វិវរណៈ
ពាក្យលំនាំ
ក្រោយព្រះយេស៊ូសោយទិវង្គត ចំនួនគ្រីស្ដបរស័ទបានកើនកាន់តែច្រើនឡើងៗ ហើយខ្ចាត់ខ្ចាយពាសពេញក្នុងមជ្ឈិមបូព៌ាទាំងមូល ព្រមទាំងន ក្រុងរ៉ូម ជារាជធានីរបស់ចក្រភពរ៉ូម៉ាំងដែរ។ ដោយគ្រីស្ដបរិស័ទមិនព្រមគោរពតាមសាសនាពួកគេ ជាពិសេស មិនគោរពព្រះចៅអធិរាជរ៉ូម៉ាំងជាព្រះរបស់ខ្លួនអាជ្ញាធររ៉ូម៉ាំង និង អ្នកស្រុកនាំគ្នាស្អប់គ្រីស្ដបរិស័ទកាន់តែខ្លាំងឡើងៗ។
ហេតុនេះហើយបានជាអាជ្ញាធររ៉ូម៉ាំងធ្វើបាបគ្រីស្ដបរិស័ទយ៉ាងខ្លាំង រហូតដល់ទៅប្រហារជីវិតពួកគេមួយចំនួនធំទៀតផង។ នៅ គ.ស. ៦៤ ព្រះចៅអធិរាជណេរ៉ុងបានចាប់គ្រីស្ដបរិស័ទខ្លះជ្រលក់ក្នុងជ័រដុតដូចចន្លុះ ទ្រង់ឲ្យគេចាប់គ្រីស្ដបរិស័ទបានខ្លះទៀតឲ្យសត្វសថេស្សាឡូនិកទី សត្វសាហាវស៊ីទាំងរស់ក្នុងកីឡា ដ្ឋាន ឲ្យគេចាប់គ្រីស្ដទូតសិលាយកទៅឆ្កាង និង យកគ្រីស្ដទូតប៉ូលទៅកាត់ក។ល។ និង ។ល។
គ្រីស្ដបរិស័ទជាច្រើនអស់សង្ឃឹម ស្ទើរតែបាត់ជំនឿ។ ឃើញដូច្នេះ លោកយ៉ូហានក៏តែងក័ណ្ឌគម្ពីរវិវរណៈនេះដើម្បីលើកទឹកចិត្ដពួកគេ។ លោកចង់ដាស់តឿនគ្រីស្ដបរិស័ទកុំឲ្យខ្លាចអ្វីឡើយ! ព្រឹត្ដិការណ៍ដ៏សែនវេទនាដែលកើតឡើង បង្ហាញអំពីអំណាចរបស់មារដែលកំពុងច្បាំងប្រឆាំងនឹងព្រះជាម្ចាស់ ក៏ប៉ុន្ដែ ព្រះគ្រីស្ដមានជ័យជំនះហើយ ! រីឯមារសាតាំង និង បរិវាររបស់វា មុខជាត្រូវបរាជ័យពុំខាន។ គ្រីស្ដបរិស័ទដែលគេបានប្រហារ ជីវិតយ៉ាងសែនវេទនានឹងសោយរាជ្យជាមួយព្រះអង្គ ។ ព្រឹត្ដិការណ៍ទាំងអស់ដែលកើតឡើងបង្ហាញពីគំរោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ ដែល ចង់សង្គ្រោះមនុស្សលោក។
លោកយ៉ូហានពន្យល់សេចក្ដីទាំងនេះ ដោយប្រើនិមិត្ដរូបជាច្រើន តាមរបៀបជនជាតិអ៊ីស្រាអែល ជាពិសេសតាមរបៀបព្យាការីអេសេគីអែល និង ដានីអែល។ ហេតុនេះហើយបានជាគម្ពីរវិវរណៈពិបាកយល់។
អត្ថន័យសំខាន់ៗមានដូចតទៅ គឺប្រជាជនរបស់ព្រះជាម្ចាស់តែងមានទុក្ខលំបាកតាំងពីដើមរៀងមកដោយត្រូវគេធ្វើបាប តែព្រះយេស៊ូគ្រីស្ដមានជ័យជំនះហើយ ហើយព្រះជាម្ចាស់នឹងប្រមូលគ្រីស្ដបរស័ទឲ្យមានអំណរសប្បាយរួមជាមួយព្រះអង្គអស់កល្បជានិច្ច។
រីឯនិមិត្ដរូបសំខាន់ៗមានអត្ថន័យដូចតទៅៈ
ពណ៌សៈ ជាពណ៌របស់ព្រះជាម្ចាស់។ អស់អ្នកមានសម្លៀកបំពាក់សនៅស្ថានបរមសុខ មានន័យថា គេបានចូលរួមជាំមួយព្រះជាម្ចាស់ហើយ ។
មកុដៈ ជានិមិត្ដរូបនៃជោគជ័យ និង សិរីរុងរឿងរបស់គ្រីស្ដបរិស័ទ។
លេខ ៣ កន្លះ គឺ មិនគ្រប់លក្ខណៈមានន័យថា «ទុក្ខលំបាក» ឬ «ការបៀតបៀន»។ ជារយៈពេលមួយដែលស្ដេចអង់ត្យូគូសអេពីផាន
បានធ្វើទុក្ខបៀតបៀនជនជាតិអ៊ីស្រាអែល (ដានីអែល ៩.២)។
លេខ៤: ជាលេខនៃពិភពលោកដែលមានបួនទិស។
លេខ៧: ជាលេខគ្រប់លក្ខណៈ ឬ ពេញលក្ខណៈជាលេខតំណាងព្រះជាម្ចាស់។
លេខ១២: និមិត្ដរូបរបស់ជនជាតិអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធ១២។
លេខ១.០០០: មានន័យថាច្រើនឥតគណនា។
លេខ៤៤.០០០: ជាលេខកុលសម្ព័ន្ធអ៊ីស្រាអែលទាំង ១២ គុណនឹង ១២ គុណនឹង ១.០០០ គឺមានន័យថា ច្រើនឥតគណនាពុំអាចរាប់បានឡើយគឺជាចំនួនប្រជាជនថ្មីទាំងមូលរបស់ព្រះជាម្ចាស់។
កូនចៀម: គឺព្រះយេស៊ូដែលត្រូវជនជាំតិអ៊ីស្រាអែល ធ្វើគុតដូចគេធ្លាប់សម្លាប់កូនចៀម ធ្វើយញ្ញបូជាក្នុងឱកាសបុណ្យចម្លង។
ស្រ្ដី : ជានិមិត្ដរូបនៃប្រជាជនរបស់ព្រះជាម្ចាស់ គឺព្រះសហគមន៍ ជាមហេសីរបស់ព្រះគ្រីស្ដ។
នាគឬពស់: ជានិមិត្ដរូបរបស់មារសាតាំង។
សត្វតិរច្ឆានដែលឡើងពីសមុទ្រ: ជានិមិត្ដរូបរដ្ឋអំណាចរ៉ូម៉ាំង និង ជានិមិត្ដរូបនៃរដ្ឋអំណាចទាំងឡាយ។
សត្វតិរច្ឆានដែលផុសពីដី: ជានិមិត្ដរូបស្ដេចត្រាញ់ដែលបម្រើរដ្ឋអំណាចរ៉ូម៉ាំង និង មនោគមវិជ្ជាផ្សេងៗ។
ក្រុងបាប៊ីឡូន: ជានិមិត្ដរូបនៃក្រុងរ៉ូម។
គំរោងគម្ពីរវិវរណៈ
- សេចក្ដីផ្ដើម ១.១-៨
- និមិត្ដហេតុអស្ចារ្យអំពីសំបុត្រផ្ញើទៅក្រុមគ្រីស្ដបរិស័ទទាំងប្រាំពីរ ១.៩-៣.២២
- និមិត្ដហេតុអស្ចារ្យក្រាំងដែលមានត្រាប្រាំពីរ ៤.១-៨.១
- និមិត្ដហេតុអស្ចារ្យត្រែទាំងប្រាំពីរ ៨.២-១១.១៩
- និមិត្ដហេតុអស្ចារ្យសត្វនាគ និង សត្វតិរច្ឆានទាំងពីរ ១២.១-១៣.១៨
- និមិត្ដហេតុអស្ចារ្យផ្សេងៗទៀត ១៤.១-១៥.៨
- និមិត្ដហេតុអស្ចារ្យអំពីពែងនៃព្រះពិរោធប្រាំពីរ ១៦.១-២១
- ការរំលាយក្រុងបាប៊ីឡូន បរាជ័យរបស់សត្វតិរច្ឆាន ព្រមទាំងព្យាការីក្លែងក្លាយ និង មានរសាតាំង ១៧.១-២០.១០
- ការវិនិច្ឆ័យទោសនៅគ្រាចុងក្រោយ ២០.១១-១៥
- ផ្ទៃមេឃថ្មី ផែនដីថ្មី និង ក្រុងយេរូសាឡឹមថ្មី ២១.១-២២.៥
- អវសានកថា ២២.៦-២១
វិវរណៈ ឬហេតុការណ៍ដែលព្រះយេស៊ូគ្រីស្ដ សំដែងអោយលោកយ៉ូហានឃើញ
ជំពូក ១
សេចក្ដីផ្ដើម
១ នេះជាហេតុការណ៍ដែល ព្រះយេស៊ូគ្រីស្ដបានសំដែងអោយឃើញ គឺព្រះជាម្ចាស់ប្រទានអោយព្រះអង្គបង្ហាញព្រឹត្តិការណ៍ ដែលត្រូវតែកើតមានក្នុងពេលឆាប់ៗខាងមុខនេះ អោយពួកអ្នកបំរើរបស់ព្រះអង្គដឹង។ ព្រះយេស៊ូបានចាត់ទេវទូត*របស់ព្រះអង្គ អោយមកប្រាប់លោកយ៉ូហានជាអ្នកបំរើរបស់ព្រះអង្គ ២ លោកយ៉ូហានបានធ្វើជាបន្ទាល់ អំពីហេតុការណ៍ទាំងប៉ុន្មានដែលលោកបានឃើញ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងជាសក្ខីភាពរបស់ព្រះយេស៊ូគ្រីស្ដ។
៣ អ្នកណា អានសៀវភៅនេះ អ្នកនោះមានសុភមង្គល*ហើយ! អស់អ្នកដែលស្ដាប់ពាក្យលោកថ្លែងក្នុងនាមព្រះជាម្ចាស់ ហើយប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកមកនេះ ក៏មានសុភមង្គលដែរ! ដ្បិតពេលកំណត់ជិតមកដល់ហើយ។
ពាក្យជំរាបសួរ
៤ ខ្ញុំ យ៉ូហាន សូមជំរាបមកព្រះសហគមន៍*ទាំងប្រាំពីរ នៅស្រុកអាស៊ី។ សូមព្រះអង្គដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីអតីតកាល ហើយកំពុងតែយាងមកមេត្ដាប្រណីសន្ដោស និង ប្រទានសេចក្ដីសុខសាន្តដល់បងប្អូន។ សូមព្រះវិញ្ញាណទាំងប្រាំពីរ ដែលស្ថិតនៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់ ៥ និងព្រះយេស៊ូគ្រីស្ដប្រណីសន្ដោស ព្រមទាំងប្រទានសេចក្ដីសុខសាន្តដល់បងប្អូនដែរ! ព្រះយេស៊ូជាបន្ទាល់ដ៏ស្មោះត្រង់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ ហើយព្រះអង្គជាអធិបតីលើស្ដេចទាំងអស់នៅផែនដី។
ព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង និងបានរំដោះយើងអោយរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ៦ ព្រះអង្គបានធ្វើអោយ យើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ*បំរើព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះអង្គ។ សូមលើកតម្កើងសិរីរុងរឿង និងព្រះចេស្ដារបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។ ៧ មើល៍! ព្រះអង្គយាងមក នៅកណ្ដាលពពក*។ មនុស្សទាំងអស់នឹងឃើញព្រះអង្គ សូម្បីតែអស់អ្នកដែលបានចាក់ទម្លុះព្រះអង្គ ក៏នឹងឃើញព្រះអង្គដែរ។ កុលសម្ព័ន្ធទាំងប៉ុន្មាននៅលើផែនដី នឹងត្រូវសោកសៅព្រោះតែព្រះអង្គ។ មែន! ពិតជាកើតមានដូច្នេះមែន! អាម៉ែន!។ ៨ ព្រះជាអម្ចាស់ដែលមាន ព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីដើមហើយកំពុងតែយាងមក គឺព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ទ្រង់មានព្រះបន្ទូលថា៖ «យើងជាអាល់ផា និងជាអូមេកា»។
លោកយ៉ូហាននិមិត្តឃើញព្រះយេស៊ូ
៩ ខ្ញុំ យ៉ូហាន ជាបងប្អូនរបស់អ្នករាល់គ្នា។ ខ្ញុំរងទុក្ខលំបាកទទួលព្រះរាជ្យ* និងព្យាយាមរួមជាមួយបងប្អូនក្នុងអង្គព្រះយេស៊ូដែរ។ គេបាននិរទេសខ្ញុំទៅកោះមួយឈ្មោះប៉ាតម៉ូស ព្រោះតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសក្ខីភាពរបស់ព្រះយេស៊ូ។ ១០ នៅថ្ងៃរបស់ព្រះអម្ចាស់ ព្រះវិញ្ញាណបានធ្វើអោយខ្ញុំលង់ស្មារតី ហើយខ្ញុំក៏ឮសំឡេងមួយនៅខាងក្រោយខ្ញុំ លាន់រំពងឡើងយ៉ាងខ្លាំងដូចសំឡេងត្រែ ១១ សំឡេងនោះប្រាប់ថា «អ្វីៗដែលអ្នកបានឃើញ ត្រូវសរសេរទុកក្នុងសៀវភៅមួយ រួចផ្ញើទៅជូនព្រះសហគមន៍ទាំងប្រាំពីរ នៅក្រុងអេភេសូ ក្រុងស្មៀរណា ក្រុងពែរកាំ ក្រុងធីយ៉ាទៀរ ក្រុងសារដែស ក្រុងភីឡាដែលភី និងក្រុងឡៅឌីសេ»។
១២ ខ្ញុំក៏ងាកទៅរកសំឡេង ដែលពោលមកកាន់ខ្ញុំពេលនោះ ខ្ញុំឃើញជើងចង្កៀងមាសប្រាំពីរ។ ១៣ នៅកណ្ដាលជើងចង្កៀងទាំងនោះ មានម្នាក់រាងដូចបុត្រមនុស្ស* ពាក់អាវបំពង់យ៉ាងវែង ហើយមានខ្សែក្រវាត់មាសនៅដើមទ្រូងផង។ ១៤ សក់លោកសក្បុសដូចកប្បាស និងដូចសំឡី ភ្នែកលោកភ្លឺដូចអណ្ដាតភ្លើង ១៥ ជើងលោករលើបដូចលង្ហិនដែលគេដុតក្នុងភ្លើង ហើយសំឡេងលោកឮសូរសន្ធឹកដូចមហាសាគរ។ ១៦ លោកកាន់ផ្កាយប្រាំពីរនៅដៃស្ដាំ មានដាវដ៏ស្រួចមុខពីរចេញពីមាត់របស់លោក ហើយមុខលោកប្រៀបបីដូចជាថ្ងៃពេញកំដៅ។
១៧ ពេល ខ្ញុំឃើញលោក ខ្ញុំដួលសន្លប់បាត់ស្មារតី នៅទៀបជើងលោក។ លោកដាក់ដៃស្ដាំលើខ្ញុំ ទាំងពោលថាៈ «កុំខ្លាចអី! គឺយើងនេះហើយដែលនៅមុនគេ និងនៅក្រោយគេបំផុត ១៨ យើងបានស្លាប់ តែឥឡូវនេះ យើងមានជីវិតរស់អស់កល្បជាអង្វែងតរៀងទៅ។ យើងមានអំណាចលើសេចក្ដីស្លាប់ និងលើស្ថានមច្ចុរាជ។ ១៩ ដូច្នេះ ចូរកត់ត្រាទុកនូវហេតុការណ៍ទាំងប៉ុន្មានដែលអ្នកបានឃើញ គឺហេតុការណ៍ដែលកំពុងតែកើតមាននៅពេលនេះ និងពេលខាងមុខ។ ២០ ចំពោះអត្ថន័យលាក់ កំបាំង អំពីផ្កាយទាំងប្រាំពីរដែលអ្នកឃើញយើងកាន់នៅដៃ និងជើងចង្កៀងមាសទាំងប្រាំពីរនេះមានដូចតទៅៈ ផ្កាយទាំងប្រាំពីរ គឺជាទេវទូតរបស់ព្រះសហគមន៍*ទាំងប្រាំពីរ ហើយជើងចង្កៀងទាំងប្រាំពីរ គឺជាព្រះសហគមន៍ទាំងប្រាំពីរនោះឯង»។
ជំពូក ២
លិខិតផ្ញើជូនព្រះសហគមន៍នៅក្រុងអេភេសូ
១ «ចូរសរសេរទៅកាន់ ទេវទូត*របស់ព្រះសហគមន៍ នៅក្រុងអេភេសូ ដូចតទៅ៖ ព្រះអង្គដែលកាន់ផ្កាយទាំងប្រាំពីរនៅព្រះហស្ដស្ដាំ ហើយដែលយាងនៅកណ្ដាលជើងចង្កៀងមាសទាំងប្រាំពីរ ទ្រង់មានព្រះបន្ទូលថាៈ ២ “យើងស្គាល់កិច្ចការដែល អ្នកប្រព្រឹត្ត ហើយក៏ស្គាល់ការនឿយហត់ និងការព្យាយាមរបស់អ្នកដែរ។ យើងដឹងហើយថា អ្នកមិនអាចទ្រាំទ្រនឹងមនុស្សអាក្រក់បានឡើយ អ្នកបានល្បងលមើលពួកដែលតាំងខ្លួនជាគ្រីស្ដទូត* ហើយឃើញថាពួកនោះមិនមែនជាគ្រីស្ដទូតទេ គឺជាអ្នកកុហក។ ៣ អ្នកមានចិត្តព្យាយាម អ្នកបានរងទុក្ខលំបាក ព្រោះតែនាមយើងឥតបាក់ទឹកចិត្តសោះឡើយ។ ៤ ក៏ប៉ុន្តែ យើងប្រកាន់អ្នកត្រង់កន្លែងមួយ គឺអ្នកលែងមានចិត្តស្រឡាញ់ ដូចអ្នកមាន កាលពីដើមដំបូង។ ៥ ដូច្នេះ ចូរនឹកគិតឡើងវិញថា តើអ្នកបានធ្លាក់ចុះពីណាមក ចូរកែប្រែចិត្តគំនិត ហើយប្រព្រឹត្តអំពើដែលអ្នកធ្លាប់ប្រព្រឹត្ត កាលពីដើមនោះឡើងវិញ។ បើពុំនោះទេ យើងនឹងមករកអ្នក ហើយបើអ្នកមិនកែប្រែចិត្តគំនិតទេនោះ យើងនឹងយកជើងចង្កៀងរបស់អ្នក ចេញពីកន្លែងវាជាមិនខាន។ ៦ ក៏ប៉ុន្តែ យើងសរសើរអ្នកត្រង់កន្លែងមួយ គឺអ្នកស្អប់អំពើដែលពួកនីកូឡាសប្រព្រឹត្ដ យើងក៏ស្អប់អំពើទាំងនោះដែរ។
៧ ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែល ព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ ព្រះសហគមន៍*ទាំងនេះអោយមែនទែន!។ អ្នកណាមានជ័យជំនះ យើងនឹងអោយអ្នកនោះបរិភោគផ្លែឈើ ដែលបេះពីដើមនៃជីវិត នៅក្នុងសួនឧទ្យានរបស់ព្រះជាម្ចាស់”»។
លិខិតផ្ញើជូនព្រះសហគមន៍នៅក្រុងស្មៀរណា
៨ «ចូរសរសេរទៅកាន់ទេវទូត* របស់ព្រះសហគមន៍* នៅក្រុងស្មៀរណាដូចតទៅនេះ៖
ព្រះអង្គដែលគង់នៅមុនគេ និងនៅក្រោយគេបំផុត គឺព្រះអង្គដែលបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ទ្រង់មានព្រះបន្ទូលថាៈ ៩ “យើងស្គាល់ទុក្ខវេទនារបស់អ្នកហើយ និងដឹងថាអ្នកកំសត់ទុគ៌ត តែតាមពិតអ្នកជាអ្នកមាន។ យើងក៏ដឹងទៀតថា អស់អ្នកដែលតាំងខ្លួនជាសាសន៍យូដា បានប្រមាថមាក់ងាយអ្នកតែអ្នកទាំងនោះមិនមែនជាសាសន៍យូដាទេ គឺជាទីប្រជុំរបស់មារ*សាតាំង។ ១០ កុំខ្លាចទុក្ខលំបាក ដែលអ្នកត្រូវជួបប្រទះនោះឡើយ។ តោងដឹងថា មារ*នឹងចាប់អ្នកខ្លះ ក្នុងចំណោមអ្នករាល់គ្នា យកទៅឃុំឃាំង ដើម្បីល្បងលមើលអ្នករាល់គ្នា ហើយអ្នកត្រូវរងទុក្ខវេទនាអស់រយៈពេលដប់ថ្ងៃ។ ចូរមានចិត្តស្មោះត្រង់រហូតដល់ស្លាប់ នោះយើងនឹងប្រគល់ជីវិតមកអ្នក ទុកជាមកុដ។ ១១ ចូរផ្ទៀងត្រចៀក ស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ព្រះសហគមន៍ទាំង នេះអោយមែនទែន!។ អ្នកណាមានជ័យជំនះ សេចក្ដីស្លាប់ទីពីរពុំអាចមកយាយីអ្នកនោះបានឡើយ”»។
លិខិតផ្ញើជូនព្រះសហគមន៍នៅក្រុងពែរកាំ
១២ «ចូរសរសេរទៅកាន់ ទេវទូត*របស់ព្រះសហគមន៍*នៅក្រុងពែរកាំ ដូចតទៅនេះ៖
ព្រះអង្គដែលមានដាវដ៏ស្រួចមុខពីរ ទ្រង់មានព្រះបន្ទូលថាៈ ១៣ “យើងស្គាល់កន្លែង អ្នករស់នៅហើយ គឺអ្នកស្ថិតនៅត្រង់កន្លែងដែលមានបល្ល័ង្ករបស់មារ*សាតាំង។ អ្នកនៅតែមានចិត្តស្មោះស្ម័គ្រនឹងយើងជានិច្ច សូម្បីតែនៅគ្រាដែលគេសម្លាប់អន់ទីប៉ាស ជាបន្ទាល់ដ៏ស្មោះត្រង់របស់យើង ក៏អ្នកពុំបានលះបង់ចោលជំនឿរបស់អ្នកចំពោះយើងដែរ។ គេបានសម្លាប់គាត់ក្នុងក្រុងរបស់អ្នករាល់គ្នា គឺនៅកន្លែងដែលមារសាតាំងនៅ។ ១៤ ក៏ប៉ុន្តែ យើងប្រកាន់អ្នកត្រង់ចំណុចខ្លះៗ ព្រោះក្នុងចំណោមអ្នក មានអ្នកខ្លះកាន់តាមសេចក្ដីបង្រៀនរបស់បាឡាម។ បាឡាមនេះបានបង្រៀនបាឡាក់ អោយប្រើកលល្បិច ទាក់ទាញជនជាតិអ៊ីស្រាអែល អោយបរិភោគសាច់ដែលគេសែនព្រះក្លែងក្លាយ និងអោយប្រាសចាកសីលធម៌។ ១៥ រីឯអ្នកវិញក៏ដូច្នោះដែរ គឺក្នុងចំណោមអ្នក មានអ្នកខ្លះបានកាន់តាមសេចក្ដីបង្រៀនរបស់ពួកនីកូឡាសរបៀបនេះដូចគ្នា។ ១៦ ដូច្នេះ ចូរកែប្រែចិត្តគំនិតឡើង បើពុំនោះទេ យើងនឹងមករកអ្នកក្នុងពេលឆាប់ៗខាងមុខ ហើយយកដាវដែលចេញពីមាត់យើង មកប្រយុទ្ធនឹងអ្នកទាំងនោះទៀតផង។ ១៧ ចូរផ្ទៀងត្រចៀក ស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ព្រះសហគមន៍ទាំង នេះ អោយមែនទែន!។ អ្នកណាមានជ័យជំនះ យើងនឹងអោយនំម៉ាណាដ៏លាក់កំបាំងទៅអ្នកនោះ ព្រមទាំងប្រគល់ក្រួសពណ៌សមួយដុំអោយដែរ នៅលើដុំក្រួសនោះ មានចារឹកឈ្មោះមួយថ្មី ដែលគ្មាននរណាម្នាក់ស្គាល់ឡើយ វៀរលែងតែអ្នកដែលបានទទួលនោះចេញ”»។
លិខិតផ្ញើជូនព្រះសហគមន៍នៅក្រុងធីយ៉ាទៀរ
១៨ «ចូរសរសេរទៅកាន់ទេវទូតរបស់ ព្រះសហគមន៍នៅក្រុងធីយ៉ាទៀរ ដូចតទៅនេះ៖
ព្រះបុត្រារបស់ព្រះជាម្ចាស់ គឺព្រះអង្គដែលមានព្រះនេត្រភ្លឺដូចអណ្ដាតភ្លើង និងព្រះបាទាដូចលង្ហិន ទ្រង់មានព្រះបន្ទូលថាៈ ១៩ “យើងស្គាល់កិច្ចការ ដែលអ្នកប្រព្រឹត្តនោះ ហើយយើងដឹងថា អ្នកមានចិត្តស្រឡាញ់ មានជំនឿ ចេះបំរើអ្នកដទៃ មានចិត្តព្យាយាម។ យើងដឹងទៀតថាអំពើដែលអ្នកប្រព្រឹត្តថ្មីៗនេះ មានចំនួនច្រើនលើសមុនទៅទៀត។ ២០ ក៏ប៉ុន្តែ យើងប្រកាន់អ្នកត្រង់កន្លែងមួយ គឺអ្នកបណ្ដោយអោយនាងយេសាបិល ជាស្រីដែលតាំងខ្លួនជាព្យាការិនី* បង្រៀន និងបញ្ឆោតពួកអ្នកបំរើរបស់យើងអោយវង្វេង អោយប្រាសចាកសីលធម៌ និងបរិភោគសាច់ដែលគេបានសែនព្រះក្លែងក្លាយ។ ២១ យើងបានទុកពេលអោយ ស្ត្រីនោះកែប្រែចិត្តគំនិត តែនាងពុំព្រមកែប្រែចិត្តគំនិតឡើយ នាងនៅតែប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដដែល។ ២២ ហេតុនេះ យើងនឹងធ្វើអោយនាងឈឺដេកលើគ្រែយ៉ាងសែនវេទនា ហើយធ្វើអោយពួកអ្នកដែលរួមផិតក្បត់ជាមួយនាង វេទនាដូចគ្នាដែរ លើកលែងតែគេកែប្រែចិត្តឈប់ប្រព្រឹត្តអំពើនោះជាមួយនាងទៀត។ ២៣ យើងនឹងប្រហារជីវិត កូនចៅរបស់នាង ហើយពេលនោះព្រះសហគមន៍ទាំងអស់នឹងដឹងថា យើងឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស ហើយយើងផ្ដល់អោយអ្នករាល់គ្នាទទួលផលម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។ ២៤ ចំពោះអ្នកមួយចំនួន ទៀតក្នុងចំណោមអ្នករាល់គ្នា នៅក្រុងធីយ៉ាទៀរ ដែលពុំបានជំពាក់ចិត្តនឹងលទ្ធិនោះ ហើយក៏ពុំបានស្គាល់ ‘សេចក្ដីជ្រៅជ្រះរបស់មារសាតាំង’ ដូចពាក្យគេនិយាយ យើងសុំប្រាប់អ្នករាល់គ្នាថា យើងនឹងមិនដាក់បន្ទុកអ្វីលើអ្នករាល់គ្នាទៀតទេ ២៥ គឺគ្រាន់តែកាន់តាមអ្វីៗដែលអ្នករាល់គ្នាមានអោយខ្ជាប់ខ្ជួន រហូតដល់ពេលយើងមកដល់ប៉ុណ្ណោះបានហើយ។
២៦ អ្នកណាមានជ័យជំនះ ហើយបំពេញកិច្ចការរបស់យើងរហូតដល់ចុងបញ្ចប់ យើងនឹងអោយអ្នកនោះមានអំណាចគ្រប់គ្រងលើប្រជាជាតិនានា ២៧ គេនឹងដឹកនាំប្រជាជាតិទាំងនោះដោយដំបងដែក ដូចគេកំទេចភាជន៍ធ្វើពីដីឥដ្ឋ។ ២៨ អ្នកនោះមានអំណាចដូចអំណាច ដែលយើងបានទទួលពីព្រះបិតារបស់យើង ហើយយើងនឹងប្រគល់ផ្កាយព្រឹកអោយអ្នកនោះ។ ២៩ ចូរផ្ទៀងត្រចៀក ស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ព្រះសហគមន៍ទាំងនេះ អោយមែនទែន!”»។
ជំពូក ៣
លិខិតផ្ញើជូនព្រះសហគមន៍នៅក្រុងសារដែស
១ «ចូរសរសេរទៅកាន់ ទេវទូត*របស់ព្រះសហគមន៍នៅក្រុងសារដែស ដូចតទៅនេះ៖ ព្រះអង្គដែលមានព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់ និងមានផ្កាយទាំងប្រាំពីរ ទ្រង់មានព្រះបន្ទូលថាៈ “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្តនោះហើយ អ្នកមានឈ្មោះល្បីថារស់ តែតាមពិត អ្នកស្លាប់ទេតើ!។ ២ ចូរភ្ញាក់ស្មារតី! ចូរពង្រឹងអ្វីៗដែលនៅសល់ ហើយហៀបនឹងស្លាប់នោះអោយមាំមួនឡើង ដ្បិតយើងឃើញថា អំពើដែលអ្នកបានប្រព្រឹត្ត មិនគ្រប់លក្ខណៈនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់របស់យើងទេ។ ៣ ដូច្នេះ ចូរនឹកគិតអំពីរបៀបដែលអ្នកបានទទួល និងបានឮព្រះបន្ទូល ហើយប្រតិបត្តិតាម រួចកែប្រែចិត្តគំនិតទៅ។ ប្រសិនបើអ្នកមិនភ្ញាក់ស្មារតីទេ យើងនឹងមកដូចចោរចូលលួច គឺអ្នកពុំដឹងថា យើងនឹងមកដល់ថ្មើរណាឡើយ។ ៤ ក៏ប៉ុន្តែ នៅក្រុងសារដែសនេះ មានអ្នកខ្លះក្នុងចំណោមអ្នក ពុំបានធ្វើអោយសម្លៀកបំពាក់ខ្លួនប្រឡាក់ទេ គឺគេនឹងដើរជាមួយយើង ដោយមានសម្លៀកបំពាក់ពណ៌ស ព្រោះគេសមនឹងស្លៀកពាក់បែបនេះ។
៥ ហេតុនេះ អ្នកណាមានជ័យជំនះ អ្នកនោះនឹងមានសម្លៀកបំពាក់ពណ៌ស យើងនឹងមិនលុបឈ្មោះគេចេញពីក្រាំងជីវិតឡើយ ហើយយើងនឹងទទួលស្គាល់ឈ្មោះអ្នកនោះ នៅចំពោះព្រះភក្ត្រព្រះបិតារបស់យើង និងនៅចំពោះមុខពួកទេវទូតរបស់ព្រះអង្គ។ ៦ ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ព្រះសហគមន៍ទាំងនេះ អោយមែនទែន!”»។
លិខិតផ្ញើជូនព្រះសហគមន៍នៅក្រុងភីឡាដែលភី
៧ «ចូរសរសេរទៅកាន់ទេវទូតរបស់ព្រះសហគមន៍*នៅក្រុងភីឡាដែលភី ដូចតទៅនេះ៖
ព្រះដ៏វិសុទ្ធ ព្រះដ៏ពិតប្រាកដព្រះអង្គដែលកាន់កូនសោរបស់ស្ដេចដាវីឌ បើព្រះអង្គបើក គ្មាននរណាបិទបាន បើព្រះអង្គបិទ គ្មាននរណាបើកបាន ទ្រង់មានព្រះបន្ទូលថាៈ ៨ “យើងស្គាល់កិច្ចការដែល អ្នកប្រព្រឹត្តនោះហើយ មើល៍! យើងបានបើកទ្វារចំហនៅមុខអ្នកហើយ គ្មាននរណាអាចបិទបានទេ។ អ្នកមានអំណាចតិចមែន តែអ្នកបានប្រតិបត្តិតាមពាក្យយើង ហើយមិនបានបដិសេធថា មិនស្គាល់ឈ្មោះយើងផង។ ៩ យើងនឹងប្រគល់អ្នកខ្លះ ពីសាលាប្រជុំរបស់មារ*សាតាំងមកអោយអ្នក។ ពួកគេថាខ្លួនជាសាសន៍យូដា តាមពិតគេមិនមែនជាសាសន៍យូដាទេ គឺគេនិយាយកុហក។ យើងនឹងអោយអ្នកទាំងនោះ មកក្រាបនៅទៀបជើងអ្នក ព្រមទាំងទទួលស្គាល់ថា យើងពិតជាបានស្រឡាញ់អ្នកមែន។ ១០ ដោយអ្នកបានព្យាយាម ប្រតិបត្តិតាមពាក្យយើង យើងក៏រក្សាអ្នកអោយរួចផុតពីគ្រាលំបាកដែលនឹងកើតមានក្នុងពិភព លោកទាំងមូល ដើម្បីល្បងលមើលមនុស្សនៅលើផែនដីដែរ។ ១១ យើងនឹងមកដល់ក្នុងពេលឆាប់ៗ អ្វីៗដែលអ្នកមាន ចូរកាន់អោយបានខ្ជាប់ខ្ជួន ដើម្បីកុំអោយនរណាដណ្ដើមយកមកុដរបស់អ្នកបាន។
១២ អ្នកណា មានជ័យជំនះ យើងតាំងអ្នកនោះអោយធ្វើជាសសរមួយ នៅក្នុងព្រះវិហារ*នៃព្រះរបស់យើង ហើយគេនឹងមិនចាកចេញពីព្រះវិហារនេះទៀតឡើយ។ យើងនឹងចារឹកព្រះនាមនៃព្រះរបស់យើង និងឈ្មោះក្រុងនៃព្រះរបស់យើងលើអ្នកនោះ គឺក្រុងយេរូសាឡឹមថ្មីដែលចុះពីស្ថានបរមសុខ ចុះមកពីព្រះរបស់យើង។ យើងក៏នឹងចារឹកនាមថ្មីរបស់យើង លើអ្នកនោះដែរ។ ១៣ ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ព្រះសហគមន៍ទាំងនេះ អោយមែនទែន!”»។
លិខិតផ្ញើជូនព្រះសហគមន៍ក្រុងឡៅឌីសេ
១៤ «ចូរសរសេរទៅកាន់ ទេវទូតរបស់ព្រះសហគមន៍*នៅក្រុងឡៅឌីសេ ដូចតទៅនេះ៖ ព្រះអាម៉ែនជាបន្ទាល់ដ៏ស្មោះត្រង់ និងពិតប្រាកដ ហើយជាដើមកំណើតនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក ទ្រង់មានព្រះបន្ទូលថាៈ ១៥ “យើងស្គាល់កិច្ចការ ដែលអ្នកប្រព្រឹត្តនោះហើយ គឺអ្នកត្រជាក់ក៏មិនត្រជាក់ ក្ដៅក៏មិនក្ដៅ។ ប្រសិនបើអ្នកពិតជាត្រជាក់ ឬពិតជាក្ដៅនោះប្រសើរជាង!១៦ ដោយអ្នកនៅឧណ្ហៗ ត្រជាក់ក៏មិនត្រជាក់ ក្ដៅក៏មិនក្ដៅដូច្នេះ យើងនឹងខ្ជាក់អ្នកចោលជាមិនខាន ១៧ ព្រោះអ្នកពោលថា “ខ្ញុំជាអ្នកមាន ខ្ញុំមានស្ដុកស្ដម្ភហើយ ខ្ញុំមិនត្រូវការអ្វីទេ” អ្នកពុំដឹងថា ខ្លួនកំពុងតែវេទនារហេមរហាមក្រតោកយ៉ាក ខ្វាក់ភ្នែក គ្មានសម្លៀកបំពាក់បិទបាំងកាយនោះឡើយ។ ១៨ យើងសុំទូន្មានអ្នក អោយមករកទិញមាសពីយើង ជាមាសដែលសម្រាំងនៅក្នុងភ្លើង ដើម្បីអោយបានទៅជាអ្នកមាន ហើយទិញសម្លៀកបំពាក់ពណ៌ស មកស្លៀកពាក់បិទបាំងកេរខ្មាសរបស់អ្នក កុំអោយនៅខ្លួនទទេដូច្នេះ។ ចូរមករកទិញថ្នាំដាក់ភ្នែកពីយើងផងដែរ ដើម្បីអោយអ្នកមើលឃើញច្បាស់។ ១៩ យើងស្ដីបន្ទោស និងប្រដែប្រដៅអស់អ្នកដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្តក្លាហានហើយកែប្រែចិត្តគំនិតឡើង!។ ២០ មើល៍ យើងឈរនៅមាត់ទ្វារ ទាំងគោះទ្វារទៀតផង ប្រសិនបើមានអ្នកណាម្នាក់ឮសំឡេងយើង ហើយបើកទ្វារអោយ យើងនឹងចូលទៅក្នុងផ្ទះអ្នកនោះ យើងនឹងបរិភោគរួមជាមួយអ្នកនោះ ហើយអ្នកនោះក៏នឹងបរិភោគរួមជាមួយយើងដែរ។
២១ អ្នកណា មានជ័យជំនះ យើងនឹងអោយអង្គុយនៅលើបល្ល័ង្ករួមជាមួយយើង ដូចយើងមានជ័យជំនះ ហើយអង្គុយនៅលើបល្ល័ង្ករួមជាមួយព្រះបិតារបស់យើងដែរ។ ២២ ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះវិញ្ញាណ មានព្រះបន្ទូលមកកាន់ព្រះសហគមន៍ទាំងនេះអោយមែនទែន!”»។
ជំពូក ៤
ពិធីថ្វាយបង្គំព្រះជាម្ចាស់ នៅជុំវិញបល្ល័ង្ករបស់ព្រះអង្គនាស្ថានបរមសុខ
១ បន្ទាប់មក ខ្ញុំឃើញទ្វារមួយបើកចំហនៅស្ថានបរមសុខ* ហើយសំឡេងដែលខ្ញុំបានឮកាលពីមុនដូចស្នូរត្រែ បន្លឺមកកាន់ខ្ញុំថាៈ «សូមឡើងមកនេះ! យើងនឹងបង្ហាញអោយអ្នកឃើញហេតុការណ៍ ដែលត្រូវកើតមាន នៅពេលខាងមុខ»។ ២ រំពេចនោះ ព្រះវិញ្ញាណបានធ្វើអោយខ្ញុំលង់ស្មារតី។ ខ្ញុំឃើញបល្ល័ង្កមួយនៅស្ថានបរមសុខ* ហើយមានព្រះមួយអង្គគង់នៅលើបល្ល័ង្កនោះ។ ៣ ព្រះអង្គដែលគង់នៅលើ បល្ល័ង្ក មើលទៅដូចជាត្បូងមណីជោតិរស និងត្បូងទទឹម ហើយមានឆព្វណ្ណរង្សី ភ្លឺដូចកែវមរកត ព័ទ្ធជុំវិញបល្ល័ង្កនោះដែរ។ ៤ នៅជុំវិញបល្ល័ង្កមាន បល្ល័ង្កម្ភៃបួនទៀត ហើយមានព្រឹទ្ធាចារ្យ*ម្ភៃបួនរូប អង្គុយនៅលើបល្ល័ង្កទាំងនោះ ស្លៀកពាក់ពណ៌ស និងពាក់មកុដមាសផង។
៥ មានផ្លេក បន្ទោរ មានសំឡេង ព្រមទាំងផ្គរលាន់ចេញពីបល្ល័ង្កនោះមក។ នៅមុខបល្ល័ង្ក មានចង្កៀងប្រាំពីរកំពុងឆេះយ៉ាងភ្លឺ ចង្កៀងទាំងនោះ គឺជាព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់។ ៦ នៅមុខបល្ល័ង្ក មានដូចជាសមុទ្រ ភ្លឺថ្លាដូចកែវចរណៃ។
នៅចំកណ្ដាល និងនៅជុំវិញបល្ល័ង្ក មានសត្វមានជីវិតបួនរូបដែលមានភ្នែកពេញខ្លួន ទាំងមុខទាំងក្រោយ។ ៧ សត្វមានជីវិតទីមួយ មានរូបរាងស្រដៀងនឹងសឹង្ហ សត្វមានជីវិតទីពីរស្រដៀងនឹងកូនគោ សត្វមានជីវិតទីបីមានមុខដូចមនុស្ស សត្វមានជីវិតទីបួនស្រដៀងនឹងឥន្ទ្រីដែលកំពុងតែហើរ។ ៨ សត្វមានជីវិតទាំងបួន នោះ មានស្លាបប្រាំមួយ ហើយមានភ្នែកពេញខ្លួន ទាំងខាងក្រៅ ទាំងខាងក្នុងរៀងៗខ្លួន។ គេចេះតែនាំគ្នាស្រែកឥតឈប់ឈរ ទាំងថ្ងៃទាំងយប់ថាៈ «ព្រះដ៏វិសុទ្ធ* ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ ព្រះជាអម្ចាស់ ទ្រង់មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះជន្មគង់នៅតាំងពីដើមរៀងមក ទ្រង់គង់នៅសព្វថ្ងៃ ហើយកំពុងតែយាងមក!»។
៩ ពេលណា សត្វមានជីវិតទាំងនោះលើកតម្កើងសិរីរុងរឿង ព្រះកិត្តិនាម និងអរព្រះគុណព្រះអង្គដែលគង់នៅលើបល្ល័ង្ក គឺព្រះអង្គដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ។ ១០ ព្រឹទ្ធាចារ្យទាំង ម្ភៃបួនរូប នាំគ្នាក្រាបចុះនៅមុខព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក ហើយថ្វាយបង្គំព្រះអង្គ ដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ ព្រមទាំងដោះមកុដរបស់ខ្លួនដាក់នៅមុខបល្ល័ង្ក ហើយពោលថាៈ ១១ «បពិត្រព្រះអម្ចាស់ជា ព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរដោយសារព្រះហឫទ័យរបស់ព្រះអង្គ»។
ជំពូក ៥
ក្រាំងដែលមានបិទត្រាប្រាំពីរ និងកូនចៀមរបស់ព្រះជាម្ចាស់
១ បន្ទាប់មក ខ្ញុំឃើញក្រាំងមួយនៅក្នុងព្រះហស្ដស្ដាំរបស់ព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក ក្រាំងនោះមានសរសេរអក្សរ ទាំងខាងក្នុង ទាំងខាងក្រៅ ព្រមទាំងមានបោះត្រាប្រាំពីរបិទភ្ជាប់ពីលើផង។ ២ បន្ទាប់មកទៀត ខ្ញុំឃើញទេវទូតដ៏ខ្លាំងពូកែមួយរូបប្រកាសយ៉ាងខ្លាំងថា៖ «តើនរណាមានឋានៈសមនឹងបកត្រាចេញ ហើយបើកក្រាំងនេះបាន?»។ ៣ ប៉ុន្តែ ទោះបីនៅស្ថានសួគ៌ក្ដី នៅលើផែនដី ឬនៅក្រោមដីក្ដី គ្មាននរណាម្នាក់អាចបើកក្រាំង ឬមើលក្រាំងនោះបានឡើយ។ ៤ ពេលនោះ ខ្ញុំស្រែកយំយ៉ាងខ្លាំង ព្រោះគ្មាននរណាម្នាក់មានឋានៈសមនឹងបើកក្រាំង ឬមើលក្រាំងនោះបានទេ។ ៥ ស្រាប់តែមាន ព្រឹទ្ធាចារ្យមួយរូបមានប្រសាសន៍មកខ្ញុំថា៖ «កុំយំអី! មើលហ្ន៎ សឹង្ហដែលកើតនៅក្នុងកុលសម្ព័ន្ធយូដា ជាពន្លកដុះចេញពីស្ដេចដាវីឌ ព្រះអង្គមានជ័យជំនះអាចនឹងបកត្រាទាំងប្រាំពីរ ហើយបើកក្រាំងបាន»។
៦ បន្ទាប់ មក ខ្ញុំឃើញកូនចៀមមួយឈរនៅចំកណ្ដាលបល្ល័ង្ក នៅកណ្ដាលសត្វមានជីវិតទាំងបួន និងនៅកណ្ដាលពួកព្រឹទ្ធាចារ្យ។ កូនចៀមនោះមើលទៅ ដូចជាគេបានសម្លាប់ធ្វើយញ្ញបូជា*រួចហើយ មានស្នែងប្រាំពីរ និងភ្នែកប្រាំពីរ ជាព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់ ដែលព្រះអង្គចាត់អោយយាងទៅពាសពេញលើផែនដី។ ៧ កូនចៀមនោះ បានយាងមកទទួលយកក្រាំងពីព្រះហស្ដស្ដាំរបស់ព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក។
៨ កាលកូន ចៀមបានទទួលក្រាំងរួចហើយ សត្វមានជីវិតទាំងបួន និងពួកព្រឹទ្ធាចារ្យទាំងម្ភៃបួននាក់នាំគ្នាក្រាបចុះនៅមុខកូន ចៀម ម្នាក់ៗកាន់ពិណមួយ និងកាន់ពែងមាស ពេញទៅដោយគ្រឿងក្រអូប ដែលជាពាក្យអធិស្ឋាន*របស់ប្រជាជនដ៏វិសុទ្ធ*។ ៩ គេនាំគ្នាច្រៀងបទចំរៀងថ្មីថាៈ
“ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង
ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា
ព្រះអង្គបានលោះមនុស្ស ពីគ្រប់ពូជគ្រប់ភាសា
គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍
យកមកថ្វាយព្រះជាម្ចាស់
ដោយសារព្រះលោហិតរបស់ព្រះអង្គ។
១០ ព្រះអង្គបានធ្វើអោយគេទៅជារាជាណាចក្រ
និងជាក្រុមបូជាចារ្យ*
បំរើព្រះជាម្ចាស់របស់យើង
ហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែនដី”។
១១ ពេលនោះ ខ្ញុំមើលទៅ ហើយឮសូរសំឡេងទេវទូត*យ៉ាងច្រើននៅជុំវិញបល្ល័ង្ក ជុំវិញសត្វមានជីវិត និងជុំវិញពួកព្រឹទ្ធាចារ្យ។ ទេវទូតទាំងនោះមានចំនួនរាប់ម៉ឺនរាប់សែន ច្រើនអនេកអនន្ត ១២ នាំគ្នាបន្លឺសំឡេង ឡើងយ៉ាងខ្លាំងៗថាៈ «កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ទ្រង់សមនឹងទទួលឫទ្ធានុ ភាពរាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង»។
១៣ ពេលនោះ ខ្ញុំឮសត្វលោកទាំងប៉ុន្មាន នៅស្ថានសួគ៌ នៅលើផែនដី នៅក្រោមដី នៅក្នុងសមុទ្រ ព្រមទាំងអ្វីៗទាំងអស់ដែលនៅស្ថានទាំងនោះ បន្លឺសំឡេងឡើងថាៈ «សូមព្រះអង្គដែលគង់លើបល្ល័ង្ក និងកូនចៀមទទួលពាក្យសរសើរតម្កើងព្រះកិត្តិនាម សិរីរុងរឿង និងព្រះចេស្ដា អស់កល្បជាអង្វែងតរៀងទៅ!»។
១៤ បន្ទាប់មក សត្វមានជីវិតទាំងបួនពោលឡើងថា «អាម៉ែន!» ហើយព្រឹទ្ធាចារ្យក៏នាំគ្នាក្រាបថ្វាយបង្គំ។
ជំពូក ៦
កូនចៀមបកត្រាប្រាំមួយ
១ ខ្ញុំមើលទៅឃើញកូនចៀម បកត្រាទីមួយ ក្នុងចំណោមត្រាទាំងប្រាំពីរនោះ ហើយខ្ញុំឮសត្វមានជីវិតមួយរូប ក្នុងបណ្ដាសត្វមានជីវិតទាំងបួន បន្លឺសំឡេងឡើងដូចផ្គរលាន់ថាៈ «សូមអញ្ជើញមក!»។ ២ ខ្ញុំមើលទៅ ឃើញសេះសមួយ អ្នកជិះសេះនោះកាន់ធ្នូ។ គាត់បានទទួលមកុដមួយ ហើយចាកចេញទៅមានរាងដូចជាអ្នកឈ្នះ ដើម្បីវាយយកជ័យជំនះ។
៣ ពេលកូនចៀមបកត្រាទីពីរ ខ្ញុំឮសូរសត្វមានជីវិតទីពីរពោលថាៈ «សូមអញ្ជើញមក!»។ ៤ ស្រាប់តែសេះមួយទៀត ចេញមក សម្បុរក្រហមដូចភ្លើង។ អ្នកជិះសេះនោះបានទទួលអំណាចដកសន្តិភាពចេញពីផែនដី ដើម្បីអោយមនុស្សលោកប្រហារជីវិតគ្នាទៅវិញទៅមក។ គាត់បានទទួលដាវមួយយ៉ាងធំ។
៥ ពេលកូន ចៀមបកត្រាទីបី ខ្ញុំឮសូរសត្វមានជីវិតទីបីពោលថាៈ «សូមអញ្ជើញមក!»។ ខ្ញុំមើលទៅឃើញសេះខ្មៅមួយ។ អ្នកជិះសេះនោះកាន់ជញ្ជីងមួយនៅដៃ ៦ ហើយខ្ញុំបានឮដូចជា មានសំឡេងមួយ ចេញពីក្នុងចំណោមសត្វមានជីវិតទាំងបួនថាៈ «អង្ករមួយគីឡូ ថ្លៃមួយដួង* ពោតបីគីឡូ ក៏ថ្លៃមួយដួងដែរ រីឯប្រេង និងស្រាទំពាំងបាយជូរវិញ កុំប៉ះពាល់អោយសោះ»។
៧ ពេលកូនចៀមបកត្រាទីបួន ខ្ញុំឮសូរសំឡេងសត្វមានជីវិតទីបួនពោលថាៈ «សូមអញ្ជើញមក!»។ ៨ ខ្ញុំមើលទៅឃើញសេះមួយ សម្បុរត្រួយចេក អ្នកជិះសេះនោះ ឈ្មោះមច្ចុរាជ ហើយស្ថានមច្ចុរាជ ក៏មកជាមួយគាត់ដែរ។ មច្ចុរាជ និងស្ថានមច្ចុរាជ បានទទួលអំណាចលើមួយភាគបួននៃផែនដី ហើយយកដាវ ទុរ្ភិក្ស ជំងឺអាសន្នរោគ និងសត្វសាហាវនៅលើផែនដី អោយមកប្រល័យជីវិតមនុស្សលោក។
៩ ពេលកូន ចៀមបកត្រាទីប្រាំនៅក្រោមអាសនៈ ខ្ញុំឃើញវិញ្ញាណក្ខ័ន្ធអស់អ្នកដែលគេបានប្រហារជីវិត ព្រោះតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងព្រោះតែអ្នកទាំងនោះបានផ្ដល់សក្ខីភាព។ ១០ អ្នកទាំងនោះស្រែក អង្វរយ៉ាងខ្លាំងៗថាៈ «ឱព្រះដ៏ជាចៅហ្វាយ ព្រះដ៏វិសុទ្ធ* និងស្មោះត្រង់អើយ! តើពេលណាព្រះអង្គរកយុត្តិធម៌ និងសងសឹកពួកនៅលើផែនដី ដែលបានបង្ហូរឈាមយើងខ្ញុំ?»។ ១១ អ្នកទាំងនោះបានទទួល អាវសវែងម្នាក់មួយៗ ហើយឮសំឡេងប្រាប់ថា អោយនៅរង់ចាំមួយភ្លែតទៀតសិន ទំរាំដល់មិត្តរួមការងារ និងបងប្អូនរួមជំនឿឯទៀតៗ ត្រូវគេសម្លាប់ដូចគ្នាគ្រប់ចំនួន។
១២ ពេលកូន ចៀមបកត្រាទីប្រាំមួយ ខ្ញុំមើលទៅឃើញផែនដីរញ្ជួយយ៉ាងខ្លាំង ព្រះអាទិត្យបែរជាងងឹតដូចក្រណាត់ខ្មៅ ហើយព្រះច័ន្ទទាំងមូលបែរទៅជាក្រហមដូចឈាម ១៣ រីឯផ្កាយនៅលើមេឃ ក៏ធ្លាក់ចុះមកដីដូចផ្លែល្វាខ្ចីជ្រុះ នៅពេលខ្យល់បក់បោកដើមវាយ៉ាងខ្លាំង។ ១៤ ផ្ទៃមេឃនឹងរសាត់បាត់ទៅដូចជាក្រាំងដែលគេមូរទុក ហើយភ្នំ និងកោះទាំងប៉ុន្មាន ក៏ត្រូវរបើកចេញពីកន្លែងរបស់វាដែរ។ ១៥ ស្ដេចនានានៅលើផែនដី ពួកអ្នកធំ ពួកមេទ័ព ពួកអ្នកមាន ពួកអ្នកខ្លាំងពូកែ ពួកអ្នកងារ និងអ្នកជាទាំងប៉ុន្មាន ក៏នាំគ្នាទៅពួននៅតាមរអាងភ្នំ និងតាមថ្មភ្នំ ១៦ ទាំងពោលទៅកាន់ភ្នំ និងថ្មថាៈ
ចូររលំសង្កត់លើយើងខ្ញុំមក
ចូរជួយលាក់យើងខ្ញុំ
អោយផុតពីព្រះភក្ត្ររបស់ព្រះអង្គ
ដែលគង់នៅលើបល្ល័ង្ក
និងអោយផុតពីព្រះពិរោធរបស់កូនចៀម
១៧ ដ្បិតថ្ងៃដ៏អស្ចារ្យ ជាថ្ងៃដែលព្រះអង្គ
និងកូនចៀម ទ្រង់ព្រះពិរោធនោះ
មកដល់ហើយ
គ្មាននរណាអាចរួចខ្លួនបានឡើយ។
ជំពូក ៧
ប្រជារាស្ត្ររបស់ព្រះជាម្ចាស់
១ ក្រោយមកទៀត ខ្ញុំឃើញទេវទូត*បួនរូបឈរនៅទិសទាំងបួននៃផែនដី។ ទេវទូតទាំងនោះនាំគ្នាទប់ខ្យល់ទាំងបួនទិស កុំអោយបក់បោកមកលើផែនដី មកលើសមុទ្រ ឬមកលើដើមឈើណាមួយឡើយ។ ២ បន្ទាប់មក ខ្ញុំឃើញទេវទូតមួយរូបទៀតឡើងពីទិសខាងកើតមក ទាំងកាន់ត្រារបស់ព្រះដ៏មានព្រះជន្មគង់នៅផង។ ទេវទូតនោះបន្លឺសំឡេងយ៉ាងខ្លាំងៗ ទៅកាន់ទេវទូតទាំងបួន ដែលបានទទួលអំណាចធ្វើទុក្ខទោសផែនដី និងសមុទ្រថា៖ ៣ «សូមកុំអាលធ្វើទុក្ខ ទោសផែនដីសមុទ្រ ឬដើមឈើណាឡើយ ចាំយើងបោះត្រាសំគាល់លើថ្ងាសពួកអ្នកបំរើរបស់ព្រះជាម្ចាស់នៃយើង ហើយសិន»។ ៤ ពេលនោះ ខ្ញុំក៏ឮថាអស់អ្នកដែលត្រូវគេបោះត្រាសំគាល់ មានចំនួនមួយសែនបួនម៉ឺនបួនពាន់នាក់ មកពីកុលសម្ព័ន្ធទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រាអែល គឺ ៥ មានត្រាសំគាល់មួយម៉ឺន ពីរពាន់នាក់ពីកុលសម្ព័ន្ធយូដា មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធរូបេន មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធកាដ ៦ មួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធអស៊ែរ មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធណែបថាលី មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធម៉ាណាសេ ៧ មួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធស៊ីម៉ូន មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធលេវី មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធអ៊ីសាការ ៨ មួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធសាប៊ូឡូន មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធយ៉ូសែប និងមួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធបេនយ៉ាមីន ដែលគេបានបោះត្រាសំគាល់។
ប្រជាជនដ៏ច្រើនកុះករនៅមុខបល្ល័ង្ក
៩ ក្រោយមកទៀត ខ្ញុំមើលទៅឃើញមហាជនដ៏ច្រើនកុះករ គ្មាននរណាអាចរាប់ចំនួនបានឡើយ អ្នកទាំងនោះមកពីគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ប្រជាជន និងពីគ្រប់ភាសា។ ពួកគេពាក់អាវសវែងឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម ទាំងកាន់ធាងទន្សែនៅដៃផង។ ១០ គេនាំគ្នាបន្លឺ សំឡេងឡើងយ៉ាងខ្លាំងៗថា៖ «មានតែព្រះនៃយើងដែលគង់នៅលើបល្ល័ង្ក និងកូនចៀមប៉ុណ្ណោះទេ ដែលសង្គ្រោះយើង»។ ១១ ពេលនោះ ទេវទូតទាំងប៉ុន្មានដែលឈរនៅជុំវិញបល្ល័ង្ក ជុំវិញពួកព្រឹទ្ធាចារ្យ និងជុំវិញសត្វមានជីវិតទាំងបួន នាំគ្នាក្រាបនៅមុខបល្ល័ង្ក ទាំងអោនមុខដល់ដីថ្វាយបង្គំព្រះជាម្ចាស់ ១២ ហើយពោលថា៖ «អាម៉ែន! សូមកោតសរសើរ សូមលើកតម្កើងសិរីរុងរឿងព្រះប្រាជ្ញាញាណ សូមអរព្រះគុណ សូមលើកតម្កើងព្រះកិត្តិនាម ឫទ្ធានុភាព និងឥទ្ធិឫទ្ធិរបស់ព្រះនៃយើងអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!»។
១៣ ព្រឹទ្ធាចារ្យមួយរូបមានប្រសាសន៍សួរខ្ញុំថា៖ «តើអស់អ្នកដែលពាក់អាវសវែងនោះជានរណា ហើយគេមកពីណា?»។ ១៤ ខ្ញុំក៏ជំរាបលោកថា៖ «លោកម្ចាស់ខ្ញុំអើយ លោកទេតើដែលជ្រាប»។ លោកក៏ប្រាប់ខ្ញុំថា៖ «ពួកគេសុទ្ធតែជាអ្នកដែលបានឆ្លងកាត់ទុក្ខវេទនាដ៏ខ្លាំងនោះ។ គេបានបោកអាវរបស់ខ្លួនអោយបានសស្អាត ក្នុងព្រះលោហិតរបស់កូនចៀម។ ១៥ ហេតុនេះហើយបានជា ពួកគេស្ថិតនៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់ និងគោរពបំរើព្រះអង្គទាំងថ្ងៃទាំងយប់ នៅក្នុងព្រះវិហាររបស់ព្រះអង្គ។ ព្រះអង្គដែលគង់នៅលើបល្ល័ង្ក នឹងទទួលគេអោយជ្រកកោនក្នុងព្រះពន្លា*របស់ព្រះអង្គ។ ១៦ ពួកគេនឹងលែងឃ្លាន លែងស្រេកទៀតហើយ ព្រះអាទិត្យ និងកំដៅគ្រប់យ៉ាង ក៏នឹងលែងធ្វើទុក្ខគេទៀតដែរ ១៧ ដ្បិតកូនចៀមដែលគង់ នៅកណ្ដាលបល្ល័ង្ក ទ្រង់នឹងឃ្វាលពួកគេ ព្រះអង្គនឹងនាំគេទៅរកប្រភពទឹកដែលផ្ដល់ជីវិត ហើយព្រះជាម្ចាស់នឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ»។
ជំពូក ៨
កូនចៀមបកត្រាទីប្រាំពីរ
១ ពេលកូនចៀមបកត្រាទីប្រាំពីរ ស្រាប់តែមេឃស្ងប់អស់រយៈពេលប្រមាណជាកន្លះម៉ោង ២ ខ្ញុំក៏បានឃើញទេវទូត*ប្រាំពីររូបដែលឈរនៅខាងមុខព្រះជាម្ចាស់ ទទួលត្រែប្រាំពីរ។ ៣ មានទេវទូត*មួយរូបទៀត មកឈរនៅជិតអាសនៈ* ទាំងកាន់ពានមាសមួយផង។ ទេវទូតនោះបានទទួលគ្រឿងក្រអូបជាច្រើនយកទៅថ្វាយ ជាមួយពាក្យអធិស្ឋានរបស់ប្រជាជនដ៏វិសុទ្ធទាំងអស់ នៅលើអាសនៈមាសដែលស្ថិតនៅខាងមុខបល្ល័ង្ក។ ៤ ផ្សែងគ្រឿងក្រអូបនោះ ក៏ហុយចេញពីដៃទេវទូត ឡើងទៅលើជាមួយពាក្យអធិស្ឋានរបស់ប្រជាជនដ៏វិសុទ្ធនៅចំពោះ ព្រះភក្ត្ររបស់ព្រះជាម្ចាស់។ ៥ ទេវទូតបានយកពាន ហើយយកភ្លើងពីអាសនៈ មកដាក់ពេញពាននោះ រួចចាក់ទៅលើផែនដី ស្រាប់តែមានផ្គរលាន់ មានសំឡេង មានផ្លេកបន្ទោរព្រមទាំងមានរញ្ជួយផែនដីផង។
សំឡេងត្រែទាំងប្រាំមួយ
៦ ទេវទូតទាំងប្រាំពីរ ដែលកាន់ត្រែទាំងប្រាំពីរនោះប្រុងប្រៀបផ្លុំ។
៧ ទេវទូតទី មួយផ្លុំត្រែឡើង ស្រាប់តែមានព្រឹល និងភ្លើង លាយជាមួយឈាម ធ្លាក់មកលើផែនដី ផែនដីក៏ឆេះអស់មួយភាគបី ដើមឈើក៏ឆេះអស់មួយភាគបី ហើយស្មៅខៀវខ្ចីទាំងប៉ុន្មានក៏ឆេះអស់ដែរ។ ៨ ទេវទូតទីពីរផ្លុំត្រែ ឡើង ស្រាប់តែមានដូចជាភ្នំមួយយ៉ាងធំ ដែលកំពុងតែឆេះធ្លាក់ទៅក្នុងសមុទ្រ ទឹកសមុទ្រមួយភាគបី ក៏ក្លាយទៅជាឈាម ៩ សត្វទាំងឡាយដែលមានជីវិតរស់នៅក្នុងសមុទ្រ ត្រូវស្លាប់អស់មួយភាគបី ហើយនាវាក៏ត្រូវវិនាសបង់អស់មួយភាគបីដែរ។
១០ ទេវទូត ទីបីផ្លុំត្រែឡើង ស្រាប់តែមានផ្កាយមួយយ៉ាងធំ ដែលកំពុងតែឆេះដូចចន្លុះ ធ្លាក់ពីលើមេឃមក។ ផ្កាយនោះធ្លាក់មកក្នុងទន្លេទាំងឡាយអស់មួយភាគបី ហើយក៏ធ្លាក់មកលើប្រភពទឹកនានាដែរ។ ១១ ផ្កាយនោះមានឈ្មោះថា «ផ្លែស្លែង» ទឹកមួយភាគបីបានក្លាយទៅជាពុល បណ្ដាលអោយមនុស្សជាច្រើនស្លាប់ ព្រោះតែជាតិល្វីងរបស់ទឹកទាំងនោះ។
១២ ទេវទូត ទីបួនផ្លុំត្រែឡើងស្រាប់តែព្រះអាទិត្យបាត់រស្មីអស់មួយភាគបី ហើយព្រះច័ន្ទ និងផ្កាយក៏បាត់រស្មីមួយភាគបីដែរ ធ្វើអោយងងឹតអស់មួយភាគបី គឺពេលថ្ងៃនឹងងងឹតអស់មួយភាគបី ហើយពេលយប់ក៏នឹងងងឹតអស់មួយភាគបីដែរ។
១៣ ពេលនោះ ខ្ញុំមើលទៅ ហើយឮសូរសត្វឥន្ទ្រីមួយហើរកាត់អាកាសវេហាស៍ ទាំងស្រែកឡើងយ៉ាងខ្លាំងៗថាៈ «វេទនាហើយ! វេទនាហើយ! មនុស្សនៅលើផែនដីនឹងត្រូវវេទនាហើយ ព្រោះតែសំឡេងត្រែឯទៀតៗ ដែលទេវទូតទាំងបីរូបហៀបនឹងផ្លុំ!»។
ជំពូក ៩
១ ទេវទូត*ទីប្រាំផ្លុំត្រែឡើង ខ្ញុំក៏ឃើញផ្កាយមួយធ្លាក់ចុះពីលើមេឃមកផែនដី ផ្កាយនោះទទួលកូនសោរណ្ដៅនរកអវិចី ២ ហើយបើកទ្វាររណ្ដៅនរក អវិចីនោះ ស្រាប់តែមានផ្សែងហុយឡើងមក ដូចផ្សែងដែលហុយចេញពីឡមួយយ៉ាងធំ។ ពេលនោះ ព្រះអាទិត្យ និងលំហអាកាសប្រែទៅជាងងឹត ព្រោះតែផ្សែងដែលហុយចេញពីរណ្ដៅ។ ៣ មានកណ្ដូបជាច្រើនចេញពីផ្សែងនោះហើរមកលើផែនដី វាបានទទួលអំណាចដូចខ្យាដំរីដែរ។ ៤ កណ្ដូបទាំងនោះបានទទួល បំរាម មិនអោយបំផ្លាញតិណជាតិនានាលើផែនដី រុក្ខជាតិ ឬដើមឈើណាមួយឡើយ ត្រូវបំផ្លាញតែមនុស្សណាដែលគ្មានត្រារបស់ព្រះជាម្ចាស់ បោះសំគាល់នៅលើថ្ងាសប៉ុណ្ណោះ។ ៥ កណ្ដូបទាំងនោះពុំបាន ទទួលសិទ្ធិសម្លាប់ទេ គឺគ្រាន់តែធ្វើអោយមនុស្សឈឺចុកចាប់ក្នុងរវាងប្រាំខែប៉ុណ្ណោះ កណ្ដូបនឹងធ្វើអោយមនុស្សឈឺចុកចាប់ដូចខ្យាដំរីទិចដែរ។ ៦ នៅគ្រានោះ មនុស្សរកសេចក្ដីស្លាប់ តែរកមិនឃើញ គេចង់ស្លាប់ណាស់ តែសេចក្ដីស្លាប់រត់ចេញឆ្ងាយពីគេ។ ៧ កណ្ដូបទាំងនោះមានរាង ដូចសេះ ដែលគេបំពាក់គ្រឿងសឹកចេញទៅច្បាំង នៅលើក្បាលវាមានពាក់កម្រងដូចជាមកុដមាស ហើយមុខវាដូចមុខមនុស្ស។ ៨ វាមានសក់វែងដូចសក់ស្ត្រី ហើយមានធ្មេញដូចធ្មេញសឹង្ហ។ ៩ វាមានគ្រឿងក្រោះដូច អាវក្រោះធ្វើពីដែក។ ពេលវាហើរ ស្នូរស្លាបរបស់វាលាន់ឮសន្ធឹក ដូចរទេះទឹមដោយសេះជាច្រើនបោលទៅធ្វើសឹកសង្គ្រាម។ ១០ កន្ទុយរបស់វាមានទ្រនិចដូចខ្យាដំរី ហើយមានអំណាចនឹងអោយមនុស្សម្នាឈឺចុកចាប់អស់រយៈពេលប្រាំខែ។ ១១ កណ្ដូបទាំងនោះមានយមរាជធ្វើជាស្ដេចដឹកនាំវា ដែលមានឈ្មោះជាភាសាហេប្រឺថា អាបាដូន ជាភាសាក្រិកថា អាប៉ូល្យ៉ូន។
១២ លុះទុក្ខវេទនាទីមួយបានកន្លងផុតទៅ ទុក្ខវេទនាពីរទៀតក៏កើតមកតាមក្រោយ។
១៣ ទេវទូត ទីប្រាំមួយផ្លុំត្រែឡើង ខ្ញុំក៏បានឮសំឡេងមួយចេញពីស្នែងនៅជ្រុងទាំងបួនរបស់អាសនៈមាស ដែលស្ថិតនៅខាងមុខព្រះជាម្ចាស់។ ១៤ សំឡេងនោះ ពោលមកកាន់ទេវទូតទីប្រាំមួយ ដែលមានត្រែនៅដៃថា៖ «ចូរស្រាយទេវទូតទាំងបួនរូប ដែលជាប់ចំណងនៅលើទន្លេធំ គឺទន្លេអឺប្រាតនោះទៅ!»។ ១៥ គេក៏ស្រាយទេវទូតទាំងបួនរូប ដែលបានប្រុងប្រៀបខ្លួនប្រហារជីវិតមនុស្សមួយភាគបី ត្រូវតាមម៉ោងថ្ងៃ ខែ និងឆ្នាំ។ ១៦ ខ្ញុំបានឮថា ចំនួនទាហានទ័ពសេះនោះ មានទាំងអស់ពីររយលាននាក់។ ១៧ ក្នុងនិមិត្តហេតុ អស្ចារ្យដែលខ្ញុំបានឃើញនោះ មានសេះ និងពលទាហានដែលជិះពីលើវា ពាក់អាវក្រោះពណ៌ក្រហមដូចភ្លើង ពណ៌បៃតងខ្ចី និងពណ៌លឿងដូចស្ពាន់ធ័រ។ រីឯក្បាលសេះវិញមានរាងដូចជាក្បាលសឹង្ហ ហើយមានភ្លើង ផ្សែង និងស្ពាន់ធ័រចេញពីមាត់វាមកផង។ ១៨ មនុស្សមួយភាគបីបាន ស្លាប់ ដោយសារគ្រោះកាចទាំងបីមុខនេះ គឺស្លាប់ដោយភ្លើង ដោយផ្សែង និងដោយស្ពាន់ធ័រដែលចេញពីមាត់សេះ ១៩ ដ្បិតអំណាចរបស់សេះ ទាំងនោះស្ថិតនៅលើមាត់ និងកន្ទុយ។ កន្ទុយរបស់វាប្រៀបបានទៅនឹងពស់ គឺមានក្បាល ហើយវាធ្វើអោយមនុស្សវេទនា ដោយសារតែក្បាលហ្នឹងឯង។
២០ រីឯ មនុស្សឯទៀតៗ ដែលមិនបានស្លាប់ដោយគ្រោះកាចទាំងនោះ ពុំព្រមកែប្រែចិត្តគំនិតឈប់ប្រព្រឹត្តអំពើរបស់ខ្លួនទេ គឺគេពុំព្រមឈប់ថ្វាយបង្គំខ្មោច ថ្វាយបង្គំរូបសំណាករបស់ព្រះក្លែងក្លាយធ្វើពីមាស ពីប្រាក់ ពីលង្ហិន ពីថ្ម និងធ្វើពីឈើ ជាព្រះដែលមិនចេះមើល មិនចេះស្ដាប់ ហើយក៏មិនចេះដើរនោះឡើយ។ ២១ គេក៏ពុំព្រមកែប្រែ ចិត្តគំនិត ឈប់ប្រព្រឹត្តអំពើឃាតកម្ម វិជ្ជាធ្មប់ អំពើប្រាសចាកសីលធម៌ និងអំពើលួចប្លន់ដែលខ្លួនបានប្រព្រឹត្តនោះដែរ។
ជំពូក ១០
ទេវទូតប្រគល់ក្រាំងមួយតូចអោយលោកយ៉ូហាន
១ ខ្ញុំឃើញទេវទូត*ខ្លាំង ពូកែមួយរូបទៀតចុះពីលើមេឃមក មានពពក*ព័ទ្ធជុំវិញខ្លួន មានឆព្វណ្ណរង្សីនៅលើក្បាល មុខលោកដូចព្រះអាទិត្យ ហើយជើងលោកដូចសសរភ្លើង។ ២ ដៃលោកកាន់ក្រាំងតូចមួយដែលបើកស្រាប់ លោកដាក់ជើងស្ដាំលើសមុទ្រ ជើងឆ្វេងលើដីគោក។ ៣ លោកបន្លឺសំឡេងឡើងយ៉ាងខ្លាំងដូចសឹង្ហគ្រហឹម ហើយពេលទេវទូតនោះបន្លឺសំឡេង ផ្គរទាំងប្រាំពីរក៏លាន់ឮឡើងដែរ។ ៤ ពេលផ្គរលាន់ឮរួចហើយ ខ្ញុំហៀបនឹងសរសេរទុកស្រាប់តែឮសំឡេងមួយ ពោលពីលើមេឃមកថា៖ «ចូរលាក់សេចក្ដីដែលផ្គរលាន់ទាំងប្រាំពីរបានថ្លែងនោះអោយជិត កុំសរសេរទុកឡើយ»។ ៥ រីឯទេវទូតដែលខ្ញុំបានឃើញឈរលើសមុទ្រ និងលើដីគោកនោះ ក៏លើកដៃស្ដាំឡើងទៅលើមេឃ ៦ ហើយស្បថ ក្នុងព្រះនាមព្រះអង្គដែលមានព្រះជន្មគង់នៅអស់កល្ប ជាអង្វែងតរៀងទៅ គឺព្រះអង្គដែលបានបង្កើតផ្ទៃមេឃ និងអ្វីៗដែលមាននៅលើមេឃ ផែនដី និងអ្វីៗដែលមាននៅលើផែនដី សមុទ្រ និងអ្វីៗដែលមាននៅក្នុងសមុទ្រ។ ទេវទូតនោះបានពោលយ៉ាងឱឡារិកថា «គ្មានពន្យារពេលទៀតឡើយ ៧ នៅគ្រាណាទេវទូតទី ប្រាំពីរបន្លឺសំឡេងឡើង គឺនៅពេលលោកចាប់ផ្ដើមផ្លុំត្រែ ព្រះជាម្ចាស់នឹងសំរេចតាមគំរោងការដ៏លាក់កំបាំងរបស់ព្រះអង្គ ដូចទ្រង់បានប្រទានដំណឹងល្អទុកជាមុន តាមរយៈពួកព្យាការី*ជាអ្នកបំរើរបស់ព្រះអង្គ»។
៨ បន្ទាប់ មក សំឡេងដែលខ្ញុំបានឮពីលើមេឃនោះ ក៏ពោលមកកាន់ខ្ញុំម្ដងទៀតថា៖ «សូមអញ្ជើញទៅយកក្រាំងតូចបើកស្រាប់ ក្នុងដៃទេវទូតដែលឈរលើសមុទ្រ និងលើដីគោកនោះមក»។ ៩ ខ្ញុំក៏ដើរទៅរកទេវទូត នោះ ទាំងសុំអោយលោកប្រគល់ក្រាំងតូចមកខ្ញុំ។ លោកពោលមកកាន់ខ្ញុំថា៖ «ចូរយកក្រាំងនេះ ហើយបរិភោគវាទៅ។ ក្រាំងនេះនឹងធ្វើអោយអ្នកឈឺពោះ តែកាលនៅក្នុងមាត់ វាផ្អែមដូចទឹកឃ្មុំ»។ ១០ ខ្ញុំក៏ទទួលយកក្រាំងតូចពីដៃទេវទូតមកបរិភោគ នៅក្នុងមាត់ខ្ញុំ វាផ្អែមដូចទឹកឃ្មុំ លុះបរិភោគរួចហើយ ខ្ញុំក៏ឈឺពោះ។ ១១ បន្ទាប់មក មានគេប្រាប់ខ្ញុំថា៖ «អ្នកត្រូវថ្លែងព្រះបន្ទូលសាជាថ្មីទៀត អំពីប្រជាជន អំពីជាតិសាសន៍ អំពីភាសានានា និងអំពីស្ដេចជាច្រើនផង»។
ជំពូក ១១
ក្រុងដ៏វិសុទ្ធ និងបន្ទាល់ពីររូប
១ បន្ទាប់មក ទេវទូត*បានប្រគល់ដើមត្រែងមួយមកខ្ញុំ ស្រដៀងនឹងដំបងសំរាប់វាស់ហើយប្រាប់ថា៖ «ចូរក្រោកឡើងទៅវាស់ព្រះវិហារ*របស់ព្រះជាម្ចាស់ វាស់អាសនៈ និងរាប់អស់អ្នកដែលថ្វាយបង្គំព្រះអង្គនៅទីនោះផង។ ២ ក៏ប៉ុន្តែ ត្រូវទុកទីលានដែលនៅខាងក្រៅព្រះវិហារដោយឡែក កុំវាស់អោយសោះ ដ្បិតព្រះអង្គបានប្រគល់លាននោះអោយជាតិសាសន៍នានា ហើយពួកគេនឹងជាន់ឈ្លីក្រុងដ៏វិសុទ្ធអស់រយៈពេលសែសិបពីរខែ។
៣ យើងនឹងអោយបន្ទាល់របស់យើងទាំងពីររូបស្លៀកបាវ ទៅថ្លែងព្រះបន្ទូល ក្នុងរយៈពេលមួយពាន់ពីររយហុកសិបថ្ងៃនោះ។ ៤ អ្នកទាំងពីរនេះ គឺជាដើមអូលីវទាំងពីរ និងជាជើងចង្កៀងទាំងពីរដែលស្ថិតនៅខាងមុខព្រះអម្ចាស់នៃផែនដី។ ៥ ប្រសិនបើមាននរណា ម្នាក់ ចង់ធ្វើទុក្ខអ្នកទាំងពីរនោះនឹងមានភ្លើងចេញពីមាត់គាត់ មកឆេះបំផ្លាញមារសត្រូវរបស់គាត់ជាមិនខាន។ ប្រាកដណាស់ ប្រសិនបើអ្នកណាចង់ធ្វើទុក្ខអ្នកទាំងពីរ អ្នកនោះពិតជាត្រូវស្លាប់បែបនេះឯង។ ៦ អ្នកទាំងពីរមានអំណាច ធ្វើអោយមេឃរាំង គ្មានភ្លៀងធ្លាក់ក្នុងអំឡុងពេលដែលគាត់ថ្លែងព្រះបន្ទូល ហើយក៏មានអំណាចធ្វើអោយទឹកក្លាយទៅជាឈាម ព្រមទាំង ធ្វើអោយគ្រោះកាចគ្រប់យ៉ាងអាចកើតមាននៅលើផែនដីពេលណា ក៏បាន តាមតែគាត់ចង់។
៧ ពេលអ្នក ទាំងពីរបានផ្ដល់សក្ខីភាពរបស់ខ្លួនចប់សព្វគ្រប់ហើយ មានសត្វតិរច្ឆានឡើងពីនរកអវិចីមកច្បាំងនឹងគេ វានឹងឈ្នះ ហើយប្រហារជីវិតគេទៀតផង។ ៨ សាកសពរបស់អ្នកទាំងពីរ នឹងត្រូវទុកចោលនៅតាមទីផ្សារ ក្នុងក្រុងដ៏ធំនោះ ជាក្រុងដែលមានឈ្មោះជានិមិត្តរូប ថា “សូដុម” ឬ“អេស៊ីប” គឺនៅក្រុងនោះហើយដែលគេឆ្កាងព្រះអម្ចាស់របស់អ្នកទាំងពីរ។ ៩ មនុស្សម្នាពីចំណោម ប្រជាជននានា ពីចំណោមកុលសម្ព័ន្ធ ពីចំណោមភាសា និងពីចំណោមជាតិសាសន៍ទាំងឡាយនឹងឃើញសាកសពរបស់អ្នកទាំងពីរ ក្នុងរវាងបីថ្ងៃកន្លះ ហើយពួកគេមិនអនុញ្ញាតអោយយកសាកសពអ្នកទាំងពីរទៅបញ្ចុះក្នុងផ្នូរ ឡើយ។ ១០ មនុស្សម្នាដែលរស់នៅ ផែនដីនឹងមានចិត្តត្រេកអរ ដោយឃើញអ្នកទាំងពីរស្លាប់ គឺគេមានអំណរសប្បាយយ៉ាងខ្លាំង។ ពួកគេនឹងផ្ញើជំនូនអោយគ្នាទៅវិញទៅមក ព្រោះព្យាការី*ទាំងពីររូបបានធ្វើអោយមនុស្សម្នាដែលរស់នៅលើផែនដី រងទុក្ខលំបាកខ្លាំងណាស់។
១១ បីថ្ងៃ កន្លះក្រោយមក មានដង្ហើមជីវិតមួយចេញពីព្រះជាម្ចាស់ មកចូលក្នុងសាកសពអ្នកទាំងពីរ។ អ្នកទាំងពីរក៏ក្រោកឈរឡើង ធ្វើអោយអស់អ្នកដែលបានឃើញភ័យខ្លាចជា ខ្លាំង។ ១២ អ្នកទាំងពីរបានឮ សំឡេងមួយពីលើមេឃ បន្លឺយ៉ាងខ្លាំងមកកាន់គេថា “សូមឡើងមកនេះ!”។ អ្នកទាំងពីរក៏ឡើងទៅលើមេឃក្នុងពពក* រីឯពួកសត្រូវក៏បានឃើញដែរ។ ១៣ ខណៈនោះ ស្រាប់តែមានរញ្ជួយផែនដីយ៉ាងខ្លាំង ក្រុងរលំអស់មួយភាគដប់ មនុស្សប្រាំពីរពាន់នាក់បានបាត់បង់ជីវិតនៅពេលរញ្ជួយផែនដី។ អ្នកសល់ពីស្លាប់ភ័យញ័ររន្ធត់ នាំគ្នាលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់នៃស្ថានបរមសុខ*»។
១៤ ទុក្ខវេទនាទីពីរនេះបានកន្លងផុតទៅ ទុក្ខវេទនាទីបីនឹងមកដល់ក្នុងពេលឆាប់ៗ។
សំឡេងត្រែទីប្រាំពីរ
១៥ ទេវទូត*ទីប្រាំពីរ ផ្លុំត្រែឡើង ស្រាប់តែមានសំឡេងលាន់ឮរំពងនៅលើមេឃថា៖ «រាជ្យក្នុងលោកនេះ ត្រូវផ្ទេរថ្វាយទៅព្រះអម្ចាស់នៃយើង និងថ្វាយព្រះគ្រីស្ដរបស់ព្រះអង្គ ហើយទ្រង់នឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ!»។
១៦ ពេលនោះ ព្រឹទ្ធាចារ្យ*ទាំងម្ភៃបួនរូបដែលអង្គុយលើបល្ល័ង្កនៅខាងមុខ ព្រះជាម្ចាស់ ក៏នាំគ្នាក្រាបអោនមុខដល់ដី ហើយថ្វាយបង្គំព្រះជាម្ចាស់ ១៧ ទាំងពោលថា៖
«បពិត្រព្រះជាអម្ចាស់
ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់
ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ
ហើយក៏មានព្រះជន្មគង់នៅ
តាំងពីដើមរៀងមកដែរ!
យើងខ្ញុំសូមអរព្រះគុណព្រះអង្គ
ព្រោះទ្រង់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លា
របស់ព្រះអង្គ
មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។
១៨ ជាតិសាសន៍នានាបាននាំគ្នាខឹង
ហើយពេលដែលព្រះអង្គសំដែងព្រះពិរោធ
ក៏មកដល់ដែរ
គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោស
មនុស្សស្លាប់។
នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់
ពួកព្យាការី*ជាអ្នកបំរើរបស់ព្រះអង្គ
ដល់ប្រជាជនដ៏វិសុទ្ធ*
និងដល់អស់អ្នកដែលគោរពកោតខ្លាច
ព្រះនាមព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ
ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញ
អស់អ្នកដែលបានបំផ្លាញផែនដីដែរ»។
១៩ ពេលនោះ ទ្វារព្រះវិហារ*របស់ព្រះជាម្ចាស់នៅស្ថានបរមសុខក៏បើកចំហឡើង ហើយហិបនៃសម្ពន្ធមេត្រី*របស់ព្រះអង្គ ក៏លេចមកនៅក្នុងព្រះវិហារ ហើយក៏មានផ្លេកបន្ទោរ មានឮសូរសំឡេង មានផ្គរលាន់ មានរញ្ជួយផែនដី និងមានព្រឹលធ្លាក់មកយ៉ាងខ្លាំងផងដែរ។
ជំពូក ១២
ស្ត្រី និងនាគ
១ ពេលនោះ មានទីសំគាល់មួយយ៉ាងធំលេចចេញមកនៅលើមេឃ គឺមានស្ត្រីមួយរូបស្លៀកពាក់ព្រះអាទិត្យបិទបាំងកាយមានព្រះច័ន្ទ នៅក្រោមជើង ព្រមទាំងមានពាក់ផ្កាយដប់ពីរជាមកុដនៅលើក្បាលផង។ ២ ស្ត្រីនោះមានផ្ទៃពោះហើយកំពុងស្រែកឈឺចុកចាប់ ហៀបនឹងសំរាលបុត្រ។
៣ មានទី សំគាល់មួយទៀត លេចចេញមកនៅលើមេឃដែរ គឺមាននាគមួយយ៉ាងធំ សម្បុរក្រហមឆ្អិនឆ្អៅដូចភ្លើង។ នាគនោះមានក្បាលប្រាំពីរ និងមានស្នែងដប់ ហើយនៅលើក្បាលទាំងប្រាំពីររបស់វា មានមកុដប្រាំពីរដែរ។ ៤ កន្ទុយវាកៀរប្រមូល ផ្កាយនៅលើមេឃមួយភាគបីទម្លាក់មកផែនដី។ នាគមកពេននៅមុខស្ត្រីដែលហៀបនឹងសំរាលបុត្រ ចាំត្របាក់លេបបុត្រនៅពេលបុត្រនោះកើតមក។ ៥ នាងសំរាលបានបុត្រមួយដែលត្រូវកាន់ដំបងដែក ដឹកនាំជាតិសាសន៍ទាំងអស់។ ក៏ប៉ុន្តែ ព្រះជាម្ចាស់បានឆក់យកបុត្រនោះឡើងទៅជាមួយព្រះអង្គ គឺនៅជិតបល្ល័ង្ករបស់ព្រះអង្គ។ ៦ រីឯស្ត្រីវិញ នាងរត់ភៀសខ្លួនទៅនៅវាលរហោស្ថានត្រង់កន្លែងដែលព្រះជាម្ចាស់បាន រៀបចំទុក ដើម្បីអោយគេទំនុកបម្រុងនាង ក្នុងអំឡុងពេលមួយពាន់ពីររយហុកសិប ថ្ងៃ។ ៧ ពេលនោះ ក៏មានចំបាំងផ្ទុះឡើង នៅលើមេឃ គឺមហាទេវទូតមីកាអែល និងពួកទេវទូតរបស់លោកនាំគ្នាច្បាំងនឹងនាគ ហើយនាគរួមជាមួយពួកបរិវារវាក៏ច្បាំងតទល់វិញដែរ ៨ ក៏ប៉ុន្តែ វាច្បាំងមិនឈ្នះ ហើយរកកន្លែងស្នាក់នៅលើមេឃមិនបានទៀតឡើយ។ ៩ នាគធំនោះ ក៏ត្រូវគេទម្លាក់ចុះមក គឺនាគធំហ្នឹងឯង ជាពស់ពីបុរាណឈ្មោះមារ* ឬសាតាំងដែលបាននាំមនុស្សនៅលើផែនដីទាំងមូលអោយវង្វេង។ វាត្រូវគេទម្លាក់ចុះមកផែនដី ហើយពួកបរិវារវាក៏ត្រូវគេទម្លាក់ចុះមកជាមួយដែរ។
១០ ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំងនៅលើមេឃថា៖ «ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ ហើយឫទ្ធានុភាព និងព្រះរាជ្យ*ព្រះជាម្ចាស់របស់យើង ព្រមទាំងអំណាចព្រះគ្រីស្ដរបស់ព្រះអង្គក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯងដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខព្រះភក្ត្រនៃព្រះរបស់យើង។ ១១ បងប្អូនយើងបានឈ្នះ វា ដោយសារព្រះលោហិតរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ ហើយបងប្អូនទាំងនោះបានស៊ូប្ដូរជីវិត ឥតស្ដាយសោះឡើយ។ ១២ ហេតុនេះស្ថានបរមសុខ* និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ ចូរមានអំណរសប្បាយឡើង! រីឯផែនដី និងសមុទ្រវិញ អ្នកត្រូវវេទនាជាពុំខាន! ដ្បិតមារ*បានចុះទៅរកអ្នករាល់គ្នាទាំងមានកំរោលចូលយ៉ាងខ្លាំង ផង ព្រោះវាដឹងថា វានៅសល់ពេលតែបន្តិចប៉ុណ្ណោះ»។
១៣ កាលនាគឃើញថា ខ្លួនត្រូវគេទម្លាក់ចុះមកលើផែនដីដូច្នេះ វាក៏ដេញតាមស្ត្រីដែលបានសំរាលបុត្រ។ ១៤ នាងបានទទួលស្លាប ទាំងពីររបស់ឥន្ទ្រីដ៏ធំនោះ ដើម្បីហោះទៅកាន់វាលរហោស្ថាន គឺនៅកន្លែងរបស់នាង។ នៅទីនោះ ព្រះជាម្ចាស់នឹងទំនុកបម្រុងនាង ក្នុងរយៈពេលមួយវស្សា ពីរវស្សា និងពាក់កណ្ដាលវស្សា អោយឆ្ងាយពីមុខពស់។ ១៥ ពស់បានព្រួសទឹកចេញពីមាត់វាដូចទឹកទន្លេតាមពីក្រោយនាង ដើម្បីអោយទឹកហូរនាំយកនាងទៅ ១៦ ក៏ប៉ុន្តែ ព្រះធរណីបានជួយនាង ដោយស្រូបទឹកទន្លេដែលនាគបានព្រួសចេញពីមាត់វានោះអស់។ ១៧ នាគក្ដៅក្រហាយនឹង ស្ត្រីនោះយ៉ាងខ្លាំង វាក៏ចេញទៅធ្វើសឹកនឹងកូនចៅរបស់នាងដែលនៅសល់ គឺធ្វើសឹកនឹងអស់អ្នកដែលប្រតិបត្តិតាមវិន័យ*ទាំងប៉ុន្មានរបស់ ព្រះជាម្ចាស់ និងអស់អ្នកដែលបានជឿសក្ខីភាពរបស់ព្រះយេស៊ូ។
១៨ បន្ទាប់មក នាគក៏ទៅនៅតាមឆ្នេរខ្សាច់ នាមាត់សមុទ្រ។
ជំពូក ១៣
សត្វតិរច្ឆានដែលចេញពីសមុទ្រ
១ បន្ទាប់មកទៀត ខ្ញុំឃើញសត្វតិរច្ឆានមួយមានស្នែងដប់ និងក្បាលប្រាំពីរឡើងពីសមុទ្រមក នៅលើស្នែងទាំងដប់របស់វា មានមកុដដប់ ហើយនៅលើក្បាលទាំងប្រាំពីរ មានសរសេរឈ្មោះផ្សេងៗដែលប្រមាថព្រះជាម្ចាស់។
២ សត្វដែល ខ្ញុំឃើញនោះ មានរាងដូចជាខ្លារខិនជើងវាដូចជើងខ្លាឃ្មុំ ហើយមាត់វាដូចមាត់សឹង្ហ។ នាគបានប្រគល់ឫទ្ធានុភាព និងបល្ល័ង្ករបស់វា ព្រមទាំងអំណាចយ៉ាងធំទៅអោយសត្វនោះ។ ៣ ខ្ញុំក៏ឃើញក្បាលមួយ របស់សត្វនោះ ដូចជាត្រូវរបួសជិតស្លាប់ តែមុខរបួសដ៏ធ្ងន់ជិតស្លាប់នេះបានជាសះស្បើយឡើងវិញ។ មនុស្សម្នានៅលើផែនដីទាំងមូលកោតស្ញប់ស្ញែងយ៉ាងខ្លាំង ហើយនាំគ្នាទៅតាមសត្វនោះ។ ៤ គេនាំគ្នាក្រាប ថ្វាយបង្គំនាគ ព្រោះនាគបានប្រគល់អំណាចអោយសត្វនោះ ហើយគេក៏ក្រាបថ្វាយបង្គំសត្វនោះដែរ ទាំងពោលថា៖ «តើនរណាអាចប្រៀបផ្ទឹមនឹងសត្វនេះបាន? តើនរណាអាចច្បាំងតទល់នឹងសត្វនេះបាន?»។
៥ សត្វនោះ បានទទួលសិទ្ធិពោលពាក្យព្រហើនៗ ព្រមទាំងប្រមាថព្រះជាម្ចាស់ទៀតផង។ វាបានទទួលអំណាចបញ្ចេញសកម្មភាព ក្នុងអំឡុងពេលសែសិបពីរខែ។ ៦ វាបានហាមាត់ប្រមាថ ព្រះជាម្ចាស់ គឺវាប្រមាថព្រះនាមរបស់ព្រះអង្គ ប្រមាថព្រះពន្លា*របស់ព្រះអង្គ និងប្រមាថអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខ*។ ៧ វាបានទទួលសិទ្ធិធ្វើសឹកសង្គ្រាមជាមួយប្រជាជនដ៏វិសុទ្ធ* ព្រមទាំងមានជ័យជំនះលើពួកគេទៀតផង។ វាបានទទួលអំណាចត្រួតត្រាលើកុលសម្ព័ន្ធ* ទាំងអស់ប្រជារាស្ត្រទាំងអស់ ភាសាទាំងអស់ និងជាតិសាសន៍ទាំងអស់ ៨ ហើយមនុស្សម្នានៅលើ ផែនដីនឹងនាំគ្នាក្រាបថ្វាយបង្គំវា។ អ្នកទាំងនោះ គ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀម ដែលគេបានសម្លាប់ ជាបញ្ជីដែលមានតាំងពីដើមកំណើតពិភពលោកនោះឡើយ។
៩ ចូរផ្ទៀងត្រចៀកស្ដាប់អោយមែនទែន!។ ១០ បើអ្នកណាត្រូវជាប់ ជាឈ្លើយ អ្នកនោះមុខតែជាប់ជាឈ្លើយ អ្នកណាត្រូវស្លាប់នឹងមុខដាវ អ្នកនោះមុខតែស្លាប់នឹងមុខដាវមិនខាន។ ដូច្នេះ ប្រជាជនដ៏វិសុទ្ធ*ត្រូវមានចិត្តព្យាយាម និងមានជំនឿ។
សត្វតិរច្ឆានដែលចេញពីដី
១១ បន្ទាប់មក ខ្ញុំឃើញសត្វតិរច្ឆានមួយទៀត ផុសចេញពីដី មានស្នែងពីរដូចស្នែងកូនចៀម ហើយមានសំឡេងដូចនាគ។ ១២ សត្វនោះបានយកអំណាច ទាំងអស់របស់សត្វទីមួយមកប្រើ នៅចំពោះមុខសត្វទីមួយទាំងនាំផែនដី និងមនុស្សដែលរស់នៅលើផែនដីអោយក្រាបថ្វាយបង្គំសត្វទីមួយ ដែលមានរបួសជិតស្លាប់ ហើយបានជាសះស្បើយវិញនោះផង។ ១៣ សត្វនោះបានសំដែងទីសំគាល់ដ៏សម្បើមអស្ចារ្យ រហូតដល់ទៅធ្វើអោយមានភ្លើងធ្លាក់ចុះពីលើមេឃមកផែនដី អោយមនុស្សលោកឃើញ។ ១៤ វាបាននាំមនុស្សដែល រស់នៅលើផែនដីនេះអោយវង្វេង ដោយធ្វើទីសំគាល់ផ្សេងៗនៅមុខសត្វទីមួយ តាមអំណាចដែលវាបានទទួល។ វាប្រាប់មនុស្សរស់នៅលើផែនដីអោយឆ្លាក់រូបសត្វ ដែលត្រូវរបួសនឹងមុខដាវ ហើយបានរួចជីវិតនោះ។ ១៥ វាបានទទួលអំណាចធ្វើ អោយរូបចម្លាក់ សត្វនោះមានដង្ហើមឡើង ដើម្បីនិយាយស្ដីបាន និងប្រហារជីវិតអស់អ្នកដែលពុំព្រមក្រាបថ្វាយបង្គំរូបចម្លាក់សត្វ នោះ ១៦ វាបានបង្ខំមនុស្ស ទាំងអស់ ទាំងអ្នកតូច ទាំងអ្នកធំ ទាំងអ្នកមាន ទាំងអ្នកក្រ ទាំងអ្នកជា ទាំងអ្នកងារ អោយទទួលសញ្ញាសំគាល់មួយនៅលើដៃស្ដាំ ឬនៅលើថ្ងាស។ ១៧ ប្រសិនបើគ្មានសញ្ញា សំគាល់នេះ គ្មានឈ្មោះរបស់សត្វ ឬគ្មានលេខសំគាល់ឈ្មោះរបស់សត្វនោះទេ គ្មាននរណាម្នាក់មានសិទ្ធិទិញ ឬលក់អ្វីបានសោះឡើយ។ ១៨ ត្រង់ហ្នឹងហើយដែល ត្រូវមានប្រាជ្ញារិះគិត!។ អ្នកណាឆ្លាត ចូរយកលេខសំគាល់របស់សត្វនោះទៅគិតមើលទៅ ដ្បិតលេខនេះ ជាលេខរបស់មនុស្ស គឺប្រាំមួយរយហុកសិបប្រាំមួយ។
ជំពូក ១៤
កូនចៀម និងអស់អ្នកដែលព្រះអង្គបានលោះ
១ ខ្ញុំមើលទៅឃើញកូនចៀម ឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់នៅជាមួយព្រះអង្គ អ្នកទាំងនេះមានព្រះនាមកូនចៀម និងព្រះនាមព្រះបិតារបស់ព្រះអង្គចារនៅលើថ្ងាស។ ២ ខ្ញុំឮសំឡេងមួយបន្លឺ ពីលើមេឃមក ស្នូរសន្ធឹកដូចមហាសាគរ ឬដូចផ្គរលាន់យ៉ាងខ្លាំង។ សំឡេងដែលខ្ញុំឮ មានសំនៀងដូចពួកអ្នកលេងពិណកំពុងប្រគំតូរ្យតន្ត្រី។ ៣ អ្នកទាំងនេះច្រៀង ចំរៀងថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន និងនៅមុខពួកព្រឹទ្ធាចារ្យ។ គ្មាននរណាម្នាក់អាចរៀនចំរៀងនោះចេះឡើយ លើកលែងតែមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ ដែលព្រះជាម្ចាស់បានលោះពីផែនដីមក។ ៤ អ្នកទាំងនេះសុទ្ធតែ ជាមនុស្សដែលពុំបានធ្វើអោយខ្លួនសៅហ្មងនឹងស្ត្រីៗឡើយ គឺគេនៅព្រហ្មចារីទាំងអស់គ្នា។ កូនចៀមទៅទីណា គេក៏នាំគ្នាទៅទីនោះតាមព្រះអង្គដែរ។ ព្រះអង្គបានលោះគេចេញពីចំណោមមនុស្សលោកមក ទុកជាផលដំបូងថ្វាយព្រះជាម្ចាស់ និងថ្វាយកូនចៀម ៥ ហើយអ្នកទាំងនោះក៏មិនដែលពោលពាក្យកុហកដែរ គឺគេឥតមានសៅហ្មងត្រង់ណាសោះឡើយ។
ប្រកាសអំពីការវិនិច្ឆ័យទោស
៦ ខ្ញុំឃើញទេវទូត*មួយរូប ទៀត ហោះកណ្ដាលអាកាសវេហាស៍ ទេវទូតនោះនាំដំណឹងល្អ*មួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច មកប្រាប់មនុស្សគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ប្រជាជនដែលរស់នៅលើផែនដី។ ៧ ទេវទូតបន្លឺសំឡេងយ៉ាង ខ្លាំងៗថា៖ «ចូរនាំគ្នាគោរពកោតខ្លាចព្រះជាម្ចាស់ និងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដ្បិតដល់ពេលព្រះអង្គវិនិច្ឆ័យទោសហើយ! ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ ព្រមទាំងប្រភពទឹកទាំងឡាយ!»។
៨ មានទេវទូត មួយរូបទៀត មកតាមក្រោយពោលថា៖ «រលំហើយ! រលំហើយ! ក្រុងបាប៊ីឡូនមហានគរ ដែលបាននាំជាតិសាសន៍ទាំងប៉ុន្មាន អោយស្រវឹងនឹងកាមគុណដ៏ថោកទាបបំផុតរបស់វា!»។
៩ មានទេវទូត មួយរូបទៀត ជាទេវទូតទីបី មកតាមក្រោយ ពោលឡើងយ៉ាងខ្លាំងថា៖ «អ្នកណាក្រាបថ្វាយបង្គំសត្វតិរច្ឆាននោះ និងក្រាបថ្វាយបង្គំរូបចម្លាក់របស់វា ព្រមទាំងទទួលសញ្ញាសំគាល់នៅលើថ្ងាស ឬនៅលើដៃ ១០ អ្នកនោះនឹងត្រូវ ទទួលទណ្ឌកម្មពីព្រះជាម្ចាស់ ព្រះអង្គនឹងវិនិច្ឆ័យទោសគេឥតត្រាប្រណីឡើយ ហើយគេនឹងត្រូវរងទុក្ខទោសនៅក្នុងភ្លើង និងក្នុងស្ពាន់ធ័រ នៅចំពោះមុខពួកទេវទូតដ៏វិសុទ្ធ* និងនៅចំពោះព្រះភក្ត្ររបស់កូនចៀម។ ១១ ផ្សែងភ្លើងដែលធ្វើ អោយគេរងទុក្ខទោស ហុយអស់កល្បជាអង្វែងតរៀងទៅ។ អស់អ្នកដែលបានក្រាបថ្វាយបង្គំសត្វតិរច្ឆាន និងក្រាបថ្វាយបង្គំរូបចម្លាក់របស់វា ហើយបានទទួលសញ្ញាសម្គាល់ឈ្មោះរបស់វា មុខជាត្រូវវេទនា ទាំងថ្ងៃទាំងយប់ ឥតស្រាកស្រាន្តឡើយ»។
១២ ដូច្នេះ ប្រជាជនដ៏វិសុទ្ធ* គឺអស់អ្នកដែលប្រតិបត្តិតាមបទបញ្ជា*ទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ និងកាន់តាមជំនឿរបស់ព្រះយេស៊ូ ត្រូវមានចិត្តព្យាយាម។
១៣ ខ្ញុំឮ សំឡេងមួយ បន្លឺពីលើមេឃមកថា៖ «ចូរសរសេរដូចតទៅៈ អស់អ្នកដែលស្លាប់រួមជាមួយព្រះអម្ចាស់ ពិតជាមានសុភមង្គល*ចាប់តាំងពីពេលនេះទៅហើយ! ព្រះវិញ្ញាណមានព្រះបន្ទូលថា ពិតមែនហើយ អ្នកទាំងនោះនឹងបានឈប់សំរាក លែងនឿយហត់ទៀត ដ្បិតកិច្ចការដែលគេបានប្រព្រឹត្តទាំងប៉ុន្មាន នឹងអន្ទោលតាមគេជាប់ជានិច្ច»។
ការច្រូតកាត់ និងការបេះផ្លែទំពាំងបាយជូរ
១៤ ខ្ញុំមើលទៅឃើញពពក* សមួយដុំ ហើយមានម្នាក់ដូចបុត្រមនុស្ស* អង្គុយលើពពកនោះ។ លោកពាក់មកុដមាសនៅលើក្បាល ព្រមទាំងកាន់កណ្ដៀវមួយយ៉ាងមុតនៅដៃផង។ ១៥ មានទេវទូតមួយរូបទៀត ចេញពីព្រះវិហារមក ហើយស្រែកឡើងខ្លាំងៗទៅកាន់លោកដែលអង្គុយលើពពកថា៖ «សូមយកកណ្ដៀវរបស់លោកមកច្រូតទៅ! ដល់ពេលច្រូតហើយ ដ្បិតផែនដីទុំ ល្មមច្រូតហើយ»។ ១៦ ពេលនោះ លោកដែលអង្គុយនៅលើពពកបោះកណ្ដៀវមកផែនដី ផែនដីក៏ច្រូតស្រេចរួចរាល់។
១៧ មានទេវទូតមួយរូបទៀត ចេញពីព្រះវិហារនៅស្ថានបរមសុខ*មក លោកក៏មានកាំបិតមួយដ៏មុតដែរ។ ១៨ ទេវទូតមួយរូបទៀតដែល មានអំណាចលើភ្លើងបានចេញពីអាសនៈមក ពោលខ្លាំងៗទៅកាន់ទេវទូតដែលកាន់កាំបិតដ៏មុតថា៖ «សូមយកកាំបិតដ៏មុតរបស់លោក មកកាត់ចង្កោមទំពាំងបាយជូរនៅលើផែនដីទៅ ដ្បិតផ្លែវាទុំអស់ហើយ!»។ ១៩ ទេវទូតនោះបោះកាំបិត របស់លោកមកលើផែនដី ផ្លែទំពាំងបាយជូរនៅលើផែនដីក៏កាត់រួចរាល់ជាស្រេច ហើយលោកបោះផ្លែទំពាំងបាយជូរទៅក្នុងធុងបញ្ជាន់ផ្លែ ជាធុងនៃព្រះពិរោធដ៏ខ្លាំងរបស់ព្រះជាម្ចាស់។ ២០ បន្ទាប់មក គេយកធុងចេញទៅក្រៅទីក្រុង ដើម្បីបញ្ជាន់ផ្លែ ពេលនោះ មានឈាមហូរចេញពីធុងមកមានកំពស់ត្រឹមមាត់សេះ ចម្ងាយប្រមាណមួយពាន់ប្រាំមួយរយស្ដាដ។
ជំពូក ១៥
ទេវទូតប្រាំពីររូប និងគ្រោះកាចចុងក្រោយ
១ បន្ទាប់មក ខ្ញុំឃើញទីសំគាល់មួយទៀតនៅលើមេឃ ជាទីសំគាល់យ៉ាងធំគួរស្ញែងខ្លាច គឺមានទេវទូត*ប្រាំពីររូបកាន់គ្រោះកាចប្រាំពីរ ដែលជាគ្រោះកាចចុងក្រោយបង្អស់ ដ្បិតគ្រោះកាចទាំងនេះនឹងធ្វើអោយព្រះជាម្ចាស់ឈប់ព្រះពិរោធ*។
២ បន្ទាប់មកទៀត ខ្ញុំឃើញដូចជាមានសមុទ្រមួយភ្លឺដូចកែវលាយជាមួយនឹងភ្លើង ហើយអស់អ្នកដែលបានឈ្នះសត្វតិរច្ឆាន និងឈ្នះរូបចម្លាក់របស់វា ព្រមទាំងឈ្នះលេខឈ្មោះរបស់វា ឈរនៅលើសមុទ្រកែវនោះ។ ពួកគេកាន់ពិណរបស់ព្រះជាម្ចាស់ ៣ ហើយនាំគ្នាច្រៀងចំរៀងរបស់លោកម៉ូសេជាអ្នកបំរើរបស់ព្រះជាម្ចាស់ និងចំរៀងរបស់កូនចៀមថា៖
«ឱព្រះជាអម្ចាស់ដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់អើយ ស្នាព្រះហស្ដរបស់ព្រះអង្គប្រសើរឧត្ដមគួរអោយកោតស្ញប់ស្ញែងពន់ពេកណាស់! ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់! ៤ បពិត្រព្រះអម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ! តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ! ដ្បិតមានតែព្រះអង្គប៉ុណ្ណោះជាព្រះដ៏វិសុទ្ធ។ មនុស្សគ្រប់ជាតិសាសន៍ នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌»។
៥ ក្រោយមកទៀត ខ្ញុំមើលទៅ ឃើញព្រះវិហារនៅស្ថានបរមសុខ ដែលមានព្រះពន្លានៃសក្ខីភាពបើកទ្វារចំហ។ ៦ ទេវទូតទាំងប្រាំពីររូប ដែលកាន់គ្រោះកាចទាំងប្រាំពីរ ក៏ចេញពីព្រះវិហារមក មានសម្លៀកបំពាក់ ធ្វើពីក្រណាត់ទេសឯកសុទ្ធដ៏ភ្លឺផ្លេក ហើយមានខ្សែក្រវាត់មាសនៅដើមទ្រូងផង។ ៧ សត្វមានជីវិតមួយក្នុង ចំណោមសត្វមានជីវិតទាំងបួន បានប្រគល់ពែងមាសប្រាំពីរ ជូនទេវទូតទាំងប្រាំពីររូប។ ពែងទាំងនោះពេញទៅដោយព្រះពិរោធរបស់ព្រះជាម្ចាស់ ដែលគង់នៅអស់កល្បជាអង្វែងតរៀងទៅ។ ៨ ព្រះវិហារក៏ពោរពេញទៅ ដោយផ្សែង ដែលចេញពីសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងពីឫទ្ធានុភាពរបស់ព្រះអង្គ ហើយគ្មាននរណាអាចចូលទៅក្នុងព្រះវិហារបានឡើយ ទាល់តែគ្រោះកាចទាំងប្រាំពីររបស់ទេវទូតទាំងប្រាំពីរបានចប់សព្វ គ្រប់ជាមុនសិន។
ជំពូក ១៦
ពែងមាសទាំងប្រាំពីរ
១ ខ្ញុំបានឮសំឡេងមួយ យ៉ាងខ្លាំងចេញពីព្រះវិហារ បន្លឺទៅកាន់ទេវទូតទាំងប្រាំពីរថា៖ «ចូរនាំគ្នាទៅ ហើយយកពែងទាំងប្រាំពីរ នៃព្រះពិរោធរបស់ព្រះជាម្ចាស់ចាក់លើផែនដីទៅ!»។
២ ទេវទូតទី មួយចេញទៅ យកពែងរបស់ខ្លួនចាក់លើផែនដី ស្រាប់តែ អស់អ្នកដែលមានសញ្ញាសំគាល់របស់សត្វតិរច្ឆាន ហើយដែលក្រាបថ្វាយបង្គំរូបចម្លាក់របស់វា កើតដំបៅរលួយឈឺចុកចាប់យ៉ាងខ្លាំង។
៣ ទេវទូតទី ពីរយកពែងរបស់ខ្លួនចាក់លើសមុទ្រ ស្រាប់តែសមុទ្រក្លាយទៅជាឈាម ដូចឈាមហូរចេញពីសាកសព ហើយអ្វីៗទាំងប៉ុន្មានដែលមានជីវិតក្នុងសមុទ្រក៏ស្លាប់អស់ទៅ។
៤ ទេវទូតទីបីយកពែងរបស់ខ្លួនចាក់លើទន្លេ និងប្រភពទឹកនានា ស្រាប់តែទន្លេ និងប្រភពទឹកក្លាយទៅជាឈាមទាំងអស់។ ៥ ខ្ញុំឮទេវទូតម្ចាស់ទឹក ពោលថា៖ «បពិត្រព្រះអង្គ ដ៏មានព្រះជន្មគង់នៅសព្វថ្ងៃ និងមានព្រះជន្មគង់នៅតាំងពីដើមរៀងមក ព្រះអង្គពិតជាវិសុទ្ធ ហើយទ្រង់វិនិច្ឆ័យទោសដោយយុត្តិធម៌មែន!៦ ដ្បិតអ្នកទាំងនោះបាន បង្ហូរឈាមប្រជាជនដ៏វិសុទ្ធ* និងបង្ហូរឈាមពួកព្យាការី* ព្រះអង្គអោយឈាមគេផឹកដូច្នេះ សមមុខពួកគេហើយ»។ ៧ ខ្ញុំឮសំឡេងមួយចេញពី អាសនៈមកថា៖ «ប្រាកដមែន! បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គវិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌ពិតមែនហើយ!»។
៨ ទេវទូតទីបួន យកពែងរបស់ខ្លួនចាក់ទៅលើព្រះអាទិត្យ ស្រាប់តែព្រះអាទិត្យទទួលអំណាចធ្វើអោយមនុស្សក្ដៅក្រហល់ក្រហាយ។ ៩ មនុស្សម្នាត្រូវរលាក ដោយកំដៅថ្ងៃយ៉ាងខ្លាំង គេនាំគ្នាជេរប្រមាថព្រះនាមព្រះជាម្ចាស់ ដែលមានអំណាចលើគ្រោះកាចទាំងនេះ តែគេពុំបានកែប្រែចិត្តគំនិត ហើយពុំព្រមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គឡើយ។
១០ ទេវទូត ទីប្រាំយកពែងរបស់ខ្លួនចាក់ទៅលើបល្ល័ង្ករបស់សត្វតិរច្ឆាន ស្រាប់តែអាណាចក្ររបស់វាប្រែទៅជាងងឹតសូន្យ មនុស្សម្នានាំគ្នាខាំអណ្ដាតរបស់ខ្លួន ព្រោះវេទនាខ្លាំងពេក។ ១១ គេនាំគ្នាជេរប្រមាថ ព្រះជាម្ចាស់នៃស្ថានបរមសុខ* ព្រោះតែឈឺចុកចាប់ និងកើតដំបៅពេញខ្លួន។ ប៉ុណ្ណឹងហើយ ពួកគេនៅតែមិនកែប្រែចិត្តគំនិត លះបង់អំពើដែលខ្លួនធ្លាប់ប្រព្រឹត្តនោះឡើយ។
១២ ទេវទូត ទីប្រាំមួយយកពែងរបស់ខ្លួនចាក់ទៅលើទន្លេធំ គឺទន្លេអឺប្រាត ស្រាប់តែទឹករីងអស់ ដើម្បីអោយទន្លេទៅជាផ្លូវមួយចាំទទួលស្ដេចនានាមកពីបូព៌ាប្រទេស។ ១៣ ខ្ញុំឃើញវិញ្ញាណ អាក្រក់បី ដែលមានរូបរាងដូចកង្កែបមួយចេញពីមាត់នាគ មួយចេញពីមាត់សត្វតិរច្ឆាន និងមួយទៀតចេញពីមាត់ព្យាការីក្លែងក្លាយ ១៤ គឺជាវិញ្ញាណរបស់ពួកខ្មោច។ វាសំដែងទីសំគាល់ផ្សេងៗ និងចេញទៅប្រមូលស្ដេចនៅលើផែនដីទាំងមូលអោយធ្វើសឹកសង្គ្រាម នៅថ្ងៃដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ១៥ («មើល៍! យើងនឹងមកដូចចោរចូលលួច។ អ្នកណាប្រុងស្មារតី ហើយមានសម្លៀកបំពាក់បិទបាំងកាយ ឥតនៅអាក្រាតអោយគេឃើញកេរខ្មាស អ្នកនោះពិតជាមានសុភមង្គល*ហើយ!»)។ ១៦ វិញ្ញាណអាក្រក់នឹងប្រមូលស្ដេចទាំងនោះអោយមកជួបជុំគ្នានៅកន្លែងមួយ ដែលមានឈ្មោះជាភាសាហេប្រឺថា «ហារម៉ាគេដូន»។
១៧ ទេវទូត ទីប្រាំពីរយកពែងរបស់ខ្លួនចាក់ទៅលើអាកាស ស្រាប់តែមានសំឡេងមួយបន្លឺឡើងយ៉ាងខ្លាំងចេញពីបល្ល័ង្កក្នុង ព្រះវិហារ*ថា៖ «រួចរាល់ស្រេចអស់ហើយ!»។ ១៨ ពេលនោះ មានផ្លេកបន្ទោរ មានឮសំឡេង មានផ្គរលាន់ និងមានរញ្ជួយផែនដីយ៉ាងខ្លាំងចាប់តាំងពីមានមនុស្សរស់នៅលើផែនដី មក មិនដែលមានរញ្ជួយផែនដីខ្លាំងយ៉ាងនេះទេ។ ១៩ មហានគរនោះបានបែកជា បី រីឯក្រុងនានារបស់ជាតិសាសន៍ទាំងប៉ុន្មានបានរលំអស់ ពេលនោះ ព្រះជាម្ចាស់បាននឹកដល់មហានគរបាប៊ីឡូន ព្រះអង្គបានអោយក្រុងនេះផឹកស្រាពីពែង នៃព្រះពិរោធដ៏ខ្លាំងបំផុត របស់ព្រះអង្គ។ ២០ កោះទាំងប៉ុន្មាននឹងរសាត់បាត់អស់ទៅ ហើយភ្នំទាំងឡាយក៏លែងមានទៀតដែរ។ ២១ ពេលនោះ មានព្រឹលធ្លាក់មកយ៉ាងខ្លាំង គ្រាប់ព្រឹលនីមួយៗមានទម្ងន់ប្រមាណជាងមួយចុង ធ្លាក់ចុះពីលើមេឃមកលើមនុស្សលោក។ គេក៏នាំគ្នាជេរប្រមាថព្រះជាម្ចាស់ ព្រោះតែគ្រោះកាចដែលកើតមានពីព្រឹលនោះ ជាគ្រោះកាចដ៏ខ្លាំងបំផុត។
ជំពូក ១៧
ការវិនិច្ឆ័យទោសស្ត្រីពេស្យា
១ បន្ទាប់មក ទេវទូត*មួយរូបក្នុងចំណោមទេវទូតទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ចូលមកនិយាយនឹងខ្ញុំថា៖ «សុំអញ្ជើញមក ខ្ញុំនឹងបង្ហាញអោយលោកឃើញការវិនិច្ឆ័យទោសស្ត្រីពេស្យាដ៏មាន ឈ្មោះល្បី ដែលអង្គុយលើមហាសមុទ្រ។ ២ ស្ដេចនៅផែនដីបាននាំ គ្នាប្រាសចាកសីលធម៌ជាមួយស្ត្រីនោះ ហើយមនុស្សម្នានៅលើផែនដី ក៏បាននាំគ្នាស្រវឹងនឹងកាមគុណជាមួយនាងដែរ»។
៣ ទេវទូតនោះ បានលើកវិញ្ញាណខ្ញុំឡើងនាំទៅកាន់វាលរហោស្ថាន*។ នៅទីនោះ ខ្ញុំឃើញស្ត្រីម្នាក់អង្គុយលើសត្វមួយសម្បុរក្រហមឆ្អិនឆ្អៅ ដែលមានសរសេរឈ្មោះផ្សេងៗពេញខ្លួនវា ជាឈ្មោះប្រមាថព្រះជាម្ចាស់។ សត្វនោះមានក្បាលប្រាំពីរ និងមានស្នែងដប់។ ៤ ស្ត្រីនោះស្លៀកពាក់ ពណ៌ស្វាយ និងពណ៌ក្រហមឆ្អិនឆ្អៅ ព្រមទាំងតុបតែងខ្លួនដោយពាក់មាស ត្បូង និងពេជ្រទៀតផង។ នាងកាន់ពែងមាសមួយនៅដៃ ពោរពេញទៅដោយអំពើគួរអោយស្អប់ខ្ពើម និងកាមគុណដ៏ថោកទាបរបស់នាង។ ៥ នៅលើថ្ងាសនាងមានចារ ឈ្មោះមួយដ៏អាថ៌កំបាំង គឺ «មហានគរបាប៊ីឡូន ជាម្ដាយរបស់ពួកស្ត្រីពេស្យា និងជាប្រភពនៃអំពើគួរអោយស្អប់ខ្ពើមនៅលើផែនដី»។ ៦ ខ្ញុំឃើញស្ត្រីនោះ ស្រវឹងឈាមរបស់ប្រជាជនដ៏វិសុទ្ធ* និងឈាមអស់អ្នកដែលជាបន្ទាល់របស់ព្រះយេស៊ូ។ ពេលឃើញស្ត្រីនោះ ខ្ញុំងឿងឆ្ងល់ខ្លាំងណាស់។ ៧ ទេវទូតពោលមកកាន់ខ្ញុំ ថា៖ «ហេតុអ្វីបានជាលោកងឿងឆ្ងល់ដូច្នេះ? ខ្ញុំនឹងប្រាប់លោកអោយបានដឹងអត្ថន័យដ៏អាថ៌កំបាំងអំពីស្ត្រីនោះ និងអំពីសត្វដែលនាងជិះ មានក្បាលប្រាំពីរ និងស្នែងដប់។ ៨ សត្វដែលលោកឃើញនោះ នៅសម័យដើមមានជីវិត តែឥឡូវនេះ គ្មានទៀតទេ ហើយវានឹងឡើងពីនរកអវិចីមក រួចវានឹងវិនាសបាត់ទៅវិញ។ ពេលឃើញសត្វនោះ មនុស្សម្នារស់នៅលើផែនដីដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត តាំងពីមុនកំណើតពិភពលោកមក នឹងងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះនៅសម័យដើមវាមានជីវិត តែឥឡូវនេះ គ្មានទៀតទេ ហើយវានឹងលេចមកសាជាថ្មី។ ៩ ត្រង់នេះ តោងយកប្រាជ្ញាដ៏ឈ្លាសវៃមករិះគិតទើបយល់ៈ ក្បាលប្រាំពីរ សំដៅទៅលើភ្នំទាំងប្រាំពីរដែលស្ត្រីនោះអង្គុយលើ ហើយក៏សំដៅទៅលើស្ដេចទាំងប្រាំពីរអង្គដែរ។ ១០ ស្ដេចប្រាំអង្គបាន ធ្លាក់រាជ្យបាត់ទៅហើយ មួយអង្គទៀត កំពុងតែសោយរាជ្យ ហើយមួយអង្គទៀតមិនទាន់មកដល់នៅឡើយទេ។ ពេលស្ដេចនោះមកដល់ ទ្រង់នឹងសោយរាជ្យតែមួយភ្លែតប៉ុណ្ណោះ។ ១១ រីឯសត្វតិរច្ឆានដែល មានជីវិតកាលពីសម័យដើម តែឥឡូវគ្មានទេនោះ វានឹងមកធ្វើជាស្ដេចទីប្រាំបី។ វាក៏នៅក្នុងចំណោមស្ដេចទាំងប្រាំពីរនោះដែរ ហើយនឹងត្រូវវិនាសបាត់ទៅ។ ១២ ស្នែងទាំងដប់ដែលលោក បានឃើញ សំដៅទៅលើស្ដេចដប់អង្គដែលពុំទាន់បានទទួលរាជសម្បត្តិនៅឡើយ តែស្ដេចទាំងនោះនឹងទទួលអំណាច ធ្វើជាស្ដេចបានមួយម៉ោងរួមជាមួយសត្វតិរច្ឆាន។ ១៣ ស្ដេចទាំងនោះមានគោលបំណងតែមួយដូចគ្នា គឺប្រគល់ឫទ្ធានុភាព និងអំណាចខ្លួន ទៅអោយសត្វតិរច្ឆាន។ ១៤ ស្ដេចទាំងដប់នឹងនាំ គ្នាធ្វើសឹកជាមួយកូនចៀម តែកូនចៀមនឹងឈ្នះស្ដេចទាំងដប់ ដ្បិតព្រះអង្គជាព្រះអម្ចាស់លើអម្ចាស់នានា និងជាព្រះមហាក្សត្រ លើមហាក្សត្រនានា។ រីឯអស់អ្នកដែលនៅជាមួយកូនចៀម គឺអ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ និងបានជ្រើសរើស ហើយដែលមានជំនឿដ៏ស្មោះ ក៏នឹងមានជ័យជំនះ រួមជាមួយកូនចៀមដែរ»។
១៥ ទេវទូត ពោលមកកាន់ខ្ញុំទៀតថា៖ «មហាសមុទ្រដែលលោកបានឃើញ គឺមហាសមុទ្រដែលស្ត្រីពេស្យាអង្គុយលើនោះ សំដៅទៅលើប្រជារាស្ត្រ មហាជន ជាតិសាសន៍ និងភាសានានា។ ១៦ រីឯស្នែងទាំងដប់ដែល លោកបានឃើញ ព្រមទាំងសត្វតិរច្ឆាន នឹងនាំគ្នាស្អប់ស្ត្រីពេស្យានោះ ហើយធ្វើអោយនាងនៅស្ងាត់ជ្រងំទាំងសម្រាតនាងអោយនៅខ្លួនទទេ គេនឹងស៊ីសាច់នាង និងយកនាងទៅដុតក្នុងភ្លើងទៀតផង ១៧ ដ្បិតព្រះជាម្ចាស់បាន បណ្ដាលអោយពួកគេមានចិត្ត ធ្វើតាមផែនការរបស់ព្រះអង្គ គឺមូលមតិគ្នាប្រគល់រាជសម្បត្តិទៅអោយសត្វតិរច្ឆាន រហូតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានសំរេចគ្រប់ប្រការ។ ១៨ រីឯស្ត្រីដែលលោកបានឃើញនោះ គឺជាមហានគរដែលគ្រងរាជ្យលើស្ដេចនានានៅលើផែនដី»។
ជំពូក ១៨
ក្រុងបាប៊ីឡូនរលំ
១ ក្រោយមក ខ្ញុំឃើញទេវទូត*មួយរូបទៀត មានអំណាចដ៏ខ្លាំងពូកែ ចុះពីលើមេឃមក ហើយសិរីរុងរឿងរបស់ទេវទូតនោះភ្លឺចាំងមកលើផែនដី។ ២ លោកបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថា៖ «រលំហើយ! មហានគរបាប៊ីឡូនបានរលំហើយ!។ ក្រុងនេះបានក្លាយទៅជាលំនៅរបស់ខ្មោច ជាជំរករបស់វិញ្ញាណអាក្រក់ទាំងអស់ ហើយក៏ជាជំរករបស់សត្វស្លាបទាំងប៉ុន្មានដែលមិនបរិសុទ្ធ គួរអោយខ្ពើម ៣ ព្រោះក្រុងនេះបាននាំ សាសន៍ទាំងប៉ុន្មាន អោយស្រវឹងនឹងកាមគុណដ៏ថោកទាបបំផុតរបស់វា។ ពួកស្ដេចនៅលើផែនដីនាំគ្នាប្រាសចាកសីលធម៌ជាមួយក្រុងនេះ ហើយពួកឈ្មួញនៅលើផែនដីរកស៊ីមានបានក៏ដោយសារតែឫទ្ធានុភាពនៃ ទ្រព្យសម្បត្តិដ៏ហូរហៀររបស់ក្រុងនេះដែរ»។
៤ ខ្ញុំឮ សំឡេងមួយទៀតពីលើមេឃមកថា៖ «ប្រជារាស្ត្ររបស់យើងអើយ! ចូរនាំគ្នាចាកចេញពីក្រុងនេះទៅ ដើម្បីកុំអោយចូលរួមនឹងអំពើបាបរបស់គេ ហើយរងគ្រោះកាចជាមួយគេឡើយ ៥ ដ្បិតបាបរបស់ក្រុងនេះគរឡើងខ្ពស់ដល់មេឃ ព្រះជាម្ចាស់នៅតែនឹកឃើញអំពើទុច្ចរិតរបស់គេ។ ៦ ចូរសងទៅក្រុងនេះអោយ សមនឹងអំពើដែលខ្លួនបានប្រព្រឹត្ត បើគេប្រព្រឹត្តយ៉ាងណាត្រូវតបស្នងទៅគេវិញមួយជាពីរ ហើយចាក់បំពេញពែង ដែលគេបានប្រុងប្រៀបស្រេចហើយនោះ មួយជាពីរដែរ!៧ ក្រុងនេះបានតម្កើង ខ្លួន និងរស់នៅយ៉ាងសម្បូរហូរហៀរដល់កំរិតណា ត្រូវធ្វើអោយគេវេទនាខ្លោចផ្សា និងកាន់ទុក្ខដល់កំរិតនោះដែរ ដ្បិតគេបាននិយាយក្នុងចិត្តថាៈ“អញអង្គុយសោយរាជ្យ ក្នុងឋានៈជាមហាក្សត្រិយានី អញមិនមែនជាស្ត្រីមេម៉ាយទេ ហើយអញនឹងមិនកាន់ទុក្ខឡើយ!”។ ៨ ហេតុនេះគ្រោះកាច ផ្សេងៗនឹងកើតមានដល់ក្រុងនេះ ក្នុងថ្ងៃតែមួយ គឺអ្នកក្រុងនឹងត្រូវស្លាប់ កាន់ទុក្ខ ស្រេកឃ្លាន ហើយនឹងមានភ្លើងឆេះបំផ្លាញក្រុងថែមទៀតផង ដ្បិតព្រះជាអម្ចាស់ដែលវិនិច្ឆ័យទោសក្រុងនេះ ទ្រង់ប្រកបដោយឥទ្ធិឫទ្ធិ។ ៩ ពេលស្ដេចនានានៅលើ ផែនដីដែលបានប្រាសចាកសីលធម៌ ជាមួយក្រុងនេះ ព្រមទាំងឈ្លក់នឹងទ្រព្យសម្បត្តិដ៏ហូរហៀររបស់វា ឃើញផ្សែងហុយឡើងពីក្រុងដែលកំពុងតែឆេះ មុខជាយំសោកសង្រេងអាណិតក្រុងនេះមិនខាន។ ១០ ស្ដេចទាំងនោះឈរពី ចម្ងាយ ដោយតក់ស្លុតនឹងទុក្ខទោស ដែលកើតមានដល់ក្រុងនេះ ហើយនាំគ្នាពោលថា “វេទនាហើយ! វេទនាហើយមហានគរអើយ! ក្រុងបាប៊ីឡូនដ៏ខ្លាំងពូកែអើយ! ក្នុងរយៈពេលតែមួយម៉ោង អ្នកត្រូវវិនាសអន្តរាយអស់”។ ១១ ពេលនោះ ពួកឈ្មួញនៅលើផែនដី ក៏នាំគ្នាយំសោក និងកាន់ទុក្ខ ព្រោះតែក្រុងនេះដែរ ដ្បិតគ្មាននរណាទិញទំនិញរបស់ខ្លួនទៀតឡើយ ១២ ទំនិញទាំងនោះ គឺមាស ប្រាក់ ត្បូង ពេជ្រ ក្រណាត់ទេសឯក ក្រណាត់ពណ៌ស្វាយ ក្រណាត់សូត្រ ក្រណាត់ពណ៌ក្រហម ឈើក្រអូបគ្រប់មុខ គ្រឿងភ្លុក គ្រឿងផ្សេងៗដែលធ្វើពីឈើដ៏មានតម្លៃ ធ្វើពីលង្ហិន ធ្វើពីដែក និងធ្វើពីថ្មកែវ ១៣ សំបកសម្បុរល្វែង សំបកខ្លឹមចន្ទន៍ ទឹកអប់ ជ័រល្វីងទេស គ្រឿងក្រអូប ស្រា ប្រេង ម្សៅម៉ដ្ដ ស្រូវ គោ ចៀម សេះ រទេះ អ្នកងារ និងអ្នកជាប់ឈ្លើយ។ ១៤ ពួកឈ្មួញទាំងនោះពោល ទៅកាន់ក្រុងបាប៊ីឡូនថាៈ “ភោគផលទាំងប៉ុន្មានដែលអ្នកប្រាថ្នាចង់បាននោះ រសាត់បាត់អស់ទៅហើយ វត្ថុដ៏មានតម្លៃ និងមានលំអដ៏ប្រណីតទាំងប៉ុន្មាននោះ អ្នកបាត់បង់ទាំងអស់ គ្មាននរណារកបានទៀតឡើយ!”។ ១៥ ពួកឈ្មួញដែលរកស៊ី មានបាន ដោយលក់ទំនិញនៅក្រុងនេះ នាំគ្នាឈរពីចម្ងាយ ដោយតក់ស្លុតនឹងទុក្ខទោសដែលកើតមានដល់ក្រុង ទាំងយំសោក និងកាន់ទុក្ខទៀតផង។ ១៦ គេពោលថា “វេទនាហើយ! វេទនាហើយមហានគរដែលមានសម្លៀកបំពាក់ធ្វើពីក្រណាត់ទេសឯក ក្រណាត់ពណ៌ស្វាយ និងពណ៌ក្រហមឆ្អិនឆ្អៅ ព្រមទាំងពាក់មាសត្បូង និងពេជ្រតុបតែងខ្លួន!១៧ ភោគសម្បត្តិដ៏ច្រើននេះ បានវិនាសហិនហោចអស់តែក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ!”។ ពួកអ្នកបើកសំពៅ ពួកអ្នកជិះសំពៅតាមនោះ កម្មករសំពៅ និងអ្នករកស៊ីតាមជើងទឹកទាំងប៉ុន្មាននាំគ្នានៅពីចម្ងាយ។ ១៨ ពេលឃើញផ្សែងហុយឡើងពីក្រុង ដែលកំពុងតែឆេះ គេនាំគ្នាស្រែកថា “តើមានក្រុងណាអាចប្រៀបផ្ទឹមនឹងមហានគរនេះបាន!”។ ១៩ គេបាចធូលីដីលើ ក្បាលរបស់ខ្លួន ហើយនាំគ្នាយំសោក និងកាន់ទុក្ខ ទាំងពោលថាៈ“វេទនាហើយ! វេទនាហើយ! មហានគរដែលធ្វើអោយពួកម្ចាស់សំពៅនៅតាមសមុទ្ររកស៊ីមានបាន ដោយសារតែភោគសម្បត្តិរបស់ក្រុងនេះ។ ក្នុងពេលតែមួយម៉ោងក្រុងនេះទៅជាស្ងាត់ជ្រងំ!”។
២០ ស្ថាន បរមសុខអើយ ចូរអរសប្បាយនឹងការវិនាសរបស់ក្រុងនេះទៅ! អ្នករាល់គ្នាដែលជាប្រជាជនដ៏វិសុទ្ធ* គ្រីស្ដទូត* និងព្យាការី* ចូរអរសប្បាយដែរ ដ្បិតព្រះជាម្ចាស់បានរកយុត្តិធម៌អោយអ្នករាល់គ្នា ដោយដាក់ទោសក្រុងនេះហើយ»។
២១ ពេលនោះ ទេវទូត*មួយរូបដ៏មានឥទ្ធិឫទ្ធិបានលើកថ្មមួយដុំដូចត្បាល់កិន បោះទៅក្នុងសមុទ្រ ទាំងពោលថា៖ «គេនឹងច្រានក្រុងបាប៊ីឡូនមហានគរទម្លាក់ទៅក្នុងសមុទ្រដូច្នោះដែរ!។ គ្មាននរណារកក្រុងនោះឃើញទៀតឡើយ។ ២២ គេនឹងលែងឮសំឡេង តូរ្យតន្ត្រីរបស់ពួកអ្នកលេងពិណ អ្នកភ្លេង អ្នកផ្លុំខ្លុយ និងអ្នកផ្លុំត្រែ ក្នុងឯងទៀតហើយ។ រីឯពួកជាងទាំងឡាយដែលប្រកបរបរគ្រប់មុខក៏លែងមាន ហើយសំឡេងត្បាល់កិនក៏លែងឮទៀតដែរ។ ២៣ ក្នុងឯងលែងមានពន្លឺ ចង្កៀងទៀត សំឡេងគូស្វាមីភរិយាថ្មោងថ្មីក៏លែងឮទៀតដែរ ដ្បិតពួកឈ្មួញដែលរកស៊ីក្នុងឯង សុទ្ធតែជាអ្នកធំជាងគេនៅលើផែនដីនេះ វិជ្ជាធ្មប់របស់ឯងបាននាំជាតិសាសន៍ទាំងអស់អោយវង្វេង ២៤ ហើយនៅក្នុងឯង ឃើញមានឈាមរបស់ពួកព្យាការី ឈាមរបស់ប្រជាជនដ៏វិសុទ្ធ និងឈាមរបស់អស់អ្នកដែលត្រូវគេសម្លាប់នៅលើផែនដីនេះ»។
ជំពូក ១៩
ចំរៀងជោគជ័យ និងវិវាហមង្គលការរបស់កូនចៀម
១ បន្ទាប់ពីហេតុការណ៍ ទាំងនោះមក ខ្ញុំឮហាក់ដូចជាមានសំឡេងយ៉ាងខ្លាំងរបស់មហាជនច្រើនកុះករនៅលើ មេឃថា៖ «ហាលេលូយ៉ា! សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព ២ ដ្បិតទ្រង់វិនិច្ឆ័យ ទោសយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌។ ព្រះអង្គបានវិនិច្ឆ័យទោសស្ត្រីពេស្យាដ៏មានឈ្មោះល្បី ដែលបានធ្វើអោយផែនដីទៅជាសៅហ្មង ដោយកាមគុណរបស់នាង ព្រះអង្គបានដាក់ទោសស្ត្រីពេស្យានោះ ព្រោះនាងបានបង្ហូរឈាមពួកអ្នកបំរើរបស់ព្រះអង្គ»។ ៣ មហាជនទាំងនោះពោលម្ដងទៀតថា៖ «ហាលេលូយ៉ា! ផ្សែងនៃក្រុងនោះនឹងហុយឡើងអស់កល្បជាអង្វែងតរៀងទៅ»។
៤ ពួកព្រឹទ្ធាចារ្យទាំងម្ភៃបួនរូប និងសត្វមានជីវិតទាំងបួនក៏នាំគ្នាក្រាបចុះ ហើយថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅលើបល្ល័ង្កទាំងពោលថា៖ «អាម៉ែន! ហាលេលូយ៉ា!»។ ៥ មានសំឡេងចេញពី បល្ល័ង្កមកថា៖ «អ្នករាល់គ្នាជាអ្នកបំរើព្រះជាម្ចាស់ អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គទាំងតូចទាំងធំអើយ ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង!»។ ៦ ពេលនោះ ខ្ញុំឮហាក់ដូចជាមានសំឡេងបណ្ដាជនដ៏ច្រើនកុះករ ដូចជាមានស្នូរសន្ធឹកមហាសាគរ និងដូចជាមានស្នូរផ្គរលាន់យ៉ាងខ្លាំងថា៖ «ហាលេលូយ៉ា! ដ្បិតព្រះជាអម្ចាស់ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ទ្រង់បានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ ៧ យើងនាំគ្នាអរសប្បាយ ឡើង ត្រូវមានអំណររីករាយអោយខ្លាំង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ ភរិយាថ្មោងថ្មីរបស់កូនចៀមក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ។ ៨ ព្រះអង្គប្រទានអោយនាង ស្លៀកពាក់រុងរឿង ភ្លឺចិញ្ចែងចិញ្ចាច និងបរិសុទ្ធ។ សម្លៀកបំពាក់ដ៏រុងរឿងនោះ គឺជាអំពើសុចរិតផ្សេងៗដែលប្រជាជនដ៏វិសុទ្ធបានប្រព្រឹត្ត»។
៩ ទេវទូត* ពោលមកកាន់ខ្ញុំថា៖ «ចូរកត់ត្រាទុក អ្នកណាដែលព្រះជាម្ចាស់បានត្រាស់ហៅ អោយមកចូលរួមក្នុងពិធីជប់លៀង មង្គលការកូនចៀម អ្នកនោះពិតជាមានសុភមង្គល*ហើយ!»។ បន្ទាប់មក ទេវទូតប្រាប់ខ្ញុំថា៖ «សេចក្ដីទាំងនេះពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន»។ ១០ ខ្ញុំក៏ក្រាបចុះនៅ ទៀបជើងទេវទូតនោះបម្រុងនឹងថ្វាយបង្គំលោក ប៉ុន្តែ លោកពោលមកខ្ញុំថា៖ «កុំថ្វាយបង្គំខ្ញុំអី! ខ្ញុំជាអ្នករួមការងារជាមួយលោកទេតើ ហើយខ្ញុំក៏រួមការងារជាមួយបងប្អូនលោកដែលជឿលើសក្ខីភាពរបស់ ព្រះយេស៊ូដែរ។ ត្រូវថ្វាយបង្គំព្រះជាម្ចាស់វិញ! ដ្បិតសក្ខីភាពរបស់ព្រះយេស៊ូ គឺវិញ្ញាណដែលថ្លែងព្រះបន្ទូលក្នុងនាមព្រះជាម្ចាស់»។
ជ័យជំនះរបស់ព្រះគ្រីស្ដលើសត្វតិរច្ឆាន
និងលើព្យាការីក្លែងក្លាយ
១១ បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃបើកចំហ ហើយឃើញសេះសមួយលេចមក។ ព្រះអង្គដែលគង់នៅលើសេះនោះ មានព្រះនាមថា «ព្រះដ៏ស្មោះត្រង់ ព្រះដ៏ពិតប្រាកដ» ទ្រង់វិនិច្ឆ័យ និងច្បាំងប្រកបដោយយុត្តិធម៌។ ១២ ព្រះអង្គមានព្រះនេត្រ ដូចអណ្ដាតភ្លើង ហើយមានមកុដជាច្រើន នៅលើព្រះសិរសាផង។ នៅលើព្រះកាយព្រះអង្គមានសរសេរព្រះនាមមួយ ក្រៅពីព្រះអង្គ គ្មាននរណាស្គាល់ព្រះនាមនោះឡើយ ១៣ ព្រះអង្គមានសម្លៀកបំពាក់ទទឹកឈាមជោក។ ព្រះអង្គមានព្រះនាមថា «ព្រះបន្ទូលរបស់ព្រះជាម្ចាស់»។ ១៤ កងទ័ពនៅស្ថានសួគ៌នាំគ្នាជិះសេះ ស មកតាមព្រះអង្គ ទាំងស្លៀកពាក់សំពត់ទេសឯកពណ៌ស និងបរិសុទ្ធ*។ ១៥ មានដាវមួយយ៉ាងមុតចេញពីព្រះឱស្ឋរបស់ព្រះអង្គ មកប្រហារជាតិសាសន៍ទាំងឡាយព្រះអង្គនឹងកាន់ដំបងដែកដឹកនាំគេ ហើយព្រះអង្គជាន់ទំពាំងបាយជូរនៅក្នុងធុងអោយចេញជាស្រានៃព្រះពិរោធ ដ៏ខ្លាំងក្លារបស់ព្រះជាម្ចាស់ ដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់។ ១៦ នៅលើព្រះភូសា និងលើភ្លៅរបស់ព្រះអង្គ មានសរសេរព្រះនាមថា «ព្រះមហាក្សត្រលើមហាក្សត្រនានា និងព្រះអម្ចាស់លើអម្ចាស់នានា»។ ១៧ ខ្ញុំឃើញទេវទូត*មួយ រូបឈរនៅក្នុងព្រះអាទិត្យ។ ទេវទូតនោះបន្លឺសំឡេងខ្លាំងៗទៅកាន់សត្វស្លាបទាំងអស់ ដែលហើរនៅកណ្ដាលអាកាសវេហាស៍ថា៖ «ចូរនាំគ្នាមក! ចូរប្រមូលគ្នាមកចូលរួមក្នុងពិធីជប់លៀងដ៏មហោឡារិករបស់ ព្រះជាម្ចាស់ ១៨ ដើម្បីស៊ីសាច់ពួកស្ដេច សាច់ពួកមេទ័ព សាច់ពួកអ្នកខ្លាំងពូកែ សាច់សេះ និងសាច់ពួកអ្នកជិះសេះ ព្រមទាំងសាច់មនុស្សទាំងអស់ គឺ ទាំងអ្នកជា ទាំងអ្នកងារ ទាំងអ្នកតូច ទាំងអ្នកធំ»។
១៩ ខ្ញុំ ឃើញសត្វតិរច្ឆាន និងពួកស្ដេចនានានៅលើផែនដី ព្រមទាំងកងទ័ពរបស់គេប្រមូលគ្នាមកច្បាំងនឹងព្រះអង្គ ដែលគង់នៅលើសេះ និងកងទ័ពរបស់ព្រះអង្គ។ ២០ សត្វតិរច្ឆានបានជាប់ ជាឈ្លើយសឹក ហើយព្យាការីក្លែងក្លាយដែលបានសំដែងទីសំគាល់អស្ចារ្យនៅមុខសត្វនោះ ក៏បានជាប់ជាឈ្លើយដែរ គឺព្យាការីក្លែងក្លាយហ្នឹងហើយ ដែលបាននាំអស់អ្នកមានសញ្ញាសំគាល់របស់សត្វតិរច្ឆាន និងអ្នកក្រាបថ្វាយបង្គំរូបចម្លាក់របស់សត្វនោះអោយវង្វេង។ គេបានបោះពួកសត្វតិរច្ឆាន និងព្យាការីក្លែងក្លាយទាំងរស់ ទៅក្នុងបឹងភ្លើងដែលមានស្ពាន់ធ័រកំពុងឆេះ។ ២១ រីឯអ្នកឯទៀតៗក៏បាន ស្លាប់ដោយដាវចេញមកពីព្រះឱស្ឋរបស់ព្រះអង្គដែលគង់នៅលើសេះ ហើយសត្វស្លាបទាំងប៉ុន្មានក៏បានស៊ីសាច់ពួកគេឆ្អែតរៀងៗខ្លួន។
ជំពូក ២០
រាជ្យមួយពាន់ឆ្នាំ
១ បន្ទាប់មក ខ្ញុំឃើញទេវទូត*មួយរូបចុះពីលើមេឃ ទាំងកាន់កូនសោស្ថាននរកអវិចី និងច្រវាក់មួយយ៉ាងធំនៅដៃផង។ ២ ទេវទូតនោះបានចាប់នាគមកចងទុកក្នុងរយៈពេលមួយពាន់ឆ្នាំ។ នាគនោះជាពស់ពីបុរាណជាមារ* និងជាសាតាំង។ ៣ ទេវទូតបានបោះវាទៅ ស្ថាននរកអវិចី ហើយចាក់សោ បិទត្រាលើទ្វារ រហូតដល់គំរប់មួយពាន់ឆ្នាំ ដើម្បីកុំអោយវាល្បួងជាតិសាសន៍នានាអោយវង្វេងទៀត។ លុះផុតកំណត់នេះទៅ ត្រូវតែដោះលែងវាមួយរយៈពេលខ្លី។
៤ ខ្ញុំឃើញ បល្ល័ង្កជាច្រើន ហើយអស់អ្នកដែលអង្គុយនៅលើបល្ល័ង្កទាំងនោះ បានទទួលអំណាចនឹងវិនិច្ឆ័យទោស។ ខ្ញុំក៏ឃើញវិញ្ញាណក្ខ័ន្ធរបស់អស់អ្នកដែលស្លាប់ ដោយគេកាត់ក ព្រោះតែបានផ្ដល់សក្ខីភាពអំពីព្រះយេស៊ូ និងអំពីព្រះបន្ទូលរបស់ព្រះអង្គ។ ខ្ញុំក៏ឃើញវិញ្ញាណក្ខ័ន្ធរបស់អស់អ្នកដែលមិនបានក្រាបថ្វាយបង្គំ សត្វតិរច្ឆាន ឬថ្វាយបង្គំរូបចម្លាក់របស់វា ហើយមិនបានទទួលសញ្ញាសំគាល់លើថ្ងាស និងនៅលើដៃដែរ។ អ្នកទាំងនោះមានជីវិតរស់ឡើងវិញ សោយរាជ្យជាមួយព្រះគ្រីស្ដក្នុងរយៈពេលមួយពាន់ឆ្នាំ។ ៥ រីឯមនុស្សឯទៀតៗដែល បានស្លាប់ទៅហើយនោះ ពុំបានរស់ឡើងវិញទេ គឺរហូតដល់គំរប់មួយពាន់ឆ្នាំទើបរស់ឡើងវិញ។ នេះជាការរស់ឡើងវិញលើកទីមួយ ៦ អស់អ្នកដែលបានរស់ឡើង វិញនៅលើកទីមួយ ពិតជាមានសុភមង្គល* ហើយនឹងបានវិសុទ្ធ*ទៀតផង!។ សេចក្ដីស្លាប់ទីពីរ គ្មានអំណាចលើអ្នកទាំងនោះឡើយ ផ្ទុយទៅវិញគេនឹងទៅជាបូជាចារ្យ*របស់ព្រះជាម្ចាស់ និងរបស់ព្រះគ្រីស្ដ ហើយសោយរាជ្យជាមួយព្រះអង្គ ក្នុងរយៈពេលមួយពាន់ឆ្នាំ។
បរាជ័យរបស់មារសាតាំង
៧ លុះរយៈពេលមួយពាន់ឆ្នាំនោះកន្លងផុតទៅ មារសាតាំងនឹងរួចពីគុក ៨ ហើយវាចេញទៅបញ្ឆោត ជាតិសាសន៍នានា នៅទិសទាំងបួនអោយវង្វេង គឺវានាំទាំងសាសន៍កុក ទាំងសាសន៍ម៉ាកុកអោយវង្វេងដែរ ដើម្បីប្រមូលគេមកធ្វើសឹកសង្គ្រាម។ ពួកគេមានចំនួនច្រើនដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ ៩ ពួកគេបានឡើងទៅច្បាំង ពាសពេញលើផែនដីទាំងមូល ហើយឡោមព័ទ្ធទីបោះជំរំរបស់ប្រជារាស្ត្រព្រះជាម្ចាស់ ព្រមទាំងឡោមព័ទ្ធក្រុងដ៏ជាទីស្រឡាញ់របស់ព្រះអង្គថែមទៀតផង។ ក៏ប៉ុន្តែ មានភ្លើងធ្លាក់ពីលើមេឃមកលេបពួកគេអស់ទៅ។ ១០ រីឯមារដែលបាននាំ ជាតិសាសន៍ទាំងនោះអោយវង្វេង ក៏ត្រូវគេបោះទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រដែលមានសត្វតិរច្ឆាន និងព្យាការីក្លែងក្លាយនៅក្នុងនោះស្រាប់។ គេនឹងរងទុក្ខវេទនាទាំងថ្ងៃ ទាំងយប់ អស់កល្បជាអង្វែងតរៀងទៅ។
ការវិនិច្ឆ័យទោសចុងក្រោយបង្អស់
១១ បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កមួយធំពណ៌ស ព្រមទាំងឃើញព្រះអង្គ ដែលគង់នៅលើបល្ល័ង្កនោះផងដែរ។ ផែនដី និងផ្ទៃមេឃ បានរត់ចេញបាត់ពីព្រះភក្ត្រព្រះអង្គទៅ ឥតមានសល់អ្វីឡើយ។ ១២ ខ្ញុំក៏ឃើញមនុស្ស ស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូចឈរនៅមុខបល្ល័ង្ក ហើយមានក្រាំងជាច្រើនបើកជាស្រេច មានក្រាំងមួយទៀតបើកដែរ គឺក្រាំងនៃបញ្ជីជីវិត។ ព្រះអង្គដែលគង់នៅលើបល្ល័ង្ក ទ្រង់វិនិច្ឆ័យទោសមនុស្សស្លាប់ទាំងអស់ តាមអំពើដែលគេបានប្រព្រឹត្ត ដូចមានកត់ត្រាទុកក្នុងក្រាំងទាំងនោះស្រាប់។ ១៣ សមុទ្របានប្រគល់ មនុស្សស្លាប់ដែលនៅក្នុងទឹកមកវិញ សេចក្ដីស្លាប់ និងស្ថានមច្ចុរាជក៏បានប្រគល់មនុស្សស្លាប់ ដែលនៅទីនោះមកវិញដែរ ហើយព្រះអង្គនឹងវិនិច្ឆ័យទោសម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។ ១៤ សេចក្ដីស្លាប់ និងស្ថានមច្ចុរាជត្រូវគេបោះទៅក្នុងបឹងភ្លើង។ បឹងភ្លើងនេះហើយ ជាសេចក្ដីស្លាប់ទីពីរ។ ១៥ អស់អ្នកដែលគ្មានឈ្មោះក្នុងបញ្ជីជីវិត ក៏នឹងត្រូវបោះទៅក្នុងបឹងភ្លើងដែរ។
ជំពូក ២១
ផ្ទៃមេឃថ្មី និងផែនដីថ្មី
១ ពេលនោះ ខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃពីមុន និងផែនដីពីមុននោះ បាត់អស់ទៅហើយ ហើយក៏គ្មានសមុទ្រទៀតដែរ។ ២ បន្ទាប់មក ខ្ញុំឃើញក្រុងដ៏វិសុទ្ធ*ជាក្រុងយេរូសាឡឹមថ្មី ចុះពីស្ថានបរមសុខ* គឺចុះមកពីព្រះជាម្ចាស់ ទាំងតែងខ្លួនដូចភរិយាថ្មោងថ្មីតុបតែងខ្លួនទទួលស្វាមី។ ៣ ខ្ញុំឮសំឡេងបន្លឺយ៉ាង ខ្លាំងៗចេញពីបល្ល័ង្កមកថា៖ «មើលហ្ន៎ ព្រះពន្លារបស់ព្រះជាម្ចាស់ស្ថិតនៅជាមួយមនុស្សលោកហើយ! ព្រះអង្គនឹងស្ថិតនៅក្នុងចំណោមពួកគេ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះជាម្ចាស់ផ្ទាល់នឹងគង់ជាមួយពួកគេ។ ៤ ព្រះអង្គនឹងជូតទឹក ភ្នែកចេញអស់ពីភ្នែករបស់គេ សេចក្ដីស្លាប់លែងមានទៀតហើយ ការកាន់ទុក្ខ ការសោកសង្រេង និងទុក្ខលំបាក ក៏លែងមានទៀតដែរ ដ្បិតអ្វីៗដែលកើតមានកាលពីមុននោះ បាត់អស់ទៅហើយ»។
៥ ព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក ទ្រង់មានព្រះបន្ទូលថា៖ «មើល៍យើងបានធ្វើអ្វីៗទាំងអស់សុទ្ធតែថ្មី»។ រួចព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ចូរកត់ត្រាទុក ដ្បិតសេចក្ដីទាំងនេះសុទ្ធតែជាពាក្យពិត គួរអោយជឿ»។ ៦ ព្រះអង្គមានព្រះបន្ទូល មកខ្ញុំថា៖ «រួចស្រេចអស់ហើយ! យើងជាអាល់ផា និងជាអូមេកា គឺជាដើមដំបូង និងជាចុងបំផុត។ អ្នកណាស្រេក យើងនឹងអោយទឹកដែលហូរចេញពីប្រភពជីវិតទៅអ្នកនោះដោយគេមិនបាច់ បង់ថ្លៃឡើយ។ ៧ អ្នកដែលមានជ័យជំនះមុខជាបានទទួលមត៌កបែបនេះឯង។ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេធ្វើជាបុត្ររបស់យើង។ ៨ ពួកកំសាក ពួកមិនជឿ ពួកប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ពួកសម្លាប់គេ ពួកប្រាសចាកសីលធម៌ ពួកគ្រូធ្មប់ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងពួកកុហកទាំងប៉ុន្មាន នឹងទទួលទោសនៅក្នុងបឹងភ្លើង និងស្ពាន់ធ័រដែលកំពុងតែឆេះ»។ នេះហើយជាសេចក្ដីស្លាប់ទីពីរ។
ក្រុងយេរូសាឡឹមថ្មី
៩ បន្ទាប់មក ទេវទូត*មួយរូបក្នុងចំណោមទេវទូតទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ពេញទៅដោយគ្រោះកាចទាំងប្រាំពីរ ចុងក្រោយបង្អស់បានចូលមក ហើយពោលមកកាន់ខ្ញុំថា៖ «សូមអញ្ជើញមក ខ្ញុំនឹងបង្ហាញអោយលោកឃើញកូនក្រមុំ ជាភរិយារបស់កូនចៀម»។ ១០ ទេវទូតនោះបានលើក វិញ្ញាណខ្ញុំឡើងទៅលើភ្នំមួយយ៉ាងធំខ្ពស់ រួចបង្ហាញអោយខ្ញុំឃើញក្រុងដ៏វិសុទ្ធ ជាក្រុងយេរូសាឡឹមដែលចុះពីស្ថានបរមសុខ* គឺចុះមកពីព្រះជាម្ចាស់។ ១១ ក្រុងនេះប្រកបដោយ សិរីរុងរឿងរបស់ព្រះជាម្ចាស់ ពន្លឺរស្មីរបស់ក្រុងប្រៀបបីដូចជាត្បូងដ៏មានតម្លៃបំផុត គឺដូចត្បូងមណីជោតិរសដែលភ្លឺថ្លាដូចកែវចរណៃ។ ១២ ក្រុងនេះមានកំពែង មួយយ៉ាងធំខ្ពស់ ព្រមទាំងមានខ្លោងទ្វារដប់ពីរ នៅលើខ្លោងទ្វារមានទេវទូតដប់ពីររូប និងមានចារឹកឈ្មោះកុលសម្ព័ន្ធទាំងដប់ពីររបស់ជនជាតិអ៊ីស្រាអែលដែរ។ ១៣ នៅទិសខាងកើតមាន ខ្លោងទ្វារបី ទិសខាងជើងមានខ្លោងទ្វារបី ទិសខាងត្បូងមានខ្លោងទ្វារបី និងទិសខាងលិចមានខ្លោងទ្វារបី។ ១៤ កំពែងរបស់ក្រុងមានគ្រឹះដប់ពីរ ហើយនៅលើគ្រឹះទាំងនោះមានចារឹកឈ្មោះគ្រីស្ដទូត*ទាំងដប់ពីររបស់កូនចៀម។
១៥ ទេវទូតដែលនិយាយមកខ្ញុំនោះ កាន់ត្រែងមាសមួយដើម ធ្វើជារង្វាស់សំរាប់វាស់ក្រុង ខ្លោងទ្វារក្រុង និងកំពែងក្រុង។ ១៦ ក្រុងនេះមានរាងបួន ជ្រុងស្មើ គឺមានទទឹង និងបណ្ដោយស្មើគ្នា។ ទេវទូតបានយកដើមត្រែងនោះមកវាស់ក្រុង ឃើញមានប្រវែងដប់ពីរពាន់ស្ដាដ។ បណ្ដោយ ទទឹង និងកំពស់ មានប្រវែងស្មើៗគ្នា។ ១៧ ទេវទូតបានវាស់កំពែងដែរ ឃើញមានកំពស់មួយរយសែសិបបួនហត្ថ តាមរង្វាស់មនុស្សលោក ដូចរង្វាស់ទេវទូតដែរ។ ១៨ កំពែងក្រុងធ្វើពីត្បូងមណីជោតិរស ហើយទីក្រុងធ្វើពីមាសសុទ្ធ ដែលភ្លឺថ្លាដូចកែវសុទ្ធ។ ១៩ គ្រឹះរបស់កំពែងក្រុង មានតុបតែងទៅដោយត្បូងដ៏មានតម្លៃគ្រប់យ៉ាង គ្រឹះទីមួយធ្វើពីត្បូងមណីជោតិរស គ្រឹះទីពីរធ្វើពីត្បូងកណ្ដៀង គ្រឹះទីបីធ្វើពីត្បូងមោរ៉ា គ្រឹះទីបួនធ្វើពីកែវមរកត ២០ គ្រឹះទីប្រាំធ្វើពី ត្បូងដៃរគៀម គ្រឹះទីប្រាំមួយធ្វើពីត្បូងទទឹម គ្រឹះទីប្រាំពីរធ្វើពីត្បូងប៊ុតលឿង គ្រឹះទីប្រាំបីធ្វើពីត្បូងបេរីល គ្រឹះទីប្រាំបួនធ្វើពីត្បូងថៃលឿង គ្រឹះទីដប់ធ្វើពីត្បូងកែវយក់ គ្រឹះទីដប់មួយធ្វើពីត្បូងនិលរ័ត្ន គ្រឹះទីដប់ពីរធ្វើពីត្បូងជម្ពូរ័ត្ន។ ២១ ទ្វារទាំងដប់ពីរធ្វើ ពីកែវមុក្ដាដប់ពីរ គឺទ្វារនីមួយៗធ្វើពីកែវមុក្ដាតែមួយដុំ។ លានរបស់ក្រុងធ្វើពីមាសសុទ្ធ ភ្លឺថ្លាដូចកែវ។
២២ ខ្ញុំពុំឃើញមានព្រះវិហារ*នៅក្នុងទីក្រុងទេ ដ្បិតព្រះជា អម្ចាស់ដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រមទាំងកូនចៀមនេះហើយ ដែលជាព្រះវិហាររបស់ក្រុងនោះ។ ២៣ ក្រុងនោះមិនត្រូវ ការពន្លឺព្រះអាទិត្យ ឬព្រះច័ន្ទឡើយ ដ្បិតសិរីរុងរឿងរបស់ព្រះជាម្ចាស់បំភ្លឺក្រុង ហើយកូនចៀមក៏ជាចង្កៀងរបស់ក្រុងដែរ។ ២៤ ជាតិសាសន៍នានានឹងដើរក្នុងពន្លឺរបស់ក្រុងនោះ ហើយស្ដេចនានានឹងនាំរាជ្យទ្រព្យចូលមកក្នុងក្រុងនោះដែរ។ ២៥ ទ្វារក្រុងមិនដែលបិទនៅពេលថ្ងៃឡើយ ហើយនៅទីនោះគ្មានយប់ទេ។ ២៦ គេនឹងនាំយកភោគទ្រព្យ និងអ្វីៗដ៏មានតម្លៃរបស់ជាតិសាសន៍នានា មកដាក់ក្នុងក្រុងនោះ។ ២៧ គ្មានអ្វីមួយមិន បរិសុទ្ធអាចចូលមកក្នុងក្រុងនោះបានឡើយ ហើយអ្នកប្រព្រឹត្តអំពើគួរអោយស្អប់ខ្ពើម ឬអ្នកកុហកក៏ពុំអាចចូលបានដែរ គឺមានតែអ្នកដែលមានឈ្មោះកត់ទុក ក្នុងក្រាំងនៃបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះទើបអាចចូលបាន។
ជំពូក ២២
១ ទេវទូត*បង្ហាញអោយខ្ញុំឃើញទន្លេ ដែលមានទឹកផ្ដល់ជីវិតថ្លាដូចកែវចរណៃ ហូរចេញមកពីបល្ល័ង្ករបស់ព្រះជាម្ចាស់ និងបល្ល័ង្ករបស់កូនចៀម។ ២ នៅចំកណ្ដាលលានក្រុង និង នៅមាត់ច្រាំងទាំងសងខាងរបស់ទន្លេនោះ មានដើមឈើដែលផ្ដល់ជីវិត ផ្លែដប់ពីរដងក្នុងមួយឆ្នាំ គឺមានផ្លែរៀងរាល់ខែ។ រីឯស្លឹកឈើនោះ ជាថ្នាំសំរាប់ព្យាបាលប្រជាជាតិនានាអោយបានជា។ ៣ ក្នុងក្រុងនោះ អ្វីៗទាំងអស់នឹងលែងត្រូវបណ្ដាសាទៀតហើយ។ បល្ល័ង្ករបស់ព្រះជាម្ចាស់ និងបល្ល័ង្ករបស់កូនចៀមស្ថិតនៅក្នុងក្រុងនោះ ហើយពួកអ្នកបំរើរបស់ព្រះអង្គនាំគ្នាគោរពថ្វាយបង្គំព្រះអង្គ ៤ គេនឹងឃើញព្រះភក្ត្រព្រះអង្គ ហើយនៅលើថ្ងាសគេក៏មានដៅព្រះនាមព្រះអង្គដែរ។ ៥ នៅក្រុងនោះ គ្មានយប់ទៀតទេ គេក៏លែងត្រូវការពន្លឺចង្កៀង ឬពន្លឺព្រះអាទិត្យទៀតដែរ ដ្បិតព្រះជាអម្ចាស់ទ្រង់ជាពន្លឺបំភ្លឺគេ ហើយគេនឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
សេចក្ដីដាស់តឿនផ្សេងៗ
៦ ទេវទូតពោលមកខ្ញុំថា៖ «ពាក្យទាំងនេះសុទ្ធតែជាពាក្យពិត គួរអោយជឿ។ ព្រះជាអម្ចាស់ដែលប្រទានព្រះវិញ្ញាណដល់ពួកព្យាការី* ទ្រង់បានចាត់ទេវទូតរបស់ព្រះអង្គ អោយមកប្រាប់ពួកអ្នកបំរើព្រះអង្គដឹងអំពីហេតុការណ៍ ដែលត្រូវកើតមានក្នុងពេលឆាប់ៗខាងមុខ។
៧ ព្រះយេស៊ូ មានព្រះបន្ទូលថាៈ “ចូរស្ដាប់ យើងនឹងមកដល់ក្នុងពេលឆាប់ៗ អ្នកណាប្រតិបត្តិតាមសេចក្ដីដែលមានថ្លែងទុកក្នុងសៀវភៅនេះ អ្នកនោះមានសុភមង្គលហើយ!”»។
៨ ខ្ញុំ យ៉ូហាន ខ្ញុំបានឮ និងបានឃើញហេតុការណ៍ទាំងនេះ។ ពេលខ្ញុំបានឮ និងបានឃើញដូច្នេះហើយ ខ្ញុំក្រាបចុះនៅទៀបជើងទេវទូត ដែលបានបង្ហាញអោយខ្ញុំឃើញនោះ បម្រុងនឹងថ្វាយបង្គំលោក ៩ ក៏ប៉ុន្តែ ទេវទូតពោលមកខ្ញុំថា៖ «កុំថ្វាយបង្គំខ្ញុំអី! ខ្ញុំជាអ្នករួមការងារជាមួយលោកទេតើ ហើយខ្ញុំក៏រួមការងារជាមួយពួកព្យាការី ដែលជាបងប្អូនរបស់លោក និងជាមួយអស់អ្នកប្រតិបត្តិតាមសេចក្ដីដែលមានចែងក្នុងសៀវភៅនេះ ដែរ។ ត្រូវថ្វាយបង្គំព្រះជាម្ចាស់វិញ!»។ ១០ ទេវទូតពោលមកខ្ញុំទៀតថា៖ «សូមកុំលាក់ សេចក្ដីដែលមានថ្លែងទុកក្នុងសៀវភៅនេះអោយសោះ! ដ្បិតពេលកំណត់ជិតមកដល់ហើយ។ ១១ អ្នកណាទុច្ចរិត អោយអ្នកនោះប្រព្រឹត្តអំពើទុច្ចរិតតទៅមុខទៀតទៅ! អ្នកណាសៅហ្មង អោយអ្នកនោះបន្តភាពសៅហ្មងតទៅមុខទៀតទៅ! រីឯអ្នកសុចរិតវិញ ត្រូវប្រព្រឹត្តអំពើសុចរិតថែមទៀតចុះ! រីឯអ្នកវិសុទ្ធហើយ ត្រូវរក្សាខ្លួនអោយកាន់តែវិសុទ្ធថែមទៀតចុះ!។ ១២ ព្រះយេស៊ូមាន ព្រះបន្ទូលថា៖ “ចូរស្ដាប់ យើងនឹងមកដល់ក្នុងពេលឆាប់ៗ ទាំងយករង្វាន់មកចែកអោយម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។ ១៣ យើងជាអាល់ផា និងជាអូមេកា នៅមុនគេ និងនៅក្រោយគេបំផុត ជាដើមដំបូង និងជាចុងបង្អស់។ ១៤ អ្នកណាបោកអាវវែង របស់ខ្លួនបានស្អាត អ្នកនោះមានសុភមង្គលហើយ គេនឹងមានសិទ្ធិបេះផ្លែពីដើមឈើដែលផ្ដល់ជីវិត ព្រមទាំងចូលទៅក្នុងក្រុងតាមទ្វារផង!។ ១៥ រីឯពួកឆ្កែ ពួកគ្រូធ្មប់ ពួកប្រាសចាកសីលធម៌ ពួកសម្លាប់គេ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងអស់អ្នកដែលចូលចិត្តកុហក និងអនុវត្តតាមពាក្យកុហកនោះវិញ ត្រូវចេញទៅក្រៅទៅ!១៦ យើងយេស៊ូ យើងបានចាត់ទេវទូត*របស់យើង អោយមកបញ្ជាក់សេចក្ដីទាំងនេះប្រាប់អ្នករាល់គ្នាអំពីព្រះសហគមន៍នានា។ យើងជាពន្លកដែលដុះចេញពីពូជពង្សរបស់ព្រះបាទដាវីឌ យើងជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចែង”»។
១៧ ព្រះវិញ្ញាណ និងភរិយាថ្មោងថ្មីពោលឡើងថា៖ «សូមព្រះអង្គយាងមក!»។
សូមអោយអស់អ្នកដែល បានឮពោលឡើងដែរថា៖ «សូមព្រះអង្គយាងមក!»។
អ្នកណាស្រេក សុំអញ្ជើញមក! អ្នកណាចង់បាន សុំអញ្ជើញមកទទួលទឹកដែលផ្ដល់ជីវិត ដោយមិនបាច់បង់ថ្លៃ!
១៨ ខ្ញុំ សូមបញ្ជាក់ប្រាប់អស់អ្នកដែលបានឮព្រះបន្ទូល ថ្លែងទុកក្នុងសៀវភៅនេះថា បើនរណាម្នាក់បន្ថែមអ្វីមួយពីលើ ព្រះជា ម្ចាស់នឹងយកគ្រោះកាច ដែលមានរៀបរាប់ក្នុងសៀវភៅនេះ មកដាក់លើអ្នកនោះថែមទៀតផង ១៩ ហើយប្រសិនបើមាននរណា ម្នាក់ដកហូតសេចក្ដីណាមួយពីព្រះបន្ទូល ដែលមានថ្លែងទុកក្នុងសៀវភៅនេះ ព្រះជាម្ចាស់ក៏នឹងដកហូតចំណែកផ្លែរបស់ដើមឈើ ដែលផ្ដល់ជីវិតពីអ្នកនោះដែរ ហើយមិនអោយគេចូលទៅក្នុងក្រុងដែលមានរៀបរាប់ក្នុងសៀវភៅនេះឡើយ។
២០ ព្រះអង្គ ដែលបានបញ្ជាក់សេចក្ដីទាំងនេះ ទ្រង់មានព្រះបន្ទូលថា៖ «ពិតមែនហើយ យើងនឹងមកដល់ក្នុងពេលឆាប់ៗ!»។ អាម៉ែន! ព្រះអម្ចាស់យេស៊ូអើយ សូមយាងមក!។
២១ សូមព្រះអម្ចាស់យេស៊ូប្រណីសន្ដោសដល់បងប្អូនទាំងអស់គ្នា!។ ៚