លិខិត​របស់​លោក​ប៉ូល​ផ្ញើ​ជូន
គ្រីស្ដ​បរិស័ទ​នៅ​ក្រុង​កូឡូស
ពាក្យលំនាំ

ក្រុងកូឡូសៈ សព្វថ្ងៃ ក្រុងនេះស្ថិតនៅកណ្ដាលប្រទេសទួរគី (ប្រមាណ ១៥០គ.ម.ខាងកើតក្រុងអេភេសូ)។ ព្រះសហគមន៍នៅក្រុង​កូឡូសកកើតឡើង ដោយលោកអប៉ាប្រាសបាននាំដំណឹងល្អ ទៅផ្សព្វផ្សាយនៅក្រុងនោះ។ អ្នកក្រុងកូឡូស​ចូលចិត្ដរិះគិតតាមទស្សនវិជ្ជាក្រិក ស្ដីអំពីធាតុទាំងបួន (ទឹក ភ្លើង ខ្យល់ ដី) និង អំពីអំណាចទាំងឡាយដែលត្រួតត្រាពីភពលោក មានយមយក្ស អារក្ស អ្នកតា ទេវតា ព្រៃភ្នំ វត្ថុស័ក្ដិសិទ្ធិ…ជាដើម។ គ្រីស្ដបរិស័ទ​ខ្លះនៅក្រុងកូឡូស បានរាប់បញ្ចូលព្រះគ្រីស្ដ ក្នុងចំ​ណោមអំណាចទាំងនោះដែរ។​លោកប៉ូលទទួល​ដំណឹងនេះនៅពេលដែលលោកជាប់ឃុំឃាំង នៅក្រុង​មួយប្រហែលជានៅក្រុង​អេភេ​សូ (គ.ស.៥៤-៥៧) ឬ នៅក្រុងសេសារេ (គ.ស.៥៨-៦០) ឬ នៅក្រុងរ៉ូម (គ.ស.៦១-៦៣)។ លោកក៏​សរសេរលិខិតទៅកែតំរង់​គ្រីស្ដបរិស័ទនៅក្រុងកូឡូស។

គោលសំខាន់ៗ

លោកសរសេរលិខិតនេះ ដើម្បីបញ្ជាក់ថា ព្រះយេស៊ូពិតជាមនុស្សដូចមនុស្សឯទៀតៗ ហើយព្រះអង្គក៏ពិតជាព្រះ​បុត្រា​របស់​ព្រះជាម្ចាស់ដែរ។ ព្រះអង្គជាព្រះអម្ចាស់ដែលគ្រប់គ្រងលើសត្វលោកទាំងឡាយទ្រង់មានអំណាចលើវត្ថុស័ក្ដិសិទ្ធិទាំង​អស់ ទាំង​នៅ​លើផែនដី ទាំងនៅស្ថានសួគ៌។ ព្រះអង្គបានសម្រុះសម្រួលមនុស្សលោកទាំងឡាយឲ្យរស់នៅជាមួយគ្នាដោយសុខសាន្ដ។ ព្រះសហគមន៍ ពិតជាព្រះកាយរបស់ព្រះគ្រីស្ដ ហើយព្រះអង្គក៏ជាសិរសា​របស់ក្រុមជំនុំ/ ព្រះសហគមន៍នេះដែរ។

គំរោងរបស់គម្ពីរកូឡូសៈ

សេចក្ដីផ្ដើម ១.១-៨

ឋានៈ និង ព្រះបរមកិច្ចរបស់ព្រះគ្រីស្ដ ១.៩-២.១៩

ជីវិតរួមជាមួយព្រះគ្រីស្ដ ២.២០-៤.៦

អវសានកថា ៤.៧-១៨

ជំពូក ១

សេចក្ដី​ផ្ដើម

១ យើង​ខ្ញុំ ប៉ូល និង​ធីម៉ូថេ ​ជា​អ្នក​បំរើ​របស់​ព្រះគ្រីស្ដ*​យេស៊ូ សូម​ជំរាប​មក​ប្រជាជន​ដ៏វិសុទ្ធ*​ទាំង​អស់ ដែល​រួម​ជា​មួយ​ព្រះគ្រីស្ដយេស៊ូ​នៅ​ក្រុង​ភីលីព ព្រម​ទាំង​អស់​លោក​អភិបាល និង​អ្នក​ជំនួយ​សូម​ជ្រាប។ ២ សូម​ព្រះជាម្ចាស់ ជា​ព្រះបិតា​របស់​យើង និង​ព្រះអម្ចាស់​យេស៊ូ​គ្រីស្ដ ប្រទានប្រណី​សន្ដោស និង ប្រទាន​សេចក្ដី​សុខសាន្ត​ដល់​បង​ប្អូន។

ពាក្យ​អរ​ព្រះគុណ និង​ពាក្យ​ទូលអង្វរ

៣ ពេល​ណា​ខ្ញុំ​នឹក​គិត​ដល់​បង​ប្អូន ខ្ញុំ​តែងតែ​អរ​ព្រះគុណ​ព្រះជាម្ចាស់​របស់​ខ្ញុំ​ជានិច្ច ៤ គឺ​គ្រប់​ពេល ខ្ញុំ​ទូលអង្វរ​ព្រះជាម្ចាស់​សំរាប់​បង​ប្អូន​ទាំង​អស់​គ្នា ខ្ញុំ​ទូលអង្វរ​ដោយ​ចិត្ត​រីករាយ​ជា​ដរាប ៥ ព្រោះ​បង​ប្អូន​រួម​ចំណែក​ក្នុង​ការ​ផ្សាយ​ដំណឹងល្អ តាំង​ពី​ថ្ងៃ​ដំបូង រហូត​មក​ទល់​សព្វ​ថ្ងៃ។ ៦ ខ្ញុំ​ជឿ​ជាក់​ថា ព្រះអង្គ​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ល្អ​នៅ​ក្នុង​បង​ប្អូន ទ្រង់​ក៏​នឹង​បង្ហើយ​ការ​នេះ​រហូត​ដល់​ថ្ងៃ​ព្រះគ្រីស្ដយេស៊ូ​យាង​មក។ ៧ ខ្ញុំ​មាន​ចិត្ត​គំនិត​ បែប​នេះ​ចំពោះ​បង​ប្អូន​ទាំង​អស់​គ្នា ពិត​ជា​ត្រឹម​ត្រូវ​មែន ព្រោះ​ចិត្ត​ខ្ញុំ​នៅ​ជាប់​ជំពាក់​នឹង​បង​ប្អូន​ជានិច្ច ហើយ​ទោះបី​ខ្ញុំ​នៅ​ជាប់​ឃុំឃាំង​ក្ដី ឬ​ពេល​ខ្ញុំ​និយាយ និង​ពង្រឹង​ដំណឹងល្អ*​ក្ដី បង​ប្អូន​ទាំង​អស់​គ្នា ក៏​បាន​រួម​ចំណែក​ជា​មួយ​ខ្ញុំ​ក្នុង​កិច្ចការ​ដែល​ព្រះជាម្ចាស់​ ប្រណី​សន្ដោស អោយ​ខ្ញុំ​បំពេញ​នេះ​ដែរ។ ៨ ព្រះជាម្ចាស់​ជា​សាក្សី​ ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​បង​ប្អូន​ទាំង​អស់​គ្នា​យ៉ាង​ខ្លាំង ដោយ​ចិត្ត​អាណិត​មេត្តា​មក​ពី​ព្រះគ្រីស្ដយេស៊ូ។

៩ ខ្ញុំ​ ទូលអង្វរ​ព្រះជាម្ចាស់​ដូច​ត​ទៅ​នេះ គឺ​សូម​អោយ​បង​ប្អូន​មាន​សេចក្ដី​ស្រឡាញ់​ដ៏​លើសលប់ កាន់​តែ​ខ្លាំង​ឡើងៗ ធ្វើ​អោយ​បង​ប្អូន​ចេះ​ដឹង​ច្បាស់ និង​យល់​សព្វ​គ្រប់​ទាំង​អស់ ១០ ដើម្បី​អោយ​បង​ប្អូន​ ចេះ​ពិចារណា​មើល​ថា ការ​អ្វី​ប្រសើរ​ជាង​គេ។ ដូច្នេះ នៅ​ថ្ងៃ​ព្រះគ្រីស្ដ​យាង​មក បង​ប្អូន​នឹង​បាន​បរិសុទ្ធ*​ឥត​មាន​កំហុស​អ្វី​ឡើយ ១១ ហើយ​បង​ប្អូន​នឹង​បាន​ ពោរពេញ​ដោយ​ផល​នៃ​សេចក្ដី​សុចរិត​ដែល​មក​ពី​ព្រះយេស៊ូ​គ្រីស្ដ សំរាប់​លើក​តម្កើង​សិរីរុងរឿង និង​កោត​សរសើរ​ព្រះជាម្ចាស់។

លោក​ប៉ូល​ជាប់​ឃុំឃាំង

១២ បង​ប្អូន​អើយ ខ្ញុំ​ចង់​អោយ​បង​ប្អូន​ជ្រាប​ថា ហេតុការណ៍​ដែល​កើត​មាន​ដល់​ខ្ញុំ​នោះ បែរ​ជា​ជួយ​ដំណឹងល្អ​វិញ​ទេ ១៣ គឺ​នៅ​ក្នុង​សាលា​កាត់​ក្ដី​ទាំង​មូល និង​នៅ​គ្រប់​ទី​កន្លែង​ឯ​ទៀតៗ​មនុស្សម្នា​បាន​ឃើញ​យ៉ាង​ច្បាស់​ថា ខ្ញុំ​ជាប់​ឃុំឃាំង​ព្រោះ​តែ​ព្រះគ្រីស្ដ។ ១៤ ដោយ​ឃើញ​ខ្ញុំ​ជាប់​ ឃុំឃាំង​ដូច្នេះ បង​ប្អូន​ភាគ​ច្រើន​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ហើយ​រឹត​តែ​មាន​ចិត្ត​ក្លាហាន​ប្រកាស​ព្រះបន្ទូល​ឥត​ភ័យ​ខ្លាច​អ្វី​ឡើយ។ ១៥ មាន​បង​ប្អូន​ខ្លះ​ ប្រកាស​ដំណឹងល្អ​អំពី​ព្រះគ្រីស្ដ ដោយ​ចិត្ត​ច្រណែនឈ្នានីស​ចង់​ប្រណាំង​ប្រជែង តែ​បង​ប្អូន​ខ្លះ​ទៀត​ប្រកាស​ដោយ​មាន​ឆន្ទៈ​ល្អ ១៦ បង​ប្អូន​ទាំង​នេះ​ប្រកាស​ដោយ​ចិត្ត​ស្រឡាញ់ ព្រោះ​ដឹង​ថា​ព្រះអម្ចាស់​បាន​តែងតាំង​ខ្ញុំ​អោយ​ការពារ​ដំណឹងល្អ។ ១៧ រីឯ​អ្នក​ដែល​ផ្សាយ​ ដំណឹង​អំពី​ព្រះគ្រីស្ដ ដោយ​គំនិត​ប្រកួត​ចង់​ឈ្នះ​នោះ​វិញ គេ​មាន​គោល​បំណង​មិន​បរិសុទ្ធ*​ទេ គឺ​គេ​ស្មាន​ថា នឹង​ធ្វើ​អោយ​ខ្ញុំ​រឹងរឹត​តែ​វេទនា​ក្នុង​ទី​ឃុំឃាំង​ថែម​ទៀត។ ១៨ មិន​ថ្វី​ទេ! ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​គេ​មាន​គំនិត​វៀចវេរ​ក្ដី ស្មោះ​សរ​ក្ដី ក៏​គេ​ផ្សាយ​ដំណឹង​អំពី​ព្រះគ្រីស្ដ​ដែរ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ការ​នេះ ហើយ​ខ្ញុំ​នឹង​សប្បាយ​ចិត្ត​ត​ទៅ​មុខ​ទៀត ១៩ ដ្បិត​ខ្ញុំ​ដឹង​ថា ការ​នេះ​នឹង​ធ្វើ​អោយ​ខ្ញុំ​ទទួល​ការ​សង្គ្រោះ​ទៅ​វិញ​ទេ ដោយ​បង​ប្អូន​អង្វរ​ព្រះជាម្ចាស់​អោយ​ខ្ញុំ ហើយ​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះយេស៊ូ​គ្រីស្ដ​ជួយ​ខ្ញុំ​ដែរ។ ២០ ខ្ញុំ​ទន្ទឹង​រង់ចាំ​ យ៉ាង​ខ្លាំង​អស់​ពី​ចិត្ត និង​សង្ឃឹម​លើ​ព្រះអង្គ ខ្ញុំ​មិន​ត្រូវ​អាម៉ាស់​មុខ​ត្រង់​ណា​ឡើយ។ ផ្ទុយ​ទៅ​វិញ ពេល​នេះ​ក៏​ដូច​ជា​ពេល​ណា​ទាំង​អស់ ខ្ញុំ​នៅ​តែ​មាន​ចិត្ត​រឹងប៉ឹង​ឥត​រង្គើ ទោះបី​ខ្ញុំ​ត្រូវ​រស់ ឬ​ស្លាប់​ក្ដី ខ្ញុំ​នឹង​លើក​តម្កើង​ព្រះគ្រីស្ដ​ក្នុង​រូប​កាយ​ខ្ញុំ។ ២១ ចំពោះ​ខ្ញុំ បើ​រស់ ខ្ញុំ​រស់​រួម​ជា​មួយ​ព្រះគ្រីស្ដ ហើយ​បើ​ស្លាប់ ខ្ញុំ​ក៏​បាន​ចំណេញ​ដែរ។​​ ២២ ប៉ុន្តែ បើ​ខ្ញុំ​រស់​ក្នុង​លោក​នេះ​ត​ទៅ​ទៀត ធ្វើ​អោយ​កិច្ចការ​របស់​ខ្ញុំ​បាន​ផល ខ្ញុំ​មិន​ដឹង​ជា​ជ្រើស​រើស​យក​ផ្លូវ​ណា​ឡើយ!។ ២៣ ចិត្ត​ខ្ញុំ​រារែក​ទាំង​សង​ខាង គឺ​ម្យ៉ាង​ខ្ញុំ​ប៉ងប្រាថ្នា​ចង់​លា​ចាក​លោក​នេះ ទៅ​នៅ​ជា​មួយ​ព្រះគ្រីស្ដ​នោះ​ប្រសើរ​ជាង​ឆ្ងាយ​ណាស់ ២៤ ម្យ៉ាង​ទៀត បើ​ខ្ញុំ​នៅ​រស់​ក្នុង​លោក​នេះ​ត​ទៅ​មុខ នោះ​មាន​ប្រយោជន៍​ជាង​សំរាប់​បង​ប្អូន។ ២៥ ខ្ញុំ​ជឿ​ជាក់ និង​ដឹង​ថា​ខ្ញុំ​នឹង​នៅ​រស់ ហើយ​ស្នាក់​នៅ​ជា​មួយ​បង​ប្អូន​ទាំង​អស់​គ្នា ដើម្បី​អោយ​បង​ប្អូន​បាន​ចំរើន​ឡើង ទាំង​មាន​អំណរ​មក​ពី​ជំនឿ ២៦ និង​ដើម្បី​អោយ​បង​ ប្អូន​រឹងរឹត​តែ​ខ្ពស់​មុខ​ថែម​ទៀត​ដោយ​បាន​រួម​ជា​មួយ​ព្រះគ្រីស្ដយេស៊ូ ព្រោះ​តែ​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​វិល​មក​ជួប​បង​ប្អូន​វិញ។

ការ​តស៊ូ​ស្វិតស្វាញ​ក្នុង​ជំនឿ

២៧ សូម​បង​ប្អូន​កាន់​ កិរិយា​មារយាទ អោយ​បាន​សមរម្យ​នឹង​ដំណឹងល្អ​របស់​ព្រះគ្រីស្ដ​ផង ទោះ​បី​ខ្ញុំ​មក​ឃើញ​បង​ប្អូន​ក្ដី ឬ​នៅ​ឆ្ងាយ​បាន​ឮ​ដំណឹង​ពី​បង​ប្អូន​ក្ដី សូម​អោយ​ខ្ញុំ​បាន​ដឹង​ថា បង​ប្អូន​មាន​ជំហរ​មាំមួន​ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ ព្រម​ទាំង​រួម​ចិត្ត​ថ្លើម​គ្នា​តយុទ្ធ​ដើម្បី​ជំនឿ​លើ​ដំណឹងល្អ​ទៀត​ផង ២៨ គឺ​បង​ប្អូន​មិន​ញញើត​ នឹង​ពួក​អ្នក​ប្រឆាំង ត្រង់​ប្រការ​ណា​មួយ​ឡើយ ជា​ភស្ដុតាង​ស​អោយ​ឃើញ​ថា ពួក​គេ​នឹង​ត្រូវ​វិនាស​អន្តរាយ រីឯ​បង​ប្អូន​វិញ បង​ប្អូន​នឹង​ទទួល​ការ​សង្គ្រោះ។ ការ​នេះ​កើត​មក​ពី​ព្រះជាម្ចាស់ ២៩ ដ្បិត​ព្រះអង្គ​ ប្រណីសន្ដោស​បង​ប្អូន​អោយ​បំរើ​ព្រះគ្រីស្ដ ដោយ​មិន​គ្រាន់​តែ​ជឿ​លើ​ព្រះអង្គ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​រង​ទុក្ខ​លំបាក​ដើម្បី​ព្រះអង្គ​ទៀត​ផង។ ៣០ បង​ប្អូន​បាន​តយុទ្ធ​ រួម​ជា​មួយ​ខ្ញុំ ដូច​បង​ប្អូន​ធ្លាប់​បាន​ឃើញ​ខ្ញុំ​តយុទ្ធ​ស្រាប់​ហើយ ហើយ​ដូច​បង​ប្អូន​ឮ​ថា ខ្ញុំ​កំពុង​តែ​តយុទ្ធ​នៅ​ឡើយ។

ជំពូក ២

ព្រះគ្រីស្ដ​បន្ទាប​ខ្លួន និង​ទទួល​សិរីរុងរឿង

១ ដូច្នេះ ប្រសិន​បើ​បង​ប្អូន​ពិត​ជា​បាន​ទទួល​ការ​ដាស់​តឿន​​អ្វី​មួយ ដោយ​រួម​ជា​មួយ​ព្រះគ្រីស្ដ ប្រសិន​បើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ពិត​ជា​លើក​ទឹក​ចិត្ត​បង​ប្អូន ប្រសិន​បើ​ព្រះវិញ្ញាណ​ពិត​ជា​ប្រទាន​អោយ​បង​ប្អូន​រួម​រស់​ជា​មួយ​គ្នា ឬ​ប្រសិន​បើ​បង​ប្អូន​ពិត​ជា​មាន​ចិត្ត​អាណិត​អាសូរ និង​ចិត្ត​មេត្តាករុណា ២ សូម​បំពេញ​អំណរ​របស់​ ខ្ញុំ ដោយ​បង​ប្អូន​មាន​ចិត្ត​គំនិត​តែ​មួយ មាន​សេចក្ដី​ស្រឡាញ់​តែ​មួយ មាន​ចិត្ត​ថ្លើម​តែ​មួយ​ និង​មាន​ឆន្ទៈ​តែ​មួយ។ ៣ កុំ​ធ្វើ​អ្វី​ដោយ​ចង់​ ប្រកួត​ប្រជែង​គ្នា ឬ​ដោយ​អួត​បំប៉ោង​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ដាក់​ខ្លួន ហើយ​ចាត់​ទុក​អ្នក​ឯ​ទៀតៗ​ថា​ប្រសើរ​ជាង​ខ្លួន។ ៤ ក្នុង​ចំណោម​បង​ប្អូន ម្នាក់ៗ​កុំ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ គឺ​ត្រូវ​គិត​ដល់​ប្រយោជន៍​អ្នក​ដទៃ​វិញ​។ ៥ ព្រះគ្រីស្ដយេស៊ូ​មាន​ចិត្ត​គំនិត​យ៉ាង​ណា បង​ប្អូន​ត្រូវ​មាន​ចិត្ត​គំនិត​យ៉ាង​នោះ​ដែរ។

៦ ទោះបី​ព្រះអង្គ​មាន​ឋានៈ​ជា​ព្រះជាម្ចាស់

ក៏​ដោយ ក៏​ព្រះអង្គ​ពុំ​បាន​ក្ដោបក្ដាប់

ឋានៈ​ដែល​ស្មើ​នឹង​ព្រះជាម្ចាស់​នេះ

ទុក​ជា​កម្មសិទ្ធិ​ដាច់​មុខ​របស់​ព្រះអង្គ​ឡើយ។

៧ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​បាន​លះបង់​អ្វីៗ​ទាំង​អស់

មក​យក​ឋានៈ​ជា​ទាសករ

ព្រះអង្គ​បាន​ទៅ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ

ហើយ​ក៏​រស់​នៅ​ក្នុង​ភាព​ជា

មនុស្ស​សាមញ្ញ​ដែរ។

៨ ព្រះអង្គ​បាន​ដាក់​ខ្លួន ធ្វើ​តាម​ព្រះបញ្ជា

រហូត​ដល់​សោយ​ទិវង្គត

គឺ​រហូត​ដល់​សោយ​ទិវង្គត​លើ​ឈើ​ឆ្កាង

ថែម​ទៀត​ផង។

៩ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់

លើក​តម្កើង​ព្រះអង្គ​ឡើង​យ៉ាង​ខ្ពង់ខ្ពស់​បំផុត

ព្រម​ទាំង​ប្រោស​ប្រទាន​អោយ​ព្រះអង្គ

មាន​ព្រះនាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់

១០ ដើម្បី​អោយ​អ្វីៗ​ទាំង​អស់

ទាំង​នៅ​ស្ថាន​បរមសុខ*

ទាំង​នៅ​លើ​ផែនដី ទាំង​នៅ​ក្រោម​ដី

នាំ​គ្នា​ក្រាប​ថ្វាយបង្គំ

នៅ​ពេល​ណា​ឮ​ព្រះនាម​ព្រះយេស៊ូ

១១ និងអោយ​មនុស្ស​គ្រប់​ភាសា​ប្រកាស​ឡើងថា

ព្រះយេស៊ូ​គ្រីស្ដ​ជា​ព្រះអម្ចាស់

ដើម្បី​លើក​តម្កើង​សិរីរុងរឿង​ព្រះជាម្ចាស់

ជា​ព្រះបិតា។

គ្រីស្ដបរិស័ទ​ជា​ពន្លឺ​ពិភពលោក

១២ ហេតុ​នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ​ដូច​បង​ប្អូន​ធ្លាប់​តែ​ស្ដាប់​បង្គាប់​ជា​រៀង​ ដរាប​មក​ហើយ​នោះ ចូរ​ស្ដាប់​បង្គាប់​ត​ទៅ​មុខ​ទៀត​ទៅ គឺ​មិន​ត្រឹម​តែ​ពេល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ ជា​ពិសេស​ពេល​ខ្ញុំ​នៅ​ឆ្ងាយ​សូម​បង​ប្អូន​ខំ​ប្រឹង​ធ្វើ​ការ ទាំង​គោរព​កោត​ខ្លាច និង​ញាប់ញ័រ ស្រប​តាម​ការ​សង្គ្រោះ​ដែល​បង​ប្អូន​បាន​ទទួល ១៣ ដ្បិត​ព្រះជាម្ចាស់​ទេ​ តើ ដែល​ធ្វើ​អោយ​បង​ប្អូន​មាន​ទាំង​បំណង មាន​ទាំង​សមត្ថភាព​អាច​នឹង​ប្រព្រឹត្ត​តាម​ព្រះបំណង​ដ៏​សប្បុរស​របស់​ ព្រះអង្គ។ ១៤ ចូរ​ធ្វើ​កិច្ចការ​ទាំង​អស់ ដោយ​ឥត​រអ៊ូរទាំ ឬ​ជជែក​តវ៉ា​ឡើយ ១៥ ដើម្បី​អោយ​បង​ប្អូន​ បាន​ល្អ​ឥត​ខ្ចោះ ឥត​សៅហ្មង ជា​បុត្រ​របស់​ព្រះជាម្ចាស់​ដែល​ឥត​មាន​កំហុស ក្នុង​ចំណោម​មនុស្ស​វៀចវេរ និង​ខិលខូច​នៅ​ជំនាន់​នេះ។ បង​ប្អូន​ភ្លឺ​ក្នុង​ចំណោម​ពួក​គេ ដូច​ពន្លឺ​ដែល​បំភ្លឺ​ពិភពលោក ១៦ ទាំង​នាំ​ព្រះបន្ទូល​ ដែល​ផ្ដល់​ជីវិត​មក​អោយ​ពួក​គេ។ បើ​បង​ប្អូន​ធ្វើ​ដូច្នេះ ខ្ញុំ​នឹង​បាន​ខ្ពស់​មុខ​នៅ​ថ្ងៃ​ព្រះគ្រីស្ដ​យាង​មក​ព្រោះ​កិច្ចការ​ដែល​ ខ្ញុំ​បាន​ខំ​ប្រឹង​ធ្វើ ទាំង​នឿយហត់​នោះ មិន​មែន​អសារ​ឥត​ការ​ទេ។ ១៧ ទោះ​បី​ខ្ញុំ​ត្រូវ​ បង្ហូរ​ឈាម ទុក​ជា​សក្ការបូជា​បន្ថែម​ពី​លើ​យញ្ញបូជា និង​ពី​លើ​តង្វាយ​នៃ​ជំនឿ​របស់​បង​ប្អូន ខ្ញុំ​មាន​អំណរ​សប្បាយ​ពី​ការ​នេះ ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​រួម​ជា​មួយ​បង​ប្អូន​ទាំង​អស់​គ្នា​ដែរ។ ១៨ រីឯ​បង​ប្អូន​វិញ សូម​អោយ​បង​ប្អូន​មាន​អំណរ ហើយ​សប្បាយ​ចិត្ត​រួម​ជា​មួយ​ខ្ញុំ​ផង។

បេសកកម្ម​របស់​លោក​ធីម៉ូថេ និង​លោក​អេប៉ាប្រូឌីត

១៩ ដោយ​រួម​ជា​មួយ​ ព្រះអម្ចាស់​យេស៊ូ ខ្ញុំ​សង្ឃឹម​ថា​នឹង​ចាត់​លោក​ធីម៉ូថេ​មក​រក​បង​ប្អូន ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដើម្បី​អោយ​ខ្ញុំ​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត​ដោយ​ទទួល​ដំណឹង​ពី​បង​ប្អូន ២០ ​ដ្បិត​ក្រៅ​ពី​គាត់​គ្មាន​នរណា​ជួយ​រំលែក​ទឹក​ចិត្ត​របស់​ខ្ញុំ ហើយ​គ្មាន​នរណា​ខ្វល់ខ្វាយ​នឹង​បង​ប្អូន​ពិត​ប្រាកដ​ទេ។ ២១ អ្នក​ឯ​ទៀតៗ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទាំង​អស់​គ្នា គេ​មិន​គិត​ពី​ប្រយោជន៍​របស់​ព្រះយេស៊ូ​គ្រីស្ដ​ទេ។ ២២ បង​ប្អូន​ជ្រាប​អំពី​ទឹក​ចិត្ត​របស់​គាត់​ស្រាប់​ហើយ​ថា គាត់​ពួតដៃ​ជា​មួយ​ខ្ញុំ ដូច​កូន​នឹង​ឪពុក​ដើម្បី​បំរើ​ដំណឹងល្អ។ ២៣ ដូច្នេះ ខ្ញុំ​សង្ឃឹម​ថា​នឹង​ចាត់​គាត់​មក​រក​បង​ប្អូន​ក្នុង​ពេល​ឆាប់ៗ នៅ​ពេល​ណា​រឿងរ៉ាវ​ខ្ញុំ​បាន​ជ្រះស្រឡះ។ ២៤ ដោយ​រួម​ជា​មួយ​ព្រះអម្ចាស់ ខ្ញុំ​ជឿ​ជាក់​ថា ខ្លួន​ខ្ញុំ​ផ្ទាល់ ក៏​មុខ​ជា​មក​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដែរ។

២៥ ខ្ញុំ​ យល់​ឃើញ​ទៀត​ថា ត្រូវ​តែ​ចាត់​លោក​អេប៉ាប្រូឌីត​ជា​បង​ប្អូន និង​ជា​សហការី​របស់​ខ្ញុំ ហើយ​ជា​អ្នក​តយុទ្ធ​រួម​ជា​មួយ​ខ្ញុំ អោយ​មក​រក​បង​ប្អូន​ជា​ចាំបាច់។ បង​ប្អូន​បាន​ចាត់​គាត់​អោយ​មក​ជួយ​ឧបត្ថម្ភ​ខ្ញុំ​នៅ​ពេល​ខ្ញុំ​ត្រូវ​ការ។ ២៦ គាត់​មាន​បំណង​ចង់​មក​ ជួប​បង​ប្អូន​ទាំង​អស់​គ្នា​ខ្លាំង​ណាស់ ហើយ​គាត់​ក៏​ពិបាក​ចិត្ត ព្រោះ​បង​ប្អូន​បាន​ទទួល​ដំណឹង​ថា​គាត់​មាន​ជំងឺ។ ២៧ គាត់​ឈឺ​ធ្ងន់ ជិត​ស្លាប់​មែន ក៏​ប៉ុន្តែ ព្រះជាម្ចាស់​អាណិត​គាត់ គឺ​ព្រះអង្គ​មិន​ត្រឹម​តែ​អាណិត​គាត់​ប៉ុណ្ណោះ​ទេ ព្រះអង្គ​ក៏​អាណិត​ខ្ញុំ​ដែរ ដើម្បី​កុំ​អោយ​ខ្ញុំ​មាន​ទុក្ខ​ត្រួត​ពី​លើ​ទុក្ខ។ ២៨ ហេតុ​នេះ​ហើយ​បាន​ជា​ ខ្ញុំ​ខំ​ខ្នះខ្នែង​ចាត់​គាត់​អោយ​មក​ជួប​បង​ប្អូន ដើម្បី​អោយ​បង​ប្អូន​មាន​អំណរ​សប្បាយ​ដោយ​ឃើញ​គាត់​សា​ជា​ថ្មី ហើយ​អោយ​ខ្ញុំ​ផ្ទាល់​ឈប់​ព្រួយ​ចិត្ត។ ២៩ សូម​ទទួល​គាត់​ទុក​ដូច​ជា​បង​ប្អូន​រួម​ជំនឿ​ដោយ​អរ​សប្បាយ​ជា​ទី​បំផុត សូម​គោរព​មនុស្ស​បែប​គាត់​នេះ​ផង ៣០ ដ្បិត​គាត់​ជិត​បាត់​ បង់​ជីវិត ព្រោះ​តែ​កិច្ចការ​របស់​ព្រះគ្រីស្ដ គឺ​គាត់​បាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ជួយ​ខ្ញុំ​ជំនួស​បង​ប្អូន ដែល​ពុំ​អាច​មក​ជួយ​ខ្ញុំ​បាន។

ជំពូក ៣

១ មួយ​វិញ​ទៀត បង​ប្អូន​អើយ ចូរ​មាន​អំណរ​សប្បាយ ដោយ​បាន​រួម​ជា​មួយ​ព្រះអម្ចាស់។ ខ្ញុំ​មិន​ធុញទ្រាន់​នឹង​សរសេរ​សេចក្ដី​ដដែលៗ​នេះ​មក​បង​ប្អូន​ឡើយ ខ្ញុំ​សរសេរ​ដូច្នេះ​ដើម្បី​ពង្រឹង​ជំនឿ​របស់​បង​ប្អូន។

២ ចូរ​ប្រយ័ត្ន​នឹង​ពួក​ឆ្កែ​ចូរ​ប្រយ័ត្ន​ នឹង​ពួក​អ្នក​ដែល​ធ្វើ​ការ​មិន​ត្រឹម​ត្រូវ​ចូរ​ប្រយ័ត្ន​នឹង​ពួក​អ្នក​កាត់​ស្បែក​ក្លែងក្លាយ ៣ ដ្បិត​យើង​ឯណេះ​វិញ​ទេ ដែល​ជា​អ្នក​កាត់​ស្បែក​ពិត​ប្រាកដ​ គឺ​យើង​រាល់​គ្នា​ដែល​ជា​អ្នក​គោរព​ថ្វាយបង្គំ​ព្រះជាម្ចាស់ តាម​ព្រះវិញ្ញាណ យើង​អួតអាង​លើ​ព្រះគ្រីស្ដ*​យេស៊ូ យើង​មិន​ពឹង​ផ្អែក​លើ​លោកីយ៍​ទេ។ ៤ ខ្ញុំ​ក៏​មាន​ហេតុ​នឹង​ ពឹង​ផ្អែក​លើ​លោកីយ៍​បាន​ដែរ។ ប្រសិន​បើ​អ្នក​ឯ​ទៀតៗ​ស្មាន​ថា ខ្លួន​អាច​ពឹង​ផ្អែក​លើ​លោកីយ៍ ខ្ញុំ​រឹតតែ​មាន​ហេតុ​ពឹង​ផ្អែក​លើ​លោកីយ៍​ច្រើន​ជាង​អ្នក​នោះ​ទៅ​ទៀត ៥ គឺ​ខ្ញុំ​បាន​ទទួល​ពិធី​ កាត់​ស្បែក*​ពេល​ខ្ញុំ​កើត​បាន​ប្រាំ​បី​ថ្ងៃ ខ្ញុំ​ជា​ពូជ​សាសន៍​អ៊ីស្រាអែល​ក្នុង​កុល​សម្ព័ន្ធ​បេនយ៉ាមីន ខ្ញុំ​ជា​ហេប្រឺ​កើត​ពី​ជាតិ​ហេប្រឺ។ រីឯ​ផ្នែកគោរពវិន័យ*​វិញ ខ្ញុំ​នៅ​ខាង​គណៈ​ផារីស៊ី* ៦ បើ​និយាយ​ពី​ខ្នះខ្នែង ខ្ញុំ​បាន​ខ្នះខ្នែង​រហូត​ដល់​ទៅ​បៀតបៀន​ក្រុមជំនុំ/ព្រះសហគមន៍ទៀត​ផង។ បើ​និយាយ​ពី​សេចក្ដី​សុចរិត ដែល​មក​ពី​ការ​កាន់​តាម​វិន័យ​នោះ​វិញ ខ្ញុំ​គ្មាន​កំហុស​ត្រង់​ណា​សោះ​ឡើយ។ ៧ ក៏​ប៉ុន្តែ អ្វីៗ​ដែល​ខ្ញុំ​ធ្លាប់​គិត​ថា មាន​តម្លៃ​សំរាប់​ខ្ញុំ​នោះ ខ្ញុំ​ចាត់​ទុក​ទាំង​អស់​ថា​ឥត​បាន​ការ​ទៅ​វិញ ព្រោះ​តែ​ព្រះគ្រីស្ដ ៨ គឺ​ខ្ញុំ​ចាត់​ទុក​អ្វីៗ​ ទាំង​អស់​ដូច​ជា​ឥត​បាន​ការ ព្រោះ​តែ​បាន​ស្គាល់​ព្រះគ្រីស្ដយេស៊ូ​ជា​ព្រះអម្ចាស់​របស់​ខ្ញុំ ដែល​ជា​ការ​មួយ​ដ៏​ប្រសើរ​វិសេសវិសាល​បំផុត។ ព្រោះ​តែ​ព្រះអង្គ ខ្ញុំ​សុខ​ចិត្ត​ខាត​បង់​អ្វីៗ​ទាំង​អស់ ហើយ​ខ្ញុំ​ចាត់​ទុក​អ្វីៗ​ទាំង​អស់​នេះ​ដូច​ជា​សំរាម​អោយ​តែ​ខ្ញុំ​បាន​ ព្រះគ្រីស្ដ ៩ និង​អោយ​តែ​ខ្ញុំ​បាន​រួម ​ជា​មួយ​ព្រះអង្គ។ ខ្ញុំ​មិន​មែន​បាន​សុចរិត​ដោយ​កាន់​តាមវិន័យ​នោះ​ឡើយ គឺ​បាន​សុចរិត ដោយ​ជឿ​លើ​ព្រះគ្រីស្ដ ហើយ​សេចក្ដី​សុចរិត​នេះ​មក​ពី​ព្រះជាម្ចាស់ ជា​សេចក្ដី​សុចរិត​ដែល​ស្ថិត​នៅ​លើ​ជំនឿ ១០ បំណង​របស់​ខ្ញុំ គឺ​ចង់​ស្គាល់​ព្រះគ្រីស្ដ និង​ស្គាល់​ឫទ្ធានុភាព​ដែល​បាន​ប្រោស​ព្រះអង្គ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​ វិញ ព្រម​ទាំង​ចូល​រួម​ជា​មួយ​ព្រះអង្គ​ដែល​រង​ទុក្ខ​លំបាក ហើយ​អោយ​បាន​ដូច​ព្រះអង្គ​ដែល​សោយ​ទិវង្គត ១១ ដើម្បី​អោយ​ខ្ញុំ​មាន​ជីវិត​រស់​ឡើង​វិញ ប្រសិន​បើ​អាច​រស់​ឡើង​វិញ​បាន។

ការ​សង្វាត​អោយ​បាន​គ្រប់​លក្ខណៈ

១២ ខ្ញុំ​មិន​ថា ខ្ញុំ​បាន​ទៅ​ដល់​ទីដៅ ឬ​បាន​គ្រប់​លក្ខណៈ ហើយ​នោះ​ទេ គឺ​ខ្ញុំ​កំពុង​តែ​រត់​ទៅ​មុខ​ដើម្បី​ចាប់​អោយ​បាន ដ្បិត​ខ្លួន​ខ្ញុំ​ផ្ទាល់ ក៏​ត្រូវ​ព្រះគ្រីស្ដយេស៊ូ​ចាប់​ខ្ញុំ​ជា​មុន​ដែរ។ ១៣ បង​ប្អូន​អើយ ចំពោះ​រូប​ខ្ញុំ​ផ្ទាល់ ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​មិន​ទាន់​បាន​ទៅ​ដល់​ទីដៅ​នៅ​ឡើយ​ទេ ខ្ញុំ​មាន​បំណង​តែ​មួយ គឺ​បំភ្លេច​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​រត់​ហួស​មក​ហើយ ដើម្បី​ផ្ចង់​ចិត្ត​ឆ្ពោះ​ទៅ​រក​អ្វីៗ​ដែល​នៅ​ខាង​មុខ។ ១៤ ខ្ញុំ​រត់​តម្រង់​ទៅ​រក ​ទីដៅ ដើម្បី​អោយ​បាន​ទទួល​រង្វាន់​ពី​ព្រះជាម្ចាស់ ដែល​ទ្រង់​បាន​ត្រាស់​ហៅ​យើង​ពី​ស្ថាន​បរមសុខ អោយ​ទទួល​រួម​ក្នុង​អង្គ​ព្រះគ្រីស្ដយេស៊ូ។ ១៥ ដូច្នេះ យើង​ទាំង​អស់​គ្នា​ដែល​ជា «មនុស្ស​គ្រប់​លក្ខណៈ» ត្រូវ​តែ​មាន​គំនិត​បែប​នេះ​ឯង។ ប្រសិន​បើ​បង​ប្អូន​មាន​គំនិត​ផ្សេង​ត្រង់​ចំណុច​ណា​មួយ ព្រះជាម្ចាស់​មុខ​ជា​បំភ្លឺ​បង​ប្អូន​អោយ​ដឹង​មិន​ខាន។ ១៦ ទោះ​បី​យើង​បាន​ដល់​ត្រឹម​ណា​ក៏​ដោយ យើង​ត្រូវ​តែ​ទៅ​មុខ ឆ្ពោះ​ទៅ​រក​ទិសដៅ​ដដែល។

១៧ បង​ប្អូន​អើយ ចូរ​យក​តំរាប់​តាម​ខ្ញុំ។ ចូរ​សម្លឹង​មើល​អស់​អ្នក​ដែល​រស់​នៅ ស្រប​តាម​គំរូ​ដែល​យើង​បាន​ដាក់​អោយ​បង​ប្អូន​ឃើញ​នោះ​ទៅ។ ១៨ ខ្ញុំ​ធ្លាប់​បាន​ជំរាប ​បង​ប្អូន​ជា​រឿយៗ​មក​ហើយ ហើយ​នៅ​ពេល​នេះ​ទៀត ខ្ញុំ​ក៏​សូម​ជំរាប​បង​ប្អូន​ទាំង​ទឹក​ភ្នែក​ថា មាន​បង​ប្អូន​ជា​ច្រើន​នាក់ រស់​នៅ​ជា​សត្រូវ​នឹង​ឈើ​ឆ្កាង​របស់​ព្រះគ្រីស្ដ*។ ១៩ ដល់​ទី​បំផុត​អ្នក​ទាំង ​នោះ​ត្រូវ​វិនាស​អន្តរាយ គេ​យក​ក្រពះ​ធ្វើ​ជា​ព្រះ យក​កេរ្តិ៍​ខ្មាស​ធ្វើ​ជា​កិត្តិយស​ ហើយ​គិត​តែ​ពី​អ្វីៗ​ដែល​នៅ​លើ​ផែនដី​នេះ​ប៉ុណ្ណោះ។ ២០ រីឯ​យើង​វិញ មាតុភូមិ​របស់​យើង​នៅ​ស្ថាន​បរមសុខ* ហើយ​យើង​នៅ​ទន្ទឹង​រង់ចាំ​ព្រះសង្គ្រោះ គឺ​ព្រះអម្ចាស់​យេស៊ូ​គ្រីស្ដ​យាង​មក​ពី​ស្ថាន​នោះ។ ២១ ព្រះអង្គ​នឹង​បំផ្លាស់​ បំប្រែ​រូប​កាយ​ដ៏​ថោក​ទាប​របស់​យើង​នេះ អោយ​បាន​ដូច​ព្រះកាយ ប្រកប​ដោយ​សិរីរុងរឿង​របស់​ព្រះអង្គ​ដោយ​មហិទ្ធិឫទ្ធិ ដែល​ធ្វើ​អោយ​ព្រះអង្គ​បង្ក្រាប​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​អំណាច​របស់​ ព្រះអង្គ។

ជំពូក ៤

១ បង​ប្អូន​ជា​ទី​ស្រឡាញ់​ អើយ ខ្ញុំ​ចង់​ជួប​បង​ប្អូន​ខ្លាំង​ណាស់ បង​ប្អូន​ជា​អំណរ​សប្បាយ និង​ជា​កិត្តិយស​របស់​ខ្ញុំ! បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​ស្ថិត​នៅ​អោយ​បាន​ខ្ជាប់​ខ្ជួន រួម​ជា​មួយ​ព្រះអម្ចាស់​ដូច្នេះ​ត​រៀង​ទៅ!

សេចក្ដី​ដាស់​តឿន​ផ្សេងៗ

២ ខ្ញុំ​សូម​ទូន្មាន​នាង​អេវ៉ូឌី និង​នាង​ស៊ីនទីក​ថា ចូរ​មាន​ចិត្ត​គំនិត​តែ​មួយ អោយ​សម​ជា​អ្នក​រួម​រស់​ជា​មួយ​ព្រះអម្ចាស់។ ៣ រីឯ​អ្នក​វិញ មិត្ត​ដ៏​ស្មោះ​ត្រង់​អើយ សូម​ជួយ​នាង​ទាំង​ពីរ​នាក់​នេះ​ផង ដ្បិត​នាង​ធ្លាប់​បាន​តយុទ្ធ​រួម​ជា​មួយ​ខ្ញុំ ព្រោះ​តែ​ដំណឹងល្អ* ជា​មួយ​លោក​ក្លេម៉ង់ ព្រម​ទាំង​ជា​មួយ​អ្នក​ឯ​ទៀតៗ ដែល​បាន​ធ្វើ​ការ​ជា​មួយ​ខ្ញុំ ហើយ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ជីវិត​នោះ​ផង​ដែរ។

៤ ចូរ​បង​ប្អូន​អរ​សប្បាយ ដោយ​រួម​ជា​មួយ​ព្រះអម្ចាស់​ជានិច្ច ខ្ញុំ​សូម​ជំរាប​បង​ប្អូន​ម្ដង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង! ៥ ចូរ​សំដែង​អោយ​មនុស្សម្នា​ទាំង​អស់​ស្គាល់​សន្ដាន​ចិត្ត​សប្បុរស​របស់​បង​ប្អូន ព្រះអម្ចាស់​ជិត​យាង​មក​ដល់​ហើយ។ ៦ សូម​កុំ​ខ្វល់ខ្វាយ​នឹង​ អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ ក្នុង​គ្រប់​កាលៈទេសៈ​ទាំង​អស់ ត្រូវ​ទូល​ព្រះជាម្ចាស់​អោយ​ជ្រាប​ពី​សំណូម​ពរ​របស់​បង​ប្អូន ដោយ​អធិស្ឋាន* និង​ទូលអង្វរ​ទាំង​អរ​ព្រះគុណ​ព្រះអង្គ​ផង។ ៧ ធ្វើ​ដូច្នេះ សេចក្ដី​សុខសាន្ត​របស់​ព្រះជាម្ចាស់​ដែល​ហួស​ពី​ការ​ស្មាន​របស់​មនុស្ស នឹង​ស្ថិត​ជាប់​ក្នុង​ចិត្ត​គំនិត​បង​ប្អូន ដែល​រួម​ក្នុង​អង្គ​ព្រះគ្រីស្ដ​យេស៊ូ​មិន​ខាន។

៨ ជា​ទី​ បញ្ចប់ បង​ប្អូន​អើយ សូម​បង​ប្អូន​គិត​តែ​អំពី​អ្វីៗ​ដែល​ពិត ថ្លៃថ្នូរ សុចរិត បរិសុទ្ធ គួរ​អោយ​ស្រឡាញ់ គួរ​អោយ​គោរព និង​គំនិត​ណា​ដែល​ល្អ​ឥត​ខ្ចោះ គួរ​អោយ​កោត​សរសើរ។ ៩ ​សេចក្ដី​ដែល​បង​ប្អូន​បាន ​រៀន បាន​ទទួល និង​បាន​ឮ​ពី​ខ្ញុំ ហើយ​ការ​អ្វី​ដែល​បង​ប្អូន​បាន​ឃើញ​ខ្ញុំ​ធ្វើ​នោះ ចូរ​បង​ប្អូន​ប្រព្រឹត្ត​តាម​ទៅ។ ធ្វើ​ដូច្នេះ ព្រះជាម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខសាន្ត​នឹង​គង់​ជា​មួយ​បង​ប្អូន​មិន​ ខាន។

លោក​ប៉ូល​អរគុណ​គ្រីស្ដបរិស័ទ​នៅ​ក្រុង​ភីលីព

១០ ខ្ញុំ​មាន​អំណរ​ក្នុង​ ព្រះអម្ចាស់​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា បង​ប្អូន​បាន​នឹក​គិត​ដល់​ខ្ញុំ​ជា​ថ្មី​ឡើង​វិញ។ កាល​ពី​មុន​បង​ប្អូន​ក៏​បាន​នឹក​គិត​ដល់​ខ្ញុំ​ដែរ តែ​បង​ប្អូន​គ្មាន​ឱកាស​នឹង​សំដែង​ទឹក​ចិត្ត​របស់​បង​ប្អូន​ចំពោះ​ខ្ញុំ។ ១១ ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​មក​ពី​ខ្ញុំ​ខ្វះ​ខាត​ទេ ដ្បិត​ខ្ញុំ​បាន​រៀន​អោយ​ចេះ​ស្កប់​ចិត្ត ក្នុង​គ្រប់​កាលៈទេសៈ។ ១២ ​ទោះបី​ទ័ល​ក្រ​ក្ដី មាន​បរិបូណ៌​ក្ដី ខ្ញុំ​ក៏​ចេះ​រស់​ដែរ។ ខ្ញុំ​បាន​អប់រំ​ចិត្ត​ក្នុង​គ្រប់​កាលៈទេសៈ និង​គ្រប់​ទី​កន្លែង គឺ​ថា​ទោះ​បី​បរិភោគ​ឆ្អែត​ក្ដី អត់​ឃ្លាន​ក្ដី មាន​បរិបូណ៌​ក្ដី ឬ​ខ្វះ​ខាត​ក្ដី ខ្ញុំ​ស្កប់​ចិត្ត​ជានិច្ច។ ១៣ ខ្ញុំ​អាច​ទ្រាំ​បាន​ទាំង​អស់ ដោយ​រួម​ជា​មួយ​ព្រះអង្គ​ដែល​ប្រទាន​កម្លាំង​អោយ​ខ្ញុំ។ ១៤ ទោះ​ជា​យ៉ាង​ណា​ក្ដី បង​ប្អូន​រួម​ជា​មួយ​ខ្ញុំ​ក្នុង​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនា​ដូច្នេះ ជា​ការ​ប្រសើរ​ណាស់។

១៥ បង​ ប្អូន​នៅ​ក្រុង​ភីលីព​អើយ បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា តាំង​ពី​ខ្ញុំ​បាន​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​ដំណឹងល្អ គឺ​តាំង​ពី​ខ្ញុំ​បាន​ចាក​ចេញ​ពី​ស្រុក​ម៉ាសេដូន​មក​នោះ ក្រៅ​ពី​បង​ប្អូន គ្មាន​ក្រុមជំនុំ/ព្រះសហគមន៍*​ណា​បាន​ជួយ​ខ្ញុំ ក្នុង​ការ​ចំណាយ ឬ​ចំណូល​ឡើយ។ ១៦ កាល​ខ្ញុំ​នៅ​ក្រុង​ថេស្សាឡូនិក បង​ប្អូន​បាន​ផ្ញើ​ប្រាក់​ទៅ​ជួយ តាម​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ​ដល់​ទៅ​ពីរ​បី​លើក។ ១៧ ត្រង់​ណេះ មិន​មែន​មាន​ន័យ​ថា ខ្ញុំ​ប្រាថ្នា​ចង់​បាន​ជំនួយ​ពី​បង​ប្អូន​ទេ តែ​ខ្ញុំ​ចង់​អោយ​បង​ប្អូន​បាន​ទទួល​ព្រះពរ​ដ៏​បរិបូណ៌។ ១៨ ខ្ញុំ​បាន​ទទួល​សព្វ​ គ្រប់​ទាំង​អស់​ហើយ ហើយ​ខ្ញុំ​មាន​បរិបូណ៌​ថែម​ទៀត ឥឡូវ​នេះ​ខ្ញុំ​មាន​រឹត​តែ​ច្រើន ដោយ​បាន​ទទួល​អំណោយ​ពី​បង​ប្អូន​តាម​រយៈ​លោក​អេប៉ាប្រូឌីត។ អំណោយ​ទាំង​នេះ​ប្រៀប​បី​ដូច​ជា​ក្លិន​ក្រអូប​ឈ្ងុយឈ្ងប់ ជា​យញ្ញបូជា​ដែល​ព្រះជាម្ចាស់​គាប់​ព្រះហឫទ័យ និង​យល់​ព្រម​ទទួល។ ១៩ ព្រះ​របស់​ខ្ញុំ​នឹង​ បំពេញ​សេចក្ដី​ត្រូវ​ការ​គ្រប់​យ៉ាង​របស់​បង​ប្អូន ស្រប​តាម​សិរីរុងរឿង​ដ៏​ប្រសើរ​បំផុត​របស់​ព្រះអង្គ ដោយ​រួម​ក្នុង​អង្គ​ព្រះគ្រីស្ដយេស៊ូ។ ២០ សូម​លើក​តម្កើង​សិរីរុងរឿង​ព្រះជាម្ចាស់ ជា​ព្រះបិតា​របស់​យើង​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន!

អវសានកថា

២១ សូម​ជំរាប​សួរ​ប្រជាជន​ដ៏វិសុទ្ធ*​គ្រប់ៗ​រូប ក្នុង​អង្គ​ព្រះគ្រីស្ដ​*​យេស៊ូ​អោយ​ខ្ញុំ​ផង។

២២ បង​ ប្អូន​ដែល​នៅ​ជា​មួយ​ខ្ញុំ សូម​ជំរាប​សួរ​មក​បង​ប្អូន​ទាំង​អស់​គ្នា។ បង​ប្អូន​ទាំង​អស់​ដែល​ជា​ប្រជាជន​ដ៏វិសុទ្ធ* ជា​ពិសេស​បង​ប្អូន​ដែល​ជា​អ្នក​រាជការ​របស់​ព្រះចៅអធិរាជ ក៏​សូម​ជំរាប​សួរ​មក​បង​ប្អូន​ដែរ។

២៣ សូម​​ព្រះអម្ចាស់​យេស៊ូ​គ្រីស្ដ​ប្រណីសន្ដោស ដល់​វិញ្ញាណ​របស់​បង​ប្អូន!