លិខិតទី ២ របស់លោកប៉ូលផ្ញើជូន
លោកធីម៉ូថេ
ជំពូក ១
សេចក្ដីផ្ដើម
១ ខ្ញុំ ប៉ូល ជាគ្រីស្ដទូតរបស់ព្រះគ្រីស្ដយេស៊ូតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ខ្ញុំបានទទួលមុខងារប្រកាសអំពីជីវិត ដែលយើងមានក្នុងអង្គព្រះគ្រីស្ដយេស៊ូ ស្របតាមព្រះបន្ទូលសន្យា ២ មកដល់ធីម៉ូថេ ជាកូនដ៏ជាទីស្រឡាញ់ សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះគ្រីស្ដយេស៊ូ ជាព្រះអម្ចាស់នៃយើងប្រណីសន្ដោស មេត្តាករុណា និង ប្រទានសេចក្ដីសុខសាន្តដល់អ្នក។
លោកប៉ូលអរព្រះគុណព្រះជាម្ចាស់ និងលើកទឹកចិត្តលោកធីម៉ូថេ
៣ ខ្ញុំសូមអរព្រះគុណ ព្រះជាម្ចាស់ ដែលខ្ញុំគោរពបំរើបន្តពីបុព្វបុរស* ដោយមនសិការបរិសុទ្ធ* ហើយរាល់ពេលខ្ញុំអធិស្ឋាន* ខ្ញុំតែងតែនឹកគិតដល់អ្នកទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរ។ ៤ ខ្ញុំនឹកឃើញទឹកភ្នែករបស់អ្នក ហើយចង់ជួបអ្នកជាថ្មីយ៉ាងខ្លាំង ដើម្បីអោយខ្ញុំបានពោរពេញដោយអំណរ។ ៥ ខ្ញុំក៏នៅនឹកចាំពី ជំនឿឥតលាក់ពុតរបស់អ្នក គឺជាជំនឿដែលលោកយាយឡូអ៊ីសជាជីដូន និងអ្នកស្រីអឺនីសជាម្ដាយរបស់អ្នកធ្លាប់មានមុនអ្នក ខ្ញុំជឿជាក់ថា អ្នកក៏មានជំនឿនេះដែរ។ ៦ ហេតុនេះហើយបានជា ខ្ញុំសុំរំលឹកដាស់តឿនអ្នកថា ចូរធ្វើអោយព្រះអំណោយទានរបស់ព្រះជាម្ចាស់ ដែលអ្នកបានទទួល ដោយខ្ញុំដាក់ដៃ*លើនោះ មានសកម្មភាពឡើងវិញ ៧ ដ្បិតព្រះជាម្ចាស់ពុំ បានប្រទានអោយយើងមានវិញ្ញាណដែលនាំអោយខ្លាចទេ គឺព្រះអង្គប្រទានអោយយើងទទួលវិញ្ញាណដែលផ្ដល់កម្លាំង សេចក្ដីស្រឡាញ់ និងចិត្តធ្ងន់។ ៨ ដូច្នេះ មិនត្រូវខ្មាសនឹងផ្ដល់សក្ខីភាពអំពីព្រះអម្ចាស់របស់យើង ឬខ្មាសនឹងខ្ញុំជាប់ឃុំឃាំង ព្រោះតែព្រះអង្គនោះឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវតែរងទុក្ខវេទនារួមជាមួយខ្ញុំ សំរាប់ដំណឹងល្អ* ដោយពឹងផ្អែកលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ ៩ ព្រះអង្គហ្នឹងហើយ ដែលបានសង្គ្រោះយើង និងបានត្រាស់ហៅយើងអោយមកធ្វើជាប្រជារាស្ត្រដ៏វិសុទ្ធ*របស់ ព្រះអង្គ។ ព្រះអង្គត្រាស់ហៅយើងដូច្នេះ មិនមែនមកពីអំពើដែលយើងបានប្រព្រឹត្តនោះទេ គឺស្របតាមគំរោងការ និងស្របតាមព្រះហឫទ័យប្រណីសន្ដោស ដែលទ្រង់បានប្រទានមកយើង ក្នុងអង្គព្រះគ្រីស្ដយេស៊ូ តាំងពីមុនកាលសម័យទាំងអស់មកម៉្លេះ។ ១០ ឥឡូវនេះ ព្រះអង្គបានសំដែងអោយយើងស្គាល់ ព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអង្គ ដោយព្រះគ្រីស្ដយេស៊ូជាព្រះសង្គ្រោះរបស់យើងយាងមកក្នុងលោកនេះ។ ព្រះគ្រីស្ដបានបំបាត់អំណាចនៃសេចក្ដីស្លាប់ ព្រមទាំងបំភ្លឺយើងអោយស្គាល់ជីវិតអមតៈដោយសារដំណឹងល្អ*។
១១ ព្រះជាម្ចាស់បានតែងតាំងខ្ញុំ អោយប្រកាសដំណឹងល្អនេះ ក្នុងឋានៈជាគ្រីស្ដទូត និងជាគ្រូអប់រំ។ ១២ ហេតុនេះហើយបានជា ខ្ញុំរងទុក្ខលំបាកទាំងនេះ ប៉ុន្តែ ខ្ញុំមិនខ្មាសឡើយ ដ្បិតខ្ញុំដឹងថា ខ្ញុំបានជឿលើព្រះអង្គណា ហើយខ្ញុំក៏ជឿជាក់ថា ព្រះអង្គនោះមានឫទ្ធានុភាពនឹងរក្សាអ្វីៗ ដែលព្រះអង្គផ្ញើទុកនឹងខ្ញុំ អោយបានគង់វង្ស រហូតដល់ថ្ងៃព្រះអង្គយាងមក។
១៣ ចូរចង ចាំព្រះបន្ទូលដ៏ត្រឹមត្រូវរបស់ព្រះអម្ចាស់ដែលអ្នកបានទទួលពី ខ្ញុំ ទុកធ្វើជាគោលនៃជំនឿ និងសេចក្ដីស្រឡាញ់ដែលយើងមាន ដោយរួមក្នុងអង្គព្រះគ្រីស្ដយេស៊ូ។ ១៤ អ្វីៗដ៏ល្អដែលព្រះអង្គផ្ញើទុកនឹងអ្នក ត្រូវរក្សាអោយបានគង់វង្ស ដោយព្រះវិញ្ញាណដ៏វិសុទ្ធដែលសណ្ឋិតនៅក្នុងយើង។
១៥ បងប្អូននៅស្រុកអាស៊ី បានបោះបង់ខ្ញុំចោលទាំងអស់គ្នា មានភីកែឡូស និងហ៊ែរម៉ូគែនជាដើម ដូចអ្នកដឹងស្រាប់ហើយ។ ១៦ សូមព្រះអម្ចាស់សំដែង ព្រះហឫទ័យមេត្តាករុណា ដល់ក្រុមគ្រួសាររបស់លោកអូនេស៊ីភ័រ ដ្បិតគាត់តែងតែលើកទឹកចិត្តខ្ញុំជាញឹកញាប់ ហើយគាត់ក៏មិនដែលខ្មាស ព្រោះតែខ្ញុំជាប់ឃុំឃាំងនោះឡើយ។ ១៧ មិនតែប៉ុណ្ណោះសោត ពេលគាត់មកដល់ក្រុងរ៉ូម គាត់បានស្វះស្វែងដើររកខ្ញុំទាល់តែជួប។
១៨ សូម ព្រះអម្ចាស់ប្រោសប្រទាន អោយគាត់បានទទួលព្រះហឫទ័យមេត្តាករុណាពីព្រះអម្ចាស់ នៅថ្ងៃព្រះអង្គយាងមក។ អ្នកដឹងច្បាស់ជាងគេស្រាប់ហើយថា កាលខ្ញុំនៅក្រុងអេភេសូ គាត់បានជួយ ជ្រោមជ្រែងខ្ញុំយ៉ាងណាខ្លះ។
ជំពូក ២
ទាហានដ៏ស្មោះត្រង់របស់ព្រះគ្រីស្ដ
១ ដូច្នេះ កូនអើយ ចូរមានកម្លាំងឡើង ដោយពឹងផ្អែកលើព្រះហឫទ័យប្រណីសន្ដោសដែលយើងមានដោយរួមជាមួយព្រះគ្រីស្ដយេស៊ូ។ ២ សេចក្ដីទាំងអស់ដែល អ្នកបានឮពីខ្ញុំនៅមុខសាក្សីជាច្រើននាក់ ត្រូវប្រគល់អោយបងប្អូនណាដែលស្មោះត្រង់ និងមានសមត្ថភាពអាចបង្រៀនបន្តទៅអ្នកផ្សេងទៀតចុះ។ ៣ ចូររួមរងទុក្ខលំបាក ក្នុងឋានៈជាទាហានដ៏ល្អរបស់ព្រះគ្រីស្ដយេស៊ូ។ ៤ ពេលទាហានចេញទៅច្បាំង គេមិនគិតពីបញ្ហាក្នុងជីវិតសាមញ្ញនេះទេ គឺគេគិតតែធ្វើយ៉ាងណា អោយអ្នកដែលកេណ្ឌខ្លួនពេញចិត្ត។ ៥ រីឯកីឡាករវិញ គេអាចទទួលភួងជ័យបាន លុះត្រាតែគេប្រកួតត្រឹមត្រូវតាមក្បួន។ ៦ កសិករដែលបានធ្វើការយ៉ាងនឿយហត់ ត្រូវតែទទួលភោគផលមុនគេ។ ៧ ចូរពិចារណាអោយយល់សេចក្ដីដែលខ្ញុំនិយាយនេះ ដ្បិតព្រះអម្ចាស់នឹងប្រទានអោយអ្នកមានប្រាជ្ញា អាចយល់បានទាំងអស់។
៨ ចូរនឹក ដល់ព្រះយេស៊ូគ្រីស្ដ ដែលមានព្រះជន្មរស់ឡើងវិញ ព្រះអង្គជាប់ព្រះញាតិវង្សនឹងព្រះបាទដាវីឌ ស្របតាមដំណឹងល្អដែលខ្ញុំប្រកាស។ ៩ ខ្ញុំរងទុក្ខលំបាក ព្រោះតែដំណឹងល្អនេះ រហូតដល់ត្រូវគេចាប់ចង ដូចជាបានប្រព្រឹត្តអំពើអាក្រក់។ រីឯព្រះបន្ទូលរបស់ព្រះជាម្ចាស់វិញ គេពុំអាចចាប់ចងបានឡើយ។ ១០ ហេតុនេះហើយបានជា ខ្ញុំសុខចិត្តស៊ូទ្រាំគ្រប់យ៉ាង ដោយយល់ដល់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ដើម្បីអោយពួកគេទទួលការសង្គ្រោះ ដោយរួមក្នុងអង្គព្រះគ្រីស្ដយេស៊ូ ព្រមទាំងទទួលសិរីរុងរឿងដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចនោះដែរ។
១១ ពាក្យនេះគួរអោយជឿ គឺថាៈ
ប្រសិនបើយើងរួមស្លាប់ជាមួយព្រះអង្គ
យើងក៏នឹងមានជីវិតរស់
រួមជាមួយព្រះអង្គដែរ។
១២ ប្រសិនបើយើងស៊ូទ្រាំ
យើងនឹងបានគ្រងរាជ្យជាមួយព្រះអង្គ។
ប្រសិនបើយើងបដិសេធមិនទទួលស្គាល់ព្រះអង្គ
ព្រះអង្គក៏នឹងបដិសេធមិនទទួលស្គាល់
យើងវិញដែរ។
១៣ ប្រសិនបើយើងមិនស្មោះត្រង់
ព្រះអង្គនៅតែស្មោះត្រង់ដដែល
ដ្បិតព្រះអង្គពុំអាចបដិសេធព្រះអង្គផ្ទាល់
បានឡើយ។
អ្នកបំរើដែលមានចិត្តស្មោះត្រង់
១៤ អ្នកត្រូវរំលឹកដាស់ តឿនបងប្អូន ទាំងបញ្ជាក់យ៉ាងម៉ឺងម៉ាត់ នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់អោយគេចៀសវាងឈ្លោះប្រកែកគ្នា អំពីពាក្យពេចន៍ព្រោះគ្មានផលប្រយោជន៍អ្វីឡើយ គឺនាំតែកើតអន្តរាយដល់អ្នកស្ដាប់ប៉ុណ្ណោះ។ ១៥ ចូរខំប្រឹងធ្វើយ៉ាង ណា អោយបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងចូលជិតព្រះអង្គក្នុងឋានៈជាកម្មករ ដែលគ្មានអ្វីនាំអោយអៀនខ្មាស ព្រោះខ្លួនបានចែកផ្សាយព្រះបន្ទូលនៃសេចក្ដីពិត យ៉ាងត្រឹមត្រូវ។ ១៦ ត្រូវចៀសវាងពាក្យ ព្រោកប្រាជ្ញដែលគ្មានន័យ គ្មានខ្លឹមសារ ដ្បិតពួកអ្នកចូលចិត្តពាក្យព្រោកប្រាជ្ញបែបនេះ តែងតែឃ្លាតចេញពីព្រះជាម្ចាស់កាន់តែឆ្ងាយទៅៗ។ ១៧ ពាក្យសំដីរបស់ពួកគេ ប្រៀបបីដូចជាដំបៅ ស៊ីរូងកាន់តែជ្រៅទៅៗ ក្នុងចំណោមអ្នកទាំងនោះមានហ៊ីមេណា និង ភីឡេតូស។ ១៨ អ្នកទាំងពីរបាន ឃ្លាតឆ្ងាយពីសេចក្ដីពិត ដោយពោលថា មនុស្សស្លាប់បានរស់ឡើងវិញរួចហើយ គេក៏បានបង្វែរបងប្អូនខ្លះអោយលះបង់ជំនឿ។ ១៩ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ គ្រឹះដ៏មាំដែលព្រះជាម្ចាស់បានចាក់នោះនៅតែស្ថិតស្ថេររឹងប៉ឹងដដែល ហើយនៅលើគ្រឹះនោះមានចារឹកពាក្យជាសញ្ញាសំគាល់ថាៈ
«ព្រះអម្ចាស់ស្គាល់កូនចៅរបស់ព្រះអង្គ»
ហើយ «អ្នកណាប្រកាសថាខ្លួនគោរពព្រះនាមព្រះអម្ចាស់
អ្នកនោះត្រូវតែងាកចេញអោយផុតពីអំពើទុច្ចរិត»។
២០ នៅ ក្នុងផ្ទះមួយដ៏ធំ មិនមែនមានតែគ្រឿងប្រដាប់ធ្វើពីមាស ឬពីប្រាក់ប៉ុណ្ណោះទេ គឺមានគ្រឿងប្រដាប់ធ្វើពីឈើ និងធ្វើពីដីដែរ មួយផ្នែកសំរាប់ប្រើប្រាស់ក្នុងឱកាសពិសេស មួយផ្នែកទៀតសំរាប់ប្រើប្រាស់ជាធម្មតា។ ២១ ដូច្នេះ ប្រសិនបើអ្នកណាម្នាក់ជំរះខ្លួនបានបរិសុទ្ធ ផុតពីអំពើអាក្រក់ទាំងនេះហើយ ព្រះជាម្ចាស់នឹងប្រើអ្នកនោះទុកដូចជាឧបករណ៍វិសេស វិសុទ្ធ*មានប្រយោជន៍ដល់ម្ចាស់ និងប្រើប្រាស់សំរាប់ធ្វើអំពើល្អគ្រប់យ៉ាង។
២២ ចូរគេច ចេញអោយផុតពីតណ្ហានៃយុវវ័យ ហើយខំប្រឹងស្វែងរកសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីសុខសាន្ត ជាមួយអស់អ្នកដែលគោរពព្រះអម្ចាស់ដោយចិត្តបរិសុទ្ធ* នោះវិញ។ ២៣ ចូរចៀសវាងការជជែកវែកញែកដ៏ល្ងីល្ងើផ្ដេសផ្ដាស ត្រូវដឹងថា ការជជែកវែកញែកបែបនេះ បង្កអោយតែមានជម្លោះប៉ុណ្ណោះ ២៤ រីឯអ្នកបំរើរបស់ ព្រះអម្ចាស់ មិនត្រូវអោយមានការឈ្លោះប្រកែកគ្នាឡើយ ផ្ទុយទៅវិញ ត្រូវរួសរាយចំពោះមនុស្សទូទៅ ត្រូវចេះបង្រៀន និងអធ្យាស្រ័យដល់គេ ២៥ ត្រូវមានចិត្ត ស្លូតបូត ប្រដៅពួកអ្នកប្រឆាំង ក្រែងលោព្រះជាម្ចាស់នឹងប្រោសប្រទានអោយគេកែប្រែចិត្តគំនិត ដើម្បីអោយគេបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់ ២៦ ព្រមទាំងភ្ញាក់ស្មារតីឡើងវិញ ហើយដោះខ្លួនរួចពីអន្ទាក់របស់មារ* ដែលបានចាប់ចងគេ បង្ខំអោយធ្វើតាមបំណងរបស់វា។
ជំពូក ៣
ព្រឹត្តិការណ៍នៅគ្រាចុងក្រោយ
១ អ្នកត្រូវដឹងអោយច្បាស់ថា នៅពេលចុងក្រោយបង្អស់ នឹងមានគ្រាលំបាក ២ មនុស្សម្នានឹងមានចិត្ត អាត្មានិយម ស្រឡាញ់ប្រាក់ ក្រអឺតក្រទមអួតខ្លួន ប្រមាថព្រះជាម្ចាស់ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមិលគុណ បំផ្លាញអ្វីៗដែលជាសក្ការៈ ៣ គេជាមនុស្សអត់ចិត្ត គ្មានអធ្យាស្រ័យ និយាយមួលបង្កាច់ មិនចេះទប់ចិត្ត ឃោរឃៅ ស្អប់អំពើល្អ ៤ ជាមនុស្សមានចិត្តក្បត់ ឆាប់ច្រឡោត អួតបំប៉ោង ចូលចិត្តសប្បាយជាជាងស្រឡាញ់ព្រះជាម្ចាស់។ ៥ គេសំដែងអាការៈខាងក្រៅ ជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ ប៉ុន្តែ គេបដិសេធមិនទទួលស្គាល់ឫទ្ធានុភាព ដែលបានមកពីការគោរពប្រណិប័តន៍ព្រះអង្គនោះឡើយ។ ចូរចៀសចេញអោយឆ្ងាយ ពីមនុស្សប្រភេទនេះទៅ។ ៦ ក្នុងចំណោមពួកគេ អ្នកខ្លះបានឆ្លៀតចូលផ្ទះនានា ហើយទាក់យកស្ត្រីឆោតៗ ដែលពោរពេញទៅដោយអំពើបាប ជាស្ត្រីបណ្ដោយខ្លួនទៅតាមតណ្ហាគ្រប់យ៉ាងផង។ ៧ ស្ត្រីៗទាំងនោះរៀនមិនចេះចប់ ហើយនៅតែមិនអាចស្គាល់សេចក្ដីពិតដដែល។ ៨ យ៉ាណែស និងយ៉មប្រែសបានប្រឆាំងនឹងលោកម៉ូសេយ៉ាងណា អ្នកទាំងនេះក៏ប្រឆាំងនឹងសេចក្ដីពិតយ៉ាងនោះដែរ។ ពួកគេជាមនុស្សមានគំនិតខូច ហើយជំនឿរបស់គេឥតបានការអ្វីទាល់តែសោះ។ ៩ គេពុំអាចទៅមុខទៀត បានឆ្ងាយឡើយ ដ្បិតមនុស្សម្នានឹងឃើញគំនិតលេលារបស់គេ ដូចអ្នកនៅពីសម័យដើមបានឃើញគំនិតលេលារបស់យ៉ាណែស និងយ៉មប្រែសដែរ។
ពាក្យរំលឹកដាស់តឿនផ្សេងៗ
១០ ចំពោះអ្នកវិញ អ្នកបានយកចិត្តទុកដាក់ស្ដាប់ខ្ញុំនៅពេលដែលខ្ញុំបង្រៀន អ្នកបានឃើញកិរិយារបស់ខ្ញុំឃើញគំរោងការ ជំនឿ ការអត់ធ្មត់ ការស្រឡាញ់ និងការស៊ូទ្រាំរបស់ខ្ញុំ ១១ អ្នកបានឃើញគេបៀតបៀន ខ្ញុំ និងឃើញទុក្ខលំបាកដែលកើតមានដល់ខ្ញុំ នៅក្រុងអន់ទីយ៉ូក ក្រុងអ៊ីកូញុម និងក្រុងលីស្ដ្រា។ ខ្ញុំបានរងទុក្ខវេទនាដោយគេបៀតបៀនយ៉ាងខ្លាំង ក៏ប៉ុន្តែ ព្រះអម្ចាស់បានរំដោះខ្ញុំអោយរួចផុតទាំងអស់។ ១២ អស់អ្នកដែលចង់រស់នៅ ដោយគោរពប្រណិប័តន៍ព្រះជាម្ចាស់ក្នុងព្រះគ្រីស្ដយេស៊ូ មុខជាត្រូវគេបៀតបៀនដូច្នេះឯង។ ១៣ រីឯមនុស្សអាក្រក់ និងអ្នកបោកប្រាស់វិញ គេចេះតែប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនឡើងៗ ទាំងនាំអ្នកផ្សេងអោយវង្វេង ហើយខ្លួនគេផ្ទាល់ក៏វង្វេងដែរ។
១៤ ចំពោះ អ្នក ត្រូវកាន់តាមសេចក្ដីដែលអ្នកបានរៀន និងយកធ្វើជាគោលជំនឿ អោយខ្ជាប់ខ្ជួនឡើង! អ្នកដឹងច្បាស់ហើយថា អ្នកបានរៀនសេចក្ដីទាំងនេះពីនរណាមក!។ ១៥ អ្នកស្គាល់ព្រះគម្ពីរ តាំងតែពីនៅកុមារម៉្លេះ ហើយព្រះគម្ពីរអាចផ្ដល់អោយអ្នកមានប្រាជ្ញា ដើម្បីនឹងទទួលការសង្គ្រោះ ដោយមានជំនឿលើព្រះគ្រីស្ដយេស៊ូ។ ១៦ គ្រប់អត្ថបទគម្ពីរ សុទ្ធតែព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកបំភ្លឺអោយតែង និងមានប្រយោជន៍សំរាប់បង្រៀន រកខុសត្រូវ កែតម្រង់ និងអប់រំអោយរស់តាមសេចក្ដីសុចរិត ១៧ ក្នុងគោលបំណងអោយ អ្នកបំរើរបស់ព្រះជាម្ចាស់ មានសមត្ថភាព និងប្រុងប្រៀបខ្លួនជាស្រេច ដើម្បីប្រព្រឹត្តអំពើល្អគ្រប់ចំពូក។
ជំពូក ៤
១ ខ្ញុំសុំបញ្ជាក់យ៉ាងម៉ឺងម៉ាត់ នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ និងនៅចំពោះព្រះភក្ត្រព្រះគ្រីស្ដយេស៊ូ ដែលនឹងវិនិច្ឆ័យទោសទាំងមនុស្សរស់ ទាំងមនុស្សស្លាប់ ហើយខ្ញុំសូមបញ្ជាក់ក្នុងព្រះនាមព្រះអង្គ ដែលយាងមកយ៉ាងឱឡារិក ដើម្បីគ្រងរាជ្យនោះថា ២ ចូរប្រកាសព្រះបន្ទូល ព្រមទាំងនិយាយហើយនិយាយទៀត ទោះមានឱកាសល្អក្ដី មិនល្អក្ដី ត្រូវពន្យល់គេអោយដឹងខុសត្រូវ ស្ដីបន្ទោស ដាស់តឿន និងបង្រៀនគេ ដោយចិត្តអត់ធ្មត់គ្រប់ចំពូក ៣ ដ្បិតនឹងមានគ្រាមួយ ដែលមនុស្សលោកមិនព្រមស្ដាប់សេចក្ដីបង្រៀនដ៏ត្រឹមត្រូវទៀតឡើយ ផ្ទុយទៅវិញ គេរកគ្រូមកបង្រៀនតាមទំនើងចិត្តរបស់គេ គ្រាន់តែអោយពីរោះត្រចៀកប៉ុណ្ណោះ។ ៤ គេងាកចេញពីសេចក្ដីពិត ហើយបែរទៅស្ដាប់រឿងព្រេងនិទានវិញ។ ៥ ចំពោះអ្នក អ្នកត្រូវមានស្មារតីរឹងប៉ឹងគ្រប់វិស័យទាំងអស់ ត្រូវស៊ូទ្រាំនឹងទុក្ខលំបាក ត្រូវបំពេញកិច្ចការជាអ្នកផ្សព្វផ្សាយដំណឹងល្អ ព្រមទាំងបំពេញមុខងាររបស់ខ្លួនអោយបានល្អប្រសើរផង។
៦ រីឯខ្ញុំវិញ ខ្ញុំបានបូជាជីវិតរួចស្រេចហើយ ហើយក៏ដល់ពេលកំណត់ ដែលខ្ញុំត្រូវចាកចេញពីលោកនេះដែរ។ ៧ ខ្ញុំបានពុះពារតយុទ្ធល្អប្រសើរ ខ្ញុំបានរត់ដល់ទីដៅ ហើយខ្ញុំនៅតែកាន់ជំនឿជាប់ដដែល។ ៨ ឥឡូវនេះ ព្រះអម្ចាស់ជាចៅក្រមដ៏សុចរិត បានបម្រុងភួងជ័យនៃសេចក្ដីសុចរិតទុកសំរាប់ខ្ញុំ ហើយព្រះអង្គនឹងប្រទានអោយខ្ញុំ នៅថ្ងៃដែលព្រះអង្គយាងមក ទ្រង់មិនត្រឹមតែប្រទានអោយខ្ញុំម្នាក់ប៉ុណ្ណោះទេ គឺប្រទានអោយអស់អ្នកដែលមានចិត្តស្រឡាញ់ ទន្ទឹងរង់ចាំព្រះអង្គយាងមកយ៉ាងឱឡារិកនោះដែរ។
ពាក្យដាស់តឿនផ្សេងៗ
៩ ចូរលៃលកទៅរកខ្ញុំជាប្រញាប់។ ១០ លោកដេម៉ាសបានបោះបង់ចោលខ្ញុំ ព្រោះគាត់ស្រឡាញ់លោកីយ៍នេះ ហើយចេញដំណើរទៅក្រុងថេស្សាឡូនិក។ លោកក្រេស្កែនបានទៅស្រុកកាឡាទី ហើយលោកទីតុសទៅស្រុកដាល់ម៉ាទី។ ១១ មានតែលោកលូកាម្នាក់ ប៉ុណ្ណោះ ដែលនៅជាមួយខ្ញុំ។ ចូរនាំលោកម៉ាកុសទៅជាមួយផង ដ្បិតគាត់អាចជួយបំពេញមុខងាររបស់ខ្ញុំបាន។ ១២ ខ្ញុំបានចាត់លោកទីឃីគូសអោយទៅក្រុងអេភេសូ។ ១៣ ពេលអ្នកចេញទៅ ចូរយកអាវធំដែលខ្ញុំទុកនៅផ្ទះលោកការពូសនៅក្រុងត្រូអាស ព្រមទាំងយកសៀវភៅមកជាមួយផង ជាពិសេសក្រាំងស្បែក។
១៤ លោក អឡិសង់ជាជាងដែក បានធ្វើបាបខ្ញុំយ៉ាងច្រើន។ ព្រះអម្ចាស់នឹងតបស្នងទៅគាត់វិញ តាមអំពើដែលគាត់បានប្រព្រឹត្តនោះ ជាមិនខាន។ ១៥ អ្នកក៏ត្រូវប្រយ័ត្ននឹងគាត់ដែរ ដ្បិតគាត់ប្រឆាំងយ៉ាងខ្លាំងនឹងសេចក្ដីដែលយើងប្រកាស។
១៦ ពេលដែល ខ្ញុំត្រូវឆ្លើយដោះសាខ្លួន នៅលើកទីមួយ គ្មានបងប្អូនណាម្នាក់មកជួយគាំទ្រខ្ញុំទេ គឺគេបោះបង់ចោលខ្ញុំទាំងអស់គ្នា សូមព្រះជាម្ចាស់កុំប្រកាន់ទោសគេឡើយ!។ ១៧ មានតែព្រះអម្ចាស់ ប៉ុណ្ណោះដែលបានគាំទ្រ និងប្រទានអោយខ្ញុំមានកម្លាំង ដើម្បីអោយខ្ញុំអាចប្រកាសព្រះបន្ទូលយ៉ាងក្បោះក្បាយអោយសាសន៍ដទៃ ទាំងអស់គ្នាស្ដាប់។ ព្រះអង្គក៏បានដោះលែងខ្ញុំ អោយរួចពីមាត់សឹង្ហដែរ។ ១៨ ព្រះអម្ចាស់នឹងរំដោះ ខ្ញុំអោយរួចពីការអាក្រក់គ្រប់យ៉ាង ហើយព្រះអង្គនឹងសង្គ្រោះខ្ញុំ ដើម្បីអោយខ្ញុំបានចូលទៅក្នុងព្រះរាជ្យ*របស់ព្រះអង្គនៅស្ថាន បរមសុខ។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!
១៩ សូមជំរាបសួរនាងព្រីស្កាល និងលោកអគីឡាព្រមទាំងក្រុមគ្រួសារលោកអូនេស៊ីភ័រផង។
២០ លោកអេរ៉ាស្ទូស ស្នាក់នៅក្រុងកូរិនថូស ហើយខ្ញុំបានទុកលោកត្រូភីម ដែលឈឺអោយនៅក្រុងមីលេត។
២១ ចូរ លៃលកទៅអោយបានមុនរដូវត្រជាក់ កុំបីខាន។ លោកអឺប៊ូលូស លោកពូដេស្ស លោកលីណូស នាងក្លូឌីយ៉ា និងបងប្អូនឯទៀតៗទាំងអស់ សូមជំរាបសួរមកអ្នក។
២២ សូមព្រះអម្ចាស់គង់នៅជាមួយវិញ្ញាណរបស់អ្នក!
សូមព្រះអង្គប្រណីសន្ដោសដល់បងប្អូនទាំងអស់គ្នា! អាម៉ែន។