លិខិតទី​ ១ ​​របស់​លោក​ប៉ូល​ផ្ញើ​ជូន
គ្រីស្ដបរិស័ទ​នៅ​ក្រុង​ថេស្សាឡូនិក
ពាក្យលំនាំ

ក្រុងថេស្សាឡូនិកៈ សព្វថ្ងៃ ក្រុងនេះស្ថិតនៅក្នុងប្រទេសក្រិក។ នៅជំនាន់លោកប៉ូល ក្រុងថេស្សាឡូនិកនេះធំណាស់ មានប្រជាជន​ប្រមាណ ៣០០.០០០នាក់។ អ្នកក្រុងជាច្រើន ប្រកបរបរពាណិជ្ជកម្មតាមកំពង់ផែ។ មានមនុស្សជាច្រើនសាសន៍ស្នាក់នៅក្រុងនោះ​មានជនជាតិយូដាជាដើម។

គ្រីស្ដទូតប៉ូលបានប្រកាសដំណឹងល្អនៅក្រុងថេស្សាឡូនិក ក្នុងគ.ស. ៥០ (កិច្ចការ ១៧.១-១០)។ លោកបានប្រកាសដំណឹងល្អ​ដល់ជនជាតិយូដាមុនគេ មានអ្នកខ្លះជឿ ហើយអ្នកខ្លះប្រឆាំងនឹងគ្រីស្ដបរិស័ទដែលទើបនឹងជឿថ្មីៗ។ ពួកគេបង្ខំលោកប៉ូលឲ្យចាក​ចេញពីក្រុងនោះ ហើយលោកក៏ធ្វើដំណើរទៅក្រុងអាថែន និង ក្រុងកូរិនថូស។ ដោយលោកព្រួយបារម្ភខ្លាច​ក្រែងគ្រីស្ដ​បរិស័ទ​នៅ​ក្រុង​ថេស្សាឡូនិកលះបង់ជំនឿ លោកក៏សរសេរលិខិតមួយច្បាប់ទៅលើកទឹកចិត្ដ​ពួកគេ នៅ គ.ស. ៥១។

គោលសំខាន់ៗ

ក្នុងលិខិតនេះ លោកប៉ូលបានសម្ដែងសេចក្ដីស្រឡាញ់យ៉ាងខ្លាំងចំពោះគ្រីស្ដបរិស័ទ ដែលលោកចាត់ទុកដូចជាកូនរបស់លោក​ផ្ទាល់។ លោកដាស់តឿនគេឲ្យកាន់តាមការប្រៀនប្រដៅរបស់លោកយ៉ាងខ្ជាប់ខ្ជួន ទោះបីពួកគេជួបប្រទះឧបសគ្គយ៉ាងណាក៏ដោយ

នៅសម័យនោះ គ្រីស្ដបរិស័ទជាច្រើនស្មានថា ព្រះគ្រីស្ដត្រូវយាងមកវិញក្នុងពេលឆាប់ៗ។ មានអ្នកខ្លះព្រួយបារម្ភ ខ្លាចក្រែង​ស្លាប់ មុនពេលឃើញព្រះយេស៊ូយាងត្រឡប់មកវិញ។ ដូច្នេះ លោកប៉ូលប្រៀនប្រដៅគេថា ទោះបីពួកគេស្លាប់ហួសហើយក៏ដោយ​ ក៏ព្រះគ្រីស្ដនឹងប្រោសគេឲ្យរស់ឡើងវិញ​ព្រមទាំងប្រទានឲ្យគេមានសិរីរុងរឿងរួមជាមួយព្រះអង្គដែរ(១ថេស្សាឡូនិក ៤.១៣-៥.​១១)។ ប៉ុន្ដែមានគ្រីស្ដបរិស័ទខ្លះទៀតយល់ច្រឡំ ហើយមិនយកចិត្ដទុកដាក់នឹងការរស់នៅក្នុងពិភពលោកនេះទេ ដោយសំអាងថា​ព្រះគ្រីស្ដជិតយាងមកវិញ ឬ​យាងមកវិញរួចស្រេចហើយ (២ថេស្សាឡូនិក ២.១-២)។ ដូច្នេះ លោកប៉ូល (ឬ កូនចៅរបស់លោក​​មួយរូប)​បានតែងលិខិតមួយទៀត (ថេស្សាឡូនិកទី​២)​ដើម្បីប្រៀនប្រដៅពួកគេឲ្យរស់នៅយ៉ាងសមរម្យស្រគត់ស្រគំ ទំរាំដល់ព្រះ​គ្រីស្ដយាងមក។

គំរោងគម្ពីរថេស្សាឡូនិកៈ

១ថេស្សាឡូនិកៈ

សេចក្ដីផ្ដើម ១.១

ពាក្យអរព្រះគុណ និង ពាក្យសរសើរ ១.២-៣.១៣

ពាក្យដាស់តឿនអំពីរបៀបរស់នៅស្របតាមជំនឿ​៤.១-១២

ការបង្រៀនស្ដីអំពីព្រះអម្ចាស់យាងមកវិញ ៤.១៣-៥.១១

ពាក្យទូន្មានផ្សេងៗ ៥.១២-២២

អវសានកថា ៥.២៣-២៨

២ថេស្សាឡូនិកៈ

សេចក្ដីផ្ដើម ១.១-២

ពាក្យសរសើរ និង ពាក្យទូន្មានផ្សេងៗ ១.៣-១២

ការបង្រៀនស្ដីអំពីព្រះអម្ចាស់យាងមកវិញ ២.១-១៧

ពាក្យដាស់តឿនអំពីរបៀបរស់នៅរបស់គ្រីស្ដបរិស័ទ ៣.១-១៥

អវសានកថា ៣.១៦-១៨

លិខិតទី​ ១ ​​របស់​លោក​ប៉ូល​ផ្ញើ​ជូន

គ្រីស្ដបរិស័ទ​នៅ​ក្រុង​ថេស្សាឡូនិក

ជំពូក ១

សេចក្ដី​ផ្ដើម

១ យើង​ខ្ញុំ ប៉ូល ស៊ីលវ៉ាន និង​ធីម៉ូថេ សូម​ជំរាប​មក​ក្រុមជំនុំ/ព្រះសហគមន៍*​នៅ​ក្រុង​ថេស្សាឡូនិក ដែល​រួម​ជា​មួយ​ព្រះជាម្ចាស់​ជា​ព្រះបិតា និង​ជា​មួយ​ព្រះអម្ចាស់​យេស៊ូ​គ្រីស្ដ។ សូម​ព្រះអង្គ​ប្រណីសន្ដោស និង ប្រទាន​សេចក្ដី​សុខសាន្ត​ដល់​បង​ប្អូន។

ជីវិត និង​ជំនឿ​របស់​គ្រីស្ដបរិស័ទ​នៅ​ក្រុង​ថេស្សាឡូនិក

២ យើង​តែងតែ​អរ​ព្រះគុណ​ ព្រះជាម្ចាស់ អំពី​បង​ប្អូន​ទាំង​អស់​គ្នា​ជានិច្ច ហើយ​នៅ​ពេល​យើង​អធិស្ឋាន យើង​តែង​នឹក​គិត​ដល់​បង​ប្អូន​ជា​ដរាប។ ៣ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះជាម្ចាស់​ជា​ព្រះបិតា​របស់​យើង យើង​នឹក​ចាំ​អំពី​កិច្ចការ​ដែល​បង​ប្អូន​បាន​ធ្វើ​ដោយ​ជំនឿ អំពី​ការ​នឿយហត់​ដែល​បង​ប្អូន​បំពេញ ដោយ​ចិត្ត​ស្រឡាញ់ និង​អំពី​ការ​ស៊ូ​ទ្រាំ​របស់​បង​ប្អូន ដោយ​ចិត្ត​សង្ឃឹម​លើ​ព្រះយេស៊ូ​គ្រីស្ដ​ជា​អម្ចាស់​នៃ​យើង។ ៤ បង​ប្អូន​ជា​ទី​ស្រឡាញ់​របស់​ព្រះអម្ចាស់​អើយ យើង​ដឹង​ហើយ​ថា ព្រះអង្គ​បាន​ជ្រើស​រើស​បង​ប្អូន ៥ ដ្បិត​យើង​បាន​នាំ​ ដំណឹងល្អ*​មក​ជូន​បង​ប្អូន មិន​មែន​ត្រឹម​តែ​ដោយ​ពាក្យ​សំដី​ប៉ុណ្ណោះ​ទេ គឺ​ដោយ​មាន​ឫទ្ធានុភាព មាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ* និង​មាន​ចិត្ត​ជឿ​ជាក់​ទាំង​ស្រុង​ថែម​ទៀត​ផង។ កាល​យើង​នៅ​ជា​មួយ​បង​ប្អូន យើង​បាន​ប្រព្រឹត្ត​យ៉ាង​ណា សំរាប់​ជា​ប្រយោជន៍​បង​ប្អូន ដូច​បង​ប្អូន​ជ្រាប​ស្រាប់​ហើយ។ ៦ បង​ប្អូន​បាន​យក​តំរាប់​ តាម​យើង និង​យក​តំរាប់​តាម​ព្រះអម្ចាស់ គឺ​ទោះ​បី​បង​ប្អូន​ជួប​ប្រទះ​នឹង​ទុក្ខ​វេទនា​ធ្ងន់ធ្ងរ​យ៉ាង​ណា​ក៏​ដោយ ក៏​បង​ប្អូន​បាន​ទទួល​ព្រះបន្ទូល​ទាំង​មាន​អំណរ មក​ពី​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដែរ។ ៧ ហេតុ​នេះ បង​ប្អូន​បាន​ទៅ​ជា​គំរូ​ដល់​អ្នក​ជឿ​ទាំង​អស់​នៅ​ស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃ ៨ ដ្បិត​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់​ដែល​ចេញ​ពី​បង​ប្អូន​ទៅ​នោះ មិន​ត្រឹម​តែ​លាន់​ឮ​សុសសាយ​ក្នុង​ស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃ​ប៉ុណ្ណោះ​ទេ គឺ​ជំនឿ​របស់​បង​ប្អូន​លើ​ព្រះជាម្ចាស់ បាន​ឮ​ខ្ចរខ្ចាយ​ទៅ​គ្រប់​ទី​កន្លែង។ ដូច្នេះ យើង​មិន​បាច់​និយាយ​អ្វី​ទៀត​ឡើយ។ ៩ មនុស្សម្នា​រៀប​រាប់​អំពី ​របៀប​ដែល​បង​ប្អូន​ទទួល​យើង នៅ​ពេល​យើង​មក​រក​បង​ប្អូន និង​អំពី​របៀប​ដែល​បង​ប្អូន​លះបង់​ព្រះ​ក្លែងក្លាយ បែរ​មក​រក​ព្រះជាម្ចាស់ ដើម្បី​គោរព​បំរើ​ព្រះអង្គ​ដែល​មាន​ព្រះជន្ម​រស់ និង​ជា​ព្រះ​ដ៏​ពិត​ប្រាកដ។ ១០ បង​ប្អូន​ក៏​ទន្ទឹង​ រង់ចាំ​ព្រះបុត្រា​របស់​ព្រះអង្គ យាង​ពី​ស្ថាន​បរមសុខ*​មក គឺ​ព្រះយេស៊ូ​ដែល​ព្រះអង្គ​បាន​ប្រោស​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ ព្រះយេស៊ូ​នេះ​ប្រោស​យើង​អោយ​រួច​ផុត​ពី​ព្រះពិរោធ​ដែល​កំពុង​តែ​មក។

ជំពូក ៣

១ ដោយ​យើង​ពុំ​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន យើង​ក៏​សំរេច​ចិត្ត​ស្នាក់​នៅ​ក្រុង​អាថែន តែ​គ្នា​យើង ២ ហើយ​ចាត់​លោក​ធីម៉ូថេ​ជា​ បង​ប្អូន​របស់​យើង ដែល​ធ្វើ​ការ​រួម​ជា​មួយ​ព្រះជាម្ចាស់ ក្នុង​ការ​ប្រកាស​ដំណឹងល្អ*​របស់​ព្រះគ្រីស្ដ អោយ​មក​ជួយ​ពង្រឹង និង​ដាស់​តឿន​បង​ប្អូន​អោយ​មាន​ជំនឿ​រឹងប៉ឹង​ឡើង ៣ ដើម្បី​កុំ​អោយ​មាន​នរណា​ ម្នាក់​ធ្លាក់​ទឹក​ចិត្ត ព្រោះ​តែ​ទុក្ខ​វេទនា​ដែល​កំពុង​កើត​មាន​នៅ​ពេល​នេះ​ឡើយ បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះជាម្ចាស់​បាន​តំរូវ​អោយ​យើង​ជួប​ប្រទះ​នឹង​ទុក្ខ​វេទនា​យ៉ាង​នេះ​ឯង។ ៤ កាល​យើង​នៅ​ជា​មួយ​បង​ ប្អូន​នៅ​ឡើយ យើង​បាន​ជំរាប​បង​ប្អូន​រួច​ហើយ​ថា យើង​មុខ​ជា​នឹង​ជួប​ទុក្ខ​វេទនា។ ទុក្ខ​វេទនា​នេះ​ក៏​កើត​មាន​មែន ដូច​បង​ប្អូន​ជ្រាប​ស្រាប់។ ៥ ហេតុ​នេះ ដោយ​ខ្ញុំ​ពុំ​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន ខ្ញុំ​ក៏​ចាត់​លោក​ធីម៉ូថេ​អោយ​មក​យក​ដំណឹង​អំពី​ជំនឿ​របស់​បង​ប្អូន ព្រោះ​ខ្ញុំ​ខ្លាច​ក្រែង​លោ​មេ​ល្បួង​មក​ល្បួង​បង​ប្អូន​បាន បណ្ដាល​អោយ​ការ​នឿយហត់​របស់​យើង បែរ​ទៅ​ជា​អសារបង់​វិញ។

៦ ឥឡូវ​នេះ លោក​ធីម៉ូថេ​ទើប​នឹង​វិល​ត្រឡប់​ទៅ​ដល់​យើង​វិញ ហើយ​គាត់​បាន​នាំ​ដំណឹងល្អ អំពី​ជំនឿ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បង​ប្អូន​មក​ប្រាប់​យើង។ គាត់​ប្រាប់​យើង​ថា​បង​ប្អូន នៅ​នឹក​ចាំ​ពី​យើង​ជានិច្ច ហើយ​មាន​បំណង​ចង់​ជួប​យើង​វិញ​យ៉ាង​ខ្លាំង ដូច​យើង​ចង់​ជួប​បង​ប្អូន​ដែរ។ ៧ ហេតុ​នេះ បង​ប្អូន​អើយ ជំនឿ​របស់​បង​ប្អូន​បាន​ធ្វើ​អោយ​ចិត្ត​យើង​បែរ​ជា​ធូរ​ស្រាល​វិញ ទោះ​បី​យើង​ពិបាក​ចិត្ត​គ្រប់​យ៉ាង និង​មាន​ទុក្ខ​វេទនា​យ៉ាង​ណា​ក្ដី។ ៨ ដោយ​បង​ប្អូន​ស្ថិត​នៅ​ខ្ជាប់ខ្ជួន ជា​មួយ​ព្រះអម្ចាស់​ដូច្នេះ យើង​ក៏​ដូច​ជា​មាន​ជីវិត​រស់​វិញ​ដែរ។ ៩ យើង​ពុំ​ដឹង​ជា​រក​ពាក្យ​ អ្វី​មក​ថ្លែង អរ​ព្រះគុណ​ព្រះជាម្ចាស់​អំពី​បង​ប្អូន​នោះ​ឡើយ ព្រោះ​តែ​បង​ប្អូន​ធ្វើ​អោយ​យើង​មាន​អំណរ​រីករាយ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​របស់​យើង។ ១០ ទាំង​យប់​ទាំង​ថ្ងៃ យើង​ទទូច​សូម​ព្រះអង្គ​មេត្តា​ប្រោស​អោយ​បាន​ឃើញ​មុខ​បង​ប្អូន ព្រម​ទាំង​ប្រទាន​អោយ​ជំនឿ​របស់​បង​ប្អូន​បាន​ពេញ​លក្ខណៈ កុំ​បី​មាន​ចន្លោះ​ត្រង់​ណា​ឡើយ។

១១ សូម​ព្រះជាម្ចាស់​ផ្ទាល់ ជា​ព្រះបិតា​របស់​យើង និង​ព្រះយេស៊ូ​ជា​អម្ចាស់​នៃ​យើង​ទ្រង់​រៀបចំ​ផ្លូវ​អោយ​យើង​មក​រក​បង​ប្អូន។ ១២​សូម​ព្រះអម្ចាស់​ប្រទាន ​អោយ​បង​ប្អូន​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ស្រឡាញ់​មនុស្ស​ទាំង​អស់ កាន់​តែ​ខ្លាំង​ឡើងៗ​ជា​អនេក​ដូច​យើង​បាន​ស្រឡាញ់​បង​ប្អូន​ដែរ។ ១៣ សូម​ព្រះអង្គ​ប្រទាន​ អោយ​ចិត្ត​គំនិត​របស់​បង​ប្អូន​មាន​ជំហរ​រឹងប៉ឹង អោយ​បង​ប្អូន​បាន​វិសុទ្ធ​ឥត​ខ្ចោះ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ ជា​ព្រះបិតា​របស់​យើង ក្នុង​ពេល​ព្រះយេស៊ូ​ជា​អម្ចាស់​នៃ​យើង​យាង​មក ជា​មួយ​ប្រជាជន​ដ៏វិសុទ្ធ​ទាំង​អស់​របស់​ព្រះអង្គ!

ជំពូក ៤

របៀប​រស់​នៅ​ដែល​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់

១ បង​ប្អូន​អើយ បង​ប្អូន​បាន​រៀន​ពី​យើង​អំពី​របៀប​រស់​នៅ ដែល​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់ ហើយ​បាន​ប្រព្រឹត្ត​តាម​ទៀត​ផង។ ដូច្នេះ នៅ​ទី​បំផុត​យើង​សូម​អង្វរ និង​សូម​ដាស់​តឿន​បង​ប្អូន ក្នុង​ព្រះនាម​ព្រះអម្ចាស់យេស៊ូ​ថា សូម​អោយ​បង​ប្អូន​បាន​ប្រសើរ​លើស​នេះ​ទៅ​ទៀត!

២ បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា យើង​បាន​ទូន្មាន​បង​ប្អូន​ក្នុង​ព្រះនាម​ព្រះអម្ចាស់យេស៊ូ​យ៉ាង​ណា។ ៣ ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ គឺ​អោយ​បង​ប្អូន​បាន​វិសុទ្ធ* អោយ​បង​ប្អូន​ចៀស​វាង​អំពើ​ប្រាស​ចាក​សីលធម៌។ ៤ ម្នាក់ៗ​ត្រូវ​ចេះ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ដោយ​វិសុទ្ធ និង​ថ្លៃថ្នូរ ៥ ឥត​បណ្ដោយ​ខ្លួន​ទៅ​តាម​ចំណង់​តណ្ហា ដូច​សាសន៍​ដទៃ​ដែល​មិន​ស្គាល់​ព្រះជាម្ចាស់​នោះ​ឡើយ។ ៦ មិន​ត្រូវ​អោយ​បង​ប្អូន​ ណា​ម្នាក់​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​បង​ប្អូន​ឯ​ទៀតៗ ឬ​រំលោភ​លើ​សិទ្ធិ​គេ​ក្នុង​រឿង​នេះ​ឡើយ ដ្បិត​ព្រះអម្ចាស់​នឹង​ដាក់​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ដូច​យើង​បាន​និយាយ និង​បញ្ជាក់​រួច​ស្រេច​ហើយ។ ៧ ព្រះជាម្ចាស់​ត្រាស់​ហៅ​យើង​មក មិន​មែន​អោយ​រស់​នៅ​ក្នុង​អំពើ​ថោក​ទាប​នោះ​ឡើយ គឺ​អោយ​យើង​បាន​វិសុទ្ធ​វិញ។ ៨ ដូច្នេះ អ្នក​ណា​បដិសេធ​មិន​ទទួល​ដំបូន្មាន​នេះ មិន​ត្រឹម​តែ​បដិសេធ​មិន​ទទួល​មនុស្ស​ប៉ុណ្ណោះ​ទេ គឺ​បដិសេធ​មិន​ទទួល​ព្រះជាម្ចាស់ ដែល​បាន​ប្រទាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ មក​បង​ប្អូន​នោះ​តែ​ម្ដង។

៩ រីឯ​ការ​ ស្រឡាញ់​គ្នា​ជា​បង​ប្អូន​វិញ យើង​មិន​ចាំបាច់​សរសេរ​មក​ទូន្មាន​បង​ប្អូន​ទេ ដ្បិត​បង​ប្អូន​បាន​រៀន​ពី​ព្រះជាម្ចាស់​អោយ​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ១០ ដូច​បង​ប្អូន​បាន​ ស្រឡាញ់​បង​ប្អូន​ទាំង​អស់​នៅ​ស្រុក​ម៉ាសេដូន​ទាំង​មូល​ស្រាប់​ហើយ។ ក៏​ប៉ុន្តែ បង​ប្អូន​អើយ យើង​សូម​ដាស់​តឿន​បង​ប្អូន​ថា សូម​ស្រឡាញ់​អោយ​បាន​ប្រសើរ​លើស​នេះ​ទៅ​ទៀត!។ ១១ ចូរ​យក​ចិត្ត​ទុក​ដាក់​ រស់​នៅ​អោយ​បាន​ស្រគត់​ស្រគំ គិត​តែ​ពី​កិច្ចការ​ខ្លួន​ឯង និង​ធ្វើ​ការ​ដោយ​កម្លាំង​ខ្លួន​ឯង​ផ្ទាល់ ដូច​យើង​បាន​ផ្ដាំ​ផ្ញើ​បង​ប្អូន​រួច​ស្រេច​ហើយ។ ១២ ធ្វើ​ដូច្នេះ អ្នក​ដែល​មិន​មែន​ជា​គ្រីស្ដបរិស័ទ​នឹង​គោរព​បង​ប្អូន ហើយ​បង​ប្អូន​ក៏​លែង​ត្រូវ​ការ​អោយ​គេ​ជួយ​ទៀត​ផង។

អំពី​ព្រះអម្ចាស់​យាង​មក

១៣ បង​ប្អូន​អើយ យើង​ចង់​អោយ​បង​ប្អូន​ជ្រាប​យ៉ាង​ច្បាស់​ អំពី​អស់​អ្នក​ដែល​បាន​ស្លាប់​ ផុត​ទៅ​ហើយ ដើម្បី​កុំ​អោយ​បង​ប្អូន​ព្រួយ​ចិត្ត ដូច​អ្នក​ឯ​ទៀតៗ ដែល​គ្មាន​សេចក្ដី​សង្ឃឹម​នោះ​ឡើយ។ ១៤ ប្រសិន​បើ​យើង​ជឿ​ថា ព្រះយេស៊ូ​ពិត​ជា​បាន​សោយ​ទិវង្គត ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មែន យើង​ក៏​ជឿ​ថា ព្រះជាម្ចាស់​នឹង​នាំ​បង​ប្អូន​ដែល​បាន​ស្លាប់​ទៅ​ហើយ អោយ​ទៅ​នៅ​ជា​មួយ​ព្រះអង្គ​ដោយសារ​ព្រះយេស៊ូ​ដែរ។ ១៥ យើង​សូម​បញ្ជាក់​ប្រាប់ ​បង​ប្អូន តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ថា យើង​ដែល​មាន​ជីវិត​រស់​នៅ​ឡើយ នៅ​ពេល​ព្រះអម្ចាស់​យាង​មក យើង​មិន​ទៅ​មុន​អ្នក​ដែល​បាន​ស្លាប់​នោះ​ទេ ១៦ ដ្បិត​នៅ​ពេល​មាន​ឮ​ ស្នូរ​ជា​សញ្ញា​លាន់​ឡើង ហើយ​នៅ​ពេល​ឮ​សំឡេង​មហា​ទេវតា និង​សំឡេង​ត្រែ​របស់​ព្រះជាម្ចាស់ ព្រះអម្ចាស់​ផ្ទាល់​ទ្រង់​នឹង​យាង​ចុះ​ពី​ស្ថាន​បរមសុខ​មក។ អស់​អ្នក​ជឿ​លើ​ព្រះគ្រីស្ដ​ដែល​បាន​ស្លាប់​ទៅ​នោះ នឹង​រស់​ឡើង​វិញ​ជា​មុន ១៧ បន្ទាប់​មក ទើប​ព្រះអម្ចាស់​លើក​យើង​ដែល​នៅ​រស់​នៅ​ឡើយ អោយ​ឡើង​ទៅ​ក្នុង​ពពក* ជា​មួយ​បង​ប្អូន​ទាំង​នោះ ដើម្បី​ជួប​នឹង​ព្រះអង្គ​ក្នុង​អាកាសវេហាស៍ ហើយ​យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ព្រះអម្ចាស់​រហូត​ត​ទៅ។ ១៨ ដូច្នេះ សូម​បង​ប្អូន​យក​ពាក្យ​ទាំង​នេះ​មក​សំរាល​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក។

ជំពូក ៥

១ ចំពោះ​ពេល​វេលា និង​ពេល​កំណត់​នោះ យើង​មិន​បាច់​សរសេរ​មក​ប្រាប់​បង​ប្អូន​ទេ ២ ដ្បិត​បង​ប្អូន​ផ្ទាល់​ជ្រាប​ច្បាស់​ហើយ​ថា ថ្ងៃ​ដែល​ព្រះអម្ចាស់​យាង​មក ប្រៀប​បី​ដូច​ជា​ចោរ​ចូល​លួច​នៅ​ពេល​យប់។ ៣ ពេល​ណា​មនុស្សម្នា​ពោល​ថា “មាន​សន្តិភាព​ហើយ! មាន​សន្តិសុខ​ហើយ!” ពេល​នោះ មហន្តរាយ​នឹង​កើត​មាន​ដល់​គេ​មួយ​រំពេច ពុំ​អាច​គេច​ផុត​បាន​ឡើយ គឺ​ប្រៀប​បី​ដូច​ជា​ស្ត្រី​ឈឺ​ផ្ទៃ​មុន​សំរាល​កូន​ដែរ។ ៤ រីឯ​បង​ប្អូន​វិញ បង​ប្អូន​អើយ បង​ប្អូន​មិន​មែន​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត បណ្ដោយ​អោយ​ថ្ងៃ​នោះ​មក​ដល់ ដោយ​មិន​ដឹង​ខ្លួន ដូច​ជា​ពេល​ចោរ​ចូល​លួច​នោះ​ឡើយ។ ៥ បង​ប្អូន​ទាំង​អស់​គ្នា​ មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន មាន​ថ្ងៃ​នៅ​ក្នុង​ខ្លួន​ យើង​មិន​មែន​រស់​នៅ​ក្នុង​យប់​អន្ធការ និង​ក្នុង​សេចក្ដី​ងងឹត​ទេ។ ៦ ហេតុ​នេះ​យើង​មិន​ត្រូវ​ដេក​លក់​ដូច​អ្នក​ឯ​ទៀតៗ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ប្រុង​ស្មារតី ហើយ​ភ្ញាក់​ខ្លួន​ជានិច្ច។ ៧ អស់​អ្នក​ដែល​ដេក​លក់​តែង​ដេក​លក់​នៅ​ពេល​យប់ ហើយ​អស់​អ្នក​ស្រវឹង​ស្រា​ក៏​តែង​ស្រវឹង​នៅ​ពេល​យប់​ដែរ។ ៨ រីឯ​យើង​ដែល​មាន​ថ្ងៃ​នៅ​ ក្នុង​ខ្លួន​វិញ យើង​ត្រូវ​ភ្ញាក់​ខ្លួន​ដោយ​យក​ជំនឿ និង​សេចក្ដី​ស្រឡាញ់​មក​ពាក់​ធ្វើ​ជា​អាវក្រោះ ព្រម​ទាំង​យក​សេចក្ដី​សង្ឃឹម​លើ​ការ​សង្គ្រោះ មក​ពាក់​ធ្វើ​ជា​មួក​ដែក ៩ ដ្បិត​ព្រះជាម្ចាស់​មិន​ បាន​តំរូវ​អោយ​យើង​ទទួល​ទោស​ឡើយ គឺ​ព្រះអង្គ​អោយ​យើង​ទទួល​ការ​សង្គ្រោះ ដោយសារ​ព្រះយេស៊ូគ្រីស្ដ ជា​ព្រះអម្ចាស់​នៃ​យើង ១០ បាន​សោយ​ទិវង្គត​សំរាប់​យើង ដើម្បី​អោយ​យើង​រស់​រួម​ជា​មួយ​ព្រះអង្គ ទោះ​បី​យើង​នៅ​រស់​ក្ដី ស្លាប់​ក្ដី​។ ១១ ដូច្នេះ ចូរ​លើក​ទឹក​ចិត្ត​គ្នា និង​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​បង​ប្អូន​កំពុង​តែ​ធ្វើ​នេះ​ស្រាប់។

ពាក្យ​ដាស់​តឿន​ផ្សេងៗ និង​ពាក្យ​សួរ​សុខ​ទុក្ខ

១២ បង​ប្អូន​អើយ យើង​សូម​អង្វរ​បង​ប្អូន​អោយ​ចេះ​គោរព​អស់​អ្នក​ដែល​ធ្វើ​ការ​នឿយហត់ ក្នុង​ចំណោម​បង​ប្អូន ជា​អ្នក​នាំ​មុខ​បង​ប្អូន​ក្នុង​មាគ៌ា​ព្រះអម្ចាស់ និង​អប់រំ​បង​ប្អូន។ ១៣ ត្រូវ​លើក​តម្លៃ​បង​ ប្អូន​ទាំង​នោះ​អោយ​បាន​ខ្ពស់​បំផុត ទាំង​មាន​ចិត្ត​ស្រឡាញ់ ដោយ​យល់​ដល់​កិច្ចការ​ដែល​គេ​បំពេញ​នោះ​ផង។ ត្រូវ​រស់​នៅ​អោយ​បាន​សុខ​ជា​មួយ​គ្នា។

១៤ បង​ ប្អូន​អើយ យើង សូម​ដាស់​តឿន​បង​ប្អូន​ថា ចូរ​ព្រមាន​អស់​អ្នក​ដែល​រស់​គ្មាន​សណ្ដាប់​ធ្នាប់ ចូរ​សំរាល​ទុក្ខ​អស់​អ្នក​ដែល​បាក់​ទឹក​ចិត្ត ជួយ​ទ្រទ្រង់​អស់​អ្នក​ទន់​ខ្សោយ និង​មាន​ចិត្ត​អត់ធ្មត់ ចំពោះ​មនុស្ស​ទួទៅ​ផង។

១៥ ចូរ​ ប្រយ័ត្ន កុំ​អោយ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់​ឡើយ តែ​ត្រូវ​សង្វាត​ធ្វើ​អំពើ​ល្អ​ជានិច្ច គឺ​ធ្វើ​ចំពោះ​បង​ប្អូន​គ្នា​ឯង និង​ចំពោះ​មនុស្ស​ទួទៅ។

១៦ ចូរ​មាន​អំណរ​សប្បាយ​ជានិច្ច ១៧ ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ ១៨ ចូរ​អរ​ព្រះគុណ​ ព្រះជាម្ចាស់​គ្រប់​កាលៈទេសៈ​ទាំង​អស់ ដ្បិត​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​អោយ​បង​ប្អូន ដែល​រួម​ជា​មួយ​ព្រះគ្រីស្ដយេស៊ូ​ធ្វើ​ដូច្នេះ​ឯង។

១៩ កុំ​រារាំង​សកម្មភាព​របស់​ព្រះវិញ្ញាណ​ឡើយ ២០ កុំ​មើលងាយ​ការ​ថ្លែង​ព្រះបន្ទូល ២១ ចូរ​ពិចារណា​មើល​គ្រប់​សេចក្ដី​ទាំង​អស់ ហើយ​ស្រង់​យក​នូវ​សេចក្ដី​ណា​ដែល​ល្អ។ ២២ ត្រូវ​ចៀស​ចេញ​អោយ​ផុត​ពី​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។

២៣ សូម​ ព្រះជាម្ចាស់ ជា​ប្រភព​នៃ​សេចក្ដី​សុខសាន្ត​ប្រោស​បង​ប្អូន​អោយ​បាន​វិសុទ្ធ*​ទាំង​ស្រុង។ សូម​ព្រះអង្គ​ថែរក្សា​ខ្លួន​បង​ប្អូន​ទាំង​មូល ទាំង​វិញ្ញាណ ទាំង​ព្រលឹង ទាំង​រូប​កាយ​អោយ​បាន​ស្អាត​ឥត​សៅហ្មង នៅ​ថ្ងៃ​ព្រះយេស៊ូ​គ្រីស្ដ​ជា​អម្ចាស់​នៃ​យើង​យាង​មក។ ២៤ ព្រះអង្គ​ដែល​បាន​ត្រាស់​ហៅ​បង​ប្អូន​មក ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះ​ត្រង់ ព្រះអង្គ​នឹង​សំរេច​ការ​នេះ​ជា​ពុំខាន។

២៥ បង​ប្អូន​អើយ សូម​អធិស្ឋាន*​អោយ​យើង​ផង។ ២៦ សូម​ជំរាប​សួរ​ពួក​បង​ប្អូន​ទាំង​អស់ ដោយ​ស្និទ្ធស្នាល។

២៧ ខ្ញុំ​សូម​អង្វរ​បង​ប្អូន ក្នុង​ព្រះនាម​ព្រះអម្ចាស់​ថា សូម​អាន​សំបុត្រ​នេះ អោយ​បង​ប្អូន​ទាំង​អស់​គ្នា​ស្ដាប់​ផង។

២៨ សូម​​ព្រះយេស៊ូ​គ្រីស្ដ ជា​អម្ចាស់​នៃ​យើងប្រណីសន្ដោស​ដល់បងប្អូន!