លិខិត​របស់លោក​យ៉ាកុប
ពាក្យលំនាំ

លិខិតរបស់លោកយ៉ាកុប ផ្ញើជូនប្រជាជនអ៊ីស្រាអែលដែលបែកខ្ញែកគ្នា ក្នុងសកលលោកទាំងមួល (១.១) ជាពាក្យប្រៀនប្រដៅ​អំពីរបៀបរស់នៅក្នុងជីវិតរៀងរាល់ថ្ងៃរបស់គ្រីស្ដបរិស័ទ គឺមានរបៀបទាក់ទងជាមួយអ្នកជឿនិង អ្នកមិនជឿជាដើម។

អ្នកតែងៈ អ្នកខ្លះយល់ថា លោកយ៉ាកុបដែលតែងលិខិតនេះ គឺលោយ៉ាកុប ដែលត្រូវជាប្អូនរបស់ព្រះអម្ចាស់ (កាឡាទី១.១៩) អ្នក​ខ្លះទៀត ថាជាគ្រីស្ដទូតយ៉ាកុប ជាកូនរបស់លោកអាល់ថា (ម៉ាថាយ ១០.៣) ហើយអ្នកខ្លះទៀតថាជាគ្រីស្ដបរិស័ទជាតិយូដាមួយ​រូបឈ្មោះយ៉ាកុប។

គោលសំខាន់ៗ

លោកយ៉ាកុបទូន្មានអ្នកជឿព្រះយេស៊ូ ឲ្យរស់នៅស្របតាមគោលជំនឿរបស់គ្រីស្ដបរិស័ទ។ គ្រីស្ដបរិស័ទមិនគ្រ់តែស្ដាប់ព្រះបន្ទូល​ប៉ុណ្ណោះទេគឺត្រូវប្រតិបត្ដិតាមផងដែរ ។ ជំនឿដែលមិនបង្កើតផង (អំពើល្អ) ជាជំនឿឥតខ្លឹមសារ។ លោកយ៉ាកុបដាស់តឿនគ្រីស្ដ​បរិស័ទ ឲ្យស៊ូទ្រាំនឹងទុក្ខលំបាកត្រូវទទួលអ្នកឯទៀតៗដោយមិនប្រកាន់វណ្ណៈ មិនរើសមុខ ត្រូវគោរពអ្នកក្រ និយាយស្ដីឲ្យចេះទប់​សំ​ដី ។ គាត់ស្ដី បន្ទោសពួកអ្នកមានយ៉ាងខ្លាំង ព្រោះគេជិះជាន់អ្នកក្រ ។

នៅចុងបញ្ចប់លោកដាស់តឿនគ្រីស្ដបរិស័ទឲ្យព្យាយាមអធិស្ឋាន និង ជួយគ្នាទៅវិញទៅមក ។

គំរោងសំខាន់ៗ

  • សេចក្ដីផ្ដើម ១.១
  • ជំនឿ និង ប្រាជ្ញា ១.២-៨
  • អ្នកក្រ និង អ្នកមាន ១.៩-១១
  • ការល្បងជំនឿ និង ការល្បួង ១.១២-១៨
  • ការស្ដាប់ និង ការប្រព្រឹត្ដតាម ១.១៩-២៧
  • មិនត្រវប្រកាន់វណ្ណៈ ២.១-១៣
  • ជំនឿ និង អំពើល្អ ២.១៤-២៦
  • គ្រីស្ដបរិស័ទ និង អណ្ដាត ៣.១-១៨
  • គ្រីស្ដបរិស័ទ និង លោកីយ៍ ៤.១-៥.៦
  • ពាក្យទូន្មានផ្សេងៗ ៥.៧-២០

ជំពូក ១

សេចក្ដីផ្ដើម

 ខ្ញុំ យ៉ាកុប ជា​អ្នក​បំរើ​ព្រះជាម្ចាស់ និង​ជា​អ្នក​បំរើ​ព្រះអម្ចាស់​យេស៊ូ​គ្រីស្ដ* សូម​ជំរាប​មក​កុលសម្ព័ន្ធ*​ទាំង​ដប់ពីរ ដែល​បែកខ្ញែក​គ្នា​ក្នុង​ពិភព​លោក​ទាំង​មូល សូម​ជ្រាប។

ការល្បងជំនឿ និងការល្បួង

 បង​ប្អូន​អើយ ទុក្ខ​លំបាក​គ្រប់​យ៉ាង​ដែល​បង​ប្អូន​​ត្រូវ​ឆ្លង​កាត់​នោះ សូម​ចាត់​ទុក​ថា ជា​ការ​ដែល​ធ្វើ​អោយ​បង​ប្អូន​មាន​អំណរ​ដ៏​បរិបូណ៌​វិញ ដោយ​ដឹង​ថា ការ​ល្បងលមើល​ជំនឿ​របស់​បង​ប្អូន នឹង​នាំ​អោយ​បង​ប្អូន​ចេះ​ស៊ូ​ទ្រាំ។ ក៏​ប៉ុន្តែ ត្រូវ​អោយ​ការ​ស៊ូ​ទ្រាំ​នេះ បង្កើត​ចេញ​ជា​ផល​ផ្លែ​ដ៏​ល្អ​គ្រប់​លក្ខណៈ ដើម្បី​អោយ​បង​ប្អូន​បាន​គ្រប់​លក្ខណៈ មាន​គុណ​សម្បត្តិ​ល្អ​សព្វ​គ្រប់ ឥត​ខ្វះ​ត្រង់​ណា​ឡើយ។

 ក្នុង​ ចំណោម​បង​ប្អូន ប្រសិន​បើ​មាន​នរណា​ម្នាក់​ខ្វះ​ប្រាជ្ញា អ្នក​នោះ​ត្រូវ​តែ​ទូល​សូម​ពី​ព្រះជាម្ចាស់។ ព្រះអង្គ​នឹង​ប្រទាន​អោយ​ជា​មិន​ខាន ដ្បិត​ទ្រង់​ប្រទាន​អោយ​មនុស្ស​ទាំង​អស់ ដោយ​ព្រះហឫទ័យ​ទូលាយ ឥត​បន្ទោស​ឡើយ ក៏​ប៉ុន្តែ អ្នក​នោះ​ត្រូវ​ទូល​សូម ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ ដ្បិត​អ្នក​ដែល​មាន​ចិត្ត​សង្ស័យ ប្រៀប​បាន​នឹង​រលក​សមុទ្រ​ត្រូវ​បក់​បោក​ចុះ​ឡើង​ទៅ​តាម​ខ្យល់។ មនុស្ស​ប្រភេទ​នេះ មិន​ត្រូវ​នឹក​ស្មាន​ថា នឹង​បាន​ទទួល​អ្វី​ពី​ព្រះអម្ចាស់​ឡើយ ព្រោះ​គេ​ជា​មនុស្ស​មាន​ចិត្ត​ពីរ មិន​ដែល​នឹង​ន​ក្នុង​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​ប្រព្រឹត្ត​ទេ។

 ​សូម​អោយ​បង​ប្អូន​ដែល​ក្រីក្រ​បាន​ខ្ពស់​មុខ​ឡើង ដោយ​ព្រះជាម្ចាស់​លើក​តម្កើង​គេ​ហើយ។ ១០ រីឯ​បង​ប្អូន​ដែល​ជា​ អ្នក​មាន​វិញ ក៏​ត្រូវ​ខ្ពស់​មុខ​ឡើង​ដែរ ដោយ​ព្រះជាម្ចាស់​បន្ទាប​គេ​ចុះ ដ្បិត​អ្នក​មាន​នឹង​ត្រូវ​រុះរោយ​ទៅ​ដូច​ផ្កា។ ១១ លុះ​ដល់​ថ្ងៃ​រះ​ពេញ​ កំដៅ​ហើយ ដើម​ក៏​ស្វិត​ក្រៀម ផ្កា​ក៏​រុះរោយ ហើយ​លំអ​របស់​វា​ក៏​រលាយ​បាត់​ទៅ។ អ្នក​មាន​ក៏​នឹង​ត្រូវ​រុះរោយ​បាត់​ទៅ​ជា​មួយ​កិច្ចការ​ដែល​ខ្លួន​ ប្រព្រឹត្ត​ដែរ។

១២ អ្នក​ណា ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល ដ្បិត​ក្រោយ​ដែល​ព្រះជាម្ចាស់​បាន​ល្បងល​គេ​មើល​រួច​

ហើយ គេ​នឹង​ទទួល​ជីវិត​ទុក​ជា​រង្វាន់​ ដែល​ព្រះអង្គ​បាន​សន្យា​នឹង​ប្រទាន​អោយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ។

១៣ ពេល​ នរណា​ម្នាក់​ជួប​នឹង​ការ​ល្បួង មិន​ត្រូវ​ពោល​ថា «ព្រះជាម្ចាស់​ល្បួង​ខ្ញុំ»​ឡើយ ដ្បិត​គ្មាន​អ្វី​អាច​ល្បួង​ព្រះជាម្ចាស់​អោយ​ធ្វើ​អំពើ​អាក្រក់​បាន​ឡើយ ហើយ​ព្រះអង្គ​ផ្ទាល់​ក៏​មិន​ល្បួង​នរណា​ដែរ។ ១៤ ម្នាក់ៗ​ជួប​នឹង​ការ​ល្បួង មក​តែ​ពី​ចិត្ត​លោភលន់​របស់​ខ្លួន​ឯង​ផ្ទាល់​ទាក់ទាញ និង​លួងលោម​បញ្ឆោត​ប៉ុណ្ណោះ។ ១៥ ចិត្ត​លោភលន់រមែង​តែងតែ​បង្កើត​អំពើ​បាប លុះ​ដល់​អំពើ​បាប​ចំរើន​ដល់​កំរិត ហើយ​ក៏​បណ្ដាល​អោយ​ស្លាប់​។

១៦ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ សូម​កុំ​យល់​ច្រឡំ​ឡើយ។ ១៧ ​គ្រប់​អំណោយ​ដ៏​ល្អ​ វិសេស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដ៏​គ្រប់​លក្ខណៈ​ដែល​យើង​បាន​ទទួល សុទ្ធ​តែ​មក​ពី​ស្ថាន​លើ​ទាំង​អស់ គឺ​មក​ពី​ព្រះបិតា​ដែល​បង្កើត​ពន្លឺ​។ ព្រះអង្គ​មិន​ចេះ​ប្រែ​ក្រឡាស់​ទេ ហើយ​នៅ​ក្នុង​ព្រះអង្គ សូម្បី​តែ​ស្រមោល​នៃ​ការ​ប្រែប្រួល​ក៏​គ្មាន​ផង។ ១៨ ព្រះអង្គ​សព្វ​ ព្រះហឫទ័យ​បង្កើត​យើង​មក ដោយសារ​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត ដើម្បី​អោយ​យើង​បាន​ទៅ​ជា​ផល​ដំបូង​ម្យ៉ាង នៃ​អ្វីៗ​ទាំង​អស់​ដែល​ព្រះអង្គ​បង្កើត​មក។

ការស្ដាប់ និងការអនុវត្តតាមព្រះបន្ទូល

១៩ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ បង​ប្អូន​សុទ្ធ​តែ​ជា​អ្នក​ចេះ​ដឹង​ហើយ ក៏​ប៉ុន្តែ ម្នាក់ៗ​ត្រូវ​ប្រុង​ប្រៀប​ស្ដាប់ តែ​កុំ​ប្រញាប់​និយាយ កុំ​ប្រញាប់​ខឹង ២០ ដ្បិត​អ្នក​មាន​កំហឹង ពុំ​អាច​ធ្វើ​អ្វី​ស្រប​តាម​សេចក្ដី​សុចរិត*​របស់​ព្រះជាម្ចាស់​បាន​ឡើយ។ ២១ ហេតុ​នេះ បង​ប្អូន​ត្រូវ​លះបង់​ចិត្ត​សៅហ្មង​គ្រប់​យ៉ាង និង​ចិត្ត​កំរោល​ឃោរឃៅ​ទាំង​ប៉ុន្មាន​នោះ​ចោល​ទៅ ហើយ​កាន់​ចិត្ត​ស្លូតបូត ទទួល​ព្រះបន្ទូល​ដែល​ព្រះជាម្ចាស់​បាន​បណ្ដុះ​ក្នុង​បង​ប្អូន ព្រោះ​ព្រះបន្ទូល​នេះ​អាច​នឹង​សង្គ្រោះ​ព្រលឹង​របស់​បង​ប្អូន។

២២ ចូរ​ប្រតិបត្តិ​តាម​ព្រះបន្ទូល កុំ​គ្រាន់​តែ​ស្ដាប់​ទាំង​បញ្ឆោត​ចិត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ​ឡើយ។ ២៣ អ្នក​ណា​ស្ដាប់​ព្រះបន្ទូល​ហើយ មិន​ប្រតិបត្តិ​តាម អ្នក​នោះ​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ឆ្លុះ​កញ្ចក់​មើល​មុខ​ខ្លួន ២៤ លុះ​ពិនិត្យ​មើល​រួច​ហើយ​ក៏​ចេញ​ទៅ ស្រាប់​តែ​ភ្លេច​មិន​ដឹង​ថា​មុខ​ខ្លួន​ឯង​ដូច​ម្ដេច​ផង។ ២៥ រីឯ​អ្នក​ដែល​យក​ចិត្ត​ ទុក​ដាក់​ពិនិត្យ​មើល​វិន័យ​ដ៏​គ្រប់​លក្ខណៈ ជាវិន័យ​ដែល​ផ្ដល់​សេរីភាព ហើយ​ព្យាយាម​ប្រតិបត្តិ​តាម​យ៉ាង​ដិត​ដល់ គឺ​មិន​គ្រាន់​តែ​ស្ដាប់ រួច​ភ្លេច​អស់​ទៅ អ្នក​នោះ​នឹង​មាន​សុភមង្គល*​ក្នុង​កិច្ចការ​ដែល​ខ្លួន​ធ្វើ​ជា​មិន​ខាន។

២៦ ប្រសិន​ បើ​នរណា​ម្នាក់​នឹក​ស្មាន​ថា ខ្លួន​ជា​អ្នក​កាន់​សាសនា តែ​​មិន​ចេះ​ទប់​អណ្ដាត​ខ្លួន អ្នក​នោះ​បញ្ឆោត​ខ្លួន​ឯង​ហើយ ហើយ​សាសនា​ដែល​ខ្លួន​កាន់​នោះ ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ។ ២៧ រីឯ​សាសនា​ដ៏​បរិសុទ្ធ ឥត​ខ្ចោះ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះបិតា​ជា​ម្ចាស់​វិញ គឺ​ស្ថិត​នៅ​លើ​ការ​ទៅ​សួរ​សុខ​ទុក្ខ​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ​ដែល​មាន​ទុក្ខ​លំបាក ព្រម​ទាំង​ស្ថិត​នៅ​លើ​ការ​រក្សា​ខ្លួន​អោយ​ផុត​ពី​អំពើ​សៅហ្មង​របស់​លោកីយ៍ ​នេះ។

ជំពូក ២

គ្រីស្ដបរិស័ទមិនត្រូវប្រកាន់វណ្ណៈ

 បង​ប្អូន​អើយ បង​ប្អូន​មាន​ជំនឿ​លើ​ព្រះយេស៊ូ​គ្រីស្ដ*​ជា​ព្រះអម្ចាស់​ប្រកប​ដោយ​សិរី​រុង​រឿង​របស់​យើង​ហើយ ដូច្នេះ សូម​កុំ​ប្រកាន់​វណ្ណៈ​អោយ​សោះ។

 ពេល​បង​ប្អូន​រួម​ប្រជុំ​គ្នា ឧបមា​ថា ម្នាក់​ចូល​មក​មាន​ពាក់​ចិញ្ចៀន​មាស និង​មាន​សម្លៀកបំពាក់​ភ្លឺ​ផ្លេក ហើយ​ម្នាក់​ទៀត​ជា​អ្នក​ក្រ ស្លៀក​ពាក់​រហែក​រយ៉ីរយ៉ៃ​ចូល​មក​ដែរ ប្រសិន​បើ​បង​ប្អូន​ រាក់ទាក់​ទទួល​អ្នក​ស្លៀក​ពាក់​ភ្លឺ​ផ្លេក​នោះ​ទាំង​ពោល​ថា «សូម​លោក​អញ្ជើញ​មក​អង្គុយ​នៅ​កន្លែង​កិត្តិយស​ឯណេះ ! » ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រ​ថា «ទៅ​ឈរ​នៅ​កៀន​នោះ​ទៅ ! » ឬ​ថា «មក​អង្គុយ​នៅ​ក្រោម​កន្លែង​ខ្ញុំ​ដាក់​ជើង​ឯណេះ ! »   តើ​មិន​បាន​សេចក្ដី​ថា បង​ប្អូន​រាប់​រក​មនុស្ស​ក្នុង​ចំណោម​បង​ប្អូន​ដោយ​រើស​មុខ ហើយ​បង​ប្អូន​វិនិច្ឆ័យ​គេ​ដោយ​គំនិត​អាក្រក់​ទេ​ឬ ?

 បង​ប្អូន​ ជា​ទី​ស្រឡាញ់​អើយ​សូម​ស្ដាប់​ខ្ញុំ ព្រះជាម្ចាស់​បាន​ជ្រើស​រើស​អ្នក​ក្រ​ក្នុង​លោក​នេះ អោយ​ទៅ​ជា​អ្នក​មាន​ផ្នែក​ខាង​ជំនឿ និង​អោយ​ទទួល​ព្រះរាជ្យ*​ដែល​ទ្រង់​បាន​សន្យា​ថា ប្រទាន​អោយ​អស់​អ្នក​ស្រឡាញ់​ព្រះអង្គ​ទុក​ជា​មត៌ក។ រីឯ​បង​ប្អូន បង​ប្អូន​បែរ​ជា​បន្ថោក​អ្នក​ក្រ​ទៅ​វិញ! តើ​មិន​មែន​ពួក​អ្នក​មាន​ទេ​ឬ​ដែល​បាន​ជិះជាន់​សង្កត់សង្កិន​បង​ប្អូន និង​អូស​ទាញ​បង​ប្អូន​យក​ទៅ​អោយ​តុលា​ការ​កាត់​ទោស ! តើ​អ្នក​ទាំង​នោះ​មិន​បាន​ប្រមាថ​មាក់​ងាយ​ព្រះនាម​ដ៏​ប្រសើរ​បំផុត ដែល​ជា​ទី​ពឹង​របស់​បង​ប្អូន​​ទេ​ឬ !

 ប្រសិន​បើ​បង​ប្អូន​ប្រតិបត្តិ​តាមវិន័យ​របស់​ព្រះរាជ្យ ស្រប​តាម​គម្ពីរពោល ​គឺ«ត្រូវ​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ អោយ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ» នោះ​បង​ប្អូន​ពិត​ជា​បាន​សំរេច​កិច្ចការ​មួយ​ដ៏​ល្អ​ប្រសើរ​ហើយ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បង​ប្អូន​នាំ​គ្នា​ប្រកាន់​វណ្ណៈ បាន​សេចក្ដី​ថា បង​ប្អូន​ប្រព្រឹត្ត​អំពើ​បាប ហើយ​វិន័យ​ចាត់​ទុក​បង​ប្អូន​ជា​អ្នក​ប្រព្រឹត្ត​បទ​ល្មើស ១០ ដ្បិត​អ្នក​ណា​ប្រតិបត្តិ​តាម​វិន័យ​ទាំង​មូល តែ​ធ្វើ​ខុស​ត្រង់​ចំណុច​ណា​មួយ​ក៏​ដូច​ជា​ខុស​នឹងវិន័យ​ទាំង​មូល​ដែរ។ ១១ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់» ហើយ​ព្រះអង្គ​មាន​ព្រះបន្ទូល​ទៀត​ថា «កុំ​សម្លាប់​មនុស្ស»។ ប្រសិន​បើ​អ្នក​មិន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ទេ តែ​សម្លាប់​គេ នោះ​បាន​សេចក្ដី​ថា​អ្នក​ប្រព្រឹត្ត​ល្មើស​នឹងវិន័យ​ហើយ។

១២ បង​ប្អូន​ត្រូវ​និយាយ និង​ប្រព្រឹត្ត​អោយ​ស្រប​នឹង​វិន័យ​ដែល​ផ្ដល់​សេរីភាព គឺ​មាន​តែវិន័យ​នោះ​ហើយ​ដែល​នឹង​វិនិច្ឆ័យ​បង​ប្អូន ១៣ ដ្បិត​អ្នក​ណា​គ្មានចិត្ត​មេត្តាករុណា ព្រះជាម្ចាស់​ក៏​នឹង​វិនិច្ឆ័យ​ទោស​អ្នក​នោះ ដោយ​ឥត​មេត្តាករុណា​ដែរ។ អ្នក​មាន​ចិត្ត​មេត្តាករុណា មិន​ខ្លាច​ព្រះអង្គ​វិនិច្ឆ័យ​ទោស​ឡើយ​​ ។

ជំនឿ និងអំពើល្អ

១៤ បង​ប្អូន​អើយ ប្រសិន​បើ​មាន​ម្នាក់​ពោល​ថា ខ្លួន​មាន​ជំនឿ តែ​មិន​ប្រព្រឹត្ត​អំពើ​ល្អ​ទេ តើ​មាន​ប្រយោជន៍​អ្វី? តើ​ជំនឿ​នេះ​អាច​ធ្វើ​អោយ​គេ​ទទួល​ការ​សង្គ្រោះ​បាន​ឬ​ ?១៥ ប្រសិន​បើ​បង​ប្អូន​ប្រុស ឬ​ស្រី​ណា​ម្នាក់ គ្មាន​សម្លៀកបំពាក់​បិទបាំង​ខ្លួន និង​គ្មាន​ម្ហូប​អាហារ​បរិភោគ​រាល់​ថ្ងៃ ១៦ ហើយ​មាន​ម្នាក់ ក្នុង​ចំណោម​បង​ប្អូន ពោល​ទៅ​គាត់​ថា «សូម​អញ្ជើញ​ទៅ​ដោយ​សុខសាន្ត សូម​អោយ​បាន​ក្ដៅ​ស្រួល សូម​បរិភោគ​អោយ​បាន​ឆ្អែត​​ ! » តែ​មិន​អោយ​អ្វីៗ​ដែល​គេ​ត្រូវ​ការ តើ​ពាក្យ​ទាំង​នេះ​មាន​ប្រយោជន៍​អ្វី ?១៧ រីឯ​ជំនឿ​វិញ​ក៏​ដូច្នោះ​ដែរ ប្រសិន​បើ​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ទេ ជំនឿ​នោះ​ស្លាប់​តែ​ម្ដង !

១៨ ប្រសិន​បើ​​ មាន​ម្នាក់​ពោល​ថាៈ អ្នក​ឯង​មាន​ជំនឿ រីឯ​ខ្ញុំ ខ្ញុំ​ប្រព្រឹត្ត​អំពើ​ល្អ។ សូម​បង្ហាញ​ជំនឿ​របស់​អ្នក​ដែល​ឥត​មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ អោយ​ខ្ញុំ​មើល​មើល៍ នោះ​ខ្ញុំ​នឹង​បង្ហាញ​អោយ​អ្នក​ឃើញ​ជំនឿ​របស់​ខ្ញុំ ដោយ​អំពើ​ល្អ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត។ ១៩ អ្នក​ជឿ​ថា​ ព្រះជាម្ចាស់​មាន​តែ​មួយ​ព្រះអង្គ ត្រឹម​ត្រូវ​ហើយ ក៏​ប៉ុន្តែ ពួក​អារក្ស​ក៏​ជឿ​ដូច្នេះ​ដែរ ហើយ​ថែម​ទាំង​ភ័យ​ញាប់​ញ័រ​ទៀត​ផង។ ២០ ឱ​មនុស្ស​ឥត​ប្រាជ្ញា​អើយ​ ! ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ ជា​ជំនឿ​ឥត​បាន​ការ​អ្វី​ទាំង​អស់ តើ​អ្នក​ចង់​យល់​ទេ​ ! ២១ លោក​អប្រាហាំ​ជា​បុព្វ​បុរស​របស់​យើង​បាន​សុចរិត ដោយ​សារ​អំពើ​ដែល​លោក​ប្រព្រឹត្ត គឺ​លោក​បាន​យក​អ៊ីសាក​ជា​កូន​ទៅ​ដាក់​នៅ​លើ​អាសនៈ ដើម្បី​ថ្វាយ​ជា​យញ្ញបូជា។ ២២ អ្នក​ឃើញ​ទេ ជំនឿ​របស់​លោក​បាន​រួម​ជា​មួយ​អំពើ​ដែល​លោក​ប្រព្រឹត្ត ហើយ​អំពើ​ដែល​លោក​ប្រព្រឹត្ត ធ្វើ​អោយ​ជំនឿ​បាន​ពេញ​លក្ខណៈ ២៣ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកអោយបានសុចរិត* ដោយយល់ដល់ជំនឿនេះ» លោក​ក៏​មាន​ឈ្មោះ​ថា ជា​មិត្ត​សម្លាញ់​របស់​ព្រះជាម្ចាស់​ដែរ។ ២៤ ដូច្នេះ បង​ប្អូន​ឃើញ​ថា ព្រះជាម្ចាស់​ប្រោស​មនុស្ស​អោយ​បាន​សុចរិត ដោយសារ​អំពើ​ល្អ​ដែល​គេ​ប្រព្រឹត្ត គឺ​មិន​ត្រឹម​តែ​ដោយសារ​ជំនឿ​ប៉ុណ្ណោះ​ទេ។ ២៥ នាង​រ៉ាហាប់​ជា ​ស្ត្រី​ពេស្យា​ក៏​បាន​សុចរិត ដោយសារ​អំពើ​ដែល​នាង​ប្រព្រឹត្ត​ដែរ ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​នាំ​សារ​អោយ​ស្នាក់​នៅ ហើយ​អោយ​គេ​ចាក​ចេញ​ទៅ​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត។ ២៦ រូប​កាយ​ដែល​គ្មាន​វិញ្ញាណ ជា​រូប​កាយ​ស្លាប់ ​យ៉ាង​ណា ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ ក៏​ជា​ជំនឿ​ស្លាប់​យ៉ាង​នោះ​ដែរ។

ជំពូក ៣

អំពីអណ្ដាត

 បង​ប្អូន​អើយ កុំ​ចង់​ធ្វើ​គ្រូ​ច្រើន​គ្នា​ពេក ដ្បិត​បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​យើង​ជា​គ្រូ យ៉ាង​តឹងរ៉ឹង​ជាង​គេ។ យើង​ទាំង​អស់​គ្នា​តែងតែ​ ធ្វើ​ខុស​ជា​ច្រើន។ អ្នក​ណា​ឥត​ធ្វើ​ខុស​ដោយ​ពាក្យ​សំដី អ្នក​នោះ​ជា​មនុស្ស​គ្រប់​លក្ខណៈ អាច​ត្រួត​លើ​ខ្លួន​ឯង​ទាំង​មូល​បាន។  ​ប្រសិន​បើ​យើង​ដាក់​ដែក​ បង្ខាំ​ក្នុង​មាត់​សេះ ដើម្បី​អោយ​វា​ស្ដាប់​បង្គាប់​យើង​នោះ យើង​អាច​ញាក់​ខ្លួន​វា​ទាំង​មូល អោយ​ទៅ​ណា​ក៏​បាន។ សូម​គិត​ពី​សំពៅ​ដែរ ទោះ​បី​វា​ធំ​ប៉ុន​ណា ហើយ​មាន​ខ្យល់​បក់​មក​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​បើក​សំពៅ​អាច​បត់​បែន​បាន​តាម​បំណង​ចិត្ត ដោយសារ​ចង្កូត​ដ៏​តូច​មួយ។ រីឯ​អណ្ដាត​ក៏​ដូច្នោះ​ដែរ វា​ជា​សរីរាង្គ​មួយ​តូច​មែន តែ​ពូកែ​ធ្វើ​ការ​សម្បើម​ណាស់។ មើល​ចុះ សូម្បី​តែ​ផ្កា​ភ្លើង​មួយ​តូច ក៏​អាច​ធ្វើ​អោយ​ឆេះ​ព្រៃ​មួយ​យ៉ាង​ធំ​បាន​ដែរ! អណ្ដាត​ក៏​ជា​ភ្លើង​ ម្យ៉ាង ជា​ពិភព​នៃ​អំពើ​ទុច្ចរិត។ អណ្ដាត​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​សរីរាង្គ​របស់​យើង ដែល​ធ្វើ​អោយ​រូប​កាយ​ទាំង​មូល​ទៅ​ជា​សៅហ្មង និង​ធ្វើ​អោយ​ដំណើរ​ជីវិត​របស់​យើង​ត្រូវ​ខ្លោចផ្សា ព្រោះ​មាន​ភ្លើង​នរក​នៅ​ក្នុង​អណ្ដាត​នេះ។ មនុស្ស​ជាតិ​អាច​ផ្សាំង​ សត្វ​គ្រប់​ប្រភេទ​បាន​ទាំង​អស់ ទាំង​សត្វ​ព្រៃ ទាំង​សត្វ​ស្លាប ហើយ​សត្វ​លូន​វារ សត្វ​នៅ​ក្នុង​ទឹក ក៏​មនុស្ស​ផ្សាំង​បាន​ដែរ  ប៉ុន្តែ គ្មាន​ជន​ណា​ម្នាក់​អាច​ផ្សាំង​អណ្ដាត​បាន​ឡើយ ព្រោះ​វា​ជា​គ្រឿង​មួយ​ដ៏​ចង្រៃ ​ដែល​ចេះ​តែ​គន្លាស់​ជានិច្ច​ពោរពេញ​ទៅ​ដោយ​ ពិសពុល បណ្ដាល​អោយ​ស្លាប់​ទៀត​ផង។  ដោយសារ​អណ្ដាត យើង​អរ​ព្រះគុណ​ព្រះអម្ចាស់​ជា​ព្រះបិតា ហើយ​ដោយសារ​អណ្ដាត​ដដែល យើង​ក៏​ជេរ​ប្រទេច​ផ្ដាសា​មនុស្ស​ដែល​ព្រះអង្គ​បាន​បង្កើត​មក អោយ​មាន​លក្ខណៈ​ដូច​ព្រះអង្គ​ដែរ ១០ គឺ​ទាំង​ពាក្យ​អរ​ព្រះគុណ ទាំង​ពាក្យ​ជេរ​ប្រទេច​ផ្ដាសា ហូរ​ចេញ​មក​ពី​មាត់​តែ​មួយ! បង​ប្អូន​អើយ ធ្វើ​ដូច្នេះ​មិន​កើត​ទេ!។ ១១ តើ​ប្រភព​ទឹក​អាច​បង្ហូរ​ចេញ​ជា​ទឹក​សាប​ផង ជា​ទឹក​ភ្លាវ​ផង ពី​រន្ធ​តែ​មួយ​បាន​ឬ?១២ បង​ប្អូន​អើយ ដើម​ឧទុម្ពរ​អាច​អោយ​ផ្លែ​ជា​អូលីវ ឬ​ដើម​ទំពាំងបាយជូរ​អាច​អោយ​ផ្លែ​ជា​ឧទុម្ពរ​បាន​ឬ? រន្ធ​ទឹក​ប្រៃ​ពុំ​អាច​បង្ហូរ​ចេញ​ជា​ទឹក​សាប​បាន​ឡើយ។

ប្រាជ្ញាដែលមកពីព្រះជាម្ចាស់

១៣ ក្នុង​ចំណោម​បង​ប្អូន បើ​អ្នក​ណា​មាន​ប្រាជ្ញា និង​ចេះ​ដឹង សូម​សំដែង​កិរិយា​មារយាទ​របស់​ខ្លួន​ អោយ​អ្នក​ដទៃ​ឃើញ​ថា អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​សុទ្ធ​តែ​ផុស​ចេញ​មក​ពី​ចិត្ត​ស្លូត​បូត និង​ពី​ប្រាជ្ញា​ទាំង​ស្រុង។ ១៤ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បង​ប្អូន​មាន​ចិត្ត​ច្រណែនឈ្នានីស និង​មាន​ចិត្ត​ប្រណាំង​ប្រជែង​គ្នា​នោះ សូម​កុំ​អួត​ខ្លួន កុំ​កុហក​ទាស់​នឹង​សេចក្ដី​ពិត​អោយ​សោះ។ ១៥ ប្រាជ្ញា​បែប​នេះ មិន​មែន​ជា​ប្រាជ្ញា​មក​ពី​ព្រះជាម្ចាស់​ទេ គឺ​ជា​ប្រាជ្ញា​របស់​លោកីយ៍ ប្រាជ្ញា​របស់​មនុស្ស និង​ប្រាជ្ញា​របស់​អារក្ស ១៦ ដ្បិត​ទី​ណា​មាន​ការ​ច្រណែន ប្រណាំង​ប្រជែង​គ្នា ទី​នោះ​តែងតែ​មាន​ការ​ខ្វះ​សណ្ដាប់​ធ្នាប់ និង​មាន​រឿង​អាស្រូវ​គ្រប់​យ៉ាង។ ១៧ រីឯ​ប្រាជ្ញា​មក​ពី​ ព្រះជាម្ចាស់​វិញ ដំបូង​បង្អស់ ជា​ប្រាជ្ញា​បរិសុទ្ធ* បន្ទាប់​មក ជា​ប្រាជ្ញា​ផ្ដល់​សន្តិភាព មាន​អធ្យាស្រ័យ ទុក​ចិត្ត​គ្នា ពោរពេញ​ទៅ​ដោយ​ចិត្ត​មេត្តាករុណា និង​បង្កើត​ផល​ល្អ​គ្រប់​យ៉ាង ឥត​មាន​លំអៀង ឥត​មាន​ពុត​ត្បុត។ ១៨ អស់​អ្នក​កសាង​សន្តិភាព តែង​សាប​ព្រោះ​សន្តិភាព ហើយ​ច្រូត​យក​ផល​ជា​ជីវិត​សុចរិត*។

ជំពូក ៤

ការស្រឡាញ់លោកីយ៍

 ការ​ទាស់ទែង​ឈ្លោះ​ប្រកែក ​គ្នា ក្នុង​ចំណោម​បង​ប្អូន​កើត​មក​ពី​អ្វី? តើ​មិន​មែន​មក​ពី​ចិត្ត​ស្រើបស្រាល ដែល​ប្រទាញប្រទង់​គ្នា​ នៅ​ក្នុង​សរីរាង្គ​របស់​បង​ប្អូន​ទេ​ឬ? បង​ប្អូន​មាន​ចិត្ត​ លោភលន់ តែ​មិន​បាន​ដូច​ការ​ប៉ងប្រាថ្នា​ទេ បង​ប្អូន​ក៏​សម្លាប់ និង​ឈ្នានីស​គេ ហើយ​នៅ​តែ​គ្មាន​បាន​ផល​អ្វី បង​ប្អូន​ឈ្លោះ​ប្រកែក និង​ទាស់ទែង​គ្នា ក៏​នៅ​តែ​ពុំ​បាន​ទទួល​អ្វី​ដែរ ព្រោះ​បង​ប្អូន​មិន​ទូល​សូម​ពី​ព្រះជាម្ចាស់។ បង​ប្អូន​ទូល​សូម​ដែរ តែ​ឥត​បាន​ទទួល ព្រោះ​បង​ប្អូន​ទូល​សូម​ដោយ​បំណង​អាក្រក់ គឺ​បង​ប្អូន​ ចង់​បាន​សំរាប់​តែ​បំពេញ​ចិត្ត​ស្រើបស្រាល​របស់​ខ្លួន​ ប៉ុណ្ណោះ។

 មនុស្ស​ ក្បត់​ចិត្ត​អើយ​! បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា ការ​ស្រឡាញ់​លោកីយ៍​ ធ្វើ​អោយ​ខ្លួន​ទៅ​ជា​សត្រូវ​នឹង​ព្រះជាម្ចាស់? អ្នក​ណា​ចង់​ធ្វើ​ជា​មិត្ត​សម្លាញ់​នឹង​លោកីយ៍ អ្នក​នោះ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​ព្រះជាម្ចាស់! តើ​បង​ប្អូន​ស្មាន​ថា​ សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ឥត​បាន​ការ​អ្វី​ទេ​ឬ គឺ​ថា ព្រះជាម្ចាស់​មាន​ព្រះហឫទ័យ​ស្រឡាញ់​វិញ្ញាណ​ដែល​ព្រះអង្គ​ប្រទាន អោយ​មក​គង់​ក្នុង​បង​ប្អូន​រហូត​ដល់​ប្រច័ណ្ឌ។ ប៉ុន្តែ ព្រះអង្គ​មាន​ព្រះហឫទ័យ​ប្រណីសន្ដោស​ខ្លាំង​ជាង​នេះ​ទៅ​ទៀត ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «ព្រះជាម្ចាស់ប្រឆាំងនឹងមនុស្សមានអំនួត តែទ្រង់ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួន»

 ដូច្នេះ សូម​បង​ប្អូន​គោរព​ចុះ​ចូល​ព្រះជាម្ចាស់ ហើយ​ប្រឆាំង​នឹង​មារ* នោះ​វា​មុខ​ជា​រត់​ចេញ​ឆ្ងាយ​ពី​បង​ប្អូន​មិន​ខាន។ សូម​ចូល​ទៅ​ជិត​ ព្រះជាម្ចាស់ នោះ​ព្រះអង្គ​នឹង​យាង​មក​ជិត​បង​ប្អូន​វិញ​ដែរ។ មនុស្ស​បាប​អើយ ចូរ​ជំរះ​ខ្លួន​អោយ​បាន​បរិសុទ្ធ*​ទៅ!​ មនុស្ស​មាន​ចិត្ត​ពីរ​អើយ ចូរ​ជំរះ​ចិត្ត​គំនិត​អោយ​បាន​ស្អាត​ឡើង!  ចូរ​ទទួល​ស្គាល់​ថា ខ្លួន​ធ្លាក់​ដល់​កំរិត​ណា​ហើយ ចូរ​កាន់​ទុក្ខ និង​សោក​សង្រេង ព្រម​ទាំង​ធ្វើ​អោយ​សំណើច​ក្អាកក្អាយ​របស់​អ្នក​រាល់​គ្នា​ប្រែ​ទៅ​ជា​ទុក្ខ​សោក ហើយ​អោយ​អំណរ​សប្បាយ​របស់​អ្នក​រាល់​គ្នា​ប្រែ​ទៅ​ជា​ទុក្ខ​ព្រួយ​វិញ។ ១០ ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ នោះ​ព្រះអង្គ​នឹង​លើក​តម្កើង​អ្នក​រាល់​គ្នា​ជា​មិន​ខាន។

កុំថ្កោលទោសបងប្អូន

១១ បង​ប្អូន​អើយ មិន​ត្រូវ​និយាយ​ដើម​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ អ្នក​ណា​និយាយ​ដើម ឬ​ថ្កោល​ទោស​បង​ប្អូន​ណា​ម្នាក់ អ្នក​នោះ​ក៏​ដូច​ជា​និយាយ​ដើម​វិន័យ* និង​ថ្កោល​ទោស​វិន័យ​ដែរ។ ប្រសិន​បើ​អ្នក​ថ្កោល​ទោស​វិន័យ​បាន​សេចក្ដី​ថា អ្នក​មិន​មែន​កាន់​វិន័យ​ទេ គឺ​អ្នក​ថ្កោល​ទោស​វិន័យ​ទៅ​វិញ។ ១២ មាន​តែ​ព្រះជាម្ចាស់​ មួយ​ព្រះអង្គ​គត់​ដែល​បង្កើត​វិន័យ ហើយ​ទ្រង់​ជា​ចៅក្រម​វិនិច្ឆ័យ​ទោស។ មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​អាច​សង្គ្រោះ និង​ធ្វើ​អោយ​វិនាស។ រីឯ​អ្នក​វិញ តើ​អ្នក​មាន​ឋានៈ​អ្វី បាន​ជា​ហ៊ាន​ថ្កោល​ទោស​បង​ប្អូន​ឯ​ទៀតៗ​ដូច្នេះ!

កុំមានគំនិតខ្ពស់

១៣ ឥឡូវ​នេះ ចំពោះ​បង​ប្អូន​ដែល​ពោល​ថា «ថ្ងៃ​នេះ​ឬ​ស្អែក យើង​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​មួយ ហើយ​ស្នាក់​នៅ​ក្រុង​នោះ​មួយ​ឆ្នាំ ដើម្បី​រក​ស៊ី និង​បាន​ចំណេញ!» ខ្ញុំ​សូម​ជំរាប​ថា ១៤ បង​ប្អូន​ពុំ​ដឹង​ថា​ ថ្ងៃ​ស្អែក ជីវិត​បង​ប្អូន​នឹង​ទៅ​ជា​យ៉ាង​ណា​ឡើយ! បង​ប្អូន​ប្រៀប​បី​ដូច​ជា​ចំហាយ​ទឹក​ដែល​មាន​តែ​មួយភ្លែត រួច​ក៏​រសាត់​បាត់​ទៅ។ ១៥ បង​ប្អូន​គួរ​តែ​ពោល​ថា «បើ​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ យើង​នឹង​មាន​ជីវិត​រស់ ហើយ​យើង​ធ្វើ​ការ​នេះ ឬ​ធ្វើ​ការ​នោះ» ១៦ តែ​ឥឡូវ​នេះ បង​ប្អូន​បែរ​ជា​ក្អេងក្អាង​អួត​បំប៉ោង​ទៅ​វិញ។ ការ​អួត​ក្អេងក្អាង​បែប​នេះ​អាក្រក់​ណាស់។ ១៧ ប្រសិន​បើ​អ្នក​ណា​ចេះ​ធ្វើ​អំពើ​ល្អ តែ​មិន​ព្រម​ធ្វើ អ្នក​នោះ​ប្រព្រឹត្ត​អំពើ​បាប​ហើយ។

ជំពូក ៥

ការព្រមានពួកអ្នកមាន

 ចំពោះ​អ្នក​មាន​វិញ ចូរ​ស្រែក​ទ្រហោ​យំ​ទៅ ព្រោះ​ទុក្ខ​លំបាក​នឹង​កើត​មាន​ដល់​អ្នក​រាល់​គ្នា​ជា​ពុំខាន! ទ្រព្យ​សម្បត្តិ​របស់​អ្នក​រាល់​គ្នា​រលួយ​អស់ ហើយ​សម្លៀកបំពាក់​របស់​អ្នក​រាល់​គ្នា​ក៏​ត្រូវ​កណ្ដៀរ​ស៊ី​ដែរ។ មាស​ប្រាក់​របស់​អ្នក​ រាល់​គ្នា​ត្រូវ​ច្រែះ​ស៊ី ហើយ​ច្រែះ​នេះ​ធ្វើ​ជា​បន្ទាល់​ទាស់​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​ស៊ី​សាច់​អ្នក​រាល់​គ្នា ដូច​ភ្លើង​ឆេះ​សុស​ដែរ។ គ្រា​នេះ ជា​គ្រា​ចុង​ក្រោយ​បំផុត អ្នក​រាល់​គ្នា​បាន​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក  ឥត​បើក​ប្រាក់​ឈ្នួល​អោយ​ ពួក​កម្មករ​ដែល​ច្រូត​កាត់ ក្នុង​ស្រែ​របស់​អ្នក​រាល់​គ្នា​ឡើយ មើល៍! សំរែក​អ្នក​ច្រូត​ទាំង​នោះ​បាន​លាន់​ទៅ​ដល់​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល*​ ។ អ្នក​រាល់​គ្នា​រស់​នៅ​លើ ​ផែនដី​នេះ​យ៉ាង​សម្បូណ៌​សប្បាយ ថ្កុំថ្កើង​រុងរឿង ហើយ​អ្នក​រាល់​គ្នា​បំពេញ​ចំណង់​ចិត្ត​ខ្លួន​យ៉ាង​ឆ្អែត​ស្កប់​ស្កល់ ដូច​នៅ​ថ្ងៃ​ដែល​គេ​សម្លាប់​សត្វ។ អ្នក​រាល់​គ្នា​បាន​ដាក់​ទោស និង​ប្រហារ​ជីវិត​មនុស្ស​សុចរិត តែ​គេ​ពុំ​បាន​ប្រឆាំង​តប​ត​នឹង​អ្នក​រាល់​គ្នា​វិញ​ឡើយ។

ការអត់ធ្មត់ និងការព្យាយាមអធិស្ឋាន

 ដូច្នេះ បង​ប្អូន​អើយ ត្រូវ​មាន​ចិត្ត​អត់ធ្មត់ រហូត​ដល់​ពេល​ព្រះអម្ចាស់​យាង​មក​យ៉ាង​រុងរឿង។ មើល​ចុះ! អ្នក​ភ្ជួរ​រាស់​ទន្ទឹង​រង់ចាំ​ភោគ​ផល​ដ៏​ថ្លៃ​វិសេស​ដែល​ដី​ផ្ដល់​អោយ​ដោយ​ ចិត្ត​អត់ធ្មត់ រហូត​ដល់​បាន​ផល​នៅ​ដើម​រដូវ និង​ចុង​រដូវ​។ បង​ប្អូន​ក៏​ដូច្នោះ​ដែរ ចូរ​មាន​ចិត្ត​អត់ធ្មត់ តាំង​ចិត្ត​អោយ​រឹងប៉ឹង ដ្បិត​ព្រះអម្ចាស់​ជិត​យាង​មក​ដល់​ហើយ។

 បង​ប្អូន​ អើយ មិន​ត្រូវ​រអ៊ូរទាំ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដើម្បី​កុំ​អោយ​មាន​ទោស ដ្បិត​ព្រះជាម្ចាស់​ដែល​ជា​ចៅក្រម ទ្រង់​ឈរ​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ។ ១០ បង​ប្អូន​អើយ ចូរ​យក​តំរាប់​តាម​ពួក​ព្យាការី*​ដែល​បាន​រងទុក្ខ​លំបាក និង​មាន​ចិត្ត​អត់ធ្មត់ ហើយ​ថ្លែង​ព្រះបន្ទូល​ក្នុង​ព្រះនាម​ព្រះអម្ចាស់។ ១១ យើង​តែងតែ​សរសើរ​អស់​ អ្នក​ដែល​ចេះ​ស៊ូ​ទ្រាំ​ថា ជា​អ្នក​មាន​សុភមង្គល។ បង​ប្អូន​ធ្លាប់​ឮ​គេ​និយាយ​ស្រាប់​ហើយ​ថា លោក​យ៉ូប​ចេះ​ស៊ូ​ទ្រាំ​យ៉ាង​ណាៗ​នោះ ហើយ​បង​ប្អូន​ក៏​ឃើញ​ដែរ​ថា នៅ​ទី​បំផុត ព្រះអម្ចាស់​អោយ​គាត់​បាន​ទៅ​ជា​យ៉ាង​ណា ដ្បិត​ព្រះអម្ចាស់​មាន​ព្រះហឫ​ទ័យ​អាណិត​អាសូរ និង​មេត្តាករុណា​យ៉ាង​ក្រៃលែង។

១២ ជា​ ពិសេស បង​ប្អូន​អើយ កុំ​ស្បថ​អោយ​សោះ គឺ​កុំ​យក​មេឃ យក​ផែនដី ឬ​យក​អ្វី​ផ្សេង​ទៀត​មក​ធ្វើ​ជា​ប្រធាន​សម្បថ​ឡើយ បើ​ថា«មែន» អោយ​ប្រាកដ​ជា​«មែន» «ទេ» អោយ​ប្រាកដ​ជា​«ទេ» ដើម្បី​កុំ​អោយ​មាន​ទោស។

១៣ ក្នុង​ ចំណោម​បង​ប្អូន បើ​មាន​នរណា​ម្នាក់​កើត​ទុក្ខ​លំបាក ត្រូវ​អោយ​គាត់​អធិស្ឋាន* បើ​មាន​នរណា​អរ​សប្បាយ ត្រូវ​ច្រៀង​បទ​លើក​តម្កើង​ព្រះជាម្ចាស់។ ១៤ ក្នុង​ចំណោម​បង​ប្អូន បើ​នរណា​មាន​ជំងឺ ត្រូវ​អញ្ជើញ​ព្រឹទ្ធាចារ្យ​របស់​ក្រុមជំនុំ/ព្រះសហ-​គមន៍​​​មក ដើម្បី​អោយ​លោក​ទាំង​នោះ​អធិស្ឋាន​អោយ​គាត់ និង​លាប​ប្រេង*​អោយ​ក្នុង​ព្រះនាម​ព្រះអម្ចាស់។ ១៥ ពាក្យ​អធិស្ឋាន​ដែល​ផុស ​ចេញ​មក​ពី​ជំនឿ នឹង​សង្គ្រោះ​អ្នក​ជំងឺ​នោះ ហើយ​ព្រះអម្ចាស់​នឹង​ប្រោស​គាត់​អោយ​ក្រោក​ឡើង​វិញ ប្រសិន​បើ​គាត់​បាន​ប្រព្រឹត្ត​អំពើ​បាប ព្រះអង្គ​នឹង​លើកលែង​ទោស​អោយ។ ១៦ ដូច្នេះ សូម​បង​ប្អូន​លន់តួ​បាប​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​អធិស្ឋាន​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​ផង ដើម្បី​អោយ​បាន​ជា​សះស្បើយ។ ពាក្យ​ទូលអង្វរ​របស់​មនុស្ស​សុចរិត*​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ណាស់។ ១៧ ព្យាការី​អេលី​ជា​ មនុស្ស​ដូច​យើង​ដែរ លោក​បាន​អធិស្ឋាន​អស់​ពី​ចិត្ត សុំ​កុំ​អោយ​មាន​ភ្លៀង​ធ្លាក់ នោះ​ក៏​គ្មាន​ភ្លៀង​ធ្លាក់​លើ​ផែនដី អស់​រយៈ​ពេល​បី​ឆ្នាំ​ប្រាំ​មួយ​ខែ។ ១៨ ​បន្ទាប់​មក លោក​អធិស្ឋាន​សា​ជា​ថ្មី មេឃ​ក៏​បង្អុរ​ភ្លៀង​មក ហើយ​ដី​ក៏​បង្កើត​ភោគ​ផល​ដែរ។

១៩ បង​ ប្អូន​អើយ ក្នុង​ចំណោម​បង​ប្អូន ប្រសិន​បើ​មាន​នរណា​ម្នាក់​បាន​វង្វេង​ចេញ​ឆ្ងាយ​ពី​សេចក្ដី​ពិត ហើយ​បើ​មាន​ម្នាក់​ទៀត​នាំ​គាត់​អោយ​វិល​ត្រឡប់​មក​វិញ ២០ តោង​ដឹង​ថា អ្នក​ដែល​នាំ​មនុស្ស​បាប​អោយ​ងាក​ចេញ​ពី​មាគ៌ា​ដែល​គេ​វង្វេង​នោះ បាន​សង្គ្រោះ​ជីវិត​គេ​អោយ​រួច​ពី​ស្លាប់ ព្រម​ទាំង​គ្រប​បាំង​អំពើ​បាប​ដ៏​ច្រើន​លើសលប់​ផង។