួយ​រយ​នាក់​ដែល​នៅ​ជា​មួយ​លោក មក​ដល់​ជិត​ទី​តាំង​ទ័ព​របស់​ជន​ជាតិ​ម៉ាឌីយ៉ាន ហើយ​នាំ​គ្នា​ផ្លុំ​ស្នែង​ឡើង ព្រម​ទាំង​បំបែក​ក្អម​ដែល​គេ​កាន់​មក​ជា​មួយ​នោះ។ ២០ ទ័ព​ទាំង​បី​ក្រុម​ ផ្លុំ​ស្នែង និង​បំបែក​ក្អម​ព្រម​គ្នា ពួក​គេ​កាន់​ចន្លុះ​នៅ​ដៃ​ឆ្វេង ហើយ​កាន់​ស្នែង​សំរាប់​ផ្លុំ​នៅ​ដៃ​ស្ដាំ ទាំង​ស្រែក​ថា៖ «យើង​វាយ​យក​ជ័យ​ថ្វាយ​ព្រះអម្ចាស់ និង​យក​ជ័យ​ជូន​លោក​កេដូន!»។ ២១ ពួក​គេ​ឈរ​នៅ​កន្លែង​ រៀងៗ​ខ្លួន​ព័ទ្ធ​ជុំវិញ​ទី​តាំង​ទ័ព។ រីឯ​ខ្មាំង​សត្រូវ​ទាំង​អស់ ដែល​នៅ​ក្នុង​ទី​តាំង​ទ័ព នាំ​គ្នា​រត់ និង​ស្រែក ហើយ​បាក់​ទ័ព។ ២២ នៅ​ពេល​ទ័ព​ទាំង​បី​រយ​នាក់​ផ្លុំ​ស្នែង ព្រះអម្ចាស់​បាន​ធ្វើ​អោយ​ជន​ជាតិ​ម៉ាឌីយ៉ាន​កាប់​ សម្លាប់​គ្នា​ឯង ហើយ​រត់​គេច​ខ្លួន​រហូត​ដល់​បេតស៊ីតា តាម​ផ្លូវ​ទៅ​សេរេរ៉ា ហើយ​រហូត​ដល់​មាត់​ស្ទឹង នៅ​ភូមិ​អបិល-មេហូឡា ដែល​នៅ​ទល់​មុខ​នឹង​ភូមិ​តាបាត់។

 

២៣ ជន​ជាតិអ៊ីស្រាអែល​នៃ​កុលសម្ព័ន្ធ​ណែបថាលី កុលសម្ព័ន្ធ​អស៊ែរ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ទាំង​មូល​ប្រមូល​គ្នា​មក ហើយ​ដេញ​តាម​ជន​ជាតិ​ម៉ាឌីយ៉ាន។ ២៤ លោកកេដូន​ចាត់​អ្នក​ នាំ​សារ​អោយ​ទៅ​ប្រកាស​ប្រាប់ ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម​ទាំង​មូល​ថា៖ «ចូរ​នាំ​គ្នា​ចុះ​មក ហើយ​ស្ទាក់​ផ្លូវ​ពួក​ម៉ាឌីយ៉ាន ដោយ​កាន់​កាប់​ប្រភព​ទឹក​ទាំង​ប៉ុន្មាន​រហូត​ដល់​បេតបារ៉ា និង​ទន្លេ​យ័រដាន់»។ កុលសម្ព័​ន្ធ​អេប្រាអ៊ីម​ទាំង​មូល​នាំ​គ្នា​ទៅ​កាន់​កាប់​ប្រភព​ទឹក​ទាំង​ ប៉ុន្មាន រហូត​ដល់​បេតបារ៉ា និង​ទន្លេ​យ័រដាន់។ ២៥ ពួក​គេ​ចាប់​បាន​មេ​ដឹក ​នាំ​របស់​ជន​ជាតិ​ម៉ាឌីយ៉ាន​ទាំង​ពីរ​នាក់ គឺ​អូរិប និង​សៀប។ គេ​សម្លាប់​អូរិប​នៅ​ត្រង់​ថ្ម​របស់​អូរិប ហើយ​សម្លាប់​សៀប នៅ​ត្រង់​ធុង​គាប​ផ្លែ​ទំពាំងបាយជូរ​របស់​សៀប។ បន្ទាប់​មក ពួក​គេ​ដេញ​តាម​ជន​ជាតិ​ម៉ាឌីយ៉ាន​បន្ត​ទៅ​ទៀត រួច​ហើយ​គេ​យក​ក្បាល​របស់​អូរិប និង​សៀប ពី​ត្រើយ​ម្ខាង​ទន្លេ​យ័រដាន់ មក​ជូន​លោក​កេដូន។

កុលសម្ព័ន្ធ​អេប្រាអ៊ីម​មិន​សប្បាយ​ចិត្ត

១ កុលសម្ព័ន្ធ​អេប្រាអ៊ីម​ ពោល​ទៅ​កាន់​លោក​កេដូន​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ​ដូ​ច្នេះ​​​​​? ពេល​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​ជន​ជាតិ​ម៉ាឌីយ៉ាន ហេតុ​អ្វី​បាន​ជា​លោក​មិន​ហៅ​យើង​ខ្ញុំ​ទៅ​ផង?»។ ពួក​គេ​ស្ដី​បន្ទោស​លោក​​​យ៉ាង​ខ្លាំង។ ២ លោក​កេដូន​ឆ្លើយ​ទៅ​ពួក​ គេ​វិញ​ថា៖ «ជ័យជំនះ​ដែល​ខ្ញុំ​យក​បាន​នោះ មិន​អាច​ប្រៀប​ផ្ទឹម​ទៅ​នឹង​ការ​ដែល​បង​ប្អូន​បាន​ធ្វើ​ឡើយ។ បង​ប្អូន​កុលសម្ព័ន្ធ​អេប្រាអ៊ីម​អើយ ការ​ប្រយុទ្ធ​របស់​បង​ប្អូន ទោះ​បី​បន្តិចបន្តួច​ក្ដី ក៏​ប្រសើរ​ជាង​ការ​ប្រយុទ្ធ​នៃ​អំបូរ​អប៊ីយេស៊ែរ​របស់​ខ្ញុំ​ទៅ​ទៀត? ៣ ព្រះជាម្ចាស់​បាន​ប្រគល់​ មេ​ដឹក​នាំ​នៃ​ពួក​ម៉ាឌីយ៉ាន គឺ​អូរិប និង​សៀប មក​ក្នុង​កណ្ដាប់​ដៃ​របស់​បង​ប្អូន។ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​អោយ​ស្មើ​នឹង​កិច្ចការ​ដែល​បង​ប្អូន​ធ្វើ​ឡើយ»។ កាល​ឮ​លោកកេដូន​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ពួក​គេ​ក៏​បាត់​ខឹង។

 

លោក​កេដូន​នៅ​ខាង​កើត​ទន្លេ​យ័រដាន់

៤ លោក​កេដូន និង​ទ័ព​ទាំង​បី​រយ​នាក់ បាន​មក​ដល់​ទន្លេ​យ័រដាន់ ហើយ​ឆ្លង​ទៅ​ត្រើយ​ម្ខាង។ ទោះ​បី​ពួក​គេ​នឿយហត់​ខ្លាំង​ណាស់​ទៅ​ហើយ​ក្ដី ក៏​ពួក​គេ​នៅ​តែ​ដេញ​តាម​ខ្មាំង​សត្រូវ​ត​ទៅ​ទៀត។ ៥ ពេល​ពួក​គេ​ទៅ​ដល់​ក្រុង​ ស៊ូកូត លោក​កេដូន​​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ក្រុង​នោះ​ថា៖ «សូម​ចែក​នំបុ័ង​អោយ​ទ័ព​ដែល​មក​តាម​ខ្ញុំ​នេះ​ផង ព្រោះ​គេ​ហត់​នឿយ​ខ្លាំង​ណាស់ ខ្ញុំ​កំពុង​តែ​ដេញ​តាម​សេបាស និង​សាល់មូណា ស្ដេច​សាសន៍​ម៉ាឌីយ៉ាន»។ ៦ ប៉ុន្តែ មេ​ដឹក​នាំ​ក្រុង​ស៊ូកូត​នាំ​គ្នា​ឆ្លើយ​មក​លោក​វិញ​ថា៖ «តើ​លោក​ចាប់​បាន​ស្ដេច​សេបាស និង​ស្ដេច​សាល់មូណា​ហើយ​ឬ បាន​​​ជា​យើង​ត្រូវ​យក​អាហារ ​អោយ​ពល​ទ័ព​របស់​លោក​បរិភោគ​?»។ ៧ លោកកេដូន​តប​ទៅ​គេ​វិញ​ថា៖ «កាល​ណា​ព្រះអម្ចាស់​ ប្រគល់​ស្ដេច​សេបាស និង​ស្ដេច​សាល់មូណា មក​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្ញុំ ខ្ញុំ​មុខ​ជា​យក​បន្លា​ស្អិត និង​បន្លា​ដំបងយក្ស វាយ​អ្នក​រាល់​គ្នា​មិន​ខាន»។ ៨ លោកកេដូន​ចេញ​ពី​ទី​នោះ ឡើង​ទៅ​ក្រុង​ពេនូ​អែល ហើយ​សុំ​អាហារ​អ្នក​ក្រុង​នោះ​ដូច​សុំ​អ្នក​ក្រុង​ស៊ូកូត​ដែរ តែ​ពួក​គេ​ឆ្លើយ​មក​លោក​វិញ​តាម​របៀប​ដដែល។ ៩ លោកកេដូន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ក្រុង​ពេនូអែល​ថា៖ «កាល​ណា​ខ្ញុំ​ត្រឡប់​មក​វិញ ដោយ​ជោគ​ជ័យ ខ្ញុំ​នឹង​រំលំ​ប៉ម​ក្រុង​នេះ​ចោល»។

 

១០ រីឯ​ ស្ដេច​សេបាស និង​ស្ដេច​សាល់មូណា បាន​ទៅ​ដល់​តំបន់​ការគរ​ជា​មួយ​កងទ័ព​របស់​គេ ប្រមាណ​មួយ​ម៉ឺន​ប្រាំ​ពាន់​នាក់ ដែល​នៅ​សល់​ពី​កងទ័ព​ទាំង​មូល​របស់​ពួក​ពនេចរ​ពី​ស្រុក​ខាង​កើត ដ្បិត​ពួក​គេ​ស្លាប់​អស់​មួយ​សែន​ពីរ​ម៉ឺន​នាក់​ហើយ។ ១១ ​លោកកេដូន​​ក៏​ឡើង​ទៅ​ តាម​ផ្លូវ​របស់​ពួក​ពនេចរ នៅ​ខាង​កើត​ភូមិ​ណូបា និង​ភូមិ​យ៉ុកបូហា ហើយ​វាយ​លុក​ទី​តាំង​ទ័ព​របស់​ខ្មាំង ដែល​គេ​ស្មាន​ថា​ខ្លួន​បាន​សុខសាន្ត​ហើយ។ ១២ ស្ដេច​ទាំង​ពីរ​អង្គ​ របស់​ជន​ជាតិ​ម៉ាឌីយ៉ាន គឺ​សេបាស និង​សាល់មូណារត់​គេច​ខ្លួន ប៉ុន្តែ លោក​កេដូនដេញ​តាម​ចាប់​បាន​ស្ដេច​ទាំង​ពីរ ព្រម​ទាំង​វាយ​កងទ័ព​របស់​ស្ដេច​អោយ​បាក់​ទ័ព​ផង។

 

១៣ លោកកេដូន​ ជា​កូន​របស់​លោក​យ៉ូអាស វិល​ត្រឡប់​មក​ពី​ធ្វើ​សឹក​វិញ តាម​ច្រ​ក​ភ្នំ​ហេរេស។ ១៤ ពេល​នោះ លោក​ចាប់​ក្មេង​ប្រុស​ម្នាក់​ពី​ក្រុង​ស៊ូកូត មក​សួរ​ចម្លើយ ហើយ​អោយ​វា​សរសេរ​ឈ្មោះ​មេ​ដឹក​នាំ និង​អ្នក​ចាស់​ទុំ នៅ​ក្រុង​ស៊ូកូត ដែល​មាន​ចំនួន​ចិតសិប​ប្រាំពីរ​នាក់។ ១៥ បន្ទាប់​មក លោក​កេដូន​​ទៅ​រក​អ្នក​ក្រុង​ស៊ូកូត ហើយ​មាន​ប្រសាសន៍​ថា៖ «នេះ​គឺ​សេបាស និង​សាល់មូណា! អ្នក​រាល់​គ្នា​បាន​និយាយ​មក​ខ្ញុំ ទាំង​មើលងាយ​ថា “តើ​លោក​ចាប់​បាន​ស្ដេច​សេបាស និង​ស្ដេច​សាល់មូណា​ហើយ​ឬ បាន​ជា​យើង​ត្រូវ​យក​អាហារ​អោយ​ពល​ទ័ព​របស់​លោក​ដែល​អស់​កម្លាំង​បរិភោគ?”»។ ១៦ លោក​ចាប់​ពួក​ចាស់​ទុំ​នៅ​ក្រុង​នោះ​មក ហើយ​យក​បន្លា​ដំបងយក្ស និង​បន្លា​ស្អិត មក​វាយ ដើម្បី​ព្រមាន​អ្នក​ក្រុង​ស៊ូកូត។ ១៧ លោក​បាន​រំលំ​ប៉ម​ក្រុង​ពេនូអែល ព្រម​ទាំង​សម្លាប់​ប្រជាជន​នៅ​ក្រុង​នោះ​ទៀត​ផង។

 

១៨ បន្ទាប់​មក លោកកេដូន​សួរ​ទៅ​ស្ដេច​សេបាស និង​ស្ដេច​សាល់មូណា​ថា៖ «តើ​មនុស្ស​ដែល​ពួក​ឯង​បាន​សម្លាប់​នៅ​ភ្នំ​តាប៊រ​នោះ មាន​ភិនភាគ​ដូច​ម្ដេច?»។ គេ​ឆ្លើយ​ឡើង​ថា៖ «ពួក​គេ​មាន​ភិនភាគ​ដូច​លោក​ដែរ គឺ​ម្នាក់ៗ​ដូច​បុត្រ​ស្ដេច»។ ១៩ ​លោកកេដូន​ពោល​ថា៖ «ពួក​គេ​ជា​បង​ប្អូន​ពោះ​មួយ​នឹង​ខ្ញុំ។ យើង​សុំ​ប្រាប់​​ពួក​ឯង ក្នុង​ព្រះនាម​ព្រះអម្ចាស់​ដ៏​មាន​ព្រះជន្ម​គង់​នៅ​ថា ប្រសិន​បើ​ឯង​ពុំ​បាន​សម្លាប់​អ្នក​ទាំង​នោះ​ទេ យើង​នឹង​ទុក​ជីវិត​ពួក​ឯង​ជា​មិន​ខាន!»។ ២០ បន្ទាប់​មក លោក​បង្គាប់​ទៅ​យេទែរ ជា​កូន​ច្បង​របស់​លោក​ថា៖ «ចូរ​សម្លាប់​ពួក​គេ​ចោល​ទៅ!»។ ប៉ុន្តែ យុវជន​នោះ​មិន​ហ៊ាន​ហូត​ដាវ​ទេ ដ្បិត​គេ​ខ្លាច ដោយ​ខ្លួន​នៅ​ក្មេង​ពេក។ ២១ ស្ដេច​សេបា និង​ស្ដេច​សាល់មូណា​ពោល​ទៅ​កាន់​លោក​កេដូន​ថា៖ «សូម​សម្លាប់​យើង​ដោយ​ដៃ​លោក​ផ្ទាល់​ទៅ ដ្បិត​គួរ​អោយ​មនុស្ស​ពេញ​កម្លាំង​សម្លាប់​យើង​វិញ!»។ ពេល​នោះ លោកកេដូន​​ក្រោក​ឡើង ហើយ​សម្លាប់​ស្ដេច​សេបាស និង​ស្ដេច​សាល់មូណា​ចោល រួច​ដោះ​យក​គ្រឿង​លំអ ដែល​ពាក់​នៅ​ក​អូដ្ឋ​របស់​ពួក​គេ​ផង។

 

លោក​កេដូន​បដិសេធ​មិន​ព្រម​គ្រង​រាជ្យ

២២ ក្រោយ​ពី​ព្រឹត្តិការណ៍ ​នោះ​មក ជន​ជាតិ​អ៊ីស្រាអែល​ពោល​ទៅ​កាន់​លោកកេដូន​ថា៖ «សូម​លោក​មេត្តា​គ្រប់គ្រង​លើ​យើង​ខ្ញុំ ហើយ​ក្រោយ​មក សូម​អោយ​កូន និង​ចៅ​របស់​លោក​គ្រប់គ្រង​លើ​យើង​ខ្ញុំ​ត​ទៅ​ទៀត​ដែរ ពីព្រោះ​លោក​បាន​សង្គ្រោះ​យើង​ខ្ញុំ អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌីយ៉ាន»។ ២៣ លោកកេដូន​តប​ទៅ​ពួក​គេ ​វិញ​ថា៖ «ទេ! ខ្ញុំ​មិន​គ្រប់គ្រង​លើ​អ្នក​រាល់​គ្នា​ទេ ហើយ​កូន​របស់​ខ្ញុំ​ក៏​មិន​គ្រប់គ្រង​លើ​អ្នក​រាល់​គ្នា​ដែរ គឺ​ព្រះអម្ចាស់​ទេ ដែល​គ្រប់គ្រង​លើ​អ្នក​រាល់​គ្នា»។ ២៤ លោក​កេដូន​មាន​ប្រសាសន៍ ​ទៅ​ពួក​គេ​ទៀត​ថា៖ «ខ្ញុំ​មាន​សំណូម​ពរ​មួយ គឺ​សូម​អ្នក​រាល់​គ្នា​ប្រគល់​ក្រវិល ដែល​ម្នាក់ៗ​រឹប​អូស​យក​បាន​ពី​សត្រូវ​មក​អោយ​ខ្ញុំ»- ជន​ជាតិ​ម៉ាឌីយ៉ាន​សុទ្ធ​តែ​ពាក់​ក្រវិល​មាស ដ្បិត​ពួក​គេ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អ៊ីស្មាអែល​ទាំង​អស់​គ្នា។ ២៥ ​ជន​ជាតិ​អ៊ីស្រាអែល​ ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​សូម​ជូន​ក្រវិល​ទៅ​លោក ដោយ​ស្មោះ​អស់​ពី​ចិត្ត»។ ពួក​គេ​ក៏​ត្រដាង​អាវ​ធំ​មួយ​នៅ​លើ​ដី ហើយ​ម្នាក់ៗ​ដាក់​ក្រវិល​ដែល​ខ្លួន​រឹប​អូស​យក​បាន​ពី​សត្រូវ លើ​អាវ​នោះ។ ២៦ ក្រវិល​មាស​ទាំង​អស់​ ដែល​លោក​កេដូន​​បាន​សុំ​ពី​គេ​នោះ មាន​ទម្ងន់​ប្រមាណ​ប្រាំ​រយ​តម្លឹង។ លោក​ក៏​បាន​ទទួល​គ្រឿង​អលង្ការ ទំហូ និង​សម្លៀកបំពាក់​ពណ៌​ក្រហម​ទុំ​របស់​ស្ដេច​សាសន៍​ម៉ាឌីយ៉ាន ព្រម​ទាំង​គ្រឿង​លំអ​ដែល​ពាក់​នៅ​ក​សត្វ​អូដ្ឋ​របស់​សត្រូវ​ទៀត​ផង។ ២៧ លោកកេដូន​​បាន​យក​មាស​ ទាំង​នោះ ទៅ​សូន​ធ្វើ​ជា​រូប​បដិមា​មួយ ហើយ​តម្កល់​នៅ​អូប្រា ជា​ភូមិ​កំណើត​របស់​លោក។ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ក្បត់​ព្រះជាម្ចាស់ ដោយ​គោរព​ថ្វាយបង្គំ​រូប​ចម្លាក់​នោះ ហើយ​រូប​នោះ​ក្លាយ​ទៅ​ជា​អន្ទាក់​ដល់​លោក​កេដូន និង​ក្រុម​គ្រួសារ​របស់​លោក។ ២៨ ចាប់​ពី​ពេល​នោះ​មក ជន​ជាតិ​ម៉ាឌីយ៉ាន​ស្ថិត​នៅ​ជា​ចំណុះ​ជន​ជាតិ​អ៊ីស្រាអែល មិន​អាច​ងើប​មុខ​ឡើយ ហើយ​ស្រុក​ទេស​ក៏​បាន​សុខសាន្តត្រាណ អស់​រយៈ​ពេល​សែសិប​ឆ្នាំ។ ២៩ លោក​យេរូបាល​ ជា​កូន​របស់​លោក​យ៉ូអាស វិល​ត្រឡប់​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​របស់​លោក​វិញ។ ៣០ លោក​មាន​កូន​ប្រុស​ទាំង​អស់​ចិតសិប​នាក់ ដ្បិត​លោក​មាន​ប្រពន្ធ​ច្រើន។ ៣១ ប្រពន្ធ​ចុង​របស់​លោក នៅ​ស៊ីគែម បង្កើត​បាន​កូន​ប្រុស​ម្នាក់​ជូន​លោក ដែល​លោក​ដាក់​ឈ្មោះ​ថា អប៊ីម៉េឡេក។

 

៣២ លោកកេដូន ជា​កូន​របស់​លោក​យ៉ូអាស បាន​រស់​យ៉ាង​យូរ ប្រកប​ដោយ​សុភមង្គល បន្ទាប់​មក លោក​ក៏​ទទួល​មរណភាព​ទៅ។ គេ​បាន​បញ្ចុះ​សព​លោក​ក្នុង​ផ្នូរ​របស់​លោក​យ៉ូអាស ជា​ឪពុក នៅ​អូប្រា ជា​ភូមិ​របស់​អំបូរ​អប៊ីយេស៊ែរ។

 

៣៣ ក្រោយ​ ពី​លោក​កេដូន​ទទួល​មរណភាព​ផុត​ទៅ ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ក្បត់​ព្រះជាម្ចាស់​សា​ជា​ថ្មី ហើយ​បែរ​ទៅ​គោរព​ព្រះ​បាល គឺ​គេ​យក​ព្រះ​បាល-បេរីត​ធ្វើ​ជា​ព្រះ​របស់​គេ ៣៤ ពួក​គេ​លែង​នឹក​នា​ដល់​ព្រះអម្ចាស់ ជា​ព្រះ​របស់​គេ ដែល​បាន​រំដោះ​គេ​អោយ​រួច​ពី​ខ្មាំង​សត្រូវ​នៅ​ជុំវិញ។ ៣៥ ពួក​គេ​ពុំ​ដឹង​គុណ​គ្រួសារ​លោក​កេដូន ហៅ​យេរូបាល នូវ​ការ​ល្អ​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​ឡើយ។

អប៊ីមេឡេក​តាំង​ខ្លួន​ជា​ស្ដេច​នៅ​ស៊ីគែម

១ លោក​អប៊ីមេឡេក ជា​កូន​របស់​លោក​យេរូបាល បាន​ទៅ​ស៊ីគែម រក​បង​ប្អូន​ខាង​ម្ដាយ​របស់​គាត់ និង​ញាតិសន្ដាន​ទាំង​ប៉ុន្មាន​ខាង​ម្ដាយ ហើយ​ពោល​ថា៖ ២ «សូម​បង​ប្អូន​ទៅ​សួរ​ អ្នក​មុខ​អ្នក​ការ​ទាំង​អស់ នៅ​ស៊ីគែម​ថា តើ​អស់​លោក​ចង់​អោយ​កូន​របស់​លោក​យេរូបាល ទាំង​ចិតសិប​នាក់​គ្រប់គ្រង​លើ​អស់​លោក ឬ​ក៏​ចង់​អោយ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ? សូម​កុំ​ភ្លេច​ថា ខ្ញុំ​ជា​សាច់​ឈាម​របស់​អស់​លោក»។ ៣ បង​ប្អូន​ខាង​ម្ដាយ​របស់​ លោក​អប៊ីមេឡេក​នាំ​ពាក្យ​នេះ ទៅ​ជំរាប​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម។ ពួក​គេ​នាំ​គ្នា​គាំទ្រ​លោក​អប៊ីមេឡេក ដោយ​គិត​ថា គាត់​ជា​សាច់​ឈាម​របស់​ពួក​គេ។ ៤ ពួក​គេ​យក​ប្រាក់​ម្ភៃ​ តម្លឹង​ពី​វិហារ​របស់​ព្រះ​បាលបេរីត ជូន​គាត់។ លោក​អប៊ីមេឡេក​យក​ប្រាក់​នេះ​ទៅ​ជួល​មនុស្ស​ពាល និង​មនុស្ស​អានាថា អោយ​មក​តាម​គាត់។ ៥ បន្ទាប់​មក គាត់​ទៅ​ផ្ទះ​ឪពុក​របស់​គាត់ នៅ​អូប្រា ហើយ​នៅ​ទី​នោះ គាត់​សម្លាប់​បង​ប្អូន​របស់​គាត់ គឺ​កូន​របស់​លោក​យេរូបាល​ទាំង​ចិតសិប​នាក់ ក្នុង​ពេល​តែ​មួយ។ មាន​តែ​យ៉ូថាម ដែល​ជា​កូន​ពៅ​ម្នាក់​គត់​បាន​រួច​ជីវិត ព្រោះ​លោក​លាក់​ខ្លួន។ ៦ ពួក​អ្នក​មុខ​អ្នក​ការ​នៅ ​ស៊ីគែម និង​ប្រជាជន​ទាំង​ប៉ុន្មាន​នៅ​បេត​មីឡូ​បាន​ជួបជុំ​គ្នា​ត្រង់​ដើម​ជ្រៃ នៅ​ស៊ីគែម ជិត​ស្ដូប​ថ្ម ហើយ​តែងតាំង​លោក​អប៊ីមេឡេក​ជា​ស្ដេច។

 

ពាក្យ​ប្រស្នា​របស់​លោក​យ៉ូថាម

៧ ពេល​លោក​យ៉ូថាម​ទទួល​ដំណឹង​នេះ លោក​ក៏​ឡើង​ទៅ​លើ​កំពូល​ភ្នំ​កេរ៉ាស៊ីម ទាំង​ស្រែក​យ៉ាង​អស់​ទំហឹង​ថា៖

ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ក្រុង​ស៊ីគែម​អើយ

សូម​ស្ដាប់​ខ្ញុំ ហើយ​សូម​ព្រះជាម្ចាស់​ទ្រង់​ព្រះសណ្ដាប់

អ្នក​រាល់​គ្នា​ដែរ!

៨  ថ្ងៃ​មួយ ដើម​ឈើ​ទាំងឡាយ​ដើរ​ផ្សង​រក​ស្ដេច

អោយ​គ្រង​រាជ្យ​លើ​គេ។

ពួក​គេ​ពោល​ទៅ​កាន់​ដើម​អូលីវ​ថា:

សូម​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ​ទៅ។

៩  ប៉ុន្តែ ដើម​អូលីវ​ឆ្លើយ​ថា:

ព្រះ និង​មនុស្ស​លោក

ពេញ​ចិត្ត​នឹង​ប្រេង​របស់​ខ្ញុំ​គ្រប់ៗ​គ្នា

តើ​អោយ​ខ្ញុំ​លះបង់​ប្រេង​របស់​ខ្ញុំ

ហើយ​ទៅ​យោល​ខ្លួន​លើ​ដើម​ឈើ​ឯ​ទៀតៗ

ដូច​ម្ដេច​កើត។

១០  ពេល​នោះ ដើម​ឈើ​ទាំងឡាយ​ពោល​ទៅ​កាន់

ដើម​ឧទុម្ពរ​ថា:

សូម​អញ្ជើញ​មក​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ!

១១  ប៉ុន្តែ ដើម​ឧទុម្ពរ​ឆ្លើយ​ថា:

តើ​អោយ​ខ្ញុំ​លះបង់​ផ្លែ​ដ៏​ផ្អែម និង​ឆ្ងាញ់​ពិសា

ហើយ​ទៅ​យោល​ខ្លួន​លើ​ដើម​ឈើ​ឯ​ទៀតៗ

ដូច​ម្ដេច​កើត?

១២  ពេល​នោះ ដើម​ឈើ​ទាំងឡាយ​ពោល​ទៅ​កាន់

ដើម​ទំពាំងបាយជូរ​ថា:

សូម​អញ្ជើញ​មក​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ!

១៣  ប៉ុន្តែ ដើម​ទំពាំងបាយជូរ​ឆ្លើយ​ថា:

ស្រា​របស់​ខ្ញុំ​បាន​ធ្វើ​អោយ

ព្រះ និង​មនុស្ស​លោក សប្បាយ​ចិត្ត​គ្រប់ៗ​គ្នា

តើ​អោយ​ខ្ញុំ​លះបង់​ស្រា​របស់​ខ្ញុំ

ហើយ​ទៅ​យោល​ខ្លួន​លើ​ដើម​ឈើ​ឯ​ទៀតៗ

ដូច​ម្ដេច​កើត?

១៤  នៅ​ទី​បំផុត ដើម​ឈើ​ទាំងឡាយ​ពោល​ទៅ​កាន់

គុម្ព​បន្លា​ថា:

សូម​អញ្ជើញ​មក​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ!

១៥  គុម្ព​បន្លា​ក៏​ឆ្លើយ​ទៅ​ដើម​ឈើ​ឯ​ទៀតៗ​វិញ​ថា:

ប្រសិន​បើ​អ្នក​រាល់​គ្នា​ចង់​អភិសេក​ខ្ញុំ​អោយ​ធ្វើ

ជា​ស្ដេច​គ្រង​រាជ្យ​លើ​អ្នក​រាល់​គ្នា​មែន​នោះ

ចូរ​នាំ​គ្នា​មក​ជ្រក​ក្រោម​ម្លប់​ខ្ញុំ​ចុះ!

បើ​មិន​ធ្វើ​ដូច្នោះ​ទេ

នឹង​មាន​ភ្លើង​ចេញ​ពី​គុម្ព​បន្លា​បញ្ឆេះ

ដើម​តាត្រៅ​នៅ​ស្រុក​លីបង់​ថែម​ទៀត​ផង!

 

១៦ ឥឡូវ​នេះ តើ​អ្នក​រាល់​គ្នា​លើក​អប៊ីមេឡេក​ឡើង​ជា​ស្ដេច​ដោយ​ទៀង​ត្រង់ និង​ស្មោះ​អស់​ពី​ចិត្ត​មែន​ឬ? តើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ចំពោះ​លោក​យេរូបាល និង​គ្រួសារ​លោក ដោយ​ត្រឹម​ត្រូវ​ឬ? តើ​អ្នក​រាល់​គ្នា​ដឹង​គុណ​លោក ចំពោះ​កិច្ចការ​ដែល​លោក​បាន​ធ្វើ​ដល់​អ្នក​រាល់​គ្នា​ឬ​ទេ?។ ១៧ ឪពុក​របស់​ខ្ញុំ​បាន​ ច្បាំង ដើម្បី​អ្នក​រាល់​គ្នា លោក​បាន​ស៊ូ​ប្ដូរ​ជីវិត​របស់​លោក​រំដោះ​អ្នក​រាល់​គ្នា អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌីយ៉ាន។ ១៨ ប៉ុន្តែ ឥឡូវ​នេះ អ្នក​រាល់​គ្នា​បះបោរ​ប្រឆាំង​នឹង​ក្រុម​គ្រួសារ​លោក អ្នក​រាល់​គ្នា​សម្លាប់​កូន​ប្រុស​របស់​លោក​ទាំង​ចិតសិប​នាក់​ក្នុង​ពេល​តែ​ មួយ ព្រម​ទាំង​លើក​អប៊ីមេឡេក ជា​កូន​ស្ត្រី​បំរើ​របស់​លោក អោយ​ធ្វើ​ជា​ស្ដេច គ្រង​រាជ្យ​លើ​អ្នក​មុខ​អ្នក​ការ នៅ​ស៊ីគែម​ថែម​ទៀត​ផង ព្រោះ​គាត់​ត្រូវ​ជា​សាច់ញាតិ​របស់​អ្នក​រាល់​គ្នា។ ១៩ ប្រសិន​បើ​អ្នក​រាល់​ គ្នា​ប្រព្រឹត្ត​ចំពោះ​លោក​យេរូបាល និង​ក្រុម​គ្រួសារ​លោក​ដោយ​ទៀង​ត្រង់ និង​ស្មោះ​អស់​ពី​ចិត្ត​មែន​នោះ សូម​អោយ​អ្នក​រាល់​គ្នា​បាន​សប្បាយ​រីករាយ ដោយសារ​អប៊ីមេឡេក ហើយ​សូម​អោយ​គាត់​បាន​សប្បាយ​រីករាយ ដោយសារ​អ្នក​រាល់​គ្នា​វិញ​ដែរ។ ២០ បើ​មិន​ដូច្នោះ​ទេ សូម​អោយ​មាន​ភ្លើង​ចេញ​ពី​អប៊ីមេឡេក មក​ឆេះ​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម និង​នៅ​បេត​មីឡូ រួច​អោយ​មាន​ភ្លើង​ចេញ​ពី​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម និង​នៅ​បេត​មីឡូ មក​ឆេះ​អប៊ីមេឡេក​វិញ​ដែរ!»។ ២១ បន្ទាប់​មក លោក​យ៉ូថាម​ក៏​គេច​ខ្លួន រត់​ទៅ​ស្រុក​បេរ៉ា ហើយ​រស់​នៅ​ទី​នោះ​ឆ្ងាយ​ពី​លោក​អប៊ីមេឡេក ជា​បង។

 

បណ្ដាជន​នៅ​ស៊ីគែម​ប្រឆាំង​នឹង​អប៊ីមេឡេក

២២ លោក​អប៊ីមេឡេក ​បាន​ដឹក​នាំ​ស្រុក​អ៊ីស្រាអែល​អស់​រយៈ​ពេល​បី​ឆ្នាំ។ ២៣ ក្រោយ​មក ព្រះជាម្ចាស់​បាន​ធ្វើ​អោយ​លោក​អប៊ីមេឡេក និង​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម មាន​គំនិត​បាក់​បែក​គ្នា គឺ​ពួក​គេ​បាន​នាំ​គ្នា​ក្បត់​នឹង​លោក​អប៊ីមេឡេក។ ២៤ ​ដូច្នេះ ពួក​គេ​ទទួល​ទោស​ចំពោះ​ឃាតកម្ម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត គឺ​សម្លាប់​កូន​ប្រុស​របស់​លោក​យេរូបាល ទាំង​ចិតសិប​នាក់។ លោក​អប៊ីមេឡេក​ទទួល​ទោស ព្រោះ​បាន​សម្លាប់​បង​ប្អូន​របស់​ខ្លួន រីឯ​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម​ទទួល​ទោស ព្រោះ​តែ​សម​គំនិត​ជា​មួយ​គាត់​ក្នុង​ឃាតកម្ម​នេះ។ ២៥ ពួក​អ្នក​មុខ​អ្នក​ការ​ នៅ​ស៊ីគែម​បាន​ចាត់​មនុស្ស​អោយ​ទៅ​បង្កប់​ខ្លួន​នៅ​លើ​កំពូល​ភ្នំ ដើម្បី​ប្លន់​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ គឺ​ក្នុង​គោល​បំណង​ប្រឆាំង​នឹង​លោក​អប៊ីមេឡេក។ មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​លោក​អប៊ីមេឡេក។ ២៦ ថ្ងៃ​មួយ លោក​កាអាល ជា​កូន​របស់​លោក​អេបេដ បាន​ធ្វើ​ដំណើរ​ដល់​ស៊ីគែម​ជា​មួយ​បង​ប្អូន​របស់​គាត់។ ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម​ទុក​ចិត្ត​គាត់។

 

២៧ ពួក​គេ​ ចេញ​ទៅ​ចំការ បេះ​ផ្លែ​ទំពាំងបាយជូរ ហើយ​គាប​យក​ទឹក រួច​នាំ​គ្នា​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ។ បន្ទាប់​មក គេ​ចូល​ទៅ​​ក្នុង​វិហារ​ព្រះ​របស់​គេ គេ​នាំ​គ្នា​ស៊ី​ផឹក ហើយ​ដាក់​បណ្ដាសា​លោក​អប៊ីមេឡេក។ ២៨ ពេល​នោះ លោក​កាអាល​ពោល​ឡើង​ថា៖ «តើ​អប៊ីមេឡេក​ជា​នរណា ហើយ​យើង​ទាំង​អស់​គ្នា​នៅ​ស៊ីគែម​នេះ​ជា​នរណា​ដែរ បាន​ជា​ត្រូវ​ចំណុះ​គាត់? គាត់​ជា​កូន​របស់​លោក​យេរូបាល ហើយ​សេប៊ូល​ជា​តំណាង​របស់​គាត់។ ដូច្នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បំរើ​គាត់​ឡើយ ចូរ​ស្មោះ​ត្រង់​នឹង​ពូជពង្ស​លោក​ហាម័រ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​ស៊ីគែម​នោះ​វិញ។ ២៩ ប្រសិន​បើ​មាន​គេ​ ប្រគល់​ប្រជាជន​នៅ​ស៊ីគែម​នេះ​មក​អោយ​ខ្ញុំ​ត្រួតត្រា ខ្ញុំ​នឹង​ផ្ដួល​អប៊ីមេឡេក​ជា​មិន​ខាន»។ បន្ទាប់​មក លោក​កាអាល​ក៏​ស្រែក​ថា៖ «អប៊ីមេឡេក​អើយ ចូរ​ប្រមូល​កងទ័ព​របស់​ឯង ចេញ​មក​ប្រយុទ្ធ​ជា​មួយ​នឹង​យើង!»។

 

៣០ កាល​លោក​សេប៊ូល ជា​ចៅហ្វាយ​ក្រុង បាន​ឮ​ពាក្យ​ដែល​លោ​ក​កាអាល ជា​កូន​របស់​លោក​អេបេដ និយាយ​គាត់​ខឹង​យ៉ាង​ខ្លាំង។ ៣១ គាត់​ក៏​ចាត់​អ្នក​នាំ​ សារ​អោយ​ទៅ​ជា​សម្ងាត់ ប្រាប់​លោក​អប៊ីមេឡេក​ថា៖ «កាអាល ជា​កូន​របស់​លោក​អេបេដ ព្រម​ទាំង​បង​ប្អូន​របស់​គេ​ទើប​នឹង​មក​ដល់​ស៊ីគែម ហើយ​កំពុង​តែ​ញុះញង់​អ្នក​ក្រុង​អោយ​ប្រឆាំង​នឹង​លោក។ ៣២ ដូច្នេះ នៅ​យប់​នេះ សូម​លោក​ចេញ​ទៅ​បង្កប់​ខ្លួន​នៅ​ឯ​ស្រុក​ស្រែ ជា​មួយ​ទាហាន​របស់​លោក​ទៅ។ ៣៣ ស្អែក​ឡើង ពេល​ថ្ងៃ​រះ សឹម​វាយ​សំរុក​ចូល​ទីក្រុង។ នៅ​ពេល​កាអាល និង​បក្ស​ពួក​របស់​គេ​ចេញ​ទៅ​តទល់​នឹង​លោក​នោះ លោក​អាច​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​តែ​លោក​យល់​ឃើញ​ទៅ​ចុះ»។

 

៣៤ លោក​អប៊ីមឲេឡេក និង​ទាហាន​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​គាត់ ក្រោក​ឡើង​ទាំង​យប់ ចែក​គ្នា​ជា​បួន​ក្រុម រួច​ទៅ​បង្កប់​ខ្លួន​នៅ​ក្បែរ​ស៊ីគែម។ ៣៥ ពេល​នោះ លោក​កាអាល ជា​កូន​របស់​លោក​អេបេដ ក៏​ចេញ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ទីក្រុង។ រីឯ​លោក​អប៊ីមេឡេក និង​ទាហាន​របស់​គាត់ ក៏​ស្ទុះ​ចេញ​មក​ពី​ទី​បង្កប់​ខ្លួន​ដែរ។ ៣៦ លោក​កាអាល​ឃើញ​ពួក​គេ ក៏​និយាយ​ទៅ​កាន់​លោក​សេប៊ូល​ថា៖ «មើល! មាន​មនុស្ស​ចុះ​ពី​លើ​កំពូល​ភ្នំ​មក»។ ប៉ុន្តែ លោក​សេប៊ូល​ឆ្លើយ​ថា៖ «មិន​មែន​ទេ គឺ​ជា​ស្រមោល​ភ្នំ​ទេ​តើ តែ​អ្នក​មើល​ឃើញ​ថា​ជា​មនុស្ស​ទៅ​វិញ!»។ ៣៧ លោក​កាអាល​ក៏​ពោល​ទៀត​ ថា៖ «មើល​ន៎ គឺ​ពិត​ជា​មាន​មនុស្ស​ចុះ​ពី​ភ្នំ​ដែល​នៅ​កណ្ដាល​នោះ​មែន ហើយ​ក៏​មាន​មួយ​ក្រុម​ទៀត​មក​តាម​ផ្លូវ​ដើម​ជ្រៃ​របស់​ពួក​ហោរា​ដែរ»។ ៣៨ លោក​សេប៊ូល​ឆ្លើយ​តប​ ថា៖ «ម្ដេច​ក៏​អ្នក​ឯង​មិន​ក្អេងក្អាង​ទៀត​ទៅ? កាល​ពី​មុន​អ្នក​ឯង​បាន​ពោល​ថា “តើ​អប៊ីមេឡេក​ជា​នរណា បាន​ជា​យើង​ត្រូវ​ចំណុះ​គាត់?”។ ឥឡូវ​នេះ ពួក​ដែល​អ្នក​ឯង​មើលងាយ មក​ដល់​ហើយ ចូរ​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​គេ​ទៅ!»។ ៣៩ លោក​កាអាល​ក៏​នាំ​មុខ​អ្នក​ក្រុង​ស៊ីគែម ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​លោក​អប៊ីមេឡេក។ ៤០ លោក​កាអាល​បាក់​ទ័ព ហើយ​លោក​អប៊ីមេឡេក​ដេញ​តាម​ពី​ក្រោយ។ មនុស្ស​មួយ​ចំនួន​ធំ​ត្រូវ​របួស ដួល​ស្លាប់​មុន​ទៅ​ដល់​មាត់​ទ្វារ​ក្រុង។ ៤១ លោក​អប៊ីមេឡេក​ទៅ​ ស្នាក់​នៅ​ភូមិ​អារូម៉ា ចំណែក​លោក​សេប៊ូល​វិញ គាត់​ដេញ​លោក​កាអាល និង​បង​ប្អូន​របស់​គេ ចេញ​ពី​ស៊ីគែម មិន​អោយ​គេ​នៅ​ក្នុង​ក្រុង​នោះ​ឡើយ។

៤២ លុះ​ស្អែក​ឡើង លោក​អប៊ីមេឡេក បាន​ទទួល​ដំណឹង​ថា អ្នក​ក្រុង​ស៊ីគែម​រៀបចំ​ខ្លួន​ចេញ​ទៅ​វាល។ ៤៣ គាត់​ក៏​ប្រមូល​ទាហាន​ របស់​គាត់​មក ចែក​គេ​ជា​បី​ក្រុម ហើយ​អោយ​ទៅ​បង្កប់​ខ្លួន​នៅ​តាម​វាល។ ពេល​គាត់​ឃើញ​អ្នក​ក្រុង​ស៊ីគែម​ចេញ​ពី​ទីក្រុង​មក គាត់​ក៏​ស្ទុះ​ទៅ​វាយ​ប្រហារ​ពួក​គេ​ភ្លាម។ ៤៤ លោក​អប៊ីមេឡេក និង​ក្រុម​ដែល​នៅ​ជា​មួយ​គាត់ នាំ​គ្នា​ទៅ​ស្ទាក់​នៅ​មាត់​ទ្វារ​ក្រុង ក្នុង​ពេល​ដែល​ក្រុម​ពីរ​ទៀត ​កំពុង​តែ​ដេញ​ប្រហារ​ជីវិត​អស់​អ្នក​ដែល​នៅ​ តាម​វាល។ ៤៥ លោក​អប៊ីមេឡេក​វាយ​ ទីក្រុង​ពេញ​មួយ​ថ្ងៃ ទើប​ដណ្ដើម​យក​ទីក្រុង​បាន។ គាត់​សម្លាប់​ប្រជាជន​នៅ​ក្នុង​ទីក្រុង ហើយ​បំផ្លាញ​ទីក្រុង ព្រម​ទាំង​បាច​អំបិល​ទៀត​ផង។ ៤៦ នៅ​ពេល​ឮ​ដំណឹង​នេះ ពួក​អ្នក​មុខ​អ្នក​ការ​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្នុង​ប៉ម​ស៊ីគែម នាំ​គ្នា​ទៅ​ជ្រក​នៅ​ក្នុង​គុហា ដែល​នៅ​ក្រោម​វិហារ​ព្រះបេរីត។ ៤៧ លោក​អប៊ីមេឡេក​បាន​ទទួល​ដំណឹង​ថា ពួក​គេ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​នោះ ៤៨ គាត់​ក៏​ឡើង​ទៅ​លើ​ភ្នំ ​សាល់ម៉ូន ជា​មួយ​ទាហាន​របស់​គាត់។ គាត់​យក​ពូថៅ​ទៅ​កាប់​មែក​ឈើ​មួយ រួច​លើក​លី ទាំង​បង្គាប់​ទៅ​ទាហាន​របស់​គាត់​ថា៖ «ចូរ​ធ្វើ​តាម​ខ្ញុំ​ជា​ប្រញាប់!»។ ៤៩ ពួក​ទាហាន​ក៏​កាប់​មែក​ ឈើ​ម្នាក់​មួយ​មែកៗ ហើយ​លី​ទៅ​តាម​លោក​អប៊ីមេឡេក។ ពួក​គេ​យក​មែក​ឈើ​ទាំង​នោះ​ទៅ​គរ​នៅ​មាត់​គុហា រួច​ដុត​ភ្លើង​បញ្ឆេះ​គុហា ព្រម​ទាំង​មនុស្ស​ដែល​នៅ​ក្នុង​នោះ​ផង។ អស់​អ្នក​ដែល​នៅ​ក្នុង​ប៉ម​ស៊ីគែម បាន​ស្លាប់​បែប​នេះ​ឯង ពួក​គេ​ទាំង​ប្រុស​ទាំង​ស្រី​មាន​ចំនួន​ប្រមាណ​មួយ​ពាន់​នាក់។

 

៥០ ក្រោយ​មក លោក​អប៊ីមេឡេក​ទៅ​ក្រុង​តេបេស គាត់​ឡោមព័ទ្ធ​ក្រុង​នោះ ហើយ​ដណ្ដើម​យក​បាន។ ៥១ នៅ​កណ្ដាល​ក្រុង​នោះ មាន​ប៉ម​មួយ​យ៉ាង​មាំ ប្រជាជន​ទាំង​ប្រុស​ទាំង​ស្រី និង​អ្នក​មុខ​អ្នក​ការ​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នោះ នាំ​គ្នា​ទៅ​ជ្រក​ក្នុង​ប៉ម​នោះ។ ពួក​គេ​បិទ​ទ្វារ​យ៉ាង​ជិត រួច​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល។ ៥២ លោក​អប៊ីមេឡេក​ចូល​ទៅ​វាយ​យក​ប៉ម​នោះ គឺ​គាត់​ទៅ​ជិត​មាត់​ទ្វារ ដើម្បី​ដុត​បំផ្លាញ​ចោល។ ៥៣ ពេល​នោះ ស្ត្រី​ម្នាក់​បាន​ទម្លាក់​ត្បាល់​ថ្ម​មួយ​ទៅ​លើ​ក្បាល​គាត់ ហើយ​ក្បាល​គាត់​ក៏​បែក។ ៥៤ ភ្លាម​នោះ លោក​អប៊ីមេឡេក​ហៅ​យុវជន​ដែល​កាន់​អាវុធ​របស់​គាត់​មក ហើយ​បង្គាប់​ថា៖ «ចូរ​ហូត​ដាវ​សម្លាប់​ខ្ញុំ​ទៅ ដើម្បី​កុំ​អោយ​គេ​និយាយ​ថា មាន​ស្ត្រី​ម្នាក់​បាន​សម្លាប់​ខ្ញុំ​ឡើយ»។ យុវជន​នោះ​ក៏​ចាក់​ទម្លុះ​គាត់ ហើយ​គាត់​ក៏​ស្លាប់​ទៅ។ ៥៥ កាល​ជន​ជាតិ​អ៊ីស្រាអែល​ឃើញ​ថា គាត់​បាន​ស្លាប់​ហើយ​នោះ គេ​ក៏​វិល​ត្រឡប់​ទៅ​កាន់​ទី​លំនៅ​របស់​គេ​រៀងៗ​ខ្លួន​វិញ។

 

៥៦ គឺ​យ៉ាង​​នេះ​ហើយ ដែល​ព្រះជាម្ចាស់​ដាក់​ទោស​លោក​អប៊ី​មេឡេក សម​នឹង​អំពើ​អាក្រក់​ដែល​គាត់​បាន​ធ្វើ​ចំពោះ​ឪពុក​របស់​គាត់ ដោយ​សម្លាប់​បង​ប្អូន​គាត់​ទាំង​ចិតសិប​នាក់។ ៥៧ ព្រះ​ជា​ម្ចាស់​ក៏​បាន​ ដាក់​ទោស​អ្នក​ក្រុង​ស៊ីគែម សម​នឹង​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ដែរ គឺ​ស្រប​តាម​ពាក្យ​បណ្ដាសា​របស់​លោក​យ៉ូថាម ជា​កូន​របស់​លោក​យេរូបាល បាន​ថ្លែង​ទាស់​នឹង​ពួក​គេ។

លោក​តូឡា និង​លោក​យ៉ាអៀរ

១ ក្រោយ​ពេល​លោក​អប៊ីមេឡេក ​ទទួល​មរណ​ភាព​ផុត​ទៅ លោកតូឡា ជា​កូន​របស់​លោក​ពូអា និង​ជា​ចៅ​របស់​លោក​ដូដូ ក្នុង​កុលសម្ព័ន្ធ​អ៊ីសាកា បាន​ងើប​ឡើង​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល។ លោក​ជា​អ្នក​ស្រុក​សាមៀរ ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម។ ២ លោក​បាន​គ្រប់គ្រង​លើ​ ស្រុក​អ៊ីស្រាអែល អស់​រយៈ​ពេល​ម្ភៃ​បី​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណភាព​ទៅ ហើយ​គេ​បញ្ចុះ​សព​របស់​លោក​នៅ​ស្រុក​សាមៀរ​នោះ។

 

៣ ក្រោយ​ពេល ​លោក​តូឡា​ទទួល​មរណភាព​ទៅ លោក​យ៉ាអៀរ ជា​អ្នក​ស្រុក​កាឡាដ បាន​ងើប​ឡើង​គ្រប់គ្រង​លើ​ស្រុក​អ៊ីស្រាអែល​អស់​រយៈ​ពេល​ម្ភៃ​ពីរ​ឆ្នាំ។ ៤ លោក​មាន​កូន​ប្រុស​សាមសិប ​នាក់ ដែល​មាន​លា​សាមសិប​ជា​ជំនិះ និង​គ្រប់គ្រង​លើ​ក្រុង​សាមសិប​នៅ​តំបន់​កាឡាដ ដែល​មាន​ឈ្មោះ​ថា​បុរី​យ៉ាអៀរ រហូត​ដល់​សព្វ​ថ្ងៃ។ ៥ បន្ទាប់​មក លោក​យ៉ាអៀរ​ក៏​ទទួល​មរណភាព គេ​បញ្ចុះ​សព​របស់​លោក​នៅ​ក្រុង​កាម៉ូន។

 

ជន​ជាតិ​អាំម៉ូន​វាយ​ប្រហារ​អ៊ីស្រាអែល

៦ គ្រា​នោះ ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់​ សា​ជា​ថ្មី ដោយ​នាំ​គ្នា​គោរព​បំរើ​ព្រះ​បាល ព្រះអាស្ដារ៉ូត ព្រម​ទាំង​ព្រះ​នានា​របស់​ជន​ជាតិ​ស៊ីរី ព្រះ​របស់​ជន​ជាតិ​ស៊ីដូន ព្រះ​របស់​ជន​ជាតិ​ម៉ូអាប់ ព្រះ​របស់​ជន​ជាតិ​អាំម៉ូន និង​ព្រះ​របស់​ជន​ជាតិ​ភីលីស្ទីន​ទៀត​ផង។ គេ​បោះ​បង់​ចោល​ព្រះអម្ចាស់ ហើយ​មិន​គោរព​ថ្វាយបង្គំ​ព្រះអង្គ​ទៀត​ឡើយ​។ ៧ ដូច្នេះ ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ភីលីស្ទីន និង​ជន​ជាតិ​អាំម៉ូន។ ៨ ចាប់​តាំង​ពី​ឆ្នាំ​នោះ​ មក រហូត​អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ ជន​ជាតិ​ទាំង​ពីរ​បាន​សង្កត់សង្កិន និង​ធ្វើ​បាប​ជន​ជាតិ​អ៊ីស្រាអែល​ដែល​រស់​នៅ​ស្រុក​កាឡាដ ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​អាម៉ូរី ខាង​កើត​ទន្លេ​យ័រដាន់។ ៩ រីឯ​ជន​ជាតិ​អាំម៉ូន​ក៏​ បាន​ឆ្លង​ទន្លេ​យ័រដាន់ មក​វាយ​កុលសម្ព័ន្ធ​យូដា បេនយ៉ាមីន និង​អេប្រាអ៊ីម​ដែរ ធ្វើ​អោយ​ជន​ជាតិ​អ៊ីស្រាអែល​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង។ ១០ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ស្រែក​អង្វរ​ព្រះអម្ចាស់ ដោយ​ពោល​ថា៖ «យើង​ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះហឫ​ទ័យ​​ព្រះអង្គ ដ្បិត​យើង​ខ្ញុំ​បាន​បោះ​បង់​ចោល​ព្រះអង្គ​ដែល​ជា​ព្រះ​នៃ​យើង​ខ្ញុំ ទៅ​គោរព​បំរើ​ព្រះ​បាល»។ ១១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​តប​មក​ជន​ជាតិ​អ៊ីស្រាអែល​វិញ​ថា៖ «ពេល​ជន​ជាតិ​អេស៊ីប ជន​ជាតិ​អាម៉ូរី ជន​ជាតិ​អាំម៉ូន ជន​ជាតិ​ភីលីស្ទីន ១២ ជន​ជាតិ​ស៊ីដូន ជន​ជាតិ​អាម៉ាឡេក និង​ជន​ជាតិ​ម៉ាអូន បាន​ជិះជាន់​សង្កត់សង្កិន​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ស្រែក​អង្វរ​យើង តើ​យើង​មិន​បាន​សង្គ្រោះ​អ្នក​រាល់​គ្នា​អោយ​រួច​ពី​កណ្ដាប់​ដៃ​គេ​ ទេ​ឬ​អី? ១៣ ប៉ុន្តែ ដោយ​អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​យើង ទៅ​គោរព​បំរើ​ព្រះ​ផ្សេងៗ​ទៀត យើង​នឹង​មិន​សង្គ្រោះ​អ្នក​រាល់​គ្នា​ទៀត​ឡើយ។ ១៤ ដូច្នេះ ចូរ​នាំ​គ្នា​ហៅ​រក​ព្រះ ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស​នោះ​អោយ​ជួយ​ទៅ! អោយ​ព្រះ​ទាំង​នោះ​សង្គ្រោះ​​​អ្នក​រាល់​គ្នា​ក្នុង​ពេល​មាន​ទុក្ខ​លំបាក​នេះ​ ទៅ!»។ ១៥ ជន​ជាតិ​អ៊ីស្រាអែល​ទូល​ព្រះអង្គ​វិញ​ថា៖ «ឱ​ព្រះអម្ចាស់​អើយ យើង​ខ្ញុំ​ធ្វើ​ខុស​ហើយ សូម​ដាក់​ទោស​យើង​ខ្ញុំ តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​ចុះ តែ​ថ្ងៃ​នេះ សូម​ទ្រង់​មេត្តា​រំដោះ​យើង​ខ្ញុំ​ផង!»។

 

១៦ ពួក​គេ ​យក​ព្រះ​នានា​របស់​សាសន៍​ដទៃ​ចេញ​ពី​ក្នុង​ចំ​ណោ​ម​ពួក​គេ ហើយ​នាំ​គ្នា​គោរព​បំរើ​ព្រះអម្ចាស់​វិញ ធ្វើ​អោយ​ព្រះអង្គ​រំជួល​ព្រះហឫទ័យ ដោយ​ឃើញ​ទុក្ខ​វេទនា​របស់​ជន​ជាតិ​អ៊ីស្រា​អែល។

 

១៧ គ្រា​នោះ ជន​ជាតិ​អាំម៉ូន​ប្រមូល​ផ្ដុំ​គ្នា បោះ​ទ័ព​នៅ​ស្រុក​កាឡាដ ហើយ​ជន​ជាតិ​អ៊ីស្រាអែល​ក៏​ប្រមូល​គ្នា​បោះ​ទ័ព​នៅ​មីសប៉ា​ដែរ។ ១៨ ប្រជាជន​នៅ​ស្រុក​កាឡាដ ព្រម​ទាំង​អ្នក​ដឹក​នាំ​របស់​ពួក​គេ​ពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​សំរេច​ថា អ្នក​ណា​ហ៊ាន​ប្រយុទ្ធ​តទល់​នឹង​ជន​ជាតិ​អាំម៉ូន​មុន​គេ អ្នក​នោះ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ប្រជាជន​កាឡាដ​ទាំង​មូល។

លោក​យែបថា​ឡើង​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​អ៊ីស្រាអែល

១ នៅ​ស្រុក​កាឡាដ​មាន​អ្នក​ចំបាំង​ដ៏​អង់អាច​មួយ​រូប ឈ្មោះ​យែបថា ជា​កូន​របស់​ស្រី​ពេស្យា​ម្នាក់ និង​បុរស​ឈ្មោះ​កាឡាដ។ ២ រីឯ​ភរិយា​របស់​លោក​កាឡាដ ​ក៏​បាន​បង្កើត​កូន​ប្រុសៗ​ជូន​គាត់​ដែរ។ លុះ​កូន​ទាំង​នោះ​ធំ​ឡើង គេ​នាំ​គ្នា​បណ្ដេញ​លោក​យែបថា ដោយ​និយាយ​ថា៖ «ឯង​គ្មាន​សិទ្ធិ​នឹង​ទទួល​មត៌ក​របស់​ឪពុក​យើង​ទេ ដ្បិត​ឯង​ជា​កូន​របស់​ស្រី​ដទៃ»។ ៣ ពេល​នោះ លោក​យែបថា​បាន​ភៀស​ខ្លួន​ចេញ​ឆ្ងាយ​ពី​បង​ប្អូន​របស់​គាត់ ទៅ​រស់​នៅ​ក្នុង​ស្រុកតូប។ មាន​មនុស្ស​ពាល​មក​ចូល​ដៃ​ជា​មួយ​គាត់ ហើយ​នាំ​គ្នា​ចេញ​ទៅ​ប្លន់។

 

៤ ចំណេរ​ក្រោយ​មក ជន​ជាតិ​អាំម៉ូន​លើក​គ្នា​មក​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល។ ៥ ពេល​មាន​សង្គ្រាម​ផ្ទុះ​ឡើង​ដូច្នេះ ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ​នាំ​គ្នា​ទៅ​រក​លោក​យែបថា​នៅ​ស្រុកតូប ៦ ​ដោ​យ​​ពោល​ថា៖ «សូម​លោក​អញ្ជើញ​មក​ធ្វើ​ជា​មេទ័ព​លើ​ពួក​យើង​ទៅ ដើម្បី​អោយ​យើង​អាច​ប្រយុទ្ធ​នឹង​ពួក​អាំម៉ូន​បាន»។ ៧ លោក​យែបថា​ឆ្លើយ​តប​ទៅ​ ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ​វិញ​ថា៖ «អស់​លោក​បាន​ស្អប់​ខ្ញុំ ហើយ​បណ្ដេញ​ខ្ញុំ​ចេញ​ពី​ផ្ទះ​ឪពុក​របស់​ខ្ញុំ ឥឡូវ​នេះ ពេល​មាន​អាសន្ន អស់​លោក​បែរ​ជា​រត់​មក​រក​ខ្ញុំ​ទៅ​វិញ!»។ ៨ ពួក​ចាស់​ទុំ​តប​ថា៖ «ព្រោះ​តែ​យើង​ខ្ញុំ​មាន​អាសន្ន​ដូច្នេះ​ហើយ បាន​ជា​ពេល​នេះ យើង​ខ្ញុំ​រត់​មក​រក​លោក​វិញ ដើម្បី​អញ្ជើញ​លោក​ទៅ​ច្បាំង​នឹង​ជន​ជាតិ​អាំម៉ូន​ជា​មួយ​យើង​ខ្ញុំ ហើយ​សូម​លោក​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​យើង​ខ្ញុំ និង​លើ​ប្រជាជន​នៅ​ស្រុក​កាឡាដ​ទាំង​មូល»។ ៩ លោក​យែបថា​ឆ្លើយ​ទៅ​ចាស់​ទុំ​ទាំង​នោះ​ថា៖ «ប្រសិន​បើ​អស់​លោក​ហៅ​ខ្ញុំ​ទៅ​វិញ ដើម្បី​ប្រយុទ្ធ​នឹង​ជន​ជាតិ​អាំម៉ូន ហើយ​បើ​ព្រះអម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ធ្វើ​ជា​មេ​លើ​អស់​លោក»។ ១០ ពេល​នោះ ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ​ក៏​ប្រកាស​ចំពោះ​លោក​យែបថា ថា៖ «ព្រះអម្ចាស់​ជា​សាក្សី​ស្រាប់​ហើយ​ថា យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​លោក!»។

 

១១ លោក​ យែបថា​ក៏​ចេញ​ទៅ​ជា​មួយ​ពួក​ចាស់​ទុំ​នៃ​ស្រុក​កា​ឡាដ ហើយ​ប្រជាជន​បាន​លើក​លោក​អោយ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​មេទ័ព​របស់​ពួក​គេ។ ពេល​នោះ លោក​យែបថា​រំលឹក​ឡើង​វិញ​នូវ​ពាក្យ​ដែល​លោក​បាន​ព្រម​ព្រៀង​ជា​មួយ​ពួក​ចាស់ ​ទុំ នៅ​ចំ​ពោះ​​​​ព្រះភក្ត្រ​ព្រះអម្ចាស់ នៅ​មីសប៉ា។

 

១២ លោក​ យែបថា​បាន​ចាត់​គេ​អោយ​នាំ​ពាក្យ​ទៅ​ទូល​ស្ដេច​នៃ​ជន​ជាតិ​អាំម៉ូន​ថា៖ «តើ​យើង​មាន​រឿង​អ្វី​ជា​មួយ​គ្នា បាន​ជា​ព្រះករុណា​លើក​ទ័ព​មក​វាយ​ស្រុក​ទូលបង្គំ​ដូច្នេះ?»។ ១៣ ស្ដេច​ជន​ជាតិ​អាំម៉ូន​ ឆ្លើយ​តប​មក​អ្នក​នាំ​សារ​វិញ​ថា៖ «ពេល​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​បាន​ដណ្ដើម​យក​ទឹក​ដី​របស់​យើង ចាប់​ពី​ស្ទឹង​អារណូន​រហូត​ដល់​ស្ទឹង​យ៉ាបុក និង​ទន្លេ​យ័រដាន់។ ឥឡូវ​នេះ ចូរ​ប្រគល់​ទឹក​ដី​ទាំង​នោះ​មក​អោយ​យើង​វិញ តាម​សំរួល​ទៅ»។ ១៤ លោក​យែបថា​ក៏​ចាត់​គេ​អោយ​នាំ​ពាក្យ​របស់​លោក ទៅ​ទូល​ស្ដេច​ជន​ជាតិ​អាំម៉ូន​សា​ជា​ថ្មី​ថា៖ ១៥ «ជន​ជាតិ​អ៊ីស្រាអែល​ពុំ​បាន​ដណ្ដើម​យក​ទឹក​ដី​របស់​ជន​ជាតិ​ម៉ូអាប់ ឬ​ទឹក​ដី​របស់​ជន​ជាតិ​អាំម៉ូន​ទេ។ ១៦ នៅ​ពេល​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​បាន​ឆ្លង​កាត់​វាល​រហោស្ថាន​រហូត​ដល់​សមុទ្រ​កក់ ហើយ​ក៏​មក​ដល់​កាដែស។ ១៧ ពេល​នោះ គេ​បាន​ចាត់​អ្នក​នាំ​ពាក្យ​អោយ​ទៅ​គាល់​ស្ដេច​ស្រុក​អេដុម ដើម្បី​សុំ​ឆ្លង​កាត់​ទឹក​ដី​ស្រុក​អេដុម តែ​ស្ដេច​មិន​បាន​យល់​ព្រម​ទេ។ ជន​ជាតិ​អ៊ីស្រាអែល​ក៏​បាន​ធ្វើ​សំណូម​ពរ​ ដូច​គ្នា​ចំពោះ​ស្ដេច​ស្រុក​ ម៉ូអាប់ តែ​ស្ដេច​នោះ​ក៏​បដិសេធ​ដែរ។ ដូច្នេះ ពួក​គេ​ក៏​ស្នាក់​នៅ​ត្រង់​កាដែស​នោះ​ទៅ។ ១៨ ក្រោយ​មក ជន​ជាតិ​អ៊ីស្រាអែល​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ឆ្លង​កាត់​វាល​រហោស្ថាន ដោយ​ដើរ​វាង​ស្រុក​អេដុម និង​ស្រុក​ម៉ូអាប់ មក​ដល់​ខាង​កើត​ស្រុក​ម៉ូអាប់។ ពួក​គេ​បោះ​ជំរំ​នៅ​ត្រើយ​ខាង​នាយ​ស្ទឹង​អារណូន គឺ​ឥត​បាន​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​ម៉ូអាប់​ទេ។ ស្ទឹង​អារណូន​ជា​ព្រំប្រទល់​នៃ​ទឹក​ដី​របស់​ជន​ជាតិ​ម៉ូអាប់។ ១៩ នៅ​ទី​នោះ ជន​ជាតិ​អ៊ីស្រាអែល​បាន​ចាត់​អ្នក​នាំ​ពាក្យ​អោយ​ទៅ​គាល់​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​នៃ​ជន​ជាតិ​អាម៉ូរី ដែល​គ្រង​រាជ្យ​នៅ​ក្រុង​ហេសបូន ដើម្បី​សុំ​ឆ្លង​កាត់​ទឹក​ដី​ស្រុក​អាម៉ូរី ឆ្ពោះ​ទៅ​កាន់​ស្រុក​ដែល​ព្រះជាម្ចាស់​បាន​បម្រុង​ទុក​សំរាប់​ពួក​គេ។ ២០ ប៉ុន្តែ ព្រះបាទ​ស៊ីហុន​ពុំ​ទុក​ចិត្ត​ជន​ជាតិ​អ៊ីស្រាអែល ដោយ​អោយ​ពួក​គេ​ឆ្លង​កាត់​ទឹក​ដី​ស្រុក​អាម៉ូរី​ឡើយ​។ ស្ដេច​ប្រមូល​ទ័ព​ទាំង​អស់​ទៅ​បោះ​ទី​តាំង​នៅ​យ៉ាហាស់ ហើយ​វាយ​ជន​ជាតិ​អ៊ីស្រាអែល។ ២១ ពេល​នោះ ព្រះអម្ចាស់ ជា​ព្រះ​នៃ​អ៊ីស្រាអែល បាន​ប្រគល់​ស្ដេច​ស៊ីហុន និង​ពល​ទ័ព​របស់​ស្ដេច មក​ក្នុង​កណ្ដាប់​ដៃ​ជន​ជាតិ​អ៊ីស្រាអែល ជន​ជាតិ​អ៊ីស្រាអែល​ទទួល​​​ជ័យជំនះ ហើយ​ចាប់​យក​ទឹក​ដី​ទាំង​មូល​របស់​ជន​ជាតិ​អាម៉ូរី។ ២២ ជន​ជាតិ​អ៊ីស្រាអែល​ កាន់​កាប់​ទឹក​ដី​ទាំង​មូល​របស់​ជន​ជាតិ​អាម៉ូរី ចាប់​តាំង​ពី​ស្ទឹង​អារណូន រហូត​ដល់​ស្ទឹង​យ៉ាបុក និង​ចាប់​តាំង​ពី​វាល​រហោស្ថាន​ខាង​កើត រហូត​ដល់​ទន្លេ​យ័រដាន់​។ ២៣ ព្រះអម្ចាស់​ ជា​ព្រះ​នៃ​អ៊ីស្រាអែល​ទេ​តើ ដែល​បាន​ប្រោស​ប្រទាន​អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ដណ្ដើម​យក​បាន​ទឹក​ដី​របស់​ជន​ជាតិ​អាម៉ូរី។ ឥឡូវ​នេះ តើ​ព្រះករុណា​ចង់​ដណ្ដើម​យក​ពី​យើង​វិញ​ឬ? ២៤ ព្រះករុណា​បាន​កាន់​ កាប់​ទឹក​ដី​ដែល​ព្រះកេម៉ូស ជា​ព្រះ​របស់​ព្រះករុណា​បាន​ប្រគល់​អោយ រីឯ​យើង​វិញ តើ​យើង​គ្មាន​សិទ្ធិ​នឹង​កាន់​កាប់​ទឹក​ដី ដែល​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង ប្រទាន​អោយ​យើង​ដណ្ដើម​យក​បាន​នោះ​ទេ​ឬ​អី? ២៥ តើ​ព្រះករុណា​គិត​ថា ទ្រង់​ខ្លាំង​ពូកែ​ជាង​ព្រះបាទ​បាឡាក់ ជា​បុត្រ​របស់​ព្រះបាទ​ស៊ីបព័រ ស្ដេច​នៃ​ជន​ជាតិ​ម៉ូអាប់​ឬ? ព្រះបាទ​បាឡាក់​ពុំ​បាន​រក​រឿង​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ក៏​មិន​បាន​ច្បាំង​នឹង​ពួក​គេ​ដែរ។ ២៦ ជន​ជាតិ​អ៊ីស្រាអែល​រស់ ​នៅ​ក្នុង​ក្រុង​ហេសបូន និង​ក្រុង​អារ៉ូអ៊ែរ ព្រម​ទាំង​តំបន់​ដែល​នៅ​ជុំវិញ និង​ស្រុក​ភូមិ​ដែល​ស្ថិត​នៅ​តាម​ដង​ស្ទឹង​អារណូន អស់​រយៈ​ពេល​បី​រយ​ឆ្នាំ​កន្លង​មក​ហើយ ហេតុ​អ្វី​បាន​ជា​ព្រះរាជា​មិន​រំដោះ​យក​ទឹក​ដី​ទាំង​នេះ ក្នុង​ជំនាន់​នោះ​ទៅ? ២៧ ទូលបង្គំ​មិន​បាន​ធ្វើ​ អ្វី​ខុស​ចំពោះ​ព្រះរាជា​ឡើយ គឺ​ព្រះរាជា​ទេ​តើ​ដែល​ប្រព្រឹត្ត​ខុស ដោយ​ធ្វើ​សង្គ្រាម​ជា​មួយ​នឹង​ទូលបង្គំ។ សូម​ព្រះអម្ចាស់​ដែល​ជា​ចៅក្រម មេត្តា​កាត់​ក្ដី​រវាង​ជន​ជាតិ​អ៊ីស្រាអែល និង​ជន​ជាតិ​អាំម៉ូន​នៅ​ថ្ងៃ​នេះ​ផង!»។ ២៨ ប៉ុន្តែ ស្ដេច​នៃ​ជន​ជាតិ​អាំម៉ូន​មិន​អើ​ពើ​នឹង​សំដី ដែល​លោក​យែបថា​ចាត់​អ្នក​នាំ​ពាក្យ​អោយ​មក​ទូល​នោះ​ឡើយ។

 

ពាក្យ​សន្យា​របស់​លោក​យែបថា

២៩ គ្រា​នោះ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ សណ្ឋិត​លើ​លោក​យែបថា លោក​បាន​ធ្វើ​ដំណើរ​កាត់​ស្រុក​កាឡាដ និង​ស្រុក​ម៉ាណាសេ រួច​ទៅ​ដល់​មីសប៉ា ក្នុង​ស្រុក​កាឡាដ។ បន្ទាប់​មក លោក​បន្ត​ដំណើរ​ពី​ទី​នោះ ឆ្ពោះ​ទៅ​ស្រុក​អាំម៉ូន។ ៣០ លោក​យែបថា​បាន​សន្យា​យ៉ាង​ឱឡារិក​ចំពោះ​ព្រះអម្ចាស់​ថា៖ «ប្រសិន​បើ​ព្រះអង្គ​ប្រគល់​ជន​ជាតិ​អាំម៉ូន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ទូលបង្គំ ៣១ ហើយ​ពេល​ទូលបង្គំ​ ត្រឡប់​មក​វិញ​ដោយ​ជោគ​ជ័យ បើ​នរណា​ម្នាក់​ចេញ​ពី​មាត់​ទ្វារ​ផ្ទះ​របស់​ទូលបង្គំ មក​ទទួល​ទូលបង្គំ​មុន​គេ ទូលបង្គំ​នឹង​យក​អ្នក​នោះ​មក​ថ្វាយ​ជា​យញ្ញបូជា​ដល់​ព្រះអម្ចាស់»។ ៣២ លោក​យែបថា​ក៏​ឆ្លង​ចូល​ទៅ​វាយ​ជន​ជាតិ​អាំម៉ូន ហើយ​ព្រះអម្ចាស់​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក។ ៣៣ លោក​យែបថា​បាន​វាយ​ កំទេច​ពួក​គេ​យ៉ាង​ដំណំ គឺ​ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ែរ រហូត​ដល់​តំបន់​ជិត​ខាង​ក្រុង​មីនីត – សរុប​ទាំង​អស់​ម្ភៃ​ក្រុង – បន្ទាប់​មក រហូត​ដល់​ក្រុង​អបិល-កេរ៉ាមីម។ ជន​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​អោយ​ជន​ជាតិ​អាំម៉ូន​បរាជ័យ​បាក់​មុខ​យ៉ាង​ ខ្លាំង។

 

កូន​ស្រី​លោក​យែបថា

៣៤ ពេល​លោក​យែបថា វិល​ត្រឡប់​មក​ផ្ទះ​របស់​លោក​នៅ​មីសប៉ា​វិញ កូន​ស្រី​របស់​លោក​ចេញ​មក​ទទួល ទាំង​រាំ និង​វាយ​ក្រាប់។ នាង​ជា​កូន​ស្រី​តែ​មួយ​គត់​របស់​លោក គឺ​ក្រៅ​ពី​នាង លោក​គ្មាន​កូន​ប្រុស កូន​ស្រី​ណា​ទៀត​ឡើយ។ ៣៥ កាល​លោក​ក្រឡេក​ឃើញ​នាង លោក​ក៏​ហែក​សម្លៀកបំពាក់​របស់​លោក ទាំង​ស្រែក​ថា៖ «ឱ! កូន​ស្រី​អើយ! កូន​ធ្វើ​អោយ​ពុក​កើត​ទុក្ខ​ហើយ កូន​ធ្វើ​អោយ​ពុក​គ្រាំគ្រា​ក្នុង​ចិត្ត ដ្បិត​ពុក​បាន​សន្យា​ជា​មួយ​ព្រះអម្ចាស់​រួច​ស្រេច​ទៅ​ហើយ ពុក​មិន​អាច​លេប​ពាក្យ​សំដី​នោះ​វិញ​ទេ»។ ៣៦ នាង​ឆ្លើយ​ទៅ​លោក​ថា៖ «ពុក​អើយ! បើ​ពុក​បាន​សន្យា​ជា​មួយ​ព្រះអម្ចាស់​រួច​ស្រេច​ទៅ​ហើយ​ដូច្នេះ សូម​ប្រព្រឹត្ត​ចំពោះ​កូន​តាម​ពាក្យ​របស់​ពុក​ចុះ ដ្បិត​ព្រះអម្ចាស់​ប្រទាន​អោយ​ពុក​វាយ​ឈ្នះ​ពួក​អាំម៉ូន ដែល​ជា​ខ្មាំង​សត្រូវ​របស់​ពុក​ហើយ»។ ៣៧ នាង​ក៏​ពោល​ទៅ​ឪពុក​ទៀត ​ថា៖ «សូម​ពុក​មេត្តា​អនុគ្រោះ​អោយ​កូន​ពីរ​ខែ​សិន ដើម្បី​អោយ​កូន​ឡើង​ទៅ​លើ​ភ្នំ​ជា​មួយ​មិត្តភក្ដិ​ស្រីៗ យំ​សោក​ស្ដាយ​ព្រហ្មចារី​របស់​កូន»។ ៣៨ ​លោក​យែបថា​ក៏​យល់​ព្រម​ អោយ​នាង​ចេញ​ទៅ ក្នុង​រយៈ​ពេល​ពីរ​ខែ។ ដូច្នេះ នាង​ក៏​ឡើង​ទៅ​លើ​ភ្នំ​ជា​មួយ​មិត្ត​ស្រីៗ យំ​សោក​ស្ដាយ​ព្រហ្មចារី​របស់​នាង។ ៣៩ លុះ​គំរប់​ពីរ​ខែ​ហើយ នាង​ក៏​វិល​ត្រឡប់​មក​រក​ឪពុក​វិញ រួច​លោក​យក​នាង​ធ្វើ​យញ្ញបូជា តាម​ពាក្យ​ដែល​លោក​បាន​សន្យា​ជា​មួយ​ព្រះអម្ចាស់។ នាង​ពុំ​ដែល​បាន​ស្គាល់​បុរស​ណា​នៅ​ឡើយ​ទេ។ ចាប់​ពី​ពេល​នោះ ជន​ជាតិ​អ៊ីស្រាអែល​ប្រកាន់​ទំនៀមទម្លាប់​ដូច​ត​ទៅ: ៤០ រៀង​រាល់​ឆ្នាំ កូន​ក្រមុំ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​នាំ​គ្នា​ទៅ​យំ​រំលឹក​ដល់​កូន​ ស្រី​លោក​យែបថា ជា​អ្នក​ស្រុក​កាឡាដ ចំនួន​បួន​ថ្ងៃ។

ទំនាស់​រវាង​កុលសម្ព័ន្ធ​អេប្រាអ៊ីម និង​លោក​យែបថា

១ អ្នក​ស្រុក​អេប្រាអ៊ីម​ បាន​លើក​គ្នា​ឆ្លង​ទន្លេ​យ័រដាន់ សំដៅ​ទៅ​ក្រុង​សាផូន។ ពួក​គេ​ស្ដី​បន្ទោស​លោក​យែបថា ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ទៅ​ច្បាំង​ជា​មួយ​ជន​ជាតិ​អាំម៉ូន ដោយ​មិន​ហៅ​យើង​ទៅ​ជា​មួយ​ផង​ដូច្នេះ? យើង​នឹង​ដុត​ផ្ទះ​របស់​លោក​ចោល ហើយ​ក៏​ដុត​លោក​ជា​មួយ​ដែរ»។ ២ លោក​យែបថា​ឆ្លើយ​ទៅ​ពួក​ គេ​វិញ​ថា៖ «ខ្ញុំ និង​ប្រជាជន​របស់​ខ្ញុំ មាន​វិវាទ​យ៉ាង​ខ្លាំង​ជា​មួយ​ជន​ជាតិ​អាំម៉ូន ខ្ញុំ​បាន​ហៅ​បង​ប្អូន​ដែរ តែ​បង​ប្អូន​ពុំ​បាន​ជួយ​សង្គ្រោះ​ខ្ញុំ​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ ​ទេ។ ៣ ដោយ​ឃើញ​ថា​បង​ប្អូន​មិន​មក​ជួយ​សង្គ្រោះ​ខ្ញុំ​ទេ​នោះ ខ្ញុំ​ក៏​សុខ​ចិត្ត​ប្ដូរ​ជីវិត ចេញ​ទៅ​ប្រយុទ្ធ​នឹង​ជន​ជាតិ​អាំម៉ូន ហើយ​ព្រះអម្ចាស់​ បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ។ ថ្ងៃ​នេះ​ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​លើក​គ្នា​មក​ធ្វើ​សឹក​នឹង​ខ្ញុំ​ ទៅ​វិញ​ដូច្នេះ?»។ ៤ លោក​យែបថា​ក៏​ប្រមូល​អ្នក ​ស្រុក​កាឡាដ​ទាំង​ប៉ុន្មាន មក​ប្រយុទ្ធ​ជា​មួយ​ពួក​អេប្រាអ៊ីម ព្រោះ​ពួក​នេះ​បាន​ពោល​ថា៖ «ពួក​កាឡាដ​អើយ! ពួក​ឯង​សុទ្ធ​តែ​ជា​មនុស្ស​រត់​ចោល​កុលសម្ព័ន្ធ​អេប្រាអ៊ីម ទៅ​ចូល​កុលសម្ព័ន្ធ​ម៉ាណា​សេ!»។ ៥ អ្នក​ស្រុក​កាឡាដ​វាយ​យក​ បាន​កន្លែង​ឆ្លង​ទន្លេ​យ័រ​ដាន់ ហើយ​កាន់​កាប់​ច្រក​ចូល​ទៅ​ស្រុក​អេប្រាអ៊ីម។ ពេល​ណា​មាន​ពួក​អេប្រាអ៊ីម​ដែល​បាក់​ទ័ព រត់​មក​សុំ​ឆ្លង ពួក​កាឡាដ​សួរ​ទៅ​គេ​ថា: «តើ​អ្នក​ជា​ពួក​អេប្រាអ៊ីម​ឬ?»។ ប្រសិន​បើ​គេ​ឆ្លើយ​ថា«ទេ» ៦ នោះ​ពួក​កាឡាដ​ក៏​បង្គាប់ ​អោយ​គេ​និយាយ​ពាក្យ «ឈីបូលេត» ហើយ​បើ​អ្នក​នោះ​និយាយ​ថា «ស៊ីបូលេត»-ព្រោះ​ពួក​អេប្រាអ៊ីម​និយាយ​ពាក្យ​នេះ​មិន​ច្បាស់​ទេ- ដូច្នេះ ពួក​កាឡាដ​ក៏​សម្លាប់​គេ​នៅ​ត្រង់​កន្លែង​ឆ្លង​ទន្លេ​យ័រដាន់​នោះ​ទៅ។ នៅ​គ្រា​នោះ មាន​ពួក​អេប្រាអ៊ីម​បួន​ម៉ឺន​ពីរ​ពាន់​នាក់​ត្រូវ​គេ​សម្លាប់។

 

៧ លោក​យែបថា ជា​អ្នក​ស្រុក​កាឡាដ គ្រប់គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណភាព​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​ស្រុក​កាឡាដ ក្នុង​ភូមិ​កំណើត​របស់​លោក។

 

លោក​អ៊ីបសាន លោក​អេឡូន និង​លោក​អាប់ដូន

៨ ក្រោយ​លោក​យែបថា មាន​បុរស​ម្នាក់​ឈ្មោះ​អ៊ីបសាន ជា​អ្នក​ស្រុក​បេថ្លេហិម បាន​ឡើង​គ្រប់គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល​។ ៩ លោក​មាន​កូន​ប្រុស​សាមសិប ​នាក់ និង​កូន​ស្រី​សាមសិប​នាក់។ លោក​បាន​លើក​កូន​ស្រី​អោយ​រៀបការ​នឹង​បុរស​នៅ​កុល​សម្ព័ន្ធ​ផ្សេង ហើយ​ក៏​បាន​រើស​ស្ត្រី​ពី​កុលសម្ព័ន្ធ​ផ្សេង មក​អោយ​ធ្វើ​ជា​ភរិយា​របស់​កូន​ប្រុស​លោក​ដែរ។ លោក​បាន​គ្រប់គ្រង​លើ​ប្រជាជន​អ៊ីស្រាអែល​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ ១០ រួច​លោក​ក៏​ទទួល​មរណភាព​ទៅ ហើយ​គេ​បញ្ចុះ​សព​របស់​លោក​នៅ​បេថ្លេ​ហិម។

១១ ក្រោយ​ លោក​អ៊ីបសាន មាន​បុរស​ម្នាក់​ឈ្មោះ​អេឡូន ពី​កុលសម្ព័ន្ធ​សាប៊ូឡូន បាន​ឡើង​គ្រប់គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល អស់​រយៈ​ពេល​ដប់​ឆ្នាំ ១២ រួច​លោក​ក៏​ទទួល​មរណភាព​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​ភូមិ​អាយ៉ាឡូន ក្នុង​ទឹក​ដី​សាប់យូឡូន។

 

១៣ ក្រោយ​ លោក​អេឡូន មាន​បុរស​ម្នាក់​ឈ្មោះ​អាប់ដូន ជា​កូន​របស់​លោក​ហ៊ីលេល ជា​អ្នក​ស្រុក​ពីរ៉ាតូន បាន​ឡើង​គ្រប់គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល ១៤ លោក​មាន​កូន​ប្រុស​ សែសិប​នាក់ និង​ចៅ​ប្រុស​សាមសិប​នាក់ ដែល​មាន​លា​ចិតសិប​ក្បាល​ជា​ជំនិះ។ លោក​អាប់​ដូន​គ្រប់គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល អស់​រយៈ​ពេល​ប្រាំ​បី​ឆ្នាំ ១៥ រួច​លោក​ទទួល​មរណភាព។ គេ​បញ្ចុះ​សព​លោក​នៅ​ភូមិ​ពីរ៉ាតូន ក្នុង​ទឹក​ដី​អេប្រាអ៊ីម នៅ​លើ​ភ្នំ​របស់​ជន​ជាតិ​អាម៉ាឡេក។

កំណើត​របស់​លោក​សាំសុន

១ ជន​ជាតិ​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់​សា​ជា​ថ្មី​ទៀត​។ ហេតុ​នេះ ព្រះអង្គ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ភីលីស្ទីន អស់​រយៈ​ពេល​សែសិប​ឆ្នាំ។

 

២ គ្រា​នោះ នៅ​ក្រុង​សូរ៉ាស់ មាន​បុរស​ម្នាក់​ឈ្មោះ​ម៉ាណូអា ក្នុង​កុលសម្ព័ន្ធ​ដាន់។ ភរិយា​របស់​គាត់​ជា​ស្ត្រី​អារ មិន​អាច​មាន​កូន​ឡើយ។ ៣ ថ្ងៃ​មួយ ទេវទូត​របស់​ព្រះអម្ចាស់​ បាន​មក​បង្ហាញ​ខ្លួន​អោយ​ស្ត្រី​នោះ​ឃើញ ហើយ​ពោល​ថា៖ «នាង​ជា​ស្ត្រី​អារ​មិន​អាច​មាន​កូន​ទេ ក៏​ប៉ុន្តែ នាង​នឹង​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។ ៤ ចាប់​ពី​ពេល​នេះ​ទៅ ត្រូវ​ប្រយ័ត្ន កុំ​ពិសា​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ហើយ​ក៏​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​មិន​បរិសុទ្ធ​ដែរ ៥ ព្រោះ​នាង​នឹង​មាន​ផ្ទៃ​ពោះ រួច​បង្កើត​កូន​ប្រុស​មួយ។ មិន​ត្រូវ​កោរ ឬ​កាត់​សក់​វា​ឡើយ ដ្បិត​កូន​នោះ​នឹង​ត្រូវ​ញែក​ថ្វាយ​ព្រះជាម្ចាស់ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក ទុក​ជា​អ្នក​ណាសៀរ​មួយ​រូប។ កូន​នោះ​នឹង​ចាប់​ផ្ដើម​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ភីលីស្ទីន»។ ៦ ស្ត្រី​នោះ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​រៀប​រាប់​ប្រាប់​ប្ដី​ថា៖ «មាន​អ្នក​បំរើ​មួយ​រូប​របស់​ព្រះជាម្ចាស់​បាន​មក​ជួប​ខ្ញុំ លោក​មាន​ភិនភាគ​ដូច​ទេវទូត​នៃ​ព្រះជាម្ចាស់ ដែល​គួរ​អោយ​ស្ញែង​ខ្លាច​ក្រៃលែង។ ខ្ញុំ​មិន​បាន​សួរ​លោក​ថា លោក​មក​ពី​ណា​ទេ ហើយ​លោក​ក៏​មិន​បាន​ប្រាប់​ឈ្មោះ​អោយ​ខ្ញុំ​ស្គាល់​ដែរ។ ៧ លោក​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។ លោក​ហាម​ខ្ញុំ​មិន​អោយ​ផឹក​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ហើយ​ក៏​មិន​អោយ​បរិភោគ​អ្វី​ដែល​មិន​បរិសុទ្ធ​ដែរ ដ្បិត​កូន​នោះ​នឹង​ត្រូវ​ញែក​ថ្វាយ​ព្រះជាម្ចាស់ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ ទុក​ជា​អ្នក​ណាសៀរ​មួយ​រូប រហូត​អស់​មួយ​ជីវិត»។

 

៨ លោក​ម៉ាណូអា​ក៏​ទូលអង្វរ​ព្រះអម្ចាស់​ថា៖ «ឱ​ព្រះអម្ចាស់​ អើយ! សូម​ទ្រង់​មេត្តា​ប្រោស​ប្រទាន​អោយ​អ្នក​បំរើ​របស់​ព្រះអង្គ ដែល​ព្រះអង្គ​បាន​ចាត់​មក​នោះ វិល​ត្រឡប់​មក​វិញ ដើម្បី​អោយ​លោក​បង្រៀន ​យើង​ខ្ញុំ​អំពី​របៀប​ដែល​ត្រូវ​ប្រព្រឹត្ត​ចំពោះ​កូន ​ដែល​​នឹង​កើត​មក​នោះ»។ ៩ ព្រះជាម្ចាស់​ទ្រង់​ ព្រះសណ្ដាប់​ពាក្យ​ទូលអង្វរ​របស់​លោក​ម៉ាណូអា ហើយ​ទេវទូត​របស់​ព្រះជាម្ចាស់​ក៏​មក​ជួប​នឹង​ស្ត្រី​នោះ​ម្ដង​ទៀត ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​អង្គុយ​នៅ​ក្នុង​ចំការ។ ពេល​នោះ លោក​ម៉ាណូអា ប្ដី​របស់​គាត់ មិន​បាន​នៅ​ជា​មួយ​ទេ។ ១០ គាត់​ក៏​ប្រញាប់ប្រញាល់​រត់​ទៅ​ជំរាប​ប្ដី​ថា៖ «នុ៎ះហ្ន៎! បុរស​ដែល​បាន​មក​ជួប​ខ្ញុំ ពី​ថ្ងៃ​មុន​អញ្ជើញ​មក​ទៀត​ហើយ!»។ ១១ លោក​ម៉ាណូអា​ក្រោក​ឡើង ដើរ​តាម​ប្រពន្ធ តម្រង់​ទៅ​រក​បុរស​ហើយ​ពោល​ថា៖ «តើ​លោក​ឬ ដែល​បាន​និយាយ​ជា​មួយ​ប្រពន្ធ​ខ្ញុំ?»។ ទេវទូត​ក៏​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។ ១២ លោក​ម៉ាណូអា​ក៏​បន្ត​ ទៀត​ថា៖ «បើ​សិន​ជា​បាន​សំរេច​តាម​ពាក្យ​លោក​មែន តើ​កូន​នោះ​ត្រូវ​កាន់​ច្បាប់​ទម្លាប់​អ្វី​ខ្លះ តើ​វា​ត្រូវ​រស់​នៅ​របៀប​ណា?»។ ១៣ ទេវទូត​របស់​ព្រះអម្ចាស់​តប​មក​លោក​ម៉ាណូអា​វិញ​ថា៖ «ប្រពន្ធ​របស់​អ្នក​ត្រូវ​តម​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ប្រាប់ ១៤ នាង​មិន​ត្រូវ​បរិភោគ​ អ្វី​ដែល​ធ្វើ​ពី​ផ្លែ​ទំពាំងបាយជូរ មិន​ត្រូវ​ផឹក​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ហើយ​ក៏​មិន​ត្រូវ​បរិភោគ​អ្វីៗ​ដែល​មិន​បរិសុទ្ធ​ដែរ។ នាង​ត្រូវ​តែ​ប្រព្រឹត្ត​តាម​ពាក្យ​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ប្រាប់»។

 

១៥ លោក​ម៉ាណូអា​ពោល​ទៅ​កាន់​ទេវទួត​របស់​ព្រះអម្ចាស់​ថា៖ «សូម​លោក​មេត្តា​រង់ចាំ​នៅ​ទី​នេះ​សិន​ហើយ យើង​ខ្ញុំ​ទៅ​រៀបចំ​កូន​ពពែ​មួយ​ជូន​លោក»។ ១៦ ទេវទូត​ឆ្លើយ​ថា៖ «ទោះ​បី​យើង​នៅ ក៏​យើង​មិន​បរិភោគ​អាហារ​ដែល​អ្នក​រៀបចំ​ដែរ។ ប៉ុន្តែ បើ​អ្នក​ចង់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល*​ដល់​ព្រះអម្ចាស់ ចូរ​ធ្វើ​ចុះ!»។ លោក​ម៉ាណូអា​ពុំ​ដឹង​ថា​ជា​ទេវទូត​របស់​ព្រះអម្ចាស់​ទេ ១៧ គាត់​ក៏​សួរ​ថា៖ «តើ​លោក​ឈ្មោះ​អី សូម​មេត្តា​ប្រាប់​អោយ​យើង​ខ្ញុំ​ស្គាល់​ផង ដើម្បី​អោយ​យើង​ខ្ញុំ​អាច​ដឹង​គុណ​លោក នៅ​ពេល​ហេតុការណ៍​នោះ​កើត​មាន តាម​ពាក្យ​របស់​លោក»។ ១៨ ទេវទូត​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​ស្គាល់​ឈ្មោះ​យើង​ដូច្នេះ? ឈ្មោះ​នេះ​ប្លែក​អស្ចារ្យ​ណាស់»។ ១៩ បន្ទាប់​មក លោក​ម៉ាណូអា​ក៏​យក​កូន​ពពែ និង​ម្សៅ​ដែល​ត្រូវ​ថ្វាយ​ជា​មួយ មក​ដុត​នៅ​លើ​ថ្ម ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះអម្ចាស់។ ពេល​លោក​ម៉ាណូអា និង​ភរិយា​កំពុង​អង្គុយ​សម្លឹង​មើល ស្រាប់​តែ​មាន​ហេតុការណ៍​ដ៏​អស្ចារ្យ​មួយ ២០ គឺ​ក្នុង​ពេល​អណ្ដាត​ភ្លើង​ឆេះ​ពី​អាសនៈ​ឡើង​ទៅ​លើ​មេឃ ទេវទូតបស់​ព្រះអម្ចាស់​ក៏​ឡើង​ទៅ​ជា​មួយ​អណ្ដាត​ភ្លើង​នោះ​ដែរ។ ឃើញ​ដូច្នេះ លោក​ម៉ាណូអា និង​ភរិយា​ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។ ២១ កាល​អ្នក​ទាំង​ពីរ​មើល​ទេវទូត​របស់​ព្រះអម្ចាស់​លែង​ឃើញ​ទៀត ទើប​លោក​ម៉ាណូអា​ដឹង​ថា​ជា​ទេវទូត​របស់​ព្រះអម្ចាស់ ២២ ហើយ​គាត់​ក៏​ពោល​ទៅ​កាន់​ភរិយា​ថា៖ «យើង​ប្រាកដ​ជា​ស្លាប់​ហើយ ព្រោះ​យើង​បាន​ឃើញ​ព្រះជាម្ចាស់»។ ២៣ ភរិយា​របស់​គាត់​ក៏​ឆ្លើយ​ថា៖ «ប្រសិន​បើ​ព្រះអម្ចាស់​ ចង់​អោយ​យើង​ស្លាប់​មែន​នោះ ព្រះអង្គ​មិន​ទទួល​តង្វាយ​ដុត​ទាំង​មូល និង​តង្វាយ​ម្សៅ​របស់​យើង​ទេ ហើយ​ក៏​មិន​សំដែង​ការ​អស្ចារ្យ​ទាំង​នេះ​អោយ​យើង​ឃើញ ព្រម​ទាំង​ប្រាប់​យើង​ពី​អ្វីៗ​ដែល​យើង​បាន​ឮ​នេះ​ដែរ»។ ២៤ ភរិយា​របស់​លោក​ម៉ាណូអា​បង្កើត​បាន​កូន​ប្រុស​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា សាំសុន។ កូន​នោះ​មាន​វ័យ​ចំរើន​ធំ​ឡើង ហើយ​ព្រះអម្ចាស់​ប្រទាន​ពរ​លោក។ ២៥ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បាន​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​ក្នុង​ជីវិត​លោក ពេល​លោក​ស្ថិត​នៅ​ក្នុង​ជំរំ​ដាន់ ត្រង់​ចន្លោះ​សូរ៉ា និង​អេស្ដូល។

អាពាហ៍ពិពាហ៍​របស់​សាំសុន

១ ថ្ងៃ​មួយ លោក​សាំសុន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ទីម​ណា នៅ​ទី​នោះ លោក​បាន​ឃើញ​ស្ត្រី​ក្រមុំ​ជាតិ​ភីលីស្ទីន​ម្នាក់។ ២ ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ លោក​ជំរាប​ឪពុកម្ដាយ​ថា៖ «ខ្ញុំ​ពេញ​ចិត្ត​ស្ត្រី​ក្រមុំ​ជាតិ​ភីលីស្ទីន​ម្នាក់ នៅ​ទីមណា។ សូម​ពុក​ម៉ែ​ទៅ​ស្ដី​ដណ្ដឹង​នាង​នោះ​អោយ​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​ចង់​រៀបការ​ជា​មួយ​នាង»។ ៣ ឪពុក​ម្ដាយ​តប​ទៅ​លោក​វិញ ​ថា៖ «ក្នុង​ក្រុម​ញាតិ​របស់​យើង ឬ​ជន​ជាតិ​យើង តើ​គ្មាន​ស្ត្រី​ក្រមុំ​ទេ​ឬ បាន​ជា​កូន​ចង់​រៀបការ​ជា​មួយ​ស្ត្រី​ជាតិ​ភីលីស្ទីន ជា​សាសន៍​ដទៃ​ទៅ​វិញ​ដូច្នេះ?»។ ប៉ុន្តែ លោក​សាំសុន​ពោល​ទៅ​កាន់​ឪពុក​ថា៖ «សូម​ពុក​ទៅ​ស្ដី​ដណ្ដឹង​នាង​អោយ​ខ្ញុំ​មក ដ្បិត​ខ្ញុំ​ពេញ​ចិត្ត​តែ​នាង​នេះ​ម្នាក់​ប៉ុណ្ណោះ»។ ៤ ឪពុកម្ដាយ​របស់​លោក​សាំសុន​មិន​បាន​ដឹង​ថា ព្រះអម្ចាស់​បណ្ដាល​អោយ​លោក​សាំសុន​មាន​ចិត្ត​ ដូច្នេះ ដើម្បី​រក​ឱកាស​បង្ក​ជម្លោះ​ជា​មួយ​ជន​ជាតិ​ភីលីស្ទីន ព្រោះ​នៅ​ជំនាន់​នោះ ជន​ជាតិ​ភីលីស្ទីន​ត្រួតត្រា​លើ​ស្រុក​អ៊ីស្រាអែល។

 

៥ លោក​ សាំសុន​ក៏​ធ្វើ​ដំណើរ​ទៅ​ទីមណា​ជា​មួយ​ឪពុកម្ដាយ​លោក។ លុះ​ទៅ​ដល់​ត្រង់​ចំការ​ទំពាំងបាយជូរ​ក្បែរទីមណា ស្រាប់​​​​​តែ​មាន​សត្វ​សិង្ហ​ស្ទាវ​មួយ​ហក់​មក​លើ​លោក​សាំសុន ទាំង​គ្រហឹម។ ៦ រំពេច​នោះ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​មក​សណ្ឋិត​លើ​លោក លោក​ក៏​ចាប់​ហែក​សិង្ហ​នោះ​ដោយ​ដៃ ដូច​គេ​ហែក​កូន​ពពែ។ លោក​មិន​បាន​រៀប​រាប់​ហេតុការណ៍​នេះ​ប្រាប់​ឪពុកម្ដាយ​ទេ។ ៧ លោក​ក៏​បន្ត​ដំណើរ​ទៅ​ដល់​ទីមណា រួច​និយាយ​ជា​មួយ​ស្ត្រី​ក្រមុំ​ភីលីស្ទីន​នោះ លោក​ពេញ​ចិត្ត​នឹង​នាង​ណាស់។ ៨ ប៉ុ​ន្មាន​​ថ្ងៃ​ក្រោយ​មក លោក​ក៏​ត្រឡប់​មកទីមណា​វិញ ដើម្បី​រៀបការ​ជា​មួយ​នាង។ តាម​ផ្លូវ​លោក​ឆៀង​ចូល​ទៅ​មើល​ខ្មោច​សិង្ហ ហើយ​ឃើញ​សំបុក​ឃ្មុំ​នៅ​ក្នុង​ខ្មោច​សត្វ​នោះ ដែល​មាន​ទឹក​ឃ្មុំ​ពេញ។ ៩ លោក​បេះ​ឃ្មុំ​កាន់​នៅ​ដៃ ដើរ​បណ្ដើរ​បរិភោគ​បណ្ដើរ ហើយ​ពេល​ជួប​ឪពុកម្ដាយ លោក​ក៏​យក​ឃ្មុំ​នោះ​ជូន​គាត់​ពិសា​ដែរ ប៉ុន្តែ មិន​បាន​ជំរាប​ថា លោក​យក​ឃ្មុំ​ពី​ក្នុង​ខ្មោច​សិង្ហ​មក​ឡើយ។

 

លោក​សាំសុន​ចោទ​ប្រស្នា​ដល់​ពួក​ភីលីស្ទីន

១០ ឪពុក​របស់​លោក​សាំសុន​ បាន​ទៅ​ដល់​ផ្ទះ​ខាង​ស្រី នៅ​ទី​នោះ លោក​សាំសុន​បាន​រៀបចំ​ពិធី​ជប់លៀង​មួយ តាម​ទំនៀម​ទម្លាប់​ដែល​កូន​កំលោះ​ត្រូវ​ធ្វើ។ ១១ ពេល​ជន​ជាតិ​ភីលីស្ទីន​ឃើញ​លោក គេ​ក៏​ជ្រើស​រើស​យុវជន​សាមសិប​នាក់ អោយ​មក​កំដរ​លោក។ ១២ លោក​សាំសុន​ពោល​ទៅ​កាន់ ​ពួក​អ្នក​កំដរ​ថា៖ «ខ្ញុំ​មាន​ប្រស្នា​មួយ​សំរាប់​អ្នក​រាល់​គ្នា ប្រសិន​បើ​អ្នក​ណា​ដោះ​ស្រាយ​រួច ក្នុង​អំឡុង​ពេល​ប្រាំពីរ​ថ្ងៃ​នៃ​ពិធី​អាពាហ៍ពិពាហ៍​នេះ ខ្ញុំ​នឹង​ជូន​អាវ​សាមសិប និង​សម្លៀកបំពាក់​សំរាប់​ពិធី​បុណ្យ​សាមសិប​បន្លាស់​ថែម​ទៀត។ ១៣ ប្រសិន​បើ​ដោះ​ស្រាយ​ មិន​រួច​ទេ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​អាវ​ចំនួន​សាមសិប និង​សម្លៀកបំពាក់​សំរាប់​ពិធី​បុណ្យ​ចំនួន​សាមសិប​បន្លាស់​មក​អោយ​ខ្ញុំ»។ ពួក​គេ​ពោល​ថា៖ «ចូរ​ចោទ​ប្រស្នា​របស់​អ្នក​មក ពួក​យើង​ចាំ​ស្ដាប់»។ ១៤ លោក​សាំសុន​ក៏​ឆ្លើយ​ ថា៖ «មាន​ចំណី​ចេញ​ពី​អ្នក​ឆី ហើយ​មាន​អា​ផ្អែម​ចេញ​ពី​អា​ខ្លាំង​តើ​ជា​អ្វី?»។ បី​ថ្ងៃ​ក្រោយ​មក យុវជន​ទាំង​នោះ​នៅ​តែ​ដោះ​ប្រស្នា​ពុំ​រួច​ដដែល។ ១៥ លុះ​ដល់​ថ្ងៃ​ទី​ ប្រាំពីរ ពួក​គេ​នាំ​គ្នា​ទៅ​គំរាម​ប្រពន្ធ​លោក​សាំសុន​ថា៖ «ចូរ​ទៅ​លួង​លោម​​​ប្ដី​របស់​នាង​អោយ​បក​ស្រាយ​ប្រស្នា រួច​មក​ប្រាប់​យើង​អោយ​ដឹង​ផង បើ​មិន​ដូច្នោះ​ទេ យើង​នឹង​ដុត​នាង ព្រម​ទាំង​ក្រុម​គ្រួសារ​នាង​អោយ​ស្លាប់​ទាំង​អស់​គ្នា។ ពួក​នាង​អញ្ជើញ​យើង​មក ដើម្បី​ប្លន់​យើង​ឬ?»។ ១៦ ប្រពន្ធ​លោក​សាំសុន​ទៅ​ និយាយ​ជា​មួយ​ប្ដី ទាំង​យំ​ថា៖ «បង​មិន​បាន​ស្រឡាញ់​ខ្ញុំ​ទេ គឺ​បង​ស្អប់​ខ្ញុំ! បង​បាន​ចោទ​ប្រស្នា​ដល់​ជន​ជាតិ​ខ្ញុំ ដោយ​មិន​បក​ស្រាយ​ន័យ​អោយ​ខ្ញុំ​ដឹង​សោះ!»។ លោក​សាំសុន​តប​វិញ​ថា៖ «សូម្បី​តែ​ឪពុកម្ដាយ​របស់​បង ក៏​បង​មិន​បាន​បក​ស្រាយ​ប្រស្នា​នេះ​អោយ​ដឹង​ផង ហេតុ​អ្វី​បាន​ជា​បង​ត្រូវ​បក​ស្រាយ​ប្រាប់​អូន​ទៅ​វិញ?»។ ១៧ ប្រពន្ធ​លោក​យំ​រំអុក​លោក ក្នុង​រវាង​ប្រាំពីរ​ថ្ងៃ​នៃ​ពិធី​ជប់លៀង​នោះ។ នៅ​ថ្ងៃ​ទី​ប្រាំពីរ ដោយ​នាង​ចេះ​តែ​រំអុក​ខ្លាំង​ពេក លោក​សាំសុន​ក៏​បក​ស្រាយ​ប្រស្នា​ប្រាប់​ប្រពន្ធ។ នាង​ប្រញាប់ប្រញាល់​នាំ​ចម្លើយ​ទៅ​ប្រាប់​ជន​ជាតិ​របស់​នាង។ ១៨ នៅ​ថ្ងៃ​ទី​ប្រាំពីរ​ មុន​ពេល​ថ្ងៃ​លិច អ្នក​ក្រុង​នាំ​គ្នា​មក​និយាយ​ជា​មួយ​លោក​សាំសុន​ថា៖ «តើ​មាន​អ្វី​ផ្អែម​ជាង​ទឹក​ឃ្មុំ? តើ​មាន​អ្វី​ខ្លាំង​ជាង​សត្វ​សិង្ហ?»។ លោក​ក៏​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ភ្ជួរ​ដី ដោយ​ប្រើ​គោ​ញី​របស់​ខ្ញុំ​ទេ​នោះ អ្នក​ពុំ​អាច​រក​ចម្លើយ​ឃើញ​ទេ»។ ១៩ ដូច្នេះ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ បាន​មក​សណ្ឋិត​លើ​លោក ធ្វើ​អោយ​លោក​មាន​កម្លាំង​ខ្លាំងក្លា។ លោក​ចុះ​ទៅ​ក្រុង​អាស្កាឡូន សម្លាប់​អ្នក​ស្រុក​នោះ​អស់​សាមសិប​នាក់ ហើយ​យក​សម្លៀកបំពាក់​របស់​គេ​មក​ប្រគល់​អោយ​អស់​អ្នក​ដែល​បាន​បក​ស្រាយ​ ប្រស្នា។ បន្ទាប់​មក ដោយ​ខឹង​ខ្លាំង​ពេក លោក​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​របស់​លោក​វិញ។ ២០ គេ​ក៏​លើក​ប្រពន្ធ​របស់​លោក​ទៅ​អោយ​បុរស​ម្នាក់ ដែល​ជា​អ្នក​កំដរ​របស់​លោក។

ការ​សងសឹក​របស់​លោក​សាំសុន

១ បន្តិច​ក្រោយ​មក នៅ​ពេល​គេ​ច្រូត​ស្រូវ​សាលី លោក​សាំសុន​ក៏​ទៅ​សួរ​សុខ​ទុក្ខ​ប្រពន្ធ​លោក ដោយ​​យក​ទាំង​កូន​ពពែ​មួយ​ទៅ​អោយ​នាង​ផង។ លោក​សុំ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​ប្រពន្ធ​លោក ប៉ុន្តែ ឪពុក​ក្មេក​មិន​អនុញ្ញាត​អោយ​ចូល​ទៅ​ទេ។ ២ គាត់​និយាយ​មក​កាន់​លោក​ ថា៖ «ពុក​គិត​ថា​កូន​ឈប់​ស្រឡាញ់​នាង​ហើយ បាន​ជា​ពុក​លើក​នាង​ទៅ​អោយ​បុរស​ដែល​កំដរ​កូន​នោះ​វិញ ប៉ុន្តែ ប្អូន​ស្រី​របស់​នាង​ស្រស់​ស្អាត​ជាង​នាង​ទៅ​ទៀត តើ​កូន​ពេញ​ចិត្ត​ដែរ​ឬ​ទេ? កូន​អាច​យក​នាង​ជំនួស​ក៏​បាន»។ ៣ លោក​សាំសុន​ពោល​ឡើង​ថា៖ «ម្ដង​នេះ ខ្ញុំ​នឹង​ធ្វើ​បាប​ពួក​ភីលីស្ទីន ដោយ​គ្មាន​នរណា​អាច​ចោទ​ប្រកាន់​ខ្ញុំ​ឡើយ»។ ៤ លោក​ក៏​ចេញ​ទៅ​ចាប់​បាន​ កញ្ជ្រោង​បី​រយ​ក្បាល។ លោក​ចង​កន្ទុយ​កញ្ជ្រោង​ភ្ជាប់​គ្នា​មួយ​គូៗ រួច​យក​ចន្លុះ​មក​ដោត​នៅ​ត្រង់​ចំណង​កន្ទុយ​កញ្ជ្រោង​ទាំង​គូៗ​នោះ។ ៥ លោក​ក៏​អុជ​ចន្លុះ ហើយ​លែង​កញ្ជ្រោង​អោយ​រត់​ទៅ​ក្នុង​ស្រែ​របស់​ជន​ជាតិ​ភីលីស្ទីន ធ្វើ​អោយ​ឆេះ​កណ្ដាប់​ស្រូវ​ដែល​ច្រូត​ហើយ និង​ស្រូវ​ដែល​មិន​ទាន់​ច្រូត ព្រម​ទាំង​ឆេះ​ចំការ​អូលីវ​ទៀត​ផង។ ៦ ជន​ជាតិ​ភីលីស្ទីន​សួរ​ គ្នា​ថា តើ​អ្នក​ណា​ធ្វើ​ដូច្នេះ? មាន​គេ​ប្រាប់​ថា៖ «គឺ​សាំសុន! គាត់​ធ្វើ​បែប​នេះ មក​ពី​ឪពុក​ក្មេក​របស់​គាត់​ដែល​ជា​អ្នក​ក្រុង​ទីមណា បាន​លើក​ប្រពន្ធ​គាត់​ទៅ​អោយ​បុរស ជា​អ្នក​កំដរ​របស់​គាត់»។ ជន​ជាតិ​ភីលីស្ទីន​លើក​គ្នា​ទៅ​សម្លាប់​ស្ត្រី​នោះ និង​ឪពុក​នាង ដោយ​ដុត​ទាំង​រស់។

 

៧ ពេល​នោះ លោក​សាំសុន​ពោល​ទៅ​ពួក​គេ​ថា៖ «ដោយ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះ ខ្ញុំ​មិន​អាច​នៅ​ស្ងៀម​ទេ គឺ​ខ្ញុំ​នឹង​សងសឹក​អ្នក​រាល់​គ្នា​ជានិច្ច»។ ៨ លោក​វាយ​ប្រហារ​ពួក​គេ​អោយ​បរាជ័យ​យ៉ាង​ដំណំ។ បន្ទាប់​មក លោក​ក៏​ចេញ​ទៅ​រស់​នៅ​ក្នុង​រូង​ភ្នំ​អេតាំ។

 

លោក​សាំសុន​ប្រើ​ថ្គាម​លា​ជា​អាវុធ​ប្រហារ​ជន​ជាតិ​ភីលីស្ទីន

៩ ជន​ជាតិ​ភីលីស្ទីន​នាំ​គ្នា​ឡើង​ទៅ​បោះ​ទ័ព​ក្នុង​ដែន​ដី​យូដា ហើយ​ឡោមព័ទ្ធ​ក្រុង​លេហ៊ី។ ១០ អ្នក​ស្រុក​យូដា​សួរ​ ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មក​ប្រយុទ្ធ​នឹង​យើង​ដូច្នេះ?»។ ពួក​គេ​ឆ្លើយ​ថា៖ «យើង​មក​នេះ ដើម្បី​ចាប់​សាំសុន ហើយ​ប្រព្រឹត្ត​ចំពោះ​វា ដូច​វា​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ»។ ១១ ដូច្នេះ ជន​ជាតិ​យូដា​បី​ពាន់​នាក់​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​រូង​ភ្នំ​អេតាំ ហើយ​និយាយ​នឹង​លោក​សាំសុន​ថា៖ «អ្នក​មិន​ដឹង​ទេ​ឬ​ថា ជន​ជាតិ​ភីលីស្ទីន​ត្រួតត្រា​លើ​យើង? ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​បាប​យើង​ដូច្នេះ?»។ លោក​សាំសុន​ឆ្លើយ​ថា៖ «ខ្ញុំ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​ដូច​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​តែ​ ប៉ុណ្ណោះ»។ ១២ ជន​ជាតិ​យូដា​ពោល​ទៀត​ ថា៖ «យើង​មក​នេះ ដើម្បី​ចង​អ្នក​យក​ទៅ​ប្រគល់​អោយ​ជន​ជាតិ​ភីលីស្ទីន»។ លោក​សាំសុន​ស្នើ​ទៅ​ពួក​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ស្បថ​ជា​មួយ​ខ្ញុំ​មក​ថា អ្នក​រាល់​គ្នា​នឹង​មិន​សម្លាប់​ខ្ញុំ​ដោយ​ផ្ទាល់​ទេ»។ ១៣ គេ​ឆ្លើយ​ទៅ​លោក​វិញ​ ថា៖ «ទេ! យើង​គ្មាន​បំណង​នឹង​សម្លាប់​អ្នក​ទេ យើង​គ្រាន់​តែ​សុំ​ចង​អ្នក យក​ទៅ​ប្រគល់​អោយ​ជន​ជាតិ​ភីលីស្ទីន​ប៉ុណ្ណោះ»។ ពួក​គេ​ក៏​យក​ខ្សែពួរ​ថ្មី​ពីរ មក​ចង​លោក ហើយ​នាំ​ចេញ​ពី​រូង​ភ្នំ​ទៅ។ ១៤ ពេល​លោក​មក​ដល់​ក្រុង​លេហ៊ី ជន​ជាតិ​ភីលីស្ទីន​ឃើញ​លោក ហើយ​នាំ​គ្នា​ស្រែក​ហ៊ោ​ឡើង។ ពេល​នោះ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​យាង​មក​សណ្ឋិត​លើ​លោក​សាំសុន ហើយ​ខ្សែពួរ​ដែល​ចង​ដៃ​លោក​ក៏​របូត​ចេញ​ដោយ​ងាយ ដូច​សរសៃ​អំបោះ​ត្រូវ​ភ្លើង​ឆេះ។ ១៥ លោក​សាំសុន​បាន​ឃើញ​ឆ្អឹង​ថ្គាម​មួយ​របស់​លា​ដែល​គេ​ទើប​សម្លាប់​ថ្មីៗ ក៏​រើស​វា​មក​ប្រើ​ជា​អាវុធ សម្លាប់​មនុស្ស​អស់​មួយ​ពាន់​នាក់ ១៦ រួច​លោក​ស្រែក​ថា៖

«ដោយសារ​ឆ្អឹង​ថ្គាម​របស់​សត្វ​លា

ខ្ញុំ​បាន​ប្រមូល​ខ្មោច​ដាក់​គរ​លើ​គ្នា

ដោយសារ​ឆ្អឹង​ថ្គាម​របស់​សត្វ​លា

ខ្ញុំ​បាន​សម្លាប់​មនុស្ស​អស់​មួយ​ពាន់​នាក់»។

១៧ ពេល​មាន​ប្រសាសន៍​ចប់ លោក​ក៏​គ្រវែង​ឆ្អឹង​នោះ​ចោល​ទៅ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «រ៉ាម៉ាត់-លេហ៊ី»​។

១៨ រំពេច​នោះ លោក​សាំសុន​ស្រេក​ទឹក​យ៉ាង​ខ្លាំង លោក​បាន​អង្វរ​រក​ព្រះអម្ចាស់ ដោយ​ទូល​ថា៖ «ឱ​ព្រះអម្ចាស់​ អើយ គឺ​ព្រះអង្គ​ហើយ​ដែល​ប្រទាន ​អោយ​ទូលបង្គំ​មាន​ជ័យជំនះ​ដ៏​ធំ​នេះ​។ តើ​ពេល​នេះ ព្រះអង្គ​បណ្ដោយ​អោយ​ទូលបង្គំ​ដាច់​ខ្យល់​ស្លាប់ ព្រោះ​តែ​ស្រេក​ទឹក ហើយ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ​ទាំង​នោះ​ឬ?»។ ១៩ ព្រះជាម្ចាស់​បាន​បំបែក ​ថ្ម​នៅ​លេហ៊ី​នោះ ធ្វើ​អោយ​មាន​ទឹក​ហូរ​ចេញ​មក។ លោក​សាំសុន​ពិសា​ទឹក​នោះ ហើយ​ក៏​មាន​ទឹក​ចិត្ត និង​មាន​កម្លាំង​ឡើង​វិញ។ ហេតុ​នេះ​បាន​ជា​គេ​ហៅ​ប្រភព​ទឹក​នោះ​ថា «អេន-ហាកូរេ»​ ហើយ​ប្រភព​ទឹក​នោះ​ស្ថិត​នៅ​លេហ៊ី​រហូត​ដល់​សព្វ​ថ្ងៃ។

២០ នៅ​ ជំនាន់​ដែល​ជន​ជាតិ​ភីលីស្ទីន​ត្រួតត្រា​លើ​ស្រុក​អ៊ីស្រា​អែល លោក​សាំសុន​បាន​ធ្វើ​ជា​មេ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល​អស់​រយៈ​ពេល​ម្ភៃ​ ឆ្នាំ។

លោក​សាំសុន​នៅ​ក្រុង​កាសា

១ ថ្ងៃ​មួយ លោក​សាំសុន​ធ្វើ​ដំណើរ​ទៅ​ក្រុង​កាសា នៅ​ទី​នោះ លោក​ជួប​នឹង​ស្រី​ពេស្យា​ម្នាក់ ក៏​ចូល​ទៅ​ជា​មួយ​នាង។ ២ មាន​គេ​ប្រាប់​អ្នក​ក្រុង ​កាសា​ថា៖ «សាំសុន​នៅ​ទី​នេះ»។ ពួក​គេ​ក៏​ចាត់​គ្នា​ទៅ​យាមល្បាត និង​ចាំ​ឃ្លាំ​មើល​លោក​នៅ​មាត់​ទ្វារ​ក្រុង ពេញ​មួយ​យប់។ ពួក​គេ​នៅ​សំងំ​ពេញ​មួយ​យប់​នោះ ដោយ​និយាយ​គ្នា​ថា៖ «ចាំ​ភ្លឺ​ឡើង សឹម​យើង​សម្លាប់​វា»។ ៣ ប៉ុន្តែ លោក​សាំសុន​សម្រាន្ដ​នៅ​ទី​នោះ​ត្រឹម​តែ​ពាក់​កណ្ដាល​អធ្រាត្រ​ប៉ុណ្ណោះ។ លុះ​កណ្ដាល​អធ្រាត្រ​លោក​ក្រោក​ឡើង ទៅ​ចាប់​ទាញ​ទ្វារ​ក្រុង​ទាំង​មូល​សសរ​ក្លោង​ទ្វារ​ទាំង​ពីរ ព្រម​ទាំង​រនុក លើក​លី​លើ​ស្មា ហើយ​យក​ទៅ​ដាក់​លើ​កំពូល​ភ្នំ ទល់​មុខ​ក្រុង​ហេប្រូន។

 

នាង​ដេលីឡា​ក្បត់​លោក​សាំសុន

៤ បន្ទាប់​ពី​នោះ​មក លោក​សាំសុន​បាន​ចាប់​ចិត្ត​ស្រឡាញ់​ស្ត្រី​ម្នាក់​ឈ្មោះ ដេលីឡា ដែល​រស់​នៅ​ត្រង់​ច្រក​ភ្នំ​សូរេក។ ៥ ស្ដេច​ត្រាញ់​របស់​ជន​ ជាតិ​ភីលីស្ទីន​បាន​នាំ​គ្នា​ទៅ​និយាយ​នឹង​នាង​ដេលីឡា​ថា៖ «ចូរ​នាង​លួងលោម​សាំសុន ដើម្បី​អោយ​ដឹង​ថា គាត់​មាន​កម្លាំង​ដ៏​ខ្លាំងក្លា​នេះ​មក​ពី​ណា ធ្វើ​ដូច​ម្ដេច​អោយ​យើង​អាច​ឈ្នះ​គាត់​បាន? យើង​នឹង​ចាប់​ចង បង្ក្រាប​គាត់ រួច​ហើយ​យើង​ នឹង​អោយ​ប្រាក់​នាង​ចំនួន​មួយ​ពាន់​មួយ​រយ​ស្លឹង​ក្នុង​ ម្នាក់​ៗ​»។

 

៦ ពេល​នោះ នាង​ដេលីឡា​សួរ​លោក​សាំសុន​ថា៖ «បង​អើយ សូម​ប្រាប់​ខ្ញុំ​អោយ​ដឹង​ផង តើ​បង​បាន​កម្លាំង​ដ៏​ខ្លាំង​នេះ​មក​ពី​ណា? តើ​ធ្វើ​ដូច​ម្ដេច​អោយ​គេ​អាច​ចាប់​ចង​បង្ក្រាប​បង​បាន?»។ ៧ លោក​សាំសុន​ក៏​ឆ្លើយ​ទៅ​ នាង​ថា៖ «ប្រសិន​បើ​គេ​យក​ខ្សែពួរ​ស្រស់ ដែល​មិន​ទាន់​ហាល​ស្ងួត​នៅ​ឡើយ ចំនួន​ប្រាំពីរ​ចង្វាយ​មក​ចង​បង នោះ​បង​នឹង​ទៅ​ជា​ខ្សោយ​ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ»។ ៨ ពួក​ស្ដេច​ត្រាញ់​របស់​ជន ​ជាតិ​ភីលីស្ទីន​បាន​យក​ខ្សែពួរ​ស្រស់ ដែល​មិន​ទាន់​ហាល​ស្ងួត ចំនួន​ប្រាំពីរ​ចង្វាយ​មក​អោយ​នាង​ដេលីឡា ហើយ​នាង​ក៏​យក​ទៅ​ចង​លោក​សាំសុន។ ៩ នាង​បាន​អោយ​មនុស្ស​ បង្កប់​ខ្លួន​នៅ​ក្នុង​ផ្ទះ។ ខណៈ​នោះ នាង​ស្រែក​ថា៖ «បង​សាំសុន​អើយ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ!»។ លោក​សាំសុន​ក៏​បណ្ដាច់​ពួរ​នោះ​ចេញ​អស់ ដូច​ខ្សែ​អំបោះ​ដែល​ត្រូវ​ភ្លើង​ឆេះ។ ដូច្នេះ គេ​នៅ​តែ​ពុំ​ដឹង​អាថ៌កំបាំង​នៃ​កម្លាំង​របស់​លោក​ដដែល។

 

១០ នាង​ ដេលីឡា​ក៏​ពោល​ទៅ​កាន់​លោក​សាំសុន​ថា៖ «បង​បាន​បញ្ឆោត និង​ភូត​កុហក​ខ្ញុំ។ ឥឡូវ​នេះ សូម​បង​ប្រាប់​ខ្ញុំ​មក​មើល៍ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច ដើម្បី​ចង​បង​បាន?»។ ១១ លោក​សាំសុន​តប​ទៅ​នាង​ ថា៖ «ប្រសិន​បើ​គេ​យក​ពួរ​ថ្មី ដែល​មិន​ទាន់​ប្រើ​មក​ចង​បង​នោះ បង​នឹង​ទៅ​ជា​មនុស្ស​ខ្សោយ​ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ»។ ១២ នាង​ដេលីឡា​ក៏​ប្រើ​ពួរ ​ថ្មី ដើម្បី​ចង​លោក​សាំសុន រួច​នាង​ស្រែក​ថា៖ «បង​សាំសុន​អើយ! ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ»។ ពេល​នោះ ក៏​មាន​មនុស្ស​បង្កប់​ខ្លួន​នៅ​ក្នុង​ផ្ទះ​ដែរ ប៉ុន្តែ លោក​សាំសុន​ផ្ដាច់​ពួរ​ដែល​ចង​ដៃ​លោក ដូច​គេ​ផ្ដាច់​ខ្សែ​អំបោះ។

 

១៣ នាង​ ដេលីឡា​ពោល​ទៅ​កាន់​លោក​សាំសុន​ថា៖ «រហូត​មក​ទល់​ពេល​នេះ បង​ចេះ​តែ​បញ្ឆោត និង​ភូត​កុហក​ខ្ញុំ។ ឥឡូវ​នេះ សូម​បង​ប្រាប់​ខ្ញុំ​មក តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ចង​បង​បាន?»។ លោក​សាំសុន​ឆ្លើយ​ថា៖ «បើ​អូន​ក្រង​សក់​បង​ប្រាំពីរ​កំរង​ភ្ជាប់​នឹង​កីតម្បាញ បង​នឹង​ទៅ​ជា​ខ្សោយ​ដូច​ជា​មនុស្ស​ឯ​ទៀតៗ​ដែរ»។ ១៤ នាង​ដេលីឡា​ក៏​ធ្វើ​អោយ ​លោក​សាំសុន​សម្រាន្ដ​លក់ រួច​នាង​ក្រង​សក់​លោក​ជា​ប្រាំពីរ​កំរង​ភ្ជាប់​នឹង​កីតម្បាញ ហើយ​បោះស្នឹង​ពី​លើ​ផង។ បន្ទាប់​មក នាង​ស្រែក​ថា៖ «បង​សាំសុន​អើយ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ!»។ លោក​សាំសុន​ភ្ញាក់​ឡើង ហើយ​កន្រ្តាក់​របើក​ទាំង​ស្នឹង ទាំង​កីតម្បាញ​ទៀត​ផង។

 

​១៥ នាង​ ដេលីឡា​ពោល​ទៅ​កាន់​លោក​ថា៖ «តើ​បង​អាច​អះអាង​ថា បង​ស្រឡាញ់​ខ្ញុំ​ដូច​ម្ដេច​កើត បើ​បង​មិន​ទុក​ចិត្ត​ខ្ញុំ​សោះ​នោះ? មើល៍ បង​បាន​បញ្ឆោត​ខ្ញុំ​បី​ដង​ហើយ គឺ​បង​មិន​ព្រម​ប្រាប់​អោយ​ខ្ញុំ​ដឹង​ថា តើ​បង​បាន​កម្លាំង​ដ៏​ខ្លាំង​នោះ​មក​ពី​ណា​ឡើយ»។ ១៦ ដោយ​នាង​ដេលីឡា​ចេះ​តែ​និយាយ​រំអុក​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ លោក​សាំសុន​ក៏​ធុញថប់​ស្ទើរ​ស្លាប់ ១៧ ហើយ​រៀប​រាប់​ អាថ៌កំបាំង​របស់​លោក​ប្រាប់​នាង​ថា៖ «សក់​បង​មិន​ត្រូវ​កាត់ ឬ​កោរ​ឡើយ ដ្បិត​ព្រះជាម្ចាស់​បាន​ជ្រើស​រើស​បង ទុក​ជា​ពួក​ណាសៀរ* តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ម៉្លេះ។​ បើ​បង​កោរ​សក់​ចេញ នោះ​កម្លាំង​របស់​បង​នឹង​បាត់​បង់ ហើយ​ខ្លួន​បង​នឹង​ទៅ​ជា​ខ្សោយ ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ»។

 

១៨ នាង​ ដេលីឡា​ដឹង​ថា លោក​បាន​ប្រាប់​អាថ៌កំបាំង​ដល់​នាង​ហើយ នាង​អោយ​គេ​នាំ​ពាក្យ​ទៅ​ប្រាប់​ពួក​ស្ដេច​ត្រាញ់​របស់​ជន​ជាតិ​ភីលីស្ទីន​ ថា៖ «សូម​អស់​លោក​អញ្ជើញ​មក​ចុះ ព្រោះ​លើក​នេះ សាំសុន​ទម្លាយ​អាថ៌កំបាំង​អោយ​ខ្ញុំ​ដឹង​ហើយ»។ ពួក​ស្ដេច​ត្រាញ់​ក៏​នាំ​គ្នា​ទៅ​ផ្ទះ​នាង ដោយ​នាំ​យក​ប្រាក់​ទៅ​ជា​មួយ​ផង។ ១៩ នាង​ដេលីឡា​បាន​អោយ​លោក ​សាំសុន​កើយ​ភ្លៅ​នាង រហូត​ដល់​លក់ រួច​ហៅ​មនុស្ស​ម្នាក់​មក​កោរ​កំរង​សក់​ទាំង​ប្រាំពីរ​របស់​លោក លោក​ចាប់​ផ្ដើម​ខ្សោយ។ កម្លាំង​ក៏​ថយ​ចេញ​ពី​ខ្លួន​លោក​ទៅ។ ២០ នាង​ដេលីឡា​ពោល​ទៅ​លោក​ ថា៖ «បង​សាំសុន​អើយ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ!»។ លោក​សាំសុន​ភ្ញាក់​ពី​ដំណេក ហើយ​គិត​ថា លោក​នឹង​រំដោះ​ខ្លួន​រួច ដូច​សព្វ​មួយ​ដង ព្រោះ​លោក​ពុំ​បាន​ដឹង​ថា​ព្រះអម្ចាស់​ថយ​ចេញ​ពី​លោក​នោះ​ទេ។ ២១ ពួក​ភីលីស្ទីន​ចូល​ទៅ​ ចាប់​លោក ហើយ​ខ្វេះ​ភ្នែក​លោក​ទាំង​ពីរ​ទៀត​ផង។ ពួក​គេ​នាំ​លោក​ទៅ​ក្រុង​កាសា ដោយ​យក​ច្រវាក់​លង្ហិន​មក​ដាក់​លោក និង​បង្ខំ​លោក​អោយ​បង្វិល​ត្បាល់​កិន​នៅ​ក្នុង​គុក។ ២២ ប៉ុន្តែ​ក្រោយ​មក សក់​របស់​លោក​ដែល​គេ​បាន​កោរ ក៏​ចាប់​ផ្ដើម​ដុះ​ឡើង​វិញ។

 

ការ​សងសឹក​ចុង​ក្រោយ និង​មរណភាព​របស់​លោក​សាំសុន

២៣ ថ្ងៃ​មួយ ពួក​ស្ដេច​ត្រាញ់​របស់​ជន​ជាតិ​ភីលីស្ទីន​បាន​ប្រ​មូល​​គ្នា ដើម្បី​ធ្វើ​បុណ្យ​អបអរសាទរ​ចំពោះ​ជ័យជំនះ​របស់​គេ ព្រម​​​ទាំង​ថ្វាយ​យញ្ញបូជា​ដល់​ព្រះដាកុន​របស់​គេ​ថែម​ទៀត​ផង។ គេ​នាំ​គ្នា​ច្រៀង​ថា៖ «ព្រះ​របស់​យើង​បាន​ប្រគល់​សាំសុន ជា​ខ្មាំង​សត្រូវ​របស់​យើង មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ!»។ ២៤ ពេល​ឃើញ​រូប​ព្រះ​របស់​គេ ប្រជាជន​ក៏​នាំ​គ្នា​សរសើរ​តម្កើង​ ដោយ​ពោល​ថា៖ «ព្រះ​របស់​យើង​បាន​ប្រគល់​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ គឺ​ជា​អ្នក​ដែល​បំផ្លាញ​ស្រុក​យើង ហើយ​សម្លាប់​ប្រជាជន​យើង​អស់​ជា​ច្រើន​ផង»។ ២៥ ក្នុង​ពេល​ពួក​គេ​កំពុង ​តែ​សប្បាយ​យ៉ាង​ខ្លាំង​នោះ គេ​ក៏​និយាយ​ថា៖ «ចូរ​ហៅ​សាំសុន​មក​អោយ​វា​ឡក​កំប្លែង​អោយ​យើង​មើល»។ ពួក​គេ​អូស​លោក​សាំសុន​ចេញ​ពី​គុក ដើម្បី​ឡក​អោយ​ពួក​គេ​មើល។ ពួក​គេ​ដាក់​លោក​នៅ​ចន្លោះ​សសរ​វិហារ។ ២៦ លោក​សាំសុន​ពោល​ទៅ​ ក្មេង​ដែល​ដឹក​ដៃ​លោក​ថា៖ «សូម​នាំ​ខ្ញុំ​ទៅ​ជិត​សសរ​ដែល​ទ្រ​វិហារ ដើម្បី​អោយ​ខ្ញុំ​អាច​ផ្អែក​ខ្លួន​នៅ​លើ​សសរ​នោះ​ផង»។

 

​២៧ ពេល​នោះ មាន​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី​នៅ​ពេញ​វិហារ។ ពួក​ស្ដេច​ត្រាញ់​របស់​ជន​ជាតិ​ភីលីស្ទីន​ក៏​នៅ​ទី​នោះ​ដែរ ហើយ​មាន​មនុស្ស​ប្រមាណ​បីពាន់​នាក់​ទៀត​ឈរ​នៅ​លើ​ខឿន ដើម្បី​មើល​លោក​សាំសុន​ឡក។ ២៨ លោក​សាំសុន​អង្វរ​រក​ព្រះអម្ចាស់​ថា៖ «ឱ​ព្រះជាអម្ចាស់​អើយ សូម​កុំ​ភ្លេច​ទូលបង្គំ​ឡើយ! ព្រះជាម្ចាស់​អើយ សូម​មេត្តា​ប្រោស​ប្រទាន​កម្លាំង​ដល់​ទូលបង្គំ​ម្ដង​នេះ​ទៀត​ចុះ គឺ​ក្នុង​រយៈ​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក សូម​អោយ​ទូលបង្គំ​អាច​សងសឹក​ពួក​ភីលីស្ទីន ចំពោះ​ភ្នែក​ទាំង​ពីរ​ដែល​គេ​បាន​ខ្វេះ​នោះ​ផង!»។ ២៩ បន្ទាប់​មក លោក​សាំសុន​ស្ទាប​សសរ​កន្លោង​ទាំង​ពីរ​ដែល​ទ្រ​វិហារ លោក​សង្កត់​ដៃ​ស្ដាំ​របស់​លោក​ទៅ​លើ​សសរ​មួយ ហើយ​ដៃ​ឆ្វេង​ទៅ​លើ​សសរ​មួយ​ទៀត ៣០ រួច​លោក​ស្រែក​ថា៖ «សូម​អោយ​ខ្ញុំ​ស្លាប់​ជា​មួយ​ពួក​ភីលីស្ទីន​ចុះ!»។ លោក​បញ្ចេញ​កម្លាំង​ច្រាន​សសរ​អស់​ទំហឹង ហើយ​វិហារ​ក៏​រលំ​លើ​ពួក​ស្ដេច​ត្រាញ់ និង​ជន​ជាតិ​ភីលីស្ទីន​ទាំង​ប៉ុន្មាន​ដែល​នៅ​ទី​នោះ។ អស់​អ្នក​ដែល​ស្លាប់​ជា​មួយ​លោក​មាន​ចំនួន​ច្រើន​ជាង​អ្នក​ដែល​លោក​បាន​ សម្លាប់​កាល​ពី​នៅ​មាន​ជីវិត​ទៅ​ទៀត។ ៣១ បង​ប្អូន និង​គ្រួសារ​លោក​ទាំង​អស់​ក៏​នាំ​គ្នា​ទៅ​យក​សាកសព​លោក មក​បញ្ចុះ​ក្នុង​ផ្នូរ​របស់​លោក​ម៉ាណូអា ជា​ឪពុក​ដែល​ស្ថិត​នៅ​ត្រង់​ចន្លោះ​សូរ៉ា និង​អេស្ដូល។ លោក​សាំសុន​បាន​គ្រប់គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល​អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។

ភាព​អនាធិបតេយ្យ​នៅ​ស្រុក​អ៊ីស្រាអែល

កន្លែង​ថ្វាយបង្គំ​ព្រះ​របស់​លោក​មីកា

១ នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម មាន​បុរស​ម្នាក់​ឈ្មោះ​មីកា។ ២ ថ្ងៃ​មួយ គាត់​បាន​ប្រកាស​ប្រាប់​ម្ដាយ​គាត់​ថា៖ «តើ​ម៉ែ​មាន​នឹក​ចាំ​ទេ នៅ​ពេល​ដែល​គេ​លួច​ប្រាក់​ម៉ែ​ចំនួន​មួយ​ពាន់​មួយ​រយ​ស្លឹង​នោះ ម៉ែ​បាន​ដាក់​បណ្ដាសា​ចោរ​នៅ​ចំពោះ​មុខ​ខ្ញុំ។ មើល​នែ៎ ប្រាក់​ទាំង​នេះ​នៅ​ជា​មួយ​ខ្ញុំ គឺ​ខ្ញុំ​ដែល​បាន​យក​ប្រាក់»។ ម្ដាយ​របស់​គាត់​ក៏​និយាយ​ថា៖ «សូម​ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​កូន»។ ៣ លោក​មីកា​ប្រគល់​ប្រាក់​ មួយពាន់មួយ​រយ​ស្លឹង​ជូន​ទៅ​ម្ដាយ​វិញ ហើយ​ម្ដាយ​ក៏​ពោល​ថា៖ «កូន​អើយ ម្ដាយ​បាន​សំរេច​ចិត្ត​ថ្វាយ​ប្រាក់​នេះ​ដល់​ព្រះអម្ចាស់​ហើយ ដើម្បី​អោយ​កូន​យក​វា​ទៅ​រំលាយ​ធ្វើ​ជា​រូប​ព្រះ​មួយ។ ចូរ​កូន​យក​ប្រាក់​នេះ​ទៅ​វិញ​ចុះ»។ ៤ ប៉ុន្តែ លោក​មីកា​ប្រគល់​ប្រាក់​ទៅ​ម្ដាយ​សា​ជា​ថ្មី​ទៀត ហើយ​ម្ដាយ​ក៏​យក​ប្រាក់​ពីរ​រយ​ស្លឹង​ទៅ​អោយ​ជាង​ស្មិត​រំលាយ​ធ្វើ​រូប​ព្រះមួយ និង​រូប​សំណាក រួច​យក​ទៅ​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​លោក​មីកា។ ៥ ដូច្នេះ លោក​មីកា​មាន​កន្លែង​មួយ​ថ្វាយបង្គំ​ព្រះ នៅ​ក្នុង​ផ្ទះ​របស់​គាត់។ គាត់​បាន​ធ្វើ​រូប​បដិមា​មួយ និង​រូប​ចម្លាក់​ជា​ច្រើន​ សំរាប់​គោរព​បូជា រួច​គាត់​តែងតាំង​កូន​ប្រុស​ម្នាក់​របស់​គាត់​អោយ​ធ្វើ​ជា​បូជាចារ្យ។

៦ នៅ​គ្រា​នោះ ក្នុង​ស្រុក​អ៊ីស្រាអែល​គ្មាន​ស្ដេច​សោយ​រាជ្យ​ទេ ម្នាក់ៗ​ធ្វើ​អ្វីៗ​តាម​តែ​ខ្លួន​យល់​ឃើញ។

 

៧ មាន​យុវបុរស​លេវី​ម្នាក់​ពី​កុលសម្ព័ន្ធ​យូដា រស់​នៅ​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា។ ៨ គាត់​ចាក​ចេញ​ពី​ភូមិ​ បេថ្លេហិម​ទៅ​រក​កន្លែង​ស្នាក់​នៅ​ផ្សេង​ទៀត។ ពេល​ធ្វើ​ដំណើរ​នោះ គាត់​បាន​ទៅ​ដល់​ផ្ទះ​លោក​មីកា ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម។ ៩ លោក​មីកា​សួរ​គាត់​ថា៖ «តើ​អ្នក​អញ្ជើញ​មក​ពី​ណា?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ជា​ពួក​លេវី មក​ពី​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា ហើយ​ខ្ញុំ​កំពុង​ដើរ​រក​មើល​កន្លែង​សំរាប់​ស្នាក់​អាស្រ័យ»។ ១០ លោក​មីកា​និយាយ​ទៅ​គាត់​ថា៖ «សូម​អញ្ជើញ​មក​នៅ​ផ្ទះ​ខ្ញុំ ហើយ​ធ្វើ​ជា​បូជាចារ្យ​គ្រប់គ្រង​លើ​គ្រួសារ​ខ្ញុំ​ទៅ ខ្ញុំ​នឹង​ជូន​ប្រាក់​លោក​ចំនួន​ដប់​ស្លឹង ក្នុង​មួយ​ឆ្នាំ ព្រម​ទាំង​សម្លៀកបំពាក់ និង​ម្ហូប​អាហារ​ទៀត​ផង»។ ១១ បុរស​លេវី​នោះ​ក៏​យល់​ព្រម​រស់​នៅ​ជា​មួយ​លោក​មីកា ហើយ​លោក​មីកា​ចាត់​ទុក​គាត់​ដូច​កូន​បង្កើត​ដែរ។ ១២ លោក​មីកា​បាន​តែងតាំង​បុរស​នោះ​ជា​បូជាចារ្យ ហើយ​អោយ​រស់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន។ ១៣ លោក​មីកា​ពោល​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ដឹង​ជាក់​ច្បាស់​ថា ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ខ្ញុំ​ជា​មិន​ខាន ព្រោះ​ខ្ញុំ​មាន​បុរស​លេវី​ម្នាក់​ជា​បូជាចារ្យ»។

ជន​ជាតិ​ដាន់​ប្ដូរ​ទឹក​ដី

១ នៅ​គ្រា​នោះ ស្រុក​អ៊ីស្រាអែល​គ្មាន​ស្ដេច​សោយ​រាជ្យ​ទេ។ នៅ​គ្រា​ដដែល​នោះ កុលសម្ព័ន្ធ​ដាន់​ស្វែង​រក​ទឹក​ដី​មួយ​កន្លែង​សំរាប់​ពួក​គេ ដ្បិត​កុលសម្ព័ន្ធ​នេះ​ពុំ​ទាន់​មាន​ទឹក​ដី ដូច​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ឯ​ទៀតៗ​ឡើយ។ ២ ដូច្នេះ កូន​ចៅ​ដាន់​ជ្រើស​រើស​មនុស្ស​ក្នុង​ចំណោម​ពួក​គេ​ប្រាំ​នាក់ ដែល​ជា​អ្នក​ចំបាំង​ដ៏​ជំនាញ​ពី​ក្រុង​សូរ៉ា និង​ក្រុង​អែស្ដូល អោយ​ទៅ​ស៊ើប​ពិនិត្យ​មើល​ទឹក​ដី។ អ្នក​ទាំង​នោះ​បាន​មក​ដល់​តំបន់​ភ្នំ​អេប្រាអ៊ីម ហើយ​ពេល​យប់ ពួក​គេ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​លោក​មីកា។ ៣ នៅ​ទី​នោះ ពួក​គេ​បាន​ឮ​សំនៀង​របស់​យុវបុរស ហើយ​ដឹង​ថា​គាត់​ជា​ពួក​លេវី ក៏​នាំ​គ្នា​ចូល​ទៅ​និយាយ​ជា​មួយ​គាត់​ថា៖ «តើ​អ្នក​ណា​នាំ​លោក​មក​ទី​នេះ? តើ​លោក​មក​ធ្វើ​អ្វី​នៅ​កន្លែង​នេះ? ហេតុ​អ្វី​បាន​ជា​លោក​នៅ​ទី​នេះ?»។ ៤ គាត់​ឆ្លើយ​ថា៖ «លោក​មីកា​បាន​ជួយ​ឧបត្ថម្ភ​ខ្ញុំ គឺ​គាត់​អោយ​ប្រាក់​ខែ​ខ្ញុំ និង​អោយ​ខ្ញុំ​ធ្វើ​ជា​បូជាចារ្យ​របស់​គាត់»។ ៥ ពួក​គេ​ពោល​ថា៖ «បើ​ដូច្នេះ សូម​ទូល​សួរ​ព្រះជាម្ចាស់​មើល ដ្បិត​យើង​ចង់​ដឹង​ថា ដំណើរ ​ដែល​យើង​បាន​ផ្ដើម​ធ្វើ​នេះ​នឹង​ទទួល​លទ្ធផល​យ៉ាង​ណា​?»។ ៦ បូជាចារ្យ​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «កុំ​ភ័យ​បារម្ភ​អី! ព្រះ​អម្ចាស់​គង់​ជា​មួយ​អស់​លោក ក្នុង​ដំណើរ​របស់​អស់​លោក​ហើយ»។ ៧ អ្នក​ទាំង​ប្រាំ​ក៏​បន្ត​ ដំណើរ​ទៅ​មុខ​ទៀត រហូត​ដល់​ក្រុង​ឡាអ៊ីស។ នៅ​ទី​នោះ ពួក​គេ​ឃើញ​ប្រជាជន​រស់​នៅ ដោយ​ឥត​បារម្ភ​អ្វី​ឡើយ គឺ​គេ​រស់​នៅ​យ៉ាង​សុខសាន្ត និង​ស្ងប់​ស្ងៀម ដូច​អ្នក​ស្រុក​ស៊ីដូន។ គ្មាន​នគរ​ជិត​ខាង​ណា​មក​រក​រឿង ហើយ​ក៏​គ្មាន​នរណា​មក​ជិះជាន់​សង្កត់សង្កិន​ដែរ។ ប៉ុន្តែ ប្រជាជន​នោះ​រស់​នៅ​ឆ្ងាយ​ពី​អ្នក​ស្រុក​ស៊ីដូន ហើយ​គ្មាន​ទំនាក់ទំនង​ជា​មួយ​អ្នក​ផ្សេង​ទេ។ ៨ អ្នក​ទាំង​ប្រាំ​ត្រឡប់​ទៅ​សូរ៉ា និង​អែស្តូល​វិញ ហើយ​បង​ប្អូន​របស់​គេ​សាក​សួរ​ថា ដំណើរ​របស់​គេ​បាន​ផល​អ្វី​ខ្លះ។ ៩ ពួក​គេ​តប​វិញ​ថា៖ «មក! ចូរ​យើង​លើក​ទ័ព​ទៅ​វាយ​យក​ស្រុក​ឡាអ៊ីស ព្រោះ​យើង​បាន​ពិនិត្យ​ឃើញ​ថា​ជា​ទឹក​ដី​ល្អ​បំផុត។ ដូច្នេះ មិន​ត្រូវ​បង្អែបង្អង់​ឡើយ ចូរ​ប្រញាប់​ចេញ​ទៅ​វាយ​ដណ្ដើម​យក​ទឹក​ដី​នោះ។ ១០ ពេល​ណា​អ្នក​រាល់​គ្នា​ ទៅ​ដល់ អ្នក​រាល់​គ្នា​នឹង​ឃើញ​ប្រជាជន​ មួយ​ក្រុម​រស់​នៅ​ដោយ​ឥត​បារម្ភ​អ្វី​ឡើយ។ ទឹក​ដី​នោះ​ធំ​ទូលាយ​ណាស់ ជា​ទឹក​ដី​ដ៏​សម្បូណ៌​សប្បាយ ឥត​ខ្វះ​អ្វី​ឡើយ ព្រះជាម្ចាស់​បាន​ប្រគល់​មក​អ្នក​រាល់​គ្នា​ហើយ»។ ១១ ​ដូច្នេះ មនុស្ស​ប្រាំ​មួយ​រយ​នាក់​នៃ​កុលសម្ព័ន្ធ​ដាន់​ក៏​នាំ​គ្នា​ប្រដាប់​អាវុធ​ចាក​ចេញ​ពី​ក្រុង​សូរ៉ា និង​ក្រុង​អែស្តូល។ ១២ ពួក​គេ​ទៅ​បោះ​ទ័ព​នៅ​ ខាង​លិច​គៀរីយ៉ាត-យេអារីម ក្នុង​ស្រុក​យូដា។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ទី​នោះ​ថា “ជំរំ​ដាន់” រហូត​ដល់​សព្វ​ថ្ងៃ។ ១៣ ពី​ទី​នោះ ពួក​គេ​ឡើង​ទៅ​តំបន់​ភ្នំ​អេប្រាអ៊ីម​រហូត​ដល់​ផ្ទះ​លោក​មីកា។

 

១៤ ពេល​នោះ បុរស​ទាំង​ប្រាំ​នាក់​ដែល​បាន​មក​ស៊ើបការណ៍​នៅ​ទឹក​ដី​ឡាអ៊ីស និយាយ​ទៅ​កាន់​បង​ប្អូន​របស់​ខ្លួន​ថា៖ «បង​ប្អូន​ដឹង​ទេ ក្នុង​ចំណោម​ផ្ទះ​ទាំង​នេះ មាន​ផ្ទះ​មួយ​ដែល​មាន​រូប​បដិមា និង​រូប​ចម្លាក់​ជា​ច្រើន ព្រម​ទាំង​រូប​ព្រះ​មួយ និង​រូប​សំណាក​មួយ​ទៀត​ធ្វើ​ពី​ប្រាក់។ ដូច្នេះ បង​ប្អូន​ដឹង​ហើយ​ថា ត្រូវ​ធ្វើ​យ៉ាង​ណា»។ ១៥ បន្ទាប់​មក បុរស​ទាំង​ប្រាំ​ក៏​ដើរ​តម្រង់​ទៅ​ផ្ទះ​លោក​មីកា ហើយ​ចូល​ទៅ​សួរ​សុខ​ទុក្ខ​យុវបុរស​លេវី ដែល​ស្នាក់​នៅ​ក្នុង​ផ្ទះ​នោះ។ ១៦ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ កូន​ចៅ​ដាន់​ទាំង​ប្រាំ​មួយ​រយ​នាក់ ដែល​ប្រដាប់​អាវុធ ក៏​ឈរ​នៅ​មាត់​ច្រក​ចូល​ទៅ​ផ្ទះ​ដែរ។ ១៧ បុរស​ទាំង​ប្រាំ​នាក់​ ដែល​បាន​មក​ស៊ើបការណ៍ នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ យក​រូប​សំណាក រូប​បដិមា និង​រូប​ព្រះ​ផ្សេងៗ ព្រម​ទាំង​រូប​ចម្លាក់​ធ្វើ​ពី​ប្រាក់​ទៀត​ផង។ ពេល​នោះ បូជាចារ្យ​ឈរ​នៅ​មាត់​ច្រក​ជា​មួយ​ទាហាន​ទាំង​ប្រាំ​មួយ​រយ​នាក់។ ១៨ ​ដោយ​ឃើញ​អ្នក​ទាំង​ ប្រាំ​ចូល​ទៅ​ក្នុង​ផ្ទះ​លោក​មីកា យក​រូប​ព្រះ រូប​បដិមា រូប​ចម្លាក់​ផ្សេងៗ និង​រូប​សំណាក​ធ្វើ​ពី​ប្រាក់​ដូច្នេះ បូជាចារ្យ​ក៏​សួរ​ទៅ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ហ្នឹង?»។ ១៩ ពួក​គេ​ឆ្លើយ​ទៅ​គាត់​ វិញ​ថា៖ «នៅ​អោយ​ស្ងៀម កុំ​មាត់​ក​អី! ចូរ​ទៅ​ជា​មួយ​យើង ធ្វើ​ជា​បូជាចារ្យ​គ្រប់គ្រង​លើ​ពួក​យើង! ចូរ​គិត​មើល៍ តើ​លោក​គួរ​ធ្វើ​ជា​បូជាចារ្យ​សំរាប់​គ្រួសារ​របស់​មនុស្ស​តែ​ម្នាក់ ឬ​ក៏​ធ្វើ​ជា​បូជាចារ្យ​សំរាប់​ពូជ​អំបូរ​មួយ​ក្នុង​កុលសម្ព័ន្ធ​នៃ​ជន​ជាតិ ​អ៊ីស្រាអែល?»។ ២០ បូជាចារ្យ​មាន​ចិត្ត​ ត្រេក​អរ​ជា​ខ្លាំង​ចំពោះ​សំណូម​ពរ​នេះ គាត់​យក​រូប​បដិមា រូប​ចម្លាក់​ផ្សេងៗ និង​រូប​ព្រះ រួច​ចូល​ទៅ​ក្នុង​ចំណោម​កងទ័ព។ ២១ ពួក​គេ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ដោយ​អោយ​ក្មេងៗ ហ្វូង​សត្វ និង​ទ្រព្យសម្បត្តិ​របស់​គេ​ទៅ​មុន។ ២២ លុះ​ពួក​គេ​ចាក​ចេញ​ពី​ផ្ទះ​លោក​មីកា​ទៅ​បាន​ឆ្ងាយ​បន្តិច ទើប​លោក​មីកា និង​អ្នក​ជិត​ខាង​ប្រមូល​គ្នា​ដេញ​តាម។ ២៣ ពេល​នោះ ពួក​លោក​មីកា​ស្រែក​ហៅ​កូន​ចៅ​ដាន់ ពួក​គេ​ក៏​បែរ​ក្រោយ ហើយ​សួរ​លោក​មីកា​ថា៖ «តើ​មាន​ការ​អី បាន​ជា​ប្រមូល​គ្នា​មក​ដូច្នេះ?»។ ២៤ លោក​មីកា​ឆ្លើយ​ទៅ​ពួក​ គេ​ថា៖ «អ្នក​រាល់​គ្នា​លួច​យក​ព្រះ​ទាំងឡាយ​ដែល​ខ្ញុំ​បាន​ធ្វើ ថែម​ទាំង​នាំ​បូជាចារ្យ​របស់​ខ្ញុំ​មក​ផង គឺ​គ្មាន​ទុក​អ្វី​អោយ​នៅ​សល់​សោះ ហើយ​អ្នក​រាល់​គ្នា​ហ៊ាន​សួរ​ខ្ញុំ​ថា​មាន​ការ​អ្វី​ទៀត​ឬ?»។ ២៥ កូន​ចៅ​ដាន់​នាំ​គ្នា​ តប​ទៅ​គាត់​វិញ​ថា៖ «កុំ​មក​តវ៉ា​ជា​មួយ​យើង ក្រែង​លោ​មាន​គ្នា​យើង​ខ្លះ​ក្ដៅ​ក្រហាយ ហើយ​វាយ​ប្រហារ​អ្នក ធ្វើ​អោយ​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ត្រូវ​វិនាស»។ ២៦ បន្ទាប់​មក ពួក​គេ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ដោយ​លោក​មីកា​ឃើញ​ថា​ពួក​គេ​ខ្លាំង​ពូកែ​ជាង នោះ​គាត់​ក៏​បក​ក្រោយ វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។

 

កុលសម្ព័ន្ធ​ដាន់​នៅ​ក្រុង​ឡាអ៊ីស

២៧ ក្រោយ​ពី​ដណ្ដើម​យក​ របស់​ដែល​លោក​មីកា​បាន​ធ្វើ និង​នាំ​បូជាចារ្យ​របស់​គាត់​មក​ជា​មួយ កូន​ចៅ​ដាន់​ក៏​ទៅ​វាយ​លុក​ក្រុង​ឡាអ៊ីស សម្លាប់​រង្គាល​ប្រជាជន​ដែល​កំពុង​រស់​នៅ​យ៉ាង​សុខ​សាន្ត និង​ស្ងប់​ស្ងៀម ព្រម​ទាំង​ដុត​ទីក្រុង​ចោល​ថែម​ទៀត​ផង។ ២៨ ឡាអ៊ីស​ជា​ក្រុង​ដែល​ ស្ថិត​នៅ​ក្នុង​ជ្រលង​ភ្នំ​បេត-រេហូប ឆ្ងាយ​ពី​ក្រុង​ស៊ីដូន ហើយ​អ្នក​ក្រុង​នោះ​ពុំ​មាន​ទំនាក់ទំនង​ជា​មួយ​នរណា​ទេ ហេតុ​នេះ​ហើយ​បាន​ជា​គ្មាន​នរណា​មក​ជួយ​ពួក​គេ​ឡើយ។ កូន​ចៅ​ដាន់​បាន​សង់​ទីក្រុង​ឡើង​វិញ ហើយ​ក៏​តាំង​ទី​លំនៅ​នៅ​ទី​នោះ​ទៅ។ ២៩ ពួក​គេ​ប្ដូរ​ឈ្មោះ​ ក្រុង​ឡាអ៊ីស ដែល​គេ​ធ្លាប់​ហៅ​ពី​មុន​នោះ​ដាក់​ថា «ក្រុង​ដាន់» តាម​ឈ្មោះ​បុព្វបុរស​របស់​គេ ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ាកុប។ ៣០ កូន​ចៅ​ដាន់​បាន​យក​រូប ​ព្រះ​មក​តម្កល់​សំរាប់​ថ្វាយបង្គំ ហើយ​តែងតាំង​លោក​យ៉ូណាថាន ជា​កូន​លោក​គែរសូម ដែល​ត្រូវ​ជា​ពូជពង្ស​របស់​លោក​ម៉ូសេ​អោយ​ធ្វើ​ជា​បូជាចារ្យ សំរាប់​កុលសម្ព័ន្ធ​ដាន់។ ពូជពង្ស​របស់​លោក​យ៉ូណាថាន​បាន​បន្ត​តំណែង​បូជាចារ្យ រហូត​ដល់​ជំនាន់​ដែល​ប្រជាជន​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក​។ ៣១​​​​​ក្នុង​អំឡុង​ពេល​ដែល​ ពួក​គេ​មាន​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​នៅ​ស៊ីឡូ ក៏​ពួក​គេ​នៅ​តែ​រក្សា​ទុក​រូប​ព្រះ​របស់​លោក​មីកា​ជា​រៀង​រហូត។

បទឧក្រិដ្ឋ​របស់​ពួក​បេនយ៉ាមីន​នៅ​ក្រុង​គីបា

១ នៅ​គ្រា​នោះ ស្រុក​អ៊ីស្រាអែល​គ្មាន​ស្ដេច​សោយ​រាជ្យ​ទេ។ មាន​បុរស​ម្នាក់​ក្នុង​កុលសម្ព័ន្ធ​លេវី រស់​នៅ​ប៉ែក​ខាង​ចុង​តំបន់​ភ្នំ​អេប្រាអ៊ីម។ គាត់​បាន​យក​ស្ត្រី​ម្នាក់​ពី​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា មក​ធ្វើ​ជា​ប្រពន្ធ​ចុង។ ២ ប៉ុន្តែ នាង​បាន​ក្បត់​ចិត្ត​ប្ដី ហើយ​ចាក​ចេញ​ពី​ប្ដី​ត្រឡប់​ទៅ​នៅ​ផ្ទះ​របស់​ឪពុក​នាង នៅ​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា​វិញ។ នាង​ស្នាក់​នៅ​ទី​នោះ​អស់​រយៈ​ពេល​បួន​ខែ។ ៣ ប្ដី​របស់​នាង​បាន​ធ្វើ​ ដំណើរ​ទៅ​តាម ក្នុង​គោល​បំណង​លួងលោម​នាង​អោយ​ត្រឡប់​មក​វិញ។ គាត់​បាន​នាំ​ក្មេង​បំរើ និង​សត្វ​លា​ពីរ​ទៅ​ជា​មួយ​ផង។ ស្ត្រី​នោះ​អញ្ជើញ​ប្ដី​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ឪពុក​នាង កាល​ឪពុក​ឃើញ​ប្ដី​របស់​នាង គាត់​ក៏​ទទួល​ដោយ​អំណរ។ ៤ ឪពុក​ក្មេក​បាន​ឃាត់​កូន​ប្រសា អោយ​នៅ​ផ្ទះ​របស់​គាត់​ចំនួន​បី​ថ្ងៃ។ បុរស​នោះ​បរិភោគ​អាហារ និង​ស្រា ព្រម​ទាំង​សម្រាន្ដ​នៅ​ទី​នោះ។ ៥ នៅ​ថ្ងៃ​ទី​បួន គេ​នាំ​គ្នា​ក្រោក​តាំង​ពី​ព្រលឹម។ ពេល​បុរស​លេវី​ហៀប​នឹង​ចេញ​ដំណើរ ឪពុក​ក្មេក​និយាយ​ទៅ​កាន់​កូន​ប្រសា​ថា៖ «ចូរ​កូន​បរិភោគ​សិន​ទៅ ដើម្បី​អោយ​មាន​កម្លាំង រួច​សឹម​ធ្វើ​ដំណើរ​ទៅ​ចុះ»។ ៦ ដូច្នេះ អ្នក​ទាំង​ពីរ​ក៏​អង្គុយ​បរិភោគ​អាហារ និង​ផឹក​ស្រា​ជា​មួយ​គ្នា។ បន្ទាប់​មក ឪពុក​ក្មេក​និយាយ​ទៅ​កាន់​កូន​ប្រសា​ថា៖ «សុំ​កូន​សំរាក​លេង​នៅ​ទី​នេះ​មួយ​យប់​ទៀត​សិន​ទៅ»។ ៧ បុរស​លេវី​ក្រោក​ឡើង ចង់​ចេញ​ដំណើរ ដោយ​ឪពុក​ក្មេក​ចេះ​តែ​ទទូច​អង្វរ​ពេក គាត់​ក៏​យល់​ព្រម​ស្នាក់​នៅ​មួយ​យប់​ទៀត។ ៨ នៅ​ថ្ងៃ​ទី​ប្រាំ គាត់​ក្រោក​តាំង​ពី​ព្រលឹម ដើម្បី​ចេញ​ដំណើរ។ ប៉ុន្តែ ឪពុក​ក្មេក​និយាយ​ទៅ​គាត់​ថា៖ «សូម​កូន​បរិភោគ​អាហារ​សិន ចាំ​ដល់​ថ្ងៃ​ជ្រេ​សឹម​ចេញ​ដំណើរ​ទៅ​ចុះ»។ ដូច្នេះ គេ​ក៏​នាំ​គ្នា​បរិភោគ។ ៩ នៅ​ពេល​ដែល​បុរស​លេវី​ចង់ ​ចេញ​ដំណើរ​ទៅ​ជា​មួយ​ប្រពន្ធ​ចុង និង​អ្នក​បំរើ​របស់​គាត់ ឪពុក​ក្មេក​ក៏​និយាយ​ទៅ​គាត់​ទៀត​ថា៖ «មើល៍ ឥឡូវ​នេះ​ជ្រុល​ពេល​ហើយ ហើយ​ថ្ងៃ​ក៏​ជិត​លិច​ដែរ ចូរ​នាំ​គ្នា​សំរាក​លេង​ទី​នេះ​ទៅ។ ចាំ​ស្អែក សឹម​ក្រោក​ពី​ព្រលឹម ហើយ​ចេញ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​របស់​កូន​វិញ​ចុះ»។

 

១០ ប៉ុន្តែ ​ម្ដង​នេះ បុរស​លេវី​ប្រកែក​ពុំ​ព្រម​នៅ​ទៀត​ទេ។ គាត់​ក្រោក​ឡើង​ចេញ​ដំណើរ​ជា​មួយ​ប្រពន្ធ​ចុង ព្រម​ទាំង​សត្វ​លា​ទាំង​ពីរ​របស់​គាត់ ដែល​មាន​កែប​ចង​ជា​ស្រេច​នោះ​ដែរ។ ពួក​គេ​មក​ដល់​កន្លែង​មួយ នៅ​ទល់​មុខ​នឹង​ក្រុង​យេប៊ូស ពោល​គឺ​ក្រុង​យេរូសាឡឹម។ ១១ ពេល​ពួក​គេ​មក​ដល់​ ក្បែរ​ក្រុង​យេប៊ូស​នោះ ថ្ងៃ​កាន់​តែ​ទាប​ណាស់​ហើយ ក្មេង​បំរើ​ក៏​និយាយ​ទៅ​កាន់​ចៅហ្វាយ​ថា៖ «យើង​គួរ​តែ​ឆៀង​ចូល​ទៅ​សំរាក​នៅ​ក្រុង​របស់​សាសន៍​យេប៊ូស​មួយ​យប់​ទៅ»។ ១២ ចៅហ្វាយ​ឆ្លើយ​ឡើង​ថា៖ «ទេ! យើង​មិន​ត្រូវ​ចូល​ទៅ​ក្រុង​របស់​សាសន៍​ដទៃ ដែល​គ្មាន​ជន​ជាតិ​អ៊ីស្រាអែល​នោះ​ឡើយ យើង​ទៅ​សំរាក​នៅ​ក្រុង​គីបា​វិញ»។ ១៣ ​គា​ត់​ក៏​បន្ថែម​ទៀត​ថា៖ «យើង​ត្រូវ​តែ​ស្រូត​ដំណើរ​អោយ​ដល់​ក្រុង​គីបា ឬ​ភូមិ​រ៉ាម៉ា ហើយ​នៅ​ទី​នោះ​យើង​នឹង​សំរាក​កន្លែង​ណា​មួយ​ក៏​បាន»។ ១៤ ពួក​គេ​ក៏​បន្ត​ដំណើរ​ទៅ​ទៀត។ លុះ​មក​ដល់​ជិត​ក្រុង​គីបា ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន ថ្ងៃ​បាន​លិច​បាត់​ទៅ​ហើយ។ ១៥ គេ​នាំ​គ្នា​ចូល​ទៅ​ ក្នុង​ក្រុង​នោះ រក​កន្លែង​សំរាក។ ពួក​គេ​អង្គុយ​នៅ​តាម​ផ្លូវ ព្រោះ​គ្មាន​នរណា​ម្នាក់​មក​អញ្ជើញ​ពួក​គេ​អោយ​ទៅ​សំរាក​នៅ​ផ្ទះ​របស់​ខ្លួន ​ឡើយ។ ១៦ ​ល្ងាច​នោះ មាន​លោក​តា​ម្នាក់​វិល​ត្រឡប់​មក​ពី​ចំការ​វិញ គាត់​មាន​ដើម​កំណើត​នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម ហើយ​មក​រស់​នៅ​ក្រុង​គីបា ដែល​មាន​សុទ្ធ​តែ​មនុស្ស​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន។ ១៧ ពេល​គាត់​ក្រឡេក​ទៅ ឃើញ​អ្នក​ដំណើរ​អង្គុយ​នៅ​តាម​ផ្លូវ​ដូច្នេះ លោក​តា​សួរ​ថា៖ «តើ​អ្នក​អញ្ជើញ​មក​ពី​ណា​ទៅ​ណា​ដែរ?»។ ១៨ បុរស​លេវី​ក៏​តប​ថា៖ «យើង​ខ្ញុំ​មក​ពី​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា ហើយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ខ្ញុំ នៅ​ប៉ែក​ខាង​ចុង​តំបន់​ភ្នំ​អេប្រាអ៊ីម។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេហិម ឥឡូវ​នេះ ខ្ញុំ​វិល​ទៅ​ផ្ទះ​ខ្ញុំ​ដែល​ជា​ដំណាក់​របស់​ព្រះអម្ចាស់​វិញ។ ប៉ុន្តែ​ក្នុង​ក្រុង​នេះ គ្មាន​នរណា​ម្នាក់​ទទួល​ខ្ញុំ​អោយ​ស្នាក់​នៅ​ផ្ទះ​របស់​គេ​ទេ។ ១៩ យើង​ខ្ញុំ​មាន​ចំបើង និង​ស្មៅ​សំរាប់​សត្វ​លា ព្រម​ទាំង​នំបុ័ង និង​ស្រា​ទំពាំងបាយជូរ​សំរាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ប្រពន្ធ​ខ្ញុំ និង​អ្នក​បំរើ​របស់​ខ្ញុំ​ទៀត​ផង គឺ​យើង​ខ្ញុំ​ពុំ​ត្រូវ​ការ​អ្វី​សោះ​ឡើយ»។ ២០ លោក​តា​ក៏​ពោល​ទៅ​គាត់​ ថា៖ «ខ្ញុំ​សូម​ទទួល​ស្វាគមន៍​អ្នក នៅ​ផ្ទះ​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ផ្ដល់​អោយ​អ្នក​នូវ​អ្វីៗ​ដែល​អ្នក​ត្រូវ​ការ ដូច្នេះ មិន​ត្រូវ​សំរាក​នៅ​តាម​ផ្លូវ​បែប​នេះ​ទេ!»។ ២១ លោក​តា​នាំ​ពួក​គេ​ចូល​ ទៅ​ក្នុង​ផ្ទះ ហើយ​ដាក់​ស្មៅ​អោយ​សត្វ​លា​ស៊ី​ទៀត​ផង។ អ្នក​ដំណើរ​នាំ​គ្នា​លាង​ជើង រួច​ក៏​បរិភោគ​អាហារ និង​ផឹក​ស្រា​ជា​មួយ​គ្នា។ ២២ ក្នុង​ពេល​ពួក​គេ​កំពុង ​តែ​បរិភោគ​យ៉ាង​សប្បាយ មាន​មនុស្ស​ពាល​ក្នុង​ក្រុង​នោះ​មក​ឡោមព័ទ្ធ​ផ្ទះ ហើយ​គោះ​ទ្វារ​ខ្លាំង​ៗ ទាំង​ពោល​ទៅ​កាន់​លោក​តា​ម្ចាស់​ផ្ទះ​ថា៖ «ចូរ​នាំ​អ្នក​ដែល​ស្នាក់​ក្នុង​ផ្ទះ​តា​ឯង​ចេញ​មក ដើម្បី​អោយ​យើង​រួម​ដំណេក​ជា​មួយ​គេ​ផង!»។ ២៣ លោក​តា​ម្ចាស់​ផ្ទះ​ក៏​ ចេញ​មក ហើយ​ពោល​ទៅ​កាន់​ជន​ពាល​ថា៖ «ទេ! បង​ប្អូន​អើយ ខ្ញុំ​សូម​អង្វរ​បង​ប្អូន​មេត្តា​កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​បែប​នេះ​អី! សូម​កុំ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​អោយ​សោះ ព្រោះ​បុរស​នេះ​ជា​ភ្ញៀវ​របស់​ខ្ញុំ។ ២៤ មើល៍​ខ្ញុំ​មាន​កូន​ ស្រី​នៅ​ក្រមុំ​ព្រហ្មចារី​នៅ​ឡើយ ហើយ​អ្នក​នោះ​ក៏​មាន​ប្រពន្ធ​ចុង​របស់​គាត់ មក​ជា​មួយ​ដែរ។ ខ្ញុំ​នឹង​នាំ​ពួក​នាង​ចេញ​មក ហើយ​បង​ប្អូន​អាច​យក​ពួក​នាង​ទៅ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត​បង​ប្អូន​ចុះ តែ​សូម​កុំ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​ជា​មួយ​បុរស​នេះ​ឡើយ»។ ២៥ ប៉ុន្តែ ជន​ពាល​ទាំង​នោះ​ពុំ​បាន​ស្ដាប់​ពាក្យ​អង្វរ​របស់​លោក​តា​ទេ។ ដូ​ច្នេះ បុរស​លេវី​ក៏​នាំ​ប្រពន្ធ​ចុង​របស់​ខ្លួន​ចេញ​មក​ក្រៅ ប្រគល់​ទៅ​អោយ​ពួក​វា។ ពួក​វា​នាំ​គ្នា​រំលោភ​លើ​នាង ហើយ​ធ្វើ​បាប​នាង​ពេញ​មួយ​យប់ រហូត​ទាល់​តែ​ជិត​ភ្លឺ ទើប​លែង​នាង​មក​វិញ។ ២៦ ពេល​ព្រលឹម​ស្រាងៗ ស្ត្រី​នោះ​ដើរ​មក​ដួល​នៅ​មាត់​ច្រក​ចូល​ផ្ទះ​លោក​តា ដែល​ប្ដី​នាង​ស្នាក់​នៅ។ នាង​នៅ​ទី​នោះ រហូត​ដល់​ថ្ងៃ​រះ។ ២៧ លុះ​ព្រឹក​ឡើង ប្ដី​របស់​នាង​បើក​ទ្វារ​ផ្ទះ ហើយ​ចេញ​ទៅ​ក្រៅ ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ គាត់​ក៏​ឃើញ​ប្រពន្ធ​ចុង​របស់​គាត់ ដួល​ដេក​នៅ​មាត់​ច្រក​ចូល​ផ្ទះ ដោយ​ដៃ​នាង​ទាំង​ពីរ​តោង​មាត់​របង​ផង។ ២៨ គាត់​ហៅ​នាង​ថា៖ «ក្រោក​ឡើង យើង​ទៅ​មុខ​ទៀត!» ប៉ុន្តែ គ្មាន​ចម្លើយ​តប​មក​វិញ​សោះ!។ បុរស​នោះ​ក៏​លើក​សាកសព​នាង​ដាក់​លើ​ខ្នង​លា ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​គាត់​វិញ។ ២៩ លុះ​ទៅ​ដល់​ផ្ទះ​ហើយ គាត់​ក៏​យក​កាំបិត​មក​កាប់​សាកសព​ប្រពន្ធ​ចុង​គាត់​ជា​ដប់ពីរ​កំណាត់ រួច​ផ្ញើ​កំណាត់​នីមួយៗ​ទៅ​អោយ​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​នៃ​ជន​ជាតិ​ អ៊ីស្រា​អែល​។ ​​៣០ អស់​អ្នក​ដែល​បាន​ឃើញ​ បញ្ញើ​នេះ ក៏​លាន់​មាត់​គ្រប់ៗ​គ្នា​ថា៖ «តាំង​ពី​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប​មក គេ​មិន​ដែល​ជួប​ប្រទះ​ហេតុការណ៍​បែប​នេះ​ឡើយ។ ដូច្នេះ ត្រូវ​តែ​ពិនិត្យ​មើល​ការណ៍​នេះ​អោយ​បាន​ល្អិតល្អន់ ហើយ​ពិភាក្សា​គ្នា​ថា តើ​យើង​គួរ​សំរេច​បែប​ណា?»។

ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​ទោស​កុលសម្ព័ន្ធ​បេនយ៉ាមីន

១ ជន​ជាតិ​អ៊ីស្រាអែល​ទាំង​ អស់​នាំ​គ្នា​លើក​ទ័ព​មក​ពី​គ្រប់​ទិសទី ចាប់​តាំង​ពី​ក្រុង​ដាន់​ដែល​នៅ​ខាង​ជើង រហូត​ដល់​បៀរសេបា​ដែល​នៅ​ខាង​ត្បូង ព្រម​ទាំង​ស្រុក​កាឡាដ​ដែល​នៅ​ខាង​កើត។ ពួក​គេ​ជួបជុំ​គ្នា​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ នៅ​មីសប៉ា ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ។ ២ ពួក​មេ​ដឹក​នាំ​នៃ​ កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​ប្រជាជន​អ៊ីស្រាអែល សុទ្ធ​តែ​មាន​វត្តមាន​ក្នុង​អង្គ​ប្រជុំ​នៃ​ប្រជាជន​របស់​ព្រះជាម្ចាស់ គឺ​មាន​កងពល​ថ្មើរ​ជើង​ចំនួន​បួន​សែន​នាក់ ប្រដាប់​ដោយ​ដាវ។ ៣ កូន​ចៅ​បេនយ៉ាមីន​បាន​ទទួល​ដំណឹង​ថា ប្រជាជន​អ៊ីស្រាអែល​លើក​ទ័ព​មក​ដល់​មីសប៉ា​ហើយ។

 

ពេល​នោះ ប្រជាជន​អ៊ីស្រាអែល​សួរ​ទៅ​បុរស​លេវី​ថា៖ «ចូរ​និយាយ​ប្រាប់​យើង​មើល តើ​ឧក្រិដ្ឋកម្ម​នេះ​កើត​ឡើង​យ៉ាង​ដូច​ម្ដេច»?។ ៤ បុរស​លេវី​ជា​ប្ដី​របស់​ ស្ត្រី​ដែល​ត្រូវ​គេ​សម្លាប់ ក៏​ឆ្លើយ​ថា៖ «ខ្ញុំ និង​ប្រពន្ធ​ចុង​ខ្ញុំ​បាន​ចូល​ទៅ​ក្រុង​គីបា ជា​ទឹក​ដី​របស់​ពួក​បេនយ៉ាមីន ដើម្បី​សំរាក​នៅ​ពេល​យប់។ ៥ យប់​នោះ ស្រាប់​តែ​ពួក​អ្នក​ក្រុង​គីបា​លើក​គ្នា​មក​ធ្វើ​បាប​ខ្ញុំ ដោយ​ឡោមព័ទ្ធ​ផ្ទះ​ដែល​ខ្ញុំ​ស្នាក់​នៅ។ ពួក​គេ​មាន​បំណង​សម្លាប់​ខ្ញុំ ប៉ុន្តែ នៅ​ទី​បំផុត ពួក​គេ​បាន​នាំ​គ្នា​រំលោភ​ប្រពន្ធ​ចុង​ខ្ញុំ រហូត​ដល់​នាង​បាត់​បង់​ជីវិត។ ៦ ហេតុ​នេះ​ហើយ​បាន​ជា​ ខ្ញុំ​យក​សាកសព​របស់​នាង​កាប់​ជា​កំណាត់ៗ រួច​ផ្ញើ​ទៅ​គ្រប់​តំបន់​ក្នុង​ទឹក​ដី​អ៊ីស្រាអែល ដ្បិត​ពួក​បេនយ៉ាមីន​បាន​ប្រព្រឹត្ត​អំពើ​យង់ឃ្នង​មួយ​ដ៏​ថោក​ទាប​បំផុត​នៅ​ ស្រុក​អ៊ីស្រាអែល។ ៧ ឥឡូវ​នេះ បង​ប្អូន​ទាំង​អស់​គ្នា​ដែល​ជា​ជន​ជាតិ​អ៊ីស្រាអែល​អើយ សូម​បង​ប្អូន​ពិភាក្សា​គ្នា​នៅ​ទី​នេះ ហើយ​ធ្វើ​ការ​សំរេច​ចិត្ត​ចុះ!»។

 

៨ ប្រជាជន​ ទាំង​មូល​ក៏​ក្រោក​ឈរ​ឡើង ស្រុះ​គ្នា​ដូច​មនុស្ស​តែ​ម្នាក់ ដោយ​ពោល​ថា៖ «ក្នុង​ចំណោម​ពួក​យើង គ្មាន​នរណា​ម្នាក់​វិល​ត្រឡប់​ទៅ​កាន់​ទី​លំនៅ​របស់​ខ្លួន​វិញ​ឡើយ ទោះ​បី​អ្នក​នោះ​រស់​នៅ​ក្នុង​ជំរំ​ក្ដី ឬ​ក្នុង​ផ្ទះ​ក្ដី។ ៩ យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​គីបាដូច​ត​ទៅ​នេះ គឺ​យើង​នឹង​ទៅ​វាយ​ពួក​គេ ដោយ​ចាប់​ឆ្នោត។ ១០ យើង​ត្រូវ​ជ្រើស​រើស​ មនុស្ស​មួយ​ភាគ​ដប់​ពី​ក្នុង​កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន​ជាតិ​ អ៊ីស្រាអែល ដើម្បី​អោយ​គេ​ទទួល​ខុស​ត្រូវ​ផ្នែក​ខាង​រក​ស្បៀង​អាហារ​សំរាប់​ពល​ទ័ព ដែល​នឹង​ចេញ​ទៅ​វាយ​ពួក​បេនយ៉ាមីន​នៅ​ក្រុង​គីបា ដើម្បី​ដាក់​ទណ្ឌកម្ម​ដល់​ពួក​គេ ចំពោះ​អំពើ​ដ៏​ថោក​ទាប ដែល​គេ​បាន​ប្រព្រឹត្ត​នៅ​ស្រុក​អ៊ីស្រាអែល»។ ១១ ដូច្នេះ ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​មាន​ចិត្ត​គំនិត​តែ​មួយ លើក​គ្នា​ប្រឆាំង​នឹង​អ្នក​ក្រុង​គីបា។

 

​១២ កុលសម្ព័ន្ធ ​ទាំងឡាយ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​គ្រប់​អំបូរ ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាន​អំពើ​ឧក្រិដ្ឋ​បែប​នេះ​កើត​ឡើង ក្នុង​ចំណោម​អ្នក​រាល់​គ្នា? ១៣ ឥឡូវ​នេះ ចូរ​ប្រគល់​ជន​ពាល​ទាំង​នោះ​នៅ​គីបាមក យើង​នឹង​សម្លាប់​ពួក​គេ ដើម្បី​បោស​សំអាត​អំពើ​អាក្រក់ ចេញ​ពី​ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រាអែល»។ ប៉ុន្តែ កូន​ចៅ​បេនយ៉ាមីន​មិន​ព្រម​ស្ដាប់​ជន​ជាតិ​អ៊ីស្រាអែល ជា​បង​ប្អូន​របស់​ខ្លួន​ឡើយ។ ១៤ កូន​ចៅ​បេនយ៉ាមីន​ក៏​ ចេញ​ពី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​គេ ហើយ​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្រុង​គីបា ដើម្បី​ប្រយុទ្ធ​តទល់​នឹង​ជន​ជាតិ​អ៊ីស្រាអែល។ ១៥ នៅ​ថ្ងៃ​នោះ ទាហាន​បេនយ៉ាមីន​ដែល​គេ​បាន​កេណ្ឌ​មក​ពី​ក្រុង​នានា ប្រដាប់​ដោយ​ដាវ មាន​ចំនួន​ពីរ​ម៉ឺន​ប្រាំ​មួយ​ពាន់​នាក់ ឥត​រាប់​ទាហាន​ដ៏​ជំនាញៗ​ចំនួន​ប្រាំពីរ​រយ​នាក់​ពី​ក្រុង​គីបាទេ។ ១៦ ក្នុង​ចំណោម​ពួក​គេ មាន​ទាហាន​ដ៏​ជំនាញៗ​ចំនួន​ប្រាំពីរ​រយ​នាក់ ដែល​ប្រើ​តែ​ដៃ​ឆ្វេង។ អ្នក​ទាំង​នោះ​អាច​ប្រើ​ដង្ហក់​ចោល​ដុំ​គ្រួស សូម្បី​តែ​សក់​មួយ​សរសៃ​ក៏​ចោល​ឥត​ខុស​ឡើយ។ ១៧ រីឯ​ទាហាន​របស់​ កុលសម្ព័ន្ធ​អ៊ីស្រាអែល​ឯ​ទៀតៗ ក្រៅ​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន មាន​បួន​សែន​នាក់​ដែល​ប្រដាប់​ដោយ​ដាវ ហើយ​សុទ្ធ​តែ​ជា​អ្នក​ចំបាំង​ដ៏​ស្ទាត់​ជំនាញ។

 

​១៨ ពេល​នោះ ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ឡើង​ទៅ​បេតអែល ទូល​សួរ​ព្រះជាម្ចាស់​ថា៖ «ក្នុង​ចំណោម​ពួក​យើង តើ​កុលសម្ព័ន្ធ​ណា​ត្រូវ​ចេញ​ទៅ​វាយ​ពួក​បេនយ៉ាមីន​មុន​គេ?»។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «កុលសម្ព័ន្ធ​យូដា​ត្រូវ​ចេញ​ទៅ​មុន​គេ»។ ១៩ ជន​ជាតិ​អ៊ីស្រាអែល​ក្រោក​ឡើង​ពី​ព្រលឹម នាំ​គ្នា​ទៅ​បោះ​ទ័ព​នៅ​ទល់​មុខ​នឹង​គីបា។ ២០ បន្ទាប់​មក កងទ័ព​អ៊ីស្រាអែល​ចូល​ទៅ​ប្រយុទ្ធ​នឹង​បេនយ៉ាមីន ដោយ​តំរៀប​ទ័ព​នៅ​មុខ​ក្រុង​គីបា។ ២១ កូន​ចៅ​បេនយ៉ាមីន​ក៏​ ចេញ​ពី​ក្រុង​គីបា ហើយ​ក្នុង​ថ្ងៃ​នោះ ពួក​គេ​បាន​សម្លាប់​ទាហាន​អ៊ីស្រាអែល​នៅ​លើ​សមរភូមិ​អស់​ចំនួន​ពីរ​ម៉ឺន​ពីរ ​ពាន់​នាក់។ ២២ ទាហាន​អ៊ីស្រាអែល​ក៏​បាន​ពង្រឹង​ទឹក​ចិត្ត​ឡើង​វិញ ហើយ​តំរៀប​ទ័ព​នៅ​លើ​សមរភូមិ​ដដែល។

 

២៣ បន្ទាប់​មក ប្រជាជន​អ៊ីស្រាអែល​ក៏​ចេញ​ទៅ​យំ​សោក​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់​រហូត​ដល់​ល្ងាច ដោយ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ប្រយុទ្ធ​នឹង​ពួក​បេនយ៉ាមីន ជា​បង​ប្អូន​របស់​យើង​ខ្ញុំ​ទៀត​ឬ​ទេ?»។ ព្រះអម្ចាស់ ​ឆ្លើយ​ថា៖ «ចូរ​ឡើង​ទៅ​វាយ​ពួក​គេ​ចុះ!»។ ២៤ ជន​ជាតិ​អ៊ីស្រាអែល​ ក៏​វាយ​លុក​កូន​ចៅ​បេនយ៉ាមីន​សា​ជា​ថ្មី។ ២៥ នៅ​ថ្ងៃ​ទី​ពីរ​នេះ កូន​ចៅ​បេនយ៉ាមីន​ចេញ​ពី​ក្រុង​គីបា មក​វាយ​ពល​ទាហាន​អ៊ីស្រាអែល ហើយ​ប្រហារ​ជីវិត​ពួក​គេ​នៅ​លើ​សមរ​ភូមិ​នោះ អស់​ចំនួន​មួយ​ម៉ឺន​ប្រាំ​បី​ពាន់​នាក់ ដែល​សុទ្ធ​តែ​ជា​ទាហាន​ប្រដាប់​ដោយ​ដាវ។ ២៦ ដូច្នេះ ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​នាំ​គ្នា​ឡើង​ទៅ​ឯ​បេតអែល អង្គុយ​យំ​សោក​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់។ ថ្ងៃ​នោះ ពួក​គេ​បាន​តម​អាហារ​រហូត​ដល់​ល្ងាច។ ពួក​គេ​បាន​យក​សត្វ​មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​មេត្រីភាព​ចំពោះ​ព្រះអម្ចាស់។ ២៧ ជន​ជាតិ​អ៊ីស្រាអែល​ទូល​សួរ​ព្រះអម្ចាស់ ដ្បិត​គ្រា​នោះ ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះជាម្ចាស់​ស្ថិត​នៅ​បេតអែល ២៨ ហើយ​មាន​លោក​ភីនេហាស ជា​កូន​របស់​លោក​អេឡាសារ និង​ជា​ចៅ​របស់​លោក​អរ៉ុន ជា​អ្នក​បំរើ​ព្រះអង្គ​នៅ​ទី​នោះ។ ជន​ជាតិ​អ៊ីស្រាអែល​ទូល​សួរ​ព្រះអម្ចាស់​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ទៅ​ប្រយុទ្ធ​ទល់​នឹង​ពួក​បេនយ៉ាមីន ជា​បង​ប្អូន​របស់​យើង​ខ្ញុំ​ទៀត ឬ​យើង​ខ្ញុំ​ត្រូវ​នៅ​ស្ងៀម?»។ ព្រះអម្ចាស់​ឆ្លើយ​តប​មក​វិញ​ថា៖ «ចូរ​ចេញ​ទៅ​ចុះ ស្អែក​យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ»។

 

២៩ ជន​ជាតិ​អ៊ីស្រាអែល​បាន​បង្កប់​ទ័ព​ឆ្មក់​នៅ​ជុំវិញ​ក្រុង​គីបា​។ ៣០ នៅ​ថ្ងៃ​ទី​បី ពួក​គេ​ចេញ​ទៅ​ប្រយុទ្ធ​នឹង​កូន​ចៅ​បេនយ៉ាមីន​ដោយ​តំរៀប​ទ័ព​នៅ​មុខ​ក្រុង​គីបា ដូច​លើក​មុន​ដែរ។ ៣១ ពេល​នោះ កូន​ចៅ​បេនយ៉ាមីន​ក៏​ចេញ​មក​ប្រយុទ្ធ​នឹង​ប្រជាជន​អ៊ីស្រា​អែល ហើយ​ទ័ព​អ៊ីស្រាអែល​បាន​នាំ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ក្រុង។ កងទ័ព​បេនយ៉ាមីន​ប្រហារ​ជីវិត​ទាហាន​អ៊ីស្រាអែល ដូច​លើក​មុន​ដែរ គឺ​ពួក​គេ​សម្លាប់​ទាហាន​អ៊ីស្រាអែល​អស់​ចំនួន​សាមសិប​នាក់ ក្នុង​វាល​ស្រែ​ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​បេតអែល និង​តាម​ផ្លូវ​ទៅ​ក្រុង​គីបា។ ៣២ កូន​ចៅ​បេនយ៉ាមីន​ពោល​ ថា៖ «មើល​ហ្ន៎! ពួក​វា​បាក់​ទ័ព​ដូច​គ្រា​មុន​ទៀត​ហើយ!»។ រីឯ​ជន​ជាតិ​អ៊ីស្រាអែល​វិញ គេ​ពោល​ថា៖ «យើង​នាំ​គ្នា​រត់​ទៅ ដើម្បី​ទាក់ទាញ​ពួក​វា​ចេញ​អោយ​ឆ្ងាយ​ពី​ក្រុង»។ ៣៣ បន្ទាប់​មក កងទ័ព​អ៊ីស្រាអែល​បាន​ចេញ​ពី​កន្លែង​រៀងៗ​ខ្លួន មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​បាល-តាម៉ារ រីឯ​ទ័ព​ឆ្មក់​ដែល​បង្កប់​ខ្លួន ក៏​ស្ទុះ​ចេញ​ពី​កន្លែង​លាក់​ខ្លួន​នៅ​ត្រង់​វាល​ទំនាប​គីបា​មក​ដែរ។ ៣៤ ទាហាន​ដ៏​ចំណានៗ​ចំនួន​ មួយ​ម៉ឺន​នាក់ ដែល​គេ​បាន​ជ្រើស​រើស​ពី​ក្នុង​ចំណោម​កងទ័ព​អ៊ីស្រាអែល​ទាំង​មូល ក៏​លើក​គ្នា​មក​ដល់​មុខ​ក្រុង​គីបា។ ពេល​នោះ ការ​ប្រយុទ្ធ​មួយ​ដ៏​សាហាវ​បាន​ចាប់​ផ្ដើម​ឡើង ប៉ុន្តែ ពួក​បេនយ៉ាមីន​ពុំ​ដឹង​ខ្លួន​ថា នឹង​មាន​មហន្តរាយ​មួយ​កើត​ឡើង​ចំពោះ​ពួក​គេ​ទេ។ ៣៥ ព្រះអម្ចាស់​ បាន​ធ្វើ​អោយ​បេនយ៉ាមីន​បាក់​ទ័ព ហើយ​នៅ​ថ្ងៃ​នោះ ជន​ជាតិ​អ៊ីស្រាអែល​បាន​សម្លាប់​ទាហាន​បេនយ៉ាមីន ដែល​ប្រដាប់​ដោយ​ដាវ អស់​ចំនួន​ពីរ​ម៉ឺន​ប្រាំ​ពាន់​មួយ​រយ​នាក់។ ៣៦ ពេល​នោះ កូន​ចៅ​បេនយ៉ាមីន​ដឹង​ខ្លួន​ថា ពួក​គេ​ចាញ់​ហើយ ដ្បិត​នៅ​ពេល​ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​រត់​នោះ គឺ​មក​ពី​គេ​ទុក​ចិត្ត​លើ​អន្តរាគមន៍​របស់​ទ័ព​ឆ្មក់​ដែល​បង្កប់​ខ្លួន នៅ​ជុំវិញ​ក្រុង​គីបា។ ៣៧ ទ័ព​ឆ្មក់​វាយ​សំរុក​យ៉ាង​លឿន​ចូល​ក្នុង​ក្រុង​គីបា ហើយ​ចាប់​យក​ទីក្រុង ព្រម​ទាំង​សម្លាប់​រង្គាល​អ្នក​ក្រុង​នោះ​ទៀត​ផង។

 

៨ កងទ័ព​អ៊ីស្រាអែល​ទាំង​មូល​បាន​សន្មត​គ្នា​ជា​មួយ​ទ័ព​ឆ្មក់​ថា នៅ​ពេល​មាន​ផ្សែង​ហុយ​ឡើង​ពី​ទីក្រុង ៣៩ កងទ័ព​ដែល​រត់​នៅ​មុខ​ កងទ័ព​បេនយ៉ាមីន ត្រូវ​បក​ក្រោយ​វិញ។ កងទ័ព​បេនយ៉ាមីន ​សម្លាប់​ទាហាន​អ៊ីស្រាអែល​អស់​ប្រមាណ​ជា​សាម​សិប​​នាក់ ហើយ​ពួក​គេ​នឹក​គិត​ថា៖ «ពួក​វា​ប្រាកដ​ជា​បាក់​ទ័ព​រត់​នៅ​មុខ​យើង ដូច​លើក​មុន​ដែរ!»។ ៤០ ពេល​នោះ ស្រាប់​តែ​មាន​ផ្សែង​ហុយ​ឡើង​យ៉ាង​ខ្មួលខ្មាញ់​ពី​ទីក្រុង។ កងទ័ព​បេនយ៉ាមីន​ក្រឡេក​មើល​ក្រោយ​ឃើញ​ភ្លើង​ឆេះ ​យ៉ាង​សន្ធោសន្ធៅ​ចេញ​ពី​ ទីក្រុង​ទាំង​មូល។ ៤១ កងទ័ព​អ៊ីស្រាអែល​ក៏​បក​ក្រោយ ធ្វើ​អោយ​កងទ័ព​បេនយ៉ាមីន​ភ័យ​តក់ស្លុត​យ៉ាង​ខ្លាំង ដោយ​ឃើញ​មហន្ត​រាយ​កើត​ឡើង​ចំពោះ​ពួក​គេ​ដូច្នេះ។ ៤២ ពួក​គេ​បែរ​ក្រោយ​រត់​ គេច​ពី​កងទ័ព​អ៊ីស្រាអែល សំដៅ​ទៅ​វាល​រហោស្ថាន ប៉ុន្តែ កងទ័ព​អ៊ីស្រាអែល​បាន​ដេញ​តាម​ពួក​គេ ហើយ​ទ័ព​ឆ្មក់​ក៏​ចេញ​ពី​ក្រុង​មក​ដែរ រួច​វាយ​ផ្ទប់​សម្លាប់​រង្គាល​ពួក​គេ​ដែល​ស្ថិត​នៅ​ចំ​កណ្ដាល។ ៤៣ កងទ័ព​អ៊ីស្រាអែល​ឡោមព័ទ្ធ​ទ័ព​បេនយ៉ាមីន និង​ដេញ​សម្លាប់​ពួក​គេ រហូត​ដល់​ខាង​កើត​ក្រុង​គីបា មិន​ទុក​ឱកាស​អោយ​ពួក​គេ​រត់​រួច​ឡើយ។ ៤៤ ទាហាន​បេនយ៉ាមីន​ដែល​សុទ្ធ​តែ​ខ្លាំង​ពូកែ បាន​បាត់​បង់​ជីវិត​អស់​ចំនួន​មួយ​ម៉ឺន​ប្រាំ​បី​ពាន់​នាក់។ ៤៥ ក្នុង​ចំណោម​ទាហាន​ បេនយ៉ាមីន ដែល​រត់​គេច​ខ្លួន​ឆ្ពោះ​ទៅ​វាល​រហោស្ថាន មាន​ប្រាំ​ពាន់​នាក់​ត្រូវ​គេ​សម្លាប់ នៅ​តាម​ផ្លូវ​ទៅ​ផ្ទាំង​ថ្ម​រីម៉ូន។ កងទ័ព​អ៊ីស្រាអែល​ដេញ​តាម​ពួក​គេ​រហូត​ដល់​គីដូម ហើយ​សម្លាប់​បាន​ពីរ​ពាន់​នាក់​ថែម​ទៀត។ ៤៦ នៅ​ថ្ងៃ​នោះ ទាហាន​បេនយ៉ាមីន​ដែល​សុទ្ធ​តែ​ខ្លាំង​ពូកែ បាន​បាត់​បង់​ជីវិត​ទាំង​អស់​ពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់។ ៤៧ រីឯ​ពួក​ដែល​រត់​ទៅ​វាល ​រហោស្ថាន មាន​ចំនួន​ប្រាំ​មួយ​រយ​នាក់​បាន​រួច​ខ្លួន ពួក​គេ​ទៅ​ដល់​ផ្ទាំង​ថ្ម​រីម៉ូន ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​រយៈ​ពេល​បួន​ខែ។ ៤៨ ​កងទ័ព​អ៊ីស្រាអែល​វិល​ ត្រឡប់​មក​វិញ ប្រយុទ្ធ​នឹង​ពួក​បេនយ៉ា​មីន​​ដែល​នៅ​សល់ ហើយ​សម្លាប់​ពួក​គេ​ដោយ​មុខ​ដាវ ទាំង​មនុស្ស ទាំង​ហ្វូង​សត្វ ព្រម​ទាំង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​គេ​ទៀត​ផង។ កងទ័ព​អ៊ីស្រាអែល​ទៅ​ដល់​កន្លែង​ណា គេ​ដុត​កំទេច​ទីក្រុង​ទាំង​ប៉ុន្មាន​នៅ​កន្លែង​នោះ។

ការ​កកើត​ឡើង​វិញ​នៃ​កុលសម្ព័ន្ធ​បេនយ៉ាមីន

១ ជន​ជាតិ​អ៊ីស្រាអែល​បាន​ ជួបជុំ​គ្នា​នៅ​មីសប៉ា ហើយ​ស្បថ​ថា៖ «ក្នុង​ចំណោម​ពួក​យើង មិន​ត្រូវ​អោយ​នរណា​ម្នាក់​លើក​កូន​ស្រី​ខ្លួន​ទៅ​អោយ​ពួក​បេនយ៉ាមីន ធ្វើ​ជា​ប្រពន្ធ​ឡើយ»។ ២ ប្រជាជន​អ៊ីស្រាអែល​ចេញ​ទៅ​បេតអែល ហើយ​អង្គុយ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ រហូត​ដល់​ល្ងាច ពួក​គេ​យំ​សោក​សង្រេង​យ៉ាង​ខ្លាំង។ ៣ គេ​ទូល​ព្រះអង្គ​ថា៖ «ឱ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អើយ! ហេតុ​អ្វី​បាន​ជា​មាន​រឿង​បែប​នេះ​កើត​ឡើង​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល? ហេតុ​អ្វី​បាន​ជា​ថ្ងៃ​នេះ​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​បាត់​បង់​កុលសម្ព័ន្ធ​ មួយ ?»។ ៤ ស្អែក​ឡើង ប្រជាជន​នាំ​គ្នា​ក្រោក​ឡើង​ពី​ព្រលឹម ពួក​គេ​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ហើយ​យក​សត្វ​មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​មេ​ត្រី​ភាព។ ៥ បន្ទាប់​មក ជន​ជាតិ​អ៊ីស្រាអែល​ក៏​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ក្នុង​ចំណោម​កុលសម្ព័ ន្ធ​អ៊ីស្រាអែល​ទាំង​អស់ តើ​មាន​ក្រុម​ណា​មួយ​មិន​បាន​មក​រួម​ប្រជុំ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់​នៅ​មីសប៉ា​ឬ​ទេ?»។ គេ​សួរ​ដូច្នេះ ព្រោះ​គេ​បាន​ស្បថ​យ៉ាង​ឱឡារិក​ថា អ្នក​ដែល​មិន​បាន​មក​រួម​ប្រជុំ​នៅ​មីសប៉ា​នឹង​ត្រូវ​ស្លាប់។ ៦ ម្យ៉ាង​ទៀត ជន​ជាតិ​អ៊ីស្រាអែល​ស្ដាយ​កុលសម្ព័ន្ធ​បេនយ៉ាមីន ដែល​ជា​បង​ប្អូន​របស់​ពួក​គេ ហើយ​និយាយ​ថា៖ «ថ្ងៃ​នេះ ជន​ជាតិ​អ៊ីស្រាអែល​កំពុង​តែ​បាត់​កុល សម្ព័ន្ធ​មួយ។ ៧ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច ដើម្បី​រក​ប្រពន្ធ​អោយ​ពួក​បេនយ៉ាមីន​ដែល​នៅ​រស់ ដ្បិត​យើង​បាន​ស្បថ​ក្នុង​ព្រះនាម​ព្រះអម្ចាស់ ថា​មិន​លើក​កូន​ស្រី​របស់​យើង​ទៅ​អោយ​ពួក​គេ​ធ្វើ​ជា​ប្រពន្ធ​ឡើយ»។ ៨ គេ​សួរ​គ្នា​ទៀត​ថា៖ «តើ​មាន​ក្រុម​ណា​មួយ ក្នុង​ចំណោម​កុលសម្ព័ន្ធ​អ៊ីស្រាអែល ​មិន​បាន​មក​ថ្វាយបង្គំ​ព្រះ អម្ចាស់​នៅ​មីសប៉ា​ឬ​ទេ?»។ គេ​រក​ឃើញ​ថា គ្មាន​នរណា​ម្នាក់​នៅ​ភូមិ​យ៉ាបេស ក្នុង​ស្រុក​កាឡាដ មក​បោះ​ជំរំ​រួម​ជា​មួយ​អង្គ​ប្រជុំ​ឡើយ ៩ ដ្បិត​នៅ​ពេល​រាប់​ចំនួន​ប្រជាជន​ដែល​ចូល​រួម​នោះ គេ​ពុំ​ឃើញ​មាន​នរណា​ម្នាក់​មក​ពី​ភូមិ​យ៉ាបេស​ទាល់​តែ​សោះ។ ១០  ដូ ច្នេះ អង្គ​ប្រជុំ​ក៏​ចាត់​ទាហាន​ដ៏​ខ្លាំង​ពូកែ​ចំនួន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ អោយ​ទៅ​ភូមិ​យ៉ា​បេស ដោយ​បញ្ជា​ថា៖ «ចូរ​ទៅ​ប្រហារ​អ្នក​ភូមិ​យ៉ាបេស ក្នុង​ស្រុក​កាឡាដ ដោយ​មុខ​ដាវ រួម​ទាំង​ស្ត្រី និង​ក្មេងៗ​ផង។ ១១ ត្រូវ​ធ្វើ​ដូច​ត​ទៅ គឺ​សម្លាប់​ប្រុសៗ​ទាំង​អស់ និង​ស្ត្រី​ដែល​មាន​ប្ដី​រួច​ហើយ​ទាំង​អស់​ដែរ»។ ១២ ក្នុង​ចំណោម​ប្រជាជន​ ភូមិ​យ៉ាបេស គេ​ឃើញ​មាន​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ចំនួន​បួន​រយ​នាក់។ ពួក​គេ​ក៏​នាំ​ស្ត្រី​ក្រមុំ​ទាំង​នោះ​ទៅ​ជំរំ​ស៊ីឡូ ក្នុង​ស្រុក​កាណាន។

 

១៣ បន្ទាប់មក សហគមន៍​ទាំង​មូល​បាន​ចាត់​អ្នក​នាំ​ពាក្យ អោយ​ទៅ​និយាយ​ជា​មួយ​កូន​ចៅ​បេនយ៉ាមីន ដែល​ភៀស​ខ្លួន​ទៅ​នៅ​ត្រង់​ផ្ទាំង​ថ្ម​រីម៉ូន នោះ​ថា អ៊ីស្រាអែល​លើកលែង​ទោស​អោយ​ពួក​គេ​ហើយ។ ១៤ នៅ​គ្រា​នោះ ពួក​បេនយ៉ាមីន​ក៏​នាំ​គ្នា​វិល​ត្រឡប់​មក​ទី​លំនៅ​របស់​គេ​វិញ ហើយ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រគល់​ស្ត្រី​នៅ​ភូមិ​យ៉ាបេស ដែល​គេ​មិន​បាន​សម្លាប់ អោយ​ពួក​បេនយ៉ាមីន​ធ្វើ​ជា​ប្រពន្ធ។ ប៉ុន្តែ ស្ត្រី​ទាំង​នោះ​មាន​ចំនួន​មិន​គ្រប់​គ្រាន់​សំរាប់​ពួក​គេ​ទាំង​អស់​គ្នា​ទេ។ ១៥ ជន​ជាតិ​អ៊ីស្រាអែល​ស្ដាយ​កុលសម្ព័ន្ធ​បេនយ៉ាមីន​ណាស់ ព្រោះ​ព្រះអម្ចាស់​បាន​បំបាត់​ពួក​គេ​ពី​ក្នុង​ចំណោម​កុលសម្ព័ន្ធ​អ៊ីស្រាអែល។ ១៦ ពេល​នោះ អស់​លោក​ព្រឹទ្ធាចារ្យ​នៃ​សហគមន៍​មាន​ប្រសាសន៍​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច ដើម្បី​អោយ​ពួក​បេនយ៉ាមីន​ដែល​នៅ​រស់​អាច​មាន​ប្រពន្ធ បើ​ស្ត្រីៗ​ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន​ស្លាប់​អស់​ទៅ​ហើយ? ១៧ ពួក​បេនយ៉ាមីន​ត្រូវ​តែ​បន្ត​ពូជពង្ស​របស់​ខ្លួន ដើម្បី​កុំ​អោយ​កុលសម្ព័ន្ធ​មួយ ​របស់​ជន​ជាតិ​អ៊ីស្រាអែល​រលាយ​សូន្យ​ឡើយ។ ១៨ ប៉ុន្តែ យើង​មិន​អាច​លើក​កូន​ស្រី​របស់​យើង​អោយ​ធ្វើ​ជា​ប្រពន្ធ​របស់​ពួក​គេ​ទេ ពីព្រោះ​យើង​បាន​ស្បថ​ថា “អ្នក​ណា​លើក​កូន​ស្រី​អោយ​ពួក​បេនយ៉ាមីន អ្នក​នោះ​នឹង​ត្រូវ​បណ្ដាសា”»។ ១៩ អស់​លោក​ទាំង​នោះ​ពោល​ទៀត​ថា៖ «រៀង​រាល់​ឆ្នាំ យើង​តែង​ប្រារព្ធ​ពិធី​បុណ្យ​មួយ​ថ្វាយ​ព្រះអម្ចាស់ នៅ​ស៊ីឡូ» (ស៊ីឡូ​ស្ថិត​នៅ​ខាង​ជើង​បេតអែល នៅ​ខាង​ត្បូង​លេបូណា និង​នៅ​ខាង​កើត​ផ្លូវ​ដែល​ភ្ជាប់​បេតអែល​ទៅ​ស៊ីគែម)។

 

២០ ពួក​គេ​បញ្ជា​កូន​ចៅ​បេនយ៉ាមីន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​លាក់​ខ្លួន​នៅ​ក្នុង​ចំការ​ទំពាំងបាយជូរ ២១ ហើយ​ចាំ​ឃ្លាំ​មើល។ កាល​ណា​មាន​ស្ត្រី​ក្រមុំ​ចេញ​ពី​ស៊ីឡូ​មក​រាំ​លេង អ្នក​រាល់​គ្នា​ត្រូវ​ស្ទុះ​ចេញ​ពី​ក្នុង​ចំការ​ទំពាំងបាយជូរ​មក ហើយ​ចាប់​នាង​ទាំង​នោះ​ម្នាក់​មួយៗ នាំ​យក​ទៅ​ក្នុង​ទឹក​ដី​បេនយ៉ាមីន ដើម្បី​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា​ទៅ។ ២២ ប្រសិន​បើ​ឪពុក ឬ​បង​ប្រុស​របស់​ពួក​នាង​មក​ប្ដឹង​យើង យើង​នឹង​អង្វរ​ពួក​គេ​ថា “សូម​មេត្តា​អនុគ្រោះ​ពួក​បេនយ៉ាមីន​ផង ពីព្រោះ​នៅ​ពេល​យើង​ទៅ​វាយ​ប្រហារ​ភូមិ​យ៉ាបេស នោះ​យើង​រក​ស្ត្រី​មក​អោយ​ពួក​គេ​ធ្វើ​ជា​ប្រពន្ធ មិន​បាន​គ្រប់ៗ​គ្នា​ទេ។ ម្យ៉ាង​ទៀត បង​ប្អូន​ក៏​មិន​បាន​លើក​កូន​ស្រី​អោយ​ពួក​គេ​ដែរ ដូច្នេះ បង​ប្អូន​គ្មាន​ធ្វើ​អ្វី​ខុស​នឹង​ពាក្យ​សម្បថ​នោះ​ឡើយ”»។

 

២៣ ពួក​ បេនយ៉ាមីន​ក៏​ធ្វើ​តាម គឺ​ពួក​គេ​ចាប់​ស្ត្រី​ក្នុង​ចំណោម​ស្ត្រី​ក្រមុំ ដែល​ចេញ​មក​រាំ​នៅ​ស៊ីឡូ គ្រប់​ចំនួន ហើយ​នាំ​យក​ទៅ​ជា​មួយ​ខ្លួន។ ពួក​គេ​វិល​ត្រឡប់​ទៅ​ទឹក​ដី​ដែល​ជា​មត៌ក​របស់​ខ្លួន ហើយ​កសាង​ក្រុង​ឡើង​វិញ ព្រម​ទាំង​រស់​នៅ​ទី​នោះ​ទៅ។ ២៤ ក្នុង​ពេល​ជា​មួយ​គ្នា​ នោះ ជន​ជាតិ​អ៊ីស្រាអែល​ឯ​ទៀតៗ​ក៏​ចាក​ចេញ​ពី​ជំរំ វិល​ត្រឡប់​ទៅ​រក​កុលសម្ព័ន្ធ ក្រុម​គ្រួសារ និង​ទឹក​ដី​ដែល​ជា​មត៌ក​របស់​គេ​រៀងៗ​ខ្លួន​វិញ។

២៥ នៅ​គ្រា​នោះ ស្រុក​អ៊ីស្រាអែល​គ្មាន​ស្ដេច​សោយ​រាជ្យ​ទេ ម្នាក់ៗ​ធ្វើ​អ្វីៗ​តាម​តែ​ខ្លួន​យល់​ឃើញ។