លិខិតរបស់លោកប៉ូលផ្ញើជូន
គ្រីស្ដបរិស័ទនៅក្រុងភីលីព
ជំពូក ១
សេចក្ដីផ្ដើម
១ យើងខ្ញុំ ប៉ូល និងធីម៉ូថេ ជាអ្នកបំរើរបស់ព្រះគ្រីស្ដ*យេស៊ូ សូមជំរាបមកប្រជាជនដ៏វិសុទ្ធ*ទាំងអស់ ដែលរួមជាមួយព្រះគ្រីស្ដយេស៊ូនៅក្រុងភីលីព ព្រមទាំងអស់លោកអភិបាល និងអ្នកជំនួយសូមជ្រាប។ ២ សូមព្រះជាម្ចាស់ ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រីស្ដ ប្រទានប្រណីសន្ដោស និង ប្រទានសេចក្ដីសុខសាន្តដល់បងប្អូន។
ពាក្យអរព្រះគុណ និងពាក្យទូលអង្វរ
៣ ពេលណាខ្ញុំនឹកគិតដល់បងប្អូន ខ្ញុំតែងតែអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំជានិច្ច ៤ គឺគ្រប់ពេល ខ្ញុំទូលអង្វរព្រះជាម្ចាស់សំរាប់បងប្អូនទាំងអស់គ្នា ខ្ញុំទូលអង្វរដោយចិត្តរីករាយជាដរាប ៥ ព្រោះបងប្អូនរួមចំណែកក្នុងការផ្សាយដំណឹងល្អ តាំងពីថ្ងៃដំបូង រហូតមកទល់សព្វថ្ងៃ។ ៦ ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្ដើមធ្វើការល្អនៅក្នុងបងប្អូន ទ្រង់ក៏នឹងបង្ហើយការនេះរហូតដល់ថ្ងៃព្រះគ្រីស្ដយេស៊ូយាងមក។ ៧ ខ្ញុំមានចិត្តគំនិត បែបនេះចំពោះបងប្អូនទាំងអស់គ្នា ពិតជាត្រឹមត្រូវមែន ព្រោះចិត្តខ្ញុំនៅជាប់ជំពាក់នឹងបងប្អូនជានិច្ច ហើយទោះបីខ្ញុំនៅជាប់ឃុំឃាំងក្ដី ឬពេលខ្ញុំនិយាយ និងពង្រឹងដំណឹងល្អ*ក្ដី បងប្អូនទាំងអស់គ្នា ក៏បានរួមចំណែកជាមួយខ្ញុំក្នុងកិច្ចការដែលព្រះជាម្ចាស់ ប្រណីសន្ដោស អោយខ្ញុំបំពេញនេះដែរ។ ៨ ព្រះជាម្ចាស់ជាសាក្សី ស្រាប់ហើយថា ខ្ញុំស្រឡាញ់បងប្អូនទាំងអស់គ្នាយ៉ាងខ្លាំង ដោយចិត្តអាណិតមេត្តាមកពីព្រះគ្រីស្ដយេស៊ូ។
៩ ខ្ញុំ ទូលអង្វរព្រះជាម្ចាស់ដូចតទៅនេះ គឺសូមអោយបងប្អូនមានសេចក្ដីស្រឡាញ់ដ៏លើសលប់ កាន់តែខ្លាំងឡើងៗ ធ្វើអោយបងប្អូនចេះដឹងច្បាស់ និងយល់សព្វគ្រប់ទាំងអស់ ១០ ដើម្បីអោយបងប្អូន ចេះពិចារណាមើលថា ការអ្វីប្រសើរជាងគេ។ ដូច្នេះ នៅថ្ងៃព្រះគ្រីស្ដយាងមក បងប្អូននឹងបានបរិសុទ្ធ*ឥតមានកំហុសអ្វីឡើយ ១១ ហើយបងប្អូននឹងបាន ពោរពេញដោយផលនៃសេចក្ដីសុចរិតដែលមកពីព្រះយេស៊ូគ្រីស្ដ សំរាប់លើកតម្កើងសិរីរុងរឿង និងកោតសរសើរព្រះជាម្ចាស់។
លោកប៉ូលជាប់ឃុំឃាំង
១២ បងប្អូនអើយ ខ្ញុំចង់អោយបងប្អូនជ្រាបថា ហេតុការណ៍ដែលកើតមានដល់ខ្ញុំនោះ បែរជាជួយដំណឹងល្អវិញទេ ១៣ គឺនៅក្នុងសាលាកាត់ក្ដីទាំងមូល និងនៅគ្រប់ទីកន្លែងឯទៀតៗមនុស្សម្នាបានឃើញយ៉ាងច្បាស់ថា ខ្ញុំជាប់ឃុំឃាំងព្រោះតែព្រះគ្រីស្ដ។ ១៤ ដោយឃើញខ្ញុំជាប់ ឃុំឃាំងដូច្នេះ បងប្អូនភាគច្រើនទុកចិត្តលើព្រះអម្ចាស់ ហើយរឹតតែមានចិត្តក្លាហានប្រកាសព្រះបន្ទូលឥតភ័យខ្លាចអ្វីឡើយ។ ១៥ មានបងប្អូនខ្លះ ប្រកាសដំណឹងល្អអំពីព្រះគ្រីស្ដ ដោយចិត្តច្រណែនឈ្នានីសចង់ប្រណាំងប្រជែង តែបងប្អូនខ្លះទៀតប្រកាសដោយមានឆន្ទៈល្អ ១៦ បងប្អូនទាំងនេះប្រកាសដោយចិត្តស្រឡាញ់ ព្រោះដឹងថាព្រះអម្ចាស់បានតែងតាំងខ្ញុំអោយការពារដំណឹងល្អ។ ១៧ រីឯអ្នកដែលផ្សាយ ដំណឹងអំពីព្រះគ្រីស្ដ ដោយគំនិតប្រកួតចង់ឈ្នះនោះវិញ គេមានគោលបំណងមិនបរិសុទ្ធ*ទេ គឺគេស្មានថា នឹងធ្វើអោយខ្ញុំរឹងរឹតតែវេទនាក្នុងទីឃុំឃាំងថែមទៀត។ ១៨ មិនថ្វីទេ! ទោះជាយ៉ាងណាក៏ដោយ បើគេមានគំនិតវៀចវេរក្ដី ស្មោះសរក្ដី ក៏គេផ្សាយដំណឹងអំពីព្រះគ្រីស្ដដែរ ខ្ញុំសប្បាយចិត្តនឹងការនេះ ហើយខ្ញុំនឹងសប្បាយចិត្តតទៅមុខទៀត ១៩ ដ្បិតខ្ញុំដឹងថា ការនេះនឹងធ្វើអោយខ្ញុំទទួលការសង្គ្រោះទៅវិញទេ ដោយបងប្អូនអង្វរព្រះជាម្ចាស់អោយខ្ញុំ ហើយដោយព្រះវិញ្ញាណរបស់ព្រះយេស៊ូគ្រីស្ដជួយខ្ញុំដែរ។ ២០ ខ្ញុំទន្ទឹងរង់ចាំ យ៉ាងខ្លាំងអស់ពីចិត្ត និងសង្ឃឹមលើព្រះអង្គ ខ្ញុំមិនត្រូវអាម៉ាស់មុខត្រង់ណាឡើយ។ ផ្ទុយទៅវិញ ពេលនេះក៏ដូចជាពេលណាទាំងអស់ ខ្ញុំនៅតែមានចិត្តរឹងប៉ឹងឥតរង្គើ ទោះបីខ្ញុំត្រូវរស់ ឬស្លាប់ក្ដី ខ្ញុំនឹងលើកតម្កើងព្រះគ្រីស្ដក្នុងរូបកាយខ្ញុំ។ ២១ ចំពោះខ្ញុំ បើរស់ ខ្ញុំរស់រួមជាមួយព្រះគ្រីស្ដ ហើយបើស្លាប់ ខ្ញុំក៏បានចំណេញដែរ។ ២២ ប៉ុន្តែ បើខ្ញុំរស់ក្នុងលោកនេះតទៅទៀត ធ្វើអោយកិច្ចការរបស់ខ្ញុំបានផល ខ្ញុំមិនដឹងជាជ្រើសរើសយកផ្លូវណាឡើយ!។ ២៣ ចិត្តខ្ញុំរារែកទាំងសងខាង គឺម្យ៉ាងខ្ញុំប៉ងប្រាថ្នាចង់លាចាកលោកនេះ ទៅនៅជាមួយព្រះគ្រីស្ដនោះប្រសើរជាងឆ្ងាយណាស់ ២៤ ម្យ៉ាងទៀត បើខ្ញុំនៅរស់ក្នុងលោកនេះតទៅមុខ នោះមានប្រយោជន៍ជាងសំរាប់បងប្អូន។ ២៥ ខ្ញុំជឿជាក់ និងដឹងថាខ្ញុំនឹងនៅរស់ ហើយស្នាក់នៅជាមួយបងប្អូនទាំងអស់គ្នា ដើម្បីអោយបងប្អូនបានចំរើនឡើង ទាំងមានអំណរមកពីជំនឿ ២៦ និងដើម្បីអោយបង ប្អូនរឹងរឹតតែខ្ពស់មុខថែមទៀតដោយបានរួមជាមួយព្រះគ្រីស្ដយេស៊ូ ព្រោះតែខ្ញុំ នៅពេលដែលខ្ញុំវិលមកជួបបងប្អូនវិញ។
ការតស៊ូស្វិតស្វាញក្នុងជំនឿ
២៧ សូមបងប្អូនកាន់ កិរិយាមារយាទ អោយបានសមរម្យនឹងដំណឹងល្អរបស់ព្រះគ្រីស្ដផង ទោះបីខ្ញុំមកឃើញបងប្អូនក្ដី ឬនៅឆ្ងាយបានឮដំណឹងពីបងប្អូនក្ដី សូមអោយខ្ញុំបានដឹងថា បងប្អូនមានជំហរមាំមួនដោយមានចិត្តគំនិតតែមួយ ព្រមទាំងរួមចិត្តថ្លើមគ្នាតយុទ្ធដើម្បីជំនឿលើដំណឹងល្អទៀតផង ២៨ គឺបងប្អូនមិនញញើត នឹងពួកអ្នកប្រឆាំង ត្រង់ប្រការណាមួយឡើយ ជាភស្ដុតាងសអោយឃើញថា ពួកគេនឹងត្រូវវិនាសអន្តរាយ រីឯបងប្អូនវិញ បងប្អូននឹងទទួលការសង្គ្រោះ។ ការនេះកើតមកពីព្រះជាម្ចាស់ ២៩ ដ្បិតព្រះអង្គ ប្រណីសន្ដោសបងប្អូនអោយបំរើព្រះគ្រីស្ដ ដោយមិនគ្រាន់តែជឿលើព្រះអង្គប៉ុណ្ណោះទេ គឺថែមទាំងរងទុក្ខលំបាកដើម្បីព្រះអង្គទៀតផង។ ៣០ បងប្អូនបានតយុទ្ធ រួមជាមួយខ្ញុំ ដូចបងប្អូនធ្លាប់បានឃើញខ្ញុំតយុទ្ធស្រាប់ហើយ ហើយដូចបងប្អូនឮថា ខ្ញុំកំពុងតែតយុទ្ធនៅឡើយ។
ជំពូក ២
ព្រះគ្រីស្ដបន្ទាបខ្លួន និងទទួលសិរីរុងរឿង
១ ដូច្នេះ ប្រសិនបើបងប្អូនពិតជាបានទទួលការដាស់តឿនអ្វីមួយ ដោយរួមជាមួយព្រះគ្រីស្ដ ប្រសិនបើសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពិតជាលើកទឹកចិត្តបងប្អូន ប្រសិនបើព្រះវិញ្ញាណពិតជាប្រទានអោយបងប្អូនរួមរស់ជាមួយគ្នា ឬប្រសិនបើបងប្អូនពិតជាមានចិត្តអាណិតអាសូរ និងចិត្តមេត្តាករុណា ២ សូមបំពេញអំណររបស់ ខ្ញុំ ដោយបងប្អូនមានចិត្តគំនិតតែមួយ មានសេចក្ដីស្រឡាញ់តែមួយ មានចិត្តថ្លើមតែមួយ និងមានឆន្ទៈតែមួយ។ ៣ កុំធ្វើអ្វីដោយចង់ ប្រកួតប្រជែងគ្នា ឬដោយអួតបំប៉ោងឡើយ ផ្ទុយទៅវិញ ត្រូវដាក់ខ្លួន ហើយចាត់ទុកអ្នកឯទៀតៗថាប្រសើរជាងខ្លួន។ ៤ ក្នុងចំណោមបងប្អូន ម្នាក់ៗកុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវគិតដល់ប្រយោជន៍អ្នកដទៃវិញ។ ៥ ព្រះគ្រីស្ដយេស៊ូមានចិត្តគំនិតយ៉ាងណា បងប្អូនត្រូវមានចិត្តគំនិតយ៉ាងនោះដែរ។
៦ ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់
ក៏ដោយ ក៏ព្រះអង្គពុំបានក្ដោបក្ដាប់
ឋានៈដែលស្មើនឹងព្រះជាម្ចាស់នេះ
ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។
៧ ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់
មកយកឋានៈជាទាសករ
ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ
ហើយក៏រស់នៅក្នុងភាពជា
មនុស្សសាមញ្ញដែរ។
៨ ព្រះអង្គបានដាក់ខ្លួន ធ្វើតាមព្រះបញ្ជា
រហូតដល់សោយទិវង្គត
គឺរហូតដល់សោយទិវង្គតលើឈើឆ្កាង
ថែមទៀតផង។
៩ ហេតុនេះហើយបានជាព្រះជាម្ចាស់
លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត
ព្រមទាំងប្រោសប្រទានអោយព្រះអង្គ
មានព្រះនាមប្រសើរលើសអ្វីៗទាំងអស់
១០ ដើម្បីអោយអ្វីៗទាំងអស់
ទាំងនៅស្ថានបរមសុខ*
ទាំងនៅលើផែនដី ទាំងនៅក្រោមដី
នាំគ្នាក្រាបថ្វាយបង្គំ
នៅពេលណាឮព្រះនាមព្រះយេស៊ូ
១១ និងអោយមនុស្សគ្រប់ភាសាប្រកាសឡើងថា
ព្រះយេស៊ូគ្រីស្ដជាព្រះអម្ចាស់
ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់
ជាព្រះបិតា។
គ្រីស្ដបរិស័ទជាពន្លឺពិភពលោក
១២ ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយដូចបងប្អូនធ្លាប់តែស្ដាប់បង្គាប់ជារៀង ដរាបមកហើយនោះ ចូរស្ដាប់បង្គាប់តទៅមុខទៀតទៅ គឺមិនត្រឹមតែពេលខ្ញុំនៅជាមួយប៉ុណ្ណោះទេ ជាពិសេសពេលខ្ញុំនៅឆ្ងាយសូមបងប្អូនខំប្រឹងធ្វើការ ទាំងគោរពកោតខ្លាច និងញាប់ញ័រ ស្របតាមការសង្គ្រោះដែលបងប្អូនបានទទួល ១៣ ដ្បិតព្រះជាម្ចាស់ទេ តើ ដែលធ្វើអោយបងប្អូនមានទាំងបំណង មានទាំងសមត្ថភាពអាចនឹងប្រព្រឹត្តតាមព្រះបំណងដ៏សប្បុរសរបស់ ព្រះអង្គ។ ១៤ ចូរធ្វើកិច្ចការទាំងអស់ ដោយឥតរអ៊ូរទាំ ឬជជែកតវ៉ាឡើយ ១៥ ដើម្បីអោយបងប្អូន បានល្អឥតខ្ចោះ ឥតសៅហ្មង ជាបុត្ររបស់ព្រះជាម្ចាស់ដែលឥតមានកំហុស ក្នុងចំណោមមនុស្សវៀចវេរ និងខិលខូចនៅជំនាន់នេះ។ បងប្អូនភ្លឺក្នុងចំណោមពួកគេ ដូចពន្លឺដែលបំភ្លឺពិភពលោក ១៦ ទាំងនាំព្រះបន្ទូល ដែលផ្ដល់ជីវិតមកអោយពួកគេ។ បើបងប្អូនធ្វើដូច្នេះ ខ្ញុំនឹងបានខ្ពស់មុខនៅថ្ងៃព្រះគ្រីស្ដយាងមកព្រោះកិច្ចការដែល ខ្ញុំបានខំប្រឹងធ្វើ ទាំងនឿយហត់នោះ មិនមែនអសារឥតការទេ។ ១៧ ទោះបីខ្ញុំត្រូវ បង្ហូរឈាម ទុកជាសក្ការបូជាបន្ថែមពីលើយញ្ញបូជា និងពីលើតង្វាយនៃជំនឿរបស់បងប្អូន ខ្ញុំមានអំណរសប្បាយពីការនេះ ហើយខ្ញុំក៏សប្បាយចិត្តរួមជាមួយបងប្អូនទាំងអស់គ្នាដែរ។ ១៨ រីឯបងប្អូនវិញ សូមអោយបងប្អូនមានអំណរ ហើយសប្បាយចិត្តរួមជាមួយខ្ញុំផង។
បេសកកម្មរបស់លោកធីម៉ូថេ និងលោកអេប៉ាប្រូឌីត
១៩ ដោយរួមជាមួយ ព្រះអម្ចាស់យេស៊ូ ខ្ញុំសង្ឃឹមថានឹងចាត់លោកធីម៉ូថេមករកបងប្អូន ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីអោយខ្ញុំបានធូរស្បើយក្នុងចិត្តដោយទទួលដំណឹងពីបងប្អូន ២០ ដ្បិតក្រៅពីគាត់គ្មាននរណាជួយរំលែកទឹកចិត្តរបស់ខ្ញុំ ហើយគ្មាននរណាខ្វល់ខ្វាយនឹងបងប្អូនពិតប្រាកដទេ។ ២១ អ្នកឯទៀតៗគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់គ្នា គេមិនគិតពីប្រយោជន៍របស់ព្រះយេស៊ូគ្រីស្ដទេ។ ២២ បងប្អូនជ្រាបអំពីទឹកចិត្តរបស់គាត់ស្រាប់ហើយថា គាត់ពួតដៃជាមួយខ្ញុំ ដូចកូននឹងឪពុកដើម្បីបំរើដំណឹងល្អ។ ២៣ ដូច្នេះ ខ្ញុំសង្ឃឹមថានឹងចាត់គាត់មករកបងប្អូនក្នុងពេលឆាប់ៗ នៅពេលណារឿងរ៉ាវខ្ញុំបានជ្រះស្រឡះ។ ២៤ ដោយរួមជាមួយព្រះអម្ចាស់ ខ្ញុំជឿជាក់ថា ខ្លួនខ្ញុំផ្ទាល់ ក៏មុខជាមកក្នុងពេលឆាប់ៗខាងមុខនេះដែរ។
២៥ ខ្ញុំ យល់ឃើញទៀតថា ត្រូវតែចាត់លោកអេប៉ាប្រូឌីតជាបងប្អូន និងជាសហការីរបស់ខ្ញុំ ហើយជាអ្នកតយុទ្ធរួមជាមួយខ្ញុំ អោយមករកបងប្អូនជាចាំបាច់។ បងប្អូនបានចាត់គាត់អោយមកជួយឧបត្ថម្ភខ្ញុំនៅពេលខ្ញុំត្រូវការ។ ២៦ គាត់មានបំណងចង់មក ជួបបងប្អូនទាំងអស់គ្នាខ្លាំងណាស់ ហើយគាត់ក៏ពិបាកចិត្ត ព្រោះបងប្អូនបានទទួលដំណឹងថាគាត់មានជំងឺ។ ២៧ គាត់ឈឺធ្ងន់ ជិតស្លាប់មែន ក៏ប៉ុន្តែ ព្រះជាម្ចាស់អាណិតគាត់ គឺព្រះអង្គមិនត្រឹមតែអាណិតគាត់ប៉ុណ្ណោះទេ ព្រះអង្គក៏អាណិតខ្ញុំដែរ ដើម្បីកុំអោយខ្ញុំមានទុក្ខត្រួតពីលើទុក្ខ។ ២៨ ហេតុនេះហើយបានជា ខ្ញុំខំខ្នះខ្នែងចាត់គាត់អោយមកជួបបងប្អូន ដើម្បីអោយបងប្អូនមានអំណរសប្បាយដោយឃើញគាត់សាជាថ្មី ហើយអោយខ្ញុំផ្ទាល់ឈប់ព្រួយចិត្ត។ ២៩ សូមទទួលគាត់ទុកដូចជាបងប្អូនរួមជំនឿដោយអរសប្បាយជាទីបំផុត សូមគោរពមនុស្សបែបគាត់នេះផង ៣០ ដ្បិតគាត់ជិតបាត់ បង់ជីវិត ព្រោះតែកិច្ចការរបស់ព្រះគ្រីស្ដ គឺគាត់បានស៊ូប្ដូរជីវិត ដើម្បីជួយខ្ញុំជំនួសបងប្អូន ដែលពុំអាចមកជួយខ្ញុំបាន។
ជំពូក ៣
១ មួយវិញទៀត បងប្អូនអើយ ចូរមានអំណរសប្បាយ ដោយបានរួមជាមួយព្រះអម្ចាស់។ ខ្ញុំមិនធុញទ្រាន់នឹងសរសេរសេចក្ដីដដែលៗនេះមកបងប្អូនឡើយ ខ្ញុំសរសេរដូច្នេះដើម្បីពង្រឹងជំនឿរបស់បងប្អូន។
២ ចូរប្រយ័ត្ននឹងពួកឆ្កែចូរប្រយ័ត្ន នឹងពួកអ្នកដែលធ្វើការមិនត្រឹមត្រូវចូរប្រយ័ត្ននឹងពួកអ្នកកាត់ស្បែកក្លែងក្លាយ ៣ ដ្បិតយើងឯណេះវិញទេ ដែលជាអ្នកកាត់ស្បែកពិតប្រាកដ គឺយើងរាល់គ្នាដែលជាអ្នកគោរពថ្វាយបង្គំព្រះជាម្ចាស់ តាមព្រះវិញ្ញាណ យើងអួតអាងលើព្រះគ្រីស្ដ*យេស៊ូ យើងមិនពឹងផ្អែកលើលោកីយ៍ទេ។ ៤ ខ្ញុំក៏មានហេតុនឹង ពឹងផ្អែកលើលោកីយ៍បានដែរ។ ប្រសិនបើអ្នកឯទៀតៗស្មានថា ខ្លួនអាចពឹងផ្អែកលើលោកីយ៍ ខ្ញុំរឹតតែមានហេតុពឹងផ្អែកលើលោកីយ៍ច្រើនជាងអ្នកនោះទៅទៀត ៥ គឺខ្ញុំបានទទួលពិធី កាត់ស្បែក*ពេលខ្ញុំកើតបានប្រាំបីថ្ងៃ ខ្ញុំជាពូជសាសន៍អ៊ីស្រាអែលក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ខ្ញុំជាហេប្រឺកើតពីជាតិហេប្រឺ។ រីឯផ្នែកគោរពវិន័យ*វិញ ខ្ញុំនៅខាងគណៈផារីស៊ី* ៦ បើនិយាយពីខ្នះខ្នែង ខ្ញុំបានខ្នះខ្នែងរហូតដល់ទៅបៀតបៀនក្រុមជំនុំ/ព្រះសហគមន៍ទៀតផង។ បើនិយាយពីសេចក្ដីសុចរិត ដែលមកពីការកាន់តាមវិន័យនោះវិញ ខ្ញុំគ្មានកំហុសត្រង់ណាសោះឡើយ។ ៧ ក៏ប៉ុន្តែ អ្វីៗដែលខ្ញុំធ្លាប់គិតថា មានតម្លៃសំរាប់ខ្ញុំនោះ ខ្ញុំចាត់ទុកទាំងអស់ថាឥតបានការទៅវិញ ព្រោះតែព្រះគ្រីស្ដ ៨ គឺខ្ញុំចាត់ទុកអ្វីៗ ទាំងអស់ដូចជាឥតបានការ ព្រោះតែបានស្គាល់ព្រះគ្រីស្ដយេស៊ូជាព្រះអម្ចាស់របស់ខ្ញុំ ដែលជាការមួយដ៏ប្រសើរវិសេសវិសាលបំផុត។ ព្រោះតែព្រះអង្គ ខ្ញុំសុខចិត្តខាតបង់អ្វីៗទាំងអស់ ហើយខ្ញុំចាត់ទុកអ្វីៗទាំងអស់នេះដូចជាសំរាមអោយតែខ្ញុំបាន ព្រះគ្រីស្ដ ៩ និងអោយតែខ្ញុំបានរួម ជាមួយព្រះអង្គ។ ខ្ញុំមិនមែនបានសុចរិតដោយកាន់តាមវិន័យនោះឡើយ គឺបានសុចរិត ដោយជឿលើព្រះគ្រីស្ដ ហើយសេចក្ដីសុចរិតនេះមកពីព្រះជាម្ចាស់ ជាសេចក្ដីសុចរិតដែលស្ថិតនៅលើជំនឿ ១០ បំណងរបស់ខ្ញុំ គឺចង់ស្គាល់ព្រះគ្រីស្ដ និងស្គាល់ឫទ្ធានុភាពដែលបានប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើង វិញ ព្រមទាំងចូលរួមជាមួយព្រះអង្គដែលរងទុក្ខលំបាក ហើយអោយបានដូចព្រះអង្គដែលសោយទិវង្គត ១១ ដើម្បីអោយខ្ញុំមានជីវិតរស់ឡើងវិញ ប្រសិនបើអាចរស់ឡើងវិញបាន។
ការសង្វាតអោយបានគ្រប់លក្ខណៈ
១២ ខ្ញុំមិនថា ខ្ញុំបានទៅដល់ទីដៅ ឬបានគ្រប់លក្ខណៈ ហើយនោះទេ គឺខ្ញុំកំពុងតែរត់ទៅមុខដើម្បីចាប់អោយបាន ដ្បិតខ្លួនខ្ញុំផ្ទាល់ ក៏ត្រូវព្រះគ្រីស្ដយេស៊ូចាប់ខ្ញុំជាមុនដែរ។ ១៣ បងប្អូនអើយ ចំពោះរូបខ្ញុំផ្ទាល់ ខ្ញុំយល់ឃើញថា ខ្ញុំមិនទាន់បានទៅដល់ទីដៅនៅឡើយទេ ខ្ញុំមានបំណងតែមួយ គឺបំភ្លេចអ្វីៗទាំងអស់ដែលខ្ញុំរត់ហួសមកហើយ ដើម្បីផ្ចង់ចិត្តឆ្ពោះទៅរកអ្វីៗដែលនៅខាងមុខ។ ១៤ ខ្ញុំរត់តម្រង់ទៅរក ទីដៅ ដើម្បីអោយបានទទួលរង្វាន់ពីព្រះជាម្ចាស់ ដែលទ្រង់បានត្រាស់ហៅយើងពីស្ថានបរមសុខ អោយទទួលរួមក្នុងអង្គព្រះគ្រីស្ដយេស៊ូ។ ១៥ ដូច្នេះ យើងទាំងអស់គ្នាដែលជា «មនុស្សគ្រប់លក្ខណៈ» ត្រូវតែមានគំនិតបែបនេះឯង។ ប្រសិនបើបងប្អូនមានគំនិតផ្សេងត្រង់ចំណុចណាមួយ ព្រះជាម្ចាស់មុខជាបំភ្លឺបងប្អូនអោយដឹងមិនខាន។ ១៦ ទោះបីយើងបានដល់ត្រឹមណាក៏ដោយ យើងត្រូវតែទៅមុខ ឆ្ពោះទៅរកទិសដៅដដែល។
១៧ បងប្អូនអើយ ចូរយកតំរាប់តាមខ្ញុំ។ ចូរសម្លឹងមើលអស់អ្នកដែលរស់នៅ ស្របតាមគំរូដែលយើងបានដាក់អោយបងប្អូនឃើញនោះទៅ។ ១៨ ខ្ញុំធ្លាប់បានជំរាប បងប្អូនជារឿយៗមកហើយ ហើយនៅពេលនេះទៀត ខ្ញុំក៏សូមជំរាបបងប្អូនទាំងទឹកភ្នែកថា មានបងប្អូនជាច្រើននាក់ រស់នៅជាសត្រូវនឹងឈើឆ្កាងរបស់ព្រះគ្រីស្ដ*។ ១៩ ដល់ទីបំផុតអ្នកទាំង នោះត្រូវវិនាសអន្តរាយ គេយកក្រពះធ្វើជាព្រះ យកកេរ្តិ៍ខ្មាសធ្វើជាកិត្តិយស ហើយគិតតែពីអ្វីៗដែលនៅលើផែនដីនេះប៉ុណ្ណោះ។ ២០ រីឯយើងវិញ មាតុភូមិរបស់យើងនៅស្ថានបរមសុខ* ហើយយើងនៅទន្ទឹងរង់ចាំព្រះសង្គ្រោះ គឺព្រះអម្ចាស់យេស៊ូគ្រីស្ដយាងមកពីស្ថាននោះ។ ២១ ព្រះអង្គនឹងបំផ្លាស់ បំប្រែរូបកាយដ៏ថោកទាបរបស់យើងនេះ អោយបានដូចព្រះកាយ ប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គដោយមហិទ្ធិឫទ្ធិ ដែលធ្វើអោយព្រះអង្គបង្ក្រាបអ្វីៗទាំងអស់នៅក្រោមអំណាចរបស់ ព្រះអង្គ។
ជំពូក ៤
១ បងប្អូនជាទីស្រឡាញ់ អើយ ខ្ញុំចង់ជួបបងប្អូនខ្លាំងណាស់ បងប្អូនជាអំណរសប្បាយ និងជាកិត្តិយសរបស់ខ្ញុំ! បងប្អូនជាទីស្រឡាញ់អើយ ចូរស្ថិតនៅអោយបានខ្ជាប់ខ្ជួន រួមជាមួយព្រះអម្ចាស់ដូច្នេះតរៀងទៅ!
សេចក្ដីដាស់តឿនផ្សេងៗ
២ ខ្ញុំសូមទូន្មាននាងអេវ៉ូឌី និងនាងស៊ីនទីកថា ចូរមានចិត្តគំនិតតែមួយ អោយសមជាអ្នករួមរស់ជាមួយព្រះអម្ចាស់។ ៣ រីឯអ្នកវិញ មិត្តដ៏ស្មោះត្រង់អើយ សូមជួយនាងទាំងពីរនាក់នេះផង ដ្បិតនាងធ្លាប់បានតយុទ្ធរួមជាមួយខ្ញុំ ព្រោះតែដំណឹងល្អ* ជាមួយលោកក្លេម៉ង់ ព្រមទាំងជាមួយអ្នកឯទៀតៗ ដែលបានធ្វើការជាមួយខ្ញុំ ហើយដែលមានឈ្មោះនៅក្នុងបញ្ជីជីវិតនោះផងដែរ។
៤ ចូរបងប្អូនអរសប្បាយ ដោយរួមជាមួយព្រះអម្ចាស់ជានិច្ច ខ្ញុំសូមជំរាបបងប្អូនម្ដងទៀតថា ចូរអរសប្បាយឡើង! ៥ ចូរសំដែងអោយមនុស្សម្នាទាំងអស់ស្គាល់សន្ដានចិត្តសប្បុរសរបស់បងប្អូន ព្រះអម្ចាស់ជិតយាងមកដល់ហើយ។ ៦ សូមកុំខ្វល់ខ្វាយនឹង អ្វីឡើយ ផ្ទុយទៅវិញ ក្នុងគ្រប់កាលៈទេសៈទាំងអស់ ត្រូវទូលព្រះជាម្ចាស់អោយជ្រាបពីសំណូមពររបស់បងប្អូន ដោយអធិស្ឋាន* និងទូលអង្វរទាំងអរព្រះគុណព្រះអង្គផង។ ៧ ធ្វើដូច្នេះ សេចក្ដីសុខសាន្តរបស់ព្រះជាម្ចាស់ដែលហួសពីការស្មានរបស់មនុស្ស នឹងស្ថិតជាប់ក្នុងចិត្តគំនិតបងប្អូន ដែលរួមក្នុងអង្គព្រះគ្រីស្ដយេស៊ូមិនខាន។
៨ ជាទី បញ្ចប់ បងប្អូនអើយ សូមបងប្អូនគិតតែអំពីអ្វីៗដែលពិត ថ្លៃថ្នូរ សុចរិត បរិសុទ្ធ គួរអោយស្រឡាញ់ គួរអោយគោរព និងគំនិតណាដែលល្អឥតខ្ចោះ គួរអោយកោតសរសើរ។ ៩ សេចក្ដីដែលបងប្អូនបាន រៀន បានទទួល និងបានឮពីខ្ញុំ ហើយការអ្វីដែលបងប្អូនបានឃើញខ្ញុំធ្វើនោះ ចូរបងប្អូនប្រព្រឹត្តតាមទៅ។ ធ្វើដូច្នេះ ព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្តនឹងគង់ជាមួយបងប្អូនមិន ខាន។
លោកប៉ូលអរគុណគ្រីស្ដបរិស័ទនៅក្រុងភីលីព
១០ ខ្ញុំមានអំណរក្នុង ព្រះអម្ចាស់យ៉ាងខ្លាំង ដោយដឹងថា បងប្អូនបាននឹកគិតដល់ខ្ញុំជាថ្មីឡើងវិញ។ កាលពីមុនបងប្អូនក៏បាននឹកគិតដល់ខ្ញុំដែរ តែបងប្អូនគ្មានឱកាសនឹងសំដែងទឹកចិត្តរបស់បងប្អូនចំពោះខ្ញុំ។ ១១ ខ្ញុំនិយាយដូច្នេះ មិនមែនមកពីខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនអោយចេះស្កប់ចិត្ត ក្នុងគ្រប់កាលៈទេសៈ។ ១២ ទោះបីទ័លក្រក្ដី មានបរិបូណ៌ក្ដី ខ្ញុំក៏ចេះរស់ដែរ។ ខ្ញុំបានអប់រំចិត្តក្នុងគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង គឺថាទោះបីបរិភោគឆ្អែតក្ដី អត់ឃ្លានក្ដី មានបរិបូណ៌ក្ដី ឬខ្វះខាតក្ដី ខ្ញុំស្កប់ចិត្តជានិច្ច។ ១៣ ខ្ញុំអាចទ្រាំបានទាំងអស់ ដោយរួមជាមួយព្រះអង្គដែលប្រទានកម្លាំងអោយខ្ញុំ។ ១៤ ទោះជាយ៉ាងណាក្ដី បងប្អូនរួមជាមួយខ្ញុំក្នុងពេលខ្ញុំមានទុក្ខវេទនាដូច្នេះ ជាការប្រសើរណាស់។
១៥ បង ប្អូននៅក្រុងភីលីពអើយ បងប្អូនជ្រាបស្រាប់ហើយថា តាំងពីខ្ញុំបានចាប់ផ្ដើមផ្សព្វផ្សាយដំណឹងល្អ គឺតាំងពីខ្ញុំបានចាកចេញពីស្រុកម៉ាសេដូនមកនោះ ក្រៅពីបងប្អូន គ្មានក្រុមជំនុំ/ព្រះសហគមន៍*ណាបានជួយខ្ញុំ ក្នុងការចំណាយ ឬចំណូលឡើយ។ ១៦ កាលខ្ញុំនៅក្រុងថេស្សាឡូនិក បងប្អូនបានផ្ញើប្រាក់ទៅជួយ តាមសេចក្ដីត្រូវការរបស់ខ្ញុំដល់ទៅពីរបីលើក។ ១៧ ត្រង់ណេះ មិនមែនមានន័យថា ខ្ញុំប្រាថ្នាចង់បានជំនួយពីបងប្អូនទេ តែខ្ញុំចង់អោយបងប្អូនបានទទួលព្រះពរដ៏បរិបូណ៌។ ១៨ ខ្ញុំបានទទួលសព្វ គ្រប់ទាំងអស់ហើយ ហើយខ្ញុំមានបរិបូណ៌ថែមទៀត ឥឡូវនេះខ្ញុំមានរឹតតែច្រើន ដោយបានទទួលអំណោយពីបងប្អូនតាមរយៈលោកអេប៉ាប្រូឌីត។ អំណោយទាំងនេះប្រៀបបីដូចជាក្លិនក្រអូបឈ្ងុយឈ្ងប់ ជាយញ្ញបូជាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ និងយល់ព្រមទទួល។ ១៩ ព្រះរបស់ខ្ញុំនឹង បំពេញសេចក្ដីត្រូវការគ្រប់យ៉ាងរបស់បងប្អូន ស្របតាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ព្រះអង្គ ដោយរួមក្នុងអង្គព្រះគ្រីស្ដយេស៊ូ។ ២០ សូមលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ជាព្រះបិតារបស់យើងអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
អវសានកថា
២១ សូមជំរាបសួរប្រជាជនដ៏វិសុទ្ធ*គ្រប់ៗរូប ក្នុងអង្គព្រះគ្រីស្ដ*យេស៊ូអោយខ្ញុំផង។
២២ បង ប្អូនដែលនៅជាមួយខ្ញុំ សូមជំរាបសួរមកបងប្អូនទាំងអស់គ្នា។ បងប្អូនទាំងអស់ដែលជាប្រជាជនដ៏វិសុទ្ធ* ជាពិសេសបងប្អូនដែលជាអ្នករាជការរបស់ព្រះចៅអធិរាជ ក៏សូមជំរាបសួរមកបងប្អូនដែរ។
២៣ សូមព្រះអម្ចាស់យេស៊ូគ្រីស្ដប្រណីសន្ដោស ដល់វិញ្ញាណរបស់បងប្អូន!