ដំណឹងល្អរៀបរៀងដោយ
លោកលូកា
ពាក្យលំនាំ
លោក លូកា ជាគ្រូពេទ្យជាតិក្រិកមួយរូប។ លោកពុំបានស្គាល់ព្រះយេស៊ូដោយផ្ទាល់ខ្លួនលោកទេ ហើយលោកក៏ពុំមែនជាសាវ័កដំបូង ឬជាគ្រីស្តទូតរបស់ព្រះអង្គដែរ តែលោកជាគ្រីស្ដបរិស័ទមួយរូបដែលជាសហការីរបស់គ្រីស្តទូតប៉ូល ក្នុងពេលលោកធ្វើដំណើរទៅប្រកាសផ្សាយដំណឹងល្អនៅមជ្ឈឹមបូព៌ាប្រទេស។
លោកលូកាបានតែងគម្ពីរពីរក័ណ្ឌ គឺគម្ពីរ«ដំណឹងល្អលូកា» និងគម្ពីរ «កិច្ចការរបស់គ្រីស្តទូត»។ លោកបានប្រមូលឯកសារផ្សេងៗ ស្តីអំពីព្រះយេស៊ូ ហើយបានពិនិត្យមើលដោយហ្មត់ចត់ តាមរបៀបអ្នកប្រាជ្ញក្នុងសម័យនោះ។លោកបានតែងគម្ពីរនេះក្រោមការបំភ្លឺរបស់ព្រះវិញ្ញាណនៃព្រះអម្ចាស់។ លោកលូកាបានតែងគម្ពីរដំណឹងល្អនេះ នៅចន្លោះគ.ស.៨០-៩០។
គោលបំណងលោកលូកា
លោកលូកាបានតែងគម្ពីរនេះសម្រាប់ឲ្យជនជាតិក្រិកអាន។ លោករ៉ាយរ៉ាប់ប្រវត្តិរបស់ព្រះយេស៊ូដោយចង់ពន្យល់ថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានណែនាំព្រះយេស៊ូ តាំងពីមុនព្រះអង្គប្រសូតមករហូតដល់ពេលព្រះអង្គសោយទិវង្គតនៅក្រុងយេរូសាឡឹម។ក្រោយព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញព្រះវិញ្ញាណបានណែនាំក្រុមគ្រីស្ដបរិស័ទឲ្យប្រកាសផ្សាយដំណឹងល្អអំពីព្រះគ្រីស្ត រហូតដល់ចុងកាត់មាត់ញកនៃផែនដី។
លោកប្រៀនប្រដៅអ្នកដែលជឿលើព្រះយេស៊ូឲ្យមានចិត្តមេត្តាករុណា ដូចព្រះជាម្ចាស់ដែលមានព្រះហប្ញទ័យមេត្តាករុណា។ លោកប្រៀនប្រដៅគេឲ្យចេះស្រឡាញ់រាប់អានជនជាតិដទៃជាពិសេសជាមួយជនជាតិដែលរស់នៅជិតខាងឲ្យចេះអត់ទោសគ្នាទៅវិញទៅមក ឲ្យយកចិត្តទុកដាក់ជួយអ្នកក្រីក្រនិងសុខចិត្តលះបង់អ្វីៗទាំងអស់ដោយយល់ដល់ព្រះគ្រីស្ត។ អ្នកជឿព្រះយេស៊ូត្រូវយកចិត្តទុកដាក់អធិស្ឋាន គឺនិយាយសារស័ព្ទជាមួយព្រះបិតាដោយស្និទ្ធស្នាល ត្រូវមានអំណរសប្បាយជានិច្ច ព្រោះមានព្រះវិញ្ញាណរបស់ព្រះគ្រីស្តគង់នៅជាមួយ និងត្រូវយល់ច្បាស់ថា ព្រះជាម្ចាស់សង្គ្រោះអ្នកជឿឥឡូវនេះ។
គំរោងរបស់គម្ពីរលូកា
បុព្វកថា (១, ១-៤)
កំណើតរបស់លោកយ៉ូហានបាទីស្ត និង ព្រះយេស៊ូ (១, ៥ – ២,៥២)
សេចក្តីប្រកាសរបស់លោកយ៉ូហានបាទីស្ត (៣, ១-២០)
ព្រះយេស៊ូទទួលពិធីជ្រមុជទឹក និង ឈ្នះការល្បួង (៣, ២១-៤, ១៣)។
ព្រះយេស៊ូប្រកាសដំណឹងល្អនៅស្រុកកាលីឡេ (៤, ១៤- ៩, ៥០)។
ព្រះយេស៊ូយាងពីស្រុកកាលីឡេឆ្ពោះទៅក្រុងយេរូសាឡឹម (៩, ៥១ - ១៩, ២៧)។
សបា្តហ៍ចុងក្រោយនៅក្រុងយេរូសាឡឹម និង ភូមិដែលនៅជុំវិញ (១៩, ២៨ - ២៣, ៥៦)។
ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ និង បង្ហាញខ្លួនឲ្យអ្នកជឿឃើញ (២៤, ១ -៥៣)។
ជ, យើងអាចបកប្រែម៉្យាងទៀតថា: «ខ្ញុំមិនប្រាថ្នាអ្វីក្រៅពីចង់ឲ្យភ្លើងនោះបានឆេះរួចស្រេចនោះទេ»។ • ឈ, សម្រាប់ជនជាតិយូដាពិធីជ្រមុជទឹកជាពិធីមួយដែលគេធ្វើឡើង ដើម្បីឲ្យខ្លួនបានបរិសុទ្ធ។ពិធីជ្រមុជក្នុងអត្ថបទនេះព្រះយេស៊ូចង់មានព្រះបន្ទូលអំពីការសោយទិវង្គតរបស់ព្រះអង្គ ដើម្បីប្រោសមនុស្សឲ្យបានបរិសុទ្ធរួចពីបាប។
ញ, ពាក្យដើម:កញ្ជ្រោង។ • ដ, ទំនុកតម្កើង ១១៨,២៦។
ឋ, កំណើតពិភពលោក (លោកុប្បត្តិ)៦-៧។ • ឌ, កំណើតពិភពលោក(លោកុប្បត្តិ) ១៩។ • ឍ, យើងអាចបកប្រែម៉្យាងទៀតថា:«,,,ព្រះអង្គមានព្រះហប្ញទ័យអត់ធ្មត់ចំពោះគេ»។
ណ, សេរីភាព (និក្ខមនំ) ២០,១២-១៦។
ត, យើងអាចប្រែថា «ព្រះជាម្ចាស់បានសង្គ្រោះអ្នកនៅក្នុងផ្ទះនេះ» ក៏បាន។ • ថ, «ប្រាក់ណែន»:សូមអានសេចក្តីពន្យល់នៅម៉ាថាយ ២៥,១៥។
ទ, ទំនុកតម្កើង ១១៨,២៦។ • ធ, អេសាយ ៥៦,៧។ • ន, យេរេមី ៧,១១។
ប, ទំនុកតម្កើង ១១៨,២២។
ផ, ទុតិយកថា ២៥,៥-៦។ • ព, សេរីភាព (និក្ខមនំ ) ៣, ៦។
ភ, ទំនុកតម្កើង ១១០,១។
ម, អេសាយ ១៩,២។
យ, ដានីអែល ៧,១៣។•រ, ពាក្យដើម«រដូវក្តៅ»។
ល, សូមអានលូកា ៩,៣។ • វ, អេសាយ ៥៣,១២។
ស, ដានីអែល ៧,១៣ ; ទំនុកតម្កើង ១១០,១។
ហ, ពាក្យដើម: ស្ត្រីអារ។ • ឡ, ហូសេ១០,៨។•អ,យើងអាចបកប្រែថា«មនុស្សប្រព្រឹត្តអាក្រក់ ឬ ទុជ៌ន»ក៏បាន។
ក, ទំនុកតម្កើង ៣៦,១។ • ខ, ពាក្យដើម «នៅថ្ងៃទីមួយក្នុងសបា្តហ៍»។ថ្ងៃទីមួយ គឺថ្ងៃអាទិត្យ។ •គ, សូមអានលូកា ៩,២២;១៨,៣២-៣៣។
ក, «យ៉ូហាន»មានន័យថាព្រះជាម្ចាស់ប្រណីសន្តោស។ កំណើតរបស់លោកយ៉ូហានបាទីស្តជាទីសម្គាល់ទីមួយនៃការយាងមករបស់ព្រះមែស៉្សី។
ខ,ម៉ាឡាគី៣,២៣-២៤។ • គ, ជាពាក្យជម្រាបសួរ ប៉ុន្តែ មិនតាមរបៀបធម្មតា។ ពាក្យជម្រាបសួរនេះនាំឲ្យយើងគិតទៅដល់សេចក្តីដែលព្យាការីប្រកាសឲ្យអ្នកក្រុងយេរូសាឡឹម មានអំណរសប្បាយដោយព្រះជាម្ចាស់នឹងសង្គ្រោះក្រុងនេះ(សូផូនី ៣,១៤, សាការី ៩,៩)។ លោកលូកាប្រើពាក្យជម្រាបសួរនេះ ប្រកាសពីការប្រសូតរបស់ព្រះយេស៊ូជាព្រះសង្គ្រោះ។
ឃ, យើងអាចបកប្រែថា «ព្រះអង្គប្រោសប្រណីដល់រូបខ្ញុំជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ»ឬ«ព្រះអង្គទតមើលមកទុក្ខវេទនានៃអ្នកបម្រើរបស់ព្រះអង្គ។ • ង, ឬ «ព្រះអង្គពិតជាព្រះជាម្ចាស់មែន!»។
ច,ពាក្យដើម«ភ័យខ្លាច»។ពាក្យនេះសំដៅទៅលើការភ័យខ្លាចរបស់មនុស្សនៅពេលឃើញព្រះជាម្ចាស់សម្តែងការអស្ចារ្យអ្វីមួយ។•ឆ, ពាក្យដើម «ព្រះហស្តរបស់ព្រះជាម្ចាស់»។
ជ, «ថ្ងៃរះ» ចង់សំដៅទៅលើព្រះគ្រីស្តដែលជាពន្លឺដែលយាងមកបំភ្លឺមនុស្សលោក (សូមអានម៉ាថាយ ៤,១៦)។ • ឈ, ពាក្យដើម «ក្នុងពិភពលោកទាំងមូល»។
ញ, ឬធម្មវិន័យដែលព្រះជាម្ចាស់ប្រទានមកតាមរយៈលោកម៉ូសេ។ • ដ, សេរីភាព (និក្ខមនំ)១៣,២។•ឋ, លេវីវិន័យ១២,៨។
ឌ, ពាក្យដើម: «ចាក់ទំលុះព្រលឹង» ឬ «ចាក់ទំលុះជីវិត»។
ឍ, អេសាយ ៤០,៣៥។
ណ, ឬ ព្រះជាម្ចាស់វិនិច្ឆ័យទោស។ • ត, សំដី ឬ សណ្តី:គ្រាប់ដំណាំតូចៗដែលស្កក។
ថ, មានឯកសារខ្លះសរសេរថា«ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើង គឺយើងនេះហើយដែលបានបង្កើតព្រះអង្គនៅថ្ងៃនេះ» (ទំនុកតម្កើង ២,៧)។
ទ, ពាក្យដើម«នំបុ័ង»។ • ធ,ទុតិយកថា៨,៣។ • ន,ទុតិយកថា៦,១៣-១៤។• ប, ទំនុកតម្កើង៩១,១១-១២។ •ផ, ទុតិយកថា ៦,១៦។
ព, អេសាយ ៦១,១-២។ • ភ,១ ពង្សាវតារក្សត្រ ១៧។ • ម, ២ ពង្សាវតារក្សត្រ ៥។
យ, សូមអាន លេវីវិន័យ ១៤,១-៣២។
រ,នៅជំនាន់នោះ ប្រទេសអ៊ីស្រាអែលស្ថិតនៅក្រោមអំណាចត្រួតត្រារបស់ចក្រភពរ៉ូម៉ាំង។ជនជាតិយូដាមួយក្រុម ដែលមានគំនិតជាតិនិយមបាននាំគ្នាធ្វើចលនាបំបះបំបោរប្រឆាំងនឹងអំណាចរ៉ូម៉ាំងនេះយ៉ាងខ្លាំង។
ល, អេសាយ ៦១,១។ • វ, ម៉ាឡាគី៣,១។ • ស, ឃ្លាដើម:«ក្នុងបណ្តាមនុស្សដែលកើតពីស្ត្រីមក»។
ហ, អេសាយ ៦,៩-១០។
ឡ, សូមអានសេចក្តីពន្យល់(ខ)នៅម៉ាថាយ ១០,១៤។ • អ, សូមអាន ម៉ាថាយ ១៤,១-១៣។
ក, ជាពាក្យជម្រាបសួរ។ សូមអានសេចក្តីពន្យល់នៅ ម៉ាថាយ ១០,១២។ • ខ, ទីសម្គាល់អំពីការកាន់ទុក្ខ ដោយទទួលស្គាល់អំពើបាបរបស់ខ្លួន។
គ, សូមអាន ទុតិយកថា ៦,៥ ; លេវីវិន័យ ១៩,១៨។
ឃ, នៅខ៣២មានពន្យល់ថាលោកយ៉ូណាសជាទីសម្គាល់សម្រាប់អ្នកក្រុងនីនីវេតាមរយៈសេចក្តីដែលលោកប្រកាសអំពីការវិនិច្ឆ័យទោសក្រុងនោះ(យ៉ូណាស៣, ៣-៤)។•ង,១ពង្សាវតារក្សត្រ១០,១-១៣។•ច, យ៉ូណាស ៣,៥-១០។
ឆ, យើងអាចបកប្រែតាមរបៀបម៉្យាងទៀតថា:”ចូរធ្វើទានពីក្នុងចិត្តមកវិញនោះអ្វីៗទាំងអស់នឹងបានស្អាតបរិសុទ្ធសម្រាប់អ្នករាល់គ្នា”។
ដំណឹងល្អរៀបរៀងដោយ
លោកលូកា
បុព្វកថា
ជំពូក ១
១សូមជម្រាបមកឯកឧត្តមថេអូភីល សូមជ្រាប! មនុស្សជាច្រើនខិតខំយកចិត្តទុកដាក់ កត់ត្រាទុកនូវហេតុការណ៍ទាំងអំបាលម៉ាន ដែលកើតមានក្នុងចំណោមយើងខ្ញុំ។ ២អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែកតាំងពីដំបូងរៀងមក ហើយទទួលមុខងារបម្រើព្រះបន្ទូល បានរៀបរាប់ហេតុការណ៍ទាំងនោះបន្តមកយើងខ្ញុំ។ ៣ខ្ញុំបានពិនិត្យហេតុការណ៍ទាំងនោះ តាំងពីដើមរៀងមកយ៉ាងហ្មត់ចត់ ហើយខ្ញុំក៏យល់ឃើញថា គួរតែកត់ត្រាទុកតាមលំដាប់លំដោយ ផ្ញើមកជូនលោក។ ៤ខ្ញុំធ្វើដូច្នេះក្នុងគោលបំណង ចង់ឲ្យលោកជ្រាបថា សេចក្តីប្រៀនប្រដៅទាំងប៉ុន្មាន ដែលលោកបានទទួល ពិតជាត្រឹមត្រូវមែន។ទេវទូតជូនដំណឹងអំពីកំណើតរបស់យ៉ូហានបាទីស្ត។
៥នៅគ្រាដែលព្រះបាទហេរ៉ូដ គ្រងរាជ្យក្នុងស្រុកយូដាមានបូជាចារ្យមួយរូប ឈ្មោះសាការី ជាសមាជិកក្រុមបូជាចារ្យអប៊ីយ៉ា ភរិយាលោកឈ្មោះអេលីសាបិត កើតក្នុងត្រកូលរបស់លោកមហាបូជាចារ្យអរ៉ុន ៦ស្វាមីភរិយាទាំងពីររូបនេះជាមនុស្សសុចរិត ជាទីគាប់ព្រះហប្ញទ័យព្រះជាម្ចាស់ ហើយគាត់គោរពតាមវិន័យ និងបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ឥតមានទាស់ត្រង់ណាឡើយ។ ៧អ្នកទាំងពីរគ្មានកូនសោះ ព្រោះនាងអេលីសាបិតជាស្ត្រីអារ ហើយម៉្យាងទៀត អ្នកទាំងពីរក៏មានវ័យចាស់ណាស់ទៅហើយផង។ ៨ថ្ងៃមួយលោកសាការីបំពេញមុខងារជាបូជាចារ្យ តាមវេនក្រុមរបស់លោក។ ៩គេបានជ្រើសរើសលោកដោយចាប់ឆ្នោត តាមទំនៀមទម្លាប់របស់ក្រុមបូជាចារ្យ ឲ្យលោកចូលទៅដុតគ្រឿងក្រអូប នៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់។ ១០ពេលលោកដុតគ្រឿងក្រអូប ប្រជាជនច្រើនកុះករនៅខាងក្រៅកំពុងអធិស្ឋាន ១១រំពេចនោះលោកសាការីឃើញទេវទូតរបស់ព្រះអម្ចាស់មួយរូប ឈរនៅខាងស្តាំអាសនៈ សម្រាប់ដុតគ្រឿងក្រអូប។ ១២ឃើញដូច្នោះលោករន្ធត់ចិត្ត ហើយភ័យខ្លាចទៀតផង។ ១៣ទេវទូតក៏មានប្រសាសន៍ទៅកាន់លោកថា៖ «កុំខ្លាចអីលោកសាការីអើយ! ព្រះអម្ចាស់យល់ព្រមតាមពាក្យទូលអង្វររបស់លោកហើយ។ នាងអេលីសាបិតជាភរិយារបស់លោក នឹងបង្កើតកូនប្រុសមួយ លោកត្រូវដាក់ឈ្មោះកូននោះថា ”យ៉ូហាន”។ ១៤កូននោះនឹងធ្វើឲ្យលោកមានចិត្តសប្បាយរីករាយ ហើយមនុស្សជាច្រើនអបអរសាទរនឹងកំណើតកុមារនោះដែរ។ ១៥កូនរបស់លោកនឹងមានឋានៈដ៏ប្រសើរឧត្តម នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់មិនសេពសុរា ឬគ្រឿងស្រវឹងណាមួយសោះឡើយ។ កូននោះនឹងបានពោរពេញទៅដោយព្រះវិញ្ញាណដ៏វិសុទ្ធតាំងពីក្នុងផ្ទៃម្តាយមក។ ១៦កូននោះនឹងនាំជនជាតិអ៊ីស្រាអែលជាច្រើន មករកព្រះអម្ចាស់ជាព្រះរបស់គេវិញ។ ១៧កូននោះនឹងមកមុនព្រះអង្គ ហើយមានវិញ្ញាណប្រកបដោយប្ញទ្ធានុភាពដូចលោកអេលីបានទទួល ដើម្បីបង្វែរចិត្តឪពុកទៅរកកូន ព្រមទាំងបំបែរចិត្តមនុស្សរឹងទទឹងឲ្យត្រឡប់មកជាមនុស្សសុចរិត និងរៀបចំប្រជារាស្ត្រមួយជាស្រេច ទុកសម្រាប់ទទួលព្រះអម្ចាស់»។ ១៨លោកសាការីសួរទៅទេវទូតថា៖ «តើធ្វើម្តេចឲ្យខ្ញុំដឹងថា ការនោះពិតជាកើតឡើងមែន ព្រោះរូបខ្ញុំនេះចាស់ហើយ រីឯប្រពន្ធខ្ញុំសោត ក៏មានអាយុច្រើនទៀតផង»។ ១៩ទេវទូតតបវិញថា៖ «ខ្ញុំឈ្មោះកាព្រីអែល ជាអ្នកបម្រើព្រះជាម្ចាស់ ព្រះអង្គបានចាត់ខ្ញុំឲ្យនាំដំណឹងល្អនេះ មកប្រាប់លោក២០ប៉ុន្តែដោយលោកពុំព្រមជឿពាក្យខ្ញុំ លោកនឹងទៅជាមនុស្សគ និយាយពុំកើត រហូតដល់ថ្ងៃដែលហេតុការណ៍ទាំងនោះបានសម្រេចតាមពេលកំណត់»។
២១ក្នុងពេលជាមួយគ្នានោះប្រជាជនទន្ទឹងរង់ចាំលោកសាការីហើយងឿងឆ្ងល់ណាស់ ព្រោះលោកចូលទៅក្នុងទីសក្ការៈយូរដូច្នេះ។ ២២កាលលោកចេញមកវិញលោកពុំអាចនិយាយទៅគេបានឡើយ។ ប្រជាជនទាំងនោះយល់ថា ប្រាកដជាលោកបានឃើញការអស្ចារ្យអ្វីមួយ នៅក្នុងទីសក្ការៈជាមិនខាន។ លោកសាការីធ្វើតែកាយវិការឲ្យគេយល់ ព្រោះលោកនៅគនិយាយមិនកើត។ ២៣លុះលោកសាការីបានបំពេញការងារ តាមវេនចប់សព្វគ្រប់ហើយ លោកក៏វិលត្រឡប់ទៅផ្ទះវិញ។ ២៤ក្រោយមកនាងអេលីសាបិតជាភរិយារបស់លោកក៏ចាប់មានផ្ទៃពោះ នាងលាក់ខ្លួនអស់រយៈពេលប្រាំខែ។ នាងនឹកគិតថា៖ ២៥ «ឥឡូវនេះព្រះអម្ចាស់បានប្រោសប្រណីដល់រូបខ្ញុំ ព្រះអង្គសព្វព្រះហប្ញទ័យឲ្យខ្ញុំលែងខ្មាសមនុស្សលោកទៀតហើយ!»។
ទេវទូតជូនដំណឹងអំពីកំណើតព្រះយេស៊ូ
២៦ប្រាំមួយខែក្រោយមក ព្រះជាម្ចាស់បានចាត់ទេវទូតកាព្រីអែលឲ្យទៅភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ ២៧ដើម្បីជួបនឹងស្ត្រីក្រមុំព្រហ្មចារីម្នាក់ជាគូដណ្តឹងរបស់កំឡោះម្នាក់ ឈ្មោះយ៉ូសែបដែលត្រូវជាញាតិវង្សព្រះបាទដាវីឌ ស្ត្រីក្រមុំនោះឈ្មោះនាងម៉ារី។ ២៨ទេវទូតចូលទៅក្នុងផ្ទះនាងម៉ារីហើយពោលទៅកាន់នាងថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហប្ញទ័យនឹងនាងហើយ ព្រះអង្គគង់ជាមួយនាង»។ ២៩ ពេលឮពាក្យនេះនាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថាតើពាក្យជម្រាបសួរនេះមានន័យដូចម្តេច។ ៣០ទេវទូតពោលទៅកាន់នាងថា៖ «កុំខ្លាចអី ម៉ារីអើយ! ដ្បិតព្រះជាម្ចាស់គាប់ព្រះហប្ញទ័យនឹងនាងហើយ។ ៣១នាងនឹងមានគភ៌សំរាលបានបុត្រមួយ ដែលនាងត្រូវថ្វាយព្រះនាមថា “យេស៊ូ”។ ៣២បុត្រនោះនឹងមានឋានៈដ៏ប្រសើរឧត្តមហើយគេនឹងថ្វាយព្រះនាមថា ”ព្រះបុត្រានៃព្រះដ៏ខ្ពង់ខ្ពស់បំផុត”។ ព្រះជាម្ចាស់នឹងតាំងបុត្រនោះឲ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោរបស់ព្រះអង្គ ៣៣ទ្រង់នឹងគ្រងរាជ្យលើប្រជារាស្ត្រអ៊ីស្រាអែល អស់កល្បជានិច្ចហើយរាជ្យរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរ ឥតមានទីបញ្ចប់ឡើយ»។ ៣៤នាងម៉ារីសួរទៅទេវទូតថា៖ «តើធ្វើដូចម្តេចនឹងឲ្យការនេះកើតឡើងបាន បើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផងដូច្នេះ?»។ ៣៥ទេវទូតឆ្លើយទៅនាងវិញថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធនឹងយាងមកសណ្ឋិតលើនាង គឺឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាង។ ហេតុនេះគេនឹងថ្វាយព្រះនាមដល់បុត្រដ៏វិសុទ្ធ ដែលត្រូវប្រសូតមកនោះថា “ព្រះបុត្រារបស់ព្រះជាម្ចាស់”។ ៣៦ម៉្យាងទៀត នាងអេលីសាបិតជាញាតិរបស់នាង មានផ្ទៃពោះប្រាំមួយខែហើយ ថ្វីដ្បិតតែគាត់មានវ័យចាស់ ថែមទាំងជាស្ត្រីអារទៀតផងក៏ដោយ ៣៧ ព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ»។ ៣៨នាងម៉ារីពោលទៅទេវទូតថា៖ «នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឲ្យបានសម្រេចតាមពាក្យរបស់លោកចុះ!»។ បន្ទាប់មកទេវទូតចាកចេញពីនាងទៅ។
នាងម៉ារីទៅសួរសុខទុក្ខនាងអេលីសាបិត
៣៩នៅគ្រានោះ នាងម៉ារីប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយនៅតំបន់ភ្នំ ក្នុងស្រុកយូដា។ ៤០នាងបានចូលទៅក្នុងផ្ទះលោកសាការី ហើយជម្រាបសួរនាងអេលីសាបិត។ ៤១ពេលនាងអេលីសាបិតឮនាងម៉ារីជម្រាបសួរ ទារកនៅក្នុងផ្ទៃនាងបំរះឡើង ហើយគាត់ក៏បានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ៤២រួចបន្លឺសំឡេងឡើងថា៖ «ព្រះជាម្ចាស់បានប្រទានពរ ដល់នាងលើសស្ត្រីនានា ហើយព្រះអង្គក៏ប្រទានពរដល់បុត្រនាងដែរ។ ៤៣តើរូបខ្ញុំនេះមានឋានៈអ្វី បានជាមាតាព្រះអម្ចាស់របស់ខ្ញុំមកសួរសុខទុក្ខខ្ញុំដូច្នេះ?។ ៤៤កាលខ្ញុំបានឮពាក្យជម្រាបសួររបស់នាង ស្រាប់តែកូននៅក្នុងផ្ទៃខ្ញុំបំរះឡើង ដោយអំណរសប្បាយ ៤៥នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿព្រះបន្ទូលដែលព្រះអម្ចាស់ប្រាប់នាងមុខជា បានសម្រេចមិនខាន»។
ទំនុកតម្កើងរបស់នាងម៉ារី
៤៦ ពេលនោះនាងម៉ារីថ្លែងឡើងថា៖ «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់ ៤៧ ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ ៤៨ ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅមនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន ៤៩ ព្រះដ៏មានឫទ្ធានុភាពបានសម្តែង ការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ ទ្រង់មានព្រះហប្ញទ័យមេត្តាករុណាដល់អស់អ្នកដែលកោតខ្លាចព្រះអង្គ
នៅគ្រប់ជំនាន់តរៀងទៅ
៥១ ទ្រង់បានសម្តែងប្ញទ្ធិបារមី
កំចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌
ដល់អស់អ្នកដែលស្រេកឃ្លានហើយបណ្តេញពួកអ្នកមាន
ឲ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល
ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្តែងព្រះហប្ញទ័យ
មេត្តាករុណា
៥៥ ដល់លោកអប្រាហាំនិង ពូជពង្សរបស់លោក
ជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសរបស់យើង
ឥតភ្លេចសោះឡើយ។
៥៦ នាងម៉ារីបានស្នាក់នៅជាមួយនាងអេលីសាបិតអស់រយៈពេលប្រមាណបីខែទើបនាងត្រឡប់ទៅផ្ទះវិញ។
កំណើតលោកយ៉ូហានបាទីស្ត
៥៧លុះនាងអេលីសាបិតគ្រប់ខែហើយ គាត់សំរាលបានកូនប្រុសមួយ។ ៥៨អ្នកជិតខាងនិងញាតិសន្តាននាំគ្នាអបអរសាទរជាមួយគាត់ ព្រោះគេបានឮដំណឹងថា ព្រះអម្ចាស់សម្តែងព្រះហប្ញទ័យមេត្តាករុណាចំពោះគាត់យ៉ាងច្រើនអនេក។
៥៩ប្រាំបីថ្ងៃក្រោយមក គេធ្វើពិធីកាត់ស្បែក ឲ្យទារកនោះ ហើយចង់ដាក់ឈ្មោះថា”សាការី”ដូចឪពុកដែរ ៦០តែម្តាយប្រាប់ថា៖ «ទេ ត្រូវដាក់ឈ្មោះថា ”យ៉ូហាន” វិញ»។ ៦១ពួកគេតបថា៖ «ក្នុងញាតិសន្តានរបស់អ្នក គ្មាននរណាមានឈ្មោះហ្នឹងទេ»។ ៦២គេធ្វើសញ្ញាសួរទៅលោកសាការីថា ចង់ដាក់ឈ្មោះអ្វីឲ្យកូន។ ៦៣លោកសាការីសុំឲ្យគេយកក្តារឆ្នួនមួយមក ហើយសរសេរថា «កូននេះឈ្មោះ យ៉ូហាន»។ ពួកគេងឿងឆ្ងល់គ្រប់គ្នា។ ៦៤រំពេចនោះស្រាប់តែលោកនិយាយបានដូចដើមវិញ រួចលោកបន្លឺសំឡេងសរសើរព្រះជាម្ចាស់។ ៦៥អ្នកជិតខាងកោតស្ញប់ស្ញែងគ្រប់ៗគ្នា ហើយព្រឹត្តិការណ៍នេះឮសុសសាយពេញតំបន់ភ្នំក្នុងស្រុកយូដា។ ៦៦អស់អ្នកដែលបានឮក៏ចងចាំរឿងនេះទុកក្នុងចិត្ត ហើយដណ្តឹងសួរខ្លួនឯងថា៖ «តើថ្ងៃក្រោយ កូននេះនឹងទៅជាយ៉ាងណា?» ដ្បិតព្រះបារមីរបស់ព្រះអម្ចាស់តាមជួយថែរក្សាកូននេះ។ ទំនុកតម្កើងរបស់លោកសាការី ៦៧ពេលនោះ លោកសាការីជាឪពុករបស់ទារកបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយថ្លែងពាក្យក្នុងព្រះនាមព្រះអង្គថា៖
៦៨«សូមលើកតម្កើងព្រះអម្ចាស់
ជាព្រះនៃជនជាតិអ៊ីស្រាអែល
ដ្បិតទ្រង់សព្វព្រះហប្ញទ័យយាងមក
រំដោះប្រជារាស្ត្ររបស់ព្រះអង្គ។
៦៩ ទ្រង់បានប្រទានព្រះសង្គ្រោះ
ដ៏មានប្ញទ្ធិមួយព្រះអង្គពីក្នុងចំណោម
ព្រះញាតិវង្សរបស់ព្រះបាទដាវីឌ
ជាអ្នកបម្រើព្រះអង្គមកឲ្យយើង។
៧០ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង
ស្របនឹងព្រះបន្ទូលសន្យាថ្លែង តាមរយៈ
ព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម ៧១ គឺព្រះអង្គសង្គ្រោះយើង ឲ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ និង រួចពីអំណាចរបស់អស់អ្នកដែលស្អប់យើង។ ៧២ ព្រះអង្គសម្តែងព្រះហប្ញទ័យ មេត្តាករុណាដល់បុព្វបុរសរបស់យើង
ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គ យ៉ាងស្មោះស្ម័គ្រ ៧៣ គឺព្រះអង្គបានសន្យាយ៉ាងម៊ឺងម៉ាត់ដល់ លោកអប្រាហាំ ជាបុព្វបុរសរបស់យើងថា
៧៤ ទ្រង់នឹងរំដោះយើង
ឲ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
ដើម្បីយើងអាចគោរពបម្រើព្រះអង្គបាន
ដោយឥតភ័យខ្លាច
៧៥ ព្រមទាំងឲ្យយើងរស់នៅ បានបរិសុទ្ធ*
និង សុចរិត ជាទីគាប់ព្រះហប្ញទ័យព្រះជាម្ចាស់
ជារៀងរាល់ថ្ងៃរហូតអស់មួយជីវិត។
៧៦ ចំណែកឯកូនវិញ កូននឹងទៅជាព្យាការី*
របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត
ព្រោះកូននឹងដើរមុខព្រះអម្ចាស់
ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។
៧៧កូននឹងធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គដឹង
ថាព្រះអង្គសង្គ្រោះគេ
ដោយលើកលែងទោសឲ្យគេរួចពីបាប។
៧៨ ព្រះរបស់យើងមានព្រះហប្ញទ័យ
មេត្តាករុណាដ៏លើសលប់
ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក
ដើម្បីរំដោះយើង
៧៩ និង ដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត
ក្រោមអំណាចនៃសេចក្តីស្លាប់
ព្រមទាំងតំរង់ផ្លូវយើង
ឆ្ពោះទៅរកសេចក្តីសុខសាន្ត»។
៨០កុមារយ៉ូហានមានវ័យចម្រើនឡើង ជាលំដាប់ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ។ គាត់រស់នៅតែក្នុងវាលរហោស្ថាន រហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួនឲ្យប្រជារាស្ត្រអ៊ីស្រាអែលឃើញ។
ជំពូក ២
កំណើតព្រះយេស៊ូ
១ នៅគ្រានោះ ព្រះចៅអធិរាជរ៉ូម៉ាំង ព្រះនាមអូគូស្ត មានព្រះរាជបញ្ជាឲ្យជំរឿនចំនួនប្រជាជនទាំងអស់ ក្នុងចក្រភពរ៉ូម៉ាំងទាំងមូលឈ។ ២ការជំរឿនប្រជាជនលើកដំបូងនេះ បានធ្វើឡើងក្នុងអំឡុងពេល ដែលលោកគីរីញូសធ្វើជាទេសាភិបាលនៅស្រុកស៊ីរី។ ៣អ្នកស្រុកទាំងអស់ត្រូវទៅចុះឈ្មោះក្នុងបញ្ជី តាមស្រុកកំណើតរៀងៗខ្លួន។ ៤រីឯលោកយ៉ូសែបក៏ចេញដំណើរពីភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេឆ្ពោះទៅភូមិបេថ្លេហិម ក្នុងស្រុកយូដា ជាភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រោះលោកជាព្រះញាតិវង្សនឹងព្រះបាទដាវីឌ។ ៥លោកទៅចុះឈ្មោះជាមួយនាងម៉ារីជាភរិយាដែលមានផ្ទៃពោះ។ ៦ពេលអ្នកទាំងពីរនៅឯភូមិបេថ្លេហិម នាងម៉ារីគ្រប់ខែហើយ។ ៧នាងសំរាលបានបុត្រមួយ ជាបុត្រច្បង។ នាងរុំបុត្រនោះនឹងសំពត់ រួចដាក់ឲ្យផ្ទំក្នុងស្នូកសត្វដ្បិតពុំមានសល់កន្លែងសំណាក់ក្នុងផ្ទះសោះ។
ទេវទូតប្រកាសអំពីកំណើតព្រះយេស៊ូប្រាប់ពួកគង្វាល
៨ក្នុងស្រុកនោះពេលយប់មានពួកគង្វាលនៅមើលហ្វូងសត្វរបស់គេតាមវាលស្មៅ។ ៩ពេលនោះទេវទូតរបស់ព្រះអម្ចាស់ មកឈរនៅក្បែរពួកគេ សិរីរុងរឿងរបស់ព្រះអម្ចាស់ បានភ្លឺចិញ្ចែងចិញ្ចាចនៅជុំវិញគេ នាំឲ្យគេភ័យខ្លាចយ៉ាងខ្លាំង។ ១០ទេវទូតពោលទៅគេថា៖ «កុំខ្លាចអ្វីឡើយ ខ្ញុំនាំដំណឹងល្អមួយមកប្រាប់អ្នករាល់គ្នា។ ដំណឹងនេះនឹងធ្វើឲ្យប្រជារាស្ត្រទាំងមូល មានអំណរដ៏លើសលប់។ ១១យប់នេះ នៅក្នុងភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រះសង្គ្រោះរបស់អ្នករាល់គ្នាប្រសូតហើយគឺព្រះគ្រីស្តជាអម្ចាស់។ ១២នេះជាសញ្ញាសម្គាល់ឲ្យអ្នករាល់គ្នាដឹង គឺអ្នករាល់គ្នាមុខជាឃើញទារកមួយទើបនឹងប្រសូត រុំដោយសំពត់ ផ្តេកនៅក្នុងស្នូកសត្វ»។ ១៣រំពេចនោះ មានទេវទូតច្រើនកុះករចុះពីស្ថានបរមសុខមករួមជាមួយទេវទូតនោះ ច្រៀងសរសើរព្រះជាម្ចាស់ថា៖ ១៤«សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ នៅស្ថានដ៏ខ្ពស់បំផុត ហើយសូមឲ្យមនុស្សលោក ដ៏ជាទីស្រឡាញ់របស់ព្រះអង្គបានប្រកបដោយសេចក្តីសុខសាន្តនៅលើផែនដី!»។
១៥លុះពួកទេវទូតត្រឡប់ ទៅស្ថានបរមសុខវិញអស់ទៅ ពួកគេបបួលគ្នាថា៖ «ទៅ! យើងនាំគ្នាទៅបេថ្លេហិម មើលហេតុការណ៍ដែលកើតមាន ដូចព្រះអម្ចាស់បានសម្តែងឲ្យយើងដឹងនោះមើល៍»។ ១៦ពួកគេប្រញាប់ប្រញាល់នាំគ្នាធ្វើដំណើរទៅ ឃើញនាងម៉ារី លោកយ៉ូសែប ព្រមទាំងព្រះឱរសផ្ទំក្នុងស្នូកសត្វ។ ១៧ ពេលពួកគង្វាលឃើញព្រះឱរសហើយ គេក៏រៀបរាប់អំពីសេចក្តី ដែលទេវទូតបានប្រាប់អំពីព្រះឱរសនេះ។ ១៨អស់អ្នកដែលបានឮពួកគង្វាលនិយាយនឹកឆ្ងល់យ៉ាងខ្លាំង។ ១៩រីឯនាងម៉ារីវិញ នាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ត ព្រមទាំងត្រិះរិះពិចារណា ថែមទៀតផង។ ២០បន្ទាប់មក ពួកគង្វាលត្រឡប់ទៅវិញ ទាំងច្រៀងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះហេតុការណ៍ទាំងអស់ដែលគេបានឃើញបានឮ ស្របតាមសេចក្តីដែលទេវទូតបានប្រាប់គេ ឥតមានខ្វះត្រង់ណាឡើយ។
២១ប្រាំបីថ្ងៃក្រោយមក ដល់ពេលកំណត់ធ្វើពិធីកាត់ស្បែកថ្វាយព្រះឱរស គេថ្វាយព្រះនាមថា«យេស៊ូ»ជាព្រះនាមដែលទេវទូត បានប្រាប់នាងម៉ារីមុនពេលមានផ្ទៃពោះ។
ពិធីថ្វាយព្រះឱរសយេស៊ូ នៅក្នុងព្រះវិហារ
២២លុះដល់ពេលកំណត់ដែលលោកយ៉ូសែបនិងនាងម៉ារីត្រូវធ្វើពិធីជំរះកាយ ឲ្យបានបរិសុទ្ធ តាមធម្មវិន័យ លោកម៉ូសេអ្នកទាំងពីរក៏នាំព្រះឱរសទៅថ្វាយព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម ២៣ដ្បិតក្នុងធម្មវិន័យរបស់ព្រះអម្ចាស់ មានចែងទុកមកថា៖«កូនប្រុសច្បងទាំងអស់ត្រូវទុកជាចំណែកថ្វាយព្រះអម្ចាស់»។ ២៤អ្នកទាំងពីរថ្វាយយញ្ញបូជាតាមធម្មវិន័យរបស់ព្រះអម្ចាស់បានចែងទុកមក គឺថ្វាយ ”លលកមួយគូឬព្រាបស្ទាវពីរ”។ ២៥នៅក្រុងយេរូសាឡឹម មានបុរសម្នាក់ឈ្មោះស៊ីម៉ូនជាមនុស្សសុចរិត គាត់គោរពកោតខ្លាចព្រះជាម្ចាស់ ព្រមទាំងទន្ទឹងរង់ចាំពេលព្រះអង្គយាងមកសម្រាលទុក្ខប្រជារាស្ត្រអ៊ីស្រាអែល។ ព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតលើគាត់ ២៦ហើយសម្តែងឲ្យគាត់ដឹងថាគាត់មិនត្រូវស្លាប់ ដរាបណាមិនទាន់បានឃើញព្រះគ្រីស្ត ដែលព្រះអម្ចាស់ចាត់ឲ្យមកទេនោះ។ ២៧ព្រះវិញ្ញាណនាំលោកតាស៊ីម៉ូនចូលក្នុងព្រះវិហារ។ ពេលមាតាបិតានាំព្រះឱរសយេស៊ូមកថ្វាយព្រះជាម្ចាស់ តាមធម្មវិន័យ ២៨លោកតាស៊ីម៉ូនក៏យកព្រះឱរសមកបី រួចសរសើរតម្កើងព្រះជាម្ចាស់ថា៖
២៩ «បពិត្រព្រះដ៏ជាចៅហ្វាយ!
ឥឡូវនេះ ព្រះអង្គបានសម្រេចតាម
ព្រះបន្ទូលសន្យាហើយ។
ដូច្នេះ សូមឲ្យទូលបង្គំ
ជាអ្នកបម្រើរបស់ព្រះអង្គ
លាចាកលោកនេះទៅ ដោយសុខសាន្តផងចុះ
៣០ ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ
៣១ ដែលព្រះអង្គបានប្រទានមកឲ្យ
ប្រជាជាតិទាំងអស់
៣២ គឺជាពន្លឺដែលនាំឲ្យមនុស្ស
គ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ
និង ជាសិរីរុងរឿងរបស់អ៊ីស្រាអែល
ជាប្រជារាស្ត្រព្រះអង្គ»។
ពាក្យទំនាយរបស់លោកស៊ីម៉ូន
៣៣មាតាបិតារបស់ព្រះយេស៊ូងឿងឆ្ងល់ នឹងសេចក្តីដែលលោកតាស៊ីម៉ូនមានប្រសាសន៍ អំពីព្រះឱរសណាស់។ ៣៤លោកតាស៊ីម៉ូនជូនពរអ្នកទាំងពីរ ហើយនិយាយទៅកាន់នាងម៉ារី ជាមាតាថា៖ «ព្រះជាម្ចាស់បានចាត់បុត្រនេះមក ដើម្បីឲ្យជនជាតិអ៊ីស្រាអែលច្រើននាក់ដួល ឬងើបឡើងវិញ។បុត្រនេះជាទីសម្គាល់មួយ បង្ហាញអំពីការសង្គ្រោះរបស់ព្រះជាម្ចាស់តែមានមនុស្សជាច្រើននឹងជំទាស់ប្រឆាំង។ ៣៥បុត្រនេះធ្វើឲ្យគំនិតលាក់កំបាំងរបស់មនុស្សជាច្រើន លេចច្បាស់ឡើង រីឯនាងវិញ នាងនឹងឈឺចុកចាប់យ៉ាងខ្លាំង ដូចមានដាវមួយមកចាក់ទម្លុះដួងចិត្តរបស់នាង»។
ពាក្យទំនាយរបស់យាយហាណ្ណា
៣៦មានព្យាការិនីម្នាក់ឈ្មោះហាណ្ណា ជាកូនរបស់លោកផានូអែល ក្នុងកុលសម្ព័ន្ធអស៊ែរ។គាត់រៀបការបានប្រាំពីរឆ្នាំ ប្តីគាត់ក៏ទទួលមរណភាពចោលទៅ ៣៧គាត់នៅមេម៉ាយរហូតឥឡូវនេះ គាត់មានវ័យចាស់ណាស់ទៅហើយ អាយុប៉ែតសិបបួនឆ្នាំ។ គាត់មិនទៅណាឆ្ងាយពីព្រះវិហារទេ គាត់នៅគោរពបម្រើព្រះអង្គទាំងយប់ទាំងថ្ងៃ ដោយតមអាហារនិងអធិស្ឋានផង។ ៣៨ពេលនោះ លោកយាយហាណ្ណាក៏នៅទីនោះដែរ គាត់សរសើរតម្កើងព្រះជាម្ចាស់ រួចតំណាលអំពីព្រះឱរសនោះ ប្រាប់អស់អ្នកដែលទន្ទឹងរង់ចាំព្រះជាម្ចាស់ យាងមក លោះក្រុងយេរូសាឡឹម។ ព្រះឱរសត្រឡប់ទៅភូមិណាសារ៉ែតវិញ ៣៩កាលមាតាបិតារបស់ព្រះយេស៊ូ បានបំពេញកិច្ចការទាំងអស់ ស្របតាមធម្មវិន័យរបស់ព្រះអម្ចាស់សព្វគ្រប់ហើយ គាត់ក៏នាំគ្នាវិលត្រឡប់ទៅណាសារ៉ែតជាភូមិរបស់គាត់ ក្នុងស្រុកកាលីឡេវិញ។ ៤០ ព្រះកុមារមានវ័យចម្រើនឡើងជាលំដាប់មានកម្លាំងកាន់តែមាំមួនឡើង និងពោរពេញទៅដោយព្រះប្រាជ្ញាញាណ។ ព្រះជាម្ចាស់គាប់ព្រះហប្ញទ័យនឹងព្រះកុមារនេះណាស់។
ព្រះកុមារយេស៊ូនៅក្នុងព្រះវិហារ
៤១ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង មាតាបិតារបស់ព្រះយេស៊ូតែងតែធ្វើដំណើរ ទៅក្រុងយេរូសាឡឹម។ ៤២លុះដល់ព្រះយេស៊ូមានព្រះជន្មាយុដប់ពីរព្រះវស្សា មាតាបិតាក៏នាំព្រះអង្គឡើងទៅចូលរួមក្នុងពិធីបុណ្យ តាមទំនៀមទម្លាប់។ ៤៣លុះពិធីបុណ្យបានចប់សព្វគ្រប់ហើយ អ្នកទាំងពីរនាំគ្នាវិលត្រឡប់ទៅផ្ទះវិញ។ រីឯព្រះកុមារយេស៊ូគង់នៅក្រុងយេរូសាឡឹមនៅឡើយ តែមាតាបិតាពុំបានដឹងទេ។ ៤៤គាត់នឹកស្មានថា ព្រះកុមារគង់នៅក្នុងចំណោមអស់អ្នក ដែលរួមដំណើរជាមួយគ្នា។ក្រោយពីបានធ្វើដំណើរអស់រយៈពេលមួយថ្ងៃ ទើបគាត់នាំគ្នាដើររកព្រះកុមារ ក្នុងចំណោមញាតិមិត្តទាំងអស់ ៤៥ប៉ុន្តែរកពុំឃើញសោះគាត់ក៏នាំគ្នាត្រឡប់ទៅក្រុងយេរូសាឡឹមវិញដើម្បីរកព្រះអង្គនៅទីនោះទៀត។ ៤៦បីថ្ងៃក្រោយមកមាតាបិតាឃើញព្រះយេស៊ូ ក្នុងព្រះវិហារព្រះអង្គគង់នៅកណ្តាលចំណោមគ្រូអាចារ្យកំពុងតែស្តាប់គេនិយាយ ព្រមទាំងសួរសំណួរផ្សេងៗដល់គេផង។ ៤៧អស់អ្នកដែលស្តាប់ព្រះកុមារ នឹកឆ្ងល់ពីព្រះបន្ទូលឆ្លើយឆ្លងរបស់ព្រះអង្គ ប្រកបដោយព្រះប្រាជ្ញាញាណ។ ៤៨កាលមាតាបិតាបានឃើញព្រះកុមារហើយ គាត់នឹកឆ្ងល់យ៉ាងខ្លាំង។ មាតាសួរថា៖ «កូនអើយ! ហេតុអ្វីបានជាកូនធ្វើដូច្នេះ? ឪពុកម្តាយព្រួយចិត្តណាស់ ខំដើររកកូន»។ ៤៩ព្រះកុមារមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជា លោកឪពុកអ្នកម្តាយរកកូនយ៉ាងហ្នឹង? តើលោកឪពុកអ្នកម្តាយមិនជ្រាបថា កូនត្រូវនៅក្នុងដំណាក់ព្រះបិតា របស់កូនទេឬ?»។ ៥០ប៉ុន្តែមាតាបិតាពុំបានយល់អត្ថន័យ នៃព្រះបន្ទូលរបស់ព្រះកុមារឡើយ។ ៥១បន្ទាប់មកព្រះកុមារយេស៊ូយាងត្រឡប់ ទៅភូមិណាសារ៉ែតជាមួយមាតាបិតាវិញ ហើយធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់។ មាតារបស់ព្រះអង្គចងចាំហេតុការណ៍ទាំងអស់នោះ ទុកក្នុងចិត្ត។ ៥២ព្រះយេស៊ូមានវ័យចម្រើនឡើង ហើយមានប្រាជ្ញាកាន់តែវាងវៃ ជាទីគាប់ព្រះហប្ញទ័យព្រះជាម្ចាស់ និងជាទីគាប់ចិត្តមនុស្សផងទាំងពួង។
ជំពូក ៣
លោកយ៉ូហានបាទីស្តប្រៀនប្រដៅបណ្តាជន
(ម៉ាថាយ ៣, ១-១២ ម៉ាកុស ១,១-៨ យ៉ូហាន ១,១៩-២៨)
១នៅឆ្នាំទីដប់ប្រាំ នៃរជ្ជកាលព្រះចៅអធិរាជរ៉ូម៉ាំង ព្រះនាមទីប៊ែរ លោកប៉ុនពីឡាតធ្វើជាទេសាភិបាលនៅស្រុកយូដា ព្រះបាទហេរ៉ូដជាស្តេចអនុរាជ គ្រប់គ្រងស្រុកកាលីឡេព្រះបាទភីលីពអនុជរបស់ព្រះបាទហេរ៉ូដ ជាស្តេចអនុរាជ គ្រប់គ្រងតំបន់អ៊ីទូរេ និងតំបន់ត្រាខូនីតព្រះបាទលីសាញ៉ាស ជាស្តេចអនុរាជគ្រប់គ្រងស្រុកអាប៊ីឡែន ២លោកហាណ្ណានិងលោកកៃផាសធ្វើជាមហាបូជាចារ្យ។ ពេលនោះ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូហាន ជាកូនរបស់លោកសាការី នៅក្នុងវាលរហោស្ថាន។ ៣លោកយ៉ូហានធ្វើដំណើរគ្រប់ទីកន្លែង ក្នុងតំបន់ទន្លេយ័រដាន់ ហើយប្រកាស ឲ្យមនុស្សប្រែចិត្តគំនិត ដោយទទួលពិធីជ្រមុជទឹក ដើម្បីព្រះជាម្ចាស់លើកលែងទោស ឲ្យរួចពីបាប។ ៤លោកប្រកាសដូច្នេះស្របតាមសេចក្តីដែលមានចែងទុក ក្នុងគម្ពីរព្យាការីអេសាយថា៖ «មានសំឡេងបុរសម្នាក់ស្រែកឡើង នៅវាលរហោស្ថានថា: ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតំរង់ផ្លូវថ្វាយព្រះអង្គ។ ៥ ត្រូវបំពេញច្រកភ្នំទាំងអស់ឲ្យរាបស្មើ និង ពង្រាបភ្នំតូចធំទាំងប៉ុន្មានឲ្យរាប ត្រូវតំរង់ផ្លូវកោងឲ្យត្រង់ ព្រមទាំងលុបផ្លូវរដិបរដុបឲ្យរាបស្មើដែរ ៦ នោះមនុស្សទាំងអស់នឹងឃើញការសង្គ្រោះ របស់ព្រះជាម្ចាស់»។ ៧លោកយ៉ូហានតែងតែបន្ទោសមហាជន ដែលមកទទួលពិធីជ្រមុជទឹកពីលោកថា៖ «នែ៎ពូជពស់វែកអើយ! តើនរណាប្រាប់ឲ្យអ្នករាល់គ្នារត់គេចពីព្រះពិរោធរបស់ព្រះជាម្ចាស់ ដែលជិតមកដល់ដូច្នេះ?។ ៨ ចូរប្រព្រឹត្តអំពើល្អដើម្បីបញ្ជាក់ថាអ្នករាល់គ្នាបានប្រែចិត្តគំនិតមែន។ កុំអាងខ្លួនថា មានលោកអប្រាហាំជាបុព្វបុរសនោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ក៏អាចធ្វើឲ្យថ្មទាំងនេះ ទៅជាកូនចៅលោកអប្រាហាំបានដែរ។ ៩ពូថៅនៅជិតគល់ឈើជាស្រេចហើយ ដើមឈើណាមិនផ្តល់ផ្លែល្អទេ ត្រូវកាប់រំលំបោះទៅក្នុងភ្លើង»។ ១០មហាជនសួរលោកយ៉ូហានថា៖ «បើដូច្នេះ តើយើងត្រូវធ្វើអ្វីខ្លះ?»។ ១១លោកយ៉ូហានតបទៅពួកគេវិញថា៖ «អ្នកណាមានអាវពីរ ត្រូវចែកឲ្យអ្នកដែលគ្មានហើយអ្នកដែលមានចំណីអាហារក៏ត្រូវចែកឲ្យអ្នកគ្មានដែរ»។ ១២មានអ្នកទារពន្ធខ្លះមកទទួលពិធីជ្រមុជទឹក ហើយសួរលោកថា៖ «លោកគ្រូអើយ! តើយើងខ្ញុំត្រូវធ្វើអ្វីខ្លះ?»។ ១៣លោកឆ្លើយវិញថា៖ «កុំទារពន្ធហួសពីកំរិត ដែលមានកំណត់ទុកនោះឡើយ»។ មានទាហានមកសួរលោកថា៖ «ចុះយើងខ្ញុំវិញ តើត្រូវធ្វើអ្វីដែរ?»។ លោកឆ្លើយថា៖ «កុំចោទប្រកាន់ កុំសង្កត់សង្កិនយកប្រាក់ពីអ្នកណាឲ្យសោះ ត្រូវស្កប់ចិត្តតែនឹងប្រាក់ខែរបស់អ្នករាល់គ្នា ប៉ុណ្ណោះបានហើយ»។ ១៥ប្រជាជននៅតែរង់ចាំ ហើយគេរិះគិតក្នុងចិត្តគ្រប់ៗគ្នាថា ប្រហែលលោកនេះទេដឹង ជាព្រះគ្រីស្ត!។ ១៦លោកយ៉ូហានមានប្រសាសន៍ប្រាប់គេទាំងអស់គ្នាថា៖ «ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងទឹក ប៉ុន្តែលោកដែលមានកម្លាំងខ្លាំងជាងខ្ញុំជិតមកដល់ហើយ។ ខ្ញុំមានឋានៈទាបណាស់សូម្បីតែស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើងវិញ។ ១៧លោកកាន់ចង្អេរលោកសំអាតលានបោកស្រូវ ដើម្បីអុំស្រូវយកគ្រាប់ល្អប្រមូលដាក់ជង្រុក រីឯសំដីវិញលោកនឹងដុតក្នុងភ្លើង ដែលឆេះពុំចេះរលត់ឡើយ»។ ១៨លោកយ៉ូហានប្រកាសដំណឹងល្អដល់ប្រជាជន ដោយពាក្យដាស់តឿនជាច្រើនទៀតផង។ ១៩លោកស្តីបន្ទោសព្រះបាទហេរ៉ូដ ជាស្តេចអនុរាជថែមទៀត ព្រោះទ្រង់បានយកព្រះនាងហេរ៉ូឌីយ៉ាដា ដែលត្រូវជាមហេសីរបស់អនុជព្រះអង្គ មកធ្វើជាមហេសីរបស់ព្រះអង្គផ្ទាល់។ មិនតែប៉ុណ្ណោះសោត លោកយ៉ូហានស្តីបន្ទោសព្រះបាទហេរ៉ូដ ព្រោះទ្រង់បានធ្វើអំពើអាក្រក់ ជាច្រើនផង។ ២០ទ្រង់បានធ្វើអំពើអាក្រក់មួយទៀត គឺចាប់លោកយ៉ូហានទៅដាក់ក្នុងមន្ទីរឃុំឃាំង។
ព្រះយេស៊ូទទួលពិធីជ្រមុជទឹក
(មថ, ៣, ១៣-១៧ មក, ១, ៩-១១ យហ, ១, ៣២-៣៤)
២១ពេលប្រជាជនទាំងអស់ ទទួលពិធីជ្រមុជទឹក រួចហើយ ព្រះយេស៊ូក៏ទទួលពិធីជ្រមុជទឹកដែរ។ នៅពេលព្រះអង្គកំពុងអធិស្ឋាន ស្រាប់តែផ្ទៃមេឃបើកចំហ២២ហើយព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមក មានរូបរាងដូចសត្វព្រាប សណ្ឋិតលើព្រះអង្គ។ មានឮព្រះសូរសៀងពីលើមេឃមកថា៖ «ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់»។
បញ្ជីរាយនាមព្រះអយ្យកោរបស់ព្រះយេស៊ូ
(ម៉ាថាយ ១, ១-១៧)
២៣កាលព្រះយេស៊ូចាប់ផ្តើមព្រះបរមកិច្ច ព្រះអង្គមានព្រះជន្មាយុ ប្រមាណសាមសិបព្រះវស្សា។ តាមគេស្មានព្រះអង្គជាបុត្ររបស់លោកយ៉ូសែប ដែលត្រូវជាបុត្រលោកអេលី ២៤ លោកអេលីជាបុត្រលោកម៉ាថាត់ លោកម៉ាថាត់ជាបុត្រលោកលេវី លោកលេវីជាបុត្រលោកមែលឃី លោកមែលឃីជាបុត្រលោកយ៉ាណាយ លោកយ៉ាណាយជាបុត្រលោកយ៉ូសែប ២៥លោកយ៉ូសែបជាបុត្រលោកម៉ាថាធី លោកម៉ាថាធីជាបុត្រលោកអម៉ូស លោកអម៉ូសជាបុត្រលោកណាអ៊ូម លោកណាអ៊ូមជាបុត្រលោកហែសលី លោកហែសលីជាបុត្រលោកណាកាយ ២៦លោកណាកាយជាបុត្រលោកម៉ាអាត លោកម៉ាអាតជាបុត្រលោកម៉ាថាធី លោកម៉ាថាធីជាបុត្រលោកសេមែន លោកសេមែនជាបុត្រលោកយ៉ូសិចលោកយ៉ូសិចជាបុត្រលោកយ៉ូដា ២៧លោកយ៉ូដាជាបុត្រលោកយ៉ូណាន់ លោកយ៉ូណាន់ជាបុត្រលោករេសា លោករេសាជាបុត្រលោកសូរ៉ូបាបែលលោកសូរ៉ូបាបែល ជាបុត្រលោកសាឡាធីអែល លោកសាឡាធីអែលជាបុត្រលោកនេរី ២៨លោកនេរីជាបុត្រលោកមែលឃី លោកមែលឃីជាបុត្រលោកអាត់ឌី លោកអាត់ឌីជាបុត្រកូសាម លោកកូសាមជាបុត្រលោកអែលម៉ាដាម លោកអែលម៉ាដាមជាបុត្រលោកអ៊ែរ ២៩លោកអ៊ែរជាបុត្រលោកយេស៊ូ លោកយេស៊ូជាបុត្រលោកអេលីអេស៊ែរ លោកអេលីអេស៊ែរជាបុត្រលោកយ៉ូរីម លោកយ៉ូរីមជាបុត្រលោកម៉ាថាត់ លោកម៉ាថាត់ជាបុត្រលោកលេវី៣០លោកលេវីជាបុត្រលោកស៊ីម៉ូន លោកស៊ីម៉ូនជាបុត្រលោកយូដា លោកយូដាជាបុត្រលោកយ៉ូសែប លោកយ៉ូសែបជាបុត្រលោកយ៉ូណាម លោកយ៉ូណាមជាបុត្រ លោកអេលីយ៉ាគីម ៣១លោកអេលីយ៉ាគីមជាបុត្រលោកម៉េលា លោកម៉េលាជាបុត្រលោកមេណា លោកមេណាជាបុត្រលោកម៉ាតាថា លោកម៉ាតាថាជាបុត្រលោកណាថាន់ លោកណាថាន់ជាបុត្រស្តេចដាវីឌ ៣២ស្តេចដាវីឌជាបុត្រលោកយេសាយ លោកយេសាយជាបុត្រលោកយ៉ូបេដ លោកយ៉ូបេដជាបុត្រលោកបូអូស លោកបូអូសជាបុត្រលោកសាឡា លោកសាឡាជាបុត្រលោកណាសូន ៣៣លោកណាសូនជាបុត្រលោកអមីណាដាប លោកអមីណាដាបជាបុត្រលោកអាដមីន លោកអាដមីនជាបុត្រលោកអ័រនី លោកអ័រនីជាបុត្រលោកអែសរ៉ូម លោកអែសរ៉ូមជាបុត្រលោកផារ៉ែស លោកផារ៉ែសជាបុត្រលោកយូដា ៣៤លោកយូដាជាបុត្រលោកយ៉ាកុប លោកយ៉ាកុបជាបុត្រលោកអ៊ីសាក លោកអ៊ីសាកជាបុត្រលោកអប្រាហាំ លោកអប្រាហាំជាបុត្រលោកតេរ៉ា លោកតេរ៉ាជាបុត្រលោកណាហ៊រ ៣៥លោកណាហ៊រជាបុត្រលោកសេរូក លោកសេរូកជាបុត្រលោករ៉ាកៅ លោករ៉ាកៅជាបុត្រលោកពេឡេក លោកពេឡេកជាបុត្រលោកហេប៊ែរ លោកហេប៊ែរជាបុត្រលោកសេឡា៣៦ លោកសាឡាជាបុត្រលោកកៃណាម លោកកៃណាមជាបុត្រលោកអារប៉ាកសាដ លោកអារប៉ាកសាដជាបុត្រលោកសិម លោកសិមជាបុត្រលោកណូអេ លោកណូអេជាបុត្រលោកឡាម៉េក ៣៧លោកឡាម៉េកជាបុត្រលោកម៉ាធូសាឡា លោកម៉ាធូសាឡាជាបុត្រលោកហេណុក លោកហេណុកជាបុត្រលោកយ៉ារ៉េដ លោកយ៉ារ៉េដជាបុត្រ លោកម៉ាឡេឡែល លោកម៉ាឡេឡែលជាបុត្រ លោកកៃណាម ៣៨លោកកៃណាមជាបុត្រលោកអេណុស លោកអេណុសជាបុត្រលោកសេថ លោកសេថជាបុត្រលោកអដាំ ហើយលោកអដាំជាបុត្រព្រះជាម្ចាស់។
ជំពូក ៤
ព្រះយេស៊ូឈ្នះការល្បួង
(ម៉ាថាយ ៤, ១-១១ ម៉ាកុស ១, ១២-១៣)
១ព្រះយេស៊ូបានពោរពេញ ដោយព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះអង្គយាងត្រឡប់ពីទន្លេយ័រដាន់មកវិញ ហើយព្រះវិញ្ញាណនាំព្រះអង្គ ទៅវាលរហោស្ថាន។ ២នៅទីនោះ ព្រះអង្គត្រូវមារសាតាំងល្បួង អស់រយៈពេលសែសិបថ្ងៃ។ ក្នុងអំឡុងពេលនោះព្រះអង្គពុំសោយអ្វីឡើយ។ លុះផុតពីពេលនោះទៅ ទើបទ្រង់ឃ្លាន។ ៣មារទូលព្រះអង្គថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមធ្វើឲ្យដុំថ្មនេះទៅជានំបុ័ងមើល៍»។ ៤ព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖ «ក្នុងគម្ពីរមានចែងថាមនុស្សមិនមែន រស់ដោយសារតែអាហារប៉ុណ្ណោះទេ»។
៥មារនាំព្រះអង្គទៅកន្លែងមួយដ៏ខ្ពស់ ហើយចង្អុលបង្ហាញនគរទាំងប៉ុន្មាននៅលើផែនដី ឲ្យព្រះអង្គឃើញក្នុងមួយរយៈពេលដ៏ខ្លី។ ៦មារសាតាំងទូលព្រះអង្គថា៖ «ខ្ញុំនឹងប្រគល់អំណាច ព្រមទាំងភោគទ្រព្យរបស់នគរទាំងនោះឲ្យលោកដ្បិតអ្វីៗទាំងអស់ជាសម្បត្តិរបស់ខ្ញុំ ខ្ញុំអាចប្រគល់ឲ្យអ្នកណាក៏បាន ស្រេចតែនឹងចិត្តខ្ញុំ។ ៧ដូច្នេះប្រសិនបើលោកក្រាបថ្វាយបង្គំខ្ញុំ សម្បត្តិទាំងនោះនឹងបានជារបស់លោកហើយ»។ ៨ ព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖ «ក្នុងគម្ពីរមានចែងថា”អ្នកត្រូវតែថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នកនិងគោរពបម្រើតែព្រះអង្គមួយប៉ុណ្ណោះ”»។ ៩បន្ទាប់មក មារនាំព្រះអង្គទៅក្រុងយេរូសាឡឹមដាក់ព្រះអង្គលើកំពូលព្រះវិហារ ហើយទូលថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមលោតទម្លាក់ខ្លួនចុះទៅក្រោមមើល៍ ១០ដ្បិតក្នុងគម្ពីរមានចែងថា “ព្រះជាម្ចាស់នឹងបញ្ជាឲ្យទេវទូតថែរក្សាលោក ១១ហើយទេវទូតទាំងនោះនឹងចាំទ្រលោកមិនឲ្យជើងលោក ប៉ះទង្គិចនឹងថ្មឡើយ”»។ ១២ព្រះយេស៊ូមានព្រះបន្ទូលតបទៅមារវិញថា៖ «ក្នុងគម្ពីរមានចែងថាកុំល្បងលព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ»។ ១៣លុះមារល្បួងព្រះយេស៊ូសព្វបែបយ៉ាង ហើយវាក៏ថយចេញឆ្ងាយពីព្រះអង្គទៅ រហូតដល់ពេលកំណត់។
ព្រះយេស៊ូចាប់ផ្តើមផ្សាយដំណឹងល្អនៅស្រុកកាលីឡេ អ្នកភូមិណាសារ៉ែតបដិសេធមិនព្រមទទួលព្រះអង្គ
(មថ,៤,១២-១៧; ១៣,៥៣-៥៨ មក,១,១៤-១៥; ៦,១-៦)
១៤ព្រះយេស៊ូយាងត្រឡប់ទៅស្រុកកាលីឡេវិញ ប្រកបដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណ ព្រះនាមព្រះអង្គឮល្បីល្បាញ ពាសពេញតំបន់នោះ។១៥ព្រះអង្គបង្រៀនអ្នកស្រុកក្នុងធម្មសាលា គេសរសើរតម្កើងសិរីរុងរឿងព្រះអង្គគ្រប់ៗគ្នា។
១៦ព្រះយេស៊ូយាងទៅភូមិណាសារ៉ែត ជាភូមិដែលព្រះអង្គគង់នៅកាលពីកុមារ។ នៅថ្ងៃសប្ប័ទ ព្រះអង្គយាងទៅធម្មសាលា តាមទម្លាប់របស់ព្រះអង្គ។ ព្រះអង្គក្រោកឈរឡើងដើម្បីអានគម្ពីរ។ ១៧គេបានយកគម្ពីររបស់ព្យាការី អេសាយមកថ្វាយព្រះអង្គ ព្រះអង្គបើកគម្ពីរត្រង់អត្ថបទមួយដែលមានចែងថា៖ ១៨«ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ។ ព្រះអង្គបានចាក់ប្រេងអភិសេកខ្ញុំ ឲ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។
ព្រះអង្គបានចាត់ខ្ញុំឲ្យមកប្រកាសប្រាប់
ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព
ហើយប្រាប់មនុស្សខ្វាក់ថា
គេនឹងមើលឃើញវិញ។
ព្រះអង្គបានចាត់ខ្ញុំឲ្យមករំដោះ
អស់អ្នកដែលត្រូវគេសង្កត់សង្កិន
១៩ ព្រមទាំងប្រកាសអំពីឆ្នាំដែលព្រះអម្ចាស់
សម្តែងព្រះហឫទ័យមេត្តាករុណា»។
២០លុះអានចប់ហើយ ព្រះយេស៊ូបិទគម្ពីរប្រគល់ទៅអ្នកថែរក្សា រួចទ្រង់គង់ចុះវិញ។ មនុស្សគ្រប់ៗរូបនៅក្នុងធម្មសាលា សំឡឹងមើលព្រះអង្គ។ ២១ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ហេតុការណ៍ដែលមានចែងទុកក្នុងគម្ពីរ ដូចអ្នករាល់គ្នាទើបនឹងស្តាប់អំបាញមិញ បានសម្រេចជារូបរាងនៅថ្ងៃនេះហើយ»។ ២២ឮដូច្នេះ គេស្ងើចសរសើរព្រះយេស៊ូគ្រប់ៗគ្នា ទាំងនឹកឆ្ងល់អំពីព្រះបន្ទូល ប្រកបដោយព្រះហប្ញទ័យប្រណីសន្តោស ដែលហូរចេញពីព្រះឱស្ឋរបស់ព្រះអង្គ។ គេពោលថា៖ «អ្នកនេះមិនមែនជាកូន របស់ជាងយ៉ូសែបទេឬ?»។ ២៣ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ប្រហែលជាអ្នករាល់គ្នាចង់យកសុភាសិត ដែលចែងថា “គ្រូពេទ្យអើយ ចូរមើលជំងឺរបស់ខ្លួនឲ្យជាសិនទៅ” មកផ្ចាញ់ផ្ចាលខ្ញុំទេដឹង! ឬមួយអ្នករាល់គ្នាចង់និយាយមកខ្ញុំទៀតថា “យើងឮគេនិយាយអំពីកិច្ចការទាំងអស់ដែលអ្នកធ្វើនៅក្រុងកាផានុម ចូរធ្វើការដដែលនៅទីនេះជាស្រុកកំណើតរបស់អ្នក ឲ្យយើងឃើញផង!”»។
២៤ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនដែលមានព្យាការីណាម្នាក់ត្រូវគេគោរព នៅក្នុងស្រុកកំណើតរបស់ខ្លួនឡើយ។ ២៥ខ្ញុំសុំបញ្ជាក់ថា នៅជំនាន់លោកអេលី មេឃរាំងអស់រយៈពេលបីឆ្នាំកន្លះ បណ្តាលឲ្យមានទុរ្ភឹក្សយ៉ាងខ្លាំងពេញទាំងស្រុក។ នៅស្រុកអ៊ីស្រាអែលមានស្ត្រីម៉េមាយជាច្រើន។ ២៦ក៏ប៉ុន្តែព្រះជាម្ចាស់ពុំបានចាត់ព្យាការីអេលី ឲ្យទៅជួយស្ត្រីមេម៉ាយណាម្នាក់ នៅស្រុកអ៊ីស្រាអែលឡើយ គឺព្រះអង្គបានចាត់លោក ឲ្យទៅជួយស្ត្រីមេម៉ាយម្នាក់ ដែលរស់នៅភូមិសារិបតា ក្នុងក្រុងស៊ីដូនវិញ។ ២៧នៅជំនាន់ព្យាការីអេលីសេ មានមនុស្សឃ្លង់ជាច្រើន ក្នុងស្រុកអ៊ីស្រាអែល ប៉ុន្តែគ្មានអ្នកណាម្នាក់បានជាសោះឡើយ គឺមានតែលោកណាម៉ាន់ជាជនជាតិស៊ីរីម្នាក់ប៉ុណ្ណោះ»។ ២៨កាលបានឮព្រះបន្ទូលទាំងនេះអ្នកនៅក្នុងធម្មសាលាទាំងប៉ុន្មាន ខឹងព្រះយេស៊ូគ្រប់ៗគ្នា។ ២៩គេក្រោកឡើងចាប់ប្រអូសប្រទាញព្រះយេស៊ូ ចេញពីភូមិដែលសង់លើកំពូលភ្នំ នាំឆ្ពោះទៅមាត់ជ្រោះ បម្រុងនឹងច្រានព្រះអង្គទម្លាក់ទៅក្រោម។ ៣០ប៉ុន្តែ ព្រះអង្គយាងចេញពីកណ្តាលចំណោមគេបាត់ទៅ។
ព្រះយេស៊ូដេញខ្មោចចេញពីមនុស្សម្នាក់
(ម៉ាកុស ១, ២១-២៨)
៣១ព្រះយេស៊ូយាងទៅក្រុងកាផានុម ក្នុងស្រុកកាលីឡេ។ នៅទីនោះព្រះអង្គបង្រៀនបណ្តាជនជារៀងរាល់ថ្ងៃសប្ប័ទ។ ៣២មនុស្សគ្រប់គ្នាងឿងឆ្ងល់យ៉ាងខ្លាំងអំពីបែបបទ ដែលព្រះអង្គបង្រៀន ព្រោះព្រះអង្គមានព្រះបន្ទូល ប្រកបដោយអំណាច។ ៣៣នៅក្នុងធម្មសាលា មានបុរសម្នាក់ដែលខ្មោចចូល ស្រែកឡើងខ្លាំងៗថា៖ ៣៤«ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតអើយ! តើព្រះអង្គចង់ធ្វើអ្វីយើង? ព្រះអង្គមកបំផ្លាញយើង! ខ្ញុំស្គាល់ព្រះអង្គហើយ ព្រះអង្គជាព្រះដ៏វិសុទ្ធ ដែលមកពីព្រះជាម្ចាស់»។ ៣៥ព្រះយេស៊ូគំរាមខ្មោចនោះថា៖ «ស្ងៀម ចេញពីអ្នកនេះទៅ!»។ ខ្មោចក៏ផ្តួលបុរសនោះ នៅកណ្តាលចំណោមបណ្តាជនរួចចេញទៅ ដោយពុំមានធ្វើឲ្យគាត់ឈឺចាប់អ្វីឡើយ។ ៣៦មនុស្សម្នាភ័យស្រឡាំងកាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «ចុះពាក្យសំដីរបស់លោកនេះ អីក៏ពូកែម៉្លេះ មើល៍លោកមានអំណាចនិងប្ញទ្ធានុភាពអាចបញ្ជាទៅខ្មោចឲ្យវាចេញ ហើយវាធ្វើតាម»។ ៣៧បន្ទាប់មក ព្រះកិត្តិនាមរបស់ព្រះយេស៊ូ ល្បីខ្ចរខ្ចាយពាសពេញតំបន់នោះ។
ព្រះយេស៊ូប្រោសអ្នកជំងឺជាច្រើនឲ្យបានជា
(ម៉ាថាយ ៨, ១៤-១៧ ម៉ាកុស ១, ២៩-៣៤)
៣៨ព្រះយេស៊ូយាងចេញពីធម្មសាលា ទៅផ្ទះលោកស៊ីម៉ូន ពេលនោះម្តាយក្មេករបស់លោកស៊ីម៉ូនគ្រុនយ៉ាងខ្លាំង គេទូលសូមព្រះអង្គមេត្តាប្រោសគាត់ឲ្យបានជា។ ៣៩ព្រះយេស៊ូអោនទៅលើអ្នកជំងឺព្រះអង្គគំរាមជំងឺគ្រុន ជំងឺគ្រុនក៏ចេញបាត់ទៅ ហើយម្តាយក្មេករបស់លោកស៊ីម៉ូន ក៏បានជា។ រំពេចនោះគាត់ក្រោកឡើងបម្រើភ្ញៀវ។
៤០នៅពេលថ្ងៃលិច អ្នកស្រុកទាំងអស់នាំបងប្អូន ដែលមានជំងឺផ្សេងៗមករកព្រះយេស៊ូ។ ព្រះអង្គដាក់ព្រះហស្តលើអ្នកទាំងនោះ ហើយប្រោសគេឲ្យបានជាសះស្បើយ គ្រប់ៗគ្នា។ ៤១មានខ្មោចចេញពីមនុស្សជាច្រើន ទាំងស្រែកថា៖ «ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់»។ ប៉ុន្តែព្រះយេស៊ូគំរាមខ្មោចទាំងនោះ មិនឲ្យនិយាយជាដាច់ខាតព្រោះពួកវាដឹងថា ព្រះអង្គជាព្រះគ្រីស្ត។ ៤២លុះព្រលឹមឡើង ព្រះយេស៊ូយាងចេញពីក្រុងទៅកន្លែងស្ងាត់។ បណ្តាជននាំគ្នាដើររកព្រះអង្គ។ លុះជួបហើយគេឃាត់ព្រះអង្គឲ្យនៅជាមួយ មិនចង់ឲ្យយាងចាកចោលគេឡើយ។ ៤៣ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំត្រូវនាំដំណឹងល្អ អំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ ទៅក្រុងឯទៀតៗដែរ ដ្បិតព្រះអង្គបានចាត់ខ្ញុំឲ្យមកបំពេញការនេះឯង»។ ៤៤បន្ទាប់មក ព្រះយេស៊ូប្រកាសដំណឹងល្អតាមធម្មសាលានានា ក្នុងស្រុកកាលីឡេ។
ជំពូក ៥
ព្រះយេស៊ូត្រាស់ហៅសាវ័កបីរូប
(ម៉ាថាយ ៤, ១៨-២២ ម៉ាកុស ១, ១៦-២០)
១ថ្ងៃមួយ ព្រះយេស៊ូគង់នៅមាត់បឹងកេនេសារ៉ែតមានបណ្តាជនជាច្រើនប្រជ្រៀតគ្នានៅជុំវិញព្រះអង្គ ដើម្បីស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ២ព្រះអង្គទតឃើញទូកពីរចតនៅមាត់ច្រាំងរីឯអ្នកនេសាទនាំគ្នាចុះទៅលាងអួនរបស់គេ។ ៣ព្រះយេស៊ូយាងចុះទៅក្នុងទូករបស់លោកស៊ីម៉ូន រួចទ្រង់សុំឲ្យគាត់ចេញទូកទៅឆ្ងាយពីច្រាំងបន្តិច។ ព្រះអង្គគង់បង្រៀនបណ្តាជនពីក្នុងទូកនោះ។ ៤លុះព្រះអង្គបង្រៀនគេចប់ហើយ ទ្រង់មានព្រះបន្ទូលទៅកាន់លោកស៊ីម៉ូនថា៖ «ចូរបង្ហួសទូកទៅទឹកជ្រៅ រួចនាំគ្នាទម្លាក់អួនចុះ»។ ៥លោកស៊ីម៉ូនតបទៅព្រះយេស៊ូវិញថា៖ «លោកគ្រូ! យើងខ្ញុំបានអូសអួនពេញមួយយប់ហើយ អត់បានត្រីសោះ ប៉ុន្តែបើលោកគ្រូមានប្រសាសន៍ដូច្នេះ ខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ»។ ៦គេក៏ទម្លាក់អួនទៅក្នុងទឹកជាប់ត្រីយ៉ាងច្រើន ស្ទើរតែធ្លាយអួន។ ៧គេបក់ដៃហៅមិត្តភក្តិដែលនៅក្នុងទូកមួយទៀត ឲ្យមកជួយ។ ពួកនោះមកដល់ ជួយចាប់ត្រីដាក់ពេញទូកទាំងពីរ ស្ទើរតែនឹងលិច។ ៨ពេលលោកសិលាឃើញដូច្នោះ គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមយាងឲ្យឆ្ងាយពីទូលបង្គំទៅ ព្រោះទូលបង្គំជាមនុស្សបាប»។ ៩លោកស៊ីម៉ូននិយាយដូច្នេះ ព្រោះគាត់និងអស់អ្នកដែលនៅជាមួយភ័យស្ញប់ស្ញែងជាខ្លាំង នៅពេលបានឃើញត្រីច្រើនយ៉ាងនេះ។ ១០រីឯលោកយ៉ាកុបនិងលោកយ៉ូហាន ជាកូនលោកសេបេដេដែលនេសាទរួមជាមួយលោកស៊ីម៉ូន ក៏មានចិត្តដូច្នោះដែរ។ ប៉ុន្តែព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «កុំខ្លាចអី! ពីពេលនេះទៅមុខ អ្នកនឹងនេសាទមនុស្សវិញ»។១១ពេលទូកទៅដល់មាត់ច្រាំងវិញគេបោះបង់របស់របរទាំងអស់ចោលរួចនាំគ្នាដើរតាមព្រះយេស៊ូទៅ។
ព្រះយេស៊ូប្រោសមនុស្សឃ្លង់ម្នាក់ឲ្យបានជា
(ម៉ាថាយ ៨, ១-៤ ម៉ាកុស ១, ៤០-៤៥)
១២ព្រះយេស៊ូគង់នៅក្នុងក្រុងមួយ មានមនុស្សឃ្លង់ម្នាក់ឃើញព្រះអង្គ គាត់ចូលមករកហើយក្រាបថ្វាយបង្គំអោនមុខដល់ដីទូលព្រះអង្គថា៖ «លោកម្ចាស់ ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទ ឲ្យបានជាស្អាតបរិសុទ្ធផង»។ ១៣ព្រះយេស៊ូលូកព្រះហស្តទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រមហើយ ចូរឲ្យបានជាស្អាតបរិសុទ្ធចុះ»។ រំពេចនោះមនុស្សឃ្លង់ក៏បានជាស្អាតបរិសុទ្ធភ្លាម។
១៤ព្រះយេស៊ូមានព្រះបន្ទូលហាមគាត់ថា៖ «កុំនិយាយប្រាប់នរណាឲ្យដឹងឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់លោកបូជាចារ្យ ហើយថ្វាយតង្វាយ ដូចលោកម៉ូសេបានបង្គាប់ទុក ដើម្បីជាសក្ខីភាពបញ្ជាក់ថា អ្នកបានជាស្អាតបរិសុទ្ធមែន»។
១៥ព្រះកិត្តិនាមរបស់ព្រះយេស៊ូ ល្បីសុសសាយកាន់តែខ្លាំងឡើងៗ។ មហាជនជាច្រើនមកជុំគ្នាស្តាប់ព្រះអង្គ ព្រមទាំងសូមព្រះអង្គប្រោសឲ្យខ្លួនបានជាពីជំងឺផ្សេងៗផង។ ១៦រីឯព្រះយេស៊ូវិញ ព្រះអង្គយាងទៅទីស្ងាត់ ដើម្បីអធិស្ឋាន។
ព្រះយេស៊ូប្រោសមនុស្សខ្វិនម្នាក់ឲ្យបានជា
(ម៉ាថាយ ៩, ១-៨ ម៉ាកុស ២, ១-១២)
១៧ថ្ងៃមួយ ព្រះយេស៊ូកំពុងតែបង្រៀនបណ្តាជន មានពួកខាងគណៈផារីស៊ី និងពួកធម្មាចារ្យអង្គុយស្តាប់ព្រះអង្គដែរ។ អ្នកទាំងនោះធ្វើដំណើរមកពីភូមិនានា ក្នុងស្រុកកាលីឡេ ស្រុកយូដា និងពីក្រុងយេរូសាឡឹម។ ព្រះយេស៊ូប្រកបដោយប្ញទ្ធានុភាពរបស់ព្រះអម្ចាស់ ទ្រង់ប្រោសអ្នកជំងឺឲ្យបានជា។ ១៨ពេលនោះ ស្រាប់តែមានគេសែងមនុស្សខ្វិនដៃ ខ្វិនជើងម្នាក់ មកដល់ គេមានបំណងនាំអ្នកខ្វិននោះ ចូលទៅជិតព្រះយេស៊ូ។ ១៩ប៉ុន្តែដោយមានមនុស្សច្រើនពេក គេពុំអាចចូលទៅជិតព្រះអង្គបានឡើយ។ ដូច្នេះគេក៏សែងអ្នកជំងឺឡើងទៅលើដំបូលផ្ទះ បកក្បឿងសម្រូតគាត់ចុះមកកណ្តាលចំណោមមនុស្ស នៅចំពីមុខព្រះយេស៊ូ។ ២០ពេលព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ទ្រង់មានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ «អ្នកអើយ ខ្ញុំអត់ទោសឲ្យអ្នករួចពីបាបហើយ!»។ ២១ពួកធម្មាចារ្យនិងពួកខាងគណៈផារីស៊ីឮដូច្នោះ រិះគិតក្នុងចិត្តថា៖ «អ្នកនេះមានឋានៈអ្វីបានជាហ៊ាន ពោលពាក្យប្រមាថព្រះជាម្ចាស់ដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើអ្នកណាអាចអត់ទោស ឲ្យមនុស្សរួចពីបាបបាន?»។ ២២ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតអ្នកទាំងនោះ ទើបទ្រង់មានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតដូច្នេះ? ២៣បើខ្ញុំប្រាប់អ្នកពិការនេះថា “ខ្ញុំអត់ទោសឲ្យអ្នករួចពីបាបហើយ” ឬថា ”ចូរក្រោកឡើងដើរទៅចុះ” តើឃ្លាមួយណាស្រួលនិយាយជាង?។ ២៤ប៉ុន្តែខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា បុត្រមនុស្សមានអំណាចនឹងអត់ទោសឲ្យមនុស្សនៅក្នុងលោកនេះ រួចពីបាបបាន -ព្រះអង្គក៏ងាកទៅរកអ្នកខ្វិន ហើយមានព្រះបន្ទូលថា -ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅផ្ទះវិញទៅ»។ ២៥រំពេចនោះ អ្នកខ្វិនក្រោកឡើងនៅមុខមនុស្សទាំងអស់ រួចយកគ្រែស្នែងដែលគេសែងខ្លួនមក ដើរត្រឡប់ទៅផ្ទះវិញ ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ផង។ ២៦អស់អ្នកដែលនៅទីនោះស្លុតស្មារតីគ្រប់ៗគ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ គេភ័យខ្លាចជាខ្លាំង ក៏និយាយគ្នាថា៖ «ថ្ងៃនេះយើងបានឃើញហេតុការណ៍ចំឡែកអស្ចារ្យមែន!»។
ព្រះយេស៊ូត្រាស់ហៅលោកលេវី
(ម៉ាថាយ ៩, ៩-១៣ ម៉ាកុស ២, ១៣-១៧)
២៧បន្ទាប់មក ព្រះយេស៊ូយាងចាកចេញពីទីនោះទ្រង់ទតឃើញអ្នកទារពន្ធម្នាក់ ឈ្មោះលេវី អង្គុយនៅកន្លែងយកពន្ធ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ ២៨លោកលេវីក្រោកឡើង ទុកកិច្ចការទាំងអស់ចោល ហើយដើរតាមព្រះយេស៊ូទៅ។ ២៩លោកលេវីបានរៀបចំពិធីជប់លៀងមួយយ៉ាងធំ ថ្វាយព្រះអង្គ នៅផ្ទះរបស់លោក។ មានអ្នកទារពន្ធ ព្រមទាំងមនុស្សឯទៀតៗជាច្រើន ចូលរួមជាមួយដែរ។ ៣០ពួកខាងគណៈផារីស៊ី និងពួកធម្មាចារ្យពីគណៈផារីស៊ី ទាស់ចិត្តយ៉ាងខ្លាំង គេនិយាយទៅកាន់ ក្រុមសាវ័ករបស់ព្រះអង្គថា៖ «ហេតុអ្វីបានជា អ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?»។ ៣១ព្រះយេស៊ូតបទៅគេថា៖ «មនុស្សមានសុខភាពល្អ មិនត្រូវការគ្រូពេទ្យឡើយ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ៣២ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាបដើម្បីឲ្យគេប្រែចិត្តគំនិត»។
អំពីការតមអាហារ
(ម៉ាថាយ ៩, ១៤-១៧ ម៉ាកុស ២, ១៨-២២)
៣៣មានគេទូលសួរព្រះយេស៊ូថា៖ «ពួកសិស្សរបស់លោកយ៉ូហាន និងពួកសិស្សខាងគណៈផារីស៊ី តែងតែតមអាហារ និងសូត្រធម៌ជាញឹកញាប់ ចុះហេតុដូចម្តេចបានជាសិស្សរបស់លោកបែរជានាំគ្នាបរិភោគដូច្នេះ?»។ ៣៤ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖ «ក្នុងពិធីមង្គលការ ពេលកូនកំឡោះនៅជាមួយ តើភ្ញៀវអាចតមអាហារកើតឬ?។ ទេ! គេមិនអាចតមបានឡើយ។ ៣៥ថ្ងៃក្រោយពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារ»។
៣៦ព្រះយេស៊ូមានព្រះបន្ទូល ជាពាក្យប្រស្នាថា៖ «ពុំដែលមាននរណាហែកសម្លៀកបំពាក់ថ្មី យកទៅប៉ះសម្លៀកបំពាក់ចាស់នោះឡើយ ធ្វើដូច្នេះសម្លៀកបំពាក់ថ្មីនឹងត្រូវរហែកហើយក្រណាត់ចាស់និងក្រណាត់ថ្មីក៏មិនសមគ្នាដែរ។ ៣៧ពុំដែលមាននរណា ច្រកស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ឡើយ បើធ្វើដូច្នេះស្រាថ្មីនឹងធ្វើឲ្យថង់ស្បែកចាស់នោះធ្លុះ បណ្តាលឲ្យស្រាហូរចេញហើយថង់ស្បែកក៏ត្រូវខូចខាតមិនខាន ៣៨ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី។ ៣៩កាលបើបានពិសាស្រាទំពាំងបាយជូរចាស់ហើយ មិនដែលមាននរណាចង់ពិសាស្រាថ្មីទេ ព្រោះគេថា “ស្រាចាស់ឆ្ងាញ់ជាងស្រាថ្មី”»។
ជំពូក ៦
ព្រះយេស៊ូមានអំណាចលើថ្ងៃសប្ប័ទ
(ម៉ាថាយ ១២, ១-៨ ម៉ាកុស ២, ២៣-២៨)
១មានថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងកាត់វាលស្រែ សាវ័ករបស់ព្រះអង្គនាំគ្នាបូតកួរស្រូវសាឡី មកឈ្លីបរិភោគ។ ២មានពួកខាងគណៈផារីស៊ីខ្លះ និយាយទៅសាវ័កទាំងនោះថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការ ដែលបញ្ញត្តិហាមមិនឲ្យធ្វើនៅថ្ងៃសប្ប័ទដូច្នេះ?»។ ៣ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរមានអត្ថបទមួយស្តីអំពីការដែលព្រះបាទដាវីឌ និងបរិពារបានប្រព្រឹត្តនៅពេលឃ្លាន ៤គឺស្តេចបានយាងចូល ទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យកនំបុ័ងដែលគេតាំងថ្វាយព្រះជាម្ចាស់ មកសោយ ព្រមទាំងចែកឲ្យពួកបរិពារបរិភោគ ទៀតផង។ តាមវិន័យ មានតែពួកបូជាចារ្យប៉ុណ្ណោះដែលមានសិទ្ធិបរិភោគនំបុ័ងនោះបាន។ តើអ្នករាល់គ្នាធ្លាប់អានអត្ថបទនោះឬទេ?»។ ៥ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «បុត្រមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ។
ព្រះយេស៊ូប្រោសមនុស្សស្វិតដៃម្នាក់ឲ្យបានជានៅថ្ងៃសប្ប័ទ
(ម៉ាថាយ ១២, ៩-១៤ ម៉ាកុស ៣, ១-៦)
៦នៅថ្ងៃសប្ប័ទមួយទៀតព្រះយេស៊ូយាងចូលក្នុងធម្មសាលា ហើយទ្រង់បង្រៀនគេ។ នៅទីនោះមានបុរសម្នាក់ស្វិតដៃស្តាំ។ ៧ពួកធម្មាចារ្យនិងពួកខាងគណៈផារីស៊ី តាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រោសអ្នកជំងឺនៅថ្ងៃសប្ប័ទ ព្រោះគេចង់រកលេសចោទប្រកាន់ព្រះអង្គ។ ៨ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់ពួកគេ ទ្រង់ក៏មានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង មកឈរនៅកណ្តាលគេឯណេះ!»។ បុរសនោះក៏ក្រោកឈរឡើង។ ៩ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំសួរអ្នករាល់គ្នាថា នៅថ្ងៃសប្ប័ទ តើមនុស្សមានសិទ្ធិធ្វើអំពើល្អ ឬធ្វើអំពើអាក្រក់? តើត្រូវសង្គ្រោះជីវិតមនុស្ស ឬធ្វើឲ្យវិនាសអន្តរាយ?»។ ១០ព្រះអង្គបែរព្រះភ័ក្ត្រ ទតមើលមនុស្សទាំងអស់ដែលនៅជុំវិញ រួចមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ គាត់ក៏លាតដៃ ហើយដៃគាត់បានជាដូចដើមវិញ។ ១១ពួកគេក្តៅក្រហាយយ៉ាងខ្លាំង ហើយពិគ្រោះគ្នា គិតធ្វើយ៉ាងណា ដើម្បីប្រឆាំងនឹងព្រះយេស៊ូ។
ព្រះយេស៊ូជ្រើសរើសគ្រីស្តទូតដប់ពីររូប
(ម៉ាថាយ ១០, ១-៤ ម៉ាកុស ៣, ១៣-១៩)
១២នៅគ្រានោះ ព្រះយេស៊ូយាងឡើងទៅលើភ្នំដើម្បីអធិស្ឋាន។ ព្រះអង្គអធិស្ឋានពេញមួយយប់។ ១៣លុះព្រលឹមឡើង ព្រះអង្គត្រាស់ហៅសាវ័កមកក្នុងចំណោមសាវ័កទាំងនោះ ព្រះអង្គជ្រើសយកដប់ពីររូប ហើយប្រទានងារជាទូតរបស់ព្រះអង្គ ១៤គឺមានស៊ីម៉ូន ដែលទ្រង់ប្រទានឈ្មោះថាសិលា និងអន់ដ្រេជាប្អូនរបស់គាត់យ៉ាកុប យ៉ូហាន ភីលីពបាថូឡូមេ ១៥ម៉ាថាយ ថូម៉ាស យ៉ាកុបជាកូនរបស់លោកអាល់ផាយ ស៊ីម៉ូន ហៅអ្នកជាតិនិយម ១៦យូដា ជាកូនលោកយ៉ាកុប និងយូដាអ៊ីស្ការីយ៉ុតដែលនឹងក្បត់ព្រះអង្គ។
ព្រះយេស៊ូបង្រៀនបណ្តាជននិង ប្រោសអ្នកជំងឺឲ្យបានជា
(ម៉ាថាយ ៤, ២៣-២៥)
១៧ព្រះយេស៊ូយាងចុះពីលើភ្នំ ជាមួយសាវ័កទាំងនោះ មកប្រថាប់នៅត្រង់កន្លែងមួយរាបស្មើ។ នៅទីនោះមានសាវ័កជាច្រើន និងប្រជាជនពីស្រុកយូដា ពីក្រុងយេរូសាឡឹម ពីក្រុងទីរ៉ូស និងក្រុងស៊ីដូននៅតាមមាត់សមុទ្រ មករង់ចាំព្រះអង្គយ៉ាងកកកុញ។ ១៨គេនាំគ្នាមកស្តាប់ព្រះអង្គ និងសូមព្រះអង្គប្រោសគេឲ្យជាពីជំងឺ។ រីឯអស់អ្នកដែលមានខ្មោចចូល ក៏បានជាដែរ។ ១៩ បណ្តាជនប្រជ្រៀតគ្នាចូលមកពាល់ព្រះយេស៊ូ ដ្បិតមានប្ញទ្ធានុភាពចេញពីព្រះអង្គមកប្រោសគេឲ្យជាគ្រប់ៗគ្នា។
សុភមង្គល និង អពមង្គល
(ម៉ាថាយ ៥, ១-១២)
២០ព្រះយេស៊ូងើបព្រះភ័ក្ត្រ ទតមើលសាវ័ករបស់ព្រះអង្គ ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដែលជាជនក្រខ្សត់អើយ! អ្នកមានសុភមង្គលហើយ
ដ្បិតអ្នករាល់គ្នាបានទទួលព្រះរាជ្យរបស់ ព្រះជាម្ចាស់។ ២១ អ្នករាល់គ្នាដែលកំពុងតែស្រេកឃ្លានអើយ! អ្នកមានសុភមង្គលហើយដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។ អ្នករាល់គ្នាដែលកំពុងតែយំសោកអើយ!អ្នកមានសុភមង្គលហើយដ្បិតអ្នករាល់គ្នានឹងបានត្រេកអរ។ ២២ ប្រសិនបើមានគេស្អប់លែងរាប់រកអ្នករាល់គ្នា ប្រសិនបើគេត្មះតិះដៀល បង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែបុត្រមនុស្ស អ្នករាល់គ្នាមានសុភមង្គលហើយ។ ២៣ នៅគ្រានោះ ចូរមានអំណរសប្បាយឡើង ដ្បិតអ្នករាល់គ្នាទទួលរង្វាន់យ៉ាងធំ នៅស្ថានបរមសុខ។ កាលពីជំនាន់មុន បុព្វបុរសរបស់គេក៏បានប្រព្រឹត្តចំពោះពួកព្យាការីដូច្នោះដែរ។
២៤ ចំណែកឯអ្នករាល់គ្នាដែលជាអ្នកមានអើយ!អ្នកនឹងត្រូវវេទនា ព្រោះអ្នករាល់គ្នាបាន
ទទួលការសំរាលទុក្ខរួចស្រេចហើយ។
២៥ អ្នករាល់គ្នាដែលឆ្អែតនៅពេលនេះអើយ!អ្នកនឹងត្រូវវេទនាដ្បិតអ្នករាល់គ្នានឹងស្រេកឃ្លានជាពុំខាន។អ្នករាល់គ្នាដែលកំពុងតែត្រេកអរអើយ!អ្នកនឹងត្រូវវេទនា ព្រោះអ្នករាល់គ្នា
នឹងកាន់ទុក្ខ ហើយយំសោកជាពុំខាន។
២៦ អ្នករាល់គ្នាដែលមនុស្សទាំងអស់កោត
សរសើរអើយ!
អ្នកត្រូវវេទនាហើយព្រោះបុព្វបុរសរបស់គេក៏បានប្រព្រឹត្ត
ចំពោះពួកព្យាការីក្លែងក្លាយ
ដូច្នោះដែរ!»។
សេចក្តីស្រឡាញ់ចំពោះខ្មាំងសត្រូវ
(ម៉ាថាយ ៥, ៣៨-៤៨ និង ៧, ១២)
២៧«ខ្ញុំសុំប្រាប់អ្នករាល់គ្នា ដែលកំពុងស្តាប់ខ្ញុំថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន និងធ្វើអំពើល្អដល់អស់អ្នកដែលស្អប់អ្នករាល់គ្នា ២៨ត្រូវជូនពរដល់អស់អ្នកដែលប្រទេចផ្តាសាអ្នករាល់គ្នា និងអង្វរព្រះជាម្ចាស់ សូមទ្រង់ប្រទានពរដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា។ ២៩ប្រសិនបើមានគេទះកំផ្លៀងអ្នកម្ខាង ចូរបែរឲ្យគេទះម្ខាងទៀតចុះ។ ប្រសិនបើគេយកអាវធំរបស់អ្នក ចូរឲ្យគេយកអាវក្នុងថែមទៀតទៅ។ ៣០បើមានអ្នកណាសុំអ្វីពីអ្នក ចូរឲ្យគេទៅ ហើយបើគេរឹបអូសយកអ្វីដែលជារបស់អ្នកចូរកុំទារពីគេវិញឡើយ។ ៣១បើអ្នករាល់គ្នា ចង់ឲ្យគេប្រព្រឹត្តចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្តចំពោះគេបែបនោះដែរ។ ៣២បើអ្នករាល់គ្នាស្រឡាញ់តែមនុស្ស ដែលស្រឡាញ់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ចេះស្រឡាញ់គ្នាគេដែរ ៣៣ហើយបើអ្នករាល់គ្នាធ្វើអំពើល្អតែជាមួយមនុស្សណា ដែលធ្វើអំពើល្អដល់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ចេះធ្វើអំពើល្អដល់គ្នាគេដែរ។ ៣៤បើអ្នករាល់គ្នាឲ្យគេខ្ចីដោយសង្ឃឹមថានឹងបានសំណងវិញ តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ឲ្យគ្នាគេខ្ចីដើម្បីទទួលសំណងដូចដើមវិញដែរ។ ៣៥ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន ហើយធ្វើល្អដល់គេ ព្រមទាំងឲ្យគេខ្ចីដោយកុំនឹកសង្ឃឹម ចង់បានអ្វីវិញឲ្យសោះ ពេលនោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំ អ្នករាល់គ្នានឹងបាន ទៅជាកូនរបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតដ្បិតព្រះអង្គក៏មានព្រះហប្ញទ័យសប្បុរសចំពោះជនអកតញ្ញូ និងជនកំណាចដែរ។ ៣៦ចូរមានចិត្តមេត្តាករុណា ដូចព្រះបិតារបស់អ្នករាល់គ្នាដែលមានព្រះហប្ញទ័យមេត្តាករុណា»។
កុំថ្កោលទោសអ្នកដទៃ
(ម៉ាថាយ ៧, ១-៥)
៣៧«កុំថ្កោលទោសអ្នកដទៃឲ្យសោះ នោះព្រះជាម្ចាស់ក៏មិនថ្កោលទោសអ្នករាល់គ្នាដែរ។ កុំផ្តន្ទាទោសអ្នកដទៃឲ្យសោះ នោះព្រះជាម្ចាស់ក៏មិនផ្តន្ទាទោសអ្នករាល់គ្នាដែរ។ ត្រូវលើកលែងទោសឲ្យអ្នកដទៃ នោះព្រះជាម្ចាស់នឹងលើកលែងទោសឲ្យអ្នករាល់គ្នា។ ៣៨ចូរធ្វើអំណោយដល់អ្នកដទៃនោះព្រះជាម្ចាស់នឹងប្រទានអំណោយ ដល់អ្នករាល់គ្នាដែរ ទ្រង់នឹងប្រទានមកយ៉ាងបរិបូណ៌ហូរហៀរ។ព្រះជាម្ចាស់នឹងវាល់ឲ្យអ្នក តាមរង្វាល់ដែលអ្នកវាល់ឲ្យអ្នកដទៃ»។
៣៩ព្រះយេស៊ូមានព្រះបន្ទូល ជាពាក្យប្រស្នាទៅគេទៀតថា៖ «មនុស្សខ្វាក់ពុំអាចនាំមនុស្សខ្វាក់ម្នាក់ទៀតបានឡើយ។ បើធ្វើដូច្នោះ មុខជាធ្លាក់រណ្តៅទាំងពីរនាក់មិនខាន។ ៤០ពុំដែលមានសិស្សណាធំជាងគ្រូឡើយ ប៉ុន្តែសិស្សដែលបានទទួលចំណេះសព្វគ្រប់ អាចស្មើនឹងគ្រូបាន។ ៤១ហេតុអ្វីបានជាអ្នកមើលឃើញល្អងធូលី នៅក្នុងភ្នែករបស់បងប្អូនអ្នក តែមើលមិនឃើញធ្នឹម នៅក្នុងភ្នែករបស់អ្នកផ្ទាល់ដូច្នេះ?។ ៤២បើអ្នកមើលធ្នឹមនៅក្នុងភ្នែករបស់អ្នកមិនទាំងឃើញផង ម្តេចក៏ហ៊ាននិយាយទៅបងប្អូនថា ”ទុកឲ្យខ្ញុំផ្តិតយកល្អងធូលីនេះចេញពីភ្នែកអ្នក?”។ មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិន ទើបអ្នកមើលឃើញច្បាស់ ល្មមនឹងផ្តិតយកល្អងធូលី ចេញពីភ្នែករបស់បងប្អូនអ្នកបាន»។
ដើមឈើល្អ និង ដើមឈើអាក្រក់
(ម៉ាថាយ ៧,១៦-២០ និង ១២, ៣៣-៣៥)
៤៣ «ដើមឈើល្អ មិនដែលឲ្យផ្លែអាក្រក់ឡើយ ឯដើមឈើអាក្រក់វិញ ក៏មិនដែលឲ្យផ្លែល្អដែរ ៤៤ដ្បិតគេស្គាល់ដើមឈើបានដោយសារផ្លែវា។ ពុំដែលមាននរណាបេះផ្លែឧទុម្ពរ ឬផ្លែទំពាំងបាយជូរពីគុម្ពបន្លាឡើយ។ ៤៥មនុស្សល្អតែងប្រព្រឹត្តអំពើល្អ ព្រោះចិត្តរបស់គេល្អ រីឯមនុស្សអាក្រក់តែងប្រព្រឹត្តអំពើអាក្រក់ ព្រោះចិត្តរបស់គេអាក្រក់ ដ្បិតមាត់របស់មនុស្ស តែងស្រដីចេញមកនូវសេចក្តីណា ដែលមានពេញហូរហៀរនៅក្នុងដួងចិត្តរបស់ខ្លួន»។ មនុស្សពីរនាក់សង់ផ្ទះ (ម៉ាថាយ៧,២៤-២៧) ៤៦«ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា “ព្រះអម្ចាស់! ព្រះអម្ចាស់!” តែមិនប្រព្រឹត្តតាមពាក្យខ្ញុំដូច្នេះ?។ ៤៧អ្នកដែលចូលមករកខ្ញុំ ស្តាប់ពាក្យខ្ញុំ ហើយប្រព្រឹត្តតាមខ្ញុំ សុំបង្ហាញប្រាប់ឲ្យអ្នករាល់គ្នាដឹងថា គេប្រៀបបានទៅនឹងមនុស្សប្រភេទណា ៤៨អ្នកនោះប្រៀបបាននឹងមនុស្សម្នាក់ ដែលសង់ផ្ទះ។ គាត់ជីកដីយ៉ាងជ្រៅ ហើយចាក់គ្រឹះលើផ្ទាំងថ្ម លុះទឹកជំនន់មកដល់ ទោះបីទឹកហូរមកប៉ះយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឲ្យផ្ទះនោះរង្គើបានដែរព្រោះគាត់បានសង់យ៉ាងមាំ។ ៤៩ចំណែកឯអ្នកដែលស្តាប់ពាក្យខ្ញុំ តែមិនប្រព្រឹត្តតាមប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះ ដោយពុំបានចាក់គ្រឹះ។ លុះទឹកហូរមកបោក ផ្ទះនោះក៏រលំខូចខាតភ្លាមគ្មានអ្វីសល់ឡើយ»។
ជំពូក ៧
ព្រះយេស៊ូប្រោសអ្នកបម្រើរបស់នាយទាហានរ៉ូម៉ាំងឲ្យបានជា
(ម៉ាថាយ ៨, ៥-១៣)
១ កាលព្រះយេស៊ូមានព្រះបន្ទូល ឲ្យប្រជាជនស្តាប់ចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចូលទៅក្រុងកាផានុម។ ២នៅក្រុងនោះ មានអ្នកបម្រើសំណព្វចិត្ត របស់នាយទាហានរ៉ូម៉ាំងម្នាក់ មានជំងឺជាទម្ងន់ជិតស្លាប់។ ៣ពេលនាយទាហាននោះ ឮគេនិយាយអំពីព្រះយេស៊ូ គាត់ក៏ចាត់ចាស់ទុំនៃជនជាតិយូដាខ្លះឲ្យទៅយាងព្រះអង្គមកប្រោសអ្នកបម្រើរបស់គាត់។ ៤ចាស់ទុំទាំងនោះទៅគាល់ព្រះយេស៊ូ ទទូចអង្វរព្រះអង្គថា៖ «នាយទាហាននោះជាមនុស្សម្នាក់ ដែលគួរតែលោកប្រោសប្រណីដល់គាត់ ៥ព្រោះគាត់ស្រឡាញ់ជាតិសាសន៍របស់យើង ថែមទាំងបានសង់ធម្មសាលាឲ្យយើងផង»។ ៦ព្រះយេស៊ូយាងទៅជាមួយចាស់ទុំទាំងនោះ។ លុះយាងជិតដល់ហើយ នាយទាហានចាត់មិត្តភក្តិរបស់គាត់ឲ្យមកទូលថា៖ «លោកម្ចាស់! មិនបាច់អញ្ជើញចូលផ្ទះខ្ញុំប្របាទទេ ដ្បិតខ្ញុំប្របាទមានឋានៈទន់ទាបណាស់ មិនសមនឹងទទួលលោក ក្នុងផ្ទះខ្ញុំប្របាទឡើយ។ ៧ហេតុនេះហើយបានជាខ្ញុំប្របាទមិនហ៊ានមកជួបលោកផ្ទាល់។ សូមលោកមេត្តាមានប្រសាសន៍តែមួយម៉ាត់ នោះអ្នកបម្រើរបស់ខ្ញុំប្របាទនឹងជាសះស្បើយមិនខាន។ ៨ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេ ហើយក៏មានកូនទាហានជាច្រើននៅក្រោមបញ្ជាខ្ញុំប្របាទដែរ។ បើខ្ញុំប្របាទបញ្ជាអ្នកណាម្នាក់ឲ្យទៅ គេប្រាកដជាទៅ បើប្រាប់ម្នាក់ទៀតឲ្យមកគេនឹងមក។ ពេលខ្ញុំប្របាទប្រាប់អ្នកបម្រើឲ្យធ្វើការអ្វីមួយគេនឹងធ្វើតាម»។ ៩កាលព្រះយេស៊ូ ទ្រង់ព្រះសណ្តាប់ពាក្យទាំងនេះហើយ ព្រះអង្គស្ងើចសរសើរនាយទាហាននោះណាស់។ ព្រះអង្គងាកទៅរកបណ្តាជនដែលដើរតាមព្រះអង្គហើយមានព្រះបន្ទូលថា៖ «ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះឡើយ ទោះបីនៅស្រុកអ៊ីស្រាអែលក៏គ្មានផង»។ ១០មិត្តភក្តិដែលនាយទាហានចាត់ឲ្យមកក៏វិលត្រឡប់ទៅវិញ ឃើញអ្នកបម្រើបានជាសះស្បើយ។
ព្រះយេស៊ូប្រោសកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់ឲ្យរស់ឡើងវិញ
១១ក្រោយមកទៀត ព្រះយេស៊ូយាងឆ្ពោះទៅភូមិមួយឈ្មោះណាអ៊ីន។ សាវ័ករបស់ព្រះអង្គនិងបណ្តាជនជាច្រើន ក៏ធ្វើដំណើរទៅជាមួយព្រះអង្គដែរ។ ១២ពេលព្រះអង្គយាងមក ជិតដល់ទ្វារកំពែងក្រុង មានគេដង្ហែសពយកទៅបញ្ចុះ។ បុគ្គលដែលស្លាប់នោះ ជាកូនប្រុសតែមួយរបស់ស្ត្រីមេម៉ាយម្នាក់។ អ្នកស្រុកជាច្រើនបានមកជួយដង្ហែសពជាមួយគាត់។ ១៣កាលព្រះអម្ចាស់ឃើញស្ត្រីមេម៉ាយនោះ ព្រះអង្គមានព្រះហប្ញទ័យអាណិត អាសូរគាត់យ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖«សូមកុំយំអី!»។ ១៤ព្រះអង្គយាងចូលទៅជិត ទ្រង់ពាល់មឈូស ពួកអ្នកសែងក៏នាំគ្នាឈប់។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកកំឡោះអើយ!ចូរក្រោកឡើង»។ ១៥រំពេចនោះបុគ្គលដែលស្លាប់ក៏ក្រោកអង្គុយ ហើយចាប់ផ្តើមនិយាយស្តី។ ព្រះយេស៊ូប្រគល់អ្នកកំឡោះទៅម្តាយវិញ។ ១៦គេស្ញែងខ្លាចទាំងអស់គ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយពោលថា៖ «មានព្យាការីដ៏ប្រសើរឧត្តមមួយរូប បានមកនៅក្នុងចំណោមយើង ហើយព្រះជាម្ចាស់យាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ»។
១៧ពាក្យដែលគេនិយាយអំពីព្រះយេស៊ូ បានលេចឮពាសពេញក្នុងស្រុកយូដា និងតំបន់ជិតខាងទាំងមូល។
លោកយ៉ូហានបាទីស្តចាត់សិស្សទៅជួបព្រះយេស៊ូ
(ម៉ាថាយ ១១, ២-១៩)
១៨សិស្សរបស់លោកយ៉ូហាន បានរៀបរាប់ជូនលោកនូវហេតុការណ៍ទាំងអស់នោះ។ លោកយ៉ូហានក៏ហៅសិស្សពីរនាក់មក ១៩រួចចាត់ឲ្យទៅទូលសួរព្រះយេស៊ូជាអម្ចាស់ថា៖ «តើលោកជាព្រះគ្រីស្តដែលត្រូវយាងមកឬមួយយើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។ ២០ អ្នកទាំងពីរទៅដល់ទូលសួរព្រះយេស៊ូថា៖ «លោកយ៉ូហានបាទីស្តចាត់ឲ្យយើង ខ្ញុំមកសួរលោកថា តើលោកជាព្រះគ្រីស្តដែលត្រូវយាងមក ឬមួយក៏យើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។ ២១នៅគ្រានោះ ព្រះយេស៊ូកំពុងប្រោសអ្នកជំងឺនិងមនុស្សពិការច្រើននាក់ឲ្យបានជា ព្រះអង្គបណ្តេញខ្មោចពីមនុស្សខ្មោចចូល ព្រមទាំងប្រោសមនុស្សខ្វាក់ច្រើននាក់ ឲ្យមើលឃើញផង។ ២២ព្រះអង្គមានព្រះបន្ទូល ទៅសិស្សទាំងពីរនាក់នោះថា៖ «ចូរអ្នកទៅជម្រាបលោកយ៉ូហាននូវហេតុការណ៍ ដែលអ្នករាល់គ្នាបានឃើញ និងបានឮ គឺមនុស្សខ្វាក់មើលឃើញ មនុស្សខ្វិនដើរបានមនុស្សឃ្លង់ជាស្អាតបរិសុទ្ធ មនុស្សថ្លង់ស្តាប់ឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយគេនាំដំណឹងល្អ ទៅប្រាប់ជនក្រីក្រ។ ២៣អ្នកណាមិនរវាតចិត្តចេញពីជំនឿ ព្រោះតែខ្ញុំអ្នកនោះពិតជាមានសុភមង្គលហើយ!»។ ២៤ពេលសិស្សរបស់លោកយ៉ូហានត្រឡប់ទៅវិញ ព្រះយេស៊ូមានព្រះបន្ទូលទៅមហាជន អំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាទៅវាលរហោស្ថានរកមើលអ្វី? មើលដើមត្រែងដែលត្រូវខ្យល់បក់នោះឬ? ២៥តើអ្នករាល់គ្នាទៅរកមើលអ្វី? មើលមនុស្សស្លៀកពាក់ល្អរុងរឿងឬ? តាមធម្មតាអស់អ្នកដែលស្លៀកពាក់ល្អរុងរឿង ហើយមានជីវភាពខ្ពង់ខ្ពស់ គេរស់នៅក្នុងវាំងឯណោះ។ ២៦បើដូច្នេះ តើអ្នករាល់គ្នាទៅរកមើលអ្វី? រកមើលព្យាការីម្នាក់ឬ?។ ត្រូវហើយ! ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា លោកនោះប្រសើរជាងព្យាការីទៅទៀត២៧ដ្បិត ក្នុងគម្ពីរមានចែងអំពីលោកយ៉ូហានថា៖ “យើងចាត់ទូតយើងឲ្យទៅមុនព្រះអង្គដើម្បីរៀបចំផ្លូវរបស់ព្រះអង្គ”វ។ ២៨ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា បណ្តាមនុស្សដែលកើតមកក្នុងលោកនេះ ពុំមាននរណាម្នាក់ ប្រសើរជាងលោកយ៉ូហានឡើយ។ ប៉ុន្តែអ្នកណាតូចជាងគេ នៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ អ្នកនោះប្រសើរលើសលោកយ៉ូហានទៅទៀត។ ២៩ប្រជាជនទាំងមូលនិងអ្នកទារពន្ធបានស្តាប់លោកយ៉ូហានទទួលស្គាល់ថាព្រះជាម្ចាស់ពិតជាមានព្រះហប្ញទ័យសុចរិតមែន ហើយនាំគ្នាទទួលពិធីជ្រមុជទឹកពីលោក។ ៣០រីឯពួកខាងគណៈផារីស៊ី និងពួកធម្មាចារ្យមិនទទួលស្គាល់គម្រោងការណ៍ ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់គេនោះទេ គឺគេបដិសេធមិនព្រមទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាន។ ៣១តើខ្ញុំប្រដូចមនុស្សជំនាន់នេះ ទៅនឹងមនុស្សប្រភេទណា? តើគេដូចនរណា? ៣២គឺគេប្រៀបបីដូចជាកូនក្មេងដែលអង្គុយលេងនៅផ្សារ ហើយស្រែកដាក់គ្នាទៅវិញទៅមកថា”យើងបានផ្លុំខ្លុយ តែពួកឯងមិនព្រមរាំយើងបានស្មូតបទទំនួញ តែពួកឯងក៏ពុំព្រមយំដែរ”។ ៣៣យ៉ាងណាមិញលោកយ៉ូហានបាទីស្តបានមកលោកតមអាហារ លោកតមសុរាតែអ្នករាល់គ្នាថាលោកមានខ្មោចចូល។ ៣រីឯបុត្រមនុស្សក៏បានមកដែរ លោកបរិភោគអាហារនិងពិសាសុរា តែអ្នករាល់គ្នាថា “មើលចុះអ្នកនេះគិតតែពីស៊ីផឹក ហើយសេពគប់ជាមួយពួកទារពន្ធនិងមនុស្សបាប”។ ៣៥ប៉ុន្តែអស់អ្នកដែលមានប្រាជ្ញាទទួលស្គាល់ថា ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ពិតជាល្អត្រឹមត្រូវមែន»។
ព្រះយេស៊ូលើកលែងទោសឲ្យស្ត្រីមានបាបម្នាក់
៣៦មានបុរសម្នាក់ខាងគណៈផារីស៊ី បានយាងព្រះយេស៊ូទៅសោយព្រះស្ងោយ ព្រះអង្គក៏យាងទៅផ្ទះបុរសនោះ ហើយគង់រួមតុជាមួយគាត់។ ៣៧នៅក្រុងនោះ មានស្ត្រីម្នាក់មានកេរ្តិ៍ឈ្មោះមិនល្អ។ ពេលឮថា ព្រះយេស៊ូគង់នៅក្នុងផ្ទះអ្នកខាងគណៈផារីស៊ីនោះ នាងយកដបថ្មកែវដាក់ប្រេងក្រអូបចូលមក។ ៣៨នាងនៅពីក្រោយព្រះយេស៊ូក្រាបទៀបព្រះបាទាព្រះអង្គ នាងយំសម្រក់ទឹកភ្នែកជោកព្រះបាទាព្រះយេស៊ូ ហើយយកសក់មកជូត។ បន្ទាប់មកនាងថើប រួចយកប្រេងក្រអូបមកចាក់ពីលើផង។ ៣៩ពេលបុរសម្ចាស់ផ្ទះឃើញដូច្នោះ គាត់រិះគិតក្នុងចិត្តថា៖ «បើលោកនេះពិតជាព្យាការីមែន ច្បាស់ជាលោកជ្រាបថា ស្ត្រីដែលពាល់លោកនេះជាស្ត្រីប្រភេទណាពុំខាន គឺនាងជាមនុស្សបាប»។ ៤០ព្រះយេស៊ូមានព្រះបន្ទូលទៅបុរស ខាងគណៈផារីស៊ីនោះថា៖ «លោកស៊ីម៉ូនខ្ញុំចង់និយាយរឿងមួយជាមួយលោក»។ លោកស៊ីម៉ូនទូលតបទៅព្រះអង្គថា៖ «សូមលោកគ្រូមានប្រសាសន៍មកចុះ»។ ៤១ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មានមនុស្សពីរនាក់ជំពាក់ប្រាក់គេម្នាក់ជំពាក់ប្រាំរយ ម្នាក់ទៀតហាសិប។ ៤២ដោយអ្នកទាំងពីរគ្មានប្រាក់សង ម្ចាស់ប្រាក់ក៏លុបបំណុលចោល ឈប់ទារពីអ្នកទាំងពីរនោះទៅ។ ក្នុងចំណោមអ្នកទាំងពីរ តើអ្នកណាស្រឡាញ់ម្ចាស់បំណុលជាង?»។ ៤៣លោកស៊ីម៉ូនទូលឆ្លើយថា៖ «តាមយោបល់ខ្ញុំ គឺអ្នកដែលជំពាក់ប្រាក់ច្រើនជាង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «លោកមានយោបល់ត្រឹមត្រូវមែន»។ ៤៤បន្ទាប់មក ព្រះអង្គបែរទៅរកស្ត្រីនោះរួចមានព្រះបន្ទូល ទៅលោកស៊ីម៉ូនថា៖ «សូមមើលស្ត្រីនេះចុះ! ខ្ញុំបានចូលមកក្នុងផ្ទះលោក តែលោកពុំបានយកទឹកមកលាងជើងខ្ញុំទេ រីឯនាងនាងបានសម្រក់ទឹកភ្នែកជោកជើងខ្ញុំ ព្រមទាំងយកសក់នាងមកជូតទៀតផង។ ៤៥លោកមិនបានថើបខ្ញុំទេ រីឯនាងវិញតាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំ ឥតឈប់ឈរសោះឡើយ។ ៤៦លោកមិនបានយកប្រេង មកលាបក្បាលខ្ញុំទេ រីឯនាងវិញ នាងបានចាក់ប្រេងក្រអូបលាបជើងខ្ញុំ។ ៤៧ហេតុនេះហើយ ខ្ញុំសុំប្រាប់ឲ្យលោកដឹងថា នាងសម្តែងសេចក្តីស្រឡាញ់ជាខ្លាំង យ៉ាងនេះ ព្រោះព្រះជាម្ចាស់បានប្រោស ឲ្យនាងរួចពីបាបជាច្រើន។ រីឯអ្នកដែលព្រះជាម្ចាស់លើកលែងទោសឲ្យតិច ក៏សម្តែងសេចក្តីស្រឡាញ់តិចដែរ»។ ៤៨ព្រះយេស៊ូមានព្រះបន្ទូលទៅស្ត្រីនោះថា៖ «ខ្ញុំអត់ទោសឲ្យនាងបានរួចពីបាបហើយ»។ ៤៩អស់អ្នកដែលអង្គុយរួមតុជាមួយ រិះគិតក្នុងចិត្តរៀងៗខ្លួនថា៖ «តើលោកនេះមានឋានៈអ្វីបានជាហ៊ានអត់ទោស ឲ្យមនុស្សរួចពីបាបដូច្នេះ?»។ ៥០ព្រះយេស៊ូមានព្រះបន្ទូលទៅនាងទៀត ថា៖ «ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅវិញដោយសុខសាន្តចុះ»។
ជំពូក ៨
ស្ត្រីៗដែលបម្រើព្រះយេស៊ូ
១បន្ទាប់មកទៀត ព្រះយេស៊ូយាងទៅតាមក្រុងតាមភូមិនានា ទាំងប្រកាសនិងផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់។ គ្រីស្តទូតទាំងដប់ពីររូប ទៅជាមួយព្រះអង្គ ២ហើយមានស្ត្រីខ្លះទៀត ដែលព្រះអង្គបានប្រោសឲ្យជាពីជំងឺ និងបណ្តេញខ្មោចចេញក៏តាមទៅជាមួយដែរ គឺមាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា ដែលព្រះអង្គបានដេញខ្មោចប្រាំពីរ ចេញពីនាង ៣នាងយ៉ូហាណាភរិយារបស់ឃូសា ជាមហាតលិករបស់ព្រះបាទហេរ៉ូដ នាងស៊ូសាណា ព្រមទាំងស្ត្រីឯទៀតៗជាច្រើន ដែលបានចំណាយធនធានរបស់ខ្លួនដើម្បីទំនុកបម្រុងព្រះយេស៊ូនិងសាវ័ករបស់ព្រះអង្គ។
ប្រស្នាអំពីគ្រាប់ពូជ
(ម៉ាថាយ ១៣, ១-៩ ម៉ាកុស ៤, ១-៩)
៤មានបណ្តាជនច្រើនកុះករ ចេញពីទីក្រុងនានា មករកព្រះយេស៊ូ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាដូចតទៅ៖
៥«មានបុរសម្នាក់ ចេញទៅព្រោះគ្រាប់ពូជ។ ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវត្រូវគេដើរជាន់ ហើយសត្វមកចឹកស៊ីអស់ទៅ។ ៦មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានថ្ម កាលពន្លកដុះឡើង ក៏ក្រៀមស្វិតទៅវិញ ព្រោះខ្វះទឹក។ ៧មានគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីមានបន្លា។ បន្លាដុះឡើងជាមួយគ្រាប់ពូជ ហើយរួបរឹតពូជនោះមិនឲ្យដុះឡើងបាន។ ៨មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានជីជាតិល្អ គ្រាប់ពូជដុះឡើង ឲ្យផលមួយជាមួយរយ»។ ព្រះយេស៊ូបន្លឺព្រះសូរសៀងថែមទៀតថា៖ «អស់អ្នកដែលឮពាក្យនេះសូមយកទៅពិចារណាចុះ!»។
ព្រះយេស៊ូពន្យល់ពាក្យប្រ ស្នាស្តីអំពីគ្រាប់ពូជ
(ម៉ាថាយ ១៣, ១០-២៣ ម៉ាកុស ៤, ១០-២០)
៩សាវ័ករបស់ព្រះយេស៊ូ ទូលសួរព្រះអង្គថា៖ «តើពាក្យប្រស្នានោះមានន័យដូចម្តេច?»។ ១០ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់បានប្រោសប្រទាន ឲ្យអ្នករាល់គ្នាយល់គម្រោងការណ៍ដ៏លាក់កំបាំងនៃព្រះរាជ្យរបស់ព្រះអង្គ។ ចំពោះអ្នកដទៃ ព្រះអង្គប្រើជាពាក្យប្រស្នាវិញ។ ដូច្នេះទោះបីគេមើលក៏ពុំឃើញ ទោះបីគេស្តាប់ក៏ពុំយល់ដែរ។ ១១រីឯប្រស្នានោះមានន័យដូចតទៅ៖ គ្រាប់ពូជជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ១២មនុស្សខ្លះប្រៀបបីដូចជាផ្លូវ ដែលគ្រាប់ពូជធ្លាក់គេបានស្តាប់ព្រះបន្ទូល តែមារសាតាំងមកឆក់យកពីចិត្តគេដើម្បីកុំឲ្យគេជឿ និងកុំឲ្យគេរួចជីវិត។ ១៣មនុស្សខ្លះទៀតប្រៀបបីដូចជាដីមានថ្ម កាលបានស្តាប់ព្រះបន្ទូល ហើយគេទទួលយកដោយអំណរ។ ប៉ុន្តែគេជឿតែមួយភ្លែត ពុំទុកឲ្យព្រះបន្ទូលចាក់ប្ញសឡើយ គេបោះបង់ចោលជំនឿ នៅពេលណាមានការល្បួង។ ១៤គ្រាប់ពូជដែលធ្លាក់ទៅលើដីមានបន្លាប្រៀបបីដូចជា អស់អ្នកដែលបានស្តាប់ព្រះបន្ទូលតែចិត្តខ្វល់ខ្វាយ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ និងចិត្តស្រើបស្រាលមករួបរឹតផលផ្លែមិនឲ្យទុំបានឡើយ។ ១៥រីឯគ្រាប់ពូជធ្លាក់ទៅលើដីមានជីជាតិល្អ ប្រៀបបីដូចជាអស់អ្នកដែលស្តាប់ព្រះបន្ទូល ហើយចងចាំទុកយ៉ាងស្មោះអស់ពីចិត្ត រហូតដល់បានបង្កើតផលផ្លែជាច្រើន ដោយចិត្តស៊ូទ្រាំ»។ ប្រស្នាអំពីចង្កៀង (ម៉ាកុស ៤, ២១-២៥) ១៦ «ពុំដែលមាននរណាអុជចង្កៀងហើយយកធុងមកគ្របពីលើ ឬយកទៅដាក់ក្រោមគ្រែឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀង ដើម្បីបំភ្លឺអស់អ្នកដែលចូលក្នុងផ្ទះ។ ១៧គ្រប់ការលាក់កំបាំង នឹងត្រូវបើកឲ្យគេដឹងហើយគ្រប់អាថ៌កំបាំងក៏នឹងលេចមក ឲ្យមនុស្សគ្រប់គ្នាស្គាល់ច្បាស់ដែរ។ ១៨ដូច្នេះ ចូរប្រុងប្រយ័ត្នអំពីរបៀបដែលអ្នករាល់គ្នាស្តាប់ ព្រោះអ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានឲ្យថែមទៀតតែអ្នកណាដែលគ្មាន ព្រះអង្គនឹងហូតយកនូវអ្វីៗ ដែលខ្លួនស្មានថាមាននោះផង»។ មាតា និង បងប្អូនរបស់ព្រះយេស៊ូ (ម៉ាថាយ ១២, ៤៦-៥០ ម៉ាកុស ៣, ៣១-៣៥) ១៩មាតានិងបងប្អូនរបស់ព្រះយេស៊ូ នាំគ្នាមករកព្រះអង្គ ប៉ុន្តែមិនអាចចូលទៅជិតព្រះអង្គបានឡើយ ព្រោះមានមនុស្សច្រើនពេក។ ២០មានគេទូលព្រះអង្គថា៖ «ម្តាយលោកនិងបងប្អូនលោកនៅខាងក្រៅ ចង់ជួបលោក»។ ២១ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អស់អ្នកដែលស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រតិបត្តិតាម គឺអ្នកនោះហើយជាម្តាយ និង ជាបងប្អូនរបស់ខ្ញុំ»។
ព្រះយេស៊ូធ្វើឲ្យរលកស្ងប់
(ម៉ាថាយ ៨, ២៣-២៧ ម៉ាកុស ៤, ៣៥-៤១)
២២ថ្ងៃមួយ ព្រះយេស៊ូយាងចុះទូកជាមួយសាវ័ក ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»។ ពួកសាវ័កក៏ចេញទូកទៅជាមួយព្រះអង្គ។ ២៣ពេលឆ្លងទៅនោះ ព្រះយេស៊ូផ្ទំលក់ស្រាប់តែមានខ្យល់ព្យុះបក់បោក យ៉ាងខ្លាំង មកលើបឹង បណ្តាលឲ្យទឹកជះចូលពេញទូក ហើយទាំងអស់គ្នាស្ថិតក្នុងភាពអាសន្ន។ ២៤ពួកសាវ័កចូលទៅជិតព្រះយេស៊ូ ដាស់ព្រះអង្គថា៖ «ព្រះគ្រូ! ព្រះគ្រូ! យើងស្លាប់ឥឡូវហើយ»។ ព្រះយេស៊ូតើនឡើង មានព្រះបន្ទូលគំរាមខ្យល់ព្យុះ និងរលកយ៉ាងម៉ឺងម៉ាត់។ ខ្យល់ព្យុះនិងរលកក៏ស្ងប់ហើយផ្ទៃទឹកក៏រាបស្មើដូចធម្មតាវិញ។ ២៥ព្រះយេស៊ូមានព្រះបន្ទូល ទៅពួកសាវ័កថា៖ ជំនឿរបស់អ្នករាល់គ្នានៅឯណា?»។ ពួកសាវ័កភ័យស្ញប់ស្ញែង ព្រមទាំងស្ងើចសរសើរផង គេនិយាយគ្នាទៅវិញទៅមកថា៖ «តើលោកនេះមានឋានៈអ្វី បានជាបញ្ជាទៅខ្យល់និងទឹក ហើយខ្យល់និងទឹកស្តាប់តាមបង្គាប់លោកដូច្នេះ?»។
ព្រះយេស៊ូប្រោសបុរសខ្មោចចូលម្នាក់
(ម៉ាថាយ ៨, ២៨-៣៤ ម៉ាកុស ៥, ១-២០)
២៦ព្រះយេស៊ូនិងសាវ័ក បានមកដល់ក្រុងកេរ៉ាសា នៅត្រើយម្ខាងទល់មុខស្រុកកាលីឡេ។ ២៧កាលព្រះអង្គយាងឡើងគោក មានបុរសម្នាក់ចេញពីក្រុងមករកព្រះអង្គ។ គាត់មានខ្មោចចូលហើយមិនស្លៀកពាក់មិនរស់នៅក្នុងផ្ទះតាំងពីយូរមកហើយ គឺគាត់ស្នាក់នៅតែតាមទីបញ្ចុះសព។ ២៨ពេលគាត់ឃើញព្រះយេស៊ូ គាត់ក្រាបទៀបព្រះបាទាព្រះអង្គ ហើយស្រែកយ៉ាងខ្លាំងថា៖«ឱព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតអើយ! តើព្រះអង្គចង់ធ្វើអ្វីទូលបង្គំ? សូមមេត្តាកុំធ្វើទុក្ខទោសទូលបង្គំអី»។ ២៩ខ្មោចទូលអង្វរដូច្នេះ ព្រោះព្រះយេស៊ូបានបញ្ជាវា ឲ្យចេញពីបុរសនោះចូលគាត់ច្រើនលើកច្រើនសាមកហើយ។ គេបានយកច្រវាក់ចងដៃចងជើងគាត់ និងដាក់ខ្នោះទុកមួយកន្លែង តែគាត់កាច់ច្រវាក់បានហើយខ្មោចនាំគាត់ទៅទីស្មសាន។ ៣០ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖ «ឯងឈ្មោះអី?»។ខ្មោចឆ្លើយថា៖ «ទូលបង្គំឈ្មោះកងទ័ព»។ វាឆ្លើយដូច្នេះ ព្រោះមានខ្មោចជាច្រើនចូលក្នុងបុរសនោះ។ ៣១ខ្មោចទាំងនោះបានទទូចអង្វរព្រះយេស៊ូ សូមកុំឲ្យព្រះអង្គបញ្ជូនពួកវាទៅនរកអវិចីឡើយ។ ៣២នៅក្បែរនោះ មានជ្រូកមួយហ្វូងធំកំពុងរកស៊ីតាមចង្កេះភ្នំ។ ពួកខ្មោចបានអង្វរព្រះអង្គ សូមអនុញ្ញាតឲ្យវាចូលក្នុងជ្រូកទាំងនោះ ព្រះយេស៊ូក៏អនុញ្ញាតឲ្យ។ ៣៣ខ្មោចចេញពីបុរសនោះចូលទៅក្នុងជ្រូក ហ្វូងជ្រូកបោលចុះតាមជម្រាលភ្នំតម្រង់ទៅបឹងលង់ទឹកងាប់អស់ទៅ។ ៣៤ពេលអ្នកថែរក្សាហ្វូងជ្រូក ឃើញហេតុការណ៍កើតឡើងដូច្នេះ ក៏រត់យករឿងនេះទៅប្រាប់អ្នកនៅទីក្រុងនិងអ្នកនៅស្រុកស្រែ។ ៣៥មនុស្សម្នានាំគ្នាចេញទៅមើលហេតុការណ៍នោះ។ គេចូលមករកព្រះយេស៊ូ ឃើញបុរសដែលខ្មោចចូលពីមុនអង្គុយនៅទៀបព្រះបាទាព្រះអង្គគាត់ស្លៀកពាក់ ដឹងស្មារតីដូចធម្មតាគេក៏ស្ញែងខ្លាចព្រះអង្គ។ ៣៦អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែក នាំគ្នារៀបរាប់អំពីរបៀបដែលព្រះយេស៊ូប្រោសបុរសខ្មោចចូលនោះ ឲ្យបានជា។ ៣៧អ្នកស្រុកនៅតំបន់កេរ៉ាសាទាំងអស់អង្វរព្រះយេស៊ូ ឲ្យចាកចេញពីស្រុកភូមិរបស់គេ ដ្បិតគេភ័យខ្លាចខ្លាំងណាស់។ ព្រះយេស៊ូក៏យាងចុះទូកត្រឡប់ទៅវិញ។ ៣៨បុរសដែលខ្មោចចូលពីមុននោះបានអង្វរសុំនៅជាមួយព្រះអង្គដែរ ប៉ុន្តែព្រះយេស៊ូមិនយល់ព្រមទេ។ ព្រះអង្គមានព្រះបន្ទូលថា៖ ៣៩«ចូរអ្នកត្រឡប់ទៅផ្ទះវិញចុះ ហើយរៀបរាប់ហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានប្រោសដល់អ្នក»។ បុរសនោះចេញទៅប្រកាសប្រាប់ឲ្យអ្នកក្រុងដឹងអំពីការទាំងអស់ ដែលព្រះយេស៊ូបានប្រោសដល់គាត់។
ព្រះយេស៊ូប្រោសស្ត្រីមានជំងឺធ្លាក់ឈាមឲ្យបានជា និង ប្រោសកូនស្រីលោកយ៉ៃរ៉ូសឲ្យរស់ឡើងវិញ
(ម៉ាថាយ ៩, ១៨-២៦ ម៉ាកុស ៥, ២១-៤៣)
៤០ពេលព្រះយេស៊ូយាងត្រឡប់ មកពីត្រើយម្ខាងវិញ បណ្តាជននាំគ្នាមកទទួលព្រះអង្គ ព្រោះគេចាំមើលផ្លូវព្រះអង្គគ្រប់ៗគ្នា។ ៤១ មានអ្នកទទួលខុសត្រូវលើធម្មសាលាម្នាក់ ឈ្មោះយ៉ៃរ៉ូសចូលមកជិតព្រះយេស៊ូក្រាបទៀបព្រះបាទាព្រះអង្គ អង្វរសូមព្រះអង្គយាងទៅផ្ទះគាត់ ៤២ដ្បិតគាត់មានកូនស្រីតែមួយអាយុប្រហែលដប់ពីរឆ្នាំ កំពុងឈឺជិតស្លាប់។ កាលព្រះយេស៊ូយាងទៅ នៅតាមផ្លូវមានមហាជនប្រជ្រៀតគ្នា ជុំវិញព្រះអង្គ។ ៤៣ពេលនោះមានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ នាងបានចំណាយទ្រព្យសម្បត្តិដែលនាងមានទាំងប៉ុន្មានដើម្បីឲ្យគ្រូពេទ្យព្យាបាលតែគ្មានគ្រូពេទ្យណាអាចមើលនាងជាបានឡើយ។ ៤៤នាងមកពីក្រោយព្រះយេស៊ូ ហើយពាល់ជាយព្រះពស្ត្រព្រះអង្គ ស្រាប់តែឈាមឈប់ធ្លាក់មួយរំពេច។ ៤៥ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖ «នរណាពាល់ខ្ញុំ?»។ គេប្រកែកគ្រប់គ្នាថា គេមិនបានពាល់ព្រះអង្គទេ។ លោកសិលាទូលថា៖ «ព្រះគ្រូអើយបណ្តាជនប្រជ្រៀតគ្នានៅជុំវិញព្រះគ្រូ ហើយគេប៉ះព្រះគ្រូទាំងអស់គ្នា»។ ៤៦ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មានម្នាក់ពិតជាបានពាល់ខ្ញុំ ព្រោះខ្ញុំដឹងថាមានប្ញទ្ធានុភាពមួយចេញពីខ្លួនខ្ញុំទៅ»។ ៤៧ស្ត្រីនោះមកក្រាបទៀបព្រះបាទាព្រះយេស៊ូ ទាំងញ័ររន្ធត់ ព្រោះដឹងថាខ្លួនលាក់រឿងនេះមិនជិត។ នាងទូលព្រះអង្គនៅចំពោះមុខប្រជាជនទាំងមូល អំពីហេតុដែលនាំឲ្យនាងពាល់ព្រះអង្គ ហើយនាងបានជាពីជំងឺភ្លាម។ ៤៨ព្រះយេស៊ូមានព្រះបន្ទូល ទៅនាងថា៖ «កូនស្រីអើយ!ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅដោយសុខសាន្តចុះ»។ ៤៩កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូល នៅឡើយមានបុរសម្នាក់ មកពីផ្ទះលោកយ៉ៃរ៉ូស ជម្រាបគាត់ថា៖ «កូនស្រីលោកផុតដង្ហើមទៅហើយ សូមកុំរំខានលោកគ្រូធ្វើអ្វីទៀត!»។ ៥០ព្រះយេស៊ូឮពាក្យបុរសនោះព្រះអង្គមានព្រះបន្ទូលទៅលោកយ៉ៃរ៉ូសថា៖ «កុំខ្លាចអី ឲ្យតែលោកជឿ កូនលោកនឹងបានរួចជីវិតពុំខាន»។ ៥១លុះព្រះអង្គយាងទៅដល់ផ្ទះហើយ ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាចូលជាមួយឡើយ លើកលែងតែលោកសិលា លោកយ៉ូហាន លោកយ៉ាកុប និង ឪពុកម្តាយក្មេងស្រីនោះប៉ុណ្ណោះ។ ៥២អ្នកដែលនៅទីនោះយំសោកអាណិតក្មេងនោះគ្រប់ៗគ្នា តែព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំយំអី នាងមិនស្លាប់ទេនាងគ្រាន់តែដេកលក់ទេតើ!»។ ៥៣គេចំអកដាក់ព្រះអង្គ ដ្បិតគេដឹងច្បាស់ថានាងបានស្លាប់ពិតមែន។ ៥៤ព្រះយេស៊ូចាប់ដៃក្មេងស្រីនោះ ហើយបន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖ «នាងអើយ!ក្រោកឡើង»។ ៥៥ រំពេចនោះព្រលឹងនាងក៏ត្រឡប់មកវិញ ហើយនាងក្រោកឡើងភ្លាម។ ព្រះយេស៊ូសុំឲ្យគេយកចំណីអាហារ មកឲ្យនាងបរិភោគ។ ៥៦ឪពុកម្តាយរបស់នាងងឿងឆ្ងល់ក្រៃលែងតែព្រះយេស៊ូហាមគេ មិនឲ្យប្រាប់នរណាដឹងរឿងនេះឡើយ។
ជំពូក ៩
ព្រះយេស៊ូចាត់សាវ័កដប់ពីររូបទៅប្រកាសដំណឹងល្អ
(ម៉ាថាយ ១០, ៥-១៥ ម៉ាកុស ៦, ៧-១៣)
១ ព្រះយេស៊ូត្រាស់ហៅសាវ័ក ទាំងដប់ពីររូបមកជួបជុំគ្នា ហើយទ្រង់ប្រទានប្ញទ្ធានុភាពប្រទានអំណាច ឲ្យគេបណ្តេញអារក្សទាំងអស់និងមើលជំងឺផ្សេងៗឲ្យបានជា។ ២ព្រះអង្គចាត់គេឲ្យចេញទៅប្រកាស អំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ ព្រមទាំងមើលអ្នកជំងឺឲ្យបានជាផង។ ៣ទ្រង់មានព្រះបន្ទូលទៅគេថា៖ «ពេលអ្នករាល់គ្នាចេញដំណើរទៅ កុំយកអ្វីទៅជាមួយឡើយ ទោះបីដំបងក្តី ថង់យាមក្តីចំណីអាហារ ឬប្រាក់កាសក្តី ហើយក៏មិនត្រូវយកអាវពីរបន្លាស់ទៅដែរ។ ៤បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។ ៥បើភូមិណាគេមិនព្រមទទួលអ្នករាល់គ្នា ចូរចេញពីភូមិនោះទៅ ទាំងរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ»។ ៦ពួកសាវ័កនាំគ្នាចេញទៅធ្វើដំណើរ ពីភូមិមួយទៅភូមិមួយទាំងផ្សព្វផ្សាយដំណឹងល្អ និងមើលអ្នកជំងឺគ្រប់កន្លែងឲ្យបានជាផង។
ព្រះបាទហេរ៉ូដនឹកឆ្ងល់អំពីព្រះយេស៊ូ
(ម៉ាថាយ ១៤, ១-១២ ម៉ាកុស ៦, ១៤-២៩)
៧កាលព្រះបាទហេរ៉ូដជាស្តេចអនុរាជ ជ្រាបហេតុការណ៍ទាំងនោះ ហើយទ្រង់មិនដឹងជាត្រូវគិតយ៉ាងណា ដ្បិតមានអ្នកខ្លះនិយាយថា “លោកយ៉ូហានបាទីស្តបានរស់ឡើងវិញហើយ”។ ៨អ្នកខ្លះទៀតនិយាយថា “ព្យាការីអេលីបានបង្ហាញខ្លួនឲ្យគេឃើញ” ហើយអ្នកខ្លះទៀតនិយាយថា “មានព្យាការីមួយរូប ពីសម័យបុរាណបានរស់ឡើងវិញ”។ ៩រីឯព្រះបាទហេរ៉ូដមានរាជឱង្ការថា៖ «យើងបានឲ្យគេកាត់កយ៉ូហាន ស្លាប់បាត់ទៅហើយ ចុះបុរសដែលគេនិយាយថាបានធ្វើការអស្ចារ្យទាំងនោះ ជានរណា?»។ព្រះបាទហេរ៉ូដមានបំណងចង់ជួបព្រះយេស៊ូ។
ព្រះយេស៊ូប្រទាននំបុ័ងឲ្យមនុស្សប្រាំពាន់នាក់
(មថ, ១៤, ១៣-២១ មក, ៦, ៣០-៤៤ យហ, ៦, ១-១៤)
១០ គ្រីស្តទូតនាំគ្នាវិលត្រឡប់មកវិញ រៀបរាប់ទូលព្រះយេស៊ូ នូវគ្រប់កិច្ចការទាំងអស់ដែលគេបានធ្វើ។ ព្រះអង្គនាំគេចេញដាច់ឡែកពីមហាជនតម្រង់ទៅភូមិមួយឈ្មោះបេតសៃដា ១១តែមហាជនដឹងក៏នាំគ្នាទៅតាមព្រះអង្គ។ ព្រះយេស៊ូទទួលពួកគេ ហើយមានព្រះបន្ទូល អំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ ឲ្យគេស្តាប់ ព្រមទាំងប្រោសអ្នកជំងឺឲ្យបានជាផង។ ១២ដល់ថ្ងៃជិតលិចសាវ័កទាំងដប់ពីររូបចូលទៅទូលព្រះអង្គថា៖ «សូមព្រះអង្គប្រាប់ឲ្យបណ្តាជនចេញទៅរកម្ហូបអាហារ រកកន្លែងស្នាក់តាមផ្ទះតាមភូមិជិតៗនេះទៅ ព្រោះទីនេះស្ងាត់ណាស់»។ ១៣ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖ «ចូរអ្នករាល់គ្នាយកម្ហូបអាហារឲ្យគេបរិភោគទៅ»។ ពួកសាវ័កទូលព្រះអង្គថា៖ «យើងខ្ញុំមាននំបុ័ងតែប្រាំដុំ និងត្រីងៀតពីរកន្ទុយប៉ុណ្ណោះ ធ្វើម្តេចនឹងគ្រាន់ មានតែទៅទិញអាហារ សម្រាប់ប្រជាជនទាំងនេះ!»។ ១៤នៅទីនោះមានមនុស្សប្រុសប្រមាណប្រាំពាន់នាក់។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័កថា៖ «ចូរអ្នករាល់គ្នាប្រាប់គេឲ្យអង្គុយចុះជាក្រុមៗ ក្នុងមួយក្រុមហាសិបនាក់»។ ១៥ពួកសាវ័កក៏ធ្វើតាម គឺប្រាប់គេឲ្យអង្គុយចុះទាំងអស់គ្នា។ ១៦ព្រះយេស៊ូយកនំបុ័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ ទ្រង់ងើបព្រះភ័ក្ត្រឡើងលើសរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានឲ្យសាវ័ក ដើម្បីឲ្យគេចែកបណ្តាជនបរិភោគ។ ១៧គេបានបរិភោគឆ្អែតគ្រប់ៗគ្នា រួចប្រមូលនំបុ័ងដែលនៅសល់បានពេញដប់ពីរល្អី។ លោកសិលាប្រកាសថាព្រះយេស៊ូជាព្រះគ្រីស្ត (ម៉ាថាយ ១៦, ១៣-១៩ ម៉ាកុស ៨, ២៨-២៩) ១៨ថ្ងៃមួយ ពេលព្រះយេស៊ូនៅអធិស្ឋានដាច់ឡែកពីបណ្តាជនពួកសាវ័កក៏នៅជាមួយព្រះអង្គដែរ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើមហាជនទាំងឡាយថាខ្ញុំជានរណា?»។ ១៩ពួកសាវ័កទូលឆ្លើយថា៖ «អ្នកខ្លះថាលោកគ្រូជាលោកយ៉ូហានបាទីស្ត អ្នកខ្លះថា លោកជាព្យាការីអេលី ហើយអ្នកខ្លះទៀតថា លោកជាព្យាការីមួយរូប ពីសម័យបុរាណដែលរស់ឡើងវិញ»។ ២០ព្រះយេស៊ូសួរទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។ លោកសិលាទូលព្រះអង្គថា៖ «លោកជាព្រះគ្រីស្ត ដែលព្រះជាម្ចាស់ចាត់ឲ្យមក»។ ២១ព្រះយេស៊ូក៏ហាមប្រាមគេ មិនឲ្យនិយាយប្រាប់អ្នកណាជាដាច់ខាត។
២២ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «បុត្រមនុស្សត្រូវរងទុក្ខវេទនាយ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ* ពួកធម្មាចារ្យនឹងបោះបង់លោកចោល ថែមទាំងសម្លាប់លោកទៀតផង។ ប៉ុន្តែបីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។ ២៣បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅគេទាំងអស់គ្នាថា៖ «បើអ្នកណាចង់មកតាមក្រោយ ខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួនរៀងរាល់ថ្ងៃ ហើយមកតាមខ្ញុំចុះ ២៤ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិតពុំខាន ប៉ុន្តែអ្នកណាបាត់បង់ជីវិត ព្រោះតែខ្ញុំអ្នក នោះនឹងបានរួចជីវិតវិញ។ ២៥បើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាសម្បត្តិរបស់ខ្លួន តែត្រូវស្លាប់បាត់បង់ជីវិតនោះ មានប្រយោជន៍អ្វី។ ២៦បើអ្នកណាខ្មាសអៀន មិនហ៊ានទទួលស្គាល់ខ្ញុំ មិនហ៊ានទទួលពាក្យរបស់ខ្ញុំទេ លុះដល់បុត្រមនុស្សយាងមក ប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ព្រមទាំងសិរីរុងរឿងរបស់ព្រះបិតា និងរបស់ទេវទូតដ៏វិសុទ្ធ ទ្រង់ក៏នឹងខ្មាសអៀន មិនហ៊ានទទួលស្គាល់អ្នកនោះវិញដែរ។ ២៧ប្រាកដមែន ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មនុស្សខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុនបានឃើញព្រះរាជ្យរបស់ព្រះជាម្ចាស់»។
សិរីរុងរឿងរបស់ព្រះយេស៊ូ
(ម៉ាថាយ ១៧, ១-៨ ម៉ាកុស ៩, ២-៨)
២៨ប្រមាណជាប្រាំបីថ្ងៃ ក្រោយពីព្រះយេស៊ូមានព្រះបន្ទូលទាំងនោះមក ព្រះអង្គនាំលោកសិលា លោកយ៉ូហាន និងលោកយ៉ាកុប ឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន។ ២៩ពេលកំពុងអធិស្ឋាន ស្រាប់តែព្រះភ័ក្ត្ររបស់ព្រះអង្គ ប្រែជាមានរស្មី ហើយព្រះពស្ត្ររបស់ព្រះអង្គ ត្រឡប់ជាមានពណ៌សត្រចះត្រចង់។ ៣០ពេលនោះ មានបុរសពីរនាក់ គឺលោកម៉ូសេ និងព្យាការីអេលី សន្ទនាជាមួយព្រះយេស៊ូ។ ៣១លោកទាំងពីរលេចមក ប្រកបដោយសិរីរុងរឿង ហើយមានប្រសាសន៍ អំពីដំណើរដែលព្រះអង្គត្រូវសោយទិវង្គត នៅក្រុងយេរូសាឡឹម។ ៣២លោកសិលា និងមិត្តភក្តិរបស់លោកសំរាន្តលង់លក់។ លុះភ្ញាក់ឡើងគេឃើញសិរីរុងរឿងរបស់ព្រះយេស៊ូ និងឃើញលោកទាំងពីរឈរជាមួយព្រះអង្គ។ ៣៣កាលលោកម៉ូសេនិងព្យាការីអេលី កំពុងតែចាកចេញពីព្រះយេស៊ូទៅ លោកសិលាទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបាននៅទីនេះប្រសើរណាស់យើងខ្ញុំនឹងសង់ជម្រកបី គឺមួយសម្រាប់ព្រះគ្រូ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់ព្យាការីអេលី»។ លោកសិលាមានប្រសាសន៍ទាំងពុំដឹងថា ខ្លួននិយាយអ្វីឡើយ។ ៣៤កាលលោកសិលាកំពុងតែមានប្រសាសន៍ស្រាប់តែមានពពកមកគ្របបាំងគេទាំងអស់គ្នា ធ្វើឲ្យសាវ័កភ័យខ្លាចក្រៃលែង ដោយមានពពកមកគ្របបាំងដូច្នេះ។ ៣៥មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «ព្រះអង្គនេះជាបុត្រដែលយើងបានជ្រើសរើស ចូរស្តាប់ព្រះអង្គចុះ!»។ ៣៦បន្ទាប់ពីបានឮព្រះសូរសៀងនេះហើយ គេឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះ។ នៅគ្រានោះសាវ័កឥតបាននិយាយអំពីហេតុការណ៍ ដែលគេបានឃើញ ប្រាប់អ្នកណាសោះឡើយ។
ព្រះយេស៊ូដេញខ្មោចចេញពីក្មេងម្នាក់
(ម៉ាថាយ ១៧, ១៤-១៨ ម៉ាកុស ៩, ១៤-២៧)
៣៧នៅថ្ងៃបន្ទាប់ ព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសាវ័កមកវិញ ពេលនោះ មានបណ្តាជនយ៉ាងច្រើនមករកព្រះអង្គ។ ៣៨មានបុរសម្នាក់ស្រែក ពីកណ្តាលចំណោមបណ្តាជនមកថា៖ «លោកគ្រូអើយ! សូមមេត្តាប្រោសប្រណីដល់កូនប្រុសខ្ញុំប្របាទផង ព្រោះខ្ញុំប្របាទមានកូនតែមួយនេះគត់។ ៣៩ពេលខ្មោចចូលម្តងៗ វាស្រែក រើបំរះ ប្រកាច់ប្រកិន បែកពពុះមាត់។ លុះធ្វើបាបវាយ៉ាងធ្ងន់ហើយ ខ្មោចក៏ចេញទៅទុកឲ្យកូនខ្ញុំប្របាទនៅគ្រាំគ្រា។ ៤០ខ្ញុំប្របាទបានអង្វរសាវ័ករបស់លោកឲ្យដេញខ្មោចនោះដែរ ប៉ុន្តែគេមិនអាចដេញវាចេញបានសោះ»។ ៤១ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «នែ៎ពួកមនុស្សអាក្រក់មិនព្រមជឿអើយ! តើត្រូវឲ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នា ដល់ពេលណាទៀត? ចូរនាំកូនរបស់អ្នកមកណេះមើល៍»។ ៤២ពេលក្មេងនោះដើរចូលមកជិត ព្រះយេស៊ូ ស្រាប់តែខ្មោចផ្តួលវាធ្វើឲ្យវាប្រកាច់ប្រកិនយ៉ាងខ្លាំង។ ព្រះយេស៊ូមានព្រះបន្ទូលគំរាមទៅខ្មោច ព្រះអង្គប្រោសក្មេងនោះឲ្យបានជា ហើយប្រគល់ទៅឲ្យឪពុកវាវិញ។ ៤៣មនុស្សគ្រប់គ្នាស្ងើចអំពីមហិទ្ធិប្ញទ្ធិដ៏ខ្លាំងពូកែរបស់ព្រះជាម្ចាស់។
ព្រះយេស៊ូមានព្រះបន្ទូលអំពីព្រះអង្គសោយទិវង្គត
(ម៉ាថាយ ១៧, ២២-២៣ ម៉ាកុស ៩, ៣០-៣២) នៅពេលមនុស្សគ្រប់ៗគ្នា កំពុងកោតស្ញប់ស្ញែងនឹងការទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសាវ័កថា៖ ៤៤ «ចូរត្រងត្រាប់ស្តាប់ពាក្យទាំងនេះ ហើយចងចាំទុកក្នុងចិត្ត គឺបុត្រមនុស្សនឹងត្រូវគេបញ្ជូន ទៅក្នុងកណ្តាប់ដៃរបស់មនុស្សលោកជាមិនខាន»។ ៤៥ពួកសាវ័កពុំបានយល់ព្រះបន្ទូលនេះទេ ព្រោះព្រះជាម្ចាស់មិនទាន់សម្តែងអត្ថន័យ ឲ្យគេយល់ ប៉ុន្តែ ពួកគេមិនហ៊ានទូលសួរព្រះអង្គអំពីរឿងនេះឡើយ។
អ្នកដែលធំជាងគេ
(ម៉ាថាយ ១៨,១-៥ ម៉ាកុស ៩, ៣៣-៣៧)
៤៦ខណៈនោះ ពួកសាវ័កជជែកគ្នាចង់ដឹងថា ក្នុងចំណោមពួកគេ នរណាធំជាងគេ។ ៤៧ព្រះយេស៊ូឈ្វេងយល់គំនិតរបស់គេ ក៏យកក្មេងម្នាក់មកឲ្យឈរក្បែរព្រះអង្គ ៤៨រួចមានព្រះបន្ទូលទៅគេថា៖ «អ្នកណាទទួលក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ ហើយអ្នកណាទទួលខ្ញុំក៏ដូចជាបានទទួលព្រះអង្គ ដែលបានចាត់ខ្ញុំឲ្យមកនោះដែរ ដ្បិតអ្នកណាមានឋានៈទាបជាងគេ ក្នុងចំណោមអ្នករាល់គ្នា គឺអ្នកនោះហើយជាអ្នកធំជាងគេ»។ អ្នកណាមិនជំទាស់នឹងយើងអ្នកនោះជាពួកយើង! (ម៉ាកុស ៩,៣៨-៤០) ៤៩ លោកយ៉ូហានទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបានឃើញបុរសម្នាក់ដេញខ្មោច ក្នុងនាមព្រះគ្រូ។ យើងខ្ញុំបានឃាត់គាត់ ព្រោះគាត់មិនមកតាមព្រះគ្រូដូចយើងខ្ញុំ»។ ៥០ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «កុំឃាត់គេអី ដ្បិតអ្នកណាមិនជំទាស់នឹងអ្នករាល់គ្នា អ្នកនោះនៅខាងអ្នករាល់គ្នាហើយ»។ ព្រះយេស៊ូយាងកាត់ភូមិសាសន៍សាម៉ារី ៥១លុះជិតដល់ថ្ងៃកំណត់ ដែលព្រះយេស៊ូត្រូវយាងចាកចេញពីលោកនេះទៅ ព្រះអង្គសម្រេចព្រះហប្ញទ័យយាងទៅក្រុងយេរូសាឡឹម ៥២ព្រះអង្គបានចាត់អ្នកខ្លះឲ្យទៅមុន។ អ្នកទាំងនោះចេញដំណើរទៅដល់ភូមិមួយ របស់អ្នកស្រុកសាម៉ារី ដើម្បីរៀបចំកន្លែងថ្វាយព្រះអង្គ។ ៥៣ប៉ុន្តែអ្នកស្រុកពុំព្រមទទួលព្រះអង្គ ឲ្យស្នាក់ឡើយ ព្រោះព្រះអង្គយាងឆ្ពោះ ទៅក្រុងយេរូសាឡឹម។ ៥៤សាវ័កយ៉ាកុប និងយ៉ូហានឃើញដូច្នោះក៏ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គសព្វព្រះហប្ញទ័យ ឲ្យយើងខ្ញុំហៅរន្ទះភ្លើង មកកំទេចអ្នកទាំងនេះឬ?»។ ៥៥ព្រះយេស៊ូបែរទៅរកគេ ហើយស្តីបន្ទោសគេយ៉ាងខ្លាំង។ ៥៦បន្ទាប់មកព្រះអង្គយាងឆ្ពោះទៅកាន់ភូមិមួយផ្សេងទៀតជាមួយសាវ័ក។
លក្ខណសម្បត្តិរបស់អ្នកដែលចង់តាមព្រះយេស៊ូ
(ម៉ាថាយ ៨,១៩-២២)
៥៧កាលព្រះយេស៊ូកំពុងយាងតាមផ្លូវ ជាមួយសាវ័ក មានបុរសម្នាក់ទូលព្រះអង្គថា៖ «ខ្ញុំប្របាទសុខចិត្តទៅតាមលោក ទោះបីលោកអញ្ជើញទៅទីណាក៏ដោយ»។ ៥៨ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វាបក្សាបក្សីក៏មានសំបុករបស់វាដែរ ប៉ុន្តែ បុត្រមនុស្សគ្មានទីជម្រក សម្រាកសោះឡើយ»។ ៥៩ព្រះអង្គមានព្រះបន្ទូលទៅម្នាក់ទៀតថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ ប៉ុន្តែអ្នកនោះទូលព្រះអង្គថា៖«សូមលោកមេត្តាអនុញ្ញាត ឲ្យខ្ញុំប្របាទទៅបញ្ចុះសពឪពុកសិន»។ ៦០ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «ទុកឲ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ។ រីឯអ្នកវិញ ចូរទៅផ្សាយដំណឹងអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់»។ ៦១មានម្នាក់ទៀតទូលព្រះអង្គថា៖ «លោកម្ចាស់!ខ្ញុំប្របាទសុខចិត្តទៅតាមលោកដែរ ប៉ុន្តែសូមអនុញ្ញាតឲ្យខ្ញុំប្របាទ ទៅជម្រាបលាក្រុមគ្រួសារសិន»។ ៦២ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «អ្នកណាកាន់នង្គ័ល ហើយបែរជាងាកមើលក្រោយ អ្នកនោះគ្មានសារប្រយោជន៍អ្វី ដល់ព្រះរាជ្យរបស់ព្រះជាម្ចាស់ឡើយ»។
ជំពូក ១០
ព្រះយេស៊ូចាត់សាវ័ក ៧២ រូប ទៅផ្សាយដំណឹងល្អ
១ក្រោយមក ព្រះអម្ចាស់ជ្រើសយកសាវ័ក ចិតសិបពីររូបទៀត ហើយចាត់គេពីរៗនាក់ ឲ្យទៅតាមភូមិ តាមស្រុកនានា ដែលព្រះអង្គបម្រុងនឹងយាងទៅ។ ២ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។ ហេតុនេះ ចូរអង្វរម្ចាស់ស្រែឲ្យចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក។ ៣ចូរនាំគ្នាទៅចុះ! ខ្ញុំចាត់អ្នករាល់គ្នាទៅ ដូចឲ្យកូនចៀមទៅកណ្តាលហ្វូងចចក។ ៤កុំយកថង់ប្រាក់ ថង់យាមឬ ស្បែកជើងទៅជាមួយឡើយ ហើយក៏កុំជម្រាបសួរអ្នកណាតាមផ្លូវដែរ។ ៥ពេលអ្នករាល់គ្នាចូលទៅក្នុងផ្ទះណាមួយមុនដំបូងត្រូវពោលថា “សូមព្រះជាម្ចាស់ប្រទានសេចក្តីសុខសាន្ត ដល់មនុស្សក្នុងផ្ទះនេះ”។៦បើនៅក្នុងផ្ទះនោះ មានមនុស្សណាចូលចិត្តសេចក្តីសុខសាន្ត នោះគេនឹងបានសុខសាន្ត ដូចពាក្យអ្នករាល់គ្នាជាមិនខាន។ បើគ្មានអ្នកណាចូលចិត្តសេចក្តីសុខសាន្តទេ សេចក្តីសុខសាន្តនឹងវិលត្រឡប់មកអ្នករាល់គ្នាវិញ។ ៧ចូរស្នាក់នៅផ្ទះនោះ ហើយបរិភោគម្ហូបអាហារ ដែលគេជូនអ្នករាល់គ្នាចុះ ព្រោះអ្នកធ្វើការតែងតែទទួលប្រាក់ឈ្នួល។ មិនត្រូវចេញពីផ្ទះមួយទៅនៅផ្ទះមួយទៀតឡើយ។ ៨បើអ្នករាល់គ្នាចូលទៅភូមិណា ហើយមានគេទទួលអ្នករាល់គ្នា ត្រូវបរិភោគម្ហូបអាហារដែលគេរៀបជូនចុះ។ ៩ត្រូវប្រោសអ្នកជំងឺក្នុងភូមិនោះឲ្យបានជា ហើយប្រាប់អ្នកភូមិថា៖ ”ព្រះរាជ្យរបស់ព្រះជាម្ចាស់ នៅជិតអ្នករាល់គ្នាហើយ”។ ១០ប៉ុន្តែកាលបើអ្នករាល់គ្នាចូលទៅភូមិណាមួយ ហើយគេមិនព្រមទទួលអ្នករាល់គ្នាទេ ត្រូវចេញទៅប្រកាសតាមទីផ្សារថា ៖ ១១”សូម្បីតែធូលីដីដែលជាប់ជើង យើងក៏យើងរលាស់ឲ្យអ្នករាល់គ្នាវិញដែរ ប៉ុន្តែសូមជ្រាបថាព្រះរាជ្យរបស់ព្រះជាម្ចាស់ មកជិតបង្កើយហើយ”។ ១២ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោស អ្នកក្រុងសូដុមទទួលទោសស្រាលជាងអ្នកភូមិនោះ។
១៣អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នកក្រុងទីរ៉ូស និងអ្នកក្រុងស៊ីដូនបានឃើញការអស្ចារ្យ ដូចអ្នករាល់គ្នាឃើញនៅទីនេះ ម៉្លេះសមអ្នកក្រុងទាំងនោះនឹងប្រែចិត្តគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះជាមិនខាន។ ១៤ហេតុនេះហើយ បានជានៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងទីរ៉ូសនិងអ្នកក្រុងស៊ីដូនទទួលទោស ស្រាលជាងអ្នករាល់គ្នា។ ១៥អ្នកក្រុងកាផានុមអើយ! កុំនឹកស្មានថា អ្នកនឹងបានថ្កើងឡើងដល់ស្ថានសួគ៌ឡើយ អ្នកនឹងធ្លាក់ទៅស្ថាននរកវិញ»។
១៦ព្រះយេស៊ូមានព្រះបន្ទូល ទៅសាវ័កទៀតថា៖ «អ្នកណាស្តាប់អ្នករាល់គ្នា ក៏ដូចជាស្តាប់ខ្ញុំដែរ។ អ្នកណាបដិសេធមិនទទួលអ្នករាល់គ្នា ក៏ដូចជាបដិសេធមិនទទួលខ្ញុំដែរ ហើយអ្នកណាមិនទទួលខ្ញុំក៏ដូចជាមិនទទួលព្រះអង្គ ដែលចាត់ខ្ញុំឲ្យមកនោះដែរ»។ ពួកសាវ័កវិលត្រឡប់មកវិញ ១៧ពួកសាវ័កទាំងចិតសិបពីររូប ត្រឡប់មកវិញទាំងត្រេកអរ ហើយទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ដោយសារព្រះនាមព្រះអង្គ សូម្បីតែខ្មោចក៏ចុះចូលក្រោមអំណាចយើងខ្ញុំដែរ»។ ១៨ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំឃើញមារសាតាំងធ្លាក់ចុះពីលើមេឃមក ដូចផ្លេកបន្ទោរ។ ១៩ខ្ញុំបានឲ្យអ្នករាល់គ្នាមានអំណាច ដើរជាន់ពស់ និងខ្យាដំរី ព្រមទាំងបង្ក្រាបប្ញទ្ធិអំណាច គ្រប់យ៉ាងរបស់មារសត្រូវផងគ្មានអ្វីអាចធ្វើទុក្ខអ្នករាល់គ្នាបានឡើយ ២០ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កុំត្រេកអរនឹងឃើញខ្មោចចុះចូលអ្នករាល់គ្នា គឺត្រូវត្រេកអរដោយអ្នករាល់គ្នាមានឈ្មោះកត់ទុកនៅស្ថានបរមសុខវិញ»។
ព្រះយេស៊ូមានព្រះហប្ញទ័យរីករាយ
(ម៉ាថាយ ១១, ២៥-២៧ និង ១៣, ១៦-១៧)
២១ខណៈនោះ ព្រះវិញ្ញាណបានធ្វើឲ្យព្រះយេស៊ូមានព្រះហប្ញទ័យរីករាយយ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលថា៖ «បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្តែងការទាំងនេះឲ្យមនុស្សតូចតាចយល់ តែទ្រង់លាក់មិនឲ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ។ មែនហើយ!ព្រះអង្គសព្វព្រះហប្ញទ័យសម្រេចដូច្នេះ។ ២២ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មាននរណាស្គាល់ព្រះបុត្រាក្រៅពីព្រះបិតា ហើយក៏គ្មាននរណាស្គាល់ព្រះបិតា ក្រៅពីព្រះបុត្រានិងអ្នកដែលព្រះបុត្រាសព្វព្រះហប្ញទ័យសម្តែងឲ្យស្គាល់នោះដែរ»។
២៣បន្ទាប់មក ព្រះយេស៊ូបែរទៅរកសាវ័ក ហើយមានព្រះបន្ទូលដាច់ឡែកពីគេថា៖ «អ្នករាល់គ្នាមានសុភមង្គលហើយ ព្រោះអ្នករាល់គ្នាបានឃើញហេតុការណ៍ទាំងអស់នេះ! ២៤ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មានព្យាការីនិងស្តេចជាច្រើនចង់ឃើញហេតុការណ៍ ដែលអ្នករាល់គ្នាឃើញនេះដែរ តែមិនបានឃើញ ហើយគេចង់ឮសេចក្តីដែលអ្នករាល់គ្នាបានឮនេះដែរ តែមិនបានឮសោះ»។
ពាក្យប្រស្នាអំពីអ្នកស្រុកសាម៉ារីម្នាក់មានចិត្តសប្បុរស
២៥ពេលនោះ មានធម្មាចារ្យម្នាក់ក្រោកឈរទូលសួរព្រះយេស៊ូ ក្នុងគោលបំណងចង់ចាប់កំហុសព្រះអង្គថា៖ «លោកគ្រូ! តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យបានទទួលជីវិតអស់កល្បជានិច្ច?»។ ២៦ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «តើក្នុងធម្មវិន័យមានចែងទុកមកដូចម្តេចខ្លះ? ពេលលោកអាន តើលោកយល់យ៉ាងណា?»។ ២៧គាត់ទូលឆ្លើយទៅព្រះយេស៊ូថា៖ «ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឲ្យអស់ពីចិត្តគំនិតអស់ពីស្មារតី អស់ពីកម្លាំងនិងអស់ពីប្រាជ្ញា ហើយត្រូវស្រឡាញ់បងប្អូនឯទៀតៗ ឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។ ២៨ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «លោកឆ្លើយត្រឹមត្រូវល្អណាស់ សុំធ្វើដូច្នេះទៅ នោះលោកនឹងមានជីវិតអស់កល្បជាមិនខាន»។ ២៩ប៉ុន្តែធម្មាចារ្យនោះចង់បង្ហាញថា សំណួររបស់គាត់ជាសំណួរត្រឹមត្រូវ គាត់ក៏សួរព្រះយេស៊ូទៀតថា៖ «តើនរណាជាបងប្អូនរបស់ខ្ញុំ?»។ ៣០ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មានបុរសម្នាក់ធ្វើដំណើរចុះពីក្រុងយេរូសាឡឹមឆ្ពោះទៅក្រុងយេរីខូ។ គាត់ធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកចោរវាប្លន់គាត់ថែមទាំងវាយដំគាត់ឲ្យរបួសជាទម្ងន់រួចនាំគ្នារត់បាត់អស់ទៅ ទុកគាត់ចោលនៅស្តូកស្តឹងបាត់ស្មារតី មិនដឹងខ្លួន។ ៣១ពេលនោះមានបូជាចារ្យមួយរូប ធ្វើដំណើរចុះតាមផ្លូវនោះ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។ ៣២មានម្នាក់ពីក្រុមលេវី ដើរមកដល់កន្លែងនោះដែរ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។ ៣៣គាប់ជួនជាមានអ្នកស្រុកសាម៉ារីម្នាក់ ធ្វើដំណើរមកតាមផ្លូវនោះដែរ គាត់ឃើញបុរសនោះ គាត់មានចិត្តអាណិតអាសូរពន់ពេកណាស់។ ៣៤គាត់ចូលទៅជិតអ្នករបួស យកប្រេងនិងស្រាចាក់ពីលើមុខរបួស រុំរបួសឲ្យ រួចគាត់លើកអ្នករបួសដាក់លើជំនិះរបស់គាត់ នាំទៅផ្ទះសំណាក់ ហើយថែទាំអ្នករបួសនោះ។ ៣៥ស្អែកឡើង គាត់យកប្រាក់ប្រគល់ឲ្យម្ចាស់ផ្ទះសំណាក់ ទាំងផ្តាំថា “សូមថែទាំបុរសនេះផង ប្រសិនបើអ្នកចំណាយលើសពីប្រាក់នេះ ពេលខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងជូនបង្គ្រប់”។ ៣៦ក្នុងចំណោមមនុស្សទាំងបីនាក់ តើលោកយល់ថា អ្នកណាចាត់ទុកខ្លួនជា បងប្អូននឹងបុរស ដែលធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកចោរប្លន់នោះ?»។ ៣៧ធម្មាចារ្យឆ្លើយថា៖ «គឺអ្នកដែលមានចិត្តមេត្តាករុណាចំពោះគាត់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំលោកអញ្ជើញទៅចុះហើយប្រព្រឹត្តឲ្យបានដូចអ្នកនោះទៅ»។
ព្រះយេស៊ូគង់នៅផ្ទះនាងម៉ាថា និង នាងម៉ារី
៣៨កាលព្រះយេស៊ូធ្វើដំណើរ ជាមួយពួកសាវ័កព្រះអង្គយាងចូលក្នុងភូមិមួយ។ មានស្ត្រីម្នាក់ឈ្មោះម៉ាថា បានទទួលព្រះអង្គឲ្យស្នាក់ក្នុងផ្ទះនាង។ ៣៩នាងមានប្អូនស្រីម្នាក់ ឈ្មោះម៉ារីអង្គុយនៅទៀបព្រះបាទាព្រះអម្ចាស់ ស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ។ ៤០រីឯនាងម៉ាថាវិញ នាងមានកិច្ចការរវល់ជាច្រើនដើម្បីបម្រើព្រះអង្គ។ នាងចូលមកទូលថា៖ «បពិត្រព្រះអម្ចាស់! ប្អូនខ្ញុំម្ចាស់ទុកឲ្យខ្ញុំម្ចាស់បម្រើព្រះអង្គតែម្នាក់ឯង តើព្រះអង្គមិនអើពើទេឬ? សូមទ្រង់ប្រាប់ឲ្យនាងមកជួយខ្ញុំម្ចាស់ផង»។ ៤១ព្រះអម្ចាស់មានព្រះបន្ទូលទៅនាងថា៖ «ម៉ាថា! ម៉ាថាអើយ! នាងមានកង្វល់ ហើយរវល់នឹងកិច្ចការច្រើនណាស់ ៤២ប៉ុន្តែ មានកិច្ចការតែមួយគត់ ដែលចាំបាច់ម៉ារីបានជ្រើស យកចំណែកដ៏ល្អវិសេសនោះហើយមិនត្រូវយកចេញពីនាងទេ»។
ជំពូក ១១
ព្រះយេស៊ូបង្រៀនសាវ័កអំពីរបៀបអធិស្ឋាន*
(ម៉ាថាយ ៦, ៩-១៣ និង ៧, ៧-១១)
១មានមួយថ្ងៃ ព្រះយេស៊ូអធិស្ឋាននៅកន្លែងមួយ។ កាលព្រះអង្គអធិស្ឋានរួចហើយ មានសាវ័កម្នាក់ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមបង្រៀនយើងខ្ញុំ ឲ្យចេះអធិស្ឋានដូចលោកយ៉ូហាន បានបង្រៀនសិស្សរបស់លោកនោះផង»។២ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖ «ពេលអ្នករាល់គ្នាអធិស្ឋានត្រូវពោលថា៖ ឱព្រះបិតាអើយ សូមសម្តែងព្រះបារមី ឲ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ សូមឲ្យព្រះរាជ្យព្រះអង្គបានមកដល់។
៣ សូមប្រទានអាហារដែលយើងខ្ញុំត្រូវការ
ជារៀងរាល់ថ្ងៃ។
៤ សូមអត់ទោសយើងខ្ញុំឲ្យរួចពីបាប
ដ្បិតយើងខ្ញុំអត់ទោសឲ្យអស់អ្នកដែល
បានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្តោយឲ្យយើងខ្ញុំចាញ់
ការល្បួងឡើយ»។
៥ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើម្នាក់មានមិត្តសំឡាញ់មករកទាំងពាក់កណ្តាលអធ្រាត្រ ហើយពោលថា”សំឡាញ់អើយ! ឲ្យគ្នាខ្ចីនំបុ័ងបីដុំសិនមក ៦ព្រោះមានមិត្តភក្តិទើបនឹងធ្វើដំណើរមកដល់ហើយគ្មានអ្វីទទួលគេសោះ”។ ៧អ្នកនៅក្នុងផ្ទះឆ្លើយមកវិញថា “កុំរំខានគ្នាធ្វើអ្វី គ្នាបានខ្ទាស់ទ្វារទៅហើយ ម៉្យាងទៀត កូនចៅគ្នាកំពុងដេកលក់ គ្នាមិនអាចក្រោកទៅយកនំបុ័ង ឲ្យសំឡាញ់ឯងបានទេ”។ ៨ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ម្ចាស់ផ្ទះប្រាកដជាក្រោកទៅយកនំបុ័ង ព្រមទាំងអ្វីៗដែលមិត្តសំឡាញ់របស់គាត់ត្រូវការមិនខាន។ គាត់ក្រោកទៅយកដូច្នេះ មិនមែនមកពីគាត់យោគយល់មិត្តសំឡាញ់ទេ គឺមកពីមិត្តសំឡាញ់នោះចេះតែរំខានមិនឈប់។ ៩រីឯខ្ញុំវិញខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរសូមនោះព្រះជាម្ចាស់នឹងប្រទានឲ្យ ចូរស្វែងរកគង់តែនឹងឃើញ ចូរគោះទ្វារ នោះព្រះអង្គនឹងបើកឲ្យអ្នករាល់គ្នាជាពុំខាន១០ដ្បិតអ្នកណាសូម អ្នកនោះរមែងតែងតែទទួល អ្នកណាស្វែងរករមែងតែងតែឃើញ ហើយគេតែងតែបើកទ្វារឲ្យអ្នកដែលគោះ។ ១១ក្នុងចំណោមអ្នករាល់គ្នា បើកូនសុំត្រីមិនដែលមានឪពុកណាយកពស់អសិរពិសឲ្យវាទេ ១២បើកូនសុំពងមាន់ក៏មិនដែលមានឪពុកណាយកខ្យាដំរីឲ្យវាដែរ។ ១៣សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ ក៏ចេះឲ្យរបស់ល្អៗទៅកូន ចុះចំណង់បើព្រះបិតា ដែលគង់នៅស្ថានបរមសុខ* តើព្រះអង្គនឹងប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ* ឲ្យអស់អ្នកដែលទូលសូមពីព្រះអង្គយ៉ាងណាទៅទៀត»។
ព្រះយេស៊ូឆ្លើយតបនឹងពួកអ្នកចោទប្រកាន់ព្រះអង្គ
(ម៉ាថាយ ១២,២២-៣០,៤៣-៤៥ ម៉ាកុស ៣,២០-២៧)
១៤ព្រះយេស៊ូកំពុងបណ្តេញខ្មោច ចេញពីមនុស្សគម្នាក់។ លុះខ្មោចចេញផុតទៅមនុស្សគនោះនិយាយបាន ហើយមហាជនក៏ស្ងើចសរសើរក្រៃលែង។ ១៥ប៉ុន្តែ មានអ្នកខ្លះនិយាយថា៖ «អ្នកនេះដេញខ្មោចបានដូច្នេះ ព្រោះបេលសេប៊ូលជាស្តេចខ្មោច បានប្រគល់អំណាចឲ្យគាត់»។ ១៦មានអ្នកខ្លះទៀតចង់ចាប់កំហុសព្រះអង្គ ក៏សូមឲ្យព្រះអង្គសម្តែងទីសម្គាល់មួយ បញ្ជាក់ថា ព្រះអង្គបានទទួលអំណាច មកពីព្រះជាម្ចាស់។ ១៧ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់គេ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «នគរណាក៏ដូចជានគរណាដែរ ប្រសិនបើពលរដ្ឋបាក់បែកទាស់ទែងគ្នាឯង នគរនោះមុខជាត្រូវវិនាស ហើយផ្ទះទាំងប៉ុន្មានមុខជារលំសង្កត់លើគ្នាមិនខាន។ ១៨យ៉ាងណាមិញ ប្រសិនបើមារសាតាំងបាក់បែកទាស់ទែងគ្នាឯង ធ្វើម្តេចនឹងឲ្យរាជ្យរបស់វានៅស្ថិតស្ថេរបាន! ខ្ញុំនិយាយដូច្នេះ ព្រោះអ្នករាល់គ្នាថា ខ្ញុំដេញខ្មោច ដោយអំណាចបេលសេប៊ូល។ ១៩ប្រសិនបើខ្ញុំដេញខ្មោច ដោយអំណាចបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាដេញខ្មោចដោយអំណាចនរណាវិញ?។ ដូច្នេះកូនចៅរបស់អ្នករាល់គ្នា នឹងដាក់ទោសអ្នករាល់គ្នា។ ២០ផ្ទុយទៅវិញ បើខ្ញុំដេញខ្មោច ដោយប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់ នោះបានសេចក្តីថា ព្រះរាជ្យរបស់ព្រះអង្គមកដល់អ្នករាល់គ្នាហើយ។ ២១បើមនុស្សណាម្នាក់ខ្លាំងពូកែមានអាវុធការពារផ្ទះរបស់ខ្លួន ទ្រព្យសម្បត្តិរបស់គេនឹងបានគង់វង្ស។ ២២ប៉ុន្តែ បើមានម្នាក់ទៀតខ្លាំងពូកែជាងមកវាយយកជ័យជំនះបាន គេនឹងដកហូតគ្រឿងអាវុធ ព្រមទាំងរឹបអូសទ្រព្យសម្បត្តិពីអ្នកនោះ យកទៅចែកឲ្យអ្នកផ្សេងថែមទៀតផង។ ២៣អ្នកណាមិននៅខាងខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ ហើយអ្នកណាមិនជួយប្រមូលផ្តុំជាមួយខ្ញុំទេ អ្នកនោះជាអ្នកកំចាត់កំចាយ។ ២៤កាលបើខ្មោចចេញពីមនុស្សណាម្នាក់ហើយ វាតែងស្វែងរកទីជម្រកនៅវាលហួតហែង តែប្រសិនបើវារកពុំឃើញទេនោះ វាមុខជានិយាយថា “អញនឹងវិលត្រឡប់ទៅផ្ទះ ដែលអញទើបនឹងចេញមក”។ ២៥លុះទៅដល់ឃើញផ្ទះនោះបោសស្អាតហើយតុបតែងល្អ ២៦វានឹងចេញទៅបបួលខ្មោចប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវា មកចូលអ្នកនោះ បណ្តាលឲ្យគាត់រឹងរឹតតែអាក្រក់លើសដើមទៅទៀត»។
សុភមង្ភលដ៏ពិតប្រាកដ
២៧កាលព្រះយេស៊ូកំពុងតែ មានព្រះបន្ទូលដូច្នេះ មានស្ត្រីម្នាក់បន្លឺសំឡេង ចេញពីចំណោមបណ្តាជន ទូលព្រះអង្គថា៖ «ស្ត្រីដែលបានបង្កើតលោកព្រមទាំងបានបំបៅលោក ពិតជាមានសុភមង្គលមែន!»។ ២៨ប៉ុន្តែព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកណាស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយអនុវត្តតាម គឺអ្នកនោះហើយដែលមានសុភមង្គលពិតមែន»។
ទីសម្គាល់របស់លោកយ៉ូណាស
(ម៉ាថាយ ១២, ៣៨-៤២)
២៩ខណៈនោះមហាជនប្រជុំគ្នាយ៉ាងច្រើនកុះករ ព្រះអង្គមានព្រះបន្ទូលថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់ គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះជាម្ចាស់មិនប្រទានទីសម្គាល់ណាផ្សេងក្រៅពីទីសម្គាល់ របស់ព្យាការីយ៉ូណាសឡើយ។ ៣០លោកយ៉ូណាសបានធ្វើជាទីសម្គាល់ ឲ្យអ្នកក្រុង នីនីវេឃើញយ៉ាងណា បុត្រមនុស្សក៏នឹងធ្វើជាទីសម្គាល់ឲ្យមនុស្សជំនាន់នេះ ឃើញយ៉ាងនោះដែរ។ ៣១នៅថ្ងៃដែល ព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក មហាក្សត្រីយ៍ស្រុកខាងត្បូងនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម ព្រះនាងបានយាងមក ពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្តាប់ព្រះបន្ទូលរបស់ស្តេចសាឡូម៉ូនដែលប្រកបដោយប្រាជ្ញាឈ្លាសវៃង។ រីឯនៅទីនេះមានម្នាក់ប្រសើរលើសស្តេចសាឡូម៉ូនទៅទៀត។ ៣២នៅថ្ងៃ ដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់ពួកគេផង ព្រោះកាលពីជំនាន់ដើម អ្នកក្រុងនីនីវេបានប្រែចិត្តគំនិត នៅពេលឮសេចក្តីដែលលោកយ៉ូណាសប្រកាស។ រីឯនៅទីនេះមានម្នាក់ប្រសើរលើសលោកយ៉ូណាសទៅទៀត!»។
ពាក្យប្រ ស្នាស្តីអំពីចង្កៀង
(ម៉ាថាយ ៥, ១៥,៦, ២២-២៣)
៣៣«ពុំដែលមាននរណាអុជចង្កៀង យកទៅលាក់ទុក ឬយកធុងគ្របពីលើឡើយ។គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀង ដើម្បីបំភ្លឺអស់អ្នកដែលចូលទៅក្នុងផ្ទះ។ ៣៤ភ្នែកជាចង្កៀងរបស់រូបកាយ បើភ្នែកអ្នកនៅភ្លឺល្អ រូបកាយអ្នកទាំងមូលក៏ភ្លឺដែរ តែបើភ្នែកអ្នកងងឹតវិញរូបកាយអ្នកក៏ងងឹតដែរ។ ៣៥ហេតុនេះ ត្រូវប្រយ័ត្នកុំឲ្យពន្លឺនៅក្នុងខ្លួនអ្នកត្រឡប់ទៅជាភាពងងឹតឡើយ។ ៣៦ប្រសិនបើរូបកាយរបស់អ្នកទាំងមូលមានពន្លឺឥតងងឹតត្រង់ណាទេនោះ រូបកាយរបស់អ្នកទាំងមូលនឹងភ្លឺចិញ្ចែងចិញ្ចាច ដូចចង្កៀងបំភ្លឺអ្នកដែរ»។
ពុតត្បុតរបស់ពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ី
(ម៉ាថាយ ២៣, ១-៣៦ ម៉ាកុស ១២, ៣៨-៤០)
៣៧កាល ព្រះ យេស៊ូ កំពុងតែ មាន ព្រះបន្ទូលមានបុរសម្នាក់ខាងគណៈផារីស៊ី បានសូមយាងព្រះអង្គ ទៅសោយព្រះស្ងោយនៅផ្ទះគាត់។ ព្រះអង្គក៏យាងចូលទៅរួមតុជាមួយគាត់។ ៣៨អ្នកខាងគណៈផារីស៊ីនោះងឿងឆ្ងល់ក្រៃលែង ព្រោះឃើញព្រះយេស៊ូមិនលាងព្រះហស្ត មុនពេលសោយ។ ៣៩ព្រះអម្ចាស់ក៏មានព្រះបន្ទូល ទៅគាត់ថា៖«ពួកអ្នកខាងគណៈផារីស៊ីអើយ អ្នករាល់គ្នាសំអាតពែងនិងចាន តែផ្នែកខាងក្រៅប៉ុណ្ណោះ ប៉ុន្តែផ្នែកខាងក្នុងរបស់អ្នករាល់គ្នា ពោរពេញទៅដោយចិត្តកេងប្រវ័ញ្ចនិងគំនិតអាក្រក់។ ៤០មនុស្សឆោតល្ងង់អើយ! ព្រះជាម្ចាស់បានបង្កើតខាងក្រៅ តើព្រះអង្គមិនបានបង្កើតខាងក្នុងដែរទេឬ? ៤១ចូរយកអ្វីៗនៅក្នុងចានធ្វើទានដល់ជនក្រីក្រទៅនោះ ប្រដាប់ប្រដាទាំងអស់ នឹងបានស្អាតបរិសុទ្ធ សម្រាប់ឲ្យអ្នករាល់គ្នាប្រើប្រាស់។
៤២ពួកផារីស៊ីអើយអ្នករាល់គ្នានឹងត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរលីងល័ខ និងបន្លែគ្រប់មុខ មួយភាគដប់មកថ្វាយព្រះជាម្ចាស់ប៉ុន្តែអ្នករាល់គ្នាធ្វេសប្រហែស មិនបានប្រព្រឹត្តតាមសេចក្តីសុចរិត ហើយមិនបានស្រឡាញ់ព្រះអង្គឡើយ គឺការនេះហើយដែលអ្នករាល់គ្នាត្រូវប្រព្រឹត្តឯការដទៃទៀត ក៏អ្នករាល់គ្នាមិនត្រូវបំភ្លេចចោលដែរ។ ៤៣ពួកផារីស៊ីអើយ! អ្នករាល់គ្នាត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាចូលចិត្តអង្គុយនៅកន្លែងកិត្តិយសក្នុងធម្មសាលា ហើយចូលចិត្តឲ្យគេឱនកាយគោរពអ្នករាល់គ្នា នៅតាមផ្សារ។ ៤៤អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាប្រៀបបាននឹងផ្នូរខ្មោច ដែលគេមើលមិនឃើញ ហើយត្រូវគេដើរជាន់ដោយមិនដឹងខ្លួន»។
៤៥មានធម្មាចារ្យម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ! លោកមានប្រសាសន៍ដូច្នេះបានសេចក្តីថា លោកត្មះតិះដៀលយើងខ្ញុំ»។ ៤៦ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ពួកធម្មាចារ្យអើយអ្នករាល់គ្នាក៏នឹងត្រូវវេទនាដែរ ព្រោះអ្នករាល់គ្នាបានបង្កើតវិន័យតឹងរឹងយកមកផ្ទុកលើមនុស្ស ហើយអ្នករាល់គ្នាមិនជួយគេទេ សូម្បីតែបន្តិចក៏មិនជួយផង។ ៤៧អ្នករាល់គ្នាត្រូវវេទនាជាពុំខានព្រោះអ្នករាល់គ្នាបានសង់ផ្នូរឲ្យព្យាការី ដែលបុព្វបុរសរបស់អ្នករាល់គ្នាបានសម្លាប់។ ៤៨អ្នករាល់គ្នាធ្វើដូច្នេះ បញ្ជាក់ថាអ្នករាល់គ្នាសមគំនិតនឹងអំពើ ដែលបុព្វបុរសរបស់អ្នករាល់គ្នាបានប្រព្រឹត្ត គឺគេបានសម្លាប់ពួកព្យាការី ហើយអ្នករាល់គ្នាបានសង់ផ្នូរ។ ៤៩ហេតុនេះហើយបានជាព្រះជាម្ចាស់ ប្រកបដោយព្រះប្រាជ្ញាញាណមានព្រះបន្ទូលថា ”យើងនឹងចាត់ព្យាការី ព្រមទាំងទូតរបស់យើងជាច្រើន ឲ្យទៅរកគេ តែគេនឹងសម្លាប់ខ្លះ ព្រមទាំងបៀតបៀនខ្លះទៀតផង”។ ៥០ដូច្នេះមនុស្សជំនាន់នេះនឹងត្រូវទទួលទោស ពីព្រោះបុព្វបុរសរបស់គេ បានសម្លាប់ព្យាការី តាំងតែពីកំណើតពិភពលោកមក ៥១គឺចាប់តាំងពីលោកអបិល រហូតដល់លោកសាការីដែលត្រូវគេសម្លាប់ នៅត្រង់ចន្លោះទីអាសនៈនិងទីសក្ការៈ។ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មនុស្សជំនាន់នេះនឹងត្រូវទទួលទោស ព្រោះតែឃាតកម្មទាំងនោះជាមិនខាន។ ៥២ពួកធម្មាចារ្យអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខានព្រោះអ្នករាល់គ្នាបានបិទទ្វារមាគ៌ា មិនឲ្យគេចូលទៅស្គាល់ព្រះជាម្ចាស់។ អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងឃាត់អស់អ្នកដែលចង់ចូល មិនឲ្យគេចូលទៀតផង»។
៥៣ពេលព្រះយេស៊ូយាងចាកចេញ ពីទីនោះទៅពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ីនាំគ្នាប្រឆាំងនឹងព្រះអង្គយ៉ាងខ្លាំង ហើយដេញដោលសួរព្រះអង្គអំពីរឿងផ្សេងៗជាច្រើន ៥៤ដែលសុទ្ធសឹងតែជាកលល្បិច រកចាប់កំហុសព្រះអង្គ។
ជំពូក ១២
ព្រះយេស៊ូទូន្មានសាវ័កកុំឲ្យ ភ័យបារម្ភ
(ម៉ាថាយ ១០, ២៦-៣៣, ១៩-២០ និង ១២, ៣២)
១ខណៈនោះ មានមហាជនរាប់ម៉ឺននាក់ជួបជុំគ្នា ណែនណាន់តាន់តាប់ ស្ទើរតែដើរជាន់គ្នា។ មុនដំបូង ព្រះយេស៊ូមានព្រះបន្ទូលទៅសាវ័កថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ន នឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី គឺពុតត្បុតរបស់គេ។ ២ការលាក់កំបាំងទាំងអស់នឹងត្រូវលាតត្រដាងឲ្យគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មាន ក៏នឹងត្រូវបើកឲ្យគេដឹងដែរ។ ៣ហេតុនេះហើយ បានជាអ្វីៗដែលអ្នករាល់គ្នានិយាយក្នុងទីងងឹត មុខជាគេឮនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗ ដែលអ្នករាល់គ្នាខ្សឹបដាក់ត្រចៀកនរណាម្នាក់នៅក្នុងបន្ទប់ មុខជាត្រូវអ្នកដទៃយកទៅប្រកាសយ៉ាងខ្លាំង នៅលើដំបូលផ្ទះមិនខាន។ ៤ខ្ញុំសុំប្រាប់អ្នករាល់គ្នា ជាមិត្តសំឡាញ់របស់ខ្ញុំថាចូរកុំខ្លាចអស់អ្នក ដែលសម្លាប់បានត្រឹមតែរូបកាយ ហើយមិនអាចធ្វើអ្វីដល់អ្នករាល់គ្នា ថែមទៀតនោះឡើយ។ ៥ខ្ញុំសុំប្រាប់ឲ្យដឹងថា អ្នករាល់គ្នាត្រូវខ្លាចនរណា គឺត្រូវខ្លាចព្រះជាម្ចាស់ដ្បិតព្រះអង្គមានអំណាចផ្តាច់ជីវិត ហើយបោះទៅក្នុងភ្លើងនរកថែមទៀតផង។ មែន! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា គឺព្រះអង្គនេះហើយដែលអ្នករាល់គ្នាត្រូវខ្លាច។ ៦ធម្មតាគេលក់ចាបប្រាំថ្លៃពីរសេន ទោះបីថោកយ៉ាងនេះក៏ដោយ ក៏ព្រះជាម្ចាស់ឥតភ្លេចចាបណាមួយសោះឡើយ។ ៧សូម្បីតែសក់នៅលើក្បាលរបស់អ្នករាល់គ្នា ក៏ព្រះអង្គរាប់អស់ដែរ។ ដូច្នេះកុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបជាច្រើនទៅទៀត។ ៨ខ្ញុំសុំប្រាប់អ្នករាល់គ្នាថាអ្នកណាទទួលស្គាល់ខ្ញុំ នៅចំពោះមុខមនុស្សលោក បុត្រមនុស្សនឹងទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវទូតរបស់ព្រះជាម្ចាស់ដែរ។ ៩រីឯអ្នកណាបដិសេធមិនទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក បុត្រមនុស្សក៏នឹងបដិសេធមិនទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវទូតរបស់ព្រះជាម្ចាស់ដែរ។ ១០អ្នកណាពោលពាក្យទាស់នឹងបុត្រមនុស្ស ព្រះជាម្ចាស់នឹងលើកលែងទោសឲ្យបាន ប៉ុន្តែ អ្នកណាពោលពាក្យទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះអង្គមិនលើកលែងទោសឲ្យឡើយ។ ១១កាលណាគេបញ្ជូនអ្នករាល់គ្នាទៅវិនិច្ឆ័យទោស ក្នុងធម្មសាលា ឬនៅមុខចៅក្រមនិងអ្នកកាន់អំណាច មិនត្រូវភ័យបារម្ភអំពីរបៀប ដែលអ្នករាល់គ្នាត្រូវឆ្លើយការពារខ្លួន ឬសេចក្តីដែលអ្នករាល់គ្នា ត្រូវនិយាយនោះឡើយ ១២ដ្បិត ព្រះវិញ្ញាណដ៏វិសុទ្ធនឹងបំភ្លឺអ្នករាល់គ្នាឲ្យដឹងសេចក្តីដែលត្រូវនិយាយ នៅពេលនោះឯង»។
ប្រស្នាអំពីអ្នកមានដ៏ឆោតល្ងង់ម្នាក់
១៣ក្នុងចំណោមបណ្តាជន មានបុរសម្នាក់ទូលព្រះយេស៊ូថា៖ «លោកគ្រូ! សូមលោកប្រាប់បងខ្ញុំ ឲ្យយកកេរមត៌កមកចែកខ្ញុំផង»។ ១៤ព្រះយេស៊ូមានព្រះបន្ទូលតបទៅបុរសនោះថា៖ «តើនរណាបានតែងតាំងខ្ញុំ ឲ្យធ្វើជាចៅក្រម ចែកទ្រព្យសម្បត្តិរបស់អ្នករាល់គ្នា?»។ ១៥បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅបណ្តាជនថា៖ «ចូរប្រយ័ត្នកុំលោភលន់ចង់បានទ្រព្យសម្បត្តិឲ្យសោះ។ទោះបីមនុស្សមានសម្បត្តិបរិបូណ៌យ៉ាងណាក៏ដោយ ក៏ជីវិតគេមិនអាស្រ័យនៅលើទ្រព្យសម្បត្តិឡើយ»។ ១៦ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាទៅគេថា៖ «មានបុរសម្នាក់ជាសេដ្ឋីដីធ្លីរបស់គាត់ បានផ្តល់ភោគផលយ៉ាងបរិបូណ៌។ ១៧គាត់រិះគិតក្នុងចិត្តថា “ខ្ញុំគ្មានកន្លែង ដាក់ភោគផលទាំងអស់របស់ខ្ញុំទេ តើខ្ញុំត្រូវធ្វើដូចម្តេច?”។ ១៨គាត់គិតទៀតថា “ខ្ញុំត្រូវតែធ្វើយ៉ាងនេះគឺរុះជង្រុកទាំងប៉ុន្មានរបស់ខ្ញុំចោល ហើយសង់ជង្រុកឲ្យធំៗជាង រួចខ្ញុំប្រមូលស្រូវព្រមទាំងភោគផលទាំងអស់ មកដាក់ក្នុងជង្រុកថ្មីនោះ។ ១៩បន្ទាប់មកខ្ញុំនឹងនិយាយប្រាប់ខ្លួនខ្ញុំថា ឱខ្ញុំអើយ!មានសម្បត្តិយ៉ាងច្រើនបរិបូណ៌ បម្រុងទុកចិញ្ចឹមជីវិត សម្រាប់ច្រើនឆ្នាំ ខ្ញុំត្រូវសម្រាកគិតតែស៊ីផឹកសប្បាយទៅ!”។ ២០ប៉ុន្តែព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់សេដ្ឋីនោះថា៖ “នែ៎មនុស្សឆោតល្ងង់អើយ! យប់នេះ យើងនឹងផ្តាច់ជីវិតអ្នកហើយ ដូច្នេះទ្រព្យសម្បត្តិដែលអ្នកបានប្រមូលទុក សម្រាប់ខ្លួនអ្នកនឹងបានទៅជារបស់នរណាវិញ?”។ ២១អ្នកណាប្រមូលទ្រព្យសម្បត្តិទុកសម្រាប់តែខ្លួនឯង ហើយគ្មានសម្បត្តិសួគ៌នៅក្នុងខ្លួន អ្នកនោះប្រៀបបីដូចជាសេដ្ឋីនោះដែរ»។
ត្រូវពឹងផ្អែកលើព្រះជាម្ចាស់ និង ស្វែងរកសម្បត្តិសួគ៌
(ម៉ាថាយ ៦, ១៩-៣៤)
២២ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័កថា៖ «ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នា កុំឲ្យខ្វល់ខ្វាយអំពីម្ហូបអាហារសម្រាប់ចិញ្ចឹមជីវិត ឬអំពីសម្លៀកបំពាក់ សម្រាប់បិទបាំងរូបកាយឡើយ ២៣ដ្បិតជីវិតមានតម្លៃលើសម្ហូបអាហារហើយរូបកាយមានតម្លៃលើសសម្លៀកបំពាក់ទៅទៀត។ ២៤ចូរមើលក្អែក វាមិនដែលសាបព្រោះ មិនដែលច្រូតកាត់ គ្មានឃ្លាំង គ្មានជង្រុកសោះ ប៉ុន្តែព្រះជាម្ចាស់ចិញ្ចឹមវា រីឯអ្នករាល់គ្នាវិញ មានតម្លៃលើសបក្សាបក្សីច្រើនណាស់។ ២៥ក្នុងចំណោមអ្នករាល់គ្នាទោះបីខំខ្វល់ខ្វាយយ៉ាងណាក៏ដោយក៏គ្មាននរណាអាចនឹងបង្កើនអាយុរបស់ខ្លួន ឲ្យវែងបានឡើយសូម្បីតែបន្តិចក៏មិនបានដែរ។ ២៦ដូច្នេះបើអ្នករាល់គ្នាពុំអាចសម្រេចការដ៏តូចបំផុតនេះបានផង ចុះហេតុដូចម្តេចបានជាខ្វល់ខ្វាយ អំពីរឿងផ្សេងៗទៀត។ ២៧ចូរគិតមើលផ្កាដុះឡើងយ៉ាងណា វាមិនដែលនឿយហត់នឹងធ្វើការ ឬត្បាញរវៃឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូន កាលពីជំនាន់ ដែលទ្រង់មានសិរីរុងរឿងដ៏ប្រសើរបំផុតនោះ ក៏ទ្រង់គ្មានព្រះភូសាល្អស្មើនឹងផ្កាមួយទងនេះផង។ ២៨មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះជាម្ចាស់ផ្តល់សម្រស់ឲ្យផ្កា ដែលរីកនៅតាមវាលថ្ងៃនេះ ហើយស្អែកត្រូវគេដុតចោលយ៉ាងហ្នឹងទៅហើយ តើព្រះអង្គនឹងទំនុកបម្រុងអ្នករាល់គ្នាលើសនេះ យ៉ាងណាទៅទៀត? ២៩ដូច្នេះចូរអ្នករាល់គ្នា កុំគិតតែពីស្វែងរកគ្រឿងបរិភោគនោះឡើយ ៣០ដ្បិតមានតែសាសន៍ដទៃប៉ុណ្ណោះ ដែលខំស្វះស្វែងរករបស់ទាំងនោះ។ រីឯអ្នករាល់គ្នាវិញ ព្រះបិតារបស់អ្នករាល់គ្នា ទ្រង់ជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ។ ៣១ចូរខំស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់វិញ ទើបព្រះអង្គប្រទានរបស់ទាំងនោះ មកអ្នករាល់គ្នាថែមទៀតផង»។
៣២«កុំខ្លាចអីក្រុមដ៏តូចរបស់ខ្ញុំអើយ! ព្រះបិតារបស់អ្នករាល់គ្នា សព្វព្រះហប្ញទ័យប្រទានព្រះរាជ្យមកឲ្យអ្នករាល់គ្នាហើយ។ ៣៣ចូរលក់ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នាយកប្រាក់ចែកជាទានដល់ជនក្រីក្រចុះ។ ចូរប្រមូលទ្រព្យដែលមិនចេះពុកជាសម្បត្តិដែលមិនចេះរលាយ ទុកសម្រាប់ខ្លួននៅស្ថានបរមសុខ ជាស្ថានដែលគ្មានចោរប្លន់ឬកណ្តៀរស៊ីឡើយ។ ៣៤ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នានៅកន្លែងណាចិត្តរបស់អ្នករាល់គ្នាក៏នៅកន្លែងនោះដែរ»។ ការប្រុងប្រៀបខ្លួន ៣៥«ចូរប្រុងប្រៀបខ្លួន ហើយទុកឲ្យចង្កៀងរបស់អ្នករាល់គ្នានៅឆេះ។ ៣៦ចូរប្រព្រឹត្តឲ្យបានដូចពួកអ្នកបម្រើ ដែលរង់ចាំម្ចាស់វិលត្រឡប់មកពីជប់លៀងវិញ គឺនៅពេលមកដល់លោកគោះទ្វារអ្នកបម្រើទៅបើកជូនភ្លាម។ ៣៧ពេលម្ចាស់ត្រឡប់មកដល់ឃើញអ្នកបម្រើណានៅរង់ចាំលោក អ្នកបម្រើនោះមានសុភមង្គលហើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា លោកនឹងឲ្យអ្នកបម្រើអង្គុយបរិភោគ ហើយលោករៀបចំខ្លួនបម្រើគេវិញ។ ៣៨បើលោកវិលមកវិញនៅពាក់កណ្តាលអធ្រាត្រ ឬជិតភ្លឺ ហើយឃើញអ្នកបម្រើទាំងនោះនៅរង់ចាំដូច្នេះ ពួកគេប្រាកដជាមានសុភមង្គល។ ៣៩អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណា គាត់នឹងមិនបណ្តោយ ឲ្យវាចូលមកក្នុងផ្ទះគាត់បានឡើយ។ ៤០រីឯអ្នករាល់គ្នាវិញ ចូរត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្សនឹងមកដល់ នៅវេលាដែលអ្នករាល់គ្នាពុំបានគិត»។
ប្រស្នាអំពីអ្នកបម្រើស្មោះត្រង់ និង អ្នកបម្រើមិនស្មោះត្រង់
(ម៉ាថាយ ២៤, ៤៥-៥១)
៤១លោកសិលាទូលសួរព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នានេះ សម្រាប់ប្រៀនប្រដៅយើងខ្ញុំតែប៉ុណ្ណោះឬមួយសម្រាប់ប្រៀនប្រដៅមនុស្សគ្រប់ៗរូបដែរ?»។៤២ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖ «បើអ្នកបម្រើណាមានចិត្តស្មោះត្រង់ ហើយប៉ិនប្រសប់ ម្ចាស់មុខជាផ្ទុកផ្តាក់ ឲ្យគាត់មើលខុសត្រូវលើអ្នកបម្រើឯទៀតៗ ក្នុងការចែកម្ហូបអាហារឲ្យគេ តាមពេលកំណត់ជាមិនខាន។ ៤៣ពេលម្ចាស់ត្រឡប់មកដល់ផ្ទះវិញ ឃើញអ្នកបម្រើកំពុងបំពេញកិច្ចការរបស់ខ្លួនដូច្នេះ អ្នកបម្រើនោះប្រាកដជាមានសុភមង្គល។ ៤៤ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ម្ចាស់មុខជាផ្ទុកផ្តាក់ ឲ្យគាត់មើលខុសត្រូវលើទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់លោកថែមទៀតផង។ ៤៥ផ្ទុយទៅវិញ ប្រសិនបើអ្នកបម្រើនឹកក្នុងចិត្តថា “ម្ចាស់អញក្រមកដល់ណាស់” គាត់ក៏វាយអ្នកបម្រើទាំងប្រុសទាំងស្រីឯទៀតៗ ហើយស៊ីផឹកស្រវឹង។ ៤៦ពេលម្ចាស់វិលត្រឡប់មកដល់ផ្ទះវិញ នៅថ្ងៃដែលអ្នកបម្រើនោះមិនបានរង់ចាំ ឬនៅពេលដែលគាត់មិនដឹងលោកនឹងធ្វើទោសគាត់ជាទម្ងន់ ហើយឲ្យគាត់ទទួលទោសរួមជាមួយពួកអ្នកមិនជឿដែរ។
៤៧អ្នកបម្រើណាស្គាល់ចិត្តម្ចាស់ តែមិនបានត្រៀមខ្លួន ហើយមិនធ្វើតាមចិត្តលោក អ្នកបម្រើនោះនឹងត្រូវរំពាត់យ៉ាងច្រើន។ ៤៨ផ្ទុយទៅវិញអ្នកបម្រើណាមិនស្គាល់ចិត្តម្ចាស់របស់ខ្លួន ហើយប្រព្រឹត្តខុសឆ្គងសមនឹងទទួលទោស អ្នកបម្រើនោះនឹងត្រូវរំពាត់តែបន្តិចទេ។ បើគេឲ្យអ្វីច្រើនទៅអ្នកណា គេនឹងទារពីអ្នកនោះវិញច្រើនដែរ។ បើគេផ្ទុកផ្តាក់កិច្ចការច្រើនដល់អ្នកណា គេនឹងទារពីអ្នកនោះវិញរឹងរឹតតែច្រើនថែមទៀត»។
ការបាក់បែកគ្នាព្រោះជំនឿ
(ម៉ាថាយ ១០, ៣៤-៣៦)
៤៩«ខ្ញុំមកដើម្បីនាំភ្លើងមកផែនដី។ ប្រសិនបើភ្លើងនោះឆេះ ខ្ញុំស្ងប់ចិត្តហើយជ។ ៥០ខ្ញុំត្រូវទទួលពិធីជ្រមុជឈម៉្យាង។ ខ្ញុំតានតឹងក្នុងចិត្តក្រៃលែងចង់តែឲ្យពិធីនោះបានសម្រេចឆាប់ៗ។ ៥១កុំនឹកស្មានថា ខ្ញុំមកដើម្បីផ្តល់សន្តិភាពឲ្យផែនដីនេះឡើយ គឺខ្ញុំបាននាំការបាក់បែកមកទេតើ។ ៥២ចាប់ពីពេលនេះតទៅ ឧបមាថា ក្នុងផ្ទះមួយមានគ្នាប្រាំនាក់ អ្នកទាំងប្រាំនឹងត្រូវបាក់បែកគ្នា គឺបីនាក់បែកចេញពីពីរនាក់ពីរនាក់បែកចេញពីបីនាក់ ៥៣ឪពុកនឹងបែកចេញពីកូនប្រុស កូនប្រុសបែកចេញពីឪពុក ម្តាយបែកចេញពីកូនស្រី កូនស្រីបែកចេញពីម្តាយ ម្តាយក្មេកបែកចេញពីកូនប្រសាស្រី កូនប្រសាស្រីបែកចេញពីម្តាយក្មេក»។
ត្រូវយល់ហេតុការណ៍ផ្សេងៗ
(ម៉ាថាយ១៦, ២-៣)
៥៤ព្រះយេស៊ូមានព្រះបន្ទូល ទៅកាន់មហាជនទៀតថា៖ «កាលណាអ្នករាល់គ្នាឃើញពពករសាត់ពីទិសខាងលិចមក អ្នករាល់គ្នាពោលភ្លាមថា ជិតភ្លៀងហើយ ហើយក៏ភ្លៀងមែន។ ៥៥កាលណាមានខ្យល់បក់ពីទិសខាងត្បូង អ្នករាល់គ្នាថា មុខជាក្តៅហើយ ហើយក៏ក្តៅមែន។ ៥៦មនុស្សមានពុតអើយ! អ្នករាល់គ្នាចេះយល់ហេតុការណ៍ផ្សេងៗ នៅលើផែនដី និងនៅលើមេឃបាន ចុះហេតុដូចម្តេចបានជាពុំយល់ហេតុការណ៍ នាសម័យបច្ចុប្បន្ននេះផង?»។
ត្រូវសម្រុះសម្រួលរឿងរ៉ាវមុនថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោស
(ម៉ាថាយ ៥, ២៥-២៦)
៥៧«ហេតុអ្វីបានជាអ្នករាល់គ្នា មិនពិចារណាដោយខ្លួនឯង នូវអំពើសុចរិតដែលអ្នករាល់គ្នាត្រូវប្រព្រឹត្ត? ៥៨ប្រសិនបើអ្នកធ្វើដំណើរទៅតុលាការជាមួយគូវិវាទ នៅតាមផ្លូវអ្នកត្រូវខំសម្រុះសម្រួលជាមួយអ្នកនោះឲ្យហើយទៅ ក្រែងលោគេបញ្ជូនអ្នកទៅដល់ចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយនគរបាលយកអ្នកទៅដាក់គុក។ ៥៩ខ្ញុំសុំប្រាប់អ្នកថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន ឥតខ្វះមួយសេនទេនោះ អ្នកនឹងមិនរួចខ្លួនឡើយ»។
ជំពូក ១៣
ត្រូវកែប្រែចិត្តគំនិត
១ពេលនោះ មានអ្នកខ្លះមកទូលព្រះយេស៊ូ អំពីអ្នកស្រុកកាលីឡេ ដែលលោកពីឡាតបានសម្លាប់ នៅពេលគេកំពុងតែថ្វាយយញ្ញបូជា។ ២ព្រះយេស៊ូមានព្រះបន្ទូលទៅគេវិញថា៖ «តើអ្នករាល់គ្នាស្មានថា អ្នកស្រុកកាលីឡេទាំងនោះ ជាមនុស្សបាបច្រើនជាងអ្នកស្រុកកាលីឡេឯទៀតៗ ឬបានជាគេស្លាប់របៀបនេះ? ៣ទេ មិនមែនទេ!ខ្ញុំសុំប្រាប់អ្នករាល់គ្នាថាបើអ្នករាល់គ្នាមិនកែប្រែចិត្តគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្តរាយដូចគេមិនខាន។ ៤ចុះមនុស្សដប់ប្រាំបីនាក់ដែលបានស្លាប់ ដោយប៉មស៊ីឡោមរលំសង្កត់លើ តើអ្នករាល់គ្នាស្មានថា អ្នកទាំងនោះមានទោសធ្ងន់ ជាងអ្នកក្រុងយេរូសាឡឹមឯទៀតៗឬ? ៥ទេ មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាមិនកែប្រែចិត្តគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្តរាយដូច្នោះដែរ»។
ប្រស្នាស្តីអំពីឧទុម្ពរគ្មានផ្លែ
៦បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះទៅគេថា៖ «មានឧទុម្ពរមួយដើមដុះក្នុងចំការបុរសម្នាក់។ ម្ចាស់ចំការមករកបេះផ្លែពីដើមឧទុម្ពរនោះតែគ្មានផ្លែសោះ ៧គាត់ក៏ប្រាប់អ្នកថែចំការថា៖ «មើល៍ ខ្ញុំមករកបេះផ្លែឧទុម្ពរនេះបីឆ្នាំហើយតែមិនឃើញមានផ្លែសោះ។ ចូរកាប់វាចោលទៅ ទុកនាំតែខាតដីទេ!»។ ៨អ្នកថែចំការឆ្លើយតបថា៖ «សូមលោកទុកវាមួយឆ្នាំទៀតសិនចាំខ្ញុំជ្រួយដីជុំវិញហើយដាក់ជី។ ៩ប្រហែលជាឆ្នាំក្រោយនឹងមានផ្លែបើមិនផ្លែទេ សឹមកាប់វាចោលទៅចុះ!»។ ព្រះយេស៊ូប្រោសស្ត្រីពិការម្នាក់ឲ្យជា ១០ថ្ងៃមួយ ជាថ្ងៃសប្ប័ទ ព្រះយេស៊ូកំពុងតែប្រៀនប្រដៅគេក្នុងធម្មសាលា។ ១១នៅទីនោះ មានស្ត្រីម្នាក់ត្រូវខ្មោចធ្វើឲ្យពិការអស់ រយៈពេលដប់ប្រាំបីឆ្នាំមកហើយ នាងកោងខ្នងងើបត្រង់ពុំកើត។ ១២ពេលព្រះយេស៊ូទតឃើញ ស្ត្រីនោះព្រះអង្គហៅនាងមក ហើយមានព្រះបន្ទូលថា៖ «នាងអើយ! នាងបានជាសះស្បើយហើយ»។១៣ព្រះអង្គដាក់ព្រះហស្តលើនាង នាងក៏ឈរត្រង់វិញបានមួយរំពេចព្រមទាំងលើកតម្កើងសិរីរុងរឿង របស់ព្រះជាម្ចាស់ផង។ ១៤ប៉ុន្តែអ្នកទទួលខុសត្រូវលើធម្មសាលាទាស់ចិត្តណាស់ ដោយឃើញព្រះយេស៊ូប្រោសអ្នកជំងឺ ឲ្យបានជានៅថ្ងៃសប្ប័ទដូច្នេះ។ គាត់ក៏និយាយទៅកាន់បណ្តាជនថា៖ «យើងមានសិទ្ធិធ្វើការបានចំនួនប្រាំមួយថ្ងៃ។ ដូច្នេះចូរអ្នករាល់គ្នាមករកព្យាបាលខ្លួនក្នុងថ្ងៃទាំងនោះចុះ កុំមកថ្ងៃសប្ប័ទឡើយ!»។ ១៥ព្រះអម្ចាស់មានព្រះបន្ទូល ទៅកាន់អ្នកទទួលខុសត្រូវលើសាលាប្រជុំនោះថា៖ «មនុស្សមានពុតអើយ! តើអ្នករាល់គ្នាមិនស្រាយគោ ឬលាបញ្ចេញពីក្រោលដឹកទៅផឹកទឹកនៅថ្ងៃសប្ប័ទទេឬអី?។ ១៦ឯស្ត្រីនេះជាពូជពង្សរបស់លោកអប្រាហាំ មារសាតាំងបានចងនាង អស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយតើមិនគួរឲ្យខ្ញុំស្រាយចំណងនាង នៅថ្ងៃសប្ប័ទទេឬអី?»។ ១៧កាលព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ អ្នកប្រឆាំងនឹងព្រះអង្គអៀនខ្មាសយ៉ាងខ្លាំង រីឯបណ្តាជនទាំងមូលវិញ គេរីករាយនឹងការអស្ចារ្យទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ។
ប្រស្នាស្តីអំពីគ្រាប់ពូជល្អិត និង មេម្សៅ
(ម៉ាថាយ ១៣, ៣១-៣៣ ម៉ាកុស ៤, ៣០-៣២)
១៨ព្រះយេស៊ូមានព្រះបន្ទូលថា៖ «តើព្រះរាជ្យព្រះជាម្ចាស់ប្រៀបបានទៅនឹងអ្វីខ្លះ? តើខ្ញុំប្រដូចព្រះរាជ្យព្រះជាម្ចាស់ទៅនឹងអ្វី?។ ១៩ព្រះរាជ្យព្រះជាម្ចាស់ ប្រៀបបីដូចជាគ្រាប់ពូជម៉្យាងដ៏ល្អិត ដែលបុរសម្នាក់យកទៅដាំ ក្នុងចំការរបស់ខ្លួន។ គ្រាប់នោះក៏ដុះឡើង បានទៅជាដើមឈើមួយ ហើយបក្សាបក្សីមកធ្វើសំបុកស្នាក់អាស្រ័យ នៅ តាមមែករបស់វា»។២០ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖«តើខ្ញុំប្រដូចព្រះរាជ្យព្រះជាម្ចាស់ ទៅនឹងអ្វី?។២១ព្រះរាជ្យព្រះជាម្ចាស់ប្រៀបបីដូចជាមេម្សៅ ដែលស្ត្រីម្នាក់យកទៅលាយជាមួយនឹងម្សៅពីរតៅ ធ្វើឲ្យម្សៅនោះដោរឡើង»។
ទ្វារចង្អៀត
(ម៉ាថាយ ៧, ១៣-១៤, ២១-២៣)
២២ព្រះយេស៊ូធ្វើដំណើរ ឆ្ពោះទៅក្រុងយេរូសាឡឹម កាត់តាមក្រុង តាមភូមិនានាព្រមទាំងប្រៀនប្រដៅអ្នកស្រុកផង។ ២៣មានបុរសម្នាក់ទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! អ្នកដែលព្រះជាម្ចាស់សង្គ្រោះ មានចំនួនតិចទេឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ ២៤«ចូរខំប្រឹងចូលតាមទ្វារចង្អៀត។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា មានមនុស្សជាច្រើនខំចូលដែរក៏ប៉ុន្តែគេមិនអាចចូលបានឡើយ។ ២៥កាលណាម្ចាស់ផ្ទះក្រោកទៅបិទទ្វារជិត ហើយអ្នករាល់គ្នានឹងឈរនៅខាងក្រៅ គោះទ្វារផ្ទះទាំងអង្វរថា ”ឱព្រះអម្ចាស់អើយ សូមបើកទ្វារឲ្យយើងខ្ញុំផង”។ ម្ចាស់ផ្ទះនឹងតបមកអ្នករាល់គ្នាថា “យើងមិនដឹងថាអ្នករាល់គ្នា មកពីណាទេ!”។ ២៦អ្នករាល់គ្នាមុខជាជម្រាបលោកថា”យើងខ្ញុំធ្លាប់បរិភោគជាមួយព្រះអង្គ ហើយព្រះអង្គក៏ធ្លាប់ប្រៀនប្រដៅយើងខ្ញុំ នៅតាមភូមិដែរ”។ ២៧លោកនឹងប្រាប់អ្នករាល់គ្នាវិញថា”ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ!ចូរថយចេញឲ្យឆ្ងាយពីយើងទៅយើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ!”។ ២៨កាលអ្នករាល់គ្នាឃើញលោកអប្រាហាំ លោកអ៊ីសាក លោកយ៉ាកុប និងព្យាការីទាំងឡាយ ស្ថិតនៅក្នុងព្រះរាជ្យព្រះជាម្ចាស់ តែព្រះអង្គចោលអ្នករាល់គ្នាឲ្យនៅខាងក្រៅ អ្នករាល់គ្នានឹងយំសោកខឹងសង្កៀតធ្មេញ។ ២៩មានមនុស្សមកពីទិសទាំងបួន ចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យព្រះជាម្ចាស់។ ៣០ពេលនោះអ្នកខ្លះដែលនៅខាងក្រោយ នឹងត្រឡប់ទៅនៅខាងមុខ រីឯអ្នកខ្លះដែលនៅខាងមុខ នឹងត្រឡប់ទៅនៅខាងក្រោយវិញ»។
អ្នកក្រុងយេរូសាឡឹមបដិសេធមិនទទួលព្រះយេស៊ូ
(ម៉ាថាយ ២៣, ៣៧-៣៩)
៣១នៅពេលនោះ មានពួកខាងគណៈផារីស៊ីខ្លះមកទូលព្រះយេស៊ូថា៖ «សូមលោកអញ្ជើញទៅកន្លែងផ្សេងទៅ ព្រោះស្តេចហេរ៉ូដចង់សម្លាប់លោក»។៣២ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖«ចូរអ្នករាល់គ្នាទៅប្រាប់ស្តេចកំហូចញនោះថាថ្ងៃនេះនិងថ្ងៃស្អែកខ្ញុំបណ្តេញខ្មោច ខ្ញុំមើលអ្នកជំងឺឲ្យជាលុះដល់ខានស្អែកខ្ញុំនឹងបញ្ចប់កិច្ចការរបស់ខ្ញុំ។ ៣៣ប៉ុន្តែនៅថ្ងៃនេះ ស្អែក និងខានស្អែក ខ្ញុំត្រូវតែបន្តដំណើររបស់ខ្ញុំទៅមុខទៀត ដ្បិតមិនគួរឲ្យព្យាការីស្លាប់ នៅខាងក្រៅក្រុងយេរូសាឡឹមឡើយ។ ៣៤អ្នកក្រុងយេរូសាឡឹមអ្នកក្រុងយេរូសាឡឹមអើយ! អ្នករាល់គ្នាបានសម្លាប់ពួកព្យាការី ហើយយកដុំថ្មគប់សម្លាប់អស់អ្នក ដែលព្រះជាម្ចាស់បានចាត់ឲ្យមករកអ្នករាល់គ្នា។ ច្រើនលើកច្រើនសាមកហើយដែលខ្ញុំចង់ប្រមូលផ្តុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប តែអ្នករាល់គ្នាពុំព្រមសោះ។ ៣៥ផ្ទះរបស់អ្នករាល់គ្នានឹងត្រូវបោះបង់ចោល។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ រហូតដល់ពេលអ្នករាល់គ្នាពោលថា៖ “សូមព្រះជាម្ចាស់ប្រទានពរដល់ ព្រះអង្គដែលយាងមក ក្នុងនាម ព្រះអម្ចាស់!”ដ»។
ជំពូក ១៤
ព្រះយេស៊ូប្រោសអ្នកជំងឺម្នាក់ឲ្យបានជានៅថ្ងៃសប្ប័ទ
១មានថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងទៅសោយព្រះស្ងោយនៅផ្ទះរបស់មេដឹកនាំ ខាងគណៈផារីស៊ីម្នាក់ អស់អ្នកដែលនៅផ្ទះនោះតាមឃ្លាំមើលព្រះអង្គ។ ២មានបុរសម្នាក់កើតទាចឈរនៅមុខព្រះអង្គ។ ៣ព្រះយេស៊ូមានព្រះបន្ទូលសួរទៅពួកបណ្ឌិតខាងវិន័យ និងពួកខាងគណៈផារីស៊ីថា៖ «តើយើងមានសិទ្ធិមើលអ្នកជំងឺឲ្យបានជានៅថ្ងៃសប្ប័ទឬទេ?»។ ៤គេនៅស្ងៀមទាំងអស់គ្នាព្រះយេស៊ូហៅអ្នកជំងឺមក ហើយប្រោសគាត់ឲ្យជា រួចឲ្យគាត់ត្រឡប់ទៅវិញ។ ៥បន្ទាប់មកព្រះអង្គមានព្រះបន្ទូលថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាម្នាក់មានកូន ឬគោធ្លាក់អណ្តូង ទោះបីថ្ងៃនោះជាថ្ងៃសប្ប័ទក៏ដោយ ក៏អ្នកនោះស្រង់វាឡើងជាបន្ទាន់មិនខាន»។ ៦គេពុំអាចឆ្លើយតបនឹងព្រះអង្គ អំពីសេចក្តីទាំងនេះបានឡើយ។
កុំចង់បានកន្លែងកិត្តិយស
៧ព្រះយេស៊ូសង្កេតឃើញ ភ្ញៀវៗចេះតែរើសកន្លែងកិត្តិយសអង្គុយ ព្រះអង្គក៏មានព្រះបន្ទូលជាប្រស្នាទៅគេថា៖ ៨«បើមានគេអញ្ជើញអ្នកទៅជប់លៀងក្នុងពិធីមង្គលការណាមួយ សុំកុំទៅអង្គុយកន្លែងដែលគេបម្រុងទុក សម្រាប់ភ្ញៀវកិត្តិយស ក្រែងលោគេបានអញ្ជើញភ្ញៀវម្នាក់ទៀត មានឋានៈខ្ពស់ជាងអ្នក។ ៩ប្រសិនបើម្ចាស់ផ្ទះបានអញ្ជើញអ្នកផង អញ្ជើញភ្ញៀវមានឋានៈខ្ពស់នោះផងគាត់មុខជាសុំឲ្យអ្នកទុកកន្លែងកិត្តិយស ជូនអ្នកមានឋានៈខ្ពស់ជាមិនខាន។ ពេលនោះ អ្នកនឹងត្រូវអាម៉ាស់មុខ ហើយទៅអង្គុយកន្លែងអន់ជាងគេវិញ។ ១០ដូច្នេះ បើមានគេអញ្ជើញអ្នកចូរទៅអង្គុយកន្លែងអន់ជាងគេសិន លុះដល់ម្ចាស់ផ្ទះពោលមកកាន់អ្នកថា “សំឡាញ់អើយ! សូមអ្នកមកអង្គុយនៅកន្លែងខាងមុខនេះវិញ” ពេលនោះអ្នកនឹងមានកិត្តិយសនៅចំពោះមុខភ្ញៀវទាំងអស់ ដែលអង្គុយរួមតុជាមួយអ្នកជាមិនខាន។ ១១អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើកតម្កើងវិញ»។
ត្រូវអញ្ជើញអ្នកក្រីក្រមកបរិភោគ
១២បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់អ្នកដែលបានយាងព្រះអង្គ មកសោយព្រះស្ងោយនោះថា៖ «កាលណាអ្នកអញ្ជើញភ្ញៀវមកជប់លៀង ទោះបីថ្ងៃត្រង់ក្តីល្ងាចក្តី កុំអញ្ជើញមិត្តភក្តិ បងប្អូន ញាតិសន្តានរបស់អ្នក ឬអ្នកជិតខាង ដែលមានសម្បត្តិស្តុកស្តម្ភនោះឡើយ ដ្បិតអ្នកទាំងនោះអញ្ជើញអ្នកតបស្នងវិញបាន។ ១៣ផ្ទុយទៅវិញ ពេលណាអ្នកធ្វើពិធីជប់លៀង ត្រូវអញ្ជើញអ្នកក្រីក្រមនុស្សពិការ ខ្វិន ខ្វាក់។ ១៤ធ្វើដូច្នេះ អ្នកនឹងមានសុភមង្គលជាមិនខាន ដ្បិតអ្នកទាំងនោះពុំអាចតបស្នងអ្នកបានឡើយ គឺព្រះជាម្ចាស់វិញទេដែលនឹងតបស្នងជូនអ្នក នៅពេលមនុស្សសុចរិតរស់ឡើងវិញ»។
ប្រស្នាស្តីអំពីអ្នកក្រីក្រជប់លៀងជំនួសភ្ញៀវ
(ម៉ាថាយ ២២, ១-១០)
១៥ក្រោយបានឮ ព្រះបន្ទូលទាំងនេះហើយ បុរសម្នាក់ដែលអង្គុយរួមតុជាមួយព្រះយេស៊ូ ទូលព្រះអង្គថា៖ «អ្នកណាបានចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ អ្នកនោះប្រាកដជាមានសុភមង្គលហើយ!»។ ១៦ព្រះយេស៊ូមានព្រះបន្ទូល ទៅគាត់ថា៖ «មានបុរសម្នាក់រៀបពិធីជប់លៀងមួយ យ៉ាងធំ ហើយលោកបានអញ្ជើញភ្ញៀវជាច្រើន។ ១៧លុះដល់ម៉ោងជប់លៀង លោកចាត់អ្នកបម្រើឲ្យទៅប្រាប់ភ្ញៀវថា “ម្ហូបអាហារបានរៀបចំស្រេចហើយ សូមអញ្ជើញមក!”។ ១៨ប៉ុន្តែភ្ញៀវទាំងនោះដោះសាបន្តបន្ទាប់គ្នាម្នាក់និយាយទៅកាន់អ្នកបម្រើថា “ខ្ញុំទើបនឹងទិញដីចំការមួយកន្លែង ខ្ញុំត្រូវតែចេញទៅមើលឥឡូវនេះ សូមមេត្តាអភ័យទោសឲ្យខ្ញុំផង”។ ១៩ម្នាក់និយាយថា “ខ្ញុំទើបនឹងទិញគោប្រាំនឹម ខ្ញុំត្រូវតែទៅទឹមវាសាកលមើល សូមមេត្តាអភ័យទោសឲ្យខ្ញុំផង”។ ២០ម្នាក់ទៀតពោលថា ”ខ្ញុំទើបនឹងរៀបការប្រពន្ធខ្ញុំពុំអាចទៅចូលរួម ក្នុងពិធីជប់លៀងបានឡើយ”។ ២១អ្នកបម្រើវិលទៅជួបម្ចាស់របស់ខ្លួនវិញ ហើយជម្រាបលោកតាមដំណើររឿង។ ម្ចាស់ផ្ទះក៏ខឹងលោកប្រាប់ទៅអ្នកបម្រើថា “ចូរប្រញាប់ចេញទៅតាមទីផ្សារ ទៅតាមផ្លូវនានាក្នុងទីក្រុង ហើយប្រមូលមនុស្សក្រីក្រមនុស្សពិការ និងមនុស្សខ្វាក់ខ្វិនមក”។ ២២បន្តិចក្រោយមក អ្នកបម្រើជម្រាបចៅហ្វាយវិញថា ”លោកម្ចាស់! ខ្ញុំបាទបានធ្វើតាមបង្គាប់របស់លោកហើយ តែកន្លែងអង្គុយនៅមានសល់ទៀត”។ ២៣ម្ចាស់ផ្ទះប្រាប់ទៅអ្នកបម្រើទៀតថា “ចូរទៅតាមផ្លូវស្រុកស្រែ តាមកៀនរបង ហើយបង្ខំមនុស្សម្នាឲ្យចូលមកពេញផ្ទះខ្ញុំ។ ២៤ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមអស់អ្នកដែលខ្ញុំបានអញ្ជើញកាលពីមុននោះ គ្មាននរណាម្នាក់បានបរិភោគក្នុងពិធីជប់លៀងរបស់ខ្ញុំឡើយ!”»។
អំពីរបៀបដែលត្រូវតាមព្រះយេស៊ូ
(ម៉ាថាយ ១០, ៣៧-៣៨)
២៥មានមហាជនជាច្រើនធ្វើដំណើរ ជាមួយព្រះយេស៊ូ។ ព្រះអង្គបែរព្រះភ័ក្ត្រទៅរកគេ ហើយមានព្រះបន្ទូលថា៖ ២៦«បើអ្នកណាចង់មកតាមខ្ញុំ តែមិនស្រឡាញ់ខ្ញុំខ្លាំងជាងឪពុកម្តាយ ប្រពន្ធកូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេ អ្នកនោះពុំអាចធ្វើជាសាវ័ករបស់ខ្ញុំបានឡើយ។ ២៧អ្នកណាមិនលីឈើឆ្កាងរបស់ខ្លួន មកតាមខ្ញុំទេ អ្នកនោះក៏ពុំអាចធ្វើជាសាវ័ករបស់ខ្ញុំបានដែរ។ ២៨ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើនរណាម្នាក់ចង់សង់ផ្ទះថ្មធំមួយ អ្នកនោះត្រូវអង្គុយគិតគូរមើលថ្លៃសង់ជាមុនសិនដើម្បីឲ្យដឹងថា តើខ្លួនមានប្រាក់ល្មមនឹងបង្ហើយសំណង់ ឬយ៉ាងណា ២៩ក្រែងលោចាក់គ្រឹះហើយ តែមិនអាចបង្ហើយបានមនុស្សម្នាឃើញមុខជាសើចចំអកឲ្យមិនខាន។ ៣០គេនឹងពោលថា “មើលបុរសនេះសង់ផ្ទះ តែមិនអាចបង្ហើយបានទេ!”។ ៣១ម៉្យាងទៀត ប្រសិនបើមានស្តេចមួយអង្គចេញទៅធ្វើសឹកសង្គ្រាមតទល់ នឹងស្តេចមួយអង្គទៀតទ្រង់ត្រូវគង់គិតគូរជាមុនសិនថា បើទ្រង់មានទ័ពមួយម៉ឺននាក់តើទ្រង់អាចតទល់នឹងបច្ចាមិត្តដែលមានគ្នាពីរម៉ឺននាក់បាន ឬយ៉ាងណា ៣២បើឃើញថាមិនអាចតទល់បានទេ នោះទ្រង់នឹងចាត់រាជទូតឲ្យទៅសុំចរចារកសន្តិភាព ក្នុងពេលដែលស្តេចមួយអង្គទៀតនៅឆ្ងាយនៅឡើយ។ ៣៣ដូច្នេះក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះបង់អ្វីៗទាំងអស់ដែលខ្លួនមានទេ អ្នកនោះមិនអាចធ្វើជាសាវ័ករបស់ខ្ញុំបានឡើយ»។
កុំឲ្យបាត់ជាតិប្រៃ
(ម៉ាថាយ ៥, ១៣ ម៉ាកុស ៩, ៥០)
៣៤«អំបិលជារបស់មួយសំខាន់ណាស់។ ប៉ុន្តែបើវាបាត់ជាតិប្រៃហើយ តើធ្វើម្តេចនឹងឲ្យវាប្រៃវិញបាន?។ ៣៥វាគ្មានសារប្រយោជន៍អ្វីទៀតទេទោះបីយកទៅលាយដី ឬលាយជីក៏មិនកើតដែរមានតែចាក់ចោលទៅខាងក្រៅប៉ុណ្ណោះ។ អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។
ជំពូក ១៥
ប្រស្នាអំពីចៀមដែលបាត់ហើយរកឃើញវិញ
(ម៉ាថាយ ១៨, ១២-១៤)
១មានអ្នកទារពន្ធ និងមនុស្សបាបទាំងអស់នាំគ្នាចូលមកជិតព្រះយេស៊ូ ស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ។ ២ពួកខាងគណៈផារីស៊ីនិងពួកធម្មាចារ្យរអ៊ូរទាំថា៖ «មើល៍! អ្នកនេះរាក់ទាក់នឹងមនុស្សបាបព្រមទាំងបរិភោគជាមួយគេផង!»។ ៣ព្រះយេស៊ូមានព្រះបន្ទូលទៅគេ ជាប្រស្នានេះថា៖ ៤«ក្នុងចំណោមអ្នករាល់គ្នា ឧបមាថាមានម្នាក់មានចៀមមួយរយក្បាលបើគាត់បាត់ចៀមមួយ គាត់មុខជាទុកចៀមកៅសិបប្រាំបួន ចោលនៅទីវាល ហើយទៅតាមរកចៀមដែលបាត់នោះ រហូតទាល់តែបានឃើញវិញ។ ៥កាលរកឃើញហើយ គាត់ត្រេកអរណាស់ គាត់ក៏លើកចៀមដាក់លើ ក ៦ត្រឡប់មកផ្ទះវិញ ហៅមិត្តភក្តិ និងអ្នកជិតខាងប្រាប់ថា “សូមជួយអរសប្បាយជាមួយខ្ញុំផង ដ្បិតចៀមរបស់ខ្ញុំដែលបាត់ទៅនោះ ឥឡូវនេះខ្ញុំរកឃើញវិញហើយ”។ ៧ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់នៅស្ថានបរមសុខ មានអំណរសប្បាយ ដោយមានមនុស្សបាបតែម្នាក់ កែប្រែចិត្តគំនិត ខ្លាំងជាង ព្រះអង្គសប្បាយនឹងមនុស្សសុចរិតកៅសិបប្រាំបួននាក់ ដែលមិនត្រូវការកែប្រែចិត្តគំនិត»។ ប្រស្នាអំពីប្រាក់ដួងដែលបាត់ហើយរកឃើញវិញ ៨«ម៉្យាងទៀត ឧបមាថា ស្ត្រីម្នាក់មានប្រាក់ដប់ដួង ហើយបាត់មួយដួងគាត់មុខជាអុជចង្កៀងបោសផ្ទះ រកប្រាក់នោះគ្រប់កៀនកោះរហូតទាល់តែបានឃើញវិញ។ ៩លុះរកឃើញហើយ គាត់ក៏ហៅមិត្តភក្តិ និងអ្នកជិតខាងប្រាប់ថា ”សូមជួយអរសប្បាយជាមួយខ្ញុំផង ដ្បិតប្រាក់ដួងដែលខ្ញុំបាត់នោះ ឥឡូវនេះខ្ញុំរកឃើញវិញហើយ”។ ១០ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទេវទូតរបស់ព្រះជាម្ចាស់នឹងមានអំណរសប្បាយជាខ្លាំង ដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្តគំនិត»។
ប្រស្នាអំពីកូនពៅដែលបាត់ហើយរកឃើញវិញ
១១ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «មានបុរសមួយរូបមានកូនប្រុសពីរនាក់។ ១២កូនពៅនិយាយទៅឪពុកថា “លោកឪពុក! សូមចែកកេរមត៌កឲ្យកូនមក”។ ឪពុកក៏ចែកមត៌កឲ្យកូន។ ១៣ប៉ុន្មានថ្ងៃក្រោយមក កូនពៅប្រមូលទ្រព្យសម្បត្តិ រួចចាកចេញទៅស្រុកឆ្ងាយ។ នៅស្រុកនោះកូនពៅបានខ្ជះខ្ជាយ បង្ហិនទ្រព្យសម្បត្តិរបស់ខ្លួនអស់ទៅ។ ១៤ពេលចាយវាយទ្រព្យសម្បត្តិអស់ហើយ ជួនជាកើតទុរ្ភិក្សយ៉ាងខ្លាំងនៅក្នុងស្រុក កូនពៅនោះចាប់ផ្តើមខ្វះខាត។ ១៥គាត់ក៏ទៅស៊ីឈ្នួលអ្នកស្រុកម្នាក់ គេប្រើគាត់ឲ្យមើលជ្រូកតាមស្រែចំការ។ ១៦គាត់ចង់ចម្អែតក្រពះនឹងចំណី ដែលគេដាក់ឲ្យជ្រូកស៊ីនោះណាស់តែគ្មានអ្នកណាឲ្យបរិភោគឡើយ។ ១៧ពេលនោះកូនពៅភ្ញាក់ខ្លួន ហើយរិះគិតក្នុងចិត្តថា “អ្នកបម្រើរបស់ឪពុកអញសុទ្ធតែមានម្ហូបអាហារបរិភោគហូរហៀរទាំងអស់គ្នា រីឯនៅទីនេះវិញអញសឹងតែដាច់ពោះស្លាប់។ ១៨អញត្រូវតែវិលត្រឡប់ទៅរកឪពុកអញវិញ ហើយជម្រាបគាត់ថាលោកឪពុកកូនបានប្រព្រឹត្តអំពើបាប ខុសនឹងព្រះហប្ញទ័យរបស់ព្រះជាម្ចាស់ កូនក៏បានប្រព្រឹត្តអំពើបាបខុសនឹងលោកឪពុកដែរ។ ១៩មិនគួរឲ្យលោកឪពុករាប់ខ្ញុំនេះជាកូនទៀតទេ សូមលោកឪពុកចាត់ទុកកូនជាអ្នកបម្រើចុះ”។ ២០លុះគិតដូច្នោះហើយ កូនពៅក៏វិលត្រឡប់ទៅរកឪពុកវិញ។ កាលឪពុកឃើញកូនពីចម្ងាយ គាត់មានចិត្តអាណិតអាសូរក្រៃលែង ក៏រត់ទៅទទួលកូន ហើយឱបថើបទៀតផង។ ២១កូនពៅជម្រាបឪពុកថា៖ “លោកឪពុក កូនបានប្រព្រឹត្តអំពើបាបខុសនឹងព្រះហប្ញទ័យរបស់ព្រះជាម្ចាស់ កូនក៏បានប្រព្រឹត្តអំពើបាបខុសនឹងលោកឪពុកដែរ មិនគួរឲ្យលោកឪពុករាប់ខ្ញុំនេះ ជាកូនទៀតទេ”។ ២២ឪពុកប្រាប់ពួកអ្នកបម្រើថា “ចូរទៅយកសម្លៀកបំពាក់ល្អៗបំផុត មកពាក់ឲ្យកូនខ្ញុំជាប្រញាប់ហើយយកចិញ្ចៀន និងស្បែកជើងមកពាក់ឲ្យផង។ ២៣ចូរយកកូនគោដែលយើងបានបំប៉នទុក មកកាប់ជប់លៀងឲ្យសប្បាយចុះ ២៤ដ្បិតកូនខ្ញុំនេះបានស្លាប់ទៅហើយ តែឥឡូវរស់ឡើងវិញ វាវង្វេងបាត់តែឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។ គេនាំគ្នាជប់លៀងយ៉ាងសប្បាយ។
២៥ ពេលនោះ កូនច្បងនៅឯចំការ។ កាលគាត់ត្រឡប់មកជិតដល់ផ្ទះវិញ ឮស្នូរតូរ្យតន្ត្រី និងចម្រៀងរបាំ ២៦គាត់ហៅអ្នកបម្រើម្នាក់មកសួរថាមានការអ្វីកើតឡើង។ ២៧អ្នកបម្រើឆ្លើយថា “ប្អូនលោកត្រឡប់មកវិញហើយ។ ឪពុករបស់លោកឲ្យគេកាប់កូនគោដែលយើងបំប៉ននោះ ព្រោះកូនពៅរបស់លោកបានត្រឡប់មកវិញ ដោយសុខសាន្ត”។ ២៨កូនច្បងខឹងណាស់ មិនព្រមចូលផ្ទះទេឪពុកចេញមកអង្វរឲ្យចូល។ ២៩កូនច្បងនិយាយទៅឪពុកថា “ខ្ញុំបាននៅបម្រើលោកជាច្រើនឆ្នាំមកហើយ ខ្ញុំមិនដែលធ្វើខុសនឹងបង្គាប់របស់លោកត្រង់ណាឡើយ តែលោកមិនដែលឲ្យកូនពពែ ដើម្បីឲ្យខ្ញុំកាប់ជប់លៀងជាមួយមិត្តភក្តិទាល់តែសោះ សូម្បីតែមួយក៏មិនដែលផង។ ៣០ពេលកូនលោកត្រឡប់មកវិញ លោកបានកាប់កូនគោបំប៉នទទួលវា មើល៍វានេះ បានបំផ្លាញទ្រព្យសម្បត្តិលោកទាំងអស់ ជាមួយស្រីញី”។ ៣១ឪពុកនិយាយទៅកូនថា”កូនអើយ ឯងនៅជាមួយឪពុកជានិច្ចរហូតណាកូន អ្វីៗទាំងអស់ដែលជារបស់ឪពុក ក៏ជារបស់កូនដែរ។៣២យើងត្រូវតែសប្បាយរីករាយ ដ្បិតប្អូនរបស់ឯងដែលបានស្លាប់ទៅនោះ ឥឡូវនេះរស់ឡើងវិញហើយ។វាបានវង្វេងបាត់តែឥឡូវនេះយើងរកឃើញវិញហើយ”»។
ជំពូក ១៦
ប្រស្នាអំពីអ្នកបម្រើប៉ិនបោកបញ្ឆោត
១ព្រះយេស៊ូមានព្រះបន្ទូល ទៅកាន់សាវ័កថា៖ «មានសេដ្ឋីមួយរូបបានប្រគល់មុខងារឲ្យអ្នកបម្រើម្នាក់ មើលខុសត្រូវលើទ្រព្យសម្បត្តិរបស់លោក។មានគេមកជម្រាបលោកថា អ្នកនោះបានចាយវាយទ្រព្យសម្បត្តិលោកយ៉ាងខ្ជះខ្ជាយ។ ២សេដ្ឋីក៏ហៅអ្នកមើលខុសត្រូវមកប្រាប់ថា “ចូរគិតបញ្ជីយកមកឲ្យខ្ញុំ អ្នកមិនអាចមើលខុសត្រូវលើទ្រព្យសម្បត្តិខ្ញុំតទៅទៀតបានឡើយ ព្រោះសេចក្តីដែលខ្ញុំបានឮគេនិយាយអំពីអ្នក មិនល្អសោះ”។ ៣អ្នកបម្រើនោះរិះគិតក្នុងចិត្តថា ”ចៅហ្វាយលែងឲ្យអញទទួលខុសត្រូវ លើទ្រព្យសម្បត្តិលោកទៀតហើយ។តើអញគិតទៅធ្វើការអ្វីវិញហ្ន៎? អញគ្មានកម្លាំងនឹងកាប់គាស់ដីទេ បើដើរសុំទានខ្មាសគេ។ ៤អូ៎!នឹកឃើញហើយ គួរធ្វើយ៉ាងនេះ ដើម្បីអ្នកស្រុកទទួលអញឲ្យស្នាក់នៅផ្ទះគេ នៅពេលអញឈប់កាន់កាប់ការងារនេះ”។ ៥គាត់ក៏ហៅកូនបំណុលរបស់ចៅហ្វាយឲ្យចូលមក ម្នាក់ម្តងៗ គាត់សួរអ្នកទីមួយថា “តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន?”។ ៦កូនបំណុលនោះឆ្លើយថា ”ប្រេងមួយរយប៉ោត”។ អ្នកបម្រើប្រាប់ថា ”នេះនែ៎! យកបញ្ជីរបស់អ្នក ហើយអង្គុយចុះ សរសេរយ៉ាងប្រញាប់ ដាក់ថាជំពាក់ហាសិបប៉ោត”។ ៧បន្ទាប់មក គាត់សួរម្នាក់ទៀតថា “តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មានដែរ?”។កូនបំណុលនោះឆ្លើយថា ”ស្រូវប្រាំរយថាំង”។ អ្នកបម្រើប្រាប់ថា “នែ៎! យកបញ្ជីរបស់អ្នក ហើយសរសេរដាក់ថា ជំពាក់បួនរយថាំង”។ ៨ម្ចាស់ក៏សរសើរអ្នកបម្រើ ដែលប៉ិនប្រសប់បោកបញ្ឆោត។ មនុស្សក្នុងលោកនេះ តែងតែប៉ិនប្រសប់រកស៊ីជាមួយគ្នា ជាងអស់អ្នកដែលស្គាល់ពន្លឺរបស់ព្រះជាម្ចាស់ទៅទៀត»។
សម្បត្តិលោកីយ៍ និង សម្បត្តិសួគ៌
៩«ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរយកទ្រព្យសម្បត្តិលោកីយ៍ដែលបញ្ឆោតចិត្តនេះ ទៅធ្វើទានដើម្បីឲ្យមានមិត្តភក្តិច្រើន។ ពេលណាទ្រព្យនេះរលាយសូន្យទៅ មិត្តភក្តិទាំងនោះនឹងទទួលអ្នករាល់គ្នានៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ១០អ្នកណាស្មោះត្រង់ក្នុងកិច្ចការដ៏តូច អ្នកនោះក៏ស្មោះត្រង់ក្នុងកិច្ចការធំដុំដែរ។ អ្នកណាបោកបញ្ឆោតក្នុងកិច្ចការដ៏តូច អ្នកនោះក៏តែងបោកបញ្ឆោតក្នុងកិច្ចការធំដុំដែរ។ ១១ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់ ក្នុងរបៀបប្រើប្រាស់ទ្រព្យសម្បត្តិលោកីយ៍ដែលបញ្ឆោតចិត្តនេះទេព្រះជាម្ចាស់ក៏ពុំអាចប្រគល់ទ្រព្យសម្បត្តិដ៏ពិតប្រាកដ មកអ្នករាល់គ្នាបានដែរ។ ១២ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់ នឹងទ្រព្យសម្បត្តិអ្នកដទៃផង ធ្វើម្តេចឲ្យព្រះជាម្ចាស់ប្រទានទ្រព្យសម្បត្តិដែលព្រះអង្គបម្រុងទុកសម្រាប់អ្នករាល់គ្នា មកអ្នករាល់គ្នាបាន! ១៣គ្មានអ្នកណាអាចបម្រើម្ចាស់ពីរនាក់បានទេ ព្រោះអ្នកនោះនឹងស្អប់ម្នាក់ ស្រឡាញ់ម្នាក់ស្មោះត្រង់នឹងម្នាក់ មើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចគោរពបម្រើព្រះជាម្ចាស់ផង គោរពបម្រើទ្រព្យសម្បត្តិលោកីយ៍ផងបានឡើយ»។
វិន័យ និង ព្រះរាជ្យរបស់ព្រះជាម្ចាស់
(ម៉ាថាយ ១១,១២-១៣, ៥,៣១-៣២ ម៉ាកុស ១០,១១-១២)
១៤កាលពួកខាងគណៈផារីស៊ីឮដូច្នោះ គេក៏ចំអកឲ្យព្រះយេស៊ូ ដ្បិតពួកគេស្រឡាញ់ប្រាក់ណាស់។ ១៥ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាតែងតែសម្តែងប្ញកពា ឲ្យមនុស្សលោកឃើញថា អ្នករាល់គ្នាជាជនសុចរិត ប៉ុន្តែព្រះជាម្ចាស់ឈ្វេងយល់ចិត្តអ្នករាល់គ្នា។អ្វីៗដែលមនុស្សលោកយល់ឃើញថា ល្អប្រសើរ ព្រះជាម្ចាស់ចាត់ទុកថាជាការគួរឲ្យស្អប់ខ្ពើម។ ១៦គម្ពីរវិន័យនិងគម្ពីរព្យាការី បានប្រៀនប្រដៅមនុស្សតាំងពីដើមរៀងមក រហូតដល់លោកយ៉ូហានបាទីស្តមកដល់។ ប៉ុន្តែតាំងពីពេលនោះមក មនុស្សម្នាបានឮដំណឹងល្អ* អំពីព្រះរាជ្យព្រះជាម្ចាស់ ហើយគ្រប់គ្នាខំប្រឹងចូល។១៧ផ្ទៃមេឃផែនដីនឹងរលាយសូន្យទៅ តែវិន័យមិនរលាយឡើយ សូម្បីតែតួអក្សរមួយដ៏តូចក៏មិនរលាយបាត់ផង។ ១៨បុរសណាលែងភរិយា ហើយទៅរៀបការនឹងស្ត្រីម្នាក់ទៀត បុរសនោះបានប្រព្រឹត្តអំពើផិតក្បត់។ រីឯបុរសណារៀបការនឹងស្ត្រីប្តីលែង បុរសនោះក៏បានប្រព្រឹត្តអំពើផិតក្បត់ដែរ»។
បុរសអ្នកមាន និង ឡាសារជាអ្នកក្រ
១៩ «មានបុរសម្នាក់ជាអ្នកមាន គាត់ប្រើសុទ្ធតែសម្លៀកបំពាក់ល្អៗ ធ្វើពីក្រណាត់សំពត់ថ្លៃៗ។ គាត់រស់នៅដោយសប្បាយ មានម្ហូបអាហារឆ្ងាញ់ៗបរិបូណ៌រាល់ថ្ងៃ។ ២០មានបុរសម្នាក់ទៀត ជាអ្នកក្រ ឈ្មោះឡាសារ គាត់កើតដំបៅពេញខ្លួន ហើយតែងដេកនៅមាត់ទ្វាររបងផ្ទះអ្នកមាននោះ។ ២១អ្នកឡាសារចង់បរិភោគកំទេចម្ហូបអាហារ ដែលជ្រុះពីតុអ្នកមាននោះណាស់ ហើយក៏មានឆ្កែមកលិទ្ធដំបៅគាត់ទៀតផង។ ២២ថ្ងៃមួយអ្នកក្រនោះស្លាប់ទៅ ពួកទេវទូត នាំគាត់យកទៅដាក់ក្បែរលោកអប្រាហាំនៅស្ថានបរមសុខ។ រីឯអ្នកមានក៏ស្លាប់ដែរ គេយកសពគាត់ទៅបញ្ចុះក្នុងផ្នូរ។ ២៣នៅស្ថានមនុស្សស្លាប់ អ្នកមាននោះរងទុក្ខទារុណកម្មយ៉ាងខ្លាំង គាត់ងើបមុខទៅលើ ឃើញលោកអប្រាហាំពីចម្ងាយ ហើយឃើញអ្នកឡាសារនៅក្បែរលោកដែរ។ ២៤គាត់ស្រែកអង្វរលោកអប្រាហាំថា ”លោកឪពុកអើយ! សូមអាណិតមេត្តាខ្ញុំផង។សូមលោកឪពុកប្រាប់ឡាសារឲ្យយកម្រាមដៃ ជ្រលក់ទឹកបន្តក់លើអណ្តាតខ្ញុំបន្តិចព្រោះនៅក្នុងភ្លើងនេះ ខ្ញុំឈឺចុកចាប់ណាស់”។ ២៥លោកអប្រាហាំមានប្រសាសន៍ថា “កូនអើយ! ចូរនឹកចាំថា កាលកូនមានជីវិតនៅឡើយ កូនស្គាល់តែសប្បាយ រីឯឡាសារវិញ គ្នាស្គាល់តែទុក្ខ។ ឥឡូវនេះ ឡាសារបានសុខក្សេមក្សាន្តហើយ តែកូនវិញកូនត្រូវឈឺចុកចាប់។ ២៦ម៉្យាងទៀត មានលំហមួយយ៉ាងធំខណ្ឌយើងពីអ្នករាល់គ្នាទោះបីអ្នកណាចង់ឆ្លងពីស្ថាននេះទៅរកអ្នករាល់គ្នា ក៏ឆ្លងមិនបានឡើយ ទោះបីមានអ្នកណាចង់ឆ្លងពីអ្នករាល់គ្នាមករកយើង ក៏ឆ្លងមិនបានដែរ”។ ២៧អ្នកមាននោះអង្វរថា “លោកឪពុកអើយ! សូមលោកឪពុកមេត្តាចាត់ឡាសារ ឲ្យទៅផ្ទះឪពុកខ្ញុំផង ២៨ខ្ញុំមានបងប្អូនប្រាំនាក់។ សូមឲ្យឡាសារទៅប្រាប់គេឲ្យដឹងខ្លួន កុំឲ្យគេមកកន្លែងរងទុក្ខទារុណកម្មនេះ”។ ២៩លោកអប្រាហាំឆ្លើយថា”បងប្អូនរបស់កូន បានឮពាក្យប្រៀនប្រដៅរបស់លោកម៉ូសេ និងពាក្យប្រៀនប្រដៅរបស់ពួកព្យាការីហើយ ឲ្យគេធ្វើតាមពាក្យលោកទាំងនោះចុះ”។ ៣០អ្នកមានតបទៅលោកអប្រាហាំថា”ទេ! លោកឪពុកទាល់តែមានអ្នកណាម្នាក់ ពីចំណោមមនុស្សស្លាប់ទៅប្រាប់គេ ទើបគេកែប្រែចិត្តគំនិត”។ ៣១ប៉ុន្តែលោកអប្រាហាំឆ្លើយតបវិញថា “ប្រសិន បើគេមិនធ្វើតាមពាក្យប្រៀនប្រដៅរបស់លោកម៉ូសេ និងពាក្យប្រៀនប្រដៅរបស់ព្យាការីទេ ទោះបីមានមនុស្សស្លាប់បានរស់ឡើងវិញ ទៅប្រាប់គេក៏ដោយក៏គេមិនព្រមជឿដែរ”»។
ជំពូក ១៧
កុំនាំគេប្រព្រឹត្តអំពើបាប
(ម៉ាថាយ ១៨, ៦-៧,២១-២២ ម៉ាកុស ៩, ៤២)
១ព្រះយេស៊ូមានព្រះបន្ទូល ទៅកាន់ពួកសាវ័កថា៖ «មានមូលហេតុជាច្រើន ដែលតែងតែបណ្តាលឲ្យមនុស្សប្រព្រឹត្តអំពើបាប។ ប៉ុន្តែអ្នកណានាំគេឲ្យប្រព្រឹត្តអំពើបាប អ្នកនោះត្រូវវេទនាហើយ។ ២ចំពោះអ្នកនោះប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំ មកចងកទម្លាក់ទៅក្នុងសមុទ្រប្រសើរជាង ទុកឲ្យគាត់នៅរស់ ហើយនាំមនុស្សតូចតាចណាម្នាក់ប្រព្រឹត្តអំពើបាប។ ៣ដូច្នេះអ្នករាល់គ្នាត្រូវប្រយ័ត្នខ្លួន! ប្រសិនបើបងប្អូនណាធ្វើអ្វីខុសចំពោះអ្នក ចូរស្តីប្រដៅគាត់ផង តែបើគាត់កែប្រែចិត្តគំនិតចូរអត់ទោសឲ្យគាត់ទៅ។ ៤ប្រសិនបើគាត់ធ្វើអ្វីខុសចំពោះអ្នក ប្រាំពីរដងក្នុងមួយថ្ងៃ ហើយបើគាត់ត្រឡប់ មករកអ្នកទាំងប្រាំពីរដង ដោយពោលថា “ខ្ញុំស្តាយដោយបានធ្វើខុស” ចូរអត់ទោសឲ្យគាត់ទៅ»។ អំពីជំនឿ ៥ពួកគ្រីស្តទូតទូលព្រះអម្ចាស់ថា៖ «សូមព្រះអង្គប្រទានជំនឿមកយើងខ្ញុំថែមទៀត»។ ៦ព្រះអម្ចាស់មានព្រះបន្ទូលឆ្លើយថា៖ «ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត ហើយបើអ្នករាល់គ្នានិយាយ ទៅកាន់ដើមឈើនេះថា “ចូររំលើងប្ញសឯង ទៅដុះក្នុងសមុទ្រទៅ!” វាមុខជាស្តាប់បង្គាប់អ្នករាល់គ្នាមិនខាន»។
ភារកិច្ចរបស់អ្នកបម្រើ
៧«ក្នុងចំណោមអ្នករាល់គ្នា ឧបមាថានរណាម្នាក់មានអ្នកបម្រើ ទៅភ្ជួរស្រែ ឬឃ្វាលហ្វូងសត្វ។ពេលអ្នកបម្រើនោះ វិលត្រឡប់មកពីស្រែវិញ ម្ចាស់មិនដែលនិយាយថា “សូមអញ្ជើញមកពិសាបាយ”ទេ។ ៨ផ្ទុយទៅវិញម្ចាស់តែងតែនិយាយទៅកាន់អ្នកបម្រើថា “ចូររៀបចំបាយទឹកឲ្យខ្ញុំរួចទៅផ្លាស់ខោអាវមកបម្រើខ្ញុំ ពេលខ្ញុំបរិភោគចាំខ្ញុំបរិភោគរួច សឹមអ្នកបរិភោគតាមក្រោយ”។ ៩ម្ចាស់មិនដែលអរគុណអ្នកបម្រើ ដែលបានធ្វើតាមបង្គាប់ខ្លួននោះឡើយ។ ១០រីឯអ្នករាល់គ្នាវិញក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាបានបំពេញ តាមព្រះបញ្ជារបស់ព្រះជាម្ចាស់សព្វគ្រប់ហើយចូរពោលថា “យើងខ្ញុំគ្រាន់តែជាអ្នកបម្រើធម្មតាប៉ុណ្ណោះ គឺយើងខ្ញុំបានបំពេញកិច្ចការដែលយើងខ្ញុំត្រូវធ្វើ”»។
ព្រះយេស៊ូប្រោសមនុស្សឃ្លង់ដប់នាក់ឲ្យបានជា
១១កាលព្រះយេស៊ូកំពុងយាង ឆ្ពោះទៅក្រុងយេរូសាឡឹម ព្រះអង្គយាងកាត់តាមស្រុកសាម៉ារីនិងស្រុកកាលីឡេ។ ១២ពេលព្រះអង្គយាងចូលក្នុងភូមិមួយមានមនុស្សឃ្លង់ដប់នាក់មករកព្រះអង្គ។ គេឈរពីចម្ងាយ ១៣ស្រែកឡើងថា៖ «លោកគ្រូយេស៊ូអើយ! សូមអាណិតមេត្តាយើងខ្ញុំផង»។ ១៤ព្រះយេស៊ូទតមើលគេ ហើយមានព្រះបន្ទូលថា៖«ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួន ឲ្យពួកបូជាចារ្យឃើញចុះ»។ ពេលអ្នកទាំងនោះចេញដំណើរទៅ គេក៏បានជាស្អាតបរិសុទ្ធទាំងអស់គ្នា។ ១៥ពេលឃើញខ្លួនបានជាសះស្បើយដូច្នេះ មានម្នាក់ក្នុងចំណោមអ្នកទាំងនោះត្រឡប់មកវិញ ទាំងលើកតម្កើងសិរីរុងរឿង របស់ព្រះជាម្ចាស់ ដោយបន្លឺសំឡេងខ្លាំងៗផង។ ១៦គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ឳនក្បាលដល់ដី ហើយអរព្រះគុណព្រះអង្គ អ្នកនោះជាអ្នកស្រុកសាម៉ារី។ ១៧ព្រះយេស៊ូមានព្រះបន្ទូលថា៖ «តើទាំងដប់នាក់មិនបានជាស្អាតបរិសុទ្ធគ្រប់ៗគ្នាទេ ឬចុះប្រាំបួននាក់ទៀតនៅឯណា? ១៨មានតែជនបរទេសម្នាក់វិលត្រឡប់មកវិញ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់!»។ ១៩ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ទៀតថា៖«ចូរក្រោកឡើងអញ្ជើញទៅចុះ ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ»។
ទីសម្គាល់អំពីព្រះរាជ្យព្រះជាម្ចាស់
(ម៉ាថាយ ២៤, ២៣-២៨, ៣៧-៤១)
២០ពួកខាងគណៈផារីស៊ី ទូលសួរព្រះយេស៊ូថាព្រះជាម្ចាស់នឹងយាងមកគ្រងរាជ្យ នៅពេលណា។ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ព្រះរាជ្យព្រះជាម្ចាស់មិនមែនមក តាមបែបដែលមនុស្សអាចមើលឃើញ នឹងភ្នែកបានឡើយ។ ២១គេពុំអាចពោលថា ”ព្រះរាជ្យព្រះជាម្ចាស់នៅទីនេះ ឬព្រះរាជ្យព្រះជាម្ចាស់នៅទីនោះ”បានទេ។ចូរដឹងថាព្រះរាជ្យព្រះជាម្ចាស់ស្ថិតនៅ កណ្តាលចំណោមអ្នករាល់គ្នាហើយ»។ ២២បន្ទាប់មកព្រះអង្គមានព្រះបន្ទូលទៅកាន់សាវ័កថា៖ «ពេលក្រោយអ្នករាល់គ្នាចង់ឃើញថ្ងៃដែលបុត្រមនុស្សយាងមកសូម្បីតែមួយថ្ងៃក៏បានដែរ តែអ្នករាល់គ្នាពុំឃើញឡើយ។ ២៣ពេលមានគេប្រាប់អ្នករាល់គ្នាថា ”ព្រះអង្គនៅទីនេះ ឬនៅទីនោះ”កុំរត់ទៅឲ្យសោះ។ ២៤បុត្រមនុស្សនឹងយាងមកប្រៀបបីដូចជាផ្លេកបន្ទោរភ្លឺឆ្វាច ឆូតកាត់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាង។ ២៥ប៉ុន្តែបុត្រមនុស្សត្រូវតែរងទុក្ខវេទនាយ៉ាងខ្លាំងជាមុនសិន ហើយមនុស្សសម័យឥឡូវនេះ នឹងបោះបង់លោកចោល។ ២៦នៅគ្រាដែលបុត្រមនុស្សយាងមក ក៏ដូចនៅជំនាន់លោកណូអេដែរ។ ២៧កាលណោះមនុស្សម្នាគិតតែស៊ីផឹករៀបការប្តីប្រពន្ធ រហូតដល់ថ្ងៃលោកណូអេចូលក្នុងទូកធំ ហើយទឹកជំនន់ឡើងលិចបំផ្លាញមនុស្សអស់ឋ។ ២៨នៅគ្រាបុត្រមនុស្សយាងមកក៏ដូចកាលនៅជំនាន់លោកឡុតឌដែរកាលណោះមនុស្សម្នាស៊ីផឹក លក់ដូរ ដាំដំណាំ និងសង់ផ្ទះ។ ២៩ប៉ុន្តែ នៅថ្ងៃដែលលោកឡុតចាកចេញពីក្រុងសូដុមមានភ្លើងនិងស្ពាន់ធ័របង្អុរពីលើមេឃមកដូចភ្លៀងបំផ្លាញអ្នកក្រុងទាំងអស់គ្នាទៅ។ ៣០នៅថ្ងៃដែលបុត្រមនុស្សបង្ហាញខ្លួន ក៏នឹងមានហេតុការណ៍ដូច្នោះដែរ។ ៣១នៅថ្ងៃនោះអ្នកនៅលើដំបូលផ្ទះ ហើយមានរបស់របរទុកនៅក្នុងផ្ទះកុំចុះទៅយកឡើយ។ រីឯអ្នកនៅចំការក៏ដូច្នោះដែរ កុំវិលត្រឡប់ទៅផ្ទះវិញឲ្យសោះ។ ៣២ចូរនឹកចាំអំពីរឿង ដែលកើតមានដល់ភរិយាលោកឡុត។ ៣៣អ្នកដែលខំរក្សាជីវិតរបស់ខ្លួន នឹងបាត់បង់ជីវិត រីឯអ្នកដែលបាត់បង់ជីវិត នឹងបានរួចជីវិតវិញ។ ៣៤ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះ បើមានពីរនាក់ដេកលើគ្រែជាមួយគ្នាព្រះជាម្ចាស់ យកម្នាក់ទៅទុកម្នាក់ទៀតឲ្យនៅ។ ៣៥បើស្ត្រីពីរនាក់កិនស្រូវជាមួយគ្នា ព្រះជាម្ចាស់យកម្នាក់ទៅទុកម្នាក់ទៀតឲ្យនៅ។ {៣៦បើមានបុរសពីរនាក់នៅក្នុងចំការព្រះជាម្ចាស់យកម្នាក់ទៅទុកម្នាក់ទៀតឲ្យនៅ}»។ ៣៧ពួកសាវ័កទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើហេតុការណ៍ទាំងនេះនឹងកើតមាននៅទីណា?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «សាកសពនៅទីណាត្មាតក៏នឹងមកជុំគ្នានៅទីនោះដែរ»។
ជំពូក ១៨
ប្រស្នាអំពីចៅក្រម និង ស្ត្រីមេម៉ាយ
១បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នា ពន្យល់សាវ័កឲ្យដឹងថា ត្រូវតែអធិស្ឋានជានិច្ចមិនត្រូវរសាយចិត្តឡើយ៖ ២«នៅក្នុងក្រុងមួយ មានចៅក្រមម្នាក់ជាមនុស្សមិនកោតខ្លាចព្រះជាម្ចាស់ ហើយមិនកោតក្រែងនរណាឡើយ។ ៣មានស្ត្រីមេម៉ាយម្នាក់នៅក្នុងក្រុងនោះដែរ គាត់តែងមកអង្វរចៅក្រមថា “សូមលោករកយុត្តិធម៌ឲ្យនាងខ្ញុំផង”។ ៤ប៉ុន្តែចៅក្រមមិនព្រមកាត់ក្តីឲ្យភ្លាមៗទេ លោកចេះតែពន្យារពេលយ៉ាងយូរ។ ក្រោយមកលោកនឹកក្នុងចិត្តថា “ទោះបីអញមិនកោតខ្លាចព្រះជាម្ចាស់ មិនកោតក្រែងនរណាក៏ដោយ ៥ក៏អញត្រូវតែកាត់ក្តីឲ្យស្ត្រីមេម៉ាយនេះដែរព្រោះគាត់ចេះតែ មករំអុកអញគ្រប់ពេលវេលា។ បើអញមិនកាត់ក្តីឲ្យគាត់ទេ មុខជាគាត់មករំខានអញមិនចេះចប់មិនចេះហើយ”»។ ៦ព្រះអម្ចាស់មានព្រះបន្ទូល បន្ថែមទៀតថា៖ «ចូរពិចារណា ពាក្យរបស់ចៅក្រមដ៏អាក្រក់នេះចុះ។៧ចំណង់បើព្រះជាម្ចាស់វិញ ព្រះអង្គរឹតតែរកយុត្តិធម៌ឲ្យអស់អ្នក ដែលព្រះអង្គបានជ្រើសរើស ហើយដែលអង្វរព្រះអង្គទាំងយប់ទាំងថ្ងៃ ព្រះអង្គគ្រាន់តែបង្អង់ប៉ុណ្ណោះឍ។ ៨ខ្ញុំសុំប្រាប់អ្នករាល់គ្នាថាព្រះអង្គនឹងរកយុត្តិធម៌ឲ្យគេក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែពេលបុត្រមនុស្សមកដល់ តើលោកឃើញមនុស្សមានជំនឿ នៅលើផែនដីនេះឬទេ?»។
បុរសម្នាក់ខាងគណៈផារីស៊ី និង អ្នកទារពន្ធ
៩ព្រះអង្គមានព្រះបន្ទូល ជាប្រស្នាមួយទៀត ទៅកាន់អ្នកខ្លះដែលនឹកស្មានថា ខ្លួនជាមនុស្សសុចរិត ហើយបែរជាមើលងាយអ្នកដទៃ។ ១០ព្រះអង្គមានព្រះបន្ទូលថា៖ «មានបុរសពីរនាក់ឡើងទៅអធិស្ឋានក្នុងព្រះវិហារ។ ម្នាក់ខាងគណៈផារីស៊ី ម្នាក់ទៀតជាអ្នកទារពន្ធ។ ១១បុរសខាងគណៈផារីស៊ីឈរអធិស្ឋានក្នុងចិត្តថា “បពិត្រ ព្រះជាម្ចាស់ទូលបង្គំសូមអរព្រះគុណព្រះអង្គ ព្រោះទូលបង្គំមិនដូចជនឯទៀតៗទេ អ្នកទាំងនោះសុទ្ធតែជាចោរជាមនុស្សទុច្ចរិតជាមនុស្សប្រព្រឹត្តអំពើផិតក្បត់ ហើយទូលបង្គំក៏មិនដូចអ្នកទារពន្ធនេះដែរ ១២ទូលបង្គំតមអាហារពីរដងក្នុងមួយអាទិត្យហើយទូលបង្គំថ្វាយរបស់អ្វីៗទាំងអស់ដែលទូលបង្គំរកបាន មួយភាគដប់ដល់ព្រះអង្គ”។ ១៣រីឯអ្នកទារពន្ធ គាត់ឈរនៅពីចម្ងាយមិនទាំងហ៊ានងើបមុខផង។ គាត់គក់ទ្រូងទូលថា “ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំជាមនុស្សបាបផង”។ ១៤ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ប្រោសអ្នកទារពន្ធនេះឲ្យបានសុចរិត ហើយគាត់ត្រឡប់ទៅផ្ទះវិញ រីឯបុរសខាងគណៈផារីស៊ីមិនបានសុចរិតទេ។ អ្នកណាលើកតម្កើងខ្លួនអ្នកនោះនឹងត្រូវគេបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើកតម្កើងវិញ»។
ព្រះយេស៊ូប្រទានពរឲ្យក្មេងៗ
(ម៉ាថាយ ១៩, ១៣-១៥ ម៉ាកុស ១០, ១៣-១៦)
១៥មានមនុស្សម្នាបីទារក មកឲ្យព្រះយេស៊ូដាក់ព្រះហស្តលើវា។ ឃើញដូច្នោះពួកសាវ័កស្តីបន្ទោសគេ១៦តែព្រះយេស៊ូសុំឲ្យគេយកទារកទាំងនោះមកជិតព្រះអង្គ រួចទ្រង់មានព្រះបន្ទូលថា៖ «ទុកឲ្យក្មេងៗមករកខ្ញុំចុះកុំឃាត់ពួកវាឡើយដ្បិតមានតែអ្នកមានចិត្តដូចក្មេងទាំងនេះទេ ទើបចូលទៅក្នុងព្រះរាជ្យព្រះជាម្ចាស់បាន។ ១៧ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនព្រមទទួលព្រះរាជ្យព្រះជាម្ចាស់ដូចក្មេងតូចមួយទេ អ្នកនោះចូលក្នុងព្រះរាជ្យព្រះអង្គមិនបានឡើយ»។
អ្នកមានម្នាក់ចង់បានជីវិតអស់កល្បជានិច្ច
(ម៉ាថាយ ១៩, ១៦-៣០ ម៉ាកុស ១០, ១៧-៣១)
១៨មាននាម៉ឺនម្នាក់ទូលសួរ ព្រះយេស៊ូថា៖ «លោកគ្រូដ៏សប្បុរសអើយ! តើខ្ញុំត្រូវធ្វើអ្វីដើម្បីឲ្យបានទទួលជីវិតអស់កល្បជានិច្ច ទុកជាមត៌ក?»។ ១៩ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាលោកថាខ្ញុំសប្បុរសដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ គ្មាននរណាម្នាក់សប្បុរសឡើយ។ ២០លោកស្គាល់វិន័យស្រាប់ហើយថា “កុំប្រព្រឹត្តអំពើផិតក្បត់ កុំសម្លាប់មនុស្ស កុំលួចទ្រព្យសម្បត្តិគេកុំនិយាយកុហកធ្វើឲ្យគេមានទោស ចូរគោរពមាតាបិតា”ណ។ ២១បុរសនោះទូលព្រះយេស៊ូថា “ខ្ញុំបានប្រតិបត្តិតាមវិន័យទាំងនេះតាំងតែពីក្មេងមក”។ ២២ព្រះយេស៊ូឮដូច្នេះទ្រង់មានព្រះបន្ទូលថា៖ «នៅសល់កិច្ចការមួយទៀតដែលលោកមិនទាន់ធ្វើគឺត្រូវយកអ្វីៗទាំងអស់ដែលលោកមានទៅលក់ ហើយចែកឲ្យជនក្រីក្រ។ ធ្វើដូច្នេះលោកនឹងបានសម្បត្តិសួគ៌ រួចសឹមអញ្ជើញមកតាមខ្ញុំចុះ»។ ២៣ពេលនាម៉ឺននោះឮដូច្នេះ គាត់ព្រួយចិត្តយ៉ាងខ្លាំង ដ្បិតគាត់ជាអ្នកមានស្តុកស្តម្ភ។ ២៤កាលព្រះយេស៊ូឃើញគាត់ព្រួយចិត្តព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកមានពិបាកនឹងចូលទៅក្នុងព្រះរាជ្យ ព្រះជាម្ចាស់ណាស់២៥សត្វអូដ្ឋចូលតាមប្រហោងម្ជុលងាយជាងអ្នកមានចូលក្នុងព្រះរាជ្យព្រះជាម្ចាស់ទៅទៀត»។ ២៦អស់អ្នកដែលឮព្រះបន្ទូលរបស់ព្រះអង្គ ពោលឡើងថា៖ «បើដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?»។ ២៧ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «ការអ្វីដែលមនុស្សធ្វើពុំកើតព្រះជាម្ចាស់ធ្វើកើតទាំងអស់»។ ២៨លោកសិលាទូលព្រះអង្គថា៖ «ព្រះអង្គទតឃើញស្រាប់ហើយ អ្វីៗដែលយើងខ្ញុំមាន យើងខ្ញុំបានលះបង់ចោលទាំងអស់ហើយមកតាមព្រះអង្គ»។ ២៩ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាលះបង់ផ្ទះសម្បែង ប្រពន្ធកូន ឪពុកម្តាយនិងបងប្អូន ដោយយល់ដល់ព្រះរាជ្យព្រះជាម្ចាស់ ៣០អ្នកនោះនឹងទទួលបានយ៉ាងច្រើនលើសលប់ នៅពេលឥឡូវនេះព្រមទាំងមានជីវិតអស់កល្បជានិច្ច នៅពេលខាងមុខថែមទៀតផង»។
ព្រះយេស៊ូប្រកាសអំពីព្រះអង្គសោយទិវង្គត
(ម៉ាថាយ២០,១៧-១៩ ម៉ាកុស១០, ៣២-៣៤)
៣១ព្រះយេស៊ូនាំសាវ័កទាំងដប់ពីររូប ចេញទៅជាមួយព្រះអង្គ។ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹមអ្វីៗទាំងអស់ដែលព្យាការីបានចែងទុក អំពីបុត្រមនុស្ស នឹងកើតមាននៅទីនោះ ៣២គេនឹងបញ្ជូនលោកទៅក្នុងកណ្តាប់ដៃរបស់សាសន៍ដទៃ ពួកនោះនឹងចំអក ត្មះតិះដៀលលោក ព្រមទាំងស្តោះទឹកមាត់ដាក់លោកផង។ ៣៣គេនឹងយករំពាត់វាយលោក រួចប្រហារជីវិតលោក។ ប៉ុន្តែ បីថ្ងៃក្រោយមកលោកនឹងរស់ឡើងវិញ»។ ៣៤ពួកសាវ័កពុំបានយល់ព្រះបន្ទូលនោះទេ ហើយក៏មិនដឹងថាព្រះយេស៊ូមានព្រះបន្ទូលអំពីរឿងអ្វីផង ព្រោះអត្ថន័យនៅលាក់កំបាំងនៅឡើយ។ ព្រះយេស៊ូប្រោសមនុស្សខ្វាក់ម្នាក់ឲ្យបានភ្លឺ (ម៉ាថាយ ២០, ២៩-៣៤ ម៉ាកុស ១០, ៤៦-៥២) ៣៥កាលព្រះយេស៊ូយាងមក ជិតដល់ក្រុងយេរីខូ មានមនុស្សខ្វាក់ម្នាក់អង្គុយសុំទាន នៅតាមផ្លូវ។ ៣៦ពេលគាត់ឮស្នូរបណ្តាជនដើរតាមនោះ គាត់សួរគេថាមានរឿងអ្វី ៣៧គេប្រាប់គាត់ថា ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែត យាងមកតាមផ្លូវនោះ។ ៣៨មនុស្សខ្វាក់ក៏ស្រែកឡើងថា៖ «ឱព្រះយេស៊ូ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង!»។ ៣៩ពួកអ្នកដែលដើរខាងមុខបានឃាត់គាត់ឲ្យនៅស្ងៀម ប៉ុន្តែគាត់ស្រែករឹតតែខ្លាំងឡើងៗថា៖ «ឱព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង!»។ ៤០ព្រះយេស៊ូក៏ឈប់ហើយបញ្ជាគេ ឲ្យនាំគាត់ចូលមកជិតព្រះអង្គ។ លុះមនុស្សខ្វាក់ដើរចូលមក ព្រះយេស៊ូមានព្រះបន្ទូលសួរគាត់ថា៖ ៤១«តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?»។ គាត់ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមព្រះអង្គប្រោសឲ្យភ្នែកទូលបង្គំ បានភ្លឺឡើងវិញផង»។ ៤២ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ ចូរឲ្យភ្នែកអ្នកបានភ្លឺឡើងវិញចុះ»។ ៤៣រំពេចនោះគាត់មើលឃើញវិញភ្លាម ហើយគាត់ក៏តាមព្រះយេស៊ូ ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ ប្រជាជនទាំងមូលបានឃើញហេតុការណ៍នោះ គេសរសើរតម្កើងព្រះជាម្ចាស់ទាំងអស់គ្នា។ ព្រះយេស៊ូ និង លោកសាខេ ១៩ ១ព្រះយេស៊ូមកដល់ក្រុងយេរីខូ ហើយយាងកាត់ទីក្រុង។ ២មានបុរសម្នាក់ឈ្មោះសាខេជាមេលើអ្នកទារពន្ធ គាត់មានទ្រព្យសម្បត្តិយ៉ាងច្រើន។ ៣គាត់ចង់ឃើញព្រះយេស៊ូ មានភិនភាគយ៉ាងណា ប៉ុន្តែដោយមានមនុស្សច្រើនពេក ហើយដោយគាត់មានមាឌតូចទៀតផងនោះ គាត់មើលព្រះអង្គមិនឃើញទេ។ ៤ គាត់រត់ទៅខាងមុខ ឡើងដើមឈើមួយដើម ចាំមើលព្រះយេស៊ូ ព្រោះព្រះអង្គត្រូវយាងកាត់តាមនោះ។ ៥កាលព្រះយេស៊ូយាងមកដល់ ព្រះអង្គងើបព្រះភ័ក្ត្រឡើង ហើយមានព្រះបន្ទូលទៅគាត់ថា៖ «លោកសាខេអើយ! សូមអញ្ជើញចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះខ្ញុំត្រូវស្នាក់នៅផ្ទះលោក»។ ៦លោកសាខេក៏ចុះមកជាប្រញាប់ ហើយទទួលព្រះយេស៊ូដោយអំណរ។ ៧កាលមនុស្សទាំងអស់ឃើញដូច្នោះគេរអ៊ូរទាំថា៖ «មើល៍! លោកនេះទៅស្នាក់នៅផ្ទះមនុស្សបាប!»។ ៨លោកសាខេក្រោកឈរឡើង ទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងចែកទ្រព្យសម្បត្តិរបស់ទូលបង្គំ ចំនួនពាក់កណ្តាលដល់មនុស្សក្រីក្រ ហើយប្រសិនបើទូលបង្គំទារពន្ធពីអ្នកណាហួសកំរិត ទូលបង្គំនឹងសងអ្នកនោះវិញ មួយជាបួន»។ ៩ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ថ្ងៃនេះការសង្គ្រោះបានមកដល់ផ្ទះនេះហើយត ដ្បិតបុរសនេះជាពូជពង្សរបស់លោកអប្រាហាំដែរ។ ១០បុត្រមនុស្សបានមក ដើម្បីស្វែងរក និង សង្គ្រោះមនុស្សដែលវិនាសបាត់បង់»។
ប្រស្នាអំពីប្រាក់ណែន
(ម៉ាថាយ២៥, ១៤-៣០)
១១កាលព្រះយេស៊ូយាងមក ជិតដល់ក្រុងយេរូសាឡឹមហើយ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាមួយទៀតទៅកាន់អស់អ្នក ដែលស្តាប់ព្រះអង្គ ដ្បិតអ្នកទាំងនោះនឹកស្មានថា ព្រះរាជ្យព្រះជាម្ចាស់នឹងមកដល់ភ្លាមៗនេះជាមិនខាន។ ១២ព្រះអង្គមានព្រះបន្ទូលថា៖ «មានបុរសម្នាក់ជាអ្នកមានត្រកូលខ្ពស់ចេញដំណើរទៅស្រុកឆ្ងាយ ដើម្បីនឹងទទួលរាជាភិសេក។ កាលណាទទួលរាជាភិសេកហើយ លោកនឹងត្រឡប់មកវិញ។ ១៣មុនពេលចេញដំណើរទៅ លោកបានហៅអ្នកបម្រើរបស់លោក ដប់នាក់មកប្រគល់ប្រាក់ឲ្យគេមួយណែនថម្នាក់ៗ ទាំងផ្តាំថា “ចូរយកប្រាក់នេះទៅរកស៊ី រហូតដល់ខ្ញុំត្រឡប់មកវិញ”។ ១៤រីឯអ្នកស្រុកនោះស្អប់លោក បានជាគេចាត់អ្នកតំណាង ឲ្យទៅតាមក្រោយ នាំពាក្យថា “យើងខ្ញុំមិនចង់ឲ្យលោកនេះ ធ្វើស្តេចលើយើងខ្ញុំជាដាច់ខាត”។ ១៥លុះបានទទួលរាជាភិសេកហើយ ព្រះរាជាក៏យាងត្រឡប់មកវិញ។ ទ្រង់កោះហៅអ្នកបម្រើទាំងដប់នាក់ ដែលទ្រង់បានប្រគល់ប្រាក់ណែននោះមកសួរ ដើម្បីឲ្យដឹងថា ម្នាក់ៗរកស៊ីចំណេញបានប៉ុន្មាន។ ១៦អ្នកបម្រើទីមួយចូលមកគាល់ទូលថា”បពិត្រព្រះអម្ចាស់! ប្រាក់ដែលព្រះអង្គប្រទានមកទូលបង្គំចំណេញបានដប់ណែន”។ ១៧ព្រះរាជាមានរាជឱង្ការទៅអ្នកនោះថា”ល្អហើយ! អ្នកបម្រើដ៏ប្រសើរអើយ យើងតែងតាំងអ្នកឲ្យគ្រប់គ្រងលើក្រុងដប់ ដ្បិតអ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ”។ ១៨អ្នកបម្រើទីពីរចូលមកទូលថា ”បពិត្រព្រះអម្ចាស់! ប្រាក់ដែលព្រះអង្គប្រទានមកទូលបង្គំ ចំណេញបានប្រាំណែន”។ ១៩ព្រះរាជាមានរាជឱង្ការទៅគាត់ថា ”យើងតែងតាំងអ្នក ឲ្យគ្រប់គ្រងលើក្រុងប្រាំ”។ ២០អ្នកបម្រើម្នាក់ទៀតចូលមកទូលថា ”បពិត្រព្រះអម្ចាស់ នេះនែ៎ ប្រាក់របស់ព្រះអង្គទូលបង្គំបានវេចទុកក្នុងកន្សែង។ ២១ទូលបង្គំនឹកខ្លាចព្រះអង្គ ដ្បិតទ្រង់ប្រិតប្រៀងណាស់។ ព្រះអង្គតែងប្រមូលយកអ្វីៗ ដែលមិនមែនជារបស់ព្រះអង្គ ហើយតែងច្រូតយកផលពីស្រែ ដែលទ្រង់មិនបានសាបព្រោះ”។ ២២ព្រះរាជាមានរាជឱង្ការទៅអ្នកបម្រើនោះថា”នែ៎ អ្នកបម្រើអាក្រក់! យើងនឹងកាត់ទោសអ្នក ឲ្យស្របតាមពាក្យសំដីរបស់អ្នក។ អ្នកដឹងស្រាប់ហើយថា យើងជាមនុស្សប្រិតប្រៀង យើងប្រមូលយកអ្វីៗ ដែលមិនមែនជារបស់យើង ហើយច្រូតយកផលពីស្រែ ដែលយើងមិនបានសាបព្រោះ ២៣ហេតុដូចម្តេច បានជាអ្នកមិនយកប្រាក់របស់យើងទៅចងការ ដើម្បីឲ្យយើងអាចទទួលទាំងដើមទាំងការ នៅពេលយើងត្រឡប់មកវិញ?”។ ២៤បន្ទាប់មក ព្រះរាជាបញ្ជាទៅអ្នកដែលនៅទីនោះថា “ចូរយកប្រាក់ពីអ្នកនេះប្រគល់ឲ្យអ្នកដែលមានដប់ណែនទៅ”។ ២៥អ្នកទាំងនោះទូលស្តេចថា “បពិត្រព្រះអម្ចាស់! គាត់មានប្រាក់ដប់ណែនហើយ”។ ២៦ព្រះរាជាមានរាជឱង្ការតបថា “យើងសុំប្រាប់អ្នករាល់គ្នាថា អ្នកណាមានហើយ អ្នកនោះនឹងទទួលថែមទៀត។ រីឯអ្នកដែលគ្មានវិញ គេនឹងដកហូតនូវអ្វីៗដែលអ្នកនោះមាន សូម្បីតែបន្តិចបន្តួចក៏មិនសល់ផង។ ២៧ម៉្យាងទៀតពួកខ្មាំងសត្រូវដែលមិនចង់ឲ្យយើងគ្រងរាជ្យលើគេទេនោះ ចូរនាំគេមក ហើយសម្លាប់ចោលនៅមុខយើងចុះ”»។
ព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹម
(មថ ២១, ១-១១ មក ១១, ១-១១ យហ ១២, ១២-១៩)
២៨កាល ព្រះ យេស៊ូ មាន ព្រះ បន្ទូល ដូច្នោះហើយព្រះអង្គក៏យាងនាំមុខបណ្តាជន ឡើងទៅក្រុងយេរូសាឡឹម។ ២៩លុះព្រះអង្គយាងជិតដល់ភូមិបេតផាសេ និងភូមិបេតថានីដែលនៅចង្កេះភ្នំដើមអូលីវ ព្រះអង្គចាត់សាវ័កពីររូបឲ្យទៅមុន ៣០ដោយមានព្រះបន្ទូលថា៖ «ចូរទៅភូមិខាងមុខនោះ ពេលអ្នកទៅដល់អ្នកនឹងឃើញកូនលាមួយដែលគេចងនៅទីនោះ ពុំទាន់មាននរណាជិះនៅឡើយទេ ចូរស្រាយវាដឹកមក។ ៣១ប្រសិនបើមានគេសួរថា “ហេតុអ្វីបានជាអ្នកស្រាយវា?” ចូរឆ្លើយទៅគេថា “ព្រះអម្ចាស់ត្រូវការវា”»។ ៣២សាវ័កទាំងពីរក៏ចេញទៅ ហើយឃើញ ដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់គេមែន។ ៣៣ពេលគេកំពុងស្រាយកូនលា ម្ចាស់វាសួរថា៖ «ហេតុអ្វីបានជាអ្នកស្រាយលានេះ?» ៣៤សាវ័កឆ្លើយថា៖ «ព្រះអម្ចាស់ត្រូវការវា»។ ៣៥បន្ទាប់មក អ្នកទាំងពីរដឹកកូនលា យកមកថ្វាយព្រះយេស៊ូហើយក្រាលអាវធំរបស់ខ្លួនលើខ្នងវា ថ្វាយព្រះអង្គគង់។ ៣៦នៅពេលព្រះអង្គយាងទៅមុខ មនុស្សម្នាយកអាវធំរបស់ខ្លួនមកក្រាលតាមផ្លូវ។ ៣៧កាលព្រះយេស៊ូយាងតាមផ្លូវដែលចុះពីភ្នំដើមអូលីវ មកជិតដល់ក្រុងយេរូសាឡឹម មានសាវ័កច្រើនកុះករអរសប្បាយនាំគ្នាបន្លឺសំឡេង សរសើរតម្កើងព្រះជាម្ចាស់អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលគេបានឃើញ។ ៣៨គេពោលថា៖
«សូមព្រះជាម្ចាស់ប្រទានពរដល់
ព្រះមហាក្សត្រដែលយាងមក
ក្នុងព្រះនាមព្រះអម្ចាស់!
សូមសន្តិភាពកើតពីស្ថានបរមសុខមក សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»ទ។ ៣៩មានអ្នកខាងគណៈផារីស៊ីខ្លះដែលនៅក្នុងចំណោមបណ្តាជនទូលព្រះយេស៊ូថា៖ «លោកគ្រូសូមឃាត់សិស្សរបស់លោកឲ្យនៅស្ងៀមផង!»។ ៤០ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា ប្រសិនបើអ្នកទាំងនេះនៅស្ងៀម ដុំថ្មមុខជាស្រែកជំនួសគេវិញមិនខាន»។
ព្រះយេស៊ូសោកសៅស្រណោះក្រុងយេរូសាឡឹម
៤១កាលព្រះយេស៊ូយាង ជិតដល់ក្រុងយេរូសាឡឹមព្រះអង្គទតឃើញទីក្រុង ហើយទ្រង់ព្រះកន្សែងនឹកអាណិតក្រុងនោះ ទាំងមានព្រះបន្ទូលថា៖ ៤២«យេរូសាឡឹមអើយ! គួរឲ្យស្តាយពេក នៅថ្ងៃនេះ អ្នកពុំបានយល់ហេតុការណ៍ដែលផ្តល់សេចក្តីសុខសាន្តមកអ្នកសោះ ដោយអត្ថន័យនៅលាក់កំបាំងនៅឡើយ អ្នកពុំអាចមើលឃើញបានទេ។ ៤៣នៅពេលខាងមុខខ្មាំងសត្រូវនឹងមកបោះទ័ពឡោមព័ទ្ធជុំវិញអ្នក ហើយវាយប្រហារអ្នកពីគ្រប់ទិស ៤៤គេនឹងកំទេចអ្នកចោល ព្រមទាំងសម្លាប់អ្នកក្រុងឲ្យវិនាសបង់ផង។ គេមិនទុកឲ្យដុំថ្មនៅត្រួតពីលើគ្នាក្នុងក្រុងទៀតឡើយ ដ្បិតអ្នកពុំបានទទួលស្គាល់ពេលកំណត់ ដែលព្រះជាម្ចាស់បានយាងមកសង្គ្រោះអ្នកទេ»។
ព្រះយេស៊ូដេញអ្នកលក់ដូរចេញពីព្រះវិហារ*
(មថ ២១,១២-១៧ មក ១១, ១៥-១៩ យហ, ២,១៣-២២)
៤៥ព្រះយេស៊ូយាងចូលព្រះវិហារ ហើយដេញអ្នកលក់ដូរចេញពីទីនោះ ៤៦ដោយមានព្រះបន្ទូលទៅគេថា៖ «ក្នុងគម្ពីរមានចែងថា “ដំណាក់របស់យើងជាកន្លែងសម្រាប់អធិស្ឋាន”ធ តែអ្នករាល់គ្នាបែរជាយកធ្វើសំបុកចោរនទៅវិញ»។
៤៧ព្រះយេស៊ូបានបង្រៀនគេ នៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃ។ ក្រុមនាយកបូជាចារ្យ* ពួកធម្មាចារ្យ និងពួកមន្ត្រីនាំគ្នារកមធ្យោបាយធ្វើគុតព្រះអង្គ។ ៤៨ប៉ុន្តែគេមិនដឹងជាត្រូវប្រើវិធីណាឡើយ ដ្បិតប្រជាជនទាំងមូល ប្រឹងស្តាប់ព្រះបន្ទូលព្រះអង្គ ដោយយកចិត្តទុកដាក់។
ជំពូក ២០
អំណាចរបស់ព្រះយេស៊ូ
(ម៉ាថាយ ២១,២៣-២៧ ម៉ាកុស ១១, ២៧-៣៣)
១ថ្ងៃមួយ ព្រះយេស៊ូកំពុងតែបង្រៀនប្រជាជន នៅក្នុងព្រះវិហារ ព្រមទាំងផ្សព្វផ្សាយដំណឹងល្អ មានក្រុមនាយកបូជាចារ្យ និងពួកធម្មាចារ្យ នាំគ្នាមកជាមួយពួកព្រឹទ្ធាចារ្យ ២ទូលសួរព្រះអង្គថា៖ «សុំលោកប្រាប់ឲ្យយើងដឹងផង លោកធ្វើការទាំងនេះ ដោយអាងលើអំណាចអ្វី? តើនរណាប្រគល់អំណាចឲ្យលោក?»។ ៣ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំសួរសំនួរមួយដល់អស់លោកដែរ សូមប្រាប់ខ្ញុំមើល៍ ៤តើនរណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជទឹក? ព្រះជាម្ចាស់ឬមនុស្ស?»។ ៥គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា “ព្រះជាម្ចាស់ចាត់លោកយ៉ូហានឲ្យមក” គាត់មុខជាសួរយើងថា “ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន?”។ ៦បើយើងឆ្លើយថា “មនុស្សចាត់លោកឲ្យមក” ប្រជាជនទាំងមូលមុខជាយកដុំថ្មគប់សម្លាប់យើងមិនខាន ដ្បិតគេជឿជាក់ថា លោកយ៉ូហានពិតជាព្យាការីមែន»។ ៧ដូច្នេះ គេឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ មិនដឹងជាអ្នកណាចាត់លោកយ៉ូហាន ឲ្យមកធ្វើពិធីជ្រមុជទឹកឡើយ»។ ៨ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «រីឯខ្ញុំវិញខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វីដែរ»។
ប្រស្នាអំពីអ្នកថែរក្សាចំការទំពាំងបាយជូរ
(ម៉ាថាយ ២១, ៣៣-៤៦ ម៉ាកុស ១២, ១-១២)
៩បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅប្រជាជនជាប្រស្នាដូចតទៅ៖ «មានបុរសម្នាក់បានដាំទំពាំងបាយជូរមួយចំការ ហើយប្រវាស់ឲ្យពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះអស់រយៈពេលយ៉ាងយូរ។ ១០លុះដល់ទំពាំងបាយជូរទុំ គាត់ចាត់អ្នកបម្រើម្នាក់ ឲ្យមកជួបពួកអ្នកថែចំការ ដើម្បីទទួលយកផល ដែលជាចំណែករបស់គាត់ ប៉ុន្តែពួកកសិករបានវាយដំអ្នកបម្រើ ហើយបណ្តេញឲ្យត្រឡប់ទៅវិញដៃទទេ។ ១១ម្ចាស់ចំការក៏ចាត់អ្នកបម្រើម្នាក់ទៀតឲ្យមក ប៉ុន្តែពួកកសិករបានវាយដំអ្នកនេះដែរ ហើយជេរបណ្តេញឲ្យត្រឡប់ទៅវិញដៃទទេ។ ១២គាត់ក៏ចាត់អ្នកបម្រើម្នាក់ទៀត ឲ្យមកជាលើកទីបី។ អ្នកថែចំការបានវាយដំអ្នកបម្រើនេះឲ្យរបួស ហើយបោះទៅខាងក្រៅចំការ។ ១៣ម្ចាស់ចំការគិតថា “តើខ្ញុំត្រូវធ្វើដូចម្តេច? ខ្ញុំនឹងចាត់កូនប្រុសដ៏ជាទីស្រឡាញ់របស់ខ្ញុំ ឲ្យទៅម្តងគេមុខជាគោរពកោតខ្លាចកូនខ្ញុំពុំខាន។ ១៤ប៉ុន្តែ ពេលពួកកសិករឃើញកូនប្រុសម្ចាស់ចំការមកដល់ គេពិគ្រោះគ្នាថា “អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចំការទៅថ្ងៃក្រោយ បើយើងសម្លាប់វាចោល ចំការនេះនឹងធ្លាក់មកជាសម្បត្តិរបស់យើង”។ ១៥គេក៏បោះកូនប្រុសម្ចាស់ចំការទៅខាងក្រៅ ហើយសម្លាប់ចោល។ តើម្ចាស់ចំការនឹងធ្វើយ៉ាងដូចម្តេច ដល់អ្នកទាំងនោះ?។ ១៦គឺ គាត់មុខជាមកសម្លាប់អ្នកថែរក្សាចំការទាំងនោះមិនខាន រួចប្រគល់ចំការទំពាំងបាយជូរទៅឲ្យអ្នកផ្សេងទៀត»។ កាលបានឮព្រះបន្ទូលនេះគេពោលថា៖ «ទេ! ឲ្យកើតមានដូច្នោះឡើយ»។ ១៧ព្រះយេស៊ូទតសំឡឹងទៅគេ ហើយមានព្រះបន្ទូលថា៖ «ក្នុងគម្ពីរមានចែងថា៖
“ថ្មដែលពួកជាងសង់ផ្ទះបោះចោល
បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត”ប
តើពាក្យនេះមានន័យដូចម្តេច?។១៨អ្នកណាដួលលើថ្មនេះ អ្នកនោះមុខជាត្រូវបាក់បែកខ្ទេចខ្ទាំមិនខាន។ បើថ្មនេះសង្កត់លើអ្នកណាមុខជាកិនកំទេចអ្នកនោះ ឲ្យស្លាប់ជាប្រាកដដែរ»។
អំពីពន្ធដារ
(ម៉ាថាយ ២២, ១៥-២២ ម៉ាកុស ១២, ១៣-១៧)
១៩ពេលនោះ ពួកធម្មាចារ្យនិងពួកនាយកបូជាចារ្យ រកមធ្យោបាយចាប់ព្រះយេស៊ូ ដ្បិតគេយល់ថា ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាសំដៅទៅលើពួកគេ ប៉ុន្តែពួកគេខ្លាចប្រជាជន។ ២០ពួកគេនាំគ្នាឃ្លាំមើលព្រះយេស៊ូហើយចាត់មនុស្ស ឲ្យទៅតាមដានយកការណ៍ពីព្រះអង្គ។ អ្នកទាំងនោះតាំងខ្លួន ជាមនុស្សប្រកាន់ប្ញកពាត្រឹមត្រូវ ចាំចាប់កំហុសព្រះយេស៊ូ នៅពេលព្រះអង្គមានព្រះបន្ទូល ដើម្បីចាប់បញ្ជូនព្រះអង្គ ទៅអាជ្ញាធរ និងទៅក្នុងអំណាចរបស់លោកទេសាភិបាល។ ២១គេទូលសួរព្រះអង្គថា៖ «លោកគ្រូ! យើងខ្ញុំដឹងថាពាក្យទាំងប៉ុន្មានដែលលោកគ្រូមានប្រសាសន៍ និងពាក្យដែលលោកគ្រូប្រៀនប្រដៅ សុទ្ធតែត្រឹមត្រូវទាំងអស់។លោកគ្រូប្រៀនប្រដៅសេចក្តីពិតអំ ពីរបៀបរស់នៅដែលគាប់ព្រះហប្ញទ័យព្រះជាម្ចាស់ ដោយពុំរើសមុខនរណាឡើយ។ ២២សូមលោកប្រាប់យើងខ្ញុំផង តើវិន័យរបស់យើងអនុញ្ញាតឲ្យបង់ពន្ធដារ ថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ?»។ ២៣ព្រះយេស៊ូឈ្វេងយល់ ពុតត្បុតរបស់ពួកគេ ទើបព្រះអង្គមានព្រះបន្ទូលថា៖ ២៤«ចូរបង្ហាញប្រាក់មួយកាក់ឲ្យខ្ញុំមើលមើល៍ តើលើកាក់នេះមានរូបនរណា ឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូបនិងឈ្មោះព្រះចៅអធិរាជ»។ ២៥ព្រះយេស៊ូក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។ ២៦អ្នកទាំងនេះពុំអាចចាប់កំហុសព្រះអង្គ នៅពេលដែលព្រះអង្គមានព្រះបន្ទូល នៅមុខប្រជាជនបានឡើយ។ ផ្ទុយទៅវិញ ព្រះបន្ទូលឆ្លើយតបរបស់ព្រះអង្គធ្វើឲ្យគេងឿងឆ្ងល់ ហើយគេក៏នៅស្ងៀម។
អំពីមនុស្សស្លាប់នឹងរស់ឡើងវិញ
(ម៉ាថាយ ២២, ២៣-៣៣ ម៉ាកុស ១២,១៨-២៧)
២៧មានអ្នកខាងគណៈសាឌូស៊ីខ្លះ ចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖ ២៨«លោកគ្រូ! លោកម៉ូសេបានចែងច្បាប់ទុក ឲ្យយើងថា បើបុរសណាមានប្រពន្ធ ហើយស្លាប់ទៅ តែគ្មានកូនសោះ ត្រូវឲ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្តពូជឲ្យបងប្រុសរបស់ខ្លួនផ។ ២៩ឧបមាថា មានបងប្អូនប្រុសៗប្រាំពីរនាក់បុរសបងបង្អស់បានរៀបការ ហើយស្លាប់ទៅតែគ្មានកូនសោះ។ ៣០ប្អូនបន្ទាប់ រួចប្អូនទីបីក៏រៀបការនឹងបងថ្លៃមេម៉ាយនោះ ហើយស្លាប់ទៅទាំងឥតមានកូន។ ៣១បន្ទាប់មក បងប្អូនទាំងប្រាំពីរនាក់បានរៀបការនឹងស្ត្រីនោះ ហើយគ្រប់គ្នាបានស្លាប់ទៅតែគ្មានកូនទេ។ ៣២នៅទីបំផុតស្ត្រីក៏ស្លាប់ទៅដែរ។ ៣៣លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងនោះបានទៅជាប្រពន្ធនរណា បើបងប្អូនទាំងប្រាំពីរនាក់ សុទ្ធតែបានយកនាង ធ្វើជាប្រពន្ធគ្រប់គ្នាដូច្នេះ?»៣៤ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «មនុស្សក្នុងលោកនេះ តែងយកគ្នាជាប្តីប្រពន្ធ ៣៥ប៉ុន្តែ អស់អ្នកដែលព្រះជាម្ចាស់សព្វព្រះហប្ញទ័យប្រោសឲ្យរស់ឡើងវិញ នៅលោកខាងមុខ គេមិនរៀបការប្តីប្រពន្ធទៀតឡើយ។ ៣៦អ្នកទាំងនោះលែងស្លាប់ទៀតហើយ គឺគេបានដូចទេវទូត។ គេជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ ដ្បិតគេមានជីវិតរស់ឡើងវិញ។ ៣៧លោកម៉ូសេបានចែងទុកយ៉ាងច្បាស់ថា មនុស្សស្លាប់នឹងរស់ឡើងវិញ នៅត្រង់អត្ថបទស្តីអំពីគុម្ពបន្លា គឺលាកហៅព្រះអម្ចាស់ថាជា ព្រះរបស់លោកអប្រាហាំ ជាព្រះរបស់លោកអ៊ីសាក និងជាព្រះរបស់លោកយ៉ាកុបព។ ៣៨ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេជាព្រះរបស់មនុស្សដែលមានជីវិត។ ចំពោះព្រះអង្គមនុស្សទាំងអស់សុទ្ធតែនៅរស់»។ ៣៩ពួកធម្មាចារ្យខ្លះទូលព្រះអង្គថា៖ «លោកគ្រូ លោកមានប្រសាសន៍ត្រឹមត្រូវល្អណាស់»។ ៤០បន្ទាប់មក គេលែងហ៊ានចោទសួរសំណួរព្រះអង្គអំពីរឿងអ្វីទៀតឡើយ។
ព្រះគ្រីស្តជាព្រះអម្ចាស់លើស្តេចដាវីឌ
(ម៉ាថាយ ២២,៤១-៤៦ ម៉ាកុស ១២,៣៥-៣៧)
៤១ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ហេតុដូចម្តេចបានជាមនុស្សម្នាថា ព្រះគ្រីស្តជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដូច្នេះ? ៤២ដ្បិតក្នុងគម្ពីរទំនុកតម្កើងព្រះបាទដាវីឌមានរាជឱង្ការថា៖
“ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ព្រះអម្ចាស់
របស់ខ្ញុំថាសូមគង់នៅខាងស្តាំយើង
៤៣ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទាព្រះអង្គ”ភ។
៤៤បើព្រះបាទដាវីឌហៅព្រះគ្រីស្តថា ព្រះអម្ចាស់ ដូច្នេះ តើឲ្យព្រះគ្រីស្តត្រូវជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដូចម្តេចកើត!»។
ព្រះយេស៊ូមានព្រះបន្ទូលឲ្យប្រយ័ត្ននឹងពុតត្បុតរបស់ពួកធម្មាចារ្យ
(ម៉ាថាយ ២៣,១-៣៦ ម៉ាកុស ១២,៣៨-៤០)
៤៥នៅពេល ប្រជាជនទាំងមូលកំពុងស្តាប់ព្រះអង្គ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសាវ័កថា៖ ៤៦ «ចូរប្រយ័ត្ននឹងពួកធម្មាចារ្យ ឲ្យមែនទែន ពួកនោះចូលចិត្តពាក់អាវវែង ដើរចុះដើរឡើង ហើយចូលចិត្តឲ្យគេឳនកាយគោរពនៅតាមផ្សារព្រមទាំងរើសកន្លែងអង្គុយនៅមុខគេ ក្នុងធម្មសាលា និងចូលចិត្តកន្លែងកិត្តិយសនៅពេលជប់លៀង។ ៤៧អ្នកទាំងនោះតែងនាំគ្នាឆបោក យកទ្រព្យសម្បត្តិរបស់ស្ត្រីមេម៉ាយ ដោយធ្វើប្ញកជាសូត្រធម៌យ៉ាងយូរ។ ពួកគេមុខជាត្រូវទទួលទោសយ៉ាងធ្ងន់បំផុត»។
ជំពូក ២១
តង្វាយរបស់ស្ត្រីមេម៉ាយ
(ម៉ាកុស ១២,៤១-៤៤)
១ព្រះយេស៊ូទតឃើញពួកអ្នកមាន យកប្រាក់មកដាក់ក្នុងហិប ថ្វាយព្រះជាម្ចាស់។ ២ព្រះអង្គទតឃើញស្ត្រីមេម៉ាយក្រីក្រម្នាក់ យកប្រាក់ពីរសេន មកដាក់ក្នុងហិបនោះដែរ។ ៣ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ស្ត្រីមេម៉ាយក្រីក្រនេះបានដាក់ប្រាក់ ច្រើនជាងគេទាំងអស់ ៤ដ្បិតអ្នកទាំងនោះបានយកប្រាក់សំណល់របស់ខ្លួនមកដាក់ក្នុងហិប។ រីឯស្ត្រីមេម៉ាយនេះវិញ ទោះបីនាងក្រីក្រយ៉ាងណាក៏ដោយ ក៏នាងយកប្រាក់ទាំងអស់ដែលនាងត្រូវការជាចាំបាច់សម្រាប់ចិញ្ចឹមជីវិតមកដាក់ក្នុងហិប ថ្វាយព្រះជាម្ចាស់ដែរ»។
ព្រះយេស៊ូមានព្រះបន្ទូលអំពីការបំផ្លាញព្រះវិហារនិង ហេតុការណ៍នៅគ្រាចុងក្រោយ
(ម៉ាថាយ ២៤, ១-១៤ ម៉ាកុស ១៣, ១-១៣)
៥អ្នកខ្លះកំពុងនិយាយ សរសើរលំអរបស់ព្រះវិហារ ដែលតាក់តែងឡើងដោយថ្មយ៉ាងល្អប្រណីតនិងមានតាំងវត្ថុផ្សេងៗ ដែលគេយកមកថ្វាយព្រះជាម្ចាស់។ ព្រះយេស៊ូមានព្រះបន្ទូលថា៖៦ «នៅពេលខាងមុខ អ្វីៗដែលអ្នករាល់គ្នាឃើញនៅពេលនេះនឹងត្រូវរលំបាក់បែកអស់ជាមិនខាន លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។
៧គេទូលសួរព្រះអង្គថា៖ «ព្រះគ្រូអើយ! ហេតុការណ៍ទាំងនោះនឹងកើតមាននៅពេលណា? តើមានទីសម្គាល់អ្វីឲ្យយើងដឹងថា ព្រឹត្តិការណ៍ទាំងនោះជិតមកដល់?»។ ៨ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្តោយនរណាបញ្ឆោតអ្នករាល់គ្នា ឲ្យវង្វេងបានឡើយ ដ្បិតនឹងមានមនុស្សជាច្រើន យកឈ្មោះខ្ញុំមកប្រើដោយពោលថា “ខ្ញុំនេះហើយជាព្រះគ្រីស្ត” ឬថា “ពេលកំណត់មកដល់ហើយ” កុំតាមអ្នកទាំងនោះឲ្យសោះ។ ៩កាលណាអ្នករាល់គ្នាឮគេនិយាយអំពីសង្គ្រាម ឬអំពីការបះបោរមិនត្រូវភ័យតក់ស្លុតឡើយ ដ្បិតហេតុការណ៍ទាំងនេះ ត្រូវតែកើតឡើងជាមុន ប៉ុន្តែមិនទាន់ដល់អវសានកាលនៃពិភពលោកភ្លាមៗទេ»។ ១០ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖ «ប្រជាជាតិមួយនឹងធ្វើសង្គ្រាម តទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀតម ១១នឹងមានរញ្ជួយផែនដីជាខ្លាំង នៅតាមតំបន់ផ្សេងៗ ហើយនឹងមានកើតទុរ្ភិក្ស ជំងឺរាតត្បាត ព្រមទាំងមានអព្ភូតហេតុផ្សេងៗ បណ្តាលឲ្យភ័យតក់ស្លុត និងមានទីសម្គាល់យ៉ាងធំនៅលើមេឃផង។ ១២ប៉ុន្តែ មុននឹងហេតុការណ៍ទាំងនោះកើតឡើង គេនឹងចាប់ចងអ្នករាល់គ្នាគេបៀតបៀន ហើយបញ្ជូនអ្នករាល់គ្នា ទៅកាត់ទោសក្នុងធម្មសាលាយកអ្នករាល់គ្នាទៅឃុំឃាំង។ គេនាំអ្នករាល់គ្នាទៅឲ្យស្តេច និងលោកទេសាភិបាលកាត់ទោស ព្រោះតែនាមខ្ញុំ។ ១៣ប៉ុន្តែការនេះប្រែជាហុចឱកាសឲ្យអ្នករាល់គ្នាផ្តល់សក្ខីភាពទៅវិញ។ ១៤ត្រូវចងចាំក្នុងចិត្តថា កុំភ័យបារម្ភជាមុននឹងពាក្យនិយាយការពារខ្លួនធ្វើអ្វី ១៥ដ្បិតខ្ញុំនឹងផ្តល់ឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញា មិនឲ្យពួកប្រឆាំងអាចប្រកែកតទល់នឹងអ្នករាល់គ្នាបានឡើយ។ ១៦សូម្បីតែឪពុកម្តាយបងប្អូនញាតិសន្តាន និងមិត្តភក្តិរបស់អ្នករាល់គ្នាក៏បញ្ជូនអ្នករាល់គ្នាមួយចំនួន ទៅឲ្យគេសម្លាប់ផងដែរ។ ១៧មនុស្សគ្រប់ៗរូបនឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។ ១៨ប៉ុន្តែ សូម្បីតែសក់អ្នករាល់គ្នាមួយសរសៃក៏មិនត្រូវបាត់ឡើយ។ ១៩អ្នករាល់គ្នានឹងបានរួចជីវិត ព្រោះអ្នករាល់គ្នាមានចិត្តស៊ូទ្រាំ»។
ព្រះយេស៊ូមានព្រះបន្ទូលអំពីការបំផ្លាញក្រុងយេរូសាឡឹម
(ម៉ាថាយ ២៤,១៥-២១ ម៉ាកុស ១៣,១៤-១៩)
២០«កាលណាអ្នករាល់គ្នា ឃើញមានកងទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡឹម ចូរដឹងថាក្រុងនេះជិតវិនាសហើយ។ ២១ពេលនោះអស់អ្នកនៅស្រុកយូដាត្រូវតែរត់ទៅជ្រកនៅតាមភ្នំ រីឯអស់អ្នកនៅក្រុងយេរូសាឡឹម ត្រូវរត់ចេញឲ្យឆ្ងាយពីក្រុង ហើយអស់អ្នកដែលនៅស្រុកស្រែ មិនត្រូវចូលទៅក្រុងឡើយ។ ២២គ្រានោះជាគ្រាដែលព្រះជាម្ចាស់ធ្វើទោសប្រជារាស្ត្រព្រះអង្គ ស្របតាមសេចក្តីដែលមានចែងទុកក្នុងគម្ពីរ។ ២៣គ្រានោះស្ត្រីមានផ្ទៃពោះនិងស្ត្រីបំបៅកូនមុខជាវេទនាពុំខាន ដ្បិតនឹងកើតមានទុក្ខលំបាកយ៉ាងខ្លាំង នៅក្នុងស្រុក ហើយព្រះជាម្ចាស់ នឹងវិនិច្ឆ័យទោសប្រជារាស្ត្រនេះ។ ២៤គេនឹងត្រូវស្លាប់ដោយមុខដាវ ហើយខ្មាំងសត្រូវនឹងកៀរគេយកទៅធ្វើជាឈ្លើយសង្គ្រាម ឲ្យរស់នៅ កណ្តាលចំណោមជាតិសាសន៍ ទាំងអស់សាសន៍ដទៃនឹងជាន់ឈ្លីក្រុងយេរូសាឡឹម រហូតដល់ពេលកំណត់របស់គេ»។
បុត្រមនុស្សយាងត្រឡប់មកវិញ
(ម៉ាថាយ ២៤, ២៩-៣១ ម៉ាកុស ១៣, ២៤-២៧)
២៥«គ្រានោះ នឹងមានទីសម្គាល់នៅក្នុងព្រះអាទិត្យក្នុងព្រះច័ន្ទ និង ក្នុងផ្កាយទាំងប៉ុន្មាន។ ប្រជាជាតិទាំងអស់នៅលើផែនដី នឹងតឹងទ្រូងព្រួយបារម្ភពេលឮសូរសន្ធឹករលកសមុទ្របក់បោក ២៦មនុស្សម្នាភ័យស្លុតបាត់ស្មារតី នៅពេលគិតអំពីហេតុការណ៍ដែលនឹងកើតមាននៅលើផែនដី ដ្បិតប្ញទ្ធិបារមីនានានៅលើមេឃ នឹងកក្រើករំពើក។ ២៧ពេលនោះគេនឹងឃើញបុត្រមនុស្សយាងមក ក្នុងពពកយប្រកបដោយប្ញទ្ធានុភាពនិងសិរីរុងរឿងពន់ពេកក្រៃ។ ២៨កាលណាព្រឹត្តិការណ៍ទាំងនេះ ចាប់ផ្តើមកើតមាន ចូរអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះព្រះជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ»។
ព្រះបន្ទូលអំពីដើមឧទុម្ពរ
(ម៉ាថាយ ២៤,៣២-៣៥ ម៉ាកុស ១៣,២៨-៣១)
២៩បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នានេះថា៖ «ចូរមើលដើមឧទុម្ពរ និងដើមឈើទាំងអស់ចុះ! ៣០កាលណាអ្នករាល់គ្នាឃើញស្លឹកវាលាស់ អ្នករាល់គ្នាដឹងថារដូវប្រាំងរ ជិតមកដល់ហើយ។ ៣១ដូច្នេះកាលណាអ្នករាល់គ្នាឃើញព្រឹត្តិការណ៍ទាំងនោះកើតឡើង ត្រូវដឹងថា ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ។ ៣២ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ហេតុការណ៍ទាំងនោះនឹងកើតឡើង នៅពេលដែលមនុស្សជំនាន់នេះមានជីវិតរស់នៅឡើយ។ ៣៣ផ្ទៃមេឃនិងផែនដីនឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ»។ ការត្រៀមខ្លួនប្រុងប្រយ័ត្ន ៣៤«ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នឲ្យមែនទែន! កុំ បណ្តោយឲ្យចិត្តរបស់អ្នករាល់គ្នា វក់វីនឹងគ្រឿងសប្បាយគ្រឿងស្រវឹងឬក៏ខ្វល់ខ្វាយអំពីរឿងជីវិតនេះឡើយ ក្រែងលោថ្ងៃនោះមកដល់តែអ្នករាល់គ្នាពុំបានប្រុងប្រៀបខ្លួន ៣៥ដ្បិតថ្ងៃនោះមកដល់ប្រៀបបាននឹងសំណាញ់ ដែលគ្របពីលើមនុស្សទាំងអស់នៅលើផែនដីទាំងមូល។ ៣៦ចូរប្រុងស្មារតីនិងទូលអង្វរគ្រប់ពេលវេលា ដើម្បីឲ្យអ្នករាល់គ្នាមានកម្លាំង ឆ្លងផុតពីហេតុការណ៍ទាំងអស់ ដែលត្រូវកើតមាន ហើយដើម្បីឲ្យអ្នករាល់គ្នាអាចឈរនៅមុខបុត្រមនុស្ស»។ ៣៧ពេលថ្ងៃព្រះយេស៊ូតែងប្រៀនប្រដៅគេ នៅក្នុងព្រះវិហារ ហើយនៅពេលយប់ ព្រះអង្គយាងចេញទៅសម្រាកនៅលើភ្នំដើមអូលីវ។ ៣៨ប្រជាជនទាំងមូលនាំគ្នាមកតាំងពីព្រលឹមស្តាប់ព្រះអង្គមានព្រះបន្ទូលនៅក្នុងព្រះវិហារ។
ជំពូក ២២
ការឃុបឃិតចាប់ព្រះយេស៊ូ
(ម៉ាថាយ ២៦ ,១-៥,១៤-១៦ ម៉ាកុស ១៤,១-២, ១០-១១យ៉ូហាន ១១, ៤៥-៥៣)
១ពិធីបុណ្យនំបុ័ងឥតមេ ដែលហៅថាបុណ្យចម្លងនោះ កាន់តែជិតដល់ហើយ ២ពួកនាយកបូជាចារ្យនិងពួកធម្មាចារ្យ រិះរកមធ្យោបាយធ្វើគុតព្រះយេស៊ូ ដ្បិតគេខ្លាចប្រជាជន។ ៣ពេលនោះ មារសាតាំងបានចូលយូដាស ហៅអ៊ីស្ការីយ៉ុតជាសាវ័កម្នាក់ ក្នុងក្រុមទាំងដប់ពីររូប។៤យូដាសបានទៅពិគ្រោះ ជាមួយពួកនាយកបូជាចារ្យ និងមេក្រុមរក្សាព្រះវិហារ អំពីឧបាយកល ដែលត្រូវបញ្ជូនព្រះអង្គទៅក្នុងកណ្តាប់ដៃរបស់ពួកគេ។ ៥លោកទាំងនោះសប្បាយចិត្តណាស់ ហើយព្រមព្រៀងគ្នាសន្យាថានឹងឲ្យប្រាក់គាត់។ ៦យូដាសយល់ព្រម ហើយរកឱកាសល្អ ដើម្បីនាំគេទៅចាប់ព្រះយេស៊ូ មិនឲ្យបណ្តាជនដឹងឡើយ។
ព្រះយេស៊ូឲ្យគេរៀបចំធ្វើបុណ្យចម្លង
(មថ ២៦,១៧-២៥ មក ១៤,១២-២១ យហ,១៣,២១-៣០)
៧លុះដល់ថ្ងៃបុណ្យនំបុ័ងឥតមេ ជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា សម្រាប់បុណ្យចម្លង ៨ព្រះយេស៊ូបានចាត់លោកសិលានិងលោកយ៉ូហានឲ្យទៅមុន ដោយមានព្រះបន្ទូលថា៖ «ចូរទៅរៀបចំពិធីជប់លៀងសម្រាប់យើង នៅក្នុងពេលបុណ្យចម្លង»។ ៩អ្នកទាំងពីរទូលសួរព្រះអង្គថា៖ «តើព្រះគ្រូចង់ឲ្យយើងខ្ញុំរៀបចំជប់លៀង នៅកន្លែងណា?»។ ១០ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ពេលចូលទៅដល់ក្នុងទីក្រុង អ្នកនឹងជួបបុរសម្នាក់លីក្អមទឹក។ ចូរដើរតាមគាត់រហូតដល់ផ្ទះដែលគាត់ចូល ១១ហើយនិយាយនឹងម្ចាស់ផ្ទះថា ”លោកគ្រូចាត់យើងឲ្យមកសួរអ្នកថា បន្ទប់ដែលលោកនឹងជប់លៀងជាមួយសិស្ស ក្នុងពេលបុណ្យចម្លងនៅឯណា?”។ ១២ម្ចាស់ផ្ទះនឹងបង្ហាញបន្ទប់មួយយ៉ាងធំ នៅជាន់ខាងលើដែលរៀបចំជាស្រេច។ ចូររៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង នៅក្នុងបន្ទប់នោះចុះ»។ ១៣អ្នកទាំងពីរក៏ចេញទៅ ហើយបានឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់មែន។ គេរៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង។
ពិធីជប់លៀងរបស់ព្រះអម្ចាស់
(ម៉ាថាយ ២៦, ២៦-៣០ ម៉ាកុស ១៤, ២២-២៦ ១ កូរិនថូស ១១, ២៣-២៥)
១៤លុះដល់ពេលកំណត់ហើយ ព្រះយេស៊ូក៏រួមតុជាមួយក្រុមគ្រីស្តទូត ១៥ព្រះអង្គមានព្រះបន្ទូលថា៖ «មុនពេលខ្ញុំរងទុក្ខលំបាក ខ្ញុំចង់បរិភោគម្ហូបអាហារក្នុងឱកាសបុណ្យចម្លងនេះ ជាមួយអ្នករាល់គ្នាណាស់!។ ១៦ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនបរិភោគម្ហូបអាហារ បុណ្យចម្លងនេះទៀតទេ លុះត្រាតែពិធីបុណ្យនេះបានសម្រេចសព្វគ្រប់ នៅក្នុងព្រះរាជ្យព្រះជាម្ចាស់»។ ១៧ព្រះអង្គយកពែងមួយមកកាន់ ហើយអរព្រះគុណព្រះជាម្ចាស់ រួចព្រះអង្គមានព្រះបន្ទូលថា៖ «ចូរយកទៅចែកគ្នាពិសាចុះ។ ១៨ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅខ្ញុំមិនទទួលទាន ស្រាទំពាំងបាយជូរ ទៀតឡើយ លុះត្រាតែព្រះរាជ្យព្រះជាម្ចាស់ មកដល់»។ ១៩បន្ទាប់មកព្រះអង្គយកនំបុ័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចព្រះអង្គកាច់ប្រទានឲ្យគេទាំងមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំ ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា ចូរធ្វើដូច្នេះ ដើម្បីនឹករំព្ញកដល់ខ្ញុំ»។ ២០លុះជប់លៀងរួចហើយ ព្រះអង្គធ្វើតាមបែបដដែល ទ្រង់យកពែងមកកាន់ ទាំងមានព្រះបន្ទូលថា៖ «នេះជាពែងនៃសម្ព័ន្ធមេត្រីថ្មីចងឡើងដោយសារលោហិតខ្ញុំ ដែលត្រូវបង្ហូរសម្រាប់អ្នករាល់គ្នា។ ២១ប៉ុន្តែតោងដឹងថា អ្នកដែលនឹងបញ្ជូនខ្ញុំ ក៏នៅរួមតុជាមួយខ្ញុំដែរ។ ២២បុត្រមនុស្សត្រូវតែស្លាប់ តាមព្រះជាម្ចាស់បានកំណត់ទុកមកតែអ្នកដែលបញ្ជូនបុត្រមនុស្សមុខជាត្រូវវេទនាពុំខាន»។ ២៣ពេលនោះពួកសាវ័កសួរគ្នាទៅវិញទៅមក ចង់ដឹងថា ក្នុងចំណោមពួកគេ តើនរណាមានបំណងប្រព្រឹត្តដូច្នេះ។ អ្នកធំត្រូវបម្រើអ្នកតូច ២៤ខណៈនោះពួកសាវ័កជជែកទាស់ទែងគ្នា ចង់ដឹងថា ក្នុងចំណោមពួកគេនរណាមានឋានៈធំជាងគេ។ ២៥ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ស្តេចទាំងឡាយ តែងតែត្រួតត្រាលើប្រជារាស្ត្រ ហើយអ្នកកាន់អំណាចតែងឲ្យគេហៅខ្លួនថា អ្នកមានគុណ។ ២៦រីឯអ្នករាល់គ្នាវិញ មិនត្រូវធ្វើដូច្នោះឡើយ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលធំជាងគេ ត្រូវធ្វើតូចជាងគេ ហើយអ្នកដែលដឹកនាំគេ ត្រូវបម្រើគេវិញ។ ២៧អ្នកដែលអង្គុយនៅតុ និងអ្នកបម្រើតុតើអ្នកណាធំជាង? ធម្មតាអ្នកអង្គុយតុធំជាងអ្នកបម្រើតុ។ រីឯខ្ញុំ ខ្ញុំនៅកណ្តាលចំណោមអ្នករាល់គ្នា ខ្ញុំធ្វើជាអ្នកបម្រើទៅវិញ។ ២៨គ្រប់ពេលខ្ញុំជួបទុក្ខលំបាកអ្នករាល់គ្នាស៊ូទ្រាំនៅជាមួយខ្ញុំជានិច្ច។ ២៩ហេតុនេះហើយ បានជាខ្ញុំប្រគល់ព្រះរាជ្យឲ្យអ្នករាល់គ្នា ដូចព្រះបិតាបានប្រគល់មកឲ្យខ្ញុំដែរ។ ៣០ក្នុងព្រះរាជ្យរបស់ខ្ញុំ អ្នករាល់គ្នានឹងបរិភោគរួមតុជាមួយខ្ញុំ ហើយអ្នករាល់គ្នានឹងអង្គុយលើបល្ល័ង្ក ដើម្បីគ្រប់គ្រងលើកុលសម្ពន្ធទាំងដប់ពីរ នៃជនជាតិអ៊ីស្រាអែល»។
ព្រះយេស៊ូមានព្រះបន្ទូលអំពីលោកសិលាបដិសេធមិនស្គាល់ព្រះអង្គ
(មថ ២៦, ៣១-៣៥ មក ១៤,២៧-៣១ យហ ១៣,៣៦-៣៨)
៣១«ស៊ីម៉ូន! ស៊ីម៉ូនអើយ! មារសាតាំងបានទាមទារសុំរែងអ្នករាល់គ្នា ដូចគេរែងអង្ករ។ ៣២ប៉ុន្តែខ្ញុំបានអង្វរព្រះជាម្ចាស់ សូមកុំឲ្យអ្នកបាត់ជំនឿឡើយ។ លុះដល់ពេលអ្នកប្រែចិត្តមកវិញចូរជួយបងប្អូនរបស់អ្នក ឲ្យមានជំនឿមាំមួនផង»។ ៣៣លោកសិលាទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំត្រៀមខ្លួនជាស្រេច ទោះបីត្រូវជាប់ឃុំឃាំង ឬត្រូវស្លាប់ក៏ដោយ ទូលបង្គំសុខចិត្តទៅជាមួយព្រះអង្គរហូត»។ ៣៤ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «សិលាអើយ! ខ្ញុំសុំប្រាប់អ្នកថា នៅយប់នេះមុនមាន់រងាវ អ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ»។ ៣៥បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលសួរសាវ័កថា៖ «កាលដែលខ្ញុំចាត់អ្នករាល់គ្នាទៅ ដោយគ្មានថង់ប្រាក់ ថង់យាម ឬស្បែកជើងល តើអ្នករាល់គ្នាមានខ្វះខាតអ្វីទេ?»។ គេទូលថា៖ «យើងខ្ញុំគ្មានខ្វះខាតអ្វីទេ»។ ៣៦ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ឥឡូវនេះ អ្នកណាមានថង់ប្រាក់ ត្រូវយកទៅជាមួយ ហើយអ្នកណាមានថង់យាមក៏ត្រូវយកទៅជាមួយដែរ។ រីឯអ្នកដែលគ្មានដាវ ត្រូវលក់អាវធំរបស់ខ្លួនទិញដាវមួយទៅ។ ៣៧ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ក្នុងគម្ពីរមានចែងទុកអំពីខ្ញុំថា “គេបានរាប់លោកទុកដូចជាអ្នកមានទោសឧក្រិដ្ឋ”វ។ ហេតុការណ៍នោះត្រូវតែកើតមាន ស្របតាមគម្ពីរ»។ ៣៨ពួកសាវ័កទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់!យើងមានដាវពីរ»។ ព្រះអង្គមានព្រះបន្ទូលឆ្លើយតបវិញថា៖ «ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ»។
ព្រះយេស៊ូអធិស្ឋាននៅលើភ្នំដើមអូលីវ
(ម៉ាថាយ ២៦, ៣៦-៤៦ ម៉ាកុស ១៤, ៣២-៤២)
៣៩ព្រះយេស៊ូយាងចេញពីផ្ទះនោះ ឆ្ពោះទៅភ្នំដើមអូលីវ តាមទម្លាប់របស់ព្រះអង្គ សាវ័កក៏នាំគ្នាតាមព្រះអង្គទៅដែរ។ ៤០កាលយាងទៅដល់ហើយព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរអធិស្ឋាន កុំឲ្យចាញ់ការល្បួងឡើយ»។ ៤១បន្ទាប់មកព្រះអង្គយាងទៅឆ្ងាយពីពួកសាវ័ក ចម្ងាយប្រហែលគេចោលដុំថ្មមួយទំហឹងដៃ។ ព្រះអង្គលុតជង្គង់ចុះ ទូលអង្វរថា៖ ៤២«ឱព្រះបិតាអើយ! ប្រសិនបើព្រះអង្គសព្វព្រះហប្ញទ័យ សូមដកយកពែងនៃទុក្ខលំបាកនេះ ចេញឲ្យឆ្ងាយពីទូលបង្គំទៅ។ ប៉ុន្តែ សូមកុំឲ្យសម្រេចតាមចិត្តទូលបង្គំឡើយ គឺឲ្យសម្រេចតាមព្រះហប្ញទ័យរបស់ព្រះអង្គវិញ»។ ៤៣ពេលនោះមានទេវទូត មួយរូបចុះពីស្ថានបរមសុខមកឲ្យព្រះអង្គឃើញ ដើម្បីលើកទឹកចិត្តព្រះអង្គ។ ៤៤ព្រះយេស៊ូព្រួយអន្ទះអន្ទែងពន់ប្រមាណ ព្រះអង្គទូលអង្វរកាន់តែខ្លាំងឡើងៗ តំណក់ញើសរបស់ព្រះអង្គ ដូចជាតំណក់ឈាមស្រក់ចុះដល់ដី។ ៤៥កាលព្រះអង្គទូលអង្វររួចហើយ ទ្រង់ក្រោកឡើងត្រឡប់ទៅរកពួកសាវ័ក ឃើញគេកំពុងដេកលក់ដោយព្រួយចិត្ត។ ៤៦ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាដេកលក់ដូច្នេះ? ចូរក្រោកឡើងអធិស្ឋានកុំឲ្យចាញ់ការល្បួង»។
គេចាប់ព្រះយេស៊ូ
(មថ ២៦, ៤៧-៥៦ មក ១៤,៤៣-៥០ យហ ១៨,៣-១១)
៤៧នៅពេលព្រះអង្គកំពុងតែមានព្រះបន្ទូល នៅឡើយស្រាប់តែបណ្តាជនមកដល់ នាំមុខដោយឈ្មោះយូដាសជាសាវ័កមួយរូប ក្នុងក្រុមទាំងដប់ពីរ។គាត់ចូលមកជិតព្រះយេស៊ូ ហើយថើបព្រះអង្គ។៤៨ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «យូដាសអើយ! អ្នកធ្វើជាថើបដើម្បីបញ្ជូនបុត្រមនុស្សឬអី?»។ ៤៩ពួកអ្នកនៅជាមួយព្រះយេស៊ូឃើញហេតុការណ៍ដែលហៀបនឹងកើតឡើង ក៏ទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់! តើឲ្យយើងខ្ញុំហូតដាវកាប់គេឬ?»។ ៥០សាវ័កម្នាក់បានកាប់អ្នកបម្រើរបស់លោកមហាបូជាចារ្យមួយដាវ ដាច់ស្លឹកត្រចៀកស្តាំ។៥១ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ប៉ុណ្ណឹងបានហើយ!»។ ព្រះអង្គក៏ពាល់ត្រចៀកបុរសនោះ ហើយប្រោសគាត់ឲ្យបានជាដូចដើមវិញ។ ៥២បន្ទាប់មកព្រះអង្គមានព្រះបន្ទូល ទៅពួកនាយកបូជាចារ្យមេក្រុមរក្សាព្រះវិហារនិងពួកព្រឹទ្ធាចារ្យ ដែលមកចាប់ព្រះអង្គនោះថា៖ «ខ្ញុំជាចោរព្រៃឬបានជាអស់លោកកាន់ដាវកាន់ដំបងមកចាប់ខ្ញុំដូច្នេះ?។ ៥៣ខ្ញុំនៅក្នុងព្រះវិហារជាមួយអស់លោក ជារៀងរាល់ថ្ងៃតែអស់លោកពុំបានចាប់ខ្ញុំទេ។ ឥឡូវនេះ ជាពេលរបស់អស់លោកហើយ គឺជាពេលដែលម្ចាស់នៃសេចក្តីងងឹតបញ្ចេញអំណាច»។
លោកសិលាបដិសេធមិនស្គាល់ព្រះយេស៊ូ
(ម៉ាថាយ ២៦,៥៧-៥៨,៦៩-៧៥ ម៉ាកុស ១៤, ៥៣-៥៤,៦៦-៧២ យ៉ូហាន ១៨, ១២-១៨, ២៥-២៧)
៥៤ពួកគេចាប់ព្រះយេស៊ូ បណ្តើរនាំចូលទៅក្នុងដំណាក់របស់លោកមហាបូជាចារ្យ។ លោកសិលាដើរតាមព្រះអង្គពីចម្ងាយ។ ៥៥គេបានដុតភ្លើងនៅកណ្តាលទីលាន ហើយអង្គុយជុំវិញ លោកសិលាក៏អង្គុយនៅកណ្តាលចំណោមពួកគេដែរ។ ៥៦ស្ត្រីបម្រើម្នាក់ឃើញគាត់អង្គុយនៅមុខពន្លឺភ្លើង សំឡឹងមើលគាត់ ហើយពោលថា៖ «ម្នាក់នេះជាបក្សពួករបស់យេស៊ូ!»។ ៥៧លោកសិលាប្រកែកថា៖ «ទេនាងអើយ! ខ្ញុំមិនដែលស្គាល់គាត់ទេ»។ ៥៨មួយស្របក់ក្រោយមក មានម្នាក់ទៀតឃើញគាត់ក៏ពោលថា៖ «អ្នកឯងជាបក្សពួកគាត់ដែរ»។ លោកសិលាឆ្លើយទៅអ្នកនោះថា៖ «ទេ!មិនមែនខ្ញុំទេ!»។ ៥៩ប្រហែលមួយម៉ោងក្រោយមក មានម្នាក់ទៀតនិយាយបែបប្រាកដប្រជាថា៖ «អ្នកនេះពិតជាបក្សពួករបស់យេស៊ូមែន ព្រោះគាត់ជាអ្នកស្រុកកាលីឡេដូចគ្នា»។ ៦០លោកសិលាឆ្លើយថា៖ «ខ្ញុំមិនដឹងជាអ្នកចង់និយាយអំពីរឿងអ្វីសោះ»។ គាត់កំពុងតែនិយាយនៅឡើយ ស្រាប់តែមាន់រងាវឡើង។ ៦១ព្រះអម្ចាស់បែរព្រះភ័ក្ត្រទតមកលោក/សិលា។ លោកសិលាក៏នឹកឃើញព្រះបន្ទូល របស់ព្រះអង្គថា៖«យប់នេះ មុនមាន់រងាវអ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ»។ ៦២លោកសិលាចាកចេញពីទីនោះហើយយំសោកយ៉ាងខ្លោចផ្សា។
គេវាយដំជេរប្រមាថព្រះយេស៊ូ
(ម៉ាថាយ ២៦, ៦៧-៦៨ ម៉ាកុស ១៤,៦៥)
៦៣ពួកអ្នកយាមព្រះយេស៊ូ ចំអកដាក់ព្រះអង្គ ហើយវាយតប់ព្រះអង្គផង។៦៤គេយកក្រណាត់គ្របព្រះភ័ក្ត្រព្រះអង្គ ហើយសួរថា៖ «ទាយមើល៍អ្នកណាវាយឯង?»។ ៦៥រួចគេជេរប្រមាថព្រះអង្គជាច្រើនថែមទៀតផង។
ព្រះយេស៊ូនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់
(ម៉ាថាយ ២៦, ៥៩-៦៦ ម៉ាកុស ១៤, ៥៥-៦៤ យ៉ូហាន ១៨, ១៩-២៤)
៦៦លុះព្រឹកឡើងពួកព្រឹទ្ធាចារ្យរបស់ប្រជាជនពួកនាយកបូជាចារ្យនិងពួកបណ្ឌិតខាងវិន័យ ជួបជុំគ្នាបង្គាប់ឲ្យគេនាំព្រះយេស៊ូ ចូលមកឈរនៅខាងមុខក្រុមប្រឹក្សាជាន់ខ្ពស់ របស់គេ។ ៦៧ពួកគេសួរព្រះអង្គថា៖ «ប្រាប់យើងមកមើល៍តើអ្នកជាព្រះគ្រីស្តឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «បើខ្ញុំប្រាប់អស់លោកក៏អស់លោកពុំជឿខ្ញុំ ៦៨ហើយបើខ្ញុំសួរអស់លោកវិញ ក៏អស់លោកមិនឆ្លើយនឹងខ្ញុំដែរ។ ៦៩ប៉ុន្តែ អំណើះតទៅបុត្រមនុស្សនឹងអង្គុយនៅខាងស្តាំ ព្រះជាម្ចាស់ដ៏មានប្ញទ្ធានុភាពស។ ៧០ពេលនោះ គេសួរព្រមគ្នាឡើងថា៖ «បើដូច្នេះ អ្នកជាព្រះបុត្រារបស់ព្រះជាម្ចាស់ឬ?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «អស់លោកមានប្រសាសន៍ត្រូវមែន គឺខ្ញុំនេះហើយ»។ ៧១គេក៏និយាយឡើងថា៖ «យើងមិនបាច់រកសាក្សីឯណាទៀតទេ ដ្បិតយើងបានឮពាក្យរបស់អ្នកនេះផ្ទាល់តែម្តង!»។
ជំពូក ២៣
ព្រះយេស៊ូនៅមុខលោកពីឡាត
(ម៉ាថាយ ២៧, ១-២, ១១-១៤ ម៉ាកុស ១៥,១-១៥ យ៉ូហាន ១៨, ២៨-៣៨)
១ក្រុមប្រឹក្សាជាន់ខ្ពស់ ក្រោកឡើងទាំងអស់គ្នា ហើយបញ្ជូនព្រះយេស៊ូទៅលោកពីឡាត។២គេនាំគ្នាចោទប្រកាន់ព្រះអង្គថា៖ «យើងខ្ញុំឃើញអ្នកនេះ កំពុងតែបំបះបំបោរប្រជារាស្ត្រយើង គឺហាមគេមិនឲ្យបង់ពន្ធថ្វាយព្រះចៅអធិរាជ ហើយគាត់អះអាងខ្លួនថា ជាព្រះគ្រីស្ត គឺជាស្តេច»។ ៣លោកពីឡាតសួរព្រះអង្គថា៖ «តើអ្នកជាស្តេចសាសន៍យូដាមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «លោកទេតើដែលមានប្រសាសន៍ដូច្នេះ»។ ៤លោកពីឡាតក៏ពោលទៅកាន់ពួកនាយកបូជាចារ្យ និងបណ្តាជនថា៖ «ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីឡើយ!»។ ៥ប៉ុន្តែគេរឹតតែចោទប្រកាន់ខ្លាំងឡើងៗថា៖ «អ្នកនេះបានបំបះបំបោរប្រជាជន ដោយបង្រៀនគេចាប់តាំងពីស្រុកកាលីឡេ រហូតមកដល់ទីនេះ»។
ព្រះយេស៊ូនៅមុខស្តេចហេរ៉ូដ
៦លោកពីឡាតឮដូច្នោះក៏សួរថា៖ «តើអ្នកនេះជាអ្នកស្រុកកាលីឡេឬ?»។ ៧កាលលោកពីឡាតដឹងថា ព្រះយេស៊ូជាអ្នកស្រុកនៅក្រោមអំណាចរបស់ព្រះបាទហេរ៉ូដ លោកក៏បញ្ជូនព្រះអង្គទៅព្រះបាទហេរ៉ូដ ដែលស្នាក់នៅក្រុងយេរូសាឡឹមពេលនោះដែរ។ ៨ពេលឃើញព្រះយេស៊ូ ព្រះបាទហេរ៉ូដសប្បាយព្រះហប្ញទ័យក្រៃលែង ដ្បិតទ្រង់ចង់ជួបព្រះយេស៊ូតាំងពីយូរយារមកហើយ ព្រោះទ្រង់តែងឮគេនិយាយអំពីព្រះអង្គ ហើយសង្ឃឹមថានឹងបានឃើញព្រះយេស៊ូធ្វើការអស្ចារ្យអ្វីមួយ។ ៩ទ្រង់ទូលសួរសំណួរជាច្រើន តែព្រះយេស៊ូពុំមានព្រះបន្ទូលឆ្លើយតបទាល់តែសោះ។ ១០ពួកមហាបូជាចារ្យ និងពួកបណ្ឌិតខាងវិន័យក៏នៅទីនោះដែរ គេបានចោទប្រកាន់ព្រះយេស៊ូ យ៉ាងខ្លាំងបំផុត។ ១១ព្រះបាទហេរ៉ូដនិងពួកទាហានចំអកឲ្យព្រះយេស៊ូ ព្រមទាំងជេរប្រមាថ មើលងាយព្រះអង្គផង។ គេយកអាវដ៏ល្អវិសេសមកពាក់ឲ្យព្រះអង្គ រួចបញ្ជូនទៅលោកពីឡាតវិញ។ ១២កាលពីមុនព្រះបាទហេរ៉ូដ និងលោកពីឡាតជាសត្រូវនឹងគ្នា។ ប៉ុន្តែចាប់ពីថ្ងៃនោះមក លោកទាំងពីរត្រឡប់ទៅជាមិត្តសំឡាញ់នឹងគ្នាវិញ។
លោកពីឡាតកាត់ទោសប្រហារជីវិតព្រះយេស៊ូ
(ម៉ាថាយ ២៧,១៥-២៦ ម៉ាកុស ១៥,៦-១៥ យ៉ូហាន ១៨,៣៩-១៩,១៦)
១៣លោកពីឡាតបានកោះហៅពួកនាយកបូជាចារ្យ ពួកមន្ត្រី និងប្រជាជនមកជួបជុំគ្នា។ ១៤លោកមានប្រសាសន៍ថា៖ «អស់លោកបាននាំបុរសនេះមកឲ្យខ្ញុំកាត់ទោស ដោយចោទប្រកាន់ថា គាត់បំបះបំបោរប្រជារាស្ត្រ។ ខ្ញុំបានសួរចម្លើយគាត់នៅមុខអស់លោក តែមិនឃើញមានទោសអ្វី ដូចអស់លោកចោទប្រកាន់សោះ។ ១៥សូម្បីតែស្តេចហេរ៉ូដក៏មិនឃើញគាត់មានទោសអ្វីដែរ ហេតុនេះហើយបានជាទ្រង់បញ្ជូនគាត់មកវិញ។ បុរសនេះមិនបានប្រព្រឹត្តអ្វីគួរឲ្យប្រហារជីវិតឡើយ។ ១៦ខ្ញុំគ្រាន់តែឲ្យគេវាយប្រដៅគាត់រួចលែងគាត់ឲ្យទៅវិញ»។ {១៧ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង លោកពីឡាតត្រូវលែងអ្នកទោសម្នាក់}។ ១៨គេស្រែកឡើងព្រមគ្នាថា៖ «សូមសម្លាប់អ្នកនេះទៅ! លែងបារ៉ាបាសឲ្យយើងខ្ញុំវិញ!»។ ១៩ឈ្មោះបារ៉ាបាសនេះជាប់ឃុំឃាំង ព្រោះគាត់បានបង្កចលាចលក្នុងទីក្រុង ព្រមទាំងបានសម្លាប់មនុស្សផង។ ២០លោកពីឡាតចង់ដោះលែងព្រះយេស៊ូ លោកក៏មានប្រសាសន៍ទៅគេម្តងទៀត។ ២១ប៉ុន្តែគេស្រែកឡើងថា៖ «ឆ្កាងទៅ! ឆ្កាងទៅ!»។ ២២លោកពីឡាតមានប្រសាសន៍ទៅគេជាលើកទីបីថា៖ «តើអ្នកនេះបានប្រព្រឹត្តអំពើអាក្រក់អ្វី? ខ្ញុំមិនឃើញគាត់មានទោសអ្វី គួរឲ្យប្រហារជីវិតឡើយ។ខ្ញុំគ្រាន់តែឲ្យគេវាយប្រដៅគាត់ រួចលែងគាត់ឲ្យទៅវិញ»។ ២៣ប៉ុន្តែគេចេះតែស្រែកខ្លាំងឡើងៗ ទាមទារឲ្យឆ្កាងព្រះយេស៊ូ សម្រែករបស់គេមានប្រៀបជាង។ ២៤លោកពីឡាតក៏យល់ព្រម តាមពាក្យទាមទាររបស់ពួកគេ ២៥លោកដោះលែងបារ៉ាបាស ជាអ្នកជាប់ឃុំឃាំង មកពីបានបង្កចលាចល និងបានសម្លាប់មនុស្ស។ រីឯព្រះយេស៊ូវិញ លោកប្រគល់ឲ្យគេយកទៅធ្វើតាមអំពើចិត្ត។
គេឆ្កាងព្រះយេស៊ូ
(ម៉ាថាយ ២៧, ៣២-៤៤ ម៉ាកុស ១៥, ២១-៣២ យ៉ូហាន ១៩, ១៧-២៧)
២៦នៅពេលបណ្តើរព្រះយេស៊ូទៅ គេជួបបុរសម្នាក់ឈ្មោះស៊ីម៉ូនជាអ្នកស្រុកគីរេន ដែលត្រឡប់មកពីចំការ។ គេចាប់បង្ខំគាត់ឲ្យលីឈើឆ្កាងដើរតាមក្រោយព្រះយេស៊ូ។ ២៧ប្រជាជនច្រើនកុះករដើរតាមព្រះអង្គទៅ ព្រមទាំងមានពួកស្ត្រីគក់ទ្រូងយំសោកអាណិតព្រះអង្គផង។ ២៨ព្រះយេស៊ូងាកមកមានព្រះបន្ទូលនឹងស្ត្រីទាំងនោះថា៖ «ស្ត្រីក្រុងយេរូសាឡឹមអើយ! កុំយំសោកអាណិតខ្ញុំធ្វើអ្វី ចូរយំសោកអាណិតខ្លួននាងនិងកូននាងវិញ ២៩ដ្បិតនៅថ្ងៃក្រោយនឹងមានគេពោលថា “ស្ត្រីណាឥតកូនហស្ត្រីណាមិនបង្កើតកូន និងស្ត្រីណាមិនដែលបំបៅកូនស្ត្រីនោះពិតជាមានសុភមង្គលមែន”។ ៣០នៅពេលនោះ គេនឹងនិយាយទៅភ្នំថា”ចូររលំសង្កត់ពីលើយើងខ្ញុំមក! ចូរជួយលាក់ខ្លួនយើងខ្ញុំផង!”ឡ។ ៣១បើគេធ្វើបាបឈើស្រស់យ៉ាងហ្នឹងទៅហើយ ចុះទំរាំបើឈើងាប់វិញ តើគេនឹងធ្វើបាបដល់កំរិតណាទៅ!»។ ៣២គេបាននាំអ្នកទោសអពីរនាក់ទៀត មកសម្លាប់ជាមួយព្រះយេស៊ូដែរ។ ៣៣លុះមកដល់កន្លែងមួយដែលគេហៅថា “ភ្នំលលាដ៍ក្បាល” គេឆ្កាងព្រះយេស៊ូនៅទីនោះ ហើយគេក៏ឆ្កាងអ្នកទោសទាំងពីរនាក់ នោះដែរ ម្នាក់នៅខាងស្តាំព្រះអង្គម្នាក់ទៀតនៅខាងឆ្វេងព្រះអង្គ។ ៣៤ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ឱព្រះបិតាអើយ! សូមព្រះអង្គអត់ទោសឲ្យអ្នកទាំងនេះផង ដ្បិតគេមិនដឹងថាគេកំពុងធ្វើអ្វីឡើយ»។ គេយកសម្លៀកបំពាក់របស់ព្រះអង្គ មកចាប់ឆ្នោតចែកគ្នា។ ៣៥ប្រជាជននាំគ្នាឈរមើលរីឯពួកនាម៉ឺននិយាយចំអកមើលងាយព្រះអង្គថា៖ «គាត់បានសង្គ្រោះមនុស្សឯទៀតៗ បើគាត់ជាព្រះគ្រីស្តរបស់ព្រះជាម្ចាស់ ហើយជាអ្នកដែលព្រះអង្គបានជ្រើសរើស មែននោះឲ្យគាត់សង្គ្រោះខ្លួនឯងទៅ!»។ ៣៦ពួកទាហានក៏បានចំអកដាក់ព្រះអង្គដែរ គេយកទឹកខ្មេះមកថ្វាយព្រះអង្គសោយ ៣៧ទាំងពោលថា៖ «បើអ្នកជាស្តេចជនជាតិយូដាមែន ចូរសង្គ្រោះខ្លួនអ្នកទៅ!»។ ៣៨នៅពីលើព្រះអង្គមានសរសេរអក្សរថា «អ្នកនេះជាស្តេចជនជាតិយូដា»។ ៣៩អ្នកទោសម្នាក់ដែលជាប់ឆ្កាងពោលប្រមាថព្រះយេស៊ូថា៖ «បើអ្នកជាព្រះគ្រីស្តមែន ចូរសង្គ្រោះខ្លួនអ្នកទៅហើយសង្គ្រោះយើងផង!»។ ៤០ប៉ុន្តែអ្នកទោសម្នាក់ទៀតស្តីឲ្យអ្នកនោះថា៖ «ឯងមិនកោតខ្លាចព្រះជាម្ចាស់ទេឬ?ឯងត្រូវគេកាត់ទោសដូចលោកដែរ។ ៤១គេធ្វើទោសយើងនេះត្រូវហើយ យើងទទួលទោសតាមអំពើដែលយើងបានប្រព្រឹត្ត។ រីឯលោកវិញលោកមិនបានធ្វើអំពើអាក្រក់អ្វីសោះ»។ ៤២បន្ទាប់មក គាត់ទូលព្រះអង្គថា៖«ឱព្រះយេស៊ូអើយ! ពេលព្រះអង្គយាងមកគ្រងរាជ្យ សូមកុំភ្លេចទូលបង្គំ»។ ៤៣ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា ថ្ងៃនេះអ្នកបានទៅនៅស្ថានបរមសុខជាមួយខ្ញុំ»។
ព្រះយេស៊ូចូលទិវង្គត
(ម៉ាថាយ ២៧, ៤៥-៥៦ ម៉ាកុស ១៥, ៣៣-៤១ យ៉ូហាន ១៩, ២៨-៣០)
៤៤ពេលនោះ ប្រហែលជាថ្ងៃត្រង់ ផែនដីទាំងមូលងងឹតសូន្យ រហូតដល់ម៉ោងបីរសៀល ៤៥ព្រះអាទិត្យបាត់រស្មី វាំងនននៅក្នុងព្រះវិហាររហែកជាពីរចំពាក់កណ្តាល។ ៤៦ព្រះយេស៊ូបន្លឺព្រះសូរសៀងខ្លាំងៗថា៖«ព្រះបិតា! ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំ ទៅក្នុងព្រះហស្តព្រះអង្គវិញក»។ ព្រះអង្គមានព្រះបន្ទូលដូច្នោះរួចហើយ ក៏រលត់វិញ្ញាណទៅ។ ៤៧នាយទាហានរ៉ូម៉ាំងដែលបានឃើញហេតុការណ៍កើតឡើង ក៏លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយពោលថា៖ «បុរសនេះពិតជាសុចរិតមែន!»។ ៤៨រីឯបណ្តាជនទាំងប៉ុន្មានដែលមកមើល កាលបានឃើញហេតុការណ៍ទាំងនេះ គេនាំគ្នាត្រឡប់ទៅវិញទាំងគក់ទ្រូង។៤៩អ្នកជិតដិតនឹងព្រះយេស៊ូទាំងប៉ុន្មាន ព្រមទាំងពួកស្ត្រី ដែលដើរតាមព្រះអង្គតាំងពីស្រុកកាលីឡេមកនាំគ្នាឈរមើលហេតុការណ៍ទាំងអស់ពីចម្ងាយ។
ការបញ្ចុះសពព្រះយេស៊ូ
(ម៉ាថាយ ២៧,៥៧-៦១ ម៉ាកុស ១៥,៤២-៤៧ យ៉ូហាន ១៩,៣៨-៤២)
៥០មានសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ មួយរូបឈ្មោះយ៉ូសែប។ លោកជាអ្នកក្រុងអារីម៉ាថេជាក្រុងមួយរបស់ជនជាតិយូដា។ លោកជាមនុស្សល្អសុចរិត ហើយទន្ទឹងរង់ចាំព្រះរាជ្យរបស់ព្រះជាម្ចាស់។ ៥១លោកពុំបានយល់ស្របជាមួយគេលើការសម្រេចចិត្តធ្វើគុតព្រះយេស៊ូទេ ហើយក៏មិនបានចូលរួមក្នុងអំពើ ដែលគេប្រព្រឹត្តនោះដែរ។ ៥២លោកបានទៅជួបលោកពីឡាត សុំយកព្រះសពព្រះយេស៊ូ។ ៥៣លោកយកព្រះសពព្រះយេស៊ូចុះពីឈើឆ្កាងហើយរុំនឹងក្រណាត់ផាឌិប រួចដាក់ក្នុងរូងថ្មមួយ ដែលគេដាប់ធ្វើជាផ្នូរ។ ផ្នូរនេះពុំទាន់មានដាក់សពណាមួយនៅឡើយទេ។ ៥៤ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យចម្លង ហើយថ្ងៃសប្ប័ទជិតមកដល់។ ៥៥ពួកស្ត្រីដែលមកតាមព្រះអង្គតាំងពីស្រុកកាលីឡេក៏ទៅជាមួយលោកយ៉ូសែបដែរ។ នាងបានឃើញផ្នូរ ហើយឃើញរបៀបដែលគេដាក់ព្រះសពព្រះយេស៊ូផង។ ៥៦បន្ទាប់មក ស្ត្រីទាំងនោះវិលត្រឡប់ទៅវិញរៀបចំគ្រឿងក្រអូបនិងទឹកអប់។ នៅថ្ងៃសប្ប័ទ នាងនាំគ្នាឈប់សម្រាក តាមវិន័យចែងទុក។
ជំពូក ២៤
ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ
(ម៉ាថាយ២៨,១-១០ ម៉ាកុស១៦,១-៨ យ៉ូហាន ២០,១-២០)
១ នៅថ្ងៃអាទិត្យខ ពេលព្រលឹមស្រាងៗស្ត្រីៗនាំគ្នាទៅផ្នូរ ដោយយកគ្រឿងក្រអូបដែលគេបានរៀបចំទុក ទៅជាមួយផង។ ២ពួកនាងសង្កេតឃើញថា ថ្មបានរមៀលចេញពីមាត់ផ្នូរ។ ៣នាងក៏នាំគ្នាចូលទៅក្នុងផ្នូរតែពុំឃើញព្រះសពរបស់ព្រះអម្ចាស់យេស៊ូទេ។ ៤ស្ត្រីទាំងនោះមិនដឹងជាត្រូវគិតយ៉ាងណាស្រាប់តែមានបុរសពីរនាក់ស្លៀកពាក់ភ្លឺចិញ្ចែងចិញ្ចាច មកឈរជិតនាង។ ៥នាងភ័យខ្លាចជាខ្លាំង ហើយឳនមុខចុះ។ បុរសទាំងពីរនាក់នោះនិយាយមកកាន់នាងថា៖ «ហេតុអ្វីបានជានាងនាំគ្នាមករកព្រះអង្គ ដែលមានព្រះជន្មរស់ ក្នុងចំណោមមនុស្សស្លាប់ដូច្នេះ? ៦{ទ្រង់មិនគង់នៅទីនេះទេ ព្រះជាម្ចាស់បានប្រោសព្រះអង្គ ឲ្យមានព្រះជន្មរស់ឡើងវិញហើយ។} ចូរនឹកចាំអំពីព្រះបន្ទូលដែលព្រះអង្គបានប្រាប់អ្នករាល់គ្នា កាលនៅស្រុកកាលីឡេថា ៧”បុត្រមនុស្សនឹងត្រូវគេបញ្ជូន ទៅក្នុងកណ្តាប់ដៃរបស់មនុស្សបាបគេនឹងឆ្កាងព្រះអង្គ តែបីថ្ងៃក្រោយមក ព្រះអង្គមានព្រះជន្មរស់ឡើងវិញ”គ»។ ៨ពួកនាងក៏នឹកឃើញ ព្រះបន្ទូលរបស់ព្រះយេស៊ូ។ ៩ពួកនាងនាំគ្នាត្រឡប់មកពីផ្នូរវិញ រៀបរាប់ហេតុការណ៍ទាំងនោះប្រាប់ក្រុមសាវ័ក ទាំងដប់មួយនាក់ ព្រមទាំងអ្នកឯទៀតៗដែរ។ ១០ស្ត្រីទាំងនោះមាន នាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងយ៉ូហាណា និងនាងម៉ារីជាម្តាយរបស់យ៉ាកុប។ ស្ត្រីឯទៀតៗ ដែលបានទៅជាមួយនាងទាំងនោះ ក៏រៀបរាប់ហេតុការណ៍ ប្រាប់ក្រុមគ្រីស្តទូតដែរ ១១ពួកគេពុំជឿពាក្យសំដីនាងទេ ព្រោះគេថា នាងទាំងនោះនិយាយរឿងផ្តេសផ្តាស។ ១២ប៉ុន្តែ លោកសិលាស្ទុះរត់ទៅផ្នូរ គាត់ឳនមើលទៅឃើញតែក្រណាត់រុំព្រះសពប៉ុណ្ណោះ គាត់វិលត្រឡប់មកផ្ទះវិញ ទាំងងឿងឆ្ងល់អំពីហេតុការណ៍ដែលកើតមាននោះ។
សាវ័កពីរនាក់ធ្វើដំណើរទៅភូមិអេម៉ាអ៊ូស
(ម៉ាកុស ១៦, ១២-១៣)
១៣នៅថ្ងៃដដែលនោះ មានសាវ័កពីរនាក់ធ្វើដំណើរឆ្ពោះទៅភូមិអេម៉ាអ៊ូស ចម្ងាយប្រមាណដប់មួយគីឡូម៉ែត្រពីក្រុងយេរូសាឡឹម។ ១៤គេនិយាយគ្នាអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលកើតមាន។ ១៥នៅពេលដែលគេកំពុងតែពិភាក្សាគ្នា ព្រះយេស៊ូយាងមកជិតគេ ហើយធ្វើដំណើរជាមួយគេទៅ។ ១៦គេឃើញព្រះយេស៊ូផ្ទាល់នឹងភ្នែក តែគេមិនអាចស្គាល់ព្រះអង្គបានឡើយ។ ១៧ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «អ្នករាល់គ្នាដើរបណ្តើរជជែកគ្នាបណ្តើរ តើនិយាយគ្នាអំពីរឿងអ្វីហ្នឹង?»។ គេក៏ឈប់ដើរឈរស្ងៀមមានទឹកមុខស្រងូត។ ១៨ម្នាក់ឈ្មោះក្លេអូប៉ាសទូលព្រះអង្គថា៖ «ប្រជាជនទាំងអស់នៅក្រុងយេរូសាឡឹមដឹងហេតុការណ៍ ដែលកើតឡើងប៉ុន្មានថ្ងៃមុននេះគ្រប់ៗគ្នា ម្តេចក៏លោកមិនដឹង?»។ ១៩ព្រះអង្គសួរទៅគេថា៖ «តើរឿងអ្វី?»។ គេទូលឆ្លើយថា៖ «គឺរឿងលោកយេស៊ូ ជាអ្នកភូមិណាសារ៉ែត។ ព្រះជាម្ចាស់និងប្រជាជនទាំងមូលទទួលស្គាល់ថា លោកជាព្យាការី មានប្ញទ្ធានុភាពក្នុងគ្រប់កិច្ចការដែលលោកបានធ្វើ និងគ្រប់ពាក្យសំដីដែលលោកបានថ្លែង។ ២០ពួកនាយកបូជាចារ្យនិងពួកមន្ត្រីរបស់យើងបានបញ្ជូនលោក ទៅឲ្យគេកាត់ទោសប្រហារជីវិត ហើយគេឆ្កាងលោកផង។ ២១យើងបានសង្ឃឹមថា លោកនេះហើយដែលនឹងរំដោះជនជាតិអ៊ីស្រាអែល តែហេតុការណ៍ទាំងនោះបានកន្លងផុតទៅបីថ្ងៃហើយ។ ២២មានស្ត្រីខ្លះក្នុងចំណោមពួកយើងបានធ្វើឲ្យយើងឆ្ងល់យ៉ាងខ្លាំង គឺនាងនាំគ្នាទៅផ្នូរតាំងពីព្រលឹម ២៣តែមិនបានឃើញសពលោកទេ។ នាងត្រឡប់មកវិញរៀបរាប់ថានាងបានឃើញទេវទូតមកប្រាប់ថា លោកមានជីវិតរស់។ ២៤មានពួកយើងខ្លះនាំគ្នាទៅផ្នូរដែរ ហើយបានឃើញ ដូចពាក្យស្ត្រីទាំងនោះនិយាយមែន ប៉ុន្តែពុំមាននរណាបានឃើញលោកសោះ»។ ២៥ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «មនុស្សខ្វះប្រាជ្ញាអើយ! អ្នករាល់គ្នាមិនងាយជឿពាក្យទាំងប៉ុន្មានដែលពួកព្យាការីបានថ្លែងសោះ!។២៦ព្រះគ្រីស្តត្រូវតែរងទុក្ខលំបាកបែបនេះសិន មុននឹងចូលទៅទទួលសិរីរុងរឿង របស់ព្រះអង្គ»។ ២៧បន្ទាប់មកព្រះយេស៊ូបកស្រាយ សេចក្តីដែលមានចែងទុក អំពីព្រះអង្គនៅក្នុងគម្ពីរទាំងមូល ចាប់ពីគម្ពីរលោកម៉ូសេ រហូតដល់គម្ពីរព្យាការីទាំងអស់។
២៨លុះមកជិតដល់ភូមិ ដែលសាវ័កទាំងពីរបម្រុងនឹងទៅ ព្រះយេស៊ូធ្វើហាក់ដូចជាចង់យាងបន្តទៅមុខទៀត។ ២៩គេឃាត់ព្រះអង្គថា៖ «សូមលោកស្នាក់នៅជាមួយយើងខ្ញុំទីនេះហើយ ដ្បិតថ្ងៃកាន់តែទាប ហើយជិតយប់ផង» ព្រះយេស៊ូក៏ចូលទៅស្នាក់នៅជាមួយគេ។ ៣០ព្រះអង្គគង់រួមតុជាមួយគេ ហើយយកនំបុ័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចកាច់ប្រទានឲ្យគេ។ ៣១ពេលនោះភ្នែកគេបានភ្លឺឡើង មើលព្រះអង្គស្គាល់ ប៉ុន្តែព្រះអង្គបាត់ពីមុខគេទៅ។ ៣២គេនិយាយគ្នាថា៖ «កាលព្រះអង្គមានព្រះបន្ទូលមកកាន់យើង ព្រមទាំងបកស្រាយគម្ពីរឲ្យយើងស្តាប់ នៅតាមផ្លូវយើងមានចិត្តរំភើបយ៉ាងខ្លាំង!»។ ៣៣គេក៏ក្រោកឡើង វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញភ្លាមឃើញក្រុមសាវ័ក ទាំងដប់មួយនាក់ នៅជុំគ្នាជាមួយពួកគេឯទៀតៗ ៣៤គេប្រាប់អ្នកទាំងពីរថា៖ «ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ ពិតប្រាកដមែន ហើយទ្រង់បានបង្ហាញខ្លួនឲ្យស៊ីម៉ូនឃើញ!»។ ៣៥សាវ័កទាំងពីរនាក់រៀបរាប់ ហេតុការណ៍ដែលកើតឡើងនៅតាមផ្លូវ ហើយគេបានស្គាល់ព្រះអង្គនៅពេលព្រះអង្គកាច់នំបុ័ង។
ពួកសាវ័កបានឃើញព្រះយេស៊ូ
(ម៉ាថាយ ២៨ ,១៦-២០ ម៉ាកុស ១៦, ១៤-១៨ យ៉ូហាន ២០, ១៩-២៣ កិច្ចការ ១, ៦-៨)
៣៦នៅពេល សាវ័កទាំងពីរនាក់កំពុងតែនិយាយរៀបរាប់ ព្រះអម្ចាស់យាងមកគង់នៅកណ្តាលចំណោមសាវ័កទាំងអស់ ហើយមានព្រះបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាប្រកបដោយ សេចក្តីសុខសាន្ត ៣៧គេភ័យតក់ស្លុតញ័ររន្ធត់យ៉ាងខ្លាំង ព្រោះស្មានថាខ្មោចលង។ ៣៨ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារន្ធត់ចិត្តដូច្នេះ? ម្តេចក៏អ្នករាល់គ្នានៅសង្ស័យ? ៣៩ចូរមើលដៃជើងខ្ញុំគឺពិតជាខ្ញុំមែន! ចូរស្ទាបមើល៍ខ្មោចគ្មានសាច់គ្មានឆ្អឹងដូចខ្ញុំទេ»។ ៤០ព្រះអង្គមានព្រះបន្ទូលដូច្នោះហើយក៏បង្ហាញព្រះហស្ត និង ព្រះបាទាឲ្យគេឃើញ។ ៤១សាវ័កពុំទាន់ជឿនៅឡើយទេ ព្រោះគេអរផងហើយងឿងឆ្ងល់ផង។ ដូច្នេះព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «នៅទីនេះ តើអ្នករាល់គ្នាមានអ្វីបរិភោគឬទេ?»។ ៤២គេយកត្រីអាំងមួយដុំមកថ្វាយព្រះអង្គ ៤៣ព្រះអង្គទទួលយក ហើយសោយនៅមុខពួកគេទាំងអស់គ្នា។ ៤៤បន្ទាប់មកព្រះអង្គមានព្រះបន្ទូលថា៖«កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា សេចក្តីទាំងអស់ដែលមានចែងទុកអំពីខ្ញុំ ក្នុងធម្មវិន័យរបស់លោកម៉ូសេក្នុងគម្ពីរព្យាការី និងក្នុងគម្ពីរទំនុកតម្កើងត្រូវតែកើតមាន»។ ៤៥ព្រះអង្គក៏បំភ្លឺចិត្តគំនិតគេឲ្យយល់អត្ថន័យគម្ពីរ ៤៦ព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្តីដែលមានចែងទុកក្នុងគម្ពីរមែន គឺព្រះគ្រីស្តត្រូវរងទុក្ខលំបាក ហើយមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី។៤៧ អ្នករាល់គ្នាត្រូវប្រកាសក្នុងព្រះនាមព្រះអង្គឲ្យមនុស្សគ្រប់ជាតិសាសន៍កែប្រែចិត្តគំនិត ដើម្បីឲ្យបានរួចពីបាប គឺត្រូវប្រកាសចាប់តាំងពីក្រុងយេរូសាឡឹមតទៅ។ ៤៨អ្នករាល់គ្នាជាសាក្សីអំពីហេតុការណ៍ទាំងនេះ។ ៤៩ខ្ញុំនឹងចាត់ព្រះវិញ្ញាណមកសណ្ឋិតលើអ្នករាល់គ្នា តាមព្រះបន្ទូលសន្យារបស់ព្រះបិតាខ្ញុំ។ អ្នករាល់គ្នាត្រូវនៅក្នុងក្រុងយេរូសាឡឹមនេះ រហូតដល់ព្រះជាម្ចាស់ប្រទានឲ្យអ្នករាល់គ្នាមានប្ញទ្ធានុភាព។
ព្រះយេស៊ូយាងឡើងទៅស្ថានបរមសុខ
(ម៉ាកុស ១៦, ១៩-២០ កិច្ចការ ១,៩-១១)
៥០បន្ទាប់មក ព្រះយេស៊ូនាំពួកសាវ័កចេញពីទីក្រុងទៅភូមិបេថានី។ ពេលទៅដល់ ព្រះអង្គលើកព្រះហស្តឡើង ហើយប្រទានពរឲ្យគេ។ ៥១នៅពេលដែលព្រះអង្គកំពុងតែប្រទានពរ ព្រះជាម្ចាស់លើកយកព្រះអង្គចេញពីគេ ឡើងទៅស្ថានបរមសុខ។ ៥២ក្រោយពីបានក្រាបថ្វាយបង្គំ ព្រះអង្គរួចហើយ គេក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ប្រកបដោយអំណរដ៏លើសលប់។ ៥៣គេនៅក្នុងព្រះវិហារ ហើយនាំគ្នាលើកតម្កើងព្រះជាម្ចាស់ជានិច្ចនិរន្តរ៍។ភ្លើងនោះបានឆេះរួចស្រេចនោះទេ»។ • ឈ, សម្រាប់ជនជាតិយូដាពិធីជ្រមុជទឹកជាពិធីមួយដែលគេធ្វើឡើង ដើម្បីឲ្យខ្លួនបានបរិសុទ្ធ។ពិធីជ្រមុជក្នុងអត្ថបទនេះព្រះយេស៊ូចង់មានព្រះបន្ទូលអំពីការសោយទិវង្គតរបស់ព្រះអង្គ ដើម្បីប្រោសមនុស្សឲ្យបានបរិសុទ្ធរួចពីបាប។