លិខិតរបស់លោកប៉ូលផ្ញើជូន
លោកទីតុស
ពាក្យលំនាំ
លោកទីតុស ជាជនជាតិក្រិកម្នាក់ (កាឡាទី ២.៣) ហើយជាសហការីរបស់លោកប៉ូលដែរ។ គាត់បានជួយគ្រីស្ដបរិស័ទ ដែលទាស់ទែងខ្វែងគំនិតគ្នានៅក្រុងកូរិនថូស ឲ្យបានស្រុះស្រួលជានានឹងគ្នាវិញ (២ កូរិនថូស ៧.៧-១៥)។ ពេលលោកប៉ូលសរសេរលិខិតនេះផ្ញើមកគាត់ គាត់ស្ថិតនៅកោះក្រែត ព្រោះលោកប៉ូលបានប្រគល់ភារកិច្ច ឲ្យគាត់រៀបចំចាត់ចែងក្រុមជំនុំ/ ព្រះសហគមន៍ នៅលើកោះនោះ។
គោលសំខាន់ៗ
ក្នុងលិខិតនេះ លោកប៉ូលទូន្មានអំពីរបៀបចាត់ចែងក្នុងក្រុមជំនុំ/ ព្រះសហគមន៍ អំពីមុខងាររបស់អ្នកដឹកនាំ និង អំពីឥរិយាបទរបស់ព្រឹទ្ធាចារ្យ យុវជន ស្រ្ដីមេម៉ាយជាដើម។ល។
គ្រីស្ដបរិស័ទត្រូវកាន់តាមជំនឿឲ្យបានខ្ជាប់ខ្ជួន ហើយគោលនៃជំនឿនេះ គឺព្រះជាម្ចាស់ស្រឡាញ់ និង សង្គ្រោះយើងតាមរយៈព្រះយេស៊ូគ្រីស្ដ។
គំរោងគម្ពីរទីតុសៈ
- សេចក្ដីផ្ដើម ១.១-៤
- អ្នកដឹកនាំព្រះសហគមន៍ ១.៥-១៦
- ភារកិច្ចផ្សេងៗរបស់គ្រីស្ដបរិស័ទ ២.១-១៥
- ការទូន្មានផ្សេងៗ ៣.១-១១
- អវសានកថា ៣.១២-១៥
ជំពូក ១
សេចក្ដីផ្ដើម
១ ខ្ញុំ ប៉ូល ជាអ្នកបំរើរបស់ព្រះជាម្ចាស់ និងជាគ្រីស្ដទូតរបស់ព្រះយេស៊ូគ្រីស្ដ*។ ព្រះជាម្ចាស់ចាត់ខ្ញុំអោយនាំអស់អ្នកដែលព្រះអង្គបានជ្រើសរើសអោយ មានជំនឿ និងស្គាល់ច្បាស់នូវសេចក្ដីពិត ដែលជាគ្រឹះនៃការគោរពប្រណិប័តន៍ព្រះអង្គ។ ២ អ្នកទាំងនោះសង្ឃឹមថា នឹងទទួលជីវិតអស់កល្បជានិច្ច ដែលព្រះជាម្ចាស់បានសន្យា តាំងពីមុនកាលសម័យទាំងអស់ ព្រះអង្គមិនកុហកទេ។ ៣ នៅពេលកំណត់ ព្រះអង្គបានសំដែងព្រះបន្ទូលរបស់ព្រះអង្គ ហើយប្រគល់ព្រះបន្ទូលនេះមកអោយខ្ញុំប្រកាស តាមបញ្ជារបស់ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់យើង។
៤ មកដល់ទីតុស ជាកូនដ៏ពិតប្រាកដ ខាងជំនឿដែលយើងមានរួមគ្នា។
សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះគ្រីស្ដយេស៊ូជាព្រះសង្គ្រោះនៃយើង ប្រណីសន្ដោស និង ប្រទានសេចក្ដីសុខសាន្តដល់អ្នក។
កិច្ចការដែលលោកទីតុសត្រូវបំពេញនៅកោះក្រែត
៥ ខ្ញុំបានទុកអ្នកអោយ នៅកោះក្រែត ដើម្បីចាត់ចែងកិច្ចការដែលនៅសល់ អោយមានរបៀបរៀបរយ និងតែងតាំងព្រឹទ្ធាចារ្យ* នៅតាមក្រុងនីមួយៗដូចខ្ញុំបានផ្ដាំរួចហើយ ៦ គឺត្រូវយកអ្នកណាដែល ឥតមានកំហុស មានភរិយាតែមួយ មានកូនចៅជាអ្នកជឿ ហើយគ្មាននរណាចោទប្រកាន់ថា ជាកូនខិលខូចមិនចេះស្ដាប់បង្គាប់។ ៧ ក្នុងឋានៈជាអ្នកមើល ខុសត្រូវលើកិច្ចការរបស់ព្រះជាម្ចាស់ អ្នកអភិបាល ត្រូវតែឥតកំហុស មិនក្រអឺតក្រទម មិនឆាប់ខឹង មិនចំណូលស្រា មិនចេះឈ្លោះប្រកែក ឬរកប្រាក់តាមរបៀបថោកទាបនោះឡើយ។ ៨ ផ្ទុយទៅវិញ គាត់ត្រូវចេះទទួលភ្ញៀវ ស្រឡាញ់អំពើល្អ មានចិត្តធ្ងន់ សុចរិត ចិត្តបរិសុទ្ធ* ចេះទប់ចិត្ត ៩ ជាប់ចិត្តនឹង ព្រះបន្ទូលជាគ្រឹះនៃជំនឿ ស្របតាមសេចក្ដីដែលគេបានរៀន ដើម្បីអោយមានសមត្ថភាពដាស់តឿនអ្នកដទៃតាមសេចក្ដីបង្រៀនដ៏ត្រឹម ត្រូវ ព្រមទាំងចេះរកខុសត្រូវតបតនឹងពួកអ្នកប្រឆាំងផង។
១០ មាន មនុស្សជាច្រើន ជាពិសេស ក្នុងចំណោមសាសន៍យូដា ដែលជាអ្នកជឿមានចិត្តរឹងរូស ព្រោកប្រាជ្ញឥតបានការ និងបោកប្រាស់គេទៀតផង។ ១១ ត្រូវបំបិទមាត់អ្នក ទាំងនោះ ដ្បិតពួកគេបានធ្វើអោយកើតវឹកវរ ក្នុងក្រុមគ្រួសារជាច្រើនដោយបង្រៀនអំពីសេចក្ដីដែលមិនត្រូវ បង្រៀន ដើម្បីបោកយកប្រាក់យ៉ាងថោកទាប។ ១២ មានម្នាក់ក្នុងចំណោម ពួកគេដែលជាព្យាការី*របស់គេផ្ទាល់ពោលថាៈ «អ្នកស្រុកក្រែតសុទ្ធតែជាមេកុហក ជាសត្វតិរច្ឆានដ៏សាហាវ និងជាមេកំជិល ដែលគិតតែពីស៊ីផឹក!»។ ១៣ ពាក្យនេះពិតណាស់! ដូច្នេះ ត្រូវស្ដីបន្ទោសគេយ៉ាងតឹងរ៉ឹង ដើម្បីអោយគេមានជំនឿត្រឹមត្រូវ ១៤ កុំអោយជាប់ចិត្តនឹង រឿងព្រេងរបស់សាសន៍យូដា និងជាប់ចិត្តទៅលើបទបញ្ញតិ្ដផ្សេងៗរបស់ពួកអ្នកដែលបានងាកចេញពី សេចក្ដីពិតបានតែងនោះឡើយ។ ១៥ ចំពោះអ្នកដែលមាន ចិត្តបរិសុទ្ធ អ្វីៗទាំងអស់សុទ្ធតែបរិសុទ្ធ រីឯអ្នកដែលមានចិត្តសៅហ្មង និងមិនជឿអ្វីៗទាំងអស់សុទ្ធតែមិនបរិសុទ្ធ ព្រោះប្រាជ្ញា និងមនសិការរបស់គេសុទ្ធតែសៅហ្មង។ ១៦ គេប្រកាសថា ខ្លួនស្គាល់ព្រះជាម្ចាស់ហើយ ប៉ុន្តែ តាមអំពើដែលគេប្រព្រឹត្ត គេបែរជាបដិសេធមិនទទួលស្គាល់ព្រះអង្គទៅវិញ។ អ្នកទាំងនោះសុទ្ធតែជាមនុស្សគួរអោយស្អប់ខ្ពើម ជាមនុស្សរឹងទទឹង ហើយពុំអាចប្រព្រឹត្តអំពើល្អបានឡើយ។
ជំពូក ២
សេចក្ដីបង្រៀនដ៏ត្រឹមត្រូវ
១ ចំពោះអ្នកវិញ ត្រូវនិយាយតែសេចក្ដីណា ដែលស្របតាមសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ។ ២ ចូរជំរាបលោកតាចាស់ៗ កុំអោយស្រវឹងស្រា ត្រូវមានកិរិយាថ្លៃថ្នូរ មានចិត្តធ្ងន់ មានជំនឿស្អាតស្អំ មានចិត្តស្រឡាញ់ និងចេះស៊ូទ្រាំ។
៣ រីឯលោក យាយចាស់ៗវិញ ក៏ដូច្នោះដែរ ចូរជំរាបគាត់ អោយកាន់កិរិយាមារយាទ សមជាអ្នកដែលមានជីវិតដ៏វិសុទ្ធ* កុំអោយនិយាយមួលបង្កាច់គេ ឬចំណូលស្រាឡើយ។ គាត់ត្រូវចេះផ្ដល់យោបល់ល្អៗ ៤ ដើម្បីជួយអប់រំស្ត្រីៗដែលនៅក្មេងអោយចេះស្រឡាញ់ស្វាមី និងស្រឡាញ់កូនរបស់ខ្លួន ៥ អោយមានចិត្តធ្ងន់ មានចរិយាបរិសុទ្ធ យកចិត្តទុកដាក់នឹងកិច្ចការក្នុងផ្ទះសំបែង មានចិត្តល្អ គោរពចុះចូលនឹងស្វាមីរៀងៗខ្លួន។ ធ្វើដូច្នេះ គ្មាននរណាអាចមួលបង្កាច់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ។
៦ រីឯពួកយុវជនវិញ ចូរដាស់តឿនគេអោយមានចិត្តធ្ងន់គ្រប់វិស័យទាំងអស់។ ៧ ចូរប្រព្រឹត្តអំពើល្អធ្វើជាគំរូដល់គេ គឺបង្រៀនគេយ៉ាងស្អាតស្អំ និងថ្លៃថ្នូរ ៨ និយាយពាក្យសំដីត្រឹម ត្រូវ ដែលរករិះគន់មិនកើត។ ធ្វើដូច្នេះ ពួកអ្នកប្រឆាំងនឹងបាក់មុខ ព្រោះគេរកអ្វីនិយាយអាក្រក់ពីយើងមិនបាន។
៩ ចូរ ប្រាប់បងប្អូន ដែលជាខ្ញុំបំរើ អោយស្ដាប់បង្គាប់ម្ចាស់រៀងៗខ្លួន ក្នុងគ្រប់កិច្ចការទាំងអស់ ត្រូវធ្វើអោយម្ចាស់ពេញចិត្ត មិនត្រូវជំទាស់នឹងគាត់ ១០ មិនត្រូវគៃបន្លំយក អ្វីពីម្ចាស់ឡើយ ផ្ទុយទៅវិញ ត្រូវសំដែងចិត្តល្អស្មោះត្រង់ទាំងស្រុងជានិច្ច ដើម្បីលើកកិត្តិយសសេចក្ដីបង្រៀនអំពីព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់យើងក្នុងគ្រប់កិច្ចការទាំងអស់។
១១ ព្រះជាម្ចាស់បានសំដែង ព្រះហឫទ័យប្រណីសន្ដោសមកដើម្បីសង្គ្រោះមនុស្សទាំងអស់។ ១២ ព្រះហឫទ័យប្រណីសន្ដោសនេះអប់រំយើងអោយ លះបង់ចិត្ត ដែលមិនចេះគោរពប្រណិប័តន៍ព្រះជាម្ចាស់ចោល អោយលះបង់សេចក្ដីប៉ងប្រាថ្នាខាងលោកីយ៍ ដើម្បីអោយយើងរស់នៅក្នុងលោកនេះដោយមានចិត្តធ្ងន់ សុចរិត* និងគោរពប្រណិប័តន៍ព្រះជាម្ចាស់ ១៣ ទាំងទន្ទឹងរង់ចាំ សុភមង្គល តាមសេចក្ដីសង្ឃឹមរបស់យើង ហើយរង់ចាំព្រះយេស៊ូគ្រីស្ដជាព្រះជាម្ចាស់ដ៏ឧត្ដមបំផុត និងជាព្រះសង្គ្រោះនៃយើង យាងមកប្រកបដោយសិរីរុងរឿង។ ១៤ ព្រះអង្គបានបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់សំរាប់យើង ដើម្បីលោះយើងអោយរួចផុតពីអំពើទុច្ចរិតគ្រប់យ៉ាង និងជំរះប្រជារាស្ត្រមួយទុកសំរាប់ព្រះអង្គផ្ទាល់ ជាប្រជារាស្ត្រដែលខ្នះខ្នែងប្រព្រឹត្តអំពើល្អ។
១៥ អ្នកត្រូវបង្រៀនសេចក្ដីនេះ ទាំងដាស់តឿន និងស្ដីបន្ទោសដោយប្រើអំណាចពេញទី។ កុំអោយនរណាមើលងាយអ្នកបានឡើយ។
ជំពូក ៣
របៀបរស់នៅរបស់គ្រីស្ដបរិស័ទ
១ ចូររំលឹកដាស់តឿនបង ប្អូន អោយគោរពចុះចូលនឹងអាជ្ញាធរ ចុះចូលនឹងរដ្ឋអំណាចអោយគេចេះស្ដាប់បង្គាប់ និងប្រុងប្រៀបប្រព្រឹត្តអំពើល្អគ្រប់យ៉ាង។ ២ កុំអោយគេនិយាយអាក្រក់ ពីនរណា កុំអោយគេបង្ករឿង តែអោយគេមានចិត្តសប្បុរស និងបង្ហាញចិត្តស្លូតបូត គ្រប់យ៉ាង ចំពោះមនុស្សទាំងអស់វិញ។ ៣ ពីដើម យើងក៏ជាមនុស្សឥតដឹងខុសត្រូវ រឹងទទឹងវង្វេងមាគ៌ា វក់នឹងសេចក្ដីប៉ងប្រាថ្នា និងការស្រើបស្រាលគ្រប់បែបយ៉ាង មានចិត្តកំណាច និងច្រណែនឈ្នានីស ជាមនុស្សគួរអោយស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។ ៤ ក៏ប៉ុន្តែ នៅពេលដែលព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃយើងសំដែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្រឡាញ់ចំពោះមនុស្សលោក ៥ ព្រះអង្គក៏បានសង្គ្រោះ យើង តាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ គឺមិនមែនមកពីយើងបានប្រព្រឹត្តអំពើសុចរិតនោះទេ។ ព្រះអង្គសង្គ្រោះយើង ដោយលាងជំរះយើងអោយបានកើតជាថ្មី និងប្រទានអោយយើងមានជីវិតថ្មី ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។ ៦ ព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងយ៉ាងបរិបូណ៌ តាមរយៈព្រះយេស៊ូគ្រីស្ដ ជាព្រះសង្គ្រោះរបស់យើង ៧ ដើម្បីអោយយើងបាន សុចរិត*ដោយសារព្រះហឫទ័យប្រណីសន្ដោស របស់ព្រះអង្គ នឹងអោយយើងបានទទួលជីវិតអស់កល្បជានិច្ចជាមត៌ក តាមសេចក្ដីសង្ឃឹមរបស់យើង។ ៨ ពាក្យនេះគួរអោយជឿ ខ្ញុំចង់អោយអ្នកនិយាយ ហើយនិយាយទៀតបញ្ជាក់អំពីសេចក្ដីទាំងនេះ ដើម្បីអោយអស់អ្នកដែលជឿលើព្រះជាម្ចាស់ ខិតខំយកចិត្តទុកដាក់ប្រព្រឹត្តអំពើល្អ។ ការនេះហើយដែលល្អប្រសើរ និងមានប្រយោជន៍ដល់មនុស្សលោក!៩ ចូរចៀសវាងការជជែកវែក ញែកដ៏លេលា ជជែកអំពីបញ្ជីវង្សត្រកូល ចៀសវាងទាស់ទែងគ្នា និងឈ្លោះប្រកែកគ្នាអំពីគម្ពីរវិន័យ* ដ្បិតការទាំងនេះឥតមានផលប្រយោជន៍ ឥតបានការអ្វីទាំងអស់។ ១០ ចំពោះអ្នកដែលបង្កអោយមានការបាក់បែកគ្នា ត្រូវព្រមានគេមួយលើកជាពីរលើក ហើយបណ្ដេញគេអោយចេញទៅ ១១ ដោយដឹងថាជនប្រភេទនេះជាមនុស្សខូច គេប្រព្រឹត្តអំពើបាប និងដាក់ទោសខ្លួនឯង។
ពាក្យដាស់តឿនចុងក្រោយ
១២ ខ្ញុំចាត់លោក អ័រតេម៉ាស ឬលោកទីឃីគូសអោយមករកអ្នក។ កាលណាគាត់មកដល់ ចូរលៃលកទៅរកខ្ញុំនៅក្រុងនីកូប៉ូលីសកុំបីខាន ដ្បិតខ្ញុំបានសំរេចចិត្តថា នឹងស្នាក់នៅទីនោះក្នុងរដូវត្រជាក់។ ១៣ ចូរលៃលកផ្គត់ផ្គង់លោកមេធាវីសេណាស និងលោកអប៉ូឡូសអោយបន្តដំណើរទៅផង កុំអោយលោកទាំងពីរខ្វះខាតអ្វីឡើយ។ ១៤ ត្រូវអោយបងប្អូនយើង រៀនធ្វើអំពើល្អ អោយបានប្រសើរលើសគេ ដើម្បីជួយផ្គត់ផ្គង់សេចក្ដីត្រូវការដ៏ចាំបាច់ផ្សេងៗ កុំអោយគេទៅជាមនុស្សមិនបង្កើតផល។
១៥ ពួកបងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំ សូមជំរាបសួរមកអ្នក។ សូមជំរាបសួរបងប្អូនរួម ជំនឿដ៏ជាទីស្រឡាញ់របស់យើងផង។
សូមព្រះជាម្ចាស់ប្រណីសន្ដោសបងប្អូនទាំងអស់គ្នា។