លិខិតទី ១ របស់លោកប៉ូលផ្ញើជូន
លោកធីម៉ូថេ
ពាក្យលំនាំ
លោកធីម៉ូថេ ជាកូនរបស់ស្រ្ដីជាតិយូដាម្នាក់ ដែលជាគ្រីស្ដបរិស័ទ ឪពុកគាត់ជាជនជាតិក្រិក។ លោកប៉ូលបានជួបគាត់ជាលើកទីមួយនៅក្រុងលីស្ដ្រានៅពេលលោកធ្វើដំណើរទៅផ្សាយដំណឹងល្អជាលើកទីពីរ (កិច្ចការ ១៦.១-៣)។ តាំងពីពេលនោះមកគាត់ក៏បានទៅជាសហការីដ៏ជិតសិ្នទ្ធរបស់លោកប៉ូលក្នុងការផ្សាយដំណឹងល្អ។
គោលសំខាន់ៗ
លិខិតទីមួយរបស់លោកប៉ូឡផ្ញើជូនលោកធីម៉ូថេ មានគោលសំខាន់ដូចតទៅៈ
ដាស់តឿនព្រះសហគមន៍ឲ្យប្រយ័ត្ននឹងសេចក្ដីបង្រៀនខុសឆ្គងមិនស្របតាមសេចក្ដីពិត។
របៀបចាត់ចែងព្រះសហគមន៍ និង គុណសម្បត្ដិរបស់អ្នកដឹកនាំ។
ពាក្យដាស់តឿនលោកធីម៉ូថេផ្ទាល់អំពីរបៀបបំពេញមុខងាររបស់គាត់។
លោកប៉ូលចាប់ផ្ដើមលិខិតទីពីរ ដោយពាក្យអរព្រះគុណព្រះជាម្ចាស់ចំពោះសេចក្ដីស្រឡាញ់ និង ជំនឿរបស់លោកធីម៉ូថេ។ ដោយយល់ ឃើញថា អ្នកបម្រើដំណឹងល្អតែងតែជួបប្រទះនឹងការលំបាក ឬ ការប្រៀតបៀនផ្សេងៗ លោកប៉ូលបានដាស់តឿនលោកធីម៉ូថេឲ្យប្រកាន់ យកជំហរមាំមួន ហើយតស៊ូប្រយុទ្ធក្នុងការបម្រើព្រះយេស៊ូ ដូចជាទាហានមួយរូបដ៏ស្មោះត្រង់។ លោកក៏បានដាស់តឿនលោកធីម៉ូថេ ឲ្យចៀសវាងនឹងការជជែកវែកញែកអំពីពាក្យពេចន៍ផ្សេងៗ ដែលឥតមានផលប្រយោជន៍អ្វីសោះ ផ្ទុយទៅវិញ ត្រូវកាន់ខ្ជាប់តាមព្រះបន្ទូល ក្នុងគម្ពីរដែលគាត់បានស្គាល់តាំងពីក្មេងមក។ នៅចុងបញ្ចប់លិខិតទីពីរនេះ លោកប៉ូលបានរៀបរាប់អំពីសភាពការណ៍ដ៏លំបាក ដែលលោកកំពុងឆ្លងកាត់ ហើយលោកអរព្រះគុណព្រះអម្ចាស់ ដែលបានជួយគាំពារលោក។
លោកប៉ូលសរសេរលិខិតទីពីរ កាលលោកជាប់ឃុំឃាំងនៅក្រុងរ៉ូម (២.៩) ហើយលោកហាក់ដូចជានៅឯកោ (៤.១០,១៦)។ ពេលនោះ លោកយល់ថា ជីវិតរបស់លោកបានមកដល់តំណាក់កាលចុងក្រោយ ហើយបានជាលោកសរសេរមកផ្ដែផ្ដាំលោកធីម៉ូថេ ព្រោះលោក ស្រឡាញ់គាត់ខ្លាំងណាស់។
លិខិតទី ១ របស់លោកប៉ូលផ្ញើជូន
លោកធីម៉ូថេ
ជំពូក ១
ពាក្យជម្រាបសួរ
១ខ្ញុំ ប៉ូល ជាគ្រីស្តទូតរបស់ព្រះគ្រីស្តយេស៊ូ តាមបញ្ជារបស់ព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើង និងតាមបញ្ជារបស់ព្រះគ្រីស្តយេស៊ូជាទីសង្ឃឹមនៃយើង ២ មកដល់ធីម៉ូថេក ជាកូនដ៏ពិតប្រាកដរបស់ខ្ញុំខាងជំនឿ។ សូមព្រះជាម្ចាស់ជាព្រះបិតានិងព្រះគ្រីស្តយេស៊ូជាព្រះអម្ចាស់នៃយើង ប្រោសប្រណី មេត្តាករុណា និងប្រទានសេចក្ដីសុខសាន្តដល់ប្អូន។
ពាក្យដាស់តឿនឲ្យប្រយ័ត្ន
៣ ពេលខ្ញុំចេញដំណើរទៅស្រុកម៉ាសេដូន ខ្ញុំបានផ្ដែផ្ដាំប្អូនថា ចូរស្នាក់នៅក្រុងអេភេសូនេះ ដើម្បីហាមប្រាមអ្នកខ្លះ កុំឲ្យបង្រៀនសេចក្ដីណាផ្សេងទៀតឡើយ ៤ ហើយក៏កុំឲ្យជាប់ចិត្តទៅលើរឿងព្រេង និងទៅលើបញ្ជីវង្សត្រកូលដ៏វែងអន្លាយនោះដែរ។ រឿងទាំងនេះនាំឲ្យតែមានការជជែកឥតប្រយោជន៍ ជាជាងបង្ហាញអំពីរបៀប ព្រះជាម្ចាស់សង្គ្រោះមនុស្សលោកដោយសារជំនឿ។ ៥ ហេតុដែលខ្ញុំឲ្យហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់ឲ្យគេមានសេចក្ដីស្រឡាញ់មកពីចិត្តបរិសុទ្ធ* មកពីស្មារតីល្អ និងមកពីជំនឿឥតពុតត្បុត។ ៦អ្នកខ្លះបានងាកចេញពីគោលការណ៍នេះហើយក៏ត្រូវវង្វេងវង្វាន់ បែរទៅនិយាយពាក្យសំដីឥតខ្លឹមសារ ៧ គេចង់តាំងខ្លួនជាធម្មាចារ្យ តែគេមិនយល់ទាំងពាក្យដែលខ្លួននិយាយ ទាំងសេចក្ដីដែលខ្លួនបញ្ជាក់ថាពិតនោះផង។
៨យើងដឹងហើយថា ធម្មវិន័យ*ល្អប្រសើរលុះត្រាតែយើងប្រើធម្មវិន័យ ដើម្បីឲ្យស្គាល់អំពើល្អអំពើអាក្រក់។ ៩យើងតោងដឹងទៀតថាធម្មវិន័យ មិនមែនចែងទុកសម្រាប់មនុស្សសុចរិត*ទេ គឺសម្រាប់មនុស្សល្មើសបទវិន័យមនុស្សមិនស្ដាប់បង្គាប់មនុស្ស មិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ មនុស្សបាប ពួកអ្នកបំផ្លាញនិងប្រមាថទីសក្ការៈ ពួកអ្នកសម្លាប់ឪពុកម្តាយ សម្លាប់គេ ១០ពួកប្រាសចាកសីលធម៌ ពួករួមសង្វាសនឹងភេទដូចគ្នា ពួកឈ្មួញមនុស្ស ពួកកុហក ពួកស្បថ បំពាន និង ពួកអ្នកដែលប្រព្រឹត្តអ្វីៗ ប្រឆាំងនឹងសេចក្ដីប្រៀនប្រដៅដ៏ត្រឹមត្រូវ ១១ ស្របតាមដំណឹងល្អស្ដីអំពីព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង និងសុភមង្គលជាដំណឹងល្អ ដែលព្រះអង្គបានផ្ញើទុកនឹងខ្ញុំ។
ព្រះហឫទ័យសប្បុរសរបស់ព្រះជាម្ចាស់
១២ ខ្ញុំសូមអរព្រះគុណ ព្រះគ្រីស្តយេស៊ូជាអម្ចាស់នៃយើង ដែលបានប្រទានកម្លាំងមកខ្ញុំ ទ្រង់បានរាប់ខ្ញុំជាមនុស្សគួរឲ្យទុកចិត្ត ហើយតែងតាំងខ្ញុំឲ្យបម្រើព្រះអង្គ។ ១៣ ទោះបីពីដើមខ្ញុំធ្លាប់ប្រមាថបៀតបៀន និងប្រព្រឹត្តអំពើឃោរឃៅក៏ដោយក៏ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដល់ខ្ញុំដែរ ព្រោះកាលណោះខ្ញុំគ្មានជំនឿ ហើយមិនយល់កិច្ចការដែលខ្ញុំប្រព្រឹត្ត។ ១៤ប៉ុន្តែ ព្រះអម្ចាស់នៃយើងមានព្រះហឫទ័យប្រោសប្រណីខ្ញុំ ច្រើនពន់ប្រមាណ ទ្រង់ប្រោសប្រទានឲ្យខ្ញុំមានជំនឿ និងមានសេចក្ដីស្រឡាញ់ ដោយរួមក្នុងអង្គព្រះគ្រីស្តយេស៊ូ។ ១៥ ពាក្យនេះគួរឲ្យជឿហើយសមនឹងទទួលយកទាំងស្រុង គឺថាព្រះគ្រីស្តយេស៊ូបានយាងមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាបដូចរូបខ្ញុំនេះជាអាទិ។ ១៦ ព្រះជាម្ចាស់ទ្រង់មានព្រះហឫទ័យមេត្តា ករុណា ចំពោះខ្ញុំដូច្នេះដើម្បីឲ្យព្រះគ្រីស្តយេស៊ូ សម្ដែងព្រះហឫទ័យអត់ធ្មត់គ្រប់ចំពូក ដល់ខ្ញុំមុនគេ ទុកជាឧទាហរណ៍សម្រាប់អស់អ្នក ដែលនឹងជឿលើព្រះអង្គ ហើយទទួលជីវិតអស់កល្បជានិច្ច។
១៧សូមឲ្យព្រះមហាក្សត្រ ដែលគ្រងរាជ្យគ្រប់កល្បជាព្រះជាម្ចាស់តែមួយព្រះអង្គ មានព្រះជន្មមិនចេះសាបសូន្យ ដែលមនុស្សមើលពុំឃើញ បានប្រកបដោយព្រះកិត្តិនាម និង សិរីរុងរឿងអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!
១៨ ធីម៉ូថេកូនអើយ! ខ្ញុំផ្ដាំផ្ញើមកដូច្នេះ ស្របតាមពាក្យដែលគេបានអធិដ្ឋានលើកូន។ សូមពឹងលើពាក្យទាំងនេះ ដើម្បីពុះពារតយុទ្ធឲ្យបានល្អប្រសើរ ១៩ ដោយមានជំនឿនិងមានមានស្មារតីនឹងន។ អ្នកខ្លះលះបង់ស្មារតីល្អបែបនេះបណ្ដាលឲ្យជំនឿរបស់គេលិចលង់។ ២០ ក្នុងចំណោមអ្នកទាំងនោះ មានហ៊ីមេណានិងអឡិចសង់ជាដើម។ ខ្ញុំបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់មារសាតាំងដើម្បីឲ្យគេរៀនឈប់ប្រមាថព្រះជាម្ចាស់ទៀត។
ពាក្យទូន្មានក្នុងការទូលអង្វរព្រះជាម្ចាស់
ជំពូក ២
១ ជាបឋម ខ្ញុំសូមផ្ដែផ្ដាំឲ្យទូលសូមព្រះជាម្ចាស់ អធិដ្ឋាន*និងអង្វរព្រះអង្គទាំងអរព្រះគុណ សម្រាប់មនុស្សទាំងអស់ផង។ ២ សម្រាប់ស្ដេច និងអ្នកកាន់អំណាចគ្រប់ៗរូប ដើម្បីឲ្យយើងរស់នៅបានសុខក្សេមក្សាន្តគ្មានចលាចលទាំងគោរពប្រណិប័តន៍ព្រះជាម្ចាស់ អស់ពីចិត្តនិងមានជីវិតថ្លៃថ្នូរ។ ៣ នេះហើយជាការល្អ និងគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់យើង ៤ ដែលទ្រង់សព្វព្រះហឫទ័យឲ្យមនុស្សទាំងអស់បានទទួលការសង្គ្រោះ និងបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់
៥មានព្រះជាម្ចាស់តែមួយ មានស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់និង មនុស្សលោក ជាមនុស្សម្នាក់ គឺព្រះគ្រីស្តយេស៊ូ។ ៦ព្រះអង្គបានបូជាព្រះជន្ម ដើម្បីលោះមនុស្សទាំងអស់។
នេះជាសក្ខីភាពមួយ ដែលព្រះអង្គបានបង្ហាញ នៅពេលកំណត់ ៧ ព្រះអង្គបានតែងតាំងខ្ញុំ ឲ្យប្រកាសសក្ខីភាពនេះ ឲ្យខ្ញុំធ្វើជាគ្រីស្តទូត* ព្រមទាំងធ្វើជាគ្រូអប់រំសាសន៍ដទៃអំពីជំនឿ និងអំពីសេចក្ដីពិត។ ខ្ញុំនិយាយពិត ឥតកុហកទេ។
៨ ហេតុនេះហើយ បានជានៅគ្រប់ទីកន្លែងខ្ញុំចង់ឲ្យបុរសៗអធិដ្ឋាន*ទាំងលើកដៃឡើងលើ ដោយចិត្តបរិសុទ្ធ ឥតមានកំហឹង ឬប្រកែកគ្នាឡើយ។
៩ ខ្ញុំក៏ចង់ឲ្យស្ត្រីៗស្លៀកពាក់ បែបសមរម្យរាបសា មិនសង្ហារ។ នាងមិនត្រូវតែងខ្លួនដោយក្រងសក់ឲ្យឆើតឆាយហួស ឬដោយពាក់មាសពេជ្រ និងគ្រឿងអលង្ការថ្លៃៗឡើយ ១០ តែត្រូវតុបតែងខ្លួន ដោយអំពើល្អឲ្យបានសមរម្យ ជាស្ត្រីដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់វិញ។ ១១ នៅពេលរៀន ស្ត្រីៗត្រូវនៅស្ងៀម ហើយស្ដាប់បង្គាប់ទាំងស្រុង។ ១២ខ្ញុំមិនអនុញ្ញាតឲ្យស្ត្រីណាបង្រៀន ឬត្រួតត្រាលើប្ដីឡើយគឺឲ្យនាងនៅស្ងៀមវិញ ១៣ ដ្បិតព្រះជាម្ចាស់បានសូនលោកអដាំជាមុន រួចបង្កើតនាងអេវ៉ាតាមក្រោយ។ ១៤ មិនមែនលោកអដាំទេដែលចាញ់បោកមារ គឺនាងអេវ៉ាវិញទេតើដែលចាញ់បោកហើយរំលោភលើបញ្ញត្តិ របស់ព្រះជាម្ចាស់ទៀតផង។ ១៥ ក៏ប៉ុន្តែ ព្រះអង្គសង្គ្រោះស្ត្រីមកពីនាងបង្កើតកូន លុះត្រាតែនាងមានជំនឿខ្ជាប់ខ្ជួនមានចិត្តស្រឡាញ់ មានកិរិយាវិសុទ្ធ* និងសុភាពរាបសាផង។
ជំពូក ៣
អ្នកដឹកនាំព្រះសហគមន៍
១ ពាក្យនេះគួរឲ្យជឿ គឺថា ប្រសិនបើបងប្អូនណាម្នាក់ ចង់បានមុខងារជាអភិបាលគាត់មានបំណងបំពេញមុខងារ ដ៏ប្រសើរហើយ។ ២ អ្នកអភិបាល ត្រូវមានគុណសម្បត្តិល្អឥតខ្ចោះ ត្រូវមានភរិយាតែមួយប៉ុណ្ណោះខ មិនស្រវឹងស្រា មានចិត្តធ្ងន់ មានកិរិយាមារយាទល្អ ចេះទទួលភ្ញៀវ ចេះបង្រៀន ៣ មិនចំណូលស្រាមិនចេះឈ្លោះប្រកែក គឺមានចិត្តសប្បុរស មិនចេះរករឿង មិនស្រឡាញ់ប្រាក់ឡើយ។ ៤ គាត់ត្រូវចេះមើលខុសត្រូវ លើក្រុមគ្រួសាររបស់គាត់ផ្ទាល់ព្រមទាំងឲ្យកូនចៅរបស់គាត់ ចេះស្ដាប់បង្គាប់និងមានកិរិយាថ្លៃថ្នូរទាំងស្រុង ៥ ព្រោះថាប្រសិនបើមនុស្សម្នាក់ មិនចេះមើលខុសត្រូវលើក្រុមគ្រួសាររបស់ខ្លួនផងធ្វើម្ដេចនឹងឲ្យគាត់មើលខុសត្រូវលើព្រះសហគមន៍* របស់ព្រះជាម្ចាស់កើត!។ ៦ មិនត្រូវឲ្យអ្នកដែលទើបនឹងជឿធ្វើជាអភិបាលឡើយ ក្រែងលោគាត់អួតបំប៉ោង ហើយទៅជាមានទោសដូចមារ*។ ៧ មួយវិញទៀត អ្នកអភិបាលត្រូវតែមានកេរ្តិ៍ឈ្មោះល្អ ពីសំណាក់អស់អ្នក ដែលនៅក្រៅព្រះសហគមន៍ផងដែរ ក្រែងគេប្រមាថមើលងាយ ហើយគាត់ធ្លាក់ទៅក្នុងអន្ទាក់របស់មារ។
ឧបដ្ឋាក
៨ រីឯឧបដ្ឋាក*វិញ ក៏ដូច្នោះដែរត្រូវតែមានកិរិយាថ្លៃថ្នូរនិយាយពាក្យសច្ចៈមិនចំណូលស្រាជ្រុល មិនរកប្រាក់តាមរបៀបថោកទាប។ ៩គាត់ត្រូវកាន់តាមជំនឿ ដែលព្រះជាម្ចាស់បានសម្ដែងមកគ ដោយស្មារតីបរិសុទ្ធ។ ១០ ត្រូវល្បងមើលចិត្តគេជាមុនសិន ប្រសិនបើមិនឃើញមានទាស់ត្រង់ណាទេនោះ ទុកឲ្យគេបំពេញមុខងារជាឧបដ្ឋាកទៅចុះ។
១១ចំពោះឧបដ្ឋាយិកាវិញឃ ក៏ដូច្នោះដែរ ត្រូវតែមានកិរិយាថ្លៃថ្នូរ មិនចេះនិយាយដើមគេ មិនស្រវឹងស្រា និងមានចិត្តស្មោះត្រង់ក្នុងគ្រប់កិច្ចការទាំងអស់។
១២ឧបដ្ឋាកត្រូវស្រឡាញ់ភរិយា ដោយចិត្តស្មោះង ហើយចេះមើលខុសត្រូវកូនចៅ និងក្រុមគ្រួសាររបស់ខ្លួនឯងផ្ទាល់ផង១៣ ដ្បិតបងប្អូនណាបំពេញមុខងារជាឧបដ្ឋាកបានល្អនឹងបានទទួលកិត្តិយស ព្រមទាំងមានចិត្តអង់អាចមុះមុតដោយអាងលើជំនឿ ក្នុងអង្គព្រះគ្រីស្តយេស៊ូ។
លទ្ធិដ៏អស្ចារ្យ
១៤ខ្ញុំសរសេរសេចក្ដីទាំងនេះ ទាំងសង្ឃឹមថានឹងបានមកជួបប្អូនក្នុងពេលឆាប់ៗ ១៥ ក៏ប៉ុន្តែបើខ្ញុំក្រមកដល់ សេចក្ដីទាំងនេះនឹងជួយអ្នកឲ្យដឹងរបៀបដែលត្រូវប្រព្រឹត្ត ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ គឺក្នុងព្រះសហគមន៍*របស់ព្រះដ៏មានព្រះជន្មគង់នៅ។ ព្រះសហគមន៍នេះជាសសរនិងជាគ្រឹះទ្រទ្រង់សេចក្ដីពិត។ ១៦លទ្ធិដ៏អស្ចារ្យនៃសាសនាយើង ពិតជាប្រសើរណាស់ គឺថា៖
ព្រះជាម្ចាស់បានសម្ដែងការសង្គ្រោះដោយសារព្រះគ្រីស្តក្នុងឋានៈជាមនុស្ស
ព្រះវិញ្ញាណប្រោសព្រះគ្រីស្តឲ្យបានសុចរិត*ព្រះគ្រីស្តសម្ដែងព្រះអង្គឲ្យក្រុមអ្នកនាំសារឃើញ អស់លោកប្រកាសដំណឹងល្អអំពីព្រះគ្រីស្តក្នុងចំណោមជាតិសាសន៍នានា
មនុស្សក្នុងពិភពលោកបានជឿលើព្រះអង្គ
ព្រះជាម្ចាស់លើកព្រះគ្រីស្តឡើង
ឲ្យរួមក្នុងសិរីរុងរឿងរបស់ព្រះអង្គ។
ជំពូក ៤
គ្រូក្លែងក្លាយ
១ ព្រះវិញ្ញាណ មានព្រះបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងក្រោយនឹងមានអ្នកខ្លះបោះបង់ចោលជំនឿ ទៅជាប់ចិត្តនឹងវិញ្ញាណបោកបញ្ឆោត ហើយទៅជាប់ចិត្តនឹងសេចក្ដីប្រៀនប្រដៅរបស់អារក្សវិញ។ ២ គេនឹងចាញ់បោកពុតត្បុត របស់មេបោកប្រាស់។ ស្មារតីរបស់អ្នកទាំងនោះ ជាប់ជាខ្ញុំបម្រើរបស់អារក្ខច។ ៣ ពួកគេនឹងហាមប្រាមមិនឲ្យយកប្ដីប្រពន្ធ មិនឲ្យបរិភោគអាហារខ្លះ ដែលព្រះជាម្ចាស់បានប្រតិស្ឋានមក ដើម្បីឲ្យអ្នកជឿ ដែលស្គាល់សេចក្ដីពិតយ៉ាងច្បាស់បរិភោគទាំងអរព្រះគុណផង។ ៤ សត្វលោកទាំងអស់ដែលព្រះជាម្ចាស់បានប្រតិស្ឋានមក សុទ្ធតែល្អទាំងអស់។ ប្រសិនបើយើងទទួលទានទាំងអរព្រះគុណវិញ មិនត្រូវចោលអាហារណាមួយឡើយ ៥ ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពាក្យអធិដ្ឋាន ធ្វើឲ្យអាហារទាំងអស់ទៅជាវិសុទ្ធហើយ។
អ្នកបម្រើដ៏ល្អរបស់ព្រះអម្ចាស់
៦ ចូរយកសេចក្ដីទាំងនេះទៅពន្យល់បងប្អូនទើបបងប្អូនពិតជាបម្រើព្រះគ្រីស្តយេស៊ូយ៉ាងល្អប្រសើរ ស្របតាមពាក្យនៃជំនឿ និងសេចក្ដីបង្រៀនដ៏ល្អ ដែលបងប្អូនបានរៀនយ៉ាងដិតដល់នោះមែន។ ៧ កុំលះបង់រឿងព្រេងដ៏ឥតខ្លឹមសាររបស់យាយចាស់ៗចោលចេញ ហើយត្រូវបែរមក ហាត់គោរពប្រណិប័តន៍ព្រះជាម្ចាស់វិញ។ ៨ ការហាត់ប្រាណមានប្រយោជន៍តែបន្តិចបន្តួចប៉ុណ្ណោះ រីឯការគោរពប្រណិប័តន៍ព្រះជាម្ចាស់វិញ មានប្រយោជន៍គ្រប់ជំពូកទាំងអស់ ហើយផ្ដល់ជីវិតនាបច្ចុប្បន្នកាល និងជីវិតទៅអនាគតកាល តាមព្រះបន្ទូលសន្យា។៩ ពាក្យដូចតទៅនេះគួរឲ្យជឿ សមនឹងទទួលយកទាំងស្រុង គឺថា៖ ១០យើងធ្វើការនឿយហត់ យើងខំប្រឹងតយុទ្ធ មកពីយើងសង្ឃឹមលើព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ ព្រះអង្គជាព្រះសង្គ្រោះរបស់មនុស្សលោកទាំងអស់ ជាពិសេសរបស់អ្នកជឿ។ ១១ប្អូនត្រូវដាស់តឿននិងបង្រៀនសេចក្ដីទាំងនេះ។ ១២កុំបណ្ដោយឲ្យនរណាមើលងាយប្អូន ព្រោះប្អូននៅក្មេង ផ្ទុយទៅវិញ ក្នុងការនិយាយស្ដីក្ដី កិរិយាមារយាទក្ដីចិត្តស្រឡាញ់ក្ដី ជំនឿក្ដី និងចិត្តបរិសុទ្ធក្ដីត្រូវធ្វើជាគំរូដល់អស់អ្នកជឿ។
១៣ ចូរយកចិត្តទុកដាក់អានគម្ពីរ យកចិត្តទុកដាក់ដាស់តឿន និងបង្រៀនបងប្អូនកុំខានទម្រាំខ្ញុំមកដល់។ ១៤កុំធ្វេសប្រហែសនឹងព្រះអំណោយទានដែលស្ថិតនៅក្នុងប្អូន គឺជាព្រះអំណោយទានដែលប្អូនបានទទួល នៅពេលគេបានអធិដ្ឋានឲ្យប្អូន និងដោយក្រុមអាចារ្យ*បានដាក់ដៃ*លើប្អូន ១៥ ត្រូវយកចិត្តទុកដាក់បំពេញមុខងារនេះ និងព្យាយាមតទៅមុខទៀតដើម្បីឲ្យគ្រប់គ្នាឃើញថា ប្អូនពិតជាចម្រើនឡើងមែន។ ១៦ត្រូវប្រយ័ត្នលើខ្លួនឯង ប្រយ័ត្ននឹងសេចក្ដីដែលប្អូនបង្រៀន។ ដោយព្យាយាមធ្វើដូច្នេះប្អូននឹងសង្គ្រោះទាំងខ្លួនប្អូនផង ទាំងបងប្អូនដែលស្ដាប់ប្អូនផង។
ជំពូក ៥
ដំបូន្មានស្ដីអំពីការមើលខុសត្រូវលើអ្នកជឿ
១ ចំពោះមនុស្សចាស់ កុំស្ដីបន្ទោសតឹងរ៉ឹងពេក តែត្រូវទូន្មានគាត់ទុកដូចជាឪពុក ត្រូវទូន្មានក្មេងៗទុកដូចជាប្អូន ២ ទូន្មានស្ត្រីចាស់ៗទុកដូចជាម្ដាយ និងស្ត្រីក្មេងៗទុកដូចជាប្អូនស្រីដោយចិត្តបរិសុទ្ធទាំងស្រុង។
៣ត្រូវជួយស្ត្រីមេម៉ាយឆណា ដែលគ្មានទីពឹងជ។ ៤ ប្រសិនបើស្ត្រីមេម៉ាយណាមានកូន ឬមានចៅ ត្រូវឲ្យកូនចៅទាំងនោះរៀនបំពេញករណីយកិច្ចរបស់ខ្លួនចំពោះក្រុមគ្រួសារ និងចេះសងគុណឪពុកម្ដាយ នេះជាការដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់។ ៥ ចំពោះស្ត្រីមេម៉ាយណាដែលគ្មានទីពឹង រស់នៅតែម្នាក់ឯងស្ត្រីមេម៉ាយនោះសង្ឃឹមលើព្រះជាម្ចាស់ហើយព្យាយាមទូលអង្វរ និងអធិដ្ឋាន*ទាំងយប់ទាំងថ្ងៃ។ ៦ រីឯស្ត្រីមេម៉ាយណាដែលគិតតែពីស្រើបស្រាលថ្វីដ្បិតតែនៅរស់ក៏ដោយក៏ហាក់ដូចជាស្លាប់ដែរ។ ៧ប្អូនត្រូវដាស់តឿននាង តាមសេចក្ដីទាំងនេះ ដើម្បីកុំឲ្យនាងមានកំហុស។ ៨ អ្នកណាមិនរវល់ថែទាំសាច់ញាតិរបស់ខ្លួន ជាពិសេសមិនថែទាំអ្នក ដែលនៅក្នុងក្រុមគ្រួសាររបស់ខ្លួនផ្ទាល់ អ្នកនោះបានក្បត់ជំនឿរបស់ខ្លួន ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។
៩ ស្ត្រីដែលអ្នកត្រូវរាប់បញ្ចូល ទៅក្នុងបញ្ជីស្ត្រីមេម៉ាយ តោងមានអាយុពីហុកសិបឆ្នាំឡើងទៅ ហើយធ្លាប់មានប្ដីតែមួយប៉ុណ្ណោះ។ ១០ គាត់ត្រូវមានឈ្មោះថាបានប្រព្រឹត្តអំពើល្អ គឺបានអប់រំចិញ្ចឹមកូនចៅ បានទទួលភ្ញៀវ បានលាងជើងជូនជនដ៏វិសុទ្ធ* បានជួយធុរៈអ្នកដែលមានទុក្ខលំបាក និងយកចិត្តទុកដាក់ប្រព្រឹត្តអំពើល្អសព្វបែបយ៉ាង។
១១ចំពោះស្ត្រីមេម៉ាយដែលនៅក្មេងវិញ កុំចុះក្នុងបញ្ជីឡើយ ដ្បិតនៅពេលដែលនាងស្រើបស្រាលចង់បានប្ដីទៀតនោះ នាងមុខជាដាច់ចេញពីព្រះគ្រីស្តមិនខាន ១២ហើយបណ្ដាលឲ្យខ្លួនមានទោស ដោយផ្ដាច់ពាក្យដែលខ្លួនបានសន្យាពីមុននោះ។ ១៣ម្យ៉ាងវិញទៀត ពួកនាងមិនធ្វើការអ្វីទេ គឺមានទម្លាប់ដើរពីផ្ទះមួយទៅផ្ទះមួយ។ ពួកនាងមិនគ្រាន់តែអត់ធ្វើអ្វីប៉ុណ្ណោះទេ គឺថែមទាំងនិយាយប៉ប៉ាច់ប៉ប៉ោច និយាយបេះបួយ និងនិយាយពីការផ្សេងៗដែលមិនត្រូវនិយាយ។ ១៤ហេតុនេះ ខ្ញុំចង់ឲ្យស្ត្រីមេម៉ាយ ដែលនៅក្មេងរៀបការសាជាថ្មី ឲ្យមានកូនចៅ និងមើលការខុសត្រូវក្នុងផ្ទះរបស់ខ្លួន ដើម្បីកុំឲ្យអ្នកប្រឆាំងមានឱកាសចាប់កំហុសបានឡើយ ១៥ ដ្បិតមាននាងខ្លះបានឃ្លាតចាកពីមាគ៌ាល្អ បែរទៅតាមមារ*សាតាំងរួចទៅហើយ។ ១៦ប្រសិនបើស្ត្រីម្នាក់ ជាអ្នកជឿ មានស្ត្រីមេម៉ាយខ្លះ ក្នុងក្រុមញាតិរបស់គាត់ គាត់ត្រូវជួយទំនុកបម្រុងនាងទាំងនោះផង មិនត្រូវទុកឲ្យព្រះសហគមន៍* ពិបាកផ្គត់ផ្គង់នាងឡើយ ធ្វើដូច្នេះព្រះសហគមន៍អាចនឹងជួយទំនុកបម្រុងស្ត្រីមេម៉ាយដែលគ្មានទីពឹងវិញ។
១៧ អាចារ្យ*ទាំងឡាយណា នាំមុខព្រះសហគមន៍យ៉ាងល្អប្រពៃ ត្រូវលើកកិត្តិយសគាត់ មួយទ្វេជាពីរឈជាពិសេសចំពោះអាចារ្យណាដែលនឿយហត់ប្រកាសព្រះបន្ទូល និងបង្រៀនគេ ១៨ដ្បិតមានចែងទុកក្នុងគម្ពីរថា «កុំឃ្លុំមាត់គោ នៅពេលបញ្ជាន់ស្រូវឡើយ»ញហើយ «កម្មករត្រូវតែទទួលប្រាក់ឈ្នួល»ដ។១៩ បើមានគេចោទប្រកាន់អាចារ្យណាម្នាក់ កុំទទួលពាក្យចោទរបស់គេឲ្យសោះ លើកលែងតែមានសាក្សីពីរ ឬ បីនាក់។ ២០បើមានបងប្អូនណាប្រព្រឹត្តអំពើបាប ចូរបន្ទោសអ្នកទាំងនោះនៅមុខគេឯងទាំងអស់គ្នា ដើម្បីឲ្យបងប្អូនឯទៀតៗខ្លាចដែរ។
២១ ខ្ញុំសុំបង្គាប់ប្អូន នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ នៅចំពោះព្រះភក្ត្រព្រះគ្រីស្តយេស៊ូ និងនៅចំពោះមុខទេវទូត* ដែលព្រះអង្គបានជ្រើសរើសថា ចូរធ្វើតាមពាក្យដែលខ្ញុំផ្ដែផ្ដាំទាំងនេះ ដោយឥតកាន់ជើង ឬរើសមុខបងប្អូនណាឡើយ។ ២២កុំប្រញាប់ដាក់ដៃតែងតាំងអ្នកណាម្នាក់ពេក ដើម្បីកុំឲ្យចូលរួមក្នុងអំពើបាបរបស់អ្នកនោះ។ ចូររក្សាខ្លួនឲ្យបានបរិសុទ្ធ*។ ២៣ ដោយប្អូនមានជំងឺជាញឹកញាប់ កុំពិសាតែទឹកទៀតឡើយចូរពិសាស្រាខ្លះៗផងទៅ ដើម្បីឲ្យស្រានោះជួយរំលាយអាហារ។ ២៤ អំពើបាបរបស់អ្នកខ្លះ បានលេចមកឲ្យគេឃើញច្បាស់ មុនពេលវិនិច្ឆ័យទោស តែអំពើបាបរបស់អ្នកខ្លះទៀតនឹងលេចមកនៅពេលក្រោយ។ ២៥ រីឯអំពើល្អក៏នឹងលេចមក ឲ្យគេឃើញយ៉ាងច្បាស់ដូច្នោះដែរ ហើយសូម្បីតែអំពើល្អដែលមិនទាន់លេចមកក៏ពុំអាចនៅលាក់កំបាំងបានឡើយ។
ជំពូក ៦
១ ចំពោះបងប្អូនដែលជាទាសករ ត្រូវគោរពម្ចាស់របស់ខ្លួន ទុកដូចជាមនុស្ស ដែលសមនឹងទទួលកិត្តិយសគ្រប់យ៉ាង ដើម្បីកុំឲ្យនរណាម្នាក់និយាយមួលបង្កាច់ព្រះនាម នៃព្រះជាម្ចាស់ និងមួលបង្កាច់សេចក្ដីបង្រៀនរបស់យើងបានឡើយ។២បងប្អូនទាំងឡាយណាមានម្ចាស់ជាអ្នកជឿ មិនត្រូវធ្វេសប្រហែសក្នុងការគោរពគាត់ដោយយល់ថា គាត់ជាបងប្អូននោះឡើយ ផ្ទុយទៅវិញត្រូវបម្រើម្ចាស់ទាំងនោះឲ្យរឹតតែប្រសើរឡើងថែមទៀត ដោយយល់ថា អ្នកដែលទទួលការបម្រើដ៏ល្អនេះ គឺជាអ្នកជឿ និងជាបងប្អូនដ៏ជាទីស្រឡាញ់។
អំពីសេចក្ដីបង្រៀនក្លែងក្លាយ
ប្អូនត្រូវបង្រៀន និងដាស់តឿនគេតាមសេចក្ដីទាំងនេះ។ ៣ ប្រសិនបើមាននរណាម្នាក់បង្រៀនសេចក្ដីណាផ្សេងទៀត ហើយមិនយកចិត្តទុកដាក់នឹងព្រះបន្ទូល ដ៏ត្រឹមត្រូវរបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង និងមិនយកចិត្តទុកដាក់នឹងសេចក្ដីបង្រៀន ស្របតាមការគោរពប្រណិប័តន៍ព្រះជាម្ចាស់ទេនោះ ៤អ្នកនោះជាមនុស្សអួតបំប៉ោងគ្មានដឹងអ្វីទាំងអស់។ គេដូចជាមានជំងឺ ចេះតែជជែកវែកញែក និងឈ្លោះប្រកែកអំពីពាក្យពេចន៍។ការទាំងនេះបង្កឲ្យតែមានការច្រណែនឈ្នានីស ការបាក់បែក ការជេរប្រមាថ ការមិនទុកចិត្តគ្នា ៥ និងនាំឲ្យអស់អ្នកដែលមានគំនិតខូច គ្មានសេចក្ដីពិតក្នុងខ្លួន ជជែកតវ៉ាមិនចេះចប់មិនចេះហើយ។ ពួកគេចាត់ទុកថា ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ជាមធ្យោបាយរកទ្រព្យសម្បត្តិ។ ៦ ចំពោះអ្នកដែលចេះស្កប់ចិត្តនឹងអ្វីដែលខ្លួនមាន ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ ពិតជាមធ្យោបាយដ៏ប្រសើរ ដើម្បីរកទ្រព្យសម្បត្តិមែន! ៧ ដ្បិតយើងពុំបានយកអ្វី ចូលមកក្នុងលោកនេះ ហើយយើងក៏ពុំអាចយកអ្វី ចេញពីលោកនេះទៅបានដែរ!។ ៨ដូច្នេះប្រសិនបើយើងមានម្ហូបអាហារ មានសម្លៀកបំពាក់នោះ យើងស្កប់ចិត្តហើយ។ ៩ រីឯអស់អ្នកដែលចង់មាន ចង់បានរមែងតែងតែចាញ់ការល្បួង ជាប់អន្ទាក់ ដោយចិត្ចំណងតណ្ហាដ៏លេលា និងចង្រៃជាច្រើនដែលពន្លិចមនុស្សឲ្យវិនាសអន្តរាយ ១០ ដ្បិតការស្រឡាញ់ប្រាក់ ជាឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង។ ដោយបណ្ដោយខ្លួនឲ្យស្រឡាញ់ប្រាក់ដូច្នេះ បងប្អូនខ្លះបានវង្វេងចេញឆ្ងាយពីជំនឿ ព្រមទាំងធ្វើបាបខ្លួនឯងឲ្យវេទនា ឈឺផ្សាជាច្រើនថែមទៀតផង។
ពាក្យដាស់តឿនចុងបញ្ចប់
១១ ចំពោះប្អូន ជាអ្នកបម្រើរបស់ព្រះជាម្ចាស់វិញ ត្រូវគេចចេញពីការទាំងនេះ។ ចូរស្វែងរកសេចក្ដីសុចរិត ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ ជំនឿ សេចក្ដីស្រឡាញ់ ចិត្តអត់ធ្មត់ ចិត្តស្លូតបូត។១២ ត្រូវពុះពារតយុទ្ធសម្រាប់ជំនឿឲ្យបានល្អប្រសើរ ហើយឈោងចាប់យកជីវិតអស់កល្បជានិច្ច ដ្បិតព្រះជាម្ចាស់បានត្រាស់ហៅប្អូនមក ឲ្យទទួលជីវិតអស់កល្បជានិច្ចនេះ ដូចប្អូនបានទទួលស្គាល់ ក្នុងពេលប្រកាសជំនឿយ៉ាងល្អប្រពៃ នៅចំពោះមុខមនុស្សជាច្រើនដែលជាសាក្សី។ ១៣ នៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ដែលប្រទានឲ្យអ្វីៗទាំងអស់មានជីវិត និងនៅចំពោះព្រះភ័ក្រ្តព្រះគ្រីស្តយេស៊ូ ដែលបានផ្ដល់សក្ខីភាព ដោយប្រកាសជំនឿយ៉ាងល្អប្រពៃ នៅមុខលោកប៉ុនពីឡាត ខ្ញុំសុំដាស់តឿនប្អូនថា ១៤ ចូរប្រតិបត្តិតាមវិន័យឲ្យបានល្អឥតខ្ចោះ ឥតកំហុស រហូតដល់ពេលព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើងសម្ដែងព្រះអង្គ១៥ គឺព្រះជាម្ចាស់នឹងបង្ហាញព្រះគ្រីស្ត នៅពេលកំណត់។
ព្រះជាម្ចាស់ប្រកបដោយសុភមង្គល មានតែព្រះអង្គមួយគត់ ដែលជាព្រះអធិបតី ព្រះអង្គជាព្រះមហាក្សត្រធំលើសមហាក្សត្រនានាជាព្រះអម្ចាស់ធំលើសអម្ចាស់នានា។
១៦មានតែព្រះអង្គមួយគត់ដែលមានព្រះជន្មអមត ព្រះអង្គគង់នៅក្នុងពន្លឺ ដែលគ្មាននរណាអាចចូលជិតបានឡើយ ហើយក៏គ្មានមនុស្សណាបានឃើញ និង អាចឃើញព្រះអង្គបានដែរសូមលើកតម្កើងព្រះកិត្តិនាម និង ព្រះចេស្តារបស់ព្រះអង្គអស់កល្បជានិច្ច! អាម៉ែន!
១៧ ចូរដាស់តឿនពួកអ្នកមាន នៅលោកីយ៍នេះ កុំឲ្យវាយឫក និងកុំយកទ្រព្យសម្បត្តិដែលមិនទៀងនោះធ្វើជាទីសង្ឃឹមឡើយ គឺត្រូវសង្ឃឹមលើព្រះជាម្ចាស់ ដែលប្រទានឲ្យយើងមានអ្វីៗទាំងអស់យ៉ាងបរិបូណ៌ សម្រាប់ឲ្យយើងប្រើប្រាស់នោះវិញ។១៨ត្រូវឲ្យគេប្រព្រឹត្តអំពើល្អ ឲ្យគេធ្វើជាអ្នកមានផ្នែកខាងបុណ្យទាន ឲ្យគេមានចិត្តទូលាយ ចេះចែករំលែកដល់អ្នកឯទៀតៗ ១៩ធ្វើដូច្នេះគេនឹងសន្សំសម្បត្តិដ៏ល្អគង់វង្សសម្រាប់លោកខាងមុខ ដើម្បីឲ្យបានជីវិតដ៏ពិតប្រាកដ។
២០ ប្អូនធីម៉ូថេអើយ! ចូររក្សាទុកនូវសេចក្ដីដែលព្រះជាម្ចាស់បានផ្ញើនឹងប្អូន!។ ត្រូវចៀសវាងពាក្យសម្ដីឥតន័យឥតខ្លឹមសារ និងចៀសវាងការជជែកទាស់ទែងអំពីចំណេះក្លែងក្លាយ។២១មានអ្នកខ្លះ ប្រកាន់យកចំណេះបែបនោះ ហើយត្រូវវង្វេងចេញពីជំនឿ។
សូមព្រះជាម្ចាស់ប្រោសប្រណីបងប្អូនទាំងអស់គ្នា។
ក. សូមអាន កិច្ចការ ១៦. ១។
ខ. យើងអាចបកប្រែថា:«ត្រូវមានភរិយាតែម្តងប៉ុណ្ណោះ»ឬ«ត្រូវស្រឡាញ់ភរិយារបស់ខ្លួនដោយចិត្តស្មោះ»ក៏បាន។•គ.ឃ្លាដើម: «កាន់តាមគម្រោងការដ៏លាក់កំបាំងនៃជំនឿ»។ • ឃ. យើងអាចបកស្រាយពីរយ៉ាង:ស្ត្រីៗដែលមានមុខងារជាឧបដ្ឋាកឬ ភរិយារបស់ឧបដ្ឋាក។ • ង. សូមអានសេចក្ដីពន្យល់នៅ ខ.២។
ច.ឃ្លាដើម«ស្មារតីរបស់គេមានដៅសញ្ញាសំគាល់ដោយដែកដែលគេដុត»។នៅជំនាន់នោះ គេតែងដៅអ្នកទោសឧក្រិដ្ឋ និងទាសករ ដោយដែកដែលគេដុតជាត្រាសំគាល់។ ឃ្លានេះមានន័យថាស្មារតីរបស់គេមិនស្គាល់អាក្រក់មិនស្គាល់ល្អ។
ឆ. គឺស្ត្រីមេម៉ាយដែលប្តីស្លាប់។ • ជ.ឃ្លាដើម: «ត្រូវជួយស្ត្រីមេម៉ាយណាដែលពិតជាមេម៉ាយមែន»។
ឈ. យើងអាចបកប្រែម៉្យាងទៀតថា «ត្រូវជូនប្រាក់ខែគាត់មួយទ្វេជាពីរ»។ • ញ. ទុតិយកថា ២៥.៤។ • ដ. លូកា ១០.៧។