ក្នុងក័ណ្ឌ​«ដំណើរឆ្ពោះទៅកាន់សេរីភាព»​មានរៀបរាប់អំពីព្រះជាម្ចាស់រំដោះប្រជាជនអ៊ីស្រាអែល​ជាប្រជារាស្ត្ររបស់ព្រះអង្គ។​ព្រះអង្គបង្ហាញអោយពួកគេស្គាល់ព្រះអង្គ​ដោយរំដោះពួកគេពីទាសភាព​នៅស្រុកអេស៊ីប  :​«យើងព្រះអម្ចាស់​ជាព្រះរបស់អ្នក!​យើងបាននាំអ្នកចេញពីស្រុកអេស៊ីប​ជាស្រុកដែល​អ្នកធ្វើជាទាសករ»  (សរ.  ២០.២)។​វិន័យទាំងដប់ប្រការក៏ជាគ្រឹះនៃសេរីភាពថ្មីនេះដែរ​គឺព្រះជាម្ចាស់​ដែលមានព្រះហឫទ័យមេត្តាករុណារំដោះជនជាតិយូដា​ទ្រង់សព្វព្រះហឫទ័យអោយពួកគេបង្ហាញសេចក្តី​ស្រឡាញ់ចំពោះព្រះអង្គ  ដោយប្រព្រឹត្តតាមវិន័យទាំងនេះ។​

 

ក្នុងក័ណ្ឌគម្ពីរ«ដំណើរឆ្ពោះទៅកាន់សេរីភាព»  មានរៀបរាប់អំពីព្រឹត្តិការណ៍ដូចតទៅ៖

  •   ប្រជាជនអ៊ីស្រាអែលដែលភៀសខ្លួនទៅនៅស្រុកអេស៊ីប​បានកើនចំនួនឡើង​ប៉ុន្តែ​ពួកគេក្លាយ​ទៅជាទាសកររបស់ម្ចាស់ស្រុក។​ព្រះអម្ចាស់ត្រាស់ហៅលោកម៉ូសេ​និង​ចាត់លោកអោយទៅរំដោះប្រជា​ជន​អ៊ីស្រាអែលចេញពីស្រុកអេស៊ីប    (១.១-១៥.២១)។
  •   ព្រះជាម្ចាស់នាំអ៊ីស្រាអែលឆ្លងកាត់វាលរហោស្ថាន​  រហូតដល់ភ្នំស៉ីណៃ​(១៥.២២-១៨.២៧)។
  •   ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីជាមួយប្រជាជនអ៊ីស្រាអែល​(១៩.១-២៤.១៨)​គឺព្រះអង្គទទួលពួកគេ​ធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ​ហើយពួកគេក៏ប្តេជ្ញាចិត្តគោរពបំរើព្រះអង្គទុកជាព្រះរបស់ពួកគេ​ដោយប្រតិបត្តិតាមវិន័យរបស់ព្រះអង្គ។​
  •   ព្រះជាម្ចាស់ប្រទានបទបញ្ជាសំរាប់សង់ព្រះពន្លា  (២៥-៣១)។
  •   ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើបាប  ដោយគោរពថ្វាយបង្គំរូបកូនគោ​ព្រះអង្គដាក់ទោសពួកគេ​(៣២-៣៤)។
  •   ជនជាតិអ៊ីស្រាអែលសង់ទីសក្ការៈ (៣៥-៤០)។

ព្រឹត្តិការណ៍ទាំងនេះកើតមាន  នៅសតវត្សទី  ១៣​មុន​គ.ស.​គឺក្នុងសម័យលោកម៉ូសេ។​តាំងពីជំនាន់​នោះរហូតដល់សតវត្ស​ទី    ១០​អ្នកស្រុកតែងតំណាលពីព្រឹត្តិការណ៍ទាំងនេះប្រាប់កូនចៅតៗគ្នា។​ក្រោយ​មក​ជនជាតិអ៊ីស្រាអែលបានកត់ត្រាព្រឹត្តិការណ៍ទាំងនោះ  ​ជាលាយលក្ខណ៍អក្សរ  បន្តបន្ទាប់គ្នា​ដោយ​មានបំណងចង់អប់រំជំនឿដល់ប្រជាជន​ដែលរស់នៅក្នុងជំនាន់របស់ពួកគេរៀងៗខ្លួន។​

សេចក្តីដែលមានចែងក្នុងក័ណ្ឌ​«ដំណើរឆ្ពោះទៅកាន់សេរីភាព»​នេះជួយអប់រំមនុស្សយើងអោយស្គាល់​ព្រះជាម្ចាស់កាន់តែច្បាស់ឡើងៗ​និង​អោយស្គាល់គំរោងការរបស់ព្រះអង្គដែរ​គឺព្រះជាម្ចាស់បានជ្រើស​រើសប្រជាជនមួយ​ហើយណែនាំគេ​ដើម្បីរៀបចំផ្លូវថ្វាយព្រះយេស៊ូ  ដែលយាងមកចងសម្ពន្ធមេត្រីថ្មី  និង​សង្គ្រោះ​មនុស្ស​លោកទាំងអស់។​

 

ដំណើរឆ្ពោះទៅកាន់សេរីភាព

(និក្ខមនំ)

 

ព្រះជាម្ចាស់​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល​ពី​ស្រុក​អេស៊ីប

ជន​ជាតិ​អ៊ីស្រាអែល​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប

១ នេះ​ជា​បញ្ជី​រាយ​នាម​កូន ​ចៅ​អ៊ីស្រាអែល ដែល​បាន​មក​នៅ​ស្រុក​អេស៊ីប​​ជា​មួយ​លោក​យ៉ាកុប ព្រម​ទាំង​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន​គឺ​មាន: ២ រូបេន ស៊ីម៉ូន លេវី យូដា ៣ អ៊ីសាកា សាប៊ូឡូន បេនយ៉ាមីន ៤ ដាន់ ណែបថាលី កាដ និង​អេស៊ែរ។ ៥ ពូជពង្ស​របស់​លោក​យ៉ាកុប​មាន​ចំនួន​ទាំង​អស់ ​ចិត​សិប​នាក់។ រីឯ​លោក​យ៉ូសែប​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប​ស្រាប់​ហើយ។ ៦ ក្រោយ​មក លោក​យ៉ូសែប និង​បង​ប្អូន​របស់​លោក ព្រម​ទាំង​កូន​ចៅ​របស់​លោក​យ៉ាកុប​មួយ​ជំនាន់​នោះ​បាន​ស្លាប់​អស់​ទៅ។ ៧​ ជន​ជាតិ​អ៊ីស្រាអែល​ បង្កើត​កូន​ចៅ​បន្ត​ពូជពង្ស​កើន​ចំនួន​ច្រើន​សន្ធឹកសន្ធាប់ មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​រស់​នៅ​ពាសពេញ​ក្នុង​ស្រុក​អេស៊ីប។

 

៨ មាន​ស្ដេច​ថ្មី​មួយ​អង្គ​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​អេស៊ីប។ ស្ដេច​នោះ​មិន​បាន​ស្គាល់​លោក​យ៉ូសែប​ទេ។ ៩ ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​ប្រជាជន​អេស៊ីប​ថា៖ «ឥឡូវ​នេះ ជន​ជាតិ​អ៊ីស្រាអែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ជាង​ពួក​យើង។ ១០ ដូច្នេះ យើង​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ពួក​គេ កុំ​អោយ​កើន​ចំនួន​ច្រើន​ឡើង​ទៀត។ បើ​មិន​ដូច្នោះ​ទេ ពេល​ណា​កើត​សង្គ្រាម ពួក​គេ​មុខ​ជា​ចូល​ដៃ​ជា​មួយ​ខ្មាំង​សត្រូវ ដើម្បី​វាយ​យើង ហើយ​នាំ​គ្នា​រត់​ចេញ​ពី​ស្រុក»។ ១១ ជន​ជាតិ​អេស៊ីប​បាន​ តែងតាំង​មេ​ត្រួតត្រា​លើ​ជន​ជាតិ​អ៊ីស្រា​អែល ដើម្បី​បង្ខំ​ពួក​គេ​អោយ​ធ្វើ​ការ​ជា​ទម្ងន់។ ជន​ជាតិ​អ៊ីស្រា​អែល​​សង់​ក្រុង​ពីតុម និង​ក្រុង​រ៉ាមសែស សំរាប់​ដាក់​ភោគ​ទ្រព្យ​របស់​ព្រះចៅ​ផារ៉ោន។ ១២ ប៉ុន្តែ ជន​ជាតិ​អេស៊ីប​សង្កត់សង្កិន​ជន​ជាតិ​អ៊ីស្រាអែល​រឹត​តែ​ខ្លាំង​យ៉ាង​ណា ជន​ជាតិ​អ៊ីស្រាអែល​កើន​ចំនួន​រឹត​តែ​ច្រើន​ឡើង ហើយ​រស់​នៅ​ពាសពេញ​ស្រុក​យ៉ាង​នោះ​ដែរ ជា​ហេតុ​បណ្ដាល​អោយ​ជន​ជាតិ​អេស៊ីប​ភ័យ​ខ្លាច។ ១៣ ពេល​នោះ ជន​ជាតិ​អេស៊ីប​ចាត់​ទុក​ជន​ជាតិ​អ៊ីស្រាអែល​ជា​ទាសករ ហើយ​បង្ខិតបង្ខំ​អោយ​ធ្វើ​ការ​យ៉ាង​ធ្ងន់ធ្ងរ។ ១៤ គេ​ធ្វើ​អោយ​ជន​ជាតិ​ អ៊ីស្រាអែល​វេទនា​ខ្លោចផ្សា គឺ​ប្រើ​អោយ​ជាន់​ដី​ឥដ្ឋ ធ្វើ​ដុំ​ឥដ្ឋ និង​ធ្វើ​ការ​គ្រប់​មុខ​នៅ​តាម​ស្រែ​ចំការ ពោល​គឺ​ប្រើ​អោយ​ធ្វើ​ការងារ​ដ៏​ធ្ងន់ធ្ងរ​គ្រប់​យ៉ាង។

 

ព្រះចៅ​ផារ៉ោន​ធ្វើ​ទុក្ខ​ទោស​ជន​ជាតិ​អ៊ីស្រាអែល

១៥ ស្ដេច​ស្រុក​អេស៊ីប​បញ្ជា​ទៅ​ឆ្មប​ពីរ​នាក់ ម្នាក់​ឈ្មោះ​នាង​ស៊ីប្រា ម្នាក់​ឈ្មោះ​នាង​ពូអា ដែល​ជួយ​ស្ត្រី​ហេប្រឺ​ថា៖ ១៦ «កាល​ណា​អ្នក​បង្កើត​ កូន​អោយ​ស្ត្រី​ហេប្រឺ ចូរ​ពិនិត្យ​មើល​កូន​ដែល​កើត​មក​នោះ ប្រសិន​បើ​ជា​កូន​ប្រុស ត្រូវ​សម្លាប់​ចោល ប្រសិន​បើ​ជា​កូន​ស្រី ចូរ​ទុក​អោយ​វា​រស់​ចុះ»។ ១៧ ប៉ុន្តែ ឆ្មប​ទាំង​ពីរ​នាក់​នោះ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ គាត់​មិន​បាន​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច​ស្រុក​អេស៊ីប​ទេ គឺ​គាត់​ទុក​អោយ​កូន​ប្រុសៗ​នៅ​រស់​ដែរ។ ១៨ ស្ដេច​ស្រុក​អេស៊ីប​ក៏​ កោះ​ហៅ​ឆ្មប​ទាំង​ពីរ​នាក់​មក ហើយ​មាន​រាជឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ដូច្នេះ ម្ដេច​ក៏​ទុក​អោយ​កូន​ប្រុសៗ​នៅ​រស់?»។ ១៩ ឆ្មប​ទាំង​ពីរ​ទូល​ ព្រះចៅ​ផារ៉ោន​ថា៖ «ស្ត្រី​ជាតិ​ហេប្រឺ​មិន​ដូច​ស្ត្រី​ជាតិ​អេស៊ីប​ទេ ស្ត្រី​ទាំង​នោះ​រឹងប៉ឹង​ណាស់ គឺ​មុន​ឆ្មប​ទៅ​ដល់ នាង​សំរាល​កូន​រួច​ស្រេច​ទៅ​ហើយ»។ ២០ ព្រះជាម្ចាស់​ប្រទាន​ពរ​ឆ្មប​ទាំង​ពីរ។ ជន​ជាតិ​អ៊ីស្រាអែល​កើន​ចំនួន​ជា​ច្រើន ហើយ​មាន​កម្លាំង​កាន់​តែ​ខ្លាំង។ ២១ ដោយ​ឆ្មប​ទាំង​ពីរ​កោត​ខ្លាច​ព្រះជាម្ចាស់ ព្រះអង្គ​ប្រោស​ប្រទាន​អោយ​គ្រួសារ​របស់​គាត់​បាន​ចំរុង​ចំរើន។

 

២២ បន្ទាប់ ​មក ព្រះចៅ​ផារ៉ោន​បាន​បញ្ជា​ដល់​ប្រជាជន​អេស៊ីប​ទាំង​អស់​ថា៖ «ចូរ​យក​កូន​ប្រុស​សាសន៍​ហេប្រឺ​ដែល​ទើប​នឹង​កើត​ទាំង​ប៉ុន្មាន ទៅ​បោះ​ចោល​ក្នុង​ទន្លេ​នីល ចូរ​ទុក​ជីវិត​អោយ​តែ​កូន​ស្រីៗ​ប៉ុណ្ណោះ!»។

កំណើត និង​កុមារភាព​របស់​លោក​ម៉ូសេ

១ មាន​បុរស​ម្នាក់ ក្នុង​កុលសម្ព័ន្ធ​លេវី រៀបការ​ជា​មួយ​ស្ត្រី​ម្នាក់ ក្នុង​កុលសម្ព័ន្ធ​លេវី​ដូច​គ្នា។ ២ ក្រោយ​មក នាង​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ។ ដោយ​ឃើញ​កូន​នេះ​ថ្លោស​ស្អាត នាង​ក៏​លាក់​ទុក​បាន​បី​ខែ។ ៣ ក្រោយ​មក ដោយ​មិន​អាច​លាក់​កូន​ត​ទៅ​ទៀត​បាន នាង​ក៏​យក​ជាល​មួយ​ធ្វើ​ពី​ដើម​បបុស យក​ជ័រ និង​ម្រ័ក្សណ៍​មក​លាប ហើយ​ផ្ដេក​កូន​ទៅ​ក្នុង​ជាល​នោះ រួច​យក​ទៅ​ដាក់​តាម​គុម្ព​ត្រែង​នៅ​មាត់​ទន្លេ​នីល។ ៤ បង​ស្រី​របស់​ទារក​តាម​មើល​ពី​ចម្ងាយ ដើម្បី​អោយ​ដឹង​ថា​ទារក​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា។

៥ បុត្រី​ របស់​ព្រះចៅ​ផារ៉ោន​យាង​ចុះ​ទៅ​ស្រង់​ទឹក​ទន្លេ។ ភី​លៀង​របស់​ព្រះនាង​នាំ​គ្នា​ដើរ​លេង​តាម​មាត់​ច្រាំង។ ព្រះនាង​ទត​ឃើញ​ជាល​នៅ​ក្នុង​គុម្ព​ត្រែង ក៏​ប្រើ​ភីលៀង​អោយ​ទៅ​យក​មក។ ៦ ព្រះនាង​បើក​គំរប​ឡើង ឃើញ​ទារក​មួយ​កំពុង​យំ។ ព្រះនាង​មាន​ព្រះហឫទ័យ​អាណិត ហើយ​មាន​សវនីយ៍​ថា៖ «ទារក​នេះ​ជា​កូន​របស់​ពួក​ហេប្រឺ!»។ ៧ បង​ស្រី​របស់​ទារក​ចូល​មក ហើយ​ទូល​បុត្រី​ព្រះចៅ​ផារ៉ោន​ថា៖ «តើ​ព្រះនាង​ចង់​អោយ​ខ្ញុំ​ម្ចាស់​ទៅ​រក​មេ​ដោះ ក្នុង​ចំណោម​ស្ត្រី​ជាតិ​ហេប្រឺ មក​បំបៅ​កូន​នេះ​ថ្វាយ​ព្រះនាង​ឬ​ទេ?»។ ៨ បុត្រី​ព្រះចៅ​ផារ៉ោន​ឆ្លើយ​ថា៖ «ទៅ​ចុះ!»។ នាង​ក៏​រត់​ទៅ​ហៅ​ម្ដាយ​ទារក​នោះ​មក។ ៩ បុត្រី​ព្រះចៅ​ផារ៉ោន​មាន ​សវនីយ៍​ទៅ​កាន់​គាត់​ថា៖ «ចូរ​យក​កូន​នេះ​ទៅ​បំបៅ​អោយ​ខ្ញុំ​ផង ខ្ញុំ​នឹង​អោយ​ប្រាក់​ឈ្នួល​អ្នក»។ ម្ដាយ​ក៏​យក​កូន​ទៅ​បំបៅ​នៅ​ផ្ទះ។

 

១០ លុះ​ដល់ ​កុមារ​នេះ​មាន​វ័យ​ធំ​បន្តិច ម្ដាយ​ក៏​នាំ​កូន​ទៅ​ថ្វាយ​បុត្រី​ព្រះចៅ​ផារ៉ោន​វិញ។ ព្រះនាង​បាន​ចាត់​ទុក​កុមារ​នេះ​ដូច​បុត្រ​​​​បង្កើត។ ព្រះនាង​ដាក់​ឈ្មោះ​ថា «ម៉ូសេ» ដោយ​មាន​សវនីយ៍​ថា៖ «ខ្ញុំ​បាន​ស្រង់​កូន​នេះ​ចេញ​ពី​ទឹក​មក»។

 

១១ នៅ​គ្រា​នោះ លោក​ម៉ូសេ​ពេញ​វ័យ​ហើយ។ លោក​ចេញ​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន​រួម​ជាតិ​របស់​លោក ហើយ​ឃើញ​ពួក​គេ​ធ្វើ​ការ​យ៉ាង​ធ្ងន់ធ្ងរ។ លោក​ក៏​ឃើញ​ជន​ជាតិ​អេស៊ីប​ម្នាក់ កំពុង​តែ​វាយដំ​ជន​ជាតិ​ហេប្រឺ​ម្នាក់ ក្នុង​ចំណោម​បង​ប្អូន​រួម​ជាតិ​របស់​លោក​ដែរ។ ១២ លោក​ងាក​មើល​ឆ្វេង​ស្ដាំ ឥត​ឃើញ​មាន​នរណា ក៏​ស្ទុះ​ទៅ​សម្លាប់​ជន​ជាតិ​អេស៊ីប​នោះ ហើយ​កប់​ចោល​ក្នុង​ខ្សាច់​។ ១៣ នៅ​ថ្ងៃ​បន្ទាប់ លោក​ចេញ​ទៅ​ម្ដង​ទៀត ឃើញ​ជន​ជាតិ​ហេប្រឺ​ពីរ​នាក់​កំពុង​វាយ​តប់​គ្នា។ លោក​សួរ​អ្នក​មាន​កំហុស​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​វាយ​បង​ប្អូន​ឯង​ដូច្នេះ?»។ ១៤ អ្នក​នោះ​ឆ្លើយ​តប​ថា៖ «នរណា​បាន​តែងតាំង​អ្នក​អោយ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅក្រម​របស់​យើង? តើ​អ្នក​គិត​សម្លាប់​ខ្ញុំ ដូច​សម្លាប់​ជន​ជាតិ​អេស៊ីប​ម្នាក់​នោះ​ដែរ​ឬ?»។ លោក​ម៉ូសេ​ភិតភ័យ​យ៉ាង​ខ្លាំង ហើយ​​​​នឹក​គិត​ថា៖ «រឿង​នេះ​ប្រាកដ​ជា​គេ​ដឹង​អស់​ហើយ»។ ១៥ ​ព្រះ​ចៅ​ផារ៉ោន​ក៏​ជ្រាប ​រឿង​នេះ​ដែរ ហើយ​ស្ដេច​រក​មធ្យោ​បាយ​​សម្លាប់​លោក​ម៉ូសេ តែ​លោក​ម៉ូសេ​ដឹង​ខ្លួន​ទាន់ ក៏​រត់​គេច​ពី​ព្រះចៅ​ផារ៉ោន​ទៅ​នៅ​ស្រុក​ម៉ាឌីយ៉ាន​។ លោក​អង្គុយ​នៅ​ក្បែរ​អណ្ដូង​ទឹក។

 

១៦ លោក​បូជាចារ្យ​នៅ​ស្រុក​ម៉ាឌីយ៉ាន​មាន​កូន​ស្រី​ប្រាំពីរ​នាក់។ នាង​នាំ​គ្នា​មក​ដង​ទឹក​បំពេញ​ស្នូក​អោយ​ហ្វូង​សត្វ​របស់​ឪពុក​​​នាង​ផឹក។ ១៧ ប៉ុន្តែ មាន​ពួក​គង្វាល​មក​ដេញ​ពួក​នាង។ ពេល​នោះ លោក​ម៉ូសេ​ក្រោក​ឡើង ជួយ​ពួក​នាង ព្រម​ទាំង​ដង​ទឹក​អោយ​ហ្វូង​សត្វ​របស់​ពួក​នាង​ផឹក​ទៀត​ផង។ ១៨ នាង​ទាំង​អស់​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ លោក​រូអែល​ជា​ឪពុក​សួរ​ថា៖ «ថ្ងៃ​នេះ​ហេតុ​អ្វី​បាន​ជា​កូន​ត្រឡប់​មក​ផ្ទះ​ឆាប់​ម៉្លេះ?»។ ១៩ ពួក​នាង​ឆ្លើយ​ថា៖ «មាន​បុរស​ជន​ជាតិ​អេស៊ីប​ម្នាក់​បាន​ជួយ​ពួក​យើង អោយ​​​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​គង្វាល ហើយ​គាត់​បាន​ដង​ទឹក​អោយ​ហ្វូង​សត្វ​របស់​យើង​ផឹក​ទៀត​ផង»។ ២០ ឪពុក​សួរ​ទៅ​ពួក​នាង​ ទៀត​ថា៖ «បុរស​នោះ​នៅ​ឯ​ណា? ហេតុ​អ្វី​បាន​ជា​កូន​មក​ចោល​គាត់​ដូច្នេះ? ចូរ​ទៅ​អញ្ជើញ​គាត់​មក ដើម្បី​អោយ​គាត់​បរិភោគ​ជា​មួយ​យើង»។

 

២១ លោក​ម៉ូសេ​យល់​ព្រម​រស់​នៅ​ជា​មួយ​លោក​បូជាចារ្យ។ លោក​បូជាចារ្យ​លើក​នាង​សេផូរ៉ា ជា​កូន​ស្រី អោយ​លោក​ធ្វើ​ជា​ភរិយា។ ២២ នាង​បង្កើត​បាន​កូន​ប្រុស​ម្នាក់ ដែល​លោក​ម៉ូសេ​អោយ​ឈ្មោះ​ថា គែរសូម ដ្បិត​លោក​គិត​ថា ខ្ញុំ​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​ដទៃ។

 

ព្រះជាម្ចាស់​ត្រាស់​ហៅ​លោក​ម៉ូសេ​អោយ​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល

២៣ ច្រើន​ឆ្នាំ​ក្រោយ​មក ព្រះចៅ​ស្រុក​អេស៊ីប​សោយ​ទិវង្គត។ កូន​ចៅ​អ៊ីស្រាអែល​ដែល​រស់​ក្នុង​ភាព​ជា​ទាសករ​នាំ​គ្នា​ស្រែក​ថ្ងូរ ហើយ​អង្វរ​ព្រះជាម្ចាស់ សំរែក​របស់​គេ​លាន់​ឮ​ឡើង​ដល់​ព្រះ​អង្គ​។ ២៤ ព្រះជាម្ចាស់​ទ្រង់​ ព្រះសណ្ដាប់​ឮ​សំរែក​ថ្ងូរ​របស់​ពួក​គេ។ ព្រះអង្គ​នឹក​ដល់​សម្ពន្ធមេត្រី ដែល​ព្រះអង្គ​ចង​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។ ២៥ ព្រះជាម្ចាស់​ទត​មើល​កូន​ចៅ​អ៊ីស្រាអែល ហើយ​ព្រះអង្គ​យក​ព្រះហឫទ័យ​ទុក​ដាក់​នឹង​ពួក​គេ។

 

១ លោក​ម៉ូសេ​ឃ្វាល​ហ្វូង​ សត្វ​របស់​លោក​យេត្រូ ជា​ឪពុក​ក្មេក​របស់​លោក និង​ជា​បូជាចារ្យ​នៅ​ស្រុក​ម៉ាឌីយ៉ាន។ លោក​នាំ​ហ្វូង​សត្វ​ទៅ​ខាង​នាយ​វាល​រហោស្ថាន រហូត​ដល់​ភ្នំ​ហូរែប​ ជា​ភ្នំ​របស់​ព្រះជាម្ចាស់។ ២ នៅ​ទី​នោះ ទេវទូត*​របស់​ព្រះអម្ចាស់​បង្ហាញ​ខ្លួន​ក្នុង​អណ្ដាត​ភ្លើង ដែល​ឆេះ​ចេញ​ពី​កណ្ដាល​គុម្ពោត អោយ​លោក​ឃើញ។ លោក​ឃើញ​ភ្លើង​ចេញ​ពី​គុម្ពោត តែ​គុម្ពោត​មិន​ឆេះ​ទេ។ ៣ លោក​ម៉ូសេ​ក៏​គិត​ថា៖ «ខ្ញុំ​នឹង​ឆៀង​ទៅ​មើល​អព្ភូតហេតុ​នេះ ហេតុ​អ្វី​បាន​ជា​គុម្ពោត​មិន​ឆេះ?»។ ៤ ព្រះអម្ចាស់​ ឃើញ​លោក​ម៉ូសេ​ឆៀង​ចូល​មក​ជិត​ដូច្នេះ ព្រះអង្គ​ហៅ​លោក​ពី​ក្នុង​គុម្ពោត​ថា៖ «ម៉ូសេ​អើយ! ម៉ូសេ!»។ លោក​ម៉ូសេ​ទូល​ឆ្លើយ​ថា៖ «ក្រាប​ទូល!»។ ៥ ព្រះអង្គ​មាន​ព្រះបញ្ជា​ថា៖ «កុំ​មក​ជិត​កន្លែង​នេះ! ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​ឈរ​នេះ​ជា​ដី​ដ៏វិសុទ្ធ។ ៦ យើង​ជា​ព្រះ​ដែល​ឪពុក​ អ្នក​តែង​គោរព​បំរើ គឺ​ព្រះ​របស់​អប្រាហាំ អ៊ីសាក និង​យ៉ាកុប»។ លោក​ម៉ូសេ​ខ្ទប់​មុខ ព្រោះ​មិន​ហ៊ាន​មើល​ព្រះជាម្ចាស់​។ ៧ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ថា៖ «យើង​បាន​ឃើញ​ទុក្ខ​លំបាក​របស់​ប្រជារាស្ត្រ​យើង​នៅ​ស្រុក​អេស៊ីប យើង​ក៏​បាន​ឮ​សំរែក​របស់​គេ ព្រោះ​តែ​មេ​ត្រួតត្រា​វាយដំ​ដែរ។ យើង​ដឹង​អំពី​ទុក្ខ​វេទនា​របស់​ពួក​គេ​ហើយ។ ៨ ដូច្នេះ យើង​ចុះ​មក ដើម្បី​រំដោះ​ពួក​គេ​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អេស៊ីប។ យើង​នឹង​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​នោះ​ទៅ​នៅ​ស្រុក​មួយ​មាន​ជីជាតិ​ល្អ ធំ​ទូលាយ ជា​ស្រុក​ដែល​មាន​ភោគ​ទ្រព្យ​សម្បូណ៌​ហូរហៀរ​ គឺ​ស្រុក​របស់​ជន​ជាតិ​កាណាន ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ពេរីស៊ី ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស។ ៩ ឥឡូវ​នេះ សំរែក​របស់​ជន​ជាតិ​អ៊ីស្រាអែល​បាន​លាន់​ឮ​ដល់​យើង ហើយ​យើង​ក៏​ឃើញ​ជន​ជាតិ​អេស៊ីប​ជិះជាន់​សង្កត់សង្កិន​ពួក​គេ​ដែរ។ ១០ ឥឡូវ​នេះ យើង​ចាត់​អ្នក​អោយ​ទៅ​ជួប​ស្ដេច​ផារ៉ោន។ ចូរ​ទៅ​នាំ​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង​ចេញ​ពី​ស្រុក​អេស៊ីប»។

 

ព្រះជាម្ចាស់​សំដែង​អោយ​លោក​ម៉ូសេ​ស្គាល់​ព្រះនាម​របស់​ព្រះអង្គ

១១ លោក​ម៉ូសេ​ទូល​ ព្រះជាម្ចាស់​ថា៖ «តើ​ទូលបង្គំ​មាន​ឋានៈ​អ្វី​បាន​ជា​ទូលបង្គំ​ត្រូវ​ទៅ​ជួប​ព្រះចៅ​ផារ៉ោន និង​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប​ដូច្នេះ?»។

១២ ព្រះជាម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​នៅ​ជា​មួយ​អ្នក​ហើយ! កាល​ណា​អ្នក​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ផុត​ពី​ស្រុក​អេស៊ីប អ្នក​រាល់​គ្នា​ត្រូវ​មក​គោរព​បំរើ​យើង​នៅ​លើ​ភ្នំ​នេះ ដែល​ជា​ទី​សំគាល់​ថា យើង​បាន​ចាត់​អ្នក​អោយ​ទៅ​មែន»។

 

១៣ លោក​ម៉ូសេ​ទូល​ព្រះជាម្ចាស់​ថា៖ «បពិត្រ​ព្រះជាម្ចាស់! ទូលបង្គំ​នឹង​ទៅ​ជួប​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ប្រាប់​ពួក​គេ​ថា: ព្រះ​របស់​បុព្វបុរស​អ្នក​រាល់​គ្នា ​បាន​ចាត់​ខ្ញុំ​អោយ​មក​ជួប​អ្នក​រាល់​ គ្នា។ ប្រសិន​បើ​ពួក​គេ​សួរ​ថា ព្រះអង្គ​ព្រះនាម​អ្វី​នោះ តើ​ទូលបង្គំ​ប្រាប់​ពួក​គេ​ដូច​ម្ដេច?»។ ១៤ ព្រះជាម្ចាស់​មាន​ ព្រះបន្ទូល​មក​លោក​ម៉ូសេ​ថា៖ «យើង​ជា​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ​។ អ្នក​ត្រូវ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា “ព្រះអម្ចាស់​ដែល​មាន​ជីវិត​គង់​នៅ” ចាត់​ខ្ញុំ​អោយ​មក​ជួប​អ្នក​រាល់​គ្នា»។ ១៥ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថែម​ទៀត​ថា៖ «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ​នេះ: “ព្រះអម្ចាស់​ ជា​ព្រះ​របស់​បុព្វបុរស​អ្នក​រាល់​គ្នា គឺ​ព្រះ​របស់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ចាត់​ខ្ញុំ​អោយ​មក​ជួប​អ្នក​រាល់​គ្នា”។ នេះ​ជា​នាម​របស់​យើង ដែល​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច សំរាប់​អោយ​មនុស្ស​លោក​នឹក​ដល់​យើង អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ១៦ ចូរ​ទៅ​ប្រមូល​ចាស់​ទុំ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ប្រាប់​ថា “ព្រះអម្ចាស់​ ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា គឺ​ព្រះ​របស់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប បាន​បង្ហាញ​អោយ​ខ្ញុំ​ឃើញ​ព្រះអង្គ។ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា: យើង​បាន​ឃើញ​គេ​ជិះជាន់​សង្កត់សង្កិន​អ្នក​រាល់​គ្នា​នៅ​ស្រុក​អេស៊ីប។ ១៧ យើង​នឹង​នាំ​អ្នក​រាល់​ គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​រង​ទុក្ខ ឆ្ពោះ​ទៅ​កាន់​ស្រុក​របស់​ជន​ជាតិ​កាណាន ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ពេរីស៊ី ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស ជា​ស្រុក​ដែល​មាន​ភោគ​ទ្រព្យ​សម្បូណ៌​ហូរហៀរ​ហើយ”។ ១៨ ពួក​គេ​នឹង​ស្ដាប់​ពាក្យ​របស់​អ្នក រួច​អ្នក​នឹង​ចូល​ទៅ​ជួប​ស្ដេច​ស្រុក​អេស៊ីប​ជា​មួយ​ចាស់​ទុំ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ទូល​ថា “ព្រះអម្ចាស់​ ជា​ព្រះ​នៃ​ជន​ជាតិ​ហេប្រឺ បាន​យាង​មក​ជួប​យើង​ខ្ញុំ។ ឥឡូវ​នេះ សូម​អនុញ្ញាត​អោយ​យើង​ខ្ញុំ​ចេញ​ទៅ​វាល​រហោស្ថាន ចម្ងាយ​ផ្លូវ​ដើរ​បី​ថ្ងៃ ដើម្បី​ធ្វើ​យញ្ញបូជា​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ”។ ១៩ យើង​ដឹង​ថា ស្ដេច​ស្រុក​អេស៊ីប​មិន​អនុញ្ញាត​អោយ​អ្នក​រាល់​គ្នា​ចេញ​មក​ទេ ទាល់​តែ​យើង​ប្រើ​បារមី​ដ៏​ខ្លាំង​ពូកែ​បង្ខំ ទើប​ស្ដេច​យល់​ព្រម។ ២០ យើង​នឹង​សំដែង​បារមី​ ប្រហារ​ស្រុក​អេស៊ីប ដោយ​ធ្វើ​ការ​អស្ចារ្យ​គ្រប់​យ៉ាង នៅ​ក្នុង​ចំណោម​ពួក​គេ។ បន្ទាប់​មក ទើប​ស្ដេច​អនុញ្ញាត​អោយ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ។ ២១ យើង​នឹង​ធ្វើ​អោយ​ជន​ជាតិ​អេស៊ីប​អនុគ្រោះ​ដល់​ប្រជាជន​របស់​អ្នក ហើយ​ពេល​អ្នក​រាល់​គ្នា​ចេញ​មក​នោះ មិន​មែន​ចេញ​មក​ដោយ​ដៃ​ទទេ​ឡើយ។ ២២ ស្ត្រី​អ៊ីស្រាអែល​ ម្នាក់ៗ​នឹង​សុំ​របស់​របរ​ពី​ស្ត្រី​ជាតិ​អេស៊ីប ដែល​នៅ​ជិត​ខាង ឬ​រស់​នៅ​ជា​មួយ​គ្នា គឺ​មាន​មាស​ប្រាក់ ព្រម​ទាំង​សម្លៀកបំពាក់​ដែល​អ្នក​រាល់​គ្នា​យក​មក​អោយ​កូន​ប្រុស​កូន​ស្រី​ របស់​ខ្លួន។ អ្នក​រាល់​គ្នា​នឹង​រឹប​អូស​អ្វីៗ​ទាំង​អស់​ពី​ជន​ជាតិ​អេស៊ីប»​​​។

ព្រះអម្ចាស់​បង្ហាញ​ឫទ្ធានុភាព​អោយ​លោក​ម៉ូសេ​ឃើញ

១ លោក​ម៉ូសេ​ឆ្លើយ​ថា៖ «ប្រហែល​ជា​ជន​ជាតិ​អ៊ីស្រា​អែល​​មិន​ជឿ ហើយ​មិន​ស្ដាប់​សំដី​ទូលបង្គំ​ទេ។ ពួក​គេ​នឹង​ពោល​មក​ទូលបង្គំ​ថា “ព្រះអម្ចាស់​មិន​បាន​បង្ហាញ​អោយ​អ្នក​ឃើញ​ព្រះអង្គ​ឡើយ”»។ ២ ព្រះអម្ចាស់​សួរ​លោក​ថា៖ «តើ​អ្នក​កាន់​អ្វី?» លោក​ឆ្លើយ​ថា៖ «ទូលបង្គំ​កាន់​ដំបង»។ ៣ ព្រះ​អម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​បោះ​វា​ទៅ​ដី​ទៅ!»។ លោក​ម៉ូសេ​បោះ​ដំបង​ទៅ​ដី ដំបង​នោះ​ក៏​ក្លាយ​ជា​ពស់។ លោក​ម៉ូសេ​រត់​ចេញ​ពី​ពស់។ ៤ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ថា៖ «លូក​ដៃ​ចាប់​កន្ទុយ​វា​ទៅ!»។ លោក​លូក​ដៃ​ចាប់​វា ពស់​នោះ​ក៏​ប្រែ​ទៅ​ជា​ដំបង​នៅ​ក្នុង​ដៃ​របស់​លោក។ ៥ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ធ្វើ​ដូច្នេះ កូន​ចៅ​អ៊ីស្រាអែល​នឹង​ជឿ​ថា ព្រះអម្ចាស់​ជា​ព្រះ​នៃ​បុព្វបុរស​របស់​គេ គឺ​ព្រះ​របស់​អប្រាហាំ អ៊ីសាក និង​យ៉ាកុប បាន​បង្ហាញ​ព្រះអង្គ​អោយ​អ្នក​ឃើញ​មែន»។ ៦ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ទៀត​ថា៖ «ចូរ​ដាក់​ដៃ​លើ​ទ្រូង​អ្នក​ទៅ»។ លោក​ម៉ូសេ​ក៏​ដាក់​ដៃ​លើ​ទ្រូង រួច​ពេល​ដក​ដៃ​មក​វិញ លោក​ឃើញ​ដៃ​លោក​កើត​ឃ្លង់ ឡើង​ស​ដូច​កប្បាស។ ៧ ព្រះអម្ចាស់​ បញ្ជា​ទៀត​ថា៖ «ចូរ​ដាក់​ដៃ​លើ​ទ្រូង​អ្នក​ម្ដង​ទៀត»។ លោក​ម៉ូសេ​ដាក់​ដៃ​លើ​ទ្រូង ហើយ​ពេល​លោក​ដក​ដៃ​មក​វិញ លោក​ឃើញ​ដៃ​លោក​ជា​ដូច​ធម្មតា។ ៨ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ថា៖ «ប្រសិន​បើ​ពួក​គេ​មិន​ជឿ​អ្នក ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ទី​សំគាល់​ទី​មួយ​ទេ គេ​មុខ​ជា​ជឿ​លើ​ទី​សំគាល់​ក្រោយ​នេះ។ ៩ ប្រសិន​បើ​ពួក​គេ​នៅ​តែ​ មិន​ជឿ​លើ​ទី​សំគាល់​ទាំង​ពីរ​នេះ ហើយ​មិន​ស្ដាប់​សំដី​របស់​អ្នក​ទេ ចូរ​យក​ទឹក​ទន្លេ​នីល​ទៅ​ចាក់​លើ​ដី​ស្ងួត ទឹក​ដែល​អ្នក​យក​ពី​ទន្លេ​នីល​មក​នោះ នឹង​ក្លាយ​ទៅ​ជា​ឈាម​នៅ​លើ​ដី​ស្ងួត»។

 

ព្រះជាម្ចាស់​តាំង​លោក​អរ៉ុន​អោយ​ធ្វើ​ជា​ជំនួយ​ការ​របស់​លោក​ម៉ូសេ

១០ លោក​ម៉ូសេ​ទូល​ព្រះអម្ចាស់​ថា៖ «បពិត្រ​ព្រះអម្ចាស់​ តាំង​តែ​ពី​ដើម​រៀង​មក រហូត​ដល់​ពេល​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ទូលបង្គំ ទូលបង្គំ​មិន​មែន​ជា​មនុស្ស​ពូកែ​វោហារ​ទេ ដ្បិត​ទូលបង្គំ​មិន​ប្រសប់​និយាយ»។ ១១ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ថា៖ «តើ​នរណា​ធ្វើ​អោយ​មនុស្ស​មាន​មាត់? តើ​នរណា​ធ្វើ​អោយ​មនុស្ស​ទៅ​ជា គ ឬ​ថ្លង់ មើល​ឃើញ ឬ​ខ្វាក់? តើ​មិន​មែន​យើង​ទេ​ឬ​អី? ១២ ឥឡូវ​នេះ ចូរ​ចេញ​ទៅ​ចុះ ពេល​អ្នក​និយាយ យើង​នឹង​នៅ​ជា​មួយ​អ្នក យើង​នឹង​ប្រាប់​អ្នក​អំពី​សេចក្ដី​ដែល​ត្រូវ​និយាយ»។

 

១៣ លោក​ម៉ូសេ​ទូល​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់​អើយ សូម​ព្រះអង្គ​ចាត់​នរណា​ម្នាក់​ទៀត​អោយ​ទៅ​ចុះ!»។ ១៤ ពេល​នោះ ព្រះ​​​​​​​​​អម្ចាស់​ទ្រង់​ព្រះពិរោធ​ទាស់​នឹង​លោក​ម៉ូសេ​ យ៉ាង​ខ្លាំង ហើយ​​​​​មាន​ព្រះបន្ទូល​ថា៖ «អ្នក​មាន​បង​ប្រុស​ម្នាក់ ឈ្មោះ​អរ៉ុន ជា​កូន​ចៅ​លេវី។ យើង​ដឹង​ថា គាត់​ជា​មនុស្ស​ពូកែ​វោហារ ហើយ​កំពុង​តែ​មក​រក​ជួប​អ្នក​ទៀត​ផង។ កាល​ណា​គាត់​ឃើញ​អ្នក នោះ​គាត់​មុខ​ជា​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង។ ១៥ អ្នក​នឹង​ប្រាប់​គាត់​ អោយ​​និយាយ​ជំនួស​នូវ​សេចក្ដី ដែល​អ្នក​ត្រូវ​និយាយ។ រីឯ​យើង​វិញ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក​ទាំង​ពីរ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​និយាយ ហើយ​ប្រាប់​អំពី​អ្វីៗ​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​ធ្វើ។ ១៦ គាត់​នឹង​និយាយ​ទៅ​កាន់​ប្រជាជន​ជំនួស​អ្នក គាត់​ជា​អ្នក​នាំ​ពាក្យ​របស់​អ្នក ហើយ​អ្នក​ប្រៀប​ដូច​ជា​ព្រះ​សំរាប់​គាត់។ ១៧ ចូរ​កាន់​ដំបង​នេះ​ទៅ​ជា​មួយ ដោយសារ​ដំបង​នេះ អ្នក​អាច​ធ្វើ​ទី​សំគាល់​ដ៏​អស្ចារ្យ​ផ្សេងៗ»។

 

លោក​ម៉ូសេ​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ

១៨ លោក​ម៉ូសេ​ក៏​ចេញ​ទៅ ត្រឡប់​ទៅ​ជួប​លោក​យេត្រូ ជា​ឪពុក​ក្មេក ហើយ​ជំរាប​ថា៖ «ខ្ញុំ​ត្រូវ​តែ​ត្រឡប់​ទៅ​រក​បង​ប្អូន​រួម​ជាតិ​របស់​ខ្ញុំ នៅ​ស្រុក​អេស៊ីប​វិញ ដើម្បី​អោយ​ដឹង​ថា ពួក​គេ​នៅ​រស់​ឬ​យ៉ាង​ណា?»។ លោក​យេត្រូ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​កូន​ទៅ​ដោយ​សុខសាន្ត​ចុះ!»។

 

១៩ នៅ​ស្រុក​ម៉ាឌីយ៉ាន ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​លោក​ម៉ូសេ​ថា៖ «ចូរ​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ​ចុះ ព្រោះ​ពួក​ដែល​ប៉ុនប៉ង​សម្លាប់​អ្នក​បាន​ស្លាប់​អស់​ហើយ»។ ២០ លោក​ម៉ូសេ​នាំ​ប្រពន្ធ កូន ជិះ​លា​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។ លោក​បាន​កាន់​ដំបង​របស់​ព្រះជាម្ចាស់​ទៅ​ជា​មួយ​ដែរ។

 

២១ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​ផ្ដល់​អំណាច​អោយ​អ្នក​សំដែង​ឫទ្ធិបាដិហារិយ៍។ ដូច្នេះ ពេល​ទៅ​ដល់​ស្រុក​អេស៊ីប ចូរ​សំដែង​ឫទ្ធិបាដិហារិយ៍​ទាំង​នោះ​អោយ​ស្ដេច​ផារ៉ោន​ឃើញ។ រីឯ​យើង​វិញ យើង​នឹង​ធ្វើ​អោយ​ស្ដេច​ផារ៉ោន​មាន​ចិត្ត​រឹង​ចចេស មិន​ព្រម​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​មក​ទេ។ ២២ ត្រូវ​ប្រាប់​ស្ដេច​ផារ៉ោន​ថា: “ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ប្រជាជន​អ៊ីស្រាអែល​ជា​កូន​ច្បង​របស់​យើង ២៣ ចូរ​អនុញ្ញាត​អោយ​កូន​របស់​យើង​ចេញ​ទៅ​គោរព​បំរើ​យើង។ ប្រសិន​បើ​អ្នក​មិន​ព្រម​ទេ យើង​នឹង​ប្រហារ​កូន​ច្បង​របស់​អ្នក”»។

 

២៤ ពេល​ធ្វើ​ដំណើរ លោក​ម៉ូសេ​ឈប់​សំរាក​នៅ​កន្លែង​មួយ យប់​នោះ ព្រះអម្ចាស់​ក៏​ចូល​មក​ជិត ដើម្បី​រក​សម្លាប់​លោក។ ២៥ នាង​សេផូរ៉ា​យក​កាំបិត​មួយ​ធ្វើ​ពី​ថ្ម កាត់​ស្បែក​ចុង​ស្វាស​របស់​កូន​ប្រុស​នាង យក​ទៅ​ប៉ះ​ភ្លៅ​របស់​លោក​ម៉ូសេ ទាំង​ពោល​ថា៖ «ដោយសារ​ឈាម​នេះ លោក​ពិត​ជា​ប្ដី​របស់​ខ្ញុំ!»។ ២៦ ពេល​នោះ ព្រះអម្ចាស់​ចាក​ចេញ​ពី​លោក​ម៉ូសេ។ នាង​សេផូរ៉ា​ពោល​ថា «ដោយ​​​សារ​ឈាម​នេះ លោក​ពិត​ជា​ប្ដី​របស់​ខ្ញុំ!» ដូច្នេះ គឺ​ចង់​សំដៅ​ទៅ​លើ​ការ​កាត់​ស្បែក។

 

២៧ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​អរ៉ុន​ថា៖ «ចូរ​ចេញ​ទៅ​ជួប​ម៉ូសេ​នៅ​វាល​រហោស្ថាន»។ លោក​អរ៉ុន​ក៏​ចេញ​ទៅ​ជួប​លោក​ម៉ូសេ នៅ​ភ្នំ​របស់​ព្រះជាម្ចាស់ ហើយ​ឱប​លោក។ ២៨ លោក​ម៉ូសេ​រៀប​រាប់​ប្រាប់​លោក​អរ៉ុន​អំពី​ព្រះបន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់​ចាត់​លោក​អោយ​មក​ប្រកាស។ លោក​ក៏​រៀប​រាប់​អំពី​ទី​សំគាល់​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​បង្គាប់​អោយ​លោក​ធ្វើ​ទៀត​ផង។ ២៩ បន្ទាប់​មក លោក​ម៉ូសេ និង​លោក​អរ៉ុន នាំ​គ្នា​ទៅ​ប្រមូល​ចាស់​ទុំ​ទាំង​អស់​របស់​អ៊ីស្រាអែល។ ៣០ លោក​អរ៉ុន​រៀប​រាប់​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់​មាន​ព្រះ​បន្ទូល​ប្រាប់​លោក​ម៉ូសេ ព្រម​ទាំង​ធ្វើ​ទី​សំគាល់​អោយ​ប្រជាជន​ឃើញ​ផង។ ៣១ ប្រជាជន​នាំ​គ្នា​ជឿ ហើយ​យល់​ថា ព្រះអម្ចាស់​បាន​ឃើញ​ទុក្ខ​វេទនា​របស់​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ព្រះអង្គ​មក​សង្គ្រោះ​ពួក​គេ។ ពួក​គេ​ក៏​អោន​កាយ ក្រាប​ថ្វាយបង្គំ​ព្រះអង្គ។

លោក​ម៉ូសេ និង​លោក​អើរ៉ុន​ទៅ​គាល់​ស្ដេច​ផារ៉ោន

១ បន្ទាប់​មក លោក​ម៉ូសេ និង​លោក​អរ៉ុន​ចូល​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ហើយ​ទូល​ថា៖ «ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ដូច​ត​ទៅ​នេះ: ចូរ​អនុញ្ញាត​អោយ​ប្រជារាស្ត្រ​យើង ចេញ​ទៅ​ធ្វើ​ពិធី​បុណ្យ​គោរព​យើង​នៅ​វាល​រហោស្ថាន»។ ២ ព្រះចៅ​ផារ៉ោន​តប​ថា៖ «តើ​ព្រះអម្ចាស់​ជា​នរណា​បាន​ជា​យើង​ត្រូវ​ស្ដាប់​តាម ហើយ​អនុញ្ញាត​អោយ​ពួក​អ៊ីស្រាអែល​ចេញ​ទៅ​នោះ? យើង​មិន​ស្គាល់​ព្រះ​អម្ចាស់​​​​​​ទេ យើង​មិន​អនុញ្ញាត​អោយ​ពួក​អ៊ីស្រាអែល​ចេញ​ទៅ​ឡើយ»។ ៣ លោក​ទាំង​ពីរ​ទូល​ស្ដេច​ ទៀត​ថា៖ «ព្រះ​នៃ​ជន​ជាតិ​ហេប្រឺ​បាន​មក​ជួប​យើង​ខ្ញុំ។ ឥឡូវ​នេះ សូម​អនុញ្ញាត​អោយ​យើង​ខ្ញុំ​ចេញ​ទៅ​វាល​រហោស្ថាន ចម្ងាយ​ផ្លូវ​ដើរ​បី​ថ្ងៃ ដើម្បី​ធ្វើ​យញ្ញបូជា​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ។ បើ​យើង​ខ្ញុំ​មិន​ទៅ​ទេ ព្រះអង្គ​នឹង​ប្រហារ​យើង​ខ្ញុំ​ដោយ​ជំងឺ ឬ​ដោយ​មុខ​ដាវ»។ ៤ ស្ដេច​ស្រុក​អេស៊ីប​មាន​ រាជឱង្ការ​មក​កាន់​លោក​ទាំង​ពីរ​ថា៖ «ម៉ូសេ និង​អរ៉ុន ហេតុ​អ្វី​បាន​ជា​អ្នក​ទាំង​ពីរ​នាំ​អាទិ៍​ពួក​អ៊ីស្រាអែល​អោយ​ឈប់​ធ្វើ​ការ ​ដូច្នេះ? ចូរ​នាំ​គ្នា​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ទៅ!»។

 

៥ ព្រះចៅ​ ផារ៉ោន​មាន​រាជឱង្ការ​ថា៖ «ឥឡូវ​នេះ ប្រជាជន​អ៊ីស្រាអែល​មាន​ចំនួន​ច្រើន​នៅ​ក្នុង​ស្រុក តើ​អ្នក​ទាំង​ពីរ​ចង់​អោយ​គេ​ឈប់​ធ្វើ​ការ​ដូច​ម្ដេច​បាន?»។

 

ស្ដេច​ផារ៉ោន​បន្ថែម​ការងារ​អោយ​ជន​ជាតិ​អ៊ីស្រាអែល

៦ នៅ​ថ្ងៃ​ដដែល​នោះ ព្រះចៅ​ផារ៉ោន​បាន​បញ្ជា​មេ​ត្រួតត្រា​លើ​ប្រជាជន និង​មេ​ក្រុម​ថា៖ ៧ «មិន​ត្រូវ​ផ្ដល់​ចំបើង​អោយ​ពួក​អ៊ីស្រាអែល សំរាប់​ធ្វើ​ដុំ​ឥដ្ឋ​ដូច​ពី​មុន​ទៀត​ទេ គឺ​អោយ​ពួក​គេ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង។ ៨ ប៉ុន្តែ ត្រូវ​បង្ខំ​អោយ​គេ​ធ្វើ​ដុំ​ឥដ្ឋ​គ្រប់​ចំនួន​ដដែល កុំ​បន្ថយ​ចំនួន​ឡើយ។ ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្ជិល ហេតុ​នេះ​ហើយ​បាន​ជា​គេ​ទាមទារ​សុំ​ចេញ​ទៅ​ថ្វាយ​យញ្ញ​បូជា ដល់​ព្រះ​របស់​ពួក​គេ។ ៩ ត្រូវ​ដាក់​ការងារ​អោយ​ពួក​គេ​ធ្វើ​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត ដើម្បី​កុំ​អោយ​ពួក​គេ​មាន​ពេល​គិត​អំពី​ការ​ភូតភរ​បាន​ឡើយ»។

 

១០ ពួក​មេ​ ត្រួតត្រា​លើ​ប្រជាជន និង​ពួក​មេ​ក្រុម ពោល​មក​កាន់​ជន​ជាតិ​អ៊ីស្រាអែល ដូច​ត​ទៅ៖ «ព្រះចៅ​ផារ៉ោន​មាន​រាជឱង្ការ​ថា: យើង​ឈប់​ផ្ដល់​ចំបើង​អោយ​អ្នក​រាល់​គ្នា​ទៀត​ហើយ។ ១១ អ្នក​រាល់​គ្នា​ត្រូវ​ចេញ​ទៅ​រក​ចំបើង​ខ្លួន​ឯង​ផ្ទាល់ នៅ​កន្លែង​ណា​ដែល​អាច​រក​បាន ប៉ុន្តែ កុំ​បន្ថយ​ចំនួន​ដុំ​ឥដ្ឋ​ឡើយ»។ ១២ ដូច្នេះ ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​ចេញ​ទៅ​គ្រប់​កន្លែង ក្នុង​ស្រុក​អេស៊ីប ដើម្បី​ប្រមូល​ជញ្ជ្រាំង​មក​ប្រើ​ជំនួស​ចំបើង។ ១៣ ពួក​មេ​ត្រួតត្រា​ដាក់​ កំហិត​ប្រជាជន​ថា៖ «ត្រូវ​បង្ហើយ​ការងារ​ប្រចាំ​ថ្ងៃ​អោយ​បាន​គ្រប់​ចំនួន​ដូច​ពី​មុន ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​មាន​ចំបើង»។ ១៤ មេ​ត្រួតត្រា​ទាំង​នោះ​ វាយ​ពួក​មេ​ក្រុម​អ៊ីស្រាអែល ដែល​ខ្លួន​បាន​តែងតាំង ព្រម​ទាំង​ស្ដី​បន្ទោស​ថា៖ «ប៉ុន្មាន​ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ផលិត​ដុំ​ឥដ្ឋ​គ្រប់​ចំនួន ដូច​កាល​ពី​មុន?»។

 

១៥ មេ​ក្រុម​អ៊ីស្រាអែល​នាំ​គ្នា​ទៅ​តវ៉ា​ព្រះចៅ​ផារ៉ោន​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះករុណា​ធ្វើ​បាប​ទូលបង្គំ​ទាំង​អស់​គ្នា​ដូច្នេះ? ១៦ គេ​មិន​បាន​ផ្ដល់​ចំបើង ​អោយ​ពួក​ទូលបង្គំ​ទេ ហើយ​គេ​បញ្ជា​អោយ​ពួក​ទូលបង្គំ​ធ្វើ​ដុំ​ឥដ្ឋ​គ្រប់​ចំនួន ព្រម​ទាំង​វាយ​ពួក​ទូលបង្គំ​ទៀត​ផង។ ប្រជារាស្ត្រ​របស់​ព្រះករុណា​ខុស​ហើយ!»។ ១៧ ព្រះ​ចៅ​ផារ៉ោន​ឆ្លើយ​ថា៖ «អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​មនុស្ស​ខ្ជិល មនុស្ស​ច្រអូស! ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​ពោល​ថា “សូម​អនុញ្ញាត​អោយ​យើង​ខ្ញុំ ចេញ​ទៅ​ថ្វាយ​យញ្ញបូជា​ដល់​ព្រះអម្ចាស់​”​​​!​​។ ១៨ ឥឡូវ​នេះ ចូរ​នាំ​គ្នា​ទៅ​ធ្វើ​ការ​វិញ​ទៅ។ យើង​គ្មាន​ចំបើង​អោយ​ទេ ប៉ុន្តែ ត្រូវ​ធ្វើ​ដុំ​ឥដ្ឋ​អោយ​បាន​គ្រប់​ចំនួន»។ ១៩ កាល​ឮ​ថា គេ​មិន​បន្ថយ​ចំនួន​ដុំ​ឥដ្ឋ​ដែល​ត្រូវ​ផលិត​ប្រចាំ​ថ្ងៃ​ទេ​នោះ ពួក​មេ​ក្រុម​អ៊ីស្រាអែល​ដឹង​ថា ខ្លួន​ធ្លាក់​ក្នុង​ស្ថាន​ភាព​លំបាក​វេទនា​ហើយ។ ២០ ពេល​ចេញ​ពី​គាល់​ព្រះចៅ​ផារ៉ោន​វិញ ពួក​គេ​មក​រក​លោក​ម៉ូសេ និង​លោក​អរ៉ុន ដែល​កំពុង​តែ​រង់ចាំ​ពួក​គេ។ ២១ ពួក​គេ​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «សូម​ព្រះអម្ចាស់​ ទត​មើល ហើយ​ដាក់​ទោស​លោក​ទាំង​ពីរ​ចុះ! លោក​ទាំង​ពីរ​ធ្វើ​អោយ​ព្រះ​ចៅ​ផារ៉ោន និង​ពួក​មន្ត្រី​ទាំង​អស់​ស្អប់​ពួក​យើង។ លោក​ទាំង​ពីរ​បាន​ហុច​ដាវ​ទៅ​អោយ​ពួក​គេ​សម្លាប់​យើង»។

 

២២ លោក​ម៉ូសេ​បែរ​ទៅ​រក​ព្រះអម្ចាស់ ទូល​ថា៖ «ព្រះអម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ធ្វើ​បាប​ប្រជាជន​នេះ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ចាត់​ទូលបង្គំ​អោយ​មក? ២៣ តាំង​ពី​ទូលបង្គំ​បាន​ ទៅ​គាល់​ព្រះចៅ​ផារ៉ោន ក្នុង​ព្រះនាម​របស់​ព្រះអង្គ​មក ស្ដេច​នោះ​បាន​ធ្វើ​បាប​ប្រជាជន​នេះ តែ​ព្រះអង្គ​មិន​បាន​រំដោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​សោះ»។

១ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​លោក​ម៉ូសេ​ថា៖ «ឥ​ឡូវ​នេះ អ្នក​នឹង​ឃើញ​ការ​ដែល​យើង​ធ្វើ​ចំពោះ​ផារ៉ោន យើង​នឹង​សំដែង​បារមី​ដ៏​ខ្លាំង​ពូកែ​របស់​យើង បង្ខំ​ស្ដេច​នេះ​អនុ​ញ្ញា​​ត​អោយ​ប្រជាជន​អ៊ីស្រាអែល​ចេញ​ទៅ ។ ដោយសារ​បារមី​ដ៏​ខ្លាំ​​​ង​​ពូកែ ស្ដេច​ផារ៉ោន​នឹង​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក​​ ​អេស៊ីប​»​។

 

ព្រះបន្ទូល​សន្យា​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល

២ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​ម៉ូសេ​ទៀត​ថា៖ «យើង​​​​ជា​ព្រះអម្ចាស់ ៣ យើង​បាន​បង្ហាញ​អោយ​ អប្រាហាំ អ៊ីសាក និង​យ៉ាកុប ស្គាល់​យើង ក្នុង​ឋានៈ​ជា​ព្រះ​ដ៏​មាន​ប្ញទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត។ ប៉ុន្តែ យើង​មិន​បាន​ប្រាប់​អោយ​ពួក​គេ​ដឹង​ថា យើង​មាន​ឈ្មោះ​ព្រះអម្ចាស់​ទេ។ ៤ យើង​បាន​ចង​សម្ពន្ធមេត្រី ​ជា​មួយ​ពួក​គេ យើង​បាន​សន្យា​ប្រគល់​ស្រុក​កា​ណាន​​អោយ​ពួក​គេ គឺ​ស្រុក​ដែល​ពួក​គេ​ស្នាក់​នៅ​ក្នុង​ឋានៈ​ជា​ជន​បរទេស។ ៥ យើង​ឮ​ជន​ជាតិ​អ៊ីស្រាអែល​ស្រែក​ថ្ងូរ ព្រោះ​ត្រូវ​ពួក​អេស៊ីប​សង្កត់សង្កិន។ យើង​នឹក​ដល់​សម្ពន្ធមេត្រី​របស់​យើង​។ ៦ ហេតុ​នេះ ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា: យើង​ជា​ព្រះអម្ចាស់ យើង​នឹង​ដោះ​លែង​អ្នក​រាល់​គ្នា​ពី​ការងារ​ដ៏​លំបាក ដែល​ពួក​អេស៊ីប​បង្ខំ​អ្នក​រាល់​គ្នា​អោយ​ធ្វើ យើង​នឹង​រំដោះ​អ្នក​រាល់​គ្នា​អោយ​រួច​ពី​ភាព​ជា​ទាសករ​របស់​ជន​ជាតិ​អេស៊ីប យើង​នឹង​លោះ​អ្នក​រាល់​គ្នា ដោយ​ឫទ្ធិ​អំណាច​របស់​យើង។ ៧ យើង​នឹង​យក​អ្នក​រាល់​ គ្នា​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​យើង ហើយ​យើង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​ដោះ​លែង​អ្នក​រាល់​គ្នា​ចេញ​ពី​ការងារ​ដ៏​លំបាក ដែល​ពួក​អេស៊ីប​បង្ខំ​អ្នក​រាល់​គ្នា​អោយ​ធ្វើ។ ៨ បន្ទាប់​មក យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​យ៉ាង​ឱឡារិក​ជា​មួយ​អប្រាហាំ​ អ៊ីសាក និង​យ៉ាកុប ហើយ​យើង​អោយ​ស្រុក​នោះ​ដល់​អ្នក​រាល់​គ្នា​ជា​មត៌កយើង​ជា​ព្រះអម្ចាស់!»​។

 

៩ លោក​ម៉ូសេ ​ក៏​នាំ​ព្រះបន្ទូល​ទាំង​នោះ​ទៅ​ប្រាប់​កូន​ចៅ​អ៊ីស្រាអែល ប៉ុន្តែ ពួក​គេ​មិន​ស្ដាប់​លោក​ឡើយ ព្រោះ​ពួក​គេ​បាក់​ទឹក​ចិត្ត ដោយសារ​ទុក្ខ​វេទនា ក្នុង​ភាព​ជា​ទាសករ។ ១០ ព្រះ​អម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ទៀត​ថា៖ ១១ «ចូរ​ទៅ​ប្រាប់​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប​ថា ត្រូវ​បើក​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ទៅ»។ ១២ លោក​ម៉ូសេ​ទូល​ព្រះអង្គថា៖ «សូម្បី​តែ​ជន​ជាតិ​អ៊ីស្រាអែល​ក៏​មិន​ព្រម​ស្ដាប់​ទូល​បង្គំ​ផង ធ្វើ​ដូច​ម្ដេច​អោយ​ស្ដេច​ផារ៉ោន​ស្ដាប់​ទូលបង្គំ ជា​មនុស្ស​ដែល​គ្មាន​វោហារ​នេះ!»។ ១៣ ដូច្នេះ ព្រះអម្ចាស់​បង្គាប់​លោក​ម៉ូសេ និង​លោក​អរ៉ុន អោយ​នាំ​ព្រះបន្ទូល​ទៅ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល និង​ស្ដេច​ផារ៉ោន ដើម្បី​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

 

បញ្ជី​រាយ​នាម​បុព្វបុរស​របស់​លោក​ម៉ូសេ និង​លោក​អរ៉ុន

១៤ នេះ​ជា​បញ្ជី​រាយ​នាម​មេ​គ្រួសារ​នៃ​បុព្វបុរស​របស់​ជន​ជាតិ​អ៊ីស្រាអែល:

កូន​របស់​លោក​រូបេន ដែល​ជា​កូន​ច្បង​របស់​លោក​អ៊ីស្រា​អែល មាន​ហេណុក ប៉ាលូ ហេតស្រូន និង​ការមី។ អ្នក​ទាំង​នោះ​ជា​បុព្វបុរស​នៃ​អំបូរ​រូបេន។

១៥ កូន​របស់​លោក​ស៊ីម៉ូន​មាន​យេមូអែល យ៉ាមីន អូហាដ យ៉ាគីន សូហារ និងសាអ៊ូល ជា​កូន​របស់​ស្ត្រី​ជន​ជាតិ​កាណាន។ អ្នក​ទាំង​នោះ​ជា​បុព្វបុរស​នៃ​អំបូរ​ស៊ីម៉ូន។

១៦ រីឯ​កូន​ចៅ​របស់​លោក​លេវី​មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល​ដូច​ត​ទៅ:

 

កូន​របស់​លោក​លេវី​មាន ​គែរសូន គើហាត់ និង​មេរ៉ារី។ លោក​លេវី​រស់​បាន​មួយ​រយ​សាមសិប​ប្រាំពីរ​ឆ្នាំ។ ១៧ កូន​របស់​គែសូន​មាន​លិបនី និង​ស៊ីម៉ៃ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​ពួក​គេ។ ១៨ កូន​របស់​គើហាត់​មាន ​អាំរ៉ាម យីសារ ហេប្រូន និង​អ៊ូស៊ីអែល។ លោក​គើហាត់​រស់​បាន​មួយ​រយ​សាមសិប​បី​ឆ្នាំ។ ១៩ កូន​របស់​មេរ៉ារី​មាន​ម៉ាលី និង​មូស៊ី។ អ្នក​ទាំង​នោះ​ជា​បុព្វបុរស​នៃ​អំបូរ​លេវី តាម​តំណ​វង្ស​ត្រកូល​របស់​ពួក​គេ។

 

២០ លោក​អាំរ៉ាម​រៀបការ​ជា​មួយ​នាង​យ៉ូកេបិត ដែល​ត្រូវ​ជា​ម្ដាយ​មីង​របស់​លោក នាង​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់​ជូន​លោក គឺ​លោក​អរ៉ុន និង​លោក​ម៉ូសេ។ លោក​អាំរ៉ាម​រស់​បាន​មួយ​រយ​សាមសិប​ប្រាំពីរ​ឆ្នាំ។

 

២១ កូន​របស់​លោក​យ៉ីសារ​មាន​កូរេ ណេផេក និង​ស៊ីគ្រី។ ២២ កូន​របស់​លោក​អ៊ូស៊ីអែល​គឺ មីកាអែល អែលសាផន និង​ស៊ីទ្រី។

២៣ លោក​អរ៉ុន​រៀបការ​ជា​មួយ​នាង​អេលីសេបា ជា​កូន​របស់​លោក​អាំមីណាដាប និង​ជា​ប្អូន​របស់​លោក​ណាសូន។ នាង​បង្កើត​បាន​កូន​ប្រុស​បួន​នាក់​ជូន​លោក​គឺ ណាដាប អប៊ីហ៊ូ អេឡាសារ និង​អ៊ីតាម៉ារ។

 

២៤ កូន​របស់​កូរេ​មាន​អាសសៀរ អែលកាណា និង​អប៊ីសាប ដែល​ជា​បុព្វបុរស​នៃ​អំបូរ​កូរេ។

២៥ លោក​អេឡាសារ កូន​ប្រុស​របស់​លោក​អរ៉ុន បាន​រៀបការ​ជា​មួយ​កូន​ស្រី​លោក​ពេទូអែល នាង​បង្កើត​បាន​កូន​ប្រុស​ម្នាក់​ជូន​លោក​គឺ ភីនេអាស។ អ្នក​ទាំង​នេះ​ជា​មេ​គ្រួសារ​នៃ​កុលសម្ព័ន្ធ​លេវី តាម​អំបូរ​របស់​ពួក​គេ។

 

២៦ ព្រះអម្ចាស់​បាន​បង្គាប់​អោយ​លោក​អរ៉ុន និង​លោក​ម៉ូសេ​នេះ នាំ​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មាន​របៀប​រៀប​រយ​ដូច​កងទ័ព​មួយ។ ២៧ លោក​ម៉ូសេ និង​លោក​អរ៉ុន​នេះ​ហើយ​ដែល​បាន​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប ដើម្បី​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប។

 

បញ្ជា​របស់​ព្រះអម្ចាស់​ចំពោះ​លោក​ម៉ូសេ និង​លោក​អរ៉ុន

២៨ ពេល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​ស្រុក​អេស៊ីប ២៩ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​លោក​ថា៖ «យើង​ជា​ព្រះអម្ចាស់! ចូរ​នាំ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​បង្គាប់​ដល់​អ្នក យក​ទៅ​ប្រាប់​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប»។ ៣០ ប៉ុន្តែ លោក​ម៉ូសេ​ទូល​ព្រះអម្ចាស់​ថា៖ «ទូលបង្គំ​គ្មាន​វោហារ​ទេ ព្រះចៅ​ផារ៉ោន​មុខ​ជា​មិន​ស្ដាប់​ទូលបង្គំ​ឡើយ

១ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​ធ្វើ​អោយ​អ្នក​បាន​ដូច​ជា​ព្រះ នៅ​ចំពោះ​មុខ​ស្ដេច​ផារ៉ោន រីឯ​អរ៉ុន ជា​បង​របស់​អ្នក នឹង​ប្រៀប​ដូច​ជា​ព្យាការី​របស់​អ្នក។ ២ អ្នក​នឹង​ប្រាប់​អរ៉ុន​ នូវ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​បង្គាប់​ដល់​អ្នក ហើយ​គាត់​នាំ​យក​សេចក្ដី​ទាំង​នោះ​ទៅ​ប្រាប់​ស្ដេច​ផារ៉ោន ដើម្បី​ស្ដេច​អនុញ្ញាត​អោយ​កូន​ចៅ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ ៣ រីឯ​យើង​វិញ យើង​នឹង​ធ្វើ​អោយ​ស្ដេច​ផារ៉ោន​មាន​ចិត្ត​រឹងរូស យើង​នឹង​បង្ហាញ​ឫទ្ធិបាដិហារិយ៍ និង​ទី​សំគាល់​ដ៏​អស្ចារ្យ​ជា​ច្រើន​នៅ​ស្រុក​អេស៊ីប។ ៤ ស្ដេច​ផារ៉ោន​នឹង​មិន​ ស្ដាប់​អ្នក​ទាំង​ពីរ​ទេ។ យើង​នឹង​វាយ​ប្រហារ​ស្រុក​អេស៊ីប យើង​នឹង​ដាក់​ទោស​គេ​យ៉ាង​ធ្ងន់ៗ ហើយ​នាំ​អ៊ីស្រាអែល ជា​ប្រ ជារាស្ត្រ​របស់​យើង ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មាន​របៀប​រៀប​រយ​ដូច​កងទ័ព​មួយ។ ៥ ពេល​ណា​យើង​វាយ​ប្រហារ​ស្រុក​អេ ស៊ីប ហើយ​នាំ​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​នោះ ជន​ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះអម្ចាស់»។ ៦ លោក​ម៉ូសេ និង​លោក​អរ៉ុន ​ធ្វើ​តាម​ព្រះបញ្ជា​របស់​ព្រះអម្ចាស់​សព្វ​គ្រប់​ទាំង​អស់។ ៧ នៅ​ពេល​លោក​ទាំង​ពីរ​ទៅ​គាល់​ព្រះចៅ​ផារ៉ោន​នោះ លោក​ម៉ូសេ​មាន​អាយុ​ប៉ែតសិប​ឆ្នាំ លោក​អរ៉ុន​មាន​អាយុ​ប៉ែតសិប​បី​ឆ្នាំ។

 

ព្រះចៅ​ផារ៉ោន​មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន

៨ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​លោក​ម៉ូសេ និង​លោក​អរ៉ុន​ថា៖ ៩ «ប្រសិន​បើ​ស្ដេច​ផារ៉ោន​ ទាមទារ​អោយ​អ្នក​សំដែង​បាដិហារិយ៍​នោះ ត្រូវ​ប្រាប់​អរ៉ុន​ថា “ចូរ​យក​ដំបង​របស់​បង បោះ​ទៅ​ខាង​មុខ​ស្ដេច​ផារ៉ោន” ដំបង​នោះ​នឹង​ក្លាយ​ទៅ​ជា​ពស់»។ ១០ លោក​ម៉ូសេ និង​លោក​អរ៉ុន​ក៏​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ហើយ​ធ្វើ​តាម​សេចក្ដី​ ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​ពួក​លោក។ លោក​អរ៉ុន​បោះ​ដំបង​នៅ​មុខ​ព្រះចៅ​ផារ៉ោន និង​ពួក​មន្ត្រី ហើយ​ដំបង​ក៏​ក្លាយ​ទៅ​ជា​ពស់។ ១១ ប៉ុន្តែ ព្រះចៅ​ផារ៉ោន​ហៅ​ពួក​អ្នក​ប្រាជ្ញ និង​ពួក​គ្រូ​ធ្មប់​របស់​ស្រុក​អេស៊ីប​មក ហើយ​ពួក​គេ​ក៏​ប្រើ​មន្តអាគម ធ្វើ​បាន​ដូច​គ្នា។ ១២ ពួក​គេ​ម្នាក់ៗ​បោះ​ដំបង​របស់​ខ្លួន ហើយ​ដំបង​ទាំង​នោះ​ក្លាយ​ជា​ពស់ ប៉ុន្តែ ដំបង​របស់​លោក​អរ៉ុន​បាន​លេប​ដំបង​របស់​ពួក​គេ​អស់។ ១៣ ព្រះចៅ​ផារ៉ោន​នៅ​តែ​មាន​ព្រះហឫទ័យ​រឹង​ចចេស ដូច​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទុក​ស្រាប់ គឺ​ស្ដេច​មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អរ៉ុន​ទេ។

 

គ្រោះ​កាច​ទី​មួយ: ទឹក​ក្លាយ​ជា​ឈាម

១៤ បន្ទាប់​មក ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ស្ដេច​ផារ៉ោន​មានះ​ណាស់ ហើយ​មិន​អនុញ្ញាត​អោយ​ប្រជា ជន​ចេញ​ទៅ​ទេ។ ១៥ ដូច្នេះ ព្រឹក​ឡើង ចូរ​អ្នក​ទៅ​ជួប​ស្ដេច​ផារ៉ោន នៅ​ពេល​ស្ដេច​ចុះ​ទៅ​មាត់​ទន្លេ​នីល។ ចូរ​កាន់​ដំបង​ដែល​បាន​ក្លាយ​ជា​ពស់​នោះ​ទៅ​ជា​មួយ​ផង។ ១៦ ចូរ​ប្រាប់​ស្ដេច​ផារ៉ោន​ថា: ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​ហេប្រឺ ចាត់​ទូលបង្គំ​អោយ​មក​ទូល​ព្រះករុណា​ថា “ចូរ​បើក​អោយ​ប្រជារាស្ត្រ​របស់​យើង​ចេញ​ទៅ​គោរព​បំរើ​យើង នៅ​វាល​រហោស្ថាន!” ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ ព្រះករុណា​មិន​ព្រម​ស្ដាប់​ទេ។ ១៧ ហេតុ​នេះ ព្រះ អម្ចាស់​មាន​ព្រះបន្ទូល​ថា “ម្ដង​នេះ អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់​មែន”។ “ទូលបង្គំ​នឹង​យក​ដំបង​ដែល​ទូលបង្គំ​កាន់​វាយ​ទឹក​ទន្លេ​នីល ហើយ​ទឹក​នេះ​នឹង​ក្លាយ​ទៅ​ជា​ឈាម។ ១៨ ត្រី​ទាំង​អស់​នៅ​ក្នុង​ទន្លេ​នីល​នឹង​ត្រូវ​វិនាស ទឹក​ទន្លេ​នឹង​ធុំ​ក្លិន​ស្អុយ ជន​ជាតិ​អេស៊ីប​មិន​អាច​ផឹក​ទឹក​នេះ​បាន​ទៀត​ឡើយ”»។ ១៩ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ​នេះ ៖ «ចូរ​ប្រាប់​អរ៉ុន​ថា: សូម​បង​យក​ដំបង​របស់​បង ហើយ​លើក​ដៃ​វាយ​ទឹក​របស់​ស្រុក​អេស៊ីប គឺ​ទន្លេ ព្រែក បឹង ត្រពាំង ដើម្បី​អោយ​ទឹក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ឈាម។ ឈាម​នឹង​មាន​ពាស ពេញ​ក្នុង​ស្រុក​អេស៊ីប សូម្បី​តែ​នៅ​ក្នុង​ធុង និង​ក្នុង​ពាង​ក៏​មាន​ឈាម​ដែរ»។

 

២០ លោក​ម៉ូសេ និង​លោក​អរ៉ុន ធ្វើ​តាម​បញ្ជា​របស់​ព្រះ អម្ចាស់ គឺ​លោក​អរ៉ុន​លើក​ដំបង​វាយ​ទឹក​ទន្លេ​នីល នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះចៅ​ផារ៉ោន និង​នៅ​ចំពោះ​មុខ​នាម៉ឺន​សព្វ​មុខ​មន្ត្រី ហើយ​ទឹក​ទន្លេ​នីល​ទាំង​ប៉ុន្មាន​ក៏​ក្លាយ​ទៅ​ជា​ឈាម។ ២១ ត្រី​ទាំង​ប៉ុន្មាន​នៅ​ ក្នុង​ទន្លេ​នីល​ត្រូវ​វិនាស​អស់ ទឹក​ទន្លេ​ធុំ​ក្លិន​ស្អុយ ហើយ​ជន​ជាតិ​អេស៊ីប​មិន​អាច​ផឹក​ទឹក​បាន​ឡើយ ក្នុង​ស្រុក​ទាំង​មូល​មាន​សុទ្ធ​តែ​ឈាម។ ២២ ប៉ុន្តែ គ្រូ​ធ្មប់​ជាតិ​អេស៊ីប​ក៏​ប្រើ​មន្តអាគម ធ្វើ​បាន​ដូច​គ្នា។ ហេតុ​នេះ ព្រះចៅ​ផារ៉ោន​នៅ​តែ​មាន​ព្រះហឫទ័យ​រឹង​ចចេស មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អរ៉ុន ដូច​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទុក​ស្រាប់។ ២៣ ព្រះចៅ​ផារ៉ោន​ត្រឡប់​ចូល​ទៅ​ក្នុង​វាំង​វិញ ដោយ​មិន​យក​ព្រះហឫទ័យ​ទុក​ដាក់​នឹង​ការ​ទាំង​នោះ​ឡើយ។ ២៤ ប្រជាជន​អេស៊ីប​ទាំង​អស់​នាំ​គ្នា​ជីក​អណ្ដូង​នៅ​តាម​មាត់​ទន្លេ​នីល ដើម្បី​យក​ទឹក​ស្អាត ព្រោះ​គេ​មិន​អាច​ផឹក​ទឹក​ទន្លេ​នីល​បាន​ទេ។

 

គ្រោះ​កាច​ទី​ពីរ: កង្កែប

២៥ ក្រោយ​ពី​ព្រះអម្ចាស់​វាយ​ទឹក​ទន្លេ​នីល​បាន​ប្រាំពីរ​ថ្ងៃ

២៦​​​(៨.១)​​ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖​ «ចូរ​ទៅ​ជួប​ស្ដេច​ផារ៉ោន ហើយ​ប្រាប់​ដូច​ត​ទៅ: ព្រះអម្ចាស់​មាន​ព្រះ​បន្ទូល​ថា “ចូរ​បើក​អោយ​ប្រជារាស្ត្រ​របស់​យើង​ចេញ​ទៅ​គោរព​បំរើ​យើង។ ២៧(២) ប្រសិន​បើ​អ្នក​បដិសេធ យើង​នឹង​ប្រើ​កង្កែប​អោយ​មក​បំផ្លាញ​ទឹក​ដី​របស់​អ្នក។ ២៨(៣) កង្កែប​នឹង​កើត​ពេញ​ទន្លេ​នីល វា​នឹង​លោត​ចូល​ទៅ​ក្នុង​វាំង ក្នុង​បន្ទប់ ហើយ​ក្នុង​ក្រឡាបន្ទំ​របស់​អ្នក​ទៀត​ផង។ កង្កែប​ទាំង​នោះ​នឹង​លោត​ចូល​ទៅ​ក្នុង​ផ្ទះ​នាម៉ឺន​សព្វ​មុខ​មន្ត្រី និង​ផ្ទះ​ប្រជារាស្ត្រ​របស់​អ្នក ព្រម​ទាំង​ចូល​ទៅ​ក្នុង​ចង្ក្រាន និង​ផើង​ម្សៅ។ ២៩(៤) វា​នឹង​លោត​ឡើង​លើ​រូប​កាយ​អ្នក រូប​កាយ​នាម៉ឺន​មន្ត្រី និង​លើ​រូប​កាយ​ប្រជារាស្ត្រ​របស់​អ្នក​ទៀត​ផង”»។

១(៥) ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ទៀត​ថា៖ «ចូរ​ប្រាប់​អរ៉ុន​ថា: “សូម​បង​លើក​ដំបង​វាយ​ទឹក​ទន្លេ ព្រែក និង​ត្រពាំង ដើម្បី​អោយ​កង្កែប​ឡើង​មក​រាត​ត្បាត​ស្រុក​អេស៊ីប”»។ ២(៦) លោក​អរ៉ុន​លាត​ដៃ​សន្ធឹង​ទៅ​លើ​ទឹក​នៅ​ស្រុក​អេស៊ីប នោះ​កង្កែប​ក៏​លោត​ចេញ​មក​រាត​ត្បាត​ស្រុក​អេស៊ីប​។ ៣(៧) ប៉ុន្តែ គ្រូ​ធ្មប់​ជាតិ​អេស៊ីប​ក៏​ប្រើ​មន្តអាគម​ធ្វើ​បាន​ដូច​គ្នា គឺ​អោយ​កង្កែប​ចេញ​មក​រាត​ត្បាត​ស្រុក​អេស៊ីប។ ៤(៨)ព្រះចៅ​ផា​រ៉ោន​​​​​​​​​​​ហៅ​លោក​ម៉ូសេ និង​លោក​អរ៉ុន​មក ហើយ​មាន​រាជឱង្ការ​ថា៖ «ចូរ​អង្វរ​ព្រះអម្ចាស់​អោយ​យក​កង្កែប​ចេញ​ពី​យើង និង​ប្រជារាស្ត្រ​របស់​យើង​ទៅ យើង​នឹង​បើក​អោយ​ប្រជាជន​របស់​អ្នក ចេញ​ទៅ​ថ្វាយ​យញ្ញបូជា​ដល់​ព្រះអម្ចាស់!»។ ៥(៩) លោក​ម៉ូសេ​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «សូម​ព្រះករុណា​មេត្តា​កំណត់​ពេល​វេលា ដែល​ទូលបង្គំ​ត្រូវ​អង្វរ​ព្រះអម្ចាស់​ សំរាប់​ព្រះករុណា សំរាប់​នាម៉ឺន​មន្ត្រី និង​ប្រជារាស្ត្រ​របស់​ព្រះករុណា ដើម្បី​បំបាត់​កង្កែប​ចេញ​ពី​ព្រះករុណា និង​ចេញ​ពី​ដំណាក់​របស់​ព្រះករុណា គឺ​ទុក​អោយ​នៅ​សល់​តែ​ក្នុង​ទន្លេ​នីល​ប៉ុណ្ណោះ»។ ៦(១០) ព្រះចៅ​ផារ៉ោន​ពោល​ថា៖ «ថ្ងៃ​ស្អែក»។ លោក​ម៉ូសេ​ឆ្លើយ​ថា៖ «ទូលបង្គំ​នឹង​ធ្វើ​តាម​ព្រះ​រាជឱង្ការ ដើម្បី​អោយ​ព្រះករុណា​ទទួល​ស្គាល់​ថា គ្មាន​ព្រះ​ឯ​ណា​ដូច​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​ឡើយ។ ៧(១១) ​កង្កែប​ចេញ​ពី​ ព្រះករុណា និង​ចេញ​ពី​ដំណាក់​របស់​ព្រះករុណា ពី​នាម៉ឺន​មន្ត្រី និង​ពី​ប្រជារាស្ត្រ​របស់​ព្រះករុណា គឺ​ទុក​អោយ​នៅ​សល់​តែ​ក្នុង​ទន្លេ​នីល​ប៉ុណ្ណោះ»។

 

៨(១២) បន្ទាប់​មក លោក​ម៉ូសេ និង​លោក​អរ៉ុន​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន ហើយ​លោក​ម៉ូសេ​ស្រែក​អង្វរ​ព្រះអម្ចាស់ សូម​ព្រះអង្គ​ដក​កង្កែប​ដែល​ព្រះអង្គ​នាំ​មក​ធ្វើ​ទុក្ខ​ស្ដេច​ផារ៉ោន។ ៩​(១៣)​​ ព្រះអម្ចាស់​ក៏​ធ្វើ​តាម​ពាក្យ​អង្វរ​របស់​លោក​ម៉ូសេ គឺ​កង្កែប​បាន​ងាប់​នៅ​ក្នុង​ផ្ទះ នៅ​តាម​ភូមិ និង​នៅ​តាម​ស្រែ​ចំការ។ ១០(១៤) គេ​ប្រមូល​ខ្មោច​កង្កែប​គរ​ជា​គំនរ ហើយ​មាន​ក្លិន​ស្អុយ​ពាសពេញ​ស្រុក។

 

១១(១៥) ពេល​ឃើញ​កង្កែប​ងាប់​អស់​ហើយ​នោះ ព្រះចៅ​ផា​រ៉ោន​​មាន​ព្រះហឫទ័យ​មានះ មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អរ៉ុន ដូច​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទុក​ស្រាប់។

 

គ្រោះ​កាច​ទី​បី: មូស

១២(១៦) ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​អរ៉ុន​ថា: សូម​បង​លើក​ដំបង​វាយ​ធូលី​ដី នោះ​ធូលី​ដី​នឹង​ក្លាយ​ទៅ​ជា​មូស​ នៅ​ពាសពេញ​ស្រុក​អេស៊ីប»។ ១៣(១៧) លោក​ទាំង​ពីរ​ក៏​ធ្វើ​ តាម​ព្រះបន្ទូល គឺ​លោក​អរ៉ុន​លើក​ដំបង​វាយ​ធូលី​ដី នោះ​ដី​ក៏​ក្លាយ​ទៅ​ជា​មូស មក​រោម​មនុស្ស និង​សត្វ នៅ​ស្រុក​អេស៊ីប​ទាំង​មូល។ ១៤(១៨) ពួក​គ្រូ​ធ្មប់​ក៏​ប្រើ​មន្តអាគម ដើម្បី​បង្កើត​មូស​ដែរ តែ​ពួក​គេ​ធ្វើ​ពុំ​បាន​ទេ។ មូស​នៅ​តែ​រោម​មនុស្ស និង​សត្វ​ដដែល។ ១៥(១៩) ពេល​នោះ ពួក​គ្រូ​ធ្មប់​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «ការ​នេះ​កើត​មក​ពី​ព្រះជាម្ចាស់»។ ប៉ុន្តែ ព្រះចៅ​ផារ៉ោន​នៅ​តែ​មាន​ព្រះហឫទ័យ​មានះ មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អរ៉ុន ដូច​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទុក​ស្រាប់។

 

គ្រោះ​កាច​ទី​បួន: រុយ

១៦(២០) ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ព្រឹក​​​ស្អែក ចូរ​ក្រោក​ពី​ព្រលឹម​ទៅ​ជួប​ស្ដេច​ផារ៉ោន នៅ​ពេល​ស្ដេច​ចុះ​ទៅ​ទន្លេ ហើយ​ទូល​ស្ដេច​ដូច​ត​ទៅ “ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា: ចូរ​បើក​អោយ​ប្រជារាស្ត្រ​របស់​យើង​ចេញ​ទៅ​គោរព​បំរើ​យើង។ ១៧(២១) ប្រសិន​បើ​អ្នក​មិន​បើក ​អោយ​ពួក​គេ​ចេញ​ទៅ​ទេ យើង​នឹង​ប្រើ​រុយ​អោយ​មក​ខាំ​អ្នក ព្រម​ទាំង​នាម៉ឺន​មន្ត្រី និង​ប្រជារាស្ត្រ​របស់​អ្នក។ ក្នុង​ផ្ទះ​របស់​ជន​ជាតិ​អេស៊ីប​ទាំង​អស់​មាន​រុយ​ពាសពេញ ហើយ​ទឹក​ដី​របស់​គេ​ក៏​មាន​រុយ​ដែរ។ ១៨(២២) ប៉ុន្តែ នៅ​ថ្ងៃ​នោះ យើង​មិន​អោយ​មាន​រុយ​ក្នុង​តំបន់​កូសែន ដែល​ប្រជារាស្ត្រ​របស់​យើង​រស់​នៅ​ទេ ដើម្បី​អោយ​អ្នក​ទទួល​ស្គាល់​ថា យើង​ជា​ព្រះអម្ចាស់ យើង​ស្ថិត​នៅ​ក្នុង​ស្រុក​នេះ។ ១៩(២៣) យើង​មិន​បណ្ដោយ​អោយ​ ប្រជារាស្ត្រ​របស់​យើង រង​គ្រោះ​ដោយសារ​រុយ​ជា​មួយ​ប្រជារាស្ត្រ​របស់​អ្នក​ទេ ទី​សំគាល់​នេះ​នឹង​កើត​មាន​នៅ​ថ្ងៃ​ស្អែក”»។

 

២០(២៤) ព្រះអម្ចាស់​ ធ្វើ​តាម​ព្រះបន្ទូល គឺ​មាន​រុយ​យ៉ាង​សន្ធឹក​សន្ធាប់ ហើរ​ចូល​ទៅ​ក្នុង​វាំង​របស់​ស្ដេច​ផារ៉ោន ក្នុង​ផ្ទះ​របស់​នាម៉ឺន​មន្ត្រី និង​ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល។ រុយ​ទាំង​នោះ​រាត​ត្បាត​ពាសពេញ​ទឹក​ដី។

 

២១(២៥) ព្រះចៅ​ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អរ៉ុន ហើយ​មាន​រាជឱង្ការ​ថា៖ «ចូរ​ធ្វើ​យញ្ញបូជា​ថ្វាយ​ព្រះ​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ស្រុក​នេះ​ចុះ»។ ២២(២៦) ប៉ុន្តែ លោក​ម៉ូសេ​ទូល​ថា៖ «ធ្វើ​បែប​នេះ​មិន​បាន​ទេ! ដ្បិត​យើង​ខ្ញុំ​យក​សត្វ​ធ្វើ​យញ្ញបូជា​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ​ដូច្នេះ ជា​អំពើ​ដែល​ជន​ជាតិ​អេស៊ីប​ស្អប់​ខ្ពើម។​ ប្រសិន​បើ​ពួក​គេ​ឃើញ​យើង​ខ្ញុំ​យក​សត្វ​ទៅ​ធ្វើ​យញ្ញបូជា គឺ​ជា​អំពើ​ដែល​គេ​ស្អប់​ខ្ពើម នោះ​ពួក​គេ​មុខ​ជា​យក​ដុំ​ថ្ម​គប់​សម្លាប់​យើង​ខ្ញុំ​មិន​ខាន។ ២៣(២៧) យើង​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដំណើរ​ទៅ​វាល​រហោស្ថាន ចម្ងាយ​ផ្លូវ​ដើរ​បី​ថ្ងៃ ដើម្បី​ធ្វើ​យញ្ញបូជា​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ តាម​របៀប​ដែល​ព្រះអង្គ​នឹង​បង្ហាញ​ប្រាប់​យើង​ខ្ញុំ»។ ២៤(២៨) ព្រះចៅ​ផារ៉ោន​មាន​រាជឱង្ការ​ថា៖ «យើង​​​អនុញ្ញាត​អោយ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ធ្វើ​យញ្ញបូជា ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា នៅ​វាល​រហោស្ថាន​បាន ប៉ុន្តែ កុំ​ទៅ​ឆ្ងាយ​ពេក។ ចូរ​ទូលអង្វរ​ព្រះអង្គ​អោយ​យើង​ផង»។ ២៥(២៩)​ លោក​ម៉ូសេ​តប​ថា៖ «ពេល​ចាក​ចេញ​ពី​ព្រះករុណា​ទៅ ទូលបង្គំ​នឹង​ទូលអង្វរ​ព្រះអម្ចាស់។ ស្អែក​រុយ​នឹង​ចាក​ចេញ​ពី​ព្រះករុណា ពី​នាម៉ឺន​មន្ត្រី និង​ប្រជារាស្ត្រ​របស់​ព្រះករុណា​ទៀត​ផង។ ប៉ុន្តែ សូម​ព្រះករុណា​ឈប់​បញ្ឆោត​យើង​ខ្ញុំ​ទៀត​ទៅ គឺ​កុំ​ហាម​ប្រជា​ជន​​​របស់​យើង​ខ្ញុំ​ចេញ​ទៅ​ធ្វើ​យញ្ញបូជា ថ្វាយ​ព្រះអម្ចាស់​ឡើយ»​។ ២៦(៣០) លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន ហើយ​ទូលអង្វរ​ព្រះអម្ចាស់។ ២៧(៣១) ព្រះអម្ចាស់​ ធ្វើ​តាម​ពាក្យ​អង្វរ​របស់​លោក​ម៉ូសេ គឺ​ព្រះអង្គ​បំបាត់​រុយ​ទាំង​អស់​ចេញ​ពី​នាម៉ឺន​មន្ត្រី និង​ប្រជារាស្ត្រ​របស់​ស្ដេច ឥត​មាន​ទុក​អោយ​នៅ​សល់​មួយ​ឡើយ។

 

២៨(៣២) ប៉ុន្តែ ម្ដង​នេះ​ទៀត ព្រះចៅ​ផារ៉ោន​មាន​ព្រះហឫទ័យ​មានះ មិន​ព្រម​បើក​អោយ​ប្រជាជន​អ៊ីស្រាអែល​ចេញ​ទៅ​ទេ។

គ្រោះ​កាច​ទី​ប្រាំ: ជំងឺ​អាសន្នរោគ

១ បន្ទាប់​មក ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ជួប​ស្ដេច​ផារ៉ោន ហើយ​ប្រាប់​ដូច​ត​ទៅ: ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​ហេប្រឺ​មាន​ព្រះបន្ទូល​ថា “ចូរ​បើក​អោយ​ប្រជារាស្ត្រ​របស់​យើង ចេញ​ទៅ​គោរព​បំរើ​យើង”។ ២ ប្រសិន​បើ​ព្រះករុណា​បដិសេធ​បើក​អោយ​ពួក​គេ​ទៅ ប្រសិន​បើ​ព្រះករុណា​នៅ​តែ​ឃាត់​ពួក​គេ ៣ នោះ​ព្រះអម្ចាស់​ នឹង​ប្រើ​បារមី​របស់​ព្រះអង្គ ប្រហារ​ហ្វូង​សត្វ​របស់​ព្រះករុណា នៅ​តាម​ស្រុក​ស្រែ គឺ​ហ្វូង​សេះ ហ្វូង​លា ហ្វូង​អូដ្ឋ ហ្វូង​គោ និង​ហ្វូង​ចៀម អោយ​កើត​ជំងឺ​អាសន្នរោគ​យ៉ាង​ធ្ងន់ធ្ងរ។ ៤ ប៉ុន្តែ ព្រះអម្ចាស់​មិន​ប្រហារ​ហ្វូង​សត្វ​របស់​ជន​ជាតិ​អ៊ីស្រាអែល អោយ​វិនាស ដូច​ហ្វូង​សត្វ​របស់​ជន​ជាតិ​អេស៊ីប​ទេ»។ ៥ ព្រះអម្ចាស់​កំណត់​ពេល​វេលា ដោយ​មាន​ព្រះបន្ទូល​ថា ស្អែក​ព្រះអង្គ​នឹង​ធ្វើ​ការ​នេះ​នៅ​ស្រុក​អេស៊ីប។

 

៦ នៅ​ថ្ងៃ​បន្ទាប់ ព្រះអម្ចាស់​បាន​ប្រហារ​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​ នៅ​ស្រុក​អេស៊ីប​អោយ​វិនាស ប៉ុន្តែ គ្មាន​សត្វ​ណា​មួយ​របស់​ជន​ជាតិ​អ៊ីស្រាអែល ត្រូវ​វិនាស​ឡើយ។ ៧ ព្រះចៅ​ផារ៉ោន​បាន​ចាត់​ គេ​អោយ​ទៅ​ស៊ើបសួរ ហើយ​ស្ដេច​ជ្រាប​ថា​គ្មាន​សត្វ​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​ជន​ជាតិ​ អ៊ីស្រាអែល ត្រូវ​វិនាស​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ព្រះចៅ​ផារ៉ោន​នៅ​តែ​មាន​ព្រះហឫទ័យ​មានះ មិន​ព្រម​អនុញ្ញាត​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ទៅ​ទេ។

 

គ្រោះ​កាច​ទី​ប្រាំ​មួយ: ជំងឺ​បូស

៨ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អរ៉ុន​ថា៖ «ចូរ​យក​ដៃ​ក្ដាប់​ផេះ​ពី​ចង្ក្រាន ហើយ​អោយ​ម៉ូសេ​បាច​ឡើង​ទៅ​លើ នៅ​ចំពោះ​មុខ​ស្ដេច​ផារ៉ោន ៩ ផេះ​នោះ​នឹង​ធ្លាក់​មក​ជា ​ធូលី​នៅ​ពាសពេញ​ស្រុក​អេស៊ីប។ ពេល​នោះ ទាំង​មនុស្ស ទាំង​សត្វ នៅ​ស្រុក​អេស៊ីប​នឹង​កើត​បូស ក្លាយ​ជា​ដំបៅ​ងា​ទៀត​ផង»។ ១០ លោក​ម៉ូសេ និង​លោក​អរ៉ុន​ក៏​យក​ផេះ​ពី​ចង្ក្រាន ហើយ​នាំ​គ្នា​ទៅ​គាល់​ព្រះចៅ​ផារ៉ោន។ លោក​ម៉ូសេ​បាច​ផេះ​ទៅ​លើ បណ្ដាល​អោយ​មនុស្ស និង​សត្វ​កើត​បូស មាន​ដំបៅ​ងា​ពេញ​ខ្លួន។ ១១ ពួក​គ្រូ​ធ្មប់​ពុំ​អាច​មក​ជួប​លោក​ម៉ូសេ​បាន​ទេ ព្រោះ​ពួក​គេ​កើត​បូស​ពេញ​ខ្លួន ដូច​ជន​ជាតិ​អេស៊ីប​ទាំង​អស់​ដែរ។ ១២ ប៉ុន្តែ ព្រះអម្ចាស់​ធ្វើ​អោយ​ព្រះចៅ​ផារ៉ោន​មាន​ព្រះហឫទ័យ​មានះ មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អរ៉ុន ដូច​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទុក​ស្រាប់។

 

គ្រោះ​កាច​ទី​ប្រាំពីរ: ព្រឹល

១៣ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ព្រឹក​ស្អែក ចូរ​ក្រោក​ពី​ព្រលឹម​ទៅ​ជួប​ស្ដេច​ផារ៉ោន ប្រាប់​ថា: ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​ហេប្រឺ មាន​ព្រះបន្ទូល​ដូច​ត​ទៅ “ចូរ​បើក​អោយ​ប្រជារាស្ត្រ​របស់​យើង ចេញ​ទៅ​គោរព​បំរើ​យើង។ ១៤​ លើក​នេះ យើង​ប្រើ​គ្រោះ​កាច​គ្រប់​បែប​យ៉ាង ប្រហារ​អ្នក ព្រម​ទាំង​នាម៉ឺន​មន្ត្រី និង​ប្រជារាស្ត្រ​របស់​អ្នក ដើម្បី​អោយ​អ្នក​ទទួល​ស្គាល់​ថា គ្មាន​នរណា​ម្នាក់​នៅ​លើ​ផែនដី​អាច​ប្រៀប​ផ្ទឹម​នឹង​យើង​ឡើយ។ ១៥ ប្រសិន​បើ​យើង​មិន​ អាណិត​អ្នក​ទេ ម៉្លេះ​សម​យើង​ប្រើ​ជំងឺ​អាសន្នរោគ​ប្រហារ​អ្នក និង​ប្រជារាស្ត្រ​របស់​អ្នក អោយ​វិនាស​សូន្យ​ពី​ផែនដី​បាត់​ទៅ​ហើយ។ ១៦ យើង​ទុក​ជីវិត​អ្នក ដើម្បី​អោយ​អ្នក​ឃើញ​ឫទ្ធិ​បារមី​របស់​យើង ហើយ​អោយ​កេរ្តិ៍​ឈ្មោះ​របស់​យើង​ល្បី​សុសសាយ​ពាសពេញ​ផែនដី។ ១៧ អ្នក​បាន​ជំទាស់​នឹង​ប្រជារាស្ត្រ​របស់​យើង ដោយ​មិន​បើក​អោយ​គេ​ចេញ​ទៅ​ទេ។ ១៨ ដូច្នេះ ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ យើង​នឹង​ធ្វើ​អោយ​មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង គឺ​តាំង​ពី​ស្រុក​អេស៊ីប​កកើត​រហូត​មក​ទល់​សព្វ​ថ្ងៃ គេ​មិន​ដែល​ជួប​ប្រទះ​បែប​នេះ​ទេ។ ១៩ ឥឡូវ​នេះ ចូរ​ប្រាប់​គេ​អោយ​ប្រមូល​ហ្វូង​សត្វ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​អ្នក​មាន​នៅ​តាម​វាល យក​ទៅ​ទុក។ ប្រសិន​បើ​មនុស្ស ឬ​សត្វ​ដែល​នៅ​តាម​វាល​គ្មាន​ជំរក​ទេ ពេល​ព្រឹល​ធ្លាក់ ពួក​គេ​មុខ​ជា​វិនាស​មិន​ខាន”»។

 

២០ នាម៉ឺន​មន្ត្រី​មួយ​ចំនួន ដែល​កោត​ខ្លាច​ព្រះបន្ទូល​របស់​ព្រះ​អម្ចាស់ ក៏​នាំ​អ្នក​បំរើ និង​ហ្វូង​សត្វ​របស់​ខ្លួន​ចូល​ក្នុង​ជំរក។ ២១ រីឯ​អស់​អ្នក​ ដែល​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព្រះបន្ទូល​របស់​ព្រះអ​ម្ចាស់​​ទេ ក៏​ទុក​អ្នក​បំរើ និង​ហ្វូង​សត្វ​របស់​ខ្លួន​នៅ​តាម​វាល។

 

២២ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លើក​ដៃ​ទៅ​លើ​មេឃ នោះ​នឹង​មាន​ព្រឹល​ធ្លាក់​លើ​មនុស្ស លើ​សត្វ និង​លើ​តិណ​ជាតិ​ទាំង​អស់​ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល»។

 

២៣ លោក​ម៉ូសេ​លើក​ដំបង​តម្រង់​ទៅ​លើ​មេឃ ព្រះអម្ចាស់​ធ្វើ​អោយ​មាន​ផ្គរលាន់ និង​ព្រឹល ហើយ​មាន​រន្ទះ​បាញ់​មក​លើ​ផែន​ដី។ ព្រះអម្ចាស់​ក៏​បង្អុរ​ព្រឹល​អោយ​ធ្លាក់​មក​លើ​ស្រុក​អេស៊ីប។ ២៤​ ពេល​នោះ មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង លាយឡំ​នឹង​រន្ទះ​យ៉ាង​សាហាវ ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល គឺ​តាំង​ពី​ប្រជាជាតិ​អេស៊ីប​កកើត​មក​មិន​ដែល​មាន​ដូច្នេះ​ទេ។ ២៥ នៅ​ពាសពេញ​ស្រុក​អេស៊ីប​ទាំង​មូល មាន​ព្រឹល​ធ្លាក់​មក​លើ​មនុស្ស និង​សត្វ​នៅ​តាម​វាល បំផ្លាញ​តិណ​ជាតិ និង​បំបាក់​ដើម​ឈើ​ទៀត​ផង។ ២៦ មាន​តែ​ស្រុក​កូសែន​ជា​កន្លែង​ដែល​ជន​ជាតិ​អ៊ីស្រាអែល​រស់​នៅ​ប៉ុណ្ណោះ ទើប​គ្មាន​ធ្លាក់​ព្រឹល។ ២៧ ព្រះចៅ​ផារ៉ោន​ក៏​កោះ​ហៅ​លោក​ម៉ូសេ និង​លោក​អរ៉ុន ហើយ​មាន​រាជឱង្ការ​ថា៖ «លើក​នេះ យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន មាន​តែ​ព្រះអម្ចាស់​ទេ​ដែល​សុចរិត រីឯ​យើង និង​ប្រជារាស្ត្រ​របស់​យើង​ជា​មនុស្ស​អាក្រក់។ ២៨ ចូរ​អង្វរ​ព្រះអម្ចាស់ សូម​កុំ​អោយ​មាន​ផ្គរ និង​ព្រឹល​ត​ទៅ​ទៀត។ យើង​អនុញ្ញាត​អោយ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ហើយ គ្មាន​នរណា​ឃាត់​ឃាំង​​អ្នក​រាល់​គ្នា​ទៀត​ទេ»។

 

២៩ លោក​ម៉ូសេ​តប​វិញ​ថា៖ «ពេល​ទូលបង្គំ​ចាក​ចេញ​ពី​ទីក្រុង ទូលបង្គំ​នឹង​លើក​ដៃ​ប្រណម្យ ទូលអង្វរ​ព្រះអម្ចាស់ នោះ​ផ្គរលាន់ និង​ព្រឹល​មុខ​ជា​ស្ងប់​បាត់​អស់ ហើយ​ព្រះករុណា​នឹង​ទទួល​ស្គាល់​ថា ផែនដី​ជា​របស់​ព្រះអម្ចាស់។ ៣០ ប៉ុន្តែ ទូលបង្គំ​ដឹង​ថា​ព្រះករុណា ព្រម​ទាំង​នាម៉ឺន​មន្ត្រី មិន​ទាន់​កោត​ខ្លាច​ព្រះអម្ចាស់​នៅ​ឡើយ»។ ៣១ ពេល​នោះ ដើម​ធ្មៃ​កំពុង​ចេញ​ផ្កា និង​ស្រូវ​ស្រាល​កំពុង​ដាក់​គ្រាប់ ៣២ រីឯ​ស្រូវ​សាលី និង​ស្រូវ​ធ្ងន់​មិន​ត្រូវ​ខូច​ខាត​ឡើយ ព្រោះ​មិន​ទាន់​ចេញ​កួរ។ ៣៣ បន្ទាប់​មក លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន រួច​ចេញ​ទៅ​ក្រៅ​ទីក្រុង។ លោក​លើក​ដៃ​ប្រណម្យ ទូលអង្វរ​ព្រះអម្ចាស់ ផ្គរ​លែង​លាន់​ឮ ព្រឹល​ឈប់​ធ្លាក់ ហើយ​ភ្លៀង​ក៏​លែង​បង្អុរ​មក​លើ​ផែនដី​ទៀត។

 

៣៤ ពេល​ព្រះចៅ​ផារ៉ោន​ឃើញ​ភ្លៀង និង​ព្រឹល​ឈប់​ធ្លាក់ ហើយ​ផ្គរ​ស្ងប់​ស្ងាត់​ទៅ​វិញ​ដូច្នេះ ស្ដេច​ក៏​ប្រព្រឹត្ត​អំពើ​បាប​ជា​ថ្មី​ទៀត គឺ​ទាំង​ស្ដេច ទាំង​នាម៉ឺន​មន្ត្រី​នៅ​តែ​មានះ​ដដែល។ ៣៥​ព្រះចៅ​ផារ៉ោន​មាន​ព្រះហឫទ័យ​មានះ មិន​អនុញ្ញាត​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ទៅ ដូច​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​តាម​រយៈ​លោក​ម៉ូសេ។

គ្រោះ​កាច​ទី​ប្រាំ​បី: កណ្ដូប

១ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ជួប​ស្ដេច​ផារ៉ោន ដ្បិត​យើង​បាន​ធ្វើ​អោយ​ស្ដេច និង​នាម៉ឺន​មន្ត្រី​មាន​ចិត្ត​មានះ ដើម្បី​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ​នៅ​ក្នុង​ចំណោម​ពួក​គេ។ ២ ដូច្នេះ អ្នក​អាច​តំណាល​ប្រាប់​កូន និង​ចៅ នៅ​ជំនាន់​ក្រោយ​ថា យើង​បាន​ប្រព្រឹត្ត​ចំពោះ​ជន​ជាតិ​អេស៊ីប​របៀប​ណា ហើយ​យើង​បាន​សំ​ដែង​​​​​​​​​​ទី​សំគាល់​ដ៏​អស្ចារ្យ​អ្វី​ខ្លះ នៅ​ក្នុង​ចំណោម​ពួក​គេ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះអម្ចាស់»។

 

៣ លោក​ម៉ូសេ និង​លោក​អរ៉ុន​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ហើយ​ទូល​ថា៖ «ព្រះអម្ចាស់​ ជា​ព្រះ​របស់​ជន​ជាតិ​ហេប្រឺ មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “តើ​អ្នក​មិន​ព្រម​ដាក់​ខ្លួន​នៅ​ចំពោះ​មុខ​យើង​ដូច្នេះ ដល់​កាល​ណា​ទៀត? ចូរ​បើក​អោយ​ប្រជារាស្ត្រ​របស់​យើង​ចេញ​ទៅ​គោរព​បំរើ​យើង។ ៤ បើ​អ្នក​មិន​ព្រម​បើក​អោយ ​ប្រជារាស្ត្រ​របស់​យើង​ចេញ​ទៅ​ទេ ថ្ងៃ​ស្អែក យើង​នឹង​ប្រើ​ហ្វូង​កណ្ដូប​អោយ​ចូល​មក​រាត​ត្បាត​ដែន​ដី​របស់​អ្នក។ ៥ វា​នឹង​មក​ទំ​ពាសពេញ​ ក្នុង​ស្រុក រហូត​ដល់​មើល​ដី​លែង​ឃើញ​ទៀត។ វា​នឹង​ស៊ី​ផល​ដំណាំ​ដែល​នៅ​សេសសល់​ពី​ព្រឹល វា​នឹង​ស៊ី​បង្ហិន​ដើម​ឈើ​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា ដែល​ដុះ​នៅ​តាម​ទី​វាល។ ៦ វា​នឹង​ចូល​ពេញ​ក្នុង​ វាំង​របស់​អ្នក ព្រម​ទាំង​ក្នុង​ផ្ទះ​របស់​ពួក​នាម៉ឺន​មន្ត្រី​ទាំង​អស់ និង​ផ្ទះ​របស់​ជន​ជាតិ​អេស៊ីប​ទាំង​អស់​ទៀត​ផង។ តាំង​ពី​ដូនតា​របស់​អ្នក​រហូត​មក​ទល់​សព្វ​ថ្ងៃ មិន​ដែល​មាន​នរណា​​​ជួប​ប្រទះ​ហេតុការណ៍​បែប​នេះ​ឡើយ”»។ បន្ទាប់​មក លោក​​​​​​​​​ម៉ូសេ​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន។

 

៧ ពួក​នាម៉ឺន​មន្ត្រី​ទាំង​ប៉ុន្មាន​ទូល​ស្ដេច​ថា៖ «តើ​ជន​នេះ​ធ្វើ​អោយ​យើង​រង​ទុក្ខ​លំបាក​ដល់​កាល​ណា​ទៀត? សូម​ព្រះករុណា​បើក​អោយ​ពួក​គេ​ចេញ​ទៅ​គោរព​បំរើ​ព្រះអម្ចាស់​ជា​ព្រះ​របស់​ពួក​គេ​ទៅ តើ​ព្រះករុណា​មិន​ទាន់​ជ្រាប​ថា ស្រុក​អេស៊ីប​កំពុង​តែ​វិនាស​ទេ​ឬ?»។

 

៨ គេ​នាំ​លោក​ម៉ូសេ និង​លោក​អរ៉ុន មក​គាល់​ព្រះចៅ​ផារ៉ោន ហើយ​ស្ដេច​ក៏​មាន​រាជឱង្ការ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​គោរព​បំរើ​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ! ប៉ុន្តែ តើ​អ្នក​ណា​ខ្លះ​ត្រូវ​ចេញ​ទៅ?»។ ៩ លោក​ម៉ូសេ​ទូល​ថា៖ «យើង​ខ្ញុំ​នឹង​ទៅ ទាំង​ក្មេង ទាំង​ចាស់ ទាំង​កូន​ប្រុស និង​កូន​ស្រី ព្រម​ទាំង​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​នឹង​ចេញ​ទៅ​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ​អម្ចាស់»។ ១០ ស្ដេច​មាន​រាជឱង្ការ​ថា៖ «យើង​សូម​ស្បថ​ក្នុង​នាម​ព្រះអម្ចាស់​ថា យើង​មិន​បើក​អោយ​អ្នក​រាល់​គ្នា​នាំ​គ្រួសារ​ចេញ​ទៅ​ជា​មួយ​ឡើយ ព្រោះ​យើង​ដឹង​ថា អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់។ ១១ ទេ មិន​កើត​ទេ! ទុក​អោយ​តែ​ប្រុសៗ ចេញ​ទៅ​គោរព​បំរើ​ព្រះអម្ចាស់​ប៉ុណ្ណោះ​បាន​ហើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​សុំ​ដូច្នេះ»។ បន្ទាប់​មក គេ​ក៏​ដេញ​លោក​ទាំង​ពីរ​ចេញ​ពី​ព្រះចៅ​ផារ៉ោន។

 

១២ ពេល​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លាត​ដៃ​របស់​អ្នក​លើ​ស្រុក​អេស៊ីប ដើម្បី​នាំ​ហ្វូង​កណ្ដូប​មក​លើ​ស្រុក​នេះ ហើយ​វា​នឹង​ស៊ី​អ្វីៗ​ទាំង​អស់ ដែល​នៅ​សេសសល់​ពី​ព្រឹល»។ ១៣ លោក​ម៉ូសេ​លើក​ដំបង​របស់​លោក​ទៅ​លើ​ស្រុក​អេស៊ីប ហើយ​ព្រះអម្ចាស់​ ក៏​ធ្វើ​អោយ​មាន​ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក​លើ​ស្រុក​អេស៊ីប អស់​មួយ​ថ្ងៃ​មួយ​យប់។ លុះ​ព្រឹក​ឡើង ខ្យល់​ពី​ទិស​ខាង​កើត​នាំ​ហ្វូង​កណ្ដូប​មក។ ១៤ ហ្វូង​កណ្ដូប​ហើរ​ចូល​ មក​ស្រុក​អេស៊ីប​ទាំង​មូល ហើយ​ទំ​ពាសពេញ​លើ​ដែន​ដី។ វា​មាន​ចំនួន​ច្រើន​ឥត​គណនា តាំង​ពី​ដើម​រៀង​មក គេ​មិន​ដែល​ជួប​ប្រទះ​ដូច្នេះ​ទេ ហើយ​ត​ទៅ​មុខ​ទៀត ក៏​នឹង​គ្មាន​បែប​នេះ​ដែរ។ ១៥ វា​ទំ​ពាសពេញ​ផ្ទៃ​ដី​ ទាំង​មូល ធ្វើ​អោយ​ផ្ទៃ​ដី​ខ្មៅ​ងងឹត។ វា​ស៊ី​បង្ហិន​អ្វីៗ​ទាំង​អស់ និង​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន​ដែល​នៅ​សេសសល់​ពី​ព្រឹល។ ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល​គ្មាន​សល់​ស្លឹក​ឈើ ឬ​ស្មៅ នៅ​តាម​វាល​ឡើយ។

 

១៦ ពេល​នោះ ព្រះចៅ​ផារ៉ោន​ក៏​ប្រញាប់​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក ហើយ​មាន​រាជឱង្ការ​ថា៖ «យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​យើង​ក៏​បាន​ប្រព្រឹត្ត​ខុស​នឹង​អ្នក​ទាំង​ពីរ​ដែរ។ ១៧ ឥឡូវ​នេះ សុំ​អត់ទោស​អោយ​យើង​ម្ដង​ទៀត​ចុះ ហើយ​ទូលអង្វរ​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា សូម​ទ្រង់​ដក​គ្រោះ​កាច​ដ៏​សាហាវ​នេះ ចេញ​ពី​យើង​ទៅ»។

 

១៨ លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន ហើយ​ទូលអង្វរ​ព្រះអម្ចាស់។ ១៩ ព្រះអម្ចាស់​ ធ្វើ​អោយ​មាន​ខ្យល់​យ៉ាង​ខ្លាំង បក់​មក​ពី​ទិស​ខាង​លិច នាំ​ហ្វូង​កណ្ដូប​ទាំង​ប៉ុន្មាន ទម្លាក់​ក្នុង​សមុទ្រ​កក់​អស់​ទៅ ដោយ​ពុំ​ទុក​អោយ​មាន​សល់​កណ្ដូប​ណា​មួយ​នៅ​លើ​ទឹក​ដី​អេស៊ីប​ឡើយ។ ២០ ប៉ុន្តែ ព្រះអម្ចាស់​ធ្វើ​អោយ​ព្រះចៅ​ផារ៉ោន​មាន​ព្រះហឫទ័យ​មានះ ស្ដេច​មិន​បើក​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ទៅ​ទេ។

 

គ្រោះ​កាច​ទី​ប្រាំ​បួន: ភាព​ងងឹត​អន្ធការ

២១ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លើក​ដៃ​ទៅ​លើ​មេឃ នោះ​នឹង​មាន​ភាព​ងងឹត​អន្ធការ​គ្រប​ដណ្ដប់​លើ​ស្រុក​អេស៊ីប គឺ​ភាព​ងងឹត​សូន្យសុង មើល​អ្វី​មិន​ឃើញ​ឡើយ»។ ២២ លោក​ម៉ូសេ​លើក​ដៃ​ទៅ​លើ​មេឃ ពេល​នោះ ភាព​ងងឹត​សូន្យសុង​ក៏​គ្រប​ដណ្ដប់​លើ​ស្រុក​អេស៊ីប​ទាំង​មូល​អស់​រយៈ​ពេល​បី​ថ្ងៃ។ ២៣ ក្នុង​អំឡុង​បី​ថ្ងៃ​ នោះ ប្រជាជន​នៅ​ស្រុក​អេស៊ីប​មើល​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ឃើញ​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​ចេញ​ពី​កន្លែង​របស់​ខ្លួន​បាន​ដែរ។ រីឯ​តំបន់​ដែល​កូន​ចៅ​អ៊ីស្រា​អែល​រស់​នៅ​មាន​ពន្លឺ។ ២៤ ព្រះចៅ​ផារ៉ោន​ក៏​អោយ​គេ​ហៅ​លោក​ម៉ូសេ​មក ហើយ​មាន​រាជឱង្ការ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​គោរព​បំរើ​ព្រះអម្ចាស់​ចុះ តែ​ត្រូវ​ទុក​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​អ្នក​រាល់​គ្នា​នៅ​ទី​នេះ។ អ្នក​រាល់​គ្នា​អាច​យក​ក្មេងៗ​ទៅ​ជា​មួយ​បាន»។ ២៥ លោក​​ម៉ូសេ​ទូល​ស្ដេច​ វិញ​ថា៖ «សូម​ព្រះករុណា​អនុញ្ញាត​អោយ​យើង​ខ្ញុំ​នាំ​សត្វ​ទាំង​នោះ​ទៅ​ជា​មួយ ដើម្បី​ថ្វាយ​ជា​យញ្ញ​បូជា និង​ជា​តង្វាយ​ដុត​ទាំង​មូល*​ដល់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ។ ២៦ យើង​ខ្ញុំ​ត្រូវ​តែ​នាំ ​ហ្វូង​សត្វ​ទាំង​អស់​ទៅ​ជា​មួយ ដោយ​ឥត​ទុក​សត្វ​ណា​មួយ​អោយ​នៅ​ទី​នេះ​ទេ។ យើង​ខ្ញុំ​ត្រូវ​ថ្វាយ​ពួក​វា​មួយ​ចំនួន​ដល់​ព្រះអម្ចាស់ ប៉ុន្តែ មុន​នឹង​ទៅ​ដល់​ទីដៅ យើង​ខ្ញុំ​ក៏​ពុំ​បាន​ដឹង​ថា តើ​ត្រូវ​ថ្វាយ​សត្វ​ណា​នៅ​ឡើយ»។ ២៧ ព្រះអម្ចាស់​ធ្វើ​អោយ​ស្ដេច​ផារ៉ោន​មាន​ព្រះហឫទ័យ​មានះ គឺ​មិន​ព្រម​បើក​អោយ​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ទៅ​ទេ។

 

២៨ ព្រះចៅ​ ផារ៉ោន​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ចេញ​ពី​ទី​នេះ​ទៅ! កុំ​ត្រឡប់​មក​អោយ​យើង​ឃើញ​មុខ​ទៀត​អោយ​សោះ នៅ​ថ្ងៃ​ដែល​អ្នក​វិល​មក​ជួប​យើង​ទៀត នោះ​អ្នក​មុខ​ជា​ស្លាប់​ពុំខាន!»។ ២៩ លោក​ម៉ូសេ​តប​ថា៖ «ក្រាប​ទូល! ទូលបង្គំ​នឹង​លែង​ជួប​ព្រះភក្ត្រ​ព្រះករុណា ដូច​ព្រះករុណា​មាន​រាជឱង្ការ​មែន!»។

ការ​ប្រកាស​អំពី​គ្រោះ​កាច​ចុង​ក្រោយ

១ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូ​សេ​​​​​​​ថា៖ «យើង​នឹង​នាំ​គ្រោះ​កាច​មួយ​ទៀត ជា​គ្រោះ​​​​​​​​កាច​ចុង​ក្រោយ មក​ប្រហារ​ស្ដេច​ផារ៉ោន និង​ស្រុក​អេស៊ីប។ លើក​នេះ ស្ដេច​ពិត​ជា​បើក​អោយ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ពុំខាន។ ស្ដេច​មិន​ត្រឹម​តែ​បើក​អោយ​អ្នក​រាល់​គ្នា​ទៅ​តែ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ដេញ​អ្នក​រាល់​គ្នា​អោយ​ទៅ​រហូត។ ២ ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប្រុស​ទាំង​ស្រី អោយ​សុំ​របស់​របរ​ជា​មាស​ជា​ប្រាក់​ពី​អ្នក​ជិត​ខាង»។ ៣ ព្រះអម្ចាស់​ ធ្វើ​អោយ​ជន​ជាតិ​អេស៊ីប​ស្រឡាញ់​រាប់​អាន​ជន​ជាតិ​អ៊ីស្រាអែល។ ម្យ៉ាង​ទៀត ពួក​នាម៉ឺន​មន្ត្រី​របស់​ស្ដេច​ផារ៉ោន និង​ប្រជាជន​នៅ​ស្រុក​អេស៊ីប នាំ​គ្នា​គោរព​លោក​ម៉ូសេ​យ៉ាង​ខ្លាំង។

 

៤ លោក​ម៉ូសេ​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «ព្រះអម្ចាស់​មាន​ព្រះ​បន្ទូល​ដូច​ត​ទៅ: “នៅ​កណ្ដាល​អធ្រាត្រ យើង​នឹង​ឆ្លង​កាត់​ស្រុក​អេស៊ីប។ ៥ កូន​ច្បង​ទាំង​អស់​នៃ​ ស្រុក​អេស៊ីប​នឹង​ត្រូវ​ស្លាប់ គឺ​ចាប់​ពី​បុត្រ​ច្បង​របស់​ស្ដេច​ផារ៉ោន ដែល​ត្រូវ​ឡើង​សោយ​រាជ្យ រហូត​ដល់​កូន​ប្រុស​ច្បង​របស់​ទាសី ដែល​ជា​អ្នក​កិន​ស្រូវ ព្រម​ទាំង​កូន​ដំបូង​នៃ​ហ្វូង​សត្វ​ទៀត​ផង។ ៦ ពេល​នោះ ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល គេ​នឹង​ឮ​សូរ​សំរែក​ទ្រហោ​យំ។ តាំង​ពី​ដើម​រៀង​មក​មិន​ធ្លាប់​មាន​ដូច្នេះ​ទេ ហើយ​ទៅ​មុខ​ទៀត​ក៏​គ្មាន​ដែរ។ ៧ ប៉ុន្តែ ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​វិញ គេ​មិន​ឮ​សំឡេង​អ្វី​ឡើយ សូម្បី​ឆ្កែ​ក៏​មិន​ឮ​ព្រុស​ដាក់​មនុស្ស ឬ​សត្វ​ណា​មួយ​ផង។ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ព្រះអម្ចាស់​មិន​ធ្វើ​ទោស​ជន​ជាតិ​អ៊ីស្រា​អែល ដូច​ព្រះអង្គ​ធ្វើ​ទោស​ជន​ជាតិ​អេស៊ីប​ឡើយ”។ ៨ ​ពេល​​​​នោះ នាម៉ឺន​មន្ត្រី​ទាំង​អស់​របស់​ព្រះករុណា​ នឹង​មក​ក្រាប​ចុះ​នៅ​មុខ​ទូល​​​​បង្គំ ហើយ​ពោល​ថា “សូម​លោក និង​ប្រជាជន​របស់​លោក​អញ្ជើញ​ទៅ​ចុះ!” ទូលបង្គំ​នឹង​ចាក​ចេញ​ទៅ» ។ លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន​ទៅ ទាំង​ក្ដៅ​ក្រហាយ។

 

៩ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ទៀត​ថា៖ «ស្ដេច​ផារ៉ោន​នឹង​មិន​ស្ដាប់​អ្នក​រាល់​គ្នា​ទេ ដូច្នេះ យើង​នឹង​សំដែង​ឫទ្ធិបាដិហារិយ៍​កាន់​តែ​ច្រើន​ឡើងៗ​ក្នុង​ស្រុក​អេស៊ីប»។

 

១០ លោក​ម៉ូសេ និង​លោក​អរ៉ុន បាន​សំដែង​ឫទ្ធិបាដិហារិយ៍​ទាំង​នោះ​នៅ​មុខ​ព្រះចៅ​ផារ៉ោន តែ​ព្រះអម្ចាស់​បាន​ធ្វើ​អោយ​ស្ដេច​មាន​ព្រះហឫទ័យ​មានះ មិន​ព្រម​បើក​អោយ​កូន​ចៅ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ឡើយ។

 

បុណ្យ​ចម្លង

១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អរ៉ុន នៅ​ស្រុក​អេស៊ីប​ថា៖ ២ «អ្នក​រាល់​គ្នា​ត្រូវ​រាប់​ខែ​នេះ ជា​ខែ​ដំបូង គឺ​ខែ​ដើម​ឆ្នាំ​របស់​អ្នក​រាល់​គ្នា។ ៣ ចូរ​ប្រាប់​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​ថា: “នៅ​ថ្ងៃ​ទី​ដប់ ក្នុង​ខែ​នេះ ត្រូវ​យក​កូន​ចៀម​មួយ សំរាប់​គ្រួសារ​នីមួយៗ ឬ​ផ្ទះ​នីមួយៗ ៤ បើ​គ្រួសារ​ណា​មាន​គ្នា​ តិច​ពេក មិន​អាច​បរិភោគ​កូន​ចៀម​ទាំង​មូល​អស់ ត្រូវ​អោយ​គេ​ចូល​រួម​ជា​មួយ​គ្រួសារ​ជិត​ខាង តាម​ចំនួន​មនុស្ស​ដែល​គេ​មាន រួច​ទើប​ជ្រើសរើស​សត្វ​មួយ​ដែល​អាច​បរិភោគ​អស់។ ៥ ត្រូវ​អោយ​គេ​រើស​យក​កូន​ចៀម​ឈ្មោល ឬ​កូន​ពពែ​ឈ្មោល មាន​អាយុ​មួយ​ខួប និង​ល្អ​ឥត​ខ្ចោះ។ ៦ អ្នក​រាល់​គ្នា​ត្រូវ​ រក្សា​សត្វ​នោះ​ទុក​រហូត​ដល់​ថ្ងៃ​ទី​ដប់បួន​ក្នុង​ខែ​នេះ ទើប​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​អារ ក​សត្វ​នោះ​ក្រោយ​ថ្ងៃ​លិច។ ៧ ត្រូវ​យក​ឈាម​សត្វ​ដែល​គេ​បាន​សម្លាប់​នោះ ទៅ​លាប​នៅ​លើ​ក្រប​ទ្វារ​ទាំង​សង​ខាង និង​នៅ​ខាង​លើ​ទ្វារ​ផ្ទះ​ដែល​គេ​បរិភោគ​សាច់។ ៨ នៅ​យប់​នោះ ត្រូវ​យក​សាច់​ទៅ​អាំង រួច​បរិភោគ​ជា​មួយ​នំបុ័ង​ឥត​មេ និង​បន្លែ​ល្វីង។

 

៩ មិន​ត្រូវ​បរិភោគ​សាច់​ឆៅ ឬ​ស្ងោរ​ទេ គឺ​ត្រូវ​បរិភោគ​សាច់​អាំង​ទាំង​មូល​តែ​ម្ដង ដោយ​មាន​ក្បាល ជើង និង​គ្រឿង​ក្នុង​ផង។ ១០ មិន​ត្រូវ​ទុក​អ្វី​អោយ​នៅ​សល់​រហូត​ដល់​ថ្ងៃ​ស្អែក​ឡើយ បើ​មាន​អ្វី​ដែល​នៅ​សេសសល់ នោះ​ត្រូវ​ប្រមូល​ដុត​អោយ​អស់។ ១១ នៅ​ពេល​បរិភោគ ត្រូវ​ក្រវាត់​ចង្កេះ ពាក់​ស្បែក​ជើង កាន់​ដំបង ដូច​រៀបចំ​ខ្លួន​ចេញ​ដំណើរ ហើយ​ត្រូវ​បរិភោគ​អោយ​រហ័ស។ នេះ​ជា​ពិធី​បុណ្យ​ចម្លង*​ថ្វាយ​ព្រះអម្ចាស់”។

 

១២ នៅ​យប់​នោះ យើង​នឹង​ឆ្លង​កាត់​ស្រុក​អេស៊ីប ហើយ​ប្រហារ​កូន​ច្បង​ទាំង​អស់​របស់​ពួក​គេ ទាំង​មនុស្ស ទាំង​សត្វ។ យើង​ជា​ព្រះអម្ចាស់ យើង​នឹង​ដាក់​ទោស​ព្រះ​ក្លែងក្លាយ​ទាំង​អស់​របស់​ជន​ជាតិ​អេស៊ីប។ ១៣ ឈាម​ដែល​អ្នក​រាល់​គ្នា ​លាប​នៅ​លើ​ក្រប​ទ្វារ​ផ្ទះ​នឹង​ធ្វើ​ជា​សញ្ញា​សំគាល់​ថា អ្នក​រាល់​គ្នា​ស្នាក់​នៅ​ក្នុង​ផ្ទះ​នោះ។ ពេល​ឃើញ​ឈាម យើង​នឹង​រំលង​ផ្ទះ​អ្នក​រាល់​គ្នា ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មិន​រង​គ្រោះ​កាច នៅ​ពេល​ដែល​យើង​ប្រហារ​ស្រុក​អេស៊ីប​ឡើយ។

 

១៤ អ្នក​រាល់​គ្នា ​ត្រូវ​យក​ថ្ងៃ​នេះ​ធ្វើ​ជា​ថ្ងៃ​បុណ្យ​រំលឹក​អំពី​ព្រឹត្តិ​​ការណ៍​ ដែល​កើត​មាន ដើម្បី​លើក​តម្កើង​ព្រះអម្ចាស់ នេះ​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត​ជា​រៀង​រហូត​ត​ទៅ ឥត​ប្រែប្រួល​ឡើយ។

 

ពិធី​បុណ្យ​នំបុ័ង​ឥត​មេ

១៥ ក្នុង​អំឡុង​ពេល​ ប្រាំពីរ​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ។ ចាប់​ពី​ថ្ងៃ​ទី​មួយ​ទៅ អ្នក​រាល់​គ្នា​ត្រូវ​យក​មេ​នំបុ័ង​ចេញ​អោយ​​​​​​អស់​ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នា។ អ្នក​ណា​បរិភោគ​នំបុ័ង​មាន​មេ ចាប់​​ពី​ថ្ងៃ​ទី​មួយ​ដល់​ថ្ងៃ​ទី​ប្រាំពីរ នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​ចំ​ណោម​​​​​​​ជន​ជាតិ​អ៊ីស្រាអែល។ ១៦ នៅ​ថ្ងៃ​ទី​មួយ និង​ថ្ងៃ​ទី​ប្រាំពីរ អ្នក​រាល់​គ្នា​ត្រូវ​តែ​ប្រមូល​ផ្ដុំ​គ្នា​ជា​អង្គ​ប្រជុំ​ដ៏វិសុទ្ធ*។ ក្នុង​អំឡុង​ពេល​ពីរ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ គឺ​អាច​ធ្វើ​បាន​តែ​ម្ហូប​អាហារ សំរាប់​បរិភោគ​ប៉ុណ្ណោះ។ ១៧ អ្នក​រាល់​គ្នា​ត្រូវ​ ធ្វើ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ ដ្បិត​នៅ​ថ្ងៃ​នេះ​ហើយ ដែល​យើង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។ អ្នក​រាល់​គ្នា​ត្រូវ​តែ​គោរព​ថ្ងៃ​នេះ​ទុក​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត ជា​រៀង​រហូត​ត​ទៅ ឥត​ប្រែប្រួល​ឡើយ។ ១៨ នៅ​ខែ​ទី​មួយ ចាប់​ពី​ល្ងាច​ថ្ងៃ​ទី​ដប់បួន​រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​ម្ភៃ​មួយ អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិភោគ​នំបុ័ង​ឥត​មេ។ ១៩ ក្នុង​អំឡុង​ពេល​ ប្រាំពីរ​ថ្ងៃ​នោះ មិន​ត្រូវ​អោយ​មាន​មេ​នំបុ័ង​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​ដែល​បរិភោគ​នំបុ័ង​មាន​មេ នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​សហគមន៍​អ៊ីស្រាអែល ទោះ​បី​អ្នក​នោះ​ជា​សាសន៍​ដទៃ ឬ​ជា​ម្ចាស់​ស្រុក​ក្ដី។ ២០ ទោះ​បី​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក៏​ដោយ មិន​ត្រូវ​បរិភោគ​នំបុ័ង​មាន​មេ​ឡើយ គឺ​បរិភោគ​បាន​តែ​នំបុ័ង​ឥត​មេ​ប៉ុណ្ណោះ»។

 

ការ​រៀបចំ​ម្ហូប​អាហារ​សំរាប់​បុណ្យ​ចម្លង*

២១ លោក​ម៉ូសេ​បាន​ហៅ​ ព្រឹទ្ធាចារ្យ​ទាំង​អស់​នៃ​ជន​ជាតិ​អ៊ី​ស្រា​អែល​មក ហើយ​ប្រាប់​ថា៖ «សូម​អស់​លោក​យក​កូន​ចៀម ហើយ​សម្លាប់​វា​ធ្វើ​បុណ្យ​ចម្លង​សំរាប់​ក្រុម​គ្រួសារ​របស់​អស់​លោក។ ២២ ចូរ​យក​មែក​ហ៊ីសុប​ចង​ ជា​កញ្ចុំ រួច​ជ្រលក់​ក្នុង​ផើង​ដែល​ដាក់​ឈាម ហើយ​យក​ឈាម​នោះ​ទៅ​លាប​ក្រប​ទ្វារ​ទាំង​សង​ខាង និង​ក្រប​ទ្វារ​ខាង​លើ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​អោយ​នរណា​ម្នាក់​ចេញ​ពី​ផ្ទះ​របស់​ខ្លួន រហូត​ដល់​ព្រឹក។ ២៣ ពេល​ព្រះអម្ចាស់​ យាង​កាត់​ស្រុក​អេស៊ីប ដើម្បី​ប្រហារ​ជន​ជាតិ​អេស៊ីប ហើយ​ទត​ឃើញ​ឈាម​លើ​ក្រប​ទ្វារ​ទាំង​សង​ខាង និង​ក្រប​ទ្វារ​ខាង​លើ​នោះ ព្រះអង្គ​នឹង​យាង​រំលង​ផ្ទះ​របស់​អ្នក​រាល់​គ្នា មិន​អោយ​មេ​បំផ្លាញ​ចូល​ទៅ​ប្រហារ​អ្នក​រាល់​គ្នា​ឡើយ។

 

២៤ អ្នក​រាល់​គ្នា និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ត្រូវ​គោរព​តាម​ច្បាប់​នេះ រហូត​ត​ទៅ។ ២៥ នៅ​ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ទឹក​ដី ដែល​ព្រះអម្ចាស់​ប្រទាន​អោយ​អ្នក​រាល់​គ្នា ស្រប​តាម​ព្រះបន្ទូល​សន្យា អ្នក​រាល់​គ្នា​ត្រូវ​តែ​ធ្វើ​ពិធី​បុណ្យ​នេះ។ ២៦ បើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ថា ពិធី​បុណ្យ​នេះ​មាន​អត្ថន័យ​ដូច​ម្ដេច ២៧ ចូរ​ប្រាប់​ពួក​គេ​ថា: នេះ​ជា​យញ្ញបូជា​នៃ​ពិធី​បុណ្យ​ចម្លង ថ្វាយ​ព្រះអម្ចាស់។ កាល​ពួក​យើង​នៅ​ស្រុក​អេស៊ីប ព្រះអង្គ​ប្រហារ​ជន​ជាតិ​អេស៊ីប តែ​ព្រះអង្គ​បាន​រំលង​ផ្ទះ​របស់​ពួក​យើង ហើយ​ទុក​ជីវិត​អោយ​ពួក​យើង»។

ប្រជាជន​ក៏​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ព្រះអម្ចាស់។

 

២៨ ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ និង​លោក​អរ៉ុន។

 

គ្រោះ​កាច​ចុង​ក្រោយ: ការ​ប្រហារ​កូន​ច្បង​របស់​ជន​​​ជាតិ​អេស៊ីប

២៩ នៅ​កណ្ដាល​អធ្រាត្រ ព្រះអម្ចាស់​បាន​ប្រហារ​កូន​ច្បង​ទាំង​អស់ នៅ​ស្រុក​អេស៊ីប គឺ​ចាប់​តាំង​ពី​បុត្រ​ច្បង​របស់​ព្រះចៅ​ផារ៉ោន ដែល​គ្រង​រាជ្យ រហូត​ដល់​កូន​ច្បង​របស់​អ្នក​ជាប់​គុក ព្រម​ទាំង​កូន​ដំបូង​ទាំង​ប៉ុន្មាន​របស់​ហ្វូង​សត្វ​ដែរ។ ៣០ នៅ​យប់​នោះ ព្រះចៅ​ផារ៉ោន នាម៉ឺន​សព្វ​មុខ​មន្ត្រី​ទាំង​អស់ និង​ជន​ជាតិ​អេស៊ីប​ទាំង​អស់ ក្រោក​ឡើង​គ្រប់ៗ​គ្នា ហើយ​មាន​ឮ​សំរែក​ទ្រហោ​យំ​យ៉ាង​ខ្លាំង ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល ដ្បិត​គ្មាន​ផ្ទះ​ណា​មួយ​ដែល​គ្មាន​មនុស្ស​ស្លាប់​ទេ។

 

៣១ ព្រះចៅ​ ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អរ៉ុន​មក​ទាំង​យប់ ហើយ​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «ចូរ​នាំ​ពួក​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​យើង​ជា​ប្រញាប់​ទៅ! ចូរ​នាំ​គ្នា​ទៅ​បំរើ​ព្រះអម្ចាស់ ដូច​អ្នក​រាល់​គ្នា​បាន​សុំ​នោះ​ទៅ! ៣២ ចូរ​នាំ​ហ្វូង​ចៀម និង​ហ្វូង​គោ​ទៅ​ជា​មួយ តាម​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា​ចុះ! បន្ទាប់​មក ចូរ​អោយ​ពរ​យើង​ផង!»។

៣៣ ដោយ​ជន​ជាតិ​អេស៊ីប​ស្មាន​ថា គេ​មុខ​ជា​ស្លាប់​ទាំង​អស់ គេ​ក៏​បង្ខំ​ជន​ជាតិ​អ៊ីស្រាអែល​អោយ​ចាក​ចេញ​ពី​ស្រុក​របស់​ខ្លួន​ជា​បន្ទាន់។ ៣៤ ហេតុ​នេះ​ហើយ​បាន​ជា​ជន​ជាតិ​អ៊ីស្រាអែល​យក​ម្សៅ​ដែល​មិន​ទាន់​ដោរ និង​យក​ផើង​សំរាប់​លាយ​ម្សៅ​រុំ​នឹង​អាវ​ធំ ហើយ​លី​ចេញ​ទៅ។ ៣៥ ជន​ជាតិ​អ៊ីស្រាអែល​ ធ្វើ​តាម​ពាក្យ​ដែល​លោក​ម៉ូសេ​បាន​ប្រាប់​ពួក​គេ គឺ​ពួក​គេ​សុំ​របស់​របរ​ដែល​ធ្វើ​ពី​មាស និង​ប្រាក់ ព្រម​ទាំង​សុំ​សម្លៀកបំពាក់ ពី​ជន​ជាតិ​អេស៊ីប។ ៣៦​​ព្រះអម្ចាស់​ បាន​ធ្វើ​អោយ​ជន​ជាតិ​អេស៊ីប អនុគ្រោះ​ដល់​ប្រ​ជា​ជន​​​អ៊ីស្រាអែល ដោយ​ប្រគល់​នូវ​អ្វីៗ​ដែល​ពួក​គេ​សុំ។ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល ​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​ជន​ជាតិ​អេស៊ីប​។

 

ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប

៣៧ ជន​ជាតិ​អ៊ីស្រាអែល​ ធ្វើ​ដំណើរ​ពី​ក្រុង​រ៉ាមសែស​ទៅ​ក្រុង​ស៊ូកូត។ ពួក​គេ​មាន​ចំនួន​ប្រមាណ​ប្រាំ​មួយ​សែន​នាក់ ដោយ​មិន​រាប់​ក្មេងៗ​ទេ។ ៣៨ មាន​ប្រជាជន​ដទៃ​ទៀត​ជា ​ច្រើន​ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​គេ​ដែរ ព្រម​ទាំង​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ទៀត​ផង។ ៣៩ ពួក​គេ​ប្រើ​ម្សៅ​មិន​ ទាន់​ដោរ ដែល​គេ​បាន​យក​ពី​ស្រុក​អេស៊ីប​មក​នោះ ដុត​ជា​នំបុ័ង​ឥត​មេ ដ្បិត​ជន​ជាតិ​អេស៊ីប​បាន​ដេញ​ពួក​គេ​ចេញ​មក​យ៉ាង​តក់ក្រហល់ គ្មាន​ពេល​នឹង​រៀបចំ​ស្បៀង សំរាប់​បរិភោគ​តាម​ផ្លូវ​ឡើយ។ ៤០​ជន​ជាតិ​អ៊ីស្រាអែល​ស្នាក់​នៅ​ស្រុក​អេស៊ីប អស់​រយៈ​ពេល​បួន​រយ​សាមសិប​ឆ្នាំ។ ៤១ លុះ​ផុត​រយៈ​ពេល​បួន​រយ​សាមសិប​ឆ្នាំ​ហើយ នៅ​ពេល​កំណត់​នេះ ប្រជាជន​ទាំង​មូល​របស់​ព្រះអម្ចាស់​ក៏​នាំ​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

 

៤២ នៅ​យប់​នោះ ជន​ជាតិ​អ៊ីស្រាអែល​គ្រប់​ដំណ​ត​រៀង​ទៅ ត្រូវ​តែ​ចាំ​យាម ដើម្បី​នឹក​គុណ​ព្រះអម្ចាស់​ដែល​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ី​ប។

 

ច្បាប់​សំរាប់​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង

៤៣ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អរ៉ុន​ថា៖ «ក្បួន​តម្រា​សំរាប់​ពិធី​បុណ្យ​ចម្លង​មាន​ដូច​ត​ទៅ: ជន​​​​​​​បរទេស​គ្មាន​សិទ្ធិ​ចូល​រួម​បរិភោគ​អាហារ​នៃ​ពិធី​បុណ្យ​ចម្លង​ទេ។ ៤៤ ទាសករ​ដែល​អ្នក​រាល់​ គ្នា​ទិញ​មក អាច​បរិភោគ​អាហារ​នៃ​បុណ្យ​នេះ​បាន លុះ​ត្រា​តែ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​កាត់​ស្បែក​អោយ​ជា​មុន​សិន។ ៤៥ សាសន៍​ដទៃ​ដែល​មក​រស់​ នៅ​ជា​បណ្ដោះ​អា​សន្ន​ជា​មួយ​អ្នក​រាល់​គ្នា និង​ជន​បរទេស​ដែល​ស៊ី​ឈ្នួល​អ្នក​រាល់​គ្នា ក៏​គ្មាន​សិទ្ធិ​បរិភោគ​អាហារ​នៃ​ពិធី​បុណ្យ​នេះ​ដែរ។ ៤៦ ត្រូវ​បរិភោគ​នៅ​ក្នុង​ផ្ទះ គឺ​មិន​ត្រូវ​យក​សាច់​ចេញ​ទៅ​ក្រៅ​ផ្ទះ​ជា​ដាច់​ខាត ហើយ​​មិន​ត្រូវ​បំបាក់​ឆ្អឹង​សត្វ​ឡើយ។ ៤៧ សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ។ ៤៨ ប្រសិន​បើ​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ចង់​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ថ្វាយ​ព្រះអម្ចាស់​ដែរ នោះ​ត្រូវ​អោយ​ប្រុសៗ​របស់​ពួក​គេ​ទទួល​ពិធី​កាត់​ស្បែក​ជា​មុន​សិន ទើប​គេ​អាច​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ដូច​ម្ចាស់​ស្រុក​ដែរ។ ជន​មិន​កាត់​ស្បែក​ពុំ​អាច​ចូល​រួម​បរិភោគ​អាហារ​នៃ​បុណ្យ​ចម្លង​ជា​ដាច់​ខាត។ ៤៩ មាន​វិន័យ​តែ​មួយ​សំរាប់​ម្ចាស់​ស្រុក និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា»។

 

៥០ ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​នាំ​គ្នា​ប្រតិបត្តិ​តាម​ព្រះបន្ទូល ដែល​ព្រះអម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ និង​លោក​អរ៉ុន។ ៥១ នៅ​ថ្ងៃ​កំណត់​នោះ ព្រះអម្ចាស់​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មាន​របៀប​រៀប​រយ​ដូច​កងទ័ព។

វិន័យ​ផ្សេង​ទៀត​ដែល​ទាក់ទង​នឹង​បុណ្យ​ចម្លង

១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២ «ត្រូវ​ញែក​កូន​ច្បង​ទាំង​អស់ ទោះ​បី​មនុស្ស ឬ​សត្វ​ក្ដី ទុក​ជា​សក្ការៈ​សំរាប់​យើង។ កូន​ដំបូង​ទាំង​អស់​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ជា​កម្មសិទ្ធិ​របស់​យើង»។

 

៣ លោក​ម៉ូសេ ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ថ្ងៃ​នេះ គឺ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​ជាប់​ជា​ទាសករ។ ព្រះអម្ចាស់​បាន​ប្រើ​ឫទ្ធិបារមី​ដ៏​ខ្លាំង​ពូកែ​ របស់​ព្រះអង្គ នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​មក។ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​នំបុ័ង​មាន​មេ​ទេ។

 

៤ ថ្ងៃ​នេះ នៅ​ក្នុង​ខែ​ចេត្រ អ្នក​រាល់​គ្នា​ចេញ​ដំណើរ។ ៥ ពេល​ព្រះអម្ចាស់​ នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​កាណាន ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស ជា​ទឹក​ដី​ដ៏​សម្បូណ៌​សប្បាយ ដែល​ព្រះអង្គ​សន្យា​ជា​មួយ​ពួក​បុព្វបុរស​ថា នឹង​ប្រទាន​អោយ​អ្នក​រាល់​គ្នា នោះ​ត្រូវ​នាំ​គ្នា​គោរព​បំរើ​ព្រះអម្ចាស់ ដោយ​ធ្វើ​ពិធី​បុណ្យ​ចម្លង​ក្នុង​ខែ​នេះ។ ៦ ក្នុង​អំឡុង​ពេល​ប្រាំពីរ​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំពីរ ចូរ​ធ្វើ​ពិធី​បុណ្យ​មួយ​ថ្វាយ​ព្រះអម្ចាស់។ ៧ ក្នុង​អំឡុង​ពេល​ប្រាំពីរ ​ថ្ងៃ​នោះ ត្រូវ​បរិភោគ​តែ​នំបុ័ង​ឥត​មេ មិន​ត្រូវ​អោយ​មាន​នំបុ័ង​មាន​មេ​ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​អ្នក ហើយ​ក៏​មិន​ត្រូវ​មាន​មេ​នំបុ័ង​នៅ​លើ​ទឹក​ដី​របស់​អ្នក​ដែរ។ ៨ នៅ​ថ្ងៃ​បុណ្យ​នោះ អ្នក​រាល់​គ្នា​ត្រូវ​រៀប​រាប់​ប្រាប់​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ថា: “ពួក​យើង​ធ្វើ​បុណ្យ​នេះ ដ្បិត​ព្រះអម្ចាស់​បាន​ជួយ​ពួក​យើង​អោយ​ចាក​ចេញ​​​​​​ពី​ស្រុក​អេស៊ីប”។ ៩ ពិធី​បុណ្យ​នេះ​ជា​ សេចក្ដី​រំលឹក​មួយ ប្រៀប​ដូច​សញ្ញា​ដែល​មាន​ចារ​ទុក​នៅ​លើ​ដៃ និង​នៅ​លើ​ថ្ងាស ដើម្បី​អោយ​អ្នក​រាល់​គ្នា​ចង​ចាំ ហើយ​ប្រកាសវិន័យ​របស់​ព្រះ​អម្ចាស់ ដ្បិត​ព្រះអង្គ​បាន​ប្រើ​ឫទ្ធិបារមី​ដ៏​ខ្លាំង​ពូកែ នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។ ១០ ដូច្នេះ រៀង​រាល់​ឆ្នាំ ពេល​ដល់​ថ្ងៃ​កំណត់ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​ច្បាប់​នេះ។

 

១១ ពេល​ព្រះអម្ចាស់​ នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​កាណាន ជា​ទឹក​ដី​ដែល​ព្រះអង្គ​ប្រគល់​អោយ​អ្នក​រាល់​គ្នា ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​នោះ ១២ អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​កូន​ប្រុស​ច្បង និង​កូន​ឈ្មោល​ដំបូង​របស់​ហ្វូង​សត្វ​ទៅ​ព្រះអម្ចាស់ ដ្បិត​កូន​ច្បង​ទាំង​អស់​ជា​កម្មសិទ្ធិ​របស់​ព្រះអម្ចាស់។ ១៣ ចំណែក​ឯ​កូន​ដំបូង​របស់ ​សត្វ​លា នោះ​អ្នក​រាល់​គ្នា​ត្រូវ​យក​កូន​ចៀម​មក​ថ្វាយ​ជំនួស​វិញ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​លោះ​វា​ទេ ត្រូវ​វាយ​បំបាក់​ក​កូន​លា​នោះ។ អ្នក​រាល់​គ្នា​ក៏​ត្រូវ​លោះ​កូន​ប្រុស​ច្បង​របស់​អ្នក​រាល់​គ្នា​ដែរ។ ១៤ នៅ​ពេល​អនាគត ប្រសិន​បើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ? ត្រូវ​ឆ្លើយ​ថា: ព្រះអម្ចាស់​បាន​ប្រើ​ឫទ្ធិបារមី​ដ៏​ខ្លាំង​ពូកែ​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​ពួក​យើង​ជាប់​ជា​ទាសករ។ ១៥ ពេល​នោះ ស្ដេច​ផារ៉ោន​មិន​ព្រម​អនុញ្ញាត ​អោយ​ពួក​យើង​ចេញ​មក​ទេ។ ដូច្នេះ ព្រះអម្ចាស់​បាន​ប្រហារ​កូន​ច្បង​ទាំង​អស់​នៅ​ ស្រុក​អេស៊ីប គឺ​ទាំង​កូន​ច្បង​របស់​មនុស្ស ទាំង​កូន​ដំបូង​របស់​សត្វ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​យើង​យក​កូន​ឈ្មោល​ដំបូង​ទាំង​អស់​របស់​សត្វ​បូជា​ ថ្វាយ​ព្រះអម្ចាស់ តែ​ពួក​យើង​លោះ​កូន​ប្រុស​ច្បង​របស់​ពួក​យើង​វិញ។ ១៦ យញ្ញបូជា​នេះ​ជា​សេចក្ដី​រំលឹក​មួយ ប្រៀប​ដូច​សញ្ញា​ដែល​មាន​ចារ​ទុក​នៅ​លើ​ដៃ និង​នៅ​លើ​ថ្ងាស ដ្បិត​ព្រះអម្ចាស់​បាន​ប្រើ​ឫទ្ធិបារមី​ដ៏​ខ្លាំង​ពូកែ នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប»។

 

ព្រះជាម្ចាស់​ដឹក​នាំ​ប្រជារាស្ត្រ​របស់​ព្រះអង្គ

១៧ ពេល​ព្រះចៅ​ផារ៉ោន​បើក​ អោយ​ប្រជាជន​អ៊ីស្រាអែល​ចាក​ចេញ​ទៅ​នោះ ព្រះជាម្ចាស់​ពុំ​បាន​នាំ​ពួក​គេ​តាម​ផ្លូវ​ទៅ​ស្រុក​ភីលីស្ទីន​ទេ ទោះ​បី​ផ្លូវ​នោះ​ជា​ផ្លូវ​ជិត​ក៏​ដោយ ដ្បិត​ព្រះអង្គ​នឹក​គិត​ថា ប្រសិន​បើ​ប្រជាជន​ជួប​ប្រទះ​នឹង​សង្គ្រាម ពួក​គេ​អាច​ដូរ​គំនិត ហើយ​ចង់​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។ ១៨ ហេតុ​នេះ ព្រះអង្គ​នាំ​ពួក​គេ​ទៅ​តាម​ផ្លូវ​វាង ឆ្លង​កាត់​វាល​រហោស្ថាន​ឆ្ពោះ​ទៅ​សមុទ្រ​កក់។ ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ទាំង​នាំ​របស់​របរ​គ្រប់​យ៉ាង​ទៅ​ជា​មួយ​ផង។

 

១៩ លោក​ ម៉ូសេ​បាន​យក​ធាតុ​របស់​លោក​យ៉ូសែប​ទៅ​ជា​មួយ​លោក​ដែរ ដ្បិត​លោក​យ៉ូសែប​បាន​ប្រាប់​កូន​ចៅ​អ៊ីស្រាអែល​ថា «ព្រះជាម្ចាស់​ប្រាកដ​ជា​មក​ជួយ​អ្នក​រាល់​គ្នា​មិន​ខាន ដូច្នេះ សុំ​ស្បថ​នឹង​ខ្ញុំ​ថា ពេល​ណា​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ទី​នេះ​ទៅ សុំ​យក​ធាតុ​របស់​ខ្ញុំ​ចេញ​ទៅ​ជា​មួយ​ផង»។

 

២០ ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ដំណើរ​ពី​ក្រុង​ស៊ូកូត ទៅ​បោះ​ជំរំ​ត្រង់​អេតាំ ដែល​ស្ថិត​នៅ​ជាយ​វាល​រហោស្ថាន។ ២១ នៅ​ពេល​ថ្ងៃ ព្រះអម្ចាស់​នាំ​មុខ​ពួក​គេ​ដោយ​ដុំ​ពពក* នៅ​ពេល​យប់ ព្រះអង្គ​នាំ​មុខ​ពួក​គេ​ដោយ​ដុំ​ភ្លើង ដែល​បំភ្លឺ​ផ្លូវ​ពួក​គេ។ ដូច្នេះ ពួក​គេ​អាច​ធ្វើ​ដំណើរ​ទាំង​ថ្ងៃ ទាំង​យប់។ ២២ នៅ​ពេល​ថ្ងៃ ដុំ​ពពក​មិន​ដែល​ឃ្លាត​ពី​មុខ​ប្រជាជន​ឡើយ ហើយ​នៅ​ពេល​យប់ ដុំ​ភ្លើង​ស្ថិត​នៅ​មុខ​ពួក​គេ​ជានិច្ច។

ជន​ជាតិ​អ៊ីស្រាអែល​ឆ្លង​កាត់​សមុទ្រ

១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២ «ចូរ​ប្រាប់​ជន​ជាតិ​ អ៊ីស្រាអែល​អោយ​វិល​មក​បោះ​ជំរំ នៅ​ក្បែរ​ពីហាហ៊ីរ៉ុត ដែល​ស្ថិត​នៅ​ចន្លោះ​មីគដូល និង​សមុទ្រ។ អ្នក​រាល់​គ្នា​ត្រូវ​បោះ​ជំរំ​ទល់​មុខ​បាលសេផុន គឺ​នៅ​តាម​ឆ្នេរ​សមុទ្រ។ ៣ ស្ដេច​ផារ៉ោន​នឹង​គិត​ថា អ្នក​រាល់​គ្នា​វង្វេង​វិលវល់​ក្នុង​តំបន់​នេះ មិន​អាច​ចេញ​ផុត​ពី​វាល​រហោស្ថាន​ឡើយ។ ៤ យើង​នឹង​ធ្វើ​អោយ​ស្ដេច​ ផារ៉ោន​មាន​ចិត្ត​មានះ ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា។ ប៉ុន្តែ ពេល​នោះ យើង​នឹង​ទទួល​សិរីរុងរឿង ដោយ​វាយ​កំទេច​ស្ដេច​ផារ៉ោន និង​កងទ័ព​ទាំង​មូល​របស់​គេ។ ដូច្នេះ ជន​ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះអម្ចាស់»។ ជន​ជាតិ​អ៊ីស្រាអែល​ក៏​នាំ​គ្នា​ធ្វើ​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ។

 

៥ មាន​គេ​ ទូល​ស្ដេច​ស្រុក​អេស៊ីប​ថា ប្រជាជន​អ៊ីស្រាអែល​នាំ​គ្នា​រត់​បាត់​អស់​ហើយ។ ពេល​នោះ ស្ដេច និង​នាម៉ឺន​មន្ត្រី ដូរ​គំនិត​ចំពោះ​ប្រជាជន​អ៊ីស្រាអែល ហើយ​និយាយ​គ្នា​ថា៖ «ហេតុ​អ្វី ​បាន​ជា​ពួក​យើង​បណ្ដោយ​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ទៅ​ ដូច្នេះ? តើ​បាន​នរណា​នៅ​បំរើ​ពួក​យើង?»។ ៦ ព្រះ​ចៅ​ផារ៉ោន​ក៏​អោយ​គេ​ទឹម​រទេះ ហើយ​នាំ​កងទ័ព​ចេញ​ដំណើរ​ទៅ​ជា​មួយ។ ៧ ស្ដេច​បាន​យក​រទេះ​ចំបាំង ​ទាំង​អស់​នៅ​ស្រុក​អេស៊ីប​ចេញ​ទៅ​ជា​មួយ ក្នុង​នោះ​មាន​រទេះ​ដ៏​មាំៗ​ចំនួន​ប្រាំ​មួយ​រយ​គ្រឿង ដែល​មាន​នាយ​ទាហាន​ជិះ​ផង។ ៨ ព្រះអម្ចាស់​ ធ្វើ​អោយ​ព្រះចៅ​ផារ៉ោន ស្ដេច​ស្រុក​អេស៊ីប​មាន​ព្រះហឫទ័យ​មានះ ហើយ​ដេញ​តាម​ជន​ជាតិ​អ៊ីស្រាអែល។ ជន​ជាតិ​អ៊ីស្រាអែល​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដូច​ជា​មាន​សេរីភាព។ ៩ កងទ័ព​អេស៊ីប ទាំង​ទ័ព​សេះ ទាំង​រទេះ​របស់​ព្រះចៅ​ផារ៉ោន ព្រម​ទាំង​ពល​ទ័ព និង​រទេះ​ទាំង​ប៉ុន្មាន នាំ​គ្នា​ដេញ​តាម​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ទាន់​ពួក​គេ​នៅ​ត្រង់​ពីហាហ៊ីរ៉ុត ទល់​មុខ​នឹង​បាលសេផុន គឺ​កន្លែង​ដែល​ពួក​គេ​បោះ​ជំរំ​នៅ​ក្បែរ​សមុទ្រ។

 

១០ កាល​ឃើញ​ព្រះចៅ​ផារ៉ោន និង​កងទ័ព​អេស៊ីប​ដេញ​តាម​ប្រកិត​ពី​ក្រោយ​ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​ភិតភ័យ​ជា​ខ្លាំង ហើយ​​​​​ស្រែក​អង្វរ​រក​ព្រះអម្ចាស់។ ១១ ពួក​គេ​ពោល​ទៅ​កាន់​លោក ​ម៉ូសេ​ថា៖ «តើ​នៅ​ស្រុក​អេស៊ីប​គ្មាន​ផ្នូរ​ទេ​ឬ បាន​ជា​លោក​នាំ​ពួក​យើង​អោយ​មក​ស្លាប់​នៅ​វាល​រហោស្ថាន​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​លោក​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប។ ១២ កាល​រស់​នៅ​ក្នុង​ស្រុក ​អេស៊ីប​នៅ​ឡើយ ពួក​យើង​បាន​ប្រាប់​លោក​ហើយ​ថា: ទុក​អោយ​ពួក​យើង​នៅ​បំរើ​ជន​ជាតិ​អេស៊ីប​ចុះ ដ្បិត​នៅ​បំរើ​គេ នោះ​ប្រសើរ​ជាង​ស្លាប់​នៅ​វាល​រហោស្ថាន​បែប​នេះ»។ ១៣ លោក​ម៉ូសេ​ឆ្លើយ​ទៅ​ប្រជាជន​វិញ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! ចូរ​តាំង​ស្មារតី​ឡើង នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះអម្ចាស់​សង្គ្រោះ​អ្នក​រាល់​គ្នា។ ជន​ជាតិ​អេស៊ីប​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​គេ​ទៀត​រហូត​ត​ទៅ។ ១៤ ចូរ​នាំ​គ្នា​នៅ​ស្ងៀម​ចុះ ដ្បិត​ព្រះអម្ចាស់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា»។

 

១៥ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ហេ​តុ​​​​​​អ្វី​បាន​ជា​ស្រែក​អង្វរ​យើង​ដូច្នេះ? ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រាអែល​អោយ​ចេញ​ដំណើរ​ទៅ។ ១៦ ចូរ​លើក​ដំបង​របស់​អ្នក​ឡើង ហើយ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ រួច​វាយ​ទឹក​សមុទ្រ​អោយ​ញែក​ចេញ​ពី​គ្នា ដើម្បី​អោយ​កូន​ចៅ​អ៊ីស្រាអែល​ដើរ​តាម​បាត​សមុទ្រ។ ១៧ រីឯ​យើង​វិញ យើង​ធ្វើ​អោយ​ជន​ជាតិ​អេស៊ីប​មាន​ចិត្ត​រឹង​ចចេស ដេញ​តាម​ក្រោយ​អ្នក​រាល់​គ្នា។ យើង​នឹង​សំដែង​សិរីរុងរឿង​របស់​យើង ដោយ​ប្រហារ​ស្ដេច​ផារ៉ោន និង​ពល​ទ័ព​ទាំង​មូល ព្រម​ទាំង​កំទេច​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​ស្ដេច។ ១៨ នៅ​ពេល​យើង​សំដែង​ សិរីរុងរឿង ដោយ​ប្រហារ​ស្ដេច​ផារ៉ោន ព្រម​ទាំង​កំទេច​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​ស្ដេច នោះ​ជន​ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះអម្ចាស់»។ ១៩ ទេវទូត​របស់​ ព្រះជាម្ចាស់ ដែល​ពី​មុន​នៅ​ខាង​មុខ​ជន​ជាតិ​អ៊ីស្រាអែល បាន​ទៅ​នៅ​ខាង​ក្រោយ​ពួក​គេ រីឯ​ដុំ​ពពក​ដែល​នៅ​ខាង​មុខ ក៏​ទៅ​នៅ​ខាង​ក្រោយ​ពួក​គេ​ដែរ។ ២០ ដុំ​ពពក​នោះ​ស្ថិត​នៅ​ ចន្លោះ​កងទ័ព​អេស៊ីប និង​កងទ័ព​អ៊ីស្រាអែល។ ដុំ​ពពក​នោះ​ធ្វើ​អោយ​ងងឹត​ម្ខាង និង​ធ្វើ​អោយ​ម្ខាង​ទៀត​ភ្លឺ​នៅ​ពេល​យប់។ ហេតុ​នេះ​ហើយ​បាន​ជា​ពេញ​មួយ​យប់ កងទ័ព​ទាំង​ពីរ​មិន​បាន​ចូល​ទៅ​ជិត​គ្នា​ឡើយ។

 

២១ លោក​ម៉ូសេ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ ពេញ​មួយ​យប់​នោះ ព្រះអម្ចាស់​ធ្វើ​អោយ​មាន​ខ្យល់​បក់​ពី​ទិស​ខាង​ កើត​យ៉ាង​ខ្លាំង រុញ​​​ច្រាន​ទឹក​សមុទ្រ ធ្វើ​អោយ​ទឹក​សមុទ្រ​រីង​ស្ងួត។ ផ្ទៃ​ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ២២ ហើយ​ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ដើរ​តាម​បាត​សមុទ្រ ដោយ​មាន​ទឹក​សមុទ្រ​ដូច​កំពែង​នៅ​សង​ខាង​ពួក​គេ។ ២៣ កងទ័ព​អេស៊ីប ទាំង​សេះ​របស់​ព្រះចៅ​ផារ៉ោន ទាំង​រទេះ​ចំបាំង និង​ទ័ព​សេះ​ទាំង​ប៉ុន្មាន ដែល​ដេញ​តាម​ពី​ក្រោយ ក៏​ចូល​ទៅ​កណ្ដាល​សមុទ្រ​ដែរ។ ២៤ លុះ​ពេល​ទៀប​ភ្លឺ​ព្រះអម្ចាស់​ដែល​គង់​នៅ​ក្នុង​ដុំ​ភ្លើង និង​ដុំ​ពពក ទត​ទៅ​កងទ័ព​អេស៊ីប ធ្វើ​អោយ​កងទ័ព​នោះ​ជ្រួលច្របល់។ ២៥ ព្រះអង្គ​ធ្វើ​អោយ​រទេះ ​ចំបាំង​របូត​កង់ ហើយ​កឿង​ទៅ​មុខ​មិន​រួច។ ជន​ជាតិ​អេស៊ីប​ស្រែក​ឡើង​ថា៖ «ចូរ​យើង​នាំ​គ្នា​រត់​អោយ​ឆ្ងាយ​ពី​ជន​ជាតិ​អ៊ីស្រាអែល​ទៅ ដ្បិត​ព្រះអម្ចាស់​រួម​ជា​មួយ​ពួក​គេ ច្បាំង​តទល់​នឹង​ពួក​យើង​ហើយ!»។

 

២៦ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ អោយ​ទឹក​សមុទ្រ​វិល​មក​គ្រប​លើ​ជន​ជាតិ​អេស៊ីប រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​ពួក​គេ»។ ២៧ លោក​ម៉ូសេ​លើក​ដៃ​ តម្រង់​ទៅ​សមុទ្រ។ នៅ​ពេល​ថ្ងៃ​រះ ទឹក​សមុទ្រ​ក៏​ហូរ​ត្រឡប់​មក​កន្លែង​ដើម​វិញ។ ជន​ជាតិ​អេស៊ីប​នាំ​គ្នា​រត់​គេច​មិន​ទាន់ ដ្បិត​ព្រះអម្ចាស់​ធ្វើ​អោយ​ពួក​គេ​លិច​លង់​នៅ​កណ្ដាល​សមុទ្រ។ ២៨ ទឹក​ហូរ​ត្រឡប់​មក​វិញ គ្រប​លើ​រទេះ​ចំបាំង ទ័ព​សេះ និង​កងទ័ព​ទាំង​មូល​របស់​ព្រះចៅ​ផារ៉ោន ដែល​ដេញ​តាម​ជន​ជាតិ​អ៊ីស្រាអែល គ្មាន​នរណា​ម្នាក់​រត់​រួច​ឡើយ។ ២៩ ចំណែក​ឯ​ជន​ជាតិ​អ៊ីស្រាអែល​វិញ គេ​បាន​ដើរ​តាម​បាត​សមុទ្រ ដោយ​មាន​ទឹក​សមុទ្រ​ដូច​កំពែង​អម​សង​ខាង​ពួក​គេ។

 

៣០ នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​បាន​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អេស៊ីប។ ជន​ជាតិ​អ៊ីស្រា​អែល​​​​ឃើញ​សាកសព​ជន​ជាតិ​អេស៊ីប​នៅ​តាម​ឆ្នេរ​សមុទ្រ។ ៣១ ​ជន​ជាតិ​អ៊ីស្រាអែល​ឃើញ​ឫទ្ធិបារមី​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអម្ចាស់ ដែល​បាន​ប្រហារ​ជន​ជាតិ​អេស៊ីប។ ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា​ជន​កោត​ខ្លាច​ព្រះអម្ចាស់។ ពួក​គេ​ជឿ​លើ​ព្រះអម្ចាស់ និង​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះអង្គ។

បទ​ចំរៀង​របស់​លោក​ម៉ូសេ និង​កូន​ចៅ​អ៊ីស្រាអែល

១ លោក​ម៉ូសេ និង​ជន​ជាតិ​អ៊ីស្រាអែល នាំ​គ្នា​ច្រៀង​ថ្វាយ​ព្រះអម្ចាស់​ដូច​ត​ទៅ៖

ទូលបង្គំ​ច្រៀង​ថ្វាយ​ព្រះអម្ចាស់

ព្រះអង្គ​មាន​ជ័យជំនះ​ដ៏​ត្រចះត្រចង់

ព្រះអង្គ​បាន​ធ្វើ​អោយ​សេះ

និង​ទាហាន​ដែល​ជិះ​លើ​វា

លិច​លង់​ទៅ​ក្នុង​សមុទ្រ!

២  ព្រះអម្ចាស់​ជា​កម្លាំង​របស់​ទូលបង្គំ

ទូលបង្គំ​សូម​ច្រៀង​ថ្វាយ​ព្រះអង្គ

ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ

ព្រះអង្គ​ជា​ព្រះ​របស់​ទូលបង្គំ

ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះអង្គ។

ព្រះអង្គ​ជា​ព្រះ​នៃ​ឪពុក​របស់​ទូលបង្គំ

ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ។

៣  ព្រះអម្ចាស់​ជា​វីរបុរស​ដ៏​អង់អាច

ព្រះអង្គ​មាន​ព្រះនាម​ថា ព្រះអម្ចាស់។

៤  ព្រះអង្គ​បាន​ធ្វើ​អោយ​រទេះ​ចំបាំង

និង​កងទ័ព​របស់​ស្ដេច​ផារ៉ោន

វិនាស​នៅ​ក្នុង​សមុទ្រ។

នាយ​ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​ជន​ជាតិ​អេស៊ីប

បាន​លង់​ក្នុង​សមុទ្រ​កក់។

៥  ទឹក​សមុទ្រ​ក៏​គ្រប​ពី​លើ​ពួក​គេ

ពួក​គេ​ធ្លាក់​ទៅ​ក្នុង​បាត​សមុទ្រ ដូច​ដុំ​ថ្ម។

៦  ព្រះអម្ចាស់​អើយ! ព្រះអង្គ​មាន​ព្រះបារមី

ដ៏​ថ្កុំថ្កើង​អស្ចារ្យ!

ព្រះអង្គ​កំទេច​ខ្មាំង​សត្រូវ

ដោយ​ព្រះបារមី​របស់​ព្រះអង្គ។

៧  ព្រះអង្គ​ប្រកប​ដោយ​ព្រះចេស្ដា រុងរឿងក្រៃលែង

ព្រះអង្គ​ផ្ដួល​រំលំ​អស់​អ្នក​ប្រឆាំង​នឹង​ព្រះអង្គ។

ពេល​ព្រះពិរោធ​របស់​ព្រះអង្គ​ឆាបឆេះ​ឡើង

នោះ​ពួក​គេ​ត្រូវ​ឆេះ ដូច​ភ្លើង​ឆេះ​គំនរ​ចំបើង។

៨  ពេល​ខ្យល់​របស់​ព្រះអង្គ​បក់​បោក​មក

ផ្ទៃ​ទឹក​ក៏​មក​មូល​ផ្ដុំ​គ្នា

រលក​សមុទ្រ​ងើប​ឡើង ដូច​ទំនប់

ទឹក​ដែល​នៅ​ទី​ជំរៅ ក៏​មក​កកកុញ

នៅ​បាត​សមុទ្រ​ដែរ។

៩  ខ្មាំង​សត្រូវ​ពោល​ថា: ខ្ញុំ​ដេញ​តាម​គេ

ខ្ញុំ​នឹង​តាម​គេ​ទាន់

ខ្ញុំ​នឹង​ទទួល​ចំណែក​ជយភ័ណ្ឌ

យ៉ាង​បរិបូណ៌​ហូរហៀរ

ខ្ញុំ​នឹង​ហូត​ដាវ​ប្រហារ​ជីវិត​គេ។

១០  ព្រះអង្គ​បាន​ផ្លុំ​ខ្យល់ ធ្វើ​អោយ​ទឹក​សមុទ្រ

គ្រប​ទៅ​លើ​ពួក​គេ!

ពួក​គេ​លិច​ទៅ​ក្នុង​មហា​សាគរ ដូច​ជា​ដុំ​សំណ។

១១  ព្រះអម្ចាស់​អើយ តើ​មាន​ព្រះ​ណា​អាច​ផ្ទឹម​នឹង

ព្រះអង្គ​បាន?

តើ​នរណា​មាន​ភាព​ថ្កុំថ្កើង​ដ៏វិសុទ្ធ​ដូច​ព្រះអង្គ។

ព្រះអង្គ​ជា​ព្រះ​គួរ​អោយ​កោត​ស្ញប់ស្ញែង

គួរ​សរសើរ​តម្កើង

ព្រះអង្គ​សំដែង​ឫទ្ធិបាដិហារិយ៍​ដ៏​អស្ចារ្យ។

១២  ពេល​ព្រះអង្គ​លើក​ព្រះហស្ដ​ស្ដាំ​ឡើង

ដី​ក៏​ស្រូប​ខ្មាំង​សត្រូវ​បាត់​អស់​ទៅ។

១៣  ព្រះអង្គ​បាន​លោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ!

ហើយ​ដឹក​នាំ​ពួក​គេ

ព្រះអង្គ​ប្រើ​ព្រះចេស្ដា​របស់​ព្រះអង្គ នាំ​ពួក​គេ

ឆ្ពោះ​ទៅ​កាន់​ព្រះដំណាក់​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។

១៤  ពេល​ឮ​ដំណឹង​នេះ ជាតិ​សាសន៍​នានា​ភ័យ​ញ័រ

អ្នក​ស្រុក​ភីលីស្ទីន​នាំ​គ្នា​ភ័យ​តក់ស្លុត

១៥  មេទ័ព​របស់​ស្រុក​អេដុម​នាំ​គ្នា​ញ័រ​រន្ធត់

ទាហាន​ដ៏​អង់អាច​នៅ​ស្រុក​ម៉ូអាប់​ភិតភ័យ

អ្នក​ស្រុក​កាណាន​ទាំង​អស់​ស្លុត​ស្មារតី។

១៦  ពួក​គេ​ព្រឺ​ខ្លាច និង​ភ័យ​រន្ធត់​យ៉ាង​ខ្លាំង។

ព្រះអម្ចាស់​អើយ

ពេល​ឃើញ​ព្រះអង្គ​សំដែង​ព្រះបារមី​ដ៏​ខ្លាំងក្លា

ពួក​គេ​ភាំង​ស្មារតី និយាយ​លែង​ចេញ

រហូត​ទាល់​តែ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ឆ្លង​ផុត

គឺ​ប្រជារាស្ត្រ​ដែល​ព្រះអង្គ​បាន​លោះ​ឆ្លង​ផុត​ទៅ។

១៧  ព្រះអម្ចាស់​អើយ

ព្រះអង្គ​នាំ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ទៅ​ដាក់​លើ

ភ្នំ​ដែល​ជា​ចំណែក​មត៌ក​របស់​ព្រះអង្គ

ជា​កន្លែង​ដែល​ព្រះអង្គ​បាន​រៀបចំ​សំរាប់​គង់​នៅ។

ព្រះអម្ចាស់​អើយ ព្រះអង្គ​បាន​សង់​ទីសក្ការៈ

របស់​ព្រះអង្គ​ឡើង

ដោយ​ព្រះហស្ដ​ព្រះអង្គ​ផ្ទាល់។

១៨  ព្រះអម្ចាស់​នឹង​គ្រង​រាជ្យ​អស់កល្ប​ជានិច្ច

រហូត​ត​រៀង​ទៅ។

១៩  ពេល​ដែល​សេះ​របស់​ស្ដេច​ផារ៉ោន

រទេះ​ចំបាំង និង​កងទ័ព​សេះ

ចូល​ទៅ​ក្នុង​សមុទ្រ

ព្រះអម្ចាស់​បាន​ធ្វើ​អោយ​ទឹក​សមុទ្រ​ហូរ​មក​វិញ

គ្រប​ពី​លើ​ពួក​គេ

តែ​ជន​ជាតិ​អ៊ីស្រាអែល​ដើរ​តាម​បាត​សមុទ្រ។

២០ ពេល​នោះ ព្យាការិនី​ម៉ារាម ដែល​ជា​បង​ស្រី​របស់​លោក​អើរ៉ុន ក៏​កាន់​ក្រាប់ ហើយ​ស្ត្រីៗ​ទាំង​អស់​ក៏​ចេញ​ទៅ​តាម​គាត់ ទាំង​វាយ​ក្រាប់ និង​នាំ​គ្នា​រាំ។

២១  លោក​ស្រី​ម៉ារាម​បន្លឺ​សំឡេង​ច្រៀង​ថា៖

«ចូរ​ច្រៀង​ថ្វាយ​ព្រះអម្ចាស់

ព្រះអង្គ​មាន​ជ័យជំនះ​ដ៏​ត្រចះត្រចង់

ព្រះអង្គ​បាន​ធ្វើ​អោយ​សេះ

និង​ទាហាន​ដែល​ជិះ​លើ​វា

លិច​លង់​ទៅ​ក្នុង​សមុទ្រ!»។

 

ប្រជាជន​អ៊ីស្រាអែល​ធ្វើ​ដំណើរ​ក្នុង​វាល​រហោស្ថាន

 

ប្រភព​ទឹក​ម៉ារ៉ា

២២ លោក​ម៉ូសេ​នាំ​ជន​ជាតិ​ អ៊ីស្រាអែល​ចេញ​ពី​សមុទ្រ​កក់ ឆ្ពោះ​ទៅ​វាល​រហោស្ថាន​ស៊ួរ។ ពួក​គេ​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ក្នុង​វាល​រហោស្ថាន ដោយ​ឥត​ជួប​ប្រទះ​នឹង​ទឹក​ទាល់​តែ​សោះ។

 

២៣ លុះ​មក​ ដល់​ប្រភព​ទឹក​ម៉ារ៉ា ពួក​គេ​ពុំ​អាច​បរិភោគ​ទឹក​នោះ​បាន​ទេ ពីព្រោះ​ទឹក​នៅ​ម៉ារ៉ា​មាន​រសជាតិ​ល្វីង។ ហេតុ​នោះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា “ម៉ារ៉ា”។ ២៤ ប្រជាជន​នាំ​គ្នា​រអ៊ូរទាំ​ដាក់​លោក​ម៉ូសេ​ថា៖ «តើ​ពួក​យើង​បាន​អ្វី​ផឹក?»។ ២៥ ​លោក​​​​ម៉ូសេ​ស្រែក​អង្វរ​ព្រះអម្ចាស់ ព្រះអង្គ​ក៏​បង្ហាញ​ឈើ​មួយ​ប្រភេទ​ដល់​លោក។ លោក​ម៉ូសេ​បោះ​ឈើ​នោះ​ទៅ​ក្នុង​ទឹក ហើយ​​​​គេ​ក៏​អាច​បរិភោគ​ទឹក​បាន។ នៅ​ទី​នោះ ព្រះអម្ចាស់​ប្រទាន​ច្បាប់ និង​វិន័យ​ដល់​ប្រជាជន​អ៊ីស្រាអែល ហើយ​ព្រះអង្គ​ក៏​បាន​ល្បងល​មើល​ពួក​គេ​ដែរ។ ២៦ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ប្រ​សិន​​​​បើ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បង្គាប់​យើង ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​ប្រព្រឹត្ត​តាម​អ្វីៗ​ដែល​យើង​យល់​ថា​ត្រឹម​ត្រូវ ប្រសិន​បើ​អ្នក​រាល់​គ្នា​ត្រងត្រាប់​ស្ដាប់​បទ​បញ្ជា និង​កាន់​តាម​ច្បាប់​ទាំង​ប៉ុន្មាន​របស់​យើង នោះ​យើង​នឹង​មិន​ធ្វើ​អោយ​អ្នក​រាល់​គ្នា​កើត​ជំងឺ​អ្វី​មួយ ដូច​យើង​បាន​ធ្វើ​ចំពោះ​ជន​ជាតិ​អេស៊ី​ប​​​​​​​ឡើយ ដ្បិត​យើង​ជា​ព្រះអម្ចាស់​ដែល​ប្រោស​អោយ​អ្នក​រាល់​គ្នា​ជា»។

 

២៧ ជន​ជាតិ ​អ៊ីស្រាអែល​បាន​មក​ដល់​អេលីម។ នៅ​ទី​នោះ មាន​ប្រភព​ទឹក​ចំនួន​ដប់ពីរ ព្រម​ទាំង​មាន​លម៉ើ​ចំនួន​ចិតសិប​ដើម​ទៀត​ផង។ ពួក​គេ​ក៏​បោះ​ជំរំ​នៅ​ក្បែរ​មាត់​ទឹក។

នំ​ម៉ាណា និង​សត្វ​ក្រួច

១ សហគមន៍​អ៊ីស្រាអែល​ទាំង​ មូល​ចេញ​ដំណើរ​ពី​អេលីម ទៅ​ដល់​វាល​រហោស្ថាន​ស៊ីន ដែល​នៅ​ចន្លោះ​អេលីម និង​ភ្នំ​ស៊ីណៃ។ ពួក​គេ​ទៅ​ដល់​ទី​នោះ នៅ​ថ្ងៃ​ទី​ដប់​ប្រាំ ក្នុង​ខែ​ទី​ពីរ ក្រោយ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ ២ នៅ​វាល​រហោស្ថាន​នោះ សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​នាំ​គ្នា​រអ៊ូរទាំ​ដាក់​លោក​ម៉ូសេ និង​លោក​អរ៉ុន។ ៣ ជន​ជាតិ​អ៊ីស្រាអែល​ពោល​ ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «កាល​នៅ​ស្រុក​អេស៊ីប ពួក​យើង​ធ្លាប់​អង្គុយ​ជុំវិញ​ឆ្នាំង​ដែល​មាន​សាច់ និង​មាន​អាហារ​ដ៏​បរិបូណ៌! ប្រសិន​បើ​ព្រះអម្ចាស់​ ប្រហារ​ពួក​យើង​នៅ​ទី​នោះ ប្រសើរ​ជាង​អោយ​លោក​ទាំង​ពីរ​នាំ​ពួក​យើង​ទាំង​អស់​គ្នា​មក​ស្លាប់​ដោយ​អត់​ ឃ្លាន ក្នុង​វាល​រហោស្ថាន​នេះ!»។

 

៤ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​ផ្ដល់​អាហារ​ពី​លើ​មេឃ​មក​អោយ​អ្នក​រាល់​គ្នា ដូច​បង្អុរ​ភ្លៀង។ រៀង​រាល់​ថ្ងៃ ប្រជាជន​ទាំង​អស់​ត្រូវ​ចេញ​ទៅ​រើស​អាហារ សំរាប់​បរិភោគ​ក្នុង​មួយ​ថ្ងៃ។ ធ្វើ​បែប​នេះ យើង​នឹង​ល្បងល​មើល​ចិត្ត​ប្រជាជន ដើម្បី​អោយ​ដឹង​ថា គេ​គោរពវិន័យ​របស់​យើង​ឬ​ទេ? ៥ នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ពេល​គេ​រៀបចំ​ម្ហូប​អាហារ​ដែល​គេ​រើស​មក​នោះ គេ​នឹង​ឃើញ​មាន​អាហារ​លើស​ថ្ងៃ​ធម្មតា មួយ​ជា​ពីរ»។

 

៦ លោក​ម៉ូសេ និង​លោក​អរ៉ុន ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ថា៖ «ល្ងាច​នេះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា គឺ​ព្រះអម្ចាស់​ទេ​តើ ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។ ៧​​​​ ព្រឹក​ស្អែក អ្នក​រាល់​គ្នា​នឹង​ឃើញ​សិរីរុងរឿង​របស់​ព្រះអម្ចាស់ ដ្បិត​ព្រះអង្គ​ទ្រង់​ព្រះសណ្ដាប់​ឮ​ពាក្យ ដែល​អ្នក​រាល់​គ្នា​រអ៊ូរទាំ​ដាក់​ព្រះអង្គ។ តើ​យើង​ទាំង​ពីរ​នាក់​នេះ​ជា​អ្វី បាន​ជា​អ្នក​រាល់​គ្នា​រអ៊ូរទាំ​ដាក់​យើង​ដូច្នេះ?»។ ៨ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៀត​ថា៖ «ល្ងាច​នេះ ព្រះអម្ចាស់​នឹង​ប្រទាន​សាច់​អោយ​អ្នក​រាល់​គ្នា​ បរិភោគ ហើយ​ព្រឹក​ស្អែក ព្រះអង្គ​នឹង​ប្រទាន​នំបុ័ង​អោយ​អ្នក​រាល់​គ្នា​យ៉ាង​បរិបូណ៌ ដ្បិត​ព្រះអង្គ​ទ្រង់​ព្រះសណ្ដាប់​ឮ​ពាក្យ ដែល​អ្នក​រាល់​គ្នា​រអ៊ូរទាំ​ដាក់​ព្រះអង្គ។ តើ​យើង​ទាំង​ពីរ​ជា​អ្វី? អ្នក​រាល់​គ្នា​មិន​មែន​រអ៊ូរទាំ​ដាក់​យើង​ទេ តែ​រអ៊ូរទាំ​ដាក់​ព្រះអម្ចាស់​វិញ»។

 

៩ លោក​ម៉ូសេ​ប្រាប់​លោក​អរ៉ុន​ថា៖ «សូម​បង្គាប់​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល អោយ​ចូល​មក​គាល់​ព្រះអម្ចាស់ ដ្បិត​ព្រះអង្គ​ទ្រង់​ព្រះសណ្ដាប់​ឮ​ពាក្យ​រអ៊ូរទាំ​របស់​ពួក​គេ​ហើយ»។ ១០ នៅ​ពេល​លោក​អរ៉ុន​ កំពុង​តែ​មាន​ប្រសាសន៍​ទៅ​កាន់​សហ​គ​មន៍​អ៊ីស្រាអែល​ទាំង​មូល ពួក​គេ​នាំ​គ្នា​បែរ​មើល​ទៅ​វាល​​រហោ​ស្ថាន ឃើញ​សិរីរុងរឿង​របស់​ព្រះអម្ចាស់​លេច​មក​នៅ​ក្នុង​ពពក។ ១១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ១២ «យើង​​​​​​​​​​​​​បាន​ឮ​ពាក្យ​ រអ៊ូរទាំ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ហើយ ចូរ​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: នៅ​ពេល​ព្រលប់ អ្នក​រាល់​គ្នា​នឹង​បរិភោគ​សាច់ ហើយ​នៅ​ពេល​ព្រឹក​អ្នក​រាល់​គ្នា​នឹង​មាន​នំបុ័ង​បរិភោគ​យ៉ាង​បរិបូណ៌។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។

 

១៣ ពេល​ល្ងាច មាន​សត្វ​ក្រួច​ហើរ​មក​ពាសពេញ​ជំរំ ហើយ​ព្រលឹម​ឡើង មាន​សន្សើម​ធ្លាក់​ជុំវិញ​ជំរំ​ផង។ ១៤ នៅ​ពេល​សន្សើម​ស្ងួត មាន​គ្រាប់​ល្អិតៗ​ដូច​ព្រឹល នៅ​ពាសពេញ​វាល​រហោស្ថាន។ ១៥ ឃើញ​ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា «នេះ​ជា​អ្វី?» ដ្បិត​ពួក​គេ​មិន​ដឹង​ថា​ជា​អ្វី​ទេ។ លោក​ម៉ូសេ​ប្រាប់​ពួក​គេ​ថា៖ «នេះ​ជា​អាហារ​ដែល​ព្រះអម្ចាស់​ប្រទាន​អោយ​អ្នក​រាល់​គ្នា​បរិភោគ។ ១៦ ព្រះអម្ចាស់​ បាន​បង្គាប់​ថា: ចូរ​នាំ​គ្នា​រើស​អាហារ​នេះ ល្មម​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​ឆ្អែត។ ត្រូវ​រើស​តាម​ចំនួន​មនុស្ស​ដែល​ស្ថិត​នៅ​ក្នុង​គ្រួសារ​របស់​ខ្លួន គឺ​មួយ​កូន​ល្អី​សំរាប់​ម្នាក់»។ ១៧ ជន​ជាតិ​អ៊ីស្រាអែល​ក៏​ធ្វើ​តាម ពួក​គេ​រើស​អាហារ អ្នក​ខ្លះ​រើស​បាន​ច្រើន ហើយ​អ្នក​ខ្លះ​ទៀត​បាន​តិច។ ១៨ បន្ទាប់​មក ពួក​គេ​យក​អាហារ​នោះ​ទៅ​វាល់ អស់​អ្នក​ដែល​រើស​បាន​ច្រើន ក៏​មិន​បាន​លើស​គេ ហើយ​អស់​អ្នក​ដែល​រើស​បាន​តិច ក៏​មិន​ខ្វះ​ដែរ គឺ​ម្នាក់ៗ​ទទួល​អាហារ​ល្មម​ដែល​ខ្លួន​ត្រូវ​ការ​ប៉ុ​ណ្ណោះ​។

 

១៩ លោក​ម៉ូសេ​ប្រាប់​ពួក​គេ​ថា៖ «មិន​ត្រូវ​អោយ​នរណា​ម្នាក់​ទុក​អាហារ​នេះ រហូត​ដល់​ព្រឹក​ស្អែក​ឡើយ»។ ២០ ប៉ុន្តែ មាន​អ្នក​ខ្លះ​មិន​ព្រម​ស្ដាប់​តាម​លោក​ម៉ូសេ​ទេ គឺ​គេ​ទុក​អាហារ​រហូត​ដល់​ព្រឹក​ស្អែក។ ដង្កូវ​ក៏​មក​ចោះ​អាហារ​ទាំង​នោះ ដែល​បណ្ដាល​អោយ​ទៅ​ជា​ស្អុយ​រលួយ។ លោក​ម៉ូសេ​ខឹង​នឹង​ពួក​គេ។ ២១ ចាប់​ពី​ពេល​នោះ​មក រៀង​រាល់​ព្រឹក ពួក​គេ​រើស​អាហារ​ល្មម​ដែល​ខ្លួន​អាច​បរិភោគ​ឆ្អែត។ ពេល​ថ្ងៃ​រះ​ពេញ​កំដៅ អាហារ​ដែល​នៅ​សល់​ក៏​រលាយ​បាត់​អស់។ ២២ នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ពួក​គេ​រើស​អាហារ​ពីរ​ដង​ច្រើន​ជាង គឺ​ពីរ​កូន​ល្អី​ក្នុង​ម្នាក់ៗ។ មេ​ដឹក​នាំ​ទាំង​អស់​របស់​សហគមន៍​មក​រាយការណ៍​ជំរាប​លោក​ម៉ូសេ។ ២៣ លោក​ប្រាប់​ពួក​គេ​វិញ​ថា៖ «ព្រះអម្ចាស់​បាន​បញ្ជា​មក​ដូច្នេះ​មែន។ ស្អែក​ជា​ថ្ងៃ​សប្ប័ទ* ជា​ថ្ងៃ​ដ៏វិសុទ្ធ​ដែល​ត្រូវ​ញែក​ថ្វាយ​ព្រះអម្ចាស់ ចូរ​ចំអិន​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចំអិន ចូរ​ស្ងោរ​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ស្ងោរ ហើយ​ទុក​អាហារ​ដែល​លើស​រហូត​ព្រឹក​ស្អែក»។ ២៤ ដូច្នេះ ពួក​គេ​ទុក​អាហារ​រហូត​ដល់​ព្រឹក​ស្អែក តាម​បង្គាប់​របស់​លោក​ម៉ូសេ។ អាហារ​ទាំង​នោះ​ពុំ​មាន​ស្អុយ​រលួយ ឬ​មាន​ដង្កូវ​ចោះ​ឡើយ។ ២៥ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ថ្ងៃ​នេះ ចូរ​បរិភោគ​អាហារ​ទាំង​នេះ​ចុះ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​សប្ប័ទ សំរាប់​គោរព​ព្រះអម្ចាស់។ ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​ពុំ​ឃើញ​មាន​អ្វី​នៅ​ខាង​ក្រៅ​ទេ។ ២៦ អ្នក​រាល់​គ្នា​អាច​រើស ​អាហារ​នេះ​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ ប៉ុន្តែ នៅ​ថ្ងៃ​ទី​ប្រាំពីរ ដែល​ជា​ថ្ងៃ​សប្ប័ទ នឹង​គ្មាន​អ្វី​រើស​ទេ»។ ២៧ ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​ថ្ងៃ​ទី​ប្រាំពីរ ក៏​មាន​ប្រជាជន​ខ្លះ​ចេញ​ពី​ជំរំ ដើម្បី​ទៅ​រើស​អាហារ តែ​ពួក​គេ​រក​ពុំ​បាន​សោះ។ ២៨ ព្រះ​អម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​តែ​ពុំ​ព្រម​ស្ដាប់​បទ​បញ្ជា និង​វិន័យ​របស់​យើង​ដល់​កាល​ណា​ទៀត? ២៩​​ ត្រូវ​ចង​ចាំ​ថា យើង​ជា​ព្រះអម្ចាស់ បាន​ប្រគល់​ថ្ងៃ​សប្ប័ទ​អោយ​អ្នក​រាល់​គ្នា ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ថ្ងៃ​ទី​ប្រាំ​មួយ យើង​អោយ​អ្នក​រាល់​គ្នា​មាន​អាហារ​មួយ​ជា​ពីរ។ នៅ​ថ្ងៃ​ទី​ប្រាំពីរ ម្នាក់ៗ​នៅ​ក្នុង​ជំរំ​របស់​ខ្លួន គឺ​មិន​ត្រូវ​ចេញ​ទៅ​ក្រៅ​ឡើយ»។ ៣០ ហេតុ​នេះ ប្រជាជន​នាំ​គ្នា​ឈប់​សំរាក នៅ​ថ្ងៃ​ទី​ប្រាំពីរ។

 

៣១ កូន​ចៅ​ អ៊ីស្រាអែល​ហៅ​អាហារ​នោះ​ថា “នំ​ម៉ាណា”​។ នំ​ម៉ាណា​មាន​រាង​ដូច​ជា​គ្រាប់​ល្ង មាន​ពណ៌​ស ព្រម​ទាំង​មាន​រសជាតិ​ដូច​នំ​ធ្វើ​ពី​ទឹក​ឃ្មុំ។ ៣២ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ព្រះអម្ចាស់​ បង្គាប់​ដូច​ត​ទៅ: ចូរ​ដាក់​នំ​ម៉ាណា​ក្នុង​ភាជន៍​មួយ​អោយ​ពេញ ហើយ​រក្សា​ទុក សំរាប់​អោយ​កូន​ចៅ​អ៊ីស្រាអែល​នៅ​ជំនាន់​ក្រោយ ឃើញ​អាហារ​ដែល​យើង​អោយ​អ្នក​រាល់​គ្នា​បរិភោគ ក្នុង​វាល​រហោស្ថាន នៅ​ពេល​យើង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប»។ ៣៣ លោក​ម៉ូសេ​ប្រាប់​លោក​អរ៉ុន​ថា៖ «ចូរ​យក​ថូ​មួយ​មក ហើយ​ដាក់​នំ​ម៉ាណា​អោយ​ពេញ រួច​យក​ថូ​ទៅ​តម្កល់​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ដើម្បី​រក្សា​ទុក​សំរាប់​កូន​ចៅ​ជំនាន់​ក្រោយ»។ ៣៤ លោក​អរ៉ុន​ក៏​តម្កល់​ថូ​នៅ​មុខ​ហិប​នៃ​សម្ពន្ធមេត្រី ដើម្បី​រក្សា​ទុក ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​បង្គាប់​លោក​ម៉ូសេ។

 

៣៥ ជន​ជាតិ ​អ៊ីស្រាអែល​បរិភោគ​នំ​ម៉ាណា អស់​រយៈ​ពេល​សែសិប​ឆ្នាំ រហូត​ទាល់​តែ​ពួក​គេ​បាន​ទៅ​ដល់​ស្រុក​ដែល​មាន​មនុស្ស​រស់​នៅ គឺ​រហូត​ទៅ​ដល់​ព្រំដែន​ស្រុក​កាណាន។

៣៦ រីឯ​រង្វាល់ សំរាប់​វាល់​នំ​ម៉ាណា​នោះ គឺ​អូម៊ែរ* ស្មើ​មួយ​ភាគ​ដប់​នៃ​អេផា*។

ជន​ជាតិ​អ៊ីស្រាអែល​ខ្វះ​ទឹក

១ សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​ចាក​ចេញ​ពី​វាល​រហោស្ថាន​ស៊ីន តាម​បង្គាប់​ព្រះអម្ចាស់។ ពួក​គេ​នាំ​គ្នា​បោះ​ជំរំ​នៅ​រេភីឌីម ប៉ុន្តែ នៅ​ទី​នោះ គ្មាន​ទឹក​សំរាប់​ប្រជាជន​បរិភោគ​ទេ។ ២ ដូច្នេះ ពួក​គេ​រក​រឿង​ឈ្លោះ​នឹង​លោក​ម៉ូសេ ទាំង​ពោល​ថា៖ «សូម​រក​ទឹក​អោយ​ពួក​យើង​ផឹក​ផង!»។ លោក​ម៉ូសេ​ឆ្លើយ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​រឿង​ឈ្លោះ​នឹង​ខ្ញុំ? ហើយ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ល្បងល​ព្រះអម្ចាស់​ដូច្នេះ?»។ ៣ នៅ​ទី​នោះ ដោយ​ប្រជាជន​ស្រេក​ទឹក​ខ្លាំង​ពេក ពួក​គេ​នាំ​គ្នា​រអ៊ូរទាំ​ដាក់​លោក​ម៉ូសេ ទាំង​ពោល​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប អោយ​ពួក​យើង ព្រម​ទាំង​កូន​ចៅ និង​ហ្វូង​សត្វ​របស់​ពួក​យើង​ស្លាប់​ដោយ​អត់​ទឹក​ដូច្នេះ?»។ ៤​ លោក​​​​ម៉ូសេ​ស្រែក​អង្វរ​ព្រះអម្ចាស់​ថា៖ «តើ​ទូលបង្គំ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ចំពោះ​ប្រជាជន​នេះ? បន្តិច​ទៀត ពួក​គេ​នឹង​យក​ដុំ​ថ្ម​គប់​សម្លាប់​ទូលបង្គំ​ជា​ពុំខាន»។ ៥ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​វិញ​ថា៖ «ចូរ​ដើរ​ទៅ​ខាង​មុខ​ប្រជាជន ដោយ​នាំ​ពួក​ព្រឹទ្ធាចារ្យ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទៅ​ជា​មួយ ហើយ​កាន់​ដំបង ដែល​អ្នក​វាយ​ទឹក​ទន្លេ​នីល ទៅ​ជា​មួយ​ផង។ ៦ នៅ​ទី​នោះ យើង​នឹង​ឈរ​ពី​មុខ​អ្នក លើ​ផ្ទាំង​ថ្ម​មួយ​នៅ​ភ្នំ​ហូរ៉ែប។ ចូរ​វាយ​ផ្ទាំង​ថ្ម ​នោះ ទឹក​នឹង​ហូរ​ចេញ​មក សំរាប់​ប្រជាជន​បរិភោគ»។

 

លោក​ម៉ូសេ​ក៏​ធ្វើ​តាម នៅ​ចំពោះ​មុខ​ព្រឹទ្ធាចារ្យ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ៧ លោក​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា ម៉ាសា និង​មេរីបា​ ដ្បិត​ជន​ជាតិ​អ៊ីស្រាអែល​រក​រឿង​ឈ្លោះ​នឹង​លោក​ម៉ូសេ ព្រម​ទាំង​ល្បងល​ព្រះអម្ចាស់ ដោយ​ពោល​ថា «តើ​ព្រះអម្ចាស់​គង់​ក្នុង​ចំណោម​ពួក​យើង​មែន ឬ​មិន​មែន?»។

 

ជន​ជាតិ​អាម៉ាឡេក​ប្រយុទ្ធ​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល

៨ ជន​ជាតិ​អាម៉ាឡេក​​នាំ​គ្នា​មក​វាយ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​រេភីឌីម។ ៩ លោក​ម៉ូសេ​ពោល​ទៅ​កាន់​ លោក​យ៉ូស៊ូអា​ថា៖ «ចូរ​ជ្រើសរើស​មនុស្ស​មួយ​ចំនួន ហើយ​ចេញ​ទៅ​ច្បាំង​ជា​មួយ​ជន​ជាតិ​អាម៉ាឡេក​ចុះ។ ស្អែក ខ្ញុំ​នឹង​ឡើង​ទៅ​ឈរ​លើ​កំពូល​ភ្នំ ទាំង​កាន់​ដំបង​របស់​ព្រះជាម្ចាស់»។ ១០ លោកយ៉ូស៊ូអាក៏​ចេញ​ទៅ​ ប្រយុទ្ធ​ជា​មួយ​ជន​ជាតិ​អាម៉ាឡេក តាម​បង្គាប់​របស់​លោក​ម៉ូសេ។ ចំណែក​លោក​ម៉ូសេ លោក​អរ៉ុន និង​លោក​ហួរ ក៏​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល​ភ្នំ។ ១១ កាល​ណា​លោក​ម៉ូសេ​លើក​ដៃ​ឡើង​លើ ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រៀប​ជាង ប៉ុន្តែ កាល​ណា​លោក​ទម្លាក់​ដៃ​ចុះ ជន​ជាតិ​អាម៉ាឡេក​មាន​ប្រៀប​ជាង។ ១២ ដោយ​ដៃ​របស់​លោក​ម៉ូសេ​ ចុក​ស្រពន់ ពួក​គេ​ក៏​យក​ថ្ម​មក​ជូន​លោក​អង្គុយ។ លោក​អរ៉ុន និង​លោក​ហួរ ទ្រ​ដៃ​លោក​ម្ខាង​ម្នាក់ ជា​ហេតុ​ធ្វើ​អោយ​លោក​ម៉ូសេ​អាច​លើក​ដៃ​បាន រហូត​ដល់​ថ្ងៃ​លិច។ ១៣ ដូច្នេះ លោក​យ៉ូស៊ូអា​មាន​ជ័យជំនះ​លើ​កងទ័ព​អាម៉ាឡេក ហើយ​​ប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ។

 

១៤ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​កត់ត្រា​ព្រឹត្តិការណ៍​នេះ​ក្នុង​ក្រាំង​មួយ ដើម្បី​ចង​ចាំ​ទុក។ ចូរ​ប្រាប់​យ៉ូស៊ូអា​ថា យើង​នឹង​លុប​បំបាត់​ជន​ជាតិ​អាម៉ាឡេក​អោយ​អស់​ពី​ផែនដី ឥត​អោយ​នរណា​នឹក​ចាំ​ពី​ពួក​គេ​ទៀត​ឡើយ»។

 

១៥ ពេល​នោះ លោក​ម៉ូសេ​សង់​អាសនៈ​មួយ រួច​ដាក់​ឈ្មោះ​ថា «ព្រះអម្ចាស់​ជា​ទង់​ជ័យ​របស់​ខ្ញុំ»។ ១៦ លោក​ប្រកាស​ថា៖ «ដោយ​ជន​ជាតិ​អាម៉ាឡេក​ហ៊ាន​លើក​ដៃ​ប្រឆាំង​នឹង​បល្ល័ង្ក​របស់​ព្រះអម្ចាស់ នោះ​ព្រះអង្គ​នឹង​ប្រយុទ្ធ​ជា​មួយ​ពួក​គេ អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ»។

លោក​យេត្រូ​មក​សួរ​សុខ​ទុក្ខ​លោក​ម៉ូសេ

១ លោក​យេត្រូ​ជា​បូជាចារ្យ​ នៅ​ស្រុក​ម៉ាឌីយ៉ាន ហើយ​ត្រូវ​ជា​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ ឮ​គេ​និយាយ​ពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ចំពោះ​លោក​ម៉ូសេ និង​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ គឺ​ព្រះអម្ចាស់​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប។

 

២ លោក​យេត្រូ ជា​ឪពុក​ក្មេក ក៏​នាំ​លោក​ស្រី​សេផូរ៉ា ជា​ភរិយា​របស់​លោក​ម៉ូសេ ដែល​លោក​ម៉ូសេ​បាន​អោយ​ត្រឡប់​ទៅ​ស្រុក​វិញ ៣ ព្រម​ទាំង​កូន​ប្រុស​របស់ ​លោក​ទាំង​ពីរ​នាក់​មក​ជា​មួយ​ដែរ។ កូន​ប្រុស​ច្បង​ឈ្មោះ គែរសូម ដ្បិត​លោក​ម៉ូសេ​គិត​ថា ខ្ញុំ​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​ដទៃ។ ៤ ចំណែក​កូន​ប្អូន មាន​ឈ្មោះ​ថា​អេលីយេស៊ែរ ដ្បិត​លោក​ម៉ូសេ​គិត​ថា ព្រះ​របស់​ឪពុក​ខ្ញុំ​បាន​ជួយ​ខ្ញុំ ព្រះអង្គ​បាន​ការពារ​ខ្ញុំ​អោយ​រួច​ពី​មុខ​ដាវ​របស់​ស្ដេច​ផារ៉ោន។ ៥ លោក​យេត្រូ​ជា​ឪពុក​ក្មេក ​របស់​លោក​ម៉ូសេ បាន​ធ្វើ​ដំណើរ​ជា​មួយ​កូន​ប្រុស​ទាំង​ពីរ និង​ភរិយា​របស់​លោក​ម៉ូសេ ដើម្បី​មក​ជួប​លោក​ម៉ូសេ​នៅ​វាល​រហោស្ថាន ត្រង់​កន្លែង​ដែល​លោក​បោះ​ជំរំ នៅ​ភ្នំ​របស់​ព្រះជាម្ចាស់។ ៦ លោក​យេត្រូ​អោយ​គេ​មក​ប្រាប់​លោក​ម៉ូសេ​ថា៖ «ខ្ញុំ​ជា​ឪពុក​ក្មេក បាន​នាំ​ប្រពន្ធ និង​កូន​ប្រុស​ទាំង​ពីរ មក​ជួប​លោក»។ ៧ លោក​ម៉ូសេ​ចេញ​ទៅ​ទទួល​ឪពុក​ក្មេក ទាំង​ក្រាប​សំពះ​លោក ហើយ​ថើប​លោក​ទៀត​ផង។ ពួក​គេ​សួរ​សុខ​ទុក្ខ​គ្នា រួច​ចូល​ទៅ​ក្នុង​ជំរំ។ ៨ លោក​ម៉ូសេ​រៀប​រាប់​ប្រាប់​ឪពុក​ក្មេក​អំពី​ហេតុការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ចំពោះ​ព្រះចៅ​ផារ៉ោន និង​ជន​ជាតិ​អេស៊ីប ដើម្បី​ជួយ​អ៊ីស្រាអែល។ លោក​ក៏​រៀប​រាប់​អំពី​ការ​ដែល​ព្រះអម្ចាស់​បាន​ជួយ​ប្រជាជន​អ៊ីស្រាអែល អោយ​រួច​ពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ជួប​ប្រទះ​នៅ​តាម​ផ្លូវ។ ៩ លោក​យេត្រូ​មាន​ចិត្ត​រីករាយ​ចំពោះ​ការ​ល្អ​ទាំង​ប៉ុន្មាន​ដែល​ព្រះអម្ចាស់​បាន​ធ្វើ ដើម្បី​រំដោះ​អ៊ីស្រា​អែល​​​​​​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អេស៊ីប។ ១០ លោក​ពោល​ថា៖ «សូម​សរសើរ​តម្កើង​ព្រះអម្ចាស់ ដែល​បាន​រំដោះ​អ្នក​រាល់​គ្នា​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អេស៊ីប និង​ស្ដេច​ផារ៉ោន។ ១១ ឥឡូវ​នេះ ខ្ញុំ​ទទួល​ស្គាល់​ថា ព្រះអម្ចាស់ ជា​ព្រះ​ដ៏​ធំ​ឧត្ដម​លើស​ព្រះ​ទាំង​អស់ គឺ​ព្រះអង្គ​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល នៅ​ពេល​ដែល​ជន​ជាតិ​អេស៊ីប​ជិះជាន់​សង្កត់សង្កិន»។

 

១២ លោក​ យេត្រូ ជា​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ យក​តង្វាយ​ដុត​ទាំង​មូល* និង​យញ្ញបូជា​ឯ​ទៀតៗ​ថ្វាយ​ព្រះជាម្ចាស់។ លោក​​​​​​​អើរ៉ុន និង​ព្រឹទ្ធាចារ្យ​អ៊ីស្រាអែល​ទាំង​អស់ ក៏​នាំ​គ្នា​បរិភោគ​អាហារ​ជា​មួយ​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​ដែរ។

 

លោក​ម៉ូសេ​តែងតាំង​ចៅក្រម​សំរាប់​កាត់​ក្ដី

១៣ លុះ​ស្អែក​ឡើង លោក​ម៉ូសេ​អង្គុយ​កាត់​ក្ដី​អោយ​ប្រជាជន។ ប្រជាជន​នាំ​គ្នា​ឈរ​នៅ​មុខ​លោក​តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច។ ១៤​ ឪពុក​ក្មេក​របស់​លោក​ ម៉ូសេ​ឃើញ​ការ​ទាំង​អស់ ដែល​លោក​ធ្វើ​ចំពោះ​ប្រជាជន គាត់​ក៏​ពោល​ថា៖ «ម្ដេច​ក៏​កូន​ធ្វើ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​កូន​អង្គុយ​កាត់​ក្ដី​តែ​ម្នាក់​ឯង ទុក​អោយ​ប្រជាជន​ឈរ​ចាំ​នៅ​មុខ​កូន តាំង​ពី​ព្រឹក​ដល់​ល្ងាច​បែប​នេះ?»។ ១៥ លោក​ម៉ូសេ​តប​ទៅ​គាត់​វិញ​ថា៖ «ប្រជាជន​ទាំង​នេះ​មក​រក​ខ្ញុំ ដើម្បី​ទូល​សួរ​ព្រះជាម្ចាស់។ ១៦ នៅ​ពេល​មាន​វិវាទ​នឹង​គ្នា ពួក​គេ​មក​រក​ខ្ញុំ។ ខ្ញុំ​ដោះ​ស្រាយ​រឿង​ពួក​គេ ហើយ​ណែនាំ​ពួក​គេ​អោយ​ស្គាល់​ដំបូល​ន្មាន និង​វិន័យ*​របស់​ព្រះជាម្ចាស់»។ ១៧ ឪពុក​ក្មេក​មាន​ប្រសាស​ន៍​មក​លោក​ម៉ូសេ​ទៀត​ថា៖ «របៀប​ដែល​កូន​ធ្វើ​នេះ មិន​ល្អ​ទេ! ១៨ ធ្វើ​ដូច្នេះ​នាំ​អោយ​ កូន និង​ប្រជាជន​ដែល​នៅ​ជា​មួយ​នឿយ​ហត់​ទាំង​អស់​គ្នា។ ការងារ​នេះ​ធ្ងន់ធ្ងរ​ពេក កូន​មិន​អាច​ធ្វើ​តែ​ម្នាក់​ឯង​ទេ។ ១៩ ឥឡូវ​នេះ ចូរ​ស្ដាប់​ដំបូន្មាន​របស់​ពុក ហើយ​សូម​ព្រះជាម្ចាស់​គង់​ជា​មួយ​កូន! ចូរ​កូន​ធ្វើ​ជា​តំណាង​របស់​ប្រជាជន នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ ចូរ​យក​រឿងរ៉ាវ​របស់​ពួក​គេ​ទៅ​ទូល​ថ្វាយ​ព្រះអង្គ។ ២០ ចូរ​បង្រៀន​ពួក​គេ អំពី​ច្បាប់ និង​វិន័យ​ទាំងឡាយ ហើយ​បង្ហាញ​មាគ៌ា​ដែល​ពួក​គេ​ត្រូវ​ដើរ​តាម និង​កិច្ចការ​ដែល​ពួក​គេ​ត្រូវ​ធ្វើ។ ២១ ត្រូវ​ជ្រើសរើស​មនុស្ស ដែល​មាន​សមត្ថភាព ពី​ក្នុង​ចំណោម​ប្រជាជន ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ ជា​អ្នក​គួរ​អោយ​ទុក​ចិត្ត មិន​ចេះ​ស៊ី​សំណូក។ ចូរ​តែងតាំង​ពួក​គេ​អោយ​ធ្វើ​ជា​មេ​ក្រុម​លើ​មនុស្ស​មួយ​ពាន់​នាក់ មេ​ក្រុម​លើ​មនុស្ស​មួយ​រយ​នាក់ មេ​ក្រុម​លើ​មនុស្ស​ហាសិប​នាក់ និង​មេ​ក្រុម​លើ​មនុស្ស​ដប់​នាក់។ ២២ អ្នក​ទាំង​នោះ​ត្រូវ​ កាត់​ក្ដី​អោយ​ប្រជាជន​គ្រប់​ពេល​វេលា។ កិច្ចការ​ណា​សំខាន់ៗ​អោយ​ពួក​គេ​បញ្ជូន​មក​កូន​ចុះ រីឯ​កិច្ចការ​តូចតាច ទុក​អោយ​ពួក​គេ​កាត់​ក្ដី​ខ្លួន​ឯង​ទៅ។ ធ្វើ​ដូច្នេះ កូន​អាច​សំរាល​ការងារ ដោយ​អោយ​ពួក​គេ​ជួយ​រំលែក​បន្ទុក​របស់​កូន។ ២៣ ប្រសិន​បើ​កូន​ធ្វើ​បែប ​នេះ ហើយ​បើ​កូន​ធ្វើ​តាម​បញ្ជា​របស់​ព្រះជាម្ចាស់ នោះ​កូន​នឹង​មាន​កម្លាំង​រឹងប៉ឹង រីឯ​ប្រជាជន​ទាំង​មូល​ក៏​វិល​ត្រឡប់​ទៅ​វិញ ដោយ​សុខ​សាន្ត​ដែរ»។

 

២៤ លោក​ម៉ូសេ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ឪពុក​ក្មេក​ទូន្មាន។ ២៥ ក្នុង​ចំណោម​ជន​ជាតិ​ អ៊ីស្រាអែល​ទាំង​មូល លោក​បាន​ជ្រើសរើស​មនុស្ស​មាន​សមត្ថភាព ហើយ​តែងតាំង​ពួក​គេ​អោយ​ទទួល​ខុស​ត្រូវ​លើ​ប្រជាជន គឺ​អោយ​ធ្វើ​ជា​មេ​ក្រុម​លើ​មនុស្ស​មួយ​ពាន់​នាក់ មេ​ក្រុម​លើ​មនុស្ស​មួយ​រយ​នាក់ មេ​ក្រុម​លើ​មនុស្ស​ហាសិប​នាក់ និង​មេ​ក្រុម​លើ​មនុស្ស​ដប់​នាក់។ ២៦ អ្នក​ទាំង​នោះ​កាត់​ ក្ដី​អោយ​ប្រជាជន​គ្រប់​ពេល​វេលា។ កិច្ចការ​ណា​សំខាន់ៗ ពួក​គេ​បញ្ជូន​មក​លោក​ម៉ូសេ រីឯ​កិច្ចការ​តូចតាច ពួក​គេ​កាត់​ក្ដី​ខ្លួន​ឯង។ ២៧ បន្ទាប់​មក លោក​ម៉ូសេ និង​ឪពុក​ក្មេក​លា​គ្នា ហើយ​លោក​យេត្រូ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​គាត់​វិញ។

 

ព្រះជាម្ចាស់​ចង​សម្ពន្ធមេត្រី​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល

ប្រជាជន​អ៊ីស្រាអែល​ទៅ​ដល់​ភ្នំ​ស៊ីណៃ

១ នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​បី ក្រោយ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​នៅ​ថ្ងៃ​នេះ ជន​ជាតិ​អ៊ីស្រាអែល​បាន​ទៅ​ដល់​វាល​រហោស្ថាន​ស៊ីណៃ។ ២ ពួក​គេ​ចេញ​ពី​រេភីឌីម​ទៅ​ដល់​វាល​រហោស្ថាន​ស៊ីណៃ ហើយ​បោះ​ជំរំ​នៅ​ទី​នោះ ទល់​មុខ​នឹង​ភ្នំ​ស៊ីណៃ។

 

៣ លោក​ម៉ូសេ​បាន​ឡើង​ទៅ​គាល់​ព្រះជាម្ចាស់។ ព្រះអម្ចាស់​ហៅ​លោក​ម៉ូសេ​ពី​លើ​ភ្នំ​មក​ថា៖ «អ្នក​ត្រូវ​ប្រកាស​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល ជា​កូន​ចៅ​របស់​លោក​យ៉ាកុប​ដូច​ត​ទៅ:

៤ អ្នក​រាល់ ​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ហេតុការណ៍ ដែល​យើង​ធ្វើ​ចំពោះ​ជន​ជាតិ​អេស៊ីប ហើយ​យើង​បាន​នាំ​អ្នក​រាល់​គ្នា ដូច​ជា​សត្វ​ឥន្ទ្រី​ដាក់​កូន​នៅ​លើ​ខ្នង​វា មក​រក​យើង។ ៥ ឥឡូវ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ដាប់​តាម​ពាក្យ​របស់​យើង ប្រសិន​បើ​អ្នក​រាល់​គ្នា​គោរព​សម្ពន្ធមេត្រី​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ប្រជារាស្ត្រ​របស់​យើង​ផ្ទាល់ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ដ្បិត​ផែនដី​ទាំង​មូល​ជា​កម្មសិទ្ធិ​របស់​យើង។ ៦ យើង​ចាត់​ទុក​អ្នក​រាល់​ គ្នា​ជា​អាណាចក្រ​បូជាចារ្យ ហើយ​អ្នក​រាល់​គ្នា​ជា​ប្រជាជាតិ​ដ៏វិសុទ្ធ។ នេះ​ជា​សេចក្ដី​ដែល​អ្នក​ត្រូវ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល»​។

 

៧ លោក​ម៉ូសេ​ត្រឡប់​មក​វិញ កោះ​ហៅ​ពួក​ព្រឹទ្ធាចារ្យ​របស់​ប្រជាជន ហើយ​រៀប​រាប់​ប្រាប់​នូវ​ព្រះបន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់​បង្គាប់​លោក។ ៨ ប្រជាជន​ទាំង​មូល​ក៏​ឆ្លើយ​ព្រម​គ្នា​ឡើង​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ​អម្ចាស់​មាន​ព្រះបន្ទូល»។ លោក​ម៉ូសេ​នាំ​យក​ចម្លើយ​របស់​ពួក​គេ ទៅ​ទូល​ថ្វាយ​ព្រះអម្ចាស់​វិញ។ ៩ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​មក​រក​អ្នក ដោយ​ស្ថិត​នៅ​ក្នុង​ផ្ទាំង​ពពក​យ៉ាង​ក្រាស់ ដើម្បី​អោយ​ប្រជាជន​ឮ​យើង​និយាយ​ជា​មួយ​អ្នក ហើយ​ទុក​ចិត្ត​លើ​អ្នក​ជា​រៀង​រហូត»។ លោក​ម៉ូសេ​ក៏​រៀប​រាប់​ចម្លើយ​របស់​ប្រជាជន ទូល​ថ្វាយ​ព្រះអម្ចាស់។ ១០ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​វិល​ទៅ​រក​ប្រជាជន​វិញ ហើយ​ប្រាប់​ពួក​គេ​អោយ​ញែក​ខ្លួន​អោយ​បាន​វិសុទ្ធ នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក។ ចូរ​អោយ​ពួក​គេ​លាង​ជំរះ​សម្លៀកបំពាក់​ផង​ដែរ។ ១១ ត្រូវ​អោយ​ពួក​គេ​ត្រៀម​ខ្លួន​ជា​ស្រេច នៅ​ថ្ងៃ​ទី​បី ដ្បិត​ថ្ងៃ​នោះ យើង​នឹង​ចុះ​ទៅ​លើ​ភ្នំ​ស៊ីណៃ អោយ​ប្រជាជន​ទាំង​អស់​ឃើញ។ ១២ ត្រូវ​កំណត់​ព្រំដែន​ ជុំវិញ​ភ្នំ ហើយ​ប្រាប់​ប្រជាជន​ថា ចូរ​ប្រយ័ត្ន កុំ​ឡើង​ទៅ​លើ​ភ្នំ ឬ​ប៉ះពាល់​ជើង​ភ្នំ​ជា​ដាច់​ខាត។ បើ​អ្នក​ណា​ប៉ះ​ភ្នំ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់ ១៣ ទោះ​ជា​មនុស្ស ឬ​សត្វ​ក្ដី ក៏​មិន​ត្រូវ​ទុក​អោយ​នៅ​រស់​ដែរ។ កុំ​ប៉ះពាល់​អ្នក​នោះ​ឡើយ តែ​ត្រូវ​សម្លាប់​គេ ដោយ​យក​ដុំ​ថ្ម​គប់ ឬ​បាញ់​នឹង​ព្រួញ​វិញ។ នៅ​ពេល​ឮ​សូរ​សំឡេង​ស្នែង នោះ​ទើប​អ្នក​ខ្លះ​អាច​ឡើង​ទៅ​លើ​ភ្នំ​បាន»។ ១៤ លោក​ម៉ូសេ​ចុះ​ពី​លើ​ភ្នំ​មក​រក​ប្រជាជន​វិញ លោក​ញែក​ពួក​គេ​អោយ​បាន​វិសុទ្ធ ហើយ​អោយ​ពួក​គេ​បោក​សម្លៀកបំពាក់​ផង​ដែរ។ ១៥ លោក​មាន​ប្រសាសន៍​ទៅ​ប្រជាជន​ថា៖ «ចូរ​រៀបចំ​ខ្លួន​សំរាប់​ថ្ងៃ​ទី​បី ហើយ​កុំ​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ឡើយ»។ ១៦ នៅ​ថ្ងៃ ​ទី​បី ពេល​ព្រលឹម​ស្រាងៗ មាន​ផ្គរលាន់ ផ្លេក​បន្ទោរ និង​ពពក​យ៉ាង​ក្រាស់​នៅ​លើ​ភ្នំ ហើយ​មាន​សំឡេង​ត្រែ​លាន់​ឮ​ឡើង​យ៉ាង​រំពង​ទៀត​ផង។ ប្រជាជន​ទាំង​អស់​នៅ​ក្នុង​ជំរំ​ភ័យ​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង។ ១៧ លោក​ម៉ូសេ​នាំ​ប្រជាជន​ចេញ​ពី​ជំរំ​ទៅ​គាល់​ព្រះជាម្ចាស់ ពួក​គេ​ឈរ​នៅ​ជើង​ភ្នំ។ ១៨ មាន​ផ្សែង​ហុយ​ពាស​ពេញ​លើ​ភ្នំ​ស៊ីណៃ ដ្បិត​ព្រះអម្ចាស់​ចុះ​មក​លើ​ភ្នំ ព្រះអង្គ​គង់​នៅ​ក្នុង​ភ្លើង។ ផ្សែង​នោះ​ហុយ​ឡើង​ដូច​ផ្សែង​ចេញ​ពី​ឡ ហើយ​ភ្នំ​ទាំង​មូល​ក៏​រញ្ជួយ​យ៉ាង​ខ្លាំង។ ១៩ សំឡេង​ត្រែ​លាន់​ឮ​កាន់​តែ​ខ្លាំង​ឡើងៗ ពេល​លោក​ម៉ូសេ​ទូល​ព្រះជាម្ចាស់ ព្រះអង្គ​ឆ្លើយ​មក​លោក ដោយ​សំឡេង​ផ្គរលាន់។ ២០ ព្រះអម្ចាស់​យាង​ចុះ​មក​លើ​ភ្នំ​ស៊ីណៃ គឺ​នៅ​លើ​កំពូល​ភ្នំ។ ព្រះអង្គ​ត្រាស់​ហៅ​លោក​ម៉ូសេ​ពី​លើ​កំពូល​ភ្នំ ហើយ​លោក​ម៉ូសេ​ក៏​ឡើង​ទៅ។ ២១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ថា៖ «ចូរ​ហាម​ប្រជាជន​កុំ​អោយ​ស្ទុះ​ចូល​មក​រក​យើង ដែល​ជា​ព្រះអម្ចាស់ ព្រោះ​ចង់​ឃើញ​យើង​នោះ​ឡើយ ក្រែង​លោ​មាន​ពួក​គេ​ជា​ច្រើន​ត្រូវ​ស្លាប់។ ២២ ទោះ​បី​ពួក​បូជាចារ្យ​ ដែល​ធ្លាប់​ចូល​មក​រក​យើង​ក្ដី ត្រូវ​ញែក​ខ្លួន​អោយ​បាន​វិសុទ្ធ ក្រែង​ពួក​គេ​ត្រូវ​បាត់​បង់​ជីវិត ដោយសារ​យើង​ដែល​ជា​ព្រះអម្ចាស់»។

 

២៣ លោក​ម៉ូសេ​ទូល​ព្រះអម្ចាស់​ ថា៖ «ប្រជាជន​ពុំ​អាច​ឡើង​មក​លើ​ភ្នំ​ស៊ីណៃ​ទេ ដ្បិត​ព្រះអង្គ​ផ្ទាល់​បាន​បញ្ជា​អោយ​យើង​ខ្ញុំ កំណត់​ព្រំដែន​ជុំវិញ​ភ្នំ ហើយ​ញែក​ភ្នំ​នេះ​ទុក​ជា​កន្លែង​ដ៏វិសុទ្ធ​ទៀត​ផង»។ ២៤ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​លោក​ម៉ូសេ​ថា៖ «ចូរ​ចុះ​ទៅ​វិញ ហើយ​នាំ​អរ៉ុន​ឡើង​មក​ជា​មួយ​ផង ប៉ុន្តែ មិន​ត្រូវ​អោយ​ពួក​បូជាចារ្យ និង​ប្រជាជន​ស្ទុះ​ឡើង​មក​រក​យើង ដែល​ជា​ព្រះអម្ចាស់​ឡើយ ក្រែង​ពួក​គេ​ត្រូវ​បាត់​បង់​ជីវិត ដោយសារ​យើង»។ ២៥ លោក​ម៉ូសេ​ក៏​ចុះ​ទៅ​រក​ប្រជាជន​វិញ ហើយ​មាន​ប្រសាសន៍​ជា​មួយ​ពួក​គេ។

បទ​បញ្ជា​ទាំង​ដប់​ប្រការ

១ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​កូន​ចៅ​អ៊ីស្រាអែល ដូច​ត​ទៅ៖ ២ «យើង​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក យើង​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។

 

៣ មិន​ត្រូវ​គោរព​ព្រះ​ណា​ផ្សេង ក្រៅ​ពី​យើង​ឡើយ។

៤ មិន​ត្រូវ​ឆ្លាក់​រូប​អ្វី ឬ​យក​វត្ថុ​ដែល​ជា​តំណាង​អ្វី​មួយ នៅ​លើ​មេឃ នៅ​លើ​ផែនដី ឬ​នៅ​ក្នុង​ទឹក ក្រោម​ដី ធ្វើ​ជា​ព្រះ​ឡើយ។ ៥ មិន​ត្រូវ​ក្រាប​ថ្វាយបង្គំ​រូប​ព្រះ​ទាំង​នោះ ឬ​គោរព​បំរើ​រូប​ទាំង​នោះ​ឡើយ។ យើង​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​មិន​ចង់​អោយ​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ណា​ផ្សេង ក្រៅ​ពី​យើង​ឡើយ។ ប្រសិន​បើ​នរណា​ក្បត់​ចិត្ត​យើង យើង​នឹង​ដាក់​ទោស​គេ ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ ៦ ផ្ទុយ​ទៅ​វិញ យើង​នឹង​សំដែង​សេចក្ដី​សប្បុរស​រហូត​ដល់​មួយ​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​យើង។

 

៧ មិន​ត្រូវ​យក​ព្រះនាម​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ទៅ​ប្រើ​ឥត​បាន​ការ​នោះ​ឡើយ ដ្បិត​ព្រះអម្ចាស់​នឹង​មិន​អត់អោន​អោយ​អ្នក​ដែល​យក​ព្រះនាម​របស់​ព្រះអង្គ​ទៅ​ប្រើ ឥត​បាន​ការ​របៀប​នេះ​ជា​ដាច់​ខាត។

 

៨ ចូរ​រំលឹក​ថ្ងៃ​សប្ប័ទ* ហើយ​ញែក​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដ៏វិសុទ្ធ*។ ៩ អ្នក​មាន​ពេល​ប្រាំ​មួយ​ថ្ងៃ សំរាប់​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ត្រូវ​ធ្វើ ១០ តែ​ថ្ងៃ​ទី​ប្រាំពីរ ជា​ថ្ងៃ​សប្ប័ទ​របស់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​អ្នក។ ដូច្នេះ នៅ​ថ្ងៃ​នោះ ទាំង​អ្នក ទាំង​កូន​ប្រុស កូន​ស្រី​របស់​អ្នក ទាំង​អ្នក​បំរើ​ប្រុស​ស្រី ទាំង​សត្វ​ពាហនៈ និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ១១ ដ្បិត​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ ព្រះអម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​របស់​សព្វ​សារពើ​ដែល​ស្ថិត​នៅ​ទី​ទាំង​នោះ។ នៅ​ថ្ងៃ​ទី​ប្រាំពីរ ព្រះអង្គ​សំរាក ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​ថ្ងៃ​សប្ប័ទ ហើយ​ញែក​ថ្ងៃ​នោះ ជា​ថ្ងៃ​ដ៏វិសុទ្ធ។

 

១២ ចូរ​គោរព​មាតាបិតា​របស់​អ្នក ដើម្បី​អោយ​អ្នក​មាន​អាយុ​យឺនយូរ នៅ​លើ​ដី​ដែល​ព្រះអម្ចាស់​ជា​ព្រះ​នៃ​អ្នក ប្រទាន​ដល់​អ្នក។

១៣ កុំ​សម្លាប់​មនុស្ស។

១៤ កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។

១៥ កុំ​លួច​ប្លន់​គេ។

១៦ កុំ​ធ្វើ​សាក្សី​ក្លែងក្លាយ ដែល​នាំ​អោយ​អ្នក​ដទៃ​មាន​ទោស។

១៧ កុំ​ លោភលន់​ចង់​បាន​ផ្ទះ​របស់​អ្នក​ដទៃ កុំ​លោភលន់​ចង់​បាន​ប្រពន្ធ​គេ ឬ​ក៏​លោភលន់​ចង់​បាន​អ្នក​បំរើ​ប្រុស អ្នក​បំរើ​ស្រី គោ លា ឬ​អ្វី​ផ្សេង​ទៀត​ដែល​ជា​របស់​គេ​ឡើយ»។

១៨ ប្រជាជន ​ទាំង​មូល​បាន​ឮ​ស្នូរ​ផ្គរលាន់ និង​សំឡេង​ត្រែ ព្រម​ទាំង​ឃើញ​ផ្លេក​បន្ទោរ និង​ផ្សែង​ហុយ​ឡើង​ពី​ភ្នំ។ ពួក​គេ​ភ័យ​ញ័រ​រន្ធត់ ហើយ​ឈរ​ពី​ចម្ងាយ។ ១៩ ពួក​គេ​ពោល​ទៅ​កាន់​លោក ​ម៉ូសេ​ថា៖ «សូម​លោក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ផ្ទាល់​ចុះ យើង​ខ្ញុំ​នឹង​ស្ដាប់​លោក។ ប៉ុន្តែ សូម​កុំ​អោយ​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​យើង​ខ្ញុំ​ឡើយ ក្រែង​លោ​យើង​ខ្ញុំ​ត្រូវ​ស្លាប់»​។ ២០ លោក​ម៉ូសេ​ឆ្លើយ​ទៅ​ពួក ​គេ​វិញ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ព្រះជាម្ចាស់​យាង​មក​ដូច្នេះ ដើម្បី​ល្បងល​អ្នក​រាល់​គ្នា និង​អោយ​អ្នក​រាល់​គ្នា​គោរព​កោត​ខ្លាច​ព្រះអង្គ កុំ​អោយ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប»។

​២១ ប្រជាជន​ឈរ​ពី​ចម្ងាយ រីឯ​លោក​ម៉ូសេ​វិញ លោក​ចូល​ទៅ​ជិត​ដុំ​ពពក​ដ៏​ក្រាស់ ជា​កន្លែង​ដែល​ព្រះជាម្ចាស់​គង់​នៅ។

 

វិន័យ​ស្ដី​អំពី​អាសនៈ

២២ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រាអែល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ថា យើង​និយាយ​ជា​មួយ​អ្នក​រាល់​គ្នា​ពី​លើ​មេឃ​មក។ ២៣ អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​មាស ឬ​ប្រាក់ មក​ធ្វើ​ជា​រូប​ព្រះ​សំរាប់​ថ្វាយបង្គំ ដូច​ថ្វាយបង្គំ​យើង​ឡើយ។ ២៤ ចូរ​សង់​អាសនៈ​មួយ​អំពី ​ដី សំរាប់​យើង។ ចូរ​យក​ចៀម និង​គោ មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​មេត្រីភាព* នៅ​លើ​អាសនៈ​នោះ។ យើង​នឹង​មក​អោយ​ពរ​អ្នក​គ្រប់​ទី​កន្លែង ដែល​យើង​បង្ហាញ​អោយ​អ្នក​ស្គាល់​នាម​យើង។ ២៥ ប្រសិន​បើ​អ្នក​សង់​ អាសនៈ​អំពី​ថ្ម នោះ​មិន​ត្រូវ​ប្រើ​ថ្មដាប់​ឡើយ ដ្បិត​ពេល​អ្នក​ប្រើ​ពន្លាក​ដាប់ អ្នក​នឹង​ធ្វើ​អោយ​ថ្ម​ទាំង​នោះ​ទៅ​ជា​របស់​មិន​វិសុទ្ធ។ ២៦ មិន​ត្រូវ​សង់​អាសនៈ​ដែល​មាន​កាំ​ជណ្ដើរ​ឡើយ ដើម្បី​កុំ​អោយ​គេ​ឃើញ​កេរខ្មាស​របស់​អ្នក នៅ​ពេល​ឡើង​កាំ​ជណ្ដើរ​នោះ»។

ច្បាស់​សំរាប់​អ្នក​បំរើ​ជាតិ​ហេប្រឺ

១ នេះ​ជា​វិន័យ​ផ្សេងៗ​ដែល​អ្នក​ត្រូវ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​អោយ​អនុវត្ត​តាម: ២ ប្រសិន​បើ​អ្នក​ទិញ​ជន​ ជាតិ​ហេប្រឺ​ម្នាក់​មក​ធ្វើ​ជា​ខ្ញុំ​បំរើ គេ​នឹង​បំរើ​អ្នក​អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ។ នៅ​ឆ្នាំ​ទី​ប្រាំពីរ គេ​នឹង​មាន​សេរីភាព​ចាក​ចេញ​ពី​អ្នក​ទៅ ដោយ​មិន​បាច់​បង់​ថ្លៃ​អ្វី​ទាំង​អស់។ ៣ បើ​ខ្ញុំ​បំរើ​នោះ​មក​តែ​ ម្នាក់​ឯង គេ​ត្រូវ​ចាក​ចេញ​ទៅ​តែ​ម្នាក់​ឯង ប៉ុន្តែ ប្រសិន​បើ​គេ​មាន​ប្រពន្ធ​មក​ជា​មួយ គេ​ត្រូវ​ចាក​ចេញ​ទៅ​ជា​មួយ​ប្រពន្ធ​ដែរ។ ៤ ប្រសិន​បើ​ចៅហ្វាយ​របស់​ គេ​រក​ប្រពន្ធ​អោយ ហើយ​ប្រពន្ធ​នោះ​មាន​កូន​ប្រុស ឬ​កូន​ស្រី នោះ​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​គេ ត្រូវ​តែ​នៅ​បំរើ​ចៅហ្វាយ ហើយ​បុរស​នោះ​ត្រូវ​ចាក​ចេញ​ទៅ​តែ​ម្នាក់​ឯង។ ៥ ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​បំរើ​ប្រកាស​ថា ខ្ញុំ​ស្រឡាញ់​ចៅហ្វាយ ព្រម​ទាំង​ប្រពន្ធ​កូន​របស់​ខ្ញុំ ខ្ញុំ​មិន​ចង់​បាន​សេរីភាព​ទេ ៦ នោះ​ចៅហ្វាយ​ត្រូវ​នាំ​គេ ​ចូល​ទៅ​ជិត​ព្រះជាម្ចាស់ ហើយ​អោយ​ខ្ញុំ​បំរើ​នោះ​ឈរ​នៅ​មាត់​ទ្វារ ឬ​ផ្អែក​ទៅ​នឹង​ក្រប​ទ្វារ​ផ្ទះ រួច​ចៅហ្វាយ​យក​ដែក​មក​ចោះ​ត្រចៀក​គេ។ ដូច្នេះ អ្នក​នោះ​នឹង​នៅ​បំរើ​ចៅហ្វាយ​រហូត​ត​ទៅ។

 

៧ ប្រសិន​បើ​បុរស​ម្នាក់​លក់​កូន​ស្រី​របស់​ខ្លួន​អោយ​ធ្វើ​ជា​ខ្ញុំ​បំរើ​គេ នាង​នឹង​មិន​ទទួល​សេរីភាព​ដូច​ខ្ញុំ​បំរើ​ឯ​ទៀតៗ​ទេ។ ៨ ប្រសិន​បើ​ចៅហ្វាយ​ទិញ​ នាង​យក​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​បែរ​ជា​លែង​ពេញ​ចិត្ត​នឹង​នាង ត្រូវ​អោយ​ឪពុក​របស់​នាង​លោះ​នាង​យក​ទៅ​វិញ។ ចៅហ្វាយ​គ្មាន​សិទ្ធិ​លក់​នាង​ទៅ​អោយ​សាសន៍​ដទៃ​ឡើយ ធ្វើ​ដូច្នេះ ជា​ការ​បោក​ប្រាស់។ ៩ ប្រសិន​បើ​ចៅហ្វាយ​ទិញ​នាង​យក​មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​ខ្លួន គាត់​ត្រូវ​ប្រព្រឹត្ត​ចំពោះ​នាង​តាម​ច្បាប់​សំរាប់​កូន​ស្រី។ ១០ ប្រសិន​បើ​ចៅហ្វាយ​យក​ ប្រពន្ធ​​​​​មួយ​ទៀត នោះ​គាត់​មិន​ត្រូវ​កាត់​បន្ថយ​អ្វីៗ​ពី​ប្រពន្ធ​មុន​ឡើយ ទោះ​ជា​ម្ហូប​អាហារ សម្លៀកបំពាក់ ឬ​សិទ្ធិ​ជា​ប្រពន្ធ​ក្ដី។ ១១ ប្រសិន​បើ​គាត់​ ប្រព្រឹត្ត​ចំពោះ​នាង មិន​ត្រឹម​ត្រូវ​តាម​លក្ខខណ្ឌ​ទាំង​បី​នេះ​ទេ នាង​អាច​ទទួល​សេរីភាព ហើយ​ចាក​ចេញ​ទៅ​ដោយ​មិន​បាច់​បង់​ថ្លៃ​អ្វី​ឡើយ។

 

កំហុស​ដែល​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់

១២ អ្នក​ណា​វាយ​មនុស្ស​រហូត​ដល់​ស្លាប់ អ្នក​នោះ​នឹង​ត្រូវ​ទទួល​​​ទោស​ដល់​ស្លាប់។ ១៣ ប្រសិន​អ្នក​នោះ​ធ្វើ​អោយ​គេ​ស្លាប់​ដោយ​អចេតនា យើង​នឹង​បង្កើត​កន្លែង​មួយ សំរាប់​អោយ​គេ​រត់​ទៅ​ជ្រក​កោន​។ ១៤ ប៉ុន្តែ ប្រសិន​បើ​អ្នក​ណា​ម្នាក់​សម្លាប់​មនុស្ស​ដោយ​ចេតនា ទោះ​បី​គេ​រត់​មក​ជ្រក​នៅ​អាសនៈ​របស់​យើង​ក្ដី ក៏​ត្រូវ​យក​គេ​ចេញ​ទៅ​សម្លាប់​ដែរ​។

១៥ អ្នក​ណា​វាយ​មាតាបិតា អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។

 

១៦ អ្នក​ណា​ចាប់​មនុស្ស​យក​ទៅ​លក់ ឬ​ទុក​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។

១៧ អ្នក​ណា​ជេរ​ប្រទេចផ្ដាសា​មាតាបិតា អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។

 

ច្បាប់​ស្ដី​អំពី​ការ​ធ្វើ​អោយ​គេ​របួស

១៨ នៅ​ពេល​ឈ្លោះ​គ្នា ប្រសិន​បើ​ម្នាក់​យក​ដុំ​ថ្ម​គប់ ឬ​ដាល់​គូវិវាទ​របស់​ខ្លួន រហូត​ដល់​របួស​ធ្ងន់ តែ​មិន​ស្លាប់​ទេ ១៩ ហើយ​ប្រសិន​បើ​អ្នក​ របួស​នោះ​ងើប​ដើរ​ចេញ​ទៅ​ក្រៅ​បាន ដោយ​ប្រើ​ឈើ​ច្រត់ អ្នក​វាយ​គេ​មិន​ត្រូវ​ទទួល​ទោស​ទេ។ ប៉ុន្តែ គាត់​ត្រូវ​សង​ជំងឺ​ចិត្ត ព្រោះ​អ្នក​របួស​មិន​អាច​ធ្វើ​ការ​បាន គឺ​ត្រូវ​សង​ថ្លៃ​មើល​ជំងឺ​របស់​គេ រហូត​ដល់​ជា​សះស្បើយ​ផង​ដែរ។

 

២០ ប្រសិន​បើ​អ្នក​ណា​យក​ដំបង​វាយ​ខ្ញុំ​បំរើ​ប្រុស ឬ​ស្រី​របស់​ខ្លួន រហូត​ដល់​ស្លាប់​នៅ​នឹង​កន្លែង នោះ​គាត់​ត្រូវ​តែ​ទទួល​ទោស។ ២១ ប្រសិន​បើ​ខ្ញុំ​បំរើ​នោះ​រស់​បាន​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ ចៅ​ហ្វាយ​មិន​ត្រូវ​ទទួល​ទោស​ទេ ព្រោះ​ខ្ញុំ​បំរើ​នោះ​ជា​សម្បត្តិ​របស់​គាត់។

 

២២ ពេល​ឈ្លោះ​គ្នា ប្រសិន​បើ​មាន​ការ​ជ្រុលជ្រួស​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ បណ្ដាល​អោយ​នាង​រលូត​កូន តែ​គ្មាន​គ្រោះ​ថ្នាក់​អ្វី​ដល់​ជីវិត​នាង​ទេ អ្នក​បង្ក​គ្រោះ​ថ្នាក់​នោះ​ត្រូវ​សង​ជំងឺ​ចិត្ត តាម​ការ​ទាមទារ​របស់​ប្ដី​នាង ក្រោយ​ពេល​អាជ្ញា​កណ្ដាល​រក​ខុស​ត្រូវ​អោយ​​​។ ២៣ ប៉ុន្តែ បើ​ស្ត្រី​នោះ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ អ្នក​បង្ក​គ្រោះ​ថ្នាក់​ត្រូវ​តែ​ទទួល​ទោស: ជីវិត​សង​ដោយ​ជីវិត ២៤ ភ្នែក​សង​ដោយ​ភ្នែក ធ្មេញ​សង​ដោយ​ធ្មេញ ដៃ​សង​ដោយ​ដៃ ជើង​សង​ដោយ​ជើង ២៥ ស្នាម​រលាក​សង​ដោយ​ស្នាម​រលាក ស្នាម​របួស​សង​ដោយ​ស្នាម​របួស ស្នាម​ជាំ​សង​ដោយ​ស្នាម​ជាំ។

 

២៦ ប្រសិន​ បើ​អ្នក​ណា​វាយ​ខ្ញុំ​បំរើ​ប្រុស ឬ​ស្រី​របស់​ខ្លួន ធ្វើ​អោយ​គេ​ខ្វាក់​ភ្នែក​ម្ខាង អ្នក​នោះ​ត្រូវ​តែ​ផ្ដល់​សេរីភាព​អោយ​គេ ដើម្បី​សង​ជំងឺ​ចិត្ត ព្រោះ​តែ​ភ្នែក​ខ្វាក់។ ២៧ ប្រសិន​បើ​គាត់​ធ្វើ​ អោយ​ខ្ញុំ​បំរើ​ប្រុស ឬ​ស្រី​របស់​ខ្លួន បាក់​ធ្មេញ​មួយ គាត់​ត្រូវ​តែ​ផ្ដល់​សេរីភាព​អោយ​គេ ដើម្បី​សង​ជំងឺ​ចិត្ត ព្រោះ​តែ​ធ្មេញ​បាក់​នោះ។

 

២៨ ប្រសិន​ បើ​គោ​មួយ​ជល់​មនុស្ស​ប្រុស ឬ​ស្រី​ម្នាក់​ស្លាប់ ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​គោ​នោះ តែ​មិន​ត្រូវ​បរិភោគ​សាច់​វា​ឡើយ។ រីឯ​ម្ចាស់​គោ​គ្មាន​ទោស​អ្វី​ទេ។ ២៩ ប្រសិន​បើ​គោ​នោះ​តែងតែ ​ដើរ​ជល់​មនុស្ស ហើយ​មាន​គេ​ប្រាប់​ម្ចាស់​វា តែ​ម្ចាស់​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​មើល​វា​ទេ ប្រសិន​បើ​គោ​នោះ​ជល់​មនុស្ស ប្រុស ឬ​ស្រី​ម្នាក់​ស្លាប់ ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​គោ​នោះ រីឯ​ម្ចាស់​របស់​វា​ក៏​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់​ដែរ។ ៣០ ប្រសិន​បើ​គេ​ទាមទារ​អោយ​ម្ចាស់​​​​​គោ​បង់​ប្រាក់​លោះ​ជីវិត​ខ្លួន នោះ​គាត់​ត្រូវ​តែ​បង់​ប្រាក់​ទាំង​ប៉ុន្មាន​ដែល​គេ​បង្គាប់។ ៣១ ក្នុង​ករណី​ដែល​គោ​ជល់​កូន​ប្រុស ឬ​កូន​ស្រី​ក្ដី ក៏​ត្រូវ​យក​ច្បាប់​នេះ​មក​អនុវត្ត​ដែរ។ ៣២ ប្រសិន​បើ​គោ​ជល់​ខ្ញុំ ​បំរើ​ប្រុស ឬ​ស្រី ម្ចាស់​គោ​ត្រូវ​តែ​សង​ប្រាក់​សាមសិប​ដួង* ទៅ​អោយ​ចៅហ្វាយ​ជន​រង​គ្រោះ រីឯ​គោ​វិញ ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល។

 

៣៣ ប្រសិន​បើ​អ្នក​ណា​ទុក​អណ្ដូង​អោយ​នៅ​ចំហ ឬ​ជីក​អណ្ដូង តែ​មិន​បាន​គ្រប រួច​មាន​គោ ឬ​លា​ធ្លាក់​ទៅ​ក្នុង​អណ្ដូង​នោះ ៣៤ ម្ចាស់​អណ្ដូង​ត្រូវ​សង​តម្លៃ​សត្វ ជា​ប្រាក់​ទៅ​អោយ​ម្ចាស់​សត្វ ហើយ​ទុក​គោ​ងាប់​សំរាប់​ខ្លួន​ឯង។ ៣៥ ប្រសិន​បើ​គោ​របស់​នរណា ​ម្នាក់​ជល់​គោ​របស់​ម្នាក់​ទៀត រហូត​ដល់​ងាប់ នោះ​ត្រូវ​លក់​គោ​ដែល​នៅ​រស់​ចែក​ប្រាក់​គ្នា ហើយ​យក​សាច់​គោ​ងាប់​ចែក​គ្នា​ដែរ។ ៣៦ ប៉ុន្តែ ប្រសិន​បើ​ម្ចាស់​ដឹង​ថា គោ​របស់​ខ្លួន​ធ្លាប់​ជល់​គេ តែ​គាត់​មិន​យក​ចិត្ត​ទុក​ដាក់​មើល​វា​ទេ ម្ចាស់​គោ​ត្រូវ​តែ​សង​គោ​មួយ​ទៀត​ជំនួស​គោ​ដែល​ងាប់​នោះ ហើយ​ទុក​គោ​ងាប់​សំរាប់​ខ្លួន​ឯង។

 

ច្បាប់​ស្ដី​អំពី​ចោរ

៣៧(២២.១) ប្រសិន​បើ​អ្នក​ណា​លួច​គោ ឬ​ចៀម យក​​​​​ទៅ​សម្លាប់ ឬ​យក​ទៅ​លក់ អ្នក​នោះ​ត្រូវ​សង​គោ​មួយ​ជា​ប្រាំ និង​ចៀម​មួយ​ជា​បួន​ទៅ​អោយ​ម្ចាស់​សត្វ​វិញ។

១(២) ប្រសិន​បើ​គេ​សម្លាប់​ចោរ​ដែល​គេ​ទាន់​កំពុង​តែ​លួច នៅ​ពេល​​​​​​​យប់ អ្នក​សម្លាប់​ចោរ​នោះ​មិន​ត្រូវ​មាន​ទោស​ឡើយ។ ២(៣) ប៉ុន្តែ បើ​ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ពេល​ថ្ងៃ អ្នក​សម្លាប់​ចោរ​នឹង​ត្រូវ​មាន​ទោស។ ត្រូវ​ពិន័យ​ចោរ តែ​បើ​ចោរ​នោះ​គ្មាន​អ្វី​បង់​ទេ ត្រូវ​លក់​គេ​ជា​ទាសករ។ ៣(៤) ប្រ​សិន​​​បើ​គេ​រក​ឃើញ​គោ លា ឬ​ចៀម​នៅ​រស់​ក្នុង​ដៃ​ចោរ ចោរ​ត្រូវ​តែ​សង​សត្វ​នោះ​វិញ​មួយ​ជា​ពីរ។

 

ច្បាប់​ការពារ​កម្មសិទ្ធិ

៤(៥) ប្រសិន​បើ​អ្នក​ណា​បណ្ដោយ ​អោយ​ហ្វូង​សត្វ​របស់​ខ្លួន ទៅ​ស៊ី​បំផ្លាញ​ស្រែ ឬ​ចំការ​ទំពាំងបាយជូរ​របស់​អ្នក​ដទៃ អ្នក​នោះ​ត្រូវ​យក​ភោគផល​ដ៏​ល្អ​បំផុត​ពី​ស្រែ និង​ពី​ចំការ​ទំពាំងបាយជូរ​របស់​ខ្លួន​ទៅ​សង​គេ​វិញ។

 

៥(៦) ប្រសិន​បើ ​អ្នក​ណា​ដុត​គុម្ព​បន្លា ធ្វើ​អោយ​ភ្លើង​រាល​ទៅ​ឆេះ​កណ្ដាប់​ស្រូវ ឬ​ឆេះ​ស្រូវ​ទុំ ឬ​មិន​ទាន់​ទុំ​ក្ដី អ្នក​នោះ​ត្រូវ​តែ​បង់​ជំងឺ​ចិត្ត​ទៅ​អោយ​ម្ចាស់​ស្រែ។

៦(៧) បើ​អ្នក​ ណា​ផ្ញើ​ប្រាក់ ឬ​វត្ថុ​អ្វី​ផ្សេង​ទៀត​អោយ​អ្នក​ដទៃ​ថែរក្សា ហើយ​មាន​ចោរ​លួច​របស់​ទាំង​នោះ​ពី​ផ្ទះ​អ្នក​ថែរក្សា ប្រសិន​បើ​គេ​ចាប់​ចោរ​បាន ចោរ​នោះ​ត្រូវ​សង​របស់​គេ​មួយ​ជា​ពីរ​។​​ ៧(៨) ប្រសិន​បើ​ចាប់​ចោរ​មិន​ បាន​ទេ នោះ​ត្រូវ​នាំ​ម្ចាស់​ផ្ទះ​ទៅ​ស្បថ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​ថា គាត់​មិន​បាន​បន្លំ​យក​ទ្រព្យសម្បត្តិ​របស់​គេ​ឡើយ។

៨(៩) បើ​នរណា​ ម្នាក់​បាត់​គោ លា កូន​ចៀម អាវ​ធំ ឬ​វត្ថុ​អ្វី​ផ្សេង​ទៀត ហើយ​មាន​ម្នាក់​ទៀត​ប្រកាន់​ថា​ជា​របស់​ខ្លួន ក្នុង​ករណី​ដណ្ដើម​កម្មសិទ្ធិ​គ្នា អ្នក​ទាំង​ពីរ​ត្រូវ​នាំ​គ្នា​ទៅ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់។ អ្នក​ដែល​ព្រះអង្គ​ប្រកាស​ថា​មាន​កំហុស ត្រូវ​សង​ទៅ​ម្ចាស់​របស់​មួយ​ជា​ពីរ។

 

៩(១០) បើ​អ្នក ​ណា​ម្នាក់​យក​លា គោ កូន​ចៀម ឬ​សត្វ​ដទៃ​ទៀត ទៅ​ផ្ញើ​អ្នក​ដទៃ​មើល​អោយ រួច​សត្វ​នោះ​ងាប់ ឬ​របួស ឬ​ត្រូវ​គេ​លួច​យក​ទៅ ដោយ​គ្មាន​នរណា​ឃើញ ១០(១១) ទាំង​អ្នក​ផ្ញើ​សត្វ ទាំង​អ្នក​ទទួល​បញ្ញើ ត្រូវ​នាំ​គ្នា​ទៅ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ហើយ​អ្នក​ទទួល​បញ្ញើ​ត្រូវ​ស្បថ​ថា គាត់​មិន​បាន​ធ្វើ​អ្វី​ប៉ះពាល់​សត្វ​របស់​គេ​ឡើយ។ ម្ចាស់​សត្វ​ត្រូវ​តែ​ទទួល​យក​ពាក្យ​សម្បថ​នេះ រីឯ​អ្នក​ទទួល​បញ្ញើ​ក៏​មិន​ត្រូវ​សង​ជំងឺ​ចិត្ត​ដែរ។ ១១(១២) ផ្ទុយ​ទៅ​វិញ បើ​មាន​ចោរ​លួច​សត្វ​នោះ​នៅ​ផ្ទះ​របស់​អ្នក​ទទួល​បញ្ញើ គាត់​ត្រូវ​តែ​សង​ជំងឺ​ចិត្ត​ទៅ​ម្ចាស់​សត្វ។ ១២(១៣) ប្រសិន​បើ​សត្វ​នោះ​ ងាប់​ដោយសារ​សត្វ​ព្រៃ​ហែក​ស៊ី អ្នក​ទទួល​បញ្ញើ​ត្រូវ​យក​ចំណែក ដែល​នៅ​សល់​មក​ធ្វើ​ជា​ភស្ដុតាង ហើយ​គាត់​មិន​ត្រូវ​សង​ជំងឺ​ចិត្ត​ទេ។

 

១៣(១៤) ប្រសិន​ បើ​អ្នក​ណា​ខ្ចី​សត្វ​ពាហនៈ​ពី​អ្នក​ជិត​ខាង​ខ្លួន ហើយ​សត្វ​នោះ​ត្រូវ​របួស ឬ​ងាប់ ពេល​ម្ចាស់​មិន​នៅ អ្នក​នោះ​ត្រូវ​តែ​សង​ជំងឺ​ចិត្ត។ ១៤(១៥)ប៉ុន្តែ បើ​ម្ចាស់​នៅ​ជា​មួយ​ដែរ នោះ​អ្នក​ខ្ចី​មិន​ត្រូវ​សង​អ្វី​ទេ។ ប្រសិន​បើ​គាត់​ជួល​សត្វ​នោះ​មក គាត់​ត្រូវ​តែ​បង់​ថ្លៃ​ឈ្នួល។

 

ច្បាប់​សីលធម៌​ផ្សេងៗ

១៥(១៦) បើ​អ្នក​ណា​ល្បួង​ ស្ត្រី​ក្រមុំ​ដែល​មិន​ទាន់​មាន​គូ​ដណ្ដឹង ហើយ​រួមរ័ក​ជា​មួយ​នាង អ្នក​នោះ​ត្រូវ​បង់​បណ្ដា​ការ រួច​យក​នាង​ធ្វើ​ជា​ភរិយា។ ១៦(១៧) ប្រសិន​បើ​ឪពុក​នាង​ប្រកែក​ដាច់​ខាត​មិន​ព្រម​លើក​នាង​អោយ​ទេ អ្នក​នោះ​ត្រូវ​បង់​ប្រាក់​តាម​តម្លៃ​បណ្ដា​ការ សំរាប់​ស្ត្រី​ក្រមុំ។

១៧(១៨) មិន​ត្រូវ​ទុក​អោយ​ស្ត្រី​អាបធ្មប់​នៅ​រស់​ឡើយ។

១៨(១៩) អ្នក​រួមរ័ក​ជា​មួយ​សត្វ ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត។

១៩(២០) អ្នក​ដែល​ថ្វាយ​យញ្ញបូជា​ដល់​ព្រះ​ដទៃ ក្រៅ​ពី​ព្រះ​អម្ចាស់ ត្រូវ​តែ​សម្លាប់​ចោល។

២០(២១) មិន​ត្រូវ​ជិះជាន់ ឬ​សង្កត់សង្កិន​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស​នៅ​ស្រុក​អេស៊ីប​ដែរ។

២១(២២) មិន​ត្រូវ​ធ្វើ​បាប​ស្ត្រី​មេម៉ាយ ឬ​ក្មេង​កំព្រា​ឡើយ។ ២២​(២៣) ប្រសិន​បើ​អ្នក​ធ្វើ​បាប​ពួក​គេ ហើយ​ពួក​គេ​ស្រែក​ហៅ​យើង យើង​ប្រាកដ​ជា​ស្ដាប់​សំរែក​របស់​ពួក​គេ។ ២៣(២៤) យើង​នឹង​ខឹង​អ្នក​រាល់ គ្នា​យ៉ាង​ខ្លាំង យើង​នឹង​ប្រហារ​អ្នក​រាល់​គ្នា​ដោយ​មុខ​ដាវ ប្រពន្ធ​របស់​អ្នក​រាល់​គ្នា​ នឹង​ទៅ​ជា​ស្ត្រី​មេម៉ាយ ហើយ​កូន​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ក្មេង​កំព្រា។

 

២៤(២៥) ប្រសិន​បើ​ អ្នក​អោយ​ជន​ទុគ៌ត​ណា​ម្នាក់ ក្នុង​ចំណោម​ប្រជាជន​របស់​យើង​ខ្ចី​ប្រាក់ មិន​ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​ដូច​ជា​អ្នក​ចង​ការ​ប្រាក់​ឡើយ គឺ​កុំ​ទារ​ការ​ប្រាក់​ពី​គេ​ជា​ដាច់​ខាត។

 

២៥(២៦) ប្រសិន​បើ​អ្នក​រាល់​គ្នា​ទទួល​អាវ​ធំ​ដែល​អ្នក​ដទៃ​យក​មក​​បញ្ចាំ ត្រូវ​ប្រគល់​ទៅ​គេ​វិញ​មុន​ពេល​ថ្ងៃ​លិច ២៦(២៧) ដ្បិត​អ្នក​នោះ​គ្មាន​ អ្វី​ផ្សេង​ទៀត​ដណ្ដប់​ទេ បើ​គ្នា​គ្មាន​អាវ​ធំ តើ​បាន​អ្វី​ដណ្ដប់​នៅ​ពេល​ដេក? ប្រសិន​បើ​គេ​ស្រែក​រក​យើង យើង​នឹង​ស្ដាប់​ពាក្យ​គេ ដ្បិត​យើង​មាន​ចិត្ត​អាណិត​មេត្តា។

២៧(២៨) មិន​ត្រូវ​ជេរ​ប្រមាថ​ព្រះជាម្ចាស់ ហើយ​ក៏​មិន​ត្រូវ​ប្រ​ទេច​​ផ្ដាសា​អ្នក​ដឹក​នាំ​ប្រជាជន​របស់​អ្នក​ដែរ។

 

២៨(២៩) ត្រូវ​យក​ភោគផល​ដំបូង​នៃ​ស្រែ​ចំការ​របស់​អ្នក​មក​អោយ​យើង កុំ​បី​អាក់ខាន​ឡើយ។ ត្រូវ​ញែក​កូន​ប្រុស​ច្បង​របស់​អ្នក​ទុក​សំរាប់​យើង។ ២៩(៣០) រីឯ​កូន​ដំបូង​របស់​គោ និង​ចៀម ក៏​ត្រូវ​ញែក​ទុក​អោយ​យើង​ដែរ។ ត្រូវ​ទុក​កូន​គោ ឬ​កូន​ចៀម​អោយ​នៅ​ជា​មួយ​មេ​វា ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំ​បី ត្រូវ​យក​មក​អោយ​យើង។

៣០(៣១) យើង​ ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​មនុស្ស​ដ៏វិសុទ្ធ ដូច្នេះ មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ដែល​សត្វ​ព្រៃ​ហែក​ស៊ី​នោះ​ឡើយ តែ​ត្រូវ​បោះ​សាច់​នោះ​ទៅ​អោយ​ឆ្កែ​ស៊ី​វិញ។

ច្បាប់​ដែល​ទាក់ទង​នឹង​ការ​កាត់​ក្ដី

១ កុំ​ផ្សព្វ​ផ្សាយ​រឿង​មិន​ពិត ហើយ​ក៏​កុំ​ធ្វើ​ជា​សាក្សី​ក្លែងក្លាយ ដើម្បី​ជួយ​មនុស្ស​អាក្រក់​ដែរ។ ២ កុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​ មនុស្ស​ភាគ​ច្រើន ដើម្បី​សំរេច​ការ​អាក្រក់​ឡើយ កុំ​ទុក​អោយ​មនុស្ស​ភាគ​ច្រើន​ទាក់ទាញ​អ្នក​ធ្វើ​ជា​សាក្សី​ក្លែងក្លាយ បង្វែរ​យុត្តិធម៌​អោយ​សោះ។ ៣ នៅ​ពេល​កាត់​ក្ដី មិន​ត្រូវ​យោគយល់​ដល់​អ្នក​ណា​ទាំង​អស់ ទោះ​បី​អ្នក​នោះ​ជា​អ្នក​ក្រីក្រ​ក៏​ដោយ។

 

៤ ប្រសិន​បើ​អ្នក​ប្រទះ​ឃើញ​គោ ឬ​លា​របស់​សត្រូវ​វង្វេង នោះ​ត្រូវ​តែ​នាំ​វា​ទៅ​អោយ​ម្ចាស់​វា​វិញ។ ៥ បើ​អ្នក​ឃើញ​លា​របស់​ជន​ ដែល​ស្អប់​អ្នក​ទន់​ជង្គង់​ដួល ព្រោះ​តែ​ផ្ទុក​ធ្ងន់​ពេក នោះ​មិន​ត្រូវ​ធ្វើ​ព្រងើយ​ទេ គឺ​ត្រូវ​តែ​ជួយ​គេ​រៀបចំ​ឥវ៉ាន់​នៅ​លើ​សត្វ​នោះ​ផង។

 

៦ នៅ​ពេល​កាត់​ក្ដី មិន​ត្រូវ​រំលោភ​លើ​សិទ្ធិ​របស់​ជន​ក្រីក្រ​ឡើយ។ ៧ កុំ​យក​ចិត្ត​ទុក​ដាក់​ ស្ដាប់​ពាក្យ​ចោទ​ប្រកាន់​មិន​ពិត ហើយ​ក៏​មិន​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់ និង​ជន​សុចរិត​ដែរ ដ្បិត​យើង​មិន​ចាត់​ទុក​មនុស្ស​អាក្រក់ ថា​ជា​មនុស្ស​សុចរិត​ឡើយ។ ៨ កុំ​ទទួល​សំណូក ដ្បិត​សំណូក​រមែង​ធ្វើ​អោយ​មនុស្ស​ភ្លឺ​ទៅ​ជា​ខ្វាក់ ព្រម​ទាំង​ធ្វើ​អោយ​មនុស្ស​សុចរិត​ចាញ់​ក្ដី។

 

៩ កុំ​ សង្កត់សង្កិន​ជន​បរទេស​ឡើយ អ្នក​រាល់​គ្នា​ធ្លាប់​ស្គាល់​ការ​រស់​នៅ​ជា​ជន​បរទេស​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស ក្នុង​ស្រុក​អេស៊ីប​ដែរ។

 

ច្បាប់​សំរាប់​ពិធី​បុណ្យ​ផ្សេងៗ

១០ ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ អ្នក​អាច​សាប​ព្រោះ និង​ប្រមូល​ផល​ពី​ស្រែ​ចំការ​របស់​អ្នក​បាន។ ១១ ប៉ុន្តែ នៅ​ឆ្នាំ​ទី​ប្រាំពីរ​ត្រូវ​ទុក​ដី​នៅ​ទំនេរ ដើម្បី​អោយ​ជន​ក្រីក្រ ក្នុង​ចំណោម​ប្រជាជន​របស់​អ្នក អាច​រក​អាហារ​ពី​ដី​ទាំង​នោះ ហើយ​សត្វ​ព្រៃ​នឹង​មក​ស៊ី​អ្វីៗ​ដែល​នៅ​សេសសល់។ ត្រូវ​ធ្វើ​បែប​នេះ​ចំពោះ​ចំការ​ទំពាំងបាយជូរ និង​ចំការ​អូលីវ​របស់​អ្នក​ដែរ។

១២ ក្នុង​ រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ អ្នក​អាច​ធ្វើ​ការងារ​របស់​អ្នក​បាន ប៉ុន្តែ នៅ​ថ្ងៃ​ទី​ប្រាំពីរ អ្នក​ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ* ដើម្បី​អោយ​គោ និង​លា​របស់​អ្នក​បាន​សំរាក ហើយ​អោយ​ខ្ញុំ​បំរើ និង​ជន​បរទេស​បាន​សំរាក​ដែរ។

 

១៣ ចូរ​ ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​បាន​បង្គាប់​អ្នក​រាល់​គ្នា ហើយ​មិន​ត្រូវ​បន់ស្រន់​ដល់​ព្រះ​ដទៃ​ឡើយ សូម្បី​តែ​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ​ក៏​មិន​ត្រូវ​ឮ​ពី​មាត់​របស់​អ្នក​រាល់ ​គ្នា​ផង។

 

១៤ ក្នុង​មួយ​ឆ្នាំ ត្រូវ​ធ្វើ​ពិធី​បុណ្យ​បី​ដង ដើម្បី​គោរព​យើង។ ១៥ ត្រូវ​ធ្វើ​ពិធី​បុណ្យ​ នំបុ័ង​ឥត​មេ គឺ​អ្នក​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ​ចំនួន​ប្រាំពីរ​ថ្ងៃ នៅ​ខែ​ចេត្រ ដូច​យើង​បាន​បង្គាប់ និង​កំណត់​ទុក ព្រោះ​នៅ​ខែ​នោះ អ្នក​បាន​ចេញ​ពី​ស្រុក​អេស៊ីប។ ក្នុង​ឱកាស​បុណ្យ​នោះ មិន​ត្រូវ​ចូល​មក​រក​យើង ដោយ​ដៃ​ទទេ​ឡើយ។ ១៦ បន្ទាប់​មក អ្នក​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ចំរូត នៅ​ពេល​អ្នក​ចាប់​ផ្ដើម​ច្រូត​កាត់​ផល​ដំបូង​ពី​ស្រែ​ចំការ ដែល​អ្នក​បាន​សាប​ព្រោះ។ ចុង​ឆ្នាំ ត្រូវ​ធ្វើ​ពិធី​បុណ្យ​ប្រមូល​ភោគផល នៅ​ពេល​អ្នក​បាន​ប្រមូល​ផល​ដំណាំ​របស់​អ្នក​រួច​រាល់​អស់​ហើយ។ ១៧ រៀង​រាល់​ឆ្នាំ ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​ប្រជាជន ត្រូវ​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាអម្ចាស់ ជា​ព្រះ​របស់​អ្នក ចំនួន​បី​ដង។

១៨ មិន​ ត្រូវ​យក​នំបុ័ង​មាន​មេ​មក​ថ្វាយ​ជា​មួយ​ឈាម​នៃ​យញ្ញ​បូជា​ឡើយ ហើយ​ក៏​មិន​ត្រូវ​រក្សា​ទុក​ខ្លាញ់​នៃ​យញ្ញបូជា រហូត​ដល់​ព្រឹក​ស្អែក​ដែរ។ ១៩ ចូរ​នាំ​យក​ភោគផល​ដំបូង​បង្អស់ នៃ​ដំណាំ​របស់​អ្នក​រាល់​គ្នា មក​ថ្វាយ​ក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។

 

ពាក្យ​ទូន្មាន​មុន​បន្ត​ដំណើរ

២០ យើង​នឹង​ចាត់​ទេវទូត*​ មួយ​រូប​អោយ​ដើរ​នៅ​មុខ​អ្នក ដើ​ម្បី​​​​ការពារ​អ្នក​នៅ​តាម​ផ្លូវ។ ទេវទូត​នឹង​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​រៀបចំ​ទុក​សំរាប់​អ្នក។ ២១ អ្នក​ត្រូវ​តែ​យក​ចិត្ត ​ទុក​ដាក់​ស្ដាប់​បង្គាប់​ទេវទូត ហើយ​មិន​ត្រូវ​ធ្វើ​អ្វី​ប្រឆាំង​នឹង​លោក​ឡើយ។ បើ​អ្នក​បះបោរ ទេវទូត​មិន​អត់ទោស​អោយ​ទេ ដ្បិត​លោក​ជា​តំណាង​របស់​យើង។ ២២ ប្រសិន​បើ​អ្នក​ស្ដាប់​ បង្គាប់​ទេវទូត ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​អ្នក នោះ​យើង​នឹង​ធ្វើ​ជា​សត្រូវ​ប្រឆាំង​នឹង​សត្រូវ​របស់​អ្នក ហើយ​យើង​ក៏​ធ្វើ​ជា​បច្ចាមិត្ត​ប្រឆាំង​នឹង​បច្ចាមិត្ត​របស់​អ្នក​ដែរ។ ២៣ ទេវ​ទូត​​របស់​យើង​នឹង​ដើរ ​ពី​មុខ​អ្នក ហើយ​នាំ​អ្នក​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ហេត ជន​ជាតិ​ពេរីស៊ី ជន​ជាតិ​កាណាន ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស។ យើង​នឹង​បំផ្លាញ​អ្នក​ទាំង​នោះ​អោយ​វិនាស​សូន្យ។

 

២៤ នៅ​ពេល​នោះ អ្នក​មិន​ត្រូវ​ក្រាប​ថ្វាយបង្គំ​ព្រះ​របស់​ពួក​គេ​ឡើយ ហើយ​ក៏​មិន​ត្រូវ​គោរព​បំរើ​ព្រះ​ទាំង​នោះ​ដែរ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​តាម​ពួក​គេ​ទេ ផ្ទុយ​ទៅ​វិញ ត្រូវ​បំផ្លាញ​ព្រះ​ទាំង​នោះ ព្រម​ទាំង​កំទេច​ស្ដូប​របស់​គេ​ផង។ ២៥ អ្នក​រាល់​គ្នា​ត្រូវ​គោរព​បំរើ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​ព្រះអង្គ​នឹង​ប្រទាន​ពរ​អោយ​អ្នក​រាល់​គ្នា​មាន​អាហារ និង​ទឹក។ យើង​នឹង​ការពារ​អ្នក​មិន​អោយ​មាន​ជំងឺ​ឈឺថ្កាត់​ឡើយ។ ២៦ ក្នុង​ស្រុក​របស់​អ្នក​នឹង​គ្មាន​ស្ត្រី​រលូត​កូន ឬ​ស្ត្រី​អារ​ឡើយ ហើយ​យើង​នឹង​អោយ​អ្នក​មាន​អាយុ​យឺនយូរ​ទៀត​ផង។

 

២៧ មុន​ពេល ​អ្នក​ទៅ​ដល់ យើង​នឹង​ធ្វើ​អោយ​ជាតិ​សាសន៍​ទាំង​អស់​ញ័រ​រន្ធត់ យើង​នឹង​ធ្វើ​អោយ​ខ្មាំង​សត្រូវ​របស់​អ្នក បាក់​ទ័ព រត់​ប្រាស​អាយុ។ ២៨ យើង​នឹង​ចាត់​សត្វ​ឪម៉ាល់ អោយ​ទៅ​មុន​អ្នក ដើម្បី​ដេញ​កំចាត់​ជន​ជាតិ​ហេវី ជន​ជាតិ​កាណាន និង​ជន​ជាតិ​ហេត ចេញ​ឆ្ងាយ​ពី​អ្នក។ ២៩ យើង​នឹង​មិន​បណ្ដេញ​ពួក ​គេ​អោយ​អស់ ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ​ទេ ក្រែង​លោ​ទឹក​ដី​ក្លាយ​ទៅ​ជា​ទី​ស្មសាន ហើយ​មាន​សត្វ​ព្រៃ​រស់​នៅ​កាន់​តែ​ច្រើន​ឡើងៗ នាំ​តែ​បង្ក​ការ​លំបាក​ដល់​អ្នក។ ៣០ យើង​នឹង​បណ្ដេញ​ពួក​គេ​ ចេញ​ពី​មុខ​អ្នក បន្តិច​ម្ដងៗ រហូត​ទាល់​តែ​អ្នក​កើន​ចំនួន​ច្រើន​ឡើង ល្មម​នឹង​កាន់​កាប់​ទឹក​ដី​នោះ​ជា​កម្មសិទ្ធិ​បាន។

 

៣១ យើង​នឹង ​កំណត់​ព្រំប្រទល់​ស្រុក​របស់​អ្នក ដែល​លាត​សន្ធឹង​ពី​សមុទ្រ​កក់ រហូត​ដល់​សមុទ្រ​មេឌីទែរ៉ាណេ ពី​វាល​រហោស្ថាន​ស៊ីណៃ រហូត​ដល់​ទន្លេ​អឺប្រាត។ យើង​នឹង​ប្រគល់​ប្រជាជន​នៅ​តំបន់​នោះ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា ហើយ​​​អ្នក​ត្រូវ​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក។ ៣២ កុំ​ចង​សម្ពន្ធ​មេត្រី​ជា​មួយ​ពួក​គេ ឬ​ជា​មួយ​ព្រះ​ទាំងឡាយ​របស់​ពួក​គេ​ឡើយ។ ៣៣ មិន​ត្រូវ​ទុក​អោយ​ជាតិ ​សាសន៍​ទាំង​នោះ រស់​នៅ​ក្នុង​ស្រុក​របស់​អ្នក​ឡើយ ក្រែង​លោ​គេ​នាំ​អ្នក​អោយ​ប្រព្រឹត្ត​អំពើ​បាប​ប្រ​ឆាំង​​​នឹង​យើង។ បើ​អ្នក​គោរព​បំរើ​ព្រះ​របស់​ពួក​គេ នោះ​អ្នក​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​គេ​ជា​មិន​ខាន។

ព្រះជាម្ចាស់​ចង​សម្ពន្ធមេត្រី​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល

១ ព្រះជាម្ចាស់​មាន​ ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​នាំ​អរ៉ុន ណាដាប អប៊ីហ៊ូ និង​ព្រឹទ្ធាចារ្យ​របស់​ជន​ជាតិ​អ៊ីស្រាអែល ចំនួន​ចិតសិប​នាក់ ឡើង​មក​ជួប​ព្រះអម្ចាស់​នៅ​លើ​ភ្នំ។ ចូរ​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ពី​ចម្ងាយ។ ២ មាន​តែ​ម៉ូសេ​ម្នាក់​ប៉ុណ្ណោះ ដែល​អាច​មក​ជិត​ព្រះអម្ចាស់​បាន។ អ្នក​ឯ​ទៀតៗ​ពុំ​អាច​មក​ជិត​បាន​ទេ ហើយ​ប្រជាជន​ក៏​មិន​ត្រូវ​ឡើង​​មក​លើ​ភ្នំ​ជា​មួយ​ម៉ូសេ​ដែរ»។

 

៣ លោក​ម៉ូសេ​ក៏​នាំ​ព្រះបន្ទូល និងច្បាប់​ទាំង​ប៉ុន្មាន​របស់​ព្រះ​អម្ចាស់​មក​ប្រាប់​ប្រជាជន។ ប្រជាជន​ទាំង​មូល​ឆ្លើយ​ព្រម​គ្នា​ឡើង​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​​​​​​ព្រះអម្ចាស់​មាន​ព្រះបន្ទូល»។ ៤ លោក​ម៉ូសេ​បាន​កត់ត្រា​ទុក​នូវ​ព្រះបន្ទូល​ទាំង​ប៉ុន្មាន​របស់​ព្រះអម្ចាស់។ ស្អែក​ឡើង លោក​ក្រោក​ពី​ព្រលឹម លោក​សង់​អាសនៈ​មួយ​នៅ​ជើង​ភ្នំ និង​បញ្ឈរ​ស្ដូប​ដប់ពីរ ជា​តំណាង​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​ដប់ពីរ។ ៥ ​បន្ទាប់​មក លោក​ចាត់​ពួក​យុវជន​អ៊ីស្រាអែល​អោយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ហើយ​សម្លាប់​គោ​បា​ធ្វើ​ជា​យញ្ញបូជា​មេត្រីភាព​ថ្វាយ​ព្រះអម្ចាស់។ ៦ លោក​ម៉ូសេ​យក​ឈាម​ពាក់​កណ្ដាល​ចាក់​ទៅ​ក្នុង​ផើង ហើយ​ពាក់​កណ្ដាល​ទៀត ប្រោះ​ទៅ​លើ​អាសនៈ។ ៧ បន្ទាប់​មក លោក​យក​គម្ពីរ​នៃ​សម្ពន្ធមេត្រី​មក​អាន​អោយ​ប្រ​ជា​ជន​ស្ដាប់ ហើយ​ពួក​គេ​ពោល​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ប្រតិបត្តិ និង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល»។ ៨​ លោក​ម៉ូសេ​យក​ឈាម​ទៅ​ប្រោះ​លើ​ប្រជាជន ទាំង​ពោល​ថា៖​«នេះ​ជា​ឈាម​នៃ​សម្ពន្ធមេត្រី​ដែល​ព្រះអម្ចាស់​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា ដោយ​មាន​ព្រះបន្ទូល​ទាំង​នេះ​ជា​កិច្ច​ព្រម​ព្រៀង»។ ៩ លោក​ម៉ូសេ ​ឡើង​ទៅ​លើ​ភ្នំ​ជា​មួយ​លោក​អរ៉ុន លោក​ណាដាប និង​លោក​អប៊ីហ៊ូ ព្រម​ទាំង​ព្រឹទ្ធាចារ្យ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​ចិតសិប​នាក់។ ១០ ពួក​លោក​បាន​ឃើញ​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ នៅ​ក្រោម​ព្រះបាទា​ព្រះអង្គ មាន​ដូច​ជា​ត្បូង​កណ្ដៀង​សុទ្ធ ភ្លឺ​ថ្លា​ដូច​ផ្ទៃ​មេឃ។ ១១ ព្រះជាម្ចាស់​ពុំ​បាន​ ប្រហារ​វរជន​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទេ។ អស់​លោក​ទាំង​នោះ​បាន​ឃើញ​ព្រះជាម្ចាស់ ហើយ​នាំ​គ្នា​ធ្វើ​ពិធី​ជប់លៀង។ ១២ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ឡើង​មក​រក​យើង​នៅ​លើ​ភ្នំ ហើយ​រង់ចាំ​នៅ​ទី​នេះ​សិន យើង​នឹង​ប្រគល់​បន្ទះ​ថ្ម​អោយ​អ្នក នៅ​លើ​បន្ទះ​ថ្ម យើង​បាន​ចារឹក​វិន័យ និង​បទ​បញ្ជា ដែល​អ្នក​ត្រូវ​យក​ទៅ​បង្រៀន​ប្រជាជន»។ ១៣​លោក​ម៉ូសេ ​ក៏​ឡើង​ទៅ​លើ​ភ្នំ​របស់​ព្រះជាម្ចាស់​ជា​មួយ​លោក​យ៉ូស៊ូអា​​ ជា​សហការី​របស់​លោក។ ១៤ លោក​ផ្ដាំ​ ព្រឹទ្ធាចារ្យ​ថា៖ «សូម​អស់​លោក​រង់ចាំ​នៅ​ទី​នេះ រហូត​ដល់​ពួក​យើង​ត្រឡប់​មក​វិញ។ លោក​អរ៉ុន និង​លោក​ហួរ នៅ​ទី​នេះ​ជា​មួយ​អស់​លោក ប្រសិន​បើ​អ្នក​ណា​មាន​បញ្ហា​អ្វី​ដែល​ត្រូវ​ដោះ​ស្រាយ ត្រូវ​អោយ​អ្នក​នោះ​ទៅ​ជួប​លោក​ទាំង​ពីរ​ចុះ»។ ១៥ លោក​ម៉ូសេ​ឡើង​ទៅ​លើ​ភ្នំ ពេល​នោះ មាន​ពពក​មក​គ្រប​បាំង​លើ​ភ្នំ។ ១៦ សិរីរុងរឿង​របស់​ព្រះអម្ចាស់​ស្ថិត​នៅ​លើ​ភ្នំ​ស៊ីណៃ ហើយ​ពពក​គ្រប​បាំង​លើ​ភ្នំ​អស់​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំពីរ ព្រះអម្ចាស់​ត្រាស់​ហៅ​លោក​ម៉ូសេ​ពី​ក្នុង​ពពក។ ១៧ ជន​ជាតិ​អ៊ីស្រាអែល​ឃើញ​សិរីរុងរឿង​របស់​ព្រះអម្ចាស់ ដូច​ជា​ភ្លើង​ឆេះ​សន្ធោសន្ធៅ​នៅ​លើ​កំពូល​ភ្នំ។ ១៨ លោក​ម៉ូសេ​ចូល​ទៅ​ក្នុង​ពពក ហើយ​ឡើង​លើ​ភ្នំ។ លោក​ស្ថិត​នៅ​លើ​ភ្នំ​អស់​រយៈ​ពេល​សែសិប​ថ្ងៃ សែសិប​យប់។

 

គំរោង​សំណង់​ព្រះពន្លា

 

ព្រះជាម្ចាស់​បង្គាប់​អោយ​សង់​ព្រះពន្លា

១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២ «ចូរ​ប្រាប់​ជន​ជាតិ​ អ៊ីស្រាអែល​អោយ​យក​តង្វាយ ដែល​គេ​បាន​ញែក​ទុក មក​ថ្វាយ​យើង។ ត្រូវ​ទទួល​យក​តង្វាយ​ពី​អ្នក​ដែល​ថ្វាយ ដោយ​ស្ម័គ្រ​ចិត្ត។ ៣ តង្វាយ​ដែល​អ្នក​ត្រូវ​ទទួល​ពី​គេ គឺ​មាស ប្រាក់ លង្ហិន ៤ ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ ក្រណាត់​ទេសឯក ក្រណាត់​ធ្វើ​ពី​រោម​ពពែ ៥ ស្បែក​ពពែ​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត និង​ឈើ​នាងនួន ៦ ប្រេង​សំរាប់​ដុត​បំភ្លឺ ប្រេង​ក្រអូប​សំរាប់​ពិធី​លាប​ប្រេង និង​គ្រឿង​ក្រអូប​សំរាប់​ដុត ៧ ត្បូង​មណីជោតិរស និង​ត្បូង​ដ៏​មាន​តម្លៃ​ផ្សេងៗ សំរាប់​ដាំ​នៅ​លើ​អាវ​អេផូដ* និង​សំរាប់​លំអ​ដើម​ទ្រូង​បូជាចារ្យ។ ៨ ពួក​គេ​ត្រូវ​សង់​ទីសក្ការៈ​មួយ​សំរាប់​យើង ដើម្បី​អោយ​យើង​ស្នាក់​នៅ​ក្នុង​ចំណោម​ពួក​គេ។ ៩ អ្នក​រាល់​គ្នា​ត្រូវ​សង់​ព្រះពន្លា និង​ធ្វើ​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន តាម​គំរូ​ដែល​យើង​នឹង​បង្ហាញ​អ្នក»។

 

ហិប​នៃ​សម្ពន្ធមេត្រី

១០ ពួក​គេ​ត្រូវ​ធ្វើ​ហិប​មួយ​ពី​ឈើ​នាងនួន ហិប​នោះ​មាន​បណ្ដោយ​​​​​​ពីរ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កំពស់​មួយ​ហត្ថ​កន្លះ។ ១១ ត្រូវ​យក​មាស​សុទ្ធ​ស្រោប​ហិប​នោះ ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ហើយ​គែម​ដែល​ព័ទ្ធ​ជុំវិញ ក៏​ត្រូវ​ធ្វើ​ពី​មាស​ដែរ។ ១២ ត្រូវ​ធ្វើ​កង​មាស​បួន ដាក់​ភ្ជាប់​ទៅ​នឹង​មុម​ទាំង​បួន គឺ​ម្ខាង​ពីរៗ។ ១៣ ត្រូវ​យក​ឈើ​នាងនួន​មក​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោប​មាស​ផង។ ១៤ ត្រូវ​ស៊ក​ឈើ​ស្នែង​ទៅ​ក្នុង​កង​ដែល​នៅ​សង​ខាង​ហិប ដើម្បី​សែង​ហិប​នោះ។ ១៥ ឈើ​ស្នែង​ត្រូវ​នៅ​ជាប់​នឹង​កង​របស់​ហិប​ជានិច្ច មិន​ត្រូវ​ដក​ចេញ​ឡើយ។ ១៦ ចូរ​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា​របស់​សម្ពន្ធមេត្រី* ដែល​យើង​អោយ​ដល់​អ្នក​ក្នុង​ហិប​នេះ។ ១៧ ត្រូវ​អោយ​គេ​ធ្វើ​គំរប​ហិប​ពី​មាស​សុទ្ធ ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ​កន្លះ និង​ទទឹង​មួយ​ហត្ថ​កន្លះ។ ១៨ ត្រូវ​យក​មាស​មក​ឆ្លាក់​ធ្វើ​រូប​ខេរូប៊ីម​ពីរ ដាក់​នៅ​ចុង​គំរប​ហិប​ទាំង​សង​ខាង ១៩ ត្រូវ​ដាក់​ភ្ជាប់​រូបខេរូប៊ីម*​ទាំង​ពីរ​នោះ​ទៅ​នឹង​គំរប​ហិប គឺ​​ខេរូប៊ីមនីមួយៗ​ត្រូវ​ភ្ជាប់​ទៅ​នឹង​ចុង​ម្ខាង។ ២០ ត្រូវ​ដាក់​ខេរូប៊ីម​ទាំង​ពីរ​ប្រឈម​មុខ​គ្នា ដោយ​ឈ្ងោក​មុខ​ទៅ​រក​គំរប​ហិប ព្រម​ទាំង​ត្រដាង​ស្លាប​ការពារ​គំរប​ហិប​នេះ​ទៀត​ផង។ ២១ ចូរ​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា ដែល​យើង​នឹង​ប្រគល់​អោយ​អ្នក ទៅ​ក្នុង​ហិប រួច​យក​គំរប​មក​គ្រប។ ២២ យើង​នឹង​មក​ជួប​អ្នក​នៅ ​លើ​គំរប​ហិប ត្រង់​ចន្លោះ​​ខេរូប៊ីម​ទាំង​ពីរ​ដែល​នៅ​ពី​លើ​ហិប​នៃ​សម្ពន្ធ​មេ​ត្រី។ យើង​នឹង​ប្រាប់​អ្នក​អំពី​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ត្រូវ​បង្គាប់​ដល់​កូន​ចៅ​អ៊ីស្រាអែល។

 

តុ​ដាក់​នំបុ័ង​ថ្វាយ​ព្រះជាម្ចាស់

២៣ ត្រូវ​ធ្វើ​តុ​មួយ​ពី​ឈើ​នាងនួន ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ ទទឹង​មួយ​ហត្ថ និង​កំពស់​មួយ​ហត្ថ​កន្លះ។ ២៤ ត្រូវ​យក​មាស​សុទ្ធ​មក​ស្រោប​តុ​នោះ ព្រម​ទាំង​ធ្វើ​គែម​មាស​ព័ទ្ធ​ជុំវិញ​ទៀត​ផង។ ២៥ នៅ​តាម​ជ្រុង​ទាំង​បួន ត្រូវ​ធ្វើ​ក្រប​ដែល​មាន​កំពស់​មួយ​ទះ ហើយ​ធ្វើ​ក្បាច់​ជា​មាស​ព័ទ្ធ​ជុំវិញ​ផង។ ២៦ ត្រូវ​ធ្វើ​កង​មាស​បួន​ដាក់​ភ្ជាប់​ទៅ​នឹង​មុម​ទាំង​បួន ត្រង់​កន្លែង​ដែល​មាន​ជើង​តុ។ ២៧ ​កង​មាស​ទាំង​បួន​ត្រូវ​ដាក់​នៅ​ជិត​ក្រប ដើម្បី​ស៊ក​ឈើ​ស្នែង​សែង​តុ។ ២៨ ត្រូវ​យក​ឈើ​នាងនួន​មក​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោប​មាស​ផង ដើម្បី​សែង​តុ​នោះ។ ២៩ ត្រូវ​យក​មាស​សុទ្ធ​មក​ធ្វើ​ថាស ថូ ចានគោម និង​ពែង​សំរាប់​ប្រើ​ក្នុង​ពិធី​ច្រួចស្រា និង​ប្រេង​ដាក់​នៅ​លើ​តុ​នោះ។ ៣០ ត្រូវ​តម្កល់​នំបុ័ង​នៅ​លើ​តុ​នោះ ទុក​ជា​តង្វាយ​អចិន្ត្រៃយ៍​នៅ​ចំពោះ​មុខ​យើង។

 

ជើង​ចង្កៀង

៣១ ត្រូវ​យក​មាស​សុទ្ធ​តែ​ មួយ​ដុំ​មក​ដំ​ធ្វើ​ជើង​ចង្កៀង ហើយ​ជើង​ចង្កៀង​មាស​នេះ​ត្រូវ​ឆ្លាក់​ក្បាច់​រចនា ទាំង​ផ្នែក​ខាង​ក្រោម ទាំង​តួ ទាំង​មែក និង​ផ្នែក​ដាក់​ប្រេង។ ៣២ មាន​មែក​ប្រាំ​មួយ​បែក​ចេញ​ពី​តួ​ដែល​នៅ​កណ្ដាល គឺ​ម្ខាង​មាន​មែក​បី ហើយ​ម្ខាង​ទៀត​ក៏​មាន​មែក​បី​ដែរ។ ៣៣ ក្នុង​ចំណោម​មែក​ទាំង​ ប្រាំ​មួយ​នោះ មែក​នីមួយៗ​មាន​ក្បាច់​បី​គន្លាក់ រាង​ដូច​ទង​ផ្កា ត្របក​ផ្កា និង​ស្រទាប់​ផ្កា​ក្រពុំ ជា​បន្ត​បន្ទាប់​គ្នា។ ៣៤ រីឯ​តួ​ដែល​នៅ​កណ្ដាល មាន​ក្បាច់​បួន​គន្លាក់ រាង​ដូច​ទង​ផ្កា​ត្របក​ផ្កា និង​ស្រទាប់​ផ្កា​ក្រពុំ។ ៣៥ មាន​ស្រទាប់​ផ្កា​ក្រពុំ​បី​នៅ​ខាង​ក្រោម​មែក​ទាំង​បី​គូ ដែល​បែក​ចេញ​ពី​តួ​កណ្ដាល។ ៣៦ ស្រទាប់​ផ្កា​ក្រពុំ និង​មែក ត្រូវ​ឆ្លាក់​ជា​ក្បាច់​រចនា​ពី​មាស​សុទ្ធ​តែ​មួយ​ដុំ។ ៣៧ ត្រូវ​ធ្វើ​ចង្កៀង​ប្រាំពីរ យក​ទៅ​ដាក់​លើ​ជើង​ចង្កៀង ដើម្បី​អោយ​ពន្លឺ​ជះ​ទៅ​ខាង​មុខ។ ៣៨ រីឯ​កន្លែង​ស៊ក​ប្រឆេះ​ចង្កៀង និង​ប្រដាប់​សំរាប់​គោះ​កំទេច​ប្រឆេះ ក៏​ត្រូវ​តែ​ធ្វើ​ពី​មាស​សុទ្ធ​ដែរ។ ៣៩ ត្រូវ​ប្រើ​មាស​សុទ្ធ​ សាមសិប​បួន​គីឡូក្រាម ដើម្បី​ធ្វើ​ជើង​ចង្កៀង និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន សំរាប់​ប្រើ​ប្រាស់​​ជា​មួយ​ជើង​ចង្កៀង​នោះ។

​​៤០ ចូរ​សង្កេត​មើល ហើយ​ធ្វើ​តាម​គំរូ ដែល​យើង​បង្ហាញ​អោយ​អ្នក​ឃើញ​នៅ​លើ​ភ្នំ។

ព្រះពន្លា

១ ចូរ​ធ្វើ​ព្រះពន្លា​ពី​ ក្រណាត់​ក្រាស់​ដប់​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ធ្មៃ លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ។ ក្រណាត់​ទាំង​នោះ​ត្រូវ​ប៉ាក់​លំអ​ដោយ​​ខេរូប៊ីម*។ ២ ផ្ទាំង​ក្រណាត់​ទាំង​អស់​ត្រូវ​មាន​ទំហំ​ប៉ុន​ៗ​​​គ្នា គឺ​បណ្ដោយ​ប្រវែង​ម្ភៃ​ប្រាំ​បី​ហត្ថ ទទឹង​បួន​ហត្ថ។ ៣ ត្រូវ​ដេរ​ក្រណាត់​ប្រាំ​ផ្ទាំង​ជាប់​គ្នា ហើយ​ក្រណាត់​ប្រាំ​ផ្ទាំង​ទៀត​ក៏​ត្រូវ​ដេរ​ជាប់​គ្នា​ដែរ។ ៤ ត្រូវ​យក​អំបោះ​ពណ៌​ស្វាយ​វេញ​ធ្វើ​ខ្សែ​ដែល​មាន​រាង​ដូច​កង ដេរ​ភ្ជាប់​តាម​ជាយ​ម្ខាង​របស់​ផ្ទាំង​ក្រណាត់​ធំៗ​ទាំង​ពីរ។ ៥ ត្រូវ​មាន​ខ្សែ​កង​ចំនួន​ ហាសិប​នៅ​តាម​ជាយ​នៃ​ផ្ទាំង​ធំ​នីមួយៗ ហើយ​ខ្សែ​កង ដែល​ស្ថិត​នៅ​លើ​ផ្ទាំង​ធំៗ​ទាំង​ពីរ​នេះ ត្រូវ​​នៅ​ទន្ទឹម​គ្នា។ ៦ ចូរ​ធ្វើ​ទំពក់​មាស​ចំនួន ​ហាសិប សំរាប់​ថ្ពក់​ផ្ទាំង​ក្រណាត់​ធំ​ទាំង​ពីរ​ជាប់​គ្នា។ ដូច្នេះ មាន​ក្រណាត់​តែ​មួយ​ផ្ទាំង​ធ្វើ​ជា​ព្រះពន្លា។

 

៧ បន្ទាប់​មក ត្រូវ​ត្បាញ​ក្រណាត់​ក្រាស់​ដប់​មួយ​ផ្ទាំង​អំពី​រោម​ពពែ សំរាប់​គ្រប​ពី​លើ​ព្រះពន្លា។ ៨ ផ្ទាំង​ក្រណាត់​ទាំង​ដប់​មួយ​ត្រូវ​មាន​ទំហំ​ប៉ុនៗ​គ្នា គឺ​បណ្ដោយ​សាមសិប​ហត្ថ ទទឹង​បួន​ហត្ថ។ ៩ មុន​ដំបូង ត្រូវ​យក​ក្រណាត់​ប្រាំ​ផ្ទាំង​មក​ដេរ​ភ្ជាប់​គ្នា រួច​ទើប​យក​ក្រណាត់​ប្រាំ​មួយ​ផ្ទាំង​ទៀត មក​ដេរ​ភ្ជាប់​គ្នា​ដែរ។ ផ្ទាំង​ទី​ប្រាំ​មួយ​ត្រូវ​បត់​ទម្លាក់​ទៅ​ខាង​មុខ​ពន្លា។​ ចូរ​ធ្វើ​ខ្សែ​កង​ចំនួន​ហាសិប ដេរ​ភ្ជាប់​នៅ​ជាយ​ម្ខាង​នៃ​ផ្ទាំង​ក្រណាត់​ធំៗ​ទី​ពីរ។ ១១ ​ត្រូវ​​​​ធ្វើ​ទំពក់​លង្ហិន​ចំនួន​ហាសិប សំរាប់​ថ្ពក់​ទៅ​ក្នុង​ខ្សែ​កង ដើម្បី​អោយ​បាន​ទៅ​ជា​ក្រណាត់​តែ​មួយ​ផ្ទាំង។ ១២ ក្រណាត់​ដែល​គ្រប​ពី​លើ ​ព្រះពន្លា​នេះ ត្រូវ​មាន​ទំហំ​វែង​ជាង​ព្រះពន្លា ពាក់​កណ្ដាល​ផ្ទាំង ហើយ​សាច់​ក្រណាត់​ដែល​លើស​នេះ ត្រូវ​បត់​ទម្លាក់​ទៅ​ខាង​ក្រោយ​ព្រះពន្លា។ ១៣ រីឯ​ក្រណាត់​ដែល​លើស​មួយ​ហត្ថ​ទាំង​សង​ខាង​នៅ​តាម​បណ្ដោយ​ផ្ទាំង​ធំ ត្រូវ​ទម្លាក់​ទៅ​សង​ខាង​ព្រះពន្លា ដើម្បី​បាំង​ព្រះពន្លា​នេះ។ ១៤ ត្រូវ​យក​ស្បែក​ពពែ​ឈ្មោល ជ្រលក់​ពណ៌​ក្រហម គ្រប​ពី​លើ​ផ្ទាំង​ក្រណាត់​នោះ ហើយ​យក​ស្បែក​ផ្សោត​មក​គ្រប​ពី​លើ​ថែម​ទៀត។

 

១៥ ចូរ​យក​ឈើ​នាងនួន​មក​ធ្វើ​ជា​ស៊ុម សំរាប់​បញ្ឈរ ទ្រ​ក្រ​ណាត់​​​​ព្រះពន្លា​នោះ ១៦ ស៊ុម​នីមួយៗ​ត្រូវ​មាន​កំពស់​ដប់​ហត្ថ និង​ទទឹង​មួយ​ហត្ថ​កន្លះ។ ១៧ នៅ​លើ​ស៊ុម​នីមួយៗ​ត្រូវ​មាន​ពន្លួញ​ពីរ​ស្រប​គ្នា។ ១៨ ត្រូវ​ធ្វើ​ស៊ុម​ម្ភៃ​សំរាប់​ប៉ែក​ខាង​ត្បូង​ព្រះពន្លា។ ១៩​ត្រូវ​ធ្វើ​ជើង​ទ្រ​ ស៊ុម​ពី​ប្រាក់​ចំនួន​សែសិប ដើម្បី​ទ្រ​ស៊ុម​ទាំង​ម្ភៃ​នោះ គឺ​ជើង​ទ្រ​ពីរ​នៅ​ក្រោម​ស៊ុម​មួយ ត្រង់​កន្លែង​ដែល​មាន​ពន្លួញ​ទាំង​ពីរ។ ២០ នៅ​ប៉ែក​ខាង​ជើង​ព្រះពន្លា ត្រូវ​ធ្វើ​ស៊ុម​ចំនួន​ម្ភៃ ២១ និង​ជើង​ទ្រ​ស៊ុម​ពី​ប្រាក់​ចំនួន​សែសិប គឺ​ជើង​ទ្រ​ពីរ​សំរាប់​ស៊ុម​មួយ។ ២២ នៅ​ខាង​ក្រោយ​ព្រះពន្លា គឺ​ប៉ែក​ខាង​លិច ត្រូវ​ធ្វើ​ស៊ុម​ចំនួន​ប្រាំ​មួយ។ ២៣ ត្រូវ​ធ្វើ​ស៊ុម​ពីរ​ទៀត សំរាប់​ជ្រុង​ខាង​ក្រោយ​ព្រះពន្លា។ ២៤ ស៊ុម​នៅ​ជ្រុង​ទាំង​ពីរ ​នេះ​មាន​ទ្រង់​ទ្រាយ​ដូច​គ្នា គឺ​ផ្នែក​ខាង​ក្រោម​មាន​ទទឹង​ធម្មតា តែ​នៅ​ផ្នែក​ខាង​លើ​ភ្ជាប់​គ្នា​ដោយសារ​កង​មួយ។ ២៥ ដូច្នេះ នៅ​ប៉ែក​ខាង​ក្រោយ​មាន​ស៊ុម​ចំនួន​ប្រាំ​បី និង​ជើង​ទ្រ​ធ្វើ​ពី​ប្រាក់​ចំនួន​ដប់​ប្រាំ​មួយ គឺ​ជើង​ទ្រ​ពីរ​សំរាប់​ស៊ុម​នីមួយៗ។ ២៦ ត្រូវ​យក​ឈើ​នាងនួន​មក​ធ្វើ​ជា​ឈើ​ទទឹង​ចំនួន​ប្រាំ សំរាប់​បញ្ឈរ​ស៊ុម​នៅ​ប៉ែក​ទី​មួយ​របស់​ព្រះពន្លា ២៧ ឈើ​ទទឹង​ប្រាំ សំរាប់​ប៉ែក​ទី​ពីរ​នៃ​ព្រះពន្លា ហើយ​ឈើ​ទទឹង​ប្រាំ​ទៀត​សំរាប់​ប៉ែក​ខាង​លិច​នៃ​ព្រះពន្លា។ ២៨ ឈើ​ទទឹង​ដែល​នៅ​កណ្ដាល ត្រូវ​តែ​ដាក់​ចំ​ពាក់​កណ្ដាល​ស៊ុម​ទាំង​អស់ ចាប់​ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង​ទៀត​នៃ​ព្រះពន្លា។ ២៩ ត្រូវ​យក​មាស​ស្រោប​ស៊ុម​ទាំង​អស់ ព្រម​ទាំង​ធ្វើ​កង​មាស​សំរាប់​ស៊ក​ឈើ​ទទឹង ហើយ​ឈើ​ទទឹង​នោះ​ក៏​ត្រូវ​ស្រោប​មាស​ដែរ។

 

៣០ ចូរ​ដំឡើង​ព្រះពន្លា​តាម​គំរូ ដែល​យើង​បង្ហាញ​អោយ​អ្នក​ឃើញ​នៅ​លើ​ភ្នំ។

៣១ ចូរ​ ធ្វើ​វាំងនន​មួយ​ត្បាញ​ដោយ​អំបោះ​ធ្មៃ ដែល​លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ។ វាំងនន​នេះ​ត្រូវ​តែ​ប៉ាក់​លំអ​ដោយ​រូប​ខេរូប៊ីម។ ៣២ ត្រូវ​ថ្ពក់​វាំងនន​នេះ ​ទៅ​នឹង​បង្គោល​បួន ដែល​ធ្វើ​ពី​ឈើ​នាងនួន​ស្រោប​មាស ដែល​បញ្ឈរ​នៅ​លើ​ជើង​ទ្រ​បួន​ធ្វើ​អំពី​ប្រាក់ រីឯ​ទំពក់​ក៏​ត្រូវ​ធ្វើ​ពី​មាស​ដែរ។ ៣៣ ត្រូវ​យក​ទំពក់​ទាំង​ នោះ​មក​ថ្ពក់​វាំងនន រួច​យក​ហិប​ដែល​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា ទៅ​ដាក់​នៅ​ខាង​ក្រោយ​វាំងនន។ វាំងនន​នេះ​ខណ្ឌ​ទីសក្ការៈ និង​ទីសក្ការៈ​បំផុត អោយ​នៅ​ដាច់​ពី​គ្នា។ ៣៤ បន្ទាប់​មក ត្រូវ​យក​គំរប​មក​គ្រប​លើ​ហិប​ដែល​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា នៅ​ក្នុង​ទីសក្ការៈ​បំផុត។ ៣៥ ត្រូវ​ដាក់​តុ​នៅ​ខាង​មុខ​វាំងនន ប៉ែក​ខាង​ជើង ហើយ​ដាក់​ជើង​ចង្កៀង​នៅ​ចំ​ពី​មុខ​តុ គឺ​នៅ​ប៉ែក​ខាង​ត្បូង។

 

៣៦ រីឯ​ ទ្វារ​ចូល​ព្រះពន្លា ត្រូវ​ត្បាញ​វាំងនន​មួយ​ទៀត​ពី​អំបោះ​ធ្មៃ លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ។ វាំងនន​នេះ​ត្រូវ​ប៉ាក់​ក្បាច់​លំអ​ដែរ។ ៣៧ ត្រូវ​យក​ឈើ​នាង​នួន​​​មក​ ធ្វើ​សសរ​ប្រាំ​ដើម រួច​ស្រោប​មាស​ទៀត​ផង។ ត្រូវ​ថ្ពក់​វាំងនន​ភ្ជាប់​ទៅ​នឹង​សសរ​ទាំង​នោះ ដោយ​ទំពក់​មាស។ ត្រូវ​យក​លង្ហិន​ធ្វើ​ជើង​ទ្រ​ចំនួន​ប្រាំ សំរាប់​ទ្រ​សសរ​ទាំង​នោះ។

អាសនៈ​សំរាប់​យញ្ញបូជា

១ ត្រូវ​ធ្វើ​អាសនៈ​មួយ​ពី​ឈើ​នាងនួន មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​ប្រាំ​ហត្ថ និង​កំពស់​បី​ហត្ថ។ ២ ចូរ​ធ្វើ​ស្នែង​ជាប់​នឹង​មុម​ទាំង​បួន​របស់​អាសនៈ ហើយ​ស្រោប​លង្ហិន​ពី​លើ។ ៣ ត្រូវ​ធ្វើ​គ្រឿង​សំរាប់​ប្រើប្រាស់​ពី​លង្ហិន​ទាំង​អស់ គឺ​មាន​ធុង​ដាក់​ផេះ ប្រដាប់​ចូក​ផេះ ផើង​ដាក់​ឈាម សម និង​ភាជន៍។ ៤ ត្រូវ​ធ្វើ​ប្រទាស​លង្ហិន​មួយ ដែល​មាន​កង​លង្ហិន​នៅ​តាម​មុម​ទាំង​បួន។ ៥ ត្រូវ​ដាក់​ប្រទាស​នេះ​នៅ​ចំ​ពាក់​កណ្ដាល​កំពស់​របស់​អាសនៈ។ ៦ ត្រូវ​យក​ឈើ​នាងនួន​ស្រោប​លង្ហិន ធ្វើ​ជា​ឈើ​ស្នែង​អាសនៈ។ ៧ ត្រូវ​ស៊ក​ឈើ​ស្នែង​នោះ​ទៅ​ក្នុង​កង​ដែល​ស្ថិត​នៅ​តាម​ជ្រុង​អាសនៈ​សំរាប់​សែង។ ៨​អាសនៈ​នេះ​ត្រូវ​ធ្វើ​ពី​បន្ទះ​ក្ដារ​ដែល​ព័ទ្ធ​ជុំវិញ ទុក​ប្រហោង​នៅ​កណ្ដាល តាម​គំរូ ដែល​យើង​បង្ហាញ​អោយ​អ្នក​ឃើញ​នៅ​លើ​ភ្នំ។

 

ទីលាន

៩ ត្រូវ​ធ្វើ​ទីលាន​សំរាប់​ ព្រះពន្លា ដោយ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ធ្មៃ បាំង​ជុំវិញ។ នៅ​ប៉ែក​ខាង​ត្បូង រនាំង​ត្រូវ​មាន​បណ្ដោយ​មួយ​រយ​ហត្ថ។ ១០ រនាំង​នោះ​ត្រូវ​ភ្ជាប់​នឹង​បង្គោល​ម្ភៃ ដែល​មាន​ជើង​ទ្រ​ម្ភៃ ធ្វើ​ពី​លង្ហិន រីឯ​ទំពក់ និង​មេរូត ធ្វើ​ពី​ប្រាក់។ ១១ នៅ​ប៉ែក​ខាង​ជើង រនាំង​ត្រូវ​មាន​បណ្ដោយ​មួយ​រយ​ហត្ថ មាន​បង្គោល​ម្ភៃ ដែល​មាន​ជើង​ទ្រ​ម្ភៃ ធ្វើ​ពី​លង្ហិន រីឯ​ទំពក់ និង​មេរូត ធ្វើ​ពី​ប្រាក់។ ១២ ទទឹង​របស់​ទីលាន​ដែល​នៅ​ប៉ែក​ខាង​លិច រនាំង​ត្រូវ​មាន​ប្រ​វែង​​ហាសិប​ហត្ថ មាន​បង្គោល​ដប់ និង​ជើង​ទ្រ​ដប់។ ១៣ ទទឹង​របស់​ទីលាន ដែល​នៅ​ប៉ែក​ខាង​កើត ត្រូវ​មាន​ប្រវែង​ហាសិប​ហត្ថ​ដូច​គ្នា។ ​នៅ​ច្រក​ចូល រនាំង​ម្ខាង​ត្រូវ​មាន​ប្រវែង​ដប់​ប្រាំ​ហត្ថ មាន​បង្គោល​បី ព្រម​ទាំង​ជើង​ទ្រ​បី។ ១៥ រនាំង​ម្ខាង​ទៀត ត្រូវ​មាន​ប្រវែង​ដប់​ប្រាំ​ហត្ថ មាន​បង្គោល​បី ព្រម​ទាំង​ជើង​ទ្រ​បី​ដែរ។ ១៦ នៅ​ច្រក​ចូល​ទីលាន ត្រូវ​បាំង​វាំងនន​ដែល​មាន​ប្រវែង​ម្ភៃ​ហត្ថ ត្បាញ​ពី​អំបោះ​ធ្មៃ​លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ មាន​ប៉ាក់​ក្បាច់​លំអ ព្រម​ទាំង​មាន​បង្គោល​បួន និង​ជើង​ទ្រ​បួន​ផង។ ១៧ បង្គោល​វាំងនន​ទាំង​នោះ ភ្ជាប់​គ្នា​ដោយ​មេរូត និង​ទំពក់ ធ្វើ​ពី​ប្រាក់ ហើយ​ជើង​ទ្រ​ធ្វើ​ពី​លង្ហិន។ ១៨ រនាំង​របស់​ទីលាន​ត្រូវ ​មាន​បណ្ដោយ​មួយ​រយ​ហត្ថ ទទឹង​ហាសិប​ហត្ថ កំពស់​ប្រាំ​ហត្ថ ធ្វើ​ពី​ក្រណាត់​អំបោះ​ធ្មៃ ហើយ​ជើង​ទ្រ​ធ្វើ​ពី​លង្ហិន។ ១៩ គ្រឿង​បរិក្ខារ​សំរាប់​ប្រើប្រាស់​ក្នុង​ព្រះពន្លា ចម្រឹង​ព្រះពន្លា និង​ចម្រឹង​រនាំង​របស់​ទីលាន ត្រូវ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។

 

ប្រេង​សំរាប់​ជើង​ចង្កៀង

២០ ចូរ​អ្នក ​បង្គាប់​កូន​ចៅ​អ៊ីស្រាអែល​អោយ​យក​ប្រេង​អូលីវ​ដែល​មាន​គុណភាព​ល្អ​បំផុត សំរាប់​ដុត​ចង្កៀង​អោយ​ភ្លឺ​ជា​អចិ​ន្ត្រៃយ៍។ ២១ អរ៉ុន និង​កូន​របស់​គាត់ ត្រូវ​មើល​ថែ​ទាំ​ចង្កៀង​នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់។ ចង្កៀង​នេះ​ត្រូវ​ស្ថិត​នៅ​ខាង​មុខ​វាំងនន ដែល​បាំង​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា ហើយ​ត្រូវ​អោយ​ឆេះ​នៅ​ចំពោះ​មុខ​យើង​ជានិច្ច ពី​ល្ងាច​រហូតទល់​ព្រឹក។ នេះ​ជា​ច្បាប់​ដែល​កូន​ចៅ​អ៊ីស្រាអែល​គ្រប់​ជំនាន់ ត្រូវ​តែ​អនុវត្ត​តាម រហូត​ត​ទៅ។

សម្លៀកបំពាក់​របស់​បូជាចារ្យ

១ ត្រូវ​ហៅ​អរ៉ុន ជា​បង​របស់​អ្នក ព្រម​ទាំង​កូន​ប្រុស​របស់​គាត់​គឺ ណាដាប់ អប៊ីហ៊ូ អេឡាសារ និង​អ៊ីតាម៉ា ពី​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រាអែល អោយ​ចូល​មក​ជិត​អ្នក ដើម្បី​បំពេញ​មុខងារ​ជា​បូជាចារ្យ។ ២ ត្រូវ​ធ្វើ​សម្លៀកបំពាក់​សក្ការៈ សំរាប់​អរ៉ុន ជា​បង​របស់​អ្នក ដើម្បី​ជា​កិត្តិយស និង​ភាព​ថ្លៃថ្នូរ​របស់​គាត់។ ៣ ត្រូវ​ប្រាប់​ពួក​សិប្បករ ​ទាំង​អស់​ថា យើង​នឹង​ផ្ដល់​ព្រះប្រាជ្ញាញាណ​អោយ​ពួក​គេ អាច​ធ្វើ​សម្លៀកបំពាក់​សក្កា​រៈ​​សំរាប់​អរ៉ុន ដើម្បី​ញែក​គាត់​អោយ​បាន​វិសុទ្ធ និង​អោយ​គាត់​បំពេញ​មុខងារ​ជា​បូជាចារ្យ​បំរើ​យើង។ ៤ សម្លៀកបំពាក់​ដែល​ពួក​គេ​ ត្រូវ​ធ្វើ​នោះ គឺ​ប្រដាប់​ពាក់​លើ​ទ្រូង​មួយ អាវ​អេផូដ*​មួយ អាវ​វែង​មួយ អាវ​ក្នុង​មួយ​ជា​អាវ​ប៉ាក់ ឆ្នួត​ក្បាល​មួយ និង​ខ្សែ​ក្រវាត់​មួយ។ ពួក​គេ​ត្រូវ​ធ្វើ​សម្លៀកបំពាក់​សក្ការៈ​សំរាប់​អរ៉ុន ជា​បង​របស់​អ្នក ព្រម​ទាំង​កូនៗ​របស់​គាត់ ដើម្បី​អោយ​បំពេញ​មុខងារ​ជា​បូជាចារ្យ​បំរើ​យើង។

 

៥ ពួក​សិប្បករ​ត្រូវ​ប្រើ​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ។

៦ ពួក​គេ​ ត្រូវ​ប្រើ​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ ធ្វើ​អាវ​អេផូដ ដោយ​មាន​ប៉ាក់​លំអ​ផង។ ៧ ត្រូវ​ធ្វើ​ខ្សែ​ព្រយុង​ពីរ ដេរ​ភ្ជាប់​ទៅ​នឹង​ចុង​ទាំង​សង​ខាង​របស់​អាវ​អេផូដ។ ៨ រីឯ​ខ្សែ​ក្រវាត់​របស់​ អាវ​អេផូដ​ត្រូវ​ធ្វើ​ដោយ​សរសៃ​អំបោះ ដូច​អាវ​អេផូដ​ដែរ គឺ​មាន​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ ខ្សែ​ក្រវាត់​នេះ​ត្រូវ​ដេរ​ជាប់​នឹង​អាវ​អេផូដ។ ៩ ចូរ​យក​ត្បូង​មណីជោតិរស​ពីរ​ដុំ​មក ហើយ​ចារ​ឈ្មោះ​កូន​របស់​អ៊ីស្រា​អែល​​នៅ​លើ​នោះ។ ១០ ត្រូវ​ចារ​ឈ្មោះ​ប្រាំ​មួយ​នៅ​លើ​ត្បូង​ទី​មួយ និង​ឈ្មោះ​ប្រាំ​មួយ​ទៀត​នៅ​លើ​ត្បូង​ទី​ពីរ តាម​លំដាប់​អាយុ​របស់​ពួក​គេ។ ១១ អ្នក​ត្រូវ​ចារ​ឈ្មោះ​ កូន​របស់​អ៊ីស្រាអែល​នៅ​លើ​ត្បូង តាម​របៀប​ដូច​គេ​ឆ្លាក់​ត្រា ហើយ​ត្រូវ​ធ្វើ​ក្រចាប់​មាស​ភ្ជាប់​នឹង​ត្បូង​នោះ​ផង។ ១២ ចូរ​ដាំ​ត្បូង​ទាំង​ពីរ ​ភ្ជាប់​នឹង​ខ្សែ​ព្រយុង​របស់​អាវ​អេផូដ ទុក​ជា​តំណាង​កូន​របស់​អ៊ីស្រាអែល។ ដូច្នេះ អរ៉ុន​នឹង​ពាក់​ឈ្មោះ​របស់​ពួក​គេ​លើ​ខ្សែ​ព្រយុង​ទាំង​ពីរ នៅ​ចំពោះ​មុខ​យើង ដែល​ជា​ព្រះអម្ចាស់ ដើម្បី​អោយ​យើង​នឹក​ដល់​ពួក​គេ។ ១៣ ត្រូវ​ធ្វើ​ក្រ​ចាប់​ទាំង​នោះ​ពី​មាស ១៤ ធ្វើ​ខ្សែ​ពី​មាស​សុទ្ធ ដែល​វេញ​ចូល​គ្នា​ជា​របៀប​ខ្សែពួរ ហើយ​ភ្ជាប់​ខ្សែ និង​ក្រចាប់​ជាប់​គ្នា។

 

ប្រដាប់​ពាក់​លើ​ទ្រូង

១៥ ត្រូវ​ធ្វើ​ប្រដាប់​ ពាក់​លើ​ទ្រូង​មួយ សំរាប់​វិនិច្ឆ័យ។ ប្រដាប់​ពាក់​លើ​ទ្រូង​នេះ​ត្រូវ​ធ្វើ​ដោយ​សរសៃ​អំបោះ​ដូច​អាវ​អេផូដ​ដែរ គឺ​មាន​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ ដោយ​មាន​ប៉ាក់​លំអ​ផង។ ១៦​ ប្រដាប់​ពាក់​លើ​ទ្រូង​នេះ​មាន​ពីរ​ស្រទាប់ និង​មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​ចង្អាម។ ១៧ ប្រដាប់​ពាក់​លើ​ទ្រូង​ ត្រូវ​លំអ​ដោយ​ត្បូង​បួន​ជួរ គឺ​ជួរ​ទី​មួយ ត្រូវ​ដាំ​ត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​ប៊ុតលឿង​មួយ​គ្រាប់ និង​ត្បូង​មរកត​មួយ​គ្រាប់។ ១៨ ជួរ​ទី​ពីរ ត្រូវ​ដាំ​ត្បូង​ទទឹម​មួយ​គ្រាប់​ត្បូង​កណ្ដៀង​មួយ​គ្រាប់ និង​ត្បូង​ពេជ្រ​មួយ​គ្រាប់។ ១៩ ជួរ​ទី​បី ត្រូវ​ដាំ​ត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​និលរ័ត្ន​មួយ​គ្រាប់ និង​ត្បូង​ជម្ពូរ័ត្ន​មួយ​គ្រាប់ ២០ ហើយ​ជួរ​ទី​បួន ត្រូវ​ដាំ​ត្បូង​ដៃរគៀម​មួយ​គ្រាប់ ត្បូង​កែវយក់​មួយ​គ្រាប់ និង​មណីជោតិរស​មួយ​គ្រាប់។ ត្បូង​នីមួយៗ​ត្រូវ​តែ​ដាំ​បង្កប់​ក្នុង​ក្រ​ចាប់​​ធ្វើ​អំពី​មាស។ ២១ ត្បូង​ទាំង​នេះ​ជា​ តំណាង​កុលសម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល គឺ​មាន​ទាំង​អស់​ដប់ពីរ។ នៅ​លើ​ត្បូង​នីមួយៗ​ត្រូវ​ចារ​ឈ្មោះ​កុលសម្ព័ន្ធ​មួយ តាម​របៀប​ដែល​គេ​ឆ្លាក់​ត្រា។ ២២​ត្រូវ​យក​មាស​សុទ្ធ​មក​ធ្វើ​ជា​ខ្សែ ហើយ​វេញ​ចូល​គ្នា​ជា​របៀប​ខ្សែពួរ សំរាប់​ភ្ជាប់​ទៅ​នឹង​ប្រដាប់​ពាក់​លើ​ទ្រូង។ ២៣ ត្រូវ​ធ្វើ​កង​មាស​ពីរ​ភ្ជាប់​ទៅ​នឹង​មុម​ខាង​លើ​នៃ​ប្រដាប់​ពាក់​លើ​ទ្រូង។ ២៤​បន្ទាប់​មក ត្រូវ​ថ្ពក់​ខ្សែ​មាស​ទាំង​ពីរ​ទៅ​នឹង​កង​ទាំង​ពីរ​នៃ​ប្រដាប់​ពាក់​លើ​ទ្រូង ២៥ រួច​ភ្ជាប់​ចុង​ម្ខាង​ ទៀត​ទៅ​នឹង​ក្រ​ចាប់​មាស​ទាំង​ពីរ ដែល​ស្ថិត​នៅ​លើ​ខ្សែ​ព្រយុង​របស់​អាវ​អេផូដ ដើម្បី​អោយ​ប្រដាប់​ពាក់​លើ​ទ្រូង​នោះ​ស្ថិត​នៅ​ពី​មុខ។ ២៦ ត្រូវ​ធ្វើ​កង​មាស​ពីរ​ទៀត ភ្ជាប់​ទៅ​នឹង​មុម​ខាង​ក្រោម​ទាំង​ពីរ​នៃ​ប្រដាប់​ពាក់​លើ​ទ្រូង គឺ​មុម​ដែល​ប៉ះ​នឹង​អាវ​អេផូដ។ ២៧ ត្រូវ​ធ្វើ​កង​មាស​ពីរ​ ទៀត ភ្ជាប់​ទៅ​ចុង​ខាង​ក្រោម​នៃ​ខ្សែ​ព្រយុង​របស់​អាវ​អេផូដ ត្រង់​កន្លែង​ដែល​ខ្សែ​ព្រយុង និង​អាវ​អេផូដ ដេរ​ជាប់​គ្នា នៅ​ពី​លើ​ខ្សែ​ក្រវាត់​របស់​អាវ​អេផូដ។ ២៨ ចូរ​យក​ខ្សែ​ពណ៌​ស្វាយ ចង​កង​របស់​ប្រដាប់​ពាក់​លើ​ទ្រូង ភ្ជាប់​ទៅ​នឹង​កង​របស់​អាវ​អេផូដ ដើម្បី​អោយ​ប្រដាប់​ពាក់​លើ​ទ្រូង​នោះ ស្ថិត​នៅ​ពី​លើ​ខ្សែ​ក្រវាត់ ហើយ​កុំ​អោយ​របូត​ចេញ​ពី​អាវ​អេផូដ​ឡើយ។ ២៩ ពេល​អរ៉ុន​ចូល​ក្នុង​ ទីសក្ការៈ គាត់​មាន​ឈ្មោះ​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​អ៊ីស្រាអែល​នៅ​ជាប់​នឹង​ប្រដាប់​ពាក់ ​លើ​ទ្រូង សំរាប់​វិនិច្ឆ័យ ដើម្បី​អោយ​យើង​ដែល​ជា​ព្រះអម្ចាស់ នឹក​ដល់​ពួក​គេ​អស់កល្ប​ជានិច្ច។ ៣០ ចូរ​ដាក់​អ៊ូរីម និងទូមីម* ទៅ​ក្នុង​ប្រដាប់​ពាក់​លើ​ទ្រូង​សំរាប់​វិនិច្ឆ័យ ដើម្បី​អោយ​វត្ថុ​ទាំង​នេះ​ស្ថិត​នៅ​ជាប់​នឹង​ទ្រូង​អរ៉ុន​ជានិច្ច នៅ​ពេល​គាត់​ចូល​មក​រក​យើង។ ដូច្នេះ នៅ​ពេល​ចូល​មក​រក​យើង ដែល​ជា​ព្រះអម្ចាស់ អរ៉ុន​ត្រូវ​ពាក់​គ្រឿង​សំរាប់​វិនិច្ឆ័យ​ជន​ជាតិ​អ៊ីស្រាអែល​ជាប់​នឹង​ដើម​ទ្រូង​ជានិច្ច។

 

សម្លៀកបំពាក់​សក្ការៈ​ផ្សេង​ទៀត

៣១ ចូរ​ធ្វើ​អាវ​វែង​មួយ​ពណ៌​ស្វាយ សំរាប់​ពាក់​ពី​ក្រោម​អាវ​អេផូដ។ ៣២ ផ្នែក​ខាង​លើ​របស់​អាវ​ វែង​នោះ ត្រូវ​កាត់​ប្រឡោះ​មួយ​ចំ​កណ្ដាល​សំរាប់​ស៊ក​ក្បាល។ ត្រូវ​ដេររឹម​ជុំវិញ​ប្រឡោះ​នោះ ដើម្បី​កុំ​អោយ​រហែក គឺ​ដេរ​តាម​របៀប​ដែល​គេ​ដេរ​ជាយ​អាវ​ស្បែក។ ៣៣ នៅ​តាម​ជាយ​អាវ​ខាង​ ក្រោម ត្រូវ​ប៉ាក់​លំអ​ដោយ​រូប​ផ្លែ​ទទឹម​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ហើយ​ត្រូវ​ដាក់​កូន​កណ្ដឹង​មាស​ទៀត​ផង។ ៣៤ ត្រូវ​ដាក់​រូប​ផ្លែ​ទទឹម​មួយ កូន​កណ្ដឹង​មួយ​ឆ្លាស់​គ្នា​ជុំវិញ​ជាយ​អាវ។ ៣៥ អរ៉ុន​ពាក់​អាវ​នេះ​នៅ​ពេល​បំពេញ​មុខងារ គឺ​ពេល​គាត់​មក​រក​ព្រះអម្ចាស់​ក្នុង​ទីសក្ការៈ ហើយ​ពេល​គាត់​ចេញ​មក​វិញ គេ​នឹង​ឮ​ស្នូរ​កូន​កណ្ដឹង។ ដូច្នេះ គាត់​នឹង​មិន​ត្រូវ​ស្លាប់​ឡើយ។

 

៣៦ ចូរ​ធ្វើ​គ្រឿង​អលង្ការ​មួយ​ពី​មាស​សុទ្ធ​មាន​រាង​ដូច​ផ្កា។ ត្រូវ​ឆ្លាក់​អក្សរ «បូជា​ថ្វាយ​ព្រះអម្ចាស់» នៅ​លើ​គ្រឿង​អលង្ការ​នេះ តាម​របៀប​ដែល​គេ​ឆ្លាក់​ត្រា។ ៣៧ ចូរ​ភ្ជាប់​គ្រឿង​អលង្ការ​ទៅ​នឹង​ផ្នែក​ខាង​មុខ​នៃ​ឆ្នួត​ក្បាល ដោយ​ប្រើ​ខ្សែ​ពណ៌​ស្វាយ។ ៣៨ ពេល​អរ៉ុន​ចូល​មក​រក​យើង​ដែល​ជា​ព្រះអម្ចាស់ គ្រឿង​អលង្ការ​នេះ​ស្ថិត​នៅ​លើ​ថ្ងាស​របស់​គាត់​ជានិច្ច។ ធ្វើ​ដូច្នេះ ទោះ​បី​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​ខុស នៅ​ពេល​ថ្វាយ​តង្វាយ​ក៏​ដោយ ក៏​យើង​យល់​ព្រម​ទទួល​តង្វាយ​របស់​ពួក​គេ​ដែរ។

 

៣៩ ត្រូវ​ធ្វើ​អាវ​ក្នុង​មួយ​ពី​អំបោះ​ធ្មៃ ឆ្នួត​ក្បាល​មួយ​ពី​អំបោះ​ធ្មៃ ព្រម​ទាំង​ប៉ាក់​ខ្សែ​ក្រវាត់​មួយ​ផង។

៤០ ត្រូវ​ ធ្វើ​អាវ​ក្នុង ខ្សែ​ក្រវាត់ និង​ឆ្នួត​ក្បាល សំរាប់​កូន​ទាំង​អស់​របស់​អរ៉ុន ដើម្បី​ជា​កិត្តិយស និង​ភាព​ថ្លៃថ្នូរ​របស់​ពួក​គេ។ ៤១ ត្រូវ​យក​សម្លៀកបំពាក់​ ទាំង​នេះ​ទៅ​ពាក់​អោយ​អរ៉ុន និង​កូន​ប្រុស​របស់​គាត់ រួច​ចាក់​ប្រេង​តែងតាំង​ពួក​គេ ដើម្បី​ញែក​ពួក​គេ​អោយ​បំពេញ​មុខងារ​ជា​បូជាចារ្យ​បំរើ​យើង។ ៤២ ចូរ​ធ្វើ​ខោ​ខ្លី​ពី​អំបោះ​ធ្មៃ ដើម្បី​អោយ​ពួក​គេ​បិទបាំង​កេរខ្មាស ចាប់​ពី​ចង្កេះ​រហូត​ដល់​ភ្លៅ។ ៤៣ អរ៉ុន និង​កូន​ប្រុស​របស់​គាត់​ត្រូវ​ស្លៀក​សម្លៀកបំពាក់​ទាំង​នេះ នៅ​ពេល​ដែល​ពួក​គេ​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ ឬ​នៅ​ពេល​ចូល​ទៅ​កាន់​អាសនៈ ដើម្បី​បំពេញ​មុខងារ​ក្នុង​ទីសក្ការៈ។ ដូច្នេះ ពួក​គេ​នឹង​គ្មាន​កំហុស ហើយ​មិន​ត្រូវ​ស្លាប់​ឡើយ។ នេះ​ជា​ច្បាប់​ដែល​អរ៉ុន និង​ពូជពង្ស​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ។

ការ​តែងតាំង​បូជាចារ្យ

១ នេះ​ជា​របៀប​ដែល​អ្នក​ ត្រូវ​ធ្វើ​សំរាប់​តែងតាំង​អរ៉ុន និង​កូន​ប្រុស​របស់​គាត់ អោយ​បំពេញ​មុខងារ​ជា​បូជាចារ្យ​បំរើ​យើង។ ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ និង​ចៀម​ឈ្មោល​ពីរ ល្អ​ឥត​ខ្ចោះ ២ នំបុ័ង​ឥត​មេ នំ​ធ្វើ​ពី​ម្សៅ​ឥត​មេ លាយ​នឹង​ប្រេង ព្រម​ទាំង​នំ​ក្រៀប​ដែល​លាប​ប្រេង។ ៣ ត្រូវ​ដាក់​នំ​ទាំង​នោះ​ក្នុង​ល្អី​មួយ ហើយ​យក​មក​ថ្វាយ​ជា​មួយ​គោ​ឈ្មោល​ស្ទាវ និង​ចៀម​ឈ្មោល​ទាំង​ពីរ។ ៤ ត្រូវ​នាំ​អរ៉ុន និង​កូន​របស់​គាត់ ទៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់ ហើយ​ធ្វើ​ពិធី​ងូត​ទឹក​អោយ​ពួក​គេ។ ៥ បន្ទាប់​មក ត្រូវ​យក​សម្លៀកបំពាក់​មក​ពាក់​អោយ​អរ៉ុន គឺ​អាវ​ក្នុង អាវ​វែង អាវ​អេផូដ និង​ប្រដាប់​ពាក់​លើ​ទ្រូង ហើយ​យក​ខ្សែ​ក្រវាត់​មក​ក្រវាត់​អាវ​អេផូដ​ផង។ ៦ ចូរ​ពាក់​ឆ្នួត​លើ​ក្បាល​គាត់ ហើយ​បំពាក់​គ្រឿង​អលង្ការ​ដ៏វិសុទ្ធ ទៅ​នឹង​ឆ្នួត​ក្បាល​ផង។ ៧ បន្ទាប់​មក ត្រូវ​យក​ប្រេង​មក​ចាក់​លើ​ក្បាល​គាត់ ដើម្បី​តែងតាំង​គាត់​អោយ​បំពេញ​មុខងារ​បំរើ​យើង។ ៨ ត្រូវ​ហៅ​កូន​ប្រុស​របស់​អរ៉ុន​មក ហើយ​ពាក់​អាវ​អោយ​ពួក​គេ។ ៩ ចូរ​ក្រវាត់​ខ្សែ​ក្រវាត់ ​អោយ​អរ៉ុន និង​កូន​របស់​គាត់ ព្រម​ទាំង​ពាក់​ឆ្នួត​ក្បាល​អោយ​ពួក​គេ​ផង។ អ្នក​ត្រូវ​តែងតាំង​អរ៉ុន និង​កូន​ប្រុស​របស់​គាត់​ជា​បូជាចារ្យ​រហូត តាម​ច្បាប់​ដែល​នៅ​ស្ថិតស្ថេរ​ជានិច្ច។

 

១០ ត្រូវ​នាំ​គោ​ឈ្មោល​មក​ខាង​មុខ​ពន្លា​ជួប​ព្រះអម្ចាស់ ហើយ​អោយ​អរ៉ុន និង​កូន​ប្រុស​របស់​គាត់ ដាក់​ដៃ​លើ​ក្បាល​វា។ ១១ ត្រូវ​អារ ក​គោ​នោះ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ត្រង់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។ ១២ ត្រូវ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​គោ ហើយ​យក​ទៅ​លាប​លើ​ស្នែង​របស់​អាសនៈ រួច​ចាក់​ឈាម​ដែល​នៅ​សល់ ទៅ​លើ​ជើង​អាសនៈ។ ១៣ ត្រូវ​យក​ខ្លាញ់​ទាំង​ អស់ ដែល​ជាប់​នឹង​ពោះវៀន ព្រម​ទាំង​ថ្លើម ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​ជាប់​ជា​មួយ ទៅ​ដុត​នៅ​លើ​អាសនៈ​ទាំង​អស់។ ១៤ រីឯ​សាច់ ស្បែក និង​លាមក​របស់​វា ត្រូវ​យក​ទៅ​ដុត​នៅ​ខាង​ក្រៅ​ជំរំ ព្រោះ​ជា​យញ្ញបូជា​រំដោះ​បាប។

 

១៥ ត្រូវ​នាំ​ចៀម​ឈ្មោល​មួយ​មក ហើយ​អោយ​អរ៉ុន និង​កូន​របស់​គាត់ ដាក់​ដៃ​លើ​ក្បាល​វា។ ១៦ ត្រូវ​អារ ក​ចៀម​ឈ្មោល រួច​យក​ឈាម​របស់​វា​ទៅ​ប្រោះ​ជុំវិញ​អាសនៈ។ ១៧ ត្រូវ​កាប់​សាច់​ជា​ដុំៗ លាង​ពោះវៀន និង​ជើង​របស់​វា​អោយ​ស្អាត ហើយ​យក​ទៅ​ដាក់​លើ​ដុំ​សាច់ និង​ក្បាល។ ១៨ ត្រូវ​ដុត​ចៀម​នោះ​នៅ​លើ​អាសនៈ ជា​តង្វាយ​ដុត​ទាំង​មូល ថ្វាយ​ព្រះអម្ចាស់ គឺ​ជា​យញ្ញ​បូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់​។

 

១៩ ត្រូវ​នាំ​ចៀម​ឈ្មោល​មួយ​ទៀត​មក ហើយ​អោយ​អរ៉ុន និង​កូន​ប្រុស​របស់​គាត់ ដាក់​ដៃ​លើ​ក្បាល​វា។ ២០ ត្រូវ​អារ ក​ចៀម​នោះ យក​ឈាម​របស់​វា​ទៅ​លាប​លើ​ស្លឹក​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​អរ៉ុន និង​កូនៗ​គាត់ រួច​ទើប​យក​ឈាម​ដែល​នៅ​សល់​ទៅ​ប្រោះ​ជុំវិញ​អាសនៈ។ ២១ ត្រូវ​យក​ឈាម​ពី​លើ​ អាសនៈ និង​ប្រេង​សំរាប់​តែងតាំង ទៅ​ប្រោះ​លើ​អរ៉ុន និង​សម្លៀកបំពាក់​របស់​គាត់ ព្រម​ទាំង​ប្រោះ​លើ​កូន​ប្រុស​គាត់ និង​សម្លៀកបំពាក់​របស់​ពួក​គេ​ដែរ។ ធ្វើ​ដូច្នេះ ទាំង​អរ៉ុន ទាំង​កូន​ប្រុស​របស់​គាត់ និង​សម្លៀកបំពាក់​របស់​ពួក​គេ​នឹង​បាន​ទៅ​ជា​វិសុទ្ធ។ ២២ ចៀម​ទី​ពីរ​នេះ​ជា​ចៀម​ សំរាប់​ធ្វើ​ពិធី​តែងតាំង​បូជាចារ្យ។ ត្រូវ​យក​ខ្លាញ់​របស់​វា កន្ទុយ ខ្លាញ់​នៅ​ជាប់​នឹង​ពោះវៀន ថ្លើម ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់ ដែល​ជាប់​ជា​មួយ​ភ្លៅ​ស្ដាំ​ខាង​ក្រោយ ២៣ រួច​យក​នំបុ័ង​មួយ នំ​លាយ​ប្រេង​មួយ និង​នំ​ក្រៀប​មួយ​ពី​ល្អី​ដាក់​នំបុ័ង​ឥត​មេ ដែល​គេ​តាំង​ថ្វាយ​ព្រះអម្ចាស់ ២៤ ដាក់​ទាំង​អស់​លើ​ដៃ​របស់​អរ៉ុន និង​កូន​របស់​គាត់ ហើយ​ប្រាប់​ពួក​គេ​អោយ​លើក​តង្វាយ​នេះ​ឡើង ជា​សញ្ញា​ថ្វាយ​ព្រះអម្ចាស់។ ២៥ បន្ទាប់​មក ចូរ​យក​តង្វាយ​ពី​ដៃ​ពួក​គេ​ទៅ​ដុត​នៅ​លើ​អាសនៈ រួម​ជា​មួយ​តង្វាយ​ដុត​ទាំង​មូល ជា​យញ្ញបូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់។ ២៦ ចូរ​យក​សាច់​ទ្រូង​របស់​ចៀម ដែល​ប្រើ​សំរាប់​ធ្វើ​ពិធី​តែងតាំង​អរ៉ុន​នោះ លើក​ឡើង​ជា​សញ្ញា​ថ្វាយ​ព្រះអម្ចាស់ ដោយ​ដៃ​អ្នក​ផ្ទាល់ រួច​ហើយ​សាច់​នេះ​នឹង​បាន​ជា​ចំណែក​របស់​អ្នក។

 

២៧ ត្រូវ​ ប្រកាស​ថា សាច់​ទ្រូង និង​ភ្លៅ​ចៀម​ដែល​គេ​យក​ពី​ចៀម ប្រើ​សំរាប់​ធ្វើ​ពិធី​តែងតាំង​អរ៉ុន និង​កូន​របស់​គាត់ ហើយ​ដែល​គេ​បាន​លើក​ថ្វាយ​ព្រះអម្ចាស់​នោះ​ជា​សាច់​ដ៏វិសុទ្ធ។ ២៨ ​ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ថ្វាយ​យញ្ញបូជា​មេត្រីភាព សាច់​ដែល​គេ​ញែក​ថ្វាយ​ព្រះអម្ចាស់ នឹង​បាន​ទៅ​ជា​ចំណែក​របស់​អរ៉ុន និង​កូន​របស់​គាត់។ នេះ​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ។

 

២៩ ក្រោយ​ ពេល​ដែល​អរ៉ុន​ស្លាប់​ទៅ សម្លៀកបំពាក់​របស់​គាត់ ត្រូវ​ផ្ទេរ​ទៅ​អោយ​កូនៗ​របស់​គាត់ ដើម្បី​អោយ​គេ​ពាក់ នៅ​ពេល​ទទួល​ពិធី​លាប​ប្រេង​តែងតាំង​ជា​បូជាចារ្យ។ ៣០ ក្នុង​ចំណោម​កូន​របស់​ អរ៉ុន អ្នក​ដែល​ទទួល​តំណែង​ជា​បូជាចារ្យ​បន្ត​ពី​គាត់ ត្រូវ​ស្លៀក​សម្លៀកបំពាក់​ទាំង​នេះ​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ បន្ទាប់​មក ទើប​គេ​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ ដើម្បី​បំពេញ​មុខងារ​ក្នុង​ទីសក្ការៈ។

 

៣១ ចូរ​យក​សាច់​របស់​ចៀម​ឈ្មោល ដែល​ប្រើ​សំរាប់​ធ្វើ​ពិធី​តែងតាំង​បូជាចារ្យ មក​ចំអិន​នៅ​ក្នុង​ទីសក្ការៈ។ ៣២ អរ៉ុន និង​កូន​ប្រុស​របស់​គាត់​ត្រូវ​បរិភោគ​សាច់​នោះ ជា​មួយ​នំបុ័ង​ដែល​មាន​នៅ​ក្នុង​ល្អី ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។ ៣៣ មាន​តែ​ពួក​គេ​ប៉ុណ្ណោះ ដែល​អាច​បរិភោគ​តង្វាយ​នេះ ក្នុង​ពិធី​តែងតាំង​ពួក​គេ​អោយ​បំពេញ​មុខងារ​ជា​បូជាចារ្យ ដើម្បី​សុំ​រំដោះ​បាប។ រីឯ​អ្នក​ឯ​ទៀត គ្មាន​សិទ្ធិ​បរិភោគ​តង្វាយ​នេះ​ទេ ដ្បិត​ជា​អាហារ​សក្ការៈ។ ៣៤ ប្រសិន​បើ​ព្រឹក​ស្អែក​មាន​នៅ​សល់​សាច់ ឬ​នំបុ័ង នោះ​ត្រូវ​យក​ទៅ​ដុត គឺ​មិន​ត្រូវ​បរិភោគ​ឡើយ ព្រោះ​ជា​អាហារ​សក្ការៈ។

 

៣៥ ត្រូវ​ ប្រព្រឹត្ត​ចំពោះ​អរ៉ុន និង​កូន​ប្រុស​របស់​គាត់ តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​ដល់​អ្នក។ ពិធី​តែងតាំង​ពួក​គេ​ជា​បូជាចារ្យ​នេះ​ត្រូវ​ធ្វើ​អោយ​គ្រប់​ប្រាំពីរ​ថ្ងៃ។ ៣៦ រៀង​រាល់​ថ្ងៃ ត្រូវ​ថ្វាយ​គោ​បា​មួយ​ជា​យញ្ញបូជា​រំដោះ​បាប ដើម្បី​សុំ​លោះ​បាប។ ធ្វើ​ដូច្នេះ អ្នក​ជំរះ​អាសនៈ​អោយ​បាន​បរិសុទ្ធ រួច​អ្នក​ត្រូវ​ចាក់​ប្រេង​ពី​លើ ដើម្បី​អោយ​អាសនៈ​នោះ​បាន​វិសុទ្ធ។ ៣៧ ក្នុង​រយៈ​ពេល​ប្រាំពីរ ​ថ្ងៃ អ្នក​ត្រូវ​ធ្វើ​ពិធី​ជំរះ​អាសនៈ និង​ញែក​អាសនៈ​ទុក​ជា​សក្ការៈ។ ធ្វើ​ដូច្នេះ អាសនៈ​នេះ​នឹង​ទៅ​ជា​វិសុទ្ធ​បំផុត ហើយ​អ្វីៗ​ដែល​ប៉ះ​នឹង​អាសនៈ​ក៏​ទៅ​ជា​វិសុទ្ធ​ដែរ។

 

យញ្ញបូជា​ប្រចាំ​ថ្ងៃ

៣៨ រៀង​រាល់​ថ្ងៃ ត្រូវ​យក​កូន​ចៀម​ពីរ ដែល​មាន​អាយុ​មួយ​ខួប ថ្វាយ​នៅ​លើ​អាសនៈ​ជានិច្ច​និរន្តរ៍​ត​រៀង​ទៅ។ ៣៩ ត្រូវ​ថ្វាយ​កូន​ចៀម​មួយ​នៅ​ពេល​ព្រឹក ហើយ​កូន​ចៀម​មួយ​ទៀត​នៅ​ពេល​ល្ងាច។ ៤០ ត្រូវ​យក​ម្សៅ​ដ៏​ម៉ដ្ដ ​ចំនួន​មួយ​ភាគ​ដប់​នៃ​អេផា* លាយ​ជា​មួយ​ប្រេង​អូលីវ​ដ៏​ល្អ​មួយ​ភាគ​បួន​នៃ​ហ៊ីន* ព្រម​ទាំង​ស្រា​ទំពាំងបាយជូរ សំរាប់​ធ្វើ​ពិធី​ច្រួចស្រា​ចំនួន​មួយ​ភាគ​បួន​នៃ​ហ៊ីន* មក​ថ្វាយ​ជា​មួយ​កូន​ចៀម​ទី​មួយ។ ៤១ រីឯ​កូន​ចៀម​មួយ​ទៀត​ ត្រូវ​ថ្វាយ​នៅ​ពេល​ល្ងាច រួម​ជា​មួយ​តង្វាយ​ម្សៅ ប្រេង និង​ស្រា​ទំពាំងបាយជូរ ដូច​នៅ​ពេល​ព្រឹក​ដែរ។ ចូរ​ដុត​តង្វាយ​ទាំង​នេះ​ជា​យញ្ញបូជា ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់។ ៤២ នេះ​ជា​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ ដែល​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់​ត្រូវ​ថ្វាយ​ព្រះអម្ចាស់ នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។ នៅ​ទី​នេះ យើង​នឹង​មក​ជួប​អ្នក​រាល់​គ្នា ហើយ​និយាយ​ជា​មួយ​អ្នក។ ៤៣ យើង​នឹង​មក​ជួប​កូន​ចៅ​អ៊ីស្រា​អែល​​នៅ​ទី​នេះ ហើយ​កន្លែង​នេះ​នឹង​បាន​វិសុទ្ធ ដោយសារ​សិរីរុងរឿង​របស់​យើង។ ៤៤ យើង​នឹង​ញែក​ពន្លា​ជួប​ ព្រះអម្ចាស់ ព្រម​ទាំង​អាសនៈ​អោយ​បាន​វិសុទ្ធ។ យើង​ក៏​ញែក​អរ៉ុន ព្រម​ទាំង​កូន​ប្រុស​របស់​គាត់​អោយ​បាន​វិសុទ្ធ​ដែរ ដើម្បី​អោយ​ពួក​គេ​បំពេញ​មុខងារ​ជា​បូជាចារ្យ*​បំរើ​យើង។ ៤៥ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​កូន​ចៅ​អ៊ីស្រាអែល យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ។ ៤៦ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះអម្ចាស់​ជា​ព្រះ​របស់​ពួក​គេ ដែល​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​អោយ​យើង​បាន​នៅ​ជា​មួយ​ពួក​គេ។ យើង​ជា​ព្រះអម្ចាស់​ជា​ព្រះ​របស់​ពួក​គេ។

អាសនៈ​សំរាប់​ដុត​គ្រឿង​ក្រអូប

១ ត្រូវ​ធ្វើ​អាសនៈ​មួយ​ពី​ឈើ​នាងនួន សំរាប់​ដុត​គ្រឿង​ក្រអូប។ ២ អាសនៈ​ត្រូវ​មាន​រាង​បួន​ ជ្រុង​ស្មើ ដែល​ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​ហត្ថ និង​កំពស់​ពីរ​ហត្ថ។ ចូរ​ធ្វើ​ស្នែង​ជាប់​នឹង​មុម​ទាំង​បួន​របស់​អាសនៈ។ ៣ អាសនៈ​ទាំង​មូល​ត្រូវ​ ស្រោប​ដោយ​មាស​សុទ្ធ គឺ​ទាំង​ផ្នែក​ខាង​លើ ទាំង​ជញ្ជាំង​ដែល​នៅ​ព័ទ្ធ​ជុំវិញ ទាំង​ស្នែង។ រីឯ​គែម​ដែល​នៅ​ជុំវិញ​ត្រូវ​ធ្វើ​ពី​មាស។ ៤ ត្រូវ​ធ្វើ​កង​មាស​ម្ខាង​ពីរៗ ភ្ជាប់​ពី​ក្រោម​គែម​អាសនៈ ដើម្បី​ស៊ក​ឈើ​ស្នែង​សែង​អាសនៈ។ ៥ ត្រូវ​ធ្វើ​ឈើ​ស្នែង​ពីរ​ពី​ឈើ​នាងនួន ហើយ​ស្រោប​មាស​ផង។ ៦ ត្រូវ​ដាក់​អាសនៈ​នេះ​នៅ​ ខាង​មុខ​វាំងនន​បាំង​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា គឺ​ចំ​ពី​មុខ​កន្លែង​ដែល​យើង​នឹង​មក​ជួប​អ្នក នៅ​លើ​គំរប​ហិប ដែល​គ្រប​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា។ ៧ រៀង​រាល់​ព្រឹក ពេល​អរ៉ុន​ចូល​មក​ថែ​ចង្កៀង គាត់​ត្រូវ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​នេះ។ ៨ រៀង​រាល់​ល្ងាច ក្នុង​ពេល​ដែល​គាត់​អុជ​ចង្កៀង គាត់​ក៏​ត្រូវ​ដុត​គ្រឿង​ក្រអូប​ដែរ។ គ្រឿង​ក្រអូប​នេះ​ត្រូវ​តែ​ដុត​ថ្វាយ​ព្រះអម្ចាស់​ជានិច្ច​និរន្តរ៍ គ្រប់​ជំនាន់​ត​រៀង​ទៅ។ ៩ កុំ​ថ្វាយ​គ្រឿង​ក្រអូប​ដែល​មិន​សក្ការៈ ឬ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ច្រួចស្រា​ទំពាំងបាយជូរ​លើ​អាសនៈ​នេះ​ឡើយ។ ១០ មួយ​ឆ្នាំ​ម្ដង អរ៉ុន​ត្រូវ​ធ្វើ​ពិធី​ជំរះ​អាសនៈ​អោយ​បាន​បរិសុទ្ធ ដោយ​យក​ឈាម​សត្វ​ដែល​ថ្វាយ​ជា​យញ្ញបូជា​លោះ​បាប ទៅ​លាប​តាម​ស្នែង​របស់​អាសនៈ។ ពិធី​នេះ​ត្រូវ​តែ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ គ្រប់​ជំនាន់​ត​រៀង​ទៅ។ ត្រូវ​ញែក​អាសនៈ​នេះ​ជា​របស់​ដ៏វិសុទ្ធ​បំផុត នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់។

 

ពន្ធដារ​សំរាប់​ទីសក្ការៈ

១១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ១២ ​«នៅ​ពេល​អ្នក​ជំរឿន​ប្រជាជន​អ៊ីស្រាអែល ពួក​គេ​ម្នាក់ៗ​ត្រូវ​តែ​បង់​ប្រាក់​ថ្វាយ​ព្រះអម្ចាស់ ទុក​ជា​ថ្លៃ​លោះ​ជីវិត​របស់​ខ្លួន។ ដូច្នេះ នឹង​គ្មាន​គ្រោះ​កាច​ណា​កើត​ឡើង​ដល់​ពួក​គេ ក្នុង​ពេល​ជំរឿន​ប្រជាជន​ឡើយ។ ១៣ អស់​អ្នក​ដែល​មាន​ឈ្មោះ ​ក្នុង​បញ្ជី​ជំរឿន ម្នាក់ៗ​ត្រូវ​បង់​ប្រាក់​ពីរ​តម្លឹង តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទីសក្ការៈ គឺ​ស្មើ​នឹង​ដប់​កេរ៉ា* ទុក​ជា​តង្វាយ​ថ្វាយ​ព្រះអម្ចាស់។ ១៤ អស់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន និង​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ត្រូវ​បង់​ប្រាក់​នេះ​ទុក​ជា​តង្វាយ​ថ្វាយ​ព្រះអម្ចាស់។ ១៥ តង្វាយ​ដែល​ត្រូវ​ថ្វាយ​ព្រះអម្ចាស់​នេះ កំណត់​ត្រឹម​ប្រាក់​ពីរ​តម្លឹង។ អ្នក​មាន​មិន​ត្រូវ​បង់​លើស​ចំនួន រីឯ​អ្នក​ក្រ​ក៏​មិន​ត្រូវ​បង់​តិច​ជាង​ដែរ។ ១៦ ពេល​អ្នក​ទទួល​ប្រាក់​ ពី​កូន​ចៅ​អ៊ីស្រាអែល​ហើយ ត្រូវ​យក​ប្រាក់​នេះ​ទៅ​ប្រើប្រាស់​សំរាប់​ការងារ​ក្នុង​ពន្លា​ជួប​ ព្រះអម្ចាស់។ ធ្វើ​ដូច្នេះ ព្រះអម្ចាស់​នឹង​នឹក​ដល់​កូន​ចៅ​អ៊ីស្រាអែល ដែល​បាន​លោះ​ជីវិត​របស់​ខ្លួន»។

 

អាង​សំរាប់​ពិធី​ជំរះ​កាយ

១៧ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ១៨ ​«ចូរ​ធ្វើ​អាង​មួយ​អំពី ​លង្ហិន ដាក់​នៅ​លើ​កំណល់​ធ្វើ​អំពី​លង្ហិន សំរាប់​ធ្វើ​ពិធី​ជំរះ​កាយ។ ត្រូវ​ដាក់​អាង​នោះ​នៅ​ចន្លោះ​ពន្លា​ជួប​ព្រះអម្ចាស់ និង​អាសនៈ រួច​ចាក់​ទឹក​អោយ​ពេញ​អាង។ ១៩ អរ៉ុន និង​កូន​ប្រុស​របស់​គាត់ ត្រូវ​យក​ទឹក​ពី​ក្នុង​អាង​នោះ សំរាប់​ធ្វើ​ពិធី​លាង​ដៃ និង​លាង​ជើង។ ២០ មុន​នឹង​ចូល​ទៅ​ក្នុង​ ពន្លា​ជួប​ព្រះអម្ចាស់ ពួក​គេ​ត្រូវ​យក​ទឹក​នោះ​មក​ធ្វើ​ពិធី​ជំរះ​កាយ​ជា​មុន​សិន ដើម្បី​កុំ​អោយ​ពួក​គេ​ត្រូវ​ស្លាប់។ ពេល​ចូល​ទៅ​កាន់​អាសនៈ ដើម្បី​ថ្វាយ​យញ្ញបូជា​ដល់​ព្រះអម្ចាស់ ក៏​ពួក​គេ​ត្រូវ​ធ្វើ​ពិធី​ជំរះ​កាយ​ដែរ។ ២១ ពួក​គេ​ត្រូវ​តែ​ធ្វើ​ ពិធី​លាង​ដៃ និង​លាង​ជើង ដើម្បី​កុំ​អោយ​ស្លាប់។ នេះ​ជា​ច្បាប់​ដែល​អរ៉ុន និង​ពូជពង្ស​របស់​គាត់​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ»។

 

ប្រេង​ដ៏​សក្ការៈ

២២ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២៣ ​«ចូរ​យក​គ្រឿង​ក្រអូប​ ដែល​មាន​គុណភាព​ល្អ​បំផុត គឺ​ជ័រ​ល្វីងទេស​ទម្ងន់​ដប់ពីរ​នាល ប្រេង​ទេព្វិរូ​ប្រាំ​មួយ​នាល ប្រេង​សម្បុរ​ល្វែង​ប្រាំ​មួយ​នាល ២៤ កំញាន​ដប់ពីរ​នាល គិត​តាម​ទម្ងន់​ដែល​ប្រើ​នៅ​ក្នុង​ទីសក្ការៈ ព្រម​ទាំង​ប្រេង​អូលីវ​ប្រាំ​មួយ​លីត្រ​ទៀត​ផង។ ២៥ ត្រូវ​ផ្សំ​គ្រឿង​ទាំង​ នោះ​ធ្វើ​ជា​ប្រេង​ក្រអូប តាម​វិធី​ចំរាញ់​ប្រេង​របស់​អ្នក​ធ្វើ​ទឹក​អប់ ដើម្បី​ប្រើ​សំរាប់​ធ្វើ​ពិធី​លាប​ប្រេង​សក្ការៈ។ ២៦ ត្រូវ​ប្រើ​ប្រេង​នោះ​សំរាប់​លាប​ពន្លា​ជួប​ព្រះអម្ចាស់ និង​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា ២៧ តុ និង​គ្រឿង​បរិក្ខារ​ដែល​ប្រើប្រាស់​ជា​មួយ​តុ ជើង​ចង្កៀង និង​គ្រឿង​បរិក្ខារ​ដែល​ប្រើ​ជា​មួយ​ចង្កៀង​អាសនៈ​ដុត​គ្រឿង​ក្រអូប ២៨ អាសនៈ​សំរាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​គ្រឿង​បរិក្ខារ​សំរាប់​ប្រើប្រាស់​ជា​មួយ​អាសនៈ ព្រម​ទាំង​អាង​ទឹក និង​កំណល់។ ២៩ ពេល​អ្នក​លាប​ប្រេង​ ញែក​វត្ថុ​ទាំង​នោះ​ជា​សក្ការៈ វត្ថុ​ទាំង​នោះ​នឹង​បាន​ទៅ​ជា​វិសុទ្ធ​បំផុត ហើយ​អ្វីៗ​ដែល​មក​ប៉ះ​នឹង​វត្ថុ​ទាំង​នោះ ក៏​នឹង​ទៅ​ជា​វិសុទ្ធ​ដែរ។ ៣០ ចូរ​យក​ប្រេង​នេះ​លាប​ លើ​អរ៉ុន និង​កូន​ប្រុស​របស់​គាត់ ញែក​ពួក​គេ​អោយ​បាន​វិសុទ្ធ ដើម្បី​អោយ​ពួក​គេ​បំពេញ​មុខងារ​ជា​បូជាចារ្យ​បំរើ​យើង។ ៣១ ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា នេះ​ជា​ប្រេង​សំរាប់​ប្រើ​ក្នុង​ពិធី​លាប​ប្រេង​ដ៏​សក្ការៈ គ្រប់​ជំនាន់​ត​រៀង​ទៅ។ ៣២ មិន​ត្រូវ​ប្រើ​ប្រេង​ នេះ​សំរាប់​លាប​តែង​ខ្លួន​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​គ្រឿង​ផ្សំ​នេះ​ទៅ​ធ្វើ​ប្រេង​ដូច​ប្រេង​នេះ​ដែរ ដ្បិត​ប្រេង​នេះ​ជា​ប្រេង​សក្ការៈ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​តែ​ទុក​អោយ​នៅ​ ជា​សក្ការៈ​រហូត។ ៣៣ អ្នក​ណា​ផ្សំ​ប្រេង​ដូច​ប្រេង​សក្ការៈ ឬ​យក​ប្រេង​នេះ​ទៅ​លាប​លើ​មនុស្ស​សាមញ្ញ​ធម្មតា ត្រូវ​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​ប្រជាជន»។

 

គ្រឿង​ក្រអូប​ដ៏​សក្ការៈ

៣៤ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​យក​គ្រឿង​ក្រអូប​ដូច​ជា​ស្លឹក​ពុំ​សែន ខ្លឹមចន្ទន៍ កំបូរ និង​កំញាន​សុទ្ធ ទម្ងន់​ស្មើៗ​គ្នា ៣៥ មក​ផ្សំ​ធ្វើ​គ្រឿង​ ក្រអូប តាម​វិធី​ផ្សំ​របស់​អ្នក​ធ្វើ​គ្រឿង​ក្រអូប។ ត្រូវ​ដាក់​អំបិល​លាយ​ជា​មួយ​ផង ដើម្បី​អោយ​គ្រឿង​ក្រអូប​នោះ​ទៅ​ជា​បរិសុទ្ធ និង​សក្ការៈ។ ៣៦ ត្រូវ​យក​គ្រឿង​ក្រអូប​ មួយ​ចំណែក​ទៅ​កិន​អោយ​ម៉ដ្ដ ដើម្បី​ដាក់​ពី​មុខ​ហិប​ដែល​មាន​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ ជា​កន្លែង​ដែល​យើង​មក​ជួប​ជា​មួយ​អ្នក។ អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ម្សៅ​នេះ​ជា​ម្សៅ​សក្ការៈ​បំផុត។ ៣៧ មិន​ត្រូវ​ផ្សំ​គ្រឿង​ក្រអូប​សំរាប់​ប្រើប្រាស់​ដូច​គ្រឿង​នេះ​ឡើយ ត្រូវ​ចាត់​ទុក​គ្រឿង​ក្រអូប​នេះ​ជា​សក្ការៈ​ថ្វាយ​ព្រះអម្ចាស់។

៣៨ អ្នក​ណា​ផ្សំ​គ្រឿង​ក្រអូប​ដូច​គ្រឿង​ក្រអូប​នេះ ដើម្បី​ប្រើ​ប្រាស់ ត្រូវ​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​ប្រជាជន»។

អ្នក​បំរើ​ក្នុង​ទីសក្ការៈ

១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​​​ថា៖ ២ «យើង​បាន​ជ្រើសរើស​បេសាល់​អែលជា​កូន​របស់​អ៊ូរី និង​ជា​ចៅ​របស់​ហួរ ក្នុង​កុលសម្ព័ន្ធ​យូដា។ ៣ យើង​បាន​ធ្វើ​អោយ​គាត់ ​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​របស់​យើង ដើម្បី​អោយ​គាត់​មាន​ប្រាជ្ញា​ឆ្លាត​វាងវៃ ចេះ​ធ្វើ​គ្រប់​កិច្ចការ ៤ គឺ​គាត់​ចេះ​លើក​គំរោង ហើយ​ជា​ជាង​មាស ជាង​ប្រាក់ និង​ជាង​លង្ហិន ៥ ចេះ​ឆ្នៃ និង​ដាំ​ត្បូង ចេះ​ឆ្លាក់​ឈើ។ សរុប​មក គាត់​ចេះ​ធ្វើ​ការងារ​គ្រប់​មុខ។ ៦ យើង​ក៏​បាន​តែងតាំង​ អូហូលីយ៉ាប់ ជា​កូន​របស់​អហ៊ីសាម៉ាក ពី​កុលសម្ព័ន្ធ​ដាន់​អោយ​ជួយ​គាត់​ដែរ។ យើង​អោយ​សិប្បករ​ឯ​ទៀតៗ​មាន​ប្រាជ្ញា ដើម្បី​បំពេញ​ការងារ​ទាំង​អស់​ដែល​យើង​បាន​បង្គាប់​អោយ​អ្នក​ធ្វើ ៧ គឺ​ធ្វើ​ពន្លា​ជួប​ ព្រះអម្ចាស់ ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា គំរប​ហិប និង​គ្រឿង​បរិក្ខារ​ទាំង​អស់ សំរាប់​ប្រើប្រាស់​នៅ​ក្នុង​ពន្លា ៨ តុ និង​គ្រឿង​បរិក្ខារ​សំរាប់​ប្រើប្រាស់​ជា​មួយ​តុ ជើង​ចង្កៀង​ធ្វើ​អំពី​មាស​សុទ្ធ និង​គ្រឿង​បរិក្ខារ សំរាប់​ប្រើប្រាស់​ជា​មួយ​ជើង​ចង្កៀង អាសនៈ​ដុត​គ្រឿង​ក្រអូប ៩ អាសនៈ​សំរាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​គ្រឿង​បរិក្ខារ​សំរាប់​ប្រើប្រាស់​ជា​មួយ​អាសនៈ អាង​ទឹក និង​កំណល់។ ១០ សម្លៀកបំពាក់​សំរាប់​ ពិធី​បុណ្យ គឺ​សម្លៀកបំពាក់​សក្ការៈ​របស់​បូជាចារ្យ​អរ៉ុន និង​សម្លៀកបំពាក់​កូន​ប្រុស​គាត់ សំរាប់​បំពេញ​មុខងារ​ជា​បូជាចារ្យ។ ១១ ប្រេង​សំរាប់​ប្រើ​ ក្នុង​ពិធី​លាប​ប្រេង និង​គ្រឿង​ក្រអូប​សំរាប់​ដុត​នៅ​ទីសក្ការៈ។ ពួក​សិប្បករ​នឹង​ធ្វើ​ការ​ទាំង​អស់ ដូច​យើង​បាន​បង្គាប់»។

 

ថ្ងៃ​សប្ប័ទ*

១២ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ១៣ ​«ចូរ​ប្រាប់​ជន​ជាតិ​ អ៊ីស្រាអែល​ដូច​ត​ទៅ: ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ​របស់​យើង​អោយ​បាន​ដិតដល់ ដ្បិត​ថ្ងៃ​សប្ប័ទ​ជា​ទី​សំគាល់​នៃ​ទំនាក់​ទំនង​រវាង​យើង នឹង​អ្នក​រាល់​គ្នា គ្រប់​ជំនាន់​ត​រៀង​ទៅ ព្រម​ទាំង​រំលឹក​អោយ​ដឹង​ថា យើង​ជា​ព្រះអម្ចាស់ ដែល​បាន​ញែក​អ្នក​រាល់​គ្នា​ជា​ប្រជារាស្ត្រ​ដ៏វិសុទ្ធ​របស់​យើង។ ១៤ ដូច្នេះ ចូរ​គោរព​ថ្ងៃ​សប្ប័ទ និង​ចាត់​ទុក​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដ៏​សក្ការៈ។ អ្នក​ណា​មិន​គោរព​ថ្ងៃ​សប្ប័ទ​ទុក​ជា​សក្ការៈ អ្នក​នោះ​នឹង​ត្រូវ​គេ​ប្រហារ​ជីវិត ហើយ​អស់​អ្នក​ដែល​ធ្វើ​ការងារ​នៅ​ថ្ងៃ​នោះ​នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ ប្រជាជន។ ១៥ ក្នុង​រយៈ​ពេល​ប្រាំ​ មួយ​ថ្ងៃ អ្នក​រាល់​គ្នា​អាច​ធ្វើ​ការ​បាន ប៉ុន្តែ ថ្ងៃ​ទី​ប្រាំពីរ​ជា​ថ្ងៃ​សប្ប័ទ គឺ​ថ្ងៃ​សំរាក​ដែល​ត្រូវ​ញែក​ទុក​ជា​ថ្ងៃ​សក្ការៈ ថ្វាយ​ព្រះអម្ចាស់។ អស់​អ្នក​ដែល​ធ្វើ​ការ​នៅ​ថ្ងៃ​សប្ប័ទ​នឹង​ត្រូវ​គេ​ប្រហារ​ជីវិត។ ១៦ ជន​ជាតិ​អ៊ីស្រាអែល​ ត្រូវ​តែ​គោរព​ថ្ងៃ​សប្ប័ទ ពួក​គេ​ត្រូវ​ចាត់​ទុក​ថ្ងៃ​សប្ប័ទ​ជា​ទី​សំគាល់​នៃ​សម្ពន្ធមេត្រី​ជានិច្ច​ និរន្តរ៍ គ្រប់​ជំនាន់​ត​រៀង​ទៅ។ ១៧ ថ្ងៃ​សប្ប័ទ​ជា​ទី​សម្គាល់​នៃ​ទំនាក់ទំនង​រវាង​យើង នឹង​ប្រជាជន​អ៊ីស្រាអែល ជានិច្ច​និរន្តរ៍ ដ្បិត​យើង​ជា​ព្រះអម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​អស់​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំពីរ​យើង​ឈប់​ធ្វើ​ការ​ហើយ​សំរាក»។

១៨ ពេល​ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​លើ​ភ្នំ​ស៊ីណៃ​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​បាន​ប្រគល់​បន្ទះ​ថ្ម​ទាំង​ពីរ ជា​សន្ធិសញ្ញា គឺ​បន្ទះ​ថ្ម​ដែល​ព្រះអង្គ​បាន​សរសេរ​ដោយ​ព្រះអង្គុលី​របស់​ព្រះអង្គ​ផ្ទាល់ មក​លោក​ម៉ូសេ។

 

ជន​ជាតិ​អ៊ីស្រាអែល​ផ្ដាច់​សម្ពន្ធមេត្រី ដែល​ពួក​គេ​បាន​ចង​ជា​មួយ​ព្រះជាម្ចាស់

ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ថ្វាយបង្គំ​រូប​គោ​មាស

១ កាល​ប្រជាជន​ឃើញ​លោក​ ម៉ូសេ​ក្រ​ចុះ​ពី​ភ្នំ​មក​វិញ ពួក​គេ​លើក​គ្នា​មក​ជួប​លោក​អរ៉ុន ហើយ​ពោល​ថា៖ «សូម​លោក​ធ្វើ​រូប​ព្រះ សំរាប់​ដឹក​នាំ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ពុំ​ដឹង​ថា មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​លោក​ម៉ូសេ ដែល​បាន​នាំ​ពួក​យើង​ចេញ​មក​ពី​ស្រុក​អេស៊ីប​នោះ​ឡើយ»។

 

២ លោក​ អរ៉ុន​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ចូរ​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​ប្រពន្ធ និង​កូន​ប្រុស កូន​ស្រី​របស់​អ្នក​រាល់​គ្នា យក​មក​អោយ​ខ្ញុំ»។

៣ ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​ក៏​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​របស់​ពួក​គេ យក​មក​ជូន​លោក​អរ៉ុន។ ៤ លោក​អរ៉ុន​យក​ក្រវិល​ ទាំង​នោះ​ទៅ​សិត​ធ្វើ​ជា​រូប​កូន​គោ​មួយ។ បន្ទាប់​មក ពួក​គេ​ស្រែក​ឡើង​ថា៖ «អ៊ីស្រាអែល​អើយ នេះ​ជា​ព្រះ​ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប!»។ ៥ ឃើញ​ដូច្នេះ លោក​អរ៉ុន​ក៏​សង់​អាសនៈ​មួយ​នៅ​មុខ​រូប​គោ រួច​ប្រកាស​ថា៖ «នៅ​ថ្ងៃ​ស្អែក​នឹង​មាន​ពិធី​បុណ្យ​មួយ​ថ្វាយ​ព្រះអម្ចាស់»។ ៦ លុះ​ស្អែក​ឡើង ប្រជាជន​ក្រោក​ពី​ព្រលឹម នាំ​គ្នា​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​មេត្រី​ភាព។ ប្រជាជន​អង្គុយ​ស៊ី​ផឹក រួច​នាំ​គ្នា​ក្រោក​ឡើង រាំ​យ៉ាង​សប្បាយ។

 

៧ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ត្រឡប់​ទៅ​វិញ​ចុះ ដ្បិត​ប្រជាជន​របស់​អ្នក គឺ​ប្រជាជន​ដែល​អ្នក​នាំ​ចេញ​ពី​ស្រុក​អេស៊ីប បាន​ប្រព្រឹត្ត​អំពើ​បាប​មួយ​យ៉ាង​ធ្ងន់។ ៨ ពួក​គេ​ឆាប់​ងាក​ចេញ​ពី​ មាគ៌ា ដែល​យើង​បាន​បង្ហាញ​ដល់​ពួក​គេ គឺ​ពួក​គេ​បាន​សិត​ធ្វើ​រូប​កូន​គោ​មួយ ហើយ​ក្រាប​ថ្វាយបង្គំ និង​ថ្វាយ​យញ្ញបូជា​ដល់​រូប​កូន​គោ​នោះ ទាំង​ពោល​ថា “អ៊ីស្រាអែល​អើយ នេះ​ជា​ព្រះ​ដែល​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប!”»។ ៩ ព្រះ​អម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​ឃើញ​ហើយ​ថា ប្រជាជន​នេះ​សុទ្ធ​តែ​ជា​មនុស្ស​រឹងរូស។ ១០ ឥឡូវ​នេះ ចូរ​ទុក​អោយ​យើង​លុប​បំបាត់​ប្រជាជន​នេះ អោយ​វិនាស​សាប​សូន្យ តាម​កំហឹង​របស់​យើង រួច​យើង​អោយ​ប្រជាជាតិ​ដ៏​ធំ​កើត​ចេញ​ពី​អ្នក»។

 

១១ ប៉ុន្តែ លោក​ម៉ូសេ​ទូលអង្វរ សូម​ការ​ប្រោសប្រណី​ពី​ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក ដោយ​មាន​ប្រសាសន៍​ថា៖ «បពិត្រ​ព្រះអម្ចាស់ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​នឹង​ប្រជារាស្ត្រ ដែល​ព្រះអង្គ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធានុភាព និង​ព្រះបារមី​ដ៏​ខ្លាំង​ពូកែ​ដូច្នេះ? ដ្បិត​ពួក​គេ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ។ ១២ សូម​កុំ​អោយ​ជន​ជាតិ​ អេស៊ីប​ពោល​ថា “ព្រះអង្គ​បាន​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ទៅ ដោយ​បំណង​អាក្រក់ ដើម្បី​សម្លាប់​ពួក​គេ​នៅ​តាម​ភ្នំ ព្រម​ទាំង​លុប​បំបាត់​ពួក​គេ​អោយ​អស់​ពី​ផែនដី”។ សូម​ព្រះអង្គ​ឈប់​ខ្ញាល់ ហើយ​ដូរ​ព្រះហឫទ័យ ឈប់​ធ្វើ​ទោស​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ទៅ។ ១៣ សូម​នឹក​ដល់​លោក​ អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ផង ដ្បិត​ព្រះអង្គ​បាន​សន្យា​ជា​មួយ​អស់​លោក​ទាំង​នោះ​យ៉ាង​ម៉ឺងម៉ាត់​ថា “យើង​នឹង​ធ្វើ​អោយ​ពូជពង្ស​របស់​អ្នក​រាល់​គ្នា បាន​កើន​ចំនួន​ឡើង​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ យើង​នឹង​ប្រគល់​ស្រុក​ដែល​យើង​បាន​សន្យា​នេះ ដល់​ពូជពង្ស​របស់​អ្នក ហើយ​ពួក​គេ​នឹង​ទទួល​ស្រុក​នោះ​ជា​មត៌ក​រហូត​ត​ទៅ”»។ ១៤ ព្រះអម្ចាស់​ក៏​ដូរ​ព្រះហឫទ័យ​លែង​ធ្វើ​ទោស​ប្រជារាស្ត្រ​របស់​ព្រះអង្គ ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល។

 

១៥ លោក​ម៉ូសេ​ក៏​ចុះ​ពី​លើ​ភ្នំ​មក​វិញ ដោយ​កាន់​បន្ទះ​ថ្ម​ទាំង​ពីរ ជា​សន្ធិសញ្ញា ដែល​មាន​ចារ​អក្សរ​ទាំង​សង​ខាង។ ១៦ បន្ទះ​ថ្ម​នេះ​ជា​ស្នា​ព្រះហស្ដ​របស់​ព្រះជាម្ចាស់ គឺ​ព្រះជាម្ចាស់​បាន​ចារ​អក្សរ ដោយ​ព្រះហស្ដ​របស់​ព្រះអង្គ​ផ្ទាល់។

 

១៧ ពេល​លោក​យ៉ូស៊ូអាំ​ឮ​សំឡេង​ប្រជាជន​ហ៊ោ​កញ្ជ្រៀវ លោក​​​​​​​​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «មាន​ឮ​សំឡេង​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ជំរំ»។

១៨ លោក​ម៉ូសេ​ឆ្លើយ​ថា៖ «ទេ នេះ​មិន​មែន​ជា​សំរែក​ជ័យជំ​នះ ឬ​សំរែក​បរាជ័យ​ឡើយ តែ​ខ្ញុំ​ឮ​សូរ​សំឡេង​ចំរៀង»។ ១៩ លុះ​មក​ដល់​ជិត​ជំរំ លោក​ម៉ូសេ​បាន​ឃើញ​រូប​កូន​គោ និង​ឃើញ​ប្រ​ជាជន​កំពុង​តែ​លោត​រាំ​លេង លោក​ក្រេវក្រោធ​យ៉ាង​ខ្លាំង លោក​​​ក៏​បោក​បន្ទះ​ថ្ម​ដែល​លោក​កាន់ អោយ​បែក​នៅ​ជើង​ភ្នំ​ទៅ។ ២០ ​លោក​យក​រូប​កូន​គោ ដែល​ពួក​គេ​បាន​ធ្វើ ទៅ​ដុត រួច​លោក​កំទេច​អោយ​ម៉ដ្ដ​ដូច​ម្សៅ ហើយ​យក​ម្សៅ​នោះ​ទៅ​ដាក់​ក្នុង​ទឹក អោយ​ជន​ជាតិ​អ៊ីស្រាអែល​ផឹក។ ២១ បន្ទាប់​មក លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អរ៉ុន​ថា៖ «តើ​ប្រជាជន​នេះ​ធ្វើ​អ្វី​ដល់​បង បាន​ជា​បង​បណ្ដោយ​អោយ​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​បែប​នេះ?»។ ២២ លោក​អរ៉ុន​តប​ថា៖ «សូម​លោក​ម្ចាស់​កុំ​ខឹង​អី លោក​ក៏​ជ្រាប​ហើយ​ថា ប្រជាជន​នេះ​ចូល​ចិត្ត​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់។ ២៣ ពួក​គេ​នាំ​គ្នា​មក​ ប្រាប់​ខ្ញុំ​ថា “សូម​លោក​ធ្វើ​រូប​ព្រះ​សំរាប់​ដឹក​នាំ​ពួក​យើង​ផង ដ្បិត​ពួក​យើង​ពុំ​ដឹង​ថា មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​លោក​ម៉ូសេ ដែល​បាន​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ​ឡើយ”។ ២៤ ខ្ញុំ​បាន​ប្រាប់​ពួក​ គេ​ថា អ្នក​ណា​មាន​មាស សុំ​យក​មក​អោយ​ខ្ញុំ។ ពួក​គេ​យក​មាស​មក​អោយ​ខ្ញុំ ខ្ញុំ​ក៏​បោះ​មាស​ទៅ​ក្នុង​ភ្លើង ស្រាប់​តែ​ចេញ​ជា​រូប​កូន​គោ​នេះ»។

 

២៥ លោក​ម៉ូសេ​ឃើញ​ថា លោក​អរ៉ុន​បណ្ដោយ​អោយ​ប្រជា ជន​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត ជា​ហេតុ​នាំ​អោយ​សត្រូវ​មើលងាយ។ ២៦  លោក​ទៅ​ឈរ​នៅ​ត្រង់​ទ្វារ​ចូល​ជំរំ ហើយ​ស្រែក​ថា៖ «អ្នក​ណា​ស្រឡាញ់​ព្រះអម្ចាស់ អ្នក​នោះ​ត្រូវ​មក​ខាង​ខ្ញុំ»។ កូន​ចៅ​លេវី​ទាំង​អស់​នាំ​គ្នា មក​មូល​ផ្ដុំ​ជុំវិញ​លោក​ម៉ូសេ។ ២៧ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ដូច​ត​ទៅ “អ្នក​រាល់​គ្នា​ត្រូវ​កាន់​ដាវ​រៀងៗ​ខ្លួន ហើយ​ដើរ​ចុះ​ឡើង​ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង​ទៀត​នៃ​ជំរំ ទាំង​សម្លាប់​បង​ប្អូន មិត្តភក្ដិ និង​សាច់ញាតិ​របស់​អ្នក​រាល់​គ្នា​ទៅ”»។

 

២៨ កូន​ចៅ​ លេវី​នាំ​គ្នា​ធ្វើ​តាម​បង្គាប់​របស់​លោក​ម៉ូសេ ហើយ​នៅ​ថ្ងៃ​នោះ មាន​ជន​ជាតិ​អ៊ីស្រាអែល​ប្រមាណ​បី​ពាន់​នាក់​ត្រូវ​បាត់​បង់​ជីវិត។ ២៩ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ថ្ងៃ​នេះ អ្នក​រាល់​គ្នា​ញែក​ខ្លួន​បំរើ​ព្រះអម្ចាស់ គឺ​អ្នក​រាល់​គ្នា​មិន​បាន​រារែក​ចិត្ត​ក្នុង​ការ​ប្រហារ​ជីវិត​កូន ឬ​បង​ប្អូន​របស់​ខ្លួន​ឡើយ។ ដូច្នេះ សូម​ព្រះអង្គ​ប្រទាន​ព្រះពរ​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ»។

 

លោក​ម៉ូសេ​ទូលអង្វរ​ព្រះអម្ចាស់

៣០ លុះ​ស្អែក​ឡើង លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា ជន​ថា៖ «អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់។ ឥឡូវ​នេះ ខ្ញុំ​ត្រូវ​ឡើង​ទៅ​គាល់​ព្រះអម្ចាស់​ម្ដង​ទៀត។ ប្រហែល​ជា​ខ្ញុំ​អាច​សូម​ព្រះអង្គ​លើកលែង​ទោស​អោយ​អ្នក​រាល់​គ្នា​បាន​រួច​ពី​បាប»។ ៣១ លោក​ម៉ូសេ​ក៏​ទៅ​គាល់​ព្រះអម្ចាស់ ហើយ​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់ ប្រជាជន​នេះ​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់ គឺ​ពួក​គេ​យក​មាស​សិត​ធ្វើ​រូប​ព្រះ សំរាប់​ថ្វាយបង្គំ។ ៣២ សូម​ព្រះអង្គ​មេត្តា​ លើកលែង​ទោស​អោយ​ពួក​គេ​រួច​ពី​បាប​ផង។ បើ​មិន​ដូច្នោះ​ទេ សូម​ព្រះអង្គ​លុប​ឈ្មោះ​ទូលបង្គំ ចេញ​ពី​បញ្ជី​ឈ្មោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ទៅ»។

 

៣៣ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​លោក​ម៉ូសេ​វិញ​ថា៖ «អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​យើង យើង​នឹង​លុប​ឈ្មោះ​អ្នក​នោះ​ចេញ​ពី​បញ្ជី​របស់​យើង!។ ៣៤ ឥឡូវ​នេះ ចូរ​ទៅ​ចុះ ហើយ​នាំ​ប្រជាជន​ទៅ​កាន់​កន្លែង​ដែល​យើង​បាន​ប្រាប់​អ្នក! ទេវទូត​របស់​យើង​នឹង​ដើរ​ពី​មុខ​អ្នក។ នៅ​ថ្ងៃ​វិនិច្ឆ័យ​ទោស យើង​នឹង​ដាក់​ទោស​ពួក​គេ ព្រោះ​តែ​អំពើ​បាប​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត»។

៣៥ ព្រះអម្ចាស់​បាន​ប្រហារ​ប្រជាជន ដ្បិត​ពួក​គេ​បាន​សុំ​អោយ​លោក​អរ៉ុន​ធ្វើ​រូប​កូន​គោ។

ព្រះអម្ចាស់​បញ្ជា​អោយ​ជន​ជាតិ​អ៊ីស្រាអែល​បន្ត​ដំណើរ​ទៅ​មុខ

១ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ចាក​ចេញ​ពី​ទី​នេះ ជា​មួយ​ប្រជាជន​ដែល​អ្នក​បាន​នាំ​ចេញ​មក​ពី​ស្រុក​អេស៊ីប ហើយ​ចូល​ទៅ​ក្នុង​ស្រុក​ ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ជា​មួយ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប ថា​នឹង​ប្រគល់​អោយ​ពូជពង្ស​របស់​គេ។ ២ យើង​នឹង​ចាត់​ទេវទូត​របស់​យើង​អោយ​នាំ​មុខ​អ្នក យើង​នឹង​បណ្ដេញ​ជន​ជាតិ​កាណាន ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ហេត ជន​ជាតិ​ពេរីស៊ី ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស។ ៣ អ្នក​រាល់​គ្នា​នឹង​ចូល​ ទៅ​ក្នុង​ស្រុក ដែល​មាន​ភោគ​ទ្រព្យ​សម្បូណ៌​ហូរហៀរ ប៉ុន្តែ យើង​នឹង​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទេ ក្រែង​យើង​ធ្វើ​អោយ​អ្នក​រាល់​គ្នា​វិនាស​នៅ​តាម​ផ្លូវ ដ្បិត​អ្នក​រាល់​គ្នា​ជា​ប្រជាជន​រឹងរូស»។ ៤ ពេល​ប្រជាជនឮ​ព្រះបន្ទូល​នេះ ពួក​គេ​កើត​ទុក្ខ​ព្រួយ ហើយ​គ្មាន​នរណា​ពាក់​គ្រឿង​អលង្ការ​ទៀត​ឡើយ។

 

៥ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​ជា​ប្រជាជន​រឹង​រូស! ប្រសិន​បើ​យើង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​មួយភ្លែត នោះ​យើង​​នឹង​ធ្វើ​អោយ​អ្នក​រាល់​គ្នា​វិនាស​ជា​មិន​ខាន។ ចូរ​ដោះ​គ្រឿង​អលង្ការ​ចេញ នោះ​យើង​នឹង​សំរេច​ថា ត្រូវ​ធ្វើ​យ៉ាង​ណា​ជា​មួយ​អ្នក​រាល់​គ្នា»។ ៦ ដូច្នេះ ក្រោយ​ពេល​ចាក​ចេញ​ពី​ភ្នំ​ហូរែប ប្រជា​ជន​អ៊ីស្រាអែល​លែង​ពាក់​គ្រឿង​អលង្ការ​ទៀត​ហើយ។

 

ពន្លា​ជួប​ព្រះអម្ចាស់

៧ នៅ​ពេល​ប្រជាជន​ អ៊ីស្រាអែល​បោះ​ជំរំ លោក​ម៉ូសេ​តែងតែ​ដំឡើង​ពន្លា​នៅ​ខាង​ក្រៅ ឆ្ងាយ​ពី​ជំរំ​បន្តិច គេ​ហៅ​ពន្លា​នេះ​ថា “ពន្លា​ជួប​ព្រះអម្ចាស់” ហើយ​អស់​អ្នក​ដែល​ចង់​ទូល​សួរ​ព្រះ​អម្ចាស់ ត្រូវ​តែ​ចេញ​ពី​ជំរំ ឆ្ពោះ​ទៅ​ពន្លា​ជួប​ព្រះអម្ចាស់ ដែល​នៅ​ខាង​ក្រៅ​ជំរំ។ ៨ ពេល​ណា​លោក​ម៉ូសេ​ចេញ​ទៅ​ កាន់​ពន្លា ប្រ​ជា​ជន​ទាំង​អស់​ឈរ​នៅ​មាត់​ទ្វារ​តង់ត៍​របស់​គេ​រៀងៗ​ខ្លួន ហើយ​តាម​មើល​លោក​ម៉ូសេ​រហូត​ទាល់​តែ​លោក​ចូល​ទៅ​ក្នុង​ពន្លា។ ៩ កាល​លោក​ម៉ូសេ​ចូល​ផុត​ទៅ​ក្នុង​ពន្លា នោះ​ដុំ​ពពក*​ក៏​ចុះ​មក​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា ហើយ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​​​ម៉ូសេ។ ១០ ប្រជាជន​ទាំង​អស់​ឃើញ​ ដុំ​ពពក​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា នោះ​ពួក​គេ​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ពី​មាត់​ទ្វារ​តង់ត៍​របស់​គេ​រៀងៗ​ ខ្លួន។ ១១ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ទល់​មុខ​គ្នា ហាក់​ដូច​ជា​មនុស្ស​ម្នាក់​សន្ទនា​ជា​មួយ​មិត្ត​សម្លាញ់​របស់​ខ្លួន។ បន្ទាប់​មក លោក​ម៉ូសេ​វិល​ត្រឡប់​មក​ជំរំ​វិញ។ រីឯ​យុវជន​ជា​អ្នក​បំរើ​របស់​លោក គឺ​លោក​យ៉ូស៊ូអា ជា​កូន​របស់​លោក​នូន មិន​ចាក​ចេញ​ពី​ពន្លា​ទេ។

 

ព្រះអម្ចាស់​សន្យា​គង់​ជា​មួយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ

១២ លោក​ម៉ូសេ​ទូល​ព្រះអម្ចាស់​ថា៖ «បពិត្រ​ព្រះអម្ចាស់! ព្រះអង្គ​បាន​បង្គាប់​អោយ​ទូលបង្គំ​នាំ​ប្រជាជន​នេះ​ឆ្ពោះ​ទៅ​ទឹក​ដី​សន្យា ប៉ុន្តែ ព្រះអង្គ​ពុំ​បាន​ប្រាប់​អោយ​ទូលបង្គំ​ដឹង​ថា ព្រះអង្គ​នឹង​ចាត់​នរណា​អោយ​ទៅ​ជា​មួយ​ទូលបង្គំ​ឡើយ។ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា ព្រះអង្គ​ស្គាល់​ទូលបង្គំ​ច្បាស់ ហើយ​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​ទូលបង្គំ​ទៀត​ផង។ ១៣ ឥឡូវ​នេះ ប្រសិន​បើ​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​ទូលបង្គំ​មែន​នោះ សូម​បង្ហាញ​មា​គ៌ា​របស់​ព្រះអង្គ​មក​ទូលបង្គំ ដើម្បី​អោយ​ទូលបង្គំ​ស្គាល់​ព្រះ​អង្គ ហើយ​គាប់​ព្រះហឫទ័យ​ព្រះអង្គ​ទៀត​ផង។ សូម​នឹក​ចាំ​ថា​ប្រជា​ជាតិ​នេះ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ»។

 

១៤ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ទៅ​ជា​មួយ​អ្នក ហើយ​ផ្ដល់​សេចក្ដី​សុខសាន្ត​ដល់​អ្នក»។ ១៥ លោក​ម៉ូសេ​ទូល​ថា៖ «ប្រសិន​បើ​ព្រះអង្គ​មិន​យាង​ទៅ​ជា​មួយ​យើង​ខ្ញុំ​ទេ សូម​កុំ​អោយ​យើង​ខ្ញុំ​ចាក​ចេញ​ពី​នេះ​ឡើយ។ ១៦ តើ​ធ្វើ​យ៉ាង​ណា​ដើម្បី ​អោយ​គេ​ដឹង​ថា ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​ទូលបង្គំ ព្រម​ទាំង​ប្រជា​រាស្ត្រ​របស់​ព្រះអង្គ? គឺ​មាន​តែ​ព្រះអង្គ​យាង​ទៅ​ជា​មួយ​យើង​ខ្ញុំ​ប៉ុណ្ណោះ ទើប​គេ​ឃើញ​ថា ទូលបង្គំ និង​ប្រជារាស្ត្រ​របស់​ព្រះអង្គ ខុស​ប្លែក​ពី​ជាតិ​សាសន៍​ទាំងឡាយ​នៅ​លើ​ផែនដី»។

 

១៧ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​អ្នក ដ្បិត​យើង​ពេញ​ចិត្ត​នឹង​អ្នក ហើយ​ស្គាល់​អ្នក​យ៉ាង​ច្បាស់»។

១៨ លោក​ម៉ូសេ​ទូល​ថា៖ «សូម​ព្រះអង្គ​បង្ហាញ​សិរីរុងរឿង​របស់​ព្រះអង្គ​អោយ​ទូលបង្គំ​ឃើញ​ផង»។ ១៩ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​សំដែង​សេចក្ដី​សប្បុរស​របស់​យើង ហើយ​យើង​ប្រកាស​ឈ្មោះ​យើង ជា​ព្រះអម្ចាស់ នៅ​ចំពោះ​មុខ​អ្នក។ យើង​នឹង​មាន​ចិត្ត​មេត្តា​ករុណា​ដល់​នរណា ដែល​យើង​មេត្តា​ករុណា យើង​ក៏​នឹង​មាន​ចិត្ត​អាណិត​អាសូរ​ដល់​នរណា​ដែល​​​​យើង​អាណិត​អាសូរ​ដែរ»។ ២០ ព្រះអង្គ​មាន​ ព្រះបន្ទូល​ទៀត​ថា៖ «អ្នក​មិន​អាច​ឃើញ​មុខ​យើង​បាន​ទេ ដ្បិត​គ្មាន​មនុស្ស​ណា​អាច​ឃើញ​មុខ​យើង ហើយ​មាន​ជីវិត​ត​ទៅ​មុខ​ទៀត​ឡើយ»​។ ២១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ឈរ​ជិត​យើង លើ​ដុំ​ថ្ម នៅ​កន្លែង​នេះ! ២២ ពេល​សិរីរុងរឿង​របស់​ យើង​ឆ្លង​កាត់​តាម​នេះ យើង​នឹង​លាក់​អ្នក​ក្នុង​ក្រហែង​ថ្ម ហើយ​យក​ដៃ​របស់​យើង​មក​បាំង​អ្នក រហូត​ទាល់​តែ​យើង​ឆ្លង​ផុត​ទៅ។ ២៣ បន្ទាប់​មក យើង​នឹង​ដក​ដៃ​ចេញ ហើយ​អ្នក​នឹង​ឃើញ​យើង​ពី​ក្រោយ តែ​គ្មាន​នរណា​អាច​ឃើញ​មុខ​យើង​ទេ»។

បន្ទះ​ថ្ម​ថ្មី

១ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ដាប់​ថ្ម​ពីរ​បន្ទះ​ដូច​បន្ទះ​ថ្ម​មុន​ដែរ។ យើង​​​​នឹង​សរសេរ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចារឹក​លើ​បន្ទះ​ថ្ម ដែល​អ្នក​បាន​ធ្វើ​អោយ​បែក លើ​បន្ទះ​ថ្ម​ថ្មី​នេះ។ ២ ចូរ​ត្រៀម​ខ្លួន​តាំង​ពី​ព្រលឹម ហើយ​ឡើង​ទៅ​លើ​ភ្នំ​ស៊ីណៃ រួច​រង់ចាំ​យើង​នៅ​លើ​កំពូល​ភ្នំ។​​ មិន​ត្រូវ​អោយ​នរណា​ឡើង​មក​ជា​មួយ​អ្នក មិន​ត្រូវ​អោយ​មាន​នរណា​នៅ​លើ​ភ្នំ​នេះ ហើយ​សូម្បី​តែ​ចៀម ឬ​គោ ក៏​មិន​ត្រូវ​អោយ​មក​ស៊ី​ស្មៅ​នៅ​តាម​ជើង​ភ្នំ​ដែរ»។ ៤ លោក​ម៉ូសេ​ក៏​ដាប់​ថ្ម​ពីរ​បន្ទះ ដូច​បន្ទះ​ថ្ម​មុន។ លោក​ក្រោក​ពី​ព្រលឹម ឡើង​ទៅ​លើ​ភ្នំ​ស៊ីណៃ តាម​បញ្ជា​របស់​ព្រះអម្ចាស់ ទាំង​កាន់​បន្ទះ​ថ្ម​ពីរ​នោះ​ទៅ​ជា​មួយ​ផង។

 

៥ ព្រះអម្ចាស់​បាន​ចុះ​មក​ក្នុង​ពពក* ហើយ​គង់​នៅ​ទី​នោះ ក្បែរ​​​​លោក​ម៉ូសេ ទាំង​ប្រកាស​ព្រះនាម​ព្រះអម្ចាស់។ ៦ បន្ទាប់​មក ព្រះអម្ចាស់​បាន​ឆ្លង​កាត់​ពី​មុខ​លោក​ម៉ូសេ ទាំង​ប្រកាស​ថា៖ «ព្រះអម្ចាស់ ព្រះអម្ចាស់ ជា​ព្រះ​ប្រកប​ដោយ​ព្រះហឫទ័យ​អាណិត​អាសូរ និង​ប្រណី​សន្ដោស ព្រះអង្គ​មាន​ព្រះហឫទ័យ​អត់ធ្មត់ ហើយ​ពោរពេញ​ទៅ​ដោយ​ព្រះហឫទ័យ​មេត្តា​ករុណា និង​ស្​មោះស្ម័គ្រ​ជានិច្ច។ ៧ ព្រះអង្គ​សំដែង​ព្រះហឫទ័យ ​មេត្តា​ករុណា រហូត​ដល់​មួយ​ពាន់​ដំណ ព្រះអង្គ​តែងតែ​អត់ទោស​ចំពោះ​កំហុស អំពើ​ទុច្ចរិត និង​អំពើ​បាប​ដែល​មនុស្ស​បាន​ប្រព្រឹត្ត តែ​ ​ព្រះអង្គ​មិន​ចាត់​ទុក​អ្នក​មាន​កំហុស​ថា​ជា​ជន​ស្លូត​ត្រង់​ឡើយ​។ អ្នក​ធ្វើ​ខុស ព្រះអង្គ​ដាក់​ទោស​គេ​ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ!»។

៨ លោក​ម៉ូសេ​ប្រញាប់ប្រញាល់​ក្រាប​ដល់​ដី ថ្វាយបង្គំ​ព្រះ​អម្ចាស់។ ៩ លោក​ទូល​ថា៖ «បពិត្រ​ព្រះអម្ចាស់! ប្រសិន​បើ​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​ទូលបង្គំ​មែន សូម​ព្រះអង្គ​យាង​ទៅ​ជា​មួយ​យើង​ខ្ញុំ​ផង។ ប្រជាជន​ទាំង​នេះ​ជា​មនុស្ស​រឹងរូស ប៉ុន្តែ ព្រះអង្គ​អត់ទោស​ចំពោះ​កំហុស និង​អំពើ​បាប ដែល​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត ហើយ​ព្រះអង្គ​ទទួល​យើង​ខ្ញុំ​ជា​ប្រជារាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ»។

 

ព្រះអម្ចាស់​ចង​សម្ពន្ធមេត្រី​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល​សា​ជា​ថ្មី

១០ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ថា៖ «ឥឡូវ​នេះ យើង​ចង​សម្ពន្ធមេត្រី​ជា​មួយ​អ្នក​រាល់​គ្នា។ យើង​នឹង​សំដែង​ការ​អស្ចារ្យ អោយ​ប្រជាជន​អ៊ីស្រាអែល​ឃើញ ជា​ការ​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាន​កាល​ពី​មុន​មក នៅ​លើ​ផែនដី និង​នៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​នានា។ ប្រជាជន​នៅ​ជា​មួយ​អ្នក​នឹង​ឃើញ​ស្នា​ព្រះហស្ដ​ដ៏​គួរ​អោយ​កោត​ស្ញប់ស្ញែង ដែល​ព្រះអម្ចាស់​បាន​ធ្វើ តាម​រយៈ​អ្នក។

 

១១ ចូរ​យក​ ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​យើង​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ។ យើង​នឹង​បណ្ដេញ​ជន​ជាតិ​អាម៉ូរី ជន​ជាតិ​កាណាន ជន​ជាតិ​ហេត ជន​ជាតិ​ពេរីស៊ី ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស ចេញ​ពី​មុខ​អ្នក​រាល់​គ្នា។ ១២ ចូរ​ប្រយ័ត្ន​មិន​ត្រូវ ​ចង​សម្ពន្ធមិត្ត​ជា​មួយ​ប្រជាជន​នៅ​ក្នុង​ស្រុក ដែល​អ្នក​នឹង​ចូល​ទៅ​រស់​នៅ​នោះ​ឡើយ ក្រែង​លោ​ពួក​គេ​ក្លាយ​ទៅ​ជា​អន្ទាក់ ក្នុង​ចំណោម​អ្នក។ ១៣ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ត្រូវ​បំផ្លាញ​អាសនៈ​របស់​ពួក​គេ បំបាក់​ស្ដូប​របស់​ពួក​គេ ព្រម​ទាំង​ផ្ដួល​រំលំ​បង្គោល​សក្ការៈ​របស់​ពួក​គេ​ទៀត​ផង។ ១៤ មិន​ត្រូវ​ក្រាប​ថ្វាយបង្គំ​ព្រះ​ណា​ទៀត​ឡើយ ដ្បិត​យើង​ជា​ព្រះអម្ចាស់ យើង​មិន​ចង់​អោយ​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ផ្សេង​ជា​ដាច់​ខាត។ ១៥ កុំ​ចង​សម្ពន្ធមិត្ត​ជា ​មួយ​ប្រជាជន​នៅ​ស្រុក​នោះ ក្រែង​លោ​ពេល​ណា​គេ​ធ្វើ​យញ្ញបូជា​ដល់​ព្រះ​របស់​គេ គេ​នឹង​អញ្ជើញ​អ្នក​អោយ​ចូល​រួម​បរិភោគ ជា​ហេតុ​នាំ​អោយ​អ្នក​ក្បត់​ចិត្ត​យើង។ ១៦ ម្យ៉ាង​ទៀត បើ​កូន​ប្រុស​របស់​អ្នក​រៀបការ​ជា​មួយ​កូន​ស្រី​របស់​គេ ពេល​កូន​ស្រី​របស់​គេ​ថ្វាយបង្គំ​ព្រះ​របស់​ខ្លួន នោះ​នាង​ក៏​នាំ​កូន​ប្រុស​របស់​អ្នក អោយ​ក្បត់​ចិត្ត​យើង​ដែរ។

១៧ មិន​ត្រូវ​យក​លោហធាតុ​មក​សិត​ធ្វើ​ជា​រូប​ព្រះ​ឡើយ។

 

១៨ ត្រូវ​ធ្វើ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ គឺ​អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ ចំនួន​ប្រាំពីរ​ថ្ងៃ នៅ​ខែ​ចេត្រ ដូច​យើង​បាន​បង្គាប់ និង​កំណត់​ទុក ព្រោះ​នៅ​ខែ​ចេត្រ​នោះ យើង​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប។

 

១៩ កូន​ប្រុស​ច្បង​ទាំង​អស់​ជា​កម្មសិទ្ធិ​របស់​យើង ហើយ​កូន​ឈ្មោល​ដំបូង​របស់​គោ និង​ចៀម​ពី​ក្នុង​ហ្វូង​សត្វ​របស់​អ្នក ក៏​ជា​កម្មសិទ្ធិ​របស់​យើង​ដែរ។ ២០ រីឯ​កូន​ដំបូង​របស់​ សត្វ​លា អ្នក​ត្រូវ​យក​កូន​ចៀម​មក​លោះ បើ​អ្នក​មិន​លោះ​វា​ទេ ត្រូវ​វាយ​បំបាក់​ក​កូន​លា​នោះ។ អ្នក​ក៏​ត្រូវ​លោះ​កូន​ប្រុស​ច្បង​ទាំង​អស់​របស់​អ្នក​ដែរ។ មិន​ត្រូវ​ចូល​មក​រក​យើង ដោយ​ដៃ​ទទេ​ឡើយ។

 

២១ អ្នក​ត្រូវ​ធ្វើ​ការ​ប្រាំ​មួយ​ថ្ងៃ ប៉ុន្តែ នៅ​ថ្ងៃ​ទី​ប្រាំពីរ អ្នក​រាល់​គ្នា​ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ* ទោះ​បី​នៅ​រដូវ​ភ្ជួរ​រាស់ ឬ​រដូវ​ច្រូត​កាត់​ក៏​ដោយ។

២២ អ្នក​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ថ្ងៃ​ទី​ហាសិប* នៅ​ពេល​ចាប់​ផ្ដើម​ច្រូត​​​ស្រូវ ហើយ​ធ្វើ​ពិធី​បុណ្យ​ប្រមូល​ភោគផល​នៅ​ចុង​ឆ្នាំ។

២៣ ក្នុង​មួយ​ឆ្នាំ ក្នុង​ចំណោម​ប្រជាជន ប្រុសៗ​ទាំង​អស់​ត្រូវ​មក​បង្ហាញ​ខ្លួន នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាអម្ចាស់​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ចំនួន​បី​ដង។ ២៤ កាល​យើង​បណ្ដេញ​ជាតិ​ សាស​ន៍​​​នានា​ចេញ​ពី​មុខ​អ្នក យើង​នឹង​ពង្រីក​ទឹក​ដី​របស់​អ្នក។ ក្នុង​អំឡុង​ពេល​ទាំង​បី​ដង​ក្នុង​មួយ​ឆ្នាំ ដែល​អ្នក​មក​បង្ហាញ​ខ្លួន នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក គ្មាន​នរណា​លោភលន់​ចង់​បាន​ដី​របស់​អ្នក​ឡើយ។

 

២៥ មិន​ត្រូវ​យក​នំបុ័ង​មាន​មេ មក​ថ្វាយ​ជា​មួយ​ឈាម​នៃ​យញ្ញ​បូជា​ឡើយ ហើយ​ក៏​មិន​ត្រូវ​រក្សា​សាច់​របស់​យញ្ញបូជា​នៃ​ពិធី​បុណ្យ​​ចម្លង រហូត​ដល់​ព្រឹក​ស្អែក​ដែរ។ ២៦ ចូរ​នាំ​យក​ភោគផល​ដំបូង​បង្អស់​នៃ​ដំណាំ​របស់​អ្នក​រាល់​គ្នា មក​ថ្វាយ​ក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ»។

២៧ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​កត់ត្រា​ពាក្យ​ទាំង​នេះ​ទុក ដ្បិត​ពាក្យ​ទាំង​នេះ​ជា​មូលដ្ឋាន​នៃ​សម្ព​ន្ធ​​មេត្រី ដែល​យើង​ចង​ជា​មួយ​អ្នក និង​ប្រជាជន​អ៊ីស្រាអែល»។

 

២៨ លោក​ម៉ូសេ​ស្ថិត​នៅ​លើ​ភ្នំ​ជា​មួយ​ព្រះអម្ចាស់ អស់​រយៈ​ពេល​សែសិប​ថ្ងៃ សែសិប​យប់ ដោយ​មិន​បរិភោគ​អ្វី​ឡើយ សូម្បី​តែ​ទឹក​ក៏​លោក​មិន​បរិភោគ​ដែរ។ លោក​ចារ​ព្រះបន្ទូល​នៃ​សម្ពន្ធ​មេត្រី ដែល​ជា​បទ​បញ្ជា​ទាំង​ដប់​នៅ​លើ​បន្ទះ​ថ្ម។

 

លោក​ម៉ូសេ​ចុះ​ពី​ភ្នំ​ស៊ីណៃ

២៩ លោក​ម៉ូសេ​ចុះ​ពី​ភ្នំ​ ស៊ីណៃ​មក​វិញ ដោយ​កាន់​បន្ទះ​ថ្ម​ទាំង​ពីរ​ដែល​ជា​សន្ធិសញ្ញា។ ពេល​ចុះ​ពី​ភ្នំ លោក​ពុំ​ដឹង​ថា​ផ្ទៃ​មុខ​របស់​លោក​បញ្ចេញ​រស្មី ព្រោះ​តែ​លោក​បាន​សន្ទនា​ជា​មួយ​ព្រះអម្ចាស់​នោះ​ទេ។

 

៣០ លោក​អរ៉ុន និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ឃើញ​ផ្ទៃ​មុខ​របស់​លោក​ម៉ូសេ​បញ្ចេញ​រស្មី​ដូច្នេះ ពួក​គេ​មិន​ហ៊ាន​ចូល​ទៅ​ជិត​លោក​ឡើយ។ ៣១ លោក​ម៉ូសេ​បាន​ហៅ​ពួក​គេ ហើយ​លោក​អរ៉ុន និង​មេ​ដឹក​នាំ​សហគមន៍​ក៏​នាំ​គ្នា​ចូល​មក​ជិត​លោក រួច​លោក​មាន​ប្រសាសន៍​ជា​មួយ​ពួក​គេ។

 

៣២ បន្ទាប់​មក ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​នាំ​គ្នា​ចូល​មក​ជិត​លោក ហើយ​លោក​ក៏​ថ្លែង​ប្រាប់​ពួក​គេ​នូវ​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក​នៅ​លើ​ភ្នំ​ស៊ីណៃ។

 

៣៣ កាល​លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ចប់​សព្វ​គ្រប់​ហើយ លោក​ក៏​យក​ស្បៃ​មក​បាំង​មុខ។ ៣៤ ពេល​ណា​លោក​ម៉ូសេ​ចូល​ទៅ​គាល់​ព្រះអម្ចាស់ ដើម្បី​សន្ទនា​ជា​មួយ​ព្រះអង្គ លោក​ដោះ​ស្បៃ​មុខ រហូត​ដល់​ចេញ​មក​វិញ។ ពេល​លោក​ចេញ​មក​វិញ លោក​ក៏​នាំ​បទ​បញ្ជា​ផ្សេងៗ ដែល​លោក​បាន​ទទួល​យក​មក​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល។ ៣៥ ជន​ជាតិ​អ៊ីស្រាអែល​ឃើញ ​ផ្ទៃ​មុខ​របស់​លោក​ម៉ូសេ​បញ្ចេញ​រស្មី លោក​ក៏​យក​ស្បៃ​មក​បាំង​មុខ រហូត​ទាល់​តែ​ដល់​ពេល​ដែល​លោក​ចូល​ទៅ​សន្ទនា​ជា​មួយ​ព្រះអម្ចាស់។

វិន័យ​ស្ដី​អំពី​ថ្ងៃ​សប្ប័ទ

១ លោក​ម៉ូសេ​បាន​ប្រមូល​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​មក​ជួបជុំ​គ្នា ហើយ​លោក​មាន​ប្រសា​ស​ន៍​ទៅ​ពួក​គេ​ថា៖ «នេះ​ជា​សេចក្ដី​ដែល​ព្រះអម្ចាស់​បង្គាប់​អោយ​អ្នក​រាល់​គ្នា​ធ្វើ​តាម: ២ ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ អ្នក​រាល់​គ្នា​អាច​ធ្វើ​ការ​បាន ប៉ុន្តែ ថ្ងៃ​ទី​ប្រាំពីរ ជា​ថ្ងៃ​សក្ការៈ គឺ​ថ្ងៃ​សប្ប័ទ ដែល​ជា​ថ្ងៃ​បុណ្យ​ថ្វាយ​ព្រះអម្ចាស់។ អ្នក​ដែល​ធ្វើ​ការ​នៅ​ថ្ងៃ​នោះ នឹង​ត្រូវ​គេ​ប្រហារ​ជីវិត។ ៣ នៅ​ថ្ងៃ​សប្ប័ទ ទោះ​ជា​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក្ដី ក៏​មិន​ត្រូវ​បង្កាត់​ភ្លើង​ដែរ»។

 

ការ​សង់​ព្រះពន្លា

 

តង្វាយ​របស់​ជន​ជាតិ​អ៊ីស្រាអែល

៤ លោក​ម៉ូសេ​មាន​ប្រសាសន៍ ​ទៅ​កាន់​ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​ថា៖ «នេះ​ជា​សេចក្ដី​ដែល​ព្រះអម្ចាស់​បង្គាប់​អោយ​អ្នក​រាល់​គ្នា​ធ្វើ​តាម: ៥ ត្រូវ​ញែក​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​មាន មួយ​ចំណែក ថ្វាយ​ព្រះអម្ចាស់។ អស់​អ្នក​ដែល​មាន​ចិត្ត​សទ្ធា ត្រូវ​នាំ​យក​តង្វាយ​ដែល​ខ្លួន​ញែក​ទុក​នេះ មក​ថ្វាយ​ព្រះអម្ចាស់ គឺ​មាន មាស ប្រាក់ លង្ហិន ៦ សំពត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ព្រម​ទាំង​ក្រណាត់​ទេសឯក​សុទ្ធ និង​ក្រណាត់​ធ្វើ​ពី​រោម​ពពែ ៧ ស្បែក​ចៀម​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ឈើ​នាងនួន ៨ ប្រេង​សំរាប់​ដុត​ចង្កៀង គ្រឿង​ក្រអូប​សំរាប់​លាយ​ប្រេង ដែល​ប្រើ​ក្នុង​ពិធី​លាប​ប្រេង គ្រឿង​ក្រអូប​សំរាប់​ដុត ៩ ត្បូង​មណី​ជោតិរស និង​ត្បូង​ឯ​ទៀតៗ សំរាប់​លំអ​អាវ​អេផូដ* និង​ប្រដាប់​ពាក់​លើ​ទ្រូង។

១០ ត្រូវ​អោយ​ពួក​ជាង​ទាំង​ប៉ុន្មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មក​ធ្វើ​កិច្ចការ​ទាំង​អស់​ដែលព្រះអម្ចាស់បង្គាប់​អោយ​ធ្វើ ១១ គឺ​សង់​ព្រះពន្លា ដែល​មាន​រោង​ក្រណាត់ ដំបូល ទំពក់ ស៊ុម ឈើ​ទទឹង បង្គោល និង​ជើង​ទ្រ ១២ ហិប​នៃ​សម្ពន្ធមេត្រី ព្រម​ទាំង​ឈើ​ស្នែង គំរប​វាំងនន សំរាប់​ខណ្ឌ​ទីសក្ការៈ ១៣ តុ​សំរាប់​តម្កល់​នំបុ័ង ព្រម​ទាំង​ឈើ​ស្នែង គ្រឿង​បរិក្ខារ​ទាំង​អស់ និង​នំបុ័ង​ដែល​ត្រូវ​តម្កល់​ថ្វាយ​ព្រះជាម្ចាស់ ១៤ ជើង​ចង្កៀង និង​គ្រឿង​បរិក្ខារ​សំរាប់​ប្រើ​ប្រាស់​ជា​មួយ ព្រម​ទាំង​ចង្កៀង និង​ប្រេង​សំរាប់​ដុត ១៥ អាសនៈ​សំរាប់​គ្រឿង​ ក្រអូប ព្រម​ទាំង​ឈើ​ស្នែង ប្រេង​សំរាប់​ពិធី​លាប ប្រេង គ្រឿង​ក្រអូប​សំរាប់​ដុត និង​វាំងនន​សំរាប់​ទ្វារ​ចូល​ព្រះ​ពន្លា។ ១៦ អាសនៈ​សំរាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ប្រទាស​លង្ហិន ឈើ​ស្នែង និង​គ្រឿង​បរិក្ខារ​ទាំង​អស់ ព្រម​ទាំង​អាង​ទឹក និង​កំណល់ ១៧ រនាំង​ទីលាន ព្រម​ទាំង​បង្គោល ជើង​ទ្រ និង​វាំងនន​របស់​ទ្វារ​ទីលាន ១៨ ចម្រឹង​ព្រះពន្លា និង​ចម្រឹង​រនាំង​របស់​ទីលាន ព្រម​ទាំង​ខ្សែ​ចង​ពន្លា ១៩ សម្លៀកបំពាក់​ពិធី​ បុណ្យ​សំរាប់​បំពេញ​មុខងារ​ក្នុង​ទីសក្ការៈ គឺ​សម្លៀកបំពាក់​សក្ការៈ​របស់​បូជា​ចារ្យ​អរ៉ុន និង​សម្លៀកបំពាក់​កូន​ប្រុស​គាត់ ដែល​បំពេញ​មុខងារ​ជា​បូជាចារ្យ»។

 

២០ សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​ក៏​នាំ​គ្នា​ចាក​ចេញ​ពី​លោក​ម៉ូសេ​ទៅ។ ២១ អស់​អ្នក​ដែល​មាន​ចិត្ត​សទ្ធា​ជ្រះថ្លា និង​ចិត្ត​ទូ​លាយ បាន​នាំ​យក​តង្វាយ​ដែល​ខ្លួន​បាន​ញែក​ទុក​ដោយ​ឡែក មក​​​ថ្វាយ​ព្រះអម្ចាស់ សំរាប់​សង់​ពន្លា​ជួប​ព្រះអង្គ និង​ផលិត​គ្រឿង​បរិក្ខារ​ប្រើប្រាស់​ក្នុង​ពន្លា ព្រម​ទាំង​សម្លៀកបំពាក់​សក្កា​រៈ​។ ២២ អស់​អ្នក​ដែល​មាន​ចិត្ត ​ទូលាយ ទាំង​ប្រុស ទាំង​ស្រី បាន​នាំ​យក​ទំហូ ក្រវិល ចិញ្ចៀន និង​បន្តោង​ខ្សែ​ក ព្រម​ទាំង​គ្រឿង​អលង្ការ​គ្រប់​យ៉ាង​ធ្វើ​ពី​មាស​មក ហើយ​ពួក​គេ​ថ្វាយ​គ្រឿង​អំពី​មាស​ទាំង​នោះ​ទៅ​ព្រះអម្ចាស់។ ២៣ អស់​អ្នក​ដែល​មាន​ ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​ក្រណាត់​ទេសឯក​សុទ្ធ និង​ក្រណាត់​ធ្វើ​ពី​រោម​ពពែ ស្បែក​ចៀម​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ក៏​នាំ​យក​របស់​ទាំង​នោះ​មក​ថ្វាយ​ដែរ។ ២៤ អស់​អ្នក​ដែល​មាន​ប្រាក់ និង​លង្ហិន បាន​នាំ​យក​តង្វាយ​ដែល​គេ​ញែក​ទុក​នោះ មក​ថ្វាយ​ព្រះអម្ចាស់ អស់​អ្នក​ដែល​មាន​ឈើ​នាងនួន បាន​នាំ​យក​ឈើ​នោះ​មក ដើម្បី​ធ្វើ​វត្ថុ​ផ្សេងៗ​ថ្វាយ​ព្រះអម្ចាស់។ ២៥ ស្ត្រី​ទាំង​ប៉ុន្មាន​ ដែល​ប៉ិនប្រសប់​ខាង​ត្បាញ ក៏​នាំ​យក​ក្រណាត់​ដែល​ខ្លួន​ត្បាញ​មក​ថ្វាយ​ដែរ គឺ​មាន​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​ក្រណាត់​ទេសឯក​សុទ្ធ។ ២៦ ស្ត្រី​ទាំង​ប៉ុន្មាន​ដែល​មាន​ចិត្ត​សទ្ធា​ជ្រះថ្លា និង​ប៉ិនប្រសប់ បាន​នាំ​គ្នា​ត្បាញ​ក្រណាត់​រោម​ពពែ​មក​ថ្វាយ​ផង​ដែរ​។ ២៧ ពួក​មេ​ដឹក​នាំ​ប្រជាជន​បាន​យក​ត្បូង​មណីជោតិរស និង​ត្បូង​ឯ​ទៀតៗ​សំរាប់​លំអ​អាវ​អេផូដ និង​ប្រដាប់​ពាក់​លើ​ទ្រូង ២៨ ព្រម​ទាំង​គ្រឿង​ក្រអូប និង​ប្រេង ដើម្បី​ផលិត​ប្រេង​សំរាប់​ដុត ប្រេង​សំរាប់​ពិធី​លាប​ប្រេង និង​ប្រេង​ក្រអូប។ ២៩ ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ទាំង​ប្រុស ទាំង​ស្រី ដែល​មាន​ចិត្ត​ទូលាយ បាន​នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះអម្ចាស់ ដោយ​ស្ម័គ្រចិត្ត ដើម្បី​​​សង់​អ្វីៗ​ទាំង​អស់ ដែល​ព្រះអម្ចាស់​បង្គាប់​មក​តាម​រយៈ​លោក​​ម៉ូសេ។

 

៣០ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល​ថា៖ «ព្រះអម្ចាស់​បាន​ជ្រើសរើស​លោក​បេសាល់អែល ជា​កូន​លោកអ៊ូរី និង​ជា​ចៅ​របស់​លោក​ហ៊ួរ ក្នុង​កុលសម្ព័ន្ធ​យូដា ៣១ ហើយ​ព្រះអង្គ​ប្រទាន​អោយ​គាត់​ពោរពេញ​ដោយ​ព្រះវិញ្ញាណ ដើម្បី​អោយ​លោក​មាន​ប្រាជ្ញា​ឆ្លាត​វាងវៃ ចេះ​ធ្វើ​គ្រប់​កិច្ចការ ៣២ គឺ​ចេះ​លើក​គំរោង ហើយ​ជា​ជាង​មាស ជាង​ប្រាក់ និង​ជាង​លង្ហិន ៣៣ ចេះ​ឆ្នៃ និង​ដាំ​ត្បូង ចេះ​ឆ្លាក់​ឈើ។ សរុប​មក គាត់​ចេះ​ធ្វើ​ការងារ​សិប្បកម្ម​គ្រប់​មុខ។ ៣៤ ព្រះអង្គ​ប្រទាន​អោយ​ គាត់ ព្រម​ទាំង​លោក​អូហូលីយ៉ាប ជា​កូន​របស់​លោក​អហ៊ីសាម៉ាក​ពី​កុល​សម្ព័ន្ធ​ដាន់ មាន​ជំនាញ​ខាង​បង្ហាត់​បង្រៀន​ការងារ​សិប្បកម្ម​នេះ​ដល់​អ្នក​ដទៃ​ទៀត។ ៣៥ ព្រះអង្គ​ប្រទាន​អោយ​ ពួក​គេ​ប៉ិនប្រសប់​បំពេញ​មុខ​ការ​គ្រប់​យ៉ាង ដូច​ជា​ជាង​ចម្លាក់ វិចិត្រករ អ្នក​ប៉ាក់ អ្នក​ត្បាញ​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ និង​ក្រណាត់​ទេសឯក​សុទ្ធ។ ពួក​គេ​សុទ្ធសឹង​តែ​ជា​អ្នក​ជំនាញ ដែល​ចេះ​ធ្វើ​ការងារ​គ្រប់​បែប​យ៉ាង និង​ចេះ​លើក​គំរោង»។

១ លោក​បេសល់អែល លោក​អូហូលីយ៉ាប ព្រម​ទាំង​សិប្បករ​ឯ​ទៀតៗ ដែល​ព្រះអម្ចាស់​ ប្រទាន​ប្រាជ្ញា​ឆ្លាត​វាងវៃ ដើម្បី​អោយ​ពួក​គេ​ចេះ​ធ្វើ​អ្វីៗ​ទាំង​អស់ សំរាប់​ទីសក្ការៈ​នាំ​គ្នា​ធ្វើ​ការងារ ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ​អម្ចាស់​បាន​បង្គាប់។

 

២ លោក​ម៉ូសេ​បាន​អញ្ជើញ​លោក​បេសាល់អែលល លោក​អូហូលីយ៉ាប និង​អ្នក​ជំនាញ​ទាំង​អស់​ដែល​ព្រះអម្ចាស់​ប្រទាន​តម្រិះ​ប្រាជ្ញា និង​ការ​ប៉ិនប្រសប់​បំពេញ​ការងារ​អោយ​ចាប់​ផ្ដើម​ធ្វើ​ការ។ ៣ លោក​ម៉ូសេ​បាន​យក​តង្វាយ​ ទាំង​អស់ ដែល​ជន​ជាតិ​អ៊ីស្រាអែល​យក​មក​ថ្វាយ ប្រគល់​ទៅ​អ្នក​ទាំង​នោះ ដើម្បី​សង់​ទីសក្ការៈ។ រៀង​រាល់​ព្រឹក ប្រជាជន​នៅ​តែ​បន្ត​នាំ​យក​តង្វាយ​មក​ជូន​លោក​ម៉ូសេ។ ៤ ដូច្នេះ ពួក​សិប្បករ​ទាំង​អស់ ដែល​បំពេញ​ការងារ​សង់​ទីសក្ការៈ ទុក​ចោល​ការងារ​របស់​ខ្លួន ៥ ហើយ​នាំ​គ្នា​ទៅ​ជំរាប​លោក​ម៉ូសេ​ថា៖ «ប្រជាជន​ចេះ​តែ​យក​របស់​មក​អោយ​ពួក​យើង ច្រើន​លើស​ពី​សេចក្ដី​ត្រូវ​ការ​សំរាប់​ការងារ ដែល​ព្រះអម្ចាស់​បង្គាប់​អោយ​ពួក​យើង​ធ្វើ»។ ៦ លោក​ម៉ូសេ​បាន​បញ្ជា​អោយ​ ប្រកាស​ក្នុង​ជំរំ​ទាំង​មូល​ថា៖ «ចូរ​ឃាត់​ប្រជាជន​ទាំង​ប្រុស ទាំង​ស្រី កុំ​អោយ​នាំ​យក​តង្វាយ​សំរាប់​សង់​ទីសក្ការៈ​មក​ទៀត​ឡើយ ៧ ដ្បិត​របស់​របរ​ដែល​បាន​ទទួល​សំរាប់​ការងារ មាន​ល្មម​គ្រប់​គ្រាន់​ហើយ»។

 

ការ​សង់​ព្រះពន្លា

៨ សិប្បករ​ទាំង​អស់​ដែល​មាន ​នាទី​សាង​សង់ បាន​នាំ​គ្នា​សង់​ព្រះពន្លា​ពី​ក្រណាត់​ក្រាស់​ដប់​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ធ្មៃ​ពណ៌​ក្រហម និង​ក្រហម​ទុំ ដែល​មាន​ប៉ាក់​លំអ​ដោយ​រូប​ខេរូប៊ីន។ ៩ ផ្ទាំង​ក្រណាត់​ទាំង​អស់​មាន​ទំហំ​ប៉ុនៗ​គ្នា គឺ​បណ្ដោយ​​ប្រវែង​ម្ភៃ​ប្រាំ​បី​ហត្ថ ទទឹង​បួន​ហត្ថ។ ១០ គេ​បាន​ដេរ​ក្រណាត់​ប្រាំ​ផ្ទាំង​ជាប់​គ្នា ហើយ​ក្រណាត់​ប្រាំ​ផ្ទាំង​ទៀត ក៏​ដេរ​ជាប់​គ្នា​ដែរ។ ១១ គេ​យក​អំបោះ​ពណ៌​ស្វាយ​វេញ​ធ្វើ​ខ្សែ ដែល​មាន​រាង​ដូច​កង ដេរ​ភ្ជាប់​តាម​ជាយ​ម្ខាង​របស់​ផ្ទាំង​ក្រណាត់​ធំៗ​ទាំង​ពីរ។ ១២ គេ​ធ្វើ​ខ្សែ​កង​ចំនួន​ហាសិប​នៅ​តាម​ជាយ​នៃ​ផ្ទាំង​ធំ​នី​មួយ​ៗ ហើយ​ខ្សែ​កង​ដែល​ស្ថិត​នៅ​លើ​ផ្ទាំង​ធំៗ​ទាំង​ពីរ នៅ​ទន្ទឹម​គ្នា។ ១៣ គេ​ធ្វើ​ទំពក់​មាស​ ចំនួន​ហាសិប សំរាប់​ថ្ពក់​ផ្ទាំង​ក្រណាត់​ធំ​ទាំង​ពីរ​ជាប់​គ្នា។ ដូច្នេះ មាន​ក្រណាត់​តែ​មួយ​ផ្ទាំង​ធ្វើ​ជា​ព្រះ​ពន្លា។

 

​១៤ គេ​បាន​ត្បាញ​ក្រណាត់​ក្រាស់​ដប់​មួយ​ផ្ទាំង​ពី​រោម​ពពែ សំ​រាប់​​គ្រប​ពី​លើ​ព្រះពន្លា។ ១៥ ក្រណាត់​ដប់​មួយ​ផ្ទាំង​នេះ​មាន​ទំហំ​ប៉ុនៗ​គ្នា គឺ​បណ្ដោយ​សាមសិប​ហត្ថ ទទឹង​បួន​ហត្ថ។ ១៦ គេ​យក​ក្រណាត់​ប្រាំ​ផ្ទាំង​មក​ដេរ​ភ្ជាប់​គ្នា រួច​ទើប​យក​ក្រណាត់​ប្រាំ​មួយ​ផ្ទាំង​ទៀត​មក​ដេរ​ភ្ជាប់​គ្នា​ដែរ។ ១៧ គេ​ធ្វើ​ខ្សែ​កង​ចំនួន​ហាសិប ដេរ​ភ្ជាប់​នៅ​ជាយ​ម្ខាង​នៃ​ផ្ទាំង​ក្រណាត់​ធំៗ​ទី​ពីរ។ ១៨ គេ​ធ្វើ​ទំពក់​លង្ហិន​​ចំនួន​ហាសិប សំរាប់​ភ្ជាប់​ក្រណាត់​ជា​មួយ​គ្នា​អោយ​ទៅ​ជា​មួយ​ផ្ទាំង។ ១៩ គេ​យក​ស្បែក​ពពែ​ឈ្មោល ជ្រលក់​ពណ៌​ក្រហម គ្រប​ពី​លើ​ផ្ទាំង​ក្រណាត់​នោះ ហើយ​យក​ស្បែក​ផ្សោត​គ្រប​ពី​លើ​ថែម​ទៀត។

 

២០ គេ​យក​ឈើ​នាងនួន​មក​ធ្វើ​ជា​ស៊ុម សំរាប់​បញ្ឈរ​ទ្រ​ក្រ​ណាត់​ព្រះពន្លា​នោះ ២១ ស៊ុម​នីមួយៗ​មាន​កំពស់​ដប់​ហត្ថ និង​ទទឹង​មួយ​ហត្ថ​កន្លះ។ ២២ នៅ​លើ​ស៊ុម​នីមួយៗ​មាន​ពន្លួញ​ពីរ​ស្រប​គ្នា។ ២៣ គេ​ធ្វើ​ស៊ុម​ចំនួន​ម្ភៃ សំរាប់​ប៉ែក​ខាង​ត្បូង​ព្រះពន្លា។ ២៤ គេ​ធ្វើ​ជើង​ទ្រ​ស៊ុម​ ពី​ប្រាក់​ចំនួន​សែសិប ដើម្បី​ទ្រ​ស៊ុម​ទាំង​ម្ភៃ​នោះ គឺ​ជើង​ទ្រ​ពីរ​នៅ​ក្រោម​ស៊ុម​មួយ ត្រង់​កន្លែង​ដែល​មាន​ពន្លួញ​ទាំង​ពីរ។ ២៥ នៅ​ប៉ែក​ខាង​ជើង​ព្រះពន្លា គេ​ធ្វើ​ស៊ុម​ចំនួន​ម្ភៃ ២៦ និង​ជើង​ទ្រ​ស៊ុម​ពី​ប្រាក់​ចំនួន​សែសិប គឺ​ជើង​ទ្រ​ពីរ​សំរាប់​ស៊ុម​មួយ។ ២៧ នៅ​ខាង​ក្រោយ​ព្រះពន្លា គឺ​ប៉ែក​ខាង​លិច គេ​ធ្វើ​ស៊ុម​​ចំនួន​ប្រាំ​មួយ។ ២៨ គេ​ធ្វើ​ស៊ុម​ពីរ​ទៀត សំរាប់​ជ្រុង​ខាង​ក្រោយ​ព្រះពន្លា។ ២៩ ស៊ុម​នៅ​ជ្រុង​ទាំង​ពីរ ​នេះ មាន​ទ្រង់​ទ្រាយ​ដូច​គ្នា គឺ​ផ្នែក​ខាង​ក្រោម​មាន​ទទឹង​ធម្មតា តែ​នៅ​ផ្នែក​ខាង​លើ​ភ្ជាប់​គ្នា​ដោយសារ​កង​មួយ។ ៣០ ដូច្នេះ នៅ​ប៉ែក​ខាង​ក្រោយ​មាន​ស៊ុម​ចំនួន​ប្រាំ​បី និង​ជើង​ទ្រ​ធ្វើ​ពី​ប្រាក់​ចំនួន​ដប់​ប្រាំ​មួយ គឺ​ជើង​ទ្រ​ពីរ​សំរាប់​ស៊ុម​នីមួយៗ។ ៣១ គេ​យក​ឈើ​នាងនួន​មក​ធ្វើ​ជា​ឈើ​ទទឹង​ចំនួន​ប្រាំ សំរាប់​បញ្ឈរ​ស៊ុម​នៅ​ប៉ែក​ទី​មួយ​របស់​ព្រះពន្លា ៣២ ឈើ​ទទឹង​ប្រាំ​សំរាប់​ប៉ែក​ទី​ពីរ​នៃ​ព្រះពន្លា ហើយ​ឈើ​ទទឹង​ប្រាំ​ទៀត សំរាប់​ប៉ែក​ខាង​លិច​នៃ​ព្រះពន្លា។ ៣៣ គេ​ក៏​បាន​ធ្វើ​ឈើ​ទទឹង​ដែល​នៅ​កណ្ដាល ដើម្បី​ដាក់​ចំ​ពាក់​កណ្ដាល​ស៊ុម​ទាំង​អស់ ចាប់​ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង​ទៀត​នៃ​ព្រះពន្លា។ ៣៤ គេ​យក​មាស​ស្រោប​ស៊ុម​ទាំង​អស់ ព្រម​ទាំង​ធ្វើ​កង​មាស​សំរាប់​ស៊ក​ឈើ​ទទឹង ហើយ​ឈើ​ទទឹង​នោះ​ក៏​ស្រោប​មាស​ដែរ។

 

៣៥ គេ​ធ្វើ ​វាំងនន​មួយ​ត្បាញ​ដោយ​អំបោះ​ធ្មៃ ដែល​លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ។ វាំងនន​នេះ​ត្រូវ​តែ​ប៉ាក់​លំអ ដោយ​រូប​ខេរូប៊ីម។ ៣៦ គេ​បាន​ធ្វើ​បង្គោល​បួន ​ពី​ឈើ​នាងនួន ស្រោប​មាស សំរាប់​ថ្ពក់​វាំងនន រីឯ​ទំពក់​ក៏​ធ្វើ​ពី​មាស​ដែរ។ គេ​បាន​ធ្វើ​ជើង​ទ្រ​បួន ធ្វើ​អំពី​ប្រាក់ សំរាប់​បញ្ឈរ​បង្គោល​ទាំង​នោះ។ ៣៧ រីឯ​ទ្វារ​ចូល​ ព្រះពន្លា គេ​បាន​ត្បាញ​វាំងនន​មួយ​ទៀត​ពី​អំបោះ​ធ្មៃ លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ។ វាំងនន​នេះ​មាន​ប៉ាក់​ក្បាច់​លំអ​ដែរ។ ៣៨ គេ​បាន​យក​ឈើ​នាងនួន​មក ​ធ្វើ​សសរ​ប្រាំ​ដើម ព្រម​ទាំង​ធ្វើ​ទំពក់​សំរាប់​ថ្ពក់​វាំងនន​នោះ​ផង។ ក្បាល​សសរ និង​មេរូត​ស្រោប​ដោយ​មាស។ គេ​ក៏​ធ្វើ​ជើង​ទ្រ​សសរ​ប្រាំ​អំពី​លង្ហិន​ដែរ។

ហិប​នៃ​សម្ពន្ធមេត្រី

១ លោក​បេសាល់អែល​ធ្វើ​ហិប​មួយ​ពី​ឈើ​នាងនួន ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កំពស់​មួយ​ហត្ថ​កន្លះ។ ២ លោក​យក​មាស​សុទ្ធ​ស្រោប​ហិប​នោះ ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ហើយ​គែម​ដែល​ព័ទ្ធ​ជុំវិញ​ក៏​ធ្វើ​ពី​មាស​ដែរ។ ៣ លោក​ធ្វើ​កង​មាស​បួន ដាក់​ភ្ជាប់​ទៅ​នឹង​មុម​ទាំង​បួន គឺ​ម្ខាង​ពីរៗ។ ៤ គាត់​យក​ឈើ​នាងនួន​មក​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោប​មាស​ផង។ ៥ គាត់​ស៊ក​ឈើ​ស្នែង​ទៅ​ក្នុង​កង​ដែល​នៅ​សង​ខាង​ហិប ដើម្បី​សែង​ហិប​នោះ។ ៦ គាត់​ធ្វើ​គំរប​ហិប​ពី​មាស​សុទ្ធ ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ​កន្លះ និង​ទទឹង​មួយ​ហត្ថ​កន្លះ។ ៧ លោក​យក​មាស​មក​ឆ្លាក់​ធ្វើ​រូបខេរូប៊ីម​ពីរ ដាក់​នៅ​ចុង​គំរប​ហិប​ទាំង​សង​ខាង ៨ លោក​ដាក់​ភ្ជាប់​រូប​ខេរូប៊ីម​ទាំង​ពីរ​នោះ​ទៅ​នឹង​គំរប​ហិប គឺ​ខេរូប៊ីម​នីមួយៗ​ត្រូវ​ភ្ជាប់​ទៅ​នឹង​ចុង​ម្ខាង។ ៩ រូប​ខេរូប៊ីម​ទាំង​ពីរ​ប្រឈម​មុខ​គ្នា ដោយ​ឈ្ងោក​មុខ​ទៅ​រក​គំរប​ហិប ព្រម​ទាំង​ត្រដាង​ស្លាប​ការពារ​គំរប​ហិប​នេះ​ទៀត​ផង។

 

តុ​ដាក់​នំបុ័ង​ថ្វាយ​ព្រះជាម្ចាស់

១០ លោក​ធ្វើ​តុ​មួយ​ពី​ឈើ​នាងនួន ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ ទទឹង​មួយ​ហត្ថ និង​កំពស់​មួយ​ហត្ថ​កន្លះ។ ១១ លោក​យក​មាស​សុទ្ធ​មក​ស្រោប​តុ​នោះ ព្រម​ទាំង​ធ្វើ​គែម​មាស​ព័ទ្ធ​ជុំវិញ​ទៀត​ផង។ ១២ នៅ​តាម​ជ្រុង​ទាំង​បួន លោក​ធ្វើ​ក្រប​ដែល​មាន​កំពស់​មួយ​ទះ មាន​ក្បាច់​មាស​ព័ទ្ធ​ជុំវិញ​ផង។ ១៣ លោក​បាន​សិត​ធ្វើ​កង​មាស​បួន​ដាក់​ភ្ជាប់​ទៅ​នឹង​មុម​ទាំង​បួន ត្រង់​កន្លែង​ដែល​មាន​ជើង​តុ។ ១៤ កង​មាស​ទាំង​បួន​ស្ថិត​នៅ​ជិត​ក្រប ដើម្បី​ស៊ក​ឈើ​ស្នែង​សែង​តុ។ ១៥ លោក​យក​ឈើ​នាងនួន​មក​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោប​មាស​ផង ដើម្បី​សែង​តុ​នោះ។ ១៦ លោក​យក​មាស​សុទ្ធ​មក​ ធ្វើ​គ្រឿង​បរិក្ខារ​ដាក់​នៅ​លើ​តុ​នោះ គឺ​មាន​ថាស ថូ ពែង និង​ចានគោម សំរាប់​ប្រើ​ក្នុង​ពិធី​ច្រួចស្រា និង​ប្រេង។

 

ជើង​ចង្កៀង

១៧ លោក​យក​មាស​សុទ្ធ​តែ​ មួយ​ដុំ​មក​ដំ​ធ្វើ​ជើង​ចង្កៀង ហើយ​ជើង​ចង្កៀង​មាស​នេះ​មាន​ឆ្លាក់​ក្បាច់​រចនា ទាំង​ផ្នែក​ខាង​ក្រោម ទាំង​តួ ទាំង​មែក និង​ផ្នែក​ដាក់​ប្រេង។ ១៨ មាន​មែក​ប្រាំ​មួយ​បែក​ចេញ​ពី​តួ​ដែល​នៅ​កណ្ដាល គឺ​ម្ខាង​មាន​មែក​បី ហើយ​ម្ខាង​ទៀត​ក៏​មាន​មែក​បី​ដែរ។ ១៩ ក្នុង​ចំណោម​មែក​ទាំង​ ប្រាំ​មួយ​នោះ មែក​នីមួយៗ​មាន​ក្បាច់​បី​គន្លាក់ រាង​ដូច​ទង​ផ្កា ត្របក​ផ្កា និង​ស្រទាប់​ផ្កា​ក្រពុំ ជា​បន្ត​បន្ទាប់​គ្នា។ ២០ រីឯ​តួ​ដែល​នៅ​កណ្ដាល​មាន​ក្បាច់​បួន​គន្លាក់ រាង​ដូច​ទង​ផ្កា ត្របក​ផ្កា និង​ស្រទាប់​ផ្កា​ក្រពុំ។ ២១ មាន​ស្រទាប់​ផ្កា​ក្រពុំ​បី នៅ​ខាង​ក្រោម​មែក​ទាំង​បី​គូ ដែល​បែក​ចេញ​ពី​តួ​កណ្ដាល។ ២២ ស្រទាប់​ផ្កា​ក្រពុំ និង​មែក មាន​ឆ្លាក់​ជា​ក្បាច់​រចនា​ពី​មាស​សុទ្ធ​តែ​មួយ​ដុំ។ ២៣ លោក​បាន​យក​មាស​សុទ្ធ​ធ្វើ​ចង្កៀង​ប្រាំពីរ ព្រម​ទាំង​ធ្វើ​កន្លែង​ស៊ក​ប្រឆេះ​ចង្កៀង និង​ប្រដាប់​សំរាប់​គោះ​កំទេច​ប្រឆេះ។ ២៤ លោក​ប្រើ​មាស​សុទ្ធ​ សាមសិប​បួន​គីឡូ​ក្រាម ដើម្បី​ធ្វើ​ជើង​ចង្កៀង និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន សំរាប់​ប្រើប្រាស់​ជា​មួយ​ជើង​ចង្កៀង​នោះ។

 

អាសនៈ​សំរាប់​ដុត​គ្រឿង​ក្រអូប

២៥ លោក​ធ្វើ​អាសនៈ​សំរាប់​ ដុត​គ្រឿង​ក្រអូប​ពី​ឈើ​នាងនួន មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​ហត្ថ និង​កំពស់​ពីរ​ហត្ថ។ ស្នែង​របស់​អាសនៈ​ស្ថិត​នៅ​ជាប់​នឹង​មុម​ទាំង​បួន។ ២៦ លោក​ស្រោប​អាសនៈ​ទាំង​ មូល​ដោយ​មាស​សុទ្ធ គឺ​ទាំង​ផ្នែក​ខាង​លើ ទាំង​ជញ្ជាំង​ដែល​នៅ​ព័ទ្ធ​ជុំវិញ ទាំង​ស្នែង។ រីឯ​គែម​ដែល​នៅ​ជុំវិញ​ក៏​ធ្វើ​ពី​មាស​ដែរ។ ២៧ លោក​ធ្វើ​កង​មាស​ម្ខាង​ពីរៗ ភ្ជាប់​ពី​ក្រោម​គែម​អាសនៈ ដើម្បី​ស៊ក​ឈើ​ស្នែង​សែង​អាសនៈ។ ២៨ លោក​ធ្វើ​ឈើ​ស្នែង​ពីរ​អំពី​ឈើ​នាងនួន ហើយ​ស្រោប​មាស​ផង។

២៩ លោក​ក៏​បាន​ធ្វើ​ប្រេង ដើម្បី​ប្រើ​សំរាប់​ធ្វើ​ពិធី​លាប​ប្រេង​សក្ការៈ និង​ប្រេង​ក្រអូប ជា​ប្រេង​បរិសុទ្ធ ដែល​ផ្សំ​ឡើង​តាម​វិធី​ចំរាញ់​ប្រេង​របស់​អ្នក​ធ្វើ​ទឹក​អប់។

អាសនៈ​ថ្វាយ​យញ្ញបូជា និង​អាង​សំរាប់​ធ្វើ​ពិធី​ជំរះ​កាយ

១ លោក​ធ្វើ​អាសនៈ​មួយ​ពី​ឈើ​នាងនួន មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​ប្រាំ​ហត្ថ និង​កំពស់​បី​ហត្ថ។ ២ លោក​ធ្វើ​ស្នែង​ជាប់​នឹង​មុម​ទាំង​បួន​របស់​អាសនៈ ហើយ​ស្រោប​លង្ហិន​ពី​លើ។ ៣ លោក​ក៏​បាន​ធ្វើ​គ្រឿង​សំរាប់​ប្រើប្រាស់​ពី​លង្ហិន​ទាំង​អស់ គឺ​មាន​ធុង​ដាក់​ផេះ ប្រដាប់​ចូក​ផេះ ផើង​ដាក់​ឈាម សម និង​ភាជន៍។ ៤ លោក​ធ្វើ​ប្រទាស​លង្ហិន​មួយ ដាក់​នៅ​ចំ​ពាក់​កណ្ដាល​កំពស់​របស់​អាសនៈ។ ៥​ លោក​​សិត​ធ្វើ​កង​បួន ភ្ជាប់​ទៅ​នឹង​មុម​ទាំង​បួន​របស់​ប្រទាស សំ​រាប់​ស៊ក​ឈើ​ស្នែង។ ៦ លោក​ធ្វើ​ឈើ​ស្នែង​ពី​ឈើ​នាងនួន ដោយ​ស្រោប​លង្ហិន​ផង។ ៧ លោក​ស៊ក​ឈើ​ស្នែង​សំរាប់​សែង​នោះ​ទៅ​ក្នុង​កង ដែល​ស្ថិត​នៅ​តាម​ជ្រុង​អាសនៈ។ អាសនៈ​នេះ​ធ្វើ​អំពី​ក្ដារ ហើយ​មាន​ប្រហោង​ក្នុង។

៨ លោក​ធ្វើ​ អាង​អំពី​លង្ហិន និង​កំណល់​អាង​នោះ​ពី​លង្ហិន ដោយ​ប្រើ​កញ្ចក់​របស់​ក្រុម​ស្ត្រី​ដែល​ជួបជុំ​គ្នា នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។

 

ទីលាន

៩ លោក​ធ្វើ​ទីលាន ដោយ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ធ្មៃ បាំង​ជុំវិញ។ នៅ​ប៉ែក​ខាង​ត្បូង រនាំង​ត្រូវ​មាន​បណ្ដោយ​មួយ​រយ​ហត្ថ។ ១០ រនាំង​នោះ​ភ្ជាប់​នឹង​បង្គោល​ម្ភៃ ដែល​មាន​ជើង​ទ្រ​ម្ភៃ​ធ្វើ​ពី​លង្ហិន រីឯ​ទំពក់ និង​មេរូត​ធ្វើ​ពី​ប្រាក់។ ១១ នៅ​ប៉ែក​ខាង​ជើង រនាំង​មាន​បណ្ដោយ​មួយ​រយ​ហត្ថ មាន​បង្គោល​ម្ភៃ ដែល​មាន​ជើង​ទ្រ​ម្ភៃ​ធ្វើ​ពី​លង្ហិន រីឯ​ទំពក់ និង​មេរូត​ធ្វើ​ពី​ប្រាក់។ ១២ នៅ​ប៉ែក​ខាង​លិច រនាំង​មាន​ប្រវែង​ហាសិប​ហត្ថ មាន​បង្គោល​ដប់ និង​ជើង​ទ្រ​ដប់ រីឯ​ទំពក់ និង​មេរូត​ធ្វើ​ពី​ប្រាក់។ ១៣ នៅ​ប៉ែក​ខាង​កើត រនាំង​មាន​ប្រវែង​ហាសិប​ហត្ថ។ ១៤ នៅ​ច្រក​ចូល​រនាំង​ម្ខាង មាន​ប្រវែង​ដប់​ប្រាំ​ហត្ថ មាន​បង្គោល​បី ព្រម​ទាំង​ជើង​ទ្រ​បី។ ១៥ ច្រក​ចូល​រនាំង​ម្ខាង​ទៀត ដែល​នៅ​ទល់​មុខ​នឹង​ច្រក​ចូល​មុន មាន​ប្រវែង​ដប់​ប្រាំ​ហត្ថ មាន​បង្គោល​បី ព្រម​ទាំង​ជើង​ទ្រ​បី​ដែរ។ ១៦ រនាំង​ទាំង​អស់​របស់​ទីលាន​ធ្វើ​ពី​អំបោះ​ធ្មៃ។ ១៧ ជើង​ទ្រ​របស់​បង្គោល​ ធ្វើ​អំពី​លង្ហិន ទំពក់ និង​មេរូត​របស់​បង្គោល​ធ្វើ​ពី​ប្រាក់ រីឯ​ក្បាល​បង្គោល​មាន​ស្រោប​ប្រាក់។ បង្គោល​ទាំង​អស់​របស់​ទីលាន​សុទ្ធ​តែ​ភ្ជាប់​ទៅ​នឹង​មេរូត​ធ្វើ​ពី​ប្រាក់។ ១៨ វាំងនន​របស់​ច្រក​ចូល​ ទី​លាន ប៉ាក់​លំអ​ដោយ​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ លាយ​នឹង​អំបោះ​ធ្មៃ ហើយ​មាន​បណ្ដោយ​ម្ភៃ​ហត្ថ និង​កំពស់​ប្រាំ​ហត្ថ​ដូច​ទទឹង​របស់​រនាំង​ទីលាន​ដែរ។ ១៩ បង្គោល​ទាំង​បួន​របស់​ វាំងនន និង​ជើង​ទ្រ​ទាំង​បួន ធ្វើ​ពី​លង្ហិន រីឯ​ទំពក់ និង​មេរូត​ធ្វើ​ពី​ប្រាក់ ហើយ​ក្បាល​បង្គោល​ក៏​មាន​ស្រោប​ប្រាក់​ដែរ។ ២០ ចម្រឹង​ទាំង​ប៉ុន្មាន​របស់​ព្រះពន្លា និង​ចម្រឹង​រនាំង​របស់​ទីលាន​សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។

 

សម្ភារៈ​ដែល​ប្រើប្រាស់​សំរាប់​សង់​ព្រះពន្លា

២១ ពួក​លេវី​បាន​កត់ត្រា​ទុក តាម​បញ្ជា​របស់​លោក​ម៉ូសេ នូវ​ចំនួន​សម្ភារៈ​ដែល​ប្រើប្រាស់​ក្នុង​ការ​សង់​ព្រះពន្លា គឺ​ព្រះពន្លា​នៃ​សន្ធិសញ្ញា។ ពួក​គេ​ធ្វើ​ការ​នេះ​ក្រោម​ការ​ណែនាំ​របស់​លោក​អ៊ីតា​ម៉ា ជា​កូន​របស់​លោក​បូជាចារ្យ​អរ៉ុន។ ២២ លោក​បេសាល់អែល​ដែល​ជា​កូន​របស់​លោក​អ៊ូរី និង​ជា​ចៅ​លោក​ហួរ នៃ​កុលសម្ព័ន្ធ​យូដា បាន​ធ្វើ​គ្រប់​កិច្ចការ ដែល​ព្រះអម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ ២៣ លោក​អូហូលីយ៉ាប ជា​កូន​លោក​អហ៊ីសាម៉ាត នៃ​កុលសម្ព័ន្ធ​ដាន់ ក៏​បាន​ជួយ​ធ្វើ​ការ​លោក​ដែរ គឺ​លោក​អូហូលី​​​យ៉ាប​ជា​ជាង​ចម្លាក់ ជា​វិចិត្រករ ព្រម​ទាំង​ប៉ាក់​លំអ​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ និង​ក្រណាត់​ធ្វើ​ពី​អំបោះ​ធ្មៃ។

 

២៤ មាស​ដែល ​ជា​តង្វាយ​របស់​ជន​ជាតិ​អ៊ីស្រាអែល សំរាប់​ប្រើ​ក្នុង​ការ​សង់​ទីសក្ការៈ មាន​ទម្ងន់​ទាំង​អស់ ១ ០០២ គីឡូ​ក្រាម គិត​តាម​ទម្ងន់​ដែល​ប្រើប្រាស់​ក្នុង​ទីសក្ការៈ។ ២៥ រីឯ​ប្រាក់​ទទួល​ពី​អស់អ្នក​ដែល​គេ​បាន​ជំរឿន​ក្នុង​ចំណោម​សហគមន៍ មាន​ទាំង​អស់ ៣ ៤៤៧ គីឡូ​ក្រាម គិត​តាម​ទម្ងន់​ដែល​ប្រើប្រាស់​ក្នុង​ទីសក្ការៈ។ ២៦ ប្រាក់​នេះ​បាន​ទទួល​ពី ​ប្រជាជន​ចំនួន ៦០៣ ៥៥០​នាក់ ដែល​គេ​បាន​ជំរឿន គឺ​អស់​អ្នក​មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ។ ម្នាក់ៗ​ថ្វាយ​សាច់​ប្រាក់​ជាង​ប្រាំ​ក្រាម គិត​តាម​ទម្ងន់​ដែល​ប្រើប្រាស់​ក្នុង​ទីសក្ការៈ។ ២៧ គេ​ប្រើ​សាច់​ប្រាក់ ៣ ៤២៧ គីឡូ​ក្រាម សំរាប់​ធ្វើ​ជើង​ទ្រ​បង្គោល​ព្រះពន្លា និង​ជើង​ទ្រ​បង្គោល​វាំងនន​ខាង​ក្នុង។ ជើង​ទ្រ​ទាំង​អស់​មាន​មួយ​រយ គឺ​ជើង​ទ្រ​នីមួយៗ​ទម្ងន់​ជាង ៣៤ គីឡូ​ក្រាម។ ២៨ រីឯ​សាច់​ប្រាក់ ២០ គីឡូ​ក្រាម​ទៀត គេ​យក​ទៅ​ធ្វើ​ទំពក់ និង​មេរូត​របស់​បង្គោល ព្រម​ទាំង​ស្រោប​ក្បាល​បង្គោល។ ២៩ លង្ហិន​ដែល​ប្រជាជន​យក​មក​ថ្វាយ​មាន​ទម្ងន់ ២ ៤២៦ គីឡូ​ក្រាម។ ៣០ គេ​យក​លង្ហិន​នេះ​ទៅ​ ប្រើ​សំរាប់​ធ្វើ​ជើង​ទ្រ​បង្គោល រនាំង​របស់​ច្រក​ចូល​ពន្លា​ជួប​ព្រះ​អម្ចាស់ ព្រម​ទាំង​ធ្វើ​អាសនៈ​លង្ហិន ប្រទាស​លង្ហិន និង​គ្រឿង​បរិក្ខារ​ទាំង​អស់​របស់​អាសនៈ។ ៣១ រីឯ​ជើង​ទ្រ​រនាំង​ដែល​ នៅ​ជុំវិញ​ទីលាន ជើង​ទ្រ​របស់​ទ្វារ​ចូល​ទីលាន ចម្រឹង​ដែល​គេ​បោះ​ជុំវិញ​ព្រះពន្លា និង​ចម្រឹង​រនាំង​ទីលាន ក៏​ធ្វើ​ពី​លង្ហិន​នេះ​ដែរ។

សម្លៀកបំពាក់​សក្ការៈ

​​​​​​​១ គេ​បាន​យក​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ធ្វើ​សម្លៀកបំពាក់​ពិធី​បុណ្យ សំរាប់​ការងារ​ក្នុង​ទីសក្ការៈ។ គេ​ក៏​បាន​ធ្វើ​សម្លៀកបំពាក់​សក្ការៈ​របស់​លោក​អរ៉ុន ដូច​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

 

២ គេ​បាន​ធ្វើ​អាវ​អេផូដ​ដោយ​ប្រើ​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ។ ៣ គេ​បាន​ដំ​មាស​ជា​បន្ទះ​ យ៉ាង​ស្ដើង ហើយ​កាត់​ជា​សរសៃ​យ៉ាង​ឆ្មារ យក​ទៅ​ប៉ាក់​លំអ​ជា​មួយ​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម ក្រហម​ទុំ និង​អំបោះ​ធ្មៃ។ ៤ គេ​ធ្វើ​ខ្សែ​ព្រយុង​ពីរ ដេរ​ភ្ជាប់​ទៅ​នឹង​ចុង​ទាំង​សង​ខាង​របស់​អាវ​អេផូដ*។ ៥ រីឯ​ខ្សែ​ក្រវាត់​របស់​ អាវ​អេផូដ គេ​ធ្វើ​ដោយ​សរសៃ​អំបោះ ដូច​អាវ​អេផូដ​ដែរ គឺ​មាន​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ។ គេ​ដេរ​ខ្សែ​ក្រវាត់​នេះ​ជាប់​នឹង​អាវ​អេផូដ ដូច​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។ ៦ គេ​ធ្វើ​ក្រ​ចាប់​មាស​បង្កប់​ត្បូង​មណីជោតិរស ហើយ​ចារ​ឈ្មោះ​កូន​របស់​អ៊ីស្រាអែល​នៅ​លើ​នោះ តាម​របៀប​ដូច​គេ​ឆ្លាក់​ត្រា។ ៧ គេ​ដាំ​ត្បូង​ទាំង​នោះ​ភ្ជាប់​នឹង​ខ្សែ​ព្រយុង​របស់​អាវ​អេផូដ ទុក​ជា​តំណាង ដើម្បី​អោយ​ព្រះអម្ចាស់​នឹក​ដល់​កូន​របស់​អ៊ីស្រាអែល ដូច​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

 

៨ គេ​បាន​ ធ្វើ​ប្រដាប់​ពាក់​លើ​ទ្រូង​មួយ តាម​របៀប​ដូច​គេ​ធ្វើ​អាវ​អេផូដ​ដែរ គឺ​មាន​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ ដោយ​មាន​ប៉ាក់​លំអ​ផង។ ៩ ប្រដាប់​ពាក់​លើ​ទ្រូង​នេះ​មាន​ពីរ​ស្រទាប់ និង​មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​ចង្អាម។ ១០ ប្រដាប់​ពាក់​លើ​ទ្រូង​ មាន​លំអ​ដោយ​ត្បូង​បួន​ជួរ គឺ​ជួរ​ទី​មួយ ត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​ប៊ុតលឿង​មួយ​គ្រាប់ និង​ត្បូង​មរកត​មួយ​គ្រាប់។ ១១ ជួរ​ទី​ពីរ ត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​កណ្ដៀង​មួយ​គ្រាប់ និង​ត្បូង​ពេជ្រ​មួយ​គ្រាប់។ ១២ ជួរ​ទី​បី ត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​និលរ័ត្ន​មួយ​គ្រាប់ និង​ត្បូង​ជម្ពូរ័ត្ន​មួយ​គ្រាប់ ១៣ ជួរ​ទី​បួន ត្បូង​ដៃរគៀម​មួយ​គ្រាប់ ត្បូង​កែវយក់​មួយ​គ្រាប់ និង​ត្បូង​មណី​ជោ​តិ​រស​មួយ​គ្រាប់។ ត្បូង​នីមួយៗ​ដាំ​បង្កប់​ទៅ​ក្នុង​ក្រ​ចាប់​ធ្វើ​អំពី​មាស។ ១៤ ត្បូង​ទាំង​នេះ​ជា​ តំណាង​កុលសម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល គឺ​មាន​ទាំង​អស់​ដប់ពីរ។ នៅ​លើ​ត្បូង​នីមួយៗ​មាន​ចារ​ឈ្មោះ​កុលសម្ព័ន្ធ​មួយ តាម​របៀប​ដែល​គេ​ឆ្លាក់​ត្រា។ ១៥ គេ​យក​មាស​សុទ្ធ​មក​ធ្វើ​ជា​ខ្សែ ហើយ​វេញ​ចូល​គ្នា​ដូច​ខ្សែពួរ សំរាប់​ភ្ជាប់​ទៅ​នឹង​ប្រដាប់​ពាក់​លើ​ទ្រូង។ ១៦ គេ​ធ្វើ​ក្រ​ចាប់​មាស​ពីរ និង​កង​មាស​ពីរ ហើយ​គេ​ភ្ជាប់​កង​មាស​ទាំង​ពីរ​នេះ​ទៅ​នឹង​មុម​ខាង​លើ​នៃ​ប្រដាប់​ពាក់​លើ​ទ្រូង។ ១៧ គេ​ថ្ពក់​ខ្សែ​មាស​ទាំង​ពីរ​ទៅ​នឹង​កង​ទាំង​ពីរ​នៃ​ប្រដាប់​ពាក់​លើ​ទ្រូង ១៨ រួច​ភ្ជាប់​ចុង​ម្ខាង​ ទៀត​ទៅ​នឹង​ក្រ​ចាប់​មាស​ទាំង​ពីរ ដែល​ស្ថិត​នៅ​លើ​ខ្សែ​ព្រយុង​របស់​អាវ​អេផូដ ដើម្បី​អោយ​ប្រដាប់​ពាក់​លើ​ទ្រូង​នោះ​ស្ថិត​នៅ​ពី​មុខ។ ១៩​គេ​ធ្វើ​កង​មាស​ពីរ​ទៀត ភ្ជាប់​ទៅ​នឹង​មុម​ខាង​ក្រោម​ទាំង​ពីរ​នៃ​ប្រដាប់​ពាក់​លើ​ទ្រូង គឺ​មុម​ដែល​ប៉ះ​នឹង​អាវ​អេផូដ។ ២០ គេ​ធ្វើ​កង​មាស​ពីរ​ទៀត ភ្ជាប់​ទៅ​ចុង​ខាង​ក្រោម​នៃ​ខ្សែ​ព្រយុង​របស់​អាវ​អេផូដ ត្រង់​កន្លែង​ដែល​ខ្សែ​ព្រយុង និង​អាវ​អេផូដ​ដេរ​ជាប់​គ្នា ហើយ​នៅ​ពី​លើ​ខ្សែ​ក្រវាត់​របស់​អាវ​អេផូដ។ ២១ គេ​យក​ខ្សែ​ពណ៌​ស្វាយ​ ចង​កង​របស់​ប្រដាប់​ពាក់​លើ​ទ្រូង ទៅ​នឹង​កង​របស់​អាវ​អេផូដ ដើម្បី​អោយ​ប្រដាប់​ពាក់​លើ​ទ្រូង​នោះ​ស្ថិត​នៅ​ពី​លើ​ខ្សែ​ក្រវាត់ ហើយ​កុំ​អោយ​របូត​ចេញ​ពី​អាវ​អេផូដ ដូច​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

 

២២ គេ​ធ្វើ​អាវ​វែង​មួយ​សំរាប់​ពាក់​ពី​ក្រោម​អាវ​អេផូដ ​អំពី​ក្រ​ណាត់ ដែល​ត្បាញ​ដោយ​អំបោះ​ពណ៌​ស្វាយ​ទាំង​អស់។ ២៣ នៅ​ផ្នែក​ខាង​លើ​របស់​ អាវ​វែង​នោះ គេ​កាត់​ប្រឡោះ​មួយ​ចំ​កណ្ដាល​ដូច​អាវ​ស្បែក។ គេ​ដេររឹម​ជុំវិញ​ប្រឡោះ​នោះ ដើម្បី​កុំ​អោយ​ឆាប់​រហែក គឺ​ដេរ​តាម​របៀប​ដេរ​ជាយ​អាវ​ស្បែក។ ២៤ នៅ​តាម​ជាយ​អាវខាង​ក្រោម គេ​ប៉ាក់​លំអ​ដោយ​រូប​ផ្លែ​ទទឹម​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ដោយ​ប្រើ​អំបោះ​ធ្មៃ។ ២៥ គេ​ក៏​ធ្វើ​កូន​កណ្ដឹង​ជា​ច្រើន​ពី​មាស​សុទ្ធ ហើយ​ដាក់​កូន​កណ្ដឹង​នោះ​នៅ​ចន្លោះ​​រូប​ផ្លែ​ទទឹម​ជុំវិញ​ជាយ​អាវ​វែង។ ២៦ គេ​ដាក់​រូប​ផ្លែ​ទទឹម​មួយ កូន​កណ្ដឹង​មួយ ឆ្លាស់​គ្នា​ជុំវិញ​ជាយ​អាវ​វែង សំរាប់​ពាក់​បំពេញ​មុខងារ​ក្នុង​ទីសក្ការៈ ដូច​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

២៧ គេ​បាន​ត្បាញ​អាវ​ក្នុង​ពី​អំបោះ​ធ្មៃ សំរាប់​លោក​អរ៉ុន និង​កូន​ប្រុស​របស់​លោក។ ២៨ គេ​ក៏​បាន​ធ្វើ​ឆ្នួត​ក្បាល​ពី​អំបោះ​ធ្មៃ និង​សញ្ញា​បញ្ជាក់​ពី​ភាព​ថ្លៃថ្នូរ​របស់​បូជាចារ្យ ព្រម​ទាំង​ធ្វើ​ខោ​ខ្លី​ពី​អំបោះ​ធ្មៃ ២៩ ខ្សែ​ក្រវាត់​ប៉ាក់​ធ្វើ​ពី​អំបោះ​ធ្មៃ លាយ​ជា​មួយ​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ដូច​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។ ៣០ គេ​បាន​ធ្វើ​គ្រឿង​ អលង្ការ​ពី​មាស​សុទ្ធ មាន​រាង​ដូច​ផ្កា គឺ​ក្បាំង​សក្ការៈ ហើយ​គេ​ឆ្លាក់​អក្សរ​នៅ​លើ​នោះ ដូច​គេ​ឆ្លាក់​ត្រា​ថា «បូជា​ថ្វាយ​ព្រះអម្ចាស់»។ ៣១ គេ​ភ្ជាប់​គ្រឿង​អលង្ការ​នោះ​ទៅ​ផ្នែក​ខាង​លើ​នៃ​ឆ្នួត​ក្បាល ដោយ​ប្រើ​ខ្សែ​ពណ៌​ស្វាយ ដូច​ព្រះអម្ចាស់ បាន​បង្គាប់​មក​លោក​ម៉ូសេ។

 

ការ​បញ្ចប់​សំណង់​ព្រះពន្លា

៣២ ជន​ជាតិ​អ៊ីស្រាអែល​ក៏​បាន​សង់​ព្រះពន្លា គឺ​ពន្លា​ជួប​ព្រះ​អម្ចាស់​ចប់​សព្វ​គ្រប់។ ពួក​គេ​ធ្វើ​តាម​ព្រះបន្ទូល​ទាំង​ប៉ុន្មាន​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។ ៣៣ គេ​នាំ​យក​ព្រះពន្លា​មក ​ជូន​លោក​ម៉ូសេ គឺ​ក្រណាត់​ពន្លា និង​សម្ភារៈ​ទាំង​ប៉ុន្មាន​សំរាប់​ដំឡើង​ពន្លា មាន​ទំពក់ ស៊ុម ឈើ​ទទឹង បង្គោល និង​ជើង​ទ្រ ៣៤ ស្បែក​ពពែ​ឈ្មោល​លាប​ពណ៌​ក្រហម និង​ស្បែក​ផ្សោត សំរាប់​គ្រប​ពី​លើ​ក្រណាត់​ពន្លា និង​វាំងនន​ជា​រនាំង​របស់​ទីសក្ការៈ ៣៥ ហិប​នៃ​សន្ធិសញ្ញា ព្រម​ទាំង​ឈើ​ស្នែង និង​គំរប​របស់​ហិប​នោះ។ ៣៦ តុ​សក្ការៈ ព្រម​ទាំង​គ្រឿង​បរិក្ខារ និង​នំបុ័ង​សំរាប់​តម្កល់​ថ្វាយ​ព្រះជាម្ចាស់។ ៣៧ ជើង​ចង្កៀង​ធ្វើ​ពី​មាស​សុទ្ធ ចង្កៀង គ្រឿង​បរិក្ខារ​ប្រើប្រាស់​ជា​មួយ​ចង្កៀង និង​ប្រេង​សំរាប់​ដុត​បំភ្លឺ ៣៨ អាសនៈ​មាស ប្រេងសំរាប់​ពិធី​លាប​ប្រេង គ្រឿង​ក្រអូប និង​រនាំង​ទ្វារ​ពន្លា។ ៣៩ អាសនៈ​លង្ហិន ប្រទាស​លង្ហិន ឈើ​ស្នែង និង​គ្រឿង​បរិក្ខារ​ប្រើប្រាស់​ជា​មួយ​អាសនៈ អាង​សំរាប់​ពិធី​ជំរះ​កាយ និង​កំណល់​របស់​អាង ៤០ រនាំង​របស់​ទីលាន ព្រម​ទាំង​បង្គោល ជើង​ទ្រ​វាំងនន​របស់​ទ្វារ​ចូល​ទីលាន ខ្សែ ចម្រឹង និង​គ្រឿង​បរិក្ខារ

​ទាំង​អស់ សំរាប់​ប្រើប្រាស់​ក្នុង​ព្រះពន្លា គឺ​ពន្លា​ជួប​ព្រះអម្ចាស់ ៤១ សម្លៀកបំពាក់​ពិធី​បុណ្យ ​ដែល​សំរាប់​ប្រើ​ក្នុង​ទីសក្ការៈ សម្លៀក​បំពាក់​សក្ការៈ​របស់​មហា​បូជាចារ្យ​អរ៉ុន និង​សម្លៀក​បំ​ពាក់​​កូន​ប្រុស​របស់​លោក ដែល​ត្រូវ​បំពេញ​មុខងារ​ជា​បូជាចារ្យ។

 

៤២ ជន​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​គ្រប់​កិច្ចការ​ទាំង​អស់ ដូច​ព្រះ​អម្ចាស់​បាន​បង្គាប់​លោក​ម៉ូសេ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។ ៤៣ ​ម៉ូសេ​បាន​ត្រួត​ពិនិត្យ​មើល​ការងារ​ទាំង​នោះ ហើយ​ឃើញ​ថា​ពួក​គេ​ធ្វើ​ដូច​ព្រះអម្ចាស់ បាន​បង្គាប់​មក​លោក​មែន លោក​ក៏​អោយ​ពរ​ពួក​គេ។

ការ​ដំឡើង​ព្រះពន្លា

១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២ «នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ អ្នក​ត្រូវ​ដំឡើង​ព្រះពន្លា និង​ពន្លា​ជួប​ព្រះអម្ចាស់។ ៣ ចូរ​តម្កល់​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា រួច​យក​វាំងនន​មក​បាំង។ ៤ ចូរ​យក​តុ​សក្ការៈ​មក ហើយ​អ្វីៗ​ដែល​ត្រូវ​ដាក់​នៅ​លើ​តុ ត្រូវ​រៀបចំ​អោយ​បាន​រៀប​រយ។ ចូរ​យក​ជើង​ចង្កៀង​មក រួច​រៀបចំ​ដុត​ចង្កៀង​ទាំង​អស់​នៅ​លើ​នោះ​ផង។ ៥ ចូរ​ដាក់​អាសនៈ​មាស សំរាប់​ដុត​គ្រឿង​ក្រអូប នៅ​ខាង​មុខ​ហិប​នៃ​សម្ពន្ធមេត្រី ហើយ​បាំង​វាំងនន​នៅ​ទ្វារ​ចូល​ព្រះពន្លា។ ៦ ចូរ​ដាក់​អាសនៈ​សំរាប់​ថ្វាយ​តង្វាយ​ដុត នៅ​ខាង​មុខ​ទ្វារ​ព្រះពន្លា​របស់​ពន្លា​ជួប​ព្រះអម្ចាស់។ ៧ ចូរ​ដាក់​អាង​សំរាប់​ពិធី​ជំរះ​កាយ នៅ​ចន្លោះ​ពន្លា​ជួប​ព្រះអម្ចាស់ និង​អាសនៈ ហើយ​ចាក់​ទឹក​បំពេញ​អាង​នោះ​ផង។ ៨ ចូរ​ដំឡើង​រនាំង​ទីលាន​នៅ​ជុំវិញ ហើយ​បាំង​វាំងនន​នៅ​ទ្វារ​ចូល​ទីលាន​ផង។

 

៩ ចូរ​យក​ ប្រេង​សំរាប់​ពិធី​លាប​ប្រេង​មក រួច​ធ្វើ​ពិធី​លាប​ប្រេង​លើ​ព្រះពន្លា និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​នោះ។ ចូរ​ញែក​ព្រះពន្លា និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ជា​សក្ការៈ នោះ​ព្រះពន្លា​នឹង​ទៅ​ជា​សក្ការៈ។ ១០ ចូរ​ធ្វើ​ពិធី​លាប​ ប្រេង​លើ​អាសនៈ​ថ្វាយ​តង្វាយ​ដុត និង​គ្រឿង​បរិក្ខារ​ទាំង​អស់​របស់​អាសនៈ។ ចូរ​ញែក​អាសនៈ​ជា​សក្ការៈ នោះ​អាសនៈ​នឹង​ទៅ​ជា​សក្ការៈ​បំផុត។ ១១ ចូរ​ធ្វើ​ពិធី​លាប​ប្រេង​លើ​អាង និង​កំណល់ ដើម្បី​ញែក​អាង​នោះ​ជា​សក្ការៈ។ ១២ ចូរ​នាំ​អរ៉ុន និង​កូន​ប្រុស​របស់​គាត់ ចូល​មក​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់ ហើយ​ធ្វើ​ពិធី​ងូត​ទឹក​អោយ​ពួក​គេ។ ១៣ ចូរ​យក​សម្លៀកបំពាក់​ សក្ការៈ​មក​ពាក់​អោយ​អរ៉ុន ហើយ​ចាក់​ប្រេង​ញែក​គាត់​អោយ​បាន​វិសុទ្ធ ដើម្បី​អោយ​គាត់​បំពេញ​មុខងារ​ជា​បូជា​ចារ្យ*​បំរើ​យើង។ ១៤ ចូរ​នាំ​កូន​ប្រុស​របស់​អរ៉ុន​ចូល​មក ចូរ​យក​អាវ​វែង​ពាក់​អោយ​ពួក​គេ​​​​ ១៥ ហើយ​ចាក់​ប្រេង​តែងតាំង ​ពួក​គេ ដូច​អ្នក​បាន​ចាក់​ប្រេង​លើ​ឪពុក​របស់​ពួក​គេ​ដែរ ដើម្បី​អោយ​ពួក​គេ​បំពេញ​មុខងារ​ជា​បូជាចារ្យ​បំរើ​យើង។ ពិធី​ចាក់​ប្រេង​នេះ​បញ្ជាក់​ថា ពួក​គេ និង​ពូជពង្ស​របស់​ពួក​គេ មាន​មុខងារ​ជា​បូជាចារ្យ​រហូត​ត​ទៅ»។

 

១៦ លោក​ម៉ូសេ​ធ្វើ​តាម​ព្រះបន្ទូល​ទាំង​អស់ ដែល​ព្រះអម្ចាស់​បាន​បង្គាប់​លោក។ ១៧ ជន​ជាតិ​អ៊ីស្រាអែល​ដំឡើង​ព្រះពន្លា នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​មួយ ក្នុង​ឆ្នាំ​ទី​ពីរ ក្រោយ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ ១៨ លោក​ម៉ូសេ​អោយ​គេ​ដំឡើង​ព្រះពន្លា ដោយ​ដាក់​ជើង​ទ្រ ដាក់​ស៊ុម ដាក់​ឈើ​ទទឹង ព្រម​ទាំង​បង្គោល។ ១៩ គេ​លាត​ក្រណាត់​បាំង​ព្រះពន្លា ដាក់​ក្រណាត់​គ្រប​ពី​លើ ដូច​ព្រះអម្ចាស់​បង្គាប់​លោក​ម៉ូសេ។ ២០ លោក​ម៉ូសេ​យក​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា​ដាក់​ក្នុង​ហិប​នៃ​សម្ពន្ធមេត្រី ហើយ​ស៊ក​ឈើ​ស្នែង និង​យក​គំរប​មក​គ្រប​លើ​ហិប​នោះ។ ២១ គេ​យក​ហិប​ទៅ​ដាក់​ក្នុង​ព្រះពន្លា ហើយ​ចង​វាំងនន និង​បាំង​ហិប​នោះ ដូច​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

 

២២ គេ​ដាក់​តុ​សក្ការៈ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ នៅ​ប៉ែក​ខាង​ជើង​ព្រះពន្លា និង​នៅ​ពី​មុខ​វាំងនន ២៣ គេ​រៀបចំ​នំបុ័ង​សំរាប់​ថ្វាយ​ព្រះអម្ចាស់ ដាក់​នៅ​លើ​តុ ដូច​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

 

២៤ គេ​ដាក់​ជើង​ចង្កៀង​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ នៅ​ប៉ែក​ខាង​ត្បូង​ព្រះពន្លា ទល់​មុខ​នឹង​តុ ២៥ គេ​អុជ​ចង្កៀង​ទាំង​អស់​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ដូច​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

 

២៦ គេ​ដាក់​អាសនៈ​មាស​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ ពី​មុខ​វាំង​នន​​។ ២៧ គេ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​នោះ ដូច​ព្រះ​អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

២៨ គេ​ចង​វាំងនន​នៅ​មាត់​ទ្វារ​ចូល​ព្រះពន្លា។ ២៩ គេ​ដាក់​អាសនៈ​សំរាប់​ ថ្វាយ​តង្វាយ​ដុត នៅ​ជិត​ទ្វារ​ចូល​ព្រះពន្លា​របស់​ពន្លា​ជួប​ព្រះអម្ចាស់។ គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​តង្វាយ​ម្សៅ​នៅ​លើ​អាសនៈ​នេះ ដូច​ព្រះអម្ចាស់ បាន​បង្គាប់​មក​លោក​ម៉ូសេ។

 

៣០ គេ​តម្កល់​អាង​នៅ​ចន្លោះ​ពន្លា​ជួប​ព្រះអម្ចាស់ និង​អាសនៈ រួច​គេ​ចាក់​ទឹក​បំពេញ​អាង​សំរាប់​ធ្វើ​ពិធី​ជំរះ​កាយ។ ៣១ លោក​ម៉ូសេ លោក​អរ៉ុន និង​កូន​ប្រុស​របស់​លោក ប្រើ​ទឹក​ក្នុង​អាង​នេះ សំរាប់​ពិធី​លាង​ដៃ និង​លាង​ជើង។ ៣២ ពេល​ពួក​លោក​ចូល​ទៅ​ក្នុង​ពន្លា ឬ​ចូល​ទៅ​ជិត​អាសនៈ ពួក​លោក​តែងតែ​ធ្វើ​ពិធី​លាង​ជំរះ ដូច​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

 

៣៣ នៅ​ទី​បញ្ចប់ លោក​ម៉ូសេ​អោយ​គេ​ដំឡើង​រនាំង​របស់​ទី​លាន នៅ​ជុំវិញ​ព្រះពន្លា និង​អាសនៈ ព្រម​ទាំង​ចង​វាំងនន នៅ​មាត់​ទ្វារ​ចូល​ទីលាន។

 

សិរីរុងរឿង​របស់​ព្រះអម្ចាស់

៣៤ ពេល​នោះ មាន​ពពក​មក​គ្រប​បាំង​លើ​ពន្លា​ជួប​ព្រះ​អម្ចាស់ ហើយ​សិរីរុងរឿង​របស់​ព្រះអម្ចាស់​ស្ថិត​នៅ​ពេញ​ព្រះ​ពន្លា។ ៣៥ លោក​ម៉ូសេ​ពុំ​អាច​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់​បាន​ឡើយ ព្រោះ​មាន​ពពក​មក​គ្រប​បាំង​លើ​ពន្លា​នោះ ហើយ​សិរីរុងរឿង​របស់​ព្រះអម្ចាស់​ស្ថិត​នៅ​ពេញ​ព្រះពន្លា។ ៣៦ ពេល​ណា​ពពក​អណ្ដែត​ឡើង​ផុត​ពី​ព្រះពន្លា ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​រើ​ជំរំ ចេញ​ដំណើរ​ទៅ​មុខ។ ៣៧ ប្រសិន​បើ​ពពក​មិន​អណ្ដែត​ឡើង​ពី​ព្រះពន្លា​ទេ ជន​ជាតិ​អ៊ីស្រាអែល​មិន​ចេញ​ដំណើរ​ទេ គឺ​ពួក​គេ​រង់ចាំ​ថ្ងៃ​ដែល​ពពក​អណ្ដែត​ឡើង។ ៣៨ គ្រប់​ដំណាក់​ដែល​កូន​ចៅ​អ៊ីស្រាអែល​បោះ​ជំរំ ពួក​គេ​ទាំង​អស់​គ្នា​ឃើញ​ពពក​របស់​ព្រះអម្ចាស់​ស្ថិត​នៅ​លើ​ព្រះពន្លា នៅ​ពេល​ថ្ងៃ ហើយ​ឃើញ​ដុំ​ភ្លើង​នៅ​ពេល​យប់។