លិខិត​របស់​លោក​ប៉ូល​ផ្ញើ​ជូន
គ្រីស្ដ​បរិស័ទ​ជាតិ​ហេប្រឺ
ពាក្យលំនាំ

អ្នកតែងៈ លិខិតផ្ញើជូនគ្រីស្ដបរិស័ទជាតិហេប្រឺ មានលក្ខណៈប្លែកពីលិខិតឯទៀតៗ គឺមានលំនាំដូចជាសុន្ទរកថារបស់បណ្ឌិតខាង​វិន័យម្នាក់។ អ្នកតែងស្គាល់ព្រះគម្ពីរសម្ពន្ធមេត្រីចាស់យ៉ាងច្បាស់ ហើយពន្យល់តាមរបៀបបណ្ឌិតខាងវិន័យ។ អ្នកខ្លះសន្និដ្ឋានថា​ លោកប៉ូលជាអ្នកតែងលិខិតនេះ អ្នកខ្លះទៀតសន្និដ្ឋានថាលោកអប៉ូឡូស (កិច្ចការ ១៨.២៤-២៨) ជាអ្នកតែង ក៏ប៉ុន្ដែ យើងពុំដឹង​ពិតប្រាកដថានរណាបានសរសេរលិខិតនេះទេ ហើយក៏ពុំដឹងថា លិខិតនេះសរសេរផ្ញើទៅគ្រីស្ដបរិស័ទណាដែរ។ យើងគ្រាន់តែយល់​តាមរយៈលិខិតនេះថា អ្នកតែងចង់ដាស់តឿន​គ្រីស្ដបរិស័ទ​ជាតិយូដា ដែលបានប្រែចិត្ដជឿព្រះយេស៊ូគ្រីស្ដ។ ក្នុងចំណោម​បងប្អូន​ទាំងនោះ ប្រហែលជាមានបូជាចារ្យជាច្រើន ដែលធ្លាប់ធ្វើពិធីបុណ្យផ្សេងៗក្នុងព្រះវិហារនៅក្រុងយេរូសាឡឹមកាលពីមុន ហើយនៅ​អាឡោះអាល័យពិធីទាំងនោះដដែល។ មួយវិញទៀត ពួកគេអស់សង្ឃឹមដោយជួបនឹងទុក្​ខលំបាក​ព្រោះត្រូវជនរួមជាតិរបស់ខ្លួន​បៀតបៀន។

គោលសំខាន់ៗ

អ្នកតែងលិខិតនេះបានលើកយកគោលគំនិតរបស់សាសនាយូដា មកពន្យល់អំពីឋានៈរបស់ព្រះគ្រីស្ដដែលប្រសើរជាងលោក​ម៉ូសេ ព្រោះព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយប្រសើរជាងមហាបូជាចារ្យឯទៀតៗ ព្រោះព្រះអង្គជាព្រះមហាបូជា​ចារ្យ​ដែល​​អាចលោះបាបមនុស្សលោកមួយដងជាសូរេច។ ព្រះយេស៊ូក៏បានបូជាព្រះជន្មទុកជាយញ្ញបូជា ប្រសើរជាងយញ្ញបូជាដែលគេ​ថ្វាយក្នុងព្រះវិហារ ព្រោះព្រះអង្គនាំមនុស្សឲ្យចូលទៅជិតព្រះជាម្ចាស់ ហើយតែងតាំងសម្ពន្ធមេត្រីថ្មី ដែលនៅស្ថិតស្ថេរអស់កល្បជា​និច្ច។

អ្នកតែងលិខិតនេះ ក៏បានដាស់តឿនគ្រីស្ដបរិស័ទឲ្យមានចិត្ដតស៊ូ ស្មោះត្រង់នឹងជំនឿ ដោយលើកយកអ្នកជឿពីជំនាន់ដើមធ្វើ​ជា​គំរូ។

គំរោងគម្ពីរហេប្រឺៈ

  • សេចក្ដីផ្ដើម ១.១-៣
  • ព្រះគ្រីស្ដប្រសើរជាងពួកទេវទូត ១.៤-២.១៨
  • ព្រះគ្រីស្ដប្រសើរជាងលោកម៉ូសេ និង លោកយ៉ូស៊ូអា ៣.១-៤.១៣
  • ព្រះគ្រីស្ដប្រសើរជាងមហាបូជាចារ្យ ៤.១៤-៧.២៨
  • ព្រះគ្រីស្ដប្រសើរជាងសម្ពន្ធមេត្រី ៨.១-៩.២៨
  • ព្រះគ្រីស្ដប្រសើរជាងយញ្ញបូជា ១០.១-៣៩
  • អំពីជំនឿ ១១.១-១២.២៩
  • ជីវិតស្របតាមព្រះជាម្ចាស់ ១៣.១-១៩
  • អវសានកថា ១៣.២០-២៥

ជំពូក ១

សេចក្ដីផ្ដើម

 នៅ​ជំនាន់​ដើម ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​បុព្វ​បុរស*​យើង ជា​ច្រើន​លើក​ច្រើន​សា ដោយ​ប្រើ​របៀប​ផ្សេងៗ​ជា​ច្រើន តាម​រយៈ​ពួក​ព្យាការី*។  គ្រា​នេះ​ជា​គ្រា​ចុង​ ក្រោយ​បំផុត ព្រះអង្គ​មាន​ព្រះបន្ទូល​មក​យើង​តាម​រយៈ​ព្រះបុត្រា។ ព្រះអង្គ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​អោយ​ព្រះបុត្រា​គ្រប់គ្រង​ជា​មត៌ក ព្រះអង្គ​ក៏​បាន​បង្កើត​ពិភព​ទាំង​មូល​ដោយសារ​ព្រះបុត្រា​ដែរ។ ព្រះបុត្រា​នេះ ជា​រស្មី​នៃ​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ និង​មាន​លក្ខណៈ​ដូច​ព្រះអង្គ​បេះ​បិទ។ ព្រះបុត្រា​ទ្រទ្រង់​អ្វីៗ​ទាំង​អស់​ដោយសារ​ព្រះបន្ទូល​ប្រកប​ដោយ​ ឫទ្ធា នុភាព។ លុះ​ព្រះអង្គ​ប្រោស​មនុស្ស​អោយ​បាន​បរិសុទ្ធ* ផុត​ពី​បាប*​រួច​ហើយ ទ្រង់​ក៏​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​ឧត្ដុង្គ​ឧត្ដម​នា​ស្ថាន​ដ៏​ខ្ពង់ខ្ពស់​ បំផុត។ ព្រះបុត្រា​បាន​ទទួល​ព្រះនាម​ប្រសើរ​លើស​ពួក​ទេវទូត*​យ៉ាង​ណា​ទ្រង់​ក៏​ទទួល​ឋានៈ​ប្រសើរ​ជាង​ពួក​ទេវទូត​យ៉ាង​នោះ​ដែរ។

ព្រះយេស៊ូគ្រីស្ដមានឋានៈធំជាងពួកទេវទូត

 ព្រះជាម្ចាស់​ពុំ​ដែល​មាន​ព្រះបន្ទូល​ទៅ​កាន់​ទេវទូត​ណា​ថា៖

«ព្រះអង្គជាបុត្ររបស់យើង

គឺយើងហ្នឹងហើយដែលបានទទួលព្រះអង្គធ្វើជាបុត្រនៅថ្ងៃនេះ»

ឬ​មាន​ព្រះបន្ទូល​ថា៖

«យើងនឹងធ្វើជាបិតារបស់ព្រះអង្គ

ហើយព្រះអង្គនឹងទៅជាបុត្រារបស់យើង»​សោះ​ឡើយ។

 មួយ​វិញ​ទៀត នៅ​ពេល​ព្រះជាម្ចាស់​ចាត់​បុត្រ​ច្បង​អោយ​មក​ផែនដី​នេះ ទ្រង់​មាន​ព្រះបន្ទូល​ថា៖

«ទេវទូត*​ទាំងអស់របស់ព្រះជាម្ចាស់

ត្រូវក្រាបថ្វាយបង្គំព្រះបុត្រា»

 ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​អំពី​ពួក​ទេវទូត​ថា៖

«ព្រះអង្គបានយកពួកទេវទូតធ្វើជាខ្យល់

និងយកពួកអ្នកបំរើរបស់ព្រះអង្គធ្វើជាអណ្ដាតភ្លើង»

 ចំពោះ​ព្រះបុត្រា​វិញ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖

«បពិត្រព្រះជាម្ចាស់បល្ល័ង្ករបស់ព្រះអង្គ

នៅស្ថិតស្ថេរអស់កល្បជានិច្ច

ហើយព្រះអង្គគ្រងរាជ្យដោយយុត្តិធម៌

 ព្រះអង្គ​សព្វ​ព្រះហឫទ័យ​តែ​នឹង​សេចក្ដី​សុចរិត

ទ្រង់​មិន​សព្វ​ព្រះហឫទ័យ​នឹង​អំពើ​ទុច្ចរិត​ទេ។

ហេតុ​នេះ​ព្រះជាម្ចាស់​ជា​ព្រះ​របស់​ព្រះអង្គ

បាន​ចាក់​ប្រេង​អភិសេក​ព្រះអង្គ

អោយ​មាន​អំណរ​សប្បាយ​ដ៏​លើសលប់

គឺ​អោយ​ព្រះអង្គ​បាន​ប្រសើរ​ជាង

មិត្តភក្ដិ​របស់​ព្រះអង្គ»​។

១០ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ទៀត​ថា៖

បពិត្រ​ព្រះអម្ចាស់! ព្រះអង្គ​បាន​បង្កើត​ផែនដី

តាំង​ពី​ដើម​ដំបូង​មក​ម៉្លេះ

ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ​ដែរ។

១១ ផែនដី និង​ផ្ទៃ​មេឃ​មុខ​ជា​រលាយ​បាត់​ទៅ

តែ​ព្រះអង្គ​នៅ​ស្ថិតស្ថេរ​រហូត។

ផែនដី និង​ផ្ទៃ​មេឃ​មុខ​ជា​ចាស់​ទៅ

ដូច​សម្លៀកបំពាក់

១២ ព្រះអង្គ​នឹង​បត់​ទាំង​ផែនដី ទាំង​ផ្ទៃ​មេឃ​ទុក

ដូច​គេ​បត់​អាវ​ធំ

ផែនដី និង​ផ្ទៃ​មេឃ​នឹង​រេចរឹល​ទៅ

ដូច​សម្លៀកបំពាក់

ចំពោះ​ព្រះអង្គ​វិញ ទ្រង់​មិន​ប្រែប្រួល​ឡើយ

ហើយ​ព្រះជន្មាយុ​របស់​ព្រះអង្គ

ក៏​មិន​ចេះ​អស់​ដែរ​។

១៣ មួយ​វិញ​ទៀត ព្រះជាម្ចាស់​ក៏​មិន​ដែល​មាន​ព្រះបន្ទូល​ទៅ​កាន់​ទេវទូត​ណា​ថា៖

«សូមគង់នៅខាងស្ដាំយើង

ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ

មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ»

១៤ ទេវទូត​ ទាំង​នោះ​សុទ្ធ​តែ​ជា​វិញ្ញាណ ដែល​នៅ​បំរើ​ព្រះជា​ម្ចាស់ ព្រះអង្គ​ចាត់​ពួក​លោក​អោយ​មក​បំពេញ​មុខងារ ជា​ប្រយោជន៍​ដល់​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ​សង្គ្រោះ​ទុក​ជា​មត៌ក!

ជំពូក ២

ការសង្គ្រោះដ៏ថ្លៃវិសេស

 ហេតុ​នេះ​ហើយ​បាន​ជា​យើង​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ប្រៀនប្រដៅ ដែល​យើង​បាន​ស្ដាប់​អោយ​មែន​ទែន ក្រែង​លោ​យើង​ត្រូវ​រសាត់​បាត់​ទៅ។ ប្រសិន​បើ​ព្រះបន្ទូល​ដែល ​ពួក​ទេវទូត​ថ្លែង​ប្រាប់​យក​ជា​ការ​បាន ហើយ​បើ​អ្នក​ដែល​ប្រព្រឹត្ត​ល្មើស និង​មិន​ស្ដាប់​តាម បាន​ទទួល​ទោស​យ៉ាង​ហ្នឹង​ទៅ​ហើយ  ចុះ​ចំណង់​បើ​យើង​វិញ ធ្វើ​ម្ដេច​នឹង​អោយ​រួច​ខ្លួន​បាន​បើ​យើង​ធ្វេសប្រហែស​នឹង​ការ​សង្គ្រោះ​ដ៏​ ថ្លៃ​វិសេស​នេះ? ជា​បឋម ព្រះអម្ចាស់​បាន​ថ្លែង​អំពី​ការ​សង្គ្រោះ ហើយ​អស់​អ្នក​ដែល​បាន​ស្ដាប់ ក៏​បញ្ជាក់​ប្រាប់​យើង​ដែរ។ ព្រះជាម្ចាស់​ផ្ដល់​ សក្ខីភាព​រួម​ជា​មួយ​ពួក​គេ ដោយ​សំដែង​ទី​សំគាល់ ឫទ្ធិ​បាដិហារិយ៍ ការ​អស្ចារ្យ​គ្រប់​យ៉ាង ព្រម​ទាំង​ចែក​ព្រះអំណោយ​ទាន​របស់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*​មក ស្រប​តាម​ព្រះហឫទ័យ​ព្រះអង្គ​ផង។

 ព្រះជាម្ចាស់​ពុំ​បាន​ប្រគល់​អោយ​ពួក​ទេវទូត* ​ត្រួតត្រា​ពិភព​លោក​ខាង​មុខ ដូច​យើង​ធ្លាប់​និយាយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ មាន​ម្នាក់​បាន​ផ្ដល់​សក្ខីភាព​នៅ​ក្នុង​វគ្គ​មួយ​ដែល​ចែង​ថា៖

«តើមនុស្សមានឋានៈអ្វីបានជាព្រះអង្គនឹក

ដល់គេដូច្នេះ

តើបុត្រមនុស្សជាអ្វីដែរបានជាព្រះអង្គយក

ព្រះហឫទ័យទុកដាក់នឹងគេយ៉ាងនេះ»?

 «ព្រះអង្គបានធ្វើអោយគេមានឋានៈទាបជាង

ទេវទូតតែមួយរយៈប៉ុណ្ណោះ

ព្រះអង្គប្រទានសិរីរុងរឿង និងកិត្តិយសដល់គេ

ទុកជាមកុដរាជ្យ

 ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់អោយ

នៅក្រោមជើងរបស់គេ»

ព្រះជាម្ចាស់​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ ឥត​ទុក​អោយ​មាន​អ្វី​មួយ​នៅ​សល់ ដែល​ពុំ​បាន​ចុះ​ចូល​នោះ​ឡើយ។ ក៏​ប៉ុន្តែ នៅ​ពេល​នេះ យើង​ពុំ​ឃើញ​ថា អ្វីៗ​សព្វ​សារពើ​សុទ្ធ​តែ​បាន​ចុះ​ចូល​នឹង​អំណាច​របស់​មនុស្ស​ហើយ​នោះ​ទេ  តែ​យើង​ឃើញ​ថា ព្រះយេស៊ូ​ដែល​មាន​ឋានៈ​ទាប​ជាង​ពួក​ទេវទូត​មួយ​រយៈ ព្រោះ​ទ្រង់​បាន​រងទុក្ខ និង​សោយ​ទិវង្គត​នោះ ឥឡូវ​នេះ ព្រះអង្គ​ទទួល​សិរីរុងរឿង និង​ព្រះកិត្តិនាម​ទុក​ជា​មកុដ​រាជ្យ។ ដោយសារ​ព្រះហឫទ័យប្រណី​សន្ដោសរបស់​ព្រះជាម្ចាស់ ព្រះគ្រីស្ដ​បាន​សោយ​ទិវង្គត​សំរាប់​មនុស្ស​គ្រប់ៗ​រូប។ ១០ អ្វីៗ​ទាំង​អស់​មាន​ ជីវិត​ដោយសារ​ព្រះជាម្ចាស់ និង​សំរាប់​ព្រះអង្គ​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​នាំ​បុត្រធីតា​ជា​ច្រើន​អោយ​ ទទួល​សិរីរុងរឿង ដូច្នេះ គួរ​គប្បី​ព្រះអង្គ ប្រោស​ប្រទាន ​អោយ​ម្ចាស់​នៃ​ការ​សង្គ្រោះ​បាន​គ្រប់​លក្ខណៈ​ដោយ​​រងទុក្ខ​ លំបាក។

១១ ព្រះយេស៊ូ ​ដែល​ប្រោស​មនុស្ស​អោយ​បាន​វិសុទ្ធ* និង​មនុស្ស​ដែល​ព្រះអង្គ​ប្រោស​អោយ​បាន វិសុទ្ធ​នោះ​ចេញ​មក​ពី​ប្រភព​តែ​មួយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះយេស៊ូ​មិន​ខ្មាស​នឹង​ហៅ​គេ​ថា ជា​បង​ប្អូន​របស់​ព្រះអង្គ​ឡើយ ១២ គឺ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖

«ទូលបង្គំនឹងផ្សាយដំណឹងអំពីព្រះនាម

របស់ព្រះអង្គអោយបងប្អូនទូលបង្គំស្គាល់

ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះអង្គ

នៅក្នុងអង្គប្រជុំ»

១៣ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៀត​ថា៖

«ទូលបង្គំទុកចិត្តលើព្រះអង្គ»

ហើយ​ថា«ខ្ញុំនៅនេះរួមជាមួយនឹងកូនចៅ

ដែលព្រះជាម្ចាស់ប្រទានអោយខ្ញុំ»

១៤ ដោយ​កូន​ចៅ​នោះ​ជាប់​សាច់​ឈាម​ជា​មួយ​គ្នា ព្រះអង្គ​ក៏​បាន​យក​ឋានៈ​ជា​មនុស្ស​រួម​ជា​មួយ​គេ​ដែរ ហើយ​ព្រះអង្គ​សោយ​ទិវង្គត ដើម្បី​កំទេច​មារ*​ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ ១៥ ​និង​ដើម្បី​រំដោះ​អស់​អ្នក​ដែល​ជាប់​ជា​ទាសករ​មួយ​ជីវិត ព្រោះ​តែ​ខ្លាច​ស្លាប់។ ១៦ ព្រះយេស៊ូ​ពិត​ជា​ពុំ​បាន​យាង​មក​ជួយ​ពួក​ទេវទូត*​ទេ គឺ​ព្រះអង្គ​មក​ជួយ​ពូជពង្ស​របស់​លោក​អប្រាហាំ​វិញ។ ១៧ ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះអង្គ​ត្រូវ​តែ​មាន​លក្ខណៈ​ដូច​បង​ប្អូន​របស់​ព្រះអង្គ​គ្រប់​ចំពូក​ទាំង​អស់ ដើម្បី​ធ្វើ​ជា​មហា​បូជាចារ្យ*​ដែល​មាន​ចិត្ត​មេត្តាករុណា មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ការ​បំរើ​ព្រះជាម្ចាស់ និង​ដើម្បី​រំដោះ​ប្រជាជន​អោយ​រួច​ផុត​ពី​បាប*​ផង។ ១៨ ដោយ​ព្រះអង្គ​ផ្ទាល់​បាន​រងទុក្ខ​លំបាក នៅ​ពេល​ជួប​ការ​ល្បងល ព្រះអង្គ​ក៏​អាច​ជួយ អស់​អ្នក​ដែល​ជួប​នឹង​ការ​ល្បងល​បាន​ដែរ។

ជំពូក ៣

ព្រះយេស៊ូមានឋានៈធំជាងលោកម៉ូសេ

 បង​ប្អូន​ដ៏វិសុទ្ធ*​អើយ ព្រះជាម្ចាស់​ក៏​បាន​ត្រាស់​ហៅ​បង​ប្អូន​ដែរ! ចូរ​គិត​ពិចារណា​មើល អំពី​ព្រះយេស៊ូ ជា​ទូត ដែល​ព្រះជាម្ចាស់​បាន​ចាត់​អោយ​មក និង​ជា​មហា​បូជាចារ្យ*​ដែល​នាំ​អោយ​យើង​មាន​ជំនឿ​ដូច​យើង​ប្រកាស​នោះ​ទៅ។ ព្រះយេស៊ូ​មាន​ព្រះហឫទ័យ​ ស្មោះ​ត្រង់​ចំពោះ​ព្រះជាម្ចាស់ ដែល​បាន​តែងតាំង​ព្រះអង្គ ដូច​លោក​ម៉ូសេ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​កិច្ចការ​ក្នុង​ព្រះដំណាក់​ដែរ។ អ្នក​សង់​ផ្ទះ​មាន​កិត្តិយស ប្រសើរ​លើស​ផ្ទះ​យ៉ាង​ណា ព្រះយេស៊ូ​ក៏​គួរ​នឹង​ទទួល​សិរីរុងរឿង ប្រសើរ​លើស​លោក​ម៉ូសេ​យ៉ាង​នោះ​ដែរ ដ្បិត​ផ្ទះ​ទាំងឡាយ​សុទ្ធ​តែ​មាន​គេ​បាន​សង់​ឡើង រីឯ​ព្រះជាម្ចាស់​វិញ ព្រះអង្គ​បាន​សង់​គ្រប់​អ្វីៗ​ទាំង​អស់។ ចំពោះ​លោក​ម៉ូសេ​លោក​មាន​ ចិត្ត​ស្មោះ​ត្រង់​នឹង​កិច្ចការ ក្នុង​ព្រះដំណាក់​ទាំង​មូល​ក្នុង​ឋានៈ​លោក​ជា​អ្នក​បំរើ ដើម្បី​ផ្ដល់​សក្ខីភាព​ពី​ព្រះបន្ទូល​ដែល​ព្រះជាម្ចាស់​នឹង​ថ្លែង។ រីឯ​ព្រះគ្រីស្ដ​វិញ ព្រះអង្គ​មាន​ព្រះហឫទ័យ​ស្មោះ​ត្រង់ ក្នុង​ឋានៈ​ជា​ព្រះបុត្រា ដែល​គ្រប់គ្រង​លើ​ព្រះដំណាក់​ផ្ទាល់​របស់​ព្រះអង្គ គឺ​យើង​ទាំង​អស់​គ្នា​ហ្នឹង​ហើយ​ជា​ព្រះដំណាក់​របស់​ព្រះអង្គ ប្រសិន​បើ​យើង​នៅ​កាន់​ចិត្ត​រឹងប៉ឹង និង​ពឹង​ផ្អែក​លើ​សេចក្ដី​សង្ឃឹម​របស់​យើង​​ជាប់​ជានិច្ច​មែន​នោះ។

 ហេតុ​នេះ​ដូច​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*​មាន​ព្រះបន្ទូល​ថា៖

«ថ្ងៃនេះប្រសិនបើអ្នករាល់គ្នាព្រះសូរសៀង

របស់ព្រះអង្គ

 មិន​ត្រូវ​មាន​ចិត្ត​រឹងរូស​ដូច​នៅ​គ្រា​បះបោរ

ក្នុង​ថ្ងៃ​ដែល​គេ​ល្បងល​ព្រះអង្គ

នៅ​វាល​រហោ​ស្ថាន​នោះ​ឡើយ

 បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បងល​យើង

ដើម្បី​សាក​មើល​យើង

ហើយ​គេ​ឃើញ​កិច្ចការ​ដែល​យើង​បាន​ធ្វើ

ក្នុង​អំឡុង​ពេល​សែសិប​ឆ្នាំ។

១០ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ទាស់​ចិត្ត​នឹង

មនុស្ស​នៅ​ជំនាន់​នោះ​ណាស់

ហើយ​យើង​បាន​ពោល​ថាៈ

ចិត្ត​របស់​ពួក​គេ​ចេះ​តែ​វង្វេង​រហូត​ទៅ

គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ

១១ យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថា

មិន​អោយ​ពួក​គេ​ចូល​មក​សំរាក

ជា​មួយ​យើង​ជា​ដាច់​ខាត»​។

១២ ដូច្នេះ បង​ប្អូន​អើយ ចូរ​ប្រយ័ត្ន​ក្រែង​លោ​នរណា​ម្នាក់ ក្នុង​ចំណោម​បង​ប្អូន បែរ​ជា​មាន​ចិត្ត​អាក្រក់​លែង​ជឿ រហូត​ដល់​ទៅ​ងាក​ចេញ​ពី​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់។ ១៣ ផ្ទុយ​ទៅ​វិញ ចូរ​ដាស់​តឿន​គ្នា​ទៅ​វិញ​ទៅ​មក ជា​រៀង​រាល់​ថ្ងៃ គឺ​គ្រប់​ពេល​ដែល​មាន​ចែង​ក្នុង​គម្ពីរ​ថា«ថ្ងៃ​នេះ!» នៅ​ឡើយ ដើម្បី​កុំ​អោយ​បង​ប្អូន​ណា​ម្នាក់​ប្រកាន់​ចិត្ត​រឹងរូស ដោយ​ចាញ់​បោក​បាប*។ ១៤ ប្រសិន​បើ​យើង​រក្សា​ជំហរ​រឹងប៉ឹង ដែល​យើង​មាន​តាំង​ពី​ដំបូង​មក រហូត​ដល់​ចុង​បញ្ចប់​មែន​នោះ យើង​បាន​ចូល​រួម​ជា​មួយ​ព្រះគ្រីស្ដ​ហើយ ១៥ ព្រោះ​ក្នុង​គម្ពីរ​មាន​ចែង​ថា

«ថ្ងៃនេះប្រសិនបើអ្នករាល់គ្នាព្រះសូរសៀង

របស់ព្រះអង្គ

មិនត្រូវមានចិត្តរឹងរូសដូចនៅគ្រាបះបោរ

នោះឡើយ»

១៦ តើ​នរណា ​ខ្លះ​បាន​ឮ​ព្រះសូរសៀង​របស់​ព្រះជាម្ចាស់ ហើយ​បែរ​ជា​នាំ​គ្នា​បះបោរ? អស់​អ្នក​ដែល​លោក​ម៉ូសេ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ​ឬ?១៧ ក្នុង​អំឡុង​ពេល​សែសិប​ ឆ្នាំ​នោះ តើ​ព្រះជាម្ចាស់​ទ្រង់​ព្រះពិរោធ​នឹង​នរណា​ខ្លះ? ព្រះអង្គ​ទ្រង់​ព្រះពិ​រោធ​នឹង​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​ត្រូវ​ស្លាប់​ចោល​ឆ្អឹង​នៅ​វាល​រហោស្ថាន​នោះ​ឬ?១៨ តើ​ព្រះអង្គ​បាន​ ប្ដេជ្ញា​ថា​មិន​អោយ​នរណា​ខ្លះ ចូល​មក​សំរាក​ជា​មួយ​ព្រះអង្គ? គឺ​អស់​អ្នក​ដែល​មិន​ព្រម​ស្ដាប់​បង្គាប់​ព្រះអង្គ​នោះ​ឬ?១៩ ដូច្នេះ យើង​ឃើញ​ថា​ពួក​គេ​ពុំ​បាន​ចូល​ទៅ​សំរាក​មក​ពី​ពួក​គេ​គ្មាន​ជំនឿ។

ជំពូក ៤

 ព្រះបន្ទូល​សន្យា​របស់​ ព្រះជាម្ចាស់ ដែល​ថា​អោយ​យើង​ចូល​ទៅ​សំរាក​ជា​មួយ​ព្រះអង្គ​នោះ នៅ​ស្ថិតស្ថេរ​នៅ​ឡើយ ដូច្នេះ យើង​ត្រូវ​ភ័យ​ខ្លាច ក្រែង​លោ​មាន​បង​ប្អូន​ណា​ម្នាក់​នឹក​ស្មាន​ថា​ខ្លួន​ចូល​ទៅ​មិន​ទាន់ ដ្បិត​យើង​ក៏​បាន​ទទួល​ ដំណឹងល្អ*​ដូច​ពួក​គេ​ដែរ​។ ក៏​ប៉ុន្តែ ព្រះបន្ទូល​ដែល​គេ​ស្ដាប់ គ្មាន​ប្រយោជន៍​អ្វី​ដល់​គេ​ទេ ព្រោះ​ព្រះបន្ទូល​ដែល​គេ​បាន​ឮ​នោះ ពុំ​បាន​ជ្រួតជ្រាប​ចូល​ក្នុង​ចិត្ត​គេ​ដោយ​ជំនឿ​ឡើយ។  ព្រះជា​ម្ចាស់​​​មាន​ ព្រះបន្ទូល​ថា «យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថា មិន​អោយ​ពួក​គេ​ចូល​មក​សំរាក ជា​មួយ​យើង​ជា​ដាច់​ខាត»។ ចំពោះ​យើង​ជា​អ្នក​ជឿ​វិញ យើង​បាន​ចូល​មក​សំរាក​ជា​មួយ​ព្រះអង្គ​ហើយ។

ពិត​មែន​ហើយ ព្រះជាម្ចាស់​បាន​បង្ហើយ​កិច្ចការ​របស់​ព្រះអង្គ តាំង​ពី​កំណើត​ពិភព​លោក​មក​ម៉្លេះ  ដ្បិត​មាន​ចែង​ទុក​ត្រង់​វគ្គ​មួយ​ស្ដី​អំពី​ថ្ងៃ​ទី​ប្រាំពីរ​ថាៈព្រះជាម្ចាស់​បង្ហើយ​កិច្ចការ​ទាំង​អស់​នៅ​ថ្ងៃ​ទី​ប្រាំពីរ​រួច ព្រះអង្គ​ក៏​សំរាក។  ក្នុង​អត្ថបទ​គម្ពីរ​ខាង​លើ​នេះ មាន​ចែង​សា​ជា​ថ្មី​ថាៈ «ពួក​គេ​នឹង​មិន​បាន​ចូល​ទៅ​សំរាក​ជា​មួយ​យើង​ជា​ដាច់​ខាត»។

 ព្រះជាម្ចាស់ ​បាន​តំរូវ​អោយ​អ្នក​ខ្លះ​ចូល​ទៅ​សំរាក ក៏​ប៉ុន្តែ ដោយ​អស់​អ្នក​ដែល​ទទួល​ដំណឹងល្អ​ពី​មុន​មិន​បាន​ចូល ព្រោះ​គេ​មិន​ស្ដាប់​បង្គាប់ ព្រះអង្គ​ក៏​កំណត់​ យក“ថ្ងៃ​នេះ”មួយ​ទៀត គឺ​ព្រះអង្គ​មាន​ព្រះបន្ទូល​តាម​រយៈ​ព្រះបាទ​ដាវីឌ ជា​យូរ​អង្វែង​ក្រោយ​មក​ទៀត ដូច​មាន​ចែង​ទុក​នៅ​ខាង​លើ​នេះ​ស្រាប់​ថាៈ «ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​ព្រះសូរសៀង​របស់​ព្រះអង្គ មិន​ត្រូវ​មាន​ចិត្ត​រឹងរូស​ឡើយ»។

 ប្រសិន​បើ ​លោក​យ៉ូស៊ូអា​នាំ​ប្រជារាស្ត្រ​អោយ​បាន​សំរាក​មែន ក្រោយ​មក​ទៀត​នោះ ព្រះជាម្ចាស់​មុខ​ជា​ពុំ​មាន​ព្រះបន្ទូល​អំពី​ថ្ងៃ​មួយ​ផ្សេង​ទៀត​ឡើយ។ ដូច្នេះ ព្រះជាម្ចាស់​បាន​តំរូវ​ទុក​អោយ​មាន​ថ្ងៃ​សំរាក​មួយ​ទៀត សំរាប់​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ដូច​ព្រះអង្គ​សំរាក​នៅ​ថ្ងៃ​ទី​ប្រាំពីរ​ដែរ ១០ ដ្បិត​អ្នក​ណា​ចូល​ទៅ​ សំរាក​ជា​មួយ​ព្រះជាម្ចាស់ អ្នក​នោះ​បាន​បង្ហើយ​កិច្ចការ​របស់​ខ្លួន ដូច​ព្រះជាម្ចាស់​បង្ហើយ​កិច្ចការ​របស់​ព្រះអង្គ​ដែរ។ ១១ ហេតុ​នេះ យើង​ត្រូវ​តែ​ខ្នះខ្នែង ចូល​ទៅ​រក​សំរាក​ជា​មួយ​ព្រះអង្គ​នោះ​វិញ កុំ​អោយ​មាន​នរណា​ម្នាក់​ធ្លាក់​ខ្លួន​ទៅ​យក​តំរាប់​តាម​ពួក​អ្នក ​ដែល​មិន​ ស្ដាប់​បង្គាប់​នោះ​ឡើយ ១២ ដ្បិត​ព្រះបន្ទូល​របស់​ ព្រះជាម្ចាស់ ជា​ព្រះបន្ទូល​ដ៏​មាន​ជីវិត និង​មាន​មហិទ្ធិឫទ្ធិ​មុត​ជាង​ដាវ​មុខ​ពីរ​ទៅ​ទៀត។ ព្រះបន្ទូល​នេះ​ចាក់​ទម្លុះ​ចូល​ទៅ​កាត់​ព្រលឹង និង​វិញ្ញាណ​ដាច់​ចេញ​ពី​គ្នា កាត់​សន្លាក់​ឆ្អឹង និង​ខួរ​ឆ្អឹង​ចេញ​ពី​គ្នា។ ព្រះបន្ទូល​វិនិច្ឆ័យ​ឆន្ទៈ និង​គំនិត​នៅ​ក្នុង​ជំរៅ​ចិត្ត​មនុស្ស។ ១៣ ​គ្មាន​សត្វ​លោក​ណា​មួយ​ ដែល​ព្រះបន្ទូល​មើល​មិន​ឃើញ​ឡើយ ចំពោះ​ព្រះនេត្រ​របស់​ព្រះអង្គ អ្វីៗ​ទាំង​អស់​នៅ​ទទេ ឥត​បិទបាំង​ទាល់​តែ​សោះ។ យើង​ត្រូវ​ទូល​រៀប​រាប់​ថ្វាយ​ព្រះបន្ទូល​ពី​គ្រប់​កិច្ចការ​ទាំង​អស់។

ព្រះយេស៊ូជាមហាបូជាចារ្យដ៏ខ្ពង់ខ្ពស់លើស

មហាបូជាចារ្យនៃសម្ពន្ធមេត្រីចាស់

១៤ ដោយ​យើង​មាន​មហា​ បូជាចារ្យ*​មួយ​រូប​ដ៏​ប្រសើរ​ឧត្ដម ដែល​បាន​យាង​កាត់​ស្ថាន​បរមសុខ* គឺ​ព្រះយេស៊ូ​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់ យើង​ត្រូវ​តែ​កាន់​ជំនឿ​ដែល​យើង​ប្រកាស​នោះ អោយ​បាន​មាំមួន ១៥ ដ្បិត​យើង​មាន​មហា​ បូជាចារ្យ ដែល​អាច​រួម​សុខ​ទុក្ខ​ជា​មួយ​យើង​ជា​មនុស្ស​ទន់​ខ្សោយ គឺ​ព្រះអង្គ​ក៏​ត្រូវ​រង​ការ​ល្បងល​គ្រប់​ចំពូក​ដូច​យើង​ដែរ តែ​ទ្រង់​មិន​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ ១៦ ហេតុ​នេះ យើង​ត្រូវ​ចូល​ទៅ​កាន់​បល្ល័ង្ក​របស់​ព្រះជាម្ចាស់ ប្រកបដោយ ព្រះហឫទ័យប្រណីសន្ដោស ទាំង​ទុក​ចិត្ត ដើម្បី​អោយ​បាន​ទទួល​ព្រះហឫទ័យ​មេត្តា និង​ប្រណីសន្ដោសយើងព្រមទាំងជួយយើងនៅ​ពេលណា​យើង​ត្រូវ​ការ។

ជំពូក ៥

 គេ​ជ្រើស​រើស​មហា​បូជាចារ្យ​គ្រប់ៗ​រូប ​ពី​ចំណោម​មនុស្ស ហើយ​តែងតាំង​សំរាប់​អោយ​ទាក់ទង​ជា​មួយ​ព្រះជាម្ចាស់ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​លោក ក្នុង​ការ​ថ្វាយ​តង្វាយ និង​ថ្វាយ​យញ្ញបូជា​រំដោះ​បាប​មនុស្ស។ លោក​មហា​បូជាចារ្យ​អាច​មាន​អធ្យាស្រ័យ​ដល់​មនុស្ស​ល្ងិត​ល្ងង់ និង​មនុស្ស​វង្វេង​បាន ព្រោះ​ខ្លួន​លោក​ផ្ទាល់​ក៏​ទន់​ខ្សោយ ហើយ​ដោយ​លោក​ទន់​ខ្សោយ ដូច្នេះ លោក​ត្រូវ​ថ្វាយ​យញ្ញបូជា​សំរាប់​អោយ​ខ្លួន​លោក​ផ្ទាល់ និង​ប្រជារាស្ត្រ​រួច​ពី​បាប។ គ្មាន​នរណា​តាំង​ខ្លួន​ឯង​អោយ​បំពេញ​មុខងារ​ដ៏​ប្រសើរ​នេះ​បាន​ឡើយ គឺ​ទាល់​តែ​ព្រះជាម្ចាស់​ត្រាស់​ហៅ​ដូច​លោក​អរ៉ុន ទើប​បំពេញ​បាន។

 រីឯ​ ព្រះគ្រីស្ដ​វិញ​ក៏​ដូច្នោះ​ដែរ ព្រះអង្គ​ពុំ​បាន​លើក​តម្កើង​ព្រះអង្គ​ផ្ទាល់​ធ្វើ​ជា​មហា​បូជាចារ្យ​ឡើយ គឺ​ព្រះជាម្ចាស់​ទេ​តើ ដែល​បាន​តែងតាំង​ព្រះអង្គ ដោយ​មាន​ព្រះបន្ទូល​មក​កាន់​ព្រះអង្គ​ថា៖

«ព្រះអង្គជាបុត្ររបស់យើង

គឺយើងហ្នឹងហើយដែលបាន

ទទួលព្រះអង្គធ្វើជាបុត្រនៅថ្ងៃនេះ»

 ព្រះជាម្ចាស់​ក៏​មាន​ព្រះបន្ទូល​នៅ​ក្នុង​វគ្គ​មួយ​ទៀត​ថា៖

«ព្រះអង្គជាបូជាចារ្យអស់កល្បរៀងទៅ

តាមរបៀបព្រះបាទមែលគីសេដែក»

 កាល​ ព្រះគ្រីស្ដ​រស់​នៅ​ក្នុង​លោក​នេះ​នៅ​ឡើយ ព្រះអង្គ​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង និង​បង្ហូរ​ទឹក​ភ្នែក​ទូលអង្វរ​ទូល​សូម​ព្រះជាម្ចាស់ ដែល​អាច​សង្គ្រោះ​ព្រះអង្គ​អោយ​រួច​ពី​ស្លាប់។ ដោយ​ព្រះគ្រីស្ដ​បាន​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់ នោះ​ព្រះជាម្ចាស់​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​ទូលអង្វរ។ ថ្វីដ្បិត​តែ​ព្រះអង្គ​ជា​ព្រះបុត្រា​ក៏​ដោយ ព្រះអង្គ​ក៏​បាន​រៀន​ស្ដាប់​បង្គាប់​ដោយ​រងទុក្ខ​លំបាក។ បន្ទាប់​ពី​ព្រះអង្គ​បាន​ គ្រប់​លក្ខណៈ​ហើយ ទ្រង់​ក៏​បាន​ទៅ​ជា​ប្រភព​នៃ​ការ​សង្គ្រោះ​ដ៏​នៅ​ស្ថិតស្ថេរ​អស់កល្ប​ ជានិច្ច សំរាប់​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​ព្រះអង្គ ១០ ហើយ​ព្រះជាម្ចាស់​ក៏​ប្រកាស​តែងតាំង​ព្រះអង្គ​ជា​មហា​បូជាចារ្យ តាម​របៀប​ព្រះបាទ​មែលគីសេដែក​ដែរ។

ពាក្យដាស់តឿនអោយតស៊ូស្មោះត្រង់នឹងជំនឿ

១១ ត្រង់​ចំណុច​នេះ យើង​មាន​សេចក្ដី​ជា​ច្រើន​ដែល​ត្រូវ​និយាយ ជា​សេចក្ដី​ដែល​ពិបាក​ពន្យល់ ព្រោះ​បង​ប្អូន​បែរ​ជា​ក្រ​នឹង​យល់។ ១២ តាម​ពិត​បង​ប្អូន​គួរ​ តែ​បាន​ធ្វើ​ជា​គ្រូ​បង្រៀន​គេ តាំង​ពី​យូរយារ​ណាស់​មក​ហើយ ក៏​ប៉ុន្តែ បង​ប្អូន​ត្រូវ​ការ​អោយ​គេ​បង្រៀន​អំពី​សេចក្ដី​ខ្លះៗ ដែល​នៅ​ខាង​ដើម​ដំបូង​នៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ឡើង​វិញ បង​ប្អូន​បែរ​ជា​ត្រូវ​ការ​ទឹក​ដោះ គឺ​មិន​មែន​ត្រូវ​ការ​អាហារ​រឹង​ទេ។ ១៣ អ្នក​ដែល​ត្រូវ​ការ​ទឹក​ដោះ ពុំ​អាច​យល់​ការ​ប្រៀនប្រដៅ​អំពី​សេចក្ដី​សុចរិត​បាន​ឡើយ ព្រោះ​គេ​នៅ​ជា​កូន​ខ្ចី។ ១៤ មាន​តែ​មនុស្ស​ពេញ​វ័យ​ប៉ុណ្ណោះ ដែល​អាច​ទទួល​អាហារ​រឹង​បាន ព្រោះ​គេ​ធ្លាប់​មាន​ការ​ពិសោធ​ចេះ​វែក​ញែក​ស្គាល់​ល្អ ស្គាល់​អាក្រក់។

ជំពូក ៦

 ហេតុ​នេះ ត្រូវ​ឈោង​ចាប់​យក​សេចក្ដី​ណា​ដែល​មាន​ខ្លឹមសារ គ្រប់​លក្ខណៈ​របស់​មនុស្ស​ពេញ​វ័យ ដោយ​ទុក​សេចក្ដី​ផ្សេងៗ​នៅ​ដើម​ដំបូង​ស្ដី​អំពី​ព្រះគ្រីស្ដ​នោះ​សិន យើង​មិន​បាច់​ចាក់​គ្រឹះ​សា​ជា​ថ្មី​ទៀត​ទេ គឺ​ដូច​ជា​និយាយ​អំពី​ការ​កែ​ប្រែ​ចិត្ត​គំនិត ឈប់​ប្រព្រឹត្ត​អំពើ​ឥត​បាន​ការ​ អំពី​ជំនឿ​លើ​ព្រះជាម្ចាស់  អំពី​សេចក្ដី​បង្រៀន​ពី​ ការ​ជ្រមុជ​ផ្សេងៗ អំពី​ពិធី​ដាក់​ដៃ* អំពី​ការ​រស់​ឡើង​វិញ ឬ​អំពី​ការ​វិនិច្ឆ័យ ទោស​អស់កល្ប​ជានិច្ច​នោះ​ឡើយ។ ប្រសិន​បើ​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ យើង​នឹង​បរិយាយ​អំពី​សេចក្ដី​ដូច​ត​ទៅ​នេះ។

 មាន​អ្នក​ ខ្លះ​បាន​ទទួល​ពន្លឺ​ម្ដង​រួច​ហើយ ថែម​ទាំង​បាន​ស្គាល់​ឱជារស​នៃ​ព្រះអំណោយ​ទាន​ពី​ស្ថាន​បរមសុខ*​បាន​រួម​ ចំណែក​ជា​មួយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ* ព្រម​ទាំង​ស្គាល់​ឱជារស​នៃ​ព្រះបន្ទូល​ដ៏​ល្អ​វិសេស​របស់​ព្រះជាម្ចាស់ និង​ស្គាល់​ឫទ្ធានុភាព​ទាំងឡាយ​នៃ​បរលោក​ទៀត​ផង។ ប្រសិន​បើ​គេ​បែរ​ជា​ ធ្លាក់​ខ្លួន​បាត់​ជំនឿ​វិញ​នោះ គេ​មុខ​ជា​ពុំ​អាច​កែ​ប្រែ​ចិត្ត​គំនិត​សា​ជា​ថ្មី​ម្ដង​ទៀត​បាន​ឡើយ ដ្បិត​ខ្លួន​គេ​ផ្ទាល់ បាន​ឆ្កាង​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​សា​ជា​ថ្មី ព្រម​ទាំង​បាន​បន្ថោក​កិត្តិយស​ព្រះអង្គ​ជា​សាធារណៈ​ផង។

 ដី​ណា​ ទទួល​ទឹក​ភ្លៀង​ដែល​ធ្លាក់​មក​ជា​ញឹក​ញាប់ ហើយ​ផ្ដល់​ភោគផល​ល្អ​ដល់​អ្នក​ភ្ជួរ​រាស់ ដី​នោះ​ក៏​ទទួល​ព្រះពរ​ពី​ព្រះជាម្ចាស់​ដែរ។  ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ដី​នោះ​ដុះ​សុទ្ធ​តែ​បន្លា និង​អញ្ចាញ​គេ​នឹង​ចាត់​ទុក​ថា​គ្មាន​តម្លៃ ជិត​ត្រូវ​បណ្ដាសា ហើយ​គេ​មុខ​ជា​ដុត​ចោល​មិន​ខាន។

 ក៏​ ប៉ុន្តែ បង​ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​អើយ ទោះ​បី​យើង​និយាយ​បែប​នេះ​ក៏​ដោយ ក៏​យើង​ជឿ​ជាក់​ថា បង​ប្អូន​ស្ថិត​នៅ​លើ​មាគ៌ា​ដ៏​ល្អ​ប្រសើរ​បំផុត​ឆ្ពោះ​ទៅ​រក​ការ​សង្គ្រោះ ១០ ដ្បិត​ព្រះជាម្ចាស់ មិន​មែន​អយុត្ដិធម៌​ទេ ទ្រង់​មិន​ភ្លេច​អំពើ​ដែល​បង​ប្អូន​បាន​ប្រព្រឹត្ត​ហើយ​ក៏​មិន​ភ្លេច​ សេចក្ដី​ស្រឡាញ់​ដែល​បង​ប្អូន​បាន​សំដែង​ចំពោះ​ព្រះនាម​ព្រះអង្គ ដោយ​បង​ប្អូន​បាន​បំរើ​ប្រជាជន​ដ៏វិសុទ្ធ​កាល​ពី​ដើម និង​ឥឡូវ​នេះ​ដែរ។ ១១ យើង​ចង់​អោយ​បង​ប្អូន​ ម្នាក់ៗ នៅ​តែ​មាន​ចិត្ត​ខ្នះខ្នែង រហូត​ដល់​ចុង​បញ្ចប់ គឺ​ធ្វើ​អោយ​សេចក្ដី​សង្ឃឹម​របស់​បង​ប្អូន​បាន​ពេញ​លក្ខណៈ ១២ ដើម្បី​កុំ​អោយ​បង​ ប្អូន​ក្លាយ​ទៅ​ជា​ខ្ជិល​ច្រអូស តែ​អោយ​យក​តំរាប់​តាម​អស់​អ្នក​ដែល​បាន​ទទួល​មត៌ក តាម​ព្រះបន្ទូល​សន្យា ព្រោះ​គេ​មាន​ជំនឿ និង​ចេះ​ស៊ូ​ទ្រាំ។

ព្រះបន្ទូលសន្យាដែលមិនចេះប្រែប្រួល

១៣ នៅ​ពេល​ដែល​ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​សន្យា​នឹង​លោក​អប្រាហាំ ព្រះអង្គ​បាន​ស្បថ​ដោយ​យក ព្រះអង្គ​ផ្ទាល់​ធ្វើ​ជា​ប្រធាន ព្រោះ​គ្មាន​នរណា​មាន​ឋានៈ​ធំ​ជាង​ព្រះអង្គ​ធ្វើ​ជា​ប្រធាន​សម្បថ​បាន​ឡើយ។ ១៤ ព្រះអង្គ​មាន​ព្រះបន្ទូល​ថាៈ«យើង​នឹង​អោយ​ពរ​អ្នក​យ៉ាង​ច្រើន​បរិបូណ៌ ហើយ​ក៏​នឹង​ធ្វើ​អោយ​ពូជពង្ស​របស់​អ្នក​បាន​កើន​ចំនួន​ច្រើន​ឡើង​ដែរ»​។ ១៥ ដោយ​លោក​អប្រាហាំ​ព្យាយាម​ទន្ទឹង​រង់ចាំ លោក​ក៏​បាន​ទទួល​តាម​ព្រះបន្ទូល​សន្យា​មែន។ ១៦ មនុស្ស​តែងតែ​ស្បថ​ដោយ​ យក​អ្វីៗ​ធំ​ជាង​ខ្លួន​មក​ធ្វើ​ជា​ប្រធាន ហើយ​សម្បថ​នោះ​ធ្វើ​អោយ​ពាក្យ​សំដី​របស់​គេ​យក​ជា​ការ​បាន ដើម្បី​បញ្ចប់​ការ​ទាស់ទែង​គ្នា​គ្រប់​យ៉ាង។ ១៧ ​ព្រះជាម្ចាស់​ក៏​សព្វ​ ព្រះហឫទ័យ​បង្ហាញ​អោយ​អស់​អ្នក​ដែល​ទទួល​មត៌ក​តាម​ព្រះបន្ទូល​សន្យា បាន​ដឹង​រឹត​តែ​ច្បាស់​ថា បើ​ព្រះអង្គ​សំរេច​ព្រះហឫទ័យ​យ៉ាង​ណា​ហើយ​នោះ ទ្រង់​មិន​ប្រែប្រួល​ទេ។ ហេតុ​នេះ ព្រះអង្គ​មាន​ព្រះបន្ទូល​ស្បថ​ថែម​លើ​ព្រះបន្ទូល​សន្យា​ទៀត។ ១៨ ចំពោះ​យើង​ដែល​បាន​ លះបង់​អ្វីៗ​ទាំង​អស់ ដើម្បី​ឈោង​ចាប់​យក​សេចក្ដី​សង្ឃឹម​ដែល​ព្រះអង្គ​ដាក់​នៅ​ខាង​មុខ​យើង ព្រះអង្គ​ក៏​បាន​លើក​ទឹក​ចិត្ត​យើង​យ៉ាង​ខ្លាំង ដោយ​មាន​ព្រះបន្ទូល​ទាំង​ពីរ​យ៉ាង​ដែល​ពុំ​ចេះ​ប្រែប្រួល ហើយ​ព្រះជាម្ចាស់​មិន​ចេះ​កុហក ក្នុង​ព្រះបន្ទូល​នេះ​ឡើយ។ ១៩ សេចក្ដី​សង្ឃឹម​នេះ​ ប្រៀប​បី​ដូច​ជា​យុថ្កា​មួយ​ដ៏​ជាប់​មាំមួន សំរាប់​ព្រលឹង​របស់​យើង ហើយ​ក៏​បាន​ចូល​ហួស​វាំងនន​ទៅ​ក្នុង​ទីសក្ការៈ​ថែម​ទៀត​ផង ២០ គឺ​ឆ្ពោះ​ទៅ​កាន់​ កន្លែង​ដែល​ព្រះយេស៊ូ​បាន​យាង​ចូល​ទៅ​មុន ដើម្បី​ជា​ប្រយោជន៍​ដល់​យើង ហើយ​ព្រះអង្គ​ក៏​បាន​ទទួល​ឋានៈ​ជា​មហា​បូជាចារ្យ*​រហូត​អស់កល្ប​ជានិច្ច តាម​របៀប​ព្រះបាទ​មែលគីសេដែក។

ជំពូក ៧

ព្រះបាទមែលគីសេដែកជាមហាក្សត្រ និងជាបូជាចារ្យ

 ព្រះបាទ​មែលគីសេដែក​ នេះ ជា​ព្រះមហាក្សត្រ​នៅ​​ក្រុង​សាឡឹម និង​ជា​បូជាចារ្យ*​របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត។ ទ្រង់​បាន​ទៅ​ជួប​លោក​អប្រាហាំ ដែល​វិល​មក​ពី​វាយ​ឈ្នះ​ស្ដេច​នានា ហើយ​ទ្រង់​ជូន​ពរ​លោក​។ លោក​អប្រាហាំ​បាន​យក​ អ្វីៗ​ទាំង​អស់​ដែល​លោក​មាន​ចំនួន​មួយ​ភាគ​ដប់ មក​ថ្វាយ​ព្រះបាទ​មែលគីសេដែក។ ព្រះនាម​របស់​ស្ដេច​អង្គ​នេះ​មាន​ន័យ​ថា«ស្ដេច​ប្រកប​ដោយ​សេចក្ដី​សុចរិត» ហើយ​ទ្រង់​ជា​ស្ដេច​ក្រុង​សាឡឹម​ថែម​ទៀត ដែល​មាន​ន័យ​ថា «ស្ដេច​នៃ​សេចក្ដី​សុខសាន្ត»។ ទ្រង់​គ្មាន​មាតាបិតា និង​គ្មាន​វង្ស​ត្រកូល​ទេ ហើយ​ជីវិត​របស់​ស្ដេច ក៏​គ្មាន​ដើម​កំណើត និង​ចុង​បញ្ចប់​ដែរ។ ទ្រង់​ដូច​ព្រះបុត្រា​របស់​ព្រះជាម្ចាស់ ហើយ​ស្ថិត​នៅ​ជា​បូជាចារ្យ*​រហូត​ត​រៀង​ទៅ។

 សូម​បង​ ប្អូន​ពិចារណា​មើល​ចុះ ព្រះបាទ​មែលគីសេដែក​នេះ​មាន​ឋានៈ​ធំ​ប៉ុន​ណា បាន​ជា​លោក​អប្រាហាំ​បុព្វបុរស*​របស់​យើង យក​អ្វីៗ​ដែល​លោក​រឹប​អូស​បាន​ពី​ចំបាំង​ចំនួន​មួយ​ភាគ​ដប់​មក​ថ្វាយ​ ដូច្នេះ! អស់​អ្នក​ក្នុង​ពូជពង្ស​ របស់​លោក​លេវី*​ដែល​បាន​ទទួល​មុខងារ​ជា​បូជាចារ្យ*​នោះ ក៏​បាន​ទទួល​បញ្ជា​អោយ​ទារ​យក​តង្វាយ​មួយ​ភាគ​ដប់*​ពី​ប្រជាជន ស្រប​តាម​វិន័យ* គឺ​ទារ​យក​ពី​អស់​អ្នក​ជា​សាច់​ឈាម​របស់​ខ្លួន ដែល​ជា​ពូជពង្ស​របស់​លោក​អប្រាហាំ​ដូច​គ្នា។ ចំណែក​ឯ​ព្រះបាទ​ មែលគីសេដែក​វិញ លោក​គ្មាន​ជាប់​សាច់ញាតិ​អ្វី​នឹង​កូន​ចៅ​លោក​លេវី​ទេ តែ​លោក​បាន​យក​ទ្រព្យ​ចំនួន​មួយ​ភាគ​ដប់​ពី​លោក​អប្រាហាំ! ទ្រង់​ក៏​ជូន​ពរ​ដល់​លោក​អប្រាហាំ​ដែល​បាន​ទទួល​ព្រះបន្ទូល​សន្យា! ធម្មតា អ្នក​ទទួល​ពរ​មាន​ឋានៈ​តូច​ជាង​អ្នក​អោយ​ពរ ត្រង់​ចំណុច​នេះ យើង​ពុំ​អាច​ប្រកែក​បាន​ឡើយ។  លោក​លេវី​ដែល​ទទួល​តង្វាយ ​មួយ​ភាគ​នោះ ជា​មនុស្ស​តែងតែ​ស្លាប់។ រីឯ​ព្រះបាទ​មែលគីសេដែក​វិញ ទ្រង់​មាន​ព្រះជន្ម​រស់​ដូច​គម្ពីរ​បាន​បញ្ជាក់​ស្រាប់។ យើង​អាច​ពោល​អោយ​អស់​ សេចក្ដី​ថា សូម្បី​តែ​លោក​លេវី ដែល​តែង​ទទួល​តង្វាយ​មួយ​ភាគ​ដប់ ក៏​បាន​យក​អ្វីៗ​មួយ​ភាគ​ដប់ ថ្វាយ​ព្រះបាទ​មែលគីសេដែក តាម​រយៈ​លោក​អប្រាហាំ​ដែរ ១០ ដ្បិត​នៅ​ពេល​ដែល​ព្រះបាទ​មែលគីសេដែក​ទៅ​ជួប​លោក​អប្រាហាំ​នោះ លោក​លេវី​ស្ថិត​នៅ​ក្នុង​លោក​អប្រាហាំ​នៅ​ឡើយ។

១១ មុខងារ​ បូជាចារ្យ ជា​គ្រឹះ​នៃ​គម្ពីរ​វិន័យ​របស់​ប្រជារាស្ត្រ​អ៊ីស្រាអែល ប្រសិន​បើ​មុខងារ​ជា​បូជាចារ្យ​បាន​គ្រប់​លក្ខណៈ ដោយសារ​ពួក​លេវី​ហើយ​នោះ តើ​ចាំបាច់​តែងតាំង​បូជាចារ្យ​មួយ​ទៀត តាម​របៀប​ព្រះបាទ​មែលគីសេដែក​ធ្វើ​អ្វី? ម្ដេច​ក៏​មិន​និយាយ​ពី​បូជាចារ្យ តាម​របៀប​លោក​អរ៉ុន​ទៅ​វិញ។ ១២ ប្រសិន​បើ​មាន​ការ​ផ្លាស់​ប្ដូរ​មុខងារ​បូជាចារ្យ នោះ​ក៏​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្ដូរ​វិន័យ​ដែរ។ ១៣ រីឯ​បូជាចារ្យ​ដែល​មាន​ ចែង​ក្នុង​អត្ថបទ​ទាំង​នេះ ទ្រង់​កើត​ក្នុង​កុលសម្ព័ន្ធ​មួយ ​ដែល​គ្មាន​នរណា​ម្នាក់​ធ្លាប់​ធ្វើ​ជា​ បូជាចារ្យ​ឡើយ​។ ១៤ យើង​សុទ្ធ​តែ​បាន​ដឹង​ ច្បាស់​ទាំង​អស់​គ្នា​ថា ព្រះអម្ចាស់​នៃ​យើង​ប្រសូត​មក​ក្នុង​កុលសម្ព័ន្ធ*​យូដា។ ពេល​លោក​ម៉ូសេ​និយាយ​អំពី​បូជាចារ្យ លោក​ពុំ​ដែល​និយាយ​ពី​កុលសម្ព័ន្ធ​នេះ​ទេ។ ១៥ ប្រសិន​បើ​មាន​ការ​តែងតាំង​បូជាចារ្យ​មួយ​រូប​ទៀត ដូច​ព្រះបាទ​មែលគីសេដែក សេចក្ដី​នេះ​ក៏​រឹត​តែ​ច្បាស់​ជាង​ទៅ​ទៀត។ ១៦ ព្រះអង្គ​មិន​បាន​ទទួល​ មុខងារ​ជា​បូជាចារ្យ តាម​វិន័យ​ដែល​ជា​បទ​បញ្ជា​របស់​មនុស្ស​ឡើយ គឺ​ទ្រង់​បាន​ទទួល​មុខងារ​នេះ​តាម​ឫទ្ធានុភាព​នៃ​ព្រះជន្ម​មិន​ចេះ​សាប​ សូន្យ ១៧ ​ដ្បិត​គម្ពីរ ​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះអង្គ​ថា«ព្រះអង្គ​ជា​បូជាចារ្យ​អស់កល្ប​ត​រៀង​ទៅ តាម​របៀប​ព្រះបាទ​មែលគីសេដែក»។ ១៨ ​ដូច្នេះ បទ​បញ្ជា​ដែល​មាន​ពី​មុន​មក ត្រូវ​លុប​បំបាត់​ចោល​ហើយ ព្រោះ​គ្មាន​ប្រសិទ្ធភាព គ្មាន​សារប្រយោជន៍​អ្វី​ទេ ១៩ ដ្បិត​វិន័យ​ពុំ ​បាន​ធ្វើ​អោយ​អ្វី​មួយ​ទៅ​ជា​គ្រប់​លក្ខណៈ​ឡើយ។ ម្យ៉ាង​ទៀត​សេចក្ដី​សង្ឃឹម​មួយ​ដ៏​ប្រសើរ​ជាង​បាន​មក​ដល់ ហើយ​ដោយសារ​សេចក្ដី​សង្ឃឹម​នេះ យើង​អាច​ចូល ទៅ​ជិត​ព្រះជាម្ចាស់​បាន។

២០ លើស​ពី​នេះ មាន​ព្រះបន្ទូល​សម្បថ។ បូជាចារ្យ​ឯ​ទៀតៗ បាន​ទទួល​មុខងារ​ជា​បូជាចារ្យ ដោយ​គ្មាន​ព្រះបន្ទូល​សម្បថ​ទេ។ ២១ រីឯ​ព្រះយេស៊ូ​វិញ ទ្រង់​បាន​ទទួល​មុខងារ​ជា​បូជាចារ្យ ដោយ​ព្រះជាម្ចាស់​ទ្រង់​បាន​ស្បថ គឺ​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​ព្រះអង្គ​ថា«“ព្រះអង្គ​ជា​បូជាចារ្យ​អស់កល្ប​ជានិច្ច”​ ព្រះ​អម្ចាស់​​ទ្រង់​បាន​ស្បថ ហើយ​ទ្រង់​នឹង​មិន​ប្រែប្រួល​ឡើយ»​។ ២២ ដូច្នេះ ដោយ​មាន​ព្រះបន្ទូល​សម្បថ​យ៉ាង​នេះ បាន​សេចក្ដី​ថា​ព្រះយេស៊ូ​ធានា​រ៉ាប់រង នូវ​សម្ពន្ធមេត្រី*​មួយ​រឹត​តែ​ប្រសើរ​ជាង​ទៅ​ទៀត។

២៣ លើស​ពី​នេះ មាន​គ្នា​ជា​ច្រើន​បាន​ធ្វើ​បូជាចារ្យ​តៗ​គ្នា ព្រោះ​ពួក​គេ​តែងតែ​ស្លាប់ ពុំ​អាច​ធ្វើ​បូជាចារ្យ​ជា​អចិន្ត្រៃយ៍​បាន​ឡើយ។ ២៤ រីឯ​ព្រះយេស៊ូ​វិញ ព្រះអង្គ​មាន​មុខងារ​ជា​បូជាចារ្យ ដែល​ពុំ​អាច​ផ្ទេរ​ទៅ​អោយ​នរណា​បាន​ទេ ព្រោះ​ព្រះអង្គ​គង់​នៅ​អស់កល្ប​ជានិច្ច។ ២៥ ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះអង្គ​ក៏​អាច​សង្គ្រោះ​អស់​អ្នក​ដែល​ចូល​មក​ជិត​ព្រះជាម្ចាស់ តាម​រយៈ​ព្រះអង្គ​បាន​ជា​ស្ថាពរ ដ្បិត​ព្រះអង្គ​មាន​ព្រះជន្ម​រស់​រហូត ដើម្បី​ទូលអង្វរ​ព្រះជាម្ចាស់​អោយ​ពួក​គេ។ ២៦ មាន​តែ​មហា​បូជាចារ្យ​ ដ៏​ប្រសើរ​ដូច​ព្រះយេស៊ូ​នេះ​ហើយ ដែល​យើង​ត្រូវ​ការ គឺ​មហា​បូជាចារ្យ​ដ៏វិសុទ្ធ ស្លូត​ត្រង់ ឥត​សៅហ្មង ខុស​ប្លែក​ពី​មនុស្ស​បាប ព្រម​ទាំង​ខ្ពង់ខ្ពស់​លើស​ស្ថាន​បរមសុខ*​ទៅ​ទៀត។ ២៧ ព្រះអង្គ​មិន​ត្រូវ​ការ ​ថ្វាយ​យញ្ញបូជា​រៀង​រាល់​ថ្ងៃ ដូច​មហា​បូជាចារ្យ​ឯ​ទៀតៗ​ថ្វាយ ព្រោះ​បាប​ខ្លួន​ឯង​ផ្ទាល់​ផង និង​បាប​ប្រជាជន​ផង​នោះ​ឡើយ ដ្បិត​ព្រះអង្គ​បាន​ថ្វាយ​ព្រះកាយ​ព្រះអង្គ​ផ្ទាល់​ជា​យញ្ញបូជា ម្ដង​ជា​សូរេច។ ២៨ វិន័យ​បាន​ តែងតាំង​មនុស្ស​ទន់​ខ្សោយ​អោយ​ធ្វើ​ជា​មហា​បូជាចារ្យ។ រីឯ​ព្រះបន្ទូល​សម្បថ ដែល​មាន​មក​តាម​ក្រោយ​វិន័យ បាន​តែងតាំង​ព្រះបុត្រា​ដែល​គ្រប់​លក្ខណៈ​អស់កល្ប​ជា​និច្ច អោយ​ធ្វើ​ជា​មហា​បូជាចារ្យ​វិញ។

ជំពូក ៨

ព្រះយេស៊ូជាមហាបូជាចារ្យនៃសម្ពន្ធមេត្រីថ្មី

 គោល​ដ៏​សំខាន់​បំផុត ក្នុង​សេចក្ដី​ដែល​យើង​កំពុង​តែ​បរិយាយ​នេះ គឺ​ថា​យើង​មាន​មហា​បូជាចារ្យ*​មួយ គង់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​ព្រះជាម្ចាស់​ដ៏​ឧត្ដុង្គឧត្ដម​នៅ​ស្ថាន​ បរម​សុខ។ ព្រះអង្គ​នៅ​បំរើ​ក្នុង​ទីសក្ការៈ* និង​ក្នុង​ព្រះពន្លា*​ដ៏​ពិត​ប្រាកដ​ដែល​ព្រះអម្ចាស់​បាន​ដំឡើង គឺ​មិន​មែន​មនុស្ស​ដំឡើង​ទេ។ ចំពោះ​មហា​បូជាចារ្យ​ គ្រប់ៗ​រូប គេ​តែងតាំង​អោយ​ថ្វាយ​តង្វាយ និង​ថ្វាយ​យញ្ញបូជា ដូច្នេះ លោក​ត្រូវ​តែ​រក​អ្វី​យក​ទៅ​ថ្វាយ​ជា​ចាំបាច់។ ប្រសិន​បើ​ព្រះគ្រីស្ដ​ គង់​នៅ​ផែនដី​នេះ ព្រះអង្គ​មិន​មែន​ជា​បូជាចារ្យ​ទេ ព្រោះ​មាន​បូជាចារ្យ​ឯ​ទៀតៗ សំរាប់​យក​តង្វាយ​ទៅ​ថ្វាយ​ស្រប​តាមវិន័យ​រួច​ស្រេច​ទៅ​ហើយ។  អ្នក​ទាំង​នោះ​ធ្វើ​ពិធី​ ផ្សេងៗ តាម​គំរូ និង​តាម​ស្រមោល​នៃ​ពិធី​នៅ​ស្ថាន​បរមសុខ ដូច​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​ពេល​ដែល​ហៀប​នឹង​សង់​ព្រះពន្លា​ថាៈ«ចូរ​ប្រុង​ប្រយ័ត្ន អ្នក​ត្រូវ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់ ​តាម​គំរូ​ដែល​យើង​បាន​បង្ហាញ​អោយ​​អ្នក​ឃើញ​នៅ​លើ​ភ្នំ»។ ឥឡូវ​នេះ ព្រះគ្រីស្ដ​បាន​ទទួល​មុខងារ​ប្រសើរ​ជាង​បូជាចារ្យ​ទាំង​នោះ​ទៅ​ទៀត ព្រោះ​ព្រះអង្គ​ជា​ស្ពាន​នៃ​សម្ពន្ធមេត្រី*​មួយ​ប្រសើរ​ជាង​ជា​ សម្ពន្ធមេត្រី​ដែល​ចង​ឡើង ដោយសារ​ព្រះបន្ទូល​សន្យា​ដ៏​ប្រសើរ​ជាង។ ប្រសិន​បើ​សម្ពន្ធមេត្រី​មុន​ល្អ​ឥត​ខ្ចោះ ហើយ​មិន​បាច់​រក​សម្ពន្ធមេត្រី​ទី​ពីរ មក​ជំនួស​ឡើយ។ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ស្ដី​បន្ទោស​ប្រជា​រាស្ត្រ​របស់​ព្រះអង្គ​ដូច​ត​ទៅ៖

ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា

«បន្តិចទៀតយើងនឹងចងសម្ពន្ធមេត្រីមួយថ្មី

ជាមួយពូជពង្សរបស់អ៊ីស្រាអែល

និងពូជពង្សរបស់យូដា។

 សម្ពន្ធមេត្រីថ្មីនេះមិនដូចសម្ពន្ធមេត្រីដែល

យើងបានចងជាមួយបុព្វបុរសរបស់គេ

នៅថ្ងៃដែលយើងដឹកដៃបុព្វបុរសទាំងនោះ

ចេញពីស្រុកអេស៊ីបឡើយ។

ពួកគេពុំបានគោរពតាមសម្ពន្ធមេត្រី

ដែលយើងបានចងជាមួយគេនោះ

អោយបានខ្ជាប់ខ្ជួនទេ

យើងក៏លែងរវីរវល់នឹងពួកគេដែរ»

នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។

១០ ព្រះអម្ចាស់មានព្រះបន្ទូលថា

«លុះគ្រានេះកន្លងផុតទៅ

យើងនឹងចងសម្ពន្ធមេត្រីជាមួយពូជពង្ស

អ៊ីស្រាអែលដូចទៅៈ

យើងនឹងដាក់វិន័យរបស់យើងទាំងប៉ុន្មាន

ក្នុងប្រាជ្ញារបស់ពួកគេ

យើងនឹងចារវិន័យទាំងនោះទុក

នៅក្នុងចិត្តរបស់ពួកគេ

យើងនឹងបានទៅជាព្រះរបស់ពួកគេ

ហើយគេជាប្រជារាស្ត្ររបស់យើង។

១១ ពេលនោះ នឹងលែងមាននរណា

បង្រៀនជនរួមជាតិរបស់ខ្លួន

ហើយក៏លែងមាននរណានិយាយប្រាប់

បងប្អូនរបស់ខ្លួនថា

ត្រូវតែស្គាល់ព្រះអម្ចាស់ទៀតហើយ

ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំ

គេនឹងស្គាល់យើងគ្រប់ៗគ្នា

១២ ដ្បិតយើងនឹងអត់ឱនអោយគេ

ចំពោះអំពើទុច្ចរិតដែលគេបានប្រព្រឹត្ត

ហើយយើងក៏មិននឹកនាពីអំពើបាបរបស់គេ

ទៀតដែរ»

១៣ ដោយ​ ព្រះអង្គ​ហៅ​សម្ពន្ធមេត្រី​នេះ​ថា ជា​សម្ពន្ធមេត្រី​ថ្មី​ដូច្នេះ ព្រះអង្គ​ចាត់​ទុក​សម្ពន្ធមេត្រី​មុន​ថា ជា​សម្ពន្ធមេត្រី​ចាស់។ ធម្មតា​អ្វីៗ​ដែល​ចាស់ ហើយ​កាន់​តែ​ចាស់​ទៅៗ​នោះ មុខ​ជា​ត្រូវ​សាប​សូន្យ​បាត់​ទៅ​មិន​ខាន។

ការគោរពថ្វាយបង្គំព្រះជាម្ចាស់

តាមរបៀបចាស់ និងតាមរបៀបថ្មី

ជំពូក ៩

 ក្នុង​សម្ពន្ធមេត្រី​ទី​មួយ មាន​ក្បួន​ផ្សេងៗ​សំរាប់​គោរព​បំរើ​ព្រះជាម្ចាស់ និង​មាន​ទីសក្ការៈ​នៅ​លើ​ផែនដី​នេះ  ព្រោះ​គេ​បាន​ដំឡើង​ព្រះពន្លា*​មួយ ហើយ​គេ​ហៅ​ផ្នែក​ខាង​មុខ​ថា“ទីសក្ការៈ” នៅ​ទី​នោះ​មាន​ដាក់​ជើង​ចង្កៀង តុ និង​នំបុ័ង​តង្វាយ។ បន្ទាប់​មក ខាង​ក្រោយ​វាំងនន​ទី​ពីរ មាន​ព្រះពន្លា​មួយ​ទៀត​ហៅ​ថា “ទីសក្ការៈ​បំផុត”។ នៅ​ទី​នោះ មាន​ភាជន៍​មួយ​ធ្វើ​ពី​មាស សំរាប់​ដុត​គ្រឿង​ក្រអូប និង​មាន​ហិប*​នៃ​សម្ពន្ធមេត្រី​ស្រោប​មាស​ជុំវិញ ហើយ​ក្នុង​ហិប​នោះ មាន​ពាន​មាស​មួយ​ដែល​គេ​ដាក់​នំ​ម៉ាណា មាន​ដំបង​របស់​លោក​អរ៉ុន ដែល​មាន​ផ្កា​រីក​ចេញ​មក និង​មាន​បន្ទះ​ថ្ម​នៃ​សម្ពន្ធមេត្រី​ផង។  នៅ​ពី​លើ​ហិប​នៃ​ សម្ពន្ធមេត្រី មាន​រូប​ខេរូប៊ីម* ត្រដាង​ស្លាប​បាំង​ពី​លើ​កន្លែង​ថ្វាយ​ឈាម​សុំ​អោយ​រួច​ពី​បាប* រូប​នោះ​បង្ហាញ​ពី​វត្តមាន​របស់​ព្រះជាម្ចាស់​។ ប៉ុន្តែ យើង​មិន​បាច់​រៀប​រាប់​អោយ​បាន​ល្អិតល្អន់ នៅ​ពេល​នេះ​ទេ។ អ្វីៗ​ទាំង​អស់​រៀប​រយ​ដូច្នេះ​ហើយ ក្រុម​បូជាចារ្យ​ក៏​នាំ​គ្នា​ចូល​ទៅ​គោរព​បំរើ​នៅ​ផ្នែក​ខាង​មុខ​នៃ​ព្រះពន្លា​នោះ​ជា​ប្រក្រតី។ រីឯ​ព្រះពន្លា​ខាង​ក្នុង​វិញ មាន​តែ​លោក​មហា​បូជាចារ្យ​ប៉ុណ្ណោះ ដែល​ចូល​ទៅ​បាន​មួយ​ឆ្នាំ​ម្ដង។ លោក​ត្រូវ​តែ​យក​ឈាម​សត្វ​ចូល​ទៅ​ថ្វាយ​ព្រះជាម្ចាស់ ដើម្បី​លាង​កំហុស​របស់​ខ្លួន​លោក​ផ្ទាល់ និង​កំហុស​របស់​ប្រជាជន។  ត្រង់​នេះ​ព្រះវិញ្ញាណ​ ដ៏វិសុទ្ធ*​បង្ហាញ​អោយ​យើង​ដឹង​ថា ដរាប​ណា​ផ្នែក​ខាង​មុខ​នៃ​ព្រះពន្លា​នៅ​ស្ថិតស្ថេរ​នៅ​ឡើយ ផ្លូវ​ចូល​ទៅ​ក្នុង​ទីសក្ការៈ ក៏​ពុំ​ទាន់​បើក​ចំហ​អោយ​យើង​ចូល​ទៅ​បាន​ដែរ។  នេះ​ហើយ​ជា​និមិត្តរូប សំរាប់​បច្ចុប្បន្ន​កាល គឺ​មាន​ន័យ​ថា​តង្វាយ និង​យញ្ញបូជា​ដែល​មនុស្ស​យក​មក​ថ្វាយ​ព្រះជាម្ចាស់ ពុំ​អាច​ធ្វើ​អោយ​មនសិការ​របស់​អ្នក​ដែល​មក​គោរព​បំរើ ទៅ​ជា​គ្រប់​លក្ខណៈ​បាន​ឡើយ។ ១០ ពិធី​ទាំង​នោះ​គ្រាន់​ តែ​ជា​ក្បួន​តម្រា​របស់​មនុស្ស អំពី​ម្ហូប​អាហារ​ភេសជ្ជៈ និង​អំពី​ការ​ប្រោះ​ទឹក​ផ្សេងៗ​ប៉ុណ្ណោះ ជា​ពិធី​ដែល​ប្រជាជន​ត្រូវ​ធ្វើ ទំរាំ​ដល់​ពេល​ព្រះជាម្ចាស់​កែ​ទំរង់​អ្វីៗ​ទាំង​អស់​ឡើង​វិញ។

១១ រីឯ​ ព្រះគ្រីស្ដ​វិញ ព្រះអង្គ​បាន​យាង​មក​ក្នុង​ឋានៈ​ជា​មហា​បូជាចារ្យ ដែល​នាំ​ទៅ​កាន់​សម្បត្តិ​នៅ​លោក​ខាង​មុខ។ ព្រះអង្គ​បាន​យាង​កាត់​ព្រះពន្លា​មួយ​ដ៏​ប្រសើរ​ឧត្ដម និង​ល្អ​គ្រប់​លក្ខណៈ​ជាង ជា​ព្រះពន្លា​ដែល​មិន​មែន​សង់​ឡើង​ដោយ​ដៃ​មនុស្ស ពោល​គឺ​មិន​មែន​ជា​ព្រះពន្លា​ដែល​ស្ថិត​នៅ​ក្នុង​លោក​នេះ​ឡើយ។ ១២ ​ព្រះអង្គ​ពុំ​បាន​យក​ ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​យក​ព្រះលោហិត​របស់​ព្រះអង្គ​ផ្ទាល់​ចូល​ទៅ​ថ្វាយ ក្នុង​ទីសក្ការៈ​ម្ដង​ជា​សូរេច ទាំង​លោះ​យើង​អស់កល្ប​ជានិច្ច​ផង។ ១៣ ប្រសិន​បើ​ឈាម​ពពែ​ ឈ្មោល និង​ឈាម​គោ​បា ព្រម​ទាំង​ផេះ​គោ​ញី​ស្ទាវ​ដែល​គេ​បាច​លើ​មនុស្ស​សៅហ្មង ធ្វើ​អោយ​រូប​កាយ​គេ​បាន​បរិសុទ្ធ និង​អោយ​គេ​ទៅ​ជា​វិសុទ្ធ​យ៉ាង​ហ្នឹង​ទៅ​ហើយ ១៤ ចំណង់​បើ​ព្រះលោហិត​ របស់​ព្រះគ្រីស្ដ​វិញ តើ​នឹង​រឹត​តែ​ជំរះ​មនសិការ​យើង​អោយ​បាន​រួច​ផុត​ពី​អំពើ​ឥត​បាន​ការ ដើម្បី​គោរព​បំរើ​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត? គឺ​ដោយ​សារ​ព្រះវិញ្ញាណ ដែល​គង់​នៅ​អស់កល្ប​ជានិច្ច ព្រះគ្រីស្ដ​បាន​ថ្វាយ​ព្រះអង្គ​ផ្ទាល់​ទៅ​ព្រះជាម្ចាស់ ទុក​ដូច​ជា​យញ្ញបូជា​ឥត​សៅហ្មង។

១៥ ហេតុ​ នេះ ព្រះអង្គ​ជា​ស្ពាន​នៃ​សម្ពន្ធមេត្រី​មួយ​ថ្មី ដើម្បី​អោយ​អស់​អ្នក​ដែល​ព្រះជាម្ចាស់​ត្រាស់​ហៅ ទទួល​មត៌ក​ដ៏​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច តាម​ព្រះបន្ទូល​សន្យា​ព្រោះ​ព្រះគ្រីស្ដ​បាន​សោយ​ទិវង្គត ដើម្បី​លោះ​មនុស្ស​លោក​អោយ​រួច​ផុត​ពី​ទោស ដែល​គេ​បាន​ប្រព្រឹត្ត​ល្មើស កាល​នៅ​ក្រោម​សម្ពន្ធមេត្រី​ទី​មួយ។

១៦ ធម្មតា គេ​អាច​ចែក​កេរមត៌ក​តាម​ពាក្យ​បណ្ដាំ​បាន លុះ​ត្រា​តែ​មាន​សេចក្ដី​បញ្ជាក់​ថា អ្នក​ដែល​បាន​ចែង​ពាក្យ​បណ្ដាំ​នោះ ស្លាប់​ទៅ​ហើយ ១៧ ព្រោះ​ពាក្យ​បណ្ដាំ​អាច ​យក​ជា​ការ​បាន តែ​នៅ​ពេល​ណា​ដែល​ម្ចាស់​បណ្ដាំ​នោះ​ស្លាប់​ប៉ុណ្ណោះ បើ​ម្ចាស់​បណ្ដាំ​នៅ​រស់​គេ​ពុំ​អាច​អនុវត្ត​តាម​ពាក្យ​បណ្ដាំ​នោះ​បាន​ឡើយ។ ១៨ ​ហេតុ​នេះ សូម្បី​តែ​សម្ពន្ធមេត្រី​ពី​មុន ក៏​ចាប់​ផ្ដើម​យក​ជា​ការ​បាន​ទាល់​តែ​មាន​ការ​បង្ហូរ​ឈាម។ ១៩ ពេល​លោក​ម៉ូសេ​ប្រកាស​ បទ​បញ្ជា​ទាំង​អស់ ស្រប​តាម​វិន័យ* អោយ​ប្រជាជន​ទាំង​មូល​ស្ដាប់​រួច​ហើយ លោក​យក​រោម​ចៀម​ដែល​ជ្រលក់​ពណ៌​ក្រហម និង​ស្លឹក​ហ៊ីសុប​មក​ជ្រលក់​ឈាម​កូន​គោ ឈាម​ពពែ​ឈ្មោល និង​ទឹក​ប្រោះ​លើ​គម្ពីរ ព្រម​ទាំង​លើ​ប្រជាជន​ទាំង​មូល ២០ លោក​មាន​ប្រសាសន៍​ថាៈ«នេះ​ជា​លោហិត​នៃ​សម្ពន្ធមេត្រី ដែល​ព្រះជាម្ចាស់​បាន​បង្គាប់​អោយ​អ្នក​រាល់​គ្នា​កាន់​តាម»​។ ២១ បន្ទាប់​មក លោក​ក៏​បាន​ប្រោះ​ឈាម​នោះ​លើ​ព្រះពន្លា និង​លើ​ប្រដាប់ប្រដា​ទាំង​អស់ ដែល​ប្រើប្រាស់​សំរាប់​គោរព​បំរើ​ព្រះជាម្ចាស់​ដែរ។ ២២ តាម​វិន័យ អ្វីៗ​ស្ទើរ​តែ​ទាំង​អស់​បាន​បរិសុទ្ធ​ដោយសារ​ឈាម ប្រសិន​បើ​គ្មាន​ការ​បង្ហូរ​ឈាម​ទេ ក៏​គ្មាន​ការ​លើកលែង​ទោស​ដែរ។

ព្រះគ្រីស្ដជាយញ្ញបូជារំដោះបាប

២៣ អ្វីៗ​ដែល​គ្រាន់​តែ​ជា ​តំណាង តាម​គំរូ​នៅ​ស្ថាន​បរម​សុខ* បាន​បរិសុទ្ធ* ដោយ​ពិធី​ទាំង​នេះ​ទៅ​ហើយ ចំណង់​បើ​គំរូ​ផ្ទាល់​ដែល​ស្ថិត​នៅ​ស្ថាន​បរម​សុខ​នោះ​វិញ ត្រូវ​តែ​មាន​យញ្ញបូជា​ដ៏​ប្រសើរ​ជាង​នេះ​ទៅ​ទៀត​ទើប​បាន​បរិសុទ្ធ។ ២៤ ព្រះគ្រីស្ដ​ពុំ​បាន​ យាង​ចូល​ក្នុង​ទីសក្ការៈ​សង់​ឡើង ដោយ​ស្នា​ដៃ​មនុស្ស ដែល​គ្រាន់​តែ​ជា​តំណាង​នៃ​ទីសក្ការៈ​ដ៏​ពិត​ប្រាកដ​នោះ​ឡើយ គឺ​ព្រះអង្គ​បាន​យាង​ទៅ​ចូល​ក្នុង​ស្ថាន​បរមសុខ​តែ​ម្ដង។ ឥឡូវ​នេះ ព្រះអង្គ​ស្ថិត​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។ ២៥ ព្រះគ្រីស្ដ​ពុំ​បាន​ បូជា​ព្រះជន្ម​ព្រះអង្គ​ផ្ទាល់​ច្រើន​ដង ដូច​លោក​មហា​បូជាចារ្យ*​ដែល​តែងតែ​យក​ឈាម​សត្វ​ចូល​ទៅ​ក្នុង​ទីសក្ការៈ ជា​រៀង​រាល់​ឆ្នាំ​នោះ​ឡើយ។ ២៦ បើ​ព្រះអង្គ​បូជា​ ព្រះជន្ម​ច្រើន​ដង ព្រះអង្គ​មុខ​ជា​ត្រូវ​រងទុក្ខ​លំបាក​ច្រើន​លើក​ច្រើន​សា តាំង​ពី​កំណើត​ពិភព​លោក​មក។ តាម​ពិត នៅ​គ្រា​ចុង​ក្រោយ​នេះ ព្រះអង្គ​បាន​យាង​មក​តែ​ម្ដង​គត់ ដើម្បី​លុប​បំបាត់​បាប​ដោយ​ព្រះអង្គ​បាន​បូជា​ព្រះជន្ម។ ២៧ មនុស្ស​លោក​ទាំង​អស់​ត្រូវ​ស្លាប់​តែ​មួយ​ដង រួច​ត្រូវ​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​យ៉ាង​ណា ២៨ ព្រះគ្រីស្ដ​ក៏​បាន​ ថ្វាយ​ព្រះជន្ម​របស់​ព្រះអង្គ​តែ​មួយ​ដង ធ្វើ​ជា​យញ្ញបូជា ដើម្បី​ដក​បាប​ចេញ​ពី​មនុស្ស​ទាំង​អស់​យ៉ាង​នោះ​ដែរ។ ព្រះអង្គ​នឹង​យាង​មក​ម្ដង​ទៀត តែ​លើក​នេះ​គ្មាន​ទាក់​ទាម​អ្វី​នឹង​បាប​ទេ គឺ​ព្រះអង្គ​យាង​មក​សង្គ្រោះ​អស់​អ្នក​ដែល​ទន្ទឹង​រង់ចាំ​ព្រះអង្គ។

ជំពូក ១០

 វិន័យ*​គ្រាន់​តែ​ ជា​ស្រមោល​នៃ​សម្បត្តិ​នៅ​លោក​ខាង​មុខ​ប៉ុណ្ណោះ គឺ​មិន​មែន​ធ្វើ​អោយ​មនុស្ស​យើង​ឃើញ​សម្បត្តិ​ទាំង​នោះ​ប្រត្យក្ស​ច្បាស់​ ទេ។ ហេតុ​នេះ វិន័យ​ពុំ​អាច​ធ្វើ​អោយ​អស់​អ្នក​ដែល​ចូល​មក​ថ្វាយ​សក្ការបូជា បាន​គ្រប់​លក្ខណៈ​ឡើយ ទោះ​បី​គេ​ថ្វាយ​យញ្ញបូជា​ដដែលៗ​ជា​រៀង​រាល់​ឆ្នាំ មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ក៏​ដោយ។ ប្រសិន​បើ​ពួក​អ្នក​ដែល​ គោរព​បំរើ​ព្រះជាម្ចាស់​តាម​របៀប​នេះ បាន​បរិសុទ្ធ​ម្ដង​ជា​សូរេច​ហើយ​នោះ គេ​មុខ​ជា​ដឹង​ថា​ខ្លួន​គ្មាន​ជាប់​បាប​ទៀត​ទេ ហើយ​គេ​ក៏​លែង​មក​ថ្វាយ​យញ្ញបូជា​ទៀត​ដែរ។  ក៏​ប៉ុន្តែ ដោយ​ការ​ថ្វាយ​យញ្ញបូជា​ទាំង​នោះ​ជា​រៀង​រាល់​ឆ្នាំ គេ​តែងតែ​នាំ​គ្នា​រំលឹក​ពី​អំពើ​បាប  ព្រោះ​ឈាម​គោ​បា និង​ឈាម​របស់​ពពែ​ឈ្មោល​ពុំ​អាច​ដក​បាប​បាន​ឡើយ។

 ហេតុ​នេះ នៅ​ពេល​ដែល​ព្រះគ្រីស្ដ​យាង​ចូល​មក​ក្នុង​ពិភព​លោក ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​ព្រះជាម្ចាស់​ថា៖

«ព្រះអង្គមិនចង់បានយញ្ញបូជាតង្វាយអ្វីទេ

តែព្រះអង្គបានធ្វើរូបកាយមួយអោយទូលបង្គំ

 ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ​នឹង​តង្វាយ​ដុត

ឬ​យញ្ញបូជា​សុំ​អោយ​រួច​ពី​បាប​ឡើយ

 ដូច្នេះ ទូលបង្គំ​ពោល​ថាៈ បពិត្រ​ព្រះជាម្ចាស់

ឥឡូវ​នេះ​ទូលបង្គំ​សូម​មក

ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ

ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ពី​ទូលបង្គំ

នៅ​ក្នុង​គម្ពីរ»​។

 ជា​បឋម ព្រះគ្រីស្ដ​មាន​ព្រះបន្ទូល​ថា «ព្រះអង្គ​មិន​ចង់​បាន ហើយ​ព្រះអង្គ​ក៏​មិន​សព្វ​ព្រះហឫទ័យ​នឹង​យញ្ញបូជា តង្វាយ​ផ្សេងៗ តង្វាយ​ដុត​ទាំង​មូល ឬ​យញ្ញបូជា​រំដោះ​បាប» ដែល​គេ​ថ្វាយ​ទៅ​ព្រះជាម្ចាស់​ស្រប​តាមវិន័យ​ដែរ។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះបន្ទូល​ថា «ឥឡូវ​នេះ ទូលបង្គំ​សូម​មក ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ»។ ដូច្នេះ ព្រះអង្គ​បាន​លុប​បំបាត់​របៀប​គោរព​បំរើ​ព្រះជាម្ចាស់​ពី​មុន​ចោល ហើយ​យក​របៀប​ថ្មី​មក​តាំង​ជំនួស​វិញ។ ១០ ព្រះយេស៊ូ​គ្រីស្ដ​ ថ្វាយ​ព្រះកាយ​របស់​ព្រះអង្គ​ម្ដង​ជា​សូរេច តាម​ព្រះហឫទ័យ​ព្រះជាម្ចាស់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ប្រោស​យើង​អោយ​បាន​វិសុទ្ធ។

១១ បូជាចារ្យ*​គ្រប់ៗ​រូប ​តែងតែ​ឈរ​បំពេញ​មុខងារ​របស់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ហើយ​ថ្វាយ​យញ្ញបូជា​ដដែលៗ​ជា​ញឹក​ញាប់ ជា​យញ្ញបូជា​ដែល​ពុំ​អាច​ដក​បាប​បាន​ជា​ដាច់​ខាត។ ១២ រីឯ​ព្រះគ្រីស្ដ​វិញ បន្ទាប់​ពី​ព្រះអង្គ​បាន​ថ្វាយ​យញ្ញបូជា​តែ​មួយ ដើម្បី​រំដោះ​បាប​រួច​ហើយ ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​រហូត​តទៅ។ ១៣ ឥឡូវ​នេះ ព្រះអង្គ​រង់ចាំ​ព្រះជាម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ អោយ​ចុះ​ចូល​ក្រោម​ព្រះបាទា​ព្រះអង្គ។ ១៤ ​ដោយសារ​តង្វាយ​តែ​មួយ​គត់ ព្រះគ្រីស្ដ​ធ្វើ​អោយ​អស់​អ្នក​ដែល​ទ្រង់​បាន​ប្រោស​អោយ​វិសុទ្ធ* ហើយ​នោះ​បាន​គ្រប់​លក្ខណៈ​រហូត​ត​ទៅ។ ១៥ ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*​ក៏​បាន​បញ្ជាក់​ប្រាប់​យើង​ដែរ គឺ​មុន​ដំបូង​ទ្រង់​មាន​ព្រះបន្ទូល​ថា៖

១៦ «ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា

លុះ​គ្រា​នេះ​កន្លង​ផុត​ទៅ យើង​នឹង​ចង

សម្ពន្ធមេត្រី​ជា​មួយ​គេ​ដូច​ត​ទៅ​នេះ

យើង​នឹង​ដាក់វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង

ក្នុង​ចិត្ត​របស់​ពួក​គេ យើង​នឹង​ចារវិន័យ

ទាំង​នោះ​ទុក​ក្នុង​ប្រាជ្ញា​របស់​ពួក​គេ​ដែរ»។

១៧ បន្ទាប់​មក ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​បន្ថែម​ទៀត​ថា៖

«ហើយយើងក៏មិននឹកនាពីអំពើបាប

និងអំពើទុច្ចរិតរបស់គេទៀតដែរ»

១៨ ដូច្នេះ ប្រសិន​បើ​ព្រះជាម្ចាស់​លើកលែង​ទោស​ហើយ​នោះ មិន​បាច់​ថ្វាយ​តង្វាយ​សុំ​អោយ​រួច​ពី​បាប​ទៀត​ឡើយ។

ពាក្យដាស់តឿនអោយមានជំនឿខ្ជាប់ខ្ជួន

១៩ ហេតុ​នេះ បង​ប្អូន​អើយ យើង​មាន​ចិត្ត​រឹងប៉ឹង​ចូល​មក​ក្នុង​ទីសក្ការៈ ដោយសារ​ព្រះលោហិត​របស់​ព្រះយេស៊ូ ២០ ព្រោះ​ព្រះអង្គ​បាន​បើក ​មាគ៌ា​មួយ​ថ្មី ជា​មាគ៌ា​ដែល​មាន​ជីវិត ដោយ​ទ្រង់​ឆ្លង​កាត់​វាំងនន​ពោល គឺ​រូប​កាយ​របស់​ព្រះអង្គ​ដែល​កើត​មក​ជា​មនុស្ស។ ២១ ដោយ​យើង​មាន​មហា​បូជាចារ្យ*​មួយ​រូប ដែល​គ្រប់គ្រង​លើ​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​ដូច្នេះ ២២ យើង​ត្រូវ​នាំ​គ្នា​ចូល ​ទៅ​ជិត​ព្រះអង្គ​ដោយ​ចិត្ត​ទៀង​ត្រង់ ពោរពេញ​ដោយ​ជំនឿ​មាំមួន និង​មាន​ចិត្ត​បរិសុទ្ធ ជ្រះស្រឡះ​ពី​គំនិត​សៅហ្មង ព្រម​ទាំង​មាន​រូប​កាយ​លាង​ដោយ​ទឹក​ដ៏​បរិសុទ្ធ​ផង។ ២៣ ត្រូវ​រក្សា​សេចក្ដី​ សង្ឃឹម ដែល​យើង​ប្រកាស​នោះ​អោយ​បាន​ខ្ជាប់ខ្ជួន កុំ​អោយ​រង្គើ​ឡើយ ដ្បិត​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​សន្យា​យ៉ាង​ណា ទ្រង់​ក៏​នឹង​ធ្វើ​តាម​យ៉ាង​នោះ​ដែរ​។ ២៤ តោង​យើង​មើល​ថែរក្សា​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ជួយ​ដាស់​តឿន​គ្នា​អោយ​មាន​ចិត្ត​ស្រឡាញ់ និង​ប្រព្រឹត្ត​អំពើ​ល្អ។ ២៥ មិន​ត្រូវ​លះបង់​ការ​ ប្រជុំ​គ្នា ដូច​អ្នក​ខ្លះ​ធ្លាប់​ធ្វើ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក អោយ​រឹត​តែ​ខ្លាំង​ឡើង ដោយ​ឃើញ​ថា​ថ្ងៃ​នៃ​ព្រះអម្ចាស់​កាន់​តែ​ជិត​មក​ដល់​ហើយ។

២៦ ក្រោយ​ ពី​យើង​បាន​ស្គាល់​សេចក្ដី​ពិត​ច្បាស់​ហើយ ប្រសិន​បើ​យើង​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ចេតនា​នោះ មុខ​ជា​គ្មាន​យញ្ញបូជា​ណា​ អាច​ធ្វើ​អោយ​យើង​រួច​ពី​បាប​បាន​ទៀត​ឡើយ ២៧ គឺ​មាន​តែ​ភិតភ័យ​រង់ចាំ​ការ​វិនិច្ឆ័យ​ទោស និង​រង់ចាំ​ភ្លើង​ដ៏​សន្ធោសន្ធៅ​ដែល​ចាំ​តែ​ឆាប​ឆេះ​ពួក​អ្នក​ប្រឆាំង​ប៉ុណ្ណោះ! ២៨ ​នរណា​ម្នាក់​បំពាន​លើ​ វិន័យ​របស់​លោក​ម៉ូសេ ហើយ​បើ​មាន​សាក្សី​ពីរ ឬ​បី​នាក់​ដឹង​ឮ​គេ​មុខ​ជា​ប្រហារ​ជីវិត​អ្នក​នោះ​ឥត​ត្រា​ប្រណី​ឡើយ។ ២៩ ចុះ​ចំណង់​បើ​អ្នក​ដែល​ មើលងាយ​ព្រះបុត្រា​របស់​ព្រះជាម្ចាស់ ដោយ​បន្ថោក​ព្រះលោហិត​នៃ​សម្ពន្ធមេត្រី ជា​ព្រះលោហិត​ដែល​ប្រោស​អោយ​គេ​បាន​ទៅ​ជា​វិសុទ្ធ* ហើយ​ប្រសិន​បើ​គេ​ត្មះតិះដៀល​ព្រះវិញ្ញាណ​នៃ​ព្រះហឫទ័យប្រណី​សន្ដោសនោះ សូម​បង​ប្អូន​គិត​មើល៍ តើ​គេ​នឹង​ត្រូវ​ទទួល​ទោស​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត!៣០ ដ្បិត​យើង​ស្គាល់​ព្រះជាម្ចាស់​ដែល​មាន​ព្រះបន្ទូល​ថា«ការ ​សងសឹក​ស្រេច​តែ​នៅ​លើ​យើង គឺ​យើង​ទេ​តើ​ដែល​នឹង​តប​ស្នង​ដល់​គេ» ហើយ «ព្រះអម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ប្រជារាស្ត្រ​របស់​ព្រះអង្គ»​។ ៣១ គ្មាន​អ្វី​គួរ​អោយ​ភ័យ​ខ្លាច ជាង​ត្រូវ​ព្រះ​ដ៏​មាន​ព្រះជន្ម​គង់​នៅ​វិនិច្ឆ័យ​ទោស​ឡើយ!

៣២ ក៏​ ប៉ុន្តែ សូម​នឹក​ចាំ​ពី​គ្រា​ដំបូង ដែល​បង​ប្អូន​ទើប​នឹង​ទទួល​ពន្លឺ​ពី​ព្រះជាម្ចាស់​ថ្មីៗ។ ពេល​នោះ បង​ប្អូន​បាន​តស៊ូ​យ៉ាង​ខ្លាំង ហើយ​បង​ប្អូន​ក៏​បាន​រងទុក្ខ​លំបាក​ជា​ច្រើន ៣៣ ពេល​ខ្លះ បង​ប្អូន​ត្រូវ​គេ​ប្រមាថ​មើលងាយ ធ្វើ​បាប​នៅ​មុខ​ប្រជុំ​ជន និង​ពេល​ខ្លះ​ទៀត បង​ប្អូន​រួម​ទុក្ខ​ជា​មួយ​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ដែរ។ ៣៤ បង​ប្អូន​បាន​រួម​ទុក្ខ ​ជា​មួយ​អស់​អ្នក​ដែល​ជាប់​ឃុំឃាំង បង​ប្អូន​សុខ​ចិត្ត​អោយ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​បង​ប្អូន​ដោយ​ រីករាយ ដ្បិត​បង​ប្អូន​ដឹង​ថា បង​ប្អូន​មាន​សម្បត្តិ​សួគ៌​ដែល​ប្រសើរ​ជាង ហើយ​នៅ​ស្ថិតស្ថេរ​រហូត។ ៣៥ ហេតុ​នេះ សូម​បង​ប្អូន​កុំ​លះបង់​ចិត្ត​រឹងប៉ឹង ដែល​នឹង​ធ្វើ​អោយ​បង​ប្អូន​ទទួល​រង្វាន់​យ៉ាង​ធំ​នោះ​ឡើយ ៣៦ គឺ​ត្រូវ​មាន​ចិត្ត​ស៊ូ​ទ្រាំ ដើម្បី​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ និង​ទទួល​ផល​តាម​ព្រះបន្ទូល​សន្យា

៣៧ ដ្បិត​នៅ​តែ​បន្តិច​ទៀត

គឺ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ

ព្រះអង្គ​ដែល​ត្រូវ​យាង​មក

ទ្រង់​នឹង​យាង​មក​ដល់​ជា​មិន​ខាន

ព្រះអង្គ​មិន​បង្អង់​ឡើយ។

៣៨ «រីឯអ្នកសុចរិតជាកូនចៅរបស់យើងវិញ

គេនឹងមានជីវិតរស់ដោយសារជំនឿ

តែបើគេថយក្រោយ

យើងលែងពេញចិត្តនឹងគេហើយ»

៣៩ ចំពោះ​យើង​វិញ យើង​មិន​មែន​ជា​អ្នក​ថយ​ក្រោយ​អោយ​ត្រូវ​វិនាស​បាត់​បង់​នោះ​ទេ គឺ​យើង​ជា​អ្នក​ជឿ​ដើម្បី​សង្គ្រោះ​ជីវិត​។

ជំពូក ១១

អំពីជំនឿ

 ជំនឿ​ធ្វើ​អោយ​យើង​មាន​អ្វីៗ​ដែល​យើង​សង្ឃឹម​ថា​នឹង​បាន​ និង​ធ្វើ​អោយ​ស្គាល់​ជាក់​ច្បាស់​នូវ​អ្វីៗ​ដែល​យើង​មើល​ពុំ​ឃើញ។ ព្រោះ​តែ​ជំនឿ​ហ្នឹង​ហើយ បាន​ជា​ចាស់ៗ​នៅ​ជំនាន់​ដើម​បាន​ទទួល​កេរ្តិ៍ឈ្មោះ​ល្អ។

 ដោយសារ​ ជំនឿ​យើង​យល់​ថា ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​បាន​បង្កើត​ពិភព​លោក​មក។ ដូច្នេះ អ្វីៗ​ដែល​យើង​មើល​ឃើញ មិន​មែន​កើត​ចេញ​មក​ពី​អ្វីៗ​ដែល​មាន​រូបរាង​នោះ​ឡើយ។

 ដោយសារ​ ជំនឿ លោក​អបិល​បាន​ថ្វាយ​យញ្ញបូជា​មួយ​ទៅ​ព្រះជាម្ចាស់ ជា​យញ្ញបូជា ប្រសើរ​ជាង​យញ្ញបូជា​របស់​លោក​កាអ៊ីន។ ដោយសារ​ជំនឿ​ហ្នឹង​ហើយ បាន​ជា​ព្រះជាម្ចាស់​ផ្ដល់​សក្ខីភាព​ថា លោក​ជា​មនុស្ស​សុចរិត។ ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​តង្វាយ​របស់​លោក​ហើយ​ដោយសារ​ជំនឿ ទោះ​បី​លោក​អបិល​ស្លាប់​បាត់​ទៅ​ហើយ​ក្ដី ក៏​លោក​នៅ​តែ​មាន​ប្រសាសន៍​នៅ​ឡើយ។

 ដោយសារ​ ជំនឿ លោក​ហេណុក​ត្រូវ​ព្រះជាម្ចាស់​លើក​ឡើង​ទៅ​ស្ថាន​បរមសុខ រួច​ផុត​ពី​សេចក្ដី ស្លាប់ ហើយ​គ្មាន​នរណា​រក​លោក​ឃើញ​ទៀត​ឡើយ ព្រោះ​ព្រះអង្គ​បាន​លើក​លោក​ឡើង​ទៅ។ មុន​ពេល​ព្រះអង្គ​លើក​លោក​ឡើង​ទៅ​នោះ​លោក​បាន​ទទួល​សក្ខីភាព​ថា ព្រះជាម្ចាស់​គាប់​ព្រះហឫទ័យ​នឹង​លោក។  បើ​គ្មាន​ជំនឿ គ្មាន​នរណា​អាច​គាប់​ព្រះហឫទ័យ​ព្រះអង្គ​បាន​ឡើយ។ អ្នក​ចូល​មក​ជិត​ព្រះជាម្ចាស់ ត្រូវ​តែ​ជឿ​ថា ពិត​ជា​មាន​ព្រះជាម្ចាស់​មែន ហើយ​ជឿ​ថា ព្រះអង្គ​នឹង​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ។

 ដោយសារ​ ជំនឿ លោក​ណូអេ​បាន​ទទួល​ដំណឹង​ពី​ព្រះជាម្ចាស់ អំពី​ហេតុការណ៍​ដែល​ពុំ​ទាន់​ឃើញ​មាន​នៅ​ឡើយ លោក​ក៏​ស្ដាប់​តាម ដោយ​គោរព​ប្រណិប័តន៍ គឺ​លោក​បាន​សង់​ទូក​មួយ​យ៉ាង​ធំ​ ដើម្បី​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក។ ដូច្នេះ ដោយសារ​ជំនឿ​លោក​បាន​ដាក់​ទោស​ពិភព​លោក ហើយ​ក៏​បាន​ទទួល​សេចក្ដី​សុចរិត​ទុក​ជា​មត៌ក គឺ​ជា​សេចក្ដី​សុចរិត​ដែល​មក​ពី​ជំនឿ។

 ដោយសារ​ ជំនឿ លោក​អប្រាហាំ​ស្ដាប់​បង្គាប់​ព្រះជាម្ចាស់​ដែល​បាន​ត្រាស់​ហៅ​លោក ហើយ​ចេញ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ ដែល​លោក​នឹង​ទទួល​ទុក​ជា​មត៌ក។ លោក​ចេញ​ដំណើរ​ទៅ​ទាំង​ពុំ​ដឹង​ថា​ត្រូវ​ទៅ​ណា​ផង។  ដោយសារ​ជំនឿ លោក បាន​មក​រស់​នៅ​ជា​អាណិកជន ក្នុង​ស្រុក​ដែល​ព្រះជាម្ចាស់​បាន​សន្យា​ថា នឹង​ប្រទាន​អោយ គឺ​លោក​បាន​បោះ​ជំរំ​នៅ​ជា​មួយ​លោក​អ៊ីសាក និង​លោក​យ៉ាកុប ដែល​ត្រូវ​ទទួល​ទឹក​ដី​នោះ​ជា​មត៌ក​រួម​ជា​មួយ​លោក តាម​ព្រះបន្ទូល​សន្យា​ដដែល។ ១០ លោក​អប្រាហាំ​ទន្ទឹង​រង់ចាំ​ទទួល​ក្រុង​មួយ ដែល​នឹង​មាន​គ្រឹះ​រឹងមាំមួន ជា​ក្រុង​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​គំរោង និង​សង់​ឡើង។

១១ ដោយសារ​ ជំនឿ លោក​ស្រី​សារ៉ា​អាច​ទទួល​សមត្ថភាព​នឹង​មាន​កូន​បន្ត​ពូជពង្ស​បាន ថ្វី ដ្បិត​តែ​គាត់​មាន​វ័យ​ចាស់​ណាស់​ហើយ​ក៏​ដោយ ព្រោះ​គាត់​យល់​ថា​បើ​ព្រះជាម្ចាស់​សន្យា​យ៉ាង​ណា ព្រះអង្គ​មុខ​ជា​ធ្វើ​តាម​យ៉ាង​នោះ​ដែរ។ ១២ ហេតុ​នេះ​ហើយ​បាន​ជា​មាន​មនុស្ស​ច្រើនឥត​គណនា ដូច​ផ្កាយ​នៅ​លើ​មេឃ និង​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់​ដែល​ចាស់​ជិត​ស្លាប់​ទៅ​ហើយ​នោះ​ផង។

១៣ បុព្វបុរស ​ទាំង​នេះ​បាន​ស្លាប់​ទៅ ទាំង​នៅ​មាន​ជំនឿ​ដដែល ពួក​លោក​ឥត​បាន​ទទួល​អ្វីៗ​តាម​ព្រះបន្ទូល​សន្យា​ទេ តែ​បាន​ឃើញ និង​អបអរ​ទទួល​ពី​ចម្ងាយ ហើយ​ប្រកាស​ទទួល​ស្គាល់​ថាពួក​លោក​គ្រាន់​តែ​ជា​ជន​បរទេស ដែល​ធ្វើ​ដំណើរ​លើ​ផែនដី​នេះ​ប៉ុណ្ណោះ។ ១៤ អ្នក​ណា​និយាយ​ដូច្នេះ បង្ហាញ​អោយ​ឃើញ​ច្បាស់​ថា គេ​ស្វែង​រក​មាតុភូមិ​មួយ។ ១៥ ប្រសិន​បើ​បុព្វបុរស​ទាំង​នោះ នឹក​ស្រុក​ដែល​លោក​បាន​ចាក​ចេញ​មក លោក​មុខ​ជា​មាន​ឱកាស​វិល​ត្រឡប់​ទៅ​វិញ​ពុំខាន។ ១៦ តាម​ពិត ពួក​លោក​ចង់​បាន​មាតុភូមិ​មួយ​ដ៏​ល្អ​ប្រសើរ​ជាង គឺ​មាតុភូមិ​នៅ​ស្ថាន​បរមសុខ*​ឯណោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​មិន​ខ្មាស​នឹង​អោយ​គេ​ហៅ​ព្រះអង្គ​ថា ជា​ព្រះ​របស់​បុព្វបុរស​ទាំង​នោះ​ឡើយ ដ្បិត​ព្រះអង្គ​បាន​រៀបចំ​ក្រុង​មួយ​សំរាប់​ពួក​លោក​រួច​ទៅ​ហើយ។

១៧ ដោយសារ​ ជំនឿ លោក​អប្រាហាំ​បាន​យក​អ៊ីសាក​ទៅ​ថ្វាយ​ជា​យញ្ញបូជា នៅ​ពេល​ព្រះជាម្ចាស់​ល្បងល​មើល​ចិត្ត​លោក។ លោក​ថ្វាយ​កូន​តែ​មួយ​គត់​របស់​លោក ថ្វីដ្បិត​តែ​លោក​បាន​ទទួល​ព្រះបន្ទូល​សន្យា ១៨ ហើយ​ថ្វីដ្បិត​តែ​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ថា «អ៊ីសាក​នឹង​បន្ត​ពូជពង្ស​អោយ​អ្នក»​ក៏​ដោយ។ ១៩ លោក​យល់​ឃើញ​ថា ព្រះជាម្ចាស់​មាន​ឫទ្ធានុភាព​អាច​ប្រោស​មនុស្ស​ស្លាប់​អោយ​រស់​ឡើង​វិញ​បាន។ ហេតុ​នេះ លោក​ក៏​បាន​ទទួល​កូន​មក​វិញ​ដែល​ជា​និមិត្តរូប​មួយ។

២០ ដោយសារ​ជំនឿ លោក​អ៊ីសាក​បាន​អោយ​ពរ​លោក​យ៉ាកុប និង​លោក​អេសាវ​ទុក​សំរាប់​អនាគត។

២១ ដោយសារ​ ជំនឿ ពេល​លោក​យ៉ាកុប​ហៀប​នឹង​ទទួល​មរណភាព លោក​បាន​អោយ​ពរ​ដល់​កូនៗ​របស់​លោក​យ៉ូសែប ហើយ​លោក​ថ្វាយបង្គំ​ព្រះជាម្ចាស់ ដោយ​បន្ទន់​ខ្លួន​លើ​ឈើ​ច្រត់។

២២ ដោយសារ​ ជំនឿ ពេល​លោក​យ៉ូសែប​ជិត​លា​ចាក​លោក​នេះ​ទៅ លោក​បាន​ថ្លែង​ទុក​ថា កូន​ចៅ​អ៊ីស្រាអែល​នឹង​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​លោក​ផ្ដាំ​គេ​អោយ​ធ្វើ​យ៉ាង​ណាៗ​ចំពោះ​ធាតុ​របស់​លោក។

 ២៣ ដោយសារ​ ជំនឿ ពេល​លោក​ម៉ូសេ​កើត​មក ឪពុក​ម្ដាយ​បាន​លាក់​លោក​ទុក​ចំនួន​បី​ខែ

ព្រោះ​ឃើញ​ទារក​ស្អាត ហើយ​គាត់​មិន​កោត​ខ្លាច​បញ្ជា​របស់​ស្ដេច​ទេ។

២៤ ដោយសារ​ជំនឿ លុះ​ដល់​ម៉ូសេ​ធំ​ពេញ​វ័យ​ហើយ លោក​មិន​ព្រម​អោយ​គេ​ហៅ​លោក​ថា ជា​កូន​របស់​បុត្រី​ព្រះចៅ​ផារ៉ោន​ទេ។ ២៥ លោក​សុខ​ចិត្ត​ស៊ូ​ទ្រាំ​រងទុក្ខ​លំបាក​រួម​ជា​មួយ​ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់ ជា​ជាង​សប្បាយ​នឹង​អំពើ​បាប​តែ​មួយភ្លែត​។ ២៦ ​លោក​យល់​ឃើញ​ថា លោក​រង​ការ​ប្រមាថ​មើលងាយ​ដូច​ព្រះ​គ្រីស្ដ ប្រសើរ​ជាង​បាន​ទ្រព្យ​សម្បត្តិ​នានា​នៅ​ស្រុក​អេស៊ីប ដ្បិត​លោក​ជាប់​ចិត្ត​នឹង​រង្វាន់​ដែល​នៅ​ខាង​មុខ។ ២៧ ដោយសារ​ជំនឿ លោក​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ ឥត​ខ្លាច​ស្ដេច​ខ្ញាល់​ឡើយ ដ្បិត​លោក​កាន់​ចិត្ត​រឹងប៉ឹង​ហាក់​បី​ដូច​ជា​ឃើញ​ព្រះជាម្ចាស់ ដែល​មនុស្ស​ពុំ​អាច​មើល​ឃើញ។ ២៨ ដោយសារ​ជំនឿ លោក​បាន​ធ្វើ​ពិធី​បុណ្យ​ចម្លង* និង​ប្រោះ​ឈាម​ ដើម្បី​កុំ​អោយ​មច្ចុរាជ​ បៀតបៀន​កូន​ច្បង​របស់​ជន​ជាតិ​អ៊ីស្រាអែល​បាន​ឡើយ។ ២៩ ​ដោយសារ​ជំនឿ ជន​ជាតិ​អ៊ីស្រាអែល​បាន​ឆ្លង​សមុទ្រ​ក្រហម​ដូច​ដើរ​លើ​ដី​គោក រីឯ​ជន​ជាតិ​អេស៊ីប​ដែល​ខំ​ឆ្លង​មក​ដែរ ត្រូវ​ទឹក​សមុទ្រ​គ្រប​ពី​លើ​​ស្លាប់​អស់​ទៅ។

៣០ ដោយសារ​ជំនឿ ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ដើរ​ជុំវិញ​ក្រុង​យេរីខូ​ចំនួន​ប្រាំពីរ​ថ្ងៃ ហើយ​កំពែង​ក្រុង​ក៏​រលំ​អស់។ ៣១ ដោយ​សារ​ជំនឿ នាង​រ៉ាហាប​ជា​ស្ត្រី​ពេស្យា​ពុំ​បាន​វិនាស​អន្តរាយ​ជា​មួយ​ពួក​អ្នក​ដែល​ ប្រឆាំង​នឹង​ព្រះជាម្ចាស់​ឡើយ ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​ស៊ើបការណ៍​ដោយ​មេត្រីភាព។

៣២ តើ​ ខ្ញុំ​អាច​និយាយ​អ្វី​ទៀត? ខ្ញុំ​គ្មាន​ពេល​នឹង​និយាយ​អំពី​រឿង​លោកកេដូន លោក​បារ៉ាក់ លោក​សាំសុន លោក​យ៉ែបថា ព្រះបាទ​ដាវីឌ លោក​សាមូអែល និង​ព្យាការី​នានា​ទេ។ ៣៣ ដោយសារ​ជំនឿ លោក​ទាំង​នោះ​បាន​ច្បាំង​នឹង​នគរ​ផ្សេងៗ បាន​ប្រព្រឹត្ត​អំពើ​សុចរិត បាន​ទទួល​អ្វីៗ​ដែល​ព្រះជាម្ចាស់​សន្យា​ប្រទាន​អោយ​បាន​បិទ​មាត់​សឹង្ហ ៣៤ បាន​ពន្លត់​ភ្លើង​ដែល​ ឆេះ​សន្ធោសន្ធៅ បាន​គេច​ផុត​ពី​មុខ​ដាវ មាន​កម្លាំង​ឡើង​វិញ​នៅ​ពេល​ធ្លាក់​ខ្លួន​ឈឺ ខ្លាំង​ពូកែ​នៅ​ពេល​ច្បាំង ធ្វើ​អោយ​ខ្មាំង​សត្រូវ​បាក់​ទ័ព។ ៣៥ ស្ត្រីៗ​បាន​ឃើញ​ក្រុម​ គ្រួសារ​របស់​ខ្លួន​ដែល​ស្លាប់​ទៅ​ហើយ​នោះ មាន​ជីវិត​រស់​ឡើង​វិញ។ អ្នក​ខ្លះ​សុខ​ចិត្ត​អោយ​គេ​ធ្វើ​ទារុណកម្ម មិន​ព្រម​អោយ​នរណា​ដោះ​លែង​ឡើយ ដើម្បី​អោយ​បាន​ជីវិត​រស់​ឡើង​វិញ​ក៏​ប្រសើរ​ជាង។ ៣៦ អ្នក​ខ្លះ​ទៀត​សុខ​ចិត្ត​អោយ​គេ​ចំអក​ឡកឡឺយ អោយ​គេ​វាយដំ ហើយ​ថែម​ទាំង​អោយ​គេ​ដាក់​ច្រវាក់​ឃុំឃាំង​ថែម​ទៀត​ផង។ ៣៧ អ្នក​ខ្លះ​ត្រូវ​គេ​យក​ ដុំ​ថ្ម​គប់​សម្លាប់ ត្រូវ​គេ​សម្លាប់​ដោយ​អារ​នឹង​រណារ ត្រូវ​គេ​សម្លាប់​ដោយ​មុខ​ដាវ ត្រូវ​រសាត់​អណ្ដែត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ មាន​តែ​ស្បែក​ចៀម និង​ស្បែក​ពពែ​បិទបាំង​ខ្លួន ខ្វះ​ខាត​សព្វ​គ្រប់​ទាំង​អស់ ហើយ​ត្រូវ​គេ​ជិះជាន់​សង្កត់សង្កិន​ធ្វើ​បាប​ថែម​ទៀត​ផង។ ៣៨ លោកីយ៍​ពុំ​ស័ក្ដិសម​ នឹង​អោយ​អ្នក​នោះ​រស់​នៅ​ជា​មួយ​ឡើយ ដូច្នេះ គេ​ទៅ​រស់​នៅ​តែល​តោល​តាម​វាល​រហោស្ថាន តាម​ភ្នំ តាម​រូង​ភ្នំ និង​តាម​រអាង​ភ្នំ។ ៣៩ ទោះ​បី​អ្នក​ទាំង​នោះ​ទទួល​សក្ខីភាព​ល្អ ព្រោះ​តែ​ជំនឿ​របស់​ខ្លួន​ក្ដី ក៏​គេ​ពុំ​បាន​ទទួល​អ្វីៗ​តាម​ព្រះបន្ទូល​សន្យា​ដែរ។ ៤០ ដោយ​ព្រះជាម្ចាស់​គ្រោង ​ទុក​ថា​នឹង​ប្រទាន​អ្វីៗ​ដ៏​ល្អ​ប្រសើរ​មក​យើង ទ្រង់​ពុំ​បាន​ប្រោស​អ្នក​ទាំង​នោះ​អោយ​បាន​គ្រប់​លក្ខណៈ​មុន​យើង​ឡើយ។

ជំពូក ១២

ព្រះជាម្ចាស់ជាឪពុករបស់យើង

 ដោយ​មាន​មនុស្ស​ជា​ច្រើន​ ឥត​គណនា ធ្វើ​ជា​បន្ទាល់​ទុក​អោយ​យើង​យ៉ាង​នេះ​ទៅ​ហើយ យើង​ត្រូវ​លះបង់​ចោល​អ្វីៗ​ទាំង​អស់​ដែល​ជា​បន្ទុក​ពី​លើ​យើង និង​លះបង់​អំពើ​បាប​ដែល​រឹបរួត​យើង​នេះ​ចោល​ទៅ ហើយ​ព្យាយាម​រត់​តម្រង់​ទៅ​មុខ តាម​ព្រះអម្ចាស់​ដាក់​អោយ​យើង​រត់។ ត្រូវ​សម្លឹង​មើល​ទៅ​ ព្រះយេស៊ូ ដែល​ជា​ដើម​កំណើត​នៃ​ជំនឿ ហើយ​ធ្វើ​អោយ​ជំនឿ​នេះ​បាន​គ្រប់​លក្ខណៈ។ ព្រះអង្គ​សុខ​ចិត្ត​លះបង់​អំណរ ដែល​បម្រុង​ទុក​សំរាប់​ព្រះអង្គ ហើយ​រង​ទុក្ខ​លំបាក​នៅ​លើ​ឈើ​ឆ្កាង​ឥត​ខ្លាច​ខ្មាស​សោះ​ឡើយ។ ឥឡូវ​នេះ ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​ព្រះជាម្ចាស់។

 សូម​បង​ ប្អូន​គិត​ពី​ព្រះអង្គ​ដែល​បាន​ស៊ូ​ទ្រាំ​នឹង​មនុស្ស​បាប​ដែល​ប្រឆាំង​ ព្រះអង្គ​យ៉ាង​ខ្លាំង​នោះ​ទៅ ដើម្បី​កុំ​អោយ​បង​ប្អូន​នឿយ​ណាយ​បាក់​ទឹក​ចិត្ត​ឡើយ។ បង​ប្អូន​ពុំ​ទាន់​បាន​តយុទ្ធ​ទល់​នឹង​បាប​រហូត​ដល់​ទៅ​បង្ហូរ​ឈាម​ទេ តែ​បង​ប្អូន​បែរ​ជា​ភ្លេច​ព្រះបន្ទូល​ទូន្មាន​របស់​ព្រះជាម្ចាស់​ មក​កាន់​បង​ប្អូន​ដូច​ឪពុក​ទូន្មាន​កូន​ដែរ គឺ​ថាៈ

«កូនអើយ មិនត្រូវធ្វេសប្រហែសនឹង

ការវាយប្រដៅរបស់ព្រះអម្ចាស់ឡើយ

ហើយក៏មិនត្រូវធ្លាក់ទឹកចិត្ត

នៅពេលព្រះអង្គស្ដីបន្ទោសដែរ

 ដ្បិតព្រះអម្ចាស់ប្រដៅ

អ្នកដែលព្រះអង្គស្រឡាញ់

ហើយ​វាយ​អ្នក​ដែល​ព្រះអង្គ​ទទួល​ជា​កូន»​។

 បង​ប្អូន​ស៊ូ​ទ្រាំ​នឹង​ការ​ប្រដៅ​បែប​នេះ មក​ពី​ព្រះជាម្ចាស់​រាប់​បង​ប្អូន​ថា​ជា​កូន។ តើ​មាន​កូន​ណា​ដែល​ឪពុក​មិន​វាយ​ប្រដៅ?  ប្រសិន​បើ​បង​ប្អូន​មិន​ បាន​ទទួល​ការ​វាយ​ប្រដៅ ដូច​កូន​ឯ​ទៀតៗ​ទទួល​ទេ​នោះ បាន​សេចក្ដី​ថា បង​ប្អូន​ជា​កូន​ឥត​ខាន់ស្លា​មិន​មែន​ជា​កូន​ពេញ​ច្បាប់​ឡើយ។ ក្នុងលោកនេះយើង​ធ្លាប់​មានឪពុកដែលធ្លាប់​វាយ​ប្រដៅ​យើង ហើយ​យើង​នៅ​តែ​គោរព​គាត់។ រីឯ​ព្រះបិតា​ជា​ម្ចាស់​លើ​ជីវិត​ទាំង​អស់​នោះ​វិញ យើង​ត្រូវ​ស្ដាប់​បង្គាប់​ព្រះអង្គ​អោយ​រឹត​តែ​ខ្លាំង​ទៅ​ទៀត ដើម្បី​អោយ​បាន​ទទួល​ជីវិត។ ១០ ឪពុក​យើង​តែង​វាយ​ប្រដៅ ​តែ​មួយ​រយៈ​ពេល​ខ្លី តាម​គាត់​យល់​ឃើញ។ រីឯ​ព្រះជាម្ចាស់​វិញ ព្រះអង្គ​វាយ​ប្រដៅ​ជា​ប្រយោជន៍​ដល់​យើង ដើម្បី​ប្រទាន​អោយ​យើង​បាន​វិសុទ្ធ*​រួម​ជា​មួយ​ព្រះអង្គ​ដែរ។ ១១ ការ​វាយ​ប្រដៅ​តែងតែ​ ធ្វើ​អោយ​មាន​ទុក្ខ​ព្រួយ​ភ្លាមៗ មិន​មែន​ធ្វើ​អោយ​សប្បាយ​ទេ។ ក្រោយ​មក ទើប​ការ​វាយ​ប្រដៅ​ផ្ដល់​អោយ​អស់​អ្នក​ដែល​បាន​ទទួល​ការ​អប់រំ​តាម​របៀ​ប​នេះ ​មាន​សេចក្ដី​សុខសាន្ត និង​សេចក្ដី​សុចរិត*​ទុក​ជា​ផល។ ១២ ហេតុ​នេះ«ចូរលើកដៃដែលរួយឡើង ហើយតម្រង់ជង្គង់ដែលទន់នោះអោយរឹងប៉ឹងឡើងដែរ»​។ ១៣ ត្រូវ​រៀបចំ​ផ្លូវ​អោយ​បាន​ត្រង់​ដើម្បី​ស្រួល​ដើរ​ កុំ​អោយ​អ្នក​ខូច​ជើង​រឹត​តែ​ខូច​ជើង​ថែម​ទៀត គឺ​អោយ​គេ​បាន​ជា​វិញ​ប្រសើរ​ជាង។

ត្រូវស្មោះត្រង់នឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់

១៤ ចូរ​ខិតខំ​អោយ​បាន​សុខ​ ជា​មួយ​មនុស្ស​ទាំង​អស់ ព្រម​ទាំង​ខិតខំ​អោយ​បាន​វិសុទ្ធ*​ទៀត​ផង បើ​មិន​បាន​វិសុទ្ធ​ទេ គ្មាន​នរណា​អាច​ឃើញ​ព្រះអម្ចាស់​បាន​ឡើយ។ ១៥ ចូរ​ប្រយ័ត្នប្រយែង កុំឲ្យបងប្អូន​​ណា​ម្នាក់​ឃ្លាត​ចេញ​ពី​ព្រះហឫទ័យ ប្រណីសន្ដោស​របស់​ព្រះជាម្ចាស់។ មិន​ត្រូវ​ទុក​អោយ​ការ​អាស្រូវ​ចាក់​ឫស ដុះ​ឡើង​បណ្ដាល​អោយ​កើត​រឿងរ៉ាវ ហើយ​បំពុល​ចិត្ត​គំនិត​បង​ប្អូន​ជា​ច្រើន​នោះ​ឡើយ។

១៦ ចូរ​ប្រយ័ត្នប្រយែង កុំ​អោយ​បង​ប្អូន​ណា​ម្នាក់​ប្រាសចាក​សីលធម៌ ឬ​មាន​ចិត្ត​ប្រមាថ​អ្វីៗ​ដែល​សក្ការៈ ដូច​លោក​អេសាវ​បាន​លក់​សិទ្ធិ​ជា​កូន​ច្បង ព្រោះ​តែ​ចង់​បាន​ម្ហូប​មួយ​ចាន​នោះ​អោយ​សោះ។ ១៧ បង​ប្អូន​ជ្រាប​ស្រាប់​ ហើយ​ថា ក្រោយ​មក​នៅ​ពេល​គាត់​ចង់​ទទួល​ពរ​ទុក​ជា​មត៌ក ឪពុក​បាន​ផាត់​គាត់​ចោល ទោះ​បី​គាត់​ខំ​ទទូច​អង្វរ​សុំ​ទាំង​ទឹក​ភ្នែក​ក៏​ដោយ ក៏​គាត់​ពុំ​អាច​ធ្វើ​អោយ​ឪពុក​ដូរ​គំនិត​បាន​ដែរ។

១៨ បង​ ប្អូន​ពុំ​បាន​ចូល​មក​ជិត​ភ្នំ​មួយ​ដែល​អាច​ពាល់​បាន​ជា​ភ្នំ​ដែល​មាន​ភ្លើង​ឆេះ ដែល​មាន​ភាព​ងងឹត​សូន្យសុង​មាន​ខ្យល់​ព្យុះ​នោះ​ឡើយ ១៩ ហើយ​បង​ប្អូន​ក៏​ពុំ​ បាន​ឮ​ស្នូរ​ត្រែ និង​ឮ​ព្រះសូរសៀង​ដែរ។ ពេល​ជន​ជាតិ​អ៊ីស្រាអែល​ឮ គេ​បាន​អង្វរ​សុំ​កុំ​អោយ​ព្រះអង្គ​មាន​ព្រះបន្ទូល​ទៀត ២០ ព្រោះ​គេ​ពុំ​អាច​ទ្រាំទ្រ​នឹង​ព្រះបញ្ជា​នេះ​បាន​ទេ គឺ​ថាៈ«នរណា​ប៉ះ​ភ្នំ​នេះ សូម្បី​តែ​សត្វ​ក៏​ដោយ ក៏​ត្រូវ​តែ​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ដែរ»។ ២១ នេះ​ជា​អព្ភូតហេតុ​មួយ​គួរ​អោយ​ស្ញែង​ខ្លាច​ណាស់ បាន​ជា​លោក​ម៉ូសេ​មាន​ប្រសាសន៍​ថាៈ«ខ្ញុំ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ហើយ​ក៏​ញ័រ​រន្ធត់​ទៀត​ផង»។ ២២ ផ្ទុយ​ទៅ​វិញ បង​ប្អូន​ចូល​មក​ជិត​ភ្នំ​ស៊ីយ៉ូន មក​ជិត​ក្រុង​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ គឺ​ក្រុង​យេរូសាឡឹម​នៅ​ស្ថាន​បរមសុខ​ដែល​មាន​ទេវទូត*​រាប់​លាន​រាប់​កោដិ ២៣ និង​មាន​ព្រះសហគមន៍​ របស់​ពួក​រៀមច្បង ដែល​មាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថាន​បរមសុខ​កំពុង​ជួបជុំ​គ្នា​យ៉ាង​អធិកអធម។ បង​ប្អូន​ចូល​មក​ជិត​ព្រះជាម្ចាស់ ដែល​វិនិច្ឆ័យ​មនុស្ស​ទាំង​អស់ និង​ចូល​មក​ជិត​វិញ្ញាណក្ខ័ន្ធ​អ្នក​សុចរិត ដែល​បាន​គ្រប់​លក្ខណៈ ២៤ បង​ប្អូន​ចូល​មក​ជិត​ ព្រះយេស៊ូ ដែល​ជា​ស្ពាន​នៃ​សម្ពន្ធមេត្រី*​ថ្មី ហើយ​ចូល​មក​ជិត​ព្រះលោហិត​សំរាប់​ប្រោះ គឺ​ជា​ព្រះលោហិត​ដែល​ទូលអង្វរ ប្រសើរ​ជាង​លោហិត​របស់​លោក​អបិល​ទៅ​ទៀត។

២៥ ចូរ​ប្រយ័ត្ន! បើ​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​កាន់​បង​ប្អូន សូម​កុំ​បដិសេធ​មិន​ព្រម​ស្ដាប់​នោះ​ឡើយ។ ប្រសិន​បើ​ពួក​អ្នក​ដែល​បដិសេធ​មិន​ព្រម​ស្ដាប់​ពាក្យ​មនុស្ស​ទូន្មាន​គេ​នៅ ​លើ​ផែនដី មិន​អាច​គេច​ផុត​ពី​ទោស​យ៉ាង​ហ្នឹង​ទៅ​ហើយ ចំណង់​បើ​យើង​ផ្ទាល់​បើ​យើង​ព្រងើយ​កន្តើយ​មិន​ព្រម​ស្ដាប់​ព្រះអង្គ ដែល​មាន​ព្រះបន្ទូល​មក​កាន់​យើង​ពី​ស្ថាន​បរមសុខ​វិញ នោះ​យើង​រឹត​តែ​ពុំ​អាច​គេច​ផុត​ពី​ទោស​បាន​ឡើយ។

២៦ ពី​ដើម ព្រះសូរសៀង​របស់​ព្រះអង្គ​បាន​ធ្វើ​អោយ​កក្រើក​ផែនដី ឥឡូវ​នេះ ព្រះអង្គ​មាន​ព្រះបន្ទូល​សន្យា​ថាៈ«ម្ដងនេះទៀត យើងនឹងធ្វើអោយកក្រើកមិនត្រឹមតែផែនដីប៉ុណ្ណោះទេ គឺកក្រើកទាំងផ្ទៃមេឃផងដែរ»​។ ២៧ ពាក្យ«ម្ដង​នេះ​ ទៀត»បង្ហាញ​អោយ​ឃើញ​ច្បាស់​ថា អ្វីៗ​ដែល​ព្រះជាម្ចាស់​បង្កើត​មក​នឹង​ត្រូវ​កក្រើក ហើយ​រលាយ​សូន្យ​អស់​ទៅ គឺ​មាន​តែ​អ្វីៗ​មិន​កក្រើក​ប៉ុណ្ណោះ​ទេ​ដែល​នៅ​សល់។ ២៨ ដោយ​យើង​បាន​ទទួល​ ព្រះរាជ្យ​*​​មួយ​ដែល​មិន​ចេះ​កក្រើក​ដូច្នេះ យើង​ត្រូវ​តែ​ដឹង​គុណ ហើយ​គោរព​បំរើ​ព្រះជាម្ចាស់ តាម​របៀប​ដែល​ព្រះអង្គ​គាប់​ព្រះហឫទ័យ ដោយ​ចិត្ត​គោរព​ប្រណិប័តន៍ និង​គោរព​កោត​ខ្លាច​ព្រះអង្គ ២៩ ​ដ្បិត​ព្រះ​របស់​យើង​ដូច​ជា​ភ្លើង​ដែល​ឆេះ​សន្ធោសន្ធៅ។

ជំពូក ១៣

របៀបរស់នៅដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់

 ចូរ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​អោយ​បាន​ជាប់​ជា​និច្ច​។ សូម​កុំ​ភ្លេច​ទទួល​អ្នក​ដទៃ​យ៉ាង​រាក់ទាក់​។ ដោយ​ទទួល​អ្នក​ដទៃ​ដូច្នេះ អ្នក​ខ្លះ​បាន​ទទួល​ទេវទូត*​ទាំង​មិន​ដឹង​ខ្លួន។ ចូរ​គិត​ដល់​អស់​អ្នក​ដែល ​ជាប់​ឃុំឃាំង​ហាក់​បី​ដូច​ជា​បង​ប្អូន​នៅ​ជាប់​ឃុំឃាំង រួម​ជា​មួយ​គេ ហើយ​គិត​ដល់​អស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ព្រោះ​បង​ប្អូន​ក៏​មាន​រូប​កាយ​ចេះ​ឈឺ​ចាប់​ដូច​គេ​ដែរ។

 សូម​បង​ ប្អូន​ទាំង​អស់​គ្នា​លើក​តម្លៃ​ការ​រស់​នៅ​ជា​ស្វាមី​ភរិយា គឺ​មិន​ត្រូវ​ក្បត់​ចិត្ត​គ្នា​ឡើយ ដ្បិត​ព្រះជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ប្រាសចាក​ សីលធម៌ និង​ផិត​ក្បត់។ ៥ កុំ​បណ្ដោយ​ខ្លួន​អោយ​ ឈ្លក់​នឹង​ការ​ស្រឡាញ់​ប្រាក់​ឡើយ​ គឺ​ត្រូវ​ស្កប់​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ ដែល​បង​ប្អូន​មាន​នៅ​ពេល​នេះ ដ្បិត​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​មិន​ទុក​អ្នក​ចោល ហើយ​ក៏​មិន​បោះ​បង់​អ្នក​ចោល​ដែរ»។  ហេតុ​នេះ​ហើយ​បាន​ជា​យើង​ហ៊ាន​និយាយ​ដោយ​ចិត្ត​រឹងប៉ឹង​ថា«ព្រះអម្ចាស់​នឹង​ជួយ​ខ្ញុំ ខ្ញុំ​មិន​ខ្លាច​អ្វី​ឡើយ។ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?»​។

 ចូរ​បង​ប្អូន​គិត​ដល់​អ្នក​ដឹក​នាំ​បង​ប្អូន ដែល​បាន​ប្រកាស​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​អោយ​បង​ប្អូន​ស្ដាប់។ ចូរ​ពិចារណា​មើល​ជីវិត​របស់​លោក​ទាំង​នោះ​ដែល​ចប់​របៀប​ណា ហើយ​យក​តំរាប់​តាម​ជំនឿ​របស់​លោក​ទៅ។

 ព្រះយេស៊ូ​គ្រីស្ដ​មិន​ប្រែប្រួល​ឡើយ ពី​ដើម សព្វ​ថ្ងៃ និង​រហូត​ដល់​អស់កល្ប​ជានិច្ច​ព្រះអង្គ​នៅ​តែ​ដដែល។ សូម​កុំ​បណ្ដោយ​ខ្លួន​ទៅ​ តាម​លទ្ធិ​ផ្សេងៗ​ពី​ខាង​ក្រៅ​ឡើយ គួរ​គប្បី​តាំង​ចិត្ត​គំនិត​អោយ​បាន​រឹងប៉ឹង ​ដោយសារ​ព្រះហឫទ័យប្រណីសន្ដោសរបស់​ព្រះជាម្ចាស់ គឺ​មិន​មែនរឹងប៉ឹង​ដោយ​កាន់​វិន័យ​ស្ដី​អំពី​អាហារ​ទេ វិន័យ​ទាំង​នោះ​គ្មាន​ប្រយោជន៍​ដល់​អ្នក​ដែល​កាន់​សោះ។ ១០ ​យើង​​មាន​អាសនៈ​មួយ ដែល​ពួក​បូជាចារ្យ​ធ្វើ​ការ​ក្នុង​ព្រះពន្លា*​គ្មាន​សិទ្ធិ​ នឹង​យក​តង្វាយ​ពី​អាសនៈ​នោះ​មក​បរិភោគ​បាន​ឡើយ​។ ១១ លោក​មហា​បូជាចារ្យ តែង​យក​ឈាម​សត្វ​ចូល​ទៅ​ថ្វាយ​ព្រះជាម្ចាស់​ក្នុង​ទីសក្ការៈ* ដើម្បី​សុំ​អោយ​រួច​ពី​បាប រីឯ​សាច់​សត្វ​នោះ​វិញ គេ​យក​ទៅ​ដុត​ខាង​ក្រៅ​ជំរំ។ ១២ ព្រះយេស៊ូ​ក៏​ដូច្នោះ​ ដែរ ព្រះអង្គ​រងទុក្ខ​ទោស​នៅ​ខាង​ក្រៅ​ទីក្រុង ដើម្បី​ប្រោស​ប្រជាជន​អោយ​បាន​វិសុទ្ធ ដោយសារ​ព្រះលោហិត​របស់​ព្រះអង្គ​ផ្ទាល់។ ១៣ ដូច្នេះ យើង​ត្រូវ​តែ​ចាក​ចេញ​ពី​ជំរំ​ទៅ​រក​ព្រះអង្គ ទាំង​ស៊ូ​ទ្រាំ​អោយ​គេ​ប្រមាថ​មើលងាយ​រួម​ជា​មួយ​ព្រះអង្គ​ដែរ ១៤ ដ្បិត​ក្នុង​លោក​នេះ យើង​គ្មាន​ក្រុង​ដែល​នៅ​ស្ថិតស្ថេរ​គង់វង្ស​រហូត​ឡើយ យើង​ខំ​ស្វែង​រក​ក្រុង​ដែល​នឹង​មាន​នៅ​ពេល​ខាង​មុខ​នោះ​វិញ។ ១៥ ចូរ​យើង​ថ្វាយ​យញ្ញបូជា សំរាប់​លើក​តម្កើង​ព្រះជាម្ចាស់​ជានិច្ច តាម​រយៈ​ព្រះយេស៊ូ គឺ​ជា​ពាក្យ​ហូរ​ចេញ​ពី​បបូរ​មាត់​យើង​ដែល​ប្រកាស​ព្រះនាម​ព្រះអង្គ។ ១៦ កុំ​ភ្លេច​ធ្វើ​ទាន និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​នឹង​យញ្ញបូជា​បែប​នេះ។

១៧ ចូរ​ទុកចិត្ត​លើ​អ្នក​ដឹក​នាំ​បង​ប្អូន ព្រម​ទាំង​ស្ដាប់​បង្គាប់​លោក​ទាំង​នោះ​ទៀត​ផង ដ្បិត​លោក​តែងតែ​ថែរក្សា​ព្រលឹង​បង​ប្អូន​ជានិច្ច ព្រោះ​លោក​នឹង​ទទួល​ខុស​ត្រូវ​លើ​បង​ប្អូន​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះជាម្ចាស់។ បើ​បង​ប្អូន​ស្ដាប់​បង្គាប់​លោក លោក​នឹង​បំពេញ​មុខងារ​នេះ​ដោយ​អំណរ គឺ​មិន​មែន​ដោយ​ថ្ងូរ​ទេ។ ប្រសិន​បើ​ពួក​លោក​បំពេញ​មុខងារ​ទាំង​ថ្ងូរ បង​ប្អូន​មុខ​ជា​គ្មាន​ទទួល​ផល​ប្រយោជន៍​អ្វី​ឡើយ។

១៨ សូម​អធិស្ឋាន*​អោយ​យើង​ផង ដ្បិត​យើង​ជឿ​ជាក់​ថា យើង​មាន​មនសិការ​ល្អ និង​មាន​ឆន្ទៈ​ចង់​ប្រព្រឹត្ត​យ៉ាង​ល្អ​ត្រឹម​ត្រូវ​ក្នុង​គ្រប់​កាលៈទេសៈ ១៩ ជា​ពិសេស ខ្ញុំ​សូម​អង្វរ​បង​ប្អូន​មេត្តា​អធិស្ឋាន​អោយ​ខ្ញុំ​អាច​វិល​ត្រឡប់​មក​រក​បង​ប្អូន​វិញ ក្នុង​ពេល​ឆាប់ៗ។

២០ ព្រះជាម្ចាស់ ​ជា​ប្រភព​នៃ​សេចក្ដី​សុខសាន្ត បាន​ប្រោស​ព្រះ​យេស៊ូ​ជា​ព្រះអម្ចាស់​នៃ​យើង​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​។ ព្រះគ្រីស្ដ​ជា​គង្វាល​ដ៏​ប្រសើរ​ឧត្ដម​របស់​ហ្វូង​ចៀម ព្រោះ​ព្រះអង្គ​បាន​ចង​សម្ពន្ធមេត្រី​មួយ​ថ្មី ដែល​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច ដោយសារ​ព្រះលោហិត​របស់​ព្រះអង្គ។ ២១ សូម​ព្រះជាម្ចាស់​ ប្រទាន​អោយ​បង​ប្អូន​មាន​សមត្ថភាព នឹង​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​យ៉ាង តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ។ សូម​ព្រះអង្គ​សំរេច​ការ​អ្វី​ដែល​គាប់​ព្រះហឫទ័យ​ព្រះអង្គ​នៅ​ក្នុង​យើង​តាម ​រយៈ​ព្រះយេស៊ូ​គ្រីស្ដ។ សូម​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!

២២ បង​ប្អូន​អើយ ខ្ញុំ​សូម​អង្វរ​បង​ប្អូន​អោយ​ទទួល​ពាក្យ​ទូន្មាន​ទាំង​នេះ​ទៅ ដ្បិត​ខ្ញុំ​បាន​សរសេរ​មក​បង​ប្អូន​ដោយ​ត្រួសៗ​ប៉ុណ្ណោះ។

២៣ សូម​ ជ្រាប​ថា លោក​ធីម៉ូថេ​ជា​បង​ប្អូន​របស់​យើង​បាន​រួច​ពី​ឃុំឃាំង​ហើយ។ ប្រសិន​បើ​គាត់​មក​ដល់​ឆាប់ៗ​ខ្ញុំ​នឹង​មក​ជួប​បង​ប្អូន​ជា​មួយ​គាត់​ដែរ។

២៤ សូម​ ជំរាប​សួរ អ្នក​ដឹក​នាំ​ទាំង​អស់​របស់​បង​ប្អូន ព្រម​ទាំង​ប្រជាជន​ដ៏វិសុទ្ធ*​ទាំង​អស់​ផង។ បង​ប្អូន​នៅ​ស្រុក​អ៊ីតាលី ក៏​សូម​ជំរាប​សួរ​មក​បង​ប្អូន​ដែរ។

២៥ សូមព្រះជាម្ចាស់ប្រណីសន្ដោស​បង​ប្អូន​ទាំង​អស់​គ្នា។