លោកបូជាចារ្យ In-gun Kang, SJ ចូលរួមមហាសន្និបាទលើកទី១០ សាសនាដើម្បីសន្តិភាពអាស៊ី នៅប្រទេសសិង្ហបុរី

លោកបូជាចារ្យ In-gun Kang, SJ នាយកមជ្ឈមណ្ឌលស្រាវជ្រាវ MAGGA Jesuit នៅប្រទេសកម្ពុជា និងជាទីប្រឹក្សា ក្រសួងកិច្ចសន្ទនាអន្តរសាសនា នៃបុរីវ៉ាទីកង់ បានចូលរួមមហាសន្និបាទលើកទី១០ សាសនាដើម្បីសន្តិភាពអាស៊ី (the Asian Conference of Religions for Peace -ACRP) ដែលបានប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ មហាសន្និបាតនេះ ក៏បានប្រារព្ធខួបលើកទី៥០ នៃការបង្កើតACRPផងដែរ ក្រោមប្រធានបទ «កសាងអាស៊ីដើម្បីសន្តិភាព តាមរយៈសកម្មភាពប្រកបដោយភាពក្លាហាន និងនវានុវត្តន៍»។ លោកបូជាចារ្យ In-gun Kang បានចូលរួមជាមួយគណៈប្រតិភូអន្តរសាសនាកម្ពុជាដែលដឹកនាំដោយ សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត សាកលវិទ្យាធិការនៃសាកលវិទ្យាល័យព្រះសីហនុរាជ និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអន្តរសាសនាកម្ពុជា (Cambodia Interreligious Council – CIC)។ គណៈប្រតិភូនេះ ក៏មានលោកឧកញ៉ា ឃ្នួរ ម៉ាត់សា តំណាងសាសនា អុីស្លាម ព្រមទាំងលោកស្រី ឃីម ណាត់ធីម៉ុន និងលោក សំបុក សុខលី តំណាងយុវជនអន្តរសាសនាកម្ពុជាផងដែរ។ តាមប្រសាសន៍របស់លោក បូជាចារ្យ In-gun Kang នៅក្នុងពេលវេលាដ៏មានអត្ថន័យសម្រាប់គណៈប្រតិភូកម្ពុជា ក៏មានជួបជាមួយគណៈប្រតិភូថៃ ដែលដឹកនាំដោយព្រះតេជព្រះគុណ PM Napan។ គណៈប្រតិភូទាំងពីរបានជួបពិភាក្សា និងបង្ហាញពីការប្តេជ្ញាចិត្តរួម ក្នុងការលើកកម្ពស់មិត្តភាព ការគោរពគ្នាទៅវិញទៅមក ការយល់ដឹង និងទំនាក់ទំនងប្រកបដោយសន្តិភាពរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ជាមួយគ្នានេះ ក៏ពេលវេលាដ៏សំខាន់មួយទៀតសម្រាប់ព្រះសហគមន៍កាតូលិក គឺអង្គមហាសន្និបាទ បានបោះឆ្នោតជ្រើសរើស លោក cardinal Charles Bo អគ្គអភិបាលព្រះសហគមន៍ភូមិភាញយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា ឱ្យក្លាយជាអ្នកដឹកនាំថ្មី សម្រាប់ACRP។ ការចូលរួមរបស់គណៈប្រតិភូកម្ពុជា ក្នុងមហាសន្និបាតនេះ បានបង្ហាញពីស្មារតីនៃសុខដុមនីយកម្មសាសនានៅកម្ពុជា និងការប្តេជ្ញាចិត្តរួមរបស់សហគមន៍សាសនានានា ក្នុងការលើកកម្ពស់សន្តិភាព ការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការអន្តរសាសនា ទាំងនៅក្នុងប្រទេសកម្ពុជា និងទូទាំងតំបន់អាស៊ី។

 

Facebook
Twitter
LinkedIn