លិខិតទី ១ របស់លោកសិលា
ពាក្យលំនាំ
លោកសិលាបានសរសេរលិខិតទីមួយនេះ ផ្ញើជូនគ្រីស្ដបរស័ទដែលបែកខ្ញែកគ្នា តាមតំបន់ ទាំងប្រាំនៅមជ្ឈឹមបូព៌ា។ ក្រុមគ្រីស្ដបរិស័ទ ទាំងនោះកកើតឡើង ដោយលោកប៉ូលបានប្រកាសផ្សាយដំណឹងល្អ។ ប្រហែលជាលោកសិលាតែងលិខិតនេះ កាលលោកនៅក្រុងរ៉ូម ដែលលោកឲ្យឈ្មោះថា «បាប៊ីឡូន» (៥.១៣) នៅ គ.ស.៦៤។
គោលបំណងៈ
នៅគ្រានោះគ្រីស្ដបរិស័ទត្រូវគេប្រមាថមាក់ងាយ និង ត្រូវគេធ្វើទុក្ខបៀតបៀនទៀតផង។ ហេតុនេះគ្រីស្តទូតសិលាមានបំណងដាស់តឿនគ្រីស្ដបរិស័ទ ដែលខ្ចាត់ខ្ចាយក្នុងពិភពលោក ឲ្យមានជំនឿកាន់តែមាំមួនលើព្រះយេស៊ូគ្រីស្ដ ស្របតាមពិធីជ្រមុជទឹកដែលគេបានទទួល។ ជំនឿនេះ នឹងផ្ដល់ឲ្យគេមានចិត្ដសង្ឃឹមដ៏មោះមុត គ្រប់កាលៈទេសៈ និង មានជ័យជំនះលើឧបសគ្គនានា។ រីឯទុក្ខលំបាកដែលគ្រីស្ដបរិស័ទជួបព្រទះធ្វើឲ្យគេរួមជាមួយព្រះគ្រីស្ដដែលបានរងទុក្ខលំបាកដែរ ។
ជំពូក ១
សេចក្ដីផ្ដើម
១ ខ្ញុំ សិលា ជាគ្រីស្ដទូត*របស់ព្រះយេស៊ូគ្រីស្ដ សូមជំរាបមកបងប្អូនដែលព្រះជាម្ចាស់បានជ្រើសរើស ហើយដែលបែកខ្ញែកគ្នា ទៅរស់ជាអាណិកជន នៅស្រុកប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ាដូស ស្រុកអាស៊ី និងស្រុកប៊ីធីនី។ ២ ព្រះជាម្ចាស់ ជាព្រះបិតាបានជ្រើសរើសបងប្អូន តាមគម្រោងការដែលព្រះអង្គគ្រោងទុកពីមុនមក ដោយព្រះវិញ្ញាណប្រោសបងប្អូនអោយបានវិសុទ្ធ* ដើម្បីអោយបងប្អូនស្ដាប់បង្គាប់ព្រះយេស៊ូគ្រីស្ដ* និងអោយព្រះអង្គប្រោះព្រះលោហិតរបស់ព្រះអង្គលើបងប្អូន។ សូមព្រះជាម្ចាស់ប្រណីសន្ដោស និង ប្រទានសេចក្ដីសុខសាន្តកាន់មកបងប្អូនយ៉ាងបរិបូណ៌។
សេចក្ដីសង្ឃឹម
៣ សូមសរសើរតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ដ* ជាព្រះអម្ចាស់នៃយើង។ ព្រះជាម្ចាស់បានប្រោសយើងអោយកើតជាថ្មី ដោយប្រោសព្រះយេស៊ូគ្រីស្ដ* អោយមានព្រះជន្មរស់ឡើងវិញ ស្របតាមព្រះហឫទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គ ដូច្នេះ យើងមានសេចក្ដីសង្ឃឹមដែលមិនចេះសាបសូន្យ ៤ ហើយយើងនឹងទទួលមត៌ក ដែលមិនចេះរលួយ មិនចេះសៅហ្មង មិនចេះស្រពោន។ ព្រះជាម្ចាស់បម្រុងទុកមត៌កនេះអោយបងប្អូននៅស្ថានបរមសុខ* ៥ ហើយឫទ្ធានុភាពរបស់ ព្រះអង្គថែរក្សាបងប្អូន ដោយសារជំនឿ ដើម្បីអោយបងប្អូនទទួលការសង្គ្រោះ ដែលព្រះអង្គបានរៀបចំទុកជាស្រេច ហើយដែលទ្រង់នឹងសំដែងនៅគ្រាចុងក្រោយបំផុត។
៦ ហេតុនេះ ហើយ បានជាបងប្អូនមានចិត្តរីករាយយ៉ាងខ្លាំង ទោះបីពេលនេះ បងប្អូនព្រួយចិត្តដោយជួបនឹងទុក្ខលំបាកផ្សេងៗ ក្នុងមួយរយៈពេលខ្លីក៏ដោយ។ ៧ ទុក្ខលំបាកទាំងនេះនឹង លត់ដំជំនឿរបស់បងប្អូន អោយមានតម្លៃលើសមាស ដែលតែងតែរលាយសូន្យនោះទៅទៀត គឺមាសដែលសំរាំងក្នុងភ្លើង។ នៅថ្ងៃដែលព្រះយេស៊ូគ្រីស្ដសំដែងខ្លួនអោយមនុស្សលោកឃើញ ជំនឿរបស់បងប្អូននឹងទទួលការសរសើរ ទទួលសិរីរុងរឿង និងកិត្តិយសជាមិនខាន។ ៨ បងប្អូនមិនដែលបានឃើញ ព្រះអង្គទេ តែបងប្អូនស្រឡាញ់ព្រះអង្គ ទោះបីបងប្អូននៅតែពុំទាន់ឃើញព្រះអង្គក្ដី ក៏បងប្អូនជឿលើព្រះអង្គ ហើយមានអំណរសប្បាយដ៏រុងរឿងរកថ្លែងពុំបាន ៩ ព្រោះបងប្អូនបានទទួលការសង្គ្រោះសំរាប់ព្រលឹងខ្លួន ដែលជាទីដៅនៃជំនឿរបស់បងប្អូន។
១០ ព្យាការី* ដែលថ្លែងព្រះបន្ទូល*អំពីព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ចំពោះបងប្អូន បាននាំគ្នាស្រាវជ្រាវ និងរិះរកចង់ដឹងអំពីការសង្គ្រោះនេះ។ ១១ ព្រះវិញ្ញាណរបស់ ព្រះគ្រីស្ដដែលគង់នៅក្នុងព្យាការីទាំងនោះ បានបញ្ជាក់ប្រាប់ជាមុនអំពីទុក្ខលំបាករបស់ព្រះគ្រីស្ដ និងអំពីសិរីរុងរឿងដែលព្រះអង្គនឹងទទួលតាមក្រោយ។ ពួកលោកក៏បានរិះគិតចង់ដឹងថា តើព្រឹត្តិការណ៍នេះនឹងកើតមាននៅជំនាន់ណា ក្នុងកាលៈទេសៈណា។ ១២ ព្រះជាម្ចាស់បានសំដែង អោយព្យាការីទាំងនោះដឹងថា សេចក្ដីដែលពួកលោកថ្លែង មិនមែនសំរាប់ពួកលោកទេ គឺសំរាប់បងប្អូនវិញ។ ឥឡូវនេះ ពួកអ្នកផ្សព្វផ្សាយដំណឹងល្អ* បាននាំដំណឹងមកប្រាប់បងប្អូន អំពីសេចក្ដីទាំងនោះ ក្រោមការណែនាំរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ* ដែលព្រះជាម្ចាស់បានចាត់ពីស្ថានបរមសុខមក។ សូម្បីតែពួកទេវទូត* ក៏ប្រាថ្នាចង់យល់ជំរៅនៃសេចក្ដីទាំងនោះដែរ។
ការទូន្មានអោយមានជីវិតដ៏វិសុទ្ធ
១៣ ហេតុនេះ សូមបងប្អូនប្រុងប្រៀបចិត្តគំនិតអោយមែនទែន កុំភ្លេចខ្លួនអោយសោះ ត្រូវមានចិត្តសង្ឃឹមទាំងស្រុងទៅលើព្រះគុណ ដែលព្រះជាម្ចាស់ប្រោសប្រទានអោយបងប្អូន នៅថ្ងៃព្រះយេស៊ូគ្រីស្ដ*នឹងសំដែងព្រះអង្គ អោយមនុស្សលោកឃើញ។ ១៤ ចូរធ្វើដូចកូនដែល ចេះស្ដាប់បង្គាប់ គឺមិនត្រូវធ្វើតាមចិត្តប៉ងប្រាថ្នា ដែលបងប្អូនធ្លាប់មានកាលមិនទាន់ស្គាល់ព្រះអង្គ នោះឡើយ ១៥ ផ្ទុយទៅវិញ ព្រះអង្គដែលបានត្រាស់ហៅបងប្អូន ទ្រង់វិសុទ្ធ*យ៉ាងណា បងប្អូនក៏ត្រូវតែវិសុទ្ធ* ក្នុងគ្រប់កិច្ចការ ដែលបងប្អូនប្រព្រឹត្តយ៉ាងនោះដែរ ១៦ ដ្បិតក្នុងគម្ពីរមានចែងទុកថា៖«អ្នករាល់គ្នាត្រូវតែវិសុទ្ធ* ព្រោះយើងវិសុទ្ធ»។
១៧ មួយវិញទៀត ប្រសិនបើបងប្អូនអង្វររកព្រះជាម្ចាស់ក្នុងឋានៈព្រះអង្គជាព្រះបិតា ចូររស់នៅដោយគោរពកោតខ្លាចព្រះអង្គ ក្នុងពេលដែលបងប្អូនស្នាក់នៅលើផែនដីនេះ ដ្បិតព្រះអង្គនឹងវិនិច្ឆ័យមនុស្សតាមអំពើដែលម្នាក់ៗបានប្រព្រឹត្ត ឥតរើសមុខនរណាឡើយ។ ១៨ បងប្អូនជ្រាបស្រាប់ ហើយថា ព្រះជាម្ចាស់បានលោះបងប្អូនអោយរួចពីរបៀបរស់នៅដ៏ឥតន័យ ដែលជាដំណែលតពីបុព្វបុរស*របស់បងប្អូន មិនមែនដោយសារអ្វីៗដែលតែងតែរលាយសាបសូន្យទៅ ដូចជាមាស ឬប្រាក់ទេ ១៩ គឺដោយសារព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះគ្រីស្ដ* ដែលប្រៀបបាននឹងកូនចៀមដ៏ល្អឥតខ្ចោះ ឥតស្លាកស្នាម។ ២០ ព្រះជាម្ចាស់បានជ្រើស តាំងព្រះគ្រីស្ដ មុនកំណើតពិភពលោកទៅទៀត ហើយបានបង្ហាញព្រះអង្គអោយមនុស្សលោកឃើញនៅគ្រាចុងក្រោយនេះ ព្រោះតែបងប្អូន។ ២១ តាមរយៈព្រះគ្រីស្ដ បងប្អូនជឿលើព្រះជាម្ចាស់ដែលបានប្រោសព្រះអង្គអោយមានព្រះជន្មរស់ ឡើងវិញ ហើយប្រទានសិរីរុងរឿងមកព្រះអង្គ ដើម្បីអោយបងប្អូនមានជំនឿ និងមានសង្ឃឹមលើព្រះជាម្ចាស់។
២២ បងប្អូនបានជំរះព្រលឹងអោយបានបរិសុទ្ធ*ដោយស្ដាប់តាមសេចក្ដីពិត ដើម្បីអោយបងប្អូនចេះស្រឡាញ់គ្នាយ៉ាងស្មោះស្ម័គ្រ ដូចបងប្អូនបង្កើត។ ចូរស្រឡាញ់គ្នាទៅវិញទៅមកអោយអស់ពីចិត្តទៅ។ ២៣ ព្រះជាម្ចាស់បានប្រោស បងប្អូនអោយកើតជាថ្មី មិនមែនដោយពូជដែលតែងតែរលួយទេ គឺដោយពូជមិនចេះរលួយដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះបន្ទូលនេះផ្ដល់ជីវិត ហើយនៅស្ថិតស្ថេរជាដរាប ២៤ ដ្បិត
មនុស្សគ្រប់ៗរូបប្រៀបបាននឹងស្មៅ
រីឯសិរីរុងរឿងទាំងប៉ុន្មានរបស់គេ
ប្រៀបបាននឹងផ្កា
ស្មៅតែងតែក្រៀម ហើយផ្កាក៏រុះរោយដែរ
២៥ ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះអម្ចាស់នៅស្ថិតស្ថេរ
អស់កល្បជានិច្ច។
ព្រះបន្ទូលនេះ គឺជាដំណឹងល្អ* ដែលគេបាននាំយកមកជូនបងប្អូន។
ជំពូក ២
ប្រជារាស្ត្រដ៏វិសុទ្ធ
១ ហេតុនេះ ចូរបងប្អូនលះបង់ការអាក្រក់គ្រប់យ៉ាង លះបង់ល្បិចកិច្ចកលទាំងប៉ុន្មាន ការលាក់ពុត ចិត្តច្រណែនឈ្នានីស និងការនិយាយដើមគេគ្រប់យ៉ាងនោះចោលទៅ! ២ ចូរប្រាថ្នាចង់បាន ព្រះបន្ទូល ដូចទារកដែលទើបនឹងកើតប្រាថ្នាចង់បានទឹកដោះសុទ្ធ ដើម្បីអោយបងប្អូនបានចំរើនឡើងតាមរយៈព្រះបន្ទូលនេះ និងទទួលការសង្គ្រោះ ៣ បើបងប្អូនពិតជាបានក្រេបជញ្ជក់ដឹងថា ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសមែននោះ!
៤ សូមបង ប្អូនចូលមកជិតព្រះគ្រីស្ដ ជាសិលាដ៏មានជីវិត ជាសិលាដែលមនុស្សលោកបានបោះបង់ចោល តែព្រះជាម្ចាស់បានរើសយក ព្រោះទ្រង់ឈ្វេងយល់ថាមានតម្លៃវិសេស។ ៥ រីឯបងប្អូនវិញ បងប្អូនប្រៀបបាននឹងថ្មដ៏មានជីវិតដែរ ដូច្នេះ ចូរផ្គុំគ្នាឡើង កសាងជាព្រះដំណាក់របស់ព្រះវិញ្ញាណ ធ្វើជាក្រុមបូជាចារ្យដ៏វិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណ ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រីស្ដ* ៦ ដ្បិតក្នុងគម្ពីរមានចែងថា៖
«យើងបានរើសយកថ្មគ្រឹះមួយដ៏សំខាន់
ហើយមានតម្លៃ
យើងដាក់ថ្មនោះនៅក្រុងស៊ីយ៉ូន។
អ្នកណាជឿលើថ្មនោះ
អ្នកនោះមុខជាមិនត្រូវខកចិត្តឡើយ»។
៧ ថ្មនេះមានតម្លៃវិសេស សំរាប់បងប្អូនជាអ្នកជឿ។ រីឯអ្នកដែលមិនជឿវិញ
«ថ្មដែលពួកជាងសង់ផ្ទះបោះបង់ចោល
បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត
៨ ជាថ្មដែលនាំអោយគេជំពប់ដួល
ជាសិលាដែលនាំអោយគេរវាតចិត្ត
បាត់ជំនឿ»។
អ្នកទាំងនោះជំពប់ដួល ដូចព្រះជាម្ចាស់បានគ្រោងទុកមកស្រាប់ មកពីគេពុំព្រមជឿព្រះបន្ទូល ៩ រីឯបងប្អូនវិញបង ប្អូនជាពូជសាសន៍ដែលព្រះអង្គបានជ្រើសរើស ជាក្រុមបូជាចារ្យរបស់ព្រះមហាក្សត្រ ជាជាតិសាសន៍ដ៏វិសុទ្ធ ជាប្រជារាស្ត្រដែលព្រះជាម្ចាស់បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ របស់ព្រះអង្គ ដើម្បីអោយបងប្អូនប្រកាសដំណឹងអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ ដែលបានហៅបងប្អូនអោយចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ព្រះអង្គ។ ១០ ពីដើមបងប្អូនមិនមែនជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ទេ តែឥឡូវនេះបងប្អូនជាប្រជារាស្ត្ររបស់ព្រះអង្គហើយ ពីដើម បងប្អូនពុំបានទទួលព្រះហឫទ័យមេត្តាករុណាទេ តែឥឡូវនេះ បងប្អូនបានទទួលព្រះហឫទ័យមេត្តាករុណាហើយ។
របៀបរស់នៅនៃអ្នកបំរើរបស់ព្រះជាម្ចាស់
១១ បងប្អូនជាទីស្រឡាញ់ អើយ ខ្ញុំសូមទូន្មានបងប្អូនជាជនបរទេស និងជាអ្នកស្នាក់នៅជាបណ្ដោះអាសន្នក្នុងលោកនេះថា កុំបណ្ដោយខ្លួនទៅតាមតណ្ហា ដែលតែងតែប្រឆាំងនឹងព្រលឹងនោះឡើយ។ ១២ ត្រូវកាន់កិរិយា មារយាទអោយបានថ្លៃថ្នូរនៅក្នុងចំណោមសាសន៍ដទៃ។ ដូច្នេះ ត្រង់ចំណុចណាដែលគេចោទថា បងប្អូនប្រព្រឹត្តអាក្រក់ គេបែរជាឃើញអំពើល្អរបស់បងប្អូនទៅវិញ ហើយនៅថ្ងៃដែលព្រះជាម្ចាស់យាងមក គេនឹងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គថែមទៀតផង។
១៣ សូម គោរពចុះចូលអំណាចនានា នៅលើផែនដីនេះដោយយល់ដល់ព្រះអម្ចាស់ គឺត្រូវគោរពចុះចូលព្រះរាជា ក្នុងឋានៈលោកជាអ្នកមានអំណាចធំជាងគេ ១៤ ត្រូវគោរពចុះចូលនឹង លោកទេសាភិបាលទាំងឡាយ ក្នុងឋានៈលោកជាតំណាងរបស់ព្រះរាជា ដែលទ្រង់ចាត់អោយមកធ្វើទោសអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ និងសរសើរអស់អ្នកដែលប្រព្រឹត្តអំពើល្អ។ ១៥ព្រះជាម្ចាស់ សព្វព្រះហឫទ័យអោយបងប្អូនបំបិទមាត់ពួកមនុស្សខ្លៅ ដោយបងប្អូនប្រព្រឹត្តអំពើល្អ ១៦ អោយសមនឹងឋានៈជា មនុស្សមានសេរីភាព ក៏ប៉ុន្តែ កុំប្រើសេរីភាពនេះ ដើម្បីគ្របបាំងអំពើអាក្រក់ឡើយ គឺត្រូវប្រព្រឹត្តអោយសមនឹងឋានៈបងប្អូន ដែលជាអ្នកបំរើរបស់ព្រះជាម្ចាស់។ ១៧ ចូរគោរពមនុស្សគ្រប់ៗរូប ចូរស្រឡាញ់បងប្អូនរួមជំនឿ ចូរគោរពកោតខ្លាចព្រះជាម្ចាស់ និងគោរពព្រះរាជាផង។
គំរូអំពីទុក្ខលំបាករបស់ព្រះគ្រីស្ដ
១៨ បងប្អូនដែលជាអ្នក បំរើអើយ! ត្រូវគោរពចុះចូលនឹងម្ចាស់របស់ខ្លួន ដោយគោរពកោតខ្លាចទាំងស្រុង មិនត្រឹមតែគោរពចុះចូលនឹងម្ចាស់ណាដែលល្អ និងមានចិត្តសប្បុរសប៉ុណ្ណោះទេ គឺត្រូវចុះចូលនឹងម្ចាស់ដែលកាចផងដែរ។ ១៩ បើមានបងប្អូនណា ម្នាក់រងទុក្ខលំបាកដោយអយុត្ដិធម៌ ហើយស៊ូទ្រាំ ព្រោះយល់ដល់ព្រះជាម្ចាស់ តោងចាត់ទុកថា ព្រះអង្គប្រណីសន្ដោសដល់បងប្អូននោះហើយ។ ២០ ប្រសិនបើបងប្អូនស៊ូ ទ្រាំរងទារុណកម្មមកពីបានប្រព្រឹត្តអំពើអាក្រក់ណាមួយ បងប្អូនគ្មានកិត្តិយសអ្វីទេ! ផ្ទុយទៅវិញ ប្រសិនបើបងប្អូនបានប្រព្រឹត្តអំពើល្អ តែស៊ូទ្រាំនឹងទុក្ខលំបាក នោះមកពីព្រះជាម្ចាស់ប្រណីសន្ដោសដល់បងប្អូន។
២១ ព្រះអង្គត្រាស់ហៅបងប្អូនមក
អោយរងទុក្ខលំបាកយ៉ាងនេះ
ព្រោះព្រះគ្រីស្ដ*ក៏បានរងទុក្ខលំបាក
សំរាប់បងប្អូន ទុកជាគំរូអោយ
បងប្អូនដើរតាមគន្លងរបស់ព្រះអង្គដែរ។
២២ ព្រះអង្គពុំដែលបានប្រព្រឹត្តអំពើបាបសោះ
ហើយក៏ពុំដែលមានព្រះបន្ទូលវៀចវេរណា
ចេញពីព្រះឱស្ឋរបស់ព្រះអង្គឡើយ។
២៣ ទោះបីគេជេរប្រមាថព្រះអង្គ
ក៏ព្រះអង្គមិនតបតទៅគេវិញដែរ
ព្រះអង្គបានរងទុក្ខលំបាក
តែព្រះអង្គពុំបានគំរាមកំហែងគេវិញទេ
ព្រះអង្គផ្ញើជីវិតទៅលើព្រះជាម្ចាស់
ដែលទ្រង់វិនិច្ឆ័យដោយយុត្តិធម៌។
២៤ ព្រះគ្រីស្ដ*បានផ្ទុកបាប*របស់យើង
ក្នុងព្រះកាយរបស់ព្រះអង្គ
ដែលជាប់លើឈើឆ្កាង
ដើម្បីអោយយើងលែងជំពាក់ជំពិន
នឹងបាបតទៅមុខទៀត
ហើយអោយយើងមានជីវិត
ដោយប្រព្រឹត្តតែអំពើសុចរិត*។
បងប្អូនបានជាសះស្បើយដោយសារ
ស្នាមរបួសរបស់ព្រះអង្គ
២៥ ដ្បិតបងប្អូនប្រៀបដូចជាចៀមដែលវង្វេង
តែឥឡូវនេះ បងប្អូនបានវិលត្រឡប់មករក
អ្នកគង្វាល និងអ្នកថែរក្សាព្រលឹង
របស់បងប្អូនវិញហើយ។
ជំពូក ៣
ទំនាក់ទំនងរវាងស្វាមី និងភរិយា
១ រីឯបងប្អូនស្ត្រីៗដែល មានស្វាមីក៏ដូច្នោះដែរ ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ដើម្បីអោយកិរិយាមារយាទរបស់បងប្អូន ទាក់ទាញចិត្តស្វាមីខ្លះដែលមិនជឿព្រះបន្ទូល អោយបានស្គាល់ព្រះអង្គ ដោយមិនបាច់បញ្ចេញពាក្យសំដីទេ ២ គឺគេគ្រាន់តែឃើញបងប្អូនមានកិរិយាបរិសុទ្ធ* និងចេះគោរពកោតខ្លាច។ ៣ កុំតុបតែងខ្លួនតែសំបកក្រៅ ដូចជាក្រងសក់ ពាក់មាស ឬក៏ពាក់អាវល្អប្រណីតនោះឡើយ ៤ តែត្រូវតុបតែងខាង ក្នុងជំរៅចិត្តរបស់បងប្អូនដោយគ្រឿងលំអដែលមិនចេះរលាយ ហើយមានតម្លៃដ៏លើសលប់នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់នោះវិញ គឺមានចិត្តស្លូតបូត ស្រគត់ស្រគំ។ ៥ នៅជំនាន់ដើម ស្ត្រីៗដ៏វិសុទ្ធ*ដែលសង្ឃឹមលើព្រះជាម្ចាស់ តែងកាន់ចិត្តគំនិតយ៉ាងនេះឯង គឺបានតុបតែងខ្លួន ដោយការគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ៦ ដូចជាលោកស្រីសារ៉ា ដែលបានស្ដាប់បង្គាប់លោកអប្រាហាំ ទាំងហៅលោកថា «លោកម្ចាស់»ផង។ ប្រសិនបើបងប្អូនប្រព្រឹត្តអំពើល្អ ហើយមិនភ័យខ្លាចអ្វីទេនោះ បងប្អូននេះហើយជាពូជពង្សរបស់គាត់។
៧ រីឯបង ប្អូនដែលជាស្វាមីក៏ដូច្នោះដែរ ម្នាក់ៗត្រូវរួមរស់ជាមួយភរិយារបស់ខ្លួន ដោយយល់ថា ស្ត្រីៗជាមនុស្សទន់ខ្សោយជាងខ្លួន។ ត្រូវគោរពនាង ទុកដូចជាអ្នកត្រូវរួមទទួលជីវិត ដែលព្រះជាម្ចាស់ប្រោសប្រណីប្រទានមកបងប្អូនជាមត៌ក ដើម្បីកុំអោយមានអ្វីមករារាំងការអធិស្ឋានរបស់បងប្អូនឡើយ។
ទំនាក់ទំនងរវាងបងប្អូន
៨ នៅទីបញ្ចប់ ត្រូវមានចិត្តគំនិតតែមួយ និងរួមសុខទុក្ខជាមួយគ្នា។ ត្រូវមានចិត្តស្រឡាញ់គ្នាទៅវិញទៅមកដូចបងប្អូនបង្កើត មានចិត្តអាណិតមេត្តា និងសុភាព។ ៩ កុំប្រព្រឹត្តអំពើ អាក្រក់ តបនឹងអំពើអាក្រក់ កុំជេរប្រមាថតបនឹងអ្នកដែលជេរប្រមាថបងប្អូន គឺត្រូវជូនពរគេវិញ ដ្បិតព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនអោយប្រព្រឹត្តដូច្នេះឯង ដើម្បីអោយបងប្អូនបានទទួលព្រះពររបស់ព្រះអង្គតាមព្រះបន្ទូលសន្យា។
១០ «អ្នកណាស្រឡាញ់ជីវិត និងចងបានសុភមង្គល
អ្នកនោះត្រូវទប់មាត់កុំពោលពាក្យអាក្រក់
ព្រមទាំងទប់បបូរមាត់
កុំអោយនិយាយបោកបញ្ឆោត។
១១ អ្នកនោះត្រូវចៀសវាងកុំប្រព្រឹត្តអំពើអាក្រក់
ហើយត្រូវប្រព្រឹត្តអំពើល្អ
និងខិតខំស្វែងរកសេចក្ដីសុខសាន្ត
១២ ដ្បិតព្រះអម្ចាស់ទតមើលមកមនុស្សសុចរិត*
ហើយទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់គេ
ប៉ុន្តែ ព្រះអង្គជំទាស់នឹងអស់អ្នកដែលប្រព្រឹត្ត
អំពើអាក្រក់»។
១៣ ប្រសិនបើបងប្អូនខ្នះខ្នែងប្រព្រឹត្តអំពើល្អ តើនរណានឹងធ្វើបាបបងប្អូន ១៤ យ៉ាងណាមិញ បើបងប្អូនរងទុក្ខវេទនា ព្រោះតែសេចក្ដីសុចរិត* នោះបងប្អូនមានសុភមង្គលហើយ។ សូមកុំភ័យខ្លាចមនុស្សលោកឡើយ ហើយក៏មិនត្រូវតប់ប្រមល់ដែរ ១៥ តែត្រូវទុកអោយ ព្រះគ្រីស្ដ*ជាព្រះអម្ចាស់សំដែងព្រះបារមី ក្នុងចិត្តគំនិតរបស់បងប្អូនវិញ។ ត្រូវប្រុងប្រៀបខ្លួនឆ្លើយតទល់នឹងអស់អ្នកដែលសាកសួរអំពីសេចក្ដី សង្ឃឹមរបស់បងប្អូននោះជានិច្ច ១៦ ប៉ុន្តែ ត្រូវឆ្លើយទៅគេ ដោយទន់ភ្លន់ ដោយគោរព និងដោយមានមនសិការល្អ ដើម្បីអោយអស់អ្នកដែលចង់មួលបង្កាច់កិរិយាល្អរបស់បងប្អូន ជាអ្នកជឿព្រះគ្រីស្ដ* ត្រង់ចំណុចណាមួយបែរជាត្រូវខ្មាសទៅវិញ។ ១៧ សូវរងទុក្ខដោយប្រព្រឹត្តអំពើល្អ ជាជាងប្រព្រឹត្តអំពើអាក្រក់ ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យយ៉ាងនេះ។
១៨ សូម្បី តែព្រះគ្រីស្ដ* ក៏ព្រះអង្គបានសោយទិវង្គតម្ដងជាសូរេច ព្រោះតែបាបដែរ គឺព្រះដ៏សុចរិត*បានសោយទិវង្គត ជាប្រយោជន៍ដល់មនុស្សទុច្ចរិត ដើម្បីនាំបងប្អូនទៅថ្វាយព្រះជាម្ចាស់។ កាលព្រះអង្គមានឋានៈជាមនុស្ស ទ្រង់ត្រូវគេធ្វើគុត តែព្រះជាម្ចាស់បានប្រោសព្រះអង្គអោយមានព្រះជន្មរស់ ដោយសារព្រះវិញ្ញាណវិញ។ ១៩ នៅពេលនោះព្រះអង្គបានយាងទៅប្រកាសព្រះបន្ទូលដល់វិញ្ញាណក្ខ័ន្ធ ដែលជាប់ឃុំឃាំង ២០ ជាវិញ្ញាណក្ខ័ន្ធរបស់ អ្នកបះបោរប្រឆាំងនឹងព្រះជាម្ចាស់ កាលពីសម័យដើម ក្នុងពេលដែលព្រះអង្គអត់ធ្មត់នៅសម័យលោកណូអេសង់ទូកធំ។ មានមនុស្សមួយចំនួនតូច ដែលបានចូលទៅក្នុងទូក និងបានរួចជីវិតដោយសារទឹក គឺមានតែប្រាំបីនាក់ប៉ុណ្ណោះ។ ២១ នេះជានិមិត្តរូបនៃ ពិធីជ្រមុជទឹក*ដែលសង្គ្រោះបងប្អូននាបច្ចុប្បន្នកាល តែពិធីជ្រមុជទឹកមិនមែនជាពិធីលាងជំរះរូបកាយនោះទេ គឺជាការថ្វាយជីវិតទាំងស្រុងទៅព្រះជាម្ចាស់ ដោយមនសិការល្អវិញ។ ពិធីជ្រមុជទឹកនេះសង្គ្រោះបងប្អូន ដោយសារព្រះយេស៊ូគ្រីស្ដមានព្រះជន្មរស់ឡើងវិញ ២២ ព្រះអង្គបានយាងឡើង ទៅស្ថានបរមសុខ* គង់នៅខាងស្ដាំព្រះជាម្ចាស់ ហើយពួកទេវទូត* ព្រមទាំងវត្ថុស័ក្ដិសិទ្ធិនានាដែលមានអំណាច និងឫទ្ធានុភាពនានា ចុះចូលនឹងព្រះអង្គទាំងអស់។
ជំពូក ៤
ការរស់នៅដោយមិនប្រព្រឹត្តអំពើបាប
១ ហេតុនេះ បើព្រះគ្រីស្ដបានរងទុក្ខលំបាក កាលព្រះអង្គមានឋានៈជាមនុស្ស បងប្អូនត្រូវប្រកាន់ចិត្តគំនិតដូចព្រះអង្គដែរ ដ្បិតអ្នកណាស៊ូទ្រាំរងទុក្ខលំបាកខាងរូបកាយ អ្នកនោះលែងទាក់ទាមអ្វីនឹងបាប*ទៀតហើយ ២ ដើម្បីអោយបានរស់ ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងកំឡុងពេលនៃអាយុជីវិតដែលនៅសល់ក្នុងលោកនេះ គឺមិនរស់នៅតាមចំណង់តណ្ហារបស់មនុស្សទៀតទេ។ ៣ ពីដើម បងប្អូនរស់នៅតាមរបៀប ដែលអស់អ្នកមិនស្គាល់ព្រះជាម្ចាស់ ចូលចិត្តនោះយូរពេកហើយ គឺបានប្រព្រឹត្តអំពើអបាយមុខ លោភលន់ ប្រមឹក ស៊ីផឹកជ្រុល និងថ្វាយបង្គំព្រះក្លែងក្លាយនានា គួរអោយខ្ពើម។ ៤ ពួកគេងឿងឆ្ងល់ ដោយឃើញបងប្អូនពុំចូលរួមជាមួយគេ ក្នុងការប្រព្រឹត្តអំពើថោកទាបហួសហេតុទាំងនោះទៀត ហើយគេក៏និយាយប្រមាថបងប្អូន។ ៥ អ្នកទាំងនោះនឹងត្រូវ ឆ្លើយរៀបរាប់ពីអំពើ ដែលខ្លួនប្រព្រឹត្តនៅចំពោះព្រះភក្ត្រព្រះអង្គ ដែលប្រុងប្រៀបនឹងវិនិច្ឆ័យទោស ទាំងមនុស្សរស់ ទាំងមនុស្សស្លាប់។ ៦ ហេតុនេះ សូម្បីតែមនុស្សស្លាប់ ក៏ព្រះអង្គបាននាំដំណឹងល្អទៅអោយគេឮដែរ។ ដូច្នេះ ទោះបីពួកគេត្រូវទទួលការវិនិច្ឆ័យទោសតាមរបៀបមនុស្សលោក ក្នុងពេលគេរស់នៅក្នុងលោកីយ៍នេះក៏ដោយ ក៏គេអាចមានជីវិតរស់ស្របតាមព្រះជាម្ចាស់ដោយសារព្រះវិញ្ញាណដែរ។
របៀបរស់នៅក្នុងក្រុមគ្រីស្ដបរិស័ទ
៧ អ្វីៗទាំងអស់ជិតរលាយសូន្យហើយ ហេតុនេះ ត្រូវគិតអោយវែងឆ្ងាយ និងភ្ញាក់ស្មារតីឡើង ដើម្បីអោយអធិស្ឋាន*កើត។ ៨ ជាបឋម ត្រូវមានចិត្តស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ដ្បិតសេចក្ដីស្រឡាញ់ រមែងគ្របបាំងអំពើបាបដ៏ច្រើនលើសលប់។ ៩ ត្រូវចេះទទួលគ្នាទៅវិញទៅមក ដោយរាក់ទាក់ឥតរអ៊ូរទាំឡើយ។
១០ បងប្អូនម្នាក់ៗ បានទទួលព្រះអំណោយទានផ្សេងៗពីគ្នាហើយ ដូច្នេះ ចូរយកព្រះអំណោយទានទាំងនេះទៅបំរើអ្នកឯទៀតៗ អោយសមនឹងនាទីរបស់បងប្អូន ជាអ្នកចាត់ចែងដ៏ល្អ ដែលចែកព្រះអំណោយទាន គ្រប់បែបយ៉ាងរបស់ព្រះជាម្ចាស់។ ១១ បើអ្នកណានិយាយ ត្រូវនិយាយអោយស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បើអ្នកណាបំរើ ត្រូវបំរើតាមកម្លាំងដែលព្រះជាម្ចាស់ប្រទានអោយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ក្នុងគ្រប់កិច្ចការទាំងអស់ តាមរយៈព្រះយេស៊ូគ្រីស្ដ។ សូមលើកតម្កើងសិរីរុងរឿង និងព្រះចេស្ដារបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!
ទុក្ខលំបាករបស់គ្រីស្ដបរិស័ទ
១២ បងប្អូនជាទីស្រឡាញ់អើយ! ចំពោះទុក្ខលំបាកដ៏ខ្លាំង ដែលកើតមាន ដើម្បីលត់ដំបងប្អូននោះ សូមកុំងឿងឆ្ងល់ ដោយគិតថាជាព្រឹត្តិការណ៍អ្វីមួយដ៏ចំឡែកឡើយ។ ១៣ ផ្ទុយទៅវិញ ចូរមានចិត្តរីករាយឡើង ព្រោះបងប្អូនរងទុក្ខលំបាកផ្សេងៗរួមជាមួយព្រះគ្រីស្ដ*។ បងប្អូនមុខជាមានអំណរសប្បាយយ៉ាងខ្លាំង នៅពេលព្រះអង្គបង្ហាញសិរីរុងរឿងរបស់ព្រះអង្គ។
១៤ ប្រសិន បើមានគេត្មះតិះដៀលបងប្អូន ព្រោះតែព្រះនាមរបស់ព្រះគ្រីស្ដ* នោះបងប្អូនមានសុភមង្គល*ហើយ ដ្បិតព្រះវិញ្ញាណប្រកបដោយសិរីរុងរឿង គឺព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ស្ថិតនៅលើបងប្អូន។ ១៥ ក្នុងចំណោមបងប្អូន សូមកុំអោយមាននរណាម្នាក់រងទុក្ខលំបាក ព្រោះបានសម្លាប់គេ លួចគេ ប្រព្រឹត្តអំពើអាក្រក់ ឬឡូកឡំក្នុងរឿងរ៉ាវរបស់អ្នកដទៃឡើយ។ ១៦ ប៉ុន្តែ បើបងប្អូនណារងទុក្ខលំបាក ក្នុងនាមជាគ្រីស្ដបរិស័ទ កុំអៀនខ្មាសអោយសោះ ផ្ទុយទៅវិញ បងប្អូននោះត្រូវតែលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ព្រោះតែនាម នេះ។
១៧ ពេលកំណត់ ដែលព្រះជាម្ចាស់ចាប់ផ្ដើមវិនិច្ឆ័យទោសមនុស្សលោកមកដល់ហើយ គឺទ្រង់វិនិច្ឆ័យទោសប្រជារាស្ត្ររបស់ព្រះអង្គមុនគេ។ ប្រសិនបើព្រះអង្គចាប់ផ្ដើមវិនិច្ឆ័យទោសពីយើងទៅហើយ ចុះទំរាំបើអស់អ្នកដែលពុំព្រមជឿដំណឹងល្អរបស់ព្រះជាម្ចាស់វិញ តើនឹងធ្លាក់ទៅដល់កំរិតណា!។ ១៨ បើមនុស្សសុចរិត*រួចជីវិតទាំងពិបាកយ៉ាងហ្នឹងទៅហើយ ចុះទំរាំបើមនុស្សទុច្ចរិត និងមនុស្សបាបវិញ តើនឹងទៅជាយ៉ាងណា!។ ១៩ ហេតុនេះ អស់អ្នកដែលរងទុក្ខលំបាក ស្របតាមព្រះហឫទ័យព្រះជាម្ចាស់ ត្រូវប្រព្រឹត្តអំពើល្អ ហើយផ្ញើជីវិតលើព្រះអាទិករ*ដែលមានព្រះហឫទ័យស្មោះត្រង់។
ជំពូក ៥
ភារកិច្ចរបស់អ្នកទទួលខុសត្រូវព្រះសហគមន៍
១ ចំពោះព្រឹទ្ធាចារ្យ*ដែលនៅក្នុងចំណោមបងប្អូន ក្នុងនាមខ្ញុំជាព្រឹទ្ធាចារ្យដូចគ្នា ហើយជាបន្ទាល់អំពីទុក្ខលំបាករបស់ព្រះគ្រីស្ដ* និងជាអ្នករួមទទួលសិរីរុងរឿង ដែលនឹងត្រូវលេចមក ខ្ញុំសូមដាស់តឿនថាៈ ២ សូមមើលថែរក្សាហ្វូង ចៀមដែលព្រះជាម្ចាស់ផ្ញើទុកនឹងបងប្អូន ដោយចិត្តស្មោះស្ម័គ្រ ស្របតាមព្រះហឫទ័យព្រះជាម្ចាស់ គឺមិនមែនដោយទើសទ័ល ឬដោយចង់បានកំរៃអ្វីដែរ តែត្រូវមើលថែរក្សាដោយសុទ្ធចិត្ត។ ៣ កុំប្រើអំណាចជិះជាន់អស់អ្នក ដែលព្រះជាម្ចាស់ប្រទានមកអោយបងប្អូនថែរក្សានោះឡើយ គឺត្រូវធ្វើជាគំរូដល់ហ្វូងចៀមវិញ។ ៤ ពេលអ្នកគង្វាលដ៏ឧត្ដមយាងមកដល់ បងប្អូននឹងទទួលមកុដដ៏រុងរឿងដែលមិនចេះអាប់រស្មី។
ភារកិច្ចរបស់អ្នកជឿ
៥ រីឯពួកយុវជនវិញក៏ដូច្នោះដែរ ត្រូវគោរពចុះចូលនឹងព្រឹទ្ធាចារ្យ*។ ចូរទាក់ទងគ្នាទៅវិញទៅមក ដោយសុភាពរាបសា ដ្បិត «ព្រះជាម្ចាស់ប្រឆាំងនឹងអស់អ្នកដែលអួតខ្លួន តែទ្រង់ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួនវិញ»។
៦ ដូច្នេះ ត្រូវដាក់ខ្លួននៅក្រោមព្រះហស្ដដ៏មានឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីអោយព្រះអង្គលើកតម្កើងបងប្អូន នៅពេលដែលព្រះអង្គបានកំណត់ទុក។ ៧ ចូរផ្ទេរទុក្ខកង្វល់ទាំងប៉ុន្មានរបស់បងប្អូនទៅព្រះអង្គទៅ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងបងប្អូន។
៨ ត្រូវភ្ញាក់ខ្លួន ហើយប្រុងស្មារតីជានិច្ច! ដ្បិតមារ*ជាសត្រូវនឹងបងប្អូន កំពុងតែក្រវែលជុំវិញបងប្អូន ដូចសឹង្ហក្រវែលទាំងគ្រហឹម រកត្របាក់ស៊ីអ្នកណាម្នាក់។ ៩ ចូរប្រឆាំងនឹងវា ហើយមានជំនឿមាំមួនឡើង ដោយដឹងថា បងប្អូនរួមជំនឿឯទៀតៗនៅក្នុងសកលលោកទាំងមូល ក៏ត្រូវរងទុក្ខលំបាកដូចបងប្អូនដែរ។
១០ បន្ទាប់ ពីបងប្អូនបានរងទុក្ខលំបាកមួយរយៈពេលខ្លីនេះរួចហើយ ព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យប្រណីសន្ដោសគ្រប់យ៉ាង ដែលបានត្រាស់ហៅបងប្អូន អោយទទួលសិរីរុងរឿងដ៏ស្ថិតស្ថេរអស់កល្បជានិច្ចរួមជាមួយ ព្រះគ្រីស្ដ* ព្រះអង្គនឹងលើកបងប្អូនអោយមានជំហរឡើងវិញ ប្រទានអោយបងប្អូនបានរឹងប៉ឹង មានកម្លាំង និងអោយបងប្អូនបានមាំមួនឥតរង្គើឡើយ។ ១១ សូមអោយព្រះអង្គបានប្រកបដោយព្រះចេស្ដា សូមលើកតម្កើងព្រះចេស្ដារបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!
អវសានកថា
១២ ខ្ញុំសរសេរលិខិតដ៏ខ្លីផ្ញើមកជូនបងប្អូននេះ ដោយមានលោកស៊ីលវ៉ានជាអ្នកស្មោះត្រង់បានជួយ ដើម្បីលើកទឹកចិត្តបងប្អូន និងបញ្ជាក់ប្រាប់បងប្អូនថា បងប្អូនពិតជាស្ថិតនៅជាប់ក្នុងព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់មែន។
១៣ ព្រះសហគមន៍*នៅក្រុងបាប៊ីឡូន សូមជំរាបសួរមកបងប្អូន ហើយលោកម៉ាកុសជាកូនរបស់ខ្ញុំ សូមជំរាបសួរមកបងប្អូនដែរ។ ១៤ ចូរជំរាបសួរគ្នាទៅវិញទៅមកដោយស្និទ្ធស្នាល។
សូមអោយបងប្អូនទាំងអស់ ដែលរួមរស់នឹងព្រះគ្រីស្ដ* បានប្រកបដោយសេចក្ដីសុខសាន្ត។