ដំណឹងល្អរៀបរៀងដោយ
លោកម៉ាកុស

​ជំពូក ១

លោកយ៉ូហានបាទីស្ត​ប្រៀនប្រដៅបណ្តាជន
(ម៉ាថាយ  ៣,  ១-៦,១១-១២  ;  ‌  លូកា  ៣,  ១-១៨)
១ដំណឹងល្អ​អំពី​ព្រះយេស៊ូ​គ្រីស្ត​ ជា​ព្រះ​បុត្រា​របស់​ព្រះ​ជាម្ចាស់​ ចាប់​ផ្តើម​ដូច​តទៅ៖​ ២ក្នុង​គម្ពីរ​ព្យាការី​អេសាយ​  មាន​ចែង​ទុក​មក​ថា៖​‌
«យើងចាត់ទូតយើងឲ្យទៅមុនព្រះអង្គ​‌‌
ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ​»។
៣ មានសំឡេងបុរសម្នាក់  ស្រែកនៅវាលរហោ
ស្ថានថា:  ​”ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់‌
ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ”»។​
៤ពេល​នោះ​ ‌លោក​យ៉ូហាន​មក​ដល់​ស្រប​តាម​បទ​គម្ពីរ​នេះ​មែន​ ‌ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​នៅ​វាល​រហោ​ស្ថាន។​ លោក​ប្រកាស​ឲ្យ​មនុស្ស​ម្នា​ប្រែចិត្ត​គំនិត​ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក​ ដើម្បី​ព្រះ​ជាម្ចាស់​លើក​លែង​ទោស​ឲ្យ​រួច​ពី​បាប។​ ៥អ្នក​ស្រុក​យូដា​ទាំង​អស់​ និង​អ្នក​ក្រុង​យេរូ​សាឡឹម​ទាំង​មូល​ នាំគ្នា​ចេញ​ទៅ​រក​លោក។​ គេ​ទទួល​សារភាព​អំពើ​បាប​របស់​ខ្លួន​ ហើយ​លោក​ក៏ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យគេ​ក្នុង​ទន្លេ​យ័រដាន់។​ ៦លោក​យ៉ូហាន​ស្លៀក​សម្លៀក​បំពាក់​ធ្វើពី​រោម​អូដ្ឋ​ ពាក់​ខ្សែ​ក្រវាត់​ធ្វើពី​ស្បែក​ ហើយ​បរិភោគ​កណ្តូប និង​ទឹកឃ្មុំ។​ ៧លោក​ប្រកាស​ប្រាប់​បណ្តា​ជន​ថា៖​ «លោក​ ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ​ នឹង​មក​តាម​ក្រោយ​ខ្ញុំ។‌​ ខ្ញុំមាន​ឋានៈ​ទាប​ណាស់‌​ សូម្បី​តែ​អោន​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក​ ក៏មិន​សម​នឹង​ឋានៈ​ដ៏ខ្ពង់​ខ្ពស់​របស់​លោក​ផង។​ ៨ខ្ញុំបាន​ធ្វើពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ក្នុង​ទឹក​ រីឯ​លោក​វិញ​ លោក​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ក្នុង​ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ»។

ព្រះយេស៊ូទទួលពិធីជ្រមុជទឹក ព្រះអង្គឈ្នះការល្បួង
(ម៉ាថាយ  ៣,១៣-១៧;​៤,១-១១​  លូកា  ៣,២១-២២;​៤,១-២)
‌‌៩នៅ​គ្រា​នោះ​ ព្រះ​យេស៊ូ​យាង​មក​ពី​ភូមិ​ណាសា​រ៉ែត​ក្នុង​ស្រុក​កាលី​ឡេ។​ ព្រះអង្គ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​យ៉ូហាន​ ក្នុង​ទន្លេ​យ័រដាន់។​ ១០ពេល​ព្រះអង្គ​យាង​ឡើង​ពីទឹក​មក​ភ្លាម​ ទ្រង់​ទត​ឃើញ​ផ្ទៃ​មេឃ​រហែក​ជាពីរ​ ‌ហើយ​ព្រះ​វិញ្ញាណ​យាង​ចុះ​ដូច​សត្វ​ព្រាប​ មក​សណ្ឋិត​លើ​ព្រះអង្គ។​ ១១មាន​ឮ​ព្រះ​សូរ​សៀង​ពីលើ​មេឃ​មក​ថា៖​ «ព្រះ​អង្គ​ជា​បុត្រ​ដ៏ជាទី​ស្រឡាញ់​របស់​យើង​ យើង​គាប់​ចិត្ត​នឹង​ព្រះអង្គ​ណាស់ ! »។ ១២រំពេច​នោះ‌​ ព្រះ​វិញ្ញាណ​ក៏នាំ​ព្រះ​យេស៊ូ​ឆ្ពោះ​ទៅ​វាល​រហោ​ស្ថាន។​ ១៣ព្រះអង្គ​គង់​នៅ​វាល​រហោ​ស្ថាន​អស់​រយៈ​ពេល​សែសិប​ថ្ងៃ​ ត្រូវ​មារ​សាតាំង​ល្បួង។​ ព្រះអង្គ​គង់នៅ​ជាមួយ​សត្វ​ព្រៃ​ ហើយ​មាន​ពួក​ទេវ​ទូត​បម្រើ​ព្រះអង្គ​ផង។

ព្រះយេស៊ូត្រាស់ហៅសាវ័កបួនរូប
(ម៉ាថាយ  ៤,  ១២-២២  ‌លូកា  ៤,  ១៤-១៥  ;  ៥,១-១១)
១៤‌ក្រោយ​គេ​ចាប់​លោក​យ៉ូហាន​យក​ទៅ​ឃុំ​ឃាំង​‌ព្រះ​យេស៊ូ​យាង​ទៅ​ស្រុក​កាលីឡេ​ ហើយ​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះ​ជាម្ចាស់។​ ១៥ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា៖​ «ពេល​កំណត់​មក​ដល់​ហើយ​ រីឯ​ព្រះ​រាជ្យ​របស់​ព្រះ​ជាម្ចាស់​ក៏មក​ជិត​បង្កើយ​ដែរ។‌​ ចូរ​នាំ​គ្នា​ប្រែ​ចិត្ត​គំនិត​ ហើយ​ជឿ​ដំណឹង​ល្អ​ចុះ ! »។‌ ១៦កាល​ ព្រះ​យេស៊ូ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលី​ឡេ​‌ព្រះអង្គ​ទត​ឃើញ​លោក​ស៊ីម៉ូន​និង​លោក​អន់ដ្រេ​ជា​ប្អូន​របស់​គាត់​ កំពុង​តែ​បង់​សំណាញ់​ ព្រោះ​អ្នក​ទាំង​ពីរ​ជា​អ្នក​នេសាទ​ត្រី។​ ១៧ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖​ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ​ ខ្ញុំនឹង​តាំង​អ្នក​ឲ្យ​នេសាទ​មនុស្ស​វិញ»។​ ១៨អ្នក​ទាំង​ពីរ​ក៏ទុក​សំណាញ់​នៅ​ទីនោះ​ភ្លាម​ ‌រួច​ដើរ​តាម​ព្រះអង្គ​ទៅ។ ១៩កាល​ព្រះ​យេស៊ូ​យាង​ទៅ​មុខ​បន្តិច​ ‌ព្រះ​អង្គ​ទត​ឃើញ​លោក​យ៉ាកុប​ ‌និង​‌លោក​យ៉ូហាន ​ជា​ប្អូន ​កំពុង​តែ​រៀប​ចំអួន​នៅ​ក្នុង​ទូក​មួយ‌​ អ្នក​ទាំង​ពីរ​ជា​កូន​លោក​សេបេដេ។​ ២០ព្រះ​អង្គ​ត្រាស់​ហៅ​អ្នក​ទាំង​ពីរ​ភ្លាម​ គេក៏​ដើរ​តាម​ព្រះ​យេស៊ូ​ទៅ​ទុក​ឪពុក​ឲ្យ​នៅ​ក្នុង​ទូក​ជាមួយ​ពួក​កូន​ឈ្នួល។

ព្រះ​យេស៊ូ​ប្រោស​បុរស​ម្នាក់​ដែល​មាន​ខ្មោច​ចូល
(លូកា  ៤,  ៣១-៣៧)
‌‌២១  ព្រះ​យេស៊ូ​យាង​ចូល​ក្រុង​កាផា​នុម‌​ ជាមួយ​​ក្រុម​សាវ័ក។​ នៅថ្ងៃ​សប្ប័ទ​ព្រះ​យេស៊ូ​យាង​ចូល​ក្នុង​ធម្ម​សាលា​ ហើយ​ព្រះអង្គ​បង្រៀន​អ្នក​ស្រុក។‌​ ២២អ្នក​ ដែល​បាន​ស្តាប់​ព្រះអង្គ​ ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​បែប​បទ​ ដែល​ព្រះអង្គ​បង្រៀន‌​ ព្រោះ​ព្រះអង្គ​មាន​ព្រះ​បន្ទូល​ ប្រកប​ដោយ​អំណាច​ខុស​ប្លែក​ពីពួក​ធម្មា​ចារ្យ។‌​ ២៣នៅ​ពេល​នោះ​ ក្នុង​ធម្មសាលា​មាន​បុរស​ម្នាក់​ ដែល​ខ្មោច​ចូល​  ស្រែក​ឡើង​ថា៖​ ២៤«ព្រះ​យេស៊ូ​ជា​អ្នក​ភូមិ​ណាសារ៉ែត​អើយ !​ តើ​ព្រះអង្គ​ចង់​ធ្វើអ្វី​យើង ?​ ‌ព្រះអង្គ​មក​បំផ្លាញ​យើង !​ ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ​ ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ​ ដែល​មកពី​ព្រះ​ជាម្ចាស់»។​ ២៥ព្រះ​យេស៊ូ​គំរាម​ខ្មោច​នោះ​ថា៖‌​ «ស្ងៀម !​ ចេញ​ពី​អ្នក​នេះ​ភ្លាម ! »។​ ២៦ខ្មោចក៏​ធ្វើឲ្យ​បុរស​នោះ​ដួល​ប្រកាច់​ប្រកិន‌​ ហើយ​វាចេញ​ទៅ​ទាំង​ស្រែក​យ៉ាង​ខ្លាំង​ផង។‌​ ២៧មនុស្ស​ម្នា​ទាំង​អស់​ភ័យ​ស្រឡាំង​កាំង​ គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖​ «ម្តេច​ក៏​អស្ចារ្យ​ម៉្លេះ !​ លោក​បង្រៀន​តាម​របៀប​ថ្មី​ប្រកប​ដោយ​អំណាច។​ លោក​បញ្ជា​ទៅ​ខ្មោច​ ហើយ​ខ្មោច​ក៏​ស្តាប់​បង្គាប់​លោក»។​ ២៨ព្រះ​កិត្តិ​នាម​របស់​ព្រះ​យេស៊ូ​ល្បី​ខ្ចរ​ខ្ចាយ​ ពាស​ពេញ​តំបន់​កាលី​ឡេ​ទាំង​មូល។

ព្រះយេស៊ូប្រោសអ្នកជំងឺជាច្រើន​ឲ្យបានជា
(ម៉ាថាយ  ៨,១៤-១៥​   លូកា  ៤,  ៣៨-៤១)
‌២៩ព្រះ​យេស៊ូ​និង​សាវ័ក​‌នាំគ្នា​ចេញ​ពី​ធម្ម​សាលា​ទៅផ្ទះ​លោក​ស៊ីម៉ូន​និង​លោកអន់ដ្រេ​ លោកយ៉ាកុប‌​និង‌​លោកយ៉ូហាន​ ក៏ទៅជាមួយ​ដែរ។​ ៣០ម្តាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​កំពុង​តែ​គ្រុន​ សំរាន្ត​នៅ​លើ​គ្រែ។​ ពេល​ព្រះ​យេស៊ូ​យាង​ទៅ​ដល់​ គេទូល​ព្រះអង្គ​ភ្លាម​ថា​ គាត់​ឈឺ។​ ៣១ព្រះអង្គ​យាង​ចូល​ទៅ​ជិត‌​ចាប់​ដៃ​គាត់​ ឲ្យ​ក្រោក​ឡើង​  គាត់​ក៏​បាត់​គ្រុន​ ហើយ​បម្រើ​ភ្ញៀវ។ ៣២លុះ​ដល់​ល្ងាច​ ‌​ក្រោយ​ពេល​ថ្ងៃ​លិច​‌​គេ​នាំ​អ្នក​ជំងឺ‌​និង​មនុស្ស​ខ្មោច​ចូល​ទាំង​អស់ ​មក​រក​ព្រះ​យេស៊ូ។​ ៣៣អ្នក​ក្រុង​ទាំង​ប៉ុន្មាន​មក​ផ្តុំគ្នា​នៅ​មាត់​ទ្វារ​ក្រុង។​ ៣៤ព្រះ​យេស៊ូ​ប្រោស​មនុស្ស​ជាច្រើន​នាក់‌​ដែល​មាន​ជំងឺ​ផ្សេងៗ​ ឲ្យ​បាន​ជា​សះ​ស្បើយ​ ហើយ​ព្រះអង្គ​ដេញ​ខ្មោច​ជាច្រើន​ ចេញ​ពី​មនុស្ស​ផង​ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​ខ្មោច​និយាយ​ ជា​ដាច់​ខាត​ ពីព្រោះ​ពួក​វា​ដឹង​ឋានៈ​របស់​ព្រះ​អង្គ។ ព្រះយេស៊ូយាងចាកចេញពីក្រុងកាផានុម (ម៉ាថាយ  ៤,  ២៣ ;    លូកា  ៤,  ៤១-៤៤‌) ‌៣៥ព្រឹក​ឡើង‌​ កាល​ងងឹត​នៅ​ឡើយ​​ ‌ព្រះ​យេស៊ូ​តើន​ឡើង​ ‌ទ្រង់​យាង​ចេញ​ពីផ្ទះ​ ទៅ​កន្លែង​មួយ​ស្ងាត់ ​ហើយ​អធិស្ឋាន​នៅទី​នោះ។​ ៣៦លោក​ស៊ីម៉ូន   និង  អ្នក​ដែល​នៅ​ជាមួយ​គាត់​ នាំគ្នា​តាម​រក​ព្រះអង្គ។​ ៣៧លុះ​បាន​ជួប​ហើយ​ គេ​ទូល​ថា៖​ ‌«គេខំ​ស្វែង​រក​លោក​គ្រប់ៗ​គ្នា»។​ ៣៨ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​តប​ទៅ​គេ​ថា៖​ «យើង​ត្រូវ​នាំគ្នា​ទៅ​ភូមិ​ឯទៀតៗ ដែល​នៅ​ជិត​នេះ​ ខ្ញុំត្រូវ​ប្រកាស​ដំណឹង​ល្អ​នៅទី​នោះ​ដែរ​ ដ្បិត​ខ្ញុំចេញ​មក​ ដើម្បី​បំពេញ​ការនេះ​ឯង»។ ៣៩ព្រះអង្គ​យាង​ទៅ​គ្រប់​ទី​កន្លែង​ ក្នុង​ស្រុក​កាលីឡេ​ ‌ហើយ​ប្រកាស​ដំណឹង​ល្អ​ នៅ​តាម​ធម្ម​សាលា​ទាំង​ឡាយ​ ‌ព្រម​ទាំង​ដេញ​ខ្មោច​ចេញ​ពី​មនុស្ស​ផង។

ព្រះយេស៊ូប្រោសមនុស្សឃ្លង់ម្នាក់ឲ្យជា
(ម៉ាថាយ  ៨,  ១-៤ ; ‌  លូកា  ៥,  ១២-១៦)
៤០មាន​មនុស្ស​ឃ្លង់​ម្នាក់​ ចូល​មក​រក​ព្រះយេស៊ូ‌​ គាត់​លុត​ជង្គង់​ទូល​អង្វរ​ព្រះអង្គ​ថា៖​ «ប្រសិន​បើ​លោក​មិន​យល់​ទាស់​ទេ សូម​ប្រោស​ខ្ញុំប្របាទ​ឲ្យ​បាន​ជា​ស្អាត​បរិសុទ្ធ​ផង»។​ ៤១ព្រះ យេស៊ូ​មាន​ព្រះ​ហប្ញ​ទ័យ​អាណិត​អាសូរ​គាត់ឃ​ ពន់​ពេក​ណាស់​ព្រះអង្គ​ក៏លូក​ព្រះហស្ត​ទៅ​ពាល់​គាត់​ ទាំង​មាន​ព្រះ​បន្ទូល​ថា៖‌​«ខ្ញុំយល់​ព្រម​ហើយ​ ចូរឲ្យ​បាន​ជា​ស្អាត​បរិសុទ្ធ​ចុះ ! »។​ ៤២មនុស្ស​ឃ្លង់​ក៏បាន​ជាស្អាត​បរិសុទ្ធ​ភ្លាម។‌​៤៣បន្ទាប់​មក​ ព្រះ​យេស៊ូ​ដេញ​គាត់​ឲ្យ​ចេញ​ទៅ​ភ្លាម​ ទាំង​មាន​ព្រះ​បន្ទូល​យ៉ាង​តឹង​រឹង​ថា៖​ ៤៤«ចូរ​ប្រយ័ត្ន​ឲ្យ​មែន​ទែន​កុំ​និយាយ​ហេតុ​ការណ៍​នេះ​ប្រាប់​ឲ្យ​នរណា​ដឹង​ឡើយ !​ ផ្ទុយ​ទៅ​វិញ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​លោក​បូជា​ចារ្យ​រួច​ថ្វាយ​តង្វាយ​ ដូច​លោក​ម៉ូសេ​បាន​បង្គាប់​ទុក‌​ ដើម្បី​ជា​សក្ខី​ភាព​បញ្ជាក់​ថា អ្នក​បាន​ជា​ស្អាត​បរិសុទ្ធ​មែន»។​ ៤៥ប៉ុន្តែ‌​បុរស​នោះ​ចេញ​ទៅ‌​ប្រកាស​ និង​​ផ្សព្វ​ផ្សាយ​រឿង​នេះ​នៅ​គ្រប់​កន្លែង​ឲ្យគេ​ដឹង។​ ហេតុ​នេះ​ហើយ​បានជា​ព្រះ​យេស៊ូ​មិន​អាច​យាង​ចូល​ទីក្រុង​ ដូច​ពី​មុន​បាន​ទៀត​ឡើយ​​គឺ​ព្រះអង្គ​គង់នៅ​តែ​ខាង​ក្រៅ​ទីក្រុង​ ត្រង់​កន្លែង​ស្ងាត់ៗ​​‌ហើយ​មាន​មនុស្ស​ពី​គ្រប់​ទិសទី  នាំគ្នា​មក​គាល់​ព្រះអង្គ។

​ជំពូក ២

ព្រះយេស៊ូប្រោស មនុស្សខ្វិនម្នាក់ឲ្យបានជា
(ម៉ាថាយ  ៩,  ១-៨ ;‌  លូកា  ៥,  ១៧-២៦)​
១ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​   ព្រះ​យេស៊ូ​យាង​ត្រឡប់​មក​ក្រុង​កាផានុម​វិញ​ ហើយ​អ្នក​ស្រុក​ឮ​ដំណឹង​ថា​ព្រះអង្គ​គង់នៅ​ក្នុង​ផ្ទះ។​ ២មាន​មនុស្ស​យ៉ាង​ច្រើន​មក​មូល​ផ្តុំគ្នា​កក​កុញ​ គ្មាន​សល់​កន្លែង​ណា​សោះ​ឡើយ​ សូម្បី​តែ​នៅ​មាត់​ទ្វារ​ផ្ទះ​ក៏គ្មាន​សល់​ដែរ។​ ព្រះ​យេស៊ូ​ថ្លែង​ព្រះ​បន្ទូល​ ឲ្យ​គេ​ស្តាប់។‌​ ៣មាន​បុរស​បួន​នាក់​សែង​មនុស្ស​ខ្វិន​ដៃ​ ខ្វិន​ជើង​ម្នាក់​មក​រក​ព្រះអង្គ។​ ៤ប៉ុន្តែ​ដោយ​មាន​មនុស្ស​ច្រើន​ពេក‌​ គេពុំ​អាច​នាំ​មនុស្ស​ខ្វិន​នោះ​ទៅ​ជិត​ព្រះ​យេស៊ូ​បាន​ឡើយ។‌​ ដូច្នេះ​គេ​ក៏ចោះ​ដំបូល​ផ្ទះ‌​ ចំពី​លើ​កន្លែង​ដែល​ព្រះអង្គ​គង់​ ហើយ​សម្រូត​មនុស្ស​ខ្វិន​នៅ​លើ​គ្រែ​ស្នែង​ ចុះ​តាម​ប្រឡោះ​មក។​ ៥កាល​ព្រះ​យេស៊ូ​ឈ្វេង​យល់​ជំនឿ​របស់​អ្នក​ទាំង​នោះ‌​ ព្រះអង្គ​មាន​ព្រះ​បន្ទូល​ទៅ​កាន់​អ្នក​ពិការ​ថា៖​ «កូន​អើយ !​‌ ខ្ញុំអត់​ទោស​ឲ្យ​អ្នក​បាន​រួចពី​បាប​ហើយ»។​ ៦ពួក​ធម្មា​ចារ្យ​ខ្លះ​ដែល​អង្គុយ​នៅទី​នោះ​ រិះគិត​ក្នុង​ចិត្ត​ថា៖​ ៧«ហេតុ​ដូច​ម្តេច​ បាន​ជា​អ្នក​នេះ​ហ៊ាន​ប្រមាថ​ព្រះ​ជាម្ចាស់​ ដោយ​ពោល​ពាក្យ​ស្មើ​នឹង​ព្រះអង្គ​បែប​នេះ ? ​ក្រៅ ពី​ព្រះ​ជាម្ចាស់​មួយ​ព្រះអង្គ​ តើ​នរណា​អាច​អត់​ទោស​មនុស្ស​    ឲ្យ​រួច​ពី​បាប​បាន ! »​។​ ៨ព្រះ​យេស៊ូ​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​គេ​ភ្លាម‌​ ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖​ «ហេតុអ្វី​បានជា​អ្នក​រាល់​គ្នា​រិះគិត​ដូច្នេះ ?​ ៩បើខ្ញុំ​ប្រាប់​អ្នក​ពិការ​នេះ​ថា​ ‌”ខ្ញុំអត់​ទោស​ឲ្យ​អ្នក​បាន​រួចពី​បាប​ហើយ”​ឬថា‌​ “ចូរ​ក្រោក​ឡើង​យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ចុះ”​ ‌តើឃ្លា​មួយ​ណា​ស្រួល​និយាយ​ជាង ?​ ១០ប៉ុន្តែ​ខ្ញុំចង់​ឲ្យអ្នក​រាល់​គ្នា​ដឹងថា​បុត្រ​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​ឲ្យ​មនុស្ស​ នៅ​លើ​ផែន​ដី​នេះ​រួចពី​បាប​បាន»។​‌ព្រះអង្គ​ងាក​ទៅ​រក​អ្នក​ខ្វិន‌​ ហើយ​មាន​ព្រះ​បន្ទូល​ថា៖​ ១១«ចូរ​ក្រោក​ឡើង‌​ យក​គ្រែ​ស្នែង​របស់​អ្នក​ ដើរ​ទៅ​ផ្ទះ​វិញ​ទៅ ! »។​ ១២មនុស្ស​ខ្វិន​ក៏ក្រោក​ឈរ​ឡើង​ភ្លាម​‌យក​គ្រែ​ស្នែង​របស់​ខ្លួន​ ដើរ​កាត់​មុខ​មនុស្ស​ទាំង​អស់​ចេញ​ទៅ​ធ្វើឲ្យ​គេ​គ្រប់​គ្នា​ស្ញប់​ស្ញែង​យ៉ាង​ខ្លាំង​ ហើយ​លើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះ​ជា​ម្ចាស់​‌ទាំង​ពោល​ថា៖​ «យើង​មិន​ដែល​បាន​ឃើញ​ការ​អស្ចារ្យ​ណា​មួយ​ ដូច​ពេល​នេះ​ឡើយ ! »។

ព្រះយេស៊ូត្រាស់ហៅលោកលេវី
(ម៉ាថាយ  ៩,៩-១៣ ;​  លូកា  ៥,២៧-៣២)
១៣ព្រះ​យេស៊ូ​យាង​តាម​ឆ្នេរ​សមុទ្រ​ កាលីឡេ​ម្តង​ទៀត។​ បណ្តាជន​ទាំង​មូល​នាំគ្នា​មក​រក​ព្រះអង្គ​ព្រះអង្គ​ក៏​បង្រៀន​ពួកគេ។​‌១៤កាល​ព្រះអង្គ​យាង​កាត់​តាម​នោះ​ ទ្រង់​ទត​ឃើញ​លោក​លេវី‌​ជា​កូន​របស់​លោក​អាល់​ផាយ​ អង្គុយ​នៅ​កន្លែង​យក​ពន្ធ។‌​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖​ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។​ លោក​លេវី​ក៏​ក្រោក​ឡើង​ ដើរ​តាម​ព្រះអង្គ​ទៅ។

១៥បន្ទាប់​មក​ ព្រះ​យេស៊ូ​សោយ​ព្រះ​ស្ងោយ​នៅ​ផ្ទះ​លោក​លេវី។​ មាន​អ្នក​ទារពន្ធ* ​ព្រម​ទាំង​មនុស្ស​បាប​ជាច្រើន​ មក​រួមតុ​ជាមួយ​ព្រះអង្គ​ និង​​ក្រុម​សាវ័ក។​ មាន​មនុស្ស​ប្រភេទ​នោះ​ច្រើន​នាក់​បាន​មក​តាម​ព្រះ​អង្គ។​ ១៦ពួក​ធម្មា​ចារ្យ​ពី​គណៈ​ផារីស៊ី​ឃើញ​ព្រះយេស៊ូ​សោយ​ព្រះស្ងោយ​ ជាមួយ​អ្នក​ទាំង​នោះ​ គេ​និយាយ​ទៅ​កាន់​​ក្រុម​សាវ័ក​ថា៖‌​ «ហេតុអ្វី​បានជា​លោក​បរិភោគ​ជាមួយ​អ្នក​ទារពន្ធ‌‌​ និង‌​ជាមួយ​មនុស្ស​បាប?»។​ ១៧ព្រះ​យេស៊ូ​បាន​ឮគេ​និយាយ​ដូច្នេះ‌​ក៏មាន​ព្រះ​បន្ទូល​ថា៖   ​«មនុស្ស​មាន​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ឡើយ​ មានតែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ ដែល​ត្រូវការ។​ ខ្ញុំ​មិន​មែន​មក​រក​មនុស្ស​សុចរិត​ទេ​គឺខ្ញុំ​មករក​មនុស្ស​បាប​វិញ»។

អំពីការតមអាហារ​
(ម៉ាថាយ  ៩,  ១៤-១៧ ;‌  លូកា  ៥  ,៣៣-៣៨‌)
១៨ថ្ងៃ​មួយ‌​ ពួក​សិស្ស​របស់​លោក​យ៉ូហាន​បាទីស្ត ‌​និង‌​ ពួក​សិស្ស​ខាង​គណៈ​ផារីស៊ី​ នាំគ្នា​តម​អាហារ។​ពួកគេ​មក​ទូល​សួរ​ព្រះ​យេស៊ូ​ថា៖​ «សិស្ស​របស់​លោក​យ៉ូហាន‌​ និង‌​សិស្ស​ខាង​គណៈ​ផារីស៊ី​តម​អាហារ​ ចុះ​ហេតុ​ដូច​ម្តេច​បានជា​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ ? »។​ ១៩ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖​ «ក្នុង​ពិធី​មង្គល​ការ​នៅ​ពេល​កូន​កំឡោះ​នៅ​ជាមួយ​ តើ​ភ្ញៀវ​អាច​តម​អាហារ​កើត​ឬ?។​ ទេ! ​ដរាប​ណា​កូន​កំឡោះ​នៅ​ជាមួយ​ គេ​មិន​អាច​តម​អាហារ​បាន​ឡើយ។​ ២០ថ្ងៃ​ក្រោយ​ពេល​គេ​ចាប់​ស្វាមី​យក​ទៅ‌​‌ទើប​ភ្ញៀវ​ទាំង​នោះ​តម​អាហារ។​ ២១ពុំដែល​មាន​នរណា​យក​ក្រណាត់​ថ្មី​ មក​ប៉ះ​សម្លៀក​បំពាក់​ចាស់​ឡើយ ​បើ​ធ្វើ​ដូច្នេះ​‌ក្រណាត់​ថ្មី​នឹង​បណ្តាល​ឲ្យ​សម្លៀក​បំពាក់​ចាស់​ រហែក​លើស​ដើម​ទៅ​ទៀត។​ ២២ពុំដែល​មាន​នរណា​ច្រក​ស្រា​ទំពាំង​បាយ​ជូរថ្មី​ ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ឡើយ​ បើធ្វើ​ដូច្នោះ​ស្រា​នឹង​ធ្វើឲ្យ​ថង់​ស្បែក​នោះ​ធ្លាយ​ បណ្តាល​ឲ្យ​ខូច​ទាំង​ស្រា‌​ទាំង​ថង់​ស្បែក​ជាមិន​ខាន។‌​ ត្រូវ​ច្រក​ស្រាថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី។

ព្រះយេស៊ូមានអំណាចលើថ្ងៃសប្ប័ទ
(ម៉ាថាយ  ១២,  ១-៨ ;‌    លូកា  ៦,  ១-៥)​
២៣មាន​ថ្ងៃ​មួយ​ជាថ្ងៃ​សប្ប័ទ‌​ ព្រះ​យេស៊ូ​យាង​កាត់​វាល​ស្រែ​សាវ័ករបស់​ព្រះអង្គ​ នាំគ្នា​ដើរ​បណ្តើរ‌​បូត​កួរ​ស្រូវ​បណ្តើរ។​ ២៤ពួក​ខាង​គណៈ​ផារីស៊ី​ទូល​ព្រះ​យេស៊ូ​ថា៖​ «សូម​លោក​មើល​ចុះ​ ហេតុអ្វី​បានជា​សិស្ស​របស់​លោក​ធ្វើការ​ ដែល​បញ្ញត្តិ​ហាម​មិនឲ្យ​ធ្វើ​នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ ? »។​ ២៥ព្រះ​យេស៊ូ​តប​ទៅ​គេ​វិញ​ថា៖​ «ក្នុង​គម្ពីរ​មាន​អត្ថបទ​មួយ​ស្តី​អំពី​ការ​ដែល​ព្រះ​បាទ​ដាវីឌ​ និង​បរិពារ​បាន​ប្រព្រឹត្ត​ នៅ​ពេល​ឃ្លាន‌​ ហើយ​ត្រូវ​ការ​អាហារ​បរិភោគ។​ ២៦នៅ​សម័យ​នោះ​ លោក​អប៊‌ីយ៉ា​ថារ​ធ្វើ​ជា​មហា​បូជា​ចារ្យ។​ ព្រះ​បាទ​ដាវីឌ​បាន​ចូល​ ទៅ​ក្នុង​ដំណាក់​របស់​ព្រះ​ជា​ម្ចាស់​យក​នំបុ័ង​ដែល​គេតាំង​ថ្វាយ​ព្រះជា​ម្ចាស់​ មក​សោយ‌​ ព្រមទាំង​ចែក​ឲ្យ​ពួក​បរិពារ​បរិភោគ​ទៀត​ផង។​ តាម​វិន័យ​មាន​តែ​ពួក​បូជា​ចារ្យ​ប៉ុណ្ណោះ​ ដែល​មាន​សិទ្ធិ​បរិភោគ​នំបុ័ង​នោះ។​ តើ​អ្នក​រាល់​គ្នា​មិន​ ដែល​អាន​អត្ថបទ​នោះ​ទេ​ឬ!»។‌‌​ ២៧ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ទៀត​ថា៖​ «ព្រះ​ជាម្ចាស់​បាន​បង្កើត​ថ្ងៃ​សប្ប័ទ​ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ ព្រះអង្គ​មិន​បាន​បង្កើត​មនុស្ស​ ដើម្បី​ឲ្យ​បម្រើ​ថ្ងៃ​សប្ប័ទ​ឡើយ។​ ‌២៨ហេតុ​នេះ​ហើយ​បាន​ជា​បុត្រ​មនុស្ស​ ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ»។

​ជំពុក ៣

ព្រះយេស៊ូប្រោសមនុស្សស្វិតដៃម្នាក់​ឲ្យបានជា
(ម៉ាថាយ  ១២,  ៩-១៤​    លូកា  ៦,  ៦-១១)
១ព្រះ​យេស៊ូ​យាង​ចូល​ទៅ​ធម្ម​សាលា​ម្តង​ទៀត​ នៅទី​នោះ ​ មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង។​ ២ពួក​គេ​តាម​មើល​ព្រះ​យេស៊ូ​ ក្រែង​លោ​ព្រះអង្គ​ប្រោស​បុរស​នេះ​ឲ្យ​ជា​ នៅ​ថ្ងៃ​សប្ប័ទ​ក្នុង​គោល​បំណង​ចោទ​ប្រកាន់​ព្រះ​អង្គ។​ ៣ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖​ «ចូរ​ក្រោក​ឡើង​ មក​ឈរ​នៅ​កណ្តាល​គេ​ឯណេះ ! »។‌​ ៤បន្ទាប់​មក​ ‌ព្រះអង្គ​មាន​ព្រះ​បន្ទូល​សួរ​ទៅ​គេ​ថា៖​ «នៅថ្ងៃ​សប្ប័ទ​ តើ​វិន័យ​អនុញ្ញាត​ឲ្យធ្វើ​អំពើ​ល្អ​​ ឬធ្វើអំពើអាក្រក់ ?‌ ​‌តើ ត្រូវ​សង្គ្រោះ​មនុស្ស​​ ឬ​ប្រហារ​ជីវិត​ចោល ? »។​   ពួកគេ​នៅ​ស្ងៀម​ទាំង​អស់​គ្នា។​ ៥ព្រះ​យេស៊ូ​បែរ​ព្រះ​ភ័ក្ត្រ​ទត​មើល​ ទៅ​អ្នក​ដែល​នៅជុំវិញ​ទាំង​ព្រះ​ពិរោធ​ ហើយ​ព្រះអង្គ​ព្រួយ​ព្រះ​ហប្ញ​ទ័យ​ ព្រោះ​គេ​មាន​ចិត្ត​រឹង​រូស។​ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖​ «ចូរ​លាត​ដៃ​មើល៍ ! »។​ បុរស​នោះ​លាត​ដៃ‌‌​ ហើយ​ដៃ​របស់​គាត់​ក៏បាន​ជា​ដូច​ដើម​វិញ។​ ៦ពួក​ខាង​គណៈ​ផារីស៊ី​ចេញពី​ធម្ម​សាលា​ ហើយ​ទៅ​ពិគ្រោះ​ជាមួយ​បក្ស​ពួក​ស្តេច​ហេរ៉ូដ​ភ្លាម​ ដើម្បី​រក​មធ្យោ​បាយ​ធ្វើគុត​ព្រះយេស៊ូ។
មហាជនមកតាមព្រះយេស៊ូ

៧ព្រះ​យេស៊ូ​យាង​ចេញ​ទៅ​តាម​ឆ្នេរ​សមុទ្រ​កាលីឡេ​ជាមួយ​​ក្រុម​សាវ័ក។​ មាន​បណ្តាជន​ជា​ច្រើន​នាំគ្នា​ទៅ​តាម​ព្រះអង្គ​ អ្នក​ទាំង​នោះ​មក​ពី​ស្រុក​កាលីឡេ​ ស្រុក​យូដា​ ៨ ក្រុង​យេរូ​សាឡឹម​ ស្រុក​អ៊ីឌុំមេ​ តំបន់​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់‌​ព្រម​ទាំង​តំបន់​ជុំវិញ​ក្រុង​ទីរ៉ូស​ និង​ក្រុង​ស៊ីដូន។​ បណ្តា​ជន​មក​តាម​ព្រះយេស៊ូ​ច្រើន​យ៉ាង​នេះ​ ព្រោះ​បាន​ឮគេ​និយាយ​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន​ ដែល​ព្រះ​អង្គធ្វើ។​ ៩ព្រះ​យេស៊ូ​ប្រាប់​​ក្រុម​សាវ័ក​ ឲ្យ​រៀបចំ​ទូក​មួយ​ថ្វាយ​ព្រះអង្គ​ក្រែង​បណ្តា​ជន​ប្រជ្រៀត​គ្នា​ ចោម​រោម​ព្រះអង្គ​ ‌១០ដ្បិត​មានអ្នក​ជំងឺ​ជាច្រើន​ខំប្រឹង​សំរុក​ចូល​មក​ជិត‌​ ដើម្បី​ពាល់​ព្រះអង្គ​ ព្រោះ​ព្រះអង្គ​បាន​ប្រោស​មនុស្ស​ជាច្រើន​ ឲ្យ​បាន​ជា។​ ១១ម៉្យាង​ទៀត​ពេល​ខ្មោច​ឃើញ​ព្រះអង្គ​ វា​ក្រាប​ចុះ​នៅ​ទៀប​ព្រះ​បាទា​ ហើយ​ស្រែក​ឡើង​ថា៖​«ព្រះអង្គ​ជាព្រះ​បុត្រា​របស់​ព្រះ​ជាម្ចាស់»។​ ១២ប៉ុន្តែ​ព្រះ​យេស៊ូ​បាន​គំរាម​កំហែង​វា​យ៉ាង​ម៉ឺង​ម៉ាត់​‌មិន​ឲ្យ​និយាយ​ប្រាប់​គេ​ថា​ព្រះអង្គ​ជា​នរណា​ឡើយ។

ព្រះយេស៊ូតែងតាំងគ្រីស្តទូត  ១២  រូប
(ម៉ាថាយ  ១០,  ១-៤ ;‌    លូកា  ៦,  ១២-១៦)
‌‌១៣បន្ទាប់​មក​‌ព្រះយេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ។‌​ ព្រះអង្គ​បាន​ត្រាស់​ហៅ​អស់​អ្នក​ ដែល​ព្រះអង្គ​សព្វ​ព្រះ​ហប្ញទ័យ​ជ្រើស​រើស‌​ ហើយ​អ្នក​ទាំង​នោះ​ក៏ចូល​មក​គាល់​ព្រះអង្គ។​ ‌១៤ព្រះ​អង្គ​តែង​តាំង​សាវ័ក​ដប់ពីរ​រូប​ឲ្យ​គេ​នៅ​ជាមួយ​ព្រះអង្គ​ និង​ដើម្បី‌​ចាត់​គេ​ឲ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ​​ ១៥ទាំង​ឲ្យ​គេ​មាន​អំណាច​ដេញ​ខ្មោច​ថែម​ទៀត​ផង។​ ‌១៦ព្រះ​អង្គ​បាន​តែង​តាំង​អ្នក​ដប់ពីរ​រូបនេះ ​គឺ‌​ស៊ីម៉ូន​ដែល​ទ្រង់​ដាក់​ឈ្មោះ​ថា​សិលា‌​ ១៧យ៉ាកុប​ជាកូន​របស់​លោក​សេបេដេ​និង​យ៉ូហាន​ជាប្អូន​របស់​គាត់​‌ ដែល​ព្រះយេស៊ូ​ដាក់​ឈ្មោះ​ថា​ “បោណើកែស”​ ប្រែ​ថា​”អ្នក​ដែល​មាន​ចិត្ត​ខ្លាំង​ដូច​ ផ្គរ​លាន់” ​១៨អន់​ដ្រេ​ ភីលីព​ បាថូឡូមេ​ ម៉ាថាយ ​ថូម៉ាស​ យ៉ាកុប​ជាកូន​អាល់ផាយ​ ថាដេ​ស៊ីម៉ូន​ជាអ្នក​ជាតិនិយម‌​ ‌‌១៩និង​‌  យូដា​អ៊ីស្កា​រីយ៉ុត​ ជា​អ្នក​ក្បត់​ព្រះអង្គ។

ព្រះញាតិវង្សរបស់ព្រះយេស៊ូ​មកនាំព្រះអង្គយកទៅវិញ
‌‌២០កាល​ព្រះយេស៊ូ​យាង​ត្រឡប់​ មក​ផ្ទះ​វិញ‌​បណ្តាជន​ជួបជុំ​គ្នា​សាជាថ្មី​ ជា​ហេតុ​នាំឲ្យ​ព្រះអង្គ‌​និង‌​​ក្រុមសាវ័ក​‌ រក​ពេល​បរិភោគ​មិន​បាន​សោះ។​ ២១ព្រះ​ញាតិ​វង្ស​របស់​ព្រះអង្គ​ឮដំណឹង​នេះ​ ក៏នាំ​គ្នា​ធ្វើ​ដំណើរ​មក​ ដើម្បី​ចាប់​ព្រះអង្គ​ទៅ​វិញ‌​‌‌ព្រោះ​គេ​ថា  ព្រះអង្គ​វង្វេង​ស្មារតី​ហើយ។

ព្រះយេស៊ូឆ្លើយតបនឹង​ពួកអ្នកចោទប្រកាន់ព្រះអង្គ
(ម៉ាថាយ  ១២,  ២២-៣២ ;‌    លូកា  ១១,  ១៤-២៣  ;‌  ១២,  ១០)
‌‌២២ពួក​ធម្មា​ចារ្យ​ ដែល​ចុះ​មក​ពី​ក្រុង​យេរូ​សាឡឹម​និយាយ​ថា៖​ «អ្នក​នេះ​មាន​បេលសេ​ប៊ូល‌​ជាស្តេច​ខ្មោច​នៅ​ក្នុង​ខ្លួន‌​ គាត់​អាច​ដេញ​ខ្មោច​ដូច្នេះ​ ព្រោះ​ស្តេច​ខ្មោច​ប្រគល់​អំណាច​ឲ្យ»។​ ២៣ព្រះ​យេស៊ូ​ត្រាស់​ហៅ​គេ​មក​ ‌រួច​មាន​ព្រះ​បន្ទូល​ជា​ប្រស្នា​ថា៖​«តើ​មារ​សាតាំង​អាច​ដេញ​មារ​សាតាំង​ ដូច​ម្តេច​កើត ?​ ២៤ប្រសិន​បើ​ពល​រដ្ឋ​ក្នុង​នគរ​ណា​មួយ​បែក​បាក់​ទាស់​ទែង​គ្នា​ឯង​ នគរ​នោះ​ពុំអាច​ស្ថិត​ស្ថេរ​គង់​វង្ស​តទៅ​មុខ​បាន​ឡើយ។​ ២៥ប្រសិន​បើ​មាន​ក្រុម​គ្រួសារ​មួយ​បែក​បាក់​ទាស់​ទែងគ្នា​ ក្រុម​គ្រួសារ​នោះ​ក៏ពុំ​អាច​នៅ​ស្ថិត​ស្ថេរ​គង់​វង្ស​បាន​ដែរ។​ ២៦ដូច្នេះ​ប្រសិន​បើ​មារ​សាតាំង​‌‌‌ក្រោក​ឡើង​ប្រឆាំង​នឹង​ខ្លួន​ឯង‌​ បែកបាក់​ទាស់ទែង​នឹង​ខ្លួន​ឯង​ វាមិន​អាច​នៅ​ស្ថិត​ស្ថេរ​គង់វង្ស​បាន​ឡើយ​ គឺវា​មុខជា​ត្រូវ​វិនាស​មិនខាន។​ ២៧គ្មាន​នរណា​អាច​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​ខ្លាំង​ពូកែ​ ‌ហើយ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​របស់​គាត់​បាន​ឡើយ‌​ គឺត្រូវ​តែ​ចង​មនុស្ស​ខ្លាំង​ពូកែ​នោះ​ជាមុន​សិន‌​ ទើប​អាច​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​គាត់​បាន។​ ២៨ខ្ញុំសុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា​បើ​មនុស្ស​លោក​ធ្វើ​អំពើ​បាប​   និង  ​ពោល​ពាក្យ​ប្រមាថ​ព្រះជា​ម្ចាស់​ ព្រះអង្គ​នឹង​លើក​លែង​ទោស​ទាំង​អស់។​ ២៩រីឯ​អ្នក​ដែល​ពោល​ពាក្យ​ប្រមាថ​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​វិញ​ ព្រះអង្គ​មិន​លើក​លែង​ទោស​សោះ​ឡើយ​ ដ្បិត​អ្នក​នោះ​មាន​ទោស​អស់​កល្ប​ជានិច្ច»។ ៣០ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ដូច្នេះ​ ‌ព្រោះ​គេ​និយាយ​ថា​ ព្រះអង្គ​មាន​ខ្មោច​នៅ​ក្នុង​ខ្លួន។

ព្រះញាតិវង្សដ៏ពិតប្រាកដ​របស់ព្រះយេស៊ូ
(ម៉ាថាយ  ១២,  ៤៦-៥០ ;‌    លូកា  ៨,  ១៩-២១)
‌‌៣១ពេល​នោះ​ មាតា​និង​បងប្អូន​របស់​ព្រះ​យេស៊ូ​មក​ដល់​ ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ​ ហើយ​ចាត់​គេ​ឲ្យ​ចូល​មក​ហៅ​ព្រះអង្គ។​ ៣២បណ្តាជន​ ដែល​អង្គុយ​នៅ​ជុំវិញ​ព្រះ​យេស៊ូ​ទូល​ព្រះ​អង្គ​ថា៖​ «លោក​គ្រូ​ ម្តាយ​និង​បងប្អូន​លោក​មក​រក​លោក​ នៅ​ខាង​ក្រៅ ! »។​៣៣ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​តប​ថា៖​ «តើ​នរណា​ជា​ម្តាយ​ខ្ញុំ ?​ ‌នរណា​ជាបង​ប្អូន​ខ្ញុំ ? »។​ ៣៤ព្រះ​អង្គ​ទត​មើល​ទៅ​មនុស្ស​ ដែល​នៅ​ជុំវិញ​ព្រះអង្គ‌​រួច​មាន​ព្រះ​បន្ទូល​ថា៖‌​ ​«អ្នក​ទាំង​នេះ​ហើយ​ជា​មាតា​និង​ជា​បង​ប្អូន​របស់ខ្ញុំ​ ៣៥ដ្បិត​អ្នក​ណា​ប្រព្រឹត្ត​តាម​ព្រះ​ហប្ញ​ទ័យ​ព្រះ​ជា​ម្ចាស់​ អ្នក​នោះ​ជា​បង​ប្អូន​ប្រុស​ស្រី​  និង​  ជា​ម្តាយ​របស់​ខ្ញុំ»។

ជំពូក ៤

ប្រស្នាអំពីពូជស្រូវ‌
(ម៉ាថាយ  ១៣,  ១-៩ ;    ‌លូកា  ៨,  ៤-៨) ​
១ព្រះ​យេស៊ូ​ចាប់​ផ្តើម​បង្រៀន​បណ្តា​ជន​នៅ​តាម​ឆ្នេរ​សមុទ្រ​ម្តង​ទៀត។​ ‌មាន​បណ្តា​ជន​ច្រើន​កុះករ​នាំគ្នា​មក​រក​ព្រះអង្គ​ ព្រះអង្គ​ក៏យាង​ចុះទៅ​គង់​ក្នុង​ទូក​មួយ​ នៅ​ក្បែរ​មាត់​ច្រាំង​ រីឯ​បណ្តា​ជន​អង្គុយ​នៅ​លើ​គោក​ តាម​ឆ្នេរ​សមុទ្រ។​ ២ព្រះអង្គ​ប្រើ​ពាក្យ​ប្រស្នា​បង្រៀន​គេ ​អំពី​សេចក្តី​ជាច្រើន។​ ព្រះ​អង្គ​បង្រៀន​គេ​ថា៖​ ៣‌«ចូរ​ស្តាប់​មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​ស្រូវ។​ ៤ពេល​គាត់​ព្រោះ‌​មាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ‌​ ហើយ​សត្វ​មក​ចឹក​ស៊ីអស់​ទៅ។​ ៥មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​កន្លែង​មាន​ថ្ម‌​ពុំសូវ​មាន​ដី‌​ គ្រាប់​ពូជ​ក៏ដុះ​ឡើង​ភ្លាម‌​ព្រោះ​ដី​មិន​ជ្រៅ។​ ៦លុះ​ដល់​ថ្ងៃ​ក្តៅ‌​ពន្លក​ដែល​ដុះ​ឡើង​នោះ​ក៏ក្រៀម​ស្វិត​អស់​ទៅ​ ព្រោះ​ប្ញស​ចាក់​មិន​បាន​ជ្រៅ។​ ៧មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ ធ្លាក់​ទៅ​លើ​ដី​ដែល​មាន​បន្លា។​ បន្លា​ក៏ដុះ​ឡើង​‌រួប​រឹត​ស្រូវ​មិនឲ្យ​បង្កើត​ផល​បាន​ឡើយ។​ ៨ គ្រាប់​ពូជ​ឯទៀតៗ​ធ្លាក់​ទៅ​លើ​ដី​មាន​ជីជាតិ​ល្អ‌​ គ្រាប់​ពូជ​ក៏ដុះ​ឡើង​ ហើយ​លូត​លាស់​បង្កើត​ផល​‌ខ្លះឲ្យ​ផល​មួយ​ជា​សាម​សិប​ ខ្លះទៀត​ឲ្យ​មួយ​ជា​ហុក​សិប‌​ និង​ខ្លះ​ទៀត​មួយ​ជា​មួយ​រយ»។​ ៩បន្ទាប់​មក​ ព្រះអង្គ​មាន​ព្រះ​បន្ទូល​ថា៖​ «អស់​អ្នក​ដែល​ឮពាក្យ​នេះ​   សូម​យក​ទៅ​ពិចារណា​ចុះ ! »។ ១០កាល​ព្រះ​យេស៊ូ​គង់​នៅ​ដាច់​ឡែក​ពី​បណ្តា​ជន‌​ អស់​អ្នក​ដែល​នៅ​ជាមួយ​ព្រះអង្គ​ និង​សាវ័ក​ទាំង​ដប់ពីរ​រូប‌​ទូល​សួរ​ព្រះអង្គ​អំពី​ពាក្យ​ប្រស្នា​ទាំង​នោះ។​ ១១ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​តប​ថា៖​ ​«ព្រះ​ជា​ម្ចាស់​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ យល់​គំរោង​ការ​ដ៏​លាក់​កំបាំង​នៃ​ព្រះរាជ្យ​របស់​ព្រះ​អង្គ។​ រីឯ​អ្នក​ដទៃ​ គេ​ឮ​សេចក្តី​ទាំង​អស់​ជា​ពាក្យ​ប្រស្នា​វិញ។​‌១២ដូច្នេះ​‌ទោះ​បី​គេ​ខំ​ប្រឹង​មើល‌​ ក៏ពុំ​ឃើញ​‌​ គេខំ​ប្រឹង​ស្តាប់‌  ក៏ពុំ​យល់​ដែរ‌​ ​ក្រែង​លោ​គេ​ប្រែ​ចិត្ត​គំនិត ​ហើយ​ព្រះជា​ម្ចាស់​នឹង​អត់​ទោស​ឲ្យ​គេ​»។

១៣ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៀត​ថា៖​ «បើ​អ្នក​រាល់​គ្នា​មិន​យល់​ប្រស្នា​នេះ​ផង‌​ ធ្វើ​ម្តេច​ឲ្យ​អ្នក​រាល់គ្នា​យល់​ប្រស្នា​ឯទៀតៗ​បាន !​ ១៤អ្នក​ព្រោះ​ស្រូវ‌​សាប​ព្រោះ​ព្រះ​បន្ទូល​ ១៥មនុស្ស​ខ្លះ​ប្រៀប​បី​ដូច​ជា​ផ្លូវ‌​ដែល​ព្រះ​បន្ទូល​បាន​ធ្លាក់​ទៅ​លើ‌​ កាល​បាន​ស្តាប់​ព្រះ​បន្ទូល​ ហើយ​មារ​សាតាំង​ក៏មក​ឆក់​យក​ព្រះ​បន្ទូល​ដែល​បាន​ព្រោះ​ក្នុង​ចិត្ត​គេ​ ទៅ​ភ្លាម។​ ១៦មនុស្ស​ដែល​បាន​ទទួល​គ្រាប់​ពូជ​ នៅ​លើ​ដី​មាន​ថ្ម​ ក៏ដូច្នោះ​ដែរ‌​កាល​បាន​ស្តាប់​ព្រះ​បន្ទូល​ហើយ​ គេ​ទទួល​យក​ភ្លាម​ដោយ​អំណរ​ ១៧ប៉ុន្តែ‌​គេ​ពុំទុក​ឲ្យ​ព្រះ​បន្ទូល​ចាក់​ប្ញស​ នៅ​ក្នុង​ខ្លួន​គេ​ឡើយ‌‌​‌គឺគេ​ជាប់​ចិត្ត​តែ​មួយ​ភ្លែត។​ លុះ​ដល់​មាន​ទុក្ខ​វេទនា​ឬ‌​ត្រូវ​គេ​បៀត​បៀន​ព្រោះ​តែ​ព្រះ​បន្ទូល​ គេក៏​បោះ​បង់​ចោល​ជំនឿ​ភ្លាម។​ ១៨មនុស្ស​ខ្លះ​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​ដែល​មាន​បន្លា​ គេ​បាន​ស្តាប់​ព្រះ​បន្ទូល​ដែរ​ ១៩ប៉ុន្តែ​ការ​ខ្វល់​ខ្វាយ​អំពី​ជីវិត​រស់​នៅ​ក្នុង​លោកីយ៍‌‌‌​ ចិត្ត​លោភ​លន់​ចង់​បាន​ទ្រព្យ​សម្បត្តិ​ និង​ចិត្ត​ប៉ង​ប្រាថ្នា​ផ្សេងៗ​ រឹបរួត​ព្រះ​បន្ទូល​មិនឲ្យ​បង្កើត​ផល​បាន​ឡើយ។​ ២០រីឯ​អ្នក​ដែល​បាន​ទទួល​គ្រាប់​ពូជ​នៅ​លើដី​មាន​ជីជាតិ​ល្អ​ កាល​បាន​ស្តាប់​ព្រះ​បន្ទូល​ហើយ‌​ ក៏ទទួល​យក​បង្ក​បង្កើត​ផល​ អ្នកខ្លះ​បាន​មួយ​ជា​សាម​សិប​អ្នកខ្លះ​បាន​មួយ​ជាហុក​សិប‌‌​ អ្នកខ្លះ​ទៀត​បាន​មួយ​ជាមួយ​រយ»។

ប្រស្នាអំពីចង្កៀង
(ម៉ាថាយ  ៥,១៥ ; ​លូកា  ៨,  ១៦-១៨)
‌‌២១បន្ទាប់​មក​ ‌ព្រះអង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖​ «គេ​មិន​ ដែល​អុជ​ចង្កៀង​ ហើយ​យក​ធុង​គ្រប​ពីលើ​ ឬ‌​យក​ទៅ​ដាក់​ក្រោម​គ្រែ​ឡើយ។​ គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង​វិញ។​ ២២គ្រប់​ការ​លាក់​កំបាំង​នឹង​ត្រូវ​បើក​ឲ្យ​គេ​ដឹង​ ហើយ​គ្រប់​អាថ៌​កំបាំង​ក៏នឹង​ត្រូវ​លេច​មក​ ឲ្យ​មនុស្ស​គ្រប់គ្នា​ឃើញ​ច្បាស់​ដែរ។​ ២៣អ្នក​ណាឮ​ពាក្យ​នេះ‌​ សូម​យក​ទៅ​ពិចារណា​ចុះ ! »។​ ២៤ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៀត​ថា៖​ «ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​នឹង​សេចក្តី​ ដែល​អ្នក​រាល់​គ្នា​ស្តាប់​នេះ​ឲ្យ​មែន​ទែន។​ ព្រះជា​ម្ចាស់​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា​ តាម​រង្វាល់​ដែល​អ្នក​រាល់គ្នា​វាល់​ឲ្យ​អ្នក​ដទៃ‌​ ហើយ​ព្រះអង្គ​នឹង​បន្ថែម​ឲ្យ​អ្នក​រាល់​គ្នា​ ២៥ព្រោះ​អ្នក​ណា​មាន​ហើយ​ ព្រះជា​ម្ចាស់​នឹង​ប្រទាន​ឲ្យ​ថែម​ទៀត​ តែ​អ្នក​ណា​ដែល​គ្មាន​ ព្រះអង្គ​នឹង​ហូត​យកអ្វីៗ ដែល​អ្នក​នោះ​មាន​ផង»។ ប្រស្នាអំពីគ្រាប់ពូជដុះ ២៦ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៀត​ថា៖‌​ «ព្រះ​រាជ្យ​របស់​ព្រះជា​ម្ចាស់​ ប្រៀបបី​ដូច​ជា​បុរស​ម្នាក់​ ព្រោះ​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​ខ្លួន។​ ‌២៧ទោះបី​គាត់​ដេក​ក្តី‌​ ក្រោក​ក្តី‌‌​ យប់ក្តី​ ថ្ងៃក្តី​ គ្រាប់​ពូជ​នៅ​តែ​មាន​ពន្លក​ដុះ​ឡើង​ដោយ​គាត់​ពុំបាន​ដឹង​ថា​ គ្រាប់​ពូជ​នោះ​ដុះ​របៀប​ណា​ឡើយ​ ២៨ដ្បិត​ដី​ធ្វើ​ឲ្យ​ពូជ​បង្កើត​ផល​ដោយ​ខ្លួន​ឯង‌​ ដំបូង​មាន​ពន្លក​លេច​ឡើង​‌បន្ទាប់​មក​ ក៏បែក​ជាកួរ​ ហើយ​ចេញ​ជា​គ្រាប់​ស្រូវ។​‌ ២៩លុះ​ស្រូវ​ទុំ​ គេ​យក​កណ្តៀវ​មក​ច្រូត​ ដ្បិត​ដល់​រដូវ​ចម្រូត​ហើយ»។

ប្រស្នាអំពីគ្រាប់ពូជល្អិត
(ម៉ាថាយ  ១៣,  ៣១-៣២,  ៣៤ ;    ​លូកា  ១៣,  ១៨-១៩)
‌‌៣០ព្រះអង្គ​មាន​ព្រះ​បន្ទូល​ទៀត​ថា៖​ «តើ​យើង​ប្រដូច​ព្រះរាជ្យ​របស់​ព្រះជា​ម្ចាស់​ទៅ​នឹង​អ្វី ?​ តើ​យើង​យក​ប្រស្នា​ណា​មក​ប្រដូច​នឹង​ព្រះរាជ្យ​របស់​ព្រះអង្គ ? ​៣១ព្រះ​រាជ្យ​របស់​ព្រះ​ជា​ម្ចាស់​ ប្រៀប​បី​ដូចជា​គ្រាប់​ពូជ​ម៉្យាង​ កាល​គេ​ព្រោះ​លើដី​‌គ្រាប់​ពូជ​នោះ​ល្អិត​ជាង​គេ​ទាំង​អស់​ក្នុង​លោក។​ ៣២លុះ​ព្រោះ​រួច​ហើយ‌​គ្រាប់​ពូជ​នោះ​ក៏ដុះ​ឡើង​ធំជាង​ដំណាំ​ឯទៀតៗ​ ព្រម​ទាំង​បែក​មែក​សាខា​មាន​ម្លប់​ ឲ្យ​បក្សា​បក្សី​មក​ធ្វើ​សំបុក​ជ្រក​អាស្រ័យ»។

៣៣ព្រះ​យេស៊ូ​តែង​ប្រកាស​ព្រះ​បន្ទូល​ ដោយ​ប្រើ​ជា​ពាក្យ​ប្រស្នា​របៀប​នេះ‌​តាម​តែ​គេ​អាច​យល់​បាន។​ ៣៤ព្រះអង្គ​តែង​មាន​ព្រះ​បន្ទូល​ទៅ​គេ​ សុទ្ធ​តែ​ជា​ពាក្យ​ប្រស្នា​‌ ប៉ុន្តែ​ពេល​នៅ​ដាច់​ឡែក​ពី​បណ្តា​ជន​ ព្រះអង្គ​បក​ស្រាយ​ទាំង​អស់ ​ប្រាប់​​ក្រុម​សាវ័ក។

ព្រះយេស៊ូធ្វើឲ្យរលកស្ងប់
(ម៉ាថាយ  ៨,  ២៣-២៧ ;​    លូកា  ៨,  ២២-២៥) ‌‌
៣៥នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​​ក្រុម​សាវ័ក​ថា៖​ «យើង​នាំគ្នា​ឆ្លង​ទៅ​ត្រើយ​ម្ខាង»។​ ៣៦​ក្រុម​សាវ័ក​ក៏ចេញ​ពី​បណ្តា​ជន​ ហើយ​អុំទូក​ ដែល​មាន​ព្រះយេស៊ូ​គង់នៅ​ក្នុង​នោះ​ ដោយ​មាន​ទូក​ឯទៀតៗ​ទៅ​ជាមួយ​ដែរ។​ ៣៧ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​យ៉ាង​ខ្លាំង‌​ ហើយ​រលក​ក៏បោក​ប៉ះ​នឹង​ទូក​​ បណ្តាល​ឲ្យ​ទឹក​ចូល​ស្ទើរ​ពេញ។​ ៣៨រីឯ​ព្រះ​យេស៊ូ​វិញ​ ព្រះអង្គ​ផ្ទំ​លក់​លើ​ខ្នើយ​ នៅ​កន្សៃ​ទូក។​ ​ក្រុម​សាវ័ក​ដាស់​ព្រះអង្គ​ថា៖​ «លោក​គ្រូ‌​‌យើង​ស្លាប់​ឥឡូវ​ហើយ !‌ ​លោក​មិន​អើ​ពើ​ទេ​ឬ ? »។​ ៣៩ព្រះ​យេស៊ូ​តើន​ឡើង‌​ មាន​ព្រះបន្ទូល​គំរាម​ខ្យល់​ព្យុះ  ​ និង  ​បញ្ជា​សមុទ្រ​ថា៖​   ‌«ស្ងប់​ស្ងៀម​ទៅ ! »។​‌ពេល​នោះ​ ខ្យល់​ព្យុះ​ក៏ស្ងប់‌‌​‌ហើយ​ផ្ទៃ​ទឹក​ក៏រាប​ស្មើ​ដែរ។​

៤០បន្ទាប់​មក​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​​ក្រុម​សាវ័ក​ថា៖​ «ហេតុអ្វី​បាន​ជាអ្នក​រាល់​គ្នា​ភិត​ភ័យ​ដូច្នេះ ? ​អ្នក​រាល់​គ្នា​មិន​ទាន់​មាន​ជំនឿ​ទេ​ឬ ? »។​ ៤១ពួក​គេ​កោត​ស្ញប់​ស្ញែង​ជាខ្លាំង​ ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖​ ‌«តើ​លោក​នេះ​ជា​នរណា​បាន​ជា​ខ្យល់​ព្យុះ​ និង​សមុទ្រ​ស្តាប់​បង្គាប់​លោក​ដូច្នេះ ? »។

ជំពូក ​៥

ព្រះយេស៊ូប្រោសមនុស្សខ្មោចចូលម្នាក់
(ម៉ាថាយ  ៨,  ២៨-៣៤ ;    ​លូកា  ៨,  ២៦-៣៩)
១ព្រះ​យេស៊ូ​‌និង​​ក្រុម​សាវ័ក​ បាន​ទៅ​ដល់​ត្រើយ​ម្ខាង‌‌​ ក្នុង​តំបន់​កេរ៉ាសា។​ ‌‌‌២កាលព្រះអង្គ​យាង​ឡើង​ពីទូក​ភ្លាម​ មាន​បុរស​ម្នាក់​ខ្មោច​ចូល​ ចេញ​ពីទី​បញ្ចុះ​សព​ ដើរ​តម្រង់​មក​រក​ព្រះអង្គ។​ ៣បុរស​នេះ​ស្នាក់​នៅ​តែ​តាម​ទីបញ្ចុះ​សព​ គ្មាន​នរណា​អាច​ចង​គាត់​បាន​ឡើយ​ សូម្បី​តែ​យក​ច្រវាក់​មក​ចង​‌ក៏មិន​ជាប់​ដែរ។​‌៤គេ​ដាក់​ខ្នោះ​ជើង​‌និង​‌យក​ច្រវាក់​ចង​គាត់​ច្រើន​ដង​ ប៉ុន្តែ​គាត់​នៅ​តែ​កាច់​បំបាក់​ច្រវាក់​‌និង​‌ខ្នោះ​ទាំង​នោះ​ជានិច្ច​ គ្មាន​នរណា​អាច​បង្ក្រាប​គាត់​បាន​ឡើយ។​ ‌៥គាត់​រស់នៅ​តាម​ទី​បញ្ចុះ​សព​‌និង‌​តាម​ភ្នំ​ទាំង​យប់​ទាំង​ថ្ងៃ‌​ ហើយ​ចេះ​តែ​ស្រែក​ព្រម​ទាំង​យក​ថ្ម​ មក​អារ​សាច់​ខ្លួន​ឯង​ថែម​ទៀត​ផង។​ ៦កាល​គាត់​ឃើញ​ព្រះ​យេស៊ូ​ពីចម្ងាយ​ ក៏រត់​មក​ក្រាប​ថ្វាយ​បង្គំ​ព្រះអង្គ​ ៧ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖​ «ឱ​ព្រះយេស៊ូ​ ជា​ព្រះ​បុត្រា​របស់​ព្រះ​ជា​ម្ចាស់​ដ៏ខ្ពង់​ខ្ពស់​បំផុត​អើយ​ តើ​ព្រះអង្គ​ចង់​ធ្វើអ្វី​ទូល​បង្គំ ?​ ទូល​បង្គំ​អង្វរ​ព្រះអង្គ​ក្នុង​ព្រះនាម​ព្រះជា​ម្ចាស់​ សូម​មេត្តា​កុំ​ធ្វើទុក្ខ​ទោស​ទូល​បង្គំ​អី ! »។​ ៨‌ខ្មោច​និយាយ​ដូច្នេះ​ ព្រោះ​ព្រះ​យេស៊ូ​បាន​បញ្ជា​វា​ថា៖​ ‌«នែ៎‌​ខ្មោច​បិសាច​‌ចូរ​ចេញ​ពីអ្នក​នេះ​ទៅ ! »។​ ៩ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​សួរ​ទៅ​ខ្មោច​ថា៖​ «ឯង​ឈ្មោះ​អី ? »​ ខ្មោច​ទូល​ឆ្លើយ​ថា៖​ «ទូល​បង្គំ​ឈ្មោះ​កង​ទ័ព​ ដ្បិត​យើងខ្ញុំ​មាន​គ្នា​ច្រើន»។​ ១០‌វា​ទទូច​អង្វរ​ សូម​កុំ​ឲ្យ​ព្រះអង្គ​បណ្តេញ​ពួកវា​ចេញ​ពី​ស្រុក​នោះ។​ ១១នៅ​ក្បែរ​នោះ​មាន​ជ្រូក​មួយ​ហ្វូង​ធំ​ កំពុង​រក​ស៊ី​នៅ​តាម​ចង្កេះ​ភ្នំ។​ ១២ពួក​ខ្មោច​អង្វរ​ព្រះ​យេស៊ូ​ថា៖​ «សូម​បញ្ជូន​យើងខ្ញុំ​ឲ្យ​ទៅ​ចូល​ក្នុង​ជ្រូក​ទាំង​នោះ​ទៅ ! »។​ ១៣ព្រះ​យេស៊ូ​ក៏យល់​ព្រម។‌​ ខ្មោច​ចេញពី​បុរស​នោះ​ទៅ​ចូល​ក្នុង​ជ្រូក‌​ ហ្វូង​ជ្រូក ​ដែល​មាន​ចំនួន​ប្រមាណ​ជាពីរ​ពាន់​ក្បាល​ក៏បោល​ចុះ​តាម​ជំរាល​ភ្នំ ​តម្រង់​ទៅ​សមុទ្រ​លង់​ទឹក​ងាប់​អស់។​ ១៤ពួក​អ្នក​ថែ​រក្សា​ហ្វូងជ្រូក‌​យក​រឿង​នេះ​រត់​ទៅ​ប្រាប់​អ្នក​នៅ​ទី​ក្រុង​ និង​អ្នក​នៅ​ស្រុក​ស្រែ​ មនុស្ស​ម្នា​ក៏​នាំ​គ្នា​មក​មើល​ហេតុ​ការណ៍​នោះ។​ ១៥គេ​ចូល​មក​រក​ព្រះ​យេស៊ូ​ឃើញ​បុរស​ដែល​មាន​ខ្មោច​កង​ទ័ព​ចូល​កាល​ពីមុន​ អង្គុយ​មាន​សម្លៀក​បំពាក់​ ហើយ​ដឹង​ស្មារតី​ នោះ​គេ​ក៏នាំ​គ្នា​កោត​ស្ញប់​ស្ញែង។​ ១៦អស់​អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​រៀប​រាប់​ប្រាប់​គេ​ អំពី​ហេតុ​ការណ៍​ដែល​កើត​មាន​ដល់​បុរស​នោះ​ និង​អំពី​ហ្វូង​ជ្រូក។​ ១៧គេ​ទូល​អង្វរ​ព្រះយេស៊ូ​ ឲ្យ​ចាក​ចេញ​ពី​ស្រុក​ភូមិ​របស់​គេ។​១៨ពេល​ព្រះអង្គ​កំពុង​យាង​ចុះ​ទូក​ បុរស​ដែល​ខ្មោច​ចូល​ពីមុន​ បាន​អង្វរ​សុំ​ទៅ​ជាមួយ​ព្រះអង្គ។​ ១៩ព្រះ​យេស៊ូ​មិន​យល់​ព្រម​ទេ​ ផ្ទុយ​ទៅ​វិញ‌​ ទ្រង់​មាន​ព្រះ​បន្ទូល​ថា៖​ «ចូរ​អ្នក​ត្រឡប់​ទៅ​ផ្ទះ​ ទៅ​នៅ​ជាមួយ​ក្រុម​គ្រួសារ​វិញ​ចុះ​ ‌ហើយ​រៀប​រាប់​ហេតុ​ការណ៍​ទាំង​ប៉ុន្មាន​ ដែល​ព្រះ​អម្ចាស់​បាន​ប្រោស​ដល់​អ្នក​ដោយ​ព្រះ​ហប្ញ​ទ័យ​អាណិត​អាសូរ»។ ២០បុរស​នោះ​ក៏ចេញ​ទៅ‌​ ហើយ​ចាប់​ផ្តើម​ប្រកាស​ប្រាប់​ឲ្យ​ប្រជាជន​ ក្នុង​ស្រុក​ដេកាប៉ូល​ដឹង​អំពី​ការ​ទាំង​អស់​ ដែល​ព្រះ​យេស៊ូ​បាន​ប្រោស​ដល់​គាត់។​ អស់​អ្នក​ដែល​បាន​ឮ​ពាក្យ​គាត់​កោត​ស្ញប់​ស្ញែង​ក្រៃ​លែង។

ព្រះយេស៊ូប្រោសស្ត្រីមានជំងឺធ្លាក់ឈាម​ឲ្យបានជា​ និង ប្រោសកូនស្រីលោក​យ៉ៃរ៉ូស​ឲ្យរស់ឡើងវិញ
(ម៉ាថាយ  ៩,  ១៨-២៦ ;‌    លូកា  ៨,  ៤០-៥៦‌) ‌‌‌
២១ព្រះ​យេស៊ូ​ឆ្លង​ទូក​ពី​ត្រើយ​ម្ខាង​មក​វិញ​ ព្រះ​អង្គ​គង់​នៅ​ឆ្នេរ​សមុទ្រ។​ មាន​បណ្តា​ជន​ច្រើន​កុះ​ករ​មក​ចោម​រោម​ព្រះអង្គ​ម្តង​ទៀត។​ ២២ពេល​នោះ​មាន​អ្នក​ទទួល​ខុស​ត្រូវ​លើ​ធម្ម​សាលា​ម្នាក់​ ឈ្មោះ​យ៉ៃរ៉ូស​មក​ដល់។​ កាល​គាត់​ឃើញ​ព្រះ​យេស៊ូ​ គាត់​ក្រាប​ទៀប​ព្រះបាទា​ព្រះអង្គ​ ២៣ហើយ​ទទូច​អង្វរ​ព្រះអង្គ​ថា៖​ ‌«កូន​ស្រី​របស់​ខ្ញុំ​ប្របាទ​ឈឺ​ធ្ងន់‌​ ជិត​ស្លាប់​ សូម​លោក​អាណិត​មេត្តា​អញ្ជើញ​ទៅ​ដាក់​ដៃ​លើ​នាង‌​ ​ដើម្បី​សង្គ្រោះ​នាង​ឲ្យ​មាន​ជីវិត»។​ ២៤ព្រះ​យេស៊ូ​យាង​ទៅ​ជាមួយ​គាត់។​ មាន​បណ្តា​ជន​ជា​ច្រើន​កុះករ​តាម​ព្រះអង្គ​ទៅ‌​ ទាំង​ប្រជ្រៀត​គ្នា​ជុំវិញ​ព្រះអង្គ។ ២៥នៅ​ពេល​នោះ‌​ មាន​ស្ត្រី​ម្នាក់​កើត​ជំងឺ​ធ្លាក់​ឈាម​ដប់ពីរ​ឆ្នាំ​មក​ហើយ។​ ២៦គ្រូ​ពេទ្យ​ជាច្រើន​បាន​ព្យាបាល​នាង​ តែ​នាង​ឈឺ​ចុក​ចាប់​រឹត​តែ​ខ្លាំង។‌​ នាង​បាន​ចំណាយ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ ដែល​នាង​មាន‌​ ‌តែ​ជំងឺ​របស់​នាង​នៅ​តែ​មិន​បាន​ធូរ​ស្រាល​ទេ​ ផ្ទុយ​ទៅ​វិញ‌​ នាង​កាន់​តែ​ឈឺ​ខ្លាំង​ឡើងៗ។​ ២៧នាង​បាន​ឮគេ​និយាយ​អំពី​ព្រះ​យេស៊ូ​ ក៏ចូល​ក្នុង​ចំណោម​បណ្តាជន​‌ពាល់​ព្រះ​ពស្ត្រ​របស់​ព្រះអង្គ​ពី​ខាង​ក្រោយ​ ២៨ដ្បិត​នាង​នឹក​ក្នុង​ចិត្ត​ថា៖​ ‌«បើ​ខ្ញុំ​បាន​ពាល់​អាវ​របស់​លោក‌​ ខ្ញុំ​មុខ​ជា​ទទួល​ការ​សង្គ្រោះ​មិន​ខាន»។​ ‌២៩រំពេច​នោះ‌​ ឈាម​ឈប់​ធ្លាក់​ភ្លាម​‌ហើយ​នាង​ដឹង​ថា​ ខ្លួន​នាង​បាន​ជា​សះ​ស្បើយ​ពី​រោគា។‌​‌៣០នៅ​ពេល​នោះ​ ព្រះ​យេស៊ូ​ជ្រាប​ភ្លាម​ថា​ មាន​ប្ញទ្ធា​នុភាព​មួយ​ចេញ​ពី​ព្រះអង្គ​ ព្រះអង្គ​បែរ​ទៅ​រក​បណ្តាជន​ មាន​ព្រះ​បន្ទូល​ថា៖​ «អ្នក​ណា​ពាល់​អាវ​ខ្ញុំ?»។​ ៣១​ក្រុម​សាវ័ក​ទូល​ព្រះអង្គ​ថា៖​ «ព្រះ​គ្រូ​ឃើញ​ស្រាប់​ហើយ​ បណ្តា​ជន​ប្រជ្រៀត​ប៉ះ​នឹង​ព្រះគ្រូ​គ្រប់​គ្នា​ ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​ព្រះគ្រូ​សួរ​ថា‌​ អ្នក​ណា​ពាល់​ព្រះគ្រូ​ដូច្នេះ ? »។​ ៣២ព្រះ​យេស៊ូ​ទត​មើល​ជុំវិញ​ ដើម្បី​ឲ្យដឹង​ថា​អ្នក​ណា​បាន​ពាល់​ព្រះអង្គ។​ ៣៣ស្ត្រី​នោះ​ភ័យ​ញ័រ​រន្ធត់​‌ព្រោះ​នាង​ដឹង​អំពី​ហេតុ​ដែល​កើត​ដល់​ខ្លួន​នាង។​ នាង​មក​ក្រាប​ទៀប​ព្រះ​បាទា​ព្រះ​យេស៊ូ‌​ ហើយ​ទូល​ការ​ពិត​ទាំង​អស់​ថ្វាយ​ព្រះ​អង្គ។​ ៣៤ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូលទៅ​នាង​ថា៖​ ‌«កូន​ស្រី​អើយ !‌​ ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ​ សូម​អញ្ជើញ​ទៅ​ឲ្យ​បាន​សុខ​សាន្ត​ ហើយ​សូម​ឲ្យ​នាង​ជា​សះ​ស្បើយ​ពី​ជំងឺ​ចុះ ! »។

៣៥កាល​ព្រះ​យេស៊ូ​កំពុង​តែ​ មាន​ព្រះ​បន្ទូល​នៅ​ឡើយ​ មាន​គេ​មក​ពីផ្ទះ​លោក​យ៉ៃរ៉ូស​ ជំរាប​គាត់​ថា៖​ «កូនស្រី​លោក​ផុត​ដង្ហើម​ទៅ​ហើយ​ ម្តេច​ក៏​នៅ​រំខាន​លោក​គ្រូ​ធ្វើ​អ្វី ? »។​ ៣៦ព្រះ​យេស៊ូ​មិន​យក​ព្រះ​ហប្ញ​ទ័យ​ទុក​ដាក់​ នឹង​ពាក្យ​របស់​អ្នក​ទាំង​នោះ​ឡើយ​‌តែ​ព្រះអង្គ​មាន​ព្រះ​បន្ទូល​ទៅ​លោក​យ៉ៃរ៉ូស​ថា៖​ «កុំ​ខ្លាច​អី‌​ គ្រាន់តែ​ជឿ​ប៉ុណ្ណោះ​បាន​ហើយ»។​ ៣៧ព្រះ​អង្គ​មិន​អនុញ្ញាត​ ឲ្យ​អ្នក​ណា​ទៅ​តាម​ព្រះអង្គ​ឡើយ​លើក​លែង​តែ​លោក​សិលា​ លោក​យ៉ាកុប​ ‌និង​លោក​យ៉ូហាន​ ជាប្អូន​របស់​គាត់។​ ៣៨កាល​ទៅ​ដល់​ផ្ទះ​ លោក​យ៉ៃរ៉ូស​ ជាអ្នក​ទទួល​ខុស​ត្រូវ​លើ​ធម្ម​សាលា​ព្រះ​យេស៊ូ​ទត​ឃើញ​មនុស្ស​ម្នា​ជ្រួល​ច្របល់​ ព្រម​ទាំង​ទ្រ​ហោយំ​ជាខ្លាំង​ផង។​ ៣៩ព្រះអង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖‌‌‌​«ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​រាល់គ្នា​ជ្រួល​ច្របល់​ ហើយ​ទ្រហោយំ​ដូច្នេះ ?​ ក្មេង​នេះ​មិន​ស្លាប់​ទេ‌‌​ នាង​គ្រាន់តែ​ដេក​លក់​ទេ​តើ ! »។​ ៤០គេនាំ​គ្នា​ចំអក​ដាក់​ព្រះអង្គ‌​ ព្រះអង្គ​ក៏​ដេញ​គេ​ឲ្យ​ចេញ​ទៅក្រៅ​ទាំងអស់​គ្នា​ រួច​ទ្រង់​នាំតែ​ឪពុក​ម្តាយ​ក្មេង​និង​សាវ័ក​ទាំង​បីរូប​ ចូល​ទៅ​ក្នុង​បន្ទប់​ដែល​ក្មេង​ស្រី​នោះ​ដេក។​ ៤១ព្រះ​អង្គ​ចាប់ដៃ​ក្មេង​ស្រី​នោះ​ ទាំង​មាន​ព្រះ​បន្ទូល​ថា៖​ «តាលី​ថា​គូម ! »​ (ប្រែថា​ “នាង​តូច​អើយ​ ខ្ញុំ​ប្រាប់​នាង​ថា​ចូរ​ក្រោក​ឡើង ! “)។​ ៤២ក្មេង​ស្រី​ក៏​ក្រោក​ឡើង  ដើរ​មួយ​រំពេច​ ‌ដ្បិត​នាង​មាន​អាយុ​ដប់ពីរ​ឆ្នាំ​ហើយ។‌​ គេ​ងឿង​ឆ្ងល់​ពន់​ប្រមាណ​ ៤៣ប៉ុន្តែ​‌‌ព្រះ​យេស៊ូ​ហាម​ប្រាម​គេ​ មិនឲ្យ​ប្រាប់​នរណា​ដឹង​រឿង​នេះ​ឡើយ។​ បន្ទាប់​មក​ព្រះអង្គ​ប្រាប់​គេ​ឲ្យ​យក​ចំណី​អាហារ​មកឲ្យ​ក្មេង​ស្រីនោះ​បរិភោគ។

ជំពូកទី ៦

អ្នកភូមិណាសារ៉ែតបដិសេធ​មិនព្រមទទួលព្រះយេស៊ូ
(លូកា  ៤,  ១៦-៣០)
‌១ព្រះ​យេស៊ូ​យាង​ចេញ​ពីទី​នោះ​ ត្រឡប់​ទៅ​ភូមិ​ស្រុក​របស់​ព្រះអង្គ​វិញ​ ក្រុម​សាវ័ក​ក៏ទៅ​តាម​ព្រះអង្គ​ដែរ។​ ២លុះ​ដល់​ថ្ងៃ​សប្ប័ទ​ ព្រះអង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​ធម្មសាលា* ។​ មនុស្ស​ជាច្រើន​ដែល​បាន​ស្តាប់​ព្រះអង្គ​ ងឿង​ឆ្ងល់​ក្រៃ​លែង។​ គេ​និយាយ​គ្នា​ថា៖​ «តើ​គាត់​ដឹង​សេចក្តី​ទាំង​នេះ​មក​ពីណា ?‌‌​ ​ប្រាជ្ញា​ដែល​គាត់​បាន​ទទួល​នេះ​ជា​ប្រាជ្ញា​អ្វីទៅ ?​ ការ​អស្ចារ្យ​ដែល​គាត់​បាន​ធ្វើ​នេះ​កើត​ឡើង​ដោយ​វិធី​ណា? ​ ៣តើ​អ្នក​នេះ​មិន​មែន​ជា​ជាង​ឈើ​ជា​កូន​នាង​ម៉ារី‌‌​ ជា​បង​ប្អូន​របស់​យ៉ាកុប​ យ៉ូសេ​ យូដា​ និង​ ស៊ីម៉ូន​ទេឬអី ?​ ប្អូន​ស្រី​របស់​គាត់​ទាំង​ប៉ុន្មាន​ ក៏រស់​នៅ​ក្នុង​ភូមិ​នេះ​ជាមួយ​យើង​ដែរ!»។‌​ ហេតុ​នេះ​ហើយ​បានជា​គេ​មិន​អាច​ជឿ​ព្រះអង្គ​បាន​ឡើយ។​ ៤ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​គេថា៖​ «ធម្មតា​គេ​មើល​ងាយ​ព្យាការី​តែ​ក្នុង​ស្រុក​កំណើត​ ក្នុងក្រុម​គ្រួសារ​ និង​ក្នុង​ផ្ទះ​របស់​លោក​ប៉ុណ្ណោះ»។​ ៥នៅ​ទីនោះ​ ព្រះអង្គ​ពុំអាច​ធ្វើការ​អស្ចារ្យ​អ្វី​បាន​ឡើយ‌​បាន​ត្រឹម​តែ​ដាក់​ព្រះហស្ត​លើ​អ្នក​ជំងឺ​ខ្លះ​ ‌ដើម្បី​ប្រោស​គេ​ឲ្យ​បាន​ជា​ប៉ុណ្ណោះ។​ ៦ព្រះ​អង្គ​នឹក​ឆ្ងល់​ ដោយ​ឃើញ​គេ​គ្មាន​ជំនឿ​បែប​នេះ។‌ ព្រះយេស៊ូចាត់សាវ័កទាំងដប់ពីររូប​ឲ្យទៅប្រកាសដំណឹងល្អ (ម៉ាថាយ  ១០,  ៥-១៥​  ;   លូកា  ៩,  ១-៦‌) ព្រះយេស៊ូ​យាង​ទៅ​ភូមិ​នានា​ ដែល​នៅ​ជុំវិញ​ ហើយ​ទ្រង់​បង្រៀន​អ្នក​ស្រុក។​ ៧ពេល​នោះ‌​ ព្រះ​អង្គ​ត្រាស់​ហៅ​សាវ័ក​ទាំង​ដប់ពីរ​រូប​មក​‌រួច​ទ្រង់​ចាត់​គេ​ពីរៗ​នាក់​ឲ្យ​ទៅ​ទាំង​ប្រទាន​ ឲ្យ​គេ​មាន​អំណាច​ដេញ​ខ្មោច​ផង។​ ៨ព្រះអង្គ​ផ្តែ​ផ្តាំ​គេ​មិនឲ្យ​យក​អ្វី​ទៅ​ជាមួយ​ ក្នុង​ពេល​ធ្វើ​ដំណើរ​ឡើយ​ លើក​លែង​តែ​ដំបង​ប៉ុណ្ណោះ៖​ «កុំយក​ចំណី​អាហារ​ ថង់យាម​ ឬ​យក​ប្រាក់​កាស​ជាប់​នឹង​ខ្លួន​ ‌៩ចូរ​ពាក់​ស្បែក​ជើង​តែ​មិន​ត្រូវ​យក​អាវ​ពីរ​បន្លាស់​ ទៅ​ជាមួយ​ឲ្យ​សោះ»។​ ១០ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា៖​ «បើ​អ្នក​រាល់​គ្នា​ចូល​ផ្ទះ​ណា‌​ ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ​រហូត​ដល់​ពេល​អ្នក​រាល់គ្នា​ចេញ​ពីស្រុក​នោះ​ទៅ។​ ១១បើ​នៅ​កន្លែង​ណា​គេមិន​ព្រម​ទទួល​ មិនព្រម​ស្តាប់​អ្នក​រាល់​គ្នា​ ចូរចេញ​ពី​កន្លែង​នោះ​ទៅ​ ហើយ​រលាស់​ធូលី​ដី​ចេញពី​ជើង​អ្នក​រាល់គ្នា​ផង​   ទុកជា​សញ្ញា​ព្រមាន​គេ»។

១២ក្រុម​សាវ័ក​ក៏​ចេញ​ទៅ​ប្រកាស​ឲ្យ​មនុស្ស​ម្នា​ប្រែ​ចិត្ត​គំនិត។​ ១៣គេ​បាន​ដេញ​ខ្មោចជា​ច្រើន​ ចេញ​ពី​មនុស្ស​ ព្រម​ទាំង​ចាក់​ប្រេង​លើ​អ្នក​ជំងឺ​ច្រើន​នាក់​ ដើម្បី​ប្រោស​ឲ្យ​គេ​បាន​ជា​សះ​ស្បើយ។

ស្តេចហេរ៉ូដសម្លាប់លោកយ៉ូហានបាទីស្ត‌‌
(ម៉ាថាយ  ១៤,  ១-១២ ;​    លូកា  ៩,  ៧-៩)
១៤ ព្រះ​បាទ​ហេរ៉ូដ​បាន​ជ្រាប​ អំពី​ហេតុ​ការណ៍​ទាំង​អស់​នោះ‌​ ដ្បិត​ព្រះ​កិត្តិ​នាម​របស់​ព្រះ​យេស៊ូ​បាន​ល្បី​ឮខ្ចរ​ខ្ចាយ។‌​ ‌មាន​គេ​និយាយ​ថា៖​ «លោក​យ៉ូហាន​បាទីស្ត​បាន​រស់ឡើង​វិញ។​ ហេតុនេះ​ហើយ​បានជា​លោក​មាន​អំណាច​នឹង​ធ្វើ​ការអស្ចារ្យ​យ៉ាង​នេះ»។​ ១៥អ្នក​ខ្លះ​ថា៖​ «លោក​ជា​ព្យាការីអេលី»​ ហើយ​ខ្លះ​ទៀត​ថា៖​ «លោក​ជា​ព្យាការី​ម្នាក់​ដូច​ព្យាការី​ឯទៀតៗ​ពីជំនាន់​ដើម​ដែរ»។​ ១៦រីឯ​ព្រះ​បាទ​ហេរ៉ូដ​វិញ​ កាល​បាន​ជ្រាប​ដំណឹង​នេះ‌​ ‌ទ្រង់​មាន​រាជ​ឱង្ការ​ថា៖​ «អ្នក​នេះ​ពិត​ជា​លោក​យ៉ូហាន​ ដែល​យើង​បាន​ឲ្យ​គេ​កាត់​ក​មែន‌‌​ ឥឡូវ​នេះ​‌គាត់​រស់​ឡើង​វិញ»។ ១៧ព្រះ​បាទ​ហេរ៉ូដ​បាន​បញ្ជា​ឲ្យ​គេ​ចាប់​លោក​យ៉ូហាន​ដាក់​ច្រវាក់​យក​ទៅ​ឃុំឃាំង​ ដោយ​ទ្រង់​ជឿ​តាម​ព្រះ​នាង​ហេរ៉ូឌីយ៉ាដា​ ដែល​ត្រូវ​ជា​មហេសី​របស់​ស្តេច​ភីលីព​ ជា​អនុជ​ ហើយ​ព្រះអង្គ​យក​មក​ធ្វើជា​មហេសី។​ ១៨លោក​យ៉ូហាន​បាន​បន្ទោស​ស្តេច​ហេរ៉ូដ​ថា៖​ «ព្រះ​ករុណា​គ្មាន​សិទ្ធិ​នឹង​យក​មហេសី​របស់​អនុជ​មក​ធ្វើ​ជា​មហេសី​ទេ»។​ ១៩ព្រះនាង​ហេរ៉ូឌី​យ៉ាដា​ចង​គំនុំ​ ប៉ង​សម្លាប់​លោក​យ៉ូហាន​ តែរក​សម្លាប់​ពុំកើត​‌២០ដ្បិត​ព្រះ​បាទ​ហេរ៉ូដ​ខ្លាច​លោក​យ៉ូហាន​ ព្រោះ​ទ្រង់​ជ្រាប​ថា​ លោក​ជា​មនុស្ស​សុចរិត‌​និង​ជាអ្នក​ដ៏វិសុទ្ធ។​ ដូច្នេះ​ទ្រង់​ការពារ​លោក។‌​ កាល​ទ្រង់​ព្រះ​សណ្តាប់​ពាក្យ​លោក​យ៉ូហាន‌​ ​ទ្រង់​សព្វ​ព្រះហប្ញ​ទ័យ​ជាខ្លាំង​ តែទ្រង់​រារែក​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា។‌ ២១មាន​ថ្ងៃ​មួយ​ ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​ព្រះបាទ​ហេរ៉ូដ​‌ព្រះអង្គ​បាន​រៀប​ចំ​ពិធី​ជប់​លៀង​ ‌ដោយ​អញ្ជើញ​អស់​លោក​មន្ត្រី​មេទ័ព​ និង​នាម៉ឺន​ធំៗ​ ​ក្នុង​ស្រុក​កាលីឡេ​មក​ចូល​រួម។​ ពេល​នោះ​ជា​ឱកាស​ល្អ​ ដល់​ព្រះនាង​ហេរ៉ូឌី​យ៉ាដា។​ ២២បុត្រី​របស់​ព្រះនាង​ក៏ចូល​មក​រាំ​ ធ្វើឲ្យ​ស្តេច​ហេរ៉ូដ​និង​ភ្ញៀវ​ទាំង​អស់​ពេញ​ចិត្ត​ណាស់។​ ស្តេច​ក៏មាន​រាជ​ឱង្ការ​ទៅ​កាន់​នាង​ថា៖​ «បើ​នាង​ចង់​បាន​អ្វី‌​ ចូរ​សុំពី​យើង​ចុះ‌​ យើង​នឹង​ឲ្យ​នាង»។​ ២៣រួច​ស្តេច​ស្បថ​នឹង​នាង​ថា៖​ «អ្វីៗ​ដែល​នាង​សុំ​ពី​យើង​ យើង​នឹង​ឲ្យ​នាង​ទោះបី​នគរ​មួយ​ចំហៀង​ក៏ដោយ»។​ ២៤នាង​ក៏ចេញ​ទៅ​សួរ​មាតា​ថា៖​ «តើខ្ញុំ​ម្ចាស់​ត្រូវ​សុំអ្វី ? »។‌​ មាតា​ឆ្លើយ​ថា៖​ «ត្រូវ​សុំ​ក្បាល​របស់​យ៉ូហាន​បាទីស្ត ! »។​ ២៥នាង​ក៏​ប្រញាប់​ត្រឡប់​ទៅ​គាល់​ស្តេច​វិញ​ភ្លាម‌​ រួច​ទូល​ថា៖​ «ខ្ញុំម្ចាស់​ចង់បាន​ក្បាល​របស់​យ៉ូហាន​បាទីស្ត​ ដាក់​លើ​ថាស​ឥឡូវ​នេះ!»។​ ២៦ស្តេច​ព្រួយ​ព្រះ​ហប្ញ​ទ័យ​ក្រៃ​លែង​ តែ​មិន​ហ៊ាន​បដិ​សេធ​ឡើយ‌​ ព្រោះ​ទ្រង់​បាន​ស្បថ​នៅ​មុខ​ភ្ញៀវ​ទាំង​អស់​គ្នា។​ ២៧ទ្រង់​បញ្ជា​ទាហាន​ម្នាក់​ ឲ្យ​ទៅ​យក​ក្បាល​លោក​​យ៉ូហាន​មក​ភ្លាម។​ ២៨ទាហាន​ទៅ​គុក‌​ កាត់​ ក​ លោក​យ៉ូហាន​ យក​ក្បាល​ដាក់​លើ​ថាស​មួយ​ មក​ប្រគល់​ឲ្យ​នាង​ ហើយ​នាង​យក​ទៅ​ថ្វាយ​មាតា។​ ២៩កាល​ពួក​សិស្ស​របស់​លោក​យ៉ូហានបាន​ឮ​ដំណឹង​នេះ‌​ គេនាំ​គ្នា​មក​យក​សព​របស់​លោក ​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។ ព្រះយេស៊ូប្រទាននំបុ័ង​ឲ្យមនុស្សប្រាំពាន់នាក់បរិភោគ (ម៉ាថាយ  ១៤,១៣-២១ ;    ​ លូកា  ៩,១០-១៧​    ; យ៉ូហាន  ៦,១-៤) ៣០ក្រុម​គ្រីស្ត​ទូត ​វិល​ត្រឡប់​មក​គាល់​ព្រះ​យេស៊ូ​វិញ​‌ រៀប​រាប់​ទូល​ព្រះអង្គ​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន​ ដែល​គេ​បាន​ធ្វើ‌​ និង​‌សេចក្តី​ទាំង​អស់​ដែល​គេ​បាន​បង្រៀន។

៣១មនុស្ស​ជាច្រើន​ធ្វើ​ដំណើរ​ទៅ​មក‌​ ធ្វើឲ្យ​ព្រះ​យេស៊ូ‌​និង​‌ក្រុម​សាវ័ក​ រក​ពេល​បរិភោគ​ពុំបាន​សោះ។​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​កាន់​ក្រុម​សាវ័ក​ថា៖‌‌​ «ចូរ​នាំគ្នា​មក​រក​កន្លែង​ស្ងាត់​ដាច់​ឡែក​ពី​បណ្តា​ជន​   ‌សម្រាក​បន្តិច​សិន»។​ ‌៣២ព្រះ​យេស៊ូ​ក៏យាង​ចុះ​ទូក​ជាមួយ​ក្រុម​សាវ័ក​ ឆ្ពោះ​ទៅ​កាន់​កន្លែង​មួយ​ស្ងាត់​ដាច់​ឡែក។​ ៣៣ប៉ុន្តែ​‌មាន​មនុស្ស​ជា​ច្រើន​បាន​ឃើញ​ព្រះយេស៊ូ​ និង​ក្រុមសាវ័ក​ចេញ​ដំណើរ​ទៅ​គេក៏​ស្គាល់​ព្រះអង្គ​និង​សាវ័ក​ ហើយ​នាំគ្នា​រត់ចេញ​ពីទីក្រុង​នានា​ទៅ​មុន។ ៣៤កាល​ព្រះ​យេស៊ូ​យាង​ឡើង​ពីទូក​មក​ ទត​ឃើញ​មហា​ជន​ច្រើន​យ៉ាង​នេះ‌​ ទ្រង់​មាន​ព្រះ​ហប្ញ​ទ័យ​អាណិត​អាសូរ​គេ​ពន់​ពេក​ណាស់​ ព្រោះ​អ្នក​ទាំង​នោះ​ប្រៀប​បីដូចជា​ចៀម​ដែល​គ្មាន​គង្វាល​ថែទាំ។​ ព្រះអង្គ​ក៏​បង្រៀន​គេ​ អំពី​សេចក្តី​ផ្សេងៗ​ជាច្រើន។​‌៣៥ពេល​នោះ​ ថ្ងៃ​កាន់តែ​ជ្រេ​ណាស់​ហើយ​‌សាវ័ក​នាំគ្នា​ចូល​មក​គាល់​ព្រះ​យេស៊ូ​ ទូល​ព្រះអង្គ​ថា៖​ «ទីនេះ​ស្ងាត់​ណាស់​ ថ្ងៃក៏​ជិត​លិច​ផង​‌៣៦សូម​ប្រាប់​អ្នក​ទាំង​នេះ​ឲ្យ​ត្រឡប់​ទៅ​វិញ​ ទៅរក​ទិញ​ម្ហូប​អាហារ​បរិភោគ​ តាម​ផ្ទះ​តាម​ភូមិ​ជិតៗ​នេះ»។​ ៣៧ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​តប​ទៅ​គេ​វិញ​ថា៖​ «ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​ ឲ្យ​គេ​បរិភោគ​ទៅ ! »។​ គេ​ទូល​ព្រះ​អង្គ​ថា៖​ «តើ​យើង​ត្រូវ​យក​ប្រាក់​ពីរ​រយ​ដួង​ ទៅ​ទិញ​ម្ហូប​អាហារ​ឲ្យ​គេ​បរិភោគ​ឬ ? »។​ ៣៨ព្រះអង្គ​មាន​ព្រះ​បន្ទូល​សួរ​គេ​ថា៖​ ‌«ទៅ​មើល​មើល៍​ ​‌អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន​ដុំ ? »។​ កាល​បាន​ដឹង​ហើយ​‌គេ​ទូល​ព្រះអង្គ​ថា៖​ «យើងខ្ញុំ​មាន​នំបុ័ង​ប្រាំ​ដុំ​ និង​‌ត្រីងៀត​ពីរ​កន្ទុយ»។​ ៣៩ព្រះ​យេស៊ូ​បង្គាប់​ក្រុមសាវ័ក​ឲ្យ​ប្រាប់​បណ្តា​ជន​អង្គុយ​ជាក្រុមៗ​ នៅ​លើ​ស្មៅ​ខៀវខ្ចី។​ ៤០គេ​អង្គុយ​ជា​ជួរ​ ជួរ​ខ្លះ​មាន​មួយ​រយ​នាក់‌​ ជួរ​ខ្លះ​មាន​ហាសិប​នាក់។​ ៤១ព្រះ​យេស៊ូ​យក​នំបុ័ង​ទាំង​ប្រាំដុំ​និង​ត្រី​ពីរ​កន្ទុយ​នោះ​ មក​កាន់‌​ទ្រង់​ងើប​ព្រះ​ភ័ក្ត្រ​ឡើង​ សរសើរ​តម្កើង​ព្រះ​ជា​ម្ចាស់​ ហើយ​កាច់​នំបុ័ង​ប្រទាន​ឲ្យ​ក្រុម​សាវ័ក​ ដើម្បី​ឲ្យគេ​ចែក​បណ្តា​ជន​បរិភោគ​ ព្រះអង្គ​ក៏ចែក​ត្រីពីរ​កន្ទុយ​នោះ​ឲ្យ​គេ​ទាំង​អស់​គ្នា​ដែរ។​ ៤២អ្នក​ទាំង​នោះ​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា។‌​ ‌៤៣ក្រុម​សាវ័ក​ប្រមូល​នំបុ័ង‌​និង​‌ត្រី​ដែល​នៅ​សល់​ ដាក់​បាន​ពេញ​ដប់ពីរ​ល្អី។​ ៤៤ក្នុង​ចំណោម​អ្នក​ដែល​បរិភោគ​នំបុ័ង​ មាន​ប្រុសៗ​ ចំនួន​ប្រាំពាន់​នាក់។ ព្រះយេស៊ូយាងលើទឹកសមុទ្រ (ម៉ាថាយ  ១៤,  ២២-៣៣   ;  ​យ៉ូហាន  ៦,  ១៥-២១‌) ‌‌‌៤៥រំពេច​នោះ​ ព្រះ​យេស៊ូ​បញ្ជា​ក្រុម​សាវ័ក​ ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ ឆ្ពោះ​ទៅ​ភូមិ​បេត​សៃដា​មុន​ព្រះអង្គ​ ហើយ​ព្រះអង្គ​ប្រាប់​បណ្តា​ជន​ឲ្យ​ត្រឡប់​ទៅ​វិញ។‌​ ៤៦កាល​ឲ្យ​បណ្តា​ជន​ ចេញ​ផុត​អស់​ហើយ​‌ព្រះ​យេស៊ូ​យាង​ទៅ​អធិស្ឋាន​នៅ​លើ​ភ្នំ។​ ៤៧លុះ​ដល់​យប់​ ទូក​បាន​ទៅ​ដល់​កណ្តាល​សមុទ្រ​‌ រីឯ​ព្រះ​យេស៊ូ​វិញ‌​ ទ្រង់​គង់​នៅ​លើ​គោក​តែ​មួយ​ព្រះអង្គ​ឯង។​ ៤៨ព្រះ​អង្គ​ទត​ឃើញ​សាវ័ក​កំពុង​តែ​អុំទូក​ យ៉ាង​លំបាក​ ដ្បិត​បញ្ច្រាស​ខ្យល់។​ ពេល​ជិត​ភ្លឺ‌​ព្រះអង្គ​យាង​លើ​ទឹក​ ឆ្ពោះ​ទៅ​រក​ពួក​គេ​ ហើយ​ធ្វើ​ដូចជា​ចង់​យាង​បង្ហួស។‌​ ៤៩កាល​ក្រុម​សាវ័ក​ឃើញ​ព្រះ​អង្គ​យាង​លើ​ទឹក​សមុទ្រ​ដូច្នេះ​ គេ​ស្មាន​ថា​ខ្មោច​លង​ក៏នាំ​គ្នា​ស្រែក​ ៥០ដ្បិត​គេ​បាន​ឃើញ​ព្រះអង្គ​គ្រប់ៗ​គ្នា​ ហើយ​ភ័យ​រន្ធត់​ជាខ្លាំង។​ ព្រះ​យេស៊ូ​ក៏មាន​ព្រះ​បន្ទូល​ទៅ​គេ​ភ្លាម​ថា៖‌​«ចូរ​តាំង​ចិត្ត​ក្លាហាន​ឡើង‌‌​ ខ្ញុំទេ​តើ​ច​កុំខ្លាច​អី ! »។​ ៥១បន្ទាប់​មក​ ព្រះអង្គ​យាង​ចូល​ក្នុង​ ទូក​ជាមួយ​គេ‌​ ហើយ​ខ្យល់​ក៏​ស្ងប់។​ ក្រុម​សាវ័ក​ងឿង​ឆ្ងល់​ពន់​ពេក​ណាស់​ ៥២ដ្បិត​គេ​ពុំទាន់​បាន​យល់​អំពី​រឿង​នំបុ័ង​ មក​ពីគេ​មាន​ចិត្ត​រឹង​រូស។

ព្រះយេស៊ូប្រោស អ្នកជំងឺនៅស្រុកកេនេសារ៉ែត
(ម៉ាថាយ  ១៤,  ៣៤-៣៦)
‌‌‌៥៣កាល​ព្រះ​យេស៊ូ​និង​ក្រុម​សាវ័ក​ បាន​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង‌​ក្នុង​ស្រុក​កេនេសារ៉ែត​ហើយ​គេ​ក៏នាំ​គ្នា​ចត​ទូក។​ ‌‌៥៤ព្រះអង្គ​យាង​ឡើង​លើ​គោក​ជាមួយ​សាវ័ក​‌​ ពេល​នោះ​មនុស្ស​ម្នា​ស្គាល់​ព្រះអង្គ​ភ្លាម។​‌៥៥គេ​រត់​ទៅ​គ្រប់​កន្លែង​ក្នុង​តំបន់​ ហើយ​នាំគ្នា​សែង​អ្នក​ជំងឺ​ទៅ​កន្លែង​ ដែល​គេ​ឮ​ថា​ ព្រះអង្គ​គង់​នៅ។‌​ ៥៦គ្រប់​កន្លែង​ដែល​ព្រះ​យេស៊ូ​យាង​ទៅ‌​ ទោះបី​នៅ​ក្នុង​ភូមិ​ ក្នុង​ក្រុង‌​ ឬ​តាម​ស្រុក​ស្រែ​ក្តី‌​ គេ​យក​អ្នក​ជំងឺ​មក​ដាក់​នៅ​តាម​ទីផ្សារ‌​ ទូល​អង្វរ​សុំ​គ្រាន់​តែ​ពាល់​ជាយ​ព្រះពស្ត្រ​ព្រះអង្គ​ប៉ុណ្ណោះ​ៗ​ អស់​អ្នក​ដែល​ពាល់​ព្រះអង្គ‌​ បាន​ជា​សះ​ស្បើយឆ​គ្រប់ៗ​គ្នា។

​ជំពូក ៧

ពួកខាងគណៈផារីស៊ី  និង  ទំនៀមទម្លាប់
(ម៉ាថាយ    ១៥,  ១-៩)
១មាន​ពួក​ខាង​គណៈ​ផារីស៊ី​និង‌​  ធម្មា​ចារ្យ​ខ្លះ​នាំគ្នា​មក​ពី​ក្រុង​យេរូ​សាឡឹម​ ទៅ​ជួប​ព្រះ​យេស៊ូ។‌​ ២គេ​ឃើញ​សាវ័ក​របស់​ព្រះអង្គ​ខ្លះ​ បរិភោគ​អាហារ​ដោយ​ដៃ​មិន​បរិសុទ្ធ‌ ​គឺគេ​ពុំបាន​លាង​ដៃជា​មុន។​ ៣ធម្មតា​ពួក​ផារីស៊ី​និង​ជនជាតិ​យូដា​ទាំង​អស់​ តែង​តែ​ធ្វើ​ពិធី​លាង​ដៃ​ យ៉ាង​ស្អាត​ហ្មត់​ចត់​មុន​នឹង​បរិភោគ‌​ តាម​ទំនៀម​ទម្លាប់​របស់​ចាស់​បុរាណ។​ ៤នៅ​ពេល​ត្រឡប់​មក​ពី​ផ្សារ​វិញ​ ដរាប​ណា​គេមិន​បាន​ធ្វើ​ពិធី​លាង​សំអាត​ខ្លួន​ជាមុន​ទេ​ គេមិន​បរិភោគ​ឡើយ។​ គេ​កាន់​ទំនៀម​ទម្លាប់​ផ្សេងៗ​ទៀត​ជាច្រើន ​ដូចជា​ពិធី​លាង​ពែង​ លាង​ថូទឹក​ លាង​ឆ្នាំង‌​ លាងតុ​ជា​ដើម។​ ‌៥ពួក​ខាង​គណៈ​ផារីស៊ី ​និង​ពួក​ធម្មា​ចារ្យ​ទូល​សួរ​ព្រះ​យេស៊ូ​ថា៖​ «ហេតុអ្វី​បានជា​សិស្ស​របស់​លោក​មិន​កាន់​តាម​ទំនៀម​ទម្លាប់​ចាស់​បុរាណ​ គឺនាំ​គ្នា​បរិភោគ​ដោយ​ដៃ​មិន​បរិសុទ្ធ​ដូច្នេះ ? »។​ ៦ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖​ «ព្យាការី​អេសាយ​បាន​ថ្លែង​ទុក​ថា​ “អ្នក​រាល់​គ្នា​ជា​មនុស្ស​មាន​ពុត”​ត្រូវ​ណាស់​  ដូច​មាន​ចែង​ថា៖ ប្រជារាស្ត្រនេះគោរពយើងតែបបូរមាត់ ‌‌‌‌ឯចិត្តគេនៅ​ឆ្ងាយពីយើង។ ៧ គេថ្វាយបង្គំយើង  តែឥតបានការអ្វីសោះ‌‌ ព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្សប៉ុណ្ណោះ។ ៨‌អ្នក​រាល់​គ្នា​បោះ​បង់​ចោលវិន័យ​របស់​ព្រះជា​ម្ចាស់‌​ បែរ​ទៅ​កាន់​តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស​វិញ»។‌​ ៩ព្រះអង្គ​មាន​ព្រះ​បន្ទូល​ទៀត​ថា៖​ «អ្នក​រាល់​គ្នា​ប្រសប់​បំបាត់​វិន័យ​របស់​ព្រះ​ជា​ម្ចាស់​ចោល​‌បែរ​ទៅ​កាន់​តាម​ទំនៀម​ទម្លាប់​ របស់​អ្នករាល់គ្នា​ផ្ទាល់​វិញ។‌​‌១០លោក​ម៉ូសេ​បាន​ថ្លែង​ថា៖​ “ចូរ​គោរព​មាតា​បិតា​របស់​អ្នក​‌អ្នក​ណា​ជេរ​ប្រទេច​ផ្តាសា​មាតា​របស់​ខ្លួន​ត្រូវ​មាន​ទោស​ដល់​ជីវិតឈ”​ ១១ រីឯ​អ្នក​រាល់​គ្នា​វិញ​ អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា៖​ ‌”ប្រសិន​បើ​មនុស្ស​ម្នាក់​និយាយ​ទៅ​ឪពុក​ម្តាយ​ថា​អ្វីៗ ដែល​ខ្ញុំត្រូវ​ជូន​លោក​ឪពុក​អ្នក​ម្តាយ​ បាន​រាប់ថា​គ័របាន់​ ស្រេច​ទៅ​ហើយ”​ (ពាក្យ​នេះ​ប្រែ​ថា ទុកជា​តង្វាយ​ថ្វាយ​ព្រះ​ជា​ម្ចាស់)។​១២អ្នក​រាល់​គ្នា​ពុំទុក​ឲ្យ​ គាត់​ជួយ​ឪពុក​ម្តាយ​ឡើយ។​១៣ អ្នក​រាល់​គ្នា​បាន​បំបាត់​តម្លៃ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ ដោយសារ​ទំនៀម​ទម្លាប់​ដែល​អ្នក​រាល់​គ្នា​បាន​បង្រៀន​តៗ​គ្នា។‌​ អ្នក​រាល់​គ្នា​បាន​េធ្វីការ​ផ្សេងៗជាច្រើន​  ស្រដៀង​នឹង​ការ​ទាំង​នេះ​ដែរ»។

មូលហេតុដែលបណ្តាល​ឲ្យមនុស្សមិនបរិសុទ្ធ
(ម៉ាថាយ  ១៥,  ១០-២០)
១៤បន្ទាប់​មក​ ‌ព្រះ​យេស៊ូ​ត្រាស់​ហៅ​បណ្តា​ជន​មក​ម្តង​ទៀត​ រួច​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖​ «ចូរ​ស្តាប់​ខ្ញុំ​ទាំង​អស់​គ្នា‌​‌ហើយ​យល់​ឲ្យ​ច្បាស់​ថា‌​ ‌១៥អ្វីៗពីខាង​ក្រៅ​ ចូល​ទៅ​ក្នុង​មនុស្ស   ​ពុំអាច​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​បាន​ឡើយ‌​ ផ្ទុយ​ទៅ​វិញ​មាន​តែអ្វីៗ​ចេញ​ពី​មនុស្ស​ប៉ុណ្ណោះ​ ដែល​ធ្វើឲ្យ​មិន​បរិសុទ្ធ {១៦អ្នក​ណា​ឮ​ពាក្យ​នេះ​ហើយ​ ចូរ​យក​ទៅ​ពិចារណា​ចុះ}»។​ ១៧ កាល​ព្រះ​យេស៊ូ​យាង​ចេញ​ពី​បណ្តា​ជន​ ចូល​ទៅ​ក្នុង​ផ្ទះ​ ក្រុម​សាវ័ក​នាំគ្នា​ទូល​សួរ​ព្រះអង្គ​អំពី​ប្រស្នា​នេះ។​ ១៨ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖​ «អ្នក​រាល់​គ្នា​ក៏គ្មាន​ប្រាជ្ញា​ដូច​ពួក​គេ​ដែរ​ឬ ?​ អ្នក​រាល់​គ្នា​ត្រូវ​យល់​ថា‌​‌អ្វីៗ​ពីខាង​ក្រៅ​ចូល​ទៅ​ក្នុង​មនុស្ស​ ពុំអាច​ធ្វើ​ឲ្យ​គេ​ក្លាយ​ទៅជា​មិន​បរិសុទ្ធ​បាន​ឡើយ​‌‌‌‌១៩ដ្បិត​អ្វីៗ​ទាំង​នោះ​មិន​ចូល​ទៅ​ក្នុង​ចិត្ត​ទេ​ គឺចូល​ទៅ​ក្នុង​ពោះ​‌រួច​ចេញ​មក​ធ្លាក់​ទៅ​ទី​បន្ទោរ​បង់»។​ ព្រះអង្គ​បញ្ជាក់​ថា‌​ គ្រប់​អាហារ​សុទ្ធ​តែ​បរិសុទ្ធ​ទាំង​អស់។​ ២០ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ទៀត​ថា៖‌​«មាន​តែ​អ្វីៗ​ចេញពី​មនុស្ស​ប៉ុណ្ណោះ​ដែល​ធ្វើឲ្យ​គេមិន​បរិសុទ្ធ​ ២១ដ្បិត​គំនិត​អាក្រក់​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ចេញ​មក​ពីខាង​ក្នុង​ចិត្ត​របស់​មនុស្ស​ គឺគំនិត​ដែល​នាំឲ្យ​ប្រព្រឹត្ត​កាម​គុណ​ថោក​ទាប​ លួច​ប្លន់​ កាប់​សម្លាប់​ ២២ផិត​ក្បត់‌​លោភ​លន់​ចង់​បាន​ទ្រព្យ​គេ​ កាច​សាហាវ​ បោក​ប្រាស់​គេ​ ប្រព្រឹត្ត​អបាយ​មុខ​ ច្រណែន​ឈ្នានីស‌​ អំនួត‌  ​និង​  គំនិតលេលា។​ ២៣ការ​អាក្រក់​ទាំង​នេះ​ហើយ​ ដែល​ចេញ​ពីខាង​ក្នុង​មនុស្ស​មក​ ធ្វើឲ្យ​គេ​ក្លាយ​ទៅជា​មិន​បរិសុទ្ធ»។ ស្ត្រីសាសន៍ដទៃម្នាក់ជឿព្រះយេស៊ូ ‌‌‌២៤ព្រះ​យេស៊ូ​យាង​ចាក​ចេញ​ពីទី​នោះ​ ឆ្ពោះ​ទៅ​កាន់​តំបន់​ជិត​ក្រុង​ទីរ៉ូស។​ ព្រះ​អង្គ​យាង​ចូល​ក្នុង​ផ្ទះ​មួយ​‌ទ្រង់​ពុំចង់​ឲ្យ​នរណា​ដឹងថា​ទ្រង់​គង់​នៅ​ទីនោះ​ឡើយ​‌តែ​លាក់​មិន​ជិត។​ ២៥ភ្លាម​នោះ​ស្ត្រី​ម្នាក់​ដែល​កូន​ស្រី​មាន​ខ្មោច​ចូល‌​ បាន​ឮគេ​និយាយ​អំពី​ព្រះ​យេស៊ូ‌​ នាង​មក​ក្រាប​ទៀប​ព្រះ​បាទា​របស់​ព្រះអង្គ។​ ២៦ស្ត្រី​នោះ​ជា​សាសន៍​ក្រិក​មាន​កំណើត​ នៅ​ភេនីស៊ី​ក្នុង​ស្រុក​ស៊ីរី។​ នាង​ទូលសូម​ព្រះ​យេស៊ូ​ដេញ​ខ្មោច​ចេញ​ពីកូន​នាង។​ ២៧ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​នាង​ថា៖​ «ត្រូវ​ទុក​ឲ្យ​កូន​ចៅ​បរិភោគ​ឆ្អែត​ជាមុន​សិន​មិន​គួរ​យក​អាហារ​របស់​កូនចៅ​បោះ​ទៅឲ្យ​កូនឆ្កែ​ស៊ី​ឡើយ»។​ ២៨នាង​ទូល​ព្រះ​អង្គ​ថា៖‌​ «ពិត​មែន​ហើយ​លោក​ម្ចាស់! ​ប៉ុន្តែ​ កូន​ឆ្កែ​នៅ​ក្រោម​តុ‌​វាស៊ី​កំទេច​អាហារ​ដែល​កូនក្មេង​ធ្វើឲ្យ​ជ្រុះ​នោះ​បាន»។‌​២៩ពេល​នោះ​ព្រះ​យេស៊ូ​មាន​ព្រះ​​បន្ទូល​ទៅ​នាង​ថា៖​ «ដោយ​នាង​និយាយ​ដូច្នេះ‌​ ចូរ​នាង​វិល​ត្រឡប់​ទៅ​វិញ​ចុះ​​‌ ខ្មោច​បាន​ចេញ​ពីកូន​នាង​ហើយ»។‌​៣០ពេល​ស្ត្រី​នោះ​មក​ដល់​ផ្ទះ​ នាង​ឃើញ​កូន​ស្រី​ដេក​នៅ​លើ​គ្រែ ដ្បិត​ខ្មោច​បាន​ចេញ​ពីក្មេង​នោះ​ហើយ។ ព្រះយេស៊ូប្រោសមនុស្សគថ្លង់ម្នាក់​ឲ្យបានជា ៣១ព្រះ​យេស៊ូ​យាង​ចេញ​ពី​តំបន់​ក្រុង​ទីរ៉ូស​ កាត់​តាម​តំបន់​ក្រុង​ស៊ីដូន​ និង​តំបន់​ស្រុក​ដេកា​ប៉ូល​ឆ្ពោះ​ទៅ​សមុទ្រ​កាលី​ឡេ​វិញ។ ​៣២គេនាំ​បុរស​ថ្លង់​ម្នាក់​មក​គាល់​ព្រះអង្គ។​ ម៉្យាង​ទៀត​បុរស​នោះ​ពុំ​អាច​និយាយ​បាន​ស្រួល​ដូច​ធម្មតា​ផង។​‌‌‌​គេ​ទូល​អង្វរ​សូម​ឲ្យ​ព្រះអង្គ​ដាក់​ព្រះ​ហស្ត​លើ​គាត់។​ ៣៣ព្រះអង្គ​នាំ​គាត់​ចេញ​ទៅ​ដោយ​ឡែក​ដាច់​ពី​បណ្តាជន​ ទ្រង់​ដាក់​ព្រះ​អង្គុលី​ក្នុង​ត្រចៀក​គាត់​ ហើយ​ស្តោះ​ទឹក​ព្រះឱស្ឋ​យក​ទៅ​ផ្តិត​លើ​អណ្តាត​គាត់‌​‌៣៤រួច​ព្រះអង្គ​ងើប​ព្រះ​ភ័ក្ត្រ​ឡើង​ ទត​ទៅ​លើ​មេឃ​ ដក​ដង្ហើម​ធំ‌​ ហើយ​មាន​ព្រះ​បន្ទូល​ថា ‌‌​«អេផាថា»​ (ប្រែថា៖​ ចូរ​បើក​ឡើង)។​ ៣៥រំពេច​នោះ​ ស្រាប់តែ​ត្រចៀក​របស់​បុរស​នោះ​អាច​ស្តាប់​ឮ​ អណ្តាត​របស់​គាត់​ក៏​គ្រលាស់​បាន​ ហើយ​គាត់​ក៏​និយាយ​ស្តី​បាន​ច្បាស់​លាស់។‌​ ៣៦ព្រះ​យេស៊ូ​បាន​ហាម​ប្រាម​ពួក​គេ​ មិនឲ្យ​និយាយ​ហេតុ​ការណ៍​នេះ​ប្រាប់​នរណា​សោះ​ឡើយ។‌​ ប៉ុន្តែ‌ ​ទោះបី​ព្រះ​អង្គ​ហាម​ប្រាម​យ៉ាង​ណា​ក៏ដោយ​ គេរឹត​តែ​ប្រកាស​ខ្លាំង​ឡើងៗ។​ ៣៧មនុស្ស​ម្នា​ងឿង​ឆ្ងល់​ពន់​ពេក​ណាស់‌​ហើយ​ពោល​ថា៖​‌«គ្រប់​កិច្ចការ​ដែល​លោក​ធ្វើ​សុទ្ធ​តែ​ល្អ​ទាំង​អស់​ សូម្បី​តែ​មនុស្ស​ថ្លង់‌​ក៏​លោក​ធ្វើឲ្យ​ឮបាន​មនុស្ស​គ​ក៏លោក​ធ្វើ​ឲ្យ​និយាយ​បាន​ដែរ»។

ជំពូកទី ៨

ព្រះយេស៊ូប្រទាននំបុ័ង​ឲ្យមនុស្សបួនពាន់នាក់បរិភោគ
(ម៉ាថាយ  ១៥,  ៣២-៣៩) ​
១នៅ​ពេល​នោះ​   បណ្តា​ជន​យ៉ាង​ច្រើន​កុះករ​មក​ប្រជុំ​គ្នា​សាជាថ្មី​ម្តង​ទៀត។​ ដោយ​គេ​គ្មាន​អ្វី​បរិភោគ​ព្រះយេស៊ូ​ត្រាស់​ហៅ​ក្រុម​សាវ័ក​ មក​មាន​ព្រះ​បន្ទូល​ថា៖​ ២«ខ្ញុំ​អាណិត​អាសូរ​បណ្តាជន​នេះ​ពន់ពេក​ណាស់​ ដ្បិត​គេនៅ​ជាមួយ​ខ្ញុំអស់​រយៈ​ពេល​បីថ្ងៃ​មក​ហើយ​ ហើយ​គ្មាន​អ្វី​បរិភោគ​សោះ។​ ៣ប្រសិន​បើ​ខ្ញុំ​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ទាំង​ពោះ​ទទេ‌​គេ​មុខជា​អស់​កម្លាំង​ដួល​តាម​ផ្លូវ​មិន​ខាន​ ព្រោះ​អ្នក​ខ្លះ​បាន​ធ្វើ​ដំណើរ​មកពី​ស្រុក​ឆ្ងាយ»។‌​ ‌៤ក្រុម សាវ័ក​ទូល​ព្រះអង្គ​ថា៖‌‌​  «ទីនេះ​ស្ងាត់​ណាស់​ តើរក​ម្ហូប​អាហារ​ឯណា​ឲ្យគេ​បរិភោគ​ឆ្អែត​ គ្រប់គ្នា​បាន ? »។​ ៥ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​សួរ​ថា៖​ «តើអ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន​ដុំ ? »។‌​ ពួកគេ​ទូល​ថា៖‌​ «មាន​ប្រាំពីរ​ដុំ»។​ ៦ព្រះអង្គ​ក៏​ប្រាប់​បណ្តា​ជន​ឲ្យ​អង្គុយ​ផ្ទាល់​នឹង​ដី​ ទ្រង់​យក​នំបុ័ង​ទាំង​ប្រាំពីរ​ដុំ​មក​កាន់​ អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់‌​ ហើយ​កាច់​ប្រទាន​ឲ្យ​ក្រុម​សាវ័ក* ចែក​បណ្តា​ជន។​ ៧គេ​មាន​ត្រី​តូចៗ​ខ្លះ​ដែរ។​ ព្រះយេស៊ូ​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់​ រួច​ប្រាប់​ក្រុមសាវ័ក​ឲ្យ​ចែក​ត្រី​ទាំង​នោះ​ដល់​គេ។​ ៨គេបាន​បរិភោគ​ឆ្អែត​ទាំង​អស់គ្នា​ ហើយ​ប្រមូល​នំបុ័ង​និង​ត្រី​ដែល​នៅ​សល់​បាន​ប្រាំពីរ​ជាល។​៩នៅ​ពេល​នោះ‌‌​ មាន​មនុស្ស​ទាំង​អស់​ប្រមាណ​ជា​បួន​ពាន់​នាក់។​ បន្ទាប់​មក​ ព្រះ​យេស៊ូ​ប្រាប់​គេ​ឲ្យវិល​ត្រឡប់​ទៅផ្ទះ​វិញ។​ ១០ភ្លាម​នោះ​ ព្រះ​អង្គ​យាង​ចុះ​ទូក​ជាមួយ​ក្រុម សាវ័ក​  ឆ្ពោះ​ទៅ​តំបន់​ដាល់​ម៉ានូ​ថាញ។

ពួកខាងគណៈផារីស៊ីចង់ឃើញការអស្ចារ្យ
(ម៉ាថាយ  ១៦,  ១-៤)
‌‌១១ពួក​ខាង​គណៈ​ផារីស៊ី​មក​ដល់​ ‌ហើយ​នាំគ្នា​ជជែក​ជាមួយ​ព្រះ​យេស៊ូ​ ដើម្បី​ល្បង​ល​មើល​ព្រះអង្គ​ គេ​សូម​ឲ្យ​ព្រះអង្គ​សម្តែង​ទីសម្គាល់​ដ៏​អស្ចារ្យ​ អ្វីមួយ​បញ្ជាក់​ថា​ ព្រះអង្គ​បាន​ទទួល​អំណាច​ពី​ព្រះជា​ម្ចាស់។​ ១២ព្រះ​យេស៊ូ​ដក​ដង្ហើម​ធំ​‌‌រួច​មាន​ព្រះបន្ទូល​ថា៖​ «ហេតុអ្វី​បានជា​មនុស្ស​ជំនាន់​នេះ​ចង់​ឃើញ​ទី​សម្គាល់ដូច្នេះ ?‌ ​‌ខ្ញុំសុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា‌​ ព្រះ​ជា​ម្ចាស់​មិន​ឲ្យ​គេ​ឃើញ​ទី​សម្គាល់​ណា​ឡើយ»។​ ១៣‌បន្ទាប់​មក​‌‌ព្រះអង្គ​យាង​ចាក​ចេញ​ពីគេ‌​‌ចុះទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​វិញ។ ពុតត្បុតរបស់ពួកគណៈផារីស៊ីនិង  ពុតត្បុតរបស់ស្តេចហេរ៉ូដ‌ (ម៉ាថាយ  ១៦,  ៥-១២) ‌១៤ក្រុម​សាវ័ក​ភ្លេច​យក​នំបុ័ង​ទៅជា​មួយ។‌​ ក្នុង​ទូក​គេមាន​នំបុ័ង​តែមួយ​ដុំ​ប៉ុណ្ណោះ។​ ១៥ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ដាស់​តឿន​គេ​ថា៖‌​«ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ផារីស៊ី​ ព្រម​ទាំង​មេម្សៅ​របស់​ស្តេច​ហេរ៉ូដ​ឲ្យមែន​ទែន»។​ ១៦ក្រុមសាវ័ក​ជជែក​គ្នាថា៖​ «លោក​មាន​ប្រសាសន៍​ដូច្នេះ​មកពី​យើង​គ្មាន​នំបុ័ង​ទេ​ដឹង ! »។‌​ ១៧ព្រះយេស៊ូ​ជ្រាប​គំនិត​ពួកគេ​ក៏មាន​ព្រះ​បន្ទូល​ថា៖​ «ម្តេចក៏​ជជែក​គ្នា​អំពី​រឿង​គ្មាន​នំបុ័ង​ដូច្នេះ ?​ តើអ្នក​រាល់គ្នា​ពុំទាន់​ស្តាប់​បាន​ ពុំទាន់​យល់​សេចក្តី​ទេ​ឬ?‌​ ឬមួយ​អ្នក​រាល់គ្នា​មាន​ចិត្ត​រឹង​រូស ? ។‌​ ១៨អ្នក​រាល់គ្នា​មាន​ភ្នែក​ តែ​មើល​មិន​ឃើញ​‌មាន​ត្រចៀក‌​តែ​ស្តាប់​មិន​ឮ​ឬ ! ។‌​ តើអ្នក​រាល់​គ្នា​ចាំ​ឬ​ទេ​ ១៩កាល​ខ្ញុំកាច់​នំបុ័ង​ប្រាំដុំ​ចែក​ឲ្យ​មនុស្ស​ប្រាំពាន់​នាក់​ តើអ្នក​រាល់​គ្នា​ប្រមូល​នំបុ័ង​ដែល​សល់​បាន​ប៉ុន្មាន​ល្អី ? »។‌​ គេ​ទូល​ព្រះអង្គ​ថា៖​ «ដប់ពីរ​ល្អី»។​ ២០ «ចុះ​កាល​ខ្ញុំកាច់​នំបុ័ង​ប្រាំពីរ​ដុំ​ចែក​ឲ្យ​មនុស្ស​បួន​ពាន់​នាក់​ តើអ្នក​រាល់គ្នា​ប្រមូល​បាន​ប៉ុន្មាន​ជាល ? »។​ គេទូល​ថា៖​‌«ប្រាំពីរ​ជាល»។​២១ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖​ ‌«អ្នក​រាល់​គ្នា​នៅតែ​ពុំទាន់​យល់​ទៀត​ឬ ! »។ ព្រះយេស៊ូប្រោស មនុស្សខ្វាក់ម្នាក់ឲ្យបានភ្លឺ ‌‌២២ព្រះ​យេស៊ូ​‌និង​‌ក្រុមសាវ័ក​ធ្វើ​ដំណើរ​មក​ ដល់​ភូមិ​បេត​សៃដា។​ នៅ​ពេល​នោះ​ មាន​គេនាំ​មនុស្ស​ខ្វាក់​ម្នាក់​មក​គាល់​ព្រះអង្គ‌​ហើយ​ទូល​អង្វរ​ សូម​ឲ្យ​ព្រះអង្គ​ពាល់​គាត់។​ ២៣ព្រះ​យេស៊ូ​ក៏​ដឹក​ដៃ​មនុស្ស​ខ្វាក់​នោះ​ នាំ​ចេញ​ទៅ​ខាង​ក្រៅ​ភូមិ​‌ព្រះអង្គ​យក​ទឹក​ព្រះ​ឱស្ឋ​ដាក់​លើ​ភ្នែក​គាត់​ ហើយ​ដាក់​ព្រះហស្ត​លើ​គាត់‌​ ទាំង​មាន​ព្រះ​បន្ទូល​សួរ​ថា៖​«តើអ្នក​មើល​ឃើញ​អ្វីខ្លះ​ទេ ? »​ ២៤បុរស​នោះ​បើក​ភ្នែក​ឡើង‌​ទូល​ថា៖​ «ខ្ញុំឃើញ​មនុស្ស​ដើរ​ស្ទុងៗ​ មើល​ទៅ​ដូចជា​ដើម​ឈើ»។​ ២៥ព្រះ​យេស៊ូ​ក៏ដាក់​ព្រះហស្ត​លើភ្នែក​គាត់​ម្តង​ទៀត។​ បុរស​នោះ​មើល​ឃើញ​ច្បាស់​ទាំង​អស់‌​ ភ្នែក​គាត់​បាន​ជា។​ ២៦ព្រះ​យេស៊ូ​ប្រាប់​គាត់​ឲ្យវិល​ត្រឡប់​ទៅផ្ទះ​វិញ​ ‌ដោយ​មាន​ព្រះ​បន្ទូល​ថា៖​ «កុំចូល​ទៅ​ក្នុង​ភូមិ​ឲ្យ​សោះ»។

លោកសិលាប្រកាសថា​ព្រះយេស៊ូជាព្រះគ្រីស្ត
(ម៉ាថាយ  ១៦,  ១៣-២០‌   ;  លូកា  ៩,  ១៨-២១)
២៧ព្រះ​យេស៊ូ​ចេញ​ទៅ​តាម​ភូមិ​នានា​ ដែល​នៅ​ជិត​ក្រុង​សេសារេ​ភីលីព​ជាមួយ​ក្រុម​សាវ័ក។​ នៅ​តាម​ផ្លូវ​‌ព្រះអង្គ​មាន​ព្រះ​បន្ទូល​សួរ​គេ​ថា៖​ «តើ​មនុស្ស​ទាំង​ឡាយ​ថា​ ខ្ញុំជា​នរណា ? »។​ ២៨ក្រុម​សាវ័ក​ទូល​ឆ្លើយ​ថា៖​ «អ្នក​ខ្លះ​ថា​លោក​ជា​លោក​យ៉ូហាន​បាទី​ស្ត​ អ្នក​ខ្លះ​ថា​លោក​ជា​ព្យាការី​អេលី​ ហើយ​អ្នក​ខ្លះ​ទៀត​ថា​លោក​ជា​ព្យាការី​មួយ​រូប»។​ ២៩ព្រះអង្គ​មាន​ព្រះ​បន្ទូល​សួរ​គេ​ថា៖​ «ចុះ​អ្នក​រាល់​គ្នា​វិញ​‌​តើ​អ្នក​រាល់​គ្នា​ថា​ខ្ញុំជា​នរណា​ដែរ ? »។​ លោក​សិលា​ទូល​ព្រះអង្គ​ថា៖​ «លោក​ជា​ព្រះ​គ្រីស្ត»។​ ៣០ព្រះ​យេស៊ូ​ហាម​ប្រាម​សាវ័ក​ មិន​ឲ្យ​និយាយ​ប្រាប់​គេ​អំពី​ព្រះអង្គ​ឡើយ។​ ៣១បន្ទាប់​មក ​ព្រះ​យេស៊ូ​ក៏ចាប់​ផ្តើម​បង្រៀន​ក្រុម​សាវ័ក​ថា​ បុត្រ​មនុស្ស​ត្រូវ​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង។​ ពួក​ព្រឹទ្ធា​ចារ្យ* ​ពួក​នាយក​បូជា​ចារ្យ* ​ពួក​ធម្មា​ចារ្យ​នឹង​បោះ​បង់​ព្រះអង្គ‌​ តែ​បីថ្ងៃ​ក្រោយ​មក​ព្រះអង្គ​នឹង​មាន​ព្រះជន្ម​រស់​ឡើង​វិញ។​ ៣២ព្រះអង្គ​មាន​ព្រះ​បន្ទូល​បញ្ជាក់​ប្រាប់​គេ​ដោយ​ឥត​លាក់​លៀម។​ លោក​សិលា​យាង​ព្រះអង្គ​ចេញ​ទៅ​ឆ្ងាយ​ពីគេ​បន្តិច​ ហើយ​បន្ទោស​ព្រះអង្គ។​ ៣៣ព្រះ​យេស៊ូ​ងាក​ទត​ទៅ​ក្រុម​សាវ័ក​ឯទៀតៗ​‌ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​បន្ទោស​លោក​សិលា​វិញ​ថា៖​ «នែ៎!​ មារ​សាតាំង​ថយ​ទៅ​ក្រោយ​ខ្ញុំ​ទៅ ​ដ្បិត​គំនិត​អ្នក​មិន​មែន​ជា​គំនិត​របស់​ព្រះ​ជា​ម្ចាស់​ទេ‌‌​ គឺជា​គំនិត​របស់​មនុស្ស​សុទ្ធ​សាធ»។

៣៤បន្ទាប់​មក​ព្រះអង្គ​ត្រាស់​ហៅ​បណ្តា​ជន​ និង​សាវ័ក​រួច​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖​ «បើ​អ្នក​ណា​ចង់​មក​តាម​ក្រោយ​ខ្ញុំ‌​ ត្រូវ​លះ​បង់​ខ្លួន​ឯង​ចោល‌​ ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន​ ហើយ​មក​តាម​ខ្ញុំ​ចុះ។​ ៣៥ដ្បិត​អ្នក​ណា​ចង់​បាន​រួច​ជីវិត‌​ អ្នក​នោះ​នឹង​បាត់​បង់​ជីវិត​ពុំខាន​ រីឯ​អ្នក​ដែល​បាត់​បង់​ជីវិត​ព្រោះ​តែខ្ញុំ​និង​ ព្រោះ​តែ​ដំណឹង​ល្អ​‌នឹង​បាន​ជីវិត​វិញ។​ ៣៦បើ​មនុស្ស​ម្នាក់​បាន​លោកីយ៍​ទាំង​មូល​ មក​ធ្វើជា​សម្បត្តិ​របស់​ខ្លួន​‌តែ​បាត់​បង់​ជីវិត​នោះ​ នឹង​មាន​ប្រយោជន៍​អ្វី ?​ ៣៧តើ​មនុស្ស​អាច​យក​អ្វីមក​ប្តូរ​ នឹង​ជីវិត​របស់​ខ្លួន​បាន ?​ ៣៨នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ក្បត់​ព្រះ​ជាម្ចាស់​និង​ក្នុង​ចំណោម​មនុស្ស​មាន​បាប​នា​សម័យ​នេះ​ បើអ្នក​ណា​អៀន​ខ្មាស​មិន​ហ៊ាន​ទទួល​ស្គាល់​ខ្ញុំ‌​ មិនហ៊ាន​ទទួល​ស្គាល់​ពាក្យ​របស់ខ្ញុំ​ លុះ​ដល់​បុត្រ​មនុស្ស​យាង​មក​ ប្រកប​ដោយ​សិរី​រុង​រឿង​របស់​ព្រះបិតា​ព្រះអង្គ​និង​ទេវទូត​ដ៏វិសុទ្ធ​ ‌ទ្រង់​ក៏នឹង​ខ្មាស​អៀន​‌មិន​ហ៊ាន​ទទួល​ស្គាល់​អ្នក​នោះ​វិញ​ដែរ»។

ជំពូក ៩

១ព្រះអង្គ​មាន​ព្រះ​បន្ទូល​ថា៖​ «ប្រាកដ​មែន​ខ្ញុំសុំ​ប្រាប់​ ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា​ មនុស្ស​ខ្លះ​ដែល​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ​‌មុន​បាន​ឃើញ​ព្រះរាជ្យ​របស់​ព្រះ​ជា​ម្ចាស់​ មក​ដល់​ប្រកប​ដោយ​ប្ញទ្ធា​នុភាព»។

សិរីរុងរឿងរបស់ព្រះយេស៊ូ
(ម៉ាថាយ  ១៧,  ១-១៣ ;    ​លូកា  ៩,  ២៨-៣៦)
‌‌២ប្រាំមួយ​ថ្ងៃ​ក្រោយ​មក‌​ ព្រះ​យេស៊ូនាំលោក​សិលា‌​ លោក​យ៉ាកុប‌​ និង​លោក​យ៉ូហាន​ឡើង​ទៅ​លើភ្នំ​ គឺ​ព្រះអង្គ​នាំតែ​លោក​ទាំង​បី​ទៅ​ដាច់​ឡែក​ពីគេ។‌​ ពេល​នោះ​ ព្រះអង្គ​ប្រែជា​មាន​ទ្រង់​ទ្រាយ​ប្លែក​ពី​មុន​នៅ​មុខ​សាវ័ក​ទាំង​បី​នាក់​‌៣គឺព្រះ​ពស្ត្រ​របស់​ព្រះអង្គ​ ត្រឡប់​ជាមាន​ពណ៌ស​ភ្លឺត្រចះ​ត្រចង់​ ដែល​គ្មាន​មនុស្ស​ណា​នៅលើ​ផែនដី​អាច​ធ្វើឲ្យ​ស​យ៉ាង​នេះ​បាន​ឡើយ។​ ៤ពេល​នោះ​ សាវ័ក​ទាំង​បី​នាក់‌​ឃើញ​ព្យាការី អេលី​‌និង​‌លោក​ម៉ូសេ​សន្ទនា​ជាមួយ​ព្រះ​យេស៊ូ។​ ៥លោក​សិលា​ទូល​ព្រះអង្គ​ថា៖​ ‌«ព្រះគ្រូ !​ យើងខ្ញុំ​បាន​នៅ​ទីនេះ​ប្រសើរ​ណាស់​ យើងខ្ញុំ​នឹង​សង់​ជំរក​បី​ គឺមួយ​សម្រាប់​ព្រះគ្រូ‌​ មួយ​សម្រាប់​លោក​ម៉ូសេ​‌និង​មួយ​ទៀត​សម្រាប់​លោក​អេលី»។​ ៦លោក​សិលា​មាន​ប្រសាសន៍​ដូច្នេះ​ មកពី​លោក​ពុំដឹង​ថា​ចង់​និយាយ​អំពី​អ្វី​ឡើយ​ ដ្បិត​សាវ័ក​ទាំងបី​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។​ ‌៧ពេល​នោះ‌​ ស្រាប់​តែ​មាន​ពពក​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា​ មាន​ព្រះ​សូរ​សៀង​បន្លឺ​ពីក្នុង​ពពក​មក​ថា៖‌​«នេះជា​បុត្រ​ដ៏ជា​ទី​ស្រឡាញ់​របស់​យើង‌​ ចូរ​ស្តាប់​ព្រះអង្គ​ចុះ!»។​ ៨រំពេច​នោះ​‌ក្រុម​សាវ័ក​ក្រឡេក​មើល​ជុំវិញ​ខ្លួន​ ពុំ​ឃើញ​នរណា​ទៀត​ឡើយ​ ឃើញ​តែ​ព្រះ​យេស៊ូ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ​ ដែល​គង់​ជាមួយ​គេ។

៩ពេល​ព្រះយេស៊ូ​យាង​ចុះពី​លើភ្នំ​ ជាមួយ​សាវ័ក​ទាំងបី​ ទ្រង់​ហាម​ប្រាម​គេ​មិន​ឲ្យ​និយាយ​អំពី​ហេតុ​ការណ៍​ដែល​ខ្លួន​បាន​ឃើញ​ ប្រាប់​នរណា​ឡើយ​រហូត​ដល់​បុត្រ​មនុស្ស​រស់​ឡើង​វិញ។​ ១០អ្នក​ទាំង​បី​ធ្វើ​តាម​ព្រះ​បន្ទូល​របស់​ព្រះអង្គ‌​ តែ​សាក​សួរ​គ្នា​ថា៖‌​ «តើ​ “រស់ឡើងវិញ”​‌ មាន​ន័យ​ដូច​ម្តេច ? »។​ ១១បន្ទាប់​មក‌​ ​គេ​ទូល​សួរ​ព្រះអង្គ​ថា៖​ ‌«ហេតុ​ដូច​ម្តេច​បានជា​ពួក​ធម្មា​ចារ្យ​ចេះ​តែ​និយាយ​ថា​ ព្យាការី​អេលី​ត្រូវ​អញ្ជើញ​មក​មុន ?​ »។​ ១២ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​តប​ទៅ​គេ​ថា៖​ «ព្យាការី​អេលី​អញ្ជើញ​មក​មុន​មែន​ ដើម្បី​រៀបចំ​សព្វ​គ្រប់​ទាំង​អស់​ឡើង​វិញ។​ ប៉ុន្តែ‌​ហេតុអ្វី​បានជា​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា​ បុត្រ​មនុស្ស​ត្រូវ​រងទុក្ខ​លំបាក​ជាច្រើន​ ព្រម​ទាំង​ត្រូវគេ​មើល​ងាយ​ផង​ដូច្នេះ ? ។​ ១៣ ខ្ញុំសុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា​ ព្យាការី​អេលី​បាន​អញ្ជើញ​មក​រួច​ហើយ‌​ តែពួក​គេ​បាន​ធ្វើបាប​លោក​សព្វ​បែប​យ៉ាង​ តាម​អំពើ​ចិត្ត​របស់​គេ​‌ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​អំពី​លោក​ស្រាប់»។

ព្រះយេស៊ូដេញខ្មោចចេញពីក្មេងម្នាក់
(ម៉ាថាយ  ១៧,  ១៤-២១ ;‌    លូកា  ៩,  ៣៧-៤៣)
‌១៤ព្រះ​យេស៊ូ​និង​អ្នក​ទាំង​បី ​បាន​មក​ជួប​សាវ័ក​ឯទៀតៗ​ ទ្រង់​ទត​ឃើញ​បណ្តា​ជន​ច្រើន​កុះករ​ឈរ​នៅ​ជុំវិញ​សាវ័ក​ទាំង​នោះ​ ‌‌‌ហើយ​ឃើញ​ពួក​ធម្មា​ចារ្យ​ជជែក​ជាមួយ​គេ​ផង។​ ១៥កាល​បណ្តា​ជន​ឃើញ​ព្រះ​យេស៊ូ​ ‌គេ​ស្រឡាំង​កាំង​គ្រប់​គ្នា​ ហើយ​រត់ទៅ​ថ្វាយ​បង្គំ​ព្រះអង្គ។​ ១៦ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​សួរ​គេ​ថា៖​ ‌‌«តើអ្នក​រាល់គ្នា​ជជែក​ជាមួយ​គេ​អំពី​រឿង​អ្វី ? »។​ ១៧ក្នុង​ចំណោម​បណ្តា​ជន​ មាន​បុរស​ម្នាក់​ទូល​ព្រះអង្គ​ថា៖​ «លោក​គ្រូ !‌ ​ខ្ញុំ​ប្របាទ​នាំ​កូន​ប្រុស​របស់​ខ្ញុំ​ប្របាទ​មក​រក​លោក​គ្រូ‌​ ដ្បិត​វាមាន​ខ្មោច​ចូល​ ធ្វើឲ្យ​គ​និយាយ​ពុំ​រួច។​ ១៨នៅ​ទី​ណា​ក៏​ដោយ‌​ពេល​ខ្មោច​ចូល​ម្តងៗ‌​ វា​ផ្តួល​កូន​ខ្ញុំ​ប្របាទ​លើ​ដី​‌ឲ្យបែក​ពពុះ​មាត់​សង្កៀត​ធ្មេញ‌​ ហើយ​រឹង​ខ្លួន។​ខ្ញុំប្របាទ​បាន​សុំ​សាវ័ក​របស់​លោក​ឲ្យ​ដេញ​ខ្មោច​នេះ​ដែរ​ ប៉ុន្តែ​គេពុំ​អាច​ដេញ​វាចេញ​បាន​សោះ»។​ ១៩ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​បណ្តា​ជន​ថា៖​ ‌«នែ៎ ! ​ពួក​មនុស្ស​ពុំព្រម​ជឿ​អើយ !​ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នៅ​ជាមួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត ?​ ‌ចូរនាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។​ ២០គេ​ក៏នាំ​វាចូល​មក​ជិត​ព្រះ​យេស៊ូ។​ កាល​ខ្មោច​ឃើញ​ព្រះអង្គ​‌វាផ្តួល​ក្មេង​នោះ​ឲ្យ​ប្រកាច់​ប្រកិន‌​ ព្រមទាំង​ននៀល​បែក​ពពុះ​មាត់។​ ២១ព្រះ​យេស៊ូ​សួរ​ទៅ​ឪពុក​ថា៖​ ‌«តើវា​វេទនា​បែប​នេះ​ តាំងពី​អង្កាល់​មក? »។​ ឪពុក​តប​ថា៖​ «តាំងតែ​ពីតូច​ម៉្លេះ។​ ២២ខ្មោច​ធ្វើ​ឲ្យ​វា​ដួល​លើ​ភ្លើង​ ឲ្យវា​ធ្លាក់​ក្នុង​ទឹក​ជា​ច្រើន​លើក​ច្រើន​សា​ ចង់​ឲ្យវា​បាត់​បង់​ជីវិត។​ ប្រសិន​បើ​លោក​អាច​ធ្វើបាន​ សូម​មេត្តា​ជួយ​យើង​ខ្ញុំ​សូម​អាណិត​អាសូរ​យើង​ខ្ញុំ​ផង»។​ ២៣ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖​ «ហេតុអ្វី​បានជា​អ្នក​ពោល​ថា​”ប្រសិន​បើ​លោក​អាច​ជួយ​បាន”​ដូច្នេះ ?​ ព្រះ​ជាម្ចាស់​អាច​សំរេច​កិច្ចការ​សព្វ​គ្រប់​ទាំង​អស់​ ដល់​អ្នក​ជឿ»។​ ២៤ឪពុក​របស់​ក្មេង​បន្លឺ​សំឡេង​ឡើង​ភ្លាម​ថា៖​ «ខ្ញុំ​ប្របាទ​ជឿ​ហើយ!​ សូម​មេត្តា​ជួយ​ឲ្យខ្ញុំ​ប្របាទ​ដែល​ជាអ្នក​មិន​ជឿ​នេះ​ផង ! »។​ ២៥ ពេល​នោះ​ព្រះ​យេស៊ូ​ទត​ឃើញ​បណ្តា​ជន​រត់​មក​ ព្រះអង្គ​ក៏គំរាម​ខ្មោច​ដោយ​បញ្ជា​ថា៖‌​ «នែ៎‌​ខ្មោច​គ​ថ្លង់ !​ ‌យើង​សុំ​ប្រាប់​ថា​ ចេញ​ពីក្មេង​នេះ​ទៅ​ ​កុំចូល​វា​ទៀត​ឲ្យ​សោះ ! »។​ ២៦ខ្មោច​ក៏​ស្រែក​ឡើង​ ព្រមទាំង​ធ្វើឲ្យ​ក្មេង​នោះ​ប្រកាច់​ប្រកិន​យ៉ាង​ខ្លាំង​ ‌រួច​ចេញ​ទៅ។​ ពេល​នោះ​ក្មេង​នៅ​ដេក​ស្តូក​ស្តឹង​ដូច​មនុស្ស​ស្លាប់​ ធ្វើឲ្យ​មនុស្ស​ជាច្រើន​ស្មាន​ថា​ វាស្លាប់​បាត់​ទៅ​ហើយ។​ ២៧រីឯ​ព្រះយេស៊ូ​វិញ​ ព្រះអង្គ​ចាប់ដៃ​វាលើក​ឡើង​ក្មេង​នោះ​ក៏​ក្រោក​ឈរ។ ២៨កាល​ព្រះយេស៊ូ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​ ក្រុម​សាវ័ក​ទូល​សួរ​ព្រះអង្គ​ដាច់​ឡែក​ពីគេ​ថា៖​ «ហេតុ​អ្វី​បាន​ជា​ យើងខ្ញុំ​ពុំ​អាច​ដេញ​ខ្មោច​នេះ​ចេញ​បាន ? »។​ ២៩ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​គេថា៖​ ‌«គេ​អាច​ដេញ​ខ្មោច​ប្រភេទ​នេះ​បាន​ លុះ​ត្រា​តែ​អធិស្ឋាន»។

ព្រះយេស៊ូប្រកាសសាជាថ្មី អំពីព្រះអង្គត្រូវសោយទិវង្គត
(ម៉ាថាយ  ១៧,  ២២-២៣ ;‌    លូកា  ៩,  ៤៣-៤៥)
៣០  ព្រះ​យេស៊ូ​យាង​ចាក​ចេញពី​ទីនោះ​ ជាមួយ​ក្រុម​សាវ័ក​ កាត់​តាម​ស្រុក​កាលីឡេ។​ ព្រះអង្គ​មិន​សព្វ​ព្រះ​ហប្ញទ័យ​ឲ្យ​នរណា​ដឹង​ឡើយ។​ ៣១ព្រះអង្គ​បង្រៀន​ក្រុម​សាវ័ក​ឲ្យដឹង​ថា​ បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​មនុស្ស​លោក​ គេ​នឹង​ធ្វើ​គុត​ព្រះអង្គ​ ប៉ុន្តែ​ បីថ្ងៃ​ក្រោយ​ពីគេ​ធ្វើគុត‌​ ទ្រង់​នឹង​មាន​ព្រះជន្ម​រស់ឡើង​វិញ។​ ៣២ក្រុម​សាវ័ក​ពុំបាន​យល់​ព្រះ​បន្ទូល​នេះ​ឡើយ​‌‌តែ​គេមិន​ហ៊ាន​ទូល​សួរ​ព្រះអង្គ​ទេ។

អ្នកដែលធំជាងគេ
(ម៉ាថាយ  ១៨,  ១-៥ ;​    លូកា  ៩,  ៤៦-៤៨) ‌‌
៣៣ព្រះ​យេស៊ូ​និង​ក្រុម​សាវ័ក​‌ ធ្វើ​ដំណើរ​មក​ដល់​ក្រុង​កាផានុម។‌​ កាល​ព្រះអង្គ​គង់នៅ​ក្នុងផ្ទះ​ ព្រះអង្គ​មាន​ព្រះ​បន្ទូល​សួរ​ក្រុម​សាវ័ក​ថា៖​ «ពេល​ដើរ​តាម​ផ្លូវ​‌អ្នក​រាល់គ្នា​និយាយ​អំពី​រឿង​អ្វី ? »។​ ៣៤ក្រុម​សាវ័ក​នៅ​ស្ងៀម​ ដ្បិត​កាល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ គេ​បាន​ប្រកែក​គ្នា​ចង់ដឹង​ថា​ ក្នុង​ចំណោម​ពួក​គេ​អ្នក​ណាធំ​ជាង​គេ។‌​ ៣៥ព្រះ​យេស៊ូ​គង់​ចុះ​ ‌ទ្រង់​ត្រាស់​ហៅ​សាវ័ក​ទាំង​ដប់ពីរ​រូប​មក​ ហើយ​មាន​ព្រះ​បន្ទូល​ថា៖​ ‌«អ្នក​ណា​ចង់​ធ្វើ​មេគេ​ អ្នក​នោះ​ត្រូវ​ដាក់​ខ្លួន​ឲ្យតូច​ជាងគេ​ ព្រមទាំង​បម្រើ​គេ​ទាំង​អស់​គ្នា​ផង»។​ ៣៦បន្ទាប់​មក​ព្រះអង្គ​យក​ក្មេង​ម្នាក់​ ឲ្យ​មក​ឈរ​នៅ​កណ្តាល​ក្រុម​សាវ័ក។​‌‌‌ព្រះអង្គ​ឱប​ក្មេង​នោះ‌​ រួច​មាន​ព្រះ​បន្ទូល​ទៅ​កាន់​ក្រុម​សាវ័ក​ថា៖​ ‌៣៧ «អ្នក​ណា​ទទួល​ក្មេង​ណា​ម្នាក់​ដូច​ក្មេង​នេះ​ក្នុង​នាម​ខ្ញុំ‌​ ក៏ដូច​ជា​បាន​ទទួល​ខ្ញុំ​ ហើយ​អ្នកណា​ទទួលខ្ញុំ​ មិន​ត្រឹម​តែ​ទទួល​ខ្ញុំ​ប៉ុណ្ណោះ​ទេ​ គឺ​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់ខ្ញុំ​ឲ្យ​មក​នោះ​ដែរ​»។

អ្នកណាមិនជំទាស់យើង    អ្នកនោះជាពួកយើង
(លូកា  ៩, 8 ៤៩-៥០)
‌៣៨លោក​យ៉ូហាន​ទូល​ព្រះអង្គ​ថា៖‌​ «ព្រះគ្រូ !‌​ យើងខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​ដេញ​ខ្មោច​ ក្នុង​នាម​ព្រះគ្រូ។‌​ ‌យើងខ្ញុំ​បាន​ឃាត់គេ​ ព្រោះ​គេមិន​មក​តាម​យើងខ្ញុំ​ទេ»។​ ៣៩ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ថា៖‌​ «កុំឃាត់​គេអី‌​‌ពុំដែល​មាន​នរណា​អាច​ធ្វើ​ការ​អស្ចារ្យ​ក្នុង​នាមខ្ញុំ ​រួចបែរ​ជា​និយាយ​អាក្រក់​អំពីខ្ញុំ​ភ្លាម​នោះ​ឡើយ​‌៤០ដ្បិត​អ្នក​ណា​មិន​ជំទាស់​នឹង​យើង​ អ្នក​នោះ​ជាគ្នា​យើង​ហើយ។​ ៤១ម៉្យាង​ទៀត‌​ បើ​អ្នក​ណា​ឲ្យទឹក​មួយ​កែវ​ដល់​អ្នក​រាល់​គ្នា​ ក្នុងនាម​អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ព្រះ​គ្រីស្ត​ ខ្ញុំសុំ​ប្រាប់​ឲ្យអ្នក​រាល់គ្នា​ដឹង​ច្បាស់​ថា‌​ អ្នក​នោះ​នឹង​ទទួល​រង្វាន់​ជាមិន​ខាន»។

កុំនាំអ្នកដទៃឲ្យប្រព្រឹត្តអំពើបាប
(ម៉ាថាយ  ១៨,  ៦-៩ ;​    លូកា  ១៧,  ១-២)
‌‌៤២អ្នក​ណា​នាំអ្នក​តូច​តាច​ម្នាក់​ ក្នុង​បណ្តា​អ្នក​ជឿ​ទាំង​នេះ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ ចំពោះ​អ្នក​នោះ​ប្រសិន​បើ​គេ​យក​ត្បាល់ថ្ម​យ៉ាងធំ​មក​ចង​ក​គាត់​ ទម្លាក់​ទៅ​ក្នុង​សមុទ្រ‌​ នោះ​ប្រសើរ​ជាជាង​ទុក​ឲ្យ​គាត់​នៅ​រស់។​ ៤៣ប្រសិន​បើដៃ​នាំអ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​‌ចូរ​កាត់​ចោល​ទៅ​ ព្រោះ​បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​ដៃ​តែ​ម្ខាង ​ប្រសើរ​ជាង​មាន​ដៃពីរ​ ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​នរក ដែល​មាន​ភ្លើង​មិន​ចេះ​រលត់ ​{ ៤៤ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់‌​ មាន​ភ្លើង​មិន​ចេះ​រលត់}។​ ៤៥ប្រសិន​បើ​ ជើង​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​‌ចូរកាត់​ចោល​ទៅ​ ព្រោះ​បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​ មានតែ​ជើង​មួយ​ នោះ​ប្រសើរ​ជាង​មាន​ជើង​ពីរ​‌ហើយ​ត្រូវ​គេ​បោះ​ទៅ​ក្នុង​នរក {៤៦ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់​ មាន​ភ្លើង​មិន​ចេះ​រលត់}។​ ‌‌៤៧ប្រសិន​បើ​ភ្នែក​នាំអ្នក​ឲ្យ​ប្រព្រឹត្ត​អំពើបាប​ ចូរខ្វេះ​ចេញ​ទៅ‌​ ព្រោះ​បើអ្នក​ចូល​ទៅ​ក្នុង​ព្រះ​រាជ្យ ព្រះជា​ម្ចាស់‌‌​មាន​តែ​ភ្នែក​ម្ខាង​ នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ពីរ​ ហើយ​ត្រូវ​គេ​បោះ​ទៅ​ក្នុង​នរក​ ៤៨ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់‌​ មាន​ភ្លើង​មិន​ចេះ​រលត់​ ៤៩ដ្បិត​មនុស្ស​គ្រប់ៗ​រូប​នឹង​មាន​ជាតិ​ប្រៃ​ដោយ​សារ​ភ្លើង។​ ៥០អំបិល​ជា​របស់​មួយ​សំខាន់​ណាស់​ ប៉ុន្តែ​បើ​វា​បាត់​ជាតិ​ប្រៃ​ហើយ​ តើអ្នក​រាល់គ្នា​ធ្វើ​ដូចម្តេច​ នឹង​ឲ្យ​វាប្រៃ​ឡើង​វិញ​បាន?​ ៥១ចូរ​មាន​ជាតិ​ប្រៃ​នៅ​ក្នុង​ខ្លួន​ ហើយ​រស់នៅ​ជាមួយ​គ្នា​ដោយ​សុខ​សាន្ត​ទៅ»។

ជំពូក ១០

ព្រះដំបូន្មានអំពីរឿងលែងលះប្តីប្រពន្ធ
(ម៉ាថាយ  ១៩,  ១-១២‌    លូកា  ១៦,  ១៨)
១ព្រះ​យេស៊ូ​យាង​ចេញ​ពីទី​នោះ​ ឆ្ពោះ​ទៅ​ស្រុក​យូដា​ និង​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់។​ មហា​ជន​នាំគ្នា​ទៅ​រក​ព្រះអង្គ​សា​ជាថ្មី‌​‌ព្រះអង្គ​ក៏ចាប់​ផ្តើម​បង្រៀន​គេ​ តាម​ទម្លាប់​របស់​ព្រះអង្គ។​ ២មាន​ពួក​ខាង​គណៈ​ផារីស៊ី​ចូល​មក​ជិត​ ក្នុង​គោល​បំណង​ល្បង​ល​មើល​ព្រះអង្គ។​ គេ​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​ស្វាមី​មាន​សិទ្ធិ​លែង​ភរិយា​បាន​ឬទេ ? »។​ ៣ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា៖​ «តើ​លោក​ម៉ូសេ​បង្គាប់​អ្នក​រាល់​គ្នា​ ឲ្យ​ធ្វើ​អ្វី ? »។​ ៤គេ​ទូល​តប​ថា៖​«លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​ស្វាមី​ ធ្វើ​លិខិត​លែង​លះ​ប្រពន្ធ​បាន»។‌​ ៥ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖​ «លោក​ម៉ូសេ​ចែង​វិន័យ​នេះ​ឲ្យ​អ្នករាល់គ្នា‌​ ព្រោះ​តែ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង​រូស។​ ៦ប៉ុន្តែ​កាល​ដើមដំបូង​ នៅ​ពេល​ដែល​ព្រះ​ជាម្ចាស់​ បាន​បង្កើត​ពិភព​លោក​‌ព្រះអង្គ​បង្កើត​មនុស្ស​មក​ជា​បុរស​ជា​ស្ត្រី។​ ៧”ហេតុ​នេះ​ហើយ​ បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្តាយ​ {ទៅ​រួមរស់​ជាមួយ​ភរិយា​របស់​ខ្លួន}ឋ​ ៨ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅជា​រូបកាយ​តែមួយ”​‌ គេមិន​មែន​ជា​បុគ្គល​ពីរនាក់​ទៀត​ទេ​ គឺ​ជា​រូប​កាយ​តែ​មួយ​វិញ។​ ៩  ដូច្នេះ​មនុស្ស​មិន​ត្រូវ​បំបាក់​បំបែក​គូស្រករ​ ដែល​ព្រះជា​ម្ចាស់​បាន​ផ្សំផ្គុំ​នោះ​ឡើយ»។​ ១០ពេល​ទៅ​ដល់​ផ្ទះ‌‌​ ក្រុម​សាវ័ក​ទូល​សួរ​ព្រះ​យេស៊ូ​អំពី​រឿង​នេះ​ម្តង​ទៀត។​ ១១ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖​ «ប្រសិន​បើ​ស្វាមី​ណា​លែង​ភរិយា‌​ ហើយ​ទៅ​រៀប​ការ​នឹង​ស្ត្រី​ម្នាក់​ទៀត‌​ ស្វាមី​នោះ​បាន​ផិត​ក្បត់​ភរិយា​របស់​ខ្លួន។​ ១២រីឯ​ភរិយា​ណា​ដែល​លែង​ស្វាមី​ ហើយ​ទៅ​រៀប​ការ​នឹង​បុរស​ម្នាក់​ទៀត​ ‌‌ស្ត្រីនោះ​ក៏បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។

ព្រះយេស៊ូប្រទានពរដល់ក្មេងៗ
(ម៉ាថាយ  ១៩,  ១៣-១៥ ;​    លូកា  ១៨,  ១៥-១៧‌)
‌១៣មាន​មនុស្ស​ម្នា​នាំ​ក្មេង​តូចៗ​ មក​ឲ្យ​ព្រះ​យេស៊ូ​ដាក់​ព្រះហស្ត​លើ​ពួកវា‌​ ប៉ុន្តែ​ក្រុម​សាវ័ក​ស្តី​បន្ទោស​អ្នក​ទាំង​នោះ។‌​ ‌១៤កាល​ព្រះយេស៊ូ​ឃើញ​ដូច្នោះ​ ព្រះ​អង្គ​ទាស់​ព្រះ​ហប្ញ​ទ័យ​ណាស់​ ហើយ​មាន​ព្រះ​បន្ទូល​ថា៖​ «ទុក​ឲ្យ​ក្មេងៗ​មក​រក​ខ្ញុំចុះ ​កុំឃាត់​ពួកវា​ឡើយ​ ដ្បិត​មាន​តែ​ អ្នក​មាន​ចិត្ត​ដូច​ក្មេងៗ​ទាំង​នេះ​ប៉ុណ្ណោះ​ ដែល​ចូល​ក្នុង​ព្រះ​រាជ្យ​ព្រះជា​ម្ចាស់​បាន។​ ១៥ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ច្បាស់​ថា​ អ្នក​ណា​មិន​ព្រម​ទទួល​ព្រះរាជ្យ​ព្រះ​ជាម្ចាស់​ដូច​ក្មេង​តូច​មួយ​ទេ‌‌​ អ្នក​នោះ​មិន​អាច​ចូល​ក្នុង​ព្រះ​រាជ្យ​ព្រះអង្គ​បាន​ឡើយ»។
១៦បន្ទាប់​មក​ ព្រះអង្គ​អោប​ក្មេង​ទាំង​នោះ​ រួច​ប្រទាន​ពរ​ឲ្យ​ពួកវា   ​ដោយ​ដាក់​ព្រះ​ហស្ត​ពី​លើ។

អ្នកមានម្នាក់ចង់បានជីវិត​អស់កល្បជានិច្ច
(ម៉ាថាយ  ១៩,  ១៦-៣០ ;‌    លូកា  ១៨,  ១៨-៣០)
‌១៧កាល​ព្រះ​យេស៊ូ​កំពុង​ចេញ​ដំណើរ​ទៅ​ មាន​បុរស​ម្នាក់​រត់​មក​ដល់​ លុត​ជង្គង់​ចុះ​នៅ​មុខ​ព្រះ​អង្គ‌​ទូល​ថា៖​ «លោក​គ្រូ​ដ៏​សប្បុរស​អើយ !​ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី‌​ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច​ ទុក​ជា​មត៌ក ? »។​ ១៨ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​តប​ថា៖​ «ហេតុអ្វី​បាន​ជា​អ្នក​ថា​ ខ្ញុំ​សប្បុរស​ដូច្នេះ ?​ ក្រៅពី​ព្រះជា​ម្ចាស់​មួយ​ព្រះអង្គ​ ‌គ្មាន​នរណា​ម្នាក់​សប្បុរស​ឡើយ។​ ១៩អ្នក​ស្គាល់​វិន័យ​ស្រាប់​ហើយ​ថា‌​”កុំ​សម្លាប់​មនុស្ស‌​ កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​កុំ​លួច​ទ្រព្យ​សម្បត្តិ​គេ​ កុំ​និយាយ​កុហក​ធ្វើឲ្យ​គេ​មាន​ទោស​កុំកេង​ប្រវ័ញ្ច​យក​សម្បត្តិ​នរណា​ឲ្យ​សោះ​ ចូរ​គោរព​មាតា​បិតា”ឍ»។​ ២០បុរស​នោះ​ទូល​ព្រះ​អង្គ​ថា៖​ «លោក​គ្រូអើយ​ !​ ខ្ញុំបាន​ប្រតិបត្តិ​តាម​វិន័យ​ទាំង​នេះ​តាំង​ពី​ក្មេង​មក»។​ ២១ព្រះ​យេស៊ូ​ទត​មើល​ទៅ​គាត់​ ហើយ​មាន​ព្រះ​ហប្ញ​ទ័យ​ស្រឡាញ់​គាត់​ ទ្រង់​មាន​ព្រះ​បន្ទូល​ថា៖​ «នៅ​ខ្វះ​កិច្ចការ​មួយ​ទៀត​ ដែល​អ្នក​មិន​ទាន់​ធ្វើ​ គឺត្រូវ​អញ្ជើញ​ទៅ​លក់​អ្វីៗ​ ដែល​អ្នក​មាន​ រួច​ចែក​ឲ្យ​ជន​ក្រីក្រ​ទៅ​ធ្វើ​ដូច្នេះ​ ទើប​អ្នក​មាន​សម្បត្តិ​សួគ៌​បន្ទាប់​មក​ សឹម​អញ្ជើញ​មក​តាម​ខ្ញុំ»។​ ២២កាល​បុរស​នោះ​ឮដូច្នេះ​ គាត់​មាន​ទឹក​មុខ​ស្រពោន‌​ហើយ​វិល​ត្រឡប់​ទៅ​វិញ​ទាំង​ព្រួយ​ចិត្ត​ ដ្បិត​គាត់​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​ណាស់។​ ២៣ព្រះ​យេស៊ូ​ទត​មើល​ជុំវិញ​ ‌រួច​មាន​ព្រះ​បន្ទូល​ទៅ​ក្រុម​សាវ័ក​ថា៖​ «អ្នក​មាន​មិន​ងាយ​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​ព្រះ​ជាម្ចាស់​បាន​ទេ»។​ ២៤ក្រុម​សាវ័ក​ងឿង​ឆ្ងល់​នឹង​ព្រះ​បន្ទូល​របស់​ព្រះអង្គ​ជា​ខ្លាំង។​ ព្រះយេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ទៀត​ថា៖​ «កូន​ចៅ​អើយ​ព្រះ​រាជ្យ​ព្រះ​ជាម្ចាស់​ពិបាក​ចូល​ណាស់ !​ ២៥សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល‌​ ងាយ​ជាង​អ្នក​មាន​ចូល​ក្នុង​ព្រះ​រាជ្យ​ព្រះ​ជា​ម្ចាស់​ទៅ​ទៀត»។‌​២៦ក្រុម​សាវ័ក​រឹតតែ​ឆ្ងល់​ថែម​ទៀត​ ហើយ​និយាយ​គ្នា​ថា៖​ «បើ​ដូច្នេះ​តើ​អ្នក​ណា​អាច​ទទួល​ការ​សង្គ្រោះ​បាន?»។​ ២៧ព្រះ​យេស៊ូ​ទត​មើល​គេ​ រួច​មាន​ព្រះ​បន្ទូល​ថា៖​ «ការនេះ​មនុស្ស​ធ្វើ​ពុំ​កើត​ទេ​ តែ​ព្រះ​ជា​ម្ចាស់​ធ្វើ​កើត​ ដ្បិត​ព្រះអង្គ​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន»។​ ២៨លោក​សិលា​ទូល​ព្រះអង្គ​ថា៖​ «ព្រះអង្គ​ទត​ឃើញ​ស្រាប់​ហើយ​ថា​‌យើងខ្ញុំ​បាន​លះ​បង់​ចោល​អ្វីៗ​ទាំង​អស់‌‌​ ហើយ​យើងខ្ញុំ​បាន​មក​តាម​ព្រះអង្គ»។​   ២៩ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​តប​ថា៖​‌«ខ្ញុំសុំ​ប្រាប់​ឲ្យអ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា​ ‌អ្នក​ណា​លះបង់​ផ្ទះ​សម្បែង​ បងប្អូន​ប្រុស​ស្រី​ ‌ឪពុក​ម្តាយ‌​ កូន​ ឬ​ស្រែ​ចំការ​ ព្រោះ​តែ​ខ្ញុំ ​ និង​ ព្រោះ​តែ​ដំណឹង​ល្អ​ ៣០អ្នក​នោះ​នឹង​ទទួល​ក្នុង​ពេល​ឥឡូវ​នេះ​ មួយ​ជា​មួយរយ​ គឺផ្ទះ​សម្បែង​បងប្អូន​ប្រុសស្រី​ ម្តាយ​ កូន‌​ និង‌​ស្រែ​ចំការ​ ‌‌ព្រម​ទាំង​ទទួល​ការ​បៀត​បៀន​ ហើយ​ក៏នឹង​មាន​ជីវិត​អស់​កល្ប​ជានិច្ច​ នៅ​លោក​ខាង​មុខ​ថែម​ទៀត​ផង។​ ៣១មនុស្ស​ជាច្រើន​ដែល​នៅ​ខាង​មុខ​ នឹង​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ​ រីឯ​អ្នក​ដែល​នៅ​ខាង​ក្រោយ​  នឹង​ត្រឡប់​ទៅ​នៅ​ខាង​មុខ​វិញ»។

ព្រះយេស៊ូប្រកាសជាលើកទីបី​អំពីព្រះអង្គចូលទិវង្គត
(ម៉ាថាយ  ២០,  ១៧-១៩ ;    ​លូកា  ១៨,  ៣១-៣៤)
៣២ ព្រះ​យេស៊ូ​យាង​ឡើង​ទៅ​ ក្រុង​យេរូសាឡឹម​ជាមួយ​ក្រុម​សាវ័ក។​ព្រះអង្គ​យាង​នាំ​មុខ​គេ ​ក្រុម​សាវ័ក​ភ័យ​ខ្លាច​ជាខ្លាំង‌‌‌‌​ ‌រីឯ​អស់​អ្នក​ដែល​ដើរ​តាម​ក្រោយ​ក៏ភិត​ភ័យ​ដែរ។​ ព្រះ​យេស៊ូ​នាំ​សាវ័ក​ទាំង​ដប់ពីរ​រូប​មក​ជា​មួយ​ព្រះអង្គ​សា​ជាថ្មី‌​ រួច​មាន​ព្រះ​បន្ទូល​អំពី​ហេតុ​ការណ៍​ ដែល​នឹង​កើត​មាន​ដល់​ព្រះអង្គ៖​ ‌៣៣«ឥឡូវ​នេះ​ យើង​ឡើង​ទៅ​ក្រុង​យេរូ​សាឡឹម​បុត្រ​មនុស្ស​ នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​នាយក​បូជា​ចារ្យ​ និង​ពួក​ធម្មា​ចារ្យ។​ គេនឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក​ ហើយ​បញ្ជូន​លោក​ទៅ​ក្នុង​កណ្តាប់​ដៃ​ របស់​សាសន៍​ដទៃ។​៣៤ពួក​នោះ​នឹង​ចំអក​ឲ្យ​លោក​ ព្រមទាំង​ស្តោះ​ទឹក​មាត់​ដាក់​លោក​ផង។​ គេនឹង​វាយ​ធ្វើបាប​លោក​ រួច​ប្រហារ​ជីវិត​លោក។​ ប៉ុន្តែ​បីថ្ងៃ​ក្រោយ​មក‌​លោក​នឹង​រស់​ឡើង​វិញ»។

សំណូមពររបស់លោកយ៉ាកុប  និង  លោកយ៉ូហាន
(ម៉ាថាយ  ២០,  ២០-២៨)
‌‌‌៣៥បន្ទាប់ ​មក​‌លោក​យ៉ាកុប‌​ និង‌​លោក​យ៉ូហាន ​ជាកូន​លោក​សេបេដេ​ ចូល​មក​គាល់​ព្រះ​យេស៊ូ​ទូល​ថា៖‌​ «ព្រះ​គ្រូ !‌ ​សូម​មេត្តា​យល់​ព្រម​តាម​ពាក្យ​សុំ​របស់​យើងខ្ញុំ​ផង»។​ ៣៦ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​សួរគេ​ថា៖​ «តើអ្នក​ទាំងពីរ​ចង់ឲ្យ​ខ្ញុំធ្វើ​អ្វី ? »។​ ៣៧គេ​ទូល​ព្រះ​អង្គ​ថា៖​ «ពេល​ព្រះគ្រូ​គ្រង​រាជ្យ  ​ប្រកប​ដោយ​សិរី​រុង​រឿង​ សូម​ប្រទាន​ឲ្យ​យើងខ្ញុំ​បាន​អង្គុយ​អម​ព្រះគ្រូ​ផង​ គឺ​ម្នាក់​នៅ​ខាង​ស្តាំ‌​ ម្នាក់​នៅ​ខាង​ឆ្វេង»។​ ៣៨  ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ថា៖​«អ្នក​ទាំង​ពីរ​មិន​ដឹង​ថា​ខ្លួន​សុំអ្វី​ឡើយ​ តើអ្នក​អាច​ទទួល​ពែង​ដែល​ខ្ញុំត្រូវ​ទទួល​នោះ​បាន​ឬទេ ?​ អ្នក​អាច​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល​បាន​ឬទេ ? »។​ ៣៩គេ​ទូល​ព្រះអង្គ​ថា៖‌​«យើងខ្ញុំ​អាច​ទទួល​បាន»។​ព្រះយេស៊ូ​មាន​ព្រះ​បន្ទូល​ថា៖​ ‌‌«អ្នក​នឹង​ទទួល​ពែង​ ដែល​ខ្ញុំត្រូវ​ទទួល​‌និង​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំត្រូវ​ទទួល​បាន​មែន​ ‌៤០ ចំណែក​ឯ​អង្គុយ​នៅ​ខាង​ស្តាំ‌​ ឬ‌​ខាង​ឆ្វេង​ខ្ញុំ​‌​ខ្ញុំមិន​អាច​សម្រេច​បាន​ឡើយ‌​ ព្រោះ​កន្លែង​នោះ​បម្រុង​ទុក​សម្រាប់​តែអ្នក​ដែល​ព្រះជា​ម្ចាស់​បាន​សម្រេច​ឲ្យ​ប៉ុណ្ណោះ»។​

៤១កាល​សាវ័ក​ដប់រូប​ទៀត​បាន​ឮ​ដូច្នោះ​ គេ​ទាស់​ចិត្ត​នឹង​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ ជា​ខ្លាំង។​ ៤២ព្រះ​យេស៊ូ​ត្រាស់​ហៅ​សាវ័ក​ទាំង​អស់​ មក‌​ ហើយ​មាន​ព្រះ​បន្ទូល​ថា៖​ «អ្នក​រាល់គ្នា​ដឹង​ស្រាប់​ហើយ​ អ្នក​ដែល​គេ​ចាត់​ទុក​ជា​មេ​គ្រប់​គ្រង​ស្រុក​តែង​ជិះ​ជាន់​ប្រជា​រាស្ត្រ​របស់​ខ្លួន​ រីឯ​អ្នក​ធំ​តែង​តែ​ប្រើ​អំណាច​ខ្លួន​លើ​ប្រជា​រាស្ត្រ។​ ‌៤៣ក្នុង​ចំណោម​អ្នក​រាល់គ្នា‌​មិន​មែន​ដូច្នោះ​ទេ។​ ផ្ទុយ​ទៅ​វិញ​ បើ​មាន​ម្នាក់​ចង់​ធ្វើ​ធំ​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ ត្រូវឲ្យ​អ្នក​នោះ​បម្រើ​អ្នក​រាល់​គ្នា។​ ៤៤ក្នុង​ចំណោម​អ្នក​រាល់​គ្នា‌​ បើ​មាន​ម្នាក់​ចង់​ធ្វើ​មេ​គេ‌​ត្រូវ​ធ្វើជា​ខ្ញុំ​បម្រើ​គេ​គ្រប់​គ្នា​សិន​ ៤៥ដ្បិត​បុត្រ​មនុស្ស​មក​ក្នុង​ពិភព​លោក​នេះ​ មិន​មែន​ដើម្បី​ឲ្យគេ​បម្រើ​លោក​ឡើយ​‌គឺលោក​មក​បម្រើ​គេ​វិញ​ ព្រមទាំង​បូជា​ជីវិត‌​ដើម្បី​លោះ​មនុស្ស​ទាំង​អស់​ផង»។ ព្រះយេស៊ូប្រោសមនុស្សខ្វាក់ម្នាក់​ឈ្មោះបារទីមេ​ ឲ្យបានភ្លឺ (ម៉ាថាយ  ២០,  ២៩-៣៤​  ;   លូកា  ១៨,  ៣៥-៤៣) ៤៦ព្រះ​យេស៊ូ​និង​ក្រុម​សាវ័ក​ ធ្វើ​ដំណើរ​មក​ដល់​ក្រុង​យេរីខូ។​‌កាល​ព្រះអង្គ​យាង​ចេញ​ពីទី​ក្រុង​ជាមួយ​ក្រុម​សាវ័ក​ និង​បណ្តា​ជន​ដ៏ច្រើន​កុះករ​ មាន​មនុស្ស​ខ្វាក់​ម្នាក់​ឈ្មោះ​បារទីមេ​‌ជាកូន​របស់​លោក​ទីមេ​អង្គុយ​សុំទាន​នៅ​ក្បែរ​ផ្លូវ។​ ៤៧‌កាល​គាត់​ឮ​ថា​ ព្រះយេស៊ូ​ជាអ្នក​ភូមិ​ណាសារ៉ែត​ យាង​តាម​នោះ‌​ គាត់​ក៏​ស្រែក​ឡើង​ថា៖​ «ឱ​ព្រះ​យេស៊ូ​ ជា​ព្រះ​រាជ​វង្ស​ព្រះបាទ​ដាវីឌ​អើយ !​ សូម​អាណិត​មេត្តា​ទូល​បង្គំ​ផង»។​ ៤៨មនុស្ស​ជាច្រើន​បាន​គំរាម​គាត់​ ឲ្យ​នៅ​ស្ងៀម‌​ ប៉ុន្តែ​គាត់​ស្រែក​រឹតតែ​ខ្លាំង​ឡើងៗ​ថា៖‌​ «ឱ​ព្រះ​រាជ​វង្ស​ព្រះបាទ​ដាវីឌ​អើយ​ សូម​អាណិត​មេត្តា​ទូល​បង្គំ​ផង ! »។​ ៤៩ព្រះ​យេស៊ូ​ក៏​ឈប់​ហើយ​មាន​ព្រះ​បន្ទូល​ថា៖​ «សុំ​ហៅ​គាត់​មក»។‌​‌គេ​ហៅ​មនុស្ស​ខ្វាក់​មក​​ដោយ​ពោល​ថា៖​ «កុំអស់​សង្ឃឹម​ ក្រោក​ឡើង​លោក​ហៅ​អ្នក»។​ ៥០គាត់​ក៏បោះ​អាវធំ​ចោល​ ស្ទុះ​ក្រោក​ឡើង​តម្រង់​ទៅ​រក​ព្រះ​យេស៊ូ។​ ៥១ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ សួរ​គាត់​ថា៖​ «តើអ្នក​ចង់ឲ្យ​ខ្ញុំធ្វើ​អ្វី ? »។​ ‌អ្នក​ខ្វាក់​ទូល​ព្រះអង្គ​ថា៖​ «ព្រះ​គ្រូ !​ ‌ សូម​ប្រោស​ភ្នែក​​ទូល​បង្គំ​ឲ្យ​បាន​ភ្លឺ​ផង»។‌​ ៥២ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖​ «សុំ​អញ្ជើញ​ទៅ​ចុះ!‌​ជំនឿ​របស់​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ ! »។​ រំពេច​នោះ​ គាត់​មើល​ឃើញ​ភ្លាម‌‌​ ‌ហើយ​ដើរ​តាម​ផ្លូវ​ជាមួយ​ព្រះ​យេស៊ូ​ទៅ។

ជំពូក ១១

ព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹម
(មថ  ២១,  ១-១១‌    លក  ១៩,  ២៨-៤០​    យហ  ១២,  ១២-១៩)
១‌ព្រះ​យេស៊ូ​យាង​មក​ជាមួយ​សាវ័ក​ ជិត​ដល់​ក្រុង​យេរូ​សាឡឹម​ហើយ។​ លុះ​មក​ដល់​ជិត​ភូមិ​បេត​ផាសេ​ និង​ភូមិ​បេថានី‌​ ដែល​នៅ​ចង្កេះភ្នំ​ដើម​អូលីវ‌​ព្រះអង្គ​ចាត់​សាវ័ក​ពីររូប​ឲ្យ​ទៅ​មុន‌​ ដោយ​មាន​ព្រះ​បន្ទូល​ថា៖​ ២ «ចូរ​ទៅ​ភូមិ​នៅ​មុខ​អ្នក​រាល់​គ្នា​ ពេល​ទៅ​ដល់​ភ្លាម​ អ្នក​នឹង​ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​ទុក​ ពុំទាន់​ដែល​មាន​នរណា​ជិះ​នៅ​ឡើយ​ទេ​ ចូរ​ស្រាយ​វាដឹក​មក។‌​ ‌៣ប្រសិន​បើ​មាន​គេ​សួរ​ថា‌​ “ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​វា?”‌‌​ចូរ​ឆ្លើយ​ប្រាប់​គេ​ថា​ “ព្រះ​អម្ចាស់​ត្រូវការ​វា​‌​‌តែ​ព្រះអង្គ​នឹង​ឲ្យ​គេ​ដឹក​មក​វិញ​ភ្លាម​ជា​មិន​ខាន”»។ ៤សាវ័ក​ទាំង​ពីរ​រូប​ចេញ​ដំណើរ​ទៅ‌​ ឃើញ​កូន​លា​មួយ ​ដែល​គេ​ចង​ទុក​នៅ​មាត់​ទ្វារ​ ខាង​ក្រៅ​ផ្ទះ​‌ក្បែរ​ផ្លូវ​ ​ហើយ​ក៏​ស្រាយ​វា។​ ៥មាន​អ្នក​ខ្លះ​នៅ​ទី​នោះ​ សួរ​អ្នក​ទាំង​ពីរ​ថា៖‌​«តើ​អ្នក​ធ្វើ​អ្វី​ហ្នឹង​ ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​កូន​លា​នេះ ? »។‌​៦សាវ័ក​ទាំងពីរ​ឆ្លើយ​ទៅ​គេ​ តាម​ពាក្យ​ដែល​ព្រះ​យេស៊ូ​បាន​បង្គាប់​មក‌​ គេ​ក៏ឲ្យ​ដឹក​ចេញ​ទៅ។​ ៧សាវ័ក​ទាំងពីរ​ដឹក​វា​យក​មក​ថ្វាយ​ព្រះ​យេស៊ូ​ ហើយ​យក​អាវ​របស់​ខ្លួន​ក្រាល​ពីលើ​ខ្នង​កូន​លា​‌ព្រះអង្គ​ក៏​ឡើង​គង់​លើ​ខ្នង​កូន​លា​នោះ។​ ៨មាន​មនុស្ស​ម្នា​ជា​ច្រើន​ នាំគ្នា​យក​អាវ​របស់​ខ្លួន​ក្រាល​តាម​ផ្លូវ​ ហើយ​ខ្លះទៀត​យក​ស្លឹក​ឈើ​ពី​ចំការ​មក​រាយ​លើ​ផ្លូវ​ដែរ។​ ៩អស់​អ្នក​ ដែល​ដើរ​ហែ​ហម​ព្រះ​យេស៊ូ​ពី​មុខ​ពី​ក្រោយ​នាំគ្នា​ស្រែក​ឡើង​ថា៖‌​ «ជយោ !​ សូម​ព្រះជា​ម្ចាស់​ប្រទាន​ពរ​ដល់​ព្រះអង្គ​ ដែល​យាង​មក​ក្នុង​ព្រះ​នាម​ព្រះ​អម្ចាស់​ ១០សូម​ព្រះ​ជា​ម្ចាស់​ប្រទាន​ពរ​ដល់​ព្រះ​រាជ្យ​ ដែល​កំពុង​តែ​មក​ដល់​ ‌គឺ​ព្រះរាជ្យ​របស់​ព្រះបាទ​ដាវីឌ​ ជា​បិតា​របស់​យើង!​ ជយោ !​ ព្រះជា​ម្ចាស់​នៅ​ស្ថាន​ដ៏ខ្ពង់​ខ្ពស់​បំផុត ! »។

១១កាល​ ព្រះ​យេស៊ូ​ទៅ​ដល់​ក្រុង​យេរូសាឡឹម​‌ទ្រង់​ក៏​យាង​ចូល​ក្នុង​ព្រះ​វិហារ។‌​ ក្រោយ​ពី​បាន​ទត​មើល​សព្វ​គ្រប់​អស់​ហើយ‌​ ព្រះអង្គ​យាង​ទៅ​ភូមិ​បេថានី​ជាមួយ​សាវ័ក​ទាំង​ដប់ពីរ​រូប​ ដ្បិត​ល្ងាច​ណាស់​ហើយ។ ដើមឧទុម្ពរត្រូវបណ្តាសា (ម៉ាថាយ  ២១,  ១៨-១៩) ‌‌១២នៅ​ថ្ងៃ​បន្ទាប់​ ព្រះអង្គ​យាង​ចេញ​ពី​ភូមិ​បេថានី​   ពេល​នោះ​   ព្រះអង្គ​ឃ្លាន។​ ១៣ព្រះ​អង្គ​ទត​ឃើញ​ឧទុម្ពរ​មួយ​ដើម​ពី​ចម្ងាយ​ មាន​ស្លឹក​ខៀវ​ខ្ចី​ ទ្រង់ក៏​យាង​តម្រង់​ទៅ‌​ ក្រែង​លោ​មាន​ផ្លែ។ ពេល​ព្រះអង្គ​យាង​ទៅ​ជិត‌​ ទ្រង់​ទត​ឃើញ​មាន​តែ​ស្លឹក​ប៉ុណ្ណោះ​ ដ្បិត​ពុំទាន់​ដល់​រដូវ​ឧទុម្ពរ​ផ្លែ​នៅ​ឡើយ​ទេ។​ ១៤ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ ទៅ​កាន់​ដើម​ឧទុម្ពរ​នោះ​ថា៖‌​ «ចាប់ពី​ពេល​នេះ​តទៅ‌​ គ្មាន​នរណា​បរិភោគ​ផ្លែ​របស់​ឯង​ទៀត​ឡើយ ! »។‌‌‌‌​‌ក្រុម​សាវ័ក* បានឮ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ។

ព្រះយេស៊ូដេញអ្នកលក់ដូរ​ចេញពីព្រះវិហារ
(មថ  ២១,១២-១៧ ;​    លក  ១៩,៤៥-៤៨ ;​    យហ  ២,  ១៣-២២)
‌‌១៥ព្រះ​យេស៊ូ​យាង​មក​ដល់​ក្រុង​យេរូ​សាឡឹម​ជាមួយ​​‌ក្រុម​សាវ័ក ​‌ព្រះអង្គ​យាង​ចូល​ក្នុង​ព្រះវិហារ​ ហើយ​ដេញ​អ្នក​លក់​ដូរ​ចេញ។​ ព្រះអង្គ​ផ្តួល​តុ​ពួក​អ្នក​ប្តូរ​ប្រាក់​‌​ផ្តួល​កៅអី​របស់​អ្នក​លក់​ព្រាប។​ ១៦ព្រះ​អង្គ​មិន​ឲ្យ​នរណា​លីសែង​អីវ៉ាន់​ កាត់​ទីធ្លា​ព្រះ​វិហារ​ឡើយ។​ ១៧ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ប្រៀន​ប្រដៅ​គេ​ថា៖ ​ «ក្នុង​គម្ពីរ​មាន​ចែង​ថា ​ដំណាក់របស់យើងត្រូវធ្វើជាដំណាក់សម្រាប់ឲ្យជាតិសាសន៍ទាំងឡាយអធិស្ឋានតែអ្នករាល់គ្នាយកធ្វើជា​បុកចោរធ‌ទៅ វិញ»។

១៨កាល​ពួក​នាយក​បូជាចារ្យ​ ‌និង​ពួក​ធម្មា​ចារ្យ​ដឹង​រឿង​នេះ​ ‌គេនាំ​គ្នា​រក​មធ្យោ​បាយ​ធ្វើគុត​ព្រះ​យេស៊ូ។​ ប៉ុន្តែ​គេ​ខ្លាច​ព្រះអង្គ‌​ ដ្បិត​បណ្តា​ជន​ទាំង​មូល​ចាប់​អារម្មណ៍​នឹង​សេចក្តី​ ដែល​ព្រះអង្គ​បង្រៀន​ណាស់។​ ១៩លុះ​ដល់​ល្ងាច​ ព្រះ​យេស៊ូ​យាង​ចាក​ចេញ​ពីទី​ក្រុង​ជាមួយ​​‌ក្រុម​សាវ័ក។

ដើមឧទុម្ពរងាប់
(ម៉ាថាយ  ២១,  ២០-២២)
‌២០ព្រឹក​ឡើង​‌ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​ ​‌ក្រុម​សាវ័ក​ឃើញ​ដើម​ឧទុម្ពរ​ក្រៀម​ស្វិត​ រហូត​ដល់​ប្ញស។​ ២១លោក​សិលា​នឹក​ឃើញ​ព្រះ​បន្ទូល​របស់​ព្រះយេស៊ូ​   ក៏ទូល​ព្រះអង្គ​ថា៖​ «ព្រះគ្រូ ! សូម​មើល! ​ ដើម​ឧទុម្ពរ​ ដែល​ព្រះគ្រូ​បាន​ដាក់​បណ្តា​សា​នោះ​ក្រៀម​ស្វិត​ទៅ​ហើយ ! »។​ ២២ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​កាន់​​‌ក្រុម​សាវ័ក​ថា៖​ «ចូរ​មាន​ជំនឿ​លើ​ព្រះជា​ម្ចាស់​ចុះ ! ។​ ២៣ខ្ញុំសុំ​ប្រាប់​ឲ្យអ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា‌​ បើអ្នក​ណា​ម្នាក់​និយាយ​ទៅ​កាន់​ភ្នំនេះ​ថា​ “ចូរ​ចេញ​ពីទី​នេះ‌​ ធ្លាក់​ក្នុង​សមុទ្រ​ទៅ ! “‌​ ហើយ​បើអ្នក​នោះ​ជឿ​ជាក់​ក្នុង​ចិត្ត​ ដោយ​ឥត​សង្ស័យ​ថា​ពាក្យ​របស់​ខ្លួន​នឹង​បាន​សម្រេច​ នោះ​ព្រះជា​ម្ចាស់​នឹង​ប្រទាន​ឲ្យបាន​សម្រេច​ តាម​ពាក្យ​គេ​មែន។​ ២៤ហេតុ​នេះ​ហើយ​ បាន​ជា​ខ្ញុំសុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា​ អ្វីក៏​ដោយ​ឲ្យ​តែ​អ្នក​រាល់​គ្នា​អធិ​ស្ឋានសុំ‌​ ចូរ​ជឿ​ថា​អ្នក​រាល់​គ្នា​បាន​ទទួល​ហើយ​‌នោះ​ព្រះជា​ម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ជា​ពុំខាន។‌​ ២៥ម៉្យាង​ទៀត​ពេល​ឈរ​អធិស្ឋាន​ បើអ្នក​រាល់​គ្នា​មាន​ទំនាស់​អ្វី​នឹង​នរណា​ម្នាក់​ ចូរ​អត់​ទោស​ឲ្យ​គេ​ទៅ​ ដើម្បី​ព្រះ​បិតា​របស់​អ្នក​រាល់​គ្នា​ ដែល​គង់នៅ​ស្ថាន​បរម​សុខ​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា។​ {‌២៦ប៉ុន្តែ​ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ឲ្យ​គេ​ទេ​ ព្រះបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរម​សុខ​ ក៏មិន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ។}

អំណាចរបស់ព្រះយេស៊ូ
(ម៉ាថាយ  ២១,  ២៣-២៧ ;‌    លូកា  ២០,  ១-៨)
២៧ព្រះ​យេស៊ូ​យាង​ចូល​ទៅ​ក្រុង​យេរូសាឡឹម​ជាមួយ​​‌ក្រុម​សាវ័ក​ម្តង​ទៀត។​‌កាល​ព្រះអង្គ​កំពុង​តែ​យាង​ចុះ​យាង​ឡើង​ក្នុង​ព្រះ​វិហារ​‌ ពួក​នាយក​បូជា​ចារ្យ​ និង​ពួក​ធម្មា​ចារ្យ​នាំគ្នា​មក​ជួប​ព្រះ​អង្គ។​ ២៨  គេ​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​លោក​ធ្វើការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី ?​ តើ​នរណា​ប្រគល់​អំណាច​ឲ្យ​លោក​ធ្វើការ​ទាំង​នេះ ? »។​ ២៩ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​តប​ថា៖​ «ខ្ញុំសុំ​សួរ​អស់​លោក​នូវ​សំណួរ​មួយ​‌បើអស់​លោក​ឆ្លើយ​មក​ខ្ញុំ‌​ ខ្ញុំនឹង​ប្រាប់​អស់​លោក​វិញ​ថា​ ខ្ញុំ​ធ្វើការ​ទាំងនេះ​ដោយ​អាង​លើ​អំណាច​អ្វី។​ ៣០សូម​ឆ្លើយ​ប្រាប់ខ្ញុំ​មើល៍​ តើ​នរណា​ចាត់​លោក​យ៉ូហាន​ឲ្យមក​ធ្វើ​ពិធី​ជ្រមុជ​ទឹក?​ ‌ព្រះជា​ម្ចាស់​ឬ​មនុស្ស ? »។​ ‌៣១គេ​ពិគ្រោះ​គ្នា​ថា៖‌​ «បើ​យើង​ឆ្លើយ​ថា​ ព្រះជា​ម្ចាស់​ចាត់​លោក​យ៉ូហាន​ឲ្យមក‌‌​ ‌គាត់​មុខ​ជា​សួរ​យើង​ថា​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​មិន​ជឿ​លោក​យ៉ូហាន ? ‌​‌៣២ផ្ទុយ​ទៅ​វិញ​‌បើ​យើង​ឆ្លើយ​ថា​មនុស្ស​ចាត់​លោក​ឲ្យ​មក»​ (ពួក​គេ​ខ្លាច​ប្រជា​ជន​ព្រោះ​មនុស្ស​គ្រប់ៗ​គ្នា​ ចាត់​ទុក​លោក​យ៉ូហាន​ជា​ព្យាការី​ពិត​ប្រាក​ដមែន)។​ ៣៣ ដូច្នេះ​គេ​ឆ្លើយ​ទៅ​ព្រះ​យេស៊ូ​ថា៖​ «យើង​មិន​ដឹង​ទេ ! »។​ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​គេ​វិញ​ថា៖​‌«រីឯខ្ញុំ​វិញ‌​ ខ្ញុំក៏​មិន​ប្រាប់​អស់​លោក​ថា​ ខ្ញុំធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​លើ​អំណាច​អ្វី​ដែរ»។

ជំពូក ១២

១បន្ទាប់​មក​ ព្រះយេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ជា​ប្រស្នា​ថា៖​ «មាន​បុរស​ម្នាក់​ដាំ​ទំពាំង​បាយ​ជូរ​មួយ​ចំការ។‌​ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំវិញ‌​ គាត់​រៀបចំ​កន្លែង​មួយ​ដើម្បី​បញ្ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​ ព្រមទាំង​សង់​ខ្ទម​មួយ​ផង។​ បន្ទាប់​មក‌​ គាត់​ប្រវាស់​ឲ្យ​ពួក​កសិករ​មើល​ថែទាំ‌​ រួច​ចេញ​ដំណើរ​ពី​ស្រុក​នោះ​ទៅ។‌​ ‌២លុះ​ដល់​ទំពាំង​បាយ​ជូរ​ទុំ‌​ គាត់​ក៏ចាត់​អ្នក​បម្រើ​ម្នាក់​ឲ្យ​មក​ទទួល​ផល​ ដែល​ជា​ចំណែក​របស់​គាត់​ពី​ពួក​អ្នក​ថែ​ចំការ។​

៣គេ​នាំ​គ្នា​ចាប់​អ្នក​បម្រើ​នោះ​វាយ​ដំ​ ហើយ​បណ្តេញ​ឲ្យ​ត្រឡប់​ទៅ​វិញ​ដៃ​ទទេ។​ ‌៤ម្ចាស់​ចំការ​ក៏ចាត់​អ្នក​បម្រើ​ម្នាក់​ទៀត​ឲ្យ​មក​ ប៉ុន្តែ​ពួក​អ្នក​ថែ​ចំការ​នាំគ្នា​វាយ​ក្បាល​អ្នក​បម្រើ​នោះ​ ហើយ​ជេរ​ស្តី​ទៀត​ផង។‌​ ៥ម្ចាស់​ចំការ​ចាត់​អ្នក​បម្រើ​ម្នាក់​ផ្សេង​ទៀត​ឲ្យ​មក។​ អ្នក​ថែ​ចំការ​បាន​សម្លាប់​អ្នក​បម្រើ​នោះ។‌​ បន្ទាប់​មក​អ្នក​​បម្រើ​ផ្សេង​ទៀត​ជាច្រើន​រូប​ក៏រង​គ្រោះ​ដូច្នោះ​ដែរ​ ខ្លះ​ត្រូវ​គេ​វាយ​ដំ‌​ ខ្លះ​ត្រូវ​គេ​សម្លាប់។​ ៦ម្ចាស់​ចំការ​មាន​បុត្រ​ដ៏ជាទី​ស្រឡាញ់​តែមួយ​គត់‌​ គាត់​ចាត់​បុត្រ​នោះ​ឲ្យ​មក​ក្រោយ​គេ​បង្អស់‌​ ដោយ​យល់​ថា  ​ ៧”គេមុខ​ជា​គោរព​កោត​ខ្លាច​កូន​ប្រុស​ខ្ញុំ​មិន​ខាន”។‌​ ប៉ុន្តែ​ពួក​កសិករ​ថែ​ចំការ​ទាំង​នោះ​ពិគ្រោះ​គ្នា​ថា​ ‌”អ្នក​នេះ​ជា​អ្នក​ទទួល​កេរមត៌ក​ពីម្ចាស់​ចំការ​ទៅ​ថ្ងៃ​ក្រោយ​ យើង​នាំគ្នា​សម្លាប់​វាទៅ​ចំការ​នេះ​នឹង​ធ្លាក់​មក​ជា​សម្បត្តិ​របស់​យើង”។​ ៨គេក៏​ចាប់​កូន​ប្រុស​ម្ចាស់​ចំការ​ យក​មក​សម្លាប់​ រួច​បោះ​ទៅ​ក្រៅ​ចំការ​ទំពាំង​បាយ​ជូរ។ ​ ៩តើ​ម្ចាស់​ចំការ​ធ្វើ​យ៉ាង​ដូច​ម្តេច ?​ គាត់​មុខ​ជា​មក​សម្លាប់​អ្នក​ថែរក្សា​ចំការ​ទាំង​នោះ​មិន​ខាន‌​ រួច​ប្រគល់​ចំការ​ទំពាំង​បាយ​ជូរ​ ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត។​ ១០អ្នក​រាល់​គ្នា​ពិតជា​ធ្លាប់​អាន​អត្ថបទ​គម្ពីរ​ដែល​មាន​ចែង​ថា៖
“ថ្មដែលពួកជាងសង់ផ្ទះបោះចោល
‌‌បានត្រឡប់មកជាគ្រឹះដ៏សំខាន់បំផុត។​
១១ ព្រះអម្ចាស់បានសំរេចការអស្ចារ្យនេះ‌‌‌
យើងបានឃើញ  ​ហើយស្ងើចសរសើរផង”ន»។
១២ពួក​មេ​ដឹកនាំ​សាសន៍​យូដា​យល់​ថា​‌ព្រះអង្គ​មាន​ព្រះ​បន្ទូល​ជា​ពាក្យ​ប្រស្នា​នេះ​ សំដៅ​លើ​ពួក​គេ​ គេក៏​នាំគ្នា​រក​មធ្យោ​បាយ​ចាប់​ព្រះអង្គ‌​ ប៉ុន្តែ​  គេ​ខ្លាច​បណ្តា​ជន​‌ដូច្នេះ​  គេក៏​ចាក​ចេញពី​ព្រះយេស៊ូ​ទៅ។

អំពីពន្ធដារ
(ម៉ាថាយ  ២២,  ១៥-២២ ;    ​លូកា  ២០,  ២០-២៦)
‌‌១៣ គេ​ចាត់​ពួក​ខាង​គណៈ​ផារីស៊ី​ និង​ពួក​ខាង​ស្តេច​ហេរ៉ូដ​ខ្លះ​ ឲ្យ​ទៅ​ជិត​ព្រះ​យេស៊ូ​ចាំ​ចាប់​កំហុស​នៅ​ពេល​ព្រះអង្គ​មាន​ព្រះ​បន្ទូល។​ ១៤ គេ​នាំគ្នា​មក​ទូល​ព្រះអង្គ​ថា៖​ «លោក​គ្រូ !​ យើងខ្ញុំ​ដឹង​ថា​លោក​មាន​ប្រសាសន៍​សុទ្ធតែ​ពិត​ទាំង​អស់​ លោក​គ្រូ​ពុំ​យោគ​យល់​ ហើយ​ក៏ពុំ​រើស​មុខ​នរណា​ឡើយ​គឺ​លោក​គ្រូ​ប្រៀន​ប្រដៅ​អំពី​របៀប​រស់​នៅ​ ដែល​គាប់​ព្រះហប្ញ​ទ័យ​ព្រះ​ជាម្ចាស់​ តាម​សេចក្តី​ពិត។‌​ តើ​វិន័យ​របស់​យើង​អនុញ្ញាត​ឲ្យ​បង់​ពន្ធដារ​ថ្វាយ​ព្រះចៅ​អធិរាជ​រ៉ូមាំង​ឬទេ ?​ តើ​យើង​ត្រូវ​បង់​ឬ​មិន​ត្រូវ​បង់ ? »។​ ១៥ព្រះ​យេស៊ូ​ឈ្វេង​យល់​ពុត​ត្បុត​របស់​គេ​‌ទ្រង់​មាន​ព្រះ​បន្ទូល​ថា៖​ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់គ្នា​ចង់​ចាប់​កំហុស​ខ្ញុំ​ដូច្នេះ ?​ សុំយក​ប្រាក់​មួយ​កាក់​មក​ឲ្យ​ខ្ញុំ​មើល​មើល៍»។​ ‌១៦គេក៏​យក​ប្រាក់​មួយ​កាក់​មក​ថ្វាយ​ព្រះ​យេស៊ូ​ ព្រះអង្គ​មាន​ព្រះ​បន្ទូល​សួរ​គេ​ថា៖​ «តើ​លើ​កាក់​នេះ​ មាន​រូប​នរណា​ឈ្មោះ​នរណា ? »។​ គេ​ឆ្លើយ​ថា៖‌​«រូប​និង​ឈ្មោះ​ព្រះ​ចៅ​អធិ​រាជ! »។​ ១៧ព្រះ​យេស៊ូ​ក៏មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖​ «អ្វីៗ​ដែល​ជា​របស់​ព្រះចៅ​អធិរាជ‌​ ចូរ​ថ្វាយ​ទៅ​ព្រះ​ចៅ​អធិរាជ​វិញ ​ទៅ‌‌​ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះ​ជា​ម្ចាស់​ ចូរ​ថ្វាយ​ទៅ​ព្រះ​ជាម្ចាស់​វិញ​ដែរ»។​ គេ​ងឿង​ឆ្ងល់​នឹង​ព្រះ​យេស៊ូ​យ៉ាង​ខ្លាំង។

អំពីមនុស្សស្លាប់នឹងរស់ឡើងវិញ
(ម៉ាថាយ  ២២,  ២៣-៣៣ ;​    លូកា  ២០,  ២៧-៤០)
‌‌១៨មាន​ពួក​ខាង​គណៈ​សាឌូស៊ី​ ចូល​មក​គាល់​ព្រះអង្គ។​ ពួក​សាឌូស៊ី​មិន​ជឿ​ថា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ទេ។‌‌​ គេទូល​សួរ​ព្រះ​យេស៊ូ​ថា៖‌​១៩«លោក​គ្រូ !​ លោក​ម៉ូសេ​បាន​ចែង​ច្បាប់​ទុក​ឲ្យ​យើង​ថា​ “បើ​បុរស​ណា​មាន​ប្រពន្ធ​ ហើយ​ស្លាប់​ចោល​ប្រពន្ធ​ទៅ​ តែ​គ្មាន​កូន​សោះ​ត្រូវ​ឲ្យ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀប​ការ​នឹង​បង​ថ្លៃ‌​ ដើម្បី​បន្ត​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន”។​ ២០ឧបមា​ថា​មាន​បង​ប្អូន​ប្រុសៗ​ប្រាំពីរ​នាក់។​ បុរស​បង​បង្អស់​បាន​រៀបការ​ ហើយ​ស្លាប់​ទៅ​តែ​គ្មាន​កូន​សោះ។​ ២១ប្អូន​បន្ទាប់​រៀបការ​នឹង​បង​ថ្លៃ​មេម៉ាយ​ រួច​ស្លាប់​ទៅ​ទាំង​ឥត​មាន​កូន‌​ រីឯ​ប្អូន​ទីបី​ក៏​ដូច្នោះ​ដែរ។​ ២២បង​ប្អូន​ទាំង​ប្រាំពីរ​នាក់​សុទ្ធ​តែ​គ្មាន​កូន​ដូច​គ្នា។​ នៅទី​បំផុត​នាង​ក៏ស្លាប់​ទៅ​ដែរ។​ ២៣លុះ​ដល់​ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ‌​ តើ​នាង​ត្រូវ​បាន​ទៅ​ជា​ប្រពន្ធ​របស់​អ្នក​ណា​បើ​ប្រាំពីរ​នាក់​សុទ្ធ​ តែយក​នាង​ធ្វើ​ជា​ប្រពន្ធ​ដូច្នេះ ? »។​‌២៤‌ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​តប​ទៅ​គេ​ថា៖​ «អ្នក​រាល់​គ្នា​យល់​ខុស​ហើយ​ ដ្បិត​អ្នក​រាល់​គ្នា​មិន​ស្គាល់​គម្ពីរ‌‌​ហើយ​មិន​ស្គាល់​ប្ញទ្ធា​នុភាព​របស់​ព្រះជា​ម្ចាស់​ផង។​ ២៥ពេល​មនុស្ស​ស្លាប់​មាន​ជីវិត​រស់​ឡើង​វិញ‌​ គេ​មិន​រៀបការ​ប្តី​ប្រពន្ធ​ទៀត​ឡើយ​ គឺគេ​នឹង​បាន​ដូច​ទេវទូត​នៅ​ស្ថាន​បរម​សុខ។​ ២៦លោក​ម៉ូសេ​បាន​ចែង​អំពី​មនុស្ស​ស្លាប់​ នឹង​រស់​ឡើង​វិញ​ នៅ​ក្នុង​អត្ថបទ​ស្តីអំពី​គុម្ព​បន្លា‌​ តើអ្នក​រាល់​គ្នា​ធ្លាប់​អាន​ឬ​ទេ ? ។​ ព្រះជា​ម្ចាស់​មាន​ព្រះ​បន្ទូល​មក​លោក​ថា​ “យើង​ជា​ព្រះ​របស់​អប្រា​ហាំ ​ជា​ព្រះ​របស់​អ៊ីសាក ​‌និង‌​ជា​ព្រះ​របស់​យ៉ាកុប”។​ ២៧ព្រះ​ជា​ម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ​ គឺជា​ព្រះ​របស់​មនុស្ស​ដែល​មាន​ជីវិត។​ អ្នក​រាល់​គ្នា​យល់​ខុស​ទាំង​ស្រុង​ហើយ ! »។

វិន័យសំខាន់ជាងគេ
(ម៉ាថាយ  ២២,  ៣៤-៤០; ​លូកា  ១០,  ២៥-២៦)
‌២៨មាន​ធម្មា​ចារ្យ​ម្នាក់​ បាន​ឮ​ពួក​គេ​ជជែក​ជាមួយ​ព្រះ​យេស៊ូ​ ហើយ​ឃើញ​ថា​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ឆ្លើយ​ត្រឹម​ត្រូវ​ គាត់​ក៏ចូល​ទៅ​ជិត​ទូល​ព្រះអង្គ​ថា៖​ «ក្នុង​បណ្តា​វិន័យ​ទាំង​អស់​ តើ​វិន័យ​ណា​សំខាន់​ជាង​គេ ? »។​ ២៩ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ឆ្លើយ​ថា៖​ «នេះ​ជា​វិន័យ​ទីមួយ៖​ “អ៊ីស្រា​អែល​អើយ​ ចូរ​ស្តាប់ !‌ ​មាន​តែ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​យើង​មួយ​ព្រះអង្គ​គត់​ ដែល​ពិត​ជា​ព្រះ​អម្ចាស់។​ ៣០ត្រូវ​ស្រឡាញ់​ព្រះ​អម្ចាស់​ ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ត​គំនិត​ អស់ពី​ស្មារតី​‌អស់​ពី​ប្រាជ្ញា‌​និង​អស់ពី​កម្លាំង​កាយ”។​ ៣១ រីឯ​វិន័យ​ទីពីរ​មាន​ចែង​ថា​ “ត្រូវ​ស្រឡាញ់​បងប្អូន​ឯទៀតៗ​ ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង”។​ គ្មាន​វិន័យ​ណា​សំខាន់​ជាង​វិន័យ​ទាំងពីរ​នេះ​ទេ»។​ ៣២ធម្មា​ចារ្យ​នោះ​ទូល​ព្រះអង្គ​ថា៖‌​ «លោក​គ្រូ​លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់​ ‌ហើយ​ពិត​ផង។​ មាន​ព្រះ​ជាម្ចាស់​តែមួយ​ព្រះអង្គ​គត់‌​ ក្រៅពី​ព្រះអង្គ​គ្មាន​ព្រះ​ឯណា​ទៀត​ឡើយ។​ ៣៣បើ​យើង​ស្រឡាញ់​ព្រះអង្គ​អស់​ពី​ចិត្ត​គំនិត​ អស់ពី​បញ្ញា​ និង‌​អស់ពី​កម្លាំង​កាយ‌‌‌​ ហើយ​បើ​យើង​ស្រឡាញ់​បង​ប្អូន​ឯទៀតៗ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​នោះ​ ប្រសើរ​ជាង​ថ្វាយ​តង្វាយ​ដុត​ ‌និង​ថ្វាយ​យញ្ញ​បូជា​ទៅ​ទៀត»។‌​ ៣៤កាល​ព្រះ​យេស៊ូ​ឮគាត់​ឆ្លើយ​ដោយ​ប្រាជ្ញា​វាង​វៃ​ដូច្នេះ​ ព្រះអង្គ​មាន​ព្រះ​បន្ទូល​ថា៖​ «អ្នក​នៅ​មិន​ឆ្ងាយ​ពី​ព្រះ​រាជ្យ​របស់​ព្រះ​ជា​ម្ចាស់​ទេ»។​ បន្ទាប់​មក​គ្មាន​នរណា​ហ៊ាន​ដេញ​ដោល​ សួរ​ព្រះអង្គ​ទៀត​ឡើយ។

ព្រះគ្រីស្តជាព្រះ អម្ចាស់លើស្តេចដាវីឌ
(ម៉ាថាយ  ២២,  ៤១-៤៦ ;    ​លូកា  ២០,  ៤១-៤៤)
៣៥ ព្រះ​យេស៊ូ​បង្រៀន​មនុស្ស​ម្នា​នៅ​ក្នុង​ព្រះ​វិហារ​ដោយ​មាន​ព្រះ​បន្ទូល​ថា៖​ «ហេតុ​ដូច​ម្តេច​បាន​ជា​ពួក​ធម្មា​ចារ្យ​និយាយ​ថា​ ព្រះ​គ្រីស្ត​ជា​ព្រះ​រាជ​វង្ស​របស់​ព្រះ​បាទ​ដាវីឌ​ដូច្នេះ ?។​ ៣៦ព្រះ​វិញ្ញាណ​របស់​ព្រះ​ជា​ម្ចាស់​បាន​បំភ្លឺ​ព្រះបាទ​ដាវីឌ​ឲ្យ​មាន​រាជ​ឱង្ការ​ថា៖
“ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់
ព្រះអម្ចាស់របស់ខ្ញុំថា ‌សូមគង់ខាងស្តាំយើង
ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ” ម។​
៣៧បើ​ព្រះបាទ​ដាវីឌ​ផ្ទាល់​ ហៅ​ព្រះគ្រីស្ត​ថា‌​”ព្រះ​អម្ចាស់”​ដូច្នេះ​ តើឲ្យ​ព្រះគ្រីស្ត​ត្រូវ​ជា​ព្រះរាជ​វង្ស​របស់​ព្រះអង្គ​ដូច​ម្តេច​កើត ? »។ ព្រះយេស៊ូប្រាប់បណ្តាជនឲ្យប្រយ័ត្ននឹង​ពួកធម្មចារ្យ (ម៉ាថាយ  ២៣,  ១-៣៦ ;​    លូកា  ២០,  ៤៥-៤៧) បណ្តាជន​ជាច្រើន​ចូល​ចិត្ត​ស្តាប់​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូ​ណាស់។​ ៣៨ព្រះអង្គ​មាន​ព្រះ​បន្ទូល​បង្រៀន​គេ​ថា៖​ «ចូរប្រយ័ត្ន​នឹង​ពួក​ធម្មា​ចារ្យ​ឲ្យមែន​ទែន​ អ្នក​ទាំង​នោះ​ចូល​ចិត្ត​ពាក់​អាវ​វែង‌​ ដើរ​ចុះ​ដើរ​ឡើង​ ហើយ​ចូល​ចិត្ត​ឲ្យ​គេ​អោន​កាយ​គោរព​នៅ​តាម​ផ្សារ​ ‌៣៩ព្រម​ទាំង​រើស​កន្លែង​អង្គុយ​មុខ​គេ​ក្នុង​ធម្ម​សាលា‌ ​និង​ចូល​ចិត្ត​កន្លែង​កិត្តិយស​នៅ​ពេល​ជប់​លៀង។‌​‌៤០គេ​តែង​នាំគ្នា​ឆ​បោក​យក​ទ្រព្យ​សម្បត្តិ​របស់​ស្ត្រី​មេម៉ាយ​ ដោយ​ធ្វើ​ប្ញក​ជា​សូត្រ​ធម៌​យ៉ាង​យូរ។​ ‌‌‌អ្នក​ទាំង​នេះ​នឹង​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់​បំផុត​ជា​មិន​ខាន»។

តង្វាយរបស់ស្ត្រីមេម៉ាយ
(លូកា  ២១,  ១-៤) ‌‌៤១
ព្រះ​យេស៊ូ​គង់​នៅ​មុខ​ហិប​តង្វាយ​ ‌ព្រះអង្គ​ទត​មើល​របៀប​ដែល​បណ្តា​ជន​យក​ប្រាក់​ មក​ដាក់​ក្នុង​ហិប​នោះ។​ អ្នក​មាន​ច្រើន​នាក់​ដាក់​ប្រាក់​ជាច្រើន។‌​‌៤២មាន​ស្ត្រី​មេម៉ាយ​ក្រីក្រ​ម្នាក់​មក​ដល់​ នាង​យក​ប្រាក់​ពីរ​សេន​ជា​ចំនួន​ដ៏តិច​តួច​បំផុត​ ដាក់​ក្នុង​ហិប​តង្វាយ​នោះ​ដែរ។​ ៤៣ព្រះ​យេស៊ូ​ត្រាស់​ហៅ​ពួក​សាវ័ក​មក​ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖​«ខ្ញុំសុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ច្បាស់​ថា‌​ ស្ត្រី​មេម៉ាយ​ក្រីក្រ​នេះ​បាន​ដាក់​ប្រាក់​ក្នុង​ហិប​ ច្រើន​ជាង​គេ​ទាំង​អស់​ ៤៤ដ្បិត​ពួក​អ្នក​ទាំង​នោះ​យក​ប្រាក់​សំណល់​របស់​ខ្លួន​មក​ដាក់។​ ‌រីឯ​ស្ត្រី​មេម៉ាយ​នេះ​វិញ‌​ទោះបី​នាង​ក្រីក្រ​យ៉ាង​ណា​ក៏​ដោយ​‌ក៏នាង​បាន​យក​ប្រាក់​ដែល​នាង​ត្រូវការ​ជា​ចាំ​បាច់​មក​ដាក់​ដែរ​ គឺប្រាក់​ទាំង​ប៉ុន្មាន​ដែល​នាង​មាន​សម្រាប់​ចិញ្ចឹម​ជីវិត»។

ប្រស្នាអំពីអ្នកថែរក្សាចំការទំពាំងបាយជូរ
(ម៉ាថាយ  ២១,  ៣៣-៤៦​    លូកា    ២០,  ៩-១៩)

ជំពូក ១៣

ព្រះយេស៊ូមានព្រះបន្ទូល​អំពីការបំផ្លាញព្រះវិហារ*
(ម៉ាថាយ  ២៤,  ១-២ ;    លូកា  ២១,  ៥-៦)
១ពេល​ព្រះយេស៊ូ​យាង​ចេញ​ពី​ព្រះ​វិហារ​ទៅ‌​ មាន​សាវ័ក​ម្នាក់​ទូល​ព្រះអង្គ​ថា៖​ «ព្រះគ្រូ​ សូម​មើល​ថ្មនុ៎ះ​ស្អាត​ណាស់!‌‌‌ ‌​ វិមានទាំងនេះល្អវិសេសវិសាល​បំផុត»។​ ២ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​សាវ័ក​នោះ​វិញ​ថា៖‌​«ថ្ងៃ​ក្រោយ​វិមាន​ដ៏ស្កឹម​ស្កៃ​ ដែល​អ្នក​ឃើញ​នេះ​នឹង​ត្រូវ​រលំ​បាក់​បែក​អស់‌​ លែង​មាន​ថ្ម​ត្រួត​ពីលើ​ថ្ម​ទៀត​ហើយ»។

ហេតុការណ៍នៅគ្រាចុងក្រោយ
(ម៉ាថាយ  ២៤,  ៣-១៤ ;​    លូកា  ២១,  ៧-១៩)
‌‌‌៣ ព្រះអង្គ​គង់នៅ​លើ​ភ្នំ​ដើម​អូលីវ‌​ ទល់​មុខ​ព្រះ​វិហារ។​ ‌លោក​សិលា‌​ លោក​យ៉ាកុប​ លោក​យ៉ូហាន‌​និង​‌លោក​អន់ដ្រេ‌​ ទូល​សួរ​ព្រះអង្គ​ដាច់​ឡែក​ពីគេ​ថា៖​ ‌៤ «សូម​ព្រះ​គ្រូ​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង‌​ ហេតុ​ការណ៍​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា ?‌​ តើ​មាន​អ្វី​ជា​សម្គាល់​ ឲ្យ​យើង​ខ្ញុំ​ដឹងថា​ព្រឹត្តិ​ការណ៍​ទាំង​នេះ​នឹង​ដល់​ទី​បញ្ចប់ ? »។​ ‌៥ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖​ «ចូរ​ប្រុង​ប្រយ័ត្ន​កុំ​បណ្តោយ​នរណា​មក​បញ្ឆោត​អ្នក​រាល់​គ្នា​ ឲ្យ​វង្វេង​បាន​ឡើយ​ ៦ដ្បិត​នឹង​មាន​មនុស្ស​ជាច្រើន​យក​ឈ្មោះ​ខ្ញុំមក​ប្រើ​ ដោយ​ពោល​ថា​”ខ្ញុំ​នេះ​ហើយ​ជា​ព្រះគ្រីស្ត ! ” ។​ គេនឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។​ ៧កាល​ណា​អ្នក​រាល់គ្នា​ឮ​គេ​និយាយ​អំពី​សង្គ្រាម​និង​ឮ​ដំណឹង​ថា​ មាន​សង្គ្រាម​ផ្ទុះ​ឡើង​មិន​ត្រូវ​ជ្រួល​ច្របល់​ឡើយ‌​ ដ្បិត​ហេតុ​ការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង‌​   ប៉ុន្តែ​មិន​ទាន់​ដល់​អវសាន​កាល​នៃ​ពិភព​លោក​នៅ​ឡើយ​ទេ។​ ៨ប្រជា​ជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​តទល់​នឹង​ប្រជា​ជាតិ​មួយ​ទៀត​ ប្រទេស​មួយ​តទល់​នឹង​ប្រទេស​មួយ​ទៀត។​ នៅ​កន្លែង​ខ្លះ​នឹង​មាន​រញ្ជួយ​ផែនដី​ ព្រម​ទាំង​មាន​កើត​ទុរ្ភឹក្ស​ផង។​ ហេតុ​ការណ៍​ទាំង​នេះ​ប្រៀប​បាន​នឹង​ការ​ឈឺចាប់​ដើម​ដំបូង​របស់​ស្ត្រី​ ដែល​ហៀប​នឹង​សំរាល​កូន។​‌៩ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន​ទែន‌​ដ្បិត​គេ​នឹង​បញ្ជូន​អ្នក​រាល់គ្នា​ ទៅ​កន្លែង​កាត់​ទោស​‌គេ​នឹង​យក​រំពាត់​វាយ​អ្នក​រាល់​គ្នា​ នៅ​ក្នុង​ធម្ម​សាលា‌​ គេនឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​ទេសា​ភិបាល​ និង​ឲ្យ​ស្តេច​កាត់​ទោស​ ព្រោះ​តែ​អ្នក​រាល់​គ្នា​តាម​ខ្ញុំ។​ ប៉ុន្តែ‌​ជា​ឱកាសសម្រាប់​អ្នក​រាល់​គ្នា​ ផ្តល់​សក្ខី​ភាព​ឲ្យ​គេ​ដឹងឮ។​ ១០ត្រូវ​ប្រកាស​ដំណឹង​ល្អ​ឲ្យ​មនុស្ស​គ្រប់​ជាតិ​គ្រប់​សាសន៍​បាន​ឮជា​មុន​សិន។​ ១១ពេល​គេ​ចាប់​អ្នក​រាល់​គ្នា​បញ្ជូន​ទៅ​កាត់​ទោស​ កុំភ័យ​បារម្ភ​ជា​មុន​នឹង​រក​ពាក្យ​ ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ​នោះ​ឡើយ​ ត្រូវ​និយាយ​តាម​តែ​ព្រះជា​ម្ចាស់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​និយាយ​នៅ​ពេល​នោះ​ ដ្បិត​មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​និយាយ​ គឺ​ព្រះ​វិញ្ញាណ​របស់​ព្រះជា​ម្ចាស់​ទេ​តើ​ ដែល​នឹង​មាន​ព្រះ​បន្ទូល។​ ១២បង​ប្អូន​នឹង​ចាប់​បញ្ជូន​គ្នា​ទៅ​ឲ្យ​គេ​សម្លាប់​‌ឪពុក​នឹង​ចាប់​បញ្ជូន​កូន​ទៅ​ឲ្យ​គេ​សម្លាប់‌​ ហើយ​កូនៗ​លើក​គ្នា​ប្រឆាំង​នឹង​​ឪពុក​ម្តាយ​ ព្រម​ទាំង​បញ្ជូន​ទៅ​ឲ្យ​គេ​សម្លាប់​ទៀត​ផង។​ ១៣មនុស្ស​គ្រប់រូប​នឹង​ស្អប់​អ្នក​រាល់​គ្នា​ ព្រោះ​តែ​ឈ្មោះ​ខ្ញុំ។​ ប៉ុន្តែ​អ្នក​ណា​ស៊ូទ្រាំ​រហូត​ដល់​ទីបញ្ចប់​ ព្រះជា​ម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ»។

គ្រាមានទុក្ខលំបាកវេទនា‌‌
(ម៉ាថាយ  ២៤,  ១៥-២៨ ;    ​លូកា  ២១,  ២០-២៤)
‌‌១៤ «ពេល​ណា​អ្នក​រាល់​គ្នា​ឃើញ​ជន​ចង្រៃ​ ដ៏គួរ​ឲ្យ​ស្អប់​ខ្ពើម ឈរ​នៅ​កន្លែង​ដែល​មិន​ត្រូវ​ឈរ​-សូម​ឲ្យ​អ្នក​អាន​យល់​ពាក្យ​នេះ​ចុះ  -​ ‌ពេល​នោះ​អស់អ្នក​ដែល​រស់​ក្នុង​ស្រុក​យូដា​ ត្រូវ​នាំគ្នា​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ។​ ១៥‌រីឯ​អ្នក​នៅ​លើ​ដំបូល​ផ្ទះ​ មិន​ត្រូវ​ចុះ​មក​យក​របស់​អ្វី​ដែល​នៅ​ក្នុង​ផ្ទះ​ឡើយ​ ១៦ហើយ​អ្នក​ដែល​នៅ​ឯ​ចំការ​ ក៏មិន​ត្រូវ​វិល​ទៅ​ផ្ទះ​យក​អាវ​ធំ​របស់​ខ្លួន​ដែរ។​ ១៧គ្រា​នោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ‌​និង​‌ស្ត្រី​បំបៅ​កូន‌​មុខ​ជា​វេទនា​ពុំខាន។​ ១៨ចូរ​ទូល​អង្វរ​ព្រះ​ជាម្ចាស់​ សូម​កុំឲ្យ​ហេតុ​ការណ៍​ទាំង​នេះ​កើតឡើង​ នៅ​រដូវ​ត្រជាក់​ឡើយ​ ១៩ដ្បិត​ពេល​នោះ​ជា​ពេល​មាន​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង‌​ តាំងពី​ដើម​កំណើត​ពិភព​លោក​មក​‌គឺ​ចាប់​ពី​ពេល​ ដែល​ព្រះជា​ម្ចាស់​បង្កើត​អ្វីៗ​ទាំង​អស់​មក​ទល់​សព្វ​ថ្ងៃ​ ហើយ​ទោះ​ជា​ទៅ​ថ្ងៃ​មុខ​ទៀត‌​ក៏ពុំ​ដែល​មាន​ទុក្ខ​លំបាក​ខ្លាំង​យ៉ាង​នេះ​ដែរ  ។​ ២០ប្រសិន​បើ​ព្រះ​អម្ចាស់​មិន​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ​ទេ​ មុខ​ជា​គ្មាន​នរណា​ម្នាក់​បាន​រួច​ជីវិត​ឡើយ​ ប៉ុន្តែ​ព្រះ​អង្គ​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ‌​ ដោយ​យោគ​យល់​ដល់​ពួក​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស។​ ២១ប្រសិន​បើមាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា​‌”ព្រះគ្រីស្ត​គង់​នៅ​ទីនេះ​ឬ​នៅទី​នោះ​ “កុំ​ជឿ​គេ​ឡើយ ​២២ដ្បិត​នឹង​មាន​មនុស្ស​ក្លែង​ខ្លួន​ធ្វើជា​ព្រះគ្រីស្ត​ ព្រម​ទាំង​មាន​ព្យាការី​ក្លែង​ក្លាយ​នាំគ្នា​សម្តែង​ទីសម្គាល់​ដ៏អស្ចារ្យ​និង​ប្ញទ្ធិ​បដិហារិយ៍​ផ្សេងៗ‌​ ដើម្បី​បញ្ឆោត​មនុស្ស​ រហូត​ដល់​ទៅ​នាំ​ពួក​អ្នក​ដែល​ព្រះអង្គ​ជ្រើស​រើស​ ឲ្យ​វង្វេង​ថែម​ទៀត​ផង​ ប្រសិន​បើ​គេ​អាច​ធ្វើ​បាន។​ ‌២៣ចូរ​ប្រុង​ប្រយ័ត្ន​ ‌ដ្បិត​ខ្ញុំ​និយាយ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ជា​មុន​  សព្វ​គ្រប់​ហើយ»។

បុត្រមនុស្សនឹងយាងមកវិញ
(ម៉ាថាយ  ២៤  ,២៩-៤៤ ;​    លូកា  ២១,  ២៥-៣៣) ‌‌២៤
«លុះ​ទុក្ខ​លំបាក​នេះ​កន្លង​ផុត​ទៅ‌​ នៅ​គ្រា​នោះ​ ព្រះ​អាទិត្យ​នឹង​បាត់​រស្មី​ព្រះច័ន្ទ​លែង​មាន​ពន្លឺ​ទៀត​ហើយ‌‌​ ២៥រីឯ​ផ្កាយ​ទាំង​ឡាយ​នឹង​ធ្លាក់​ចុះពី​លើ​មេឃ​ អំណាច​នានា​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក។​ ២៦ពេល​នោះ​គេ​នឹង​ឃើញ​បុត្រ​មនុស្ស​យាង​មក​ក្នុង​ពពក​ ប្រកប​ដោយ​ប្ញទ្ធា​នុភាព​ដ៏ខ្លាំង​ក្លា‌​និង‌​ដោយ​សិរី​រុង​រឿង។‌​ ‌២៧លោក​នឹង​ចាត់​ពួក​ទេវ​ទូត​របស់​លោក​ឲ្យ​ទៅ​ទិស​ទាំង​បួន‌​ ចាប់​តាំង​ពីជើង​មេឃ​ម្ខាង​ ទៅ​ជើង​មេឃ​ម្ខាង​ទៀត‌‌‌​ ដើម្បី​ប្រមូល​ពួក​អ្នក​ដែល​ព្រះ​ជា​ម្ចាស់​បាន​ជ្រើស​រើស»។ ២៨«ចូរ​អ្នក​រាល់​គ្នា​យក​ពាក្យ​ប្រស្នា​ ស្តី​អំពី​ដើម​ឧទុម្ពរ​ទៅ​រិះគិត​ចុះ។​ កាល​ណា​មែក​របស់​វា​មាន​ស្លឹក​លាស់​ខៀវខ្ចី​ អ្នក​រាល់​គ្នា​ដឹង​ថា​រដូវ​ប្រាំង​ជិត​មក​ដល់​ហើយ។​ ‌២៩ដូច្នេះ​ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ព្រឹត្តិ​ការណ៍​ទាំង​នោះ​កើត​ឡើង​‌ត្រូវ​ដឹង​ថា​បុត្រ​មនុស្ស​ក៏ជិត​មក​ដល់​ហើយ​ដែរ​ ‌គឺ​លោក​មក​ជិត​បង្កើយ​ហើយ។​ ‌៣០ខ្ញុំសុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា​ ហេតុ​ការណ៍​ទាំង​នោះ​នឹង​កើត​ឡើង​នៅ​ពេល​ ដែល​មនុស្ស​ជំនាន់​នេះ​ មាន​ជីវិត​នៅ​ឡើយ។‌​ ៣១ផ្ទៃ​មេឃ ‌​  និង​ផែនដី​នឹង​រលាយ​បាត់​ទៅ​ តែ​ពាក្យ​ដែល​ខ្ញុំ​និយាយ​មិន​រលាយ​បាត់​ទេ។ ៣២រីឯ​ថ្ងៃ​កំណត់​និង​ពេល​វេលា‌​ គ្មាន​នរណា​ដឹង​ឡើយ‌​ ទោះបី​ទេវទូត​នៅ​ស្ថាន​បរម​សុខ​‌ ឬ​ព្រះ​បុត្រា​ក៏ពុំ​ជ្រាប​ដែរ‌​ មាន​តែ​ព្រះបិតា​ប៉ុណ្ណោះ​ដែល​ជ្រាប។​‌៣៣អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ ពេល​ណា​ជា​ពេល​កំណត់​ទេ​ ដូច្នេះ​ចូរ​ប្រុង​ប្រយ័ត្ន‌​ ប្រុង​ស្មារតី​ឲ្យ​មែន​ទែន​ ៣៤ដ្បិត​ពេល​កំណត់​នោះ​ ប្រៀប​បាន​នឹង​បុរស​ម្នាក់​ ដែល​ចេញ​ដំណើរ​ពីផ្ទះ​ទៅ​ គាត់​ទុក​ឲ្យ​ពួក​អ្នក​បម្រើ​មើល​ខុស​ត្រូវ​ក្នុង​ផ្ទះ​   ដោយ​ចែក​មុខងារ​ឲ្យ​រៀងៗ​ខ្លួន​ ព្រម​ទាំង​បង្គាប់​ឲ្យ​អ្នក​យាម​ផ្ទះ​ប្រុង​ស្មារតី​ផង​។​ ៣៥អ្នក​រាល់​គ្នា​ក៏ត្រូវ​ប្រុង​ស្មារតី​ដូច្នោះ​ដែរ‌​ ដ្បិត​អ្នក​រាល់​គ្នា​ពុំដឹង​ថា​ម្ចាស់​ផ្ទះ​នឹង​វិល​មក​វិញ​ នៅ​ពេល​ណា​ឡើយ​ មិន​ដឹង​ជា​យប់‌​ពាក់​កណ្តាល​អធ្រាត្រ‌​ ពេល​មាន់​រងាវ‌​ឬ​ពេល​ព្រលឹម​ទេ​ ៣៦ក្រែង​លោក​ត្រឡប់​មក​វិញ​ ដោយ​មិន​បាន​ឲ្យ​ដំណឹង​មុន​ ហើយ​ឃើញ​អ្នក​រាល់​គ្នា​កំពុង​តែ​ដេក​លក់។​ ៣៧ពាក្យ​ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​នេះ​ ខ្ញុំក៏​ចង់​និយាយ​ប្រាប់​អ្នក​ឯទៀតៗ​គ្រប់​គ្នា​ដែរ​ គឺថា​  ចូរ​ប្រុង​ស្មារតី ! »។

ជំពូក ១៤

ការឃុបឃិតចាប់ព្រះយេស៊ូ
(ម៉ាថាយ  ២៦,១-៥​   លូកា  ២២,១-២​   យ៉ូហាន  ១១,៤៥-៥៣)‌

១នៅ​ពីរ​ថ្ងៃ​មុន​បុណ្យ​ចម្លង​ និង‌​បុណ្យ​នំបុ័ង​ឥត​មេ​ ក្រុម​នាយក​បូជា​ចារ្យ​និង​ពួក​ធម្មា​ចារ្យ​នាំគ្នា​រក​មធ្យោ​បាយ​ ដើម្បី​ចាប់​ព្រះ​យេស៊ូ​ ដោយ​កល​ល្បិច​យក​ទៅ​ធ្វើ​គុត។‌​ ២ប៉ុន្តែ​គេ​និយាយ​គ្នា​ថា៖​ ‌«កុំ​ចាប់​ក្នុង​ពេល​បុណ្យ​នេះ​ឡើយ​‌ក្រែង​កើត​ចលា​ចល​ក្នុង​ចំណោម​ប្រជា​ជន»។ ស្ត្រីម្នាក់ចាក់ប្រេ ងលើសិរសាព្រះយេស៊ូ (ម៉ាថាយ  ២៦,  ៦-១៣ ;​    យ៉ូហាន  ១២,  ១-៨) ‌៣ព្រះ​យេស៊ូ​គង់​នៅ​ភូមិ​បេថានី‌​ ក្នុង​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ‌​ជា​មនុស្ស​ឃ្លង់។​ ‌ពេល​ព្រះ​អង្គ​កំពុង​សោយ​ព្រះ​ស្ងោយ‌​ មាន​ស្ត្រី​ម្នាក់​ចូល​មក​‌ទាំង​កាន់​ដបថ្ម​កែវ​ផង។‌​ នៅ​ក្នុង​ដប​នោះ​មាន​ប្រេង​ទេព្វិរូ​សុទ្ធ​ដ៏មាន​តម្លៃ​លើស​លប់។​ នាង​បំបែក​ដប​ថ្ម​កែវ‌​ ហើយ​ចាក់​ប្រេង​ក្រអូប​ លើ​ព្រះ​សិរសា​របស់​ព្រះយេស៊ូ។​ ៤មាន​អ្នក​ខ្លះ​នៅ​ទីនោះ​ ទាស់​ចិត្ត​យ៉ាង​ខ្លាំង‌​គេ​និយាយ​គ្នា​ថា៖​ «ម្តេច​ក៏ខ្ជះ​ខ្ជាយ​ប្រេង​ក្រអូប​ដូច្នេះ !‌‌​‌ ៥បើ​យក​ប្រេង​នេះ​ទៅ​លក់‌​ មុខ​ជា​បាន​ប្រាក់​ជាង​បីរយ​ដួង​ ហើយ​ចែក​ទាន​ដល់​ជន​ក្រីក្រ​វិញ»។​ អ្នក​ទាំង​នោះ​ខឹង​នឹង​នាង​ណាស់។​ ៦ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ថា៖​ «ទុក​ឲ្យ​នាង​ធ្វើ​តាម​ចិត្ត​នាង​ទៅ!‌​ហេតុ​អ្វី​បាន​ជា​រក​រឿង​នាង!‌ ​នាង​បាន​ធ្វើ​អំពើ​ដ៏ល្អ​ចំពោះ​ខ្ញុំ។‌​ ‌៧អ្នក​រាល់​គ្នា​មាន​អ្នក​ក្រីក្រ​នៅ​ជាមួយ​ រហូត‌​អ្នក​រាល់​គ្នា​អាច​ធ្វើទាន​ដល់​គេ​ តាម​តែ​ចិត្ត​អ្នក​រាល់​គ្នា​ចង់​ រីឯ​ខ្ញុំវិញ​ ខ្ញុំមិន​នៅ​ជាមួយ​អ្នក​រាល់​គ្នា​រហូត​ទេ។​ ៨ស្ត្រី​នេះ​បាន​ធ្វើ​តាម​សមត្ថ​ភាព​របស់​នាង‌‌‌‌​ គឺនាង​លាប​ប្រេង​ក្រអូប​លើ​រូប​កាយ​ខ្ញុំ​ ទុក​ជាមុន​សម្រាប់​យក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។​ ៩ខ្ញុំសុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា​ នៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក​ទាំង​មូល‌​ កាល​ណា​គេ​ប្រកាស​ដំណឹង​ល្អ​ គេ​ក៏នឹង​តំណាល​អំពី​កិច្ចការ​ដែល​នាង​បាន​ធ្វើ​នេះ​ដែរ‌​‌ដើម្បី​រំលឹក​អំពី​នាង។

យូដាអ៊ីស្ការីយ៉ុតក្បត់ព្រះយេស៊ូ
(ម៉ាថាយ  ២៦,  ១៤-១៦ ;​    លូកា  ២២,  ៣-៦)
១០យូដា​អ៊ីស្កា​រីយ៉ុត​ជា​សាវ័ក​ម្នាក់​ ក្នុង​ក្រុម​ដប់​ពីរ​រូប​ បាន​ទៅ​ជួប​ពួក​នាយក​បូជា​ចារ្យ​ ដើម្បី​គិត​គូរ​នាំ​គេ​ទៅ​ចាប់​ព្រះ​យេស៊ូ។​ ១១កាល​អ្នក​ទាំង​នោះ​ស្តាប់​ពាក្យ​យូដា​និយាយ​ គេ​សប្បាយ​ចិត្ត​ណាស់​ ហើយ​សន្យា​ថា​នឹង​ឲ្យ​ប្រាក់​គាត់។​ យូដា​ក៏រក​ឱកាស​ល្អ​ ដើម្បី​នាំ​គេ​ទៅ​ចាប់​ព្រះ​អង្គ។

ព្រះយេស៊ូធ្វើពិធីបុណ្យចម្លង​ជាមួយក្រុមសាវ័ក
(ម៉ាថាយ    ២៦,១៧-២៥ ;    ​លូកា    ២២,  ៧-១៤;  ២១-២៣ ; យ៉ូហាន    ១៣,  ២១-៣០)
១២‌នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ​ ជា​ថ្ងៃ​ដែល​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​យញ្ញបូ​ជា​ សម្រាប់​បុណ្យ​ចម្លង​ ‌​‌ក្រុម​សាវ័ក​ទូល​សួរ​ព្រះយេស៊ូ​ថា៖​ «តើ​ព្រះគ្រូ​ចង់ឲ្យ​យើងខ្ញុំ​រៀប​ចំ​ពិធី​ជប់​លៀង​ជូន​ក្នុង​ឱកាស​បុណ្យ​ចម្លង​ នៅ​កន្លែង​ណា ? »។​‌១៣ព្រះ​អង្គ​ចាត់​សាវ័ក​ពីររូប​ឲ្យ​ទៅ​ ដោយ​មាន​ព្រះ​បន្ទូល​ថា៖​‌«ចូរ​អ្នក​ទៅ​ទីក្រុង‌​ អ្នក​នឹង​ជួប​បុរស​ម្នាក់​លី​ក្អម​ទឹក។​ ចូរ​ដើរ​តាម​គាត់​ទៅ​ ‌‌១៤ គាត់​ចូល​ផ្ទះ​ណា‌​អ្នក​ត្រូវ​និយាយ​ទៅ​ម្ចាស់​ផ្ទះ​នោះ​ថា​   លោក​គ្រូ​មាន​ប្រសាសន៍​ថា​‌   “បន្ទប់​ដែល​ខ្ញុំ​នឹង​ត្រូវ​ជប់លៀង​ជាមួយ​ពួក​សិស្ស​ក្នុង​ពេល​បុណ្យ​ចម្លង​ នៅ​ឯណា?”។‌​ ១៥ម្ចាស់​ផ្ទះ​នឹង​បង្ហាញ​បន្ទប់​មួយ​យ៉ាងធំ​នៅ​ជាន់​ខាង​លើ​ ដែល​មាន​ប្រដាប់​ប្រដា​សព្វ​គ្រប់​រៀបចំ​ជា​ស្រេច​‌ចូរ​រៀបចំ​ម្ហូប​អាហារ​សម្រាប់​យើង​នៅ​ក្នុង​បន្ទប់​នោះ​ចុះ»។​ ១៦សាវ័ក​ទាំងពីរ​ក៏ចេញ​ទៅ​ លុះ​ដល់​ទី​ក្រុង​គេ​បាន​ឃើញ​ដូច​ព្រះយេស៊ូ​មាន​ព្រះ​បន្ទូល​ប្រាប់​មែន​ គេក៏​រៀបចំ​ម្ហូប​អាហារ​សម្រាប់​បុណ្យ​ចម្លង។ ១៧លុះ​ដល់​ល្ងាច​ ព្រះអង្គ​យាង​មក​ដល់​ជាមួយ​សាវ័ក​ទាំង​ដប់ពីរ​រូប។​ ១៨នៅ​ពេល​ព្រះ​យេស៊ូ​រួម​តុ​សោយ​ព្រះ​ស្ងោយ​ជាមួយ​​‌ក្រុម​សាវ័ក‌​ ព្រះអង្គ​មាន​ព្រះ​បន្ទូល​ថា៖​ «ខ្ញុំសុំ​ប្រាប់​អ្នក​រាល់គ្នា​ឲ្យ​បាន​ដឹង​ច្បាស់​ថា​ ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ដែល​បរិភោគ​ជាមួយ​ខ្ញុំ​ មាន​ម្នាក់​នឹង​នាំគេ​មក​ចាប់​ខ្ញុំ  »។​ ១៩​‌ក្រុម​សាវ័ក​ព្រួយ​ចិត្ត​ក្រៃ​លែង‌‌​ ‌គេ​ទូល​សួរ​ព្រះអង្គ​បន្ត​បន្ទាប់​គ្នា​ថា៖‌​ «តើ​ទូល​បង្គំ​ឬ ? »។​ ២០ព្រះអង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖​ «គឺ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់ពីរ​ ដែល​កំពុង​ជ្រលក់​នំបុ័ង​ក្នុង​ចាន​ជាមួយ​ខ្ញុំនេះ​ហើយ។​ ២១បុត្រ​មនុស្ស​ត្រូវ​តែ​ស្លាប់​‌ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​អំពី​លោក​ស្រាប់​ហើយ។​ ប៉ុន្តែ​អ្នក​ដែល​នាំគេ​មក​ចាប់​បុត្រ​មនុស្ស   នឹង​ត្រូវ​វេទនា​ជាមិន​ខាន។​ ចំពោះ​អ្នក​នោះ​     បើ​មិន​បាន​កើត​មក​ទេ​  ទើប​ប្រសើរ​ជាង»។

ពិធីជប់លៀងចុងក្រោយបំផុត
(មថ  ២៦,២៦-៣០ ;​ លក  ២២,  ១៥-២០ ;​    ១  ករ  ១១,២៣-២៥)
២២នៅ​ពេល​កំពុង​បរិភោគ​ ‌ព្រះ​យេស៊ូ​យក​នំបុ័ង​មក​កាន់​ ‌ព្រះអង្គ​សរសើរ​តម្កើង​ព្រះ​ជាម្ចាស់​ ហើយ​កាច់​ប្រទាន​ឲ្យគេ‌​ ទាំង​មាន​ព្រះ​បន្ទូល​ថា៖‌​ «សុំ​ពិសា​ចុះ‌​ នេះជា​រូបកាយ​របស់ខ្ញុំ»។​ ២៣បន្ទាប់​មក‌​ ព្រះអង្គ​យក​ពែង​មក​កាន់​ អរព្រះ​គុណ​ព្រះជា​ម្ចាស់‌​ រួច​ប្រទាន​ឲ្យ​​‌ក្រុម​សាវ័ក​ ​‌ក្រុម​សាវ័ក​ក៏​បរិភោគ​ទាំង​អស់​គ្នា។​ ‌២៤ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖​ «នេះជា​លោហិត​របស់​ខ្ញុំ​ គឺ​លោហិត​នៃ​សម្ពន្ធ​មេត្រី​ដែល​ត្រូវ​បង្ហូរ​សម្រាប់​មនុស្ស​ទាំង​អស់។​ ២៥ខ្ញុំសុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា​ ខ្ញុំនឹង​មិន​ពិសា​ស្រា​ទំពាំង​បាយជូរ​ទៀត​ឡើយ​‌‌រហូត​ដល់ថ្ងៃ​ ដែល​ខ្ញុំនឹង​ពិសា​ស្រា​ទំពាំង​បាយជូរ​ថ្មី​ នៅ​ក្នុង​ព្រះ​រាជ្យ​ព្រះជា​ម្ចាស់»។ ២៦ក្រោយ​ពីបាន​ច្រៀង​ទំនុក​តម្កើង​ រួច​ហើយ​ ព្រះ​យេស៊ូ​យាង​ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ​ជាមួយ​​‌ក្រុម​សាវ័ក។ ព្រះយេស៊ូមានព្រះបន្ទូលអំពីលោកសិលា​បដិសេធមិនទទួលស្គាល់ព្រះអង្គ‌ (មថ  ២៦,៣១-៣៥ ;    ​លក  ២២,៣១-៣៤ ;  ​យហ  ១៣,៣៦-៣៨) ២៧ព្រះ​យេស៊ូ​មាន​ព្រះបន្ទូល​ ទៅ​​‌ក្រុម​សាវ័ក​ថា៖​ «អ្នក​ទាំង​អស់គ្នា​នឹង​បោះ​បង់​ខ្ញុំ​ចោល​ ដ្បិត​មាន​ចែង​ទុក​មក​ថា​ “យើង​នឹង​វាយ​សម្លាប់​គង្វាល​ ហើយ​ចៀម​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ”។​ ២៨ ក៏​ប៉ុន្តែ​ក្រោយ​ពេល​ខ្ញុំមាន​ជីវិត​រស់​ឡើង​វិញ ​‌ខ្ញុំនឹង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់​គ្នា»។​ ២៩លោក​សិលា​ទូល​ព្រះអង្គ​ថា៖​ «ទោះបី​អ្នក​ឯទៀតៗ​បោះ​បង់​ព្រះអង្គ​ចោល​ក៏ដោយ​‌   ក៏​ទូល​បង្គំ​មិន​បោះ​បង់​ចោល​ព្រះ​អង្គ​ជា​ដាច់​ខាត»។​ ៣០ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖‌​«ខ្ញុំសុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា​ នៅ​យប់​នេះ​ឯង‌​ មុន​មាន់​រងាវ​ពីរដង‌​ អ្នក​នឹង​បដិសេធ​បីដង​ថា​ មិន​ស្គាល់​ខ្ញុំ»។​ ៣១ប៉ុន្តែ​លោក​សិលា​ប្រកែក​ រឹតតែ​ខ្លាំង​ឡើង​ថា៖​ «ទោះបី​ទូល​បង្គំ​ត្រូវ​ស្លាប់​ជាមួយ​ព្រះអង្គ​ក៏ដោយ‌​ ក៏ទូល​បង្គំ​មិន​បដិសេធ​ថា​មិន​ស្គាល់​ព្រះអង្គ​ជាដាច់​ខាត»។‌​សាវ័ក​ឯទៀតៗ​ក៏ទូល​ព្រះអង្គ​  ដូច​លោក​សិលា​ដែរ។

ព្រះយេស៊ូអធិស្ឋាន​នៅក្នុងសួនកេតសេម៉ានី
(ម៉ាថាយ  ២៦,  ៣៦- ;​    លូកា  ២២,  ៣៩-៤៦)
‌‌៣២ព្រះអង្គ​យាង​ទៅ​ដល់​កន្លែង​មួយ​ ឈ្មោះ​កេត​សេម៉ានី ‌​ជាមួយ​​‌ក្រុម​សាវ័ក។‌​ ‌ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា៖​ ‌«ចូរ​អ្នក​រាល់​គ្នា​អង្គុយ​នៅ​ទីនេះ​ ហើយចាំខ្ញុំ​អធិស្ឋាន​សិន»។​
៣៣ព្រះ​អង្គ​នាំ​លោក​សិលា‌​ លោក​យ៉ាកុប​ និង‌​លោក​យ៉ូហាន​‌ទៅ​ជាមួយ។​ ពេល​នោះ ព្រះអង្គ​ចាប់​ផ្តើម​ភ័យ​តក់​ស្លុត​ ព្រម​ទាំង​ចុក​ចាប់​អន្ទះ​សា​ពន់​ប្រមាណ។​ ៣៤ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ទៅ​កាន់​អ្នក​ទាំង​បី​ថា៖​ «ខ្ញុំ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង​ ស្ទើរ​តែ​ស្លាប់​‌‌‌‌អ្នក​រាល់​គ្នា​នៅ​ទីនេះ​សិន​ហើយ​ ចូរ​ប្រុង​ស្មារតី»។​

៣៥ព្រះអង្គ​យាង​ទៅ​មុខ​បន្តិច​ ‌ក្រាប​ចុះ​ដល់​ដី​ ទូល​អង្វរ​សូម​ឲ្យ​ទុក្ខ​លំបាក​នេះគ​ ចេញ​ឆ្ងាយ​ពី​ព្រះអង្គ​ទៅ​‌បើ​សិន​ជា​អាច​កន្លង​ផុត​ទៅ​បាន។​ ៣៦ព្រះ​អង្គ​ទូល​ថា៖​ «អ័ប្បា​ ឱព្រះ​បិតា​អើយ !​ ព្រះ​អង្គ​អាច​សំរេច​គ្រប់​កិច្ចការ​ទាំង​អស់​បាន‌​ សូម​ដក​យក​ពែង​នៃ​ទុក្ខ​លំបាក​នេះ​ ចេញ​ឲ្យ​ឆ្ងាយ​ពីទូល​បង្គំ​ទៅ​ ប៉ុន្តែ​សូម​កុំតាម​បំណង​ចិត្ត​ទូល​បង្គំ​ឡើយ‌​‌គឺ​សូម​ឲ្យ​បាន​សម្រេច​ តាម​ព្រះ​ហប្ញ​ទ័យ​ព្រះអង្គ​វិញ»។​ ៣៧ព្រះ​អង្គ​យាង​ទៅ​រក​​‌ក្រុម​សាវ័ក​   ឃើញ​គេ​កំពុង​តែ​ដេក​លក់​ ព្រះអង្គ​មាន​ព្រះ​បន្ទូល​ទៅ​លោក​​សិលា​ថា៖​ «ស៊ីម៉ូន​អើយ​ ម្តេច​ក៏អ្នក​ដេក​លក់​ដូច្នេះ ?​‌ អ្នក​នៅ​ស៊ូទ្រាំ​ប្រុង​ស្មារតី​ សូម្បី​តែមួយ​ម៉ោង​ក៏មិន​បាន​ដែរ​ឬ ?‌ ​៣៨ចូរ​ប្រុង​ស្មារតី​ ‌ហើយ​អធិស្ឋាន​ កុំឲ្យ​ចាញ់​ការ​ល្បួង​ វិញ្ញាណ​របស់​មនុស្ស​ប្រុង​ប្រៀប​ជាស្រេច​មែន‌‌​ ប៉ុន្តែ​  ខ្លួន​គេ​នៅ​ខ្សោយ​ទេ ! »។

៣៩ព្រះ​អង្គ​យាង​ចេញ​ទៅ​ឆ្ងាយ​ពី​គេ ​សា​ជា​ថ្មី​‌ ហើយ​ទូល​អង្វរ​ដោយ​ប្រើ​ពាក្យ​ដដែល។​ ៤០ព្រះ​អង្គ​វិល​ត្រឡប់​មក​រក​​‌ក្រុម​សាវ័ក​ម្តង​ទៀត​ ឃើញ​គេ​ដេក​លក់​ ដ្បិត​គេ​ងងុយ​ពេក​ បើក​ភ្នែក​មិន​រួច‌​ មិន​ដឹង​ទូល​ព្រះអង្គ​ដូច​ម្តេច។‌​ ‌៤១ព្រះ​យេស៊ូ​វិល​មក​រក​គេ​ជា​លើក​ទីបី​ មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖​ «អ្នក​រាល់​គ្នា​នៅ​តែ​ដេក​លក់‌​ អ្នក​រាល់​គ្នា​សម្រាក​ដល់​អង្កាល់​ទៀត ? ​ប៉ុណ្ណឹង​ល្មម​ហើយ !​ ឥឡូវ​នេះ‌​‌ពេល​កំណត់​មក​ដល់​ហើយ‌​ បុត្រ​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​មនុស្ស​បាប។​ ៤២ចូរ​ក្រោក​ឡើង​ យើង​នាំគ្នា​ទៅ‌‌​ ដ្បិត​អ្នក​ដែល​នាំគេ​មក​ចាប់​ខ្ញុំ‌‌   ជិត​មក​ដល់​ហើយ ! »។

គេចាប់ព្រះយេស៊ូ
(ម៉ាថាយ  ២៦,  ៤៧-៥៦ ;​   លូកា  ២២,  ៤៧-៥៣​ ; យ៉ូហាន  ១៨,  ៣-១២)
‌៤៣ព្រះ​អង្គ​កំពុង​តែ​មាន​ព្រះ​បន្ទូល​នៅ​ឡើយ​ ស្រាប់​តែ​យូដា ​ជា​សាវ័ក​ម្នាក់​ ក្នុង​ចំណោម​សាវ័ក​ទាំង​ដប់ពីរ​រូប​មក​ដល់‌​ ដោយ​មាន​បណ្តា​ជន​មួយ​ក្រុម​ កាន់​ដាវ​ កាន់​ដំបង​មក​ជាមួយ​ផង។​ ពួក​នាយក​បូជា​ចារ្យ‌​ ពួក​ធម្មា​ចារ្យ​និង​ពួក​ព្រឹទ្ធា​ចារ្យ​ បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក។​ ៤៤យូដា​ ដែល​នាំគេ​មក​ចាប់​ព្រះ​យេស៊ូ​ បាន​សន្មត​ជាមួយ​អ្នក​ទាំង​នោះ​នូវ​សញ្ញា​មួយ​ថា៖​ «ខ្ញុំថើប​អ្នក​ណា​‌គឺអ្នក​នោះ​ហើយ  ​‌សុំ​ចាប់​គាត់​នាំ​យក​ទៅ​ ដោយ​ប្រយ័ត្ន​ប្រយែង​ឲ្យ​មែន​ទែន»។​‌៤៥កាល​មក​ដល់​ភ្លាម​យូដា​ដើរ​តម្រង់​មក​រក​ព្រះ​យេស៊ូ​ពោល​ថា៖​ «លោក​គ្រូ ! »​ រួច​គាត់​ថើប​ព្រះអង្គ​ ៤៦ពួកគេ​នាំគ្នា​ចាប់​ព្រះ​យេស៊ូ។​ ៤៧មាន​ម្នាក់​ដែល​នៅ​ទីនោះ​ ហូត​ដាវ​កាប់​អ្នក​បម្រើ​របស់​មហា​បូជា​ចារ្យ​ដាច់​ស្លឹក​ត្រចៀក​ម្ខាង។​ ៤៨ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖‌​ «ខ្ញុំជា​ចោរ​ព្រៃ​ឬ​បាន​ជា​អស់​លោក​កាន់​ដាវ​ កាន់​ដំបង​ មក​ចាប់​ខ្ញុំ​ដូច្នេះ ? ។​ ‌៤៩ជា​រៀង​រាល់​ថ្ងៃ​ ខ្ញុំនៅ​ក្នុង​ព្រះ​វិហារ ជាមួយ​អស់​លោក​ ទាំង​បង្រៀន​ផង​ តែ​អស់​លោក​ពុំបាន​ចាប់​ខ្ញុំទេ។​ ការណ៍​ទាំង​នេះ​កើត​ឡើង​ ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្តី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ»។​ ៥០ពេល​នោះ​ ​‌ក្រុម​សាវ័ក​បោះ​បង់​ព្រះ​យេស៊ូ​ចោល​    ហើយ​រត់​បាត់​អស់​ទៅ។

៥១មាន​កំឡោះ​ម្នាក់​ ដែល​បាន​ទៅតាម​ព្រះអង្គ​ មាន​តែ​សំពត់​មួយ​ផ្ទាំង​បិទ​បាំង​កាយ​ប៉ុណ្ណោះ​ គេ​បាន​ចាប់​គាត់​ដែរ‌‌​‌៥២តែ​គាត់​ចោល​សំពត់​រត់​ទៅ​ខ្លួន​ទទេ។

ព្រះយេស៊ូនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់
(ម៉ាថាយ  ២៦,  ៥៧-៦៨ ;    លូកា  ២២,  ៥៤-៥៥,  ៦៣-៧ ;១​យ៉ូហាន  ១៨,  ១៣-១៤,  ១៩-២)
៥៣គេ​បណ្តើរ​ព្រះ​យេស៊ូ​ នាំយក​ទៅ​ដល់​ដំណាក់​របស់​លោក​មហា​បូជា​ចារ្យ។​ ‌ពួក​នាយក​បូជា​ចារ្យ ​‌‌‌ពួក​ព្រឹទ្ធា​ចារ្យ‌​ និង​ពួក​ធម្មា​ចារ្យ​ មក​ជួបជុំ​ទាំង​អស់​គ្នា​នៅ​ទីនោះ។​ ៥៤លោក​សិលា​ដើរ​តាម​ព្រះ​អង្គ​ពី​ចម្ងាយ‌​ រហូត​ដល់​ខាង​ក្នុង​ទីធ្លា​ដំណាក់​មហា​បូជា​ចារ្យ​ ហើយ​អង្គុយ​អាំង​ភ្លើង​ជាមួយ​កង​រក្សា​ព្រះ​វិហារ។​ ៥៥ពួក​នាយក​បូជា​ចារ្យ​ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​មូល​ នាំគ្នា​រក​ពាក្យ​ចោទ​ប្រកាន់​ព្រះយេស៊ូ​ ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​ព្រះអង្គ​ តែ​រក​មិន​បាន​សោះ។​ ‌៥៦មនុស្ស​ជាច្រើន​បាន​ប្រឌិត​រឿង​ក្លែង​ក្លាយ​ចោទ​ប្រកាន់​ព្រះអង្គ​ ‌ប៉ុន្តែ​ពាក្យ​ចោទ​ទាំង​នោះ​មិន​ស្រប​គ្នា​ឡើយ។​ ៥៧មាន​អ្នក​ខ្លះ​ក្រោក​ឈរ​ឡើង​‌ពោល​រឿង​ក្លែង​ក្លាយ​ ចោទ​ប្រកាន់​ព្រះអង្គ​ថា៖​ ‌៥៨‌«យើង​បាន​ឮអ្នក​នេះ​ពោល​ថា​ “ខ្ញុំនឹង​រុះ​ព្រះ​វិហារ​ដែល​សង់​ឡើង​ដោយ​ដៃ​មនុស្ស​ចោល​‌ហើយ​ក្នុង​រវាង​បីថ្ងៃ​ ខ្ញុំនឹង​សង់​ព្រះ​វិហារ​មួយ​ផ្សេង​ទៀត​ដែល​មិន​មែន​សង់​ដោយ​ដៃ​មនុស្ស​ទេ”»។​ ៥៩ប៉ុន្តែ​ ទោះបី​ក្នុង​រឿង​នេះ​ក៏​ដោយ  ​ ក៏ពាក្យ​របស់​គេ​នៅតែ​ពុំ​ស្រប​គ្នា​ដដែល។​ ៦០ពេល​នោះ​លោក​មហា​បូជា​ចារ្យ​ក្រោក​ឈរ​ឡើង​ នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​សួរ​ព្រះ​យេស៊ូ​ថា៖​ «ម្តេចក៏​អ្នក​មិន​ឆ្លើយ​នឹង​ពាក្យ​ចោទ​ប្រកាន់​របស់​លោក​ទាំង​នេះ ? »​ ៦១ព្រះ​យេស៊ូ​នៅ​ស្ងៀម​ ពុំឆ្លើយ​តប​ទាល់​តែ​សោះ។​ លោក​មហា​បូជា​ចារ្យ​ សួរ​ព្រះអង្គ​ម្តង​ទៀត​ថា៖​ ‌«តើ​អ្នក​ពិតជា​ព្រះ​គ្រីស្ត​ ជា​ព្រះ​បុត្រា​របស់​ព្រះ​ ដែល​យើង​សរសើរ​តម្កើង​មែន​ឬ ? »។​ ៦២ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ឆ្លើយ​ថា៖​ «មែន​ គឺខ្ញុំ​ហ្នឹង​ហើយ។​ អស់​លោក​នឹង​ឃើញ​បុត្រ​មនុស្ស គង់នៅ​ខាង​ស្តាំ​ព្រះដ៏​មាន​ប្ញទ្ធា​នុភាព‌​ ហើយ​នឹង​យាង​មក​ជាមួយ​ពពក* នៅ​លើ​មេឃ»ង។​ ៦៣លោក​មហា​បូជា​ចារ្យ​ឮដូច្នេះ​‌‌ក៏​ហែក​អាវ​របស់​លោក​ ហើយ​មាន​ប្រសាសន៍​ថា៖‌​ «យើង​មិន​បាច់​រក​សាក្សី​ឯណា​ទៀត​ទេ​ ៦៤អស់​លោក​ឮ​ជន​នេះ​ពោល​ពាក្យ​ប្រមាថ​ព្រះ​ជា​ម្ចាស់​ស្រាប់​ហើយ​ តើ​អស់​លោក​គិត​ដូច​ម្តេច ? »។​ គេ​បាន​សំរេច​ចិត្ត​ទាំង​អស់​គ្នា​កាត់​ទោស​ប្រហារ​ជីវិត​ព្រះ​យេស៊ូ។​ ៦៥អ្នក​ខ្លះ​នាំគ្នា​ស្តោះ​ទឹក​មាត់​ដាក់​ព្រះអង្គ‌​ ‌គេ​គ្រប​ព្រះ​ភ័ក្ត្រ​ព្រះអង្គ​ វាយ​តប់​ព្រះអង្គ‌​ ហើយ​សួរ​ថា៖‌​ «ទាយ​មើល៍‌ ! »។​ កង​រក្សា​ព្រះ​វិហារ​យក​ព្រះយេស៊ូ​មក​ទះ​កំផ្លៀង។

លោកសិលាបដិសេធថា​មិនស្គាល់ព្រះយេស៊ូ
(ម៉ាថាយ  ២៦,  ៦៩-៧៥ ;    លូកា  ២២,  ៥៦-៦២ ; ​យ៉ូហាន  ១៨,  ១៥-១៨,  ២៥-២៧)
៦៦ពេល​លោក​សិលា​នៅ​ក្នុង​ទីធ្លា​ មាន​ស្ត្រី​បម្រើ​ម្នាក់​របស់​លោក​មហា​បូជា​ចារ្យ​មកដល់។​ ៦៧នាង​ឃើញ​លោក​សិលា​កំពុង​អាំង​ភ្លើង​ ក៏សំឡឹង​មើល​មុខ​គាត់​ឲ្យ​បាន​ច្បាស់​ រួច​ពោល​ថា៖​ «អ្នក​ឯង​ក៏ជា​បក្ស​ពួក​របស់​យេស៊ូ​ ជា​អ្នក​ភូមិ​ណាសារ៉ែត​ដែរ ! »។​ ៦៨ប៉ុន្តែ​លោក​ប្រកែក​ឡើង​ថា៖​ «ខ្ញុំមិន​ដឹង​ទេ​‌ខ្ញុំមិន​យល់​ថា​ នាង​ចង់​និយាយ​អំពី​រឿង​អ្វី​ឡើយ»។​ លោក​សិលា​ក៏ចេញ​ពី​ទីនោះ ​ឆ្ពោះ​ទៅ​ខ្លោង​ទ្វារ​ខាង​ក្រៅ​ ពេល​នោះ‌​មាន់​រងាវ​ឡើង។​ ៦៩ស្ត្រី​បម្រើ​ឃើញ​លោក​សិលា​ ក៏ប្រាប់​អស់​អ្នក​ដែល​នៅ​ទីនោះ​ម្តង​ទៀត​ថា៖​ «អ្នក​នេះ​ជា​បក្ស​ពួក​គេ​ដែរ»។​ ៧០លោក​សិលា​ប្រកែក​សាជា​ថ្មី។​ បន្តិច​ក្រោយ​មក​អស់​អ្នក​ ដែល​នៅទី​នោះ​ និយាយ​ទៅ​លោក​សិលា​ទៀត​ថា៖‌​ «អ្នក​ឯង​ប្រាកដ​ជា​បក្ស​ពួក​អ្នក​ទាំង​នោះ​មែន​ ‌ព្រោះ​អ្នក​ឯង​ជាអ្នក​ស្រុក​កាលីឡេ​ដូច​គ្នា»។​ ៧១លោក​សិលា​ក៏និយាយ​ឡើង​ថា៖​ «បើខ្ញុំ​កុហក​ សូម​ឲ្យ​ព្រះជា​ម្ចាស់​ដាក់​ទោស​ខ្ញុំចុះ​ ខ្ញុំសុំ​ស្បថ​ថា​  ខ្ញុំមិន​ដែល​ស្គាល់​អ្នក​នោះ​ទាល់​តែ​សោះ»។

៧២ភ្លាម​នោះ​មាន់​រងាវ​ឡើង​ជា​លើក​ទីពីរ‌​ លោក​សិលា​ក៏នឹក​ឃើញ​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូ​ ដែល​ថា‌​ “មុន​មាន់​រងាវ​ពីរ​ដង​ អ្នក​នឹង​បដិសេធ​បីដង​ថា​មិន​ស្គាល់ខ្ញុំ”​ គាត់​ក៏​ទ្រហោ​យំ។

ជំពូក ១៥

ព្រះយេស៊ូនៅមុខលោកពីឡាត
(ម៉ាថាយ  ២៧,១-២,១១-១៤ ;​ លូកា  ២៣,១-៥​   ; យ៉ូហាន  ១៨,២៨-៣៨)
១‌លុះ​ព្រលឹម​ឡើង‌​ ពួក​នាយក​បូជា​ចារ្យ​ប្រជុំ​គ្នា​ជាមួយ​ពួក​ព្រឹទ្ធា​ចារ្យ​ ពួកធម្មាចារ្យ​ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ទាំង​មូល។‌​ គេ​បាន​ចង​ព្រះ​យេស៊ូ​ ហើយ​បញ្ជូន​ព្រះអង្គ​ទៅ​លោក​ពីឡាត។​ ២លោក​ពីឡាត​សួរ​ព្រះអង្គ​ថា៖‌​ «តើ​អ្នក​ជា​ស្តេច​យូដា​មែន​ឬ ? »។​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​តប​ថា៖​ «លោក​ទេ​តើ​ ដែល​មាន​ប្រសាសន៍​ដូច្នេះ ! »។​ ៣ពួក​នាយក​បូជា​ចារ្យ​បាន​យក​រឿង​ជាច្រើន​ មក​ចោទ​ប្រកាន់​ព្រះ​យេស៊ូ។​ ៤លោក​ពីឡាត​សួរ​ព្រះ​អង្គ​ម្តង​ទៀត​ថា៖‌ ​  «ហេតុ​ដូច​ម្តេច​បានជា​ អ្នក​មិន​ឆ្លើយ​អ្វី​សោះ​ដូច្នេះ ?​ អ្នក​មិន​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​ ដែល​គេ​ចោទ​ប្រកាន់​អ្នក​ទេ​ឬ ? »។​ ៥ព្រះយេស៊ូ​ពុំបាន​ឆ្លើយ​តប​ទៀត​ឡើយ​ ជា​ហេតុ​នាំឲ្យ​លោក​ពីឡាត​ងឿង​ឆ្ងល់​ជា​ខ្លាំង។

លោកពីឡាតកាត់ទោស​ប្រហារជីវិតព្រះយេស៊ូ
(ម៉ាថាយ  ២៧,១៥-២៦​ លូកា  ២៣,១៣-២៥ ; យ៉ូហាន  ១៨,៣៩-១៩,​១៦)
៦ជារៀង​រាល់​ឆ្នាំ​ ក្នុង​ឱកាស​បុណ្យ​ចម្លង‌​ លោក​ពីឡាត​តែង​លែង​អ្នក​ទោស​ម្នាក់​ តាម​ពាក្យ​សុំ​របស់​បណ្តា​ជន។​ ៧មាន​បុរស​ម្នាក់​ឈ្មោះ​បារ៉ាបាស‌​ជាប់​ឃុំឃាំង​ជាមួយ​ពួក​បះបោរ​ ដែល​សម្លាប់​មនុស្ស​ម្នាក់​នៅ​ពេល​កើត​ចលា​ចល។​ ៨បណ្តាជន​នាំគ្នា​ឡើង​ទៅ​ជួប​លោក​ពីឡាត‌​ ‌សុំឲ្យ​លោក​ដោះ​លែង​អ្នក​ទោស​ម្នាក់​ តាម​ទម្លាប់​ដែល​លោក​ធ្លាប់​អនុគ្រោះ​ដល់​គេ។​ ៩លោក​ពីឡាត​មាន​ប្រសាសន៍​សួរ​ថា៖​ «តើ​អ្នក​រាល់គ្នា​ចង់​ឲ្យ​ ខ្ញុំ​ដោះ​លែង​ស្តេច​យូដា​ឬ?»។​ ១០លោក​មាន​ប្រសាសន៍​ដូច្នេះ    ​ មកពី​លោក​ជ្រាប​ថា​ពួកនាយក​បូជា​ចារ្យ​បញ្ជូន​ព្រះយេស៊ូ​ មក​លោក​ ព្រោះ​ពួកគេ​មាន​ចិត្ត​ច្រណែន។

១១ពួក​នាយក​បូជា​ចារ្យ​ នាំ​គ្នា​បញ្ចុះ​បញ្ចូល​បណ្តា​ជន​ សុំឲ្យ​លោក​ពីឡាត​ដោះលែង​បារ៉ា​បាស​វិញ។​ ១២លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេម្តង​ទៀត​ថា៖​ «បើ​ដូច្នេះ​ តើ​អ្នក​រាល់គ្នា​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​អ្នក​ដែល​អ្នក​រាល់​គ្នា​ហៅ​ថា​ ស្តេចយូដានេះ ? »។​ ១៣គេ​ស្រែក​ឡើង​ថា៖​ «ឆ្កាង​ទៅ ! »។​ ១៤លោក​ពីឡាត​សួរថា៖​ «តើ​អ្នក​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី ? »។​ ប៉ុន្តែ​ គេនាំ​គ្នា​ស្រែក​កាន់តែ​ខ្លាំង​ឡើងៗ​ថា៖​ ‌«ឆ្កាង​ទៅ ! »។​ ១៥លោក​ពីឡាត​ចង់​បំពេញ​ចិត្ត​បណ្តា​ជន​ក៏ដោះ​លែង​បារ៉ាបាស។​ បន្ទាប់​ពី​បញ្ជា​ឲ្យ​គេវាយ​ព្រះ​យេស៊ូ​ នឹង​រំពាត់​ រួច​ហើយ‌‌‌‌​លោក​ប្រគល់​ទៅ​ឲ្យ​គេ​ឆ្កាង។

ទាហានមើលងាយ  និង  ធ្វើបាបព្រះយេស៊ូ
(ម៉ាថាយ  ២៧,  ២៧-៣១ ;​    យ៉ូហាន  ១៩,  ២-៣)
‌‌១៦ពួក​ទាហាន​បណ្តើរ​ព្រះយេស៊ូ​ ទៅ​ក្នុង​ទីធ្លា​បន្ទាយ‌​ ហើយ​ហៅ​កង​ទាហាន​ទាំង​មូល​មក។​ ១៧គេ​យក​អាវ​ពណ៌​ក្រហម​ទុំ​មក​ពាក់​ឲ្យ​ព្រះ​អង្គ‌​ រួច​យក​បន្លា​មក​ក្រង​ធ្វើ​ភួង​បំពាក់​ជា​មកុដ​លើ​ព្រះ​សិរសា​ព្រះអង្គ។​ ១៨គេក៏​នាំគ្នា​សំពះ​ព្រះ​អង្គ​ទាំង​ពោល​ថា៖​ ‌«សូម​គោរព​ថ្វាយ​បង្គំ​ស្តេច​យូដា ! »។​ ១៩គេ​យក​ផ្តៅ​វាយ​ព្រះ​សិរសា​ព្រះអង្គ‌​គេ​ស្តោះ​ទឹក​មាត់​ដាក់​ព្រះអង្គ​ ព្រម​ទាំង​លុត​ជង្គង់​ថ្វាយ​បង្គំ​ព្រះអង្គ​ថែម​ទៀត​ផង។‌‌‌​២០ក្រោយ​ពី​បាន​ប្រមាថ​មើល​ងាយ​ព្រះអង្គ​ រួច​ហើយ​ពួកគេ​ដោះ​អាវ​ពណ៌​ក្រហម​ចេញ​‌‌យក​ព្រះ​ពស្ត្រ​របស់​ព្រះអង្គ​ មក​ពាក់​ថ្វាយ​ព្រះអង្គ​វិញ​ ហើយ​បណ្តើរ​យក​ទៅ​ឆ្កាង។

គេឆ្កាងព្រះយេស៊ូ
(មថ  ២៧,៣២-៤៤ ;   លក  ២៣,២៦-៤៣ ;  យហ  ១៩,១៧-២៧) ‌‌២១
ពេល​នោះ​ មាន​បុរស​ម្នាក់​ជាអ្នក​ស្រុក​គីរ៉ែន​ត្រឡប់​មក​ពី​ចំការ​ ‌គេ​ចាប់​បង្ខំ​គាត់​ឲ្យ​លី​ឈើ​ឆ្កាង​របស់​ព្រះ​យេស៊ូ។​ អ្នក​នោះ​ឈ្មោះ​ស៊ីម៉ូន ​ជា​ឪពុក​របស់​អឡិច​សង់​   និង ​ រូភូស។​ ២២គេ​បណ្តើរ​ព្រះ​យេស៊ូ​មក​ដល់​កន្លែង​មួយ​‌ឈ្មោះ​‌”កុលកូថា”​‌ ដែល​ប្រែថា​ ‌”ភ្នំ​លលាដ៍​ក្បាល”។​ ២៣ គេ​យក​ស្រា​ទំពាំង​បាយ​ជូរ​លាយ​ជាមួយ​គ្រឿង​ញាណ​ម៉្យាង​ មក​ថ្វាយ​ព្រះអង្គ​សោយ‌​ ប៉ុន្តែ​ព្រះអង្គ​ពុំបាន​សោយ​ទេ។​ ២៤គេក៏​ឆ្កាង​ព្រះអង្គ​‌ហើយ​យក​សម្លៀក​បំពាក់​របស់​ព្រះអង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា។​ ២៥គេឆ្កាង​ព្រះអង្គ​នៅ​ម៉ោង​ប្រាំបួន​ព្រឹក។​ ២៦‌គេ​សរសេរ​ប្រកាស​អំពី​ហេតុ​ដែល​គេ​ធ្វើ​ទោស​ព្រះអង្គ​ថា​ «ស្តេច​ជនជាតិ​យូដា»។​ ២៧គេ​ក៏បាន​ឆ្កាង​ចោរ​ព្រៃ​ពីរ​នាក់​ជាមួយ​ព្រះយេស៊ូ​ដែរ‌​ម្នាក់​នៅ​ខាង​ស្តាំ​ព្រះអង្គ‌‌​ ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​ព្រះ​អង្គ។​‌២៨ហេតុ​ការណ៍​នេះ​កើត​ឡើង​ស្រប​តាម​សេចក្តី​ ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា​ «ព្រះអង្គ​ត្រូវ​គេ​រាប់​បញ្ចូល​ជាមួយ​មនុស្ស​អាក្រក់»ច។‌​ {‌២៩មនុស្ស​ម្នា​ដើរ​កាត់​តាម​នោះ​ ប្រមាថ​មើល​ងាយ​ព្រះអង្គ​ ទាំង​គ្រវី​ក្បាល​ដាក់​ព្រះអង្គ​ និង​ពោល​ថា៖​ «នែ៎​អ្នក​រុះ​ព្រះ​វិហារ​ ហើយ​សង់​ឡើង​វិញ​តែ​បីថ្ងៃ​អើយ​ ៣០សង្គ្រោះ​ខ្លួន​ឯង​ទៅ‌​អញ្ជើញ​ចុះ​ពីឈើឆ្កាងមក ! »។​៣១រីឯ​ពួក​នាយក​បូជា​ចារ្យ​ និង ​ធម្មា​ចារ្យ​ក៏និយាយ​គ្នា​ចំអក​ឲ្យ​ព្រះអង្គ​ដូច​គេ​ដែរ​ ពួកគេ​ពោល​ថា៖​ «គាត់​បាន​សង្គ្រោះ​អ្នក​ឯទៀតៗ​ តែមិន​អាច​សង្គ្រោះ​ខ្លួន​ឯ !។​ ៣២សូម​ព្រះ​គ្រីស្ត​ជា​ស្តេច​អ៊ីស្រា​អែល​អញ្ជើញ​ចុះពី​ឈើឆ្កាង​ឥឡូវនេះ​មក‌​ ដើម្បី​ឲ្យ​យើង​ឃើញ​និង​ជឿ​ផង ! »។​ អ្នក​ដែល​ជាប់​ឆ្កាង​ជាមួយ​ព្រះយេស៊ូ‌​   ក៏ជេរ​ប្រមាថ​ព្រះអង្គ​ដែរ។

ព្រះយេស៊ូសោយទិវង្គត
(មថ  ២៧,៤៥-៥៦     ;  លក  ២៣,៤៤-៤៩ ;      យហ  ១៩,២៨-៣០)
‌‌៣៣នៅ​ពេលថ្ងៃ​ត្រង់‌​ ស្រាប់តែ​ផែន​ដី​ទាំង​មូល​ងងឹត​សូន្យ​ រហូត​ដល់​ម៉ោង​បី​រសៀល។​ ៣៤‌នៅ​វេលា​ម៉ោង​បី​រសៀល​ ព្រះយេស៊ូ​ស្រែក​អង្វរ​ខ្លាំងៗ​ថា៖​ «អេឡយ‌​ អេឡយ​ ឡាម៉ាសា​បាច់ថានី ? »‌‌​ ពាក្យ​នេះ​ប្រែ​ថា​ «ឱព្រះ​នៃទូល​បង្គំ‌‌​ ព្រះនៃ​ទូល​បង្គំ​អើយ‌​ហេតុអ្វី​បាន​ជា​ ព្រះអង្គ​បោះ​បង់​ទូល​បង្គំ​ចោល​ដូច្នេះ ? »។​ ៣៥អ្នក​ខ្លះ​ឈរ​នៅ​ទីនោះ​បាន​ឮ​ព្រះ​បន្ទូល​របស់​ព្រះអង្គ‌‌​ ក៏ពោល​ថា៖​ «ឃើញ​ទេ !​ គាត់​ហៅ​លោក​អេលី ! »។​ ៣៦មាន​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត​ជ្រលក់​ទឹក​ខ្មេះ​ជោក​ រុំជាប់​នៅ​ចុង​ត្រែង​មួយ​ដើម​ហុច​ថ្វាយ​ព្រះអង្គ​សោយ​ទាំង​ពោល​ថា៖​ «ចាំ​មើល​មើល៍‌‌​ តើ​លោក​អេលី​មក​យក​គាត់​ចុះ​ពី​ឈើ​ឆ្កាង​ឬទេ?»។ ៣៧រីឯ​ព្រះ​យេស៊ូ​វិញ​ ទ្រង់​បន្លឺ​ព្រះ​សូរ​សៀង​យ៉ាង​ខ្លាំង​ រួច​រលត់​វិញ្ញាណ​ទៅ​ ៣៨វាំង​នន​នៅ​ក្នុង​ព្រះ​វិហារ​រហែក​ជាពីរ​ តាំងពី​លើ​រហូត​ដល់​ក្រោម។​៣៩នាយ​ទាហាន​រ៉ូមាំង​ ​ដែល​ឈរ​នៅ​ខាង​មុខ​ព្រះ​យេស៊ូ​ ឃើញ​ព្រះអង្គ​រលត់​វិញ្ញាណ​របៀប​នេះ‌​ក៏​ពោល​ឡើង​ថា៖‌​ ​«បុរស​នេះ​ពិត​ជា​ព្រះ​បុត្រា​របស់​ព្រះ​ជាម្ចាស់​មែន ! »។​

៤០មាន​ស្ត្រីៗ​ខ្លះ​ទៀត​ មើល​ពី​ចម្ងាយ‌​ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ​ មាន​នាង​ម៉ារី​ ជា​អ្នក​ស្រុក​ម៉ាដា​ឡា​ នាង​ម៉ារី​ ជា​ម្តាយ​របស់​យ៉ាកុប​តូច‌​ និង​‌យ៉ូសេ​ ព្រម​ទាំង​នាង​សាឡូមេ​ផង។​ ៤១ស្ត្រី​ទាំង​នោះ​មក​ជាមួយ​ ហើយ​បម្រើ​ព្រះអង្គ​តាំងពី​ព្រះ​អង្គនៅ​ស្រុក​កាលីឡេ​ម៉្លេះ។‌​ មាន​ស្ត្រី​ឯទៀតៗ​ជាច្រើន​បាន​ឡើង​មក​ក្រុង​យេរូសាឡឹម​ជាមួយ​ព្រះអង្គ​ដែរ។

ការបញ្ចុះព្រះសពព្រះយេស៊ូ
(មថ  ២៧,  ៥៧-៦១ ;  ​  លក  ២៣,៥០-៥៦ ;​    យហ  ១៩,៣៨-៤២)
‌‌‌៤២ថ្ងៃនោះ​ ជាថ្ងៃ​ដែល​គេ​រៀប​ចំ​បុណ្យ​ចម្លង* ​គឺ​មួយ​ថ្ងៃ​មុន​ថ្ងៃ​សប្ប័ទ។​ លុះ​ដល់​ល្ងាច ​៤៣លោក​យ៉ូសែប​ ជា​អ្នក​ស្រុក​អារីម៉ាថេ​ មក​ដល់​លោក​ជា​សមាជិក​ ដែល​មាន​កេរ្តិឈ្មោះ​ល្អ​ ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ ហើយ​លោក​ក៏រង់​ចាំ​ព្រះរាជ្យ​របស់​ព្រះ​ជាម្ចាស់​ដែរ។​ លោក​មាន​ចិត្ត​ក្លាហាន​ហ៊ាន​ទៅ​ជួប​លោក​ពីឡាត​ សុំយក​ព្រះសព​ព្រះ​យេស៊ូ។‌​ ​៤៤លោក​ពីឡាត​នឹក​ឆ្ងល់​ណាស់​ ដោយ​ឮថា​ព្រះ​យេស៊ូ​សោយ​ទិវង្គត​យ៉ាង​ឆាប់​ដូច្នេះ។​ លោក​ហៅ​នាយ​ទាហាន​មកសួរ​ឲ្យដឹង​ថា​ព្រះ​យេស៊ូ​សោយ​ទិវង្គត​យូរហើយ​ឬ។​ ៤៥បន្ទាប់​ពីបាន​ទទួល​សេចក្តី​រាយការណ៍​ពី​នាយ​ទាហាន​ រួច​ហើយ‌​លោក​ក៏​អនុញ្ញាត​ឲ្យ​គេ​ប្រគល់​ព្រះសព​ទៅ​លោក​យ៉ូសែប។ ‌៤៦លោក​យ៉ូសែប​ទិញ​ក្រណាត់​ផាឌឹប​ លោក​យក​ព្រះ​សព​ព្រះយេស៊ូ ចុះពី​ឈើឆ្កាង​ ហើយ​រុំនឹង​ក្រណាត់​រួចដាក់​ក្នុង​រូងថ្ម​មួយ​ដែល​គេ​ដាប់​ធ្វើ​ជា​ផ្នូរ។​ បន្ទាប់​មក​ លោក​ប្រមៀល​ថ្ម​មួយដុំ​បិទ​មាត់​ផ្នូរ។​ ៤៧នាង​ម៉ារី​ ជាអ្នក​ស្រុក​ម៉ាដា​ឡា‌​ និង‌​នាង​ម៉ារី​ជា​ម្តាយ​យ៉ូសេ​ ​នាំគ្នា​មើល​កន្លែង​ ដែល​គេ​បញ្ចុះ​ព្រះ​សព​ព្រះអង្គ។

ជំពូកទី ១៦

ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ
(ម៉ាថាយ  ២៨,១-៨​   ; លូកា  ២៤,១-១២ ;​ យ៉ូហាន  ២០,១-១០)
១ លុះ​ផុត​ថ្ងៃ​សប្ប័ទ​ហើយ‌​   នាង​ម៉ារី   ជាអ្នក​ស្រុក​ម៉ាដាឡា​ នាង​ម៉ារី​   ជា​ម្តាយ​យ៉ាកុប​ និង​‌នាង​សាឡូមេ​បាន​ទិញ​គ្រឿង​ក្រអូប​ យក​ទៅ​អប់​ព្រះសព​ព្រះយេស៊ូ។​ ២ព្រលឹម​ឡើង​ថ្ងៃ​អាទិត្យ​នាង​នាំគ្នា​ធ្វើ​ដំណើរ​ ទៅ​កាន់​ផ្នូរ​  នៅ​ពេល​ថ្ងៃរះ។​ ៣ពួកនាង​និយាយ​គ្នាថា៖​ «តើ​បាន​នរណា​ជួយ​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​ឲ្យ​យើង ? »។​ ៤ពេល​ស្ត្រី​ទាំង​នោះ​ងើប​មុខ​ឡើង​ ‌ក៏​ឃើញ​ថ្មបាន​រមៀល​ចេញ​រួច​ស្រេច​ទៅ​ហើយ​ ថ្មនោះ​មាន​ទំហំ​ធំ​ណាស់។​ ៥នាង​ចូល​ទៅ​ក្នុង​ផ្នូរ‌​ ឃើញ​កំឡោះ​ម្នាក់​អង្គុយ​ខាង​ស្តាំ​ មាន​សម្លៀក​បំពាក់​ពណ៌​ស​ ពួកនាង​ភ័យ​ស្រឡាំង​កាំង។​ ៦អ្នក​នោះ​ពោល​មក​កាន់​នាង​ថា៖​ «កុំភ័យ​ស្រឡាំង​កាំង​ធ្វើអ្វី !‌ ​នាង​នាំ​គ្នា​មក​រក​ព្រះ​យេស៊ូ​ ជាអ្នក​ភូមិ​ណាសារ៉ែត​ ដែល​គេ​បាន​ឆ្កាង​ ព្រះជា​ម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យមាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ‌‌​ទ្រង់​មិន​នៅទី​នេះ​ទេ​ មើល​ចុះ​ទីនេះ​ហើយ​ដែល​គេ​បាន​ដាក់​ព្រះ​សព​ព្រះអង្គ។​ ៧ចូរ​នាង​ទៅ​ប្រាប់​សាវ័ក​របស់​ព្រះ​អង្គ​ ព្រម​ទាំង​លោក​សិលា​ផង​ថា​ “ព្រះ​អង្គ​យាង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់គ្នា។​ ‌នៅ​ទីនោះ​អ្នក​រាល់គ្នា​នឹង​ឃើញ​ព្រះអង្គ​ ដូច​ទ្រង់​មាន​ព្រះ​បន្ទូល​ទុក​ស្រាប់”»។​ ៨ស្ត្រី​ទាំង​នោះ​ក៏​ចាក​ចេញ​ពីផ្នូរ‌​ ​ហើយ​រត់​ទៅ​  ទាំង​ញ័រ​រន្ធត់‌​ ស្លុត​ស្មារតី។​ នាង​ពុំបាន​និយាយ​រឿង​នេះ​ប្រាប់​អ្នក​ណា​សោះ​‌ព្រោះ​នាង​ភ័យ​ខ្លាំង​ពេក។

ព្រះយេស៊ូបង្ហាញព្រះអង្គឲ្យសាវ័កឃើញ
{៩ព្រះ​យេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ‌​ មុន​ដំបូង​ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យនាង​ម៉ារី​ ជា​អ្នក​ស្រុក​ម៉ាដាឡា​ ឃើញ​ គឺ​នាង​ម៉ារី​នេះ​ហើយ​ ដែល​ព្រះអង្គ​បាន​ដេញ​ខ្មោច​ប្រាំពីរ​ចេញ​ពីនាង។​ ១០នាង​បាន​យក​ដំណឹង​នេះ​ ទៅ​ប្រាប់​អស់​អ្នក​ដែល​នៅ​ជាមួយ​ព្រះយេស៊ូ​កាល​ពីមុន។​ អ្នក​ទាំង​នោះ​កំពុង​កាន់​ទុក្ខ​ ‌ព្រម​ទាំង​យំ​សោក​ទៀត​ផង។​ ១១ពេល​គេ​ឮថា​ ព្រះអង្គ​មាន​ព្រះជន្ម​វិញ​ហើយ‌​ ‌ឮថា​នាង​បាន​ឃើញ​ព្រះអង្គ​‌‌គេ​មិន​ជឿ​នាង​ឡើយ។

១២បន្ទាប់​មក​ ព្រះ​យេស៊ូ​បាន​បង្ហាញ​ព្រះអង្គ​ឲ្យ​សាវ័ក​ពីរនាក់​ឃើញ​ តាម​ទ្រង់​ទ្រាយ​មួយ​ផ្សេង​ទៀត‌​ ក្នុង​ពេល​អ្នក​ទាំង​ពីរ​កំពុង​ធ្វើ​ដំណើរ​ទៅ​ស្រុក​ស្រែ។​ ១៣អ្នក​ទាំងពីរ​ក៏នាំ​ដំណឹង​មក​ប្រាប់​សាវ័ក​ឯទៀតៗ​ដែរ‌​ ‌‌តែ​ពួកគេ​មិន​ព្រម​ជឿ​ដដែល។

១៤នៅ​ទី​បំផុត​ ព្រះ​យេស៊ូ​ក៏​បង្ហាញ​ខ្លួន​ឲ្យ​សាវ័ក​ទាំង​ដប់​មួយ​រូប​ឃើញ‌​ នៅ​ពេល​ដែល​គេ​កំពុង​បរិភោគ។​ ព្រះអង្គ​បន្ទោស​គេ‌​ ព្រោះ​គេ​គ្មាន​ជំនឿ​   ហើយ​មាន​ចិត្ត​រឹង​រូស​ ពុំព្រម​ជឿ​អស់​អ្នក​ដែល​បាន​ឃើញ​ព្រះអង្គ​មាន​ព្រះជន្ម​រស់ឡើង​វិញ។​

១៥ព្រះអង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖​ «ចូរ​នាំគ្នា​ទៅ​គ្រប់ទី​កន្លែង​ក្នុង​ពិភព​លោក​ ​ហើយ​ប្រកាស​ដំណឹង​ល្អ​ដល់​មនុស្ស​លោក​ទាំង​អស់​ចុះ។​ ៦អ្នក​ណា​ជឿ​ ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក​ ព្រះ​ជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ​ រីឯ​អ្នក​ ដែល​មិន​ជឿ​នឹង​ត្រូវ​ទទួល​ទោស។​ ១៧អស់​អ្នក​ ដែល​ជឿ​នឹង​ធ្វើទី​សម្គាល់​ទាំង​នេះ​ ‌​គឺ​គេ​នឹង​ដេញ​ខ្មោច​ក្នុង​នាម​ខ្ញុំ​ គេ​និយាយ​ភាសា​ថ្មី។​ ១៨ប្រសិន​បើ​គេ​កាន់​ពស់​ ‌ឬ​ផឹក​អ្វី​ដែល​មាន​ជាតិ​ពុល​ ក៏គេ​ពុំមាន​គ្រោះ​ថ្នាក់​អ្វី​ដែរ។​ ប្រសិន​បើគេ​ដាក់ដៃ​លើ​អ្នក​ជំងឺ‌​ អ្នក​ជំងឺ​នឹង​បាន​ជា​សះ​ស្បើយ»។

១៩កាល​ព្រះ​អម្ចាស់​យេស៊ូ​មាន​ព្រះ​បន្ទូល​ទាំង​នេះ​ រួច​ហើយ​ ព្រះ​ជាម្ចាស់​លើក​ព្រះអង្គ​ឡើង​ទៅ​ស្ថាន​បរម​សុខ*​ឲ្យ​គង់​នៅ​ខាង​ស្តាំ​ព្រះអង្គ។​ ២០​‌ក្រុម​សាវ័ក​នាំគ្នា​ចេញ​ទៅ​ប្រកាស​ដំណឹង​ល្អ​ នៅ​គ្រប់​ទី​កន្លែង។​ ព្រះ​អម្ចាស់​ធ្វើការ​រួម​ជាមួយ​គេ‌‌​ទាំង​បញ្ជាក់​ព្រះ​បន្ទូល‌‌​ ដោយ​សម្តែង​ទីសម្គាល់​ផ្សេងៗ​ជាប់​ជាមួយ​ផង។}