ក្នុងព្រះគម្ពីរបកប្រែមុន  ​ក័ណ្ឌគម្ពីរនេះមានឈ្មោះថា   «ចោទិយកថា»  ។ ​ដោយប្រជាជនភាគច្រើន​មិនស្គាល់ពាក្យ   « ចោទិយកថា »នេះ  ​យើងបានដូរមកជា   « ទុតិយកថា »   ដើម្បីអោយត្រឹមត្រូវតាមភាសា​ខ្មែរផង ​ហើយមានអត្ថន័យចំនឹង គម្ពីរផង។ ​ពាក្យ   « ទុតិយកថា »   មានន័យថា  «កថាទីពីរ»  ​ពោលគឺ​«កថា​ដែលរំលឹកអំពីវិន័យឡើងវិញ»។

ផ្នែកខាងចុងនៃគម្ពីរ​«ជំរឿនប្រជាជន»​មានបរិយាយអំពីជនជាតិអ៉ីស្រាអែលចូលទៅជិតដល់ទឹកដី​សន្យា។​បន្ទាប់មក​ក្នុងក័ណ្ឌ គម្ពីរ  «ទុតិយកថា»  មានចែងអំពីសុន្ទរកថាដែលលោកម៉ូសេបានថ្លែងទៅ​កាន់ប្រជាជនអ៉ីស្រាអែល  (១.១​-​៤.៤៣​;​៤.៤៤​-​២៨.៦៨​និង​២៨.៦៩​-​៣០.២០)។​ក្នុងសុន្ទរកថាទាំង​នោះ  លោកម៉ូសេរំលឹកអំពីការអស្ចារ្យដែលព្រះជាម្ចាស់បានធ្វើ​ដើម្បី សំដែងនូវព្រះហប្ញទ័យស្រឡាញ់ដ៏​ស្មោះស្ម័គ្រ  ចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ។ ​ព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយពួកគេ​ព្រះអង្គដឹកនាំ​ពួកគេអស់រយៈ ពេលសែសិបឆ្នាំក្នុងវាលរហោស្ថាន​ដោយការពារពួកគេអោយរួចផុតពីកណ្តាប់ដៃរបស់​ខ្មាំងសត្រូវ​ ហើយប្រទានវិន័យអោយពួកគេ កាន់តាម​  ដោយមានព្រះបន្ទូលសន្យាជាប់ជាមួយ ផង។​

ក័ណ្ឌគម្ពីរទុតិយកថា  មិនត្រឹមតែរំលឹកឡើងវិញ  ​នូវវិន័យ​ច្បាប់​និង​បញ្ញត្តិរបស់ព្រះជាម្ចាស់ដែលមាន​ចែងទុកក្នុងគម្ពីរ វិន័យមុនៗប៉ុណ្ណោះទេ ​តែសុន្ទរកថារបស់លោកម៉ូសេដាស់តឿនប្រជាជនអ៉ីស្រាអែល​អោយនឹកដល់ព្រះហប្ញទ័យស្មោះស្ម័គ្រ របស់ព្រះជាម្ចាស់  ​ហើយលើកទឹកចិត្តពួកគេអោយរួមរស់ជាមួយ​ព្រះអង្គយ៉ាងជិតស្និទ្ធ  :   ​«អ៉ីស្រាអែលអើយ​ចូរស្តាប់!  ​មាន តែព្រះអម្ចាស់​ជាព្រះរបស់យើងមួយ​ព្រះអង្គ គត់​ដែលពិតជាព្រះអម្ចាស់។​អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់​ជាព្រះរបស់ អ្នក  អោយ អស់ពី ចិត្តគំនិត​អស់ពី​ស្មារតី​  និង​  អស់ពីកម្លាំងកាយ»  (៦.៤-៥)។  ​

បួនចំពូកចុងក្រោយនៃក័ណ្ឌគម្ពីរនេះ  ​មានអត្ថបទពីរ  ដែលមានលក្ខណៈជាកំណាព្យ  ​គឺទំនុកតម្កើង​របស់លោកម៉ូសេ​ (ចំពូក   ៣២)  ​និង  ​ពររបស់ លោកម៉ូសេចំពោះកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៉ីស្រា​អែល​(ចំពូក​៣៣) ហើយមានអត្ថបទពីរ ទៀត​ដែលជាកំណត់ហេតុអំពីការតែងតាំង លោកយ៉ូស៊ូអា​អោយ​ធ្វើជាអ្នកដឹកនាំជំនួសលោកម៉ូសេ  ​(ចំពូក​  ៣១)  និង មរណ ភាពរបស់ លោកម៉ូសេ  ​(ចំពូក​  ៣៤)។

នៅផ្នែកកណ្តាលនៃ  «ទុតិយកថា»នេះ  ​មានអត្ថបទដែលហៅថា  «គម្ពីរវិន័យ»​  ហើយប្រហែលត្រូវគេ​រកឃើញនៅរជ្ជកាល ព្រះបាទយ៉ូស្យាស  (២  ពង្ស.  ២២)​និង​ជាប្រភពនៃការកែទំរង់សាសនា​នៅជំនាន់​នោះ។  ​អត្ថបទនេះ​មានឥទ្ធិ ពលទៅលើក័ណ្ឌខ្លះទៀត នៃគម្ពីរសម្ពន្ធមេត្រីចាស់  ​(ដូចជា នៅពង្សាវតារ​ក្សត្រ,​យេរេមី)  និង  សម្ពន្ធមេត្រីថ្មី  (ដូចជានៅម៉ាថាយ  ៤.​៤​-​៧  ;  ​ម៉ាកុស  ១២.​៣២)។

ក័ណ្ឌគម្ពីរទុតិយកថា​រំលឹកអ្នកអាននៅជំនាន់ដើម  និង  អ្នកអាននាបច្ចុប្បន្នកាលថា ​មនុស្សអាចរក​សុភមង្គលដ៏ពិត​ប្រាកដបាន   តែនៅពេល ណាដែលគេស្តាប់បង្គាប់ព្រះជាម្ចាស់  ដោយស្មោះស្ម័គ្រប៉ុណ្ណោះ។

ទុតិយកថា

(ចោទិយកថា)

សុន្ទរកថា​ទី​មួយ​របស់​លោក​ម៉ូសេ

ការ​ចេញ​ដំណើរ​ពី​វាល​រហោស្ថាន​ស៊ីណៃ

១ នេះ​ជា​សុន្ទរកថា​ដែល​លោក​ម៉ូសេ​ថ្លែង​ទៅ​កាន់​ប្រជា ជន​អ៊ីស្រាអែល​ទាំងមូល នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រ ដាន់ ក្នុង​វាល​រហោស្ថាន​តំបន់​អារ៉ាបា នៅ​ទល់​មុខ​នឹង​ស៊ូភ ត្រង់​ចន្លោះ​ប៉ារ៉ន តូផែល ឡាបាន់ ហាសេរ៉ូត និង​ឌីសាហាប។ ២ ចាប់​ពី​ភ្នំ​ហូរែប​រហូត​ដល់​កាដែស-បារណេអា ដោយ​កាត់​តាម​តំបន់​ភ្នំ​សៀរ មាន​ចម្ងាយ​ផ្លូវ​ដើរ​ចំនួន​ដប់​មួយ​ថ្ងៃ។ ៣ នៅ​ឆ្នាំ​ទី​សែសិប ថ្ងៃ​ទី​មួយ ខែ​ទី​ដប់​មួយ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល​នូវ​ព្រះបន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់​បង្គាប់​អោយ​លោក​ថ្លែង​ប្រាប់​ពួក​គេ ៤ គឺ​នៅ​ក្រោយ​ពេល​លោក​មាន​ ជ័យជំនះ​លើ​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​ជន​ជាតិ​អាម៉ូរី គង់​នៅ​ក្រុង​ហេសបូន និង​ព្រះបាទ​អុក ជា​ស្ដេច​ស្រុក​បាសាន គង់​នៅ​ក្រុង​អាសតារ៉ូត និង​អេដ្រេយី។

 

៥ កាល​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ គឺ​នៅ​ក្នុង​ស្រុក​ម៉ូអាប់ លោក​ម៉ូសេ​ចាប់​ផ្ដើម​បង្រៀនវិន័យ*​ដូច​ត​ទៅ៖

៦ «ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង មាន​ព្រះបន្ទូល​មក​យើង នៅ​ភ្នំ​ហូរែប​ថា “អ្នក​រាល់​គ្នា​ស្នាក់​នៅ​ភ្នំ​នេះ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។ ៧ ដូច្នេះ ចូរ​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​មុខ​ទៀត ឆ្ពោះ​ទៅ​ស្រុក​ ភ្នំ​របស់​ជន​ជាតិ​អាម៉ូរី និង​តំបន់​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ ព្រម​ទាំង​តំបន់​អារ៉ាបា តំបន់​ភ្នំ តំបន់​វាល​ទំនាប តំបន់​ណេកិប តំបន់​ឆ្នេរ​សមុទ្រ ស្រុក​កាណាន ស្រុក​លីបង់ រហូត​ដល់​ទន្លេ​ធំ គឺ​ទន្លេ​អឺប្រាត។ ៨ មើល​ចុះ! យើង​ប្រគល់​ស្រុក​អោយ​អ្នក​រាល់​គ្នា​ហើយ គឺ​ស្រុក​ដែល​យើង​ជា​ព្រះអម្ចាស់​ បាន​សន្យា​ប្រគល់​អោយ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប ជា​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ពូជពង្ស​ដែល​កើត​មក​តាម​ក្រោយ។ ដូច្នេះ ចូរ​នាំ​គ្នា​ចូល​ទៅ​កាន់​កាប់​ស្រុក​នោះ​ទៅ”។

 

៩ នៅ​គ្រា​នោះ ខ្ញុំ​ធ្លាប់​ប្រាប់​អ្នក​រាល់​គ្នា​ថា “ខ្លួន​ខ្ញុំ​តែ​ម្នាក់​ពុំ​អាច​ទទួល​ខុស​ត្រូវ​លើ​អ្នក​រាល់​គ្នា​ទេ។ ១០ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ធ្វើ​អោយ​អ្នក​រាល់​គ្នា​កើន​ចំនួន​ឡើង ហើយ​សព្វ​ថ្ងៃ អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ។ ១១ ​សូម​ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ប្រោស​ប្រទាន​អោយ​អ្នក​រាល់​គ្នា ​កើន​ចំនួន​មួយ​ពាន់​ដង​លើស​នេះ​ទៅ​ទៀត សូម​ព្រះអង្គ​ប្រទាន​ពរ​អ្នក​រាល់​គ្នា ដូច​ព្រះអង្គ​បាន​សន្យា​ចំពោះ​អ្នក​រាល់​គ្នា​ស្រាប់​ហើយ។ ១២ ប៉ុន្តែ ខ្លួន​ខ្ញុំ​ម្នាក់​ឯង​ពុំ​អាច​ទទួល​បន្ទុក​ដោះ​ស្រាយ​បញ្ហា​ក្ដីក្ដាំ និង​ជម្លោះ​របស់​អ្នក​រាល់​គ្នា​បាន​ទេ។ ១៣ ហេតុ​នេះ ចូរ​ជ្រើស​រើស​មនុស្ស​ដែល​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ហើយ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ ក្នុង​កុលសម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា ខ្ញុំ​នឹង​តែងតាំង​លោក​ទាំង​នោះ​អោយ​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​អ្នក​រាល់​គ្នា”។ ១៤ ពេល​នោះ អ្នក​រាល់​គ្នា​បាន​ឆ្លើយ​មក​ខ្ញុំ​វិញ​ថា “សំណើ​របស់​លោក​សម​ហេតុ​សម​ផល​ណាស់”។ ១៥ ខ្ញុំ​ក៏​បាន​ជ្រើស​រើស ​មេ​ដឹក​នាំ​ពី​ក្នុង​កុលសម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា គឺ​មនុស្ស​ដែល​មាន​ប្រាជ្ញា និង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ តែងតាំង​អោយ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​មួយ​ពាន់​នាក់ មេ​ដឹក​នាំ​លើ​មួយ​រយ​នាក់ មេ​ដឹក​នាំ​លើ​ហាសិប​នាក់ និង​មេ​ដឹក​នាំ​លើ​ដប់​នាក់ ព្រម​ទាំង​អោយ​មាន​ពួក​តំរួត​មើល​ខុស​ត្រូវ​លើ​កុលសម្ព័ន្ធ​របស់​អ្នក​រាល់​ គ្នា។ ១៦ ​នៅ​គ្រា​នោះ ខ្ញុំ​បាន​បញ្ជា​ដល់​ពួក​ចៅក្រម​របស់​អ្នក​រាល់​គ្នា​ថា “ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បង​ប្អូន​របស់​អ្នក​រាល់​គ្នា នៅ​ពេល​ពួក​គេ​មាន​រឿងរ៉ាវ​ជា​មួយ​ជន​រួម​ជាតិ​របស់​ខ្លួន ឬ​ជា​មួយ​ជន​បរទេស ត្រូវ​កាត់​ក្ដី​អោយ​ពួក​គេ​ម្នាក់ៗ​ដោយ​យុត្តិធម៌។ ១៧ ក្នុង​ការ​កាត់​ក្ដី​ កុំ​រើស​មុខ​នរណា​ឡើយ គឺ​អ្នក​រាល់​គ្នា​ត្រូវ​ស្ដាប់​អ្នក​តូច​ក៏​ដូច​អ្នក​ធំ​ដែរ កុំ​ខ្លាច​នរណា​អោយ​សោះ ដ្បិត​ការ​វិនិច្ឆ័យ​ស្ថិត​នៅ​លើ​ព្រះជាម្ចាស់។ ប្រសិន​បើ​រឿងរ៉ាវ​នោះ​ពិបាក​កាត់​ក្ដី​ពេក ចូរ​បញ្ជូន​មក​ខ្ញុំ​ចុះ ដើម្បី​អោយ​ខ្ញុំ​ពិនិត្យ​មើល”។ ១៨ នៅ​គ្រា​នោះ ខ្ញុំ​បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា អំពី​ច្បាប់​ទម្លាប់​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម»។

 

ការ​បះបោរ​នៅ​កាដែស

១៩ «បន្ទាប់​មក យើង​ចាក​ចេញ​ពី​ភ្នំ​ហូរែប​ឆ្លង​កាត់​វាល​រហោ​ស្ថាន​ទាំង​មូល​នេះ ជា​វាល​រហោស្ថាន​ដ៏​ធំ​គួរ​អោយ​ស្ញែង​ខ្លាច ដូច​អ្នក​រាល់​គ្នា​ឃើញ​ស្រាប់​ហើយ។ យើង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភ្នំ​របស់​ជន​ជាតិ​អាម៉ូរី ដូច​ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង​បាន​បង្គាប់។ ពេល​មក​ដល់​កាដែស-បារណេអា ២០ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា: “អ្នក​រាល់​គ្នា​មក​ដល់​ភ្នំ​របស់​ជន​ជាតិ​អាម៉ូរី ដែល​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង ប្រទាន​មក​យើង។ ២១ មើល៍​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​ស្រុក​នេះ​អោយ​អ្នក​ហើយ ចូរ​ឡើង​ទៅ​កាន់​កាប់​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​បុព្វបុរស​អ្នក បាន​សន្យា​ចំពោះ​អ្នក កុំ​ភ័យ​ខ្លាច ឬ​តក់ស្លុត​ឡើយ!”។ ២២ ពេល​នោះ អ្នក​រាល់​គ្នា​បាន​ចូល​មក​ជិត​ខ្ញុំ ហើយ​ប្រាប់​ថា: “សូម​ចាត់​មនុស្ស​អោយ​ទៅ​មុន​ពួក​យើង ដើម្បី​ពិនិត្យ​មើល​ស្រុក រួច​រាយការណ៍​ប្រាប់​យើង​ខ្ញុំ​អំពី​ស្ថាន​ភាព​ផ្លូវ និង​ក្រុង​នានា​ដែល​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ទៅ”។ ២៣ ខ្ញុំ​យល់​ឃើញ​ថា​គំនិត ​នោះ​ល្អ ខ្ញុំ​ក៏​ចាត់​មនុស្ស​ដប់ពីរ​នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា គឺ​ម្នាក់​តំណាង​កុលសម្ព័ន្ធ​មួយ អោយ​ទៅ។ ២៤ ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ដំណើរ​តម្រង់​ទៅ​តំបន់​ភ្នំ រហូត​ដល់​ជ្រលង​ភ្នំ​អេកុល រួច​ពិនិត្យ​មើល​ស្រុក។ ២៥ ពួក​គេ​បាន​នាំ​យក​ផ្លែ​ឈើ​ពី​ស្រុក​នោះ​មក​បង្ហាញ​ពួក​យើង និង​រាយការ​ណ៍​ប្រាប់​ពួក​យើង​ថា: “ស្រុក​ដែល​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង ប្រទាន​មក​យើង ជា​ស្រុក​ល្អ​ណាស់”។ ២៦ ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​ពុំ​ព្រម​ឡើង​ទៅ​ស្រុក​នោះ​ទេ អ្នក​រាល់​គ្នា​បះបោរ​ប្រឆាំង​នឹង​បញ្ជា​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ២៧ អ្នក​រាល់​គ្នា​រអ៊ូរទាំ​ក្នុង​តង់ត៍​របស់​អ្នក​រាល់​គ្នា ដោយ​ពោល​ថា “ព្រះអម្ចាស់​ ស្អប់​ពួក​យើង​ហើយ បាន​ជា​ព្រះអង្គ​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ប្រគល់​ពួក​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អាម៉ូរី និង​កំទេច​ពួក​យើង។ ២៨ តើ​អោយ​យើង​ខ្ញុំ​ឡើង​ ទៅ​ណា? ពួក​យើង​គ្មាន​ទឹក​ចិត្ត​នឹង​ឡើង​ទៅ​ស្រុក​នោះ​ទេ ដ្បិត​បង​ប្អូន​របស់​យើង​ខ្ញុំ​រាយការណ៍​ប្រាប់​ពួក​យើង ថា​ប្រជាជន​នៅ​ស្រុក​នោះ​ខ្លាំង​ពូកែ ហើយ​មាន​មាឌ​ធំ​ជាង​ពួក​យើង។ រីឯ​ក្រុង​របស់​ពួក​គេ​ជា​ក្រុង​ធំៗ និង​មាន​កំពែង​ខ្ពស់​កប់​ពពក។ ពួក​យើង​ក៏​បាន​ឃើញ​កូន​ចៅ​អណាក់ នៅ​ស្រុក​នោះ​ដែរ”។ ២៩ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា: “កុំ​ភ័យ​តក់ស្លុត ហើយ​កុំ​ខ្លាច​ពួក​គេ​ឡើយ។ ៣០ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យាង​នៅ​មុខ​អ្នក​រាល់​គ្នា ព្រះអង្គ​នឹង​ប្រយុទ្ធ​ដើម្បី​អ្នក​រាល់​គ្នា ដូច​ព្រះអង្គ​បាន​ប្រយុទ្ធ​អោយ​អ្នក​រាល់​គ្នា​ឃើញ នៅ​ស្រុក​អេស៊ីប​ដែរ។ ៣១ ក្រោយ​មក នៅ​វាល​រហោស្ថាន តាម​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​រហូត​មក​ដល់​កន្លែង​នេះ អ្នក​ឃើញ​ស្រាប់​ហើយ​ថា ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បី​អ្នក ដូច​ឪពុក​បី​កូន។ ៣២ ប៉ុន្តែ នៅ​គ្រា​នោះ អ្នក​រាល់​គ្នា​ពុំ​បាន​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទេ ៣៣ ថ្វីដ្បិត​តែ​ព្រះអង្គ​ យាង​នៅ​មុខ​អ្នក​រាល់​គ្នា ដើម្បី​រក​កន្លែង​អោយ​អ្នក​រាល់​គ្នា​បោះ​ជំរំ។ ព្រះអង្គ​នាំ​មុខ​អ្នក​រាល់​គ្នា​ក្នុង​ដុំ​ភ្លើង ដើម្បី​បំភ្លឺ​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដើរ​នៅ​ពេល​យប់ ហើយ​ព្រះអង្គ​នាំ​មុខ​អ្នក​រាល់​គ្នា​ក្នុង​ដុំ​ពពក* នៅ​ពេល​ថ្ងៃ”។

 

៣៤ ពេល​ឮ​ពាក្យ​អ្នក​រាល់​គ្នា​រអ៊ូរទាំ ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ ហើយ​មាន​ព្រះបន្ទូល​យ៉ាង​ម៉ឺងម៉ាត់​ថា: ៣៥ “ក្នុង​ចំណោម​មនុស្ស​ដ៏​អាក្រក់​នៅ​ជំនាន់​នេះ គ្មាន​នរណា​ម្នាក់​អាច​ឃើញ​ស្រុក​ដ៏​ល្អ ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ថា នឹង​ប្រគល់​អោយ​បុព្វ​បុរស​​របស់​អ្នក​រាល់​គ្នា​ឡើយ ៣៦ លើកលែង​តែ​កាលែប ជា​កូន​របស់​យេភូនេ។ កាលែប​នឹង​ឃើញ​ស្រុក ហើយ​យើង​ប្រគល់​ស្រុក​ដែល​គាត់​បាន​ដើរ​កាត់​នោះ​អោយ​គាត់ និង​កូន​ចៅ​របស់​គាត់ ដ្បិត​គាត់​បាន​ដើរ​តាម​ព្រះអម្ចាស់ ឥត​ល្អៀង​ត្រង់​ណា​ឡើយ”។ ៣៧ ព្រោះ​តែ​អ្នក​រាល់​គ្នា ព្រះអម្ចាស់​ក៏​ទ្រង់​ព្រះពិរោធ​នឹង​ខ្ញុំ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា “សូម្បី​តែ​អ្នក​ក៏​មិន​ចូល​ទៅ​ស្រុក​នោះ​ដែរ។ ៣៨ សហការី​របស់​អ្នក គឺ​យ៉ូស៊ូអា ជា​កូន​របស់​នូន នឹង​ចូល​ទៅ​ក្នុង​ស្រុក។ ដូច្នេះ ចូរ​ពង្រឹង​កម្លាំង​របស់​គាត់ ព្រោះ ​គាត់​នឹង​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចូល​ទៅ​កាន់​កាប់​ស្រុក ដែល​​ជា​ចំណែក​មត៌ក​របស់​ពួក​គេ។ ៣៩ រីឯ​កូន​តូចៗ​របស់​អ្នក ​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​ពោល​ថា ពួក​គេ​មុខ​ជា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង កូន​របស់​អ្នក​រាល់​គ្នា​ដែល​សព្វ​ថ្ងៃ​ពុំ​ទាន់​ស្គាល់​ការ​អាក្រក់ ឬ​ល្អ​នៅ​ឡើយ គឺ​ពួក​គេ​ហើយ​ដែល​ចូល​ទៅ​ក្នុង​ស្រុក​នោះ យើង​នឹង​ប្រគល់​ស្រុក​អោយ​ពួក​គេ ហើយ​ពួក​គេ​នឹង​កាន់​កាប់​ទឹក​ដី​នោះ។ ៤០ ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ចូរ​ចេញ​ដំណើរ​ត្រឡប់​ទៅ​វាល​រហោស្ថាន តម្រង់​ឆ្ពោះ​ទៅ​កាន់​សមុទ្រ​កក់​វិញ”។

 

៤១ ពេល​នោះ អ្នក​រាល់​គ្នា​ឆ្លើយ​មក​ខ្ញុំ​ថា “យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះហឫទ័យ​ព្រះអម្ចាស់ ហេតុ​នេះ​យើង​ខ្ញុំ​នឹង​ឡើង​ទៅ​វាយ​យក​ស្រុក តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​បង្គាប់​យើង​ខ្ញុំ”។ ពេល​នោះ អ្នក​រាល់​គ្នា​ប្រដាប់​អាវុធ​រៀងៗ​ខ្លួន ព្រោះ​អ្នក​រាល់​គ្នា​គិត​ថា​ងាយ​ស្រួល​ក្នុង​ការ​វាយ​យក​តំបន់​ភ្នំ។ ៤២ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា “ចូរ​ប្រាប់​ពួក​គេ​កុំ​អោយ​ឡើង​ទៅ​វាយ​យក​ស្រុក​នោះ​ឡើយ ដ្បិត​យើង​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ ខ្មាំង​សត្រូវ​មុខ​ជា​វាយ​អ្នក​រាល់​គ្នា​អោយ​បរាជ័យ​មិន​ខាន”។ ៤៣ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​ពុំ​ស្ដាប់​ឡើយ អ្នក​រាល់​គ្នា​បះបោរ​ប្រឆាំង​នឹង​បញ្ជា​របស់​ព្រះអម្ចាស់ ហើយ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ដោយ​អួតអាង។ ៤៤ ពេល​នោះ ជន​ជាតិ​អាម៉ូរី​ដែល​រស់​នៅ​លើ​ភ្នំ លើក​ទ័ព​ចេញ​មក​តទល់​នឹង​អ្នក​រាល់​គ្នា ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា ដូច​ឃ្មុំ​ដេញ​ទិច។ ពួក​គេ​កំទេច​អ្នក​រាល់​គ្នា​នៅ​តំបន់​ភ្នំ​សៀរ ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា​រហូត​ដល់​ហ៊រម៉ា។ ៤៥ ពេល​ត្រឡប់​មក​វិញ អ្នក​រាល់​គ្នា​យំ​សោក​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ប៉ុន្តែ ព្រះអង្គ​ពុំ​បាន​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​អ្នក​រាល់​គ្នា​ទេ។ ៤៦ អ្នក​រាល់​គ្នា​ក៏​រស់​នៅ​ត្រង់​កាដែស​នោះ​អស់​រយៈ​ពេល​ជា​យូរ​ថ្ងៃ។

១ បន្ទាប់​មក ពួក​យើង​ក៏​ចេញ​ដំណើរ​ទៅ​វាល​រហោ​ស្ថាន តាម​ផ្លូវ​សមុទ្រ​កក់​ដូច​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ។ ពួក​យើង​ធ្វើ​ដំណើរ​ចុះ​ឡើង​ក្នុង​តំបន់​ភ្នំ​សៀរ​ជា​ច្រើន​ថ្ងៃ»។

 

ជន​ជាតិ​អ៊ីស្រាអែល​ដើរ​វាង​ស្រុក​អេដុម ស្រុក​ម៉ូអាប់ និង​ស្រុក​អាំម៉ូន

២ «ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា ៣ “អ្នក​រាល់​គ្នា​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​នេះ​យូរ​ហើយ ដូច្នេះ ចូរ​ចេញ​ដំណើរ​តម្រង់​ទៅ​ទិស​ខាង​ជើង។ ៤ ចូរ​បង្គាប់​ប្រជាជន​ថា: អ្នក​រាល់​គ្នា​ត្រូវ​ដើរ​កាត់​តាម​ទឹក​ដី​របស់​កូន​ចៅ​អេសាវ ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ ដែល​រស់​នៅ​តំបន់​សៀរ។ ពួក​គេ​នឹង​ភ័យ​ខ្លាច​អ្នក​រាល់​គ្នា ក៏​ប៉ុន្តែ ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន។ ៥ កុំ​ច្បាំង​នឹង​ពួក​គេ​ឡើយ យើង​មិន​ប្រគល់​ស្រុក​របស់​ពួក​គេ​អោយ​អ្នក​រាល់​គ្នា​ទេ សូម្បី​តែ​ប៉ុន​បាត​ជើង​ក៏​យើង​មិន​អោយ​ដែរ ដ្បិត​យើង​បាន​ប្រគល់​តំបន់​ភ្នំ​សៀរ​អោយ​អេសាវ​កាន់​កាប់។ ៦ ត្រូវ​យក​ប្រាក់​ទិញ​ម្ហូប​អាហារ​ពី​ពួក​គេ​មក​បរិភោគ ហើយ​​​សូម្បី​តែ​ទឹក​ដែល​អ្នក​រាល់​គ្នា​ផឹក ក៏​ត្រូវ​បង់​ប្រាក់​ដែរ ៧ ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។ ព្រះអង្គ​តាម​ថែរក្សា​អ្នក ក្នុង​ពេល​អ្នក​ធ្វើ​ដំណើរ​នៅ​វាល​រហោស្ថាន​ដ៏​ធំ​នេះ។ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា​មួយ​អ្នក អស់​រយៈ​ពេល​សែសិប​ឆ្នាំ​មក​ហើយ អ្នក​មិន​ខ្វះ​ខាត​អ្វី​ទាល់​តែ​សោះ”។

 

៨ ពួក​យើង​ បាន​ដើរ​វាង​ស្រុក​របស់​កូន​ចៅ​លោក​អេសាវ ជា​បង​ប្អូន​របស់​យើង ដែល​រស់​នៅ​ក្នុង​តំបន់​ភ្នំ​សៀរ ហើយ​ពួក​យើង​ក៏​បាន​ដើរ​វាង​ឆ្ងាយ​ពី​ផ្លូវ​ទៅ​តំបន់​អារ៉ាបា អេឡាត និង​អេសយ៉ូន-កេប៊ែរ ដែរ។ បន្ទាប់​មក ពួក​យើង​ប្ដូរ​ទិស​ចេញ​ដំណើរ​តាម​ផ្លូវ​ទៅ​វាល​រហោស្ថាន​ស្រុក​ម៉ូអាប់។

 

៩ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា: “មិន​ត្រូវ​វាយ​លុក​ស្រុក​ម៉ូអាប់​ឡើយ កុំ​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ពួក​គេ​អោយ​សោះ ដ្បិត​យើង​មិន​ប្រគល់​ស្រុក​របស់​គេ​អោយ​អ្នក​ទុក​ជា​កម្មសិទ្ធិ​ទេ។ យើង​បាន​ប្រគល់​ក្រុង​អារ អោយ​កូន​ចៅ​របស់​ឡុត​ ទុក​ជា​កម្ម​សិទ្ធិ​រួច​ស្រេច​ទៅ​ហើយ”។

 

១០ ពី​មុន ជន​ជាតិ​អេមីម​រស់​នៅ​ក្នុង​ស្រុក​នោះ ពួក​គេ​ជា​ជាតិ​សាសន៍​មួយ​ខ្លាំង​ពូកែ មាន​គ្នា​ច្រើន និង​មាន​មាឌ​ខ្ពស់ៗ ដូច​ជន​ជាតិ​អណាក់​ដែរ។ ១១ អ្នក​ឯ​ទៀតៗ​ចាត់​ទុក​ពួក​នោះ​ជា​ជន​ជាតិ​រេផាអ៊ីម ដូច​ជន​ជាតិ​អណាក់​ដែរ។ ក៏​ប៉ុន្តែ ជន​ជាតិ​ម៉ូអាប់​ហៅ​ពួក​គេ​ថា ជន​ជាតិ​អេមីម។ ១២ ពី​មុន ជន​ជាតិ​ហូរី​រស់​នៅ​ស្រុក​សៀរ តែ​កូន​ចៅ​របស់​លោក​អេសាវ​បាន​ដេញ​ពួក​គេ​ចេញ​ពី​ស្រុក​នោះ ព្រម​ទាំង​កំទេច​ពួក​គេ​ចោល ហើយ​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ​ជំនួស​ពួក​គេ ដូច​ជន​ជាតិ​អ៊ីស្រាអែល​ចាប់​យក​ស្រុក​ដែល​ព្រះអម្ចាស់​ប្រទាន​អោយ ដោយ​ដេញ​អ្នក​ស្រុក​នោះ​ចេញ​ពី​ស្រុក​ដែរ។

 

១៣ “ឥឡូវ​នេះ ចូរ​ក្រោក​ឡើង នាំ​គ្នា​ឆ្លង​កាត់​ជ្រោះ​សេរេដ”។ ពួក​យើង​ក៏​ឆ្លង​កាត់​ជ្រោះ​សេរេដ។ ១៤ ចាប់​ពី​ពេល​ពួក​យើង​ ធ្វើ​ដំណើរ​ពី​កាដែស-បារណេអា​មក​ទល់​ពេល​ឆ្លង​កាត់​ជ្រោះ​សេរេដ មាន​រយៈ​ពេល​ទាំង​អស់​សាមសិប​ប្រាំ​បី​ឆ្នាំ គឺ​រហូត​ដល់​អស់​អ្នក​ដែល​មាន​អាយុ​ពេញ​វ័យ​ធ្វើ​សឹក​សង្គ្រាម​នៅ​ជំនាន់​ នោះ បាន​បាត់​បង់​​ជីវិត​អស់ ដូច​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​យ៉ាង​ម៉ឺងម៉ាត់​ជា​មួយ​ពួក​គេ។ ១៥ ព្រះអម្ចាស់​បាន​ប្រហារ​ពួក​គេ​អស់​ពី​ជំរំ​របស់​ជន​ជាតិ​អ៊ីស្រាអែល រហូត​ទាល់​តែ​គ្មាន​នៅ​សល់​នរណា​ម្នាក់​ឡើយ។

 

១៦ ពេល​អស់​អ្នក​ដែល​មាន​អាយុ​ពេញ​វ័យ ​ធ្វើ​សឹក​សង្គ្រាម បាន​ស្លាប់​បាត់​អស់​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល ១៧ ព្រះ​អម្ចាស់​​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា: ១៨ “ថ្ងៃ​នេះ អ្នក​ត្រូវ​ឆ្លង​កាត់​ព្រំដែន​ស្រុក​ម៉ូអាប់ ហើយ​ឆ្លង​កាត់​ក្រុង​អារ ១៩ ឆ្ពោះ​ទៅ​កាន់​ស្រុក​ អាំម៉ូន។ ប៉ុន្តែ កុំ​វាយ​លុក​ពួក​គេ កុំ​ធ្វើ​សឹក​ជា​មួយ​ពួក​គេ​ឡើយ ដ្បិត​យើង​មិន​ប្រគល់​ស្រុក​អាំម៉ូន​អោយ​អ្នក​ធ្វើ​ជា​កម្មសិទ្ធិ​ទេ។ យើង​បាន​ប្រគល់​ស្រុក​នោះ​អោយ​កូន​ចៅ​របស់​ឡុត ធ្វើ​ជា​កម្មសិទ្ធិ​រួច​ស្រេច​ទៅ​ហើយ”។

 

២០ គេ​ក៏​ ចាត់​ទុក​តំបន់​នោះ​ថា​ជា​ស្រុក​របស់​ជន​ជាតិ​រេផាអ៊ីម​ដែរ។ ពី​មុន ជន​ជាតិ​រេផាអីម​រស់​នៅ​ក្នុង​ស្រុក​នោះ ហើយ​ជន​ជាតិ​អាំម៉ូន​ហៅ​ពួក​គេ​ថា ជន​ជាតិ​សាំស៊ូមីម។ ២១ ពួក​គេ​ជា​ជាតិ​សាសន៍​មួយ​ខ្លាំង​ពូកែ មាន​គ្នា​ច្រើន និង​មាន​មាឌ​ខ្ពស់ៗ ដូច​ជន​ជាតិ​អណាក់។ ព្រះអម្ចាស់​បាន​កំទេច​ពួក​គេ​នៅ​ចំពោះ​មុខ​ជន​ ជាតិ​អាំម៉ូន។ ជន​ជាតិ​អាំម៉ូន​បាន​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក​នោះ ហើយ​តាំង​ទី​លំនៅ​ជំនួស​ពួក​គេ។ ២២ ព្រះអម្ចាស់​ ធ្វើ​ដូច្នេះ សំរាប់​កូន​ចៅ​លោក​អេសាវ នៅ​ស្រុក​សៀរ​ដែរ គឺ​ព្រះអង្គ​បាន​កំទេច​ជន​ជាតិ​ហូរី ដែល​នៅ​ក្នុង​ស្រុក​នោះ។ កូន​ចៅ​លោក​អេសាវ​បាន​បណ្ដេញ​ពួក​គេ​ចេញ ហើយ​តាំង​ទី​លំនៅ ក្នុង​ស្រុក​នោះ​ជំនួស​ពួក​គេ រហូត​មក​ដល់​សព្វ​ថ្ងៃ។ ២៣ ជន​ជាតិ​អាវី​ដែល​រស់​នៅ​តាម​ភូមិ​នានា រហូត​ដល់​ក្រុង​កាសា បាន​ត្រូវ​ជន​ជាតិ​កាប់ទរ ចេញ​មក​ពី​ស្រុក​កាប់ទរ កំទេច​អស់ ហើយ​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ​ជំនួស​ពួក​គេ។

២៤ “ចូរ​ក្រោក​ឡើង នាំ​គ្នា​ចេញ​ដំណើរ ហើយ​ឆ្លង​កាត់​ស្ទឹង​អារណូន។ មើល៍ យើង​បាន​ប្រគល់​ស៊ីហុន​ជា​ជន​ជាតិ​អាម៉ូរី និង​ជា​ស្ដេច​ក្រុង​ហេសបូន ព្រម​ទាំង​ទឹក​ដី​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។ ចូរ​រៀបចំ​ទ័ព​វាយ​លុក​ស្រុក​គេ​ឥឡូវ​នេះ ហើយ​កាន់​កាប់​ស្រុក​នោះ​ចុះ! ២៥ ចាប់​ពី​ថ្ងៃ​នេះ​ទៅ យើង​នឹង​ធ្វើ​អោយ​ជាតិ​សាសន៍​នៅ​គ្រប់​ទី​កន្លែង​ភ័យ​ខ្លាច និង​កោត​ស្ញប់ស្ញែង​អ្នក។ ពេល​ណា​ឮ​សូរ​ឈ្មោះ​អ្នក គេ​នឹង​ភ័យ​ញាប់​ញ័រ ហើយ​តក់ស្លុត​នៅ​ចំពោះ​មុខ​អ្នក”»។

 

ជន​ជាតិ​អ៊ីស្រាអែល​វាយ​យក​នគរ​របស់​ស្ដេច​ស៊ីហុន

២៦ «ខ្ញុំ​បាន​ចាត់​អ្នក​នាំ​សារ​ពី​វាល​រហោស្ថានកេដេម៉ុត អោយ​ទៅ​ជួប​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​ក្រុង​ហេសបូន ដើម្បី​ទូល​ស្ដេច​ដោយ​សំរួល គឺ​ខ្ញុំ​អោយ​គេ​ទូល​ថា: ២៧ “យើង​ខ្ញុំ​ចង់​ឆ្លង​ កាត់​ស្រុក​របស់​ព្រះករុណា យើង​ខ្ញុំ​គ្រាន់​តែ​ដើរ​តាម​ផ្លូវ​ប៉ុណ្ណោះ យើង​ខ្ញុំ​មិន​ងាក​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ទេ។ ២៨ បើ​ព្រះករុណា​ ផ្គត់ផ្គង់​ម្ហូប​អាហារ និង​ទឹក​ដល់​យើង​ខ្ញុំ​បរិភោគ យើង​ខ្ញុំ​នឹង​បង់​ប្រាក់​ថ្វាយ​ព្រះករុណា យើង​ខ្ញុំ​សូម​ដើរ​កាត់​ស្រុក​របស់​ព្រះករុណា​តែ​ប៉ុណ្ណោះ។ ២៩ កូន​ចៅ​លោក​អេសាវ​ដែល​ រស់​នៅ​ស្រុក​សៀរ បាន​អនុញ្ញាត​អោយ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​គេ ហើយ​ជន​ជាតិ​ម៉ូអាប់​ដែល​រស់​នៅ​ក្រុង​អារ ក៏​បាន​អនុញ្ញាត​អោយ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​គេ​ដែរ។ ហេតុ​នេះ សូម​ព្រះករុណា​មេត្តា​អនុញ្ញាត​អោយ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​ ព្រះករុណា រហូត​ដល់​យើង​ខ្ញុំ​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ប្រទាន​អោយ​យើង​ខ្ញុំ​នោះ​ផង”។ ៣០ ប៉ុន្តែ ព្រះបាទ​ស៊ីហុន​ជា​ស្ដេច​ក្រុង​ហេសបូន ពុំ​ព្រម​អោយ​ពួក​យើង​ឆ្លង​កាត់​ស្រុក​របស់​ខ្លួន​ទេ ព្រោះ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​អ្នក ធ្វើ​អោយ​ស្ដេច​នោះ​មាន​ចិត្ត​មានះ និង​រឹងរូស ដើម្បី​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ដូច​អ្នក​ឃើញ​នៅ​ថ្ងៃ​នេះ​ស្រាប់។

 

៣១ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា: “មើល៍ យើង​បាន​ប្រគល់​ស៊ីហុន និង​ស្រុក​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ឥឡូវ​នេះ​ហើយ។ ដូច្នេះ ចូរ​ទៅ​ចាប់​យក​ស្រុក​នោះ​ឥឡូវ​នេះ​ចុះ”។ ៣២ ស្ដេច​ស៊ីហុន​បាន​លើក​ទ័ព​ទាំង​មូល​ចេញ​មក​រក​ពួក​យើង ដើម្បី​វាយ​លុក​ពួក​យើង នៅ​យ៉ាហាស់។ ៣៣ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង បាន​ប្រគល់​ស្ដេច​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​យើង។ ពួក​យើង​បាន​ប្រហារ​ស្ដេច​ស៊ីហុន និង​កូន​របស់​ស្ដេច ព្រម​ទាំង​កងទ័ព​ទាំង​មូល។ ៣៤ នៅ​គ្រា​នោះ ពួក​យើង​ដណ្ដើម​យក​បាន​ក្រុង​ទាំង​ប៉ុន្មាន​របស់​ស្ដេច​ស៊ីហុន ហើយ​កំទេច​ពួក​គេ ទាំង​ប្រុស​ទាំង​ស្រី និង​ក្មេង​ថ្វាយ​ផ្ដាច់*​ដល់​ព្រះអម្ចាស់ ឥត​ទុក​ជីវិត​នរណា​ម្នាក់​សោះ​ឡើយ។ ៣៥ ពួក​យើង​រឹប​អូស​តែ​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ពី​ក្រុង​នានា​ ដែល​ពួក​យើង​ដណ្ដើម​យក​បាន​ប៉ុណ្ណោះ។ ៣៦ ចាប់​ពី​ក្រុង​ អារ៉ូអ៊ែរ ដែល​នៅ​តាម​មាត់​ស្ទឹង​អារណូន និង​ក្រុង​ឯ​ទៀតៗ​នៅ​ក្នុង​ជ្រលង​ភ្នំ​រហូត​ដល់​ស្រុក​កាឡាដ គ្មាន​ក្រុង​ណា​មួយ​អាច​តទល់​នឹង​ពួក​យើង​ឡើយ ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង ប្រគល់​ក្រុង​ទាំង​នោះ​មក​អោយ​ពួក​យើង។ ៣៧ ប៉ុន្តែ ពួក​យើង​មិន​បាន​ចូល​ទៅ​ជិត​ស្រុក​របស់​ជន​ជាតិ​អាំម៉ូន ឬ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​តាម​មាត់​ស្ទឹង​យ៉ាបុក ឬ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​តាម​តំបន់​ភ្នំ និង​ក្រុង​ឯ​ទៀតៗ​ដែល​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង បាន​ហាម​ឃាត់​នោះ​ឡើយ»។

ជន​ជាតិ​អ៊ីស្រាអែល​វាយ​យក​ស្រុក​របស់​ស្ដេច​អុក

១ «បន្ទាប់​មក ពួក​យើង​ចេញ​ដំណើរ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​ស្រុក​បាសាន។ ព្រះបាទ​អុក ជា​ស្ដេច​ស្រុក​បាសាន បាន​លើក​ទ័ព​ទាំង​មូល​ចេញ​មក​វាយ​លុក​ពួក​យើង នៅ​អេដ្រេ​យី។ ២ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា “កុំ​ភ័យ​ខ្លាច​គេ​ឡើយ យើង​ប្រគល់​ស្ដេច​នោះ កងទ័ព​ទាំង​មូល និង​ស្រុក​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។ ចូរ​ប្រព្រឹត្ត​ចំពោះ​ស្ដេច​អុក ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីហុន ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី ដែល​រស់​នៅ​ក្រុង​ហេសបូន​ដែរ”។ ៣ ពេល​នោះ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង បាន​ប្រគល់​ព្រះបាទ​អុក ជា​ស្ដេច​ស្រុក​បាសាន និង​កងទ័ព​ទាំង​មូល មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​យើង។ ពួក​យើង​បាន​ប្រហារ​ពួក​គេ ឥត​ទុក​ជីវិត​នរណា​ម្នាក់​សោះ​ឡើយ។ ៤ នៅ​គ្រា​នោះ ពួក​យើង​ដណ្ដើម​យក​បាន​ក្រុង​ទាំង​ប៉ុន្មាន​របស់​ស្ដេច​អុក គ្មាន​ក្រុង​ណា​មួយ​ដែល​ពួក​យើង​ពុំ​បាន​ដណ្ដើម​យក​នោះ​ទេ គឺ​សរុប​ទាំង​អស់​មាន​ហុកសិប​ក្រុង ស្ថិត​នៅ​តំបន់​អារកូប ក្នុង​ស្រុក​បាសាន ដែល​ស្ដេច​អុក​គ្រប់គ្រង។ ៥ ក្រុង​ទាំង​នោះ​សុទ្ធសឹង​ជា​ក្រុង​ដ៏​រឹងមាំ មាន​កំពែង​ខ្ពស់ៗ មាន​ទ្វារ និង​មាន​រនុក រីឯ​ក្រុង​មួយ​ចំនួន​ធំ​គ្មាន​កំពែង​ទេ។ ៦ ពួក​យើង​កំទេច​ពួក​គេ​ ថ្វាយ​ផ្ដាច់*​ដល់​ព្រះអម្ចាស់ ដូច​ពួក​យើង​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីហុន ជា​ស្ដេច​ក្រុង​ហេសបូន​ដែរ គឺ​ពួក​យើង​កំទេច​អ្នក​ក្រុង​ទាំង​នោះ ទាំង​ប្រុស ទាំង​ស្រី និង​កូន​ក្មេង ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់ ៧ ប៉ុន្តែ ពួក​យើង​បាន​រឹប​អូស​យក​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ក្រុង»។

 

ការ​បែង​ចែក​ទឹក​ដី នៅ​ស្រុក​កាឡាដ

៨ «នៅ​គ្រា​នោះ ពួក​យើង​ដណ្ដើម​យក​បាន​ទឹក​ដី​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ពី​ស្ដេច​ទាំង​ពីរ​របស់​ជន​ជាតិ​អាម៉ូរី ចាប់​តាំង​ពី​ស្ទឹង​អារណូន​រហូត​ដល់​ភ្នំ​ហ៊ែរម៉ូន ៩ (អ្នក​ស្រុក​ស៊ីដូន​ហៅ​ភ្នំ​ហ៊ែរម៉ូន​ថា ភ្នំ​ស៊ីរីយ៉ូន ហើយ​អ្នក​ស្រុក​អាម៉ូរី​ហៅ​ភ្នំ​នេះ​ថា ភ្នំ​សេនៀរ)។ ១០ ពួក​យើង​ដណ្ដើម​យក​បាន​ ក្រុង​ទាំង​ប៉ុន្មាន​នៅ​តំបន់​ខ្ពង់​រាប ស្រុក​កាឡាដ​ទាំង​មូល និង​ស្រុក​បាសាន​ទាំង​មូល រហូត​ដល់​សាល់កា និង​អេដ្រេយី ជា​ក្រុង​របស់​ស្ដេច​អុក​នៅ​ស្រុក​បាសាន ១១ (ព្រះបាទ​អុក ស្ដេច​ស្រុក​បាសាន ជា​ជន​ជាតិ​រេម​ចុង​ក្រោយ​បង្អស់។ គ្រែ​​របស់​ស្ដេច​ស្ថិត​នៅ​ក្រុង​រ៉ាបាត់ ជា​ក្រុង​របស់​ជន​ជាតិ​អាម៉ូរី គ្រែ​នោះ​ជា​គ្រែ​ដែក មាន​បណ្ដោយ​ប្រាំ​បួន​ហត្ថ និង​ទទឹង​បួន​ហត្ថ គិត​តាម​រង្វាស់​ហត្ថ​របស់​មនុស្ស​ធម្មតា)។

១២ នៅ​គ្រា ​នោះ ពួក​យើង​ដណ្ដើម​យក​បាន​ទឹក​ដី​នោះ។ ខ្ញុំ​បាន​ប្រគល់​ទឹក​ដី​ចាប់​ពី​ក្រុង​អារ៉ូអ៊ែរ ដែល​ស្ថិត​នៅ​តាម​ដង​ស្ទឹង​អារណូន ព្រម​ទាំង​តំបន់​ភ្នំ​កាឡាដ​ចំនួន​ពាក់​កណ្ដាល និង​ក្រុង​ទាំង​អស់​ក្នុង​តំបន់​នោះ ទៅ​អោយ​កុលសម្ព័ន្ធ​រូបេន និង​កុលសម្ព័ន្ធ​កាដ។ ១៣ ខ្ញុំ​បាន​ប្រគល់​តំបន់ ​ភ្នំ​កាឡាដ​ដែល​នៅ​សល់ ព្រម​ទាំង​នគរ​របស់​ស្ដេច​អុក នៅ​ស្រុក​បាសាន គឺ​តំបន់​អារកូប​ទាំង​មូល និង​ស្រុក​បាសាន​ទាំង​មូល ដែល​គេ​ហៅ​ថា ស្រុក​របស់​ពួក​រេផាអ៊ីម ទៅ​អោយ​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល។ ១៤ អំបូរ​យ៉ាអៀរ ​ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាណាសេ បាន​ទទួល​តំបន់​អារកូប​ទាំង​មូល រហូត​ដល់​ព្រំប្រទល់​ស្រុក​របស់​ជន​ជាតិ​កេសួរ និង​ម៉ាកាទី។ គេ​ដាក់​ឈ្មោះ​ទឹក​ដី​បាសាន​ថា ស្រុក​យ៉ាអៀរ រហូត​មក​ទល់​សព្វ​ថ្ងៃ។ ១៥ ខ្ញុំ​បាន​ប្រគល់​ស្រុក​កាឡាដ​ទៅ​អោយ​អំបូរ​ម៉ាកៀរ ១៦ ចំណែក​ឯ​កូន​ចៅ​រូបេន និង​កូន​ចៅ​កាដ​វិញ ខ្ញុំ​បាន​ប្រគល់​ស្រុក​កាឡាដ​មួយ​ចំណែក​ទៀត​អោយ​ពួក​គេ។ ទឹក​ដី​របស់​ពួក​គេ​លាត​សន្ធឹង​រហូត​ទៅ​ដល់​ស្ទឹង​អារណូន ដែល​ជា​ព្រំប្រទល់ ហើយ​វាត​រហូត​ដល់​ស្ទឹង​យ៉ាបុក នៅ​ជាប់​នឹង​ទល់​ដែន​ស្រុក​អាំម៉ូន ១៧ ព្រម​ទាំង​វាល​អារ៉ាបា ដែល​នៅ​ជាប់​នឹង​ទន្លេ​យ័រដាន់ ចាប់​ពី​គីនេរ៉េត រហូត​ដល់​សមុទ្រ​អារ៉ាបា គឺ​សមុទ្រ​អំបិល ដែល​នៅ​ខាង​កើត​ជើង​ភ្នំ​ពីស្កា។

 

១៨ នៅ​គ្រា​នោះ ខ្ញុំ​បាន​បង្គាប់​ពួក​គេ​ដូច​ត​ទៅ: “ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ប្រគល់​ស្រុក​នេះ​មក​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​កាន់​កាប់​ទឹក​ដី​នេះ​ហើយ។ ដូច្នេះ អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ទាហាន​ដ៏​អង់អាច ត្រូវ​ប្រដាប់​អាវុធ​ដើរ​នៅ​មុខ​ជន​ជាតិ​អ៊ីស្រាអែល​ឯ​ទៀតៗ ដែល​ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា។ ១៩ ត្រូវ​ទុក​ប្រពន្ធ​កូន និង​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ក្រុង​នានា​ដែល​ខ្ញុំ​បាន​ប្រគល់​អោយ​អ្នក​រាល់​គ្នា -ខ្ញុំ​ដឹង​ថា​អ្នក​រាល់​គ្នា​មាន​ហ្វូង​សត្វ​ដ៏​ច្រើន។ ២០ ពេល​ណា​ព្រះអម្ចាស់​ប្រទាន​អោយ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា បាន​សំរាក​ដូច​អ្នក​រាល់​គ្នា​ដែរ​នោះ គឺ​ពេល​ពួក​គេ​បាន​កាន់​កាប់​ទឹក​ដី​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រគល់​អោយ​ពួក​គេ នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ហើយ​ពេល​នោះ ទើប​អ្នក​រាល់​គ្នា​វិល​ទៅ​កាន់​ទឹក​ដី​ដែល​ខ្ញុំ​បាន​ប្រគល់​អោយ​អ្នក​រាល់ ​គ្នា​រៀងៗ​ខ្លួន​វិញ”។

 

២១ នៅ​គ្រា​នោះ ខ្ញុំ​បាន​បញ្ជា​ទៅ​លោក​យ៉ូស៊ូអា​ថា “អ្នក​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក អំពី​ការ​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ទាំង​ពីរ​នេះ​ស្រាប់​ហើយ ព្រះអម្ចាស់​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​នគរ​ទាំង​ប៉ុន្មាន​ទៀត ដែល​អ្នក​ត្រូវ​ទៅ​វាយ​យក​យ៉ាង​នោះ​ដែរ។ ២២ កុំ​ភ័យ​ខ្លាច​ពួក​គេ​ឡើយ ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ផ្ទាល់ នឹង​ច្បាំង​ដើម្បី​អ្នក​រាល់​គ្នា”»។

 

លោក​ម៉ូសេ​ពុំ​អាច​ចូល​ទៅ​ស្រុក​កាណាន

២៣ «នៅ​គ្រា​នោះ ខ្ញុំ​ទូលអង្វរ​ព្រះអម្ចាស់​ថា: ២៤ “បពិត្រ​ព្រះជាអម្ចាស់ ព្រះអង្គ​បាន​ចាប់​ផ្ដើម​បង្ហាញ​អោយ​អ្នក​បំរើ​របស់​ព្រះអង្គ​ឃើញ​ភាព​ ឧត្ដុង្គឧត្ដម និង​ឫទ្ធិ​បារមី​របស់​ព្រះអង្គ ដ្បិត​គ្មាន​ព្រះ​ណា​នៅ​លើ​មេឃ ឬ​នៅ​លើ​ផែនដី អាច​សំដែង​ការ​អស្ចារ្យ និង​ឫទ្ធិបាដិហារិយ៍ ដូច​ព្រះអង្គ​ទេ។ ២៥ សូម​ប្រោស​ប្រទាន​អោយ​ ទូលបង្គំ​ឆ្លង​ទៅ​មើល​ស្រុក​ដ៏​ល្អ នៅ​ត្រើយ​ខាង​លិច​ទន្លេ​យ័រដាន់ ព្រម​ទាំង​ភ្នំ​ដ៏​ស្អាតៗ និង​ព្រៃ​លីបង់​ផង”។ ២៦ ក៏​ប៉ុន្តែ ព្រោះ​តែ​អ្នក​រាល់​គ្នា ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​នឹង​ខ្ញុំ ព្រះអង្គ​ពុំ​អនុញ្ញាត​តាម​ពាក្យ​ទូល​សូម​របស់​ខ្ញុំ​ទេ។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា “ប៉ុណ្ណឹង​បាន​ហើយ មិន​បាច់​និយាយ​ជា​មួយ​យើង​ពី​រឿង​នេះ​ទៀត​ទេ។ ២៧ ចូរ​ឡើង​ទៅ​លើ​ភ្នំ​ ពីស្កា ហើយ​ក្រឡេក​មើល​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង ទិស​ខាង​ត្បូង និង​ទិស​ខាង​កើត។ អ្នក​មើល​ឃើញ​ស្រុក​នោះ តែ​អ្នក​មិន​អាច​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ចូល​ទៅ​ឡើយ។ ២៨ ចូរ​ចេញ​បញ្ជា​ទៅ​ យ៉ូស៊ូអា ចូរ​លើក​ទឹក​ចិត្ត​គេ​អោយ​ក្លាហាន ដ្បិត​យ៉ូស៊ូអានឹង​នាំ​មុខ​ប្រជា​ជន​ឆ្លង​កាត់​ទន្លេ​យ័រដាន់ ហើយ​ចែក​ទឹក​ដី​ដែល​អ្នក​មើល​ឃើញ​នេះ អោយ​ពួក​គេ​ទុក​ជា​កេរមត៌ក”។ ២៩ ពួក​យើង​បោះ​ជំរំ​នៅ​ក្នុង​ជ្រលង​ភ្នំ​ដែល​នៅ​ទល់​មុខ​នឹង​បាល-ពេអ៊រ»។

ចូរ​ប្រតិបត្តិ​តាម​វិន័យ​របស់​ព្រះជាម្ចាស់!

១ «ឥឡូវ​នេះ អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់ ហើយ​ប្រតិបត្តិ​តាម​ ក្រឹត្យ​វិន័យ និងបទបញ្ជា​ផ្សេងៗ​ដែល​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា ដើម្បី​អោយ​អ្នក​រាល់​គ្នា​មាន​ជីវិត ហើយ​ចូល​ទៅ​កាន់​កាប់​ទឹក​ដី​ដែល​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​អ្នក​រាល់​គ្នា ប្រគល់​អោយ​អ្នក​រាល់​គ្នា។ ២ មិន​ត្រូវ​បន្ថែម ឬ​បន្ថយ​អ្វី ទៅ​លើ​ពាក្យ​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក​រាល់​គ្នា​ឡើយ ប៉ុន្តែ ត្រូវ​ធ្វើ​តាមសេច​ក្ដី​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បង្គាប់​អោយ​អ្នក​រាល់​គ្នា​ធ្វើ ដូច​ខ្ញុំ​បាន​ប្រគល់​អោយ​អ្នក​រាល់​គ្នា។ ៣ អ្នក​រាល់​គ្នា​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ហេតុការណ៍​ដែល​ព្រះអម្ចាស់​បាន​ធ្វើ នៅ​គ្រា​ដែល​ប្រជាជន​ប្រព្រឹត្ត​អំពើ​បាប​ជា​មួយ​ព្រះ​បាល-ពេអ៊រ។ ព្រះ​អម្ចាស់​ប្រហារ​មនុស្ស​ទាំង​អស់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដែល​បាន​ចូល​រួម​ថ្វាយបង្គំ​ព្រះ​បាល-ពេអ៊រ ៤ ចំណែក​ឯ​អ្នក​រាល់​គ្នា​ដែល​ស្មោះ​ត្រង់​នឹង​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នៅ​រស់​រាន​រហូត​មក​ទល់​សព្វ​ថ្ងៃ។

៥ អ្នក​រាល់​គ្នា​ឃើញ​ស្រាប់​ហើយ​ថា ខ្ញុំ​បង្រៀន​តាមក្រឹត្យ​វិន័យ និងបទបញ្ជា​ផ្សេងៗ​ដល់​អ្នក​រាល់​គ្នា ដូច​ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ បាន​បង្គាប់​មក​ខ្ញុំ ដើម្បី​អោយ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់។ ៦ អ្នក​រាល់​គ្នា​ត្រូវ​ កាន់ ព្រម​ទាំង​ប្រតិបត្តិ​តាម​ក្រឹត្យ​វិន័យ និងបទបញ្ជា​ទាំង​នោះ ដើម្បី​អោយ​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​ឈ្លាស​វៃ នៅ​ចំពោះ​មុខ​ជាតិ​សាសន៍​នានា។ ពេល​ឮ​អំពី​ក្រឹត្យវិន័យ​ទាំង​ប៉ុន្មាន ពួក​គេ​នឹង​ពោល​ថា ប្រជាជាតិ​ដ៏​ធំ​នេះ​ពិត​ជា​មាន​ប្រាជ្ញា​ដ៏​ឈ្លាស​វៃ​មែន!។ ៧ តើ​ប្រជាជាតិ​ដ៏​ធំ​ណា​មួយ​មាន​ព្រះ​ដែល​គង់​នៅ​ជិត​គេ ដូច​ព្រះ​អម្ចាស់​ជា​ព្រះ​នៃ​យើង​គង់​នៅ​ជិត​យើង គ្រប់​ពេល​យើង​អង្វរ​រក​ព្រះអង្គ? ៨ តើ​ប្រជាជាតិ​ដ៏​ធំ​ណា​ មួយ​មានក្រឹត្យ​វិន័យ និងបទ​បញ្ជា​​ត្រឹម​ត្រូវ ដូចវិន័យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា​ថ្ងៃ​នេះ?»។

 

គ្រាដែល​ព្រះអម្ចាស់​ប្រទានវិន័យនៅ​ភ្នំ​ហូរែប

៩ «ហេតុ​នេះ ចូរ​ប្រយ័ត្ន ហើយ​ប្រុង​ស្មារតី​រៀង​រាល់​ថ្ងៃ ក្នុង​ជីវិត​របស់​អ្នក ដើម្បី​កុំ​អោយ​ភ្លេច​ហេតុការណ៍​ដែល​អ្នក​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក ហើយ​ក្រែង​លោ​ចិត្ត​របស់​អ្នក​លែង​នឹក​នា​ដល់​ហេតុការណ៍​នោះ។ ចូរ​ប្រាប់​កូន និង​ចៅ​របស់​អ្នក​រាល់​គ្នា​អោយ​ដឹង​អំពី​ហេតុការណ៍​នេះ​ដែរ។ ១០ ចូរ​នឹក​ចាំ​ពី​ថ្ងៃ​ដែល​អ្នក​មក​គាល់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​លើ​ភ្នំ​ហូរែប គឺ​នៅ​ថ្ងៃ​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា “ចូរ​ប្រមូល​ប្រជាជន​អោយ​មក​ជួប​នឹង​យើង ដ្បិត​យើង​ចង់​អោយ​ពួក​គេ​ឮ​ព្រះបន្ទូល​របស់​យើង ដើម្បី​អោយ​ពួក​គេ​គោរព​កោត​ខ្លាច​យើង​អស់​មួយ​ជីវិត ដែល​ពួក​គេ​រស់​នៅ​លើ​ផែនដី ព្រម​ទាំង​អោយ​ពួក​គេ​បង្រៀន​ព្រះបន្ទូល​នេះ​ដល់​កូន​ចៅ​របស់​ខ្លួន”។ ១១ អ្នក​រាល់​គ្នា​បាន​ចូល ​ទៅ​ជិត​ភ្នំ ហើយ​ឈរ​នៅ​ជើង​ភ្នំ។ ពេល​នោះ មាន​ភ្លើង​ឆាបឆេះ​ភ្នំ អណ្ដាត​ភ្លើង​នេះ​ឡើង​ទៅ​ដល់​អាកាសវេហាស៍ មាន​ភាព​ងងឹត មាន​ពពក និង​អ័ព្ទ។ ១២ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ពី​ក្នុង​ភ្លើង​នោះ​មក​កាន់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ឮ​ព្រះសូរសៀង​របស់​ព្រះអង្គ តែ​អ្នក​រាល់​គ្នា​ពុំ​បាន​ឃើញ​ព្រះអង្គ​មាន​ភិនភាគ​ដូច​ម្ដេច​ឡើយ គឺ​ឮ​តែ​ព្រះសូរសៀង​ប៉ុណ្ណោះ។ ១៣ ព្រះអង្គ​បាន​បង្ហាញ​ សម្ពន្ធមេត្រី​របស់​ព្រះអង្គ​ដល់​អ្នក​រាល់​គ្នា គឺ​ព្រះអង្គ​ប្រទាន​បទ​បញ្ជា​ទាំង​ដប់​ប្រការ​អោយ​អ្នក​រាល់​គ្នា​ ប្រតិបត្តិ​តាម។ ព្រះអង្គ​បាន​ចារ​ច្បាប់ និង​វិន័យ​ទាំង​នោះ​នៅ​លើ​បន្ទះ​ថ្ម​ពីរ។

 

១៤ នៅ​គ្រា​នោះ ព្រះអម្ចាស់​បាន​បង្គាប់​អោយ​ខ្ញុំ​បង្រៀន​អ្នក​ រាល់​គ្នា​អំពីក្រឹត្យ​វិន័យ និងបទបញ្ជាដើម្បី​អោយ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់»។

 

បំរាម​គោរព​ព្រះ​ក្លែងក្លាយ

១៥ «នៅ​ថ្ងៃ​ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​អ្នក​រាល់​គ្នា​ពី​ក្នុង​ភ្លើង នៅ​ភ្នំ​ហូរែប អ្នក​រាល់​គ្នា​ពុំ​បាន​ឃើញ​ព្រះអង្គ​មាន​ភិនភាគ​បែប​ណា​ឡើយ ហេតុ​នេះ តោង​ប្រយ័ត្ន​ស្មារតី ១៦ ក្រែង​លោ​អ្នក​រាល់​ គ្នា​បណ្ដាល​អោយ​ខ្លួន​មាន​បាប ដោយ​ធ្វើ​រូប​ព្រះ​ក្លែងក្លាយ​ជា​រូប​តំណាង​ព្រះ​ណា​មួយ ទោះ​បី​ជា​រូប​មនុស្ស​ប្រុស​ស្រី ១៧ រូប​សត្វ​នៅ​លើ​ដី ឬ​សត្វ​ស្លាប​ហើរ​នៅ​លើ​មេឃ ១៨ រូប​សត្វ​លូន​វារ ឬ​រូប​ត្រី​នៅ​ក្នុង​ទឹក។ ១៩ ពេល​ណា​អ្នក​ងើយ​សម្លឹង ​ទៅ​លើ​មេឃ​ឃើញ​ថ្ងៃ លោក​ខែ និង​ផ្កាយ​ទាំងឡាយ ព្រម​ទាំង​កញ្ចុំ​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ មិន​ត្រូវ​បណ្ដោយ​ខ្លួន​អោយ​ក្រាប​ថ្វាយបង្គំ​របស់​ទាំង​នោះ​ទុក​ជា​ព្រះ​ ឡើយ។ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បណ្ដោយ​អោយ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ក្រាប​ថ្វាយបង្គំ​ផ្កាយ​ទាំង​នោះ។ ២០ ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ព្រះអម្ចាស់​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ទាសភាព ​នៅ​ស្រុក​អេស៊ីប ដើម្បី​អោយ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជាជន​របស់​ព្រះអង្គ​ផ្ទាល់ ដូច​សព្វ​ថ្ងៃ។

 

២១ ព្រះអម្ចាស់​ ទ្រង់​ព្រះពិរោធ​នឹង​ខ្ញុំ ព្រោះ​តែ​អ្នក​រាល់​គ្នា ព្រះអង្គ​មាន​ព្រះបន្ទូល​យ៉ាង​ម៉ឺងម៉ាត់​ថា ខ្ញុំ​នឹង​មិន​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​ប្រគល់​អោយ​អ្នក ទុក​ជា​កេរមត៌ក​ឡើយ។ ២២ ខ្ញុំ​នឹង​ស្លាប់​នៅ​ទី​នេះ ខ្ញុំ​នឹង​មិន​ឆ្លង​ទន្លេ​យ័រដាន់​ទេ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ឆ្លង​ទៅ​កាន់​កាប់​ស្រុក​ដ៏​ល្អ​នោះ។ ២៣ ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​ខ្លួន កុំ​បំភ្លេច​សម្ពន្ធមេត្រី​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ចង​ជា​មួយ​អ្នក​អោយ​សោះ។ កុំ​ធ្វើ​រូប​ចម្លាក់ ឬ​រូប​តំណាង​អ្វី​មួយ ផ្ទុយ​ពី​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ហាម​ឡើយ ២៤ ដ្បិត​ព្រះអម្ចាស់ ព្រះ​របស់​អ្នក ជា​ភ្លើង​ដែល​ឆេះ​សន្ធោសន្ធៅ ព្រះអង្គ​មិន​ចង់​អោយ​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ណា​ផ្សេង​ជា​ដាច់​ខាត។

 

២៥ ពេល​ណា​ អ្នក​រស់​នៅ​ក្នុង​ស្រុក​នោះ​ជា​យូរ​ឆ្នាំ អ្នក​រាល់​គ្នា​នឹង​បង្កើត​កូន​ចៅ​តៗ​គ្នា ប្រសិន​បើ​អ្នក​រាល់​គ្នា​បណ្ដោយ​ខ្លួន អោយ​ប្រព្រឹត្ត​អំពើ​បាប ដោយ​ធ្វើ​រូប​ព្រះ​ក្លែងក្លាយ ឬ​រូប​តំណាង​អ្វីៗ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ធ្វើ​អោយ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ ២៦ ថ្ងៃ​នេះ ខ្ញុំ​យក​មេឃ និង​ដី ធ្វើ​ជា​សាក្សី​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា។ បើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នោះ អ្នក​រាល់​គ្នា​នឹង​វិនាស​សូន្យ​បាត់​ពី​ស្រុក ដែល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​កាន់​កាប់​នោះ ដោយ​ការ​ស្លាប់​យ៉ាង​ទាន់ហន់។ អ្នក​រាល់​គ្នា​ពុំ​អាច​មាន​អាយុ​វែង​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​នឹង​វិនាស​សូន្យ​ទាំង​អស់​គ្នា។ ២៧ ព្រះ​អម្ចាស់​ នឹង​កំចាត់កំចាយ​អ្នក​រាល់​គ្នា អោយ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា អ្នក​រាល់​គ្នា​នឹង​ក្លាយ​ទៅ​ជា​ជន​ជាតិ​ភាគ​តិច ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ ដែល ព្រះអម្ចាស់​នាំ​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ។ ២៨ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ថ្វាយបង្គំ​ព្រះ​ដែល​ជា​ស្នាដៃ​របស់​មនុស្ស ជា​ព្រះ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ មិន​ចេះ​បរិភោគ ហើយ​ក៏​មិន​ដឹង​អ្វី​ទាំង​អស់។ ២៩ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ ប្រសិន​បើ​អ្នក​ស្វែង​រក​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង នោះ​អ្នក​មុខ​ជា​ឃើញ​ព្រះអង្គ​មិន​ខាន។ ៣០ នៅ​ពេល​ខាង​មុខ កាល​ហេតុការណ៍​ទាំង​នេះ​កើត​មាន ហើយ​អ្នក​រង​ទុក្ខ​លំបាក អ្នក​នឹង​វិល​មក​រក​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​វិញ អ្នក​នឹង​ស្ដាប់​ព្រះសូរសៀង​របស់​ព្រះអង្គ ៣១ ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រកប​ដោយ​ព្រះហឫទ័យ​មេត្តា​ករុណា ព្រះអង្គ​មិន​បោះ​បង់​ចោល​អ្នក​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​បំផ្លាញ​អ្នក​ដែរ។ ព្រះអង្គ​នឹក​ឃើញ​សម្ពន្ធមេត្រី ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​អ្នក​ជានិច្ច»។

 

ឯកសិទ្ធិ​របស់​ជន​ជាតិ​អ៊ីស្រាអែល

៣២ «ចូរ​សាក​សួរ​មើល​ចុះ ថា​តើ​នៅ​ជំនាន់​ដើម គឺ​តាំង​ពី​ថ្ងៃ​ដែល​ព្រះជាម្ចាស់​បង្កើត​មនុស្ស​នៅ​លើ​ផែនដី​នេះ ហើយ​ចាប់​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង​ទៀត តើ​ធ្លាប់​មាន​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​បែប​នេះ ឬ​ក៏​មាន​នរណា​ធ្លាប់​ឮ​ហេតុការណ៍​ដ៏​ចម្លែក​បែប​នេះ​ទេ?។ ៣៣ តើ​មាន​ជាតិ​សាសន៍​មួយ​ ណា​ធ្លាប់​បាន​ឮ​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ពី​ក្នុង​ភ្លើង​ដូច​អ្នក​បាន​ ឮ ហើយ​នៅ​រស់​រាន​មាន​ជីវិត​បែប​នេះ​ឬ​ទេ? ៣៤ តើ​ដែល​មាន​ព្រះ​ណា​ ខិតខំ​រំដោះ​ប្រជាជាតិ​មួយ​ចេញ​ពី​ប្រជាជាតិ​មួយ​ទៀត អោយ​ធ្វើ​ជា​ប្រជារាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ ដោយ​ធ្វើ​ការ​អស្ចារ្យ ទី​សំគាល់ ឫទ្ធិបាដិហារិយ៍ ហើយ​ប្រយុទ្ធ​ជំនួស​គេ​ដោយ​ឫទ្ធិបារមី និង​តេជានុភាព​ដ៏​ខ្លាំងក្លា​គួរ​ស្ញែង​ខ្លាច ដូច​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ធ្វើ​នៅ​ស្រុក​អេស៊ីប​ អោយ​អ្នក​ឃើញ​បែប​នេះ​ឬ​ទេ? ៣៥ អ្នក​បាន​ឃើញ​ការ​ទាំង​នោះ ដើម្បី​ទទួល​ស្គាល់​ថា ព្រះអម្ចាស់​ពិត​ជា​ព្រះជាម្ចាស់​មែន ក្រៅ​ពី​ព្រះអង្គ​គ្មាន​ព្រះ​ណា​ទៀត​ឡើយ។

 

៣៦ ព្រះអង្គ ​បាន​អោយ​អ្នក​ឮ​ព្រះសូរសៀង​ពី​លើ​មេឃ​មក ដើម្បី​អប់រំ​អ្នក។ ព្រះអង្គ​អោយ​អ្នក​ឃើញ​ភ្លើង​ដ៏​សន្ធោសន្ធៅ​នៅ​លើ​ផែនដី​នេះ ហើយ​អ្នក​បាន​ឮ ព្រះសូរសៀង​របស់​ព្រះអង្គ ពី​ក្នុង​ភ្លើង​នោះ​មក។

 

៣៧ ព្រះអង្គ ​បាន​ស្រឡាញ់​បុព្វបុរស​របស់​អ្នក ហើយ​បាន​ជ្រើស​រើស​ពូជពង្ស​របស់​ពួក​គេ នៅ​ជំនាន់​ក្រោយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ផ្ទាល់​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មហិទ្ធិឫទ្ធិ​របស់​ព្រះអង្គ។

 

៣៨ ព្រះអង្គ ​បាន​បណ្ដេញ​ប្រជាជាតិ​នានា ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ខ្លាំង​ជាង​អ្នក ដើម្បី​អោយ​អ្នក​ចូល​កាន់​កាប់​ស្រុក​របស់​គេ ហើយ​ព្រះអង្គ​ប្រគល់​ស្រុក​នោះ​មក​អោយ​អ្នក​ទុក​ជា​កេរមត៌ក ដូច​អ្នក​ឃើញ​សព្វ​ថ្ងៃ​នេះ​ស្រាប់។ ៣៩ ដូច្នេះ ចូរ​ទទួល​ស្គាល់​នៅ​ថ្ងៃ​នេះ ហើយ​ចង​ចាំ​ថា ព្រះអម្ចាស់​ពិត​ជា​ព្រះជាម្ចាស់ នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ។ ៤០ អ្នក​ត្រូវ​កាន់​តាម​ក្រឹត្យវន័យ និង​បទ​បញ្ជា​របស់​ព្រះអង្គ ដែល​ខ្ញុំ​បាន​ប្រគល់​អោយ​អ្នក​ក្នុង​ថ្ងៃ​នេះ ដើម្បី​អោយ​អ្នក​មាន​សុភមង្គល គឺ​ទាំង​អ្នក​ទាំង​កូន​ចៅ​របស់​អ្នក ហើយ​អោយ​អ្នក​មាន​អាយុ​យឺនយូរ​នៅ​លើ​ទឹក​ដី​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ​អ្នក​រហូត​ត​ទៅ»។

 

ក្រុង​ជំរក​នៅ​ខាង​កើត​ទន្លេ​យ័រដាន់

៤១ ពេល​នោះ លោក​ម៉ូសេ​បាន​ញែក​ក្រុង​បី នៅ​ខាង​កើត​ទន្លេ​យ័រដាន់​ដោយ​ឡែក ៤២ ធ្វើ​ជា​ក្រុង​ជំរក​ សំរាប់​អោយ​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា រត់​មក​ជ្រក​កោន គឺ​អ្នក​ដែល​បាន​សម្លាប់​គេ ដោយ​គ្មាន​ចិត្ត​ស្អប់​ពី​មុន អាច​រត់​ភៀស​ខ្លួន​មក​ជ្រក​នៅ​ក្នុង​ក្រុង​ណា​មួយ ក្នុង​ចំណោម​ក្រុង​ទាំង​បី ដើម្បី​បាន​រួច​ជីវិត។ ៤៣ ក្រុង​ទាំង​នោះ​គឺ: ក្រុង​បេស៊ែរ នៅ​វាល​រហោស្ថាន​នៃ​ខ្ពង់​រាប​ក្នុង​ទឹក​ដី​រូបេន ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ក្នុង​ទឹក​ដី​កាដ និង​ក្រុង​កូឡាន នៅ​ស្រុក​បាសាន​ក្នុង​ទឹក​ដី​ម៉ាណាសេ។

 

សុន្ទរកថា​ទី​ពីរ​របស់​លោក​ម៉ូសេ

 

ព្រះបន្ទូល​ទាំង​ដប់​ប្រការ

៤៤ នេះ​ជាវិន័យ ​ដែល​លោក​ម៉ូសេ​បាន​ប្រគល់​អោយ​ជន​ជាតិ​អ៊ីស្រាអែល។ ៤៥ លោក​ម៉ូសេ​បាន​ប្រកាស​​វិន័យ និងបទបញ្ជា​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល នៅ​ពេល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ៤៦ នា​ត្រើយ​ខាង​កើត​ទន្លេ ​យ័រដាន់ ត្រង់​ជ្រលង​ភ្នំ​ទល់​មុខ​នឹង​បាលពេអ៊រ គឺ​នៅ​ស្រុក​របស់​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី នៅ​ក្រុង​ហេសបូន។ លោក​ម៉ូសេ និង​ជន​ជាតិ​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​ស្ដេច​នេះ នៅ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ៤៧ ហើយ​ដណ្ដើម​យក​ទឹក​ដី​ របស់​ស្ដេច​នេះ ព្រម​ទាំង​ទឹក​ដី​របស់​ព្រះបាទ​អុក ជា​ស្ដេច​ស្រុក​បាសាន មក​កាន់​កាប់។ ពី​មុន ស្ដេច​ទាំង​ពីរ​អង្គ​របស់​ជន​ជាតិ​អាម៉ូរី​គ្រប់គ្រង​ត្រើយ​​​ខាង​កើត​ទន្លេ​ យ័រដាន់ ៤៨ ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ែរ ដែល​ស្ថិត​នៅ​តាម​ដង​ស្ទឹង​អារណូន រហូត​ដល់​ភ្នំ​ស៊ីអូន ដែល​មាន​ឈ្មោះ​ថា​ភ្នំ​ហ៊ែរម៉ូន ៤៩ វាល​ទំនាប​អារ៉ាបា​ទាំង​មូល ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ រហូត​ដល់​សមុទ្រ​អារ៉ាបា ដែល​នៅ​ជើង​ភ្នំ​ពីស្កា។

១ លោក​ម៉ូសេ​បាន​កោះ​ហៅ​ ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់ក្រឹត្យ​វិន័យ និងបទនញ្ជា​ដែល​ខ្ញុំ​ប្រកាស​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​នៅ​ថ្ងៃ​នេះ។ ចូរ​រៀន​សេចក្ដី​ទាំង​នេះ​អោយ​បាន​ច្បាស់ ហើយ​កាន់ និង​ប្រតិបត្តិ​តាម។ ២ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​ដូនតា​របស់​យើង នៅ​ភ្នំ​ហូរែប។ ៣ ព្រះអម្ចាស់​ពុំ​គ្រាន់​តែ​ចង​សម្ពន្ធមេត្រី​នេះ​ជា​មួយ​ដូនតា​របស់​យើង​ប៉ុណ្ណោះ​ទេ ព្រះអង្គ​ក៏​បាន​ចង​ជា​មួយ​យើង​ទាំង​អស់​គ្នា នៅ​ទី​នេះ ហើយ​មាន​ជីវិត​នៅ​ថ្ងៃ​នេះ​ដែរ។ ៤ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​អ្នក​រាល់​គ្នា នៅ​ចំពោះ​មុខ​ផ្ទាល់ លើ​ភ្នំ ពី​ក្នុង​ភ្លើង។ ៥ ចំណែក​ឯ​ខ្ញុំ​វិញ ពេល​នោះ ខ្ញុំ​ឈរ​នៅ​ចន្លោះ​ព្រះអម្ចាស់ និង​អ្នក​រាល់​គ្នា ដើម្បី​នាំ​ព្រះបន្ទូល​របស់​ព្រះអង្គ​មក​ប្រាប់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ភ័យ​ខ្លាច​ភ្លើង ហើយ​អ្នក​រាល់​គ្នា​ពុំ​បាន​ឡើង​ទៅ​លើ​ភ្នំ​ទេ។ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា:

៦ “យើង​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​បាន​នាំ​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។

 

៧ មិន​ត្រូវ​គោរព​ព្រះ​ណា​ផ្សេង ក្រៅ​ពី​យើង​ឡើយ។ ៨ មិន​ត្រូវ​ឆ្លាក់​រូប​អ្វី ឬ​យក​វត្ថុ​ដែល​ជា​តំណាង​អ្វី​មួយ នៅ​លើ​មេឃ នៅ​លើ​ផែនដី ឬ​នៅ​ក្នុង​ទឹក ក្រោម​ដី ធ្វើ​ជា​ព្រះ​ឡើយ។ ៩ មិន​ត្រូវ​ក្រាប​ថ្វាយបង្គំ​រូប​ព្រះ​ទាំង​នោះ ឬ​គោរព​បំរើ​រូប​ទាំង​នោះ​ឡើយ។ យើង​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​មិន​ចង់​អោយ​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ណា​ផ្សេង​ក្រៅ​ពី​យើង​ឡើយ។ ប្រសិន​បើ​នរណា​ក្បត់​ចិត្ត​យើង យើង​នឹង​ដាក់​ទោស​គេ ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ ១០ ផ្ទុយ​ទៅ​វិញ យើង​នឹង​សំដែង​សេចក្ដី​សប្បុរស រហូត​ដល់​មួយ​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ និង​ប្រតិបត្តិ​តាម​​បញ្ជា​របស់​យើង។

 

១១ មិន​ត្រូវ​យក​ព្រះនាម​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ទៅ​ប្រើ​ឥត​បាន​ការ​នោះ​ឡើយ ដ្បិត​ព្រះអម្ចាស់​នឹង​មិន​អត់អោន​អោយ​អ្នក​ដែល​យក​ព្រះនាម​របស់​ព្រះអង្គ ទៅ​ប្រើ​ឥត​បាន​ការ​របៀប​នេះ​ជា​ដាច់​ខាត។

 

១២ ចូរ​គោរព​ថ្ងៃ​សប្ប័ទ* ហើយ​ញែក​ថ្ងៃ​នោះ​ទុក​ជា​ថ្ងៃ​ដ៏វិសុទ្ធ ដូច​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​បង្គាប់​ដល់​អ្នក។ ១៣ អ្នក​មាន​ពេល​ប្រាំ​មួយ​ថ្ងៃ​សំរាប់​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន ​ដែល​អ្នក​ត្រូវ​ធ្វើ ១៤ តែ​ថ្ងៃ​ទី​ប្រាំពីរ​ជា​ថ្ងៃ​សប្ប័ទ​របស់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​អ្នក។ ដូច្នេះ នៅ​ថ្ងៃ​នោះ ទាំង​អ្នក ទាំង​កូន​ប្រុស កូន​ស្រី​របស់​អ្នក ទាំង​អ្នក​បំរើ​ប្រុស​ស្រី ទាំង​គោ ទាំង​លា ទាំង​ហ្វូង​សត្វ និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ។ ត្រូវ​អោយ​អ្នក​បំរើ​ប្រុស​ស្រី​របស់​អ្នក​បាន​សំរាក​ដូច​អ្នក​ដែរ។ ១៥ អ្នក​ត្រូវ​នឹក​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប ហើយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​នាំ​អ្នក​ចាក​ចេញ​ពី​ទី​នោះ ដោយ​ឫទ្ធិបារមី និង​តេជានុភាព​របស់​ព្រះអង្គ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បង្គាប់​អោយ​អ្នក​គោរព​ថ្ងៃ​សប្ប័ទ។

 

១៦ ចូរ​គោរព​មាតាបិតា​របស់​អ្នក ដូច​ព្រះអម្ចាស់ ជា​ព្រះ​នៃ​អ្នក បាន​បង្គាប់​អ្នក ដើម្បី​អោយ​អ្នក​មាន​អាយុ​យឺនយូរ និង​មាន​សុភមង្គល នៅ​លើ​ដី​ដែល​ព្រះអម្ចាស់ ជា​ព្រះ​នៃ​អ្នក​ប្រទាន​ដល់​អ្នក។

១៧ កុំ​សម្លាប់​មនុស្ស។

១៨ កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។

១៩ កុំ​លួច​ប្លន់​គេ។

២០ កុំ​ធ្វើ​សាក្សី​ក្លែងក្លាយ នាំ​អោយ​អ្នក​ដទៃ​មាន​ទោស។

 

២១ កុំ​ លោភលន់​ចង់​បាន​ប្រពន្ធ​គេ កុំ​ប៉ងប្រាថ្នា​ចង់​បាន​ផ្ទះ​របស់​អ្នក​ដទៃ ឬ​ក៏​ចង់​បាន​ស្រែ​ចំការ អ្នក​បំរើ​ប្រុស អ្នក​បំរើ​ស្រី គោ លា ឬ​របស់​អ្វី​ផ្សេង​ទៀត​របស់​គេ​ឡើយ”។

២២ នេះ​ហើយ​ជា​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​ ថ្លែង​មក​កាន់​ក្រុមជំនុំ​ទាំង​មូល ដោយ​បន្លឺ​ព្រះសូរសៀង​ខ្លាំងៗ នៅ​លើ​ភ្នំ ពី​ក្នុង​ភ្លើង ពពក* និង​អ័ព្ទ។ ព្រះអង្គ​ពុំ​មាន​ព្រះបន្ទូល​អ្វី​ថែម​ពី​លើ​នេះ​ទៀត​ទេ ព្រះអង្គ​បាន​ចារ​ព្រះបន្ទូល​ទាំង​នោះ​នៅ​លើ​បន្ទះ​ថ្ម​ពីរ រួច​ប្រគល់​មក​អោយ​ខ្ញុំ។

 

២៣ ក្រោយ​ ពី​បាន​ឮ​ព្រះសូរសៀង​ពី​ទី​ងងឹត ក្នុង​ពេល​ភ្លើង​កំពុង​តែ​ឆាបឆេះ​ភ្នំ​នោះ មេ​ដឹក​នាំ​នៃ​កុលសម្ព័ន្ធ និង​ពួក​ព្រឹទ្ធាចារ្យ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា​មក​ជិត​ខ្ញុំ ២៤ ហើយ​ពោល​ថា “ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង បាន​បង្ហាញ​អោយ​យើង​ខ្ញុំ​ឃើញ​សិរីរុងរឿង និង​ភាព​ឧត្ដុង្គឧត្ដម​របស់​ព្រះអង្គ យើង​ខ្ញុំ​ឮ​ព្រះសូរសៀង​របស់​ព្រះអង្គ​ពី​ក្នុង​ភ្លើង។ ថ្ងៃ​នេះ យើង​ខ្ញុំ​ឃើញ​ថា​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​មនុស្ស ហើយ​មនុស្ស​អាច​នៅ​មាន​ជីវិត​រស់​រាន។ ២៥ ហេតុ​នេះ សូម​កុំ​បណ្ដោយ​អោយ​យើង​ខ្ញុំ​ស្លាប់​ឡើយ ដ្បិត​ភ្លើង​ដ៏​សន្ធោសន្ធៅ​នោះ​នឹង​ឆាបឆេះ​យើង​ខ្ញុំ។ ប្រសិន​បើ​យើង​ខ្ញុំ​ឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ត​ទៅ​មុខ​ទៀត យើង​ខ្ញុំ​មុខ​ជា​ស្លាប់​មិន​ខាន។ ២៦ មិន​ដែល​មាន​មនុស្ស​ណា​ បាន​ឮ​ព្រះសូរសៀង​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​គង់​នៅ ពី​ក្នុង​ភ្លើង ដូច​យើង​ខ្ញុំ​បាន​ឮ ហើយ​នៅ​រស់​រាន​មាន​ជីវិត​បែប​នេះ​ឡើយ។ ២៧ ដូច្នេះ សូម​លោក​ចូល​ទៅ​ជិត​ព្រះអង្គ ហើយ​ស្ដាប់​សេចក្ដី​ដែល​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​មាន​ព្រះបន្ទូល រួច​នាំ​ព្រះបន្ទូល​របស់​ព្រះអង្គ​មក​ប្រាប់​យើង​ខ្ញុំ​ផង។ យើង​ខ្ញុំ​នឹង​ស្ដាប់​ព្រះបន្ទូល ហើយ​ប្រតិបត្តិ​តាម”។

 

២៨ ព្រះអម្ចាស់​ ទ្រង់​ព្រះសណ្ដាប់​ឮ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ពោល​មក​កាន់​ខ្ញុំ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា: “យើង​បាន​ឮ​ពាក្យ​ដែល​ប្រជាជន​ពោល​មក​កាន់​អ្នក​ហើយ អ្វីៗ​ដែល​ពួក​គេ​និយាយ​សុទ្ធ​តែ​ត្រឹម​ត្រូវ។ ២៩ ប្រសិន​បើ​ពួក​គេ​មាន​ ចិត្ត​កោត​ខ្លាច​យើង​រហូត ហើយ​គោរព​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ ពួក​គេ ព្រម​ទាំង​កូន​ចៅ​របស់​ពួក​គេ មុខ​ជា​មាន​សុភមង្គល​ដរាប​ត​រៀង​ទៅ! ៣០ ចូរ​ទៅ​ប្រាប់​ពួក​គេ​អោយ​វិល​ត្រឡប់​ទៅ​កាន់​ជំរំ​របស់​គេ​រៀងៗ​ខ្លួន​ចុះ។ ៣១ ចំណែក​ឯ​អ្នក​វិញ ចូរ​នៅ​ទី​នេះ​ជា​មួយ​យើង​ហើយ យើង​នឹង​ប្រាប់​អ្នក​អំពី​បទ​បញ្ជា ក្រឹត្យ​វិន័យ និងច្បាប់ផ្សេងៗ ដែល​អ្នក​ត្រូវ​យក​ទៅ​បង្រៀន​ពួក​គេ ដើម្បី​អោយ​ពួក​គេ​ប្រតិបត្តិ​តាម​នៅ​ក្នុង​ស្រុក ដែល​យើង​នឹង​ប្រគល់​អោយ​ពួក​គេ​កាន់​កាប់”។ ៣២ អ្នក​រាល់​គ្នា​ត្រូវ​គោរព និង​ប្រតិបត្តិ​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា ដោយ​ឥត​ងាក​ទៅ​ឆ្វេង ឬ​ទៅ​ស្ដាំ។ ៣៣ ត្រូវ​ដើរ​តាម​មាគ៌ា​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បង្គាប់​មក ឥត​ល្អៀង​ត្រង់​ណា​ឡើយ ដើម្បី​អោយ​អ្នក​រាល់​គ្នា​មាន​ជីវិត មាន​សុភមង្គល និង​មាន​អាយុ​យឺនយូរ នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់»។

ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក

១ «នេះ​ជា​បទ​បញ្ជា ក្រឹត្យ​វិន័យ និងច្បាប់​ផ្សេងៗ​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បង្គាប់​អោយ​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា ដើម្បី​អោយ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់។ ២ ធ្វើ​ដូច្នេះ អ្នក​នឹង​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត អ្នក និង​កូន​ចៅ​របស់​អ្នក ត្រូវ​កាន់​តាមក្រឹត្យវិន័យ និង​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ ដែល​ខ្ញុំ​ប្រគល់​អោយ ដើម្បី​អោយ​អ្នក​មាន​អាយុ​យឺនយូរ។ ៣ អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់​ក្រឹត្យវិន័យ និង​បទ​បញ្ជា ហើយ​យក​ទៅ​កាន់ និង​ប្រតិបត្តិ​តាម​ចុះ ដើម្បី​អោយ​អ្នក​មាន​សុភមង្គល ហើយ​កើន​ចំនួន​ច្រើន​ឥត​គណនា​នៅ​ក្នុង​ស្រុក​ដ៏​សម្បូណ៌​សប្បាយ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក បាន​សន្យា​ជា​មួយ​អ្នក។

 

៤ អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់! មាន​តែ​ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង មួយ​ព្រះអង្គ​គត់ ដែល​ពិត​ជា​ព្រះអម្ចាស់។ ៥ អ្នក​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក អោយ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង​កាយ។ ៦ ត្រូវ​ទុក​អោយ​ព្រះបន្ទូល​ដែល​ខ្ញុំ​ប្រគល់​ដល់​អ្នក​នៅ​ថ្ងៃ​នេះ ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ជានិច្ច។ ៧ ចូរ​បង្រៀន​កូន​ចៅ​របស់​ អ្នក​អំពី​ព្រះបន្ទូល​នេះ គឺ​ត្រូវ​និយាយ​អោយ​វា​ស្ដាប់ ពេល​អ្នក​នៅ​ផ្ទះ ពេល​ធ្វើ​ដំណើរ ពេល​ចូល​ដំណេក និង​ពេល​ក្រោក​ពី​ដំណេក។ ៨ ត្រូវ​ចង​ព្រះបន្ទូល​ទាំង​នេះ​ជា​សញ្ញា ជាប់​នៅ​ដៃ ហើយ​ដាក់​នៅ​លើ​ថ្ងាស​របស់​អ្នក។ ៩ ចូរ​សរសេរ​លើ​ក្រប​ទ្វារ​ផ្ទះ និង​ក្លោង​ទ្វារ​ក្រុង​របស់​អ្នក»។

 

កុំ​​បំភ្លេច​ព្រះជាម្ចាស់​ឡើយ

១០ «ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​បុព្វបុរស​របស់​អ្នក​ថា​នឹង​ប្រគល់​អោយ​អ្នក។ ស្រុក​នោះ​មាន​ក្រុង​ដ៏​ធំៗ ហើយ​ស្អាតៗ ជា​ក្រុង​ដែល​អ្នក​មិន​បាន​សង់ ១១ ព្រម​ទាំង​មាន​ផ្ទះ​ពេញ ​ទៅ​ដោយ​ទ្រព្យសម្បត្តិ​គ្រប់​យ៉ាង ជា​ទ្រព្យ​ដែល​អ្នក​ពុំ​បាន​ស្វះស្វែង​រក មាន​អណ្ដូង​ស្រាប់ គឺ​អណ្ដូង​ដែល​អ្នក​ពុំ​បាន​ជីក ហើយ​មាន​ចំការ​ទំពាំងបាយជូរ និង​ចំការ​អូលីវ​ដែល​អ្នក​ពុំ​បាន​ដាំ។ ១២ ពេល​ណា​អ្នក​មាន​ភោគផល​បរិភោគ​ឆ្អែត​ហើយ ចូរ​ប្រយ័ត្ន​ក្រែង​លោ​អ្នក​ភ្លេច​ព្រះអម្ចាស់ ជា​ព្រះ​ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។ ១៣ ចូរ​កោត​ខ្លាច​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​គោរព​បំរើ​ព្រះអង្គ និង​ពោល​ពាក្យ​ស្បថ​ក្នុង​ព្រះនាម​ព្រះអង្គ​តែ​មួយ​ប៉ុណ្ណោះ។ ១៤ មិន​ត្រូវ​ជំពាក់​ចិត្ត​ជា​មួយ​ព្រះ​ឯ​ទៀតៗ ក្នុង​ចំណោម​ព្រះ​របស់​ជាតិ​សាសន៍​ទាំងឡាយ​ដែល​នៅ​ជុំវិញ​អ្នក​រាល់​គ្នា​ឡើយ ១៥ ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​គង់​នៅ​ជា​មួយ​អ្នក ទ្រង់​មិន​សព្វ​ព្រះហឫទ័យ​អោយ​អ្នក​ជំពាក់​ចិត្ត​ជា​មួយ​ព្រះ​ណា​ផ្សេង​ទៀត​ ជា​ដាច់​ខាត។ បើ​មិន​ដូច្នោះ​ទេ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ទ្រង់​ព្រះពិរោធ​ទាស់​នឹង​អ្នក ហើយ​លុប​បំបាត់​អ្នក​ពី​ផែនដី​នេះ។ ១៦ មិន​ត្រូវ​ល្បងល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដូច​អ្នក​រាល់​គ្នា​ធ្លាប់​ល្បងល​ព្រះអង្គ នៅ​ម៉ាសា​នោះ​ឡើយ។ ១៧ ផ្ទុយ​ទៅ​វិញ ត្រូវ​កាន់​តាម​បទ​បញ្ជា​របស់​ព្រះអម្ចាស់​អោយ​បាន​ខ្ជាប់ខ្ជួន ព្រម​ទាំង​កាន់​តាម​ដំបូន្មាន​ និង​ក្រឹត្យវិន័យ ដែល​ព្រះអង្គ​បាន​បង្គាប់។ ១៨ ត្រូវ​ប្រព្រឹត្ត​អំពើ​សុចរិត និង​ត្រឹម​ត្រូវ ដែល​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ដើម្បី​អោយ​អ្នក​មាន​សុភមង្គល ហើយ​កាន់​កាប់​ទឹក​ដី​ដ៏​ល្អ ដែល​ព្រះអម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ជា​មួយ​បុព្វ​បុរស​​របស់​អ្នក​ថា នឹង​ប្រទាន​ដល់​អ្នក ១៩ ដោយ​បណ្ដេញ​ខ្មាំង​សត្រូវ​ទាំង​អស់​ចេញ​ពី​មុខ​អ្នក ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល​ទុក។

២០ នៅ​ថ្ងៃ​មុខ ប្រសិន​បើ​កូន​របស់​អ្នក​សួរ​ថា: តើ​ដំបូន្មាន​ ក្រឹត្យ​​វិន័យ និងច្បាប់​ទាំងឡាយ​ដែល​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង បាន​បង្គាប់​មក​យើង​នេះ មាន​ន័យ​ដូច​ម្ដេច? ២១ អ្នក​ត្រូវ​ប្រាប់​កូន​វិញ​ថា: ពី​មុន យើង​ធ្វើ​ជា​ខ្ញុំ​បំរើ​របស់​ព្រះចៅ​ផារ៉ោន​នៅ​ស្រុក​អេស៊ីប ហើយ​ព្រះអម្ចាស់​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធិបារមី​របស់​ព្រះអង្គ។ ២២ ព្រះអម្ចាស់​ បាន​សំដែង​ទី​សំគាល់ និង​ឫទ្ធិបាដិហារិយ៍​យ៉ាង​សំបើម​អស្ចារ្យ អោយ​យើង​ឃើញ ដើម្បី​កំទេច​ព្រះចៅ​ផារ៉ោន និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្ដេច។ ២៣ ព្រះអម្ចាស់​បាន​នាំ​ យើង​ចេញ​ពី​ស្រុក​នោះ មក​នៅ​ក្នុង​ស្រុក​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង ថា​នឹង​ប្រគល់​មក​អោយ​យើង។ ២៤ ព្រះអម្ចាស់​បាន​បញ្ជា​អោយ​យើង​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​ទាំង​នេះ ព្រម​ទាំង​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង ដើម្បី​អោយ​យើង​មាន​សុភមង្គល​ជា​រៀង​រាល់​ថ្ងៃ និង​អោយ​ព្រះអង្គ​ថែរក្សា​អាយុ​ជីវិត​របស់​យើង ដូច​ព្រះអង្គ​ថែរក្សា​នៅ​ថ្ងៃ​នេះ។ ២៥ យើង​ត្រូវ​គោរព និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​នេះ ដូច​ព្រះអង្គ​បាន​បង្គាប់​មក ដើម្បី​អោយ​យើង​បាន​សុចរិត ហើយ​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង»។

អ៊ីស្រាអែល​មិន​ត្រូវ​ឡូក​ឡំ​ជា​មួយ​ប្រជាជាតិ​នានា តែ​ត្រូវ​ញែក​ខ្លួន​ថ្វាយ​ព្រះអម្ចាស់

១ «ពេល​ណា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អ្នក​ត្រូវ​កាន់​កាប់ ដោយ​បណ្ដេញ​ប្រជាជាតិ​ជា​ច្រើន​ចេញ​ពី​មុខ​អ្នក ដូច​ជា​ជន​ជាតិ​ហេត ជន​ជាតិ​គៀរកាស៊ី ជន​ជាតិ​អាម៉ូរី ជន​ជាតិ​កាណាន ជន​ជាតិ​ពេរេស៊ី ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស គឺ​ប្រជាជាតិ​ទាំង​ប្រាំពីរ​ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ជាង​អ្នក ២ ពេល​ណា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក ពេល​ណា​អ្នក​យក​ជ័យជំនះ​លើ​ពួក​គេ​ហើយ ចូរ​បំផ្លាញ​ពួក​គេ​ថ្វាយ​ផ្ដាច់*​ដល់​ព្រះអម្ចាស់។ កុំ​ចង​សម្ពន្ធមេត្រី​ជា​មួយ​ពួក​គេ ឬ​ប្រណី​សន្ដោស​ពួក​គេ​ឡើយ។ ៣ កុំ​ចង​ស្ពានមេត្រី​ជា​ មួយ​ជាតិ​សាសន៍​ទាំង​នេះ ដោយ​ចំណង​អាពាហ៍ពិពាហ៍ គឺ​មិន​ត្រូវ​លើក​កូន​ស្រី​របស់​អ្នក​អោយ​កូន​ប្រុស​របស់​ពួក​គេ ហើយ​ក៏​មិន​ត្រូវ​ដណ្ដឹង​កូន​ស្រី​របស់​ពួក​គេ​អោយ​កូន​ប្រុស​របស់​អ្នក​ដែរ។ ៤ បើ​មិន​ដូច្នោះ​ទេ កូន​ប្រុស​របស់​អ្នក​មុខ​ជា​បែរ​ចិត្ត​ចេញ​ឆ្ងាយ​ពី​ព្រះអម្ចាស់ ទៅ​គោរព​ថ្វាយបង្គំ​ព្រះ​ឯ​ទៀតៗ ជា​ហេតុ​បណ្ដាល​អោយ​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​នឹង​អ្នក​រាល់​គ្នា ហើយ​កំទេច​អ្នក​មួយ​រំពេច។ ៥ អ្នក​រាល់​គ្នា​ត្រូវ​ ប្រព្រឹត្ត​ចំពោះ​ជាតិ​សាសន៍​ទាំង​នោះ​ដូច​ត​ទៅ គឺ​ត្រូវ​ផ្ដួល​រំលំ​អាសនៈ​របស់​ពួក​គេ បំបាក់​ស្ដូប​របស់​ពួក​គេ ត្រូវ​កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេរ៉ា ហើយ​ដុត​កំទេច​រូប​ព្រះ​របស់​ពួក​គេ។

 

៦ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ចាត់​ទុក​អ្នក​ជា​ប្រជាជន​ដ៏វិសុទ្ធ។ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស​រើស​អ្នក​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី អោយ​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់»។

 

ព្រះអម្ចាស់​ស្មោះ​ត្រង់​នឹង​សម្ពន្ធមេត្រី​របស់​ព្រះអង្គ

៧ «ព្រះអម្ចាស់​ ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​ជ្រើស​រើស​អ្នក​រាល់​គ្នា​ដូច្នេះ មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ជាង​ជាតិ​សាសន៍​ទាំង​ ប៉ុន្មាន​នោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ជា​ជាតិ​សាសន៍​មួយ​តូច​ជាង​គេ​បំផុត។ ៨ ព្រះអង្គ​ជ្រើស​រើស​អ្នក​ រាល់​គ្នា មក​ពី​ព្រះអង្គ​ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​សព្វ​ព្រះហឫទ័យ​គោរព​តាម​ព្រះបន្ទូល ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់​ប្រើ​ឫទ្ធិបារមី​ ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ ដើម្បី​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ជា​ទាសករ ព្រះអង្គ​រំដោះ​អ្នក​រាល់​គ្នា​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប។ ៩ ដូច្នេះ អ្នក​ត្រូវ​ទទួល​ស្គាល់​ថា មាន​តែ​ព្រះអម្ចាស់​ ជា​ព្រះ​របស់​អ្នក​ប៉ុណ្ណោះ ដែល​ជា​ព្រះ​ដ៏​ពិត​ប្រាកដ។ ព្រះអង្គ​គោរព​តាម​សម្ពន្ធមេត្រី*​របស់​ព្រះអង្គ ដោយ​ព្រះហឫទ័យ​ស្មោះ​ត្រង់ ហើយ​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា​រហូត​ដល់​មួយ​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ និង​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ​អង្គ​។ ១០ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​ដាក់​ទោស​អស់​អ្នក​ដែល​ស្អប់​ព្រះអង្គ និង​ធ្វើ​អោយ​ពួក​គេ​វិនាស ដោយ​ឥត​បង្អង់​ឡើយ។ ១១ ដូច្នេះ អ្នក​ត្រូវ​កាន់​តាម​បទ​បញ្ជា ក្រឹត្យវិន័យ និងបញ្ញត្ដិ​ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​នៅ​ថ្ងៃ​នេះ ដើម្បី​អោយ​អ្នក​យក​ទៅ​ប្រតិបត្តិ​តាម។

 

១២ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ដាប់បញ្ញត្ដិ​ទាំង​នេះ ហើយ​កាន់ និង​ប្រតិបត្តិ​តាម ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ក៏​ធ្វើ​តាម​សម្ពន្ធមេត្រី​របស់​ព្រះអង្គ ព្រម​ទាំង​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​អ្នក ដូច​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​អ្នក​ដែរ។ ១៣ ព្រះអង្គ​នឹង​ស្រឡាញ់​ អ្នក ប្រទាន​ពរ​ដល់​អ្នក ហើយ​ធ្វើ​អោយ​អ្នក​កើន​ចំនួន​ច្រើន​ឡើង។ ព្រះអង្គ​នឹង​ប្រទាន​ពរ​អោយ​អ្នក​មាន​កូន​ចៅ​ច្រើន អោយ​ដី​របស់​អ្នក​បង្ក​បង្កើត​ផល មាន​ស្រូវ ស្រា​ទំពាំងបាយជូរ និង​ប្រេង​ដ៏​បរិបូណ៌។ ព្រះអង្គ​ក៏​ប្រទាន​អោយ​ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក បង្កើត​កូន​ចៅ​កើន​ចំនួន​ឡើង​នៅ​ក្នុង​ស្រុក ដែល​ព្រះអង្គ​សន្យា​ជា​មួយ​បុព្វបុរស​របស់​អ្នក ថា​នឹង​ប្រគល់​អោយ​អ្នក។ ១៤ អ្នក​នឹង​ទទួល​ពរ​លើស​ ជាតិ​សាសន៍​ទាំង​អស់ គឺ​ក្នុង​ស្រុក​របស់​អ្នក គ្មាន​បុរស ឬ​ស្ត្រី ដែល​ពុំ​អាច​បង្កើត​កូន ហើយ​ក្នុង​ហ្វូង​សត្វ​របស់​អ្នក ក៏​គ្មាន​សត្វ​ដែល​ពុំ​អាច​បង្កើត​កូន​ដែរ​។ ១៥ ព្រះអម្ចាស់​ នឹង​កំចាត់​ជំងឺ​ទាំង​អស់​ចេញ​ឆ្ងាយ​ពី​អ្នក ព្រះអង្គ​មិន​អោយ​អ្នក​ជួប​ប្រទះ​ជំងឺ​រាត​ត្បាត​ផ្សេងៗ ដូច​អ្នក​ធ្លាប់​ឃើញ​នៅ​ស្រុក​អេស៊ីប​ឡើយ តែ​ព្រះអង្គ​អោយ​ជំងឺ​ទាំង​នោះ​ កើត​មាន​ដល់​ខ្មាំង​សត្រូវ​របស់​អ្នក​វិញ។ ១៦ អ្នក​នឹង​បំផ្លាញ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក។ មិន​ត្រូវ​អាណិត​អាសូរ​ពួក​គេ ហើយ​ក៏​មិន​ត្រូវ​គោរព​បំរើ​ព្រះ​របស់​គេ​ដែរ ព្រោះ​ជា​អន្ទាក់​សំរាប់​អ្នក​រាល់​គ្នា»។

 

ព្រះអម្ចាស់​ការពារ​ប្រជារាស្ត្រ​របស់​ព្រះអង្គ

១៧ «មិន​ត្រូវ​រិះគិត​ ក្នុង​ចិត្ត​ថា “ប្រជាជាតិ​ទាំង​នោះ​មាន​ចំនួន​ច្រើន​ជាង​ខ្ញុំ តើ​ធ្វើ​ដូច​ម្ដេច​អោយ​ខ្ញុំ​អាច​បណ្ដេញ​ពួក​គេ​ចេញ​ពី​ទឹក​ដី​នេះ​បាន?” ១៨ កុំ​ខ្លាច​ពួក​គេ​ឡើយ តែ​ត្រូវ​នឹក​គិត​អំពី​ហេតុការណ៍​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ប្រព្រឹត្ត​ចំពោះ​ព្រះចៅ​ផារ៉ោន និង​អ្នក​ស្រុក​អេស៊ីប​ទាំង​មូល។ ១៩ អ្នក​ឃើញ​ស្រាប់​ហើយ​ថា ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ធ្វើ​អោយ​មាន​គ្រោះ​កាច​ដ៏​ធំៗ ព្រះអង្គ​សំដែង​ទី​សំគាល់ និង​ឫទ្ធិបាដិហារិយ៍ ព្រម​ទាំង​ឫទ្ធិបារមី និង​តេជានុភាព ដើម្បី​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប។ ដូច្នេះ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ក៏​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​អ្នក​នឹក​ខ្លាច​ដែរ។ ២០ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ចាត់​សត្វ​ឪម៉ាល់​​ទៅ​ប្រហារ​អស់​អ្នក​ដែល​នៅ​សេសសល់ ហើយ​លាក់​ខ្លួន អោយ​វិនាស​សូន្យ​នៅ​មុខ​អ្នក។ ២១ កុំ​ភ័យ​ខ្លាច​ពួក​គេ​ឡើយ ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា​មួយ​អ្នក ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម គួរ​អោយ​ស្ញែង​ខ្លាច។ ២២ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដេញ​កំចាត់​ពួក​គេ​ចេញ​ឆ្ងាយ​ពី​អ្នក​បន្តិច​ម្ដងៗ។ អ្នក​ពុំ​អាច​បំផ្លាញ​ពួក​គេ​អស់​ភ្លាមៗ​ឡើយ បើ​មិន​ដូច្នោះ​ទេ សត្វ​ព្រៃ​កើន​ចំនួន​ច្រើន​ឡើង ហើយ​ធ្វើ​ទុក្ខ​អ្នក​ជា​មិន​ខាន។ ២៣ ប៉ុន្តែ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​អំណាច​អ្នក ព្រះអង្គ​ធ្វើ​អោយ​ពួក​គេ​ភ័យ​តក់ស្លុត ហើយ​វិនាស​សូន្យ​ទាំង​ស្រុង។ ២៤ ព្រះអង្គ​នឹង​ប្រគល់​ ស្ដេច​របស់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក អ្នក​នឹង​លុប​បំបាត់​ឈ្មោះ​របស់​ស្ដេច​ទាំង​នោះ​អស់​ពី​ផែនដី។ អ្នក​នឹង​បំផ្លាញ​ពួក​គេ​អោយ​វិនាស​សូន្យ គ្មាន​នរណា​អាច​តទល់​នឹង​អ្នក​ទេ។ ២៥ ត្រូវ​ដុត​កំទេច​រូប​ ព្រះ​របស់​ពួក​គេ ដោយ​ឥត​នឹក​ស្ដាយ​មាស​ប្រាក់ ដែល​ស្ថិត​នៅ​លើ​រូប​ទាំង​នោះ​ឡើយ។ កុំ​ទុក​វត្ថុ​ទាំង​នោះ​អោយ​សោះ ក្រែង​លោ​វា​ក្លាយ​ទៅ​ជា​អន្ទាក់​ដល់​អ្នក ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ស្អប់​វត្ថុ​ទាំង​នោះ​ណាស់។ ២៦ មិន​ត្រូវ​យក​រូប​ព្រះ​ ក្លែងក្លាយ​ចូល​ក្នុង​ផ្ទះ​របស់​អ្នក​ឡើយ ក្រែង​លោ​អ្នក​ត្រូវ​វិនាស​ទាំង​ស្រុង​ដូច​រូប​ទាំង​នោះ​ដែរ។ ត្រូវ​ចាត់​ទុក​របស់​ទាំង​នោះ​ជា​វត្ថុ​ដ៏​ចង្រៃ​គួរ​ស្អប់​ខ្ពើម ដ្បិត​ជា​វត្ថុ​ដែល​ត្រូវ​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់»។

ព្រះអម្ចាស់​អប់រំ​អ៊ីស្រាអែល​នៅ​វាល​រហោស្ថាន

១ «ចូរ​កាន់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​នេះ ដើម្បី​អោយ​អ្នក​រាល់​គ្នា​មាន​ជីវិត កើន​ចំនួន​ច្រើន​ឡើង ហើយ​កាន់​កាប់​ទឹក​ដី ដែល​ព្រះអម្ចាស់​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ថា នឹង​ប្រគល់​អោយ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា ។ ២ ចូរ​នឹក​ចាំ​ថា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​អោយ​អ្នក​ធ្វើ​ដំណើរ​កាត់​វាល​រហោស្ថាន​នេះ អស់​រយៈ​ពេល​សែសិប​ឆ្នាំ ដើម្បី​អោយ​អ្នក​ស្គាល់​ទុក្ខ​លំបាក។ ព្រះអង្គ​ល្បងល​អ្នក ចង់​ដឹង​ថា តើ​អ្នក​មាន​ចិត្ត​ដូច​ម្ដេច ហើយ​អ្នក​កាន់​តាម​បទ​បញ្ជា​របស់​ព្រះអង្គ ឬ​យ៉ាង​ណា ។ ៣ ព្រះអង្គ​បាន​អោយ​អ្នក​ជួប​ទុក្ខ​លំបាក និង​ការ​អត់​ឃ្លាន ព្រះអង្គ​ប្រទាន​នំ​ម៉ាណា​អោយ​អ្នក​បរិភោគ គឺ​ជា​អាហារ​ដែល​អ្នក និង​ដូនតា​របស់​អ្នកពុំ​ធ្លាប់​ស្គាល់ ។ ធ្វើ​ដូច្នេះ ព្រះអង្គ​ប្រៀនប្រដៅ​អោយ​អ្នក​ដឹង​ថា មនុស្ស​មិន​មែន​រស់​ដោយ​អាហារ​ប៉ុណ្ណោះ​ទេ តែ​មនុស្ស​រស់​ដោយ​សារ​ព្រះបន្ទូល​ទាំង​ប៉ុន្មាន ដែល​ចេញ​មក​ពី​ព្រះឱស្ឋ​របស់​ព្រះ​អម្ចាស់ ។ ៤ ក្នុង​អំឡុង​ពេល​សែសិប​ឆ្នាំ​នេះ សម្លៀកបំពាក់​របស់​អ្នក​មិន​ដែល​សឹក ហើយ​ជើង​របស់​អ្នក​ក៏​មិន​ដែល​ហើម​ដែរ។ ៥ ចូរ​ទទួល​ស្គាល់​ថា ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​អប់រំ​អ្នក​ដូច​ឪពុក​អប់រំ​កូន ។ ៦ ចូរ​កាន់​តាម​បទ​បញ្ជា​របស់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​អ្នក ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ និង​គោរព​កោត​ខ្លាច​ព្រះអង្គ» ។

 

ការ​ល្បួង​ផ្សេងៗ​នៅ​ក្នុង​ទឹក​ដី​សន្យា

៧ «ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ ជា​ស្រុក​សម្បូណ៌​ស្ទឹង អណ្ដូង និង​ប្រភព​ទឹក ដែល​ហូរ​ចេញ​មក​ស្រោច​ស្រព​តាម​វាល និង​តាម​ភ្នំ។ ៨ ស្រុក​នោះ​ក៏​សម្បូណ៌​ស្រូវ ពោត ទំពាំងបាយជូរ ឧទុម្ពរ និង​ទទឹម ព្រម​ទាំង​ដើម​អូលីវ និង​ទឹក​ឃ្មុំ។ ៩ នៅ​ស្រុក​នោះ អ្នក​នឹង​មាន​អាហារ​បរិបូណ៌ ឥត​ខ្វះ​ខាត​អ្វី​ឡើយ។ ស្រុក​នោះ​សម្បូណ៌​ដែក​នៅ​ក្នុង​ថ្ម ហើយ​មាន​រ៉ែ​ស្ពាន់​នៅ​តាម​ភ្នំ។ ១០ ពេល​អ្នក​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​ហើយ ចូរ​អរ​ព្រះគុណ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​ប្រទាន​ស្រុក​នេះ​អោយ​អ្នក។

១១ ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ភ្លេច​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​លែង​កាន់​តាម​បទ​បញ្ជា ​ច្បាប់ និងក្រឹត្យវិន័យ ​របស់​ព្រះអង្គ ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​នៅ​ថ្ងៃ​នេះ។ ១២ ពេល​អ្នក​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់ ពេល​អ្នក​សង់​ផ្ទះ​ស្អាតៗ​ធ្វើ​ជា​លំនៅ​ដ្ឋាន ១៣ ពេល​អ្នក​មាន​ហ្វូង​គោ ហ្វូង​ចៀម មាស​ប្រាក់ និង​អ្វីៗ​ទាំង​អស់​យ៉ាង​ច្រើន ១៤ ចូរ​ប្រយ័ត្ន​ក្រែង​លោ​អ្នក​មាន​ចិត្ត​អួតអាង ហើយ​ភ្លេច​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​មក​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​អ្នក​ធ្វើ​ជា​ទាសករ។ ១៥ ព្រះអង្គ​បាន​អោយ​អ្នក​ ធ្វើ​ដំណើរ​ក្នុង​វាល​រហោស្ថាន​ដ៏​ធំធេង គួរ​អោយ​ស្ញែង​ខ្លាច ជា​កន្លែង​សម្បូណ៌​ដោយ​ពស់​ភ្លើង និង​ខ្យាដំរី ជា​វាល​ហួតហែង គ្មាន​ទឹក​ទាល់​តែ​សោះ។ ព្រះអង្គ​ធ្វើ​អោយ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម​ដ៏​រឹង​បំផុត សំរាប់​អ្នក។ ១៦ ព្រះអង្គ​ប្រទាន​នំ​ ម៉ាណា​អោយ​អ្នក​បរិភោគ ជា​អាហារ​ដែល​ដូនតា​របស់​អ្នក​ពុំ​ធ្លាប់​ស្គាល់។ ព្រះអង្គ​ធ្វើ​អោយ​អ្នក​ជួប​ទុក្ខ​លំបាក និង​ល្បងល​អ្នក​ដូច្នេះ ដើម្បី​ប្រទាន​ពរ​អ្នក​នៅ​ពេល​ក្រោយ។ ១៧ មិន​ត្រូវ​គិត​ថា អ្នក​មាន​សម្បត្តិ​​ដោយសារ​កម្លាំង និង​ស្នាដៃ​របស់​អ្នក​ផ្ទាល់។ ១៨ ចូរ​នឹក​ចាំ​ពី​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​ប្រទាន​អោយ​អ្នក​មាន​កម្លាំង ប្រមូល​បាន​សម្បត្តិ ដើម្បី​បញ្ជាក់​សម្ពន្ធមេត្រី* ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​អ្នក ដូច​ព្រះអង្គ​ធ្វើ​នៅ​ថ្ងៃ​នេះ​ស្រាប់។ ១៩ ប្រសិន​បើ​អ្នក​បំភ្លេច​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ទៅ​ជំពាក់​ចិត្ត​នឹង​ព្រះ​ដទៃ ប្រសិន​បើ​អ្នក​គោរព​បំរើ និង​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ ខ្ញុំ​សូម​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​នៅ​ថ្ងៃ​នេះ​ថា អ្នក​រាល់​គ្នា​មុខ​ជា​វិនាស​សូន្យ​ពុំខាន។ ២០ ពិត​មែន​ហើយ ប្រសិន​បើ ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ជា​​ព្រះ​របស់​អ្នក​រាល់​គ្នា​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​ដូច​ប្រជា​ជាតិ​​នានា ដែល​ព្រះអង្គ​បាន​ធ្វើ​អោយ​វិនាស​សូន្យ បាត់​ពី​មុខ​អ្នក​រាល់​គ្នា​ដែរ»។

អ៊ីស្រាអែល​ចូល​កាន់​កាប់​ទឹក​ដី​បាន ព្រោះ​តែ​អំពើ​បាប​របស់​ប្រជាជាតិ​នានា

១ «អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់! ថ្ងៃ​នេះ អ្នក​នឹង​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ចាប់​យក​ទឹក​ដី​របស់​ប្រជាជាតិ​ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ជាង​អ្នក។ ក្រុង​របស់​ពួក​គេ​ជា​ក្រុង​ធំៗ មាន​កំពែង​ខ្ពស់​កប់​ពពក។ ២ ពួក​គេ​ជា​ប្រជាជន​មាឌ​ មាំ​ខ្ពស់ គឺ​កូន​ចៅ​អណាក់​ ដែល​អ្នក​ធ្លាប់​ស្គាល់ និង​ធ្លាប់​ឮ​គេ​និយាយ​ថា “គ្មាន​នរណា​អាច​តទល់​នឹង​កូន​ចៅ​អណាក់​ឡើយ”។ ៣ ថ្ងៃ​នេះ អ្នក​នឹង​ទទួល​ស្គាល់​ថា ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក យាង​នៅ​មុខ​អ្នក ព្រះអង្គ​ប្រៀប​បាន​នឹង​ភ្លើង​ដ៏​សន្ធោសន្ធៅ​ ព្រះអង្គ​នឹង​កំទេច​ពួក​គេ ព្រះអង្គ​នឹង​ធ្វើ​អោយ​ពួក​គេ​បរាជ័យ​នៅ​មុខ​អ្នក។ អ្នក​នឹង​ដេញ​ពួក​គេ​ចេញ​ពី​ទឹក​ដី ហើយ​បំផ្លាញ​ពួក​គេ​ភ្លាមៗ ដូច​ព្រះអម្ចាស់​បាន​សន្យា​ជា​មួយ​អ្នក។

 

៤ ពេល​ណា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក កំចាត់​ពួក​គេ​ចេញ​ពី​មុខ​អ្នក​ហើយ មិន​ត្រូវ​នឹក​គិត​ថា ព្រះអម្ចាស់​ប្រទាន​ស្រុក​នេះ​អោយ​អ្នក ព្រោះ​តែ​អ្នក​សុចរិត​ឡើយ។ ព្រះអម្ចាស់​ដេញ​ប្រជាជាតិ​ទាំង​នោះ​ចេញ​ពី​មុខ​អ្នក ព្រោះ​តែ​អំពើ​អាក្រក់​ដែល​ពួក​គេ​ប្រព្រឹត្ត។ ៥ អ្នក​ចូល​កាន់​កាប់​ស្រុក​ដូច្នេះ មិន​មែន​មក​ពី​អ្នក​សុចរិត ឬ​មាន​ចិត្ត​ទៀង​ត្រង់​ទេ តែ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​ដេញ​ប្រជាជាតិ​ទាំង​នោះ​ចេញ​ពី​មុខ​អ្នក ព្រោះ​តែ​អំពើ​អាក្រក់​របស់​ពួក​គេ។ ព្រះអង្គ​ក៏​ធ្វើ​តាម​ព្រះបន្ទូល ដែល​ព្រះអង្គ​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់ ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​បុព្វបុរស​របស់​អ្នក។ ៦ ដូច្នេះ ចូរ​ទទួល​ស្គាល់​ថា ព្រះអម្ចាស់​ប្រទាន​ទឹក​ដី​ដ៏​ល្អ​នេះ​អោយ​អ្នក​ទុក​ជា​កម្មសិទ្ធិ មិន​មែន​មក​ពី​អ្នក​សុចរិត​ទេ ដ្បិត​អ្នក​ជា​ប្រជាជន​ដែល​មាន​ចិត្ត​រឹងរូស»។

 

រូបកូន​គោ​មាសៈ អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​បាប

៧ «ចូរ​ចង​ចាំ កុំ​អោយ​ភ្លេច​ថា នៅ​វាល​រហោស្ថាន អ្នក​បាន​ធ្វើ​អោយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ទ្រង់​ព្រះពិរោធ គឺ​ចាប់​ពី​ថ្ងៃ​ដែល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​កន្លែង​នេះ អ្នក​រាល់​គ្នា​ចេះ​តែ​បះបោរ​ប្រឆាំង​នឹង​ព្រះអម្ចាស់​ជានិច្ច។ ៨ នៅ​ភ្នំ​ហូរែប​ អ្នក​រាល់​គ្នា​បាន​ធ្វើ​អោយ​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ រហូត​ដល់​ចង់​បំផ្លាញ​អ្នក​រាល់​គ្នា។ ៩ នៅ​ពេល​ខ្ញុំ​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​ទទួល​បន្ទះ​ថ្ម គឺ​បន្ទះ​ថ្ម​នៃ​សម្ពន្ធមេត្រី*​ដែល​ព្រះអម្ចាស់​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា ខ្ញុំ​ស្ថិត​នៅ​លើ​ភ្នំ អស់​រយៈ​ពេល​សែសិប​ថ្ងៃ​សែសិប​យប់ ដោយ​មិន​បាន​បរិភោគ​អាហារ ឬ​ទឹក​ទេ។ ១០ ព្រះអម្ចាស់​ប្រគល់​បន្ទះ​ថ្ម​ពីរ​មក​អោយ​ខ្ញុំ ជា​បន្ទះ​ថ្ម​ចារ​ដោយ​ព្រះអង្គុលី​របស់​ព្រះអង្គ​ផ្ទាល់ មាន​ចែង​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ពី​ក្នុង​ភ្លើង​មក​កាន់​អ្នក​រាល់​គ្នា​នៅ​លើ​ភ្នំ ក្នុង​ថ្ងៃ​ដែល​អ្នក​ជួបជុំ​គ្នា។ ១១ សែសិប​ថ្ងៃ​សែសិប​យប់ ក្រោយ​ពេល​ខ្ញុំ​ឡើង​ទៅ​ជួប​ព្រះអម្ចាស់ ព្រះអង្គ​ប្រទាន​បន្ទះ​ថ្ម​នៃ​សម្ពន្ធមេត្រី​នេះ​មក​ខ្ញុំ។

 

១២ ពេល​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា “ចូរ​ក្រោក​ឡើង ហើយ​ចុះ​ទៅ​វិញ​ជា​ប្រញាប់ ដ្បិត​ប្រជាជន​របស់​អ្នក គឺ​ប្រជាជន​ដែល​អ្នក​នាំ​ចេញ​ពី​ស្រុក​អេស៊ីប បាន​ប្រព្រឹត្ត​អំពើ​បាប​មួយ​យ៉ាង​ធ្ងន់។ ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា ដែល​យើង​បង្ហាញ​ដល់​ពួក​គេ​ដោយ​សិត​ធ្វើ​រូប​បដិមា​មួយ”។ ១៣ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ: “យើង​បាន​ឃើញ​ថា ប្រជាជន​នេះ​សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​រឹងរូស។ ១៤ ចូរ​ទុក​អោយ​យើង​ បំផ្លាញ​ពួក​គេ និង​លុប​ឈ្មោះ​ពួក​គេ អោយ​បាត់​សូន្យ​ពី​ផែនដី រួច​យើង​នឹង​ធ្វើ​អោយ​មាន​ប្រជាជាតិ​មួយ​កើត​ចេញ​ពី​អ្នក ជា​ប្រជាជាតិ​ខ្លាំង​ពូកែ ហើយ​មាន​គ្នា​ច្រើន​ជាង​ប្រជាជន​នេះ”។ ១៥ ខ្ញុំ​ក៏​ចុះ​ពី​ភ្នំ​មក​វិញ ទាំង​កាន់​បន្ទះ​ថ្ម​នៃ​សម្ពន្ធមេត្រី​ទាំង​ពីរ​ផ្ទាំង។ ពេល​នោះ មាន​ភ្លើង​ពាសពេញ​លើ​ភ្នំ។ ១៦ ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​បាន​សិត​ធ្វើ​រូប​កូន​គោ​មួយ អ្នក​រាល់​គ្នា​ឆាប់​ងាក​ចេញ​ពី​មាគ៌ា​ដែល​ព្រះអម្ចាស់​បង្ហាញ​ដល់​អ្នក​រាល់​គ្នា។ ១៧ ខ្ញុំ​ក៏​ចាប់​បន្ទះ​ថ្ម​មក​កាន់​ក្នុង​ដៃ​ទាំង​ពីរ ហើយ​បោក​បន្ទះ​ថ្ម​ទាំង​ពីរ​នោះ​អោយ​បែក នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា»។

 

រូប​កូន​គោ​មាស លោក​ម៉ូសេ​ទូលអង្វរ​ព្រះអម្ចាស់

១៨ «បន្ទាប់​មក ខ្ញុំ​បាន​ក្រាប​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់។ អស់​រយៈ​ពេល​សែសិប​ថ្ងៃ​សែសិប​យប់ ខ្ញុំ​មិន​បរិភោគ​អាហារ ឬ​ទឹក ដូច​ពី​មុន ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ បណ្ដាល​អោយ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ។ ១៩ ខ្ញុំ​ភ័យ​ខ្លាច​ជា​ខ្លាំង ដោយ​ឃើញ​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ និង​ក្រេវក្រោធ​ចំពោះ​អ្នក​រាល់​គ្នា រហូត​ដល់​មាន​បំណង​បំផ្លាញ​អ្នក​រាល់​គ្នា។ ប៉ុន្តែ នៅ​លើក​នេះ​ទៀត ព្រះអម្ចាស់​ឆ្លើយ​តប​នឹង​ពាក្យ​ទូលអង្វរ​របស់​ខ្ញុំ។ ២០ ព្រះអម្ចាស់​ ទ្រង់​ព្រះ​ពិរោធ​នឹង​លោក​អរ៉ុន​យ៉ាង​ខ្លាំង​ដែរ រហូត​ដល់​មាន​បំណង​បំផ្លាញ​គាត់​ទៀត​ផង។ នៅ​គ្រា​នោះ ខ្ញុំ​ក៏​បាន​ទូលអង្វរ​ព្រះអង្គ​អោយ​លោក​អរ៉ុន​ដែរ។ ២១ ខ្ញុំ​បាន​យក​រូប​កូន​ គោ ដែល​ជា​ស្នាដៃ​នៃ​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​នោះ ទៅ​ដុត​កំទេច​ក្នុង​ភ្លើង​អោយ​ម៉ដ្ដ​ដូច​ធូលី​ដី ហើយ​បោះ​ចោល​ទៅ​ក្នុង​ទឹក​ជ្រោះ​ដែល​ហូរ​ចុះ​ពី​លើ​ភ្នំ។

 

២២ នៅ​តាបេរ៉ា នៅ​ម៉ាសា និង​នៅ​គីប្រូត-ហាតាវ៉ា អ្នក​រាល់​គ្នា​ក៏​បាន​ធ្វើ​អោយ​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​ដែរ។ ២៣ ព្រះអម្ចាស់​បង្គាប់​អ្នក​រាល់​គ្នា​នៅ​កាដែស-បារណេអាថា “ចូរ​ទៅ​ចាប់​យក​ទឹក​ដី ដែល​យើង​ប្រគល់​អោយ​អ្នក​រាល់​គ្នា​ចុះ!”។ ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​បះបោរ​ប្រឆាំង​នឹង​បញ្ជា​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​ពុំ​បាន​ជឿ​លើ​ព្រះអង្គ ហើយ​ពុំ​ស្ដាប់​តាម​ព្រះសូរសៀង​របស់​ព្រះអង្គ​ទេ។ ២៤ តាំង​ពី​ខ្ញុំ​ស្គាល់​អ្នក​រាល់​គ្នា​មក អ្នក​រាល់​គ្នា​បះបោរ​ប្រឆាំង​នឹង​ព្រះអម្ចាស់​ជានិច្ច។

 

២៥ ខ្ញុំ​ក្រាប​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ អស់​រយៈ​ពេល​សែសិប​ថ្ងៃ សែសិប​យប់ ដ្បិត​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា ព្រះអង្គ​មាន​បំណង​បំផ្លាញ​អ្នក​រាល់​គ្នា។ ២៦ ខ្ញុំ​បាន​ទូលអង្វរ​ព្រះអម្ចាស់​ថា: “បពិត្រ​ព្រះជាអម្ចាស់ សូម​កុំ​បំផ្លាញ​ប្រជាជន​នេះ​ឡើយ។ ពួក​គេ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់ ព្រះអង្គ​បាន​រំដោះ​ពួក​គេ ដោយ​ព្រះចេស្ដា​ដ៏​រុងរឿង​របស់​ព្រះអង្គ ព្រះអង្គ​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ព្រះបារមី​របស់​ព្រះអង្គ។ ២៧ សូម​នឹក​ដល់​លោក​ អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​អ្នក​បំរើ​របស់​ព្រះអង្គ។ សូម​កុំ​ដាក់​ទោស​ប្រជាជន​នេះ ព្រោះ​តែ​ចិត្ត​រឹងរូស ចិត្ត​អាក្រក់ ព្រម​ទាំង​អំពើ​បាប​របស់​ពួក​គេ​ឡើយ ២៨ ​ក្រែង​លោ​អ្នក​ស្រុក​អេស៊ីប​ពោល​ថា ព្រះអម្ចាស់​គ្មាន​អំណាច​នឹង​នាំ​ប្រជាជន​នេះ​ចូល​ ទៅ​ក្នុង​ទឹក​ដី​សន្យា​ទេ ព្រះអង្គ​ស្អប់​ពួក​គេ​បាន​ជា​ព្រះអង្គ​នាំ​ពួក​គេ​ចេញ​ទៅ​សម្លាប់​នៅ​វាល​ រហោស្ថាន។ ២៩ អ្នក​ទាំង​នេះ​ជា​ ប្រជារាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់ ព្រះអង្គ​បាន​នាំ​ពួក​គេ​ចេញ​មក​ដោយ​ឫទ្ធានុភាព​ដ៏​ខ្ពង់ខ្ពស់ និង​ដោយ​តេជបារមី​របស់​ព្រះអង្គ”»។

រូបកូនគោមាសៈព្រះអម្ចាស់​អត់ទោស​អោយ​ប្រជាជន​អ៊ីស្រាអែល

១ «នៅ​គ្រា​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា: “ចូរ​ដាប់​ថ្ម​ពីរ​បន្ទះ ដូច​បន្ទះ​ថ្ម​មុន រួច​ឡើង​ទៅ​ជួប​យើង​នៅ​លើ​ភ្នំ។ ចូរ​ធ្វើ​ហិប​មួយ​ពី​ឈើ​ដែរ។ ២ យើង​នឹង​សរសេរ​សេចក្ដី​ ទាំង​ប៉ុន្មាន ដែល​មាន​ចារឹក​លើ​បន្ទះ​ថ្ម​ពី​មុន នៅ​លើ​បន្ទះ​ថ្ម​ថ្មី ហើយ​អ្នក​ត្រូវ​ទុក​បន្ទះ​ថ្ម​នេះ​នៅ​ក្នុង​ហិប”។ ៣ ខ្ញុំ​ក៏​បាន​ធ្វើ​ហិប​ មួយ​ពី​ឈើ​នាងនួន ហើយ​ដាប់​ថ្ម​ពីរ​បន្ទះ​ដូច​បន្ទះ​ថ្ម​មុន​ដែរ រួច​ខ្ញុំ​ឡើង​ទៅ​លើ​ភ្នំ ដោយ​កាន់​ថ្ម​ទាំង​ពីរ​បន្ទះ​ទៅ​ជា​មួយ​ផង។ ៤ ព្រះអម្ចាស់​ បាន​ចារ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​លើ​បន្ទះ​ថ្ម​មុន លើ​បន្ទះ​ថ្ម​ថ្មី​នេះ គឺ​បទ​បញ្ជា​ទាំង​ដប់​ប្រការ​ ដែល​ព្រះអង្គ​បាន​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា​ពី​ក្នុង​ភ្លើង នៅ​លើ​ភ្នំ ក្នុង​ពេល​អ្នក​រាល់​គ្នា​ជួបជុំ​គ្នា រួច​ហើយ​ព្រះអម្ចាស់​ប្រគល់​បន្ទះ​ថ្ម​ទាំង​ពីរ​មក​អោយ​ខ្ញុំ។ ៥ ខ្ញុំ​ចុះ​ពី​ភ្នំ​មក​វិញ ដាក់​បន្ទះ​ថ្ម​នៅ​ក្នុង​ហិប​ដែល​ខ្ញុំ​បាន​ធ្វើ ហើយ​បន្ទះ​ថ្ម​ក៏​នៅ​ក្នុង​ហិប​នោះ​រហូត ដូច​ព្រះអម្ចាស់​បាន​បង្គាប់​មក​ខ្ញុំ»។

 

​​៦ ជន​ជាតិ​ អ៊ីស្រាអែល​ចេញ​ដំណើរ​ពី​បេរ៉ូត-បេណេ-យ៉ាកាន​ឆ្ពោះ​ទៅ​ម៉ូសេរ៉ា។ នៅ​ទី​នោះ លោក​អរ៉ុន​បាន​ទទួល​មរណភាព ហើយ​គេ​ក៏​បញ្ចុះ​សព​លោក។ លោក​អេឡាសារ ជា​កូន បាន​ទទួល​មុខងារ​ជា​បូជាចារ្យ​បន្ត​ពី​លោក។ ៧ បន្ទាប់​មក ពួក​គេ​ចេញ​ដំណើរ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​គុឌកូដា ហើយ​ចេញ​ពី​គុឌកូដា ឆ្ពោះ​ទៅ​កាន់​យ៉ូតបាតា ជា​ស្រុក​ដែល​មាន​ទឹក​អូរ​ច្រើន។ ៨ នៅ​គ្រា​នោះ ព្រះអម្ចាស់​បាន​ញែក​កុលសម្ព័ន្ធ​លេវី​ទុក​ដោយ​ឡែក ដើម្បី​អោយ​ពួក​គេ​សែង​ហិប​នៃ​សម្ពន្ធមេត្រី*​របស់​ព្រះអម្ចាស់ អោយ​ពួក​គេ​បំរើ​ព្រះអង្គ និង​ជូន​ពរ​ដល់​ប្រជាជន​ក្នុង​នាម​ព្រះអង្គ ដូច​ពួក​គេ​បាន​ធ្វើ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ៩ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​លេវី​គ្មាន​ចំណែក​មត៌ក​អ្វី រួម​ជា​មួយ​បង​ប្អូន​របស់​ខ្លួន​ឡើយ ដ្បិត​ព្រះអម្ចាស់​ផ្ទាល់​ជា​ចំណែក​មត៌ក​របស់​ពួក​គេ ដូច​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក មាន​ព្រះបន្ទូល​ប្រាប់​ពួក​គេ។

 

១០ «ខ្ញុំ​ស្ថិត​នៅ​លើ​ភ្នំ​ចំនួន​សែសិប​ថ្ងៃ សែសិប​យប់​ដូច​ពី​មុន។ ព្រះអម្ចាស់ ​យល់​ព្រម​ស្ដាប់​តាម​ពាក្យ​ទូលអង្វរ​របស់​ខ្ញុំ​សា​ជា​ថ្មី ព្រះអង្គ​មិន​ចង់​បំផ្លាញ​អ្នក​ទេ។ ១១ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា: “ចូរ​ក្រោក​ឡើង ដើរ​នាំ​មុខ​ប្រជាជន​នេះ។ ចូរ​អោយ​ពួក​គេ​ចូល​កាន់​កាប់​ទឹក​ដី ដែល​យើង​បាន​សន្យា​ជា​មួយ​បុព្វ​បុរស​​របស់​ពួក​គេ​ថា នឹង​ប្រគល់​អោយ​ពួក​គេ”»។

 

ការ​ទូន្មាន​អោយ​ស្រឡាញ់ និង​ស្ដាប់​បង្គាប់​ព្រះ​អម្ចាស់

១២ ឥឡូវ​នេះ អ៊ីស្រាអែល​អើយ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក សព្វ​ព្រះហឫទ័យ​អោយ​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ ហើយ​អោយ​អ្នក​ស្រឡាញ់ និង​គោរព​បំរើ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត និង​អស់​ពី​គំនិត។ ១៣ ព្រះអម្ចាស់​ សព្វ​ព្រះហឫទ័យ​អោយ​អ្នក​កាន់​តាម​បទ​បញ្ជា និង​ច្បាប់​ផ្សេងៗ​របស់​ព្រះអង្គ ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​នៅ​ថ្ងៃ​នេះ ដើម្បី​អ្នក​មាន​សុភមង្គល។ ១៤ ផ្ទៃ​មេឃ អាកាសវេហាស៍​ដ៏​ខ្ពស់​បំផុត និង​ផែនដី ព្រម​ទាំង​អ្វីៗ​នៅ​ទី​នោះ សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ ១៥ ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ព្រះអម្ចាស់​ជំពាក់​ព្រះហឫទ័យ និង​ស្រឡាញ់​តែ​បុព្វបុរស​របស់​អ្នក​ប៉ុណ្ណោះ។ ក្រោយ​មក ព្រះ​អង្គ​​ក៏​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ដែល​ជា​ពូជពង្ស​របស់​ពួក​លោក​ដែរ ដូច​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ​ស្រាប់​ហើយ។ ១៦ ចូរ​ថ្វាយ​ចិត្ត​គំនិត​ទៅ​ព្រះអង្គ​ ហើយ​កុំ​មាន​ចិត្ត​រឹងរូស​អោយ​សោះ ១៧ ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ទ្រង់​ជា​ព្រះ​លើ​ព្រះ​នានា ជា​ព្រះអម្ចាស់​លើ​ព្រះអម្ចាស់​នានា។ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម ប្រកប​ដោយ​ព្រះចេស្ដា និង​គួរ​អោយ​ស្ញែង​ខ្លាច។ ព្រះអង្គ​មិន​រើស​មុខ​នរណា​ឡើយ ហើយ​ក៏​មិន​ទទួល​សំណែន​ពី​នរណា​ដែរ។ ១៨ ព្រះ​អង្គ​រក​យុត្តិធម៌​ អោយ​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ ព្រះអង្គ​ស្រឡាញ់​ជន​បរទេស ព្រម​ទាំង​ប្រគល់​អាហារ និង​សម្លៀក​បំពាក់​​អោយ​ពួក​គេ។ ១៩ អ្នក​រាល់​គ្នា​ត្រូវ​ ស្រឡាញ់​ជន​បរទេស ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស​នៅ​ស្រុក​អេស៊ីប​ដែរ។

 

២០ «ចូរ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រូវ​គោរព​បំរើ​ព្រះអង្គ ជំពាក់​ចិត្ត​លើ​ព្រះអង្គ ហើយ​ស្បថ​ក្នុង​នាម​ព្រះអង្គ​តែ​ប៉ុណ្ណោះ។ ២១ ចូរ​លើក​តម្កើង​តែ​ ព្រះអង្គ​ប៉ុណ្ណោះ ព្រះអង្គ​ជា​ព្រះ​របស់​អ្នក គឺ​ព្រះអង្គ​ហើយ​ដែល​បាន​ធ្វើ​ការ​អស្ចារ្យ​ដ៏​ធំៗ​គួរ​ស្ញែង​ខ្លាច នៅ​ក្នុង​ចំណោម​អ្នក ដូច​អ្នក​បាន​ឃើញ​ស្រាប់។ ២២ កាល​បុព្វបុរស​របស់​អ្នក​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីប ពួក​គេ​មាន​គ្នា​តែ​ចិតសិប​នាក់​ប៉ុណ្ណោះ។ ឥឡូវ​នេះ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ធ្វើ​អោយ​អ្នក​មាន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ»។

ព្រះអម្ចាស់​ជួយ​អ៊ីស្រាអែល​នៅ​ស្រុក​អេស៊ីប និង​នៅ​វាល​រហោស្ថាន

១ «ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក ហើយ​ចូរ​ស្ដាប់​តាម​បង្គាប់ កាន់​តាម​ច្បាប់ វិន័យ និង​បទ​បញ្ជា​របស់​ព្រះអង្គ​ជានិច្ច។ ២ ថ្ងៃ​នេះ ចូរ​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ភាព​ដ៏​ឧត្ដុង្គឧត្ដម ឫទ្ធិបារមី និង​តេជានុភាព​របស់​ព្រះអង្គ។ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​មិន​បាន​ស្គាល់ និង​ឃើញ​ស្នា​ព្រះហស្ដ​របស់​ព្រះអម្ចាស់​ទេ។ ៣ អ្នក​រាល់​គ្នា​ក៏​បាន​ ឃើញ​ទី​សំគាល់ និង​ការ​អស្ចារ្យ​ផ្សេងៗ ដែល​ព្រះអង្គ​ធ្វើ​នៅ​ស្រុក​អេស៊ីប ប្រឆាំង​នឹង​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប និង​ប្រជាជន​ក្នុង​ស្រុក​នោះ​ទាំង​មូល​ដែរ។ ៤ ព្រះអង្គ​បាន​ប្រហារ​ កងទ័ព​អេស៊ីប ទាំង​កង​ពល​សេះ ទាំង​រទេះ​ចំបាំង ដោយ​ធ្វើ​អោយ​ទឹក​សមុទ្រ​កក់ គ្រប​ពី​លើ​ពួក​គេ នៅ​ពេល​ពួក​គេ​ដេញ​តាម​អ្នក​រាល់​គ្នា។ ព្រះអម្ចាស់​បាន​ធ្វើ​អោយ​គេ​បរាជ័យ រហូត​មក​ដល់​សព្វ​ថ្ងៃ។ ៥ ព្រះអង្គ​បាន​ជួយ​អ្នក​រាល់​គ្នា​នៅ​វាល​រហោស្ថាន រហូត​ទាល់​តែ​អ្នក​រាល់​គ្នា​មក​ដល់​ទី​នេះ។ ៦ ព្រះអង្គ​បាន​ប្រហារ​ ដាតាន និង​អប៊ីរ៉ាម ជា​កូន​របស់​អេលីយ៉ាប ក្នុង​កុលសម្ព័ន្ធ​រូបេន ដោយ​អោយ​ដី​ស្រូប​ពួក​គេ ទាំង​ក្រុម​គ្រួសារ ទាំង​តង់ត៍ និង​អស់​អ្នក​ដែល​សម​គំនិត​ជា​មួយ​ពួក​គេ នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល។ ៧ អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ការ​អស្ចារ្យ​ដ៏​ធំៗ ដែល​ព្រះអម្ចាស់​បាន​ធ្វើ។ ៨ ដូច្នេះ ត្រូវ​កាន់​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដើម្បី​អោយ​អ្នក​រាល់​គ្នា​មាន​កម្លាំង​ទៅ​ចាប់​យក​ស្រុក ដែល​អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទៅ​កាន់​កាប់​ជា​កម្មសិទ្ធិ ៩ ហើយ​អោយ​អ្នក​រាល់​គ្នា​មាន​អាយុ​យឺនយូរ​នៅ​ក្នុង​ស្រុក ដែល​ព្រះអម្ចាស់​បាន​សន្យា​ប្រទាន​អោយ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា និង​អ្នក​រាល់​គ្នា​ដែល​ជា​ពូជពង្ស គឺ​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​»។

 

ព្រះអម្ចាស់​យក​ព្រះហឫទ័យ​ទុក​ដាក់​នឹង​ទឹក​ដី​សន្យា

១០ «ស្រុក​ដែល​អ្នក​រាល់​ គ្នា​ចូល​ទៅ​កាន់​កាប់​នេះ​មិន​ដូច​ស្រុក​អេស៊ីប​ដែល​អ្នក​រាល់​គ្នា​ចាក​ ចេញ​មក​នោះ​ទេ។ នៅ​ស្រុក​អេស៊ីប ពេល​អ្នក​រាល់​គ្នា​សាប​ព្រោះ​គ្រាប់​ពូជ​ហើយ ត្រូវ​បាច​ទឹក​បញ្ចូល​ស្រែ ដូច​ស្រោច​ច្បារ​ដំណាំ​ដែរ។ ១១ រីឯ​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់​ជា​ស្រុក​មាន​ភ្នំ និង​ជ្រលង​ភ្នំ ហើយ​មាន​ភ្លៀង​ស្រោច​ស្រព​ដី​ស្រែ​ចំការ។ ១២ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក យក​ព្រះហឫទ័យ​ទុក​ដាក់​នឹង​ស្រុក​នោះ គឺ​ចាប់​ពី​ដើម​ឆ្នាំ​រហូត​ដល់​ចុង​ឆ្នាំ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក មើល​ថែ​ទាំ​ស្រុក​នោះ​ជានិច្ច។

១៣ ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់​តាម​បទ​បញ្ជា ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​រាល់​គ្នា​ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​គោរព​បំរើ​ព្រះអង្គ​អស់​ពី​ចិត្ត អស់​ពី​គំនិត ១៤ “យើង​នឹង​ប្រទាន​អោយ​ មាន​ភ្លៀង​ធ្លាក់​មក​លើ​ស្រុក​របស់​អ្នក​រាល់​គ្នា តាម​រដូវ​កាល គឺ​ភ្លៀង​នៅ​ដើម​រដូវ និង​ភ្លៀង​នៅ​ចុង​រដូវ។ ពេល​នោះ អ្នក​នឹង​ប្រមូល​បាន​ភោគផល គឺ​ស្រូវ​ស្រា​ទំពាំងបាយជូរ​ថ្មី និង​ប្រេង។ ១៥ យើង​នឹង​ធ្វើ​អោយ​ស្មៅ​ដុះ​នៅ​តាម​វាល​ស្មៅ សំរាប់​ហ្វូង​សត្វ​របស់​អ្នក​ដែរ។ ដូច្នេះ អ្នក​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌”។

 

១៦ ចូរ​ប្រយ័ត្ន កុំ​បណ្ដោយ​អោយ​ចិត្ត​របស់​អ្នក​រាល់​គ្នា​វង្វេង​ចេញ​ពី​ព្រះអម្ចាស់ ទៅ​គោរព​បំរើ និង​ក្រាប​ថ្វាយបង្គំ​ព្រះ​ដទៃ​ឡើយ។ ១៧ បើ​មិន​ដូច្នេះ​ទេ ព្រះអម្ចាស់​មុខ​ជា​ព្រះពិរោធ​ទាស់​នឹង​អ្នក​រាល់​គ្នា ព្រះអង្គ​នឹង​បង្ខាំង​មេឃ មិន​អោយ​បង្អុរ​ភ្លៀង រីឯ​ដី​ក៏​មិន​បង្កើត​ភោគផល ហើយ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​យ៉ាង​ឆាប់ៗ នៅ​ក្នុង​ស្រុក​ដ៏​ល្អ​ដែល​ព្រះអម្ចាស់​ប្រទាន​មក​អ្នក​រាល់​គ្នា។

 

១៨ ត្រូវ​ ទុក​អោយ​ព្រះបន្ទូល​ដែល​ខ្ញុំ​ថ្លែង​ប្រាប់​ដក់​នៅ​ក្នុង​ចិត្ត ក្នុង​គំនិត​របស់​អ្នក​រាល់​គ្នា​ជានិច្ច។ ត្រូវ​ចង​ព្រះបន្ទូល​ទាំង​នេះ​ជា​សញ្ញា ជាប់​នៅ​ដៃ ហើយ​ដាក់​នៅ​លើ​ថ្ងាស​របស់​អ្នក​រាល់​គ្នា។ ១៩ ចូរ​បង្រៀន​កូន​ចៅ​របស់ ​អ្នក​រាល់​គ្នា​អំពី​ព្រះបន្ទូល​នេះ គឺ​ត្រូវ​និយាយ​អោយ​វា​ស្ដាប់ ពេល​អ្នក​នៅ​ផ្ទះ ពេល​អ្នក​ធ្វើ​ដំណើរ ពេល​អ្នក​ចូល​ដំណេក និង​ពេល​ក្រោក​ពី​ដំណេក។ ២០ ចូរ​សរសេរ​ព្រះបន្ទូល​នេះ​នៅ​លើ​ក្រប​ទ្វារ​ផ្ទះ​របស់​អ្នក និង​លើ​ក្លោង​ទ្វារ​ក្រុង។ ២១ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា ព្រម​ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​មាន​អាយុ​វែង ក្នុង​ស្រុក​ដែល​ព្រះអម្ចាស់​ សន្យា​យ៉ាង​ម៉ឺងម៉ាត់​​ថា ប្រគល់​អោយ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​នឹង​មាន​អាយុ​វែង ដូច​ផ្ទៃ​មេឃ​ស្ថិត​នៅ​លើ​ផែនដី។

 

២២ ប្រសិន​ បើ​អ្នក​រាល់​គ្នា​កាន់ និង​ប្រតិបត្តិ​តាម​យ៉ាង​ដិត​ដល់ នូវ​បទ​បញ្ជា​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ប្រគល់​អោយ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ ហើយ​ជំពាក់​ចិត្ត​លើ​ព្រះអង្គ ២៣ ព្រះអម្ចាស់​ នឹង​បណ្ដេញ​ប្រជាជាតិ​ទាំង​នេះ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ចាប់​យក​ស្រុក​របស់​ប្រជាជាតិ​នានា ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ខ្លាំង​ជាង​អ្នក​រាល់​គ្នា​មក​ធ្វើ​ជា​កម្ម​សិទ្ធិ។ ២៤ អ្នក​រាល់​គ្នា​ដាក់​ បាត​ជើង​លើ​កន្លែង​ណា ដី​កន្លែង​នោះ​នឹង​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា។ ព្រំប្រទល់​របស់​អ្នក​រាល់​គ្នា​លាត​សន្ធឹង​ចាប់​ពី​វាល​រហោស្ថាន រហូត​ដល់​ស្រុក​លីបង់ និង​ពី​ទន្លេ​អឺប្រាត​រហូត​ដល់​សមុទ្រ​មេឌីទែរ៉ាណេ។ ២៥ គ្មាន​នរណា​ម្នាក់​អាច​តទល់​នឹង​អ្នក​រាល់​គ្នា​ឡើយ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នឹង​ធ្វើ​អោយ​ប្រជាជន​នៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ឆ្លង​កាត់ ភិតភ័យ និង​កោត​ខ្លាច​អ្នក​រាល់​គ្នា ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល​សន្យា។

 

២៦ ឥឡូវ​នេះ ខ្ញុំ​ដាក់​ព្រះពរ និង​បណ្ដាសា​នៅ​មុខ​អ្នក​រាល់​គ្នា ដើម្បី​អោយ​អ្នក​រាល់​គ្នា​ជ្រើស​រើស។ ២៧ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​ព្រះពរ។ ២៨ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រសិន​បើ​អ្នក​រាល់​គ្នា​ងាក​ចេញ​ពី​មាគ៌ា​ដែល​ខ្ញុំ​បង្ហាញ​ដល់​អ្នក​រាល់ ​គ្នា​នៅ​ថ្ងៃ​នេះ​ទៅ​ជំពាក់​ចិត្ត​នឹង​ព្រះ​ដទៃ ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់ នោះ​អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​បណ្ដាសា​មិន​ខាន។

 

២៩ ពេល​ណា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អ្នក​ត្រូវ​កាន់​កាប់ នោះ​អ្នក​ត្រូវ​ប្រកាស​អំពី​ព្រះពរ​នៅ​លើ​ភ្នំ​ការីស៊ីម និង​បណ្ដាសា​នៅ​លើ​ភ្នំ​អេបាល។ ៣០ ភ្នំ​ទាំង​ពីរ​ស្ថិត​នៅ ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​នៅ​តាម​ផ្លូវ​ទៅ​ទិស​ខាង​លិច ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​កាណាន ដែល​រស់​នៅ​តាម​តំបន់​វាល​ទំនាប​អារ៉ាបា ទល់​មុខ​នឹង​គីលកាល់ ជិត​ដើម​ជ្រៃ​ម៉ូរេ។ ៣១ អ្នក​រាល់​គ្នា​ ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ​ចាប់​យក​ស្រុក​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រគល់​អោយ រួច​ហើយ​ត្រូវ​តាំង​ទី​លំនៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចាប់​យក​នោះ។

៣២ អ្នក​រាល់​គ្នា​ត្រូវ​កាន់ ហើយ​ប្រតិបត្តិ​តាម ​ក្រឹត្យវិន័យ និង​​ច្បាប់​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ»។

 

វិន័យ និង​ច្បាប់​ផ្សេងៗ

ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​នៅ​កន្លែង​តែ​មួយ

១ «នេះ​ជាក្រឹត្យ​វិន័យ និងច្បាប់​ផ្សេងៗ ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត នៅ​ក្នុង​ស្រុក​ដែល​ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ប្រគល់​អោយ​ទុក​ជា​កម្មសិទ្ធិ។

 

២ ត្រូវ​លុប​បំបាត់​កន្លែង​សក្ការៈ​ទាំង​ប៉ុន្មាន ដែល​ប្រជាជាតិ​នានា​ថ្វាយ​សក្ការបូជា​ដល់​ព្រះ​របស់​គេ នៅ​តាម​ភ្នំ​តូច​ធំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី ឥត​ទុក​អោយ​នៅ​សល់​ឡើយ។ ៣ ចូរ​ផ្ដួល​រំលំ​អាសនៈ​ របស់​ពួក​គេ ចូរ​កំទេច​ស្ដូប​របស់​ពួក​គេ ចូរ​ដុត​បំផ្លាញ​បង្គោល​របស់​ព្រះ​អាសេរ៉ា ព្រម​ទាំង​រំលំ​រូប​បដិមា​នៃ​ព្រះ​របស់​ពួក​គេ និង​លុប​បំបាត់​ឈ្មោះ​របស់​ព្រះ​នានា​អោយ​អស់​ពី​កន្លែង​នោះ​ផង។

 

៤ ក្នុង​ការ​គោរព​បំរើ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា មិន​ត្រូវ​យក​តំរាប់​តាម​ជាតិ​សាសន៍​ទាំង​នោះ​ឡើយ។ ៥ អ្នក​រាល់​គ្នា​ត្រូវ​តែ​ទៅ​ថ្វាយបង្គំ​ព្រះអម្ចាស់ នៅ​កន្លែង​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស ក្នុង​ទឹក​ដី​នៃ​កុលសម្ព័ន្ធ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា ទុក​ជា​ព្រះដំណាក់ សំរាប់​សំដែង​ព្រះនាម​របស់​ព្រះអង្គ។ ៦ ត្រូវ​យក​តង្វាយ​ដុត​ទាំង ​មូល* យញ្ញបូជា តង្វាយ​មួយ​ភាគ​ដប់ តង្វាយ​ពិសេស តង្វាយ​លា​បំណន់ ឬ​តង្វាយ​ស្ម័គ្រ​ចិត្ត ព្រម​ទាំង​កូន​ដំបូង​នៃ​ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា ទៅ​ថ្វាយ​ព្រះអង្គ​នៅ​កន្លែង​នោះ។ ៧ ត្រូវ​បរិភោគ​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ត្រង់​កន្លែង​នោះ​ដែរ គឺ​អ្នក​រាល់​គ្នា​ត្រូវ​សប្បាយ​រួម​ជា​មួយ​ក្រុម​គ្រួសារ​របស់​អ្នក​រាល់​ គ្នា ដោយសារ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ពរ​អោយ​អ្នក​រាល់​គ្នា​ទទួល​ផល​ពី​កិច្ចការ ដែល​អ្នក​រាល់​គ្នា​ធ្វើ។

 

៨ នៅ​ពេល​ ខាង​មុខ មិន​ត្រូវ​ប្រព្រឹត្ត​ដូច​យើង​ប្រព្រឹត្ត​នៅ​ពេល​នេះ​ឡើយ គឺ​នៅ​ទី​នេះ យើង​ម្នាក់ៗ​ប្រព្រឹត្ត​តាម​តែ​ខ្លួន​យល់​ឃើញ​ថា​ល្អ ៩ ដ្បិត​អ្នក​រាល់​គ្នា​មិន​ទាន់​ចូល​ទៅ​ដល់​កន្លែង​សុខសាន្ត ជា​ទឹក​ដី​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ប្រទាន​អោយ​ជា​កេរមត៌ក​នៅ​ឡើយ​ទេ។ ១០ អ្នក​រាល់​គ្នា​នឹង​ឆ្លង​ទន្លេ​យ័រដាន់​ទៅ​រស់​នៅ​ក្នុង​ស្រុក​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​អោយ​អ្នក​រាល់​គ្នា ទុក​ជា​កេរមត៌ក។ ព្រះអង្គ​នឹង​អោយ​អ្នក​រាល់​គ្នា​បាន​សំរាក ដោយ​រំដោះ​អ្នក​រាល់​គ្នា អោយ​រួច​ផុត​ពី​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ ហើយ​អ្នក​រាល់​គ្នា​នឹង​រស់​នៅ​យ៉ាង​សុខសាន្ត។ ១១ ពេល​នោះ អ្នក​រាល់​គ្នា​ត្រូវ​យក​តង្វាយ​ទាំង​ប៉ុន្មាន ដូច​ខ្ញុំ​បាន​បង្គាប់ ទៅ​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នៅ​កន្លែង​ដែល​ព្រះអង្គ​នឹង​ជ្រើស​រើស​ជា​ព្រះដំណាក់ សំរាប់​សំដែង​ព្រះនាម​របស់​ព្រះអង្គ គឺ​មាន​តង្វាយ​ដុត​ទាំង​មូល​យញ្ញបូជា តង្វាយ​មួយ​ភាគ​ដប់ តង្វាយ​ពិសេស និង​តង្វាយ​ផ្សេងៗ ដែល​អ្នក​រាល់​គ្នា​សន្យា​ថ្វាយ​ព្រះអម្ចាស់។ ១២ អ្នក​រាល់​គ្នា​ត្រូវ​សប្បាយ​រីករាយ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា រួម​ជា​មួយ​កូន​ប្រុស កូន​ស្រី និង​អ្នក​បំរើ​ប្រុស​ស្រី ព្រម​ទាំង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ ដ្បិត​ពួក​លេវី​គ្មាន​ទឹក​ដី​ជា​ចំណែក​មត៌ក ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ។

 

១៣ ចូរ​ប្រយ័ត្ន មិន​ត្រូវ​យក​តង្វាយ​ដុត​របស់​អ្នក​ទៅ​ថ្វាយ​នៅ​តាម​កន្លែង​ទាំង​ប៉ុន្មាន ដែល​អ្នក​ឃើញ​នោះ​ឡើយ ១៤ គឺ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​របស់​អ្នក តែ​នៅ​កន្លែង​ដែល​ព្រះអម្ចាស់​ជ្រើស​រើស ក្នុង​ទឹក​ដី​នៃ​កុលសម្ព័ន្ធ​មួយ​របស់​អ្នក។ នៅ​ទី​នោះ អ្នក​ត្រូវ​ធ្វើ​តាម​នូវ​អ្វីៗ​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក។ ១៥ ក៏​ប៉ុន្តែ នៅ​គ្រប់​ទី​កន្លែង​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​អោយ​អ្នក​ទៅ​រស់​នៅ អ្នក​អាច​សម្លាប់​សត្វ​បរិភោគ តាម​ចិត្ត​ប៉ងប្រាថ្នា។ មនុស្ស​មិន​បរិសុទ្ធ និង​មនុស្ស​បរិសុទ្ធ​អាច​បរិភោគ​សាច់​នេះ ដូច​ជា​បរិភោគ​សាច់​ក្ដាន់ ឬ​សាច់​ឈ្លូស​ដែរ។ ១៦ ចំណែក​ឯ​ឈាម​វិញ កុំ​បរិភោគ​ឡើយ ត្រូវ​ចាក់​ឈាម​នោះ​ទៅ​លើ​ដី ដូច​គេ​ចាក់​ទឹក។

 

១៧ រីឯ​តង្វាយ​មួយ​ភាគ​ដប់​ដែល​អ្នក​ត្រូវ​ថ្វាយ​ព្រះអម្ចាស់ គឺ​មាន​ស្រូវ ស្រា​ទំពាំងបាយជូរ​ថ្មី និង​ប្រេង ឬ​កូន​ដំបូង​របស់​គោ និង​ចៀម ឬ​តង្វាយ​ផ្សេងៗ​ទៀត ដូច​ជា​តង្វាយ​លា​បំណន់ តង្វាយ​ស្ម័គ្រ​ចិត្ត និង​តង្វាយ​ពិសេស អ្នក​ពុំ​អាច​បរិភោគ​នៅ​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​ឡើយ។ ១៨ ត្រូវ​បរិភោគ​តង្វាយ​ទាំង​នោះ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះអង្គ​ជ្រើស​រើស គឺ​បរិភោគ​ជា​មួយ​កូន​ប្រុស កូន​ស្រី អ្នក​បំរើ​ប្រុស​ស្រី និង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក។ ត្រូវ​សប្បាយ​រីករាយ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយសារ​ភោគផល​ទាំង​ប៉ុន្មាន​ដែល​អ្នក​ទទួល។ ១៩ ដរាប​ណា​អ្នក​រស់​នៅ​លើ​ទឹក​ដី​របស់​អ្នក ចូរ​ប្រយ័ត្ន កុំ​បំភ្លេច​ពួក​លេវី​ឡើយ។

២០ នៅ​ពេល​ណា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ពង្រីក​ទឹក​ដី​របស់​អ្នក ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​អ្នក​ហើយ ប្រសិន​បើ​អ្នក​នឹក​ភ្នក​ចង់​បរិភោគ​សាច់ នោះ​អ្នក​អាច​បរិភោគ​តាម​ចិត្ត​ប៉ងប្រាថ្នា។ ២១ ប្រសិន​បើ​កន្លែង​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស​រើស​សំរាប់​សំដែង​ព្រះនាម​ព្រះអង្គ ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​អ្នក នោះ​អ្នក​អាច​សម្លាប់​គោ ឬ​ចៀម​ដែល​ព្រះអម្ចាស់​ប្រទាន​មក​អ្នក តាម​របៀប​ដូច​ខ្ញុំ​បាន​បង្គាប់​ទុក រួច​បរិភោគ​សាច់​នៅ​កន្លែង​ដែល​អ្នក​រស់​នៅ តាម​ចិត្ត​ប៉ងប្រាថ្នា។ ២២ ចូរ​បរិភោគ​សាច់​សត្វ​ នោះ ដូច​គេ​បរិភោគ​សាច់​ក្ដាន់ និង​សាច់​ឈ្លូស​ដែរ គឺ​ទាំង​មនុស្ស​មិន​បរិសុទ្ធ ទាំង​មនុស្ស​បរិសុទ្ធ អាច​បរិភោគ​ដូច​គ្នា។ ២៣ ប៉ុន្តែ មិន​ត្រូវ​បរិភោគ​ឈាម​ជា​ដាច់​ខាត ដ្បិត​ឈាម​ជា​ជីវិត។ ដូច្នេះ មិន​ត្រូវ​បរិភោគ​ជីវិត​ជា​មួយ​សាច់​ឡើយ។ ២៤ កុំ​បរិភោគ​ឈាម​អោយ​សោះ ចូរ​ចាក់​ឈាម​ទៅ​លើ​ដី ដូច​គេ​ចាក់​ទឹក។ ២៥ កុំ​បរិភោគ​ឈាម​អោយ​សោះ ធ្វើ​ដូច្នេះ អ្នក និង​កូន​ចៅ​របស់​អ្នក​នៅ​ជំនាន់​ក្រោយ មុខ​ជា​មាន​សុភមង្គល ដោយ​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ ដែល​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់។

 

២៦ ចំណែក​ឯ​សត្វ​ ដែល​អ្នក​ញែក​ទុក​ដោយ​ឡែក​ថ្វាយ​ព្រះ​អម្ចាស់ ឬ​តង្វាយ​លា​បំណន់ ត្រូវ​នាំ​យក​ទៅ​ថ្វាយ​នៅ​កន្លែង​ដែលព្រះអម្ចាស់​ជ្រើស​រើស។ ២៧ ចំពោះ​តង្វាយ​ដុត​ទាំង​មូល ត្រូវ​យក ​ទាំង​សាច់​ទាំង​ឈាម​ទៅ​ថ្វាយ​នៅ​លើ​អាសនៈ​របស់​ព្រះអម្ចា​ស់ ជា​ព្រះ​របស់​អ្នក។ រីឯ​យញ្ញបូជា​វិញ ត្រូវ​ប្រោះ​ឈាម​របស់​សត្វ​ដែល​អ្នក​ថ្វាយ​នៅ​លើ​អាសនៈ​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក រួច​អ្នក​បរិភោគ​សាច់​ចុះ។

 

២៨ ចូរ​ ស្ដាប់ និង​កាន់​តាម​ព្រះបន្ទូល​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក ដើម្បី​អោយ​អ្នក និង​កូន​ចៅ​របស់​អ្នក នៅ​ជំនាន់​ក្រោយ មាន​សុភមង្គល​រហូត​ត​ទៅ ដោយ​ប្រព្រឹត្ត​អំពើ​ល្អ និង​អំពើ​ត្រឹម​ត្រូវ ដែល​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។

 

២៩ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​កំចាត់​ប្រជាជាតិ​នានា​ចេញ​អស់​ពី​ស្រុក ដែល​អ្នក​ត្រូវ​ចូល​ទៅ​កាន់​កាប់។ ពេល​នោះ អ្នក​អាច​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក រួច​ចូល​ទៅ​រស់​នៅ​ក្នុង​ស្រុក​របស់​ពួក​គេ។ ៣០ ពេល​ណា​ប្រជាជាតិ​ទាំង​ នោះ​រលាយ​សូន្យ​បាត់​ពី​មុខ​របស់​អ្នក​ហើយ ចូរ​ប្រយ័ត្ន ក្រែង​លោ​អ្នក​ធ្លាក់​ទៅ​ក្នុង​អន្ទាក់ ដោយ​យក​តំរាប់​តាម​ពួក​គេ។ មិន​ត្រូវ​សាក​សួរ​ចង់​ដឹង​អំពី​ព្រះ​របស់​ពួក​គេ ហើយ​ក៏​មិន​ត្រូវ​សួរ​អំពី​របៀប​ដែល​ពួក​គេ​គោរព​បំរើ​ព្រះ​របស់​ខ្លួន ក្នុង​គោល​បំណង​ធ្វើ​ដូច​ពួក​គេ​ដែរ។ ៣១ មិន​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក តាម​របៀប​ថ្វាយបង្គំ​ព្រះ​របស់​ប្រជាជាតិ​នានា​ឡើយ។ ប្រជាជាតិ​ទាំង​នោះ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​គ្រប់​យ៉ាង ដើម្បី​គោរព​បំរើ​ព្រះ​របស់​ខ្លួន​ជា​អំពើ​ដែល​ព្រះអម្ចាស់​មិន​សព្វ​ព្រះហឫទ័យ។ សូម្បី​តែ​កូន​ប្រុស​កូន​ស្រី​របស់​ពួក​គេ ក៏​ពួក​គេ​យក​ទៅ​ដុត​ជា​សក្ការបូជា​ដល់​ព្រះ​ទាំង​នោះ​ដែរ។

១(១២.៣២) ចំណែក​ឯ ​អ្នក​រាល់​គ្នា​វិញ ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក​រាល់ ​គ្នា ដោយ​ឥត​បន្ថែម ឬ​បន្ថយ​អ្វី​ឡើយ»។

 

ទោស​របស់​អ្នក​ថ្វាយបង្គំ​រូប​បដិមា

២(១) «ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​មាន​ព្យាការី ឬ​គ្រូ​ទាយ​ឆុត​ណា​ម្នាក់ ប្រកាស​អំពី​ទី​សំគាល់ ឬ​ឫទ្ធិបាដិហារិយ៍​អ្វី​មួយ ៣(២) បើ​ទី​សំគាល់ ឬ​ឫទ្ធិបាដិហារិយ៍​នោះ​កើត​មាន​មែន តែ​ជន​នោះ​បបួល​អ្នក​ទៅ​ជំពាក់​ចិត្ត និង​គោរព​បំរើ​ព្រះ​ដទៃ​ទៀត​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់ ៤(៣) កុំ​ស្ដាប់​ពាក្យ​របស់​ព្យាការី ឬ​គ្រូ​ទាយ​ឆុត​នោះ​ឡើយ។ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ចង់​ល្បងល​មើល​អ្នក​រាល់​គ្នា ដើម្បី​អោយ​ដឹង​ថា តើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា អស់​ពី​ចិត្ត អស់​ពី​គំនិត ឬ​យ៉ាង​ណា។ ៥(៤) ចូរ​ជំពាក់​ចិត្ត​នឹង​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ចូរ​កោត​ខ្លាច​ព្រះអង្គ កាន់​តាម​បទ​បញ្ជា​របស់​ព្រះអង្គ ស្ដាប់​បង្គាប់​ព្រះអង្គ ហើយ​គោរព​បំរើ​ព្រះអង្គ និង​ស្រឡាញ់​តែ​ព្រះអង្គ​មួយ​ប៉ុណ្ណោះ។ ៦(៥) រីឯ​ព្យាការី ឬ​គ្រូ​ទាយ​ឆុត​នោះ​វិញ ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ ព្រោះ​គេ​បាន​និយាយ​បំផុសបំផុល​ប្រជាជន អោយ​បះបោរ​ប្រឆាំង​នឹង​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប និង​រំដោះ​អ្នក​រាល់​គ្នា​អោយ​រួច​ពី​ទាសភាព។ ជន​នោះ​ចង់​នាំ​អ្នក​ចេញ​ពី​មាគ៌ា​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បង្គាប់​អោយ​អ្នក​ដើរ​តាម។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។

 

៧(៦) ប្រសិន​បើ ​បង​ប្អូន​បង្កើត​របស់​អ្នក ឬ​កូន​ប្រុស កូន​ស្រី ឬ​ភរិយា​ជា​ទី​ស្រឡាញ់​របស់​អ្នក ឬ​ក៏​មិត្តភក្ដិ​ដ៏​ជិត​ស្និទ្ធ​របស់​អ្នក មក​បបួល​អ្នក​ដោយ​ស្ងាត់ៗ​អោយ​ទៅ​ថ្វាយបង្គំ​ព្រះ​ដទៃ​ទៀត ជា​ព្រះ​ដែល​អ្នក និង​ដូនតា​របស់​អ្នក​ពុំ​ស្គាល់ ៨(៧) គឺ​ព្រះ​របស់​ជាតិ​សាសន៍​នានា​ដែល​នៅ​ជុំវិញ​អ្នក ទោះ​បី​នៅ​ជិត ឬ​ឆ្ងាយ​ដាច់​ស្រយាល​ក្ដី ៩(៨) កុំ​យល់​ស្រប​ជា​មួយ​គេ កុំ​ស្ដាប់​តាម​គេ​ឡើយ។ កុំ​អាណិត​អាសូរ ឬ​ត្រា​ប្រណី​ជន​នោះ​អោយ​សោះ ហើយ​ក៏​មិន​ត្រូវ​ការពារ​គេ​ដែរ។ ១០(៩) ផ្ទុយ​ទៅ​វិញ ត្រូវ​តែ​ប្រហារ​ជីវិត​ជន​នោះ គឺ​អ្នក​លើក​ដៃ​ប្រហារ​មុន​គេ បន្ទាប់​មក ទើប​ប្រជាជន​ប្រហារ​តាម​ក្រោយ។ ១១(១០) ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​ជន​នេះ ព្រោះ​គេ​ចង់​ទាក់ទាញ​អ្នក​អោយ​ចេញ​ឆ្ងាយ​ពី​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។ ១២(១១) ប្រជាជន​អ៊ីស្រាអែល​ ទាំង​មូល​នឹង​ដឹង​រឿង​នេះ នាំ​គ្នា​ភ័យ​ខ្លាច ហើយ​លែង​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​ដូច្នេះ នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។

 

១៣(១២) ក្នុង​បណ្ដា​ក្រុង​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ​អ្នក​រស់​នៅ ប្រសិន​បើ​អ្នក​ឮ​ដំណឹង​ថា ១៤(១៣) មាន​ជន​ពាល​ក្នុង​ចំណោម ​ប្រជាជន​របស់​អ្នក នាំ​គ្នា​បបួល​អ្នក​ក្រុង​អោយ​ទៅ​ថ្វាយបង្គំ​ព្រះ​ដទៃ​ទៀត ជា​ព្រះ​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់។ ១៥(១៤) ពេល​នោះ អ្នក​ត្រូវ​ស៊ើបសួរ និង​តាម​ដាន​មើល ព្រម​ទាំង​សាក​សួរ​ដំណឹង​អោយច្បាស់​លាស់​ថា តើ​ការ​នោះ​ពិត ឬ​មិន​ពិត។ ប្រសិន​បើ​មាន​ភស្ដុតាង​ថា អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម​នោះ​ពិត​ជា​កើត​មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ មែន ១៦(១៥) ត្រូវ​ប្រហារ​អ្នក​ ក្រុង​ទាំង​នោះ​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​ក្រុង​នោះ​ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់ គឺ​ត្រូវ​កំទេច​របស់​របរ​នៅ​ក្នុង​ទីក្រុង និង​សម្លាប់​ហ្វូង​សត្វ​ដោយ​មុខ​ដាវ ឥត​ទុក​អ្វី​អោយ​នៅ​សល់​ឡើយ។

 

៧(១៦) ចូរ​ប្រមូល​ ទ្រព្យសម្បត្តិ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ក្រុង​នោះ មក​ដាក់​នៅ​ចំ​កណ្ដាល​ទីលាន​ក្រុង រួច​ដុត​កំទេច​ក្រុង​ជា​មួយ​ទ្រព្យសម្បត្តិ​ទាំង​អស់​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ ក្រុង​នោះ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន​រហូត​ត​ទៅ ឥត​មាន​នរណា​សង់​ឡើង​វិញ​ឡើយ។ ១៨(១៧) កុំ​យក​អ្វីៗ​ដែល​ត្រូវ​បំផ្លាញ​ថ្វាយ​ផ្ដាច់*​ដល់​ព្រះអម្ចាស់​ឡើយ ដើម្បី​អោយ​ព្រះអម្ចាស់​ លែង​ព្រះពិរោធ។ ព្រះអង្គ​នឹង​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា​ចំពោះ​អ្នក ព្រម​ទាំង​ប្រទាន​អោយ​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​អ្នក ១៩(១៨) ដ្បិត​អ្នក​ស្ដាប់​បង្គាប់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​កាន់​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក នៅ​ថ្ងៃ​នេះ ហើយ​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ​ដែល​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក»។

 

ការ​ហាម​មិន​អោយ​ធ្វើ​ពិធី​ឆូត​សាច់

១ «អ្នក​រាល់​គ្នា​ជា​បុត្រធីតា​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ដូច្នេះ នៅ​ពេល​កាន់​ទុក្ខ មិន​ត្រូវ​ធ្វើ​ពិធី​ឆូត​សាច់ ហើយ​ក៏​មិន​ត្រូវ​កោរ​សក់​ផ្នែក​ខាង​មុខ​ដែរ ២ ដ្បិត​អ្នក​ជា​ប្រជារាស្ត្រ​ដ៏វិសុទ្ធ​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស​រើស​អ្នក​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី អោយ​ធ្វើ​ជា​ប្រជា រាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់»។

 

សត្វ​បរិសុទ្ធ និង​សត្វ​មិន​បរិសុទ្ធ

៣ «កុំ​បរិភោគ​អ្វី​ដែល​មិន​បរិសុទ្ធ*​ឡើយ ៤ សត្វ​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន គឺ​មាន​គោ ចៀម និង​ពពែ ៥ ឈ្លូស ក្ដាន់ រមាំង ពពែ​ភ្នំ ប្រើស ទន្សោង ទ្រាយ។ ៦ អ្នក​រាល់​គ្នា​អាច​បរិភោគ​សត្វ​ទាំង​អស់​ដែល​មាន​ក្រចក​ជើង​ឆែក​ជា​ពីរ ហើយ​ជា​សត្វ​ទំពាអៀង។ ៧ ប៉ុន្តែ ក្នុង​ចំណោម​សត្វ​ដែល​ទំពាអៀង ឬ​សត្វ​ដែល​មាន​ក្រចក​ជើង​ឆែក​នោះ មិន​ត្រូវ​បរិភោគ​សត្វ​អូដ្ឋ ទន្សាយ​គល់ និង​ទន្សាយ​ថ្ម​ឡើយ ដ្បិត​សត្វ​ទាំង​នេះ​ទំពាអៀង តែ​គ្មាន​ក្រចក​ជើង​ឆែក​ទេ ដូច្នេះ ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ។ ៨ រីឯ​ជ្រូក​ក៏​មិន​ត្រូវ​ បរិភោគ​ដែរ ព្រោះ​វា​មាន​ក្រចក​ជើង​ឆែក តែ​មិន​ទំពាអៀង​ទេ។ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​បរិសុទ្ធ គឺ​កុំ​បរិភោគ​សាច់​វា ហើយ​ក៏​កុំ​ប៉ះពាល់​ខ្មោច​វា​ដែរ។

៩ ក្នុង​ចំណោម​សត្វ​រស់​នៅ​ក្នុង​ទឹក អ្នក​រាល់​គ្នា​អាច​បរិភោគ​ត្រី​ទាំង​អស់ ដែល​មាន​ព្រុយ និង​មាន​ស្រកា។ ១០ ចំណែក​ឯ​ត្រី​ដែល​គ្មាន​ព្រុយ និង​គ្មាន​ស្រកា កុំ​បរិភោគ​ឡើយ ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ។

 

១១ អ្នក​អាច​បរិភោគ​សត្វ​ស្លាប​បរិសុទ្ធ​ទាំង​អស់។ ១២ ប៉ុន្តែ ចំពោះ​សត្វ​ដែល​អ្នក​រាល់​គ្នា​មិន​អាច​បរិភោគ គឺ​ត្មាត ខ្លែងស្រាក និង​ខ្លែង ១៣ ល្អូត រអាត ស្ទាំង និង​ពពួក​សត្វ​ប្រភេទ​នេះ ១៤ ក្អែក​គ្រប់​ប្រភេទ ១៥ អូទ្រីច ទីទុយ រំពេ ប្រមង់ និង​ពពួក​សត្វ​ប្រភេទ​នេះ ១៦ គូក មៀម អក ១៧ ទុង ក្អែក​ទឹក ស្មោញ ១៨ កុក ក្រសារ និង​ពពួក​សត្វ​ប្រភេទ​នេះ ព្រម​ទាំង​ត្រសេះ និង​ប្រចៀវ។ ១៩ អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​សត្វ​ល្អិត​ដែល​មាន​ស្លាប​ទាំង​អស់ ជា​សត្វ​មិន​បរិសុទ្ធ គឺ​មិន​ត្រូវ​បរិភោគ​ឡើយ។ ២០ អ្នក​រាល់​គ្នា​បរិភោគ​បាន​តែ​សត្វ​ស្លាប​ណា​ដែល​បរិសុទ្ធ។

 

២១ មិន​ ត្រូវ​បរិភោគ​សាច់​សត្វ ដែល​ងាប់​ដោយ​ឯក​ឯង​ឡើយ ត្រូវ​អោយ​សត្វ​នោះ​ទៅ​ជន​បរទេស ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​បរិភោគ ឬ​លក់​អោយ​សាសន៍​ដទៃ ដ្បិត​អ្នក​រាល់​គ្នា​ជា​ប្រជាជន​ដ៏វិសុទ្ធ​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ»។

 

តង្វាយ​មួយ​ភាគ​ដប់

២២ «រៀង​រាល់​ឆ្នាំ ត្រូវ​ញែក​ភោគផល​ពី​ស្រែ​ចំការ​របស់​អ្នក​ចំនួន​មួយ​ភាគ​ដប់ ទុក​ជា​តង្វាយ។ ២៣ ត្រូវ​បរិភោគ​តង្វាយ​ មួយ​ភាគ​ដប់ ដែល​អ្នក​ញែក​ចេញ​ពី​ស្រូវ ស្រា​ទំពាំងបាយជូរ​ថ្មី ប្រេង ព្រម​ទាំង​កូន​ដំបូង​នៃ​ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះអង្គ​ជ្រើស​រើស​ទុក​ជា​ព្រះដំណាក់ សំរាប់​សំដែង​ព្រះនាម​របស់​ព្រះអង្គ ដើម្បី​អោយ​អ្នក​រៀន​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រហូត​ត​ទៅ។ ២៤ ប្រសិន​បើ​ផ្ទះ​របស់​អ្នក​នៅ​ឆ្ងាយ​ពី​កន្លែង​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស​រើស ទុក​ជា​ព្រះដំណាក់ សំរាប់​សំដែង​ព្រះនាម​របស់​ព្រះអង្គ ហើយ​អ្នក​មិន​អាច​ដឹក​ជញ្ជូន​តង្វាយ​មួយ​ភាគ​ដប់ ​នៃ​ភោគផល​ដែល​អ្នក​បាន​ ទទួល ដោយសារ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​ដល់​អ្នក​ទេ​នោះ ២៥ ចូរ​លក់​តង្វាយ​មួយ​ ភាគ​ដប់​របស់​អ្នក ហើយ​យក​ប្រាក់​ដែល​អ្នក​លក់​បាន ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​ជ្រើស​រើស។ ២៦ ពេល​ទៅ​ដល់ អ្នក​អាច​ទិញ​អ្វីៗ​ដែល​អ្នក​ពេញ​ចិត្ត ដូច​ជា​គោ ចៀម ស្រា​ទំពាំងបាយជូរ ឬ​ស្រា​ផ្សេង​ទៀត គឺ​អ្វីៗ​ទាំង​អស់​ដែល​នាំ​អោយ​អ្នក​សប្បាយ​ចិត្ត រួច​បរិភោគ​ដោយ​រីករាយ​ជា​មួយ​ក្រុម​គ្រួសារ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ ២៧ កុំ​ភ្លេច​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក​ឡើយ ដ្បិត​គេ​គ្មាន​ដី​ជា​ចំណែក​មត៌ក​ជា​មួយ​អ្នក​ទេ។

 

២៨ បី​ឆ្នាំ​ម្ដង ត្រូវ​យក​ភោគផល​ដែល​អ្នក​ទទួល​នៅ​ឆ្នាំ​ទី​បី ចំនួន​មួយ​ភាគ​ដប់ ចេញ​មក​ដាក់​ក្នុង​ក្រុង​ដែល​អ្នក​រស់​នៅ។ ២៩  ពេល​នោះ ពួក​លេវី​ដែល​គ្មាន​ដី​ជា​ចំណែក​មត៌ក​ជា​មួយ​អ្នក ព្រម​ទាំង​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក នឹង​នាំ​គ្នា​មក​បរិភោគ​យ៉ាង​ឆ្អែត​បរិបូណ៌។ ធ្វើ​ដូច្នេះ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​អោយ​អ្នក​បាន​ចំរុង​ចំរើន ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ»។

ឆ្នាំ​ទី​ប្រាំពីរ​ជា​ឆ្នាំ​ដែល​ត្រូវ​លុប​បំណុល

១ «ប្រាំពីរ​ឆ្នាំ​ម្ដង អ្នក​ត្រូវ​តែ​លុប​បំណុល។ ២ ការ​លុប​បំណុល​នេះ​ត្រូវ​ អនុវត្ត​ដូច​ត​ទៅ: ម្ចាស់​បំណុល​ទាំងឡាយ​ដែល​បាន​អោយ​ប្រាក់​អ្នក​ដទៃ​ខ្ចី ត្រូវ​លុប​បំណុល​នោះ។ កាល​ណា​គេ​ប្រកាស​ការ​លុប​បំណុល ដើម្បី​លើក​តម្កើង​ព្រះអម្ចាស់ ម្ចាស់​បំណុល​មិន​ត្រូវ​ទាមទារ​អោយ​អ្នក​ដទៃ ដែល​ជា​បង​ប្អូន​រួម​ជាតិ​របស់​ខ្លួន សង​ប្រាក់​វិញ​ឡើយ។ ៣ អ្នក​អាច​ទាមទារ​អោយ​ជន​បរទេស​សង​ប្រាក់ តែ​ត្រូវ​លុប​បំណុល​អោយ​បង​ប្អូន ដែល​ជា​ជន​រួម​ជាតិ​របស់​អ្នក។ ៤ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​អោយ​មាន​ជន​ក្រីក្រ​ឡើយ ដ្បិត​ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​អ្នក​យ៉ាង​បរិបូណ៌ នៅ​ក្នុង​ស្រុក​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​អោយ​អ្នក​កាន់​កាប់​ទុក​ជា​ចំណែក​មត៌ក។ ៥ ប៉ុន្តែ អ្នក​ត្រូវ​ស្ដាប់​បង្គាប់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​កាន់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​អោយ​នៅ​ថ្ងៃ​នេះ។ ៦ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​ដល់​អ្នក ដូច​ព្រះអង្គ​បាន​សន្យា​ជា​មួយ​អ្នក។ អ្នក​អាច​ចង​ការ​ប្រាក់​អោយ​ប្រជាជាតិ​ជា​ច្រើន តែ​អ្នក​មិន​ត្រូវ​ខ្ចី​ប្រាក់​ពី​ពួក​គេ​ទេ អ្នក​នឹង​ត្រួតត្រា​លើ​ប្រជាជាតិ​ជា​ច្រើន តែ​ពួក​គេ​នឹង​មិន​ត្រួតត្រា​លើ​អ្នក​ឡើយ។

 

៧ ក្នុង​បណ្ដា​ក្រុង​នៃ​ស្រុក​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ ប្រសិន​បើ​មាន​បង​ប្អូន​ខ្លះ​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ មិន​ត្រូវ​មាន​ចិត្ត​កំណាញ់ ឥត​រវីរវល់​ជួយ​បង​ប្អូន​ដែល​ក្រ​នោះ​ឡើយ ។ ៨ ផ្ទុយ​ទៅ​វិញ ត្រូវ​ជួយ​គាត់ ដោយ​អោយ​ខ្ចី​ប្រាក់​តាម​ចំនួន​ដែល​គាត់​ត្រូវ​ការ។ ៩ ចូរ​ប្រយ័ត្ន មិន​ត្រូវ​មាន​ចិត្ត​អាក្រក់ ដោយ​គិត​ថា ឆ្នាំ​ទី​ប្រាំពីរ​ជា​ឆ្នាំ​ដែល​ត្រូវ​លុប​បំណុល​កាន់​តែ​ខិត​ជិត ហើយ​អ្នក​ក៏​គ្មាន​ចិត្ត​មេត្តា​ដល់​បង​ប្អូន​ដែល​ក្រ​នោះ គឺ​មិន​ជួយ​អ្វី​ទាំង​អស់។ ពេល​គាត់​ទូល​ព្រះអម្ចាស់ ចោទ​ប្រកាន់​អ្នក នោះ​អ្នក​មុខ​ជា​មាន​បាប​មិន​ខាន។ ១០ ចូរ​ជូន​ប្រាក់​ទៅ​គាត់​ដោយ​មិន​ទើសទាល់ ដ្បិត​ធ្វើ​ដូច្នេះ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។ ១១ នៅ​ក្នុង​ស្រុក​តែងតែ​ មាន​អ្នក​ក្រ​ជានិច្ច ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក អោយ​មាន​ចិត្ត​ទូលាយ​ដល់​បង​ប្អូន​របស់​អ្នក ដែល​ក្រីក្រ កំសត់ ទុគ៌ត នៅ​ក្នុង​ស្រុក»។

 

ឆ្នាំ​ដែល​ត្រូវ​ដោះ​លែង​ខ្ញុំ​បំរើ

១២ «ប្រសិន​បើ​មាន​បង​ ប្អូន​របស់​អ្នក ដែល​ជា​ជន​ជាតិ​ហេប្រឺ ទោះ​បី​ប្រុស ឬ​ស្រី​ក្ដី មក​លក់​ខ្លួន​អោយ​អ្នក ត្រូវ​អោយ​គេ​នៅ​បំរើ​អ្នក​ប្រាំ​មួយ​ឆ្នាំ។ លុះ​ដល់​ឆ្នាំ​ទី​ប្រាំពីរ ត្រូវ​ដោះ​លែង​គេ​អោយ​ទៅ​វិញ​ចុះ។ ១៣ ប៉ុន្តែ កុំ​ដោះ​លែង​គេ​អោយ​ទៅ​វិញ ដោយ​ដៃ​ទទេ​ឡើយ។ ១៤ ត្រូវ​យក​ភោគផល​ជា​ព្រះពរ ដែល​អ្នក​ទទួល​ពី​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក គឺ​មាន​ចៀម ស្រូវ និង​ស្រា​ទំពាំងបាយជូរ ផ្ដល់​ជា​អំណោយ​ដល់​គេ​ផង។ ១៥ ត្រូវ​ចង​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប ហើយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​រំដោះ​អ្នក។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក​ដូច្នេះ។

 

១៦ ប្រសិន​ បើ​ខ្ញុំ​បំរើ​របស់​អ្នក​ពោល​ថា គេ​មិន​ចង់​ចេញ​ពី​ផ្ទះ​របស់​អ្នក ព្រោះ​គេ​ស្រឡាញ់​អ្នក និង​គ្រួសារ​របស់​អ្នក ព្រម​ទាំង​ពេញ​ចិត្ត​នឹង​រស់​នៅ​ជា​មួយ​អ្នក ១៧ ត្រូវ​យក​ដែក​ចោះ​ ត្រចៀក​អ្នក​បំរើ​នោះ នៅ​លើ​សន្លឹក​ទ្វារ​ផ្ទះ​របស់​អ្នក ហើយ​គេ​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​បំរើ​របស់​អ្នក រហូត​ត​ទៅ។ ត្រូវ​ធ្វើ​បែប​នេះ​ចំពោះ​ស្រី​បំរើ​ដែរ។

១៨ ពេល​ដោះ ​លែង​ខ្ញុំ​បំរើ អ្នក​មិន​ត្រូវ​នឹក​ស្ដាយ​ឡើយ ព្រោះ​គេ​បាន​នៅ​បំរើ​អ្នក​អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ ហើយ​ធ្វើ​ការ​អោយ​អ្នក​បាន​ផល​ពីរ​ដង​លើស​កម្មករ ដែល​អ្នក​ជួល​មក​ធ្វើ​ការ​ទៅ​ទៀត។ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ»។

 

កូន​ដំបូង​របស់​សត្វ

១៩ «ត្រូវ​ញែក​កូន​ដំបូង​នៃ​ហ្វូង​សត្វ​របស់​អ្នក គឺ​កូន​គោ​ឈ្មោល និង​កូន​ចៀម​ឈ្មោល ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ មិន​ត្រូវ​ប្រើ​កូន​ដំបូង​របស់​គោ សំរាប់​ភ្ជួរ​រាស់ ហើយ​ក៏​មិន​ត្រូវ​កាត់​រោម​កូន​ដំបូង​របស់​ចៀម​ដែរ។ ២០ រៀង​រាល់​ឆ្នាំ ចូរ​បរិភោគ​កូន​ដំបូង​នៃ​ហ្វូង​សត្វ​ជា​មួយ​ក្រុម​គ្រួសារ​របស់​អ្នក នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះអង្គ​នឹង​ជ្រើស​រើស។ ២១ ប្រសិន​បើ​សត្វ​នោះ​ពិការ ខ្វិន​ជើង ខ្វាក់​ភ្នែក ឬ​មាន​ស្លាកស្នាម​កន្លែង​ណា​មួយ កុំ​យក​វា​ទៅ​ធ្វើ​យញ្ញបូជា​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​ឡើយ។ ២២ ត្រូវ​បរិភោគ​សត្វ​នោះ​ នៅ​កន្លែង​ដែល​អ្នក​រស់​នៅ មនុស្ស​មិន​បរិសុទ្ធ ឬ​មនុស្ស​បរិសុទ្ធ អាច​បរិភោគ​បាន​ដូច​គ្នា គឺ​ដូច​បរិភោគ​សាច់​ក្ដាន់ ឬ​សាច់​ឈ្លូស​ដែរ។ ២៣ ប៉ុន្តែ កុំ​បរិភោគ​ឈាម​​ឡើយ ត្រូវ​ចាក់​ឈាម​នោះ​ទៅ​លើ​ដី ដូច​គេ​ចាក់​ទឹក»។

ពិធី​បុណ្យ​ចម្លង

១ «នៅ​ខែ​ចេត្រ ចូរ​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង* ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដ្បិត​នៅ​យប់​ខែ​ចេត្រ​នេះ​ហើយ ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​នាំ​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ ២ ចូរ​យក​ចៀម និង​គោ ធ្វើ​យញ្ញបូជា​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ក្នុង​ឱកាស​បុណ្យ​ចម្លង នៅ​កន្លែង​ដែល​ព្រះអង្គ​នឹង​ជ្រើស​រើស​ទុក​ជា​ព្រះដំណាក់ សំរាប់​សំដែង​ព្រះនាម​របស់​ព្រះអង្គ។ ៣ ក្នុង​អំឡុង​ពេល​បុណ្យ​ នេះ​មិន​ត្រូវ​បរិភោគ​នំបុ័ង​ដែល​មាន​ដាក់​មេ​ឡើយ គឺ​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ​ចំនួន​ប្រាំពីរ​ថ្ងៃ ជា​នំបុ័ង​នៃ​ទុក្ខ​លំបាក រំលឹក​ពី​គ្រា​ដែល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​យ៉ាង​ប្រញាប់ប្រញាល់។ ធ្វើ​ដូច្នេះ អ្នក​នឹង​ចង​ចាំ​អស់​មួយ​ជីវិត អំពី​គ្រា​ដែល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ ៤ ក្នុង​អំឡុង​ពេល​ប្រាំពីរ ​ថ្ងៃ​នោះ ក្នុង​ផ្ទះ​របស់​អ្នក និង​នៅ​លើ​ទឹក​ដី​ទាំង​មូល​របស់​អ្នក មិន​ត្រូវ​អោយ​មាន​មេដំបែ​ឡើយ រីឯ​សាច់​របស់​សត្វ​ដែល​អ្នក​សម្លាប់​ធ្វើ​យញ្ញបូជា​នៅ​ល្ងាច​ទី​មួយ ក៏​មិន​ត្រូវ​ទុក​មួយ​យប់​រហូត​ដល់​ព្រឹក​ដែរ។ ៥ អ្នក​មិន​អាច​ថ្វាយ​យញ្ញបូជា​នៃ​ពិធី​បុណ្យ​ចម្លង​នេះ នៅ​ត្រង់​កន្លែង​ណា​មួយ ក្នុង​ស្រុក​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​មក​អ្នក​នោះ​ឡើយ ៦ គឺ​ត្រូវ​ថ្វាយ​យញ្ញបូជា​នៃ​ពិធី​បុណ្យ​ចម្លង​នេះ នៅ​កន្លែង​ដែល​ព្រះអ ម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ជ្រើស​រើស​ទុក​ជា​ព្រះដំណាក់ សំរាប់​ព្រះនាម​របស់​ព្រះអង្គ។ ចូរ​ថ្វាយ​យញ្ញបូជា​នៅ​ពេល​ល្ងាច ជា​ពេល​ថ្ងៃ​លិច គឺ​ចំ​នឹង​ពេល​ដែល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ ៧ ចូរ​ចំអិន​សាច់​ដែល​អ្នក​ថ្វាយ​ជា​យញ្ញបូជា ហើយ​បរិភោគ​នៅ​កន្លែង​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស​រើស។ លុះ​ព្រលឹម​ឡើង អ្នក​អាច​វិល​ត្រឡប់​ទៅ​លំនៅដ្ឋាន​របស់​អ្នក​វិញ។ ៨ អ្នក​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ​ចំនួន​ប្រាំ​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំពីរ​ជា​ថ្ងៃ​បុណ្យ​ធំ សំរាប់​លើក​តម្កើង​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក គឺ​មិន​ត្រូវ​ធ្វើ​កិច្ចការ​អ្វី​នៅ​ថ្ងៃ​នោះ​ឡើយ»។

 

បុណ្យ​សប្ដាហ៍ ឬ​បុណ្យ​ថ្ងៃ​ទី​ហាសិប

៩ «ត្រូវ​គិត​ពី​ថ្ងៃ​ដែល​អ្នក​ចាប់​ផ្ដើម​ច្រូត​ស្រូវ​ទៅ ចំនួន​ប្រាំពីរ​សប្ដាហ៍* ១០ រួច​ហើយ ចូរ​ប្រារព្ធ​ពិធី​បុណ្យ​សប្ដាហ៍​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ ពេល​នោះ ចូរ​ថ្វាយ​តង្វាយ​ស្ម័គ្រ​ចិត្ត ដោយ​គិត​តាម​ភោគផល​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ។ ១១ ត្រូវ​ជប់លៀង​យ៉ាង​ សប្បាយ​ជា​មួយ​កូន​ប្រុស​កូន​ស្រី អ្នក​បំរើ​ប្រុស​ស្រី និង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក ព្រម​ទាំង​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក។ ត្រូវ​ជប់លៀង​បែប​នេះ​នៅ​ចំពោះ​ព្រះ ភក្ត្រ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះអង្គ​ជ្រើស​រើស ទុក​ជា​ព្រះដំណាក់ សំរាប់​សំដែង​ព្រះនាម​ព្រះអង្គ។ ១២ ត្រូវ​ចង​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប។ ដូច្នេះ ចូរ​កាន់ និង​ប្រតិបត្តិ​តាម​ច្បាប់​ទាំង​នេះ»។

 

បុណ្យ​បារាំ

១៣ «ពេល​ណា​អ្នក​បោក​បែន​ស្រូវ និង​ជាន់​ផ្លែ​ទំពាំងបាយជូរ​រួច​រាល់​ហើយ ចូរ​ប្រារព្ធ​ពិធី​បុណ្យ​បារាំ* ចំនួន​ប្រាំពីរ​ថ្ងៃ។ ១៤ ក្នុង​ឱកាស​ពិធី​បុណ្យ​ នេះ អ្នក​ត្រូវ​ជប់លៀង​យ៉ាង​សប្បាយ​ជា​មួយ​កូន​ប្រុស​កូន​ស្រី អ្នក​បំរើ​ប្រុស​ស្រី និង​ពួក​លេវី ព្រម​ទាំង​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក។ ១៥ ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ចំនួន​ប្រាំពីរ​ថ្ងៃ ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​កន្លែង​ដែល​ព្រះអង្គ​ជ្រើស​រើស។ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​អោយ​អ្នក​ទទួល​ភោគផល​ច្រើន ហើយ​ប្រទាន​ពរ​អ្នក​ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ អ្នក​នឹង​មាន​អំណរ​ឥត​ឧបមា។ ១៦ បី​ដង​ក្នុង​មួយ​ឆ្នាំ គឺ​នៅ​ពេល​បុណ្យ​នំបុ័ង​ឥត​មេ បុណ្យ​សប្ដាហ៍ និង​បុណ្យ​បារាំ ត្រូវ​អោយ​ប្រុសៗ​ទាំង​អស់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទៅ​ថ្វាយបង្គំ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​កន្លែង​ដែល​ព្រះអង្គ​ជ្រើស​រើស។ ប៉ុន្តែ មិន​ត្រូវ​ទៅ​ថ្វាយបង្គំ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​ដៃ​ទទេ​ឡើយ។ ១៧ ម្នាក់ៗ​ត្រូវ​យក​តង្វាយ​ទៅ​ជា​មួយ តាម​តែ​ខ្លួន​អាច​ធ្វើ​បាន ដោយ​គិត​តាម​ភោគផល​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ»។

 

ការ​តែងតាំង​មេ​ដឹក​នាំ

១៨ «ត្រូវ​តែងតាំង​អោយ​មាន​ចៅក្រម និង​អ្នក​ត្រួតត្រា នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ។ អ្នក​ទាំង​នោះ​នឹង​វិនិច្ឆ័យ​ប្រជាជន​នៅ​តាម​កុលសម្ព័ន្ធ​នានា ដោយ​យុត្តិធម៌។ ១៩ មិន​ត្រូវ​បំពាន​លើ​ ច្បាប់ ឬ​វិនិច្ឆ័យ​នរណា​ម្នាក់​ដោយ​រើស​មុខ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ទទួល​សំណូក​ដែរ ដ្បិត​សំណូក​រមែង​ធ្វើ​អោយ​អ្នក​ប្រាជ្ញ​ទៅ​ជា​ខ្វាក់ ហើយ​ធ្វើ​អោយ​មនុស្ស​សុចរិត​និយាយ​វៀច​វេរ​។ ២០ ត្រូវ​ស្វែង​រក​តែ​យុត្តិធម៌ ដើម្បី​អោយ​អ្នក​មាន​ជីវិត ហើយ​កាន់​កាប់​ស្រុក​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ»។

 

មិន​ត្រូវ​គោរព​ព្រះ​ក្លែងក្លាយ

២១ «កុំ​ដំ​ឡើង​បង្គោល​ឈើ​ នៃ​ព្រះអាសេរ៉ា​នៅ​ក្បែរ​អាសនៈ​ដែល​អ្នក​សង់​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​ឡើយ ២២ ហើយ​ក៏​មិន​ត្រូវ​ដំឡើង​ស្ដូប​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​គាប់​ព្រះហឫទ័យ​នោះ​ដែរ។

១ កុំ​យក​គោ ឬ​កូន​ចៀម ដែល​មាន​ស្លាកស្នាម ឬ​ពិការ ថ្វាយ​ជា​យញ្ញបូជា​ដល់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​ឡើយ ដ្បិត​ព្រះអង្គ​ស្អប់​ខ្ពើម​យញ្ញបូជា​បែប​នេះ។

២ ក្នុង​ចំណោម​អ្នក ប្រហែល​ជា​មាន​ប្រុស​ម្នាក់ ឬ​ស្រី​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប ដែល​មិន​គាប់​ព្រះហឫទ័យ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ក្នុង​ក្រុង​ដែល​ព្រះអង្គ​ប្រទាន​អោយ គឺ​អ្នក​នោះ​បំពាន​លើ​សម្ពន្ធមេត្រី​របស់​ព្រះអង្គ ៣ ទៅ​គោរព​បំរើ​ព្រះ​ដទៃ ហើយ​ក្រាប​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ ឬ​ក្រាប​ថ្វាយបង្គំ​ព្រះអាទិត្យ ព្រះ ច័ន្ទ និង​ហ្វូងតារា​ទាំង​ប៉ុន្មាន ផ្ទុយ​ពី​សេចក្ដី​ដែល​ខ្ញុំ​​បាន​បង្គាប់។ ៤ ពេល​ណា​អ្នក​ឮ​ដំណឹង​នេះ ត្រូវ​ស៊ើបសួរ​អោយ​បាន​ច្បាស់​លាស់​ថា តើ​ការណ៍​នេះ​ពិត ឬ​មិន​ពិត។ ប្រសិន​បើ​មាន​ភស្ដុតាង​បញ្ជាក់​ថា ហេតុការណ៍​ដ៏​គួរ​ស្អប់​ខ្ពើម​នេះ ពិត​ជា​កើត​មាន​នៅ​ស្រុក​អ៊ីស្រាអែល​មែន ៥ ត្រូវ​នាំ​ប្រុស ឬ​ស្រី ដែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ ទៅ​មាត់​ទ្វារ​ក្រុង ហើយ​យក​ដុំ​ថ្ម​គប់ រហូត​ទាល់​តែ​ស្លាប់។ ៦ ជន​ជាប់​ចោទ​នោះ​មាន​ទោស​ ដល់​ស្លាប់ ល្គឹកណា​តែ​មាន​មនុស្ស​ពីរ ឬ​បី​នាក់​ធ្វើ​ជា​សាក្សី។ ប្រសិន​បើ​មាន​សាក្សី​តែ​ម្នាក់ គេ​មិន​អាច​ប្រហារ​ជីវិត​ជន​ជាប់​ចោទ​នោះ​ឡើយ។ ៧ សាក្សី​ត្រូវ​យក​ដុំ​ថ្ម​ គប់​សម្លាប់​អ្នក​នោះ​មុន​គេ បន្ទាប់​មក ទើប​ប្រជាជន​គប់​តាម​ក្រោយ។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា»។

 

ការ​កាត់​ក្ដី

៨ «ចំពោះ​ឃាតកម្ម ការ​ប្ដឹង​ផ្ដល់​គ្នា និង​ការ​វាយ​គ្នា​អោយ​មាន​របួស ជា​ករណី​ដែល​ពិបាក​កាត់​ក្ដី នៅ​ក្នុង​ក្រុង​របស់​អ្នក ត្រូវ​នាំ​យក​រឿង​នេះ​ទៅ​កន្លែង​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស​រើស។ ៩ អ្នក​ត្រូវ​ទៅ​ជួប​ពួក​ បូជាចារ្យ​លេវី និង​ចៅក្រម​នៅ​ជំនាន់​នោះ ដើម្បី​សុំ​សួរ​យោបល់។ ពួក​គេ​នឹង​ប្រាប់​អ្នក​ថា ត្រូវ​វិនិច្ឆ័យ​រឿង​នេះ​បែប​ណា។ ១០ ចូរ​ធ្វើ​តាម​ការ​វិនិច្ឆ័យ​ដែល​លោក​ទាំង​នោះ​ប្រាប់​អ្នក នៅ​កន្លែង​ព្រះអម្ចាស់​ជ្រើស​រើស។ ចូរ​ធ្វើ​តាម​ពាក្យ​ដែល​ពួក​លោក​ណែនាំ​អោយ​បាន​ឥត​ខ្ចោះ។ ១១ ចូរ​ធ្វើ​អោយ​ត្រឹម​ត្រូវ​តាមច្បាប់ ដែល​លោក​ទាំង​នោះ​ណែនាំ និង​ការ​វិនិច្ឆ័យ​ដែល​ពួក​លោក​បាន​សំរេច គឺ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​ពួក​លោក​អារ​កាត់ ឥត​លំអៀង​ឡើយ​។ ១២ អ្នក​ណា​តាំង​ចិត្ត​មានះ មិន​ព្រម​ធ្វើ​តាម​ពាក្យ​របស់​បូជាចារ្យ* ដែល​បាន​ទទួល​តំណែង​បំរើ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ឬ​មិន​ស្ដាប់​ពាក្យ​របស់​ចៅក្រម​ទេ អ្នក​នោះ​ត្រូវ​តែ​ស្លាប់។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល។ ១៣ ប្រជាជន​ទាំង​អស់​ឮ​ដំណឹង​នេះ គេ​នឹង​ភ័យ​ខ្លាច ហើយ​គ្មាន​នរណា​ហ៊ាន​តាំង​ចិត្ត​មានះ​បែប​នេះ​ទៀត​ឡើយ»។

 

ច្បាប់​ស្ដី​អំពី​ព្រះមហាក្សត្រ

១៤ «ពេល​ណា​អ្នក​ចូល​ទៅ​ដល់​ស្រុក​ដែល​ព្រះអម្ចាស់​ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ ពេល​ណា​អ្នក​កាន់​កាប់​ស្រុក និង​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ​ហើយ ប្រហែល​ជា​អ្នក​នឹក​ចង់​បាន​ស្ដេច​មួយ​អង្គ​គ្រប់គ្រង​លើ​អ្នក ដូច​ប្រជាជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ​វិញ​​ដែរ។ ១៥ អ្នក​ត្រូវ​តែងតាំង​ស្ដេច ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស​រើស។ អ្នក​ត្រូវ​តែងតាំង​ស្ដេច​ដែល​ជា​ជន​រួម​ជាតិ​របស់​អ្នក គឺ​មិន​ត្រូវ​តែងតាំង​ជន​បរទេស ដែល​មិន​មែន​ជា​ជន​រួម​ជាតិ​របស់​អ្នក​ឡើយ។ ១៦ ស្ដេច​របស់​អ្នក​មិន​ ត្រូវ​មាន​សេះ​ច្រើន ហើយ​ក៏​មិន​ត្រូវ​អោយ​ប្រជាជន​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប ដើម្បី​រក​សេះ​អោយ​ច្រើន​ដែរ ដ្បិត​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​អ្នក​រាល់​គ្នា​ថា “មិន​ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​នោះ​វិញ​ឡើយ”។ ១៧ ​ស្ដេច​របស់​អ្នក​មិន​ ត្រូវ​មាន​មហេសី​ច្រើន​ឡើយ ក្រែង​លោ​ស្ដេច​បែក​ចិត្ត​ចេញ​ឆ្ងាយ​ពី​ព្រះជាម្ចាស់។ ស្ដេច​ក៏​មិន​ត្រូវ​មាន​មាស​ប្រាក់​ច្រើន​ពេក​ដែរ។ ១៨ ពេល​ណា​ស្ដេច​ឡើង​គ្រង​រាជ​សម្បត្តិ​ហើយ ត្រូវ​អោយ​ស្ដេច​យកគម្ពីរវិន័យ​នេះ​ពី​បូជាចារ្យ​លេវី ទៅ​ចម្លង​ទុក​ក្នុង​សៀវភៅ​មួយ។ ១៩ សៀវភៅ​នេះ​ត្រូវ​នៅ​ជាប់​ជា​មួយ​ស្ដេច​ជានិច្ច ហើយ​ស្ដេច​អាន​ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត ដើម្បី​រៀន​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្លួន ព្រម​ទាំង​កាន់ ហើយ​ប្រតិបត្តិ​តាមសេចក្ដី ក្រឹត្យវិន័យ ​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​គម្ពីរ​វិន័យ​នេះ។ ២០ ធ្វើ​ដូច្នេះ ស្ដេច​នឹង​គ្មាន​គំនិត​តម្កើង​ខ្លួន​ខ្ពស់​ជាង​ជន​រួម​ជាតិ​ឡើយ ហើយ​ក៏​មិន​បែក​ចិត្ត​ចេញ​ឆ្ងាយ​ពី​បទ​បញ្ជា​របស់​ព្រះជាម្ចាស់ ដោយ​ងាក​ទៅ​ឆ្វេង ឬ​ទៅ​ស្ដាំ​ដែរ ដើម្បី​អោយ​ស្ដេច និង​រាជវង្ស​របស់​ស្ដេច គ្រង​រាជ្យ​បាន​យូរ​ឆ្នាំ​លើ​ជន​ជាតិ​អ៊ីស្រាអែល»។

សិទ្ធិ​របស់​ពួក​បូជាចារ្យ និង​ពួក​លេវី

១ «ពួក​បូជាចារ្យ​លេវី និង​កុលសម្ព័ន្ធ​លេវី​ទាំង​មូល គ្មាន​ទឹក​ដី​ជា​ចំណែក​មត៌ក​នៅ​ស្រុក​អ៊ីស្រាអែល​ទេ គឺ​ពួក​គេ​មាន​តែ​អាហារ​ពី​យញ្ញបូជា និង​តង្វាយ​ផ្សេងៗ ដែល​ប្រជាជន​យក​មក​ថ្វាយ​ព្រះអម្ចាស់​ប៉ុណ្ណោះ។ ២ ពួក​គេ​នឹង​មិន​ទទួល​ចំណែក​មត៌ក​អ្វី​ក្នុង​ចំណោម​បង​ប្អូន​របស់​ខ្លួន​ឡើយ ដ្បិត​ព្រះអម្ចាស់​ផ្ទាល់ ជា​ចំណែក​មត៌ក​របស់​ពួក​គេ ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល​ស្រាប់។ ៣ ពេល​ប្រជាជន​យក​គោ និង​ចៀម​មក​ថ្វាយ​ជា​យញ្ញបូជា ពួក​គេ​ត្រូវ​យក​សាច់​ស្មា សាច់​ថ្គាម និង​ក្រពះ ជូន​បូជាចារ្យ។ ៤ ត្រូវ​យក​ផល​ដំបូង​នៃ​ស្រូវ​របស់​អ្នក ព្រម​ទាំង​ស្រា​ទំពាំងបាយជូរ​ថ្មី ប្រេង និង​រោម​ចៀម​ដែល​អ្នក​កាត់​មុន​គេ ជូន​បូជាចារ្យ ៥ ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស​រើស​បូជាចារ្យ និង​ពូជពង្ស​របស់​លោក ពី​ចំណោម​កុលសម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រាអែល អោយ​នៅ​បំរើ​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ។

 

៦ ប្រសិន​បើ ​ពួក​លេវី​ម្នាក់​ចាក​ចេញ​ពី​ក្រុង​ណា​មួយ​ក្នុង​ស្រុក​អ៊ីស្រាអែល ជា​កន្លែង​ដែល​ខ្លួន​រស់​នៅ ហើយ​មាន​បំណង​ទៅ​នៅ​កន្លែង​ដែល​ព្រះអម្ចាស់​ជ្រើស​រើស ៧ គាត់​អាច​បំពេញ​មុខងារ​បំរើ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដូច​ពួក​លេវី​ឯ​ទៀតៗ​ជា​បង​ប្អូន​របស់​ខ្លួន ដែល​ធ្វើ​ការ​នៅ​ទីសក្ការៈ​នោះ ៨ ហើយ​គាត់​ក៏​អាច​ទទួល​អាហារ​មួយ​ចំណែក​ស្មើ​នឹង​ពួក​លេវី​ឯ​ទៀតៗ ថែម​ពី​លើ​អ្វីៗ​ដែល​គាត់​លក់​បាន»។

 

ព្យាការី​ក្លែងក្លាយ និង​ព្យាការី​ពិត​ប្រាកដ

៩ «កាល​ណា​អ្នក​ចូល​ទៅ​ក្នុង​ស្រុក ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ មិន​ត្រូវ​រៀន​យក​តំរាប់​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ប្រជាជាតិ​ទាំង​នោះ​ឡើយ។ ១០ ក្នុង​ចំណោម​អ្នក​រាល់​ គ្នា មិន​ត្រូវ​អោយ​នរណា​ម្នាក់​យក​កូន​ប្រុស កូន​ស្រី​របស់​ខ្លួន​ទៅ​បូជា​ក្នុង​ភ្លើង​។ មិន​ត្រូវ​អោយ​មាន​នរណា​ម្នាក់ បញ្ជាន់​រូប ទស្សន៍ទាយ ប្រព្រឹត្ត​មន្តអាគម ឬ​អំពើ​អាបធ្មប់ ១១ ធ្វើ​អំពើ ហើយ​ក៏​មិន​ត្រូវ​អោយ​នរណា​ម្នាក់​ទៅ​រក​គ្រូ​អន្ទង​ខ្មោច ទៅ​រក​គ្រូ​ទាយ មើល​ជោគរាសី និង​ខាប​ព្រលឹង​ដែរ ១២ ដ្បិត​ព្រះអម្ចាស់​ ចាត់​ទុក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ជា​មនុស្ស​គួរ​ស្អប់​ខ្ពើម។ ព្រោះ​តែ​ប្រជាជាតិ​នានា​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ​ហើយ បាន​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក។ ១៣ អ្នក​ត្រូវ​ស្មោះ​ត្រង់​ចំពោះ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​ជានិច្ច។ ១៤ ប្រជាជាតិ​ទាំងឡាយ​ដែល​អ្នក​នឹង​ដេញ​ចេញ​ពី​ទឹក​ដី តែងតែ​ស្ដាប់​ពាក្យ​របស់​គ្រូ​ទស្សន៍ទាយ និង​គ្រូ​ធ្មប់។ ចំណែក​ឯ​អ្នក​វិញ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​អោយ​អ្នក​ប្រព្រឹត្ត​ដូច្នេះ​ឡើយ។

 

១៥ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ធ្វើ​អោយ​មាន​ព្យាការី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ក្នុង​ចំណោម​អ្នក ហើយ​លោក​ជា​បង​ប្អូន​របស់​អ្នក។ ចូរ​នាំ​គ្នា​ស្ដាប់​តាម​ព្យាការី​នោះ​ចុះ ១៦ ដ្បិត​នៅ​ថ្ងៃ​អ្នក​ជួបជុំ​គ្នា​នៅ​ហូរែប អ្នក​បាន​ទូល​សូម​ពី​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បែប​នេះ​ឯង គឺ​អ្នក​ពោល​ថា “សូម​កុំ​អោយ​យើង​ខ្ញុំ​ឮ​ព្រះសូរ​សៀង​របស់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​ត​ទៅ​ទៀត ហើយ​​ក៏​កុំ​អោយ​យើង​ខ្ញុំ​ឃើញ​ភ្លើង​ដ៏​សន្ធោសន្ធៅ​នេះ​ដែរ ក្រែង​លោ​យើង​ខ្ញុំ​ត្រូវ​ស្លាប់”។ ១៧ ពេល​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា “សេចក្ដី​ដែល​ពួក​គេ​និយាយ​ពិត​ជា​ត្រឹម​ត្រូវ​មែន។ ១៨ យើង​នឹង​ធ្វើ​អោយ​មាន​ ព្យាការី​ម្នាក់​ដូច​អ្នក ងើប​ឡើង​ពី​ក្នុង​ចំណោម​បង​ប្អូន​របស់​ខ្លួន យើង​នឹង​ដាក់​ព្រះបន្ទូល​របស់​យើង​ក្នុង​មាត់​របស់​ព្យាការី​នោះ លោក​នឹង​ថ្លែង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​។ ១៩ អ្នក​ណា​មិន​ស្ដាប់​ពាក្យ​ដែល​លោក​ថ្លែង ក្នុង​នាម​យើង​ទេ យើង​នឹង​ដាក់​ទោស​អ្នក​នោះ។ ២០ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ព្យាការី​ណា​ម្នាក់​ហ៊ាន​ថ្លែង​ពាក្យ​អ្វី​មួយ​ក្នុង​នាម​យើង ជា​ពាក្យ​ដែល​យើង​មិន​បាន​បង្គាប់​អោយ​ថ្លែង ឬ​ប្រសិន​បើ​គេ​ថ្លែង​ពាក្យ​ក្នុង​នាម​ព្រះ​ដទៃ​ទៀត ព្យាការី​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់”។ ២១ អ្នក​ប្រហែល​ជា​សួរ​ថា តើ​ធ្វើ​ដូច​ម្ដេច​អោយ​ដឹង​ថា ពាក្យ​ណា​មួយ​ដែល​មិន​មែន​មក​ពី​ព្រះអម្ចាស់។ ២២ ពេល​ព្យាការី​ណា​ម្នាក់​ថ្លែង​ពាក្យ​ក្នុង​នាម​របស់​ព្រះអម្ចាស់ តែ​មិន​ឃើញ​មាន​ហេតុការ​ណ៍​អ្វី​កើត​ឡើង ដូច​ពាក្យ​គេ​ប្រកាស​ទេ បាន​សេចក្ដី​ថា​ពាក្យ​នោះ​មិន​មែន​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទេ។ ព្យាការី​នោះ​ហ៊ាន​និយាយ​ដោយ​ចិត្ត​ឯង ដូច្នេះ កុំ​ខ្លាច​គេ​អោយ​សោះ»។

ច្បាប់​ស្ដី​អំពី​ក្រុង​ជំរក

១ «ពេល​ណា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បំផ្លាញ​ប្រជាជាតិ​នានា​ចេញ​ពី​ទឹក​ដី​ដែល​ព្រះអង្គ​ប្រទាន​អោយ​អ្នក ពេល​ណា​អ្នក​ដណ្ដើម​ទឹក​ដី​បាន​ពី​ពួក​គេ ហើយ​រស់​នៅ​ក្នុង​ក្រុង និង​ផ្ទះ​របស់​ពួក​គេ​ហើយ ២ អ្នក​ត្រូវ​ញែក​ក្រុង​បី នៅ​ក្នុង​ស្រុក​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ​អ្នក​កាន់​កាប់។ ៣ ត្រូវ​បែង​ចែក​ទឹក​ដី​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ​អ្នក​ទុក​ជា​កេរមត៌ក​នោះ ជា​បី​តំបន់ ហើយ​រៀបចំ​អោយ​មាន​ផ្លូវ​ក្នុង​តំបន់​ទាំង​នោះ ដើម្បី​អោយ​អ្នក​សម្លាប់​គេ​អាច​រត់​ទៅ​ជ្រក​កោន​នៅ​ក្នុង​ក្រុង​ទាំង​បី។

 

៤ អ្នក​ដែល​ អាច​រត់​ទៅ​ជ្រក​កោន​នៅ​ក្រុង​ទាំង​នោះ​បាន គឺ​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា និង​គ្មាន​គំនិត​ស្អប់​ជា​មុន។ ឧទាហរណ៍ បើ​មាន​បុរស​ម្នាក់​ទៅ​កាប់​ឈើ​ក្នុង​ព្រៃ​ជា​មួយ​បុរស​ម្នាក់​ទៀត ៥ ពេល​គាត់​លើក​ពូថៅ​កាប់​ ដើម​ឈើ ស្រាប់​តែ​ផ្លែ​ពូថៅ​របូត​ចេញ​ពី​ដង ទៅ​ប៉ះ​គូកន​របស់​ខ្លួន​បណ្ដាល​អោយ​ស្លាប់។ ពេល​នោះ គាត់​អាច​រត់​ទៅ​ជ្រក​នៅ​ក្នុង​ក្រុង​ជំរក​ណា​មួយ ដើម្បី​រក្សា​អាយុ​ជីវិត​របស់​ខ្លួន។ ៦ ធ្វើ​ដូច្នេះ ដោយ​ផ្លូវ​ឆ្ងាយ នោះ​អ្នក​ដែល​មាន​សិទ្ធិ​សងសឹក ហើយ​កំពុង​តែ​ខឹង​ជា​ខ្លាំង ពុំ​អាច​ដេញ​តាម​គាត់​ទាន់ និង​សម្លាប់​គាត់​ឡើយ ដ្បិត​បុរស​នេះ​មិន​ត្រូវ​មាន​ទោស​ដល់​ស្លាប់​ទេ ព្រោះ​គាត់​ពុំ​បាន​សម្លាប់​គេ​ដោយ​ចិត្ត​ស្អប់។ ៧ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក​អោយ​ញែក​ក្រុង​បី​ទុក​ដាច់​ឡែក​ពី​គេ។ ៨ ប្រសិន​បើ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ពង្រីក​ទឹក​ដី​អោយ​អ្នក ដូច​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​អ្នក ហើយ​ប្រសិន​បើ​ព្រះអង្គ​ប្រគល់​ស្រុក​ទាំង​មូល​មក​អ្នក ជា​ស្រុក​ដែល​ព្រះអង្គ​បាន​សន្យា​ប្រគល់​អោយ​បុព្វបុរស​របស់​អ្នក ៩ អ្នក​ត្រូវ​បន្ថែម​ក្រុង​ បី​ទៀត​ពី​លើ​ក្រុង​បី​នោះ។ ប៉ុន្តែ ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​នៅ​ថ្ងៃ​នេះ ដើម្បី​អោយ​អ្នក​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ។ ១០ ធ្វើ​ដូច្នេះ នឹង​គ្មាន​ការ​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់ នៅ​ក្នុង​ទឹក​ដី​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ​អ្នក ទុក​ជា​កេរមត៌ក​ឡើយ ហើយ​អ្នក​ក៏​នឹង​គ្មាន​ទោស​ដែរ។

 

១១ ប៉ុន្តែ ប្រសិន​បើ​នរណា​ម្នាក់​មាន​ចិត្ត​ស្អប់​អ្នក​ដទៃ ហើយ​ប្រើ​កល​ល្បិច ចាំ​ស្ទាក់​វាយ​ប្រហារ​គេ​រហូត​ដល់​ស្លាប់ ទោះ​បី​ជន​នោះ​រត់​ទៅ​ជ្រក​នៅ​ក្នុង​ក្រុង​ជំរក​ណា​មួយ​ក៏​ដោយ ១២ ពួក​ព្រឹទ្ធា​ចារ្យ*​ របស់​ក្រុង​ដែល​ជន​នោះ​រស់​នៅ ត្រូវ​ចាត់​គេ​អោយ​ទៅ​ចាប់​ជន​នោះ​មក​វិញ ហើយ​ប្រគល់​ទៅ​អោយ​អ្នក​ដែល​មាន​សិទ្ធិ​សងសឹក ដើម្បី​អោយ​ជន​នោះ​ទទួល​ទោស​ដល់​ស្លាប់។ ១៣ កុំ​អាណិត​មនុស្ស​បែប​ នេះ​ឡើយ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​ជន​ដែល​បង្ហូរ​ឈាម​មនុស្ស​ស្លូត​ត្រង់​អោយ​អស់​ពី​ទឹក​ ដី​អ៊ីស្រាអែល ហើយ​អ្នក​នឹង​មាន​សុភមង្គល»។

 

ច្បាប់​ស្ដី​អំពី​ការ​បង្ខិត​បង្គោល​របង

១៤ «ពេល​ណា​អ្នក​ចូល​ទៅ​កាន់​កាប់​ទឹក​ដី​ ដែល​ព្រះអម្ចាស់ ជា​​ព្រះ​របស់​អ្នក ប្រគល់​អោយ​ទុក​ជា​កេរមត៌ក​ហើយ មិន​ត្រូវ​បង្ខិត​បង្គោល​របង​ចូល​ទៅ​ក្នុង​ដី​របស់​អ្នក​ជិត​ខាង ជា​របង​ដាំ​ដោយ​អ្នក​ដែល​ទៅ​ដល់​មុន​គេ​នោះ​ឡើយ»។

 

សាក្សី​ក្លែងក្លាយ

១៥ «ប្រសិន​បើ​មាន​សាក្សី​ តែ​ម្នាក់ គេ​ពុំ​អាច​ដាក់​ទោស​នរណា​ដែល​ជាប់​សង្ស័យ​ថា ប្រព្រឹត្ត​បទឧក្រិដ្ឋ បទ​ល្មើស ឬ​អំពើ​បាប​ណា​មួយ​នោះ​ឡើយ។ កាល​ណា​មាន​សាក្សី​ពីរ ឬ​បី​នាក់ ទើប​សំណុំ​រឿង​នោះ​អាច​យក​ជា​ការ​បាន។

 

១៦ ពេល​សាក្សី​ក្លែងក្លាយ​ម្នាក់​ចោទ​ប្រកាន់​មនុស្ស​ម្នាក់​ទៀត​ថា បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​មួយ ១៧ អ្នក​ទាំង​ពីរ​ដែល​មាន​ទំនាស់​នឹង​គ្នា ត្រូវ​ចូល​ទៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះអម្ចាស់ ហើយ​ឈរ​នៅ​ចំពោះ​មុខ​បូជាចារ្យ* និង​ចៅក្រម​ដែល​កាន់​មុខ​តំណែង នៅ​ពេល​នោះ។ ១៨ ចៅក្រម​ត្រូវ​សាក​សួរ​អោយ​បាន​ល្អិតល្អន់។ ប្រសិន​បើ​ឃើញ​ថា​សាក្សី​នោះ​និយាយ​ការ​មិន​ពិត គឺ​គាត់​មួល​បង្កាច់​បង​ប្អូន​របស់​ខ្លួន ១៩ នោះ​ត្រូវ​ដាក់​ទោស​ គាត់​ដូច​គាត់​បាន​គ្រោង​ទុក សំរាប់​ដាក់​ទោស​ជន​ជាប់​ចោទ។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក។ ២០ អ្នក​ឯ​ទៀតៗ​ឮ​ដំណឹង​នេះ​គេ​នឹង​ភ័យ​ខ្លាច ហើយ​គ្មាន​នរណា​ប្រព្រឹត្ត​អំពើ​អាក្រក់​បែប​នេះ នៅ​ក្នុង​ចំណោម​អ្នក​ទៀត​ឡើយ។ ២១ កុំ​អាណិត​អាសូរ​អ្នក​ មាន​ទោស​អោយ​សោះ។ អ្នក​ណា​សម្លាប់​គេ ត្រូវ​សម្លាប់​អ្នក​នោះ​វិញ អ្នក​ណា​វាយ​ភ្នែក​គេ​ម្ខាង ត្រូវ​វាយ​ភ្នែក​អ្នក​នោះ​ម្ខាង​វិញ អ្នក​ណា​វាយ​គេ​អោយ​បាក់​ធ្មេញ​មួយ ត្រូវ​វាយ​អ្នក​នោះ​អោយ​បាក់​ធ្មេញ​មួយ អ្នក​ណា​វាយ​គេ​បាក់​ដៃ​ម្ខាង ត្រូវ​វាយ​អ្នក​នោះ​អោយ​បាក់​ដៃ​ម្ខាង​វិញ អ្នក​ណា​វាយ​គេ​បាក់​ជើង​ម្ខាង ត្រូវ​វាយ​អ្នក​នោះ​អោយ​បាក់​ជើង​ម្ខាង​វិញ​ដែរ»។

ច្បាប់​អំពី​ការ​ចូល​បំរើ​កងទ័ព

១ «ពេល​ណា​អ្នក​ចេញ​ទៅ​ធ្វើ ​សឹក​សង្គ្រាម ហើយ​អ្នក​ឃើញ​ថា សត្រូវ​មាន​ទ័ព​សេះ រទេះ​ចំបាំង និង​ពល​ទាហាន​ច្រើន​ជាង មិន​ត្រូវ​ខ្លាច​ពួក​គេ​ឡើយ ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ទ្រង់​គង់​នៅ​ជា​មួយ​អ្នក។ ២ មុន​ពេល​ចូល​ប្រយុទ្ធ បូជាចារ្យ*​ត្រូវ​ចេញ​ទៅ​ឈរ​នៅ​មុខ​ពល​ទាហាន ហើយ​និយាយ​ទៅ​កាន់​ពួក​គេ​ដូច​ត​ទៅ: ៣ “អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់! ថ្ងៃ​នេះ អ្នក​រាល់​គ្នា​ត្រូវ​ចូល​ទៅ​ប្រយុទ្ធ​នឹង​ខ្មាំង​សត្រូវ។ មិន​ត្រូវ​បាក់​ទឹក​ចិត្ត ភ័យ​ខ្លាច ញ័រ​រន្ធត់ និង​តក់ស្លុត​នៅ​ចំពោះ​មុខ​ពួក​គេ​ឡើយ ៤ ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យាង​ទៅ​ច្បាំង​ជា​មួយ​អ្នក​រាល់​គ្នា ដើម្បី​វាយ​ប្រហារ​ខ្មាំង​សត្រូវ​ជំនួស​អ្នក​រាល់​គ្នា ហើយ​ប្រទាន​អោយ​អ្នក​រាល់​គ្នា​មាន​ជ័យជំនះ”។

៥ បន្ទាប់​ មក ពួក​មេទ័ព​ត្រូវ​និយាយ​ទៅ​កាន់​ពល​ទាហាន​ថា: “ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​មាន​នរណា​ម្នាក់​ទើប​នឹង​សង់​ផ្ទះ​ថ្មី ហើយ​ពុំ​ទាន់​បាន​ឡើង​ផ្ទះ​នៅ​ឡើយ ចូរ​អោយ​អ្នក​នោះ​វិល​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​នៅ​សមរភូមិ រួច​មាន​ម្នាក់​ទៀត​ឡើង​ផ្ទះ​ជំនួស។ ៦ បើ​មាន​នរណា​ម្នាក់​ដាំ​ ទំពាំងបាយជូរ ហើយ​ពុំ​ទាន់​បាន​ទទួល​ផល​នៅ​ឡើយ ចូរ​អោយ​អ្នក​នោះ​វិល​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​នៅ​សមរភូមិ រួច​មាន​ម្នាក់​ទៀត​ទទួល​ផល​ជំនួស។ ៧ បើ​នរណា​ម្នាក់​មាន​ គូដណ្ដឹង តែ​មិន​ទាន់​បាន​រៀបការ​ជា​មួយ​នាង​នៅ​ឡើយ ចូរ​អោយ​អ្នក​នោះ​វិល​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​នៅ​សមរភូមិ រួច​មាន​ម្នាក់​ទៀត​រៀបការ​នឹង​នាង”។ ៨ នាយ​ទាហាន​ត្រូវ​និយាយ​ទៅ ​កាន់​ពល​ទ័ព​ទៀត​ថា: “បើ​នរណា​ភ័យ​ខ្លាច ឬ​គ្មាន​ទឹក​ចិត្ត​ក្លាហាន​ទេ ចូរ​អោយ​អ្នក​នោះ​វិល​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​លោ​គេ​នាំ​អោយ​បង​ប្អូន​ឯ​ទៀតៗ​បាក់​ទឹក​ចិត្ត​ដូច​ខ្លួន​ដែរ”។ ៩ ពេល​មេទ័ព​និយាយ​បែប​នេះ​ទៅ​កាន់​ពល​ទាហាន​ហើយ ពួក​គេ​ក៏​ចាត់​តាំង​អោយ​មាន​មេ​ក្រុម នាំ​មុខ​ពល​ទាហាន​ទាំង​នោះ»។

 

ច្បាប់​អំពី​ការ​ឡោមព័ទ្ធ​ក្រុង

១០ «ពេល​ណា​អ្នក​ចូល​ទៅ​ជិត​ក្រុង​មួយ ដើម្បី​វាយ​យក​ក្រុង​នោះ ត្រូវ​ស្នើ​អោយ​ពួក​គេ​ចុះ​ចូល​ជា​មុន​សិន។ ១១ ប្រសិន​បើ​អ្នក​ក្រុង​ នោះ​យល់​ព្រម​ទទួល​សំណើ ហើយ​បើក​ទ្វារ​ក្រុង​អោយ​អ្នក​ចូល ប្រជាជន​ទាំង​មូល​ក្នុង​ក្រុង​នោះ​ត្រូវ​តែ​ចំណុះ​អ្នក ហើយ​ធ្វើ​ការ​បំរើ​អ្នក។ ១២ ប្រសិន​បើ​អ្នក​ក្រុង​នោះ​មិន​ព្រម​ទទួល​សំណើ ហើយ​ចង់​ធ្វើ​សឹក​ជា​មួយ​អ្នក ត្រូវ​ឡោមព័ទ្ធ​ទីក្រុង ១៣ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក ហើយ​អ្នក​ត្រូវ​ប្រហារ​ប្រុសៗ​ទាំង​អស់​របស់​ពួក​គេ ដោយ​មុខ​ដាវ។ ១៤ ចំណែក​ឯ​ស្រីៗ ក្មេងៗ ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទីក្រុង អ្នក​អាច​រឹប​អូស​ជា​ជ័យភ័ណ្ឌ អ្នក​អាច​បរិភោគ​សាច់​របស់​សត្វ​រឹប​អូស​យក​ពី​ខ្មាំង​សត្រូវ ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក។ ១៥ អ្នក​ត្រូវ​ប្រព្រឹត្ត​ បែប​នេះ​ចំពោះ​ក្រុង​ទាំង​អស់​ដែល​នៅ​ឆ្ងាយៗ​ពី​អ្នក ជា​ក្រុង​ដែល​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុង​របស់​ប្រជាជាតិ​ទាំង​នេះ​ទេ។ ១៦ រីឯ​ក្រុង​របស់​ជាតិ​សាសន៍​ទាំងឡាយ​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក ជា​កេរមត៌ក អ្នក​មិន​ត្រូវ​ទុក​ជីវិត​អោយ​នរណា​ម្នាក់​សោះ​ឡើយ ១៧ គឺ​អ្នក​ត្រូវ​បំផ្លាញ​ ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​កាណាន ជន​ជាតិ​ពេរេស៊ីត ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​បង្គាប់​ទុក។ ១៨ ធ្វើ​ដូច្នេះ ពួក​គេ​នឹង​មិន​បង្រៀន​អ្នក​រាល់​គ្នា អោយ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ដែល​ពួក​គេ​ធ្លាប់​ប្រព្រឹត្ត​ចំពោះ​ព្រះ​របស់​ខ្លួន ជា​អំពើ​បាប​ទាស់​នឹង​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ១៩ ប្រសិន​បើ​អ្នក​ ឡោមព័ទ្ធ​ទីក្រុង​មួយ អស់​រយៈ​ពេល​យ៉ាង​យូរ ដើម្បី​វាយ​ដណ្ដើម​យក​ក្រុង​នោះ អ្នក​មិន​ត្រូវ​យក​ពូថៅ​កាប់​បំផ្លាញ​ដើម​ឈើ នៅ​ទី​នោះ​ឡើយ។ ត្រូវ​បរិភោគ​ផ្លែ​ឈើ​នោះ គឺ​កុំ​កាប់​វា​ចោល​អោយ​សោះ ដ្បិត​ដើម​ឈើ​នៅ​តាម​ចំការ​មិន​មែន​ជា​មនុស្ស​ទេ ដូច្នេះ កុំ​ធ្វើ​សឹក​នឹង​ដើម​ឈើ​ទាំង​នោះ។ ២០ ក៏​ប៉ុន្តែ ដើម​ឈើ​ណា​ដែល​អ្នក​ឃើញ​ថា​មិន​មែន​ជា​ដើម​ឈើ​ស៊ី​ផ្លែ អ្នក​អាច​កាប់​ដើម​ឈើ​នោះ​យក​ទៅ​ធ្វើ​ជា​ជញ្ជាំង ដើម្បី​វាយ​លុក​ក្រុង​ដែល​អ្នក​ធ្វើ​សឹក រហូត​ដល់​អ្នក​វាយ​យក​ក្រុង​នោះ​បាន»។

ករណី​ឃាតក​ដែល​គេ​ពុំ​ស្គាល់​មុខ

១ «នៅ​ក្នុង​ទឹក​ដី​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ​អ្នក​ទុក​ជា​កម្មសិទ្ធិ ប្រសិន​បើ​គេ​ប្រទះ​ឃើញ​សាកសព​នរណា​ម្នាក់​នៅ​តាម​ចំការ ហើយ​គេ​មិន​ដឹង​មុខ​ឃាតក​ទេ ២ ពួក​ព្រឹទ្ធាចារ្យ* និង​ពួក​ចៅក្រម ត្រូវ​វាស់​ចម្ងាយ​ពី​កន្លែង​សាកសព​នោះ ទៅ​ក្រុង​នានា​ដែល​នៅ​ជុំវិញ។ ៣ កាល​ដឹង​ថា ក្រុង​ណា​មួយ​នៅ​ជិត​សាកសព​ជាង​គេ ពួក​ព្រឹទ្ធាចារ្យ​របស់​ក្រុង​នោះ​ត្រូវ​យក​គោ​ញី​ស្ទាវ​មួយ​មក គឺ​គោ​ដែល​គេ​ពុំ​ធ្លាប់​ទឹម ឬ​ប្រើ​អោយ​ធ្វើ​ការ​នៅ​ឡើយ។ ៤ ពួក​ព្រឹទ្ធាចារ្យ​របស់​ ទីក្រុង​ត្រូវ​នាំ​គោ​ញី​ស្ទាវ​នោះ​ចុះ​ទៅ​កាន់​ជ្រោះ​មួយ ដែល​មាន​ទឹក​ហូរ​មិន​ចេះ​រីង ហើយ​ជា​កន្លែង​គ្មាន​នរណា​សាប​ព្រោះ ឬ​ដាំ​ដំណាំ​ទេ។ គេ​ត្រូវ​វាយ​បំបាក់​ក​គោ​ញី នៅ​ក្នុង​ជ្រោះ។ ៥ ពេល​នោះ ពួក​បូជាចារ្យ​ពី​កុលសម្ព័ន្ធ​លេវី​នាំ​គ្នា​ចូល​មក – ព្រះ​អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស​រើស​ពួក​បូជាចារ្យ​អោយ​នៅ​បំរើ​ព្រះអង្គ និង​អោយ​ពរ​ប្រជាជន ក្នុង​ព្រះនាម​ព្រះអង្គ។ ពេល​ប្រជាជន​មាន​ជម្លោះ ឬ​វាយ​តប់​គ្នា​រហូត​ដល់​របួស ក៏​ពួក​បូជាចារ្យ​មាន​មុខងារ​អារ​កាត់​រឿងរ៉ាវ​របស់​ពួក​គេ​ដែរ។ ៦ ព្រឹ​ទ្ធា​ចារ្យ​​របស់​ក្រុង​ដែល​នៅ​ជិត​សាកសព ត្រូវ​នាំ​គ្នា​លាង​ដៃ​ពី​លើ​គោ​ញី ដែល​គេ​វាយ​បំបាក់​ក​នៅ​ក្នុង​ជ្រោះ ៧ ទាំង​ប្រកាស​ថា “យើង​ខ្ញុំ​ពុំ​បាន​ធ្វើ​ឃាត​ជន​រង​គ្រោះ​នេះ​ទេ ហើយ​យើង​ខ្ញុំ​ក៏​ពុំ​បាន​ឃើញ​នរណា​ធ្វើ​ឃាត​គេ​ដែរ។ ៨ ព្រះអម្ចាស់​អើយ សូម​លើកលែង​ទោស​អ៊ីស្រាអែល ដែល​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ អោយ​រួច​ពី​បាប​ផង។ សូម​កុំ​អោយ​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​ដែល​ព្រះអង្គ​បាន​រំដោះ ត្រូវ​ទទួល​ទោស ព្រោះ​ឃាតកម្ម​ទៅ​លើ​ជន​ស្លូត​ត្រង់​នេះ​ឡើយ”។ ធ្វើ​ដូច្នេះ ពួក​គេ​នឹង​គ្មាន​ទោស ព្រោះ​តែ​ឃាតកម្ម​នេះ​ទេ។

 

៩ រីឯ​អ្នក​វិញ ត្រូវ​លុប​បំបាត់​ការ​សម្លាប់​ជន​ស្លូត​ត្រង់​អោយ​អស់​ពី​ចំណោម​អ្នក ហើយ​ប្រព្រឹត្ត​តែ​អំពើ​ត្រឹម​ត្រូវ​ដែល​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់»។

 

ច្បាប់​ស្ដី​អំពី​ស្ត្រី​ដែល​ជា​ឈ្លើយ​សឹក

១០ «ពេល​ណា​អ្នក​ចេញ​ទៅ​ច្បាំង​នឹង​ខ្មាំង​សត្រូវ ប្រសិន​បើ​ព្រះអម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ហើយ​អ្នក​ចាប់​ពួក​គេ​មក​ជា​ឈ្លើយ ១១ ក្នុង​ចំណោម​ស្ត្រីៗ​ ដែល​អ្នក​ចាប់​មក​ជា​ឈ្លើយ អ្នក​ប្រហែល​ជា​ឃើញ​ស្ត្រី​ម្នាក់​មាន​រូប​ឆោម​ស្អាត ហើយ​អ្នក​ចាប់​ចិត្ត​ស្រឡាញ់ ចង់​បាន​នាង​មក​ធ្វើ​ជា​ភរិយា ១២ ​ត្រូវ​យក​នាង​ចូល​មក​ក្នុង​ផ្ទះ​របស់​អ្នក ហើយ​អោយ​នាង​កោរ​សក់ និង​កាត់​ក្រចក​ដៃ ក្រចក​ជើង ១៣ នាង​ត្រូវ​ប្ដូរ​ សម្លៀកបំពាក់ ដែល​នាង​ស្លៀក នៅ​ពេល​គេ​ចាប់​នាង​មក​ជា​ឈ្លើយ​សឹក​ចេញ​ នាង​ត្រូវ​រស់​នៅ​ក្នុង​ផ្ទះ​របស់​អ្នក ហើយ​យំ​កាន់​ទុក្ខ​ឪពុកម្ដាយ​របស់​ខ្លួន អស់​រយៈ​ពេល​មួយ​ខែ។ បន្ទាប់​មក អ្នក​អាច​ចូល​ទៅ​ជិត​នាង រៀបការ​ជា​មួយ​នាង ហើយ​នាង​នឹង​ទៅ​ជា​ភរិយា​របស់​អ្នក។ ១៤ ក្រោយ​មក ប្រសិន​បើ​អ្នក​មិន​ពេញ​ចិត្ត​នឹង​នាង​ទៀត​ហើយ ចូរ​អោយ​នាង​ចេញ​ទៅ​ដោយ​សេរី​ចុះ អ្នក​មិន​អាច​លក់​នាង ឬ​ទុក​នាង​ជា​ខ្ញុំ​បំរើ​ទេ ព្រោះ​អ្នក​បាន​រួម​រស់​ជា​មួយ​នាង​រួច​ស្រេច​ទៅ​ហើយ»។

 

ច្បាប់​អំពី​សិទ្ធិ​ជា​កូន​ច្បង

១៥ «ប្រសិន​បើ​បុរស​ម្នាក់ ​មាន​ភរិយា​ពីរ គាត់​ស្រឡាញ់​ភរិយា​មួយ​ខ្លាំង​ជាង​ភរិយា​មួយ​ទៀត​ ហើយ​នាង​ទាំង​ពីរ​មាន​កូន​ប្រុស​ដូច​គ្នា តែ​កូន​ច្បង​ជា​កូន​របស់​នាង​ដែល​គាត់​មិន​សូវ​ស្រឡាញ់។ ១៦ នៅ​ពេល​ចែក​កេរមត៌ក​អោយ ​កូន គាត់​មិន​អាច​យក​ចំណែក​មត៌ក​ដែល​ត្រូវ​បាន​ទៅ​កូន​ច្បង អោយ​កូន​ប្រុស​របស់​ភរិយា ដែល​គាត់​ស្រឡាញ់​ជាង​នោះ​ឡើយ ចំណែក​នេះ​ត្រូវ​តែ​បាន​ទៅ​លើ​កូន​របស់​ភរិយា​ដែល​គាត់​មិន​សូវ​ស្រឡាញ់ ព្រោះ​គេ​ជា​កូន​ច្បង។ ១៧ គាត់​ត្រូវ​តែ​ទទួល​ ស្គាល់​ថា កូន​ច្បង គឺ​កូន​ប្រុស​របស់​ភរិយា​ដែល​គាត់​មិន​សូវ​ស្រឡាញ់ ហើយ​ប្រគល់​ចំណែក​មត៌ក​អោយ​កូន​នោះ​ពីរ​ដង​ច្រើន​ជាង​កូន​ឯ​ទៀតៗ ដ្បិត​កូន​នេះ​ជា​ផល​ដំបូង​នៃ​កម្លាំង​របស់​គាត់ ដូច្នេះ គេ​ទទួល​ឯកសិទ្ធិ​ជា​កូន​ច្បង»។

 

ច្បាប់​ស្ដី​អំពី​កូន​មិន​ស្ដាប់​បង្គាប់​ឪពុកម្ដាយ

១៨ «ប្រសិន​បើ​បុរស​ម្នាក់ ​មាន​កូន​រឹងរូស​បះបោរ មិន​ស្ដាប់​បង្គាប់​ឪពុកម្ដាយ ទោះ​បី​ឪពុកម្ដាយ​វាយ​ប្រដៅ ក៏​វា​នៅ​តែ​មិន​ស្ដាប់​បង្គាប់​ដដែល ១៩ ឪពុកម្ដាយ​ត្រូវ​ចាប់​វា​នាំ​ទៅ​ជួប​ពួក​ព្រឹទ្ធា​ចារ្យ*​របស់​ទីក្រុង នៅ​កន្លែង​ដែល​គេ​កាត់​ក្ដី។ ២០ ឪពុក​ម្ដាយ​​ពោល​ទៅ​កាន់​ ពួក​ព្រឹទ្ធាចារ្យ​របស់​ទីក្រុង​ថា “កូន​ប្រុស​របស់​យើង​ខ្ញុំ​នេះ​ជា​មនុស្ស​រឹងរូស ហើយ​បះបោរ​មិន​ស្ដាប់​បង្គាប់​យើង​ខ្ញុំ​ទេ។ វា​ជា​មនុស្ស​ខិលខូចជា​មនុស្ស​ប្រមឹក”។ ២១ ប្រជាជន​ទាំង​អស់​នៅ​ ក្នុង​ទីក្រុង​ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​កូន​នោះ។ ធ្វើ​ដូច្នេះ អ្នក​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក។ ជន​ជាតិ​អ៊ីស្រា​អែល​ទាំង​មូល​ដឹង​រឿង​នេះ ហើយ​គេ​នឹង​ភ័យ​ខ្លាច»។

 

ច្បាប់​ស្ដី​អំពី​អ្នក​ទោស​ដែល​គេ​ព្យួរ​ក

២២ «ប្រសិន​បើ​ជន​ណា​ម្នាក់​មាន​ទោស​ដល់​ស្លាប់ ហើយ​ត្រូវ​គេ​យក​ទៅ​ប្រហារ​ជីវិត ដោយ​ព្យួរ​ក ២៣ កុំ​ទុក​សាកសព​អ្នក​នោះ ​ជាប់​នៅ​លើ​ដើម​ឈើ​ដែល​គេ​ព្យួរ​ក រហូត​ដល់​យប់​ឡើយ គឺ​ត្រូវ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ថ្ងៃ​ដែល​គេ​សម្លាប់​នោះ ដ្បិត​អ្នក​ដែល​គេ​ប្រហារ​ជីវិត​ដោយ​ព្យួរ ក ទទួល​បណ្ដាសា​ពី​ព្រះជាម្ចាស់​។ ដូច្នេះ មិន​ត្រូវ​ធ្វើ​អោយ​ទឹក​ដី​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ​អ្នក​ទុក​ជា​កេរមត៌ក ក្លាយ​ទៅ​ជា​សៅហ្មង​ឡើយ»។

 

ជំពូកទី ២២

ច្បាប់​អំពី​សត្វ ឬ​របស់​របរ​ដែល​បាត់

១ «ប្រសិន​បើ​អ្នក​ឃើញ​គោ ឬ​ចៀម​របស់​បង​ប្អូន​អ្នក​វង្វេង កុំ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ តែ​ត្រូវ​នាំ​សត្វ​នោះ​ទៅ​អោយ​ម្ចាស់​វា​វិញ កុំ​បី​អាក់ខាន​ឡើយ។ ២ ប្រសិន​បើ​ម្ចាស់​សត្វ​នៅ ​ឆ្ងាយ ហើយ​អ្នក​មិន​ស្គាល់​គេ​ទេ ត្រូវ​នាំ​សត្វ​ទៅ​ទុក​នៅ​ផ្ទះ​អ្នក រហូត​ដល់​ម្ចាស់​វា​មក​សុំ​យក​ទៅ​វិញ ពេល​នោះ ត្រូវ​តែ​ប្រគល់​វា​ទៅ​អោយ​គេ​ចុះ។ ៣ ចំពោះ​សត្វ​លា សម្លៀក​បំពាក់ និង​អ្វីៗ​ទាំង​អស់​ដែល​បង​ប្អូន​អ្នក​បាត់ ក៏​ត្រូវ​ធ្វើ​បែប​នេះ​ដែរ ប្រសិន​បើ​អ្នក​រក​ឃើញ កុំ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ​ឡើយ។ ៤ ប្រសិន​បើ​អ្នក​ឃើញ​លា ឬ​គោ​របស់​បង​ប្អូន​អ្នក ធ្លាក់​ទៅ​ក្នុង​ស្នាម​ភ្លោះ កុំ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ​ឡើយ តែ​ត្រូវ​ជួយ​គេ​អូស​សត្វ​នោះ​អោយ​ឡើង​មក​វិញ»។

 

ច្បាប់​ផ្សេងៗ

៥ «ស្ត្រី​មិន​ត្រូវ​ស្លៀក​ពាក់​ដូច​បុរស​ឡើយ រីឯ​បុរស​ក៏​មិន​ត្រូវ​ស្លៀក​ពាក់​ដូច​ស្ត្រី​ដែរ ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​សព្វ​ព្រះហឫទ័យ​នឹង​មនុស្ស​ដែល​ធ្វើ​ដូច្នេះ​ទេ។

៦ ពេល​ធ្វើ​ ដំណើរ នៅ​តាម​ផ្លូវ ប្រសិន​បើ​អ្នក​ឃើញ​សំបុក​សត្វ​នៅ​លើ​ដើម​ឈើ ឬ​នៅ​ផ្ទាល់​ដី ហើយ​ឃើញ​កូន​សត្វ ឬ​ពង​សត្វ ដែល​មាន​មេ​វា​កំពុង​តែ​ក្រាប នោះ​មិន​ត្រូវ​យក​ទាំង​មេ ទាំង​កូន​ឡើយ។ ៧ ចូរ​ទុក​អោយ​មេ​វា​ហើរ​ទៅ ​ចុះ គឺ​យក​តែ​កូន​របស់​វា​ប៉ុណ្ណោះ​បាន​ហើយ។ ធ្វើ​ដូច្នេះ អ្នក​នឹង​មាន​សុភមង្គល ព្រម​ទាំង​មាន​អាយុ​យឺនយូរ។

៨ ប្រសិន​បើ ​អ្នក​សង់​ផ្ទះ​ថ្មី ត្រូវ​ធ្វើ​បង្កាន់​ដៃ​ព័ទ្ធ​ជុំវិញ​ដំបូល​ផ្ទះ​ ក្រែង​លោ​មាន​នរណា​ម្នាក់​ធ្លាក់​ពី​លើ​ដំបូល​បណ្ដាល​អោយ​អ្នក​មាន​ទោស ព្រោះ​តែ​ផ្ទះ​នោះ។

៩ មិន​ត្រូវ ​ព្រោះ​ពូជ​អ្វី​ផ្សេង ក្នុង​ចំការ​ទំពាំងបាយជូរ​របស់​អ្នក​ឡើយ ក្រែង​លោ​អ្នក​ត្រូវ​យក​ដំណាំ​ទាំង​អស់​ថ្វាយ​ព្រះជាម្ចាស់ គឺ​ទាំង​ពូជ​ផ្សេង​ដែល​អ្នក​ព្រោះ ទាំង​ផល​ទំពាំងបាយជូរ។

 

១០ កុំ​ទឹម​គោ និង​លា អោយ​អូស​នង្គ័ល​ជា​មួយ​គ្នា​ឡើយ។ ១១ កុំ​ស្លៀក​សម្លៀកបំពាក់​ត្បាញ​ដោយ​អំបោះ​រោម​ចៀម និង​អំបោះ​ធ្មៃ លាយ​គ្នា​ឡើយ។

១២ ចូរ​ដេរ​ខ្សែ​រំយោល​ភ្ជាប់​នឹង​ជាយ​ទាំង​បួន​របស់​ក្រណាត់ ដែល​អ្នក​រុំ​ខ្លួន»។

 

ច្បាប់​សីលធម៌

១៣ «ប្រសិន​បើ​បុរស​ណា​យក​ស្ត្រី​ម្នាក់​មក​ធ្វើ​ជា​ភរិយា ហើយ​រួម​រស់​ជា​មួយ​នាង តែ​ក្រោយ​មក គេ​បែរ​ជា​ឈប់​ស្រឡាញ់​នាង ១៤ រួច​ចាប់​តាំង​បរិហារ​ កេរ្តិ៍​នាង​ថា “ខ្ញុំ​បាន​យក​នាង​នេះ​មក​ធ្វើ​ជា​ភរិយា ខ្ញុំ​បាន​រួម​រស់​ជា​មួយ​នាង ហើយ​ខ្ញុំ​ឃើញ​ថា នាង​មិន​មែន​ជា​ស្ត្រី​ព្រហ្មចារី​ទេ”។ ១៥ ឪពុកម្ដាយ​របស់​នាង​ ត្រូវ​យក​ភស្ដុតាង​ពី​ភាព​ព្រហ្មចារី​របស់​នាង ទៅ​បង្ហាញ​ពួក​ព្រឹទ្ធាចារ្យ*​របស់​ទីក្រុង នៅ​ត្រង់​កន្លែង​កាត់​ក្ដី។ ១៦ ឪពុក​របស់​នាង​ត្រូវ​ ពោល​ទៅ​កាន់​ពួក​ព្រឹទ្ធាចារ្យ​ថា៖ «ខ្ញុំ​បាន​លើក​កូន​ស្រី​ទៅ​អោយ​បុរស​នោះ​ធ្វើ​ជា​ភរិយា តែ​គេ​លែង​ស្រឡាញ់​នាង ១៧ គេ​បាន​បរិហារ​កេរ្តិ៍​ របស់​នាង ដោយ​ពោល​ថា “ខ្ញុំ​ឃើញ​ថា​កូន​របស់​លោក​មិន​មែន​ជា​ស្ត្រី​ព្រហ្មចារី​ទេ”។ ក៏​ប៉ុន្តែ សូម​អស់​លោក​មើល​ចុះ នេះ​ជា​ភស្ដុតាង​ដែល​បញ្ជាក់​ថា កូន​ស្រី​របស់​ខ្ញុំ​ពិត​ជា​ស្ត្រី​ព្រហ្មចារី​មែន!»។ ឪពុកម្ដាយ​ត្រូវ​យក​សំពត់​របស់​នាង​បង្ហាញ​ពួក​ព្រឹទ្ធាចារ្យ​របស់​ទីក្រុង។ ១៨ ពួក​ព្រឹទ្ធាចារ្យ​ត្រូវ​ចាប់​បុរស​នោះ​មក​ផ្ដន្ទា​ទោស ១៩ ​ព្រោះ​គេ​បាន​បង្ខូច​ កេរ្តិ៍​ឈ្មោះ​ស្ត្រី​ព្រហ្មចារី​ម្នាក់​នៃ​ជន​ជាតិ​អ៊ី​ស្រា​អែល។ ពួក​ព្រឹទ្ធាចារ្យ​ត្រូវ​ពិន័យ​អ្នក​នោះ​អោយ​បង់​ប្រាក់​មួយ​រយ​ណែន ទៅ​ឪពុក​របស់​នាង។ រីឯ​នាង​វិញ នាង​នៅ​តែ​ជា​ភរិយា​របស់​អ្នក​នោះ​អស់​មួយ​ជីវិត គឺ​គេ​មិន​អាច​លែង​នាង​ឡើយ។

 

២០ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​រឿង​នោះ​ជា​ការ​ពិត​មែន គឺ​ប្រសិន​បើ​គេ​រក​បាន​ភស្ដុតាង​ថា នាង​មិន​នៅ​ព្រហ្មចារី​ទេ ២១ គេ​ត្រូវ​នាំ​ស្ត្រី​ នោះ​ទៅ​មាត់​ទ្វារ​ផ្ទះ​របស់​ឪពុក​នាង ហើយ​អ្នក​ស្រុក​ត្រូវ​នាំ​គ្នា​យក​ដុំ​ថ្ម​គប់​សម្លាប់​នាង ព្រោះ​នាង​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ថោក​ទាប​នៅ​ស្រុក​អ៊ីស្រាអែល ដោយ​បង្ខូច​ខ្លួន​នៅ​ពេល​រស់​ក្នុង​ផ្ទះ​របស់​ឪពុក។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក។

 

២២ ប្រសិន​ បើ​គេ​តាម​ទាន់​បុរស​ម្នាក់ ដែល​កំពុង​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​អ្នក​ដទៃ ជន​ទាំង​ពីរ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ គឺ​ទាំង​បុរស​ដែល​រួម​ដំណេក​ជា​មួយ​ស្ត្រី​នោះ ទាំង​ស្ត្រី​ផិត​ក្បត់។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល។

 

២៣ ពេល​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ម្នាក់​មាន​គូ​ដណ្ដឹង​ហើយ ប្រសិន​បើ​មាន​បុរស​ម្នាក់​ទៀត​ជួប​នាង​នៅ​ទីក្រុង រួច​រួម​ដំណេក​ជា​មួយ​នាង ២៤ អ្នក​រាល់​គ្នា​ត្រូវ​ នាំ​ជន​ទាំង​ពីរ​នេះ​ចេញ​ពី​ទីក្រុង ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ទៅ។ នាង​មាន​ទោស ព្រោះ​តែ​មិន​បាន​ស្រែក​ហៅ​អ្នក​ក្រុង​អោយ​ជួយ រីឯ​បុរស​នោះ​មាន​ទោស ព្រោះ​តែ​បាន​រំលោភ​លើ​គូ​ដណ្ដឹង​របស់​អ្នក​ដទៃ។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។ ២៥ ប៉ុន្តែ ប្រសិន​បើ​បុរស​នោះ​ជួប​ស្ត្រី​ក្រមុំ ដែល​មាន​គូ​ដណ្ដឹង​នៅ​វាល​ស្រែ​វិញ ហើយ​ចាប់​នាង​រំលោភ។ បុរស​ដែល​រំលោភ​នាង ត្រូវ​មាន​ទោស​ដល់​ស្លាប់។ ២៦ រីឯ​ស្ត្រី​ក្រមុំ​នោះ​ វិញ កុំ​ធ្វើ​ទោស​នាង​អោយ​សោះ ដ្បិត​នាង​គ្មាន​កំហុស​អ្វី​ដែល​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់​ឡើយ (អំពើ​ដែល​បុរស​នោះ​ប្រព្រឹត្ត​ចំពោះ​នាង ក៏​ដូច​ជា​ឃាតកម្ម​មួយ​ដែរ) ២៧ ទោះ​បី​ស្ត្រី​ក្រមុំ​ មាន​គូ​ដណ្ដឹង ដែល​ត្រូវ​បុរស​នោះ​ចាប់​រំលោភ​នៅ​វាល​ស្រែ ខំ​ប្រឹង​ស្រែក​យ៉ាង​ណា​ក្ដី ក៏​គ្មាន​នរណា​ជួយ​នាង​ដែរ។

 

២៨ ប្រសិន​បើ​បុរស​ម្នាក់​ជួប​នឹង​ស្ត្រី​ក្រមុំ​ព្រហ្មចារី ដែល​ពុំ​ទាន់​មាន​គូ​ដណ្ដឹង​នៅ​ឡើយ ហើយ​ចាប់​នាង​រំលោភ រួច​មាន​គេ​តាម​ទាន់។ ២៩ បុរស​ដែល​រំលោភ​នាង​នោះ ត្រូវ​ប្រគល់​ប្រាក់​ហាសិប​ណែន​ទៅ​អោយ​ឪពុក​របស់​នាង ព្រោះ​តែ​បាន​រួម​ដំណេក​ជា​មួយ​នាង។ គេ​ត្រូវ​យក​នាង​ទៅ​ធ្វើ​ជា​ភរិយា​របស់​ខ្លួន អស់​មួយ​ជីវិត គឺ​គេ​មិន​អាច​លែង​នាង​ឡើយ។

១(៣០) មិន​ត្រូវ​អោយ​នរណា​ម្នាក់ ​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន​ឡើយ ធ្វើ​ដូច្នេះ គេ​ប្រមាថ​ឪពុក​របស់​ខ្លួន»។

 

អ្នក​ដែល​គ្មាន​សិទ្ធិ​ចូល​រួម​ក្នុង​អង្គ​ប្រជុំ

២(១) «អ្នក​ដែល​បែក​ពង​លឹង្គ ឬ​ត្រូវ​គេ​កាត់​លឹង្គ មិន​អាច​ចូល​រួម​ក្នុង​ក្រុមជំនុំ​របស់​ព្រះអម្ចាស់​ឡើយ។

៣(២) កូន​ឥត​ខាន់ស្លា ​មិន​អាច​ចូល​រួម​ក្នុង​ក្រុមជំនុំ​របស់​ព្រះ​អម្ចាស់​ទេ ទោះ​បី​កូន​ចៅ​របស់​គេ​រហូត​ដល់​ដប់​តំណ ក៏​មិន​អាច​ចូល​រួម​ក្នុង​ក្រុមជំនុំ​របស់​ព្រះអម្ចាស់​បាន​ដែរ។

៤(៣) ជន​ជាតិ​អាំម៉ូន និង​ជន​ជាតិ​ម៉ូអាប់ មិន​អាច​ចូល​រួម​ក្នុង​ក្រុមជំនុំ​របស់​ព្រះអម្ចាស់​បាន​ទេ ទោះ​បី​កូន​ចៅ​របស់​គេ​រហូត​ដល់​ដប់​តំណ ក៏​មិន​អាច​ចូល​រួម​ក្នុង​ក្រុមជំនុំ​របស់​ព្រះអម្ចាស់​ដែរ។ ៥(៤) ត្រូវ​ធ្វើ​ដូច្នេះ​រហូត​ ត​ទៅ ដ្បិត​នៅ​ពេល​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​ពុំ​បាន​យក​អាហារ ឬ​ទឹក​មក​ទទួល​អ្នក​រាល់​គ្នា​នៅ​តាម​ផ្លូវ​ទេ តែ​ពួក​គេ​បែរ​ជា​សូក​លោក​បាឡាម ជា​កូន​របស់​លោក​បេអ៊រ អ្នក​ស្រុក​មេសូប៉ូតាមី អោយ​ដាក់​បណ្ដាសា​អ្នក​រាល់​គ្នា​ទៅ​វិញ។ ៦(៥) ប៉ុន្តែ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​ព្រម​ធ្វើ​តាម​ពាក្យ​របស់​លោក​បាឡាម​ទេ គឺ​ព្រះអង្គ​បាន​ប្ដូរ​បណ្ដាសា​អោយ​ប្រែ​ទៅ​ជា​ព្រះពរ​ដល់​អ្នក​វិញ ដ្បិត​ព្រះ​អង្គ​​ស្រឡាញ់​អ្នក។ ៧(៦) ដូច្នេះ ដរាប​ណា​អ្នក​នៅ​មាន​ជីវិត មិន​បាច់​គិតគូរ​ដល់​សេចក្ដី​សុខ ឬ​សុភមង្គល​របស់​ជាតិ​សាសន៍​ទាំង​ពីរ​នេះ​ទេ។

 

៨(៧) កុំ​ស្អប់ ​ខ្ពើម​ជន​ជាតិ​អេដុម​ឡើយ ដ្បិត​ពួក​គេ​ជា​បង​ប្អូន​បង្កើត​របស់​អ្នក ហើយ​ក៏​កុំ​ស្អប់​ខ្ពើម​ជន​ជាតិ​អេស៊ីប​ដែរ ដ្បិត​អ្នក​ធ្លាប់​រស់​នៅ​ក្នុង​ស្រុក​របស់​គេ។ ៩(៨) កូន​ចៅ​របស់​ពួក​គេ​នៅ​ជំនាន់​ទី​បី អាច​ចូល​រួម​ក្នុង​ក្រុមជំនុំ​របស់​ព្រះអម្ចាស់​បាន»។

 

ច្បាប់​ស្ដី​អំពី​ភាព​បរិសុទ្ធ​នៅ​ក្នុង​ទី​បោះ​ទ័ព

១០(៩) «ពេល​ណា​អ្នក​ចេញ​ទៅ​បោះ​ទ័ព ធ្វើ​សឹក​នឹង​ខ្មាំង​សត្រូវ ចូរ​ចៀស​វាង​អ្វីៗ​ទាំង​អស់​ដែល​នាំ​អោយ​សៅហ្មង។ ១១(១០) ប្រសិន​បើ​ទាហាន​ណា​ ម្នាក់​កើត​ហេតុ​ភេទ​អ្វី​នៅ​ពេល​យប់ ដែល​បណ្ដាល​អោយ​ខ្លួន​ទៅ​ជា​សៅហ្មង គេ​ត្រូវ​តែ​ចាក​ចេញ​ពី​ជំរំ មិន​អាច​ចូល​ទៅ​វិញ​ឡើយ។ ១២(១១) នៅ​ពេល​ល្ងាច គេ​ត្រូវ​ធ្វើ​ពិធី​ជំរះ​កាយ លុះ​ដល់​ថ្ងៃ​លិច គេ​អាច​ចូល​ក្នុង​ជំរំ​វិញ​បាន។ ១៣(១២) ត្រូវ​រៀបចំ​អោយ​មាន​កន្លែង​មួយ​នៅ​ខាង​ក្រៅ​ជំរំ ជា​កន្លែង​សំរាប់​អោយ​អ្នក​ចេញ​ទៅ​ដោះ​ទុក្ខ​សត្វ។ ១៤(១៣) ត្រូវ​យក​ចប​មួយ​ជាប់​នឹង​ខ្លួន ប្រើ​សំរាប់​ជីក​ដី នៅ​ពេល​ណា​អ្នក​ចេញ​ទៅ​ដោះ​ទុក្ខ​សត្វ រួច​ហើយ​លុប​ដី​នោះ​មក​វិញ។ ១៥(១៤) ព្រះ​អម្ចាស់ ជា​ព្រះ​របស់​អ្នក យាង​ទៅ​ជា​មួយ​កងទ័ព​របស់​អ្នក ដើម្បី​ការពារ​អ្នក ហើយ​ប្រគល់​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក។ ហេតុ​នេះ កងទ័ព​របស់​អ្នក​ត្រូវ​តែ​វិសុទ្ធ* ដើម្បី​កុំ​អោយ​ព្រះ​អម្ចាស់​​​​ទត​ឃើញ​ការ​អ្វី​មួយ​មិន​គប្បី ហើយ​ចាក​ចេញ​ពី​អ្នក»។

 

ច្បាប់​ស្ដី​អំពី​ទាសករ

១៦(១៥) «ប្រសិន​បើ​មាន​ទាសករ​ ម្នាក់​រត់​ចេញ​ពី​ម្ចាស់​របស់​ខ្លួន មក​ជ្រក​កោន​ជា​មួយ​អ្នក កុំ​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ម្ចាស់​វិញ​ឡើយ។ ១៧(១៦) គេ​ត្រូវ​ស្នាក់​នៅ​ជា​ មួយ​អ្នក ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក ត្រង់​កន្លែង​ដែល​គេ​ជ្រើស​រើស គឺ​ក្នុង​ក្រុង​ណា​មួយ​របស់​អ្នក ដែល​គេ​ពេញ​ចិត្ត​ស្នាក់​នៅ។ មិន​ត្រូវ​ជិះជាន់​គេ​ឡើយ»។

 

ច្បាប់​ស្ដី​អំពី​អំពើ​ពេស្យាចារ

១៨(១៧) «មិន​ត្រូវ​អោយ​មាន​ស្រី​ពេស្យា ឬ​ប្រុស​ពេស្យា​ ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រាអែល​ឡើយ។ ១៩(១៨) កុំ​នាំ​យក​ជំនូន​របស់​​​ស្ត្រី​ពេស្យា ឬ​ប្រាក់​កំរៃ​របស់​ជន​អបាយមុខ ចូល​មក​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់​ឡើយ ទោះ​បី​គេ​យក​មក​ថ្វាយ ដើម្បី​លា​បំណន់​អ្វី​មួយ​ក៏​ដោយ ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​សព្វ​ព្រះហឫទ័យ​នឹង​តង្វាយ​របស់​ជន​ទាំង​ពីរ​ប្រភេទ​នេះ​ទេ»។

 

ច្បាប់​អំពី​ការ​ខ្ចី​ប្រាក់

២០(១៩) «ប្រសិន​បើ​បង​ប្អូន​រួម​ជាតិ​របស់​អ្នក​ខ្ចី​ប្រាក់ ស្បៀង​អាហារ ឬ​របស់​អ្វី​ផ្សេង​ទៀត កុំ​ទាមទារ​អោយ​គេ​បង់​ការ​ប្រាក់​ឡើយ។ ២១(២០) អ្នក​អាច​ទារ​ការ​ប្រាក់​ពី​ជន​បរទេស​បាន តែ​កុំ​ទារ​ពី​បង​ប្អូន​រួម​ជាតិ​របស់​អ្នក​អោយ​សោះ។ ធ្វើ​ដូច្នេះ ព្រះ​អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ​នៅ​ក្នុង​ស្រុក​ដែល​អ្នក​ចូល​ទៅ​កាន់​កាប់»។

 

ច្បាប់​អំពី​ការ​លា​បំណន់

២២(២១) «ប្រសិន​បើ​អ្នក​បន់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​អំពី​រឿង​អ្វី​មួយ ចូរ​ប្រញាប់​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បន់​នោះ បើ​មិន​ដូច្នោះ​ទេ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​នឹង​ទារ​បំណន់​អ្នក ហើយ​អ្នក​នឹង​មាន​បាប។ ២៣(២២) ប្រសិន​បើ​អ្នក​មិន​បាន​បន់​ទេ នោះ​អ្នក​នឹង​គ្មាន​បាប​អ្វី​ទេ។ ២៤(២៣) ប៉ុន្តែ បើ​អ្នក​បន់​អ្វី​មួយ ចូរ​ធ្វើ​តាម​បំណន់​ដែល​អ្នក​បាន​បន់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​ស្ម័គ្រ​ចិត្ត​នោះ​ទៅ»។

 

ច្បាប់​អំពី​ការ​បេះ​ផ្លែ​ឈើ

២៥(២៤) «ប្រសិន​បើ​អ្នក​ដើរ​ កាត់​ចំការ​ទំពាំងបាយជូរ​របស់​អ្នក​ដទៃ អ្នក​អាច​បេះ​ផ្លែ​បរិភោគ​តាម​ចិត្ត រហូត​ដល់​ឆ្អែត តែ​អ្នក​មិន​អាច​បេះ​ដាក់​ថង់​យក​ទៅ​ជា​មួយ​ឡើយ។ ២៦(២៥) ពេល​ណា​អ្នក​ដើរ​កាត់​ស្រែ​របស់​អ្នក​ដទៃ អ្នក​អាច​យក​ដៃ​បូត​កួរ​ស្រូវ​បាន​ តែ​អ្នក​មិន​អាច​យក​កណ្ដៀវ​មក​ច្រូត​ស្រូវ​របស់​គេ​ឡើយ»។

 

ជំពូកទី ២៤

ច្បាប់​អំពី​ការ​លែងលះ​គ្នា

១ «ពេល​ណា​បុរស​ម្នាក់​ រៀបការ​ជា​មួយ​ស្ត្រី​ម្នាក់ ហើយ​ក្រោយ​មក គេ​ឈប់​ស្រឡាញ់​នាង ព្រោះ​គេ​មិន​ពេញ​ចិត្ត​នឹង​នាង​ត្រង់​កន្លែង​ណា​មួយ គេ​ត្រូវ​ធ្វើ​លិខិត​លែងលះ ហើយ​ប្រគល់​លិខិត​នោះ​អោយ​នាង រួច​លែង​អោយ​នាង​ទៅ​ចុះ។ ២ ក្រោយ​ចាក​ចេញ​ពី​ប្ដី​ដើម​ទៅ នាង​រៀបការ​ជា​មួយ​បុរស​ម្នាក់​ទៀត។ ៣ ឧបមា​ថា​ប្ដី​ទី​ពីរ​នេះ​ ឈប់​ស្រឡាញ់​នាង គេ​ធ្វើ​លិខិត​លែងលះ​ប្រគល់​អោយ​នាង ហើយ​អោយ​នាង​ចាក​ចេញ​ពី​ផ្ទះ ឬ​មួយ​ក៏​ប្ដី​ទី​ពីរ​នេះ​ស្លាប់ ៤ ប្ដី​ដើម​ដែល​បាន​លែង​នាង មិន​អាច​យក​នាង​ទៅ​ធ្វើ​ជា​ប្រពន្ធ​វិញ​ឡើយ។ គេ​ត្រូវ​ចាត់​ទុក​នាង​ថា​ជា​ស្រី​សៅហ្មង។ បើ​ប្ដី​ដើម​យក​នាង​វិញ​នោះ គឺ​ជា​អំពើ​មួយ​ដែល​ព្រះអម្ចាស់​ស្អប់​ខ្ពើម។ មិន​ត្រូវ​ធ្វើ​អោយ​អំពើ​បាប​បែប​នេះ កើត​មាន​នៅ​ក្នុង​ស្រុក​ដែល​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ​អ្នក​ទុក​ជា​កេរមត៌ក​ឡើយ»។

 

ច្បាប់​ផ្សេងៗ

៥ «មិន​ត្រូវ​អោយ​បុរស​ ម្នាក់​ដែល​ទើប​នឹង​រៀបការ ទៅ​ធ្វើ​ទាហាន​ឡើយ ហើយ​ក៏​មិន​ត្រូវ​កែន​គេ​អោយ​ទៅ​ធ្វើ​ការ​អ្វី​ដែរ។ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ គេ​ត្រូវ​តែ​នៅ​ផ្ទះ ហើយ​ធ្វើ​អោយ​ភរិយា​បាន​សប្បាយ។

 

៦ មិន​ត្រូវ ​ទទួល​យក​ត្បាល់​កិន​ជា​របស់​បញ្ចាំ​ឡើយ គឺ​សូម្បី​តែ​ថ្ម​ផ្នែក​ខាង​លើ​របស់​ត្បាល់​កិន ក៏​មិន​ត្រូវ​ទទួល​យក​ដែរ ព្រោះ​ធ្វើ​ដូច្នេះ ដូច​ជា​បង្អត់​អាហារ​ម្ចាស់​ត្បាល់។

៧ ប្រសិន​បើ ​ជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​ចាប់​ជន​រួម​ជាតិ​របស់​ខ្លួន​យក​ទៅ​ធ្វើ​ជា​ ទាសករ ឬ​យក​ទៅ​លក់ អ្នក​នោះ​ត្រូវ​តែ​ទទួល​ទោស​ដល់​ស្លាប់។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។

 

៨ ចូរ​ ប្រយ័ត្ន​អំពី​ករណី​រោគ​ឃ្លង់។ ចូរ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ពួក​បូជាចារ្យ​លេវី​បង្រៀន​អ្នក​រាល់​គ្នា។ ត្រូវ​កាន់ និង​ប្រតិបត្តិ តាម​ពាក្យ​ដែល​ខ្ញុំ​បង្គាប់​ដល់​បូជាចារ្យ​ទាំង​នោះ។ ៩ ចូរ​នឹក​ចាំ​ពី​ហេតុការណ៍​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ធ្វើ​ចំពោះ​បង​ស្រី​មៀរីយ៉ាម នៅ​តាម​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

១០ ប្រសិន​បើ​អ្នក​អោយ​អ្វី​មួយ​ទៅ​បង​ប្អូន​របស់​អ្នក​ខ្ចី មិន​ត្រូវ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គាត់ ដើម្បី​យក​វត្ថុ​បញ្ចាំ​ឡើយ។ ១១ អ្នក​ត្រូវ​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ ចាំ​បង​ប្អូន​នោះ​យក​វត្ថុ​បញ្ចាំ​ចេញ​មក​អោយ។ ១២ ប្រសិន​បើ​កូន​បំណុល​នោះ​ជា​ជន​ក្រីក្រ អ្នក​មិន​ត្រូវ​ចូល​ដំណេក ដោយ​ទុក​វត្ថុ​បញ្ចាំ​ជាប់​នឹង​ខ្លួន​ឡើយ ១៣ តែ​ត្រូវ​ប្រគល់​អាវ​ធំ ​ដែល​គេ​យក​មក​បញ្ចាំ​នោះ​ទៅ​អោយ​គេ​វិញ មុន​ពេល​ថ្ងៃ​លិច ដើម្បី​អោយ​គេ​មាន​អាវ​ដណ្ដប់​នៅ​ពេល​យប់ ព្រម​ទាំង​អោយ​ពរ​អ្នក​ទៀត​ផង។ ការ​ប្រព្រឹត្ត​ដូច្នេះ​ជា​អំពើ​មួយ​ដ៏​សុចរិត ដែល​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។

 

១៤ មិន​ ត្រូវ​ជិះជាន់​កម្មករ​ក្រីក្រ ហើយ​កំសត់​ទុគ៌ត​ឡើយ ទោះ​បី​អ្នក​នោះ​ជា​ជន​រួម​ជាតិ​របស់​អ្នក ឬ​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​របស់​អ្នក​ក្ដី។ ១៥ ត្រូវ​បើក​ប្រាក់​ ប្រចាំ​ថ្ងៃ​អោយ​គេ​មុន​ពេល​ថ្ងៃ​លិច ដ្បិត​គ្នា​ជា​ជន​ក្រីក្រ ហើយ​ត្រូវ​ការ​ប្រាក់​ឈ្នួល​របស់​ខ្លួន​ជា​ចាំបាច់។ ប្រសិន​បើ​គេ​មិន​បាន​ទទួល​ប្រាក់​ទេ ពេល​គេ​ទូលអង្វរ​ព្រះអម្ចាស់​ប្រឆាំង​នឹង​អ្នក នោះ​អ្នក​មុខ​ជា​ធ្វើ​អោយ​ខ្លួន​ឯង​មាន​បាប​មិន​ខាន។

 

១៦ មិន​ត្រូវ​ប្រហារ​ជីវិត​ឪពុក ព្រោះ​តែ​ទោស​របស់​កូន ហើយ​ក៏​មិន​ត្រូវ​ប្រហារ​ជីវិត​កូន ព្រោះ​តែ​ទោស​របស់​ឪពុក​ដែរ គឺ​ត្រូវ​ប្រហារ​ជីវិត​មនុស្ស​ម្នាក់ៗ តាម​អំពើ​បាប​ដែល​ខ្លួន​ប្រព្រឹត្ត។

 

១៧ មិន​ត្រូវ​រំលោភ​លើ​សិទ្ធិ​របស់​ជន​បរទេស ឬ​ក្មេង​កំព្រា​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​សម្លៀកបំពាក់​របស់​ស្ត្រី​មេម៉ាយ​ទុក​ជា​វត្ថុ​បញ្ចាំ​ដែរ។

១៨ ត្រូវ​នឹក​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប ហើយ​​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​រំដោះ​អ្នក។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រគល់​បទ​បញ្ជា​ទាំង​នេះ អោយ​អ្នក​ប្រព្រឹត្ត​តាម។

 

១៩ ពេល​ណា​ អ្នក​ច្រូត​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​អ្នក ហើយ​អ្នក​ភ្លេច​ស្រូវ​មួយ​កណ្ដាប់​នៅ​ក្នុង​ស្រែ នោះ​កុំ​វិល​ត្រឡប់​ទៅ​យក​វិញ​ឡើយ គឺ​ត្រូវ​ទុក​ស្រូវ​នោះ​អោយ​ជន​បរទេស ក្មេង​កំព្រា ឬ​ស្ត្រី​មេម៉ាយ​រើស ដើម្បី​អោយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។ ២០ ពេល​ណា​អ្នក​បេះ​ផ្លែ​ អូលីវ​រួច​រាល់​ហើយ មិន​ត្រូវ​វិល​មក​បេះ​ផ្លែ​ដែល​នៅ​សល់​ឡើយ គឺ​ត្រូវ​ទុក​ផ្លែ​ទាំង​នោះ​អោយ​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ។ ២១ ពេល​ណា​អ្នក​បេះ​ផ្លែ​ ទំពាំងបាយជូរ​រួច​រាល់​ហើយ មិន​ត្រូវ​វិល​មក​បេះ​ផ្លែ​ដែល​នៅ​សល់​ឡើយ គឺ​ត្រូវ​ទុក​ផ្លែ​ទាំង​នោះ​អោយ​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ។ ២២ ត្រូវ​នឹក​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រគល់​បទ​បញ្ជា​ទាំង​នេះ​អោយ​អ្នក​ប្រព្រឹត្ត​តាម។

១ ពេល​ណា​មនុស្ស​ពីរ​នាក់​ មាន​រឿង​ជា​មួយ​គ្នា ហើយ​ឡើង​ទៅ​អោយ​តុលាការ​កាត់​ក្ដី ម្នាក់​ជា​អ្នក​ស្លូត​ត្រង់​ឈ្នះ​ក្ដី ម្នាក់​ទៀត​មាន​ទោស។ ២ ប្រសិន​បើ​អ្នក​មាន​ទោស​ នោះ​ត្រូវ​ទទួល​រំពាត់ ចៅក្រម​ត្រូវ​អោយ​គាត់​ដេក​លើ​ដី​នៅ​ចំពោះ​មុខ​លោក។ គេ​ត្រូវ​វាយ​អ្នក​នោះ​អោយ​សម​នឹង​កំហុស ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ៣ ប៉ុន្តែ មិន​ត្រូវ​វាយ​គាត់​លើស​ពី​សែសិប​រំពាត់​ឡើយ​ បើ​វាយ​លើស​ពី​នោះ ក្រែង​លោ​បង​ប្អូន​រួម​ជាតិ​របស់​អ្នក​ត្រូវ​បាត់​បង់​កិត្តិយស នៅ​ចំពោះ​មុខ​អ្នក។

៤ កុំ​ឃ្លុំ​មាត់​គោ​នៅ​ពេល​បញ្ជាន់​ស្រូវ​ឡើយ»។

 

ស្ត្រី​មេម៉ាយ​ដែល​គ្មាន​កូន

៥ «ពេល​បង​ប្អូន​ប្រុសៗ​រស់ ​នៅ​ជា​មួយ​គ្នា ប្រសិន​បើ​ម្នាក់​ស្លាប់​ទៅ​ដោយ​គ្មាន​កូន​ប្រុស​ទេ ប្រពន្ធ​របស់​អ្នក​ស្លាប់​នោះ​ពុំ​អាច​រៀបការ​ជា​មួយ​អ្នក​ដទៃ​ឡើយ។ ប្អូន​ថ្លៃ​របស់​នាង​ត្រូវ​យក​នាង​មក​ធ្វើ​ជា​ភរិយា ហើយ​ប្រព្រឹត្ត​ចំពោះ​នាង​តាម​ភារកិច្ច​របស់​ខ្លួន​ជា​ប្អូន​ថ្លៃ។ ៦ កូន​ប្រុស​ដំបូង​ដែល​នាង​ បង្កើត​មក ត្រូវ​មាន​ឈ្មោះ​ជា​កូន​របស់​ប្ដី​ដែល​ស្លាប់​ទៅ​ហើយ​នោះ ដើម្បី​កុំ​អោយ​គេ​បាត់​ឈ្មោះ​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល។

 

៧ ប្រសិន​បើ ​ប្អូន​ប្រុស​នោះ​មិន​សុខ​ចិត្ត​រៀបការ​ជា​មួយ​បង​ថ្លៃ​របស់​ខ្លួន​ទេ នាង​ត្រូវ​ទៅ​ជួប​ពួក​ព្រឹទ្ធាចារ្យ​នៅ​មាត់​ទ្វារ​ក្រុង ជំរាប​ថា “ប្អូន​ថ្លៃ​របស់​នាង​ខ្ញុំ​មិន​ព្រម​រក្សា​ឈ្មោះ​បង​ប្រុស​របស់​ខ្លួន អោយ​​គង់វង្ស នៅ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​ទេ គឺ​គាត់​មិន​ចង់​រៀបការ​ជា​មួយ​នាង​ខ្ញុំ តាម​ភារកិច្ច​របស់​គាត់​ជា​ប្អូន​ថ្លៃ​ឡើយ​”។ ៨ ពួក​ព្រឹទ្ធាចារ្យ​របស់​ទីក្រុង​ត្រូវ​ហៅ​អ្នក​នោះ​មក​សួរ។ ប្រ​សិន​​បើ​គាត់​នៅ​តែ​បដិសេធ​មិន​ព្រម​រៀបការ​ជា​មួយ​នាង​ទេ​នោះ ៩ បង​ថ្លៃ​ត្រូវ​ចូល​ទៅ​ជិត​គាត់ នៅ​ចំពោះ​មុខ​ពួក​ព្រឹទ្ធាចារ្យ នាង​ត្រូវ​ហូត​ស្បែក​ជើង​ចេញ​ពី​ជើង​របស់​គាត់ ព្រម​ទាំង​ស្ដោះ​ទឹក​មាត់​ដាក់​មុខ​គាត់ រួច​ប្រកាស​ថា “មនុស្ស​ដែល​ពុំ​ព្រម​បន្ត​ពូជ​អោយ​បង​ប្រុស​របស់​ខ្លួន ត្រូវ​តែ​បាក់​មុខ​ដូច្នេះ​ឯង!”។ ១០ ក្នុង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល គេ​នឹង​ដាក់​ឈ្មោះ​ក្រុម​គ្រួសារ​អ្នក​នោះ​ថា “ពូជ​អត់​ស្បែក​ជើង”»។

 

ការ​ហាម​ឃាត់​នៅ​ពេល​ឈ្លោះ​ប្រកែក​គ្នា

១១ «នៅ​ពេល​បុរស​ពីរ​នាក់​ កំពុង​បោកចំបាប់​គ្នា ប្រសិន​បើ​ប្រពន្ធ​របស់​បុរស​ម្នាក់​ចូល​ទៅ​ជួយ​ប្ដី​របស់​ខ្លួន អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​គូវិវាទ ដោយ​ចាប់​ទាញ​កេរ្តិ៍ខ្មាស​របស់​បុរស​ម្នាក់​ទៀត ១២ ចូរ​កាត់​ដៃ​ស្ត្រី​នោះ​ចោល គឺ​មិន​ត្រូវ​អាណិត​មេត្តា​នាង​ឡើយ»។

 

ជញ្ជីង និង​រង្វាល់​ត្រឹម​ត្រូវ

១៣ «ក្នុង​ថង់​របស់​អ្នក​មិន​ត្រូវ​មាន​កូន​ទម្ងន់​ពីរ​ខុស​គ្នា គឺ​មួយ​ធ្ងន់ មួយ​ស្រាល​ឡើយ។ ១៤ ក្នុង​ផ្ទះ​របស់​អ្នក​ក៏​មិន​មាន​រង្វាល់​ពីរ​ខុស​គ្នា គឺ​មួយ​ធំ មួយ​តូច​ដែរ។ ១៥ អ្នក​ត្រូវ​តែ​មាន​កូន​ទម្ងន់ និង​រង្វាល់​ត្រឹម​ត្រូវ ដើម្បី​អោយ​អ្នក​មាន​អាយុ​យឺនយូរ នៅ​ក្នុង​ស្រុក​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​អោយ។ ១៦ ព្រះ​អម្ចាស់ ជា​ព្រះ​របស់​អ្នក ស្អប់​ខ្ពើម​ជន​ដែល​ប្រព្រឹត្ត​អំពើ​គៃបន្លំ​របៀប​នេះ​ណាស់»។

 

ជន​ជាតិ​អាម៉ាឡេក ជា​សត្រូវ​សួរ​ពូជ

១៧ «ចូរ​កុំ​ភ្លេច​នូវ​អំពើ​ដែល​ជន​ជាតិ​អាម៉ាឡេក​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក នៅ​តាម​ផ្លូវ ក្រោយ​ពេល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ ១៨ ពួក​គេ​បាន​សំងំ​ចាំ​ អ្នក​នៅ​តាម​ផ្លូវ ហើយ​ពេល​អ្នក​អស់​កម្លាំង​នោះ ពួក​គេ​បាន​វាយ​អស់​អ្នក​ដែល​ដើរ​យឺត​ជាង​គេ​នៅ​តាម​ក្រោយ។ ពួក​គេ​ធ្វើ​ដូច្នេះ មក​ពី​ពួក​គេ​មិន​កោត​ខ្លាច​ព្រះជាម្ចាស់។ ១៩ កាល​ណា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក កំចាត់​ខ្មាំង​សត្រូវ​ទាំង​អស់​ដែល​នៅ​ជុំវិញ​អ្នក ហើយ​ប្រោស​អោយ​អ្នក​បាន​សំរាក​នៅ​ក្នុង​ស្រុក ដែល​ព្រះអង្គ​ប្រទាន​អោយ​អ្នក​កាន់​កាប់​ជា​កេរមត៌ក ចូរ​ប្រហារ​ជន​ជាតិ​អាម៉ាឡេក​អោយ​វិនាស​សូន្យ កុំ​អោយ​នរណា​ម្នាក់​នៅ​លើ​ផែនដី​នឹក​ឃើញ​ពួក​គេ​ឡើយ។ ចូរ​កុំ​ភ្លេច​អោយ​សោះ!»។

តង្វាយ​ផល​ដំបូង

១ «ពេល​ណា​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះអ​ម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ​ជា​កេរមត៌ក ពេល​ណា​អ្នក​កាន់​កាប់​ទឹក​ដី ព្រម​ទាំង​រស់​នៅ​ក្នុង​ស្រុក​នោះ​ហើយ ២ ចូរ​យក​ផល​ដំបូង​នៃ​ភោគផល​ទាំង​អស់ ដែល​កើត​ពី​ដី​នៅ​ស្រុក​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ ដាក់​ក្នុង​ល្អី​មួយ រួច​យក​ទៅ​កន្លែង​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស​រើស​ទុក​ជា​ព្រះដំណាក់ ​សំរាប់​សំដែង​ព្រះនាម​របស់​ព្រះ​អង្គ។ ៣ អ្នក​ត្រូវ​ទៅ​ជួប​បូជាចារ្យ​ដែល​បំពេញ​មុខងារ​នៅ​គ្រា​នោះ ជំរាប​លោក​ដូច​ត​ទៅ: “ថ្ងៃ​នេះ ខ្ញុំ​បាទ​សូម​ប្រកាស នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក​ថា ខ្ញុំ​បាទ​បាន​ចូល​មក​ដល់​ទឹក​ដី ដែល​ព្រះអង្គ​សន្យា​ជា​មួយ​បុព្វបុរស*​របស់​យើង​ថា ប្រគល់​អោយ​យើង​ខ្ញុំ​នេះ​ហើយ”។ ៤ បូជាចារ្យ​នឹង​ទទួល​ល្អី​ពី​ដៃ​របស់​អ្នក យក​ទៅ​តម្កល់​នៅ​មុខ​អាសនៈ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ ៥ ពេល​នោះ អ្នក​ត្រូវ​ពោល​ទៀត​ថា: “បុព្វបុរស​របស់​ខ្ញុំ​បាទ​ជា​ពនេចរ ជាតិ​អារ៉ាម​ លោក​បាន​ទៅ​ស្នាក់​នៅ​ស្រុក​អេស៊ីប ដោយ​មាន​គ្នា​មួយ​ចំនួន​តូច​ទៅ​ជា​មួយ។ នៅ​ទី​នោះ យើង​ខ្ញុំ​ក្លាយ​ជា​ប្រជាជាតិ​មួយ​ដ៏​ធំ​ខ្លាំង​ពូកែ និង​មាន​គ្នា​ច្រើន។ ៦ ជន​ជាតិ​អេស៊ីប​បាន​ធ្វើ​បាប និង​សង្កត់សង្កិន​យើង​ខ្ញុំ ពួក​គេ​ប្រើ​យើង​ខ្ញុំ​អោយ​ធ្វើ​ការ​ជា​ទាសករ។ ៧ យើង​ខ្ញុំ​ក៏​ស្រែក​អង្វរ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង​ខ្ញុំ ព្រះអម្ចាស់​ទ្រង់​ព្រះសណ្ដាប់​ឮ​ពាក្យ​របស់​យើង​ ខ្ញុំ ព្រះអង្គ​ទត​ឃើញ​គេ​សង្កត់សង្កិន​យើង​ខ្ញុំ ធ្វើ​អោយ​យើង​ខ្ញុំ​រង​ទុក្ខ​លំបាក និង​វេទនា​ជា​ខ្លាំង។ ៨ ព្រះអម្ចាស់​ បាន​នាំ​យើង​ខ្ញុំ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធិបារមី និង​តេជានុភាព​ដ៏​ខ្លាំង​ពូកែ ព្រះអង្គ​សំដែង​មហិទ្ធិឫទ្ធិ​គួរ​ស្ញែង​ខ្លាច ព្រម​ទាំង​ទី​សំគាល់ និង​ឫទ្ធិបាដិហារិយ៍​ផ្សេងៗ។ ៩ ព្រះអង្គ​នាំ​យើង​ខ្ញុំ​មក​ដល់​ទី​នេះ ហើយ​ប្រទាន​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​អោយ​យើង​ខ្ញុំ។ ១០ ហេតុ​នេះ ព្រះអម្ចាស់​អើយ ទូលបង្គំ​សូម​នាំ​យក​ផល​ដំបូង​ពី​ដី​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ”។ ត្រូវ​តម្កល់​​​តង្វាយ​នោះ​នៅ​ចំពោះ​ព្រះភក្ត្រព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​ក្រាប​ថ្វាយបង្គំ​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក។ ១១ ​បន្ទាប់​​មក ត្រូវ​ជប់លៀង​យ៉ាង​សប្បាយ​ជា​មួយ​ពួក​លេវី និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក ព្រោះ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ភោគផល​ទាំង​ប៉ុន្មាន​មក​អោយ​អ្នក និង​គ្រួសារ​របស់​អ្នក»។

 

តង្វាយ​មួយ​ភាគ​ដប់

១២ «នៅ​ឆ្នាំ​ទី​បី​ជា​ ឆ្នាំ​ដែល​ត្រូវ​ថ្វាយ​តង្វាយ​មួយ​ភាគ​ដប់។ ពេល​ណា​អ្នក​ប្រមូល​ភោគផល​ទាំង​ប៉ុន្មាន​របស់​អ្នក ចំនួន​មួយ​ភាគ​ដប់​ទុក​ដោយ​ឡែក​ហើយ ចូរ​ប្រគល់​តង្វាយ​នោះ​ទៅ​អោយ​ពួក​លេវី ជន​បរទេស ក្មេង កំព្រា និង​ស្ត្រី​មេម៉ាយ​នៅ​តាម​កន្លែង​ដែល​អ្នក​រស់​នៅ ដើម្បី​អោយ​ពួក​គេ​មាន​អាហារ​បរិភោគ​ឆ្អែត​បរិបូណ៌។ ១៣ ពេល​នោះ អ្នក​ត្រូវ​ទូល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​ថា: “អ្វីៗ​ដែល​ទូលបង្គំ​ញែក​ថ្វាយ​ព្រះអង្គ ទូលបង្គំ​បាន​យក​ចេញ​ពី​ផ្ទះ​របស់​ទូលបង្គំ ប្រគល់​ទៅ​អោយ​ពួក​លេវី ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ ស្រប​តាម​បទ​បញ្ជា​ទាំង​អស់ ដែល​ព្រះអង្គ​បង្គាប់​មក​ទូលបង្គំ គឺ​ទូលបង្គំ​ពុំ​បាន​ប្រព្រឹត្ត​បំពាន ឬ​ភ្លេច​បទ​បញ្ជា​ណា​មួយ​របស់​ព្រះអង្គ​ឡើយ។ ១៤ នៅ​ពេល​ទូលបង្គំ​កាន់​ ទុក្ខ ទូលបង្គំ​ពុំ​បាន​បរិភោគ​តង្វាយ​មួយ​ភាគ​ដប់​នេះ​ទេ។ ទូលបង្គំ​ពុំ​បាន​ហូត​យក​ទៅ​ប្រើ​សំរាប់​ការ​អ្វី ​ដែល​មិន​បរិសុទ្ធ ហើយ​ក៏​ពុំ​បាន​យក​ទៅ​អោយ​គេ នៅ​ពេល​មាន​មនុស្ស​ស្លាប់​ដែរ។ ទូលបង្គំ​បាន​ធ្វើ​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ទូល​បង្គំ ទូលបង្គំ​ប្រព្រឹត្ត​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​បង្គាប់​មក​ទូលបង្គំ។ ១៥ បពិត្រ​ព្រះអម្ចាស់ សូម​ទត​ពី​ស្ថាន​បរមសុខ ជា​ព្រះដំណាក់​ដ៏វិសុទ្ធ​របស់​ព្រះអង្គ ហើយ​ប្រទាន​ពរ​ដល់​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ និង​ប្រទាន​ពរ​ដល់​ទឹក​ដី​ដែល​ព្រះអង្គ​ប្រទាន​មក​យើង​ខ្ញុំ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង​ ខ្ញុំ គឺ​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​នេះ”»។

 

អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​របស់​ព្រះអម្ចាស់

១៦ «ថ្ងៃ​នេះ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បង្គាប់​អោយ​អ្នក​ប្រតិបត្តិ​តាម​ច្បាប់ និង​វិន័យ​ទាំង​នេះ។ ចូរ​កាន់ និង​ប្រតិបត្តិ​តាម​អោយ​អស់​ពី​ចិត្ត អស់​ពី​គំនិត។ ១៧ ថ្ងៃ​នេះ អ្នក​សុខ​ចិត្ត​ទទួល​ស្គាល់​ថា ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក ហើយ​អ្នក​យល់​ព្រម​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ គោរព​ច្បាប់ បទ​បញ្ជា និង​វិន័យ​ទាំងឡាយ​របស់​ព្រះអង្គ ព្រម​ទាំង​ស្ដាប់​បង្គាប់​ព្រះអង្គ​ទៀត​ផង។ ១៨ ថ្ងៃ​នេះ​ព្រះអម្ចាស់​ យល់​ព្រម​ទទួល​អ្នក​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់ ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល​ប្រាប់​អ្នក ហើយ​អ្នក​ត្រូវ​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ។ ១៩ ព្រះ​អង្គ​នឹង​ធ្វើ​អោយ​ អ្នក​ក្លាយ​ទៅ​ជា​ប្រជាជាតិ​មួយ មាន​កិត្តិយស​រុងរឿង មាន​កេរ្តិ៍​ឈ្មោះ​ល្បី ហើយ​ថ្កុំថ្កើង​ជាង​គេ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំង​អស់​ដែល​ព្រះអង្គ​បាន​ បង្កើត​មក។ អ្នក​នឹង​ទៅ​ជា​ប្រជារាស្ត្រ​ដ៏វិសុទ្ធ សំរាប់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល​ទុក»។

 

ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​ពិធី​រំលឹក​អំពី​សម្ពន្ធមេត្រី

ថ្ម​នៅ​ភ្នំ​អេបាល

១ លោក​ម៉ូសេ និង​ក្រុម​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិ​អ៊ីស្រា​អែល បាន​បង្គាប់​ប្រជាជន​ដូច​ត​ទៅ៖ «ចូរ​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ។ ២ នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ ចូរ​បញ្ឈរ​ថ្ម​ធំៗ ហើយ​លាប​កំបោរ​ពណ៌​ស។ ៣ ចូរ​ចារឹកវិន័យ​ដែល​ខ្ញុំ​ប្រគល់​អោយ​លើ​ថ្ម​ទាំង​នោះ នៅ​ពេល​អ្នក​ឆ្លង​ទៅ​ដល់​ស្រុក​ដែល​ព្រះអ​ម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក គឺ​ស្រុក​ដ៏​សម្បូណ៌​សប្បាយ។ ៤ ពេល​ណា​អ្នក​ឆ្លង​ទន្លេ​យ័រដាន់​ហើយ ចូរ​បញ្ឈរ​ថ្ម​ដែល​ខ្ញុំ​បង្គាប់​អោយ​បញ្ឈរ​នោះ នៅ​លើ​ភ្នំ​អេបាល ហើយ​លាប​កំបោរ​ពណ៌​ស​ផង។ ៥ បន្ទាប់​មក ចូរ​យក​ថ្ម​ដែល​មិន​ទាន់​មាន​នរណា​យក​ពន្លាក​ដាប់​នៅ​ឡើយ មក​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក ៦ គឺ​ត្រូវ​យក​ថ្ម​ដែល​មិន​ទាន់​ដាប់ សង់​អាសនៈ​របស់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក រួច​យក​តង្វាយ​ដុត​ទាំង​មូល​មក​ថ្វាយ​ព្រះអង្គ នៅ​លើ​អាសនៈ​នោះ។ ៧ ចូរ​ថ្វាយ​យញ្ញបូជា​មេត្រីភាព ហើយ​ជប់លៀង​យ៉ាង​សប្បាយ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ ៨ ចូរ​ចារឹក​វិន័យ​ទាំង​នេះ​នៅ​លើ​ថ្ម​អោយ​ច្បាស់ៗ»។ ៩ បន្ទាប់​មក លោក​ម៉ូសេ និង​បូជាចារ្យ​លេវី ថ្លែង​ទៅ​កាន់​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ដូច​ត​ទៅ៖ «អ៊ីស្រាអែល​អើយ ចូរ​ស្ងៀម​ស្ងាត់ ហើយ​ស្ដាប់​ចុះ! ថ្ងៃ​នេះ អ្នក​ក្លាយ​ទៅ​ជា​ប្រជារាស្ត្រ​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ ១០ ដូច្នេះ ចូរ​ស្ដាប់​បង្គាប់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​ប្រតិបត្តិ​តាម​បទ​បញ្ជា និង​ក្រឹត្យវិន័យ របស់​ព្រះអង្គ ដែល​ខ្ញុំ​ប្រគល់​អោយ​នៅ​ថ្ងៃ​នេះ»។

 

១១ នៅ​ថ្ងៃ​ដដែល​នោះ លោក​ម៉ូសេ​បង្គាប់​ប្រជាជន​ដូច​ត​ទៅ៖ ១២ «កាល​ណា​អ្នក​រាល់​គ្នា ​ឆ្លង​ទន្លេ​យ័រដាន់​ហើយ កុលសម្ព័ន្ធ​ស៊ីម៉ូន លេវី យូដា អ៊ីសាកា យ៉ូសែប និង​បេនយ៉ាមីន ត្រូវ​ឈរ​នៅ​លើ​ភ្នំ​ការីស៊ីម ដើម្បី​ប្រកាស​អំពី​ព្រះពរ​ប្រាប់​ប្រជាជន។ ១៣ រីឯ​កុលសម្ព័ន្ធ​រូបេន កាដ អស៊ែរ សាប៊ូឡូន ដាន់ និង​ណែបថាលី ត្រូវ​ឈរ​នៅ​លើ​ភ្នំ​អេបាល ដើម្បី​ប្រកាស​អំពី​បណ្ដាសា»។

 

បណ្ដាសា​ទាំង​ដប់ពីរ

១៤ «ពួក​លេវី​ត្រូវ​ប្រកាស​ប្រាប់​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​យ៉ាង​ខ្លាំងៗ​ថា:

១៥ “អ្នក​ណា​ឆ្លាក់​រូប​បដិមា ឬ​សិត​ធ្វើ​រូប​ព្រះ​ក្លែងក្លាយ ដែល​ព្រះអម្ចាស់​ ស្អប់​ខ្ពើម ហើយ​យក​រូប​ដែល​ជា​ស្នាដៃ​របស់​មនុស្ស​ទៅ​តម្កល់​ទុក​នៅ​កន្លែង​មួយ ដើម្បី​ថ្វាយបង្គំ​ដោយ​លួច​លាក់ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

 

១៦ “អ្នក​ណា​ប្រមាថ​មើលងាយ​មាតាបិតា អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

១៧ “អ្នក​ ណា​បង្ខិត​បង្គោល​របង​ចូល​ទៅ​ក្នុង​ដីធ្លី​បង​ប្អូន​របស់​ខ្លួន អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

១៨ “អ្នក​ ណា​ធ្វើ​អោយ​មនុស្ស​ខ្វាក់​ដើរ​ខុស​ផ្លូវ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

១៩ “អ្នក​ ណា​រំលោភ​លើ​សិទ្ធិ​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

២០ “អ្នក​ ណា​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ចុង​ឪពុក​របស់​ខ្លួន អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន! ព្រោះ​គេ​បង្អាប់​កិត្តិយស​របស់​ឪពុក​ខ្លួន”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

 

២១ “អ្នក​ណា​រួម​ដំណេក​ជា​មួយ​សត្វ​ធាតុ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

២២ “អ្នក​ ណា​រួម​ដំណេក​ជា​មួយ​បង​ប្អូន​ស្រី​របស់​ខ្លួន ទោះ​បី​ជា​បង​ប្អូន​ឪពុក​មួយ ឬ​ម្ដាយ​មួយ​ក្ដី អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

 

២៣ “អ្នក​ ណា​រួម​ដំណេក​ជា​មួយ​ម្ដាយ​ក្មេក​របស់​ខ្លួន អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

២៤ “អ្នក​ណា​លួច​ប្រហារ​ជីវិត​អ្នក​ដទៃ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

២៥ “អ្នក​ ណា​ទទួល​សំណូក ដើម្បី​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

២៦ “អ្នក​ ណា​មិន​គោរព​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​វិន័យ​នេះ ហើយ​មិន​ប្រតិបត្តិ​តាម​ទេ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”»។

ព្រះពរ

១ «ប្រសិន​បើ​អ្នក​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​កាន់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ ដូច​ខ្ញុំ​បង្គាប់​នៅ​ថ្ងៃ​នេះ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​អោយ​អ្នក​បាន​ទៅ​ជា​ប្រជាជាតិ​មួយ ប្រសើរ​ជាង​ប្រជាជាតិ​ទាំង​អស់​នៅ​លើ​ផែនដី។ ២ ប្រសិន​បើ​អ្នក​ស្ដាប់​តាម​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ព្រះអង្គ​នឹង​ប្រទាន​ពរ​គ្រប់​យ៉ាង​ដល់​អ្នក ៣ គឺ​ព្រះអង្គ​ប្រទាន​ពរ​ដល់​អ្នក នៅ​តាម​ទីក្រុង ព្រះអង្គ​ប្រទាន​ពរ​ដល់​អ្នក​នៅ​តាម​ស្រែ​ចំការ។ ៤ ព្រះអង្គ​ប្រទាន​ពរ​អោយ​ អ្នក​មាន​កូន​ចៅ​ច្រើន អោយ​ដី​របស់​អ្នក​កើន​ភោគផល​បរិបូណ៌ ហើយ​ហ្វូង​សត្វ​របស់​អ្នក គឺ​គោ និង​ចៀម​ក៏​នឹង​កើន​ចំនួន​ឡើង​ជា​ច្រើន​ដែរ។ ៥ ព្រះអង្គ​ប្រទាន​ពរ​អោយ​អ្នក​មាន​ផ្លែ​ឈើ​ពេញ​ល្អី ព្រម​ទាំង​មាន​ស្រូវ​ពេញ​ជង្រុក។

៦ ព្រះអង្គ​នឹង​ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។

 

៧ ព្រះអម្ចាស់​ នឹង​ធ្វើ​អោយ​បច្ចាមិត្ត​បាក់​ទ័ព រត់​នៅ​ពី​មុខ​អ្នក។ ពួក​គេ​ចេញ​មក​វាយ​អ្នក ដោយ​ដើរ​តាម​ផ្លូវ​តែ​មួយ តែ​ពួក​គេ​នឹង​រត់​នៅ​មុខ​អ្នក ទៅ​តាម​ផ្លូវ​ប្រាំពីរ។

៨ ព្រះអម្ចាស់ ​ប្រទាន​ពរ​អោយ​អ្នក​មាន​ស្រូវ​ពេញ​ជង្រុក ហើយ​​​​អ្វីៗ​ដែល​អ្នក​ធ្វើ ព្រះអង្គ​ប្រទាន​ពរ​ជានិច្ច។ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​អ្នក ក្នុង​ស្រុក​ដែល​ព្រះអង្គ​ប្រទាន​អោយ​អ្នក។ ៩ ពេល​ណា​អ្នក​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​អ្នក ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ នោះ​ព្រះអម្ចាស់​នឹង​ធ្វើ​អោយ​អ្នក​ទៅ​ជា​ប្រជារាស្ត្រ​ដ៏វិសុទ្ធ* ដូច​ព្រះ​អង្គ​បាន​សន្យា​ជា​មួយ​អ្នក។ ១០ ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ឃើញ​ថា ព្រះអម្ចាស់​បាន​ជ្រើស​រើស​អ្នក​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់ ហើយ​ពួក​គេ​នឹង​កោត​ខ្លាច​អ្នក។ ១១ ព្រះ​អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​អោយ​អ្នក​បាន​ចំរុង​ចំរើន ដោយ​ធ្វើ​អោយ​ពូជពង្ស​របស់​អ្នក និង​ហ្វូង​សត្វ​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ហើយ​ក៏​ធ្វើ​អោយ​អ្នក​ទទួល​ភោគផល​ជា​ច្រើន នៅ​លើ​ទឹក​ដី​ដែល​ព្រះអង្គ​បាន​សន្យា​ដល់​បុព្វបុរស* ថា​ប្រទាន​អោយ​អ្នក​ដែរ។ ១២ ព្រះអម្ចាស់​ នឹង​បើក​ផ្ទៃ​មេឃ បង្អុរ​ភ្លៀង​ចុះ​មក​ស្រោច​ស្រព​ទឹក​ដី​របស់​អ្នក តាម​រដូវ​កាល ដើម្បី​ប្រទាន​ពរ​ដល់​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ធ្វើ។ អ្នក​នឹង​អោយ​ទ្រព្យ​ដល់​ប្រជាជាតិ​ជា​ច្រើន​ខ្ចី តែ​អ្នក​មិន​ខ្ចី​ពី​គេ​ឡើយ។

 

១៣ ព្រះអម្ចាស់​ ជា​ព្រះ​របស់​អ្នក នឹង​ធ្វើ​អោយ​អ្នក​បាន​ថ្កុំថ្កើង​ជាង​គេ គឺ​មិន​មែន​អន់​ជាង​គេ​ទេ អ្នក​នឹង​ទទួល​កិត្តិយស​ខ្ពង់ខ្ពស់​ជានិច្ច គឺ​មិន​ចុះ​អោន​ថយ​ឡើយ។ ប៉ុន្តែ អ្នក​ត្រូវ​ស្ដាប់​បង្គាប់ ហើយ​កាន់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ព្រះអង្គ ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​នៅ​ថ្ងៃ​នេះ។ ១៤ មិន​ត្រូវ​ងាក​ទៅ​ឆ្វេង ទៅ​ស្ដាំ ឆ្ងាយ​ពី​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​នៅ​ថ្ងៃ​នេះ ហើយ​បែរ​ទៅ​ជំពាក់​ចិត្ត និង​គោរព​ថ្វាយបង្គំ​ព្រះ​ឯ​ទៀតៗ​ឡើយ»

 

បណ្ដាសា

១៥ «ប្រសិន​បើ​អ្នក ​មិន​ស្ដាប់​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ ជា​​ព្រះ​នៃ​អ្នក ប្រសិន​បើ​អ្នក​មិន​កាន់ ឬ​ប្រតិបត្តិ​តាម​បទ​បញ្ជា និង​ច្បាប់​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​នៅ​ថ្ងៃ​នេះ​ទេ នោះ​អ្នក​នឹង​ទទួល​បណ្ដាសា​ដូច​ត​ទៅ:

 

១៦ អ្នក​នឹង​ត្រូវ​បណ្ដាសា​នៅ​តាម​ទីក្រុង ហើយ​អ្នក​នឹង​ត្រូវ​បណ្ដាសា​នៅ​តាម​ស្រុក​ស្រែ។ ១៧ អ្នក​នឹង​ត្រូវ​បណ្ដាសា ដោយ​គ្មាន​ផ្លែ​ឈើ​នៅ​ក្នុង​ល្អី គ្មាន​ស្រូវ​នៅ​ក្នុង​ជង្រុក។ ១៨ អ្នក​នឹង​ត្រូវ​បណ្ដាសា​ដោយ​គ្មាន​កូន​ចៅ ដី​របស់​អ្នក​មិន​បង្កើត​ភោគផល ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក ក៏​មិន​កើន​ចំនួន​ដែរ។ ១៩ អ្នក​នឹង​ទទួល​បណ្ដាសា​ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។

 

២០ ព្រះអម្ចាស់​ នឹង​ធ្វើ​អោយ​អ្នក​ជួប​ប្រទះ​ទុក្ខ​វេទនា ភាព​អាសន្ន និង​ភយន្តរាយ ហើយ​អ្វីៗ​ដែល​អ្នក​ធ្វើ​នឹង​ត្រូវ​ខូច​បង់ រហូត​ទាល់​តែ​អ្នក​វិនាស​សូន្យ ព្រោះ​តែ​អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត ដោយ​បោះ​បង់​ចោល​ព្រះអង្គ។

 

២១ ព្រះអម្ចាស់ ​នឹង​ធ្វើ​អោយ​អាសន្នរោគ​កើត​មាន​ចំពោះ​អ្នក រហូត​ដល់​អ្នក​វិនាស​សូន្យ ​បាត់​ពី​ទឹក​ដី​ដែល​អ្នក​ចូល​ទៅ​កាន់​កាប់។ ២២ ព្រះអម្ចាស់​ នឹង​ប្រហារ​អ្នក​ដោយ​ជំងឺ​រាត​ត្បាត ជំងឺ​គ្រុន​ក្ដៅ គ្រុន​រលាក គ្រុន​សន្ធំ ព្រម​ទាំង​មាន​កើត​ការ​រាំង​ស្ងួត​ ស្រូវ​របស់​អ្នក​នឹង​ស្កក ហើយ​មាន​ក្រា​ស៊ី។ ទុក្ខ​វេទនា​ទាំង​នេះ​នឹង​កើត​មាន​ដល់​អ្នក រហូត​ទាល់​តែ​អ្នក​វិនាស។ ២៣ មេឃ​ដែល​នៅ​ពី​លើ​អ្នក​នឹង​ក្ដៅ​ដូច​ជា​លង្ហិន ហើយ​ដី​ដែល​នៅ​ពី​ក្រោម​អ្នក​នឹង​រឹង​ដូច​ដែក។ ២៤ ព្រះអម្ចាស់​នឹង​ធ្វើ​អោយ​ធូលី​ដី ព្រម​ទាំង​ផេះ​ធ្លាក់​ពី​លើ​មេឃ មក​លើ​ស្រុក​របស់​អ្នក​ជំនួស​ភ្លៀង រហូត​ទាល់​តែ​អ្នក​វិនាស។

 

២៥ ព្រះអម្ចាស់​ នឹង​ធ្វើ​អោយ​អ្នក​បាក់​ទ័ព រត់​នៅ​មុខ​ខ្មាំង​សត្រូវ។ អ្នក​ចេញ​ទៅ​វាយ​ពួក​គេ ដោយ​ដើរ​តាម​ផ្លូវ​តែ​មួយ តែ​អ្នក​នឹង​រត់​នៅ​មុខ​ពួក​គេ តាម​ផ្លូវ​ប្រាំពីរ។ នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ឮ​ដំណឹង​នេះ គេ​នឹង​នាំ​គ្នា​ព្រឺ​ខ្លាច។ ២៦ សាកសព​របស់​អ្នក​នឹង​ក្លាយ​ទៅ​ជា​ចំណី​របស់​ត្មាត និង​សត្វ​ព្រៃ ហើយ​គ្មាន​នរណា​មក​ដេញ​ពួក​វា​ឡើយ។

២៧ ព្រះអម្ចាស់​ នឹង​ប្រហារ​អ្នក​ដោយ​គ្រោះ​កាច ដូច​ព្រះអង្គ​ធ្លាប់​ប្រហារ​ជន​ជាតិ​អេស៊ីប​ដែរ​។ ព្រះអង្គ​នឹង​ប្រហារ​អ្នក​ដោយ​រោគ​ប្ញសដូងបាត កើត​បូស កើត​រមាស់ ដែល​ពុំ​អាច​មើល​ជា​ឡើយ។ ២៨ ព្រះអម្ចាស់​ប្រហារ​អ្នក​អោយ​វង្វេង​ស្មារតី វិកលចរិត និង​មើល​អ្វី​លែង​ឃើញ។ ២៩ អ្នក​នឹង​ដើរ​រាវ​នៅ​ ពេល​ថ្ងៃ​ត្រង់ ដូច​មនុស្ស​ខ្វាក់​ដើរ​ស្ទាបៗ ក្នុង​ភាព​អន្ធការ។ អ្នក​ពុំ​អាច​សំរេច​តាម​គំរោងការ​ដែល​អ្នក​រៀបចំ​ឡើយ។ រៀង​រាល់​ថ្ងៃ អ្នក​នឹង​ត្រូវ​គេ​ជិះជាន់ រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ហើយ​គ្មាន​នរណា​មក​ជួយ​អ្នក​ទេ។

 

៣០ ពេល​ អ្នក​មាន​គូ​ដណ្ដឹង បុរស​ម្នាក់​ទៀត​នឹង​រំលោភ​នាង។ ពេល​អ្នក​សង់​ផ្ទះ អ្នក​នឹង​មិន​បាន​រស់​នៅ​ក្នុង​ផ្ទះ​នោះ​ទេ ពេល​អ្នក​ដាំ​ទំពាំងបាយជូរ អ្នក​នឹង​មិន​បាន​បរិភោគផល​ឡើយ។ ៣១ គេ​នឹង​សម្លាប់​គោ​របស់ ​អ្នក នៅ​ចំពោះ​មុខ​អ្នក តែ​អ្នក​មិន​បាន​សាច់​បរិភោគ​ឡើយ។ គេ​រឹប​អូស​យក​លា​របស់​អ្នក នៅ​ចំពោះ​មុខ​អ្នក ហើយ​វា​នឹង​មិន​វិល​មក​វិញ​ទេ។ គេ​នឹង​ប្រគល់​ហ្វូង​ចៀម​របស់​អ្នក​ទៅ​អោយ​ខ្មាំង​សត្រូវ​របស់​អ្នក ហើយ​គ្មាន​នរណា​មក​ជួយ​អ្នក​ឡើយ។ ៣២ គេ​នឹង​លក់​កូន​ប្រុស​ កូន​ស្រី​របស់​អ្នក​ទៅ​អោយ​សាសន៍​ដទៃ នៅ​ចំពោះ​មុខ​អ្នក រៀង​រាល់​ថ្ងៃ អ្នក​ទន្ទឹង​រង់ចាំ​ពួក​គេ​វិល​ត្រឡប់​មក​វិញ រហូត​ដល់​ផ្សា​ភ្នែក តែ​ពុំ​បាន​សំរេច​ដូច​ប្រាថ្នា​ឡើយ។ ៣៣ ជាតិ​សាសន៍​ដែល​អ្នក​ ពុំ​ស្គាល់​នឹង​បរិភោគ​ដំណាំ ដែល​ដុះ​ចេញ​ពី​ដី​របស់​អ្នក គឺ​ភោគផល​ទាំង​ប៉ុន្មាន​ដែល​អ្នក​ប្រឹងប្រែង​ធ្វើ។ រៀង​រាល់​ថ្ងៃ អ្នក​នឹង​ត្រូវ​គេ​ជិះជាន់​សង្កត់សង្កិន។ ៣៤ ហេតុការណ៍​ដែល​អ្នក​ឃើញ​ផ្ទាល់​នឹង​ភ្នែក មុខ​ជា​ធ្វើ​អោយ​អ្នក​វង្វេង​ស្មារតី។

 

៣៥ ព្រះអម្ចាស់​ នឹង​ប្រហារ​អ្នក​អោយ​កើត​ដំបៅ​រីក​នៅ​ក្បាល​ជង្គង់ និង​នៅ​ជើង​ដែល​អ្នក​ពុំ​អាច​មើល​ជា​បាន​ឡើយ។ ព្រះអង្គ​នឹង​ប្រហារ​អ្នក​ចាប់​ពី​ក្បាល​រហូត​ដល់​ចុង​ជើង។ ៣៦ ព្រះអម្ចាស់​ នឹង​អោយ​គេ​កៀរ​អ្នក ព្រម​ទាំង​ស្ដេច​ដែល​អ្នក​នឹង​ជ្រើស​រើស​អោយ​សោយ​រាជ្យ​លើ​អ្នក ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ​ដែល​អ្នក និង​ដូនតា​របស់​អ្នក​ពុំ​ស្គាល់។ នៅ​ទី​នោះ អ្នក​នឹង​គោរព​បំរើ​ព្រះ​ដទៃ ជា​ព្រះ​ដែល​គេ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម។

 

៣៧ ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់​ នាំ​អ្នក​ទៅ​នៅ​ស្រុក​គេ​នោះ នឹង​នាំ​គ្នា​ភ្ញាក់​ផ្អើល ហើយ​យក​រឿង​របស់​អ្នក​ទៅ​និទាន​ប្រាប់​គ្នា ព្រម​ទាំង​ប្រមាថ​មាក់ងាយ​អ្នក​រាល់​គ្នា​ទៀត​ផង។

 

៣៨ អ្នក​នឹង​យក​គ្រាប់​ពូជ​ជា​ច្រើន​ទៅ​ព្រោះ​នៅ​ក្នុង​ស្រែ​ចំការ​របស់​អ្នក តែ​អ្នក​ច្រូត​ផល​បាន​តិច ព្រោះ​មាន​កណ្ដូប​ស៊ី។ ៣៩ អ្នក​ដាំ​ទំពាំងបាយជូរ ហើយ​មើល​ថែ​ទាំ តែ​អ្នក​នឹង​ពុំ​បាន​បេះ​ផ្លែ ឬ​បរិភោគ​ស្រា​ទំពាំងបាយជូរ​ឡើយ ដ្បិត​មាន​ដង្កូវ​ស៊ី​ទំពាំង​បាយជូរ​នោះ​អស់។ ៤០ អ្នក​ដាំ​អូលីវ​ពាសពេញ​ស្រុក តែ​អ្នក​នឹង​ពុំ​បាន​គាប​ផ្លែ​យក​ប្រេង​ទេ ដ្បិត​ផ្លែ​អូលីវ​របស់​អ្នក​នឹង​ជ្រុះ​អស់។ ៤១ អ្នក​មាន​កូន​ប្រុស​កូន​ស្រី តែ​ពួក​គេ​នឹង​មិន​នៅ​ជា​មួយ​អ្នក​ឡើយ ព្រោះ​ពួក​គេ​នឹង​ត្រូវ​ខ្មាំង​ចាប់​ទៅ​ជា​ឈ្លើយ។ ៤២ ដើម​ឈើ និង​ដំណាំ​ទាំង​ប៉ុន្មាន​របស់​អ្នក​មុខ​ជា​ត្រូវ​ចង្រិត​ស៊ី​បង្ហិន។

 

៤៣ ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​នឹង​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ​លើ​អ្នក ហើយ​អ្នក​ចុះ​អោន​ថយ​កាន់​តែ​ខ្សោយ​ទៅៗ។ ៤៤ គេ​នឹង​អោយ​ទ្រព្យ​អ្នក​ខ្ចី គឺ​មិន​មែន​អ្នក​ទេ​ដែល​អោយ​គេ​ខ្ចី។ គេ​នឹង​ថ្កុំថ្កើង​បំផុត រីឯ​អ្នក​វិញ​អ្នក​អន់​ជាង​គេ​បំផុត។

 

៤៥ បណ្ដាសា ​ទាំង​នេះ​នឹង​កើត​មាន​ដល់​អ្នក ហើយ​ស្ថិត​នៅ​ជាប់​ជា​មួយ​អ្នក​ជានិច្ច រហូត​ទាល់​តែ​អ្នក​វិនាស ព្រោះ​អ្នក​ពុំ​បាន​ស្ដាប់​តាម​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក អ្នក​ពុំ​បាន​កាន់​តាម​បទ​បញ្ជា និង​ក្រឹត្យវិន័យ​ដែល​ព្រះអង្គ​ប្រទាន​មក​អ្នក​ឡើយ។ ៤៦ បណ្ដាសា​ទាំង​នេះ​ជា​ទី​សំគាល់ និង​ជា​ប្ញទ្ធិបាដិហារិយ៍ សំរាប់​អ្នក ព្រម​ទាំង​ពូជពង្ស​របស់​អ្នក​រហូត​ត​ទៅ។

 

៤៧ នៅ​ពេល​សម្បូណ៌សប្បាយ ប្រសិន​បើ​អ្នក​ពុំ​គោរព​បំរើ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​អំណរ និង​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ ៤៨ នោះ​អ្នក​នឹង​បំរើ​ខ្មាំង​សត្រូវ ដែល​ព្រះអម្ចាស់​ ចាត់​អោយ​មក​ប្រហារ​អ្នក។ អ្នក​នឹង​ស្រេក​ឃ្លាន ខ្លួន​ទទេ ហើយ​ខ្វះ​ខាត​អ្វីៗ​ទាំង​អស់។ ព្រះអង្គ​ដាក់​នឹម​ដែក​លើ​អ្នក រហូត​ទាល់​តែ​អ្នក​វិនាស​សូន្យ។ ៤៩ ព្រះអម្ចាស់​ នឹង​នាំ​ប្រជាជាតិ​មួយ​ពី​ស្រុក​ឆ្ងាយ​ដាច់​ស្រយាល​នៃ​ផែនដី មក​ប្រហារ​អ្នក។ ប្រជាជាតិ​នោះ​នឹង​មក​ដល់​ដូច​សត្វ​ត្មាត​បោះពួយ អ្នក​ស្ដាប់​ភាសា​របស់​ប្រជា​ជាតិ​​នោះ​មិន​បាន​ទេ។ ៥០ ពួក​គេ​មាន​ទឹក​មុខ​សាហាវ ពួក​គេ​មិន​គោរព​ចាស់​ទុំ ហើយ​ក៏​គ្មាន​ចិត្ត​មេត្តា​ចំពោះ​កូន​ក្មេង​ដែរ។ ៥១ ពួក​គេ​នឹង​បរិភោគ​សត្វ ព្រម​ទាំង​ភោគផល​ដែល​កើត​ពី​ដី​របស់​អ្នក រហូត​ទាល់​តែ​អ្នក​ហិនហោច​អស់។ ពួក​គេ​មិន​ទុក​ស្រូវ ស្រា​ទំពាំងបាយជូរ​ថ្មី ប្រេង កូន​គោ កូន​ចៀម អោយ​នៅ​សល់ សំរាប់​អ្នក​ឡើយ រួច​ហើយ​ពួក​គេ​នឹង​ធ្វើ​អោយ​អ្នក​វិនាស​សូន្យ។ ៥២ ពួក​គេ​នឹង​ឡោមព័ទ្ធ​ ទីក្រុង​ទាំងឡាយ​ដែល​អ្នក​រស់​នៅ ពួក​គេ​នឹង​រំលំ​កំពែង​ក្រុង​ដ៏​ខ្ពស់ ហើយ​មាំ នៅ​ក្នុង​ស្រុក​របស់​អ្នក គឺ​កំពែង​ដែល​ជា​ទី​ទុក​ចិត្ត​របស់​អ្នក។ ពួក​គេ​នឹង​ឡោមព័ទ្ធ​អ្នក​គ្រប់​ទី​កន្លែង នៅ​ក្នុង​ស្រុក​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ។ ៥៣ ក្នុង​ពេល​ខ្មាំង​សត្រូវ​ឡោមព័ទ្ធ អ្នក​នឹង​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង រហូត​ដល់​ស៊ី​សាច់​កូន​របស់​ខ្លួន គឺ​កូន​ប្រុស​កូន​ស្រី​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ។ ៥៤ ក្នុង​ចំណោម​អ្នក​រាល់​ គ្នា អ្នក​ដែល​ធ្លាប់​តែ​ស្លូតបូត​ជាង​គេ ហើយ​មាន​ចិត្ត​មេត្តា បែរ​ជា​សម្លក់សម្លឹង​បង​ប្អូន ប្រពន្ធ​ជា​ទី​ស្រឡាញ់ និង​កូន​របស់​ខ្លួន​ដែល​នៅ​សេសសល់ ៥៥ ដោយ​ខ្លាច​គេ​ដណ្ដើម​ សាច់​កូន​ដែល​ខ្លួន​ទុក​បរិភោគ ដ្បិត​ពេល​ខ្មាំង​សត្រូវ​ឡោមព័ទ្ធ​ទីក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក អ្នក​រង​ទុក្ខ​វេទនា​ជា​ខ្លាំង គ្មាន​អ្វី​បរិភោគ​ទេ។ ៥៦ ក្នុង​ចំណោម​អ្នក​រាល់​ គ្នា ស្ត្រី​ដែល​ធ្លាប់​តែ​ស្លូតបូត ហើយ​មាន​ចិត្ត​មេត្តា សូម្បី​តែ​ដី​ក៏​មិន​ហ៊ាន​យក​ជើង​ជាន់​ផង​នោះ បែរ​ជា​សម្លក់សម្លឹង​ប្ដី​ជា​ទី​ស្រឡាញ់ និង​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ៥៧ ដ្បិត​ពេល​ខ្មាំង​ សត្រូវ​ឡោមព័ទ្ធ​ទីក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក អ្នក​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង ហើយ​ដោយ​ខ្វះ​ខាត​ពេក នាង​មាន​បំណង​យក​ទារក​ដែល​ទើប​នឹង​ចេញ​ពី​ផ្ទៃ​របស់​ខ្លួន ទៅ​ធ្វើ​ម្ហូប​បរិភោគ​ស្ងាត់ៗ​តែ​ម្នាក់​ឯង។

 

៥៨ ប្រសិន​ បើ​អ្នក​មិន​កាន់ និង​ប្រតិបត្តិ​តាម​ព្រះបន្ទូល​ទាំង​ប៉ុន្មាន​នៅ​ក្នុងវិន័យ ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ ប្រសិន​បើ​អ្នក​មិន​កោត​ខ្លាច​ព្រះនាម​ដ៏​រុងរឿង គួរ​អោយ​ស្ញែង​ខ្លាច​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​ទេ ៥៩ ព្រះអម្ចាស់​នឹង​ប្រហារ​អ្នក ព្រម​ទាំង​ពូជពង្ស​របស់​អ្នក ដោយ​សំដែង​ការ​អស្ចារ្យ ធ្វើ​អោយ​កើត​ដំបៅ និង​ជំងឺ​ដ៏​ធ្ងន់ៗ ដែល​ពុំ​អាច​មើល​ជា។ ៦០ ព្រះអង្គ​នឹង​ធ្វើ​អោយ​ ជំងឺ​រាត​ត្បាត​ផ្សេងៗ ដែល​ធ្លាប់​កើត​ចំពោះ​ជន​ជាតិ​អេស៊ីប ហើយ​ធ្លាប់​ធ្វើ​អោយ​អ្នក​ញញើត​នោះ កើត​ចំពោះ​អ្នក​ដែរ។ ជំងឺ​ទាំង​នោះ​នឹង​នៅ​ជាប់​ជា​មួយ​អ្នក។ ៦១ ព្រះអម្ចាស់​ ធ្វើ​អោយ​ជំងឺ និង​គ្រោះ​កាច​គ្រប់​យ៉ាង ដែល​គ្មាន​ចែង​ទុក​ក្នុង​គម្ពីរ​នៃ​វិន័យ​នេះ កើត​មាន​ចំពោះ​អ្នក រហូត​ទាល់​តែ​អ្នក​វិនាស​សូន្យ។ ៦២ អ្នក​រាល់​គ្នា​ដែល​មាន ​ចំនួន​យ៉ាង​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ នឹង​ក្លាយ​ទៅ​ជា​ជាតិ​សាសន៍​មួយ​ដ៏​តូច ព្រោះ​អ្នក​រាល់​គ្នា​ពុំ​បាន​ស្ដាប់​តាម​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​អ្នក។ ៦៣ ព្រះ​អម្ចាស់​ សព្វ​ព្រះហឫទ័យ​ប្រទាន​ពរ​អោយ​អ្នក​រាល់​គ្នា​កើន​ចំនួន​ច្រើន​ឡើង​យ៉ាង​ណា ព្រះអង្គ​ក៏​មាន​ព្រះហឫទ័យ​រីករាយ​នឹង​កំទេច​អ្នក​រាល់​គ្នា ហើយ​ប្រហារ​អ្នក​រាល់​គ្នា​អោយ​វិនាស​យ៉ាង​នោះ​ដែរ។ ព្រះអង្គ​នឹង​ដក​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់។

 

៦៤ ព្រះអម្ចាស់​ នឹង​កំចាត់កំចាយ​អ្នក​ទៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ចាប់​ពី​ជើង​មេឃ​ម្ខាង ទៅ​ជើង​មេឃ​ម្ខាង។ នៅ​ទី​នោះ អ្នក​នឹង​គោរព​បំរើ​ព្រះ​ដទៃ ជា​ព្រះ​ដែល​អ្នក និង​ដូនតា​របស់​អ្នក​ពុំ​ស្គាល់ គឺ​ព្រះ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម។ ៦៥ ក្នុង​ចំណោម​ប្រជាជាតិ​ទាំង​នោះ អ្នក​នឹង​មិន​បាន​សុខសាន្ត ហើយ​ក៏​មិន​មែន​ជា​កន្លែង​ដែល​អ្នក​សំរាក​ដែរ។ ព្រះអម្ចាស់​នឹង​ធ្វើ​អោយ​ចិត្ត​អ្នក​ពុំ​បាន​ស្ងប់ អោយ​ភ្នែក​របស់​អ្នក​ស្រវាំង ហើយ​អោយ​ចិត្ត​គំនិត​របស់​អ្នក​ឈឺ​ចាប់។ ៦៦ ជីវិត​របស់​អ្នក​ប្រៀប​បាន​នឹង​អំបោះ​មួយ​សរសៃ អ្នក​ភ័យ​ខ្លាច​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ជីវិត​គ្មាន​ន័យ​អ្វី​សំរាប់​អ្នក​ទៀត​ឡើយ។ ៦៧ ហេតុការណ៍​ដែល​អ្នក​ឃើញ ​ផ្ទាល់​នឹង​ភ្នែក បណ្ដាល​អោយ​អ្នក​ភ័យ​ខ្លាច។ នៅ​ពេល​ព្រឹក អ្នក​នឹង​ពោល​ថា “សូម​អោយ​ល្ងាច​ឆាប់​មក​ដល់!” នៅ​ពេល​ល្ងាច​អ្នក​នឹង​ពោល​ថា “សូម​អោយ​ព្រឹក​ឆាប់​មក​ដល់!”។ ៦៨ ព្រះអម្ចាស់​ នឹង​នាំ​អ្នក​ទៅ​ស្រុក​អេស៊ីប​វិញ តាម​នាវា។ អ្នក​នឹង​វិល​ត្រឡប់​ទៅ​ស្រុក ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​ថា អ្នក​នឹង​មិន​បាន​ឃើញ​ទៀត​ឡើយ! នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​លក់​ខ្លួន​ធ្វើ​ជា​ទាសាទាសី​របស់​ខ្មាំង​សត្រូវ តែ​គ្មាន​នរណា​ចង់​ទិញ​អ្នក​រាល់​គ្នា​ទេ!»។

 

សុន្ទរកថា​ចុង​ក្រោយ​របស់​លោក​ម៉ូសេ

 

សម្ពន្ធមេត្រី​នៅ​ស្រុក​ម៉ូអាប់

៦៩(២៩.១) ក្រៅ​ពី​សម្ពន្ធមេត្រី*​ដែល​ព្រះអម្ចាស់​ ចង​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ភ្នំ​ហូរែប ព្រះអង្គ​បាន​បង្គាប់​អោយ​លោក​ម៉ូសេ​ចង​សម្ពន្ធមេត្រី​មួយ​ទៀត​ជា​មួយ​ពួក​ គេ​នៅ​ស្រុក​ម៉ូអាប់ ដែល​មាន​សេចក្ដី​ដូច​ខាង​ក្រោម​នេះ។

១(២) លោក​ម៉ូសេ​កោះ​ហៅ​ជន​ជាតិ ​អ៊ីស្រាអែល​ទាំង​មូល ហើយ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ហេតុការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះ​អម្ចាស់​ធ្វើ​ចំពោះ​ស្ដេច​ផារ៉ោន និង​មន្ត្រី ព្រម​ទាំង​ប្រជារាស្ត្រ​ទាំង​អស់​នៅ​ស្រុក​អេស៊ីប។ ២(៣) អ្នក​រាល់​គ្នា​បាន​ឃើញ​ ព្រះអង្គ​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់ធ្ងរ ព្រម​ទាំង​ឃើញ​ទី​សំគាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិបាដិហារិយ៍​ដ៏​ធំៗ​របស់​ព្រះអង្គ។ ៣(៤) ប៉ុន្តែ រហូត​មក​ដល់​ថ្ងៃ​នេះ ព្រះអម្ចាស់​ពុំ​ទាន់​ប្រទាន​អោយ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ដែល​អាច​ស្វែង​យល់ មាន​ភ្នែក​ដែល​អាច​មើល​ឃើញ ហើយ​មាន​ត្រចៀក​ដែល​អាច​ស្ដាប់​ឮ​ទេ​។ ៤(៥) “យើង​បាន​ដឹក​នាំ​អ្នក​ រាល់​គ្នា​ក្នុង​វាល​រហោស្ថាន អស់​រយៈ​ពេល​សែសិប​ឆ្នាំ។ សម្លៀក​បំ​ពាក់​របស់​អ្នក​រាល់​គ្នា​មិន​ដែល​រេចរឹល ហើយ​ស្បែក​ជើង​របស់​អ្នក​រាល់​គ្នា​ក៏​មិន​ដែល​សឹក​ដែរ។ ៥(៦) អ្នក​រាល់​គ្នា​មិន​បាន​ បរិភោគ​នំបុ័ង អ្នក​រាល់​គ្នា​មិន​បាន​ផឹក​ស្រា​ទំពាំងបាយជូរ ឬ​គ្រឿង​ស្រវឹង​ណា​ទេ ដើម្បី​អោយ​អ្នក​រាល់​គ្នា​ដឹង​ថា យើង​ពិត​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​មែន”។

 

៦(៧) ពេល​អ្នក​ រាល់​គ្នា​មក​ដល់​ទី​នេះ ស៊ីហុន​ជា​ស្ដេច​ក្រុង​ហេសបូន និង​អុក​ជា​ស្ដេច​ស្រុក​បាសាន បាន​លើក​ទ័ព​ចេញ​មក​វាយ​ប្រហារ​ពួក​យើង តែ​ពួក​យើង​យក​ជ័យជំនះ​លើ​ពួក​គេ​។ ៧ (៨)ពួក​យើង​ដណ្ដើម​យក​បាន​ ស្រុក​របស់​ពួក​គេ ហើយ​ប្រគល់​ស្រុក​នេះ​ទៅ​អោយ​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ទុក​ជា​ចំណែក​មត៌ក។ ៨ (៩)ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​សម្ពន្ធមេត្រី​នេះ ដើម្បី​អោយ​អ្នក​រាល់​គ្នា​ទទួល​ជោគ​ជ័យ ក្នុង​គ្រប់​កិច្ចការ ដែល​អ្នក​រាល់​គ្នា​ធ្វើ។

 

៩(១០) ថ្ងៃ​នេះ អ្នក​ទាំង​អស់​គ្នា​ចូល​មក​ជិត​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​មាន​ទាំង​មេ​ដឹក​នាំ មាន​ទាំង​កុលសម្ព័ន្ធ ក្រុម​ព្រឹទ្ធាចារ្យ ពួក​មេទ័ព ប្រុសៗ​ទាំង​អស់ ១០(១១) រួម​ទាំង​កូន​ចៅ​របស់​ អ្នក​រាល់​គ្នា និង​ស្ត្រីៗ ព្រម​ទាំង​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ជំរំ​ជា​មួយ​អ្នក​រាល់​គ្នា គឺ​ចាប់​ពី​អ្នក​ពុះ​អុស​រហូត​ដល់​អ្នក​រែក​ទឹក។ ១១(១២) ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ចង​សម្ពន្ធមេត្រី​ជា​មួយ​អ្នក​នៅ​ថ្ងៃ​នេះ ហើយ​អ្នក​ចូល​រួម​ក្នុង​សម្ពន្ធមេត្រី​នេះ ដោយ​សច្ចា​ថា​នឹង​អនុវត្ត​តាម។ ១២(១៣) ធ្វើ​ដូច្នេះ អ្នក​នឹង​ទៅ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​ធ្វើ​ជា​ព្រះ​របស់​អ្នក ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល​ជា​មួយ​អ្នក និង​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប​ជា​បុព្វបុរស​របស់​អ្នក។ ១៣(១៤) ព្រះអម្ចាស់​មិន​គ្រាន់​តែ​ចង​សម្ពន្ធមេត្រី​ជា​មួយ​អ្នក​រាល់​គ្នា ដែល​បាន​សច្ចា​ថា​អនុវត្ត​តាម​ប៉ុណ្ណោះ​ទេ ១៤(១៥)​​គឺ​ព្រះអង្គ​ចង​ជា​មួយ​អស់​អ្នក ដែល​មាន​មុខ​ជា​មួយ​ពួក​យើង នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង នៅ​ទី​នេះ ក្នុង​ថ្ងៃ​នេះ ព្រម​ទាំង​អស់​អ្នក​ដែល​មិន​ទាន់​កើត​ដែរ។

១៥(១៦) អ្នក​ រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា យើង​ធ្លាប់​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប​របៀប​ណា ហើយ​យើង​ឆ្លង​កាត់​ស្រុក​របស់​ប្រជា​ជាតិ​​ទាំងឡាយ​របៀប​ណា។

១៦(១៧) អ្នក​ រាល់​គ្នា​បាន​ឃើញ​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម ជា​រូប​បដិមា​ធ្វើ​ពី​ឈើ និង​ពី​ថ្ម ឬ​ពី​ប្រាក់ និង​មាស​នៅ​ក្នុង​ស្រុក​របស់​ពួក​គេ។

 

១៧(១៨) ដូច្នេះ មិន​ត្រូវ​អោយ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទោះ​បី​ប្រុស​ក្ដី ស្ត្រី​ក្ដី ឬ​អំបូរ​ណា​មួយ ឬ​កុលសម្ព័ន្ធ​ណា​មួយ​ក្ដី បែរ​ចិត្ត​ចេញ​ពី​ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង នៅ​ថ្ងៃ​នេះ ទៅ​គោរព​ថ្វាយបង្គំ​ព្រះ​នានា​របស់​ប្រជាជាតិ​ទាំង​នោះ​ឡើយ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​អោយ​នរណា​ម្នាក់​ក្លាយ​ទៅ​ជា​ប្ញស​គល់​ដែល​បង្ក​ជាតិ​ពុល​ល្វីង​ ជូរ​ចត់​ឡើយ​។ ១៨(១៩) ក្រោយ​ពី​បាន​ឮ​ពាក្យ​ សច្ចា​ដ៏​ឱឡារិក​នេះ​ហើយ មិន​ត្រូវ​អោយ​នរណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ចិត្ត​អំនួត​ពោល​ថា “ទោះ​បី​ខ្ញុំ​ធ្វើ​តាម​អំពើ​ចិត្ត​របស់​ខ្ញុំ​ក្ដី ខ្ញុំ​នៅ​តែ​មាន​សេចក្ដី​សុខ​ជានិច្ច”។ គំនិត​ដូច្នេះ​នឹង​ធ្វើ​អោយ​ពួក​គេ​អន្តរាយ​ទាំង​អស់​គ្នា ទាំង​មនុស្ស​ល្អ ទាំង​មនុស្ស​អាក្រក់។ ១៩(២០) ព្រះអម្ចាស់​មិន​សព្វ​ព្រះហ​ឫទ័យ​អត់ទោស​អោយ​មនុស្ស​បែប​នេះ​ទេ ផ្ទុយ​ទៅ​វិញ ព្រះពិ​រោធ និង​សេចក្ដី​ប្រច័ណ្ឌ​របស់​ព្រះអម្ចាស់ មុខ​ជា​ឆាបឆេះ​គេ បណ្ដាសា​ ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ក៏​នឹង​កើត​មាន​ដល់​គេ ហើយ​ព្រះអម្ចាស់​នឹង​លុប​បំបាត់​ឈ្មោះ​គេ​ពី​ផែនដី​នេះ។ ២០(២១) ព្រះអម្ចាស់​ នឹង​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​កុលសម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដើម្បី​អោយ​រង​ទុក្ខ​វេទនា ស្រប​តាម​បណ្ដាសា​ទាំង​ប៉ុន្មាន​នៃ​សម្ពន្ធមេត្រី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​​នេះ។

 

២១(២២) កូន​ចៅ​ របស់​អ្នក​រាល់​គ្នា​ដែល​កើត​នៅ​ជំនាន់​ក្រោយ ព្រម​​​ទាំង​ជន​បរទេស​មក​ពី​ស្រុក​ឆ្ងាយ មុខ​ជា​ឃើញ​គ្រោះ​កាច និង​ជំងឺ​ផ្សេងៗ ​ដែល​ព្រះអម្ចាស់​ធ្វើ​អោយ​កើត​មាន​ចំពោះ​ស្រុក​នេះ ពួក​គេ​នឹង​ពោល​ថា: ២២(២៣) “ស្រុក​ទាំង​មូល​នឹង​ ត្រូវ​ឆាបឆេះ ហើយ​មាន​តែ​ស្ពាន់ធ័រ និង​អំបិល គ្មាន​នរណា​អាច​សាប​ព្រោះ គ្មាន​ដំណាំ​អ្វី​ដុះ សូម្បី​តែ​ស្មៅ​ក៏​គ្មាន​ផង គឺ​ស្រុក​នោះ​ប្រៀប​ដូច​ជា​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា ក្រុង​អាដម៉ា និង​ក្រុង​សេបូអ៊ីម ដែល​ព្រះអម្ចាស់​បំផ្លាញ​ ដោយសារ​ព្រះពិរោធ​ដ៏​ខ្លាំងក្លា”។ ២៣(២៤) ប្រជាជាតិ​ទាំង​អស់​នឹង​ពោល​ថា “ហេតុ​អ្វី​បាន​ជា​ព្រះអម្ចាស់​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​ស្រុក​នេះ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ខ្ញាល់​យ៉ាង​ខ្លាំង​បែប​នេះ?”។ ២៤(២៥) គេ​នឹង​ឆ្លើយ​វិញ​ថា “មក​ពី​ពួក​គេ​បោះ​បង់​ចោល​សម្ពន្ធមេត្រី ដែល​ព្រះអម្ចាស់​ជា​ព្រះ​នៃ​បុព្វបុរស​របស់​ពួក​គេ បាន​ចង​ជា​មួយ​ពួក​គេ នៅ​ពេល​ព្រះអង្គ​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ ២៥(២៦) ពួក​គេ​នាំ​គ្នា​ទៅ​គោរព​បំរើ​ព្រះ​ដទៃ ហើយ​ថែម​ទាំង​ក្រាប​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ​ទៀត​ផង គឺ​ព្រះ​ដែល​ពួក​គេ​ពុំ​ស្គាល់ ហើយ​ព្រះអម្ចាស់​ក៏​ពុំ​បាន​អនុញ្ញាត​អោយ​ពួក​គេ​ថ្វាយបង្គំ​ដែរ។ ២៦(២៧) ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់​ ទ្រង់​ព្រះពិរោធ​យ៉ាង​ខ្លាំង​ទាស់​នឹង​ស្រុក​នេះ។ ព្រះអង្គ​ធ្វើ​អោយ​បណ្ដាសា​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ កើត​មាន​ដល់​ពួក​គេ។ ២៧(២៨) ព្រះអម្ចាស់​ ដក​ពួក​គេ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន ដោយ​ព្រះហឫទ័យ​ក្រេវក្រោធ​យ៉ាង​ខ្លាំង​បំផុត ហើយ​ព្រះអង្គ​យក​ពួក​គេ​ទៅ​បោះ​ចោល​នៅ​ស្រុក​មួយ​ផ្សេង​ទៀត រហូត​មក​ដល់​សព្វ​ថ្ងៃ”។

 

២៨(២៩) មាន​តែ​ព្រះអម្ចាស់​ ជា​ព្រះ​របស់​យើង​ប៉ុណ្ណោះ ដែល​ជ្រាប​នូវ​អ្វីៗ​ដ៏​លាក់​កំបាំង។ ព្រះអង្គ​បើក​អោយ​យើង និង​កូន​ចៅ​របស់​យើង​គ្រប់​ជំនាន់​ត​រៀង​ទៅ ស្គាល់​អ្វីៗ​ដែល​ព្រះអង្គ​សំដែង ដើម្បី​អោយ​យើង​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នៃ​ក្រឹត្យវិន័យ​នេះ»។

ព្រះបន្ទូល​សន្យា​នៅ​ពេល​អ៊ីស្រាអែល​វិល​មក​រក​ព្រះអម្ចាស់​វិញ

១ «សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ថ្លែង​ប្រាប់ ទោះ​បី​ព្រះពរ ឬ​បណ្ដាសា​ក្ដី មុខ​ជា​កើត​មាន​ដល់​អ្នក។ ពេល​ណា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក និរទេស​អ្នក​ទៅ​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ ប្រសិន​បើ​អ្នក​នឹក​ឃើញ​សេច​ក្ដី​ទាំង​នោះ ២ ហើយ​វិល​មក​រក​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក គឺ​ទាំង​អ្នក ទាំង​កូន​ចៅ​របស់​អ្នក នាំ​គ្នា​ស្ដាប់​តាម​ព្រះសូរសៀង​របស់​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ ៣ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ស្ដារ​ស្ថានភាព​របស់​អ្នក ព្រះអង្គ​នឹង​អាណិត​អាសូរ​អ្នក ហើយ​ប្រមូល​អ្នក ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​កំចាត់កំចាយ​អ្នក​ទៅ​នោះ។ ៤ ទោះ​បី​គេ​កៀរ​អ្នក​ទៅ​ដល់​ជើង​មេឃ​ក្ដី ក៏​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ទៅ​ប្រមូល​អ្នក​នាំ​យក​មក​វិញ​ដែរ។ ៥ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​នាំ​អ្នក​វិល​ត្រឡប់​មក​ស្រុក ដែល​ជា​កម្មសិទ្ធិ​របស់​ដូនតា​អ្នក។ អ្នក​នឹង​កាន់​កាប់​ស្រុក​នេះ ព្រះអង្គ​ប្រទាន​ពរ​អោយ​អ្នក​មាន​អំណរ​សប្បាយ ហើយ​កើន​ចំនួន​ច្រើន​លើស​ដូនតា​របស់​អ្នក​ទៅ​ទៀត។ ៦ ព្រះ​អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​នាំ​អ្នក ព្រម​ទាំង​ពូជពង្ស​របស់​អ្នក ថ្វាយ​ចិត្ត​គំនិត​ដល់​ព្រះអង្គ ដើម្បី​អោយ​អ្នក​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត ធ្វើ​ដូច្នេះ ទើប​អ្នក​រស់​រាន​មាន​ជីវិត។

 

៧ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ធ្វើ​អោយ​បណ្ដាសា​ទាំង​នេះ​ធ្លាក់​ទៅ​លើ​ខ្មាំង​សត្រូវ​របស់​អ្នក ព្រម​ទាំង​អស់​អ្នក​ដែល​ស្អប់ និង​បៀតបៀន​អ្នក។ ៨ រីឯ​អ្នក​វិញ អ្នក​នឹង​វិល​មក​រក​ព្រះអម្ចាស់ ហើយ​ស្ដាប់​តាម​ព្រះសូរសៀង​របស់​ព្រះអង្គ ព្រម​ទាំង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដូច​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ។ ៩ ព្រះ​អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​អោយ​អ្នក​បាន​ចំរុង​ចំរើន ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។ ព្រះអង្គ​នឹង​ប្រទាន​អោយ​អ្នក​មាន​កូន​ចៅ​ជា​ច្រើន ហ្វូង​សត្វ​របស់​អ្នក​នឹង​កើន​ចំនួន​ច្រើន​ឡើង ហើយ​ដី​របស់​អ្នក​ក៏​បង្កើត​ភោគផល​យ៉ាង​ច្រើន​ដែរ ដ្បិត​ព្រះ​អម្ចាស់​​សព្វ​ព្រះហឫទ័យ​ប្រទាន​អោយ​អ្នក​មាន​សុភមង្គល ដូច​ដូនតា​របស់​អ្នក។ ១០ ក៏​ប៉ុន្តែ អ្នក​ត្រូវ​ស្ដាប់​តាម​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​អ្នក ដោយ​កាន់​តាម​បទ​បញ្ជា និង​ដំបូលន្មានរបស់​ព្រះអង្គ ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ ហើយ​ត្រូវ​វិល​មក​រក​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត។

 

១១ បទ​បញ្ជា​ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ មិន​មែន​ហួស​កម្លាំង​របស់​អ្នក ហើយ​ក៏​មិន​នៅ​ឆ្ងាយ​ដែរ។ ១២ បទ​បញ្ជា​នេះ​មិន​មែន​ ស្ថិត​នៅ​លើ​មេឃ បណ្ដាល​អោយ​អ្នក​ពោល​ថា “តើ​បាន​នរណា​ឡើង​ទៅ​លើ​មេឃ​យក​បទ​បញ្ជា​នេះ​មក​ថ្លែង​ប្រាប់​យើង ដើម្បី​អោយ​យើង​ប្រតិបត្តិ​តាម?”។ ១៣ បទ​បញ្ជា​នេះ​ក៏​មិន​ ស្ថិត​នៅ​ខាង​នាយ​សមុទ្រ បណ្ដាល​អោយ​អ្នក​ពោល​ថា “តើ​បាន​នរណា​ឆ្លង​ទៅ​ឯ​នាយ​សមុទ្រ យក​បទ​បញ្ជា​នេះ​មក​ថ្លែង​ប្រាប់​យើង ដើម្បី​អោយ​យើង​ប្រតិបត្តិ​តាម?”។ ១៤ ផ្ទុយ​ទៅ​វិញ ព្រះបន្ទូល​នេះ​នៅ​ក្បែរ​អ្នក នៅ​ក្នុង​មាត់ និង​ក្នុង​ចិត្ត​របស់​អ្នក ដើម្បី​អោយ​អ្នក​ប្រតិបត្តិ​តាម។

 

១៥ មើល៍​ថ្ងៃ​នេះ ខ្ញុំ​អោយ​អ្នក​ជ្រើស​រើស​យក​ជីវិត ឬ​សេចក្ដី​ស្លាប់ អំពើ​ល្អ ឬ​អំពើ​អាក្រក់ ១៦ ដ្បិត​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ អោយ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ កាន់​តាម​បទ​បញ្ជា ក្រឹត្យ​វិន័យ និងច្បាប់​របស់​ព្រះអង្គ។ ធ្វើ​ដូច្នេះ ទើប​អ្នក​រស់​រាន​មាន​ជីវិត និង​កើន​ចំនួន​ច្រើន​ឡើង ហើយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​ដល់​អ្នក​នៅ​ក្នុង​ស្រុក​ដែល​អ្នក​ចូល​ទៅ​កាន់​កាប់។ ១៧ ប៉ុន្តែ បើ​អ្នក​បែរ​ចិត្ត​ចេញ​ពី​ព្រះអង្គ មិន​ព្រម​ស្ដាប់​បង្គាប់​ព្រះអង្គ ដោយ​បណ្ដោយ​ខ្លួន​ទៅ​ក្រាប​ថ្វាយបង្គំ និង​គោរព​បំរើ​ព្រះ​ឯ​ទៀតៗ ១៨ នោះ​ខ្ញុំ​ប្រាប់​អោយ​ អ្នក​រាល់​គ្នា​ដឹង​នៅ​ថ្ងៃ​នេះ​ថា អ្នក​រាល់​គ្នា​មុខ​ជា​វិនាស​សូន្យ គឺ​អ្នក​ពុំ​អាច​មាន​អាយុ​យឺនយូរ​នៅ​ក្នុង​ស្រុក ដែល​អ្នក​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​កាន់​កាប់​នោះ​ឡើយ។ ១៩ ថ្ងៃ​នេះ ខ្ញុំ​សូម​យក​មេឃ និង​ដី ធ្វើ​ជា​សាក្សី​ទាស់​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​អោយ​អ្នក​ជ្រើស​រើស​យក​ជីវិត ឬ​សេចក្ដី​ស្លាប់ ព្រះពរ ឬ​បណ្ដាសា។ ចូរ​ជ្រើស​រើស​យក​ជីវិត​ចុះ ដើម្បី​អោយ​អ្នក និង​ពូជពង្ស​របស់​អ្នក​បាន​រស់​រាន។ ២០ ចូរ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ចូរ​ស្ដាប់​តាម​ព្រះសូរសៀង​របស់​ព្រះអង្គ និង​ជំពាក់​ចិត្ត​លើ​ព្រះអង្គ​។ ព្រះអង្គ​ជា​ជីវិត​របស់​អ្នក ព្រះអង្គ​ប្រទាន​អោយ​អ្នក​មាន​អាយុ​យឺនយូរ ដើម្បី​អោយ​អ្នក​រស់​នៅ​លើ​ទឹក​ដី​ដែល​ព្រះអម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ថា នឹង​ប្រទាន​អោយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​បុព្វបុរស​របស់​អ្នក»។

 

ប្រសាសន៍​ចុង​ក្រោយ និង​មរណភាព​របស់​លោក​ម៉ូសេ

លោក​យ៉ូសូអា​ទទួល​មុខងារ​ជំនួស​លោក​ម៉ូសេ

១ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ទៀត​ថា៖ ២ «ឥឡូវ​នេះ ខ្ញុំ​មាន​អាយុ​មួយ​រយ​ម្ភៃ​ឆ្នាំ​ហើយ ខ្ញុំ​ពុំ​អាច​ដឹក​នាំ​អ្នក​រាល់​គ្នា​ទៀត​ទេ។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា ខ្ញុំ​ពុំ​អាច​ឆ្លង​ទន្លេ​យ័រ ដាន់​នេះ​ឡើយ។ ៣ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​យាង​នៅ​មុខ​អ្នក ព្រះអង្គ​នឹង​បំផ្លាញ​ប្រជាជាតិ​នានា​ចេញ​ពី​មុខ​អ្នក ដើម្បី​អោយ​អ្នក​ដណ្ដើម​យក​ស្រុក​ពី​ពួក​គេ។ លោក​យ៉ូស្វេ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​អ្នក ដូច​ព្រះអម្ចាស់​មាន​ព្រះបន្ទូល។ ៤ ព្រះអម្ចាស់​នឹង​កំទេច​ប្រជាជាតិ​ទាំង​នោះ ដូច​ព្រះអង្គ​បាន​កំទេច​ស៊ីហុន និង​អុក​ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី ព្រម​ទាំង​ស្រុក​របស់​គេ។ ៥ ព្រះអម្ចាស់​ នឹង​ប្រគល់​ប្រជាជាតិ​ទាំង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក ហើយ​អ្នក​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​បញ្ជា​ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​នៅ​ថ្ងៃ​នេះ។ ៦ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! កុំ​ភ័យ​ខ្លាច ឬ​តក់ស្លុត​នៅ​ចំពោះ​មុខ​ពួក​គេ​អោយ​សោះ ដ្បិត​ព្រះអម្ចាស់​ផ្ទាល់ ជា​ព្រះ​របស់​អ្នក នឹង​យាង​ទៅ​ជា​មួយ​អ្នក។ ព្រះអង្គ​មិន​បោះ​បង់​ចោល​អ្នក​ជា​ដាច់​ខាត!»។

 

៧ លោក​ម៉ូសេ ​ហៅ​លោក​យ៉ូស៊ូអាមក ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​លោក នៅ​ចំពោះ​មុខ​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ថា៖ «ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! ដ្បិត​អ្នក​ត្រូវ​នាំ​ប្រជាជន​នេះ​ចូល​ទៅ​ក្នុង​ស្រុក ដែល​ព្រះអម្ចាស់​ បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​បុព្វបុរស​របស់​ពួក​គេ ថា​នឹង​ប្រគល់​អោយ​ពួក​គេ។ ដូច្នេះ អ្នក​ត្រូវ​នាំ​ប្រជាជន​នេះ​ទៅ​កាន់​កាប់​ទឹក​ដី ជា​ចំណែក​មត៌ក​របស់​ពួក​គេ។ ៨ ព្រះអម្ចាស់​ ផ្ទាល់​នឹង​យាង​នៅ​មុខ​អ្នក ព្រះអង្គ​គង់​នៅ​ជា​មួយ​អ្នក ហើយ​ព្រះអង្គ​មិន​បោះ​បង់​ចោល​អ្នក​ឡើយ។ ហេតុ​នេះ កុំ​ភ័យ​ខ្លាច ឬ​តក់ស្លុត​អោយ​សោះ»។

 

បញ្ជា​អោយ​អានគម្ពីរវិន័យ​រៀង​រាល់​ប្រាំពីរ​ឆ្នាំ

៩ លោក​ម៉ូសេ ​បាន​សរសេរគម្ពីរវិន័យ​នេះ​ប្រគល់​ជូន​ពួក​បូជា​ចារ្យ ជា​កូន​ចៅ​លេវី ដែល​មាន​ភារកិច្ច​សែង​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់ ហើយ​លោក​ក៏​ប្រគល់​ជូន​លោក​ព្រឹទ្ធាចារ្យ​ទាំង​អស់​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ដែរ។ ១០ លោក​ម៉ូសេ​បង្គាប់​ដល់​ពួក​គេ​ដូច​ត​ទៅ៖ «ប្រាំពីរ​ឆ្នាំ​ម្ដង គឺ​នៅ​ឆ្នាំ​ដែល​ត្រូវ​លុប​បំណុល ក្នុង​ឱកាស​បុណ្យ​បារាំ ១១ ពេល​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​នាំ​គ្នា​ទៅ​ថ្វាយបង្គំ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​កន្លែង​ដែល​ព្រះអង្គ​ជ្រើស​រើស ចូរ​អានគម្ពីរវិន័យ​នេះ​នៅ​មុខ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ដើម្បី​អោយ​ពួក​គេ​បាន​ឮ។ ១២ ត្រូវ​ប្រមូល​ប្រជាជន ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក ដើម្បី​អោយ​ពួក​គេ​ឮគម្ពីរវិន័យ​នេះ ហើយ​រៀន​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​កាន់ និង​អនុវត្ត​តាម​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​វិន័យ​នេះ។ ១៣ ចំណែក​ឯ​កូន​ចៅ​របស់​គេ​ដែល​ពុំ​ស្គាល់​គម្ពីរ​វិន័យ​នេះ ក៏​នឹង​បាន​ឮ ហើយ​រៀន​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ក្នុង​ពេល​អ្នក​រាល់​គ្នា​រស់​នៅ​លើ​ទឹក​ដី ដែល​អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​កាន់​កាប់»។

 

អ៊ីស្រាអែល​នឹង​ក្បត់​សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់

១៤ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ឥ​ឡូវ​នេះ ជិត​ដល់​ថ្ងៃ​ដែល​អ្នក​ត្រូវ​ស្លាប់​ហើយ។ ចូរ​ហៅ​យ៉ូស៊ូអា​មក ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​ឈរ​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។ យើង​នឹង​ចេញ​បញ្ជា​ដល់​យ៉ូស៊ូអា»។ លោក​ម៉ូសេ និង​លោក​យ៉ូស៊ូអា នាំ​គ្នា​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។ ១៥ ​ពេល​នោះ ព្រះអម្ចាស់​លេច​មក​អោយ​លោក​ទាំង​ពីរ​ឃើញ​ក្នុង​ដុំ​ពពក​ នៅ​ក្នុង​ពន្លា។ ដុំ​ពពក​នោះ​ស្ថិត​នៅ​មាត់​ទ្វារ​ពន្លា។

 

១៦ ព្រះអម្ចាស់មាន ​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «បន្តិច​​ទៀត អ្នក​នឹង​ត្រូវ​ស្លាប់។ ពេល​នោះ ប្រជាជន​នឹង​នាំ​គ្នា​ក្បត់​​​​យើង ហើយ​គោរព​ព្រះ​ដទៃ ក្នុង​ស្រុក​ដែល​ពួក​គេ​ចូល​ទៅ​រស់​នៅ។ ពួក​គេ​នឹង​បោះ​បង់​ចោល​យើង ដោយ​ផ្ដាច់​សម្ពន្ធមេត្រី​ដែល​យើង​ចង​ជា​មួយ​ពួក​គេ។ ១៧ នៅ​ថ្ងៃ​នោះ កំហឹង​របស់​យើង​នឹង​ឆាបឆេះ​ទៅ​លើ​ពួក​គេ យើង​នឹង​បោះ​បង់​ចោល​ពួក​គេ យើង​លែង​រវីរវល់​នឹង​ពួក​គេ​ទៀត​ហើយ។ ខ្មាំង​សត្រូវ​នឹង​លេប​បំបាត់​ពួក​គេ ទុក្ខ​វេទនា និង​ភាព​អាសន្ន​ជា​ច្រើន កើត​មាន​ដល់​ពួក​គេ។ ពេល​នោះ ពួក​គេ​មុខ​ជា​ពោល​ថា “ទុក្ខ​វេទនា​កើត​មាន​ដល់​ខ្ញុំ​ដូច្នេះ មក​ពី​ព្រះ​របស់​ខ្ញុំ​លែង​គង់​នៅ​ជា​មួយ​ខ្ញុំ!”។ ១៨ នៅ​ថ្ងៃ​នោះ យើង​លែង​រវីរវល់​នឹង​ពួក​គេ​ទាំង​ស្រុង ព្រោះ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដោយ​បែរ​ទៅ​គោរព​ព្រះ​ឯ​ទៀតៗ។ ១៩ ចូរ​សរសេរ​បទ​ចំរៀង​នេះ ​ទុក ព្រម​ទាំង​បង្រៀន​ជន​ជាតិ​អ៊ីស្រាអែល​អោយ​ចេះ​ច្រៀង ហើយ​អោយ​បទ​ចំរៀង​នេះ​ធ្វើ​ជា​សាក្សី​របស់​យើង ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល។ ២០ យើង​នឹង​នាំ​ជន​ជាតិ​ នេះ​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ ថា​នឹង​ប្រគល់​អោយ​ពួក​គេ គឺ​ជា​ស្រុក​ដ៏​សម្បូណ៌​សប្បាយ។ ពេល​មាន​អាហារ​បរិភោគ​ឆ្អែត បាន​ធំ​ធាត់ ពួក​គេ​នឹង​បែរ​ចិត្ត​ទៅ​រក​ព្រះ​ដទៃ ហើយ​គោរព​បំរើ​ព្រះ​ទាំង​នោះ។ ពួក​គេ​នឹង​ប្រមាថ​មាក់ងាយ​យើង ហើយ​ផ្ដាច់​សម្ពន្ធមេត្រី​ជា​មួយ​យើង។ ២១ នៅ​ពេល​មហន្តរាយ និង​ទុក្ខ​វេទនា​ជា​ច្រើន កើត​មាន​ដល់​ពួក​គេ បទ​ចំរៀង​នេះ​ធ្វើ​ជា​សាក្សី​ទាស់​នឹង​ពួក​គេ សូម្បី​តែ​ពូជពង្ស​របស់​ពួក​គេ​ក៏​ចេះ​ច្រៀង​បទ​នេះ​ដែរ។ មុន​ពេល​យើង​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ទឹក​ដី ដែល​យើង​សន្យា​យ៉ាង​ម៉ឺងម៉ាត់ ថា​ប្រគល់​អោយ​ពួក​គេ យើង​ដឹង​ជា​មុន​ថា ចិត្ត​របស់​ពួក​គេ​ប្រែប្រួល»។

 

២២ នៅ​ថ្ងៃ​នោះ លោក​ម៉ូសេ​បាន​សរសេរ​បទ​ចំរៀង​នេះ ហើយ​បង្រៀន​ដល់​កូន​ចៅ​អ៊ីស្រាអែល។

២៣ ព្រះអម្ចាស់​ បង្គាប់​លោក​យ៉ូស៊ូអា ជា​កូន​របស់​លោក​នូន​ថា៖ «ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង ដ្បិត​អ្នក​នឹង​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ថា ប្រគល់​អោយ​ពួក​គេ។ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក»។

 

២៤ ពេល​លោក​ម៉ូសេ​សរសេរ​ព្រះបន្ទូល​ស្ដី​អំពីវិន័យ​នេះ​ទុក​ក្នុង​គម្ពីរ ចប់​សព្វ​គ្រប់​ហើយ ២៥ លោក​បង្គាប់​ពួក​លេវី​ដែល​មាន​ភារកិច្ច​សែង​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់​ថា៖ ២៦ «ចូរ​យកគម្ពីរវិន័យ​នេះ​ទៅ​ទុក​ជា​មួយ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ គម្ពីរ​នេះ​ជា​បន្ទាល់​ទាស់​នឹង​អ្នក ២៧ ដ្បិត​ខ្ញុំ​ដឹង​ថា​អ្នក​មាន​គំនិត​បះបោរ និង​មាន​ចិត្ត​រឹងរូស។ ពេល​ខ្ញុំ​នៅ​រស់ អ្នក​បះបោរ​ប្រឆាំង​នឹង​ព្រះអម្ចាស់​យ៉ាង​នេះ​ទៅ​ហើយ ចុះ​ទំរាំ​បើ​ខ្ញុំ​ស្លាប់ តើ​អ្នក​នឹង​បះបោរ​យ៉ាង​ណា​ទៅ​ទៀត! ២៨ ចូរ​ប្រមូល​ ព្រឹទ្ធាចារ្យ*​ទាំង​អស់​នៃ​កុលសម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​មេ​ក្រុម​អោយ​មក​ជួប​ខ្ញុំ ខ្ញុំ​នឹង​អោយ​ពួក​គេ​ឮ​ព្រះបន្ទូល​ទាំង​នេះ។ ខ្ញុំ​ក៏​យក​មេឃ និង​ដី​ធ្វើ​ជា​សាក្សី​ទាស់​នឹង​ពួក​គេ​ដែរ ២៩ ដ្បិត​ខ្ញុំ​ដឹង​ថា ពេល​ខ្ញុំ​លា​ចាក​លោក​នេះ​ទៅ អ្នក​រាល់​គ្នា​នឹង​ក្បត់​ព្រះជាម្ចាស់ ដោយ​ងាក​ចេញ​ពី​មាគ៌ា​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា។ ពេល​អនាគត អ្នក​រាល់​គ្នា​នឹង​ប្រព្រឹត្ត​អំពើ​អាក្រក់​មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ រហូត​បណ្ដាល​អោយ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ ហើយ​ទុក្ខ​វេទនា​នឹង​កើត​មាន​ដល់​អ្នក​រាល់​គ្នា»។

៣០ លោក​ ម៉ូសេ​បាន​ថ្លែង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​បទ​ចំរៀង​នេះ អោយ​អង្គ​ប្រជុំ​ទាំង​មូល​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ស្ដាប់ រហូត​ដល់​ចប់។

បទ​ចំរៀង​របស់​លោក​ម៉ូសេ

១ «ផ្ទៃ​មេឃ​អើយ

ចូរ​ត្រងត្រាប់​ស្ដាប់​សេចក្ដី

ដែល​ខ្ញុំ​នឹង​ថ្លែង!

ផែនដី​អើយ ចូរ​ស្ដាប់​ពាក្យ​ដែល​ខ្ញុំ​និយាយ!

២  សូម​អោយ​ដំបូន្មាន​របស់​ខ្ញុំ​ធ្លាក់​ដូច​ទឹក​ភ្លៀង

សូម​អោយ​ពាក្យ​សំដី​របស់​ខ្ញុំ​ស្រក់​ដូច​សន្សើម

ដូច​ភ្លៀង​បង្អុរ​មក​លើ​រុក្ខជាតិ​ខៀវ​ខ្ចី

ឬ​ដូច​ដំណក់​ទឹក​ធ្លាក់​ទៅ​លើ​ស្មៅ

៣ ដ្បិត​ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះនាម​ព្រះអម្ចាស់!

ចូរ​លើក​តម្កើង​ភាព​ថ្កុំថ្កើង​របស់​ព្រះ​នៃ​យើង!

៤  ព្រះអង្គ​ជា​ថ្មដា

ហើយ​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ​ល្អ​ឥត​ខ្ចោះ។

មាគ៌ា​របស់​ព្រះអង្គ​សុទ្ធ​តែ​ទៀង​ត្រង់។

ព្រះអង្គ​ជា​ព្រះ​ដ៏​ស្មោះ​ត្រង់

ព្រះអង្គ​មិន​អយុត្តិធម៌​ឡើយ

ដ្បិត​ព្រះអង្គ​សុចរិត និង​យុត្តិធម៌។

៥  ព្រះអង្គ​ជ្រាប​ថា អ្នក​រាល់​គ្នា​ក្បត់​ព្រះអង្គ

ដោយ​អ្នក​រាល់​គ្នា​មាន​មារយាទ​បែប​នេះ

អ្នក​រាល់​គ្នា​មិន​មែន​ជា​បុត្រធីតា

របស់​ព្រះអង្គ​ទៀត​ទេ

អ្នក​រាល់​គ្នា​ជា​មនុស្ស​អប្រិយ

និង​មាន​ចិត្ត​វៀច​វេរ។

៦  ប្រជាជន​ល្ងីល្ងើ ឥត​ប្រាជ្ញា​អើយ

ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះ

ចំពោះ​ព្រះអង្គ

ជា​ព្រះបិតា​ដែល​បាន​បង្កើត​អ្នក​មក!

ព្រះអង្គ​បាន​ធ្វើ​អោយ​អ្នក​ទៅ​ជា​ប្រជាជាតិ​មួយ

ព្រម​ទាំង​ពង្រឹង​អ្នក​អោយ​មាំមួន​ទៀត​ផង។

៧  ចូរ​នឹក​ចាំ​ពី​អតីតកាល

ចូរ​រិះគិត​អំពី​ឆ្នាំ​នានា​ដែល​កន្លង​ហួស​មក​ហើយ

ចូរ​សុំ​អោយ​ឪពុកម្ដាយ និង​ជីដូនជីតា​របស់​អ្នក

រៀប​រាប់​អំពី​ហេតុការណ៍​នៅ​ជំនាន់​មុនៗ។

៨  ពេល​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ប្រទាន​ទឹក​ដី

អោយ​ប្រជាជាតិ​ទាំងឡាយ ទុក​ជា​កេរមត៌ក

ពេល​ព្រះអង្គ​បំបែក​មនុស្ស​លោក​ចេញ​ពី​គ្នា

ព្រះអង្គ​បាន​កំណត់​ព្រំដែន

អោយ​ជាតិ​សាសន៍​នានា

ដោយ​យោង​តាម​ចំនួន​កូន​ចៅ​អ៊ីស្រាអែល។

៩  ព្រះអម្ចាស់​បាន​ជ្រើស​រើស​អ៊ីស្រាអែល

ទុក​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ

ព្រះអង្គ​ជ្រើស​រើស​កូន​ចៅ​លោក​យ៉ាកុប

ទុក​ជា​ចំណែក​មត៌ក​របស់​ព្រះអង្គ​ផ្ទាល់។

១០ ព្រះអង្គ​បាន​រក​ឃើញ​អ៊ីស្រាអែល

នៅ​វាល​រហោស្ថាន ក្នុង​ទឹក​ដី​ហួតហែង

ដែល​មាន​តែ​ឆ្កែ​ព្រៃ​រស់​នៅ

ព្រះអង្គ​បី​បាច់​ថ្នាក់ថ្នម និង​អប់រំ​អ៊ីស្រាអែល

ព្រះអង្គ​ការពារ​គេ ដូច​ប្រស្រី​ព្រះនេត្រ​របស់​ព្រះអង្គ។

១១ ព្រះអង្គ​ប្រព្រឹត្ត​ចំពោះ​អ៊ីស្រាអែល

ដូច​សត្វ​ឥន្ទ្រី​បង្រៀន​កូន​នៅ​ក្នុង​សំបុក

ព្រម​ទាំង​ហើរ​ការពារ​ពី​លើ​កូន​របស់​វា

ហើយ​ត្រដាង​ស្លាប​ក្រុង​កូន​របស់​វា

និង​ដាក់​កូន​នៅ​លើ​ចំអេង​ស្លាប​ផង។

១២ មាន​តែ​ព្រះអម្ចាស់​មួយ​អង្គ​គត់

ដែល​ដឹក​នាំ​ប្រជារាស្ត្រ​របស់​ព្រះអង្គ

គឺ​ព្រះអង្គ​មិន​ត្រូវ​ការ​ព្រះ​ដទៃ​ឡើយ។

១៣ ព្រះអង្គ​នាំ​ប្រជារាស្ត្រ​របស់​ព្រះអង្គ

ឡើង​ទៅ​រស់​នៅ​តាម​តំបន់​ភ្នំ

ហើយ​អោយ​ពួក​គេ​បរិភោគ

ភោគផល​ដែល​ដុះ​នៅ​តាម​ចំការ

ព្រះអង្គ​អោយ​ពួក​គេ​បរិភោគ​ទឹក​ឃ្មុំ និង​ប្រេង

នៅ​តាម​កន្លែង​ដែល​មាន​ថ្ម។

១៤ គោ​ញី និង​ពពែ​ញី​ផ្ដល់​ទឹក​ដោះ​អោយ​ពួក​គេ

ពួក​គេ​មាន​សាច់​សត្វ​ដ៏​ធាត់ៗ​បរិភោគ

គឺ​កូន​ចៀម និង​ចៀម​ឈ្មោល​នៅ​ស្រុក​បាសាន

ព្រម​ទាំង​ពពែ​ឈ្មោល

ពួក​គេ​បរិភោគ​នំបុ័ង​ធ្វើ​ពី​ម្សៅ​ដ៏​ល្អៗ

ហើយ​ផឹក​ស្រា​ទំពាំងបាយជូរ​ដ៏​ឆ្ងាញ់​ពិសា។

១៥ យេស៊ូរូន​បាន​ធំ​ធាត់ មាន​កម្លាំង​រឹងប៉ឹង

(ពិត​មែន​ហើយ អ្នក​បាន​ធំ​ធាត់ និង​មាំមួន!)

ហើយ​គេ​ក៏​បោះ​បង់​ចោល​ព្រះជាម្ចាស់

ដែល​បាន​បង្កើត​ខ្លួន​មក

គេ​បាន​មាក់ងាយ​ព្រះអង្គ​ដែល​ជា​ថ្មដា

និង​ជា​ព្រះ​សង្គ្រោះ​របស់​ខ្លួន។

១៦ ពួក​គេ​ធ្វើ​អោយ​ព្រះអង្គ​ប្រច័ណ្ឌ

ព្រោះ​ពួក​គេ​បែរ​ទៅ​គោរព​ព្រះ​ដទៃ

ពួក​គេ​ធ្វើ​អោយ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ

ព្រោះ​ពួក​គេ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម។

១៧ ពួក​គេ​សែនព្រេន​អារក្ស​ដែល​មិន​មែន​ជា​ព្រះ

ព្រម​ទាំង​សែនព្រេន​ដល់​ព្រះ​ទាំងឡាយ

ដែល​ខ្លួន​ពុំ​ស្គាល់

គឺ​ជា​ព្រះ​ថ្មីៗ​ដែល​បុព្វបុរស​របស់​ខ្លួន​ពុំ​ធ្លាប់​គោរព។

១៨ អ្នក​បាន​ប្រមាថ​មាក់ងាយ​ព្រះអង្គ ដែល​ជា​ថ្មដា

ហើយ​បាន​បង្កើត​អ្នក​មក

អ្នក​បាន​បំភ្លេច​ព្រះជាម្ចាស់​ដែល​ផ្ដល់​ជីវិត

អោយ​អ្នក។

១៩ ព្រះអម្ចាស់​ទត​ឃើញ​ដូច្នេះ

ព្រះអង្គ​បោះ​បង់​ចោល​ពួក​គេ។

បុត្រធីតា​របស់​ព្រះអង្គ​បាន​ធ្វើ​អោយ

ព្រះអង្គ​ខ្ញាល់។

២០ ព្រះអង្គ​ក៏​មាន​ព្រះបន្ទូល​ថា៖

«យើង​លែង​រវីរវល់​នឹង​ពួក​គេ​ហើយ

យើង​មុខ​ជា​ឃើញ​ថា

ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា។

ពួក​គេ​ជា​មនុស្ស​ពាល

គ្មាន​នរណា​អាច​ទុក​ចិត្ត​ពួក​គេ​ឡើយ»។

២១ ពួក​គេ​ធ្វើ​អោយ​យើង​មាន​ចិត្ត​ប្រច័ណ្ឌ

ដោយសារ​ព្រះ​ក្លែងក្លាយ

ពួក​គេ​ធ្វើ​អោយ​យើង​ខឹង

ដោយសារ​ព្រះ​ដែល​ឥត​បាន​ការ។

ដូច្នេះ យើង​ក៏​នឹង​ធ្វើ​អោយ​ពួក​គេ​ប្រច័ណ្ឌ

ដោយសារ​មនុស្ស​ដែល​មិន​មែន​ជា​ប្រជាជន

យើង​នឹង​ធ្វើ​អោយ​ពួក​គេ​ខឹង

ដោយសារ​ប្រជាជាតិ​ដែល​មិន​ដឹង​ខុស​ត្រូវ។

២២ ភ្លើង​កំហឹង​របស់​យើង​កំពុង​តែ​ឆាបឆេះ

រាលដាល​រហូត​ទៅ​ដល់​ស្ថាន​មនុស្ស​ស្លាប់។

ភ្លើង​នេះ​នឹង​ឆាបឆេះ​ផែនដី

និង​ភោគផល​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី

ព្រម​ទាំង​ឆាបឆេះ​គ្រឹះ​របស់​ភ្នំ​នានា​ផង។

២៣ យើង​នឹង​ធ្វើ​អោយ​ទុក្ខ​វេទនា

កើត​មាន​ដល់​ពួក​គេ​ផ្ទួនៗ​គ្នា។

យើង​នឹង​បាញ់​ព្រួញ​ទាំង​ប៉ុន្មាន​របស់​យើង

ទៅ​លើ​ពួក​គេ។

២៤ ពួក​គេ​នឹង​ធ្លាក់​ខ្លួន​ខ្សោយ ដោយសារ​ទុរ្ភិក្ស

ឈឺ​រ៉ាំរ៉ៃ ដោយ​ជំងឺ​គ្រុន​ក្ដៅ និង​ជំងឺ​ឆ្លង។

យើង​នឹង​ប្រហារ​ពួក​គេ​ដោយ​ចង្កូម

របស់​សត្វ​សាហាវ និង​ពស់​អាសិរពិស។

២៥ នៅ​ខាង​ក្រៅ​ផ្ទះ ពួក​គេ​ស្លាប់​ដោយ​មុខ​ដាវ

ខាង​ក្នុង ពួក​គេ​ស្លាប់​ដោយ​ភ័យ​ញាប់ញ័រ។

សេចក្ដី​ស្លាប់​កើត​មាន​ដល់​ពួក​គេ​គ្រប់​គ្នា

ទាំង​កំលោះ ទាំង​ក្រមុំ

ទាំង​ទារក​នៅ​បៅ ទាំង​ចាស់​សក់​ស្កូវ។

២៦ យើង​មាន​បំណង​បំផ្លាញ​ពួក​គេ​ទាំង​ស្រុង

យើង​ចង់​លុប​បំបាត់​ពួក​គេ​ពី​ផែនដី

មិន​អោយ​នរណា​នឹក​នា​ដល់​ពួក​គេ​ទៀត។

២៧ ប៉ុន្តែ យើង​នឹង​បារម្ភ

ក្រែង​លោ​ខ្មាំង​សត្រូវ​យល់​ច្រឡំ

ហើយ​ចំអក និង​ប្រមាថ​មើលងាយ​យើង

ដោយ​ពោល​ថា “ពួក​យើង​ជា​មនុស្ស​ខ្លាំង​ពូកែ

គឺ​មិន​មែន​ព្រះអម្ចាស់​ទេ​ដែល​សំរេច​ការ​នេះ”។

២៨ អ៊ីស្រាអែល​ជា​ប្រជាជាតិ​ឥត​ដឹង​ខុស​ត្រូវ

ពួក​គេ​គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ។

២៩ ប្រសិន​បើ​ពួក​គេ​មាន​ប្រាជ្ញា

នោះ​ពួក​គេ​មុខ​ជា​ពិចារណា ហើយ​យល់​ថា

នៅ​អនាគត តើ​ពួក​គេ​នឹង​ទៅ​ជា​យ៉ាង​ណា។

៣០ ប្រសិន​បើ​ព្រះអម្ចាស់ ដែល​ជា​ថ្មដា​របស់​ពួក​គេ

មិន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ

របស់​ខ្មាំង​សត្រូវ​ទេ​នោះ

តើ​ខ្មាំង​សត្រូវ​តែ​ម្នាក់​អាច​ដេញ​តាម

អ៊ីស្រាអែល​ដល់​ទៅ​មួយ​ពាន់​នាក់

ហើយ​ខ្មាំង​សត្រូវ​តែ​ពីរ​នាក់​អាច​ធ្វើ​អោយ

អ៊ីស្រាអែល​មួយ​ម៉ឺន​នាក់​បាក់​ទ័ព​កើត​ឬ?

៣១ ប៉ុន្តែ ខ្មាំង​សត្រូវ​របស់​យើង​ដឹង​ស្រាប់​ហើយ​ថា

ព្រះ​ដែល​ជា​ថ្មដា​របស់​ពួក​គេ

ពុំ​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះជាម្ចាស់

ដែល​ជា​ថ្មដា​របស់​យើង​ឡើយ។

៣២ ចំណែក​ឯ​ពួក​គេ​វិញ ពួក​គេ​ប្រៀប​ដូច​ជា

អ្នក​ក្រុង​សូដុម និង​អ្នក​ក្រុង​កូម៉ូរ៉ា

ហើយ​ប្រៀប​ដូច​ជា​ដើម​ទំពាំងបាយជូរ

ដែល​មាន​ផ្លែ​ល្វីង និង​មាន​ជាតិ​ពុល។

៣៣ ស្រា​ទំពាំងបាយជូរ​របស់​ពួក​គេ

ប្រៀប​ដូច​ជា​ពិស​របស់​នាគ

និង​ដូច​ជា​ពិស​ដ៏​សាហាវ​របស់​ពស់​វែក។

៣៤ យើង​រៀបចំ​គំរោងការ​មួយ​ដ៏​លាក់​កំបាំង

ដែល​យើង​បម្រុង​ទុក ប្រឆាំង​នឹង​ពួក​គេ។

៣៥ ការ​សងសឹក​ស្រេច​តែ​លើ​យើង

យើង​នឹង​តប​ទៅ​ពួក​គេ​វិញ

នៅ​ពេល​ពួក​គេ​ជំពប់​ដួល!

ដ្បិត​ថ្ងៃ​វេទនា​ជិត​មក​ដល់​ហើយ

ថ្ងៃអន្សា​របស់​ពួក​គេ​នៅ​ជិត​បង្កើយ។

៣៦ ព្រះអម្ចាស់​រក​យុត្តិធម៌​អោយ​ប្រជារាស្ត្រ

របស់​ព្រះអង្គ

ព្រះអង្គ​អាណិត​អាសូរ​អ្នក​បំរើ​របស់​ព្រះអង្គ

នៅ​ពេល​ព្រះអង្គ​ទត​ឃើញ​ពួក​គេ​អស់​កម្លាំង

ដោយ​គ្មាន​អ្វី​ធ្វើ​ជា​ទី​ពឹង និង​ជួយ​រំដោះ​ពួក​គេ។

៣៧ ព្រះអង្គ​នឹង​សួរ​ពួក​គេ​ថា

“តើ​ព្រះ​របស់​អ្នក​រាល់​គ្នា

គឺ​ព្រះ​ដែល​អ្នក​រាល់​គ្នា​ទុក​ជា​ថ្មដា

ដើម្បី​ពឹង​ផ្អែក​នោះ នៅ​ឯ​ណា?

៣៨ អ្នក​រាល់​គ្នា​ធ្វើ​យញ្ញបូជា និង​ពិធី​ច្រួចស្រា

សែន​ព្រះ​ទាំង​នោះ

បើ​ព្រះ​ទាំង​នោះ​ចេះ​សេពសោយ​មែន

អោយ​ពួក​គេ​ក្រោក​ឡើង

ជួយ​សង្គ្រោះ និង​ការពារ​អ្នក​រាល់​គ្នា​ទៅ!

៣៩ ឥឡូវ​នេះ ចូរ​ទទួល​ស្គាល់​ថា

មាន​តែ​យើង​ប៉ុណ្ណោះ​ដែល​ជា​ព្រះជាម្ចាស់

ក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ។

យើង​ផ្ដល់​ជីវិត និង​ដក​ជីវិត

យើង​ធ្វើ​អោយ​របួស និង​ធ្វើ​អោយ​ជា​វិញ

គ្មាន​នរណា​អាច​រំដោះ​ពី​ដៃ​យើង​ទេ។

៤០ យើង​លើក​ដៃ​ឆ្ពោះ​ទៅ​លើ​មេឃ

ហើយ​សច្ចា​ក្នុង​នាម​យើង

ដែល​ជា​ព្រះ​គង់​នៅ​អស់កល្ប​ជានិច្ច​ថា:

៤១ យើង​សំលៀង​ដាវ និង​ខាត់​វា​យ៉ាង​រលោង

ដើម្បី​រក​យុត្តិធម៌ ដោយ​ដៃ​យើង​ផ្ទាល់

គឺ​យើង​តទល់​នឹង​បច្ចាមិត្ត​របស់​យើង

ហើយ​សងសឹក​នឹង​អស់​អ្នក​ដែល​ស្អប់​យើង។

៤២ យើង​នឹង​ធ្វើ​អោយ​ព្រួញ​របស់​យើង

ជោក​ដោយ​ឈាម

ដាវ​របស់​យើង​ចាក់​ទម្លុះ​សាច់​របស់​ខ្មាំង​សត្រូវ

គ្មាន​ទាហាន​ណា​ម្នាក់​របស់​ពួក​គេ

គេច​ផុត​ពី​មុខ​ដាវ​នេះ​បាន​ឡើយ

គឺ​ទាំង​អ្នក​របួស ទាំង​អ្នក​ជាប់​ជា​ឈ្លើយ

នឹង​ត្រូវ​វិនាស​ដូច​គ្នា”។

៤៣ ចូរ​អោយ​ប្រជាជាតិ​ទាំងឡាយ​អបអរសាទរ

ប្រជារាស្ត្រ​របស់​ព្រះអម្ចាស់!

ដ្បិត​ព្រះអង្គ​សងសឹក​ជួស​អ្នក​បំរើ​របស់​ព្រះអង្គ

ព្រះអង្គ​ដាក់​ទោស​បច្ចាមិត្ត។

ព្រះអង្គ​ធ្វើ​អោយ​ទឹក​ដី និង​ប្រជារាស្ត្រ

របស់​ព្រះអង្គ​រួច​ផុត​ពី​សៅហ្មង»។

 

៤៤ លោក​ ម៉ូសេ និង​លោក​យ៉ូស៊ូអា​ ជា​កូន​របស់​លោក​នូន នាំ​យក​ព្រះបន្ទូល​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​បទ​ចំរៀង​នេះ មក​ប្រកាស​អោយ​ប្រជាជន​បាន​ឮ។

៤៥ ពេល​លោក​ម៉ូសេ​ប្រកាស​ព្រះបន្ទូល​ទាំង​នេះ​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ចប់​សព្វ​គ្រប់​ហើយ ៤៦ លោក​មាន​ប្រសាសន៍​ទៅ​គេ ​ទៀត​ថា៖ «ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះបន្ទូល​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ហើយ​ប្រៀនប្រដៅ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​អោយ​កាន់ និង​ប្រតិបត្តិ​តាម​ព្រះបន្ទូល​ទាំង​អស់​ដែល​មាន​ចែង​ក្នុង​គម្ពីរវិន័យ​ នេះ។ ៤៧ ​ព្រះ​បន្ទូល​ទាំង​នេះ​ មិន​មែន​ឥត​ខ្លឹមសារ​ទេ ផ្ទុយ​ទៅ​វិញ ជា​ព្រះបន្ទូល​ដែល​ផ្ដល់​អោយ​អ្នក​រាល់​គ្នា​មាន​ជីវិត និង​មាន​អាយុ​យឺនយូរ​នៅ​ក្នុង​ទឹក​ដី ដែល​អ្នក​រាល់​គ្នា​នឹង​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​កាន់​កាប់»។

 

ព្រះអម្ចាស់​ប្រកាស​អំពី​មរណភាព​របស់​លោក​ម៉ូសេ

៤៨ នៅ​ថ្ងៃ​ដដែល​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖ ៤៩ «ចូរ​ឡើង​ទៅ​កំពូល​ភ្នំ ​នេបូ ដែល​ស្ថិត​នៅ​លើ​ជួរ​ភ្នំ​អាបារីម ក្នុង​ស្រុក​ម៉ូអាប់ ទល់​មុខ​នឹង​ទន្លេ​យ័រដាន់ ហើយ​សម្លឹង​មើល​ស្រុក​កាណាន​ដែល​យើង​ប្រគល់​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ទុក​ជា​ កម្មសិទ្ធិ។ ៥០ អ្នក​នឹង​ស្លាប់​នៅ​លើ​ ភ្នំ​ដែល​អ្នក​ឡើង​ទៅ​នោះ គឺ​អ្នក​នឹង​ទៅ​ជួបជុំ​ដូនតា​របស់​អ្នក ដូច​អរ៉ុន​ដែល​បាន​ស្លាប់​នៅ​លើ​ភ្នំ​ហ៊រ ទៅ​ជួបជុំ​ដូនតា​របស់​គាត់​ដែរ​។ ៥១ កាល​នៅ​ក្បែរ​ប្រភព​ទឹក ​មេរីបា នៅ​កាដែស ក្នុង​វាល​រហោស្ថាន​ស៊ីន អ្នក​ទាំង​ពីរ​បាន​ប្រព្រឹត្ត​ខុស​យ៉ាង​ធ្ងន់​ចំពោះ​យើង នៅ​មុខ​ជន​ជាតិ​អ៊ីស្រាអែល គឺ​អ្នក​ទាំង​ពីរ​ពុំ​បាន​លើក​តម្កើង​យើង​ជា​ព្រះ​ដ៏វិសុទ្ធ* នៅ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា​អែល​​ទេ​។ ៥២ ដូច្នេះ អ្នក​នឹង​មើល​ឃើញ​ស្រុក​ដែល​ស្ថិត​នៅ​ចំពោះ​មុខ​អ្នក តែ​អ្នក​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​ប្រគល់​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ឡើយ»។

លោក​ម៉ូសេ​អោយ​ពរ​ជន​ជាតិ​អ៊ីស្រាអែល

១ មុន​ពេល​ទទួល​មរណភាព លោក​ម៉ូសេ ជា​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ អោយ​ពរ​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ៖

២ «ព្រះអម្ចាស់​យាង​មក​ពី​ភ្នំ​ស៊ីណៃ

ព្រះអង្គ​ក្រោក​ឡើង​ពី​ភ្នំ​សៀរ ដូច​ថ្ងៃ​រះ

ព្រះអង្គ​បំភ្លឺ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ពី​ភ្នំ​ប៉ារ៉ន

ព្រះអង្គ​យាង​មក​ជា​មួយ​ទេវតា​យ៉ាង​ច្រើន អនេកអនន្ត ព្រះអង្គ​កាន់វិន័យ​ដែល​មាន​ពន្លឺ​ដូច​ភ្លើង មក​ប្រគល់​អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ។ ៣  ព្រះអង្គ​ស្រឡាញ់​ប្រជារាស្ត្រ​របស់​ព្រះអង្គ ព្រះអង្គ​រក្សា​ប្រជាជន​ដ៏វិសុទ្ធ​របស់​ព្រះអង្គ ពួក​គេ​ក្រាប​នៅ​ទៀប​ព្រះបាទា ដើម្បី​ទទួល​ព្រះបន្ទូល​របស់​ព្រះអង្គ។ ៤  វិន័យ​ដែល​លោក​ម៉ូសេ​ប្រគល់​អោយ​ពួក​យើង ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​របស់​កូន​ចៅ​លោក​យ៉ាកុប។ ៥  នៅ​ពេល​មេ​ដឹក​នាំ​របស់​ជន​ជាតិ​យេស៊ូរូន និង​កុលសម្ព័ន្ធ​ទាំងឡាយ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ជួបជុំ​គ្នា ពួក​គេ​ទទួល​ស្គាល់​ព្រះអម្ចាស់ ជា​ព្រះមហាក្សត្រ​របស់​ពួក​គេ។ ៦  សូម​អោយ​រូបេន​មាន​ជីវិត ឥត​ស្លាប់​ឡើយ ហើយ​អោយ​គេ​កើន​ចំនួន​ច្រើន​ឡើង!។ ៧  ចំណែក​ឯ​កុលសម្ព័ន្ធ​យូដា​វិញ លោក​ថ្លែង​ថា: ព្រះអម្ចាស់​អើយ សូម​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​របស់​យូដា សូម​នាំ​គេ​អោយ​ជា​នា​នឹង​បង​ប្អូន​របស់​ខ្លួន​វិញ សូម​អោយ​គេ​ជួយ​ការពារ​បង​ប្អូន​របស់​ខ្លួន ហើយ​សូម​ព្រះអង្គ​ជួយ​យូដា ក្នុង​ពេល​តទល់​នឹង​ខ្មាំង​សត្រូវ។ ៨  ចំពោះ​កុលសម្ព័ន្ធ​លេវី លោក​ថ្លែង​ថា: ព្រះអង្គ​បាន​ប្រគល់​ទូមីម និងអូរីម

ទៅ​អោយ​កូន​ចៅ​លេវី

ជា​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ព្រះអង្គ

បន្ទាប់​ពី​ព្រះអង្គ​បាន​ល្បងល​ពួក​គេ​នៅ​ម៉ាសា

ព្រម​ទាំង​វិនិច្ឆ័យ​ទោស​ពួក​គេ​នៅ​មេរីបា។

៩  ពួក​លេវី​ស្រឡាញ់​ព្រះអង្គ​ជាង​ឪពុកម្ដាយ

បង​ប្អូន និង​កូន​ចៅ​របស់​ខ្លួន​ទៅ​ទៀត

ដ្បិត​ពួក​គេ​កាន់​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ

ហើយ​រក្សា​សម្ពន្ធមេត្រី​របស់​ព្រះអង្គ។

១០  ពួក​គេ​បង្រៀន​ច្បាប់​របស់​ព្រះអង្គ

ដល់​កូន​ចៅ​លោក​យ៉ាកុប

ពួក​គេ​បង្រៀន​ក្រឹត្យវិន័យ​របស់​ព្រះអង្គ

ដល់​កូន​ចៅ​អ៊ីស្រាអែល

ពួក​គេ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះអង្គ

ហើយ​ថ្វាយ​តង្វាយ​ទាំង​មូល​នៅ​លើ​អាសនៈ

របស់​ព្រះអង្គ។

១១  ឱ​ព្រះអម្ចាស់​អើយ

សូម​ប្រទាន​អោយ​ពួក​គេ​មាន​កម្លាំង

សូម​ប្រទាន​ពរ​ដល់​អ្វីៗ​ដែល​ពួក​គេ​ធ្វើ។

សូម​បំបាក់​ចង្កេះ​អស់​អ្នក​ប្រឆាំង​នឹង​ពួក​គេ

សូម​អោយ​អស់​អ្នក​ដែល​ស្អប់​ពួក​គេ

ត្រូវ​បរាជ័យ ងើប​លែង​រួច!។

១២  ចំពោះ​កូន​ចៅ​បេនយ៉ាមីន លោក​ថ្លែង​ថា:

ព្រះអម្ចាស់​ស្រឡាញ់​បេនយ៉ាមីន​ណាស់

គេ​នៅ​ជា​មួយ​ព្រះអង្គ​យ៉ាង​កក់​ក្ដៅ

ព្រះអម្ចាស់​ការពារ​គេ​ជានិច្ច

ហើយ​ព្រះអង្គ​គង់​នៅ​ជា​មួយ​គេ។

១៣  ចំពោះ​កូន​ចៅ​របស់​លោក​យ៉ូសែប

លោក​ម៉ូសេ​ថ្លែង​ថា:

ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​ស្រុក​របស់​គេ

ភ្លៀង និង​សន្សើម​ធ្លាក់​ចុះ​ពី​លើ​មេឃ

ហើយ​ទឹក​ក៏​ផុស​ចេញ​ពី​ក្នុង​ដី​មក

ស្រោច​ស្រព​ទឹក​ដី​របស់​គេ​យ៉ាង​បរិបូណ៌។

១៤  កំដៅ​ថ្ងៃ​ធ្វើ​អោយ​ដំណាំ​ដុះ​ឡើង

បង្កើត​ភោគផល​យ៉ាង​ច្រើន រៀង​រាល់​ខែ។

១៥  ស្រុក​របស់​គេ​មាន​ភ្នំ​ជុំ​ជិត

ធ្វើ​អោយ​ដី​មាន​ជីជាតិ​ល្អ​គ្រប់​ពេល​វេលា។

១៦  ទឹក​ដី​របស់​គេ​សម្បូណ៌​ទៅ​ដោយ

ភោគ​ទ្រព្យ​ធម្មជាតិ។

សូម​ព្រះអង្គ​ដែល​គង់​នៅ​ក្នុង​គុម្ពោត

សន្ដោស​ដល់​កូន​ចៅ​យ៉ូសែប

ដែល​ជា​មេ​ដឹក​នាំ​បង​ប្អូន​របស់​ខ្លួន។

១៧  កុលសម្ព័ន្ធ​យ៉ូសែប​ប្រៀប​ដូច​ជា​គោ​បា

ដែល​មាន​កម្លាំង និង​ភាព​ថ្កុំថ្កើង

អំណាច​របស់​គេ​ខ្លាំងក្លា​ដូច​ស្នែង​ក្របី

ដែល​ប្រហារ​ជាតិ​សាសន៍​ទាំងឡាយ

ហើយ​រុញ​ច្រាន​ជាតិ​សាសន៍​ទាំង​នោះ

រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។

ស្នែង​ម្ខាង គឺ​អេប្រាអ៊ីម

ដែល​មាន​គ្នា​ច្រើន​អនេកអនន្ត

ស្នែង​ម្ខាង​ទៀត គឺ​ម៉ាណាសេ

ដែល​មាន​គ្នា​ច្រើន​ឥត​គណនា។

១៨  ចំពោះ​កូន​ចៅ​សាប់យូឡូន លោក​ថ្លែង​ថា:

សាប់យូឡូន​អើយ ចូរ​សប្បាយ​រីករាយ

នៅ​ពេល​អ្នក​ចេញ​ទៅ​ច្បាំង!

រីឯ​អ៊ីសាកា​វិញ

ចូរ​សប្បាយ​រីករាយ​នៅ​ក្នុង​ជំរំ​របស់​អ្នក!

១៩  ពួក​គេ​ប្រមូល​ជាតិ​សាសន៍​នានា​នៅ​លើ​ភ្នំ

នៅ​ទី​នោះ ពួក​គេ​នឹង​ថ្វាយ​យញ្ញបូជា​ដ៏​សុចរិត

ដ្បិត​ពួក​គេ​ទទួល​ភោគផល​ដ៏​បរិបូណ៌​ពី​សមុទ្រ

ព្រម​ទាំង​កំណប់​ដែល​ស្ថិត​នៅ​ក្នុង​ខ្សាច់។

២០  ចំពោះ​កូន​ចៅ​កាដ លោក​ថ្លែង​ថា:

សូម​លើក​តម្កើង​ព្រះអម្ចាស់ ដែល​ប្រទាន

អោយ​កាដ​មាន​ទឹក​ដី​ទូលំទូលាយ!

កាដ​សំងំ​ដូច​សិង្ហ​ញី​សំងំ​ចាំ​ចាប់​រំពា

ដោយ​ហែក​ពី​ចុង​ជើង​រហូត​ដល់​ក្បាល។

២១  កាដ​ចាប់​យក​ដី​មួយ​ចំណែក​ដ៏​ល្អ​នៅ​ក្នុង​ស្រុក

ជា​ចំណែក​សំរាប់​មេ​ដឹក​នាំ

កាដ​ដើរ​នៅ​មុខ​ប្រជាជន

គេ​បាន​សំរេច​តាម​គំរោងការ​របស់​ព្រះអម្ចាស់

ហើយ​ប្រព្រឹត្ត​ចំពោះ​អ៊ីស្រាអែល

តាមបញ្ជា​របស់​ព្រះអង្គ។

២២  ចំពោះ​កូន​ចៅ​ដាន់ លោក​ថ្លែង​ថា:

ដាន់​ប្រៀប​បាន​នឹង​សិង្ហ​ស្ទាវ

ដែល​លោត​សង្គ្រប់​ទៅ​លើ​ស្រុក​បាសាន។

២៣  ចំពោះ​កូន​ចៅ​ណែបថាលី លោក​ថ្លែង​ថា:

ណែបថាលី​ទទួល​ការ​សន្ដោស

និង​ព្រះពរ​ដ៏​លើសលប់​ពី​ព្រះអម្ចាស់

ដូច្នេះ អោយ​គេ​វាត​ទឹក​ដី​ទៅ​ទិស​ខាង​លិច

និង​ទិស​ខាង​ត្បូង​ចុះ!។

២៤  ចំពោះ​កូន​ចៅ​អស៊ែរ​លោក​ថ្លែង​ថា:

សូម​អោយ​អេស៊ើរ​បាន​ទទួល​ពរ​នៅ​ក្នុង​ចំណោម

កូន​ចៅ​លោក​យ៉ាកុប!

សូម​អោយ​បង​ប្អូន​អាណិត​ស្រឡាញ់​គេ

ហើយ​សូម​អោយ​គេ​មាន​ប្រេង

ដ៏​សម្បូណ៌​ហូរហៀរ។

២៥  រនុក​ទ្វារ​ធ្វើ​អំពី​ដែក និង​លង្ហិន

ផ្ដល់​សន្តិសុខ​អោយ​អេស៊ើរ

សូម​អោយ​កម្លាំង​របស់​គេ​នៅ​ស្ថិតស្ថេរ

ដូច​អាយុ​ជីវិត​របស់​គេ​ដែរ!។

២៦  យេស៊ូរូន​អើយ គ្មាន​ព្រះ​ណា​អាច​ផ្ទឹម​ស្មើ

នឹង​ព្រះ​របស់​អ្នក​ឡើយ

ព្រះអង្គ​យាង​កាត់​ផ្ទៃ​មេឃ មក​សង្គ្រោះ​អ្នក

ដោយ​គង់​យ៉ាង​រុងរឿង​នៅ​លើ​ពពក*។

២៧  ព្រះអង្គ​ជា​ជំរក​របស់​អ្នក តាំង​ពី​ដើម​រៀង​មក

ព្រះហស្ដ​របស់​ព្រះអង្គ​ទ្រ​អ្នក​ជានិច្ច

ព្រះអង្គ​ដេញ​ខ្មាំង​សត្រូវ​ចេញ​ពី​មុខ​អ្នក

ហើយ​បញ្ជា​អោយ​អ្នក​ប្រល័យ​ពួក​គេ។

២៨  អ៊ីស្រាអែល​រស់​នៅ​យ៉ាង​សុខសាន្ត

កូន​ចៅ​របស់​លោក​យ៉ាកុប​ស្ថិត​នៅ​ដាច់​ពី​គេ

នៅ​ក្នុង​ស្រុក​ដែល​សម្បូណ៌​ទៅ​ដោយ

ស្រូវ និង​ស្រា​ទំពាំងបាយជូរ​ថ្មី

ព្រម​ទាំង​មាន​សន្សើម​ធ្លាក់​ពី​លើ​មេឃ

យ៉ាង​បរិបូណ៌។

២៩  អ៊ីស្រាអែល​អើយ អ្នក​មាន​សុភមង្គល​ហើយ

គ្មាន​ជាតិ​សាសន៍​ណា​ដែល​ព្រះអម្ចាស់​សង្គ្រោះ

ដូច​ព្រះអង្គ​សង្គ្រោះ​អ្នក​ឡើយ

ព្រះអង្គ​ជា​ខែល​ការពារ​អ្នក និង​ជា​ដាវ

ដែល​ផ្ដល់​អោយ​អ្នក​មាន​ជ័យជំនះ។

ខ្មាំង​សត្រូវ​បរាជ័យ​នៅ​ចំពោះ​មុខ​អ្នក

ហើយ​អ្នក​នឹង​ជាន់​កំទេច​ទីសក្ការៈ​របស់​ពួក​គេ

ដែល​នៅ​តាម​ទួល​ខ្ពស់ៗ»។

លោក​ម៉ូសេ​ទទួល​មរណភាព

១ លោក​ម៉ូសេ​ឡើង​ពី​វាល​ទំនាប​ស្រុក​ម៉ូអាប់​ឆ្ពោះ​ទៅ​ភ្នំ​នេបូ ត្រង់​កំពូល​ភ្នំ​ពីស្កា ដែល​ស្ថិត​នៅ​ទល់​មុខ​ក្រុង​យេរីខូ​។ ព្រះអម្ចាស់​បាន​បង្ហាញ​អោយ​លោក​ឃើញ​ស្រុក​ទាំង​មូល គឺ​ទឹក​ដី​ស្រុក​កាឡាត​រហូត​ដល់​ក្រុង​ដាន់ ២ ទឹក​ដី​ណែបថាលី​ទាំង​មូល ទឹក​ដី​អេប្រាអ៊ីម និង​ម៉ាណាសេ ទឹក​ដី​ស្រុក​យូដា​ទាំង​មូល រហូត​ដល់​សមុទ្រ​មេឌីទែរ៉ាណេ ៣ តំបន់​ណេកិប ព្រម​ទាំង​តំបន់​ជុំវិញ​ទន្លេ​យ័រដាន់ ក្រុង​យេរីខូ​ដែល​ជា​ក្រុង​ដើម​លម៉ើ រហូត​ដល់​ក្រុង​សូអារ។ ៤ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​លោក​ថា៖ «នេះ​ជា​ស្រុក​ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប​ថា “យើង​នឹង​ប្រគល់​ស្រុក​នេះ​អោយ​ពូជពង្ស​របស់​អ្នក”។ យើង​បង្ហាញ​អោយ​អ្នក​ឃើញ​ស្រុក​នេះ​ផ្ទាល់​នឹង​ភ្នែក តែ​អ្នក​នឹង​មិន​ចូល​ទៅ​ឡើយ»។

 

៥ លោក​ម៉ូសេ ជា​អ្នក​បំរើ​ព្រះអម្ចាស់ បាន​ទទួល​មរណភាព​នៅ​ទី​នោះ គឺ​នៅ​ក្នុង​ស្រុក​ម៉ូអាប់ ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។ ៦ ព្រះអម្ចាស់​ បញ្ចុះ​សព​លោក​នៅ​ជ្រលង​ភ្នំ ក្នុង​ស្រុក​ម៉ូអាប់ ទល់​មុខ​នឹង​បេតពេអ៊រ។ រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ ពុំ​មាន​នរណា​ម្នាក់​ស្គាល់​ផ្នូរ​របស់​លោក​ឡើយ។ ៧ ពេល​លោក​ម៉ូសេ​ទទួល​មរណភាព​នោះ លោក​មាន​អាយុ​មួយ​រយ​ម្ភៃ​ឆ្នាំ តែ​ភ្នែក​លោក​មិន​អន់​ទេ រីឯ​កម្លាំង​របស់​លោក ក៏​មិន​ចុះ​អន់ថយ​ដែរ។ ៨ ជន​ជាតិ​អ៊ីស្រាអែល​នាំ​ គ្នា​កាន់​ទុក្ខ​លោក​ម៉ូសេ អស់​រយៈ​ពេល​សាមសិប​ថ្ងៃ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ពួក​គេ​យំ​កាន់​ទុក្ខ​លោក​រហូត​ទាល់​តែ​ផុត​កំណត់​ពេល​សាមសិប​ថ្ងៃ​នោះ។

 

៩ លោក​ យ៉ូស៊ូអា ជា​កូន​របស់​លោក​នូន ពោរពេញ​ដោយ​ប្រាជ្ញាញាណ ដ្បិត​លោក​ម៉ូសេ​បាន​ដាក់​ដៃ​លើ​លោក​។ ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ស្ដាប់​បង្គាប់​លោក​យ៉ូស៊ូអា ដោយ​ធ្វើ​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

 

១០ នៅ​ស្រុក​អ៊ីស្រាអែល​ពុំ​ដែល​មាន​ព្យាការី​ណា​ម្នាក់​ដូច​លោក​ម៉ូសេ​ទេ គឺ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ជា​មួយ​លោក មុខ​ទល់​នឹង​មុខ។ ១១ គ្មាន​នរណា​ម្នាក់​សំដែង​ទី​សំគាល់ និង​ឫទ្ធិបាដិហារិយ៍ ដូច​ព្រះអម្ចាស់​ចាត់​លោក​អោយ​ទៅ​សំដែង​នៅ​ស្រុក​អេស៊ីប ប្រឆាំង​នឹង​ព្រះចៅ​ផារ៉ោន ព្រម​ទាំង​រាជ​បំរើ និង​ប្រជាជន​ទាំង​មូល​នៅ​ស្រុក​នោះ​ឡើយ ១២ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​អាច​សំដែង​ឫទ្ធិបារមី​គួរ​អោយ​ស្ញែង​ខ្លាច នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល ដូច​លោក​ម៉ូសេ​ដែរ។