លិខិតទី ២ របស់លោកយ៉ូហាន
ជំពូក ១
បុរេកថា
១ ខ្ញុំជាចាស់ទុំ សូមជំរាបមកលោកស្រី ដែលព្រះជា ម្ចាស់បានជ្រើសរើស និងជំរាបមកកូនចៅរបស់លោកស្រី ដែលខ្ញុំស្រឡាញ់ តាមសេចក្ដីពិត មិនមែនតែខ្ញុំប៉ុណ្ណោះទេដែលស្រឡាញ់ គឺអស់អ្នកដែលបានស្គាល់សេចក្ដីពិតក៏ស្រ ឡាញ់ដែរ ២ ព្រោះតែសេចក្ដីពិតនៅជាប់នឹងយើងឥឡូវនេះ ហើយក៏នឹងនៅជាមួយយើង រៀងរហូតអស់កល្បជានិច្ច។ ៣ សូមព្រះជាម្ចាស់ជា ព្រះបិតា និងព្រះយេស៊ូគ្រីស្ដ* ជាព្រះបុត្រារបស់ព្រះអង្គ ប្រណីសន្ដោស មេត្តាករុណា និងប្រទានសេចក្ដីសុខសាន្តមកយើង ក្នុងសេចក្ដីពិត និងក្នុងសេចក្ដីស្រឡាញ់។
សេចក្ដីស្រឡាញ់រវាងបងប្អូន
៤ ខ្ញុំសប្បាយចិត្តណាស់ ដោយបានឃើញកូនចៅរបស់លោកស្រីមួយចំនួន ប្រតិបត្តិតាមសេចក្ដីពិត ស្របតាមវិន័យដែលយើងបានទទួលពីព្រះបិតាមក។ ៥ ឥឡូវនេះ ខ្ញុំសូមអង្វរលោកស្រីថា យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ ខ្ញុំមិនសរសេរវិន័យថ្មីផ្ញើមកជូនទេ នេះគឺជាវិន័យដែលយើងបានទទួល តាំងពីដើមដំបូងមកម៉្លេះ។ ៦ សេចក្ដីស្រឡាញ់មានដូច តទៅៈ យើងត្រូវតែប្រតិបត្តិតាមវិន័យទាំងប៉ុន្មាន។ នេះហើយជាវិន័យដែលអ្នករាល់គ្នាបានឮ តាំងពីដើមដំបូងមក ដើម្បីអោយអ្នករាល់គ្នាប្រតិបត្តិតាម។
គ្រូក្លែងក្លាយ
៧ មានអ្នកបោកបញ្ឆោតជាច្រើននាក់ បានចូលមកក្នុងលោកនេះ ពួកគេពុំទទួលស្គាល់ថា ព្រះយេស៊ូគ្រីស្ដ*បានយាងមកជាមនុស្សទេ។ ជនប្រភេទនេះហើយដែលជាអ្នកបោកបញ្ឆោត និងជាមេប្រឆាំង*ព្រះគ្រីស្ដ។ ៨ ចូរមើលគ្នាឯងអោយមែន ទែន ក្រែងខូចផលប្រយោជន៍ នៃកិច្ចការដែលអ្នករាល់គ្នាបានធ្វើ។ ផ្ទុយទៅវិញ ចូរខំអោយបានទទួលរង្វាន់ដ៏បរិបូណ៌។
៩ អ្នកណា មិនស្ថិតនៅជាប់នឹងព្រះឱវាទរបស់ព្រះគ្រីស្ដ* គឺទៅហួស អ្នកនោះ គ្មានព្រះជាម្ចាស់គង់ជាមួយទេ។ អ្នកណាស្ថិតនៅជាប់នឹងព្រះឱវាទរបស់ព្រះគ្រីស្ដទើបមានព្រះបិតា និងព្រះបុត្រាគង់ជាមួយ។ ១០ ប្រសិនបើមាននរណា ម្នាក់មករកអ្នករាល់គ្នា តែមិននាំព្រះឱវាទនេះមកទេ កុំទទួលគេនៅក្នុងផ្ទះអ្នករាល់គ្នាឡើយ ហើយក៏មិនត្រូវជំរាបសួរគេផង ១១ ដ្បិតអ្នកណាជំរាបសួរមនុស្សបែបនេះ ក៏ដូចជាសមគំនិតនឹងអំពើអាក្រក់របស់គេដែរ។
១២ ខ្ញុំ មានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវជំរាបអ្នករាល់គ្នា តែខ្ញុំមិនចង់សរសេរផ្ញើមក តាមរយៈក្រដាស និងទឹកខ្មៅនេះទេ គឺខ្ញុំសង្ឃឹមថានឹងមកជួបអ្នករាល់គ្នា និយាយផ្ទាល់មាត់តែម្ដង ដើម្បីអោយយើងមានអំណរពេញលក្ខណៈ។
១៣ កូនចៅបងស្រីរបស់លោកស្រី គឺបងស្រីដែលព្រះអង្គបានជ្រើសរើសនោះ ក៏សូមជំរាបសួរមកលោកស្រីដែរ។