លិខិតទី ២ របស់លោកប៉ូលផ្ញើជូន
គ្រីស្ដបរិស័ទនៅក្រុងថេស្សាឡូនិក
ជំពូក ១
សេចក្ដីផ្ដើម
១ យើងខ្ញុំ ប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ សូមជំរាបមកក្រុមជំនុំ/ព្រះសហគមន៍/ព្រះសហគមន៍*នៅក្រុងថេស្សាឡូនិក ដែលរួមជាមួយព្រះជាម្ចាស់ជាព្រះបិតានៃយើង និងរួមជាមួយព្រះអម្ចាស់យេស៊ូគ្រីស្ដ*។ ២ សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះអម្ចាស់យេស៊ូគ្រីស្ដប្រណីសន្ដោស និង ប្រទានសេចក្ដីសុខសាន្តដល់បងប្អូន។
ជីវិត និងជំនឿរបស់គ្រីស្ដបរិស័ទនៅក្រុងថេស្សាឡូនិក
៣ បងប្អូនអើយ យើងត្រូវតែអរព្រះគុណព្រះជាម្ចាស់ស្ដីអំពីបងប្អូនជានិច្ច យើងធ្វើដូច្នេះពិតជាត្រឹមត្រូវមែន ព្រោះជំនឿរបស់បងប្អូនកាន់តែចំរើនឡើង ហើយបងប្អូនក៏មានចិត្តស្រឡាញ់គ្នាទៅវិញទៅមក រឹតតែខ្លាំងឡើងៗដែរ។ ៤ ដូច្នេះ យើងបានខ្ពស់មុខ នៅចំពោះក្រុមជំនុំ/ព្រះសហគមន៍*នានារបស់ព្រះជាម្ចាស់ ព្រោះតែបងប្អូន ដ្បិតបងប្អូនចេះស៊ូទ្រាំ និងមានជំនឿ ទោះបីត្រូវគេធ្វើទុក្ខបៀតបៀន និងត្រូវរងទុក្ខវេទនាគ្រប់បែបយ៉ាងក៏ដោយ។
៥ ហេតុការណ៍ នេះ សអោយឃើញថា ព្រះជាម្ចាស់ទ្រង់វិនិច្ឆ័យត្រឹមត្រូវណាស់ គឺទុក្ខលំបាករបស់បងប្អូន ធ្វើអោយបងប្អូនសមនឹងចូលទៅក្នុងព្រះរាជ្យ*របស់ព្រះជាម្ចាស់មែន ដ្បិតបងប្អូនរងទុក្ខលំបាក ព្រោះតែព្រះរាជ្យនេះឯង។ ៦ ព្រះជាម្ចាស់នឹងសំរេចការមួយដ៏ត្រឹមត្រូវ គឺព្រះអង្គនាំទុក្ខវេទនា យកមកសងពួកអ្នកដែលធ្វើអោយបងប្អូនវេទនា ៧ ហើយព្រះអង្គនឹងប្រទាន អោយបងប្អូនដែលរងទុក្ខវេទនា បានសំរាកជាមួយយើង នៅពេលព្រះអម្ចាស់យេស៊ូលេចចេញពីស្ថានបរមសុខ*មក ជាមួយពួកទេវតា*ដ៏មានឫទ្ធានុភាព។ ៨ ព្រះអង្គយាងមកក្នុង ភ្លើងសន្ធោសន្ធៅ ដើម្បីធ្វើទោសអស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ និងអស់អ្នកដែលមិនស្ដាប់តាមដំណឹងល្អ* របស់ព្រះយេស៊ូជាអម្ចាស់នៃយើង។ ៩ ពួកគេនឹងទទួលទោស គឺត្រូវវិនាសអន្តរាយអស់កល្បជានិច្ច។ ពួកគេនៅឆ្ងាយពីព្រះភក្ត្រព្រះអម្ចាស់ និងឆ្ងាយពីឥទ្ធិឫទ្ធិប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ។ ១០ នៅថ្ងៃនោះ ពេលព្រះអង្គយាងមក ប្រជាជនដ៏វិសុទ្ធ*នឹងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ហើយអស់អ្នកដែលជឿក៏នាំគ្នាស្ងើចសរសើរព្រះអង្គដែរ។ ចំពោះបងប្អូនវិញ បងប្អូនបានជឿសក្ខីភាពរបស់យើង។
១១ ហេតុ នេះហើយបានជាយើងចេះតែអធិស្ឋានអោយបងប្អូនជានិច្ច សូមព្រះជាម្ចាស់នៃយើង ប្រទានអោយបងប្អូនរស់នៅបានសមនឹងការត្រាស់ហៅ របស់ព្រះអង្គ។ សូមព្រះអង្គប្រទានអោយបងប្អូនអាចបំពេញបំណងដ៏ល្អគ្រប់យ៉ាង និងអោយជំនឿរបស់បងប្អូនបង្កើតផលបានបរិបូណ៌ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ។ ១២ ដូច្នេះ ព្រះនាមរបស់ព្រះយេស៊ូជាអម្ចាស់នៃយើង មានសិរីរុងរឿងនៅក្នុងបងប្អូន ហើយបងប្អូនក៏មានសិរីរុងរឿងក្នុងព្រះអង្គ តាមព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់នៃយើង និងព្រះអម្ចាស់យេស៊ូគ្រីស្ដដែរ។
ជំពូក ២
ព្រឹត្តិការណ៍ដែលនឹងកើតមាន មុនព្រះយេស៊ូយាងមក
១ បងប្អូនអើយ ចំពោះពេលដែលព្រះយេស៊ូគ្រីស្ដជាព្រះអម្ចាស់នៃយើង យាងមកយ៉ាងរុងរឿង ហើយដែលយើងត្រូវជួបជុំជាមួយព្រះអង្គនោះ យើងសូមអង្វរបងប្អូនថា ២ កុំប្រញាប់ជ្រួលច្របល់ ក្នុងចិត្ត ឬភ័យស្លន់ស្លោដោយគ្រាន់តែឮគេថា ដល់ថ្ងៃព្រះអម្ចាស់យាងមកហើយ។ ប្រហែលជាមានអ្នកខ្លះថា ព្រះវិញ្ញាណបានបំភ្លឺអោយគេដឹង ឬថាមានពាក្យសំដី និងមានសំបុត្រណាមួយពីយើងបញ្ជាក់ដូច្នេះ។ ៣ កុំអោយនរណាម្នាក់មក បញ្ឆោតបងប្អូន ដោយប្រការណាមួយបានជាដាច់ខាត ដ្បិតមុននឹងព្រះអម្ចាស់យាងមក ត្រូវតែមានអ្នកជឿលះបង់ជំនឿ និងមេប្រឆាំងសាសនាដែលត្រូវវិនាសនោះ ចេញមុខមកជាមុនសិន។ ៤ មេប្រឆាំងនោះលើកខ្លួន ឡើងខ្ពស់លើសអ្វីៗទាំងអស់ ដែលមនុស្សលោកគោរពថ្វាយបង្គំទុកជាព្រះ គឺរហូតដល់ទៅហ៊ានអង្គុយនៅក្នុងទីសក្ការៈរបស់ព្រះជាម្ចាស់ ហើយប្រកាសខ្លួនឯងថា ជាព្រះជាម្ចាស់ថែមទៀតផង។
៥ កាលខ្ញុំនៅជាមួយបងប្អូន ខ្ញុំធ្លាប់បាននិយាយប្រាប់បងប្អូនសព្វគ្រប់ហើយ តើបងប្អូននៅចាំឬទេ? ៦ ឥឡូវនេះ បងប្អូនស្គាល់អ្វីដែលឃាត់ឃាំងមេប្រឆាំងនោះហើយ វាចេញមុខមកបាន លុះត្រាតែពេលកំណត់របស់វាមកដល់។ ៧ គំរោងការលាក់កំបាំង របស់មេប្រឆាំងសាសនានោះ មានសកម្មភាពនៅពេលនេះស្រាប់ហើយ គឺនៅចាំតែអ្វីដែលកំពុងឃាត់ឃាំងវានេះចេញទៅបាត់ប៉ុណ្ណោះ ៨ វានឹងចេញមុខមក ហើយព្រះអម្ចាស់យេស៊ូនឹងបំផ្លាញវាដោយខ្យល់ដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គរួចហើយ នៅពេលព្រះអង្គយាងមក ព្រះអង្គនឹងជាន់កំទេចវា ដោយរស្មីរុងរឿងរបស់ព្រះអង្គ។ ៩ រីឯ មេប្រឆាំងសាសនានោះ វិញ វាមកដល់ដោយអំណាចមារ*សាតាំង គឺវាសំដែងការអស្ចារ្យ ទីសំគាល់ និងឫទ្ធិបាដិហារិយ៍បោកប្រាស់សព្វបែបយ៉ាង។ ១០ វានឹងប្រើអំពើ ទុច្ចរិតគ្រប់យ៉ាង ដើម្បីបោកបញ្ឆោតអស់អ្នកដែលត្រូវវិនាសអន្តរាយ ព្រោះគេពុំព្រមទទួល ពុំព្រមស្រឡាញ់សេចក្ដីពិត ដែលអាចសង្គ្រោះគេទេ។ ១១ ហេតុនេះហើយបានជាព្រះជាម្ចាស់ចាត់ឥទ្ធិពលមួយមកធ្វើអោយគេវង្វេង និងអោយគេជឿលើពាក្យភូតភរ ១២ ដើម្បីអោយពួកអ្នកដែលមិនព្រមជឿសេចក្ដីពិត ហើយចូលចិត្តអំពើទុច្ចរិត ត្រូវទទួលទោស។
ជីវិតខ្ជាប់ខ្ជួនក្នុងជំនឿ
១៣ ចំពោះយើងវិញ បងប្អូនដ៏ជាទីស្រឡាញ់របស់ព្រះអម្ចាស់អើយ យើងត្រូវតែអរព្រះគុណព្រះជាម្ចាស់អំពីបងប្អូនជានិច្ច ដ្បិតព្រះជាម្ចាស់បានជ្រើសរើសបងប្អូន អោយទទួលការសង្គ្រោះមុនគេ ដោយព្រះវិញ្ញាណប្រោសបងប្អូនអោយបានវិសុទ្ធ* និងដោយបងប្អូនមានជំនឿលើសេចក្ដីពិត។ ១៤ ព្រះអង្គត្រាស់ហៅបង ប្អូនដោយសារដំណឹងល្អរបស់យើង ដើម្បីអោយបងប្អូនទទួលការសង្គ្រោះនេះ គឺអោយមានសិរីរុងរឿងរបស់ព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង។ ១៥ ហេតុនេះបងប្អូនអើយ ចូរស្ថិតនៅអោយបានខ្ជាប់ខ្ជួន ហើយកាន់តាមសេចក្ដីដែលយើងបានទទួលយកមកបង្រៀនបងប្អូន ដោយផ្ទាល់មាត់ក្ដី ឬតាមសំបុត្រក្ដី។
១៦ ព្រះជាម្ចាស់ ជាព្រះបិតានៃយើង មានព្រះហឫទ័យស្រឡាញ់យើង ព្រះអង្គបានសំរាលទុក្ខយើងអស់កល្បជានិច្ច ដោយប្រទានឲ្យយើងមានសេចក្ដីសង្ឃឹមដ៏ល្អប្រសើរ។ សូមព្រះយេស៊ូគ្រីស្ដផ្ទាល់ជាព្រះអម្ចាស់នៃយើង និងព្រះបិតា ១៧ សំរាលទុក្ខបងប្អូន ព្រមទាំងប្រទានអោយបងប្អូនមានជំហររឹងប៉ឹង ក្នុងគ្រប់កិច្ចការដែលបងប្អូនធ្វើ និងពាក្យសំដីល្អដែលបងប្អូននិយាយ។
ជំពូក ៣
សេចក្ដីដាស់តឿនផ្សេងៗ
១ នៅទីបំផុត បងប្អូនអើយ សូមអធិស្ឋានអោយយើងផង ដើម្បីអោយព្រះបន្ទូលរបស់ព្រះអម្ចាស់ បានផ្សព្វផ្សាយយ៉ាងឆាប់រហ័សតទៅទៀត និងបានរុងរឿងដូចនៅក្នុងចំណោមបងប្អូនដែរ។ ២ សូមអធិស្ឋានអោយយើងគេចផុតពីមនុស្សពាល ពីមនុស្សអាក្រក់ ដ្បិតមិនមែនគ្រប់គ្នាទេដែលមានជំនឿ។ ៣ ព្រះអម្ចាស់មាន ព្រះហឫទ័យស្មោះត្រង់ ព្រះអង្គនឹងប្រោសប្រទានអោយបងប្អូនមានជំហររឹងប៉ឹង និងការពារបងប្អូនកុំអោយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មេកំណាច។ ៤ នៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ យើងទុកចិត្តបងប្អូនថា បងប្អូនតែងតែប្រព្រឹត្តតាមពាក្យរំលឹកដាស់តឿនរបស់យើង ហើយបងប្អូនក៏នឹងប្រព្រឹត្តតាមតទៅមុខទៀតដែរ។ ៥ សូមព្រះអម្ចាស់ដឹកនាំចិត្តគំនិតបងប្អូន អោយស្រឡាញ់ព្រះជាម្ចាស់ និងមានចិត្តស៊ូទ្រាំដែលព្រះគ្រីស្ដប្រទានអោយ។
៦ បងប្អូន អើយ យើងសូមរំលឹកដាស់តឿនបងប្អូន ក្នុងព្រះនាមព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើងថា ចូរចៀសចេញអោយឆ្ងាយ ពីបងប្អូនណាដែលរស់នៅដោយឥតសណ្ដាប់ធ្នាប់ ផ្ទុយនឹងរបៀបដែលយើងបានទទួលយកមកបង្រៀនបងប្អូន។ ៧ បងប្អូនជ្រាបស្រាប់ ហើយថា ត្រូវយកតំរាប់តាមយើងបែបណា ដ្បិតយើងពុំបានរស់នៅក្នុងចំណោមបងប្អូន ដោយឥតសណ្ដាប់ធ្នាប់នោះឡើយ ៨ យើងពុំបានទទួលទាន ម្ហូបអាហាររបស់នរណាម្នាក់ ដោយឥតបង់ប្រាក់ទេ។ យើងខំប្រឹងធ្វើការហត់នឿយ ទាំងយប់ ទាំងថ្ងៃ កុំអោយនរណាម្នាក់ពិបាកនឹងផ្គត់ផ្គង់យើង។ ៩ ត្រង់នេះមិនមែនមាន ន័យថា យើងគ្មានសិទ្ធិនឹងអោយគេផ្គត់ផ្គង់នោះឡើយ ប៉ុន្តែ យើងធ្វើដូច្នេះទុកជាគំរូអោយបងប្អូនយកតំរាប់តាម ១០ ព្រោះកាលយើងនៅជាមួយបងប្អូន យើងបានទូន្មានបងប្អូនថា អ្នកណាមិនព្រមធ្វើការ អ្នកនោះក៏មិនត្រូវបរិភោគដែរ។ ១១ យើងបានឮដំណឹងថា មានអ្នកខ្លះក្នុងចំណោមបងប្អូន រស់នៅដោយឥតសណ្ដាប់ធ្នាប់ គេហាក់ដូចជារវល់ញាប់ដៃញាប់ជើង តែឥតធ្វើការអ្វីទាល់តែសោះ។ ១២ យើងសូមទូន្មាន និងសូមដាស់តឿនបងប្អូនប្រភេទនោះ ក្នុងនាមព្រះអម្ចាស់យេស៊ូគ្រីស្ដថា សូមអញ្ជើញធ្វើការអោយបានស្រួលបួលឡើង និងបរិភោគអាហារដែលបានមកពីកម្លាំងញើសខ្លួនឯងទៅ។
១៣ ចំពោះបងប្អូនវិញ បងប្អូនអើយ សូមប្រព្រឹត្តអំពើល្អ កុំរសាយចិត្តឡើយ។
១៤ បើអ្នក ណាមិនស្ដាប់តាមសេចក្ដីដែលយើងសរសេរក្នុងសំបុត្រនេះទេ សូមចំណាំមុខទុក ហើយកុំទាក់ទងជាមួយអ្នកនោះ ដើម្បីអោយគាត់ខ្មាសគេ ១៥ ប៉ុន្តែ មិនត្រូវចាត់ទុកគាត់ជាមារសត្រូវឡើយ គឺត្រូវដាស់តឿនគាត់ទុកដូចជាបងប្អូនវិញ។
១៦ សូមព្រះអម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្ត ប្រទានសេចក្ដីសុខសាន្តគ្រប់ប្រការមកបងប្អូនគ្រប់ពេលវេលា ! សូមព្រះអម្ចាស់គង់ជាមួយបងប្អូនទាំងអស់គ្នា !
១៧ ពាក្យសួរសុខទុក្ខនេះ ខ្ញុំ ប៉ូល បានសរសេរដោយដៃខ្ញុំផ្ទាល់ ។ នេះជាហត្ថលេខាដែលខ្ញុំបានចុះក្នុងគ្រប់លិខិត ខ្ញុំសរសេរដូច្នេះ។
១៨ សូមព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង ប្រណីសន្ដោសបងប្អូនទាំអស់គ្នា ! ។