កិច្ចការរបស់គ្រីស្តទូត
ពាក្យលំនាំ
លោកលូកាបានតែងគម្ពីរពីរកណ្ឌ គឺ«ដំណឹងល្អរៀបរៀងដោយលោកលូកា» និង«កិច្ចការរបស់គ្រីស្តទូត» ក្នុងគម្ពីរដំណឹងល្អ លោកលូការៀបរាប់អំពីកិច្ចការដែលព្រះយេស៊ូបានធ្វើ និងព្រះបន្ទូលដែលព្រះអង្គបានថ្លែង កាលពីព្រះអង្គមានព្រះជន្មរស់នៅលើផែនដីនេះនៅឡើយ។ រីឯក្នុងគម្ពីរកិច្ចការវិញ លោករៀបរាប់អំពីព្រះយេស៊ូបន្តសកម្មភាពតាមរយៈសាវ័ករបស់ព្រះអង្គ។ ទោះបីពួកសាវ័កលែងឃើញព្រះយេស៊ូផ្ទាល់នឹងភ្នែកក៏ដោយ ព្រះអង្គនៅតែគង់ជាមួយពួកគេជានិច្ច គឺព្រះអង្គប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឲ្យស្ថិតនៅជាមួយអ្នកជឿ ដើម្បីណែនាំជីវិតរបស់គេ។
មុនដំបូងលោកលូកាពន្យល់បញ្ជាក់អំពីកំណើតក្រុមគ្រីស្តបរិស័ទ ដែលហៅថា ព្រះសហគមន៍នៅក្រុងយេរូសាឡឹម។ បន្ទាប់ មក លោកលូការៀបរាប់អំពីសកម្មភាពរបស់ក្រុមសាវ័ក ក្នុងការផ្សព្វផ្សាយដំណឹងល្អពាសពេញស្រុកប៉ាឡេស្ទីន និងប្រទេសនានាដែលស្ថិតនៅជុំវិញសមុទ្រមេឌីទែរ៉ាណេ រហូតទៅដល់ក្រុងរ៉ូមជារាជធានីរបស់ចក្រភពរ៉ូម៉ាំង។
នៅក្រុងយេរូសាឡឹម នៅស្រុកយូដា និងនៅស្រុកសាម៉ារី អ្នកជឿលើព្រះយេស៊ូ សុទ្ធសឹងតែជាជនជាតិអ៊ីស្រាអែល។ ក្រោយ មក មានជនជាតិដទៃជាច្រើននាំគ្នាជឿលើព្រះអង្គដែរ ហើយគេក៏រួមជាព្រះសហគមន៍ឡើងជាពិសេសនៅក្រុងអន់ទីយ៉ូក ក្រុងភីលីព និងក្រុងកូរិនថូស។ ល។
ក្នុងគម្ពីរ«កិច្ចការរបស់គ្រីស្តទូត» នេះលោកលូកាបានចែងទុកអំពីពាក្យពេចន៍ និងសុន្ទរកថារបស់ក្រុមគ្រីស្តទូត ដែលយកចិត្តទុកដាក់ប្រកាសផ្សាយដំណឹងល្អដល់ជនជាតិយូដា និងជនជាតិដទៃ។ ទោះបីអស់លោកទាំងនោះពន្យល់តាមរបៀបប្លែកៗពីគ្នាក៏ដោយ ក៏មានព្រះវិញ្ញាណតែមួយបំភ្លឺ ដើម្បីណែនាំមនុស្សគ្រប់អរិយធម៌ គ្រប់ភាសា ឲ្យជឿសង្ឃឹមលើព្រះយេស៊ូតែមួយព្រះអង្គ។ តាមគម្ពីរកិច្ចការនេះ យើងអាចស្គាល់ដើមកំណើតក្រុមគ្រីស្តបរិស័ទដែលនឹករំឭកព្រះបន្ទូលរបស់ព្រះយេស៊ូ និងកិច្ចការដែលព្រះអង្គបានធ្វើ។ គឺក្រុមគ្រីស្តបរិស័ទទាំងនោះហើយដែលបានចងក្រងគម្ពីរដំណឹងល្អ និងគម្ពីរសម្ព័ន្ធមេត្រីថ្មីទាំងមូល។
- របស់គម្ពីរកិច្ចការ
- ការរៀបចំបេសកកម្មរបស់ក្រុមគ្រីស្តបរិស័ទ
- ព្រះរាជបញ្ជាចុងក្រោយ និងព្រះបន្ទូលសន្យារបស់ព្រះយេស៊ូ (១.១-១៤)
– ការជ្រើសរើសគ្រីស្តទូតមួយរូបជំនួសលោកយូដាស(១.១៥-២៦)
- គ្រីស្តបរិស័ទប្រកាសដំណឹងល្អនៅក្រុងយេរូសាឡឹម (២.១-៨.៣)។
- គ្រីស្តបរិស័ទប្រកាសដំណឹងល្អនៅស្រុកយូដាស និងស្រុកសាម៉ារី (៨.៤-១២.២៥)។
- បេសកកម្មរបស់លោកប៉ូល (១៣.១-២៨.៣១)។
– ដំណើរប្រកាសដំណឹងល្អលើកទី ១ (១៣.១-១៤)។
– មហាសន្និបាតនៅក្រុងយេរូសាឡឹម (១៥.១-៣៥)។
– ដំណើរប្រកាសដំណឹងល្អលើកទី ២ (១៥.៣៦-១៨.២២)។
– ដំណើរប្រកាសដំណឹងល្អលើកទី ៣ (១៨.២៣-២១.១៦)។
– លោកប៉ូលជាប់ឃុំឃាំងនៅក្រុងយេរូសាឡឹម ក្រុងសេសារេ និងក្រុងរ៉ូម (១៣.១-១៤.២៨)។
ជំពូក ១
បុព្វកថា
១សូមជម្រាបមកឯកឧត្ដមថេអូភីល សូមជ្រាប ! ក្នុងសៀវភៅទីមួយរបស់ខ្ញុំ ខ្ញុំបានរៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះយេស៊ូបានធ្វើ និងអំពីសេចក្ដីទាំងប៉ុន្មាន ដែលព្រះអង្គបានបង្រៀនតាំងពីដើមរៀងមក ២ រហូតដល់ថ្ងៃ ដែលព្រះជាម្ចាស់លើកព្រះអង្គ ឡើងទៅស្ថានបរមសុខ* គឺបន្ទាប់ពីព្រះអង្គបានផ្ដែផ្ដាំ តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ* ដល់ក្រុមគ្រីស្តទូត* ដែលព្រះអង្គបានជ្រើសរើស។ ៣ ក្រោយពេលរងទុក្ខលំបាករួចហើយ ព្រះយេស៊ូបានបង្ហាញព្រះអង្គ តាមរបៀបផ្សេងៗ ឲ្យគ្រីស្តទូតទាំងនោះឃើញថា ព្រះអង្គមានព្រះជន្មរស់ពិតប្រាកដមែន។ ព្រះអង្គបានឲ្យគេឃើញអស់រយៈពេលសែសិបថ្ងៃ ព្រមទាំងមានព្រះបន្ទូលអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ផង។ ៤ ពេលព្រះអង្គកំពុងសោយព្រះស្ងោយជាមួយក្រុមគ្រីស្តទូត ទ្រង់ហាមគេមិនឲ្យចេញទៅណា ឆ្ងាយពីក្រុងយេរូសាឡឹមឡើយ «គឺត្រូវរង់ចាំទទួលព្រះវិញ្ញាណតាមព្រះបន្ទូលសន្យារបស់ព្រះបិតា ដូចខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយថា ៥ លោកយ៉ូហានបានធ្វើពិធីជ្រមុជ*ឲ្យគេក្នុងទឹក ប៉ុន្តែ នៅប៉ុន្មានថ្ងៃទៀត អ្នករាល់គ្នានឹងទទួលពិធីជ្រមុជ ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធវិញ»។
ព្រះយេស៊ូយាងឡើងទៅស្ថានបរមសុខ
៦ ពេលនោះ ក្រុមគ្រីស្តទូត*នៅជុំគ្នា គេទូលសួរព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់ តើព្រះអង្គនឹងតាំងរាជាណាចក្រអ៊ីស្រាអែលឡើងវិញ នៅពេលនេះឬ ? »។ ៧ ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ «ត្រង់ឯពេលវេលា ដែលព្រះបិតាបានកំណត់ទុក ដោយអំណាចព្រះអង្គផ្ទាល់នោះ អ្នករាល់គ្នាមិនបាច់ដឹងទេ។ ៨ ប៉ុន្តែ អ្នករាល់គ្នានឹងទទួលឫទ្ធានុភាពមួយ គឺឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធមកសណ្ឋិតលើអ្នករាល់គ្នា។ អ្នករាល់គ្នានឹងធ្វើជាបន្ទាល់របស់ខ្ញុំ នៅក្នុងក្រុងយេរូសាឡឹម ក្នុងស្រុកយូដាទាំងមូល ក្នុងស្រុកសាម៉ារី និងរហូតដល់ ស្រុកដាច់ស្រយាលនៃផែនដី»។
៩ លុះព្រះយេស៊ូមានព្រះបន្ទូល ដូច្នោះរួចហើយហើយនៅពេល ដែលក្រុមគ្រីស្តទូតកំពុងតែមើលព្រះអង្គនោះ ព្រះជាម្ចាស់ក៏លើកព្រះអង្គឡើងទៅលើមេឃ ព្រមទាំងមានពពក*មកបាំងព្រះអង្គ បាត់ពីភ្នែកគេទៅ។ ១០ កាលពួកគេកំពុងតែសម្លឹងមើលទៅលើមេឃ នៅពេលព្រះអង្គយាងឡើងទៅនោះ ស្រាប់តែមានបុរសពីរនាក់ស្លៀកសពាក់ ស ចូលមកជិតគេ ១១ ពោលថា៖ «អ្នកស្រុកកាលីឡេអើយ ! ហេតុដូចម្ដេចបានជាអ្នករាល់គ្នា នៅតែឈរសម្លឹងមើលទៅលើមេឃដូច្នេះ ? ។ ព្រះយេស៊ូនោះព្រះជាម្ចាស់បានលើកពីកណ្ដាលចំណោមអ្នករាល់គ្នា ឡើងទៅស្ថានបរមសុខហើយ ព្រះអង្គនឹងយាងត្រឡប់មកវិញ តាមរបៀបដូច ដែលអ្នករាល់គ្នាបានឃើញទ្រង់យាងឡើងទៅស្ថានបរមសុខដែរ»។
១២ ពេលនោះ ក្រុមគ្រីស្តទូត*នាំគ្នាវិលត្រឡប់ពី ភ្នំដើមអូលីវ ទៅក្រុងយេរូសាឡឹមវិញ ដែលមានចម្ងាយផ្លូវប្រមាណមួយគីឡូម៉ែត្រ ក។ ១៣ លុះបានមកដល់ផ្ទះហើយ គេឡើងទៅបន្ទប់ខាងលើជាកន្លែង ដែលគេធ្លាប់ស្នាក់នៅ។ គ្រីស្តទូតទាំងនោះគឺលោកសិលា លោកយ៉ូហាន លោកយ៉ាកុប លោកអន់ដ្រេ លោកភីលីព លោកថូម៉ាស លោកបារថូឡូមេ លោកម៉ាថាយ លោកយ៉ាកុប ជាកូនលោកអាល់ផាយ លោកស៊ីម៉ូន ហៅអ្នកជាតិនិយម និងលោកយូដា ជាកូនរបស់លោកយ៉ាកុប។ ១៤ ពួកគេរួមចិត្តគំនិតគ្នា ព្យាយាមអធិស្ឋាន* ដោយមានស្ត្រីឯទៀត ៗ មាននាងម៉ារី ជាមាតារបស់ព្រះយេស៊ូ និងមានបងប្អូនរបស់ព្រះអង្គ មកចូលរួមជាមួយផងដែរ។
ការជ្រើសរើសលោកម៉ាធីយ៉ាសជាគ្រីស្តទូតជំនួសយូដាអ៊ីស្ការីយ៉ុត
១៥ នៅគ្រានោះ មានបងប្អូនប្រមាណមួយរយម្ភៃនាក់នៅជុំគ្នា លោកសិលាក្រោកឈរឡើងនៅកណ្ដាលពួកគេ ហើយពោលថា៖ ១៦«បងប្អូនអើយ ! ព្រះវិញ្ញាណដ៏វិសុទ្ធ*បានថ្លែងទុកជាមុន តាមរយៈព្រះបាទដាវីឌ អំពីយូដា ជាអ្នកនាំគេមកចាប់ព្រះយេស៊ូ។ ហេតុការណ៍នេះត្រូវតែកើតឡើងស្របតាមសេចក្ដី ដែលមានចែងទុកក្នុងគម្ពីរមែន។ ១៧ យូដា ជាសមាជិកមួយរូបក្នុងក្រុមរបស់យើង ហើយបានទទួលចំណែកមុខងារ រួមជាមួយយើងដែរ។ ១៨ គាត់យកប្រាក់ ដែលបានមកពីអំពើទុច្ចរិត ទៅទិញដី ចម្ការមួយកន្លែង បន្ទាប់មក គាត់ដួលផ្កាប់មុខធ្លាយពោះចេញពោះវៀនមកក្រៅ។ ១៩អ្នកក្រុងយេរូសាឡឹមដឹងរឿងនេះគ្រប់ៗគ្នា ហេតុនេះហើយបានជាគេហៅ ចម្ការនោះ តាមភាសារបស់គេថា “ហាកែលដាម៉ា” មានន័យថា ” ចម្ការឈាម”។ ២០ ក្នុងគម្ពីរទំនុកតម្កើងមានចែងទុកអំពីហេតុការណ៍នេះថា៖
”ចូរឲ្យលំនៅរបស់អ្នកនោះ
ក្លាយទៅជាទីស្ងាត់ជ្រងំ
កុំឲ្យមាននរណារស់នៅទីនោះឡើយ”ខ
និង “ត្រូវឲ្យម្នាក់ទៀតទទួល
យកតំណែងរបស់គាត់”គ។
២១ ហេតុនេះ ក្នុងចំណោមអស់អ្នក ដែលបានមកតាមយើង នៅពេលព្រះយេស៊ូដឹកនាំយើង ២២គឺចាប់តាំងពីគ្រា ដែលលោកយ៉ូហានបានធ្វើពិធីជ្រមុជទឹក*ថ្វាយព្រះអង្គ រហូតដល់ពេលព្រះជាម្ចាស់លើកយកព្រះអង្គចេញពីយើងទៅ ត្រូវឲ្យមានម្នាក់ធ្វើជាបន្ទាល់ រួមជាមួយយើង អំពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ»។
២៣គេបាននាំសាវ័ក*ពីររូបមក ម្នាក់ឈ្មោះយ៉ូសែប ហៅបារសាបាសផង យូស្ទូសផង និងម្នាក់ទៀតឈ្មោះម៉ាធីយ៉ាស។ ២៤ បន្ទាប់មក គេនាំគ្នាអធិស្ឋានដូចតទៅ៖ «បពិត្រព្រះអម្ចាស់ ! ព្រះអង្គជ្រាបចិត្តគំនិតរបស់មនុស្សទាំងអស់ហេតុនេះ សូមបង្ហាញឲ្យយើងខ្ញុំដឹងផងថា ក្នុងចំណោមបងប្អូនទាំងពីររូបនេះ តើព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសអ្នកណា២៥ ឲ្យបំពេញមុខងារជាគ្រីស្តទូតជំនួសយូដា ដ្បិតយូដាបានបោះបង់មុខងារនេះ ទៅឯកន្លែងរបស់គាត់»។ ២៦ សាវ័កនាំគ្នាចាប់ឆ្នោតត្រូវលើលោកម៉ាធីយ៉ាស ហើយលោកម៉ាធីយ៉ាសក៏បានចូលរួមក្នុងក្រុមគ្រីស្តទូតដប់មួយរូបទៀត។
ជំពូក ២
ព្រះវិញ្ញាណយាងមកសណ្ឋិតលើពួកសាវ័ក
១ នៅបុណ្យថ្ងៃទីហាសិប ពួកសាវ័កបានរួមប្រជុំទាំងអស់គ្នាឃ នៅកន្លែងតែមួយ។ ២ រំពេចនោះ ស្រាប់តែមានឮស្នូរសន្ធឹកពីលើមេឃ ដូចខ្យល់បក់បោកយ៉ាងខ្លាំងពេញ ក្នុងផ្ទះ ដែលគេនៅ។ ៣ ពួកសាវ័កបានឃើញ ហាក់ដូចជាមានអណ្ដាតភ្លើងបែកចេញពីគ្នា ចុះមកសណ្ឋិតលើពួកគេម្នាក់ៗ។ ៤ អ្នកទាំងនោះបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗពីគ្នា តាមព្រះវិញ្ញាណប្រោសប្រទានឲ្យ។
៥ ពេលនោះមានជនជាតិយូដា ជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ មកពីប្រទេសនានា ក្នុងពិភពលោកទាំងមូល ស្នាក់នៅក្រុងយេរូសាឡឹមដែរ។ ៦ ពេលស្នូរសន្ធឹកលាន់ឮយ៉ាងខ្លាំងដូច្នោះ មហាជននាំគ្នារត់មកមើល ហើយភ្ញាក់ផ្អើលក្រៃលែង ព្រោះម្នាក់ៗបានឮក្រុមសាវ័កនិយាយភាសារបស់ខ្លួន។ ៧ អ្នកទាំងនោះងឿងឆ្ងល់ខ្លាំងណាស់ គេស្ងើចសរសើរ ទាំងពោលថា៖ «អ្នក ដែលកំពុងនិយាយនេះ សុទ្ធតែជាអ្នកស្រុកកាលីឡេទេតើ។ ៨ ចុះហេតុដូចម្ដេច បានជាយើងឮគេនិយាយភាសារបស់យើងរៀងៗខ្លួនទៅវិញដូច្នេះ ? ៩ គឺទាំងអ្នកស្រុកប៉ារថុស ស្រុកមេឌី ស្រុកអេឡាំ ទាំងអ្នកស្រុកមេសូប៉ូតាមី ស្រុកយូដា ស្រុកកាប៉ាដូស ស្រុកប៉ុនតុស ស្រុកអាស៊ី ១០ ស្រុកព្រីស៊ី ស្រុកប៉ាមភីលី ស្រុកអេស៊ីប ស្រុកលីប៊ី ដែលនៅក្បែរស្រុកគីរ៉េន និងអស់អ្នកមកពីក្រុងរ៉ូម ១១ ទាំងជនជាតិយូដាទាំងអ្នកចូលសាសនាយូដា ទាំងអ្នកមកពីកោះក្រែតទាំងជនជាតិអារ៉ាប់ យើងបានឮគេថ្លែងអំពីស្នាព្រះហស្ត ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ជាភាសាយើងទាំងអស់គ្នាផ្ទាល់ ! »។ ១២ អ្នកទាំងនោះងឿងឆ្ងល់ខ្លាំងណាស់ មិនដឹងគិតយ៉ាងណា គេសួរគ្នាទៅវិញទៅមកថា៖ «តើហេតុការណ៍នេះមានន័យដូចម្ដេច ? »។ ១៣ ប៉ុន្តែមានអ្នកខ្លះទៀតបែរជានិយាយចំអកថា៖ «ពួកអស់ហ្នឹងសុទ្ធតែស្រវឹងស្រាទេតើ ! »។
សុន្ទរកថារបស់លោកសិលា
១៤ លោកសិលាក៏ក្រោកឈរឡើង ជាមួយគ្រីស្តទូតដប់មួយរូបទៀត ហើយមានប្រសាសន៍ទៅកាន់បណ្ដាជនថា៖ «បងប្អូនយូដា និងបងប្អូនទាំងអស់ ដែលស្នាក់នៅក្រុងយេរូសាឡឹមអើយ ! សូមបងប្អូនជ្រាប ហើយផ្ទៀងត្រចៀកស្ដាប់ពាក្យរបស់ខ្ញុំ។ ១៥ អ្នកទាំងនេះមិនមែនស្រវឹងស្រា ដូចបងប្អូនស្មាននោះទេ ព្រោះទើបតែម៉ោងប្រាំបួនព្រឹកប៉ុណ្ណោះ ! ។ ១៦ ហេតុការណ៍នេះកើតមានស្របតាមសេចក្ដី ដែលព្យាការី*យ៉ូអែលបានថ្លែងទុកមកថា៖
១៧ “ព្រះជាម្ចាស់មានព្រះបន្ទូលថា
នៅគ្រាចុងក្រោយបង្អស់
យើងនឹងយកវិញ្ញាណយើងមកចាក់បង្ហូរ
លើមនុស្សលោកផងទាំងពួង។
កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា
នឹងថ្លែងព្រះបន្ទូល
ពួកយុវជននឹងនិមិត្តឃើញការអស្ចារ្យ
ហើយពួកចាស់ទុំរបស់អ្នករាល់គ្នា
នឹងយល់សុបិននិមិត្ត។
១៨ នៅគ្រានោះយើងពិតជាយកវិញ្ញាណយើង
មកចាក់បង្ហូរលើអ្នកបម្រើទាំងប្រុសទាំងស្រី
របស់យើង ហើយគេនឹងថ្លែងព្រះបន្ទូល។
១៩ យើងនឹងសម្ដែងឫទ្ធិបាដិហារិយ៍នៅលើមេឃ
សម្ដែងទីសម្គាល់ផ្សេងៗនៅលើផែនដី
គឺមានឈាម មានភ្លើង និងមានកំសួលផ្សែង។
២០ ព្រះអាទិត្យ នឹងប្រែទៅជាងងឹតបាត់រស្មី
ព្រះចន្ទនឹងប្រែទៅជាឈាម
នៅមុនថ្ងៃព្រះអម្ចាស់យាងមក
គឺជាថ្ងៃដ៏រុងរឿងឧត្តុង្គឧត្ដម
២១ ពេលនោះអ្នកណាអង្វររកព្រះនាមព្រះអម្ចាស់
អ្នកនោះនឹងទទួលការសង្គ្រោះ”ង។
២២ បងប្អូនអ៊ីស្រាអែលអើយ សូមស្ដាប់ពាក្យនេះចុះ ! ព្រះជាម្ចាស់បានរ៉ាប់រងទទួលលោកយេស៊ូ ជាអ្នកភូមិណាសារ៉ែត នៅមុខបងប្អូនទាំងអស់គ្នាដោយព្រះអង្គបានសម្ដែងការអស្ចារ្យ ឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ផ្សេងៗ នៅកណ្ដាលចំណោមបងប្អូន តាមរយៈលោក ដូចបងប្អូនជ្រាបស្រាប់ហើយ។ ២៣ បងប្អូនបានចាប់បញ្ជូនលោកយេស៊ូនេះ ទៅឲ្យពួកជនពាល ឥតសាសនា ឆ្កាងលោក ដូចព្រះជាម្ចាស់បានកំណត់ទុក ដោយព្រះអង្គទ្រង់ញាណជាមុន។ ២៤ព្រះជាម្ចាស់បានប្រោសលោកឲ្យរស់ឡើងវិញ ទ្រង់ដោះលែងលោក ឲ្យរួចពីទុក្ខលំបាកនៃសេចក្ដីស្លាប់ ព្រោះសេចក្ដីស្លាប់ មិនអាចឃុំលោកទុកបានឡើយ។ ២៥ ព្រះបាទដាវីឌមានរាជឱង្ការអំពីលោកយេស៊ូនេះថា៖
«ទូលបង្គំបានឃើញព្រះអម្ចាស់
នៅមុខទូលបង្គំជានិច្ច
ព្រោះព្រះអង្គគង់នៅខាងស្ដាំទូលបង្គំ
មិនឲ្យទូលបង្គំត្រូវញាប់ញ័រឡើយ។
២៦ ហេតុនេះហើយបានជាចិត្តទូលបង្គំរីករាយ
ទូលបង្គំពោលពាក្យដោយអំណរដ៏លើសលប់
ហើយសូម្បីតែរូបកាយរបស់ទូលបង្គំ
ក៏នឹងសម្រាកដោយសេចក្ដីសង្ឃឹមដែរ
២៧ ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹងទូលបង្គំ
ចោលនៅក្នុងស្ថានមនុស្សស្លាប់ឡើយ
ហើយព្រះអង្គក៏មិនបណ្ដោយឲ្យ
សពអ្នកបម្រើរបស់ព្រះអង្គត្រូវរលួយដែរ។
២៨ ព្រះអង្គបានបង្ហាញឲ្យទូលបង្គំស្គាល់ផ្លូវ
ឆ្ពោះទៅកាន់ជីវិត
ព្រះអង្គនឹងប្រទានឲ្យទូលបង្គំ
មានសុភមង្គលដ៏ពេញលេញ
ដោយព្រះអង្គគង់ជាមួយទូលបង្គំ»ច។
២៩ បងប្អូនអើយ ! ខ្ញុំសូមជម្រាបបងប្អូនឲ្យបានច្បាស់អំពីព្រះបាទដាវីឌ ជាបុព្វបុរស*របស់យើងនោះថា ព្រះអង្គបានសោយទិវង្គតផុតទៅហើយគេបានបញ្ចុះព្រះសពរបស់ព្រះអង្គ រីឯផ្នូររបស់ព្រះអង្គក៏ស្ថិតនៅជាមួយយើង រហូតដល់សព្វថ្ងៃដែរ។ ៣០ ដោយព្រះបាទដាវីឌ ជាព្យាការីមួយរូប ទ្រង់ជ្រាបថា ព្រះជាម្ចាស់បានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយព្រះអង្គថា នឹងប្រទានឲ្យព្រះរាជវង្សរបស់ទ្រង់មួយអង្គឡើងស្នងរាជ្យ។ ៣១ព្រះបាទដាវីឌបានឈ្វេងយល់ជាមុនថា ព្រះគ្រីស្ត*មានព្រះជន្មរស់ឡើងវិញ គឺទ្រង់មានរាជឱង្ការថា ព្រះជាម្ចាស់ពុំទុកព្រះគ្រីស្តចោលនៅក្នុងស្ថានមនុស្សស្លាប់ទេ ហើយក៏មិនទុកឲ្យព្រះសពព្រះអង្គត្រូវរលួយដែរ។ ៣២ ព្រះជាម្ចាស់បានប្រោសលោកយេស៊ូនេះ ឲ្យរស់ឡើងវិញ យើងខ្ញុំទាំងអស់គ្នាជាសាក្សី។ ៣៣ ព្រះជាម្ចាស់បានលើកលោកយេស៊ូឡើង ដោយឫទ្ធិបារមីឆរបស់ព្រះអង្គ។ លោកយេស៊ូបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធពីព្រះបិតា តាមព្រះបន្ទូលសន្យា ហើយចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងខ្ញុំ ដូចបងប្អូនបានឃើញ បានឮស្រាប់។ ៣៤ ព្រះបាទដាវីឌមិនបានយាងឡើងទៅស្ថានបរមសុខ*ទេ តែព្រះអង្គមានរាជឱង្ការថា៖
“ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់
ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្កាំយើង
៣៥ ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ”ជ។
៣៦ ហេតុនេះ សូមឲ្យជនជាតិអ៊ីស្រាអែលទាំងមូលដឹងជាក់ច្បាស់ថា លោកយេស៊ូនេះ ដែលបងប្អូនបានឆ្កាង ព្រះជាម្ចាស់បានតែងតាំងលោកឡើងជាព្រះអម្ចាស់ និង ជាព្រះគ្រីស្ត*ហើយ»។
ក្រុមគ្រីស្តបរិស័ទដំបូងបង្អស់
៣៧ កាលបណ្ដាជនបានឮសេចក្ដីទាំងនេះ ពួកគេរំជួលចិត្តជាខ្លាំង ហើយសួរលោកសិលា និងគ្រីស្តទូតឯទៀតៗថា៖ «បងប្អូនអើយ !តើឲ្យយើងខ្ញុំធ្វើដូចម្ដេច ? »។
៣៨ លោកសិលាមានប្រសាសន៍ទៅគេថា៖«សូមបងប្អូនកែប្រែចិត្តគំនិត ហើយម្នាក់ៗត្រូវទទួលពិធីជ្រមុជទឹក*ក្នុងព្រះនាមព្រះយេស៊ូគ្រីស្ត*ទៅ ដើម្បីព្រះជាម្ចាស់លើកលែងទោសបងប្អូន ឲ្យរួចពីបាប* ហើយបងប្អូននឹងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាអំណោយទានរបស់ព្រះជាម្ចាស់ ៣៩ ដ្បិតព្រះអង្គមានព្រះបន្ទូលសន្យានេះ ចំពោះបងប្អូនទាំងអស់គ្នា ចំពោះកូនចៅរបស់បងប្អូន និងចំពោះអស់អ្នក ដែលនៅឆ្ងាយៗទាំងប៉ុន្មានដែរ តាមតែព្រះអម្ចាស់ជាព្រះរបស់យើងត្រាស់ហៅ»។ ៤០ លោកសិលាបានពន្យល់បញ្ជាក់និងដាស់តឿនពួកគេដោយពាក្យពេចន៍ជាច្រើនទៀត គឺលោកមានប្រសាសន៍ថា៖ «សូមបងប្អូនទទួលការសង្គ្រោះឲ្យរួចផុតពីមនុស្សអាក្រក់សម័យនេះ»។
៤១ អស់អ្នក ដែលយល់ព្រម ទទួលពាក្យរបស់លោកក៏ទទួលពិធីជ្រមុជទឹក* ហើយនៅថ្ងៃនោះមានមនុស្សប្រមាណបីពាន់នាក់ ចូលមករួមក្នុងក្រុមសាវ័ក*។ ៤២ សាវ័កទាំងនោះព្យាយាមស្ដាប់សេចក្ដីបង្រៀនរបស់ក្រុមគ្រីស្តទូត* រួមរស់ជាមួយគ្នាជាបងប្អូនធ្វើពិធីកាច់នំបុ័ង* និងព្យាយាមអធិស្ឋាន។៤៣ មនុស្សម្នាកោតស្ញប់ស្ញែងគ្រប់ៗគ្នា ដ្បិតក្រុមគ្រីស្តទូតបានសម្ដែងឫទ្ធិបាដិហារិយ៍ និងធ្វើទីសម្គាល់ផ្សេងៗជាច្រើន។ ៤៤ អស់អ្នក ដែលបានជឿលើព្រះអម្ចាស់ មានចិត្តគំនិតតែមួយ ហើយយករបស់របរ ដែលខ្លួនមានមកដាក់រួមគ្នាទាំងអស់។ ៤៥គេលក់ទ្រព្យសម្បត្តិ និងអ្វីៗជារបស់ខ្លួនយកប្រាក់មកចែកគ្នា តាមសេចក្ដីត្រូវការរបស់ពួកគេម្នាក់ៗ។ ៤៦ ជារៀងរាល់ថ្ងៃ គេរួមចិត្តគំនិតគ្នាព្យាយាមចូលព្រះវិហារ* ធ្វើពិធីកាច់នំបុ័ងនៅតាមផ្ទះ ព្រមទាំងបរិភោគអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយ និងដោយចិត្តស្មោះសរផង។ ៤៧ គេនាំគ្នាសរសើរតម្កើងព្រះជាម្ចាស់ ហើយប្រជាជនទាំងមូលគោរពរាប់អានពួកគេ ទាំងអស់គ្នា។ ព្រះអម្ចាស់បន្ថែមចំនួនអ្នក ដែលព្រះអង្គបានសង្គ្រោះ មកក្នុងក្រុមរបស់គេជារៀងរាល់ថ្ងៃ។
ជំពូក ៣
លោកសិលា និង លោកយ៉ូហានប្រោសជនពិការម្នាក់ឲ្យបានជា
១ នៅពេលអធិស្ឋាន* ម៉ោងបីរសៀល លោកសិលា និងលោកយ៉ូហានបានឡើងទៅព្រះវិហារ*ជាមួយគ្នា។
២រៀងរាល់ថ្ងៃ មានគេសែងអ្នកពិការជើងពីកំណើតម្នាក់ មកដាក់នៅខ្លោងទ្វារព្រះវិហារ ឈ្មោះ«ទ្វារលំអ» ដើម្បីសុំទានអស់អ្នក ដែលចូលទៅក្នុងព្រះវិហារ។ ៣កាលគាត់ឃើញលោកសិលា និងលោកយ៉ូហានកំពុងដើរចូលព្រះវិហារគាត់ក៏សុំទាន។ ៤ លោកសិលា និងលោកយ៉ូហានសម្លឹងមើលមុខគាត់រួចពោលថា៖ «សូមមើលមកយើង ! »។ ៥ គាត់ក៏ក្រឡេកមើលទៅលោកទាំងពីរ ដោយសង្ឃឹមនឹងទទួលប្រាក់។ ៦ ប៉ុន្តែលោកសិលាមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំគ្មានប្រាក់គ្មានមាសទេ តែអ្វីៗ ដែលខ្ញុំមាន ខ្ញុំសុំជូនអ្នកដូច្នេះក្នុងព្រះនាមព្រះយេស៊ូគ្រីស្ត* ជាអ្នកភូមិណាសារ៉ែត ចូរក្រោកឡើងដើរទៅចុះ ! »។ ៧ លោកចាប់ដៃស្ដាំគាត់ឲ្យក្រោកឈរឡើង។ រំពេចនោះ ជើងរបស់គាត់និងសន្លាក់ឆ្អឹងក៏ប្រែជាមាំមួន ៨ គាត់ក៏ស្ទុះឈរឡើង ហើយដើរបាន។ គាត់ចូលក្នុងព្រះវិហារ ជាមួយគ្រីស្តទូតទាំងពីររូប ទាំងដើរផងលោតផង និង សរសើរតម្កើងព្រះជាម្ចាស់ផង។ ៩ ប្រជាជន ទាំងអស់បានឃើញគាត់ដើរ និងឮគាត់សរសើរតម្កើងព្រះជាម្ចាស់ ១០ គេស្គាល់ជាក់ថា អ្នកនោះហើយ ដែលតែងអង្គុយសុំទាន នៅខ្លោងទ្វារព្រះវិហារ*ឈ្មោះ«ទ្វារលំអ» គេក៏ភ័យស្ញប់ស្ញែង ហើយងឿងឆ្ងល់ជាខ្លាំងអំពីហេតុការណ៍ដែលកើតមានដល់គាត់។
សុន្ទរកថារបស់លោកសិលានៅក្នុងព្រះវិហារ
១១ បុរសនោះនៅជាប់ជាមួយលោកសិលា និងលោកយ៉ូហានជានិច្ច។ ប្រជាជនទាំងមូលភ័យស្ញប់ស្ញែងណាស់ គេរត់ទៅចោមរោមលោកទាំងពីរនៅថែវសាឡូម៉ូន។ ១២ លោកសិលាឃើញដូច្នោះក៏មានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «បងប្អូនអ៊ីស្រាអែលអើយ ! ហេតុដូចម្ដេចបានជាបងប្អូនងឿងឆ្ងល់អំពីហេតុការណ៍នេះ ? ហេតុដូចម្ដេចបានជាបងប្អូនសម្លឹងមើលមកយើងខ្ញុំដូច្នេះ ? តើបងប្អូនស្មានថា យើងខ្ញុំបានប្រោសបុរសនេះឲ្យដើររួច មកពីឫទ្ធានុភាពរបស់យើងខ្ញុំផ្ទាល់ ឬមកពីយើងខ្ញុំចេះគោរពប្រណិប័តន៍ព្រះជាម្ចាស់ ? ។ ១៣ ព្រះរបស់លោកអប្រាហាំ របស់លោកអ៊ីសាក និងរបស់លោកយ៉ាកុប ជាព្រះនៃបុព្វបុរសរបស់យើងទាំងអស់គ្នា ទ្រង់បានប្រទានសិរីរុងរឿងមកព្រះយេស៊ូ ជាអ្នកបម្រើព្រះអង្គ។ បងប្អូនបានចាប់បញ្ជូនព្រះយេស៊ូទៅឲ្យគេកាត់ទោស ថែមទាំងបដិសេធមិនទទួលស្គាល់ព្រះអង្គ នៅចំពោះមុខលោកពីឡាត នៅពេល ដែលលោកចង់ដោះលែងព្រះអង្គទៀតផង។ ១៤ បងប្អូនបានបដិសេធមិនទទួលស្គាល់ព្រះដ៏វិសុទ្ធ ព្រះដ៏សុចរិត ហើយបែរជាទាមទារសុំឲ្យគេដោះលែងឃាតករទៅវិញ។១៥ បងប្អូនបានឲ្យគេធ្វើគុតម្ចាស់នៃជីវិត ប៉ុន្តែព្រះជាម្ចាស់បានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ឡើងវិញ យើងខ្ញុំជាសាក្សីអំពីហេតុការណ៍នេះ។ ១៦ ដោយសារយើងខ្ញុំជឿលើព្រះនាមព្រះយេស៊ូ គឺព្រះនាមព្រះអង្គហ្នឹងហើយបានធ្វើឲ្យបុរស ដែលបងប្អូនឃើញ ហើយស្គាល់នេះមានកម្លាំងឡើងវិញ។ គាត់បានជាទាំងស្រុង ដោយសារជំនឿលើព្រះយេស៊ូ ដូចបងប្អូនឃើញស្រាប់។
១៧ បងប្អូនអើយ ខ្ញុំដឹងថាបងប្អូនទាំងអស់គ្នា និងពួកនាម៉ឺនរបស់បងប្អូន បានប្រព្រឹត្តដូច្នោះ ទាំងមិនដឹងខ្លួន។ ១៨ប៉ុន្តែ ព្រះជាម្ចាស់បានធ្វើឲ្យហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដី ដែលព្រះអង្គប្រកាសទុកជាមុន តាមរយៈព្យាការីទាំងអស់ គឺថាព្រះគ្រីស្តរបស់ព្រះអង្គ ត្រូវតែរងទុក្ខលំបាក។ ១៩ ហេតុនេះ សូមកែប្រែចិត្តគំនិត ហើយវិលមករកព្រះជាម្ចាស់វិញ ដើម្បីឲ្យព្រះអង្គលុបបំបាត់បាបរបស់បងប្អូន។ ២០ ព្រះអម្ចាស់នឹងប្រទានឲ្យបងប្អូនបានស្គាល់ពេលសម្រាក ព្រមទាំងប្រទានព្រះគ្រីស្តយេស៊ូមកបងប្អូន ដូចព្រះអង្គគ្រោងទុកជាមុន។ ២១ឥឡូវនេះ ព្រះយេស៊ូគ្រីស្តគង់នៅឯស្ថានបរមសុខ* រហូតដល់ព្រះជាម្ចាស់រៀបចំអ្វីៗទាំងអស់ឡើងវិញ ដូចទ្រង់មានព្រះបន្ទូលទុក តាមរយៈពួកព្យាការីដ៏វិសុទ្ធ*របស់ព្រះអង្គ នៅជំនាន់ដើមស្រាប់។ ២២ លោកម៉ូសេមានប្រសាសន៍ថា៖ “ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងធ្វើឲ្យមានព្យាការីម្នាក់ ដូចខ្ញុំងើបឡើងពីចំណោមបងប្អូនអ្នករាល់គ្នា អ្នករាល់គ្នាត្រូវស្ដាប់តាមសេចក្ដីទាំងប៉ុន្មានដែលលោកមានប្រសាសន៍ប្រាប់។ ២៣ រីឯអស់អ្នកដែលមិនព្រមស្ដាប់ព្យាការីនេះ នឹងត្រូវដកចេញពីចំណោមប្រជារាស្ត្រ”ឈ។
២៤ ព្យាការីទាំងប៉ុន្មាន ដែលបានថ្លែងព្រះបន្ទូល គឺចាប់តាំងពីលោកសាមូអែលរៀងមក សុទ្ធតែបានថ្លែងទុកអំពីពេលសព្វថ្ងៃនេះ។ ២៥ បងប្អូនហ្នឹងហើយជាកូនចៅរបស់ព្យាការី ហើយបងប្អូនក៏ចូលរួមក្នុងសម្ព័ន្ធមេត្រី* ដែលព្រះជាម្ចាស់បានចងជាមួយបុព្វបុរស*ដែរ ដូចព្រះអង្គមានព្រះបន្ទូលទៅកាន់លោកអប្រាហាំថា “ក្រុមគ្រួសារទាំងអស់ នៅផែនដីនឹងទទួលពរតាមរយៈពូជពង្សរបស់អ្នក”ញ។ ២៦ ព្រះជាម្ចាស់បានឲ្យអ្នកបម្រើរបស់ព្រះអង្គងើបឡើង ហើយចាត់លោកឲ្យមករកបងប្អូនទាំងអស់គ្នា មុនគេបង្អស់ ដើម្បីប្រទានពរដល់បងប្អូន ដោយណែនាំម្នាក់ៗឲ្យងាកចេញពីអំពើទុច្ចរិត»។
ជំពូក ៤
លោកសិលា និង លោកយ៉ូហាននៅមុខក្រុមប្រឹក្សាជាន់ខ្ពស់
១ លោកសិលា និង លោកយ៉ូហានកំពុងតែមានប្រសាសន៍ ទៅកាន់ប្រជាជននៅឡើយ ស្រាប់តែពួកបូជាចារ្យ* មេកងរក្សាព្រះវិហារ និងពួកខាងគណៈសាឌូស៊ី* មកដល់។ ២ ពួកគេទាស់ចិត្តនឹងគ្រីស្តទូតបង្រៀនប្រជាជន ទាំងប្រកាសថាមនុស្ស ស្លាប់នឹងរស់ឡើងវិញ ដោយសំអាងលើព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។ ៣ ពួកគេនាំគ្នាចាប់គ្រីស្តទូតទាំងពីររូប យកទៅឃុំទុក រហូតដល់ថ្ងៃបន្ទាប់ដ្បិតពេលនោះល្ងាចណាស់ហើយ។ ៤ ប៉ុន្តែ ក្នុងចំណោមអស់អ្នក ដែលបានឮព្រះបន្ទូល មានមនុស្សជាច្រើនជឿ ហើយចំនួនពួកគេបានកើនឡើងប្រមាណប្រាំពាន់នាក់។ ៥ លុះ ស្អែកឡើង ពួកមេដឹកនាំពួកព្រឹទ្ធាចារ្យ*និង ពួកធម្មាចារ្យ* ប្រជុំគ្នានៅក្រុងយេរូសាឡឹម ៦ ជាមួយលោកមហាបូជាចារ្យ*ហាណ្ណា លោកកៃផាស លោកយ៉ូហាន លោកអឡិចសង់ និងក្រុមគ្រួសាររបស់នាយកបូជាចារ្យទាំងអស់។ ៧ លោកទាំងនោះបានបញ្ជា ឲ្យគេនាំលោកសិលានិងលោកយ៉ូហាន មកឈរនៅមុខអង្គប្រជុំរួចសួរថា៖ «អ្នកបានធ្វើការនេះសំអាងលើអំណាចអ្វី ? ក្នុងនាមនរណា ? »។ ៨ ពេលនោះ លោកសិលាបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* លោកមានប្រសាសន៍ទៅគេថា៖ ៩ «សូមជម្រាបអស់លោក ជាអ្នកដឹកនាំប្រជាជន និងអស់លោកព្រឹទ្ធាចារ្យ ! ថ្ងៃនេះ អស់ លោកសួរចម្លើយយើងខ្ញុំពីអំពើល្អ ដែលយើងខ្ញុំសង្គ្រោះអ្នកពិការឲ្យបានជា តាមរបៀបណានោះ។ ១០ សូមអស់លោកនិងប្រជារាស្ត្រអ៊ីស្រាអែលទាំងមូលជ្រាបថា បុរស ដែលឈរនៅមុខអស់លោកទាំងមានសុខភាពល្អនេះបានជា ដោយសារព្រះនាមព្រះយេស៊ូគ្រីស្ត* ជាអ្នកភូមិណាសារ៉ែត ដែលអស់លោកបានឆ្កាង ហើយព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ។ ១១ ព្រះអង្គហ្នឹងហើយជា “ថ្ម ដែលលោកទាំងអស់គ្នាជាជាងសំណង់បោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ”ដ។ ១២ ក្រៅពីព្រះយេស៊ូ គ្មាននរណាម្នាក់អាចសង្គ្រោះមនុស្សបានទាល់តែសោះ ដ្បិតនៅក្រោមមេឃនេះ ព្រះជាម្ចាស់ពុំបានប្រទាននាមណាមួយផ្សេងទៀតមកមនុស្ស ដើម្បីសង្គ្រោះយើងនោះឡើយ»។
១៣ កាលក្រុមប្រឹក្សាជាន់ខ្ពស់* ឃើញលោកសិលា និងលោកយ៉ូហានមានចិត្តអង់អាចដូច្នេះ គេងឿងឆ្ងល់ណាស់ ដ្បិតគេដឹងថា លោកទាំងពីរជាមនុស្សសាមញ្ញ ពុំ ដែលបានរៀនសូត្រ ហើយគេដឹងច្បាស់ថា លោកទាំងពីរធ្លាប់នៅជាមួយព្រះយេស៊ូ។ ១៤ ប៉ុន្តែ ពួកគេរកពាក្យឆ្លើយតបវិញមិនបានសោះ ព្រោះឃើញបុរស ដែលបានជានោះ ឈរនៅជាមួយស្រាប់។ ១៥ ពួកគេក៏បញ្ជាឲ្យលោកទាំងពីរ ចេញពីអង្គប្រជុំ ហើយពិគ្រោះគ្នាថា៖ ១៦ «តើយើងគួរធ្វើអ្វីដល់អ្នកទាំងពីរនេះ ? ដ្បិតអ្នកក្រុងយេរូសាឡឹមទាំងមូលដឹងច្បាស់ថា គេធ្វើទីសម្គាល់អស្ចារ្យមួយដ៏វិសេស ដែលយើងមិនអាចបដិសេធបាន។ ១៧ ដូច្នេះតោងយើងហាមប្រាម និង គំរាមគេ កុំឲ្យប្រកាសប្រាប់នរណាអំពីឈ្មោះនោះតទៅទៀតឡើយ ដើម្បីកុំឲ្យរឿងនេះលេចឮខ្ចរខ្ចាយដល់ប្រជាជន»។ ១៨ ក្រុមប្រឹក្សាក៏ហៅសាវ័កទាំងពីរមក ហើយហាមប្រាមមិនឲ្យនិយាយ និង បង្រៀនអំពីព្រះនាមព្រះយេស៊ូជាដាច់ខាត។ ១៩ លោកសិលានិងលោកយ៉ូហានមានប្រសាសន៍តបទៅគេវិញថា៖ «សូមអស់លោកពិចារណាមើល នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់គួរឲ្យយើងខ្ញុំធ្វើតាមបង្គាប់អស់លោក ឬធ្វើតាមបង្គាប់របស់ព្រះអង្គ ? ២០ យើងខ្ញុំឈប់និយាយអំពីហេតុការណ៍ ដែលយើងខ្ញុំបានឃើញបានឮនោះ ពុំកើតទេ»។ ២១ ក្រុមប្រឹក្សាជាន់ខ្ពស់រកហេតុដើម្បីដាក់ទោសលោកទាំងពីរមិនបាន ក៏គំរាមសាជាថ្មីទៀត រួចដោះលែងឲ្យទៅវិញ ដ្បិតប្រជាជនលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ចំពោះហេតុការណ៍ ដែលកើតមាននោះគ្រប់ៗគ្នា។ ២២ រីឯបុរសដែលបានជាដោយរបៀបអស្ចារ្យនោះ មានអាយុជាងសែសិបឆ្នាំហើយ។
ពួកសាវ័កអធិស្ឋានទូលអង្វរ
២៣ ក្រោយពីបានរួចខ្លួនហើយ លោកសិលា និងលោកយ៉ូហាននាំគ្នាទៅជួបពួកបងប្អូន រៀបរាប់អំពីសេចក្ដីទាំងប៉ុន្មាន ដែលពួកមហាបូជាចារ្យ និងពួកព្រឹទ្ធាចារ្យបាននិយាយ។ ២៤ កាលពួកគេឮដូច្នោះគេរួមចិត្តគំនិតគ្នា ហើយបន្លឺសំឡេងទូលព្រះជាម្ចាស់ថា៖ «បពិត្រព្រះដ៏ជាចៅហ្វាយ ព្រះអង្គបានបង្កើតផ្ទៃមេឃផែនដីសមុទ្រ និងអ្វីៗសព្វសារពើនៅទីនោះ ២៥ ព្រះអង្គមានព្រះបន្ទូល ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធតាមរយៈអ្នកបម្រើរបស់ព្រះអង្គ គឺព្រះបាទដាវីឌជាបុព្វបុរស*យើងខ្ញុំថា៖
“ហេតុអ្វីបានជាជាតិសាសន៍ទាំងឡាយ
នាំគ្នាបង្កើតកោលាហល ?
ហេតុអ្វីបានជាប្រជារាស្ត្រនានា
មានគំនិតឥតខ្លឹមសារដូច្នេះ ?
២៦ ពួកស្ដេចនៅលើផែនដី និងពួកមេដឹកនាំពួតដៃ
រួមគំនិតគ្នា ប្រឆាំងនឹងព្រះអម្ចាស់
ហើយប្រឆាំងនឹងព្រះគ្រីស្ត*របស់ព្រះអង្គ”ឋ។
២៧ ប្រាកដមែន ! នៅក្នុងក្រុងនេះ ស្ដេចហេរ៉ូដ និងលោកប៉ុនពីឡាតបានរួមគ្នាប្រឆាំងនឹងព្រះយេស៊ូ ជាអ្នកបម្រើដ៏វិសុទ្ធ*របស់ព្រះអង្គ ដែលទ្រង់បានចាក់ប្រេងអភិសេកទាំងមានសាសន៍ដទៃទៀត និងប្រជារាស្ត្រអ៊ីស្រាអែលសមគំនិតផង។ ២៨ គេនាំគ្នាប្រព្រឹត្ត ដូចព្រះអង្គបានកំណត់ទុកជាមុនតាមឫទ្ធិបារមី និងតាមព្រះតំរិះរបស់ព្រះអង្គ។២៩ ឥឡូវនេះឱព្រះអម្ចាស់អើយ សូមជ្រាបសេចក្ដីគំរាមរបស់ពួកគេ ហើយសូមប្រោសប្រទានឲ្យពួកអ្នកបម្រើព្រះអង្គថ្លែងព្រះបន្ទូល ដោយចិត្តអង់អាចមោះមុតផង ៣០សូមសម្ដែងបារមីឲ្យអ្នកជំងឺបានជា ឲ្យមានទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ កើតឡើងក្នុងព្រះនាមព្រះយេស៊ូជាអ្នកបម្រើដ៏វិសុទ្ធ*របស់ព្រះអង្គ»។
៣១កាលពួកគេទូលអង្វរព្រះជាម្ចាស់ដូច្នោះ រួចហើយ កន្លែង ដែលគេជួបជុំគ្នានោះ ក៏រញ្ជួយគេបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ទាំងអស់គ្នាហើយនាំគ្នាថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយចិត្តអង់អាច។
ក្រុមគ្រីស្តបរិស័ទរួមរស់ជាមួយគ្នា
៣២អ្នកជឿទាំងអំបាលម៉ាន មានចិត្តថ្លើមតែមួយគ្មានអ្នកណាម្នាក់នឹកគិតថា ទ្រព្យសម្បត្តិ ដែលខ្លួនមាន ជារបស់ខ្លួនផ្ទាល់នោះឡើយ គឺគេយកមកដាក់ជាសម្បត្តិរួមទាំងអស់។ ៣៣ក្រុមគ្រីស្តទូត*បានប្រកបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា ហើយនាំគ្នាផ្ដល់សក្ខីភាពអំពីព្រះអម្ចាស់យេស៊ូមានព្រះជន្មរស់ឡើងវិញ។ ព្រះជាម្ចាស់ទ្រង់សម្ដែងព្រះហឫទ័យប្រណីសន្ដោសដ៏លើសលប់ ដល់ពួកគេទាំងអស់គ្នា។ ៣៤ ក្នុងចំណោមពួកគេ គ្មាននរណាខ្វះខាតអ្វីឡើយ។ អស់អ្នកដែ លមានដីធ្លី ឬផ្ទះសម្បែងនាំគ្នាលក់ដីធ្លីនិងផ្ទះនោះយកប្រាក់ ៣៥ មកជូនក្រុមគ្រីស្តទូត។ បន្ទាប់មក អ្នកជឿទាំងអស់គ្នាទទួលចំណែកតាមសេចក្ដីត្រូវការរៀងៗខ្លួន។
៣៦ មានបុរសម្នាក់ឈ្មោះយ៉ូសែប ជាពួកលេវីស្រុកកំណើតនៅកោះគីប្រុស ក្រុមគ្រីស្តទូតបានដាក់ឈ្មោះគាត់ថា បារណាបាស ប្រែថា «អ្នកលើកទឹកចិត្តគេ»។ ៣៧គាត់បានលក់ ចម្ការរបស់គាត់ហើយយកប្រាក់មកជូនក្រុមគ្រីស្តទូតដែរ។
ជំពូក ៥
អណាញ៉ាស និង សាភីរ៉ា
១ មានបុរសម្នាក់ ឈ្មោះ អណាញ៉ាស ភរិយាឈ្មោះសាភីរ៉ា។ គាត់ក៏បានលក់ដីរបស់គាត់ដែរ ២ ហើយសមគំនិតជាមួយភរិយា ទុកប្រាក់មួយចំណែកសម្រាប់ខ្លួនឯង រួចយកប្រាក់ ដែលនៅសល់ទៅជូនក្រុមគ្រីស្តទូត*។
៣ លោកសិលាមានប្រសាសន៍ទៅគាត់ ថា៖ «អណាញ៉ាសអើយ ! ហេតុដូចម្ដេចបានជាមារ*សាតាំងនៅពេញក្នុងចិត្តអ្នក រហូតដល់ទៅកុហកព្រះវិញ្ញាណដ៏វិសុទ្ធ* ហើយទុកប្រាក់ ដែលលក់ដីបាននោះមួយចំណែកដូច្នេះ ? ៤ កាលដើមឡើយ ដីនោះជាកម្មសិទ្ធិរបស់អ្នក លុះដល់អ្នកលក់ផុតទៅ ប្រាក់ ដែលបានមកនោះ អ្នកអាចប្រើប្រាស់តាមចិត្ត ! ចុះហេតុដូចម្ដេច បានជាអ្នកមានគំនិតប្រព្រឹត្តយ៉ាងហ្នឹង ? ។ អ្នកបានកុហកព្រះជាម្ចាស់ គឺមិនមែនកុហកមនុស្សទេ»។ ៥កាលអណាញ៉ាសបានឮពាក្យនេះក៏ដួលដាច់ខ្យល់ស្លាប់ទៅ ។ រីឯអស់អ្នក ដែលបានឮដំណឹងនេះ ក៏ស្ញែងខ្លាចជាខ្លាំង។ ៦ ពួកយុវជននាំគ្នាមករុំសពអណាញ៉ាស ហើយសែងយកទៅកប់។
៧ ប្រមាណជាបីម៉ោងក្រោយមក ភរិយារបស់អណាញ៉ាសចូលមកដល់ ដោយមិនបានដឹងហេតុការណ៍ ដែលកើតមាននោះឡើយ។ ៨ លោកសិលាសួរនាងថា៖ «សូមប្រាប់ខ្ញុំមកមើល៍ តើប្ដីនាង និងនាងលក់ដីបានប្រាក់ប៉ុណ្ណេះមែនឬ ? »។ នាងឆ្លើយថា៖ «ចាស ! បានប្រាក់ប៉ុណ្ណឹងមែន»។ ៩ លោកសិលាក៏មានប្រសាសន៍ទៅនាងទៀតថា៖ «ហេតុដូចម្ដេចបានជាអ្នកសមគំនិតគ្នា ល្បងលព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដូច្នេះ ? មើល៍ហ្ន ! ពួកអ្នក ដែលបានបញ្ចុះសពប្តីនាងមកដល់នៅមាត់ទ្វារហើយ គេនឹងសែងនាងយកទៅដែរ»។ ១០ រំពេចនោះនាងក៏ដួលនៅទៀបជើងរបស់លោក ហើយដាច់ខ្យល់ស្លាប់ទៅ។ ពេលពួកយុវជនចូលមក ឃើញនាងស្លាប់ក៏នាំគ្នាយកសពនាងទៅបញ្ចុះនៅក្បែរសពប្តីរបស់នាង។១១ព្រះសហគមន៍*ទាំងមូល និងអស់អ្នកដែលបានឮដំណឹងនេះស្ញែងខ្លាចជាខ្លាំង។
ក្រុមគ្រីស្តទូតសម្ដែងការអស្ចារ្យផ្សេងៗ
១២ គ្រីស្តទូតបាននាំគ្នាសម្ដែងទីសម្គាល់ដ៏អស្ចារ្យនិងឫទ្ធិបាដិហារិយ៍ជាច្រើន នៅក្នុងចំណោមប្រជាជន។ អ្នកជឿទាំងអស់រួមចិត្តគំនិតគ្នា គេឈរនៅតាមថែវសាឡូម៉ូន។ ១៣ រីឯអ្នកឯទៀតៗគ្មាននរណាហ៊ានមកចូលរួមជាមួយគេឡើយ តែប្រជាជនកោតសរសើរគេគ្រប់ៗគ្នា។ ១៤ បណ្ដាជនទាំងប្រុសទាំងស្រី ដែលជឿលើព្រះអម្ចាស់បានមកចូលរួម កាន់តែច្រើនឡើងៗ។ ១៥ មនុស្សម្នាបានសែងអ្នកជំងឺមកដាក់នៅតាមផ្លូវឲ្យដេកលើគ្រែស្នែងលើកន្ទេលប្រាថ្នាយ៉ាងហោចណាស់គ្រាន់តែឲ្យស្រមោលលោកសិលាបាំងលើអ្នកជំងឺណាម្នាក់ នៅពេល ដែលលោកដើរកាត់តាមនោះក៏បានដែរ។ ១៦ មានមនុស្សជាច្រើននាំគ្នាធ្វើដំណើរមកពីភូមិនានា នៅជិតក្រុងយេរូសាឡឹមទាំងសែងអ្នកជំងឺ និងអ្នក ដែលមានខ្មោចចូលមកជាមួយផង អ្នកទាំងនោះបានជាគ្រប់ៗគ្នា។
ក្រុមគ្រីស្តទូតត្រូវគេបៀតបៀន
១៧ពេលនោះ លោកមហាបូជាចារ្យនិងអស់អ្នក ដែលនៅជាមួយលោកទាំងប៉ុន្មាន គឺពួកខាងគណៈសាឌូស៊ី* មានចិត្តក្ដៅក្រហាយជាខ្លាំង។ ១៨គេលើកគ្នាមកចាប់ក្រុមគ្រីស្តទូត*យកទៅឃុំឃាំង នៅពន្ធនាគារសាធារណៈ។ ១៩ លុះដល់យប់ មានទេវទូត*របស់ព្រះអម្ចាស់មកបើកទ្វារពន្ធនាគារ ឲ្យក្រុមគ្រីស្តទូតចេញទាំងពោលថា៖ ២០ «សូមអញ្ជើញទៅឈរក្នុងព្រះវិហារ* ហើយប្រកាសព្រះបន្ទូលទាំងអស់ដែលផ្ដល់ជីវិតនេះ ឲ្យប្រជាជនស្ដាប់ទៅ»។ ២១ កាលបានឮពាក្យទេវទូត ក្រុមគ្រីស្តទូតនាំគ្នាចូលទៅក្នុងព្រះវិហារតាំងពីព្រលឹមហើយបង្រៀនប្រជាជន។ លោកមហាបូជាចារ្យ* និងអស់អ្នក ដែលនៅជាមួយលោក កោះហៅក្រុមប្រឹក្សាជាន់ខ្ពស់* និងព្រឹទ្ធសភានៃប្រជាជនអ៊ីស្រាអែល មកជួបជុំគ្នារួចចាត់អ្នកយាម ឲ្យទៅនាំក្រុមគ្រីស្តទូតពីពន្ធនាគារមក។ ២២ ពេលទៅដល់ទីឃុំឃាំង គេពុំឃើញក្រុមគ្រីស្តទូតទេ គេនាំគ្នាវិលមកវិញរាយការណ៍ជម្រាបអង្គប្រជុំថា៖ ២៣ «យើងខ្ញុំឃើញទីឃុំឃាំងនៅបិទជិតល្អណាស់ ហើយពួកអ្នកយាមក៏ឈរយាមនៅខាងមុខទ្វារដែរ តែពេលយើងខ្ញុំបើកទ្វារ ពុំឃើញមាននរណាម្នាក់នៅក្នុងទីនោះសោះ»។២៤ កាលមេកងរក្សាព្រះវិហារ និងពួកនាយកបូជាចារ្យឮដូច្ នោះគេមិនដឹងជាត្រូវគិតយ៉ាងណា អំពីក្រុមគ្រីស្តទូតនិងអំពីហេតុការណ៍ ដែលកើតឡើងនោះឡើយ។ ២៥ ពេលនោះ មានម្នាក់ចូលមកជម្រាបអង្គប្រជុំថា៖«ពួកអ្នកដែលអស់លោកបានចាប់ឃុំឃាំង កំពុងតែឈរបង្រៀនប្រជាជន ក្នុងព្រះវិហារឯណោះ ! ហើយ គេក៏ឲ្យឈរនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ លោកមហាបូជាចារ្យសួរក្រុមគ្រីស្តទូតថា៖ ២៨«យើងបានហាមប្រាមអ្នករាល់គ្នាមិនឲ្យបង្រៀនប្រជាជន ក្នុងនាមអ្នកនោះជាដាច់ខាតតែឥឡូវនេះអ្នករាល់គ្នាបែរជាបង្រៀនគេពាសពេញក្រុងយេរូសាឡឹមទាំងមូលទៅវិញ!។ អ្នករាល់គ្នាក៏ចង់ទម្លាក់កំហុសនៃការប្រហារជីវិតបុរសនោះ មកលើយើងថែមទៀតផង ! »។
២៩ លោកសិលា និងគ្រីស្តទូតឯទៀតៗឆ្លើយឡើងថា៖ «យើងខ្ញុំត្រូវស្ដាប់បង្គាប់ព្រះជាម្ចាស់ជាជាងស្ដាប់បង្គាប់មនុស្ស។ ៣០ ព្រះនៃបុព្វបុរសរបស់យើងទ្រង់បានប្រោសលោកយេស៊ូ ដែលអស់លោកបានសម្លាប់ ដោយព្យួរនៅលើឈើនោះ ឲ្យមានជីវិតរស់ឡើងវិញ។ ៣១ ព្រះជាម្ចាស់បានលើកលោកយេស៊ូឡើង ដោយឫទ្ធិបារមីរបស់ព្រះអង្គ ហើយតែងតាំងលោកជាព្រះអង្គម្ចាស់ និងជាព្រះសង្គ្រោះដើម្បីឲ្យប្រជារាស្ត្រអ៊ីស្រាអែលកែប្រែចិត្តគំនិត ហើយព្រះជាម្ចាស់លើកលែងទោសឲ្យរួចពីបាប*។ ៣២ យើងខ្ញុំជាសាក្សីអំពីហេតុការណ៍ទាំងនេះ ហើយព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះជាម្ចាស់ប្រទានដល់អស់អ្នកស្ដាប់បង្គាប់ព្រះអង្គទ្រង់ក៏ជាសាក្សីដែរ»។
៣៣ កាលក្រុមប្រឹក្សាជាន់ខ្ពស់ឮដូច្នេះ គេក្រេវក្រោធជាខ្លាំង ហើយចង់សម្លាប់ក្រុមគ្រីស្តទូតថែមទៀតផង។ ៣៤ ប៉ុន្តែមានបុរសម្នាក់ខាងគណៈផារីស៊ី*ឈ្មោះកាម៉ាលីអែល ជាធម្មាចារ្យ* ដែលប្រជាជនគោរពគ្រប់ៗគ្នាក្រោកឈរឡើង នៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ សុំឲ្យគេនាំក្រុមគ្រីស្តទូតចេញពីទីនោះមួយស្របក់ ៣៥ រួចមានប្រសាសន៍ទៅកាន់អង្គប្រជុំថា៖ «អស់លោកជាជនជាតិអ៊ីស្រាអែលអើយ សូមប្រយ័ត្នចំពោះអំពើ ដែលអស់លោកប៉ុនប៉ង នឹងធ្វើដល់អ្នកទាំងនេះ។ ៣៦ ក្នុងពេលថ្មីៗកន្លងទៅមានម្នាក់ឈ្មោះថឺដាស បានតាំងខ្លួនឡើងជាវរជន ហើយប្រមូលបានមនុស្សប្រមាណជាបួនរយនាក់។ ថឺដាសត្រូវគេប្រហារជីវិត រីឯពួកអ្នកដែលចូលដៃជាមួយគាត់ក៏ត្រូវបែកខ្ញែកគ្នាអស់គ្មានសល់។ ៣៧ បន្ទាប់មក នៅជំនាន់ ដែលគេជំរឿនប្រជាជន មានយូដា ជាអ្នកស្រុកកាលីឡេ បានលើកខ្លួនឡើងបញ្ចុះបញ្ចូលមនុស្សជាច្រើនឲ្យទៅតាមគាត់។ យូដាក៏ត្រូវគេប្រហារជីវិតដែរ ហើយអស់អ្នក ដែលចូលដៃជាមួយគាត់ក៏បែកខ្ញែកគ្នាអស់ទៅ។ ៣៨ ឥឡូវនេះខ្ញុំសូមជម្រាបអស់លោកថា សូមកុំរវីរវល់នឹងអ្នកទាំងនេះទៀតធ្វើអ្វី លែងគេឲ្យទៅវិញទៅ។ ប្រសិនបើគម្រោងការណ៍ និងកិច្ចការ ដែលគេចាប់ផ្ដើមធ្វើមានប្រភពចេញមកពីមនុស្សនោះ មុខជារលាយសាបសូន្យមិនខាន ៣៩ ផ្ទុយទៅវិញ បើកិច្ចការទាំងនោះមានប្រភពចេញមកពីព្រះជាម្ចាស់ អស់លោកពុំអាចរំលាយបានឡើយ។ ហេតុនេះ សូមប្រុងប្រយ័ត្នក្រែងលោអស់លោក បែរជាប្រឆាំងទាស់នឹងព្រះជាម្ចាស់ទៅវិញ»។ គេយល់ស្របតាមយោបល់របស់លោកកាម៉ាលីអែលទាំងអស់គ្នា ៤០ គេក៏ហៅក្រុមគ្រីស្តទូតមកវិញ ហើយបញ្ជាឲ្យវាយ នឹងរំពាត់ទាំងហាមប្រាម មិនឲ្យប្រកាសអំពីព្រះនាមព្រះយេស៊ូទៀត រួចលែងឲ្យត្រឡប់ទៅវិញ។ ៤១ ក្រុមគ្រីស្តទូតចាកចេញពីក្រុមប្រឹក្សាជាន់ខ្ពស់ទាំងអរសប្បាយ ដ្បិតព្រះជាម្ចាស់បានប្រទាន ឲ្យគេមានកិត្តិយសរងទុក្ខទោស ព្រោះតែព្រះនាមព្រះយេស៊ូ។ ៤២ ជារៀងរាល់ថ្ងៃ គេតែងតែបង្រៀនប្រជាជន និងផ្សព្វផ្សាយដំណឹងល្អ* អំពីព្រះយេស៊ូគ្រីស្ត*ឌ នៅក្នុងព្រះវិហារ* និងនៅតាមផ្ទះឥតឈប់ឈរឡើយ។
ជំពូក ៦
ការជ្រើសរើសក្រុមប្រាំពីររូប
១ នៅគ្រានោះចំនួនសាវ័កចេះតែកើនឡើងជាលំដាប់។ ជនជាតិយូដា ដែលនិយាយភាសាក្រិកឍនាំគ្នារអ៊ូរទាំទាស់ នឹងជនជាតិយូដា ដែលនិយាយភាសាហេប្រឺថា នៅពេលចែកម្ហូបអាហារប្រចាំថ្ងៃ ពួកហេប្រឺមិនសូវយកចិត្តទុកដាក់ នឹងស្ត្រីមេម៉ាយខាងពួកខ្លួនទេ។ ២ គ្រីស្តទូត*ទាំងដប់ពីររូបក៏កោះហៅពួកសាវ័កទាំងអស់មក ហើយមានប្រសាសន៍ថា៖ «មិនគួរឲ្យយើងខ្ញុំចោលការប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទៅបម្រើតុឡើយ។ ៣ ហេតុនេះ បងប្អូនអើយ សូមនាំគ្នាជ្រើសរើសយកបុរសប្រាំពីររូបក្នុងចំណោមបងប្អូនដែលជាអ្នកមានកេរ្តិ៍ឈ្មោះល្អ ហើយពោរពេញដោយព្រះវិញ្ញាណ និងប្រាជ្ញាឈ្លាសវៃ។ យើងខ្ញុំនឹងតែងតាំងគេឲ្យបំពេញមុខងារនេះ។ ៤ រីឯយើងខ្ញុំវិញ យើងខ្ញុំនឹងគិតតែពីអធិស្ឋាន និងបម្រើព្រះបន្ទូល។ ៥ ពួកសាវ័កទាំងប៉ុន្មានពេញចិត្តនឹងសេចក្ដីស្នើនេះណាស់ គេក៏ជ្រើសយកលោកស្ទេផាន ដែលពោរពេញដោយជំនឿ និងដោយព្រះវិញ្ញាណដ៏វិសុទ្ធ* លោកភីលីព លោកប្រូគ័រ លោកនីកាន័រ លោកទីម៉ូន លោកប៉ារមេណាស និងលោកនីកូឡាស ជាអ្នកស្រុកអន់ទីយ៉ូក ដែលចូលសាសនាយូដា។ ៦ គេនាំអ្នកទាំងនោះមកជួបក្រុមគ្រីស្តទូត ក្រុមគ្រីស្តទូតក៏នាំគ្នាអធិស្ឋាន ហើយដាក់ដៃ*ពីលើអ្នកទាំងនោះ។
៧ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ឮសុសសាយកាន់តែខ្លាំងឡើងៗ ចំនួនសាវ័កនៅក្រុងយេរូសាឡឹម បានកើនឡើងជាច្រើនឥតគណនា ហើយមានពួកបូជាចារ្យ*ដ៏ច្រើនលើសលប់សុខចិត្តប្រតិបត្តិតាមជំនឿដែរ។
លោកស្ទេផានត្រូវគេចាប់ខ្លួន
៨ព្រះជាម្ចាស់គាប់ព្រះហឫទ័យ នឹងលោកស្ទេផានណាស់ ហើយព្រះអង្គប្រទានឫទ្ធានុភាពឲ្យលោកសម្ដែងឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ធំៗ ក្នុងចំណោមប្រជាជន។ ៩ មានអ្នកខ្លះជាសមាជិកធម្មសាលា* ដែលគេហៅថា «ធម្មសាលាពួកអ្នកងារពីដើម» និងអ្នកខ្លះពីចំណោមអ្នកស្រុកគីរេន អ្នកស្រុកអាឡិចសន់ឌ្រី និងអ្នកខ្លះទៀត ពីចំណោមអ្នកស្រុកស៊ីលីស៊ី និងអ្នកស្រុកអាស៊ីនាំគ្នាជជែកជាមួយលោកស្ទេផាន១០ ប៉ុន្តែគេពុំអាចជជែកឈ្នះលោកស្ទេផានឡើយ ព្រោះលោកមានប្រសាសន៍ ប្រកបដោយប្រាជ្ញាមកពីព្រះវិញ្ញាណ។១១ ដូច្នេះ អ្នកទាំងនេះនាំគ្នាសូកមនុស្សខ្លះឲ្យនិយាយថា៖ «យើងខ្ញុំបានឮអ្នកនេះពោលពាក្យប្រមាថលោកម៉ូសេ និងប្រមាថព្រះជាម្ចាស់»។ ១២ គេបានបំបះបំបោរប្រជាជន បំបះបំបោរពួកព្រឹទ្ធាចារ្យ* និងពួកធម្មាចារ្យ* រួចមកចាប់លោកស្ទេផាន បញ្ជូនទៅក្រុមប្រឹក្សាជាន់ខ្ពស់*។ ១៣ គេនាំសាក្សីក្លែងក្លាយមកចោទប្រកាន់លោកថា៖ «ជននេះចេះតែនិយាយប្រឆាំងនឹងព្រះវិហារ* ប្រឆាំងនឹងគម្ពីរវិន័យ*ឥតឈប់ឈរ។ ១៤ យើងខ្ញុំបានឮគាត់និយាយថា ឈ្មោះយេស៊ូ ជាអ្នកភូមិណាសារ៉ែតនោះ នឹងរុះព្រះវិហារចោល ព្រមទាំងប្ដូរប្រពៃណី ដែលលោកម៉ូសេបានទុកឲ្យយើងខ្ញុំថែមទៀតផង»។ ១៥ អស់អ្នក ដែលអង្គុយនៅក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងប៉ុន្មាន សម្លឹងមើលមកលោកស្ទេផានគ្រប់ៗគ្នា ហើយឃើញមុខរបស់លោកមានទ្រង់ទ្រាយដូចមុខរបស់ទេវទូត*។
ជំពូក ៧
សុន្ទរកថារបស់លោកស្ទេផាន
១ លោកមហាបូជាចារ្យមានប្រសាសន៍សួរថា៖ «តើពិតជាដូច្នេះមែនឬ ? » ២ លោកស្ទេផានឆ្លើយឡើងថា៖ «សូមជម្រាបអស់ល ជាបងប្អូន និងជាឪពុក សូមជ្រាប ! កាលលោកអប្រាហាំ*ជាបុព្វបុរស*របស់យើង រស់នៅឯស្រុកមេសូប៉ូតាមី គឺមុនពេលលោកទៅនៅស្រុកហារ៉ន ព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង បានមកបង្ហាញព្រះអង្គឲ្យលោកឃើញ ៣ ហើយមានព្រះបន្ទូលថា៖ “ចូរចាកចេញពីស្រុកកំណើតរបស់អ្នក ចាកចេញពីញាតិសន្តានរបស់អ្នក រួចធ្វើដំណើរទៅកាន់ស្រុកមួយ ដែលយើងនឹងបង្ហាញអ្នក ! ” ណ។ ៤ លោកអប្រាហាំក៏ចាកចេញពីស្រុកខាល់ដេ ទៅរស់នៅក្នុងស្រុកហារ៉ន។ ក្រោយពេលឪពុករបស់លោកទទួលមរណភាព ផុតទៅព្រះជាម្ចាស់បាននាំលោកចេញពីស្រុកនោះ មកនៅស្រុកដែលអស់លោករស់នៅសព្វថ្ងៃ។ ៥នៅស្រុកនេះ ព្រះជាម្ចាស់ពុំបានប្រទានដីធ្លីឲ្យលោកឡើយ គឺសូម្បីតែដីល្មមនឹងដាក់បាតជើង ក៏ព្រះអង្គមិនប្រទានឲ្យដែរ។ ប៉ុន្តែព្រះអង្គបានសន្យាថា នឹងប្រគល់ស្រុកនេះទាំងមូលមកឲ្យលោក និងឲ្យពូជពង្សរបស់លោកទៅជំនាន់ក្រោយៗផង។ពេលនោះ លោកអប្រាហាំគ្មានកូនទេ។ ៦ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ “ពូជពង្សរបស់អ្នក នឹងអាស្រ័យនៅលើទឹកដីបរទេស ។ អ្នកស្រុកនោះនឹងយកពូជពង្សរបស់អ្នក ធ្វើជាខ្ញុំបម្រើព្រមទាំងធ្វើទុក្ខទោសគេ អស់រយៈពេលបួនរយឆ្នាំ”។ ៧ ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា “ប៉ុន្តែយើងនឹងដាក់ទោសជាតិសាសន៍ ដែលយកពូជពង្សរបស់អ្នកធ្វើជាខ្ញុំបម្រើ។ ក្រោយមក ពូជពង្សរបស់អ្នកនឹងចាកចេញពីស្រុកនោះ មកគោរពថ្វាយបង្គំយើងនៅកន្លែងនេះ”ត។ ៨ បន្ទាប់មក ព្រះជាម្ចាស់បានប្រោសប្រទានសម្ព័ន្ធមេត្រី* ឲ្យលោកអប្រាហាំដោយយកពិធីកាត់ស្បែក*ធ្វើជាសញ្ញា។ ហេតុនេះហើយបានជាលោកអ៊ីសាកកើតបានប្រាំបីថ្ងៃ លោកអប្រាហាំ ជាឪពុក បានធ្វើពិធីកាត់ស្បែកឲ្យ។ លោកអ៊ីសាកក៏បានធ្វើពិធីកាត់ស្បែក ឲ្យលោកយ៉ាកុប ហើយលោកយ៉ាកុបក៏បានធ្វើពិធីកាត់ស្បែក ឲ្យបុព្វបុរស*ទាំងដប់ពីររូបដែរ។
៩ពួកបុព្វបុរសមានចិត្តច្រណែនឈ្នានីស នឹងលោកយ៉ូសែប ក៏លក់លោកឲ្យគេនាំយកទៅធ្វើជាខ្ញុំបម្រើនៅស្រុកអេស៊ីប។ ១០ ប៉ុន្តែព្រះជាម្ចាស់គង់ជាមួយលោក ព្រះអង្គបានរំដោះលោកឲ្យរួចផុតពីទុក្ខវេទនាទាំងប៉ុន្មាន។ ព្រះអង្គប្រទានឲ្យលោកមានប្រាជ្ញាវាងវៃ និងគាប់ព្រះហឫទ័យព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប។ ព្រះចៅផារ៉ោនបានតែងតាំងលោកឲ្យគ្រប់គ្រងស្រុកអេស៊ីប និងត្រួតត្រាព្រះរាជវាំងទាំងមូលផង។
១១ ពេលនោះ មានកើតទុរ្ភិក្សពេញទាំងស្រុកអេស៊ីប និងស្រុកកាណានបណ្ដាលឲ្យមានទុក្ខវេទនាជាខ្លាំង បុព្វបុរសរបស់យើងរកអ្វីបរិភោគពុំបានឡើយ។ ១២ ពេលលោកយ៉ាកុបឮដំណឹងថា នៅស្រុកអេស៊ីបមានស្រូវ លោកក៏ចាត់ពួកបុព្វបុរសរបស់យើងឲ្យទៅស្រុកនោះជាលើកទីមួយ។ ១៣ នៅលើកទីពីរលោកយ៉ូសែបបានប្រាប់ឲ្យបងប្អូនរបស់លោកស្គាល់លោក ហើយព្រះចៅផារ៉ោនក៏បានជ្រាបអំពីដើមកំណើតរបស់លោកយ៉ូសែបដែរ។ ១៤ បន្ទាប់មកលោកយ៉ូសែបបានចាត់គេ ឲ្យទៅអញ្ជើញលោកយ៉ាកុបជាឪពុក និងញាតិសន្តានទាំងអស់ ដែលមានគ្នាចិតសិបប្រាំនាក់នោះមក។ ១៥ លោកយ៉ាកុបក៏ចុះទៅស្រុកអេស៊ីបហើយលោកទទួលមរណភាពទៅពួកបុព្វបុរសក៏ទទួលមរណភាព នៅស្រុកនោះដែរ។១៦ គេបានដឹកសពលោកយ៉ាកុប និងសពពួកបុព្វបុរសមកបញ្ចុះនៅភូមិស៊ីគែម ក្នុងផ្នូរ ដែលលោកអប្រាហាំបានទិញពីកូនរបស់លោកហាម័រ នៅភូមិស៊ីគែមនោះ។
១៧លុះជិតដល់ពេលព្រះជាម្ចាស់ត្រូវបំពេញតាមព្រះបន្ទូល ដែលព្រះអង្គសន្យាជាមួយលោកអប្រាហាំជនជាតិរបស់យើង បានកើនចំនួនកាន់តែច្រើនឡើងៗនៅស្រុកអេស៊ីប។ ១៨ បន្ទាប់មក មានស្ដេចថ្មីឡើងគ្រងរាជ្យនៅស្រុកអេស៊ីប តែទ្រង់មិនស្គាល់លោកយ៉ូសែបទេ។ ១៩ ស្ដេចថ្មីនោះបានប្រើល្បិចអាក្រក់មកលើពូជសាសន៍យើង គឺទ្រង់បានធ្វើបាបបុព្វបុរសរបស់យើង រហូតដល់បង្ខំពួកគាត់ឲ្យយកទារកតូចៗរបស់ខ្លួនទៅបំបរបង់ចោល ដើម្បីកុំឲ្យមានជីវិតរស់តទៅមុខទៀត។ ២០ លោកម៉ូសេបានកើតនៅជំនាន់នោះ ហើយលោកជាទារកមួយដ៏ស្អាតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់។ ឪពុកម្ដាយបានចិញ្ចឹមលោកនៅក្នុងផ្ទះអស់រយៈពេលបីខែ។ ២១កាលគេបំបរបង់លោកចោល បុត្រីរបស់ស្ដេចផារ៉ោនបានរើសលោកយកមកចិញ្ចឹមបីបាច់ថែរក្សា ធ្វើជាកូន។២២លោកម៉ូសេបានទទួលការអប់រំ តាមចំណេះវិជ្ជាទាំងប៉ុន្មានរបស់ជនជាតិអេស៊ីប លោកមានសំនួនវោហារពូកែ ហើយប៉ិនប្រសប់ធ្វើកិច្ចការផ្សេងៗផង។
២៣លុះដល់ លោកមានអាយុគម្រប់សែសិបឆ្នាំលោកក៏បានសម្រេចចិត្ត ទៅសួរសុខទុក្ខជនជាតិអ៊ីស្រាអែលជាបងប្អូនរួមជាតិរបស់លោក ។ ២៤លោកបានឃើញជនរួមជាតិរបស់លោកម្នាក់ ត្រូវគេធ្វើបាបលោកក៏ចេញមុខការពារ ហើយសងសឹកជំនួសអ្នក ដែលត្រូវគេធ្វើបាបដោយវាយសម្លាប់ជន ជាតិអេស៊ីបនោះទៅ។ ២៥ លោកនឹកស្មានថាបងប្អូនរួមជាតិរបស់លោកមុខជាយល់ថា ព្រះជាម្ចាស់នឹងសង្គ្រោះពួកគេតាមរយៈលោក ប៉ុន្តែពួកគេពុំបានយល់ដូច្នោះឡើយ។ ២៦នៅថ្ងៃបន្ទាប់ លោកម៉ូសេបានប្រទះឃើញជនជាតិអ៊ីស្រាអែលខ្លះកំពុងវាយគ្នា លោកក៏មានប្រសាសន៍សម្រុះសម្រួលគេថា៖ “អ្នករាល់គ្នាជាបងប្អូននឹងគ្នា ហេតុដូចម្ដេចបានជាធ្វើបាបគ្នាឯងដូច្នេះ ? ” ។ ៧ម្នាក់ដែលធ្វើបាបបងប្អូនបានច្រានលោកម៉ូសេចេញទាំងពោលថា៖ “នរណាបានតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមពីលើយើង ? ២៨តើអ្នកចង់សម្លាប់ខ្ញុំដូចអ្នកបានសម្លាប់អេស៊ីបម្នាក់ពីម្សិលមិញនោះដែរឬ ? ” ថ។ ២៩កាលលោកម៉ូសេឮពាក្យនេះ លោកក៏ភៀសខ្លួនទៅនៅស្រុកម៉ាឌីយ៉ាន។ នៅស្រុកនោះលោកបានកូនប្រុសពីរនាក់។
៣០សែសិបឆ្នាំកន្លងមកទៀតមានទេវទូត*មួយរូបបានបង្ហាញខ្លួនឲ្យលោកឃើញនៅវាលរហោស្ថានភ្នំស៊ីណៃក្នុងអណ្ដាតភ្លើង ដែលកំពុងឆេះនៅគុម្ពោតមួយ។៣១ លោកម៉ូសេងឿងឆ្ងល់ចំពោះហេតុដ៏អស្ចារ្យ ដែលលោកឃើញនោះណាស់។ ពេលលោកចូលទៅជិត ដើម្បីពិនិត្យមើលលោកបានឮព្រះសូរសៀងរបស់ព្រះអម្ចាស់ថា៖ ៣២”យើងជាព្រះនៃបុព្វបុរសរបស់អ្នក គឺជាព្រះរបស់អប្រាហាំ ព្រះរបស់អ៊ីសាក និងព្រះរបស់យ៉ាកុប”ទ។ លោកម៉ូសេភ័យញ័រជាខ្លាំងពុំហ៊ានសម្លឹងមើលទេ។ ៣៣ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ ”ចូរដោះស្បែកជើងចេញ ដ្បិតកន្លែង ដែលអ្នកឈរនេះ ជាកន្លែងដ៏វិសុទ្ធ*។ ៣៤ យើងបានឃើញប្រជារាស្ត្ររបស់យើងរងទុក្ខលំបាក នៅស្រុកអេស៊ីបយើង ក៏បានឮសម្រែកសោកសៅរបស់គេដែរ យើងចុះមកនេះដើម្បីរំដោះពួកគេ។ ចូរមក ! យើងនឹងចាត់អ្នកឲ្យទៅស្រុកអេស៊ីបឥឡូវនេះ”ធ។
៣៥ជនជាតិអ៊ីស្រាអែលបានបដិសេធមិនទទួលស្គាល់លោកម៉ូសេនេះទេ ដោយពោលថា “នរណាបានតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមពីលើយើង ? “។ ក៏ប៉ុន្តែព្រះជាម្ចាស់បានចាត់លោកឲ្យទៅក្នុងឋានៈជាមេដឹកនាំ និងជាអ្នករំដោះដោយមានជំនួយពីទេវទូត ដែលបានបង្ហាញខ្លួនឲ្យលោកឃើញក្នុងគុម្ពោត។ ៣៦គឺលោកម៉ូសេនេះហើយ ដែលបានដឹកនាំជនជាតិអ៊ីស្រាអែលចេញមក ទាំងសម្ដែងឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ដ៏អស្ចារ្យនៅស្រុកអេស៊ីប នៅសមុទ្រក្រហម និងនៅវាលរហោស្ថានអស់រយៈពេលសែសិបឆ្នាំផង។ ៣៧ លោកម៉ូសេនេះហើយដែលមានប្រសាសន៍ ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ “ព្រះជាម្ចាស់នឹងធ្វើឲ្យមានព្យាការីម្នាក់ដូចខ្ញុំងើបឡើង ពីចំណោមបងប្អូនរបស់អ្នករាល់គ្នា”ន។ ៣៨ កាលជនជាតិអ៊ីស្រាអែលនៅជួបជុំគ្នា ក្នុងវាលរហោស្ថាន គឺលោកម៉ូសេនេះហើយដែលនៅជាមួយទេវទូតផង នៅជាមួយបុព្វបុរសផង។ទេវទូតបានថ្លែងព្រះបន្ទូលមកលោកនៅលើភ្នំស៊ីណៃ ហើយលោកបានទទួលព្រះបន្ទូល ដែលផ្ដល់ជីវិតយកមកប្រគល់ឲ្យយើងទាំងអស់គ្នា។ ៣៩បុព្វបុរសរបស់យើងមិនព្រមស្ដាប់បង្គាប់លោកទេ គឺគេបែរជានាំគ្នាជំទាស់នឹងលោក ហើយមានចិត្តចង់វិលត្រឡប់ទៅស្រុកអេស៊ីបវិញ ៤០ ដោយពោលទៅកាន់លោកអរ៉ុនថា៖ “សូមលោកឆ្លាក់រូបចម្លាក់ផ្សេងៗធ្វើជាព្រះដឹកនាំយើង ដ្បិតលោកម៉ូសេដែលបាននាំយើងចេញពីស្រុកអេស៊ីបមកនោះ យើងមិនដឹងលោកទៅជាយ៉ាងណាហើយទេ ! ” ប។ ៤១នៅគ្រានោះគេក៏បានឆ្លាក់រូបកូនគោមួយ ហើយយកយញ្ញបូជាមកថ្វាយរូបចម្លាក់នោះរួចនាំគ្នាសប្បាយរីករាយចំពោះវត្ថុ ដែលជាស្នាដៃរបស់ខ្លួន។៤២ ពេលនោះ ព្រះជាម្ចាស់ឈប់រវីរវល់នឹងគេ ទ្រង់បណ្ដោយគេឲ្យគោរពថ្វាយបង្គំផ្កាយទាំងឡាយនៅលើមេឃ ស្របនឹងសេចក្ដី ដែលមានចែងទុកក្នុងគម្ពីរព្យាការីថា៖
“ប្រជារាស្ត្រអ៊ីស្រាអែលអើយ !
ក្នុងអំឡុងពេលសែសិបឆ្នាំនៅវាលរហោស្ថាន
តើអ្នករាល់គ្នា ដែលបានយកសត្វ
ឬ យញ្ញបូជាអ្វីមកឲ្យយើងឬទេ ? ។
៤៣ អ្នករាល់គ្នាបានសែងខ្ទមរបស់ព្រះម៉ូឡុក
និង សែងរូបផ្កាយតំណាងព្រះរ៉ៃផាន
របស់អ្នករាល់គ្នា។
រូបសំណាកអស់ទាំងនេះ អ្នករាល់គ្នាបានឆ្លាក់
ដើម្បីយកមកថ្វាយបង្គំ ! ។
ដូច្នេះយើងនឹងកៀរអ្នករាល់គ្នាយកទៅឆ្ងាយ
ហួសស្រុកបាប៊ីឡូនទៅទៀត”ផ។
៤៤ នៅវាលរហោស្ថាន បុព្វបុរសរបស់យើងមានព្រះពន្លា*របស់ព្រះជាម្ចាស់ ព សង់ឡើងស្របតាមព្រះបន្ទូល ដែលព្រះជាម្ចាស់បានបង្គាប់មកលោកម៉ូសេ គឺតាមគំរូដែលលោកបានឃើញ។ ៤៥ បុព្វបុរសរបស់យើងបានទទួលព្រះពន្លា តៗគ្នា ហើយសែងចូលទៅក្នុងទឹកដី ដែលរឹបយកពីជាតិសាសន៍នានា ក្រោមការដឹកនាំរបស់លោកយ៉ូស៊ូអា គឺជាជាតិសាសន៍ដែលព្រះជាម្ចាស់បានដេញចេញ ពីមុខពួកគេ។ ព្រះពន្លានេះនៅគង់វង្សរហូតដល់ជំនាន់ព្រះបាទដាវីឌ។ ៤៦ ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងព្រះបាទដាវីឌ ព្រះបាទដាវីឌក៏បានទូលសូមអនុញ្ញាតពីព្រះអង្គ រកព្រះដំណាក់មួយថ្វាយព្រះរបស់លោកយ៉ាកុប ភ ៤៧ តែព្រះបាទសាឡូម៉ូនឯណោះវិញទេ ដែលបានសង់ព្រះដំណាក់នោះ។ ៤៨ ព្រះដ៏ខ្ពង់ខ្ពស់បំផុតមិនគង់នៅក្នុងដំណាក់ ដែលសង់ឡើងដោយដៃមនុស្សឡើយ ដូចព្យាការី*បានថ្លែងទុកមកស្រាប់ថា៖
៤៩ “ផ្ទៃមេឃជាបល្ល័ង្ករបស់យើង
ហើយផែនដីក៏ជាកំណល់ទ្រជើងយើងដែរ”។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖
“តើអ្នករាល់គ្នានឹងសង់ដំណាក់បែបណា
ឲ្យយើងបាន ?
តើកន្លែងដែលយើងនឹងសម្រាកនោះនៅឯណា ?
៥០ គឺយើងទេតើដែលបានបង្កើត
អ្វីៗទាំងនោះមក ! “ម។
៥១ អស់លោកចិត្តរឹងរូសអើយ ! អស់លោកមានចិត្ត មានត្រចៀកដូចសាសន៍ដទៃ យ ចេះតែជំទាស់ប្រឆាំងនឹងព្រះវិញ្ញាណដ៏វិសុទ្ធជានិច្ច គឺមិនខុសពីបុព្វបុរសរបស់អស់លោកទេ ! ៥២ គ្មានព្យាការីណាម្នាក់ដែលបុព្វបុរសរបស់អស់លោក មិនបានបៀតបៀននោះឡើយ។ បុព្វបុរសរបស់អស់លោកបានសម្លាប់អស់អ្នក ដែលប្រកាសទុកជាមុនថា ព្រះដ៏សុចរិតនឹងយាងមក។ ឥឡូវនេះ អស់លោកបានចាប់ព្រះអង្គនោះបញ្ជូនទៅឲ្យគេ ហើយអស់លោកធ្វើគុតព្រះអង្គថែមទៀតផង។ ៥៣ អស់លោកបានទទួលវិន័យរបស់ព្រះជាម្ចាស់តាមរយៈទេវទូត តែអស់លោកពុំបានប្រព្រឹត្តតាមវិន័យនោះសោះ ! »។
បណ្ដាជនសម្លាប់លោកស្ទេផាន
៥៤ កាលសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ ឮដូច្នោះគេក្រេវក្រោធជាខ្លាំង គេសង្កៀតធ្មេញដាក់លោកស្ទេផាន។ ៥៥ រីឯលោកស្ទេផានវិញ លោកបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* លោកសម្លឹងមើលទៅលើមេឃ ឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងឃើញព្រះយេស៊ូឈរនៅខាងស្ដាំព្រះអង្គ។ ៥៦ លោកមានប្រសាសន៍ថា៖ «មើលហ្ន ! ខ្ញុំឃើញផ្ទៃមេឃបើកចំហ និងឃើញបុត្រមនុស្ស* ឈរនៅខាងស្ដាំព្រះជាម្ចាស់»។ ៥៧ពួកគេស្រែកឡើងយ៉ាងខ្លាំង ទាំងយកដៃខ្ទប់ត្រចៀក ហើយនាំគ្នាស្ទុះទៅសង្គ្រុបពីលើលោក។ ៥៨ គេបណ្ដេញលោកចេញពីទីក្រុង រួចយកដុំថ្មគប់សម្លាប់លោក។ ពួកអ្នក ដែលជាសាក្សីបាន យកសម្លៀកបំពាក់របស់ខ្លួន ទៅទុកនៅក្បែរជើងយុវជនម្នាក់ឈ្មោះសូល។ ៥៩ នៅពេលគេគប់ដុំថ្មសម្លាប់នោះ លោកស្ទេផានទូលអង្វរថា៖ «ព្រះអម្ចាស់យេស៊ូអើយ សូមទទួលវិញ្ញាណរបស់ទូលបង្គំផង ! »។ ៦០ បន្ទាប់មក លោកលុតជង្គង់ចុះ ហើយបន្លឺសំឡេងខ្លាំងៗថា៖ «ព្រះអម្ចាស់អើយ ! សូមកុំប្រកាន់ទោសគេ ព្រោះតែអំពើបាបនេះធ្វើអ្វី»។ កាលបានទូលដូច្នោះហើយ លោកក៏ផុតដង្ហើមទៅរ។
ជំពូក ៨
១ លោកសូលបានយល់ស្របនឹងការសម្លាប់លោកស្ទេផានដែរ។
លោកសូលបៀតបៀនក្រុមសាវ័ក
នៅថ្ងៃនោះ ព្រះសហគមន៍*នៅក្រុងយេរូសាឡឹមត្រូវគេបៀតបៀនជាខ្លាំង។ អ្នកជឿទាំងប៉ុន្មានលើកលែងតែក្រុមគ្រីស្តទូតចេញបានបែកខ្ញែកគ្នាពាសពេញស្រុកយូដា និងស្រុកសាម៉ារី។ ២ អស់អ្នកដែលគោរពប្រណិប័តន៍ ព្រះជាម្ចាស់បាននាំគ្នាបញ្ចុះសពលោកស្ទេផាន និងយំសោកយ៉ាងខ្លាំងទៀតផង។
៣ រីឯលោកសូលវិញ លោកខំប្រឹងរំលាយព្រះសហគមន៍ ដោយចូលពីផ្ទះមួយទៅផ្ទះមួយ ចាប់ពួកអ្នកជឿទាំងប្រុសទាំងស្រីយកទៅឃុំឃាំង។
លោកភីលីពប្រកាសដំណឹងល្អនៅស្រុកសាម៉ារី
៤ ពួកសាវ័ក*ដែលបែកខ្ញែកគ្នានោះ បានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ទាំងផ្សព្វផ្សាយដំណឹងល្អ*អំពីព្រះបន្ទូល។ ៥ លោកភីលីពបានធ្វើដំណើរទៅក្រុងមួយ នៅស្រុកសាម៉ារី ហើយប្រកាសប្រាប់អ្នកក្រុងអំពីព្រះគ្រីស្ត*ល។ ៦ មហាជនរួមចិត្តគំនិតគ្នា ពេញចិត្តនឹងពាក្យសំដីរបស់លោកភីលីព ព្រោះគេបានឮលោកមានប្រសាសន៍ និងបានឃើញទីសម្គាល់ដ៏អស្ចារ្យ ដែលលោកបានធ្វើ ៧ គឺមានខ្មោចជាច្រើនចេញពីមនុស្ស ទាំងស្រែកខ្លាំងៗ និងមានមនុស្សខ្វិន មនុស្សស្លាប់ដៃជើង ជាច្រើនបានជា។ ៨ ប្រជាជននៅក្រុងនោះ មានអំណរសប្បាយដ៏លើសលប់។
៩ មានបុរសម្នាក់ឈ្មោះស៊ីម៉ូន រស់នៅក្នុងក្រុងនោះ តាំងពីមុនលោកភីលីពមកដល់ម៉្លេះ។ គាត់ជាគ្រូមន្តអាគម ធ្វើឲ្យប្រជាជននៅស្រុកសាម៉ារី ស្ងើចសរសើរគាត់ជាខ្លាំង ហើយគាត់អួតខ្លួនថា គាត់ជាអ្នកធំមួយរូប។ ១០ ប្រជាជនទាំងតូចទាំងធំពេញចិត្តនឹងគាត់គ្រប់ៗគ្នា គេពោលថា៖ «លោកនេះហើយជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដែលជាឫទ្ធានុភាពដ៏ឧត្តុង្គឧត្ដម»។ ១១ ប្រជាជនពេញចិត្តនឹងគាត់ដូច្នេះ ព្រោះគាត់បានសម្ដែងមន្តអាគមឲ្យគេស្ងើចសរសើរ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ១២ កាលគេជឿដំណឹងល្អ*អំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ និងអំពីព្រះនាមព្រះយេស៊ូគ្រីស្ត*ដែលលោកភីលីពប្រកាសប្រាប់គេក៏ទទួលពិធីជ្រមុជទឹក ទាំងប្រុសទាំងស្រី។ ១៣ លោកស៊ីម៉ូនផ្ទាល់ក៏បានជឿដែរថែមទាំងបានទទួលពិធីជ្រមុជទឹកទៀតផង ហើយគាត់នៅជាប់នឹងលោកភីលីពជានិច្ច។ កាលគាត់បានឃើញទីសម្គាល់ និងការអស្ចារ្យដ៏ធំៗដែលកើតមាននៅពេលនោះ គាត់ក៏ស្ងើចសរសើរយ៉ាងខ្លាំង។
១៤ ក្រុមគ្រីស្តទូត*នៅក្រុងយេរូសាឡឹម បានឮដំណឹងថា អ្នកស្រុកសាម៉ារីនាំគ្នាទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ចាត់លោកសិលានិង លោកយ៉ូហានឲ្យទៅជួបអ្នកទាំងនោះ។ ១៥ លុះទៅដល់ស្រុកសាម៉ារី គ្រីស្តទូត*ទាំងពីរក៏ទូលអង្វរព្រះជាម្ចាស់សុំឲ្យពួកអ្នកជឿ បានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ* ១៦ដ្បិតព្រះវិញ្ញាណពុំទាន់យាងចុះមកសណ្ឋិតលើអ្នកណាម្នាក់ ក្នុងចំណោមពួកគេនៅឡើយទេ គឺគេគ្រាន់តែបានទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះអម្ចាស់យេស៊ូប៉ុណ្ណោះ។ ១៧ ពេលនោះលោកសិលា និងលោកយ៉ូហានបានដាក់ដៃ*លើគេហើយគេក៏បានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ។ ១៨ កាលលោកស៊ីម៉ូនឃើញថា ព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកអ្នកជឿ ដោយគ្រីស្តទូតដាក់ដៃលើដូច្នោះគាត់ក៏យកប្រាក់មកជូនគ្រីស្តទូតទាំងពីរហើយពោលថា៖ ១៩«សូមលោកប្រគល់ឲ្យខ្ញុំមានអំណាចនេះផង ដើម្បីឲ្យខ្ញុំដាក់ដៃលើអ្នកណា អ្នកនោះនឹងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធដែរ»។ ២០ លោកសិលាតបទៅគាត់វិញថា៖ «ចូរឲ្យប្រាក់របស់អ្នកវិនាសអន្តរាយជាមួយអ្នកទៅអ្នកនឹកស្មានថា អាចយកប្រាក់ មកទិញព្រះអំណោយទានរបស់ព្រះជាម្ចាស់បាន! ២១អ្នកគ្មានចំណែកគ្មានសិទ្ធិអ្វីក្នុងកិច្ចការនេះឡើយ ដ្បិតចិត្តរបស់អ្នកមិនទៀងត្រង់ចំពោះព្រះជាម្ចាស់ទាល់តែសោះ។ ២២ចូរលះបង់ចិត្តគំនិតអាក្រក់ចោលទៅ ហើយទូលអង្វរព្រះអម្ចាស់ ក្រែងលោព្រះអង្គលើកលែងទោសឲ្យអ្នក ដែលមានចិត្តបែបនេះ ២៣ដ្បិតខ្ញុំឃើញថាអ្នកមានចិត្តខ្មៅវ ហើយក៏នៅជាប់ចំណងអំពើទុច្ចរិតដែរ»។ ២៤ លោកស៊ីម៉ូនតបទៅវិញថា៖ «សូមលោកទូលអង្វរព្រះអម្ចាស់ឲ្យខ្ញុំផង ដើម្បីកុំឲ្យមានហេតុអាក្រក់ណាមួយកើតឡើងចំពោះរូបខ្ញុំ ដូចលោកមានប្រសាសន៍នោះឡើយ»។
២៥ក្រោយពីបានផ្ដល់សក្ខីភាព និងប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់រួចហើយ គ្រីស្តទូតទាំងពីររូបក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញទាំងផ្សព្វផ្សាយដំណឹងល្អក្នុងភូមិជាច្រើននៅស្រុកសាម៉ារីផង
លោកភីលីពនាំដំណឹងល្អទៅជម្រាបមន្ត្រីជាតិអេត្យូពី
២៦ ទេវទូត*របស់ព្រះអម្ចាស់ ពោលមកកាន់លោកភីលីពថា៖ «សូមក្រោកឡើងធ្វើដំណើរឆ្ពោះទៅទិសខាងត្បូង តាមផ្លូវចុះពីក្រុងយេរូសាឡឹមទៅក្រុងកាសា ជាផ្លូវស្ងាត់នោះទៅ»។ លោកភីលីពក៏ក្រោកឡើងចេញដំណើរទៅ។ ២៧ នៅតាមផ្លូវមានជនជាតិអេត្យូពីមួយរូប ជាមនុស្សកម្រៀវ* លោកជាមន្ត្រីជាន់ខ្ពស់របស់មហាក្សត្រិយានីកន់ដាសដែលគ្រងរាជ្យនៅស្រុកអេត្យូពី ហើយលោកជាអ្នកកាន់កាប់ព្រះរាជទ្រព្យទាំងប៉ុន្មាន។ លោកបានមកថ្វាយបង្គំព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម ២៨ ហើយធ្វើដំណើរវិលត្រឡប់ទៅវិញ ដោយជិះរទេះសេះទាំងអានគម្ពីរព្យាការី*អេសាយផង។
២៩ ព្រះវិញ្ញាណមានព្រះបន្ទូល មកលោកភីលីពថា៖ «ចូរទៅមុខរួចចូលទៅជិតរទេះសេះនោះទៅ»។ ៣០ លោកភីលីពក៏រត់ទៅមុខហើយឮមន្ត្រីអេធីត្យូពីអានគម្ពីរព្យាការីអេសាយ លោកភីលីពសួរមន្ត្រីនោះថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងតែអាននេះឬទេ?»។ ៣១ លោកមន្ត្រីតបមកវិញថា៖ «ធ្វើម្ដេចឲ្យខ្ញុំយល់បាន បើគ្មាននរណាពន្យល់ណែនាំសោះនោះ!»។ លោកក៏អញ្ជើញលោកភីលីពឡើងជិះរទេះសេះជាមួយ។ ៣២ រីឯអត្ថបទគម្ពីរដែលលោកកំពុងអាននោះគឺ៖
“លោកត្រូវគេនាំយកទៅដូចជាចៀម
ដែលគេនាំទៅសម្លាប់ស
លោកពុំបានហើបមាត់ទាល់តែសោះ
គឺប្រៀបដូចជាកូនចៀមដែលស្ងៀមស្ងាត់
នៅមុខអ្នកកាត់រោម។
៣៣ លោកត្រូវគេបន្ទាបបន្ថោក
ហើយគេមិនរកយុត្តិធម៌ជូនលោកឡើយ។
គ្មាននរណាអាចតំណាលអំពីពូជពង្ស
របស់លោកបានទេ
ព្រោះគេបានដកជីវិតរបស់លោក
ចេញពីផែនដីនេះបាត់ទៅហើយ”ហ។
៣៤ មន្ត្រីនោះសួរលោកភីលីពថា៖ «សូមប្រាប់ខ្ញុំផង តើព្យាការី*មានប្រសាសន៍ដូច្នេះសំដៅលើអ្នកណា? តើលោកមានប្រសាសន៍អំពីខ្លួនលោកផ្ទាល់ ឬ មានប្រសាសន៍អំពីអ្នកណាម្នាក់ផ្សេងទៀត?»។ ៣៥ លោកភីលីពក៏ជម្រាបជូនដំណឹងល្អ អំពីព្រះយេស៊ូប្រាប់លោកដោយចាប់ផ្ដើមពីអត្ថបទគម្ពីរនោះទៅ។៣៦ លោកទាំងពីរចេះតែបន្តដំណើរទៅមុខ។ លុះដល់កន្លែងមួយមានទឹក លោកមន្ត្រីមានប្រសាសន៍ថា៖ «ទីនេះមានទឹក តើមានអ្វីឃាត់ខ្ញុំមិនឲ្យទទួលពិធីជ្រមុជទឹក!»។ {៣៧ លោកភីលីពមានប្រសាសន៍ទៅលោកមន្ត្រីថា៖ «បើលោកជឿយ៉ាងស្មោះអស់ពីចិត្តនោះ លោកអាចទទួលពិធីជ្រមុជទឹកបាន»។ លោកមន្ត្រីឆ្លើយវិញថា៖ «ខ្ញុំជឿហើយថា ព្រះយេស៊ូគ្រីស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់»}។ ៣៨ លោកបញ្ជាឲ្យគេបញ្ឈប់រទេះសេះ។ លោកមន្ត្រីនិងលោកភីលីពចុះទៅក្នុងទឹកទាំងពីរនាក់ ហើយលោកភីលីពក៏ជ្រមុជទឹកជូនមន្ត្រីនោះ។ ៣៩ កាលលោកទាំងពីរឡើងពីទឹកមកវិញ ព្រះវិញ្ញាណនៃព្រះអម្ចាស់បានលើកលោកភីលីពយកចេញបាត់ទៅ លោកមន្ត្រីលែងឃើញលោកភីលីពទៀតហើយ។ លោកមន្ត្រីបន្តដំណើរទៅមុខដោយចិត្តត្រេកអរសប្បាយ។ ៤០រីឯលោកភីលីព គេបែរជាឃើញលោកនៅឯក្រុងអាសូតឯណោះ។
បន្ទាប់មក លោកធ្វើដំណើរពីក្រុងមួយទៅក្រុងមួយទាំងផ្សព្វផ្សាយដំណឹងល្អ* រហូតទៅដល់ក្រុងសេសារេ។
ជំពូក ៩
លោកសូលប្រែចិត្តគំនិតជឿព្រះយេស៊ូ
១នៅពេលនោះ លោកសូលគិតតែពីគំរាមកំហែង និងសម្លាប់សាវ័ក*របស់ព្រះអម្ចាស់ជានិច្ច។ គាត់ទៅជួបលោកមហាបូជាចារ្យ ២ សុំលិខិតអនុញ្ញាតចូលទៅក្នុងធម្មសាលានានា នៅក្រុងដាម៉ាសក្រែងរកឃើញអ្នកខ្លះនៅទីនោះ ដែលដើរតាមមាគ៌ារបស់ព្រះអម្ចាស់ ទោះជាប្រុស ឬ ស្ត្រីក្ដីគាត់នឹងចាប់ចងនាំយកមកក្រុងយេរូសាឡឹម។ ៣ ពេលគាត់ធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាសហើយ ស្រាប់តែមានពន្លឺមួយចាំងពីផ្ទៃមេឃមកជុំវិញគាត់។ ៤ គាត់ក៏ដួលហើយឮសូរសំឡេងមួយ ពោលមកគាត់ថា៖ «សាអ៊ូលអើយ សាអ៊ូលឡ!ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ?»។ ៥ លោកសូលសួរវិញថា៖«លោកម្ចាស់អើយ! តើលោកជានរណា?»។ សំឡេងនោះក៏ឆ្លើយឡើងថា៖ «ខ្ញុំជាយេស៊ូដែលអ្នកកំពុងតែបៀតបៀន អ។ ៦ ចូរក្រោកឡើង ហើយចូលទៅក្នុងទីក្រុង នៅទីនោះនឹងមានគេប្រាប់អ្នកថា ត្រូវធ្វើអ្វីខ្លះ»។ ៧ រីឯអស់អ្នកដែលធ្វើដំណើរជាមួយលោកសូលនាំគ្នាឈប់ គេនៅស្ងៀមរកនិយាយអ្វីមិនកើតព្រោះគេបានឮសំឡេង តែពុំឃើញមាននរណាឡើយ។ ៨ លោកសូលក្រោកឡើងទោះបីគាត់ខំប្រឹងបើកភ្នែកយ៉ាងណាក៏ដោយ ក៏គាត់មើលអ្វីមិនឃើញដែរ។ គេដឹកដៃគាត់នាំចូលទៅក្នុងក្រុងដាម៉ាស។ ៩ ក្នុងរយៈពេលបីថ្ងៃ គាត់មិនអាចមើលឃើញ ហើយក៏មិនពិសាបាយ ពិសាទឹកសោះឡើយ។
១០ នៅក្រុងដាម៉ាសមានសាវ័កមួយរូប ឈ្មោះអណាញ៉ាស។ គាត់និមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលហៅគាត់ថា៖ «អណាញ៉ាស!»។ គាត់ទូលតបថា៖ «ក្រាបទូលព្រះអម្ចាស់!»។ ១១ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «ចូរក្រោកឡើងទៅឯផ្លូវមួយ ឈ្មោះ”ផ្លូវត្រង់” សួររកឈ្មោះសូល ជាអ្នកស្រុកតារសុស នៅក្នុងផ្ទះយូដា។ គាត់កំពុងតែអធិស្ឋាន* ១២ ហើយនិមិត្តឃើញបុរសម្នាក់ឈ្មោះអណាញ៉ាស ចូលមកដាក់ដៃ*លើគាត់ដើម្បីឲ្យគាត់មើលឃើញឡើងវិញ»។ ១៣ លោកអណាញ៉ាសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំបានឮមនុស្សជាច្រើននិយាយថា បុរសនេះបានធ្វើបាបប្រជារាស្ត្រដ៏វិសុទ្ធ*របស់ព្រះអង្គ នៅក្រុងយេរូសាឡឹមខ្លាំងណាស់ ១៤ ហើយគាត់បានទទួលការអនុញ្ញាតពីលោកមហាបូជាចារ្យឲ្យមកទីនេះ ដើម្បីចាប់ចងអស់អ្នក ដែលអង្វររកព្រះនាមព្រះអង្គ»។១៥ ប៉ុន្តែព្រះអម្ចាស់មានព្រះបន្ទូលមកគាត់វិញថា៖ «អញ្ជើញទៅចុះ! ដ្បិតខ្ញុំជ្រើសរើសបុរសនេះដើម្បីប្រើគាត់ឲ្យទៅប្រាប់ប្រជាជាតិ និងស្ដេចនានាព្រមទាំងប្រាប់ជនជាតិអ៊ីស្រាអែល ឲ្យស្គាល់ឈ្មោះខ្ញុំ។ ១៦ ខ្ញុំនឹងបង្ហាញប្រាប់គាត់ឲ្យដឹងថា គាត់ត្រូវរងទុក្ខលំបាកជាច្រើន ព្រោះតែឈ្មោះរបស់ខ្ញុំ»។
១៧ លោកអណាញ៉ាសក៏ចេញទៅ។ លុះទៅដល់ផ្ទះនោះហើយ គាត់ដាក់ដៃលើលោកសូល ហើយមានប្រសាសន៍ថា៖ «បងសូលអើយ! ព្រះអម្ចាស់យេស៊ូដែលបងបានឃើញ នៅតាមផ្លូវបងធ្វើដំណើរមកនោះ ទ្រង់បានចាត់ខ្ញុំមក ដើម្បីឲ្យបងអាចមើលឃើញឡើងវិញ និងឲ្យបងបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ*»។ ១៨ រំពេចនោះមានអ្វីមួយដូចស្រកាត្រី ជ្រុះពីភ្នែកលោកសូល លោកក៏មើលឃើញឡើងវិញ លោកក្រោកឡើងទទួលពិធីជ្រមុជទឹក*។១៩បន្ទាប់មកលោកបរិភោគម្ហូបអាហារហើយមានកម្លាំងឡើងវិញ។
លោកសូលប្រកាសព្រះបន្ទូលនៅក្រុងដាម៉ាស
លោកស្នាក់នៅជាមួយពួកសាវ័ក ដែលនៅក្រុងដាម៉ាសបួនដប់ថ្ងៃ។ ២០ លោកចាប់ផ្ដើមប្រកាសនៅក្នុងធម្មសាលា*នានាភ្លាមថា ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់។ ២១ អស់អ្នកដែលបានឮលោកមានប្រសាសន៍ ងឿងឆ្ងល់ណាស់ គេពោលថា៖ «លោកនេះហើយ ដែលបានធ្វើទុក្ខបៀតបៀនអស់អ្នកដែលអង្វររកឈ្មោះយេស៊ូ នៅក្រុងយេរូសាឡឹមគាត់មកទីនេះ រកចាប់ចងគេនាំទៅជូនពួកមហាបូជាចារ្យ*ទេតើ!»។ ២២រីឯលោកសូលវិញលោកមានកម្លាំងចិត្តកាន់តែខ្លាំងឡើងៗ ហើយលោកវែកញែកប្រាប់សាសន៍យូដានៅក្រុងដាម៉ាសយ៉ាងច្បាស់លាស់ថា ព្រះយេស៊ូពិតជាព្រះគ្រីស្ត*។
២៣ យូរថ្ងៃក្រោយមកទៀត ជនជាតិយូដាបានសមគំនិតគ្នារកសម្លាប់លោកសូល ២៤ តែលោកបានជ្រាបគម្រោងការណ៍របស់គេ។ ពួកគេបាននាំគ្នាទៅចាំនៅទ្វារក្រុងទាំងយប់ទាំងថ្ងៃ ដើម្បីសម្លាប់លោក។២៥ ប៉ុន្តែ នៅពេលយប់ពួកសិស្សរបស់លោកបានដាក់លោកក្នុងជាលមួយ សម្រូតចុះទៅខាងក្រៅកំពែងក្រុង។
លោកសូលនៅក្រុងយេរូសាឡឹម
២៦ កាល លោកសូល មក ដល់ ក្រុងយេរូសាឡឹមលោកចង់ទៅចូលរួមក្នុងចំណោមពួកសាវ័ក តែពួកគេខ្លាចលោកទាំងអស់គ្នា ព្រោះគេពុំជឿថាលោកជាសាវ័កដែរនោះឡើយ។ ២៧ ពេលនោះ លោកបារណាបាសបានទទួលលោក ហើយនាំទៅជួបក្រុមគ្រីស្តទូត* ទាំងរៀបរាប់អំពីលោកសូលបានឃើញព្រះអម្ចាស់នៅតាមផ្លូវ អំពីព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោក ហើយនិងរៀបរាប់អំពីលោកសូលមានប្រសាសន៍ ដោយចិត្តអង់អាច ក្នុងព្រះនាមព្រះយេស៊ូ នៅក្រុងដាម៉ាសផងដែរ។ ២៨ ចាប់តាំងពីពេលនោះមក លោកសូលតែងតែចុះឡើងនៅក្រុងយេរូសាឡឹមជាមួយក្រុមគ្រីស្តទូតជានិច្ច ព្រមទាំងមានប្រសាសន៍ដោយចិត្តអង់អាច ក្នុងព្រះនាមព្រះអម្ចាស់ថែមទៀតផង។ ២៩ លោកបានសន្ទនានិងជជែកវែកញែកជាមួយសាសន៍យូដា ដែលនិយាយភាសាក្រិក តែពួកគេបែរជានាំគ្នាប៉ុនប៉ងសម្លាប់លោកទៅវិញ។ ៣០ កាលពួកបងប្អូនបានជ្រាបដំណឹងនេះ គេនាំលោកទៅក្រុងសេសារេហើយបន្ទាប់មកឲ្យលោកទៅក្រុងតារសុស។
៣១ ព្រះសហគមន៍*បានប្រកបដោយសេចក្ដីសុខសាន្តគ្រប់ទីកន្លែងក្នុងស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី។ ព្រះសហគមន៍មានជំហរកាន់តែមាំមួនឡើងៗ ហើយគេរស់នៅ ដោយគោរពកោតខ្លាចព្រះអម្ចាស់ ព្រមទាំងមានចំនួនកើនឡើងជាលំដាប់ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធ*ជួយលើកទឹកចិត្តគេផង។
លោកសិលាប្រោសលោកអេណេឲ្យបានជា
៣២លោកសិលាបានធ្វើដំណើរទៅគ្រប់ទីកន្លែង។ លោកបានចុះទៅសួរសុខទុក្ខប្រជាជនដ៏វិសុទ្ធ* នៅក្រុងលីដា។ ៣៣ នៅក្រុងនោះលោកឃើញបុរសម្នាក់ឈ្មោះអេណេ ឈឺក្រោកមិនរួចគាត់ដេកជាប់នឹងគ្រែប្រាំបីឆ្នាំមកហើយ។ ៣៤ លោកសិលាមានប្រសាសន៍ទៅគាត់ថា៖ «អេណេអើយ! ព្រះយេស៊ូគ្រីស្ត* ប្រោសអ្នកឲ្យបានជាហើយ ចូរក្រោកឡើងរៀបចំគ្រែអ្នកទៅ!»។ លោកអេណេក៏ក្រោកឡើងភ្លាម។ ៣៥ អ្នកក្រុងលីដាទាំងអស់ និងអ្នកស្រុកនៅតំបន់សារ៉ូនបានឃើញគាត់ជាដូច្នេះ ក៏បែរចិត្តគំនិតទៅរកព្រះអម្ចាស់។
នាងតាប៊ីថារស់ឡើងវិញ
៣៦ នៅក្រុងយ៉ុបប៉េ មានស្ត្រីម្នាក់ឈ្មោះតាប៊ីថាភាសាក្រិកថា “ឌ័រកាស” នាងជាសាវ័ក*ដែរ នាងតែងប្រព្រឹត្តអំពើល្អ និងធ្វើទានជាច្រើន។ ៣៧ នៅគ្រានោះ នាងមានជំងឺហើយស្លាប់ទៅ។ គេបានលាងសពរបស់នាងតម្កល់ទុកនៅបន្ទប់ខាងលើ។ ៣៨ ក្រុងលីដានៅជិតក្រុងយ៉ុបប៉េ។ កាលពួកសាវ័កឮដំណឹងថា លោកសិលាស្ថិតនៅឯក្រុងលីដានោះ គេចាត់បុរសពីរនាក់ឲ្យទៅអញ្ជើញលោកថា៖ «សូមលោកមេត្តាប្រញាប់ធ្វើដំណើរបង្ហួសទៅកន្លែងយើងខ្ញុំផង»។ ៣៩ លោកសិលាក៏ចេញដំណើរមកជាមួយអ្នកទាំងពីរនោះភ្លាម។ ពេលលោកមកដល់ គេបានអញ្ជើញលោកឡើងទៅបន្ទប់ខាងលើ ស្ត្រីមេម៉ាយទាំងប៉ុន្មានបាននាំគ្នាចូលមកជិតលោកទាំងយំសោកនិងបង្ហាញអាវវែងអាវក្រៅដែលនាងឌ័រកាសបានដេរ កាលនាងរស់នៅជាមួយគេនៅឡើយ។ ៤០ លោកសិលាសុំឲ្យគេចេញទៅក្រៅទាំងអស់គ្នា រួចលោកលុតជង្គង់អធិស្ឋាន។បន្ទាប់មកលោកបែរទៅរកសពមានប្រសាសន៍ថា៖ «តាប៊ីថាអើយក្រោកឡើង!»។ ពេលនោះនាងក៏បើកភ្នែក ហើយកាលនាងបានឃើញលោកសិលា នាងក្រោកអង្គុយ។ ៤១ លោកចាប់ដៃនាងឲ្យក្រោកឈរ ហើយហៅពួកអ្នកជឿក និងស្ត្រីមេម៉ាយឲ្យចូលមកបង្ហាញនាងឌ័រកាស ដែលមានជីវិតរស់ឲ្យគេឃើញ។ ៤២ អ្នកក្រុងយ៉ុបប៉េទាំងប៉ុន្មានបានដឹងរឿងនេះ ហើយច្រើននាក់ជឿលើព្រះអម្ចាស់។ ៤៣ លោកសិលាស្នាក់នៅក្រុងយ៉ុបប៉េ ជាយូរថ្ងៃតទៅទៀត ក្នុងផ្ទះបុរសម្នាក់ ឈ្មោះស៊ីម៉ូនជាអ្នកសម្លាប់ស្បែកខ។
ជំពូក ១០
លោកគ័រនេល្យូសប្រែចិត្តគំនិតជឿព្រះអម្ចាស់
១ នៅក្រុងសេសារេ មានបុរសម្នាក់ឈ្មោះគ័រនេល្យូសជានាយទាហាន ក្នុងកងវរសេនាតូច គរ៉ូម៉ាំងមួយឈ្មោះ«កងវរសេនាតូចអ៊ីតាលី»។ ២ គាត់និងក្រុមគ្រួសាររបស់គាត់ទាំងមូល ជាអ្នកគោរពប្រណិប័តន៍ និងកោតខ្លាចព្រះជាម្ចាស់។ គាត់តែងចែកទានជាច្រើនឲ្យប្រជាជន ព្រមទាំងទូលអង្វរព្រះជាម្ចាស់ គ្រប់ពេលវេលា។ ៣ ថ្ងៃមួយប្រមាណជាម៉ោងបីរសៀល គាត់បាននិមិត្តឃើញទេវទូត*មួយរូបរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ទេវទូតនោះចូលមកផ្ទះគាត់ហៅគាត់ថា៖ «លោកគ័រនេល្យូសអើយ!»។៤ លោកគ័រនេល្យូសសម្លឹងមើលទៅទេវទូត ហើយមានប្រសាសន៍ទៅវិញទាំងភ័យខ្លាចថា៖ «លោកម្ចាស់អើយ! តើលោកមានការអ្វី?»។ទេវទូតពោលមកគាត់ថា៖ «ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់លោក ហើយព្រះអង្គក៏ជ្រាបអំពីទានរបស់លោកដែរ ព្រះអង្គមិនភ្លេចទេ។ ៥ សុំលោកចាត់គេឲ្យទៅក្រុងយ៉ុបប៉េ ឥឡូវនេះអញ្ជើញបុរសម្នាក់ឈ្មោះស៊ីម៉ូនហៅសិលាមក។ ៦គាត់ស្នាក់នៅផ្ទះអ្នកសម្លាប់ស្បែកម្នាក់ឈ្មោះស៊ីម៉ូនផ្ទះនោះនៅក្បែរមាត់សមុទ្រ»។
៧កាល ទេវទូត*ដែលបាននិយាយជាមួយគាត់ចេញផុតទៅ លោកគ័រនេល្យូសក៏ហៅអ្នកបម្រើពីរនាក់ និងទាហានម្នាក់ដែលនៅក្រោមបញ្ជារបស់គាត់ជាយូរហើយ ហើយគោរពប្រណិប័តន៍ព្រះជាម្ចាស់ផងនោះ ឲ្យចូលមក។ ៨លោកបានរៀបរាប់ហេតុការណ៍ទាំងអស់ប្រាប់ពួកគេ រួចចាត់ឲ្យទៅក្រុងយ៉ុបប៉េ។
៩នៅថ្ងៃបន្ទាប់អ្នកទាំងនោះធ្វើដំណើរទៅជិតដល់ក្រុងយ៉ុបប៉េ។ ប្រមាណជាថ្ងៃត្រង់ លោកសិលាឡើងទៅអធិស្ឋាន* នៅលើដំបូលផ្ទះឃ។ ១០ ពេលនោះលោកឃ្លានចង់ពិសាបាយ។ កាលគេកំពុងតែរៀបចំម្ហូបចំណី ជូនលោកពិសាលោកបានលង់ស្មារតី ១១មិត្តឃើញផ្ទៃមេឃបើកចំហឃើញវត្ថុម៉្យាងដូចកម្រាលតុមួយយ៉ាងធំ ដែលមានចងចុងជាយទាំងបួនជ្រុង ចុះពីលើមកដល់ដី។ ១២ នៅលើកម្រាលនោះមានសត្វចតុប្បាទគ្រប់ប្រភេទ មានសត្វលូនវារនិងបក្សាបក្សី។ ១៣ មានព្រះសូរសៀងបញ្ជាមកគាត់ថា៖«សិលាអើយ! ចូរសម្លាប់សត្វទាំងនេះបរិភោគទៅ!»។ ១៤ប៉ុន្តែលោកសិលាទូលទៅវិញថា៖ «ទេព្រះអម្ចាស់ទូលបង្គំពុំដែលទទួលទានអ្វី ដែលវិន័យហាមឃាត់ង ឬមិនបរិសុទ្ធ*ទាល់តែសោះ»។ ១៥ បន្ទាប់មក លោកសិលាបានឮព្រះសូរសៀងនោះជាលើកទីពីរថា៖ «អ្វីៗដែលព្រះជាម្ចាស់បានប្រោសឲ្យបរិសុទ្ធហើយ ចូរកុំចាត់ទុកថាវិន័យហាមឃាត់នោះឡើយ!»។ ១៦ ហេតុការណ៍នេះកើតមានដល់ទៅបីដង នៅទីបំផុតវត្ថុនោះក៏ឡើងទៅលើមេឃវិញភ្លាមបាត់ទៅ។
១៧ លោកសិលាកំពុងតែនឹកឆ្ងល់ មិនដឹងជាត្រូវគិតដូចម្ដេចអំពីហេតុការណ៍ ដែលលោកបាននិមិត្តឃើញនោះសិរីរុងរឿង ស្រាប់តែពួកអ្នកដែលលោកគ័រនេល្យូសចាត់ឲ្យមកបានមកដល់មាត់ទ្វារទាំងសាកសួររកផ្ទះរបស់លោកស៊ីម៉ូន។ ១៨ គេស្រែកសួរថា៖ «លោកស៊ីម៉ូនហៅសិលាស្នាក់ក្នុងផ្ទះនេះឬទេ?»។ ១៩ ពេលលោកសិលាកំពុងរិះគិតអំពីហេតុការណ៍ ដែលលោកនិមិត្តឃើញនោះ ព្រះវិញ្ញាណមានព្រះបន្ទូលមកគាត់ថា៖ «មានបុរសបីនាក់កំពុងសួររកអ្នក ២០ចូរចុះទៅក្រោមចេញដំណើរទៅជាមួយគេ ភ្លាមទៅកុំរារែកឡើយ ដ្បិតយើងនេះហើយដែលបានចាត់គេឲ្យមក»។
២១ លោកសិលាក៏ចុះទៅក្រោម មានប្រសាសន៍ទៅបុរសទាំងបីនាក់នោះថា៖ «ខ្ញុំនេះហើយដែលអ្នករាល់គ្នាកំពុងតែរក! តើអ្នកមកមានការអ្វី?។ ២២ គេឆ្លើយថា៖ «លោកគ័រនេល្យូសជានាយទាហានបានចាត់យើងឲ្យមកគាត់ជាមនុស្សសុចរិត គោរពកោតខ្លាចព្រះជាម្ចាស់ ហើយជាមនុស្សម្នាក់ដែលប្រជាជាតិយូដាសរសើរគ្រប់ៗគ្នា។ ទេវទូតដ៏វិសុទ្ធមួយរូបបានមកប្រាប់គាត់ ឲ្យអញ្ជើញលោកទៅផ្ទះគាត់ដើម្បីស្ដាប់លោកមានប្រសាសន៍»។ ២៣ លោកសិលាអញ្ជើញអ្នកទាំងនោះចូលក្នុងផ្ទះឲ្យស្នាក់នៅជាមួយ។
ព្រឹកឡើង លោកក៏ចេញដំណើរទៅជាមួយគេទាំងមានបងប្អូនខ្លះនៅក្រុងយ៉ុបប៉េ ជូនដំណើរទៅផង។ ២៤ នៅថ្ងៃបន្ទាប់មកទៀតលោកបានទៅដល់ក្រុងសេសារេ។ រីឯលោកគ័រនេល្យូសវិញ គាត់បានអញ្ជើញញាតិសន្តាន និងមិត្តជិតដិតមកផ្ទះរបស់គាត់ ហើយទន្ទឹងរង់ចាំពួកលោកសិលា។ ២៥ ពេលលោកសិលាមកដល់ លោកគ័រនេល្យូសចេញទៅទទួលក្រាបចុះទៀបជើងលោក។ ២៦ ប៉ុន្តែលោកសិលាចាប់គាត់ឲ្យក្រោកឡើងទាំងពោលថា៖ «អញ្ជើញក្រោកឡើង ខ្ញុំក៏ជាមនុស្សដែរទេតើ!»។ ២៧ លោកដើរចូលទៅខាងក្នុងបណ្ដើរ សន្ទនាជាមួយលោកគ័រនេល្យូសបណ្ដើរ។ ដោយលោកឃើញមនុស្សជាច្រើននៅជុំគ្នា ២៨លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនជ្រាបឬទេវិន័យ*របស់សាសនាយូដា ហាមមិនឲ្យសាសន៍យូដាទាក់ទងជាមួយជនបរទេស ឬក៏ចូលទៅក្នុងផ្ទះរបស់គេឡើយ។ ប៉ុន្តែព្រះជាម្ចាស់បានបង្ហាញខ្ញុំឲ្យដឹងថា មិនត្រូវប្រកាន់នរណាម្នាក់ថា ជាមនុស្សដែលវិន័យហាមឃាត់មិនឲ្យទាក់ទង ឬជាមនុស្សមិនបរិសុទ្ធនោះឡើយ។ ២៩ហេតុនេះហើយបានជាខ្ញុំមកភ្លាមឥតមានជំទាស់អ្វីសោះ នៅពេលដែលបងប្អូនហៅខ្ញុំមក។ឥឡូវនេះសុំប្រាប់ខ្ញុំមើល៍ បងប្អូនហៅខ្ញុំមកមានការអ្វី?»។
៣០លោកគ័រនេល្យូសមានប្រសាសន៍ថា៖ «កាលពីបីថ្ងៃមុនពេលខ្ញុំកំពុងអធិស្ឋាន*ក្នុងផ្ទះខ្ញុំនៅម៉ោងបីរសៀល មានបុរសម្នាក់ស្លៀកសម្លៀកបំពាក់ភ្លឺត្រចះត្រចង់មកឈរនៅមុខខ្ញុំ ហើយពោលថា៖៣១“លោកគ័រនេល្យូសអើយព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់លោកហើយ រីឯទានរបស់លោកក៏ព្រះអង្គមិនភ្លេចដែរ។ ៣២ ឥឡូវនេះចូរចាត់គេឲ្យទៅហៅបុរសម្នាក់ ឈ្មោះស៊ីម៉ូនហៅសិលានៅក្រុងយ៉ុបប៉េមក។ គាត់ស្នាក់នៅផ្ទះរបស់លោកស៊ីម៉ូនជាអ្នកសម្លាប់ស្បែក ផ្ទះនោះស្ថិតនៅមាត់សមុទ្រ”។ ៣៣ខ្ញុំក៏បានចាត់គេឲ្យទៅអញ្ជើញលោកភ្លាម លោកមកដូច្នេះជាការប្រពៃណាស់។ ឥឡូវនេះយើងខ្ញុំទាំងអស់គ្នាស្ថិតនៅទីនេះចំពោះព្រះភក្ត្រព្រះជាម្ចាស់រង់ចាំស្ដាប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោក»។
សុន្ទរកថារបស់លោកសិលានៅផ្ទះលោកគ័រនេល្យូស
៣៤ ពេលនោះ លោកសិលាចាប់ផ្ដើមមានប្រសាសន៍ថា៖ «ឥឡូវនេះ ខ្ញុំបានយល់យ៉ាងច្បាស់ហើយថា ព្រះជាម្ចាស់រាប់រកមនុស្សទួទៅឥតរើសមុខឡើយ ៣៥ ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មានអ្នកណាក៏ដោយឲ្យតែគោរពកោតខ្លាចព្រះអង្គ ហើយប្រព្រឹត្តអំពើសុចរិត* ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងអ្នកនោះមិនខាន។ ៣៦ ព្រះអង្គបានប្រទានព្រះបន្ទូលមកឲ្យជនជាតិអ៊ីស្រាអែលដោយនាំដំណឹងល្អ*មកប្រាប់គេអំពីសេចក្ដីសុខសាន្ត តាមរយៈព្រះយេស៊ូគ្រីស្ត* គឺព្រះយេស៊ូនេះហើយដែលជាព្រះអម្ចាស់លើមនុស្សទាំងអស់។
៣៧ បងប្អូនជ្រាបហេតុការណ៍ ដែលកើតឡើងនៅស្រុកយូដាទាំងមូលស្រាប់ហើយជាហេតុការណ៍ដែលបានចាប់ផ្ដើមនៅស្រុកកាលីឡេគឺបន្ទាប់ពីពេលដែលលោកយ៉ូហានបានប្រកាស ឲ្យបណ្ដាជនទទួលពិធីជ្រមុជទឹក។ ៣៨ បងប្អូនបានជ្រាបថា ព្រះជាម្ចាស់បានចាក់ព្រះវិញ្ញាណដ៏វិសុទ្ធ* និងឫទ្ធានុភាពអភិសេកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែត។ បងប្អូនក៏ជ្រាបដែរថា ព្រះយេស៊ូបានយាងពីកន្លែងមួយទៅកន្លែងមួយទាំងប្រព្រឹត្តអំពើល្អនិងប្រោសអស់អ្នកដែលត្រូវមារ*សង្កត់សង្កិនឲ្យបានជា ដ្បិតព្រះជាម្ចាស់គង់ជាមួយព្រះអង្គ។ ៣៩ យើងជាបន្ទាល់អំពីកិច្ចការទាំងអស់ ដែលព្រះអង្គបានធ្វើនៅក្នុងដែនដីរបស់ជនជាតិយូដានិងនៅក្រុងយេរូសាឡឹម។ ពួកគេបាននាំគ្នាធ្វើគុតព្រះអង្គ ដោយព្យួរនៅលើឈើ។ ៤០ ព្រះជាម្ចាស់បានប្រោសព្រះអង្គ ឲ្យមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី និងប្រោសប្រទានឲ្យព្រះអង្គបង្ហាញខ្លួន ៤១ ដល់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើសជាមុន ឲ្យធ្វើជាបន្ទាល់បានឃើញ គឺយើងហ្នឹងហើយជាបន្ទាល់ដែលបានបរិភោគជាមួយព្រះអង្គក្រោយពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ ព្រះជាម្ចាស់ពុំបានឲ្យព្រះយេស៊ូបង្ហាញខ្លួនឲ្យប្រជារាស្ត្រទាំងមូលឃើញទេ។ ៤២ ព្រះយេស៊ូបានបញ្ជាឲ្យយើងធ្វើជាបន្ទាល់ ប្រកាសប្រាប់ប្រជាជនថាព្រះជាម្ចាស់បានតែងតាំងព្រះអង្គ ឲ្យវិនិច្ឆ័យទោសមនុស្សរស់ និងមនុស្សស្លាប់។ ៤៣ ព្យាការី*ទាំងប៉ុន្មាន សុទ្ធតែបានផ្ដល់សក្ខីភាពអំពីព្រះយេស៊ូថា អស់អ្នកដែលជឿលើព្រះអង្គនឹងទទួលការលើកលែងទោសឲ្យរួចពីបាបដោយសារព្រះនាមព្រះអង្គ»។
ជនជាតិដទៃបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ
៤៤ លោកសិលាកំពុងមានប្រសាសន៍ នៅឡើយ ស្រាប់តែព្រះវិញ្ញាណដ៏វិសុទ្ធ* យាងចុះមកសណ្ឋិតលើអស់អ្នកដែលស្ដាប់ព្រះបន្ទូល។ ៤៥ ពួកអ្នកជឿជាសាសន៍យូដា ចដែលមកជាមួយលោកសិលា ងឿងឆ្ងល់ណាស់ ដោយព្រះជាម្ចាស់បានចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធប្រទានឲ្យសាសន៍ដទៃដែរ ៤៦ ព្រោះគេបានឮសាសន៍ដទៃទាំងនោះ និយាយភាសាចម្លែកអស្ចារ្យ* ព្រមទាំងលើកតម្កើងព្រះជាម្ចាស់ផង។ ៤៧ ពេលនោះ លោកសិលាមានប្រសាសន៍ថា៖ «គ្មាននរណាអាចឃាត់យើង មិនឲ្យធ្វើពិធីជ្រមុជទឹកជូនអស់អ្នកដែលបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដូចជាយើងបានទទួលដែរនោះទេ!»។ ៤៨លោកក៏បញ្ជាឲ្យគេធ្វើពិធីជ្រមុជទឹកជូនអ្នកទាំងនោះ ក្នុងព្រះនាមព្រះយេស៊ូគ្រីស្ត*។ បន្ទាប់មកពួកគេសុំឲ្យលោកស្នាក់នៅជាមួយគេបានយូរថ្ងៃបន្តិចទៀត។
ជំពូក ១១
លោកសិលាធ្វើសេចក្ដីរាយការណ៍ជូនក្រុមអ្នកជឿនៅក្រុងយេរូសាឡឹម
១ ក្រុមគ្រីស្តទូត* និង បងប្អូននៅស្រុកយូដាឮដំណឹងថា សាសន៍ដទៃបានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ២ កាលលោកសិលាឡើងទៅដល់ក្រុងយេរូសាឡឹមវិញ អ្នកជឿដែលជាសាសន៍យូដា ឆនាំគ្នារិះគន់លោកថា៖ ៣«លោកបានចូលក្នុងផ្ទះសាសន៍ដទៃឆ ហើយក៏បានបរិភោគជាមួយពួកគេថែមទៀតផង!»។
៤ លោកសិលាក៏រៀបរាប់ ប្រាប់គេយ៉ាងក្បោះក្បាយថា៖ ៥ «កាលខ្ញុំនៅក្រុងយ៉ុបប៉េ ក្នុងពេលអធិស្ឋាន*ខ្ញុំលង់ស្មារតីនិមិត្តឃើញវត្ថុម៉្យាងដូចកម្រាលតុមួយយ៉ាងធំ ដែលមានចងចុងជាយទាំងបួនជ្រុង ចុះពីលើមកដល់ខ្ញុំ។ ៦ ពេលខ្ញុំពិនិត្យយ៉ាងដិតដល់ទៅ ខ្ញុំឃើញមានសត្វចតុប្បាទ សត្វព្រៃ សត្វលូនវារ និងបក្សាបក្សី។ ៧ខ្ញុំក៏បានឮព្រះសូរសៀងបញ្ជាមកខ្ញុំថា៖ “សិលាអើយ! ចូរសម្លាប់សត្វទាំងនេះបរិភោគទៅ!”។ ៨ ប៉ុន្តែខ្ញុំទូលទៅវិញថា៖”ទេព្រះអម្ចាស់ ទូលបង្គំពុំដែលទទួលទានអ្វីដែលវិន័យ*ហាមឃាត់ ឬមិនបរិសុទ្ធ*ទាល់តែសោះ”។៩ ព្រះសូរសៀងនោះក៏បន្លឺចុះពីលើមេឃមក ជាលើកទីពីរថា៖ “អ្វីៗដែលព្រះជាម្ចាស់បានប្រោសឲ្យបរិសុទ្ធហើយ ចូរកុំចាត់ទុកថាវិន័យហាមឃាត់នោះឡើយ!”។ ១០ហេតុការណ៍នេះបានកើតមានដល់ទៅបីដង ទើបវត្ថុនោះឡើងទៅលើ មេឃវិញអស់។ ១១ ពេលនោះស្រាប់តែមានបុរសបីនាក់ ដែលគេចាត់ពីក្រុងសេសារេឲ្យមករកខ្ញុំ បានមកដល់ផ្ទះដែលយើងស្នាក់នៅ។ ១២ព្រះវិញ្ញាណមានព្រះបន្ទូលប្រាប់ខ្ញុំឲ្យចេញដំណើរទៅជាមួយគេកុំរារែកឡើយ។ ពេលនោះមានបងប្អូនប្រាំមួយនាក់ បានជូនដំណើរខ្ញុំទៅដែរ ហើយយើងបានទៅដល់ផ្ទះលោកគ័រនេល្យូស។១៣ លោកបានរៀបរាប់ប្រាប់យើងថា លោកបានឃើញទេវទូតមកជួបលោកនៅក្នុងផ្ទះទាំងពោលថា៖”សុំលោកចាត់មនុស្សឲ្យទៅក្រុងយ៉ុបប៉េ រកម្នាក់ឈ្មោះស៊ីម៉ូនហៅសិលា ១៤ គាត់នឹងប្រកាសព្រះបន្ទូលដែលផ្ដល់ការសង្គ្រោះ ឲ្យលោកនិងក្រុមគ្រួសាររបស់លោកទាំងមូល”។ ១៥ នៅពេលខ្ញុំចាប់ផ្ដើមនិយាយព្រះវិញ្ញាណដ៏វិសុទ្ធក៏យាងចុះមកសណ្ឋិតលើពួកគេ ដូចព្រះអង្គបានយាងចុះមកសណ្ឋិតលើយើង កាលពីដើមដំបូងនោះដែរ។ ១៦ ពេលនោះ ខ្ញុំក៏នឹកឃើញព្រះបន្ទូលរបស់ព្រះអម្ចាស់ថា “លោកយ៉ូហានបានធ្វើពិធីជ្រមុជឲ្យគេក្នុងទឹក រីឯអ្នករាល់គ្នាវិញអ្នករាល់គ្នានឹងទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ”។ ១៧ ប្រសិនបើព្រះជាម្ចាស់ប្រទានព្រះអំណោយទានដល់គេ ដូចព្រះអង្គប្រទានមកយើង ដែលជឿលើព្រះអម្ចាស់យេស៊ូគ្រីស្តដែរនោះតើរូបខ្ញុំនេះមានអំណាចអ្វីនឹងឃាត់ឃាំងព្រះជាម្ចាស់បាន?»។ ១៨ កាលពួកអ្នកជឿបានឮសេចក្ដីទាំងនេះ គេក៏ធូរចិត្ត ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ទាំងពោលថា៖ «សូម្បីតែសាសន៍ដទៃ ក៏ព្រះជាម្ចាស់ប្រោសប្រទានឲ្យគេកែប្រែចិត្តគំនិត ដើម្បីទទួលជីវិតដែរ!»។
ក្រុមគ្រីស្តបរិស័ទនៅក្រុងអន់ទីយ៉ូក
១៩ ក្រោយពី ជនជាតិយូដាបានសម្លាប់លោកស្ទេផាន ហើយពួកគេក៏បៀតបៀនអ្នកជឿធ្វើឲ្យអ្នកទាំងនោះខ្ចាត់ខ្ចាយ អ្នកខ្លះទៅដល់ស្រុកភេនីស៊ីអ្នកខ្លះទៅដល់កោះគីប្រុស និងអ្នកខ្លះទៀតទៅដល់ក្រុងអន់ទីយ៉ូក។ អ្នកជឿទាំងនោះ ពុំបានប្រកាសព្រះបន្ទូលប្រាប់នរណាផ្សេងទៀត ក្រៅពីសាសន៍យូដាឡើយ។ ២០ ក៏ប៉ុន្តែមានអ្នកជឿខ្លះពីកោះគីប្រុស និងពីស្រុកគីរ៉េនមកដល់ក្រុងអន់ទីយ៉ូក ហើយផ្សព្វផ្សាយដំណឹងល្អ*ស្តីអំពីព្រះអម្ចាស់យេស៊ូ ប្រាប់ពួកអ្នកដែលនិយាយភាសាក្រិក។ ២១ព្រះអម្ចាស់បានជួយជ្រោមជ្រែងគេហើយមានមនុស្សដ៏ច្រើនលើសលប់បានជឿព្រមទាំងបែរចិត្តគំនិតមករកព្រះអម្ចាស់ផង។
២២ ព្រះសហគមន៍* នៅក្រុងយេរូសាឡឹមបានឮដំណឹងនេះ ក៏ចាត់លោកបារណាបាសឲ្យទៅក្រុងអន់ទីយ៉ូក។ ២៣ កាលគាត់ទៅដល់បានឃើញព្រះជាម្ចាស់ប្រណីសន្ដោសពួកគេ ដូច្នេះគាត់ត្រេកអរសប្បាយ ហើយទូន្មានគេទាំងអស់គ្នា ឲ្យប្ដេជ្ញាចិត្តនៅស្មោះត្រង់នឹងព្រះអម្ចាស់ជានិច្ច។ ២៤ លោកបារណាបាសជាមនុស្សម្នាក់មានចិត្តសប្បុរស ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ និង ដោយជំនឿ។ ពេលនោះ មានបណ្ដាជនជាច្រើន បានមកចូលរួមជាមួយព្រះអម្ចាស់។
២៥ បន្ទាប់មកទៀត លោកបារណាបាសចេញដំណើរទៅរកលោកសូល នៅក្រុងតារសុស។ ២៦ កាលបានជួបហើយ គាត់ក៏នាំលោកមកក្រុងអន់ទីយ៉ូក។ លោកទាំងពីរបានរស់នៅជាមួយព្រះសហគមន៍អស់រយៈពេលមួយឆ្នាំ ហើយបង្រៀនបណ្ដាជនជាច្រើនផង។ នៅក្រុងអន់ទីយ៉ូកនោះហើយដែលគេហៅពួកសាវ័ក*ជាលើកទីមួយថា «គ្រីស្តបរិស័ទ»ជ។
២៧ នៅគ្រានោះ មានពួកព្យាការី*ធ្វើដំណើរចុះពីក្រុងយេរូសាឡឹម មកដល់ក្រុងអន់ទីយ៉ូក។ ២៨ ក្នុងចំណោមព្យាការីទាំងនោះ មានម្នាក់ឈ្មោះអកាប៊ូស។ ដោយព្រះវិញ្ញាណបានបំភ្លឺគាត់ក្រោកឡើងប្រាប់ពួកអ្នកជឿឲ្យដឹងថា បន្តិចទៀតនឹងមានកើតទុរ្ភិក្សនៅលើផែនដីទាំងមូល (ទុរ្ភិក្សនោះក៏កើតមានមែនគឺនៅក្នុងរជ្ជកាលព្រះចៅអធិរាជក្លូដឈ)។ ២៩ ពួកសាវ័ក*នាំគ្នាសម្រេចចិត្ត ផ្ញើជំនួយតាមសមត្ថភាពរៀងៗខ្លួនទៅជូនបងប្អូននៅស្រុកយូដា។ ៣០ គេបានប្រមូលប្រាក់ ហើយផ្ញើតាមលោកបារណាបាស និងលោកសូលយកទៅជូនពួកព្រឹទ្ធាចារ្យ*។
ជំពូក ១២
លោកយ៉ាកុបត្រូវគេសម្លាប់លោកសិលាត្រូវគេឃុំឃាំង
១ នៅគ្រានោះ ព្រះបាទហេរ៉ូដចាប់ផ្ដើមបៀតបៀនសមាជិកខ្លះ នៃព្រះសហគមន៍*។ ទ្រង់បានឲ្យគេប្រហារជីវិតលោកយ៉ាកុប ជាបងរបស់លោកយ៉ូហាន។ ៣ ដោយយល់ឃើញថា ជនជាតិយូដាពេញចិត្ត ទ្រង់ក៏ចាត់គេឲ្យទៅចាប់លោកសិលាថែមទៀត។ ពេលនោះ ជាពេលបុណ្យនំបុ័ងឥតមេ*។ ៤ ក្រោយពីបានចាប់លោកសិលា យកទៅឃុំឃាំងរួចហើយ ស្ដេចក៏បញ្ជាឲ្យទាហានបួនក្រុមយាមលោកក្នុងក្រុមនីមួយៗមានគ្នាបួននាក់។ ព្រះបាទហេរ៉ូដមានបំណងនឹងកាត់ទោសលោក នៅមុខប្រជាជនក្រោយបុណ្យចម្លង*។ ៥ ដូច្នេះលោកសិលាក៏ជាប់នៅក្នុងមន្ទីរឃុំឃាំង នៅពេលនោះទៅ។ ព្រះសហគមន៍បាននាំគ្នាទូលអង្វរព្រះជាម្ចាស់ ឥតស្រាកស្រាន្ត សូមព្រះអង្គជួយលោក។
ទេវទូតដោះលែងលោកសិលា
៦នៅយប់មុន ពេលដែលព្រះបាទហេរ៉ូដយកលោកសិលាទៅកាត់ទោស លោកសម្រាន្តទាំងជាប់ច្រវាក់ពីរខ្សែផង មានទាហានពីរនាក់នៅអមសងខាង ហើយក៏មានទាហានយាមនៅមាត់ទ្វារពន្ធនាគារដែរ។ ៧ ពេលនោះទេវទូត*របស់ព្រះអម្ចាស់មកដល់ ហើយមានពន្លឺភ្លឺក្នុងទីឃុំឃាំង។ទេវទូតដាស់លោកសិលា ដោយកេះលោកពីចំហៀងទាំងពោលថា៖ «សូមក្រោកឡើងជាប្រញាប់!»។ច្រវាក់ក៏របូតធ្លាក់ពីដៃលោក។ ៨ ទេវទូតពោលមកកាន់លោកថា៖ «សូមក្រវាត់ចង្កេះហើយពាក់ស្បែកជើងទៅ!» លោកក៏ធ្វើតាម។ ទេវទូតពោលមកលោកទៀតថា៖ «សូមពាក់អាវក្រៅ ហើយអញ្ជើញមកតាមខ្ញុំ»។ ៩ លោកសិលាក៏ចេញពីទីឃុំឃាំងដើរតាមក្រោយទេវទូតទៅ។ លោកពុំនឹកស្មានថាការដែលទេវទូតកំពុងធ្វើនេះជាការពិតទេ លោកស្មានតែលោកយល់សប្ដិ ញ។ ១០ ទេវទូតនិងលោកសិលាបានឆ្លងផុតកន្លែងយាមទីមួយ និងកន្លែងយាមទីពីរ ហើយមកដល់ទ្វារដែក ដែលបែរទៅរកទីក្រុងទ្វារនោះរបើកនៅមុខអ្នកទាំងពីរ។ អ្នកទាំងពីរដើរទៅតាមដងផ្លូវមួយ ហើយរំពេចនោះស្រាប់តែទេវទូតចេញបាត់ពីលោកសិលាទៅ។ ១១ លោកសិលាបានដឹងខ្លួន ក៏ពោលថា៖ «ឥឡូវនេះ ខ្ញុំដឹងថាហេតុការណ៍នេះជាការពិតមែន ព្រះអម្ចាស់បានចាត់ទេវទូតរបស់ព្រះអង្គមកដោះលែងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចហេរ៉ូដ និងរួចពីបំណងដែលប្រជាជនយូដាបម្រុងធ្វើមកលើរូបខ្ញុំ»។ ១២ យល់ឃើញដូច្នោះហើយលោកក៏ទៅផ្ទះនាងម៉ារី ជាម្ដាយយ៉ូហានហៅម៉ាកុស ជាកន្លែងមានបងប្អូនជាច្រើនកំពុងជួបជុំគ្នាអធិស្ឋាន។ ១៣ នៅពេលលោកគោះទ្វារមានស្ត្រីបម្រើម្នាក់ឈ្មោះនាងរ៉ូដ ចេញមកសួរ ១៤នាងស្គាល់ថាជាសំឡេងរបស់លោកសិលា។ ដោយនាងត្រេកអរខ្លាំងពេកនាងពុំបានបើកទ្វារឲ្យទេ នាងបែរជារត់ចូលទៅជូនដំណឹងប្រាប់ពួកបងប្អូនថា៖ «លោកសិលាមកដល់ហើយ លោកឈរនៅមាត់ទ្វារ»។ ១៥ គេនាំគ្នានិយាយមកកាន់នាងថា៖ «នាងឆ្កួតហើយ!» ប៉ុន្តែនាងបានប្រកែកវិញថា៖ «លោកពិតជាមកដល់មែន»។ ១៦គេពោលថា៖ «ប្រហែលជាទេវទូត*របស់លោកទេដឹង!»។ លោកសិលានៅតែគោះទ្វារដដែល គេក៏ចេញទៅបើកទ្វារឲ្យ ហើយពេលឃើញលោកគេងឿងឆ្ងល់យ៉ាងខ្លាំង។ ១៧ លោកសិលាធ្វើសញ្ញាឲ្យគេនៅស្ងៀម រួចរៀបរាប់អំពីរបៀបដែលព្រះអម្ចាស់បានជួយលោក ឲ្យចេញរួចពីទីឃុំឃាំង។ លោកមានប្រសាសន៍ទៅគេថា៖ «សូមយកដំណឹងនេះទៅជម្រាបលោកយ៉ាកុប និងពួកបងប្អូនផង»។ បន្ទាប់មក លោកបានចេញពីទីនោះធ្វើដំណើរឆ្ពោះទៅ កន្លែងមួយផ្សេងទៀត។
១៨ លុះភ្លឺឡើង ពួកទាហាននាំគ្នាជ្រួលច្របល់យ៉ាងខ្លាំង ព្រោះមិនដឹងជាលោកសិលាទៅណាបាត់។ ១៩ ព្រះបាទហេរ៉ូដបញ្ជាឲ្យគេរកលោក តែរកមិនឃើញសោះ ស្ដេចក៏ឲ្យគេកាត់ទោសពួកអ្នកយាម រួចឲ្យគេនាំយកទៅសម្លាប់។ បន្ទាប់មកស្ដេចយាងចុះពីស្រុកយូដា ទៅប្រថាប់នៅក្រុងសេសារេ។
ស្ដេចហេរ៉ូដសោយទិវង្គត
២០ ព្រះបាទហេរ៉ូដមានទំនាស់ ជាមួយអ្នកក្រុងទីរ៉ុសនិងអ្នកក្រុងស៊ីដូន។ អ្នកទាំងនោះបានរួមចិត្តគំនិតគ្នាចូលទៅគាល់ស្ដេច។ គេបានបញ្ចុះបញ្ចូលលោកបា្លស្ទុសជាមហាតលិកឲ្យមកខាងគេ ហើយទូលសូមសន្តិភាពពីស្ដេច ដ្បិតស្រុករបស់គេទទួលស្បៀងអាហារពីនគរព្រះបាទហេរ៉ូដ។ ២១ លុះដល់ថ្ងៃកំណត់ ព្រះបាទហេរ៉ូដទ្រង់គ្រឿងគង់លើបល្ល័ង្ក ហើយមានព្រះរាជឱង្ការឲ្យប្រជាជនស្ដាប់។ ២២ ប្រជាជននាំគ្នាស្រែកឡើងថា៖ «នេះជាព្រះសូរសៀងរបស់ព្រះ មិនមែនសំឡេងរបស់មនុស្សទេ!»។ ២៣ រំពេចនោះ ស្រាប់តែមានទេវទូតរបស់ព្រះជាម្ចាស់មកប្រហារស្ដេចហេរ៉ូដព្រោះទ្រង់ពុំបានថ្វាយសិរីរុងរឿងទៅព្រះជាម្ចាស់។ ស្ដេចត្រូវដង្កូវចោះ ហើយក៏ផុតដង្ហើមទៅ។ ២៤ មនុស្សម្នាបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចំនួនអ្នកជឿបានកើនឡើងជាលំដាប់ ដ។
២៥ រីឯលោកបារណាបាស និងលោកសូលក្រោយពីបានបំពេញកិច្ចការរបស់ខ្លួនចប់សព្វគ្រប់ហើយលោកវិលត្រឡប់ ទៅក្រុងយេរូសាឡឹមវិញដោយយកលោកយ៉ូហានហៅម៉ាកុស ទៅជាមួយផង។
ជំពូក ១៣
ព្រះវិញ្ញាណជ្រើសយកលោកបារណាបាសនិង លោកសូលឲ្យទៅបំពេញបេសកកម្ម
១ក្នុងព្រះសហគមន៍ នៅក្រុងអន់ទីយ៉ូកមានព្យាការី* និងគ្រូអាចារ្យ* គឺមានលោកបារណាបាសលោកស៊ីម៉ូន ហៅខ្មៅ លោកលូស្យុសជាអ្នកស្រុកគីរ៉េន លោកម៉ាណាអេន ដែលត្រូវគេចិញ្ចឹមជាមួយព្រះបាទហេរ៉ូដជាស្ដេចអនុរាជ*កាលនៅពីក្មេង និងលោកសូល។ ២នៅពេលដែលអ្នកទាំងនោះកំពុងតែធ្វើពិធីថ្វាយបង្គំព្រះអម្ចាស់និងតមអាហារព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលថា៖«ចូរញែកបារណាបាស និងសូល ចេញដោយឡែក ដ្បិតយើងបានហៅអ្នកទាំងពីរមក ឲ្យបំពេញកិច្ចការដែលយើងនឹងដាក់ឲ្យធ្វើ»។ ៣ ក្រោយពីបាននាំគ្នាតមអាហារ និងអធិស្ឋាន*រួចហើយ គេបានដាក់ដៃ*លើលោកទាំងពីរ ហើយឲ្យលោកចេញទៅ។
លោកបារណាបាស និង លោកសូល នៅកោះគីប្រុស
៤ លោកបារណាបាស និងលោកសូលដែលព្រះវិញ្ញាណដ៏វិសុទ្ធ*បានចាត់ឲ្យទៅនោះ បានធ្វើដំណើរទៅដល់ក្រុងសេលើស៊ី ហើយចុះសំពៅទៅកោះគីប្រុស។
៥ ពេលទៅដល់ក្រុងសាឡាមីន លោកទាំងពីរបានប្រកាសព្រះបន្ទូលព្រះជាម្ចាស់ នៅក្នុងធម្មសាលា*របស់ជនជាតិយូដាដោយមានលោកយ៉ូហានឋជួយផង។៦ បន្ទាប់មក លោកបាននាំគ្នាធ្វើដំណើរកាត់កោះនោះ រហូតទៅដល់ក្រុងប៉ាផូស។ នៅក្រុងនោះលោកបានជួបគ្រូមន្តអាគមជាតិយូដាម្នាក់ឈ្មោះបារយេស៊ូ ជាព្យាការីក្លែងក្លាយ ៧ គាត់រស់នៅជាមួយលោកស៊ែរគីយូសប៉ូលូស ដែលជារាជប្រតិភូរបស់ព្រះចៅអធិរាជរ៉ូម៉ាំង ហើយដែលជាមនុស្សមានប្រាជ្ញា។ លោកប្រតិភូចាត់គេឲ្យទៅអញ្ជើញលោកបារណាបាស និងលោកសូលមក ព្រោះលោកមានបំណងចង់ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ៨ប៉ុន្តែអេលីម៉ាស(ភាសាក្រិកប្រែថាគ្រូមន្តអាគម) ចេះតែប្រឆាំងនឹងលោកទាំងពីរ ហើយរកមធ្យោបាយពង្វាងលោកប្រតិភូឲ្យងាកចេញពីជំនឿ។ ៩ពេលនោះលោកសូលដែលហៅថាប៉ូលឌ បានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ លោកសម្លឹងមើលទៅអេលីម៉ាស ១០ ហើយមានប្រសាសន៍ថា៖ «នែ៎! ជនពោរពេញទៅដោយពុតត្បុត និងល្បិចកិច្ចកលអើយ!អ្នកជាកូនរបស់មារ* អ្នកជាសត្រូវនឹងអំពើសុចរិតគ្រប់យ៉ាង តើអ្នកនៅតែពង្វាងគេឲ្យងាកចេញ ពីមាគ៌ាដ៏ត្រឹមត្រូវរបស់ព្រះអម្ចាស់ដល់ណាទៀត!។ ១១ ឥឡូវនេះ ព្រះបារមីរបស់ព្រះអម្ចាស់នឹងធ្វើឲ្យអ្នកខ្វាក់ភ្នែកលែងឃើញពន្លឺថ្ងៃអស់មួយរយៈ»។រំពេចនោះស្រាប់តែភ្នែករបស់គាត់ងងឹតមើលអ្វីពុំឃើញ។ គាត់ដើរស្ទាបៗវិលវល់រកគេជួយដឹកដៃ។ ១២ កាលលោកប្រតិភូឃើញហេតុការណ៍កើតឡើងដូច្នេះ លោកក៏ជឿ ហើយស្ញប់ស្ញែងនឹងសេចក្ដីដែលគេបង្រៀនអំពីព្រះអម្ចាស់ខ្លាំងណាស់។
លោកប៉ូល និង លោកបារណាបាសនៅក្រុងអន់ទីយ៉ូកក្នុងស្រុកពីស៊ីឌី
១៣ លោកប៉ូលនិងមិត្តភក្តិរបស់លោក បានចុះសំពៅពីក្រុងប៉ាផូស ឆ្ពោះទៅក្រុងពែរកេ ក្នុងស្រុកប៉មភីលី។ ពេលនោះ លោកយ៉ូហានបានបែកចេញពីពួកគេវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។ ១៤ រីឯលោកប៉ូលនិងមិត្តភក្តិរបស់លោក បានបន្តដំណើរពីក្រុងពែរកេ រហូតទៅដល់ក្រុងអន់ទីយ៉ូក ក្នុងស្រុកពីស៊ីឌី។ នៅថ្ងៃសប្ប័ទ* លោកទាំងពីរចូលទៅអង្គុយក្នុងធម្មសាលា*។ ១៥ បន្ទាប់ពីបានអានគម្ពីរវិន័យ* និងគម្ពីរព្យាការី*រួចហើយ ពួកអ្នកទទួលខុសត្រូវលើធម្មសាលា សុំឲ្យគេជម្រាបពួកលោកប៉ូលថា៖ «បងប្អូនអើយ! បើបងប្អូនមានពាក្យអ្វីលើកទឹកចិត្តប្រជាជន សូមមានប្រសាសន៍មកចុះ»។១៦លោកប៉ូលក្រោកឡើងលើកដៃធ្វើសញ្ញា ហើយមានប្រសាសន៍ថា៖ «សូមជម្រាបបងប្អូនជនជាតិអ៊ីស្រាអែលនិងបងប្អូន ដែលជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ សូមជ្រាប! ១៧ព្រះរបស់ជនជាតិអ៊ីស្រាអែលបានជ្រើសរើសបុព្វបុរសរបស់យើង និងប្រទានឲ្យប្រជារាស្ត្រនេះបានចម្រើនឡើង នៅពេលគេស្នាក់នៅក្នុងប្រទេសអេស៊ីប។ បន្ទាប់មកព្រះអង្គបាននាំគេចេញពីប្រទេសនោះ ដោយឫទ្ធិបារមីរបស់ព្រះអង្គ។ ១៨ ព្រះអង្គបានផ្គត់ផ្គង់ឍគេអស់រយៈពេលប្រមាណសែសិបឆ្នាំ នៅវាលរហោស្ថាន។ ១៩ក្រោយពីព្រះអង្គរំលាយជាតិសាសន៍ទាំងប្រាំពីរ នៅស្រុកកាណានរួចហើយ ព្រះអង្គបានប្រទានទឹកដីនោះឲ្យប្រជារាស្ត្ររបស់ព្រះអង្គធ្វើជាកម្មសិទ្ធិ។ ២០ ហេតុការណ៍ទាំងនោះកើតមាន ក្នុងអំឡុងពេលប្រមាណបួនរយហាសិបឆ្នាំ។ ក្រោយមកព្រះអង្គប្រទានឲ្យមានអ្នកគ្រប់គ្រង រហូតដល់ជំនាន់ព្យាការីសាមូអែល។ ២១ បន្ទាប់មកទៀត គេបាននាំគ្នាទូលសូមស្ដេចមួយអង្គ ព្រះជាម្ចាស់ក៏ប្រទានព្រះបាទសាអ៊ូល ជាបុត្ររបស់លោកគីសក្នុងកុលសម្ព័ន្ធ*បេនយ៉ាមីនឲ្យគ្រងរាជ្យអស់រយៈពេលសែសិបឆ្នាំ។ ២២ ក្រោយពីបានដករាជ្យពីព្រះបាទសាអ៊ូល ព្រះជាម្ចាស់ប្រទានឲ្យព្រះបាទដាវីឌឡើងគ្រងរាជ្យ។ ព្រះអង្គប្រទានសក្ខីភាពអំពីព្រះបាទដាវីឌនេះថា៖”យើងរកបានមនុស្សម្នាក់ជាទីគាប់ចិត្តយើងណាស់ គឺដាវីឌជាបុត្ររបស់យេសាយណ ដ្បិតដាវីឌនឹងបំពេញតាមបំណងទាំងប៉ុន្មានរបស់យើង”។ ២៣ ក្នុងព្រះរាជវង្សរបស់ព្រះបាទដាវីឌនេះហើយ ដែលព្រះជាម្ចាស់ប្រទានឲ្យព្រះយេស៊ូកើតមក និងធ្វើជាព្រះសង្គ្រោះរបស់ជនជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ២៤ មុននឹងព្រះយេស៊ូយាងមកដល់លោកយ៉ូហានបានប្រកាស ឲ្យជនជាតិអ៊ីស្រាអែលទាំងមូលកែប្រែចិត្តគំនិត ដោយទទួលពិធីជ្រមុជទឹក។២៥ ពេលលោកយ៉ូហានបំពេញមុខងាររបស់លោកចប់សព្វគ្រប់ហើយ លោកមានប្រសាសន៍ថា៖ ”ខ្ញុំនេះមិនមែនជាអ្នក ដែលបងប្អូនទន្ទឹងរង់ចាំនោះទេ។ ឥឡូវនេះមានលោកម្នាក់មកតាមក្រោយខ្ញុំ លោកមានឋានៈខ្ពង់ខ្ពស់ណាស់បើខ្ញុំស្រាយខ្សែស្បែកជើងជូនលោកក៏មិនសមនឹងឋានៈរបស់លោកផង”។
២៦ បងប្អូនជាពូជពង្សលោកអប្រាហាំ និងបងប្អូនដែលគោរពកោតខ្លាចព្រះជាម្ចាស់អើយ! ព្រះអង្គបានចាត់ព្រះបន្ទូលស្ដីអំពីការសង្គ្រោះ មកឲ្យយើងទាំងអស់គ្នានេះហើយ ២៧ ដ្បិតអ្នកក្រុងយេរូសាឡឹមនិងពួកមេដឹកនាំរបស់គេពុំបានដឹងថា ព្រះយេស៊ូជានរណាឡើយ។ គេបានកាត់ទោសព្រះអង្គស្របនឹងសេចក្ដីដែលព្យាការី*ថ្លែងទុកមកហើយ គេអានរៀងរាល់ថ្ងៃសប្ប័ទ*ត ២៨ ទោះបីគេរកកំហុសអ្វីមកកាត់ទោសលោកមិនឃើញក៏ដោយ ក៏គេនៅតែសុំឲ្យលោកពីឡាតប្រហារជីវិតព្រះអង្គដែរ។ ២៩ កាលគេបានធ្វើស្របនឹងសេចក្ដីដែលមានចែងទុកអំពីព្រះអង្គចប់សព្វគ្រប់ហើយ គេក៏យកព្រះសពព្រះអង្គចុះពីឈើឆ្កាងទៅបញ្ចុះក្នុងផ្នូរ។ ៣០ ប៉ុន្តែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ឡើងវិញ។ ៣១ ព្រះយេស៊ូបានបង្ហាញខ្លួនឲ្យអស់អ្នក ដែលបានរួមដំណើរជាមួយព្រះអង្គ ពីស្រុកកាលីឡេទៅក្រុងយេរូសាឡឹមឃើញអស់រយៈពេលជាច្រើនថ្ងៃ។ ឥឡូវនេះអ្នកទាំងនោះធ្វើជាបន្ទាល់របស់ព្រះអង្គ នៅចំពោះមុខប្រជាជនទៀតផង។ ៣២ រីឯយើងខ្ញុំវិញយើងខ្ញុំសូមជូនដំណឹងល្អនេះប្រាប់បងប្អូនថា ព្រះបន្ទូលដែលព្រះជាម្ចាស់បានសន្យាជាមួយបុព្វបុរសរបស់យើង ៣៣ ព្រះអង្គបានធ្វើតាមដើម្បីជាប្រយោជន៍ដល់យើងដែលជាពូជពង្សរបស់លោកទាំងនោះហើយ គឺព្រះអង្គបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ ដូចមានចែងទុកក្នុងទំនុកតម្កើងទីពីរថា៖
ព្រះអង្គជាបុត្ររបស់យើង
គឺយើងដែលបានបង្កើតព្រះអង្គមក
នៅថ្ងៃនេះថ។
៣៤ ព្រះជាម្ចាស់បានប្រោសព្រះយេស៊ូ ឲ្យមានព្រះជន្មរស់ឡើងវិញដើម្បីកុំឲ្យព្រះសពព្រះអង្គត្រូវរលួយឡើយដូចមានចែងទុកមកថា៖
អ្វីៗដ៏វិសុទ្ធ* និង ដ៏ជាទីទុកចិត្ត
ដែលយើងបានសន្យាថានឹងឲ្យដាវីឌ
យើងនឹងប្រគល់ឲ្យអ្នករាល់គ្នាទ។
៣៥ ហេតុនេះហើយ បានជាមានចែងទុកក្នុងអត្ថបទគម្ពីរមួយទៀតថា៖
ព្រះអង្គមិនបណ្ដោយឲ្យសពអ្នកបម្រើ
ដ៏វិសុទ្ធរបស់ព្រះអង្គ ធរលួយឡើយន។
៣៦ ព្រះបាទដាវីឌបានបម្រើព្រះជាម្ចាស់ តាមគម្រោងការណ៍ព្រះអង្គនៅជំនាន់នោះ រួចសោយទិវង្គតទៅ។ គេបានបញ្ចុះសពព្រះបាទដាវីឌក្នុងផ្នូរជាមួយព្រះអយ្យកោ ហើយសពរបស់ទ្រង់ក៏បានរលួយអស់ដែរ។ ៣៧ រីឯព្រះយេស៊ូដែលព្រះជាម្ចាស់បានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញនោះព្រះសពរបស់ព្រះអង្គពុំបានរលួយទេ។
៣៨ ដូច្នេះ បងប្អូនអើយ! សូមបងប្អូនជ្រាបឲ្យច្បាស់ថាព្រះជាម្ចាស់លើកលែងទោសឲ្យបងប្អូនរួចពីបាបតាមរយៈព្រះយេស៊ូ ដូចយើងបានជម្រាបមកស្រាប់។ បងប្អូនពុំអាចទៅជាមនុស្សសុចរិត*រួចផុតអំពើបាបទាំងប៉ុន្មាន ដោយគោរពតាមវិន័យរបស់លោកម៉ូសេបានឡើយ។៣៩ ផ្ទុយទៅវិញព្រះជាម្ចាស់ប្រោសឲ្យអស់អ្នកជឿបានសុចរិត តាមរយៈព្រះយេស៊ូ។ ៤០ ហេតុនេះ សូមបងប្អូនប្រយ័ត្នក្រែងត្រូវតាមសេចក្ដី ដែលព្យាការី*ថ្លែងទុកមកថា៖
៤១ មនុស្សដែលចេះតែមើលងាយគេអើយ!
ចូរនាំគ្នាមើលហើយងឿងឆ្ងល់
រួចវិនាសបាត់ទៅចុះ!
ដ្បិតយើងនឹងធ្វើកិច្ចការមួយនៅជំនាន់
របស់អ្នករាល់គ្នា
ជាកិច្ចការដែលអ្នករាល់គ្នាមិនជឿ
ទោះបីជាគេរៀបរាប់ប្រាប់អ្នករាល់គ្នា
ក៏ដោយ”ប»។
ឆែប២ ពេលលោកប៉ូលនិងលោកបារណាបាសចេញពីធម្មសាលា ពួកគេបានអញ្ជើញលោកឲ្យមានប្រសាសន៍អំពីសេចក្ដីទាំងនេះនៅថ្ងៃសប្ប័ទ*ខាងមុខទៀត។ ខ៣ លុះអង្គប្រជុំបែកគ្នាហើយ មានសាសន៍យូដា និងអ្នកចូលសាសនាយូដាជាច្រើននាក់ដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ នាំគ្នាទៅតាមលោកប៉ូល និងលោកបារណាបាស។ លោកទាំងពីរបានសន្ទនាជាមួយពួកគេ ហើយក្រើនរំលឹកគេឲ្យនៅជាប់នឹងព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ជានិច្ច។
៤៤ នៅថ្ងៃសប្ប័ទបន្ទាប់មកទៀត ប្រជាជននៅក្រុងនោះបានមកជួបជុំ ស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ស្ទើរតែទាំងអស់គ្នា។ ៤៥ កាលជនជាតិយូដាឃើញមហាជនដូច្នោះគេមានចិត្តច្រណែនជាខ្លាំង ក៏នាំគ្នានិយាយជំទាស់នឹងពាក្យដែល លោកប៉ូលមានប្រសាសន៍ ហើយថែមទាំងជេរប្រមាថលោកទៀតផង។ ៤៦ លោកប៉ូលនិងលោកបារណាបាសក៏មានប្រសាសន៍ទៅគេដោយចិត្តអង់អាចថា៖ «មុនដំបូងយើងខ្ញុំត្រូវតែប្រកាសព្រះបន្ទូល របស់ព្រះជាម្ចាស់ដល់បងប្អូន។ ប៉ុន្តែដោយបងប្អូនបដិសេធមិនព្រមទទួលព្រះបន្ទូលនេះ ហើយដោយបងប្អូនយល់ឃើញថាខ្លួនមិនសមនឹងទទួលជីវិតអស់កល្បជានិច្ចទេនោះ យើងខ្ញុំនឹងងាកទៅប្រកាសដល់សាសន៍ដទៃវិញ ៤៧ ដ្បិតព្រះអម្ចាស់បានបង្គាប់មកយើងខ្ញុំថា៖
យើងបានតែងតាំងអ្នកឲ្យធ្វើជាពន្លឺ
បំភ្លឺជាតិសាសន៍នានា
និងឲ្យនាំការសង្គ្រោះរហូតទៅដល់
ស្រុកដាច់ស្រយាលនៃផែនដី”ផ»។
៤៨ កាលសាសន៍ដទៃឮដូច្នោះ គេមានអំណររីករាយ ហើយនាំគ្នាលើកតម្កើងព្រះបន្ទូលរបស់ព្រះអម្ចាស់។ រីឯអស់អ្នកដែលព្រះជាម្ចាស់តម្រូវឲ្យទទួលជីវិតអស់កល្បជានិច្ចក៏នាំគ្នាជឿដែរ។ ៤៩ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានឮសុះសាយ ក្នុងស្រុកនោះទាំងមូល។ ៥០ ប៉ុន្តែសាសន៍យូដាបានញុះញង់ស្ត្រីៗមានឋានៈខ្ពង់ខ្ពស់ ដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់និងញុះញង់ពួកនាម៉ឺននៅក្រុងនោះ ឲ្យលើកគ្នាទៅបៀតបៀនលោកប៉ូល និងលោកបារណាបាសព្រមទាំងដេញលោកទាំងពីរចេញពីដែនដីរបស់គេផង។
៥១ លោកប៉ូល និងលោកបារណាបាសក៏រលាស់ធូលីដីចេញពីជើងព របស់លោក រួចធ្វើដំណើរទៅក្រុងអ៊ីកូញុម។ ៥២ រីឯពួកសាវ័ក*នៅអន់ទីយ៉ូកវិញ គេបានពោរពេញដោយអំណរ និងដោយព្រះវិញ្ញាណដ៏វិសុទ្ធ*។
ជំពូក ១៤
លោកប៉ូល និង លោកបារណាបាស នៅក្រុងអ៊ីកូញុម
១ នៅក្រុងអ៊ីកូញុម ក៏កើតមានដូច្នោះដែរ។ លោកប៉ូលនិងលោកបារណាបាសបានចូល ទៅក្នុងធម្មសាលា*របស់ជនជាតិយូដា ហើយមានប្រសាសន៍រហូតដល់ជនជាតិយូដា និង ជនជាតិក្រិកដ៏ច្រើនលើសលប់នាំគ្នាជឿ។ ២ប៉ុន្តែជនជាតិយូដាដែលមិនព្រមជឿ បានញុះញង់សាសន៍ដទៃ និង ជំរុញគេ ឲ្យមានចិត្តប៉ុនប៉ងធ្វើបាបពួកបងប្អូនទៀតផង។ ៣ លោកប៉ូលនិងលោកបារណាបាសស្នាក់នៅ ក្នុងក្រុងអ៊ីកូញុមជាយូរថ្ងៃ។ លោកទាំងពីរមានចិត្តអង់អាច ដោយទុកចិត្តលើព្រះអម្ចាស់ដែលទ្រង់បានបញ្ជាក់ព្រះបន្ទូល អំពីព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអង្គ គឺទ្រង់ប្រោសប្រទានឲ្យលោកទាំងពីរ សម្ដែងទីសម្គាល់ដ៏អស្ចារ្យនិងឫទ្ធិបាដិហារិយ៍ផ្សេងៗ។ ៤ មនុស្សម្នានៅក្រុងនោះបានបាក់បែកគ្នា អ្នកខ្លះកាន់ខាងសាសន៍យូដាអ្នកខ្លះទៀតកាន់ខាងក្រុមគ្រីស្តទូត*។ ៥សាសន៍ដទៃនិងសាសន៍យូដា បានសមគំនិតគ្នាជាមួយពួកមេដឹកនាំរបស់គេចង់ ធ្វើបាប និងចង់យកដុំថ្មគប់សម្លាប់លោកទាំងពីរ។ ៦លោកប៉ូលនិងលោកបារណាបាសយល់ថា សភាពការណ៍មិនស្រួលក៏រត់ភៀសខ្លួនទៅស្រុកលីកាអូនីគឺទៅក្រុងលីស្ត្រា និងក្រុងឌែរបេ ព្រមទាំងតំបន់ដែលនៅជុំវិញ ៧ហើយផ្សព្វផ្សាយដំណឹងល្អ*នៅទីនោះ។
លោកប៉ូល និង លោកបារណាបាស នៅក្រុងលីស្ត្រា
៨នៅក្រុងលីស្ត្រា មានបុរសម្នាក់ពិការជើងតាំងពីកំណើតមកគាត់មិនអាចដើរបានឡើយ ៩គាត់អង្គុយស្ដាប់លោកប៉ូលមានប្រសាសន៍។ លោកប៉ូលសម្លឹងមើលគាត់ ហើយយល់ឃើញថា គាត់មានជំនឿគួរនឹងជាបាន ១០ លោកក៏មានប្រសាសន៍ទៅគាត់ខ្លាំងៗថា៖ «សុំក្រោកឡើងឈរឲ្យត្រង់!»។បុរសនោះស្ទុះក្រោកឈរឡើង ហើយដើរបាន។ ១១ កាលមហាជនឃើញការអស្ចារ្យ ដែលលោកប៉ូលបានធ្វើ គេក៏នាំគ្នាស្រែកហ៊ោជាភាសាលីកាអូនីថា៖ «ព្រះបាននិម្មិតជាមនុស្ស ចុះមកគង់ជាមួយយើងហើយ!»។ ១២គេហៅលោកបារណាបាសថា «ព្រះសឺស» និងហៅលោកប៉ូលថា «ព្រះហ៊ែរម៉េស»ភ ព្រោះលោកជាអ្នកនាំពាក្យ។ ១៣ បូជាចារ្យរបស់ព្រះសឺស ដែលមានវិហារទល់មុខនឹងទីក្រុង បានដឹកគោឈ្មោលតុបតែងលំអដោយភួងផ្កា មកមាត់ទ្វារក្រុងព្រោះគាត់ចង់ធ្វើបូជាយញ្ញរួមជាមួយមហាជន។
១៤ កាលគ្រីស្តទូត*បារណាបាស និងគ្រីស្តទូតប៉ូល បានឮដំណឹងនេះ លោកក៏ហែកសម្លៀកបំពាក់មហើយស្ទុះរត់ទៅរកប្រជាជន ទាំងស្រែកឡើងថា៖១៥«ហេតុអ្វីបានជាបងប្អូននាំគ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចបងប្អូនដែរ យើងខ្ញុំនាំដំណឹងល្អ* មកជម្រាបជូនបងប្អូន គឺសូមបងប្អូនងាកចេញពីការថ្វាយបង្គំរូបសំណាកឥតប្រយោជន៍នេះ ហើយបែរមករកព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅវិញ ជាព្រះដែលបានបង្កើតផ្ទៃមេឃផែនដីសមុទ្រ និងអ្វីៗ សព្វសារពើដែលមាននៅទីទាំងនោះផង។ ១៦ នៅជំនាន់មុនៗ ព្រះអង្គបានបណ្ដោយឲ្យជាតិសាសន៍នានាដើរតាមមាគ៌ារៀងៗខ្លួន។ ១៧ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ព្រះអង្គនៅតែសម្ដែងព្រះហឫទ័យសប្បុរស មិនដែលអាក់ខានឡើយដើម្បីឲ្យគេបានស្គាល់ព្រះអង្គ គឺប្រទានទឹកភ្លៀងពីលើមេឃនិងប្រទានភោគផលមកបងប្អូនតាមរដូវកាល ធ្វើឲ្យបងប្អូនមានម្ហូបអាហារដ៏បរិបូណ៌ និងមានអំណរសប្បាយក្នុងចិត្តផង»។ ១៨ ទោះបីលោកទាំងពីរមានប្រសាសន៍ដូច្នេះក៏លោករកឃាត់មហាជន មិនឲ្យធ្វើបូជាយញ្ញជូនលោកសឹងតែពុំបាន។
១៩ បន្ទាប់មក មានជនជាតិយូដាមកពីក្រុងអន់ទីយ៉ូក និងក្រុងអ៊ីកូញុមបានទាក់ទាញចិត្តមហាជនឲ្យចូលទៅខាងគេ ហើយយកដុំថ្មគប់សម្លាប់លោកប៉ូល រួចអូសយកទៅចោលនៅខាងក្រៅទីក្រុង ព្រោះគេនឹកស្មានថា លោកស្លាប់បាត់ទៅហើយ។២០ ប៉ុន្តែក្រុមសាវ័ក*នាំគ្នាមកជុំវិញលោក លោកក៏ក្រោកឡើង វិលចូលទៅទីក្រុងវិញ។ លុះស្អែកឡើងលោកចេញដំណើរ ទៅក្រុងឌែរបេជាមួយលោកបារណាបាស។
លោកប៉ូល និង លោកបារណាបាសវិលត្រឡប់ទៅក្រុងអន់ទីយ៉ូក ក្នុងស្រុកស៊ីរីវិញ
២១ លោកប៉ូលនិងលោកបារណាបាស បានផ្សព្វផ្សាយដំណឹងល្អ*នៅក្រុងឌែរបេ ហើយណែនាំមនុស្សជាច្រើនឲ្យធ្វើជាសាវ័ក*។ បន្ទាប់មកលោកវិលទៅក្រុងលីស្ត្រា ក្រុងអ៊ីកូញុម និងក្រុងអន់ទីយ៉ូកវិញ។២២លោកដាស់តឿនពួកសាវ័កឲ្យតាំងចិត្តមាំមួន និងលើកទឹកចិត្តគេឲ្យមានជំនឿខ្ជាប់ខ្ជួនដោយមានប្រសាសន៍ថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងព្រះរាជ្យ*របស់ព្រះជាម្ចាស់»។ ២៣លោកបានតែងតាំងពួកព្រឹទ្ធាចារ្យ*នៅតាមព្រះសហគមន៍នីមួយៗ។ លុះបានអធិស្ឋាន*និងតមអាហាររួចហើយ លោកទាំងពីរក៏ផ្ញើពួកសាវ័កទុកនៅនឹងព្រះអម្ចាស់ដែលគេបានជឿ។
២៤ បន្ទាប់មកទៀតលោកទាំងពីរធ្វើដំណើរឆ្លងកាត់ស្រុកពីស៊ីឌីមកដល់ស្រុកប៉មភីលី។ ២៥ លោកបានប្រកាសព្រះបន្ទូលនៅក្រុងពែរកេ រួចលោកនាំគ្នាចុះទៅក្រុងអត្តាលី។ ២៦ នៅទីនោះ លោកនាំគ្នាចុះសំពៅវិលត្រឡប់មកក្រុងអន់ទីយ៉ូកវិញ គឺនៅក្រុងអន់ទីយ៉ូកនេះ ហើយដែលព្រះសហគមន៍បានផ្ញើលោកទាំងពីរ ទៅលើព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ ដើម្បីបំពេញកិច្ចការដែលលោកទើបនឹងបានសម្រេចនេះ។
២៧កាលលោកទាំងពីរមកដល់ លោកប្រមូលព្រះសហគមន៍ឲ្យមកជួបជុំគ្នា ហើយរៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានធ្វើជាមួយពួកលោក និងរៀបរាប់អំពីរបៀបដែលព្រះអង្គបើកផ្លូវឲ្យសាសន៍ដទៃជឿ។ ២៨បន្ទាប់មក លោកទាំងពីរស្នាក់នៅទីនោះជាមួយពួកសាវ័កអស់រយៈពេលជាយូរក្រែល។
ជំពូក ១៥
ការប្រជុំនៅក្រុងយេរូសាឡឹម
១ មានអ្នកខ្លះ មកពី ស្រុក យូដា នាំគ្នា ប្រៀនប្រដៅពួកបងប្អូនថា៖ «ប្រសិនបើបងប្អូនមិនទទួលពិធីកាត់ស្បែក* តាមទំនៀមទម្លាប់របស់លោកម៉ូសេទេ បងប្អូនមិនអាចទទួលការសង្គ្រោះបានឡើយ»។ ២ លោកប៉ូល និងលោកបារណាបាសបានប្រកែកជំទាស់ នឹងអ្នកទាំងនោះ ព្រមទាំងជជែកវែកញែកជាមួយពួកគេយ៉ាងខ្លាំង។ ពួកបងប្អូនបានសម្រេចចិត្តចាត់លោកប៉ូលនិងលោកបារណាបាស ឲ្យទៅក្រុងយេរូសាឡឹម ដោយមានបងប្អូនខ្លះទៀតទៅជាមួយផង ដើម្បីឲ្យទៅជម្រាបក្រុមគ្រីស្តទូត* និង ក្រុមព្រឹទ្ធាចារ្យ*អំពីរឿងនេះ។
៣ព្រះសហគមន៍*បានជួយឧបត្ថម្ភពួកលោកក្នុងការធ្វើដំណើរ។ លោកនាំគ្នាឆ្លងកាត់ស្រុកភេនីស៊ីស្រុកសាម៉ារី ទាំងរៀបរាប់ប្រាប់ពួកបងប្អូនយ៉ាងក្បោះក្បាយថា សាសន៍ដទៃបានបែរចិត្តមករកព្រះជាម្ចាស់។ ដំណឹងនេះធ្វើឲ្យបងប្អូនគ្រប់ៗគ្នាមានអំណរសប្បាយយ៉ាងខ្លាំង។
៤ កាលមកដល់ក្រុងយេរូសាឡឹមហើយព្រះសហគមន៍ ក្រុមគ្រីស្តទូត* និងក្រុមព្រឹទ្ធាចារ្យនាំគ្នាទទួលពួកលោក។ ពួកលោកក៏ជម្រាបអំពីកិច្ចការទាំងប៉ុន្មានដែលព្រះជាម្ចាស់បានធ្វើជាមួយពួកលោក។ ៥ពេលនោះមានបងប្អូនខ្លះខាងគណៈផារីស៊ីដែលជឿព្រះអម្ចាស់ក្រោកឈរឡើងពោលថា ត្រូវតែធ្វើពិធីកាត់ស្បែកឲ្យសាសន៍ដទៃ ហើយត្រូវបង្គាប់គេឲ្យប្រតិបត្តិតាមវិន័យ*របស់លោកម៉ូសេដែរ។
៦ក្រុមគ្រីស្តទូតនិងក្រុមព្រឹទ្ធាចារ្យក៏ប្រជុំគ្នាដើម្បីពិនិត្យពិច័យមើលសំណុំរឿងនេះ។ ៧ ពេលនោះ មានការជជែកវែកញែកគ្នាយ៉ាងខ្លាំង ទើបលោកសិលាក្រោកឈរឡើង ហើយមានប្រសាសន៍ថា៖
«បងប្អូនអើយ បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានជ្រើសរើសខ្ញុំ ក្នុងចំណោមបងប្អូនតាំងតែពីថ្ងៃដំបូងមកម៉្លេះ ដើម្បីឲ្យខ្ញុំផ្សព្វផ្សាយដំណឹងល្អ*ដល់សាសន៍ដទៃ ឲ្យគេបានឮនិងបានជឿដែរ។៨ព្រះជាម្ចាស់ដែលឈ្វេងយល់ចិត្តគំនិតរបស់មនុស្សទ្រង់បានបញ្ជាក់ថា ព្រះអង្គយល់ព្រមទទួលយពួកគេដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ*ឲ្យគេដូចព្រះអង្គបានប្រទានមកយើងដែរ។ ៩ ព្រះអង្គមិនចាត់ទុកពួកគេផ្សេងពីពួកយើងឡើយ គឺទ្រង់បានសំអាតចិត្តគេឲ្យបានបរិសុទ្ធ* ដោយជំនឿ។ ១០ ឥឡូវនេះ ហេតុដូចម្ដេចបានជាបងប្អូនជំទាស់រ នឹងព្រះជាម្ចាស់ដូច្នេះ? នឹមលដែលបុព្វបុរសរបស់យើង និង ខ្លួនយើងផ្ទាល់មិនអាចទ្រាំទ្របានផងនោះ ម្ដេចក៏បងប្អូនចង់យកទៅដាក់លើពួកសាវ័កដែរ! ១១ ទេមិនបានទេ! ដ្បិតយើងជឿថា ទាំងសាសន៍យើង ទាំងសាសន៍គេ បានទទួលការសង្គ្រោះដោយព្រះអម្ចាស់យេស៊ូមានព្រះហឫទ័យប្រណីសន្ដោសប៉ុណ្ណោះ»។
១២ ពេលនោះ អង្គប្រជុំទាំងមូលនៅស្ងៀមស្ងាត់ ស្ដាប់លោកប៉ូល និង លោកបារណាបាសមានប្រសាសន៍រៀបរាប់អំពីទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ ដែលព្រះជាម្ចាស់បានសម្ដែង នៅកណ្ដាលចំណោមសាសន៍ដទៃ តាមរយៈលោក។ ១៣លុះលោកទាំងពីរមានប្រសាសន៍ចប់ហើយ លោកយ៉ាកុបក៏មានប្រសាសន៍ឡើងថា៖ ១៤ «បងប្អូនអើយ សូមស្ដាប់ខ្ញុំ! លោកស៊ីម៉ូនបានរៀបរាប់ថា កាលពីដើមដំបូងព្រះជាម្ចាស់សព្វព្រះហឫទ័យជ្រើសរើសប្រជារាស្ត្រមួយ ពីចំណោមជាតិសាសន៍នានា ឲ្យធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់។ ១៥រីឯព្រះបន្ទូលដែលពួកព្យាការី*បានថ្លែងក៏ស្របនឹងសេចក្ដីនេះដែរដូចមានចែងទុកមកថា៖
១៦ លុះក្រោយមកយើងនឹងវិលត្រឡប់មកវិញ
យើងនឹងលើកពន្លារបស់ដាវីឌ
ដែលរលំទៅនោះឡើងវិញ
យើងនឹងសង់ដំណាក់ដែលបាក់បែកខ្ទេចខ្ទី
ឡើងវិញ
១៧ ពេលនោះមនុស្សម្នាដែលនៅសល់
នឹងស្វែងរកព្រះអម្ចាស់
ហើយជាតិសាសន៍នានាដែលជាប្រជារាស្ត្រ
របស់យើង ក៏នឹងស្វែងរកយើងដែរ។
១៨ នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែល
សម្ដែងការទាំងនេះ ឲ្យមនុស្សលោកស្គាល់
តាំងពីយូរអង្វែងរៀងមក។ វ
១៩ ហេតុនេះហើយបានជាខ្ញុំយល់ឃើញថា មិនគួរធ្វើឲ្យមានឧបសគ្គដល់សាសន៍ដទៃ ដែលបានបែរចិត្តវិលមករកព្រះជាម្ចាស់វិញនោះឡើយ ២០ប៉ុន្តែគួរយើងសរសេរសំបុត្រទៅប្រាប់គេ កុំឲ្យបរិភោគម្ហូបអាហារដែលបានសែនរូបសំណាក គឺជាម្ហូបអាហារសៅហ្មងនោះជាដាច់ខាត កុំឲ្យរួមរស់ជាមួយគ្នាដោយមិនរៀបការស កុំឲ្យបរិភោគសាច់សត្វដែលគេសម្លាប់ដោយច្របាច់ក និងកុំឲ្យបរិភោគឈាម ២១ ដ្បិតតាំងពីសម័យដើមរៀងមក នៅតាមក្រុងនីមួយៗ គេតែងប្រកាសវិន័យ*របស់លោកម៉ូសេដោយអានគម្ពីររបស់លោក រៀងរាល់ថ្ងៃសប្ប័ទ* នៅក្នុងធម្មសាលា*»។
សំបុត្រផ្ញើទៅជូនសាសន៍ដទៃជាអ្នកជឿ
២២ពេលនោះក្រុមគ្រីស្តទូតក្រុមព្រឹទ្ធាចារ្យ និងព្រះសហគមន៍ទាំងមូលយល់ឃើញថា គួរតែជ្រើសយកបងប្អូនខ្លះក្នុងចំណោមពួកគេជាអ្នកដែលពួកបងប្អូនគោរព ដើម្បីចាត់ឲ្យទៅក្រុងអន់ទីយ៉ូកជាមួយលោកប៉ូល និងលោកបារណាបាស។គេបានជ្រើសយកលោកយូដាស ហៅបារសាបាស និងលោកស៊ីឡាស។ ២៣ ព្រះសហគមន៍បានប្រគល់សំបុត្រមួយឲ្យលោកទាំងពីរនាំយកទៅ ដែលមានសេចក្ដីដូចតទៅនេះ៖
«យើងខ្ញុំជាគ្រីស្តទូតជាព្រឹទ្ធាចារ្យ និងជាបងប្អូនសូមជម្រាបសួរមកបងប្អូនជាសាសន៍ដទៃដែលរស់នៅក្រុងអន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកស៊ីលីស៊ី។
២៤ យើងខ្ញុំបានទទួលដំណឹងថា មានពួកយើងខ្លះ បាននាំឲ្យបងប្អូនជ្រួលច្របល់ មកពីពាក្យដែលគេនិយាយប្រាប់បងប្អូន បណ្ដាលឲ្យបងប្អូនមានកង្វល់ក្នុងចិត្ត។ យើងខ្ញុំពុំបានចាត់អ្នកទាំងនោះឲ្យមកទេ។ ២៥ យើងខ្ញុំទាំងអស់គ្នាបានសម្រេចចិត្តជ្រើសរើសយកគ្នាយើងខ្លះ ចាត់ឲ្យមកជួបបងប្អូនជាមួយលោកប៉ូល និងលោកបារណាបាសដ៏ជាទីស្រឡាញ់របស់យើង ២៦ ជាអ្នកដែលបានសុខចិត្តបូជាជីវិតរបស់ខ្លួនបម្រើព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់របស់យើង។ ២៧ ហេតុនេះយើងខ្ញុំសុំចាត់លោកយូដាសនិងលោកស៊ីឡាសឲ្យនាំពាក្យដដែលនេះ យកមកជម្រាបបងប្អូន ស្ដាប់ផ្ទាល់តែម្ដង។ ២៨ព្រះវិញ្ញាណដ៏វិសុទ្ធ* និង យើងខ្ញុំយល់ឃើញថាមិនគួរយកវិន័យ*ណាផ្សេងទៀតដែលមិនចាំបាច់ មកបង្ខំបងប្អូនឲ្យប្រតិបត្តិតាមឡើយ ២៩ យើងគ្រាន់តែសុំឲ្យបងប្អូនចៀសវាងកុំប្រព្រឹត្តដូចតទៅនេះ គឺកុំបរិភោគម្ហូបអាហារដែលសែនរូបសំណាក កុំបរិភោគឈាមកុំបរិភោគសាច់សត្វដែលគេសម្លាប់ដោយច្របាច់កនិងកុំរួមរស់ជាមួយគ្នាដោយមិនរៀបការ។ ប្រសិនបើបងប្អូនប្រតិបត្តិដូច្នេះបាន នោះប្រពៃហើយ។សូមឲ្យបងប្អូនបានប្រកបដោយសេចក្ដីសុខ»។
៣០ ពួកអ្នកតំណាងក៏លាគេចេញដំណើរ ទៅដល់ក្រុងអន់ទីយ៉ូក ហើយប្រមូលអង្គប្រជុំ រួចប្រគល់សំបុត្រជូន។ ៣១គេបានអានសំបុត្រហើយ មានអំណរសប្បាយគ្រប់ៗគ្នា ព្រោះសំបុត្រនោះបានលើកទឹកចិត្តពួកគេ។ ៣២ លោកយូដាសនិងលោកស៊ីឡាស ដែលជាព្យាការី*មានប្រសាសន៍ជាច្រើន ដើម្បីលើកទឹកចិត្តនិងពង្រឹងជំនឿរបស់បងប្អូន។ ៣៣បន្តិចក្រោយមក ពួកបងប្អូនសុខចិត្តឲ្យលោកទាំងពីរវិលត្រឡប់ទៅ ឯព្រះសហគមន៍ដែលបានចាត់គេឲ្យមកនោះវិញ ទាំងជូនពរឲ្យលោកធ្វើដំណើរប្រកបដោយសុខសាន្ត។ {៣៤ ប៉ុន្តែលោកស៊ីឡាសសម្រេចចិត្តស្នាក់នៅទីនោះបន្តទៅទៀត។}
៣៥ រីឯលោកប៉ូលនិងលោកបារណាបាស ក៏បានស្នាក់នៅក្នុងក្រុងអន់ទីយ៉ូក ទាំងបង្រៀន និងផ្សព្វផ្សាយដំណឹងល្អ អំពីព្រះបន្ទូលរបស់ព្រះអម្ចាស់រួមជាមួយបងប្អូនជាច្រើននាក់ទៀតផង។
បេសកកម្មលើកទីពីរលោកប៉ូល និង លោកបារណាបាសបែកគ្នា
៣៦ប៉ុន្មានថ្ងៃកន្លងមកទៀត លោកប៉ូលមានប្រសាសន៍ទៅកាន់លោកបារណាបាសថា៖ «យើងត្រូវត្រឡប់ទៅសួរសុខទុក្ខបងប្អូន នៅតាមក្រុងទាំងប៉ុន្មានដែលយើងបានផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះអម្ចាស់»។ ៣៧លោកបារណាបាសមានបំណងនាំលោកយ៉ូហានហៅម៉ាកុសទៅជាមួយដែរ ៣៨ប៉ុន្តែលោកប៉ូលយល់ឃើញថា មិនគួរនាំគាត់ទៅជាមួយឡើយ ព្រោះគាត់បានរត់ចោលពួកលោកកាលពីនៅក្រុងប៉មភីលី គឺគាត់មិនបានធ្វើការរួមជាមួយពួកលោកទេហ។ ៣៩លោកទាំងពីរក៏ខ្វែងគំនិតគ្នាយ៉ាងខ្លាំង រហូតដល់ទៅបែកផ្លូវគ្នា។ លោកបារណាបាសបាននាំលោកម៉ាកុសទៅជាមួយ រួចចុះសំពៅឆ្ពោះទៅកោះគីប្រុស។ ៤០រីឯលោកប៉ូល លោកនាំលោកស៊ីឡាសទៅជាមួយ ដោយពួកបងប្អូនបានផ្ញើលោកទៅលើព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអម្ចាស់ ៤១លោកធ្វើដំណើរឆ្លងកាត់ស្រុកស៊ីរី និងស្រុកស៊ីលីស៊ីទាំងពង្រឹងជំនឿព្រះសហគមន៍នានាផង។
ជំពូក ១៦
លោកធីម៉ូថេរួមដំណើរជាមួយលោកប៉ូលនិង លោកស៊ីឡាស
១ លោកប៉ូលធ្វើដំណើរ ទៅដល់ក្រុងឌែរបេរួចទៅដល់ក្រុងលីស្ត្រា។ នៅក្រុងលីស្ត្រានោះមានសាវ័ក*មួយរូបឈ្មោះធីម៉ូថេជាកូនរបស់ស្ត្រីសាសន៍យូដាម្នាក់ ជាអ្នកជឿឪពុកគាត់ជាសាសន៍ក្រិក ២ គាត់មានកេរ្តិ៍ឈ្មោះល្អ ក្នុងចំណោមបងប្អូននៅក្រុងលីស្ត្រា និងបងប្អូននៅក្រុងអ៊ីកូញ៉ុម។ ៣ លោកប៉ូលមានបំណងនាំគាត់រួមដំណើរទៅជាមួយដែរ។ លោកក៏យកគាត់មកធ្វើពិធីកាត់ស្បែក*ឲ្យ ព្រោះយោគយល់ដល់សាសន៍យូដានៅស្រុកនោះ ដ្បិតគេដឹងគ្រប់គ្នាថាឪពុកគាត់ជាសាសន៍ក្រិក។ ៤នៅតាមក្រុងនានាដែលពួកលោកប៉ូលធ្វើដំណើរកាត់ លោកបានប្រាប់អ្នកជឿឲ្យដឹង អំពីសេចក្ដីសម្រេចរបស់ក្រុមគ្រីស្តទូត* និងក្រុមព្រឹទ្ធាចារ្យ* នៅក្រុងយេរូសាឡឹមហើយសុំឲ្យគេអនុវត្តតាម។ ៥ព្រះសហគមន៍នានាក៏មានជំនឿកាន់តែមាំមួនរៀងរាល់ថ្ងៃ ហើយមានគ្នាកាន់តែច្រើនជាលំដាប់។
លោកប៉ូលនៅក្រុងត្រូអាសព្រះជាម្ចាស់ចាត់លោកឲ្យទៅស្រុកម៉ាសេដូន
៦ព្រះវិញ្ញាណដ៏វិសុទ្ធ* បានឃាត់ពួកលោកប៉ូលមិនឲ្យទៅប្រកាសព្រះបន្ទូលនៅស្រុកអាស៊ីទេ ហេតុនេះហើយបានជា លោកនាំគ្នាធ្វើដំណើរកាត់ស្រុកព្រីគី និងដែនដីកាឡាទី។ ៧ ពេលទៅដល់ជិតស្រុកមីស៊ី លោកមានបំណងទៅស្រុកប៊ីធីនី ប៉ុន្តែព្រះវិញ្ញាណរបស់ព្រះយេស៊ូ ពុំអនុញ្ញាតឲ្យទៅទេ។ ៨ ដូច្នេះ លោកក៏នាំគ្នាឆ្លងកាត់ស្រុកមីស៊ីទៅដល់ក្រុងត្រូអាស។ ៩នៅពេលយប់ លោកប៉ូលបាននិមិត្តឃើញអ្នកស្រុកម៉ាសេដូនម្នាក់ ឈរអង្វរលោកថា៖ «សូមលោកឆ្លងមកស្រុកម៉ាសេដូន ជួយយើងខ្ញុំផង!»។ ១០ ក្រោយពេលលោកបានឃើញនិមិត្តហេតុអស្ចារ្យនេះហើយ យើងឡក៏រូតរះចេញដំណើរទៅស្រុកម៉ាសេដូន ព្រោះយើងជឿជាក់ថា ព្រះជាម្ចាស់ត្រាស់ហៅយើង ឲ្យទៅផ្សព្វផ្សាយដំណឹងល្អដល់អ្នកស្រុកនោះ។
លោកប៉ូលនៅក្រុងភីលីពនាងលីឌីប្រែចិត្តគំនិតមកជឿព្រះអម្ចាស់
១១នៅក្រុងត្រូអាស យើងបានចុះសំពៅធ្វើដំណើរតម្រង់ឆ្ពោះទៅកោះសាម៉ូត្រាសតែម្ដង។ស្អែកឡើងយើងបានទៅដល់ក្រុងណេអាប៉ូលី ១២រួចយើងចេញដំណើរពីក្រុងនោះឆ្ពោះទៅក្រុងភីលីព ជាក្រុងធំជាងគេក្នុងស្រុកម៉ាសេដូន ហើយជាក្រុងដែលមានឯកសិទ្ធិពិសេស នៅក្នុងចក្រភពរ៉ូម៉ាំង។ យើងបានស្នាក់នៅក្រុងនោះជាច្រើនថ្ងៃ។
១៣ នៅថ្ងៃសប្ប័ទ*យើងបានចេញ ទៅខាងក្រៅទ្វារក្រុង សំដៅទៅមាត់ស្ទឹងមួយ ដោយនឹកគិតថានឹងមានកន្លែងអធិស្ឋាន*។ យើងក៏នាំគ្នាអង្គុយហើយនិយាយជាមួយពួកស្ត្រី ដែលមកជួបជុំគ្នានៅទីនោះ។ ១៤មានស្ត្រីម្នាក់ដែលគោរពកោតខ្លាចព្រះជាម្ចាស់ឈ្មោះលីឌីជាអ្នកស្រុកធីយ៉ាទៀរ និងជាឈ្មួញក្រណាត់ពណ៌ក្រហមដ៏មានតម្លៃ។ ពេលនោះនាងផ្ទៀងត្រចៀកស្ដាប់ ព្រះអម្ចាស់ក៏បានបំភ្លឺចិត្តគំនិតនាង ឲ្យយកចិត្តទុកដាក់នឹងសេចក្ដីដែលលោកប៉ូលមានប្រសាសន៍។ ១៥ បន្ទាប់ពីនាងបានទទួលពិធីជ្រមុជទឹកជាមួយក្រុមគ្រួសាររបស់នាងរួចហើយ នាងបានអញ្ជើញយើងទៅស្នាក់នៅផ្ទះនាង ដោយពោលថា៖ «បើលោកយល់ឃើញថានាងខ្ញុំពិតជាជឿលើព្រះអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅឯផ្ទះរបស់នាងខ្ញុំទៅ!»។ នាងបានទទូចសុំឲ្យយើងយល់ព្រមតាមសេចក្ដីអញ្ជើញរបស់នាង។
លោកប៉ូល និង លោកស៊ីឡាសជាប់ឃុំឃាំងនៅក្រុងភីលីព
១៦មានថ្ងៃមួយ ពេលយើងធ្វើដំណើរទៅកន្លែងអធិស្ឋាន*មានស្រីបម្រើ គេម្នាក់មកជួបយើងនាងមានខ្មោចឈ្មោះពីថុនចូលនាំឲ្យនាងចេះទាយ ធ្វើឲ្យពួកម្ចាស់របស់នាងបានទទួលកម្រៃ យ៉ាងច្រើន។ ១៧នាងដើរតាមក្រោយលោកប៉ូលនិងយើង ទាំងស្រែកថា៖«លោកទាំងនេះ ជាអ្នកបម្រើរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត លោកនាំដំណឹងអំពីមាគ៌ានៃការសង្គ្រោះមកប្រាប់អ្នករាល់គ្នា»។ ១៨ នាងធ្វើបែបនេះអស់រយៈពេលជាច្រើនថ្ងៃ។ ដោយលោកប៉ូលទាស់ចិត្តជាខ្លាំងក៏ងាកទៅក្រោយ បញ្ជាខ្មោចថា៖ «ក្នុងព្រះនាមព្រះយេស៊ូគ្រីស្ត* ចូរចេញពីនាងទៅ!»។ ខ្មោចក៏ចេញពីនាងភ្លាម។ ១៩ កាលពួកម្ចាស់របស់ស្រីបម្រើនោះឃើញថាលែងមានសង្ឃឹមនឹងបានកម្រៃអ្វីទៀត គេក៏នាំគ្នាចាប់លោកប៉ូលនិងលោកស៊ីឡាស អូសយកទៅជូនចៅក្រមនៅលានសាធារណៈ ក្នុងទីក្រុង។ ២០ ចៅក្រមនាំលោកទាំងពីរទៅជួបពួកអាជ្ញាធរពោលថា៖ «ជនជាតិយូដាទាំងនេះបង្កឲ្យមានចលាចលនៅក្នុងក្រុងយើង។ ២១គេនាំទំនៀមទម្លាប់ផ្សេងៗ មកផ្សាយប្រាប់យើងជាទំនៀមទម្លាប់ ដែលយើងជនជាតិរ៉ូម៉ាំងគ្មានសិទ្ធិនឹងទទួល ឬ អនុវត្តតាមបានឡើយ»។ ២២ បណ្ដាជនក៏លើកគ្នាមកប្រឆាំងនឹងលោកទាំងពីរដែរ។ ពួកអាជ្ញាធរបានបញ្ជាឲ្យគេដោះសម្លៀកបំពាក់លោកប៉ូល និងលោកស៊ីឡាសចេញរួចបញ្ជាឲ្យវាយនឹងរំពាត់។ ២៣ ក្រោយពីបានវាយលោកទាំងពីរច្រើនរំពាត់ហើយ គេក៏យកលោកទៅដាក់ក្នុងទីឃុំឃាំង ទាំងបញ្ជាឲ្យយាមយ៉ាងមធ្យ័តផង។ ២៤ឆ្មាំគុកក៏យកលោកទាំងពីរទៅឃុំក្នុងគុកងងឹតនិងដាក់ខ្នោះជើង តាមបញ្ជាដែលគាត់បានទទួល។
២៥ប្រមាណជាពាក់កណ្ដាលអាធ្រាត្រ លោកប៉ូលនិងលោកស៊ីឡាសនាំគ្នាអធិស្ឋាន និងច្រៀងសរសើរតម្កើងព្រះជាម្ចាស់។ អ្នកទោសឯទៀតៗស្ដាប់លោកទាំងពីរ។ ២៦រំពេចនោះស្រាប់តែមានរញ្ជួយផែនដីយ៉ាងខ្លាំង បណ្ដាលឲ្យកក្រើកដល់គ្រឹះទីឃុំឃាំងទ្វារគុកទាំងប៉ុន្មានក៏របើកឡើងភ្លាម រីឯច្រវាក់ដែលគេដាក់អ្នកទោសក៏របូតចេញអស់ដែរ។ ២៧ ពេលនោះឆ្មាំគុកភ្ញាក់ឡើង លុះគាត់ឃើញទ្វារគុករបើកដូច្នេះ គាត់ក៏ហូតដាវបម្រុងនឹងសម្លាប់ខ្លួន ព្រោះនឹកស្មានថាអ្នកទោសរត់បាត់អស់ហើយ។ ២៨ប៉ុន្តែលោកប៉ូលបានស្រែកឡើងយ៉ាងខ្លាំងៗថា៖ «កុំធ្វើបាបខ្លួនអីយើងទាំងអស់គ្នានៅឯនេះទេ!»។ ២៩ឆ្មាំគុកសុំឲ្យគេយកភ្លើងមក រួចប្រញាប់ប្រញាល់ចូលទៅក្នុងគុក។ គាត់ក្រាបចុះនៅមុខលោកប៉ូល និងលោកស៊ីឡាស ទាំងញាប់ញ័រ។ ៣០គាត់នាំលោកទាំងពីរចេញមកក្រៅពោលថា៖ «លោកម្ចាស់! តើខ្ញុំប្របាទត្រូវធ្វើយ៉ាងណា ដើម្បីឲ្យបានទទួលការសង្គ្រោះ?»។ ៣១លោកតបទៅគាត់វិញថា៖ «សូមជឿលើព្រះអម្ចាស់យេស៊ូទៅ នោះព្រះជាម្ចាស់នឹងសង្គ្រោះលោកព្រមទាំងសង្គ្រោះក្រុមគ្រួសាររបស់លោកផងដែរ»។ ៣២ បន្ទាប់មក លោកទាំងពីរបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ប្រាប់គាត់ និងប្រាប់អ្នកទាំងប៉ុន្មានដែលនៅក្នុងផ្ទះគាត់។ ៣៣ ពេលនោះឆ្មាំគុកនាំលោកទាំងពីរ មកលាងស្នាមរបួសទាំងយប់ ហើយគាត់និងក្រុមគ្រួសាររបស់គាត់ក៏បានទទួលពិធីជ្រមុជទឹកភ្លាម។ ៣៤គាត់បាននាំលោកទាំងពីរឡើងទៅផ្ទះគាត់រៀបចំម្ហូបអាហារជូន។ គាត់និងក្រុមគ្រួសាររបស់គាត់មានអំណរសប្បាយដោយបានជឿលើព្រះជាម្ចាស់។
៣៥លុះភ្លឺឡើង ពួកអាជ្ញាធរបានចាត់តម្រួតឲ្យទៅប្រាប់ឆ្មាំគុកថា៖ «ចូរដោះលែងអ្នកទាំងនោះទៅ!»។ ៣៦ឆ្មាំគុកបាននាំដំណឹងនេះទៅជម្រាបលោកប៉ូលថា៖ «ពួកអាជ្ញាធរបានចាត់គេមកប្រាប់ឲ្យដោះលែងលោកហើយ ដូច្នេះសូមលោកចេញទៅឲ្យបានសុខសាន្តចុះ»។ ៣៧ប៉ុន្តែលោកប៉ូលមានប្រសាសន៍ទៅតម្រួតទាំងនោះថា៖ «យើងជាជនជាតិរ៉ូម៉ាំងអគេបានវាយយើងនឹងរំពាត់នៅមុខប្រជុំជន ដោយពុំបានជំនុំជម្រះជាមុន ហើយក៏យកយើងមកដាក់គុកទៀតឥឡូវនេះ គេចង់ដោះលែងយើងដោយស្ងាត់ៗ!ទេ មិនបានទេ! លោកទាំងនោះត្រូវតែមកដោះលែងយើងផ្ទាល់តែម្ដង ទើបបាន»។ ៣៨ពួកតម្រួតនាំពាក្យនេះទៅជម្រាបពួកអាជ្ញាធរ។ កាលដឹងថា លោកទាំងពីរមានសញ្ជាតិរ៉ូម៉ាំងដូច្នេះ ពួកអាជ្ញាធរភ័យខ្លាចជាខ្លាំង។ ៣៩គេនាំគ្នាមកអង្វរករសុំទោសលោកទាំងពីរ រួចដោះលែងលោកនិងអង្វរឲ្យលោកចាកចេញពីក្រុងនោះផង។ ៤០លោកទាំងពីរចេញពីទីឃុំឃាំងចូលទៅផ្ទះរបស់នាងលីឌី ហើយបានជួបពួកបងប្អូន ព្រមទាំងបានលើកទឹកចិត្តគេទៀតផង រួចទើបលោកនាំគ្នាធ្វើដំណើរចេញទៅ។
ជំពូក ១៧
លោកប៉ូល និង លោកស៊ីឡាសទៅដល់ក្រុងថេស្សាឡូនិក
១លោកប៉ូល និងលោកស៊ីឡាសធ្វើដំណើរកាត់ក្រុងអំភីប៉ូលី និងក្រុងអាប៉ូឡូន ហើយទៅដល់ក្រុងថេស្សាឡូនិក។ នៅក្រុងនោះមានធម្មសាលា*មួយរបស់សាសន៍យូដា។ ២ លោកប៉ូលបានចូលទៅធម្មសាលាតាមទម្លាប់របស់លោកព្រមទាំងវែកញែកគម្ពីរ ជាមួយពួកគេរាល់ថ្ងៃសប្ប័ទ* ក្នុងអំឡុងបីសប្ដាហ៍។ ៣ លោកបរិយាយពន្យល់ប្រាប់គេថា ព្រះគ្រីស្តត្រូវតែរងទុក្ខវេទនានិងមានព្រះជន្មរស់ឡើងវិញ។ លោកមានប្រសាសន៍ថា៖ «ព្រះគ្រីស្តគឺព្រះយេស៊ូដែលខ្ញុំបានជម្រាបបងប្អូននេះហើយ»។ ៤ជនជាតិយូដាខ្លះយល់ស្របតាម ហើយចូលមករួបរួមជាមួយលោកប៉ូល និងលោកស៊ីឡាស។ មានជនជាតិក្រិកដ៏ច្រើនលើសលប់ដែលគោរពកោតខ្លាចព្រះជាម្ចាស់និងមានស្ត្រីៗជាច្រើនក្នុងចំណោមអ្នកធំក៏ចូលមករួបរួមដែរ។
៥ រីឯជនជាតិយូដាវិញ គេមានចិត្តច្រណែន ហើយប្រមូលពួកពាលដែលនៅតាមផ្លូវ មកបំបះបំបោរប្រជាជន ឲ្យកើតចលាចលក្នុងក្រុង។ គេបានទៅផ្ទះលោកយ៉ាសូន ក្នុងគោលបំណងចាប់លោកប៉ូលនិងលោកស៊ីឡាស យកទៅឲ្យប្រជាជនកាត់ទោស ៦តែដោយគេរកលោកទាំងពីរមិនឃើញ គេក៏ចាប់លោកយ៉ាសូននិងបងប្អូនខ្លះទៀត អូសយកទៅជូនលោកអភិបាលក្រុង ទាំងស្រែកឡើងថា៖«ពួកដែលបង្ក ឲ្យជ្រួលច្របល់ពេញពិភពលោកទាំងមូល បានមកដល់ទីនេះហើយ!។ ៧យ៉ាសូនបានទទួលពួកគេ ឲ្យស្នាក់នៅផ្ទះគាត់! អ្នកទាំងនោះបានប្រព្រឹត្តខុស នឹងព្រះរាជក្រឹត្យរបស់ព្រះចៅអធិរាជដ្បិតពួកគេប្រកាសថា មានស្ដេចមួយអង្គទៀតនាមយេស៊ូ»។ ៨ពាក្យនេះបានធ្វើឲ្យបណ្ដាជន និង លោកអភិបាលក្រុងខ្វល់ចិត្ត។ ៩គេបានសុំឲ្យលោកយ៉ាសូននិងអ្នកឯទៀតៗបង់ប្រាក់ធានា ទើបគេសុខចិត្តដោះលែងឲ្យទៅវិញ។
លោកប៉ូល និង លោកស៊ីឡាស នៅក្រុងបេរេ
១០ពួកបងប្អូនបានបណ្ដោះលោកប៉ូល និង លោកស៊ីឡាសឲ្យចេញដំណើរទៅក្រុងបេរេ នៅយប់នោះភ្លាម។ លុះទៅដល់ហើយ លោកទាំងពីរក៏ចូលទៅក្នុងធម្មសាលា*របស់សាសន៍យូដា។
១១សាសន៍យូដានៅក្រុងនេះ មានសន្តានចិត្តល្អជាងសាសន៍យូដានៅក្រុងថេស្សាឡូនិក គឺគេបានទទួលព្រះបន្ទូលដោយចិត្តស្មោះសរ ហើយពិនិត្យពិច័យមើលគម្ពីរជារៀងរាល់ថ្ងៃ ដើម្បីឲ្យដឹងថាសេចក្ដី ដែលលោកប៉ូលនិងលោកស៊ីឡាសមានប្រសាសន៍ប្រាប់គេពិតជាត្រឹមត្រូវមែនឬយ៉ាងណា។ ១២ក្នុងចំណោមពួកគេមានច្រើននាក់បានជឿ ហើយមានស្ត្រីៗអ្នកមុខអ្នកការជាតិក្រិក និង មានបុរសជាច្រើនបានជឿដែរ។ ១៣ ប៉ុន្តែកាលសាសន៍យូដានៅក្រុងថេស្សាឡូនិកដឹងថា លោកប៉ូលផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្រុងបេរេដែរនោះ គេក៏នាំគ្នាមកបំបះបំបោរមហាជន ឲ្យជ្រួលច្របល់ឡើង។ ១៤ ឃើញដូច្នោះពួកបងប្អូនបាននាំលោកប៉ូលឆ្ពោះទៅមាត់សមុទ្រភ្លាមរីឯលោកស៊ីឡាសនិងលោកធីម៉ូថេវិញ ស្នាក់នៅទីនោះដដែល។ ១៥ពួកអ្នកជូនដំណើរលោកប៉ូលបានមកជាមួយលោក រហូតដល់ក្រុងអាថែន ទើបត្រឡប់ទៅវិញទាំងនាំពាក្យផ្ដែផ្ដាំពីលោកប៉ូលទៅជម្រាបលោកស៊ីឡាស និងលោកធីម៉ូថេឲ្យមកតាមលោកយ៉ាងប្រញាប់បំផុត។
សុន្ទរកថាលោកប៉ូលនៅក្រុងអាថែន
១៦ ពេលលោកប៉ូលរង់ចាំ លោកស៊ីឡាសនិងលោកធីម៉ូថេ នៅក្រុងអាថែនលោកតឹងទ្រូងជាខ្លាំងដោយឃើញមានរូបសំណាក ពាសពេញក្នុងក្រុងនេះ។ ១៧លោកបានជជែកសន្ទនាជាមួយសាសន៍យូដា និងជាមួយអ្នកដែលគោរពកោតខ្លាចព្រះជាម្ចាស់នៅក្នុងធម្មសាលា* ហើយរៀងរាល់ថ្ងៃលោកសន្ទនាជាមួយអស់អ្នកដែលលោក ជួបនៅតាមទីលានសាធារណៈក្នុងក្រុង។ ១៨ មានទស្សនវិទូខ្លះខាងអេពីគួរ និងខាងស្តូអ៊ីកកក៏បានសន្ទនាជាមួយលោកដែរខ្លះពោលថា៖ «តើអ្នកព្រោកប្រាជ្ញនេះចង់និយាយពីរឿងអ្វី?»។ ខ្លះទៀតពោលថា៖«ប្រហែលគាត់ជាអ្នកឃោសនាអំពីព្រះរបស់សាសន៍បរទេសទេដឹង!»។ គេពោលដូច្នេះ មកពីឮលោកប៉ូលនិយាយពីដំណឹងល្អ* ស្ដីអំពីព្រះយេស៊ូនិងអំពីការរស់ឡើងវិញខ។ ១៩គេក៏នាំលោកយកទៅមុខសភាក្រុងនៅទួលអារ៉ែស ហើយពោលមកលោកថា៖ «តើលោកអាចប្រាប់ឲ្យយើងដឹង អំពីលទ្ធិថ្មីដែលលោកបង្រៀននោះបានឬទេ? ២០ដ្បិតយើងបានឮលោកថ្លែងរឿងចម្លែកៗ យើងចង់ដឹងអត្ថន័យណាស់»។
២១ អ្នកក្រុងអាថែននិងជនបរទេសឯទៀតៗដែលរស់នៅក្នុងក្រុងនោះមិនធ្វើអ្វីផ្សេងទៀត ក្រៅពីនិយាយ ឬ ស្ដាប់រឿងថ្មីៗនោះឡើយ។
២២លោកប៉ូលក្រោកឈរនៅកណ្ដាលអង្គប្រជុំនៅទួលអារ៉ែស ហើយមានប្រសាសន៍ថា៖ «អស់លោកជាអ្នកក្រុងអាថែនអើយ! ខ្ញុំសង្កេតឃើញថាអស់លោកនិយមសាសនាខ្លាំងណាស់ ២៣ ពេលខ្ញុំដើរទៅមកក្នុងទីក្រុងខ្ញុំឃើញមានបូជនីយដ្ឋានទាំងប៉ុន្មានដែលអស់លោកគោរពបូជា ហើយខ្ញុំក៏បានឃើញអាសនៈមួយ ដែលមានចារឹកអក្សរថា”សូមឧទ្ទិសដល់ព្រះដែលយើងពុំស្គាល់”។ ខ្ញុំនាំដំណឹងមកប្រាប់អស់លោកអំពីព្រះដែលអស់លោកថ្វាយបង្គំទាំងពុំស្គាល់ហ្នឹងហើយ។ ២៤ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក និងបង្កើតអ្វីៗសព្វសារពើនៅក្នុងពិភពលោកនេះ ព្រះអង្គជាព្រះអម្ចាស់នៃស្ថានបរមសុខ* និងព្រះអម្ចាស់នៃផែនដី ព្រះអង្គមិនគង់នៅក្នុងព្រះវិហារ ដែលមនុស្សសង់នោះឡើយ ២៥ ហើយព្រះអង្គក៏មិនត្រូវការ ឲ្យមនុស្សបីបាច់ថែរក្សាព្រះអង្គដែរ ព្រោះព្រះអង្គទេតើដែលបានប្រទានជីវិត ប្រទានដង្ហើម និងប្រទានរបស់សព្វគ្រប់ទាំងអស់មកមនុស្ស។ ២៦ ព្រះអង្គប្រទានឲ្យប្រជាជាតិនានាកើតចេញមកពីមនុស្សតែម្នាក់ ហើយឲ្យគេរស់នៅពាសពេញលើផែនដីទាំងមូល។ ព្រះអង្គបានកំណត់រដូវកាល និងកំណត់ព្រំដែនឲ្យមនុស្សរស់នៅ។ ២៧ព្រះជាម្ចាស់ធ្វើដូច្នេះ ដើម្បីឲ្យគេស្វែងរកព្រះអង្គ ហើយបើគេខ្នះខ្នែងរកព្រះអង្គមែននោះប្រហែលជាគេនឹងរកព្រះអង្គឃើញ។ តាមពិតព្រះជាម្ចាស់មិនគង់នៅឆ្ងាយពីយើងម្នាក់ៗទេ ២៨ដ្បិតយើងមានជីវិតមានចលនានិងមានភាវៈជាមនុស្សដោយសារព្រះអង្គ។ អ្នកកវីខ្លះរបស់អស់លោកតែងពោលថា៖ “យើងក៏ជាពូជរបស់ព្រះអង្គដែរ”។ ២៩ហេតុនេះប្រសិនបើ យើងពិតជាពូជរបស់ព្រះជាម្ចាស់មែន យើងមិនត្រូវគិតថា ព្រះអង្គមានសណ្ឋានដូចរូបសំណាកធ្វើពីមាសប្រាក់ ឬថ្មដែលជាក្បាច់រចនាកើតឡើងតាមការនឹកឃើញរបស់មនុស្ស នោះឡើយ។៣០ ព្រះជាម្ចាស់មិនប្រកាន់ទោសមនុស្សលោកក្នុងគ្រាដែលគេមិនទាន់ស្គាល់ព្រះអង្គ នៅសម័យមុនៗនោះទេ តែឥឡូវនេះ ព្រះអង្គប្រទានដំណឹងដល់មនុស្សទាំងអស់ដែលរស់នៅគ្រប់ទីកន្លែង ឲ្យគេកែប្រែចិត្តគំនិត ៣១ដ្បិតព្រះអង្គបានកំណត់ថ្ងៃមួយទុក ដើម្បីវិនិច្ឆ័យទោសមនុស្ស តាមសេចក្ដីសុចរិត*ដោយសារបុរសម្នាក់ដែលព្រះអង្គបានតែងតាំង។ ព្រះអង្គបានប្រោសបុរសនោះឲ្យរស់ឡើងវិញទុកជាភស្តុតាងសម្រាប់មនុស្សទាំងអស់»។
៣២កាលពួកគេបានឮសូរពាក្យ “រស់ឡើងវិញ” ដូច្នេះអ្នកខ្លះក៏ចំអកឲ្យអ្នកខ្លះទៀតពោលថា៖ «ចាំលើកក្រោយយើងនឹងស្ដាប់លោកមានប្រសាសន៍អំពីរឿងនេះទៀត»។ ៣៣ លោកប៉ូលក៏ចាកចេញពីចំណោមពួកគេ។ ៣៤ប៉ុន្តែមានអ្នកខ្លះបានមកចូលរួមជាមួយលោកហើយជឿ។ ក្នុងចំណោមអ្នកទាំងនោះមានលោកដឺនីសជាសមាជិកសភាក្រុង នៅទួលអារ៉ែសនិងមានស្ត្រីម្នាក់ឈ្មោះនាងដាម៉ារីសព្រមទាំងអ្នកឯទៀតៗផង។
ជំពូក ១៨
លោកប៉ូលនៅក្រុងកូរិនថូស
១ក្រោយមក លោកប៉ូលបានចាកចេញពីក្រុងអាថែនធ្វើដំណើរឆ្ពោះទៅក្រុងកូរិនថូស។ ២នៅក្រុងនោះ លោកបានជួបជនជាតិយូដាម្នាក់ឈ្មោះអគី ឡាសជាអ្នកស្រុកប៉ុនតុស។ លោកអគីឡាសនិងនាងព្រីស៊ីឡាជាភរិយា ទើបនឹងមកពីស្រុកអ៊ីតាលីព្រោះព្រះចៅអធិរាជក្លូដបានចេញបញ្ជា ឲ្យជនជាតិយូដាទាំងអស់ចាកចេញពីក្រុងរ៉ូម។ លោកប៉ូលទៅទាក់ទងនឹងអ្នកទាំងពីរ ៣ ហើយស្នាក់នៅនិងធ្វើការជាមួយគេ ព្រោះលោកមានមុខរបរដូចគ្នាគឺត្បាញក្រណាត់សម្រាប់បោះជំរំ។ ៤ រៀងរាល់ថ្ងៃសប្ប័ទ*លោកតែងតែមានប្រសាសន៍ក្នុងធម្មសាលា* និងខិតខំណែនាំទាំងសាសន៍យូដាទាំងសាសន៍ក្រិកឲ្យជឿ។
៥កាលលោកស៊ីឡាស និងលោកធីម៉ូថេធ្វើដំណើរពីស្រុកម៉ាសេដូនមកដល់ ហើយលោកប៉ូលក៏ចំណាយពេលទាំងអស់របស់លោក ដើម្បីប្រកាសព្រះបន្ទូល។ លោកបានបញ្ជាក់ប្រាប់សាសន៍យូដាថាព្រះយេស៊ូពិតជាព្រះគ្រីស្ត។ ៦ប៉ុន្តែដោយសាសន៍យូដាចេះតែប្រឆាំងនឹងលោក ហើយជេរប្រមាថលោកទៀតផងនោះលោកក៏រលាស់ធូលីដីពីអាវរបស់លោកទាំងមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាវិនាសបាត់បង់នោះ គឺមកតែពីកំហុសរបស់អ្នករាល់គ្នាផ្ទាល់ប៉ុណ្ណោះគគ្មានជាប់ជំពាក់អ្វីជាមួយខ្ញុំទេចាប់ពីពេលនេះ ខ្ញុំនឹងទៅរកសាសន៍ដទៃវិញ»។ ៧ លោកក៏ចាកចេញពីទីនោះ ឆ្ពោះទៅផ្ទះបុរសម្នាក់ឈ្មោះទីធ្យូស-យូស្ទូស ជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ ហើយផ្ទះគាត់នៅជាប់នឹងធម្មសាលា*។ ៨ រីឯលោកគ្រីស្ពូស ដែលជាអ្នកទទួលខុសត្រូវលើធម្មសាលា និងក្រុមគ្រួសាររបស់លោកវិញ ក៏ជឿលើព្រះអម្ចាស់ដែរ។ មានអ្នកក្រុងកូរិនថូសជាច្រើនទៀតបានស្ដាប់លោកប៉ូល ហើយជឿព្រមទាំងទទួលពិធីជ្រមុជទឹក*ផង។
៩យប់មួយ លោកប៉ូលនិមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «កុំខ្លាចអីត្រូវនិយាយតទៅទៀតកុំនៅស្ងៀមឡើយ ១០ ដ្បិតយើងស្ថិតនៅជាមួយអ្នក ហើយពុំមាននរណាអាចធ្វើបាបអ្នកបានទេ ព្រោះនៅក្រុងនេះ មានមនុស្សជាច្រើនជាប្រជារាស្ត្ររបស់យើង»។ ១១ លោកប៉ូលស្នាក់នៅក្រុងកូរិនថូស អស់រយៈពេលមួយឆ្នាំប្រាំមួយខែលោកបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់អ្នកក្រុងនោះ។
១២ នៅគ្រាដែលលោកកៃលីយ៉ូនកាន់តំណែង ជារាជប្រតិភូរបស់ព្រះចៅអធិរាជរ៉ូម៉ាំង នៅស្រុកអាខៃសាសន៍យូដាបានសមគំនិតគ្នាប្រឆាំងនឹងលោកប៉ូលហើយនាំលោកយកទៅសាលាកាត់ក្ដី ១៣ ទាំងចោទថា៖ «ជននេះបញ្ចុះបញ្ចូលមនុស្សម្នាឲ្យគោរពថ្វាយបង្គំព្រះជាម្ចាស់ តាមរបៀបមួយខុសច្បាប់»។ ១៤ ពេលលោកប៉ូលបម្រុងនឹងហាមាត់និយាយ លោកកៃលីយ៉ូនមានប្រសាសន៍ទៅកាន់ជនជាតិយូដា ថា៖«ជនជាតិយូដាអើយ ប្រសិនបើរឿងនេះទាក់ទងនឹងបទឧក្រិដ្ឋ ឬបទល្មើសណាមួយនោះ ខ្ញុំមុខជាសុខចិត្តស្ដាប់អ្នករាល់គ្នាមិនខាន។១៥ ប៉ុន្តែបើជារឿងជជែកវែកញែក ស្តីអំពីពាក្យពេចន៍ អំពីឈ្មោះ ឬអំពីធម៌វិន័យ*របស់អ្នករាល់គ្នាទេនោះ ចូរដោះស្រាយខ្លួនឯងទៅ ខ្ញុំមិនព្រមកាត់ក្ដីឲ្យអ្នករាល់គ្នា អំពីរឿងនេះឡើយ»។ ១៦លោកក៏ដេញពួកគេចេញពីសាលាកាត់ក្ដី។ ១៧ ពេលនោះ ពួកគេនាំគ្នាចាប់លោកសូស្តែន ដែលជាអ្នកទទួលខុសត្រូវលើធម្មសាលា*មកវាយនៅមុខសាលាកាត់ក្ដីតែលោកកៃលីយ៉ូនមិនអើពើទេ។
លោកប៉ូលវិលត្រឡប់ទៅក្រុងអន់ទីយ៉ូកវិញ
១៨លោកប៉ូលបានស្នាក់នៅក្រុងកូរិនថូស ជាយូរថ្ងៃ។ ក្រោយមក លោកក៏ជម្រាបលាពួកបងប្អូនចុះសំពៅ ឆ្ពោះទៅស្រុកស៊ីរីដោយមាននាងព្រីស៊ីឡា និងលោកអគីឡាស ជូនដំណើរទៅជាមួយដែរ។លោកបានកោរសក់លាបំណន់ឃ នៅកំពង់ផែសង់ក្រេ។
១៩លុះមកដល់ក្រុងអេភេសូ លោកប៉ូលក៏ជម្រាបលានាងព្រីស៊ីឡា និងលោកអគីឡាស។ លោកបានចូលទៅធម្មសាលា* ហើយសន្ទនាជាមួយសាសន៍យូដា។ ២០ ពួកគេបានអង្វរសុំឲ្យលោកស្នាក់នៅទីនោះមួយរយៈ ២១ តែលោកពុំព្រមនៅទេ លោកជម្រាបលាគេ ទាំងពោលថា៖ «ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងវិលមករកបងប្អូនវិញ» រួចលោកចុះសំពៅចេញពីក្រុងអេភេសូទៅ។២២ លុះធ្វើដំណើរមកដល់ក្រុងសេសារេ លោកបានឡើងទៅសួរសុខទុក្ខព្រះសហគមន៍* បន្ទាប់មកលោកបន្តដំណើរទៅដល់ក្រុងអន់ទីយ៉ូក។
លោកអប៉ូឡូស នៅក្រុងអេភេសូ និង ក្រុងកូរិនថូស
២៣ក្រោយពីបានស្នាក់នៅក្រុងអន់ទីយ៉ូក យូរបន្តិចមក លោកក៏ចេញដំណើរទៅសាជាថ្មីដោយឆ្លងកាត់ស្រុកកាឡាទី និងស្រុកព្រីគី ទាំងពង្រឹងជំនឿពួកសាវ័ក*ទាំងអស់ផង។
២៤ មានជនជាតិយូដាម្នាក់ ឈ្មោះអប៉ូឡូសជាអ្នកស្រុកអាឡិចសន់ឌ្រីបានមកនៅក្រុងអេភេសូ គាត់ជាមនុស្សមានវោហា ហើយស្គាល់គម្ពីរយ៉ាងល្អិតល្អន់។២៥ គាត់បានទទួលការអប់រំអំពីមាគ៌ារបស់ព្រះអម្ចាស់និងមានចិត្តឧស្សាហ៍មោះមុត គាត់ប្រកាសព្រះបន្ទូល ហើយប៉ិនប្រសប់បង្រៀនគេយ៉ាងច្បាស់លាស់អំពីព្រះយេស៊ូផង។ ក៏ប៉ុន្តែគាត់បានដឹងត្រឹមតែពិធីជ្រមុជទឹក*របស់លោកយ៉ូហាន ប៉ុណ្ណោះ។ ២៦ គាត់បានបង្រៀនគេក្នុងធម្មសាលា* ដោយចិត្តអង់អាច។ កាលនាងព្រីស៊ីឡា និងលោកអគីឡាសបានឮគាត់បង្រៀនដូច្នេះ ក៏អញ្ជើញគាត់ទៅជាមួយ ព្រមទាំងពន្យល់គាត់ ឲ្យរឹតតែស្គាល់មាគ៌ារបស់ព្រះជាម្ចាស់ថែមទៀត។ ២៧ បន្ទាប់មក ដោយលោកអប៉ូឡូសមានបំណង ធ្វើដំណើរទៅកាន់ស្រុកអាខៃពួកបងប្អូនក៏នាំគ្នាលើកទឹកចិត្តគាត់ឲ្យទៅ ថែមទាំងសរសេរសំបុត្រទៅជម្រាបពួកសាវ័ក* នៅស្រុកនោះ ឲ្យទទួលគាត់ដោយរាក់ទាក់ផង។ លុះទៅដល់ គាត់បានជួយអស់អ្នកជឿនៅទីនោះយ៉ាងច្រើន តាមព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ ២៨ ដ្បិតគាត់ចេះផ្ចាញ់សាសន៍យូដា នៅមុខប្រជុំជនទាំងអស់និងវែកញែកគម្ពីរបញ្ជាក់ប្រាប់គេថា ព្រះយេស៊ូពិតជាព្រះគ្រីស្ត*មែន។
ជំពូក ១៩
លោកប៉ូលនៅក្រុងអេភេសូ
១ ពេលដែលលោកអប៉ូឡូស នៅក្រុងកូរិនថូស លោកប៉ូលបានឆ្លងកាត់តំបន់ខ្ពង់រាបធ្វើដំណើរមកដល់ក្រុងអេភេសូ។ លោកបានជួបសាវ័ក*ខ្លះ ហើយសួរថា៖២«កាលបងប្អូនចាប់ផ្តើមជឿនោះ តើបងប្អូនទទួលព្រះវិញ្ញាណដ៏វិសុទ្ធ*ហើយឬនៅ?»។ គេតបមកលោកវិញថា៖«យើងខ្ញុំមិនដែលទាំងឮថា មានព្រះវិញ្ញាណដ៏វិសុទ្ធផង!»។៣ លោកសួរគេទៀតថា៖ «ដូច្នេះតើបងប្អូនបានទទួលពិធីជ្រមុជទឹក*ណា?»។គេតបថា៖ «ពិធីជ្រមុជទឹក របស់លោកយ៉ូហាន»។ ៤ លោកប៉ូលក៏មានប្រសាសន៍ថា៖«លោកយ៉ូហានបានធ្វើពិធីជ្រមុជទឹកឲ្យអស់អ្នកដែលកែប្រែចិត្តគំនិត ទាំងមានប្រសាសន៍ប្រាប់ប្រជាជនឲ្យជឿលើព្រះអង្គ ដែលយាងមកក្រោយលោក គឺព្រះយេស៊ូនេះហើយ»។ ៥ ក្រោយបានឮលោកប៉ូលមានប្រសាសន៍ដូច្នោះ ពួកសាវ័កក៏ទទួលពិធីជ្រមុជទឹក ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ។ ៦លោកប៉ូលបានដាក់ដៃលើគេព្រះវិញ្ញាណដ៏វិសុទ្ធក៏យាងមកសណ្ឋិតលើគេ ហើយគេនាំគ្នានិយាយភាសាចម្លែកអស្ចារ្យ* និងថ្លែងព្រះបន្ទូលផង។ ៧អ្នកទាំងនោះមានគ្នាទាំងអស់ប្រមាណដប់ពីរនាក់។
៨លោកប៉ូលបានចូលទៅធម្មសាលា* ហើយមានប្រសាសន៍ដោយចិត្តអង់អាច ក្នុងអំឡុងពេលបីខែ។ លោកបានសន្ទនាជាមួយពួកគេអំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ និងខិតខំណែនាំពួកគេឲ្យជឿ។ ៩ ប៉ុន្តែដោយអ្នកខ្លះនៅតែមានចិត្តមានះមិនព្រមជឿថែមទាំងប្រមាថមាគ៌ារបស់ព្រះអម្ចាស់ នៅមុខប្រជុំជនផងនោះ លោកក៏ចាកចេញពីពួកគេនាំសាវ័កទៅដាច់ឡែក ហើយបង្រៀនគេជារៀងរាល់ថ្ងៃ នៅក្នុងសាលាទីរ៉ាណុស ១០លោកបានបង្រៀនគេអស់រយៈពេលពីរឆ្នាំ គឺរហូតទាល់តែអ្នកស្រុកអាស៊ីទាំងអស់ទាំងសាសន៍យូដាទាំងសាសន៍ក្រិកបានឮព្រះបន្ទូលរបស់ព្រះអម្ចាស់។ ១១ ពេលនោះព្រះអម្ចាស់បានធ្វើការអស្ចារ្យដ៏ធំៗជាច្រើនតាមរយៈលោកប៉ូល ១២ គឺបើគេគ្រាន់តែយកក្រណាត់ឬកន្សែង ដែលបានប៉ះលោកប៉ូល មកដាក់ពីលើអ្នកជំងឺ អ្នកជំងឺនឹងបានជា ហើយខ្មោចក៏នឹងចេញពីគេទៅដែរ។
កូនរបស់លោកស្កេវ៉ា
១៣ មានគ្រូដេញខ្មោចជាតិយូដាខ្លះតែងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ចង់ដេញខ្មោចចេញពីមនុស្សដោយប្រើព្រះនាមព្រះអម្ចាស់យេស៊ូ គឺគេនិយាយទៅខ្មោចថា៖ «យើងបញ្ជាពួកឯង ក្នុងព្រះនាមព្រះយេស៊ូដែលលោកប៉ូលប្រកាស ចូរចេញទៅ!»។ ១៤កូនប្រុសទាំងប្រាំពីររបស់លោកស្កេវ៉ាដែលជានាយកបូជាចារ្យ*របស់សាសន៍យូដាក៏បានធ្វើដូច្នេះដែរ។ ១៥ ខ្មោចបានតបមកអ្នកទាំងនោះវិញថា៖ «យើងស្គាល់ព្រះយេស៊ូ ហើយក៏ដឹងថាលោកប៉ូលជានរណាដែរ ចុះឯងរាល់គ្នាវិញ ឯងជានរណា?»។ ១៦ អ្នកដែលមានខ្មោចចូលបានស្ទុះមកសង្កត់ពួកគេជាប់ ហើយខ្មោចមានកម្លាំងជាងរហូតទាល់តែធ្វើឲ្យអ្នកទាំងនោះរត់ចេញពីផ្ទះ របូតខោរបូតអាវ និងត្រូវរបួសទៀតផង។ ១៧ មនុស្សម្នានៅក្រុងអេភេសូទាំងសាសន៍យូដាទាំងសាសន៍ក្រិកបានដឹងរឿងនេះ ហើយកោតខ្លាចគ្រប់ៗគ្នា។ ពេលនោះគេលើកតម្កើងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូ។
១៨មានអ្នកជឿជាច្រើននាក់បាននាំគ្នាមកទទួលសារភាពជាសាធារណៈ នូវអំពើដែលខ្លួនធ្លាប់ប្រព្រឹត្តកាលពីមុន ១៩ ហើយក៏មានអស់អ្នកដែលធ្លាប់ប្រព្រឹត្តអំពើអាបធ្មប់ក៏បានយកក្បួនតម្រារបស់ខ្លួន មកដុតចោល នៅមុខគេឯងទាំងអស់គ្នាផង។ គេបានគិតគូររបស់ទាំងនោះ ឃើញថា មានតម្លៃប្រាំម៉ឺនដួង*។២០ មកពីព្រះអម្ចាស់បានសម្ដែងព្រះចេស្ដា ដូច្នេះហើយបានជាព្រះបន្ទូលរីកចម្រើន និង មានប្រសិទ្ធភាពកាន់តែខ្លាំងឡើងៗ។
ការបះបោរនៅក្រុងអេភេសូ
២១ក្រោយពីព្រឹត្តិការណ៍នោះមក ព្រះវិញ្ញាណណែនាំ លោកប៉ូលឲ្យសម្រេចចិត្តទៅក្រុងយេរូសាឡឹមដោយធ្វើដំណើរឆ្លងកាត់ស្រុកម៉ាសេដូន និងស្រុកអាខៃ។ លោកមានប្រសាសន៍ថា៖ «កាលណាទៅដល់ស្រុកនោះខ្ញុំត្រូវតែទៅក្រុងរ៉ូមទៀត»។ ២២ លោកបានចាត់សហការីរបស់លោកពីររូប គឺលោកធីម៉ូថេនិងលោកអេរ៉ាស្តុស ឲ្យទៅស្រុកម៉ាសេដូនមុនរីឯលោកលោកស្នាក់នៅក្នុងស្រុកអាស៊ីមួយរយៈពេលសិន។
២៣ នៅគ្រានោះ មានកើតការបះបោរមួយយ៉ាងខ្លាំង ព្រោះតែមាគ៌ារបស់ព្រះអម្ចាស់។ ២៤ មានជាងចម្លាក់ម្នាក់ឈ្មោះដេមេទ្រីយូស ដែលបានធ្វើរូបវិហាររបស់ព្រះនាងអារទេមីស ពីប្រាក់ ហើយគាត់បានផ្ដល់កម្រៃជាច្រើនដល់ពួកកូនជាង។ ២៥ គាត់បានប្រមូលកូនជាងរបស់គាត់ និងអស់អ្នកដែលមានមុខរបរដូចគ្នាមករួចពោលថា៖ «បងប្អូនអើយបងប្អូនជ្រាបស្រាប់ហើយថា យើងបានរស់ស្រួលក៏ដោយសារតែមុខរបរនេះ ២៦ហើយបងប្អូនក៏បានឃើញបានឮដែរថា ឈ្មោះប៉ូលនោះបញ្ចុះបញ្ចូលនាំមហាជនឲ្យទៅតាមគាត់ មិនត្រឹមតែនៅក្រុងអេភេសូនេះប៉ុណ្ណោះទេ គឺសឹងតែពេញស្រុកអាស៊ីទាំងមូលថែមទៀតផងដោយពោលថា រូបព្រះដែលធ្វើដោយដៃមនុស្សមិនមែនជាព្រះឡើយ។ ២៧ ការនេះមិនត្រឹមតែបន្ថោកបន្ទាបមុខរបររបស់យើងប៉ុណ្ណោះទេ គឺថែមទាំងធ្វើឲ្យព្រះវិហារនៃព្រះនាងអារទេមីសដ៏ប្រសើរឧត្ដមរបស់យើងត្រូវរលាយ ហើយកិត្តិនាមរបស់ព្រះនាងដែលអ្នកស្រុកអាស៊ី និងសកលលោកទាំងមូលធ្លាប់ថ្វាយបង្គំ មុខជាត្រូវធ្លាក់ចុះអន់ថយទៀតផង»។ ២៨កាលបានឮពាក្យនេះហើយ គេខឹងយ៉ាងខ្លាំងក៏នាំគ្នាស្រែកឡើងថា៖ «ព្រះនាងអារទេមីសជាព្រះរបស់អ្នកក្រុងអេភេសូទ្រង់ប្រសើរឧត្ដម!»។
២៩ពេលនោះមានកើតវឹកវរពាសពេញទីក្រុង គេលើកគ្នាដើរតម្រង់ទៅលានមហោស្រពង ទាំងអូសទាញលោកកៃយូស និងលោកអរីស្តាកជាអ្នកស្រុកម៉ាសេដូន ដែលរួមដំណើរជាមួយលោកប៉ូលទៅផង។ ៣០លោកប៉ូលមានបំណងទៅជួបប្រជាជន ប៉ុន្តែ ពួកសាវ័ក*បានឃាត់លោកមិនឲ្យទៅទេ ៣១ សូម្បីតែមន្ត្រីក្រុងខ្លះ ដែលជាមិត្តភក្តិរបស់លោកក៏បានចាត់គេ ឲ្យទៅជម្រាបលោកមិនឲ្យទៅលានមហោស្រពដែរ។ ៣២ នៅពេលនោះអ្នកខ្លះស្រែកយ៉ាងនេះអ្នកខ្លះស្រែកយ៉ាងនោះដ្បិតមានកើតច្របូកច្របល់ពេញអង្គប្រជុំទាំងមូល ហើយមានអ្នកខ្លះមិនទាំងដឹងថា គេមកប្រជុំគ្នារឿងអ្វីផង។ ៣៣ ពេលនោះជនជាតិយូដា បានរុញបុរសម្នាក់ឈ្មោះអឡិចសង់ឲ្យចេញពីក្នុងចំណោមបណ្ដាជន ឡើងទៅឈរនៅខាងមុខ។ អឡិចសង់ក៏លើកដៃធ្វើសញ្ញា ព្រោះគាត់ចង់ឆ្លើយដោះសា នៅមុខប្រជាជន។ ៣៤ ប៉ុន្តែកាលប្រជាជនឃើញថា គាត់ជាជនជាតិយូដា គេក៏ស្រែកឡើងព្រមគ្នា អស់រយៈពេលជិតពីរម៉ោងថា៖ «ព្រះនាងអារទេមីសជាព្រះរបស់អ្នកក្រុងអេភេសូ ទ្រង់ប្រសើរឧត្ដម!»។
៣៥នៅទីបំផុត លោកលេខាធិការក្រុងបានឃាត់បណ្ដាជនឲ្យនៅស្ងៀម ដោយពោលថា៖ «បងប្អូនជាអ្នកក្រុងអេភេសូអើយ! តើនរណាមិនដឹងថាក្រុងអេភេសូជាក្រុងរបស់ព្រះនាងអារទេមីស ដែលជាព្រះដ៏ប្រសើរឧត្ដម និងជាក្រុងដែលមានរូបសំណាកធ្លាក់ចុះពីស្ថានសួគ៌មកនោះ!។ ៣៦ត្រង់នេះគ្មាននរណាអាចជំទាស់បានទេ សូមបងប្អូននៅស្ងៀមទៅកុំប្រព្រឹត្តដោយឥតពិចារណាដូច្នេះ។ ៣៧ បងប្អូនបាននាំអ្នកទាំងនេះមក ប៉ុន្តែគេមិនបានប្លន់ព្រះវិហារ ឬក៏ពោលពាក្យអ្វី ប្រមាថព្រះនាងរបស់យើងទេ។ ៣៨ ប្រសិនបើលោកដេមេទ្រីយូស និងពួកជាងដែលនៅជាមួយគាត់ មានរឿងអ្វីទាស់នឹងនរណា ត្រូវនាំពាក្យបណ្ដឹងមកជូនអស់លោកជារាជប្រតិភូ រកយុត្តិធម៌ឲ្យនៅថ្ងៃជំនុំជម្រះទៅ!។ ៣៩ប្រសិនបើបងប្អូនចង់តវ៉ាអំពីរឿងអ្វីទៀតនោះ ចាំដល់ពេលមានអង្គប្រជុំពេញច្បាប់ គេនឹងដោះស្រាយជូន។ ៤០បើមិនដូច្នោះទេ សុំប្រយ័ត្នក្រែងយើងត្រូវជាប់ចោទថា ជាអ្នកបះបោរ ព្រោះតែរឿងរ៉ាវដែលកើតមានឡើងនៅថ្ងៃនេះ ដ្បិតយើងគ្មានមូលហេតុអ្វីដើម្បីដោះសាអំពីការប្រជុំគ្នានេះបានឡើយ»។ ៤១គាត់មានប្រសាសន៍ដូច្នេះរួចហើយ ក៏ប្រាប់អង្គប្រជុំឲ្យបែកខ្ញែកគ្នាទៅ។
ជំពូក ២០
លោកប៉ូលធ្វើដំណើរទៅស្រុកម៉ាសេដូន និង ស្រុកក្រិក
១ លុះចលាចលនេះបានស្ងប់ទៅវិញហើយលោកប៉ូលក៏ហៅពួកសាវ័កមកលើកទឹកចិត្តរួចជម្រាបលាគេ ធ្វើដំណើរទៅស្រុកម៉ាសេដូន។ ២ លោកធ្វើដំណើរកាត់ស្រុកនោះ ទាំងមានប្រសាសន៍លើកទឹកចិត្តអ្នកជឿយ៉ាងច្រើនផង។ បន្ទាប់មកលោកក៏បានទៅដល់ស្រុកក្រិក ៣ ហើយស្នាក់នៅស្រុកនោះ អស់រយៈពេលបីខែ។ ពេលលោកហៀបនឹងចុះសំពៅ ធ្វើដំណើរទៅស្រុកស៊ីរី ជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបលោក។ លោកជ្រាបដូច្នេះ ក៏សម្រេចចិត្តវិលត្រឡប់ទៅវិញ កាត់តាមស្រុកម៉ាសេដូន។ ៤ អ្នកដែលបានរួមដំណើរជាមួយលោកនៅពេលនោះ មានលោកសូប៉ាទែរ កូនរបស់លោកពីរូសជាអ្នកស្រុកបេរេ លោកអរីស្តាក និងលោកសឺកូនឌូស ជាអ្នកស្រុកថេស្សាឡូនិកលោកកៃយូស ជាអ្នកស្រុកឌែរបេ លោកធីម៉ូថេ ព្រមទាំងលោកទីឃីកុស និងលោកត្រូភីមជាអ្នកស្រុកអាស៊ីផង។ ៥ បងប្អូនទាំងនេះបានចេញដំណើរទៅមុន ហើយរង់ចាំយើងនៅក្រុងត្រូអាស ៦ ចំណែកឯយើងវិញ ក្រោយថ្ងៃបុណ្យនំបុ័ងឥតមេ* យើងចេញពីក្រុងភីលីពទៅចុះសំពៅ។ ប្រាំថ្ងៃក្រោយមក យើងក៏បានមកដល់ក្រុងត្រូអាសជួបជុំនឹងពួកគេ រួចស្នាក់នៅទីនោះប្រាំពីរថ្ងៃ។
លោកប៉ូលប្រោសអឺទីកុសឲ្យរស់ឡើងវិញ នៅក្រុងត្រូអាស
៧ នៅថ្ងៃទីមួយក្នុងសបា្តហ៍នោះងង យើងបានជួបជុំគ្នា ដើម្បីធ្វើពិធីកាច់នំបុ័ង។ ដោយលោកប៉ូលត្រូវចេញដំណើរនៅថ្ងៃបន្ទាប់លោកមានប្រសាសន៍ទៅកាន់អង្គប្រជុំហើយអធិប្បាយ រហូតដល់ពាក់កណ្ដាលអធ្រាត្រ។ ៨ ក្នុងបន្ទប់ដែលយើងប្រជុំគ្នានៅជាន់ខាងលើ មានចង្កៀងជាច្រើន។
៩ពេលលោកប៉ូលកំពុងតែមានប្រសាសន៍ យ៉ាងយូរនោះ យុវជនម្នាក់ឈ្មោះអឺទីកុសអង្គុយនៅលើមាត់បង្អួច ហើយលង់លក់ក៏ដាច់ផ្ងារធ្លាក់ពីជាន់ទីបីនោះមក។ ពេលគេលើកគាត់ឡើង គាត់ស្លាប់ផុតទៅហើយ។ ១០លោកប៉ូលចុះទៅក្រោមឱនពីលើអឺទីកុសត្រកងគាត់លើកឡើងទាំងពោលថា៖ «សូមបងប្អូនកុំបារម្ភឲ្យសោះគាត់នៅរស់ទេ!»។ ១១កាលលោកឡើងទៅលើវិញ លោកក៏ធ្វើពិធីកាច់នំបុ័ង និងបរិភោគ។ បន្ទាប់មកលោកមានប្រសាសន៍បន្តទៅទៀតយ៉ាងយូរ រហូតដល់ភ្លឺទើបលោកចេញដំណើរទៅ។ ១២ គេបាននាំយុវជនដែលនៅមានជីវិតនោះទៅវិញ ហើយពួកគេធូរស្រាលក្នុងចិត្តឥតឧបមា។
លោកប៉ូលនៅក្រុងមីលេត
១៣ រីឯយើងវិញ យើងបានចុះសំពៅទៅមុនធ្វើដំណើរដល់ក្រុងអាស្សូស ដើម្បីចាំលោកប៉ូលនៅទីនោះ ដូចលោកបានគ្រោងទុក ព្រោះលោកចង់ធ្វើដំណើរដោយថ្មើរជើង។ ១៤ កាលលោកបានមកជួបជុំជាមួយពួកយើងនៅក្រុងអាស្សូសហើយ យើងក៏ទទួលលោកមកក្នុងសំពៅ រួចធ្វើដំណើរឆ្ពោះទៅក្រុងមីទីឡែន។ ១៥ យើងបានចេញពីទីនោះបន្តដំណើរតាមសមុទ្រ ទៅដល់ទន្ទឹមនឹងកោះឃីយ៉ូនៅថ្ងៃបន្ទាប់។ នៅថ្ងៃបន្ទាប់មកទៀត យើងទៅដល់កោះសាម៉ូស ហើយនៅថ្ងៃទីបីយើងក៏បានទៅដល់ក្រុងមីលេត។ ១៦លោកប៉ូលសម្រេចចិត្តមិនចូលក្រុងអេភេសូទេ ដើម្បីកុំឲ្យយឺតដំណើរនៅស្រុកអាស៊ី ដ្បិតលោកប្រញាប់ចង់ទៅដល់ក្រុងយេរូសាឡឹម ឲ្យទាន់បុណ្យថ្ងៃទីហាសិបច ប្រសិនបើអាចធ្វើទៅបាន។
លោកប៉ូលមានប្រសាសន៍ទៅកាន់ក្រុមព្រឹទ្ធាចារ្យដែលមកពីក្រុងអេភេសូ
១៧ លោកប៉ូលបានចាត់គេពីក្រុងមីលេត ឲ្យទៅអញ្ជើញពួកព្រឹទ្ធាចារ្យ*នៃព្រះសហគមន៍* នៅក្រុងអេភេសូមក។ ១៨លុះគេបានមកដល់ហើយ លោកមានប្រសាសន៍ទៅគេថា៖
«បងប្អូនជ្រាបស្រាប់ហើយ អំពីអាកប្បកិរិយា ដែលខ្ញុំមានចំពោះបងប្អូនរាល់ពេលវេលា តាំងពីថ្ងៃដំបូងដែលខ្ញុំបានទៅដល់ស្រុកអាស៊ីម៉្លេះ ១៩ គឺខ្ញុំបានបម្រើព្រះអម្ចាស់ដោយចិត្តសុភាពរាបសា ទាំងទឹកភ្នែកទាំងលំបាកដោយជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបខ្ញុំ។ ២០ ខ្ញុំបានជម្រាបនិង បង្រៀនបងប្អូនតាមទីសាធារណៈ និងតាមផ្ទះ នូវសេចក្ដីទាំងប៉ុន្មានដែលមានសារប្រយោជន៍ដល់បងប្អូនឥតមានលាក់លៀមត្រង់ណាសោះឡើយ ២១ ខ្ញុំបានធ្វើជាបន្ទាល់ឲ្យទាំងសាសន៍យូដា ទាំងសាសន៍ក្រិកកែប្រែចិត្តគំនិតមករកព្រះជាម្ចាស់និងមានជំនឿលើព្រះយេស៊ូជាព្រះអម្ចាស់របស់យើងផង។
២២ ឥឡូវនេះ ព្រះវិញ្ញាណបានទាក់ទាញចិត្តខ្ញុំឲ្យធ្វើដំណើរទៅក្រុងយេរូសាឡឹម ហើយខ្ញុំមិនដឹងថា នឹងមានហេតុការណ៍អ្វីកើតមានដល់ខ្ញុំ នៅក្រុងនោះឡើយ២៣ គឺខ្ញុំគ្រាន់តែដឹងតាមព្រះវិញ្ញាណដ៏វិសុទ្ធបញ្ជាក់ប្រាប់ពីក្រុងមួយទៅក្រុងមួយថា ខ្ញុំនឹងត្រូវគេចាប់ចង ហើយនឹងត្រូវរងទុក្ខវេទនា។ ២៤ប៉ុន្តែខ្ញុំមិនខ្វល់នឹងជីវិតរបស់ខ្ញុំទេ ឲ្យតែខ្ញុំបានបង្ហើយមុខងារនិងសម្រេចកិច្ចការ ដែលព្រះអម្ចាស់យេស៊ូបានប្រទានឲ្យខ្ញុំធ្វើ គឺផ្ដល់សក្ខីភាពអំពីដំណឹងល្អ*នៃព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់។
២៥ ខ្ញុំធ្លាប់រស់នៅក្នុងចំណោមបងប្អូនទាំងអស់គ្នាទាំងប្រកាសដំណឹងល្អ*អំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ ប៉ុន្តែឥឡូវនេះខ្ញុំដឹងថាបងប្អូននឹងលែងឃើញមុខខ្ញុំទៀតហើយ។ ២៦ ហេតុនេះបានជាខ្ញុំផ្ដល់សក្ខីភាពឲ្យបងប្អូនដឹងនៅថ្ងៃនេះថា ប្រសិនបើមានម្នាក់ក្នុងចំណោមបងប្អូនត្រូវវិនាស មិនមែនមកពីកំហុសរបស់ខ្ញុំទេ ២៧ ដ្បិតខ្ញុំបានជម្រាបបងប្អូនអំពីគម្រោងការទាំងមូលរបស់ព្រះជាម្ចាស់រួចហើយ ឥតមានលាក់លៀមត្រង់ណាសោះ ២៨ ដូច្នេះសូមបងប្អូនថែរក្សាខ្លួនឯង និងថែរក្សាក្រុមអ្នកជឿទាំងមូលផង ព្រោះព្រះវិញ្ញាណដ៏វិសុទ្ធបានផ្ទុកផ្ដាក់តាក់គាក់ឲ្យបងប្អូនធ្វើជាអ្នកទទួលខុសត្រូវនេះ ដើម្បីឲ្យបងប្អូនថែរក្សាព្រះសហគមន៍របស់ព្រះជាម្ចាស់ ដែលព្រះអង្គបានលោះមក ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ២៩ខ្ញុំដឹងច្បាស់ថា ពេលខ្ញុំចេញផុត ទៅនឹងមានមនុស្សចិត្តសាហាវដូចចចក នាំគ្នាចូលមកក្នុងចំណោមបងប្អូនគេនឹងធ្វើបាបក្រុមអ្នកជឿឥតត្រាប្រណីឡើយ ៣០ ថែមទាំងមានអ្នកខ្លះក្នុងចំណោមបងប្អូននាំគ្នាពោលពាក្យបញ្ឆោត ដើម្បីទាក់ទាញពួកសាវ័កឲ្យទៅតាមគេទៀតផង។ ៣១ហេតុនេះ សូមបងប្អូនប្រុងស្មារតីឲ្យមែនទែនដោយនឹកចាំថា ខ្ញុំបានដាស់តឿនបងប្អូនគ្រប់ៗរូប ទាំងទឹកភ្នែកក្នុងរវាងបីឆ្នាំ ទាំងយប់ទាំងថ្ងៃឥតមានឈប់ឡើយ។
៣២ ឥឡូវនេះ ខ្ញុំសូមផ្ញើបងប្អូននឹងព្រះជាម្ចាស់ហើយផ្ញើនឹងព្រះបន្ទូល ស្ដីអំពីព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអង្គ។ មានតែព្រះអង្គទេដែលអាចកសាងបងប្អូនឡើងជាព្រះសហគមន៍*ព្រមទាំងឲ្យបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏វិសុទ្ធ។ ៣៣ខ្ញុំមិនដែលចង់បានមាសប្រាក់ ឬសម្លៀកបំពាក់អ្វីពីនរណាឡើយ។ ៣៤ បងប្អូនជ្រាបស្រាប់ហើយថាខ្ញុំបានធ្វើការដោយផ្ទាល់ដៃ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំនិងសេចក្ដីត្រូវការរបស់អស់អ្នក ដែលនៅជាមួយខ្ញុំ។ ៣៥ ក្នុងគ្រប់កិច្ចការទាំងអស់ខ្ញុំតែងតែប្រាប់ឲ្យបងប្អូនដឹងថា ត្រូវតែធ្វើការនឿយហត់បែបនេះឯង ដើម្បីជួយទំនុកបម្រុងអស់អ្នក ដែលក្រខ្សត់ហើយត្រូវចងចាំ ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូថា៖ “បើឲ្យនោះនឹងបានសុភមង្គលច្រើនជាងទទួល”»។ ៣៦លោកមានប្រសាសន៍ដូច្នេះរួចហើយក៏លុតជង្គង់ចុះអធិស្ឋាន ជាមួយពួកគេទាំងអស់គ្នា។៣៧ ពួកព្រឹទ្ធាចារ្យទាំងនោះ នាំគ្នាទ្រហោយំអោបកលោកប៉ូលហើយថើបលោកទៀតផង ៣៨ ជាពិសេសគេព្រួយចិត្តមកពីលោកប៉ូលមានប្រសាសន៍ថាគេនឹងលែងឃើញមុខលោកទៀតហើយ។ បន្ទាប់មក គេក៏ជូនដំណើរលោក រហូតដល់សំពៅ។
ជំពូក ២១
លោកប៉ូលនៅក្រុងទីរ៉ុស និង នៅក្រុងសេសារេ
១ ក្រោយពីបានលាពួកគេទាំងអាឡោះអាល័យហើយ យើងចេញសំពៅតម្រង់ឆ្ពោះទៅកោះកូស។ នៅថ្ងៃបន្ទាប់ យើងបានទៅដល់កោះរ៉ូដ ហើយចេញពីកោះរ៉ូដ ទៅដល់ក្រុងប៉ាតារ៉ា។ ២ មានសំពៅមួយត្រូវទៅស្រុកភេនីស៊ីយើងក៏ចុះសំពៅនោះចេញដំណើរទៅមុខទៀត។ ៣ ពេលមកជិតដល់កោះគីប្រុសយើងវាងតាមខាងត្បូង បន្តដំណើរឆ្ពោះទៅស្រុកស៊ីរី។ យើងបានចូលចតកំពង់ផែក្រុងទីរ៉ុសដើម្បីយកទំនិញចេញពីសំពៅ។ ៤យើងបានជួបពួកសាវ័ក*នៅទីនោះ ហើយស្នាក់នៅជាមួយពួកគេអស់រយៈពេលប្រាំពីរថ្ងៃ។ ដោយព្រះវិញ្ញាណសម្ដែងឲ្យគេដឹង គេបានឃាត់លោកប៉ូល មិនឲ្យឡើងទៅក្រុងយេរូសាឡឹមឡើយ។ ៥លុះប្រាំពីរថ្ងៃនោះកន្លងផុតទៅ យើងត្រូវចេញដំណើរទៅមុខទៀត។ បងប្អូនទាំងអស់ ព្រមទាំងភរិយានិងកូនចៅរបស់គេជូនដំណើរយើង រហូតដល់ខាងក្រៅទីក្រុង។យើងនាំគ្នាលុតជង្គង់អធិស្ឋាននៅមាត់សមុទ្រ។ ៦ បន្ទាប់មកយើងបានជម្រាបលាគ្នារួចចុះសំពៅ រីឯពួកគេវិញ ពួកគេវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន។
៧ យើងបានបន្តដំណើរពីក្រុងទីរ៉ុស ទៅដល់ក្រុងផ្ទោឡេម៉ៃស៍ ហើយដំណើរតាមផ្លូវទឹកក៏ចប់ត្រឹមណេះ។ យើងបានចូលទៅជម្រាបសួរពួកបងប្អូននៅក្រុងផ្ទោឡេម៉ៃស៍និងស្នាក់នៅជាមួយពួកគេមួយថ្ងៃ។៨ នៅថ្ងៃបន្ទាប់ យើងបន្តដំណើរដល់ក្រុងសេសារេ។យើងបានចូលផ្ទះលោកភីលីពជាអ្នកផ្សាយដំណឹងល្អនិងជាម្នាក់នៅក្នុងចំណោមក្រុមប្រាំពីររូបឆ ហើយយើងក៏ស្នាក់នៅផ្ទះគាត់។ ៩ លោកភីលីពមានកូនក្រមុំបួននាក់ ដែលថ្លែងព្រះបន្ទូល*របស់ព្រះជាម្ចាស់។ ១០យើងស្នាក់នៅទីនោះជាច្រើនថ្ងៃ។ ពេលនោះមានព្យាការីមួយរូបឈ្មោះអកាប៊ូស ធ្វើដំណើរមកពីស្រុកយូដា។ ១១គាត់មកជួបយើងហើយយកខ្សែក្រវាត់លោកប៉ូល មកចងជើងចងដៃរបស់ខ្លួនទាំងពោលថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលថា នៅក្រុងយេរូសាឡឹមសាសន៍យូដានឹងចងដៃចងជើងម្ចាស់ខ្សែក្រវាត់នេះដូច្នេះដែរ ហើយថែមទាំងបញ្ជូនលោក ទៅក្នុងកណ្តាប់ដៃរបស់សាសន៍ដទៃផង»។
១២ កាលបានឮពាក្យនេះ ទាំងយើងទាំងបងប្អូនដែលនៅក្រុងនោះ ក៏អង្វរលោកប៉ូលមិនឲ្យឡើងទៅក្រុងយេរូសាឡឹមឡើយ។ ១៣ ប៉ុន្តែលោកប៉ូលតបមកវិញថា៖ «ហេតុអ្វីបានជាបងប្អូននាំគ្នាយំ ព្រមទាំងធ្វើឲ្យខ្ញុំពិបាកចិត្តដូច្នេះ?ខ្ញុំបានប្រុងប្រៀបខ្លួនរួចស្រេចហើយមិនត្រឹមតែឲ្យគេចងប៉ុណ្ណោះទេ គឺថែមទាំងឲ្យគេសម្លាប់នៅក្រុងយេរូសាឡឹម ព្រោះតែព្រះនាមរបស់ព្រះអម្ចាស់យេស៊ូទៀតផង»។១៤ ដោយយើងពុំអាចឃាត់លោកបានទេនោះ យើងក៏ឈប់អង្វរលោកហើយពោលថា៖ «សូមឲ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ចុះ»។
១៥ ក្រោយពី បានស្នាក់នៅទីនោះ យូរបន្តិចមក យើងរៀបចំខ្លួនទៅក្រុងយេរូសាឡឹម។ ១៦ ពួកសាវ័ក*នៅក្រុងសេសារេខ្លះ បានរួមដំណើរជាមួយយើងហើយនាំយើងទៅស្នាក់នៅផ្ទះបុរសម្នាក់ឈ្មោះម៉្នាសុនជាអ្នកកោះគីប្រុសនិងជាសាវ័ក*តាំងពីដើមដំបូងមក។
លោកប៉ូលនៅក្រុងយេរូសាឡឹម
១៧ ពេលទៅដល់ក្រុងយេរូសាឡឹមពួកបងប្អូនបានទទួលយើងយ៉ាងរាក់ទាក់។ ១៨នៅថ្ងៃបន្ទាប់លោកប៉ូលបានទៅផ្ទះលោកយ៉ាកុបជាមួយយើង រីឯពួកព្រឹទ្ធាចារ្យ*ទាំងអស់ក៏ជួបជុំគ្នា នៅទីនោះដែរ។១៩ ក្រោយពី បានជម្រាបសួរពួកបងប្អូនរួចហើយ លោកប៉ូលរៀបរាប់យ៉ាងល្អិតល្អន់ អំពីកិច្ចការដែលព្រះអម្ចាស់បានធ្វើក្នុងចំណោមសាសន៍ដទៃ តាមរយៈការងាររបស់លោក។ ២០ កាលបានឮលោកប៉ូលមានប្រសាសន៍ដូច្នេះ គេនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយពោលមកកាន់លោកថា៖«បងអើយ បងឃើញទេ មានជនជាតិយូដារាប់ម៉ឺននាក់បានជឿ ហើយបងប្អូនទាំងនោះជាប់ចិត្តនឹងគម្ពីរវិន័យ*ខ្លាំងណាស់។ ២១ប៉ុន្តែគេបានឮដំណឹងថាបងបានបង្រៀនជនជាតិយូដាទាំងអស់ ដែលរស់នៅក្នុងចំណោមសាសន៍ដទៃ មិនឲ្យប្រតិបត្តិតាមវិន័យរបស់លោកម៉ូសេ*ទេគឺឮថា បងប្រាប់គេមិនឲ្យធ្វើពិធីកាត់ស្បែក*កូនចៅនិងមិនឲ្យកាន់តាមទំនៀមទម្លាប់ផ្សេងៗឡើយ។ ២២ បើដូច្នេះតើត្រូវធ្វើដូចម្ដេច? គេមុខជាដឹងថាបងនៅទីនេះមិនខាន។ ២៣ សូមធ្វើតាមយោបល់យើងចុះ ដ្បិតគ្នាយើងបួននាក់មានជាប់បំណន់ ២៤ សូមបងនាំគេទៅ ហើយធ្វើពិធីជំរះកាយឲ្យបានបរិសុទ្ធ*ជាមួយគេ ព្រមទាំងចេញប្រាក់ឲ្យគេកោរសក់ផង ដើម្បីឲ្យមនុស្សម្នាដឹងគ្រប់គ្នាថា ដំណឹងដែលគេបានឮអំពីបងនោះមិនពិតទេ ផ្ទុយទៅវិញ បងក៏ប្រព្រឹត្តតាមវិន័យ*ដែរ។ ២៥ រីឯសាសន៍ដទៃដែលបានជឿនោះ យើងបានសរសេរសេចក្ដីដែលយើងបានសម្រេចជូនទៅគេរួចហើយថា កុំឲ្យបរិភោគសាច់ដែលបានសែនរូបសំណាក កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលសម្លាប់ដោយច្របាច់ក និងកុំរួមរស់ជាមួយគ្នាដោយឥតរៀបការជ»។ ២៦ នៅថ្ងៃបន្ទាប់លោកប៉ូលបាននាំបងប្អូនទាំងបួននាក់នោះ ទៅធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ*ជាមួយលោក។ លោកក៏ចូលទៅក្នុងព្រះវិហារ* ប្រាប់គេអំពីពេលកំណត់ដែលពិធីជម្រះកាយឲ្យបានបរិសុទ្ធនេះនឹងត្រូវចប់ និងពេលកំណត់ដែលម្នាក់ៗត្រូវថ្វាយតង្វាយ។
ប៉ូលត្រូវគេចាប់ខ្លួននៅក្នុងព្រះវិហារ
២៧ លុះរយៈពេលមួយសប្ដាហ៍នោះ ជិតផុតមានជនជាតិយូដាមកពីស្រុកអាស៊ី បានឃើញលោកនៅក្នុងព្រះវិហារ*ក៏បំបះបំបោរបណ្ដាជនទាំងមូលឲ្យនាំគ្នាចាប់លោក។ ២៨ពួកគេស្រែកឡើងថា៖«បងប្អូនជនជាតិអ៊ីស្រាអែលអើយ សូមជួយផង! ជននេះហើយដែលបានប្រៀនប្រដៅមនុស្សម្នា នៅគ្រប់ទីកន្លែងឲ្យប្រឆាំងនឹងប្រជារាស្ត្រអ៊ីស្រាអែល ប្រឆាំងនឹងវិន័យ*ហើយប្រឆាំងនឹងព្រះវិហារ*។ គាត់ថែមទាំងបាននាំសាសន៍ក្រិកចូលមកក្នុងព្រះវិហារគឺបង្អាប់បង្អោនទីកន្លែងដ៏វិសុទ្ធ*នេះ»។ ២៩ គេថាដូច្នេះ មកពីគេបានឃើញលោកត្រូភីមជាអ្នកក្រុងអេភេសូនៅជាមួយលោកប៉ូលក្នុងទីក្រុង ហើយគេស្មានថា លោកបាននាំគាត់ចូលក្នុងព្រះវិហារដែរ។
៣០ ពេលនោះ មានកើតចលាចលពេញទីក្រុងប្រជាជននាំគ្នារត់មកពីគ្រប់ទិសទី។ គេបានចាប់លោកប៉ូលអូសចេញពីព្រះវិហារ* រួចបិទទ្វារភ្លាម។៣១នៅពេលដែលពួកគេបម្រុង នឹងសម្លាប់លោកប៉ូលដំណឹងអំពីចលាចលនៅក្រុងយេរូសាឡឹម ក៏បានឮទៅដល់មេបញ្ជាការកងទាហានរ៉ូម៉ាំង ៣២គាត់នាំកូនទាហាននិងនាយទាហាន រត់ទៅកាន់បណ្ដាជនភ្លាម។កាលប្រជាជនបានឃើញមេបញ្ជាការនិងពួកទាហានគេឈប់វាយលោកប៉ូល។ ៣៣ ពេលនោះមេបញ្ជាការបានចូលទៅជិត ហើយចាប់លោកព្រមទាំងបញ្ជាគេឲ្យដាក់ច្រវាក់ពីរថែមទៀតផង រួចទើបសាកសួរថាលោកប៉ូលនេះជានរណាបានធ្វើអ្វី។ ៣៤ប៉ុន្តែក្នុងចំណោមបណ្ដាជនមានអ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ។ ដោយមានសំឡេងអឺងកងពេក លោកមេបញ្ជាការពុំអាចដឹងរឿងហេតុច្បាស់លាស់ឡើយ គាត់ក៏បញ្ជាគេឲ្យនាំលោកប៉ូលទៅបន្ទាយ។ ៣៥ ពេលលោកប៉ូលមកដល់ជណ្ដើរបន្ទាយពួកទាហាននាំគ្នាសែងលោក ព្រោះបណ្ដាជនមកតាមទាំងកំរោល ៣៦និងស្រែកថា៖ «សម្លាប់ចោលទៅ!»។
លោកប៉ូលឆ្លើយដោះសាខ្លួន
៣៧នៅពេលគេហៀបនឹងនាំលោកប៉ូលចូលទៅក្នុងបន្ទាយលោកមានប្រសាសន៍ទៅមេបញ្ជាការថា៖ «តើខ្ញុំមានសិទ្ធិនិយាយ ជាមួយលោកបន្តិចបានឬទេ?»។ មេបញ្ជាការពោលមកលោកថា៖ «អ្នកចេះនិយាយភាសាក្រិកដែរ! ៣៨ដូច្នេះអ្នកមិនមែនជាជនជាតិអេស៊ីប ដែលបានបំបះបំបោរប្រជាជនប៉ុន្មានថ្ងៃមុននេះ ហើយនាំពួកឧទ្ទាមបួនពាន់នាក់ចូលព្រៃនោះទេឬ?»។ ៣៩លោកប៉ូលមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំជាជនជាតិយូដាកើតនៅក្រុងតាសុសជាក្រុងដ៏ល្បីល្បាញក្នុងស្រុកស៊ីលីស៊ីនោះទេតើ! សូមលោកមេត្តាអនុញ្ញាតឲ្យខ្ញុំនិយាយ ទៅកាន់ប្រជាជននេះផង»។ ៤០លោកមេបញ្ជាការក៏អនុញ្ញាតឲ្យ។ លោកប៉ូលឈរនៅលើកាំជណ្ដើរ ហើយលើកដៃធ្វើសញ្ញាទៅប្រជាជន ពេលនោះប្រជាជននៅស្ងាត់ជ្រៀប ហើយលោកមានប្រសាសន៍ទៅគេជាភាសាហេប្រឺថា៖
ជំពូក ២២
១«បងប្អូន និង ចាស់ទុំទាំងអស់គ្នាអើយ សូមស្ដាប់ពាក្យដោះសារបស់ខ្ញុំសិន!»។ ២ កាលពួកគេឮលោកប៉ូលមានប្រសាសន៍ជាភាសាហេប្រឺដូច្នេះ គេរឹតតែស្ងៀមស្ងាត់ថែមទៀត។ លោកប៉ូលមានប្រសាសន៍ថា៖៣ «ខ្ញុំជាជនជាតិយូដាកើតនៅក្រុងតាសុសក្នុងស្រុកស៊ីលីស៊ី។ ប៉ុន្តែ ខ្ញុំបានមករស់នៅក្រុងយេរូសាឡឹមនេះតាំងពីកុមារ ហើយខ្ញុំបានទទួលការអប់រំ តាមវិន័យនៃបុព្វបុរសរបស់យើងយ៉ាងតឹងរ៉ឹងពីសំណាក់លោកកាម៉ាលីអែល។ ខ្ញុំបានខ្នះខ្នែងបម្រើព្រះជាម្ចាស់ដូចបងប្អូនទាំងអស់គ្នា នៅថ្ងៃនេះដែរ។៤ ខ្ញុំធ្លាប់បៀតបៀនអស់អ្នកដែលដើរតាមមាគ៌ារបស់ព្រះអម្ចាស់រហូតដល់សម្លាប់គេ ហើយចាប់ចងមនុស្សប្រុសស្រី យកទៅឃុំឃាំងទៀតផង ៥ ដូចមានលោកមហាបូជាចារ្យ*និងក្រុមព្រឹទ្ធាចារ្យ*ជាសាក្សីស្រាប់។ ខ្ញុំបានទទួលលិខិតពីលោកទាំងនោះ យកទៅជូនបងប្អូននៅក្រុងដាម៉ាស ដ្បិតខ្ញុំទៅទីនោះ ដើម្បីចាប់ចងពួកអ្នកដែលដើរតាមមាគ៌ានេះ យកមកធ្វើទោសនៅក្រុងយេរូសាឡឹម។
៦ ពេលខ្ញុំកំពុងតែធ្វើដំណើរ ទៅជិតដល់ក្រុងដាម៉ាស ប្រមាណជាថ្ងៃត្រង់ ស្រាប់តែមានពន្លឺមួយដ៏ភ្លឺត្រចះត្រចង់ ចាំងពីផ្ទៃមេឃមកជុំវិញខ្ញុំ។ ៧ ខ្ញុំក៏ដួល ហើយឮសំឡេងមួយពោលមកខ្ញុំថា ”សាអ៊ូលអើយ សាអ៊ូល!ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំដូច្នេះ?”។ ៨ ខ្ញុំបានសួរវិញថា “លោកម្ចាស់អើយ តើលោកជានរណា?”។ សំឡេងនោះឆ្លើយមកខ្ញុំថា ”ខ្ញុំជាយេស៊ូ អ្នកស្រុកណាសារ៉ែតដែលអ្នកកំពុងតែបៀតបៀន”។ ៩ រីឯអស់អ្នកដែលធ្វើដំណើរជាមួយខ្ញុំក៏បានឃើញពន្លឺនោះដែរ តែមិនបានឮព្រះសូរសៀងទេ។ ១០ ខ្ញុំក៏សួរថា “ព្រះអម្ចាស់អើយ តើទូលបង្គំត្រូវធ្វើដូចម្ដេច?”។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា “ចូរក្រោកឡើងទៅក្រុងដាម៉ាសទៅ នៅទីនោះគេនឹងប្រាប់អ្នកអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បង្គាប់ឲ្យអ្នកធ្វើ”។១១ដោយខ្ញុំពុំអាចមើលអ្វីឃើញ ព្រោះតែពន្លឺរស្មីដ៏រុងរឿងនោះ អស់អ្នកដែលនៅជាមួយខ្ញុំ បានដឹកដៃនាំខ្ញុំទៅក្រុងដាម៉ាស។ មានបុរសម្នាក់ឈ្មោះអណាញ៉ាស ១២នៅក្រុងនោះជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ ត្រឹមត្រូវតាមវិន័យ* ហើយជនជាតិយូដានៅក្រុងដាម៉ាស គោរពរាប់អានគាត់គ្រប់ៗគ្នា។ ១៣ គាត់មកឈរជិតខ្ញុំ ហើយពោលថា ”បងសាអ៊ូលអើយ សូមឲ្យបងមើលឃើញវិញចុះ!”។ រំពេចនោះ ភ្នែកខ្ញុំក៏ភ្លឺឡើង ហើយខ្ញុំមើលឃើញគាត់។ ១៤ គាត់មានប្រសាសន៍ថា ”ព្រះនៃបុព្វបុរស*របស់យើងបានជ្រើសរើសបង ដើម្បីឲ្យបងស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ ឲ្យបងបានឃើញព្រះដ៏សុចរិតឈ និងឲ្យបងបានឮព្រះបន្ទូលរបស់ព្រះអង្គផ្ទាល់តែម្តង ១៥ដ្បិតបងនឹងធ្វើជាបន្ទាល់របស់ព្រះអង្គ នៅមុខមនុស្សទាំងអស់អំពីហេតុការណ៍ដែលបងបានឃើញ និងអំពីសេចក្ដីដែលបងបានឮ។ ១៦ដូច្នេះតើបងនៅបង្អែបង្អង់ដល់កាលណាទៀត សូមក្រោកឡើងទទួលពិធីជ្រមុជទឹក*ហើយអង្វររកព្រះនាមព្រះអង្គទៅ ដើម្បីព្រះអង្គលាងបាប*ឲ្យ។
១៧ខ្ញុំវិលមកដល់ក្រុងយេរូសាឡឹមវិញ ហើយនៅពេលខ្ញុំកំពុងអធិស្ឋានក្នុងព្រះវិហារ ខ្ញុំលង់ស្មារតី ១៨ ឃើញព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា “ចូរប្រញាប់ចាកចេញពីក្រុងយេរូសាឡឹមភ្លាមទៅ ដ្បិតអ្នកក្រុងនេះមិនព្រមទទួលសក្ខីភាពដែលអ្នកនិយាយអំពីយើងទេ”។ ១៩ ខ្ញុំទូលថា “បពិត្រព្រះអម្ចាស់អ្នកទាំងនោះបានដឹងស្រាប់ហើយថាទូលបង្គំធ្លាប់ចូលទៅធម្មសាលា*នានា ចាប់អស់អ្នកដែលជឿព្រះអង្គយកទៅឃុំឃាំង និងវាយដំទៀតផង។ ២០ នៅពេលគេសម្លាប់លោកស្ទេផាន ដែលជាបន្ទាល់របស់ព្រះអង្គទូលបង្គំក៏នៅទីនោះ ហើយបានយល់ស្របជាមួយពួកគេ ទាំងនៅយាមសម្លៀកបំពាក់របស់ពួកអ្នកដែលប្រហារជីវិតលោកផងដែរ”។ ២១ពេលនោះ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា ”ទៅចុះ ដ្បិតយើងនឹងចាត់អ្នកឲ្យទៅរកសាសន៍ដទៃ ដែលនៅឆ្ងាយៗ”»។
២២បណ្ដាជនបានស្ដាប់ លោកប៉ូលមានប្រសាសន៍មកដល់ត្រឹមនេះ ក៏ស្រែកឡើងថា៖«សូមសម្លាប់មនុស្សបែបនេះចោលទៅ កុំទុកឲ្យនៅរស់ឡើយ!»។ ២៣ គេនាំគ្នាស្រែកទាំងបោះអាវរបស់ខ្លួននិងបាចធូលីដីឡើងលើទៀតផង។ ២៤លោកមេបញ្ជាការបង្គាប់ ឲ្យគេនាំលោកប៉ូលចូលទៅក្នុងបន្ទាយ និងឲ្យគេវាយសួរចម្លើយចង់ដឹងមូលហេតុដែលនាំឲ្យ បណ្ដាជនស្រែកប្រឆាំងនឹងលោកបែបនេះ។ ២៥ នៅពេលគេកំពុងយកខ្សែចងលោក លោកប៉ូលមានប្រសាសន៍ទៅកាន់នាយទាហានម្នាក់ នៅជិតនោះថា៖ «តើអស់លោកមានសិទ្ធិវាយអ្នកដែលមានសញ្ជាតិរ៉ូម៉ាំង ដោយមិនកាត់ទោសជាមុនឬ!»។២៦ នាយទាហានឮពាក្យនេះ ក៏ទៅជម្រាបលោកមេបញ្ជាការថា៖ «តើលោកគិតធ្វើអីហ្នឹង បុរសនោះជាជនជាតិរ៉ូម៉ាំងទេតើ»។ ២៧ លោកមេបញ្ជាការមកសួរលោកប៉ូលថា៖ «សុំប្រាប់ខ្ញុំមើល៍ តើអ្នកជាជនជាតិរ៉ូម៉ាំងមែនឬ?»។ លោកឆ្លើយថា៖ «បាទខ្ញុំជាជនជាតិរ៉ូម៉ាំងមែន»។ ២៨លោកមេបញ្ជាការក៏មានប្រសាសន៍ទៀតថា៖ «ខ្ញុំបានចំណាយប្រាក់ជាច្រើនដើម្បីឲ្យបានសញ្ជាតិរ៉ូម៉ាំង»។ លោកប៉ូលតបថា៖«រីឯខ្ញុំវិញ ខ្ញុំមានសញ្ជាតិរ៉ូម៉ាំងតាំងពីកំណើតមកម៉្លេះ»។ ២៩ពួកអ្នកដែលបម្រុងនឹងសួរចម្លើយលោកនាំគ្នាដកខ្លួនថយពីទីនោះភ្លាម រីឯលោកមេបញ្ជាការក៏ភិតភ័យដែរនៅពេលដឹងថាលោកប៉ូលមានសញ្ជាតិរ៉ូម៉ាំងដូច្នេះ ព្រោះគាត់បានឲ្យគេដាក់ច្រវាក់លោក។
លោកប៉ូលនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់
៣០នៅថ្ងៃបន្ទាប់ ដោយលោកមេបញ្ជាការចង់ដឹងច្បាស់នូវមូលហេតុ ដែលនាំឲ្យជនជាតិយូដាចោទប្រកាន់លោកប៉ូល គាត់ក៏ឲ្យគេដោះច្រវាក់ចេញពីលោក។គាត់បញ្ជាឲ្យពួកនាយកបូជាចារ្យ* និងក្រុមប្រឹក្សាជាន់ខ្ពស់*ទាំងមូលជួបជុំគ្នាហើយឲ្យនាំលោកប៉ូល ចុះមកឈរនៅមុខអង្គប្រជុំ។
ជំពូក ២៣
១ លោកប៉ូលសម្លឹងមើល ទៅក្រុមប្រឹក្សាជាន់ខ្ពស់ ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ ខ្ញុំដឹងថាអំពើដែលខ្ញុំប្រព្រឹត្តនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់រហូតមកទល់សព្វថ្ងៃនេះសុទ្ធតែត្រឹមត្រូវទាំងអស់»។ ២ លោកមហាបូជាចារ្យ*អណាញ៉ាស បង្គាប់ឲ្យអស់អ្នកដែលឈរក្បែរលោកប៉ូលទះមាត់លោក។៣ លោកប៉ូលមានប្រសាសន៍ទៅលោកមហាបូជាចារ្យថា៖ «នែ៎ កំពែងទ្រុឌទ្រោម លាបពណ៌សញអើយ! ព្រះជាម្ចាស់នឹងវាយលោកជាមិនខាន។ លោកអង្គុយកាត់ក្ដីខ្ញុំតាមវិន័យ តែលោកបែរជាបង្គាប់ឲ្យគេទះខ្ញុំខុសនឹងវិន័យទៅវិញ!»។ ៤ពួកអ្នកដែលនៅទីនោះពោលថា៖ «អ្នកហ៊ានប្រមាថលោកមហាបូជាចារ្យរបស់ព្រះជាម្ចាស់ផងឬ!»។៥ លោកប៉ូលតបវិញថា៖«បងប្អូនអើយ ខ្ញុំនិយាយដូច្នេះ មកពីខ្ញុំមិនបានដឹងថា លោកជាមហាបូជាចារ្យទេ ដ្បិតមានចែងទុកក្នុងគម្ពីរថា៖ “អ្នកមិនត្រូវនិយាយអាក្រក់ពីអ្នកដឹកនាំប្រជាជាតិរបស់អ្នកឡើយ”ដ»។
៦ ដោយលោកប៉ូលជ្រាបថា នៅក្នុងអង្គប្រជុំមានមួយផ្នែកជាអ្នកខាងគណៈសាឌូស៊ី* និងមួយផ្នែកទៀតខាងគណៈផារីស៊ី* លោកក៏មានប្រសាសន៍ខ្លាំងៗ នៅកណ្ដាលក្រុមប្រឹក្សាជាន់ខ្ពស់ថា៖ «បងប្អូនអើយ ខ្ញុំជាអ្នកខាងគណៈផារីស៊ីហើយឪពុកខ្ញុំក៏ជាអ្នកខាងគណៈផារីស៊ីដែរ។ គេយកខ្ញុំមកកាត់ទោសព្រោះតែសេចក្ដីសង្ឃឹមរបស់យើងថា មនុស្សស្លាប់នឹងរស់ឡើងវិញ»។ ៧លោកប៉ូលមានប្រសាសន៍ដូច្នេះហើយ ពួកខាងគណៈផារីស៊ី*និងពួកខាងគណៈសាឌូស៊ី*ឈ្លោះប្រកែកគ្នា ធ្វើឲ្យបាក់បែកអង្គប្រជុំ។ ៨ពួកខាងគណៈសាឌូស៊ីពុំជឿថាមនុស្សស្លាប់នឹងរស់ឡើងវិញ និង ពុំជឿថាមានទេវទូត* ឬមានអារក្សទេ រីឯពួកខាងគណៈផារីស៊ីវិញ គេជឿថាមានទាំងអស់។ ៩ ពេលនោះគេនាំគ្នាស្រែកឡើងយ៉ាងទ្រហឹងអឺងអាប់ ហើយធម្មាចារ្យខ្លះពីខាងគណៈផារីស៊ី ក្រោកឡើងប្រកែកតវ៉ាយ៉ាងខ្លាំងថា៖ «យើងពុំឃើញបុរសនេះមានកំហុសអ្វីឡើយប្រហែលជាមានអារក្ស ឬទេវទូត*ណាមួយបាននិយាយមកកាន់គាត់ទេមើលទៅ!»។ ១០ ដោយឃើញអង្គប្រជុំឈ្លោះប្រកែកគ្នា កាន់តែខ្លាំងឡើងៗ លោកមេបញ្ជាការក៏បញ្ជាឲ្យកងទាហាន ចុះមកនាំលោកប៉ូលចេញពីកណ្ដាលចំណោមពួកគេ ចូលទៅក្នុងបន្ទាយព្រោះគាត់ខ្លាចគេហែកហួរសម្លាប់លោក។
១១នៅយប់បន្ទាប់ ព្រះអម្ចាស់យាងចូលមកជិតលោកប៉ូល រួចមានព្រះបន្ទូលថា៖ «ចូរក្លាហានឡើង!អ្នកត្រូវតែផ្ដល់សក្ខីភាពនៅក្រុងរ៉ូម ដូចអ្នកបានផ្ដល់សក្ខីភាពអំពីខ្ញុំ នៅក្រុងយេរូសាឡឹមនេះដែរ»។
ជនជាតិយូដាឃុបឃិតគ្នាប៉ងសម្លាប់លោកប៉ូល
១២ នៅថ្ងៃបន្ទាប់មកទៀត ជនជាតិយូដាបានឃុបឃិតគ្នា ហើយស្បថស្បែថានឹងមិនបរិភោគ ឬផឹកអ្វីឡើយ ដរាបណាមិនបានសម្លាប់លោកប៉ូលសិនទេនោះ។ ១៣ អស់អ្នកដែលបានឃុបឃិតគ្នានេះមានចំនួនជាងសែសិបនាក់។ ១៤គេបាននាំគ្នាទៅជួបពួកនាយកបូជាចារ្យ*និងពួកព្រឹទ្ធាចារ្យ*ជម្រាបថា៖«យើងខ្ញុំបានស្បថស្បែថានឹងមិនប៉ះពាល់ម្ហូបអាហារអ្វីឡើយ ដរាបណាមិនបានសម្លាប់ប៉ូលសិនទេនោះ។១៥ ចំណែកខាងអស់លោក សូមចុះសំរុងជាមួយក្រុមប្រឹក្សាជាន់ខ្ពស់ឥឡូវនេះទៅ ហើយសុំឲ្យលោកមេបញ្ជាការនាំប៉ូលមក ធ្វើហាក់ដូចជាអស់លោកចង់ពិនិត្យពិច័យមើលសំណុំរឿងរបស់គាត់ ឲ្យបានដិតដល់ថែមទៀត។ រីឯយើងខ្ញុំវិញយើងខ្ញុំបានប្រុងប្រៀបខ្លួនរួចស្រេចហើយ ដើម្បីសម្លាប់គាត់មុននឹងគាត់មកជិតដល់»។
១៦ ប៉ុន្តែ ក្មួយប្រុសរបស់លោកប៉ូលបានដឹងកលល្បិចនេះ ក៏ចូលទៅក្នុងបន្ទាយជម្រាបលោកប៉ូលឲ្យបានជ្រាប។ ១៧ លោកប៉ូលហៅនាយទាហានម្នាក់មកប្រាប់ថា៖ «សូមនាំយុវជននេះទៅជួបលោកមេបញ្ជាការទៅ ដ្បិតគេមានរឿងមួយជម្រាបលោក»។
១៨ នាយទាហាននាំយុវជននោះ ទៅជួបលោកមេបញ្ជាការជម្រាបថា៖ «អ្នកទោសឈ្មោះប៉ូលបានហៅខ្ញុំបាទ ហើយសុំឲ្យខ្ញុំបាទនាំយុវជននេះ មកជួបលោកព្រោះគេមានរឿងមួយជម្រាបលោក»។ ១៩ លោកមេបញ្ជាការដឹកដៃយុវជននោះ នាំចេញទៅដាច់ឡែកពីគេ សួរថា៖ «តើក្មួយមានរឿងអ្វីចង់ប្រាប់ខ្ញុំ?»។ ២០ យុវជននោះជម្រាបថា៖«ជនជាតិយូដាបានព្រមព្រៀងគ្នាថានឹងមកសុំលោក ឲ្យបញ្ជូនលោកប៉ូលទៅជួបក្រុមប្រឹក្សាជាន់ខ្ពស់ នៅថ្ងៃស្អែកដោយយកលេសថា ក្រុមប្រឹក្សាចង់ពិនិត្យមើលសំណុំរឿងរបស់គាត់ ឲ្យបានដិតដល់ថែមទៀត។២១ សូមលោកកុំជឿអ្នកទាំងនោះឡើយ ព្រោះមានពួកគេជាងសែសិបនាក់ពួនស្ទាក់ចាំចាប់គាត់។ គេបានស្បថស្បែថា នឹងមិនបរិភោគឬផឹកអ្វីឡើយ ដរាបណាមិនបានសម្លាប់លោកប៉ូល សិនទេនោះ។ឥឡូវនេះ គេប្រុងប្រៀបរួចរាល់អស់ហើយ គេនៅចាំតែការយល់ស្របពីលោកប៉ុណ្ណោះ»។ ២២ លោកមេបញ្ជាការបានឲ្យយុវជននោះត្រឡប់ទៅវិញ ទាំងផ្ដែផ្ដាំមិនឲ្យនិយាយប្រាប់នរណាថា ខ្លួនបានជម្រាបគាត់អំពីរឿងនេះឡើយ។
គេបញ្ជូនលោកប៉ូលទៅលោកទេសាភិបាលភេលិច
២៣ បន្ទាប់មក លោកបានហៅនាយទាហានរបស់លោកពីររូបមកប្រាប់ថា៖ «សុំលោករៀបចំពលថ្មើរជើងពីររយនាក់ ពលសេះចិតសិបនាក់ និង ពលកាន់លំពែងពីររយនាក់ ដើម្បីចេញដំណើរទៅក្រុងសេសារេ នៅវេលាម៉ោងប្រាំបួនយប់។ ២៤ សុំរៀបចំសេះជាជំនិះសម្រាប់លោកប៉ូលផង ដើម្បីនាំគាត់ទៅជួបលោកទេសាភិបាលភេលិចដោយសុខសាន្ត»។
២៥ លោកមេបញ្ជាការបានសរសេរសំបុត្រមួយដូចតទៅនេះ៖
២៦«ខ្ញុំបាទឈ្មោះក្លូដលីស្យាសសូមជម្រាបមកឯកឧត្ដមភេលិចជាទេសាភិបាល សូមទានជ្រាប។
២៧ជនជាតិយូដាបាននាំគ្នាចាប់បុរសនេះ បំរុងនឹងសម្លាប់ចោល។ កាលខ្ញុំបាទដឹងថា គាត់ជាជនជាតិរ៉ូម៉ាំង ខ្ញុំបាទឲ្យទាហានទៅធ្វើអន្តរាគមន៍រំដោះគាត់មក។ ២៨ដោយខ្ញុំបាទចង់ដឹងមូលហេតុដែលនាំឲ្យគេចោទប្រកាន់គាត់ ខ្ញុំបាទក៏នាំគាត់ទៅជួបក្រុមប្រឹក្សាជាន់ខ្ពស់*របស់ពួកគេ។ ២៩ ខ្ញុំបាទបានឃើញថា ពួកគេគ្រាន់តែចោទប្រកាន់គាត់អំពីបញ្ហាដែលទាក់ទងទៅ នឹងវិន័យសាសនារបស់គេប៉ុណ្ណោះគាត់មិនបានធ្វើអ្វីខុស ដែលត្រូវមានទោសដល់ជីវិត ឬត្រូវជាប់ឃុំឃាំងឡើយ។ ៣០បន្ទាប់មកមានគេប្រាប់ខ្ញុំបាទថា ជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងសម្លាប់គាត់។ ហេតុនេះហើយបានជាខ្ញុំបាទបញ្ជូនគាត់មកឯកឧត្ដមភ្លាម ហើយខ្ញុំបាទបានប្រាប់អស់អ្នកដែលចោទប្រកាន់គាត់ ឲ្យនាំពាក្យបណ្ដឹងមកជូនឯកឧត្ដមតែម្តង»។
៣១ពួកទាហានយកលោកប៉ូលមក ហើយនាំទៅក្រុងអន់ទីប៉ាទ្រីសទាំងយប់ តាមបញ្ជាដែលគេបានទទួល។ ៣២នៅថ្ងៃបន្ទាប់ គេបានវិលត្រឡប់មកបន្ទាយវិញដោយទុកតែពលសេះ ឲ្យបន្តដំណើរជាមួយលោកប៉ូល។ ៣៣ លុះទៅដល់ក្រុងសេសារេពួកពលសេះបានយកសំបុត្រ ទៅជូនលោកទេសាភិបាល និងប្រគល់លោកប៉ូលជូនផងដែរ។៣៤ លោកទេសាភិបាលអានសំបុត្ររួចហើយ ក៏សួរលោកប៉ូលថាមកពីស្រុកណា។ កាលលោកជ្រាបថាលោកប៉ូលជាអ្នកស្រុកស៊ីលីស៊ី ៣៥ លោកមានប្រសាសន៍ថា៖ «ចាំពួកចោទប្រកាន់អ្នកមកដល់សិន ទើបយើងសួរចម្លើយ»។ បន្ទាប់មកលោកបង្គាប់ឲ្យគេយកលោកប៉ូលទៅឃុំទុកក្នុងវិមានរបស់ព្រះបាទហេរ៉ូដ។
ជំពូក ២៤
ជនជាតិយូដាចោទប្រកាន់លោកប៉ូល
១ ប្រាំថ្ងៃក្រោយមក លោកមហាបូជាចារ្យអណាញ៉ាស និងពួកព្រឹទ្ធាចារ្យ*មួយចំនួនបានធ្វើដំណើរមកដល់មាន ទាំងមេធាវីម្នាក់ឈ្មោះទែរទូលូសមកជាមួយផង។ ពួកគេបានប្ដឹងទៅលោកទេសាភិបាល ចោទប្រកាន់លោកប៉ូល។ ២ គេហៅលោកប៉ូលមក ហើយលោកទែរទូលូសចោទប្រកាន់លោកដូចតទៅនេះ៖
«សូមគោរពឯកឧត្ដមភេលិច សូមទានជ្រាប។
ដោយសារតែឯកឧត្ដម និងដោយការកែទម្រង់ផ្សេងៗ ដែលឯកឧត្ដមបានធ្វើជាប្រយោជន៍ដល់ប្រជាជាតិនេះ យើងខ្ញុំបានប្រកបដោយសេចក្ដីសុខគ្រប់យ៉ាងក្រោមការគ្រប់គ្រងដ៏ប៉ិនប្រសប់ របស់ឯកឧត្ដម។ ៣ យើងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្ដមដែលបានប្រទានអ្វីៗនៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាមកយើងខ្ញុំ។ ៤ ប៉ុន្តែខ្ញុំបាទមិនចង់រំខានឯកឧត្ដមវែងឆ្ងាយទៀតទេខ្ញុំបាទគ្រាន់តែអង្វរឯកឧត្ដម សូមមេត្តាស្ដាប់យើងខ្ញុំតែបន្តិចប៉ុណ្ណោះ។៥ យើងខ្ញុំយល់ឃើញថា ជននេះជាមនុស្សចង្រៃឧត្បាតបង្កឲ្យកើតចលាចល ក្នុងចំណោមជនជាតិយូដាទាំងអស់នៅលើពិភពលោកទាំងមូល គាត់ជាមេដឹកនាំពួកខាងគណៈណាសារ៉ែតឋ។ ៦ គាត់ថែមទាំងបានបន្តុះបង្អាប់ព្រះវិហារ*ទៀតផង ហេតុនេះបានជាយើងខ្ញុំចាប់គាត់ [យើងខ្ញុំចង់កាត់ទោសគាត់តាមវិន័យរបស់យើងខ្ញុំ ៧ ប៉ុន្តែលោកមេបញ្ជាការលីស្យាសបានប្រើកម្លាំង ធ្វើអន្តរាគមន៍យ៉ាងខ្លាំងដណ្តើមយកគាត់ពីយើងខ្ញុំ ៨ហើយបានបង្គាប់ឲ្យអស់អ្នកដែលចោទប្រកាន់ជននេះ មកជួបឯកឧត្ដម]។ សូមឯកឧត្ដមសួរគាត់ផ្ទាល់តែម្ដងទៅ ឯកឧត្ដមមុខជាជ្រាបមូលហេតុទាំងអស់ ដែលយើងខ្ញុំចោទប្រកាន់គាត់នោះមិនខាន»។
៩ជនជាតិយូដាបានគាំទ្រ ពាក្យចោទប្រកាន់នេះនិង បញ្ជាក់ថាពិតជាត្រឹមត្រូវមែន។
លោកប៉ូលឆ្លើយដោះសាខ្លួននៅមុខលោកភេលិច
១០ ពេលនោះ លោកទេសាភិបាលបានធ្វើសញ្ញាឲ្យលោកប៉ូលមានប្រសាសន៍ លោកប៉ូលក៏មានប្រសាសន៍ថា៖ «ខ្ញុំបាទដឹងថាឯកឧត្ដមជាអ្នកគ្រប់គ្រងលើប្រជាជាតិនេះច្រើនឆ្នាំមកហើយ ដូច្នេះខ្ញុំបាទសូមឆ្លើយការពារខ្លួនទាំងទុកចិត្ត។ ១១ ខ្ញុំបាទបានធ្វើដំណើរទៅថ្វាយបង្គំព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹម កាលដប់ពីរថ្ងៃកន្លងទៅនេះ សូមឯកឧត្ដមស៊ើបសួរមើលចុះ ១២ ទោះបីនៅក្នុងព្រះវិហារក្ដី នៅក្នុងធម្មសាលា ឬនៅក្នុងទីក្រុងក្ដី គ្មាននរណាម្នាក់បានឃើញខ្ញុំបាទ ជជែកវែកញែកជាមួយគេ ឬក៏បង្កឲ្យមានចលាចលក្នុងចំណោមបណ្ដាជនឡើយ។ ១៣ អស់លោកទាំងនេះគ្មានភស្តុតាងអ្វីមកបញ្ជាក់ពាក្យចោទប្រកាន់របស់ខ្លួន ជូនឯកឧត្ដមទាល់តែសោះ។ ១៤ ប៉ុន្តែខ្ញុំបាទសូមជម្រាបឯកឧត្ដមថា ខ្ញុំបាទគោរពប្រណិប័តន៍ព្រះនៃបុព្វបុរស*ខ្ញុំបាទតាមមាគ៌ាមួយដែលលោកទាំងនេះចោទថា ជាគណៈខុសឆ្គង។ ខ្ញុំបាទជឿសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងគម្ពីរវិន័យ និងគម្ពីរព្យាការី* ១៥ ហើយខ្ញុំបាទសង្ឃឹមលើព្រះជាម្ចាស់ ដូចលោកទាំងនេះដែរថា ព្រះអង្គនឹងប្រោសទាំងមនុស្សសុចរិតទាំងមនុស្សទុច្ចរិតឲ្យរស់ឡើងវិញ។១៦ ហេតុនេះហើយបានជាខ្ញុំបាទខំប្រឹងធ្វើយ៉ាងណា ឲ្យមានចិត្តស្អាតបរិសុទ្ធ*គ្រប់ជំពូកចំពោះព្រះជាម្ចាស់ និងចំពោះមនុស្សលោក។ ១៧ ខ្ញុំបាទបានចាកចេញពីក្រុងយេរូសាឡឹមជាច្រើនឆ្នាំ ហើយខ្ញុំបាទវិលត្រឡប់មកវិញដើម្បីជួយជនរួមជាតិរបស់ខ្ញុំបាទ និងថ្វាយតង្វាយទៅព្រះជាម្ចាស់ផង។ ១៨នៅពេលនោះពួកគេឃើញខ្ញុំបាទធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ នៅក្នុងព្រះវិហារ តែឥតមានការប្រជុំបណ្ដាជន ឬកើតវឹកវរអ្វីឡើយ។ ១៩ ប៉ុន្តែមានសាសន៍យូដាខ្លះមកពីស្រុកអាស៊ី នៅក្នុងព្រះវិហារពេលនោះដែរគឺអ្នកទាំងនោះទេតើដែលសមនឹងមកជួបឯកឧត្ដម ដើម្បីចោទប្រកាន់ខ្ញុំបាទ ប្រសិនបើគេមានរឿងហេតុណាមួយ ទាស់នឹងខ្ញុំបាទ។ ២០ខ្ញុំបាទឈរមុខក្រុមប្រឹក្សាជាន់ខ្ពស់ស្រាប់ហើយ បើអស់លោកដែលនៅទីនេះបានឃើញខ្ញុំបាទមានទោសអ្វី សូមថាមកចុះ ២១ លើកលែងតែពាក្យដែលខ្ញុំបាទបាននិយាយយ៉ាងខ្លាំងៗ នៅកណ្ដាលចំណោមពួកគេថា “បងប្អូនយកខ្ញុំមកកាត់ទោសនៅថ្ងៃនេះ ព្រោះតែខ្ញុំជឿថាមនុស្សស្លាប់នឹងរស់ឡើងវិញ”»។
២២ លោកភេលិចក៏បានជ្រាបច្បាស់លាស់ អំពីមាគ៌ារបស់ព្រះអម្ចាស់ដែរ។ លោកប្រាប់ពួកគេឲ្យត្រឡប់ទៅវិញដោយពោលថា៖ «ពេលលោកមេបញ្ជាការលីស្យាសមកដល់ ខ្ញុំនឹងវិនិច្ឆ័យសំណុំរឿងរបស់អស់លោក»។ ២៣ លោកបញ្ជាឲ្យគេយកលោកប៉ូលទៅឃុំ តែលោកទុកឲ្យលោកប៉ូលមានសេរីភាពខ្លះៗដែរ ព្រមទាំងបើកឲ្យអ្នកជិតដិតនឹងលោកប៉ូល ចូលទៅជួយទំនុកបម្រុងលោកថែមទៀតផង។
លោកប៉ូលជួបលោកភេលិច និង ភរិយា
២៤ ប៉ុន្មានថ្ងៃកន្លងមកទៀត លោកភេលិចបានមកជាមួយភរិយារបស់លោក គឺម្ចាស់ក្សត្រិយ៍ឌ្រុយស៊ីឡាជាជនជាតិយូដា លោកឲ្យគេទៅហៅលោកប៉ូលមក ហើយស្ដាប់លោកប៉ូលមានប្រសាសន៍អំពីជំនឿលើព្រះគ្រីស្តយេស៊ូ។ ២៥ ប៉ុន្តែកាលលោកប៉ូលវែកញែកអំពីសេចក្ដីសុចរិត*អំពីការទប់ចិត្តនឹងតណ្ហា និងអំពីការវិនិច្ឆ័យទោសនៅអនាគតកាលលោកភេលិចក៏ភ័យ ហើយពោលទៅលោកប៉ូលថា៖ «ឥឡូវនេះ ចូរអ្នកត្រឡប់ទៅវិញសិនចុះ កាលណាខ្ញុំមានពេល ខ្ញុំនឹងហៅអ្នកមកទៀត!»។ ២៦លោកភេលិចសង្ឃឹមថា នឹងបានទទួលប្រាក់ពីលោកប៉ូល ហេតុនេះហើយបានជាលោកចាត់គេឲ្យទៅហៅលោកប៉ូល មកសន្ទនាជាមួយជារឿយៗ។
២៧ ពីរឆ្នាំក្រោយមក លោកពរគ្យូស-ភេស្ទុសចូលកាន់តំណែងជំនួសលោកភេលិច។ ដោយលោកភេលិចចង់យកចិត្តសាសន៍យូដា លោកបានទុកលោកប៉ូលឲ្យនៅជាប់ឃុំឃាំងដដែល។
ជំពូក ២៥
លោកប៉ូលសុំឲ្យព្រះចៅអធិរាជកាត់ក្ដីឲ្យ
១ បន្ទាប់ពីបានទៅដល់ស្រុកនោះបីថ្ងៃ លោកភេស្ទុសធ្វើដំណើរ ពីក្រុងសេសារេ ឆ្ពោះទៅក្រុងយេរូសាឡឹម។ ២ ពួកនាយកបូជាចារ្យ* និងពួកអ្នកធំនៃជនជាតិយូដាបាននាំគ្នាទៅជួបលោក ដើម្បីប្ដឹងពីលោកប៉ូល។ ៣ ពួកគេបានទទូចសុំឲ្យលោកភេស្ទុសមេត្តាអនុគ្រោះបញ្ជូនលោកប៉ូលមកក្រុងយេរូសាឡឹម ព្រោះពួកគេបានឃុបឃិតគ្នាថា នឹងពួនស្ទាក់ចាំសម្លាប់លោកតាមផ្លូវ។ ៤ ប៉ុន្តែលោកភេស្ទុសតបទៅវិញថា លោកប៉ូលជាប់ឃុំឃាំងនៅក្រុងសេសារេឯណោះរីឯខ្លួនលោកផ្ទាល់ លោកក៏ត្រូវត្រឡប់ទៅវិញ ក្នុងពេលបន្តិចទៀតដែរ។ ៥ លោកមានប្រសាសន៍ថា៖ «សុំឲ្យអ្នកដែលមានសមត្ថភាពក្នុងចំណោមអស់លោកអញ្ជើញទៅជាមួយខ្ញុំ ហើយបើឃើញថាបុរសនោះមានកំហុសអ្វី សុំចោទប្រកាន់គាត់ទៅ»។
៦ លោកភេស្ទុសស្នាក់នៅជាមួយពួកគេ បួនដប់ថ្ងៃប៉ុណ្ណោះ រួចលោកចុះទៅក្រុងសេសារេវិញ។ នៅថ្ងៃបន្ទាប់ លោកបានអង្គុយនៅទីកាត់ក្ដី ហើយបង្គាប់ឲ្យគេនាំលោកប៉ូលមក។ ៧ពេលលោកប៉ូលមកដល់ជនជាតិយូដាដែលមកពីក្រុងយេរូសាឡឹមបាននាំគ្នាចោមរោមលោក ហើយចោទប្រកាន់យ៉ាងធ្ងន់ៗជាច្រើន តែគេពុំអាចបង្ហាញភស្តុតាងអ្វីបានទេ។ ៨ លោកប៉ូលមានប្រសាសន៍ការពារខ្លួនថា៖«ខ្ញុំពុំបានប្រព្រឹត្តអ្វីខុសនឹងវិន័យរបស់សាសន៍យូដា ខុសនឹងព្រះវិហារ ឬក៏ ខុសនឹងព្រះចៅអធិរាជឡើយ»។ ៩ ដោយលោកភេស្ទុស ចង់យកចិត្តជនជាតិយូដា លោកមានប្រសាសន៍មកកាន់លោកប៉ូលថា៖ «តើអ្នកចង់ឡើងទៅក្រុងយេរូសាឡឹម ឲ្យគេកាត់ក្ដីអ្នកអំពីរឿងទាំងនេះ នៅចំពោះមុខខ្ញុំឬទេ?»។ ១០លោកប៉ូលតបថា៖ «ខ្ញុំបាទឈរនៅមុខតុលាការរបស់ព្រះចៅអធិរាជដូច្នេះ គឺទីនេះហើយដែលឯកឧត្ដមត្រូវកាត់ក្ដីឲ្យខ្ញុំបាទ។ ខ្ញុំបាទពុំបានធ្វើអ្វីខុសនឹងសាសន៍យូដាទេ ដូចឯកឧត្ដមជ្រាបច្បាស់ហើយ។១១ ប្រសិនបើខ្ញុំបាទមានទោសអ្វីឬបានប្រព្រឹត្តអ្វីខុស សមនឹងមានទោសដល់ជីវិតនោះ ខ្ញុំបាទមិនរួញរានឹងស្លាប់ទេ។ ប៉ុន្តែប្រសិនបើពាក្យដែលលោកទាំងនេះចោទខ្ញុំបាទមិនពិតទេ គ្មាននរណាម្នាក់មានសិទ្ធិប្រគល់ខ្ញុំបាទទៅឲ្យគេឡើយ។ខ្ញុំបាទសូមឡើងទៅព្រះចៅអធិរាជវិញ»។
១២លោកភេស្ទុសពិភាក្សា ជាមួយក្រុមប្រឹក្សា ហើយមានប្រសាសន៍ថា៖ «អ្នកបានសុំឡើងទៅព្រះចៅអធិរាជ ដូច្នេះអ្នកនឹងទៅជួបព្រះចៅអធិរាជ!»។
លោកប៉ូលនៅមុខព្រះបាទអគ្រីប៉ា
១៣ ប៉ុន្មានថ្ងៃក្រោយមកទៀតព្រះបាទអគ្រីប៉ានិងម្ចាស់ក្សត្រិយ៍បេរេនីស យាងមកដល់ក្រុងសេសារេដើម្បីសួរសុខទុក្ខលោកភេស្ទុស។ ១៤ ដោយស្ដេចគង់នៅទីនោះជាច្រើនថ្ងៃលោកភេស្ទុសក៏ទូលស្ដេចពីរឿងលោកប៉ូលថា៖ «លោកភេលិចបានទុកបុរសម្នាក់នៅក្នុងទីឃុំឃាំង។ ១៥កាលទូលបង្គំទៅក្រុងយេរូសាឡឹម ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*នៃសាសន៍យូដា បាននាំគ្នាប្ដឹងពីគាត់ដោយសុំឲ្យទូលបង្គំកាត់ទោសគាត់។ ១៦ទូលបង្គំបានប្រាប់លោកទាំងនោះវិញថា ជនជាតិរ៉ូម៉ាំងពុំធ្លាប់បញ្ជូននរណាម្នាក់ទៅឲ្យគេសម្លាប់ ដោយមិនបានឲ្យនិយាយតទល់ជាមួយអ្នកដើមចោទ ព្រមទាំងឆ្លើយការពារខ្លួនចំពោះពាក្យចោទជាមុនសិននោះឡើយ។១៧លោកទាំងនោះនាំគ្នាមកទីនេះ ហើយនៅថ្ងៃបន្ទាប់ទូលបង្គំបានអង្គុយនៅទីកាត់ក្ដី និងឲ្យគេនាំបុរសនោះមកឥតបង្អង់ឡើយ។ ១៨ពួកដើមចោទក៏នៅទីកាត់ក្ដីដែរ តែគេពុំបានចោទគាត់ពីអំពើអាក្រក់ណាមួយដូចទូលបង្គំនឹកស្មាននោះទេ ១៩ គឺមានតែជជែកវែកែញកអំពីរឿងសាសនារបស់គេ និងអំពីបុរសម្នាក់ឈ្មោះយេស៊ូ ដែលបានស្លាប់ ហើយលោកប៉ូលថា នៅមានជីវិតរស់នោះតែប៉ុណ្ណោះ។ ២០ ចំណែកឯទូលបង្គំវិញ ទូលបង្គំមិនដឹងជាត្រូវគិតដូចម្ដេចចំពោះការជជែកវែកញែកបែបនេះ ទូលបង្គំបានសួរគាត់ថា ចង់ទៅក្រុងយេរូសាឡឹម ឲ្យគេកាត់ក្ដីអំពីរឿងទាំងនេះឬទេ ២១ តែលោកប៉ូលបានសុំឡើងទៅព្រះមហាក្សត្រាធិរាជដើម្បីសុំឲ្យព្រះអង្គកាត់ក្ដី។ទូលបង្គំចេញបញ្ជាឲ្យគេឃុំគាត់ទុក រហូតដល់ពេលទូលបង្គំនឹងបញ្ជូនគាត់ទៅព្រះចៅអធិរាជ»។
២២ ព្រះបាទអគ្រីប៉ាមានរាជឱង្ការ ទៅលោកភេស្ទុសថា៖ «ខ្ញុំក៏ចង់ស្ដាប់បុរសនោះនិយាយដែរ»។ លោកតបវិញថា៖ «ព្រះករុណាអាចស្ដាប់គាត់នៅថ្ងៃស្អែក»។
២៣ លុះស្អែកឡើងព្រះបាទអគ្រីប៉ា និងម្ចាស់ក្សត្រិយ៍បេរេនីស បានយាងចូលក្នុងសាលសវនាការយ៉ាងអធិកអធម ដោយមានពួកនាយទាហានជាន់ខ្ពស់ និងពួកនាម៉ឺនធំៗនៅក្រុងនោះហែហមមកជាមួយផង។ គេនាំលោកប៉ូលមកតាមបញ្ជារបស់លោកភេស្ទុស។
២៤ លោកភេស្ទុសមានប្រសាសន៍ថា៖ «សូមទូលព្រះរាជា និងជម្រាបអស់លោកដែលនៅទីនេះ។ បុរសដែលព្រះរាជា និងអស់លោកឃើញនេះជាអ្នកដែលជនជាតិយូដាទាំងមូល ទាំងនៅក្រុងយេរូសាឡឹម ទាំងនៅក្រុងនេះ បាននាំគ្នាមកជួបខ្ញុំ ហើយស្រែកថា គាត់មិនត្រូវរស់តទៅទៀតទេ។ ២៥ ចំពោះខ្ញុំវិញខ្ញុំយល់ឃើញថា គាត់ពុំបានប្រព្រឹត្តអ្វីខុសដែលត្រូវមានទោសដល់ជីវិតនោះឡើយ ប៉ុន្តែដោយខ្លួនគាត់ផ្ទាល់បានសុំឡើងទៅព្រះចៅអធិរាជ ខ្ញុំក៏សម្រេចចិត្តបញ្ជូនគាត់ទៅព្រះអង្គ។ ២៦ ខ្ញុំគ្មានមូលហេតុអ្វីច្បាស់លាស់ ដើម្បីសរសេរសេចក្ដីរាយការណ៍ថ្វាយព្រះមហាក្សត្រាធិរាជ អំពីសំណុំរឿងគាត់ទាល់តែសោះ។ ហេតុនេះហើយបានជាខ្ញុំឲ្យគេនាំគាត់មកជួបអស់លោកជាពិសេស ជួបព្រះករុណាផ្ទាល់។ ដូច្នេះនៅពេលសួរចម្លើយគាត់រួច ខ្ញុំនឹងមានមូលហេតុសរសេរសេចក្ដីរាយការណ៍បាន។២៧ ខ្ញុំយល់ឃើញថា បើបញ្ជូនអ្នកទោសដោយមិនបញ្ជាក់អំពីពាក្យចោទទៅជាមួយផងទេនោះ ដូចជាគ្មានន័យអ្វីសោះឡើយ»។
ជំពូក ២៦
លោកប៉ូលឆ្លើយការពារខ្លួននៅមុខព្រះបាទអគ្រីប៉ា
១ ព្រះបាទអគ្រីប៉ាមានរាជឱង្ការ ទៅកាន់លោកប៉ូលថា៖ «អ្នកមានសិទ្ធិនិយាយការពារខ្លួននៅពេលនេះបាន!»។ លោកប៉ូលលើកដៃឡើងមានប្រសាសន៍ថា៖ ២«បពិត្រព្រះរាជាទូលបង្គំមានកិត្តិយសធំណាស់ ដោយអាចឆ្លើយការពារខ្លួននៅចំពោះព្រះភក្ត្រព្រះករុណាថ្ងៃនេះ អំពីពាក្យបណ្ដឹងទាំងប៉ុន្មាន ដែលសាសន៍យូដាចោទទូលបង្គំ ៣ដ្បិតព្រះករុណាជ្រាបយ៉ាងច្បាស់អំពីទំនៀមទម្លាប់ផ្សេងៗរបស់សាសន៍យូដា និងអំពីសេចក្ដីដែលគេនិយមជជែកវែកញែក។ ហេតុនេះសូមទ្រង់មេត្តាព្រះសណ្ដាប់ទូលបង្គំ ដោយអនុគ្រោះផង។ ៤ ជនជាតិយូដាទាំងមូលស្គាល់ប្រវត្តិរបស់ទូលបង្គំ តាំងពីក្មេងមកស្រាប់ហើយ គេក៏ដឹងថាតាំងពីដើមមកទូលបង្គំរស់នៅកណ្ដាលចំណោមជនជាតិរបស់ទូលបង្គំ និងនៅក្រុងយេរូសាឡឹមរបៀបណាដែរ។ ៥ គេបានស្គាល់ទូលបង្គំ តាំងពីយូរមកហើយ ពីដើមទូលបង្គំជាអ្នកខាងគណៈផារីស៊ី* ដែលជាគណៈតឹងរ៉ឹងជាងគេ ក្នុងសាសនារបស់យើង ប្រសិនបើ ពួកគេចង់ពួកគេអាចធ្វើជាសាក្សីបាន។ ៦ ប៉ុន្តែឥឡូវនេះ គេយកទូលបង្គំមកវិនិច្ឆ័យទោស ព្រោះតែសេចក្ដីសង្ឃឹមលើព្រះបន្ទូល ដែលព្រះជាម្ចាស់បានសន្យា ជាមួយបុព្វបុរស*របស់យើង។ ៧ កុលសម្ព័ន្ធ*ទាំងដប់ពីររបស់យើង នាំគ្នាគោរពបម្រើព្រះជាម្ចាស់ ទាំងយប់ទាំងថ្ងៃឥតឈប់ឈរដោយសង្ឃឹមថា ព្រះបន្ទូលសន្យានោះនឹងបានសម្រេច។ បពិត្រព្រះរាជាជនជាតិយូដាបានចោទប្រកាន់ទូលបង្គំ ព្រោះតែសេចក្ដីសង្ឃឹមនេះហើយ។ ៨ ចុះហេតុដូចម្ដេចបានជាអស់លោកយល់ថា ការដែលព្រះជាម្ចាស់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ជាការមួយមិនគួរឲ្យជឿដូច្នេះ!
៩ ចំណែកឯទូលបង្គំផ្ទាល់ ពីដើមទូលបង្គំយល់ឃើញថា ត្រូវតែប្រឆាំងនឹងព្រះនាមព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតគ្រប់យ៉ាងទាំងអស់ ១០ ហើយទូលបង្គំបានប្រព្រឹត្តដូច្នេះ នៅក្រុងយេរូសាឡឹមមែន គឺទូលបង្គំបានទទួលច្បាប់អនុញ្ញាត ពីក្រុមនាយកបូជាចារ្យដើម្បីចាប់អស់អ្នកដែលជឿលើព្រះអម្ចាស់ឌ ជាច្រើននាក់យកទៅឃុំឃាំង។ នៅពេលគេសម្លាប់អ្នកទាំងនោះ ទូលបង្គំក៏យល់ស្របជាមួយដែរ។ ១១ ទូលបង្គំតែងចូលទៅក្នុងធម្មសាលា*នានា ជាញឹកញាប់ដើម្បីធ្វើទុក្ខទោសអ្នកទាំងនោះ បង្ខំឲ្យគេលះបង់ចោលជំនឿរបស់ខ្លួន។ ទូលបង្គំខឹងគេជាខ្លាំងពន់ពេករហូតដល់ទៅតាមបៀតបៀនគេក្នុងក្រុងនានានៅបរទេសផង។ ១២ ហេតុនេះហើយបានជាទូលបង្គំធ្វើដំណើរទៅក្រុងដាម៉ាសទាំងទទួលអំណាច និងការអនុញ្ញាតពីក្រុមនាយកបូជាចារ្យ។ ១៣ បពិត្រព្រះរាជានៅតាមផ្លូវប្រមាណជាថ្ងៃត្រង់ ទូលបង្គំបានឃើញពន្លឺមួយភ្លឺជាងពន្លឺថ្ងៃទៅទៀត ចាំងពីលើមេឃមកលើទូលបង្គំ និងលើអ្នកដែលរួមដំណើរជាមួយទូលបង្គំ។ ១៤ ពេលនោះយើងខ្ញុំដួលទាំងអស់គ្នាហើយទូលបង្គំបានឮសំឡេងពោលមកកាន់ទូលបង្គំជាភាសាហេប្រឺថា “សាអ៊ូល សាអ៊ូលអើយ! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ? អ្នកខំប្រឹងតយុទ្ធនឹងខ្ញុំ ដូចគោជល់នឹងជន្លួញដូច្នេះឍ មិនកើតទេ”។១៥ ទូលបង្គំបានតបទៅវិញថា “លោកម្ចាស់អើយតើលោកជានរណា?”។ ព្រះអម្ចាស់មានព្រះបន្ទូលមកទូលបង្គំវិញថា “ខ្ញុំជាយេស៊ូដែលអ្នកកំពុងតែបៀតបៀន។ ១៦ ចូរក្រោកឈរឡើង ខ្ញុំបង្ហាញខ្លួនឲ្យអ្នកឃើញ មកពីខ្ញុំបានជ្រើសរើសអ្នកឲ្យបម្រើ ព្រមទាំងធ្វើជាបន្ទាល់អំពីហេតុការណ៍ ដែលខ្ញុំបង្ហាញឲ្យអ្នកឃើញនៅពេលនេះ និងហេតុការណ៍ឯទៀតៗដែលខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញនៅពេលខាងមុខ។ ១៧ ខ្ញុំបានរំដោះអ្នកឲ្យរួចពីសាសន៍អ៊ីស្រាអែលនិងសាសន៍ដទៃ។ ខ្ញុំចាត់អ្នកឲ្យទៅរកសាសន៍ទាំងនោះ១៨ដើម្បីបើកភ្នែកគេឲ្យភ្លឺ ឲ្យគេងាកចេញពីសេចក្ដីងងឹតបែរមករកពន្លឺ និងងាកចេញពីអំណាចរបស់មារ*សាតាំង បែរមករកព្រះជាម្ចាស់វិញព្រមទាំងទទួលការអត់ទោសឲ្យរួចពីបាប និងទទួលមត៌ករួមជាមួយអស់អ្នកដែលព្រះជាម្ចាស់ប្រោសឲ្យបានវិសុទ្ធដោយមានជំនឿលើខ្ញុំ”។
១៩ បពិត្រព្រះរាជាទូលបង្គំពុំបានជំទាស់ នឹងការអស្ចារ្យ ដែលទូលបង្គំនិមិត្តឃើញនោះឡើយ។ ២០ ទូលបង្គំបានប្រាប់ប្រជាជននៅក្រុងដាម៉ាសមុនគេបង្អស់ បន្ទាប់មក ប្រាប់ប្រជាជននៅក្រុងយេរូសាឡឹមនៅស្រុកយូដាទាំងមូល ហើយប្រាប់សាសន៍ដទៃឲ្យកែប្រែចិត្តគំនិតនិងបែរមករកព្រះជាម្ចាស់ដោយប្រព្រឹត្តអំពើផ្សេងៗ បញ្ជាក់ថាគេពិតជាកែប្រែចិត្តគំនិតមែន។២១ មកពីហេតុនេះហើយបានជាសាសន៍យូដានាំគ្នាចាប់ទូលបង្គំ នៅក្នុងព្រះវិហារ*ព្រមទាំងប៉ុនប៉ងប្រហារជីវិតទូលបង្គំផង។ ២២ ប៉ុន្តែដោយព្រះជាម្ចាស់ការពារទូលបង្គំ រហូតមកទល់ថ្ងៃនេះ បានជាទូលបង្គំនៅតែផ្ដល់សក្ខីភាពអំពីព្រះអង្គ នៅចំពោះមុខអ្នកតូចអ្នកធំ។ទូលបង្គំពុំបាននិយាយអ្វីក្រៅពីសេចក្ដីដែលពួកព្យាការី* និងលោកម៉ូសេបានថ្លែងទុកអំពីហេតុការណ៍ដែលត្រូវតែកើតមាននោះឡើយ ២៣ ពោលគឺព្រះគ្រីស្ត*បានរងទុក្ខលំបាក ហើយមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ទ្រង់នឹងប្រទានដំណឹងអំពីពន្លឺនៃការសង្គ្រោះប្រាប់សាសន៍អ៊ីស្រាអែល និង សាសន៍ដទៃ»។
២៤កាលលោកប៉ូល កំពុងមានប្រសាសន៍ការពារខ្លួនដូច្នេះ លោកភេស្ទុសក៏បន្លឺសំឡេងឡើងយ៉ាងខ្លាំងថា៖ «ប៉ូលអើយ អ្នកវង្វេងស្មារតីហើយ! គឺអ្នករៀនសូត្រច្រើនពេក បានជាត្រឡប់ទៅជាវង្វេងស្មារតីដូច្នេះ!»។ ២៥ លោកប៉ូលតបវិញថា៖ «សូមជម្រាបឯកឧត្ដមភេស្ទុស ខ្ញុំបាទមិនមែនវង្វេងស្មារតីទេ ផ្ទុយទៅវិញខ្ញុំបាទនិយាយតែពាក្យពិត មានន័យត្រឹមត្រូវ។ ២៦ ព្រះរាជាក៏ជ្រាបអំពីហេតុការណ៍ទាំងនេះរួចស្រេចទៅហើយដែរ ខ្ញុំបាទហ៊ាននិយាយនៅចំពោះមុខព្រះអង្គដោយឥតភ័យខ្លាចឡើយ ដ្បិតខ្ញុំបាទជឿជាក់ថាព្រះរាជាជ្រាបទាំងអស់ ព្រោះហេតុការណ៍នេះមិនមែនកើតឡើងស្ងាត់ៗ នៅកៀនកោះណាមួយនោះទេ។ ២៧ បពិត្រព្រះរាជា តើព្រះអង្គជឿពួកព្យាការីឬទេ?ទូលបង្គំដឹងថាព្រះអង្គពិតជាជឿមែន!»។
២៨ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅលោកប៉ូលថា៖ «នៅតែបន្តិចទៀតអ្នកមុខជាធ្វើឲ្យខ្ញុំទៅជាគ្រីស្តបរិស័ទហើយ!»។២៩ លោកប៉ូលទូលតបវិញថា៖«ទោះបីនៅតែបន្តិចទៀត ឬយូរទៀតក្ដីទូលបង្គំអង្វរព្រះជាម្ចាស់ សូមទ្រង់ប្រោសប្រណីមិនត្រឹមតែដល់ព្រះរាជាប៉ុណ្ណោះទេ គឺដល់អស់លោកដែលកំពុងស្ដាប់ទូលបង្គំនៅថ្ងៃនេះ សូមឲ្យព្រះរាជានិងអស់លោកបានដូចទូលបង្គំដែរ លើកលែងតែការជាប់ច្រវាក់នេះចេញ!»។
៣០ ព្រះរាជាលោកទេសាភិបាល ព្រមទាំងម្ចាស់ក្សត្រិយ៍បេរេនីសនិងអ្នកឯទៀតៗដែលអង្គុយនៅទីនោះបាននាំគ្នាក្រោកឡើង ៣១ ហើយចាកចេញទៅទាំងនិយាយគ្នាថា៖ «បុរសនេះពុំបានធ្វើអ្វីខុសដែលត្រូវមានទោសដល់ជីវិត ឬត្រូវជាប់ច្រវាក់ឡើយ»។
៣២ ព្រះបាទអគ្រីប៉ាមានរាជឱង្ការ ទៅកាន់លោកភេស្ទុសថា៖ «ប្រសិនបើបុរសនេះមិនបានសុំឡើងទៅដល់ព្រះចៅអធិរាជទេនោះ យើងអាចដោះលែងគាត់បាន»។
ជំពូក ២៧
លោកប៉ូលត្រូវគេបញ្ជូនទៅក្រុងរ៉ូម
១ នៅពេលគេសម្រេច ឲ្យចុះសំពៅចេញដំណើរឆ្ពោះ ទៅស្រុកអ៊ីតាលី គេប្រគល់លោកប៉ូលនិងអ្នកទោសខ្លះទៀត ទៅនាយទាហានម្នាក់ឈ្មោះលោកយូល្យុស ក្នុងកងទ័ពរបស់ព្រះមហាក្សត្រាធិរាជ។
២យើងបានចុះសំពៅ ដែលមកពីក្រុងអាដ្រាមីតរួចចេញដំណើរទៅ។ សំពៅនោះត្រូវចូលចតនៅស្រុកអាស៊ី។ លោកអរីស្តាកជាអ្នកស្រុកម៉ាសេដូនដែលរស់នៅក្រុងថេស្សាឡូនីក ក៏បានរួមដំណើរជាមួយយើងដែរ។ ៣ នៅថ្ងៃបន្ទាប់ យើងបានមកដល់ក្រុងស៊ីដូន។ លោកយូល្យុសមានចិត្តសប្បុរសចំពោះលោកប៉ូលណាស់គាត់អនុញ្ញាតឲ្យលោកប៉ូលទៅផ្ទះមិត្តភក្តិ ដើម្បីឲ្យគេជួយឧបត្ថម្ភលោក។ ៤ បន្ទាប់មកទៀត យើងបានចេញសំពៅពីក្រុងនោះសសៀរតាមបណ្ដោយកោះគីប្រុស ព្រោះបញ្ច្រាសខ្យល់។ ៥ យើងបានឆ្លងសមុទ្រជិតស្រុកស៊ីលីស៊ី និងស្រុកប៉មភីលីហើយមកដល់ក្រុងមីរ៉ាក្នុងស្រុកលីស៊ី។ ៦នៅក្រុងនោះលោកនាយទាហានរកបានសំពៅមួយមកពីស្រុកអាឡិចសន់ឌ្រី ហើយត្រូវចេញទៅស្រុកអ៊ីតាលី គាត់ក៏នាំយើងចុះសំពៅនោះ។
៧សំពៅទៅមុខសន្សឹមៗ អស់រយៈពេលជាច្រើនថ្ងៃ ហើយបានមកដល់ទន្ទឹមនឹងក្រុងគ្នីដូស ទាំងលំបាកបំផុត។ ដោយខ្យល់បក់មកពីមុខ យើងក៏បត់សំពៅទៅរកជ្រោយសាល់ម៉ូណេ សសៀរតាមបណ្ដោយកោះក្រែតវិញ។ ៨ យើងបន្តដំណើរយ៉ាងលំបាកតាមបណ្ដោយកោះនោះ ហើយក៏បានមកដល់កន្លែងមួយឈ្មោះ”កំពង់ស្អាត”ដែលនៅជិតក្រុងឡាសេ។ ៩ យើងបានខាតពេលជាច្រើនថ្ងៃ ហើយសំពៅទៅមុខកាន់តែពិបាក ដ្បិតពេលនោះជាពេលក្រោយថ្ងៃពិធីបុណ្យតមអាហារណ។ លោកប៉ូលជូនយោបល់គេថា៖ ១០«ខ្ញុំយល់ថា បើយើងបន្តដំណើរទៅមុខទៀតនោះ គ្រោះថ្នាក់ណាស់មិនត្រឹមតែធ្វើឲ្យខូចខាតទំនិញ និងសំពៅប៉ុណ្ណោះទេគឺថែមទាំងមានគ្រោះថ្នាក់ដល់ជីវិតយើងទៀតផង»។១១ ប៉ុន្តែ លោកនាយទាហានបានទុកចិត្តអ្នកបើកសំពៅនិងនាយសំពៅ ជាងពាក្យរបស់លោកប៉ូល។១២ ដោយកំពង់ផែនោះ មិនមែនជាកន្លែងស្រួលស្នាក់អាស្រ័យ នៅរដូវរងាអ្នកសំពៅភាគច្រើនបានសម្រេចចិត្តឲ្យចេញសំពៅទៅមុខទៀត។ ប្រសិនបើអាចធ្វើបាន គេចង់ទៅដល់ក្រុងភេនីចជាកំពង់ផែមួយនៅកោះក្រែតដែលបែរទៅរកទិសនិរតី និងទិសពាយ័ព្យត ដើម្បីស្នាក់នៅទីនោះក្នុងរដូវរងា។
ខ្យល់ព្យុះ
១៣ ពេលនោះមានខ្យល់បក់មកតិចៗពីទិសខាងត្បូងពួកគេយល់ឃើញថា ជាឱកាសល្អសម្រាប់គម្រោងការរបស់គេ គេក៏នាំគ្នាស្រាវយុថ្កា ហើយចេញសំពៅសសៀរៗកោះក្រែតទៅ។ ១៤ ប៉ុន្តែបន្តិចក្រោយមក មានខ្យល់ព្យុះមួយយ៉ាងខ្លាំង ឈ្មោះ«ខ្យល់ព្យុះឦសាន»ថ បក់ពីកោះមក ១៥នាំសំពៅទៅតាមខ្យល់ ហើយដោយយើងពុំអាចធ្វើឲ្យសំពៅបើកបញ្ច្រាសខ្យល់វិញបាន យើងក៏បណ្តោយឲ្យសំពៅរសាត់ទៅតាមខ្យល់ទៅ។ ១៦ពេលមកដល់ខាងត្បូងកោះតូចមួយឈ្មោះកោះកូដា យើងបានលើកសំប៉ានទឡើងទាំងពិបាក ១៧បន្ទាប់មកយើងយកខ្សែពួរសម្រាប់ប្រើនៅគ្រាមានអាសន្ន មកចងព័ទ្ធជុំវិញសំពៅការពារកុំឲ្យធ្លាយ។យើងក៏បានទម្លាក់ឈើបណ្ដែតធចុះដែរ ក្រែងលោសំពៅទៅកឿងនៅឈូងសមុទ្រសៀរទីសន រួចហើយទុកឲ្យសំពៅរសាត់ទៅតាមខ្យល់។ ១៨នៅថ្ងៃបន្ទាប់ ដោយខ្យល់ព្យុះបក់បោកមកខ្លាំងពេកគេបានទម្លាក់ទំនិញចោល។ ១៩ នៅថ្ងៃទីបី សូម្បីតែពួកអ្នកសំពៅក៏បោះគ្រឿងប្រដាប់សំពៅចោលដែរ។ ២០យើងមើលថ្ងៃឬផ្កាយមិនឃើញអស់រយៈពេលជាច្រើនថ្ងៃ ហើយដោយខ្យល់ព្យុះនៅតែមានសន្ទុះខ្លាំងដដែល នៅទីបំផុតយើងក៏លែងមានសង្ឃឹមថានឹងបានរួចជីវិត។
២១យើងពុំបានបរិភោគអ្វី ជាយូរថ្ងៃមកហើយ។លោកប៉ូលក៏ក្រោកឈរ នៅកណ្ដាលចំណោមអស់អ្នកដែលនៅក្នុងសំពៅ ហើយមានប្រសាសន៍ថា៖«បើបងប្អូនស្ដាប់ខ្ញុំ ហើយមិនចាកចេញពីកោះក្រែតមកទេនោះ បងប្អូនពិតជាមិនត្រូវអន្តរាយខូចខាតដូច្នេះទេ។ ២២ប៉ុន្តែសូមបងប្អូនកុំអស់សង្ឃឹមអី! គ្មាននរណាម្នាក់ក្នុងចំណោមបងប្អូន ត្រូវបាត់បង់ជីវិតឡើយ គឺមានតែសំពៅប៉ុណ្ណោះទេដែលត្រូវអន្តរាយ។២៣ ព្រោះពីយប់មិញ មានទេវទូត*របស់ព្រះជាម្ចាស់ដែលខ្ញុំជឿនិងគោរពបម្រើបានមកជិតខ្ញុំ២៤ ប្រាប់ថា”ប៉ូលអើយកុំខ្លាចអី ដ្បិតអ្នកត្រូវតែបានទៅឈរនៅមុខព្រះចៅអធិរាជ ហើយដោយព្រះជាម្ចាស់ប្រោសប្រណីអ្នកព្រះអង្គនឹងសង្គ្រោះអស់អ្នកដែលរួមដំណើរជាមួយអ្នក ឲ្យបានរួចជីវិតផងដែរ”។ ២៥ ហេតុនេះបងប្អូនអើយ ចូរមានចិត្តក្លាហានឡើង ដ្បិតខ្ញុំជឿទុកចិត្តលើព្រះជាម្ចាស់ថានឹងបានសម្រេចដូចព្រះអង្គមានព្រះបន្ទូលមែន ២៦ គឺសំពៅយើងនឹងត្រូវទៅកឿងនៅកោះណាមួយជាមិនខាន»។
២៧សំពៅយើងបានរសាត់អណ្ដែត លើផ្ទៃសមុទ្រអាឌ្រីយ៉ាទីក អស់រយៈពេលដប់បួនថ្ងៃមកហើយ។ពេលនោះប្រមាណជាពាក់កណ្ដាលអធ្រាត្រពួកអ្នកសំពៅនឹកសង្ស័យថា ប្រហែលជាមកជិតដល់ដីគោកហើយ។ ២៨គេបោះខ្សែសម្ទង់ទៅក្នុងទឹកឃើញថាមានជម្រៅសាមសិបប្រាំពីរម៉ែត្រ។ លុះទៅមុខបន្តិចគេបោះខ្សែសម្ទង់ទៅក្នុងទឹកម្ដងទៀត ឃើញថាមានជម្រៅម្ភៃប្រាំបីម៉ែត្រ។ ២៩ ដោយខ្លាចក្រែងសំពៅរសាត់ទៅប៉ះនឹងថ្ម ពួកគេទម្លាក់យុថ្កាបួននៅខាងកន្សៃ ហើយទន្ទឹងរង់ចាំភ្លឺ។ ៣០ ពួកអ្នកសំពៅចង់រត់ចោលសំពៅ គេក៏នាំគ្នាសម្រូតសំប៉ានចុះទៅក្នុងសមុទ្រដោយយកលេសថា គេចង់ទាញយុថ្កាទៅដាក់នៅខាងក្បាលសំពៅវិញ។ ៣១លោកប៉ូលមានប្រសាសន៍ទៅនាយទាហាន និងកូនទាហានថា៖«ប្រសិនបើអ្នកទាំងនេះមិននៅក្នុងសំពៅទេ អស់លោកប្រាកដជាពុំអាចរួចជីវិតបានឡើយ»។៣២ ពួកទាហានក៏កាប់ផ្ដាច់ខ្សែទម្លាក់សំប៉ាននោះ ទៅក្នុងសមុទ្របាត់ទៅ។
៣៣ លុះទៀបភ្លឺ លោកប៉ូលអញ្ជើញគេទាំងអស់គ្នាឲ្យបរិភោគអាហារ ដោយមានប្រសាសន៍ថា៖«បងប្អូនបានទ្រាំតមអាហារអស់រយៈពេលដប់បួនថ្ងៃមកហើយ បងប្អូនពុំបានពិសាអ្វីសោះ។ ៣៤ដូច្នេះសូមបងប្អូនអញ្ជើញពិសាទៅ ដើម្បីឲ្យបានរួចជីវិតដ្បិតនៅក្នុងចំណោមបងប្អូនសូម្បីតែសក់មួយសរសៃរបស់បងប្អូនក៏មិនបាត់ផង»។ ៣៥ លោកមានប្រសាសន៍ដូច្នោះហើយ ក៏យកនំបុ័ងមកអរព្រះគុណព្រះជាម្ចាស់នៅមុខពួកគេទាំងអស់គ្នា រួចលោកកាច់បរិភោគ។ ៣៦ពេលនោះអ្នកដែលនៅក្នុងសំពៅមានកម្លាំងចិត្តឡើងវិញគេក៏បរិភោគទាំងអស់គ្នា។ ៣៧ នៅក្នុងសំពៅនោះ យើងមានគ្នាទាំងអស់ពីររយចិតសិបប្រាំមួយនាក់។ ៣៨កាលបរិភោគឆ្អែតហើយគេក៏លើកបាវស្រូវទម្លាក់ទៅក្នុងសមុទ្រ ដើម្បីឲ្យស្រាលសំពៅ។
សំពៅលិច
៣៩ លុះភ្លឺឡើង អ្នកសំពៅមើលស្រុកនោះមិនស្គាល់ទេ គេឃើញតែឆកសមុទ្រដែលមានវាលខ្សាច់។ គេបានសម្រេចចិត្តចូលសំពៅទៅបង្កឿងនៅទីនោះ ប្រសិនបើអាចចូលទៅបាន។ ៤០ គេក៏ស្រាយខ្សែយុថ្កាទម្លាក់ចោលទៅក្នុងសមុទ្រ ព្រមទាំងស្រាយខ្សែចង្កូតចោលផងដែរ រួចគេលើកក្ដោងខាងមុខឡើងឲ្យសំពៅចូលទៅរកច្រាំង ៤១ប៉ុន្តែសំពៅបានបុកខ្សាច់ដែលនៅចន្លោះខ្សែទឹកពីរបណ្ដាលឲ្យសំពៅកឿងនៅទីនោះទៅ ក្បាលសំពៅនៅជាប់នឹងថ្កល់ រីឯកន្សៃវិញបានត្រូវបាក់បែកដោយទឹករលកបក់បោកផ្ទប់មកយ៉ាងខ្លាំង។
៤២ពួកទាហានមានបំណងសម្លាប់អ្នកទោសទាំងអស់ចោល ដើម្បីកុំឲ្យនរណាម្នាក់ហែលទឹកគេចខ្លួនបានឡើយ។ ៤៣ ប៉ុន្តែដោយនាយទាហានចង់សង្គ្រោះជីវិតលោកប៉ូល គាត់ក៏ជំទាស់នឹងគោលបំណងរបស់កូនទាហានទាំងនោះ។ គាត់បានបញ្ជាឲ្យអស់អ្នកដែលចេះហែលទឹកលោតទៅក្នុងទឹក ហែលទៅរកគោកមុន ៤៤ រីឯអ្នកមិនចេះហែលទឹកត្រូវតោងបន្ទះក្ដារ ឬតោងបំណែកសំពៅហែលទៅតាមក្រោយ។ធ្វើដូច្នេះគេបានទៅដល់ដីគោក ដោយសុខសាន្ត គ្រប់ៗគ្នា។
ជំពូក ២៨
លោកប៉ូលនៅកោះម៉ាល់ត៍
១ កាលបានរួចជីវិតហើយ យើងដឹងថាកោះនោះឈ្មោះកោះម៉ាល់ត៍។ ២ អ្នកកោះនោះបានទទួលយើងដោយចិត្តសប្បុរសរកអ្វីប្រៀបផ្ទឹមពុំបាន។ គេអញ្ជើញយើងទាំងអស់គ្នា មកជុំវិញភ្នក់ភ្លើងមួយយ៉ាងធំ ដែលគេបានដុត ដ្បិតពេលនោះមានភ្លៀងធ្លាក់ ហើយធាតុអាកាសក៏ត្រជាក់ណាស់ផង។ ៣ លោកប៉ូលរើសមែកឈើមួយកង មកបោះក្នុងភ្លើងស្រាប់តែមានពស់វែកមួយលូនចេញមក ដោយកំដៅភ្លើងហើយចឹកដៃលោកជាប់។ ៤ កាលអ្នកកោះនោះឃើញពស់ចឹកដៃលោកជាប់ដូច្នេះ ក៏និយាយគ្នាថា៖ «អ្នកនេះពិតជាបានសម្លាប់គេហើយ ទោះបីគាត់ទើបនឹងរួចខ្លួនពីសមុទ្រនោះក៏ដោយ ក៏ព្រះយុត្តិធម៌បមិនទុកឲ្យគាត់នៅរស់រានមានជីវិតដែរ»។ ៥ លោកប៉ូលបានរលាស់ពស់នោះទម្លាក់ទៅក្នុងភ្លើងតែលោកពុំឈឺចុកចាប់អ្វីទេ។ ៦ អ្នកកោះនោះរង់ចាំមើលលោកប៉ូលហើមខ្លួន ឬក៏ត្រូវដាច់ខ្យល់ស្លាប់។ ប៉ុន្តែក្រោយពីចាំមើលអស់រយៈពេលយ៉ាងយូរមក គេឃើញថាគ្មានហេតុអាក្រក់កើតដល់លោកសោះ គេក៏ដូរគំនិតហើយបែរជាពោលថាលោកប៉ូលជាព្រះវិញ។
៧ នៅជិតនោះមានដីមួយកន្លែងដែលជាកម្មសិទ្ធិរបស់មេកន្ទ្រាញកោះឈ្មោះពុបលីយូស។ គាត់បានទទួលយើងឲ្យស្នាក់នៅយ៉ាងរាក់ទាក់ ចំនួនបីថ្ងៃ។ ៨ ឪពុករបស់លោកពុបលីយូស សម្រាន្តនៅលើគ្រែព្រោះគាត់គ្រុនផងមួលផង។ លោកប៉ូលបានចូលទៅក្នុងផ្ទះគាត់ ហើយអធិស្ឋានដាក់ដៃ*ពីលើនិងប្រោសគាត់ឲ្យបានជា។ ៩ អ្នកជំងឺឯទៀតៗនៅលើកោះឃើញគាត់ជាដូច្នេះ គេក៏នាំគ្នាមកដែរហើយបានជាទាំងអស់គ្នា។១០ពួកគេបានសម្ដែងការគោរពគ្រប់យ៉ាងចំពោះយើង។ នៅពេលយើងចេញដំណើរពួកគេបានជួយឧបត្ថម្ភនូវអ្វីៗ ដែលយើងត្រូវការ។
លោកប៉ូលនៅក្រុងរ៉ូម
១១ បីខែក្រោយមក យើងចុះសំពៅមួយឈ្មោះ«ព្រះឌីយ៉ូសស្គួរ»ជាសំពៅមកពីក្រុងអាឡិចសន់ឌ្រីដែលបានចតនៅកោះនោះក្នុងអំឡុងពេលរដូវរងា។១២ លុះមកដល់ក្រុងស៊ីរ៉ាគូស យើងបានស្នាក់នៅទីនោះបីថ្ងៃ។ ១៣ បន្ទាប់មកយើងបានសសៀរតាមឆ្នេរសមុទ្រទៅដល់ក្រុងរេគីយ៉ូ។ ស្អែកឡើងមានខ្យល់បក់មកពីទិសខាងត្បូង ហើយក្នុងរវាងតែពីរថ្ងៃ យើងមកដល់ក្រុងពូតតេអូលី។ ១៤នៅក្រុងនោះយើងបានជួបពួកបងប្អូនគេអញ្ជើញយើងឲ្យស្នាក់នៅជាមួយអស់រយៈពេលប្រាំពីរថ្ងៃ។
ដំណើររបស់យើងទៅកាន់ក្រុងរ៉ូមបានប្រព្រឹត្តដូចតទៅ៖
១៥ ពួកបងប្អូននៅក្រុងរ៉ូមដឹងដំណឹង អំពីយើងក៏នាំគ្នាធ្វើដំណើររហូតទៅដល់ផ្សារអពីយូស និងភូមិផ្ទះសំណាក់បីខ្នង ដើម្បីទទួលយើង។ កាលលោកប៉ូលឃើញបងប្អូនទាំងនោះ លោកបានអរព្រះគុណព្រះជាម្ចាស់ ហើយមានចិត្តក្លាហានឡើងវិញ។
១៦លុះយើងមកដល់ក្រុងរ៉ូមហើយ អាជ្ញាធរអនុញ្ញាតឲ្យលោកប៉ូលនៅផ្ទះមួយ តាមបំណងចិត្តលោកតែគេដាក់ទាហានម្នាក់ឲ្យនៅយាមលោកផ។
លោកប៉ូលប្រកាសព្រះបន្ទូលនៅក្រុងរ៉ូម
១៧ បីថ្ងៃក្រោយមក លោកប៉ូលអញ្ជើញអ្នកមុខអ្នកការក្នុងចំណោមជនជាតិយូដា ឲ្យមកជួបលោក។លុះគេមកជួបជុំគ្នាហើយ លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនអើយ ខ្ញុំពុំបានធ្វើអ្វីប្រឆាំងនឹងប្រជាជាតិយើង ឬក៏ទាស់នឹងប្រពៃណីបុព្វបុរស*យើងទេ តែគេបានចាប់ខ្ញុំឃុំឃាំងនៅក្រុងយេរូសាឡឹម និងបញ្ជូនខ្ញុំ មកក្នុងកណ្ដាប់ដៃរបស់ជនជាតិរ៉ូម៉ាំង។ ១៨ កាលពួករ៉ូម៉ាំងសួរចម្លើយខ្ញុំរួចរាល់ហើយ គេចង់ដោះលែងខ្ញុំវិញ ព្រោះគេពុំឃើញខ្ញុំមានកំហុសអ្វីគួរនឹងមានទោសដល់ជីវិតនោះឡើយ។ ១៩ប៉ុន្តែជនជាតិយូដាបាននាំគ្នាជំទាស់ ជាហេតុបង្ខំឲ្យខ្ញុំសុំឡើងមកដល់ព្រះចៅអធិរាជ។ រីឯខ្ញុំវិញ ខ្ញុំគ្មានគោលបំណងនឹងចោទប្រកាន់ប្រជាជាតិរបស់ខ្ញុំទេ។ ២០ហេតុនេះហើយបានជាខ្ញុំសុំជួប និងសុំនិយាយជាមួយបងប្អូនដ្បិតខ្ញុំជាប់ចំណង ព្រោះតែសេចក្ដីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែលព»។២១អ្នកទាំងនោះតបវិញថា៖ «យើងពុំបានទទួលសំបុត្រអ្វីពីស្រុកយូដា ស្ដីអំពីលោកឡើយហើយក៏គ្មានបងប្អូនណាម្នាក់មករាយការណ៍ ឬនិយាយអាក្រក់ពីលោកដែរ។ ២២ យើងចង់ស្ដាប់លោកមានប្រសាសន៍ អំពីគំនិតរបស់លោក ព្រោះយើងដឹងថា មានគេជំទាស់នឹងគណៈរបស់លោកនៅគ្រប់ទីកន្លែង»។
២៣ គេបានណាត់ពេលជួបលោកប៉ូល ម្ដងទៀតនៅថ្ងៃណាមួយ។ លុះដល់ថ្ងៃនោះហើយ មានមនុស្សច្រើនជាងមុនមកផ្ទះលោកប៉ូល។ លោកបានវែកញែក និងធ្វើជាបន្ទាល់អំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ប្រាប់គេតាំងពីព្រឹក រហូតដល់ល្ងាចដោយលើកយកគម្ពីរវិន័យរបស់លោកម៉ូសេ និងគម្ពីរព្យាការី*មកពន្យល់បញ្ជាក់ប្រាប់គេអំពីព្រះយេស៊ូ។ ២៤ មានពួកគេមួយផ្នែកបានជឿពាក្យ ដែលលោកមានប្រសាសន៍ តែមួយផ្នែកទៀតពុំព្រមជឿទេ។ ២៥ ដោយពួកគេចាកចេញពីទីនោះទៅ ទាំងខ្វែងគំនិតគ្នាលោកប៉ូលក៏មានប្រសាសន៍ទៅគេថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធ*មានព្រះបន្ទូល មកកាន់បុព្វបុរសយើងតាមរយៈព្យាការីអេសាយ ពិតជាត្រូវមែន គឺព្រះអង្គមានព្រះបន្ទូលថា៖
២៦ ចូរទៅរកប្រជារាស្ត្រនោះ
ហើយប្រាប់ពួកគេថា៖
អ្នករាល់គ្នាស្ដាប់ឮមែន តែពុំយល់ទេ
អ្នករាល់គ្នាមើលមែន តែពុំឃើញទេ
២៧ ដ្បិតចិត្តរបស់ប្រជារាស្ត្រនេះរឹងណាស់
គេបាននាំគ្នាខ្ទប់ត្រចៀក ហើយបិទភ្នែក
ដើម្បីកុំឲ្យមើលឃើញ កុំឲ្យស្ដាប់ឮ
និង ដើម្បីកុំឲ្យយល់
ហើយក៏មិនចង់កែប្រែចិត្តគំនិតដែរ
ក្រែងលោយើងប្រោសគេឲ្យបានជា»ភ។
២៨ ហេតុនេះសូមបងប្អូនជ្រាបថាព្រះជាម្ចាស់បានប្រទានព្រះបន្ទូល ស្តីអំពីការសង្គ្រោះរបស់ព្រះអង្គឲ្យសាសន៍ដទៃវិញ ព្រោះគេមុខជាស្ដាប់មិនខាន។ ២៩[កាលលោកប៉ូលមានប្រសាសន៍ដូច្នេះហើយ ជនជាតិយូដាក៏ចេញទៅទាំងជជែកគ្នាយ៉ាងខ្លាំងផង]។
៣០ លោកប៉ូលបានស្នាក់នៅផ្ទះ ដែលលោកបានជួលនោះអស់រយៈពេលពីរឆ្នាំ ហើយលោកតែងទទួលអស់អ្នកដែលមកជួបលោក។ ៣១ លោកបានប្រកាសព្រះរាជ្យរបស់ព្រះជាម្ចាស់ និងបង្រៀនគេអំពីព្រះយេស៊ូគ្រីស្តដោយចិត្តអង់អាចហើយគ្មានអ្វីមករារាំងលោកឡើយ។