លិខិត​ទី​ ២ ​របស់​លោក​ប៉ូល​ផ្ញើ​ជូន
គ្រីស្ដបរិស័ទ​នៅ​ក្រុង​កូរិនថូស

ជំពូក ១

សេចក្ដីផ្ដើម

 ខ្ញុំ​ប៉ូល ដែល​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​តែងតាំង​ជា​គ្រីស្ដទូត*​របស់​ព្រះគ្រីស្ដយេស៊ូ ខ្ញុំ និង​លោក​ធីម៉ូថេ សូម​ជំរាប​មក​ក្រុមជំនុំ/ព្រះសហគមន៍​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​កូរិនថូស និង​ជំរាប​មក​ប្រជាជន​ដ៏វិសុទ្ធ*​ទាំង​អស់ នៅ​ស្រុក​អាខៃ​ទាំង​មូល។  សូម​ព្រះជាម្ចាស់​ជា​ព្រះបិតា​របស់​យើង និង​ព្រះអម្ចាស់​យេស៊ូ​គ្រីស្ដ​ប្រប្រណីសន្ដោស និង ប្រទាន​សេចក្ដី​សុខសាន្ត​ដល់​បង​ប្អូន!

លោកប៉ូល និងអ្នកជឿនៅក្រុងកូរិនថូស

រួមសុខទុក្ខជាមួយគ្នា

 សូម​លើក​តម្កើង​ ព្រះជាម្ចាស់ ជា​ព្រះបិតា​របស់​ព្រះយេស៊ូ ជា​អម្ចាស់​នៃ​យើង។ ព្រះអង្គ​ជា​ព្រះបិតា​ប្រកប​ដោយ​ព្រះហឫទ័យ​មេត្តាករុណា និង​ជា​ព្រះ​ដែល​ជួយ​សំរាល​ទុក្ខ​គ្រប់​បែប​យ៉ាង​ទាំង​អស់។  ព្រះអង្គ​សំរាល​ទុក្ខ​យើង នៅ​ពេល​យើង​មាន​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង ដើម្បី​អោយ​យើង​អាច​សំរាល​ទុក្ខ​អស់​អ្នក​ដែល​មាន​ទុក្ខ​វេទនា ព្រោះ​ព្រះជាម្ចាស់​ប្រទាន​អោយ​យើង​ផ្ទាល់​បាន​ធូរ​ស្បើយ​រួច​ហើយ​ដែរ។  យើង​រួម​ទុក្ខ​លំបាក​ ផ្សេងៗ​ជា​មួយ​ព្រះគ្រីស្ដ​កាន់​តែ​ច្រើន​យ៉ាង​ណា យើង​ក៏​បាន​ធូរ​ស្រាល​ពី​ទុក្ខ​តាម​រយៈ​ព្រះគ្រីស្ដ កាន់​តែ​ច្រើន​យ៉ាង​នោះ​ដែរ។  បើ​យើង​ត្រូវ​រង​ទុក្ខ​ វេទនា គឺ​ដើម្បី​អោយ​ព្រះអង្គ​សំរាល​ទុក្ខ និង​សង្គ្រោះ​បង​ប្អូន។ បើ​យើង​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត​ហើយ​នោះ គឺ​ដើម្បី​អោយ​បង​ប្អូន​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត ធ្វើ​អោយ​បង​ប្អូន​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ផ្សេងៗ​ដូច​យើង​ដែរ។  ដូច្នេះ កាល​ណា​យើង​គិត​ពី​បង​ប្អូន យើង​មាន​សង្ឃឹម​យ៉ាង​មុតមាំ​ដោយ​ដឹង​ថា បង​ប្អូន​រង​ទុក្ខ​លំបាក​រួម​ជា​មួយ​យើង​យ៉ាង​ណា បង​ប្អូន​ក៏​នឹង​បាន​ធូរ​ស្រាល រួម​ជា​មួយ​យើង​យ៉ាង​នោះ​ដែរ។

 បង​ប្អូន​អើយ យើង​ចង់​អោយ​បង​ប្អូន​ជ្រាប​យ៉ាង​ច្បាស់​អំពី​ទុក្ខ​វេទនា​ដែល​កើត​មាន​ដល់​ យើង​នៅ​ស្រុក​អាស៊ី​នេះ។ យើង​បាន​រង​ទុក្ខ​យ៉ាង​ខ្លាំង ​ហួស​ពី​កម្លាំង​ដែល​យើង​អាច​ទ្រាំ​បាន រហូត​ដល់​យើង​អស់​សង្ឃឹម​ថា​នឹង​រស់​រាន​មាន​ជីវិត​ត​ទៅ​មុខ​ទៀត​ផង។  យើង​នឹក​ក្នុង​ចិត្ត​ថា គេ​នឹង​ដាក់​ទោស​យើង​ដល់​ស្លាប់។ រឿង​នេះ​កើត​ឡើង ដើម្បី​កុំ​អោយ​យើង​ពឹង​ផ្អែក​លើ​ខ្លួន​ឯង គឺ​ពឹង​ផ្អែក​លើ​ព្រះជាម្ចាស់ ដែល​ប្រោស​មនុស្ស​ស្លាប់​អោយ​រស់​ឡើង​វិញ។ ១០ ព្រះអង្គ​បាន​រំដោះ​យើង ​អោយ​រួច​ផុត​ពី​ការ​ស្លាប់​ដ៏​សែន​វេទនា​នេះ ហើយ​ព្រះអង្គ​ក៏​នឹង​រំដោះ​យើង​ត​ទៅ​មុខ​ទៀត​ដែរ។ ពិត​មែន​ហើយ​យើង​សង្ឃឹម​ថា ព្រះអង្គ​នឹង​រំដោះ​យើង​ទៀត​ជា​មិន​ខាន។ ១១ រីឯ​បង​ប្អូន​វិញ បង​ប្អូន​ក៏​បាន​ជួយ​យើង ដោយ​ទូលអង្វរ​ព្រះជាម្ចាស់។ ហេតុ​នេះ ព្រះអង្គ​ប្រោសប្រណី​ដល់​យើង ដោយ​មាន​គ្នា​ច្រើន​ទូលអង្វរ ហើយ​ក៏​នឹង​មាន​គ្នា​ជា​ច្រើន​អរ​ព្រះគុណ​ព្រះអង្គ​អំពី​យើង​ដែរ។

គំរោងការរបស់លោកប៉ូល

១២ សតិ​សម្បជញ្ញៈ​របស់​យើង ​បាន​បញ្ជាក់​ប្រាប់​យើង​ថា ឥរិយាបថ ​ដែល​យើង​ប្រកាន់​យក​ក្នុង​លោក​នេះ​ពិត​ជា​ត្រូវ​មែន ជា​ពិសេស របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​បង​ប្អូន​ដោយ​ចិត្ត​ស្មោះ​សរ​ និង​ដោយ​សុទ្ធ​ចិត្ត​ចេញ​មក​ពី​ព្រះជាម្ចាស់។ យើង​មិន​បាន​ធ្វើ​តាម​ប្រាជ្ញា​របស់​លោកីយ៍​ទេ​តែ​ធ្វើ​តាម​ព្រះគុណ​របស់​ ព្រះជាម្ចាស់​វិញ ត្រង់​នេះ​ហើយ​ដែល​ធ្វើ​អោយ​យើង​បាន​ខ្ពស់​មុខ។ ១៣ យើង​មិន​សរសេរ​សេចក្ដី​ ណា​ផ្សេង​ទៀត​មក​ជូន​បង​ប្អូន ក្រៅ​ពី​សេចក្ដី​ដែល​បង​ប្អូន​អាន និង​យល់​ស្រាប់​ហើយ​នោះ​ឡើយ។ ខ្ញុំ​សង្ឃឹម​ថា បង​ប្អូន​មុខ​ជា​យល់​សេចក្ដី​នេះ​ជាក់​ច្បាស់​សព្វ​គ្រប់​មិន​ខាន ១៤ ដូច​បង​ប្អូន​យល់​មួយ​ ផ្នែក​រួច​មក​ហើយ​ថា យើង​បាន​ធ្វើ​អោយ​បង​ប្អូន​ខ្ពស់​មុខ ហើយ​បង​ប្អូន​ក៏​នឹង​ធ្វើ​អោយ​យើង​ខ្ពស់​មុខ​នៅ​ថ្ងៃ​ព្រះអម្ចាស់យេស៊ូ​នៃ​ យើង​ទ្រង់​យាង​មក​នោះ​ដែរ។ ១៥ ដោយ​ខ្ញុំ​មាន​សេចក្ដី​ សង្ឃឹម​ដ៏​មុតមាំ​នេះ​ហើយ បាន​ជា​ខ្ញុំ​មាន​បំណង​ចង់​មក​រក​បង​ប្អូន​ជា​មុន​សិន ដើម្បី​អោយ​ព្រះជាម្ចាស់​ប្រោសប្រណី​បង​ប្អូន​សា​ជា​ថ្មី​ម្ដង​ទៀត។ ១៦ បន្ទាប់​មក ខ្ញុំ​នឹង​ចាក​ចេញ​ពី​បង​ប្អូន​ឆ្ពោះ​ទៅ​ស្រុក​ម៉ាសេដូន ហើយ​វិល​ពី​ស្រុក​ម៉ាសេដូន​មក​រក​បង​ប្អូន​វិញ ដើម្បី​អោយ​បង​ប្អូន​ជួយ​ខ្ញុំ​បន្ត​ដំណើរ​ទៅ​ស្រុក​យូដា​ទៀត។ ១៧ ខ្ញុំ​សំរេច​ចិត្ត​ធ្វើ ​ដូច្នេះ តើ​ខ្ញុំ​សំរេច​ដោយ​ឥត​បើ​គិត​ឬ? ឬ​មួយ​គំរោងការ​របស់​ខ្ញុំ​កើត​មក​ពី​គំនិត​លោកីយ៍ បាន​ជា​ខ្ញុំ​និយាយ​បាត​ដៃ​ជា​ខ្នង​ដៃ​ ដូច្នេះ? ១៨ មាន​ព្រះជាម្ចាស់​ជា​សាក្សី​ស្រាប់​ហើយ យើង​មិន​និយាយ​មក​កាន់​បង​ប្អូន ដោយ​ពោល​ពាក្យ​ប្រែប្រួល​បាត​ដៃ​ជា​ខ្នង​ដៃ​នោះ​ទេ ១៩ ដ្បិត​ព្រះគ្រីស្ដយេស៊ូ ​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​ដែល​យើង​ប្រកាស គឺ​ទាំង​ខ្ញុំ ទាំង​លោក​ស៊ីលវ៉ាន និង​លោក​ធីម៉ូថេ​ប្រកាស​ក្នុង​ចំណោម​បង​ប្អូន​នោះ ព្រះអង្គ​មិន​ប្រែប្រួល​បាត​ដៃ​ជា​ខ្នង​ដៃ​សោះ​ឡើយ នៅ​ក្នុង​ព្រះអង្គ​មាន​តែ​ពាក្យ​សច្ចៈ​ប៉ុណ្ណោះ។ ២០ ព្រះគ្រីស្ដ​បាន​ធ្វើ​ អោយ​ព្រះបន្ទូល​សន្យា​ទាំង​ប៉ុន្មាន​របស់​ព្រះជាម្ចាស់​បាន​សំរេច​សព្វ​ គ្រប់​ទាំង​អស់។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ពោល​ពាក្យ«អាម៉ែន*»ទៅ​កាន់​ព្រះជាម្ចាស់ តាម​រយៈ​ព្រះគ្រីស្ដ ដើម្បី​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ។ ២១ គឺ​ព្រះជាម្ចាស់​ហើយ ដែល​ប្រទាន​អោយ​យើង និង​បង​ប្អូន​មាន​ជំនឿ​ខ្ជាប់ខ្ជួន​លើ​ព្រះគ្រីស្ដ ព្រម​ទាំង​បាន​ចាក់​ប្រេង​លើ​យើង​ផង ២២ ហើយ​ព្រះអង្គ​ក៏​បាន​ដៅ​សញ្ញា​សម្គាល់​របស់​ព្រះអង្គ​លើ​យើង និង​ប្រទាន​ព្រះវិញ្ញាណ​មក​បញ្ចាំ​ចិត្ត​យើង​ផង​ដែរ។

២៣ ខ្ញុំ​ សូម​ជំរាប​បង​ប្អូន ដោយ​មាន​ព្រះជាម្ចាស់​ជា​សាក្សី​ថា ហេតុ​ដែល​ខ្ញុំ​មិន​ទាន់​បាន​ទៅ​ក្រុង​កូរិនថូស​នោះ គឺ​មក​ពី​ខ្ញុំ​យោគយល់​ដល់​បង​ប្អូន (បើ​មិន​ពិត​ទេ​សូម​ព្រះអង្គ​ផ្ដាច់​ជីវិត​ខ្ញុំ​ចុះ)។ ២៤ យើង​មិន​ចង់​ត្រួតត្រា​ លើ​ជំនឿ​របស់​បង​ប្អូន​ទេ ដ្បិត​ជំនឿ​របស់​បង​ប្អូន​មាំមួន​រួច​ស្រេច​ទៅ​ហើយ យើង​គ្រាន់​តែ​ចង់​ធ្វើ​ការ​រួម​ជា​មួយ​បង​ប្អូន ដើម្បី​អោយ​បង​ប្អូន​មាន​អំណរ​តែ​ប៉ុណ្ណោះ។

ជំពូក ២

 ដូច្នេះ ខ្ញុំ​សំរេច​ថា​ខ្ញុំ​មិន​វិល​មក​រក​បង​ប្អូន​វិញ ទាំង​ព្រួយ​ចិត្ត​នោះ​ឡើយ។  បើ​ខ្ញុំ​ធ្វើ​អោយ​បង​ ប្អូន​ព្រួយ​ចិត្ត​ទៅ​ហើយ តើ​នរណា​នឹង​ធ្វើ​អោយ​ខ្ញុំ​សប្បាយ ក្រៅ​ពី​អ្នក​ដែល​ខ្ញុំ​បាន​ធ្វើ​អោយ​ព្រួយ​ចិត្ត​នោះ?  សំបុត្រ​ដែល​ខ្ញុំ​បាន​ សរសេរ​មក​ជូន​បង​ប្អូន មាន​គោល​បំណង​ចៀស​វាង​កុំ​អោយ​ខ្ញុំ​ព្រួយ​ចិត្ត នៅ​ពេល​ខ្ញុំ​មក​ដល់ គឺ​កុំ​អោយ​ខ្ញុំ​កើត​ទុក្ខ​ព្រួយ ពី​អស់​អ្នក​ដែល​ត្រូវ​ធ្វើ​អោយ​ខ្ញុំ​មាន​អំណរ​នោះ​ឡើយ។ ខ្ញុំ​ជឿ​ជាក់​ថា ពេល​ខ្ញុំ​មាន​អំណរ​បង​ប្អូន​ទាំង​អស់​គ្នា​ក៏​មាន​អំណរ​រួម​ជា​មួយ​ខ្ញុំ​ ដែរ។  ខ្ញុំ​សរសេរ​មក​បង​ប្អូន ទាំង​តឹង​ទ្រូង ទាំង​ពិបាក​ចិត្ត ទាំង​ស្រក់​ទឹក​ភ្នែក តែ​មិន​មែន​ចង់​ធ្វើ​អោយ​បង​ប្អូន​ព្រួយ​ចិត្ត​ទេ គឺ​ចង់​សំដែង​អោយ​បង​ប្អូន​ដឹង​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​លើសលប់​របស់​ខ្ញុំ​ ចំពោះ​បង​ប្អូន។

លោកប៉ូលអត់ទោសអោយអ្នកដែលប្រព្រឹត្តខុស

 ប្រសិន​បើ​នរណា​ម្នាក់​ បង្កើត​អោយ​មាន​ទុក្ខ​ព្រួយ មិន​មែន​ធ្វើ​អោយ​ខ្ញុំ​ព្រួយ​ចិត្ត​ទេ គឺ​គាត់​ធ្វើ​អោយ​បង​ប្អូន​ទាំង​អស់​គ្នា​ព្រួយ​ចិត្ត ឬ​យ៉ាង​ហោច​ណាស់ ក៏​អោយ​បង​ប្អូន​មួយ​ចំនួន​ព្រួយ​ចិត្ត (ខ្ញុំ​ថា​ដូច្នេះ មក​ពី​មិន​ចង់​បំផ្លើស)។  បើ​បង​ប្អូន​ភាគ​ច្រើន​បាន​ដាក់​ទោស​មនុស្ស​បែប​នេះ ល្មម​ហើយ។  សូម​បង​ប្អូន​អត់ទោស​អោយ​គាត់ និង​លើក​ទឹក​ចិត្ត​គាត់​ផង​ទៅ ក្រែង​លោ​គាត់​ពិបាក​ចិត្ត​ខ្លាំង​ពេក​រហូត​ដល់​ទៅ​អស់​សង្ឃឹម។  ដូច្នេះ ខ្ញុំ​សូម​ទូន្មាន​បង​ប្អូន​ធ្វើ​យ៉ាង​ណា បង្ហាញ​អោយ​ឃើញ​ថា​បង​ប្អូន​ស្រឡាញ់​គាត់។  ខ្ញុំ​សរសេរ​មក ដើម្បី​ល​ចិត្ត​បង​ប្អូន​មើល ចង់​ដឹង​ថា តើ​បង​ប្អូន​ពិត​ជា​ស្ដាប់​តាម​សេចក្ដី​ទាំង​អស់ ​ដែល​ខ្ញុំ​បាន​បង្គាប់​ឬ​ យ៉ាង​ណា។ ១០ បើ​បង​ប្អូន​លើកលែង​ទោស ​អោយ​អ្នក​ណា ខ្ញុំ​ក៏​លើកលែង​ទោស​អោយ​អ្នក​នោះ​ដែរ។ ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់ (ប្រសិន​បើ ​មាន​ហេតុ​ដែល​ខ្ញុំ​ត្រូវ​អត់ទោស​អោយ​នរណា​ម្នាក់) ខ្ញុំ​លើកលែង​ទោស​អោយ​គេ ព្រោះ​តែ​បង​ប្អូន ដោយ​ខ្ញុំ​យល់​ដល់​ព្រះគ្រីស្ដ ១១ ដើម្បី​កុំ​អោយ​យើង​ចាញ់​បោក​មារ*​សាតាំង ដ្បិត​យើង​ស្គាល់​គំរោងការ​របស់​វា​ស្រាប់​ហើយ។

លោកប៉ូលខ្វល់ខ្វាយក្នុងចិត្ត

១២ ពេល​ខ្ញុំ​បាន​ទៅ​ដល់​ក្រុង​ត្រូអាស ដើម្បី​ផ្សព្វផ្សាយ​ដំណឹង ល្អ*​របស់​ព្រះគ្រីស្ដ ទោះ​បី​ព្រះអម្ចាស់​បាន​បើក​ឱកាស​អោយ​ខ្ញុំ​ក៏​ដោយ ក៏​ចិត្ត​ខ្ញុំ​ពុំ​បាន​ស្ងប់​ដែរ​ព្រោះ​រក​លោក​ទីតុស​មិន​ឃើញ។ ១៣ ហេតុ​នេះ ខ្ញុំ​ក៏​លា​ពួក​បង​ប្អូន​នៅ​ក្រុង​ត្រូអាស​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​ម៉ាសេដូន។ ១៤ សូម​អរ​ព្រះគុណ​ ព្រះជាម្ចាស់ ដែល​ប្រទាន​អោយ​យើង​មាន​ជ័យជំនះ រួម​ជា​មួយ​ព្រះគ្រីស្ដ​ជានិច្ច។ ព្រះអង្គ​ប្រោស​ប្រទាន​អោយ​មនុស្ស​នៅ​គ្រប់​ទី​កន្លែង​បាន​ស្គាល់​ព្រះអង្គ តាម​រយៈ​យើង ដែល​ប្រៀប​បី​ដូច​ជា​ក្លិន​ក្រអូប​សាយ​គ្រប់​ទិសទី!។ ១៥ ចំពោះ​ព្រះជាម្ចាស់ គឺ​យើង​នេះ​ហើយ​ជា​ក្លិន​ក្រអូប​របស់​ព្រះគ្រីស្ដ ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ទទួល​ការ​សង្គ្រោះ និង​ក្នុង​ចំណោម​អស់​អ្នក​ដែល​កំពុង​តែ​វិនាស​អន្តរាយ។ ១៦ ចំពោះ​អ្នក​វិនាស យើង​ជា​ក្លិន​នៃ​សេចក្ដី​ស្លាប់​ដែល​នាំ​អោយ​គេ​ស្លាប់ ចំពោះ​អ្នក​ដែល​បាន​ទទួល​ការ​សង្គ្រោះ​យើង​ជា​ក្លិន​នៃ​ជីវិត ដែល​នាំ​អោយ​គេ​មាន​ជីវិត។ តើ​នរណា​មាន​សមត្ថភាព អាច​នឹង​បំពេញ​កិច្ចការ​នេះ​បាន?១៧ យើង​មិន​មែន​ជា​អ្នក​ ក្លែង​បន្លំ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដូច​មនុស្ស​មួយ​ចំនួន​ធំ​នោះ​ឡើយ គឺ​យើង​និយាយ​ដោយ​សុទ្ធ​ចិត្ត ក្នុង​នាម​ព្រះជាម្ចាស់ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ និង​នៅ​ក្នុង​អង្គ​ព្រះគ្រីស្ដ។

ជំពូក ៣

អ្នកបំរើព្រះជាម្ចាស់ ក្នុងសម្ពន្ធមេត្រីថ្មី

 តើ​យើង​ចាប់​ផ្ដើម​ តែងតាំង​ខ្លួន​ឯង​សា​ជា​ថ្មី​ទៀត​ឬ? ឬ​មួយ​ក៏​យើង​ត្រូវ​តែ​ធ្វើ​ដូច​អ្នក​ខ្លះ គឺ​ត្រូវ​ការ​យក​លិខិត​តែងតាំង​មក​ជូន​បង​ប្អូន ឬ​សុំ​លិខិត​តែងតាំង​ពី​បង​ប្អូន​វិញ?  បង​ប្អូន​ហ្នឹង​ហើយ​ជា​លិខិត​របស់​យើង ជា​លិខិត​សរសេរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង​ដែល​មនុស្ស​ទាំង​អស់​អាច​ស្គាល់ និង​អាន​បាន។  បង​ប្អូន​ពិត​ជា​លិខិត​ របស់​ព្រះគ្រីស្ដ*​មែន ជា​លិខិត​ដែល​ព្រះអង្គ​សរសេរ​ផ្ញើ មក​តាម​កិច្ចការ​ដែល​យើង​បំពេញ។ លិខិត​នេះ​មិន​មែន​សរសេរ​ដោយ​ទឹក​ខ្មៅ​ទេ គឺ​សរសេរ​ឡើង​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់ មិន​មែន​ជា​លិខិត​សរសេរ​នៅ​លើ​ផ្ទាំង​ថ្ម​ទេ គឺ​សរសេរ​ក្នុង​សាច់​ក្នុង​ដួង​ចិត្ត​របស់​បង​ប្អូន។

 យើង​មាន​សេចក្ដី​ទុក​ចិត្ត ​ដ៏​មុតមាំ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជា ម្ចាស់​បែប​នេះ ក៏​ព្រោះ​តែ​ព្រះគ្រីស្ដ​នេះ​ហើយ។  យើង​មិន​អាច​ចាត់​ទុក​ថា ខ្លួន​យើង​មាន​សមត្ថភាព​នឹង​ធ្វើ​កិច្ចការ​អ្វី​មួយ​បាន​ដោយ​ខ្លួន​យើង​ ផ្ទាល់​ឡើយ គឺ​ព្រះជាម្ចាស់​ឯណោះ​ដែល​ប្រទាន​អោយ​យើង​មាន​សមត្ថភាព​អាច​ធ្វើ​បាន។  ព្រះអង្គ​ក៏​ប្រទាន​អោយ​ យើង​មាន​សមត្ថភាព​ធ្វើ​ជា​អ្នក​បំរើ​សម្ពន្ធមេត្រី*​ថ្មី​ដែរ ជា​សម្ពន្ធមេត្រី​ដែល​មិន​មែន​ចង​ឡើង ដោយ​សរសេរ​ជា​លាយ​លក្ខណ៍​​អក្សរ​នោះ​ទេ គឺ​ចង​ឡើង​ដោយ​ព្រះវិញ្ញាណ​វិញ ដ្បិត​វិន័យ*​ដែល​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​បណ្ដាល​អោយ​ស្លាប់ រីឯ​ព្រះវិញ្ញាណ​ទ្រង់​ប្រទាន​ជីវិត។

 វិន័យ ​ដែល​ចារឹក​លើ​ផ្ទាំង​សិលា មាន​សិរីរុងរឿង​យ៉ាង​ខ្លាំង រហូត​ដល់​ទៅ​ជន​ជាតិ​អ៊ីស្រាអែល​មិន​អាច​សម្លឹង​មើល​មុខ​លោក​ម៉ូសេ​បាន ព្រោះ​តែ​សិរីរុងរឿង​ភ្លឺ​ចាំង​ពី​ផ្ទៃ​មុខ​លោក ហើយ​ជា​សិរីរុងរឿង​ស្ថិត​នៅ​តែ​មួយ​រយៈ​ប៉ុណ្ណោះ។ ប្រសិន​បើ​មុខងារ​បំរើ​វិន័យ​ដែល​បណ្ដាល​អោយ​ស្លាប់​នេះ មាន​សិរីរុងរឿង​យ៉ាង​ហ្នឹង​ទៅ​ហើយ  ចុះ​ទំរាំ​បើ​មុខងារ​បំរើ​ព្រះវិញ្ញាណ​វិញ តើ​នឹង​មាន​សិរីរុងរឿង​លើស​នេះ​យ៉ាង​ណា​ទៅ​ទៀត? ប្រសិន​បើ​មុខងារ​ដែល​ ធ្វើ​អោយ​មនុស្ស​ទទួល​ទោស មាន​សិរីរុងរឿង​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទំរាំ​បើ​មុខងារ​ដែល​ធ្វើ​អោយ​មនុស្ស​បាន​សុចរិត*​វិញ តើ​នឹង​រឹងរឹត​តែ​មាន​សិរីរុងរឿង ប្រសើរ​លើសលប់​យ៉ាង​ណា​ទៅ​ទៀត?១០ ប្រសិន​បើ​យើង​ប្រៀបធៀប ​សិរីរុងរឿង​ពី​សម័យ​ដើម និង​សិរីរុងរឿង​ដ៏​ខ្ពង់ខ្ពស់​បំផុត​នា​បច្ចុប្បន្នកាល​នេះ យើង​នឹង​ឃើញ​ថា​សិរីរុងរឿង​ពី​ដើម ដូច​ជា​មិន​រុងរឿង​ទាល់​តែ​សោះ។ ១១ ដូច្នេះ ប្រសិន​បើ​អ្វីៗ​ដែល​មិន​ស្ថិតស្ថេរ​មាន​សិរីរុងរឿង​ទៅ​ហើយ ចុះ​ទំរាំ​បើ​អ្វីៗ​ដែល​នៅ​ស្ថិតស្ថេរ​វិញ តើ​នឹង​រឹត​តែ​មាន​សិរីរុងរឿង​យ៉ាង​ណា​ទៅ?

១២ ដោយ​យើង​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​នេះ យើង​ក៏​មាន​ចិត្ត​រឹងប៉ឹង​ឥត​រង្គើ​ដែរ។ ១៣ យើង​មិន​ធ្វើ​ដូច​លោក​ ម៉ូសេ​ទេ គឺ​លោក​បាន​យក​ស្បៃ​មក​បាំង​មុខ កុំ​អោយ​ជន​ជាតិ​អ៊ីស្រាអែល​សម្លឹង​មើល​រស្មី​ដែល​មិន​ស្ថិតស្ថេរ​នោះ ចេញ​បាត់​ពី​ផ្ទៃ​មុខ​លោក។ ១៤ ប៉ុន្តែ គំនិត​របស់​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ងងឹត​សូន្យ ដ្បិត​រហូត​មក​ទល់​សព្វ​ថ្ងៃ ពេល​គេ​អាន​គម្ពីរ​សម្ពន្ធមេត្រី*​ចាស់ ស្បៃ​ដដែល​នោះ​នៅ​បាំង​គំនិត​របស់​គេ។ ស្បៃ​នៅ​បាំង​គេ​ដដែល លុះ​ដល់​គេ​ចូល​រួម​ជា​មួយ​ព្រះគ្រីស្ដ ទើប​ស្បៃ​នោះ​រសាត់​បាត់​ទៅ។ ១៥ មក​ទល់​សព្វ​ថ្ងៃ​នេះ ពេល​គេ​អាន​គម្ពីរ​របស់​លោក​ម៉ូសេ មាន​ស្បៃ​មួយ​នៅ​បាំង​ចិត្ត​គេ​មិន​អោយ​យល់ ១៦ ក៏​ប៉ុន្តែ «នៅ​ពេល​គេ​បែរ​ចិត្ត​គំនិត​រក​ព្រះអម្ចាស់ ស្បៃ​នោះ​ចេញ​ពី​គេ​បាត់​ទៅ» ១៧ ដ្បិត​ព្រះអម្ចាស់​ជា​ព្រះវិញ្ញាណ នៅ​ទី​ណា​មាន​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​នៅ​ទី​នោះ ក៏​មាន​សេរីភាព​ដែរ។ ១៨ យើង​ទាំង​អស់​គ្នា ដែល​គ្មាន​ស្បៃ​នៅ​បាំង​មុខ យើង​បញ្ចេញ​សិរីរុងរឿង​របស់​ព្រះអម្ចាស់​ដែល​ចាំង​មក​លើ​យើង ហើយ​យើង​នឹង​ផ្លាស់​ប្រែ​អោយ​បាន​ដូច​ព្រះអង្គ គឺ​មាន​សិរីរុងរឿង​កាន់​តែ​ភ្លឺ​ឡើងៗ។ នេះ​ហើយ​ជា​ស្នា​ព្រះហស្ដ​របស់​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​។

ជំពូក ៤

ព្រះគ្រីស្ដជួយគាំពារអ្នកផ្សាយដំណឹងល្អ

 បើ​ព្រះជាម្ចាស់​មាន​ព្រះហឫទ័យ​មេត្តាករុណា ប្រគល់​មុខងារ​នេះ​មក​អោយ​យើង​បំពេញ យើង​មិន​បាក់​ទឹក​ចិត្ត​ឡើយ។  យើង​បដិសេធ​មិន​ ប្រព្រឹត្ត​ការ​លួច​លាក់​ណា​ដែល​គួរ​អោយ​អៀន​ខ្មាស​នោះ​ទេ ហើយ​យើង​ក៏​មិន​បោក​បញ្ឆោត​គេ ឬ​ក្លែង​បន្លំ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែរ។ ផ្ទុយ​ទៅ​វិញ យើង​បង្ហាញ​អោយ​មនុស្ស​លោក​ស្គាល់​សេចក្ដី​ពិត ទាំង​នាំ​គេ​អោយ​ទុក​ចិត្ត​លើ​យើង នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់។  ប្រសិន​បើ​អត្ថន័យ​នៃ​ដំណឹងល្អ*​នៅ​តែ​លាក់​កំបាំង គឺ​លាក់​កំបាំង​តែ​ចំពោះ​អស់​អ្នក​ដែល​ត្រូវ​វិនាស​អន្តរាយ​ប៉ុណ្ណោះ  ជា​អ្នក​មិន​ជឿ​ដែល​ត្រូវ ​ព្រះ​នៃ​លោកីយ៍​នេះ​ធ្វើ​អោយ​ចិត្ត​គំនិត​របស់​គេ​ទៅ​ជា​ងងឹត មិន​អោយ​គេ​ឃើញ​ពន្លឺ​រស្មី​ដ៏​រុងរឿង​នៃ​ដំណឹងល្អ របស់​ព្រះគ្រីស្ដ​ជា​តំណាង​ របស់​ព្រះជាម្ចាស់​នោះ​ឡើយ។  យើង​មិន​ប្រកាស​អំពី​ ខ្លួន​យើង​ទេ គឺ​យើង​ប្រកាស​អំពី​ព្រះយេស៊ូគ្រីស្ដ​ជា​ព្រះអម្ចាស់ ហើយ​យើង​ដាក់​ខ្លួន​ជា​អ្នក​បំរើ​បង​ប្អូន ព្រោះ​តែ​ព្រះយេស៊ូ​នេះ​ហើយ។  ព្រះជាម្ចាស់​ដែល​មាន​ ព្រះបន្ទូល​ថា «ចូរ​អោយ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​ងងឹត!» ទ្រង់​ក៏​បាន​បំភ្លឺ​ចិត្ត​គំនិត​របស់​យើង​អោយ​ស្គាល់​យ៉ាង​ច្បាស់ នូវ​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ដែល​ភ្លឺ​ចាំង​ពី​ព្រះភក្ត្រ​របស់​ព្រះគ្រីស្ដ​ដែរ។

 យើង​មាន​ មុខងារ​ដ៏​ប្រសើរ​​នេះ ប្រៀប​បី​ដូច​ជា​ឆ្នាំង​ដី​ដែល​មាន​កំណប់​នៅ​ខាង​ក្នុង ដើម្បី​អោយ​មនុស្ស​លោក​ឃើញ​ថា ឫទ្ធានុភាព​ដ៏​ប្រសើរ​ខ្ពង់ខ្ពស់​នេះ​ជា​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់ មិន​មែន​ជា​របស់​យើង​ទេ។  គេ​សង្កត់សង្កិន​យើង​គ្រប់​យ៉ាង​មែន តែ​យើង​មិន​ភ័យ​បារម្ភ​អ្វី​ឡើយ យើង​ទ័លច្រក​មែន តែ​យើង​នៅ​តែ​ទៅ​មុខ​រួច  គេ​បៀតបៀន​យើង​មែន តែ​ព្រះជាម្ចាស់​មិន​បោះ​បង់​យើង​ចោល​ឡើយ គេ​វាយដំ​យើង​មែន តែ​យើង​មិន​ស្លាប់​បាត់​បង់​ជីវិត​ឡើយ។ ១០ ក្នុង​រូប​កាយ​យើង យើង​ផ្ទុក​សេចក្ដី​ឈឺ​ចាប់​​របស់​ព្រះយេស៊ូ​ជានិច្ច ដើម្បី​អោយ​គេ​ឃើញ​ព្រះជន្ម​របស់​ព្រះអង្គ​នៅ​ក្នុង​រូប​កាយ​យើង។ ១១ ព្រោះ​តែ​ព្រះយេស៊ូ យើង​ដែល​កំពុង​រស់ តែងតែ​ប្រឈម​មុខ​ទល់​នឹង​សេចក្ដី​ស្លាប់​ជានិច្ច ដើម្បី​អោយ​គេ​ឃើញ​ព្រះជន្ម​របស់​ព្រះអង្គ​នៅ​ក្នុង​រូប​កាយ​យើង​ដែល​តែងតែ​ ស្លាប់។ ១២ ដូច្នេះ សេចក្ដី​ស្លាប់​ចេះ​តែ​យាយី​យើង រីឯ​បង​ប្អូន​វិញ បង​ប្អូន​ចេះ​តែ​មាន​ជីវិត​ចំរើន​ឡើង។

១៣ ដោយ​យើង​មាន​វិញ្ញាណ​ដែល​នាំ​អោយ​ជឿ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា «ខ្ញុំ​ជឿ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ» យើង​ក៏​ជឿ​ដែរ ហេតុ​នេះ​ហើយ​បាន​ជា​យើង​និយាយ។ ១៤ យើង​ដឹង​ថា ព្រះអង្គ​ដែល​បាន​ប្រោស​ព្រះអម្ចាស់​យេស៊ូ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ទ្រង់​ក៏​នឹង​ប្រោស​យើង​អោយ​រស់​ឡើង​វិញ រួម​ជា​មួយ​ព្រះយេស៊ូ​ដែរ ព្រម​ទាំង​នាំ​យើង​ទៅ​នៅ​ក្បែរ​ព្រះអង្គ រួម​ជា​មួយ​បង​ប្អូន​ថែម​ទៀត​ផង។ ១៥ ​ហេតុការណ៍​ទាំង​នេះ​កើត ​ឡើង ជា​ប្រយោជន៍​ដល់​បង​ប្អូន គឺ​អោយ​ព្រះគុណ​បាន​ចំរើន​កាន់​តែ​ច្រើន​ឡើងៗ ដើម្បី​អោយ​មាន​គ្នា​មួយ​ចំនួន​ធំ អរ​ព្រះគុណ​ព្រះជាម្ចាស់​កាន់​តែ​ច្រើន​ឡើង និង​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ។

លំនៅដែលស្ថិតស្ថេរអស់កល្បជានិច្ច

១៦ ហេតុ​នេះ​ហើយ​បាន​ជា​ យើង​មិន​បាក់​ទឹក​ចិត្ត​ឡើយ ទោះ​បី​រូប​កាយ​របស់​យើង​ចេះ​តែ​ទ្រុឌទ្រោម​ទៅៗ​ក៏​ដោយ ក៏​ជំរៅ​ចិត្ត​យើង​កាន់​តែ​ចំរើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ដែរ ១៧ ដ្បិត​ទុក្ខ​លំបាក​ បន្តិចបន្តួច​ដែល​យើង​ជួប​ប្រទះ​ម្ដងម្កាល​នោះ ធ្វើ​អោយ​យើង​មាន​សិរីរុងរឿង​ដ៏​ប្រសើរ​លើសលប់ ជា​សិរីរុងរឿង​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច ដែល​រក​អ្វី​មក​ប្រៀប​ផ្ទឹម​ពុំ​បាន។ ១៨ ដូច្នេះ យើង​មិន​ចាប់​អារម្មណ៍​នឹង​អ្វីៗ ដែល​ភ្នែក​មើល​ឃើញ​ឡើយ គឺ​យើង​ចាប់​អារម្មណ៍​នឹង​អ្វីៗ ដែល​ភ្នែក​មើល​មិន​ឃើញ​នោះ​វិញ ដ្បិត​អ្វីៗ​ដែល​ភ្នែក​មើល​ឃើញ​នៅ​ស្ថិតស្ថេរ​តែ​មួយ​រយៈ​ប៉ុណ្ណោះ តែ​អ្វីៗ​ដែល​ភ្នែក​មើល​មិន​ឃើញ​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច។

ជំពូក ៥

 យើង​ដឹង​ហើយ​ថា រូប​កាយ​របស់​យើង​នៅ​លើ​ផែនដី​នេះ ប្រៀប​ដូច​ជា​ជំរក​មួយ​ដែល​ត្រូវ​រលាយ​សូន្យ​ទៅ តែ​យើង​មាន​វិមាន​មួយ​នៅ​ស្ថាន​បរមសុខ* ជា​លំនៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច ដែល​ពុំ​មែន​ជា​ស្នា​ដៃ​របស់​មនុស្ស​ឡើយ គឺ​ជា​ស្នា​ព្រះហស្ដ​របស់​ព្រះជាម្ចាស់។  ឥឡូវ​នេះ យើង​តែងតែ​ត្អូញត្អែរ​សង្វាត​ចង់​បាន​រូប​កាយ​បរមសុខ​មក​គ្រប​ពី​លើ​រូប​កាយ​នេះ​ថែម​ទៀត  គឺ​អោយ​តែ​យើង​បាន​រូប​កាយ​ថ្មី ប្រសើរ​ជា​ជាង​គ្មាន។  ពេល​ស្ថិត​នៅ​ក្នុង​រូប​ កាយ​នេះ​នៅ​ឡើយ យើង​តែងតែ​ត្អូញត្អែរ និង​ពិបាក​ចិត្ត។ យើង​មិន​ចង់​ដោះ​រូប​កាយ​នេះ​ចោល​ទេ គឺ​ចង់​ពាក់​រូប​កាយ​ថ្មី​ពី​លើ​ថែម​ទៀត ដើម្បី​អោយ​ជីវិត​លេប​បំបាត់​នូវ​អ្វីៗ​ដែល​តែងតែ​ស្លាប់​នេះ។  ព្រះជាម្ចាស់​ផ្ទាល់​បាន​តំរូវ​អោយ​យើង​ផ្លាស់​ប្រែ​ដូច្នេះ ព្រះអង្គ​ក៏​បាន​ប្រទាន​ព្រះវិញ្ញាណ មក​បញ្ចាំ​ចិត្ត​យើង​ផង​ដែរ។

 ដូច្នេះ យើង​មាន​ចិត្ត​ក្លាហាន​ជានិច្ច។ យើង​ដឹង​ថា​ដរាប​ណា​យើង​ស្ថិត​នៅ​ក្នុង​រូប​កាយ​នេះ យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះអម្ចាស់  ដ្បិត​យើង​ដើរ​ដោយ​មាន​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ​នោះ​ទេ។  យើង​មាន​ចិត្ត​ក្លាហាន យើង​ចូល​ចិត្ត​ឃ្លាត​ឆ្ងាយ​ពី​រូប​កាយ​នេះ ហើយ​ទៅ​នៅ​ជិត​ព្រះអម្ចាស់​ប្រសើរ​ជាង។  ទោះ​បី​យើង​ស្ថិត​នៅ​ ក្នុង​រូប​កាយ​នេះ ឬ​ក៏​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​រូប​កាយ​នេះ​ក្ដី យើង​មាន​បំណង​ធ្វើ​យ៉ាង​ណា​អោយ​តែ​បាន​គាប់​ព្រះហឫទ័យ​ព្រះអង្គ ១០ ដ្បិត​យើង​ទាំង​អស់​ គ្នា​នឹង​ត្រូវ​ទៅ​ឈរ​នៅ​មុខ​ទី​កាត់​ក្ដី​របស់​ព្រះគ្រីស្ដ ដើម្បី​អោយ​ម្នាក់ៗ​ទទួល​ផល តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត កាល​ពី​នៅ​រស់​ក្នុង​រូប​កាយ​នេះ​នៅ​ឡើយ ទោះ​បី​ជា​អំពើ​នោះ​ល្អ ឬ​អាក្រក់​ក្ដី។

ការសំរុះសំរួលអោយមនុស្សលោកបានជានានឹងព្រះជាម្ចាស់វិញ

១១ ដោយ​យើង​បាន​ស្គាល់​ការ ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​ហើយ យើង​ក៏​ខិតខំ​ណែនាំ​មនុស្ស​លោក​អោយ​ជឿ​ដែរ។ ព្រះជាម្ចាស់​ស្គាល់​ចិត្ត​យើង (ខ្ញុំ​សង្ឃឹម​ថា នៅ​ក្នុង​សតិ​សម្ប​ជញ្ញៈ​របស់​បង​ប្អូន បង​ប្អូន​ក៏​ស្គាល់​ចិត្ត​យើង​ដែរ)។ ១២ យើង​មិន​តែងតាំង​ខ្លួន​ ឯង នៅ​ចំពោះ​មុខ​បង​ប្អូន​សា​ជា​ថ្មី​ទៀត​ទេ តែ​យើង​ជូន​ឱកាស​អោយ​បង​ប្អូន​បាន​ខ្ពស់​មុខ​ ព្រោះ​តែ​យើង​វិញ ដើម្បី​អោយ​បង​ប្អូន​អាច​ឆ្លើយ​តប នឹង​អស់​អ្នក​ដែល​អួត​ខ្លួន​តែ​ពី​អ្វីៗ​នៅ​ខាង​ក្រៅ ហើយ​មិន​គិត​ពី​អ្វីៗ​ក្នុង​ចិត្ត​ទេ។ ១៣ ប្រសិន​បើ​គេ​ថា យើង​ជា​មនុស្ស​វង្វេង​ស្មារតី នោះ​យើង​វង្វេង​ស្មារតី​ព្រោះ​តែ​ព្រះជាម្ចាស់ ហើយ​ប្រសិន​បើ​គេ​ថា​យើង​ជា​មនុស្ស​ដឹង​ខុស​ត្រូវ នោះ​យើង​ដឹង​ខុស​ត្រូវ​ព្រោះ​តែ​បង​ប្អូន ១៤ ដ្បិត​ព្រះហឫទ័យ​ ស្រឡាញ់​របស់​ព្រះគ្រីស្ដ​បាន​ជំរុញ​យើង ដោយ​យើង​យល់​ឃើញ​ថា បើ​មនុស្ស​ម្នាក់​ស្លាប់​សំរាប់​មនុស្ស​ទាំង​អស់ នោះ​មនុស្ស​ទាំង​អស់​ក៏​ដូច​ជា​បាន​ស្លាប់​ដែរ។ ១៥ ព្រះអង្គ​បាន​សោយ​ ទិវង្គត​សំរាប់​មនុស្ស​ទាំង​អស់ ដើម្បី​អោយ​អស់​អ្នក​ដែល​មាន​ជីវិត លែង​រស់​សំរាប់​ខ្លួន​ឯង​ទៀត​ហើយ គឺ​រស់​សំរាប់​ព្រះអង្គ​ដែល​បាន​សោយ​ទិវង្គត និង​មាន​ព្រះជន្ម​រស់​ឡើង​វិញ​សំរាប់​គេ។ ១៦ ដូច្នេះ ពី​ពេល​នេះ​ត​ទៅ​យើង​ឈប់​រាប់​នរណា​ម្នាក់​តាម​របៀប​មនុស្ស​ទៀត​ហើយ ទោះ​បី​យើង​ធ្លាប់​ស្គាល់​ព្រះគ្រីស្ដ កាល​ព្រះអង្គ​នៅ​ជា​មនុស្ស​ធម្មតា​ក៏​ដោយ ក៏​ឥឡូវ​នេះ យើង​មិន​ស្គាល់​ព្រះអង្គ តាម​របៀប​មុន​ទៀត​ឡើយ។ ១៧ ប្រសិន​បើ​អ្នក​ណា​ ម្នាក់​នៅ​រួម​ជា​មួយ​ព្រះគ្រីស្ដ អ្នក​នោះ​បាន​កើត​ជា​ថ្មី អ្វីៗ​ពី​អតីតកាល​បាន​កន្លង​ផុត​ទៅ ហើយ​អ្វីៗ​ទាំង​អស់​បាន​ប្រែ​មក​ជា​ថ្មី​វិញ។ ១៨ ការ​ទាំង​នេះ​កើត​មក​ពី ​ព្រះជាម្ចាស់ ដែល​សំរុះសំរួល​យើង​អោយ​ជា​នា​នឹង​ព្រះអង្គ​វិញ ដោយសារ​ព្រះគ្រីស្ដ ហើយ​ប្រទាន​អោយ​យើង​មាន​មុខងារ​សំរុះសំរួល​មនុស្សម្នា​អោយ​ជា​នា​នឹង​ ព្រះអង្គ​វិញ​ដែរ។ ១៩ នៅ​ក្នុង​អង្គ​ ព្រះគ្រីស្ដ ព្រះជាម្ចាស់​បាន​សំរុះសំរួល​មនុស្ស​លោក​អោយ​ជា​នា​នឹង​ព្រះអង្គ ដោយ​មិន​ប្រកាន់​ទោស​គេ​ឡើយ។ ព្រះអង្គ​ក៏​ដាក់​ព្រះបន្ទូល​នៃ​ការ​សំរុះសំរួល​នេះ​មក​ក្នុង​យើង​ដែរ។ ២០ ដូច្នេះ យើង​ជា​ទូត​របស់​ព្រះគ្រីស្ដ គឺ​ដូច​ជា​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ដាស់​តឿន​បង​ប្អូន តាម​រយៈ​យើង​ដែរ។ យើង​សូម​អង្វរ​បង​ប្អូន​ក្នុង​ព្រះនាម​ព្រះគ្រីស្ដ​ថា ទុក​អោយ​ព្រះជាម្ចាស់​សំរុះសំរួល​បង​ប្អូន អោយ​ជា​នា​នឹង​ព្រះអង្គ​វិញ​ទៅ។ ២១ ព្រះគ្រីស្ដ​គ្មាន​បាប​ ទាល់​តែ​សោះ តែ​ព្រះជាម្ចាស់​បាន​ធ្វើ​អោយ​ព្រះអង្គ​ទៅ​ជា​តួ​បាប​សំរាប់​យើង ដើម្បី​ប្រោស​យើង​អោយ​បាន​សុចរិត*​រួម​ជា​មួយ​ព្រះគ្រីស្ដ​ដែរ។

ជំពូក ៦

 ដោយ​យើង​ធ្វើ​ការ​រួម​ជា​ មួយ​ព្រះជាម្ចាស់ យើង​សូម​ទូន្មាន​បង​ប្អូន​ថា កុំ​ទទួល​ព្រះគុណ​របស់​ព្រះអង្គ យក​មក​ទុក​ចោល​ជា​អសារ​ឥត​ការ​ឡើយ  ដ្បិត​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា:

«យើងបានឆ្លើយតបមកអ្នក

នៅគ្រាណាដែលយើងគាប់ចិត្ត

យើងបានជួយអ្នកនៅថ្ងៃណាដែលយើង

សង្គ្រោះមនុស្សលោក»

គ្រា​ដែល​ព្រះជាម្ចាស់​គាប់​ព្រះហឫទ័យ គឺ​ឥឡូវ​នេះ​ហើយ! គឺ​ឥឡូវ​នេះ​ហើយ ជា​ថ្ងៃ​ដែល​ព្រះជាម្ចាស់​សង្គ្រោះ​មនុស្ស​លោក!

 យើង​មិន​ ចង់​អោយ​កើត​មាន​រឿង​អ្វី​មួយ ដែល​បណ្ដាល​អោយ​នរណា​ម្នាក់​ជំពប់​ចិត្ត បាត់​ជំនឿ​ឡើយ ដើម្បី​កុំ​អោយ​គេ​បន្ទោស​មុខងារ​របស់​យើង។  ផ្ទុយ​ទៅ​វិញ យើង​តាំង​ខ្លួន​ជា​អ្នក​បំរើ​របស់​ព្រះជាម្ចាស់ ក្នុង​គ្រប់​កាលៈទេសៈ​ទាំង​អស់ ដោយ​ស៊ូ​ទ្រាំ​យ៉ាង​ខ្លាំង ដោយ​ជួប​នឹង​ទុក្ខ​លំបាក​ខ្វះ​ខាត ភ័យ​បារម្ភ  គេ​វាយដំ​យើង គេ​ឃុំឃាំង​យើង គេ​លើក​គ្នា​មក​ប្រឆាំង​នឹង​យើង។ យើង​ធ្វើ​ការ​ធ្ងន់ អត់​ងងុយ អត់​អាហារ។  យើង​តាំង​ខ្លួន​ជា​អ្នក​ បំរើ​របស់​ព្រះជាម្ចាស់ ដោយ​មាន​ចិត្ត​បរិសុទ្ធ* ដោយ​ស្គាល់​ព្រះជាម្ចាស់ ដោយ​មាន​ចិត្ត​អត់ធ្មត់ ចិត្ត​សប្បុរស ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ* ដោយ​មាន​ចិត្ត​ស្រឡាញ់​ឥត​ពុតត្បុត  ​ដោយ​ប្រកាស​សេចក្ដី​ពិត ដោយ​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់។ យើង​យក​សេចក្ដី​សុចរិត*​ធ្វើ​ជា​អាវុធ​វាយ​ប្រយុទ្ធ និង​ការពារ  ទាំង​ទ្រាំទ្រ នៅ​ពេល​គេ​គោរព​យើង​ក្ដី បន្ទាប​បន្ថោក​យើង​ក្ដី នៅ​ពេល​គេ​និយាយ​អាក្រក់ ឬ​និយាយ​ល្អ​ពី​យើង​ក្ដី។ គេ​ចាត់​ទុក​យើង​ថា​ជា​ជន​បោក​ប្រាស់ តែ​យើង​ជា​មនុស្ស​ទៀង​ត្រង់។  គេ​ចាត់​ទុក​យើង​ដូច​ជា​ អ្នក​ដែល​គ្មាន​នរណា​ស្គាល់ តែ​មនុស្ស​ទាំង​អស់​ស្គាល់​យើង​យ៉ាង​ច្បាស់។ គេ​ចាត់​ទុក​យើង​ដូច​ជា​មនុស្ស​ហៀប​នឹង​ស្លាប់ តែ​យើង​ពិត​ជា​នៅ​មាន​ជីវិត។ គេ​ធ្វើ​ទារុណកម្ម​យើង តែ​យើង​គ្មាន​ទោស​ដល់​ស្លាប់​ទេ។ ១០ គេ​ធ្វើ​អោយ​យើង​មាន​ ទុក្ខ​ព្រួយ តែ​យើង​សប្បាយ​ចិត្ត​ជានិច្ច។ យើង​ដូច​ជា​អ្នក​ក្រ តែ​យើង​បាន​ធ្វើ​អោយ​មនុស្ស​ជា​ច្រើន​ទៅ​ជា​អ្នក​មាន យើង​ដូច​ជា​គ្មាន​អ្វី​សោះ តែ​យើង​មាន​សព្វ​គ្រប់​ទាំង​អស់​វិញ។

១១ បង​ប្អូន​អ្នក​ក្រុង​កូរិនថូស​អើយ យើង​និយាយ​មក​បង​ប្អូន​ដោយ​ស្មោះ​អស់​ពី​ចិត្ត ឥត​លាក់លៀម​អ្វី​ឡើយ ១២ យើង​មិន​ចង្អៀតចង្អល់​ចំពោះ​បង​ប្អូន​ទេ គឺ​បង​ប្អូន​ទេ​តើ ដែល​មាន​ចិត្ត​ចង្អៀតចង្អល់។ ១៣ ខ្ញុំ​និយាយ​មក​បង​ ប្អូន ដូច​និយាយ​ទៅ​កាន់​កូន​ចៅ​របស់​ខ្ញុំ ដូច្នេះ សូម​បង​ប្អូន​មាន​ចិត្ត​ទូលាយ​ជា​មួយ​យើង ដូច​ជា​យើង​មាន​ចិត្ត​ទូលាយ​ចំពោះ​បង​ប្អូន​ដែរ។

ការញែកខ្លួនចេញពីអំពើអាក្រក់

១៤ សូម​កុំ​សេពគប់​ជា​មួយ​ អ្នក​មិន​ជឿ​ឡើយ។ តើ​សេចក្ដី​សុចរិត និង​សេចក្ដី​ទុច្ចរិត​ចូល​រួម​ជា​មួយ​គ្នា​កើត​ឬ​ទេ? តើ​ពន្លឺ និង​ភាព​ងងឹត ចូល​រួម​ជា​មួយ​គ្នា​កើត​ឬ​ទេ?១៥ តើ​ព្រះគ្រីស្ដ* និង​មារ*​សាតាំង​ចុះ​សំរុង​គ្នា​កើត​ឬ​ទេ? តើ​អ្នក​ជឿ និង​អ្នក​មិន​ជឿ​មាន​ទំនាក់ទំនង​អ្វី​នឹង​គ្នា?១៦ តើ​ព្រះវិហារ*​របស់​ ព្រះជា​ម្ចាស់ និង​ព្រះក្លែងក្លាយ​ចូល​គ្នា​ចុះ​ឬ​ទេ? យើង​ទាំង​អស់​គ្នា​ជា​ព្រះវិហារ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់ ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល​ថាៈ

«យើងនឹងស្ថិតនៅជាមួយពួកគេ

ព្រមទាំងរស់នៅជាមួយពួកគេដែរ។

យើងនឹងធ្វើជាព្រះរបស់គេ

ហើយគេនឹងធ្វើជាប្រជារាស្ត្រ

របស់យើង»​

១៧ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថាៈ

«ចូរចេញពីចំណោមអ្នកទាំងនោះ

ហើយញែកខ្លួនចេញអោយដាច់ពីពួកគេ

កុំប៉ះពាល់អ្វីដែលមិនបរិសុទ្ធ*​ឡើយ

នោះយើងនឹងទទួលអ្នករាល់គ្នា

១៨ យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា

ហើយអ្នករាល់គ្នាក៏ធ្វើជាកូនប្រុសកូនស្រី

របស់យើងដែរ»

នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់

ដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត

ជំពូក ៧

 បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ បើ​យើង​បាន​ទទួល​ព្រះបន្ទូល​សន្យា​ដ៏​អស្ចារ្យ​យ៉ាង​នេះ​ហើយ យើង​ត្រូវ​ជំរះ​ខ្លួន​អោយ​បាន​បរិសុទ្ធ* ចាក​ផុត​ពី​សៅហ្មង​គ្រប់​យ៉ាង ទាំង​ខាង​រូប​កាយ ទាំង​ខាង​វិញ្ញាណ ដើម្បី​អោយ​បាន​វិសុទ្ធ*​ទាំង​ស្រុង ដោយ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់។

អំណរសប្បាយរបស់លោកប៉ូល

 សូម​បង​ប្អូន​យល់​ចិត្ត​យើង​ផង! យើង​ពុំ​បាន​បោក​ប្រាស់​នរណា ពុំ​បាន​ធ្វើ​អោយ​នរណា​ហិនហោច ឬ​ក៏​កេងប្រវ័ញ្ច​នរណា​ម្នាក់​ឡើយ។  ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ចង់​ចោទ​ប្រកាន់​បង​ប្អូន​ទេ ដ្បិត​ខ្ញុំ​បាន​ជំរាប​បង​ប្អូន​រួច​ស្រេច​ហើយ​ថា យើង​ស្រឡាញ់​បង​ប្អូន និង​ស៊ូ​ស្លាប់​រស់​ជា​មួយ​បង​ប្អូន​ជានិច្ច។  ខ្ញុំ​ទុក​ចិត្ត​លើ​បង​ ប្អូន​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​បាន​ខ្ពស់​មុខ ព្រោះ​តែ​បង​ប្អូន​ដែរ។ ខ្ញុំ​ក៏​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត​យ៉ាង​ច្រើន ព្រម​ទាំង​មាន​អំណរ​សប្បាយ​ពន់​ប្រមាណ ទោះ​បី​យើង​កំពុង​តែ​រង​ទុក្ខ​វេទនា​ខ្លាំង​យ៉ាង​នេះ​ក៏​ដោយ។  តាំង​ពី​យើង​បាន​ទៅ​ដល់​ ស្រុក​ម៉ាសេដូន រូប​កាយ​យើង​ពុំ​ដែល​បាន​សំរាក​សោះ​ឡើយ។ យើង​បាន​រង​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង គឺ​ផ្នែក​ខាង​ក្រៅ គេ​ធ្វើ​បាប​យើង ហើយ​នៅ​ខាង​ក្នុង​ចិត្ត យើង​ចេះ​តែ​បារម្ភ។  ក៏​ប៉ុន្តែ ព្រះជាម្ចាស់​ដែល​តែងតែ​សំរាល​ទុក្ខ​អ្នក​ទន់ទាប ទ្រង់​បាន​សំរាល​ទុក្ខ​យើង​ដោយ​លោក​ទីតុស​ទៅ​ដល់។  យើង​ធូរ​ចិត្ត មិន​មែន​ត្រឹម​តែ​បាន​លោក​ទីតុស​ទៅ​ដល់​ប៉ុណ្ណោះ​ទេ គឺ​មក​ពី​បង​ប្អូន​បាន​សំរាល​ទុក្ខ​គាត់​ផង​ដែរ។ គាត់​បាន​នាំ​ដំណឹង​មក​ថា បង​ប្អូន​មាន​ចិត្ត​ចង់​ជួប​ខ្ញុំ​យ៉ាង​ខ្លាំង បង​ប្អូន​បង្ហូរ​ទឹក​ភ្នែក​ព្រម​ទាំង​ឈឺឆ្អាល​នឹង​ខ្ញុំ ជា​ហេតុ​ធ្វើ​អោយ​ខ្ញុំ​មាន​អំណរ​រឹត​តែ​ខ្លាំង​ឡើង​ថែម​ទៀត។

 ប្រសិន​បើ ​សេចក្ដី​ដែល​ខ្ញុំ​សរសេរ​ក្នុង​សំបុត្រ​នេះ ធ្វើ​អោយ​បង​ប្អូន​ព្រួយ​ចិត្ត ក៏​ខ្ញុំ​មិន​ស្ដាយ​ក្រោយ​ដែរ។ ប្រសិន​បើ​ខ្ញុំ​ស្ដាយ​ក្រោយ (ដ្បិត​ខ្ញុំ​យល់​ថា សំបុត្រ​នេះ​នឹង​នាំ​អោយ​បង​ប្អូន​ព្រួយ​ចិត្ត​មួយ​គ្រា​មែន) ក៏​ខ្ញុំ​សប្បាយ​ចិត្ត​នៅ ​ពេល​នេះ ខ្ញុំ​សប្បាយ មិន​មែន​មក​ពី​បង​ប្អូន​ព្រួយ​ចិត្ត​នោះ​ទេ គឺ​មក​ពី​ដឹង​ថា ទុក្ខ​ព្រួយ​នឹង​នាំ​អោយ​បង​ប្អូន​កែ​ប្រែ​ចិត្ត​គំនិត ដ្បិត​បង​ប្អូន​ព្រួយ​ចិត្ត​ដូច្នេះ ស្រប​តាម​ព្រះជាម្ចាស់។ ហេតុ​នេះ យើង​ពុំ​បាន​ធ្វើ​អោយ​បង​ប្អូន​ខូច​ខាត​អ្វី​ឡើយ។ ១០ តាម​ពិត​ទុក្ខ​ព្រួយ​ ស្រប​តាម​ព្រះជាម្ចាស់​បែប​នេះ តែងតែ​នាំ​អោយ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ទទួល​ការ​សង្គ្រោះ ហើយ​យើង​មិន​ស្ដាយ​ក្រោយ​ឡើយ។ រីឯ​ទុក្ខ​ព្រួយ​តាម​បែប​លោកីយ៍​តែងតែ​នាំ​អោយ​ស្លាប់​វិញ។ ១១ សូម​គិត​មើល៍​ទុក្ខ​ ព្រួយ​ដែល​ស្រប​តាម​ព្រះជាម្ចាស់​ដូច្នេះ មាន​ផល​ប្រយោជន៍​ចំពោះ​បង​ប្អូន​យ៉ាង​ណា គឺ​បង​ប្អូន​មាន​ចិត្ត​ខ្នះខ្នែង ហើយ​លើស​ពី​នេះ​ទៅ​ទៀត បង​ប្អូន​ចេះ​សុំ​ទោស​ទាស់​ចិត្ត​នឹង​អំពើ​អាក្រក់ មាន​ចិត្ត​គោរព​កោត​ខ្លាច​មាន​ចិត្ត​ប៉ងប្រាថ្នា​យ៉ាង​ខ្លាំង មាន​ចិត្ត​ឈឺឆ្អាល ហើយ​បង​ប្អូន​ក៏​ចេះ​ដាក់​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។ ការ​ទាំង​នេះ បង្ហាញ​អោយ​ឃើញ​ថា បង​ប្អូន​គ្មាន​សៅហ្មង​អ្វី​ទាំង​អស់​នៅ​ក្នុង​រឿង​នេះ។

១២ ដូច្នេះ ហេតុ​ដែល​ខ្ញុំ​សរសេរ​មក​បង​ប្អូន មិន​មែន​មក​ពី​គិត​ដល់​អ្នក​ប្រព្រឹត្ត​អាក្រក់ ឬ​គិត​ដល់​អ្នក​ដែល​រង​នូវ​អំពើ​អាក្រក់​នោះ​ឡើយ ខ្ញុំ​សរសេរ​មក​ដើម្បី​អោយ​បង​ប្អូន​មាន​ឱកាស​បង្ហាញ​ទឹក​ចិត្ត​ខ្នះខ្នែង​ របស់​បង​ប្អូន​ចំពោះ​យើង នៅ​មុខ​ព្រះជាម្ចាស់។ ១៣ ការ​នេះ​ហើយ​ដែល​បាន​ សំរាល​ទុក្ខ​យើង។ ប៉ុន្តែ លើស​ពី​នេះ យើង​ក៏​មាន​អំណរ​រឹត​តែ​ខ្លាំង​ថែម​ទៀត ដោយ​ឃើញ​លោក​ទីតុស​មាន​អំណរ​សប្បាយ ព្រោះ​បង​ប្អូន​ទាំង​អស់​គ្នា​បាន​ជួយ​គាត់​អោយ​ស្ងប់​ចិត្ត លែង​ព្រួយ​បារម្ភ។ ១៤ ប្រសិន​បើ​ខ្ញុំ​បាន​ ខ្ពស់​មុខ​បន្តិច ដោយ​និយាយ​សរសើរ​ពី​បង​ប្អូន​ប្រាប់​គាត់ ក៏​ខ្ញុំ​មិន​ខ្មាស​គាត់​ដែរ។ សេចក្ដី​ដែល​យើង​សរសើរ​ពី​បង​ប្អូន​ប្រាប់​លោក​ទីតុស គាត់​នឹង​ឃើញ​ថា​ជា​ការ​ពិត​មែន ដូច​យើង​ធ្លាប់​តែ​និយាយ​អ្វីៗ​គ្រប់​យ៉ាង​ប្រាប់​បង​ប្អូន ស្រប​តាម​សេចក្ដី​ពិត​យ៉ាង​នោះ​ដែរ។ ១៥ ពេល​គាត់​នឹក​ឃើញ​ថា បង​ប្អូន​ទាំង​អស់​គ្នា​តែងតែ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បង្គាប់ និង​ទទួល​គាត់​ដោយ​គោរព​កោត​ខ្លាច​ញាប់ញ័រ​ផង​នោះ គាត់​មាន​ចិត្ត​ស្រឡាញ់​បង​ប្អូន​រឹត​តែ​ខ្លាំង​ឡើងៗ។ ១៦ ខ្ញុំ​ត្រេក​អរ​ណាស់ ព្រោះ​ខ្ញុំ​អាច​ទុក​ចិត្ត​បង​ប្អូន ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់។

ជំពូក ៨

អំពីការរៃប្រាក់

 បង​ប្អូន​អើយ យើង​សូម​ជំរាប​បង​ប្អូនអោដឹងថា ​ព្រះ​​ជាម្ចាស់​បាន​ប្រោស​ប្រទាន​ដល់​ក្រុមជំនុំ/ព្រះសហ​គម​ន៍*​នានា នៅ​ស្រុក​ម៉ាសេដូន  គឺ​ទោះ​បី​បង​ប្អូន​ទាំង​ នោះ​កំពុង​ជួប​ប្រទះ​ទុក្ខ​វេទនា​ជា​ច្រើន​យ៉ាង​ណា​ក្ដី ក៏​គេ​មាន​អំណរ​ខ្លាំង​ក្រៃលែង ហើយ​ទោះ​បី​គេ​ក្រ​តោកយ៉ាក​យ៉ាង​ណា​ក្ដី ក៏​គេ​នៅ​តែ​មាន​ចិត្ត​សទ្ធា​ជ្រះថ្លា​ដ៏​លើសលប់​ដែរ។  បង​ប្អូន​ទាំង​នោះ​បាន​ ចូល​ប្រាក់​តាម​សមត្ថភាព​របស់​ខ្លួន ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា គេ​ធ្វើ​លើស​ពី​សមត្ថភាព និង​ដោយ​ស្ម័គ្រ​អស់​ពី​ចិត្ត​ទៀត​ផង។  ពួក​គេ​បាន​ទទូច​សុំ​យើង​មេត្តា​អនុញ្ញាត អោយ​គេ​ចូល​រួម​បំរើ​ការងារ​នេះ គឺ​ផ្ញើ​ប្រាក់​ទៅ​ជួយ​ប្រជាជន​ដ៏វិសុទ្ធ​។  គេ​ធ្វើ​ដូច្នេះ លើស​ពី​សេចក្ដី​សង្ឃឹម​របស់​យើង​ទៅ​ទៀត គឺ​មុន​ដំបូង គេ​ថ្វាយ​ខ្លួន​ទៅ​ព្រះអម្ចាស់ បន្ទាប់​មក គេ​ក៏​ដាក់​ខ្លួន​បំរើ​យើង ស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​ដែរ។  ហេតុ​នេះ​ហើយ​បាន​ជា​យើង​អង្វរ​លោក​ទីតុស អោយ​មក​បង្ហើយ​ការ​ប្រមូល​តង្វាយ​នេះ​ពី​បង​ប្អូន ដូច​គាត់​បាន​ចាប់​ផ្ដើម​រួច​មក​ហើយ។  បង​ប្អូន​បាន​ចំរើន​ឡើង​ យ៉ាង​បរិបូណ៌​គ្រប់​វិស័យ​ទាំង​អស់ គឺ​មាន​ជំនឿ មាន​សំនួនវោហារ មាន​ចំណេះ មាន​ចិត្ត​ខ្នះខ្នែង​គ្រប់​យ៉ាង ព្រម​ទាំង​មាន​ចិត្ត​ស្រឡាញ់​យើង​ផង។ ហេតុ​នេះ ចំពោះ​ការ​ប្រមូល​តង្វាយ ចូរ​ចំរើន​ឡើង​យ៉ាង​បរិបូណ៌​ដូច្នោះ​ដែរ។  ខ្ញុំ​និយាយ​បែប​នេះ មិន​មែន​បញ្ជា​បង​ប្អូន​ទេ គឺ​ខ្ញុំ​គ្រាន់​តែ​ចង់​ស្ទង់​មើល​ចិត្ត​ស្រឡាញ់​ដ៏​ស្មោះ​របស់​បង​ប្អូន ដោយ​និយាយ​អំពី​ការ​ខ្នះខ្នែង​របស់​អ្នក​ឯ​ទៀតៗ​ប៉ុណ្ណោះ  ដ្បិត​បង​ប្អូន​ស្គាល់​ ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូ​គ្រីស្ដ*​ស្រាប់​ហើយ គឺ​ព្រះអង្គ​មាន​សម្បត្តិ​ដ៏​ច្រើន ទ្រង់​បាន​ដាក់​ខ្លួន​មក​ជា​អ្នក​ក្រ​ព្រោះ​តែ​បង​ប្អូន ដើម្បី​អោយ​បង​ប្អូន​បាន​ទៅ​ជា​អ្នក​មាន​ដោយ​ភាព​ក្រីក្រ​របស់​ព្រះអង្គ។

១០ ត្រង់​ នេះ ខ្ញុំ​គ្រាន់​តែ​ជូន​យោបល់​បង​ប្អូន​ប៉ុណ្ណោះ។ គួរ​គប្បី​បង្ហើយ​កិច្ចការ​ដែល​បង​ប្អូន​បាន​ចាប់​ផ្ដើម​ធ្វើ​តាំង​ពី​ឆ្នាំ ​ទៅ។ បង​ប្អូន​មិន​ត្រឹម​តែ​បាន​ចាប់​ផ្ដើម​ធ្វើ​មុន​គេ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​បាន​ផ្ដើម​គំនិត​ទៀត​ផង។ ១១ ដូច្នេះ សូម​បង​ប្អូន​បង្ហើយ​ការ​នេះ​ឥឡូវ​ចុះ។ បង​ប្អូន​មាន​ឆន្ទៈ​ផ្ដើម​គំនិត​នេះ​យ៉ាង​ណា ត្រូវ​ធ្វើ​អោយ​បាន​សំរេច​ជា​ស្ថាពរ តាម​សមត្ថភាព​ដែល​បង​ប្អូន​មាន​យ៉ាង​នោះ​ដែរ។ ១២ កាល​ណា​យើង​មាន​ឆន្ទៈ​ ល្អ យើង​នឹង​បាន​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់ តាម​អ្វីៗ​ដែល​យើង​មាន គឺ​មិន​មែន​តាម​អ្វីៗ​ដែល​យើង​គ្មាន​នោះ​ទេ។ ១៣ ក៏​ប៉ុន្តែ មិន​ត្រូវ​អោយ​បង​ប្អូន​ជួយ​អ្នក​ដទៃ រហូត​ដល់​ខ្លួន​ឯង​ខ្វះ​ខាត​នោះ​ឡើយ គឺ​គ្រាន់​តែ​ធ្វើ​អោយ​មាន​ស្មើៗ​គ្នា​ប៉ុណ្ណោះ។ ១៤ ក្នុង​កាលៈទេសៈ​សព្វ​ ថ្ងៃ អ្វីៗ​ដែល​បង​ប្អូន​មាន​លើស​ពី​សេចក្ដី​ត្រូវ​ការ បង​ប្អូន​យក​ទៅ​ផ្គត់ផ្គង់​អស់​អ្នក​ដែល​ខ្វះ​ខាត លុះ​ដល់​ថ្ងៃ​មួយ ពេល​បង​ប្អូន​ខ្វះ​ខាត​គេ​នឹង​យក​អ្វីៗ​ដែល​គេ​មាន​លើស​ពី​សេចក្ដី​ត្រូវ​ ការ មក​ផ្គត់ផ្គង់​បង​ប្អូន​វិញ។ ធ្វើ​ដូច្នេះ ទើប​មាន​ស្មើៗ​គ្នា ១៥ ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថាៈ «អ្នក​ប្រមូល​បាន​ច្រើន ក៏​មិន​មាន​ច្រើន​ជ្រុល រីឯ​អ្នក​ដែល​ប្រមូល​បាន​បន្តិចបន្តួច​ក៏​មិន​ខ្វះ​ខាត​អ្វី​ដែរ»។

លោកទីតុស និងសហការីរបស់លោក

១៦ សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់ ដែល​បាន​ប្រោស​ប្រទាន​អោយ​លោក​ទីតុស​មាន​ចិត្ត​ខ្នះខ្នែង​ចង់​ជួយ​បង​ប្អូន​ដូច​យើង​ដែរ ១៧ ដ្បិត​គាត់​បាន​យល់​ ព្រម​ធ្វើ​តាម​សំណូម​ពរ​របស់​យើង ហើយ​លើស​ពី​នេះ គាត់​ក៏​មាន​ចិត្ត​ខ្នះខ្នែង​សំរេច​ចិត្ត​ដោយ​ខ្លួន​ឯង​ធ្វើ​ដំណើរ​មក​រក​បង ​ប្អូន។ ១៨ យើង​បាន​ចាត់​បង​ប្អូន​ ម្នាក់​អោយ​មក​ជា​មួយ​គាត់ គឺ​បង​ប្អូន​ម្នាក់​ដែល​ក្រុមជំនុំ/ព្រះសហគមន៍*​ទាំង​អស់​កោត​សរសើរ​ក្នុង​ការ​ ផ្សព្វផ្សាយ​ដំណឹងល្អ*។ ១៩ មិន​តែ​ប៉ុណ្ណោះ​សោត ក្រុមជំនុំ/ព្រះសហគមន៍​បាន​ជ្រើស​រើស​គាត់ អោយ​រួម​ដំណើរ​ជា​មួយ​យើង ក្នុង​មុខងារ​ប្រមូល​តង្វាយ​នេះ ដើម្បី​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអម្ចាស់ និង​ដើម្បី​សំដែង​ឆន្ទៈ​ល្អ​របស់​យើង​ដែរ។

២០ យើង​ចង់​ចៀស​វាង​មិន​អោយ​គេ​រិះ​គន់​យើង អំពី​របៀប​ចាត់​ចែង​ប្រាក់​ដែល​រៃ​បាន​ដ៏​ច្រើន​នេះ​ឡើយ ២១ ដ្បិត​យើង​ចង់​ធ្វើ​ការ ​ល្អ មិន​ត្រឹម​តែ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​ទៀត​ផង។ ២២ យើង​បាន​ចាត់​បង​ប្អូន​ យើង​ម្នាក់​ទៀត​អោយ​មក​ជា​មួយ​អ្នក​ទាំង​ពីរ។ យើង​ធ្លាប់​ល្បងល​មើល​ចិត្ត​គាត់​ជា​ច្រើន​លើក​ច្រើន​សា ហើយ​ឃើញ​ថា​គាត់​ពិត​ជា​មាន​ចិត្ត​ខ្នះខ្នែង​មែន។ លើក​នេះ​គាត់​បាន​បង្ហាញ​នូវ​ទឹក​ចិត្ត​ខ្នះខ្នែង​ជាង​មុន​ទៅ​ទៀត ព្រោះ​គាត់​ទុក​ចិត្ត​បង​ប្អូន​ខ្លាំង​ណាស់។ ២៣ ចំពោះ​លោក​ទីតុស គាត់​ជា​សហការី​របស់​ខ្ញុំ ហើយ​គាត់​ធ្វើ​ការ​រួម​ជា​មួយ​ខ្ញុំ ដើម្បី​បំរើ​បង​ប្អូន។ រីឯ​បង​ប្អូន​ពីរ​នាក់​ទៀត ជា​តំណាង​របស់​ក្រុមជំនុំ/ព្រះសហគមន៍ និង​ជា​សិរីរុងរឿង​របស់​ព្រះគ្រីស្ដ។ ២៤ ដូច្នេះ សូម​បង​ប្អូន​សំដែង​អោយ​ក្រុមជំនុំ/ព្រះសហគមន៍​នានា​ឃើញ​ថា បង​ប្អូន​ស្រឡាញ់​គេ​ពិត​មែន និង​ឃើញ​ថា សេចក្ដី​ដែល​យើង​និយាយ​សរសើរ​ពី​បង​ប្អូន​ប្រាប់​គេ​នោះ ពិត​ជា​ត្រឹម​ត្រូវ​មែន។

ជំពូក ៩

ជំនួយផ្ញើទៅជូនពួកបងប្អូន

 ចំពោះ​រឿង​ផ្ញើ​ជំនួយ​ទៅ​ជូន​ប្រជាជន​ដ៏វិសុទ្ធ​នោះ មិន​បាច់​អោយ​ខ្ញុំ​សរសេរ​ជំរាប​បង​ប្អូន​ទេ  ខ្ញុំ​ស្គាល់​ឆន្ទៈ​ល្អ​ របស់​បង​ប្អូន​ស្រាប់​ហើយ ហើយ​ខ្ញុំ​ក៏​បាន​និយាយ​សរសើរ​ពី​បង​ប្អូន​ប្រាប់​អ្នក​ស្រុក​ម៉ាសេដូន​ថា «បង​ប្អូន​នៅ​ស្រុក​អាខៃ​បាន​រៀបចំ​ខ្លួន​ជា​ស្រេច តាំង​ពី​ឆ្នាំ​ទៅ​ម៉្លេះ»។ ចិត្ត​ខ្នះខ្នែង​របស់​បង​ប្អូន​បាន​ជំរុញ​អ្នក​ឯ​ទៀត​ជា​ច្រើន អោយ​មាន​ចិត្ត​ស្ទុះស្ទា​ឡើង។  ខ្ញុំ​បាន​ចាត់​ពួក​បង​ ប្អូន​ខ្លះ​មក ដើម្បី​អោយ​ឃើញ​ថា​ពាក្យ​ដែល​យើង​និយាយ​សរសើរ​ពី​បង​ប្អូន​ត្រង់​ចំណុច​នេះ មិន​មែន​ខុស​ទេ គឺ​បង​ប្អូន​ពិត​ជា​រៀបចំ​ខ្លួន​ជា​ស្រេច​ដូច​ខ្ញុំ​និយាយ​មែន។  ប្រ​សិន​​បើ​បង​ប្អូន​នៅ​ ស្រុក​ម៉ាសេដូន​មក​ជា​មួយ​ខ្ញុំ ហើយ​ឃើញ​ថា​បង​ប្អូន​មិន​ទាន់​រៀបចំ​ខ្លួន​ទេ​នោះ មិន​ត្រឹម​តែ​យើង​ប៉ុណ្ណោះ​ទេ ដែល​ត្រូវ​អាម៉ាស់​មុខ បង​ប្អូន​ក៏​នឹង​ត្រូវ​អាម៉ាស់​មុខ​ដែរ មក​ពី​យើង​ទុក​ចិត្ត​លើ​បង​ប្អូន​ខ្លាំង​ពេក។  ហេតុ​នេះ​ហើយ​បាន​ជា​ ខ្ញុំ​យល់​ឃើញ​ថា ត្រូវ​តែ​សុំ​អោយ​បង​ប្អូន​នៅ​ទី​នោះ​ធ្វើ​ដំណើរ​មក​រក​បង​ប្អូន​មុន​ខ្ញុំ ដើម្បី​រៀបចំ​ប្រាក់​ជំនួយ​ដែល​បង​ប្អូន​សន្យា​នោះ​អោយ​បាន​រួច​រាល់។ ការ​នេះ ស​អោយ​ឃើញ​ថា បង​ប្អូន​បាន​ចូល​ប្រាក់​ដោយ​ចិត្ត​ទូលាយ មិន​មែន​ដោយ​ចង្អៀតចង្អល់​ទេ។

 សូម​ចង​ចាំ​ថា អ្នក​ណា​ព្រោះ​តិច អ្នក​នោះ​ក៏​ច្រូត​បាន​ផល​តិច​ដែរ រីឯ​អ្នក​ដែល​ព្រោះ​ច្រើន​បរិបូណ៌ ក៏​ច្រូត​បាន​ផល​ច្រើន​បរិបូណ៌​ដែរ។  ហេតុ​នេះ ម្នាក់ៗ​ត្រូវ​តែ​ចូល​ប្រាក់​តាម​តែ​ខ្លួន​សំរេច​ចិត្ត ដោយ​មិន​នឹក​ស្ដាយ ឬ​ទើស​ទ័ល​ឡើយ ដ្បិត​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ ​នឹង​អ្នក​ណា​ដែល​ធ្វើ​អំណោយ​ដោយ​ចិត្ត​ រីករាយ។  ព្រះអង្គ​អាច​នឹង​ប្រទាន​ ពរ​ដ៏​ហូរហៀរ​គ្រប់​យ៉ាង​ដល់​បង​ប្អូន ដើម្បី​អោយ​បង​ប្អូន​មាន​អ្វីៗ​ទាំង​អស់​ដែល​បង​ប្អូន​ត្រូវ​ការ​ដ៏​ចាំបាច់ ​នោះ​ជានិច្ច ហើយ​ថែម​ទាំង​នៅ​សល់​បរិបូណ៌​សំរាប់​ចែក​ទាន​ផង  ដូច​មាន​ចែង​ទុក​មក​ថាៈ

«ព្រះអង្គចែក ព្រះអង្គប្រទានអោយអ្នកក្រ

សេចក្ដីសុចរិតរបស់ព្រះអង្គនៅស្ថិតស្ថេរ

រហូតរៀងទៅ»

១០ ព្រះអង្គ​ដែល «ប្រទានគ្រាប់ពូជដល់អ្នកសាបព្រោះ និងប្រទានចំណីអាហារអោយគេផងនោះ»​ ទ្រង់​ក៏​ផ្គត់ផ្គង់​គ្រាប់​ពូជ​អោយ​បង​ប្អូន និង​អោយ​គ្រាប់​ពូជ​នោះ​កើន​ចំនួន​ឡើង​ដែរ ហើយ​ព្រះអង្គ​នឹង​ធ្វើ​អោយ​សេចក្ដី​សុចរិត​របស់​បង​ប្អូន បង្កើត​ផល​បាន​ច្រើន​ឡើង​ថែម​ទៀត។ ១១ ព្រះអង្គ​នឹង​ធ្វើ​អោយ​ បង​ប្អូន​ទៅ​ជា​អ្នក​មាន​គ្រប់​វិស័យ​ទាំង​អស់ ដើម្បី​អោយ​បង​ប្អូន​មាន​ចិត្ត​សទ្ធា​ជ្រះថ្លា​គ្រប់​ចំពូក និង​អោយ​អ្នក​ឯ​ទៀតៗ​អរ​ព្រះគុណ​ព្រះជាម្ចាស់​ដោយ​យើង​ជួយ​គេ ១២ ដ្បិត​មុខងារ​ប្រមូល​ ប្រាក់​នេះ មិន​ត្រឹម​តែ​ជួយ​ផ្គត់ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ជឿ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជួយ​គេ​អោយ​អរ​ព្រះគុណ​ព្រះជាម្ចាស់ ​កាន់​តែ​ច្រើន​ឡើង​ទៀត​ផង។ ១៣ ពេល​គេ​យល់​តម្លៃ​នៃ​ កិច្ចការ​ដែល​បង​ប្អូន​ធ្វើ​នេះ គេ​នាំ​គ្នា​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ព្រោះ​បង​ប្អូន​សំដែង​អោយ​គេ​ឃើញ​ថា បង​ប្អូន​ពិត​ជា​ប្រតិបត្តិ​តាម​ដំណឹងល្អ*​របស់​ព្រះគ្រីស្ដ​ដែល​បង​ប្អូន​ ប្រកាស ហើយ​បង​ប្អូន​មាន​ចិត្ត​ទូលាយ ដោយ​យក​របស់​របរ​មក​ចែក​ជា​មួយ​ពួក​គេ និង​ជា​មួយ​មនុស្ស​ទាំង​អស់។ ១៤ គេ​ទូលអង្វរ​ព្រះជាម្ចាស់​អោយ​បង​ប្អូន​ដោយ​ចិត្ត​ស្រឡាញ់ ព្រោះ​តែ​ព្រះគុណ​ដ៏​ច្រើន​លើស​លុប​ដែល​ព្រះជាម្ចាស់​ប្រទាន​មក​បង​ប្អូន។ ១៥ សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់ ចំពោះ​ព្រះអំណោយ​ទាន​ដ៏​ប្រសើរ​បំផុត​របស់​ព្រះអង្គ​រក​ថ្លែង​ពុំ​បាន។

ជំពូក ១០

លោកប៉ូលឆ្លើយការពារខ្លួន

 ខ្ញុំ ប៉ូល ដែល​គេ​តែង​និយាយ​ថា ពេល​នៅ​ជា​មួយ​បង​ប្អូន ខ្ញុំ​មាន​ឫកពា​សុភាព តែ​ពេល​នៅ​ឆ្ងាយ ហ៊ាន​តឹងរ៉ឹង​ដាក់​បង​ប្អូន ខ្ញុំ​សូម​ដាស់​តឿន​បង​ប្អូន​ដោយ​ចិត្ត​ស្លូតបូត និង​ដោយ​ចិត្ត​ល្អ​សប្បុរស​មក​ពី​ព្រះគ្រីស្ដ* ខ្ញុំ​សូម​អង្វរ​បង​ប្អូន ​ថា កុំ​បង្ខំ​ចិត្ត​ខ្ញុំ​អោយ​បែរ​ទៅ​ជា​តឹងតែង នៅ​ពេល​ខ្ញុំ​មក​ដល់​នោះ​ឡើយ ដ្បិត​ខ្ញុំ​បាន​តាំង​ចិត្ត​រួច​ស្រេច​ហើយ​ថា ខ្ញុំ​មិន​ខ្លាច​នឹង​ស្ដី​បន្ទោស​អស់​អ្នក​ដែល​ចោទ​ថា យើង​រស់​នៅ​តាម​របៀប​​លោកីយ៍​នោះ​ទេ។  ទោះ​បី​យើង​​ជា​មនុស្សធម្មតា​ក៏​ដោយ ក៏​យើង​មិន​តយុទ្ធ​តាម​របៀប​​លោកីយ៍​ដែរ  ដ្បិត​គ្រឿង​សស្រ្ដាវុធ​ ដែល​យើង​ប្រើ មិន​មែន​ជា​អាវុធ​ខាង​លោកីយ៍​ទេ គឺ​ជា​អាវុធ​ដ៏​មាន​ឫទ្ធានុភាព​មក​ពី​ព្រះជាម្ចាស់ ដែល​អាច​រំលំ​កំពែង​បន្ទាយ​នានា​។ យើង​រំលំ​ការ​រិះគិត  និង​គំនិត​ឆ្មើងកន្ទ្រើង​ ទាំង​ប៉ុន្មាន ដែល​រារាំង​មិន​អោយ​ស្គាល់​ព្រះជាម្ចាស់។ យើង​កៀរ​ប្រមូល​ចិត្ត​គំនិត អោយ​មក​ស្ដាប់​បង្គាប់​ព្រះគ្រីស្ដ​វិញ។  នៅ​ពេល​ណា​បង​ប្អូន​ស្ដាប់​បង្គាប់​ទាំង​ស្រុង​ហើយ​នោះ យើង​ក៏​ប្រុង​ប្រៀប​ខ្លួន​ដាក់​ទោស​អស់​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​ដែរ។  សុំ​បង​ប្អូន​ពិចារណា​អោយ ​បាន​ច្បាស់​លាស់! ប្រសិន​បើ​នរណា​ម្នាក់​ជឿ​ជាក់​ថា ខ្លួន​ជា​កូន​ចៅ​របស់​ព្រះគ្រីស្ដ អ្នក​នោះ​តោង​គិត​អោយ​ច្បាស់​ថា បើ​ខ្លួន​ជា​កូន​ចៅ​របស់​ព្រះគ្រីស្ដ យើង​ក៏​ជា​កូន​ចៅ​របស់​ព្រះអង្គ​ដូច​គាត់​ដែរ។  ព្រះអម្ចាស់​ប្រទាន​អំណាច ​អោយ​យើង ដើម្បី​កសាង​បង​ប្អូន មិន​មែន​ដើម្បី​បំផ្លាញ​បង​ប្អូន​ទេ។ ទោះ​បី​ខ្ញុំ​បាន​និយាយ​អួត​ខ្លួន​ជ្រុល​បន្តិច​អំពី​អំណាច​នោះ ក៏​ខ្ញុំ​មិន​អៀន​ខ្មាស​ដែរ។  ខ្ញុំ​មិន​ចង់​អោយ​បង​ប្អូន​ស្មាន​ថា ខ្ញុំ​មាន​បំណង​បំភ័យ​បង​ប្អូន តាម​សំបុត្រ​ទាំង​នេះ​ឡើយ ១០ ដ្បិត​មាន​គេ​ថា «ពាក្យ​ក្នុង​សំបុត្រ​របស់​ប៉ូល​ធ្ងន់ៗ​ណាស់ ហើយ​ក៏​តឹងរ៉ឹង​ផង តែ​ពេល​គាត់​នៅ​ទី​នេះ​គាត់​មិន​ហ៊ាន​ធ្វើ​អ្វី​នរណា​ទេ ហើយ​ក៏​គ្មាន​វោហារ​អ្វី​ដែរ​»។ ១១ អ្នក​ដែល​និយាយ​ដូច្នេះ​ត្រូវ​គិត​ថា ពេល​យើង​មិន​នៅ យើង​និយាយ​បែប​ណា ពេល​យើង​នៅ​ជា​មួយ យើង​ក៏​នឹង​ប្រព្រឹត្ត​បែប​នោះ​ដែរ។ ១២ យើង​មិន​ហ៊ាន​លើក​ខ្លួន ​អោយ​ស្មើ​នឹង​អ្នក​ខ្លះ​ដែល​តែង​តាំង​ខ្លួន​ឯង ឬ​ក៏​ប្រៀប​ផ្ទឹម​ខ្លួន​យើង​ទៅ​នឹង​គេ​នោះ​ឡើយ។ អ្នក​ទាំង​នោះ​បាន​លើក​ខ្លួន​តាំង​ជា​រង្វាស់ សំរាប់​វាស់​ខ្លួន​ឯង​ ហើយ​ប្រៀប​ផ្ទឹម​ខ្លួន​ឯង​ទៅ​នឹង​ខ្លួន​ឯង! គេ​គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ! ១៣ រីឯ​យើង​វិញ​យើង​មិន​ អួត​ខ្លួន​ហួស​កំរិត​ទេ គឺ​យើង​ធ្វើ​តាម​កំរិត​នៃ​ព្រំដែន​ដែល​ព្រះជាម្ចាស់​បាន​កំណត់​ទុក ដោយ​ប្រទាន​អោយ​យើង​បាន​មក​ដល់​ស្រុក​បង​ប្អូន​នេះ។ ១៤ បង​ប្អូន​ស្ថិត​នៅ​ ក្នុង​ព្រំដែន ដែល​ព្រះជាម្ចាស់​បាន​កំណត់​ទុក​អោយ​យើង ដូច្នេះ នៅ​ពេល​យើង​បាន​មក​ដល់​ទី​នេះ​មុន​គេ ដើម្បី​នាំ​ដំណឹងល្អ​របស់​ព្រះគ្រីស្ដ យើង​មិន​ធ្វើ​អ្វី​ហួស​កំណត់​ព្រំដែន​នេះ​ទេ។ ១៥ យើង​មិន​អួត​ខ្លួន​ហួស​ កំរិត គឺ​មិន​អួត​អំពី​កិច្ចការ​ដែល​អ្នក​ដទៃ​បាន​ធ្វើ​នោះ​ឡើយ។ យើង​សង្ឃឹម​ថា ជំនឿ​របស់​បង​ប្អូន​នឹង​ចំរើន​ឡើង ហើយ ​យើង​អាច​នឹង​បំពេញ​កិច្ចការ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​​ក្នុង​ចំណោម​បង ​ប្អូន តាម​ព្រំដែន​ដែល​ព្រះជាម្ចាស់​បាន​កំណត់​ទុក​អោយ​យើង។ ១៦ បន្ទាប់​មក យើង​នឹង​ផ្សព្វផ្សាយ​ដំណឹងល្អ​នៅ​តាម​តំបន់​នានា​នៅ​ខាង​នាយ​ស្រុក​បង​ប្អូន ដោយ​មិន​អួត​ខ្លួន​អំពី​កិច្ចការ ដែល​អ្នក​ដទៃ​បាន​ធ្វើ​រួច​ស្រេច​មក​ហើយ​ក្នុង​តំបន់​របស់​គេ​ឡើយ។ ១៧ អ្នក​ណា​ចង់​អួតអាង​ត្រូវ​អួតអាង អំពី​កិច្ចការ​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​។ ១៨ អ្នក​ដែល​គួរ​អោយ​គេ​ទុក​ចិត្ត មិន​មែន​អ្នក​ដែល​តែងតាំង​ខ្លួន​ឯង​ទេ គឺ​អ្នក​ដែល​ព្រះអម្ចាស់​តែងតាំង​នោះ​វិញ។

ជំពូក ១១

លោកប៉ូល និងគ្រីស្ដទូតក្លែងក្លាយ

 សូម​បង​ប្អូន​អត់អោន​អោយ​ខ្ញុំ​ផង ពេល​នេះ ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​លេលា​ សូម​អត់អោន​អោយ​ខ្ញុំ​ផង!  ព្រោះ​ខ្ញុំ​ប្រច័ណ្ឌ​បង​ ប្អូន​ដោយ​ចិត្ត​ប្រច័ណ្ឌ​មក​ពី​ព្រះជាម្ចាស់ ដ្បិត​ខ្ញុំ​បាន​ដណ្ដឹង​បង​ប្អូន អោយ​ធ្វើ​ជា​គូ​ដណ្ដឹង​នឹង​ស្វាមី​តែ​មួយ​គត់ គឺ​ខ្ញុំ​នាំ​បង​ប្អូន​មក ដូច​ជា​នាំ​ក្រមុំ​ព្រហ្មចារី យក​ទៅ​ថ្វាយ​ព្រះគ្រីស្ដ*។  ប៉ុន្តែ ខ្ញុំ​ក៏​បារម្ភ​ថា ពស់​បាន​ល្បួង​នាង​អេវ៉ា ដោយ​កលល្បិច​របស់​វា​យ៉ាង​ណា ចិត្ត​គំនិត​របស់​បង​ប្អូន​បែរ​ទៅ​ជា​សៅហ្មង លះបង់​ចិត្ត​ស្មោះសរ និង​ចិត្ត​បរិសុទ្ធ* ចំពោះ​ព្រះគ្រីស្ដ​យ៉ាង​នោះ​ដែរ  ព្រោះ​ថា​ពេល​មាន​នរណា​ ម្នាក់ មក​ប្រកាស​អំពី​ព្រះយេស៊ូ​ណា​មួយ​ផ្សេង​ទៀត ក្រៅ​ពី​ព្រះយេស៊ូ​ដែល​យើង​ប្រកាស​នោះ ឬ​មួយ​បើ​បង​ប្អូន​ទទួល​វិញ្ញាណ​ណា​ផ្សេង ក្រៅ​ពី​ព្រះវិញ្ញាណ​ដែល​បង​ប្អូន​បាន​ទទួល​ហើយ ឬ​ក៏​ដំណឹងល្អ*​ណា​មួយ​ទៀត ក្រៅ​ពី​ដំណឹងល្អ​ដែល​បង​ប្អូន​បាន​ទទួល​នោះ បង​ប្អូន​ចេះ​តែ​អត់អោន​អោយ​គេ​យ៉ាង​ស្រួលៗ។

 ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​មិន​មែន​អន់​ជាង​អស់​អ្នក​ដែល​តាំង​ខ្លួន​ជា​មហា​គ្រីស្ដទូត​ទាំង​នោះ ត្រង់​កន្លែង​ណា​មួយ​ឡើយ  ថ្វីដ្បិត​តែ​ខ្ញុំ​មិន​ សូវ​មាន​វោហារ​ក៏​ដោយ ផ្នែក​ខាង​ចំណេះ ខ្ញុំ​ក៏​មិន​អន់​ដែរ ដូច​យើង​ធ្លាប់​បាន​បង្ហាញ ​អោយ​បង​ប្អូន​ឃើញ​ក្នុង​គ្រប់​វិស័យ និង​គ្រប់​ពេល​វេលា​ស្រាប់​ហើយ។

 ពេល​ខ្ញុំ ​ប្រកាស​ដំណឹងល្អ* របស់​ព្រះជាម្ចាស់ ប្រាប់​បង​ប្អូន​ដោយ​ឥត​គិត​ថ្លៃ​នោះ ខ្ញុំ​បាន​បន្ទាប​ខ្លួន ដើម្បី​អោយ​បង​ប្អូន បាន​ថ្កើង​ឡើង។ តើ​ខ្ញុំ​ធ្វើ​ដូច្នេះ​បាន​សេចក្ដី​ថា​ខ្ញុំ​ធ្វើ​ខុស​ឬ?។  ខ្ញុំ​បាន​ទទួល​ប្រាក់​ពី​ក្រុមជំនុំ/ព្រះសហគមន៍*​ឯ​ទៀតៗ​ ធ្វើ​អោយ​គេ​ខ្វះខាត​ខ្លះៗ ដើម្បី​បំរើ​បង​ប្អូន។  ពេល​ខ្ញុំ​នៅ​ជា​មួយ​បង​ ប្អូន បើ​ខ្ញុំ​ខ្វះ​ខាត​អ្វីៗ ខ្ញុំ​ពុំ​បាន​ធ្វើ​ជា​បន្ទុក​ដល់​នរណា​ម្នាក់​ឡើយ ដ្បិត​បង​ប្អូន​មក​ពី​ស្រុក​ម៉ាសេដូន​បាន​ជួយ​ផ្គត់ផ្គង់ នូវ​អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ការ។ ក្នុង​គ្រប់​កិច្ចការ ខ្ញុំ​បាន​ចៀស​វាង​កុំ​អោយ​ខ្លួន​ខ្ញុំ​ទៅ​ជា​បន្ទុក​ដល់​បង​ប្អូន ហើយ​ខ្ញុំ​នឹង​ចៀស​វាង​ត​ទៅ​មុខ​ទៀត។ ១០ ខ្ញុំ​សូម​បញ្ជាក់ ដោយ​មាន​សេចក្ដី​ពិត​របស់​ព្រះគ្រីស្ដ​នៅ​ក្នុង​ខ្លួន​ថា ក្នុង​ស្រុក​អាខៃ​ទាំង​មូល គ្មាន​នរណា​អាច​បង្អាប់​កិត្តិយស​ខ្ញុំ​ត្រង់​ចំណុច​នេះ​បាន​ឡើយ។ ១១ ហេតុ​អ្វី​បាន​ជា​ខ្ញុំ ​ធ្វើ​ដូច្នេះ? តើ​មក​ពី​ខ្ញុំ​មិន​ស្រឡាញ់​បង​ប្អូន​ឬ? ទេ! ព្រះជាម្ចាស់​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​បង​ប្អូន។

១២ ការ​ដែល ​ខ្ញុំ​ធ្វើ​នេះ ខ្ញុំ​នឹង​ធ្វើ​ត​ទៅ​មុខ​ទៀត ដើម្បី​កុំ​អោយ​អស់​អ្នក​ដែល​ចង់​រក​លេស​នឹង​អួត​ខ្លួន ដោយ​ពោល​ថា គេ​ធ្វើ​ការ​ដូច​យើង​ដែរ​នោះ អាច​រក​លេស​បាន​សោះ​ឡើយ។ ១៣ ជន​ប្រភេទ​នោះ សុទ្ធ​តែ​ជា​គ្រីស្ដទូត​ក្លែងក្លាយ អ្នក​បន្លំ​ធ្វើ​ការ អ្នក​ក្លែង​ខ្លួន​ធ្វើ​ជា​គ្រីស្ដទូត​របស់​ព្រះគ្រីស្ដ*។ ១៤ ត្រង់​នេះ សូម​កុំ​ឆ្ងល់​អ្វី​ឡើយ សូម្បី​តែ​មារ*​សាតាំង​ផ្ទាល់ ក៏​បាន​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​ដែរ។ ១៥ ដូច្នេះ បើ​ពួក​អ្នក​បំរើ​របស់​វា​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​បំរើ​សេចក្ដី​សុចរិត​នោះ គ្មាន​អ្វី​ចំឡែក​សោះ​ឡើយ។ អ្នក​ទាំង​នោះ​នឹង​វិនាស ស្រប​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ជា​មិន​ខាន។

ទុក្ខលំបាករបស់លោកប៉ូល  ​ក្នុងការបំពេញមុខងារជាគ្រីស្ដទូត

១៦ ខ្ញុំ​សូម​បញ្ជាក់​ម្ដង ​ទៀត​ថា កុំ​អោយ​នរណា​ម្នាក់​យល់​ថា​ខ្ញុំ​ជា​មនុស្ស​លេលា​ឡើយ ឬ​មួយ​ទុក​អោយ​ខ្ញុំ​លេលា​ទៅ​ចុះ ដើម្បី​អោយ​ខ្ញុំ​អាច​អួត​ខ្លួន​បន្តិច​ដែរ។ ១៧ សេចក្ដី​ដែល​ខ្ញុំ​ និយាយ​នេះ ខ្ញុំ​មិន​និយាយ​ស្រប​តាម​ព្រះអម្ចាស់​ទេ គឺ​ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​លេលា​វិញ​ដោយ​យល់​ឃើញ​ថា ខ្ញុំ​មាន​ហេតុ​នឹង​អួត​ខ្លួន​ប្រាកដ​មែន។ ១៨ ដោយ​មាន​មនុស្ស​ជា​ច្រើន​លើក​ខ្លួន​តាម​របៀប​លោកីយ៍ នោះ​ខ្ញុំ​ក៏​អាច​នឹង​លើក​ខ្លួន​ឯង​តាម​របៀប​លោកីយ៍​ដែរ! ១៩ បង​ប្អូន​ជា​មនុស្ស​ដឹង​ខុស​ត្រូវ តែ​បង​ប្អូន​ចេះ​ទ្រាំទ្រ​នឹង​មនុស្ស​លេលា​បាន ២០ គឺ​ទ្រាំទ្រ​អោយ​គេ​ជិះជាន់ កេងប្រវ័ញ្ច រឹប​អូស​យក​របស់​ទ្រព្យ ប្រមាថ​មាក់​ងាយ និង​អោយ​គេ​ទះ​កំផ្លៀង​ផង។ ២១ ខ្ញុំ​សូម​ជំរាប​ថា គួរ​អោយ​ខ្មាស​ណាស់! យើង​ហាក់​បី​ដូច​ជា​ទន់​ខ្សោយ​ពេក។

ក៏​ប៉ុន្តែ បើ​គេ​ហ៊ាន​អះអាង​ត្រង់​ចំណុច​ណា​មួយ (ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​លេលា​មែន) ខ្ញុំ​ក៏​ហ៊ាន​ត្រង់​ចំណុច​នោះ​ដូច​គេ​ដែរ។ ២២ អ្នក​ទាំង​នោះ​ជា​សាសន៍ ​ហេប្រឺ​ឬ? ខ្ញុំ​ក៏​ជា​សាសន៍​ហេប្រឺ​ដែរ! អ្នក​ទាំង​នោះ​ជា​សាសន៍​អ៊ីស្រាអែល​ឬ? ខ្ញុំ​ក៏​ជា​សាសន៍​អ៊ីស្រាអែល​ដែរ! អ្នក​ទាំង​នោះ​ជា​ពូជពង្ស​របស់​លោក​អប្រាហាំ​ឬ? ខ្ញុំ​ក៏​ជា​ពូជពង្ស​របស់​លោក​ដែរ!២៣ អ្នក​ទាំង​នោះ​ជា​អ្នក​ បំរើ​របស់​ព្រះគ្រីស្ដ*​ឬ? ខ្ញុំ​សូម​និយាយ​ដូច​ជា​មនុស្ស​វង្វេង​ស្មារតី​ទាំង​ស្រុង​ទៅ​ចុះ​ថា ខ្ញុំ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ​លើស​អ្នក​ទាំង​នោះ​ទៅ​ទៀត។ ខ្ញុំ​ធ្វើ​ការ​នឿយហត់​ច្រើន​ជាង​អ្នក​ទាំង​នោះ ខ្ញុំ​បាន​ជាប់​ឃុំឃាំង​ច្រើន​ជាង ខ្ញុំ​ត្រូវ​គេ​វាយដំ​ច្រើន​ជាង​ហួស​ប្រមាណ ហើយ​ខ្ញុំ​ក៏​មាន​គ្រោះ​ថ្នាក់​ជិត​ស្លាប់​ជា​ញឹកញាប់​ដែរ។ ២៤ ខ្ញុំ​ត្រូវ​ជន​ជាតិ​យូដា​វាយ​សាមសិប​ប្រាំ​បួន​រំពាត់​ ចំនួន​ប្រាំ​ដង។ ២៥ គេ​វាយ​ខ្ញុំ​នឹង​ដំបង​ ចំនួន​បី​លើក គេ​យក​ដុំ​ថ្ម​គប់​សម្លាប់​ខ្ញុំ​ម្ដង ខ្ញុំ​ត្រូវ​លិច​សំពៅ​បី​ដង ហើយ​មាន​ម្ដង​ខ្ញុំ​អណ្ដែត​នៅ​ក្នុង​សមុទ្រ​មួយ​ថ្ងៃ​មួយ​យប់។ ២៦ ពេល​ខ្ញុំ​ធ្វើ​ដំណើរ ខ្ញុំ​តែងតែ​ជួប​ប្រទះ​គ្រោះ​ថ្នាក់​ជា​ញឹកញាប់​នៅ​តាម​ទន្លេ គ្រោះ​ថ្នាក់​ដោយ​ចោរ​ប្លន់ គ្រោះ​ថ្នាក់​មក​ពី​ជន​រួម​ជាតិ​របស់​ខ្ញុំ គ្រោះ​ថ្នាក់​មក​ពី​សាសន៍​ដទៃ គ្រោះ​ថ្នាក់​ក្នុង​ទីក្រុង គ្រោះ​ថ្នាក់​នៅ​វាល​រហោស្ថាន គ្រោះ​ថ្នាក់​នៅ​ក្នុង​សមុទ្រ គ្រោះ​ថ្នាក់​ព្រោះ​តែ​ពួក​បង​ប្អូន​ក្លែងក្លាយ។ ២៧ ខ្ញុំ​បាន​ធ្វើ​ការ​ ទាំង​នឿយ​លំបាក និង​ត្រូវ​អត់​ងងុយ អត់​បាយ​អត់​ទឹក​ជា​ញឹក​ញាប់។ ខ្ញុំ​ត្រូវ​តម​អាហារ ត្រូវ​រងា និង​ខ្វះ​ខាត​សម្លៀកបំពាក់​ជា​ញឹក​ញាប់។ ២៨ លើស​ពី​នេះ​ទៅ​ទៀត ខ្ញុំ​ខ្វល់​ខ្វាយ​រៀង​រាល់​ថ្ងៃ ដោយ​គិត​ដល់​ក្រុមជំនុំ/ព្រះសហគមន៍​ទាំង​អស់​ផង​ដែរ! ២៩ ប្រសិន​បើ​មាន​អ្នក​ណា​ ម្នាក់​ទន់​ខ្សោយ ខ្ញុំ​ក៏​ទន់​ខ្សោយ​ដែរ ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ឃ្លាត​ចេញ​ពី​ជំនឿ ខ្ញុំ​ឈឺ​ចុក​ចាប់​ណាស់!៣០ ប្រសិន​បើ​ខ្ញុំ​ត្រូវ​អួត​ខ្លួន នោះ​ខ្ញុំ​នឹង​អួត​តែ​អំពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ប៉ុណ្ណោះ។ ៣១ ព្រះជាម្ចាស់​ដែល​ជា​ ព្រះបិតា​របស់​ព្រះអម្ចាស់យេស៊ូ ទ្រង់​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​មិន​និយាយ​កុហក​ទេ (សូម​លើក​តម្កើង​ព្រះអង្គ​អស់កល្ប​ជានិច្ច!)​។ ៣២ កាល​ខ្ញុំ​នៅ​ក្រុង​ដាម៉ាស លោក​អភិបាល​របស់​ស្ដេច​អរេតាស បាន​ដាក់​ទាហាន​អោយ​យាម​ទ្វារ​ក្រុង ដើម្បី​ចាំ​ចាប់​ខ្ញុំ ៣៣ ប៉ុន្តែ គេ​បាន​ដាក់​ខ្ញុំ​ក្នុង​ជាល​មួយ​សំរូត​ចុះ​តាម​បង្អួច​កំពែង ហើយ​ខ្ញុំ​បាន​គេច​ផុត​ពី​កណ្ដាប់​ដៃ​លោក​។

ជំពូក ១២

លោកប៉ូលនិមិត្តឃើញការអស្ចារ្យ

 តើ​ខ្ញុំ​ត្រូវ​តែ​អួត​ខ្លួន​ឬ? ទោះ​បី​អួត​ខ្លួន​គ្មាន​ប្រយោជន៍​អ្វី​ក៏​ដោយ ក៏​ខ្ញុំ​សូម​និយាយ​អំពី​ការ​អស្ចារ្យ​ដែល​ព្រះអម្ចាស់​បាន​ប្រោស​អោយ​ខ្ញុំ ​និមិត្ត​ឃើញ និង​សំដែង​អោយ​ខ្ញុំ​ដឹង។  ខ្ញុំ​ស្គាល់​បុរស​ម្នាក់ ​ដែល​ជឿ​ព្រះគ្រីស្ដ* កាល​ពី​ដប់បួន​ឆ្នាំ​មុន ព្រះអម្ចាស់​បាន​លើក​គាត់​ឡើង​ទៅ​ដល់​ស្ថានបរមសុខ​ជាន់​ទី​បី​ (ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា រូប​កាយ​គាត់​ឡើង​ទៅ ឬ​មួយ​គាត់​គ្រាន់​តែ​និមិត្ត​ឃើញ​ មាន​តែ​ព្រះជាម្ចាស់​ប៉ុណ្ណោះ​ទ្រង់​ជ្រាប)។  ខ្ញុំ​ក៏​ដឹង​ថា ព្រះអម្ចាស់​លើក​បុរស​នោះ​ទៅ​ដល់​ស្ថាន​បរមសុខ* (ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា​រូប​កាយ​របស់​គាត់​ឡើង​ទៅ ឬ​មួយ​គាត់​គ្រាន់​តែ​និមិត្ត​ឃើញ​មាន​តែ​ព្រះជាម្ចាស់​ប៉ុណ្ណោះ​ទ្រង់​ ជ្រាប)។  គាត់​បាន​ឮ​ព្រះបន្ទូល​ដ៏​អស្ចារ្យ​រក​ថ្លែង​ពុំ​បាន ដែល​គ្មាន​មនុស្ស​ណា​មាន​សិទ្ធិ​នឹង​និយាយ​ឡើង​វិញ​បាន​ទេ។  ខ្ញុំ​អួត​តែ​ពី​បុរស​នោះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ខ្លួន​ខ្ញុំ​ផ្ទាល់​ឡើយ ខ្ញុំ​អួត​តែ​ពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ប៉ុណ្ណោះ។  ប្រសិន​បើ​ខ្ញុំ​ចង់​អួត​ ខ្លួន ខ្ញុំ​ក៏​មិន​មែន​ល្ងីល្ងើ​ដែរ ព្រោះ​ខ្ញុំ​គ្រាន់​តែ​និយាយ​សេចក្ដី​ពិត។ ប៉ុន្តែ ខ្ញុំ​សុខ​ចិត្ត​នៅ​ស្ងៀម​វិញ ក្រែង​លោ​មាន​នរណា​ម្នាក់​ស្មាន​ថា ខ្ញុំ​មាន​ឋានៈ​ខ្ពស់​លើស​ពី​ភាព​ដែល​គេ​ឃើញ និង​លើស​ពី​ពាក្យ​ដែល​ខ្ញុំ​និយាយ។  ព្រះជាម្ចាស់​បាន​ដាក់​ បន្លា​មួយ​ក្នុង​រូប​កាយ​ខ្ញុំ​ ដើម្បី​កុំ​អោយ​ខ្ញុំ​អួត​ខ្លួន ព្រោះ​តែ​ការ​អស្ចារ្យ​ដ៏​ប្រសើរ​បំផុត​ដែល​ព្រះអង្គ​បាន​សំដែង​អោយ​ខ្ញុំ​ ឃើញ គឺ​ដូច​ជា​មាន​តំណាង​របស់​មារ*​សាតាំង​មក​ធ្វើ​ទារុណកម្ម​ខ្ញុំ កុំ​អោយ​ខ្ញុំ​អួត​ខ្លួន​បាន​ឡើយ។  ខ្ញុំ​បាន​អង្វរ​ព្រះអម្ចាស់​ចំនួន​បី​ដង សូម​ទ្រង់​មេត្តា​ដក​យក​បន្លា​នេះ​ចេញ​ពី​រូប​កាយ​ខ្ញុំ។  ក៏​ប៉ុន្តែ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា «ការប្រណីសន្ដោស​របស់​យើង​ល្មម​គ្រប់​គ្រាន់​សំរាប់​អ្នក​ហើយ ដ្បិត​ឫទ្ធានុភាព​របស់​យើង​នឹង​លេច​ចេញ​មក​យ៉ាង​ខ្លាំង​បំផុត ក្នុង​មនុស្ស​ទន់​ខ្សោយ»។ ដូច្នេះ ខ្ញុំ​ចូល​ចិត្ត​អួត​ខ្លួន​អំពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ជាង ដើម្បី​អោយ​ឫទ្ធានុភាព​របស់​ព្រះគ្រីស្ដ​មក​សណ្ឋិត​លើ​ខ្ញុំ។ ១០ ហេតុ​នេះ​ព្រោះ​តែ​ ព្រះគ្រីស្ដ ខ្ញុំ​អរ​សប្បាយ​នៅ​ពេល​ទន់​ខ្សោយ នៅ​ពេល​គេ​ជេរ​ប្រមាថ នៅ​ពេល​ខ្វះ​ខាត នៅ​ពេល​គេ​បៀតបៀន នៅ​ពេល​តប់ប្រមល់ ដ្បិត​ពេល​ណា​ខ្ញុំ​ទន់​ខ្សោយ គឺ​ពេល​នោះ​ហើយ​ដែល​ខ្ញុំ​មាន​កម្លាំង។

លោកប៉ូលខ្វល់ខ្វាយអំពីក្រុមគ្រីស្ដបរិស័ទនៅក្រុងកូរិនថូស

១១ ខ្ញុំ​និយាយ​ដូច្នេះ ដូច​ជា​មនុស្ស​លេលា​ហើយ គឺ​មក​ពី​បង​ប្អូន​បង្ខំ​ខ្ញុំ ដ្បិត​បង​ប្អូន​ហ្នឹង​ហើយ​ដែល​ត្រូវ​គាំទ្រ​ខ្ញុំ ទោះ​បី​ខ្ញុំ​ជា​មនុស្ស​ឥត​បាន​ការ​ក្ដី ក៏​ខ្ញុំ​មិន​អន់​ជាង​មហា​គ្រីស្ដទូត​ទាំង​នោះ​ដែរ។ ១២ មាន​សញ្ញា​សម្គាល់​ ផ្សេងៗ​ដែល​បញ្ជាក់​ថា ខ្ញុំ​ជា​គ្រីស្ដទូត​បាន​កើត​ឡើង​ក្នុង​ចំណោម​បង​ប្អូន គឺ​មាន​ការ​អត់ធ្មត់​គ្រប់​យ៉ាង មាន​ទី​សម្គាល់​ឫទ្ធិបាដិហារិយ៍ និង​ការ​អស្ចារ្យ​ផ្សេងៗ។ ១៣ បង​ប្អូន​មិន​បាន​ទទួល​ អ្វី​តិច​ជាង​ក្រុមជំនុំ​/ព្រះ​សហគមន៍​ឯ​ទៀតៗ​នោះ​ឡើយ វៀរលែង​តែ​ខ្ញុំ​មិន​ដែល​បាន​ធ្វើ​ជា​បន្ទុក​ដល់​បង​ប្អូន​ប៉ុណ្ណោះ សូម​បង​ប្អូន​អភ័យ​ទោស​អោយ​ខ្ញុំ​ចំពោះ​ភាព​អយុត្ដិធម៌​នេះ​ផង។

១៤ ឥឡូវ​ នេះ ខ្ញុំ​រៀបចំ​ខ្លួន​ជា​ស្រេច ដើម្បី​មក​រក​បង​ប្អូន​ជា​លើក​ទី​បី ប៉ុន្តែ ខ្ញុំ​មិន​ធ្វើ​ជា​បន្ទុក​ដល់​បង​ប្អូន​ទេ ព្រោះ​ខ្ញុំ​មក មិន​មែន​ប្រាថ្នា​ចង់​បាន​សម្បត្តិ​របស់​បង​ប្អូន​ឡើយ គឺ​ចង់​បាន​បង​ប្អូន​ផ្ទាល់​តែ​ម្ដង។ ធម្មតា កូន​ចៅ​មិន​ដែល​ប្រមូល​សម្បត្តិ​ជូន​ឪពុកម្ដាយ​ទេ គឺ​ឪពុកម្ដាយ​វិញ​ទេ​តើ ដែល​ប្រមូល​សម្បត្តិ​ទុក​អោយ​កូន!១៥ ចំពោះ​ខ្ញុំ ខ្ញុំ​ពេញ​ចិត្ត​នឹង​ចំណាយ​អ្វីៗ​ដែល​ខ្ញុំ​មាន ហើយ​ខ្ញុំ​ក៏​ចំណាយ​ខ្លួន​ខ្ញុំ​ថែម​ទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ជីវិត​​បង​ប្អូន​ដែរ។ បើ​ខ្ញុំ​ស្រឡាញ់​បង​ប្អូន​ខ្លាំង​យ៉ាង​ហ្នឹង​ទៅ​ហើយ តើ​បង​ប្អូន​ស្រឡាញ់​ខ្ញុំ​តិច​ជាង​ឬ?

១៦ យើង​ សន្មត​ទៅ​ចុះ​ថា ខ្ញុំ​ពុំ​បាន​ធ្វើ​ជា​បន្ទុក​ដល់​បង​ប្អូន​មែន តែ​ប្រហែល​ជា​មាន​អ្នក​ខ្លះ​ថា​ខ្ញុំ​ជា​មនុស្ស​មាន​ពុតត្បុត ប្រើ​កល​ល្បិច​បោក​ប្រាស់​បង​ប្អូន។ ១៧ តើ​ខ្ញុំ​មាន​ដែល​បោក​ប្រាស់​បង​ប្អូន តាម​រយៈ​អ្នក​ដែល​ខ្ញុំ​ចាត់​មក​រក​បង​ប្អូន​នោះ​ទេ?១៨ ខ្ញុំ​បាន​អង្វរ​លោក​ ទីតុស​អោយ​មក​រក​បង​ប្អូន ហើយ​ខ្ញុំ​ក៏​ចាត់​បង​ប្អូន​ម្នាក់​ទៀត​អោយ​មក​ជា​មួយ​គាត់​ដែរ តើ​លោក​ទីតុស​បាន​បោក​ប្រាស់​បង​ប្អូន​ឬ? តើ​យើង​ទាំង​ពីរ​នាក់​មិន​បាន​ប្រកាន់​យក​ចិត្ត​គំនិត និង​ដើរ​តាម​គន្លង​តែ​មួយ​ទេ​ឬ?

១៩ តាំង​ពី ​យូរ​មក​ហើយ ប្រហែល​ជា​បង​ប្អូន​ចេះ​តែ​ស្មាន​ថា យើង​និយាយ​ដោះសា​នៅ​ចំពោះ​មុខ​បង​ប្អូន! ទេ! យើង​និយាយ​ដោយ​រួម​ជា​មួយ​ព្រះគ្រីស្ដ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់។ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ! យើង​និយាយ​សេចក្ដី​ទាំង​នេះ ដើម្បី​កសាង​ជំនឿ​បង​ប្អូន​តែ​ប៉ុណ្ណោះ ២០ ដ្បិត​ខ្ញុំ​បារម្ភ​ ខ្លាច​ក្រែង​លោ​ពេល​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​ឃើញ​បង​ប្អូន​មាន​លក្ខណៈ ដូច​ដែល​ខ្ញុំ​ចង់​ឃើញ ហើយ​ក៏​ខ្លាច​ក្រែង​បង​ប្អូន​ឃើញ​ខ្ញុំ​ខុស​ពី​លក្ខណៈ​ដែល​បង​ប្អូន​ចង់​ឃើញ ​នោះ​ដែរ។ ខ្ញុំ​បារម្ភ​ក្រែង​លោ​មាន​ការ​ទាស់ទែង​គ្នា ច្រណែន​គ្នា ខឹងសម្បារ ប្រណាំង​ប្រជែង​និយាយ​ដើម​គ្នា បរិហារ​កេរ្តិ៍​គ្នា អួតបំប៉ោង ខ្វះ​សណ្ដាប់ធ្នាប់។ ២១ ខ្ញុំ​បារម្ភ​ក្រែង​លោ​ ពេល​ខ្ញុំ​មក​ដល់​លើក​ក្រោយ ព្រះ​របស់​ខ្ញុំ​នឹង​បំបាក់​មុខ​ខ្ញុំ​នៅ​ចំពោះ​មុខ​បង​ប្អូន ហើយ​ខ្ញុំ​ត្រូវ​យំ​សោក ព្រោះ​តែ​បង​ប្អូន​ជា​ច្រើន​នាក់​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​កាល​ពី​មុន តែ​មិន​ទាន់​បាន​កែ​ប្រែ​ចិត្ត​គំនិត លះបង់​អំពើ​សៅហ្មង​ប្រាស​ចាក​សីលធម៌ និង​កាម​គុណ​ថោក​ទាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នៅ​ឡើយ។

ជំពូក ១៣

ការរំលឹកដាស់តឿន និងការសួរសុខទុក្ខរបស់លោកប៉ូល

 នេះ​ជា​លើក​ទី​បី​ហើយ ដែល​ខ្ញុំ​មក​រក​បង​ប្អូន។ ត្រូវ​សំរួល​រឿង​ទាំង​អស់ ដោយ​មាន​សាក្សី​ពីរ ឬ​បី​នាក់​។  កាល​ខ្ញុំ​នៅ​ជា​មួយ​បង​ ប្អូន​ជា​លើក​ទី​ពីរ ខ្ញុំ​បាន​និយាយ​សេចក្ដី​នេះ​រួច​ស្រេច​ហើយ ហើយ​ឥឡូវ​នេះ ពេល​ដែល​ខ្ញុំ​នៅ​ឆ្ងាយ ខ្ញុំ​សូម​ជំរាប​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​កាល​ពី​មុន និង​សូម​ជំរាប​អ្នក​ឯ​ទៀតៗ​ទាំង​អស់ អោយ​បាន​ដឹង​ជា​មុន​ថា បើ​ខ្ញុំ​វិល​មក​រក​បង​ប្អូន​វិញ​នោះ ខ្ញុំ​នឹង​មិន​ប្រណី​អ្នក​ណា​ម្នាក់​ឡើយ  ដ្បិត​បង​ប្អូន​ចង់​បាន​ ភស្ដុតាង​ថា ព្រះគ្រីស្ដ​មាន​ព្រះបន្ទូល​តាម​រយៈ​ខ្ញុំ។ ព្រះអង្គ​មិន​ទន់​ខ្សោយ​ចំពោះ​បង​ប្អូន​ទេ គឺ​ព្រះអង្គ​បង្ហាញ​ឫទ្ធានុភាព​នៅ​កណ្ដាល​ចំណោម​បង​ប្អូន​វិញ។  ព្រះអង្គ​ត្រូវ​គេ​ឆ្កាង​ ដោយ​ព្រះអង្គ​មាន​ភាព​ទន់​ខ្សោយ ប៉ុន្តែ ព្រះអង្គ​មាន​ព្រះជន្ម​រស់ ដោយ​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់។ រីឯ​យើង​វិញ​ក៏​ដូច្នោះ​ដែរ យើង​ទន់​ខ្សោយ​រួម​ជា​មួយ​ព្រះអង្គ​មែន ប៉ុន្តែ ដោយ​យល់​ដល់​បង​ប្អូន​យើង​មាន​ជីវិត​រស់​រួម​ជា​មួយ​ព្រះអង្គ ដោយ​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់។

 សូម​បង​ ប្អូន​ល្បង​មើល​ខ្លួន​ឯង​ទៅ តើ​បង​ប្អូន​នៅ​តែ​មាន​ជំនឿ​មែន​ឬ​យ៉ាង​ណា សូម​បង​ប្អូន​ពិនិត្យពិច័យ​ខ្លួន​ឯង​មើល​ទៅ​ចុះ! បង​ប្អូន​មិន​ទទួល​ស្គាល់​ទេ​ឬ​ថា​ព្រះយេស៊ូគ្រីស្ដ ​គង់​នៅ​ក្នុង​បង​ប្អូន! ឬ​មួយ​មាន​តែ​បង​ប្អូន​ឃើញ​ថា ព្រះអង្គ​មិន​គង់​នៅ​ជា​មួយ! ខ្ញុំ​សង្ឃឹម​ថា បង​ប្អូន​ពិត​ជា​ដឹង​ថា ព្រះអង្គ​គង់​នៅ​ជា​មួយ​យើង​មែន​។  យើង​ទូលអង្វរ​ ព្រះជាម្ចាស់ សូម​កុំ​អោយ​បង​ប្អូន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ឡើយ។ យើង​គ្មាន​បំណង​ចង់​បង្ហាញ​ភស្ដុតាង​ថា យើង​មាន​ព្រះអង្គ​គង់​ជា​មួយ​ហើយ​នោះ​ទេ យើង​គ្រាន់​តែ​ចង់​ឃើញ​បង​ប្អូន​ប្រព្រឹត្ត​អំពើ​ល្អ​ប៉ុណ្ណោះ ទោះ​បី​ការ​ពិនិត្យពិច័យ​នេះ​បែរ​ជា​បង្ហាញ​ថា យើង​គ្មាន​ភស្ដុតាង​អំពី​ព្រះអង្គ​គង់​ជា​មួយ​ក៏​ដោយ  ដ្បិត​យើង​មិន​អាច​ប្រឆាំង​នឹង​សេចក្ដី​ពិត​បាន​ឡើយ គឺ​យើង​គ្រាន់​តែ​អាច​បំរើ​សេចក្ដី​ពិត​ប៉ុណ្ណោះ។  យើង​សប្បាយ​ចិត្ត នៅ​ពេល​ណា​យើង​ទន់​ខ្សោយ ហើយ​បង​ប្អូន​មាន​កម្លាំង។ យើង​អធិស្ឋាន​សុំ​សេចក្ដី​តែ​មួយ​នេះ គឺ​សូម​អោយ​បង​ប្អូន​បាន​គ្រប់​លក្ខណៈ។ ១០ ហេតុ​នេះ​ហើយ​បាន​ជា​ ពេល​ខ្ញុំ​នៅ​ឆ្ងាយ ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​ជូន​បង​ប្អូន។ ដូច្នេះ កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​បាច់​និយាយ​តឹងរ៉ឹង​មក​កាន់​បង​ប្អូន តាម​អំណាច​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​នោះ​ឡើយ។ ព្រះអង្គ​ប្រទាន​អំណាច​នេះ​មក​ខ្ញុំ មិន​មែន​ដើម្បី​បំផ្លាញ​ទេ គឺ​ដើម្បី​កសាង​វិញ។

១១ នៅ​ទី​ បញ្ចប់ បង​ប្អូន​អើយ ចូរ​មាន​អំណរ​ឡើង ចូរ​ខំ​ប្រឹង​អោយ​បាន​គ្រប់​លក្ខណៈ ចូរ​លើក​ទឹក​ចិត្ត​គ្នា ចូរ​មាន​ចិត្ត​គំនិត​តែ​មួយ ចូរ​រស់​នៅ​ដោយ​សុខសាន្ត​ជា​មួយ​គ្នា នោះ​ព្រះជាម្ចាស់​ដែល​ជា​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សុខសាន្ត មុខ​ជា​គង់​ជា​មួយ​បង​ប្អូន​មិន​ខាន។

១២ ចូរ​ជំរាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្និទ្ធស្នាល​ផង​។ បង​ប្អូន​ដ៏វិសុទ្ធ*​ទាំង​អស់ ក៏​សូម​ជំរាប​សួរ​មក​បង​ប្អូន​ដែរ។

១៣ សូម​អោយ ​បង​ប្អូន​បាន​ប្រកប​ដោយ​ព្រះប្រណីសន្ដោស​របស់​ព្រះ​យេស៊ូ​គ្រីស្ដជាអម្ចាស់ សូមឲ្យបងប្អូនបានប្រកបដោយសេចក្ដី សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ និង​សូមឲ្យបងប្អូនបាន​រួម​រស់ជាមួយគ្នាដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*ផង។