លិខិតទី​ ១ ​​របស់លោក​យ៉ូហាន
ពាក្យលំនាំ

ជាយូរឆ្នាំក្រោយព្រះយេស៊ូចូលទិវង្គត មានកើតវិបត្ដិមួយយ៉ាងធំក្នុងចំណោមអ្នកជឿ គឺគ្រីស្ដបរិស័ទខ្លះដែលស្ទាត់ជំនាញខាង​ទស្សនវិជ្ជាក្រិក អួតខ្លួនថាគេអាច «ស្គាល់» និង «ឃើញ» ព្រះជាម្ចាស់បានដោយប្រាជ្ញា និង តាមការត្រិះរិះរបស់ខ្លួន។ ពួកគេអួត​ទៀតថា ខ្លួនគេគ្មានជាប់បាបទាល់តែសោះជាពិសេសទៅទៀត អ្នកទាំងនោះមិនជឿថាព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ទេ ហើយក៏មិនជឿ​ថាព្រះអង្គជាមនុស្សធម្មតាដែរ។ គេនឹកស្មានថា ព្រះវិញ្ញាណរបស់ព្រះបុត្រាបានយាងចូលក្នុងរូបបុរសម្នាក់ឈ្មោះ​យេស៊ូ នៅពេលលោក​យ៉ូហានបាទីស្ដធ្វើពិធីជ្រមុជទឹកឲ្យ ពួកគេស្មានទៀតថា ព្រះវិញ្ញាណរបស់ព្រះបុត្រាបានយាងចេញទៅវិញ នៅពេលព្រះយេស៊ូរងទុក្ខ​លំបាក។

គោលបំណងៈ

លោកយ៉ូហានសរសេរលិខិតបីច្បាប់នេះ នៅចុងសតវត្សទៅ១ ដើម្បីប្រៀនប្រដៅគ្រីស្ដបរិស័ទទាំងឡាយឲ្យកាន់ជំនឿត្រឹមត្រូវ កុំ​ចាញ់បោកពួកអ្នកដែលផ្សាយទ្រឹស្ដីផ្ដេសផ្ដាសទាំងនោះឡើង។ លោកបានបញ្ជាក់យ៉ាងច្បាស់អំពីមាគ៌ាដ៏ពិតប្រាកដ គឺថា អ្នក​ណាមានចិត្ដស្រឡាញ់ចំពោះអ្នកផងទាំងពួង អ្នកនោះហើយដែលស្គាល់ និង ឃើញព្រះជាម្ចាស់។

លិខិតទីពីរ និង ទីបីជាលិខិតខ្លីៗផ្ញើទៅក្រុមគ្រីស្ដបរិស័ទមួយ និង គ្រីស្ដបរិស័ទម្នាក់ឈ្មោះកៃយូស។

គំរោងគម្ពីរយ៉ូហានទី

  • សេចក្ដីផ្ដើម ១.១-៤
  • ពន្លឺ និង ភាពងងឹត ១.៥-២.២៩
  • បុត្រធីតារបស់ព្រះជាម្ចាស់ និង កូនចៅរបស់មានរសាតាំង ៣.១-២៤
  • សេចក្ដីពិត និង គ្រូក្លែងក្លាយ ៤.១-៦
  • សេចក្ដីស្រឡាញ់ ៤.៧-២១
  • ជ័យជំនះរបស់ជំនឿ ៥.១-២១

គំរោងគម្ពីរយ៉ូហានទី

  • សេចក្ដីផ្ដើម ១-៣
  • សេចក្ដីស្រឡាញ់រវាងបងប្អូន ៤-៦
  • គ្រូក្លែងក្លាយ ៧-១១
  • អវសានកថា ១២-១៣

គំរោងគម្ពីរយ៉ូហានទី

  • សេចក្ដីផ្ដើម ១-៤
  • ភក្ដីភាពរបស់លោកកៃយូស ៥-៨
  • ឌីអូត្រែប និង ដេមេទ្រីយូស ៩-១២
  • អវសានកថា ១៣-១៥

ជំពូក ១

ព្រះបន្ទូលនៃជីវិត

 ព្រះបន្ទូល​ដែល​ផ្ដល់​ ជីវិត​ គង់​នៅ​កាល​ពី​ដើម​ដំបូង​បង្អស់ យើង​បាន​ឮ​ព្រះបន្ទូល​នេះ បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក បាន​រំពឹង​គិត និង​បាន​ពាល់​ដោយ​ដៃ​យើង​ផ្ទាល់  (ដ្បិត​ជីវិត​នេះ​បាន​លេច ​មក​អោយ​យើង​ឃើញ ហើយ​យើង​សូម​ផ្ដល់​សក្ខីភាព និង​សូម​ជូន​ដំណឹង​មក​បង​ប្អូន អំពី​ជីវិត​អស់កល្ប​ជានិច្ចដែល​បែរ​ទៅ​រក​ ព្រះបិតា និង​លេច​មក​អោយ​យើង​ឃើញ)។ យើង​សូម​ជូន​ដំណឹង​អំពី​ ព្រះបន្ទូល​ដែល​យើង​បាន​ឃើញ និង​បាន​ឮ​នោះ​ដល់​បង​ប្អូន ដើម្បី​អោយ​បង​ប្អូន​បាន​ចូល​រួម​រស់​ជា​មួយ​យើង រីឯ​យើង​វិញ យើង​ក៏​រួម​រស់​ជា​មួយ​ព្រះបិតា និង​ជា​មួយ​ព្រះយេស៊ូគ្រីស្ដ* ជា​ព្រះបុត្រា​របស់​ព្រះអង្គ។  យើង​សរសេរ​សេចក្ដី​ទាំង​នេះ​មក​ជូន​បង​ប្អូន ដើម្បី​អោយ​យើង​មាន​អំណរ​ពេញ​លក្ខណៈ។

ព្រះជាម្ចាស់ជាពន្លឺ

 ដំណឹង​ដែល​យើង​បាន​ឮ​ពី​ ព្រះយេស៊ូគ្រីស្ដ* ហើយ​យក​មក​ជំរាប​ជូន​បង​ប្អូន​នេះ មាន​សេចក្ដី​ដូច​ត​ទៅៈ ព្រះជាម្ចាស់​ជា​ពន្លឺ គ្មាន​សេចក្ដី​ងងឹត​នៅ​ក្នុង​ព្រះអង្គ​ទាល់​តែ​សោះ។ ប្រសិន​បើ​យើង​ពោល​ថា យើង​រួម​រស់​ជា​មួយ​ព្រះអង្គ តែ​យើង​បែរ​ជា​រស់​ ក្នុង​សេចក្ដី​ងងឹត​ទៅ​វិញ​នោះ យើង​និយាយ​កុហក​ហើយ គឺ​យើង​មិន​ប្រតិបត្តិ​តាម​សេចក្ដី​ពិត​ទេ។ ប៉ុន្តែ ប្រសិន​បើ​យើង​រស់ក្នុង​ពន្លឺ ដូច​ព្រះអង្គ​ផ្ទាល់​ដែល​គង់​នៅ​ក្នុង​ពន្លឺ នោះ​យើង​នឹង​បាន​រួម​រស់​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះលោហិត​របស់​ព្រះយេស៊ូ ជា​ព្រះបុត្រា​របស់​ព្រះអង្គ​ជំរះ​យើង​អោយ​បាន​បរិសុទ្ធ* រួច​ពី​គ្រប់​អំពើ​បាប​ទាំង​អស់។

អំពើបាប និងការអត់ទោស

 ប្រសិន​បើ​យើង​ពោល​ថា យើង​គ្មាន​បាប​សោះ នោះ​យើង​បញ្ឆោត​ខ្លួន​ឯង ហើយ​សេចក្ដី​ពិត​ក៏​មិន​ស្ថិត​នៅ​ក្នុង​យើង​ដែរ។  ប៉ុន្តែ បើ​យើង​ទទួល​សារភាព​អំពើ​បាប​របស់​យើង នោះ​ព្រះជាម្ចាស់​ដែល​មាន​ព្រះហឫទ័យ​ស្មោះស្ម័គ្រ និង​សុចរិត* ទ្រង់​​នឹង​អត់ទោស​យើង​អោយ​រួច​ពី​បាប ព្រម​ទាំង​ជំរះ​យើង​អោយ​​បាន​បរិសុទ្ធ រួច​ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង។ ១០ ប្រ​សិន​​បើ​យើង​ពោល​ថា យើង​គ្មាន​បាប​សោះ នោះ​ដូច​ជា​យើង​ចោទ​ថា ព្រះជាម្ចាស់​កុហក​ទៅ​វិញ ហើយ​ព្រះបន្ទូល​របស់​ព្រះអង្គ​មិន​ស្ថិត​នៅ​ក្នុង​ខ្លួន​យើង​ទេ។

ជំពូក ២

ព្រះគ្រីស្ដជាទីពឹងរបស់យើង

 ម្នាល​កូន​ចៅ​ទាំងឡាយ​អើយ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​កុំ​អោយ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប។ ប៉ុន្តែ ប្រសិន​បើ​មាន​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប យើង​មាន​ព្រះ​ដ៏​ជួយ​ការពារ​មួយ​ព្រះអង្គ គង់​នៅ​ទល់​មុខ​ព្រះបិតា គឺ​ព្រះយេស៊ូគ្រីស្ដ​ដ៏​សុចរិត។ ព្រះអង្គ​បាន​បូជា​ ព្រះជន្ម​ដើម្បី​លោះ​យើង​អោយ​រួច​ពី​បាប ហើយ​មិន​ត្រឹម​តែ​លោះ​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​លោះ​មនុស្ស​លោក​ទាំង​មូល​ផង​ដែរ។

វិន័យថ្មីៈ ត្រូវស្រឡាញ់គ្នាជាបងប្អូន

 ប្រសិន​បើ​យើង​កាន់​តាមវិន័យ​របស់​ព្រះអង្គ នោះ​ទើប​យើង​ដឹង​ថា យើង​បាន​ស្គាល់​ព្រះអង្គ​មែន។ អ្នក​ណា​ពោល​ថា «ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ» តែ​មិន​កាន់​តាមវិន័យ​របស់​ព្រះអង្គ អ្នក​នោះ​និយាយ​កុហក ហើយ​សេចក្ដី​ពិត​មិន​ស្ថិត​នៅ​ក្នុង​ខ្លួន​គេ​ទេ។  រីឯ​អ្នក​ដែល​កាន់​តាម​ ព្រះបន្ទូល​របស់​ព្រះអង្គ សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ពិត​ជា​ស្ថិត​នៅ​ក្នុង​អ្នក​នោះ គ្រប់​លក្ខណៈ​មែន។ យើង​អាច​ដឹង​ថា យើង​ពិត​ជា​ស្ថិត​នៅ​ក្នុង​ព្រះអង្គ​ដោយ​សេចក្ដី​នេះ គឺ​អ្នក​ណា​អះអាង​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​ព្រះអង្គ អ្នក​នោះ​ត្រូវ​តែ​រស់​នៅ​តាម​របៀប​ដូច​ព្រះអម្ចាស់​ធ្លាប់​រស់​ដែរ។

 កូន​ចៅ​ជា ​ទី​ស្រឡាញ់​អើយ ខ្ញុំ​មិន​សរសេរវិន័យ*​ថ្មី​ណា​មួយ​មក​ជូន​អ្នក​រាល់​គ្នា​ឡើយ គឺ​ខ្ញុំ​សរសេរ​វិន័យ​ចាស់ ជា​វិន័យ​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល តាំង​ពី​ដើម​រៀង​មក។ វិន័យ*​ចាស់​នេះ​ជា​ព្រះបន្ទូល ដែល​អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​រួច​មក​ហើយ។ យ៉ាង​ណាមិញ វិន័យថ្មី​ដែល​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ពិត​ជា​ថ្មី​ក្នុង​អង្គ​ព្រះគ្រីស្ដ* និង​ក្នុង​អ្នក​រាល់​គ្នា​ ដ្បិត​សេចក្ដី​ងងឹត​កំពុង​តែ​រសាត់​បាត់​ទៅ រីឯ​ពន្លឺ​ដ៏​ពិត​ប្រាកដ​បាន​ភ្លឺ​ឡើង​ហើយ។

 អ្នក​ណា​អះអាង​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​ពន្លឺ តែ​ស្អប់​បង​ប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត​នៅ​ឡើយ។ ១០ អ្នក​ណា​ស្រឡាញ់​បង​ប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​ពន្លឺ ហើយ​គ្មាន​អ្វី​ធ្វើ​អោយ​គាត់​រវាត​ចិត្ត​ចេញ​ពី​ជំនឿ​ឡើយ។ ១១ រីឯ​អ្នក​ណា​ស្អប់​បង​ប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត គេ​រស់​ក្នុង​សេចក្ដី​ងងឹត ទាំង​ពុំ​ដឹង​ថា​ខ្លួន​កំពុង​ទៅ​ណា​ផង ព្រោះ​សេចក្ដី​ងងឹត​បាន​ធ្វើ​អោយ​ភ្នែក​របស់​គេ​ទៅ​ជា​ខ្វាក់។ ១២ ម្នាល​កូន​ចៅ​ទាំងឡាយ​ អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា ព្រះជាម្ចាស់​បាន​លើកលែង​ទោស​អ្នក​អោយ​រួច​ពី​បាប ដោយសារ​ព្រះនាម​របស់​ព្រះយេស៊ូ។ ១៣ ចាស់​ទុំ​ទាំងឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ព្រះអង្គ​ដែល​គង់​នៅ​តាំង​ពី​មុន​កំណើត​អ្វីៗ​ទាំង​អស់។ យុវជន​ទាំងឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ឈ្នះ​មារ*​កំណាច​ហើយ។

១៤ ក្មេងៗ​ ទាំងឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ព្រះបិតា។ ចាស់​ទុំ​ទាំងឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ព្រះអង្គ ដែល​គង់​នៅ​តាំង​ពី​មុន​កំណើត​អ្វីៗ​ទាំង​អស់។ យុវជន​ទាំងឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​មាន​កម្លាំង​ពលំ ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ក៏​ស្ថិត​នៅ​ក្នុង​អ្នក ហើយ​អ្នក​បាន​ឈ្នះ​មារ​កំណាច។ ១៥ កុំ​ស្រឡាញ់​លោកីយ៍ និង​អ្វីៗ​នៅ​ក្នុង​លោកីយ៍​នេះ​ឡើយ។ អ្នក​ណា​ស្រឡាញ់​លោកីយ៍ សេចក្ដី​ស្រឡាញ់​របស់​ព្រះបិតា​មិន​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​ទេ។ ១៦ អ្វីៗ​នៅ​ក្នុង​លោកីយ៍​ នេះ ដូច​ជា​ចិត្ត​លោភលន់​របស់​មនុស្ស ចិត្ត​លោភលន់​ចង់​បាន​អ្វីៗ​ដែល​ភ្នែក​មើល​ឃើញ និង​អំនួត ព្រោះ​មាន​ទ្រព្យ​សម្បត្តិ មិន​មែន​មក​ពី​ព្រះបិតា​ទេ គឺ​មក​ពី​គំនិត​លោកីយ៍​វិញ។ ១៧ លោកីយ៍​នេះ​កំពុង​តែ​ រសាត់​បាត់​ទៅ ហើយ​ចិត្ត​លោភលន់​របស់​មនុស្ស​លោក​ក៏​កំពុង​តែ​រសាត់​បាត់​ទៅ​ដែរ។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ប្រព្រឹត្ត​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ នឹង​នៅ​ស្ថិតស្ថេរ​គង់វង្ស​អស់​កល្ប​ជានិច្ច។

អ្នកប្រឆាំងព្រះគ្រីស្ដ

១៨ ម្នាល​កូន​ចៅ​ទាំងឡាយ​អើយ ពេល​នេះ ជា​ពេល​ចុង​ក្រោយ​បំផុត ដូច​អ្នក​រាល់​គ្នា​បាន​ឮ​ស្រាប់​ហើយ​ថា មាន​មេ​ប្រឆាំង*​ព្រះគ្រីស្ដ​ម្នាក់​កំពុង​តែ​មក។ ឥឡូវ​នេះ មាន​មេ​ប្រឆាំង​ព្រះគ្រីស្ដ​ជា​ច្រើន​នាក់​មក​ដល់​មែន ជា​ហេតុ​នាំ​អោយ​យើង​ដឹង​ថា គ្រា​នេះ​ជា​គ្រា​ចុង​ក្រោយ​បំផុត​ហើយ។ ១៩ អ្នក​ទាំង​នោះ​បាន​ចេញ​ ពី​ចំណោម​ពួក​យើង​ទៅ តែ​ពួក​គេ​មិន​មែន​ជា​គ្នា​យើង​ទេ បើ​គេ​ជា​គ្នា​យើង​មែន គេ​មុខ​ជា​នៅ​ជា​មួយ​យើង​រហូត​មិន​ខាន។ ប៉ុន្តែ គេ​ចាក​ចេញ​ពី​យើង​ទៅ​ដូច្នេះ​បង្ហាញ​អោយ​ឃើញ​ថា ពួក​គេ​មិន​មែន​សុទ្ធ​តែ​ជា​គ្នា​យើង​ទាំង​អស់​ទេ។

២០ រីឯ​អ្នក​រាល់​គ្នា​វិញ ព្រះ​ដ៏វិសុទ្ធ*​បាន​ចាក់​ប្រេង​​មក​លើ​អ្នក​រាល់​គ្នា ហើយ​អ្នក​ក៏​បាន​ចេះ​ដឹង​ទាំង​អស់​គ្នា។ ២១ ខ្ញុំ​សរសេរ​មក​អ្នក​ រាល់​គ្នា មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​មិន​ស្គាល់​សេចក្ដី​ពិត​នោះ​ទេ គឺ​ខ្ញុំ​សរសេរ​មក​ព្រោះ​អ្នក​រាល់​គ្នា​ស្គាល់​សេចក្ដី​ពិត​រួច​ហើយ ហើយ​គ្មាន​ពាក្យ​កុហក​ណា​កើត​មក​ពី​សេចក្ដី​ពិត​ទាល់​តែ​សោះ។ ២២ តើ​នរណា​ជា​អ្នក​កុហក? គឺ​គ្មាន​នរណា​ក្រៅ​ពី​អ្នក​ដែល​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះយេស៊ូ​ថា ជា​ព្រះគ្រីស្ដ*​នោះ​ឡើយ។ អ្នក​ណា​បដិសេធ​មិន​ទទួល​ស្គាល់​ទាំង​ព្រះបិតា ទាំង​ព្រះបុត្រា គឺ​អ្នក​នោះ​ហើយ​ជា​មេ​ប្រឆាំង*​ព្រះគ្រីស្ដ។ ២៣ អ្នក​ណា​មិន​ទទួល​ ស្គាល់​ព្រះបុត្រា អ្នក​នោះ​ក៏​គ្មាន​ព្រះបិតា​គង់​ជា​មួយ​ដែរ រីឯ​អ្នក​ដែល​ទទួល​ស្គាល់​ព្រះបុត្រា ទើប​មាន​ព្រះបិតា​គង់​ជា​មួយ។

២៤ ចំពោះ​ អ្នក​រាល់​គ្នា​វិញ ចូរ​ទុក​អោយ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ តាំង​ពី​ដើម​ដំបូង​រៀង​មក ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ។ ប្រសិន​បើ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​តាំង​ពី​ដើម​ដំបូង​រៀង​មក ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​រាល់​គ្នា​ក៏​ស្ថិត​នៅ​ជាប់​នឹង​ព្រះបុត្រា និង​ព្រះបិតា​ដែរ។ ២៥ រីឯ​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​យើង​នោះ គឺ​ព្រះអង្គ​ប្រទាន​ជីវិត​អស់កល្ប​ជានិច្ច​មក​យើង។ ២៦ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ស្ដី​អំពី​ពួក​អ្នក​ដែល​បាន​មក​បញ្ឆោត​អ្នក​រាល់​គ្នា​អោយ​វង្វេង។ ២៧ ​ព្រះវិញ្ញាណ​ដែល​ ព្រះអម្ចាស់​ប្រទាន​មក​អ្នក​រាល់​គ្នា ទ្រង់​គង់​នៅ​ក្នុង​អ្នក​រាល់​គ្នា​ស្រាប់​ហើយ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​អោយ​នរណា​មក​បង្រៀន​អ្នក​រាល់​គ្នា​ឡើយ។ បើ​ព្រះវិញ្ញាណ​បង្រៀន​គ្រប់​សេចក្ដី​ដល់​អ្នក​រាល់​គ្នា (ព្រះអង្គ​មិន​កុហក​ទេ ព្រះអង្គ​ជា​សេចក្ដី​ពិត) ដូច្នេះ អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ព្រះគ្រីស្ដ*​ដូច​ព្រះវិញ្ញាណ​បាន​បង្រៀន ​អ្នក​រាល់​គ្នា​ស្រាប់​ហើយ។

២៨ ឥឡូវ​នេះ កូន​ចៅ​ទាំងឡាយ​អើយ ចូរ​ស្ថិត​នៅ​ជាប់​នឹង​ព្រះយេស៊ូ​ចុះ ដើម្បី​អោយ​យើង​មាន​ចិត្ត​រឹងប៉ឹង នៅ​ថ្ងៃ​ដែល​ព្រះអង្គ​យាង​មក​យ៉ាង​រុង​រឿង ហើយ​ពេល​ព្រះអង្គ​យាង​មក​នោះ យើង​នឹង​មិន​ត្រូវ​អៀន​ខ្មាស​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ​ឡើយ។ ២៩​​​ អ្នក​រាល់​គ្នា​ដឹង​ ស្រាប់​ហើយ​ថា ព្រះអង្គ​សុចរិត ហេតុ​នេះ ចូរ​អ្នក​រាល់​គ្នា​ដឹង​ដែរ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត សុទ្ធ​តែ​កើត​មក​ពី​ព្រះអង្គ​ទាំង​អស់។

ជំពូក ៣

បុត្រធីតាធីតារបស់ព្រះជាម្ចាស់

 សូម​គិត​មើល៍ ព្រះបិតា​មាន​ព្រះហឫទ័យ​ស្រឡាញ់​យើង​ខ្លាំង​ដល់​កំរិត​ណា គឺ​ព្រះអង្គ​ស្រឡាញ់​យើង រហូត​ដល់​ទៅ​ហៅ​យើង​ថា ជា​បុត្រធីតា​របស់​ព្រះអង្គ ហើយ​យើង​ពិត​ជា​បុត្រធីតា​របស់​ព្រះអង្គ​មែន! ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​លោក​មិន​ស្គាល់​យើង មក​ពី​គេ​មិន​បាន​ស្គាល់​ព្រះអង្គ។  កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ! ពេល​នេះ យើង​ទាំង​អស់​គ្នា​ជា​បុត្រធីតា​របស់​ព្រះជាម្ចាស់ ហើយ​ដែល​យើង​នឹង​ទៅ​ជា​យ៉ាង​ណាៗ​នោះ​ព្រះអង្គ​ពុំ​ទាន់​សំដែង​អោយ​យើង​ដឹង​ នៅ​ឡើយ​ទេ។ ប៉ុន្តែ នៅ​ពេល​ព្រះគ្រីស្ដ​យាង​មក​ដល់ យើង​នឹង​បាន​ដូច​ព្រះអង្គ​ដែរ ដ្បិត​ព្រះអង្គ​មាន​ភាព​យ៉ាង​ណា យើង​នឹង​ឃើញ​ព្រះអង្គ​យ៉ាង​នោះ។ អ្នក​ណា​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះអង្គ​បែប​នេះ អ្នក​នោះ​បាន​ជំរះ​ខ្លួន​អោយ​បរិសុទ្ធ* ដូច​ព្រះអង្គ​បរិសុទ្ធ​ដែរ។

 ​​​អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប* អ្នក​នោះ​បំពាន​លើ​វិន័យ* ដ្បិត​អំពើ​បាប​ជា​ការ​បំពាន​លើ​វិន័យ។ អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា ព្រះយេស៊ូ​យាង​មក​ដើម្បី​ដក​បាប​ចេញ​ពី​មនុស្ស​លោក ដ្បិត​គ្មាន​បាប​នៅ​ក្នុង​ព្រះអង្គ​ទាល់​តែ​សោះ។ អ្នក​ណា​ស្ថិត​នៅ​ជាប់​ នឹង​ព្រះអង្គ អ្នក​នោះ​មិន​ប្រព្រឹត្ត​អំពើ​បាប​ទេ រីឯ​អ្នក​ប្រព្រឹត្ត​អំពើ​បាប មិន​ដែល​បាន​ឃើញ​ព្រះអង្គ ព្រម​ទាំង​មិន​ស្គាល់​ព្រះអង្គ​ផង។

 កូន​ចៅ​ ទាំងឡាយ​អើយ សុំ​កុំ​អោយ​នរណា​ម្នាក់​មក​បញ្ឆោត​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​សុចរិត អ្នក​នោះ​ជា​មនុស្ស​សុចរិត ដូច​ព្រះយេស៊ូ​ទ្រង់​សុចរិត​ដែរ។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​កើត​ចេញ​ពី​មារ* ដ្បិត​មារ​បាន​ប្រព្រឹត្ត​អំពើ​បាប តាំង​ពី​ដើម​រៀង​មក។ ព្រះបុត្រា​របស់​ព្រះជាម្ចាស់​បាន​យាង​មក ដើម្បី​រំលាយ​កិច្ចការ​របស់​មារ។

 អ្នក​ដែល​ កើត​មក​ពី​ព្រះជាម្ចាស់ មិន​ប្រព្រឹត្ត​អំពើ​បាប​ទេ ដ្បិត​ពូជ​​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្នុង​អ្នក​នោះ ហើយ​អ្នក​នោះ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​បាប​បាន​ឡើយ ព្រោះ​គេ​កើត​មក​ពី​ព្រះជាម្ចាស់។ ១០ ត្រង់​ហ្នឹង​ហើយ ដែល​បង្ហាញ​អោយ​ឃើញ​ច្បាស់​ថា អ្នក​ណា​ជា​បុត្រធីតា​របស់​ព្រះជាម្ចាស់ អ្នក​ណា​ជា​កូន​ចៅ​របស់​មារ*។ អ្នក​ណា​មិន​ប្រព្រឹត្ត​អំពើ​សុចរិត* អ្នក​នោះ​មិន​មែន​កើត​មក​ពី​ព្រះជាម្ចាស់​ទេ ហើយ​អ្នក​ណា​មិន​ស្រឡាញ់​បង​ប្អូន អ្នក​នោះ​ក៏​មិន​មែន​កើត​មក​ពី​ព្រះអង្គ​ដែរ។

ការស្រឡាញ់គ្នាជាបងប្អូន

១១ ដំណឹង​ដែល​បង​ប្អូន​បាន​ទទួល តាំង​ពី​ដើម​ដំបូង​រៀង​មក​នោះ គឺ​យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ១២ យើង​មិន​ត្រូវ​ធ្វើ​ដូច ​កាអ៊ីន ដែល​កើត​ចេញ​មក​ពី​មារ*​កំណាច ហើយ​បាន​កាត់​ក​ប្អូន​របស់​ខ្លួន​នោះ​ឡើយ។ ហេតុ​អ្វី​បាន​ជា​គាត់​សម្លាប់​ប្អូន​ដូច្នេះ? គឺ​មក​ពី​អំពើ​ដែល​គាត់​ធ្លាប់​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់ រីឯ​អំពើ​ដែល​ប្អូន​របស់​គាត់​ប្រព្រឹត្ត​សុទ្ធ​តែ​សុចរិត*។ ១៣ បង​ប្អូន​អើយ ប្រសិន​បើ​មនុស្ស​លោក​ស្អប់​បង​ប្អូន សូម​កុំ​ងឿងឆ្ងល់​ឡើយ។ ១៤ យើង​ដឹង​ហើយ​ថា យើង​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​មក​កាន់​ជីវិត ព្រោះ​យើង​ចេះ​ស្រឡាញ់​បង​ប្អូន។ អ្នក​ណា​មិន​ចេះ​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ស្លាប់។ ១៥ អ្នក​ណា​ស្អប់​បង​ប្អូន ​របស់​ខ្លួន អ្នក​នោះ​ជា​ឃាតក។ បង​ប្អូន​ដឹង​ស្រាប់​ហើយ​ថា ឃាតក​គ្មាន​ជីវិត​អស់កល្ប​ជានិច្ច​ស្ថិត​នៅ​ក្នុង​ខ្លួន​ទេ។

១៦ យើង​ ស្គាល់​សេចក្ដី​ស្រឡាញ់​ស្រាប់​ហើយ គឺ​ព្រះយេស៊ូ​បាន​បូជា​ព្រះជន្ម​របស់​ព្រះអង្គ​សំរាប់​យើង ហេតុ​នេះ យើង​ត្រូវ​បូជា​ជីវិត​សំរាប់​បង​ប្អូន​ដែរ។ ១៧ ប្រសិន​បើ​នរណា​ម្នាក់​ មាន​សម្បត្តិ​លោកីយ៍ ហើយ​ឃើញ​បង​ប្អូន​របស់​ខ្លួន​ខ្វះ​ខាត តែ​បែរ​ជា​មិន​អាណិត​អាសូរ​គេ​ទេ​នោះ ធ្វើ​ដូច​ម្ដេច​នឹង​អោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ស្ថិត​នៅ​ក្នុង​ខ្លួន​អ្នក​នោះ​កើត!១៨ កូន​ចៅ​អើយ យើង​មិន​ត្រូវ​ស្រឡាញ់​ត្រឹម​តែ​បបូរ​មាត់ ឬ​ពាក្យ​សំដី​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ស្រឡាញ់​តាម​អំពើ​ដែល​យើង​ប្រព្រឹត្ត និង​តាម​សេចក្ដី​ពិត​វិញ។

១៩ ត្រង់​ហ្នឹង​ហើយ​ដែល​យើង​ដឹង​ថា យើង​កើត​មក​ពី​សេចក្ដី​ពិត ហើយ​ចិត្ត​យើង​មិន​ភ័យ​ខ្លាច​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ​ទេ។ ២០ ហេតុ​នេះ ប្រសិន​បើ​ចិត្ត​គំនិត​របស់​យើង​ដាក់​ទោស​យើង នោះ​ព្រះជាម្ចាស់​ដែល​ធំ​ជាង​ចិត្ត​របស់​យើង ទ្រង់​ឈ្វេង​យល់​ទាំង​អស់។ ២១ កូន​ចៅ​ជា​ទី​ស្រឡាញ់​ អើយ ប្រសិន​បើ​ចិត្ត​គំនិត​របស់​យើង​មិន​ដាក់​ទោស​យើង​ទេ នោះ​យើង​នឹង​មាន​ចិត្ត​រឹងប៉ឹង​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ។ ២២ អ្វីៗ​ក៏​ដោយ​អោយ​តែ​ យើង​ទូល​សូម យើង​មុខ​ជា​ទទួល​ពី​ព្រះអង្គ​មិន​ខាន ព្រោះ​យើង​កាន់​តាម​វិន័យរបស់​ព្រះអង្គ និង​ប្រព្រឹត្ត​អំពើ​ណា​ដែល​គាប់​ព្រះហឫទ័យ​ព្រះអង្គ។ ២៣ រីឯវិន័យ*​របស់​ ព្រះអង្គ​មាន​ដូច​ត​ទៅ គឺ​យើង​ត្រូវ​ជឿ​លើ​ព្រះនាម​ព្រះយេស៊ូគ្រីស្ដ* ជា​ព្រះបុត្រា​របស់​ព្រះអង្គ និង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក តាមវិន័យ​ដែល​ព្រះអង្គ​ប្រទាន​មក​យើង។ ២៤ អ្នក​ណា​កាន់​តាមវិន័យ*​របស់​ព្រះអង្គ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​ព្រះជាម្ចាស់ ហើយ​ព្រះជាម្ចាស់​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ។ ត្រង់​ហ្នឹង​ហើយ​ដែល​យើង​ដឹង​ថា ព្រះជាម្ចាស់​ស្ថិត​នៅ​ជាប់​នឹង​យើង ដោយសារ​ព្រះវិញ្ញាណ​ដែល​ព្រះអង្គ​ប្រទាន​មក​យើង។

ជំពូក ៤

គ្រូក្លែងក្លាយ

 កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ សូម​កុំ​ជឿ​អស់​អ្នក​ដែល​ថា ខ្លួន​មាន​ព្រះវិញ្ញាណ​គង់​នៅ​ជា​មួយ​នោះ​ឡើយ ត្រូវ​ល្បងល​គេ​មើល ដើម្បី​អោយ​ដឹង​ថា វិញ្ញាណ​នេះ​មក​ពី​ព្រះជាម្ចាស់​មែន​ឬ​យ៉ាង​ណា ដ្បិត​មាន​ព្យាការី*​ក្លែងក្លាយ​ជា​ច្រើន​បាន​មក​ក្នុង​លោក​នេះ។ បង​ប្អូន​អាច​ស្គាល់​ ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​បាន​នៅ​ត្រង់​នេះ គឺ​អ្នក​ណា​​ប្រកាស​ជំនឿ​ថា ព្រះយេស៊ូគ្រីស្ដ*​បាន​យាង​មក​កើត​ជា​មនុស្ស អ្នក​នោះ​មាន​ព្រះវិញ្ញាណ​មក​ពី​ព្រះជាម្ចាស់​មែន តែ​អ្នក​ណា​មិន​ទទួល​ ស្គាល់​ថា ព្រះយេស៊ូ​កើត​មក​ជា​មនុស្ស​ទេ​ អ្នក​នោះ​មិន​កើត​មក​ពី​ព្រះជាម្ចាស់​ឡើយ គឺ​មក​ពី​មេ​ប្រឆាំង​ព្រះគ្រីស្ដ​វិញ ដូច​អ្នក​រាល់​គ្នា​បាន​ទទួល​ដំណឹង​ថា មាន​មេ​ប្រឆាំង​នឹង​ព្រះគ្រីស្ដ​កំពុង​តែ​មក ឥឡូវ​នេះ​គេ​ក៏​នៅ​ក្នុង​ពិភព​លោក​ស្រាប់។

 កូន​ចៅ​អើយ អ្នក​រាល់​គ្នា​កើត​មក​ពី​ព្រះជាម្ចាស់ ហើយ​អ្នក​រាល់​គ្នា​បាន​ឈ្នះ​ព្យាការី*​ក្លែងក្លាយ​ទាំង​នោះ ដ្បិត​ព្រះអង្គ​ដែល​គង់​នៅ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​មាន​អំណាច​ធំ​ជាង​ម្ចាស់​លោកីយ៍​នេះ​ទៅ​ទៀត។ អ្នក​ទាំង​នោះ​កើត​មក​ពី​លោកីយ៍ ហេតុ​នេះ​ហើយ​បាន​ជា​ពាក្យ​សំដី​របស់​គេ​ចេញ​ពី​លោកីយ៍ ហើយ​មនុស្ស​លោក​ស្ដាប់​គេ។ រីឯ​យើង​វិញ យើង​កើត​មក​ពី​ព្រះជាម្ចាស់ អ្នក​ណា​ស្គាល់​ព្រះជាម្ចាស់ អ្នក​នោះ​ក៏​ស្ដាប់​យើង​ដែរ អ្នក​ណា​មិន​កើត​មក​ពី​ព្រះជាម្ចាស់​ទេ អ្នក​នោះ​មិន​ស្ដាប់​យើង​ឡើយ គឺ​ត្រង់​ហ្នឹង​ហើយ​ដែល​យើង​អាច​ដឹង​ថា ព្រះវិញ្ញាណ​សំដែង​សេចក្ដី​ពិត ខុស​ពី​វិញ្ញាណ​ដែល​នាំ​អោយ​វង្វេង​នោះ​យ៉ាង​ណា។

ព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់

 កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​សេចក្ដី​ស្រឡាញ់​កើត​មក​ពី​ព្រះជាម្ចាស់។ អ្នក​ណា​មាន​ចិត្ត​ស្រឡាញ់ អ្នក​នោះ​កើត​មក​ពី​ព្រះជាម្ចាស់ ហើយ​ក៏​ស្គាល់​ព្រះជាម្ចាស់​ដែរ។ រីឯ​អ្នក​ដែល​មិន​ចេះ​ស្រឡាញ់ មិន​បាន​ស្គាល់​ព្រះជាម្ចាស់​ទេ ដ្បិត​ព្រះជាម្ចាស់​ជា​សេចក្ដី​ស្រឡាញ់​។ ព្រះជាម្ចាស់​បាន​សំដែង​ ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ​ក្នុង​ចំណោម​យើង គឺ​ព្រះអង្គ​បាន​ចាត់​ព្រះបុត្រា តែ​មួយ​គត់​របស់​ព្រះអង្គ​អោយ​យាង​មក​ក្នុង​លោក​នេះ ដើម្បី​អោយ​យើង​មាន​ជីវិត​ដោយសារ​ព្រះបុត្រា។ ១០ សេចក្ដី​ស្រឡាញ់​របស់​ ព្រះជាម្ចាស់​មាន​ដូច​ត​ទៅ​នេះ មិន​មែន​យើង​ទេ​ដែល​បាន​ស្រឡាញ់​ព្រះអង្គ គឺ​ព្រះអង្គ​ទេ​តើ​ដែល​បាន​ស្រឡាញ់​យើង និង​បាន​ចាត់​ព្រះបុត្រា​របស់​ព្រះអង្គ ​អោយ​យាង​មក​បូជា​ព្រះជន្ម លោះ​​យើង​អោយ​រួច​ពី​បាប​ផង។ ១១ កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ ប្រសិន ​បើ​ព្រះជាម្ចាស់​បាន​ស្រឡាញ់​យើង​ដល់​កំរិត​នេះ​ទៅ​ហើយ យើង​ក៏​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។

១២ ពុំ​ដែល ​មាន​នរណា​បាន​ឃើញ​ព្រះជាម្ចាស់​ឡើយ។ ប្រសិន​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ព្រះជាម្ចាស់​ស្ថិត​នៅ​ជាប់​នឹង​យើង ហើយ​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ នឹង​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​យើង​ដែរ។ ១៣ យើង​ដឹង​ថា យើង​ស្ថិត​នៅ​ជាប់​នឹង​ព្រះអង្គ ហើយ​ព្រះអង្គ​ស្ថិត​នៅ​ជាប់​នឹង​យើង ដោយ​ទ្រង់​បាន​ចែក​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​មក​យើង។ ១៤ រីឯ​យើង​វិញ យើង​បាន​ឃើញ ហើយ​យើង​ផ្ដល់​សក្ខីភាព​ថា ព្រះបិតា​បាន​ចាត់​ព្រះបុត្រា​អោយ​យាង​មក​សង្គ្រោះ​មនុស្ស​លោក។ ១៥ អ្នក​ណា​ប្រកាស​ជំនឿ​ថា ​ព្រះយេស៊ូ​ពិត​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់ ព្រះជាម្ចាស់​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ ហើយ​អ្នក​នោះ​ក៏​ស្ថិត​នៅ​ជាប់​នឹង​ព្រះអង្គ​ដែរ។ ១៦ រីឯ​យើង​វិញ យើង​បាន​ស្គាល់​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ក្នុង​ចំណោម​យើង ហើយ​យើង​ក៏​បាន​ជឿ។ ព្រះជាម្ចាស់​ជា​សេចក្ដី​ស្រឡាញ់ អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​ព្រះជាម្ចាស់ ហើយ​ព្រះជាម្ចាស់​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ។

១៧ បើ​ សេចក្ដី​ស្រឡាញ់​ពិត​ជា​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​យើង​មែន នោះ​យើង​នឹង​មាន​ចិត្ត​រឹងប៉ឹង នៅ​ថ្ងៃ​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ដ្បិត​ក្នុង​លោក​នេះ​យើង​មាន​របៀប​រស់​នៅ​ដូច​ព្រះយេស៊ូ​ដែរ។ ១៨ បើ​យើង​មាន​សេចក្ដី​ ស្រឡាញ់​ក្នុង​ខ្លួន យើង​ឥត​មាន​ភ័យ​ខ្លាច​ទេ តែ​សេចក្ដី​ស្រឡាញ់​ដ៏​គ្រប់​លក្ខណៈ បណ្ដេញ​ ការ​ភ័យ​ខ្លាច​អោយ​ចេញ​ផុត​ទៅ​បាន​ថែម​ទៀត​ផង។ អ្នក​​ណា​នៅ​ភ័យ​ខ្លាច អ្នក​នោះ​តែងតែ​ខ្លាច​ទទួល​ទណ្ឌកម្ម ដូច្នេះ សេចក្ដី​ស្រឡាញ់​ពុំ​ទាន់​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​ខ្លួន​គេ​ឡើយ។

១៩ រីឯ​យើង​វិញ យើង​មាន​ចិត្ត​ស្រឡាញ់ ព្រោះ​ព្រះអង្គ​បាន​ស្រឡាញ់​យើង​ជា​មុន។ ២០ បើ​នរណា​ម្នាក់​ពោល​ថា “ខ្ញុំ​ស្រឡាញ់​ព្រះជាម្ចាស់” តែ​ស្អប់​បង​ប្អូន​របស់​ខ្លួន អ្នក​នោះ​និយាយ​កុហក​ហើយ។ អ្នក​ណា​មិន​ស្រឡាញ់​បង​ប្អូន​ដែល​ខ្លួន​មើល​ឃើញ ក៏​ពុំ​អាច​ស្រឡាញ់​ព្រះជាម្ចាស់​ដែល​ខ្លួន​មើល​ពុំ​ឃើញ​នោះ​បាន​ដែរ។ ២១ យើង​បាន​ទទួល​វិន័យនេះ​ពី​ព្រះអង្គ​ថា «អ្នក​ណា​ស្រឡាញ់​ព្រះជាម្ចាស់ អ្នក​នោះ​ក៏​ត្រូវ​ស្រឡាញ់​បង​ប្អូន​ដែរ»។

ជំពូក ៥

ជំនឿលើព្រះយេស៊ូជាប្រភពនៃសេចក្ដីស្រឡាញ់

 អ្នក​ណា​ជឿ​ថា​ព្រះយេស៊ូ​ ពិត​ជា​ព្រះគ្រីស្ដ អ្នក​នោះ​កើត​មក​ពី​ព្រះជាម្ចាស់ ហើយ​អ្នក​ណា​ស្រឡាញ់​ព្រះបិតា អ្នក​នោះ​ក៏​ស្រឡាញ់​អ្នក​ដែល​កើត​មក​ពី​ព្រះអង្គ​ដែរ។  ដោយ​យើង​ស្រឡាញ់​ ព្រះជាម្ចាស់ និង​ប្រតិបត្តិ​តាម​វិន័យ​ទាំង​ប៉ុន្មាន យើង​នឹង​ដឹង​ថា យើង​ពិត​ជា​ស្រឡាញ់​បុត្រធីតា​របស់​ព្រះជាម្ចាស់។ យើង​មាន​សេចក្ដី​ស្រឡាញ់​ របស់​ព្រះជាម្ចាស់​ក្នុង​ខ្លួន​មែន លុះ​ត្រា​តែ​យើង​កាន់​តាមវិន័យ​ទាំង​ប៉ុន្មាន។ វិន័យ​របស់​ព្រះអង្គ​មិន​តឹងតែង​ទេ ព្រោះ​អស់​អ្នក​ដែល​កើត​មក​ពី​ព្រះជាម្ចាស់ សុទ្ធ​តែ​ឈ្នះ​លោកីយ៍​នេះ គឺ​ជំនឿ​របស់​យើង​ហ្នឹង​ហើយ ដែល​បាន​ឈ្នះ​លោកីយ៍។ តើ​អ្នក​ណា​អាច​ឈ្នះ​លោកីយ៍​បាន? គឺ​អ្នក​ដែល​ជឿ​ថា ព្រះយេស៊ូ​ពិត​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់។

សក្ខីភាពអំពីព្រះយេស៊ូគ្រីស្ដ និងអំពីជីវិតអស់កល្បជានិច្ច

 ព្រះយេស៊ូ​គ្រីស្ដ​នេះ​ ហើយ ដែល​បាន​យាង​មក​ក្នុង​លោក​នេះ ដោយ​ទឹក និង​លោហិត​ មិន​ត្រឹម​តែ​ដោយ​ទឹក​ប៉ុណ្ណោះ​ទេ គឺ​ដោយ​ទឹក និង​លោហិត​ផង។ ព្រះវិញ្ញាណ​បាន​ផ្ដល់​សក្ខីភាព​ថា សេចក្ដី​នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន ដ្បិត​ព្រះវិញ្ញាណ​ជា​សេចក្ដី​ពិត។  មាន​បន្ទាល់​បី​គឺ ព្រះវិញ្ញាណ ទឹក និង​លោហិត ហើយ​បន្ទាល់​ទាំង​បី​នេះ រួម​គ្នា​ផ្ដល់​សក្ខីភាព​តែ​មួយ​។ ព្រះជាម្ចាស់​បាន​ផ្ដល់​ សក្ខីភាព​អំពី​ព្រះបុត្រា​របស់​ព្រះអង្គ។ យើង​តែងតែ​ទទួល​ស្គាល់​សក្ខីភាព​របស់​មនុស្ស រីឯ​សក្ខីភាព​របស់​ព្រះជាម្ចាស់​រឹងរឹត​តែ​ធំ​ជាង​នោះ​ទៅ​ទៀត។ ១០ អ្នក​ណា​ជឿ​លើ​ ព្រះបុត្រា​របស់​ព្រះជាម្ចាស់ អ្នក​នោះ​មាន​សក្ខីភាព​របស់​ព្រះអង្គ​នៅ​ក្នុង​ខ្លួន អ្នក​ណា​មិន​ជឿ​ព្រះជាម្ចាស់​ទេ អ្នក​នោះ​ចាត់​ទុក​ថា ព្រះអង្គ​កុហក​ទៅ​វិញ ព្រោះ​គេ​មិន​ជឿ​លើ​សក្ខីភាព​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​មក ស្ដី​អំពី​ព្រះបុត្រា​របស់​ព្រះអង្គ។ ១១ រីឯ​សក្ខីភាព​នោះ​មាន​ ដូច​ត​ទៅ​នេះ គឺ​ព្រះជាម្ចាស់​បាន​ប្រទាន​ជីវិត​អស់កល្ប​ជានិច្ច​មក​យើង ហើយ​ជីវិត​នេះ​ស្ថិត​នៅ​ក្នុង​ព្រះបុត្រា​របស់​ព្រះអង្គ។ ១២ អ្នក​ណា​មាន​ព្រះបុត្រា អ្នក​នោះ​ក៏​មាន​ជីវិត​ដែរ ហើយ​អ្នក​ណា​គ្មាន​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​ទេ អ្នក​នោះ​គ្មាន​ជីវិត​នេះ​ឡើយ។

១៣ ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​អោយ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​ដែល​ជឿ​លើ​ព្រះនាម​ព្រះបុត្រា​របស់​ព្រះជា​ម្ចាស់ មាន​ជីវិត​អស់កល្ប​ជានិច្ច​ហើយ។ ១៤ ហេតុ​នេះ​ហើយ​បាន​ជា​ យើង​មាន​ចិត្ត​រឹងប៉ឹង​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ គឺ​ថា ប្រសិន​បើ​យើង​ទូល​សូម​អ្វី ស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ នោះ​ទ្រង់​នឹង​ព្រះសណ្ដាប់​យើង​ជា​មិន​ខាន។ ១៥ បើ​យើង​ដឹង​ថា ព្រះអង្គ​ទ្រង់​ព្រះសណ្ដាប់​យើង ទោះ​បី​យើង​ទូល​សូម​អ្វី​ពី​ព្រះអង្គ​ក៏​ដោយ យើង​ដឹង​ថា យើង​បាន​ទទួល​អ្វីៗ​ដែល​យើង​ទូល​សូម​នោះ​រួច​ហើយ។

១៦ ប្រសិន​ បើ​អ្នក​ណា​ម្នាក់ ឃើញ​បង​ប្អូន​ប្រព្រឹត្ត​អំពើ​បាប ដែល​មិន​បណ្ដាល​អោយ​ស្លាប់ ត្រូវ​តែ​ទូលអង្វរ​ព្រះជាម្ចាស់ ហើយ​ព្រះអង្គ​នឹង​ប្រទាន​ជីវិត​អោយ​បង​ប្អូន​នោះ។ ខ្ញុំ​និយាយ​តែ​ពី​អំពើ​បាប ដែល​មិន​បណ្ដាល​អោយ​ស្លាប់​ប៉ុណ្ណោះ។ មាន​អំពើ​បាប​ម្យ៉ាង​ដែល​បណ្ដាល​អោយ​ស្លាប់ ចំពោះ​អំពើ​បាប​នោះ ខ្ញុំ​មិន​សុំ​អោយ​ទូលអង្វរ​ទេ។ ១៧ អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ជា​អំពើ​បាប​ទាំង​អស់ ប៉ុន្តែ មាន​អំពើ​បាប​ខ្លះ​មិន​បណ្ដាល​អោយ​ស្លាប់​ឡើយ។

១៨ យើង​ដឹង ​ហើយ​ថា អ្នក​កើត​មក​ពី​ព្រះជាម្ចាស់ មិន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ ដ្បិត​ព្រះបុត្រា​ដែល​កើត​ពី​ព្រះជាម្ចាស់​មក ទ្រង់​ការពារ​អ្នក​នោះ ហើយ​មារ*​កំណាច​ពុំ​អាច​យាយី​គេ​បាន​ឡើយ។ ១៩ យើង​ដឹង​ថា យើង​កើត​មក​ពី​ព្រះជាម្ចាស់ រីឯ​មនុស្ស​លោក​ទាំង​មូល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​មារ​កំណាច។ ២០ ​យើង​ក៏​ដឹង​ដែរ​ថា ព្រះបុត្រា​របស់​ព្រះជាម្ចាស់​បាន​យាង​មក ទ្រង់​ប្រទាន​ប្រាជ្ញា​អោយ​យើង​ស្គាល់​ព្រះ​ដ៏​ពិត​ប្រាកដ ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ព្រះ​ដ៏​ពិត​ប្រាកដ ដោយ​រួម​ក្នុង​អង្គ​ព្រះយេស៊ូគ្រីស្ដ* ជា​ព្រះបុត្រា​របស់​ព្រះអង្គ គឺ​ព្រះអង្គ​ហើយ ដែល​ជា​ព្រះជាម្ចាស់​ដ៏​ពិត​ប្រាកដ ព្រះអង្គ​ជា​ជីវិត​អស់កល្ប​ជានិច្ច។

២១ កូន​ចៅ​អើយ ចូរ​ចៀស​អោយ​ផុត​ពី​ការ​គោរព​ព្រះ​ក្លែងក្លាយ​។