ដំណឹងល្អរៀបរៀងដោយ
លោកយ៉ូហាន
ពាក្យលំនាំ
លោកយ៉ូហានជា «សាវ័កដែលព្រះយេស៊ូស្រឡាញ់» ជាកូនរបស់លោកសេបេដេ និងជាប្អូនរបស់លោកយ៉ាកុប។ លោកបានរៀបរៀងក័ណ្ឌគម្ពីរនេះក្នុងគ.ស.៩០-៩៥។
គោលបំណងរបស់លោកយ៉ូហាន
លោកមានបំណងបកស្រាយអត្ថន័យដ៏លាក់កំបាំងអំពីកិច្ចការទាំងប៉ុន្មានដែលព្រះយេស៊ូបានធ្វើដើម្បីពង្រឹងជំនឿរបស់គ្រីស្តបរិស័ទ។ លោករ៉ាយរ៉ាប់តែព្រឹត្តិការណ៍ខ្លះដែលជាទីសម្គាល់បង្ហាញអំពីឋានៈរបស់ព្រះយេស៊ូជាព្រះគ្រីស្ត និង ជាព្រះបុត្រារបស់ព្រះជាម្ចាស់។
ពាក្យពេចន៍
លោកយ៉ូហានបានពន្យល់អត្ថន័យនៃជីវប្រវត្តិព្រះយេស៊ូដោយប្រើពាក្យពេចន៍ដកស្រង់ពីព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់ និង ទស្សនវិជ្ជាក្រិកជំនាន់នោះ។ឧបមាថា:
ព្រះបន្ទូល គឺព្រះយេស៊ូ។ ព្រះអង្គជាព្រះបុត្រារបស់ព្រះបិតា ទ្រង់បានបង្កើតអ្វីៗទាំងអស់ទ្រង់ជ្រាបព្រះតំរិះរបស់ព្រះបិតាសព្វគ្រប់ ហើយទ្រង់ប្រសូតមកជាមនុស្ស ដើម្បីបង្ហាញឲ្យមនុស្សយើងស្គាល់ព្រះបិតា។
ព្រះនាម សំដៅទៅលើប្ញទ្ធានុភាព និង អំណាចរបស់ព្រះជាម្ចាស់។
សិរីរុងរឿង គឺព្រះហប្ញទ័យមេត្តាករុណារបស់ព្រះបិតា។លោកយ៉ូហានមានបំណងពន្យល់ថា ព្រះយេស៊ូបង្ហាញព្រះហប្ញទ័យមេត្តាករុណារបស់ព្រះបិតាគ្រប់ពេលវេលាជាពិសេសនៅពេលព្រះអង្គសោយទិវង្គត។
ពេលកំណត់ ជាពេលដែលព្រះយេស៊ូសម្តែងសិរីរុងរឿង គឺពេលព្រះអង្គសោយទិវង្គតនៅលើឈើឆ្កាង។ ជីវិត ឬ ជីវិតអស់កល្បជានិច្ច គឺព្រះជន្មរបស់ព្រះបិតាផ្ទាល់ដែលព្រះយេស៊ូប្រោសប្រទានឲ្យអស់អ្នកជឿសង្ឃឹមលើព្រះអង្គ។ លោកយ៉ូហានប្រើពាក្យ«ជីវិត»មានន័យប្រហាក់ប្រហែលនឹងពាក្យ «ព្រះរាជ្យ»ដែលលោកម៉ាថាយលោកម៉ាកុស និង លោកលូកានិយមប្រើ។
សេចក្តីពិត ឬ សេចក្តីពិតប្រាកដតែមួយ គឺព្រះជាម្ចាស់ដែលមានព្រះជន្មដ៏ពេញលក្ខណៈ។ ព្រះយេស៊ូសម្តែងសេចក្តីពិតឲ្យមនុស្សលោកស្គាល់ គឺព្រះអង្គសម្តែងឲ្យស្គាល់ព្រះបិតា។ អ្នកជឿទទួលសេចក្តីទាំងប៉ុន្មានដែលព្រះយេស៊ូសម្តែងប្រាប់ហើយចូលរួមជាមួយព្រះអង្គ។
រីឯហេតុទាំងប៉ុន្មានដែលបណ្តាលឲ្យមនុស្សឃ្លាតចាកពីព្រះជាម្ចាស់ លោកយ៉ូហានហៅថា សេចក្តីភូតភរឬសេចក្តីកុហក។ ដូច្នេះ មារសាតាំងជាមេភូតភរឬអ្នកសម្លាប់ព្រោះវានាំមនុស្សឲ្យឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ដែលជាប្រភពនៃជីវិត និងជាសេចក្តីពិត។
បន្ទាល់ គឺអ្នកផ្តល់សក្ខីភាពអំពីសេចក្តីពិតអ្នកស្គាល់ហេតុការណ៍ដែលកើតមានមកនិងពន្យល់អត្ថន័យផង។ព្រះបិតាព្រះវិញ្ញាណលោកយ៉ូហានបាទីស្តសាវ័កយ៉ូហានពួកសាវ័កនិងកិច្ចការទាំងប៉ុន្មានដែលព្រះយេស៊ូបានធ្វើសុទ្ធតែជាបន្ទាល់ បញ្ជាក់អំពីឋានៈរបស់ព្រះយេស៊ូ។
ពន្លឺ និង សេចក្តីងងឹត ពន្លឺ គឺព្រះជន្មផ្ទាល់របស់ព្រះជាម្ចាស់ និងរបស់ព្រះគ្រីស្ត។ រីឯសេចក្តីងងឹតសំដៅទៅលើអំពើបាបឬចិត្តអាក្រក់ដែល បណ្តាលឲ្យមនុស្សវៀរចាកឆ្ងាយពីព្រះជាម្ចាស់ពុំអាចទទួលព្រះជន្មរបស់ព្រះអង្គ។
ពិភពលោក មនុស្សលោក ឬ លោក ពាក្យនេះមានអត្ថន័យផ្សេងៗជួនកាលមានន័យថាមនុស្សដែលរស់នៅលើផែនដីនេះជួនកាលសំដៅទៅលើសេចក្តីអាក្រក់គ្រប់បែបយ៉ាងដែលមាននៅក្នុងចិត្តគំនិតមនុស្ស ជាពិសេសចិត្តរឹងរូសរបស់អ្នកដែលមិនព្រមទទួលស្គាល់ព្រះគ្រីស្ត។ ស្គាល់ មានន័យថាជឿផង ស្រឡាញ់ផង។
«ដំណឹងល្អតែងដោយលោកយ៉ូហាន»ស្រួលអានតែមានអត្ថន័យជ្រៅជាងគេ។ត្រូវអានមួយៗជាច្រើនដងដោយរិះគិតពិចារណា ជាពិសេសត្រូវទូលអង្វរព្រះវិញ្ញាណ សូមទ្រង់បំភ្លឺចិត្តគំនិតឲ្យយល់។
«ព្រះវិញ្ញាណណែនាំអ្នករាល់គ្នាឲ្យស្គាល់សេចក្តីពិតគ្រប់ជំពូក»(១៦.១៣)។
គំរោងគម្ពីរយ៉ូហាន
• បុរេកថា (១. ១ -១៨)។
• លោកយ៉ូហានបាទីស្ត និង សាវ័កដើមដំបូងបង្អស់របស់ព្រះយេស៊ូ (១.១៩ - ៥១)។
• ព្រះយេស៊ូបំពេញព្រះបរមកិច្ចរបស់ព្រះអង្គក្នុងចំណោមប្រជាជន(២.១ - ១២.៥០)។
• ព្រះយេស៊ូនៅក្រុងយេរូសាឡឹម និង ភូមិជុំវិញ (១៣.១ - ១៩.៤២)។
• ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ និង បង្ហាញខ្លួនឲ្យពួកសាវ័កឃើញ (២០.១ - ៣១)។
• អវសានកថា: ព្រះយេស៊ូមកជួបពួកសាវ័កនៅស្រុកកាលីឡេ (២១.១ - ៣៥)។
ដំណឹងល្អរៀបរៀងដោយ
លោកយ៉ូហាន
បុរេកថា
ជំពូក ១
១កាលពីដើមដំបូងបង្អស់ ព្រះបន្ទូលមានព្រះជន្មគង់នៅ។ ព្រះបន្ទូលបែរទៅរកព្រះជាម្ចាស់ ហើយព្រះបន្ទូលជាព្រះជាម្ចាស់។ ២ព្រះបន្ទូលបែរទៅរកព្រះជាម្ចាស់ កាលពីដើមដំបូងបង្អស់។ ៣អ្វីៗសព្វសារពើសុទ្ធតែកើតឡើងដោយសារព្រះបន្ទូល គឺក្នុងបណ្តាអ្វីៗ ដែលកើតមក គ្មានអ្វីមួយកើតមក ក្រៅពីព្រះអង្គបង្កើតនោះឡើយ។ ៤ព្រះបន្ទូលជាប្រភពនៃជីវិត ហើយជីវិតនោះជាពន្លឺបំភ្លឺមនុស្សលោក។ ៥ពន្លឺភ្លឺក្នុងសេចក្តីងងឹតតែសេចក្តីងងឹតពុំបានទទួលពន្លឺទេ។
៦ព្រះជាម្ចាស់បានចាត់បុរសម្នាក់ ឈ្មោះយ៉ូហានឲ្យមក។ ៧លោកបានមកធ្វើជាបន្ទាល់ផ្តល់សក្ខីភាពអំពីពន្លឺ ដើម្បីឲ្យមនុស្សទាំងអស់ជឿដោយសារលោក។ ៨លោកយ៉ូហានមិនមែនជាពន្លឺទេ គឺលោកគ្រាន់តែមកផ្តល់សក្ខីភាពអំពីពន្លឺប៉ុណ្ណោះ។ ៩ព្រះបន្ទូលជាពន្លឺដ៏ពិតប្រាកដតែមួយ ដែលមកក្នុងពិភពលោក ហើយបំភ្លឺមនុស្សគ្រប់ៗរូប។ ១០ព្រះបន្ទូលបានគង់ក្នុងពិភពលោក ហើយពិភពលោកកើតឡើងដោយសារព្រះអង្គ ប៉ុន្តែពិភពលោក ពុំបានទទួលស្គាល់ព្រះអង្គទេ។ ១១ព្រះបន្ទូលបានយាងមក គង់ជាមួយប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ តែប្រជារាស្ត្រនោះពុំបានទទួលព្រះអង្គឡើយ។ ១២រីឯអស់អ្នក ដែលបានទទួលព្រះអង្គ ដែលជឿលើព្រះនាមព្រះអង្គ ព្រះអង្គប្រទានឲ្យគេអាចទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។ ១៣អ្នកទាំងនោះពុំមែនកើតពីលោហិត ពីចំណង់តណ្ហា ឬពីការប៉ងប្រាថ្នារបស់មនុស្សឡើយ គឺកើតពីព្រះជាម្ចាស់វិញ។
១៤ព្រះបន្ទូលបានកើតមកជាមនុស្ស ហើយគង់នៅក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងនៃព្រះបុត្រាតែមួយគត់ ដែលមកពីព្រះបិតា ព្រះអង្គពោរពេញទៅដោយព្រះហប្ញទ័យប្រណីសន្តោស និង សេចក្តីពិត។ ១៥លោកយ៉ូហានបានផ្តល់សក្ខីភាព អំពីព្រះអង្គ ដោយប្រកាសថា៖ «គឺលោកនេះហើយ ដែលខ្ញុំនិយាយថា “អ្នកមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ”»។ ១៦យើងទាំងអស់គ្នាបានទទួលព្រះហប្ញទ័យប្រណីសន្តោស មិនចេះអស់មិនចេះហើយ ពីគ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ ១៧ដ្បិតព្រះជាម្ចាស់ប្រទានធម្មវិន័យ តាមរយៈលោកម៉ូសេ ហើយទ្រង់បានសម្តែងព្រះហប្ញទ័យប្រណីសន្តោស និងសេចក្តីពិត តាមរយៈព្រះយេស៊ូគ្រីស្ត។ ១៨ពុំ ដែលមាននរណាម្នាក់ បានឃើញព្រះជាម្ចាស់ឡើយ មានតែព្រះបុត្រាមួយព្រះអង្គប៉ុណ្ណោះ ដែលបាននាំយើងឲ្យស្គាល់ព្រះអង្គ ដ្បិតព្រះបុត្រាមានព្រះជន្មរួមជាមួយព្រះបិតា។ សក្ខីភាពរបស់លោកយ៉ូហានបាទីស្ត (ម៉ាថាយ ៣. ១-១២ ; ម៉ាកុស ១. ១-៨ ; លូកា ៣. ១-១៨) ១៩ជនជាតិយូដាចាត់ពួកបូជាចារ្យ និងពួកលេវីពីក្រុងយេរូសាឡឹម ឲ្យទៅជួបលោកយ៉ូហាន ដើម្បីសួរថា៖ «លោកជានរណា ? »។ ២០លោកយ៉ូហានប្រកាសប្រាប់គេ ដោយពុំលាក់លៀមអ្វីឡើយ គឺលោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ខ្ញុំមិនមែនជាព្រះគ្រីស្តទេ»។ ២១ពួកគេសួរលោកថា៖ «ដូច្នេះតើលោកជានរណា? តើលោកជាព្យាការីអេលីឬ ? »។ លោកឆ្លើយថា៖ «ទេ មិនមែនទេ ! »។ គេក៏សួរទៀតថា៖ «តើលោកជាព្យាការី ដែលយើងរង់ចាំនោះឬ ? »។ លោកឆ្លើយថា៖ «មិនមែនទេ ! »។ ២២គេសួរលោកទៀតថា៖ «តើលោកជានរណា ? ដ្បិតយើងខ្ញុំចង់បានចម្លើយយកទៅជម្រាបអស់លោកដែលចាត់យើងខ្ញុំឲ្យមក តើលោកថា ខ្លួនលោកជានរណា ! »។ ២៣ លោកយ៉ូហានមានប្រសាសន៍ថា៖ «ខ្ញុំជា សំឡេងបុរសម្នាក់ដែលស្រែក នៅវាលរហោស្ថានថា៖
“ចូរតម្រង់លូវថ្វាយព្រះអម្ចាស់ “
ត្រូវនឹងសេចក្តី ដែលព្យាការីអេសាយបានថ្លែងទុកមក»។ ២៤អ្នកដែលគេចាត់ឲ្យមកនោះជាពួកខាងគណៈផារីស៊ី។ ២៥គេសួរលោកយ៉ូហានទៀតថា៖ «បើលោកមិនមែនជាព្រះគ្រីស្ត មិនមែនជាព្យាការីអេលី ហើយក៏មិនមែនជាព្យាការី ដែលយើងរង់ចាំនោះទេ ហេតុដូចម្តេចបានជាលោកធ្វើពិធីជ្រមុជទឹកដូច្នេះ ? »។ ២៦លោកយ៉ូហានឆ្លើយទៅគេថា៖ «ខ្ញុំធ្វើពិធីជ្រមុជក្នុងទឹកមែន ប៉ុន្តែក្នុងចំណោមអ្នករាល់គ្នា មានម្នាក់ដែលអ្នករាល់គ្នាពុំស្គាល់ ២៧លោកមកក្រោយខ្ញុំ លោកមានឋានៈខ្ពង់ខ្ពស់ណាស់ សូម្បីតែឲ្យខ្ញុំស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈរបស់លោកផង»។ ២៨ហេតុការណ៍នេះ កើតមាននៅភូមិបេតថានី ខាងនាយទន្លេយ័រដាន់ ត្រង់កន្លែងលោកយ៉ូហានធ្វើពិធីជ្រមុជទឹក។ ព្រះយេស៊ូជាកូនចៀមរបស់ព្រះជាម្ចាស់ ២៩នៅថ្ងៃបន្ទាប់ លោកយ៉ូហានឃើញព្រះយេស៊ូយាងតម្រង់មករកលោក លោកក៏មានប្រសាសន៍ថា៖ «មើលហ្ន៎ ! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់ ដែលដកបាបចេញពីមនុស្សលោក៣០គឺលោកនេះហើយ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា “អ្នក ដែលមកក្រោយខ្ញុំប្រសើរជាងខ្ញុំដ្បិតលោកមានជីវិតមុនខ្ញុំ”។ ៣១កាលពីដើមខ្ញុំពុំស្គាល់ឋានៈរបស់លោកទេ ប៉ុន្តែខ្ញុំមកធ្វើពិធីជ្រមុជក្នុងទឹក ដើម្បីឲ្យលោកបង្ហាញខ្លួនឲ្យប្រជារាស្ត្រអ៊ីស្រាអែលស្គាល់»។
៣២លោកយ៉ូហានបានផ្តល់សក្ខីភាពថា៖ «ខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះពីស្ថានបរមសុខដូចសត្វព្រាបមកសណ្ឋិតលើលោក។ ៣៣ពីមុនខ្ញុំពុំស្គាល់ឋានៈលោកទេ ប៉ុន្តែព្រះជាម្ចាស់ ដែលបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជក្នុងទឹក ទ្រង់មានព្រះបន្ទូលមកខ្ញុំថា “អ្នកឃើញព្រះវិញ្ញាណយាងចុះមកសណ្ឋិតលើអ្នកណា គឺអ្នកនោះហើយ ដែលធ្វើពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ“។ ៣៤ខ្ញុំបានឃើញដូច្នោះមែន ហើយខ្ញុំសូមបញ្ជាក់ថា លោកនេះពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន»។
សាវ័កដែលតាមព្រះយេស៊ូមុនគេ
៣៥ថ្ងៃបន្ទាប់មកទៀត លោកយ៉ូហាននៅទីនោះដដែល ហើយមានសាវ័ករបស់លោកពីរនាក់នៅជាមួយផង។ ៣៦លោកសំឡឹងមើលព្រះយេស៊ូយាងកាត់តាមនោះក៏មានប្រសាសន៍ថា៖ «មើលហ្ន៎ ! លោកនេះហើយ ជាកូនចៀមរបស់ព្រះជាម្ចាស់»។ ៣៧កាលសាវ័កទាំងពីរបានឮពាក្យនេះ គេនាំគ្នាដើរតាមព្រះយេស៊ូទៅ។ ៣៨ព្រះយេស៊ូងាកមកក្រោយ ទតឃើញអ្នកទាំងពីរដើរតាម ព្រះអង្គក៏មានព្រះបន្ទូលសួរថា៖«អ្នកទាំងពីរមករកអ្វី ? »។ គេទូលព្រះអង្គថា៖ «រ៉ាប៊ី ! (ពាក្យ “រ៉ាប៊ី” នេះប្រែថា “លោកគ្រូ”) តើលោកនៅកន្លែងណា ? »។ ៣៩ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «សុំអញ្ជើញមក អ្នកនឹងបានឃើញ ! »។ គេក៏ទៅឃើញកន្លែងដែលព្រះអង្គគង់នៅ ហើយគេក៏នៅជាមួយព្រះអង្គ នៅថ្ងៃនោះ (ពេលនោះប្រហែលជាម៉ោងបួនរសៀល)។ ៤០ក្នុងចំណោមសាវ័កទាំងពីរ ដែលបានឮពាក្យរបស់លោកយ៉ូហាន ហើយតាមព្រះយេស៊ូទៅនោះ មានម្នាក់ឈ្មោះអន់ដ្រេ ជាប្អូនរបស់លោកស៊ីម៉ូនសិលា។៤១គាត់ទៅជួបលោកស៊ីម៉ូនជាបង មុនគេប្រាប់ថា៖ «យើងបានរកព្រះមែស្ស៊ីឃើញហើយ ! » (ពាក្យ”មេស្ស៊ី” នេះប្រែថា “ព្រះគ្រីស្ត”)។ ៤២គាត់ក៏នាំលោកស៊ីម៉ូនទៅគាល់ព្រះយេស៊ូ។ ព្រះយេស៊ូសំឡឹងមើលលោកស៊ីម៉ូន ក៏មានព្រះបន្ទូលថា៖ «អ្នកឈ្មោះស៊ីម៉ូន ជាកូនរបស់លោកយ៉ូហាន អំណើះតទៅអ្នកត្រូវមានឈ្មោះថា ”កេផាស” (ពាក្យ “កេផាស” នេះប្រែថាសិលា)។
៤៣លុះថ្ងៃបន្ទាប់មកទៀត ព្រះយេស៊ូសព្វព្រះហប្ញទ័យយាងទៅស្រុកកាលីឡេ។ ព្រះអង្គបានជួបលោកភីលីព ហើយមានព្រះបន្ទូលទៅគាត់ថា៖«សូមអញ្ជើញមកតាមខ្ញុំ»។ ៤៤លោកភីលីពជាអ្នកភូមិបេតសៃដា ដូចលោកអន់ដ្រេ និងលោកសិលាដែរ។ ៤៥លោកភីលីពទៅជួបលោកណាថាណាអែលប្រាប់គាត់ថា៖ «លោក ដែលធម្មវិន័យរបស់លោកម៉ូសេ និងគម្ពីរព្យាការីចែងទុកនោះ ឥឡូវនេះយើងបានឃើញហើយ លោកឈ្មោះយេស៊ូ ជាអ្នកភូមិណាសារ៉ែត ជាបុត្ររបស់លោកយ៉ូសែប»។ ៤៦លោកណាថាណាអែលពោល តបទៅលោកភីលីពវិញថា៖ «ពុំដែលមានអ្វីល្អអាចចេញពីភូមិណាសារ៉ែតបានឡើយ»។ ៤៧លោកភីលីពប្រាប់គាត់ថា៖ «សូមអញ្ជើញមកអ្នកនឹងបានឃើញ ! »។កាលព្រះយេស៊ូទតឃើញលោកណាថាណាអែលដើរមករកព្រះអង្គ ព្រះអង្គមានព្រះបន្ទូលអំពីគាត់ថា៖ «អ្នកនេះជាជាតិអ៊ីស្រាអែលដ៏ពិតប្រាកដមែន ដ្បិតគាត់គ្មានពុតត្បុតអ្វីក្នុងខ្លួនសោះ»។ ៤៨លោកណាថាណាអែលទូលសួរព្រះអង្គថា៖ «តើលោកគ្រូដែលស្គាល់ខ្ញុំពីអង្កាល់ ? »។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«ខ្ញុំបានឃើញអ្នក កាលអ្នកនៅក្រោមដើមឧទុម្ពរ មុនភីលីពហៅអ្នកទៅទៀត»។ ៤៩លោកណាថាណាអែលទូលព្រះអង្គថា៖ «ព្រះគ្រូ! ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយពិតជាព្រះមហាក្សត្ររបស់ជនជាតិអ៊ីស្រាអែលមែន»។ ៥០ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកបានជឿមកពីឮខ្ញុំនិយាយថា ខ្ញុំបានឃើញអ្នកនៅក្រោមដើមឧទុម្ពរ “ថ្ងៃក្រោយអ្នកមុខតែឃើញការអស្ចារ្យលើសនេះទៅទៀត»។ ៥១ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងឃើញផ្ទៃមេឃបើកចំហ ហើយមានពួកទេវទូតរបស់ព្រះជាម្ចាស់ ចុះឡើងពីលើបុត្រមនុស្ស*»។
ជំពូក ២
ពិធីមង្គលការនៅភូមិកាណា
១បីថ្ងៃក្រោយមក មានគេរៀបពិធីមង្គលការ នៅភូមិកាណា ក្នុងស្រុកកាលីឡេ។ មាតាព្រះយេស៊ូនៅទីនោះ ២ហើយគេក៏បានយាងព្រះយេស៊ូ និងអញ្ជើញក្រុមសាវ័ករបស់ព្រះអង្គទៅចូលរួមក្នុងពិធីមង្គលការនោះដែរ។ ៣ពេលនោះគេខ្វះស្រាទំពាំងបាយជូរ។ មាតាព្រះយេស៊ូទូលព្រះអង្គថា៖ «គេអស់ស្រាទំពាំងបាយជូរហើយ ! »។ ៤ព្រះយេស៊ូមានព្រះបន្ទូលទៅមាតាថា៖ «អ្នកម្តាយអើយ ! កុំរវល់នឹងរឿងនេះអី ពេលកំណត់របស់ខ្ញុំ ពុំទាន់មកដល់នៅឡើយទេ»។ ៥មាតារបស់ព្រះអង្គប្រាប់ទៅពួកអ្នកបម្រើ ថា៖ «បើលោកប្រាប់ឲ្យធ្វើអ្វី ចូរធ្វើតាមទៅ»។ ៦នៅទីនោះមានពាងប្រាំមួយ ដែលជនជាតិយូដាដាក់ទឹក សម្រាប់ធ្វើពិធីជំរះកាយ។ ពាងនីមួយៗមានចំណុះប្រមាណជាពីរបីអំរែក។ ៧ ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកបម្រើថា៖ «សុំដងទឹកមកចាក់ឲ្យពេញពាងទាំងនេះទៅ»។ គេក៏ដងទឹកចាក់ពេញពាង។ ៨ព្រះអង្គមានព្រះបន្ទូលថា៖ «ឥឡូវនេះសុំដងយកទៅជូនលោកចៅមហាទៅ» គេក៏ដងយកទៅជូន។ ៩លោកចៅមហាភ្លក់ទឹក ដែលបានប្រែមកជាស្រាទំពាំងបាយជូរ។ គាត់មិនដឹងថាគេបានស្រានេះមកពីណាឡើយ មានតែពួកអ្នកបម្រើដែលបានដងទឹកមកចាក់ពាង ទើបដឹង។ ១០គាត់ហៅកូនកំឡោះមកនិយាយថា៖ «អ្នកផងទាំងពួងតែងយកស្រាទំពាំងបាយជូរឆ្ងាញ់ មកជូនភ្ញៀវជាមុន លុះភ្ញៀវពិសាច្រើនហើយ ទើបគេយកស្រាមិនសូវឆ្ងាញ់មកជូនតាមក្រោយ។ រីឯអ្នកវិញ ម្តេចក៏ទុកស្រាឆ្ងាញ់មកទល់ឥឡូវដូច្នេះ ! »។ ១១នេះជាទីសម្គាល់ដំបូងបង្អស់ ដែលព្រះយេស៊ូបានធ្វើនៅភូមិកាណា ក្នុងស្រុកកាលីឡេ។ ព្រះអង្គបានសម្តែងសិរីរុងរឿងរបស់ព្រះអង្គ ហើយក្រុមសាវ័កក៏បានជឿលើព្រះអង្គ។ ១២បន្ទាប់មកព្រះអង្គយាងចុះទៅក្រុងកាផានុមជាមួយមាតាព្រមទាំងបងប្អូននិងសាវ័ករបស់ព្រះអង្គ ហើយស្នាក់នៅទីនោះមួយរយៈពេលខ្លី។
ព្រះយេស៊ូបណ្តេញអ្នកលក់ដូរចេញពីព្រះវិហារ
(មថ ២១.១២-១៣ ; មក ១១.១៥-១៧ ; លក ១៩.៤៥-៤៦)
១៣បុណ្យចម្លងរបស់ជនជាតិយូដា ជិតមកដល់ហើយ ព្រះយេស៊ូក៏យាងឡើងទៅក្រុងយេរូសាឡឹម។ ១៤នៅក្នុងបរិវេណព្រះវិហារព្រះអង្គឃើញអ្នកលក់គោលក់ចៀម លក់ព្រាប និងអ្នកអង្គុយដូរប្រាក់។ ១៥ព្រះអង្គយកខ្សែធ្វើរំពាត់ ដេញអ្នកទាំងនោះ ព្រមទាំងចៀម និងគោរបស់គេចេញពីបរិវេណព្រះវិហារ ព្រះអង្គបាចប្រាក់អ្នកដូរប្រាក់ចោល ហើយផ្កាប់តុរបស់គេផង។ ១៦ព្រះអង្គមានព្រះបន្ទូលទៅអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងអស់នេះចេញទៅ កុំយកដំណាក់ព្រះបិតាខ្ញុំធ្វើជាកន្លែងលក់ដូរដូច្នេះឡើយ»។ ១៧ពួកសាវ័កនឹកឃើញសេចក្តីដែលមានចែងទុកក្នុងគម្ពីរថា៖ «មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គ បានជាគេប្រហារជីវិតទូលបង្គំ»។ ១៨ពេលនោះ ជនជាតិយូដាទូលសួរព្រះអង្គថា៖«ើលោកមានទីសម្គាល់អ្វី បង្ហាញឲ្យយើងដឹងថា លោកមានសិទ្ធិធ្វើការទាំងនេះ ? »។ ១៩ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ចូររុះព្រះវិហារនេះចោលទៅខ្ញុំនឹងសង់ឡើងវិញក្នុងរវាងបីថ្ងៃ»។២០ជនជាតិយូដាតបថា៖ «គេបានចំណាយពេលសែសិបប្រាំមួយឆ្នាំ ដើម្បីសង់ព្រះវិហារនេះ រីឯលោក លោកនឹងសង់ឡើងវិញក្នុងរវាងតែបីថ្ងៃប៉ុណ្ណោះឬ ? »។ ២១តាមពិតព្រះយេស៊ូមានព្រះបន្ទូលសំដៅទៅលើព្រះវិហារ ដែលជារូបកាយរបស់ព្រះអង្គវិញឯណោះទេ។ ២២ពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ ក្រុមសាវ័កនឹកឃើញថា ព្រះអង្គមានព្រះបន្ទូលដូច្នេះគេក៏ជឿព្រះគម្ពីរ ព្រមទាំងជឿព្រះបន្ទូលរបស់ព្រះយេស៊ូដែរ។
ព្រះយេស៊ូយល់ជំរៅចិត្តមនុស្ស
២៣ពេលព្រះយេស៊ូគង់ នៅក្រុងយេរូសាឡឹម ក្នុងឱកាសបុណ្យចម្លង មានមនុស្សជាច្រើនបានជឿលើព្រះនាមព្រះអង្គ ដោយឃើញទីសម្គាល់ ដែលព្រះអង្គបានធ្វើ។ ២៤ប៉ុន្តែព្រះយេស៊ូពុំទុកចិត្តគេទេ ដ្បិតព្រះអង្គស្គាល់ចិត្តគំនិតអ្នកទាំងនោះ ២៥មិនបាច់មាននរណាពន្យល់ព្រះអង្គ អំពីចិត្តមនុស្សឡើយ ព្រោះព្រះអង្គឈ្វេងយល់អ្វីៗទាំងអស់ នៅក្នុងចិត្តមនុស្ស។
ជំពូក ៣
ព្រះយេស៊ូសន្ទនាជាមួយលោកនីកូដេម
១មាននាម៉ឺនជាតិយូដាម្នាក់ ឈ្មោះ នីកូដេម លោកនៅខាងគណៈផារីស៊ី។ ២លោកបានមកគាល់ព្រះយេស៊ូទាំងយប់ ហើយទូលថា៖ «លោកគ្រូយើងខ្ញុំដឹងថា ព្រះជាម្ចាស់បានចាត់លោកគ្រូឲ្យមកបង្រៀនយើងខ្ញុំ ដ្បិតគ្មាននរណាអាចធ្វើទីសម្គាល់ ដូចលោកគ្រូបានឡើយ វៀរលែងតែព្រះជាម្ចាស់គង់ជាមួយអ្នកនោះ»។ ៣ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសូមជម្រាបលោកឲ្យដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតជាថ្មីទេ គេមិនអាចឃើញព្រះរាជ្យ របស់ព្រះជាម្ចាស់បានឡើយ»។ ៤លោកនីកូដេមទូលសួរព្រះអង្គថា៖ «ចុះបើមនុស្សមានវ័យចាស់ទៅហើយ ធ្វើដូចម្តេចអាចកើតម្តងទៀតបាន ? តើគេអាចចូលទៅក្នុងផ្ទៃម្តាយ ហើយកើតម្តងទៀតបានឬ ? »។ ៥ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«ខ្ញុំសូមជម្រាបលោកឲ្យដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតពីទឹក និងពីព្រះវិញ្ញាណទេ គេពុំអាចចូលក្នុងព្រះរាជ្យព្រះជាម្ចាស់បានឡើយ។ ៦អ្នកណាកើតមកជាមនុស្ស អ្នកនោះនៅតែជាមនុស្សដដែល រីឯអ្នក ដែលកើតពីព្រះវិញ្ញាណវិញ មានព្រះវិញ្ញាណក្នុងខ្លួន។ ៧ពេលខ្ញុំជម្រាបលោកថា “អ្នករាល់គ្នាត្រូវកើតជាថ្មី” សូមកុំឆ្ងល់ឲ្យសោះ។ ៨ខ្យល់ចង់បក់ទៅទិសណាក៏បានលោកឮស្នូរវា តែលោកពុំដឹងថា ខ្យល់បក់មកពីទីណាទៅទីណាឡើយ រីឯអ្នក ដែលកើតមកពីព្រះវិញ្ញាណ ក៏ដូច្នោះដែរ»។ ៩លោកនីកូដេមទូលសួរព្រះអង្គថា៖ «តើការទាំងនេះអាចនឹងកើតឡើងដូចម្តេចបាន ? »។ ១០ព្រះយេស៊ូមានព្រះបន្ទូលថា៖ «លោកជាគ្រូរបស់ជនជាតិអ៊ីស្រាអែល ម្តេចក៏លោកមិនជ្រាបសេចក្តីទាំងនេះ ? ១១ខ្ញុំសូមជម្រាបលោកឲ្យដឹងច្បាស់ថា យើងនិយាយអំពីសេចក្តីណា ដែលយើងដឹងហើយ យើងធ្វើជាបន្ទាល់បញ្ជាក់នូវហេតុការណ៍ណា ដែលយើងបានឃើញតែអ្នករាល់គ្នាមិនទទួលសក្ខីភាពរបស់យើងទេ។ ១២ពេលខ្ញុំនិយាយអំពីហេតុការណ៍ នៅលើផែនដីអ្នករាល់គ្នាមិនជឿទៅហើយ ចុះទំរាំបើខ្ញុំនិយាយអំពីហេតុការណ៍នៅស្ថានបរមសុខវិញ តើអ្នករាល់គ្នានឹងជឿដូចម្តេចបាន ! ។ ១៣ពុំដែលមាននរណាបានឡើងទៅស្ថានបរមសុខឡើយ គឺមានតែបុត្រមនុស្សប៉ុណ្ណោះ ដែលបានយាងចុះពីស្ថានបរមសុខមក។
១៤កាលនៅវាលរហោស្ថាន លោកម៉ូសេបានលើកពស់ឡើងយ៉ាងណា បុត្រមនុស្សនឹងត្រូវគេលើកឡើងយ៉ាងនោះដែរ ១៥ដើម្បីឲ្យអស់អ្នក ដែលជឿលើព្រះអង្គមានជីវិតអស់កល្បជានិច្ច។ ១៦ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឲ្យអស់អ្នក ដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច គឺមិនឲ្យគេវិនាសឡើយ។ ១៧ព្រះជាម្ចាស់បានចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យយាងមកក្នុងលោកនេះ ពុំមែនដើម្បីដាក់ទោសមនុស្សលោកទេ គឺដើម្បីសង្គ្រោះមនុស្សលោកដោយសារព្រះបុត្រាវិញ។ ១៨អ្នកជឿលើព្រះបុត្រាមិនត្រូវទទួលទោសទេ រីឯអ្នកមិនជឿបានទទួលទោសរួចស្រេចទៅហើយ ព្រោះគេពុំបានជឿលើព្រះនាមព្រះបុត្រាតែមួយរបស់ព្រះជាម្ចាស់។ ១៩ហេតុ ដែលបណ្តាលឲ្យមានទោសនោះ គឺពន្លឺបានយាងមកក្នុងពិភពលោក ប៉ុន្តែមនុស្សលោកចូលចិត្តភាពងងឹតជាងពន្លឺ ដ្បិតអំពើរបស់គេសុទ្ធតែអាក្រក់។ ២០អស់អ្នក ដែលប្រព្រឹត្តអំពើអាក្រក់តែងតែស្អប់ពន្លឺ ហើយមិនចូលមករកពន្លឺឡើយ ព្រោះខ្លាចគេឃើញអំពើដែលខ្លួនប្រព្រឹត្ត។ ២១ផ្ទុយទៅវិញអស់អ្នក ដែលប្រព្រឹត្តតាមសេចក្តីពិត តែងតែចូលមករកពន្លឺ ដើម្បីឲ្យគេឃើញថា អំពើ ដែលខ្លួនប្រព្រឹត្តនោះស្របតាមព្រះជាម្ចាស់មែន»។
សក្ខីភាពរបស់លោកយ៉ូហានបាទីស្ត
២២បន្ទាប់មក ព្រះយេស៊ូយាងទៅស្រុកយូដាជាមួយក្រុមសាវ័ក។ ព្រះអង្គស្នាក់នៅទីនោះជាមួយគេព្រមទាំងជ្រមុជទឹក ឲ្យបណ្តាជនផង។ ២៣រីឯលោកយ៉ូហានវិញ លោកក៏ជ្រមុជទឹកឲ្យគេនៅអៃណូន ក្បែរភូមិសាលីមដែរ ព្រោះនៅទីនោះមានទឹកច្រើន។ មនុស្សម្នានាំគ្នាមករកលោក ហើយលោកជ្រមុជទឹកឲ្យ។ ២៤កាលណោះលោកយ៉ូហានមិនទាន់ជាប់ឃុំឃាំងនៅឡើយទេ។
២៥ពេលនោះ ក្រុមសាវ័ករបស់លោកយ៉ូហាន និងជនជាតិយូដាម្នាក់ជជែកគ្នា អំពីពិធីជម្រះកាយឲ្យបានបរិសុទ្ធ។២៦គេនាំគ្នាទៅជួបលោកយ៉ូហានជម្រាបថា៖ «លោកគ្រូ ! បុរស ដែលនៅជាមួយលោកខាងនាយទន្លេយ័រដាន់ ពីថ្ងៃមុន ហើយ ដែលលោកផ្តល់សក្ខីភាពឲ្យនោះ ឥឡូវនេះគាត់កំពុងតែជ្រមុជទឹកឲ្យគេ មនុស្សទាំងអស់នាំគ្នាទៅរកគាត់»។ ២៧លោកយ៉ូហានមានប្រសាសន៍តបទៅគេថា៖ «បើព្រះជាម្ចាស់មិនប្រទានឲ្យទេ គ្មាននរណាម្នាក់អាចធ្វើអ្វីកើតឡើយ។ ២៨អ្នករាល់គ្នាជាបន្ទាល់ស្រាប់ហើយខ្ញុំបាននិយាយថា ខ្ញុំមិនមែនជាព្រះគ្រីស្តទេ គឺព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមកមុនព្រះអង្គ។ ២៩នៅក្នុងពិធីមង្គលការ កូនក្រមុំរៀបការ នឹងអ្នកណា អ្នកនោះហើយជាស្វាមី។ រីឯមិត្តសំឡាញ់របស់ស្វាមី គេឈរស្តាប់នៅក្បែរគាត់ និងមានចិត្តត្រេកអរក្រៃលែងដោយបានឮសំឡេងរបស់គាត់។ ខ្ញុំក៏ពោរពេញដោយអំណរដូច្នោះដែរ។ ៣០ព្រះអង្គត្រូវតែចម្រើនឡើង រីឯខ្ញុំវិញខ្ញុំត្រូវតែអន់ថយ។ ៣១ព្រះអង្គ ដែលយាងពីស្ថានបរមសុខមក ទ្រង់មានឋានៈធំលើសគេទាំងអស់។ អ្នក ដែលកើតពីលោកីយ៍នៅតែជាលោកីយ៍ដដែល ហើយនិយាយតែពីរឿងលោកីយ៍។ ព្រះអង្គ ដែលយាងពីស្ថានបរមសុខមក ទ្រង់មានឋានៈធំលើសគេទាំងអស់។ ៣២ព្រះអង្គធ្វើជាបន្ទាល់បញ្ជាក់ពីអ្វីៗទាំងអស់ ដែលទ្រង់បានឃើញនិងបានឮ ប៉ុន្តែគ្មាននរណាទទួលសក្ខីភាពរបស់ព្រះអង្គទេ។ ៣៣អ្នក ដែលទទួលសក្ខីភាពរបស់ព្រះអង្គបានបញ្ជាក់ថា ព្រះជាម្ចាស់បានសម្តែងសេចក្តីពិតមែន។ ៣៤ព្រះអង្គ ដែលព្រះជាម្ចាស់ចាត់ឲ្យយាងមក ថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រោះព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកព្រះអង្គ យ៉ាងបរិបូណ៌។ ៣៥ព្រះបិតាស្រឡាញ់ព្រះបុត្រា ហើយបានប្រគល់អ្វីៗទាំងអស់ឲ្យនៅក្រោមអំណាចរបស់ព្រះបុត្រា។ ៣៦អ្នកណាជឿលើព្រះបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច។ អ្នកណាមិនព្រមជឿលើព្រះបុត្រា អ្នកនោះមិនបានទទួលជីវិតឡើយ គឺគេត្រូវទទួលទោសពីព្រះជាម្ចាស់»។
ជំពូក ៤
ព្រះយេស៊ូសន្ទនាជាមួយស្ត្រីសាសន៍សាម៉ារីម្នាក់
១ព្រះយេស៊ូជ្រាបថា ពួកខាងគណៈផារីស៊ីបានឮគេនិយាយថា ព្រះអង្គមានសាវ័កច្រើនជាងលោកយ៉ូហាន និងបានជ្រមុជទឹកឲ្យមនុស្សច្រើនជាងដែរ។ ២តាមពិតព្រះយេស៊ូពុំបានជ្រមុជទឹកឲ្យគេផ្ទាល់ព្រះអង្គឡើយ គឺក្រុមសាវ័កវិញទេ ដែលជាអ្នកជ្រមុជទឹក។ ៣ព្រះអង្គក៏យាងចាកចេញពីស្រុកយូដា ត្រឡប់ទៅស្រុកកាលីឡេវិញ ៤ហើយត្រូវយាងកាត់តាមស្រុកសាម៉ារី។ ៥ព្រះអង្គបានយាងមកដល់ភូមិមួយរបស់ជនជាតិសាម៉ារី ឈ្មោះភូមិស៊ីខា នៅជិតចំការ ដែលលោកយ៉ាកុបបានចែកឲ្យលោកយ៉ូសែប ជាកូន។ ៦នៅទីនោះមានអណ្តូងទឹកមួយ ឈ្មោះ”អណ្តូងលោកយ៉ាកុប”។ ព្រះយេស៊ូអស់កម្លាំងក្នុងការធ្វើដំណើរក៏គង់នៅមាត់អណ្តូង ពេលនោះប្រហែលជាថ្ងៃត្រង់។ ៧មានស្ត្រីសាសន៍សាម៉ារីម្នាក់ មកដងទឹក ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖«ខ្ញុំសុំទឹកទទួលទានបន្តិច»។ ៨(សាវ័កនាំគ្នាទៅរកទិញស្បៀងអាហារនៅឯភូមិ)។ ៩ស្ត្រីសាម៉ារីទូលព្រះអង្គថា៖ «លោកជាសាសន៍យូដាម្តេចក៏លោកមកសុំទឹកនាងខ្ញុំ ជាស្ត្រីសាសន៍សាម៉ារីពិសាដូច្នេះ ? » (ដ្បិតសាសន៍យូដា និងសាសន៍សាម៉ារីមិនត្រូវគ្នាទេ)។ ១០ព្រះយេស៊ូមានព្រះបន្ទូលតបទៅនាងថា៖ «ប្រសិនបើ នាងស្គាល់ព្រះអំណោយទានរបស់ព្រះជាម្ចាស់ និងស្គាល់អ្នក ដែលនិយាយទៅកាន់នាងថា “ខ្ញុំសុំទឹកទទួលទានបន្តិច” នោះនាងមុខជាសុំទឹកពីលោកវិញពុំខាន ហើយលោកនឹងឲ្យទឹកដល់នាង គឺជាទឹក ដែលផ្តល់ជីវិត»ប។ ១១នាងទូលព្រះអង្គថា៖ «លោកម្ចាស់ ! លោកគ្មានអ្វីដងទឹកសោះ រីឯអណ្តូងសោតក៏ជ្រៅទៀតផង តើលោកបានទឹក ដែលផ្តល់ជីវិតនោះពីណាមក ?។ ១២តើលោកមានឋានៈធំជាងលោកយ៉ាកុប ជាបុព្វបុរសរបស់យើង ដែលបានទុកអណ្តូងនេះឲ្យយើងឬ ?។ លោកយ៉ាកុបនិងកូនចៅរបស់លោកបានពិសាទឹកអណ្តូងនេះ ហើយសត្វរបស់លោកក៏បានផឹកទឹកអណ្តូងនេះដែរ»។ ១៣ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «អស់អ្នក ដែលពិសាទឹកនេះនៅតែស្រេកតទៅមុខទៀត ១៤រីឯអ្នក ដែលពិសាទឹកខ្ញុំឲ្យនោះ នឹងមិនស្រេកទៀតសោះឡើយ ដ្បិតទឹកខ្ញុំឲ្យនឹងបានទៅជ ដែលផុសឡើងផ្តល់ជីវិតអស់កល្បជានិច្ច»។ ១៥ស្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់ ! សូមមេត្តាផ្តល់ទឹកនោះមកនាងខ្ញុំផងកុំឲ្យនាងខ្ញុំស្រេកនិងកុំឲ្យរវល់មកដងទឹកអណ្តូងនេះទៀត»។
១៦ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «សុំអញ្ជើញទៅហៅប្តីនាង រួចត្រឡប់មកវិញ»។ ១៧ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំគ្មានប្តីទេ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «នាងនិយាយថា នាងគ្មានប្តីដូច្នេះ ត្រូវមែន ១៨ព្រោះនាងធ្លាប់មានប្តីប្រាំមកហើយ រីឯបុរស ដែលនៅជាមួយនាងសព្វថ្ងៃមិនមែនជាប្តីរបស់នាងទេ នាងនិយាយត្រង់មែន»។ ១៩នាងទូលព្រះអង្គថា៖ «លោកម្ចាស់នាងខ្ញុំយល់ថា លោកពិតជាព្យាការីមែន។ ២០បុព្វបុរសរបស់យើងនាំគ្នាថ្វាយបង្គំព្រះជាម្ចាស់នៅលើភ្នំនេះតែពួកលោកជាសាសន៍យូដាតែងនិយាយថា ត្រូវថ្វាយបង្គំព្រះអង្គនៅក្រុងយេរូសាឡឹមវិញ»។ ២១ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «នាងអើយជឿខ្ញុំចុះដល់ពេលកំណត់មិនមែននៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡឹមទៀតទេ ដែលអ្នករាល់គ្នានឹងថ្វាយបង្គំព្រះបិតា។ ២២អ្នករាល់គ្នាមិនស្គាល់ព្រះអង្គ ដែលអ្នករាល់គ្នាថ្វាយបង្គំទេ រីឯយើងវិញយើងស្គាល់ព្រះអង្គ ដែលយើងថ្វាយបង្គំ ដ្បិតការសង្គ្រោះចេញមកពីជនជាតិយូដា។២៣ប៉ុន្តែដល់ពេលកំណត់គឺឥឡូវហ្នឹងហើយ អ្នកថ្វាយបង្គំដ៏ពិតប្រាកដនឹងថ្វាយបង្គំព្រះបិតាតាមវិញ្ញាណ និងតាមសេចក្តីពិត ដ្បិតព្រះបិតាសព្វព្រះហប្ញទ័យនឹងអ្នកថ្វាយបង្គំ បែបនេះឯង។ ២៤ព្រះជាម្ចាស់ជាវិញ្ញាណហេតុនេះ អស់អ្នក ដែលថ្វាយបង្គំព្រះអង្គ ត្រូវតែថ្វាយបង្គំតាមវិញ្ញាណនិងតាមសេចក្តីពិត»។ ២៥ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំដឹងហើយថា ព្រះមេស្ស៊ីហៅព្រះគ្រីស្តនឹងយាងមក។ កាលណាព្រះអង្គយាងមកដល់ ទ្រង់នឹងប្រទានឲ្យយើងដឹងសព្វគ្រប់ទាំងអស់»។ ២៦ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖«ខ្ញុំនេះហើយ គឺខ្ញុំដែលកំពុងតែនិយាយជាមួយនាង»។
២៧ពេលនោះ ក្រុមសាវ័កត្រឡប់មកដល់ ឃើញព្រះអង្គកំពុងនិយាយជាមួយស្ត្រីដូច្នេះ គេងឿងឆ្ងល់ជាខ្លាំង តែគ្មាននរណាទូលសួរព្រះអង្គថា ព្រះអង្គសួររកអ្វី ឬហេតុដូចម្តេចក៏មានព្រះបន្ទូលជាមួយនាងឡើយ។ ២៨ស្ត្រីនោះទុកក្អមចោលរត់ចូលទៅក្នុងភូមិប្រាប់អ្នកស្រុកថា៖ ២៩«សុំមកមើលបុរសម្នាក់លោកមានប្រសាសន៍ប្រាប់ខ្ញុំនូវអំពើទាំងប៉ុន្មាន ដែលខ្ញុំបានប្រព្រឹត្ត។ លោកនោះជាព្រះគ្រីស្តហើយមើលទៅ ! »។ ៣០អ្នកស្រុកនាំគ្នាចេញពីភូមិទៅរកព្រះយេស៊ូ។ ៣១ក្នុងពេលជាមួយគ្នានោះ ពួកសាវ័កទូលព្រះអង្គថា៖ «លោកគ្រូ សូមអញ្ជើញពិសា ! »។ ៣២ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំមានអាហារបរិភោគហើយជាអាហារដែលអ្នករាល់គ្នាពុំស្គាល់»។ ៣៣ពួកសាវ័កក៏និយាយគ្នាថា៖ «ប្រហែលជាមាននរណាម្នាក់ យកអាហារមកជូនលោកហើយទេដឹង ? »។ ៣៤ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អាហាររបស់ខ្ញុំគឺធ្វើតាមព្រះហប្ញទ័យរបស់ព្រះអង្គ ដែលបានចាត់ខ្ញុំឲ្យមក ព្រមទាំងបង្ហើយកិច្ចការរបស់ព្រះអង្គ ឲ្យបានសម្រេច។៣៥ អ្នករាល់គ្នាតែងពោលថា “បួនខែទៀតដល់រដូវចម្រូត”។ រីឯខ្ញុំវិញ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថាចូរមើលទៅវាលស្រែមើល៍ ស្រូវទុំល្មមច្រូតហើយ។ ៣៦អ្នកច្រូតបានប្រាក់ឈ្នួលរបស់ខ្លួន ហើយកំពុងប្រមូលផល ទុកសម្រាប់ជីវិតអស់កល្បជានិច្ចដូច្នេះ អ្នកសាបព្រោះ និងអ្នកច្រូតកាត់បានសប្បាយរួមជាមួយគ្នា ៣៧ស្របតាមពាក្យចាស់លោកថា៖ ” ម្នាក់ព្រោះ ម្នាក់ទៀតច្រូត”។ ៣៨ខ្ញុំបានចាត់អ្នករាល់គ្នា ឲ្យទៅច្រូតនៅក្នុងស្រែ ដែលអ្នករាល់គ្នាពុំបានធ្វើការនឿយហត់ គឺអ្នកផ្សេងទៀតបានធ្វើការនឿយហត់ហើយអ្នករាល់គ្នាទទួលផលពីការនឿយហត់របស់អ្នកទាំងនោះ»។
៣៩ក្នុងភូមិនោះ មានអ្នកស្រុកសាម៉ារីជាច្រើនបានជឿលើព្រះយេស៊ូ ដោយសារពាក្យ ដែលស្ត្រីនោះបានបញ្ជាក់ប្រាប់ថា “លោកមានប្រសាសន៍ប្រាប់ខ្ញុំនូវអំពើទាំងប៉ុន្មាន ដែលខ្ញុំបានប្រព្រឹត្ត”។៤០ហេតុនេះហើយបានជា កាលជនជាតិសាម៉ារីទៅគាល់ព្រះអង្គ គេអង្វរសូមព្រះអង្គគង់នៅជាមួយគេ ព្រះអង្គយល់ព្រមគង់នៅទីនោះពីរថ្ងៃ។ ៤១មានមនុស្សច្រើនជាងនោះទៅទៀត បានជឿលើព្រះអង្គដោយបានឮព្រះបន្ទូលព្រះអង្គផ្ទាល់។ ៤២ពួកគេនិយាយទៅកាន់ស្ត្រីនោះថា៖ «ឥឡូវនេះយើងជឿ មិនមែនត្រឹមតែឮពាក្យនាងប៉ុណ្ណោះទេគឺមកពីយើងបានឮ ព្រះអង្គមានព្រះបន្ទូលផ្ទាល់នឹងត្រចៀកថែមទៀតផង ហើយយើងដឹងថា ព្រះអង្គពិតជាព្រះសង្គ្រោះរបស់មនុស្សលោកមែន»។
ព្រះយេស៊ូប្រោសកូនប្រុសរបស់មន្ត្រីម្នាក់ឲ្យបានជា
៤៣ពីរថ្ងៃក្រោយមកព្រះយេស៊ូយាងចាកចេញពីទីនោះឆ្ពោះទៅកាន់ស្រុកកាលីឡេ។ ៤៤ព្រះអង្គមានព្រះបន្ទូលថា៖ «គ្មានព្យាការីណាម្នាក់ត្រូវគេគោរព ក្នុងស្រុកកំណើតរបស់ខ្លួនផ្ទាល់ឡើយ»។ ៤៥លុះព្រះអង្គយាងទៅដល់ស្រុកកាលីឡេ អ្នកស្រុកនាំគ្នាទទួលព្រះអង្គ ព្រោះគេបានឃើញការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានសម្តែង ក្នុងឱកាសពិធីបុណ្យចម្លង នៅក្រុងយេរូសាឡឹម ដ្បិតគេក៏បានទៅចូលរួមពិធីបុណ្យនោះដែរ។ ៤៦ព្រះអង្គយាងត្រឡប់ទៅភូមិកាណា ក្នុងស្រុកកាលីឡេម្តងទៀត ជាភូមិ ដែលព្រះអង្គបានធ្វើឲ្យទឹកទៅជាស្រាទំពាំងបាយជូរ។ នៅទីនោះ មានអ្នករាជការម្នាក់មកពីក្រុងកាផានុម កូនប្រុសរបស់លោកមានជំងឺ។ ៤៧កាលលោកជ្រាបថា ព្រះយេស៊ូបានយាងពីស្រុកយូដាមកស្រុកកាលីឡេនេះ លោកក៏ទៅរកព្រះអង្គទូលអង្វរសូមព្រះអង្គយាងទៅប្រោសកូនរបស់លោក ដែលកំពុងតែឈឺជិតផុតដង្ហើមនោះ ឲ្យបានជាសះស្បើយ។ ៤៨ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើ អ្នករាល់គ្នាមិនបានឃើញទីសម្គាល់និងប្ញទ្ធិបាដិហារិយ៍ទេអ្នករាល់គ្នាមុខជាមិនជឿឡើយ»។ ៤៩មន្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់អើយ សូមលោកអញ្ជើញមកក្រែងកូនរបស់ខ្ញុំប្របាទស្លាប់»។ ៥០ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អញ្ជើញទៅចុះកូនរបស់លោករស់ហើយ»។ បុរសនោះជឿព្រះបន្ទូលរបស់ព្រះយេស៊ូក៏ចេញដំណើរទៅ។ ៥១ពេលលោកកំពុងតែដើរតាមផ្លូវត្រឡប់ទៅផ្ទះវិញ ពួកបម្រើរបស់លោកនាំគ្នាចេញមកជម្រាបថា កូនរបស់លោករស់ហើយ។ ៥២លោកក៏សួរអ្នកបម្រើឲ្យដឹងថា កូនរបស់លោកបានធូរស្បើយពីថ្មើរណា។ គេតបថា៖ «កូនរបស់លោកបាត់គ្រុនពីម្សិលមិញ វេលាម៉ោងមួយរសៀល»។ ៥៣ឪពុកដឹងថា គឺនៅម៉ោងនោះឯងដែលព្រះយេស៊ូមានព្រះបន្ទូលមកគាត់ថា “កូនរបស់លោករស់ហើយ ! ” ។ លោកជឿលើព្រះយេស៊ូ ហើយក្រុមគ្រួសាររបស់លោកទាំងមូល ក៏ជឿលើព្រះអង្គដែរ។ ៥៤នេះជាទីសម្គាល់លើកទីពីរ ដែលព្រះយេស៊ូបានធ្វើ នៅពេល ដែលព្រះអង្គវិលត្រឡប់ពីស្រុកយូដា មកស្រុកកាលីឡេវិញ។
ជំពូក ៥
ព្រះយេស៊ូប្រោសមនុស្សពិការម្នាក់ឲ្យបានជា
១ក្រោយមកទៀត មានពិធីបុណ្យមួយរបស់ជនជាតិយូដា ព្រះយេស៊ូយាងឡើងទៅក្រុងយេរូសាឡឹម។ ២នៅក្រុងយេរូសាឡឹមជិតខ្លោងទ្វារឈ្មោះ «ទ្វារចៀម» មានស្រះមួយ ដែលគេហៅជាភាសាហេប្រឺថា «ស្រះបេតសាថា» ក្បែរស្រះនោះមានថែវប្រាំ។ ៣មានអ្នកជំងឺមនុស្សខ្វាក់មនុស្សខ្វិនមនុស្សខូចជើង និងមនុស្សស្លាប់ដៃស្លាប់ជើងជាច្រើន ដេកនៅតាមថែវទាំងនោះ [ រង់ចាំ ទឹក កម្រើក ៤ដ្បិតយូរៗម្តងមានទេវទូតមួយរូប ចុះមកធ្វើឲ្យទឹកស្រះកម្រើក អ្នកណាចុះទៅក្នុងទឹកកម្រើកបានមុនគេ អ្នកនោះនឹងបានជា ទោះបីមានជំងឺអ្វីក៏ដោយ ]។ ៥នៅទីនោះមានបុរសម្នាក់ពិការ តាំងពីសាមសិបប្រាំបីឆ្នាំមកហើយ។ ៦ព្រះយេស៊ូទតឃើញគាត់ដេកដូច្នេះ ព្រះអង្គជ្រាបថា គាត់នៅទីនោះជាយូរមកហើយ ទ្រង់មានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់ជាឬទេ ? »។ ៧អ្នកនោះទូលព្រះអង្គថា៖ «លោកម្ចាស់អើយ ពេលទឹកកម្រើកគ្មាននរណាយកខ្ញុំទៅដាក់ក្នុងស្រះសោះ ហើយពេលណាខ្ញុំទៅដល់ មានម្នាក់ចុះទៅមុនខ្ញុំស្រេចទៅហើយ»។ ៨ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ចូរក្រោកឡើងយកគ្រែស្នែងរបស់អ្នក ហើយដើរទៅចុះ»។ ៩ពេលនោះ ស្រាប់តែបុរសនោះបានជាភ្លាមគាត់ក៏យកគ្រែស្នែងរបស់គាត់ដើរទៅ។ ១០រីឯថ្ងៃនោះជាថ្ងៃសប្ប័ទ ជនជាតិយូដាស្តីឲ្យបុរសដែលបានជានោះថា៖ «ថ្ងៃនេះជាថ្ងៃសប្ប័ទ អ្នកគ្មានសិទ្ធិលីគ្រែស្នែងរបស់អ្នកដូច្នេះឡើយ»។ ១១គាត់ឆ្លើយទៅគេថា៖ «លោក ដែលបានធ្វើឲ្យខ្ញុំជាប្រាប់ខ្ញុំថា “ចូរយកគ្រែស្នែងរបស់អ្នកដើរទៅចុះ ! ” »។ ១២គេសួរគាត់ថា៖ «តើលោកណាប្រាប់អ្នកឲ្យយកគ្រែស្នែងដើរទៅដូច្នេះ ? »។ ១៣ ប៉ុន្តែបុរសដែលបានជាមិនដឹងថា នរណាបានប្រោសគាត់ឲ្យជាឡើយ ដ្បិតព្រះយេស៊ូបានយាងចេញពីបណ្តាជន ដែលនៅកន្លែងនោះផុតទៅហើយ។ ១៤ក្រោយមក ព្រះយេស៊ូជួបគាត់ក្នុងព្រះវិហារក៏មានព្រះបន្ទូលទៅគាត់ថា៖ «ឥឡូវនេះ អ្នកបានជាហើយកុំប្រព្រឹត្តអំពើបាបទៀតឲ្យសោះ ក្រែងលោកើតការអាក្រក់ដល់អ្នក លើសមុនទៅទៀត»។ ១៥បុរសនោះចេញទៅប្រាប់ជនជាតិយូដា ឲ្យដឹងថាគឺព្រះយេស៊ូ ដែលបានប្រោសគាត់ឲ្យជា។ ១៦ហេតុនេះហើយ បានជាជនជាតិយូដានាំគ្នាបៀតបៀនព្រះយេស៊ូ ព្រោះព្រះអង្គធ្វើការនោះនៅថ្ងៃសប្ប័ទ។ ១៧ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ព្រះបិតារបស់ខ្ញុំធ្វើការរហូតមកទល់សព្វថ្ងៃ ខ្ញុំក៏ធ្វើការដូចព្រះអង្គដែរ»។ ១៨កាលឮព្រះបន្ទូលនេះ ជនជាតិយូដារឹតតែចង់ធ្វើគុតព្រះអង្គខ្លាំងឡើងៗ មិនមែនមកពីព្រះអង្គមិនបានគោរពតាមវិន័យ សម្រាប់ថ្ងៃសប្ប័ទប៉ុណ្ណោះទេ គឺមកពីព្រះអង្គមានព្រះបន្ទូលថា ព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះអង្គផ្ទាល់ថែមទៀត ព្រះអង្គលើកខ្លួនឡើងស្មើនឹងព្រះជាម្ចាស់។
អំណាចរបស់ព្រះយេស៊ូ
១៩ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ព្រះបុត្រាពុំអាចធ្វើអ្វីដោយព្រះអង្គផ្ទាល់បានឡើយ គឺព្រះបុត្រាធ្វើតែកិច្ចការណា ដែលទ្រង់បានឃើញព្រះបិតាធ្វើប៉ុណ្ណោះ។ កិច្ចការអ្វី ដែលព្រះបិតាធ្វើ ព្រះបុត្រាក៏ធ្វើកិច្ចការនោះដែរ។ ២០ព្រះបិតាមានព្រះហប្ញទ័យស្រឡាញ់ព្រះបុត្រា និងបង្ហាញឲ្យព្រះបុត្រាឃើញគ្រប់កិច្ចការ ដែលព្រះអង្គធ្វើ ព្រះបិតានឹងបង្ហាញឲ្យព្រះបុត្រា ឃើញកិច្ចការធំជាងនេះទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាងឿងឆ្ងល់។ ២១ដូចព្រះបិតាប្រោសមនុស្សស្លាប់ឲ្យមានជីវិតរស់ឡើងវិញ ព្រះបុត្រាប្រទានជីវិតឲ្យនរណាក៏បាន ស្រេចតែនឹងព្រះហប្ញទ័យរបស់ព្រះអង្គ។ ២២ព្រះបិតាមិនដាក់ទោសនរណាឡើយ គឺព្រះអង្គបានប្រគល់អំណាចដាក់ទោសទាំងអស់ ឲ្យព្រះបុត្រាវិញ ២៣ដើម្បីឲ្យមនុស្សគ្រប់ៗគ្នាគោរពព្រះបុត្រា ដូចគេគោរពព្រះបិតា។ អ្នកណាមិនគោរពព្រះបុត្រាទេ អ្នកនោះក៏មិនគោរពព្រះបិតា ដែលបានចាត់ព្រះបុត្រាឲ្យយាងមកនោះដែរ។ ២៤ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថាអ្នកណាស្តាប់សេចក្តី ដែលខ្ញុំនិយាយ ហើយជឿលើព្រះអង្គ ដែលបានចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច គេមិនត្រូវទទួលទោសឡើយ គឺបានឆ្លងផុតពីសេចក្តីស្លាប់ទៅរកជីវិត។ ២៥ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ដល់ពេលកំណត់គឺឥឡូវនេះហើយ មនុស្សស្លាប់នឹងឮព្រះសូរសៀងព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយអស់អ្នក ដែលឮព្រះសូរសៀងនោះ នឹងមានជីវិតរស់នៅ ២៦ដ្បិតព្រះបិតាជាប្រភពនៃជីវិតយ៉ាងណា ព្រះអង្គក៏ប្រទានឲ្យព្រះបុត្រាធ្វើជាប្រភពនៃជីវិត យ៉ាងនោះដែរ ២៧ហើយព្រះបិតាក៏ប្រទាន ឲ្យព្រះបុត្រាមានអំណាចដាក់ទោសថែមទៀតផង ព្រោះព្រះបុត្រា ជាបុត្រមនុស្ស។ ២៨សុំកុំងឿងឆ្ងល់ឡើយ ដ្បិតដល់ពេលកំណត់ មនុស្សស្លាប់ទាំងប៉ុន្មាននឹងឮព្រះសូរសៀងរបស់ព្រះបុត្រា២៩ហើយចេញពីផ្នូរមក។ អ្នក ដែលបានប្រព្រឹត្តអំពើល្អនឹងរស់ឡើងវិញ ដើម្បីទទួលជីវិត រីឯអ្នក ដែលបានប្រព្រឹត្តអំពើអាក្រក់ នឹងរស់ឡើងវិញ ដើម្បីទទួលទោស»។
សក្ខីភាពអំពីអំណាចរបស់ព្រះយេស៊ូ
៣០«ខ្ញុំមិនអាចធ្វើអ្វីដោយអំណាចខ្ញុំផ្ទាល់បានឡើយ ខ្ញុំវិនិច្ឆ័យគ្រប់ការទាំងអស់តាមសេចក្តី ដែលព្រះបិតាមានព្រះបន្ទូលមកខ្ញុំ ហើយការវិនិច្ឆ័យរបស់ខ្ញុំត្រឹមត្រូវ ព្រោះខ្ញុំមិនប្រាថ្នាធ្វើតាមបំណងចិត្តខ្ញុំឡើយ គឺធ្វើតាមព្រះហប្ញទ័យរបស់ព្រះអង្គ ដែលបានចាត់ឲ្យខ្ញុំមកនោះវិញ។ ៣១ប្រសិនបើខ្ញុំធ្វើជាបន្ទាល់ឲ្យខ្លួនខ្ញុំផ្ទាល់ សក្ខីភាពរបស់ខ្ញុំមិនពិតទេ។ ៣២ប៉ុន្តែមានម្នាក់ទៀតធ្វើជាបន្ទាល់ឲ្យខ្ញុំហើយ ខ្ញុំដឹងថា សក្ខីភាព ដែលអ្នកនោះថ្លែងអំពីខ្ញុំស្របតាមសេចក្តីពិត។ ៣៣អ្នករាល់គ្នាបានចាត់គេឲ្យទៅសួរលោកយ៉ូហាន លោកក៏ផ្តល់សក្ខីភាពអំពីសេចក្តីពិត។ ៣៤ចំពោះខ្ញុំ ខ្ញុំមិនត្រូវការសក្ខីភាពពីមនុស្សណាឡើយ តែខ្ញុំពោលដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាទទួលការសង្គ្រោះ។ ៣៥លោកយ៉ូហាននេះប្រៀបបាននឹងចង្កៀងដែលកំពុងឆេះបំភ្លឺ ហើយអ្នករាល់គ្នាក៏ចង់រីករាយនឹងពន្លឺនោះមួយស្របក់ដែរ។ ៣៦រីឯខ្ញុំវិញខ្ញុំមានសក្ខីភាពមួយ ប្រសើរជាងសក្ខីភាពរបស់លោកយ៉ូហានទៅទៀត។ ព្រះបិតាប្រទានឲ្យខ្ញុំបង្ហើយកិច្ចការទាំងអំបាលម៉ាន គឺកិច្ចការដែលខ្ញុំធ្វើនេះហើយជាសក្ខីភាពបញ្ជាក់ថា ព្រះអង្គបានចាត់ខ្ញុំឲ្យមកមែន។ ៣៧ព្រះបិតា ដែលបានចាត់ខ្ញុំឲ្យមកក៏បានធ្វើជាបន្ទាល់ឲ្យខ្ញុំដែរ តែអ្នករាល់គ្នាមិន ដែលបានឮព្រះសូរសៀងរបស់ព្រះអង្គ ហើយក៏មិនដែលបានឃើញព្រះភ័ក្ត្ររបស់ព្រះអង្គផង។ ៣៨អ្នករាល់គ្នាគ្មានព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងចិត្តទេ ព្រោះអ្នករាល់គ្នាពុំជឿអ្នក ដែលព្រះបិតាបានចាត់ឲ្យមក។ ៣៩អ្នករាល់គ្នាខំពិនិត្យពិច័យមើលគម្ពីរ ព្រោះនឹកស្មានថា នឹងបានជីវិតអស់កល្បជានិច្ចដោយសារគម្ពីរទាំងនេះ គឺគម្ពីរនេះហើយធ្វើជាបន្ទាល់ឲ្យខ្ញុំ ៤០ប៉ុន្តែ អ្នករាល់គ្នាមិនចង់មករកខ្ញុំដើម្បីឲ្យបានជីវិតឡើយ។ ៤១ខ្ញុំមិនចង់ទទួលសិរីរុងរឿងពីមនុស្សទេ។ ៤២ម៉្យាងទៀតខ្ញុំស្គាល់ចិត្តអ្នករាល់គ្នា ហើយអ្នករាល់គ្នា គ្មានចិត្តស្រឡាញ់ព្រះជាម្ចាស់សោះ។ ៤៣ខ្ញុំមកក្នុងព្រះនាមព្រះបិតាខ្ញុំ តែអ្នករាល់គ្នាមិនទទួលខ្ញុំឡើយ។ ប្រសិនបើមានម្នាក់ទៀត មកក្នុងនាមខ្លួនគេផ្ទាល់ អ្នករាល់គ្នាមុខជាទទួលគេមិនខាន ! ៤៤តើឲ្យអ្នករាល់គ្នាអាចជឿដូចម្តេចបាន បើអ្នករាល់គ្នាចូលចិត្តទទួលសិរីរុងរឿង តែពីគ្នាទៅវិញទៅមកដូច្នេះ ហើយពុំស្វែងរកសិរីរុងរឿង ពីព្រះជាម្ចាស់តែមួយគត់សោះនោះ ? ៤៥កុំនឹកស្មានថាខ្ញុំនឹងចោទប្រកាន់អ្នករាល់គ្នា នៅចំពោះព្រះភ័ក្ត្រព្រះបិតាឡើយ គឺលោកម៉ូសេ ជាទីសង្ឃឹមរបស់អ្នករាល់គ្នាវិញទេ ដែលនឹងចោទប្រកាន់។ ៤៦ប្រសិនបើអ្នករាល់គ្នាជឿពាក្យលោកម៉ូសេ អ្នករាល់គ្នាមុខជាជឿខ្ញុំមិនខាន ព្រោះលោកបានសរសេរទុកក្នុងគម្ពីរស្តីអំពីខ្ញុំ ៤៧ប៉ុន្តែបើអ្នករាល់គ្នាមិនជឿសេចក្តី ដែលលោកបានសរសេរទុកទៅហើយនោះ ធ្វើម្តេចនឹងឲ្យអ្នករាល់គ្នាជឿពាក្យរបស់ខ្ញុំបាន ! »។
ជំពូក ៦
ព្រះយេស៊ូប្រទាននំបុ័ងឲ្យមនុស្សប្រាំពាន់នាក់
(ម៉ាថាយ ១៤.១៣-២១ ម៉ាកុស ៦.៣០-៤៤ ; លូកា ៩. ១០-១៧)
១បន្ទាប់មក ព្រះយេស៊ូយាងទៅត្រើយខាងនាយសមុទ្រកាលីឡេ ដែលមានឈ្មោះថាឮសមុទ្រទីបេរីយ៉ាដ។ ២មានបណ្តាជនច្រើនកុះករមកតាមព្រះអង្គ ព្រោះគេបានឃើញទីសម្គាល់ដែលព្រះអង្គបានធ្វើដោយប្រោសអ្នកជំងឺឲ្យជា។ ៣ព្រះយេស៊ូយាងឡើងទៅលើភ្នំ ហើយគង់នៅទីនោះជាមួយក្រុមសាវ័ក។
៤ពេលនោះ បុណ្យចម្លងជាបុណ្យរបស់ជនជាតិយូដា កាន់តែខិតជិតណាស់ហើយ។ ៥ព្រះយេស៊ូទតឃើញបណ្តាជនមកតាមព្រះអង្គ ច្រើនកុះករយ៉ាងនេះ ទ្រង់មានព្រះបន្ទូលទៅលោកភីលីពថា៖ «តើយើងទៅរកទិញអាហារឯណា មកចែកឲ្យអ្នកទាំងនេះបរិភោគបាន ? »។ ៦ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីល្បងមើលចិត្តលោកភីលីពតាមពិតព្រះអង្គជ្រាបអំពីកិច្ចការ ដែលព្រះអង្គបម្រុងនឹងធ្វើស្រេចទៅហើយ។ ៧ លោកភីលីពទូលថា៖ «ទោះបីយើងយកប្រាក់ពីររយដួង ទៅទិញនំបុ័ងក៏មិនគ្រាន់ដែរ សូម្បីតែម្នាក់មួយដុំតូចៗក៏មិនបានផង»។ ៨មានសាវ័កម្នាក់ឈ្មោះអន់ដ្រេ ជាប្អូនរបស់លោកស៊ីម៉ូនសិលា ទូលព្រះអង្គថា៖ ៩ «នៅទីនេះក្មេងប្រុសម្នាក់មាននំបុ័ងប្រាំដុំ និងត្រីតូចៗពីរកន្ទុយ។ ប៉ុន្តែបើមានតែប៉ុណ្ណឹងធ្វើម្តេចនឹងឲ្យគ្រាន់ សម្រាប់មនុស្សដ៏ច្រើនយ៉ាងនេះ ? »។ ១០ព្រះយេស៊ូមានព្រះបន្ទូលថា៖ «សុំឲ្យគេអង្គុយចុះ»។ នៅទីនោះមានស្មៅច្រើនបណ្តាជនក៏នាំគ្នាអង្គុយ មានមនុស្សប្រុសទាំងអស់ប្រមាណប្រាំពាន់នាក់។ ១១ព្រះយេស៊ូយកនំបុ័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានឲ្យអ្នកអង្គុយនៅទីនោះ។ រីឯត្រីវិញ ព្រះអង្គក៏ធ្វើដូច្នោះដែរ ទ្រង់ប្រទានឲ្យគេតាមតែម្នាក់ៗចង់បាន។ ១២លុះគេបានបរិភោគឆ្អែតហើយ ព្រះយេស៊ូមានព្រះបន្ទូលទៅក្រុមសាវ័កថា៖ «ចូរប្រមូលនំបុ័ងដែលនៅសល់ កុំឲ្យមានបាត់មួយដុំសោះឡើយ»។ ១៣ពួកសាវ័កនាំគ្នារើសសំណល់នំបុ័ង ទាំងប្រាំដុំ ដែលបណ្តាជនបរិភោគសល់ ប្រមូលដាក់បានពេញដប់ពីរល្អី។ ១៤កាលមនុស្សម្នាឃើញទីសម្គាល់ ដែលព្រះយេស៊ូបានធ្វើនោះក៏ពោលថា៖ «លោកនេះពិតជាព្យាការី ដែលត្រូវមកក្នុងពិភពលោកមែន»។ ១៥ព្រះយេស៊ូជ្រាបថាគេបម្រុងនឹងចាប់ ព្រះអង្គយកទៅតែងតាំងជាស្តេចដូច្នេះ ព្រះអង្គក៏យាងចាកចេញពីគេ ឡើងទៅលើភ្នំសាជាថ្មីតែមួយព្រះអង្គឯង។
ព្រះយេស៊ូយាងលើទឹកសមុទ្រ
(ម៉ាថាយ ១៤.២២-៣៤ ; ម៉ាកុស ៦.៤៥-៥២)
១៦លុះដល់ល្ងាច ពួកសាវ័កនាំគ្នាចុះទៅមាត់សមុទ្រ។ ១៧គេជិះទូកឆ្លងទៅក្រុងកាផានុម នៅត្រើយម្ខាង។ ពេលនោះងងឹតហើយ តែព្រះយេស៊ូពុំទាន់យាងមករកគេនៅឡើយទេ ១៨ខ្យល់បក់បោកមកយ៉ាងខ្លាំង បណ្តាលឲ្យទឹកសមុទ្រមានរលកធំៗ។ ១៩កាលគេចែវទូក បានចម្ងាយប្រមាណជាប្រាំ ឬប្រាំមួយគីឡូម៉ែត្រ ស្រាប់តែគេឃើញព្រះយេស៊ូយាងលើសមុទ្រ ចូលមកជិតទូកគេភ័យខ្លាចជាខ្លាំង។ ២០ប៉ុន្តែព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំទេតើន កុំខ្លាចអី»។ ២១ក្រុមសាវ័កចង់យាងព្រះអង្គចូលមកក្នុងទូក រំពេចនោះទូកក៏ទៅដល់ត្រើយចំកន្លែង ដែលគេបម្រុងនឹងទៅ។
ព្រះយេស៊ូជាអាហារដែលផ្តល់ជីវិត
២២ថ្ងៃបន្ទាប់មកទៀត បណ្តាជន ដែលនៅត្រើយខាងនាយសមុទ្រ សង្កេតឃើញថា នៅកន្លែងនោះមានទូកតែមួយគត់ ហើយថា ព្រះយេស៊ូពុំបានយាងចុះទូកជាមួយក្រុមសាវ័កទេ គឺមានតែក្រុមសាវ័កប៉ុណ្ណោះ ដែលបានជិះទូកចេញទៅ។ ២៣ប៉ុន្តែ មានទូកឯទៀតៗមកពីភូមិទីបេរីយ៉ាដ ចតនៅជិតកន្លែង ដែលគេបានបរិភោគនំបុ័ង ក្រោយពីព្រះអម្ចាស់បានអរព្រះគុណ។ ២៤កាលបណ្តាជនពុំឃើញព្រះយេស៊ូ និងពួកសាវ័កនៅទីនោះទៀតគេក៏នាំគ្នាចុះទូកទាំងនោះ ឆ្លងទៅក្រុងកាផានុមតាមរកព្រះអង្គ។ ២៥បណ្តាជនបានជួបព្រះអង្គ នៅត្រើយម្ខាង គេទូលសួរព្រះអង្គថា៖ «លោកគ្រូ ! តើលោកមកដល់ពីអង្កាល់ ? »។ ២៦ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នាតាមរកខ្ញុំ មិនមែនមកពីអ្នករាល់គ្នាបានឃើញទីសម្គាល់ទេ គឺមកពីអ្នករាល់គ្នាបានបរិភោគអាហារឆ្អែតតែប៉ុណ្ណោះ។ ២៧កុំធ្វើកិច្ចការ ដើម្បីឲ្យគ្រាន់តែបានអាហារ ដែលតែងរលួយខូចនោះឡើយ គឺឲ្យបានអាហារដែលនៅស្ថិតស្ថេរ និងផ្តល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារ ដែលបុត្រមនុស្សនឹងប្រទានឲ្យអ្នករាល់គ្នា ដ្បិតបុត្រមនុស្សនេះហើយ ដែលព្រះជាម្ចាស់ជាព្រះបិតា បានដៅសញ្ញាសម្គាល់»។ ២៨គេនាំគ្នាទូលសួរព្រះអង្គថា៖ «តើឲ្យយើងខ្ញុំប្រព្រឹត្តដូចម្តេច ដើម្បីនឹងធ្វើកិច្ចការរបស់ព្រះជាម្ចាស់ ? » ។ ២៩ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កិច្ចការរបស់ព្រះជាម្ចាស់ គឺឲ្យអ្នករាល់គ្នាជឿលើអ្នក ដែលព្រះអង្គបានចាត់ឲ្យមក»។ ៣០គេទូលសួរព្រះអង្គទៀតថា៖ «តើលោកធ្វើការអ្វីជាទីសម្គាល់ឲ្យយើងខ្ញុំឃើញ និងជឿលោក? តើលោកធ្វើកិច្ចការអ្វីខ្លះ ? ។ ៣១បុព្វបុរសរបស់យើងបានបរិភោគនំម៉ាណា នៅវាលរហោស្ថាន ដូចមានសេចក្តីចែងទុកក្នុងគម្ពីរថា “ព្រះអង្គបានប្រទានឲ្យគេបរិភោគនំបុ័ង ដែលធ្លាក់ពីស្ថានបរមសុខមក”»។ ៣២ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនមែនលោកម៉ូសេទេ ដែលបានផ្តល់អាហារ ពីស្ថានបរមសុខមកនោះ គឺព្រះបិតារបស់ខ្ញុំទេតើ ដែលប្រទានអាហារដ៏ពិតប្រាកដពីស្ថានបរមសុខ មកឲ្យអ្នករាល់គ្នា ៣៣ដ្បិតអាហារ ដែលព្រះជាម្ចាស់ប្រទានឲ្យនោះ គឺអ្នក ដែលចុះពីស្ថានបរមសុខមក ហើយផ្តល់ជីវិតឲ្យមនុស្សលោក»។ ៣៤គេនាំគ្នាទូលព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមលោកប្រទានអាហារនោះឲ្យយើងខ្ញុំរហូតតទៅ»។ ៣៥ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំនេះហើយជាអាហារ ដែលផ្តល់ជីវិត។ អ្នកណាមករកខ្ញុំ លែងឃ្លានទៀតហើយ អ្នកណាជឿលើខ្ញុំក៏លែងស្រេកទៀតដែរ។ ៣៦ប៉ុន្តែខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នារួចហើយថា “អ្នករាល់គ្នាបានឃើញខ្ញុំ តែអ្នករាល់គ្នាមិនជឿទេ”។ ៣៧អស់អ្នក ដែលព្រះបិតាប្រទានមកខ្ញុំ តែងតែមករកខ្ញុំ ហើយខ្ញុំមិនបោះបង់ចោលអ្នកដែលមករកខ្ញុំជាដាច់ខាត ៣៨ដ្បិត ខ្ញុំចុះពីស្ថានបរមសុខមក ដើម្បីធ្វើតាមព្រះហប្ញទ័យរបស់ព្រះអង្គ ដែលបានចាត់ខ្ញុំឲ្យមក គឺពុំមែនធ្វើតាមបំណងចិត្តរបស់ខ្ញុំទេ។ ៣៩ រីឯព្រះអង្គ ដែលបានចាត់ខ្ញុំឲ្យមកនោះ ទ្រង់មិនសព្វព្រះហប្ញទ័យឲ្យនរណាម្នាក់ ក្នុងបណ្តាអស់អ្នក ដែលព្រះអង្គប្រទានមកខ្ញុំ ត្រូវវិនាសអន្តរាយឡើយ តែព្រះអង្គសព្វព្រះហប្ញទ័យឲ្យខ្ញុំប្រោសគេ ឲ្យមានជីវិតរស់ឡើងវិញនៅថ្ងៃចុងក្រោយបំផុត។ ៤០ព្រះបិតារបស់ខ្ញុំសព្វព្រះហប្ញទ័យឲ្យអស់អ្នក ដែលបានឃើញព្រះបុត្រាហើយជឿលើព្រះអង្គ មានជីវិតអស់កល្បជានិច្ច។ ខ្ញុំនឹងប្រោសអ្នកនោះឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង»។
៤១ជនជាតិយូដារអ៊ូរទាំអំពីព្រះយេស៊ូ ព្រោះព្រះអង្គមានព្រះបន្ទូលថា “ខ្ញុំជាអាហារ ដែលចុះមកពីស្ថានបរមសុខ”។ ៤២ គេពោលថា៖ «អ្នកនេះឈ្មោះយេស៊ូ ជាកូនរបស់លោកយ៉ូសែបទេតើ! យើងស្គាល់ទាំងឪពុកទាំងម្តាយ ម្តេចក៏គាត់ពោលថា គាត់ចុះមកពីស្ថានបរមសុខដូច្នេះ ? »។ ៤៣ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ឈប់នាំគ្នារអ៊ូរទាំទៅ!។ ៤៤ប្រសិនបើព្រះបិតា ដែលចាត់ខ្ញុំឲ្យមកមិនទាក់ទាញចិត្តគេទេ គ្មាននរណាម្នាក់អាចមករកខ្ញុំបានឡើយ។ រីឯខ្ញុំ ខ្ញុំនឹងប្រោសអ្នកនោះឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុត។ ៤៥ក្នុងគម្ពីរព្យាការីមានចែងទុកមកថា”ព្រះជាម្ចាស់ នឹងប្រៀនប្រដៅមនុស្សទាំងអស់”ព។ អស់អ្នក ដែលបានស្តាប់ព្រះបិតា ហើយទទួលយកការប្រៀនប្រដៅរបស់ព្រះអង្គមុខជាមករកខ្ញុំពុំខាន។ ៤៦សេចក្តីនេះពុំមែនមានន័យថា មាននរណាម្នាក់បានឃើញព្រះបិតាឡើយ លើកលែងតែអ្នកមកពីព្រះជាម្ចាស់ប៉ុណ្ណោះ គឺអ្នកនោះហើយ ដែលបានឃើញព្រះអង្គ។ ៤៧ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាជឿអ្នកនោះមានជីវិតអស់កល្បជានិច្ច។ ៤៨ខ្ញុំនេះហើយជាអាហារ ដែលផ្តល់ជីវិត។ ៤៩បុព្វបុរសរបស់អ្នករាល់គ្នា បានបរិភោគនំម៉ាណា នៅវាលរហោស្ថាន ហើយទទួលមរណភាពអស់ទៅ។ ៥០រីឯអាហារ ដែលចុះមកពីស្ថានបរមសុខ មានប្រសិទ្ធភាពបែបនេះ គឺអ្នកណាបរិភោគ អ្នកនោះមិនស្លាប់ឡើយ។ ៥១ខ្ញុំនេះហើយជាអាហារ ដែលមានជីវិតចុះមកពីស្ថានបរមសុខ។ អ្នកណាបរិភោគអាហារនេះ នឹងរស់នៅអស់កល្បជានិច្ច។ អាហារដែលខ្ញុំនឹងឲ្យនោះ គឺខ្លួនខ្ញុំភផ្ទាល់ដែលត្រូវបូជា សម្រាប់ឲ្យមនុស្សលោកមានជីវិត»។
៥២ជនជាតិយូដាទាស់ទែងគ្នាយ៉ាងខ្លាំង ហើយគេនិយាយថា៖ «តើអ្នកនេះអាចឲ្យខ្លួនគាត់មកយើងបរិភោគដូចម្តេចកើត?»។ ៥៣ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ប្រសិនបើអ្នករាល់គ្នាមិនពិសាសាច់ និងលោហិតរបស់បុត្រមនុស្សទេ អ្នករាល់គ្នាគ្មានជីវិតក្នុងខ្លួនឡើយ។៥៤អ្នកណាពិសាសាច់និងលោហិតរបស់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយខ្ញុំក៏នឹងប្រោសគេឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង។ ៥៥សាច់របស់ខ្ញុំជាអាហារដ៏ពិតប្រាកដ លោហិតរបស់ខ្ញុំក៏ជាភេសជ្ជៈដ៏ពិតប្រាកដដែរ។ ៥៦អ្នកណាពិសាសាច់និងលោហិតរបស់ខ្ញុំ អ្នកនោះស្ថិតនៅក្នុងខ្ញុំហើយខ្ញុំក៏ស្ថិតនៅក្នុងអ្នកនោះដែរ។ ៥៧ព្រះបិតា ដែលបានចាត់ខ្ញុំឲ្យមក ទ្រង់មានព្រះជន្មរស់ ហើយខ្ញុំមានជីវិតដោយសារព្រះអង្គយ៉ាងណា អ្នកបរិភោគខ្ញ្ញុំ ក៏នឹងមានជីវិតរស់ដោយសារខ្ញុំយ៉ាងនោះដែរ។ ៥៨អាហារ ដែលបានចុះពីស្ថានបរមសុខមក មានប្រសិទ្ធភាព ខុសពីអាហារ ដែលបុព្វបុរសរបស់អ្នករាល់គ្នាបានបរិភោគដ្បិតលោកទទួលមរណភាពអស់ទៅហើយ។ រីឯអ្នក ដែលបរិភោគអាហារនេះនឹងរស់នៅអស់កល្បជានិច្ច»។
៥៩ព្រះយេស៊ូមានព្រះបន្ទូលទាំងនេះ នៅពេលព្រះអង្គបង្រៀនគេ ក្នុងធម្មសាលា នៅក្រុងកាផានុម។ ៦០ក្រោយពីបានស្តាប់ព្រះបន្ទូលរបស់ព្រះអង្គហើយ ក្នុងចំណោមសាវ័កមានគ្នាច្រើនពោលថា៖ «ពាក្យទាំងនេះទាស់ត្រចៀកណាស់តើនរណាអាចទ្រាំស្តាប់បាន ? »។ ៦១ព្រះយេស៊ូឈ្វេងយល់ថា ក្រុមសាវ័ករអ៊ូរទាំពីពាក្យទាំងនេះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើពាក្យទាំងនេះនាំឲ្យអ្នករាល់គ្នារវាតចិត្ត បាត់ជំនឿឬ ? ៦២ចុះបើអ្នករាល់គ្នាឃើញបុត្រមនុស្ស ឡើងទៅស្ថាន ដែលលោកនៅពីមុនវិញ តើចិត្តអ្នករាល់គ្នានឹងទៅជាយ៉ាងណា ? ។ ៦៣មានតែព្រះវិញ្ញាណទេ ដែលផ្តល់ជីវិត និស្ស័យលោកីយ៍មិនអាចផ្តល់ជីវិតបានឡើយ។ រីឯពាក្យទាំងប៉ុន្មាន ដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នា សុទ្ធតែចេញមកពីព្រះវិញ្ញាណ ដែលផ្តល់ជីវិត។ ៦៤ប៉ុន្តែក្នុងចំណោមអ្នករាល់គ្នា អ្នកខ្លះគ្មានជំនឿទេ»។ តាំងពីដើមដំបូងមក ព្រះយេស៊ូស្គាល់អស់អ្នក ដែលគ្មានជំនឿ ព្រមទាំងស្គាល់អ្នកដែលនឹងក្បត់ព្រះអង្គ រួចស្រេចទៅហើយ។ ៦៥ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ហេតុនេះ បានជាខ្ញុំប្រាប់អ្នករាល់គ្នារួចមកហើយថា ប្រសិនបើព្រះបិតាមិនប្រោសប្រទានទេនោះ គ្មាននរណាអាចមករកខ្ញុំបានឡើយ»។ ៦៦ចាប់ពីពេលនោះ មកក្នុងចំណោមសាវ័កមានគ្នាច្រើនដកខ្លួនថយ ឈប់តាមព្រះអង្គទៀត។ ៦៧ព្រះយេស៊ូក៏មានព្រះបន្ទូលសួរសាវ័កទាំងដប់ពីររូបថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាចង់ចេញទៅដែរឬ ? »។ ៦៨លោកស៊ីម៉ូនសិលាទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើឲ្យយើងខ្ញុំទៅរកនរណាវិញ ? ព្រះបន្ទូលរបស់ព្រះអង្គផ្តល់ជីវិតអស់កល្បជានិច្ច។ ៦៩យើងខ្ញុំជឿហើយដឹងថា ព្រះអង្គពិតជាព្រះដ៏វិសុទ្ធ ដែលព្រះជាម្ចាស់ចាត់ឲ្យមកយ»។ ៧០ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «គឺខ្ញុំផ្ទាល់ ដែលបានជ្រើសរើសអ្នកទាំងដប់ពីរមក ក៏ប៉ុន្តែក្នុងចំណោមអ្នករាល់គ្នាមានម្នាក់ ជាមារ»។ ៧១ព្រះអង្គមានព្រះបន្ទូលសំដៅទៅលើយូដា ជាកូនលោកស៊ីម៉ូនអ៊ីស្ការីយ៉ុត។ យូដានេះហើយ ដែលនឹងក្បត់ព្រះអង្គ ទោះបីគាត់ជាសាវ័កមួយរូប ក្នុងចំណោមសាវ័កទាំងដប់ពីរក៏ដោយ។
ជំពូក ៧
ព្រះញាតិវង្សព្រះយេស៊ូមិនជឿលើព្រះអង្គ
១ក្រោយមក ព្រះយេស៊ូយាងចុះឡើងកាត់ស្រុកកាលីឡេ ដ្បិតព្រះអង្គមិនសព្វព្រះហប្ញទ័យយាងទៅស្រុកយូដាឡើយ ព្រោះជនជាតិយូដារកធ្វើគុតព្រះអង្គ។ ២ពេលនោះ ជិតដល់ថ្ងៃបុណ្យមួយរបស់ជនជាតិយូដា ឈ្មោះបុណ្យបារាំ។ ៣បងប្អូនព្រះយេស៊ូទូលព្រះអង្គថា៖ «សូមបងចាកចេញពីទីនេះទៅស្រុកយូដាទៅ ដើម្បីឲ្យសាវ័ករបស់បងឃើញកិច្ចការ ដែលបងធ្វើ។ ៤អ្នក ដែលចង់ឲ្យគេស្គាល់ខ្លួន មិនធ្វើការអ្វីដោយលាក់កំបាំងឡើយ។ បើបងធ្វើការអស្ចារ្យយ៉ាងនេះ ត្រូវបង្ហាញឲ្យមនុស្សលោកឃើញផង»។ ៥បងប្អូនរបស់ព្រះយេស៊ូពុំជឿលើព្រះអង្គទេ។ ៦ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ពេលកំណត់របស់បង មិនទាន់មកដល់នៅឡើយទេ។ រីឯប្អូនៗវិញ ចង់ធ្វើអ្វីពេលណាក៏បាន។៧មនុស្សលោកមិនអាចស្អប់ប្អូនៗបានឡើយ ប៉ុន្តែគេស្អប់បង ព្រោះបងបានបញ្ជាក់ប្រាប់ថា អំពើ ដែលគេប្រព្រឹត្ត សុទ្ធតែអាក្រក់។ ៨ចូរប្អូនៗឡើងទៅចូលរួមក្នុងពិធីបុណ្យទៅ បងមិនឡើងទៅទេ ព្រោះពេលកំណត់របស់បង មិនទាន់មកដល់នៅឡើយ»។ ៩ព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គក៏គង់នៅក្នុងស្រុកកាលីឡេតទៅទៀត។
ព្រះយេស៊ូនៅក្រុងយេរូសាឡឹមក្នុងឱកាសពិធីបុណ្យ
១០កាលប្អូនៗរបស់ព្រះយេស៊ូ ធ្វើដំណើរទៅចូលរួមពិធីបុណ្យផុតអស់ទៅ ព្រះអង្គក៏យាងឡើងទៅដែរ ប៉ុន្តែទ្រង់យាងទៅស្ងាត់ៗ មិនឲ្យនរណាឃើញឡើយ។ ១១ក្នុងឱកាសបុណ្យនោះជនជាតិយូដាតាមរកព្រះយេស៊ូ គេសួរគ្នាថា៖ «តើលោកនៅឯណា ? »។ ១២បណ្តាជនខ្សឹបខ្សៀវគ្នាជាច្រើនស្តីអំពីព្រះអង្គខ្លះថា «លោកនោះជាមនុស្សល្អ» ខ្លះទៀតថា «ទេ អ្នកនោះជាអ្នកបញ្ឆោតបណ្តាជន»។ ១៣ប៉ុន្តែ គ្មាននរណាហ៊ាននិយាយអំពីព្រះអង្គដោយចំហឡើយ ព្រោះគេខ្លាចសាសន៍យូដា។ ១៤លុះដល់ពាក់កណ្តាលពិធីបុណ្យ ព្រះយេស៊ូយាងឡើងទៅព្រះវិហារ ហើយបង្រៀនបណ្តាជន។ ១៥ជនជាតិយូដាងឿងឆ្ងល់ជាខ្លាំង គេពោលថា៖«អ្នកនេះមិនបានរៀនសូត្រអ្វីសោះ ចុះម្តេចបានជាគាត់ចេះដឹងជ្រៅជ្រះដូច្នេះ ? »។ ១៦ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «សេចក្តី ដែលខ្ញុំបង្រៀន មិនមែនចេញពីខ្ញុំទេ គឺចេញពីព្រះជាម្ចាស់ ដែលបានចាត់ខ្ញុំឲ្យមក។១៧អ្នក ដែលចង់ធ្វើតាមព្រះហប្ញទ័យរបស់ព្រះជាម្ចាស់មុខជាដឹងថា សេចក្តី ដែលខ្ញុំបង្រៀននេះមកពីព្រះអង្គ ឬមកពីខ្ញុំផ្ទាល់មិនខាន។ ១៨អ្នកណានិយាយដោយសំអាងលើខ្លួនផ្ទាល់ អ្នកនោះរកកិត្តិយសសម្រាប់តែខ្លួនឯងប៉ុណ្ណោះ។ រីឯអ្នក ដែលរកតែសិរីរុងរឿងររបស់ព្រះអង្គ ដែលចាត់ខ្លួនឲ្យមកនិយាយតែសេចក្តីពិត ឥតកុហកឡើយ។១៩លោកម៉ូសេប្រគល់វិន័យទុកឲ្យអ្នករាល់គ្នា រួចស្រេចហើយ ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់ប្រតិបត្តិតាមវិន័យនោះទេ។ ហេតុអ្វីបានជាអ្នករាល់គ្នារកសម្លាប់ខ្ញុំដូច្នេះ ? »។ ២០បណ្តាជនតបទៅព្រះអង្គថា៖ «លោកពិតជាមានខ្មោចចូលហើយ បានជានិយាយដូច្នេះ តើនរណារកសម្លាប់លោក ? »។ ២១ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានធ្វើកិច្ចការតែមួយ ហើយអ្នកទាំងអស់គ្នា បែរជាងឿងឆ្ងល់ទៅវិញ។ ២២លោកម៉ូសេបានបង្គាប់អ្នករាល់គ្នា ឲ្យធ្វើពិធីកាត់ស្បែក (តាមពិតគឺបុព្វបុរសរបស់អ្នករាល់គ្នាឯណោះ ជាអ្នកបង្គាប់ឲ្យធ្វើពិធីនេះ មិនមែនលោកម៉ូសេទេ) ហើយអ្នករាល់គ្នាធ្វើពិធីកាត់ស្បែក នៅថ្ងៃសប្ប័ទ។ ២៣បើអ្នករាល់គ្នាធ្វើពិធីកាត់ស្បែកនៅថ្ងៃសប្ប័ទ តែឥតបំពានលើវិន័យរបស់លោកម៉ូសេទេនោះ ចុះហេតុដូចម្តេចបានជាអ្នករាល់គ្នាខឹងខ្ញុំ ដែលបានប្រោសមនុស្សមួយទាំងមូល ឲ្យបានជានៅថ្ងៃសប្ប័ទដូច្នេះ ? ២៤កុំនាំគ្នាវិនិច្ឆ័យដោយគ្រាន់តែឃើញផ្នែកខាងក្រៅនោះឡើយ ចូរវិនិច្ឆ័យឲ្យបានត្រឹមត្រូវវិញ»។
ព្រះយេស៊ូជាព្រះគ្រីស្តមែនឬ ?
២៥មានអ្នកក្រុងយេរូសាឡឹមខ្លះពោលថា៖ «លោកនេះហើយ ដែលគេរកសម្លាប់ ២៦ឥឡូវនេះលោកនិយាយដោយចេញមុខ ចុះម្តេចបានជាគ្មាននរណាថាអ្វីលោកដូច្នេះ ?។ ប្រហែលអ្នកដឹកនាំរបស់យើងទទួលស្គាល់ថា លោកពិតជាព្រះគ្រីស្តទេដឹង ២៧ប៉ុន្តែ ពេលព្រះគ្រីស្តយាងមកគ្មាននរណាដឹងថា ទ្រង់យាងមកពីណាទេ។ រីឯលោកនេះវិញ យើងដឹងហើយថា គាត់មកពីណា»។ ២៨ពេលនោះ ព្រះយេស៊ូបង្រៀនបណ្តាជនក្នុងព្រះវិហារ ព្រះអង្គបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «អ្នករាល់គ្នាថាស្គាល់ខ្ញុំ ហើយដឹងថា ខ្ញុំមកពីណាទៀត ! ។ក៏ប៉ុន្តែ ខ្ញុំមិនមែនមកក្នុងនាមខ្ញុំឡើយព្រះអង្គដែលចាត់ខ្ញុំឲ្យមក ទ្រង់សម្តែងសេចក្តីពិតតែអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ។ ២៩រីឯខ្ញុំវិញខ្ញុំស្គាល់ព្រះអង្គ ព្រោះខ្ញុំចេញមកពីព្រះអង្គហើយទ្រង់បានចាត់ខ្ញុំឲ្យមក»។
៣០ពេលនោះ ពួកគេរកចាប់ព្រះយេស៊ូ ប៉ុន្តែគ្មាននរណាហ៊ានលូកដៃចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គ ពុំទាន់បានមកដល់នៅឡើយ។ ៣១ក្នុងចំណោមបណ្តាជន មានមនុស្សជាច្រើនបានជឿលើព្រះយេស៊ូ គេពោលថា៖ «ពេលព្រះគ្រីស្តយាងមក តើព្រះអង្គនឹងសម្តែងទីសម្គាល់ច្រើនជាងលោកនេះឬ ? »។
គេចាត់កងរក្សាព្រះវិហារឲ្យមកចាប់ព្រះយេស៊ូ
៣២ពួកខាងគណៈផារីស៊ី បានដឹងសេចក្តីទាំងអស់ ដែលបណ្តាជនខ្សឹបខ្សៀវគ្នាអំពីព្រះយេស៊ូ។ពេលនោះពួកនាយកបូជាចារ្យ និងពួកខាងគណៈផារីស៊ីក៏ចាត់កងរក្សាព្រះវិហារឲ្យមកចាប់ព្រះអង្គ។ ៣៣ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំនៅជាមួយអ្នករាល់គ្នា តែមួយរយៈពេលដ៏ខ្លីទៀតប៉ុណ្ណោះ បន្ទាប់មក ខ្ញុំនឹងទៅឯព្រះអង្គ ដែលបានចាត់ខ្ញុំឲ្យមកនោះវិញហើយ។ ៣៤អ្នករាល់គ្នានឹងតាមរកខ្ញុំ តែរកមិនឃើញទេ ដ្បិតអ្នករាល់គ្នាពុំអាចទៅកន្លែងដែលខ្ញុំនៅនោះ បានឡើយ»។ ៣៥ជនជាតិយូដាសួរគ្នាថា៖ «តើគាត់បម្រុងទៅណា បានជាយើងពុំអាចនឹងរកគាត់ឃើញដូច្នេះ ? តើគាត់គិតទៅនៅជាមួយជនជាតិយូដា ដែលខ្ចាត់ខ្ចាយក្នុងចំណោមជនជាតិក្រិក ហើយបង្រៀនពួកក្រិកឬ ? ៣៦គាត់មានប្រសាសន៍ថា ” អ្នករាល់គ្នានឹងតាមរកខ្ញុំ តែរក មិនឃើញទេ ដ្បិតអ្នករាល់គ្នាពុំអាចទៅកន្លែង ដែលខ្ញុំនៅនោះ បានឡើយ” តើមានន័យដូចម្តេច ? »។ ទន្លេដែលមានទឹកផ្តល់ជីវិត ៣៧នៅថ្ងៃបញ្ចប់ពិធីបុណ្យ ជាថ្ងៃឱឡារិកបំផុត ព្រះយេស៊ូឈរនៅមុខបណ្តាជន បន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖ «អ្នកណាស្រេកទឹក សុំអញ្ជើញមករកខ្ញុំ ហើយពិសាចុះ។ ៣៨អ្នកណាជឿលើខ្ញុំនឹងមានទន្លេបង្ហូរទឹកផ្តល់ជីវិត ចេញពីអ្នកនោះមកដូចមានចែងទុកក្នុងគម្ពីរមកស្រាប់»។ ៣៩ព្រះអង្គមានព្រះបន្ទូលដូច្នេះ សំដៅទៅលើព្រះវិញ្ញាណដែលអស់អ្នកជឿលើព្រះអង្គនឹងត្រូវទទួល ដ្បិតពេលនោះ ព្រះជាម្ចាស់ពុំទាន់បានប្រទានព្រះវិញ្ញាណមកទេ ពីព្រោះព្រះយេស៊ូពុំទាន់សម្តែងសិរីរុងរឿងនៅឡើយ។ បណ្តាជនខ្វែងគំនិតគ្នាអំពីព្រះយេស៊ូ ៤០ក្រោយពីបានឮព្រះបន្ទូលរបស់ព្រះអង្គ ហើយក្នុងចំណោមបណ្តាជនមានអ្នកខ្លះពោលថា៖ «លោកនេះពិតជាព្យាការី ដែលយើងរង់ចាំនោះ មែន ! »វ។ ៤១អ្នកខ្លះទៀតពោលថា៖ «លោកនេះជាព្រះគ្រីស្ត»។ ប៉ុន្តែ មានអ្នកផ្សេងទៀតពោលជំទាស់ថា៖ «ព្រះគ្រីស្តមិនមែនមកពីស្រុកកាលីឡេទេ ៤២ដ្បិតមានចែងទុកក្នុងគម្ពីរថា “ព្រះគ្រីស្តជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ ហើយព្រះអង្គនឹងយាងមកពីភូមិបេថ្លេហិម ជាភូមិកំណើតរបស់ព្រះបាទដាវីឌ”»។ ៤៣ បណ្តាជនក៏បាក់បែកគ្នា ព្រោះតែព្រះអង្គ។ ៤៤ក្នុងចំណោមបណ្តាជនមានអ្នកខ្លះចង់ចាប់ព្រះអង្គ ប៉ុន្តែគ្មាននរណាហ៊ានចាប់ព្រះអង្គឡើយ។ ពួកអ្នកធំមិនជឿលើព្រះអង្គ ៤៥កងរក្សាព្រះវិហារ វិលទៅជួបពួកនាយកបូជាចារ្យ និងពួកខាងគណៈផារីស៊ីវិញ លោកទាំងនោះសួរពួកគេថា៖ «ហេតុដូចម្តេចបានជាអ្នករាល់គ្នាមិនចាប់គាត់នាំយកមក ? »។ ៤៦កងរក្សាព្រះវិហារឆ្លើយថា៖ «ពុំ ដែលមាននរណានិយាយដូចលោកនោះឡើយ»។ ៤៧ពួកខាងគណៈផារីស៊ីពោលទៅគេវិញថា៖ «អ្នករាល់គ្នាចាញ់បោកអ្នកនោះដែរឬ ! ៤៨ក្នុងចំណោមអ្នកដឹកនាំ និងក្នុងចំណោមពួកខាងគណៈផារីស៊ី គ្មាននរណាជឿលើអ្នកនោះសោះ ៤៩មានតែបណ្តា ជែលមិនស្គាល់ធម្មវិន័យទេ ដែលជឿ។ ពួកនោះសុទ្ធតែត្រូវបណ្តាសា ! »។ ៥០ក្នុងចំណោមពួកខាងគណៈផារីស៊ី មានបុរសម្នាក់ឈ្មោះនីកូដេម ជាអ្នក ដែលបានទៅគាល់ព្រះយេស៊ូកាលពីមុន មានប្រសាសន៍ថា៖ ៥១«តាមវិន័យរបស់យើង យើងមិនអាចដាក់ទោសនរណាម្នាក់បានឡើយ ដរាបណាមិនទាន់បានឮពាក្យរបស់គេ ហើយមិនបានដឹងអំពីកិច្ចការ ដែលគេបានប្រព្រឹត្តសិនទេនោះ»។ ៥២ពួកគេតបទៅលោកវិញថា៖ «តើលោកជាពួកកាលីឡេដែរឬ ? សុំលោកពិនិត្យពិច័យគម្ពីរមើល៍ គ្មានព្យាការី*ណាម្នាក់កើតមកពីស្រុកកាលីឡេឡើយ»។
[៥៣ បន្ទាប់មក ម្នាក់ៗក៏វិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។
ជំពូក ៨
ស្ត្រីម្នាក់ប្រព្រឹត្តសហាយស្មន់
១ព្រះយេស៊ូយាងទៅភ្នំដើមអូលីវ ២លុះព្រលឹមឡើងព្រះអង្គវិលត្រឡប់ទៅព្រះវិហារជាថ្មីម្តងទៀត ប្រជាជនទាំងមូលនាំគ្នាមកគាល់ព្រះអង្គ ព្រះអង្គក៏គង់បង្រៀនពួកគេ។ ៣ពេលនោះ ពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ីនាំស្ត្រីម្នាក់ ដែលគេទាន់ កំពុងតែរួមសហាយស្មន់។ គេយកនាងនោះមកដាក់កណ្តាលចំណោមប្រជុំជន ៤ហើយទូលព្រះយេស៊ូថា៖«លោកគ្រូយើងចាប់ស្ត្រីនេះបាន ក្នុងពេលកំពុងរួមសហាយស្មន់។ ៥ក្នុងគម្ពីរលោកម៉ូសេបានបង្គាប់ឲ្យយើងយកដុំថ្ម គប់ស្ត្រីប្រភេទនេះសម្លាប់ចោល។ ចុះលោកគ្រូវិញតើលោកគ្រូគិតយ៉ាងណា ? »។ ៦ពួកគេទូលដូច្នេះដោយមានបំណងរកលេសចោទប្រកាន់ព្រះអង្គ។ ប៉ុន្តែ ព្រះយេស៊ូឱនព្រះកាយចុះ ហើយយកព្រះអង្គុលីគូសវាសលើដី។ ៧ដោយពួកគេចេះតែសួរព្រះអង្គខ្លាំងពេក ព្រះអង្គងើបព្រះភ័ក្ត្រឡើង មានព្រះបន្ទូលទៅគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា សុំឲ្យអ្នក ដែលគ្មានបាបសោះ យកដុំថ្មគប់នាងមុនគេទៅ ! »។ ៨បន្ទាប់មកព្រះអង្គឈ្ងោកព្រះភ័ក្ត្រចុះ ហើយគូសវាសលើដីសាជាថ្មី។ ៩ពួកគេបានឮព្រះបន្ទូលរបស់ព្រះអង្គដូច្នេះ ក៏នាំគ្នាដកខ្លួនថយម្នាក់ម្តងៗ ចាប់ផ្តើមពីអ្នកមានវ័យចាស់ជាងគេទៅ នៅសល់តែព្រះយេស៊ូ និងស្ត្រីនោះប៉ុណ្ណោះ។ ១០ពេលនោះព្រះយេស៊ូងើបព្រះភ័ក្ត្រឡើងមានព្រះបន្ទូលទៅនាងថា៖ «នាងអើយ ពួកគេទៅណាអស់ហើយ គ្មាននរណាដាក់ទោសនាងទេឬ ? »។ ១១នាងទូលព្រះអង្គថា៖ «គ្មានទេ លោកម្ចាស់ ! »។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំក៏មិនដាក់ទោសនាងដែរ សុំអញ្ជើញទៅចុះ តែពីពេលនេះតទៅ កុំប្រព្រឹត្តអំពើបាបទៀតឡើយ»។]
ព្រះយេស៊ូជាពន្លឺពិភពលោក
១២ព្រះយេស៊ូមានព្រះបន្ទូល ទៅកាន់បណ្តាជនសាជាថ្មីថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក អ្នកណាមកតាមខ្ញុំ អ្នកនោះនឹងមិនដើរក្នុងសេចក្តីងងឹតឡើយ គឺគេមានពន្លឺនាំគេទៅកាន់ជីវិត»។ ១៣ពួកខាងគណៈផារីស៊ីទូលព្រះអង្គថា៖ «លោកធ្វើជាបន្ទាល់ឲ្យខ្លួនលោកផ្ទាល់ សក្ខីភាពរបស់លោកមិនពិតទេ»។ ១៤ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ទោះបីខ្ញុំធ្វើជាបន្ទាល់ឲ្យខ្លួនខ្ញុំផ្ទាល់ក៏ដោយ ក៏សក្ខីភាពរបស់ខ្ញុំនៅតែពិតដែរ ដ្បិតខ្ញុំដឹងថា ខ្ញុំមកពីណា ហើយទៅណាផង។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាពុំដឹងថា ខ្ញុំមកពីណា ហើយទៅណាឡើយ។ ១៥អ្នករាល់គ្នាវិនិច្ឆ័យតាមរបៀបលោកីយ៍។ រីឯខ្ញុំវិញ ខ្ញុំមិនវិនិច្ឆ័យទោសនរណាទេ ១៦ប្រសិនបើខ្ញុំវិនិច្ឆ័យទោស ការវិនិច្ឆ័យរបស់ខ្ញុំក៏ស្របតាមសេចក្តីពិតដែរ ព្រោះខ្ញុំមិនវិនិច្ឆ័យតែម្នាក់ខ្ញុំឡើយគឺមានព្រះបិតា ដែលបានចាត់ខ្ញុំឲ្យមកវិនិច្ឆ័យជាមួយខ្ញុំ។ ១៧ក្នុងវិន័យរបស់អ្នករាល់គ្នាមានចែងទុកមកថា បើមានពីរនាក់ធ្វើជាបន្ទាល់ទើបសក្ខីភាពយកជាការបាន។ ១៨ខ្ញុំនេះហើយជាបន្ទាល់សម្រាប់ខ្លួនខ្ញុំផ្ទាល់ ហើយព្រះបិតា ដែលបានចាត់ខ្ញុំ ឲ្យមកក៏ធ្វើជាបន្ទាល់ឲ្យខ្ញុំដែរ»។ ១៩ពួកគេទូលសួរព្រះអង្គថា៖ «តើព្រះបិតារបស់លោកនៅឯណា ? »។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាមិនស្គាល់ខ្ញុំ ហើយក៏មិនស្គាល់ព្រះបិតារបស់ខ្ញុំដែរ។ បើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាមុខជាស្គាល់ព្រះបិតារបស់ខ្ញុំមិនខាន»។ ២០ព្រះយេស៊ូមានព្រះបន្ទូលទាំងនេះ កាលព្រះអង្គបង្រៀនបណ្តាជនក្នុងព្រះវិហារ ត្រង់កន្លែងដាក់ហិបប្រាក់តង្វាយ ប៉ុន្តែគ្មាននរណាចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គ មិនទាន់មកដល់នៅឡើយ។
ឋានៈរបស់បុត្រមនុស្ស
២១ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «ខ្ញុំនឹងចាកចេញទៅហើយ អ្នករាល់គ្នានឹងតាមរកខ្ញុំ តែអ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួន។ ទីណាខ្ញុំទៅ ទីនោះអ្នករាល់គ្នាពុំអាចនឹងទៅបានឡើយ»។ ២២ជនជាតិយូដានិយាយគ្នាថា៖ «តើលោកនឹងសម្លាប់ខ្លួន ឬបានជាលោកពោលថា “ទីណាខ្ញុំទៅទីនោះអ្នករាល់គ្នាពុំអាចនឹងទៅបាន” ដូច្នេះ ? »។ ២៣ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាមានកំណើតនៅស្ថាននេះ រីឯខ្ញុំវិញខ្ញុំមានកំណើតមកពីស្ថានលើ។ អ្នករាល់គ្នាមានកំណើតពីលោកីយ៍នេះ រីឯខ្ញុំវិញ ខ្ញុំពុំមែនមានកំណើតពីលោកីយ៍នេះឡើយ។ ២៤ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងត្រូវស្លាប់ទាំងមានបាបជាប់ក្នុងខ្លួន។ បើអ្នករាល់គ្នាមិនព្រមទទួលស្គាល់ឋានៈរបស់ខ្ញុំទេ អ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួនជាមិនខាន»។ ២៥គេទូលសួរព្រះអង្គថា៖ «តើលោកមានឋានៈអ្វី ? » ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាតាំងពីដើមដំបូងមកម៉្លេះ។ ២៦ខ្ញុំមានសេចក្តីជាច្រើន ដែលត្រូវនិយាយអំពីអ្នករាល់គ្នា ព្រមទាំងវិនិច្ឆ័យទោសអ្នករាល់គ្នាផង។ ប៉ុន្តែព្រះអង្គ ដែលបានចាត់ខ្ញុំឲ្យមក ទ្រង់សម្តែងសេចក្តីពិត ហើយអ្វីៗ ដែលខ្ញុំបានឮពីព្រះអង្គ ខ្ញុំក៏យកមកថ្លែងប្រាប់មនុស្សលោកដែរ»។ ២៧អ្នកទាំងនោះមិនយល់ថា ព្រះអង្គកំពុងតែមានព្រះបន្ទូលអំពីព្រះបិតា ប្រាប់គេឡើយ។ ២៨ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «កាលណាអ្នករាល់គ្នាលើកបុត្រមនុស្សឡើង អ្នករាល់គ្នាមុខជានឹងស្គាល់ឋានៈរបស់ខ្ញុំពុំខាន ហើយអ្នករាល់គ្នានឹងដឹងថា ខ្ញុំមិនធ្វើការអ្វីមួយដោយសំអាងលើខ្លួនខ្ញុំផ្ទាល់ឡើយ គឺខ្ញុំថ្លែងតែសេចក្តីណា ដែលព្រះបិតាមានព្រះបន្ទូលប្រាប់មកខ្ញុំប៉ុណ្ណោះ។ ២៩ព្រះអង្គ ដែលចាត់ខ្ញុំឲ្យមកទ្រង់គង់នៅជាមួយខ្ញុំ ព្រះអង្គមិនចោលខ្ញុំឲ្យនៅតែម្នាក់ឯងឡើយ ដ្បិតខ្ញុំតែងប្រព្រឹត្តកិច្ចការណា ដែលគាប់ព្រះហប្ញទ័យព្រះអង្គជានិច្ច»។ ៣០ពេលព្រះយេស៊ូមានព្រះបន្ទូលដូច្នេះមានមនុស្សជាច្រើនជឿលើព្រះអង្គ។
អ្នកជា និង អ្នកងារ
៣១ ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ជនជាតិយូដា ដែលបានជឿលើព្រះអង្គថា៖ «ប្រសិនបើអ្នករាល់គ្នាស្ថិតនៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាសាវ័ករបស់ខ្ញុំមែន។ ៣២អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព»។ ៣៣គេនាំគ្នាទូលព្រះអង្គថា៖ «យើងខ្ញុំជាកូនចៅលោកអប្រាហាំ ! យើងខ្ញុំមិន ដែលធ្វើខ្ញុំបម្រើអ្នកណាឡើយ ម្តេចក៏លោកគ្រូថា “អ្នករាល់គ្នានឹងមានសេរីភាព” ដូច្នេះ ? »។ ៣៤ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះជាខ្ញុំបម្រើរបស់អំពើបាប។ ៣៥ធម្មតា ខ្ញុំបម្រើមិន ដែលស្ថិតនៅក្នុងផ្ទះរបស់ម្ចាស់ជាប់រហូតទេ មានតែកូនរបស់ម្ចាស់ប៉ុណ្ណោះ ដែលស្ថិតនៅក្នុងផ្ទះជាប់រហូតតទៅ។ ៣៦ប្រសិនបើព្រះបុត្រារំដោះអ្នករាល់គ្នា អ្នករាល់គ្នាពិតជាមានសេរីភាព។ ៣៧ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាកូនចៅរបស់លោកអប្រាហាំ ក៏ប៉ុន្តែ អ្នករាល់គ្នារកសម្លាប់ខ្ញុំ ព្រោះពាក្យរបស់ខ្ញុំមិនស្ថិតនៅក្នុងចិត្តអ្នករាល់គ្នាឡើយ។ ៣៨ខ្ញុំនិយាយតែអំពីអ្វីៗ ដែលខ្ញុំបានឃើញនៅក្បែរព្រះបិតា រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាធ្វើតាមសេចក្តីណាដែលអ្នករាល់គ្នាបានឮពីឪពុករបស់អ្នករាល់គ្នា»។ ៣៩គេទូលព្រះអង្គថា៖ «ឪពុករបស់យើង គឺលោកអប្រាហាំ»។ ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖ «បើអ្នករាល់គ្នា ពិតជាកូនចៅលោកអប្រាហាំមែន អ្នករាល់គ្នាមុខជាធ្វើកិច្ចការ ដូចលោកអប្រាហាំធ្លាប់ធ្វើនោះមិនខាន ៤០តែឥឡូវនេះ អ្នករាល់គ្នារកសម្លាប់ខ្ញុំ មកពីខ្ញុំនិយាយសេចក្តីពិត ដែលខ្ញុំបានឮពីព្រះជាម្ចាស់ លោកអប្រាហាំមិនបានប្រព្រឹត្តដូច្នេះទេ។ ៤១អ្នករាល់គ្នាធ្វើកិច្ចការដែលឪពុកអ្នករាល់គ្នាប្រព្រឹត្ត»។ គេទូលព្រះអង្គថា៖ «យើងខ្ញុំជាកូនពេញច្បាប់យើងមានឪពុកតែមួយគត់គឺព្រះជាម្ចាស់»។ ៤២ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើព្រះជាម្ចាស់ពិតជាឪពុកអ្នករាល់គ្នាមែន ម៉្លេះសមអ្នករាល់គ្នាស្រឡាញ់ខ្ញុំពុំខាន ដ្បិតខ្ញុំចេញពីព្រះជាម្ចាស់មកទីនេះ។ ខ្ញុំមិនមែនមកដោយចិត្តឯងឡើយ គឺព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមក។ ៤៣ ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពាក្យដែលខ្ញុំថ្លែងប្រាប់ដូច្នេះ? គឺមកពីអ្នករាល់គ្នាមិនអាចស្តាប់ពាក្យរបស់ខ្ញុំបាន។ ៤៤អ្នករាល់គ្នាជាកូនចៅរបស់មារសាតាំង ហើយអ្នករាល់គ្នាចង់ធ្វើ តាមចំណង់ចិត្តឪពុកអ្នករាល់គ្នា។ តាំងពីដើមរៀងមក វាបានសម្លាប់មនុស្ស ហើយមិនកាន់តាមសេចក្តីពិតទេ ព្រោះគ្មានសេចក្តីពិតនៅក្នុងខ្លួនវាសោះ។ ពេលវានិយាយកុហកនោះវានិយាយចេញពីគំនិតវាផ្ទាល់ ព្រោះវាជាមេកុហក ហើយជាឪពុកនៃអ្នកកុហក។ ៤៥រីឯខ្ញុំវិញ ខ្ញុំនិយាយសេចក្តីពិតតែអ្នករាល់គ្នាមិនជឿខ្ញុំទេ។ ៤៦ក្នុងចំណោមអ្នករាល់គ្នា តើនរណាអាចចោទប្រកាន់ថា ខ្ញុំប្រព្រឹត្តអំពើបាបបាន ? បើខ្ញុំនិយាយសេចក្តីពិត ហេតុដូចម្តេចបានជាអ្នករាល់គ្នាមិនជឿខ្ញុំ ? ៤៧អ្នកណាកើតមកពីព្រះជាម្ចាស់ អ្នកនោះតែងស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមិនមែនកើតមកពីព្រះជាម្ចាស់ទេ បានជាអ្នករាល់គ្នាមិនស្តាប់ខ្ញុំដូច្នេះ»។
ព្រះយេស៊ូ និង លោកអប្រាហាំ
៤៨ជនជាតិយូដាទូលព្រះអង្គថា៖ «យើងនិយាយថា លោកជាសាសន៍សាម៉ារី ហើយថាមានអារក្សចូលលោកនោះត្រូវមែន ! »។ ៤៩ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «គ្មានអារក្សណាចូលខ្ញុំឡើយ តែខ្ញុំគោរពព្រះបិតារបស់ខ្ញុំហើយអ្នករាល់គ្នាបែរជាបន្តុះបង្អាប់ខ្ញុំទៅវិញ។ ៥០ខ្ញុំមិនរកសិរីរុងរឿងសម្រាប់ខ្លួនខ្ញុំឡើយ គឺមានម្នាក់រកឲ្យខ្ញុំ ហើយវិនិច្ឆ័យទៀតផង។ ៥១ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះនឹងមិនស្លាប់សោះឡើយ»។
៥២ជនជាតិយូដាទូលព្រះអង្គថា៖ «ឥឡូវនេះយើងដឹងច្បាស់ហើយថា លោកពិតជាមានសចូលមែន។ លោកអប្រាហាំនិងពួកព្យាការីបានទទួលមរណភាពទៅហើយ រីឯលោកវិញលោកហ៊ានពោលថា អ្នកណាកាន់តាមពាក្យលោកអ្នកនោះមិនស្លាប់សោះឡើយ។ ៥៣តើលោកមានឋានៈធំជាងលោកអប្រាហាំ ជាបុព្វបុរសរបស់យើង ដែលទទួលមរណភាពទៅហើយនោះឬ? រីឯពួកព្យាការីក៏ទទួលមរណភាពទៅដែរ។ ចុះលោក លោកតាំងខ្លួនជាអ្វី?»។ ៥៤ព្រះយេស៊ូមានព្រះបន្ទូលថា៖ «បើខ្ញុំលើកតម្កើងខ្លួនខ្ញុំសិរីរុងរឿងរបស់ខ្ញុំគ្មានតម្លៃអ្វីទាល់តែសោះ គឺព្រះបិតារបស់ខ្ញុំទេតើដែលលើកតម្កើងខ្ញុំ ព្រះអង្គនោះហើយដែលអ្នករាល់គ្នាថាជា “ព្រះរបស់យើង”។ ៥៥អ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ រីឯខ្ញុំ ខ្ញុំស្គាល់ព្រះអង្គប្រសិនបើខ្ញុំថា ខ្ញុំមិនស្គាល់ព្រះអង្គទេ ខ្ញុំមុខជានិយាយកុហកដូចអ្នករាល់គ្នាដែរ។ ប៉ុន្តែ ខ្ញុំស្គាល់ព្រះអង្គ ហើយកាន់តាមព្រះបន្ទូលរបស់ព្រះអង្គថែមទៀតផង។ ៥៦លោកអប្រាហាំជាឪពុករបស់អ្នករាល់គ្នាមានចិត្តត្រេកអរពន់ប្រមាណ ដោយសង្ឃឹមថានឹងឃើញខ្ញុំមកដល់។ លោកក៏បានឃើញមែន ហើយត្រេកអរសប្បាយ»។ ៥៧ជនជាតិយូដាពោលថា៖ «លោកមានអាយុមិនទាន់ទាំងបានហាសិបឆ្នាំផង ម្តេចក៏ថាបានឃើញលោកអប្រាហាំដូច្នេះ ? » ។ ៥៨ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មុនលោកអប្រាហាំកើតមក ខ្ញុំមានជីវិតរួចស្រេចទៅហើយ»។ ៥៩ពួកគេក៏រើសដុំថ្មបម្រុងនឹងគប់សម្លាប់ព្រះអង្គ ប៉ុន្តែ ព្រះយេស៊ូភៀសព្រះអង្គចេញពីព្រះវិហារ*បាត់ទៅ។
ជំពូក ៩
ព្រះយេស៊ូប្រោសមនុស្សខ្វាក់ពីកំណើតម្នាក់ឲ្យបានជា
១ព្រះយេស៊ូយាងតាមផ្លូវ ទ្រង់ទតឃើញមនុស្សម្នាក់ខ្វាក់តាំងពីកំណើត។ ២ក្រុមសាវ័កទូលសួរព្រះអង្គថា៖ «ព្រះគ្រូបុរសនេះកើតមកខ្វាក់ដូច្នេះ តើបណ្តាលមកពីបាបរបស់នរណា?បាបរបស់គាត់ផ្ទាល់ ឬបាបរបស់ឪពុកម្តាយគាត់?»។ ៣ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «គាត់ខ្វាក់មិនមែនមកពីបាបរបស់ឪពុកម្តាយគាត់ ឬបាបរបស់គាត់ទេ គាត់ខ្វាក់ដូច្នេះ ដើម្បីឲ្យព្រះជាម្ចាស់បង្ហាញកិច្ចការរបស់ព្រះអង្គ នៅក្នុងគាត់។ ៤យើងត្រូវធ្វើកិច្ចការរបស់ព្រះអង្គ ដែលបានចាត់ខ្ញុំឲ្យមកទាន់នៅភ្លឺនៅឡើយ ដ្បិតដល់ពេលយប់ គ្មាននរណាអាចធ្វើការបានឡើយ។ ៥ពេលខ្ញុំស្ថិតនៅក្នុងពិភពលោកនេះ ខ្ញុំជាពន្លឺបំភ្លឺពិភពលោក»។ ៦កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គស្តោះទឹកព្រះឱស្ឋទៅលើដីធ្វើភក់លាបភ្នែកមនុស្សខ្វាក់នោះ ៧រួចទ្រង់មានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោមចុះ» (ពាក្យ “ស៊ីឡោម” នេះមានន័យថាអ្នកដែលគេចាត់ឲ្យទៅ)។ គាត់ក៏ចេញទៅលុបមុខពេលត្រឡប់មកវិញ គាត់មើលឃើញ។៨អ្នកជិតខាងនិងអស់អ្នក ដែលធ្លាប់ឃើញ គាត់សុំទាន កាលពីមុននាំគ្នាពោលថា៖ «បុរសនេះជាអ្នក ដែលតែងអង្គុយសុំទានទេតើ ! »។ ៩អ្នកខ្លះពោលថា៖ «គាត់មែន ! »។ ខ្លះទៀតថា៖ «មិនមែនទេ អ្នកនេះមានមុខដូចគាត់ ! »។ រីឯបុរសនោះវិញ គាត់ពោលថា៖ «គឺខ្ញុំហ្នឹងហើយ ! »។ ១០គេក៏នាំគ្នាសួរគាត់ថា៖ «ម្តេចបានជាភ្នែកអ្នកភ្លឺដូច្នេះ ? »។ ១១គាត់ឆ្លើយថា៖ «មានលោកម្នាក់ឈ្មោះយេស៊ូបានធ្វើភក់ យកមកលាបភ្នែកខ្ញុំ ហើយប្រាប់ខ្ញុំថា “សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោមចុះ ! “ ខ្ញុំក៏ទៅលុបមុខហើយខ្ញុំមើលឃើញ»។ ១២គេសួរគាត់ថា៖ «លោកនោះនៅឯណា ? »។ គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ ! »។
ពួកផារីស៊ីសួរចម្លើយអ្នកខ្វាក់ពីមុន
១៣គេនាំអ្នក ដែលខ្វាក់ពីមុននោះ ទៅជួបពួកខាងគណៈផារីស៊ី។ ១៤ថ្ងៃ ដែលព្រះយេស៊ូធ្វើភក់និងប្រោសអ្នកខ្វាក់ឲ្យបានភ្លឺនោះ ជាថ្ងៃសប្ប័ទ១៥ហេតុនេះហើយ បានជាពួកខាងគណៈផារីស៊ីនាំគ្នាសួរម្តងទៀត អំពីហេតុការណ៍ដែលធ្វើឲ្យភ្នែកគាត់ភ្លឺ។ គាត់ឆ្លើយថា៖ «លោកបានយកភក់ដាក់ពីលើភ្នែកខ្ញុំខ្ញុំទៅលុបមុខហើយក៏មើលឃើញ»។ ១៦ពួកខាងគណៈផារីស៊ីខ្លះពោលថា៖ «អ្នកនោះមិនមែនមកពីព្រះជាម្ចាស់ទេ ដ្បិតគាត់ពុំគោរពវិន័យ សម្រាប់ថ្ងៃឈប់សម្រាក»។ ខ្លះទៀតពោលថា៖«តើមនុស្សបាបអាចធ្វើទីសម្គាល់ដូចម្តេចបាន ? » ពួកគេក៏បាក់បែកគ្នា។ ១៧គេសួរអ្នក ដែលខ្វាក់ពីមុននោះម្តងទៀតថា៖ «ចុះអ្នកវិញ តើអ្នកថា លោកដែលធ្វើឲ្យអ្នកបានភ្លឺនោះជានរណា ? »។ គាត់ឆ្លើយថា៖ «លោកពិតជាព្យាការីមែន ! »។ ១៨ប៉ុន្តែជនជាតិយូដានៅតែមិនជឿថា កាលពីមុនបុរសនេះខ្វាក់ ហើយឥឡូវបានមើលឃើញនោះឡើយ ទាល់តែហៅឪពុកម្តាយគាត់មកសួរសិន។ ១៩គេសួរទៅឪពុកម្តាយគាត់ថា៖ «អ្នកនេះពិតជាកូនរបស់អ្នក ដែលអ្នកថាខ្វាក់ពីកំណើតមែនឬ ចុះឥឡូវម្តេចក៏ភ្នែកគាត់ភ្លឺ ? »។ ២០ឪពុកម្តាយគាត់ឆ្លើយថា៖ «យើងខ្ញុំដឹងថាវាពិតជាកូនរបស់យើងខ្ញុំមែន ហើយកើតមកខ្វាក់ ! ។ ២១ត្រង់ឯភ្នែកវាបានភ្លឺ ដោយហេតុយ៉ាងណាៗនោះ យើងខ្ញុំមិនដឹងទេ ហើយនរណាបានធ្វើឲ្យភ្នែកវាភ្លឺនោះ ក៏យើងមិនដឹងដែរ ! ។ សូមអស់លោកសួរវាទៅ វាធំហើយ វាឆ្លើយខ្លួនឯងបាន»។ ២២ឪពុកម្តាយគាត់និយាយដូច្នេះ មកពីខ្លាចជនជាតិយូដា ព្រោះជនជាតិយូដារួមគំនិតគ្នាបណ្តេញអស់អ្នក ដែលទទួលស្គាល់ថា ព្រះយេស៊ូជាព្រះគ្រីស្ត ចេញពីធម្មសាលារបស់គេ។ ២៣ហេតុនេះហើយបានជាគាត់ពោលថា ” វាធំហើយ សូមសួរវាទៅ ! “។
២៤ពួកខាងគណៈផារីស៊ីបានហៅបុរស ដែលខ្វាក់ពីមុននោះ មកសួរជាលើកទីពីរ។ គេពោលទៅគាត់ថា៖ «ត្រូវនិយាយការពិតនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ! យើងដឹងថាអ្នកនោះពិតជាមនុស្សបាបមែន ! »។ ២៥បុរសនោះតបថា៖ «លោកនោះជាមនុស្សបាប ឬយ៉ាងណានោះខ្ញុំមិនដឹងទេ ខ្ញុំដឹងតែម៉្យាង គឺពីមុនខ្ញុំខ្វាក់ ឥឡូវនេះ ខ្ញុំមើលឃើញ»។ ២៦ពួកគេសួរគាត់ថា៖ «តើអ្នកនោះបានធ្វើអ្វីដល់អ្នក ? គាត់បានធ្វើឲ្យភ្នែកអ្នកភ្លឺដោយវិធីណា ? »។ ២៧គាត់ឆ្លើយទៅគេវិញថា៖ «ខ្ញុំបានជម្រាបអស់លោករួចមកហើយ តែអស់លោកពុំស្តាប់ខ្ញុំទេ។ ហេតុដូចម្តេច បានជាអស់លោកចង់ឲ្យខ្ញុំនិយាយម្តងទៀតដូច្នេះ ? ប្រហែលអស់លោកចង់ធ្វើជាសាវ័ករបស់លោកនោះដែរហើយមើលទៅ ! » ។ ២៨ពួកខាងគណៈផារីស៊ីក៏ជេរប្រមាថគាត់ថា៖ «ឯងទេតើជាសាវ័ករបស់គាត់ ! រីឯយើងវិញ យើងជាសាវ័ករបស់លោកម៉ូសេ ! ។ ២៩យើងដឹងថាព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេមែន។ រីឯអ្នកនោះវិញ យើងមិនដឹងថាគាត់មកពីណាទេ ! »។ ៣០បុរសនោះនិយាយតបទៅគេថា៖ «លោកនោះបានធ្វើឲ្យភ្នែកខ្ញុំភ្លឺ តែអស់លោកមិនដឹងថា គាត់មកពីណា ដូច្នេះគួរឲ្យឆ្ងល់ណាស់។៣១យើងដឹងស្រាប់ហើយថា ព្រះជាម្ចាស់មិនស្តាប់ពាក្យរបស់មនុស្សបាបទេ ព្រះអង្គស្តាប់តែពាក្យ របស់អ្នកគោរពប្រណិប័តន៍ព្រះអង្គនិងប្រព្រឹត្តតាមព្រះហប្ញទ័យព្រះអង្គ ប៉ុណ្ណោះ។ ៣២តាំងពីដើមរៀងមក យើងមិន ដែលឮថាមាននរណាធ្វើឲ្យភ្នែកមនុស្សខ្វាក់ពីកំណើត បានភ្លឺនោះឡើយ។ ៣៣ប្រសិនបើ លោកនោះមិនមកពីព្រះជាម្ចាស់ទេ លោកមិនអាចធ្វើការអ្វីបានទាល់តែសោះ»។ ៣៤ពួកគេនាំគ្នាពោលទៅគាត់ថា៖ «ឯងជាមនុស្សជាប់បាបពេញខ្លួន តាំងពីកំណើតមក ហើយឯងហ៊ានប្រដៅយើងទៀត! »។ គេក៏បណ្តេញគាត់ចេញទៅខាងក្រៅ។
៣៥ព្រះយេស៊ូជ្រាបថា គេបានបណ្តេញគាត់កាលព្រះអង្គជួបគាត់ ទ្រង់មានព្រះបន្ទូលសួរថា៖ «តើអ្នកជឿលើបុត្រមនុស្សឬទេ ? »។ ៣៦គាត់ទូលព្រះអង្គថា៖ «លោកម្ចាស់អើយ តើនរណាជាបុត្រមនុស្ស សូមប្រាប់ខ្ញុំឲ្យដឹងផង ដើម្បីឲ្យខ្ញុំជឿលើព្រះអង្គ»។ ៣៧ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកឃើញលោកស្រាប់ គឺអ្នក ដែលកំពុងតែនិយាយជាមួយអ្នកហ្នឹងហើយ ជាបុត្រមនុស្ស»។ ៣៨គាត់ទូលព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់ !ទូលបង្គំជឿលើព្រះអង្គហើយ»។ គាត់ក៏ក្រាបថ្វាយបង្គំព្រះអង្គ។ ៣៩បន្ទាប់មកព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីវិនិច្ឆ័យចិត្តមនុស្សគឺឲ្យមនុស្សខ្វាក់មើលឃើញ ហើយឲ្យមនុស្សមើលឃើញត្រឡប់ទៅជាខ្វាក់វិញ»។ ៤០ពួកខាងគណៈផារីស៊ីខ្លះ ដែលនៅទីនោះជាមួយព្រះអង្គបានឮដូច្នេះក៏ទូលព្រះអង្គថា៖ «ប្រហែលជាលោកចង់ថា យើងខ្ញុំនេះជាមនុស្សខ្វាក់ដែរហើយមើលទៅ ! »។ ៤១ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេវិញថា៖ «ប្រសិនបើអ្នករាល់គ្នាខ្វាក់មែន អ្នករាល់គ្នាគ្មានបាបទេ។ ផ្ទុយទៅវិញ មកពីអ្នករាល់គ្នាថាខ្លួនមើលឃើញដូច្នេះហើយ បានជាអ្នករាល់គ្នានៅតែជាប់បាបរហូត»។
ជំពូក ១០
ព្រះយេស៊ូជាអ្នកគង្វាលដ៏ល្អ
១ «ខ្ញុំសុំប្រាប់ ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនចូលក្នុងក្រោលចៀមតាមទ្វារ តែផ្លោះចូលតាមកន្លែងផ្សេងអ្នកនោះជាចោរលួចចោរប្លន់។ ២រីឯអ្នក ដែលចូលតាមទ្វារ ពិតជាអ្នកគង្វាលរបស់ចៀម។ ៣ឆ្មាំទ្វារបើកទ្វារឲ្យគាត់ចូល ហើយចៀមទាំងប៉ុន្មានស្តាប់សំឡេងគាត់។ គាត់ហៅចៀមផ្ទាល់របស់គាត់តាមឈ្មោះរបស់វារៀងៗខ្លួន រួចនាំចេញទៅខាងក្រៅ។ ៤លុះគាត់បញ្ចេញចៀមចេញពីក្រោលអស់ ហើយគាត់ដើរនាំមុខវា ហើយវាដើរតាមក្រោយគាត់ពីព្រោះវាស្គាល់សំឡេងរបស់គាត់។ ៥ចៀមទាំងនោះមិនដើរតាមអ្នកដទៃ ជាដាច់ខាត ផ្ទុយទៅវិញ វារត់គេចចេញឆ្ងាយពីគេ ព្រោះវាមិនស្គាល់សំឡេងរបស់អ្នកដទៃឡើយ»។ ៦ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះឲ្យគេស្តាប់ ប៉ុន្តែគេពុំបានយល់ថាព្រះអង្គមានព្រះបន្ទូលអំពីរឿងអ្វីឡើយ។
៧ព្រះយេស៊ូមានព្រះបន្ទូលទៅគេ ទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំហ្នឹងហើយជាទ្វារសម្រាប់ឲ្យចៀមចេញចូល។ ៨អ្នក ដែលមកមុនខ្ញុំទាំងប៉ុន្មាន សុទ្ធតែជាចោរលួចចោរប្លន់ទាំងអស់ ចៀមមិនបានស្តាប់សំឡេងអ្នកទាំងនោះឡើយ។ ៩ខ្ញុំហ្នឹងហើយជាទ្វារ អ្នកណាចូលតាមខ្ញុំ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ អ្នកនោះនឹងចេញចូល ព្រមទាំងរកឃើញចំណីអាហារងថែមទៀតផង។ ១០ចោរវាមកគិតតែពីលួចប្លន់គិតតែពីសម្លាប់ និងបំផ្លាញប៉ុណ្ណោះ។ រីឯខ្ញុំវិញ ខ្ញុំមកដើម្បីឲ្យមនុស្សលោកមានជីវិត ហើយឲ្យគេមានជីវិតពេញបរិបូណ៌។
១១ខ្ញុំហ្នឹងហើយជាអ្នកគង្វាលដ៏ល្អ អ្នកគង្វាលដ៏ល្អតែងតែស៊ូប្តូរជីវិត ដើម្បីចៀមរបស់ខ្លួន។ ១២រីឯអ្នកស៊ីឈ្នួលវិញ កាលគេឃើញចចកមកដល់ គេរត់ចោលចៀម ទុកឲ្យចចកខាំអូសយកទៅ ហើយដេញកំចាត់កំចាយជាមិនខានពីព្រោះអ្នកនោះមិនមែនជាអ្នកគង្វាល ហើយក៏មិនមែនជាម្ចាស់របស់ចៀមផង។ ១៣អ្នកនោះមិនខ្វល់ខ្វាយ នឹងចៀមឡើយ ព្រោះគេគ្រាន់តែស៊ីឈ្នួលប៉ុណ្ណោះ។ ខ្ញុំហ្នឹងហើយជាអ្នកគង្វាលដ៏ល្អ។ ១៤ខ្ញុំស្គាល់ចៀមរបស់ខ្ញុំចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំ ១៥គឺដូចព្រះបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះបិតាដូច្នោះដែរ។ ខ្ញុំស៊ូប្តូរជីវិតដើម្បីចៀមរបស់ខ្ញុំ។ ១៦ខ្ញុំមានចៀមឯទៀតៗ ដែលមិននៅក្នុងក្រោលនេះទេ។ ខ្ញុំត្រូវតែនាំចៀមទាំងនោះមកដែរ។ ចៀមទាំងនោះនឹងស្តាប់សំឡេងខ្ញុំ ហើយនៅពេលនោះនឹងមានហ្វូងចៀមតែមួយ មានអ្នកគង្វាលតែមួយ។ ១៧ព្រះបិតាស្រឡាញ់ខ្ញុំ ព្រោះខ្ញុំសុខចិត្តស៊ូប្តូរជីវិតដើម្បីឲ្យបានជីវិតនោះមកវិញ។ ១៨គ្មាននរណាដកហូតជីវិតរបស់ខ្ញុំបានឡើយ គឺខ្ញុំស៊ូប្តូរជីវិតដោយខ្លួនខ្ញុំផ្ទាល់តែម្តង។ ខ្ញុំមានអំណាចនឹងស៊ូប្តូរជីវិតរបស់ខ្ញុំ ហើយខ្ញុំក៏មានអំណាចនឹងយកជីវិតនោះមកវិញ តាមព្រះបញ្ជាដែលខ្ញុំបានទទួលពីព្រះបិតាមក»។
១៩ព្រះបន្ទូលទាំងនេះ ធ្វើឲ្យជនជាតិយូដាបាក់បែកគ្នាម្តងទៀត។ ២០មានគ្នាគេជាច្រើនពោលថា៖ «អ្នកនោះមានខ្មោចចូល ! គាត់វង្វេងស្មារតីហើយ ! ស្តាប់គាត់ធ្វើអ្វី ? »។ ២១អ្នកខ្លះទៀតពោលថា៖ «ពាក្យទាំងនេះមិនមែនជាពាក្យរបស់មនុស្ស ដែលមានសចូលខ្មោចទេ ! តើខ្មោចអាចធ្វើឲ្យភ្នែកមនុស្សខ្វាក់ភ្លឺកើតឬ ? »។
ជនជាតិយូដាមិនទទួលស្គាល់ព្រះយេស៊ូ
២២ពេលនោះជារដូវរងា គេនាំគ្នាធ្វើបុណ្យរំលឹកពិធីឆ្លងព្រះវិហារ នៅក្រុងយេរូសាឡឹម។ ២៣ព្រះយេស៊ូយាងចុះឡើង ក្នុងថែវព្រះវិហារ ដែលមានឈ្មោះថា «ថែវព្រះបាទសាឡូម៉ូន»។ ២៤ជនជាតិយូដានាំគ្នាចោមរោមព្រះអង្គ ទូលសួរថា៖ «តើលោកទុកឲ្យយើងខ្ញុំនៅរារែកក្នុងចិត្ត ដល់ណាទៀត ? ប្រសិនបើលោកពិតជាព្រះគ្រីស្តមែន សូមប្រាប់យើងខ្ញុំឲ្យត្រង់ៗមក»។ ២៥ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយ តែអ្នករាល់គ្នាមិនជឿទេ។ កិច្ចការទាំងប៉ុន្មាន ដែលខ្ញុំបានធ្វើក្នុងព្រះនាមព្រះបិតារបស់ខ្ញុំ ជាសក្ខីភាពបញ្ជាក់អំពីខ្ញុំស្រាប់។ ២៦ប៉ុន្តែអ្នករាល់គ្នាមិនជឿសោះ ព្រោះអ្នករាល់គ្នាមិននៅក្នុងចំណោមចៀមរបស់ខ្ញុំ។ ២៧ចៀមរបស់ខ្ញុំតែងស្តាប់សំឡេងខ្ញុំ ខ្ញុំស្គាល់ចៀមទាំងនោះហើយចៀមទាំងនោះមកតាមខ្ញុំ។ ២៨ខ្ញុំឲ្យគេមានជីវិតអស់កល្បជានិច្ច គេមិនវិនាសអន្តរាយឡើយហើយគ្មាននរណាអាចឆក់យកគេពីដៃខ្ញុំ ជាដាច់ខាត។
២៩ព្រះបិតា ដែលបានប្រទានចៀមទាំងនោះមកឲ្យខ្ញុំ ទ្រង់មានអំណាចធំលើសអ្វីៗទាំងអស់ គ្មាននរណាអាចឆក់យកគេពីព្រះហស្តព្រះបិតាបានឡើយ។ ៣០ខ្ញុំនិងព្រះបិតាជាអង្គតែមួយ»។ ៣១ជនជាតិយូដានាំគ្នារើសដុំថ្មម្តងទៀតបម្រុងនឹងគប់សម្លាប់ព្រះអង្គ។ ៣២ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានបង្ហាញឲ្យអ្នករាល់គ្នាឃើញកិច្ចការដ៏ល្អប្រសើរជាច្រើន ដែលព្រះបិតាប្រទានឲ្យខ្ញុំធ្វើ។ ក្នុងបណ្តាកិច្ចការទាំងនោះ តើកិច្ចការណាមួយ ដែលនាំឲ្យអ្នករាល់គ្នាយកដុំថ្មបម្រុងនឹងគប់សម្លាប់ខ្ញុំ ? »។ ៣៣ជនជាតិយូដាតបទៅព្រះអង្គថា៖ «យើងចង់សម្លាប់លោកមិនមែនមកពី លោកបានធ្វើកិច្ចការដ៏ល្អប្រសើរណាមួយនោះឡើយគឺមកពីលោកបានពោលពាក្យ ប្រមាថព្រះជាម្ចាស់ ដ្បិតលោកជាមនុស្ស ហើយតាំងខ្លួនជាព្រះជាម្ចាស់»។ ៣៤ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ក្នុងធម្មវិន័យរបស់អ្នករាល់គ្នា មានចែងទុកមកថា ព្រះជាម្ចាស់មានព្រះបន្ទូលថា អ្នករាល់គ្នាជាព្រះ។ ៣៥យើងមិនអាចលុបបំបាត់គម្ពីរបានឡើយ បើគម្ពីរហៅអស់អ្នក ដែលទទួលព្រះបន្ទូលថាជា ព្រះ”ដូច្នេះ ៣៦ចុះហេតុដូចម្តេចបានជាពេលខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំជាបុត្រារបស់ព្រះជាម្ចាស់ អ្នករាល់គ្នាបែរជាពោលថាខ្ញុំប្រមាថព្រះអង្គ ទៅវិញ ? ព្រះបិតាបានប្រោសខ្ញុំឲ្យវិសុទ្ធ ហើយចាត់ខ្ញុំ ឲ្យមកក្នុងពិភពលោកនេះ ទៀតផង។ ៣៧ប្រសិនបើ ខ្ញុំមិនធ្វើការរបស់ព្រះបិតាទេនោះសុំកុំជឿខ្ញុំឡើយ។ ៣៨ប៉ុន្តែបើខ្ញុំធ្វើកិច្ចការរបស់ព្រះអង្គ ទោះបីអ្នករាល់គ្នាមិនជឿខ្ញុំក៏ដោយក៏សុំជឿទៅលើកិច្ចការទាំងនោះចុះ ដើម្បីឲ្យបានដឹងហើយរឹតតែដឹងទៀតថា ព្រះបិតាស្ថិតនៅក្នុងខ្ញុំ ខ្ញុំស្ថិតនៅក្នុងព្រះបិតា»។ ៣៩គេរកចាប់ព្រះយេស៊ូម្តងទៀត ប៉ុន្តែព្រះអង្គគេចផុតពីគេទៅ។ ៤០ព្រះយេស៊ូយាងទៅត្រើយខាងនាយទន្លេយ័រដាន់ ជាថ្មីម្តងទៀតត្រង់កន្លែង ដែលលោកយ៉ូហានធ្លាប់ជ្រមុជទឹកឲ្យបណ្តាជន កាលពីមុនរួចព្រះអង្គគង់នៅទីនោះ។ ៤១មានមនុស្សជាច្រើននាំគ្នាមកគាល់ព្រះអង្គ គេពោលថា៖ «លោកយ៉ូហានពុំបានធ្វើទីសម្គាល់ណាមួយឡើយ ប៉ុន្តែពាក្យទាំងប៉ុន្មាន ដែលគាត់និយាយអំពីលោកនេះសុទ្ធតែត្រូវទាំងអស់»។ ៤២មនុស្សជាច្រើននៅទីនោះបានជឿលើព្រះយេស៊ូ។
ជំពូក ១១
លោកឡាសារទទួលមរណភាព
១នៅភូមិបេតថានី មានបុរសម្នាក់ឈ្មោះឡាសារ គាត់មានជំងឺ។ នាងម៉ាថា និងនាងម៉ារី ជាបងស្រីរបស់គាត់ ក៏រស់នៅក្នុងភូមិនោះដែរ។ ២នាងម៉ារីនេះ ជាស្ត្រីម្នាក់ ដែលបានចាក់ប្រេងក្រអូបលើព្រះបាទារបស់ព្រះអម្ចាស់ ព្រមទាំងបានយកសក់របស់នាងមកជូតផង។ រីឯលោកឡាសារ ដែលឈឺនោះ ត្រូវជាប្អូនបង្កើតរបស់នាង។ ៣នាងទាំងពីរនាក់បានចាត់គេឲ្យទៅទូលព្រះយេស៊ូថា៖ «លោកម្ចាស់ អ្នក ដែលលោកស្រឡាញ់ កំពុងតែមានជំងឺ»។ ៤កាលព្រះយេស៊ូជ្រាបដំណឹងនេះ ព្រះអង្គមានព្រះបន្ទូលថា៖ «ជំងឺនេះកើតឡើង មិនមែនឲ្យគាត់បាត់បង់ជីវិតទេ គឺដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ព្រមទាំងឲ្យព្រះបុត្រារបស់ព្រះអង្គសម្តែងសិរីរុងរឿងវិញ»។
៥ព្រះយេស៊ូស្រឡាញ់នាងម៉ាថា ប្អូនស្រីរបស់នាងនិងលោកឡាសារណាស់។ ៦កាលព្រះអង្គជ្រាបដំណឹងថា លោកឡាសារមានជំងឺ ព្រះអង្គគង់នៅកន្លែងដ ដែលនោះពីរថ្ងៃទៀត ៧បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅក្រុមសាវ័កថា៖ «យើងនាំគ្នាត្រឡប់ទៅស្រុកយូដាវិញ»។ ៨ក្រុមសាវ័កទូលព្រះអង្គថា៖ «ព្រះគ្រូ ! ជនជាតិយូដាទើបនឹងចង់យកដុំថ្មគប់ ធ្វើគុតព្រះអង្គថ្មីៗនេះសោះ ហេតុដូចម្តេចបានជា ព្រះអង្គចង់វិលទៅស្រុកនោះវិញ ! »។ ៩ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ក្នុងមួយថ្ងៃមានដប់ពីរម៉ោង អ្នកណាដើរនៅពេលថ្ងៃ អ្នកនោះមិនជំពប់ជើងដួលឡើយ ព្រោះគេឃើញពន្លឺរបស់ពិភពលោកនេះ។ ១០ផ្ទុយទៅវិញអ្នកណាដើរនៅពេលយប់ អ្នកនោះមុខតែជំពប់ជើងដួលជាមិនខាន ព្រោះគេគ្មានពន្លឺនៅក្នុងខ្លួនទេ»។ ១១ក្រោយមក ព្រះអង្គមានព្រះបន្ទូលទៅគេថែមទៀតថា៖ «ឡាសារជាមិត្តសំឡាញ់របស់យើងសំរាន្តលក់ទៅហើយ ខ្ញុំត្រូវតែទៅដាស់គាត់ឲ្យភ្ញាក់ឡើងវិញ»។ ១២ក្រុមសាវ័កទូលព្រះអង្គថា៖«បពិត្រព្រះអម្ចាស់ ប្រសិនបើគាត់សំរាន្តលក់ដូច្នេះ គាត់នឹងបានជាវិញមិនខាន»។ ១៣តាមពិតព្រះយេស៊ូចង់មានព្រះបន្ទូលថា លោកឡាសារស្លាប់បាត់ទៅហើយ ប៉ុន្តែក្រុមសាវ័កស្មានថាព្រះអង្គមានព្រះបន្ទូលថា គាត់សំរាន្តលក់ធម្មតា។ ១៤ហេតុនេះហើយ បានជាព្រះអង្គមានព្រះបន្ទូលបញ្ជាក់ យ៉ាងច្បាស់ថា៖ «ឡាសារស្លាប់ទៅហើយ ១៥បើគិតពីប្រយោជន៍អ្នករាល់គ្នា ខ្ញុំសប្បាយចិត្តដោយខ្ញុំមិនបាននៅទីនោះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ។ ឥឡូវនេះយើងនាំគ្នាទៅផ្ទះគាត់»។ ១៦ពេលនោះ សាវ័កថូម៉ាស់ ហៅឌីឌីម ពោលទៅសាវ័កឯទៀតថា៖ «មក !យើងនាំគ្នាទៅរួមស្លាប់ជាមួយព្រះអង្គដែរ ! »។ ព្រះយេស៊ូជាអ្នកផ្តល់ជីវិតរស់ឡើងវិញ ១៧កាលព្រះយេស៊ូយាងទៅដល់ ព្រះអង្គក៏ជ្រាបថា គេបានដាក់សពលោកឡាសារក្នុងផ្នូរបួនថ្ងៃហើយ។ ១៨ភូមិបេថានីមានចម្ងាយប្រមាណបីគីឡូម៉ែត្រពីក្រុងយេរូសាឡឹម។ ១៩មានជនជាតិយូដាជាច្រើន នាំគ្នាមកជួយរំលែកទុក្ខនាងម៉ាថា និង នាងម៉ារីក្នុងពេលប្អូនស្លាប់។ ២០កាលនាងម៉ាថាបានដឹងថា ព្រះយេស៊ូយាងមកដល់នាងក៏ចេញទៅទទួលព្រះអង្គ រីឯនាងម៉ារីវិញនាងអង្គុយនៅក្នុងផ្ទះ។ ២១នាងម៉ាថាទូលព្រះយេស៊ូថា៖ «លោកម្ចាស់ ! ប្រសិនបើលោកបាននៅទីនេះប្អូននាងខ្ញុំមិនស្លាប់ទេ។ ២២ប៉ុន្តែឥឡូវនេះ នាងខ្ញុំដឹងថា បើលោកសុំអ្វីពីព្រះជាម្ចាស់ក៏ដោយ ព្រះអង្គមុខជានឹងប្រទានឲ្យមិនខាន»។ ២៣ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ប្អូននាងនឹងរស់ឡើងវិញ»។ ២៤នាងទូលទៅព្រះអង្គវិញថា៖ «នាងខ្ញុំដឹងហើយ នៅថ្ងៃចុងក្រោយបំផុត កាលណាមនុស្សស្លាប់នឹងរស់ឡើងវិញ ប្អូននាងខ្ញុំក៏នឹងរស់ឡើងវិញដែរ»។ ២៥ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំហ្នឹងហើយ ដែលប្រោសមនុស្សឲ្យរស់ឡើងវិញខ្ញុំនឹងផ្តល់ឲ្យគេមានជីវិត។ អ្នកណាជឿលើខ្ញុំទោះបីស្លាប់ទៅហើយក៏ដោយក៏នឹងបានរស់ជាមិនខាន។២៦រីឯអស់អ្នកដែលកំពុងតែមានជីវិត នៅរស់ហើយជឿលើខ្ញុំមិនស្លាប់សោះឡើយ តើនាងជឿសេចក្តីនេះឬទេ ? »។ ២៧នាងម៉ាថាទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ! ខ្ញុំម្ចាស់ជឿថា ព្រះអង្គពិតជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយពិតជាព្រះអង្គដែលត្រូវយាងមកក្នុងពិភពលោកនេះមែន ! »។
ព្រះយេស៊ូទ្រង់ព្រះកន្សែង
២៨នាងម៉ាថានិយាយដូច្នេះហើយ ក៏ចេញទៅហៅនាងម៉ារីជាប្អូនដោយស្ងាត់ៗថា៖ «ព្រះគ្រូយាងមកដល់ហើយ ព្រះអង្គហៅប្អូនឯង»។ ២៩នាងម៉ារីឮហើយក៏ស្ទុះក្រោកឡើងទៅគាល់ព្រះយេស៊ូជាប្រញាប់។ ៣០ពេលនោះព្រះអង្គពុំទាន់យាងចូលក្នុងភូមិនៅឡើយទេ គឺព្រះអង្គគង់នៅកន្លែង ដែលនាងម៉ាថាទៅជួប។ ៣១ជនជាតិយូដា ដែលមកជួយរំលែកទុក្ខ ក្នុងផ្ទះជាមួយនាងម៉ារី ឃើញនាងស្ទុះក្រោកឡើងប្រញាប់ប្រញាល់ចេញទៅខាងក្រៅដូច្នេះ ក៏នាំគ្នាចេញទៅតាម ព្រោះគេស្មានថានាងទៅយំឯផ្នូរ។ ៣២លុះនាងម៉ារី ទៅដល់កន្លែងព្រះយេស៊ូគង់នៅ ហើយនាងឃើញព្រះអង្គ ក៏ក្រាបទៀបព្រះបាទាទូលថា៖ «លោកម្ចាស់ ! ប្រសិនបើលោកបាននៅទីនេះ ប្អូនប្រុសនាងខ្ញុំមិនស្លាប់ទេ»។ ៣៣ពេលព្រះយេស៊ូឃើញនាងម៉ារី និងជនជាតិយូដាដែលមកជាមួយនាងយំដូច្នេះព្រះអង្គរំជួលព្រះហប្ញទ័យ ហើយរន្ធត់ជាខ្លាំងផង។ ៣៤ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នករាល់គ្នាយកសពទៅទុក នៅឯណា ? »។ គេទូលព្រះអង្គថា៖ «សូមអញ្ជើញមកលោកនឹងឃើញ»។ ៣៥ពេលនោះព្រះយេស៊ូទ្រង់ព្រះកន្សែង។ ៣៦ជនជាតិយូដានាំគ្នាពោលថា៖ «មើល៍ ! លោកស្រឡាញ់ឡាសារខ្លាំងណាស់ ! »។ ៣៧ ប៉ុន្តែនៅក្នុងចំណោមពួកគេមានអ្នកខ្លះនិយាយថា៖ «លោកអាចធ្វើឲ្យមនុស្សខ្វាក់មើលឃើញម្តេចក៏លោកមិនធ្វើឲ្យឡាសារគេចផុតពីស្លាប់ផងទៅ ! »។
ព្រះយេស៊ូប្រោសឡាសារឲ្យបានរស់ឡើងវិញ
៣៨ព្រះយេស៊ូរំជួលព្រះហប្ញទ័យម្តងទៀត រួចយាងទៅផ្នូរ។ ផ្នូរនោះជារូងភ្នំមានថ្មបាំងនៅមាត់រូង។ ៣៩ព្រះយេស៊ូមានព្រះបន្ទូលថា៖ «សុំយកថ្មនេះចេញ ! »។ នាងម៉ាថា ជាបងរបស់សពទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់សពធំក្លិនហើយ ព្រោះគេបានយកមកដាក់ តាំងពីបួនថ្ងៃម៉្លេះ»។ ៤០ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំបានប្រាប់នាងរួចមកហើយថា បើនាងជឿនាងនឹងឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់»។ ៤១គេក៏យកថ្មចេញពីមាត់ផ្នូរ។ ព្រះយេស៊ូងើបព្រះភ័ក្ត្រទតទៅលើ មានព្រះបន្ទូលថា៖ «បពិត្រព្រះបិតា ! ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទ្រង់ព្រះសណ្តាប់ទូលបង្គំ។ ៤២ចំពោះទូលបង្គំទូលបង្គំដឹងថា ព្រះអង្គទ្រង់ព្រះសណ្តាប់ទូលបង្គំជានិច្ច ប៉ុន្តែទូលបង្គំទូលព្រះអង្គដូច្នេះ ដើម្បីឲ្យបណ្តាជន ដែលនៅជុំវិញទូលបង្គំជឿថា ព្រះអង្គពិតជាបានចាត់ទូលបង្គំឲ្យមកមែន»។ ៤៣លុះព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ទ្រង់បន្លឺព្រះសូរសៀងខ្លាំងៗថា៖ «ឡាសារអើយ ! ចេញមក ! »។ ៤៤ពេលនោះលោកឡាសារ ដែលបានស្លាប់ ក៏ចេញពីផ្នូរមក មានទាំងក្រណាត់រុំដៃជើង និងកន្សែងគ្របមុខផង។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖ «សុំស្រាយក្រណាត់ចេញពីគាត់ ហើយឲ្យគាត់ទៅចុះ»។
ការឃុបឃិតចាប់ព្រះយេស៊ូ
៤៥ជនជាតិយូដាជាច្រើននាក់ ដែលមកផ្ទះនាងម៉ារី បានឃើញព្រះយេស៊ូធ្វើកិច្ចការទាំងនោះ ក៏ជឿលើព្រះអង្គ។ ៤៦ប៉ុន្តែមានគ្នាគេខ្លះទៅជួបពួកខាងគណៈផារីស៊ី រៀបរាប់នូវកិច្ចការ ដែលព្រះយេស៊ូបានធ្វើ។ ៤៧ពេលនោះពួកនាយកបូជាចារ្យ និងពួកខាងគណៈផារីស៊ី បានកោះហៅក្រុមប្រឹក្សាជាន់ខ្ពស់* មកប្រជុំហើយពោលថា៖ «អ្នកនោះបានធ្វើទីសម្គាល់ជាច្រើន តើយើងគិតធ្វើដូចម្តេច ? ។ ៤៨ប្រសិនបើយើងបណ្តោយឲ្យគាត់ធ្វើដូច្នេះតទៅទៀត ប្រជាជនមុខតែជឿទៅលើគាត់ទាំងអស់គ្នា ហើយជនជាតិរ៉ូម៉ាំងនឹងមកបំផ្លាញព្រះវិហារ* និងបំបាត់ជាតិសាសន៍របស់យើងជាមិនខាន»។ ៤៩នៅក្នុងចំណោមពួកគេមានលោកម្នាក់ឈ្មោះកៃផាស ដែលជាមហាបូជាចារ្យ នៅឆ្នាំនោះលោកមានប្រសាសន៍ទៅគេថា៖«អស់លោកពុំយល់អ្វីសោះ ! ៥០តើអស់លោកគិតមិនឃើញទេឬថា បើមនុស្សតែម្នាក់ស្លាប់ជាប្រយោជន៍ដល់ប្រជារាស្ត្រនោះ ប្រសើរជាងទុកឲ្យជាតិទាំងមូលត្រូវវិនាស ! »។ ៥១លោកមានប្រសាសន៍ដូច្នេះមិនមែនផុសចេញពីគំនិតខ្លួនឯងផ្ទាល់ឡើយ គឺក្នុងឋានៈជាមហាបូជាចារ្យនៅឆ្នាំនោះ លោកបានទាយថាព្រះយេស៊ូត្រូវសោយទិវង្គត ដើម្បីជាប្រយោជន៍ដល់ជនជាតិយូដា ៥២មិនគ្រាន់តែជាប្រយោជន៍ដល់សាសន៍នេះប៉ុណ្ណោះទេ គឺដើម្បីឲ្យកូនចៅរបស់ព្រះជាម្ចាស់ ដែលបែកខ្ញែកគ្នា មករួមរួមជាប្រជាជនតែមួយ។ ៥៣តាំងពីថ្ងៃនោះមក ពួកនាយកបូជាចារ្យ និងពួកខាងគណៈផារីស៊ី បានសម្រេចធើ្វគុតព្រះយេស៊ូ។ ៥៤ហេតុដូច្នេះហើយបានជាព្រះអង្គមិនយាងទៅមក ដោយចេញមុខឲ្យជនជាតិយូដា ឃើញទៀតឡើយ គឺព្រះអង្គចាកចេញពីទីនោះ ឆ្ពោះទៅតំបន់ជិតវាលរហោស្ថាន ត្រង់ភូមិមួយឈ្មោះអេប្រាអ៊ីម ហើយទ្រង់ស្នាក់នៅក្នុងភូមិនោះ ជាមួយសាវ័ក។ ៥៥ពេលនោះ ជិតដល់ថ្ងៃបុណ្យចម្លងរបស់ជនជាតិយូដាហើយ។ អ្នកស្រុកជាច្រើននាំគ្នាឡើងទៅក្រុងយេរូសាឡឹមមុនថ្ងៃបុណ្យ ដើម្បីធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ។ ៥៦គេរកព្រះយេស៊ូ ហើយនិយាយគ្នាទៅវិញទៅមក ក្នុងព្រះវិហារថា អ្នកគិតដូចម្តេច ? លោកមិនហ៊ានចូលរួមក្នុងពិធីបុណ្យទេមើលទៅ។ ៥៧ពួកនាយកបូជាចារ្យ និងពួកខាងគណៈផារីស៊ីបានចេញបញ្ជាថា ដឹងព្រះអង្គគល់នៅឯណាត្រូវប្រាប់ពួកគេដើម្បីឲ្យគេចាប់ព្រះអង្គ។
ជំពូក ១២
នាងម៉ារីចាក់ប្រេងក្រអូបលាបព្រះបាទាព្រះយេស៊ូ
(ម៉ាថាយ ២៦:៦-១៣ ; ម៉ាកុស ១៤:៣-៩)
១ ប្រាំមួយថ្ងៃ មុនបុណ្យចម្លង* ព្រះយេស៊ូយាងមកភូមិបេតថានី ជាភូមិរបស់លោកឡាសារ ដែលព្រះអង្គបានប្រោសឲ្យរស់ឡើងវិញ។ ២ នៅទីនោះ គេរៀបចំជប់លៀងថ្វាយព្រះយេស៊ូ។ នាងម៉ាថាបំរើភ្ញៀវ រីឯលោកឡាសារអង្គុយរួមតុជាមួយព្រះយេស៊ូ និងអ្នកឯទៀត។ ៣ នាងម៉ារីយកប្រេង ក្រអូបកន្លះលីត្រ គឺប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃលើសលប់ មកចាក់លាបព្រះបាទាព្រះយេស៊ូ រួចយកសក់នាងជូតក្លិនប្រេងក្រអូបសាយពេញផ្ទះ។ ៤ ពេលនោះ សាវ័កម្នាក់ឈ្មោះយូដាអ៊ីស្ការីយ៉ុត ដែលនឹងនាំគេមកចាប់ព្រះអង្គពោលឡើងថា៖ ៥ «ម្ដេចក៏មិនយកប្រេងក្រអូប ដែលមានតម្លៃបីរយដួងទៅលក់យកប្រាក់ចែកឲ្យជនក្រីក្រវិញ ? »។ ៦ គាត់និយាយដូច្នេះ មិនមែនមកពីគាត់យកចិត្តទុកដាក់នឹងអ្នកក្រទេ គឺមកពីគាត់ជាចោរ គាត់កាន់ថង់ប្រាក់ ហើយតែងលួចយកប្រាក់ ដែលគេដាក់ក្នុងថង់នោះ។ ៧ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទុកឲ្យនាងធ្វើតាមបំណងចិត្តនាងទៅ ! នាងចាក់ប្រេងក្រអូបនេះសំរាប់ថ្ងៃបញ្ចុះសពខ្ញុំ។ ៨ អ្នកក្រីក្រនៅជាមួយអ្នករាល់គ្នារហូត រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ»។
ការឃុបឃិតចង់សម្លាប់លោកឡាសារ
៩ ជនជាតិយូដាច្រើនកុះករ បានឮដំណឹងថា ព្រះអង្គគង់នៅភូមិបេតថានី គេនាំគ្នាមកមិនមែនគ្រាន់តែចង់ឃើញព្រះយេស៊ូប៉ុណ្ណោះទេ គឺចង់ឃើញលោកឡាសារ ដែលព្រះអង្គបានប្រោសឲ្យរស់ឡើងវិញនោះថែមទៀតផង។ ១០ ពួកនាយកបូជាចារ្យ*បានសំរេចចិត្តសម្លាប់លោកឡាសារដែរ ១១ ព្រោះតែគាត់នេះហើយ បានជាមានជនជាតិយូដាជាច្រើន បែកចេញពីពួកគេមកជឿលើព្រះយេស៊ូ។
ព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹម
(មថ.២១:១-១១ ; មក.១១:១-១១ ; លក.១៩.២៨-៤០)
១២ នៅថ្ងៃបន្ទាប់ មានបណ្ដាជនច្រើនកុះករមកចូលរួមធ្វើបុណ្យចម្លង។ កាលគេឮដំណឹងថា ព្រះយេស៊ូយាងជិតដល់ក្រុងយេរូសាឡឹម ១៣ គេនាំគ្នាកាច់ធាងទន្សែ កាន់មកទទួលព្រះអង្គទាំងស្រែកថា៖ «ជយោ ! សូមព្រះជាម្ចាស់ប្រទានពរដល់ ព្រះអង្គ ដែលយាងមក ក្នុងព្រះនាមព្រះអម្ចាស់ គឺព្រះមហាក្សត្ររបស់ជនជាតិអ៊ីស្រាអែល!» ១៤ ព្រះយេស៊ូរកបានកូនលាមួយ ហើយព្រះអង្គគង់លើខ្នងវា ស្របតាមសេចក្ដីដែលមានចែងទុកមកថា៖ ១៥ «ប្រជាជនក្រុងស៊ីយ៉ូនអើយ កុំភ័យខ្លាចអី ! មើលហ្ន៎ ព្រះមហាក្សត្ររបស់អ្នក យាងមកដល់ហើយ ព្រះអង្គគង់លើខ្នងកូនលា»។ ១៦ នៅពេលនោះ ក្រុមសាវ័កពុំបានយល់ហេតុការណ៍ទាំងនេះភ្លាមៗទេ។ លុះដល់ព្រះយេស៊ូបានសំដែងសិរីរុងរឿងហើយ ទើបគេនឹកឃើញថា ហេតុការណ៍ទាំងនេះមានចែងទុកអំពីព្រះអង្គ ហើយមហាជនក៏បានធ្វើកិច្ចការទាំងប៉ុន្មាន ថ្វាយព្រះអង្គស្របតាមគម្ពីរដែរ។ ១៧ អស់អ្នក ដែលនៅជាមួយព្រះយេស៊ូ កាលព្រះអង្គហៅលោកឡាសារចេញពីផ្នូរ ហើយប្រោសគាត់ឲ្យរស់ឡើងវិញនោះ នាំគ្នាផ្ដល់សក្ខីភាពអំពីកិច្ចការ ដែលព្រះអង្គបានធ្វើ។ ១៨ បណ្ដាជនមកទទួលព្រះអង្គ ដ្បិតគេបានឮថា ព្រះអង្គបានធ្វើទីសំគាល់នេះ។ ១៩ ពួកខាងគណៈផារីស៊ីនិយាយគ្នាថា៖ «ឃើញទេ យើងមិនអាចឈ្នះបានឡើយ ! មនុស្សម្នានាំគ្នាទៅតាមអ្នកនោះអស់ ! » ។
ជនជាតិក្រិកចង់ជួបព្រះយេស៊ូ
២០ ក្នុងចំណោមអស់អ្នក ដែលឡើងទៅថ្វាយបង្គំព្រះជាម្ចាស់ក្នុងឱកាសបុណ្យចម្លង* មានជនជាតិក្រិកខ្លះដែរ។ ២១ គេចូលទៅជិតលោកភីលីព ជាអ្នកភូមិបេតសៃដាក្នុងស្រុកកាលីឡេ ហើយពោលថា៖ «លោកម្ចាស់ ! យើងខ្ញុំចង់ជួបលោកយេស៊ូ»។ ២២ លោកភីលីពទៅប្រាប់លោកអន់ដ្រេ ហើយលោកអន់ដ្រេ និងលោកភីលីព ចូលទៅទូលព្រះយេស៊ូ។ ២៣ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ឥឡូវនេះ ដល់ពេលកំណត់ដែលបុត្រមនុស្សត្រូវសំដែងសិរីរុងរឿងហើយ។ ២៤ ខ្ញុំសុំប្រាប់ឲ្យ អ្នករាល់គ្នាដឹងច្បាស់ថា គ្រាប់ស្រូវធ្លាក់ដល់ដី ហើយបើមិនងាប់ទេ គ្រាប់នោះនៅតែមួយដដែល។ ផ្ទុយទៅវិញ បើគ្រាប់ស្រូវនោះងាប់វានឹងបង្កើតផលបានច្រើន។ ២៥ អ្នកណាស្រឡាញ់ជីវិត របស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិតទៅ រីឯអ្នក ដែលមិនជំពាក់ចិត្តនឹងជីវិតរបស់ខ្លួន ក្នុងពិភពលោកនេះទេនឹងរក្សាជីវិតខ្លួនឲ្យនៅស្ថិតស្ថេរអស់កល្ប ជានិច្ច។ ២៦ បើអ្នកណាចង់បំរើ ខ្ញុំ អ្នកនោះត្រូវមកតាមខ្ញុំ ខ្ញុំនៅទីណា អ្នកបំរើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ បើអ្នកណាបំរើខ្ញុំ ព្រះបិតានឹងលើកកិត្តិយសអ្នកនោះ»។
ព្រះយេស៊ូមានព្រះបន្ទូលអំពីព្រះអង្គសោយទិវង្គត
២៧ «ឥឡូវនេះ ទូលបង្គំរន្ធត់ចិត្តណាស់ មិនដឹងជានឹងទូលថាដូចម្ដេចឡើយ។ ឱព្រះបិតាអើយ ! សូមសង្គ្រោះទូលបង្គំឲ្យរួចផុតពីទុក្ខលំបាក នៅពេលកំណត់នេះផង។ ប៉ុន្តែ ទូលបង្គំមក ដើម្បីរងទុក្ខលំបាកក្នុងពេលកំណត់នេះហើយ។ ២៨ ព្រះបិតាអើយ ! សំដែងសិរីរុងរឿងព្រះនាមរបស់ព្រះអង្គឡើង»។ ពេលនោះ មានឮព្រះសូរសៀងពីលើមេឃមកថា៖ «យើងបានសំដែងសិរីរុងរឿងរបស់យើងហើយ យើងក៏នឹងសំដែងសិរីរុងរឿងជាថ្មីទៀត»។
២៩ បណ្ដាជននៅទីនោះ បានឮព្រះសូរសៀង ក៏ពោលថា «សន្ធឹកផ្គរលាន់» អ្នកខ្លះទៀត ពោលថា «មានទេវទូតនិយាយមកលោក»។ ៣០ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «សំឡេងនេះ បន្លឺឡើងសំរាប់អ្នករាល់គ្នាមិនមែនសំរាប់ខ្ញុំទេ។ ៣១ ឥឡូវនេះ ដល់ពេលកាត់ទោសមនុស្សលោកហើយ ហើយចៅហ្វាយរបស់មនុស្សលោកនឹងត្រូវបណ្ដេញចេញទៅក្រៅ។ ៣២ រីឯខ្ញុំវិញ កាលណាគេលើកខ្ញុំឡើងពីដី ខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ»។ ៣៣ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីប្រាប់គេអំពីរបៀប ដែលព្រះអង្គត្រូវសោយទិវង្គត។ ៣៤ បណ្ដាជននាំគ្នា ទូលអង្វរព្រះអង្គថា៖ «យើងបានដឹងតាមរយៈគម្ពីរវិន័យថា ព្រះគ្រីស្ដត្រូវស្ថិតនៅអស់កល្បជានិច្ច ចុះម្ដេចក៏លោកមានប្រសាសន៍ថា បុត្រមនុស្សនឹងត្រូវគេលើកឡើងពីដីដូច្នេះ ? ៣៥ តើនរណាជាបុត្រ មនុស្សនោះ ? »។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ពន្លឺនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតប៉ុណ្ណោះ។ ចូរនាំគ្នាដើរ ក្នុងពេល ដែលអ្នករាល់គ្នាកំពុងតែមានពន្លឺនៅឡើយ ក្រែងលោសេចក្ដីងងឹតតាមអ្នករាល់គ្នាទាន់ ដ្បិតអ្នកដើរក្នុងសេចក្ដីងងឹតពុំដឹងថាខ្លួនធ្វើដំណើរទៅទីណាទេ។ ៣៦ ក្នុងពេល ដែលអ្នករាល់គ្នានៅមានពន្លឺនៅឡើយ ចូរនាំគ្នាជឿលើពន្លឺ ដើម្បីឲ្យបានទៅជាបុត្រធីតានៃពន្លឺ»។ កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នេះហើយ ទ្រង់យាងចេញទៅលាក់ខ្លួន មិនឲ្យបណ្ដាជនឃើញ។
បណ្ដាជនមិនព្រមជឿព្រះយេស៊ូ
៣៧ ទោះបី ព្រះយេស៊ូធ្វើទីសំគាល់ជាច្រើនឲ្យគេឃើញយ៉ាងណាក៏ដោយ ក៏គេនៅតែពុំជឿលើព្រះអង្គដដែល ៣៨ គឺស្របតាមសេចក្ដីដែលព្យាការីអេសាយបានថ្លែងទុកមកថា៖ «បពិត្រព្រះអម្ចាស់ តើនរណាជឿសេចក្ដី ដែលយើងនិយាយប្រាប់ ? តើព្រះអម្ចាស់បានសំដែងឫទ្ធិបារមី ឲ្យនរណាឃើញ ? »។ ៣៩ គេពុំអាចជឿបានឡើយ ស្របតាមសេចក្ដីដែលព្យាការីអេសាយបានថ្លែងទៀតថា៖ ៤០ «ព្រះអង្គបានធ្វើឲ្យភ្នែកគេខ្វាក់ ឲ្យចិត្តគេរឹង មិនឲ្យភ្នែកគេមើលឃើញ មិនឲ្យប្រាជ្ញាគេយល់ ហើយមិនឲ្យគេងាកមករកយើង ក្រែងលោយើងប្រោសគេឲ្យបានជា»។ ៤១ ព្យាការីអេសាយពោលពាក្យទាំងនេះ មកពីលោកបានឃើញសិរីរុងរឿងរបស់ព្រះយេស៊ូ ហើយលោកក៏ថ្លែងទុកអំពីព្រះអង្គ។ ៤២ ក្នុងចំណោមអ្នកដឹកនាំ មានគ្នាច្រើននាក់ជឿលើព្រះអង្គដែរ ប៉ុន្តែ អ្នកទាំងនោះពុំហ៊ានប្រកាសជំនឿរបស់ខ្លួនឡើយ ព្រោះខ្លាចពួកខាងគណៈផារីស៊ី និងខ្លាចគេដេញចេញពីធម្មសាលា ៤៣ ដ្បិតពួកគេចូលចិត្តទទួលសិរីរុងរឿងពីមនុស្ស ជាជាងទទួលសិរីរុងរឿងពីព្រះជាម្ចាស់។
៤៤ ព្រះយេស៊ូបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «អ្នកណាជឿលើខ្ញុំ មិនត្រឹមតែជឿលើខ្ញុំប៉ុណ្ណោះទេ គឺជឿលើព្រះអង្គ ដែលបានចាត់ខ្ញុំឲ្យមកនោះដែរ។ ៤៥ អ្នកណាឃើញខ្ញុំអ្នកនោះក៏ឃើញព្រះអង្គ ដែលបានចាត់ខ្ញុំឲ្យមកដែរ។ ៤៦ ខ្ញុំជាពន្លឺ ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីកុំឲ្យអស់អ្នក ដែលជឿលើខ្ញុំ ស្ថិតនៅក្នុងសេចក្ដីងងឹត។ ៤៧ បើអ្នកណាឮពាក្យ ខ្ញុំហើយ តែមិនប្រតិបត្តិតាម មិនមែនខ្ញុំទេ ដែលកាត់ទោសអ្នកនោះ ដ្បិតខ្ញុំមក មិនមែនដើម្បីកាត់ទោសមនុស្សលោកទេ គឺខ្ញុំមកសង្គ្រោះមនុស្សលោកវិញ។ ៤៨ អ្នកណាផាត់ខ្ញុំចោល ហើយមិនទទួលពាក្យខ្ញុំ អ្នកនោះមានចៅក្រមកាត់ទោសរួចស្រេចទៅហើយ គឺពាក្យ ដែលខ្ញុំបាននិយាយនឹងកាត់ទោសគេ នៅថ្ងៃចុងក្រោយបង្អស់។ ៤៩ ពាក្យ ដែលខ្ញុំបាន និយាយនេះ មិនមែនចេញមកពីខ្ញុំទេ គឺព្រះបិតាដែលបានចាត់ខ្ញុំឲ្យមក ទ្រង់បង្គាប់ខ្ញុំនូវសេចក្ដីដែលខ្ញុំត្រូវនិយាយ និងថ្លែង។ ៥០ ខ្ញុំដឹងថាបទបញ្ជារបស់ព្រះអង្គផ្ដល់ជីវិតអស់កល្បជានិច្ច។ សេចក្ដីណា ដែលខ្ញុំនិយាយ ខ្ញុំនិយាយដូចព្រះបិតាមានព្រះបន្ទូលមកខ្ញុំដែរ»។
ជំពូក ១៣
ព្រះយេស៊ូលាងជើងពួកសាវ័ក
១ នៅមុនថ្ងៃបុណ្យចម្លង* ព្រះយេស៊ូជ្រាបថា ដល់ពេលកំណត់ ដែលព្រះអង្គត្រូវឆ្លងពីលោកនេះ ឆ្ពោះទៅព្រះបិតាហើយ។ ដោយព្រះអង្គស្រឡាញ់សាវ័ករបស់ព្រះអង្គ ដែលរស់នៅក្នុងលោកនេះ ទ្រង់ក៏ស្រឡាញ់គេរហូតដល់ទីបំផុត។ ២ ពេលនោះ ព្រះយេស៊ូ និងក្រុមសាវ័កកំពុងបរិភោគអាហារ មារសាតាំងបានធ្វើឲ្យយូដាអ៊ីស្ការីយ៉ុតជាកូនលោកស៊ីម៉ូន មានគំនិតនាំគេមកចាប់ព្រះអង្គ។ ៣ ព្រះយេស៊ូជ្រាបថា ព្រះបិតាបានប្រគល់អ្វីៗទាំងអស់មកក្រោមអំណាចព្រះអង្គ ហើយជ្រាបថា ព្រះអង្គយាងមកពីព្រះជាម្ចាស់ និងយាងទៅឯព្រះជាម្ចាស់វិញ។ ៤ ព្រះអង្គក្រោកឡើង ដោះព្រះពស្ដ្រចេញ យកក្រមាមកក្រវាត់ចង្កេះ។ ៥ បន្ទាប់មក ព្រះអង្គចាក់ទឹកក្នុងផើងមួយ រួចចាប់ផ្ដើមលាងជើងក្រុមសាវ័ក ព្រមទាំងយកក្រមាពីចង្កេះមកជូតផង។ ៦ ពេលព្រះអង្គហៀបនឹងលាង ជើងឲ្យលោកស៊ីម៉ូនសិលា លោកទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ មិនសមនឹងព្រះអង្គលាងជើងឲ្យទូលបង្គំសោះ ! »។ ៧ ព្រះយេស៊ូមានព្រះបន្ទូល ទៅគាត់ថា៖ «ពេលនេះ អ្នកមិនទាន់ដឹងថា ខ្ញុំកំពុងធ្វើអ្វីឡើយ ថ្ងៃក្រោយអ្នកមុខតែយល់ជាមិនខាន»។ ៨ លោកសិលាទូលព្រះអង្គថា៖ «ទេ ព្រះអង្គមិនត្រូវលាងជើងទូលបង្គំជាដាច់ខាត ! »។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើខ្ញុំមិនលាងជើងអ្នកទេ នោះអ្នកមិនអាចរួមជាមួយខ្ញុំតទៅទៀតបានឡើយ»។ ៩ លោកស៊ីម៉ូនក៏ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ! បើដូច្នេះ សូមកុំលាងតែជើងប៉ុណ្ណោះ សូមលាងទាំងដៃ ទាំងក្បាលផង»។ ១០ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នក ដែលបានងូតទឹករួច មិនបាច់លាងខ្លួនទេ គឺលាងតែជើង ដ្បិតខ្លួនគេស្អាតបរិសុទ្ធទាំងមូលហើយ។ អ្នករាល់គ្នាបានស្អាតបរិសុទ្ធ តែមិនមែនគ្រប់គ្នាទេ»។ ១១ ព្រះអង្គមានព្រះបន្ទូលថា “អ្នករាល់គ្នាមិនមែនបរិសុទ្ធគ្រប់គ្នា”ដូច្នេះ មកពីព្រះអង្គជ្រាបអំពីអ្នក ដែលហៀបនឹងនាំគេមកចាប់ព្រះអង្គ។
១២ កាលព្រះយេស៊ូលាងជើងឲ្យគេរួចហើយ ព្រះអង្គស្លៀកពាក់ឡើងវិញ យាងមកតុទាំងមានព្រះបន្ទូលសួរទៅគេថា៖ «តើអ្នករាល់គ្នាយល់អំពីកិច្ចការដែលខ្ញុំបានធ្វើ ចំពោះអ្នករាល់គ្នានេះឬទេ ? ១៣ អ្នករាល់គ្នាហៅខ្ញុំថា ព្រះគ្រូ និងព្រះអម្ចាស់ នោះត្រូវមែន គឺខ្ញុំហ្នឹងហើយ!។ ១៤ បើខ្ញុំជា ព្រះអម្ចាស់ និងជាព្រះគ្រូបានលាងជើងឲ្យអ្នករាល់គ្នាទៅហើយ អ្នករាល់គ្នាក៏ត្រូវតែលាងជើងឲ្យគ្នាទៅវិញទៅមកដែរ។ ១៥ ខ្ញុំបានធ្វើជាគំរូឲ្យអ្នករាល់គ្នាប្រព្រឹត្ត ដូចខ្ញុំបានប្រព្រឹត្តដល់អ្នករាល់គ្នា។ ១៦ ខ្ញុំសុំប្រាប់ឲ្យ អ្នករាល់គ្នាដឹងច្បាស់ថា អ្នកបំរើមិន ដែលធំជាងម្ចាស់ឡើយ រីឯអ្នក ដែលគេចាត់ឲ្យទៅក៏មិន ដែលធំជាងអ្នកចាត់ខ្លួនឲ្យទៅនោះដែរ។ ១៧ ប្រសិនបើអ្នករាល់គ្នាដឹងសេចក្ដីនេះហើយប្រតិបត្តិតាម អ្នករាល់គ្នាមុខជាមានសុភមង្គលមិនខាន។ ១៨ ខ្ញុំនិយាយដូច្នេះ មិនមែនសំដៅលើអ្នកទាំងអស់គ្នាទេ ដ្បិតខ្ញុំស្គាល់អស់អ្នក ដែលខ្ញុំបានជ្រើសរើស តែខ្ញុំនិយាយនេះ ដើម្បីឲ្យបានស្របតាមសេចក្ដី ដែលមានចែងទុកក្នុងគម្ពីរថាៈ “អ្នកបរិភោគអាហារជាមួយខ្ញុំ បានប្រឆាំងនឹងខ្ញុំ”។ ១៩ ខ្ញុំនិយាយប្រាប់អ្នករាល់គ្នា ពីឥឡូវនេះ ឲ្យហើយមុនការណ៍ទាំងនោះកើតមាន។ កាលណាការណ៍ទាំងនោះមកដល់ អ្នករាល់គ្នានឹងជឿថា ខ្ញុំពិតជាព្រះជាម្ចាស់មែន។ ២០ ខ្ញុំសុំប្រាប់ឲ្យ អ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាទទួលអ្នកដែលខ្ញុំនឹងចាត់ឲ្យទៅ ក៏ដូចជាទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ»។
ព្រះយេស៊ូប្រកាសអំពីយូដាក្បត់ព្រះអង្គ
(មថ.២៦:២០-២៥ ; មក.១៤:១៧-២១ ; លក.២២.២១-២៣)
២១ កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គរន្ធត់ព្រះហឫទ័យក្រៃលែង ទ្រង់មានព្រះបន្ទូលបញ្ជាក់ទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។
២២ ក្រុមសាវ័កងាកមើលមុខគ្នាទៅវិញទៅមក មិនដឹងថាព្រះអង្គមានព្រះបន្ទូលពីនរណា។ ២៣ សាវ័កម្នាក់ ដែលព្រះយេស៊ូស្រឡាញ់អង្គុយក្បែរព្រះអង្គ។ ២៤ លោកស៊ីម៉ូសិលាធ្វើសញ្ញាឲ្យគាត់សួរព្រះយេស៊ូថា ព្រះអង្គមានព្រះបន្ទូលពីនរណា។ ២៥ សាវ័កនោះក៏អោនទៅជិតព្រះឱរាព្រះយេស៊ូទូលសួរថា៖ «បពិត្រព្រះអម្ចាស់ តើនរណាមួយ ? »។ ២៦ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ខ្ញុំជ្រលក់នំបុ័ងមួយដុំហុចទៅឲ្យអ្នកណា គឺអ្នកនោះហើយ»។ ព្រះអង្គជ្រលក់នំបុ័ងមួយដុំ ហុចទៅឲ្យយូដាអ៊ីស្ការីយ៉ុត ជាកូនរបស់លោកស៊ីម៉ូន។ ២៧ ពេលយូដាសទទួលដុំនំបុ័ងនោះ មារសាតាំងក៏ចូលក្នុងចិត្តគាត់។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «កិច្ចការ ដែលអ្នកត្រូវធ្វើ ចូរធ្វើឲ្យឆាប់ៗទៅ ! »។ ២៨ ក្នុងបណ្ដាអស់អ្នក ដែលនៅរួមតុ គ្មាននរណាម្នាក់យល់ថា ហេតុអ្វីបានជាព្រះអង្គមានព្រះបន្ទូលដូច្នេះឡើយ។ ២៩ ដោយយូដាកាន់ថង់ប្រាក់ អ្នកខ្លះនឹកស្មានថា ព្រះយេស៊ូប្រើគាត់ឲ្យទៅទិញរបស់របរសំរាប់ពិធីបុណ្យ ឬឲ្យយកប្រាក់ទៅចែកដល់ជនក្រីក្រ។ ៣០ យូដាទទួលយកដុំនំបុ័ង រួចចេញទៅភ្លាម ពេលនោះ យប់ងងឹតហើយ។
វិន័យថ្មី
៣១ លុះយូដាចេញផុតទៅ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ឥឡូវនេះ បុត្រមនុស្សបានសំដែងសិរីរុងរឿងហើយ ហើយព្រះជាម្ចាស់ក៏បានសំដែងសិរីរុងរឿងក្នុងបុត្រមនុស្សដែរ។ ៣២ បើព្រះជាម្ចាស់បាន សំដែងសិរីរុងរឿងក្នុងបុត្រមនុស្ស ព្រះអង្គក៏នឹងសំដែងសិរីរុងរឿងរបស់បុត្រមនុស្ស ក្នុងព្រះអង្គផ្ទាល់ដែរ ! ហើយព្រះអង្គនឹងសំដែងសិរីរុងរឿងរបស់បុត្រមនុស្សក្នុងពេលឆាប់ៗខាង មុខនេះ។
៣៣ ម្នាលកូនចៅអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈពេលដ៏ខ្លីទៀត។ អ្នករាល់គ្នានឹងតាមរកខ្ញុំ ប៉ុន្តែ ឥឡូវនេះ ខ្ញុំសុំប្រាប់អ្នករាល់គ្នាដូចខ្ញុំបានប្រាប់ជនជាតិយូដាមកហើយ ដែរថា អ្នករាល់គ្នាពុំអាចទៅកន្លែង ដែលខ្ញុំទៅនោះបានឡើយ។ ៣៤ ខ្ញុំឲ្យវិន័យថ្មី ដល់អ្នករាល់គ្នា គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ ៣៥ បើអ្នកស្រឡាញ់គ្នាទៅវិញទៅមក មនុស្សទាំងអស់មុខជាដឹងថា អ្នករាល់គ្នាពិតជាសាវ័ក*របស់ខ្ញុំមែន»។
ព្រះយេស៊ូមានព្រះបន្ទូលអំពីលោកសិលាបដិសេធ មិនទទួលស្គាល់ព្រះអង្គ
(មថ.២៦:៣១-៣៥; មក.១៤:២៧-៣១ ; យហ.២២.៣១-៣៤)
៣៦ លោកស៊ីម៉ូនសិលាទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើព្រះអង្គយាងទៅណា ? »។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «កន្លែង ដែលខ្ញុំទៅ អ្នកមិនអាចទៅតាមខ្ញុំនៅពេលនេះបានទេ ថ្ងៃក្រោយទើបអ្នកទៅបាន»។ ៣៧ លោកសិលាទូលព្រះអង្គទៀតថា៖ «បពិត្រព្រះអម្ចាស់ ហេតុដូចម្ដេចបានជាទូលបង្គំមិនអាចទៅតាមព្រះអង្ ? ទូលបង្គំសុខចិត្តស៊ូប្ដូរជីវិតសំរាប់ព្រះអង្គ»។ ៣៨ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកសុខចិត្តស៊ូប្ដូរជីវិតសំរាប់ខ្ញុំមែ ន! តែខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។
ជំពូក ១៤
ព្រះយេស៊ូជាមាគ៌ាទៅកាន់ព្រះបិតា
១ «កុំរន្ធត់ចិត្តធ្វើអ្វី អ្នករាល់គ្នាជឿលើព្រះជាម្ចាស់ហើយ សុំជឿលើខ្ញុំផង។ ២ ក្នុងដំណាក់របស់ព្រះបិតាខ្ញុំ មានលំនៅជាច្រើន។ បើពុំដូច្នោះទេ ខ្ញុំមិនបានប្រាប់អ្នករាល់គ្នាថា ខ្ញុំទៅរៀបចំកន្លែងទុកឲ្យអ្នករាល់គ្នាឡើយ។ ៣ ពេលខ្ញុំទៅរៀបចំ កន្លែងទុកឲ្យអ្នករាល់គ្នារួចហើយ ខ្ញុំនឹងត្រឡប់មកវិញ យកអ្នករាល់គ្នាទៅជាមួយខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅ។ ៤ ឯកន្លែងដែលខ្ញុំទៅនោះ អ្នករាល់គ្នាក៏ស្គាល់ផ្លូវទៅដែរ»។
៥ លោកថូម៉ាសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ធ្វើដូចម្ដេចឲ្យយើងខ្ញុំអាចស្គាល់ផ្លូវទៅបាន បើយើងខ្ញុំមិនដឹងថាព្រះអង្គយាងទៅទីណាផងនោះ»។ ៦ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។ ៧ បើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាក៏ស្គាល់ព្រះបិតារបស់ខ្ញុំដែរ។ ឥឡូវនេះ អ្នករាល់គ្នាស្គាល់ព្រះអង្គហើយ ព្រមទាំងបានឃើញព្រះអង្គថែមទៀតផង»។
៨ លោកភីលីពទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ! សូមបង្ហាញព្រះបិតាឲ្យយើងខ្ញុំឃើញផង នោះយើងខ្ញុំអស់ចិត្តហើយ»។ ៩ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ភីលីពអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតាំងពីយូរមកហើយ ម្ដេចអ្នកនៅតែមិនស្គាល់ខ្ញុំ ! ។ អ្នកណាបានឃើញខ្ញុំ ក៏បានឃើញព្រះបិតាដែរ។ ហេតុដូចម្ដេចបានជាអ្នកថា សូមបង្ហាញព្រះបិតាឲ្យយើងខ្ញុំឃើញផងដូច្នេះ ? ១០ តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតាគង់នៅក្នុងខ្ញុំទេឬ ? សេចក្ដី ដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នា មិនមែនចេញមកពីខ្ញុំផ្ទាល់ទេ គឺព្រះបិតាដែលស្ថិតនៅជាប់នឹងខ្ញុំ ទ្រង់បំពេញកិច្ចការរបស់ព្រះអង្គ។ ១១ ពេលខ្ញុំនិយាយថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតានៅក្នុងខ្ញុំ ចូរជឿខ្ញុំចុះ បើមិនជឿសេចក្ដីដែលខ្ញុំនិយាយនេះទេ ចូរជឿដោយឃើញកិច្ចការទាំងនោះទៅ។
១២ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាជឿលើខ្ញុំ អ្នកនោះនឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយនឹងធ្វើកិច្ចការធំជាងនេះទៅទៀត ពីព្រោះខ្ញុំទៅឯព្រះបិតា។ ១៣ អ្វីៗ ដែលអ្នករាល់គ្នាទូលសូមក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះជាមិនខាន ដើម្បីឲ្យព្រះបិតាសំដែងសិរីរុងរឿងក្នុងព្រះបុត្រា។ ១៤ បើអ្នករាល់គ្នាសូមអ្វីក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះ»។
ព្រះបន្ទូលសន្យាអំពីព្រះវិញ្ញាណ
១៥ «ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាពិតជាកាន់តាមបទបញ្ជារបស់ខ្ញុំ ១៦ ខ្ញុំនឹងទូលអង្វរព្រះបិតា ហើយទ្រង់ប្រទានព្រះដ៏ជួយការពារមួយអង្គទៀត ឲ្យគង់នៅជាមួយអ្នករាល់គ្នាជាដរាបតរៀងទៅ ១៧ ព្រះអង្គជាព្រះវិញ្ញាណ ដែលសំដែងសេចក្ដីពិត។ មនុស្សលោកពុំអាចទទួលព្រះអង្គបានទេ ព្រោះគេមើលព្រះអង្គមិនឃើញ ហើយក៏មិនស្គាល់ព្រះអង្គផង។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាស្គាល់ព្រះអង្គព្រោះព្រះអង្គស្ថិតនៅជាប់នឹងអ្នករាល់គ្នា ហើយព្រះអង្គនឹងគង់ក្នុងអ្នករាល់គ្នា។ ១៨ ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាឡើយ ខ្ញុំនឹងមករកអ្នករាល់គ្នាវិញ។ ១៩ បន្តិចទៀត មនុស្សលោកនឹងលែងឃើញខ្ញុំទៀតហើយ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងឃើញខ្ញុំព្រោះខ្ញុំមានជីវិតរស់ ហើយអ្នករាល់គ្នាក៏នឹងមានជីវិតរស់ដែរ។ ២០ នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នានៅក្នុងខ្ញុំ ខ្ញុំក៏នៅក្នុងអ្នករាល់គ្នាដែរ។ ២១ អ្នកណាមានវិន័យរបស់ខ្ញុំ និងប្រតិបត្តិតាម គឺអ្នកនោះហើយ ដែលស្រឡាញ់ខ្ញុំ។ ព្រះបិតារបស់ខ្ញុំស្រឡាញ់អ្នក ដែលស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះដែរ ខ្ញុំនឹងបង្ហាញឲ្យអ្នកនោះស្គាល់ខ្ញុំថែមទៀតផង»។
២២ លោកយូដា (មិនមែនយូដាអ៊ីស្ការីយ៉ុតទេ) ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ហេតុដូចម្ដេចបានជាព្រះអង្គបង្ហាញឲ្យតែយើងខ្ញុំស្គាល់ព្រះអង្គ មិនឲ្យមនុស្សលោកស្គាល់ផងដូច្នេះ ? »។ ២៣ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកណាស្រឡាញ់ខ្ញុំអ្នកនោះនឹងប្រតិបត្តិតាមពាក្យខ្ញុំ។ ព្រះបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយព្រះបិតា និងខ្ញុំក៏នឹងមកតាំងលំនៅ នៅក្នុងអ្នកនោះដែរ។ ២៤ អ្នកណាមិនស្រឡាញ់ ខ្ញុំ អ្នកនោះមិនប្រតិបត្តិតាមពាក្យខ្ញុំឡើយ។ ពាក្យ ដែលអ្នករាល់គ្នាឮខ្ញុំនិយាយ មិនមែនជាពាក្យរបស់ខ្ញុំទេ គឺជាព្រះបន្ទូលរបស់ព្រះបិតា ដែលបានចាត់ខ្ញុំឲ្យមក។
២៥ ខ្ញុំបានប្រាប់សេចក្ដីទាំងនេះ ឲ្យអ្នករាល់គ្នាដឹងក្នុងពេលដែលខ្ញុំស្ថិតនៅជាមួយអ្នករាល់គ្នានៅឡើយ ២៦ ប៉ុន្តែ ព្រះដ៏ជួយការពារ គឺព្រះវិញ្ញាណដ៏វិសុទ្ធ* ដែលព្រះបិតាចាត់ឲ្យមកក្នុងនាមខ្ញុំ នឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ព្រមទាំងរំលឹកអ្វីៗ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នាផង។
២៧ ខ្ញុំទុកសេចក្ដីសុខសាន្តឲ្យអ្នករាល់គ្នា ខ្ញុំផ្ដល់សេចក្ដីសុខសាន្តរបស់ខ្ញុំឲ្យអ្នករាល់គ្នា។ សេចក្ដីសុខសាន្ត ដែលខ្ញុំផ្ដល់ឲ្យនេះ មិនដូចសេចក្ដីសុខសាន្ត ដែលមនុស្សលោកឲ្យទេ។ ចូរកុំរន្ធត់ចិត្ត កុំភ័យខ្លាចឲ្យសោះ។ ២៨ អ្នករាល់គ្នាបានឮ ខ្ញុំនិយាយរួចមកហើយថា ខ្ញុំនឹងចាកចេញទៅ រួចខ្ញុំមករកអ្នករាល់គ្នាវិញ។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាមុខតែសប្បាយចិត្តដោយខ្ញុំទៅឯព្រះបិតា ដ្បិតព្រះបិតាមានឋានៈធំជាងខ្ញុំ។ ២៩ ខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹងឥឡូវនេះ មុនហេតុការណ៍ទាំងនោះកើតឡើង។ លុះដល់ហេតុការណ៍ទាំងនោះកើតឡើង អ្នករាល់គ្នានឹងជឿ។ ៣០ ខ្ញុំនិយាយជាមួយអ្នករាល់គ្នាមិនបានច្រើនទៀតទេ ព្រោះចៅហ្វាយរបស់លោកីយ៍កំពុងតែមក វាគ្មានអំណាចអ្វីលើខ្ញុំសោះ។ ៣១ វាមកដូច្នេះជាឱកាសឲ្យមនុស្សលោកដឹងថា ខ្ញុំស្រឡាញ់ព្រះបិតា ហើយខ្ញុំសុខចិត្តធ្វើតាមបង្គាប់របស់ព្រះអង្គ។ ចូរក្រោកឡើង យើងនាំគ្នាចេញពីទីនេះ»។
ជំពូក ១៥
ព្រះយេស៊ូជាដើមទំពាំងបាយជូរដ៏ពិត
១ «ខ្ញុំហ្នឹងហើយ ជាដើមទំពាំងបាយជូរដ៏ពិតប្រាកដ រីឯព្រះបិតាខ្ញុំ ជាម្ចាស់ចំការ។ ២ មែកណានៅជាប់នឹងខ្ញុំ តែឥតមានផ្លែ ព្រះបិតាកាត់មែកនោះចោល។ រីឯមែកណាមានផ្លែ ព្រះអង្គលួសមែកនោះ ដើម្បីឲ្យមានផ្លែកាន់តែច្រើនឡើងទៀត។ ៣ ពាក្យ ដែលខ្ញុំបានប្រាប់ ធ្វើឲ្យអ្នករាល់គ្នាបរិសុទ្ធរួចទៅហើយ។ ៤ ចូរស្ថិតនៅជាប់នឹងខ្ញុំ ដូចខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នាដែរ។ ប្រសិនបើមែកមិនស្ថិតនៅជាប់នឹងដើមទេ វាពុំអាចបង្កើតផលដោយឯកឯងបានឡើយ។ រីឯអ្នករាល់គ្នាក៏ដូច្នោះដែរ បើមិនស្ថិតនៅជាប់នឹងខ្ញុំទេ អ្នករាល់គ្នាពុំអាចបង្កើតផលបានទាល់តែសោះ។ ៥ ខ្ញុំនេះហើយជាដើម ទំពាំងបាយជូរ អ្នករាល់គ្នាជាមែក អ្នកណាស្ថិតនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលបានច្រើន។ បើដាច់ពីខ្ញុំ អ្នករាល់គ្នាពុំអាចធ្វើអ្វីកើតឡើយ។ ៦ អ្នកណាមិនស្ថិតនៅជាប់នឹងខ្ញុំ អ្នកនោះប្រៀប ដូចជាមែក ដែលគេបោះចោលទៅខាងក្រៅ ហើយស្វិតក្រៀម។ បន្ទាប់មក គេរើសមែកទាំងនោះបោះទៅក្នុងភ្លើងឆេះអស់ទៅ។ ៧ បើអ្នករាល់គ្នាស្ថិតនៅជាប់នឹងខ្ញុំ ហើយបើពាក្យខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នា ចូរទូលសុំអ្វីៗតាមតែអ្នករាល់គ្នា ប្រាថ្នាចង់បានចុះ នោះអ្នករាល់គ្នាមុខតែបានទទួលជាមិនខាន។ ៨ ព្រះបិតារបស់ខ្ញុំសំដែងសិរីរុងរឿង ដោយអ្នករាល់គ្នាបង្កើតផលផ្លែបានច្រើន និងដោយអ្នករាល់គ្នាជាសាវ័ករបស់ខ្ញុំមែន។ ៩ ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចព្រះបិតាស្រឡាញ់ខ្ញុំដែរ។ ចូរទុកសេចក្ដីស្រឡាញ់របស់ខ្ញុំឲ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ។ ១០ បើអ្នករាល់គ្នាប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់ខ្ញុំ អ្នករាល់គ្នាពិតជាទុកសេចក្ដីស្រឡាញ់របស់ខ្ញុំ ឲ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន ដូចខ្ញុំប្រតិបត្តិតាមវិន័យរបស់ព្រះបិតា ហើយទុកឲ្យសេចក្ដីស្រឡាញ់របស់ព្រះអង្គស្ថិតនៅជាប់នឹងខ្ញុំដែរ។ ១១ ខ្ញុំបាននិយាយ សេចក្ដីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអំណររបស់ខ្ញុំស្ថិតនៅក្នុងអ្នករាល់គ្នា ហើយដើម្បីឲ្យអ្នករាល់គ្នាមានអំណរពេញលក្ខណៈ។
១២ វិន័យរបស់ខ្ញុំមានដូចតទៅនេះ គឺអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ ១៣ គ្មាននរណាមានសេចក្ដីស្រឡាញ់ខ្លាំងជាងអ្នក ដែលស៊ូប្ដូរជីវិត ដើម្បីមិត្តសម្លាញ់របស់ខ្លួននោះឡើយ។ ១៤ បើអ្នករាល់គ្នាប្រព្រឹត្តតាមសេចក្ដី ដែលខ្ញុំបានបង្គាប់មក អ្នករាល់គ្នាពិតជាមិត្តសម្លាញ់របស់ខ្ញុំមែន។ ១៥ ខ្ញុំមិនចាត់ទុកអ្នករាល់គ្នាជាអ្នកបំរើទៀតទេ ព្រោះអ្នកបំរើមិនយល់កិច្ចការ ដែលម្ចាស់របស់ខ្លួនប្រព្រឹត្តនោះឡើយ។ ខ្ញុំចាត់ទុកអ្នករាល់គ្នាជាមិត្តសម្លាញ់ ដ្បិតអ្វីៗ ដែលខ្ញុំបានឮពីព្រះបិតាមក ខ្ញុំក៏បានប្រាប់ឲ្យអ្នករាល់គ្នាដឹងហើយដែរ។ ១៦ មិនមែនអ្នករាល់គ្នាទេ ដែលបានជ្រើសរើសខ្ញុំ គឺខ្ញុំទេតើ ដែលបានជ្រើសរើសអ្នករាល់គ្នា ហើយបានតែងតាំងអ្នករាល់គ្នាឲ្យទៅ និងបង្កើតផល ព្រមទាំងឲ្យផលរបស់អ្នករាល់គ្នានៅស្ថិតស្ថេរ។ ដូច្នេះ អ្វីៗ ដែលអ្នករាល់គ្នាទូលសូមពីព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នាពុំខាន។ ១៧ រីឯសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នានោះ គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក»។
មនុស្សលោកស្អប់ព្រះយេស៊ូ និងស្អប់សាវ័ករបស់ព្រះអង្គ
១៨ «ប្រសិនបើមនុស្សលោកស្អប់អ្នករាល់គ្នា ចូរដឹងថា គេបានស្អប់ខ្ញុំ មុនស្អប់អ្នករាល់គ្នាទៅទៀត។ ១៩ ប្រសិនបើអ្នករាល់គ្នាកើតមកពីលោកីយ៍ នោះលោកីយ៍មុខជាស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នានៅខាងគេ។ ប៉ុន្តែ ខ្ញុំបានយកអ្នករាល់គ្នាចេញពីចំណោមលោកីយ៍មក ហើយអ្នករាល់គ្នាមិនកើតពីលោកីយ៍ទេ ហេតុនេះហើយបានជាលោកីយ៍ស្អប់អ្នករាល់គ្នា។ ២០ ចូរនឹកចាំពាក្យ ដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា “អ្នកបំរើមិនធំជាងម្ចាស់ឡើយ”។ ប្រសិនបើគេបៀតបៀនខ្ញុំ គេមុខជាបៀតបៀនអ្នករាល់គ្នា ប្រសិនបើគេប្រតិបត្តិតាមពាក្យខ្ញុំ គេមុខជាប្រតិបត្តិតាមពាក្យរបស់អ្នករាល់គ្នាដែរ។ ២១ ប៉ុន្តែ គេប្រព្រឹត្តអំពើទាំងនោះចំពោះអ្នករាល់គ្នា ព្រោះតែនាមខ្ញុំ ហើយគេពុំបានស្គាល់ព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកទេ។ ២២ ប្រសិនបើខ្ញុំមិនបានមកក្នុងលោកនេះ ហើយមិនបាននិយាយប្រាប់គេទេ គេគ្មានជាប់បាបអ្វីសោះ។ ប៉ុន្តែ ឥឡូវនេះគេគ្មានអ្វីដោះសាអំពីបាបរបស់ខ្លួនឡើយ។ ២៣ អ្នកណាស្អប់ខ្ញុំ អ្នកនោះក៏ស្អប់ព្រះបិតារបស់ខ្ញុំដែរ។ ២៤ ប្រសិនបើខ្ញុំមិនបានធ្វើកិច្ចការ ក្នុងចំណោមពួកគេជាកិច្ចការ ដែលគ្មាននរណាម្នាក់បានធ្វើទេនោះ គេមុខជាមិនជាប់បាបអ្វីឡើយ តែឥឡូវនេះគេបានឃើញ ហើយស្អប់ទាំងខ្ញុំស្អប់ទាំងព្រះបិតាខ្ញុំទៀតផង ២៥ គឺស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរវិន័យ*របស់គេថា “គេបានស្អប់ខ្ញុំដោយគ្មានមូលហេតុអ្វីឡើយ”។ ២៦ រីឯព្រះដ៏ជួយការពារ ដែលខ្ញុំនឹងចាត់ពីព្រះបិតាឲ្យមករកអ្នករាល់គ្នា គឺជាព្រះវិញ្ញាណ ដែលសំដែងសេចក្ដីពិត ព្រះអង្គចេញពីព្រះបិតាមក។ កាលណាព្រះអង្គយាងមកដល់ ទ្រង់នឹងធ្វើជាបន្ទាល់អំពីខ្ញុំ ២៧ ហើយអ្នករាល់គ្នាក៏ធ្វើជាបន្ទាល់អំពីខ្ញុំដែរ ពីព្រោះអ្នករាល់គ្នានៅជាមួយខ្ញុំ តាំងពីដើមរៀងមក។
ជំពូក ១៦
១ ខ្ញុំនិយាយសេចក្ដីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នារវាតចិត្តងាកចេញពីជំនឿ។ ២ គេនឹងបណ្ដេញអ្នករាល់គ្នាចេញពីធម្មសាលា ហើយនៅថ្ងៃក្រោយ អស់អ្នក ដែលសម្លាប់អ្នករាល់គ្នានឹកស្មានថា ខ្លួនគោរពបំរើព្រះជាម្ចាស់។ ៣ គេធ្វើដូច្នេះ មកពីគេមិនបានស្គាល់ព្រះបិតា ហើយក៏មិនស្គាល់ខ្ញុំផង។ ៤ ខ្ញុំនិយាយសេចក្ដីនេះ ប្រាប់អ្នករាល់គ្នា លុះដល់ពេលកំណត់ អ្នករាល់គ្នានឹងនឹកឃើញថា ខ្ញុំបានប្រាប់អ្នករាល់គ្នារួចស្រេចហើយ។ កាលពីមុន ខ្ញុំមិនបាននិយាយប្រាប់អ្នករាល់គ្នាទេ ពីព្រោះកាលណោះខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ»។
ព្រះបរមកិច្ចរបស់ព្រះវិញ្ញាណ
៥ «ឥឡូវនេះ ខ្ញុំទៅឯព្រះអង្គ ដែលបានចាត់ខ្ញុំឲ្យមក ហើយក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាសួរខ្ញុំថា“តើលោកអញ្ជើញទៅណា”ឡើយ។ ៦ ពេលឮខ្ញុំនិយាយដូច្នេះ អ្នករាល់គ្នាព្រួយចិត្តខ្លាំងណាស់។ ៧ ប៉ុន្តែ ខ្ញុំសូមប្រាប់អ្នករាល់គ្នាតាមត្រង់ថា បើខ្ញុំទៅ ទើបមានប្រយោជន៍ដល់អ្នករាល់គ្នា។ បើខ្ញុំមិនទៅទេ ព្រះដ៏ជួយការពារមិនយាងមករកអ្នករាល់គ្នាឡើយ។ ផ្ទុយទៅវិញ បើខ្ញុំទៅ ខ្ញុំនឹងចាត់ព្រះអង្គឲ្យមករកអ្នករាល់គ្នា។ ៨ កាលណាព្រះអង្គយាងមកដល់ ព្រះអង្គនឹងបញ្ជាក់ឲ្យមនុស្សលោកដឹងថា គេយល់ខុសអំពីបាប* អំពីសេចក្ដីសុចរិត* និងអំពីការកាត់ទោស។ ៩ គេយល់ខុសអំពីបាប ព្រោះគេមិនជឿលើខ្ញុំ ១០ អំពីសេចក្ដីសុចរិតព្រោះខ្ញុំទៅឯព្រះបិតា ហើយអ្នករាល់គ្នានឹងមិនឃើញខ្ញុំទៀតទេ ១១ អំពីការកាត់ទោស ព្រោះចៅហ្វាយរបស់មនុស្សលោកនេះបានទទួលទោសរួចហើយ។
១២ ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវនិយាយប្រាប់អ្នករាល់គ្នា តែអ្នករាល់គ្នាពុំអាចទទួលនៅពេលនេះបានទេ។ ១៣ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិតយាងមកដល់ ព្រះអង្គនឹងណែនាំអ្នករាល់គ្នាឲ្យស្គាល់សេចក្ដីពិតគ្រប់ចំពូក ដ្បិតសេចក្ដីផ្សេងៗ ដែលព្រះអង្គថ្លែង មិនចេញមកពីព្រះអង្គ ផ្ទាល់ទេ គឺព្រះអង្គថ្លែងតែសេចក្ដីណា ដែលទ្រង់ព្រះសណ្ដាប់ឮ ព្រមទាំងមានព្រះបន្ទូលប្រាប់ឲ្យអ្នករាល់គ្នាដឹង អំពីហេតុការណ៍ ដែលត្រូវកើតមាននៅថ្ងៃមុខផង។ ១៤ ព្រះអង្គនឹងសំដែងសិរីរុងរឿងរបស់ខ្ញុំ ព្រោះព្រះអង្គទទួលសេចក្ដីទាំងអស់ពីខ្ញុំ យកមកប្រាប់អ្នករាល់គ្នា។ ១៥ អ្វីៗ ដែលព្រះបិតាមាន ទាំងប៉ុន្មានសុទ្ធតែជារបស់ខ្ញុំទាំងអស់។ ហេតុនេះហើយបានជាខ្ញុំពោលថា ព្រះអង្គទទួលសេចក្ដីទាំងអស់ពីខ្ញុំយកមកប្រាប់អ្នករាល់គ្នា»។
ទុក្ខព្រួយនឹងប្រែទៅជាអំណរសប្បាយ
១៦ «បន្តិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំហើយ តែបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ»។ ១៧ សាវ័ក*ខ្លះសួរគ្នាថា៖ «ព្រះអង្គមានព្រះបន្ទូលថា “បន្តិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំ តែបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ” ហើយថា “ខ្ញុំនឹងទៅឯព្រះបិតា”តើព្រះអង្គចង់មានព្រះបន្ទូលអំពីអ្វី ? »។ ១៨ គេសួរគ្នាទៀតថា៖ «ព្រះអង្គមានព្រះបន្ទូលថា “បន្តិចទៀត”នោះ តើព្រះអង្គចង់មានព្រះបន្ទូលអំពីអ្វី យើងមិនយល់សោះ ! »។
១៩ ព្រះយេស៊ូជ្រាបថាគេចង់សួរព្រះអង្គ ទើបទ្រង់មានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាសួរគ្នាទៅវិញទៅមក ចង់ដឹងអំពីពាក្យដែលខ្ញុំប្រាប់អ្នករាល់គ្នាថាបន្តិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំ តែបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ។ ២០ ខ្ញុំសុំប្រាប់ឲ្ អ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងទ្រហោយំសោកសង្រេង តែមនុស្សលោកនឹងអរសប្បាយ អ្នករាល់គ្នានឹងកើតទុក្ខព្រួយ ប៉ុន្តែ ទុក្ខព្រួយរបស់អ្នករាល់គ្នានឹងប្រែទៅជាអំណរសប្បាយវិញ។ ២១ ពេលស្ត្រីម្នាក់ហៀបឆ្លងទន្លេ នាងតែងព្រួយចិត្តណាស់ ព្រោះដល់ពេល ដែលនាងត្រូវឈឺចាប់ លុះដល់សំរាលកូនរួចហើយ នាងក៏ភ្លេចការឈឺចាប់ទាំងប៉ុន្មានអស់រលីង នាងសប្បាយចិត្ត ព្រោះមានមនុស្សម្នាក់កើតមកក្នុងលោកនេះ។ ២២ អ្នករាល់គ្នាក៏ដូច្នោះដែរ ឥឡូវនេះ អ្នករាល់គ្នាព្រួយចិត្ត ប៉ុន្តែ ខ្ញុំនឹងជួបអ្នករាល់គ្នាសាជាថ្មី អ្នករាល់គ្នានឹងសប្បាយចិត្ត ហើយគ្មាននរណាដកយកអំណរសប្បាយចេញពីចិត្តអ្នករាល់គ្នាបានឡើយ។ ២៣ នៅពេលនោះ អ្នករាល់គ្នាលែងសួរអ្វីពីខ្ញុំទៀតហើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗ ដែលអ្នករាល់គ្នាទូលសូមព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គមុខជាប្រទានឲ្យអ្នករាល់គ្នាមិនខាន។ ២៤ មកទល់ពេលនេះ អ្នករាល់គ្នាពុំទាន់បានទូលសូមអ្វីក្នុងនាមខ្ញុំទេ ចូរទូលសូមទៅ អ្នករាល់គ្នានឹងបានទទួល ហើយអ្នករាល់គ្នានឹងមានអំណរពេញលក្ខណៈ»។
ព្រះយេស៊ូមានជ័យជំនះ
២៥ «ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះ ដោយប្រើប្រស្នា។ បន្តិចទៀត ខ្ញុំនឹងនិយាយប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់ៗអំពីព្រះបិតា ខ្ញុំមិនប្រើប្រស្នាទៀតទេ។ ២៦ នៅគ្រានោះ កាលណាអ្នករាល់គ្នាទូលសូមអ្វីៗពីព្រះបិតា ក្នុងនាមខ្ញុំ ខ្ញុំមិនប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងអង្វរព្រះអង្គឲ្យអ្នករាល់គ្នាឡើយ ២៧ ដ្បិតព្រះបិតាមានព្រះហឫទ័យស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ ហើយជឿថាខ្ញុំចេញពីព្រះជាម្ចាស់មក។ ២៨ ខ្ញុំបានចេញពីព្រះបិតាមកក្នុងលោកនេះ ហើយឥឡូវ ខ្ញុំចេញពីលោកនេះទៅឯព្រះបិតាវិញ»។
២៩ ក្រុមសាវ័ក*ទូលព្រះអង្គថា៖ «ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលយ៉ាងច្បាស់ៗមកយើងខ្ញុំ ហើយព្រះអង្គមិនប្រើប្រស្នាទៀតទេ។ ៣០ ឥឡូវនេះ យើងខ្ញុំដឹងថាព្រះអង្គឈ្វេងយល់គ្រប់សេចក្ដីទាំងអស់ មិនបាច់មាននរណាទូលសួរព្រះអង្គឡើយ។ ហេតុនេះហើយបានជាយើងខ្ញុំជឿថា ព្រះអង្គចេញមកពីព្រះជាម្ចាស់មែន»។ ៣១ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ឥឡូវនេះអ្នករាល់គ្នាជឿមែនឬ ! ៣២ ប៉ុន្តែ ពេលកំណត់មកដល់គឺពេលនេះហើយ អ្នករាល់គ្នានឹងត្រូវខ្ចាត់ខ្ចាយ ម្នាក់ៗទៅតាមផ្លូវរៀងៗខ្លួន បោះបង់ចោលខ្ញុំឲ្យនៅម្នាក់ឯង។ តាមពិត ខ្ញុំមិននៅម្នាក់ឯងទេ មានព្រះបិតាគង់នៅជាមួយខ្ញុំ។ ៣៣ ខ្ញុំនិយាយប្រាប់ដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្តរួមជាមួយ ខ្ញុំ។ អ្នករាល់គ្នាជួបនឹងទុក្ខវេទនានៅក្នុងលោក ប៉ុន្តែ ចូរមានសង្ឃឹមឡើង! ខ្ញុំបានឈ្នះលោកនេះហើយ»។
ជំពូក ១៧
ព្រះយេស៊ូទូលអង្វរឲ្យក្រុមសាវ័ក
១ កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គងើបព្រះភក្ត្រទតទៅលើមេឃមានព្រះបន្ទូលថា៖ «បពិត្រព្រះបិតា ឥឡូវនេះដល់ពេលកំណត់ហើយ សូមសំដែងសិរីរុងរឿងរបស់បុត្រឡើង ដើម្បីឲ្យបុត្រសំដែងសិរីរុងរឿងរបស់ព្រះបិតាដែរ។ ២ ព្រះអង្គបានប្រទានឲ្យបុត្រមានអំណាចលើមនុស្សទាំងអស់ ដើម្បីឲ្យបុត្រផ្ដល់ជីវិតអស់កល្បជានិច្ច ដល់អស់អ្នក ដែលព្រះអង្គប្រទានមកបុត្រ។ ៣ រីឯជីវិតអស់កល្ប ជានិច្ចនោះ គឺឲ្យគេស្គាល់ព្រះអង្គ ដែលជាព្រះជាម្ចាស់ដ៏ពិតតែមួយគត់ និងឲ្យគេស្គាល់ព្រះយេស៊ូគ្រីស្ដ* ដែលព្រះអង្គចាត់ឲ្យមក។ ៤ ទូលបង្គំបានសំដែង សិរីរុងរឿងរបស់ព្រះអង្គនៅលើផែនដី ហើយទូលបង្គំក៏បានបង្ហើយកិច្ចការ ដែលព្រះអង្គបញ្ជា ឲ្យទូលបង្គំធ្វើនោះចប់សព្វគ្រប់ដែរ។ ៥ ព្រះបិតាអើយ ! ឥឡូវនេះ សូមលើកតម្កើងទូលបង្គំឲ្យមានសិរីរុងរឿងនៅជិតព្រះអង្គ គឺសិរីរុងរឿង ដែលទូលបង្គំធ្លាប់មាននៅជិតព្រះអង្គ តាំងពីមុនកំណើតពិភពលោកមក។
៦ ទូលបង្គំ បានសំដែងព្រះនាមរបស់ព្រះអង្គឲ្យអស់អ្នក ដែលព្រះអង្គញែកចេញពីលោកនេះប្រទានមកទូលបង្គំស្គាល់ហើយ។ អ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ព្រះអង្គប្រទានគេមកឲ្យទូលបង្គំ ហើយគេបានប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ ៧ ឥឡូវនេះ អ្នកទាំងនោះដឹងថា អ្វីៗ ដែលព្រះអង្គប្រទានមកទូលបង្គំ សុទ្ធតែមកពីព្រះអង្គទាំងអស់ ៨ ដ្បិតទូលបង្គំបាន ប្រគល់ព្រះបន្ទូលដែលព្រះអង្គប្រទានមកទូលបង្គំទៅឲ្យគេ គេបានទទួលព្រះបន្ទូលទាំងនោះ ហើយទទួលស្គាល់យ៉ាងច្បាស់ថា ទូលបង្គំបានចេញមកពីព្រះអង្គមែន ព្រមទាំងជឿថាព្រះអង្គបានចាត់ទូលបង្គំឲ្យមកទៀតផង។
៩ ទូលបង្គំ សូមអង្វរព្រះអង្គឲ្យអ្នកទាំងនោះ ទូលបង្គំមិនអង្វរព្រះអង្គឲ្យមនុស្សលោកឡើយ គឺអង្វរឲ្យតែអស់អ្នក ដែលព្រះអង្គប្រទានមកទូលបង្គំប៉ុណ្ណោះ ព្រោះអ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។ ១០ អ្វីៗជារបស់ព្រះអង្គ ក៏ជារបស់ទូលបង្គំ ហើយអ្វីៗជារបស់ទូលបង្គំក៏ជារបស់ព្រះអង្គដែរ។ ទូលបង្គំសំដែងសិរីរុងរឿងក្នុងអ្នកទាំងនោះ។ ១១ ទូលបង្គំមិននៅក្នុង លោកនេះទៀតទេ រីឯអ្នកទាំងនោះស្ថិតនៅក្នុងលោកនៅឡើយ ហើយទូលបង្គំទៅឯព្រះអង្គវិញ។ ឱព្រះបិតាដ៏វិសុទ្ធអើយ ! សូមថែរក្សាអ្នកទាំងនោះ ដោយព្រះនាមព្រះអង្គផង គឺព្រះនាមនេះហើយ ដែលព្រះអង្គបានប្រទានមកទូលបង្គំ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ។ ១២ កាលទូលបង្គំនៅជាមួយ អ្នកទាំងនោះ ទូលបង្គំបានថែរក្សាគេ ដោយព្រះនាម ដែលព្រះអង្គបានប្រទានមកទូលបង្គំ។ ទូលបង្គំបានការពារគេ ហើយគ្មាននរណាត្រូវវិនាសបាត់បង់ឡើយ លើកលែងតែម្នាក់ដែលត្រូវវិនាស ស្របតាមសេចក្ដី ដែលមានចែងទុកក្នុងគម្ពីរប៉ុណ្ណោះ។ ១៣ ឥឡូវនេះ ទូលបង្គំទៅឯព្រះអង្គហើយ ទូលបង្គំនិយាយដូច្នេះ ពេលទូលបង្គំនៅក្នុងលោកនេះនៅឡើយ ដើម្បីឲ្យគេមានអំណររបស់ទូលបង្គំជាអំណរដ៏ពេញលក្ខណៈ។ ១៤ ទូលបង្គំបានប្រទានព្រះបន្ទូលរបស់ព្រះអង្គឲ្យគេ តែមនុស្សលោកស្អប់គេ ពីព្រោះគេមិនកើតពីលោកីយ៍ទេ ដូចជាទូលបង្គំមិនកើតពីលោកីយ៍នេះដែរ។ ១៥ ទូលបង្គំមិនអង្វរព្រះអង្គ ឲ្យយកគេចេញពីលោកនេះឡើយ គឺសូមទ្រង់មេត្តាការពារគេពីអំណាចមារកំណាចវិញ។ ១៦ គេមិនកើតពីលោកីយ៍ទេ ដូចទូលបង្គំមិនកើតពីលោកីយ៍នេះដែរ។ ១៧ សូមប្រោសគេឲ្យវិសុទ្ធ ដោយសារសេចក្ដីពិត គឺព្រះបន្ទូលរបស់ព្រះអង្គនោះហើយជាសេចក្ដីពិត។ ១៨ ទូលបង្គំចាត់គេឲ្យទៅក្នុងលោក ដូចព្រះអង្គបានចាត់ទូលបង្គំឲ្យមកក្នុងលោកដែរ។ ១៩ រីឯទូលបង្គំវិញ ទូលបង្គំបូជាជីវិត ថ្វាយព្រះអង្គជាប្រយោជន៍ដល់គេ ដើម្បីឲ្យគេបានវិសុទ្ធដោយសារសេចក្ដីពិត។
២០ ទូលបង្គំ មិនអង្វរព្រះអង្គឲ្យតែអ្នកទាំងនេះប៉ុណ្ណោះទេ គឺអង្វរឲ្យអស់អ្នកជឿលើទូលបង្គំ តាមរយៈពាក្យ ដែលអ្នកទាំងនេះថ្លែងប្រាប់ផងដែរ ២១ សូមឲ្យគេទាំងអស់ គ្នារួមជាអង្គតែមួយ។ ឱព្រះបិតាអើយ ! ព្រះអង្គស្ថិតនៅជាប់នឹងទូលបង្គំ ហើយទូលបង្គំស្ថិតនៅជាប់នឹងព្រះអង្គយ៉ាងណា សូមឲ្យគេរួមគ្នាជាអង្គតែមួយនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឲ្យមនុស្សលោកជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមកមែន។ ២២ រីឯសិរីរុងរឿង ដែល ព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំបានប្រគល់ទៅឲ្យគេហើយ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ ២៣ គឺឲ្យទូលបង្គំនៅក្នុងគេ ព្រះអង្គនៅក្នុងទូលបង្គំ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយពិតប្រាកដមែន ហើយមនុស្សលោកទទួលស្គាល់ថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក ព្រមទាំងទទួលស្គាល់ថា ព្រះអង្គស្រឡាញ់គេ ដូចព្រះអង្គស្រឡាញ់ទូលបង្គំដែរ។ ២៤ ឱព្រះបិតាអើយ ! ទូលបង្គំចង់ឲ្យអស់អ្នក ដែលព្រះអង្គប្រទានមកទូលបង្គំ បាននៅជាមួយទូលបង្គំ ឯកន្លែង ដែលទូលបង្គំនៅនោះដែរ ដើម្បីឲ្យគេឃើញសិរីរុងរឿង ដែលព្រះអង្គប្រទានមកទូលបង្គំ ព្រោះព្រះអង្គបានស្រឡាញ់ទូលបង្គំ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ។ ២៥ ឱព្រះបិតាដ៏សុចរិត អើយ ! មនុស្សលោកពុំបានស្គាល់ព្រះអង្គទេ រីឯទូលបង្គំវិញ ទូលបង្គំស្គាល់ព្រះអង្គ ហើយអ្នកទាំងនេះក៏ទទួលស្គាល់ថាព្រះអង្គបានចាត់ទូលបង្គំឲ្យមកមែន។ ២៦ ទូលបង្គំបានសំដែង ព្រះនាមព្រះអង្គឲ្យគេស្គាល់ ហើយទូលបង្គំនឹងសំដែងឲ្យគេរឹតតែស្គាល់ថែមទៀត ដើម្បីឲ្យសេចក្ដីស្រឡាញ់របស់ព្រះអង្គចំពោះទូលបង្គំស្ថិតនៅក្នុងគេ ហើយទូលបង្គំក៏ស្ថិតនៅក្នុងគេដែរ»។
ជំពូក ១៨
គេចាប់ព្រះយេស៊ូ
(មថ.២៦:៤៧-៥៦ ; មក.១៤:៤៣-៥០ ; លក.២២.៤៧-៥៣)
១ កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះរួចហើយ ព្រះអង្គយាងទៅខាងនាយជ្រោះកេដ្រូនជាមួយក្រុមសាវ័ក។ នៅទីនោះ មានសួនឧទ្យានមួយ ព្រះអង្គយាងចូលទៅក្នុងសួនឧទ្យាននោះជាមួយក្រុមសាវ័ក។ ២ រីឯយូដាជាអ្នកក្បត់ ព្រះអង្គក៏ស្គាល់កន្លែងនោះដែរ ព្រោះជាកន្លែង ដែលព្រះយេស៊ូ និងក្រុមសាវ័កធ្លាប់ជួបជុំគ្នាជាញឹកញាប់។ ៣ ដូច្នេះ យូដានាំកងទាហាន និងកងរក្សាព្រះវិហារចូលមក ទាំងកាន់ចន្លុះ កាន់គោម កាន់អាវុធផង។ ពួកនាយកបូជាចារ្យ និងពួកខាងគណៈផារីស៊ី បានចាត់អ្នកទាំងនោះឲ្យមក។ ៤ ព្រះយេស៊ូឈ្វេងយល់ហេតុការណ៍ទាំងប៉ុន្មាន ដែលត្រូវកើតដល់ព្រះអង្គ ព្រះអង្គក៏យាងទៅមុខ មានព្រះបន្ទូលសួរគេថា៖ «អ្នករាល់គ្នាមករកនរណា ? »។ ៥ គេទូលព្រះអង្គថា៖ «រកឈ្មោះយេស៊ូជាអ្នកភូមិណាសារ៉ែត»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺខ្ញុំហ្នឹងហើយ»។ រីឯយូដាជាអ្នកក្បត់ព្រះអង្គក៏នៅជាមួយពួកគេដែរ។ ៦ កាលព្រះយេស៊ូមានព្រះបន្ទូលទៅគេថា “គឺខ្ញុំហ្នឹងហើយ”ដូច្នេះគេថយក្រោយ ហើយដួលដាច់ផ្ងារទាំងអស់គ្នា។ ៧ ព្រះយេស៊ូមានព្រះបន្ទូលសួរគេម្ដងទៀតថា៖ «អ្នករាល់គ្នាមករកនរណា ?» គេទូលថា៖ «រកឈ្មោះយេស៊ូជាអ្នកភូមិណាសារ៉ែត»។ ៨ ព្រះយេស៊ូមានព្រះបន្ទូល ទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាថា ខ្ញុំហ្នឹងហើយ បើអ្នករាល់គ្នាមករកខ្ញុំ ទុកឲ្យអ្នកទាំងនេះចេញទៅចុះ»។ ៩ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ស្របតាមសេចក្ដី ដែលព្រះអង្គបានថ្លែងទុកមកថា «“អស់អ្នក ដែលព្រះអង្គប្រទានមកទូលបង្គំ ឥតមាននរណាម្នាក់ត្រូវវិនាសឡើយ”»។ ១០ លោកស៊ីម៉ូនសិលាមានដាវមួយ គាត់ហូតកាប់អ្នកបំរើម្នាក់របស់លោកមហាបូជាចារ្យដាច់ស្លឹកត្រចៀកស្ដាំ អ្នកបំរើនោះឈ្មោះម៉ាល់ឃូស។ ១១ ព្រះយេស៊ូមាន ព្រះបន្ទូលទៅលោកសិលាថា៖ «ស៊កដាវទៅក្នុងស្រោមវិញទៅ តើអ្នកមិនចង់ឲ្យខ្ញុំផឹកពីពែងនៃទុក្ខលំបាក ដែលព្រះបិតាប្រទានមកខ្ញុំទេឬ »។
ព្រះយេស៊ូនៅមុខលោកមហាបូជាចារ្យលោកសិលាបដិសេធមិនទទួលស្គាល់ព្រះយេស៊ូ
(ម៉ាថាយ ២៦:៦៩-៧០ ; ម៉ាកុស ១៤:៦៦-៦៨ ; លូកា ២២:៥៥-៥៧)
១២ ពួកទាហាន និងមេបញ្ជាការរបស់គេ ព្រមទាំងកងរក្សាព្រះវិហាររបស់ជនជាតិយូដា នាំគ្នាចាប់ព្រះយេស៊ូហើយចងព្រះអង្គ។ ១៣ គេនាំព្រះអង្គទៅជួបលោកហាណ្ណាមុនគេ ព្រោះលោកត្រូវជាឪពុកក្មេករបស់លោកកៃផាស ដែលកាន់តំណែងជាមហាបូជាចារ្យនៅឆ្នាំនោះ ១៤ គឺលោកកៃផាសនេះហើយ ដែលបានឲ្យយោបល់ទៅជនជាតិយូដាថា “គួរឲ្យមនុស្សតែម្នាក់ស្លាប់ ជាប្រយោជន៍ដល់ប្រជារាស្ត្រ”។ ១៥ លោកស៊ីម៉ូនសិលាដើរតាមព្រះយេស៊ូជាមួយសាវ័កម្នាក់ទៀត លោកមហាបូជាចារ្យស្គាល់សាវ័កម្នាក់នោះ ហេតុនេះហើយបានជាគាត់អាចចូលជាមួយព្រះយេស៊ូ ទៅទីធ្លាខាងក្នុងដំណាក់របស់លោកមហាបូជាចារ្យ*។ ១៦ រីឯលោកសិលាវិញ គាត់ឈរនៅខាងក្រៅក្បែរមាត់ទ្វារ។ សាវ័កដែលលោកមហាបូជាចារ្យស្គាល់នោះ ក៏ចេញមកនិយាយជាមួយស្ត្រីម្នាក់ជាអ្នកយាមទ្វារ ហើយនាំលោកសិលាចូលទៅខាងក្នុងដែរ។ ១៧ ស្ត្រីបំរើជាអ្នក យាមទ្វារនិយាយទៅកាន់លោកសិលាថា៖ «អ្នកឯងជាសាវ័ករបស់អ្នកនោះដែរមែនឬ ? »។ លោកសិលាតបថា៖ «ទេ ! មិនមែនទេ ! »។ ១៨ ពួកអ្នកបំរើរបស់លោក មហាបូជាចារ្យ និងកងរក្សាព្រះវិហារនាំគ្នាបង្កាត់ភ្លើងអាំង ព្រោះពេលនោះរងាណាស់។ លោកសិលាក៏នៅអាំងភ្លើងជាមួយពួកគេដែរ។
មហាបូជាចារ្យសួរចម្លើយព្រះយេស៊ូ
(មថ.២៦:៥៩-៦៦ ; មក.១៤:៥៥-៦៤ ; លក.២២.៦៦-៧១)
១៩ លោកមហាបូជាចារ្យសួរព្រះយេស៊ូអំពីក្រុមសាវ័ករបស់ព្រះអង្គ និងអំពីសេចក្ដីដែលព្រះអង្គបង្រៀន។ ២០ ព្រះយេស៊ូមានព្រះបន្ទូលតបទៅលោកវិញថា៖ «ខ្ញុំបាននិយាយ ដោយចេញមុខប្រាប់មនុស្សលោក ខ្ញុំតែងបង្រៀននៅក្នុងធម្មសាលា និងនៅក្នុងព្រះវិហារ* ជាកន្លែង ដែលជនជាតិយូដាទាំងអស់ជួបជុំគ្នា គឺឥតនិយាយក្នុងទីលាក់កំបាំងទេ។ ២១ ហេតុដូចម្ដេចបានជា លោកសួរខ្ញុំ ? សូមលោកសួរអស់អ្នកដែលបានឮសេចក្ដីខ្ញុំនិយាយនោះទៅ ដ្បិតគេសុទ្ធតែដឹងអំពីអ្វីៗ ដែលខ្ញុំបាននិយាយ»។ ២២ ពេលឮព្រះយេស៊ូមានព្រះបន្ទូលដូច្នោះ ទាហានម្នាក់ក្នុងកងរក្សាព្រះវិហារដែលឈរនៅក្បែរនោះ ទះកំផ្លៀងព្រះអង្គទាំងពោលថា៖ «ម្ដេចក៏អ្នកឯងហ៊ានឆ្លើយរបៀបនេះទៅលោកមហាបូជាចារ្យ ! »។ ២៣ ព្រះយេស៊ូមាន ព្រះបន្ទូលតបទៅទាហាននោះវិញថា៖ «បើខ្ញុំនិយាយខុសឆ្គង សុំប្រាប់មើល៍! តើមានឆ្គងត្រង់ណា ! តែបើខ្ញុំនិយាយត្រឹមត្រូវ ម្ដេចក៏អ្នកវាយខ្ញុំ ? »។ ២៤ ពេលនោះ លោកហាណ្ណាបញ្ជូនព្រះអង្គ ទាំងជាប់ចំណងទៅលោកកៃផាសជាមហាបូជាចារ្យ។
លោកសិលាបដិសេធសាជាថ្មីថាមិនស្គាល់ព្រះយេស៊ូ
(មថ.២៦:៧១-៧៥ មក.១៤:៦៩-៧២ លក.២២.៥៨-៦២)
២៥ លោកស៊ីម៉ូនសិលាអាំងភ្លើងនៅទីនោះ។ មានគេសួរលោកថា៖ «អ្នកឯងជាសាវ័ករបស់អ្នកនោះដែរមែនឬ ? »។ លោកសិលាប្រកែកថា៖ «ទេ ! មិនមែនទេ ! »។ ២៦ មានអ្នកបំរើរបស់មហាបូជាចារ្យ*ម្នាក់ត្រូវជាបងប្អូននឹងអ្នកដែលលោកសិលាកាប់ដាច់ ស្លឹកត្រចៀក ពោលថា៖ «ខ្ញុំក៏បានឃើញអ្នកឯងនៅក្នុងសួនជាមួយគាត់ដែរ ! »។ ២៧ លោកសិលាប្រកែកសាជាថ្មីម្ដងទៀត។ រំពេចនោះ ស្រាប់តែមាន់រងាវឡើង។
ព្រះយេស៊ូនៅមុខលោកពីឡាត
(មថ.២៧:១-២, ១១-១៤ ; មក.១៥:១-៥ ; លក.២៣.១-៥)
២៨ បន្ទាប់មក គេបណ្ដើរព្រះយេស៊ូចេញពីដំណាក់លោកកៃផាស ទៅបន្ទាយរបស់លោកទេសាភិបាល។ ពេលនោះ ភ្លឺស្រាងៗហើយ។ ជនជាតិយូដាពុំបានចូលក្នុងបន្ទាយទេ ព្រោះគេខ្លាចមានបាប នាំឲ្យធ្វើពិធីជប់លៀងក្នុងឱកាសបុណ្យចម្លង*មិនបាន។ ២៩ ដូច្នេះ លោកពីឡាតចេញមកជួបពួកគេសួរថា៖ «តើអ្នករាល់គ្នាចោទប្រកាន់អ្នកនេះអំពីរឿងអ្វី ? »។ ៣០ គេជំរាបលោកថា៖ «ប្រសិនបើគាត់មិនបានប្រព្រឹត្តអំពើទុច្ចរិតទេ យើងខ្ញុំនាំគាត់មកជូនលោកធ្វើអ្វី ! »។ ៣១ លោកពីឡាតមានប្រសាសន៍ ទៅគេថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅវិនិច្ឆ័យទោស តាមវិន័យរបស់អ្នករាល់គ្នាទៅ»។ ជនជាតិយូដាជំរាបទៅលោកវិញថា៖ «យើងខ្ញុំគ្មានសិទ្ធិប្រហារជីវិតអ្នកណាសោះឡើយ»។ ៣២ គេនិយាយដូច្នេះ ស្របតាមសេចក្ដី ដែលព្រះយេស៊ូមានព្រះបន្ទូលអំពីរបៀបព្រះអង្គត្រូវសោយទិវង្គត។ ៣៣ លោកពីឡាតចូលទៅក្នុងបន្ទាយវិញ រួចហៅព្រះយេស៊ូមកសួរថា៖ «តើអ្នកជាស្ដេចរបស់ជនជាតិយូដាមែនឬ ? »។ ៣៤ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «លោកមានប្រសាសន៍ដូច្នេះ តើមកពីគំនិតរបស់លោកផ្ទាល់ ឬមានអ្នកផ្សេងទៀតជំរាបលោក ? »។ ៣៥ លោកពីឡាតតបវិញថា៖ «ខ្ញុំមិនមែនជាជនជាតិយូដាទេ! គឺជនជាតិរបស់អ្នក និងពួកនាយកបូជាចារ្យទេតើ ដែលបានបញ្ជូនអ្នកមកខ្ញុំ តើអ្នកបានធ្វើអ្វី ? »។ ៣៦ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «រាជ្យរបស់ខ្ញុំមិនមែននៅក្នុងលោកនេះទេ។ ប្រសិនបើរាជ្យរបស់ខ្ញុំនៅក្នុងលោកនេះមែន ពួកបំរើរបស់ខ្ញុំមុខជានាំគ្នាតយុទ្ធមិនឲ្យគេបញ្ជូនខ្ញុំទៅ ក្នុងកណ្ដាប់ដៃរបស់សាសន៍យូដាបានឡើយ។ ប៉ុន្តែ រាជ្យរបស់ខ្ញុំ មិនមែននៅលោកនេះទេ»។ ៣៧ លោកពីឡាតទូលសួរព្រះអង្គថា៖ «បើដូច្នេះ តើអ្នកជាស្ដេចមែនឬ ? »។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «លោកទេតើ ដែលមានប្រសាសន៍ថា ខ្ញុំជាស្ដេច។ ខ្ញុំកើតមក ហើយខ្ញុំមកក្នុងលោកនេះ ដើម្បីផ្ដល់សក្ខីភាពអំពីសេចក្ដីពិត អ្នកណាកើតពីសេចក្ដីពិត អ្នកនោះនឹងស្ដាប់សំឡេងខ្ញុំ»។ ៣៨ លោកពីឡាតទូលព្រះអង្គថា៖ «អ្វីទៅសេចក្ដីពិតនោះ ? »។
គេកាត់ទោសប្រហារជីវិតព្រះយេស៊ូ
(មថ.២៧:១៥-៣១ ; មក.១៥:៦-២០ ; លក.២៣.១៣-២៥)
លោកពីឡាតមានប្រសាសន៍ដូច្នោះហើយ ក៏ចេញទៅជួបជនជាតិយូដាជាថ្មីម្ដងទៀតប្រាប់ថា៖ «ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះឡើយ។ ៣៩ តាមទំនៀមទម្លាប់របស់អ្នករាល់គ្នា ខ្ញុំត្រូវដោះលែងអ្នកទោសម្នាក់ក្នុងឱកាសបុណ្យចម្លង។ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្ដេចយូដាឬទេ ? »។ ៤០ ពេលនោះ គេនាំគ្នាស្រែកឡើងសាជាថ្មីថា៖ «កុំដោះលែងអ្នកនេះឡើយ សូមដោះលែងបារ៉ាបាសវិញ»។ រីឯឈ្មោះបារ៉ាបាសនេះជាចោរព្រៃ។
ជំពូក ១៩
១ ពេលនោះ លោកពីឡាតបង្គាប់ឲ្យទាហានយកព្រះយេស៊ូទៅវាយនឹងរំពាត់។ ២ ពួកទាហានយកបន្លាមកក្រងធ្វើជាមកុដបំពាក់ព្រះសិរសាព្រះអង្គ ហើយយកអាវពណ៌ក្រហមទុំមកពាក់ឲ្យព្រះអង្គដែរ។ ៣ បន្ទាប់មក គេនាំគ្នាចូលទៅជិតព្រះអង្គទាំងពោលថា៖ «ស្ដេចយូដាអើយ ! សូមថ្វាយបង្គំ» ហើយក៏ទះកំផ្លៀងព្រះអង្គ។ ៤ លោកពីឡាតចេញទៅជួបជន ជាតិយូដា សាជាថ្មីមានប្រសាសន៍ទៅគេថា៖ «មើល៍ខ្ញុំនាំគាត់មកខាងក្រៅ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះ»។ ៥ ពេលនោះ ព្រះយេស៊ូយាងចេញមក ទាំងពាក់ភួងបន្លាជាមកុដ និងពាក់អាវពណ៌ក្រហមទុំផង។ លោកពីឡាតមានប្រសាសន៍ទៅគេថា៖ «មើល៍ មនុស្សហ្នឹងហើយ ! »។ ៦ កាលពួកនាយកបូជាចារ្យ និងកងរក្សាព្រះវិហារឃើញព្រះអង្គគេនាំគ្នាស្រែកឡើងថា៖ «ឆ្កាងទៅ ! ឆ្កាងទៅ ! »។ លោកពីឡាតមានប្រសាសន៍ថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅឆ្កាងខ្លួនឯងទៅ ដ្បិតខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះ»។ ៧ ជនជាតិយូដាជំរាបលោក ពីឡាតថា៖ «យើងខ្ញុំមានវិន័យហើយតាមវិន័យនោះ ជននេះត្រូវតែស្លាប់ ព្រោះគាត់តាំងខ្លួនជាព្រះបុត្រារបស់ព្រះជាម្ចាស់»។ ៨ កាលលោកពីឡាតឮដូច្នោះ លោករឹតតែភ័យខ្លាចថែមទៀត។ ៩ លោកចូលទៅក្នុងបន្ទាយវិញ សួរព្រះយេស៊ូថា៖ «អ្នកមកពីណា ? »។ ព្រះយេស៊ូពុំបានឆ្លើយតបទៅលោកវិញសោះ។ ១០ ហេតុនេះលោកពីឡាតសួរព្រះអង្គថា៖ «ម្ដេចក៏អ្នកមិននិយាយមកខ្ញុំដូច្នេះ ? អ្នកមិនដឹងថាខ្ញុំមានអំណាចដោះលែងអ្នកក៏បាន ឬឆ្កាងអ្នកក៏បានទេឬ ? »។ ១១ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ប្រសិនបើមិនបានទទួលអំណាចពីស្ថានលើមកទេ លោកគ្មានអំណាចលើខ្ញុំឡើយ ហេតុនេះហើយបានជាអ្នក ដែលចាប់បញ្ជូនខ្ញុំមកលោកមានបាបធ្ងន់ ជាងលោកទៅទៀត»។
១២ តាំងពីពេលនោះមក លោកពីឡាតរកមធ្យោបាយដោះលែងព្រះយេស៊ូ ប៉ុន្តែ ជនជាតិយូដានាំគ្នាស្រែកឡើងថា៖ «បើលោកដោះលែងជននេះ លោកមិនមែនជាមិត្តសម្លាញ់របស់ព្រះចៅអធិរាជឡើយ ដ្បិតអ្នកណាតាំងខ្លួនជាស្ដេច អ្នកនោះប្រឆាំងនឹងព្រះចៅអធិរាជ ! »។ ១៣ កាលលោកពីឡាតឮពាក្យនេះ លោកនាំព្រះយេស៊ូទៅខាងក្រៅ ឲ្យគង់លើវេទិកាសំរាប់កាត់ក្ដី នៅត្រង់កន្លែងមួយឈ្មោះ “លានក្រាលថ្ម” ដែលគេហៅជាភាសាហេប្រឺថា “កាប្បាថា” ១៤ ពេលនោះ ជាថ្ងៃ ដែលគេរៀបចំបុណ្យចម្លង* ហើយប្រមាណជាពេលថ្ងៃត្រង់។ លោកពីឡាតមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖ «នេះនែ៎ ! ស្ដេចរបស់អ្នករាល់គ្នា»។ ១៥ ប៉ុន្តែ ជនជាតិយូដាស្រែកឡើងថា៖ «សម្លាប់ចោលទៅ ! ឆ្កាងទៅ ! »។ លោកពីឡាតសួរពួកគេថា៖ «ឲ្យខ្ញុំឆ្កាងស្ដេចរបស់អ្នករាល់គ្នាឬ ? »។ ពួកនាយកបូជាចារ្យឆ្លើយឡើងថា៖ «ក្រៅពីព្រះចៅអធិរាជ យើងខ្ញុំគ្មានស្ដេចឯណាទៀតឡើយ»។ ១៦ ពេលនោះ លោកពីឡាតប្រគល់ព្រះយេស៊ូទៅឲ្យគេឆ្កាង។ គេនាំគ្នាចាប់ព្រះយេស៊ូយកទៅ។
គេឆ្កាងព្រះយេស៊ូ
(មថ.២៧:៣២-៤៤ ; មក.១៥:២១-៣២ ; លក.២៣.២៦-៤៣)
១៧ ព្រះយេស៊ូលីឈើឆ្កាង ដោយផ្ទាល់ព្រះអង្គ ចេញពីទីក្រុងឆ្ពោះទៅកន្លែងមួយឈ្មោះ “ទួលលលាដ៍ក្បាល” ែលគេហៅជាភាសាហេប្រឺថា “កុលកូថា” ១៨ គេឆ្កាងព្រះអង្គនៅទីនោះ។ គេឆ្កាងអ្នកទោសពីរនាក់ទៀតនៅសងខាងព្រះអង្គដែរ ព្រះយេស៊ូនៅកណ្ដាល។ ១៩ លោកពីឡាតឲ្យគេសរសេរប្រកាសបោះភ្ជាប់នឹងឈើឆ្កាង។ នៅលើប្រកាសនោះ មានសរសេរថា «យេស៊ូអ្នកភូមិណាសារ៉ែតជាស្ដេចយូដា»។ ២០ ជនជាតិយូដាជាច្រើន បានមើលប្រកាសនោះ ដ្បិតកន្លែង ដែលគេឆ្កាងព្រះយេស៊ូនៅក្បែរទីក្រុង ហើយប្រកាសនោះសរសេរជាអក្សរហេប្រឺ ឡាតាំង និងក្រិក។ ២១ ពួកនាយកបូជាចារ្យ* របស់ជនជាតិយូដាជំរាបលោកពីឡាតថា៖ «សូមកុំសរសេរថា “ស្ដេចយូដា” ដូច្នេះ តែសរសេរថា “អ្នកនេះនិយាយថា ខ្ញុំជាស្ដេចយូដា”វិញ»។ ២២ លោកពីឡាតមានប្រសាសន៍តបថា៖ «ខ្ញុំសរសេរយ៉ាងណាហើយ ត្រូវទុកយ៉ាងនោះទៅ ! »។
២៣ ក្រោយពីបានឆ្កាងព្រះយេស៊ូរួចហើយ ពួកទាហានយកសម្លៀកបំពាក់របស់ព្រះអង្គ មកធ្វើជាបួនចំណែកចែកគ្នាម្នាក់មួយចំណែកៗ។ រីឯអាវវែងរបស់ព្រះអង្គវិញ ជាអាវធ្វើពីក្រណាត់តែមួយផ្ទាំង គ្មានថ្នេរសោះ តាំងពីលើដល់ក្រោម។ ដូច្នេះ គេនិយាយគ្នាថា៖ ២៤ «កុំហែកអាវនេះធ្វើអ្វី យើងចាប់ឆ្នោតវិញ ដើម្បីឲ្យដឹងថាអាវនេះនឹងបានទៅលើអ្នកណា»។ ពួកទាហានធ្វើដូច្នេះ ស្របតាមសេចក្ដី ដែលមានចែងទុកក្នុងគម្ពីរមកថា៖ «គេបានយកសម្លៀកបំពាក់របស់ទូលបង្គំចែកគ្នា ហើយចាប់ឆ្នោតយកអាវវែងរបស់ទូលបង្គំ»។ ២៥ មាតាព្រះយេស៊ូ ប្អូនស្រីមាតាព្រះអង្គ នាងម៉ារី ជាភរិយាលោកក្លូប៉ាស និងនាងម៉ារី ជាអ្នកស្រុកម៉ាដាឡា ឈរក្បែរឈើឆ្កាងរបស់ព្រះអង្គ។ ២៦ ព្រះយេស៊ូឃើញមាតា ព្រមទាំងសាវ័ក ដែលព្រះអង្គស្រឡាញ់ នោះឈរនៅជិត ទ្រង់មានព្រះបន្ទូលទៅមាតាថា៖ «អ្នកអើយ ! នេះហើយកូនរបស់អ្នក»។ ២៧ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅសាវ័កថា៖ «នេះហើយម្ដាយរបស់អ្នក»។ តាំងពីពេលនោះមក សាវ័កនោះយកគាត់មកនៅជាមួយ។
ព្រះយេស៊ូសោយទិវង្គត
(មថ.២៧:៤៥-៤៦ ; មក.១៥:៣៣-៤១ ; លក.២៣.៤៤-៤៨)
២៨ បន្ទាប់មក ព្រះយេស៊ូជ្រាបថា ព្រះអង្គបានបង្ហើយកិច្ចការទាំងអស់ចប់សព្វគ្រប់ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំស្រេកទឹក» ដើម្បីឲ្យបានស្របតាមសេចក្ដីគ្រប់ប្រការ ដែលមានចែងទុកក្នុងគម្ពីរ។ ២៩ នៅទីនោះ មានក្រឡមួយមានទឹកខ្មេះពេញ។ ពួកទាហានយកសារាយស្ងួត ជ្រលក់ទឹកខ្មេះជោក រួចរុំនៅចុងត្រែងមួយដើម រុញទៅដល់ព្រះឱស្ឋរបស់ព្រះអង្គ។ ៣០ កាលព្រះយេស៊ូសោយទឹក ខ្មេះហើយ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំបានសំរេចសព្វគ្រប់អស់ហើយ!»។ ព្រះអង្គក៏ឱនព្រះសិរសាចុះ ហើយប្រគល់វិញ្ញាណទៅ។
៣១ ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យចម្លង* ជនជាតិយូដាមិនចង់ឲ្យមានសាកសពជាប់នឹងឈើឆ្កាងនៅថ្ងៃសប្ប័ទ*ឡើយ ព្រោះថ្ងៃសប្ប័ទនោះ ជាថ្ងៃបុណ្យធំ។ ហេតុនេះហើយបានជាគេសុំលោកពីឡាតចេញបញ្ជាទៅទាហាន ឲ្យបំបាក់ជើងអ្នកជាប់ឆ្កាង ហើយយកសាកសពចុះមក។ ៣២ ពួកទាហាននាំគ្នាមកវាយបំបាក់ជើងអ្នកទោសទីមួយ និងអ្នកទោសទីពីរ ដែលជាប់លើឈើឆ្កាងជាមួយព្រះអង្គ។ ៣៣ លុះមកដល់ព្រះយេស៊ូ គេឃើញព្រះអង្គសោយទិវង្គតផុតទៅហើយ គេមិនបំបាក់ព្រះបាទាព្រះអង្គទេ ៣៤ ប៉ុន្តែ ទាហានម្នាក់យកលំពែងចាក់ត្រង់ចន្លោះឆ្អឹងជំនីរព្រះអង្គ ស្រាប់តែមានទឹក និងលោហិតហូរចេញមកមួយរំពេច។ ៣៥ សាវ័កម្នាក់ ដែលបាន ឃើញ ធ្វើជាបន្ទាល់អំពីហេតុការណ៍នេះ ហើយសក្ខីភាពរបស់គាត់ពិតប្រាកដមែន។ ព្រះអង្គដឹងថាសាវ័កនោះនិយាយសេចក្ដីពិត ដើម្បីឲ្យអ្នករាល់គ្នាជឿដែរ។ ៣៦ ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមកថា៖ «គ្មានឆ្អឹងណាមួយរបស់លោកត្រូវបាក់បែកឡើយ»។ ៣៧ មានអត្ថបទគម្ពីរមួយទៀតចែងថា៖ «គេនាំគ្នាមើលអ្នកដែលគេចាក់ទម្លុះ»។
ការបញ្ចុះសពព្រះយេស៊ូ
(មថ.២៧:៥៧-៦១ ; មក.១៥:៤២-៤៧ ; លក.២៣.៥០-៥៦)
៣៨ បន្ទាប់មក លោកយ៉ូសែប ជាអ្នកស្រុកអរីម៉ាថេ បានទៅសុំច្បាប់លោកពីឡាត យកព្រះសពព្រះយេស៊ូ។ លោកយ៉ូសែបនេះក៏ជាសាវ័ក របស់ព្រះយេស៊ូដែរតែមិនហ៊ានចេញមុខទេ ព្រោះខ្លាចជនជាតិយូដា។ លោកពីឡាតអនុញ្ញាតឲ្យ ហើយលោកយ៉ូសែបក៏មកដោះព្រះសពយកទៅ។ ៣៩ រីឯលោកនីកូដេម ដែលមកគាល់ព្រះយេស៊ូទាំងយប់កាលពីមុន ក៏បានមកដែរ។ លោកយកជ័រល្វីងទេស លាយនឹងគ្រឿងក្រអូបប្រមាណជាកន្លះហាបមកផង។ ៤០ លោកទាំងពីរយកព្រះសពព្រះយេស៊ូមករុំនឹងសំពត់ស្នប អប់គ្រឿងក្រអូបតាមទំនៀមទម្លាប់ពិធីបញ្ចុះសពរបស់ជនជាតិយូដា។ ៤១ នៅកន្លែងគេឆ្កាងព្រះយេស៊ូមានសួនឧទ្យានមួយ ក្នុងសួននោះមានផ្នូរមួយថ្មី ពុំទាន់ដែលដាក់សពណានៅឡើយ។ ៤២ គេដាក់ព្រះយេស៊ូនៅក្នុងផ្នូរនោះ ព្រោះនៅជិតស្រាប់ ដ្បិតថ្ងៃនោះជាថ្ងៃរៀបចំបុណ្យចម្លង។
ជំពូក ២០
ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ
(ម៉ាថាយ ២៨:១-៨ ; ម៉ាកុស ១៦:១-៨ ; លូកា ២៤:១-១២)
១ នៅព្រឹកថ្ងៃអាទិត្យ កាលនៅងងឹតនៅឡើយ នាងម៉ារី ជាអ្នកស្រុកម៉ាដាឡាចេញដំណើរឆ្ពោះទៅផ្នូរ ហើយឃើញថាមានគេយកថ្មចេញពីមាត់ផ្នូរផុតទៅហើយ។ ២ នាងក៏រត់មកជំរាបលោកស៊ីម៉ូនសិលា និងសាវ័ក*ម្នាក់ទៀត ដែលព្រះយេស៊ូស្រឡាញ់ថា៖ «គេយកព្រះអម្ចាស់ចេញពីផ្នូរបាត់ហើយ យើងមិនដឹងជាគេយកទៅដាក់នៅឯណាទេ!»។ ៣ លោកសិលា និងសាវ័កម្នាក់ទៀតនោះ ក៏ចេញទៅផ្នូរ។ ៤ សាវ័កទាំងពីររត់ទៅជាមួយគ្នា តែសាវ័កម្នាក់នោះរត់លឿនជាងលោកសិលា ទៅដល់ផ្នូរមុន។ ៥ គាត់ឈ្ងោកមើលទៅ ឃើញសំពត់ស្នប តែគាត់មិនចូលទៅក្នុងផ្នូរឡើយ។ ៦ លោកស៊ីម៉ូនសិលារត់តាមក្រោយមកដល់ គាត់ចូលទៅក្នុងផ្នូរ ហើយសម្លឹងមើលសំពត់ស្នបនៅទីនោះ ៧ ព្រមទាំងក្រណាត់ ដែលគេគ្របព្រះសិរសាព្រះអង្គ មូរទុកដោយឡែក គឺមិននៅជាមួយសំពត់ស្នបទេ។ ៨ ពេលនោះ សាវ័កដែលទៅដល់ផ្នូរមុន ក៏ចូលទៅខាងក្នុងដែរ គាត់បានឃើញហើយជឿ។ ៩ កាលណោះ ពួកសាវ័កពុំទាន់យល់អត្ថន័យគម្ពីរ ដែលចែងទុកមកថា ព្រះយេស៊ូត្រូវមានព្រះជន្មរស់ឡើងវិញនៅឡើយទេ។ ១០ បន្ទាប់មក សាវ័កទាំងពីរក៏នាំគ្នាវិលត្រឡប់ទៅផ្ទះ។
នាងម៉ារីជាអ្នកស្រុកម៉ាដាឡាបានឃើញព្រះយេស៊ូ
(ម៉ាថាយ ២៨:៩-១០ ; ម៉ាកុស ១៦:៩-១០)
១១ នាងម៉ារីឈរយំនៅខាងក្រៅ ក្បែរមាត់ផ្នូរ។ នាងឈ្ងោកមើលទៅខាងក្នុងផ្នូរ ទាំងយំ ១២ ឃើញទេវទូត*ពីររូប ស្លៀកពាក់ស អង្គុយនៅត្រង់កន្លែង ដែលគេដាក់ព្រះសពព្រះយេស៊ូ ម្នាក់អង្គុយនៅខាងព្រះសិរសា ម្នាក់ទៀតនៅខាងចុងព្រះបាទា។ ១៣ ទេវទូតពោលមកកាន់នាងថា៖ «នាងអើយ! ម្ដេចក៏នាងយំ ? »។ នាងឆ្លើយទៅទេវទូតវិញថា៖ «មានគេយកសពព្រះអម្ចាស់របស់នាងខ្ញុំទៅបាត់ មិនដឹងជាគេយកទៅដាក់នៅឯណាឡើយ»។ ១៤ ពេលនាងកំពុងតែនិយាយដូច្នេះ នាងបែរទៅក្រោយ ឃើញព្រះយេស៊ូឈរនៅទីនោះ តែនាងមិនដឹងថាជាព្រះអង្គទេ។ ១៥ ព្រះយេស៊ូសួរនាងថា៖ «នាងអើយ! ម្ដេចក៏នាងយំ ? នាងរកអ្នកណា ? »។ នាងស្មានថាជាអ្នកថែរក្សាសួនច្បារ នាងក៏ទូលព្រះអង្គថា៖ «លោកម្ចាស់ ! ប្រសិនបើលោកបានយកសពទៅ សូមប្រាប់ឲ្យនាងខ្ញុំដឹងផង លោកដាក់នៅឯណានាងខ្ញុំនឹងទៅយក»។ ១៦ ព្រះយេស៊ូមាន ព្រះបន្ទូលហៅនាងថា៖ «ម៉ារី ! »។ នាងម៉ារីក៏បែរទៅរកព្រះអង្គ ហើយទូលព្រះអង្គជាភាសាហេប្រឺថា៖ «រ៉ាប៊ូនី ! » ប្រែថា“ព្រះគ្រូ ! ”។ ១៧ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំឃាត់ខ្ញុំទុកអី ដ្បិតខ្ញុំមិនទាន់បានឡើងទៅឯព្រះបិតាខ្ញុំនៅឡើយ។ សុំទៅប្រាប់ពួកបងប្អូនខ្ញុំផងថា ខ្ញុំឡើងទៅឯព្រះបិតាខ្ញុំ ដែលជាព្រះបិតារបស់អ្នករាល់គ្នា ខ្ញុំឡើងទៅឯព្រះរបស់ខ្ញុំ ដែលជាព្រះរបស់អ្នករាល់គ្នាដែរ»។ ១៨ នាងម៉ារី ជាអ្នកស្រុកម៉ាដាឡាចេញទៅ ជំរាបពួកសាវ័កថា នាងបានឃើញព្រះអម្ចាស់ ព្រមទាំងជំរាបអំពីសេចក្ដីដែលព្រះអង្គមានព្រះបន្ទូលមកនាង។
ក្រុមសាវ័កបានឃើញព្រះយេស៊ូ
(មថ.២៨:១៦-២០ មក.១៦:១៤-១៨ លក.២៤.៣៦-៤៨)
១៩ នៅល្ងាចថ្ងៃអាទិត្យ នោះ ក្រុមសាវ័កនៅក្នុងផ្ទះខ្ទាស់ទ្វារយ៉ាងជាប់ ព្រោះខ្លាចជនជាតិយូដា។ ស្រាប់តែព្រះយេស៊ូយាងមកឈរនៅកណ្ដាលចំណោមពួកគេមានព្រះបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត ! »។ ២០ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ទាំងបង្ហាញស្នាមរបួសនៅព្រះហស្ដ និងនៅត្រង់ឆ្អឹងជំនីរឲ្យគេឃើញផង។ ក្រុមសាវ័កសប្បាយចិត្តជាខ្លាំងដោយបានឃើញព្រះអម្ចាស់។ ២១ ព្រះយេស៊ូមាន ព្រះបន្ទូលទៅគេសាជាថ្មីថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត ! ដូចព្រះបិតាបានចាត់ខ្ញុំឲ្យមកយ៉ាងណា ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅយ៉ាងនោះដែរ»។ ២២ បន្ទាប់ពីមានព្រះបន្ទូលហើយ ព្រះអង្គផ្លុំលើពួកគេ ទាំងមានព្រះបន្ទូលថា៖ «ចូរទទួលព្រះវិញ្ញាណ ! ។ ២៣ បើអ្នករាល់គ្នា លើកលែងទោសអ្នកណាឲ្យរួចពីបាប ព្រះជាម្ចាស់ក៏នឹងលើកលែងទោសអ្នកនោះឲ្យរួចពីបាបដែរ។ ផ្ទុយទៅវិញ បើអ្នករាល់គ្នាប្រកាន់ទោសអ្នកណា អ្នកនោះមុខជាត្រូវជាប់ទោសមិនខាន»។
ព្រះយេស៊ូ និងលោកថូម៉ាស
២៤ កាលព្រះយេស៊ូយាងមកនោះ លោកថូម៉ាស ហៅឌីឌីម ជាសាវ័កម្នាក់ក្នុងចំណោមសាវ័កទាំងដប់ពីរ មិនបាននៅជាមួយពួកគេទេ។ ២៥ សាវ័កឯទៀតៗប្រាប់គាត់ថា៖ «យើងបានឃើញព្រះអម្ចាស់»។ ប៉ុន្តែ គាត់និយាយទៅពួកគេវិញថា៖ «បើខ្ញុំមិនឃើញស្នាមដែកគោលនៅបាតដៃ មិនបានដាក់ម្រាមដៃក្នុងស្នាមដែកគោល ហើយបើខ្ញុំមិនបានដាក់ដៃត្រង់ឆ្អឹងជំនីររបស់លោកទេ ខ្ញុំមិនជឿជាដាច់ខាត»។ ២៦ ប្រាំបីថ្ងៃក្រោយមក ក្រុមសាវ័កជួបជុំគ្នានៅក្នុងផ្ទះសាជាថ្មី លោកថូម៉ាសក៏នៅជាមួយដែរ។ ពេលនោះ ទ្វារផ្ទះនៅខ្ទាស់ជាប់ព្រះយេស៊ូយាងមកឈរនៅកណ្ដាលចំណោមពួកគេ ទាំងមានព្រះបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត ! »។ ២៧ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅលោកថូម៉ាសថា៖ «មើលដៃខ្ញុំនេះ ចូរដាក់ម្រាមដៃអ្នកមក ហើយដាក់ដៃអ្នកត្រង់ឆ្អឹងជំនីរខ្ញុំ។ ចូរជឿទៅ ! កុំរឹងរូសមិនព្រមជឿដូច្នេះ ! »។ ២៨ លោកថូម៉ាសទូលព្រះអង្គថា៖ «ព្រះអង្គពិតជាព្រះអម្ចាស់ និងជាព្រះរបស់ទូលបង្គំមែន ! »។ ២៩ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកជឿមកពីអ្នកបានឃើញខ្ញុំ អ្នកណាជឿ ដោយឥតបានឃើញសោះ អ្នកនោះមានសុភមង្គលហើយ ! »។
គោលដៅរបស់គម្ពីរយ៉ូហាន
៣០ ព្រះយេស៊ូបានធ្វើទីសំគាល់ជាច្រើនទៀតឲ្យក្រុមសាវ័កឃើញ តែគ្មានកត់ត្រាទុកក្នុងសៀវភៅនេះទេ។ ៣១ រីឯសេចក្ដីដែលមាន កត់ត្រាមកនេះ គឺក្នុងគោលបំណងឲ្យអ្នករាល់គ្នាជឿថា ព្រះយេស៊ូពិតជាព្រះគ្រីស្ដ និងពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយឲ្យអ្នករាល់គ្នា ដែលជឿមានជីវិត ដោយរួមជាមួយព្រះអង្គ។
ជំពូក ២១
ព្រះយេស៊ូបង្ហាញព្រះអង្គឲ្យក្រុមសាវ័កឃើញនៅជិតមាត់សមុទ្រទីបេរីយ៉ាដ
១ ក្រោយមក ព្រះយេស៊ូបង្ហាញខ្លួនឲ្យក្រុមសាវ័កឃើញម្ដងទៀត នៅមាត់សមុទ្រទីបេរីយ៉ាដ គឺព្រះអង្គបង្ហាញឲ្យគេឃើញដូចតទៅ៖
២ លោកស៊ីម៉ូនសិលា លោកថូម៉ាសហៅឌីឌីម លោកណាថាណាអែល ពីភូមិកាណាក្នុងស្រុកកាលីឡេ កូនទាំងពីររបស់លោកសេបេដេ និងសាវ័ករបស់ព្រះយេស៊ូពីរនាក់ទៀតនៅជុំគ្នា។ ៣ លោកស៊ីម៉ូនសិលា និយាយទៅកាន់សាវ័កឯទៀតៗថា៖ «ខ្ញុំទៅរកត្រី»។ គេពោលតបមកគាត់វិញថា៖ «យើងទៅជាមួយដែរ»។ គេក៏នាំគ្នាចេញទៅ ហើយចុះទូកទាំងអស់គ្នា ប៉ុន្តែ នៅយប់នោះ គេឥតបានត្រីសោះ។ ៤ ព្រលឹមឡើង ព្រះយេស៊ូឈរនៅមាត់ច្រាំង ប៉ុន្តែ ក្រុមសាវ័កមិនដឹងថាជាព្រះអង្គទេ។ ៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «កូនចៅអើយ ! មានអ្វីបរិភោគឬទេ ? »។ គេទូលព្រះអង្គថា៖ «គ្មានទេ»។ ៦ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរទម្លាក់អួនខាងស្ដាំទូកទៅ មុខជាបានត្រីមិនខាន»។ គេក៏ទម្លាក់អួន ហើយពុំអាចលើកអួនឡើងវិញបានឡើយ ព្រោះមានត្រីច្រើនពេក។ ៧ ពេលនោះ សាវ័កដែលព្រះយេស៊ូស្រឡាញ់ និយាយទៅលោកសិលាថា៖ «ព្រះអម្ចាស់ទេតើ ! »។ កាលលោកស៊ីម៉ូនសិលាឮថា ព្រះអម្ចាស់ដូច្នេះ គាត់ក៏ស្លៀកពាក់ ដ្បិតគាត់នៅខ្លួនទទេ រួចលោតទៅក្នុងទឹក។ ៨ សាវ័កឯទៀតៗនាំគ្នា ចូលទូកទៅមាត់ច្រាំង ទាំងទាញអួន ដែលមានត្រីពេញទៅជាមួយផង ព្រោះគេមិននៅឆ្ងាយពីច្រាំងប៉ុន្មានទេ គឺប្រមាណជាពីររយហត្ថប៉ុណ្ណោះ។ ៩ គេឡើងទៅលើគោកឃើញរងើកភ្លើង មានដាក់ត្រី និងនំបុ័ងអាំងពីលើផង។ ១០ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «សុំយកត្រី ដែលអ្នករាល់គ្នាទើបនឹងចាប់បានមកណេះ ! »។ ១១ លោកស៊ីម៉ូនសិលា ចុះទៅក្នុងទូក ទាញអួន ដែលមានត្រីពេញមកដាក់លើគោក គឺមានត្រីធំៗចំនួនមួយរយហាសិបបី។ ទោះបីមានត្រីច្រើនយ៉ាងនេះក៏ដោយ ក៏អួនមិនធ្លាយដែរ។ ១២ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «នាំគ្នាមកបរិភោគទៅ»។ គ្មានសាវ័កណាម្នាក់ហ៊ានសួរព្រះអង្គថា “លោកជានរណា”ឡើយ ដ្បិតគេដឹងថាជាព្រះអម្ចាស់ទាំងអស់គ្នា។ ១៣ ព្រះយេស៊ូយាងទៅជិតពួកគេ ទ្រង់យកនំបុ័ងមកប្រទានឲ្យគេ ហើយយកត្រីមកប្រទានឲ្យគេដែរ។ ១៤ តាំងពីព្រះអង្គមានព្រះជន្មរស់ឡើងវិញមក នេះជាលើកទីបីហើយ ដែលព្រះយេស៊ូសំដែងព្រះអង្គឲ្យក្រុមសាវ័កឃើញ។
ព្រះយេស៊ូមានព្រះបន្ទូលផ្ដាំលោកសិលា
១៥ លុះគេបានបរិភោគរួចរាល់ហើយ ព្រះយេស៊ូមានព្រះបន្ទូលសួរលោកស៊ីម៉ូនសិលាថា៖ «ស៊ីម៉ូនកូនលោកយ៉ូហានអើយ ! តើអ្នកស្រឡាញ់ខ្ញុំ ជាងអ្នកទាំងនេះស្រឡាញ់ខ្ញុំឬ ? »។ គាត់ទូលព្រះអង្គថា៖ «ក្រាបទូលព្រះអម្ចាស់ ! ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំថែរក្សាកូនចៀមរបស់ខ្ញុំផង ! »។ ១៦ ព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទីពីរថា៖ «ស៊ីម៉ូនកូនលោកយ៉ូហានអើយ ! តើអ្នកស្រឡាញ់ខ្ញុំឬទេ ? »។ លោកសិលាទូលថា៖ «ក្រាបទូលព្រះអម្ចាស់ ! ព្រះអង្គជ្រាបស្រាប់ហើយថាទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំឃ្វាលហ្វូងចៀមរបស់ខ្ញុំផង ! »។ ១៧ ព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ ! តើអ្នកស្រឡាញ់ខ្ញុំឬទេ»។ លោកសិលាព្រួយចិត្តណាស់ ព្រោះព្រះអង្គសួរគាត់ដល់ទៅបីលើកថា “អ្នកស្រឡាញ់ខ្ញុំឬទេ”ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ! ព្រះអង្គជ្រាបអ្វីៗសព្វគ្រប់ទាំងអស់ ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំថែរក្សាហ្វូងចៀមរបស់ខ្ញុំផង។ ១៨ ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា កាលអ្នកនៅក្មេង អ្នកក្រវាត់ចង្កេះខ្លួនឯង ហើយអ្នកទៅណាតាមតែចិត្តអ្នកចង់។ លុះដល់អ្នកចាស់ អ្នកនឹងលើកដៃឡើង ហើយមានម្នាក់ទៀតក្រវាត់ចង្កេះឲ្យអ្នក ទាំងនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅថែមទៀតផង»។ ១៩ ព្រះអង្គមានព្រះបន្ទូលដូច្នេះ បង្ហាញអំពីរបៀប ដែលលោកសិលាស្លាប់ ដើម្បីសំដែងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ ! »។
ព្រះយេស៊ូ និងសាវ័កដែលព្រះអង្គស្រឡាញ់
២០ លោកសិលាងាកមើល ក្រោយឃើញសាវ័ក* ដែលព្រះយេស៊ូស្រឡាញ់ ដើរតាមមកដែរ។ សាវ័កនោះហើយ ដែលបានអោនទៅជិតព្រះឱរារបស់ព្រះយេស៊ូនៅពេលជប់លៀង ហើយទូលសួរព្រះអង្គថា “បពិត្រព្រះអម្ចាស់ ! តើនរណានាំគេមកចាប់ព្រះអង្គ ? ”។ ២១ កាលលោកសិលាឃើញគាត់ លោកទូលសួរព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ ! រីឯអ្នកនោះវិញ តើនឹងមានកើតអ្វីដល់គាត់ ? »។ ២២ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ប្រសិនបើខ្ញុំចង់ឲ្យគាត់មានជីវិតរស់រហូតដល់ខ្ញុំត្រឡប់មកវិញ តើនឹងកើតអំពល់អ្វីដល់អ្នក ?។ ២៣ ឯអ្នកសុំអញ្ជើញមកតាមខ្ញុំ ! »។ តាំងពីពេលនោះមក មានលេចឮពាក្យក្នុងចំណោមពួកបងប្អូនថា សាវ័កនោះមិនត្រូវស្លាប់ទេ។ តាមពិត ព្រះយេស៊ូពុំបានប្រាប់លោកសិលាថា សាវ័កនោះមិនត្រូវស្លាប់ឡើយ ព្រះអង្គគ្រាន់តែមានព្រះបន្ទូលថា “ប្រសិនបើខ្ញុំចង់ឲ្យគាត់មានជីវិតរស់រហូតដល់ខ្ញុំត្រឡប់មកវិញ តើនឹងកើតអំពល់អ្វីដល់អ្នក ? ” ។
អវសានកថា
២៤ សាវ័ក*នោះហើយ ដែលបានផ្ដល់សក្ខីភាព អំពីហេតុការណ៍ទាំងអស់នេះ ព្រមទាំងបានកត់ត្រាទុកមកផង។ យើងដឹងថាសក្ខីភាពរបស់គាត់ពិតជាត្រឹមត្រូវមែន។ ២៥ ព្រះយេស៊ូបានធ្វើកិច្ចការឯទៀតៗ ជាច្រើន។ ប្រសិនបើមានគេកត់ត្រាហេតុការណ៍ទាំងនោះឲ្យបានល្អិតល្អន់ ខ្ញុំយល់ថា ពិភពលោកនេះពុំអាចនឹងមានកន្លែងល្មម សំរាប់ទុកសៀវភៅដែលគេកត់ត្រានោះបានឡើយ។