លិខិតរបស់លោកប៉ូលផ្ញើជូន
គ្រីស្ដ​បរិស័ទ​នៅ​ក្រុង​អេភេសូ

ពាក្យលំនាំ

ក្រុងអេភេសូៈ

នៅពាក់កណ្ដាលសតវត្សទីមួយ ចំនួនព្រះសហគមន៍នៅភូមិភាគមជ្ឈឹមបូព៌ាប្រទេសបានកើនឡើងយ៉ាងឆាប់​រហ័ស។ ក្រុមគ្រីស្ដ បរិស័ទនីមួយៗមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ ហើយក្នុងចំណោមក្រុមទាំងនោះ គ្រីស្ដមរិស័ទនៅក្រុង​អេភេសូហាក់ដូចជាមានមុខ មាត់ជាងគេ ព្រោះលោកប៉ូលធ្លាប់បានស្នាក់អាស្រ័យនៅក្រុងនេះអស់រយៈពេលបីឆ្នាំ កាលលោកចេញ​ទៅផ្សាយដំណឹងល្អជាលើកទីបី (កិច្ចការ ១៩.១-២០.១)។

លោកប៉ូលសរសេរលិខិតនេះពេលលោកជាប់ឃុំឃាំង (៣.១ និង ៤.១)។ ហេតុនេះហើយបានជាគេរាប់​លិខិតនេះ​បញ្ចូលក្នុងចំណោម លិខិត​ឯទៀតៗដែលហៅថា “លិខិតសរសេរក្នុងមន្ទីរឃុំឃាំង” គឺមានលិខិតផ្ញើជូនគ្រីស្ដបរិស័ទនៅក្រុង​អេភេសូ ក្រុងភីលីព ក្រុងកូឡូស និង លិខិតផ្ញើជូនលោកភីលេម៉ូន។

លិខិតនេះ និង លិខិតផ្ញើជូនគ្រីស្ដបរិស័ទនៅក្រុងកូឡូសមានលំនាំប្រហាក់ប្រហែលគ្នា។ ដូច្នេះ មាអ្នកប្រាជ្ញខ្លះសន្និដ្ឋានថា លោក ប៉ូលមិនបានសរសេរលិខិតនេះដោយខ្លួនលោកផ្ទាល់ទេ គឺមានកូនចៅរបស់លោកម្នាក់បានសរសេរលិខិតនេះផ្ញើជូនព្រះសហគមន៍ នានៅ មជ្ឈឹមបូព៌ាប្រទែស ដោយមានបំណងចង់ជួយពង្រឹង ជួយបំភ្លឺ និង កែតំរង់ជំនឿរបស់គ្រីស្ដបរិស័ទនៅក្រុង​អេភេសូ​ឲ្យស្រប នឹងការប្រៀន ប្រដៅរបស់លោកប៉ូល

គោលសំខាន់ៗ

          លិខិតនេះចង់ពន្យល់អំពីគម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ ដែលសព្វព្រះហឫទ័យសង្គ្រោះមនុស្សលោក។  ព្រះសហគមន៍​ពិតជាព្រះកាយរបស់ព្រះគ្រីស្ដ ហើយនាំព្រះជន្មរបស់ព្រះអង្គមកឲ្យមនុស្សលោកទាំងឡាយ  ព្រះសហគមន៍នេះក៏ជា​មហេសីរបស់​ព្រះគ្រីស្ដ​ដែរ។

គំរោងគម្ពីរអេភេសូ

  • សេចក្ដីផ្ដើម ១,១-២
  • ព្រះគ្រីស្ដ និង ព្រះសហគមន៍ ១.៣-៣.២១
  • ជីវិតថ្មីរួមជាមួយព្រះគ្រីស្ដ ៤.១-៦.២០
  • អវសានកថា ៦.២១-២៤

ជំពូក ១

សេចក្ដីផ្ដើម

 ខ្ញុំ ប៉ូល ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​តាំង​ជា​គ្រីស្ដ​ទូត*​របស់​ព្រះគ្រីស្ដ*​យេស៊ូ សូម​ជំរាប​មក​បង​ប្អូន​ជា​ប្រជារាស្ត្រ​ដ៏វិសុទ្ធ [នៅ​ក្រុង​អេភេសូ]​ ដែល​ជឿ​លើ​ព្រះគ្រីស្ដយេស៊ូ។  សូម​ព្រះជាម្ចាស់​ជា​ព្រះបិតា​របស់​យើង និង​ព្រះអម្ចាស់​យេស៊ូ​គ្រីស្ដ​ប្រណីសន្ដោស និងប្រទាន​សេចក្ដី​សុខ​សាន្ត​ដល់​បង​ប្អូន។

ព្រះពរដ៏លើសលប់ដែលព្រះជាម្ចាស់ប្រទានដល់អ្នកជឿ

 សូម​លើក​តម្កើង​ ព្រះជាម្ចាស់ ជា​ព្រះបិតា​របស់​ព្រះយេស៊ូ​គ្រីស្ដ ជា​ព្រះអម្ចាស់​នៃ​យើង ដែល​បាន​ប្រោស​ប្រទាន​ព្រះពរ​គ្រប់​យ៉ាង​ផ្នែក​ខាង​វិញ្ញាណ​ពី​ស្ថាន​ បរមសុខ*​មក​យើង ក្នុង​អង្គ​ព្រះគ្រីស្ដ។ ព្រះអង្គ​បាន​ជ្រើសរើស​ យើង​ក្នុង​អង្គ​ព្រះគ្រីស្ដ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ ដើម្បី​អោយ​យើង​បាន​វិសុទ្ធ* និង​ឥត​សៅហ្មង​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ ព្រោះ​ព្រះអង្គ​មាន​ព្រះហឫទ័យ​ស្រឡាញ់​យើង​។ ព្រះអង្គ​បាន​តំរូវ​យើង​ ទុក​ជា​មុន អោយ​ធ្វើ​ជា​បុត្រ​របស់​ព្រះអង្គ ដោយសារ​ព្រះយេស៊ូ​គ្រីស្ដ ស្រប​នឹង​ព្រះ​បំណង​ដ៏​សប្បុរស​របស់​ព្រះអង្គ  ដើម្បី​អោយ​យើង​លើក​ តម្កើង​សិរីរុងរឿង​នៃ​ព្រះហឫទ័យប្រណី​សន្ដោស ដែល​ទ្រង់​បាន​ប្រោស​ប្រទាន​មក​យើង ក្នុង​អង្គ​ព្រះបុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ។ ដោយ​យើង​រួម​ក្នុង​អង្គ​ ព្រះគ្រីស្ដ​នេះ ព្រះជាម្ចាស់​បាន​លោះ​យើង ដោយ​ព្រះលោហិត​របស់​ព្រះអង្គ និង​លើកលែង​ទោស​អោយ​យើង​បាន​រួច​ពី​បាប ស្រប​តាម​ព្រះគុណ​ដ៏​លើសលប់​របស់​ព្រះអង្គ។  ព្រះជាម្ចាស់​ប្រណីសន្ដោស​យើង​យ៉ាង​ខ្លាំង​បំផុត គឺ​ទ្រង់​ប្រទាន​អោយ​យើង​មាន​តម្រិះ និង​ប្រាជ្ញា​ដ៏​វាងវៃ​គ្រប់​យ៉ាង។  ព្រះអង្គ​បាន​ប្រោស​អោយ​ យើង​ស្គាល់​គំរោងការ​ដ៏​លាក់កំបាំង​*​នៃ​ព្រះហឫទ័យ​របស់​ព្រះអង្គ តាម​ព្រះបំណង​ដ៏​សប្បុរស ដែល​ទ្រង់​បាន​សំរេច​ទុក​ជា​មុន​ដោយ​ព្រះអង្គ​ផ្ទាល់។ ១០ ព្រះអង្គ​ចាត់​ចែង​ គំរោងការ​នេះ​អោយ​បាន​សំរេច​នៅ​គ្រា​ចុង​ក្រោយ​បំផុត គឺ​ប្រមូល​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​បរមសុខ និង​នៅ​លើ​ផែនដី​អោយ​រួម​គ្នា​នៅ​ក្នុង​អង្គ​ព្រះគ្រីស្ដ ជា​ម្ចាស់​តែ​មួយ។ ១១ ​ព្រះ​ជាម្ចាស់​បាន​ ជ្រើសរើស​យើង​ទុក​ដោយ​ឡែក ក្នុង​អង្គ​ព្រះគ្រីស្ដ ព្រះអង្គ​បាន​តំរូវ​យើង​ទុក​ជា​មុន​ដូច្នេះ ស្រប​តាម​ផែន​ការ​របស់​ព្រះអង្គ ដែល​សំរេច​គ្រប់​កិច្ចការ​ទាំង​អស់​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ ១២ ដើម្បី​អោយ​យើង​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ គឺ​យើង​ដែល​បាន​សង្ឃឹម​លើ​ព្រះគ្រីស្ដ​មុន​គេ​បង្អស់។ ១៣ ដោយ​រួម​ក្នុង​អង្គ​ ព្រះគ្រីស្ដ បង​ប្អូន​បាន​ស្ដាប់​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត ជា​ដំណឹងល្អ​ដែល​សង្គ្រោះ​បង​ប្អូន។ ក្នុង​អង្គ​ព្រះគ្រីស្ដ​បង​ប្អូន​ក៏​បាន​ជឿ ហើយ​បាន​ទទួល​សញ្ញា​ដៅ​សំគាល់​ពី​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ តាម​ព្រះបន្ទូល​សន្យា​ដែរ។ ១៤ ព្រះជាម្ចាស់​ប្រទាន​ ព្រះវិញ្ញាណ​នេះ មក​បញ្ចាំ​ចិត្ត​យើង​អោយ​ដឹង​ថា យើង​នឹង​ទទួល​មត៌ក នៅ​ពេល​ព្រះអង្គ​លោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ជា​ស្ថាពរ ដើម្បី​អោយ​គេ​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ។

ពាក្យអធិស្ឋានរបស់លោកប៉ូល

១៥ ហេតុ​នេះ តាំង​ពី​ពេល​ដែល​ខ្ញុំ​បាន​ឮ​គេ​តំណាល​អំពី​ជំនឿ​របស់​បង​ប្អូន ក្នុង​អង្គ​ព្រះអម្ចាស់​យេស៊ូ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បង​ប្អូន​ចំពោះ​ប្រជាជន​ដ៏វិសុទ្ធ*​ទាំង​អស់ ១៦ នោះ​ខ្ញុំ​អរ​ព្រះគុណ​ព្រះជាម្ចាស់​ឥត​ឈប់​ឈរ ព្រោះ​តែ​បង​ប្អូន។ ពេល​ខ្ញុំ​អធិស្ឋាន* ខ្ញុំ​តែងតែ​នឹក​គិត​ដល់​បង​ប្អូន​ជានិច្ច ១៧ សូម​អោយ​ព្រះ​របស់​ ព្រះយេស៊ូ​គ្រីស្ដ​ជា​អម្ចាស់​នៃ​យើង គឺ​ព្រះបិតា​ប្រកប​ដោយ​សិរីរុងរឿង ប្រទាន​ព្រះវិញ្ញាណ អោយ​បង​ប្អូន​មាន​ប្រាជ្ញា និង​សំដែង​អោយ​បង​ប្អូន​ស្គាល់​ព្រះអង្គ​យ៉ាង​ច្បាស់។ ១៨ សូម​ព្រះបិតា​បំភ្លឺ​ ចិត្ត​គំនិត​បង​ប្អូន​អោយ​យល់​ថា ដោយ​ព្រះអង្គ​ត្រាស់​ហៅ​បង​ប្អូន បង​ប្អូន​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ណា និង​យល់​ថា ដោយ​បង​ប្អូន​ទទួល​មត៌ក​រួម​ជា​មួយ​ប្រជាជន​ដ៏វិសុទ្ធ* បង​ប្អូន​នឹង​មាន​សិរីរុងរឿង​ដ៏​ប្រសើរ​លើសលប់​យ៉ាង​ណា​ដែរ!។ ១៩ សូម​ទ្រង់​ប្រទាន​អោយ​ បង​ប្អូន​យល់​ទៀត​ថា ឫទ្ធានុភាព​ដ៏​អស្ចារ្យ​បំផុត​ដែល​ព្រះអង្គ​សំដែង​មក ជា​ប្រយោជន៍​ដល់​យើង​ជា​អ្នក​ជឿ មាន​ទំហំ​ធំធេង​យ៉ាង​ណា ស្រប​តាម​មហិទ្ធិឫទ្ធិ​នៃ​ព្រះចេស្ដា​ដ៏​ខ្លាំងក្លា ដែល​ទ្រង់​បាន​សំដែង​ក្នុង​អង្គ​ព្រះគ្រីស្ដ។ ២០ ព្រះអង្គ​បាន​សំដែង​ មហិទ្ធិឫទ្ធិ​នេះ ដោយ​ប្រោស​ព្រះគ្រីស្ដ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ និង​អោយ​គង់​នៅ​ខាង​ស្ដាំ​ព្រះអង្គ​នៅ​ស្ថាន​បរមសុខ ២១ ខ្ពស់​ជាង​វត្ថុ​ ស័ក្ដិសិទ្ធិ​គ្រប់​យ៉ាង ខ្ពស់​ជាង​អ្វីៗ​ដែល​មាន​អំណាច មាន​ឫទ្ធិ មាន​បារមី​គ្រប់គ្រង និង​ខ្ពស់​លើស​អ្វីៗ​ដែល​មាន​ឈ្មោះ​មិន​ត្រឹម​តែ​នៅ​លោក​នេះ​ទេ គឺ​នៅ​លោក​ខាង​មុខ​ទៀត​ផង​។ ២២ ព្រះជាម្ចាស់​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ អោយ​នៅ​ក្រោម​ព្រះបាទា​របស់​ព្រះគ្រីស្ដ​ ព្រម​ទាំង​ប្រទាន​អោយ​ព្រះអង្គ​គង់​នៅ​លើ​អ្វីៗ​ទាំង​អស់ ធ្វើ​ជា​សិរសា​លើ​ក្រុមជំនុំ/ព្រះសហគមន៍ ២៣ ដែល​ជា​ព្រះកាយ​របស់​ ព្រះអង្គ។ ក្រុមជំនុំ/ព្រះសហគមន៍​នេះ ​បាន​ពោរពេញ​ដោយ​គ្រប់​លក្ខណ​សម្បត្តិ​របស់​ព្រះគ្រីស្ដ ហើយ​ព្រះគ្រីស្ដ​ផ្ទាល់ ក៏​បាន​ពោរពេញ​ដោយ​គ្រប់​លក្ខណសម្បត្តិ​របស់​ព្រះជាម្ចាស់​ដែរ​។

ជំពូក ២

គ្រីស្ដបរិស័ទឆ្លងផុតពីសេចក្ដីស្លាប់ទៅដល់ជីវិត

 ចំពោះ​បង​ប្អូន បង​ប្អូន​បាន​ស្លាប់ ព្រោះ​តែ​កំហុស និង​អំពើ​បាប​របស់​បង​ប្អូន​រួច​ផុត​ទៅ​ហើយ។ ពី​ដើម បង​ប្អូន​បាន​រស់​នៅ​តាម​របៀប​លោកីយ៍​នេះ គឺ​តាម​វត្ថុ​ស័ក្ដិសិទ្ធិ​ដែល​គ្រប់គ្រង​ពិភព​លោក​នេះ​ ជា​វិញ្ញាណ​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​អស់​អ្នក​ប្រឆាំង​នឹង​ព្រះជាម្ចាស់​នៅ ​បច្ចុប្បន្នកាល​នេះ។ រីឯ​យើង​ទាំង​អស់​គ្នា​ វិញ ពី​ដើម​យើង​ក៏​ដូច​ពួក​គេ​ដែរ យើង​បាន​បណ្ដោយ​ខ្លួន​ទៅ​តាម​តណ្ហា​លោភលន់​នៃ​លោកីយ៍​នេះ  យើង​ប្រព្រឹត្ត​អំពើ​ផ្សេងៗ ស្រប​តាមទំនើងចិត្ដលោកីយ៍និងតាម​គំនិត​របស់យើង។ ពី​កំណើត​មក​យើង​ជា​មនុស្ស ដែល​ត្រូវ​តែ​ទទួល​ទោស​​ពី​ព្រះជាម្ចាស់ ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ ក៏​ប៉ុន្តែ ព្រះជាម្ចាស់​ដែល​តែងតែ​មាន​ព្រះហឫទ័យ​អាណិត​មេត្តា​ដ៏​ច្រើន​ពន់​ប្រមាណ​ នោះ​ព្រះអង្គ​មាន​ព្រះហឫទ័យ​ស្រឡាញ់​យើង​ខ្លាំង​បំផុត គឺ​ទោះ​បី​យើង​ស្លាប់​ ដោយសារ​អំពើ​បាប​របស់​យើង​ហើយ​ក៏​ដោយ ក៏​ព្រះអង្គ​បាន​ប្រោស​ប្រទាន​អោយ​យើង​មាន​ជីវិត​រស់ រួម​ជា​មួយ​ព្រះគ្រីស្ដ​វិញ​ដែរ។ ព្រះជាម្ចាស់​បាន​សង្គ្រោះ​បង​ប្អូន មកពីព្រះអង្គមានព្រះហឫទ័យប្រណីសន្ដោស។  ​ព្រះអង្គ​បាន​ប្រោស​យើង​ អោយ​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះគ្រីស្ដយេស៊ូ និង​អោយ​យើង​អង្គុយ​លើ​បល្ល័ង្ក​នៅ​ស្ថាន​បរមសុខ រួម​ជា​មួយ​ព្រះអង្គ​ដែរ។ ព្រះអង្គ​បង្ហាញ​ ព្រះហឫទ័យ​សប្បុរស​ចំពោះ​យើង ក្នុង​អង្គ​ព្រះគ្រីស្ដយេស៊ូ​ដូច្នេះ ដើម្បី​បង្ហាញ​អោយ​មនុស្ស​គ្រប់​ជំនាន់​ខាង​មុខ ស្គាល់​ព្រះហឫទ័យប្រណី​សន្ដោស​​ដ៏​ប្រសើរ​លើសលប់​បំផុត​របស់​ព្រះអង្គ ព្រះអង្គ​សង្គ្រោះ​បង​ប្អូន មកពីព្រះអង្គមានព្រះហឫទ័យប្រណីសន្ដោស ដោយសារបងប្អូនមាន​ជំនឿ។ ការ​សង្គ្រោះ​មិន​មែន​មក​ពី​បង​ប្អូន​ទេ គឺ​ជា​ព្រះអំណោយ​ទាន​របស់​ព្រះជាម្ចាស់  ហើយ​ក៏​មិន​មែន​មក​ពី​មនុស្ស​ប្រព្រឹត្ត​អំពើ​ល្អ​ដែរ ដើម្បី​កុំ​អោយ​នរណា​ម្នាក់​អួត​ខ្លួន​បាន។ ១០ យើង​ជា​ស្នា​ព្រះហស្ដ​ ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក ក្នុង​អង្គ​ព្រះគ្រីស្ដយេស៊ូ ដើម្បី​អោយ​យើង​ប្រព្រឹត្ត​អំពើ​ល្អ​ដែល​ព្រះអង្គ​បាន​បម្រុង​ទុក​ជា​មុន​ សំរាប់​អោយ​យើង​ប្រព្រឹត្ត​តាម។

ការរួបរួមគ្នាក្នុងអង្គព្រះគ្រីស្ដ

១១ ដូច្នេះ សូម​បង​ប្អូន​ចង​ចាំ​ថាៈ ពី​ដើម​បង​ប្អូន​កើត​មក​ជា​សាសន៍​ដទៃ​ ហើយ​សាសន៍​យូដា​ដែល​ចាត់​ទុក​ថា​ខ្លួន​ជា «ពួក​កាត់​ស្បែក» ហៅ​បង​ប្អូន​ថា «ពួក​មិន​កាត់​ស្បែក» ព្រោះ​គេ​សំគាល់​ទៅ​លើ​សញ្ញា​មួយ​ដែល​គេ​ធ្វើ​លើ​រូប​កាយ។ ១២ កាល​ណោះ បង​ប្អូន​នៅ​ឆ្ងាយ​ពី​ព្រះគ្រីស្ដ គ្មាន​សិទ្ធិ​ចូល​ជាតិ​អ៊ីស្រាអែល គ្មាន​ទំនាក់ទំនង​អ្វី​នឹង​សម្ពន្ធមេត្រី*​ដែល​ចង​ឡើង​ដោយ​ព្រះបន្ទូល​សន្យា ​របស់​ព្រះជាម្ចាស់​ទេ បង​ប្អូន​រស់​នៅ​ក្នុង​លោក​នេះ​ដោយ គ្មាន​ទី​សង្ឃឹម ហើយ​ក៏​គ្មាន​ព្រះជាម្ចាស់​ដែរ។ ១៣ កាល​ពី​ដើម បង​ប្អូន​នៅ​ឆ្ងាយ​មែន ក៏​ប៉ុន្តែ ឥឡូវ​នេះ ដោយ​បង​ប្អូន​រួម​ក្នុង​អង្គ​ព្រះយេស៊ូ​គ្រីស្ដ បង​ប្អូន​បាន​មក​នៅ​ជិត​ដោយសារ​ព្រះលោហិត​របស់​ព្រះគ្រីស្ដ។ ១៤ គឺ​ព្រះគ្រីស្ដ​ហើយ​ដែល ​ជា​សន្តិភាព​របស់​យើង ព្រះអង្គ​បាន​ប្រមូល​សាសន៍​ទាំង​ពីរ​អោយ​រួម​គ្នា​មក​ជា​ប្រជារាស្ត្រ​តែ​ មួយ។ ក្នុង​ព្រះកាយ​របស់​ព្រះអង្គ ព្រះអង្គ​បាន​រំលំ​ជញ្ជាំង​ដែល​បំបាក់​បំបែក​យើង​អោយ​ទៅ​ជា​បច្ចា​មិត្ត​នឹង ​គ្នា។ ១៥ ព្រះអង្គ​បាន​លុប​ បំបាត់​វិន័យ*​ដែល​មាន​បទ​បញ្ញត្ដិ និងបទបញ្ជា​ផ្សេងៗ​ចោល ដើម្បី​បង្រួបបង្រួម​សាសន៍​ទាំង​ពីរ​អោយ​ទៅ​ជា​មនុស្ស​ថ្មី​តែ​មួយ ក្នុង​ព្រះអង្គ​ផ្ទាល់​ព្រម​ទាំង​នាំ​សន្តិភាព​មក​ផង។ ១៦ ដោយ​ព្រះអង្គ​សោយ​ ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ទ្រង់​បាន​សំរុះសំរួល​សាសន៍​ទាំង​ពីរ​អោយ​រួម​គ្នា​ជា​រូប​កាយ​តែ​មួយ និង​ធ្វើ​អោយ​គេ​ស្រុះស្រួល​ជា​មួយ​ព្រះជា​ម្ចាស់​វិញ ទាំង​កំចាត់​ការ​ស្អប់​គ្នា​ចោល​ផង។ ១៧ ព្រះអង្គ​បាន​យាង​មក «ទាំង​នាំ​ដំណឹងល្អ*​អំពី​សន្តិភាព​មក​អោយ​បង​ប្អូន​ដែល​នៅ​ឆ្ងាយ និង​នាំ​សន្តិភាព​មក​អោយ​អស់​អ្នក​ដែល​នៅ​ជិត​ដែរ»។ ១៨ ដោយសារ​ព្រះគ្រីស្ដ​នេះ​ហើយ ដែល​យើង​ទាំង​ពីរ​សាសន៍​មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះបិតា ដោយ​រួម​ក្នុង​ព្រះវិញ្ញាណ​តែ​មួយ។

១៩ ហេតុ​ នេះ បង​ប្អូន​លែង​ជា​ជន​បរទេស ឬ​ជា​អាណិកជន​ទៀត​ហើយ គឺ​បង​ប្អូន​ជា​ជន​រួម​ជាតិ​ជា​មួយ​ប្រជាជន​ដ៏វិសុទ្ធ* និង​ជា​ក្រុម​គ្រួសារ​របស់​ព្រះជាម្ចាស់។ ២០ ព្រះអង្គ​បាន​កសាង​បង​ ប្អូន​ឡើង​ជា​សំណង់ ដោយ​មាន​ក្រុម​គ្រីស្ដទូត* និង​ព្យាការី*​ជា​គ្រឹះ និង​មាន​ព្រះគ្រីស្ដយេស៊ូ​ផ្ទាល់​ជា​ថ្ម​ដ៏​សំខាន់។ ២១ គឺ​ព្រះគ្រីស្ដ​ហើយ ដែល​ធ្វើ​អោយ​សំណង់​ទាំង​មូល​ភ្ជាប់​គ្នា​យ៉ាង​មាំ និង​ធ្វើ​អោយ​ចំរើន​ឡើង ទៅ​ជា​ព្រះវិហារ*​ដ៏វិសុទ្ធ​មួយ រួម​ជា​មួយ​ព្រះអម្ចាស់។ ២២ រីឯ​បង​ប្អូន​ក៏​ ដូច្នោះ​ដែរ ដោយ​បង​ប្អូន​រួម​ជា​មួយ​ព្រះអង្គ បង​ប្អូន​បាន​ផ្គុំ​គ្នា​ឡើង ធ្វើ​ជា​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ ក្នុង​ព្រះវិញ្ញាណ។

ជំពូក ៣

ភារកិច្ចរបស់លោកប៉ូលក្នុងការនាំជនជាតិដទៃអោយស្គាល់ព្រះជាម្ចាស់

 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ ប៉ូល ដែល​ជាប់​ឃុំឃាំង ព្រោះ​តែ​ព្រះគ្រីស្ដយេស៊ូ ដើម្បី​ជា​ប្រយោជន៍​ដល់​បង​ប្អូន​សាសន៍​ដទៃ…។ បង​ប្អូន​ប្រហែល​ជា​បាន​ឮ ​គេ​និយាយ​អំពី​មុខងារ​ដែល​ព្រះជាម្ចាស់​ប្រណីសន្ដោស​អោយ​ខ្ញុំ​បំពេញ ដើម្បី​ជា​ប្រយោជន៍​ដល់​បង​ប្អូន​នោះ​ហើយ​មើល​ទៅ។  ព្រះអង្គ​បាន​បង្ហាញ​គំរោងការ​ដ៏​លាក់​កំបាំង​អោយ​ខ្ញុំ​ស្គាល់ ដូច​ខ្ញុំ​ទើប​នឹង​សរសេរ​យ៉ាង​ខ្លី​ខាង​លើ​នេះ​ស្រាប់។ ពេល​បង​ប្អូន​អាន​សេចក្ដី​នោះ បង​ប្អូន​មុខ​ជា​ដឹង​ថា ខ្ញុំ​បាន​យល់​ច្បាស់​អំពី​គំរោងការ​ដ៏​លាក់​កំបាំង​របស់​ព្រះគ្រីស្ដ។ នៅ​ជំនាន់​ដើម មនុស្សម្នា​ពុំ​បាន​ស្គាល់​គំរោងការ​នេះ ដូច​ព្រះជាម្ចាស់​បាន​បង្ហាញ​អោយ​ក្រុម​គ្រីស្ដទូត* និង​ព្យាការី*​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ នា​បច្ចុប្បន្ន​កាល​ស្គាល់ តាម​រយៈ​ព្រះវិញ្ញាណ​នោះ​ឡើយ គឺ​ថា ដោយសារ​ដំណឹងល្អ* សាសន៍​ដទៃ​មាន​សិទ្ធិ​ចូល​រួម​ទទួល​មត៌ក មាន​សិទ្ធិ​ចូល​រួម​ក្នុង​ព្រះកាយ​តែ​មួយ និង​មាន​សិទ្ធិ​ទទួល​ព្រះពរ តាម​ព្រះបន្ទូល​សន្យា​រួម​ជា​មួយ​សាសន៍​អ៊ីស្រាអែល ក្នុង​អង្គ​ព្រះគ្រីស្ដយេស៊ូ​ដែរ។ ខ្ញុំ​បាន​ទទួល​មុខងារ​ បំរើ​ដំណឹងល្អ​នេះ តាម​ព្រះអំណោយ​ទាន​នៃ​ព្រះគុណ​របស់​ព្រះជាម្ចាស់​មក​លើ​រូប​ខ្ញុំ គឺ​ជា​ព្រះអំណោយ​ទាន​ដែល​ព្រះអង្គ​ប្រោស​ប្រទាន​មក​ខ្ញុំ ដោយ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ។ ទោះ​បី​ខ្ញុំ​មាន​ឋានៈ​ តូច​ជាង​គេ​បំផុត​ក្នុង​ចំណោម​ប្រជាជន​ដ៏វិសុទ្ធ*​ក្ដី ក៏​ព្រះជាម្ចាស់​បាន​ផ្ដល់​ព្រះគុណ​នេះ​មក​ខ្ញុំ ដើម្បី​នាំ​ដំណឹងល្អ​ទៅ​ប្រាប់​សាសន៍​ដទៃ អំពី​ព្រះជន្ម​ដ៏​បរិបូណ៌​បំផុត​របស់​ព្រះគ្រីស្ដ​ ដែល​មនុស្ស​លោក​គិត​មិន​ដល់​នោះ​ដែរ។ ព្រះជាម្ចាស់​ក៏​ ប្រណីសន្ដោស អោយ​ខ្ញុំ​បំភ្លឺ​មនុស្ស​ទាំង​អស់ ស្គាល់​របៀប​ព្រះអង្គ​ចាត់​ចែង​គំរោងការ​ដែល​លាក់​ទុក តាំង​ពី​អស់កល្ប​ជានិច្ច​រៀង​មក ក្នុង​ព្រះជាម្ចាស់​ផ្ទាល់ ដែល​បាន​បង្កើត​អ្វីៗ​សព្វ​សារ​ពើ។ ១០ នៅ​ពេល​នេះ ដោយសារ​ក្រុមជំនុំ/ព្រះសហគមន៍ វត្ថុ​ស័ក្ដិសិទ្ធិ និង​អំណាច​នានា​នៅ​ស្ថាន​លើ បាន​ស្គាល់​ព្រះប្រាជ្ញា​ញាណ​គ្រប់​វិស័យ​របស់​ព្រះជាម្ចាស់ ១១ តាម​ផែន​ការ​ដែល​ ព្រះអង្គ​បាន​គ្រោង​ទុក តាំង​ពី​អស់កល្ប​ជានិច្ច​រៀង​មក ហើយ​ទ្រង់​បាន​សំរេច​ដោយសារ​ព្រះគ្រីស្ដយេស៊ូ​ជា​ព្រះអម្ចាស់​នៃ​យើង​។ ១២ ដោយ​រួម​ក្នុង​អង្គ​ ព្រះគ្រីស្ដ និង​ដោយ​មាន​ជំនឿ​លើ​ព្រះអង្គ​យើង​មាន​ចិត្ត​អង់អាច និង​មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះជាម្ចាស់​ទាំង​ទុក​ចិត្ត។ ១៣ ហេតុ​នេះ សូម​បង​ប្អូន​កុំ​ធ្លាក់​ទឹក​ចិត្ត ដោយ​ខ្ញុំ​រង​ទុក្ខ​វេទនា ដើម្បី​ជា​ប្រយោជន៍​ដល់​បង​ប្អូន​នោះ​ឡើយ ទុក្ខ​វេទនា​ទាំង​នេះ​ជា​សិរីរុងរឿង​របស់​បង​ប្អូន​វិញ​ទេ។

ព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្ដ

១៤ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ក្រាប​ថ្វាយបង្គំ​ព្រះបិតា ១៥ ដែល​ជា​ប្រភព​នៃ​ក្រុម​គ្រួសារ​ទាំង​អស់ ទាំង​នៅ​ស្ថាន​បរមសុខ* ទាំង​នៅ​ផែនដី ១៦ សូម​ព្រះអង្គ​មេត្តា​ប្រោស​បង​ប្អូនអោយ​មាន​កម្លាំង​មាំមួន​ផ្នែក​ខាង​ក្នុង​ជំរៅ​ចិត្ត​ ដោយ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ តាម​សិរីរុងរឿង​ដ៏​ប្រសើរ​បំផុត​របស់​ព្រះអង្គ។ ១៧ សូម​ព្រះគ្រីស្ដ​គង់​នៅ​ក្នុង​ចិត្ត​បង​ប្អូន​ដោយ​ជំនឿ និង​សូម​អោយ​បង​ប្អូន​បាន​ចាក់​ឫស​យ៉ាង​មាំមួន​ក្នុង​សេចក្ដី​ស្រឡាញ់ ១៨ ដើម្បី​អោយ​​បង​ប្អូន​មាន​សមត្ថភាព​អាច​យល់ រួម​ជា​មួយ​ប្រជាជន​ដ៏វិ​សុទ្ធ*​ទាំង​មូល នូវ​ទទឹង បណ្ដោយ ជំរៅ និង​កំពស់ ១៩ គឺ​អោយ​​បង​ប្អូន​ស្គាល់ ​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះគ្រីស្ដ ដែល​​​ប្រសើរ​ហួស​ពី​ការ​យល់​ឃើញ​របស់​មនុស្ស ដើម្បី​អោយ​បង​ប្អូន​បាន​ពោរពេញ​ដោយ​គ្រប់​លក្ខណសម្បត្តិ​របស់​ ព្រះជា​ម្ចាស់​។

២០ ព្រះជាម្ចាស់ ​អាច​ធ្វើ​អ្វីៗ​ទាំង​អស់ ហួស​ពី​សេចក្ដី​សុំ និង​ហួស​ពី​អ្វីៗ​ដែល​យើង​នឹក​គិត ដោយសារ​ឫទ្ធានុភាព​របស់​ព្រះអង្គ​ដែល​បំពេញ​សកម្មភាព​នៅ​ក្នុង​យើង ២១ សូម​លើក​តម្កើង​ សិរីរុងរឿង​របស់​ព្រះអង្គ​ក្នុង​ក្រុមជំនុំ/ព្រះសហគមន៍ និង​ក្នុង​ព្រះគ្រីស្ដយេស៊ូ នៅ​គ្រប់​ជំនាន់​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន។

ជំពូក ៤

ការរួបរួមរបស់គ្រីស្ដបរិស័ទ

 ហេតុ​នេះ ខ្ញុំ​ដែល​ជាប់​ឃុំឃាំង សូម​ដាស់​តឿន​បង​ប្អូន ក្នុង​ព្រះនាម​ព្រះអម្ចាស់​ថា ដោយ​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​បង​ប្អូន ចូរ​រស់​នៅ​ អោយ​បាន​សមរម្យ​នឹង​ការ​ត្រាស់​ហៅ​នោះ​ទៅ។ ចូរ​បន្ទាប​ខ្លួន មាន​ចិត្ត​ស្លូត​បូត និង​ចេះ​អត់ធ្មត់ ព្រម​ទាំង​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់។  ចូរ​យក​ចិត្ត​ទុក​ដាក់​រក្សា​ឯកភាព​ដែល​មក​ពី​ព្រះវិញ្ញាណ ដោយ​យក​សេចក្ដី​សុខសាន្ត​ធ្វើ​ជា​ចំណង​ប្រាស្រ័យ​ទាក់ទង​គ្នា។

 ព្រះកាយ​មាន​តែ​មួយ ហើយ​ព្រះវិញ្ញាណ​ក៏​មាន​តែ​មួយ ដូច​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​បង​ប្អូន​អោយ​មាន​សេចក្ដី​សង្ឃឹម​តែ​មួយ​នោះ​ដែរ។ ព្រះអម្ចាស់​មាន​តែ​មួយ ជំនឿ​មាន​តែ​មួយ ពិធី​ជ្រមុជ​ទឹក*​មាន​តែ​មួយ។  ព្រះជាម្ចាស់​មាន​តែ​មួយ ព្រះអង្គ​ជា​ព្រះបិតា​របស់​មនុស្ស​ទាំង​អស់ ព្រះអង្គ​ខ្ពង់ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ហើយ​ព្រះអង្គ​ធ្វើ​ការ​តាម​រយៈ​មនុស្ស​ទាំង​អស់ និង​សណ្ឋិត​នៅ​ក្នុង​មនុស្ស​ទាំង​អស់។

 ព្រះអង្គ​បាន​ប្រណីសន្ដោស​យើង​ម្នាក់ៗ​ តាម​កំ​​រិត​ព្រះអំ​ណោយ​​ទាន ដែល​ព្រះគ្រីស្ដ​ប្រទាន​មក​យើង។  ហេតុ​នេះ​ហើយ​បាន​ជា​មាន​ថ្លែង​ទុក​ថា

«ព្រះអង្គបានយាងឡើងទៅស្ថានខ្ពស់

ព្រះអង្គបាននាំពួកជាប់ជាឈ្លើយទៅជាមួយ

ហើយព្រះអង្គប្រទានព្រះអំណោយទាន

ផ្សេងៗដល់មនុស្សលោក»

 ពាក្យ​ថា “យាង​ឡើង​ទៅ”នោះ បាន​សេចក្ដី​ថា​ដូច​ម្ដេច? គឺ​បាន​សេចក្ដី​ថា​ព្រះអង្គ​បាន​យាង​ចុះ​មក​ផែនដី​ដ៏​ទាប​នេះ​ជា​មុន​សិន។ ១០ ព្រះអង្គ​ដែល​បាន​យាង​ចុះ​មក​នោះ ជា​ព្រះអង្គ​ដែល​បាន​យាង​ឡើង​ទៅ​ទី​ដ៏​ខ្ពស់​បំផុត​នៃ​ស្ថាន​បរមសុខ* ដើម្បី​បំពេញ​អ្វីៗ​ទាំង​អស់។ ១១ គឺ​ព្រះអង្គ​ហើយ ដែល​បាន​ប្រទាន​អោយ​អ្នក​ខ្លះ​មាន​មុខងារ​ជា​គ្រីស្ដទូត* អោយ​អ្នក​ខ្លះ​ថ្លែង​ព្រះបន្ទូល អ្នក​ខ្លះ​ផ្សាយ​ដំណឹងល្អ*​អ្នក​ខ្លះ​ជា​អ្នក​គង្វាល និង​អ្នក​ខ្លះ​ទៀត​ជា​អ្នក​បង្រៀន ១២ ដើម្បី​រៀបចំ​ប្រជាជន​ដ៏វិសុទ្ធ​អោយ​បំពេញ​មុខងារ​បំរើ និង​កសាង​ព្រះកាយ​របស់​ព្រះគ្រីស្ដ​ឡើង ១៣ រហូត​ដល់​យើង​ទាំង​អស់​ រួម​គ្នា មាន​ជំនឿ​តែ​មួយ មាន​គំនិត​តែ​មួយ ក្នុង​ការ​ស្គាល់​ព្រះបុត្រា​របស់​ព្រះជាម្ចាស់ និង​ទៅ​ជា​មនុស្ស​ពេញ​វ័យ ឡើង​ដល់​កំពស់​របស់​ព្រះគ្រីស្ដ​ដែល​បំពេញ​អ្វីៗ​ទាំង​អស់​។ ១៤ ដូច្នេះ យើង​មិន​មែន​ជា​កូន​ក្មេង​ដែល​រេរា ត្រូវ​ខ្យល់​នៃ​គោលលទ្ធិ​នានា ផាត់​ចុះ​ផាត់​ឡើង​នោះ​ទៀត​ឡើយ ហើយ​ក៏​លែង​ចាញ់​បោក ឬ​ចាញ់​កលល្បិច​មនុស្ស​ដែល​ពូកែ​នាំ​អោយ​វង្វេង​នោះ​ទៀត​ដែរ។ ១៥ ផ្ទុយ​ទៅ​វិញ បើ​យើង​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​ដោយ​ចិត្ត​ស្រឡាញ់ យើង​នឹង​បាន​ចំរើន​ឡើង​គ្រប់​វិស័យ​ទាំង​អស់ ឆ្ពោះ​ទៅ​កាន់​ព្រះគ្រីស្ដ​ជា​សិរសា ១៦ គឺ​ព្រះអង្គ​ហើយ ដែល​ធ្វើ​អោយ​ព្រះកាយ​ទាំង​មូល​បាន​ផ្គុំ​គ្នា និង​ភ្ជាប់​គ្នា​ឡើង​យ៉ាង​មាំ ដោយសារ​សន្លាក់​ឆ្អឹង​ទាំង​ប៉ុន្មាន​ដែល​បំរើ​ព្រះ​កាយ តាម​កំរិត​សមត្ថភាព​របស់​សរីរាង្គ​នីមួយៗ ដើម្បី​អោយ​ព្រះកាយ​នោះ​ចំរើន និង​កសាង​ឡើង ក្នុង​សេចក្ដី​ស្រឡាញ់។

ជីវិតចាស់ និងជីវិតថ្មី

១៧ ដូច្នេះ ខ្ញុំ​សូម​ជំរាប​បង​ប្អូន និង​បញ្ជាក់​ក្នុង​ព្រះនាម​ព្រះអម្ចាស់​ថា សូម​កុំ​រស់​នៅ​ដូច​សាសន៍​ដទៃ​ ដែល​ប្រព្រឹត្ត​តាម​ប្រាជ្ញា​ដ៏​ឥត​ប្រយោជន៍​របស់​គេ​នោះ​ទៀត​ឡើយ។ ១៨ គំនិត​អ្នក​ទាំង​នោះ​ ងងឹត​សូន្យសុង គេ​នៅ​ឆ្ងាយ​ពី​ព្រះជន្ម​របស់​ព្រះជាម្ចាស់ ព្រោះ​គេ​មិន​ស្គាល់​ព្រះអង្គ​ ហើយ​មាន​ចិត្ត​រឹងរូស​ទៀត​ផង។ ១៩ ដោយ​ពួក​គេ​លែង​ដឹង​ខុស ​ត្រូវ គេ​នាំ​គ្នា​ប្រាសចាក​សីលធម៌ បណ្ដោយ​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អបាយមុខ​គ្រប់​យ៉ាង តាម​តែ​ចិត្ត​លោភលន់​របស់​គេ។

២០ រីឯ​បង​ប្អូន​វិញ បង​ប្អូន​ពុំ​បាន​ទទួល​ការអប់រំ​អំពី​ព្រះគ្រីស្ដ​របៀប​នេះ​ទេ។ ២១ ប្រសិន​បើ​បង​ប្អូន​បាន ​ឮ​គេ​និយាយ​អំពី​ព្រះយេស៊ូ ហើយ​ប្រសិន​បើ​បង​ប្អូន​បាន​ទទួល​ការអប់រំ​អំពី​ព្រះអង្គ ស្រប​តាម​សេចក្ដី​ពិត​ដែល​មក​ពី​ព្រះអង្គ​មែន ២២ បង​ប្អូន​ត្រូវ​តែ​ លះបង់​កិរិយា​មារយាទ ដែល​បង​ប្អូន​ធ្លាប់​កាន់​ពី​ដើម គឺ​ត្រូវ​ដោះ​ជីវិត​ចាស់​ដែល​កំពុង​តែ​វិនាស តាម​ការ​លោភលន់​បញ្ឆោត​ចិត្ត​នេះ​ចោល​ទៅ។ ២៣ ត្រូវ​ប្រែ​គំនិត​ប្រាជ្ញា និង​វិញ្ញាណ​អោយ​បាន​ថ្មី​ឡើង ២៤ ហើយ​ត្រូវ​ពាក់​ជីវិត​ ថ្មី​ដ៏​សុចរិត* និង​វិសុទ្ធ* មក​ពី​សេចក្ដី​ពិត ជា​ជីវិត​ដែល​ព្រះជាម្ចាស់​បាន​បង្កើត ស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ។

២៥ ហេតុ​នេះ សូម​បង​ប្អូន​ឈប់​និយាយ​កុហក​ទៅ «ម្នាក់ៗ​ត្រូវ​និយាយ​តែ​សេចក្ដី​ពិត​ទៅ​កាន់​បង​ប្អូន​ឯ​ទៀតៗ ដ្បិត​យើង​ជា​សរីរាង្គ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។ ២៦ ប្រសិន​បើ​បង​ប្អូន​ខឹង សូម​ប្រយ័ត្ន កុំ​ប្រព្រឹត្ត​អំពើ​បាប» កុំ​ទុក​កំហឹង​រហូត​ដល់​ថ្ងៃ​លិច​នោះ​ឡើយ។ ២៧ កុំ​ហុច​ឱកាស​អោយ​មារ*​មក​ល្បួង​បង​ប្អូន។ ២៨ អ្នក​ណា​ធ្លាប់​លួច កុំ​លួច​ទៀត ផ្ទុយ​ទៅ​វិញ ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ​ដោយ​ចិត្ត​ទៀង​ត្រង់ ដើម្បី​យក​ផល​ទៅ​ជួយ​អ្នក​ដែល​ខ្វះ​ខាត។ ២៩ កុំ​អោយ​មាន​ពាក្យ​ អាស្រូវ​ណា​មួយ​ចេញ​ពី​មាត់​បង​ប្អូន​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​និយាយ​តែ​ពាក្យ​ល្អ​ដែល​ជួយ​កសាង​ជំនឿ​អ្នក​ដទៃ ប្រសិន​បើ​គេ​ត្រូវ​ការ ព្រម​ទាំង​នាំ​ព្រះពរ​មក​អោយ​អ្នក​ស្ដាប់​ផង​ដែរ។ ៣០ កុំ​ធ្វើ​អោយ​ ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*​របស់​ព្រះជាម្ចាស់ ព្រួយ​ព្រះហឫទ័យ​សោះ​ឡើយ ដ្បិត​ព្រះអង្គ​បាន​ដៅ​សញ្ញា​សំគាល់​របស់​ព្រះវិញ្ញាណ​មក​លើ​បង​ប្អូន ទុក​សំរាប់​ថ្ងៃ​ដែល​ព្រះអង្គ​នឹង​យាង​មក​លោះ​យើង។

៣១ សូម​បង​ ប្អូន​កំចាត់​ចិត្ត​ជូរចត់ ចិត្ត​ក្ដៅ​ក្រហាយ កំហឹង សំរែក​ឡូឡា ពាក្យ​ជេរ​ប្រមាថ ព្រម​ទាំង​សេចក្ដី​អាក្រក់​គ្រប់​បែប​យ៉ាង ចេញ​ពី​ចំណោម​បង​ប្អូន​ទៅ។ ៣២ ត្រូវ​មាន​ចិត្ត​ សប្បុរស និង​ចេះ​អាណិត​មេត្តា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ ត្រូវ​ប្រណីសន្ដោស​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ព្រះជាម្ចាស់​បាន​ប្រណីសន្ដោស​បង​ប្អូន ដោយសារ​ព្រះគ្រីស្ដ​ដែរ។

ជំពូក ៥

ជីវិតរស់នៅក្នុងពន្លឺ

 សូម​បង​ប្អូន​យក​តំរាប់​តាម​ព្រះជាម្ចាស់​ចុះ ព្រោះ​បង​ប្អូន​ជា​បុត្រធីតា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ​ ។ ចូរ​រស់​​​​​​​​​នៅ​ដោយ​មាន​ចិត្ត​ស្រឡាញ់ ដូច​ព្រះគ្រីស្ដ​បាន​ស្រឡាញ់​យើង ហើយ​បាន​បូជា​ព្រះជន្ម​សំរាប់​យើង ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ​​​ជាម្ចាស់ និង​ទុក​ជា​យញ្ញបូជា​ដែល​គាប់​ព្រះហឫទ័យ  ​ព្រះអង្គ​។

 ដោយ​បង​ប្អូន ​ជា​ប្រជាជន​ដ៏វិសុទ្ធ​ ​មិន​ត្រូវ​អោយ​មាន​ឮ​និយាយ​អំពី​ការ​ប្រាសចាក​សីលធម៌​អបាយមុខ​គ្រប់​យ៉ាង ឬ​ការ​លោភលន់​ក្នុង​ចំណោម​បង​ប្អូន​សោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ពោលពាក្យ​ទ្រគោះ​បោះបោក ពាក្យ​ឡេះឡោះ ឬ​ពាក្យ​អាសអាភាស​ដែរ ព្រោះ​ពាក្យ​ទាំង​នេះ​មិន​សមរម្យ​ទេ ផ្ទុយ​ទៅ​វិញ ត្រូវ​ពោល​ពាក្យ​អរ​ព្រះគុណ​ព្រះជាម្ចាស់។ ចូរ​ដឹង​អោយ​ច្បាស់​ថា អ្នក​ប្រាសចាក​សីលធម៌ អ្នក​ប្រព្រឹត្ត​អំពើ​អបាយមុខ និង​អ្នក​លោភលន់​ ដែល​យក​ទ្រព្យ​សម្បត្តិ​ធ្វើ​ជា​ព្រះ មិន​អាច​ទទួល​មត៌ក​ក្នុង​ព្រះរាជ្យ*​របស់​ព្រះគ្រីស្ដ និង​របស់​ព្រះជាម្ចាស់​បាន​ជា​ដាច់​ខាត។ សូម​កុំ​អោយ​នរណា​ម្នាក់​បោកបញ្ឆោត​បង​ប្អូន ដោយ​ពាក្យ​សំដី​ឥត​ខ្លឹមសារ​សោះ​ឡើយ ព្រោះ​អំពើ​ទាំង​នេះ​ហើយ​ ​ដែល​នាំ​អោយ​ព្រះជាម្ចាស់​ព្រះពិរោធ ​នឹង​ពួក​អ្នកប្រឆាំង​ព្រះអង្គ ។   ដូច្នេះ សូម​កុំ​សេពគប់​ជា​មួយ​ពួក​គេ​ជា​ដាច់​ខាត។

 កាល​ពី​ដើម បង​ប្អូន​ងងឹត​មែន ប៉ុន្តែ ឥឡូវ​នេះ​បង​ប្អូន​ជា​ពន្លឺ ដោយ​បាន​រួម​ជា​មួយ​ព្រះអម្ចាស់ ដូច្នេះ ចូរ​រស់​នៅ​អោយ​សម​ជា​មនុស្ស​ដែល​មាន​ពន្លឺ​ក្នុង​ខ្លួន​ទៅ។ ផល​នៃ​ពន្លឺ​នោះ គឺ​សេចក្ដី​សប្បុរស សេចក្ដី​សុចរិត និង​សេចក្ដី​ពិត​គ្រប់​បែប​យ៉ាង។ ១០ ត្រូវ​រិះគិត​មើល​អោយ​ដឹង​ថា ការ​ណា​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ១១ ហើយ​មិន​ត្រូវ​ចូល​រួម​ ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ឥត​ផល​ប្រយោជន៍ ដែល​មក​ពី​សេចក្ដី​ងងឹត​នោះ​ឡើយ សូវ​បើក​មុខ​អំពើ​ទាំង​នោះ​អោយ​គេ​ឃើញ។ ១២ ចំពោះ​អំពើ​ណា​ដែល​គេ​ប្រព្រឹត្ត​ដោយ​លួច​លាក់ សូម្បី​តែ​យក​មក​និយាយ​ក៏​គួរ​អោយ​ខ្មាស​ណាស់​ទៅ​ហើយ។ ១៣ ក៏​ប៉ុន្តែ កាល​ណា​អំពើ​ទាំង​នោះ​បាន​បើក​មុខ​ហើយ វា​នឹង​លេច​ចេញ​មក​អោយ​គេ​ឃើញ​ច្បាស់​នៅ​ក្រោម​ពន្លឺ ១៤ ដ្បិត​អំពើ​ណា​ដែល​លេច​ មក​អោយ​គេ​ឃើញ​ហើយ​នោះ​បាន​ប្រែ​ទៅ​ជា​ពន្លឺ។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ថ្លែង​ទុក​មក​ថាៈ «អ្នក​ដេក​លក់​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ក្រោក​ឡើង​ចេញ​ពី​ចំណោម​មនុស្ស​ស្លាប់ ព្រះគ្រីស្ដ​នឹង​ភ្លឺ​ចាំង​មក​លើ​អ្នក»។

១៥ ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន​អំពី​របៀប​ដែល​បង​ប្អូន​រស់​នៅ​អោយ​មែន​ទែន មិន​ត្រូវ​កាន់​មារយាទ​ដូច​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ គឺ​ត្រូវ​កាន់​មារយាទ​ដូច​មនុស្ស​មាន​ប្រាជ្ញា​វិញ។ ១៦ ត្រូវ​ចេះ​ប្រើប្រាស់​ពេល​វេលា ដ្បិត​សម័យ​នេះ​អាក្រក់​ណាស់។ ១៧ ហេតុ​នេះ​មិន​ត្រូវ​ធ្វើ​ជា​មនុស្ស​ឥត​គំនិត​ឡើយ តែ​ត្រូវ​រិះគិត អោយ​យល់​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់។ ១៨ កុំ​ស្រវឹង​ស្រា​ព្រោះ​ស្រា​បណ្ដាល​អោយ​ថោកទាប ផ្ទុយ​ទៅ​វិញ ត្រូវ​អោយ​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ។ ១៩ ចូរ​និយាយ​គ្នា​ទៅ​វិញ​ ទៅ​មក​ដោយ​ប្រើ​ទំនុកតម្កើង បទ​សរសើរ​ព្រះជាម្ចាស់ និង​បទ​ចំរៀង​មក​ពី​ព្រះវិញ្ញាណ។ ចូរ​ច្រៀង និង​លើកតម្កើង​ព្រះអម្ចាស់​អោយ​អស់​ពី​ចិត្ត។ ២០ ត្រូវ​អរ​ព្រះគុណ​ ព្រះជាម្ចាស់ ជា​ព្រះបិតា​គ្រប់​ពេល​វេលា និង​គ្រប់​កិច្ចការ​ក្នុង​ព្រះនាម​ព្រះយេស៊ូ​គ្រីស្ដ ជា​ព្រះអម្ចាស់​នៃ​យើង។

ទំនាក់ទំនងរវាងស្វាមីភរិយា

២១ បង​ប្អូន​ដែល​កោត​ខ្លាច​ព្រះគ្រីស្ដ ត្រូវ​គោរព​ចុះ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក។

២២ បង​ប្អូន​ជា​ស្ត្រី​ដែល​មាន​ស្វាមី ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ដូច​ជា​គោរព​ចុះ​ចូល​នឹង​ព្រះអម្ចាស់​ដែរ ២៣ ដ្បិត​ស្វាមី​នាំ​មុខ​ភរិយា ដូច​ព្រះគ្រីស្ដ​នាំ​មុខ​ក្រុមជំនុំ/ព្រះសហគមន៍* ហើយ​ជា​ព្រះសង្គ្រោះ​របស់​ក្រុមជំនុំ/ព្រះសហគមន៍​ ដែល​ជា​ព្រះកាយ​ព្រះអង្គ។ ២៤ ហេតុ​នេះ ក្រុមជំនុំ/ព្រះសហគមន៍​គោរព​ចុះ​ចូល​នឹង​ព្រះគ្រីស្ដ​យ៉ាង​ណា ភរិយា​ក៏​ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់​យ៉ាង​នោះ​ដែរ។

២៥ ចំពោះ​ បង​ប្អូន​ដែល​មាន​ប្រពន្ធ​វិញ ចូរ​ស្រឡាញ់​ភរិយា ដូច​ព្រះគ្រីស្ដ​បាន​ស្រឡាញ់​ក្រុមជំនុំ/ព្រះសហគមន៍​ដែរ ព្រះអង្គ​បូជា​ព្រះជន្ម​របស់​ព្រះអង្គ​ផ្ទាល់ សំរាប់​ក្រុមជំនុំ/ព្រះសហគមន៍ ២៦ ដើម្បី​ប្រោស​អោយ​ក្រុមជំនុំ/ព្រះសហគមន៍​បាន​ទៅ​ជា​វិសុទ្ធ ទាំង​ជំរះ​អោយ​បាន​ស្អាត​បរិសុទ្ធ ដោយ​លាង​ក្នុង​ទឹក និង​ដោយសារ​ព្រះបន្ទូល។ ២៧ ព្រះអង្គ​សព្វ​ ព្រះហឫទ័យ​នាំ​ក្រុមជំនុំ/ព្រះសហគមន៍​នេះ​មក​ថ្វាយ​ព្រះអង្គ​ផ្ទាល់ ជា​ក្រុមជំនុំ/​ព្រះសហគមន៍​ដ៏​រុងរឿង ឥត​ស្លាកស្នាម ឥត​ជ្រីវជ្រួញ និង​ឥត​ខ្ចោះ​ត្រង់​ណា​ឡើយ គឺ​អោយ​បាន​ទៅ​ជា​វិសុទ្ធ* ឥត​សៅហ្មង។ ២៨ ដូច្នេះ ស្វាមី​ត្រូវ​ស្រឡាញ់​ភរិយា អោយ​បាន​ដូច​ស្រឡាញ់​រូប​កាយ​របស់​ខ្លួន​ដែរ។ អ្នក​ណា​ស្រឡាញ់​ភរិយា អ្នក​នោះ​ស្រឡាញ់​ខ្លួន​ឯង។ ២៩ ពុំ​ដែល​មាន​នរណា​ ម្នាក់​ស្អប់​រូប​កាយ​របស់​ខ្លួន​ឡើយ ផ្ទុយ​ទៅ​វិញ គេ​តែង​ចិញ្ចឹម​បី​បាច់​ថែរក្សា​រូប​កាយ​នោះ ដូច​ព្រះគ្រីស្ដ​ចិញ្ចឹម​បី​បាច់​ថែរក្សា​ក្រុមជំនុំ/ព្រះសហគមន៍ ៣០ ព្រោះ​យើង​ទាំង​អស់​គ្នា​ជា​សរីរាង្គ​នៃ​ព្រះកាយ​របស់​ព្រះអង្គ។ ៣១ ហេតុ​ នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​នឹង​បាន​ទៅ​ជា​រូប​កាយ​តែ​មួយ​។ ៣២ គំរោងការ​ដ៏​លាក់​កំបាំង​នេះ​មាន​អត្ថន័យ​ជ្រៅ​ណាស់ ខ្ញុំ​និយាយ​សេចក្ដី​នេះ សំដៅ​លើ​ព្រះគ្រីស្ដ និង​ក្រុមជំនុំ/ព្រះសហ​គមន៍​តែ​ប៉ុណ្ណោះ។ ៣៣ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បង​ប្អូន​ម្នាក់ៗ​ត្រូវ​ស្រឡាញ់​ភរិយា​រៀងៗ​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​ឯង ហើយ​ភរិយា​ក៏​ត្រូវ​គោរព​ស្វាមី​របស់​ខ្លួន​ដែរ។

ជំពូក ៦

ទំនាក់ទំនងរវាងឪពុកម្ដាយ និងកូន

 កុមារា​កុមារី​អើយ ចូរ​ស្ដាប់​បង្គាប់​មាតាបិតា ដោយ​យល់​ដល់​ព្រះអម្ចាស់​ ធ្វើ​ដូច្នេះ​ទើប​ត្រឹម​ត្រូវ។ «ចូរ​គោរព​មាតាបិតា (នេះ​ជា​បទ​បញ្ជា​ទី​មួយ ដែល​មាន​ទាំង​ព្រះបន្ទូល​សន្យា​ជាប់​មក​ជា​មួយ​ផង) ដើម្បី​អោយ​បាន​សេចក្ដី​សុខ និង​មាន​អាយុ​វែង​នៅ​លើ​ផែនដី​នេះ»​។

 រីឯ​បង​ ប្អូន​ដែល​ជា​ឪពុក​វិញ កុំ​ធ្វើ​អោយ​កូន​របស់​ខ្លួន​មួម៉ៅ​នោះ​ឡើយ តែ​ត្រូវ​អប់រំ​វា​ដោយ​ពាក្យ​ប្រៀនប្រដៅ និង​ដំបូន្មាន​ស្រប​តាម​ព្រះអម្ចាស់។

ទំនាក់ទំនងរវាងទាសករ និងម្ចាស់

 បង​ប្អូន​ជា​ខ្ញុំ​បំរើ​អើយ ចូរ​ស្ដាប់​បង្គាប់​ម្ចាស់​របស់​ខ្លួន​ក្នុង​លោក​នេះ ដោយ​គោរព​កោត​ខ្លាច​ញាប់​ញ័រ និង​ដោយ​ចិត្ត​ស្មោះ​សរ​ដូច​ស្ដាប់​បង្គាប់​ព្រះគ្រីស្ដ​ដែរ មិន​ត្រូវ​ធ្វើ​ដូច្នេះ ដើម្បី​គ្រាន់​តែ​អោយ​ម្ចាស់​ទាំង​នោះ​ឃើញ​ថា បង​ប្អូន​ចង់​ផ្គាប់​ចិត្ត​មនុស្ស​ឡើយ គឺ​ត្រូវ​ធ្វើ​ដូច​ជា​ខ្ញុំ​បំរើ​ព្រះគ្រីស្ដ ដែល​យក​ចិត្ត​ទុក​ដាក់ ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។ ត្រូវ​បំរើ​ម្ចាស់​ដោយ​ស្ម័គ្រ​ចិត្ត ដូច​បំរើ​ព្រះអម្ចាស់ ពុំ​មែន​បំរើ​មនុស្ស​ទេ ដោយ​ដឹង​ថា​មនុស្ស​ម្នាក់ៗ ទោះ​ជា​អ្នក​ងារ ឬ​អ្នក​ជា​ក្ដី​នឹង​ទទួល​រង្វាន់​ពី​ព្រះអម្ចាស់ តាម​អំពើ​ល្អ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

 រីឯ​បង​ ប្អូន​ដែល​ជា​ម្ចាស់​វិញ ចូរ​ប្រព្រឹត្ត​ចំពោះ​អ្នក​បំរើ​របស់​បង​ប្អូន​បែប​នោះ​ដែរ គឺ​មិន​ត្រូវ​គំរាម​កំហែង​គេ​ឡើយ។ តោង​ដឹង​ថា ទាំង​ពួក​គេ ទាំង​បង​ប្អូន​មាន​ម្ចាស់​តែ​មួយ​នៅ​ស្ថាន​បរមសុខ* ហើយ​ព្រះអង្គ​មិន​រើស​មុខ​នរណា​សោះ​ឡើយ។

គ្រឿងសស្រ្ដាវុធរបស់អ្នកជឿ

១០ មួយ​វិញ​ទៀត ចូរ​ទាញ​យក​កម្លាំង ដោយ​រួម​ជា​មួយ​ព្រះអម្ចាស់ និង​ដោយសារ​ព្រះចេស្ដា​ដ៏​ខ្លាំង​ក្លា​របស់​ព្រះអង្គ។ ១១ ចូរ​បង​ប្អូន​ប្រដាប់​ខ្លួន​ដោយ​គ្រឿង​សស្រ្ដាវុធ​ទាំង​ប៉ុន្មាន​របស់​ព្រះជាម្ចាស់ ដើម្បី​អាច​តតាំង​នឹង​កលល្បិច​របស់​មារ*១២ ដ្បិត​យើង​មិន​មែន​ តយុទ្ធ​ទល់​នឹង​មនុស្ស​ទេ គឺ​តយុទ្ធ​ទល់​នឹង​វត្ថុ​ស័ក្ដិសិទ្ធិ ទល់​នឹង​អ្វីៗ​ដែល​មាន​អំណាច ទល់​នឹង​មេ​ត្រួតត្រា​ក្នុង​លោកីយ៍​ដ៏​ងងឹត​នេះ ហើយ​តយុទ្ធ​ទល់​នឹង​ឥទ្ធិពល​អរូប​ដ៏​អាក្រក់​ទាំងឡាយ​ដែល​នៅ​ស្ថាន​លើ​ដែរ។ ១៣ ហេតុ​នេះ ចូរ​បង​ប្អូន​ប្រើ​គ្រឿង​សស្រ្ដាវុធ​ទាំង​ប៉ុន្មាន​របស់​ព្រះជាម្ចាស់​ទៅ ដើម្បី​អោយ​បង​ប្អូន​អាច​តទល់​នៅ​ថ្ងៃ​អពមង្គល ហើយ​មាន​ជំហរ​រឹងប៉ឹង​ដដែល ដោយ​បាន​ប្រើ​គ្រប់​មធ្យោបាយ។ ១៤ ដូច្នេះ ចូរ​មាន​ជំហរ​រឹងប៉ឹង​ឡើង ចូរ​យក​សេចក្ដី​ពិត​មក​ក្រវាត់​ចង្កេះ យក​សេចក្ដី​សុចរិត​ធ្វើ​ជា​អាវក្រោះ ១៥ យក​ចិត្ត​ប្រុង​ប្រៀប​ផ្សាយ​ដំណឹងល្អ អំពី​សេចក្ដី​សុខសាន្ត​ មក​ពាក់​ជា​ស្បែក​ជើង។ ១៦ ជា​ពិសេស ចូរ​យក​ជំនឿ​ធ្វើ​ជា​ខែល​ដើម្បី​អោយ​បង​ប្អូន​អាច​ពន្លត់​ព្រួញ​ភ្លើង ​ទាំង​ប៉ុន្មាន​របស់​មារ*​កំណាច។ ១៧ ចូរ​ទទួល​ការ​សង្គ្រោះ​យក​មក​ធ្វើ​ជា​មួក​ដែក និង​យក​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​មក​ធ្វើ​ជា​ដាវ​របស់​ព្រះវិញ្ញាណ។ ១៨ ចូរ​អធិស្ឋាន*​គ្រប់​ ពេល​វេលា តាម​ការ​ណែនាំ​របស់​ព្រះវិញ្ញាណ ដោយ​ប្រើ​ទាំង​ពាក្យ​អធិស្ឋាន ទាំង​ពាក្យ​អង្វរ​គ្រប់​យ៉ាង ហើយ​ប្រុង​ស្មារតី​ទូលអង្វរ​ព្រះជាម្ចាស់ ដោយ​ចិត្ត​ព្យាយាម​បំផុត​សំរាប់​ប្រជាជន​ដ៏វិសុទ្ធ*​ទាំង​អស់។ ១៩ ចូរ​អង្វរ​ព្រះអង្គ​ សំរាប់​ខ្ញុំ​ផង សូម​ព្រះអង្គ​ប្រទាន​អោយ​ខ្ញុំ​រក​បាន​ពាក្យ​ត្រឹម​ត្រូវ នៅ​ពេល​ណា​ខ្ញុំ​ហា​មាត់​និយាយ សូម​ប្រទាន​អោយ​ខ្ញុំ​មាន​ចិត្ត​អង់អាច នាំ​គេ​អោយ​ស្គាល់​គំរោងការ​ដ៏​លាក់​កំបាំង​នៃ​ដំណឹងល្អ*២០ ទោះ​បី​ខ្ញុំ​ជាប់​ ឃុំឃាំង​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ជា​ទូត​នៃ​ដំណឹងល្អ​នេះ​ដែរ ដូច្នេះ សូម​ទូលអង្វរ​ព្រះអង្គ​អោយ​ខ្ញុំ​មាន​ចិត្ត​អង់អាច និយាយ​តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។

អវសានកថា

២១ លោក​ទីឃីគូស ជា​បង​ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង និង​ជា​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះអម្ចាស់ នឹង​ជំរាប​បង​ប្អូន​អំពី​សុខ​ទុក្ខ​របស់​ខ្ញុំ និង​អំពី​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​នោះ​ដែរ។ ២២ ខ្ញុំ​ចាត់​គាត់​មក​រក​បង​ប្អូន ក្នុង​គោល​បំណង​អោយ​បង​ប្អូន​បាន​ដឹង​ដំណឹង​ពី​យើង និង​អោយ​គាត់​លើក​ទឹក​ចិត្ត​បង​ប្អូន​ទៀត​ផង។

២៣ សូម​ព្រះជាម្ចាស់​ជា​ព្រះបិតា និង​ព្រះយេស៊ូ​គ្រីស្ដ​ជា​ព្រះ​អម្ចាស់ ប្រទាន​សេចក្ដី​សុខសាន្ត និង​សេចក្ដី​ស្រឡាញ់ ព្រម​ទាំង​ជំនឿ​មក​បង​ប្អូន។ ២៤ សូម​ព្រះគុណ​របស់​ ព្រះជាម្ចាស់​ស្ថិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអម្ចាស់​យេស៊ូ​ គ្រីស្ដ​នៃ​យើង ដោយ​ឥត​មាន​ចិត្ត​ប្រែប្រួល​ឡើយ។