ដំណើរបូជនីយចររបស់សាលាអប់រំជំនឿសន្តយ៉ូស្ទីន ទៅព្រះសហគមន៍ម៉ាឡេស៊ី

និស្សិត និងសាស្ត្រាចារ្យនៃសាលាអប់រំជំនឿសន្តយ៉ូស្ទីន ប្រមាណ ៥០ រូប ដឹកនាំដោយលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេបានអញ្ជើញធ្វើបូជនីយចរណ៍នៅព្រះសហគមន៍អគ្គភូមិភាគគូឡាឡាំពួ និងភូមិភាគប៉េណាំង នៃប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៦។

ដំណើរទស្សនកិច្ចនៃជំនឿនេះ បានផ្តល់ឱកាសឱ្យអ្នកចូលរួមទាំងអស់ឈ្វេងយល់កាន់តែស៊ីជម្រៅអំពីមូលដ្ឋានគ្រឹះនៃជំនឿ សុខដុមរមនីយកម្ម និងការរួមរស់ជាមួយគ្នាក្នុងសន្តិភាព ព្រមទាំងបំផុសទឹកចិត្តឱ្យក្លាយជា គ្រីស្តទូតដ៏សកម្មក្នុងការប្រកាសដំណឹងល្អ។

ក្នុងថ្ងៃដំបូង ទី ២៤ ខែកញ្ញា នៅរដ្ឋធានីគូឡាឡាំពួ គណៈប្រតិភូទាំងអស់ បានអញ្ជើញទៅទស្សនកិច្ចនៅវិហារឥស្លាមជាតិម៉ាឡេស៊ី (National Mosque of Malaysia) ដើម្បីឈ្វេងយល់ពីស្ថាបត្យកម្មដ៏ល្អវិសេសវិសាល ដែលឆ្លុះបញ្ចាំងពីវប្បធម៌អ៊ីស្លាម និងភាពសម្បូរបែបនៃទិដ្ឋភាពទីក្រុងគូឡាឡាំពួ។

ថ្ងៃទី ២៥ ខែកញ្ញា ពេញមួយថ្ងៃ បូជនីយេសក៍ទាំងអស់​បាន​ធ្វើ​ដំណើរទៅអាសនៈវិហារសន្តយ៉ូហាន ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីគណៈកម្មការភូមិភាគទទួលបន្ទុកការអភិវឌ្ឍមនុស្ស ព្រមទាំងបានឈ្វេងយល់ពីមូលដ្ឋានគ្រឹះនៃជំនឿកាតូលិក និងការកសាងសុខដុមរមនីយកម្មអន្តរសាសនានៅម៉ាឡេស៊ី។

កម្មវិធីបានបន្តដោយការសូត្រព្រះមាលា ការតាំងព្រះកាយ និងការចូលរួមអភិបូជារួមគ្នាជាមួយគ្រីស្តបរិស័ទក្នុងតំបន់។ បន្ទាប់មក ក្រុមប្រតិភូក៏បានចូលទស្សនាសួនបក្សីដ៏ល្បីល្បាញក្នុងទីក្រុងផងដែរ។

លុះដល់ពេលល្ងាច មានកិច្ច​ស្វាគមន៍​​យ៉ាងកក់ក្តៅបំផុតពីសំណាក់ លោកអគ្គអភិបាល យូលាន ឡេអូវ (Julian Leow) នៃអគ្គភូមិភាគកូឡាឡាំពួ ក្នុងពិធីទទួលទានអាហារពេលល្ងាច។ វត្តមានរបស់លោក បានបង្ហាញអំពីចំណងភាតរភាពដ៏ជិតស្និទ្ធក្នុងនាមជាគ្រួសារតែមួយក្នុងអង្គព្រះគ្រីស្ត។

ក្នុងឱកាសដ៏វិសេសនេះដែរ លោកកាឌីណាល់ សេបាស្ទាន ហ្វ្រែនស៊ីស (Cardinal Sebastian Francis) អភិបាលព្រះសហគមន៍ភូមិភាគប៉េណាំង ក៏បានអញ្ជើញមកសួរសុខទុក្ខ និងលើកទឹកចិត្តដល់និស្សិតទាំងអស់ថា៖ «សូមនិស្សិតទាំងអស់ធ្វើជាគ្រីស្តបរិស័ទដែលប្រកាសដំណឹងល្អពេញលក្ខណៈក្នុងជីវិត ដោយភ្ជាប់ទំនាក់ទំនងជាមួយព្រះយេស៊ូជានិច្ច និងយកអ្វីដែលបានរៀនទៅអនុវត្តជាក់ស្តែង។»

នៅថ្ងៃទី ២៦ ខែកញ្ញា ដំណើរបូជនីយចរបានបន្តឆ្ពោះទៅកាន់កោះប៉េណាំង តាមរយៈរថយន្តក្រុងរយៈពេល​ ៦ ម៉ោង។ នៅទីនោះ គណៈប្រតិភូបានទៅទស្សនកិច្ចព្រះវិហារ «ព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ» ដែលសាងសង់តាំងពីឆ្នាំ ១៧៨៦ ដោយក្រុមសាសនទូត MEP។

បន្តទៅទេវវិទ្យាល័យ College General ដែលជាទេវវិទ្យាល័យដ៏ចំណាស់បំផុតមួយក្នុងទ្វីបអាស៊ី បង្កើតឡើងតាំងពីឆ្នាំ ១៨០៨ ជាគំនិតផ្តួចផ្តើមរបស់សាសនទូត MEP។ ទីកន្លែងជាប្រវត្តិសាស្ត្រនេះ ធ្លាប់បានបណ្តុះបណ្តាល យុវ័នជាច្រើនឲ្យក្លាយ លោកបូជាចារ្យ និងមានលោកបូជាចារ្យមួយចំនួនបូជាជីវិតថ្វាយព្រះគ្រីស្ត ក្លាយជាសន្តបុគ្គល និងជាមរណសាក្សីនៃជំនឿ ក្នុងនោះក៏មានលោកបូជាចារ្យ មីឆែល ទ្រឿង សម្រើន ជាជនជាតិខ្មែរ ដែលបច្ចុប្បន្នមានឈ្មោះក្នុងបញ្ជី អ្នកបម្រើព្រះជាម្ចាស់ បានផ្ញើទៅកាន់បុរីវ៉ាទីកង់ផងដែរ។ រសៀល ត្រូវបានបញ្ចប់ដោយពិធីអរព្រះគុណដ៏ឱឡារិក នៅបន្ទប់អធិដ្ឋាននៃបូជនីយដ្ឋានសន្តីអានណា។

ព្រឹកថ្ងៃទី ២៧ ខែកញ្ញា បូជនីយេសក៍ទាំងអស់បានចូលរួមអភិបូជាថ្ងៃអាទិត្យ ក្រោមអធិបតីភាពរបស់​លោកអភិបាល អូលីវីយ៉េ រួមជាមួយបងប្អូនគ្រីស្តបរិស័ទ នៅវិសាលវិហារតូចសន្តីអានណា (The Minor Basilica of St. Anne)។ ក្នុងពិធីដ៏ពិសិដ្ឋនេះ ចម្រៀងសរសើរតម្កើង និងធម៌សាកល ត្រូវបានបន្លឺឡើងជាភាសាខ្មែរយ៉ាងរំភើបអស្ចារ្យ។

នៅក្នុងធម្មទេសនា លោកអភិបាល អូលីវីយ៉េ បានរំលេចថា ជំនឿត្រូវតែរស់នៅក្នុងជីវិតប្រចាំថ្ងៃ ហើយត្រូវផ្ទេរពីជំនាន់មួយទៅជំនាន់មួយ មិនមែនគ្រាន់តែរក្សាទុកក្នុងសារមន្ទីរប៉ុណ្ណោះទេ។ លោកបានលើកទឹកចិត្តដល់និស្សិត ដែលភាគច្រើនជាអ្នកទើបទទួលជំនឿថ្មី ឱ្យយកគំរូតាមគ្រីស្តបរិស័ទម៉ាឡេស៊ីក្នុងការរស់នៅតាមជំនឿក្នុងក្រុមគ្រួសារ និងសង្គម។ លោកអភិបាលក៏បានរំលឹកពីប្រវត្តិសាស្ត្រនៃការរស់ឡើងវិញនៃព្រះសហគមន៍នៅកម្ពុជា ក្រោយរបបប៉ុលពត តាមរយៈក្រុមសាសនទូត MEP និងបានកោតសរសើរពីសុខដុមរមនីយកម្មនៅម៉ាឡេស៊ីផងដែរ។

លោកបានសង្កត់ធ្ងន់ថា៖ «យើងត្រូវតែស្តាប់គ្នាទៅវិញទៅមក ធ្វើជាសាក្សីតាមរយៈជីវិត និងបន្តប្រកាសដំណឹងល្អ។ ការរីកចម្រើននៃព្រះសហគមន៍នៅកម្ពុជា គឺជាអំណោយទានដ៏ច្បាស់ក្រឡែតពីព្រះជាម្ចាស់។»

ដំណើរ បូជនីយចរណ៍រយៈពេល ៤ ថ្ងៃនេះ បានបិទបញ្ចប់ទៅដោយក្តីអំណរ និងពោរពេញដោយព្រះអំណោយទានពីព្រះជាម្ចាស់។ នេះមិនត្រឹមតែជាដំណើរទស្សនកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាការបំពេញបន្ថែមនូវកម្លាំងជំនឿដល់និស្សិតទាំងអស់ ដើម្បីបន្តបេសកកម្មរស់នៅជាគ្រីស្តទូតដ៏រស់រវើក ក្នុងជីវិតគ្រួសារ សង្គម និងការបម្រើព្រះសហគមន៍នៅកម្ពុជាតទៅមុខទៀត៕

ដោយ លី សុវណ្ណា

Facebook
Twitter
LinkedIn