លិខិតទី ២ របស់លោកសិលា
ពាក្យលំនាំ
យើងពុំដឹងថា លោកសិលាបានតែងលិខិតទីពីរនេះនៅពេលណាទេ។ អ្នកស្រាវជ្រាវខ្លះសន្និដ្ឋានថា មានគ្រីស្ដបរិស័ទម្នាក់បានតែងលិខិតនេះប្រហែលជានៅចុងសតវត្សទីមួយឬ ដើមសតវត្សទីពីរ។
គោលបំណង
លិខិតទីពីរនេះ មានបំណងចង់ដាស់តឿនគ្រីស្ដបរិស័ទ កុំឲ្យបណ្ដោយខ្លួនទៅតាមគ្រូអាចារ្យក្លែងក្លាយដែលប្រៀនប្រដៅលទ្ធិផ្សេងៗ ខុសពីការ ប្រៀនប្រដៅរបស់ក្រុមគ្រីស្ដទូត។ ក្នុងលិខិតនេះ មានបញ្ជាក់យ៉ាងច្បាស់អំពីដើមកំណើតនៃព្រះគម្ពីរទាំងមូល គឺព្រះវិញ្ញាណនៃព្រះជាម្ចាស់បានណែនាំ អ្នកតែងឲ្យសរសេរ ហេតុនេះហើយបានជាគ្រីស្ដបរិស័ទត្រូវយល់ព្រះគម្ពីរតាមព្រះវិញ្ញាណបំភ្លឺ និង តាមការបង្រៀនរបស់ព្រះសហគមន៍។
នៅជំពូកទីបី ជាសេចក្ដីឆ្លើយតបទៅអស់អ្នកដែលមាក់ងាយគ្រីស្ដបរិស័ទ ព្រោះគេទន្ទឹងរង់ចាំព្រះអម្ចាស់យាងមកវិញ។ លោកសិលា តបថា ហេតុដែលព្រះយេស៊ូពុំបានយាងមកវិញ ឆាប់ៗនោះមកពីព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ចំពោះមនុស្សបាប ព្រះអង្គទុកឱកាសឲ្យមនុស្សជាច្រើន ទៀតប្រែចិត្ដគំនិតដើម្បីទទួលការសង្គ្រោះពីព្រះជាម្ចាស់។
ជំពូក ១
សេចក្ដីផ្ដើម
១ ខ្ញុំ ស៊ីម៉ូនសិលា ជាអ្នកបំរើ និងជាគ្រីស្ដទូត*របស់ព្រះយេស៊ូគ្រីស្ដ* សូមជំរាបមកបងប្អូនដែលបានទទួលជំនឿ ដោយសារសេចក្ដីសុចរិត*របស់ព្រះយេស៊ូគ្រីស្ដជាព្រះជាម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។ ជំនឿរបស់បងប្អូន ក៏មានតម្លៃដូចជំនឿរបស់យើងដែរ។ ២ សូមព្រះជាម្ចាស់ ប្រណីសន្ដោស និងប្រទានសេចក្ដីសុខសាន្ដមកបងប្អូនឲ្យបានបរិបូណ៌ ដោយបងប្អូនបានស្គាល់ព្រះអង្គ និង ស្គាល់ព្រះយេស៊ូជាព្រះអម្ចាស់ របស់យើងយ៉ាងច្បាស់។
ព្រះជាម្ចាស់ត្រាស់ហៅគ្រីស្ដបរិស័ទ
៣ ឫទ្ធានុភាពរបស់ ព្រះជាម្ចាស់ប្រទានអោយយើងមានអ្វីៗទាំងអស់ សំរាប់ជីវិតរស់នៅ និងសំរាប់គោរពប្រណិប័តន៍ព្រះអង្គ។ ឫទ្ធានុភាពនោះនាំយើងអោយស្គាល់ព្រះអង្គ ដែលបានត្រាស់ហៅយើង ដោយសារសិរីរុងរឿងរបស់ព្រះអង្គផ្ទាល់ និងដោយសារព្រះបារមីរបស់ព្រះអង្គ។ ៤ ដោយសារសិរីរុងរឿង និងព្រះបារមីនេះ ព្រះអង្គបានប្រទានព្រះអំណោយទានដ៏មានតម្លៃវិសេសបំផុតមកយើង តាមព្រះបន្ទូលសន្យា ដើម្បីអោយបងប្អូនមានលក្ខណៈជាព្រះជាម្ចាស់ រួមជាមួយព្រះអង្គ ដោយបោះបង់ចោលសេចក្ដីរលួយដែលមកពីការលោភលន់ក្នុងលោកីយ៍។ ៥ ហេតុនេះ បងប្អូនត្រូវខ្នះខ្នែងអោយអស់ពីសមត្ថភាព បន្ថែមកិរិយាល្អឥតខ្ចោះពីលើជំនឿបន្ថែមការស្គាល់ព្រះអង្គពីលើ កិរិយាល្អ ៦ បន្ថែមការចេះទប់ចិត្ត ពីលើការស្គាល់ព្រះអង្គ បន្ថែមការព្យាយាមតស៊ូពីលើការចេះទប់ចិត្ត បន្ថែមការគោរពប្រណិប័តន៍ព្រះជាម្ចាស់ពីលើការព្យាយាមតស៊ូ ៧ បន្ថែមភាតរភាព ពីលើការគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងបន្ថែមសេចក្ដីស្រឡាញ់ ពីលើភាតរភាព។ ៨ ប្រសិនបើបងប្អូនមាន គុណសម្បត្តិទាំងនេះពេញបរិបូណ៌ក្នុងខ្លួនហើយ គុណសម្បត្តិទាំងនេះមុខជានាំបងប្អូនអោយមានសកម្មភាព និងបង្កើតផល ដើម្បីបានស្គាល់ព្រះយេស៊ូគ្រីស្ដ* ជាព្រះអម្ចាស់របស់យើងយ៉ាងច្បាស់។ ៩ ផ្ទុយទៅវិញ បើអ្នកណាគ្មានគុណសម្បត្តិទាំងនេះទេ អ្នកនោះជាមនុស្សខ្វាក់ មើលឃើញមិនបានវែងឆ្ងាយ គេភ្លេចថា ព្រះជាម្ចាស់បានលាងជំរះគេពីអំពើបាប ដែលគេប្រព្រឹត្តពីអតីតកាល។ ១០ ហេតុនេះបងប្អូនអើយ ចូរខំប្រឹងយកចិត្តទុកដាក់ ធ្វើអោយការត្រាស់ហៅ និងការជ្រើសរើសរបស់ព្រះជាម្ចាស់បានកាន់តែខ្ជាប់ខ្ជួនឡើងថែមទៀត។ ធ្វើយ៉ាងនេះ បងប្អូនមុខជាមិនជំពប់ដួលឡើយ។ ១១ ដូច្នេះ បងប្អូននឹងទទួលសិទ្ធិដ៏ធំទូលំទូលាយ អាចចូលទៅក្នុងព្រះរាជ្យ* ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច គឺព្រះរាជ្យរបស់ព្រះយេស៊ូគ្រីស្ដជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។
១២ ហេតុនេះ ខ្ញុំនឹងរំលឹកដាស់តឿនបងប្អូនអំពីសេចក្ដីទាំងនោះជានិច្ច ទោះបីបងប្អូនបានដឹង និងនៅតែកាន់តាមសេចក្ដីពិត ដែលបងប្អូនបានទទួលយ៉ាងខ្ជាប់ខ្ជួនហើយក៏ដោយ។ ១៣ ដរាបណាខ្ញុំនៅមានជីវិតរស់ក្នុងលោកីយ៍នេះនៅឡើយ ខ្ញុំយល់ឃើញថា ត្រូវតែរំលឹកបងប្អូនអោយភ្ញាក់ស្មារតី។ ១៤ ខ្ញុំដឹងថា ខ្ញុំនឹងត្រូវលាចាកលោកនេះក្នុងពេលឆាប់ៗខាងមុខ ដូចព្រះយេស៊ូគ្រីស្ដជាព្រះអម្ចាស់នៃយើងបានសំដែងអោយខ្ញុំដឹង ស្រាប់។ ១៥ ប៉ុន្តែ ខ្ញុំនឹងខ្នះខ្នែងធ្វើយ៉ាងណា អោយបងប្អូនអាចនឹកឃើញសេចក្ដីទាំងនោះ គ្រប់កាលៈទេសៈទាំងអស់ ក្រោយពេលខ្ញុំចាកលោកនេះទៅ។
បន្ទាល់អំពីសិរីរុងរឿងរបស់ព្រះយេស៊ូ
១៦ យើងពុំបានយករឿងប្រឌិតផ្សេងៗ មកណែនាំបងប្អូន អោយស្គាល់ឫទ្ធានុភាពរបស់ព្រះយេស៊ូគ្រីស្ដ*ជាព្រះអម្ចាស់នៃយើង និងអោយដឹងថា ព្រះអង្គត្រូវយាងមកនោះឡើយ គឺយើងបានឃើញភាពថ្កុំថ្កើង រុងរឿងរបស់ព្រះអង្គ ផ្ទាល់នឹងភ្នែកតែម្ដង ១៧ ដ្បិតព្រះអង្គបាន ទទួលកិត្តិនាម និងសិរីរុងរឿងពីព្រះជាម្ចាស់ជាព្រះបិតាមក នៅពេលដែលមានព្រះសូរសៀងលាន់ឮ ចេញពីសិរីរុងរឿងដ៏ឧត្ដុង្គឧត្ដមមកកាន់ព្រះអង្គថាៈ “នេះជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់!”។ ១៨ យើងបានឮព្រះសូរសៀងនេះពីលើមេឃមក កាលយើងនៅជាមួយព្រះអង្គនៅលើភ្នំដ៏វិសុទ្ធ។ ១៩ យើងក៏មានពាក្យ ព្យាការី*បានថ្លែងទុកមកផងដែរ ដែលជាគោលមួយដ៏មាំមួន។ បើបងប្អូនផ្ចង់ចិត្តទៅកាន់ពាក្យនេះ ពិតជាត្រឹមត្រូវហើយ ព្រោះពាក្យនេះប្រៀបបាននឹងចង្កៀងដែលបំភ្លឺក្នុងទីងងឹត រហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹករះឡើងក្នុងចិត្តបងប្អូន។ ២០ ជាបឋម សូមបងប្អូនជ្រាបថា គ្មាននរណាម្នាក់អាចបកស្រាយពាក្យរបស់ព្យាការី ដែលមានចែងទុកមកក្នុងគម្ពីរ តាមគំនិតរបស់ខ្លួនបានឡើយ ២១ ដ្បិតព្រះបន្ទូលដែល ព្យាការីបានថ្លែងទុកមកនោះ មិនមែនចេញពីបំណងចិត្តរបស់មនុស្សទេ គឺព្រះវិញ្ញាណដ៏វិសុទ្ធវិញឯណោះ ដែលជំរុញចិត្តលោកទាំងនោះអោយថ្លែងព្រះបន្ទូលក្នុងព្រះនាម ព្រះជាម្ចាស់។
ជំពូក ២
អំពីគ្រូក្លែងក្លាយ
១ កាលពីសម័យដើម មានព្យាការី*ក្លែងក្លាយស្ថិតនៅក្នុងចំណោមប្រជារាស្ត្រ។ ក្នុងចំណោមបងប្អូនក៏ដូច្នោះដែរ គឺនឹងមានគ្រូក្លែងក្លាយមកស៊កសៀត បញ្ចូលលទ្ធិខុស ដែលបណ្ដាលអោយវិនាស គេបដិសេធពុំព្រមទទួលស្គាល់ព្រះអម្ចាស់ ដែលបានលោះគេអោយរួចពីបាបនោះទេ គេមុខជាត្រូវវិនាសអន្តរាយយ៉ាងទាន់ហន់មិនខាន។ ២ មនុស្សជាច្រើននឹងដើរ តាមពួកគេ ទៅប្រព្រឹត្តអំពើអបាយមុខ ហើយមនុស្សម្នានឹងប្រមាថមាគ៌ានៃសេចក្ដីពិត ព្រោះតែអ្នកទាំងនោះ។ ៣ ពួកគេនឹងបោកប្រាស់បងប្អូនចង់បានប្រាក់ ដោយពោលពាក្យបញ្ឆោត ប៉ុន្តែ ព្រះអង្គបានកាត់ទោសពួកគេ តាំងពីយូរយារណាស់មកហើយ ហើយព្រះអង្គឥតប្រហែសនឹងបំផ្លាញគេឡើយ ៤ ដ្បិតព្រះជាម្ចាស់ពុំ បានយោគយល់ដល់ពួកទេវទូត*ដែលប្រព្រឹត្តអំពើបាបទេ ទ្រង់បានរុញពួកគេទម្លាក់ទៅក្នុងនរកអវិចី ដែលងងឹតសូន្យ ហើយគេជាប់ឃុំឃាំងនៅទីនោះរង់ចាំពេលព្រះអង្គវិនិច្ឆ័យទោស។ ៥ ព្រះអង្គក៏ពុំបាន យោគយល់ដល់ពិភពលោកនាបុរាណកាលដែរ គឺព្រះអង្គបានធ្វើអោយទឹកជន់លិចពិភពលោកដ៏ទុច្ចរិតនោះ។ ព្រះអង្គទុកជីវិតមនុស្សតែប្រាំបីនាក់ប៉ុណ្ណោះអោយនៅរស់ គិតទាំងលោកណូអេជាអ្នកប្រកាសសេចក្ដីសុចរិត*នោះផង។ ៦ ព្រះអង្គបានដាក់ទោសក្រុងសូដុម និងក្រុងកូម៉ូរ៉ា អោយរលាយទៅជាផេះ ទុកជាការព្រមានដល់មនុស្សទុច្ចរិតទៅថ្ងៃក្រោយ។ ៧ ព្រះអង្គបានដោះលែងតែ លោកឡុតជាមនុស្សសុចរិត* ព្រោះគាត់ព្រួយចិត្តដោយឃើញមនុស្សអាក្រក់នៅជំនាន់នោះ វក់វីនឹងកាមគុណដ៏ថោកទាប។ ៨ រៀងរាល់ថ្ងៃ លោកឡុតជាមនុស្សសុចរិត ដែលរស់នៅកណ្ដាលចំណោមមនុស្សអាក្រក់ទាំងនោះ បានគ្រាំគ្រាក្នុងចិត្តដ៏សុចរិតរបស់គាត់ ព្រោះឃើញ ហើយឮនូវអំពើទុច្ចរិតទាំងប៉ុន្មានរបស់ពួកគេ។ ៩ យ៉ាងនេះហើយ ដែលព្រះអម្ចាស់អាចដោះលែងអស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ អោយរួចពីទុក្ខលំបាក តែព្រះអង្គទុកមនុស្សទុច្ចរិត សំរាប់ដាក់ទណ្ឌកម្ម នៅថ្ងៃដែលព្រះអង្គនឹងវិនិច្ឆ័យទោសមនុស្សលោក ១០ ជាពិសេសព្រះអង្គដាក់ ទណ្ឌកម្មអស់អ្នកដែលប្រព្រឹត្តអំពើថោកទាប បំពេញតាមតណ្ហារបស់លោកីយ៍ ហើយមាក់ងាយអំណាចរបស់ព្រះជាម្ចាស់។ គ្រូក្លែងក្លាយទាំងនោះវាយឫកខ្ពស់ ព្រហើនក្អេងក្អាង មិនញញើតនឹងជេរប្រមាថពួកទេវទូត ដែលប្រកបដោយសិរីរុងរឿងឡើយ។ ១១ សូម្បីតែទេវទូត*ដែល មានកម្លាំង និងឫទ្ធានុភាពខ្លាំងជាងអ្នកទាំងនោះ ក៏ពុំដែលចោទប្រកាន់ប្រមាថទេវទូត នៅមុខព្រះជាម្ចាស់ដែរ។ ១២ រីឯអ្នកទាំងនោះវិញ ពួកគេប្រៀបបាននឹងសត្វតិរច្ឆានដែលកើតមកសំរាប់តែជាប់អន្ទាក់ និងត្រូវវិនាសអន្តរាយ ពួកគេនាំគ្នាជេរប្រមាថអ្វីៗដែលគេពុំស្គាល់។ ពួកគេមុខជាត្រូវវិនាសសូន្យទៅ ដូចសត្វតិរច្ឆានដែរ។ ១៣ អ្នកប្រព្រឹត្តអំពើ ទុច្ចរិត នឹងទទួលផលពីអំពើទុច្ចរិតដែលខ្លួនបានប្រព្រឹត្ត។ អ្នកទាំងនោះត្រេកត្រអាលនឹងការស្រើបស្រាលរបស់ខ្លួនទាំងថ្ងៃ ពួកគេជាមនុស្សមានចិត្តកខ្វក់ថោកទាប ហើយនៅពេលបរិភោគអាហាររួមជាមួយបងប្អូន គេសប្បាយចិត្តចំពោះការបោកប្រាស់របស់ខ្លួនបែបនេះណាស់។ ១៤ គេគិតតែពីរំពៃមើល ស្រីៗដោយចិត្តស្រើបស្រាល និងប្រព្រឹត្តអំពើបាបមិនចេះស្កប់ឡើយ។ ពួកគេតែងទាក់ទាញចិត្តអស់អ្នកដែលមានជំនឿទន់ខ្សោយ ហើយពួកគេពូកែខាងលោភលន់ចង់បានប្រាក់។ អ្នកទាំងនោះសុទ្ធតែជាមនុស្សត្រូវបណ្ដាសា!។ ១៥ ពួកគេបានបោះបង់ មាគ៌ាត្រឹមត្រូវចោល ងាកទៅដើរតាមផ្លូវលោកបាឡាមជាកូនរបស់លោកបូស៊រ និងជាអ្នកស្រឡាញ់ប្រាក់ដែលគេជួលអោយប្រព្រឹត្តអំពើទុច្ចរិត។ ១៦ ប៉ុន្តែ ព្យាការី*នេះបានទទួលការស្ដីប្រដៅ ព្រោះគាត់ប្រព្រឹត្តល្មើសវិន័យ* គឺសត្វពាហនៈដែលមិនចេះនិយាយ បែរជានិយាយភាសាមនុស្ស ឃាត់គាត់កុំអោយប្រព្រឹត្តអំពើលេលាយ៉ាងនោះឡើយ។
១៧ អ្នក ទាំងនោះប្រៀបបាននឹងប្រភពទឹកហួតហែង ឬពពកដែលត្រូវខ្យល់ព្យុះផាត់ គេនឹងត្រូវធ្លាក់ទៅក្នុងទីងងឹតសូន្យសុងជាមិនខាន។ ១៨ គេព្រោកប្រាជ្ញអំពី រឿងសម្បើមអស្ចារ្យ តែគ្មានខ្លឹមសារអ្វីសោះ ហើយប្រើតណ្ហាលោភលន់តាមលោកីយ៍ មកទាក់ទាញអស់អ្នកដែលទើបនឹងរួចពីចំណោមពួកវង្វេង។ ១៩ ពួកគេសន្យាថានឹង ផ្ដល់សេរីភាពអោយអ្នកទាំងនោះ តែខ្លួនឯងផ្ទាល់ជាខ្ញុំកញ្ជះនៃសេចក្ដីអន្តរាយ ដ្បិតម្នាក់ៗជាខ្ញុំកញ្ជះនៃអ្វីៗដែលមានអំណាចលើខ្លួន។
២០ ប្រសិន បើអ្នកណាបានលះបង់អំពើសៅហ្មងនៃលោកីយ៍ ដោយបានស្គាល់ព្រះយេស៊ូគ្រីស្ដ* ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះយ៉ាងច្បាស់ហើយ តែបែរជាបណ្ដោយអោយអំពើសៅហ្មងនេះ មានអំណាចរួបរឹត និងដឹកនាំសាជាថ្មី ជីវិតរបស់អ្នកនោះនឹងក្លាយទៅជាអាក្រក់ជាងមុនទៅទៀត។ ២១ គួរកុំអោយអ្នកនោះស្គាល់មាគ៌ាសុចរិត ជាជាងអោយស្គាល់ ហើយបែរជាងាកចេញពីបទបញ្ជាដ៏វិសុទ្ធដែលខ្លួនបានទទួល។ ២២ ហេតុការណ៍ដែលកើតមានដល់គេនេះ សអោយឃើញថា សេចក្ដីដែលសុភាសិតចែងទុកមកនោះពិតជាត្រឹមត្រូវមែន គឺ «ឆ្កែតែងតែវិលទៅរកកំអួតរបស់វាវិញ ជ្រូកដែលទើបនឹងលាងស្អាតក៏តែងតែវិលទៅននៀលភក់វិញដែរ»។
ជំពូក ៣
អំពីព្រះអម្ចាស់យាងវិលត្រឡប់មកវិញ
១ បងប្អូនជាទីស្រឡាញ់អើយ នេះជាសំបុត្រទីពីរ ដែលខ្ញុំសរសេរផ្ញើមកជូនបងប្អូន។ សេចក្ដីក្នុងសំបុត្រទាំងពីរនេះ ខ្ញុំបានរំលឹកដាស់តឿនបងប្អូនអោយមានចិត្តគំនិតត្រឹមត្រូវជានិច្ច។ ២ សូមបងប្អូនកុំភ្លេច សេចក្ដីដែលអស់លោកព្យាការី*ដ៏វិសុទ្ធ*បានថ្លែងទុកមក និងបទបញ្ជាដែលព្រះអម្ចាស់ជាព្រះសង្គ្រោះបានបង្រៀន តាមរយៈគ្រីស្ដទូតនានារបស់បងប្អូន។ ៣ ជាបឋម សូមជ្រាបថា នៅគ្រាចុងក្រោយបំផុត នឹងមានពួកអ្នកដែលរស់នៅតាមចិត្តលោភលន់របស់ខ្លួន ហើយចំអកឡកឡឺយដាក់បងប្អូន ៤ គេនឹងពោលថាៈ «បើព្រះអង្គសន្យាថាយាងមកមែននោះ តើឥឡូវទ្រង់នៅឯណា? តាំងពីបុព្វបុរស*របស់យើងស្លាប់អស់ទៅ គ្មានអ្វីផ្លាស់ប្ដូរទេ គឺនៅតែដដែល ដូចកាលពីព្រះអង្គបង្កើតពិភពលោក!»។ ៥ គេនិយាយដូច្នេះ មកពីគេធ្វើជាភ្លេចថា កាលពីបុរាណ ផ្ទៃមេឃ និងផែនដីកកើតចេញពីទឹក ហើយផ្សំឡើងពីធាតុទឹក ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ៦ បន្ទាប់មក ដោយទឹកដដែល ពិភពលោកបានលិចលង់ នៅគ្រាទឹកជំនន់ធំ។ ៧ មួយវិញទៀត ព្រះបន្ទូលដដែលនេះបានថ្លែងថា ផ្ទៃមេឃ និងផែនដីនាបច្ចុប្បន្នកាល នឹងត្រូវបម្រុងទុកអោយភ្លើងឆេះរំលាយ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សទុច្ចរិតអោយវិនាស អន្តរាយ។
៨ បងប្អូនជាទីស្រឡាញ់ អើយ សូមបងប្អូនកុំភ្លេចចំណុចមួយនេះថា នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ មួយថ្ងៃប្រៀបបាននឹងមួយពាន់ឆ្នាំហើយមួយពាន់ឆ្នាំ ក៏ប្រៀបបាននឹងមួយថ្ងៃដូច្នោះដែរ។ ៩ ព្រះអម្ចាស់នឹងយាងមក តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ឥតបង្អែបង្អង់ ដូចអ្នកខ្លះនឹកស្មាននោះឡើយ។ ព្រះអង្គសំដែងព្រះហឫទ័យអត់ធ្មត់ចំពោះបងប្អូន ព្រោះទ្រង់មិនសព្វព្រះហឫទ័យអោយនរណាម្នាក់ត្រូវវិនាសទេ គឺទ្រង់សព្វព្រះហឫទ័យអោយមនុស្សលោកគ្រប់ៗរូបកែប្រែចិត្តគំនិត វិញ។ ១០ ថ្ងៃដែលព្រះអម្ចាស់ យាងមក ប្រៀបបានទៅនឹងពេលចោរចូលលួចដូច្នោះដែរ។ នៅគ្រានោះ ផ្ទៃមេឃនឹងរលាយសូន្យទៅ ដោយសន្ធឹកខ្ទរខ្ទារធាតុនានានឹងឆេះរលាយសូន្យអស់ទៅ ហើយព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស ទាំងផែនដី ទាំងអ្វីៗដែលនៅលើផែនដីដែរ។
១១ បើអ្វីៗទាំងនោះមុខតែរលាយសូន្យយ៉ាងនេះទៅហើយ បងប្អូនត្រូវមានចរិយាដ៏វិសុទ្ធ និងគោរពកោតខ្លាចព្រះជាម្ចាស់ អោយមែនទែន!។ ១២ ចូរទន្ទឹងរង់ចាំ និងខ្នះខ្នែង ធ្វើអោយថ្ងៃដែលព្រះជាម្ចាស់ត្រូវយាងមកនោះ កាន់តែឆាប់មកដល់ គឺជាថ្ងៃដែលផ្ទៃមេឃនឹងត្រូវឆេះរលាយ ហើយធាតុនានានឹងឆេះរលាយសូន្យអស់ទៅដែរ។ ១៣ យើងទន្ទឹងរង់ចាំផ្ទៃមេឃថ្មី និងផែនដីថ្មី តាមព្រះបន្ទូលសន្យា។
១៤ ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ ក្នុងពេលដែលបងប្អូនទន្ទឹងរង់ចាំហេតុការណ៍ទាំងនេះ ចូរខ្នះខ្នែងធ្វើយ៉ាងណា អោយព្រះជាម្ចាស់ឃើញថា បងប្អូនល្អឥតខ្ចោះ ឥតសៅហ្មង និងឃើញបងប្អូនរស់នៅដោយសុខសាន្ត។ ១៥ តោងយល់ថា ព្រះអម្ចាស់នៃយើងមានព្រះហឫទ័យអត់ធ្មត់ មកពីព្រះអង្គចង់សង្គ្រោះបងប្អូន ដូចលោកប៉ូលជាបងប្អូនដ៏ជាទីស្រឡាញ់របស់យើង បានសរសេរមកជូនបងប្អូន តាមប្រាជ្ញាដែលព្រះជាម្ចាស់ប្រទានអោយលោកស្រាប់ហើយ។ ១៦ ក្នុងគ្រប់សំបុត្រ ដែលលោកបរិយាយអំពីរឿងទាំងនេះ លោកតែងតែសរសេរដូច្នេះឯង។ ក្នុងសំបុត្រទាំងនោះ មានសេចក្ដីខ្លះពិបាកយល់ ធ្វើអោយអ្នកល្ងង់ និងអ្នកដែលគ្មានជំនឿរឹងប៉ឹង បកស្រាយខុសអត្ថន័យ ដូចគេធ្លាប់បកស្រាយ អត្ថបទគម្ពីរឯទៀតៗខុសន័យដែរ បណ្ដាលអោយខ្លួនគេត្រូវវិនាសអន្តរាយ។
១៧ រីឯបងប្អូនវិញ បងប្អូនជាទីស្រឡាញ់អើយ បងប្អូនបានជ្រាបសព្វគ្រប់ជាមុនហើយ។ ដូច្នេះ ត្រូវប្រុងប្រយ័ត្នខ្លួន កុំបណ្ដោយជនពាលនាំបងប្អូនអោយវង្វេង ហើយមិនត្រូវបាត់បង់គោលជំហរដ៏រឹងប៉ឹងរបស់បងប្អូនឡើយ។ ១៨ ផ្ទុយទៅវិញ សូមបងប្អូនបានចំរើនឡើង ព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ និងជាព្រះសង្រ្គោះរបស់យើងកាន់តែខ្លាំងឡើងៗ។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ នៅពេលឥឡូវនេះ ព្រមទាំងរហូតដល់អស់កល្បជានិច្ចតរៀងទៅ។ អាម៉ែន។