កំណើតពិភពលោក

(លោកុប្បត្តិ)
ពាក្យលំនាំ

«កំណើតពិភពលោក»​រៀបរាប់អំពីដើមកំណើតពិភពលោក​ដើមកំណើតមនុស្សជាតិ​ និង​ដើម​កំណើតជនជាតិអ៉ីស្រាអែល​ ជាប្រជារាស្ត្ររបស់​ព្រះជាម្ចាស់​ ។ ​ក្នុងភាសាដើម ​គេយកញក្យខាងដើម​បង្អស់  ធ្វើជាចំណងជើង របស់ក័ណ្ឌ​គម្ពីរនេះ ​គឺ​  «កាលពីដើមដំបូងបង្អស់»។

យើង​អាចចែកក័ណ្ឌគម្ពីរនេះ​ជាពីរផ្នែក​គឺ:

១-១១: ​កំណើតពិភពលោក​កំណើតបុរស ​និង​ស្ត្រី ​មនុស្សផ្តាច់ចំណងមេត្រីជាមួយព្រះជាម្ចាស់ ​លោក​កាអ៊ីន  ​និង​ លោកអបិល​ លោកណូអេ​  និង​  ទឹកជំនន់ធំ ​ប៉មនៅបាបិល។

គ្មាននរណាអាចបញ្ជាក់អំពីពេលវេលានៃព្រឹត្តិការណ៍​ ដែលកើតមាននោះបានទេ​ ប៉ុ​ន្តែ​ព្រឹត្តិការណ៍ទាំង​នោះអាចជួយយើងអោយយល់​បញ្ហាជីវិត ដែលយើងជួបប្រទះរាល់ថ្ងៃ ។ ​តើជីវិតមានអត្ថន័យដូចម្តេច ? ​តើមនុស្សយើងមានមុខងារអ្វីក្នុងលោកនេះ ?​ ហេតុអ្វីបានជាទំនាក់ទំនងរវាងមនុស្ស​ និង​មនុស្ស ​ពិបាក​យ៉ាង​នេះ?…។​

​ ១២-៥០:​ ក្នុងផ្នែកនេះ​មានរៀបរាប់អំពីរបៀបដែលព្រះជាម្ចាស់ចាប់ផ្តើមសង្គ្រោះមនុស្សជាតិ​ គឺ​ព្រះអង្គ​​​​បាន ត្រាស់ហៅបុព្វបុរស នៃជនជាតិ អ៊ីស្រាអែល​អោយស្គាល់​  និង​  គោរពបំរើ​ព្រះអង្គ  :

-  លោកអប្រាហាំ  (១២.​១​-​២៥.១៨)​ដែលជាគំរូរបស់អ្នកជឿ​  និង​  ស្តាប់ឱវាទព្រះជាម្ចាស់

-លោកអ៊ីសាក  ជាកូនលោកអប្រាហាំ

-លោកយ៉ាកុបជាចៅរបស់លោកអប្រាហាំ ​(២៥.១៩​-​៣៧.​១) ​ដែលទទួលនាមថា​«អ៊ីស្រាអែល»។ ​លោកមាន​កូន​ប្រុសដប់ពីរនាក់​  ដែលជាកំណើត កុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិ​អ៊ីស្រាអែល។

-លោកយ៉ូសែប​(៣៧.២-៥០.២៦) ​ជាកូនម្នាក់​  ក្នុងចំណោមកូនទាំង​ដប់ពីររបស់លោកយ៉ាកុប ។ ក័ណ្ឌ​​​​គម្ពីរ​«កំណើតពិភពលោក» ​ណែនាំអ្នក អានអោយស្គាល់ស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ​គឺ​មុន​ដំបូងព្រះអង្គ​បាន​​បង្កើត​​​ពិភពលោក ​និង​ប្រទានអោយអ្វីៗសព្វសារពើក្នុងពិភពលោកនេះ  មានតម្លៃដ៏​វិសេស​ហើយពិភព​លោក​ទាំងមូល ត្រូវស្ថិតនៅក្រោមអំណាចរបស់ព្រះអង្គ ។​ ក៏ប៉ុន្តែ​ មនុស្សលោកបាន​ផ្តាច់ចំណងសម្ពន្ធមេត្រីជា​មួយ​ព្រះ​ជាម្ចាស់​ដែលធ្វើអោយ អំពើ បាបចូលមករាតត្បាតពិភពលោក ។​ ព្រះ​ជាម្ចាស់ បានជ្រើសរើស​ជនជាតិអ៊ី​ស្រា​អែល  ​ដើម្បីរៀបចំគំរោងការ​សង្គ្រោះ​ពិភពលោក។

កំណើត​ពិភព​លោក
 ១ កាល​ពី​ដើម​ដំបូង​បង្អស់ ព្រះជាម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​។

 នៅ​គ្រា​នោះ ផែនដី​គ្មាន​រូប​រាង និង​នៅ​ទទេ មាន​តែ​ភាព​ង ងឹត​ពី​លើ​ទី​ជំរៅ​ទឹក ហើយ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​នៅ​រេរា​ពី​លើ​ផ្ទៃ​ទឹក។

 ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​មាន​ពន្លឺ!» ពន្លឺ​ក៏​កើត​មាន​ឡើង។  ព្រះជាម្ចាស់​ទត​ឃើញ​ថា ពន្លឺ​នោះ​ល្អ​ប្រសើរ​ហើយ ព្រះអង្គ​ក៏​បាន​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។  ព្រះ​ជា​ម្ចាស់​​ហៅ​ពន្លឺ​ថា “ថ្ងៃ” និង​ហៅ​ភាព​ងងឹត​ថា “យប់”។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​មួយ។

 ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​មាន​លំហ​មួយ​ដ៏​រឹងមាំ​នៅ​កណ្ដាល​ទឹក ដើម្បី​ញែក​ទឹក​ចេញ​ពី​គ្នា»។ ៧ ព្រះជាម្ចាស់​បាន​បង្កើត​ លំហ​ដ៏​រឹងមាំ​នោះ ព្រះអង្គ​ញែក​ទឹក​ដែល​នៅ​ខាង​ក្រោម​លំហ​ចេញ​ពី​ទឹក​ដែល​នៅ​ខាង​លើ នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។  ព្រះជាម្ចាស់​ហៅ​លំហ​ដ៏​រឹងមាំ​នោះ​ថា “មេឃ”។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ពីរ។

 ព្រះជាម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​អោយ​ទឹក​ដែល​នៅ​ពី​ក្រោម​មេឃ​ផ្ដុំ​គ្នា​នៅ​កន្លែង​តែ​មួយ និង​អោយ​ផ្នែក​គោក​លេច​ចេញ​​​មក!» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ ១០ ព្រះជាម្ចាស់​ហៅ​ផ្នែក​ គោក​នោះ​ថា “ដី” រីឯ​ផ្ទៃ​ទឹក​វិញ ព្រះអង្គ​ហៅ​ថា “សមុទ្រ”។

ព្រះជាម្ចាស់​ទត​ឃើញ​ថា ដី និង​សមុទ្រ​ល្អ​ប្រសើរ​ហើយ។

១១ព្រះជាម្ចាស់មាន​ព្រះបន្ទូល​ថា៖ «ចូរ​មាន​តិណជាតិ ធញ្ញ​ជាតិ​​ដែល​មាន​គ្រាប់​ពូជ និង​រុក្ខជាតិ​ដែល​មាន​ផ្លែ​ដុះ​ចេញ​ពី​ដី បង្កើត​ផល​នៅ​លើ​ផែនដី​តាម​ពូជ​របស់​វា និង​មាន​គ្រាប់​បន្ត​ពូជ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន ១២ គឺ​តិណជាតិ ធញ្ញជាតិ​ដែល​មាន​គ្រាប់​បន្ត​ពូជ តាម​ពូជ​របស់​វា និង​រុក្ខជាតិ​ដែល​មាន​ផ្លែ មាន​គ្រាប់​បន្ត​ពូជ តាម​ពូជ​របស់​វា ដុះ​ចេញ​ពី​ដី​មក។ ព្រះជាម្ចាស់​ទត​ឃើញ​ថា អ្វីៗ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។ ១៣ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​បី។

១៤ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​មាន​ដុំ​ពន្លឺ​នៅ​ក្នុង​លំហ​អាកាស ដើម្បី​ញែក​ថ្ងៃ​ចេញ​ពី​យប់ ទុក​ជា​សញ្ញា​សំគាល់ សំរាប់​កំណត់​ពេល​វេលា​ ថ្ងៃ និង​ឆ្នាំ ១៥ ហើយ​ធ្វើ​ជា​ដុំ​ពន្លឺ​នៅ​លើ​មេឃ សំរាប់​បំភ្លឺ​ផែនដី» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។

១៦ ព្រះជាម្ចាស់បាន​បង្កើត​ដុំ​ពន្លឺ​ធំៗ​ពីរ គឺ​ដុំ​ពន្លឺ​មួយ​ដែល​ធំ​ជាង​​​​អោយ​គ្រប់គ្រង​នៅ​ពេល​ថ្ងៃ រីឯ​ដុំ​ពន្លឺ​ដែល​តូច​ជាង​អោយ​គ្រប់គ្រង​នៅ​ពេល​យប់។ ព្រះអង្គ​ក៏​បង្កើត​ផ្កាយ​ទាំងឡាយ​ដែរ។ ១៧ ព្រះជាម្ចាស់​បាន​ដាក់​ដុំ​ពន្លឺ​ទាំង​នោះ​ក្នុង​លំហ​អាកាស ដើម្បី​បំភ្លឺ​ផែនដី ១៨ ដើម្បី​គ្រប់គ្រង​នៅ​ ពេល​ថ្ងៃ នៅ​ពេល​យប់ និង​ដើម្បី​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។ ព្រះជាម្ចាស់​ទត​ឃើញ​ថា​អ្វីៗ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។ ១៩ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​បួន។

២០ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​មាន​សត្វ​​រស់រវើក​យ៉ាង​ច្រើន​កុះករ​នៅ​ក្នុង​ទឹក និង​មាន​បក្សាបក្សី​ហើរ​ពី​លើ​ផែនដី នៅ​ក្នុង​លំហ​អាកាស»។

២១ ព្រះជាម្ចាស់​បាន​បង្កើត​សត្វ​​ ដ៏​ធំៗ​អស្ចារ្យ​ក្នុង​សមុទ្រ ព្រម​ទាំង​សត្វ​ទាំង​ប៉ុន្មាន​ដែល​ហែល​រវើករវ័ណ្ឌ​ពាសពេញ​នៅ​ក្នុង​ទឹក តាម​ពូជ​របស់​វា ហើយ​ព្រះអង្គ​ក៏​បាន​បង្កើត​បក្សាបក្សី តាម​ពូជ​របស់​វា​ដែរ។ ព្រះជាម្ចាស់​ទត​ឃើញ​ថា សត្វ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។ ២២ ព្រះជាម្ចាស់​ប្រទាន​ពរ ​ដល់​វា ដោយ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​អោយ​បាន​កើន​ចំនួន​ច្រើន​ឡើង​ពាស​ពេញ​​ក្នុង​ទឹក​សមុទ្រ ហើយ​អោយ​បក្សាបក្សី​បាន​កើន​ច្រើន​ឡើង​លើ​ផែនដី​ដែរ»។ ២៣ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ប្រាំ។

២៤ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​មាន​សត្វ​ផ្សេងៗ​កើត​ចេញ​ពី​ដី​តាម​ពូជ​របស់​វា គឺ​មាន​សត្វ​ស្រុក សត្វ​លូន​វារ សត្វ​ព្រៃ តាម​ពូជ​របស់​វា» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ ២៥ ព្រះជាម្ចាស់​បាន​ បង្កើត​សត្វ​ព្រៃ​តាម​ពូជ​របស់​វា សត្វ​ស្រុក តាម​ពូជ​របស់​វា និង​សត្វ​លូន​វារ​ទាំង​ប៉ុន្មាន​នៅ​លើ​ដី តាម​ពូជ​របស់​វា​ដែរ។ ព្រះ​ជាម្ចាស់​ទត​ឃើញ​ថា សត្វ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។

២៦ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «យើង​បង្កើត​មនុស្ស​​ជា​តំណាង​របស់​យើង មាន​លក្ខណៈ​ដូច​យើង ដើម្បី​អោយ​គេ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សាបក្សី​ដែល​ហើរ​នៅ​លើ​មេឃ លើ​សត្វ​ស្រុក​នៅ​លើ​ផែនដី​ទាំង​មូល និង​លើ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​លើ​ដី»។

២៧ ព្រះជាម្ចាស់​បាន​បង្កើត​មនុស្ស
ជា​តំណាង​របស់​ព្រះអង្គ
ព្រះអង្គ​បាន​បង្កើត​គេ​អោយ​មាន​លក្ខណៈ
ដូច​ព្រះជាម្ចាស់
ព្រះអង្គ​បាន​បង្កើត​គេ​ជា​បុរស​ជា​ស្ត្រី។

២៨ ព្រះជាម្ចាស់បាន​ប្រទាន​ពរ​អោយ​គេ គឺ​ព្រះអង្គ​មាន​ព្រះ​បន្ទូល​​ថា៖ «ចូរ​បង្កើត​កូន​ចៅ​អោយ​បាន​កើន​ច្រើន​ឡើង​ពាស​ពេញ​លើ​ផែនដី ហើយ​ត្រួតត្រា​ផែនដី​ទៅ។ ចូរ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សាបក្សី​ដែល​ហើរ​នៅ​លើ​មេឃ និង​លើ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​លើ​ដី»។ ២៩ ព្រះជាម្ចាស់​មាន​ ព្រះបន្ទូល​ថា៖ «មើល៍ យើង​ប្រគល់​ធញ្ញជាតិ​ទាំង​ប៉ុន្មាន ដែល​មាន​គ្រាប់​ពូជ​ដុះ​នៅ​ពាសពេញ​លើ​ផែនដី និង​ដើម​ឈើ​ដែល​មាន​ផ្លែ​មាន​គ្រាប់​បន្ត​ពូជ​អោយ​អ្នក​រាល់​គ្នា​ធ្វើ​ជា​អាហារ ៣០ យើង​ក៏​អោយ​ស្មៅ​ខៀវ​ខ្ចី​ទាំង​ប៉ុន្មាន​ដល់​សត្វ​ព្រៃ​ទាំង​អស់ ដល់​បក្សាបក្សី​ទាំង​អស់​នៅ​លើ​មេឃ ដល់​សត្វ​ទាំង​អស់​ដែល​លូន​វារ​នៅ​លើ​ដី គឺ​ដល់​សត្វ​ទាំង​ប៉ុន្មាន​ដែល​មាន​ដង្ហើម​ជីវិត ធ្វើ​ជា​អាហារ​ដែរ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។

៣១ ព្រះជាម្ចាស់​ទត​ឃើញ​អ្វីៗ​ទាំង​អស់ ដែល​ព្រះអង្គ​បាន​បង្កើត​មក ទ្រង់ឈ្វេង​យល់​ថា​ល្អ​ប្រសើរ​បំផុត​ហើយ។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ប្រាំ​មួយ។

 ព្រះជាម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ព្រម​ទាំង​អ្វី​ៗ​ទាំង​អស់​នៅ​លើ​មេឃ និង​ផែនដី​​ចប់​សព្វ​គ្រប់​ហើយ​​។ ២ នៅ​ថ្ងៃ​ទី​ប្រាំពីរ ព្រះជាម្ចាស់​បង្ហើយ​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ គឺ​ក្រោយ​ពី​បាន​បញ្ចប់​កិច្ចការ​ទាំង​នោះ​មក ព្រះ​អង្គ​ក៏​ឈប់​សំរាក​នៅ​ថ្ងៃ​ទី​ប្រាំពីរ។ ៣ ព្រះជាម្ចាស់​ប្រទាន​ពរ​ អោយ​​​​ថ្ងៃ​ទី​ប្រាំពីរ និង​ញែក​ថ្ងៃ​នោះ​អោយ​បាន​វិសុទ្ធ*​ដ្បិត​ថ្ងៃ​នោះព្រះអង្គ​បញ្ចប់​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​បង្កើត។

 នេះ​ហើយ​ជា​ដើម​កំណើត​របស់​ផ្ទៃ​មេឃ និង​ផែនដី នៅ​គ្រា​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក។

មនុស្ស​ដើម​ដំបូង​បង្អស់បុរស និង​ស្ត្រី នៅ​ក្នុង​សួន​អេដែន

ពេល​ព្រះជាអម្ចាស់​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ៥ នៅ​លើ​ផែនដី​ពុំ​ទាន់​មាន​កូន​ឈើ​អ្វី​តាម​ទី​វាល​ទេ សូម្បី​តែ​ស្មៅ​មួយ​ទង​ក៏​ពុំ​ទាន់​ពន្លក​ចេញ​មក​ដែរ ដ្បិត​ព្រះជាអម្ចាស់​ពុំ​ទាន់​បាន​ធ្វើ​អោយ​មាន​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី​នៅ​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​ភ្ជួរ​រាស់​ដែរ។  ប៉ុន្តែ មាន​ទឹក​ហូរ​ចេញ​ពី​ដី​មក​ស្រោច​ស្រព​ផ្ទៃ​ដី​ទាំង​មូល។

 ព្រះជាអម្ចាស់​បាន​យក​ធូលី​ដី​មក​សូន​ធ្វើ​ជា​មនុស្ស រួច​ព្រះ​អង្គ​ផ្លុំ​ដង្ហើម​ជីវិត​តាម​រន្ធ​ច្រមុះ​គេ មនុស្ស​ក៏​មាន​ជីវិត​រស់​ឡើង។

 ព្រះជាអម្ចាស់​បាន​ធ្វើ​សួន​ឧទ្យាន​មួយ ក្នុង​ស្រុក​អេដែន ដែល​នៅ​ខាង​កើត រួច​យក​មនុស្ស ដែល​ព្រះអង្គ​បាន​សូន ទៅ​ដាក់​ក្នុង​សួន​ឧទ្យាន​នោះ។  ព្រះជាអម្ចាស់​ បាន​ធ្វើ​អោយ​ដើម​ឈើ​គ្រប់​មុខ​ដុះ​ចេញ​ពី​ដី​មក មាន​សំរស់​គួរ​អោយ​ទាក់ទាញ​ចិត្ត និង​មាន​ផ្លែ​ឆ្ងាញ់​ពិសា​ផង។ នៅ​កណ្ដាល​សួន​ឧទ្យាន​ក៏​មាន​ដើម​ឈើ​ដែល​​​​ផ្ដល់​ជីវិត និង​ដើម​ឈើ​ដែល​នាំ​អោយ​ស្គាល់​ល្អ​ស្គាល់​អា​ក្រក់​ដែរ។

១០ មាន​ទន្លេ​មួយ​ហូរ​ចេញ​ពី​ស្រុក​អេដែន មក​ស្រោច​ស្រព​សួន​ឧទ្យាន ហើយ​នៅ​ត្រង់​សួន​ឧទ្យាន​ទន្លេ​នោះ​ក៏​បែក​ចេញ​ជា​បួន។ ១១ ដៃ​ទន្លេ​ទី​មួយ​ឈ្មោះ ពីខូន គឺ​ទន្លេ​នេះ​ហើយ​ដែល​ហូរ​ព័ទ្ធ​ស្រុក​ហាវីឡា ជា​ស្រុក​ដែល​មាន​មាស ១២ ដ៏មាន​គុណភាព​ល្អបំ​ផុត ហើយ​ក៏​មាន​ជ័រ​ប្តេល្យុម និង​ត្បូង​អូនីក្ស​ដែរ។ ១៣ ទន្លេ​ទី​ពីរ​ឈ្មោះ​គីហូន ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​គូស។ ១៤ ទន្លេ​ទី​បី​ឈ្មោះ​ហ៊ីដេកែល ជា​ទន្លេ​ដែល​ហូរ​នៅ​ខាង​កើត​ស្រុក​អាស្សួរ។ ទន្លេ​ទី​បួន​ឈ្មោះ​អឺប្រាត។

១៥ ព្រះជាអម្ចាស់​បាន​យក​ ​មនុស្ស​ទៅ​ដាក់​នៅ​ក្នុង​សួន​អេដែន ដើម្បី​អោយ​គេ​ភ្ជួរ​រាស់ និង​ថែរក្សា​សួន​នោះ។ ១៦ ព្រះជាអម្ចាស់​បាន​បញ្ជា​មនុស្ស​ដូច​ត​ទៅ៖ «អ្នក​អាច​បរិភោគ​ផ្លែ​ឈើ​ទាំង​ប៉ុ​ន្មាន នៅ​ក្នុង​សួន​ឧទ្យាន​នេះ​បាន ១៧ តែ​មិន​ត្រូវ​បរិភោគ​ ផ្លែ​ឈើ​ពី​ដើមដែល​នាំ​អោយ​ស្គាល់​ល្អ​ស្គាល់​អាក្រក់​ឡើយ ដ្បិត​ថ្ងៃ​ណា​អ្នក​បរិភោគ​ផ្លែ​នោះ អ្នក​មុខ​ជា​ស្លាប់​មិន​ខាន»។

១៨ ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «បើ​មនុស្ស​ប្រុស​នៅ​តែ​ឯង​ដូច្នេះ មិន​ស្រួល​ទេ។ យើង​នឹង​បង្កើត​ម្នាក់​ទៀត​អោយ​ជួយ និង​បាន​ជា​គ្នា។» ១៩ ព្រះជាអម្ចាស់​ បាន​យក​ដី​មក​សូន​ធ្វើ​ជា​សត្វ​ស្រុក​គ្រប់​យ៉ាង និង​ធ្វើ​ជា​បក្សាបក្សី​គ្រប់​យ៉ាង​ដែល​ហើរ​នៅ​លើ​អាកាស រួច​ព្រះអង្គ​នាំ​សត្វ​ទាំង​នោះ​មក​អោយ​មនុស្ស ព្រោះ​ទ្រង់​ចង់​ជ្រាប​ថា គេ​នឹង​ដាក់​ឈ្មោះ​អោយ​វា​យ៉ាង​ណា។ ដូច្នេះ សត្វ​ទាំង​អស់​មាន​ឈ្មោះ​តាម​ដែល​មនុស្ស​ដាក់​អោយ។ ២០ មនុស្ស​បាន​ដាក់​ឈ្មោះ​ អោយ​សត្វ​ស្រុក​ទាំង​អស់ អោយ​បក្សាបក្សី​ដែល​ហើរ​នៅ​លើ​មេឃ និង​អោយ​សត្វ​ព្រៃ​ទាំង​ប៉ុន្មាន​ដែរ ប៉ុន្តែ គាត់​ពុំ​ឃើញ​មាន​សត្វ​ណា​មួយ​ដែល​អាច​ជួយ និង​យក​មក​ធ្វើ​ជា​គ្នា​បាន​ឡើយ។ ២១ ដូច្នេះ ព្រះជាអម្ចាស់​បាន​ធ្វើ​អោយ​មនុស្ស​ដេក​លង់លក់​បាត់​ស្មារតី។ ព្រះអង្គ​យក​ឆ្អឹង​ជំនីរ​មួយ​របស់​​គាត់​ចេញ​មក រួច​ភ្ជិត​សាច់​ទៅ​វិញ។ ២២ ព្រះជាអម្ចាស់​យក​ឆ្អឹង​ជំនីរ​ដែល​ទ្រង់​បាន​ហូត​ចេញ​ពី​មនុស្ស មក​ធ្វើ​ជា​ស្ត្រី រួច​ទ្រង់​នាំ​នាង​មក​ជួប​គាត់។ ២៣ បុរស​ក៏​ពោល​ឡើង​ថា៖

«លើក​នេះ​ពិត​ជា​ឆ្អឹង
ដែល​កើត​ចេញ​មក​ពី​ឆ្អឹង​អញ
ជា​សាច់​ដែល​កើត​ចេញ​មក​ពី​សាច់​អញ
ត្រូវ​ហៅ​នាង​ថា “ស្ត្រី”
ព្រោះ​នាង​បាន​កើត​ចេញ​ពី​បុរស​មក»។

២៤ ហេតុ​នេះ បុរស​ចាក​ចេញ​ពី​ឪពុកម្ដាយ​ទៅ​រួម​រស់​ជា​មួយ​ភ​រិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ​។

២៥ ពេល​នោះ បុរស និង​ភរិយា​របស់​គាត់​នៅ​ខ្លួន​ទទេ​ទាំង​ពីរ​នាក់ ប៉ុន្តែ គេ​មិន​អៀន​ខ្មាស​ទេ។

 ពស់​ជា​សត្វ​មួយ​មាន​កលល្បិច​ជាង​គេ ក្នុង​ចំណោម​សត្វ​ព្រៃ​ទាំង​អស់​ដែល​ព្រះជាអម្ចាស់​ បង្កើត​មក។ វា​ពោល​ទៅ​កាន់​ស្ត្រី​ថា៖ «តើ​ព្រះជាម្ចាស់​ពិត​ជា​មាន​ព្រះបន្ទូល​ថា អ្នក​ទាំង​ពីរ​មិន​ត្រូវ​បរិភោគ​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​សួន​ឧទ្យាន​មែន​ឬ?»។ ២ ស្ត្រី​ពោល​ទៅ​កាន់​ពស់​ថា៖ «យើង​អាច​បរិភោគ​ផ្លែ​ឈើ​ទាំងឡាយ​នៅ​ក្នុង​សួន​ឧទ្យាន​បាន ៣ រីឯ​ដើម​ឈើ​ដែល​ស្ថិត​នៅ​ កណ្ដាល​សួន​ឧទ្យាន​នោះ​វិញ ព្រះជាម្ចាស់​បាន​ហាម​ថា “កុំ​បរិភោគ​ផ្លែ​វា​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប៉ះពាល់​ដែរ បើ​ពុំ​នោះ​ទេ អ្នក​ទាំង​ពីរ​នឹង​ស្លាប់​ជា​មិន​ខាន”»។ ៤ ពេល​នោះ ពស់​ប្រាប់​ស្ត្រី​ថា៖ «ទេ! អ្នក​ទាំង​ពីរ​នឹង​មិន​ស្លាប់​ទេ។ ៥ ផ្ទុយ​ទៅ​វិញ ព្រះជាម្ចាស់​ជ្រាប​ថា ថ្ងៃ​ណា​អ្នក​បរិភោគ​ផ្លែ​ឈើ​នោះ ភ្នែក​អ្នក​នឹង​បាន​ភ្លឺ ហើយ​អ្នក​នឹង​បាន​ដូច​ព្រះ ដែល​ស្គាល់​ល្អ​ស្គាល់​អា​ក្រក់​ជា​មិន​ខាន»។

 ស្ត្រី​មើល​ទៅ​ដើម​ឈើ ឃើញ​ថា​មាន​រសជាតិ​ឆ្ងាញ់​ពិសា គួរ​អោយ​គយគន់ ហើយ​ថែម​ទាំង​អាច​ធ្វើ​អោយ​មាន​ប្រាជ្ញា​ទៀត​ផង នាង​ក៏​បេះ​ផ្លែ​មក​បរិភោគ ព្រម​ទាំង​ចែក​អោយ​ប្ដី​ដែល​នៅ​ជា​មួយ ហើយ​ប្ដី​ក៏​បរិភោគ​ដែរ។ ៧ ពេល​នោះ ស្រាប់​តែ​ភ្នែក​របស់​អ្នក​ទាំង​ពីរ​បាន​ភ្លឺ​ឡើង ហើយ​ដឹង​ថា គេ​នៅ​ខ្លួន​ទទេ។ អ្នក​ទាំង​ពីរ​ក៏​បេះ​ស្លឹក​ល្វា​មក​ខ្ទាស់​ធ្វើ​ជា​ប៉ឹង​បិទបាំង​កាយ។

 អ្នក​ទាំង​ពីរ​បាន​ឮ​ព្រះសូរសៀង​របស់​ព្រះជាអម្ចាស់ ដែល​យាង​​កាត់​សួន​ឧទ្យាន នៅ​ពេល​មាន​ខ្យល់​បក់​រំភើយៗ បុរស និង​ស្ត្រី​ក៏​នាំ​គ្នា​រត់​ពួន​ក្រោយ​ដើម​ឈើ​ក្នុង​សួន​ឧទ្យាន កុំ​អោយ​ព្រះ​ជាអម្ចាស់​ទត​ឃើញ។ ៩ ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ហៅ​មនុ​ស្ស​​​ប្រុស​ថា៖ «អ្នក​នៅ​ឯ​ណា?» ១០ គាត់​ទូល​ព្រះអង្គ​វិញ​ ថា៖ «ទូលបង្គំ​បាន​ឮ​ព្រះសូរសៀង​របស់​ព្រះអង្គ​នៅ​ក្នុង​សួន​ឧទ្យាន ទូលបង្គំ​ភ័យ​ណាស់ ព្រោះ​ទូលបង្គំ​នៅ​ខ្លួន​ទទេ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ពួន»។ ១១ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «នរណា​ប្រាប់​អ្នក​អោយ​ដឹង​ថា​អ្នក​នៅ​ខ្លួន​ទទេ​ដូច្នេះ? តើ​អ្នក​បរិភោគ​ផ្លែ​ឈើ​ដែល​យើង​ហាម​នោះ​ឬ?»។ ១២ បុរស​ឆ្លើយ​ថា៖ «ស្ត្រី​ដែល​ព្រះអង្គ​ប្រទាន​អោយ​មក​នៅ​ជា​មួយ​ទូលបង្គំ​នោះ បាន​អោយ​ផ្លែ​ឈើ​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​ទទួល​ទាន​ដែរ»។ ១៣ ព្រះជា​អម្ចាស់​ មាន​ព្រះបន្ទូល​ទៅ​កាន់​ស្ត្រី​ថា៖ «ម្ដេច​ក៏​នាង​ធ្វើ​ដូច្នេះ?» ស្ត្រី​ឆ្លើយ​ថា៖ «ពស់​បាន​មក​បញ្ឆោត​ខ្ញុំ​ម្ចាស់ ហើយ​ខ្ញុំ​ម្ចាស់​ក៏​ទទួល​ទាន​ផ្លែ​ឈើ​នោះ​ទៅ»។ ១៤ ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​មក​សត្វ​ពស់​ថា៖

«ដោយ​ឯង​បាន​ធ្វើ​ដូច្នេះ

ក្នុង​បណ្ដា​សត្វ​ស្រុក សត្វ​ព្រៃ​ទាំង​ប៉ុន្មាន

ឯង​នឹង​ត្រូវ​បណ្ដាសា​ហើយ។

ឯង​ត្រូវ​តែ​លូន​នឹង​ពោះ ហើយ​ស៊ី​តែ​ធូលី​ដី

អស់​មួយ​ជីវិត។

១៥ យើង​នឹង​ធ្វើ​អោយ​ឯង និង​ស្ត្រី

ព្រម​ទាំង​ពូជ​ឯង និង​ពូជ​ស្ត្រី

ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា

ពូជ​នាង​នឹង​ជាន់​ក្បាល​របស់​ឯង

ហើយ​ឯង​នឹង​ចឹក​កែង​ជើង​ពូជ​នាង»។

១៦ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ស្ត្រី​ថា៖

«នៅ​ពេល​នាង​មាន​ផ្ទៃ​ពោះ

យើង​នឹង​ធ្វើ​អោយ​នាង​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង

នាង​នឹង​សំរាល​កូន​ទាំង​ឈឺ​ចុក​ចាប់។

តណ្ហា​ជំរុញ​នាង​អោយ​ត្រូវ​ការ​ប្ដី

តែ​ប្ដី​នឹង​ធ្វើ​ជា​ម្ចាស់​លើ​នាង»។

១៧ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​លោក​អដាំ​ថា៖ «ដោយ​អ្នក​បាន​​​ស្ដាប់​តាម​ពាក្យ​ប្រពន្ធ ហើយ​បរិភោគ​ផ្លែ​ឈើ​ដែល​យើង​ហាមប្រាម​នោះ

ដី​នឹង​ត្រូវ​បណ្ដាសា ព្រោះ​តែ​អ្នក។

ដូច្នេះ អ្នក​នឹង​កាប់​គាស់​ដី​ចិញ្ចឹម​ជីវិត​យ៉ាង​វេទនា

ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត។

១៨ ដី​នឹង​ដុះ​ចេញ​ជា​បន្លា និង​អញ្ចាញ

ហើយ​អ្នក​នឹង​បរិភោគ​តិណជាតិ​ទាំងឡាយ

ដែល​ដុះ​នៅ​តាម​ទី​វាល។

១៩ អ្នក​ត្រូវ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ទាំង​បង្ហូរ​ញើស

រហូត​ដល់​ថ្ងៃ​ដែល​អ្នក​ត្រឡប់​ទៅ​ជា​ដី​វិញ

ដ្បិត​អ្នក​មាន​កំណើត​មក​ពី​ដី។

អ្នក​កើត​ពី​ធូលី​ដី

អ្នក​ត្រូវ​តែ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ»។

២០ បុរស​ដាក់​ឈ្មោះ​អោយ​ប្រពន្ធ​ថា “អេវ៉ា”​ ដ្បិត​នាង​ជា​មាតា​របស់​មនុស្ស​ទាំង​អស់​ដែល​មាន​ជីវិត។ ២១ ព្រះជាអម្ចាស់​បាន​យក​ស្បែក​សត្វ​មក​ធ្វើ​ជា​សម្លៀកបំពាក់​អោយ​លោក​អដាំ និង​ភរិ​យា​របស់​គាត់។ ២២ ព្រះជាអម្ចាស់​ មាន​ព្រះបន្ទូល​ថា៖ «ឥឡូវ​នេះ មនុស្ស​ក៏​ស្គាល់​ល្អ ស្គាល់​អាក្រក់ បាន​ទៅ​ជា​ម្នាក់​ដូច​យើង​ដែរ ដូច្នេះ គួរ​តែ​យើង​រារាំង​គេ កុំ​អោយ​លូក​ដៃ​បេះ​ផ្លែ​ពី​ដើម​ឈើ ដែល​ផ្ដល់​ជីវិត​ថែម​ទៀត​ឡើយ ក្រែង​គេ​បរិភោគ​ទៅ​មាន​ជីវិត​អស់​​កល្ប​ជានិច្ច»។

២៣ ព្រះជាអម្ចាស់​​ ក៏​បណ្ដេញ​មនុស្ស​ចេញ​ពី​សួន​ឧទ្យាន​អេដែន ដើម្បី​អោយ​ទៅ​ភ្ជួរ​រាស់​ដី​ដែល​ព្រះអង្គ​បាន​សូន​បង្កើត​គេ​មក​នោះ។ ២៤ ក្រោយ​ពី​បណ្ដេញ​មនុស្ស ​ចេញ​ពី​សួន​ឧទ្យាន​អេដែន​រួច​ហើយ ព្រះអង្គ​ដាក់​ខេរូប៊ីម*​នៅ​ខាង​កើត​សួន កាន់​ដាវ​ភ្លើង​ដែល​ជា​រន្ទះ​ការពារ​ផ្លូវ មិន​អោយ​មនុស្ស​ចូល​ទៅ​កាន់​ដើម​ឈើ ដែល​ផ្ដល់​ជីវិត​នោះ​បាន​ឡើយ។

លោក​កាអ៊ីន និង​លោក​អេបិល
 លោក​អដាំ​​រួម​រស់​ជា​មួយ ​នាង​អេវ៉ា​ជា​ភរិយា នាង​មាន​ផ្ទៃ​ពោះ​សំរាល​បាន​កូន​មួយ ឈ្មោះ​កាអ៊ីន នាង​ពោល​ថា៖ «ខ្ញុំ​បាន​បង្កើត​មនុស្ស​ម្នាក់ ព្រោះ​ព្រះអម្ចាស់​ប្រទាន​អោយ​»។ ២ នាង​សំរាល​បាន​កូន​មួយ​ទៀត គឺ​អេបិល ជា​កូន​ប្អូន។ ក្រោយ​មក លោក​អេបិល​បាន​ប្រកប​របរ​ជា​គង្វាល​ចៀម រីឯ​លោក​​​កាអ៊ីន​ជា​អ្នក​ធ្វើ​ស្រែ​ចំការ។

លុះ​ដល់​ពេល​ប្រមូល​ផល​ហើយ​ លោក​កាអ៊ីន​ក៏​យក​ភោគ​​ផល​ពី​ស្រែ​ចំការ​របស់​គាត់​មក​ថ្វាយ​ព្រះអម្ចាស់។ ៤ លោក​អេ​បិល​​​ក៏​បាន​នាំ​យក​កូន​សត្វ ដែល​កើត​មុន​គេ​បង្អស់​ក្នុង​ហ្វូង​សត្វ​របស់​គាត់ ព្រម​ទាំង​ខ្លាញ់​​របស់​វា​មក​ថ្វាយ​ដែរ។ ព្រះអម្ចាស់​គាប់​ព្រះ​ហប្ញទ័យ​នឹង​លោក​អេបិល ព្រម​ទាំង​តង្វាយ​របស់​គាត់ ៥ តែ​ព្រះ​អង្គ​មិន​គាប់​ ព្រះហឫទ័យ​នឹង​លោក​កាអ៊ីន ព្រម​ទាំង​តង្វាយ​របស់​​​គាត់​ទេ។ លោក​កាអ៊ីន​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ហើយ​ក្រ​ពុលមុខ​ទៀត​ផង។ ៦ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​កាអ៊ីន​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ក្ដៅ​ក្រហាយ? ហេតុ​អ្វី​បាន​ជា​អ្នក​ក្រពុលមុខ​ដូច្នេះ? ប្រសិន​បើ​អ្នក​ ប្រព្រឹត្ត​ល្អ អ្នក​នឹង​បាន​រីករាយ​ឡើង​វិញ​ជា​មិន​ខាន ផ្ទុយ​ទៅ​វិញ បើ​អ្នក​មិន​ប្រព្រឹត្ត​ល្អ​ទេ បាប​ក្រាប​នៅ​មាត់​ទ្វារ​របស់​អ្នក ដើម្បី​ជំរុញ​អ្នក​អោយ​ធ្វើ​តាម​វា តែ​អ្នក​ត្រូវ​បង្ក្រាប​វា​វិញ»។

 លោក​កាអ៊ីន​បាន​បបួល​លោក​អេបិល​ជា​ប្អូន​ទៅ​ចំការ លុះ​ដល់​ហើយ គាត់​ក៏​ស្ទុះ​ទៅ​ប្រហារ​ប្អូន​អោយ​ស្លាប់​បាត់​បង់​ជីវិត។

 ព្រះអម្ចាស់​ សួរ​លោក​កាអ៊ីន​ថា៖ «អេបិល​ប្អូន​របស់​អ្នក​នៅ​ឯ​ណា?»។ គាត់​ទូល​ព្រះអង្គ​ថា៖ «ទូលបង្គំ​មិន​ដឹង​ទេ! តើ​ទូល​បង្គំ​ជា​អ្នក​ឃ្វាល​ប្អូន​របស់​ទូលបង្គំ​ឬ?»។ ១០ ព្រះអម្ចាស់​មាន​ព្រះ​បន្ទូល​មក​លោក​កាអ៊ីន​ថា៖ «ម្ដេច​ក៏​អ្នក​ប្រព្រឹត្ត​ដូច្នេះ? សំរែក​ឈាម​ប្អូន​របស់​អ្នក​បាន​លាន់​ឮ​ពី​ដី​ឡើង​មក​ដល់​យើង។ ១១ឥ​ឡូ​វ​​​​​នេះ អ្នក​ត្រូវ​បណ្ដាសា​ហើយ អ្នក​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​ដី​ដែល​បាន​ស្រូប​យក​ឈាម​ប្អូន​របស់​អ្នក ជា​ឈាម​ដែល​អ្នក​បាន​បង្ហូរ​ដោយ​ផ្ទាល់​ដៃ។ ១២ ពេល​ណា​អ្នក​ភ្ជួរ​រាស់​ដី ដី​នឹង​លែង​អោយ​ភោគ​ផល​​ដល់​អ្នក​ទៀត​ហើយ អ្នក​នឹង​ទៅ​ជា​មនុស្ស​អនាថា សាត់​ព្រាត់​​នៅ​លើ​ផែនដី»។ ១៣ លោក​កាអ៊ីន​ទូល​ព្រះអម្ចាស់​ថា៖ «ព្រះ​​អង្គ​ដាក់​ទោស​ទូលបង្គំ​យ៉ាង​នេះ ធ្ងន់​ពេក​ណាស់ ទូលបង្គំ​ទ្រាំ​មិន​បាន​ទេ។ ១៤ ថ្ងៃ​នេះ ព្រះអង្គ​ដេញ​ទូលបង្គំ​ចេញ​ពី​ដី​ដែល​មាន​ជីជាតិ​ល្អ ទូលបង្គំ​ក៏​ត្រូវ​ចេញ​ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ​ទៀត ហើយ​នឹង​ទៅ​ជា​មនុស្ស​អនាថា សាត់ព្រាត់​នៅ​លើ​ផែនដី បើ​មាន​នរណា​ម្នាក់​ជួប​ទូលបង្គំ គេ​មុខ​ជា​សម្លាប់​ទូលបង្គំ​មិន​ខាន»។ ១៥ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​គាត់​ថា៖ «បើ​អ្នក​ណា​សម្លាប់​កាអ៊ីន គេ​នឹង​សងសឹក​អ្នក​នោះ​វិញ​មួយ​ជា​ប្រាំពីរ»។     ប​ន្ទាប់​​មក ព្រះអម្ចាស់​ដៅ​សញ្ញា​សំគាល់​មួយ​នៅ​លើ​លោក​កាអ៊ីន​។ ដូច្នេះ ពេល​មាន​នរណា​ជួប​គាត់ គេ​នឹង​មិន​ប្រហារ​ជីវិត​គាត់​ឡើយ។ ១៦ បន្ទាប់​មក​ទៀត លោក​កាអ៊ីន​បាន​ចាក​ចេញ​ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់ព្រះអម្ចាស់​ទៅ​រស់​នៅ​ឯ​ស្រុក​ណូដ ដែល​ស្ថិត​នៅ​ខាង​កើត​ស្រុក​អេដែន។

ពូជពង្ស​របស់​លោក​កាអ៊ីន

១៧ លោក​កាអ៊ីន​បាន​រួម​រស់ ​ជា​មួយ​ភរិយា​របស់​គាត់ នាង​ក៏​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​កូន​មួយ ឈ្មោះ​ហេណុក។ បន្ទាប់​មក គាត់​កសាង​ក្រុង​មួយ ហើយ​ដាក់​ឈ្មោះ​ថា​ក្រុង​ហេណុក តាម​ឈ្មោះ​កូន​របស់​គាត់។ ១៨ លោក​ហេណុក​មាន​កូន​ឈ្មោះ​អ៊ីរ៉ាដ បន្ទាប់​មក លោក​អ៊ីរ៉ាដ​បង្កើត​មេហ៊ូយ៉ាអែល លោក​មេហ៊ូយ៉ាអែលបង្កើត​មេទូសា លោកមេទូសា​បង្កើត​ឡាម៉េក។

១៩ លោក​ឡាម៉េក​បាន​យក​ភរិយា​ពីរ ម្នាក់​ឈ្មោះ​នាង​អដា ម្នាក់​ទៀត​ឈ្មោះ​នាង​ស៊ីឡា។ ២០ នាង​អដា​បង្កើត​កូន​មួយ​ឈ្មោះ​យ៉ាបាល ជា​បុព្វបុរស​របស់​ជន​ជាតិ​ដែល​បោះ​ជំរំ​រស់​នៅ ហើយ​ចិញ្ចឹម​ហ្វូង​សត្វ។ ២១ ប្អូន​របស់​លោក​យ៉ាបាល​ឈ្មោះ​លោក​យូបាល ជា​បុព្វបុរស​របស់​ពួក​អ្នក​លេង​ពិណ និង​ចាប៉ី។ ២២ រីឯ​នាង​ស៊ីឡា​វិញ នាង​បង្កើត​បាន​កូន​ឈ្មោះ​ទូបាល-កាអ៊ីន ជា​បុព្វបុរស​របស់​ពួក​ជាង​លង្ហិន និង​ជាង​ដែក។ ប្អូន​ស្រី​របស់​លោក​ទូបាល-កាអ៊ីន ឈ្មោះ​នាង​ណាម៉ា។

២៣ លោក​ឡាម៉េក​និយាយ​ទៅ​កាន់​ភរិយា​ទាំង​ពីរ​ថា៖
«អដា និង​ស៊ីឡា​អើយ ចូរ​ស្ដាប់​សំដី​ខ្ញុំ!
ភរិយា​របស់​ឡាម៉េក​អើយ
ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​និយាយ!
ខ្ញុំ​បាន​សម្លាប់​មនុស្ស​ម្នាក់
ព្រោះ​តែ​គេ​ធ្វើ​អោយ​ខ្ញុំ​មាន​មុខ​របួស​មួយ
ហើយ​ខ្ញុំ​បាន​សម្លាប់​ក្មេង​ម្នាក់
ព្រោះ​តែ​ស្នាម​ជាំ​មួយ។
២៤ បើ​គេ​វាយ​សម្លាប់​លោក​កាអ៊ីន
ត្រូវ​សម្លាប់​ប្រាំពីរ​នាក់​សងសឹក​វិញ
ប៉ុន្តែ បើ​គេ​វាយ​សម្លាប់​ឡាម៉េក
ត្រូវ​សម្លាប់​រហូត​ដល់​ទៅ​ចិតសិប​ប្រាំពីរ​នាក់
ដើម្បី​សងសឹក»។

២៥ លោក​ អដាំ​រួម​រស់​ជា​មួយ​ភរិយា​ម្ដង​ទៀត នាង​បង្កើត​បាន​កូន​ប្រុស​មួយ ហើយ​ដាក់​ឈ្មោះ​ថា សេថ ដ្បិត​នាង​ពោល​ថា «ដ្បិត​ព្រះជាម្ចាស់​ប្រទាន​កូន​មួយ​ទៀត​មក​អោយ​ខ្ញុំ ដើម្បី​បន្ត​ពូជ​ជំនួស​អេបិល ដែល​កាអ៊ីន​បាន​សម្លាប់»។

២៦ លោក​សេថ ​បង្កើត​បាន​កូន​ប្រុស​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា អេណុស។ ចាប់​តាំង​ពី​ពេល​នោះ​មក គេ​នាំ​គ្នា​គោរព​ថ្វាយបង្គំ​ព្រះជាម្ចាស់ ដោយ​ហៅ​ព្រះអង្គ​ថា «ព្រះអម្ចាស់»។

បញ្ជី​រាយ​នាម​បុព្វបុរស ពី​លោក​អដាំ​ដល់​លោក​ណូអេ
 នេះ​ជា​បញ្ជី​រាយ​នាម​ក្រុម​គ្រួសារ​របស់​លោក​អដាំ:

នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​បង្កើត​មនុស្ស ព្រះអង្គ​បាន​បង្កើត​គេ​អោយ​មាន​លក្ខណៈ​ដូច​ព្រះជាម្ចាស់ ២ ព្រះអង្គ​បង្កើត​គេ​ជា​បុរស ជា​ស្ត្រី និង​ប្រទាន​ពរ​អោយ​គេ ហើយ​នៅ​ថ្ងៃ​ដែល​ព្រះ​អង្គ​បង្កើត​គេ​មក​នោះ ទ្រង់​ហៅ​គេ​ថា «មនុស្ស»។

 ពេល​លោក​អដាំ​មាន​អាយុ​មួយ​រយសាមសិប​ឆ្នាំ លោក​បង្កើត​​​​បាន​កូន​ប្រុស​មួយ មាន​លក្ខណៈ​ដូច​លោក និង​ជា​តំណាង​របស់​លោក ហើយ​ដាក់​ឈ្មោះ​ថា «សេថ»។ ៤ ក្រោយ​ពី​លោក​អដាំ​បង្កើត​លោក​សេថ​មក លោក​រស់​បាន​ប្រាំ​បី​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។  លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​សាមសិប​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណភាព។

 ពេល​លោក​សេថ​មាន​អាយុ​មួយ​រយហាសិប​ឆ្នាំ លោក​បង្កើត​​​​បាន​អេណុស។ ៧ ក្រោយ​ពី​បង្កើត​អេណុស​មក លោក​សេថ​រស់​បាន​ប្រាំ​បី​រយ​ប្រាំពីរ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។  លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ដប់ពីរ​ឆ្នាំ។  ពេល​លោក​អេណុស​មាន​អាយុ​កៅសិប​ឆ្នាំ លោក​បង្កើត​បាន​កេណន។ ១០ ក្រោយ​ពី​បង្កើតកេណន​មក លោក​អេណុស​រស់​បាន​ប្រាំ​បី​រយ​ដប់​ប្រាំ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ ១១ លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ប្រាំ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណភាព។

១២ ពេល​លោកកេណន​មាន​អាយុ​ចិតសិប​ឆ្នាំ លោក​បង្កើត​បាន​ម៉ាហាឡាឡេអែល។ ១៣ ក្រោយ​ពី​បង្កើតម៉ាហាឡាឡេអែល​មក លោកកេណន​រស់​បាន​ប្រាំ​បី​រយ​សែសិប​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ ១៤ លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ដប់​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណភាព។

១៥ ពេល​លោក​ម៉ាហាឡាឡេអែល​មាន​អាយុ​ហុកសិប​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​យេរ៉េដ។ ១៦ ក្រោយ​ពី​បង្កើតយេរ៉េដ​មក លោក​​​​​​ម៉ាហាឡាឡេអែល​រស់​បាន​ប្រាំបី​រយ​សាមសិប​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ ១៧ លោក​រស់​បាន​ទាំង​អស់​ប្រាំ​បី​រយ​កៅសិប​ប្រាំ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណភាព។

១៨ពេល​លោក​យេរ៉េដ ​មាន​អាយុ​មួយ​រយ​ហុកសិប​ពីរ​ឆ្នាំ លោក​​​​​​បង្កើត​បាន​ហេណុក។ ១៩ ក្រោយ​បង្កើត​ហេណុក​មក លោក​​​​យេរ៉េដរស់​បាន​ប្រាំ​បី​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ ២០ លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ហុក​សិប​​ពីរ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណភាព។

២១ ពេល​លោក​ហេណុក​អាយុ​ហុកសិប​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​ម៉ាធូសាឡឹម។ ២២ ក្រោយ​បង្កើតម៉ាធូសាឡឹម លោក​ហេណុក​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះជាម្ចាស់ អស់​រយៈ​ពេល​បី​រយ​ឆ្នាំ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន ២៣ លោក​រស់​បាន​ទាំង​អស់​បី​រយ​ហុកសិប​ប្រាំ​ឆ្នាំ។ ២៤ លោក​ហេណុក​ដើរ​តាម​មាគ៌ា​របស់​ព្រះជាម្ចាស់ បន្ទាប់​មក គេ​លែង​ឃើញ​គាត់​នៅ​លើ​ផែនដី​ទៀត​ហើយ ព្រោះ​ព្រះជាម្ចាស់​បាន​លើក​គាត់​ឡើង​ទៅ។

២៥ ពេល​លោកម៉ាធូសាឡឹម​ មាន​អាយុ​មួយ​រយ​ប៉ែតសិប​ប្រាំ​ពីរ​​ឆ្នាំ លោក​បង្កើត​បាន​ឡាម៉េក។ ២៦ ក្រោយ​បង្កើត​ឡាម៉េក​មក លោក​ម៉ាធូសាឡឹមរស់​បាន​ប្រាំពីរ​រយ​ប៉ែតសិប​ពីរ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ ២៧ លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ហុកសិប​ប្រាំ​បួន​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណភាព។

២៨ ពេល​លោក​ឡាម៉េក​ មាន​អាយុ​មួយ​រយ​ប៉ែតសិប​ពីរ​ឆ្នាំ លោក​​​​បង្កើត​បាន​កូន​ប្រុស​ម្នាក់ ២៩ ដែល​លោក​ដាក់​ឈ្មោះ​ថា “ណូអេ” ព្រោះ​លោក​ពោល​ថា “កូន​នេះ​នឹង​ជួយ​សំរាល​ទុក្ខ​លំបាក និង​ការ​នឿយហត់​របស់​យើង ព្រោះ​តែ​ដី​ដែល​ព្រះ​អម្ចាស់​បាន​ដាក់​បណ្ដាសា”។ ៣០ ក្រោយ​បង្កើត​ណូអេ​មក លោក​ឡាម៉េក​រស់​បាន​ប្រាំ​រយ​កៅសិប​ប្រាំ​ឆ្នាំ​ទៀត ហើយ​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ ៣១ លោក​រស់​បាន​ទាំង​អស់​ប្រាំពីរ​រយ​ចិតសិប​ប្រាំពីរ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណភាព។

៣២ ពេល​លោក​ណូអេ​អាយុ​ប្រាំ​រយ​ឆ្នាំ លោក​បង្កើត​បាន សិម ហាំ និង​យ៉ាផេត។

ទឹក​ជំនន់​ធំ

ព្រះជាម្ចាស់​សំរេច​ដាក់​ទោស​មនុស្ស​លោក
 មនុស្ស​លោក​ចាប់​ផ្ដើម​កើន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ពាសពេញ​លើ​ផែនដី ហើយ​គេ​ក៏​បង្កើត​កូន​ស្រីៗ។  កូន​​​ប្រុសៗ​របស់​ព្រះជាម្ចាស់​​ឃើញ​ថា ​កូន​ស្រីៗ​របស់​មនុស្ស​មាន​រូប​ឆោម​ល្អ​ស្អាត គេ​ក៏​នាំ​គ្នា​ជ្រើសរើស​ប្រពន្ធ​ពី​ចំណោម​ស្ត្រី​ៗ​ទាំង​នោះ។

 ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ថា៖ «វិញ្ញាណ​របស់​យើង​នឹង​មិន​នៅ​ក្នុង​មនុស្ស​ជា​រៀង​រហូត​ឡើយ ដ្បិត​គេ​គ្រាន់​តែ​ជា​មនុស្ស​លោកីយ៍ ដូច្នេះ អាយុ​ជីវិត​គេ​នឹង​ត្រូវ​កំរិត​មក​នៅ​ត្រឹម​តែ​មួយ​រយ​ម្ភៃ​ឆ្នាំ​ ប៉ុណ្ណោះ»។

 សម័យ​នោះ មាន​មនុស្ស​មាឌ​ធំៗ​រស់​នៅ​លើ​ផែនដី ហើយ​ក្រោយ​មក​ក៏​នៅ​តែ​មាន​ដែរ។ អ្នក​ទាំង​នោះ​កើត​នៅ​ជំនាន់​ដែល​កូន​ប្រុសៗ​របស់​ព្រះជាម្ចាស់ នាំ​គ្នា​មក​យក​កូន​ស្រីៗ​របស់​មនុស្ស​​​ធ្វើ​ជា​ប្រពន្ធ គឺ​អ្នក​ទាំង​នោះ​ហើយ​ដែល​ជា​វីរជន​ដ៏​មាន​ឈ្មោះ​ល្បី​នៅ​សម័យ​បុរាណ។

 ព្រះអម្ចាស់​ទត​ឃើញ​ថា មនុស្ស​លោក​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ច្រើន​ឡើងៗ នៅ​លើ​ផែនដី ហើយ​ពី​ព្រឹក​ដល់​ល្ងាច ចិត្ត​របស់​គេ​ចេះ​តែ​លំអៀង​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់។ ​ ព្រះ​អម្ចាស់​នឹក​ស្ដាយ ​ដោយ​បាន​បង្កើត​មនុស្ស​មក​លើ​ផែនដី​នេះ ហើយ​ព្រះអង្គ​ព្រួយ​ព្រះហឫទ័យ។ ៧ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​លុប​បំបាត់​មនុស្ស​លោក ដែល​យើង​បាន​បង្កើត​មក​អោយ​អស់​ពី​ផែនដី គឺ​ចាប់​តាំង​ពី​មនុស្ស​រហូត​ដល់​សត្វ​ស្រុក ចាប់​តាំង​ពី​សត្វ​លូន​វារ រហូត​ដល់​សត្វ​ដែល​ហើរ​នៅ​លើ​មេឃ ដ្បិត​យើង​ស្ដាយ​ដោយ​បាន​បង្កើត​គេ​មក»។

 ប៉ុន្តែ ព្រះអម្ចាស់​គាប់​ព្រះហប្ញទ័យ​នឹង​លោក​ណូអេ។

ព្រះជាម្ចាស់​រក្សា​ទុក​ក្រុម​គ្រួសារ​លោក​ណូអេ

 នេះ​ជា​ដំណើរ​រឿង​ក្រុម​គ្រួសារ​របស់​លោក​ណូអេ។ លោក​ណូអេ​ជា​មនុស្ស​សុចរិត ទៀង​ត្រង់ នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រស់​នៅ​ជំនាន់​លោក។ លោក​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះ​ជាម្ចាស់។

១០ លោក​ណូអេ​បាន​បង្កើត​កូន​ប្រុស​បី​នាក់​ឈ្មោះ​សិម ហាំ និង​យ៉ាផេត។

១១ គ្រា​នោះ មនុស្ស​លោក​នៅ​លើ​ផែនដី​ប្រែ​ជា​អាក្រក់​ខិល​ខូច​​អស់ ហើយ​ពោរពេញ​ដោយ​អំពើ​ឃោរឃៅ​ទៀត​ផង។ ១២ ​ព្រះ​ជាម្ចាស់​ទត​ឃើញ​ថា ​ផែនដី​អាក្រក់​ខូច​អស់ ដ្បិត​មនុស្ស​លោក​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី សុទ្ធ​តែ​មាន​កិរិយា​មារយាទ​ខិល​ខូច​អាក្រក់។ ១៣ ព្រះជាម្ចាស់​ក៏​មាន​ ព្រះបន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «យើង​បាន​សំរេច​ចិត្ត​ផ្ដាច់​ជីវិត​សត្វ​លោក​ទាំង​អស់ ដ្បិត​មនុស្ស​បាន​ធ្វើ​អោយ​ផែនដី​ពោរពេញ​ដោយ​អំពើ​ឃោរឃៅ។ ដូច្នេះ យើង​នឹង​លុប​បំបាត់​គេ​អោយ​វិនាស​សូន្យ​ទៅ​ជា​មួយ​ផែ​ន​ដី។

១៤ ចូរ​អ្នក​យក​ស្រឡៅ​មក​ធ្វើ​ទូក​មួយ​យ៉ាង​ធំ ហើយ​ចែក​ទូក​ធំ​នេះ​ជា​ច្រើន​បន្ទប់ ព្រម​ទាំង​យក​ជ័រ​មក​លាប​ភ្ជិត​ទាំង​ក្នុង​ទាំង​ក្រៅ​ផង។ ១៥ អ្នក​ត្រូវ​ធ្វើ​ដូច​ត​ទៅ​នេះ: ទូក​ធំ​នោះ​មាន​បណ្ដោយ​បី​រយ​ហត្ថ ទទឹង​ហាសិប​ហត្ថ និង​កំពស់​សាមសិប​ហត្ថ។ ១៦ អ្នក​ត្រូវ​ធ្វើ​ដំបូល​ មួយ​ដាក់​ភ្ជាប់​ពី​លើ​ទូក កំពស់​មួយ​ហត្ថ។ ត្រូវ​ដាក់​ទ្វារ​ទូក​នៅ​ពី​ខាង ហើយ​ធ្វើ​ទូក​នោះ​ជា​ជាន់ គឺ​មាន​ជាន់​ក្រោម ជាន់​ទី​ពីរ និង​ជាន់​ទី​បី។ ១៧ រីឯ​យើង​វិញ យើង​នឹង​ធ្វើ​អោយ​ទឹក​ជន់​លិច​ផែនដី ដើម្បី​បំផ្លាញ​សត្វ​លោក​ទាំង​អស់ ដែល​មាន​ដង្ហើម​ជីវិត​នៅ​ក្រោម​មេឃ។ អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ត្រូវ​វិនាស​សូន្យ ១៨ ប៉ុន្តែ យើង​នឹង​ចង​សម្ពន្ធមេត្រី*​ជា​មួយ​អ្នក អ្នក​នឹង​ចូល​ទៅ​ក្នុង​ទូក​ធំ​ជា​មួយ​កូន​ប្រុស​ទាំង​បី ប្រពន្ធ និង​កូន​ប្រសា​ស្រី​របស់​អ្នក។ ១៩ អ្នក​ក៏​ត្រូវ​នាំ​យក​ សត្វ​មួយ​គូៗ​ពី​បណ្ដា​សត្វ​ទាំង​អស់ ចូល​ទៅ​ក្នុង​ទូក​ធំ ដើម្បី​អោយ​វា​បាន​រួច​ជីវិត​រួម​ជា​មួយ​អ្នក​ដែរ គឺ​ត្រូវ​យក​ឈ្មោល​មួយ​ញី​មួយ។ ២០ សត្វ​មួយ​គូៗ ក្នុង​ពូជ​នីមួយៗ​នឹង​នាំ​គ្នា​មក​រក​អ្នក ដើម្បី​អោយ​បាន​រួច​ជីវិត គឺ​មាន​សត្វ​ស្លាប សត្វ​ស្រុក សត្វ​លូន​វារ​នៅ​លើ​ដី។ ២១ អ្នក​ក៏​ត្រូវ​យក​គ្រឿង​បរិភោគ​ទាំង​ប៉ុន្មាន ទុក​ជា​ស្បៀង​អាហារ​សំរាប់​បរិភោគ និង​ទុក​ជា​ចំណី​សំរាប់​សត្វ​ដែរ»។

២២ លោក​ណូអេ​ក៏​ធ្វើ​ដូច្នោះ​មែន គឺ​លោក​ធ្វើ​សព្វ​គ្រប់​ទាំង​អស់ ដូច​ព្រះជាម្ចាស់​បាន​បង្គាប់។

លោក​ណូអេ​ចូល​ក្នុង​ទូក​ធំ
 ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «ចូរ​អ្នក​ចូល​ទៅ​ក្នុង​ទូក​ធំ​ជា​មួយ​ក្រុម​គ្រួសារ​ទាំង​មូល​របស់​អ្នក​ទៅ ដ្បិត​យើង​បាន​ឃើញ​ថា ក្នុង​ចំណោម​មនុស្ស​ជំនាន់​នេះ មាន​តែ​អ្នក​ទេ​ដែល​សុចរិត។ ២ ចូរ​នាំ​សត្វ​ប្រាំពីរ​គូ ​ពី​ចំណោម​សត្វ​ទាំង​ប៉ុន្មាន​ដែល​បរិសុទ្ធ​មក គឺ​យក​ឈ្មោល និង​ញី ចំពោះ​សត្វ​មិន​បរិសុទ្ធ​វិញ ចូរ​នាំ​តែ​មួយ​គូ​មក គឺ​ឈ្មោល និង​ញី។ ៣ ត្រូវ​នាំ​បក្សាបក្សី​ដែល​ហើរ​នៅ​លើ​មេឃ​ប្រាំពីរ​គូ​មក​ដែរ គឺ​យក​ឈ្មោល និង​ញី ដើម្បី​រក្សា​ពូជ​វា​ទុក​នៅ​លើ​ផែនដី​ទាំង​មូល  ដ្បិត​ប្រាំពីរ​ថ្ងៃ​ទៀត យើង​នឹង​ធ្វើ​អោយ​ភ្លៀង​បង្អុរ​ចុះ​មក​លើ​ផែនដី ក្នុង​រយៈ​ពេល​សែសិប​ថ្ងៃ​សែសិប​យប់ ហើយ​យើង​នឹង​លុប​បំបាត់​សត្វ​លោក​ទាំង​ប៉ុន្មាន ដែល​យើង​បាន​បង្កើត​មក​អោយ​អស់​ពី​ផែនដី»។ ៥ លោក​ណូអេ​បាន​ធ្វើ​តាម​សព្វ​គ្រប់​ទាំង​អស់ ដូច​ព្រះអម្ចាស់​បង្គាប់។

 នៅ​គ្រា​ទឹក​ជំនន់​ធំ​លិច​ផែនដី​នោះ លោក​ណូអេ​មាន​អាយុ​ប្រាំ​មួយ​រយ​ឆ្នាំ។

 លោក​ណូអេ​ បាន​ចូល​ទៅ​ក្នុង​ទូក​ជា​មួយ​កូន​ប្រុស​ទាំង​បី ភរិយា និង​កូន​ប្រសា​ស្រី​របស់​លោក ដើម្បី​អោយ​បាន​រួច​ខ្លួន​ពី​ទឹក​ជំនន់​ធំ។ ៨ មាន​សត្វ​ទាំងឡាយ​ពី​ចំណោម​សត្វ​បរិសុទ្ធ និង​សត្វ​មិន​បរិសុទ្ធ ហើយ​ពី​ចំណោម​បក្សាបក្សី និង​សត្វ​លូន​វារ​នៅ​លើ​ដី ៩ ទាំង​គូៗ មាន​ឈ្មោល មាន​ញី​នាំ​គ្នា​ចូល​មក​ក្នុង​ទូក​ធំ​ជា​មួយ​លោក​ណូអេ ដូច​ព្រះជាម្ចាស់​បាន​បង្គាប់​មក​លោក​ណូអេ។

១០ ប្រាំពីរ​ថ្ងៃ​ក្រោយ​មក ទឹក​ជំនន់​ធំ​ក៏​ជន់​ឡើង​លិច​ផែនដី។ ១១ ឆ្នាំ​ដែល​លោក​ណូអេ​មាន ​អាយុ​ប្រាំ​មួយ​រយ ក្នុង​ខែ​ទី​ពីរ ថ្ងៃ​ទី​ដប់​ប្រាំពីរ គឺ​នៅ​ថ្ងៃ​នោះ​ហើយ​ដែល​ប្រភព​ទឹក​ទាំង​ប៉ុន្មាន​បាន​ផុស​ចេញ​ពី​ទី​ជំរៅ​ ទឹក​មក ហើយ​ទ្វារ​មេឃ​ក៏​បើក​ចំហ​ដែរ។ ១២ ភ្លៀង​ធ្លាក់​មក​លើ​ផែនដី​អស់​រយៈ​ពេល​សែសិប​ថ្ងៃ​សែសិប​យប់​​។ ១៣ នៅ​ថ្ងៃ​ដដែល​នោះ លោក​ណូអេ កូន​ប្រុស​របស់​លោក គឺ​សិម ហាំ និង​យ៉ាផេត ព្រម​ទាំង​ភរិយា និង​កូន​ប្រសា​ស្រី​ទាំង​បី​របស់​លោក​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទូក​ធំ។ ១៤ សត្វ​ព្រៃ​ទាំង​ ប៉ុន្មាន​តាម​ពូជ​របស់​វា សត្វ​ស្រុក​ទាំង​អស់​តាម​ពូជ​របស់​វា​នីមួយៗ សត្វ​លូន​វារ​ទាំង​ប៉ុន្មាន​នៅ​លើ​ដី​តាម​ពូជ​របស់​វា បក្សាបក្សី​ទាំង​ប៉ុន្មាន​តាម​ពូជ​របស់​វា ព្រម​ទាំង​សត្វ​ទាំង​អស់​ដែល​ហើរ និង​មាន​ស្លាប​ក៏​ចូល​ជា​មួយ​ដែរ។ ១៥ សត្វ​មាន​ជីវិត​ទាំង​ប៉ុន្មាន​នាំ​គ្នា​ទាំង​គូៗ មក​រក​លោក​ណូអេ​នៅ​ក្នុង​ទូក​ធំ ១៦ គឺ​មាន​សត្វ​ទាំង​ឈ្មោល ទាំង​ញី ពី​គ្រប់​ពូជ ចូល​មក​ក្នុង​ទូក​ធំ ដូច​ព្រះជាម្ចាស់​បាន​បង្គាប់​មក​លោក​ណូអេ រួច​ហើយ​ព្រះអម្ចាស់​ក៏​បិទ​ទ្វារ​ទូក​នោះ​ទៅ។

១៧ ទឹក​ជំនន់​ធំ​បាន​លិច​ផែនដី អស់​រយៈ​ពេល​សែសិប​ថ្ងៃ។ ទឹក​បាន​ជន់​ឡើង ហើយ​លើក​ទូក​ធំ​អោយ​អណ្ដែត​ឡើង​ផុត​ពី​ដី។ ១៨ ទឹក​ជន់​កាន់​តែ​ខ្លាំង​ឡើងៗ កំពស់​ទឹក​កើន​ឡើង​យ៉ាង​ខ្ពស់ ហើយ​ទូក​ធំ​នៅ​អណ្ដែត​ពី​លើ​ផ្ទៃ​ទឹក។ ១៩ ទឹក​ជន់​ឡើង​កាន់​តែ​ខ្លាំង​នៅ​លើ​ផែនដី ធ្វើ​អោយ​លិច​ភ្នំ​ខ្ពស់ៗ​ទាំង​ប៉ុន្មាន​នៅ​ក្រោម​មេឃ​នេះ។ ២០ ទឹក​ជន់​លិច​ភ្នំ​ទាំងឡាយ ហើយ​ឡើង​ហួស​ភ្នំ​ទាំង​នោះ​ដប់​ប្រាំ​ហត្ថ។ ២១ សត្វ​លោក​ទាំងឡាយ​ដែល​ មាន​ចលនា​នៅ​លើ​ផែនដី​ក៏​វិនាស​សូន្យ​អស់​ទៅ គឺ​ទាំង​បក្សាបក្សី សត្វ​ស្រុក សត្វ​ព្រៃ និង​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​រវើករវ័ណ្ឌ​ពាសពេញ​លើ​ផែនដី និង​មនុស្ស​លោក​ទាំង​អស់​ដែរ។ ២២ អ្វីៗ​ទាំង​អស់​ដែល​មាន​ដង្ហើម​ជីវិត និង​រស់​នៅ​លើ​ដី​គោក​ក៏​ស្លាប់​អស់​ទៅ។ ២៣ ​ព្រះអម្ចាស់​ បាន​លុប​បំបាត់​សត្វ​លោក​ទាំង​ប៉ុន្មាន​អស់​ពី​ផែនដី គឺ​ចាប់​ពី​មនុស្ស សត្វ​ស្រុក សត្វ​លូន​វារ រហូត​ដល់​បក្សាបក្សី​នៅ​លើ​មេឃ ត្រូវ​លុប​បំបាត់​ទាំង​អស់ នៅ​សល់​តែ​លោក​ណូអេ និង​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ទូក​ធំ​ជា​មួយ​លោក​ប៉ុណ្ណោះ។ ២៤ ទឹក​ជន់​នៅ​នឹង​ថ្កល់​លើ​ផែនដី អស់​រយៈ​ពេល​មួយ​រយ​ហាសិប​ថ្ងៃ។

លោក​ណូអេ​ចេញ​ពី​ទូក​ធំ
 ព្រះជាម្ចាស់​នឹក​ដល់​លោក ​ណូអេ និង​សត្វ​ព្រៃ សត្វ​ស្រុក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ទូក​ជា​មួយ​លោក ព្រះ​អង្គ​​ធ្វើ​អោយ​មាន​ខ្យល់​បក់​មក​លើ​ផែនដី ហើយ​ទឹក​ក៏​ចាប់​ផ្ដើម​ស្រក។ ២ ប្រភព​ទឹក​ដែល​ផុស​ចេញ​ពី​ទី​ជំរៅ និង​ទ្វារ​មេឃ បិទ​ជិត​វិញ ហើយ​ភ្លៀង​ក៏​ឈប់​ធ្លាក់​ដែរ។ ៣ ទឹក​បាន​ស្រក​ចុះ​ពី​ផែនដី​បន្តិច​ម្ដងៗ កំពស់​ទឹក​ចាប់​ផ្ដើម​ថយ​ចុះ នៅ​ថ្ងៃ​ទី​មួយ​រយ​ហាសិប។

 នៅ​ថ្ងៃ​ទី​ដប់​ប្រាំពីរ​នៃ​ខែ​ទី​ប្រាំពីរ ទូក​ធំ​បាន​កឿង​នៅ​លើ​ភ្នំ​អារ៉ារ៉ាត។ ៥ រីឯ​ទឹក​ក៏​កាន់​តែ​ស្រក​ទៅៗ​រហូត​ដល់​ខែ​ទី​ដប់។ នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​ដប់ កំពូល​ភ្នំ​នានា​ក៏​លេច​ឡើង។

 សែសិប​ថ្ងៃ​ក្រោយ​មក លោក​ណូអេ​បាន​បើក​បង្អួច​ទូក​ធំ​ដែល​លោក​បាន​ធ្វើ ៧ ហើយ​លោក​បាន​លែង​សត្វ​ក្អែក​មួយ សត្វ​នោះ​ក៏​ហើរ​ទៅ​ហើរ​មក រហូត​ទាល់​តែ​ដី​គោក​លេច​ឡើង។ ​ បន្ទាប់​មក លោក​បាន​លែង​សត្វ​ព្រាប​មួយ ព្រោះ​ចង់​ដឹង​ថា ទឹក​បាន​ស្រក​ចុះ​ឬ​យ៉ាង​ណា។ ៩ ប៉ុន្តែ ព្រាប​នោះ​រក​កន្លែង​ទំ​មិន​បាន ក៏​វិល​ត្រឡប់​មក​រក​លោក​ក្នុង​ទូក​ធំ​វិញ ដ្បិត​ទឹក​នៅ​មាន​ពាស​ពេញ​​លើ​ផែនដី​ទាំង​មូល​នៅ​ឡើយ លោក​ក៏​លាត​ដៃ​ទទួល​ព្រាប​នោះ ចូល​មក​ក្នុង​ទូក​ធំ​ជា​មួយ​លោក​វិញ។ ១០ លោក​នៅ​រង់ចាំ​ប្រាំពីរ​ថ្ងៃ​ទៀត ទើប​លែង​ព្រាប​អោយ​ចេញ​ពី​ទូក​ធំ​ទៅ​សា​ជា​ថ្មី។ ១១ នៅ​ពេល​ល្ងាច​ព្រាប​បាន​វិល​មក​រក​លោក​វិញ ទាំង​ពាំ​ត្រួយ​អូលីវ​មក​ជា​មួយ​ផង ដូច្នេះ លោក​ណូអេ​ដឹង​ថា ទឹក​បាន​ស្រក​ពី​ផែនដី​ហើយ។ ១២ លោក​នៅ​រង់ចាំ​ប្រាំពីរ​ថ្ងៃ​ទៀត ទើប​លែង​ព្រាប​អោយ​ទៅ តែ​ព្រាប​មិន​បាន​វិល​ត្រឡប់​មក​រក​លោក​វិញ​ទេ។ ១៣ នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ ទី​មួយ ក្នុង​ឆ្នាំ​ដែល​លោក​ណូអេ​មាន​អាយុ​ប្រាំ​មួយ​រយ​មួយ​ឆ្នាំ ទឹក​បាន​រីង​អស់​ពី​ផែនដី។ លោក​ណូអេ​បើក​ដំបូល​ទូក​ធំ​ក៏​ឃើញ​ថា​ដី​គោក​អស់​ហើយ។ ១៤ នៅ​ថ្ងៃ​ទី​ម្ភៃ​ប្រាំពីរ​នៃ​ខែ​ទី​ពីរ ផែនដី​បាន​រីង​ស្ងួត​អស់។

១៥ ពេល​នោះ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​ណូអេ​ថា៖ ១៦ «ចូរ​ចេញ​ពី​ទូក​ធំ​នេះ​ទៅ គឺ​ចេញ​ទាំង​អ្នក ទាំង​ប្រពន្ធ ទាំង​កូន​ប្រុស និង​កូន​ប្រសា​ស្រី​របស់​អ្នក។ ១៧ ចូរ​នាំ​សត្វ​គ្រប់​ ប្រភេទ​ដែល​នៅ​ជា​មួយ​អ្នក​ចេញ​ទៅ​ផង គឺ​នាំ​ទាំង​បក្សាបក្សី ទាំង​សត្វ​ជើង​បួន និង​សត្វ​លូន​វារ​លើ​ដី​ទាំង​ប៉ុន្មាន ដើម្បី​អោយ​វា​នៅ​ពាសពេញ​លើ​ផែនដី ព្រម​ទាំង​បង្កើត​កូន​ចៅ និង​កើន​ចំនួន​យ៉ាង​ច្រើន​នៅ​លើ​ផែនដី»។ ១៨ លោក​ណូអេ​ក៏​ចេញ​ពី​ទូក​ធំ រីឯ​កូន​ប្រុស ភរិយា និង​កូន​ប្រសា​ស្រី​របស់​លោក​ក៏​ចេញ​មក​ដែរ។ ១៩ សត្វ​ជើង​បួន ឧរង្គសត្វ បក្សាបក្សី និង​សត្វ​ដែល​លូន​វារ​នៅ​លើ​ដី​ទាំង​ប៉ុន្មាន នាំ​គ្នា​ចេញ​ពី​ទូក​ធំ តាម​ពូជ​របស់​វា​ដែរ។

២០ លោក​ណូអេ​បាន​សង់​អាសនៈ*​មួយ សំរាប់​ធ្វើ​យញ្ញបូជា​ថ្វាយ​ព្រះអម្ចាស់។ លោក​បាន​យក​សត្វ​ខ្លះ​ពី​ក្នុង​ចំណោម​សត្វ​បរិសុទ្ធ​គ្រប់​ប្រភេទ និង​ពី​ក្នុង​ចំណោម​សត្វ​ស្លាប​បរិសុទ្ធ​គ្រប់​ប្រភេទ​មក​ដុត​ទាំង​មូល ថ្វាយ​ជា​យញ្ញបូជា​នៅ​លើ​អាសនៈ។ ២១ ព្រះអម្ចាស់​ គាប់​ព្រះហឫទ័យ​នឹង​ក្លិន​ដ៏​ឈ្ងុយឈ្ងប់ ទ្រង់​ក៏​នឹក​គិត​ថា៖ «យើង​នឹង​មិន​ដាក់​បណ្ដាសា​ដី ព្រោះ​តែ​មនុស្ស​លោក​ទៀត​ទេ ដ្បិត​ចិត្ត​មនុស្ស​លំអៀង​ទៅ​ខាង​ប្រព្រឹត្ត​អំពើ​អា​ក្រក់​​តាំង​ពី​ក្មេង​មក​ម៉្លេះ។ យើង​នឹង​មិន​វាយ​ប្រហារ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​ជីវិត ដូច​យើង​បាន​ធ្វើ​កន្លង​មក​ហើយ​នោះ​ទៀត​ទេ។ ២២ ដរាប​ណា​មាន​ផែនដី​នៅ​ឡើយ ដរាប​នោះ​ក៏​នឹង​មាន​រដូវ​សាប​ព្រោះ រដូវ​ច្រូត​កាត់ មាន​ត្រជាក់ មាន​ក្ដៅ មាន​រដូវ​ក្ដៅ រដូវ​រងា មាន​ថ្ងៃ មាន​យប់ ជា​រហូត​ត​រៀង​ទៅ​មិន​ដែល​អាក់ខាន​ឡើយ»។