លោកយ៉ូស៊ូអា

គម្ពីរ  «យ៉ូស៊ូអា»រៀបរាប់អំពីលោកយ៉ូស៊ូអា​ដឹកនាំ​ជនជាតិ​អ៊ីស្រាអែល​វាយដណ្តើម​យក​ស្រុក​កាណាន​ព្រមទាំងការបែងចែក ទឹកដី រវាងកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល។​យើងអាចបែងចែកក័ណ្ឌគម្ពីរ​នេះជាបីផ្នែក  :

  • ការវាយដណ្តើមយកស្រុកកាណាន  (១  -  ១២)
  • ការបែងចែកទឹកដី  (១៣  -  ២១)
  • ដំណាក់កាលចុងក្រោយនៃជីវិតរបស់លោកយ៉ូស៊ូអា  (២២  -  ២៤)

ព្រះជាម្ចាស់ប្រទានទឹកដីស្រុកកាណានអោយប្រជាជនអ៊ីស្រាអែលដូច្នេះ  ​ដើម្បីសំរេចតាមព្រះបន្ទូល​ដែលព្រះអង្គបានសន្យា ជា មួយបុព្វបុរសរបស់ពួកគេ។ ​ក្នុងដំណើររឿងដែលបរិយាយអំពីទំនាក់ទំនង​រវាងព្រះជាម្ចាស់​និង​ជនជាតិអ៊ីស្រាអែល​ការវាយយកស្រុក កាណានមានសារៈសំខាន់ដូចការចាកចេញ​ពីស្រុកអេស៊ីបដែរ  ​គឺ   ព្រះជាម្ចាស់ជួយប្រជារាស្ត្ររបស់ព្រះអង្គអោយមានជ័យជំនះ​ក្នុងការ ចាប់យកទឹក​ដី  ​ដូចព្រះអង្គបានជួយពួកគេអោយរួចពីកណ្តាប់ដៃរបស់ស្តេចផារ៉ោន។

 

ការបែងចែកទឹកដីអោយកុលសម្ព័ន្ធនីមួយៗ   ​បង្ហាញនូវព្រះហប្ញទ័យរបស់ព្រះជាម្ចាស់​ដែលចង់អោយ​ជនជាតិអ៊ីស្រាអែល​គ្រប់ៗ​រូបមានទឹកដីជាចំណែកមត៌ករបស់ខ្លួន  ដើម្បីរកស៊ីចិញ្ចឹមជីវិត។   ​គោលគំនិត​នេះជួយយើងអោយយល់អំពីការរៀបរាប់យ៉ាងលំអិត​នូវ​ឈ្មោះ​​ក្រុង  ​និង  ​ស្រុកភូមិផ្សេងៗ​ជាពិសេស​នៅ  ចំពូក  ១៣​,១៥​,១៦​។

 

ក្នុងដំណើររឿងអំពីការវាយយកស្រុកកាណាន   ​ក័ណ្ឌគម្ពីរយ៉ូស៊ូអារំលឹកយើងអំពីព្រះហប្ញទ័យស្មោះ​ត្រង់របស់ព្រះជាម្ចាស់​ចំពោះ​ព្រះ​បន្ទូលសន្យារបស់ព្រះអង្គ  ​ហើយព្រះអង្គសព្វព្រះហប្ញទ័យអោយប្រជា​រាស្ត្ររបស់ព្រះអង្គសំដែងទឹកចិត្តស្មោះត្រង់ឆ្លើយតបវិញដែរ។​

 

ជនជាតិអ៊ីស្រាអែលតាំងទីលំនៅក្នុងចំណោមជាតិសាសន៍នានា ដូច្នេះ​អាចក្លាយទៅជាការល្បួងម៉្យាង​ដែលនាំអោយពួកគេ​បែក​ចិត្ត​​ចេញពីព្រះជាម្ចាស់។  ​ហេតុនេះហើយបានជាលោកយ៉ូស៊ូអាកោះហៅប្រជា​ជនអោយជួបជុំគ្នានៅស៊ីគែម  (ចំពូក  ២៤) ​ដើម្បីប្តេជ្ញាចិត្ត​បញ្ជាក់នូវសម្ពន្ធមេត្រីដែលព្រះជាម្ចាស់បាន​ចងជាមួយបុព្វបុរសរបស់ពួកគេ ​គឺប្រជាជនត្រូវសំរេចចិត្តគោរពបំរើតែព្រះអម្ចាស់មួយអង្គ​ប៉ុណ្ណោះ។

ក័ណ្ឌគម្ពីរនេះចាប់ផ្តើមទំព័រថ្មីនៃប្រវត្តិសាស្ត្ររបស់ជនជាតិអ៊ីស្រាអែល  និង  ទឹកដីរបស់ខ្លួន។  ​ ពួកគេ​អាចរក្សាទឹកដីនេះគង់វង្ស ​  ឬ ​ បាត់បង់ទៅវិញ  ​អាស្រ័យលើភាពស្មោះត្រង់  ឬ  មិនស្មោះត្រង់របស់ពួកគេ​លើព្រះរបស់ខ្លួន។

លោក​យ៉ូស៊ូអា

(យ៉ូស្វេ)

ការ​វាយដណ្ដើម​យក​ស្រុក​កាណាន

លោក​យ៉ូស៊ូអា​បន្ត​មុខងារ​ពី​លោក​ម៉ូសេ

១ ក្រោយ​ពី​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះអម្ចាស់​បាន​ទទួល​មរណភាព​ផុត​ទៅ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស៊ូអា ជា​កូន​របស់​លោក​នូន និង​ជា​អ្នក​ជំនួយ​ការ​របស់​លោក​ម៉ូសេ​ថា៖ ២ «ម៉ូសេ​ជា​អ្នក​បំរើ​របស់ ​យើង​បាន​ស្លាប់​ទៅ​ហើយ ឥឡូវ​នេះ ចូរ​អ្នក​ក្រោក​ឡើង ហើយ​នាំ​ប្រជាជន​ទាំង​អស់​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ឆ្ពោះ​ទៅ​កាន់​ស្រុក ដែល​យើង​ប្រគល់​អោយ​ពួក​គេ។ ៣ អ្នក​រាល់​គ្នា​ឈាន​ជើង​ជាន់​កន្លែង​ណា យើង​ប្រគល់​អោយ​ទាំង​អស់ ដូច​យើង​បាន​សន្យា​ជា​មួយ​ម៉ូសេ​ស្រាប់​ហើយ​។ ៤ ទឹក​ដី​របស់​អ្នក​រាល់​ គ្នា​នឹង​លាត​សន្ធឹង​ចាប់​តាំង​ពី​វាល​រហោស្ថាន រហូត​ដល់​ភ្នំ​លីបង់ និង​ចាប់​តាំង​ពី​ទន្លេ​អឺប្រាត ដែល​ជា​ទន្លេ​ធំ រហូត​ដល់​សមុទ្រ​ធំ​នៅ​ទិស​ខាង​លិច គឺ​ស្រុក​របស់​ជន​ជាតិ​ហេត​ទាំង​មូល​។

៥ ជា​រៀង​ រាល់​ថ្ងៃ ក្នុង​ជីវិត​របស់​អ្នក គ្មាន​នរណា​អាច​ប្រឈម​មុខ​តទល់​នឹង​អ្នក​ឡើយ។ យើង​ស្ថិត​នៅ​ជា​មួយ​អ្នក ដូច​យើង​ធ្លាប់​ស្ថិត​នៅ​ជា​មួយ​ម៉ូសេ​ដែរ។ យើង​នឹង​ជួយ​អ្នក​ជានិច្ច យើង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ។ ៦ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង ដ្បិត​អ្នក​នឹង​នាំ​ប្រជាជន​នេះ​អោយ​គ្រប់គ្រង​ស្រុក ដែល​យើង​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ​ថា​នឹង​ប្រគល់​អោយ​ពួក​គេ។ ៧ ដូច្នេះ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! ចូរ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាមវិន័យ​ទាំង​ប៉ុន្មាន ដែល​ម៉ូសេ​ជា​អ្នក​បំរើ​របស់​យើង​បាន​បង្គាប់។ មិន​ត្រូវ​ប្រាស​ចាក​ពីវិន័យ​នេះ ដោយ​ងាក​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ឡើយ ធ្វើ​ដូច្នេះ អ្នក​នឹង​ទទួល​ជ័យជំនះ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ។ ៨ ត្រូវ​ទន្ទេញ​គម្ពីរវិន័យ​នេះ​ជានិច្ច ត្រូវ​រិះគិត​ទាំង​ថ្ងៃ​ទាំង​យប់ ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ទាំង​ប៉ុន្មាន ដើ​ម្បី​អោយ​ការ​អ្វី​ដែល​អ្នក​ធ្វើ បាន​ចំរុង​ចំរើន និង​ទទួល​ជោគ​ជ័យ។ ៩ តើ​យើង​មិន​បាន​បង្គាប់​អ្នក​ទេ​ឬ​ថា “ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! កុំ​ភ័យ​ខ្លាច កុំ​តក់ស្លុត​អោយ​សោះ ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា​មួយ​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ”»។ ការ​រៀបចំ​មុន​នឹង​ឆ្លង​ទន្លេ​យ័រដាន់ ១០ នៅ​ពេល​នោះ លោក​យ៉ូស៊ូអាបាន​បញ្ជា​ទៅ​ពួក​នាយ​ក្រុម​របស់​ប្រជាជន​ដូច​ត​ទៅ៖ ១១ «ចូរ​នាំ​គ្នា​ដើរ​កាត់ ​ជំរំ ហើយ​ប្រកាស​ប្រាប់​ប្រជាជន​ថា “ចូរ​រៀបចំ​ស្បៀង​អាហារ ដ្បិត​បី​ថ្ងៃ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ ដើម្បី​ចូល​ទៅ​វាយ​យក​ស្រុក​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​អោយ​ជា​កម្មសិទ្ធិ”»។ ១២ បន្ទាប់​មក លោកយ៉ូស៊ូអាមាន​ប្រសាសន៍​ទៅ​កាន់​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ដូច​ត​ទៅ៖ ១៣ «ចូរ​ចង​ចាំ​នូវ​ពាក្យ​ដែល​លោក​ម៉ូសេ​ ជា​អ្នក​បំរើ​របស់​ព្រះអម្ចាស់​បង្គាប់​អ្នក​រាល់​គ្នា​ថា “ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​អោយ​អ្នក​រាល់​គ្នា​បាន​សំរាក គឺ​ព្រះអង្គ​ប្រទាន​ស្រុក​នេះ​អោយ​អ្នក​រាល់​គ្នា​ហើយ”។ ១៤ ប្រពន្ធ កូន ព្រម​ទាំង​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា​នឹង​ស្ថិត​នៅ​ក្នុង​ស្រុក ដែល​លោក​ម៉ូសេ​បាន​ប្រគល់​អោយ​អ្នក​រាល់​គ្នា នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់។ រីឯ​អ្នក​រាល់​គ្នា ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​អង់អាច​វិញ ត្រូវ​ប្រដាប់​អាវុធ ដើរ​ខាង​មុខ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ដើម្បី​ជួយ​គេ ១៥ រហូត​ដល់​ព្រះអម្ចាស់​ប្រទាន​អោយ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​បាន​សំរាក​ដូច​អ្នក​រាល់​គ្នា​ដែរ ហើយ​អោយ​ពួក​គេ​កាន់​កាប់​ស្រុក​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ប្រទាន​អោយ​ពួក​គេ។ បន្ទាប់​មក អ្នក​រាល់​គ្នា​នឹង​ត្រឡប់​មក​កាន់​កាប់​ស្រុក ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា​វិញ គឺ​ស្រុក​ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះអម្ចាស់ បាន​ចែក​អោយ​អ្នក​រាល់​គ្នា នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់»។

 

១៦ ពួក​គេ​ ឆ្លើយ​ទៅ​លោក​យ៉ូស៊ូអា​ថា៖ «អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​លោក​បង្គាប់​មក​យើង​ខ្ញុំ យើង​ខ្ញុំ​នឹង​គោរព​ធ្វើ​តាម​ទាំង​អស់។ លោក​ចាត់​យើង​ខ្ញុំ​អោយ​ទៅ​ទី​ណា យើង​ខ្ញុំ​នឹង​ទៅ​ទី​នោះ។ ១៧ ​យើង​ខ្ញុំ​ធ្លាប់​ស្ដាប់​បង្គាប់​លោក​ម៉ូសេ​សព្វ​គ្រប់​យ៉ាង​ណា យើង​ក៏​ស្ដាប់​បង្គាប់​លោក​យ៉ាង​នោះ​ដែរ។ សូម​ព្រះអម្ចាស់​ជា​ព្រះ​របស់​លោក​គង់​នៅ​ជា​មួយ​លោក ដូច​ព្រះអង្គ​បាន​គង់​នៅ​ជា​មួយ​លោក​ម៉ូសេ​ដែរ។ ១៨ ប្រសិន​បើ​អ្នក​ណា​ ម្នាក់​ប្រឆាំង​នឹង​បញ្ជា​របស់​លោក ហើយ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​លោក​ទេ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ រីឯ​លោក​វិញ សូម​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង»។

លោក​យ៉ូស៊ូអា​ចាត់​អ្នក​ស៊ើបការណ៍​ទៅ​ក្រុង​យេរីខូ

១ លោកយ៉ូស៊ូអា ជា​កូន​របស់​លោក​នូន ចាត់​បុរស​ពីរ​នាក់​យ៉ាង​សំងាត់ អោយ​ចេញ​ពី​ជំរំ​ស៊ីទីម​ ទៅ​ស៊ើបការណ៍។ លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ពិនិត្យ​មើល​ស្រុក​នោះ និង​ក្រុង​យេរីខូ​ផង!»។ អ្នក​ទាំង​ពីរ​នាំ​គ្នា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរីខូ ហើយ​ចូល​ទៅ​ស្នាក់​នៅ​ផ្ទះ​របស់​ស្រី​ពេស្យា​ម្នាក់​ឈ្មោះ​នាង​រ៉ាហាប​។ ២ មាន​គេ​ទូល​ស្ដេច​ក្រុង​យេរីខូ​ថា៖ «យប់​នេះ​មាន​ពួក​អ៊ីស្រា​អែល​ចូល​មក​ក្នុង​ទីក្រុង ដើម្បី​ស៊ើបការណ៍»។ ៣ ស្ដេច​ក្រុង​យេរីខូ​ចាត់​ គេ​អោយ​ទៅ​ប្រាប់​នាង​រ៉ាហាប​ថា៖ «ចូរ​នាំ​ពួក​ដែល​បាន​ចូល​មក​ស្នាក់​នៅ​ក្នុង​ផ្ទះ​នាង​ចេញ​មក ដ្បិត​គេ​មក​ស៊ើបការណ៍​នៅ​ស្រុក​​ទាំង​មូល»។ ៤ ប៉ុន្តែ ស្ត្រី​នោះ​បាន​នាំ​បុរស​ទាំង​ពីរ​ទៅ​លាក់​រួច​ពោល​ថា៖ «ចា៎ស​លោក! ពួក​នោះ​បាន​មក​ផ្ទះ​នាង​ខ្ញុំ​មែន តែ​នាង​ខ្ញុំ​មិន​ដឹង​ថា​ពួក​គេ​មក​ពី​ណា​ឡើយ។ ៥ លុះ​ដល់​ពេល​ព្រលប់ គឺ​ពេល​ដែល​គេ​បិទ​ទ្វារ​ក្រុង បុរស​នោះ​បាន​ចេញ​ទៅ​បាត់ នាង​ខ្ញុំ​ពុំ​ដឹង​ថា​ពួក​គេ​ទៅ​ទី​ណា​ទេ។ សូម​ដេញ​តាម​អោយ​លឿន អស់​លោក​មុខ​ជា​ទាន់​ពួក​គេ​ពុំខាន!»។ ៦ តាម​ពិត នាង​នាំ​ពួក​គេ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ លាក់​ក្នុង​គំនរ​ដើម​ធ្មៃ​ដែល​នាង​ទុក​នៅ​ទី​នោះ។ ៧ អ្នក​ទាំង​នោះ​ដេញ​តាម​រក ​ពួក​គេឆ្ពោះ​ទៅ​កាន់​ទន្លេ​យ័រដាន់ គឺ​នៅ​កន្លែង​ទឹក​រាក់ៗ​ដែល​អាច​ឆ្លង​បាន។ កាល​ពួក​អ្នក​ដេញ​តាម​ចេញ​ផុត​អស់​ទៅ​គេ​ក៏​បិទ​ទ្វារ​ទីក្រុង។

 

៨ នាង​បាន​ឡើង​ទៅ​ជួប​អ្នក​ស៊ើបការណ៍​ទាំង​ពីរ​នៅ​លើ​ដំបូល​ផ្ទះ មុន​ពួក​គេ​ចូល​ដំណេក ៩ ហើយ​ក៏​និយាយ​ទៅ​កាន់​គេ​ថា៖ «នាង​ខ្ញុំ​ដឹង​ហើយ​ថា ព្រះអម្ចាស់​ប្រគល់​ស្រុក​នេះ​ដល់​ពួក​លោក។ ពួក​លោក​ធ្វើ​អោយ​យើង​ខ្ញុំ​តក់ស្លុត​ជា​ខ្លាំង ហើយ​អ្នក​ស្រុក​ទាំង​មូល​បាក់​ទឹក​ចិត្ត​នៅ​ចំពោះ​មុខ​ពួក​លោក ១០ ដ្បិត​យើង​បាន​ឮ​គេ​និយាយ​ថា ព្រះអម្ចាស់​ធ្វើ​អោយ​សមុទ្រ​កក់​រីង​ស្ងួត​នៅ​ ចំពោះ​មុខ​ពួក​លោក នៅ​គ្រា​ដែល​ពួក​លោក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ យើង​ក៏​ដឹង​ដែរ​ថា ពួក​លោក​បាន​ប្រព្រឹត្ត​បែប​ណា​ចំពោះ​ព្រះបាទ​ស៊ីហុន និង​ព្រះបាទ​អុក ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី នៅ​ខាង​កើត​ទន្លេ​យ័រដាន់​ គឺ​ពួក​លោក​បាន​បំផ្លាញ ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់។ ១១ ពេល​ឮ​គេ​និយាយ​ដូច្នេះ យើង​ខ្ញុំ​ក៏​អស់​ទឹក​ចិត្ត ហើយ​ម្នាក់ៗ​ដូច​ជា​លោះ​ព្រលឹង​នៅ​ចំពោះ​មុខ​ពួក​លោក ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​របស់​ពួក​លោក ជា​ព្រះ​ដែល​គង់​នៅ​លើ​មេឃ​ដ៏​ខ្ពស់​បំផុត ហើយ​ទ្រង់​ក៏​គង់​នៅ​ផែនដី​ខាង​ក្រោម​នេះ​ដែរ។ ១២ ឥឡូវ​នេះ សូម​លោក​ទាំង​ពីរ​ស្បថ អោយ​នាង​ខ្ញុំ ដោយ​យក​ព្រះអម្ចាស់​ ជា​សាក្សី​ថា នាង​ខ្ញុំ​បាន​ជួយ​លោក​ទាំង​ពីរ​ដោយ​សប្បុរស​យ៉ាង​ណា សូម​លោក​ជួយ​ក្រុម​គ្រួសារ​នាង​ខ្ញុំ​ដោយ​សប្បុរស​យ៉ាង​នោះ​ដែរ។ សូម​ទុក​សញ្ញា​មួយ​ជា​ភស្ដុតាង​អោយ​នាង​ខ្ញុំ​បាន​ដឹង​ច្បាស់​ថា ១៣ ពួក​លោក​នឹង​អនុគ្រោះ​ ដល់​ជីវិត​ឪពុក​ម្ដាយ បង​ប្អូន ប្រុស​ស្រី​របស់​នាង​ខ្ញុំ ព្រម​ទាំង​ក្រុម​ញាតិ​ទាំង​អស់​របស់​គាត់ គឺ​សូម​ជួយ​គេ​ទាំង​អស់​គ្នា​អោយ​បាន​រួច​ជីវិត​ផង»។ ១៤ បុរស​ទាំង​ពីរ​ឆ្លើយ​ថា៖ «ប្រសិន​បើ​ពួក​នាង​មិន​យក​រឿង​របស់​យើង​ទៅ​បរិហារ​ប្រាប់​គេ​ទេ​នោះ យើង​នឹង​យក​ជីវិត​របស់​យើង​មក​ធានា​ជីវិត​របស់​ពួក​នាង។ កាល​ណា​ព្រះអម្ចាស់​ប្រគល់​ស្រុក​នេះ​អោយ​យើង​ហើយ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​នាង​ដោយ​សប្បុរស និង​ស្មោះ​ត្រង់»។ ១៥ បន្ទាប់​មក នាង​បាន​ដាក់​ខ្សែពួរ​អោយ​បុរស​ទាំង​ពីរ​ចុះ​តាម​បង្អួច ព្រោះ​ផ្ទះ​របស់​នាង​សង់​ជាប់​នឹង​កំពែង​ក្រុង គឺ​ស្ថិត​នៅ​លើ​កំពែង​នោះ​តែ​ម្ដង។ ១៦ នាង​និយាយ​ទៅ​កាន់​បុរស ​ទាំង​ពីរ​ថា៖ «សូម​រត់​ទៅ​កាន់​ភ្នំ​ទៅ ដើម្បី​កុំ​អោយ​គេ​ដេញ​តាម​ទាន់! សូម​ពួន​នៅ​ទី​នោះ​ចំនួន​បី​ថ្ងៃ ចាំ​ពួក​អ្នក​ដែល​ដេញ​តាម​ត្រឡប់​មក​វិញ រួច​សឹម​អញ្ជើញ​បន្ត​ដំណើរ​ទៅ​ទៀត»។ ១៧ បុរស​ទាំង​ពីរ​ពោល​ទៅ​កាន់​នាង​ថា៖ «យើង​នឹង​ធ្វើ​តាម​ពាក្យ​ដែល​នាង​បាន​សុំ​អោយ​យើង​ស្បថ តែ​នាង​ត្រូវ​ធ្វើ​ដូច​ត​ទៅ ១៨ ពេល​ណា​យើង​ចូល​មក​ ក្នុង​ស្រុក​នេះ នាង​ត្រូវ​ចង​ខ្សែ​ពណ៌​ក្រហម នៅ​មាត់​បង្អួច​ដែល​នាង​បាន​អោយ​យើង​ចុះ​នោះ។ បន្ទាប់​មក ចូរ​ប្រមូល​ឪពុក​ម្ដាយ បង​ប្អូន និង​ក្រុម​គ្រួសារ​ទាំង​មូល អោយ​មក​ជួបជុំ​ជា​មួយ​នាង។ ១៩ ប្រសិន​បើ​នរណា​ម្នាក់​ ចេញ​ទៅ​ក្រៅ​ផ្ទះ គេ​នឹង​ទទួល​ខុស​ត្រូវ​លើ​ខ្លួន​ឯង យើង​មិន​រ៉ាប់រង​ទទួល​ខុស​ត្រូវ​ទេ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​មាន​ពួក​យើង​ប្រហារ​ជីវិត​នរណា​ម្នាក់​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង ពួក​យើង​នឹង​ទទួល​ខុស​ត្រូវ! ២០ ប៉ុន្តែ បើ​នាង​យក​រឿង​របស់​យើង​ទៅ​បរិហារ​ប្រាប់​គេ យើង​នឹង​បាន​រួច​ពី​សម្បថ ដែល​នាង​សុំ​អោយ​យើង​ស្បថ​នោះ»។ ២១ នាង​ឆ្លើយ​ថា៖ «ចា៎ស សូម​អោយ​សំរេច​តាម​ពាក្យ​របស់​លោក​ទាំង​ពីរ​ចុះ!»។ បន្ទាប់​មក នាង​បាន​សុំ​អោយ​គេ​ចេញ ហើយ​គេ​ក៏​ចេញ​ដំណើរ​ទៅ។ នាង​បាន​ចង​ខ្សែ​ពណ៌​ក្រហម​នៅ​មាត់​បង្អួច។

 

២២ បុរស​ ទាំង​ពីរ​ធ្វើ​ដំណើរ​ទៅ​ដល់​ភ្នំ ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​រយៈ​ពេល​បី​ថ្ងៃ រហូត​ទាល់​តែ​ពួក​ដែល​ដេញ​តាម​ត្រឡប់​មក​វិញ។ ពួក​អ្នក​ដេញ​តាម​នោះ​បាន​រក​គេ​ហូរហែ​តាម​ផ្លូវ តែ​មិន​ឃើញ​សោះ។ ២៣ បន្ទាប់​មក បុរស​ទាំង​ពីរ​បាន​ចុះ​ពី​ភ្នំ ឆ្លង​កាត់​ទន្លេ​យ័រដាន់ វិល​ទៅ​ជួប​លោក​យ៉ូស៊ូអា ជា​កូន​របស់​លោក​នូន​វិញ ហើយ​ជំរាប​លោក នូវ​ហេតុការណ៍​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​ដល់​ពួក​គេ។ ២៤ បុរស​ទាំង​ពីរ​ជំរាប​លោក​យ៉ូស៊ូអា​ថា៖ «ព្រះអម្ចាស់​ ពិត​ជា​បាន​ប្រគល់​ទឹក​ដី​នេះ​ទាំង​មូល​មក​អោយ​យើង​កាន់​កាប់​មែន សូម្បី​តែ​ប្រជាជន​ក្នុង​ស្រុក ក៏​ញ័រ​រន្ធត់​នៅ​ចំពោះ​មុខ​យើង​ទាំង​អស់​គ្នា​ដែរ»។

មូល​ឆ្លង​ផុត​ទន្លេ​យ័រដាន់។

ជន​ជាតិ​អ៊ីស្រាអែល​ឆ្លង​កាត់​ទន្លេ​យ័រដាន់

១ លោកយ៉ូស៊ូអា​ក្រោក​ពី​ ព្រលឹម ហើយ​ចាក​ចេញ​ពី​ជំរំ​ស៊ីទីម​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់។ លុះ​ទៅ​ដល់​ទន្លេ​យ័រដាន់ គេ​ក៏​ស្នាក់​នៅ​ទី​នោះ មុន​នឹង​ឆ្លង​ទៅ​ត្រើយ​ម្ខាង។ ២ បី​ថ្ងៃ​ក្រោយ​មក ពួក​នាយ​ក្រុម​បាន​ដើរ​កាត់​ជំរំ ៣ ហើយ​បញ្ជា​ប្រជាជន​ថា៖ «ពេល​ណា​អ្នក​រាល់​គ្នា​ឃើញ​ក្រុម​បូជាចារ្យ​លេវី​សែង​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ពេល​នោះ ត្រូវ​នាំ​គ្នា​ចាក​ចេញ​ពី​កន្លែង​ដែល​អ្នក​រាល់​គ្នា​ស្នាក់​នៅ ហើយ​ដើរ​តាម​ហិប​នោះ​ទៅ។ ៤ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ស្គាល់​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដើរ ដ្បិត​តាំង​ពី​ដើម​រៀង​មក អ្នក​រាល់​គ្នា​មិន​ដែល​បាន​ដើរ​តាម​ផ្លូវ​នេះ​ឡើយ។ ប៉ុន្តែ មិន​ត្រូវ​ចូល​ទៅ​ជិត​ហិប​ជា​ដាច់​ខាត អ្នក​រាល់​គ្នា​ត្រូវ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ពីរពាន់ហត្ថ​ពី​ហិប​នោះ»។ ៥ បន្ទាប់​មក លោកយ៉ូស៊ូអា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «ចូរ​ជំរះ​ខ្លួន​អោយ​បាន​វិសុទ្ធ ដ្បិត​ថ្ងៃ​ស្អែក​ព្រះអម្ចាស់​ នឹង​សំដែង​ការ​អស្ចារ្យ​នៅ​កណ្ដាល​ចំ​ណោម​​អ្នក​រាល់​គ្នា»។ ៦ លោកយ៉ូស៊ូអា​មាន​ប្រសាសន៍ ​ទៅ​កាន់​អស់​លោក​បូជាចារ្យ​ថា៖ «ចូរ​សែង​ហិប​នៃ​សម្ពន្ធមេត្រី ឆ្លង​ទៅ​មុន​ប្រជាជន​ទៅ!»។ គេ​ក៏​សែង​ហិប​ឆ្លង​ទៅ​មុន​ប្រជាជន។

៧ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោកយ៉ូស៊ូអា​ថា៖ «ថ្ងៃ​នេះ យើង​ចាប់​ផ្ដើម​ពង្រឹង​អំណាច​របស់​អ្នក​អោយ​ជន​ជាតិ​អ៊ីស្រា​អែល​ទាំង​មូល​ឃើញ ដើម្បី​អោយ​គេ​ដឹង​ថា យើង​ស្ថិត​នៅ​ជា​មួយ​អ្នក ដូច​យើង​ស្ថិត​នៅ​ជា​មួយ​ម៉ូសេ​កាល​ពី​មុន​ដែរ។ ៨ រីឯ​អ្នក​ត្រូវ​បង្គាប់​ អោយ​ក្រុម​បូជាចារ្យ ដែល​សែង​ហិប​នៃ​សម្ពន្ធមេត្រី​ថា “កាល​ណា​អ្នក​រាល់​គ្នា​ទៅ​ដល់​មាត់​ទន្លេ​យ័រដាន់ ត្រូវ​ចុះ​ទៅ​ឈរ​នៅ​ក្នុង​ទន្លេ​តែ​ម្ដង”»។ ៩ លោកយ៉ូស៊ូអា​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល​ថា៖ «ចូរ​មក​នេះ ស្ដាប់​ព្រះបន្ទូល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​សិន»។ ១០ លោកយ៉ូស៊ូអា​មាន​ ប្រសាសន៍​ទៀត​ថា៖ «មាន​សញ្ញា​សំគាល់​មួយ​ដែល​នាំ​អោយ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​គង់​នៅ ពិត​ជា​សណ្ឋិត​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ហើយ​ព្រះអង្គ​ពិត​ជា​បណ្ដេញ​ជន​ជាតិ​កាណាន ជន​ជាតិ​ហេត ជន​ជាតិ​ហេវី ជន​ជាតិ​ពេរីស៊ីត ជន​ជាតិ​គៀរកាស៊ី ជន​ជាតិ​អាម៉ូរី និង​យេប៊ូស​អោយ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​មែន ១១ គឺ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់​នៃ​ផែនដី​ទាំង​មូល នឹង​ឆ្លង​កាត់​ទន្លេ​យ័រដាន់ នៅ​មុខ​អ្នក​រាល់​គ្នា។ ១២ ឥឡូវ​នេះ ចូរ​ជ្រើស​រើស​យក​បុរស​ដប់ពីរ​នាក់ ក្នុង​ចំណោម​កុលសម្ព័ន្ធ​អ៊ីស្រាអែល គឺ​ក្នុង​កុលសម្ព័ន្ធ​នីមួយៗ​ត្រូវ​រើស​យក​ម្នាក់។ ១៣ ពេល​ណា​ក្រុម​បូជាចារ្យ​ដែល​សែង​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់ ជា​ម្ចាស់​នៃ​ផែនដី​ទាំង​មូល ដាក់​ជើង​ក្នុង​ទឹក​ទន្លេ​យ័រដាន់ ពេល​នោះ ទឹក​ទន្លេ​យ័រដាន់​នឹង​ត្រូវ​ទប់ ឈប់​ហូរ ហើយ​ប្រមូល​ផ្ដុំ​គ្នា​នៅ​នឹង​ថ្កល់​មួយ​កន្លែង»។

 

១៤ នៅ​គ្រា ​ដែល​ប្រជាជន​ចាក​ចេញ​ពី​ជំរំ បម្រុង​នឹង​ឆ្លង​ទន្លេ​យ័រដាន់ ក្រុម​បូជាចារ្យ​ដែល​សែង​ហិប​នៃ​សម្ពន្ធមេត្រី នាំ​គ្នា​ដើរ​នៅ​ខាង​មុខ​ប្រជាជន។ ១៥ ពេល​នោះ ជា​រដូវ​ចំរូត ហើយ​ទឹក​ទន្លេ​យ័រដាន់​ជន់​លិច​ដល់​មាត់​ច្រាំង។ កាល​ក្រុម​បូជាចារ្យ​ដែល​សែង​ហិប​នៃ​សម្ពន្ធមេត្រី​ទៅ​ដល់​ទន្លេ​យ័រដាន់ ហើយ​ពេល​ពួក​គេ​ដាក់​ជើង​ក្នុង​ទឹក​នៅ​មាត់​ច្រាំង ១៦ ស្រាប់​តែ​ទឹក​ដែល​ហូរ​ ចុះ​ពី​លើ​ក៏​ឈប់ ប្រមូល​ផ្ដុំ​គ្នា​នៅ​នឹង​ថ្កល់​តែ​មួយ​កន្លែង។ ទឹក​នោះ​នៅ​ផ្ដុំ​គ្នា​យ៉ាង​ឆ្ងាយ​ពី​ទី​នោះ គឺ​នៅ​ក្រុង​អដាំ​ជា​ក្រុង​មួយ​នៅ​ជិត​សារតាន។ រីឯ​ទឹក​ដែល​ហូរ​ចុះ​ឆ្ពោះ​ទៅ​សមុទ្រ​អារ៉ាបា​វិញ គឺ​សមុទ្រ​អំបិល​ត្រូវ​កាត់​ផ្ដាច់។ ប្រជាជន​ក៏​នាំ​គ្នា​ឆ្លង​ទន្លេ នៅ​ទល់​មុខ​ក្រុង​យេរីខូ។ ១៧ នៅ​ពេល​ដែល​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ដើរ​កាត់​បាត​ទន្លេ​យ័រដាន់ ក្រុម​បូជាចារ្យ​ដែល​សែង​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះ​អម្ចាស់ នាំ​គ្នា​ឈរ​លើ​ដី​ស្ងួត នៅ​កណ្ដាល​ទន្លេ រហូត​ដល់​ប្រជាជាតិ​ទាំង​មូល​ឆ្លង​ផុត​ទន្លេ​យ័រដាន់។

ស្ដូប​ថ្ម​ទាំង​ដប់ពីរ

១ ពេល​ប្រជាជាតិ​ទាំង​មូល​ឆ្លង​ទន្លេ​យ័រដាន់​រួច​អស់​ហើយ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោកយ៉ូស៊ូអា​ថា៖ ២ «ចូរ​នាំ​គ្នា​ជ្រើស​រើស​យក​បុរស​ដប់ពីរ​នាក់ ពី​ចំណោម​ប្រជាជន គឺ​ក្នុង​កុលសម្ព័ន្ធ​នីមួយៗ រើស​យក​ម្នាក់ ៣ ហើយ​ត្រូវ​បង្គាប់​ពួក​គេ ​ថា “ចូរ​យក​ថ្ម​ដប់ពីរ​ដុំ​ពី​កណ្ដាល​ទន្លេ​យ័រដាន់​នេះ គឺ​ពី​កន្លែង​ដែល​ក្រុម​បូជាចារ្យ​ដាក់​ជើង​នោះ​ទៅ​ជា​មួយ ហើយ​ដាក់​នៅ​កន្លែង​ដែល​អ្នក​រាល់​គ្នា​ស្នាក់​ពេល​យប់”»។

 

៤ លោក​យ៉ូស៊ូអាហៅ​បុរស​ដប់ពីរ​នាក់ ដែល​លោក​ជ្រើស​រើស​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល គឺ​កុលសម្ព័ន្ធ​នីមួយៗ​យក​ម្នាក់ ៥ លោក​យ៉ូស៊ូអាមាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​ទៅ​ខាង​មុខ​ហិប​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​ទៅ​កណ្ដាល​ទន្លេ​យ័រដាន់។ នៅ​ទី​នោះ សូម​អោយ​ម្នាក់ៗ​យក​ថ្ម​មួយ​ដុំ​មក​ដាក់​លើ​ស្មា តាម​ចំនួន​កុលសម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ៦ ទុក​ជា​សញ្ញា​សម្គាល់​នៅ​ កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា។ ពេល​ក្រោយ កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា “តើ​ថ្ម​ទាំង​នេះ​មាន​អត្ថន័យ​ដូច​ម្ដេច?” ៧ អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​គេ​ថា “ព្រះអម្ចាស់​ បាន​កាត់​ផ្ដាច់​ទឹក​ទន្លេ​យ័រដាន់ នៅ​ខាង​មុខ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអង្គ គឺ​នៅ​ពេល​ដែល​គេ​សែង​ហិប​នោះ​ឆ្លង​ទន្លេ​យ័រដាន់ ព្រះអង្គ​បាន​កាត់​ផ្ដាច់​ទន្លេ​យ័រដាន់។ ថ្ម​ទាំង​នេះ​ជា​ទី​រំលឹក សំរាប់​ជន​ជាតិ​អ៊ីស្រាអែល​រហូត​ត​ទៅ”»។

 

៨ ជន​ជាតិ​ អ៊ីស្រាអែល​បាន​ធ្វើ​តាម​សេចក្ដី​ដែល​លោកយ៉ូស៊ូអា​បង្គាប់ គឺ​យក​ថ្ម​ដប់ពីរ​ដុំ​ពី​កណ្ដាល​ទន្លេ​យ័រដាន់​តាម​ចំនួន​កុល​សម្ព័ន្ធ​នៃ​ជន ​ជាតិ​អ៊ីស្រាអែល ដូច​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​លោកយ៉ូស៊ូអា។ ពួក​គេ​លី​ដុំ​ថ្ម​ទាំង​នេះ​ឆ្លង​ទៅ​ជា​មួយ រហូត​ដល់​កន្លែង​ស្នាក់​នៅ​​ពេល​យប់ ហើយ​ទុក​នៅ​ទី​នោះ។ ៩ លោកយ៉ូស៊ូអា​អោយ​គេ​បញ្ឈរ ​ថ្ម​ដប់ពីរ​ដុំ នៅ​កណ្ដាល​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​ដែល​ក្រុម​បូជាចារ្យ​សែង​ហិប​នៃ​សម្ពន្ធមេត្រី​បាន​ឈរ។ ថ្ម​ទាំង​ដប់ពីរ​ក៏​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។

 

១០ ក្រុម​បូជាចារ្យ​ដែល​សែង​ហិប នាំ​គ្នា​ឈប់​នៅ​ចំ​កណ្ដាល​ទន្លេ​យ័រដាន់ រហូត​ដល់​ប្រជាជន​ធ្វើ​តាម​ព្រះបន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់​ បង្គាប់​មក​លោក​យ៉ូស៊ូអា គឺ​ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​ម៉ូសេ​បាន​ផ្ដែផ្ដាំ​លោក​យ៉ូស៊ូអា។ ប្រជាជន​ក៏​ប្រញាប់ប្រញាល់​នាំ​គ្នា​ឆ្លង​ទៅ។ ១១ កាល​ប្រជាជន​ទាំង​មូល​ឆ្លង​ផុត​អស់​ហើយ ទើប​ក្រុម​បូជាចារ្យ​សែង​ហិប​នៃ​ព្រះអម្ចាស់​ឆ្លង​ដែរ ហើយ​ដើរ​នៅ​ខាង​មុខ​ប្រជាជន។ ១២ កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល​បាន​ដើរ​ជា​ក្បួន​ទ័ព នៅ​មុខ​ជន​ជាតិ​អ៊ីស្រាអែល ស្រប​តាម​សេចក្ដី​ដែល​លោក​ម៉ូសេ​បង្គាប់ ១៣ មាន​ទាហាន​ប្រហែល​បួន​ម៉ឺន​នាក់​ប្រដាប់​អាវុធ ដែល​ត្រៀម​ខ្លួន​នឹង​ធ្វើ​សឹក​ដើរ​នៅ​ខាង​មុខ​ព្រះអម្ចាស់ ឆ្ពោះ​ទៅ​កាន់​វាល​ទំនាប​យេរីខូ។

 

១៤ នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​ពង្រឹង​អំណាច​លោក​យ៉ូស៊ូអា នៅ​ចំពោះ​មុខ​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល។ ពួក​គេ​នាំ​គ្នា​គោរព​កោត​ខ្លាច​លោក ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត​របស់​លោក ដូច​គេ​ធ្លាប់​គោរព​កោត​ខ្លាច​លោក​ម៉ូសេ​ដែរ។

 

១៥ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស៊ូអា​ថា៖ ១៦​ «ចូរ​បង្គាប់​ក្រុម​បូជាចារ្យ​ដែល​សែង​ហិប​នៃ​សន្ធិសញ្ញា អោយ​ឡើង​ពី​ទន្លេ​យ័រដាន់​មក»។ ១៧ លោកយ៉ូស៊ូអា​ក៏​បង្គាប់​ទៅ​ក្រុម​បូជាចារ្យ​ថា៖ «ចូរ​ឡើង​ពី​ទន្លេ​យ័រដាន់​មក!»។ ១៨ ពេល​ក្រុម​បូជាចារ្យ​ដែល​សែង​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់ ឡើង​ពី​កណ្ដាល​ទន្លេ​យ័រដាន់ គឺ​នៅ​ពេល​ដែល​ពួក​គេ​លើក​ជើង​ជាន់​ដី​គោក​ភ្លាម ទឹក​ទន្លេ​យ័រដាន់​ក៏​ហូរ​ដូច​ដើម តាម​ខ្សែ​ទឹក​របស់​វា​វិញ។ ១៩ ប្រជាជន​ឡើង​ពី​ទន្លេ​ យ័រដាន់ នា​ថ្ងៃ​ទី​ដប់ ខែ​ទី​មួយ​ ហើយ​បោះ​ជំរំ​ត្រង់​កន្លែង​មួយ​ឈ្មោះ​គីលកាល់ នៅ​ព្រំប្រទល់​ខាង​កើត​នៃ​ក្រុង​យេរីខូ។ ២០ រីឯ​ថ្ម​ទាំង​ដប់ពីរ​ដុំ ដែល​គេ​យក​ពី​ទន្លេ​យ័រដាន់​មក លោក​យ៉ូស៊ូអាបាន​បញ្ឈរ​នៅ​គីលកាល់។ ២១ បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល​ថា៖ «ថ្ងៃ​ក្រោយ ពេល​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ឪពុក​ថា “តើ​ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្ដេច?”។ ២២ អ្នក​រាល់​គ្នា​ត្រូវ​រៀប​រាប់​ប្រាប់​កូន​ចៅ អំពី​គ្រា​ដែល​ប្រជាជន​អ៊ីស្រាអែល​បាន​ដើរ​ឆ្លង​បាត​ទន្លេ​យ័រដាន់​នេះ ២៣ ដ្បិត​ព្រះអម្ចាស់​ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ធ្វើ​អោយ​ទឹក​ទន្លេ​យ័រដាន់​រីង​ស្ងួត នៅ​មុខ​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​រាល់​គ្នា​ឆ្លង​ផុត ដូច​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​ធ្វើ​អោយ​សមុទ្រ​កក់​ រីង​ស្ងួត​នៅ​ចំពោះ​មុខ​យើង​រហូត​ទាល់​តែ​យើង​ឆ្លង​ផុត​ដែរ។ ២៤ ព្រះ​អម្ចាស់​ធ្វើ​ដូច្នេះ ដើម្បី​អោយ​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី ដឹង​ថា​ព្រះអម្ចាស់​មាន​ឫទ្ធានុភាព​ដ៏​ខ្លាំង​ពូកែ និង​ដើម្បី​អោយ​អ្នក​រាល់​គ្នា​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​រហូត​ត​ទៅ»។

១ កាល​ស្ដេច​ទាំង​ប៉ុន្មាន​ នៃ​ជន​ជាតិ​អាម៉ូរី ដែល​នៅ​ត្រើយ​ខាង​លិច​ទន្លេ​យ័រដាន់ និង​ស្ដេច​ទាំង​ប៉ុន្មាន​នៃ​ជន​ជាតិ​កាណាន ដែល​នៅ​តាម​មាត់​សមុទ្រ ឮ​ដំណឹង​ថា ព្រះអម្ចាស់​ធ្វើ​អោយ​ទន្លេ​យ័រដាន់​រីង​ស្ងួត​នៅ​ ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល រហូត​ដល់​គេ​ឆ្លង​ផុត ស្ដេច​ទាំង​នោះ​បាក់​ទឹក​ចិត្ត និង​ភ័យ​លោះ​ព្រលឹង​នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល។

 

ជន​ជាតិ​អ៊ីស្រាអែល​ទទួល​ពិធី​កាត់​ស្បែក​នៅ​គីលកាល់

​២ នៅ​គ្រា​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស៊ូ​អា​ ថា៖ «ចូរ​អ្នក​យក​ថ្ម​មក​ដាប់​ធ្វើ​ជា​កាំបិត រួច​ធ្វើ​ពិធី​កាត់​ស្បែក*​អោយ​ជន​ជាតិ​អ៊ីស្រាអែល​សា​ជា​ថ្មី​ម្ដង​ទៀត»។ ៣ លោកយ៉ូស៊ូអា​ក៏​យក​ថ្ម​មក​ធ្វើ​ជា​កាំបិត ហើយ​ធ្វើ​ពិធី​កាត់​ស្បែក​អោយ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​លើ​ភ្នំ​ហារ៉ាឡុត​។ ៤ រីឯ​មូល​ហេតុ​ដែល​នាំ​អោយ ​លោក​យ៉ូស៊ូអា​ធ្វើ​ពិធី​កាត់​ស្បែក​អោយ​ពួក​គេ​នោះ មាន​ដូច​ត​ទៅ: ប្រជាជន​ទាំង​មូល​ដែល​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​ប្រុសៗ​ទាំង​ប៉ុន្មាន ​ដែល​ជា​អ្នក​ចំបាំង​បាន​ស្លាប់​តាម​វាល​រហោស្ថាន ក្រោយ​​​ពេល​ចេញ​ពី​ស្រុក​អេស៊ីប។ ៥ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ បាន​ទទួល​ពិធី​កាត់​ស្បែក​គ្រប់ៗ​គ្នា ប៉ុន្តែ ប្រជាជន​ទាំង​ប៉ុន្មាន​ដែល​កើត​ក្រោយ​ពេល​ចេញ​ពី​ស្រុក​អេស៊ីប គឺ​កើត​តាម​ផ្លូវ​ក្នុង​វាល​រហោស្ថាន​ពុំ​ទាន់​បាន​ទទួល​ពិធី​កាត់​ស្បែក​នៅ ​ឡើយ​ទេ។ ៦ ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​ ដំណើរ​នៅ​ក្នុង​វាល​រហោស្ថាន​អស់​រយៈ​ពេល​សែសិប​ឆ្នាំ រហូត​ទាល់​តែ​អ្នក​ចំបាំង​មួយ​ជំនាន់​ដែល​ចេញ​មក​ពី​ស្រុក​អេស៊ីប​នោះ ស្លាប់​អស់​ទៅ។ អ្នក​ទាំង​នោះ​ពុំ​បាន​ស្ដាប់​បង្គាប់​ព្រះអម្ចាស់​ទេ ព្រះអម្ចាស់​ក៏​មាន​ព្រះបន្ទូល​ទៅ​ពួក​គេ​យ៉ាង​ ដាច់​អហង្ការ​ថា មិន​អោយ​ពួក​គេ​ឃើញ​ស្រុក​ដែល​ព្រះអង្គ​សន្យា​ជា​មួយ​បុព្វបុរស​ថា​នឹង​ ប្រទាន​មក​អោយ​យើង គឺ​ជា​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​។

 

៧ ព្រះអម្ចាស់​ បាន​នាំ​កូន​ចៅ​របស់​ពួក​គេ​អោយ​ចូល​ស្រុក​ជំនួស​ពួក​គេ​វិញ។ លោកយ៉ូស៊ូអា​ធ្វើ​ពិធី​កាត់​ស្បែក​អោយ​អ្នក​ទាំង​នេះ ព្រោះ​តាម​ផ្លូវ​ពួក​គេ​ពុំ​ទាន់​បាន​ទទួល​ពិធី​កាត់​ស្បែក​នៅ​ឡើយ​។ ៨ កាល​បាន​ធ្វើ​ពិធី​កាត់​ស្បែក​អោយ​ប្រជាជាតិ​ទាំង​មូល​ហើយ ពួក​​គេ​ក៏​នៅ​ក្នុង​ជំរំ រហូត​ដល់​ជា​សះស្បើយ​ទាំង​អស់​គ្នា។ ៩ ពេល​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស៊ូអា ថា៖ «ថ្ងៃ​នេះ យើង​ដក​ សេចក្ដី​អាម៉ាស់​ចេញ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា​ហើយ គឺ​សេចក្ដី​អាម៉ាស់​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​រង​នៅ​ស្រុក​អេស៊ីប»។ ហេតុ​នេះ ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “គីលកាល់” រហូត​ដល់​សព្វ​ថ្ងៃ។

 

បុណ្យ​ចម្លង​ដំបូង​បង្អស់​នៅ​ស្រុក​កាណាន

១០ ជន​ជាតិ​អ៊ីស្រាអែល​បោះ ​ជំរំ​នៅ​គីលកាល់ ហើយ​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​ចម្លង* នៅ​ល្ងាច​ថ្ងៃ​ទី​ដប់បួន នៃ​ខែ​នោះ​ក្នុង​តំបន់​វាល​ទំនាប​យេរីខូ។ ១១ ស្អែក​ឡើង គឺ​មួយ​ថ្ងៃ​ក្រោយ​បុណ្យ​ចម្លង ពួក​គេ​បរិភោគ​នំបុ័ង​ឥត​មេ និង​គ្រាប់​ស្រូវ​លីង ដែល​ជា​ភោគផល​របស់​ស្រុក​នោះ។ ១២ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ ពួក​គេ​បរិភោគ​ភោគផល​នៅ​ក្នុង​ស្រុក នោះ​នំ​ម៉ាណា​លែង​ធ្លាក់​ទៀត​ហើយ។ ដូច្នេះ តាំង​ពី​ឆ្នាំ​នោះ​មក ដោយ​លែង​មាន​នំ​ម៉ាណា​ទៀត ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​បរិភោគ​ភោគផល​នៃ​ស្រុក​កាណាន។

 

មេទ័ព​របស់​ព្រះអម្ចាស់

១៣ ពេល​លោកយ៉ូស៊ូអា​នៅ​ជិត ​ក្រុង​យេរីខូ លោក​ងើប​មុខ​ឡើង ឃើញ​បុរស​ម្នាក់​ឈរ​នៅ​ខាង​មុខ​លោក​ ​ទាំង​ហូត​ដាវ​កាន់​នៅ​ដៃ​ផង។ លោក​យ៉ូស៊ូអាដើរ​ទៅ​ជិត​សួរ​ថា៖ «តើ​លោក​នៅ​ខាង​យើង​ខ្ញុំ ឬ​នៅ​ខាង​សត្រូវ​របស់​យើង​ខ្ញុំ?»។ ១៤ បុរស​នោះ​ឆ្លើយ​ថា៖ «ទេ! ខ្ញុំ​ជា​មេទ័ព​របស់​ព្រះអម្ចាស់ ខ្ញុំ​ទើប​នឹង​មក​ដល់»។ ពេល​នោះ លោក​យ៉ូស៊ូអា​ក្រាប​ថ្វាយបង្គំ​អោន​មុខ​ដល់​ដី ហើយ​សួរ​ថា៖ «តើ​លោក​ម្ចាស់​ចង់​មាន​ប្រសាសន៍​អ្វី​មក​ខ្ញុំ​ប្របាទ?»។ ១៥ មេទ័ព​របស់​ព្រះអម្ចាស់​មាន​ប្រសាសន៍​មក​កាន់​លោក​យ៉ូស៊ូអាថា៖ «ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​លោក​ឈរ ជា​កន្លែង​ដ៏វិសុទ្ធ»។ លោក​យ៉ូស៊ូអាក៏​ធ្វើ​តាម។

ជន​ជាតិ​អ៊ីស្រាអែល​វាយ​យក​ក្រុង​យេរីខូ

១ ពេល​នោះ គេ​បិទ​ទ្វារ​ក្រុង​យេរីខូ​យ៉ាង​ជិត គ្មាន​នរណា​ម្នាក់​ចេញ​ចូល​បាន​ឡើយ ព្រោះ​គេ​ខ្លាច​ជន​ជាតិ​អ៊ីស្រា​អែល។ ២ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោកយ៉ូស៊ូអា​ថា៖ «មើល! យើង​ប្រគល់​ក្រុង​យេរីខូ ទាំង​ស្ដេច ទាំង​ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ។ ៣ អ្នក​រាល់​គ្នា និង​ពល​ទាហាន​ទាំង​អស់​ត្រូវ​ដើរ​ព័ទ្ធ​ជុំវិញ​ទីក្រុង អោយ​បាន​មួយ​ជុំ​ក្នុង​មួយ​ថ្ងៃ។ ត្រូវ​ធ្វើ​ដូច្នេះ ចំនួន​ប្រាំ​មួយ​ថ្ងៃ។ ៤ ត្រូវ​អោយ​បូជាចារ្យ ប្រាំពីរ​នាក់​កាន់​ស្នែង​ចៀម​សំរាប់​ផ្លុំ​ម្នាក់​មួយៗ ដើរ​ខាង​មុខ​ហិប​នៃ​សម្ពន្ធមេត្រី*។ លុះ​ដល់​ថ្ងៃ​ទី​ប្រាំពីរ អ្នក​រាល់​គ្នា​ត្រូវ​ដើរ​ជុំវិញ​ទីក្រុង​ប្រាំពីរ​ជុំ រួច​អោយ​ក្រុម​បូជាចារ្យ​ផ្លុំ​ស្នែង​ចៀម។ ៥ ពេល​គេ​ផ្លុំ​ស្នែង​ចៀម ហើយ​ពេល​អ្នក​រាល់​គ្នា​ឮ​សំឡេង​ស្នែង​ប្រជាជន​ទាំង​មូល​ត្រូវ​ស្រែក​យ៉ាង​ ខ្លាំង កំពែង​ក្រុង​មុខ​ជា​រលំ​ចុះ​នៅ​នឹង​កន្លែង ហើយ​ប្រជាជន​ត្រូវ​សំរុក​ចូល​ទៅ​ក្នុង​ទីក្រុង​រៀងៗ​ខ្លួន»។

 

៦ លោក​ យ៉ូស៊ូអាជា​កូន​របស់​លោក​នូន ហៅ​ក្រុម​បូជាចារ្យ​មក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «សុំ​សែង​ហិប​នៃ​សម្ពន្ធមេត្រី ហើយ​អោយ​បូជាចារ្យ​ប្រាំពីរ​នាក់​កាន់​ស្នែង​ចៀម​ប្រាំពីរ ដើរ​ខាង​មុខ​ហិប​របស់​ព្រះអម្ចាស់»។ ៧ បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «ចូរ​ដើរ​ព័ទ្ធ​ជុំវិញ​ទីក្រុង ហើយ​អោយ​ពល​ទាហាន​ប្រដាប់​អាវុធ ដើរ​ខាង​មុខ​ហិប​របស់​ព្រះអម្ចាស់»។ ៨ ប្រជាជន​ធ្វើ​តាម​ប្រសាសន៍​របស់​លោក​យ៉ូស៊ូអា គឺ​បូជាចារ្យ​ប្រាំពីរ​រូប​ដែល​កាន់​ស្នែង​ចៀម​ទាំង​ប្រាំពីរ ដើរ​នៅ​ខាង​មុខ​ព្រះអម្ចាស់ នាំ​គ្នា​ចេញ​ទៅ​ទាំង​ផ្លុំ​ស្នែង ហើយ​គេ​សែង​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់​ដើរ​តាម​ក្រោយ។ ៩ ពល​ទាហាន​ប្រដាប់​អាវុធ​ ដើរ​ខាង​មុខ​ក្រុម​បូជាចារ្យ​ដែល​ផ្លុំ​ស្នែង ហើយ​ក៏​មាន​ពល​ទាហាន​ដើរ​ពី​ក្រោយ​ហិប​ដែរ។ ពួក​គេ​ដើរ​ទៅ​មុខ​តាម​សំឡេង​ស្នែង។ ១០ លោកយ៉ូស៊ូអា​បញ្ជា​ទៅ​ ប្រជាជន​ថា៖ «កុំ​ស្រែក​ជយឃោស កុំ​បន្លឺ​សំឡេង កុំ​និយាយ​ស្ដី​អ្វី​ទាំង​អស់ រហូត​ដល់​ថ្ងៃ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​អោយ​ស្រែក នោះ​សឹម​ស្រែក»។ ១១ លោក​អោយ​គេ​សែង​ហិប​របស់​ព្រះអម្ចាស់​ដើរ​ព័ទ្ធ​ជុំវិញ​ទីក្រុង​បាន​មួយ​ជុំ រួច​ប្រជាជន​វិល​ចូល​ជំរំ​វិញ ហើយ​សំរាក​ពេល​យប់ នៅ​ទី​នោះ​ទៅ។

 

១២ លោកយ៉ូស៊ូអា​ក្រោក​ពី​ព្រលឹម ហើយ​ក្រុម​បូជាចារ្យ​នាំ​គ្នា​សែង​ហិប​ព្រះអម្ចាស់​សា​ជា​ថ្មី។ ១៣ បូជាចារ្យ​ទាំង​ប្រាំពីរ​នាក់​ដែល​កាន់​ស្នែង​ចៀម ដើរ​ខាង​មុខ​ហិប​ព្រះអម្ចាស់ ក៏​ចេញ​ដំណើរ​ម្ដង​ទៀត ទាំង​ផ្លុំ​ស្នែង​ផង។ មាន​ពល​ទាហាន​ប្រដាប់​អាវុធ​ដើរ​ខាង​មុខ ហើយ​ក៏​មាន​ពល​ទាហាន​ដើរ​តាម​ក្រោយ​ហិប​ព្រះអម្ចាស់​ដែរ ពួក​គេ​ដើរ​ទៅ​មុខ តាម​សំឡេង​ស្នែង។ ១៤ នៅ​ថ្ងៃ​ទី​ពីរ​នោះ ពួក​គេ​ដើរ​ព័ទ្ធ​ជុំវិញ​ទីក្រុង​បាន​មួយ​ជុំ រួច​វិល​ចូល​ជំរំ​វិញ។ ពួក​គេ​ធ្វើ​ដូច្នេះ​អស់​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ។ ១៥ នៅ​ថ្ងៃ​ទី​ប្រាំពីរ ពួក​គេ​ក្រោក​ពី​ព្រលឹម​ស្រាងៗ ហើយ​ដើរ​ព័ទ្ធ​ជុំវិញ​ទីក្រុង​ប្រាំពីរ​ជុំ​តាម​របៀប​ដដែល គឺ​មាន​តែ​ថ្ងៃ​នោះ​ទេ ដែល​ពួក​គេ​ដើរ​ព័ទ្ធ​ជុំវិញ​ទីក្រុង​ចំនួន​ប្រាំពីរ​ជុំ។ ១៦ នៅ​ជុំ​ទី​ប្រាំពីរ ពេល​ក្រុម​បូជាចារ្យ​ផ្លុំ​ស្នែង លោក​យ៉ូស៊ូអាបញ្ជា​ទៅ​ប្រជាជន​ថា៖ «ចូរ​ស្រែក​ជយឃោស​ឡើង! ដ្បិត​ព្រះអម្ចាស់​បាន​ប្រគល់​ទីក្រុង​អោយ​អ្នក​រាល់​គ្នា​ហើយ។ ១៧ ចូរ​បំផ្លាញ​ទីក្រុង និង​អ្វីៗ​ទាំង​អស់​ក្នុង​ទីក្រុង​ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់ តែ​ត្រូវ​ទុក​ជីវិត​អោយ​នាង​រ៉ាហាប ជា​ស្រី​ពេស្យា និង​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង​ប៉ុណ្ណោះ ព្រោះ​នាង​បាន​លាក់​អ្នក​ស៊ើបការណ៍ ដែល​យើង​ចាត់​អោយ​មក។ ១៨ រីឯ​អ្នក​រាល់​គ្នា​វិញ ចូរ​ប្រយ័ត្ន! កុំ​ប៉ះពាល់​របស់​អ្វី​ដែល​ត្រូវ​បំផ្លាញ​នោះ​ជា​ដាច់​ខាត ក្រែងលោ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស ដោយ​ប៉ះពាល់​របស់​ដែល​ត្រូវ​បំផ្លាញ​នោះ! មួយ​វិញ​ទៀត បើ​ធ្វើ​ដូច្នោះ​អ្នក​រាល់​គ្នា​មុខ​ជា​ធ្វើ​អោយ​មហន្តរាយ និង​ទុក្ខ​ទោស កើត​មាន​ដល់​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ជំរំ​អ៊ីស្រាអែល​មិន​ខាន។ ១៩ រីឯ​មាស ប្រាក់ និង​វត្ថុ​ធ្វើ​ពី​លង្ហិន ឬ​ពី​ដែក​ទាំង​អស់ ត្រូវ​ទុក​ជា​ចំណែក​ថ្វាយ​ព្រះអម្ចាស់ ហើយ​បញ្ចូល​ទៅ​ក្នុង​សម្បត្តិ​របស់​ព្រះអង្គ»។

 

២០ ប្រជាជន ​ស្រែក​ជយឃោស ហើយ​ក្រុម​បូជាចារ្យ​ក៏​ផ្លុំ​ស្នែង​ដែរ។ កាល​ប្រជាជន​ឮ​ស្នូរ​សំឡេង​ស្នែង​គេ​នាំ​គ្នា​ស្រែក​ឡើង​យ៉ាង​ខ្លាំង ពេល​នោះ កំពែង​ក្រុង​ក៏​រលំ​ចុះ​នៅ​នឹង​កន្លែង។ ប្រជាជន​សំរុក​ឡើង​ទៅ​មុខ​រៀងៗ​ខ្លួន ហើយ​ដណ្ដើម​យក​ទីក្រុង។ ២១ ពួក​គេ​បំផ្លាញ​អ្វីៗ​ ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​ទីក្រុង ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់ គឺ​ប្រហារ​មនុស្ស​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ចាស់ ទាំង​គោ ចៀម និង​លា​ដោយ​មុខ​ដាវ។

 

លោក​យ៉ូស៊ូអា​ទុក​ជីវិត​នាង​រ៉ាហាប

២២ លោកយ៉ូស៊ូអា​មាន​ ប្រសាសន៍​ទៅ​កាន់​បុរស​ទាំង​ពីរ​នាក់ ដែល​បាន​ទៅ​ស៊ើបការណ៍ នៅ​ក្រុង​យេរីខូ​ថា៖ «ចូរ​ទៅ​ផ្ទះ​ស្រី​ពេស្យា ហើយ​នាំ​នាង ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​នាង​ចេញ​មក ដូច​អ្នក​បាន​ស្បថ​ជា​មួយ​គេ»។ ២៣ យុវបុរស​ទាំង​ពីរ​ដែល​ ជា​អ្នក​ស៊ើបការណ៍​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​នាំ​នាង​រ៉ាហាប ឪពុក​ម្ដាយ បង​ប្អូន និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាង​ចេញ​មក។ ពួក​គេ​នាំ​ញាតិសន្ដាន​ទាំង​អស់​របស់​នាង​អោយ​ចេញ​មក​អោយ​នៅ​កន្លែង​ផុត​ពី​ គ្រោះ​ថ្នាក់​ក្បែរ​ជំរំ​អ៊ីស្រាអែល។ ២៤ ចំណែក​ឯ​ទីក្រុង​វិញ ពួក​គេ​ដុត​ចោល​ជា​មួយ​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​នោះ លើក​លែង​​​​​តែ​មាស ប្រាក់ និង​វត្ថុ​ធ្វើ​ពី​លង្ហិន ឬ​ដែក ដែល​គេ​ដាក់​បញ្ចូល​ក្នុង​សម្បត្តិ​នៃ​ព្រះ​ដំណាក់​របស់​ព្រះអម្ចាស់។ ២៥ លោក​យ៉ូស៊ូអា​បាន​ទុក​ ជីវិត​នាង​រ៉ាហាប​ជា​ស្រី​ពេស្យា ព្រម​ទាំង​ក្រុម​គ្រួសារ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាង ដ្បិត​នាង​បាន​លាក់​បុរស​ទាំង​ពីរ ដែល​លោក​យ៉ូស៊ូអា ចាត់​អោយ​មក​ស៊ើបការណ៍​នៅ​ក្រុង​យេរីខូ។ នាង​រស់​នៅ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​រហូត​ដល់​សព្វ​ថ្ងៃ។

 

២៦ នៅ​គ្រា​នោះ លោកយ៉ូស៊ូអាអា​បាន​ប្រកាស​យ៉ាង​ឱឡារិក៖ «អ្នក​ណា​ចង់​សង់​ក្រុង​យេរីខូ​នេះ​ឡើង​វិញ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពីព្រះអម្ចាស់! គឺ​បើ​គេ​ហ៊ាន​ចាក់​គ្រឹះ កូន​ប្រុស​ច្បង​របស់​គេ​នឹង​ត្រូវ​ស្លាប់​ ហើយ​បើ​គេ​ហ៊ាន​ដាក់​ទ្វារ​ក្រុង កូន​ពៅ​របស់​គេ​នឹង​ត្រូវ​ស្លាប់»។

២៧ ព្រះអម្ចាស់​គង់​ជា​មួយ​លោកយ៉ូស៊ូអា ហើយ​លោក​ក៏​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ខ្ចរខ្ចាយ ក្នុង​ស្រុក​នោះ​ទាំង​មូល។

បទ​ល្មើស​របស់​លោក​អកាន ជនជាតិអ៊ីស្រាអែល ទទួលបរាជ័យនៅក្រុងអៃ

១ ពេល​នោះ ជន​ជាតិ​អ៊ីស្រាអែល​បាន​បំពាន​លើ​ព្រះ​បន្ទូល ដែល​ព្រះអម្ចាស់​ ហាម​មិន​អោយ​ប៉ះពាល់​របស់​អ្វី​នៅ​ក្រុង​យេរីខូ គឺ​មាន​បុរស​ម្នាក់​ឈ្មោះ​អកាន ជា​កូន​របស់​លោក​កាមី ជា​ចៅ​របស់​លោក​សាបឌី និង​ជា​ចៅទួត​របស់​លោក​សេរ៉ា ក្នុង​កុលសម្ព័ន្ធ​យូដា បាន​យក​របស់​មួយ​ដែល​ព្រះអម្ចាស់​ហាម​ឃាត់ ជា​ហេតុ​ធ្វើ​អោយ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​នឹង​ជន​ជាតិ​អ៊ីស្រា​អែល។

 

២ លោក​ យ៉ូស៊ូអា​​បាន​ចាត់​អ្នក​ខ្លះ ពី​ក្រុង​យេរីខូ​អោយ​ទៅ​ក្រុង​អៃ ដែល​នៅ​ជិត​បេតអាវេន នៅ​ខាង​កើត​បេតអែល ទាំង​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​ឡើង​ទៅ​ស៊ើបការណ៍​នៅ​ស្រុក​នោះ»។ ពួក​គេ​ក៏​ឡើង​ទៅ​ស៊ើបការណ៍​នៅ​ក្រុង​អៃ។ ៣ អ្នក​ទាំង​នោះ​វិល​មក​ជួប ​លោកយ៉ូស៊ូអា​វិញ ជំរាប​ថា៖ «មិន​បាច់​អោយ​ប្រជាជន​ទាំង​មូល​ឡើង​ទៅ​វាយ​ទេ គឺ​អោយ​តែ​ទ័ព​ពីរ ឬ​បី​ពាន់​នាក់ ឡើង​ទៅ​វាយ​យក​ក្រុង​អៃ​ប៉ុណ្ណោះ​បាន​ហើយ! អ្នក​ក្រុង​នោះ​មាន​គ្នា​តិចតួច​ទេ ដូច្នេះ មិន​បាច់​ចាត់​កងទ័ព​ទាំង​មូល អោយ​ទៅ​នាំ​អោយ​ពិបាក​ឡើយ»។ ៤ ពេល​នោះ ទ័ព​អ៊ីស្រាអែល​ប្រមាណ​បី​ពាន់​នាក់​ក៏​ឡើង​ទៅ​វាយ​យក​ក្រុង​អៃ ប៉ុន្តែ ពួក​គេ​ត្រូវ​បាក់​ទ័ព។ ៥ អ្នក​ក្រុង​អៃ​បាន​ សម្លាប់​ពួក​អ៊ីស្រាអែល អស់​ប្រមាណ​សាមសិប​ប្រាំ​មួយ​នាក់ រួច​ដេញ​តាម​ពួក​គេ​ចាប់​ពី​ទ្វារ​ក្រុង រហូត​ទៅ​ដល់​ភូមិ​សេបារីម ហើយ​សម្លាប់​ពួក​គេ​នៅ​ត្រង់​ជំរាល​ភ្នំ។ ប្រជាជន​អ៊ីស្រាអែល​បាក់​ទឹក​ចិត្ត បាត់​បង់​សេចក្ដី​ក្លាហាន​អស់។

៦ លោកយ៉ូស៊ូអា និង​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ហែក​សម្លៀកបំពាក់​របស់​ខ្លួន រួច​ក្រាប​នៅ​ខាង​មុខ​ហិប​របស់​ព្រះអម្ចាស់ អោន​មុខ​ដល់​ដី​រហូត​ដល់​ល្ងាច ពួក​លោក​យក​ធូលី​ដី​រោយ​លើ​ក្បាល​រៀងៗ​ខ្លួន។ ៧ លោកយ៉ូស៊ូអា​ទូល​ថា៖ «ឱ​ព្រះជាអម្ចាស់​ អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​នាំ​យើង​ខ្ញុំ​អោយ​ឆ្លង​កាត់​ទន្លេ​យ័រដាន់ ហើយ​ប្រគល់​យើង​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អាម៉ូរី ដើម្បី​អោយ​យើង​ខ្ញុំ​វិនាស​សូន្យ​ដូច្នេះ? ហេតុ​ដូច​ម្ដេច​បាន​ជា​មិន​ទុក​យើង​ខ្ញុំ​អោយ​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​ យ័រដាន់​វិញ? ៨ ឱ​ព្រះអម្ចាស់​អើយ! ឥឡូវ​នេះ តើ​អោយ​ទូលបង្គំ​និយាយ​ដូច​ម្ដេច​កើត បើ​ជន​ជាតិ​អ៊ីស្រាអែល​បាក់​ទ័ព នៅ​មុខ​ខ្មាំង​សត្រូវ​ដូច្នេះ? ៩ ពេល​ជន​ជាតិ​កាណាន និង​ជាតិ​សាសន៍​ទាំង​អស់​នៅ​ក្នុង​ស្រុក​ដឹង​រឿង​នេះ ពួក​គេ​មុខ​ជា​មក​ឡោមព័ទ្ធ ហើយ​សម្លាប់​រង្គាល​យើង​ខ្ញុំ​ទាំង​អស់​គ្នា។ ដូច្នេះ តើ​ព្រះអង្គ​ធ្វើ​យ៉ាង​ណា​ដើម្បី​ការពារ​ព្រះ​កិត្តិនាម​របស់​ព្រះអង្គ?»។

 

១០ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស៊ូអា​ថា៖ «ក្រោក​​​​ឡើង! ហេតុ​អ្វី​បាន​ជា​អ្នក​ក្រាប​ចុះ អោន​មុខ​ដល់​ដី​ដូច្នេះ? ១១ ជន​ជាតិ​អ៊ីស្រាអែល​ ប្រព្រឹត្ត​អំពើ​បាប ដោយ​រំលោភ​លើ​សម្ពន្ធមេត្រី​ដែល​យើង​បាន​ប្រគល់​អោយ គឺ​ពួក​គេ​បាន​យក​របស់​ដែល​ត្រូវ​បំផ្លាញ​នោះ​ទុក​ខ្លះ ជា​របស់​ដែល​យើង​ហាម​មិន​អោយ​ប៉ះពាល់។ ពួក​គេ​បាន​លួច​យក​ទៅ​លាក់​ទុក​ជា​មួយ​ឥវ៉ាន់​របស់​ខ្លួន។ ១២ ហេតុ​នេះ​ហើយ​បាន​ជា​ជន ​ជាតិ​អ៊ីស្រាអែល​ពុំ​អាច​ប្រឈម​មុខ​តទល់​នឹង​សត្រូវ​បាន​ទៀត​ទេ។ ពួក​គេ​បាក់​ទ័ព​រត់​នៅ​មុខ​សត្រូវ​ដូច្នេះ ព្រោះ​ពួក​គេ​មាន​ទោស ហើយ​ត្រូវ​វិនាស​អន្តរាយ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បំផ្លាញ​អ្វីៗ​ដែល​ត្រូវ​បំផ្លាញ​ក្នុង​ចំណោម ​អ្នក​រាល់​គ្នា​ទេ​នោះ យើង​នឹង​លែង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទៀត​ហើយ! ១៣ ក្រោក​ឡើង ជំរះ​ប្រជាជន​អោយ​បាន​វិសុទ្ធ! ត្រូវ​ប្រាប់​ពួក​គេ​ថា “ចូរ​ជំរះ​ខ្លួន​អោយ​បាន​វិសុទ្ធ*​សំរាប់​ថ្ងៃ​ស្អែក ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ដូច​ត​ទៅ: អ៊ីស្រាអែល​អើយ! នៅ​ក្នុង​អ្នក​មាន​របស់​ដែល​ត្រូវ​បំផ្លាញ។ អ្នក​ពុំ​អាច​ប្រឈម​មុខ​តទល់​នឹង​ខ្មាំង​សត្រូវ​បាន​ឡើយ ដរាប​ណា​អ្នក​រាល់​គ្នា​មិន​ដក​របស់​ដែល​ត្រូវ​បំផ្លាញ​ចេញ​ពី​ក្នុង​ចំណោម​ អ្នក​រាល់​គ្នា​ទេ​នោះ។ ១៤ ព្រឹក​ឡើង​អ្នក​រាល់​គ្នា​ត្រូវ​ចូល​មក​តាម​កុលសម្ព័ន្ធ។ ពេល​ព្រះអម្ចាស់​ចង្អុល​កុលសម្ព័ន្ធ​ណា កុលសម្ព័ន្ធ​នោះ​ត្រូវ​ចូល​មក​តាម​អំបូរ ពេល​ព្រះអម្ចាស់​ចង្អុល​អំបូរ​ណា អំបូរ​នោះ​ត្រូវ​ចូល​មក​តាម​ក្រុម​គ្រួសារ ហើយ​ពេល​ព្រះអម្ចាស់​ចង្អុល​ក្រុម​គ្រួសារ​ណា ត្រូវ​អោយ​មេ​ក្រុម​គ្រួសារ​នោះ​ចូល​មក​ម្នាក់​ម្ដងៗ។ ១៥ ពេល​ប៉ះ​ចំ​លើ​អ្នក​ដែល ​មាន​កំហុស ដោយ​លាក់​ទុក​របស់​ដែល​ត្រូវ​បំផ្លាញ ចូរ​ដុត​អ្នក​នោះ​ជា​មួយ​អ្វីៗ​ដែល​ខ្លួន​មាន ព្រោះ​គេ​បាន​រំលោភ​លើ​សម្ពន្ធមេត្រី​របស់​ព្រះ​អម្ចាស់ គឺ​គេ​បាន​ប្រព្រឹត្ត​អំពើ​មួយ​ដ៏​ថោក​ទាប​ក្នុង​ស្រុក​អ៊ីស្រា​អែល”»។

 

១៦ លោកយ៉ូស៊ូអា​ក្រោក​ពី​ព្រលឹម ហើយ​បង្គាប់​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ចូល​មក តាម​កុលសម្ព័ន្ធ ពេល​នោះ ប៉ះ​ចំ​លើ​កុលសម្ព័ន្ធ​យូដា។ ១៧ លោកយ៉ូស៊ូអា​បញ្ជា​អោយ​ អំបូរ​ផ្សេងៗ​នៃ​កុលសម្ព័ន្ធ​យូដា​ចូល​មក ហើយ​ប៉ះ​ចំ​លើ​អំបូរ​សេរ៉ា។ លោក​អោយ​អំបូរ​សេរ៉ា ចូល​មក​តាម​ក្រុម​គ្រួសារ ហើយ​ប៉ះ​ចំ​លើ​ក្រុម​គ្រួសារ​លោក​សាបឌី។ ១៨ បន្ទាប់​មក លោក​អោយ​ក្រុម​គ្រួសារ​សាបឌី​ចូល​មក​ម្នាក់​ម្ដងៗ ហើយ​ប៉ះ​ចំ​លើ​លោក​អកាន​ជា​កូន​របស់​លោក​កាមី ជា​ចៅ​របស់​លោក​សាបឌី និង​ជា​ចៅទួត​របស់​លោក​សេរ៉ា ក្នុង​កុលសម្ព័ន្ធ​យូដា។

១៩ លោក​យ៉ូស៊ូអាមាន​ប្រសាសន៍​ទៅ​កាន់​លោក​អកាន​ថា៖ «កូន​អើយ ចូរ​លើក​តម្កើង​សិរីរុងរឿង​ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល! ចូរ​លើក​កិត្តិយស​ព្រះអង្គ​ឡើង! តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ ចូរ​ប្រាប់​ខ្ញុំ កុំ​លាក់លៀម​ឡើយ»។ ២០ លោក​អកាន​ឆ្លើយ​ទៅ​លោក​យ៉ូស៊ូអា​វិញ​ថា៖ «ខ្ញុំ​ប្របាទ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ពិត​ប្រាកដ​មែន! គឺ​ខ្ញុំ​ប្របាទ​បាន​ប្រព្រឹត្ត​ដូច​ត​ទៅ: ២១ ក្នុង​ជ័យភ័ណ្ឌ​ខ្ញុំ​ ប្របាទ​បាន​ឃើញ​អាវ​ធំ​មួយ​យ៉ាង​ល្អ​ប្រណីត ធ្វើ​នៅ​ស្រុក​ស៊ីណេអារ ហើយ​ឃើញ​ប្រាក់​សុទ្ធ​ទម្ងន់​ប្រមាណ​ហុកសិប​តម្លឹង និង​មាស​មួយ​ដុំ​ទម្ងន់​ប្រមាណ​ដប់​ប្រាំ​តម្លឹង។ ដោយ​ខ្ញុំ​ប្របាទ​ចង់​បាន​ពេក​ខ្ញុំ​ប្របាទ​ក៏​យក​របស់​ទាំង​នោះ។ ឥឡូវ​នេះ ខ្ញុំ​ប្របាទ​កប់​ទុក​នៅ​ក្នុង​តង់ត៍​របស់​ខ្ញុំ​ប្របាទ ដោយ​ដាក់​ប្រាក់​នៅ​ក្រោម​គេ​បង្អស់»។ ២២ លោកយ៉ូស៊ូអា​ចាត់​គេ​ អោយ​រត់​ទៅ​តង់ត៍​របស់​លោក​អកាន ហើយ​ឃើញ​វត្ថុ​កប់​ទុក​នៅ​ទី​នោះ​មែន គឺ​ប្រាក់​នៅ​ពី​ក្រោម​គេ​បង្អស់។ ២៣ ពួក​គេ​យក​វត្ថុ​ទាំង​ នោះ​ចេញ​ពី​ក្នុង​តង់ត៍​មក​ប្រគល់​ជូន​លោក​យ៉ូស៊ូអា និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ហើយ​គេ​ក៏​ចាក់​វត្ថុ​ទាំង​នោះ​​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់។

 

២៤ លោកយ៉ូស៊ូអា និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​នាំ​គ្នា​ចាប់​លោក​អកាន ជា​ចៅទួត​របស់​លោក​សេរ៉ា ហើយ​យក​ប្រាក់​អាវ​ធំ និង​ដុំ​មាស ព្រម​ទាំង​កូន​ប្រុស កូន​ស្រី គោ លា ចៀម តង់ត៍ និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន​នាំ​ឆ្ពោះ​ទៅ​ជ្រលង​ភ្នំ​អាគ័រ។ ២៥ លោក​យ៉ូស៊ូអា​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​នាំ​ទុក្ខ​ទោស​មក​អោយ​ពួក​យើង​ដូច្នេះ? ថ្ងៃ​នេះ សូម​ព្រះអម្ចាស់​ ធ្វើ​អោយ​អ្នក​រង​ទុក្ខ​ទោស​វិញ»។ ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល នាំ​គ្នា​សម្លាប់​លោក​អកាន និង​ក្រុម​គ្រួសារ​គាត់ ដោយ​គប់​នឹង​ថ្ម ព្រម​ទាំង​ដុត​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន​ចោល​ដែរ។ ២៦ បន្ទាប់​មក គេ​យក​ដុំ​ថ្ម​មក​គរ​ជា​គំនរ​យ៉ាង​ធំ​ពី​លើ​គាត់ (គំនរ​ថ្ម​នេះ​នៅ​ស្ថិតស្ថេរ​រហូត​ដល់​សព្វ​ថ្ងៃ)។ ពេល​នោះ ព្រះអម្ចាស់​ឈប់​ព្រះពិរោធ។ ហេតុ​នេះ​ហើយ បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «ជ្រលង​ភ្នំ​អាគ័រ»​ រហូត​មក​ដល់​សព្វ​ថ្ងៃ។

ជន​ជាតិ​អ៊ីស្រាអែល​វាយ​ដណ្ដើម​យក​ទីក្រុង​អៃ

១ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស៊ូអា​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី កុំ​អស់​សង្ឃឹម​ឡើយ។ ចូរ​អ្នក​នាំ​ទ័ព​ទាំង​អស់​ឡើង​ទៅ​ជា​មួយ ហើយ​វាយ​យក​ក្រុង​អៃ​ចុះ។ មើល៍! យើង​ប្រគល់​ស្ដេច​ក្រុង​អៃ ប្រជាជន​នៅ​ក្នុង​ក្រុង និង​ស្រុក​របស់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។ ២ ត្រូវ​ប្រព្រឹត្ត​ចំពោះ​ ក្រុង​អៃ និង​ស្ដេច​របស់​គេ​ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូ និង​ស្ដេច​របស់​គេ​ដែរ។ ក៏​ប៉ុន្តែ លើក​នេះ​អ្នក​អាច​យក​របស់​ទ្រព្យ និង​ហ្វូង​សត្វ​របស់​គេ ទុក​ជា​ជយភ័ណ្ឌ​បាន។ ចូរ​រៀបចំ​ទ័ព វាយ​ឆ្មក់​ទីក្រុង​ពី​ខាង​ក្រោយ»។

៣ លោកយ៉ូស៊ូអា​នាំ​កងទ័ព​ទាំង​មូល ឆ្ពោះ​ទៅ​ក្រុង​អៃ​ជា​ប្រ​ញាប់។ លោក​ជ្រើស​រើស​ពល​ទាហាន​ដ៏​អង់អាច​បី​ម៉ឺន​នាក់ ហើយ​ចាត់​គេ​អោយ​ចេញ​ទៅ​ទាំង​យប់។ ៤ លោក​បញ្ជា​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​បង្កប់​ខ្លួន​ពី​ក្រោយ​ទីក្រុង តែ​កុំ​ទៅ​ឆ្ងាយ​ពី​ទីក្រុង​ពេក។ ចូរ​ត្រៀម​ខ្លួន​ទាំង​អស់​គ្នា! ៥ រីឯ​ខ្ញុំ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ នឹង​ចូល​ទៅ​ជិត​ទីក្រុង។ កាល​ណា​ពួក​គេ​ចេញ​មក​វាយ​យើង​ដូច​ពី​លើក​មុន យើង​នឹង​រត់​នៅ​មុខ​ពួក​គេ។ ៦ ពួក​គេ​មុខ​ជា​ចេញ​មក​ដេញ ​តាម​យើង​ពី​ក្រោយ យើង​ទាក់ទាញ​ពួក​គេ​អោយ​ចេញ​ឆ្ងាយ​ពី​ក្រុង។ ពួក​គេ​នឹង​គិត​ថា “ពួក​វា​បាក់​ទ័ព​រត់​នៅ​មុខ​យើង ដូច​ពី​លើក​មុន​ដែរ”។ នៅ​ពេល​ដែល​យើង​រត់​នៅ​មុខ​ពួក​គេ ៧ អ្នក​រាល់​គ្នា​ត្រូវ​ស្ទុះ​ចេញ​ពី​កន្លែង​បង្កប់​ខ្លួន ចូល​ទៅ​ដណ្ដើម​យក​ទីក្រុង​ទៅ ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ។ ៨ កាល​អ្នក​រាល់​គ្នា​យក​ទីក្រុង​បាន​ត្រូវ​ដុត​ចោល ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់ ប្រាប់​អោយ​អ្នក​រាល់​គ្នា​ធ្វើ។ ដូច្នេះ ត្រូវ​ធ្វើ​តាម​បញ្ជា​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា!»។ ៩ លោកយ៉ូស៊ូអា​ចាត់​ពួក​គេ​ អោយ​ចេញ​ទៅ ពួក​គេ​ក៏​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​លិច ទីក្រុង​អៃ គឺ​នៅ​ចន្លោះ​ក្រុង​បេតអែល និង​ក្រុង​អៃ។ យប់​នោះ លោក​យ៉ូស៊ូអា​សម្រាន្ដ​ជា​មួយ​ប្រជាជន។

 

១០ លោកយ៉ូស៊ូអា​​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ត្រួត​ពល។ បន្ទាប់​មក លោក​ដើរ​ជា​មួយ​ពួក​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិ​អ៊ីស្រាអែល នាំ​មុខ​ប្រជាជន​ឆ្ពោះ​ទៅ​ក្រុង​អៃ។ ១១ ទ័ព​ទាំង​ប៉ុន្មាន​ដែល​ នៅ​ជា​មួយ​លោក​នាំ​គ្នា​ដើរ​ចូល​ទៅ​ជិត​ទីក្រុង។ ពេល​ទៅ​ដល់​ទល់​មុខ​នឹង​ទីក្រុង គេ​ក៏​បោះ​ជំរំ​នៅ​ទិស​ខាង​ជើង ហើយ​មាន​ជ្រលង​ភ្នំ​នៅ​ចន្លោះ​ពួក​គេ​នឹង​ក្រុង​អៃ។ ១២ លោកយ៉ូស៊ូអាយក​ទ័ព​ប្រមាណ​ប្រាំ​ពាន់​នាក់​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​លិច​ទីក្រុង គឺ​នៅ​ចន្លោះ​ក្រុង​បេតអែល និង​ក្រុង​អៃ។ ១៣ កាល​ប្រជាជន​បោះ​ទី​ តាំង​ទ័ព​ទាំង​មូល នៅ​ខាង​ជើង​ទីក្រុង ហើយ​ទ័ព​ឆ្មក់​បង្កប់​ខ្លួន​នៅ​ខាង​លិច​ទីក្រុង រួច​ហើយ​យប់​នោះ លោក​យ៉ូស្វេ​ក៏​ទៅ​ស្នាក់​នៅ​កណ្ដាល​ជ្រលង​ភ្នំ។

 

១៤ ព្រលឹម​ឡើង កាល​ស្ដេច​ក្រុង​អៃ​ឃើញ​កងទ័ព​របស់​លោក​យ៉ូស៊ូអា ស្ដេច​ក៏​ប្រញាប់ប្រញាល់​ចេញ​ពី​ទីក្រុង​ជា​មួយ​ពល​ទ័ព​ទាំង​អស់ ដើម្បី​ច្បាំង​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល នៅ​ត្រង់​កន្លែង​ពី​មុន គឺ​នៅ​ទល់​មុខ​នឹង​វាល​អារ៉ាបា។ ពួក​គេ​ពុំ​បាន​ដឹង​ថា មាន​ទ័ព​បង្កប់​ខ្លួន​នៅ​ខាង​ក្រោយ​ទីក្រុង ចាំ​វាយ​ឆ្មក់​ពួក​គេ​ឡើយ។ ១៥ លោកយ៉ូស៊ូអា និង​កងទ័ព​អ៊ីស្រាអែល​ទាំង​មូល​ធ្វើ​ជា​ចាញ់ នៅ​មុខ​ពួក​គេ ហើយ​រត់​តម្រង់​ទៅ​វាល​រហោស្ថាន។ ១៦ ពួក​គេ​បញ្ជា​អោយ​ទាហាន ​ក្នុង​ក្រុង​ទាំង​មូល ដេញ​តាម​ទ័ព​អ៊ីស្រាអែល។ ពួក​គេ​នាំ​គ្នា​ដេញ​តាម​លោកយ៉ូស៊ូអា ជា​ហេតុ​ធ្វើ​អោយ​ពួក​គេ​ចាក​ចេញ​ឆ្ងាយ​ពី​ទីក្រុង។ ១៧ នៅ​ក្នុង​ក្រុង​អៃ និង​ក្រុង​បេតអែល គ្មាន​សេសសល់​ទាហាន​ណា​ម្នាក់​ទេ គឺ​ពួក​គេ​បាន​ចេញ​ទៅ​ដេញ​តាម​ទ័ព​អ៊ីស្រាអែល ដោយ​ទុក​ទីក្រុង​ចោល ឥត​មាន​នរណា​ការពារ។

 

១៨ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោកយ៉ូស៊ូអា​​ថា៖ «ចូរ​លើក​លំពែង​ដែល​អ្នក​កាន់​នោះ​តម្រង់​ទៅ​ក្រុង​អៃ ដ្បិត​យើង​ប្រគល់​ក្រុង​នេះ​មក ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ»។ លោក​យ៉ូស៊ូអាលើក​លំពែង​ដែល​លោក​កាន់ តម្រង់​ទៅ​រក​ក្រុង។ ១៩ ពេល​លោក​លើក​ដៃ​ឡើង ទ័ព​ឆ្មក់​ដែល​បង្កប់​ខ្លួន ក៏​ស្ទុះ​ចេញ​ពី​កន្លែង​ពួន​មក​យ៉ាង​ប្រញាប់។ គេ​រត់​ចូល​ទៅ​ក្នុង​ទីក្រុង ហើយ​ដណ្ដើម​យក​បាន រួច​នាំ​គ្នា​ដុត​ទីក្រុង​ជា​បន្ទាន់។ ២០ កងទ័ព​ក្រុង​អៃ​ងាក​មើល ​ក្រោយ ឃើញ​ផ្សែង​ហុយ​ចេញ​ពី​ទីក្រុង​ឡើង​ទៅ​លើ​មេឃ គេ​ក៏​ទាល់​ច្រក​មិន​ដឹង​រត់​ទៅ​ទី​ណា។ កងទ័ព​អ៊ីស្រាអែល​ដែល​រត់​ឆ្ពោះ​ទៅ​វាល​រហោស្ថាន​ក៏​បក​ក្រោយ វាយ​អស់​អ្នក​ដែល​ដេញ​តាម​ពួក​គេ​វិញ។ ២១ លោកយ៉ូស៊ូអា និង​កងទ័ព​អ៊ីស្រាអែល​ទាំង​មូល​ឃើញ​ថា ទ័ព​ឆ្មក់​ដណ្ដើម​យក​ទីក្រុង​បាន​ហើយ និង​ឃើញ​មាន​ផ្សែង​ហុយ​ឡើង​ពី​ទីក្រុង ពួក​គេ​ក៏​បែរ​ក្រោយ​វាយ​ប្រហារ​កងទ័ព​ក្រុង​អៃ។ ២២ ទ័ព​ឆ្មក់​ក៏​ចេញ​ពី​ ទីក្រុង​មក​វាយ​ដែរ ដូច្នេះ ទ័ព​របស់​ក្រុង​អៃ​ត្រូវ​ទ័ព​អ៊ីស្រាអែល​វាយ​ផ្ទប់​ទាំង​សង​ខាង រហូត​ទាល់​តែ​ស្លាប់​បាត់​បង់​ជីវិត​អស់ គ្មាន​នរណា​ម្នាក់​រត់​រួច​ឡើយ។ ២៣ រីឯ​ស្ដេច​ក្រុង​អៃ​វិញ​គេ​ចាប់​បាន​ទាំង​រស់ ហើយ​នាំ​មក​ជូន​លោកយ៉ូស៊ូអា។ ២៤ ជន​ជាតិ​អ៊ីស្រាអែល​បាន ​សម្លាប់​អ្នក​ក្រុង​អៃ​ទាំង​ប៉ុន្មាន នៅ​ខាង​ក្រៅ​ទីក្រុង និង​នៅ​តាម​វាល​រហោស្ថាន ត្រង់​កន្លែង​ដែល​អ្នក​ក្រុង​អៃ​ដេញ​តាម​ពួក​គេ។ ក្រោយ​ពី​បាន​សម្លាប់​អ្នក​ទាំង​នោះ​អស់​គ្មាន​សល់​ហើយ ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​វិល​ត្រឡប់​មក​ក្រុង​អៃ​វិញ រួច​សម្លាប់​អ្នក​ក្រុង​ទាំង​អស់​គ្នា។ ២៥ អ្នក​ក្រុង​អៃ​ទាំង​ប្រុស ទាំង​ស្រី​ដែល​ស្លាប់​នៅ​ថ្ងៃ​នោះ មាន​ចំនួន​ទាំង​អស់​មួយ​ម៉ឺន​ពីរ​ពាន់​នាក់។ ២៦ លោកយ៉ូស៊ូអា​ឥត​ទម្លាក់​ដៃ​ទាល់​តែ​សោះ គឺ​លោក​លើក​លំពែង​ឡើង រហូត​ទាល់​តែ​ជន​ជាតិ​អ៊ីស្រាអែល​បំផ្លាញ​អ្នក​ក្រុង​អៃ​អស់​គ្មាន​សល់។ ២៧ ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រមូល​យក​ហ្វូង​សត្វ និង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​ក្រុង​នោះ ទុក​ជា​ជ័យភ័ណ្ឌ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​បង្គាប់​មក​លោក​យ៉ូស៊ូអា។ ២៨ លោក​យ៉ូស៊ូអា​ដុត​បំផ្លាញ​ក្រុង​អៃ​អោយ​ក្លាយ​ទៅ​ជា​ផេះ ហើយ​នៅ​ស្ងាត់​ជ្រងំ​រហូត​ដល់​សព្វ​ថ្ងៃ។ ២៩ រីឯ​ស្ដេច​ក្រុង​អៃ​វិញ លោកយ៉ូស៊ូអា​បាន​យក​ទៅ​ព្យួរ​ក​នៅ​នឹង​ដើម​ឈើ​មួយ ទុក​រហូតទល់​ល្ងាច។ លុះ​ដល់​ថ្ងៃ​លិច លោក​បញ្ជា​អោយ​គេ​យក​សាកសព​ចុះ​ពី​ដើម​ឈើ​ ទៅ​ចោល​នៅ​មាត់​ទ្វារ​ក្រុង។ គេ​យក​ដុំ​ថ្ម​មក​គរ​ពី​លើ​ជា​គំនរ​យ៉ាង​ធំ ដែល​នៅ​ស្ថិតស្ថេរ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

 

លោក​យ៉ូស៊ូអា​សង់​អាសនៈ​នៅ​លើ​ភ្នំ​អេបាល

៣០ លោកយ៉ូស៊ូអា​សង់​អាសនៈ​ថ្វាយ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល នៅ​លើ​ភ្នំ​អេបាល ៣១ ស្រប​តាម​សេចក្ដី​ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះអម្ចាស់ បាន​បង្គាប់​ជន​ជាតិ​អ៊ីស្រាអែល គឺ​ដូច​មាន​ចែង​ក្នុង​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​ថា «អាសនៈ​ត្រូវ​ធ្វើ​ពី​ថ្ម ដែល​មិន​ទាន់​មាន​នរណា​យក​ដែក​មក​ដាប់​ពី​លើ»​។ ជន​ជាតិ​អ៊ីស្រាអែល​យក​សត្វ​មក​ធ្វើ​ជា​តង្វាយ​ដុត​ទាំង​មូល ថ្វាយ​ព្រះអម្ចាស់ ព្រម​ទាំង​ថ្វាយ​យញ្ញបូជា​មេត្រីភាព​ផង។

 

៣២ លោកយ៉ូស៊ូអា​ចម្លងវិន័យ​ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក ដោយ​ចារ​លើ​ថ្ម នៅ​មុខ​ប្រជាជន​អ៊ីស្រាអែល។ ៣៣ ប្រជាជន​អ៊ីស្រាអែល​ ទាំង​មូល ក្រុម​ព្រឹទ្ធាចារ្យ ពួក​នាយ​ក្រុម និង​ក្រុម​អភិបាល ព្រម​ទាំង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ នាំ​គ្នា​ឈរ​អម​សង​ខាង​ហិប​នៃ​សម្ពន្ធមេត្រី គឺ​នៅ​ទល់​មុខ​នឹង​ក្រុម​បូជាចារ្យ​លេវី ជា​អ្នក​សែង​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់។ ប្រជាជន​ចំនួន​ពាក់​កណ្ដាល​ឈរ​ខាង​ភ្នំ​កេរីស៊ីម ពាក់​កណ្ដាល​ទៀត ឈរ​ខាង​ភ្នំ​អេបាល ស្រប​តាម​សេចក្ដី​ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះអម្ចាស់​បាន​បង្គាប់​មក ក្នុង​ពេល​ដែល​ត្រូវ​អោយ​ពរ​ជន​ជាតិ​អ៊ីស្រាអែល។ ៣៤ បន្ទាប់​មក លោកយ៉ូស៊ូអា​អាន​ព្រះបន្ទូល​ទាំង​ប៉ុន្មាន​នៅ​ក្នុង​គម្ពីរវិន័យ គឺ​មាន​ទាំង​ព្រះពរ ទាំង​បណ្ដាសា ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​វិន័យ​ទាំង​មូល។ ៣៥ លោកយ៉ូស៊ូអា​អាន​គ្រប់​ សេចក្ដី​ទាំង​អស់​ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក ឥត​ខ្វះ​ត្រង់​ណា​ឡើយ លោក​អាន​នៅ​មុខ​អង្គ​ប្រជុំ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល គឺ​រួម​ទាំង​ស្ត្រី ទាំង​ក្មេង និង​ជន​បរទេស​ដែល​ស្នាក់​នៅ​ជា​មួយ​ពួក​គេ​ផង។

កលល្បិច​របស់​អ្នក​ស្រុកកាបូន

១ កាល​ស្ដេច​ទាំង​ប៉ុន្មាន​ ដែល​នៅ​ត្រើយ​ខាង​លិច​ទន្លេ​យ័រដាន់ គឺ​នៅ​តំបន់​ភ្នំ នៅ​តំបន់​វាល​ទំនាប នៅ​តាម​ឆ្នេរ​សមុទ្រ​មេឌីទែរ៉ាណេ នៅ​តំបន់​ភ្នំ​លីបង់ គឺ​ស្ដេច​របស់​ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​កាណាន ជន​ជាតិ​ពេរីស៊ី ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស ជ្រាប​ពី​ជោគ​ជ័យ​របស់​ជន​ជាតិ​អ៊ីស្រាអែល ២ ពួក​គេ​បាន​រួបរួម​គ្នា​ជា​បក្ស​សម្ព័ន្ធ ដើម្បី​ច្បាំង​តទល់​ជា​មួយ​លោក​យ៉ូស៊ូអា និង​ជន​ជាតិ​អ៊ីស្រាអែល។

 

៣ អ្នក​ស្រុកកាបូន​ បាន​ឮ​អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​លោក​យ៉ូស៊ូអា​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូ និង​ក្រុង​អៃ​ដែរ។ ៤ ដូច្នេះ ពួក​គេ​ប្រើ​ឧបាយកល​បោក​ប្រាស់​លោក​ គឺ​គេ​រៀបចំ​ជា​ប្រតិភូ​ទៅ​ជួប​លោក​ដោយ​យក​ទៃ​ចាស់ៗ និង​ថង់​ស្រា​ចាស់ៗ​ពេញ​ទៅ​ដោយ​បំណះ មក​ចង​នឹង​លា​របស់​ខ្លួន។ ៥ ពួក​គេ​ស្លៀក​ សម្លៀកបំពាក់​ចាស់​រយីករយាក និង​ពាក់​ស្បែក​ជើង​ចាស់​សឹក​ពេញ​ទៅ​ដោយ​ថ្នេរ។ រីឯ​នំបុ័ង​ដែល​គេ​យក​ទៅ​ជា​ស្បៀង​នោះ​សុទ្ធ​តែ​រឹង ហើយ​ដុះ​ផ្សិត​អស់។

 

៦ ពួក​គេ​ នាំ​គ្នា​ទៅ​ជួប​លោកយ៉ូស៊ូអា​នៅ​ជំរំ​គីលកាល់ រួច​និយាយ​ទៅ​កាន់​លោក និង​ជន​ជាតិ​អ៊ីស្រាអែល​ថា៖ «សូម​ចង​សម្ពន្ធមេត្រី​ជា​មួយ​យើង​ខ្ញុំ​ឥឡូវ​នេះ​ផង ដ្បិត​យើង​ខ្ញុំ​មក​ពី​ស្រុក​ឆ្ងាយ»។ ៧ ជន​ជាតិ​អ៊ីស្រាអែល​តប​ទៅ ​ជន​ជាតិ​ហេវី​ទាំង​នេះ​ថា៖ «អ្នក​រាល់​គ្នា​ប្រហែល​ជា​រស់​នៅ​ក្នុង​ចំណោម​ពួក​យើង​ទេ​មើល​ទៅ! តើ​អោយ​យើង​ចង​សម្ពន្ធមេត្រី​ជា​មួយ​អ្នក​រាល់​គ្នា ដូច​ម្ដេច​បាន?»​។ ៨ ប៉ុន្តែ ពួក​គេ​ជំរាប​លោកយ៉ូស៊ូអា​ថា៖ «យើង​ខ្ញុំ​សុទ្ធ​តែ​ជា​អ្នក​បំរើ​របស់​លោក»។ លោក​យ៉ូស៊ូអា​សួរ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ជា​នរណា? អ្នក​រាល់​គ្នា​មក​ពី​ណា»?។ ៩ ពួក​គេ​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​ប្របាទ​មក​ពី​ស្រុក​ឆ្ងាយ​ណាស់ ព្រោះ​តែ​ព្រះនាម​ដ៏​ល្បី​នៃ​ព្រះអម្ចាស់​ជា​ព្រះ​របស់​លោក គឺ​យើង​ខ្ញុំ​បាន​ឮ​ពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីប ១០ និង​កិច្ចការ​ទាំង​ ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​ធ្វើ​ចំពោះ​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី​ទាំង​ពីរ ​អង្គ នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​ក្រុង​ហេសបូន និង​ព្រះបាទ​អុក ជា​ស្ដេច​ស្រុក​បាសាន ដែល​គង់​នៅ​ក្រុង​អាសតារ៉ូត។ ១១ ពួក​ចាស់​ទុំ និង​ប្រជាជន​ទាំង​ប៉ុន្មាន​នៅ​ស្រុក យើង​ខ្ញុំ​បាន​ប្រាប់​យើង​ខ្ញុំ អោយ​យក​ស្បៀង​អាហារ​ចេញ​ដំណើរ​មក​ជួប​អស់​លោក ហើយ​ជំរាប​ថា: “យើង​ខ្ញុំ​សុទ្ធ​តែ​ជា​អ្នក​បំរើ​របស់​អស់​លោក សូម​ចង​សម្ពន្ធមេត្រី​ជា​មួយ​យើង​ខ្ញុំ​ឥឡូវ​នេះ​ផង!” ១២ សូម​មើល​នំបុ័ង​របស់​ យើង​ខ្ញុំ​ចុះ នៅ​ថ្ងៃ​ដែល​យើង​ខ្ញុំ​ចេញ​ដំណើរ​មក​ជួប​អស់​លោក គឺ​ពេល​យើង​ខ្ញុំ​យក​ចេញ​មក​ពី​ផ្ទះ​មក​តាម​ខ្លួន វា​នៅ​ក្ដៅៗ​ទេ តែ​ឥឡូវ​នេះ វា​រឹង​ហើយ​ដុះ​ផ្សិត​អស់។ ១៣ រីឯ​ថង់​ស្រា​វិញ​ក៏​ ដូច្នោះ​ដែរ ពេល​យើង​ខ្ញុំ​ចាក់​ស្រា​បំពេញ វា​ថ្មីៗ​ទេ តែ​ឥឡូវ​នេះ​រហែក​អស់។ សម្លៀកបំពាក់ និង​ស្បែក​ជើង​របស់​យើង​ខ្ញុំ​ក៏​ចាស់ សឹក​អស់​ដែរ ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ដ៏​សែន​ឆ្ងាយ»។ ១៤ ជន​ជាតិ​អ៊ីស្រាអែល​ទទួល​យក​ស្បៀង​អាហារ​ពី​ពួក​គេ ដោយ​ពុំ​បាន​ទូល​សួរ​យោបល់​ពី​ព្រះអម្ចាស់​ឡើយ។ ១៥ លោកយ៉ូស៊ូអា​​ក៏​ចង​ សម្ពន្ធមេត្រី​រក្សា​សន្តិភាព​ជា​មួយ​ពួក​គេ គឺ​សន្យា​ទុក​ជីវិត​អោយ​ពួក​គេ។ ពួក​មេ​ដឹក​នាំ​សហគមន៍​អ៊ីស្រាអែល បាន​សច្ចា​យ៉ាង​ឱឡារិក​ជា​មួយ​ពួក​គេ​ថា នឹង​គោរព​សម្ពន្ធមេត្រី​នេះ។

 

១៦ បី​ថ្ងៃ​ក្រោយ​បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​ពួក​គេ ទើប​ជន​ជាតិ​អ៊ីស្រាអែល​ដឹង​ថា អ្នក​ទាំង​នោះ​ជា​អ្នក​ដែល​រស់​នៅ​ជិត​ខាង​ខ្លួន​។ ១៧ ជន​ជាតិ​អ៊ីស្រាអែល​ទៅ​ តាម​ពួក​គេ ហើយ​នៅ​ថ្ងៃ​ទី​បី ក៏​បាន​ទៅ​ដល់​ក្រុង​របស់​គេ។ ក្រុង​ទាំង​នោះ គឺ​ក្រុងកាបូន ក្រុង​កេភីរ៉ា​ក្រុង​បេរ៉ូត និង​ក្រុង​គៀរីយ៉ាត-យាអារីម។ ១៨ ជន​ជាតិ​អ៊ីស្រាអែល​ពុំ​បាន​ប្រហារ​ជីវិត​ពួក​គេ​ទេ ព្រោះ​អ្នក​ដឹក​នាំ​សហគមន៍​សច្ចា​ជា​មួយ​ពួក​គេ ក្នុង​ព្រះនាម​ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ជ្រុលហួស​ទៅ​ហើយ ប៉ុន្តែ សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​នាំ​គ្នា​រអ៊ូរទាំ​រិះគន់​ពួក​អ្នក​ដឹក​នាំ​ របស់​ខ្លួន។ ១៩ អ្នក​ដឹក​នាំ​ទាំង​អស់ បាន​ប្រកាស​ប្រាប់​សហគមន៍​ទាំង​មូល​ថា៖ «យើង​បាន​សច្ចា​ជា​មួយ​គេ ក្នុង​ព្រះនាម​ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​រួច​ហើយ ឥឡូវ​នេះ យើង​មិន​អាច​ប៉ះពាល់​ពួក​គេ​បាន​ឡើយ។ ២០ យើង​ត្រូវ​ប្រព្រឹត្ត​ ចំពោះ​ពួក​គេ​ដូច​ត​ទៅ គឺ​យើង​ទុក​ជីវិត​អោយ​គេ។ បើ​មិន​ដូច្នោះ​ទេ យើង​នឹង​បណ្ដាល​អោយ​ខ្លួន​មាន​ទោស ព្រោះ​តែ​ពាក្យ​ដែល​យើង​បាន​សច្ចា​ជា​មួយ​ពួក​គេ»។ ២១ ​អ្នក​​ដឹក​នាំ​ប្រជាជន​ បាន​ពោល​ទៀត​ថា៖ «ទុក​ជីវិត​អោយ​ពួក​គេ​ចុះ! តែ​ពួក​គេ​ត្រូវ​កាប់​អុស និង​ដង​ទឹក​សំរាប់​សហគមន៍​ទាំង​មូល»។ ប្រជាជន​ក៏​ធ្វើ​តាម​ពាក្យ​របស់​ពួក​មេ​ដឹក​នាំ។

 

២២ លោកយ៉ូស៊ូអា​បាន​ហៅ​អ្នក​ស្រុក​កាបូន​មក ហើយ​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ម្ដេច​ក៏​អ្នក​រាល់​គ្នា​បោក​ប្រាស់​យើង ដោយ​ពោល​ថា អ្នក​រាល់​គ្នា​មក​ពី​ស្រុក​ឆ្ងាយ​ដូច្នេះ? តាម​ពិត អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ចំណោម​ពួក​យើង​ទេ​តើ! ២៣ ដោយ​អ្នក​រាល់​គ្នា​ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​បណ្ដាសា​ហើយ! ប្រជាជន​របស់​អ្នក​រាល់​គ្នា​នឹង​នៅ​ជា​ទាសករ​រហូត គឺ​អ្នក​រាល់​គ្នា​ត្រូវ​តែ​ពុះ​អុស និង​ដង​ទឹក​សំរាប់​ព្រះដំណាក់​នៃ​ព្រះ​របស់​ខ្ញុំ»។ ២៤ ពួក​គេ​ឆ្លើយ​តប​មក​លោក​យ៉ូស៊ូ​អា​​ថា៖ «យើង​ខ្ញុំ​បាន​ឮ​គេ​រៀប​រាប់​យ៉ាង​លំអិត​នូវ​ហេតុការណ៍​ទាំង​ប៉ុន្មាន​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក បង្គាប់​ដល់​លោក​ម៉ូសេ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ អោយ​ប្រគល់​ស្រុក​ទាំង​មូល​ដល់​ពួក​លោក និង​អោយ​ពួក​លោក​បំផ្លាញ​ប្រជាជន​ទាំង​អស់​នៅ​ក្នុង​ស្រុក​នេះ។ យើង​ខ្ញុំ​ខ្លាច​ពួក​លោក​យ៉ាង​ខ្លាំង ហើយ​ក៏​ភ័យ​បារម្ភ​ចំពោះ​អាយុ​ជីវិត​របស់​យើង​ខ្ញុំ​ដែរ នេះ​ជា​ហេតុ​បណ្ដាល​អោយ​យើង​ខ្ញុំ​ប្រព្រឹត្ត​ដូច្នេះ។ ២៥ ឥឡូវ​នេះ យើង​ខ្ញុំ​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ សូម​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ តាម​ដែល​លោក​យល់​ឃើញ​ថា​ល្អ និង​ត្រឹម​ត្រូវ​ចុះ»។ ២៦ លោកយ៉ូស៊ូអា​ប្រព្រឹត្ត ​ចំពោះ​ពួក​គេ​បែប​នេះ​ឯង គឺ​លោក​រំដោះ​ពួក​គេ អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ជន​ជាតិ​អ៊ីស្រាអែល​ពុំ​បាន​សម្លាប់​ពួក​គេ​ទេ។ ២៧ នៅ​ថ្ងៃ​នោះ លោកយ៉ូស៊ូអា​បាន​ប្រើ​ពួក​គេ​អោយ​ពុះ​អុស ដងទឹក សំរាប់​សហគមន៍ និង​សំរាប់​អាសនៈ​របស់​ព្រះ​អម្ចាស់។ រហូត​មក​ទល់​សព្វ​ថ្ងៃ កូន​ចៅ​របស់​ពួក​គេ​នៅ​តែ​បន្ត​បំពេញ​មុខងារ​នេះ​នៅ​កន្លែង​ដែល​ព្រះអង្គ​ជ្រើស​រើស។

ជ័យជំនះ​លើ​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី

១ ព្រះបាទ​អដូនី-សេដេក ជា​ស្ដេច​ក្រុង​យេរូសា​ឡឹម​​ទទួល​ដំណឹង​ថា លោក​យ៉ូស៊ូអា​​ដណ្ដើម​យក​បាន​ក្រុង​អៃ និង​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់ ហើយ​លោក​ក៏​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​អៃ និង​ស្ដេច​របស់​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​យេរីខូ និង​ស្ដេច​របស់​គេ​ដែរ។ ស្ដេច​ក៏​ទទួល​ដំណឹង​ថា អ្នក​ស្រុកកាបូន​បាន​សុំ​សន្តិភាព​ពី​ជន​ជាតិ​អ៊ីស្រាអែល ព្រម​ទាំង​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ​ផង។ ២ ដំណឹង​នេះ​បាន​ធ្វើ​អោយ​ អ្នក​ក្រុង​យេរូសាឡឹម​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ព្រោះ​ក្រុងកាបូន​ជា​ក្រុង​មួយ​ដ៏​ធំ ប្រៀប​បាន​នឹង​មហា​រាជធានី​មួយ ពោល​គឺ​ធំ​ជាង​ក្រុង​អៃ ហើយ​ទាហាន​នៅ​ក្រុង​នោះ​សុទ្ធ​តែ​ខ្លាំង​ពូកែ​ទៀត​ផង។ ៣ ព្រះបាទ​អដូនី-សេដេក ជា​ស្ដេច​ក្រុង​យេរូសាឡឹម​ផ្ញើ​រាជសារ​ទៅ​ព្រះបាទ​ហូហាំ ជា​ស្ដេច​ក្រុង​ហេប្រូន ព្រះបាទ​ពីរ៉ាម ជា​ស្ដេច​ក្រុង​យ៉ារមូត ព្រះបាទ​យ៉ាភីអា ជា​ស្ដេច​ក្រុង​ឡាគីស និង​ព្រះបាទ​ដេបៀរ​ជា​ស្ដេច​ក្រុង​អេក្លូន​ថា៖ ៤ «សូម​ស្ដេច​យាង​មក ហើយ​ជួយ​ទូលបង្គំ​វាយ​ក្រុង​កាបូន​ផង ព្រោះ​ពួក​គេ​សុំ​សន្តិភាព​ពីយ៉ូស៊ូអា និង​ជន​ជាតិ​អ៊ីស្រាអែល»។

 

៥ ស្ដេច​ របស់​ជន​ជាតិ​អាម៉ូរី​ទាំង​ប្រាំ​អង្គ គឺ​ស្ដេច​ក្រុង​យេរូសាឡឹម ស្ដេច​ក្រុង​ហេប្រូន ស្ដេច​ក្រុង​យ៉ារមូត ស្ដេច​ក្រុង​ឡាគីស និង​ស្ដេច​ក្រុង​អេក្លូន បាន​ពួតដៃ​គ្នា​លើក​ទ័ព​ទាំង​អស់​ទៅ​ឡោមព័ទ្ធ​ក្រុង​កាបូន ហើយ​វាយ​ក្រុង​នោះ។ ៦ អ្នក​ស្រុកកាបូន​ចាត់​គេ ​អោយ​ទៅ​ជំរាប​លោក​យ៉ូស៊ូអានៅ​ជំរំ​គីលកាល់​ថា៖ «សូម​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ប្របាទ​ឡើយ! សូម​អញ្ជើញ​មក​រំដោះ​យើង​ខ្ញុំ​ជា​ប្រញាប់ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង ដ្បិត​ស្ដេច​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​អាម៉ូរី ដែល​នៅ​ស្រុក​ភ្នំ បាន​រួម​គ្នា​ប្រឆាំង​នឹង​យើង​ខ្ញុំ»។

 

៧ លោកយ៉ូស៊ូអា​ក៏​នាំ​កងទ័ព​ទាំង​មូល​ចេញ​ពី​គីលកាល់ ដោយ​មាន​កង​ទាហាន​ដ៏​អង់អាច​របស់​លោក​មក​ជា​មួយ​ផង។ ៨ ព្រះ​អម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស៊ូអា​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ! គ្មាន​នរណា​អាច​តទល់​នឹង​អ្នក​បាន​ទេ»។ ៩ លោកយ៉ូស៊ូអា​​ធ្វើ​ដំណើរ​ពី​គីលកាល់​ទៅ​អស់​មួយ​យប់ ហើយ​វាយ​សំរុក​ពួក​គេ ដោយ​មិន​អោយ​ដឹង​ខ្លួន​ជា​មុន​ឡើយ។ ១០ ព្រះអម្ចាស់​ ធ្វើ​អោយ​ជន​ជាតិ​អាម៉ូរី​បាក់​ទ័ព នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល។ ពួក​គេ​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្រុងកាបូន ហើយ​ជន​ជាតិ​អ៊ីស្រាអែល​ដេញ​ពី​ក្រោយ​ពួក​គេ​តាម​ផ្លូវ​ឡើង​ទៅ​ភូមិ​ បេតហូរ៉ូន ព្រម​ទាំង​វាយ​ប្រហារ​ពួក​គេ រហូត​ទៅ​ដល់​ភូមិ​អាសេកា និង​ភូមិ​ម៉ាគេដា។ ១១ ពេល​ជន​ជាតិ​អាម៉ូរី​បាក់​ទ័ព រត់​នៅ​មុខ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​នៅ​ពេល​ដែល​គេ​កំពុង​តែ​ចុះ​ពី​ភូមិ​បេតហូរ៉ូន​ទៅ​នោះ ព្រះ​អម្ចាស់​បាន​ធ្វើ​អោយ​មាន​គ្រាប់​ព្រឹល​ធំៗ​ ធ្លាក់​ពី​លើ​មេឃ​មក​លើ​ពួក​គេ រហូត​ទៅ​ដល់​ភូមិ​អាសេកា អ្នក​ដែល​ស្លាប់​ដោយសារ​គ្រាប់​ព្រឹល មាន​ចំនួន​ច្រើន​ជាង​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ ទៅ​ទៀត។

 

១២ នៅ​ថ្ងៃ​ដែល​ព្រះអម្ចាស់ ប្រទាន​អោយ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ជ័យជំនះ​លើ​ជន​ជាតិ​អាម៉ូរី លោកយ៉ូស៊ូអា​ទូល​ទៅ​ព្រះអម្ចាស់ ហើយ​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​ប្រជាជន​អ៊ីស្រាអែល​ថា៖

«ព្រះអាទិត្យ​អើយ ចូរ​ឈប់​ស្ងៀម

នៅ​លើ​ក្រុង​គីបៀន​ទៅ!

ព្រះ​ច័ន្ទ​អើយ ចូរ​ឈប់​ស្ងៀម

នៅ​លើ​ជ្រលង​ភ្នំ​អៃយ៉ាឡូន​ទៅ»។

១៣ ពេល​នោះ ព្រះអាទិត្យ​ក៏​ឈប់​ស្ងៀម

ហើយ​ព្រះច័ន្ទ​ក៏​នៅ​ស្ងៀម​ដែរ

រហូត​ទាល់​តែ​ប្រជាជាតិ​អ៊ីស្រាអែល​វាយ​ឈ្នះ

ខ្មាំង​សត្រូវ​របស់​ខ្លួន។

ហេតុការណ៍​ទាំង​នេះ​មាន​ចែង​ទុក​ក្នុង​ក្រាំង «ជន​សុចរិត»​ គឺ​ព្រះ​អាទិត្យ​ឈប់​ស្ងៀម​នៅ​លើ​មេឃ ហើយ​ក្នុង​រយៈ​ពេល​ជិត​មួយ​ថ្ងៃ​នោះ ព្រះអាទិត្យ​មិន​ប្រញាប់​លិច​ទេ។ ១៤ តាំង​ពី​ដើម​រៀង​មក ហើយ​ត​ទៅ​មុខ​ទៀត​មិន​ដែល​មាន​ថ្ងៃ​ណា​ដូច​ថ្ងៃ​នោះ​ឡើយ គឺ​ព្រះអម្ចាស់​ធ្វើ​តាម​សំណូម​ពរ​របស់​មនុស្ស​ម្នាក់ ដ្បិត​ព្រះអម្ចាស់​បាន​ច្បាំង​រួម​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល។

១៥ បន្ទាប់​មក លោកយ៉ូស៊ូអា និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ជំរំ​នៅ​គីលកាល់​វិញ។

 

លោកយ៉ូស៊ូអា​ចាប់​បាន​ស្ដេច​ជន​ជាតិ​អាម៉ូរី​ទាំង​ប្រាំ​អង្គ

១៦ ស្ដេច​ជន​ជាតិ​អាម៉ូរី​ទាំង​ប្រាំ​អង្គ បាន​រត់​ទៅ​ពួន​ក្នុង​រូង​ភ្នំ​នៅ​ម៉ាគេដា។ ១៧ មាន​គេ​ទៅ​រាយការណ៍​ជូន​លោក​យ៉ូស៊ូអា​ថា ស្ដេច​ទាំង​ប្រាំ​អង្គ​នោះ​ពួន​ក្នុង​រូង​ភ្នំ​នៅ​ម៉ាគេដា។ ១៨ លោកយ៉ូស៊ូអា​មាន​ប្រសាសន៍​ថា៖ «ចូរ​ប្រមៀល​ផ្ទាំង​ថ្ម​ដ៏​ធំ​បិទ​មាត់​រូង ហើយ​ដាក់​ទាហាន​អោយ​ចាំ​យាម​នៅ​ទី​នោះ​ផង។ ១៩ រីឯ​អ្នក​រាល់​គ្នា​វិញ ត្រូវ​ដេញ​តាម​ខ្មាំង​សត្រូវ​កុំ​ឈប់​អោយ​សោះ។ ត្រូវ​វាយ​គេ​ពី​ខាង​ក្រោយ កុំ​ទុក​អោយ​ពួក​គេ​ចូល​ទៅ​ក្នុង​ក្រុង​របស់​ខ្លួន​បាន​ឡើយ ដ្បិត​ព្រះអម្ចាស់​ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ»។ ២០ លោកយ៉ូស៊ូអា និង​ជន​ជាតិ​អ៊ីស្រាអែល បាន​វាយ​ប្រហារ​ជន​ជាតិ​អាម៉ូរី​អោយ​បរាជ័យ​យ៉ាង​ធ្ងន់​ស្ទើរ​តែ​ផុត​ពូជ ប៉ុន្តែ មាន​ពួក​គេ​ខ្លះ​បាន​រត់​រួច​ចូល​ទៅ​ក្នុង​ក្រុង​នានា​ដែល​មាន​កំពែង​ ការពារ។ ២១ បន្ទាប់​មក កងទ័ព​អ៊ីស្រាអែល​ទាំង​មូល វិល​ត្រឡប់​មក​ជំរំ​ដោយ​សុខសាន្ត ពួក​គេ​ជួប​នឹង​លោក​យ៉ូស៊ូអា​នៅ​ម៉ាគេដា។ ចាប់​ពី​ពេល​នោះ​មក​គ្មាន​នរណា​ម្នាក់​នៅ​ស្រុក​នោះ​ហ៊ាន​រអ៊ូរទាំ​ទាស់​នឹង ​ជន​ជាតិ​អ៊ីស្រាអែល​ទៀត​ឡើយ។

 

២២ បន្ទាប់​មក លោកយ៉ូស៊ូអា​មាន​ប្រសាសន៍​ថា៖ «ចូរ​បើក​មាត់​រូង ហើយ​នាំ​ស្ដេច​ទាំង​ប្រាំ​នោះ​ចេញ​មក​ជួប​ខ្ញុំ»។ ២៣ គេ​ក៏​បើក​មាត់​រូង ហើយ​នាំ​ស្ដេច​ទាំង​ប្រាំ​អង្គ គឺ​ស្ដេច​ក្រុង​យេរូសាឡឹម ស្ដេច​ក្រុង​ហេប្រូន ស្ដេច​ក្រុង​យ៉ារមូត ស្ដេច​ក្រុង​ឡាគីស និង​ស្ដេច​ក្រុង​អេក្លូន ចេញ​មក​ជួប​លោក។ ២៤ កាល​គេ​នាំ​ស្ដេច​ទាំង​ ប្រាំ​អង្គ​ចេញ​មក​ជួប​លោក​យ៉ូស៊ូអា ហើយ​លោក​ក៏​ហៅ​កងទ័ព​អ៊ីស្រាអែល​ទាំង​មូល​មក ហើយ​​ហៅ​នាយ​ទាហាន​ដែល​រួម​ប្រយុទ្ធ​ជា​មួយ​លោក​អោយ​ចូល​មក​ជិត និង​យក​ជើង​ជាន់​ក​ស្ដេច​ទាំង​នោះ។ ពួក​នាយ​ទាហាន​ក៏​នាំ​គ្នា​ចូល​មក ហើយ​ជាន់​ក​ស្ដេច​ទាំង​នោះ។ ២៥ ​លោកយ៉ូស៊ូអា​​មាន​ ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី កុំ​អស់​សង្ឃឹម​ឡើយ។ ចូរ​មាន​កម្លាំង និង​ទឹក​ចិត្ត​ក្លាហាន​ឡើង ដ្បិត​ព្រះអម្ចាស់ ​នឹង​ប្រព្រឹត្ត​ចំពោះ​ខ្មាំង​សត្រូវ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា​បែប​នេះ​ឯង!»។ ២៦ លោកយ៉ូស៊ូអា​​ប្រហារ​ ជីវិត​ស្ដេច​ទាំង​នោះ ហើយ​យក​ទៅ​ព្យួរ​ក​នៅ​នឹង​ដើម​ឈើ​ប្រាំ​ដើម។ សព​ស្ដេច​ទាំង​នោះ​នៅ​ជាប់​នឹង​ដើម​ឈើ​រហូត​ដល់​ល្ងាច។ ២៧ ពេល​ថ្ងៃ​លិច លោក​យ៉ូស៊ូអាបញ្ជា​អោយ​គេ​យក​សាកសព​ចុះ​ពី​ដើម​ឈើ ទៅ​បោះ​ចោល​ក្នុង​រូង​ភ្នំ ដែល​ស្ដេច​ទាំង​នោះ​បាន​ពួន។ គេ​យក​ផ្ទាំង​ថ្ម​ធំ​មក​បិទ​មាត់​រូង ហើយ​ផ្ទាំង​ថ្ម​ទាំង​នោះ​ស្ថិត​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

 

លោកយ៉ូស៊ូអា​ដណ្ដើម​យក​ក្រុង​នានា​នៅ​ទិស​ខាង​ត្បូង

២៨ នៅ​ថ្ងៃ​ដដែល​នោះ លោក​យ៉ូស៊ូអា​វាយ​យក​ក្រុង​ម៉ាគេដា ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង​នោះ ទាំង​ស្ដេច​ទាំង​ប្រជាជន គឺ​លោក​បាន​បំផ្លាញ​មនុស្ស​នៅ​ក្នុង​ក្រុង​នោះ​អស់​គ្មាន​នរណា​ម្នាក់​រួច​ ជីវិត​ឡើយ។ លោក​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ក្រុង​ម៉ាគេដា​ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ ស្ដេច​ក្រុង​យេរីខូ​ដែរ។

 

២៩ លោកយ៉ូស៊ូអា និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល ចាក​ចេញ​ពី​ក្រុង​ម៉ាកេដា ឆ្ពោះ​ទៅ​ក្រុង​លីបណា ហើយ​វាយ​លុក​ក្រុង​នោះ។ ៣០ ព្រះអម្ចាស់​ ក៏​បាន​ប្រគល់​ក្រុង​លីបណា និង​ស្ដេច​របស់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ដែរ។ កងទ័ព​អ៊ីស្រាអែល​ប្រហារ​ជីវិត​អ្នក​ក្រុង​នោះ​ដោយ​មុខ​ដាវ ឥត​ទុក​នរណា​ម្នាក់​អោយ​រួច​ជីវិត​ទេ។ លោក​យ៉ូស៊ូអា​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ក្រុង​លីបណា ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ក្រុង​យេរីខូ​ដែរ។

 

៣១ បន្ទាប់ ​មក លោក​យ៉ូស៊ូអា និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល ចាក​ចេញ​ពី​ក្រុង​លីបណា​ឆ្ពោះ​ទៅ​ក្រុង​ឡាគីស ហើយ​បោះ​ទ័ព​នៅ​មុខ​ក្រុង​ដើម្បី​វាយ​លុក​ក្រុង​នោះ។ ៣២ ព្រះអម្ចាស់​ បាន​ប្រគល់​ក្រុង​ឡាគីស មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អ៊ីស្រាអែល កងទ័ព​អ៊ីស្រាអែល​វាយ​យក​ក្រុង​នោះ​បាន​នៅ​ថ្ងៃ​ទី​ពីរ ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង​ទាំង​អស់​ដោយ​មុខ​ដាវ ដូច​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​លីបណា​ដែរ។ ៣៣ ពេល​នោះ ព្រះបាទ​ហារ៉ាម ជា​ស្ដេច​ក្រុង​កេស៊ែរ​បាន​ឡើង​ទៅ​ជួយ​ក្រុង​ឡាគីស ប៉ុន្តែ លោក​យ៉ូស៊ូអា​វាយ​ប្រហារ​ទាំង​ស្ដេច ទាំង​ប្រជាជន​របស់​ស្ដេច​នោះ ឥត​ទុក​អោយ​អ្នក​ណា​ម្នាក់​រួច​ជីវិត​ឡើយ។

 

៣៤ បន្ទាប់ ​មក​ទៀត​លោកយ៉ូស៊ូអា និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ចាក​ចេញ​ពី​ក្រុង​ឡាគីស​ឆ្ពោះ​ទៅ​ក្រុង​ អេក្លូន ហើយ​បោះ​ទ័ព​នៅ​មុខ​ក្រុង​ដើម្បី​វាយ​លុក​ក្រុង​នោះ។ ៣៥ នៅ​ថ្ងៃ​ដដែល ពួក​គេ​វាយ​យក​បាន​ទីក្រុង ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង​ទាំង​អស់​ដោយ​មុខ​ដាវ ដូច​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ឡាគីស​ដែរ។ ៣៦ លោក​យ៉ូស៊ូអា និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល ឡើង​ពី​ក្រុង​អេក្លូន​ឆ្ពោះ​ទៅ​ក្រុង​ហេប្រូន ហើយ​វាយ​លុក​ក្រុង​នោះ។ ៣៧ គេ​វាយ​យក​បាន​ទីក្រុង ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង និង​ស្ដេច​ព្រម​ទាំង​មនុស្សម្នា​ដែល​រស់​នៅ​តាម​ភូមិ​នានា​នៅ​ជាយ​ក្រុង​នោះ ​ផង​ដែរ។ លោកយ៉ូស៊ូអាបាន​បំផ្លាញ​ក្រុង​នោះ​ទាំង​មូល ឥត​ទុក​អោយ​នរណា​ម្នាក់​រួច​​ជីវិត​ឡើយ គឺ​លោក​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​អេក្លូន​ដែរ។

 

៣៨ លោកយ៉ូស៊ូអា​ និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ងាក​ទៅ​រក​ក្រុង​ដេបៀរ ហើយ​វាយ​លុក​ក្រុង​នោះ។ ៣៩ លោក​វាយ​យក​ក្រុង​នោះ ហើយ​ចាប់​បាន​ស្ដេច ព្រម​ទាំង​ដណ្ដើម​យក​ភូមិ​នានា​ដែល​នៅ​ជាប់​នឹង​ក្រុង​នោះ​ផង។ កងទ័ព​អ៊ីស្រាអែល​ប្រហារ​ជីវិត​មនុស្ស​ទាំង​អស់​ដែល​រស់​នៅ​ទី​នោះ​ដោយ​មុខ​ ដាវ ឥត​ទុក​អោយ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ លោកយ៉ូស៊ូអា​​ប្រព្រឹត្ត​ចំពោះ​ក្រុង​ដេបៀរ ព្រម​ទាំង​ស្ដេច​របស់​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ហេប្រូន និង​ក្រុង​លីបណា​ព្រម​ទាំង​ស្ដេច​របស់​គេ​ដែរ។

 

៤០ លោកយ៉ូស៊ូអា​​វាយ​លុក​ស្រុក​នោះ​ទាំង​មូល គឺ​វាយ​យក​តំបន់​ភ្នំ តំបន់​ណេកិប​តំបន់​វាល​ទំនាប និង​តំបន់​ជំរាល​ភ្នំ​ព្រម​ទាំង​ប្រហារ​ជីវិត​ស្ដេច​របស់​គេ​ទៀត​ផង។ លោក​មិន​ទុក​អោយ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ គឺ​បំផ្លាញ​អ្វីៗ​ទាំង​អស់​ដែល​មាន​ជីវិត ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​បង្គាប់។ ៤១ លោកយ៉ូស៊ូអា​វាយ​លុក​ចាប់​តាំង​ពី​កាដែស-បារណេអា រហូត​ដល់​ក្រុង​កាសា និង​ចាប់​ពី​តំបន់​កូសែន​ទាំង​មូល​រហូត​ដល់​ក្រុងកាបូន។ ៤២ លោកយ៉ូស៊ូអា​វាយ​យក​ស្រុក​ទាំង​នោះ ហើយ​ចាប់​បាន​ស្ដេច​របស់​គេ​ក្នុង​គ្រា​តែ​មួយ ព្រោះ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល រួម​ប្រយុទ្ធ​ជា​មួយ​អ៊ីស្រាអែល។ ៤៣ បន្ទាប់​មក លោកយ៉ូស៊ូអា និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល វិល​ត្រឡប់​មក​ជំរំ​នៅ​គីលកាល់​វិញ។

សមរភូមិ​នៅ​ត្រង់​ជ្រោះ​មេរ៉ូម

១ កាល​ព្រះបាទ​យ៉ាប៊ីន ជា​ស្ដេច​ក្រុង​ហាត់ស៊រ ជ្រាប​​​ហេតុការណ៍​ទាំង​នោះ​ហើយ ស្ដេច​ផ្ញើ​រាជសារ​ទៅ​ព្រះបាទ​យ៉ូបាប់ ជា​ស្ដេច​ក្រុង​ម៉ាដូន ទៅ​ស្ដេច​ក្រុង​ស៊ីមរ៉ូន និង​ទៅ​ស្ដេច​ក្រុង​អាសាភ ២ ព្រម​ទាំង​ស្ដេច​នានា​នៅ​ ខាង​ជើង​ក្នុង​តំបន់ភ្នំ ​តំបន់​អារ៉ាបា​ដែល​នៅ​ខាង​ត្បូង​គីណារ៉ូត តំបន់​វាល​ទំនាប និង​តំបន់​ឌ័រ​ដែល​នៅ​ខាង​លិច។ ៣ ស្ដេច​ក៏​បាន​ផ្ញើ​រាជសារ ​ទៅ​ជន​ជាតិ​កាណាន នៅ​ខាង​កើត និង​ខាង​លិច​ទន្លេ​យ័រដាន់​ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ហេត ជន​ជាតិ​ពេរីស៊ីត ជន​ជាតិ​យេប៊ូស នៅ​តំបន់​ភ្នំ និង​ជន​ជាតិ​ហេវី​នៅ​តំបន់​ជើង​ភ្នំ​ហ៊ែរម៉ូន ក្នុង​ស្រុក​មីសប៉ា។ ៤ ស្ដេច​​ទាំង​នោះ​បាន​លើក​ រេហ៍៍ពល​ចេញ​មក​ផ្ដុំ​គ្នា ជា​កងទ័ព​មួយ​យ៉ាង​ធំ មាន​គ្នា​ច្រើន​ឥត​គណនា ដូច​គ្រាប់​ខ្សាច់ នៅ​តាម​ឆ្នេរ​សមុទ្រ ហើយ​ក៏​មាន​ទ័ព​សេះ និង​រទេះ​ចំបាំង​យ៉ាង​ច្រើន​អនេក​ដែរ។ ៥ ស្ដេច​ទាំង​នោះ​បាន​ព្រម​ព្រៀង​ពួតដៃ​គ្នា ហើយ​បោះ​ទ័ព​នៅ​ត្រង់​ជ្រោះ​មេរ៉ូម ដើម្បី​វាយ​លុក​អ៊ីស្រាអែល។

៦ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោកយ៉ូស៊ូអា​​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! នៅ​ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ យើង​នឹង​ប្រគល់​ពួក​គេ​ទាំង​អស់​អោយ​មក​ស្លាប់ ក្នុង​កណ្ដាប់​ដៃ​របស់​អ៊ីស្រាអែល។ ចូរ​កាត់​សរសៃ​ជើង​សេះ ហើយ​ដុត​រទេះ​ចំបាំង​របស់​គេ​ចោល​ទៅ»។ ៧ លោកយ៉ូស៊ូអា និង​ពល​ទាហាន​ទាំង​ប៉ុន្មាន​របស់​លោក បាន​វាយ​ឆ្មក់​សត្រូវ​នៅ​ក្បែរ​ជ្រោះ​មេរ៉ូម។ ៨ ព្រះអម្ចាស់​ ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ជន​ជាតិ​អ៊ីស្រាអែល​វាយ​ប្រហារ និង​ដេញ​តាម​ពួក​គេ រហូត​ដល់​ក្រុង​ស៊ីដូន ជា​ទីក្រុង​ដ៏​ធំ ក្រុង​មីសរ៉េ-ផូតម៉ាអ៊ីម និង​ដល់​ជ្រលង​ភ្នំ​មីសប៉ា ដែល​នៅ​ខាង​កើត។ ជន​ជាតិ​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​ពួក​គេ ឥត​ទុក​អោយ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ ៩ លោកយ៉ូស៊ូអា​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ គឺ​លោក​កាប់​សរសៃ​ជើង​សេះ និង​ដុត​រទេះ​ចំបាំង​របស់​ពួក​គេ​ចោល។

 

លោក​យ៉ូស៊ូអា​វាយ​យក​ក្រុង​ហាត់ស៊រ

១០ ពេល​នោះ លោក​យ៉ូស៊ូអា​វិល​ត្រឡប់​មក​វិញ ហើយ​វាយ​យក​បាន​ក្រុង​ហាត់ស៊រ ព្រម​ទាំង​ប្រហារ​ស្ដេច​ក្រុង​នោះ​ដោយ​មុខ​ដាវ​ទៀត​ផង។ កាល​ពី​ដើម ក្រុង​ហាត់ស៊រ ជា​រាជ​ធានី​នៃ​អាណាចក្រ​ទាំង​នោះ។ ១១ កងទ័ព​អ៊ីស្រាអែល​ ប្រហារ​ជីវិត​អស់​អ្នក​នៅ​ក្រុង​នោះ​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​ពួក​គេ ថ្វាយ​ផ្ដាច់​ដល់​ព្រះជាម្ចាស់​ឥត​ទុក​អោយ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ ហើយ​ក៏​បាន​ដុត​ក្រុង​ហាត់ស៊រ​ចោល​ដែរ។

 

១២ លោកយ៉ូស៊ូអា​​វាយ​យក​ក្រុង​ទាំង​អស់ និង​ចាប់​ស្ដេច​ទាំង​ប៉ុន្មាន​របស់​គេ​ផង។ លោក​ប្រហារ​ជីវិត​ពួក​គេ​ទាំង​អស់​គ្នា​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​ពួក​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះជាម្ចាស់ ស្រប​តាម​បញ្ជា​របស់​លោក​ម៉ូសេ​ជា​អ្នក​បំរើ​ព្រះអម្ចាស់។ ១៣ ជន​ជាតិ​អ៊ីស្រាអែល​មិន ​បាន​ដុត​បំផ្លាញ​ចោល​ក្រុង​នានា​ដែល​ស្ថិត​នៅ​លើ​ភ្នំ​ទេ លើកលែង​តែ​ក្រុង​ហាត់ស៊រ​មួយ​ប៉ុណ្ណោះ ដែល​លោក​យ៉ូស៊ូអា​បាន​ដុត​ចោល។ ១៤ ជន​ជាតិ​អ៊ីស្រាអែល​បាន ​រឹប​អូស​យក​សម្បត្តិ​ទ្រព្យ និង​ហ្វូង​សត្វ​របស់​ក្រុង​ទាំង​នោះ​ទុក​ជា​ជ័យភ័ណ្ឌ តែ​គេ​ប្រហារ​មនុស្ស​ទាំង​អស់​ដោយ​មុខ​ដាវ​ឥត​ទុក​អោយ​នរណា​ម្នាក់​រួច​ ជីវិត​ឡើយ។ ១៥ ព្រះអម្ចាស់​ បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះអង្គ​យ៉ាង​ណា លោក​ម៉ូសេ​ក៏​បាន​បង្គាប់​មក​លោក​យ៉ូស៊ូអា​យ៉ាង​នោះ​ដែរ ហើយ​លោក​យ៉ូស៊ូអាធ្វើ​តាម គឺ​លោក​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​អស់ ដែល​ព្រះអម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ ឥត​មាន​ធ្វេសប្រហែស​ត្រង់​ណា​ឡើយ។

 

សមរភូមិ​ចុង​ក្រោយ

១៦ លោកយ៉ូស៊ូអា​យក​បាន​ ស្រុក​នោះ​ទាំង​មូល គឺ​តំបន់​ភ្នំ តំបន់​ណេកិប ទាំង​មូល​ស្រុក​កូសែន​ទាំង​មូល​តំបន់​វាល​ទំនាប​តំបន់​អារ៉ាបា ព្រម​ទាំង​តំបន់​ភ្នំ​ស្រុក​អ៊ីស្រាអែល និង​វាល​ទំនាប​នៃ​តំបន់​នោះ។ ១៧ លោក​វាយ​ឈ្នះ និង​ប្រហារ​ជីវិត​ស្ដេច​ទាំង​ប៉ុន្មាន​នៃ​ដែន​ដី ដែល​ស្ថិត​នៅ​ចន្លោះ​ភ្នំ​ហាឡាក់ ជិត​ស្រុក​សៀរ និង​ក្រុង​បាលកាដ​ក្នុង​ជ្រលង​ភ្នំ​លីបង់ ជិត​ជើង​ភ្នំ​ហ៊ែរម៉ូន។ ១៨ លោកយ៉ូ​ស៊ូ​អា​ធ្វើ​សង្គ្រាម​ជា​មួយ​ស្ដេច​ទាំង​នោះ​អស់​រយៈ​ពេល​យ៉ាង​យូរ។ ១៩ ​គ្មាន​ក្រុង​ណា​មួយ​សុំ ​សន្តិភាព​ពី​ជន​ជាតិ​អ៊ីស្រាអែល​ទេ លើក​លែង​​តែ​ជន​ជាតិ​ហេវី ដែល​រស់​នៅ​ក្រុងកាបូនន​ប៉ុណ្ណោះ។ រីឯ​ក្រុង​ដទៃ​ទៀត ជន​ជាតិ​អ៊ីស្រាអែល​យក​បាន ដោយ​ប្រើ​កម្លាំង​អាវុធ​ទាំង​អស់។ ២០ ព្រះអម្ចាស់​ បាន​ធ្វើ​អោយ​ប្រជាជន​នៅ​ស្រុក​នោះ​មាន​ចិត្ត​រឹងរូស​ចង់​ធ្វើ​សង្គ្រាម​ជា​ មួយ​ជន​ជាតិ​អ៊ីស្រាអែល ដើម្បី​អោយ​ប្រជាជន​អ៊ីស្រាអែល បំផ្លាញ​ពួក​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះអង្គ ឥត​ត្រា​ប្រណី​ឡើយ គឺ​សម្លាប់​ពួក​គេ​អោយ​វិនាស​សូន្យ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

 

២១ នៅ​គ្រា ​ដដែល​នោះ លោកយ៉ូស៊ូអា​លើក​ទ័ព​ទៅ​វាយ​ជន​ជាតិ​អាណាក់ ដែល​រស់​នៅ​តាម​តំបន់​ភ្នំ គឺ​​នៅ​ក្រុង​ហេប្រូន ក្រុង​ដេបៀរ ក្រុង​អាណាប់ ព្រម​ទាំង​នៅ​តាម​តំបន់​ភ្នំ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល។ លោក​យ៉ូស៊ូអា​បំផ្លាញ​ពួក​គេ និង​ក្រុង​របស់​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់ ២២ គ្មាន​សេសសល់​ជន​ជាតិ​ អាណាក់​ណា​ម្នាក់​ក្នុង​ស្រុក​អ៊ីស្រាអែល​ឡើយ គឺ​មាន​សល់​តែ​នៅ​ក្រុង​កាសា ក្រុង​កាថ និង​ក្រុង​អាសដូត​ប៉ុណ្ណោះ។ ២៣ លោកយ៉ូស៊ូ​អា​យក​បាន​ស្រុក​ទាំង​មូល ស្រប​តាម​ព្រះបន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់​ បង្គាប់​មក​លោក​ម៉ូសេ។ លោក​យ៉ូស៊ូអា​យក​ទឹក​ដី​នោះ មក​ចែក​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ទុក​ជា​មត៌ក តាម​កុលសម្ព័ន្ធ​របស់​ខ្លួន។ បន្ទាប់​មក ស្រុក​នោះ​បាន​សុខសាន្តត្រាណ​គ្មាន​សង្គ្រាម​ទៀត​ឡើយ។

ស្ដេច​ដែល​បរាជ័យ​នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល

១ ជន​ជាតិ​អ៊ីស្រាអែល​វាយ​ យក​បាន ហើយ​កាន់​កាប់​ស្រុក​ដែល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ ចាប់​តាំង​ពី​ទឹក​ធ្លាក់​អារណូន រហូត​ដល់​ភ្នំ​ហ៊ែរម៉ូន និង​តំបន់​អារ៉ាបា ទាំង​មូល​ដែល​នៅ​ខាង​កើត​ផង។ ពួក​គេ​វាយ​ឈ្នះ​ស្ដេច​នានា នៅ​ស្រុក​នោះ​ដូច​ត​ទៅ: ២ គឺ​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី សោយ​រាជ្យ​នៅ​ក្រុង​ហេសបូន ហើយ​គ្រប់គ្រង​ចាប់​តាំង​ពី​អារ៉ូអ៊ែរ ដែល​នៅ​ក្បែរ​ទឹក​ធ្លាក់​អារណូន និង​ចាប់​តាំង​ពី​ស្រុក​ដែល​នៅ​ពាក់​កណ្ដាល​ទឹក​ធ្លាក់​នោះ រហូត​ដល់​មួយ​ចំហៀង​ស្រុក​កាឡាដ និង​រហូត​ដល់​ទឹក​ធ្លាក់​យ៉ាបុក នៅ​ព្រំប្រទល់​ស្រុក​អាំម៉ូន ៣ ព្រម​ទាំង​តំបន់​អារ៉ាបា រហូត​ដល់​សមុទ្រ​គីណារ៉ូត ដែល​នៅ​ខាង​កើត​សមុទ្រ​អារ៉ាបា គឺ​សមុទ្រ​ស្លាប់ ដែល​នៅ​ជិត​ក្រុង​បេតយេស៊ីម៉ុត ហើយ​នៅ​ខាង​ត្បូង​មាន​ជំរាល​ភ្នំ​ពីស្កា។ ៤ រីឯ​ស្ដេច​មួយ​ទៀត គឺ​ព្រះបាទ​អុក ជា​ស្ដេច​ស្រុក​បាសាន និង​ជា​ជន​ជាតិ​រេផាអ៊ីម​មួយ​រូប ក្នុង​ចំណោម​ជន​ជាតិ​រេផាអ៊ីម​ចុង​ក្រោយ​បង្អស់ ស្ដេច​គង់​នៅ​ក្រុង​អាសតារ៉ូត និង​ក្រុង​អេដ្រេអ៊ីម។ ៥ ព្រះបាទ​អុក​គ្រប់គ្រង​ តំបន់​ភ្នំ​ហ៊ែរម៉ូន​ក្រុង​សាល់កា និង​ស្រុក​បាសាន​ទាំង​មូល រហូត​ដល់​ព្រំប្រទល់​ស្រុក​កេស៊ួរ និង​ស្រុក​ម៉ាកា ព្រម​ទាំង​មួយ​ចំហៀង​ស្រុក​កាឡាដ ជា​ព្រំប្រទល់​ទឹក​ដី​របស់​ព្រះបាទ​ស៊ីហុន ស្ដេច​ក្រុង​ហេសបូន។ ៦ លោក​ម៉ូសេ​ជា​អ្នក​បំរើ​ព្រះអម្ចាស់ និង​ជន​ជាតិ​អ៊ីស្រាអែល បាន​វាយ​ប្រហារ​ស្ដេច​ទាំង​ពីរ​អង្គ​នេះ ហើយ​លោក​ម៉ូសេ​ជា​អ្នក​បំរើ​ព្រះ​អម្ចាស់ ប្រគល់​ទឹក​ដី​នោះ​អោយ​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល​ទុក​ជា​កម្ម​សិទ្ធិ​។

 

៧ លោកយ៉ូស៊ូអា និង​ជន​ជាតិ​អ៊ីស្រាអែល​បាន​វាយ​ឈ្នះ​ស្ដេច​ទាំង​ប៉ុន្មាន​នៅ​ដែន​ដី ខាង​លិច​ទន្លេ​យ័រដាន់ ចាប់​តាំង​ពី​ក្រុង​បាលកាដ ក្នុង​ជ្រលង​ភ្នំ​លីបង់ រហូត​ដល់​ភ្នំ​ហាឡាក់ នៅ​ជិត​ស្រុក​សៀរ។ លោក​យ៉ូស៊ូអា​​ប្រគល់​ទឹក​ដី​នោះ​អោយ​កុលសម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រាអែល ​ចែក​គ្នា ជា​កម្មសិទ្ធិ។ ៨ ទឹក​ដី​ទាំង​នោះ មាន​តំបន់​ភ្នំ តំបន់​វាល​ទំនាប តំបន់​អារ៉ាបា តំបន់​ជំរាល​ភ្នំ តំបន់​វាល​រហោស្ថាន និង​តំបន់​ណេកិប គឺ​ស្រុក​របស់​ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​កាណាន ជន​ជាតិ​ពេរីស៊ីត ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស។

 

​៩ រីឯ​ស្ដេច​ដែល​ច្បាំង​ចាញ់​ជន​ជាតិ​អ៊ីស្រាអែល​មានៈ ស្ដេច​ក្រុង​យេរីខូ ស្ដេច​ក្រុង​អៃ ដែល​ស្ថិត​នៅ​ជិត​ក្រុង​បេតអែល ១០ ស្ដេច​ក្រុង​យេរូសាឡឹម ស្ដេច​ក្រុង​ហេប្រូន ១១ ស្ដេច​ក្រុង​យ៉ារមូត ស្ដេច​ក្រុង​ឡាគីស ១២ ស្ដេច​ក្រុង​អេក្លូន ស្ដេច​ក្រុង​កេស៊ែរ ១៣ ស្ដេច​ក្រុង​ដេបៀរ ស្ដេច​ក្រុង​កេឌែរ ១៤ ស្ដេច​ក្រុង​ហ៊រម៉ា ស្ដេច​ក្រុង​អារ៉ាដ ១៥ ស្ដេច​ក្រុង​លីបណា ស្ដេច​ក្រុង​អាឌូឡាំ ១៦ ស្ដេច​ក្រុង​ម៉ាកេដា ស្ដេច​ក្រុង​បេតអែល ១៧ ស្ដេច​ក្រុង​តាពូអា ស្ដេច​ក្រុង​ហេភែរ ១៨ ស្ដេច​ក្រុង​អាផេក ស្ដេច​ក្រុង​ឡាសារ៉ូន ១៩ ស្ដេច​ក្រុង​ម៉ាដូន ស្ដេច​ក្រុង​ហាស៊រ ២០ ស្ដេច​ក្រុង​ស៊ីមរ៉ូន-មេរ៉ូន ស្ដេច​ក្រុង​អាកសាផ ២១ ស្ដេច​ក្រុង​តាអាណាក ស្ដេច​ក្រុង​មេគីដូ ២២ ស្ដេច​ក្រុង​កេដែស ស្ដេច​ក្រុង​យ៉ូកណែអាំង នៅ​ភ្នំ​កាម៉ែល ២៣ ស្ដេច​ក្រុងឌ័រ​នៅ​វាល​រាបឌ័រ ស្ដេច​ក្រុង​កូយីម នៅ​ជិត​គីលកាល់ ២៤ ស្ដេច​ក្រុង​ទៀរសា។ សរុប​ទាំង​អស់​មាន​ស្ដេច​សាមសិប​មួយ​អង្គ។

ការ​បែង​ចែក​ទឹក​ដី

ទឹក​ដី​ដែល​ត្រូវ​វាយ​យក​បន្ត​ទៀត

១ នៅ​គ្រា​នោះ លោក​យ៉ូស៊ូអា​មាន​វ័យ​ចាស់​ជរា​ណាស់​ហើយ។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ថា៖ «អ្នក​មាន​វ័យ​ចាស់​ជរា​ណាស់​ហើយ រីឯ​ទឹក​ដី​ដែល​ត្រូវ​វាយ​យក ក៏​នៅ​សល់​ច្រើន​ណាស់​ដែរ។ ២ ទឹក​ដី​ដែល​មិន​ទាន់​យក​បាន គឺ​ស្រុក​ភីលីស្ទីន​ទាំង​មូល និង​ស្រុក​កេស៊ួរ​ទាំង​មូល ៣ ពោល​គឺ​ទឹក​ដី​ដែល​ចាត់​ ទុក​ថា​ជា​ទឹក​ដី​របស់​ជន​ជាតិ​កាណាន លាត​សន្ធឹង​ចាប់​តាំង​ពី​ទឹក​ធ្លាក់​ស៊ីហ៊រ នៅ​ព្រំប្រទល់​ស្រុក​អេស៊ីប រហូត​ដល់​តំបន់​អេក្រូន​នៅ​ទិស​ខាង​ជើង។ នៅ​លើ​ទឹក​ដី​នោះ​មាន​នគរ​ប្រាំ​របស់​ជន​ជាតិ​ភីលីស្ទីន​ដែល​មាន​រាជ​ធានី​ នៅ​ក្រុង​កាសា ក្រុង​អាស្តូដ ក្រុង​អាស្កាឡូន ក្រុង​កាថ និង​ក្រុង​អេក្រូន។ ជន​ជាតិ​អាវីម​ក៏​រស់​នៅ​លើ​ទឹក​ដី​ដែរ។ ៤ នៅ​ខាង​ត្បូង មាន​ស្រុក​កាណាន​ទាំង​មូល និង​ក្រុង​មេអារ៉ា ដែល​ជា​កម្មសិទ្ធិ​របស់​ជន​ជាតិ​ស៊ីដូន រហូត​ទៅ​ដល់​ក្រុង​អាផេក និង​ព្រំប្រទល់​ស្រុក​អាម៉ូរី ៥ ស្រុក​គីបលី និង​ស្រុក​លីបង់​ទាំង​មូល ដែល​នៅ​ទិស​ខាង​កើត ចាប់​តាំង​ពី​បាលកាដ នៅ​ជើង​ភ្នំ​ហ៊ែរម៉ូន រហូត​ដល់​ច្រក​ហាម៉ាត់។ ៦ ក្នុង​នោះ ក៏​មាន​ទឹក​ដី​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​ស៊ីដូន ដែល​រស់​នៅ​តាម​តំបន់​ភ្នំ គឺ​ចាប់​តាំង​ពី​ភ្នំ​លីបង់ រហូត​ដល់​ក្រុង​មីសរ៉េផូត-ម៉ាអ៊ីម​ដែរ។ យើង​នឹង​បណ្ដេញ​ជន​ជាតិ​ទាំង​នោះ ចេញ​ពី​មុខ​ជន​ជាតិ​អ៊ីស្រាអែល។ ត្រូវ​បែង​ចែក​ទឹក​ដី​នោះ​ដល់​ជន​ជាតិ​អ៊ីស្រាអែល ដូច​យើង​បាន​បង្គាប់​ដល់​អ្នក​ស្រាប់​ហើយ។ ៧ ឥឡូវ​នេះ ចូរ​បែង​ចែក​ទឹក​ដី​កុលសម្ព័ន្ធ​ទាំង​ប្រាំ​បួន និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ទុក​ជា​មត៌ក​ទៅ»។

 

ការ​បែង​ចែក​ទឹក​ដី​នៅ​ខាង​កើត​ទន្លេ​យ័រដាន់

៨ កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ ចំនួន​ពាក់​កណ្ដាល​ទៀត បាន​ទទួល​ទឹក​ដី​ពី​លោក​ម៉ូសេ​ជា​អ្នក​បំរើ​របស់​ព្រះអម្ចាស់ ទុក​ជា​មត៌ក​រួច​ស្រេច​ទៅ​ហើយ គឺ​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់។ ៩ ទឹក​ដី​របស់​គេ​លាត​ សន្ធឹង​ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ែរ ដែល​ស្ថិត​នៅ​ក្បែរ​ទឹក​ធ្លាក់​អារណូន និង​ចាប់​តាំង​ពី​ទីក្រុង​ដែល​ស្ថិត​នៅ​កណ្ដាល​ជ្រលង​ភ្នំ ព្រម​ទាំង​ខ្ពង់​រាប​មេដេបា​ទាំង​មូល​រហូត​ដល់​ក្រុង​ឌីបូន។ ១០ ទឹក​ដី​នោះ លាត​សន្ធឹង​រហូត​ដល់​ព្រំប្រទល់​នៃ​ស្រុក​របស់​ជន​ជាតិ​អាំម៉ូន ពោល​គឺ​ក្រុង​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​នៃ​ជន​ជាតិ​អាម៉ូរី ដែល​សោយ​រាជ្យ​នៅ​ក្រុង​ហេសបូន ១១ និង​ស្រុក​កាឡាដ​ទឹក​ដី​ស្រុក​កេសួរ និង​ម៉ាកា ព្រម​ទាំង​តំបន់​ភ្នំ​ហ៊ែរម៉ូន ទាំង​មូល និង​តំបន់​បាសាន​ទាំង​មូល រហូត​ដល់​សាលកា ១២ ពោល​គឺ​អាណាចក្រ​ទាំង​ មូល​របស់​ព្រះបាទ​អុក នៅ​ស្រុក​បាសាន ហើយ​ជា​ជន​ជាតិ​រេផាអ៊ីម​មួយ​រូប​ក្នុង​ចំណោម​ជន​ជាតិ​រេផាអ៊ីម​ចុង​ក្រោយ​បង្អស់ ដែល​សោយ​រាជ្យ​នៅ​ក្រុង​អាសតារ៉ូត និង​ក្រុង​អេដ្រេអ៊ី។ លោក​ម៉ូសេ​បាន​វាយ​យក​ទឹក​ដី​ពី​ស្ដេច​ទាំង​នោះ។ ១៣ ក៏​ប៉ុន្តែ ជន​ជាតិ​អ៊ីស្រាអែល​ពុំ​បាន​បណ្ដេញ​ជន​ជាតិ​កេសួរ និង​ជន​ជាតិ​ម៉ាកា​ចេញ​ពី​ទឹក​ដី​នោះ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ជន​ជាតិ​កេសួរ និង​ជន​ជាតិ​ម៉ាកា​រស់​នៅ​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល រហូត​មក​ដល់​សព្វ​ថ្ងៃ។ ១៤ មាន​តែ​កុលសម្ព័ន្ធ​លេវី​ប៉ុណ្ណោះ​ដែល​ពុំ​បាន​ទទួល​ទឹក​ដី​ជា​មត៌ក ព្រោះ​ពួក​គេ​ទទួល​តង្វាយ​ដុត ដែល​ប្រជាជន​យក​មក​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ នេះ​ហើយ​ជា​មត៌ក​របស់​ពួក​គេ ដូច​ព្រះអង្គ​បាន​បង្គាប់​មក​ពួក​គេ។

 

ទឹក​ដី​របស់​កុលសម្ព័ន្ធ​រូបេន

១៥ លោក​ម៉ូសេ​បាន​ប្រគល់​ទឹក​ដី​មួយ​ចំណែក​អោយ​កុលសម្ព័ន្ធ​រូបេន ទៅ​តាម​អំបូរ​រៀងៗ​ខ្លួន។ ១៦ ទឹក​ដី​របស់​គេ​លាត​ សន្ធឹង ចាប់​ពី​ក្រុង​អារ៉ូអ៊ែរ​ដែល​ស្ថិត​នៅ​ក្បែរ​ទឹក​ធ្លាក់​អារណូន និង​ក្រុង​ដែល​ស្ថិត​នៅ​កណ្ដាល​ជ្រលង​ភ្នំ​នោះ ព្រម​ទាំង​ខ្ពង់​រាប​ទាំង​មូល​នៅ​ជិត​មេដេបា ១៧ ក្រុង​ហេសបូន និង​ក្រុង​ទាំង​ប៉ុន្មាន​នៅ​លើ​ខ្ពង់​រាប គឺ​ក្រុង​ឌីបូន ក្រុង​បាមូតបាល ក្រុង​បេតបាលមេអូន ១៨ ក្រុង​យ៉ាសា ក្រុង​កេដេមតូ ក្រុង​មេផាត ១៩ ក្រុង​គៀរយ៉ាត-តាអ៊ីម ក្រុង​ស៊ីបម៉ា ក្រុង​សេរេត-សាហារ​ដែល​ស្ថិត​នៅ​លើ​ភ្នំ​ជាប់​នឹង​វាល​ទំនាប ២០ ​ក្រុង​បេតពេអ៊រ ជំរាល​ភ្នំ​ពីស្កា ក្រុង​បេយេស៊ីម៉ុត ២១ ក្រុង​ទាំង​ប៉ុន្មាន​នៅ ​តំបន់​ខ្ពង់​រាប អាណាចក្រ​ទាំង​មូល​របស់​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី សោយ​រាជ្យ​នៅ​ក្រុង​ហេសបូន។ លោក​ម៉ូសេ​បាន​វាយ​ប្រហារ​ព្រះបាទ​ស៊ីហុន ព្រម​ទាំង​ស្ដេច​ឯ​ទៀតៗ ដែល​ជា​ចំណុះ​របស់​ព្រះបាទ​ស៊ីហុន គឺ​មាន​ស្ដេច​របស់​ជន​ជាតិ​ម៉ាឌីយ៉ាន ជន​ជាតិ​អេវី ជន​ជាតិ​រេគែម ជន​ជាតិ​សួរ ជន​ជាតិ​ហួរ និង​ជន​ជាតិ​រេបា ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ។ ២២ ក្នុង​ចំណោម​អស់​អ្នក​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​សម្លាប់ មាន​លោក​បាឡាម​ជា​គ្រូ​ទាយ ដែល​ត្រូវ​ជា​កូន​របស់​លោក​បេអ៊រ។ ២៣ ព្រំប្រទល់​ខាង​លិច​នៃ​ ទឹក​ដី​របស់​កុលសម្ព័ន្ធ​រូបេន គឺ​ទន្លេ​យ័រដាន់។ នេះ​ជា​មត៌ក​របស់​កុលសម្ព័ន្ធ​រូបេន តាម​អំបូរ និង​ស្រុក​ភូមិ​របស់​គេ។

 

ទឹក​ដី​របស់​កុលសម្ព័ន្ធ​កាដ

២៤ លោក​ម៉ូសេ​ក៏​បាន​ប្រគល់​ទឹក​ដី​មួយ​ចំណែក​អោយ​កុលសម្ព័ន្ធ​កាដ តាម​អំបូរ​របស់​ពួក​គេ​ដែរ។ ២៥ ពួក​គេ​ទទួល​បាន​ទឹក​ដី ​ស្រុក​យ៉ាស៊ែរ ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​កាឡាដ និង​ពាក់​កណ្ដាល​ស្រុក​អាំម៉ូន រហូត​ដល់​អារ៉ូអែរ ដែល​នៅ​ខាង​មុខ​ក្រុង​រ៉ាបាត។ ២៦ ទឹក​ដី​របស់​គេ​លាត​ សន្ធឹង ចាប់​តាំង​ពី​ក្រុង​ហេសបូន រហូត​ដល់​ក្រុង​រ៉ាម៉ាត-មីសប៉េ និង​ក្រុង​បេតូនីម ហើយ​ចាប់​តាំង​ពី​ក្រុង​ម៉ាហាណាអ៊ីម​រហូត​ដល់​ព្រំប្រទល់​ស្រុក​ដេបៀរ។ ២៧ នៅ​ក្នុង​ជ្រលង​ភ្នំ ទឹក​ដី​របស់​គេ​មាន​ក្រុង​បេតហារ៉ាម ក្រុង​បេតនីមរ៉ា ក្រុង​ស៊ូកុត និង​ក្រុង​សាផូន​ដែល​ជា​ចំណែក​ទឹក​ដី​ចុង​ក្រោយ​នៃ​អាណាចក្រ​របស់​ព្រះបាទ​ ស៊ីហុន ជា​ស្ដេច​នៅ​ក្រុង​ហេសបូន។ ទឹក​ដី​នេះ​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​ដែល​ជា​ព្រំប្រទល់ ព្រម​ទាំង​ស្រុក​ភូមិ​នៅ​ជុំវិញ រហូត​ដល់​ចុង​សមុទ្រ​គីនេរ៉េត។ ២៨ នេះ​ជា​មត៌ក​របស់​កុលសម្ព័ន្ធ​កាដ តាម​អំបូរ និង​ស្រុក​ភូមិ​របស់​គេ។

 

ទឹក​ដី​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ​ខាង​កើត

២៩ លោក​ម៉ូសេ​បាន​ប្រគល់​ទឹក​ដី​មួយ​ចំណែក​អោយ​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់កណ្ដាល ទៅ​តាម​អំបូរ​របស់​គេ។ ៣០ ទឹក​ដី​នោះ​លាត​សន្ធឹង​ ចាប់​តាំង​ពី​ស្រុក​ម៉ាហាណាអ៊ីម ស្រុក​បាសាន ជា​អាណាចក្រ​ទាំង​មូល​របស់​ព្រះបាទ​អុក ស្ដេច​ស្រុក​បាសាន ព្រម​ទាំង​ភូមិ​ហុកសិប​នៅ​យ៉ាអៀរ ក្នុង​ស្រុក​បាសាន ៣១ ពាក់​កណ្ដាល​ស្រុក​ កាឡាដ ក្រុង​អាសតារ៉ូត និង​ក្រុង​អេដ្រេអ៊ីម ជា​រាជ​ធានី​របស់​ព្រះបាទ​អុក នៅ​ស្រុក​បាសាន។ លោក​ម៉ូសេ​បាន​ប្រគល់​ទឹក​ដី​ទាំង​នោះ​អោយ​ពូជ​អំបូរ​ពាក់​កណ្ដាល​របស់​លោក​ ម៉ាកៀរ​នៃ​កុលសម្ព័ន្ធ​ម៉ាណាសេ។

 

៣២ នេះ​ហើយ ​ជា​ទឹក​ដី ដែល​លោក​ម៉ូសេ​បាន​ប្រគល់​អោយ​ពួក​គេ​ទុក​ជា​មត៌ក នៅ​ខាង​កើត​ក្រុង​យេរីខូ និង​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ គឺ​នៅ​វាល​រាប​ស្រុក​ម៉ូអាប់។ ៣៣ លោក​ម៉ូសេ​ពុំ​បាន​ចែក​ទឹក​ដី​អោយ​កុលសម្ព័ន្ធ​លេវី ទុក​ជា​មត៌ក​ទេ ប៉ុន្តែ លោក​ប្រាប់​ពួក​គេ​ថា មត៌ក​របស់​ពួក​គេ គឺ​បំរើ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។

ការ​បែង​ចែក​ទឹក​ដី​ខាង​លិច​ទន្លេ​យ័រដាន់

១ ជន​ជាតិ​អ៊ីស្រាអែល​បាន​ ទទួល​ទឹក​ដី​ស្រុក​កាណាន ដែល​លោក​បូជាចារ្យ​អេឡាសារ​ និង​លោក​យ៉ូស៊ូអា ជា​កូន​របស់​លោក​នូន ព្រម​ទាំង​អស់​លោក​ដែល​ជា​មេ​ក្រុម​គ្រួសារ​របស់​កុលសម្ព័ន្ធ​នានា​បែង​ចែក​ អោយ​ជា​មត៌ក​ដូច​ត​ទៅ​នេះ ២ គឺ​កុលសម្ព័ន្ធ​ទាំង​ ប្រាំ​បួន និង​កុលសម្ព័ន្ធ​ម៉ាណាសេ ចំនួន​ពាក់​កណ្ដាល​ទៀត​បាន​ទទួល​ទឹក​ដី​ជា​មត៌ក​ដោយ​ចាប់​ឆ្នោត ស្រប​តាម​ព្រះបន្ទូល ​ដែល​ព្រះអម្ចាស់​បង្គាប់​មក​តាម​រយៈ​លោក​ម៉ូសេ ៣ ដ្បិត​កាល​ពី​មុន លោក​ម៉ូសេ​ចែក​ទឹក​ដី​អោយ​កុលសម្ព័ន្ធ​ពីរ និង​កុលសម្ព័ន្ធ​ម៉ាណាសេ ចំនួន​ពាក់​កណ្ដាល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​រួច​មក​ហើយ តែ​លោក​ពុំ​បាន​ចែក​ទឹក​ដី​អោយ​កុលសម្ព័ន្ធ​លេវី ដូច​កុលសម្ព័ន្ធ​ឯ​ទៀតៗ​ទេ។ ៤ គេ​ចាត់​ទុក​កូន​ចៅ​លោក​ យ៉ូសែប ជា​កុលសម្ព័ន្ធ​ពីរ គឺ​ម៉ាណាសេ និង​អេប្រាអ៊ីម។ រីឯ​កុលសម្ព័ន្ធ​លេវី​ពុំ​បាន​ទទួល​ទឹក​ដី​ទេ គឺ​ពួក​គេ​ទទួល​តែ​កន្លែង​សំរាប់​ស្នាក់​អាស្រ័យ​នៅ​តាម​ក្រុង​នានា ព្រម​ទាំង​ដីធ្លី​សំរាប់​សត្វ​ពាហនៈ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ប៉ុណ្ណោះ។ ៥ ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​បែង​ចែក​ស្រុក​នោះ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់ បង្គាប់​មក​លោក​ម៉ូសេ។

 

លោក​កាលែប​ទទួល​ទឹក​ដី​ហេប្រូន

៦ កូន​ចៅ​យូដា​បាន​នាំ​គ្នា ​មក​ជួប​លោក​យ៉ូស៊ូអានៅ​គីល​កាល់​។ ពេល​នោះ លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ ក្នុង​អំបូរ​កេណាស មាន​ប្រសាសន៍​មក​កាន់​លោកយ៉ូស៊ូអា​​​ថា៖ «លោក​ជ្រាប​ស្រាប់​ហើយ នូវ​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ នៅ​ស្រុក​កាដេស-បារណេអា ស្ដី​អំពី​យើង​ទាំង​ពីរ គឺ​លោក និង​ខ្ញុំ។

 

៧ កាល​នោះ ខ្ញុំ​មាន​អាយុ​សែសិប​ឆ្នាំ លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះអម្ចាស់​បាន​ចាត់​ខ្ញុំ​ពី​កាដេស-បារណេអា ​អោយ​មក​ស៊ើបការណ៍​នៅ​ស្រុក​នេះ។ ខ្ញុំ​ក៏​បាន​ធ្វើ​សេចក្ដី​រាយការណ៍​ជូន​ទៅ​លោក​វិញ ដោយ​ស្មោះ​ត្រង់។ ៨ បង​ប្អូន​ដែល​បាន​ឡើង​មក​ ស៊ើបការណ៍​ជា​មួយ​ខ្ញុំ នាំ​គ្នា​ធ្វើ​អោយ​ប្រជាជន​បាក់​ទឹក​ចិត្ត។ ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ខ្ញុំ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ ៩ នៅ​ថ្ងៃ​នោះ លោក​ម៉ូសេ​បាន​សន្យា​យ៉ាង​ម៉ឺង​ម៉ាត់​ជា​មួយ​ខ្ញុំ​ថា កូន​ចៅ​របស់​ខ្ញុំ ព្រម​ទាំង​ខ្ញុំ នឹង​ទទួល​ទឹក​ដី​ដែល​ខ្ញុំ​ឈាន​ជើង​ជាន់​នេះ​ទុក​ជា​មត៌ក រហូត​ត​ទៅ ព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ខ្ញុំ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ ១០ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​នេះ​មក​លោក​ម៉ូសេ​កាល​ពី​សែសិប​ប្រាំ​ឆ្នាំ​មុន គឺ​នៅ​គ្រា​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ឆ្លង​កាត់​វាល​រហោស្ថាន។ ព្រះអម្ចាស់​បាន​ទុក​ជីវិត​អោយ​ខ្ញុំ​នៅ​រស់ ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ ឥឡូវ​នេះ ខ្ញុំ​មាន​អាយុ​ប៉ែតសិប​ប្រាំ​ឆ្នាំ​ហើយ។ ១១ សព្វ​ថ្ងៃ​នេះ ខ្ញុំ​នៅ​តែ​មាន​កម្លាំង​ដូច​ថ្ងៃ ដែល​លោក​ម៉ូសេ​បាន​ចាត់​ខ្ញុំ​អោយ​ទៅ​នោះ​ដែរ។ ខ្ញុំ​នៅ​តែ​មាន​កម្លាំង​ដូច​មុន ល្មម​នឹង​ចេញ​ទៅ​ប្រយុទ្ធ ឬ​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត។ ១២ សូម​ប្រគល់​ស្រុក​ភ្នំ​មក​អោយ​ខ្ញុំ ដ្បិត​នៅ​គ្រា​នោះ ព្រះអម្ចាស់​បាន​សន្យា​ថា នឹង​ប្រទាន​មក​ខ្ញុំ។ នៅ​ថ្ងៃ​ដដែល​នោះ ខ្ញុំ​បាន​ជំរាប​លោក​ស្រាប់​ហើយ​ថា មាន​ជន​ជាតិ​អាណាក់​រស់​នៅ​ទី​នោះ ក្រុង​របស់​គេ​ជា​ក្រុង​ធំៗ ដែល​មាន​កំពែង​យ៉ាង​មាំ។ ប្រសិន​បើ​ព្រះអម្ចាស់​គង់​ជា​មួយ​ខ្ញុំ ខ្ញុំ​មុខ​ជា​វាយ​យក​ក្រុង​ទាំង​នោះ​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ​មិន​ខាន ដូច​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទុក​ស្រាប់»។

 

១៣ លោកយ៉ូស៊ូអា​​ក៏​ជូន​ពរ​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ រួច​ប្រគល់​ក្រុង​ហេប្រូន​ជូន​លោក ទុក​ជា​មត៌ក។ ១៤ ក្រុង​ហេប្រូន​នៅ​ជា​ កម្មសិទ្ធិ​របស់​កូន​ចៅ​កាលែប ជា​កូន​លោក​យេភូនេ ក្នុង​អំបូរ​កេណាស រហូត​ដល់​សព្វ​ថ្ងៃ​នេះ ព្រោះ​លោក​បាន​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដោយ​ស្មោះ​អស់​ពី​ចិត្ត។ ១៥ កាល​ពី​ដើម ក្រុង​ហេប្រូន​មាន​ឈ្មោះ​ថា គៀរីយ៉ាត-អារបា។ លោក​អារបា​ជា​បុរស​ម្នាក់​ដែល​មាន​មាឌ​ធំ​ជាង​គេ ក្នុង​ចំណោម​ជន​ជាតិ​អាណាក់។

ចាប់​ពី​ពេល​នោះ​មក ស្រុក​ទេស​ក៏​បាន​សុខសាន្តត្រាណ គ្មាន​សង្គ្រាម​ទៀត​ឡើយ។

ទឹក​ដី​របស់​កុលសម្ព័ន្ធ​យូដា

១ ទឹក​ដី​ដែល​ជា​ចំណែក​របស់ ​កុលសម្ព័ន្ធ​យូដា តាម​អំបូរ​របស់​ពួក​គេ មាន​ដូច​ត​ទៅ: ទិស​ខាង​ត្បូង លាត​សន្ធឹង​រហូត​ដល់​ព្រំប្រទល់​ស្រុក​អេដុម ដែល​មាន​វាល​រហោស្ថាន​ស៊ីន នៅ​ខាង​ត្បូង​បំផុត។ ២ ព្រំប្រទល់​ខាង​ត្បូង​នេះ លាត​សន្ធឹង ចាប់​តាំង​ពី​ចុង​សមុទ្រ​អំបិល គឺ​ជ្រោយ​ដែល​នៅ​ខាង​វាល​រហោ​ស្ថាន​​ណេកិប ៣ រហូត​ទៅ​ដល់​ខាង​ត្បូង​ ផ្លូវ​ដែល​ឆ្លង​កាត់​ច្រក​ភ្នំ​អាក្រាប៊ីម និង​វាល​រហោស្ថាន​ស៊ីន ហើយ​ឡើង​ទៅ​ដល់​ខាង​ត្បូង​ស្រុក​កាដេស-បារណេអា រួច​បន្ត​ទៅ​ដល់​ហេតស្រូន ឡើង​ទៅ​ដល់​អាដា និង​បត់​ទៅ​ការកា។ ៤ ទឹក​ដី​នោះ​លាត​សន្ធឹង​ បន្ត​ទៅ​ទៀត ចាប់​ពី​អាសម៉ូន រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប ហើយ​ទៅ​ទល់​នឹង​សមុទ្រ​មេឌីទែរ៉ាណេ។ នេះ​ហើយ​ជា​ព្រំប្រទល់​ខាង​ត្បូង​របស់​កុលសម្ព័ន្ធ​យូដា។ ៥ រីឯ​ព្រំប្រទល់​ខាង​កើត​វិញ លាត​សន្ធឹង​ចាប់​តាំង​ពី​សមុទ្រ​អំបិល រហូត​ដល់​ចុង​ទន្លេ​យ័រដាន់។ ព្រំប្រទល់​ខាង​ជើង​លាត​សន្ធឹង​ចាប់​តាំង​ពី​ឈូង​សមុទ្រ ដែល​នៅ​ខាង​ចុង​ទន្លេ​យ័រដាន់ ៦ ឡើង​រហូត​ទៅ​ដល់​បេតហូក្លា កាត់​តាម​ខាង​ជើង​បេតអារ៉ាបា ហើយ​ឡើង​ទៅ​ដល់​ផ្ទាំង​ថ្ម​បូហាន។ លោក​បូហាន​ត្រូវ​ជា​កូន​របស់​លោក​រូបេន។ ៧ ព្រំប្រទល់​នេះ​ក៏​ឡើង​ទៅ ​ដល់​ក្រុង​ដេបៀរ ដោយ​កាត់​តាម​ជ្រលង​ភ្នំ​អាគ័រ រួច​បែរ​ទៅ​ខាង​ជើង​ក្បែរ​គីលកាល់ ដែល​នៅ​ទល់​មុខ​នឹង​ផ្លូវ​ឡើង​ទៅ​អាឌូមីម ខាង​ត្បូង​ទឹក​ធ្លាក់។ បន្ទាប់​មក ព្រំប្រទល់​នេះ ឡើង​ទៅ​ជិត​ប្រភព​ទឹក​អេន-សេម៉េស ហើយ​ទៅ​ដល់​អេន-រ៉ូកែល ៨ រួច​ឡើង​ទៅ​ដល់​ជ្រលង​ ភ្នំ​បេនហ៊ីនុម ដែល​នៅ​ជំរាល​ខាង​ត្បូង​នៃ​ក្រុង​យេប៊ូស ពោល​គឺ​ក្រុង​យេរូសាឡឹម​ឡើង​រហូត​ទៅ​ដល់​កំពូល​ភ្នំ ដែល​នៅ​ខាង​លិច​ជ្រលង​ភ្នំ​ហ៊ីនុម និង​នៅ​ចុង​ខាង​ជើង​ជ្រលង​ភ្នំ​រេផផអ៊ីម។ ៩ ព្រំប្រទល់​ចេញ​ពី​កំពូល​ ភ្នំ​នោះ ឆៀង​ទៅ​រក​ប្រភព​ទឹក​ណិបតា ហើយ​បន្ត​ទៅ​ដល់​ក្រុង​នានា​នៃ​តំបន់​ភ្នំ​អេប្រូន បត់​ទៅ​តាម​ក្រុង​បាឡា ពោល​គឺ​ក្រុង​គៀរីយ៉ាត-យេអារីម។ ១០ ពី​បាឡា​ព្រំប្រទល់​នេះ ​បត់​ទៅ​ខាង​លិច ដល់​ភ្នំ​សៀរ ដោយ​កាត់​តាម​ជំរាល​ខាង​ជើង​នៃ​ភ្នំ​យេអារីម ពោល​គឺ​ភ្នំ​កេសាឡូន ហើយ​ចុះ​ទៅ​ដល់​បេតសេម៉េស ដោយ​កាត់​តាមទីមណា ១១ រួច​ទៅ​ដល់​ខាង​ជើង​ជំរាល​ភ្នំ​អេក្រូន បត់​ទៅ​រក​ស៊ីក្រូន កាត់​តាម​ភ្នំ​បាឡា រហូត​ទៅ​ដល់​យ៉ាប់ណេអែល និង​សមុទ្រ​មេឌីទែរ៉ាណេ។ ១២ រីឯ​ព្រំប្រទល់​ខាង​លិច គឺ​សមុទ្រ​មេឌីទែរ៉ាណេ និង​តំបន់​ឆ្នេរ​សមុទ្រ។ នេះ​ហើយ​ជា​ព្រំប្រទល់​ជុំវិញ​ទឹក​ដី​របស់​កូន​ចៅ​យូដា តាម​អំបូរ​របស់​គេ។

 

លោក​កាលែប​វាយ​យក​ក្រុង​ហេប្រូន និង​ក្រុង​ដេបៀរ

១៣ រីឯ​លោក​កាលែប​ជា​កូន​របស់​លោក​យេភូនេ​វិញ គេ​បាន​ចែក​ទឹក​ដី​មួយ​ចំណែក​ក្នុង​ចំណោម​ជន​ជាតិ​យូដា​ជូន​លោក ស្រប​តាម​បទ​បញ្ជា​ដែល​ព្រះអម្ចាស់​ បាន​បង្គាប់​មក​លោកយ៉ូស៊ូអា។ ទឹក​ដី​នោះ គឺ​ក្រុង​ហេប្រូន​ដែល​ពី​ដើម​មាន​ឈ្មោះ​ថា គៀរីយ៉ាត-អារបា -លោក​អើបា​ត្រូវ​ជា​ឪពុក​របស់​លោក​អណាក់។ ១៤ លោក​កាលែប​បាន​ដណ្ដើម​យក​ទឹក​ដី​នោះ ពី​ពូជពង្ស​ទាំង​បី​របស់​លោក​អណាក់ គឺ​អំបូរ​សេសាយ អំបូរ​អហ៊ីម៉ាន់ និង​អំបូរ​តាលម៉ាយ។ ១៥ បន្ទាប់​មក លោក​បាន​ឡើង​ពី​ទី​នោះ ទៅ​វាយ​លុក​អ្នក​ក្រុង​ដេបៀរ។ កាល​ពី​ដើម ក្រុង​ដេបៀរ​នេះ មាន​ឈ្មោះ​ថា​គៀរីយ៉ាត-សេភែរ។ ១៦ លោក​កាលែប​មាន​ប្រសាសន៍ ​ថា៖ «អ្នក​ណា​វាយ​យក​ក្រុង​គៀរីយ៉ាត-សេភែរ​បាន ខ្ញុំ​នឹង​លើក​នាង​អាក់សា កូន​ស្រី​របស់​ខ្ញុំ អោយ​ធ្វើ​ជា​ប្រពន្ធ»។ ១៧ លោក​អូថនីអែល ជា​កូន​របស់​លោក​កេណាស ហើយ​ត្រូវ​ជា​ក្មួយ​របស់​លោក​កាលែប វាយ​យក​ក្រុង​នោះ​បាន។ លោក​កាលែប​ក៏​លើក​នាង​អាក់សា ជា​កូន​ស្រី​របស់​លោក​អោយ​គាត់​ធ្វើ​ជា​ប្រពន្ធ។ ១៨ កាល​នាង​បាន​ចូល​មក​រួម ​រស់​ជា​មួយ​លោក​អូថនីអែល​ជា​ប្ដី​ហើយ នាង​ក៏​បបួល​ប្ដី​អោយ​ទាមទារ​យក​ដី​ស្រែ​ពី​ឪពុក។ ពេល​នាង​ចុះ​ពី​លើ​ខ្នង​សត្វ​លា លោក​កាលែប​សួរ​នាង​ថា៖ «តើ​កូន​មាន​ការ​អ្វី?»។ ១៩ នាង​ឆ្លើយ​តប​ថា៖ «សូម​លោក​ឪពុក​មេត្តា​អនុគ្រោះ​កូន​ផង ដ្បិត​ដី​ដែល​លោក​ឪពុក​បាន​ចែក​អោយ​កូន នៅ​ខាង​ត្បូង​នោះ គ្មាន​ទឹក​ទេ ដូច្នេះ សូម​ចែក​អណ្ដូង​អោយ​កូន​ផង!»។ លោក​កាលែប​ក៏​ចែក​អណ្ដូង​ទឹក​ដែល​នៅ​ខាង​លើ និង​នៅ​ខាង​ក្រោម​អោយ​នាង។

 

ស្រុក​ភូមិ​របស់​កុលសម្ព័ន្ធ​យូដា

២០ ទឹក​ដី​ដែល​ជា​មត៌ក​របស់​កុលសម្ព័ន្ធ​យូដា តាម​អំបូរ​របស់​ពួក​គេ​មាន​ដូច​ត​ទៅ: ២១ ក្រុង​នានា​ដែល​ស្ថិត​ នៅ​ចុង​ខាង​ត្បូង នៃ​ទឹក​ដី​របស់​កូន​ចៅ​យូដា ជិត​ព្រំប្រទល់​ស្រុក​អេដុម ក្នុង​វាល​រហោស្ថាន​ណេកិប​មាន: កាបសេអែល អេឌែរ យ៉ាគួរ ២២ គីណា ឌីម៉ូណា អាដាដា ២៣ កេដែស ហាត់ស៊រ អ៊ីតតាន ២៤ ស៊ីភ តេលែម បេអាឡូត ២៥ ហាត់ស៊រ-ហាដាតា កេរីយ៉ូត-ហេតស្រូន (គឺ​ហាត់ស៊រ) ២៦ អាម៉ាម សេម៉ា ម៉ូឡាដា ២៧ ហាត់សារ-កាដដា ហេសម៉ូន បេតប៉ាលេត ២៨ ហាត់សារ-សូអាល បៀរសេបា ប៊ីសយ៉ូថយ៉ា ២៩ បាឡា អ៊ីយ៉ីម អាត់សែម ៣០ អេលតូឡាដ កេស៊ីល ហ៊រម៉ា ៣១ ស៊ីគឡាក់ មាដម៉ាណា សាន-សាណា ៣២ លេបាអូត ស៊ីលហ៊ីម អៃយីន និង​រ៉ីមម៉ូន។ សរុប​ទាំង​អស់​មាន​ម្ភៃ​ប្រាំ​បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។

 

​៣៣ រីឯ​ក្រុង​ទាំងឡាយ​ដែល​ស្ថិត​នៅ​តាម​តំបន់​វាល​ទំនាប មាន: អេសតូល សូរ៉ា អាសណា ៣៤ សាណូអា អេន-កានីម តាពអា អេណាម ៣៥ យ៉ារមូត អាឌូឡាំ សូកូ អាសេកា ៣៦ សារ៉ាអ៊ីម អាឌីតា អ៊ីម កេដេរ៉ា និង​កេដេរ៉ូតាអ៊ីម គឺ​មាន​ទាំង​អស់​ដប់បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។

 

៣៧ បន្ទាប់​មក មាន: សេណាន ហាដាសា មីគដាល-កាដ ៣៨ ឌីលេអាន មីសប៉េ យ៉ុគតេអែល ៣៩ ឡាគីស បុតកាស អេក្លូន ៤០ កាបបូន ឡាម៉ាស គីតលីស ៤១ កេដេរ៉ូត បេតដាកូន ណាម៉ា និង​ម៉ាកេដា គឺ​មាន​ទាំង​អស់​ដប់​ប្រាំ​មួយ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។ ៤២ បន្ទាប់​មក មាន: លីបណា អេទែរ អាសាន ៤៣ យីបតា អាសណា ណេតស៊ីប ៤៤ កេអ៊ីឡា អាកស៊ីប និង​ម៉ារេសា គឺ​មាន​ទាំង​អស់​ប្រាំ​បួន​ក្រុង និង​ភូមិ​ដែល​នៅ​ជុំវិញ។

 

៤៥ បន្ទាប់​មក មាន: ក្រុង​អេក្រូន និង​ស្រុក​ភូមិ​នៅ​ជុំវិញ ៤៦ ព្រម​ទាំង​ក្រុង និង​ភូមិ​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​ក្រុង​អាស្ដូដ​ផង គឺ​ចាប់​ពី​ក្រុង​អេក្រូន រហូត​ដល់​សមុទ្រ​មេឌីទែរ៉ាណេ ៤៧ ក្រុង​អាស្តូដ និង​ស្រុក​ភូមិ​នៅ​ជុំវិញ ក្រុង​កាសា និង​ស្រុក​ភូមិ​នៅ​ជុំវិញ រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប និង​ឆ្នេរ​សមុទ្រ​មេឌីទែរ៉ាណេ។

 

​៤៨ រីឯ​ក្រុង​ទាំងឡាយ ដែល​ស្ថិត​នៅ​តាម​តំបន់​ភ្នំ មាន: សាមៀរ យ៉ាតទៀរ សូកូ ៤៩ ដាណា គៀរីយ៉ាត-សានណា (គឺ​ដេបៀរ) ៥០ អាណាប អេសតេម៉ូ អានីម ៥១ កូសែន ហូឡូន និង​គីឡូន គឺ​មាន​ទាំង​អស់​ដប់​មួយ​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។

 

៥២ បន្ទាប់​មក មាន: អារ៉ាប ឌូម៉ា អេសេន ៥៣ យ៉ានូម បេត-តាពូអា អាផេកា ៥៤ ហ៊ូមេតា គៀរីយ៉ាត-អារបា (គឺ​ហេប្រូន) និង​ស៊ីអ៊រ គឺ​មាន​ទាំង​អស់​ប្រាំ​បួន​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។

 

៥៥ បន្ទាប់​មក មាន: ម៉ាអូន កាម៉ែល ស៊ីភ យូតា ៥៦ យីសរេ​អែល យ៉ុកដេម សាណូអា ៥៧ កាអ៊ីន គីបា និងទីមណា គឺ​មាន​ទាំង​អស់​ដប់​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។

 

៥៨ បន្ទាប់​មក មាន: ហាល់ហ៊ូល បេតសួរ កេឌ័រ ៥៩ ម៉ារ៉ាត បេតអាណូត និង​អែលតេកូន គឺ​មាន​ទាំង​អស់​ប្រាំ​មួយ​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។ ៦០ បន្ទាប់​មក មាន: គៀរីយ៉ាត-បាល (គឺ​គៀរីយ៉ាត-យាអារីម) និង​រ៉ាប់បាត គឺ​មាន​ទាំង​អស់​ក្រុង​ពីរ ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង​ផង។

 

​៦១ រីឯ​ក្រុង​ទាំងឡាយ ដែល​ស្ថិត​នៅ​វាល​រហោស្ថាន​មាន: បេតអារ៉ាបា មីតឌីន សេកាកា ៦២ នីបសាន អៀហាមេឡា និង​អេន-គេឌី គឺ​មាន​ទាំង​អស់​ដប់ប្រាំ​មួយ​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង​ផង។

 

​៦៣ កូន​ចៅ​ យូដា​ពុំ​អាច​បណ្ដេញ​ជន​ជាតិ​យេប៊ូស​ដែល​រស់​នៅ​ក្រុង​យេរូសាឡឹម​ចេញ​បាន​ឡើយ។ ហេតុ​នេះ ជន​ជាតិ​យេប៊ូស​រស់​នៅ​ជា​មួយ​កូន​ចៅ​យូដា នៅ​ក្រុង​យេរូសាឡឹម​រហូត​ដល់​សព្វ​ថ្ងៃ។

ទឹក​ដី​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម

១ ទឹក​ដី​ដែល​ជា​ចំណែក​របស់ ​កូន​ចៅ​លោក​យ៉ូសែប លាត​សន្ធឹង​ចាប់​ពី​ទន្លេ​យ័រដាន់ ជិត​ក្រុង​យេរីខូ គឺ​ចាប់​តាំង​ពី​អណ្ដូង​ទឹក​ដែល​នៅ​ខាង​កើត​ក្រុង​យេរីខូ រហូត​ដល់​វាល​រហោស្ថាន​ដែល​ឡើង​ពី​ក្រុង​យេរីខូ ទៅ​ភ្នំ​បេតអែល។ ២ ទឹក​ដី​នេះ​លាត​សន្ធឹង​ពី​បេតអែល​រហូត​ដល់​ក្រុង​លូស ដោយ​កាត់​តាម​ព្រំប្រទល់​ស្រុក​អារគី ត្រង់​ក្រុង​អាតារ៉ូត ៣ រួច​ចុះ​ទៅ​ខាង​លិច​ដល់​ ព្រំប្រទល់​របស់​ជន​ជាតិ​យ៉ាផ្លេត រហូត​ដល់​តំបន់​បេតហូរ៉ូន​ក្រោម និង​រហូត​ដល់​កេស៊ែរ ហើយ​ទៅ​ទល់​នឹង​សមុទ្រ​មេឌីទែរ៉ាណេ។ ៤ នេះ​ហើយ​ទឹក​ដី ដែល​ជា​មត៌ក​របស់​កូន​ចៅ​លោក​យ៉ូសែប គឺ​កុលសម្ព័ន្ធ​ម៉ាណាសេ និង​កុលសម្ព័ន្ធ​អេប្រាអ៊ីម។

 

៥ ព្រំប្រទល់ ​ទឹក​ដី​កូន​ចៅ​អេប្រាអ៊ីម តាម​អំបូរ​របស់​គេ​មាន​ដូច​ត​ទៅ: នៅ​ខាង​កើត ទឹក​ដី​របស់​គេ​លាត​សន្ធឹង​ចាប់​ពី​ក្រុង​អាតារ៉ូត-អាតដា រហូត​ដល់​បេតហូរ៉ូន​លើ ៦ ហើយ​បន្ត​ឆ្ពោះ​ទៅ​សមុទ្រ ​មេឌីទែរ៉ាណេ។ ខាង​ជើង​កាត់​តាម​ក្រុង​មីគមេតាត ហើយ​ឆៀង​ខាង​កើត​ក្រុង​នោះ រហូត​ទៅ​ក្រុង​តាណាត-ស៊ីឡូ ហើយ​ឆ្លង​កាត់​ស្រុក​នោះ​ឆ្ពោះ​ទៅ​ខាង​កើត​យ៉ាណូអា។ ៧ បន្ទាប់​មក ព្រំប្រទល់​នោះ ចុះ​ពី​យ៉ាណូអាទៅ​អាតារ៉ូត និង​ណារ៉ាតា ហើយ​បែរ​មក​ក្រុង​យេរីខូ​វិញ រហូត​ដល់​ទន្លេ​យ័រដាន់។ ៨ បន្ទាប់​មក​ទៀត ព្រំប្រទល់​នោះ​ចេញ​ពី​តាពូអា ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច រហូត​ដល់​ទឹក​ធ្លាក់​កាណា រួច​ទៅ​ទល់​នឹង​សមុទ្រ​មេឌីទែរ៉ាណេ។ នេះ​ហើយ ទឹក​ដី ដែល​ជា​មត៌ក​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម តាម​អំបូរ​របស់​គេ ៩ ​ដោយ​រាប់​បញ្ចូល​ក្រុង និង​ភូមិ​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​កូន​ចៅ​ម៉ាណាសេ។ ១០ កូន​ចៅ​អេប្រាអ៊ីម​ពុំ​ បាន​បណ្ដេញ​ជន​ជាតិ​កាណាន ដែល​រស់​នៅ​កេស៊ែរ​ចេញ​ពី​ទឹក​ដី​នោះ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ជន​ជាតិ​កាណាន​ រស់​នៅ​ក្នុង​ចំណោម​កូន​ចៅ​អេប្រាអ៊ីម មក​ទល់​សព្វ​ថ្ងៃ ប៉ុន្តែ ពួក​គេ​ត្រូវ​ធ្វើ​ការ​ធ្ងន់ៗ។

ទឹក​ដី​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ​ខាង​លិច

១ កុលសម្ព័ន្ធ​ម៉ាណាសេ ដែល​ជា​កូន​ច្បង​របស់​លោក​យ៉ូសែប​ក៏​បាន​ទទួល​ទឹក​ដី​មួយ​ចំណែក​ដែរ។ លោក​ម៉ាកៀរ​ជា​កូន​ច្បង​របស់​លោក​ម៉ាណាសេ និង​ជា​ឪពុក​របស់​លោក​កាឡាដ បាន​ទទួល​ទឹក​ដី​ស្រុក​កាឡាដ និង​ស្រុក​បាសាន ដ្បិត​គាត់​ជា​អ្នក​ចំបាំង​មួយ​រូប​ដ៏​ចំណាន។ ២ រីឯ​កូន​ចៅ​ឯ​ទៀតៗ​របស់​ លោក​ម៉ាណាសេ​ក៏​បាន​ទទួល​ទឹក​ដី​តាម​អំបូរ​របស់​ខ្លួន​ដែរ គឺ​កូន​ចៅ​របស់​លោក​អប៊ីយេស៊ែរ កូន​ចៅ​របស់​លោក​ហេឡេក កូន​ចៅ​របស់​លោក​អាសរីអែល កូន​ចៅ​របស់​លោក​ស៊ីគែម កូន​ចៅ​របស់​លោក​ហេភែរ និង​កូន​ចៅ​របស់​លោក​សេមីដា។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ប្រុស​របស់​លោក​ម៉ាណាសេ ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ូសែប តាម​អំបូរ​របស់​ពួក​គេ។ ៣ លោក​សេឡូផាត ជា​កូន​របស់​លោក​ហេភែរ ជា​ចៅ​របស់​លោក​កាឡាដ ជា​ចៅទួត​របស់​លោក​ម៉ាកៀរ ដែល​ជា​កូន​របស់​លោក​ម៉ាណាសេ គ្មាន​កូន​ប្រុស​ទេ មាន​តែ​កូន​ស្រី​ដែល​មាន​ឈ្មោះ​ដូច​ត​ទៅ គឺ​នាង​ម៉ាឡា នាង​ណូអា នាង​ហូក្លា នាង​មីលកា និង​ទៀរសា។ ៤ នាង​ទាំង​នោះ​បាន​ទៅ​ជួប​ លោក​បូជាចារ្យ​អេឡាសារ និង​លោក​យ៉ូស៊ូអា ជា​កូន​របស់​លោក​នូន ព្រម​ទាំង​អស់​លោក​ដែល​ជា​មេ​ដឹក​នាំ​ប្រជាជន ជំរាប​ថា “ព្រះអម្ចាស់​ បាន​បង្គាប់​លោក​ម៉ូសេ អោយ​ប្រគល់​ទឹក​ដី​មក​ពួក​នាង​ខ្ញុំ ទុក​ជា​មត៌ក ក្នុង​ចំណោម​ញាតិសន្ដាន​ប្រុសៗ​របស់​ពួក​នាង​ខ្ញុំ​ដែរ”។ គេ​ក៏​ប្រគល់​ទឹក​ដី​អោយ​ពួក​នាង ទុក​ជា​មត៌ក​ក្នុង​ចំណោម​ញាតិសន្ដាន​ប្រុសៗ​របស់​ឪពុក​នាង ស្រប​តាម​បទ​បញ្ជា​របស់​ព្រះអម្ចាស់។ ៥ ដូច្នេះ កុលសម្ព័ន្ធ​ម៉ាណាសេ​ទទួល​ទឹក​ដី​ដប់​ចំណែក​ទៀត ថែម​ពី​លើ​ទឹក​ដី​ស្រុក​កាឡាដ និង​ស្រុក​បាសាន ដែល​ស្ថិត​នៅ​ត្រើយ​ខាង​កើត​នៃ​ទន្លេ​យ័រដាន់ ៦ ដ្បិត​ក្នុង​កុលសម្ព័ន្ធ​ ម៉ាណាសេ កូន​ចៅ​ស្រីៗ​ក៏​បាន​ទទួល​មត៌ក ក្នុង​ចំណោម​កូន​ចៅ​ប្រុសៗ​ដែរ។ រីឯ​ទឹក​ដី​ស្រុក​កាឡាដ បាន​ទៅ​ជា​មត៌ក​របស់​កូន​ចៅ​ម៉ាណាសេ​ឯ​ទៀតៗ។

 

៧ ទឹក​ដី​នៃ ​កុលសម្ព័ន្ធ​ម៉ាណាសេ លាត​សន្ធឹង​ពី​ស្រុក​អស៊ែរ ទៅ​ក្រុង​មីគមេតាត ដែល​នៅ​ទល់​មុខ​នឹង​ស៊ីគែម ហើយ​លាត​សន្ធឹង​ទៅ​ខាង​ត្បូង រហូត​ដល់​ទឹក​ដី​អ្នក​ស្រុក​អេន-តាពូអារ។ ៨ ទឹក​ដី​ស្រុក​តាពូអា ជា​កម្មសិទ្ធិ​របស់​កូន​ចៅ​ម៉ាណាសេ ប៉ុន្តែ ក្រុង​តាពូអា ដែល​ជាប់​នឹង​ព្រំប្រទល់​ម៉ាណាសេ ជា​កម្មសិទ្ធិ​របស់​កូន​ចៅ​អេប្រាអ៊ីម ៩ ទឹក​ដី​នេះ​លាត​សន្ធឹង​ រហូត​ទៅ​ដល់​ខាង​ត្បូង​ទឹក​ធ្លាក់​កាណា។ រីឯ​ក្រុង​នានា​ដែល​នៅ​ខាង​ត្បូង​ទឹក​ធ្លាក់ ជា​កម្មសិទ្ធិ​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម ថ្វីដ្បិត​តែ​ក្រុង​ទាំង​នោះ​ស្ថិត​នៅ​លើ​ទឹក​ដី​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ​ ក៏​ដោយ។ ទឹក​ដី​របស់​ម៉ាណាសេ​នៅ​ខាង​ជើង​ទឹក​ធ្លាក់​លាត​សន្ធឹង​រហូត​ដល់​សមុទ្រ​ មេឌីទែរ៉ាណេ។ ១០ ដូច្នេះ ទឹក​ដី​ខាង​ត្បូង ជា​កម្មសិទ្ធិ​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម ហើយ​ខាង​ជើង​ជា​កម្មសិទ្ធិ​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ។ សមុទ្រ​មេឌីទែរ៉ាណេ​ជា​ព្រំប្រទល់​ខាង​លិច ស្រុក​អស៊ែរ​ជា​ព្រំប្រទល់​ខាង​ជើង ហើយ​ស្រុក​អ៊ីសាកា​ជា​ព្រំប្រទល់​ខាង​កើត។ ១១ កុលសម្ព័ន្ធ​ម៉ាណាសេ​ក៏ ​មាន​ទឹក​ដី នៅ​ក្នុង​ស្រុក​អ៊ីសាកា និង​ស្រុក​អស៊ែរ​ដែរ គឺ​ក្រុង​បេតសាន និង​ភូមិ​ដែល​នៅ​ជុំវិញ ក្រុង​អ៊ីបឡាម និង​ភូមិ​ដែល​នៅ​ជុំវិញ​ក្រុង​ឌ័រ ក្រុង​អេនឌ័រ​ក្រុង​តាណាក់ ក្រុង​មេគីដូ និង​ភូមិ​ដែល​នៅ​ជុំវិញ​ក្រុង​ទាំង​នោះ និង​អ្នក​ស្រុក​របស់​គេ​ដែរ ពោល​គឺ​ស្រុកឌ័រ​ទាំង​មូល។ ១២ ប៉ុន្តែ កូន​ចៅ​ម៉ាណាសេ​ពុំ​អាច​បណ្ដេញ​ជន​ជាតិ​កាណាន​ចេញ​ពី​ក្រុង​ទាំង​នោះ​បាន​ទេ ជន​ជាតិ​កាណាន​ប្ដេជ្ញា​ចិត្ត​រស់​នៅ​ក្នុង​ស្រុក​នោះ​ដដែល។ ១៣ ពេល​ជន​ជាតិ​អ៊ីស្រាអែល ​បាន​រឹងប៉ឹង​មាំមួន​ហើយ ពួក​គេ​បង្ខិតបង្ខំ​ជន​ជាតិ​កាណាន​អោយ​ធ្វើ​ការ​ជា​ទម្ងន់ ប៉ុន្តែ ពួក​គេ​ពុំ​អាច​បណ្ដេញ​ជន​ជាតិ​នេះ​ចេញ​ពី​ស្រុក​បាន​ឡើយ។

 

កុលសម្ព័ន្ធ​អេប្រាអ៊ីម និង​ម៉ាណាសេ​ខាង​លិច ទាម​ទារ​ទឹក​ដី​ថែម​ទៀត

១៤ កូន​ចៅ​របស់​លោក​យ៉ូសែប ជំរាប​លោក​យ៉ូស៊ូអាថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ចែក​ទឹក​ដី​ជា​មត៌ក អោយ​យើង​ខ្ញុំ​តែ​មួយ​ចំណែក​ដូច្នេះ? យើង​ខ្ញុំ​មាន​គ្នា​ច្រើន ព្រោះ​ព្រះអម្ចាស់​ប្រទាន​ពរ​អោយ​យើង​ខ្ញុំ រហូត​មក​ទល់​ពេល​នេះ»។ ១៥ លោក​យ៉ូស៊ូអា​តប​ថា៖ «បើ​សិន​ជា​បង​ប្អូន​មាន​គ្នា​ច្រើន​ដូច្នេះ ហើយ​បើ​តំបន់​ភ្នំ​អេប្រាអ៊ីម​នេះ​ចង្អៀត​ពេក ចូរ​ឡើង​ទៅ​តំបន់​ព្រៃ កាប់​ឆ្ការ​យក​ដី​មួយ​កន្លែង​នៅ​ក្នុង​ស្រុក​ពេរីស៊ីត និង​ស្រុក​រេផាអ៊ីម​ទៅ»។ ១៦ កូន​ចៅ​របស់​លោក​យ៉ូសែប ​តប​ទៅ​លោក​វិញ​ថា៖ «តំបន់​ភ្នំ​នេះ​មិន​ល្មម​គ្រប់​គ្រាន់​សំរាប់​យើង​ខ្ញុំ​ទេ ហើយ​ក្រៅ​ពី​នេះ ជន​ជាតិ​កាណាន ទាំង​អ្នក​ដែល​រស់​នៅ​តំបន់​វាល​រាប ទាំង​អ្នក​នៅ​ក្រុង​បេតសាន និង​ភូមិ​ជិតខាង ព្រម​ទាំង​អស់​អ្នក​ដែល​រស់​នៅ​តាម​ជ្រលង​ភ្នំ​យីសរេអែល សុទ្ធ​តែ​មាន​រទេះ​ដែក​ទាំង​អស់​គ្នា»។ ១៧ លោកយ៉ូស៊ូអា​​មាន​ ប្រសាសន៍​ទៅ​កាន់​កូន​ចៅ​លោក​យ៉ូសែប គឺ​កុលសម្ព័ន្ធ​អេប្រាអ៊ីម និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ខាង​លិច​ថា៖ «បង​ប្អូន​មាន​គ្នា​ច្រើន ហើយ​ក៏​មាន​កម្លាំង​ខ្លាំង​ដែរ ដូច្នេះ បង​ប្អូន​ត្រូវ​ទទួល​ទឹក​ដី លើស​ពី​មួយ​ចំណែក។ ១៨ បង​ប្អូន​នឹង​ទទួល​ តំបន់​ភ្នំ ទោះ​បី​មាន​សុទ្ធ​តែ​ព្រៃ​ក៏​ដោយ។ បង​ប្អូន​ត្រូវ​ឆ្ការ​ព្រៃ​នោះ​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​ត្រូវ​បណ្ដេញ​ជន​ជាតិ​កាណាន​ចេញ​ទៅ ទោះ​បី​ពួក​គេ​មាន​រទេះ​ដែក និង​មាន​កម្លាំង​ខ្លាំងក្លា​យ៉ាង​ណា​ក៏​ដោយ»។

ទឹក​ដី​របស់​កុលសម្ព័ន្ធ​ប្រាំពីរ​ទៀត

១ ក្រោយ​ពី​វាយ​យក​ទឹក​ដី​ បាន​ហើយ សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​មក​ជួបជុំ​គ្នា​នៅ​ស៊ីឡូ ហើយ​ដំឡើង​ព្រះ​ពន្លា​ជួប​ព្រះអម្ចាស់​នៅ​ទី​នោះ។ ២ ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល មាន​កុលសម្ព័ន្ធ​ប្រាំពីរ​ទៀត ដែល​ពុំ​ទាន់​បាន​ទទួល​ទឹក​ដី ជា​មត៌ក​នៅ​ឡើយ។ ៣ លោកយ៉ូស៊ូអា​​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល​ថា៖ «តើ​អ្នក​រាល់​គ្នា​រង់ចាំ​ដល់​កាល​ណា​ទៀត ទើប​ទៅ​ចាប់​យក​ទឹក​ដី​ដែល​ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ប្រទាន​អោយ? ៤ ក្នុង​កុលសម្ព័​ន្ធ​​នីមួយៗ ចូរ​ជ្រើស​រើស​យក​បុរស​បី​នាក់​មក ខ្ញុំ​នឹង​ចាត់​ពួក​គេ​អោយ​ទៅ​ពិនិត្យ​មើល​ទឹក​ដី ដែល​ជា​ចំណែក​របស់​គេ​រៀងៗ​ខ្លួន។ បន្ទាប់​មក ពួក​គេ​ត្រឡប់​មក​វិញ ហើយ​រាយការណ៍​អោយ​ខ្ញុំ​ដឹង។ ៥ ពួក​គេ​នឹង​ចែក​ទឹក​ដី​ នោះ​ជា​ប្រាំពីរ​ចំណែក គឺ​កុលសម្ព័ន្ធ​យូដា​នឹង​ទៅ​រស់​នៅ​លើ​ទឹក​ដី​របស់​គេ ក្នុង​ភូមិ​ភាគ​ខាង​ត្បូង ហើយ​ក្រុម​គ្រួសារ​លោក​យ៉ូសែប ទៅ​នៅ​លើ​ទឹក​ដី​របស់​គេ​ក្នុង​ភូមិ​ភាគ​ខាង​ជើង។ ៦ ត្រូវ​ធ្វើ​របាយការណ៍​ អំពី​ទឹក​ដី​ទាំង​ប្រាំពីរ​ចំណែក យក​មក​បង្ហាញ​ខ្ញុំ​នៅ​ទី​នេះ។ ខ្ញុំ​នឹង​ចាប់​ឆ្នោត​ចែក​ទឹក​ដី​អោយ​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង។ ៧ ប៉ុន្តែ កុលសម្ព័ន្ធ​លេវី​នឹង​មិន​ទទួល​ចំណែក​ជា​ទឹក​ដី ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ ព្រោះ​មុខងារ​ជា​បូជាចារ្យ​បំរើ​ព្រះអម្ចាស់ ជា​ចំណែក​មត៌ក​របស់​ពួក​គេ។ រីឯ​កុលសម្ព័ន្ធ​កាដ កុលសម្ព័ន្ធ​រូបេន និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល បាន​ទទួល​មត៌ក​របស់​ខ្លួន​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់​រួច​ហើយ គឺ​ជា​មត៌ក​ដែល​លោក​ម៉ូសេ​ជា​អ្នក​បំរើ​ព្រះអម្ចាស់​បាន​ប្រគល់​អោយ»។

 

៨ បុរស​ដែល​ លោកយ៉ូស៊ូអា​​ចាត់​អោយ​ទៅ​ស៊ើបការណ៍ នាំ​គ្នា​រៀបចំ​ខ្លួន​ចេញ​ដំណើរ​ទៅ ប៉ុន្តែ មុន​នឹង​ចេញ​ទៅ​លោកយ៉ូស៊ូអា​បាន​ផ្ដែផ្ដាំ​ថា៖ «ចូរ​ចេញ​ទៅ​ពិនិត្យ​មើល​ទឹក​ដី ហើយ​វិល​ត្រឡប់​មក​វិញ ធ្វើ​របាយការណ៍​អោយ​ខ្ញុំ​ដឹង។ នៅ​ស៊ីឡូ​នេះ ខ្ញុំ​នឹង​ចាប់​ឆ្នោត​ចែក​ទឹក​ដី​អោយ​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់​»​។ ៩ បុរស​ទាំង​នោះ​ចាក​ចេញ​ទៅ ហើយ​ធ្វើ​ដំណើរ​ពាសពេញ​ស្រុក រួច​ធ្វើ​របាយការណ៍​ជា​លាយលក្ខណ៍​អក្សរ អំពី​ក្រុង​នានា​ទាំង​ប្រាំពីរ​ចំណែក​នោះ ហើយ​ត្រឡប់​មក​ជួប​លោកយ៉ូស៊ូអា​នៅ​ជំរំ​ស៊ីឡូ​វិញ។ ១០ នៅ​ស៊ីឡូ​លោក​យ៉ូស៊ូអាចាប់​ឆ្នោត ចែក​ទឹក​ដី​អោយ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ តាម​កុលសម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន។

 

ទឹក​ដី​របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន

១១ ឆ្នោត​លើក​ដំបូង ត្រូវ​ចំ​លើ​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​បេនយ៉ាមីន តាម​អំបូរ​របស់​ពួក​គេ។ ទឹក​ដី​របស់​គេ​ស្ថិត​នៅ​ចន្លោះ​ទឹក​ដី​របស់​កូន​ចៅ​យូដា និង​ទឹក​ដី​របស់​កូន​ចៅ​យ៉ូសែប។ ១២ ព្រំប្រទល់​ខាង​ជើង​នៃ​ ទឹក​ដី​របស់​គេ ចាប់​ផ្ដើម​ពី​ទន្លេ​យ័រដាន់ ឡើង​តាម​ជំរាល​ខាង​ជើង​ក្រុង​យេរីខូ បន្ត​ទៅ​ខាង​លិច កាត់​តាម​តំបន់​ភ្នំ ហើយ​ទៅ​ដល់​វាល​រហោស្ថាន នៅ​បេតអាវេន។ ១៣ បន្ទាប់​មក ព្រំប្រទល់​ចេញ​ពី​ទី​នោះ តម្រង់​ទៅ​ទីក្រុង​លូស ដោយ​កាត់​តាម​ជំរាល​ខាង​ត្បូង​ក្រុង​នោះ (គឺ​បេតអែល) រួច​ចុះ​ទៅ​អាត្រុថ-អាតដារ កាត់​តាម​ភ្នំ​ដែល​នៅ​ខាង​ត្បូង​បេតហូរ៉ូន​ក្រោម។ ១៤ នៅ​ខាង​លិច​ភ្នំ​នេះ ព្រំប្រទល់​បត់​ទៅ​ទិស​ខាង​ត្បូង រហូត​ទៅ​ទល់​នឹង​គៀរីយ៉ាត-បាល គឺ​គៀរីយ៉ាត-យ៉េអារីម ជា​ក្រុង​របស់​កូន​ចៅ​យូដា។ នេះ​ហើយ​ព្រំប្រទល់​ខាង​លិច​របស់​គេ។

 

១៥ រីឯ​ព្រំប្រទល់​ប៉ែក​ខាង​ត្បូង ចេញ​ពី​គៀរីយ៉ាត-យ៉េអារីម បន្ត​ឆ្ពោះ​ទៅ​ទិស​ខាង​លិច រហូត​ដល់​ប្រភព​ទឹក​ណិបតា។ ១៦ ព្រំប្រ​ទល់​​​នេះ​ចុះ​ទៅ​ តាម​ជើង​ភ្នំ​ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​ជ្រលង​ភ្នំ​បេនហ៊ីនុម ខាង​ជើង​វាល​រាប​រេផាអ៊ីម​រួច​ចុះ​តាម​វាល​រាប​បេន​ហ៊ី​នុម ត្រង់​ជំរាល​ខាង​ត្បូង​ភ្នំ​យេប៊ូស ចុះ​ទៅ​អេន-រ៉ូកែល។ ១៧ បន្ទាប់​មក ព្រំប្រទល់​បត់​ទៅ​ខាង​ជើង ដល់​អេន-សេម៉េស និង​កេលីឡូត ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​ច្រក​ភ្នំ អាឌូមីម ហើយ​ចុះ​ទៅ​ផ្ទាំង​ថ្ម​របស់​លោក​បូហាន ជា​កូន​របស់​លោក​រូបេន។ ១៨ ព្រំប្រទល់​នេះ​កាត់​តាម​ជំរាល​ភ្នំ​ខាង​ជើង​ដែល​នៅ​ជាប់​តំបន់​អារ៉ាបា ហើយ​ចុះ​ទៅ​ក្នុង​តំបន់​អារ៉ាបា​នោះ ១៩ រួច​បន្ត​ទៅ​ខាង​ជើង​ បេតហូក្លា រហូត​ដល់​ខាង​ជើង​ឈូង​សមុទ្រ គឺ​ចុង​ខាង​ត្បូង​បំផុត​នៃ​ទន្លេ​យ័រដាន់។ នេះ​ហើយ​ព្រំប្រទល់​ខាង​ត្បូង​របស់​គេ។ ២០ រីឯ​ព្រំប្រទល់​ខាង​កើត គឺ​ទន្លេ​យ័រដាន់។ នេះ​ហើយ​ព្រំប្រទល់​នៃ​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​កូន​ចៅ​បេនយ៉ាមីន តាម​អំបូរ​របស់​ពួក​គេ។

 

២១ ក្រុង​ទាំងឡាយ​របស់​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​បេនយ៉ាមីន តាម​អំបូរ​របស់​ពួក​គេ មាន​ដូច​ត​ទៅ: យេរីខូ បេតហូក្លា វអេមិក-កេស៊ី ២២ បេត-អារ៉ាបា សេម៉ារ៉ាអ៊ីម បេតអែល ២៣ អាវីម ប៉ារ៉ា អូប្រា ២៤ កេផា-អាម៉ូណា អូបនី កេបា គឺ​មាន​ទាំង​អស់​ដប់ពីរ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។

 

២៥ បន្ទាប់​មក មាន​ក្រុងកាបូន រ៉ាម៉ា បេរ៉ូត ២៦ មីសប៉េ កេភីរ៉ា ម៉ូសា ២៧ រេគែម យៀរពែល តារ៉ាឡា ២៨ សេឡា អេឡេប យេប៊ូស (គឺ​ក្រុង​យេរូសាឡឹម) គីបា គៀរីយ៉ាត គឺ​មាន​ទាំង​អស់​ដប់បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។

នេះ​ជា​ទឹក​ដី​ ដែល​ជា​ចំណែក​មត៌ក​របស់​កូន​ចៅ​បេនយ៉ាមីន តាម​អំបូរ​របស់​ពួក​គេ។

ទឹក​ដី​របស់​កុលសម្ព័ន្ធ​ស៊ីម៉ូន

១ ឆ្នោត​លើក​ទី​ពីរ ត្រូវ​ចំ​លើ​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​ស៊ីម៉ូន តាម​អំបូរ​របស់​ពួក​គេ។ ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ​ស្ថិត​នៅ​ចំ​កណ្ដាល​ទឹក​ដី​របស់​កូន​ ចៅ​យូដា។ ២ ពួក​គេ​បាន​ទទួល​ក្រុង​ដូច​ត​ទៅ ទុក​ជា​មត៌ក គឺ​បៀរសេបា សេបា ម៉ូឡាដា ៣ ហាតសា-ស៊ូអាល បាឡា អេតសែម ៤ អែលតូឡាថ បេទូល ហ៊រម៉ា ៥ ស៊ីគឡាក់ បេត-ម៉ាកាបុត ហាតសា-សូសា ៦ បេត-ឡេបូត សារូហេន គឺ​មាន​ទាំង​អស់​ដប់​បី​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។ ៧ ក្រុង​ឯ​ទៀតៗ​មាន: អៃយីន រីម៉ូន អេទែរ និង​ អាសន គឺ​មាន​ទាំង​អស់​បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។ ៨ បន្ទាប់​មក មាន​ស្រុក​ភូមិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ​ក្រុង​ទាំង​នោះ រហូត​ដល់​បាឡាត-បៀរ គឺ​រ៉ាម៉ាត់​ខាង​ត្បូង។ នេះ​ហើយ​ទឹក​ដី ដែល​ជា​មត៌ក​របស់​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​ស៊ីម៉ូន តាម​អំបូរ​របស់​ពួក​គេ។ ៩ ដោយ​ទឹក​ដី​ដែល​ជា​ចំណែក​ មត៌ក​របស់​កូន​ចៅ​យូដា​ធំ​ពេក គេ​ក៏​បាន​យក​មួយ​ចំណែក មក​ចែក​អោយ​កូន​ចៅ​ស៊ីម៉ូន។ ហេតុ​នេះ ទើប​ទឹក​ដី​របស់​កូន​ចៅ​ស៊ីម៉ូន ស្ថិត​នៅ​កណ្ដាល​ទឹក​ដី​យូដា។

 

ទឹក​ដី​របស់​កុលសម្ព័ន្ធ​សាប៊ូឡូន

១០ ឆ្នោត​លើក​ទី​បី ត្រូវ​ចំ​លើ​កូន​ចៅ​សាប៊ូឡូន តាម​អំបូរ​របស់​ពួក​គេ។ ទឹក​ដី​របស់​គេ​លាត​សន្ធឹង​រហូត​ដល់​សារីដ។ ១១ ព្រំប្រ​ទល់​​ឡើង​ឆ្ពោះ​ទៅ​ទិស​ខាង​លិច រហូត​ដល់​ម៉ារ៉ាឡា ហើយ​ទៅ​ដល់​ដាបេសេត និង​រហូត​ទៅ​ដល់​ទឹក​ធ្លាក់ ដែល​នៅ​ទល់​មុខ​នឹង​យុកណាម។ ១២​​​​​​ ពី​សារីដ ព្រំប្រទល់​នេះ​បត់​ទៅ​ទិស​ខាង​កើត ដល់​ព្រំប្រទល់​ស្រុក​គីស្លូត-តាប៊រ បន្ត​ទៅ​ដល់​ដាប្រាត ហើយ​ឡើង​ទៅ​យ៉ាព្យា។ ១៣ បន្ទាប់​មក ព្រំប្រទល់​នេះ​បន្ត​ទៅ​ខាង​កើត​រហូត​ដល់​កាតាហេភែរ អ៊ីតា-កាតស៊ីន ហើយ​ទៅ​ដល់​រីម៉ូន រួច​បត់​ទៅ​ណេអា។ ១៤ ព្រំប្រទល់​នេះ​វាង​ទៅ​ខាង​ជើង​ហាណាថូន ហើយ​ទៅ​ដល់​ជ្រោះ​យីបតាអែល។ ១៥ ទឹក​ដី​នេះ​មាន​ទាំង​ អស់​ដប់ពីរ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង ក្នុង​ចំណោម​ក្រុង​ទាំង​នោះ មាន​កាតាត ណាហាឡាល់ ស៊ីមរ៉ូន យីដាឡា និង​បេថ្លេហិម​ជា​ដើម។ ១៦ ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កូន​ចៅ​សាប៊ូឡូន តាម​អំបូរ​របស់​ពួក​គេ។

 

ទឹក​ដី​របស់​កុលសម្ព័ន្ធ​អ៊ីសាកា

១៧ ឆ្នោត​លើក​ទី​បួន ត្រូវ​ចំ​លើ​កូន​ចៅ​អ៊ីសាខារ តាម​អំបូរ​របស់​ពួក​គេ។ ១៨ ទឹក​ដី​របស់​គេ មាន​ក្រុង​យីសរេអែល កេស៊ូឡូត ស៊ូណេម ១៩ ហាផារ៉ាអ៊ីម ស្យ៉ូន អាណាហារ៉ាត ២០ រ៉ាប់ប៊ីត គីស៊ីយ៉ូន អាបេស ២១ រេមេត អេន-កានីម អេន-ហាដា បេត-ប៉ាត់សេ។ ២២ ព្រំប្រទល់​នៃ​ទឹក​ដី​ នេះ​ភ្ជាប់​ទៅ​នឹង​ក្រុង​តាប៊រ សាហាត់ស៊ីម៉ា បេត​សេមែស ហើយ​ទៅ​ដល់​ទន្លេ​យ័រដាន់។ មាន​ទាំង​អស់​ដប់​ប្រាំ​មួយ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។ ២៣ ក្រុង និង ​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​អ៊ីសាកា តាម​អំបូរ​របស់​ពួក​គេ។

 

ទឹក​ដី​របស់​កុលសម្ព័ន្ធ​អស៊ែរ

២៤ ឆ្នោត​លើក​ទី​ប្រាំ ត្រូវ​ចំ​លើ​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​អស៊ែរ តាម​អំបូរ​របស់​ពួក​គេ។ ២៥ ទឹក​ដី​របស់​គេ​មាន​ក្រុង​ហែលកាថ ហាលី បេតែន អាកសាប ២៦ អាឡាមេឡេក អាម៉ាដ មីសាល។ នៅ​ទិស​ខាង​លិច ព្រំប្រទល់​នៃ​ទឹក​ដី​នេះ​ទៅ​ដល់​ភ្នំ​កាមែល ដោយ​កាត់​តាម​ស៊ីហ៊រ-លីបណាថ។ ២៧ នៅ​ខាង​កើត ព្រំប្រទល់​ឡើង​ទៅ​ដល់​បេតដាកូន ជាប់​នឹង​ទឹក​ដី​សាប៊ូឡូន និង​ជ្រលង​ភ្នំ​យីបតាអែល រួច​បត់​ទៅ​ទិស​ខាង​ជើង ដល់​បេតអេមេក និង​ណេយែល ហើយ​កាត់​តាម​ខាង​ឆ្វេង​ក្រុង​កាប៊ូល ២៨ ទៅ​ដល់​អេប្រូន រេហូប ហាម៉ូន និង​កាណា រហូត​ដល់​ក្រុង​ស៊ីដូន​មហា​នគរ។ ២៩ បន្ទាប់​មក ព្រំប្រទល់​នេះ​បត់​ឆ្ពោះ​ទៅ​រ៉ាម៉ា រហូត​ដល់​បន្ទាយ​ទីរ៉ុស និង​ហូសា​រួច​ទៅ​ដល់​សមុទ្រ​មេឌីទែរ៉ាណេ ដោយ​កាត់​តាម​ភូមិ​ភាគ​អាកស៊ីប។ ៣០ ​បន្ទាប់​មក មាន​ក្រុង​អ៊ូម៉ា អាផេក និង​រេហូប។ មាន​ទាំង​អស់​ម្ភៃ​ពីរ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។ ៣១ ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​អស៊ែរ តាម​អំបូរ​របស់​ពួក​គេ។

 

ទឹក​ដី​របស់​កុលសម្ព័ន្ធ​ណែបថាលី

៣២ ឆ្នោត​លើក​ទី​ប្រាំ​មួយ ត្រូវ​ចំ​លើ​កូន​ចៅ​ណែបថាលី តាម​អំបូរ​របស់​ពួក​គេ។ ៣៣ ព្រំប្រទល់​របស់​គេ​លាត ​សន្ធឹង​ពី​ហេលេប ពី​ដើម​ជ្រៃ​សានណានីម​កាត់​តាម​អាដាមី-ណេកិប និង​យ៉ាប់​ណែល​​រហូត​ទៅ​ដល់​ឡាក់​គូម និង​ទន្លេ​យ័រដាន់។ ៣៤ នៅ​ខាង​លិច ព្រំប្រទល់​បត់​ទៅ​អាសណូត-តាប៊រ ហើយ​ទៅ​ដល់​ហ៊ូកុក។ ព្រំប្រ​ទល់​នេះ​ភ្ជាប់​តាម​បណ្ដោយ​ទឹក​ដី​សាប៊ូឡូន ផ្នែក​ខាង​ត្បូង និង​ទឹក​ដី​អស៊ែរ និង​យូដា​ផ្នែក​ខាង​លិច ហើយ​នៅ​ខាង​កើត​មាន​ទន្លេ​យ័រដាន់។ ៣៥ ក្រុង​ដែល​មាន​កំពែង​ក្នុង​ស្រុក​នេះ គឺ​ស៊ីឌីម ស៊ែរ ហាម៉ាត់ រ៉ាកាត់ គីនេរ៉េត ៣៦ អាដាម៉ា រ៉ាម៉ា ហាត់ស៊រ ៣៧ កេដែស អេដ្រេអ៊ី អេន-ហាត់ស៊រ ៣៨ យីរ៉ន មីកដាល-អែល ហូរេម បេតអាណាត និង​បេតសេមែស។ មាន​ទាំង​អស់​ដប់​ប្រាំ​បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។ ៣៩ ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​ណែបថាលី តាម​អំបូរ​របស់​ពួក​គេ។

 

ទឹក​ដី​របស់​កុលសម្ព័ន្ធ​ដាន់

៤០ ឆ្នោត​លើក​ទី​ប្រាំពីរ ត្រូវ​ចំ​លើ​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​ដាន់ តាម​អំបូរ​របស់​ពួក​គេ។ ៤១ ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​គេ មាន​ក្រុង​សូរ៉ា អេសតូលអៀរ-សេមែស ៤២ សាឡាប៊ីន អៃយ៉ាឡូន យីត-ឡា ៤៣ អេឡូន ទីមណាតា អេក្រូន ៤៤ អែលតេកេ គីបេតូន បាឡាត ៤៥ យេហ៊ូដ បេនេ-បេរ៉ាក់កាថ-រីម៉ូន ៤៦ ស្ទឹងយ៉ារកូន និង​រ៉ាកូន ព្រម​ទាំង​ទឹក​ដី​ដែល​នៅ​ទល់​មុខ​ក្រុង​យ៉ុបប៉េ។

 

៤៧ ពេល​កូន ​ចៅ​ដាន់​បាត់​ទឹក​ដី​របស់​ខ្លួន គេ​ក៏​លើក​ទ័ព​ទៅ​វាយ​ក្រុង​លេសែម ហើយ​ដណ្ដើម​យក​ក្រុង​នោះ​បាន។ ពួក​គេ​បាន​កាប់​សម្លាប់​អ្នក​ក្រុង​ដោយ​មុខ​ដាវ ហើយ​កាន់​កាប់​ក្រុង​នោះ។ ពួក​គេ​ក៏​តាំង​ទី​លំនៅ​ក្នុង​ក្រុង​នោះ ហើយ​ដូរ​ឈ្មោះ​ក្រុង​លេសែម​ថា «ដាន់» តាម​ឈ្មោះ​បុព្វបុរស​របស់​គេ​វិញ។ ៤៨ ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​ដាន់ តាម​អំបូរ​របស់​ពួក​គេ។

 

ចំណែក​មត៌ក​របស់​លោក​យ៉ូស៊ូអា

៤៩ កាល​ជន​ជាតិ​អ៊ីស្រាអែល ​បែង​ចែក​ទឹក​ដី​នៅ​ស្រុក​នោះ តាម​ព្រំប្រទល់​របស់​គេ​នីមួយៗ​រួច​ហើយ គេ​ក៏​ចែក​ទឹក​ដី​មួយ​ចំណែក​ជូន​លោក​យ៉ូស៊ូអា ជា​កូន​របស់​លោក​នូន​ទុក​ជា​មត៌ក​ដែរ។ ៥០ ពួក​គេ​បាន​ជូន​ក្រុងទីមណាត-សេរ៉ា នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម តាម​សំណូម​ពរ​របស់​លោក ស្រប​តាម​បញ្ជា​របស់​ព្រះអម្ចាស់។ លោក​បាន​សង់​ទីក្រុង​ឡើង​វិញ រួច​តាំង​ទី​លំនៅ នៅ​ទី​នោះ។ ៥១ លោក​បូជាចារ្យ*​អេឡា​សារ និង​លោក​យ៉ូស៊ូអា​ជា​កូន​របស់​លោក​នូន ព្រម​ទាំង​មេ​ក្រុម​គ្រួសារ​របស់​កុលសម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រាអែល បាន​ចែក​ទឹក​ដី​ទាំង​នេះ​ជា​មត៌ក​អោយ​ពួក​គេ ដោយ​ចាប់​ឆ្នោត​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ត្រង់​មាត់​ទ្វារ​ព្រះ​ពន្លា​ជួប​ព្រះអម្ចាស់​នៅ​ស៊ីឡូ។ ពួក​គេ​បាន​បែង​ចែក​ស្រុក​នោះ​ចប់​សព្វ​គ្រប់​ជា​ស្ថាពរ។

ក្រុង​ជំរក

១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស៊ូអា​ថា៖ ២ «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល អោយ​ជ្រើស​រើស​ក្រុង​ជំរក​ ដូច​យើង​បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា​តាម​រយៈ​លោក​ម៉ូសេ​ស្រាប់។ ៣ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​មាន​នរណា​ម្នាក់​បាន​សម្លាប់​គេ ដោយ​អចេតនា គឺ​ដោយ​គ្មាន​ចិត្ត​ប្រាថ្នា​ចង់​សម្លាប់​គេ​ទេ អ្នក​នោះ​អាច​រត់​ទៅ​ជ្រក​នៅ​ក្រុង​នោះ ដើម្បី​គេច​អោយ​ផុត​ពី​អ្នក​ដែល​ត្រូវ​សងសឹក។ ៤ អ្នក​នោះ​ អាច​រត់​ទៅ​កាន់ ​ក្រុង​ណា​មួយ​ក្នុង​ចំណោម​ក្រុង​ជំរក ហើយ​ឈប់​នៅ​មាត់​ទ្វារ​ក្រុង និង​បរិយាយ​រៀប​រាប់​រឿង​របស់​ខ្លួន​ ប្រាប់​ពួក​ព្រឹទ្ធាចារ្យ​នៅ​ក្រុង​ នោះ។ ពួក​ព្រឹទ្ធាចារ្យ​នឹង​អនុញ្ញាត​អោយ​គាត់​ចូល​ក្នុង ក្រុង​ព្រម​ទាំង​ផ្ដល់​កន្លែង​អោយ​ស្នាក់​អាស្រ័យ​នៅ​ជា​មួយ​ពួក​គេ។ ៥ ប្រសិន​បើ​ជា​អ្នក​ដែល​ ត្រូវ​សងសឹក​មក​តាម​គាត់ ពួក​ព្រឹទ្ធាចារ្យ​គ្មាន​សិទ្ធិ​នឹង​ប្រគល់​អ្នក​ដែល​សម្លាប់​គេ​ទៅ​អោយ​ អ្នក​នោះ​ទេ ដ្បិត​គាត់​បាន​សម្លាប់​បង​ប្អូន​រួម​ជាតិ​របស់​ខ្លួន ដោយ​គ្មាន​ចិត្ត​ប្រាថ្នា​ចង់​សម្លាប់ ហើយ​គ្មាន​ចិត្ត​សំអប់​មក​ពី​មុន​ឡើយ។ ៦ គាត់​ត្រូវ​ស្នាក់​នៅ​ ក្រុង​នោះ​រហូត​ដល់​សហគមន៍​ជំនុំ​ជំរះ ហើយ​រហូត​ដល់​លោក​មហាបូជាចារ្យ*​ដែល​កាន់​មុខ​តំណែង​នៅ​ពេល​នោះ ទទួល​មរណភាព​ផុត​ទៅ។ ក្រោយ​មក ទើប​អ្នក​ដែល​បាន​សម្លាប់​គេ​នោះ អាច​វិល​ត្រឡប់​ទៅ​នៅ​ស្រុក​ភូមិ​របស់​ខ្លួន គឺ​កន្លែង​ដែល​គាត់​រត់​ចេញ​មក»។

 

៧ ជន​ជាតិ​ អ៊ីស្រាអែល​ក៏​បាន​ញែក​ក្រុង​កេដែស នៅ​ស្រុក​កាលីឡេ ក្នុង​តំបន់​ភ្នំ​ណែបថាលី ក្រុង​ស៊ីគែម នៅ​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម និង​ក្រុង​គៀរីយ៉ាត-អារបា គឺ​ក្រុង​ហេប្រូន​ក្នុង​តំបន់​ភ្នំ​យូដា។ ៨ នៅ​ត្រើយ​ខាង​នាយ​ទន្លេ​ យ័រដាន់ គឺ​នៅ​ខាង​កើត​ក្រុង​យេរីខូ គេ​បាន​ជ្រើស​រើស​យក​ក្រុង​បេស៊ែរ នៅ​វាល​រហោស្ថាន ក្នុង​តំបន់​ខ្ពង់​រាប​របស់​កុលសម្ព័ន្ធ​រូបេន ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ​របស់​កុលសម្ព័ន្ធ​កាដ និង​ក្រុង​កូឡាន​នៅ​ស្រុក​បាសាន​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ។ ៩ គេ​បាន​ជ្រើស​រើស​ក្រុង​ ទាំង​នោះ ដើម្បី​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ និង​ជន​បរទេស​ដែល​ស្នាក់​ជា​មួយ​គេ​អាច​រត់​ទៅ​ជ្រក​កោន​នៅ​ពេល​បាន​សម្លាប់ ​មនុស្ស​ម្នាក់​ដោយ​អចេតនា។ ធ្វើ​ដូច្នេះ គេ​នឹង​បាន​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​ត្រូវ​សងសឹក គឺ​គេ​មិន​ត្រូវ​ស្លាប់ ដោយ​សហគមន៍​មិន​បាន​ជំនុំ​ជំរះ​ជា​មុន។

ក្រុង​ទាំងឡាយ​របស់​កុលសម្ព័ន្ធ​លេវី

១ មេ​ក្រុម​គ្រួសារ​នៃ​កូន​ ចៅ​លេវី​នាំ​គ្នា​មក​ជួប​លោក​បូជាចារ្យ​អេឡាសារ និង​លោក​យ៉ូស៊ូអា ជា​កូន​របស់​លោក​នូន ព្រម​ទាំង​មេ​គ្រួសារ​របស់​កុលសម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រាអែល ២ នៅ​ស៊ីឡូ ក្នុង​ស្រុក​កាណាន​ជំរាប​ថា៖ «ព្រះអម្ចាស់​ បាន​បញ្ជា​តាម​រយៈ​លោក​ម៉ូសេ​ថា ត្រូវ​ប្រគល់​ក្រុង​សំរាប់​អោយ​យើង​ខ្ញុំ​ស្នាក់​នៅ ព្រម​ទាំង​វាល​ស្មៅ​ជិត​ខាង សំរាប់​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ដែរ»។ ៣ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​បាន​យក​ក្រុង​ខ្លះ និង​វាល​ស្មៅ​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ ចែក​អោយ​ពួក​លេវី ស្រប​តាម​បញ្ជា​របស់​ព្រះអម្ចាស់។

 

៤ គេ​បាន​ ចាប់​ឆ្នោត សំរាប់​អំបូរ​នានា​នៃ​កូន​ចៅ​គើហាត់។ ក្នុង​ចំណោម​ពួក​លេវី​ទាំង​នោះ​កូន​ចៅ​របស់​បូជាចារ្យ​អរ៉ុន ទទួល​បាន​ក្រុង​ចំនួន​ដប់​បី ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​យូដា កុលសម្ព័ន្ធ​ស៊ីម៉ូន និង​កុលសម្ព័ន្ធ​បេនយ៉ាមីន។ ៥ កូន​ចៅ​ឯ​ទៀតៗ​របស់​ គើហាត់ ទទួល​បាន​ក្រុង​ចំនួន​ដប់ ក្នុង​ទឹក​ដី​នៃ​អំបូរ​នានា​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម កុលសម្ព័ន្ធ​ដាន់ និង​កុលសម្ព័ន្ធ​ម៉ាណាសេ ចំនួន​ពាក់​កណ្ដាល​ដែល​នៅ​ខាង​លិច។ ៦ កូន​ចៅ​របស់​លោក​គែរសូន​ ទទួល​បាន​ក្រុង​ចំនួន​ដប់​បី ក្នុង​ទឹក​ដី​កុលសម្ព័ន្ធ​អ៊ីសាកា កុលសម្ព័ន្ធ​អស៊ែរ កុលសម្ព័ន្ធ​ណែបថាលី និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​បាសាន។ ៧ កូន​ចៅ​របស់​លោក​មេរ៉ារី​ទទួល​បាន​ក្រុង​ចំនួន​ដប់ពីរ ក្នុង​ទឹក​ដី​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​សាប៊ូឡូន។ ៨ ជន​ជាតិ​អ៊ីស្រាអែល​បាន​ចែក​ក្រុង និង​វាល​ស្មៅ​នៅ​ជុំវិញ​អោយ​ពួក​លេវី ដោយ​ការ​ចាប់​ឆ្នោត ស្រប​តាម​បញ្ជា​របស់​ព្រះអម្ចាស់​មក​លោក​ម៉ូសេ។

 

៩ កុលសម្ព័ន្ធ​យូដា និង​កុលសម្ព័ន្ធ​ស៊ីម៉ូន​បាន​ចែក​ក្រុង​ដែល​មាន​ឈ្មោះ​ដូច​ខាង​ក្រោម​នេះ ១០ អោយ​កូន​ចៅ​លោក​អរ៉ុន​នៃ​អំបូរ​លោក​គើហាត់ ជា​កូន​របស់​លោក​លេវី ដ្បិត​ការ​ចាប់​ឆ្នោត​លើក​ដំបូង​ត្រូវ​ចំ​លើ​ពួក​គេ។ ១១ ពួក​គេ​ទទួល​បាន​ក្រុង​ គៀរីយ៉ាត-អារបា ពោល​គឺ​ក្រុង​ហេប្រូន​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​ស្រុក​យូដា ព្រម​ទាំង​វាល​ស្មៅ​ដែល​នៅ​ជុំវិញ។ លោក​អារបា ជា​បុព្វបុរស​របស់​ជន​ជាតិ​អាណាក់។ ១២ រីឯ​ដី​ចំការ និង​ភូមិ​នានា​ដែល​នៅ​ជាប់​ក្រុង​នោះ​វិញ គេ​បាន​ប្រគល់​ជូន​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ ទុក​ជា​កម្មសិទ្ធិ។ ១៣ ពួក​គេ​បាន​ចែក​ក្រុង​ ដូច​ត​ទៅ​នេះ អោយ​កូន​ចៅ​លោក​បូជាចារ្យ​អរ៉ុន សំរាប់​ជា​ជំរក​ដល់​អ្នក​សម្លាប់​គេ គឺ​ក្រុង​ហេប្រូន និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​លីបណា និង​វាល​ស្មៅ​នៅ​ជុំវិញ ១៤ ក្រុង​យ៉ាទៀរ និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​អេសតេម៉ា និង​វាល​ស្មៅ​នៅ​ជុំវិញ ១៥ ក្រុង​ហូឡូន និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​ដេបៀរ និង​វាល​ស្មៅ​នៅ​ជុំវិញ ១៦ ក្រុង​អៃយ៉ីន និង​វាល​ស្មៅ​នៅ​ជុំវិញ​ក្រុង​យូតា និង​វាល​ស្មៅ​នៅ​ជុំវិញ ព្រម​ទាំង​ក្រុង​បេតសេមែស និង​វាល​ស្មៅ​នៅ​ជុំវិញ គឺ​មាន​ទាំង​អស់​ប្រាំ​បួន​ក្រុង ក្នុង​ទឹក​ដី​នៃ​កុលសម្ព័ន្ធ​យូដា និង​កុលសម្ព័ន្ធ​ស៊ីម៉ូន។ ១៧ ក្នុង​ទឹក​ដី​នៃ​កុលសម្ព័ន្ធ​បេនយ៉ាមីន ពួក​លេវី​ទទួល​បាន​ក្រុង​កាបូន និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​កេបា និង​វាល​ស្មៅ​នៅ​ជុំវិញ ១៨ ក្រុង​អាណាតូត និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​អាល់ម៉ូន និង​វាល​ស្មៅ​នៅ​ជុំវិញ គឺ​មាន​ទាំង​អស់​បួន​ក្រុង។ ១៩ សរុប​ទាំង​អស់ ក្រុម​បូជាចារ្យ​ដែល​ជា​កូន​ចៅ​លោក​អរ៉ុន​ទទួល​បាន​ដប់​បី​ក្រុង ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំវិញ​ផង។ ២០ ពួក​លេវី ក្នុង​អំបូរ​ឯ​ទៀតៗ​នៃ​កូន​ចៅ​របស់​លោកគែរ​ហាត់ ទទួល​បាន​ក្រុង ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម តាម​ការ​ចាប់​ឆ្នោត។ ២១ ពួក​គេ​ទទួល​បាន​ក្រុង​ សំរាប់​ជា​ជំរក​ដល់​អ្នក​សម្លាប់​គេ គឺ​មាន​ក្រុង​ស៊ីគែម និង​វាល​ស្មៅ​នៅ​ជុំវិញ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម ក្រុង​កេស៊ែរ និង​វាល​ស្មៅ​នៅ​ជុំវិញ ២២ ក្រុង​គីបសាអ៊ីម និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​បេតហូរ៉ូន និង​វាល​ស្មៅ​នៅ​ជុំវិញ គឺ​មាន​ទាំង​អស់​បួន​ក្រុង។ ២៣ ក្នុង​ទឹក​ដី​នៃ​កុលសម្ព័ន្ធ​ដាន់ គេ​ទទួល​បាន​ក្រុង​អែលតេកេ និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​គីបតូន និង​វាល​ស្មៅ​នៅ​ជុំវិញ ២៤ ក្រុង​អាយ៉ាឡូន និង​វាល​ស្មៅ​នៅ​ជុំវិញ ព្រម​ទាំង​ក្រុង​កាថ-រីម៉ូន និង​វាល​ស្មៅ​នៅ​ជុំវិញ គឺ​មាន​ទាំង​អស់​ក្រុង​បួន។ ២៥ ក្នុង​ទឹក​ដី​នៃ​ កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល គេ​ទទួល​បាន​ក្រុង​ពីរ គឺ​ក្រុង​តាណាក់ និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​អ៊ីតឡាម និង​វាល​ស្មៅ​នៅ​ជុំវិញ។ ២៦ សរុប​មក​អំបូរ​ឯ​ទៀតៗ​នៃ​កូន​ចៅ​របស់​លោក​គែរហាត់​ទទួល​បាន​ដប់​ក្រុង ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំវិញ។

 

២៧ ពួក​លេវី ជា​កូន​ចៅ​លោក​គែរសូន​ទទួល​បាន​ក្រុង ក្នុង​ទឹក​ដី​នៃ​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល​ដែល​នៅ​ខាង​កើត សំរាប់​ជា​ជំរក​ដល់​អ្នក​សម្លាប់​គេ: ក្រុង​កូឡាន និង​វាល​ស្មៅ​នៅ​ជុំវិញ ក្នុង​ស្រុក​បាសាន ព្រម​ទាំង​ក្រុង​បេសតេរ៉ា និង​វាល​ស្មៅ​នៅ​ជុំវិញ គឺ​មាន​ទាំង​អស់​ក្រុង​ពីរ។ ២៨ ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​អ៊ីសាកា គេ​ទទួល​បាន​ក្រុង​គីសយ៉ូន និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​ដាប្រាត និង​វាល​ស្មៅ​នៅ​ជុំវិញ ២៩ ក្រុង​យ៉ាមូត និង​វាល​ស្មៅ​នៅ​ជុំវិញ​ក្រុង​អេនកានីន និង​វាល​ស្មៅ​នៅ​ជុំវិញ គឺ​មាន​ទាំង​អស់​ក្រុង​បួន។ ៣០ ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​អស៊ែរ គេ​ទទួល​បាន​ក្រុង​មីសាល់ និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​អាប់ដូន និង​វាល​ស្មៅ​នៅ​ជុំវិញ ៣១ ក្រុង​ហែលកាថ និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​រេហូប និង​វាល​ស្មៅ​នៅ​ជុំវិញ គឺ​មាន​ទាំង​អស់​ក្រុង​បួន។ ៣២ ក្នុង​ទឹក​ដី​របស់​ កុលសម្ព័ន្ធ​ណែបថាលី គេ​ទទួល​បាន​ក្រុង​សំរាប់​ជា​ជំរក​ដល់​អ្នក​សម្លាប់​គេ គឺ​ក្រុង​កេដែស និង​វាល​ស្មៅ​នៅ​ជុំវិញ ក្នុង​ស្រុក​កាលីឡេ ក្រុង​ហាមម៉ូត-ឌ័រ និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​ការកាន និង​វាល​ស្មៅ​នៅ​ជុំវិញ គឺ​មាន​ទាំង​អស់​ក្រុង​បី។ ៣៣ សរុប​ទាំង​អស់ ពួក​លេវី ជា​កូន​ចៅ​របស់​លោក​គែរសូន តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ​ទទួល​បាន​ក្រុង​ដប់​បី ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំវិញ​ផង។

 

៣៤ ចំពោះ​ អំបូរ​លេវី​ឯ​ទៀតៗ គឺ​កូន​ចៅ​លោក​មេរ៉ារី គេ​ទទួល​បាន​ក្រុង​ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​សាប៊ូឡូន: ក្រុង​យ៉ុកណាម និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​ការតា និង​វាល​ស្មៅ​នៅ​ជុំវិញ ៣៥ ក្រុង​ឌីម-ណា និង​វាល​ស្មៅ​នៅ​ជុំវិញ ព្រម​ទាំង​ក្រុង​ណា-ហាឡាល់ និង​វាល​ស្មៅ​នៅ​ជុំវិញ​គឺ​មាន​ទាំង​អស់​ក្រុង​បួន។ ៣៦ ក្នុង​ទឹក​ដី​នៃ​ កុលសម្ព័ន្ធ​រូបេន ដែល​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់​គេ​បាន​ទទួល​ក្រុង​បេស៊ែរ និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​យ៉ាសា និង​វាល​ស្មៅ​នៅ​ជុំវិញ ៣៧ ក្រុង​កេដេម៉ូត និង​វាល​ស្មៅ​នៅ​ជុំវិញ ព្រម​ទាំង​ក្រុង​មេផាត និង​វាល​ស្មៅ​នៅ​ជុំវិញ គឺ​មាន​ទាំង​អស់​ក្រុង​បួន។ ៣៨ ក្នុង​ទឹក​ដី​នៃ​ កុលសម្ព័ន្ធ​កាដ គេ​ទទួល​បាន​ក្រុង​សំរាប់​ជា​ជំរក​ដល់​អ្នក​សម្លាប់​គេ គឺ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​ម៉ាហាណាអ៊ីម និង​វាល​ស្មៅ​នៅ​ជុំវិញ ៣៩ ក្រុង​ហេសបូន និង​វាល​ស្មៅ​នៅ​ជុំវិញ ព្រម​ទាំង​ក្រុង​យ៉ាស៊ែរ និង​វាល​ស្មៅ​នៅ​ជុំវិញ គឺ​មាន​ទាំង​អស់​ក្រុង​បួន។ ៤០ សរុប​ទាំង​អស់ កូន​ចៅ​លោក​មេរ៉ារី​តាម​អំបូរ​របស់​ពួក​គេ ពោល​គឺ​អំបូរ​លេវី​ដែល​នៅ​សល់ ទទួល​បាន​ក្រុង​ចំនួន​ដប់ពីរ​ដោយ​ការ​ចាប់​ឆ្នោត។

 

៤១ រួម​ទាំង​អស់ ក្រុង​របស់​ពួក​លេវី ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​សែសិប​ប្រាំ​បី​ក្រុង​ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំវិញ។ ៤២ ក្រុង​នីមួយៗ​មាន​វាល​ស្មៅ​នៅ​ជុំវិញ គឺ​ក្រុង​ទាំង​អស់​សុទ្ធ​តែ​មាន​វាល​ស្មៅ​ដូចៗ​គ្នា។

 

៤៣ ព្រះអម្ចាស់​ បាន​ប្រគល់​ស្រុក​នោះ​ទាំង​មូល​អោយ​ជន​ជាតិ​អ៊ីស្រាអែល ស្រប​តាម​ព្រះបន្ទូល​ដែល​ទ្រង់​បាន​សន្យា​ថា​នឹង​ប្រទាន​អោយ​បុព្វបុរស​របស់​គេ។ ពួក​គេ​បាន​កាន់​កាប់​ស្រុក​ជា​កម្មសិទ្ធិ ហើយ​តាំង​ទី​លំនៅ នៅ​ទី​នោះ។ ៤៤ ព្រះអម្ចាស់​ ប្រទាន​សេចក្ដី​សុខសាន្ត នៅ​ជុំវិញ​ស្រុក​របស់​ពួក​គេ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​ដូនតា​របស់​គេ។ គ្មាន​ខ្មាំង​សត្រូវ​ណា​ម្នាក់​អាច​តទល់​នឹង​ពួក​គេ​បាន​ឡើយ ព្រោះ​ព្រះអម្ចាស់​បាន​ប្រគល់​ខ្មាំង​សត្រូវ​ទាំង​អស់ មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។ ៤៥ ហេតុ​នេះ ព្រះបន្ទូល​ដ៏​ប្រសើរ​ដែល​ព្រះអម្ចាស់​សន្យា​ជា​មួយ​ប្រជាជន​អ៊ីស្រាអែល​បាន​សំរេច​ជា​ស្ថាពរ ឥត​មាន​ខ្វះ​ត្រង់​ណា​ឡើយ។

ដំណាក់​កាល​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក​យ៉ូស៊ូអា

កុលសម្ព័ន្ធ​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​វិល​ត្រឡប់ ទៅ​​​​កាន់​ទឹក​ដី​របស់​គេ​វិញ

១ ពេល​នោះ លោក​យ៉ូស៊ូអា​កោះ​ហៅ​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល​ដែល​មក​ពី​ខាង​កើត។ ២ លោក​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​គោរព​តាម​សេចក្ដី​ទាំង​អស់​ដែល​លោក​ម៉ូសេ​ជា​អ្នក​បំរើ​ព្រះអម្ចាស់ បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ក៏​គោរព​តាម​ពាក្យ​សំដី​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា​ដែរ។ ៣ អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ ហើយ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​ពុំ​បាន​បោះបង់​ចោល​បង​ប្អូន​រួម​ឈាម​ឡើយ គឺ​អ្នក​រាល់​គ្នា​បាន​គោរព​តាម​បញ្ជា​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ៤ ឥឡូវ​នេះ ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រោស​ប្រទាន​អោយ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​បាន​សេចក្ដី​សុខសាន្ត ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​ពួក​គេ។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​ទៅ​ជំរំ​រៀងៗ​ខ្លួន ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា​វិញ​ចុះ ពោល​គឺ​ទឹក​ដី ដែល​លោក​ម៉ូសេ​ជា​អ្នក​បំរើ​របស់​ព្រះអម្ចាស់​បាន​ចែក​អោយ​អ្នក​រាល់​គ្នា នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់។

 

៥ ប៉ុន្តែ ចូរ​ប្រុង​ប្រយ័ត្ន​អោយ​មែន​ទែន គឺ​ត្រូវ​ប្រព្រឹត្ត​តាម​បទ​បញ្ជា និងវិន័យ ដែល​លោក​ម៉ូសេ​ជា​អ្នក​បំរើ​ព្រះអម្ចាស់ បាន​ប្រគល់​អោយ: គឺ​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ត្រូវ​ដើរ​តាម​គ្រប់​មាគ៌ា​របស់​ព្រះអង្គ ត្រូវ​ប្រព្រឹត្ត​តាម​បទបញ្ជា​របស់​ព្រះអង្គ ត្រូវ​ជាប់​ចិត្ត​ជា​មួយ​ព្រះអង្គ ត្រូវ​គោរព​បំរើ​ព្រះអង្គ​អោយ​អស់​ពី​កម្លាំង​កាយ និង​កម្លាំង​ចិត្ត»​។

 

៦ លោក​យ៉ូស៊ូអា​បាន​អោយ​ពរ និង​ប្រាប់​ពួក​គេ​អោយ​ចេញ​ទៅ ពួក​គេ​ក៏​វិល​ត្រឡប់​ទៅ​ជំរំ​រៀងៗ​ខ្លួន​វិញ។ ៧ លោក​ម៉ូសេ​បាន​ចែក​ទឹក​ដី ​មួយ​ចំណែក​ជា​មត៌ក ក្នុង​ស្រុក​បាសាន នៅ​ខាង​កើត​ទន្លេ​យ័រដាន់ អោយ​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល។ លោក​យ៉ូស៊ូអា​ក៏​បាន​ចែក​ទឹក​ដី​មួយ​ចំណែក​ជា​មត៌ក អោយ​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល​ទៀត នៅ​ខាង​លិច​ទន្លេ​យ័រដាន់ រួម​ជា​មួយ​កុលសម្ព័ន្ធ​នានា​ជា​បង​ប្អូន​របស់​គេ​ដែរ។ លោក​យ៉ូស៊ូ​អា​ប្រាប់​​ពួក​គេ​អោយ​វិល​ត្រឡប់​ទៅ​ជំរំ​វិញ ទាំង​អោយ​ពរ​ពួក​គេ​ផង។ ៨ លោក​មាន​ប្រសាសន៍​ទៅ​គេ​ ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​ជំរំ​របស់​អ្នក​រាល់​គ្នា​វិញ​ចុះ ចូរ​នាំ​យក​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន និង​ហ្វូង​សត្វ​ដ៏​សន្ធឹក​សន្ធាប់​ទៅ​ជា​មួយ ព្រម​ទាំង​យក​មាស ប្រាក់ លង្ហិន ដែក និង​សម្លៀកបំពាក់​យ៉ាង​ច្រើន​បំផុត​នេះ ទៅ​ជា​មួយ​ដែរ។ ចូរ​នាំ​គ្នា​ចែក​ជ័យភ័ណ្ឌ ដែល​អ្នក​រាល់​គ្នា​រឹប​អូស​យក​ពី​ខ្មាំង​សត្រូវ អោយ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ផង»។

 

កុលសម្ព័ន្ធ​ខាង​កើត​សង់​អាសនៈ​មួយ​ក្បែរ​ទន្លេ​យ័រដាន់

៩ កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល បាន​វិល​ត្រឡប់​ទៅ​វិញ។ ពួក​គេ​ចាក​ចេញ​ពី​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ស៊ីឡូ ក្នុង​ស្រុក​កាណាន ឆ្ពោះ​ទៅ​ស្រុក​កាឡាដ ជា​ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​ជា​កម្មសិទ្ធិ ស្រប​តាម​បញ្ជា​ដែល​ព្រះអម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ ១០ កាល​ពួក​គេ​មក​ដល់​ ក្បែរ​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​កាណាន កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល បាន​សង់​អាសនៈ​មួយ​ដ៏​ធំ​ស្កឹមស្កៃ នៅ​មាត់​ទន្លេ​យ័រដាន់។ ១១ ជន​ជាតិ​អ៊ីស្រាអែល​ឮ​ គេ​និយាយ​ថា៖ «កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ ចំនួន​ពាក់​កណ្ដាល បាន​សង់​អាសនៈ​មួយ​នៅ​មាត់​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​កាណាន នៅ​ត្រើយ​ខាង​អ៊ីស្រាអែល»។ ១២ កាល​ជន​ជាតិ​អ៊ីស្រាអែល ​ទទួល​ដំណឹង​នេះ​ហើយ ពួក​គេ​ក៏​ប្រមូល​ផ្ដុំ​សហគមន៍​ទាំង​មូល​នៅ​ស៊ីឡូ បម្រុង​ចេញ​ទៅ​ច្បាំង​តទល់​នឹង​កុលសម្ព័ន្ធ​ទាំង​នោះ។ ១៣ ជន​ជាតិ​អ៊ីស្រាអែល​បាន​ចាត់​លោក​ភីនេហាស ជា​កូន​លោក​បូជាចារ្យ​អេឡា​សារ ១៤ ព្រម​ទាំង​អ្នក​ដឹក​នាំ ​ដប់​នាក់ ដែល​ទទួល​ខុស​ត្រូវ​លើ​កុលសម្ព័ន្ធ​នីមួយៗ​នៃ​ជន​ជាតិ​អ៊ីស្រាអែល គឺ​ម្នាក់ៗ​ជា​មេ​លើ​ក្រុម​គ្រួសារ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ១៥ ពួក​គេ​នាំ​គ្នា​ទៅ​ជួប ​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល នៅ​ស្រុក​កាឡាដ ហើយ​និយាយ​ដូច​ត​ទៅ៖ ១៦ «សហគមន៍​ទាំង​មូល​របស់​ព្រះអម្ចាស់​ ចង់​ដឹង​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់ ចំពោះ​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​បែប​នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពី​ព្រះអម្ចាស់ ដោយ​សង់​អាសនៈ​មួយ​សំរាប់​អ្នក​រាល់​គ្នា​ផ្ទាល់​នៅ​ថ្ងៃ​នេះ ដើម្បី​បះបោរ​ប្រឆាំង​នឹង​ព្រះអម្ចាស់​ដូច្នេះ? ១៧ នៅ​ពេអ៊រ យើង​បាន​ប្រព្រឹត្ត​ខុស​យ៉ាង​ធ្ងន់ ធ្វើ​អោយ​យើង​ដែល​ជា​សហគមន៍​របស់​ព្រះអម្ចាស់​ត្រូវ​រង​គ្រោះ​កាច ហើយ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ យើង​មិន​ទាន់​បាន​ស្អាត​បរិសុទ្ធ​ផង! តើ​ប៉ុណ្ណឹង​នៅ​តែ​មិន​គ្រប់​គ្រាន់​ទេ​ឬ? ១៨ ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពី​ព្រះអម្ចាស់! ប្រសិន​បើ​អ្នក​រាល់​គ្នា​ចង់​បះបោរ​ប្រឆាំង​នឹង​ព្រះអង្គ​ថ្ងៃ​នេះ ថ្ងៃ​ស្អែក​​​​ព្រះអម្ចាស់​មុខ​ជា​ពិរោធ​នឹង​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​មិន​ខាន។ ១៩ បើ​អ្នក​រាល់​គ្នា​យល់​ ឃើញ​ថា ដី​ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា​ពុំ​បរិសុទ្ធ​ទេ ចូរ​ឆ្លង​មក​រស់​នៅ​ក្នុង​ស្រុក​ជា​កម្មសិទ្ធិ​របស់​ព្រះអម្ចាស់ ដែល​មាន​ព្រះ​ដំណាក់​របស់​ព្រះអង្គ​ផង។ ចូរ​មក​កាន់​កាប់​ទឹក​ដី​នេះ ជា​មួយ​យើង​ចុះ ប៉ុន្តែ សូម​កុំ​បះបោរ​ប្រឆាំង​នឹង​ព្រះអម្ចាស់​ឡើយ ហើយ​ក៏​កុំ​បះបោរ​ប្រឆាំង​នឹង​ពួក​យើង ដោយ​សង់​អាសនៈ​មួយ​ទៀត សំរាប់​អ្នក​រាល់​គ្នា ក្រៅ​ពី​អាសនៈ​របស់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង។ ២០ កាល​លោក​អកាន ជា​កូន​របស់​លោក​សេរ៉ា​ប្រព្រឹត្ត មិន​ស្មោះ​ត្រង់​ចំពោះ​ទ្រព្យ ដែល​ត្រូវ​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់​នោះ សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​បាន​រង​គ្រោះ នៅ​ពេល​ដែល​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ កំ​ហុស​របស់​គាត់​ពុំ​បាន​ធ្វើ​អោយ​គាត់​វិនាស​តែ​ម្នាក់​ឯង​ទេ»។

 

២១ ​​​​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ ចំនួន​ពាក់​កណ្ដាល ឆ្លើយ​ទៅ​មេ​ដឹក​នាំ​អំបូរ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ថា៖ ២២ «ព្រះអម្ចាស់​ជា​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអម្ចាស់​ពិត​ជា​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​មែន! ព្រះអង្គ​ជ្រាប​អ្វីៗ​ទាំង​អស់! អ៊ីស្រាអែល​ក៏​នឹង​ដឹង​ដែរ! ប្រសិន​បើ​យើង​ខ្ញុំ​បះបោរ ឬ​មាន​ចិត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះអម្ចាស់ សូម​កុំ​អោយ​ព្រះអង្គ​ទុក​ជីវិត​យើង​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ឡើយ។ ២៣ ប្រសិន​បើ​យើង​បាន​សង់​អាសនៈ​នេះ ដើម្បី​បែក​ចេញ​ពី​ព្រះអម្ចាស់ និង​ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​តង្វាយ​នានា ឬ​ដើម្បី​ថ្វាយ​យញ្ញបូជា​មេត្រីភាព​មែន​នោះ សូម​ព្រះអម្ចាស់​ដាក់​ទោស​យើង​ខ្ញុំ​ទៅ! ២៤ តាម​ពិត​មិន​មែន​ ដូច្នោះ​ទេ យើង​ខ្ញុំ​ប្រព្រឹត្ត​បែប​នេះ មក​ពី​យើង​ខ្ញុំ​បារម្ភ​ក្រែង​ដល់​ថ្ងៃ​ក្រោយ កូន​ចៅ​របស់​បង​ប្អូន​សួរ​កូន​ចៅ​របស់​យើង​ខ្ញុំ​ថា “តើ​អ្នក​រាល់​គ្នា​មាន​ទំនាក់ទំនង​អ្វី​ជា​មួយ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល? ២៥ ពួក​រូបេន និង​ពួក​កាដ​អើយ! ព្រះអម្ចាស់​បាន​យក​ទន្លេ​យ័រដាន់ ធ្វើ​ជា​ព្រំប្រទល់​រវាង​ពួក​យើង និង​អ្នក​រាល់​គ្នា។ ដូច្នេះ អ្នក​រាល់​គ្នា​គ្មាន​សិទ្ធិ​ទាក់ទង​ជា​មួយ​ព្រះអម្ចាស់​ទេ!”។ កូន​ចៅ​របស់​បង​ប្អូន​មុខ​ជា​បណ្ដាល​អោយ​កូន​ចៅ​របស់​យើង​ខ្ញុំ លែង​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់​ទៀត​មិន​ខាន។ ២៦ ហេតុ​នេះ​ហើយ​បាន​ជា​ យើង​ខ្ញុំ​គិត​គ្នា​ថា យើង​ខ្ញុំ​ត្រូវ​តែ​សង់​អាសនៈ​នេះ​ឡើង មិន​មែន​ដើម្បី​សំរាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​សំរាប់​ថ្វាយ​យញ្ញបូជា​ឯ​ទៀតៗ​ឡើយ ២៧ ប៉ុន្តែ អាសនៈ​នេះ​ជា​សក្ខីភាព​រវាង​យើង​ខ្ញុំ និង​បង​ប្អូន ព្រម​ទាំង​កូន​ចៅ​របស់​យើង​នៅ​ជំនាន់​ក្រោយ​ថា យើង​ខ្ញុំ​មាន​សិទ្ធិគោរព​បំរើ​ព្រះអម្ចាស់​ដោយ​ ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​មេត្រីភាព ព្រម​ទាំង​យញ្ញបូជា​ឯ​ទៀតៗ​ដែរ។ ដូច្នេះ នៅ​អនាគត​កូន​ចៅ​របស់​បង​ប្អូន នឹង​មិន​អាច​ពោល​ទៅ​កូន​ចៅ​របស់​យើង​ថា “អ្នក​រាល់​គ្នា ​គ្មាន​សិទ្ធិ​ទាក់ទង​ជា​មួយ​ព្រះអម្ចាស់”បាន​ឡើយ។ ២៨ យើង​ខ្ញុំ​បាន​គិត​ជា​ មួយ​គ្នា​ទៀត​ថា ទៅ​អនាគត​បើ​សិន​ជា​គេ​ពោល​ពាក្យ​សំដី​នេះ ចំពោះ​យើង​ខ្ញុំ និង​កូន​ចៅ​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​ឆ្លើយ​ទៅ​វិញ​ថា “សូម​មើល! ដូនតា​របស់​យើង​ខ្ញុំ​បាន​សង់​អាសនៈ​នេះ​មាន​រូប​រាង​ដូច​អាសនៈ​របស់​ព្រះអម្ចាស់​ បេះ​បិទ តែ​មិន​មែន​ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​ថ្វាយ​យញ្ញបូជា​ឯ​ទៀតៗ​ឡើយ គឺ​អាសនៈ​នេះ​ជា​សក្ខីភាព​រវាង​យើង​ខ្ញុំ និង​បង​ប្អូន”។ ២៩ យើង​ខ្ញុំ​គ្មាន​បំណង​ចង់​បះបោរ​ប្រឆាំង​នឹង​ព្រះអម្ចាស់ ឬ​ក៏​ចង់​បែក​ចិត្ត​ចេញ​ពី​ព្រះអង្គ នៅ​ថ្ងៃ​នេះ​ដោយ​សង់​អាសនៈ​សំរាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​ថ្វាយ​តង្វាយ​នានា ឬ​យញ្ញបូជា​អ្វី​ផ្សេង​ក្រៅ​ពី​ថ្វាយ​នៅ​លើ​អាសនៈ​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង គឺ​អាសនៈ​ដែល​ស្ថិត​នៅ​មុខ​ព្រះ​ដំណាក់​របស់​ព្រះអង្គ​នោះ​ឡើយ!»។

 

​៣០ ពេល​លោក ​បូជាចារ្យ​ភីនេហាស មេ​ដឹក​នាំ​សហគមន៍ និង​មេ​លើ​ក្រុម​គ្រួសារ​ប្រជាជន​អ៊ីស្រាអែល​នៅ​ទី​នោះ បាន​ឮ​ពាក្យ​សំដី ដែល​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ រៀប​រាប់​ពួក​គេ​ក៏​ពេញ​ចិត្ត។ ៣១ លោក​ភីនេហាស ជា​កូន​របស់​លោក​បូជាចារ្យ​អេឡាសារ មាន​ប្រសាសន៍​ទៅ​កាន់​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ថា៖ «ថ្ងៃ​នេះ យើង​ដឹង​ថា ​ព្រះអម្ចាស់​ពិត​ជា​គង់​នៅ​ជា​មួយ​យើង​រាល់​គ្នា​មែន ដ្បិត​​បង​ប្អូន​ពុំ​បាន​ក្បត់​ព្រះអម្ចាស់ គឺ​បង​ប្អូន​ពុំ​បាន​ធ្វើ​អោយ​ប្រជាជន​អ៊ីស្រាអែល​ទទួល​ទោស​ពី​ព្រះអម្ចាស់​ឡើយ»។

 

៣២ បន្ទាប់​មក លោក​ភីនេហាស ដែល​ជា​កូន​របស់​លោក​បូជាចារ្យ​អេឡាសារ និង​មេ​ដឹក​នាំ​ប្រជាជន​បាន​ចាក​ចេញ​ពី​កុល​សម្ព័ន្ធ​រូបេន និង​កុលសម្ព័ន្ធ​កាដ នៅ​ស្រុក​កាឡាដ វិល​មក​ស្រុក​កាណាន ជួបជុំ​នឹង​ប្រជាជន​អ៊ីស្រាអែល​វិញ ដោយ​នាំ​យក​របាយការណ៍​មក​ជា​មួយ​ផង។ ៣៣ ប្រជាជន​អ៊ីស្រាអែល​ពេញ ​ចិត្ត​នឹង​របាយការណ៍ ហើយ​អរ​ព្រះ​គុណ​ព្រះជាម្ចាស់ ព្រម​ទាំង​លែង​គិតគូរ​ទៅ​ច្បាំង​បំផ្លាញ​ស្រុក​ទេស​របស់​កុលសម្ព័ន្ធ​រូបេន និង​កុល​សម្ព័ន្ធ​កាដ​ទៀត។ ៣៤ កុលសម្ព័ន្ធ​រូបេន និង​កុលសម្ព័ន្ធ​កាដ បាន​ដាក់​ឈ្មោះ​អាសនៈ​នោះ​ថា «សក្ខីភាព» ដ្បិត​អាសនៈ​នោះ​ធ្វើ​ជា​សាក្សី​នៅ​ចំពោះ​មុខ​យើង​ទាំង​អស់​គ្នា​ថា ព្រះអម្ចាស់​ពិត​ជា​ព្រះជាម្ចាស់​មែន។

បណ្ដាំ​របស់​លោក​យ៉ូស៊ូអា

១ ព្រះអម្ចាស់​ ប្រោស​ប្រទាន​អោយ​ប្រជាជន​អ៊ីស្រាអែល​រួច​ពី​ខ្មាំង​សត្រូវ​ទាំងឡាយ​ដែល​នៅ​ ជុំវិញ និង​មាន​សុខ​សន្តិភាព។ ជា​យូរ​ឆ្នាំ​ក្រោយ​មក​ទៀត​លោក​យ៉ូស៊ូអាមាន​វ័យ​ចាស់​ជរា ២ លោក​បាន​កោះ​ហៅ​ជន​ជាតិ​ អ៊ីស្រាអែល​ទាំង​អស់ គឺ​ទាំង​ក្រុម​ព្រឹទ្ធាចារ្យ​ទាំង​ក្រុម​អ្នក​ដឹក​នាំ​ទាំង​ក្រុម​ចៅក្រម និង​នាយ​ក្រុម​មក​ផ្ដែផ្ដាំ​ថា៖ «ឥឡូវ​នេះ​ខ្ញុំ​មាន​វ័យ​ចាស់​ជរា​ហើយ ៣ អ្នក​រាល់​គ្នា​បាន​ឃើញ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ចំពោះ​ប្រជាជាតិ​ទាំង​នោះ​សំរាប់​អ្នក​រាល់​គ្នា ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​ប្រយុទ្ធ​ដើម្បី​អ្នក​រាល់​គ្នា។ ៤ មើល៍! ខ្ញុំ​ចែក​ទឹក​ដី​របស់​ពួក​គេ អោយ​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក តាម​កុលសម្ព័ន្ធ​រៀងៗ​ខ្លួន​ដោយ​ចាប់​ឆ្នោត គឺ​ទាំង​ទឹក​ដី​របស់​ប្រជាជាតិ​នានា​ដែល​ខ្ញុំ​ពុំ​ទាន់​វាយ​យក​បាន ទាំង​ទឹក​ដី​របស់​ប្រជាជាតិ​ទាំង​អស់ ដែល​ខ្ញុំ​ដណ្ដើម​យក​បាន ចាប់​តាំង​ពី​ទន្លេ​យ័រដាន់ នៅ​ទិស​ខាង​កើត​រហូត​ដល់​សមុទ្រ​មេឌីទែរ៉ាណេ​នៅ​ខាង​លិច។ ៥ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ផ្ទាល់ នឹង​បណ្ដេញ​ពួក​គេ​ចេញ​អោយ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា ហើយ​យក​ទឹក​ដី​របស់​ពួក​គេ​មក​ប្រគល់​អោយ​អ្នក​រាល់​គ្នា​កាន់​កាប់ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​អ្នក​រាល់​គ្នា»។ ៦ ចូរ​មាន​កម្លាំង​ ខ្លាំងក្លា​ឡើង ហើយ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ ទុក​ក្នុង​គម្ពីរ​ វិន័យ​*​របស់​លោក​ម៉ូសេ ដោយ​មិន​ប្រាស​ចាក​ទៅ​ខាង​ស្ដាំ ឬ​ទៅ​ខាង​ឆ្វេង​ឡើយ។ ៧ មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​ ប្រជាជាតិ​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​អង្វរ​រក​ព្រះ​របស់​គេ ឬ​យក​ឈ្មោះ​ព្រះ​ទាំង​នោះ​មក​ស្បថ​ឡើយ ហើយ​កុំ​គោរព​បំរើ និង​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ​ជា​ដាច់​ខាត។ ៨ ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​ជំពាក់​ចិត្ត​នឹង​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ដូច​អ្នក​រាល់​គ្នា​ធ្លាប់​ប្រព្រឹត្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ ៩ ព្រះអម្ចាស់​ នឹង​យក​ទឹក​ដី​ពី​ប្រជាជាតិ​ដ៏​ធំៗ និង​មាន​កម្លាំង​ខ្លាំងក្លា​មក​ប្រគល់​អោយ​អ្នក​រាល់​គ្នា។ រហូត​មក​ដល់​សព្វ​ថ្ងៃ​គ្មាន​នរណា​អាច​ប្រយុទ្ធ​តទល់​នឹង​អ្នក​រាល់​គ្នា​ បាន​ឡើយ។ ១០ មនុស្ស​តែ​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អាច​ដេញ​តាម​ពួក​គេ​មួយ​ពាន់​នាក់ ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ប្រយុទ្ធ​ដើម្បី​អ្នក​រាល់​គ្នា ដូច​ព្រះអង្គ​បាន​សន្យា​ជា​មួយ​អ្នក​រាល់​គ្នា។ ១១ ចូរ​ប្រុង​ប្រយ័ត្ន​ខ្លួន​អោយ​មែន​ទែន ចូរ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ១២ ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពី​ព្រះអង្គ ទៅ​ជំពាក់​ចិត្ត​នឹង​ប្រជាជាតិ​នានា ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​អ្នក​រាល់​គ្នា​រៀបការ​ជា​មួយ​ពួក​គេ ព្រម​ទាំង​ពាក់ព័ន្ធ​ជា​មួយ​ពួក​គេ ១៣ ចូរ​ចង​ចាំ​អោយ​ច្បាស់​ថា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នឹង​លែង​បណ្ដេញ​ប្រជាជាតិ​ទាំង​នោះ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទៀត​ហើយ ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​អន្ទាក់ ឬ​អង្គប់ ហើយ​ប្រៀប​ដូច​ជា​រំពាត់​ខ្សែតី​វាយ​លើ​ខ្នង ឬ​ជា​បន្លា នៅ​ក្នុង​ភ្នែក​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​រាល់​គ្នា​វិនាស​សូន្យ​ពី​ទឹក​ដី​ដ៏​ល្អ​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ប្រទាន​អោយ។ ១៤ «ចំណែក​ខ្ញុំ​វិញ ពេល​នេះ​ខ្ញុំ​ជិត​លា​ចាក​លោក​ហើយ។ អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ស្គាល់ អោយ​អស់​ពី​ចិត្ត អស់​ពី​គំនិត​ថា ព្រះបន្ទូល​ទាំង​ប៉ុន្មាន​ស្ដី​អំពី​សុភមង្គល​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទ្រង់​បាន​សន្យា​ជា​មួយ​អ្នក​រាល់​គ្នា​នោះ នឹង​សំរេច​ចំពោះ​អ្នក​រាល់​គ្នា​សព្វ​គ្រប់​ទាំង​អស់ ឥត​ខ្វះ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។ ១៥ ព្រះបន្ទូល​ស្ដី​អំពី​សុភមង្គល​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា សន្យា​សុទ្ធ​តែ​បាន​សំរេច​សព្វ​គ្រប់​យ៉ាង​ណា ព្រះបន្ទូល​ដែល​ព្រះអង្គ​ព្រមាន​អ្នក​រាល់​គ្នា ក៏​នឹង​សំរេច​យ៉ាង​នោះ​ដែរ រហូត​ដល់​អ្នក​រាល់​គ្នា វិនាស​សាប​សូន្យ​ពី​ទឹក​ដី​ដ៏​ល្អ ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ប្រទាន​អោយ។ ១៦ ប្រសិន​បើ​អ្នក​រាល់​គ្នា​ផ្ដាច់​សម្ពន្ធមេត្រី​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​បង្គាប់​អោយ​អ្នក​រាល់​គ្នា​កាន់​តាម ហើយ​ប្រសិន​បើ​អ្នក​រាល់​គ្នា​បែរ​ទៅ​គោរព​បំរើ និង​ថ្វាយបង្គំ​ព្រះ​ដទៃ នោះ​ព្រះអម្ចាស់​នឹង​ពិរោធ​ចំពោះ​អ្នក​រាល់​គ្នា ធ្វើ​អោយ​អ្នក​រាល់​គ្នា​វិនាស​សូន្យ​យ៉ាង​ឆាប់​ពី​ទឹក​ដី​ដ៏​ល្អ ដែល​ព្រះអង្គ​ប្រទាន​អោយ​អ្នក​រាល់​គ្នា»។

សម្ពន្ធមេត្រី​នៅ​ស៊ីគែម

១ លោក​យ៉ូស៊ូអា​បាន​ប្រមូល​ កុលសម្ព័ន្ធ​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រាអែល​អោយ​មក​ជួបជុំ​គ្នា​នៅ​ ស៊ីគែម​ ហើយ​លោក​ក៏​បាន​កោះ​ហៅ​ក្រុម​ព្រឹទ្ធាចារ្យ ក្រុម​អ្នក​ដឹក​នាំ ក្រុម​ចៅក្រម និង​នាយ​ក្រុម​របស់​ជន​ជាតិ​អ៊ីស្រាអែល​អោយ​អ​ញ្ជើញ​មក​ផង​ដែរ។ ពួក​គេ​ជួបជុំ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​។​ ២ លោក​យ៉ូស៊ូអា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ទាំង​មូល​ថា៖ «ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា “ពី​ដើម បុព្វបុរស​របស់​អ្នក​រាល់​គ្នា គឺ​តេរ៉ា ជា​ឪពុក​របស់​អប្រាហាំ និង​ណាហ៊រ​រស់​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ហើយ​គោរព​បំរើ​ព្រះ​ដទៃ។ ៣ យើង​បាន​នាំ​អប្រាហាំ ជា​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ពី​ត្រើយ​ខាង​នាយ​ទន្លេ​អឺប្រាត​មក អោយ​ដើរ​កាត់​ស្រុក​កាណាន​ទាំង​មូល យើង​ធ្វើ​អោយ​កូន​ចៅ​របស់​គាត់​កើន​ចំនួន​ច្រើន​ឡើង ហើយ​យើង​ក៏​បាន​អោយ​គាត់​បង្កើត​អ៊ីសាក​ដែរ។ ៤ យើង​បាន​អោយ​អ៊ីសាក​ បង្កើត​យ៉ាកុប ព្រម​ទាំង​អេសាវ ហើយ​ប្រគល់​អោយ​អេសាវ​កាន់​កាប់​តំបន់​ភ្នំ​សៀរ។ រីឯ​យ៉ាកុប និង​កូនៗ​របស់​គាត់​បាន​នាំ​គ្នា​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីប។ ៥ បន្ទាប់​មក យើង​ចាត់​ម៉ូសេ និង​អរ៉ុន​អោយ​មក ហើយ​យើង​បាន​ប្រហារ​អ្នក​ស្រុក​អេស៊ីប ដោយសារ​គ្រោះ​កាច​ដែល​យើង​ធ្វើ​នៅ​ក្នុង​ចំណោម​ពួក​គេ រួច​យើង​នាំ​ប្រជាជន​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ។ ៦ យើង​បាន​នាំ​បុព្វបុរស​ របស់​អ្នក​រាល់​គ្នា ចេញ​ពី​ស្រុក​អេស៊ីប​មក​ដល់​សមុទ្រ។ ជន​ជាតិ​អេស៊ីប​ដេញ​តាម​រហូត​ដល់​សមុទ្រ​កក់ ទាំង​មាន​រទេះ​ចំបាំង និង​ទ័ព​សេះ​មក​ជា​មួយ​ផង។ ៧ បុព្វបុរស​របស់​អ្នក​រាល់ ​គ្នា​បាន​ស្រែក​អង្វរ​យើង យើង​ក៏​ដាក់​ពពក*​ដ៏​ក្រាស់​នៅ​ចន្លោះ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា និង​ជន​ជាតិ​អេស៊ីប ហើយ​យើង​ធ្វើ​អោយ​ទឹក​សមុទ្រ​គ្រប​ពី​លើ​ជន​ជាតិ​អេស៊ីប លិច​លង់​អស់​ទៅ។ អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ហើយ​ថា យើង​បាន​ប្រព្រឹត្ត​បែប​ណា​ចំពោះ​ជន​ជាតិ​អេស៊ីប។ ប្រជាជន​របស់​អ្នក​រាល់​គ្នា​រស់​នៅ​វាល​រហោស្ថាន​អស់​រយៈ​ពេល​ដ៏​យូរលង់។ ៨ បន្ទាប់​មក យើង​នាំ​អ្នក​រាល់​គ្នា​មក​ដល់​ទឹក​ដី​របស់​ជន​ជាតិ​អាម៉ូរី​ដែល​នៅ​ខាង​កើត ​ទន្លេ​យ័រដាន់។ ជន​ជាតិ​អាម៉ូរី​ធ្វើ​សង្គ្រាម​ជា​មួយ​អ្នក​រាល់​គ្នា តែ​យើង​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ក៏​កាន់​កាប់​ទឹក​ដី​របស់​គេ។ យើង​បាន​ប្រល័យ​ពួក​គេ​អោយ​បាត់​អស់​ពី​មុខ​អ្នក​រាល់​គ្នា។ ៩ ស្ដេច​បាឡាក់​ជា​បុត្រ​ របស់​ស្ដេច​ស៊ីបព័រ ដែល​គ្រង​រាជ្យ​នៅ​ស្រុក​ម៉ូអាប់ បាន​លើក​ទ័ព​មក​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល។ ស្ដេច​បាន​ចាត់​គេ​អោយ​ទៅ​ហៅ​បាឡាម ជា​កូន​របស់​បេអ៊រ​មក​ដាក់​បណ្ដាសា​អ្នក​រាល់​គ្នា។ ១០ ប៉ុន្តែ យើង​មិន​ព្រម​ស្ដាប់​ពាក្យ​បាឡាម​ទេ គឺ​គាត់​បែរ​ជា​អោយ​ពរ​អ្នក​រាល់​គ្នា​វិញ ហើយ​យើង​ក៏​បាន​រំដោះ​អ្នក​រាល់​គ្នា​អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច ​បាឡាក់។ ១១ អ្នក​រាល់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់ មក​ដល់​ក្រុង​យេរីខូ។ មេ​ដឹក​នាំ​ក្រុង​យេរីខូ ដោយ​មាន​ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ពេរីស៊ី​ជន​ជាតិ​កាណាន ជន​ជាតិ​ហេត ជន​ជាតិ​គៀរកាស៊ី ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស រួម​ជា​មួយ​ផង​បាន​ប្រយុទ្ធ​តទល់​នឹង​អ្នក​រាល់​គ្នា ប៉ុន្តែ យើង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា។ ១២ យើង​បាន​ប្រើ​សត្វ​ ឪម៉ាល់​អោយ​ទៅ​មុន​អ្នក​រាល់​គ្នា ដើម្បី​ដេញ​កំចាត់​ស្ដេច​ទាំង​ពីរ​នៃ​ជន​ជាតិ​អាម៉ូរី អោយ​រត់​ចេញ​ពី​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​មាន​ជ័យជំនះ​មិន​មែន​ដោយសារ​ដាវ ឬ​ធ្នូ​របស់​អ្នក​រាល់​គ្នា​ឡើយ។ ១៣ យើង​បាន​ប្រគល់​ស្រុក​ មួយ​អោយ​អ្នក​រាល់​គ្នា ដោយ​អ្នក​រាល់​គ្នា​មិន​បាន​នឿយហត់​ភ្ជួរ​រាស់​អ្នក​រាល់​គ្នា​មាន​ទីក្រុង​ ស្នាក់​នៅ​ដោយ​អ្នក​រាល់​គ្នា​មិន​បាន​សង់ ហើយ​អ្នក​រាល់​គ្នា​បរិភោគ​ផ្លែ​ទំពាំងបាយជូរ និង​ផ្លែ​អូលីវ​ពី​ចំការ​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ដាំ”»។

 

១៤ លោក​យ៉ូស៊ូអា​​មាន​ប្រសាសន៍​ទៀត​ថា៖ «ឥឡូវ​នេះ ចូរ​កោត​ខ្លាច​ព្រះអម្ចាស់ និង​គោរព​បំរើ​ព្រះអង្គ​អោយ​អស់​ពី​ចិត្ត និង​ដោយ​ស្មោះ​ត្រង់​បំផុត។ ចូរ​ដក​យក​ព្រះ​ដទៃ​ដែល​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ធ្លាប់​គោរព​បំរើ​នៅ ​ខាង​នាយ​ទន្លេ​អឺប្រាត និង​នៅ​ស្រុក​អេស៊ីប​នោះ​ចោល​ទៅ ហើយ​នាំ​គ្នា​គោរព​បំរើ​ព្រះអម្ចាស់។ ១៥ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ពេញ​ចិត្ត​គោរព​បំរើ​ព្រះអម្ចាស់​ទេ ចូរ​ជ្រើស​រើស​យក​ព្រះ​ណា​មួយ ដែល​អ្នក​រាល់​គ្នា​ពេញ​ចិត្ត​នឹង​គោរព​បំរើ​នៅ​ថ្ងៃ​នេះ​ទៅ គឺ​មាន​ព្រះ​ដែល​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា​ធ្លាប់​គោរព​បំរើ​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ឬ​ព្រះ​របស់​ជន​ជាតិ​អាម៉ូរី នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ស្នាក់​នៅ​នេះ​ជា​ដើម។ រីឯ​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​វិញ យើង​នឹង​គោរព​បំរើ​ព្រះអម្ចាស់»។

១៦ ប្រជាជន​ឆ្លើយ​ដូច​ត​ទៅ៖ «យើង​ខ្ញុំ​នឹង​មិន​បោះ​បង់​ចោល​ព្រះអម្ចាស់ ទៅ​គោរព​បំរើ​ព្រះ​ដទៃ​ទៀត​ជា​ដាច់​ខាត! ១៧ ដ្បិត​មាន​តែ​ព្រះអម្ចាស់​ នេះ​ហើយ​ជា​ព្រះ​នៃ​យើង​ខ្ញុំ ព្រះអង្គ​បាន​នាំ​យើង​ខ្ញុំ និង​បុព្វបុរស​របស់​យើង​ខ្ញុំ ចាក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​យើង​ខ្ញុំ​ធ្លាប់​ធ្វើ​ជា​ទាសករ។ ព្រះអង្គ​បាន​សំដែង​ការ​អស្ចារ្យ​ធំៗ អោយ​យើង​ខ្ញុំ​ឃើញ​ច្បាស់​នឹង​ភ្នែក គឺ​ព្រះអង្គ​បាន​រក្សា​ការពារ​យើង​ខ្ញុំ​តាម​ផ្លូវ​ដែល​យើង​ខ្ញុំ​ធ្វើ​ ដំណើរ​ឆ្លង​កាត់​ទឹក​ដី​របស់​ជាតិ​សាសន៍​នានា។ ១៨ ព្រះអម្ចាស់​ បណ្ដេញ​ប្រជាជន​ទាំង​ប៉ុន្មាន​ចេញ​ពី​មុខ​យើង​ខ្ញុំ ជា​ពិសេស​ជន​ជាតិ​អាម៉ូរី​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ។ យើង​ខ្ញុំ​ក៏​ចង់​គោរព​បំរើ​ព្រះអម្ចាស់​ដែរ ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃ​យើង​ខ្ញុំ»។

 

១៩ លោក​យ៉ូស៊ូអា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «អ្នក​រាល់​គ្នា​មិន​អាច​គោរព​បំរើ​ព្រះអម្ចាស់​ បាន​ទេ ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ ហើយ​ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ​អោយ​អ្នក​រាល់​គ្នា​គោរព​ព្រះ​មួយ​ណា​ទៀត​ឡើយ ព្រះអង្គ​មិន​អាច​អត់ទោស​ចំពោះ​ការ​បះបោរ និង​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ទេ។ ២០ ប្រសិន​បើ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះអម្ចាស់ ហើយ​ងាក​ទៅ​គោរព​បំរើ​ព្រះ​ដទៃ​ទៀត ព្រះអង្គ​នឹង​បែរ​មក​ដាក់​ទោស​អ្នក​រាល់​គ្នា ធ្វើ​អោយ​អ្នក​រាល់​គ្នា​វិនាស​សាប​សូន្យ ថ្វីដ្បិត​តែ​ព្រះអង្គ​ធ្លាប់​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា​រួច​មក​ហើយ​ក៏​ ដោយ»។

 

២១ ប្រជាជន​ឆ្លើយ​តប​ទៅ​លោក​យ៉ូស៊ូអា​​វិញ​ថា៖ «ទេ! យើង​ខ្ញុំ​គោរព​បំរើ ព្រះអម្ចាស់​តែ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ»។ ២២ លោក​យ៉ូស៊ូ​អា​មាន​ ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «អ្នក​រាល់​គ្នា​ជា​សាក្សី​ដឹង​ឮ​ខ្លួន​ឯង​ផ្ទាល់​ថា អ្នក​រាល់​គ្នា​សំរេច​ចិត្ត​គោរព​បំរើ​ព្រះអម្ចាស់»។ ពួក​គេ​ឆ្លើយ​ថា៖ «ពិត​មែន​ហើយ​យើង​ខ្ញុំ​ជា​សាក្សី»។

 

២៣ លោក​យ៉ូស៊ូអា ​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ ចូរ​ដក​ព្រះ​ដទៃ ដែល​ស្ថិត​នៅ​កណ្ដាល​អ្នក​រាល់​គ្នា ចោល​ចេញ​ទៅ ហើយ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​វិញ»។ ២៤ ប្រជាជន​ឆ្លើយ​តប​ទៅ​លោក​យ៉ូស៊ូអា​ថា៖ «យើង​ខ្ញុំ​នឹង​គោរព​បំរើ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង ហើយ​ប្រតិបត្តិ​តាម​ព្រះ​បន្ទូល​​របស់​ព្រះអង្គ​ផង»។

 

​២៥ នៅ​ថ្ងៃ​នោះ លោក​យ៉ូស៊ូអា​​បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​ប្រជាជន​នៅ​ស៊ីគែម ហើយ​លោក​ចេញ​ច្បាប់ និង​វិន័យ​អោយ​ពួក​គេ​កាន់​តាម​ទៀត​ផង។ ២៦ លោក​យ៉ូស៊ូអា​ចារ​ សេចក្ដី​ទាំង​នេះ ទុក​នៅ​ក្នុង​គម្ពីរ​នៃវិន័យ​របស់​ព្រះជាម្ចាស់។ លោក​យក​ថ្ម​មួយ​ផ្ទាំង​យ៉ាង​ធំ មក​បញ្ឈរ​នៅ​ក្រោម​ដើម​ជ្រៃ ដែល​ស្ថិត​ក្នុង​កន្លែង​សក្ការៈ​របស់​ព្រះអម្ចាស់។

 

៧ លោក​យ៉ូស៊ូអា​មាន​ ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ទាំង​មូល​ថា៖ «មើល៍! ថ្ម​នេះ​ជា​សាក្សី​របស់​យើង​រាល់​គ្នា ដ្បិត​ថ្ម​នេះ​បាន​ឮ​សេចក្ដី ​ទាំង​ប៉ុន្មាន​ដែល​ព្រះអម្ចាស់​មាន​ព្រះ​បន្ទូ​​ល​​​​​មក​យើង ថ្ម​នេះ​នឹង​ទៅ​ជា​សាក្សី រារាំង​អ្នក​រាល់​គ្នា​កុំ​អោយ​ក្បត់​ព្រះ​របស់​អ្នក​រាល់​គ្នា»។

២៨ បន្ទាប់​មក លោក​យ៉ូស៊ូអាបាន​អោយ​ប្រជាជន​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី ដែល​ជា​មត៌ក​គេ​រៀងៗ​ខ្លួន​វិញ។

 

លោក​យ៉ូស៊ូអា​ទទួល​មរណភាព

២៩ ក្រោយ​ព្រឹត្តិការណ៍​ទាំង​នោះ​មក លោក​យ៉ូស៊ូអា​ដែល​ជា​កូន​របស់​លោក​នូន និង​ជា​អ្នក​បំរើ​របស់​ព្រះអម្ចាស់​ទទួល​មរណភាព​ក្នុង​ជន្មាយុ​មួយ​រយ​ដប់​ឆ្នាំ។ ៣០ គេ​បាន​បញ្ចុះ​សព​លោក​ នៅ​ក្នុង​ទឹក​ដី ដែល​ជា​ចំណែក​មត៌ក​របស់​លោក​នៅទីណាត-សេរ៉ា ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម​ខាង​ជើង​ភ្នំ​កាស។ ៣១ ប្រជាជន​អ៊ីស្រាអែល​គោរព​បំរើ​ព្រះអម្ចាស់ អស់​មួយ​ជីវិត​របស់​លោក​យ៉ូស៊ូអា។ ក្រោយ​លោក​យ៉ូស៊ូអាទទួល​មរណភាព​ផុត​ទៅ គេ​នៅ​តែ​គោរព​បំរើ​ព្រះអង្គ​ត​ទៅ​ទៀត​ក្នុង​អំឡុង​ពេល​ពួក​ចាស់​ទុំ​នៅ​រស់ ​នៅ​ឡើយ​ដែរ គឺ​ចាស់​ទុំ​ដែល​បាន​ឃើញ​ព្រះអម្ចាស់ សំដែង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដើម្បី​ជា​ប្រយោជន៍​ដល់​អ៊ីស្រាអែល។

 

៣២ រីឯ​ ធាតុ​របស់​លោក​យ៉ូសែប ដែល​ជន​ជាតិ​អ៊ីស្រាអែល​នាំ​យក​ពី​ស្រុក​អេស៊ីប​មក​នោះ គេ​បញ្ចុះ​នៅ​ស៊ីគែម​ក្នុង​ចំការ​ដែល​លោក​យ៉ាកុប​បាន​ទិញ​ពី​កូន​ចៅ​លោក​ ហាម៊រ ជា​ឪពុក​របស់​លោក​ស៊ីគែម តម្លៃ​ជា​ប្រាក់​សុទ្ធ​មួយ​រយ​ស្លឹង ហើយ​ដី​នោះ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​កូន​ចៅ​លោក​ យ៉ូសែប។ ៣៣ ​លោក​​​អេឡាសារ​ជា​កូន​លោក ​អរ៉ុន ក៏​បាន​ទទួល​មរណភាព​ដែរ។ គេ​បាន​បញ្ចុះ​សព​លោក នៅ​លើ​ភ្នំ​របស់​លោក​ភីនេហាស​ជា​កូន គឺ​ទឹក​ដី​ដែល​លោក​បាន​ទទួល​នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម។