លិខិតរបស់លោកយូដា
ពាក្យលំនាំ
អ្នកតែងលិខិតនេះ សរសេរថា គាត់ត្រូវជាប្អូនរបស់លោកយ៉ាកុប (១) និង ត្រូវជាបងប្អូនរបស់ព្រះយេស៊ូ ជាអម្ចាស់ដែរ (ម៉ាថាយ ១៣.៥៥ កាឡាទី ១.១៩)។ លោកយូដាសសរសេរលិខិតនេះ សំរាប់គ្រីស្ដបរិស័ទទូទៅ ហើយមានសេចក្ដីប្រហាក់ប្រហែលគ្នានឹងលិខិតទីពីររបស់លោក សិលាដែរ។
គោលបំណង
អ្នកតែងមានបំណងប្រៀនប្រដៅគ្រីស្ដបរិស័ទឲ្យប្រយ័ត្នខ្លួន កុំស្ដាប់គ្រូអាចារ្យក្លែងក្លាយ ដែលផ្សាយលទ្ធិផ្ដេសផ្ដាស។ លោកប្រៀនប្រដៅ ឲ្យកាន់ជាប់តាមសេចក្ដីប្រៀនប្រដៅ ដែលអស់លោកគ្រីស្ដទូតបានបង្រៀនទុកមក (៣)
សេចក្ដីពន្យល់របស់លោកយូដាសពិបាកស្ដាប់បន្ដិច ព្រោះលោកពន្យល់តាមរបៀបជនជាតិយូដានៅសម័យនោះ។
គំរោងក័ណ្ណគម្ពីរយូដាសៈ
- សេចក្ដីផ្ដើម ១-៣។
- ចរិតមារយាទ សេចក្ដីបង្រៀន និង ទោសរបស់គ្រូក្លែងក្លាយ ៣-១៦
- ពាក្យដាស់តឿនឲ្យនៅជាប់នឹងជំនឿ ១៧-២៣។
- ពាក្យជូនពរ ២៤-២៥។
ជំពូក ១
សេចក្ដីផ្ដើម
១ ខ្ញុំ យូដា ជាអ្នកបំរើរបស់ព្រះយេស៊ូគ្រីស្ដ* និងជាប្អូនរបស់លោកយ៉ាកុប សូមជំរាបមកបងប្ អូនដែលព្រះជាម្ចាស់ជាព្រះបិតាបានត្រាស់ហៅ គឺអ្នកដែលព្រះអង្គស្រឡាញ់ ហើយបម្រុងទុកសំរាប់ព្រះយេស៊ូគ្រីស្ដសូមជ្រាប។
២ សូមព្រះជាម្ចាស់មេត្តាករុណា ប្រទានសេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់ដល់បងប្អូនយ៉ាងបរិបូណ៌។
អំពីគ្រូអាចារ្យក្លែងក្លាយ
៣ បងប្អូនជាទីស្រឡាញ់ ខ្ញុំមានបំណងចង់សរសេរមកបងប្អូនអំពីការសង្គ្រោះ ដែលយើងបានទទួល រួមគ្នានោះខ្លាំងណាស់ ហើយក៏មានមូលហេតុបង្ខំខ្ញុំអោយសរសេរលិខិតនេះមកដាស់តឿនបងប្អូន អោយតយុទ្ធការពារជំនឿ ដែលព្រះជាម្ចាស់បានប្រទានដល់ប្រជាជនដ៏វិសុទ្ធ* ម្ដងជាសូរេច ៤ ដ្បិតមានអ្នកខ្លះបាន បន្លំខ្លួនចូលមកក្នុងចំណោមបងប្អូន ពួកគេជាមនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ពួកគេបានបង្ខូចការប្រណីសន្ដោសរបស់ព្រះនៃយើង អោយក្លាយទៅជារឿងអាសអាភាស ហើយបដិសេធមិនព្រមទទួលស្គាល់ព្រះយេស៊ូគ្រីស្ដ* ជាចៅហ្វាយ និងជាព្រះអម្ចាស់តែមួយគត់របស់យើងដែរ។ អ្នកទាំងនោះនឹងទទួលទោស ដូចមានចែងទុកជាមុន តាំងពីយូរយារណាស់មកហើយ។
៥ បងប្អូន បានជ្រាបសេចក្ដីទាំងនេះរួចស្រេចហើយ តែខ្ញុំចង់រំលឹកបងប្អូនថា ក្រោយពេលដែលព្រះអម្ចាស់បានសង្គ្រោះប្រជារាស្ត្រអ៊ីស្រាអែល អោយចេញផុតពីប្រទេសអេស៊ីបមក ព្រះអង្គបានធ្វើអោយអ្នកមិនព្រមជឿត្រូវវិនាសអន្តរាយ។ ៦ រីឯពួកទេវទូត* ដែលពុំបានរក្សាឋានៈរបស់ខ្លួន តែបែរជាបោះបង់ចោលលំនៅរបស់ខ្លួនផ្ទាល់ទៅវិញនោះ ព្រះជាម្ចាស់បានឃុំគេទុកក្នុងទីងងឹត ហើយគេនៅជាប់ចំណងអស់កល្បជានិច្ច រង់ចាំថ្ងៃដ៏អស្ចារ្យដែលព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស។ ៧ រីឯក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជិតខាងក៏ដូច្នោះដែរ ពួកអ្នកក្រុងបាននាំគ្នាប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ដូចទេវទូតទាំងនោះ គឺកាត់រករួមបវេណីផ្ទុយពីធម្មជាតិ។ ពួកគេបានទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។ ៨ ពួកទាំងនេះក៏ ប្រព្រឹត្តដូច្នោះដែរ គំនិតរវើរវាយរបស់គេ បានធ្វើអោយរូបកាយខ្លួនទៅជាសៅហ្មង គេមើលងាយអំណាចរបស់ព្រះអម្ចាស់ និងជេរប្រមាថពួកទេវទូតដែលប្រកបដោយសិរីរុងរឿង។ ៩ នៅពេលមហាទេវទូតមីកាអែល ប្រកែកជាមួយនឹងមារ* តវ៉ាអំពីសពរបស់លោកម៉ូសេនោះ លោកក៏ពុំហ៊ានដាក់ទោសវាដោយជេរប្រមាថឡើយ គឺលោកគ្រាន់តែពោលថា «សូមព្រះអម្ចាស់ដាក់ទោសឯង!»។ ១០ រីឯអ្នកទាំងនោះវិញ គេនាំគ្នាជេរប្រមាថអ្វីៗដែលខ្លួនពុំស្គាល់ ហើយអ្វីៗដែលគេស្គាល់តាមសភាវគតិដូចសត្វតិរច្ឆាន បណ្ដាលអោយតែខ្លួនគេត្រូវវិនាសប៉ុណ្ណោះ។ ១១ អ្នកទាំងនោះត្រូវ វេទនាជាពុំខាន ដ្បិតគេបានដើរតាមផ្លូវរបស់លោកកាអ៊ីន។ ពួកគេបានបណ្ដោយខ្លួនអោយវង្វេង ដូចលោកបាឡាម ព្រោះតែចង់បានប្រាក់ ពួកគេក៏វិនាសអន្តរាយ ព្រោះតែការបះបោរ ដូចលោកកូរេដែរ។
១២ នៅពេល ដែលបងប្អូនបរិភោគអាហាររួមគ្នាដោយចិត្តស្រឡាញ់ អ្នកទាំងនោះបានធ្វើអោយមានល្អក់កករ គឺគេនាំគ្នាស៊ីផឹកបំពេញក្រពះ ឥតអៀនខ្មាសទាល់តែសោះ។ ពួកគេប្រៀបបានទៅនឹងពពកឥតមានភ្លៀង ដែលរសាត់តាមខ្យល់ ប្រៀបបាននឹងដើមឈើគ្មានផ្លែក្នុងរដូវផ្លែ ហើយជាដើមឈើរលើងឫស ដែលងាប់ពីរដងទៅហើយ ១៣ ពួកគេប្រៀបបីដូចជា រលកសមុទ្រដ៏កំណាច បក់បោកបែកពពុះគួរអោយអៀនខ្លួន។ ពួកគេប្រៀបបានទៅនឹងផ្កាយវង្វេងទិស ដែលព្រះជាម្ចាស់បម្រុងទុក អោយស្ថិតនៅក្នុងទីងងឹតសូន្យសុង អស់កល្បជានិច្ច!
១៤ លោក ហេណុក ដែលជាបុព្វបុរសតំណទីប្រាំពីរក្រោយលោកអដាំ បានថ្លែងទុកអំពីអ្នកទាំងនោះដូចតទៅ៖ «មើល! ព្រះអម្ចាស់យាងមកជាមួយប្រជាជនដ៏វិសុទ្ធ* របស់ព្រះអង្គ ដែលមានចំនួនដ៏ច្រើនអនេកអនន្ត ១៥ ដើម្បីវិនិច្ឆ័យទោស មនុស្សទូទៅ និងបង្ហាញអោយមនុស្សទាំងអស់ ដែលមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ដឹងកំហុសរបស់ខ្លួន ហើយអោយអ្នកបាបទាំងនោះដឹងអំពីពាក្យសំដីទាំងប៉ុន្មាន ដែលគេបានពោលប្រឆាំងនឹងព្រះអង្គ»។ ១៦ ពួកគេជាមនុស្ស រអ៊ូរទាំ មិនដែលសប្បាយចិត្តសោះ គេប្រព្រឹត្តតាមចិត្តលោភលន់របស់ខ្លួន។ ពាក្យសំដីរបស់គេចេញមកសុទ្ធតែជាពាក្យអួតដ៏សម្បើម ហើយគេតែងតែបញ្ចើចបញ្ចើអ្នកដទៃ ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន។
ពាក្យដាស់តឿនផ្សេងៗ
១៧ ចំពោះបងប្អូនវិញ បងប្អូនជាទីស្រឡាញ់អើយ ចូរនឹកចាំសេចក្ដីប្រៀនប្រដៅដែលក្រុមគ្រីស្ដទូត*របស់ព្រះយេស៊ូគ្រីស្ដ ជាអម្ចាស់នៃយើងបានប្រាប់បងប្អូនកាលពីមុន។ ១៨ លោកទាំងនោះមាន ប្រសាសន៍ប្រាប់បងប្អូនថា «នៅគ្រាចុងក្រោយបំផុត នឹងមានពួកអ្នកចំអកមើលងាយ ពួកគេជាមនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ហើយប្រព្រឹត្តតាមចិត្តលោភលន់របស់ខ្លួន»។ ១៩ អ្នកទាំងនោះជាមេបង្កអោយមានការបាក់បែកគ្នា ជាមនុស្សដែលមានគំនិតលោកីយ៍ ហើយគ្មានព្រះវិញ្ញាណគង់ជាមួយទេ។
២០ រីឯបង ប្អូនវិញ បងប្អូនជាទីស្រឡាញ់អើយ ចូរកសាងគ្នាទៅវិញទៅមក លើជំនឿដ៏វិសុទ្ធបំផុតរបស់បងប្អូន ចូរអធិស្ឋានតាមព្រះវិញ្ញាណដ៏វិសុទ្ធ។ ២១ ចូរស្ថិតនៅជាប់នឹង សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ទាំងទន្ទឹងរង់ចាំព្រះហឫទ័យមេត្តាករុណារបស់ព្រះយេស៊ូគ្រីស្ដ ជាព្រះអម្ចាស់នៃយើង ដើម្បីទទួលជីវិតអស់កល្បជានិច្ចផង។ ២២ ត្រូវមេត្តាករុណាដល់បងប្អូនណាដែលមានចិត្តស្ទាក់ស្ទើរ ២៣ ត្រូវសង្គ្រោះគេ ដោយអូសទាញគេអោយរួចផុតពីភ្លើង។ ចំពោះអ្នកឯទៀតៗវិញ ត្រូវមេត្តាករុណាដល់គេដែរ តែត្រូវភ័យខ្លាច គឺសូម្បីតែអាវដែលប៉ះនឹងរូបកាយគេ ក៏សៅហ្មងដែរ កុំប៉ះពាល់អោយសោះ។
២៤ ព្រះជាម្ចាស់ អាចការពារបងប្អូន មិនអោយមានកំហុស ព្រមទាំងអោយឈរនៅមុខសិរីរុងរឿងរបស់ព្រះអង្គ ឥតសៅហ្មង និងមានអំណរសប្បាយទៀតផង។ ២៥ មានព្រះជាម្ចាស់តែ មួយព្រះអង្គទេ ដែលជាព្រះសង្គ្រោះយើង ដោយសារព្រះយេស៊ូគ្រីស្ដជាព្រះអម្ចាស់នៃយើង។ សូមលើកតម្កើងសិរីរុងរឿង បារមីឧត្ដុង្គឧត្ដម ព្រះចេស្ដា និងអំណាចដែលទ្រង់មានតាំងពីមុនកាលសម័យទាំងអស់ ហើយទ្រង់ក៏មាននៅពេលនេះ និងអស់កល្បតរៀងទៅ។ អាម៉ែន!។