លិខិត​​របស់​លោក​ប៉ូល​ផ្ញើ​ជូន
លោក​ភីលេម៉ូន
ពាក្យលំនាំ

លោកភីលេម៉ូន ជាអ្នកធំមួយរូបដែលជឿព្រះគ្រីស្ដ ហើយប្រហែលជាលោកត្រូវជាសមាជិកមួយរូបក្នុងក្រុមជំនុំ/ ព្រះសហគមន៍​នៅ​ក្រុងកូឡូស។ គាត់ត្រូវជាមិត្ដភក្ដិរបស់លោកប៉ូល (ខ១)។ គាត់មានខ្ញុំបម្រើម្នាក់ ឈ្មោះអូនេស៊ីម ដែលបានរត់ចេញពីផ្ទះ។ អូនេស៊ីមបានទៅជួបលោកប៉ូល ហើយក៏ប្រែចិត្ដជឿព្រះយេស៊ូដែរ។ លោកប៉ូលបានសម្រេចចិត្ដចាត់គាត់ឲ្យវិញត្រឡប់ទៅរកម្ចាស់​របស់ខ្លួនវិញ ហើយលោកបានសរសេរលិខិតឲ្យ គាត់កាន់ទៅជាមួយផង។ ក្នុងលិខិតនេះ លោកប៉ូលបានសុំឲ្យលោកភីលេម៉ូនទទួល​អូនេស៊ីម ក្នុងឋានៈជាបងប្អូនរួមជំនឿ គឺមិនមែនជាខ្ញុំបម្រើ ទៀតទេ (ធម្មតាទាសករដែលរត់ដូច្នេះ តែងតែទទួលទោសជាទម្ងន់)។

គោលសំខាន់ៗ

យើងសង្កេតឃើញថាលោកប៉ូឡពុំបានបង្គាប់បញ្ជាលោកភីលេម៉ូនទេ ហើយលោកក៏ពុំបានជំទាស់នឹងសិទ្ធិរបស់លោកភីលេម៉ូន ​ដែលជាម្ចាស់ លើអូនេស៊ីមដែរ។ លោកគ្រាន់តែរំលឹកលោកភីលេម៉ូន និង អស់អ្នកដែលអានលិខិតនេះ អំពីព្រះហឫទ័យស្រឡាញ់​របស់ព្រះគ្រីស្ដ ដែល នាំមនុស្សឲ្យមានទំនាក់ទំនងរវាងគ្នានឹងគ្នា តាមបែបមួយថ្មី សមជាអ្នកដែលបានទទួលជីវិតថ្មី។

គំរោងគម្ពីរភីលេម៉ូនៈ

  • សេចក្ដីផ្ដើម ១-៣
  • លោកប៉ូលសរសេរលោកភីលេម៉ូន ៤-៧
  • លោកប៉ូលសុំអនុគ្រោះអូនេស៊ីម ៨-២២
  • អវសានកថា ២៣-២៥

ជំពូក ១

សេចក្ដីផ្ដើម

 ខ្ញុំ ប៉ូល នៅ​ជាប់​ឃុំឃាំង​ព្រោះ​តែ​ព្រះគ្រីស្ដយេស៊ូ ព្រម​ទាំង​ធីម៉ូថេ​ជា​បង​ប្អូន សូម​ជំរាប​មក​លោក​ភីលេ​ម៉ូន​ជា​ទី​ស្រឡាញ់ ដែល​រួម​ការងារ​ជា​មួយ​យើង សូម​ជំរាប​មក​ប្អូន​ស្រី​ អ័ព្យ៉ា ជំរាប​មក​លោក​អឃីពូស​ដែល​តយុទ្ធ​រួម​ជា​មួយ​យើង និង​សូម​ជំរាប​មក​ក្រុមជំនុំ/ព្រះសហគមន៍*​ដែល​ប្រជុំ​គ្នា​ក្នុង​ផ្ទះ​របស់​លោក​ប្អូន សូម​ជ្រាប។

 សូម​ព្រះជាម្ចាស់​ជា​ព្រះបិតា​របស់​យើង និង​ព្រះយេស៊ូ​គ្រីស្ដ​ជា​អម្ចាស់ ប្រណីសន្ដោស ប្រទាន​សេចក្ដី​សុខសាន្ត​ដល់​បង​ប្អូន។

សេចក្ដីស្រឡាញ់ និងជំនឿរបស់លោកភីលេម៉ូន

 រាល់​ពេល​អធិស្ឋាន* ខ្ញុំ​តែងតែ​នឹក​ដល់​លោក​ប្អូន ហើយ​អរ​ព្រះគុណ​ព្រះជាម្ចាស់​របស់​ខ្ញុំ​ជានិច្ច ដ្បិត​ខ្ញុំ​បាន​ឮ​គេ​ និយាយ​អំពី​សេចក្ដី​ស្រឡាញ់ និង​ជំនឿ​របស់​លោក​ប្អូន ចំពោះ​ព្រះអម្ចាស់​យេស៊ូ និង​ចំពោះ​ប្រជាជន​ដ៏វិសុទ្ធ​ទាំង​អស់។  សូម​ព្រះអង្គ​ប្រទាន​អោយ​ ការ​រួម​រស់​ក្នុង​ជំនឿ ជំរុញ​ចិត្ត​លោក​ប្អូន​អោយ​ស្គាល់​ច្បាស់ នូវ​ការ​ល្អ​គ្រប់​យ៉ាង​ដែល​យើង​ត្រូវ​ធ្វើ​ថ្វាយ​ព្រះគ្រីស្ដ*។ ខ្ញុំ​មាន​អំណរ និង​មាន​កម្លាំង​ចិត្ត​យ៉ាង​ខ្លាំង ដោយ​ឃើញ​ថា​លោក​ប្អូន​មាន​ចិត្ត​ស្រឡាញ់ ដ្បិត​លោក​ប្អូន​បាន​ធ្វើ​អោយ​ប្រជាជន​ដ៏វិសុទ្ធ*​មាន​ចិត្ត​ស្ងប់។

លោកប៉ូលអង្វរលោកភីលេម៉ូន

 ទោះ​បី​ខ្ញុំ​មាន​សិទ្ធិ​ពេញ​ទី​នឹង​បង្គាប់​លោក​ប្អូន ក្នុង​នាម​ព្រះគ្រីស្ដ អោយ​ធ្វើ​អ្វី​ដែល​លោក​ប្អូន​ត្រូវ​ធ្វើ​ក្ដី ក៏​ខ្ញុំ​ចូល​ចិត្ត​យក​ សេចក្ដី​ស្រឡាញ់​មក​អង្វរ​លោក​ប្អូន​វិញ​ដែរ។ ខ្ញុំ ប៉ូល ដែល​កាន់​តែ​ចាស់​ហើយ ឥឡូវ​នេះ ក៏​ជាប់​ឃុំឃាំង​ព្រោះ​តែ​ព្រះគ្រីស្ដយេស៊ូ​ថែម​ទៀត ១០ ខ្ញុំ​សូម​អង្វរ​លោក​ប្អូន​អោយ​កូន​របស់​ខ្ញុំ គឺ​អូនេស៊ីម​ដែល​ខ្ញុំ​បាន​បង្កើត នៅ​ពេល​ជាប់​ឃុំឃាំង។ ១១ ពី​ដើម​គាត់​គ្មាន​ ប្រយោជន៍​អ្វី​សំរាប់​លោក​ប្អូន​មែន ប៉ុន្តែ ឥឡូវ​នេះ គាត់​ប្រាកដ​ជា​មាន​ប្រយោជន៍​សំរាប់​លោក​ប្អូន ក៏​ដូច​ជា​មាន​ប្រយោជន៍​សំរាប់​ខ្ញុំ​ដែរ។

១២ ខ្ញុំ​សូម​ចាត់​គាត់ ដែល​ប្រៀប​បី​ដូច​ជា​ថ្លើម​ប្រមាត់​របស់​ខ្ញុំ អោយ​វិល​មក​រក​លោក​ប្អូន​វិញ។ ១៣ ខ្ញុំ​មាន​បំណង​ចង់​ទុក ​គាត់​អោយ​នៅ​ជា​មួយ​ខ្ញុំ​ដែរ ដើម្បី​អោយ​នៅ​បំរើ​ខ្ញុំ​ជំនួស​លោក​ប្អូន​ក្នុង​ពេល​ខ្ញុំ​ជាប់​ឃុំឃាំង ព្រោះ​តែ​ដំណឹងល្អ*​នេះ ១៤ ក៏​ប៉ុន្តែ ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី ដោយ​គ្មាន​ការ​យល់​ព្រម​ពី​លោក​ប្អូន​ឡើយ ដើម្បី​កុំ​អោយ​លោក​ប្អូន​ធ្វើ​អំពើ​ល្អ ទាំង​ទើស​ទាំង​ទ័ល គឺ​ធ្វើ​ដោយ​ស្ម័គ្រ​ចិត្ត​វិញ។ ១៥ អូនេស៊ីម​ត្រូវ​តែ​ឃ្លាត​ឆ្ងាយ​ពី​លោក​ប្អូន​មួយ​រយៈ​មែន ដើម្បី​អោយ​លោក​ប្អូន​បាន​ទទួល​គាត់​វិញ​អស់កល្ប​ជានិច្ច ១៦ មិន​មែន​ក្នុង​ឋានៈ​ជា​ ខ្ញុំ​បំរើ​ទៀត​ទេ គឺ​ក្នុង​ឋានៈ​ជា​បង​ប្អូន​ដ៏​ជា​ទី​ស្រឡាញ់ ដូច្នេះ ប្រសើរ​ជាង​ខ្ញុំ​បំរើ​ទៅ​ទៀត។ គាត់​ជា​បង​ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​យ៉ាង​ខ្លាំង​របស់​ខ្ញុំ ហើយ​ចំពោះ​លោក​ប្អូន​គាត់​ក៏​រឹត​តែ​ជា​ទី​ស្រឡាញ់​ថែម​ទៀត ទាំង​ខាង​លោកីយ៍ ទាំង​ខាង​ព្រះអម្ចាស់។

១៧ ដូច្នេះ ប្រសិន​បើ​លោក​ប្អូន​រាប់​ខ្ញុំ ទុក​ជា​បង​ប្អូន​រួម​ជំនឿ​មែន សូម​ទទួល​គាត់​អោយ​បាន ដូច​ទទួល​ខ្ញុំ​ផ្ទាល់​ដែរ។ ១៨ ប្រសិន​បើ​គាត់​ធ្វើ​អ្វី​ខុស​ចំពោះ​លោក​ប្អូន ឬ​ប្រសិន​បើ​គាត់​ជំពាក់​អ្វី​លោក​ប្អូន​សូម​គិត​ទៅ​លើ​ខ្ញុំ​ចុះ។ ១៩ ខ្ញុំ ប៉ូល ខ្ញុំ​សរសេរ​ពាក្យ​នេះ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់​ថា ខ្ញុំ​នឹង​សង​លោក​ប្អូន​វិញ (ខ្ញុំ​មិន​បាច់​រំលឹក​ថា លោក​ប្អូន​ក៏​នៅ​ជំពាក់​ខ្ញុំ​ផង​ដែរ​នោះ​ទេ គឺ​នៅ​ជំពាក់​រូប​លោក​ប្អូន​ផ្ទាល់​តែ​ម្ដង)។ ២០ លោក​ប្អូន​អើយ សូម​លោក​ប្អូន​មេត្តា​ជួយ​ខ្ញុំ​ដោយ​យល់​ដល់​ព្រះអម្ចាស់ ហើយ​សូម​ធ្វើ​អោយ​ចិត្ត​ខ្ញុំ​បាន​ស្ងប់​ក្នុង​អង្គ​ព្រះគ្រីស្ដ​ផង។

២១ ខ្ញុំ​ សរសេរ​មក​លោក​ប្អូន ដោយ​ជឿ​ជាក់​ថា លោក​ប្អូន​មុខ​ជា​ស្ដាប់​តាម​សំណូម​ពរ​របស់​ខ្ញុំ។ ខ្ញុំ​ក៏​ដឹង​ថា លោក​ប្អូន​នឹង​ធ្វើ​លើស​ពី​ពាក្យ ដែល​ខ្ញុំ​សុំ​ទៅ​ទៀត។ ២២ ព្រម​ជា​មួយ​គ្នា​នេះ សូម​លោក​ប្អូន​រៀបចំ​កន្លែង​មួយ​សំរាប់​អោយ​ខ្ញុំ​ស្នាក់​ផង ដ្បិត​ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​មក​ជួប​បង​ប្អូន​មិន​ខាន ព្រោះ​បង​ប្អូន​បាន​ទូលអង្វរ​ព្រះជាម្ចាស់​អោយ​ខ្ញុំ។

ពាក្យសួរសុខទុក្ខ

២៣ លោក​អេប៉ាប្រាស ដែល​ជាប់​ឃុំឃាំង​ជា​មួយ​ខ្ញុំ ព្រោះ​តែ​ព្រះគ្រីស្ដយេស៊ូ សូម​ជំរាប​សួរ​មក​លោក​ប្អូន ២៤ ហើយ​លោក​ម៉ាកុស លោក​អរីស្ដាក លោក​ដេម៉ាស និង​លោក​លូកា ដែល​រួម​ការងារ​របស់​ខ្ញុំ ក៏​សូម​ជំរាប​សួរ​មក​លោក​ប្អូន​ដែរ។

២៥ សូម​ព្រះយេស៊ូគ្រីស្ដជា​ព្រះអម្ចាស់​នៃ​យើង ប្រណីសន្ដោ​ដល់​វិញ្ញាណ​បង​ប្អូន។